ជំពូក 1
1 កាលដើមដំបូងឡើយ ព្រះបានបង្កើតផ្ទៃមេឃ និងផែនដី ។
2 ឯផែនដីបានខូច ហើយនៅទទេ មានសុទ្ធតែងងឹតនៅគ្របលើជម្រៅទឹក ហើយព្រះវិញ្ញាណនៃព្រះក៏រេរានៅពីលើទឹក
3 នោះព្រះទ្រង់មានព្រះបន្ទូលថា ចូរឲ្យមានពន្លឺឡើង ដូច្នេះ ពន្លឺក៏មានឡើង
4 ព្រះទ្រង់ឃើញពន្លឺនោះក៏យល់ថាជាល្អហើយ រួចទ្រង់ញែកពន្លឺពីងងឹតចេញ
5 ទ្រង់ហៅពន្លឺថាជាថ្ងៃ ហើយហៅងងឹតថាជាយប់ នោះក៏មានល្ងាចមានព្រឹកឡើង ជាថ្ងៃទី១។
6 បន្ទាប់មក ព្រះទ្រង់មានព្រះបន្ទូលថា ចូរឲ្យមានប្រឡោះនៅកណ្តាលទឹក ដើម្បីញែកទឹកចេញពីគ្នា
7 ទ្រង់ក៏ធ្វើប្រឡោះនោះ ទាំងញែកទឹកដែលនៅក្រោមប្រឡោះចេញពីទឹកដែលនៅលើប្រឡោះ ក៏មានដូច្នោះ
8 រួចព្រះទ្រង់ហៅប្រឡោះនោះថាជាមេឃ នោះក៏មានល្ងាចមានព្រឹកឡើង ជាថ្ងៃទី២។
9 បន្ទាប់មក ព្រះទ្រង់មានព្រះបន្ទូលថា ចូរឲ្យទឹកនៅក្រោមមេឃប្រមូលគ្នានៅកន្លែងតែ១ ហើយឲ្យមានទីគោកដុះលេចឡើង នោះក៏មានដូច្នោះ
10 ទ្រង់ហៅទីគោកនោះថាជាដី ហើយទីទឹកដែលប្រមូលគ្នានោះថាជាសមុទ្រ នោះទ្រង់ក៏ឃើញថាល្អ
11 រួចព្រះទ្រង់មានព្រះបន្ទូលថា ចូរឲ្យដីដុះតិណជាតិឡើង គឺជាពួកស្មៅដែលមានគ្រាប់ និងរុក្ខជាតិមានផ្លែតាមពូជ ដែលមានគ្រាប់ក្នុងផ្លែនោះនៅផែនដី នោះក៏មានដូច្នោះ
12 ដីក៏ដុះតិណជាតិទាំងឡាយឡើង គឺជាពួកស្មៅដែលមានគ្រាប់តាមពូជ និងរុក្ខជាតិមានផ្លែតាមពូជដែរ ហើយមានគ្រាប់នៅក្នុងផ្លែនោះឯង រួចទ្រង់ឃើញថាល្អ
13 នោះក៏មានល្ងាចមានព្រឹកឡើង ជាថ្ងៃទី៣។
14 បន្ទាប់មក ព្រះទ្រង់មានព្រះបន្ទូលថា ចូរឲ្យមានតួពន្លឺនៅនាផ្ទៃមេឃ ដើម្បីនឹងញែកថ្ងៃចេញពីយប់ សម្រាប់ទុកជាទីសម្គាល់នៃរដូវ ថ្ងៃ និងឆ្នាំ
15 ហើយសម្រាប់ជាពន្លឺនៅផ្ទៃមេឃ ដើម្បីបំភ្លឺមកផែនដី នោះក៏មានដូច្នោះ
16 ទ្រង់ធ្វើពន្លឺធំជា២តួ ១ដែលធំជាង នោះសម្រាប់បំភ្លឺក្នុងពេលថ្ងៃ ហើយ១ដែលតូចជាងសម្រាប់បំភ្លឺក្នុងពេលយប់ ក៏ធ្វើឲ្យមានផ្កាយទាំងប៉ុន្មាន ដែរ។
17 ទ្រង់ដាក់តួពន្លឺទាំងនោះនៅផ្ទៃមេឃ សម្រាប់នឹងបំភ្លឺមកលើផែនដី
18 ឲ្យមានអំណាចនៅពេលថ្ងៃ និងពេលយប់ ហើយឲ្យញែកពន្លឺចេញពីងងឹត រួចទ្រង់ឃើញថាជាល្អ
19 នោះក៏មានល្ងាច មានព្រឹកឡើង ជាថ្ងៃទី៤។
20 បន្ទាប់មក ព្រះទ្រង់មានព្រះបន្ទូលថា ចូរឲ្យមានមច្ឆាជាតិ រវើកនៅក្នុងទឹកជាបរិបូរ និងបក្សីជាតិហើរលើដីនៅនាអាកាស
21 ទ្រង់ក៏បង្កើតអស់ទាំងសត្វសម្បើមៗ និងជីវិតទាំងឡាយដែលកម្រើក ដែលកើតមានរវិនរវ័ណ្ឌនៅក្នុងទឹកតាមពូជ ហើយអស់ទាំងសត្វស្លាបតាមពូជដែរ រួចទ្រង់ឃើញថាល្អ
22 ទ្រង់ក៏ប្រទានពរដល់សត្វទាំងឡាយនោះ ហើយមានព្រះបន្ទូលថា ចូរបង្កើតកូនឲ្យចម្រើនជាច្រើនឡើង ឲ្យមានពេញពាសនៅក្នុងទឹកសមុទ្រ ហើយឲ្យសត្វស្លាបចម្រើនឡើងនៅផែនដីដែរ
23 នោះក៏មានល្ងាច មានព្រឹកឡើង ជាថ្ងៃទី៥។
24 បន្ទាប់មក ព្រះទ្រង់មានព្រះបន្ទូលថា ចូរឲ្យមានចតុប្បាទជាតិកើតមកនៅដីគោកតាមពូជ គឺជាសត្វស្រុកសត្វលូនវារ និងសត្វព្រៃនៅផែនដីតាមពូជ នោះក៏មានដូច្នោះ
25 ទ្រង់ក៏ធ្វើសត្វព្រៃនៅផែនដីតាមពូជ សត្វស្រុកតាមពូជ ហើយគ្រប់ទាំងសត្វដែលលូនវារនៅដីគោកតាមពូជដែរ រួចទ្រង់ឃើញថាល្អ
26 ទ្រង់ក៏មានព្រះបន្ទូលថា ចូរយើងធ្វើមនុស្ស ឲ្យដូចជារូបយើង ឲ្យមានភាពដូចយើង ហើយឲ្យមានអំណាចលើត្រីសមុទ្រ សត្វហើរលើអាកាស និងសត្វជើង៤ដែលនៅលើផែនដីទាំងមូល ព្រមទាំងសត្វលូនវារដែលវារនៅលើផែនដីផង
27 ទ្រង់ក៏បង្កើតមនុស្សឲ្យដូចរូបអង្គទ្រង់ គឺបានបង្កើតគេឲ្យចំនឹងរូបអង្គទ្រង់នោះឯង ក៏បង្កើតគេឡើងជាប្រុសជាស្រី
28 ទ្រង់ប្រទានពរដល់គេ ហើយមានព្រះបន្ទូលថា ចូរបង្កើតកូនឲ្យចម្រើនជាច្រើនឡើង ឲ្យមានពេញពាសលើផែនដីចុះ ត្រូវបង្ក្រាបផែនដី ហើយមានអំណាចលើត្រីសមុទ្រ សត្វហើរលើអាកាស និងជីវិតផងទាំងឡាយដែលកម្រើកនៅផែនដីផង
29 ទ្រង់មានព្រះបន្ទូលថា មើល អញឲ្យគ្រប់ទាំងតិណជាតិមានគ្រាប់ពូជដែលដុះនៅលើផែនដី និងគ្រប់ទាំងរុក្ខជាតិទាំងឡាយដែលកើតផ្លែ មានគ្រាប់ពូជទុកជាអាហារដល់ឯង
30 ហើយអញក៏ឲ្យគ្រប់ទាំងតិណជាតិខ្ចីៗ ទុកជាអាហារដល់អស់ទាំងសត្វនៅលើដី សត្វហើរលើអាកាស និងសត្វលូនវារនៅដី ដែលមានជីវិតទាំងប៉ុន្មានដែរ នោះក៏មានដូច្នោះ
31 រួចព្រះទ្រង់ទតគ្រប់ទាំងរបស់ដែលទ្រង់បានធ្វើនោះ ក៏ឃើញថា ទាំងអស់ជាការល្អប្រពៃ នោះក៏មានល្ងាច មានព្រឹកឡើង ជាថ្ងៃទី៦។
ជំពូក 2
1 ដូច្នេះ ផ្ទៃមេឃ និងផែនដីក៏បានរួចជាស្រេច ព្រមទាំងរបស់សព្វសារពើផង
2 លុះដល់ថ្ងៃទី៧ ការដែលព្រះទ្រង់ធ្វើ នោះបានហើយជាស្រេច ទ្រង់ក៏ឈប់ផ្អាកសម្រាកនៅថ្ងៃទី៧នោះ ពីគ្រប់ទាំងការដែលទ្រង់ធ្វើ
3 ព្រះទ្រង់ក៏ប្រទានពរដល់ថ្ងៃទី៧នោះ ព្រមទាំងញែកទុកជាថ្ងៃបរិសុទ្ធ ពីព្រោះនៅថ្ងៃនោះ ទ្រង់បានឈប់សម្រាកពីគ្រប់ទាំងការដែលទ្រង់បានបង្កើតបានធ្វើ។
4 នេះហើយជាដើមកំណើតនៃផ្ទៃមេឃ និងផែនដី ក្នុងកាលដែលបានកើតមក។ គឺនៅវេលាដែលព្រះយេហូវ៉ាដ៏ជាព្រះទ្រង់បានធ្វើផែនដី និងផ្ទៃមេឃនោះឯង
5 រីឯនៅផែនដីនោះមិនទាន់មានអ្វីដុះនៅឡើយទេ ក៏មិនទាន់មានតិណជាតិណានៅវាលដែរ ពីព្រោះព្រះយេហូវ៉ាដ៏ជាព្រះទ្រង់មិនបានបង្អុរភ្លៀងមកលើផែនដីសោះ ហើយក៏គ្មានមនុស្សណានឹងភ្ជួររាស់ដីផង
6 គ្រាន់តែមានចំហាយឡើងពីដីមកស្រោចស្រប់លើផែនដីប៉ុណ្ណោះ
7 ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់យកធូលីដី មកសូនធ្វើជាមនុស្ស ទ្រង់ផ្លុំខ្យល់ដង្ហើមជីវិតបញ្ចូលទៅក្នុងរន្ធច្រមុះ នោះក៏ត្រឡប់ជាមានព្រលឹងរស់ឡើង។
8 រួចព្រះយេហូវ៉ាដ៏ជាព្រះទ្រង់ធ្វើសួនច្បារ១នៅស្រុកអេដែនទិសខាងកើត ក៏ដាក់មនុស្សដែលទ្រង់បានសូនធ្វើឲ្យនៅទីនោះ
9 ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់ក៏ធ្វើឲ្យដីដុះគ្រប់អស់ទាំងដើមឈើដែលគួរពិចពិលរមឹលមើល ហើយសម្រាប់ជាអាហារផង ក៏ដាំដើមជីវិត និងដើមសម្រាប់ដឹងខុសត្រូវ នៅកណ្តាលសួនច្បារនោះដែរ
10 មានទន្លេ១ហូរចេញពីស្រុកអេដែនមកស្រោចសួនច្បារនោះ រួចហូរបែកពីនោះទៅជា៤មុខ
11 ទី១ឈ្មោះពិសុន គឺជាទន្លេដែលហូរព័ទ្ធស្រុកហាវីឡាដែលមានមាស
12 មាសដែលមកពីស្រុកនោះជាមាសយ៉ាងល្អ ក៏មានទាំងប្តេល្លាម និងត្បូងអូនីក្សផង
13 ទី២ឈ្មោះគីហុន គឺជាទន្លេដែលហូរព័ទ្ធស្រុកគូស
14 ទី៣ឈ្មោះហ៊ីដេកែល គឺជាទន្លេដែលហូរចាក់ទៅខាងកើតស្រុកអាសស៊ើរ ហើយទន្លេទី៤ឈ្មោះអ៊ើប្រាត
15 ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់យកអ័ដាមទៅដាក់នៅក្នុងសួនច្បារអេដែន ឲ្យគាត់ធ្វើការហើយថែរក្សា
16 ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់បង្គាប់ទៅអ័ដាមថា ឯងនឹងស៊ីផ្លែទាំងអស់ក្នុងសួនច្បារនេះបានតាមចិត្ត
17 តែឯត្រង់ដើមដឹងខុសត្រូវ នោះមិនត្រូវឲ្យឯងស៊ីផលឡើយ ដ្បិតនៅថ្ងៃណាដែលឯងស៊ី នោះនឹងត្រូវស្លាប់ជាមិនខាន។
18 ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់មានព្រះបន្ទូលថា ដែលមនុស្សនេះនៅតែម្នាក់ឯង នោះមិនស្រួលទេ អញនឹងធ្វើឲ្យមានម្នាក់ជាជំនួយសម្រាប់ជួយវា
19 ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់បានយកដីមកសូនធ្វើគ្រប់ទាំងសត្វជើង៤ និងសត្វហើរទាំងប៉ុន្មាន រួចក៏នាំមកឯអ័ដាម ដើម្បីឲ្យដឹងជាគាត់នឹងហៅយ៉ាងដូចម្តេច ឯឈ្មោះណាដែលអ័ដាមបានដាក់ឲ្យដល់ជីវិតផងទាំងឡាយ នោះបានសម្រេចជាឈ្មោះរបស់សត្វនោះឯង
20 អ័ដាមដាក់ឈ្មោះឲ្យដល់គ្រប់ទាំងសត្វស្រុក សត្វព្រៃ និងសត្វហើរលើអាកាសទាំងប៉ុន្មានជាស្រេច តែមិនឃើញមានជំនួយណាសម្រាប់ឲ្យជួយគាត់សោះ
21 នោះព្រះយេហូវ៉ាដ៏ជាព្រះទ្រង់ធ្វើឲ្យអ័ដាមដេកលក់ស៊ប់ទៅ រួចទ្រង់យកឆ្អឹងជំនីរគាត់១ ហើយភ្ជិតសាច់ទៅវិញ
22 រីឯឆ្អឹងដែលព្រះយេហូវ៉ាដ៏ជាព្រះបានយកពីអ័ដាមមក នោះទ្រង់ជបឲ្យកើតឡើងជាមនុស្សស្រី ក៏នាំទៅអ័ដាម
23 អ័ដាមក៏ថា នេះហើយជាឆ្អឹងពីឆ្អឹងអញ ជាសាច់ពីសាច់អញ និងត្រូវហៅថា «ស្ត្រី» ពីព្រោះបានយកចេញពីបុរសមក
24 ដោយហេតុនោះ បានជាមនុស្សប្រុសនឹងលាចេញពីឪពុកម្តាយខ្លួន ទៅនៅជាប់នឹងប្រពន្ធវិញ ហើយអ្នកទាំង២នោះនឹងត្រឡប់ជាសាច់តែ១សុទ្ធ
25 រីឯអ័ដាម និងប្រពន្ធគាត់ក៏នៅជាអាក្រាតទទេ ឥតមានសេចក្ដីអៀនខ្មាសឡើយ។
ជំពូក 3
1 ឯពស់ជាសត្វចេះឧបាយកលលើសជាងអស់ទាំងសត្វព្រៃ ដែលព្រះយេហូវ៉ាដ៏ជាព្រះទ្រង់បានបង្កើត វានិយាយទៅកាន់ស្ត្រីថា តើព្រះមានព្រះបន្ទូលហាមមិនឲ្យអ្នកបរិភោគផ្លែឈើណានៅក្នុងសួនច្បារមែនឬ
2 ស្ត្រីឆ្លើយតបថា យើងបរិភោគអស់ទាំងផ្លែឈើនៅក្នុងសួនច្បារបាន
3 តែត្រង់ដើមឈើ១ដែលនៅកណ្តាលសួនច្បារនោះ ព្រះទ្រង់មានព្រះបន្ទូលថា កុំឲ្យបរិភោគផ្លែនោះឡើយ ថែមទាំងកុំឲ្យពាល់ប៉ះផង ក្រែងលោស្លាប់
4 រួចពស់ក៏និយាយទៅស្ត្រីថា អ្នកមិនស្លាប់ជាពិតមែនទេ
5 ដ្បិតព្រះទ្រង់ជ្រាបថា នៅថ្ងៃណាដែលអ្នកបរិភោគ នោះភ្នែកអ្នកនឹងបានភ្លឺឡើង ហើយអ្នកនឹងបានដូចជាព្រះដែរ ព្រមទាំងដឹងការខុសត្រូវផង
6 កាលស្ត្រីបានឃើញថា ផ្លែឈើនោះបរិភោគបាន ក៏ជាទីគាប់ដល់ភ្នែក ហើយជាដើមដែលល្មមគួរនឹងចង់បាន ដើម្បីឲ្យបានប្រាជ្ញា នោះនាងក៏យកផ្លែមកបរិភោគ ព្រមទាំងចែកឲ្យដល់ប្ដីដែរ គាត់ក៏បរិភោគតាម
7 នោះស្រាប់តែភ្នែករបស់អ្នកទាំង២បានភ្លឺឡើង ហើយគេដឹងថាខ្លួននៅជាអាក្រាត ក៏យកស្លឹកល្វាមកក្លាស់ធ្វើជាប្រដាប់ប៉ឹង
8 រួចមកបានឮសំឡេងព្រះយេហូវ៉ាដ៏ជាព្រះ ដែលទ្រង់យាងក្នុងសួនច្បារនៅពេលថ្ងៃល្ហើយ នោះអ័ដាម និងប្រពន្ធគាត់ ក៏ពួននឹងព្រះយេហូវ៉ាដ៏ជាព្រះនៅកណ្តាលដើមឈើក្នុងសួនច្បារ។
9 ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់ហៅរកអ័ដាមដោយព្រះបន្ទូលថា ឯងនៅឯណា
10 គាត់ទូលឆ្លើយថា ទូលបង្គំបានឮសំឡេងទ្រង់នៅក្នុងសួនច្បារ ក៏រត់ទៅពួន ដោយនឹកភ័យខ្លាច ពីព្រោះនៅខ្លួនទទេ
11 នោះព្រះយេហូវ៉ាដ៏ជាព្រះទ្រង់មានព្រះបន្ទូលសួរថា តើអ្នកណាប្រាប់ឲ្យឯងដឹងថា ឯងនៅខ្លួនទទេដូច្នេះ តើឯងបានស៊ីផ្លែឈើដែលអញហាមមិនឲ្យស៊ីឬអី
12 អ័ដាមទូលទ្រង់ថា ស្ត្រីដែលទ្រង់បានប្រទានឲ្យនៅជាមួយនឹងទូលបង្គំ វាឲ្យផ្លែឈើនោះមកទូលបង្គំ ទូលបង្គំក៏ទទួលទានទៅ
13 រួចព្រះយេហូវ៉ាដ៏ជាព្រះទ្រង់មានព្រះបន្ទូលសួរទៅស្ត្រីថា ឯងបានធ្វើអ្វីដូច្នោះ នាងទូលឆ្លើយថា ពស់វាមកល្បួងបញ្ឆោតខ្ញុំម្ចាស់ ហើយខ្ញុំម្ចាស់បានទទួលទាន
14 រួចព្រះយេហូវ៉ាដ៏ជាព្រះទ្រង់មានព្រះបន្ទូលទៅពស់ថា ដោយព្រោះឯងបានធ្វើដូច្នេះ នោះនៅក្នុងអស់ទាំងពួកសត្វស្រុក សត្វព្រៃ ឯងជាសត្វត្រូវបណ្តាសាហើយ គឺឯងត្រូវលូនតែនឹងពោះ ហើយត្រូវស៊ីធូលីដីអស់១ជីវិត
15 អញនឹងធ្វើឲ្យឯង ហើយនិងស្ត្រី គឺទាំងពូជឯង និងពូជនាងមានសេចក្ដីខ្មាំងនឹងគ្នា ពូជនាងនឹងកិនក្បាលឯង ហើយឯងនឹងចឹកកែងជើងគេ
16 ទ្រង់ក៏មានព្រះបន្ទូលទៅស្ត្រីវិញថា អញនឹងចម្រើនឲ្យឯងមានសេចក្ដីព្រួយលំបាកជាច្រើនឡើង ក្នុងវេលាដែលមានផ្ទៃពោះ ឯងនឹងបង្កើតកូនដោយឈឺចាប់ ចិត្តឯងនឹងប្រាថ្នាខាងឯប្ដី ហើយប្ដីនឹងត្រួតត្រាលើឯង
17 រួចទ្រង់ក៏មានព្រះបន្ទូលទៅអ័ដាមថា ដោយព្រោះឯងបានស្តាប់តាមប្រពន្ធឯង ហើយស៊ីផ្លែឈើនោះ ដែលអញបានហាមមិនឲ្យស៊ីឡើយ នោះដីត្រូវបណ្តាសាដោយព្រោះឯង ឯងត្រូវរកស៊ីពីដីដោយនឿយហត់អស់១ជីវិត
18 ដីនឹងដុះជាបន្លា ហើយនិងអញ្ចាញឲ្យឯង ឯងត្រូវស៊ីអស់ទាំងតិណជាតិដែលដុះនៅស្រែចម្ការ
19 ឯងនឹងបានអាហារស៊ីដោយការបែកញើស ដរាបដល់ឯងត្រឡប់ទៅជាដីវិញ ពីព្រោះអញបានយកឯងពីដីមក ដ្បិតឯងជាធូលីដី ក៏ត្រូវត្រឡប់ទៅជាធូលីដីវិញ
20 អ័ដាមបានឲ្យឈ្មោះប្រពន្ធគាត់ថា «អេវ៉ា» ពីព្រោះនាងជាម្តាយនៃមនុស្សទាំងអស់
21 នោះព្រះយេហូវ៉ាដ៏ជាព្រះទ្រង់ក៏ធ្វើអាវពីស្បែក ឲ្យអ័ដាម និងប្រពន្ធគាត់ពាក់បិទបាំងកាយ។
22 រួចព្រះយេហូវ៉ាដ៏ជាព្រះទ្រង់មានព្រះបន្ទូលថា មើលមនុស្សបានត្រឡប់ដូចជាយើង១ដែរ ទាំងដឹងខុសត្រូវផង ឥឡូវខ្លាចក្រែងវាលូកដៃទៅបេះផ្លែជីវិតស៊ីទៀត ហើយរស់ជារៀងរាបដរាបទៅ
23 ដូច្នេះ ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់ក៏បណ្តេញគាត់ពីសួនច្បារអេដែនចេញ ឲ្យទៅភ្ជួររាស់ដីដែលទ្រង់បានយកមកបង្កើតគាត់នោះវិញ
24 ទ្រង់បណ្តេញមនុស្សចេញ ហើយដាក់ចេរូប៊ីននៅខាងកើតសួនច្បារអេដែន និងដាវ ដែលជាអណ្តាតភ្លើងរេបែរទៅគ្រប់ទិស ដើម្បីនឹងរក្សាផ្លូវទៅឯដើមជីវិត។
ជំពូក 4
1 អ័ដាម ក៏ស្គាល់អេវ៉ាជាប្រពន្ធ ហើយនាងមានទំងន់បង្កើតបានកាអ៊ីន រួចនាងនិយាយថា អញបានកូនប្រុស១ ដោយព្រះយេហូវ៉ាទ្រង់ប្រោសប្រទាន
2 នាងក៏បង្កើតបាន អេបិលជាប្អូនទៀត ឯអេបិលជាអ្នកគង្វាលហ្វូងសត្វ តែកាអ៊ីនជាអ្នកធ្វើស្រែចម្ការវិញ
3 កន្លងក្រោយមក កាអ៊ីនបានយកផលដែលកើតពីដី មកថ្វាយជាតង្វាយដល់ព្រះយេហូវ៉ា
4 ហើយអេបិលក៏ធ្វើដូចគ្នា គឺគាត់យកកូនជាដំបូង១ពីហ្វូងសត្វមកថ្វាយ ព្រមទាំងខ្លាញ់ វាផង រួចព្រះយេហូវ៉ាទ្រង់សព្វព្រះហឫទ័យចំពោះអេបិល និងតង្វាយរបស់គាត់
5 តែមិនសព្វព្រះហឫទ័យចំពោះតង្វាយកាអ៊ីនទេ នោះកាអ៊ីនក៏ក្តៅក្រហាយ ហើយឡើងទឹកមុខក្រញូវ
6 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលសួរកាអ៊ីនថា ឯងខឹងធ្វើអី ហេតុអ្វីបានជាឯងធ្វើទឹកមុខក្រញូវដូច្នេះ
7 បើឯងធ្វើល្អ តើមិនបានទឹកមុខរីករាយវិញទេឬអី បើឯងធ្វើមិនល្អ នោះមានតង្វាយលោះបាបដេកនៅមាត់ទ្វារស្រាប់ហើយ ចិត្តវានឹងបណ្តោយតាមឯង ហើយឯងមានអំណាចលើវាដែរ។
8 កាអ៊ីនក៏ដំណាលប្រាប់ដល់អេបិលជាប្អូន រួចមានកាល១ថ្ងៃកំពុងដែលគេនៅឯវាល នោះស្រាប់តែកាអ៊ីនក្រោកឡើងសម្លាប់អេបិលជាប្អូនទៅ
9 ព្រះយេហូវ៉ាក៏មានព្រះបន្ទូលសួរកាអ៊ីនថា អេបិលប្អូនឯងនៅឯណា គាត់ទូលឆ្លើយថា ទូលបង្គំមិនដឹងទេ តើទូលបង្គំជាអ្នកថែរក្សាប្អូនឬអី
10 នោះទ្រង់មានព្រះបន្ទូលសួរថា ឯងបានធ្វើអ្វីដូច្នេះ ពីព្រោះឮសូរសម្រែកនៃឈាមរបស់ប្អូនឯងពីដីឡើងទៅដល់អញ
11 ឥឡូវនេះ ឯងត្រូវដីដាក់បណ្តាសា ដោយបានទទួលឈាមនៃប្អូនពីដៃឯង
12 កាលណាឯងធ្វើស្រែចម្ការ នោះដីនឹងមិនបង្កើតផលឲ្យឯងដ៏ពេញកម្លាំងទៀតទេ ឯងត្រូវសាត់ព្រាត់ ហើយអណ្តែតទៅមកលើផែនដីវិញ
13 នោះកាអ៊ីនទូលទៅព្រះយេហូវ៉ាថា ទោសរបស់ទូលបង្គំធ្ងន់ពេកណាស់ និងទ្រាំទ្រមិនបានទេ
14 មើល នៅថ្ងៃនេះ ទ្រង់បានបណ្តេញទូលបង្គំចេញពីស្រុកហើយ ដូច្នេះ ទូលបង្គំនឹងត្រូវនៅឃ្លាតពីទ្រង់ទៅ ហើយត្រូវសាត់ព្រាត់អណ្តែតទៅមកលើផែនដី រួចអស់អ្នកណាដែលឃើញទូលបង្គំ គេនឹងសម្លាប់ទូលបង្គំបង់
15 តែព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលទៅគាត់ថា ដូច្នេះ បើអ្នកណាដែលសម្លាប់ឯង នោះនឹងត្រូវទោស១ជា៧សួនរួចព្រះយេហូវ៉ាទ្រង់ក៏ដៅចំណាំកាអ៊ីន ដើម្បីកុំឲ្យអ្នកណាដែលឃើញគាត់បានសម្លាប់បង់ឡើយ។
16 នោះកាអ៊ីនក៏ចេញពីចំពោះ ព្រះយេហូវ៉ា ទៅនៅឯស្រុកណូឌ ខាងកើតអេដែនទៅ។
17 ហើយកាអ៊ីនបានស្គាល់ប្រពន្ធគាត់ នោះនាងមានផ្ទៃពោះបង្កើតបានអេណុក គាត់ក៏សង់ទីក្រុង១ ហើយដាក់ឈ្មោះទីក្រុងនោះតាមឈ្មោះអេណុកកូនខ្លួន
18 អេណុកបង្កើតបានអ៊ីរ៉ាឌៗបង្កើតមហ៊ូយ៉ែលៗបង្កើតមទូសែល ហើយមទូសែលបង្កើតឡាមេក
19 ឯឡាមេកគាត់យកប្រពន្ធ២មួយឈ្មោះអ័ដា មួយទៀតឈ្មោះស៊ីឡា
20 នាងអ័ដាបង្កើតបានយ៉ាបាល ដែលជាឪពុកនៃអស់ពួកអ្នកនៅក្នុងត្រសាល ហើយមានហ្វូងសត្វ
21 ប្អូនគាត់ឈ្មោះយូបាល ជាឪពុកនៃពួកអ្នកលេងស៊ុង និងខ្លុយ
22 ឯនាងស៊ីឡាក៏បង្កើតបានទូបាល-កាអ៊ីន ជាមេបង្រៀនពួកជាងលង្ហិន និងជាងដែក ប្អូនស្រីទូបាល-កាអ៊ីន គឺនាងន៉ាអាម៉ា។
23 ឯឡាមេក គាត់និយាយទៅប្រពន្ធទាំងពីរថា ម្នាលអ័ដាម និងស៊ីឡាអើយ ចូរស្តាប់ពាក្យអញចុះ ឱប្រពន្ធឡាមេករាល់គ្នាអើយ ចូរផ្ទៀងត្រចៀកស្តាប់អញចុះ ដ្បិតអញបានសម្លាប់មនុស្សម្នាក់ ពីព្រោះវាបានធ្វើឲ្យអញមានរបួស គឺជាមនុស្សកំលោះម្នាក់ ដោយហេតុវាបានវាយអញឲ្យជាំ
24 បើសិនជាត្រូវសងសឹកជួសកាអ៊ីន១ជា៧ដង នោះក៏ត្រូវសងសឹកជួសឡាមេក១ជា៧៧ដងវិញ។
25 រួចមក អ័ដាមបានស្គាល់ប្រពន្ធម្តងទៀត ហើយនាងបង្កើតបានកូនប្រុស១ ឲ្យឈ្មោះថា សេត ព្រោះនាងថា ព្រះទ្រង់បានប្រទានពូជ១ទៀតមកអញជំនួសអេបិល ដែលកាអ៊ីនបានសម្លាប់ទៅនោះ
26 ឯសេត គាត់ក៏បង្កើតបានកូនប្រុស១ដែរ ដាក់ឈ្មោះថា អេណុស ហើយនៅជាន់នោះ គេចាប់តាំងអំពាវនាវដល់ព្រះនាមព្រះយេហូវ៉ា។
ជំពូក 5
1 នេះជាបញ្ជីពង្សាវតារនៃពូជអ័ដាម នៅថ្ងៃដែលព្រះបានបង្កើតមនុស្សមក នោះទ្រង់ធ្វើឲ្យមានភាពមើលទៅដូចជាអង្គទ្រង់
2 ទ្រង់ក៏បង្កើតគេជាប្រុសជាស្រី រួចប្រទានពរឲ្យ ព្រមទាំងឲ្យឈ្មោះថា អ័ដាម ក្នុងថ្ងៃដែលបានបង្កើតមកនោះ
3 ឯអ័ដាមគាត់រស់នៅបាន១៣០ឆ្នាំ នោះទើបបង្កើតបានកូនប្រុស១តាមរូបភាពគាត់ ហើយមើលទៅដូចជាគាត់ ក៏ឲ្យឈ្មោះថា សេត
4 រួចក្រោយគ្រាដែលបង្កើតសេតមក នោះគាត់រស់នៅបាន៨០០ឆ្នាំទៀត ទាំងបង្កើតមកបានកូនជាប្រុសជាស្រីតទៅ
5 អាយុអ័ដាមទាំងអស់បាន៩៣០ឆ្នាំ រួចគាត់ក៏ស្លាប់ទៅ។
6 សេតអាយុបាន១០៥ឆ្នាំ នោះគាត់បង្កើតបានអេណុស
7 រួចក្រោយគ្រាដែលបង្កើតអេណុសមក នោះគាត់រស់នៅបាន៨០៧ឆ្នាំទៀតទាំងបង្កើតបានកូនជាប្រុសជាស្រីតទៅ
8 អាយុសេតទាំងអស់បាន៩១២ឆ្នាំ រួចគាត់ក៏ស្លាប់ទៅ។
9 អេណុសអាយុបាន៩០ឆ្នាំ នោះគាត់បង្កើតបានកៃណាន
10 រួចក្រោយគ្រាដែលបង្កើតកៃណានមក នោះគាត់រស់នៅបាន៨១៥ឆ្នាំទៀត ទាំងបង្កើតបានកូនជាប្រុសជាស្រីតទៅ
11 អាយុអេណុលទាំងអស់បាន៩០៥ឆ្នាំ រួចគាត់ក៏ស្លាប់ទៅ។
12 កៃណានអាយុបាន៧០ឆ្នាំ នោះគាត់បង្កើតបានម៉ាលេលាល
13 រួចក្រោយគ្រាដែលបង្កើតម៉ាលេលាលមក នោះគាត់រស់នៅបាន៨៤០ឆ្នាំទៀត ទាំងបង្កើតបានកូនជាប្រុសជាស្រីតទៅ
14 អាយុកៃណានទាំងអស់បាន៩១០ឆ្នាំ រួចគាត់ក៏ស្លាប់ទៅ។
15 ម៉ាលេលាលអាយុបាន៦៥ឆ្នាំ នោះគាត់បង្កើតបានយ៉ារេឌ
16 រួចក្រោយគ្រាដែលបង្កើតយ៉ារេឌមក នោះគាត់រស់នៅបាន៨៣០ឆ្នាំទៀត ទាំងបង្កើតបានកូនជាប្រុសជាស្រីតទៅ
17 អាយុម៉ាលេលាលទាំងអស់បាន៨៩៥ឆ្នាំ រួចគាត់ក៏ស្លាប់ទៅ។
18 យ៉ារេឌអាយុបាន១៦២ឆ្នាំ នោះគាត់បង្កើតបានហេណុក
19 រួចក្រោយគ្រាដែលបង្កើតហេណុកមក នោះគាត់រស់នៅបាន៨០០ឆ្នាំទៀត ទាំងបង្កើតបានកូនជាប្រុសជាស្រីតទៅ
20 អាយុយ៉ារេឌទាំងអស់បាន៩៦២ឆ្នាំ រួចគាត់ក៏ស្លាប់ទៅ។
21 ហេណុកអាយុបាន៦៥ឆ្នាំ នោះគាត់បង្កើតបានមធូសាឡា
22 រួចក្រោយគ្រាដែលបង្កើតមធូសាឡាមក នោះគាត់ក៏ដើរជាមួយនឹងព្រះ អស់៣០០ឆ្នាំ ទាំងបង្កើតបានកូនជាប្រុសជាស្រីតទៅ
23 អាយុហេណុកទាំងអស់បាន៣៦៥ឆ្នាំ
24 ហេណុកគាត់ជាអ្នកដើរជាមួយនឹងព្រះ នោះគាត់មិននៅទៀតទេ ពីព្រោះព្រះទ្រង់បានទទួលយកគាត់ទៅ។
25 មធូសាឡាគាត់អាយុបាន១៨៧ឆ្នាំ នោះគាត់បង្កើតបានឡាមេក
26 រួចក្រោយគ្រាដែលបង្កើតឡាមេកមក នោះគាត់រស់នៅ បាន៧៨២ឆ្នាំទៀត ទាំងបង្កើតបានកូនជាប្រុសជាស្រីតទៅ
27 អាយុរបស់មធូសាឡាទាំងអស់បាន៩៦៩ឆ្នាំ រួចគាត់ក៏ស្លាប់ទៅ។
28 ឡាមេកអាយុបាន១៨២ឆ្នាំ នោះគាត់បង្កើតបានកូនប្រុស១
29 ដែលគាត់ឲ្យឈ្មោះថា ណូអេ ដោយនិយាយថា កូននេះនឹងកំសាន្តចិត្តយើងក្នុងការដែលយើងធ្វើ ហើយនិងសេចក្ដីនឿយហត់របស់ដៃយើង ដោយព្រោះដីដែលព្រះយេហូវ៉ាបានដាក់បណ្តាសា
30 រួចក្រោយគ្រាដែលបង្កើតណូអេមក នោះគាត់រស់នៅបាន៥៩៥ឆ្នាំទៀត ទាំងបង្កើតបានកូនជាប្រុសជាស្រីតទៅ
31 អាយុឡាមេកទាំងអស់បាន៧៧៧ឆ្នាំ រួចគាត់ក៏ស្លាប់ទៅ។
32 ឯណូអេ គាត់អាយុបាន៥០០ឆ្នាំ នោះបង្កើតបានសិម១ ហាំ១ និងយ៉ាផែត១។
ជំពូក 6
1 កាលពួកមនុស្សចាប់តាំងមានគ្នាច្រើននៅលើផែនដីឡើង ហើយបង្កើតបានកូនស្រីៗ
2 នោះពួកកូនប្រុសរបស់ព្រះ គេឃើញកូនស្រីរបស់មនុស្សថាជាស្រស់ល្អ ក៏យកធ្វើជាប្រពន្ធតាមតែចិត្តគេទៅ
3 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា វិញ្ញាណអញនឹងមិនតវ៉ានឹងមនុស្សជាដរាបទេ ពីព្រោះគេជាសាច់ឈាមប៉ុណ្ណោះ អាយុគេនឹងបានត្រឹមតែ១២០ឆ្នាំវិញ
4 នៅជំនាន់នោះ មានមនុស្សរូបធំសម្បើមនៅផែនដី ក្រោយនោះមក កាលពួកកូនប្រុសរបស់ព្រះបានចូលទៅឯកូនស្រីរបស់មនុស្ស ហើយនាងទាំងនោះបានបង្កើតកូនឲ្យគេ នោះបានជាមនុស្សខ្លាំងពូកែដែលរស់នៅកាលពីដើម ជាមនុស្សមានល្បីឈ្មោះ។
5 ព្រះយេហូវ៉ាទ្រង់ឃើញថា ការអាក្រក់របស់មនុស្សបានចម្រើនជាច្រើនឡើងនៅផែនដី ហើយអស់ទាំងគំនិតក្នុងចិត្តគេក៏សុទ្ធតែអាក្រក់ជានិច្ចដូច្នោះ
6 នោះព្រះយេហូវ៉ាទ្រង់ស្តាយ ដោយបានបង្កើតមនុស្សមកនៅលើផែនដី ហើយទ្រង់មានព្រះហឫទ័យព្រួយ
7 រួចព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា អញនឹងលុបមនុស្សដែលអញបានបង្កើតមកឲ្យសូន្យបាត់ពីផែនដីចេញ ចាប់តាំងពីមនុស្សរហូតដល់សត្វជើង៤ សត្វលូនវារ និងសត្វហើរលើអាកាសផង ដ្បិតអញស្តាយដែលអញបានបង្កើតគេមក
8 ប៉ុន្តែ ណូអេ បានប្រកបដោយព្រះគុណនៅចំពោះព្រះយេហូវ៉ាវិញ។
9 នេះជាពង្សាវតាររបស់ណូអេ គាត់ជាអ្នកសុចរិត ហើយគ្រប់លក្ខណ៍នៅក្នុងតំណវង្សខ្លួន គាត់ក៏ដើរជាមួយនឹងព្រះ
10 ហើយបង្កើតបានកូនប្រុស៣ គឺសិម១ ហាំ១ និងយ៉ាផែត១
11 ឯផែនដី នោះបានខូចអាក្រក់នៅចំពោះព្រះ ក៏មានពេញជាសេចក្ដីកាចសហ័សផង
12 ហើយព្រះទ្រង់ទតមើលផែនដី ឃើញថាខូចអាក្រក់ដូច្នេះ ដ្បិតគ្រប់ទាំងសាច់បានបង្ខូចផ្លូវខ្លួននៅផែនដីទៅហើយ។
13 ព្រះទ្រង់មានព្រះបន្ទូលទៅណូអេថា អស់ទាំងសាច់ត្រូវផុតពីមុខអញហើយ ដ្បិតផែនដីបានពេញជាសេចក្ដីកាចសហ័សដោយសារគេ មើល អញនឹងបំផ្លាញគេទៅជាមួយនឹងផែនដីផង
14 ចូរឯងយកឈើម៉ៃសាក់ធ្វើជាទូកធំសម្រាប់ឯង ត្រូវឲ្យធ្វើបន្ទប់នៅក្នុងទូកនោះ ហើយពរជ័រទាំងខាងក្នុងខាងក្រៅ
15 ត្រូវឲ្យឯងធ្វើយ៉ាងដូច្នេះ គឺបណ្តោយ៣០០ហត្ថ ទទឹង៥០ហត្ថ ហើយកំពស់៣០ហត្ថ
16 ត្រូវធ្វើបង្អួចក្នុងទូកចុះពីលើ១ហត្ថ ហើយត្រូវឲ្យមានទ្វារនៅពីខាងចំហៀង ត្រូវធ្វើឲ្យមានថ្នាក់ក្រោម ថ្នាក់ទី២ និងថ្នាក់ទី៣
17 នោះអញ មើល គឺអញនេះហើយនឹងធ្វើឲ្យមានជំនន់លើផែនដី ដើម្បីនឹងបំផ្លាញគ្រប់ទាំងសាច់ដែលមានដង្ហើមជីវិតពីក្រោមមេឃចេញ គ្រប់ទាំងអស់នៅផែនដីនឹងត្រូវស្លាប់បង់
18 តែអញនឹងតាំងសេចក្ដីសញ្ញាអញចំពោះឯង ហើយឯងនឹងចូលទៅក្នុងទូកធំនោះ ព្រមទាំងប្រពន្ធកូន និងកូនប្រសាឯងជាមួយនឹងឯងដែរ
19 ឯត្រង់អស់ទាំងសាច់ដែលមានជីវិតទាំងឡាយ នោះចូរឲ្យឯងនាំយក១គូៗ ទាំងឈ្មោលទាំងញីគ្រប់តែពូជចូលទៅក្នុងទូក ឲ្យបានរួចជីវិតជាមួយនឹងឯងផង
20 គឺសត្វហើរតាមពូជ សត្វជើង៤តាមពូជ ទាំងសត្វលូនវារនៅដីគ្រប់មុខតាមពូជផង គ្រប់ទាំងពូជសត្វនឹងមកឯឯង១គូៗឲ្យបានរួចជីវិត
21 ត្រូវឲ្យឯងយកអាហារគ្រប់មុខដែលធ្លាប់បរិភោគ ប្រមូលមកទុកជាស្បៀងសម្រាប់ឯង និងសត្វទាំងនោះ
22 ណូអេក៏ធ្វើដូច្នោះ តាមគ្រប់ទាំងសេចក្ដីដែលព្រះបានបង្គាប់ គាត់ធ្វើការនោះសម្រេចទាំងអស់។
ជំពូក 7
1 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលទៅណូអេថា ត្រូវឲ្យឯង និងពួកគ្រួឯងចូលទាំងអស់ទៅក្នុងទូក ពីព្រោះក្នុងពួកមនុស្សជាន់នេះ អញឃើញមានតែឯងទេ ដែលសុចរិតនៅចំពោះអញ
2 ខាងឯសត្វជើង៤ដែលស្អាត នោះឯងត្រូវយក៧គូ ហើយសត្វជើង៤ដែលមិនស្អាត នោះឲ្យយកតែ១គូវិញ គឺទាំងឈ្មោលទាំងញីផង
3 ឯសត្វហើរលើអាកាស នោះត្រូវយក៧គូដែរ ព្រមទាំងឈ្មោលទាំងញី ដើម្បីទុកពូជវាឲ្យរស់នៅគ្រប់លើផែនដី
4 ដ្បិតនៅ៧ថ្ងៃទៀត អញនឹងបង្អុរភ្លៀងមកលើផែនដី៤០ថ្ងៃ៤០យប់ ហើយអញនឹងលុបគ្រប់ទាំងជីវិតដែលអញបានបង្កើតមក ឲ្យសូន្យបាត់ពីផែនដីចេញ
5 នោះណូអេក៏ធ្វើសម្រេចតាមគ្រប់ទាំងសេចក្ដីដែលព្រះយេហូវ៉ាបានបង្គាប់មក។
6 ណូអេអាយុបាន៦០០ឆ្នាំ ក្នុងកាលដែលទឹកជន់ឡើងលិចផែនដី
7 ហើយណូអេ ព្រមទាំងប្រពន្ធកូន និងកូនប្រសាស្រីគាត់ ក៏នាំគ្នាចូលទៅក្នុងទូក ដោយព្រោះទឹកជន់
8 ឯសត្វជើង៤ទាំងស្អាតទាំងមិនស្អាត និងសត្វស្លាប ហើយសត្វលូនវារនៅដីគ្រប់មុខ
9 ក៏ចូល១គូៗទាំងឈ្មោលទាំងញីទៅឯណូអេក្នុងទូក ដូចជាព្រះទ្រង់បានបង្គាប់មកណូអេ
10 រួចដល់ផុតពី៧ថ្ងៃនោះមក ជំនន់ក៏ឡើងលើផែនដី
11 គឺនៅឆ្នាំ៦០០ក្នុងអាយុណូអេ ក្នុងថ្ងៃ១៧ខែទី២ ថ្ងៃនោះឯងគ្រប់អស់ទាំងរន្ធទឹកនៅទីជម្រៅធំក៏ធ្លាយ ហើយទ្វារទំនប់នៅលើមេឃក៏ត្រូវបើកចេញ
12 មានភ្លៀងមកលើផែនដី៤០ថ្ងៃ៤០យប់
13 គឺនៅថ្ងៃនោះឯងដែលណូអេ សិម ហាំ និងយ៉ាផែត ជាកូនគាត់ ហើយប្រពន្ធណូអេ និងកូនប្រសាស្រីទាំង៣បានចូលទៅក្នុងទូកទាំងអស់គ្នា
14 ទាំងខ្លួនគេ ហើយគ្រប់ទាំងសត្វព្រៃតាមពូជ គ្រប់ទាំងសត្វស្រុកតាមពូជ និងអស់សត្វលូនវារនៅដីតាមពូជ ហើយគ្រប់ទាំងសត្វហើរតាមពូជដែរ គឺសត្វស្លាបគ្រប់មុខទាំងអស់
15 ក៏នាំគ្នាចូលទាំងគូៗទៅឯណូអេក្នុងទូក ពីគ្រប់ទាំងពូជសត្វដែលមានដង្ហើមជីវិត
16 ឯអស់ទាំងសត្វដែលចូលទៅ នោះក៏ចូលទាំងឈ្មោលទាំងញីពីគ្រប់ទាំងពូជសត្វ ដូចជាព្រះបានបង្គាប់ដល់ណូអេ រួចព្រះយេហូវ៉ាទ្រង់បិទទ្វារទូកជិត
17 លុះទឹកជន់លិចផែនដីបាន៤០ថ្ងៃ ហើយបានកាន់តែធំឡើង នោះទូកធំក៏អណ្តែតផុតពីដីឡើង
18 ជំនន់នោះបានមានកម្លាំងក្រៃលែង ក៏កាន់តែចម្រើនឡើងជាលើសលប់នៅលើផែនដី ហើយទូកនោះបានអណ្តែតនៅលើទឹក
19 ជំនន់នោះជាធំយ៉ាងអស្ចារ្យនៅលើផែនដី ទាល់តែអស់ទាំងភ្នំខ្ពស់ៗនៅក្រោមមេឃ បានលិចបាត់អស់រលីងទៅ
20 រួចទឹកក៏ឡើង១៥ហត្ថទៀតលិចភ្នំទាំងអស់
21 គ្រប់ទាំងសាច់ដែលកម្រើកនៅផែនដី ទោះទាំងសត្វហើរ សត្វស្រុក សត្វព្រៃ ហើយគ្រប់ទាំងសត្វដែលលូនវារនៅដី និងមនុស្សក៏ស្លាប់ទាំងអស់ដែរ
22 គឺគ្រប់ទាំងអស់ដែលមានខ្យល់ដង្ហើមជីវិតនៅក្នុងរន្ធច្រមុះនៅលើគោកក៏ស្លាប់ទាំងអស់
23 គ្រប់ទាំងជីវិតទាំងឡាយនៅលើផែនដី ក៏ត្រូវផ្លាញលាញទាំងអស់ទៅ តាំងពីមនុស្សរហូតដល់សត្វជើង៤ សត្វលូនវារ និងសត្វហើរលើអាកាស នោះត្រូវវិនាសចេញពីផែនដីទាំងអស់ នៅសល់តែណូអេ និងពួកអ្នកដែលនៅក្នុងទូកជាមួយនឹងគាត់ប៉ុណ្ណោះ
24 ទឹកធំនោះក៏ទ្រឹងនៅលើផែនដីអស់១៥០ថ្ងៃ។
ជំពូក 8
1 ព្រះទ្រង់ក៏នឹកចាំពីណូអេ និងអស់ទាំងសត្វព្រៃ សត្វស្រុកទាំងប៉ុន្មាន ដែលនៅក្នុងទូកជាមួយនឹងគាត់ រួចទ្រង់ធ្វើឲ្យខ្យល់បក់មកលើផែនដី ហើយទឹកក៏ស្រកទៅ
2 ឯរន្ធទឹកនៅទីជម្រៅ និងទ្វារទំនប់នៅលើមេឃបានបិទវិញ ហើយភ្លៀងដែលធ្លាក់ពីលើមេឃមកក៏រាំងទៅ
3 ទឹកបានថយចេញពីផែនដីជាដរាប លុះដល់ផុតពី១៥០ថ្ងៃទៅ ទើបបានស្រកបន្តិច
4 ដល់ថ្ងៃ១៧ ខែទី៧ នោះទូកធំបានកឿងនៅលើភ្នំអារ៉ារ៉ាត
5 ទឹកក៏ចេះតែស្រកទៅដរាបដល់ខែទី១០ លុះដល់ថ្ងៃចូលខែទី១០ នោះទើបឃើញមានកំពូលភ្នំលេចឡើង។
6 កាលបានកន្លងទៅ៤០ថ្ងៃទៀត នោះណូអេ គាត់បើកបង្អួចដែលបានធ្វើក្នុងទូក
7 ក៏លែងក្អែក១ទៅ តែវាហើរទៅមកទាល់តែទឹកបានរីងស្ងួតពីផែនដីអស់
8 គាត់ក៏លែងព្រាប១ដែរ ដើម្បីឲ្យដឹងថាទឹកបានស្រកពីដីទៅហើយឬនៅ
9 តែព្រាបនោះរកកន្លែងណានឹងទំគ្មាន បានជាវិលមកឯគាត់ក្នុងទូកវិញ ពីព្រោះទឹកនៅពេញលើផែនដីនៅឡើយ នោះគាត់ក៏លូកដៃទៅចាប់យកមកក្នុងទូកវិញ
10 គាត់ផ្អាកចាំអស់៧ថ្ងៃ រួចលែងព្រាបចេញពីទូកទៅម្តងទៀត
11 លុះដល់ពេលល្ងាច ព្រាបនោះត្រឡប់ចូលមកឯគាត់វិញ ឃើញមានពាំយកស្លឹកអូលីវដែលវាបានចឹកមកជាមួយផង ដូច្នេះ ណូអេបានដឹងថា ទឹកបានស្រកពីផែនដីបន្តិចហើយ
12 រួចគាត់រង់ចាំ៧ថ្ងៃទៀត ក៏លែងព្រាបឲ្យទៅ តែវាមិនបានវិលឯគាត់វិញទេ។
13 នៅឆ្នាំ៦០១ ក្នុងថ្ងៃចូលខែទី១ នោះទឹកបានរីងស្ងួតពីផែនដីអស់ទៅ ណូអេក៏បើកដំបូលទូកមើល ឃើញថាទឹកបានស្ងួតពីដីហើយ
14 ដល់ថ្ងៃ២៧ ខែទី២ នោះដីបានស្ងួតធេង
15 ព្រះទ្រង់មានព្រះបន្ទូលទៅណូអេថា
16 ចូរឯងចេញពីទូកចុះ ព្រមទាំងប្រពន្ធកូន និងកូនប្រសាស្រីឯងដែរ
17 ចូរនាំអស់ទាំងសត្វគ្រប់ពូជដែលនៅជាមួយនឹងឯងចេញមកផង ទោះទាំងសត្វស្លាប សត្វជើង៤ និងគ្រប់ទាំងសត្វដែលលូនវារនៅដីក្តី ដើម្បីឲ្យបានមកបង្កើតកូនចម្រើនជាបរិបូរនៅពេញពាសលើផែនដី
18 នោះណូអេក៏ចេញមក ព្រមទាំងប្រពន្ធកូន និងកូនប្រសាស្រីគាត់
19 ហើយគ្រប់ទាំងសត្វជើង៤ សត្វលូនវារ និងសត្វស្លាបទាំងប៉ុន្មានផង គឺគ្រប់ទាំងសត្វដែលកម្រើកនៅផែនដី នោះក៏ចេញពីទូកមកតាមពូជ។
20 ណូអេបានស្អាងអាសនៈ១ថ្វាយព្រះយេហូវ៉ា ក៏យកសត្វជើង៤ពីសត្វដ៏ស្អាតគ្រប់មុខ ហើយពីសត្វដ៏ស្អាតគ្រប់មុខ មកថ្វាយជាតង្វាយដុតលើអាសនៈនោះ
21 ព្រះយេហូវ៉ាទ្រង់ធុំក្លិនឈ្ងុយ រួចទ្រង់សម្រេចក្នុងព្រះហឫទ័យថា អញនឹងមិនដាក់បណ្តាសាដី ដោយព្រោះមនុស្សទៀតទេ ពីព្រោះគំនិតក្នុងចិត្តមនុស្ស នោះអាក្រក់តាំងតែពីក្មេងមក អញក៏មិនធ្វើទោសដល់ជីវិតទាំងឡាយ ដូចជាអញទើបនឹងធ្វើនោះទៀតដែរ
22 កាលនៅមានផែនដីនៅឡើង នោះមិនដែលខាននឹងមានរដូវសាបព្រោះ រដូវច្រូតកាត់ ត្រជាក់ហើយក្តៅ ប្រាំងវស្សា ថ្ងៃហើយយប់ទៀតឡើយ។
ជំពូក 9
1 ព្រះទ្រង់ក៏ប្រទានពរដល់ណូអេ និងកូនគាត់ ព្រមទាំងមានព្រះបន្ទូលថា ចូរបង្កើតកូនឲ្យចម្រើនជាច្រើនឡើង ឲ្យបាននៅពេញពាសលើផែនដីចុះ
2 ឯគ្រប់ទាំងសត្វនៅផែនដី សត្វហើរលើអាកាស សត្វលូនវារនៅដី និងត្រីក្នុងសមុទ្រទាំងប៉ុន្មាននឹងកោតខ្លាច ហើយស្ញប់ស្ញែងដល់ឯងរាល់គ្នា អញប្រគល់វាមកក្នុងអំណាចឯងហើយ
3 បណ្តាសត្វទាំងប៉ុន្មានដែលកម្រើក ហើយនៅរស់ នោះនឹងបានជាអាហារដល់ឯង ដូចជាតិណជាតិទាំងអស់ដែលអញបានឲ្យដល់ឯងនោះដែរ
4 តែសាច់ណាដែលមានជីវិត គឺជាឈាម នោះកុំឲ្យបរិភោគឡើយ
5 រីឯជីវិតមនុស្សវិញ បើអ្នកណាយកជីវិតគេ នោះអញនឹងទារឈាមដែលជាជីវិតរបស់អ្នកនោះជាមិនខាន អញនឹងទារឈាមអ្នកនោះ ដោយសារអស់ទាំងសត្វ ហើយដោយសារដៃរបស់មនុស្ស គឺដោយសារដៃរបស់បងប្អូននៃអ្នកដែលស្លាប់នោះផង
6 អ្នកណាដែលកម្ចាយឈាមរបស់មនុស្ស នោះឈាមអ្នកនោះឯងនឹងត្រូវខ្ចាយដោយសារមនុស្សដែរ ដ្បិតព្រះទ្រង់បានបង្កើតមនុស្សឲ្យដូចជារូបអង្គទ្រង់
7 ឯឯងរាល់គ្នា ចូរបង្កើតកូនឲ្យចម្រើនជាច្រើនឡើង ហើយឲ្យបានសាយគ្រាយនៅផែនដីជាបរិបូរចុះ។
8 រួចព្រះទ្រង់មានព្រះបន្ទូលទៅណូអេ និងពួកកូនគាត់ថា
9 ឯអញ មើល អញតាំងសញ្ញានឹងឯងរាល់គ្នា ហើយនិងពូជឯងរាល់គ្នាតរៀងទៅ
10 និងគ្រប់ទាំងជីវិតទាំងឡាយ ដែលនៅជាមួយនឹងឯងរាល់គ្នា ទាំងសត្វស្លាប សត្វស្រុក និងសត្វព្រៃនៅផែនដីផង គឺនឹងគ្រប់ទាំងសត្វនៅផែនដី ដែលបានចេញពីទូកធំមក
11 អញនឹងតាំងសញ្ញានឹងឯងរាល់គ្នាថា គ្រប់សាច់ទាំងអស់នឹងមិនត្រូវវិនាសដោយទឹកជន់ទៀតឡើយ និងលែងមានទឹកជន់បំផ្លាញផែនដីទៀត
12 ព្រះទ្រង់ក៏មានព្រះបន្ទូលថា នេះជាទីសម្គាល់នៃសេចក្ដីសញ្ញា ដែលអញតាំងនឹងឯងរាល់គ្នា ហើយនិងគ្រប់ជីវិតទាំងឡាយដែលនៅជាមួយនឹងឯង នៅអស់ទាំងតំណអស់កល្បជានិច្ច
13 គឺអញដាក់ធ្នូរបស់អញនៅនាពពក នោះហើយជាទីសម្គាល់នៃសេចក្ដីសញ្ញា ដែលអញតាំងនឹងផែនដី
14 កាលណាអញប្រមូលពពកមកលើផែនដី នោះនឹងឃើញឥន្ទធនូស្ថិតនៅលើពពកនោះ
15 ហើយអញនឹងនឹកចាំពីសេចក្ដីសញ្ញាដែលអញបានតាំងនឹងឯងរាល់គ្នា ហើយនិងអស់ទាំងសត្វគ្រប់ពូជដែរ នោះនឹងគ្មានទឹកជន់ឡើងលិចផែនដី ដើម្បីបំផ្លាញគ្រប់ទាំងសាច់ទៀតឡើយ
16 ឥន្ទធនូនោះនឹងនៅលើពពក ហើយអញនឹងមើលឃើញ ដើម្បីឲ្យនឹកចាំពីសេចក្ដីសញ្ញាដ៏នៅអស់កល្បជានិច្ច ដែលព្រះបានតាំងនឹងអស់ទាំងជីវិតគ្រប់ពូជនៅផែនដី
17 ព្រះទ្រង់ក៏មានព្រះបន្ទូលទៅណូអេថា នេះហើយជាទីសម្គាល់នៃសេចក្ដីសញ្ញា ដែលអញបានតាំងនឹងគ្រប់ទាំងសាច់នៅលើផែនដី។
18 រីឯកូនណូអេដែលចេញពីទូកធំមក នោះគឺសិម ហាំ និងយ៉ាផែត ឯហាំ នោះជាឪពុកកាណាន
19 អ្នកទាំង៣នោះជាកូនរបស់ណូអេ គឺកូនចៅអ្នកទាំងនោះហើយ ដែលបានចេញទៅនៅពេញពាសលើផែនដី។
20 ឯណូអេ គាត់ចាប់តាំងភ្ជួររាស់ដីធ្វើចម្ការ ហើយដាំទំពាំងបាយជូរ
21 គាត់បានផឹកស្រាទំពាំងបាយជូរនោះ ហើយក៏ស្រវឹងទៅ រួចដេកអាក្រាតនៅក្នុងត្រសាលគាត់
22 ឯហាំ ជាឪពុកកាណាន បានឃើញឪពុកអាក្រាតដូច្នោះ ក៏ទៅបកកេរ្តិ៍ប្រាប់ដល់បងប្អូនទាំង២ ដែលនៅខាងក្រៅ
23 នោះសិម និងយ៉ាផែតនាំគ្នាយកអាវវែងមកត្រដាងពីស្មាទាំង២នាក់ ដើរថយក្រោយទៅបាំងកេរ្តិ៍ខ្មាសឪពុក ទាំងមើលចំទៅខាងមុខ មិនឲ្យឃើញកេរ្តិ៍ខ្មាសរបស់គាត់ឡើយ
24 លុះកាលណូអេស្វាងពីស្រាឡើង ក៏បានដឹងការដែលកូនពៅបានធ្វើ
25 នោះគាត់និយាយថា កាណានត្រូវបណ្តាសាហើយ វានឹងត្រូវធ្វើជាអ្នកបម្រើដល់ពួកបាវរបស់បងប្អូនវា
26 ហើយគាត់និយាយទៀតថា សូមឲ្យព្រះយេហូវ៉ាជាព្រះនៃសិមបានប្រកបដោយព្រះពរ ហើយត្រូវឲ្យកាណានធ្វើបាវបម្រើដល់សិមវិញ
27 សូមព្រះទ្រង់វាតទីឲ្យយ៉ាផែត សូមឲ្យវាបានអាស្រ័យនៅក្នុងទីលំនៅរបស់សិម ហើយឲ្យកាណានបានធ្វើជាបាវបម្រើរបស់វាដែរ។
28 លុះក្រោយទឹកជន់លិចមក នោះណូអេ គាត់ក៏រស់នៅបាន៣៥០ឆ្នាំទៅទៀត
29 អាយុរបស់ណូអេទាំងអស់រួមបាន៩៥០ឆ្នាំ រួចគាត់ក៏ស្លាប់ទៅ។
ជំពូក 10
1 ក្រោយពីគ្រាទឹកជន់លិចមក នោះពួកកូនណូអេបានបង្កើតកូនតទៅ ឯបញ្ជីតំណវង្សពីសិម ហាំ និងយ៉ាផែតជាកូនគាត់ នោះគឺដូច្នេះ
2 ឯកូនរបស់យ៉ាផែតគឺ កូមើរ ម៉ាកុក ម៉ាដាយ យ៉ាវ៉ាន ទូបាល មែសេក និងទីរ៉ាស
3 កូនរបស់កូមើរគឺ អ័សក្នាស រីផាត និងតូកាម៉ា
4 កូនរបស់យ៉ាវ៉ានគឺ អេលីសា តើស៊ីស ពួកគីទីម និងពួកដូដានីម
5 គឺពួកអ្នកទាំងនោះហើយដែលបានបែកទៅនៅក្នុងអស់ទាំងកោះរបស់នគរទាំងប៉ុន្មាន តាមស្រុក តាមភាសា តាមគ្រួ ហើយតាមនគររបស់គេ។
6 ឯកូនរបស់ហាំគឺ គូស មីសរ៉ែម ពូត និងកាណាន
7 កូនរបស់គូសគឺ សេបា ហាវីឡា សាប់តា រ៉ាម៉ា និងសាប់តិកា កូនរបស់រ៉ាម៉ាគឺ សេបា និងដេដាន់
8 គូសក៏បង្កើតនីមរ៉ុឌ អ្នកនោះចាប់តាំងមានអំណាចនៅផែនដី
9 គាត់ជាព្រានព្រៃខ្លាំងពូកែនៅចំពោះព្រះយេហូវ៉ា បានជាមានពាក្យប្រៀបថា «ដូចជានីមរ៉ុឌ ជាព្រានព្រៃខ្លាំងពូកែ នៅចំពោះព្រះយេហូវ៉ា»
10 ដើមនគររបស់គាត់នោះគឺ បាបិល អេរេក អាកាឌ និងកាលនេ ជាទីក្រុងដែលនៅស្រុកស៊ីណើរ
11 គឺពីស្រុកនោះហើយដែលគាត់ចេញទៅដល់ស្រុកអាសស៊ើរ ក៏សង់ទីក្រុងនីនីវេ រេហូបូត កាឡាស
12 និងរេសែន ដែលនៅកណ្តាលនីនីវេ និងកាឡាស ឯទីក្រុងនោះធំណាស់។
13 មីសរ៉ែម គាត់បង្កើតពួកលូឌីម ពួកអ័ណាមីម ពួកលេហាប៊ីម ពួកណាបធូហ៊ីម
14 ពួកប៉ាទ្រូស៊ីម ពួកកាសលូហ៊ីម (ដែលពួកភីលីស្ទីនកើតពីពួកនោះមក) ហើយពួកកាប់ថោរីម។
15 ឯកាណាន គាត់បង្កើតស៊ីដូនជាកូនច្បង និងហេតដែរ
16 ព្រមទាំងពួកយេប៊ូស ពួកអាម៉ូរី ពួកគើកាស៊ី
17 ពួកហេវី ពួកអើគី ពួកស៊ីនី
18 ពួកអើវ៉ាឌីត ពួកសេម៉ារីត និងពួកហាម៉ាធីត រួចក្រោយមក អស់ទាំងគ្រួពួកកាណានក៏បែកគ្នាសុសសាយ
19 ឯព្រំស្រុកនៃពួកកាណាន គឺចាប់តាំងពីស៊ីដូនទៅខាងកេរ៉ា ហើយតាមកាសាទៅខាងសូដុំម កូម៉ូរ៉ា អាត់ម៉ា និងសេបោម រហូតដល់ឡាសា
20 នោះហើយជាពូជហាំតាមគ្រួ តាមភាសានៅអស់ទាំងស្រុក និងនគររបស់គេ។
21 ឯសិមដែលជាឪពុកនៃពួកកូនចៅហេប៊ើរ ហើយជាបងយ៉ាផែត នោះក៏មានកូនដែរ
22 ឯកូនរបស់សិមគឺ អេឡាំ អាសស៊ើរ អើប៉ាក់សាឌ លូឌ និងអើរ៉ាម
23 កូនរបស់អើរ៉ាមគឺ អ៊ុស ហ៊ុល កេធើរ និងម៉ាស
24 អើប៉ាក់សាឌគាត់បង្កើតសេឡា ហើយសេឡាបង្កើតហេប៊ើរ
25 ហេប៊ើរនោះបង្កើតបានកូនប្រុស២ មួយឈ្មោះផាលេក ដ្បិតនៅជាន់អ្នកនោះផែនដីបានបែកគ្នា ហើយប្អូនគាត់ឈ្មោះយ៉ុកថាន
26 ឯយ៉ុកថាន គាត់បង្កើតអាល់ម៉ូដាឌ សេលែប ហាសាម៉ាវែត យេរ៉ា
27 ហាដូរ៉ាម អ៊ូសាល ឌិកឡា
28 អូបាល អ័ប៊ីម៉ែល សេបា
29 អូភា ហាវីឡា និងយ៉ូបាប់ នោះសុទ្ធតែជាកូនរបស់យ៉ុកថាន
30 ឯទីលំនៅរបស់គេ គឺចាប់តាំងពីមេសាទៅខាងសេផា ជាភ្នំដែលនៅខាងកើត
31 នោះហើយជាពួកកូនរបស់សិម តាមគ្រួ តាមភាសា តាមអស់ទាំងស្រុក និងនគររបស់គេ
32 នោះសុទ្ធតែជាគ្រួ ទាំងប៉ុន្មានរបស់ពួកកូនចៅណូអេ តាមពូជតំណនៅនគរគេ គឺជាពួកអ្នកទាំងនោះហើយ ដែលបានបែកខ្ញែកគ្នា ចេញទៅសាសន៍ផ្សេងៗ នៅផែនដីក្រោយទឹកជន់លិច។
ជំពូក 11
1 រីឯនៅផែនដីទាំងមូល នោះមានភាសាមានសំដីតែ១ទេ
2 ហើយកំពុងដែលគេដើរដំណើរនៅស្រុកខាងកើត នោះក៏ប្រទះឃើញវាល១នៅស្រុកស៊ីណើរ ហើយគេនាំគ្នាតាំងទីលំនៅនៅទីនោះ
3 គេនិយាយគ្នាទៅវិញទៅមកថា ចូរយើងធ្វើឥដ្ឋដុតឲ្យឆ្អិនទៅ នោះគេមានឥដ្ឋទុកជាថ្ម និងជ័រដីទុកជាបាយអ
4 រួចនិយាយគ្នាថា ចូរយើងសង់ទីក្រុង១សម្រាប់យើង និងប៉ម១ដែលខ្ពស់ដល់ផ្ទៃមេឃ ដើម្បីឲ្យយើងបានកេរ្តិ៍ឈ្មោះ ក្រែងយើងរាល់គ្នាត្រូវខ្ចាត់ខ្ចាយទៅគ្រប់លើផែនដីទៅ
5 នោះព្រះយេហូវ៉ាទ្រង់យាងចុះមក ដើម្បីទតមើលទីក្រុង ហើយនិងប៉មដែលពួកមនុស្សជាតិកំពុងធ្វើ
6 រួចព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា មើល គេជាពួកតែ១ ក៏និយាយភាសាតែ១ គេចាប់ផ្តើមធ្វើអំពើយ៉ាងដូច្នេះហ្ន៎ ឥឡូវនេះ គ្មានអ្វីនឹងឃាត់មិនឲ្យគេធ្វើកើតតាមបំណងចិត្តនោះទេ
7 ចូរយើងចុះទៅបំភាន់ភាសាគេ ដើម្បីកុំឲ្យគេស្តាប់គ្នាបានទៀត
8 ដូច្នេះ ព្រះយេហូវ៉ាទ្រង់កម្ចាត់កម្ចាយគេ ពីទីនោះទៅគ្រប់លើផែនដីវិញ ហើយគេក៏លែងសង់ទីក្រុងនោះទៅ
9 ដោយហេតុនោះ បានជាគេហៅឈ្មោះក្រុងនោះថា បាបិល ពីព្រោះនៅទីនោះ ព្រះយេហូវ៉ាទ្រង់បានបំភាន់ភាសាលោកីយ៍ទាំងអស់ ហើយកម្ចាត់កម្ចាយគេពីទីនោះ ទៅគ្រប់លើផែនដី។
10 នេះជាបញ្ជីតំណវង្សរបស់សិម គឺក្រោយទឹកជន់២ឆ្នាំ កាលសិមអាយុបាន១០០ឆ្នាំហើយ នោះគាត់បង្កើតបានអើប៉ាក់សាឌ
11 ក្រោយដែលបង្កើតអើប៉ាក់សាឌមក នោះគាត់រស់នៅ៥០០ឆ្នាំទៀត ទាំងបង្កើតបានកូនប្រុសកូនស្រី។
12 អើប៉ាក់សាឌអាយុបាន៣៥ឆ្នាំ នោះគាត់បង្កើតបានសេឡា
13 ក្រោយដែលបង្កើតសេឡាមក នោះគាត់រស់នៅ៤០៣ឆ្នាំទៀត ទាំងបង្កើតបានកូនប្រុសកូនស្រី។
14 សេឡាអាយុបាន៣០ឆ្នាំ នោះគាត់បង្កើតបានហេប៊ើរ
15 ក្រោយដែលបង្កើតហេប៊ើរមក នោះគាត់រស់នៅ៤០៣ឆ្នាំទៀត ទាំងបង្កើតបានកូនប្រុសកូនស្រី។
16 ហេប៊ើរអាយុបាន៣៤ឆ្នាំ នោះគាត់បង្កើតបានផាលេក
17 ក្រោយដែលបង្កើតផាលេកមក នោះគាត់រស់នៅ៤៣០ឆ្នាំទៀត ទាំងបង្កើតបានកូនប្រុសកូនស្រី។
18 ផាលេកអាយុបាន៣០ឆ្នាំ នោះគាត់បង្កើតបានរេហ៊ូវ
19 ក្រោយដែលបង្កើតរេហ៊ូវមក នោះគាត់រស់នៅ២០៩ឆ្នាំទៀត ទាំងបង្កើតបានកូនប្រុសកូនស្រី។
20 រេហ៊ូវអាយុបាន៣២ឆ្នាំ នោះគាត់បង្កើតបានសេរូក
21 ក្រោយដែលបង្កើតសេរូកមក នោះគាត់រស់នៅ២០៧ឆ្នាំទៀត ទាំងបង្កើតបានកូនប្រុសកូនស្រី។
22 សេរូកអាយុបាន៣០ឆ្នាំ នោះគាត់បង្កើតបានណាឃរ
23 ក្រោយដែលបង្កើតណាឃរមក នោះគាត់រស់នៅ២០០ឆ្នាំទៀត ទាំងបង្កើតបានកូនប្រុសកូនស្រី។
24 ណាឃរអាយុបាន២៩ឆ្នាំ នោះគាត់បង្កើតបានថេរ៉ា
25 ក្រោយដែលបង្កើតថេរ៉ាមក នោះគាត់រស់នៅ១១៩ឆ្នាំទៀត ទាំងបង្កើតបានកូនប្រុសកូនស្រី។
26 ថេរ៉ាអាយុបាន៧០ឆ្នាំ រួចគាត់បង្កើតបានអាប់រ៉ាម ណាឃរ និងហារ៉ាន
27 នេះជាតំណវង្សរបស់ថេរ៉ាៗបង្កើតអាប់រ៉ាម ណាឃរ និងហារ៉ាន ហើយហារ៉ានបង្កើតឡុត
28 រួចហារ៉ាន គាត់ស្លាប់ចំពោះមុខថេរ៉ា ជាឪពុក នៅក្រុងអ៊ើរ ក្នុងស្រុកខាល់ដេ ជាស្រុកកំណើតរបស់គាត់ទៅ
29 អាប់រ៉ាម និងណាឃរក៏យកប្រពន្ធ ឯប្រពន្ធរបស់អាប់រ៉ាមនោះឈ្មោះសារ៉ាយ ហើយប្រពន្ធរបស់ណាឃរឈ្មោះមីលកា ជាកូនហារ៉ាន ដែលជាឪពុកមីលកា និងយីសកា
30 ឯសារ៉ាយ នាងជាស្ត្រីអារ គ្មានកូនសោះ
31 ថេរ៉ាគាត់យកអាប់រ៉ាម កូនគាត់ ឡុតជាកូនហារ៉ានត្រូវជាចៅគាត់ ហើយសារ៉ាយជាកូនប្រសា គឺប្រពន្ធអាប់រ៉ាមកូនគាត់ នាំគ្នាចេញពីអ៊ើរស្រុកខាល់ដេ ដើម្បីនឹងទៅឯស្រុកកាណាន លុះបានទៅដល់ខារ៉ានហើយ នោះក៏តាំងទីលំនៅនៅទីនោះ
32 អាយុថេរ៉ាបាន២០៥ឆ្នាំ រួចក៏ស្លាប់នៅត្រង់ខារ៉ានទៅ។
ជំពូក 12
1 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងអាប់រ៉ាមថា ចូរឯងចេញពីស្រុក ពីញាតិសន្តាន និងពីផ្ទះឪពុកឯង ទៅនៅឯស្រុកដែលអញនឹងបង្ហាញឯង ចុះ
2 អញនឹងបង្កើតនគរ១យ៉ាងធំពីឯង អញនឹងឲ្យពរដល់ឯង ទាំងលើកឈ្មោះឯងធំផង ឯងនឹងបានធ្វើជាទីបញ្ចេញពរដល់មនុស្សទាំងឡាយ
3 អញនឹងឲ្យពរដល់អស់អ្នកណាដែលឲ្យពរដល់ឯង ហើយនិងដាក់បណ្តាសាដល់អស់អ្នកណាដែលផ្តាសាឯង គ្រប់ទាំងគ្រួនៅផែនដីនឹងបានពរដោយសារឯង
4 អាប់រ៉ាមក៏ចេញទៅ ដូចជាព្រះយេហូវ៉ាបានបង្គាប់ ឡុតក៏ទៅជាមួយដែរ កាលអាប់រ៉ាមចេញពីខារ៉ានទៅ នោះគាត់អាយុបាន៧៥ឆ្នាំហើយ
5 ក៏យកសារ៉ាយជាប្រពន្ធ និងឡុតជាក្មួយ ព្រមទាំងរបស់ទ្រព្យទាំងប៉ុន្មានដែលបានប្រមូលទុក និងមនុស្សទាំងអស់ដែលបាន កាលនៅខារ៉ានផង នាំគ្នាចេញពីទីនោះ ដើម្បីទៅឯស្រុកកាណាន ក៏ចូលទៅក្នុងស្រុកនោះ។
6 អាប់រ៉ាម គាត់ដើរកាត់ស្រុកទៅត្រឹមដើមម៉ៃសាក់របស់ម៉ូរេនៅកន្លែង១ឈ្មោះស៊ីគែម ដែលនៅវេលានោះ សាសន៍កាណាននៅស្រុកនោះដែរ
7 ព្រះយេហូវ៉ាទ្រង់លេចមកឲ្យអាប់រ៉ាមឃើញ ហើយមានព្រះបន្ទូលថា អញនឹងឲ្យស្រុកនេះដល់ពូជឯង រួចនៅទីនោះគាត់ក៏ស្អាងអាសនៈ១ថ្វាយព្រះយេហូវ៉ា ដែលទ្រង់លេចមកឲ្យឃើញនោះ
8 គាត់ចេញពីទីនោះទៅឯភ្នំនៅខាងកើតបេត-អែល ក៏ដំឡើងត្រសាលនៅឯណោះ មានបេត-អែលនៅជាខាងលិច និងអៃយនៅខាងកើត ហើយស្អាងអាសនៈ១ថ្វាយព្រះយេហូវ៉ានៅទីនោះដែរ រួចអំពាវនាវដល់ព្រះនាមព្រះយេហូវ៉ា
9 អាប់រ៉ាមក៏ចេះតែដើរដំណើរទៅឯត្បូងទៀត។
10 នៅស្រុកនោះកើតមានអំណត់អត់ ហើយអាប់រ៉ាមចុះទៅសំណាក់នៅឯស្រុកអេស៊ីព្ទវិញ ដ្បិតអំណត់នៅស្រុកកាណានបានខ្លាំងណាស់
11 កាលគាត់ជិតចូលទៅក្នុងស្រុកអេស៊ីព្ទហើយ នោះគាត់និយាយទៅសារ៉ាយជាប្រពន្ធថា មើល អញដឹងថាឯងជាស្ត្រីមានរូបស្រស់ល្អ
12 កាលណាពួកសាសន៍អេស៊ីព្ទឃើញឯង នោះក្រែងគេនឹងនិយាយពីឯងថាជាប្រពន្ធអញ រួចគេនឹងសម្លាប់អញទៅ ហើយទុកឯងឲ្យរស់នៅវិញ
13 ដូច្នេះ ចូរឯងប្រាប់គេថា ឯងជាប្អូនអញទេ ដើម្បីឲ្យគេបានប្រព្រឹត្តល្អនឹងអញដោយព្រោះឯង ហើយឲ្យអញមានជីវិតរស់នៅដោយសារឯងផង។
14 កាលអាប់រ៉ាមបានចូលទៅក្នុងស្រុកអេស៊ីព្ទហើយ នោះពួកសាសន៍អេស៊ីព្ទឃើញថា ប្រពន្ធគាត់មានរូបស្រស់ល្អមែន
15 ចំណែកពួកនាម៉ឺនរបស់ផារ៉ោនក៏ឃើញនាងដែរ ហើយគេសរសើរពីនាងនៅចំពោះទ្រង់ រួចនាំទៅនៅឯព្រះរាជដំណាក់ទៅ
16 ទ្រង់ក៏ប្រព្រឹត្តល្អនឹងអាប់រ៉ាមដោយព្រោះនាង ហើយគាត់បានហ្វូងចៀម ហ្វូងគោ និងលាឈ្មោល លាញី ហើយនិងអូដ្ឋ ព្រមទាំងបាវប្រុសបាវស្រីផង
17 តែព្រះយេហូវ៉ាទ្រង់ធ្វើឲ្យផារ៉ោន និងអស់ពួកព្រះរាជដំណាក់កើតមានសេចក្ដីវេទនាជាខ្លាំង ដោយព្រោះសារ៉ាយជាប្រពន្ធរបស់អាប់រ៉ាម
18 រួចផារ៉ោនទ្រង់ហៅអាប់រ៉ាមមកសួរថា តើឯងបានធ្វើអ្វីដល់អញដូច្នេះ ហេតុអ្វីបានជាឯងមិនបានប្រាប់អញដោយត្រង់ថា នាងជាប្រពន្ធឯង
19 ម្តេចក៏ឯងថាជាប្អូនវិញ ដើម្បីបើកឱកាសឲ្យអញបានយកនាងមកធ្វើជាប្រពន្ធដូច្នេះ នេះនែប្រពន្ធឯងហើយ ចូរយកនាងទៅវិញឥឡូវ ហើយចេញទៅចុះ
20 ផារ៉ោនក៏បង្គាប់ដល់ពួកទ្រង់ពីដំណើរគាត់ ហើយគេបញ្ជូនគាត់ ព្រមទាំងប្រពន្ធ និងរបស់ទ្រព្យគាត់ទាំងអស់ឲ្យចេញទៅ។
ជំពូក 13
1 នោះអាប់រ៉ាមក៏ចេញពីស្រុកអេស៊ីព្ទ ឡើងទៅឯស្រុកត្បូង ព្រមទាំងប្រពន្ធ និងទ្រព្យសម្បត្តិទាំងអស់ ហើយឡុតដែរ
2 អាប់រ៉ាមគាត់មានហ្វូងសត្វ ហើយប្រាក់មាសជាច្រើនណាស់
3 គាត់ដើរដំណើរពីស្រុកត្បូង រហូតទៅដល់បេត-អែល ត្រង់កន្លែងដែលគាត់បានដំឡើងត្រសាលកាលពីដើម គឺនៅកណ្តាលបេត-អែល និងអៃយ
4 ជាកន្លែងដែលគាត់បានស្អាងអាសនៈកាលជាន់មុន រួចនៅទីនោះ អាប់រ៉ាមក៏អំពាវនាវដល់ព្រះនាមព្រះយេហូវ៉ា។
5 ឯឡុតដែលទៅជាមួយនឹងអាប់រ៉ាម គាត់ក៏មានហ្វូងចៀម ហ្វូងគោ និងត្រសាលជាច្រើនដែរ
6 តែស្រុកនោះមិនល្មមនឹងចិញ្ចឹមគេឲ្យនៅជាមួយគ្នាបានទេ ពីព្រោះគេមានទ្រព្យសម្បត្តិសន្ធឹកណាស់ ដល់ម៉្លេះបានជាគេនៅជាមួយគ្នាពុំបាន
7 មួយទៀត ពួកគង្វាលរបស់អាប់រ៉ាម និងពួកគង្វាលរបស់ឡុតក៏ចេះតែប្រឈ្លោះគ្នា នៅវេលានោះ ពួកសាសន៍កាណាន និងសាសន៍ពេរិស៊ីតបាននៅស្រុកនោះ
8 នោះអាប់រ៉ាមនិយាយនឹងឡុតថា សូមកុំឲ្យឯង ហើយនិងអញ ឬពួកគង្វាលរបស់ឯង និងពួកគង្វាលរបស់អញមានរឿងទាស់ទែងគ្នាឡើយ ដ្បិតយើងជាបងប្អូននឹងគ្នា
9 ស្រុកទាំងមូលនេះ តើមិនមែននៅមុខឯងឬអី ដូច្នេះ សូមឲ្យឯងញែកបែកចេញពីអញទៅ បើឯងរើសយកខាងឆ្វេង នោះអញនឹងទៅខាងស្តាំ ឬបើឯងរើសយកខាងស្តាំ នោះអញនឹងទៅខាងឆ្វេងវិញ
10 ឡុតក៏ងើបភ្នែកមើលទៅឃើញវាលទន្លេយ័រដាន់ទាំងអស់ ថាជាស្រុកមានទឹកស្រួលល្អនៅគ្រប់ទីកន្លែង មុនដែលព្រះយេហូវ៉ាបានបំផ្លាញសូដុំម និងកូម៉ូរ៉ា គឺដូចជាសួនច្បារផងព្រះយេហូវ៉ា ហើយដូចស្រុកអេស៊ីព្ទដែលនៅខាងសូអារផង
11 ដូច្នេះ ឡុតក៏រើសយកវាលទន្លេយ័រដាន់ទាំងអស់ជារបស់ផងខ្លួន រួចចេញដំណើរដើរទៅខាងកើត គេបានឃ្លាតចេញពីគ្នាដូច្នោះឯង
12 ឯអាប់រ៉ាមគាត់តាំងទីលំនៅនៅក្នុងស្រុកកាណានវិញ តែឡុតគាត់ស្នាក់នៅអស់ទាំងទីក្រុងនៅស្រុកវាលនោះ ហើយក៏ផ្លាស់ត្រសាលគាត់ទៅត្រឹមសូដុំម
13 រីឯពួកក្រុងសូដុម គេជាមនុស្សអាក្រក់ ធ្វើបាបនឹងព្រះយេហូវ៉ាយ៉ាងសន្ធឹក។
14 គ្រាក្រោយដែលឡុតបានឃ្លាតចេញទៅ នោះព្រះយេហូវ៉ាមានព្រះបន្ទូលនឹងអាប់រ៉ាមថា ចូរឯងងើបភ្នែកឡើងឥឡូវ ហើយមើលពីកន្លែងឯងនោះ ទៅខាងជើង ខាងត្បូង ខាងកើត ហើយខាងលិចចុះ
15 ដ្បិតស្រុកទាំងប៉ុន្មានដែលឯងមើលឃើញ នោះអញនឹងឲ្យដល់ឯង និងពូជឯងជាដរាបតទៅ
16 អញនឹងធ្វើឲ្យពូជឯងបានចម្រើនឡើងដូចជាធូលីដី បានជាបើអ្នកណាអាចនឹងរាប់ធូលីដីបាន នោះនឹងរាប់ពូជឯងបានដែរ
17 ចូរឯងក្រោក ហើយដើរចុះឡើងក្នុងស្រុកនេះ តាមបណ្តោយ និងទទឹងចុះ ដ្បិតអញនឹងឲ្យដល់ឯងហើយ
18 អាប់រ៉ាមក៏រើត្រសាលទៅនៅក្បែរដើមម៉ៃសាក់របស់ម៉ាមរេ ដែលនៅត្រង់ហេប្រុនវិញ ហើយគាត់ស្អាងអាសនៈ១ថ្វាយព្រះយេហូវ៉ានៅទីនោះ។
ជំពូក 14
1 នៅជំនាន់អាំរ៉ាផែលជាស្តេចស្រុកស៊ីណើរ អើយ៉ុកជាស្តេចស្រុកអេឡាសារ កេដូឡោមើរជាស្តេចស្រុកអេឡាំ និងធីដាលជាស្តេចកូយីម
2 នោះគេលើកគ្នាទៅច្បាំងនឹងបេរ៉ាជាស្តេចក្រុងសូដុម ប៊ីរសាជាស្តេចក្រុងកូម៉ូរ៉ា ស៊ីណាបជាស្តេចក្រុងអាត់ម៉ា សេមេប៊ើជាស្តេចក្រុងសេបោម ហើយនិងស្តេចក្រុងបេឡា គឺជាសូអារ
3 ស្តេចទាំងនោះក៏មូលគ្នានៅវាលច្រកស៊ីឌីម គឺជាសមុទ្រអំបិល
4 គេបានចុះចូលកេដូឡោមើរអស់១២ឆ្នាំ តែដល់ឆ្នាំទី១៣ក៏នាំគ្នាបះបោរវិញ
5 លុះដល់ឆ្នាំទី១៤កេដូឡោមើរ ហើយអស់ទាំងស្តេចដែលនៅជាមួយក៏មកវាយពួករេផែម នៅត្រង់អាសថារ៉ូត-កើណែម និងពួកស៊ូស៊ីមនៅត្រង់ស្រុកហាំ ពួកអេមីម នៅត្រង់វាលគារយ៉ាថែម
6 ហើយពួកហូរីនៅក្នុងភ្នំសៀរ ជាស្រុករបស់ខ្លួន រហូតទៅដល់អែល-ប៉ារ៉ាន ដែលនៅខាងទីរហោស្ថាន
7 រួចគេវិលមកឯអេន-មីសផាត គឺជាកាដេស ក៏វាយស្រុកអាម៉ាលេកទាំងអស់ និងពួកអាម៉ូរីដែលនៅហាសាសូន-តាម៉ារដែរ។
8 ស្តេចក្រុងសូដុម ស្តេចក្រុងកូម៉ូរ៉ា ស្តេចក្រុងអាត់ម៉ា ស្តេចក្រុងសេបោម និងស្តេចក្រុងបេឡា គឺជាសូអារ ក៏នាំគ្នាចេញទៅដំរៀបទ័ពច្បាំងនឹងពួកទាំងនោះ នៅត្រង់វាលច្រកស៊ីឌីម
9 គឺច្បាំងនឹងកេដូឡោមើរជាស្តេចអេឡាំ ធីដាលជាស្តេចកូយីម អាំរ៉ាផែលជាស្តេចស៊ីណើរ និងអើយ៉ុកជាស្តេចអេឡាសារ មានស្តេច៤អង្គច្បាំងនឹងស្តេច៥អង្គ
10 ឯវាលច្រកស៊ីឌីម នោះមានសុទ្ធតែអណ្តូងជ័រ ហើយស្តេចក្រុងសូដុម និងស្តេចក្រុងកូម៉ូរ៉ា គេរត់ទៅក៏ដួលនៅទីនោះ ឯអស់អ្នកដែលនៅសល់ គេរត់ទៅឯភ្នំ
11 រួចស្តេចទាំងនោះក៏យកទ្រព្យសម្បត្តិនៃក្រុងសូដុម និងក្រុងកូម៉ូរ៉ាទាំងអស់ ព្រមទាំងស្បៀងអាហារទាំងប៉ុន្មានចេញបាត់ទៅ
12 ក៏ចាប់ឡុត ជាក្មួយអាប់រ៉ាម ដែលនៅក្រុងសូដុម និងទ្រព្យសម្បត្តិរបស់គាត់ នាំទៅជាមួយដែរ។
13 មានមនុស្សម្នាក់ដែលបានរត់រួចពីចម្បាំង គាត់ទៅជម្រាបដល់អាប់រ៉ាមជាសាសន៍ហេព្រើរ ដែលនៅត្រង់ដើមម៉ៃសាក់របស់ម៉ាមរេ ជាសាសន៍អាម៉ូរី ដែលជាបងអែសកុល ហើយនិងអាន់នើរដែលបានចងមិត្តមេត្រីនឹងអាប់រ៉ាម
14 កាលអាប់រ៉ាមបានឮថា គេចាប់ក្មួយខ្លួនទៅជាឈ្លើយដូច្នោះ នោះគាត់នាំពួកបម្រើទាំងប៉ុន្មានដែលកើតក្នុងផ្ទះគាត់ សុទ្ធតែជាមនុស្សថ្នឹកសង្គ្រាម មានចំនួន៣១៨នាក់ លើកគ្នាចេញទៅដេញតាមគេរហូតដល់ដាន់
15 គាត់ចែកពួកបាវឲ្យទៅទាស់នឹងគេទាំងយប់ ក៏វាយគេ ហើយដេញតាមរហូតហូបា ដែលនៅជាខាងឆ្វេងនៃក្រុងដាម៉ាស
16 រួចនាំអស់ទាំងទ្រព្យសម្បត្តិវិលមកវិញ ព្រមទាំងឡុតជាក្មួយ និងទ្រព្យសម្បត្តិរបស់គាត់ដែរ ទាំងពួកស្ត្រី និងមនុស្សទាំងអស់ផង។
17 កាលគាត់បានត្រឡប់មកពីវាយកេដូឡោមើរ និងពួកស្តេចដែលនៅជាមួយនឹងទ្រង់វិញហើយ នោះស្តេចក្រុងសូដុមក៏ចេញមកទទួលគាត់ នៅត្រង់វាលច្រកភ្នំសាវេ គឺជាច្រកភ្នំនៃស្តេច
18 ហើយម៉ិលគីស្សាដែកជាស្តេចក្រុងសាឡិម ក៏នាំយកនំបុ័ង និងស្រាទំពាំងបាយជូរមកពី ព្រោះទ្រង់ជាសង្ឃរបស់ព្រះដ៏ខ្ពស់បំផុត
19 ទ្រង់ប្រទានពរដល់គាត់ថា សូមឲ្យអាប់រ៉ាមបានពរពីព្រះដ៏ខ្ពស់បំផុត ជាម្ចាស់នៃស្ថានសួគ៌ និងផែនដី
20 ហើយសូមព្រះដ៏ខ្ពស់បំផុតបានប្រកបដោយព្រះពរ ជាព្រះដែលបានប្រគល់ខ្មាំងសត្រូវមកក្នុងកណ្តាប់ដៃឯង រួចគាត់ក៏ថ្វាយ១ភាគក្នុង១០ ពីគ្រប់របស់ទាំងអស់ដល់ទ្រង់។
21 ឯស្តេចក្រុងសូដុមក៏មានព្រះបន្ទូលនឹងអាប់រ៉ាមថា ចូរឲ្យតែមនុស្សមកខ្ញុំបានហើយ ឯរបស់ទ្រព្យទាំងប៉ុន្មាន ចូរយកទុកជារបស់ផងអ្នកចុះ
22 តែអាប់រ៉ាមគាត់ទូលទៅស្តេចសូដុំមថា ទូលបង្គំបានលើកដៃស្បថចំពោះព្រះយេហូវ៉ាជាព្រះដ៏ខ្ពស់បំផុត ជាម្ចាស់នៃស្ថានសួគ៌ និងផែនដីថា
23 ទូលបង្គំនឹងមិនយកអ្វីសោះ សូម្បីតែចេស១សរសៃ ឬខ្សែស្បែកជើង១ ឬអ្វីៗរបស់ទ្រង់ឡើយ ខ្លាចក្រែងទ្រង់មានព្រះបន្ទូលថា អញបានធ្វើឲ្យអាប់រ៉ាមទៅជាអ្នកមាន
24 សូមយកតែរបស់ណាដែលពួកបាវបម្រើបានទទួលទានទៅហើយប៉ុណ្ណោះ ឯចំណែកពួកមនុស្សដែលបានចេញទៅជាមួយនឹងទូលបង្គំនេះ គឺអាន់នើរ អែសកុល និងម៉ាមរេ នោះឲ្យគេយកចំណែករបស់គេចុះ។
ជំពូក 15
1 ក្រោយការទាំងនោះមក ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងអាប់រ៉ាមដោយការជាក់ស្តែងថា អាប់រ៉ាមអើយ កុំឲ្យខ្លាចអ្វីឡើយ អញជាខែល ហើយជារង្វាន់ដ៏ធំក្រៃលែងរបស់ឯង
2 នោះអាប់រ៉ាមគាត់ទូលសួរថា ឱព្រះយេហូវ៉ាជាព្រះអម្ចាស់អើយ តើទ្រង់នឹងប្រទានអ្វីមកទូលបង្គំ ដែលទូលបង្គំចេះតែនៅដោយឥតមានកូនដូច្នេះ ហើយអ្នកដែលត្រូវធ្វើជាម្ចាស់លើផ្ទះទូលបង្គំ នោះមានតែអេលាស៊ើរជាអ្នកស្រុកដាម៉ាសនេះប៉ុណ្ណោះ
3 អាប់រ៉ាមក៏ទូលទៀតថា មើល ទ្រង់មិនបានប្រទានឲ្យទូលបង្គំមានកូនសោះ ហើយមើល បាវម្នាក់ដែលកើតនៅផ្ទះទូលបង្គំ វានឹងគ្រងមរដករបស់ទូលបង្គំហើយ
4 នោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងគាត់ថា អ្នកនោះមិនត្រូវស៊ីមរដករបស់ឯងទេ គឺជាម្នាក់ដែលនឹងកើតពីឯងមកវិញទេតើ ដែលត្រូវស៊ីមរដករបស់ឯងនោះ
5 រួចទ្រង់នាំគាត់ចេញទៅក្រៅប្រាប់ថា ចូរមើលទៅលើមេឃឥឡូវ ហើយរាប់ផ្កាយចុះ បើឯងអាចនឹងរាប់ទាំងអស់បាន រួចទ្រង់មានព្រះបន្ទូលប្រាប់ថា ពូជឯងនឹងបានដូច្នោះដែរ
6 គាត់ក៏ជឿដល់ព្រះយេហូវ៉ា ហើយទ្រង់រាប់សេចក្ដីជំនឿនោះ ទុកជាសេចក្ដីសុចរិត ដល់គាត់
7 នោះទ្រង់មានព្រះបន្ទូលទៅគាត់ថា អញជាព្រះយេហូវ៉ា ដែលនាំឯងចេញពីស្រុកអ៊ើររបស់សាសន៍ខាល់ដេ មកដើម្បីនឹងឲ្យស្រុកនេះដល់ឯងទុកជាកេរអាករ
8 រួចគាត់ទូលសួរថា ឱព្រះយេហូវ៉ាជាព្រះអម្ចាស់អើយ តើទូលបង្គំនឹងដឹងដោយសារអ្វី ថាទូលបង្គំនឹងបានស្រុកនេះជាកេរអាករពិត
9 នោះទ្រង់មានព្រះបន្ទូលថា ចូរយកគោញី១អាយុ៣ខួប ពពែញី១អាយុ៣ខួប ចៀមឈ្មោល១ អាយុ៣ខួប ហើយលលក១ និងព្រាបជំទើរ១មកឲ្យអញ
10 គាត់ក៏យកសត្វទាំងនោះមកពុះជា២ភាគ រួចដាក់ចំហៀងប្រទល់គ្នា តែសត្វស្លាបគាត់មិនពុះទេ
11 ឯពួកសត្វហើរក៏ចុះមកលើខ្មោចនៃសត្វទាំងនោះ តែអាប់រ៉ាមដេញវាទៅ។
12 លុះដល់វេលាថ្ងៃដែលកំពុងតែលិច អាប់រ៉ាមក៏ដេកលក់យន់ទៅ នោះឃើញមានងងឹតយ៉ាងខ្លាំងគួរស្ញែងខ្លាចចុះមកគ្របលើគាត់
13 រួចទ្រង់មានព្រះបន្ទូលប្រាប់អាប់រ៉ាមថា ចូរដឹងជាប្រាកដថា ពូជឯងនឹងត្រូវទៅជាអ្នកដទៃនៅស្រុក១ ដែលមិនមែនជាស្រុករបស់ផងខ្លួន ហើយត្រូវបម្រើពួកស្រុកនោះ ដែលគេនឹងសង្កត់សង្កិនឯងអស់រវាង៤០០ឆ្នាំ
14 តែអញនឹងជំនុំជម្រះសាសន៍ដែលឯងត្រូវបម្រើនោះ រួចពីនោះមក ពូជឯងនឹងចេញមកទាំងមានទ្រព្យសម្បត្តិជាច្រើនវិញ
15 ឯឯងនឹងទៅឯពួកអយ្យកោឯងដោយសុខសាន្ត ហើយគេនឹងកប់ឯង ក្រោយដែលឯងមានអាយុវែងល្អហើយ
16 ដល់តំណទី៤ នោះគេនឹងវិលមកឯណេះវិញ ដ្បិតសេចក្ដីទុច្ចរិតរបស់ពួកសាសន៍អាម៉ូរីមិនទាន់ពោរពេញនៅឡើយ
17 រួចកាលថ្ងៃលិចទៅ បានងងឹតហើយ នោះឃើញមានគុកភ្លើងហុយផ្សែង និងចន្លុះដែលឆេះទៅមកនៅកណ្តាលដុំសាច់ទាំងនោះ។
18 នៅថ្ងៃនោះឯង ព្រះយេហូវ៉ាទ្រង់តាំងសញ្ញានឹងអាប់រ៉ាមថា អញឲ្យស្រុកនេះដល់ពូជឯង ចាប់តាំងពីទន្លេស្រុកអេស៊ីព្ទរហូតដល់ទន្លេធំ គឺជាទន្លេអ៊ើប្រាត
19 ព្រមទាំងពួកកែន ពួកគេនិស៊ីត ពួកកាត់ម៉ូនី
20 ពួកហេត ពួកពេរិស៊ីត ពួករេផែម
21 ពួកអាម៉ូរី ពួកកាណាន ពួកគើកាស៊ី ហើយនិងពួកយេប៊ូសផង។
ជំពូក 16
1 រីឯសារ៉ាយ ប្រពន្ធអាប់រ៉ាម នាងមិនបង្កើតកូនឲ្យគាត់សោះ តែនាងមានបាវស្រីសាសន៍អេស៊ីព្ទម្នាក់ឈ្មោះ ហាការ
2 ដូច្នេះ សារ៉ាយក៏និយាយទៅអាប់រ៉ាមថា មើល ព្រះយេហូវ៉ាទ្រង់បង្ខាំងមិនឲ្យខ្ញុំមានកូនទេ ហេតុនោះ សូមអ្នកអញ្ជើញចូលទៅឯបាវស្រីរបស់ខ្ញុំចុះ ប្រហែលជាខ្ញុំនឹងបានកូនដោយសារវា អាប់រ៉ាមក៏ស្តាប់តាម
3 រួចសារ៉ាយប្រពន្ធអាប់រ៉ាមក៏ឲ្យហាការជាសាសន៍អេស៊ីព្ទបាវខ្លួន ទៅធ្វើជាប្រពន្ធរបស់ប្ដីទៅ ក្នុងពេលក្រោយដែលអាប់រ៉ាមបាននៅស្រុកកាណាន១០ឆ្នាំហើយ
4 គាត់ក៏ចូលទៅឯហាការ ហើយនាងមានទំងន់ លុះដឹងខ្លួនថាមានទំងន់ដូច្នោះ នោះក៏តាំងមើលងាយដល់ចៅហ្វាយខ្លួនវិញ
5 សារ៉ាយនាងនិយាយទៅអាប់រ៉ាមថា សូមឲ្យសេចក្ដីកំហុសរបស់ខ្ញុំធ្លាក់ទៅលើអ្នកចុះ ដ្បិតខ្ញុំបានឲ្យបាវស្រីរបស់ខ្ញុំទៅអ្នកឱប ឥឡូវនេះ ដែលវាដឹងថាមានទំងន់ហើយ នោះបែរជាមើលងាយដល់ខ្ញុំវិញ ដូច្នេះ សូមឲ្យព្រះយេហូវ៉ាជំនុំជម្រះរឿងរបស់យើងចុះ
6 នោះអាប់រ៉ាមគាត់ឆ្លើយនឹងសារ៉ាយថា មើល បាវស្រីឯងវានៅក្នុងអំណាចរបស់ឯងស្រាប់ហើយ ចូរប្រព្រឹត្តនឹងវាតាមតែឯងគិតឃើញថាយ៉ាងណាស្រួលចុះ នោះសារ៉ាយក៏ប្រព្រឹត្តនឹងនាងដោយតឹងរ៉ឹងណាស់ បានជានាងរត់ចេញពីគាត់ទៅ។
7 ទេវតានៃព្រះយេហូវ៉ាទ្រង់ឃើញនាងនៅទីរហោស្ថានជិតក្បាលទឹក១ គឺជាក្បាលទឹកដែលនៅតាមផ្លូវទៅឯស្រុកស៊ើរ
8 ទ្រង់មានព្រះបន្ទូលសួរថា នែហាការ បាវសារ៉ាយអើយ តើឯងមកពីណា ហើយគិតទៅឯណាហ្នឹង នាងទូលឆ្លើយនឹងទេវតាថា ខ្ញុំម្ចាស់រត់ចេញពីសារ៉ាយជាចៅហ្វាយរបស់ខ្ញុំម្ចាស់មក
9 នោះទេវតានៃព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលទៅនាងថា ចូរវិលទៅឯចៅហ្វាយឯងវិញទៅ ហើយចុះចូលនឹងអំណាចរបស់គាត់វិញ
10 ទេវតានៃព្រះយេហូវ៉ាក៏មានព្រះបន្ទូលទៅនាងថា អញនឹងចម្រើនពូជឯង ឲ្យមានសន្ធឹកឥតគណនា
11 ទេវតានៃព្រះយេហូវ៉ាមានព្រះបន្ទូលនឹងនាងទៀតថា មើល ឯងមានទំងន់ ឯងនឹងបង្កើតបានកូនប្រុស១ដែលត្រូវឲ្យឈ្មោះថា អ៊ីសម៉ាអែល ពីព្រោះព្រះយេហូវ៉ាទ្រង់ជ្រាបពីសេចក្ដីទុក្ខលំបាករបស់ឯង
12 វានឹងបានដូចជាលាព្រៃនៅកណ្តាលមនុស្ស ដៃវានឹងបានទាស់នឹងមនុស្សទាំងអស់ ហើយដៃមនុស្សទាំងអស់នឹងបានទាស់នឹងវាដែរ វានឹងតាំងទីលំនៅនៅមុខពួកបងប្អូនទាំងអស់គ្នា
13 នោះនាងក៏ហៅព្រះនាមព្រះយេហូវ៉ា ដែលកំពុងមានព្រះបន្ទូលនឹងនាងថា «ព្រះដ៏ទតឃើញ» ដ្បិតនាងគិតថា នៅទីនេះ អញបានឃើញព្រះដែលទ្រង់ទតឃើញអញទេតើ
14 ហេតុនោះបានជាគេហៅក្បាលទឹកនោះថា ក្បាលទឹកឡាហាយ-រយ នោះនៅកណ្តាលកាដេស និងបារែឌ។
15 ហាការក៏បង្កើតកូនប្រុស១ឲ្យអាប់រ៉ាម ហើយអាប់រ៉ាមឲ្យកូនដែលហាការបង្កើតនោះឈ្មោះ អ៊ីសម៉ាអែល
16 គ្រាដែលហាការបានបង្កើតអ៊ីសម៉ាអែល នោះអាប់រ៉ាមគាត់អាយុបាន៨៦ឆ្នាំហើយ។
ជំពូក 17
1 លុះដល់អាប់រ៉ាមអាយុបាន៩៩ឆ្នាំ នោះព្រះយេហូវ៉ាទ្រង់លេចមកឯ គាត់ប្រាប់ថា អញជាព្រះដ៏មានគ្រប់ព្រះចេស្តា ចូរឯងដើរនៅមុខអញ ហើយឲ្យបានគ្រប់លក្ខណ៍ចុះ
2 នោះអញនឹងតាំងសញ្ញានឹងឯង ហើយនិងចម្រើនឯងឲ្យមានគ្នាជាសន្ធឹកឡើង
3 អាប់រ៉ាមក៏ក្រាបផ្កាប់មុខ រួចព្រះទ្រង់មានព្រះបន្ទូលនឹងគាត់ថា
4 ឯអញ មើល អញបានតាំងសេចក្ដីសញ្ញានឹងឯងហើយ ឯងនឹងធ្វើជាឪពុកនៃសាសន៍ជាច្រើន
5 ឈ្មោះឯងមិនត្រូវហៅថា អាប់រ៉ាមទៀតទេ គឺត្រូវហៅថា អ័ប្រាហាំវិញ ដ្បិតអញបានតាំងឯងឲ្យធ្វើជាឪពុកនៃសាសន៍ជាច្រើន
6 អញនឹងធ្វើឲ្យឯងបង្កើតកូនសុសសាយសន្ធឹក ឲ្យមាននគរផ្សេងៗកើតចេញអំពីឯងមក ព្រមទាំងស្តេចជាច្រើនដែរ
7 អញនឹងតាំងសញ្ញានឹងឯង ហើយនិងពូជឯងតាមតំណគេតទៅ ទុកជាសេចក្ដីសញ្ញាដ៏នៅអស់កល្បជានិច្ច ដើម្បីឲ្យអញបានធ្វើជាព្រះនៃឯង និងពូជឯងតទៅ
8 ឯស្រុកកាណានទាំងអស់ដែលឯងសំណាក់នៅជាអ្នកដទៃ នោះអញនឹងឲ្យដល់ឯង និងពូជឯងតរៀងទៅ ទុកជាកេរអាករអស់កល្បជានិច្ច ហើយអញនឹងធ្វើជាព្រះដល់គេ។
9 រួចទ្រង់មានព្រះបន្ទូលនឹងអ័ប្រាហាំទៀតថា ឯឯង ត្រូវឲ្យឯងកាន់តាមសេចក្ដីសញ្ញារបស់អញ ទាំងឯង និងពូជឯងតរៀងទៅ តាមតំណគេ
10 នេះជាសេចក្ដីសញ្ញារបស់អញ ដែលឯង និងពូជឯងត្រូវកាន់ចំពោះអញតរៀងទៅគឺថា គ្រប់ទាំងប្រុសៗក្នុងពួកឯង ត្រូវតែកាត់ស្បែក
11 ឯងរាល់គ្នាត្រូវកាត់ស្បែកក្រោមចុងស្វាស ទុកជាទីសម្គាល់ពីសេចក្ដីសញ្ញាដែលយើងបានតាំងជាមួយនឹងគ្នា
12 គ្រប់ទាំងកូនប្រុសៗនៅអស់ទាំងតំណឯងតទៅ ទោះបើកើតនៅផ្ទះ ឬបានយកប្រាក់ទិញពីសាសន៍ណាដទៃ ដែលមិនមែនជាពូជឯងក្តី ដល់កើតមកបាន៨ថ្ងៃ នោះត្រូវតែកាត់ស្បែកឲ្យ
13 ទោះបើកូនដែលកើតនៅផ្ទះឯង ឬកូនដែលបានទិញនឹងប្រាក់មកក្តី នោះក៏ត្រូវតែកាត់ស្បែកទាំងអស់ដែរ ទើបសេចក្ដីសញ្ញារបស់អញនឹងនៅជាប់ក្នុងសាច់ឯងរាល់គ្នា ទុកជាសេចក្ដីសញ្ញាដ៏នៅអស់កល្បជានិច្ច
14 មនុស្សប្រុសណាដែលមិនកាត់ស្បែក គឺមិនបានកាត់ស្រោមចុងស្វាស អ្នកនោះនឹងត្រូវកាត់កាល់ចេញពីសាសន៍របស់ខ្លួន ព្រោះបានលះចោលសេចក្ដីសញ្ញារបស់អញហើយ។
15 រួចព្រះទ្រង់ក៏មានព្រះបន្ទូលនឹងអ័ប្រាហាំទៀតថា ឯសារ៉ាយជាប្រពន្ធឯង នោះឯងមិនត្រូវហៅថាសារ៉ាយទៀតទេ គឺត្រូវហៅថាសារ៉ាវិញ
16 អញនឹងឲ្យពរដល់នាង ហើយនិងឲ្យឯងមានកូនពីនាងដែរ អញនឹងឲ្យពរដល់នាងជាពិត នាងនឹងធ្វើជាម្តាយនៃនគរផ្សេងៗ ហើយនិងមានស្តេចនៃសាសន៍ជាច្រើនចេញពីនាងមក
17 នោះអ័ប្រាហាំក៏ក្រាបផ្កាប់មុខ នឹកអស់សំណើចក្នុងចិត្តថា តើនឹងមានកូនកើតដល់មនុស្សអាយុ១០០ឆ្នាំបានដែរឬ ហើយសារ៉ាដែលអាយុ៩០ឆ្នាំទៅហើយ តើនឹងបង្កើតកូនបានឬទេ
18 រួចអ័ប្រាហាំទូលថា ឱបើសិនជាអ៊ីសម៉ាអែលនឹងរស់នៅចំពោះទ្រង់ទៅអេះ
19 នោះព្រះទ្រង់មានព្រះបន្ទូលថា សារ៉ាប្រពន្ធឯងនឹងបង្កើតកូនឲ្យឯងមែន ហើយឯងត្រូវឲ្យឈ្មោះថាអ៊ីសាក អញនឹងតាំងសញ្ញានឹងវា ទុកជាសេចក្ដីសញ្ញាដ៏នៅអស់កល្បជានិច្ច សម្រាប់ពូជវាតរៀងទៅ
20 ឯអ៊ីសម៉ាអែល អញបានយល់ព្រមហើយ មើល អញបានឲ្យពរដល់វា ហើយនិងធ្វើឲ្យវាកើតបានកូនចម្រើនឡើងសន្ធឹកណាស់ដែរ វានឹងបង្កើតចៅហ្វាយ១២នាក់ ហើយអញនឹងធ្វើឲ្យវាបានត្រឡប់ជានគរ១យ៉ាងធំ
21 តែឯសេចក្ដីសញ្ញារបស់អញ នោះនឹងបានតាំងនឹងអ៊ីសាកវិញ ដែលសារ៉ានឹងបង្កើតឲ្យដល់ឯងនៅកំណត់ឆ្នាំក្រោយនេះ
22 លុះព្រះទ្រង់មានព្រះបន្ទូលនឹងអ័ប្រាហាំស្រេចហើយ នោះទ្រង់ឃ្លាតចេញពីគាត់ហោះឡើងទៅ។
23 ឯអ័ប្រាហាំក៏យកអ៊ីសម៉ាអែលកូនខ្លួន ព្រមទាំងមនុស្សប្រុសៗដែលបានកើតនៅផ្ទះខ្លួន និងមនុស្សដែលបានទិញដោយប្រាក់ផង គឺគ្រប់ទាំងប្រុសៗនៅក្នុងពួកផ្ទះគាត់ទាំងប៉ុន្មាន មកកាត់ស្បែកស្រោមចុងស្វាសទាំងអស់គ្នានៅថ្ងៃនោះឯង ដូចជាព្រះបានបង្គាប់មក
24 ឯអ័ប្រាហាំ កាលគាត់ទទួលកាត់ស្បែក នោះមានអាយុ៩៩ឆ្នាំហើយ
25 ចំណែកអ៊ីសម៉ាអែលកូនគាត់ក៏មានអាយុ១៣ឆ្នាំដែរ
26 ទាំងអ័ប្រាហាំ និងអ៊ីសម៉ាអែលជាកូន ក៏បានទទួលកាត់ស្បែកនៅថ្ងៃដដែលនោះ
27 ហើយមនុស្សប្រុសៗទាំងអស់នៅផ្ទះគាត់ គឺទាំងពួកអ្នកដែលកើតនៅផ្ទះគាត់ និងពួកអ្នកដែលបានយកប្រាក់ទិញពីពួកសាសន៍ដទៃទាំងប៉ុន្មានផង គេបានកាត់ស្បែកជាមួយនឹងគាត់ទាំងអស់គ្នា។
ជំពូក 18
1 រួចព្រះយេហូវ៉ាទ្រង់លេចមកឯគាត់ នៅត្រង់ដើមម៉ៃសាក់របស់ម៉ាមរេ ក្នុងកាលដែលគាត់កំពុងអង្គុយនៅមាត់ទ្វារត្រសាល នៅវេលាថ្ងៃពេញកំដៅ
2 គាត់ងើបភ្នែកឡើង ក៏មើលឃើញមនុស្ស៣នាក់ឈរនៅចំពោះមុខ កាលគាត់ឃើញដូច្នោះ នោះគាត់រត់ពីមាត់ទ្វារត្រសាលទៅទទួល ដោយក្រាបរាបនឹងដី
3 ក៏ទូលថា ព្រះអម្ចាស់អើយ បើសិនជាទូលបង្គំបានប្រកបដោយព្រះគុណនៅចំពោះទ្រង់ នោះសូមកុំអាលយាងហួសពីទូលបង្គំជាបាវបម្រើទ្រង់ទៅឡើយ
4 សូមរង់ចាំឲ្យគេយកទឹកមកបន្តិចនឹងលាងព្រះបាទទ្រង់ ហើយសូមទ្រង់ឈប់សម្រាកក្រោមដើមឈើនេះសិន
5 ទូលបង្គំនឹងយកនំបុ័ងបន្តិចបន្តួចមកថ្វាយ ឲ្យទ្រង់មានកម្លាំងឡើង រួចសឹមយាងទៅចុះ ដ្បិតទ្រង់បានយាងមកដល់ទូលបង្គំជាអ្នកបម្រើទ្រង់ហើយ នោះទ្រង់មានព្រះបន្ទូលថា ចូរធ្វើដូចជាឯងបាននិយាយចុះ
6 អ័ប្រាហាំក៏ប្រញាប់ប្រញាល់ចូលទៅក្នុងត្រសាល ប្រាប់សារ៉ាថា ចូរយកម្សៅយ៉ាងម៉ដ្ត៣រង្វាល់មកលាយធ្វើនំឲ្យឆាប់ៗ
7 រួចគាត់រត់ទៅឯហ្វូងសត្វ ចាប់យកកូនគោ១ដែលមានសាច់ទន់ល្វន់ល្អ ប្រគល់ឲ្យដល់បាវបម្រើម្នាក់ ហើយបាវនោះក៏បានចាត់ចែងយ៉ាងប្រញាប់ប្រញាល់
8 នោះគាត់យកខ្លាញ់ទឹកដោះ ហើយនិងទឹកដោះរាវ និងកូនគោដែលបានរៀបចំទៅថ្វាយដល់ទ្រង់ រួចឈរនៅក្រោមដើមឈើជិតទ្រង់ ហើយទ្រង់ក៏សោយទៅ។
9 ទ្រង់មានព្រះបន្ទូលសួរគាត់ថា សារ៉ាប្រពន្ធឯងនៅឯណា គាត់ទូលឆ្លើយថា នៅក្នុងត្រសាលឯណោះ
10 ទ្រង់ មានព្រះបន្ទូលថា ដល់កំណត់ អញនឹងមកឯឯងវិញជាមិនខាន នោះសារ៉ាប្រពន្ធឯងនឹងមានកូនប្រុស១ ចំណែកសារ៉ាដែលនៅមាត់ទ្វារត្រសាលខាងក្រោយគាត់ នាងក៏បានឮដែរ
11 រីឯអ័ប្រាហាំ និងសារ៉ា គាត់ជាមនុស្សចាស់មានអាយុច្រើនណាស់ សារ៉ាអស់មានរដូវកាលតាមទម្លាប់ស្ត្រីទៀតហើយ
12 នាងនឹកអស់សំណើចក្នុងខ្លួនថា អញចាស់ប៉ុណ្ណេះទៅហើយ តើនឹងនៅមានតម្រេកទៀតដែរឬអី ណាមួយលោកម្ចាស់ប្ដីអញក៏ចាស់ណាស់ដែរ
13 តែព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងអ័ប្រាហាំថា ហេតុអ្វីបានជាសារ៉ាសើចដូច្នេះថា ដែលចាស់ប៉ុណ្ណោះហើយ តើនឹងមានកូនដែរឬ
14 តើមានការអ្វីដែលព្រះយេហូវ៉ាធ្វើមិនកើតដែរឬអី ដល់វេលាកំណត់ នោះអញនឹងមកឯឯង លុះគ្រប់ខែហើយ សារ៉ានឹងបង្កើតបានកូនប្រុស១
15 ឯសារ៉ានាងប្រកែកថា ខ្ញុំម្ចាស់មិនបានសើចទេ ពីព្រោះនាងខ្លាច តែទ្រង់មានព្រះបន្ទូលថា ទេ គឺឯងបានសើចមែន។
16 លុះមនុស្សទាំង៣បានក្រោកពីនោះហើយ ក៏ងាកបែរមើលទៅខាងក្រុងសូដុម ឯអ័ប្រាហាំគាត់ដើរជាមួយដែរ ដើម្បីជូនទៅ
17 នោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា តើត្រូវលាក់នឹងអ័ប្រាហាំពីការដែលអញរៀបនឹងធ្វើឬទេ
18 ដ្បិតអ័ប្រាហាំនឹងត្រឡប់ជានគរ១យ៉ាងធំ ហើយពូកែជាពិតប្រាកដ គ្រប់ទាំងសាសន៍នៅផែនដីនឹងបានពរដោយសារគាត់
19 ដ្បិតអញស្គាល់គាត់ថា គាត់នឹងបង្គាប់ដល់កូនចៅ និងពួកផ្ទះគាត់តរៀងទៅ ឲ្យគេកាន់ខ្ជាប់តាមផ្លូវនៃព្រះយេហូវ៉ា ដើម្បីឲ្យបានប្រព្រឹត្តសេចក្ដីសុចរិត និងសេចក្ដីទៀងត្រង់ ប្រយោជន៍ឲ្យព្រះយេហូវ៉ាបានសម្រេចដល់គាត់ តាមសេចក្ដីដែលទ្រង់មានព្រះបន្ទូលពីដំណើរគាត់
20 រួចព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា ពីព្រោះសម្រែកនៃក្រុងសូដុម និងក្រុងកូម៉ូរ៉ាបានឮជាខ្លាំង ហើយអំពើបាបរបស់គេក៏ធ្ងន់ណាស់ផង
21 នោះបានជាអញចុះទៅមើលឥឡូវ ដើម្បីឲ្យដឹង បើគេបានប្រព្រឹត្តដូចជាសម្រែកដែលអញបានឮនោះឬទេ បើមិនមែនទេ នោះអញនឹងបានដឹង
22 រួចក៏បែរចេញពីនោះ តម្រង់ទៅខាងឯក្រុងសូដុមទៅ តែអ័ប្រាហាំគាត់ឈរនៅចំពោះព្រះយេហូវ៉ានៅឡើយ។
23 អ័ប្រាហាំក៏ចូលទៅជិតទូលសួរថា តើទ្រង់នឹងបំផ្លាញមនុស្សសុចរិតជាមួយនឹងមនុស្សអាក្រក់ផងដែរឬអី
24 បើសិនជាមានមនុស្សសុចរិត៥០នាក់នៅក្នុងក្រុងនោះ តើទ្រង់នឹងបំផ្លាញអស់រលីងទៅ ឥតមានប្រណីដល់ទីក្រុង ដោយព្រោះមនុស្សសុចរិត៥០នាក់ដែលនៅទីនោះទេឬអី
25 មិនគួរគប្បីឲ្យទ្រង់ប្រព្រឹត្តដូច្នោះ និងសម្លាប់មនុស្សសុចរិតជាមួយនឹងមនុស្សអាក្រក់នោះទេ យ៉ាងនោះឈ្មោះថាធ្វើឲ្យមនុស្សសុចរិតបានដូចជាមនុស្សអាក្រក់ដែរ សូមកុំឲ្យទ្រង់ធ្វើដូច្នោះឡើយ ឯព្រះដ៏ជាចៅក្រមផែនដីទាំងមូល តើទ្រង់មិនត្រូវប្រព្រឹត្តដោយយុត្តិធម៌ទេឬអី
26 នោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា បើអញឃើញមានមនុស្សសុចរិត៥០នាក់នៅក្នុងទីក្រុងសូដុម នោះអញនឹងប្រណីដល់ទីនោះ ដោយយល់ដល់គេវិញ
27 រួចអ័ប្រាហាំគាត់ទូលថា មើល ឥឡូវទូលបង្គំបានផ្តើមទូលនឹងព្រះអម្ចាស់ដែលទូលបង្គំជាធូលីដី ហើយជាផេះទទេ
28 ក្នុងមនុស្សសុចរិតទាំង៥០នាក់នោះ ប្រហែលជានឹងមានខ្វះ៥នាក់ ដូច្នេះ តើទ្រង់នឹងបំផ្លាញទីក្រុងទាំងមូល ដោយព្រោះខ្វះ៥នាក់ឬអី នោះទ្រង់មានព្រះបន្ទូលថា បើអញឃើញមាន៤៥នាក់ នោះអញមិនបំផ្លាញទេ
29 គាត់ក៏ទូលទ្រង់ទៀតថា ប្រហែលជារកបានតែ៤០នាក់ទេ នោះទ្រង់មានព្រះបន្ទូលថា អញមិនធ្វើអ្វីទេ ដោយយល់ដល់៤០នាក់នោះ
30 រួចគាត់ទូលថា សូមកុំឲ្យព្រះអម្ចាស់ខ្ញាល់ នោះទូលបង្គំនឹងទូលទៀតថា នៅទីនោះប្រហែលជានឹងឃើញមានតែ៣០នាក់ទេ នោះទ្រង់មានព្រះបន្ទូលថា បើអញឃើញមាន៣០នាក់ នោះអញក៏មិនធ្វើអ្វីដែរ
31 រួចគាត់ទូលថា មើល ឥឡូវទូលបង្គំបានផ្តើមទូលនឹងព្រះអម្ចាស់ ប្រហែលជារកបានតែ២០នាក់ប៉ុណ្ណោះនៅទីនោះ ទ្រង់ក៏មានព្រះបន្ទូលថា អញមិនបំផ្លាញទេ ដោយយល់ដល់២០នាក់នោះ
32 នោះគាត់ទូលថា សូមកុំឲ្យព្រះអម្ចាស់ខ្ញាល់ឡើយ ទូលបង្គំនឹងទូលតែម្តងនេះទៀតថា នៅទីនោះប្រហែលជារកបានតែ១០នាក់ទេ រួចទ្រង់មានព្រះបន្ទូលថា អញមិនបំផ្លាញឡើយ ដោយយល់ដល់១០នាក់នោះ
33 កាលព្រះយេហូវ៉ាបានលែងមានព្រះបន្ទូលនឹងអ័ប្រាហាំហើយ នោះទ្រង់យាងចេញបាត់ទៅ ហើយអ័ប្រាហាំវិលទៅឯទីលំនៅរបស់គាត់វិញ។
ជំពូក 19
1 ដល់ពេលត្រលប់ នោះទេវតាទាំង២ក៏ទៅដល់ក្រុងសូដុម ឯឡុតគាត់អង្គុយនៅមាត់ទ្វារក្រុង គាត់ក៏ឃើញ ហើយក្រោកទៅទទួល រួចក្រាបផ្កាប់មុខនឹងដី ជម្រាបថា
2 លោកម្ចាស់ខ្ញុំអើយ ឥឡូវ សូមអញ្ជើញចូលទៅក្នុងផ្ទះខ្ញុំជាអ្នកបម្រើលោក ដើម្បីនឹងលាងជើង ហើយសំណាក់នៅ១យប់នេះសិន រួចសឹមភ្ញាក់ឡើងពីព្រលឹមអញ្ជើញទៅទៀតចុះ តែទេវតានោះឆ្លើយថា ទេ យប់នេះយើងនឹងដេកនៅតាមផ្លូវវិញ
3 ប៉ុន្តែ ដោយគាត់បង្ខំណាស់ បានជាទេវតាក៏ចូលទៅក្នុងផ្ទះគាត់ ហើយគាត់ក៏រៀបចំជប់លៀង គាត់ដុតនំបុ័ងឥតដំបែ ហើយទេវតាក៏បរិភោគ
4 កាលមិនទាន់ដេកនៅឡើយ នោះពួកមនុស្សទាំងឡាយ ទាំងក្មេងទាំងចាស់នៅក្នុងក្រុងសូដុម គេមកឡោមព័ទ្ធផ្ទះ គឺជាមនុស្សទាំងអស់ពីគ្រប់ក្នុងទីក្រុង
5 គេស្រែកហៅឡុតសួរថា មនុស្សដែលចូលមកក្នុងផ្ទះឯងអម្បាញ់មិញនេះ តើនៅឯណា ចូរឯងនាំវាចេញមកឯយើង ឲ្យយើងបានស្គាល់ផង
6 នោះឡុតចេញមកឯគេដល់មាត់ទ្វារ រួចបិទទ្វារទៅវិញ
7 គាត់អង្វរថា បងប្អូនខ្ញុំអើយ សូមកុំធ្វើអាក្រក់ដូច្នេះឡើយ
8 មើល ខ្ញុំមានកូនស្រី២នាក់ វាមិនទាន់ដែលស្គាល់ប្រុសណាទេ ចាំខ្ញុំនាំវាចេញមក ប្រគល់ឲ្យអ្នករាល់គ្នាប្រព្រឹត្តនឹងវាតាមតែចិត្តចុះ សូមកុំឲ្យតែធ្វើអ្វីដល់មនុស្សទាំង២នោះឡើយ ពីព្រោះលោកបានចូលមកសំណាក់នៅផ្ទះខ្ញុំហើយ
9 តែគេកំហែងទៅថា ចូរចៀសចេញ ហើយមានខ្លះគេនិយាយថា អា១នេះបានចូលមកស្នាក់នៅទីនេះ ឥឡូវចង់តាំងខ្លួនធ្វើជាចៅក្រមវិញ អើ បើដូច្នេះ យើងនឹងធ្វើឯងឥឡូវ ឲ្យអាក្រក់ជាង២នាក់នោះទៅទៀតផង រួចគេក៏ប្រជ្រៀតលើឡុតជាខ្លាំង ព្រមទាំងរំលោភចូលទៅជិតចង់ទម្លាយទ្វារ
10 តែទេវតាលូកដៃទៅចាប់ឡុតទាញចូលមកក្នុងផ្ទះវិញ រួចបិទទ្វារជិត
11 ក៏ធ្វើឲ្យមនុស្សទាំងអស់ដែលនៅត្រង់មាត់ទ្វារនោះខ្វាក់ភ្នែកទៅទាំងតូចទាំងធំ បានជាគេអស់ចិត្តនឹងរកទ្វារទៀត។
12 រួចទេវតាសួរឡុតថា តើឯងមានអ្នកណាទៀត នៅទីនេះឬទេ ទោះបើកូនប្រសា ឬកូនប្រុសកូនស្រីឯងក្តី ចូរនាំពួកឯងទាំងអស់ចេញពីទីក្រុងនេះទៅ
13 ដ្បិតយើងនឹងបំផ្លាញទីនេះ ពីព្រោះសម្រែករបស់គេបានឮកាន់តែខ្លាំងឡើងនៅចំពោះព្រះយេហូវ៉ាហើយ នេះគឺព្រះយេហូវ៉ាទ្រង់បានចាត់ឲ្យយើងមកបំផ្លាញចេញ
14 នោះឡុតក៏ចេញទៅប្រាប់ដល់កូនប្រសា ដែលបានយកកូនស្រីគាត់ថា ចូរក្រោកឡើងចេញពីទីនេះទៅ ពីព្រោះព្រះយេហូវ៉ារៀបនឹងបំផ្លាញទីក្រុងចោល តែពួកកូនប្រសាគាត់ស្មានថាគាត់និយាយលេងទេ។
15 លុះពេលភ្លឺឡើង នោះទេវតាបង្ខំឡុតថា ចូរក្រោកឡើង យកប្រពន្ធ ហើយនិងកូនស្រីទាំង២នាក់ដែលនៅឯណេះទៅ ក្រែងឯងត្រូវវិនាសក្នុងអំពើទុច្ចរិតរបស់ទីក្រុងនេះដែរ
16 តែគាត់នៅបង្អែបង្អង់ នោះទេវតាក៏ចាប់ដៃគាត់ និងដៃប្រពន្ធ ហើយនិងកូនស្រីគាត់ទាំង២នាំចេញទៅលែងឯក្រៅទីក្រុង ដ្បិតព្រះយេហូវ៉ាទ្រង់មេត្តាប្រណីដល់គាត់
17 កាលបាននាំចេញផុតទៅក្រៅហើយ នោះទេវតាប្រាប់ថា ចូររត់ទៅឲ្យបានរួចជីវិតចុះ កុំឲ្យមើលមកក្រោយឡើយ ក៏កុំឲ្យឈប់នៅស្រុកវាលឯណានីមួយផង ចូររត់ទៅឯភ្នំវិញ ក្រែងឯងត្រូវវិនាសដែរ
18 តែឡុតប្រកែកថា ទេ លោកម្ចាស់អើយ
19 មើលឥឡូវនេះ លោកបានផ្តល់ព្រះគុណមកខ្ញុំជាអ្នកបម្រើលោក ហើយបានចម្រើនសេចក្ដីមេត្តាករុណារបស់លោកឲ្យខ្ញុំឃើញ ដោយការពារជីវិតខ្ញុំ តែខ្ញុំរត់ទៅឯភ្នំមិនបានទេ ក្រែងសេចក្ដីអាក្រក់តាមខ្ញុំទាន់ ហើយខ្ញុំត្រូវស្លាប់វិញ
20 មើលន៏ មានទីក្រុង១នុ៎ះស្ថិតនៅជិតបង្កើយ ហើយក៏តូចផង ឬមិនតូចទេ នោះល្មមនឹងរត់ទៅឲ្យរួចបាន សូមឲ្យខ្ញុំរត់ទៅឯណោះវិញ នោះខ្ញុំនឹងបានរួចជីវិតហើយ
21 ទេវតាក៏ឆ្លើយថា មើល អញបានព្រមតាមឯងក្នុងការនេះដែរ ឯទីក្រុង១ដែលឯងនិយាយនោះ អញមិនបំផ្លាញទេ
22 ចូរប្រញាប់ឡើង ហើយរត់ទៅឯណោះឲ្យរួចចុះ ដ្បិតអញធ្វើអ្វីមិនកើត ទាល់តែឯងបានទៅដល់សិន ដូច្នេះ ទីក្រុងនោះបានហៅឈ្មោះថា សូអារ ។
23 លុះកាលឡុតចូលទៅក្នុងសូអារ នោះថ្ងៃបានរះហើយ
24 ព្រះយេហូវ៉ាទ្រង់បង្អុរភ្លៀងជាស្ពាន់ធ័រ និងភ្លើងពីលើមេឃ មកលើក្រុងសូដុម និងក្រុងកូម៉ូរ៉ា
25 ទ្រង់ក៏បំផ្លាញក្រុងទាំងនោះ និងស្រុកវាលទាំងមូល ហើយអស់ទាំងមនុស្សនៅទីក្រុងនោះ និងគ្រប់ទាំងអស់ដែលដុះនៅដីផង។
26 ឯប្រពន្ធឡុតក៏ងាកបែរមើលទៅក្រោយវិញ នោះស្រាប់តែទៅជាបង្គោលអំបិលទៅ។
27 ឯអ័ប្រាហាំគាត់ក្រោកពីព្រលឹមឡើង នៅឯកន្លែងដែលបានឈរនៅចំពោះព្រះយេហូវ៉ា
28 គាត់មើលទៅឯក្រុងសូដុម ក្រុងកូម៉ូរ៉ា និងស្រុកវាលទាំងអស់ ឃើញមានសុទ្ធតែផ្សែងហុយឡើងពីដីមក ដូចជាផ្សែងនៃគុកភ្លើង។
29 ក្នុងខណៈដែលព្រះទ្រង់បំផ្លាញទីក្រុងនៅស្រុកវាលទាំងប៉ុន្មាន នោះទ្រង់នឹកចាំពីអ័ប្រាហាំ ក៏ឲ្យឡុតចេញរួចពីការហិនវិនាសនោះ ក្នុងកាលដែលទ្រង់បានរំលាយទីក្រុងទាំងនោះដែលឡុតបាននៅ។
30 ឯឡុត ព្រមទាំងកូនស្រីទាំង២ ក៏ចេញពីសូអារឡើងទៅនៅឯភ្នំវិញ ដ្បិតគាត់ខ្លាចមិនហ៊ាននៅក្នុងក្រុងសូអារទេ គាត់ក៏នៅក្នុងរអាងភ្នំជាមួយនឹងកូនស្រីរបស់គាត់ទាំង២ទៅ
31 ចំណែកនាងបងនិយាយទៅកាន់ប្អូនថា ឪពុកយើងគាត់ចាស់ហើយ គ្មានប្រុសណានៅគ្រប់ក្នុងស្រុកនេះ នឹងចូលមកឯយើងតាមបវេណីផែនដីទេ
32 បើដូច្នេះ ចូរយើងបំផឹកស្រាឪពុកយើង ហើយទៅដេកជាមួយនឹងគាត់ទៅ ដើម្បីឲ្យបានតពូជឲ្យឪពុកយើងវិញ
33 នោះគេក៏បំផឹកស្រាឪពុកគេនៅយប់នោះឯង រួចនាងបងទៅដេកជាមួយនឹងឪពុកខ្លួនទៅ តែគាត់ឥតមានដឹងជាកាលនាងដេក ឬកាលនាងក្រោកឡើង
34 លុះថ្ងៃស្អែកទៀត នាងបងនិយាយទៅប្អូនថា មើល យប់មិញ អញបានដេកជាមួយនឹងលោកឪពុក យប់នេះ ចូរយើងបំផឹកស្រាគាត់ទៀត រួចឲ្យឯងចូលទៅដេកជាមួយនឹងគាត់ម្តង ដើម្បីឲ្យយើងបានតពូជរបស់ឪពុកយើង
35 គេក៏បំផឹកស្រាឪពុកនៅយប់នោះទៀត នោះនាងប្អូនក៏ក្រោកទៅដេកជាមួយនឹងឪពុកទៅ តែគាត់ឥតដឹងជាកាលនាងដេក ឬកាលនាងក្រោកឡើយ
36 ដូច្នេះ កូនស្រីរបស់ឡុតទាំង២ក៏មានទំងន់នឹងឪពុកខ្លួន
37 នាងបងបង្កើតបានកូនប្រុស១ នាងឲ្យឈ្មោះថា ម៉ូអាប់ គឺអ្នកនោះហើយដែលជាឪពុកនៃសាសន៍ម៉ូអាប់ ដរាបដល់សព្វថ្ងៃនេះ
38 ហើយនាងប្អូនក៏បង្កើតបានកូនប្រុស១ដែរ នាងឲ្យឈ្មោះថា បេន-អាំមី គឺអ្នកនោះហើយដែលជាឪពុកនៃពួកកូនចៅអាំម៉ូនដរាបដល់សព្វថ្ងៃនេះ។
ជំពូក 20
1 ឯអ័ប្រាហាំ គាត់ចេញពីទីនោះធ្វើដំណើរទៅឯស្រុកត្បូង គាត់តាំងទីលំនៅត្រង់កេរ៉ា នាកណ្តាលកាដេស និងស៊ើរ
2 អ័ប្រាហាំក៏និយាយពីសារ៉ាប្រពន្ធគាត់ថាជាប្អូនវិញ រួចអ័ប៊ីម៉្មាឡិចជាស្តេចកេរ៉ាទ្រង់ចាត់គេឲ្យទៅនាំយកសារ៉ាមក
3 តែព្រះទ្រង់មកពន្យល់សប្តិប្រាប់អ័ប៊ីម៉្មាឡិចនៅពេលយប់ថា មើល ឯងទុកដូចជាមនុស្សស្លាប់ ដោយព្រោះស្ត្រីដែលឯងបានយកនេះ ពីព្រោះនាងជាប្រពន្ធគេទេ
4 តែអ័ប៊ីម៉្មាឡិចមិនបានចូលទៅជិតសារ៉ាសោះ ក៏ទូលសួរថា ឱព្រះអម្ចាស់អើយ តើទ្រង់នឹងបំផ្លាញទាំងនគរសុចរិតដែរឬអី
5 តើគាត់មិនបានប្រាប់ទូលបង្គំថា នាងជាប្អូនទេឬអី ហើយនាងក៏និយាយដែរថា គាត់ជាបងខ្ញុំ ដូច្នេះ ទូលបង្គំបានធ្វើការនេះដោយទៀងត្រង់ទេ ហើយដោយដៃស្អាតផង
6 ក្នុងសប្តិនោះ ព្រះទ្រង់មានព្រះបន្ទូលទៅថា អញដឹងហើយថា ឯងបានធ្វើការនេះដោយទៀងត្រង់ ហើយអញក៏បានឃាត់មិនឲ្យឯងធ្វើបាបនឹងអញដែរ ហេតុនោះបានជាអញមិនបើកឲ្យឯងពាល់នាងឡើយ
7 ដូច្នេះ ចូរប្រគល់ប្រពន្ធគេទៅវិញឥឡូវទៅ នោះគាត់នឹងអធិស្ឋានឲ្យឯង ហើយឯងនឹងបានរស់នៅតទៅ ដ្បិតគាត់ជាហោរា បើឯងមិនប្រគល់ទៅវិញទេ នោះត្រូវដឹងថា ឯងនឹងស្លាប់ជាប្រាកដ ទាំងឯង និងពួកឯងទាំងអស់ផង។
8 អ័ប៊ីម៉្មាឡិចក៏ក្រោកពីព្រលឹម ទៅហៅពួកបម្រើទ្រង់ទាំងអស់មក ប្រាប់សេចក្ដីទាំងនោះដល់ត្រចៀកគេ គេក៏មានសេចក្ដីភ័យស្លុតទាំងអស់គ្នា
9 រួចអ័ប៊ីម៉្មាឡិចហៅអ័ប្រាហាំមកបន្ទោសថា អ្នកបានធ្វើអ្វីដល់យើងដូច្នេះ តើខ្ញុំបានធ្វើបាបនឹងអ្នកដូចម្តេច បានជាអ្នកនាំឲ្យខ្ញុំ ហើយនិងនគរខ្ញុំមានបាបជាធ្ងន់ដល់ម៉្លេះ អ្នកបានប្រព្រឹត្តនឹងខ្ញុំចំពោះសេចក្ដីដែលមិនត្រូវប្រព្រឹត្តឡើយ
10 អ័ប៊ីម៉្មាឡិចក៏សួរអ័ប្រាហាំថា តើអ្នកឃើញដូចម្តេចបានជាធ្វើដូច្នេះ
11 អ័ប្រាហាំទូលថា ពីព្រោះទូលបង្គំនឹកថា ប្រាកដជាគ្មានសេចក្ដីកោតខ្លាចដល់ព្រះនៅទីនេះទេ ហើយថា គេនឹងសម្លាប់ទូលបង្គំចោល ដោយព្រោះប្រពន្ធរបស់ទូលបង្គំនេះ
12 មួយទៀត នាងជាប្អូនទូលបង្គំមែន គឺជាកូនរបស់ឪពុកទូលបង្គំ ប៉ុន្តែ មិនមែនជាពោះមួយនឹងគ្នាទេ ហើយទូលបង្គំបានយកធ្វើជាប្រពន្ធទៅ
13 កាលព្រះទ្រង់បានធ្វើឲ្យទូលបង្គំដើរចាកចោលផ្ទះឪពុកមក នោះទូលបង្គំបាននិយាយនឹងនាងថា ត្រូវឲ្យឯងអាណិតដល់អញយ៉ាងនេះ គឺនៅកន្លែងណាដែលយើងទៅ នោះត្រូវនិយាយពីអញថាជាបងឯង
14 នោះអ័ប៊ីម៉្មាឡិចក៏យកហ្វូងចៀមហ្វូងគោ និងបាវប្រុសបាវស្រី ប្រទានដល់អ័ប្រាហាំ ព្រមទាំងប្រគល់សារ៉ា ជាប្រពន្ធ ទៅវិញផង
15 រួចអ័ប៊ីម៉្មាឡិចមានព្រះបន្ទូលថា មើល ស្រុកខ្ញុំនៅមុខអ្នកស្រាប់ ចូរអ្នកនៅកន្លែងណាដែលអ្នកឃើញថាស្រួលចុះ
16 ហើយទ្រង់ក៏មានព្រះបន្ទូលទៅសារ៉ាថា មើល អញឲ្យប្រាក់១ពាន់ដល់បងនាង សម្រាប់នឹងបាំងភ្នែកនៃអស់អ្នកដែលនៅជាមួយនឹងនាង គឺយ៉ាងនោះដែលបានបន្ទោសដល់សារ៉ា
17 នោះអ័ប្រាហាំគាត់អធិស្ឋានដល់ព្រះ ហើយព្រះទ្រង់ក៏ប្រោសអ័ប៊ីម៉្មាឡិចឲ្យបានជា រួចភរិយា និងពួកអ្នកម្នាងរបស់ទ្រង់បានកើតកូនទៀត
18 ពីព្រោះព្រះយេហូវ៉ាទ្រង់បានបង្ខាំងពោះនៃពួកដំណាក់អ័ប៊ីម៉្មាឡិច ដោយព្រោះសារ៉ាជាប្រពន្ធអ័ប្រាហាំ។
ជំពូក 21
1 ព្រះយេហូវ៉ាទ្រង់ក៏ប្រោសដល់សារ៉ា ដូចជាទ្រង់បានមានព្រះបន្ទូល គឺទ្រង់ធ្វើសម្រេចឲ្យសារ៉ា តាមដែលទ្រង់សន្យា
2 សារ៉ាមានទំងន់បង្កើតបានកូនប្រុស១ឲ្យអ័ប្រាហាំ ក្នុងកាលដែលគាត់ចាស់ហើយ ត្រូវតាមពេលកំណត់ដែលទ្រង់បានប្រាប់គាត់
3 អ័ប្រាហាំគាត់ដាក់ឈ្មោះឲ្យកូនដែលសារ៉ាបានបង្កើតនោះថា អ៊ីសាក
4 លុះកើតមកបាន៨ថ្ងៃ នោះអ័ប្រាហាំក៏កាត់ស្បែកឲ្យ ដូចជាព្រះទ្រង់បង្គាប់មក
5 អ័ប្រាហាំអាយុបាន១០០ឆ្នាំហើយ ក្នុងកាលដែលអ៊ីសាកកូនគាត់កើតមក។
6 សារ៉ានិយាយថា ព្រះទ្រង់បានធ្វើឲ្យអញសើច ហើយអស់អ្នកណាដែលឮ ក៏នឹងសើចជាមួយនឹងអញដែរ
7 នាងពោលទៀតថា តើអ្នកណានឹងហ៊ានប្រាប់អ័ប្រាហាំថា សារ៉ានឹងបំបៅកូន ប៉ុន្តែ អញបានបង្កើតកូនឲ្យគាត់ក្នុងកាលដែលគាត់ចាស់ហើយវិញ។ នាងហាការ និងអ៊ីសម៉ាអែល នៅទីរហោស្ថាន
8 ឯអ៊ីសាកក៏ធំឡើង ហើយគេផ្តាច់ដោះចេញ រួចនៅថ្ងៃដែលផ្តាច់ដោះ នោះអ័ប្រាហាំក៏រៀបជប់លៀងយ៉ាងធំ។
9 សារ៉ាឃើញកូនដែលហាការជាសាសន៍អេស៊ីព្ទបានបង្កើតឲ្យអ័ប្រាហាំវាសើចឡកឲ្យ
10 នោះនាងនិយាយនឹងអ័ប្រាហាំថា ចូរបណ្តេញបាវស្រីនេះ និងកូនវាចេញទៅ ដ្បិតកូនរបស់បាវស្រីនេះមិនត្រូវស៊ីមរដកជាមួយនឹងអ៊ីសាកកូនខ្ញុំទេ
11 តែសេចក្ដីនោះនាំឲ្យអ័ប្រាហាំពិបាកចិត្តណាស់ ដោយព្រោះកូនគាត់
12 រួចព្រះទ្រង់មានព្រះបន្ទូលទៅអ័ប្រាហាំថា កុំឲ្យឯងពិបាកចិត្តដោយព្រោះកូនក្មេង ហើយនិងបាវស្រីរបស់ឯងឡើយ ត្រូវស្តាប់តាមគ្រប់ទាំងសេចក្ដីដែលសារ៉ាបានប្រាប់ឯងវិញ ដ្បិតពូជឯងនឹងបានរាប់ដោយសារតែអ៊ីសាកទេ
13 ឯកូនរបស់បាវស្រី នោះគង់តែអញនឹងធ្វើឲ្យវាបានត្រឡប់ជានគរ១ដែរ ព្រោះវាជាពូជឯង
14 នោះអ័ប្រាហាំក៏ក្រោកឡើងពីព្រលឹម យកនំបុ័ង និងថង់ស្បែកមានទឹកពេញ ប្រគល់ឲ្យហាការទាំងដាក់លើស្មាបញ្ជូនឲ្យនាងទៅ ព្រមទាំងកូននាងដែរ នាងក៏ចេញទៅ ដើរចុះឡើង ក្នុងទីរហោស្ថានក្បែរបៀរ-សេបា
15 ឯទឹកក្នុងថង់ស្បែកក៏អស់ទៅ រួចនាងចោលកូននៅក្រោមដើមឈើតូច១
16 ហើយថយទៅអង្គុយប្រឈមមុខនឹងវា ចម្ងាយទី១ជួរធ្នូ ដោយគិតថា កុំឲ្យអញឃើញកូនស្លាប់ឡើយ ដូច្នេះ នាងក៏អង្គុយប្រឈមមុខនឹងកូន ស្រែកយំឡើង
17 ព្រះទ្រង់ឮសំឡេងកូនជំទង់នោះ ហើយទេវតានៃព្រះក៏ហៅហាការពីលើមេឃសួរថា វាថ្វី ហាការអើយ កុំឲ្យខ្លាចឡើយ ដ្បិតព្រះទ្រង់បានឮសំឡេងរបស់កូនជំទង់ពីកន្លែងវាហើយ
18 ចូរក្រោកឡើងទៅលើកកូនមក ដ្បិតអញនឹងធ្វើឲ្យវាត្រឡប់ជាសាសន៍១យ៉ាងធំ
19 រួចព្រះទ្រង់បំភ្លឺភ្នែកហាការឲ្យឃើញអណ្តូងទឹក១ នាងក៏ទៅដងដាក់ពេញថង់ស្បែកយកមកឲ្យកូនផឹក
20 ព្រះទ្រង់ក៏គង់ជាមួយនឹងកូនជំទង់នោះ វាកាន់តែធំឡើង ហើយនៅតែក្នុងទីរហោស្ថាន ក៏បានត្រឡប់ជាអ្នកប្រមាញ់ធ្នូ
21 វាអាស្រ័យនៅក្នុងទីរហោស្ថានប៉ារ៉ាន ហើយម្តាយក៏នាំយកស្ត្រីម្នាក់ពីស្រុកអេស៊ីព្ទមកឲ្យធ្វើជាប្រពន្ធ។
22 នៅវេលានោះ អ័ប៊ីម៉្មាឡិច និងភីកុល ជាមេទ័ពទ្រង់ក៏មកនិយាយនឹងអ័ប្រាហាំថា ព្រះទ្រង់គង់ជាមួយនឹងអ្នកក្នុងគ្រប់ការដែលអ្នកធ្វើ
23 ដូច្នេះ សូមឲ្យអ្នកស្បថនឹងព្រះឲ្យខ្ញុំនៅទីនេះឥឡូវ ថាអ្នកនឹងមិនប្រព្រឹត្តចំពោះខ្ញុំ ឬកូនចៅខ្ញុំតរៀងទៅ ដោយសេចក្ដីភូតភរឡើយ សូមប្រព្រឹត្តនឹងខ្ញុំ ហើយស្រុកដែលអ្នកបានសំណាក់នៅនេះដោយសេចក្ដីសប្បុរស ដូចជាខ្ញុំបានប្រព្រឹត្តនឹងអ្នកដែរ
24 អ័ប្រាហាំទូលឆ្លើយថា ទូលបង្គំសុខចិត្តស្បថ
25 តែអ័ប្រាហាំគាត់បន្ទោសដល់អ័ប៊ីម៉្មាឡិច ពីដំណើរអណ្តូងទឹកដែលពួកបាវទ្រង់បានដណ្តើមយក
26 អ័ប៊ីម៉្មាឡិចក៏ឆ្លើយថា ខ្ញុំមិនដឹងជាអ្នកណាបានធ្វើការនោះទេ អ្នកក៏មិនបានប្រាប់ខ្ញុំ ហើយខ្ញុំឥតបានឮអ្វីឡើយ ដរាបដល់ថ្ងៃនេះ
27 អ័ប្រាហាំគាត់យកចៀម និងគោមកថ្វាយអ័ប៊ីម៉្មាឡិច រួចក៏តាំងសញ្ញានឹងគ្នាទៅវិញទៅមក
28 អ័ប្រាហាំគាត់ដាក់កូនចៀម៧ដោយខ្លួន
29 នោះអ័ប៊ីម៉្មាឡិចសួរថា កូនចៀម៧ដែលអ្នកដាក់ដោយខ្លួននេះ តើមានន័យដូចម្តេច
30 គាត់ទូលឆ្លើយថា ទ្រង់ត្រូវទទួលកូនចៀម៧នេះពីដៃទូលបង្គំ ទុកជាទីបន្ទាល់ដល់ទូលបង្គំថា ទូលបង្គំបានជីកអណ្តូងនេះ
31 ដោយហេតុនោះបានជាគាត់ហៅទីនោះថា «បៀរ-សេបា» ពីព្រោះបានស្បថគ្នានៅទីនោះឯង
32 គឺយ៉ាងនោះហើយដែលបានតាំងសញ្ញានឹងគ្នា នៅត្រង់បៀរ-សេបា រួចហើយអ័ប៊ីម៉្មាឡិច និងភីកុល ជាមេទ័ពទ្រង់ក៏ក្រោកឡើងវិលត្រឡប់ទៅឯស្រុកភីលីស្ទីនវិញទៅ។
33 ឯអ័ប្រាហាំគាត់ដាំដើមឈើ១ នៅត្រង់បៀរ-សេបា ហើយនៅទីនោះ គាត់អំពាវនាវដល់ព្រះនាមព្រះយេហូវ៉ាជាព្រះដ៏មានព្រះជន្មអស់កល្បជានិច្ច
34 រួចគាត់សំចតនៅស្រុកភីលីស្ទីននោះជាយូរថ្ងៃ។
ជំពូក 22
1 ក្រោយការទាំងនោះមក ព្រះទ្រង់ល្បងអ័ប្រាហាំ ដោយមានព្រះបន្ទូលហៅគាត់ថា អ័ប្រាហាំអើយ គាត់ក៏ទូលឆ្លើយថា ព្រះករុណាវិសេសព្រះអម្ចាស់
2 រួចទ្រង់មានព្រះបន្ទូលថា ចូរយកអ៊ីសាកកូនឯង ដែលជាកូនសំឡាញ់តែ១នោះទៅឥឡូវ នាំគ្នាទៅឯស្រុកម៉ូរីយ៉ា រួចថ្វាយវាជាតង្វាយដុត នៅលើភ្នំ១ក្នុងស្រុកដែលអញនឹងបង្ហាញប្រាប់ឯងនោះ។
3 អ័ប្រាហាំក៏ក្រោកឡើងពីព្រលឹម ចាត់ចែងចងកែបលាខ្លួន ហើយពុះឱសសម្រាប់តង្វាយដុត រួចនាំយកបាវ២នាក់ និងអ៊ីសាកជាកូនទៅជាមួយ ក៏ដើរតម្រង់ទៅឯកន្លែងដែលព្រះមានព្រះបន្ទូលប្រាប់នោះ
4 លុះដើរបាន៣ថ្ងៃហើយ នោះគាត់ងើបភ្នែកឡើង មើលទៅ ឃើញកន្លែងនោះពីចម្ងាយ
5 រួចប្រាប់ទៅបាវថា ចូរឯងនៅទីនេះសិនមើលលាផង អញនឹងទៅឯណោះថ្វាយបង្គំជាមួយនឹងកូនអញ រួចសឹមមកឯឯងវិញ
6 នោះគាត់ចាប់យកឱសដែលសម្រាប់តង្វាយដុតដាក់ឲ្យអ៊ីសាកជាកូនលី ហើយគាត់យកភ្លើង និងកាំបិតកាន់នៅដៃ បណ្តើរគ្នាទៅ
7 អ៊ីសាកនិយាយនឹងឪពុកថា លោកឪពុកអើយ គាត់ក៏ឆ្លើយថា អីកូន រួចវានិយាយថា នេះមានភ្លើង និងឱសហើយ តែកូនចៀមសម្រាប់តង្វាយដុតតើនៅឯណា
8 អ័ប្រាហាំឆ្លើយថា កូនអើយ កូនចៀមដែលសម្រាប់ជាតង្វាយដុត នោះព្រះទ្រង់នឹងផ្គត់ផ្គង់ឲ្យ ដូច្នេះ ក៏នាំគ្នាទៅទៀត។
9 លុះដល់កន្លែងដែលព្រះបានមានព្រះបន្ទូលប្រាប់គាត់ហើយ នោះអ័ប្រាហាំក៏ស្អាងអាសនៈ១នៅទីនោះ រួចដំរៀបឧស ហើយចងអ៊ីសាកជាកូនដាក់លើឱសនៅលើអាសនៈ
10 គាត់លូកដៃទៅចាប់យកកាំបិតមកប្រុងនឹងសម្លាប់កូន
11 តែទេវតានៃព្រះយេហូវ៉ាមានព្រះបន្ទូលពីលើមេឃហៅគាត់ថា អ័ប្រាហាំៗអើយ នោះគាត់ទូលឆ្លើយថា ព្រះករុណាវិសេសព្រះអម្ចាស់
12 រួចទ្រង់មានព្រះបន្ទូលថា កុំឲ្យលូកដៃទៅលើកូនក្មេងនោះឡើយ កុំឲ្យធ្វើអ្វីដល់វាឲ្យសោះ ដ្បិតឥឡូវនេះអញដឹងថា ឯងកោតខ្លាចដល់ព្រះហើយ ដោយព្រោះមិនបានសំចៃទុកនូវកូនឯងតែ១នេះនឹងអញសោះ
13 នោះអ័ប្រាហាំគាត់ងើបភ្នែកឡើងឃើញចៀមឈ្មោល១ជាប់ស្នែងនៅព្រៃខាងក្រោយខ្លួន រួចក៏ទៅយកចៀមឈ្មោលនោះ មកថ្វាយជាតង្វាយដុត ជំនួសកូនខ្លួនវិញ
14 អ័ប្រាហាំហៅកន្លែងនោះថា «យេហូវ៉ា-យីរេ» ដូចជាគេក៏និយាយដរាបដល់សព្វថ្ងៃនេះដែរ ថានៅភ្នំនៃព្រះយេហូវ៉ា គឺទ្រង់នឹងផ្គត់ផ្គង់ឲ្យ ។
15 ទេវតានៃព្រះយេហូវ៉ាទ្រង់ក៏ហៅពីលើមេឃមកអ័ប្រាហាំម្តងទៀត
16 ទ្រង់មានព្រះបន្ទូលថា អញបានស្បថដោយនាមរបស់អញ ព្រោះឯងបានធ្វើដូច្នេះ គឺដែលមិនបានសំចៃទុកនូវកូនឯងតែ១នេះ
17 នោះអញនឹងឲ្យពរដល់ឯង ហើយនិងចម្រើនពូជឯងឲ្យមានគ្នាសន្ធឹកដូចផ្កាយនៅលើមេឃ ហើយដូចខ្សាច់នៅមាត់សមុទ្រ ពូជឯងនឹងបានគ្រប់គ្រងលើទ្វារក្រុងនៃពួកខ្មាំងសត្រូវ
18 គ្រប់ទាំងសាសន៍នៅផែនដីនឹងបានពរដោយសារពូជឯង ពីព្រោះឯងបានស្តាប់តាមពាក្យអញ
19 នោះអ័ប្រាហាំក៏វិលទៅឯបាវវិញ ហើយគេក្រោកឡើងដើរជាមួយគ្នាទៅឯបៀរ-សេបាទៅ ក៏អាស្រ័យនៅត្រង់បៀរ-សេបានោះ។
20 ក្រោយការទាំងនោះមក មានគេមកប្រាប់អ័ប្រាហាំថា មើល នាងមីលកាក៏បានបង្កើតកូនឲ្យណាឃរប្អូនលោកដែរ
21 គឺអ៊ូសជាកូនច្បងគាត់ ហើយប៊ូសជាប្អូន និងកេមូអែលដែលជាឪពុកអើរ៉ាម
22 ហើយកេសែឌ ហាសូរ ពីលដាស យីតឡាប និងបេធូអែល
23 ឯបេធូអែលបានបង្កើតរេបិកា គឺកូនទាំង៨នាក់នោះ ដែលមីលកាបានបង្កើតឲ្យណាឃរជាប្អូនអ័ប្រាហាំ
24 ចំណែកប្រពន្ធចុងរបស់គាត់ដែលឈ្មោះរេយូម៉ា នាងបង្កើតបានធេបា កាហាំ ថាហាស និងម្អាកា។
ជំពូក 23
1 នាងសារ៉ាអាយុបាន១២៧ឆ្នាំ នោះជាចំនួននៃឆ្នាំអាយុរបស់នាង
2 រួចនាងស្លាប់នៅក្រុងគារយ៉ាត់-អើបាទៅ គឺជាហេប្រុននៅក្នុងស្រុកកាណាន អ័ប្រាហាំក៏មកដើម្បីកាន់ទុក្ខ ហើយយំសោកនឹងសពសារ៉ា
3 រួចគាត់ក្រោកចេញពីមុខសព ទៅនិយាយនឹងពួកកូនចៅហេតថា
4 ខ្ញុំជាអ្នកដទៃ ដែលគ្រាន់តែសំណាក់នៅជាមួយនឹងអ្នករាល់គ្នាប៉ុណ្ណោះ ដូច្នេះ សូមឲ្យខ្ញុំមានកន្លែងកប់ខ្មោចនៅជាមួយនឹងអ្នករាល់គ្នាផង ដើម្បីឲ្យខ្ញុំបានយកសពនេះពីមុខខ្ញុំចេញទៅកប់
5 នោះពួកកូនចៅហេតគេឆ្លើយទៅអ័ប្រាហាំថា
6 លោកម្ចាស់អើយ សូមស្តាប់យើងខ្ញុំ លោកជាអ្នកធំរបស់ព្រះដែលនៅជាមួយនឹងយើងខ្ញុំរាល់គ្នា ដូច្នេះ សូមឲ្យលោកកប់សពរបស់ប្រពន្ធលោកនៅក្នុងផ្នូរដែលល្អជាងគេរបស់យើងខ្ញុំចុះ ក្នុងពួកយើងខ្ញុំ នោះគ្មានអ្នកណាមួយនឹងប្រកែកថា មិនឲ្យលោកកប់ខ្មោចនៅក្នុងផ្នូររបស់យើងខ្ញុំនោះទេ
7 នោះអ័ប្រាហាំក្រោកឡើង ឱនគោរពចំពោះអស់ពួកកូនចៅហេត ដែលនៅស្រុកនោះ
8 ហើយនិយាយថា បើអ្នករាល់គ្នាសុខចិត្តឲ្យខ្ញុំយកសពនេះពីមុខខ្ញុំទៅកប់ នោះសូមស្តាប់ខ្ញុំសិន សូមជួយអង្វរអេប្រុនជាកូនសូហារជំនួសខ្ញុំផង
9 ឲ្យគាត់ចំណាយរអាងម៉ាក់ពេឡាដែលនៅចុងចម្ការរបស់គាត់មកខ្ញុំ គឺសូមឲ្យគាត់លក់ពេញថ្លៃមកខ្ញុំ ទុកជាកេរអាករសម្រាប់ជាទីកប់ខ្មោចនៅកណ្តាលពួកអ្នករាល់គ្នាចុះ
10 រីឯអេប្រុនជាសាសន៍ហេត គាត់ក៏អង្គុយជាមួយនឹងពួកបងប្អូននោះដែរ ហើយគាត់ឆ្លើយទៅអ័ប្រាហាំនៅមុខពួកបងប្អូនខ្លួន គឺនៅចំពោះអស់ពួកអ្នកដែលចូលតាមទ្វារក្រុងនោះថា
11 ទេ លោកម្ចាស់អើយ សូមស្តាប់ខ្ញុំវិញ ចម្ការនោះខ្ញុំជូនលោកហើយ ព្រមទាំងរអាងដែលនៅឯណោះដែរ ខ្ញុំជូនលោកទាំងអស់នៅមុខពួកបងប្អូនសាសន៍ខ្ញុំនេះហើយ សូមលោកកប់សពរបស់ប្រពន្ធលោកចុះ
12 អ័ប្រាហាំគាត់ក៏ឱនខ្លួនគោរពចំពោះពួកអ្នកស្រុកនោះ
13 ហើយនិយាយទៅអេប្រុននៅចំពោះមុខពួកអ្នកស្រុកថា បើអ្នកសុខចិត្ត នោះសូមស្តាប់ខ្ញុំវិញ ខ្ញុំនឹងចេញថ្លៃចម្ការឲ្យ សូមយកពីខ្ញុំចុះ រួចខ្ញុំនឹងកប់សពនៅទីនោះ
14 អេប្រុនក៏ឆ្លើយទៅអ័ប្រាហាំថា
15 លោកម្ចាស់អើយ សូមលោកស្តាប់ខ្ញុំ បើចំពោះលោក ហើយនិងខ្ញុំ នោះដីដែលថ្លៃ៤០០រៀលមិនជាការអ្វីទេ ដូច្នេះ សូមអញ្ជើញលោកកប់សពចុះ
16 អ័ប្រាហាំក៏ស្តាប់តាមអេប្រុន ហើយគាត់ថ្លឹងប្រាក់ប្រគល់ឲ្យដល់អេប្រុន នៅចំពោះមុខនៃពួកកូនចៅហេតតាមដែលគាត់និយាយ គឺជាប្រាក់៤០០រៀលដែលពួកជំនួញធ្លាប់ចាយ។
17 ដូច្នេះ ចម្ការរបស់អេប្រុន ដែលនៅម៉ាក់ពេឡាខាងមុខម៉ាមរេ និងរអាងដែលនៅទីនោះ ហើយនិងដំណាំដែលនៅក្នុងចម្ការនោះ ព្រមទាំងរបងដែលព័ទ្ធជុំវិញផង
18 បានប្រគល់ផ្តាច់ទាំងអស់ទុកជាកេររបស់អ័ប្រាហាំ នៅមុខពួកកូនចៅហេត គឺនៅចំពោះមុខនៃអស់អ្នកដែលចូលតាមទ្វារក្រុងគេ
19 រួចអ័ប្រាហាំក៏កប់សពសារ៉ាប្រពន្ធគាត់នៅក្នុងរអាងនៃចម្ការម៉ាក់ពេឡា ខាងមុខម៉ាមរេទៅ ឯម៉ាមរេនោះ គឺជាហេប្រុនក្នុងស្រុកកាណាន
20 ចម្ការ និងរអាងដែលនៅទីនោះ ពួកកូនចៅហេតបានប្រគល់ផ្តាច់ទៅអ័ប្រាហាំ ទុកសម្រាប់ជាកន្លែងកប់ខ្មោចតទៅ។
ជំពូក 24
1 ឯអ័ប្រាហាំគាត់ចាស់ណាស់ហើយ មានអាយុវែង ហើយព្រះយេហូវ៉ាទ្រង់បានប្រទានពរដល់គាត់ក្នុងគ្រប់ការទាំងអស់
2 នោះអ័ប្រាហាំនិយាយទៅបាវ ជាអ្នកចាស់ជាងគេក្នុងផ្ទះ ដែលត្រួតត្រាលើរបស់ទ្រព្យទាំងអស់ថា ចូរឯងដាក់ដៃនៅក្រោមភ្លៅអញ
3 អញនឹងឲ្យឯងស្បថនឹងព្រះយេហូវ៉ាជាព្រះនៃស្ថានសួគ៌ ហើយជាព្រះនៃផែនដីថា ឯងនឹងមិនយកប្រពន្ធឲ្យកូនអញពីពួកកូនស្រីសាសន៍កាណាន ដែលអញនៅកណ្តាលគេនេះឡើយ
4 គឺត្រូវឲ្យឯងទៅឯស្រុកអញ និងយកប្រពន្ធឲ្យអ៊ីសាកជាកូនអញ ពីញាតិសន្តានអញវិញ
5 បាវនោះក៏ឆ្លើយទៅគាត់ថា ប្រហែលជាស្ត្រីនោះមិនព្រមតាមខ្ញុំមកស្រុកនេះទេ បើដូច្នេះ តើត្រូវឲ្យខ្ញុំនាំកូនលោកត្រឡប់ទៅនៅស្រុកដែលលោកបានចោលនោះឬអី
6 អ័ប្រាហាំប្រាប់ថា ចូរឯងប្រយ័ត កុំឲ្យនាំកូនអញត្រឡប់ទៅឯណោះវិញឡើយ
7 ព្រះយេហូវ៉ាជាព្រះនៃស្ថានសួគ៌ ដែលបានយកអញចេញពីផ្ទះឪពុកអញ ហើយពីស្រុកកំណើតរបស់អញមក ដែលទ្រង់បានមានព្រះបន្ទូលនឹងអញ ទាំងស្បថថា អញនឹងឲ្យស្រុកនេះដល់ពូជឯង ព្រះអង្គនោះទ្រង់នឹងចាត់ទេវតាទ្រង់ទៅមុនឯង ដូច្នេះ ឯងនឹងបានយកប្រពន្ធពីនោះមកឲ្យកូនអញហើយ
8 បើស្ត្រីនោះមិនព្រមមកតាមឯងទេ នោះឯងនឹងបានរួចពីសម្បថដែលឯងស្បថនឹងអញនេះ ប៉ុន្តែ កុំឲ្យឯងនាំកូនអញទៅឯណោះឡើយ
9 នោះបាវបានដាក់ដៃក្រោមភ្លៅអ័ប្រាហាំចៅហ្វាយខ្លួន ហើយក៏ស្បថនឹងគាត់ពីដំណើរនោះ។
10 បាវនោះក៏យកអូដ្ឋ១០ពីហ្វូងអូដ្ឋរបស់ចៅហ្វាយខ្លួនចេញទៅ ពីព្រោះទ្រព្យសម្បត្តិទាំងប៉ុន្មានរបស់ចៅហ្វាយគាត់ ក៏នៅក្រោមអំណាចគាត់ទាំងអស់ គាត់ក្រោកឡើងទៅឯស្រុកអើរ៉ាមដែលនៅកណ្តាលទន្លេទាំង២ គឺដល់ទីក្រុងរបស់ណាឃរ
11 គាត់ឲ្យសត្វអូដ្ឋលុតជង្គង់នៅខាងក្រៅទីក្រុងជិតអណ្តូងទឹក នៅពេលល្ងាច គឺជាពេលដែលពួកស្រីៗធ្លាប់ចេញមកដងទឹក
12 រួចក៏ទូលថា ឱព្រះយេហូវ៉ាជាព្រះនៃអ័ប្រាហាំចៅហ្វាយទូលបង្គំអើយ នៅថ្ងៃនេះ សូមប្រោសមេត្តាដល់ទូលបង្គំ សូមសម្ដែងសេចក្ដីសប្បុរសដល់អ័ប្រាហាំ ជាចៅហ្វាយទូលបង្គំផង
13 មើល ទូលបង្គំឈរនៅជិតអណ្តូងទឹកនេះ ដូច្នេះ កាលណាពួកកូនស្រីរបស់មនុស្សក្នុងក្រុងនេះចេញមកដងទឹក
14 នោះនាងក្រមុំណាដែលទូលបង្គំនិយាយថា សូមនាងដាក់ក្អមចុះមកឲ្យខ្ញុំផឹកផង ហើយនាងនោះនឹងឆ្លើយមកថា អញ្ជើញពិសាចុះ ខ្ញុំនឹងដងទឹកឲ្យអូដ្ឋផឹកដែរ សូមឲ្យត្រូវត្រង់រូបស្ត្រីនោះឯង ដែលទ្រង់តម្រូវឲ្យអ៊ីសាកជាអ្នកបម្រើទ្រង់ យ៉ាងនោះទូលបង្គំនឹងដឹងថា ទ្រង់បានសម្ដែងសេចក្ដីសប្បុរសចំពោះចៅហ្វាយទូលបង្គំមែន។
15 កាលគាត់កំពុងតែអធិស្ឋានមិនទាន់ផុតនៅឡើយ នោះស្រាប់តែរេបិកាកណ្តៀតក្អមចេញមក នាងនោះជាកូនបេធូអែល ដែលជាកូនមីលកា ប្រពន្ធណាឃរ ជាប្អូនអ័ប្រាហាំ
16 នាងមានរូបស្រស់បស់ល្អណាស់ ក៏នៅក្រមុំសុទ្ធ គ្មានប្រុសណាបានស្គាល់នាងឡើយ នាងចុះទៅក្នុងអណ្តូងដងទឹកពេញក្អម រួចឡើងមកវិញ
17 បាវនោះក៏រត់ទៅស្ទាក់ផ្លូវនាង ហើយនិយាយថា នាង សូមឲ្យខ្ញុំសុំទឹកពីក្អមនាងផឹកបន្តិចសិន
18 រួចនាងឆ្លើយថា ចាស៎អញ្ជើញពិសាចុះ លោកម្ចាស់ ហើយនាងក៏ដាក់ក្អមចុះមកជាប្រញាប់ឲ្យគាត់ផឹក
19 កាលនាងបានឲ្យគាត់ផឹករួចហើយ នោះនាងនិយាយថា ខ្ញុំនឹងដងឲ្យអូដ្ឋរបស់លោកផឹកទាល់តែឆ្អែតដែរ
20 នោះនាងក៏ចាក់ទឹកពីក្នុងក្អមចុះទៅក្នុងស្នូកជា១រំពេច រួចរត់ទៅដងថែមទៀត យកមកឲ្យអូដ្ឋគាត់ផឹកទាំងអស់
21 បាវនោះសម្លឹងមើលនាងទាំងមានសេចក្ដីអស្ចារ្យ តែគាត់នៅស្ងៀម ដោយចង់ដឹង បើព្រះយេហូវ៉ានឹងធ្វើឲ្យដំណើរគាត់ដើរមកនោះបានសម្រេចការឬទេ
22 កាលអូដ្ឋបានផឹកឆ្អែតអស់ហើយ នោះគាត់ក៏យកក្រវិលមាសទំងន់១ជី និងកងដៃ២ជុំ ទំងន់២០ជីឲ្យដល់នាង
23 ហើយសួរថា នាងជាកូនអ្នកណា សូមប្រាប់ខ្ញុំផង ហើយនៅផ្ទះឪពុកនាង តើមានកន្លែងណាល្មមឲ្យខ្ញុំស្នាក់នៅបានឬទេ
24 នាងឆ្លើយថា ខ្ញុំជាកូនបេធូអែល គឺជាចៅណាឃរ និងមីលកា
25 រួចនាងឆ្លើយទៅគាត់ទៀតថា នៅផ្ទះខ្ញុំមានចំបើង និងស្មៅជាបរិបូរ ហើយកន្លែងសម្រាប់ស្នាក់នៅក៏មានដែរ
26 បាវនោះក៏ឱនខ្លួនថ្វាយបង្គំដល់ព្រះយេហូវ៉ា
27 ដោយទូលថា សូមឲ្យព្រះយេហូវ៉ាជាព្រះនៃអ័ប្រាហាំចៅហ្វាយទូលបង្គំ ដែលទ្រង់មិនបានខាននឹងផ្តល់សេចក្ដីសប្បុរស និងសេចក្ដីស្មោះត្រង់ដល់ចៅហ្វាយទូលបង្គំបានប្រកបដោយព្រះពរ ឯទូលបង្គំសោត ក៏ព្រះយេហូវ៉ាទ្រង់នាំផ្លូវមកដល់ផ្ទះពួកបងប្អូនរបស់ចៅហ្វាយទូលបង្គំហើយ
28 នាងក៏រត់ទៅប្រាប់ដំណើរនោះដល់ពួកផ្ទះម្តាយខ្លួន។
29 រេបិកាមានបងប្រុស១ឈ្មោះឡាបាន់ ហើយឡាបាន់ក៏រត់ទៅឯបាវនោះនៅឯក្រៅត្រង់អណ្តូង
30 កាលគាត់ឃើញក្រវិល និងកងដែលប្អូនពាក់នៅដៃ ហើយបានឮសេចក្ដីទាំងប៉ុន្មានដែលរេបិកាជាប្អូនបានប្រាប់ពីអ្នកនោះថា គាត់បាននិយាយនឹងខ្ញុំយ៉ាងនេះមួយៗ នោះក៏ចេញទៅឯគាត់ ឃើញកំពុងឈរនៅក្បែរអូដ្ឋជិតអណ្តូងនៅឡើយ
31 នោះឡាបាន់និយាយថា សូមអញ្ជើញចូលមក ឱអ្នកដែលប្រកបដោយព្រះពរនៃព្រះយេហូវ៉ាអើយ ហេតុអ្វីបានជាអ្នកឈរនៅខាងក្រៅវិញ ខ្ញុំបានរៀបចំទីផ្ទះ និងកន្លែងសម្រាប់ឲ្យអូដ្ឋជាស្រេចហើយ។
32 បាវនោះក៏ចូលទៅក្នុងផ្ទះ ហើយដោះអីវ៉ាន់ពីអូដ្ឋចេញ រួចមានគេយកចំបើង និងស្មៅមកឲ្យអូដ្ឋស៊ី ហើយនិងទឹកមកសម្រាប់លាងជើងគាត់ ព្រមទាំងមនុស្សឯទៀតដែលមកជាមួយនឹងគាត់ដែរ
33 រួចលើកភោជនាហារមកជូនគាត់បរិភោគ តែគាត់ប្រកែកថា ខ្ញុំមិនទទួលទានទេ លុះត្រាតែខ្ញុំបានជម្រាបពីរឿងខ្ញុំហើយសិន នោះឡាបាន់ក៏និយាយថា សូមមានប្រសាសន៍មកចុះ
34 រួចគាត់និយាយថា ខ្ញុំជាបាវរបស់អ័ប្រាហាំ
35 ព្រះយេហូវ៉ាទ្រង់បានប្រទានពរឲ្យចៅហ្វាយខ្ញុំយ៉ាងសន្ធឹក ហើយលោកបានត្រឡប់ជាធំ គឺទ្រង់បានប្រទានឲ្យលោកមានចៀម គោ មាស ប្រាក់ បាវប្រុស បាវស្រី អូដ្ឋ ហើយនិងលា
36 ឯលោកយាយសារ៉ាជាប្រពន្ធរបស់ចៅហ្វាយខ្ញុំ នោះបានបង្កើតកូនប្រុស១ឲ្យចៅហ្វាយខ្ញុំ ក្នុងកាលដែលលោកចាស់ហើយ លោកក៏បានចែករបស់ទ្រព្យទាំងអស់ដល់កូននោះ
37 ចៅហ្វាយខ្ញុំក៏បានឲ្យខ្ញុំស្បថដោយមានប្រសាសន៍ថា កុំឲ្យឯងយកប្រពន្ធឲ្យកូនអញពីពួកកូនស្រីសាសន៍កាណាន ដែលអញនៅស្រុកគេនេះឡើយ
38 តែត្រូវឲ្យឯងទៅឯផ្ទះឪពុកអញ ហើយនិងញាតិសន្តានអញវិញ ដើម្បីនឹងយកប្រពន្ធមកឲ្យកូនអញ
39 ខ្ញុំបានជម្រាបចៅហ្វាយខ្ញុំថា ប្រហែលជាស្ត្រីនោះមិនព្រមតាមខ្ញុំទេ
40 នោះលោកមានប្រសាសន៍ថា ព្រះយេហូវ៉ាដែលអញដើរនៅចំពោះទ្រង់ៗនឹងចាត់ទេវតាទ្រង់ទៅជាមួយនឹងឯង ដើម្បីធ្វើឲ្យដំណើរឯងបានកើតការ ហើយឯងនឹងយកប្រពន្ធឲ្យកូនអញពីញាតិសន្តានអញ គឺពីពួកវង្សឪពុកអញមកជាពិត
41 ឯងនឹងបានរួចពីសម្បថដែលអញឲ្យឯងស្បថនេះ គឺបើកាលណាឯងបានទៅដល់ញាតិសន្តានអញហើយ រួចគេមិនព្រមឲ្យនាងនោះមកទេ នោះឯងនឹងបានរួចពីសម្បថ ដែលអញឲ្យឯងស្បថនេះ
42 ដូច្នេះ នៅថ្ងៃនេះ ខ្ញុំក៏បានមកដល់អណ្តូងទឹក ហើយខ្ញុំទូលថា ឱព្រះយេហូវ៉ាជាព្រះនៃអ័ប្រាហាំជាចៅហ្វាយទូលបង្គំអើយ បើទ្រង់នឹងធ្វើឲ្យដំណើរទូលបង្គំបានកើតការក្នុងគ្រាឥឡូវនេះ
43 មើល ទូលបង្គំនឹងឈរនៅត្រង់អណ្តូងទឹកនេះ ដូច្នេះ បើនាងក្រមុំណាដែលចេញមកដងទឹក ហើយទូលបង្គំនិយាយថា សូមឲ្យខ្ញុំសុំទឹកពីក្អមនាងផឹកបន្តិច
44 ហើយនាងនោះនឹងឆ្លើយមកទូលបង្គំថា ចាស អញ្ជើញពិសាចុះ ខ្ញុំនឹងដងទឹកឲ្យអូដ្ឋអ្នកផឹកដែរ នោះសូមឲ្យត្រូវត្រង់រូបស្ត្រីនោះឯង ដែលព្រះយេហូវ៉ាទ្រង់តម្រូវដល់កូនរបស់ចៅហ្វាយទូលបង្គំ
45 កាលខ្ញុំអធិស្ឋាននៅក្នុងចិត្តមិនទាន់ផុតនៅឡើយ នោះមើល ស្រាប់តែនាងរេបិកាកណ្តៀតក្អមចេញមក នាងបានចុះទៅក្នុងអណ្តូងដងទឹកមក ហើយខ្ញុំបាននិយាយទៅនាងថា សូមឲ្យខ្ញុំផឹកផង
46 នោះនាងក៏ដាក់ក្អមចុះពីលើស្មាជា១រំពេច ដោយពាក្យថា អញ្ជើញពិសាចុះ ខ្ញុំនឹងឲ្យអូដ្ឋផឹកដែរ ដូច្នេះ ខ្ញុំក៏បានទទួលទាន រួចនាងឲ្យអូដ្ឋផឹកផង
47 ហើយខ្ញុំសួរថា នាងជាកូនអ្នកណា នាងឆ្លើយថា ខ្ញុំជាកូនបេធូអែល ជាចៅណាឃរ និងមីលកា នោះខ្ញុំក៏បំពាក់ក្រវិល នៅច្រមុះ ហើយនិងកងនៅដៃនាង
48 ខ្ញុំបានឱនក្រាបថ្វាយបង្គំ ទាំងសរសើរតម្កើងដល់ព្រះយេហូវ៉ាជាព្រះនៃអ័ប្រាហាំចៅហ្វាយខ្ញុំ ដែលទ្រង់បាននាំតម្រង់ខ្ញុំតាមផ្លូវរៀងមក ដើម្បីឲ្យបានកូនស្រីរបស់បងប្អូនចៅហ្វាយខ្ញុំ យកទៅជូនដល់កូនលោក
49 ឥឡូវនេះ បើអ្នករាល់គ្នាគិតប្រព្រឹត្តនឹងចៅហ្វាយខ្ញុំដោយសប្បុរសស្មោះត្រង់ នោះសូមតបមកខ្ញុំចុះ ពុំនោះទេ សូមប្រាប់ខ្ញុំឲ្យដឹងផង ដើម្បីឲ្យខ្ញុំងាកបែរទៅខាងស្តាំ ឬខាងឆ្វេងទៀត។
50 នោះឡាបាន់ និងបេធូអែលក៏ឆ្លើយថា ការនេះសម្រេចតែពីព្រះយេហូវ៉ាទេ ទោះបើយើងឆ្លើយនឹងអ្នក ជាអាក្រក់ ឬល្អក៏ពុំបានដែរ
51 មើល រេបិកានៅមុខអ្នកស្រាប់ហើយ ចូរយកវាទៅ ឲ្យវាធ្វើជាប្រពន្ធរបស់កូនចៅហ្វាយអ្នកចុះ ដូចជាព្រះយេហូវ៉ាទ្រង់បានមានព្រះបន្ទូលមក
52 កាលបាវរបស់អ័ប្រាហាំបានឮដូច្នោះ នោះគាត់ក៏ឱនក្រាបដល់ដីថ្វាយបង្គំដល់ព្រះយេហូវ៉ា
53 រួចបញ្ចេញគ្រឿងមាសគ្រឿងប្រាក់ និងសម្លៀកបំពាក់ឲ្យដល់រេបិកា ព្រមទាំងជូនរបស់ទ្រព្យដ៏មានតម្លៃ ទៅបងនាង និងម្តាយនាងដែរ
54 រួចគាត់ក៏បរិភោគទៅ ព្រមទាំងពួកអ្នកដែលមកជាមួយផង ហើយផ្អាកនៅក្នុងយប់នោះឯង លុះដល់ពេលព្រឹក កាលគេបានក្រោកឡើងហើយ នោះគាត់ជម្រាបលាគេថា ខ្ញុំសូមវិលទៅឯចៅហ្វាយខ្ញុំវិញហើយ
55 តែបង និងម្តាយនាងនិយាយថា សូមឲ្យនាងនៅជាមួយនឹងយើងសិន បើតិចណាស់ត្រឹម១០ថ្ងៃ រួចសឹមយកទៅចុះ
56 គាត់ឆ្លើយថា កុំឃាត់ខ្ញុំឡើយ ព្រោះព្រះយេហូវ៉ាបានធ្វើឲ្យដំណើរខ្ញុំកើតការហើយ ដូច្នេះ ខ្ញុំសូមលាត្រឡប់ទៅឯចៅហ្វាយខ្ញុំវិញ
57 នោះគេឆ្លើយថា ចាំយើងហៅនាងមកសួរសិន
58 រួចគេហៅរេបិកាមកសួរថា ឯងព្រមទៅជាមួយនឹងអ្នកនេះឬទេ នាងទទួលថា ព្រម
59 នោះគេក៏ឲ្យរេបិកាជាប្អូន ព្រមទាំងមេនំនាង និងបាវអ័ប្រាហាំ ហើយនិងពួកគាត់ទាំងប៉ុន្មានចេញទៅ
60 គេក៏ឲ្យពរដល់រេបិកាដោយពាក្យថា ប្អូនយើងអើយ សូមឲ្យឯងបង្កើតបានទាំងពាន់ទាំងម៉ឺន ហើយឲ្យពូជឯងគ្រប់គ្រងលើទ្វារក្រុងនៃពួកអស់អ្នកដែលស្អប់ដល់គេចុះ
61 រេបិកាក៏ក្រោកឡើង ព្រមទាំងពួកស្រីបម្រើនាងឡើងជិះអូដ្ឋទៅតាមបាវនោះ ហើយគាត់ក៏នាំយកនាងធ្វើដំណើរចេញទៅ។
62 ឯអ៊ីសាក គាត់ដើរមកតាមផ្លូវដែលមកពីអណ្តូងឡាហាយ-រយ ដ្បិតគាត់នៅស្រុកត្បូង
63 ហើយគាត់ក៏ចេញទៅរំពឹងគិតនៅត្រង់ទីវាល ក្នុងកាលដែលពេលជិតព្រលប់ គាត់ក្រឡេកភ្នែកមើលទៅ ស្រាប់តែឃើញមានសត្វអូដ្ឋដើរចូលមក
64 ឯរេបិកាក៏ងើបភ្នែកឡើងដែរ កាលបានឃើញអ៊ីសាក នោះក៏លោតចុះពីលើអូដ្ឋមក
65 ហើយសួរទៅបាវនោះថា អ្នកណាន៏ ដែលដើរកាត់វាលតម្រង់មកឯយើងនោះ បាវនោះឆ្លើយថា នោះហើយជាចៅហ្វាយរបស់ខ្ញុំ រួចនាងយកស្បៃមកបាំងមុខ
66 បាវនោះក៏រៀបរាប់ប្រាប់អ៊ីសាក ពីគ្រប់ទាំងការដែលគាត់បានធ្វើ
67 រួចអ៊ីសាកនាំរេបិកាចូលទៅក្នុងត្រសាលរបស់សារ៉ាជាម្តាយខ្លួន ហើយក៏យកនាងធ្វើជាប្រពន្ធ ព្រមទាំងប្រតិព័ទ្ធស្រឡាញ់ដល់នាង នោះអ៊ីសាកគាត់បានក្សាន្តចាកទុក្ខពីម្តាយស្លាប់។
ជំពូក 25
1 អ័ប្រាហាំគាត់ក៏យកប្រពន្ធ១ទៀត ឈ្មោះកិទូរ៉ា
2 នាងនោះបង្កើតកូនឲ្យគាត់ គឺសីមរ៉ាន យ៉ុកសាន មីដាន ម៉ាឌាន អ៊ីសបាក់ និងស៊ូអា
3 ឯយ៉ុកសានគាត់បង្កើតបានសេបា និងដេដាន់ ឯកូនចៅដាន់ គឺពួកអាសស៊ើរ ពួកលេទូស និងពួកលេវមី
4 ឯពួកកូនរបស់ម៉ាឌាន គឺអេផា អេភើរ ហេណុក អ័ប៊ីដា និងអែលដ្អា នោះសុទ្ធតែជាកូនចៅរបស់កិទូរ៉ា។
5 អ័ប្រាហាំ គាត់ប្រគល់របស់ទ្រព្យទាំងអស់ឲ្យដល់អ៊ីសាក
6 តែបានចែកអំណោយខ្លះដល់ពួកកូនចៅរបស់ប្រពន្ធចុងគាត់ដែរ រួចក៏ឲ្យគេចាកចេញពីអ៊ីសាកកូនគាត់ទៅឯស្រុកខាងកើតវិញ ក្នុងកាលដែលគាត់នៅរស់នៅឡើយ
7 រីឯចំនួនឆ្នាំអាយុរបស់អ័ប្រាហាំ ដែលគាត់រស់នៅរួមទាំងអស់បាន១៧៥ឆ្នាំ
8 កាលគាត់បានអាយុវែងល្អ ព្រមទាំងស្កប់ស្កល់នឹងអាយុរបស់ខ្លួនហើយ នោះផុតដង្ហើមស្លាប់ទៅ បានប្រមូលទៅមូលនឹងញាតិគាត់វិញ
9 រួចអ៊ីសាក និងអ៊ីសម៉ាអែលជាកូនក៏បញ្ចុះសពគាត់នៅក្នុងរអាងម៉ាក់ពេឡា នាចម្ការអេប្រុនកូនសូហារ ជាសាសន៍ហេតដែលនៅខាងមុខម៉ាមរេ
10 ជាចម្ការដែលអ័ប្រាហាំបានទិញពីពួកកូនចៅហេតមក គឺនៅទីនោះហើយដែលបានបញ្ចុះសពអ័ប្រាហាំ និងសារ៉ាជាប្រពន្ធ។
11 ក្រោយដែលអ័ប្រាហាំស្លាប់ទៅ នោះព្រះទ្រង់ប្រទានពរឲ្យអ៊ីសាកជាកូនគាត់ អ៊ីសាកក៏នៅត្រង់អណ្តូងឡាហាយ-រយ។
12 នេះជាតំណវង្សពីអ៊ីសម៉ាអែល ជាកូនអ័ប្រាហាំដែលហាការសាសន៍អេស៊ីព្ទ ជាបាវស្រីរបស់សារ៉ាបានបង្កើតឲ្យគាត់
13 ហើយនេះជាបញ្ជីឈ្មោះនៃពួកកូនចៅអ៊ីសម៉ាអែល តាមឈ្មោះ តាមតំណគេ កូនច្បងរបស់អ៊ីសម៉ាអែល គឺនេបាយ៉ូត រួចកេដារ អ័ឌប្អែល មីបសាម
14 មីសម៉ា ឌូម៉ា ម៉ាសា
15 ហាដាឌ់ ថេម៉ា យេធើរ ណាភីស ហើយកេតម៉ា
16 នោះឯងជាពួកកូនរបស់អ៊ីសម៉ាអែល ហើយនិងឈ្មោះគេតាមភូមិតាមទីដំឡើងត្រសាលរបស់គេ គឺជាចៅហ្វាយ១២នាក់ តាមសាសន៍គេ
17 ឯចំនួនឆ្នាំអាយុរបស់អ៊ីសម៉ាអែលទាំងអស់បាន១៣៧ឆ្នាំ រួចគាត់ផុតដង្ហើមស្លាប់ទៅ បានប្រមូលទៅមូលនឹងញាតិរបស់គាត់វិញ
18 ឯពូជគាត់ទាំងនោះគេអាស្រ័យនៅ ចាប់តាំងពីហាវីឡារហូតដល់ស៊ើរ ជាស្រុកដែលនៅខាងមុខស្រុកអេស៊ីព្ទ តាមផ្លូវទៅឯស្រុកអាសស៊ើរ គាត់ក៏ស្លាប់នៅចំពោះមុខនៃពួកបងប្អូនគាត់ទាំងអស់គ្នា។
19 ហើយនេះជាតំណវង្សពីអ៊ីសាក ជាកូនអ័ប្រាហាំ គឺអ័ប្រាហាំបានបង្កើតអ៊ីសាក
20 ឯអ៊ីសាក កាលយករេបិកាជាកូនបេធូអែលសាសន៍អើរ៉ាម ជាអ្នកនៅស្រុកប៉ាដាន់-អើរ៉ាម ដែលនាងជាប្អូនឡាបាន់មកធ្វើជាប្រពន្ធ នោះគាត់មានអាយុ៤០ឆ្នាំហើយ
21 អ៊ីសាកគាត់សូមអង្វរដល់ព្រះយេហូវ៉ាពីដំណើរប្រពន្ធគាត់ ពីព្រោះនាងជាស្ត្រីអារ ហើយព្រះយេហូវ៉ាទ្រង់ទទួលព្រមតាម រួចនាងក៏មានទំងន់
22 ឯកូនក្នុងផ្ទៃនាងវាប្រធាក់គ្នា នាងក៏និយាយថា បើដូច្នេះ តើនឹងកើតមានជាដូចម្តេចទៅ រួចនាងទៅទូលសួរដល់ព្រះយេហូវ៉ា
23 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលប្រាប់នាងថា មាននគរ២នៅក្នុងផ្ទៃឯង គឺនឹងមានសាសន៍២ចេញពីពោះឯងមក សាសន៍១នឹងបានខ្លាំងជាងសាសន៍១ គឺកូនច្បងនឹងត្រូវបម្រើប្អូន។
24 លុះនាងគ្រប់ខែហើយ នោះមើល មានកូនភ្លោះតាំងនៅក្នុងផ្ទៃនាង
25 កូនដែលកើតមកមុន នោះមានសម្បុរក្រហមទង់ដែងនៅពេញខ្លួន វិស័យដូចជាអាវរោម គេបានឲ្យឈ្មោះថាអេសាវ
26 បន្ទាប់នោះ កូនប្អូនក៏ចេញមក ទាំងមានដៃកាន់កែងជើងអេសាវ នោះគេឲ្យឈ្មោះថាយ៉ាកុប ឯអ៊ីសាកគាត់មានអាយុ៦០ឆ្នាំហើយ ក្នុងកាលដែលនាងបង្កើតកូនមក
27 កូនទាំង២នោះក៏ធំឡើង អេសាវបានទៅជាអ្នកចំណានខាងឯវិជ្ជាព្រានប្រមាញ់ ជាមនុស្សនៅតែទីវាល ឯយ៉ាកុបជាមនុស្សរមទម នៅតែក្នុងត្រសាលវិញ
28 អ៊ីសាកក៏ស្រឡាញ់ពេញចិត្តចំពោះអេសាវ ដោយព្រោះធ្លាប់បានបរិភោគសាច់ក្តាន់របស់គាត់ ឯរេបិកា នាងស្រឡាញ់យ៉ាកុបវិញ។
29 សម័យ១ យ៉ាកុបកំពុងតែស្លសំឡ នោះអេសាវមកពីវាលទាំងហេវ
30 ក៏និយាយថា សូមចែកសំឡក្រហមនោះឲ្យបងបរិភោគផង ដ្បិតបងហេវណាស់ ហេតុនោះបានជាគេហៅឈ្មោះគាត់ថាអេដុមវិញ
31 តែយ៉ាកុបនិយាយថា សូមឲ្យបងផ្ទេរអំណាចមរដករបស់បងច្បងមកឲ្យខ្ញុំសិន
32 នោះអេសាវឆ្លើយថា បងស្លាប់ឥឡូវហើយ ដូច្នេះ តើអំណាចនោះមានប្រយោជន៍អ្វីដល់បងទៀត
33 យ៉ាកុបក៏និយាយថា ចូរស្បថឲ្យខ្ញុំឥឡូវចុះ រួចគាត់ក៏ស្បថឲ្យ ហើយលក់អំណាចនោះឲ្យដល់យ៉ាកុបទៅ
34 យ៉ាកុបក៏ឲ្យនំបុ័ង និងសំឡសណ្តែកបាយដល់អេសាវ គាត់ក៏បរិភោគ រួចក្រោកដើរចេញបាត់ទៅ អេសាវបានមើលងាយអំណាចមរដកនៃបងច្បងរបស់ខ្លួនដោយអាការយ៉ាងដូច្នោះ។
ជំពូក 26
1 សម័យនោះ មានកើតអំណត់នៅក្នុងស្រុកផ្សេងពីអំណត់ជាន់មុន ដែលកើតមាននៅជំនាន់អ័ប្រាហាំ ហើយអ៊ីសាក គាត់ទៅឯអ័ប៊ីម៉្មាឡិច ជាស្តេចសាសន៍ភីលីស្ទីននៅកេរ៉ា
2 នោះព្រះយេហូវ៉ាលេចមកឯគាត់មានព្រះបន្ទូលថា កុំឲ្យចុះទៅឯស្រុកអេស៊ីព្ទឡើយ ចូរឯងនៅក្នុងស្រុកដែលអញនឹងប្រាប់ឯងវិញ
3 ចូរសំណាក់នៅក្នុងស្រុកនេះចុះ នោះអញនឹងនៅជាមួយនឹងឯង ព្រមទាំងឲ្យពរផង អញនឹងឲ្យស្រុកទាំងនេះដល់ឯង និងពូជឯង ហើយអញនឹងសម្រេចតាមសេចក្ដីសម្បថ ដែលអញបានស្បថនឹងអ័ប្រាហាំឪពុកឯង
4 អញនឹងចម្រើនពូជឯងឲ្យបានដូចជាផ្កាយនៅលើមេឃ ហើយនិងឲ្យស្រុកទាំងនេះទៅពូជឯង រួចគ្រប់ទាំងសាសន៍នៅផែនដីនឹងបានពរ ដោយសារពូជឯង
5 ពីព្រោះអ័ប្រាហាំបានស្តាប់តាមពាក្យអញ ព្រមទាំងរក្សាបញ្ញើ និងបញ្ញត្ត ហើយច្បាប់ និងក្រឹត្យវិន័យរបស់អញ។
6 នោះអ៊ីសាកក៏នៅក្នុងស្រុកកេរ៉ា
7 ហើយមនុស្សនៅស្រុកនោះគេសួរពីដំណើរប្រពន្ធគាត់ នោះគាត់ប្រាប់ថា គឺជាប្អូនខ្ញុំទេ ដ្បិតគាត់ខ្លាចមិនហ៊ានប្រាប់ថាជាប្រពន្ធឡើយ ក្រែងមនុស្សស្រុកនោះសម្លាប់គាត់ដោយព្រោះរេបិកា ព្រោះនាងមានរូបស្រស់ល្អណាស់
8 កាលគាត់បាននៅស្រុកនោះជាយូរទៅ អ័ប៊ីម៉្មាឡិច ស្តេចសាសន៍ភីលីស្ទីន ក៏ទតតាមបង្អួចមក ឃើញអ៊ីសាកកំពុងប្រឡែងនឹងរេបិកាជាប្រពន្ធ
9 អ័ប៊ីម៉្មាឡិចទ្រង់ហៅអ៊ីសាកមកសួរថា នេះប្រាកដជាប្រពន្ធអ្នកពិត ហេតុដូចម្តេចបានជាអ្នកនិយាយថា នាងជាប្អូនវិញដូច្នេះ រួចអ៊ីសាកទូលឆ្លើយថា ពីព្រោះទូលបង្គំនឹកខ្លាចក្រែងទូលបង្គំត្រូវស្លាប់ដោយព្រោះនាង
10 អ័ប៊ីម៉្មាឡិចមានព្រះបន្ទូលតបថា អ្នកបានធ្វើអ្វីដល់យើងដូច្នេះ ក្រែងមានពួករាស្ត្រណាមួយបានរួមដំណេកជាមួយនឹងប្រពន្ធអ្នក យ៉ាងនោះនឹងនាំឲ្យយើងទាំងអស់គ្នាមានទោសដែរ
11 រួចអ័ប៊ីម៉្មាឡិចទ្រង់ហាមដល់រាស្ត្រទាំងអស់ថា អ្នកណាដែលពាល់មនុស្សនេះ ឬប្រពន្ធគាត់ នោះនឹងត្រូវសម្លាប់ជាពិត។
12 អ៊ីសាកគាត់ក៏សាបព្រោះនៅស្រុកនោះ ហើយនៅឆ្នាំនោះឯងគាត់បានផល១ជា១រយភាគឡើង ដោយព្រះយេហូវ៉ាទ្រង់ប្រទានពរឲ្យ
13 គាត់ក៏ត្រឡប់បានជាអ្នកមាន ហើយចេះតែចម្រើនជាច្រើនឡើង ទាល់តែមានយ៉ាងស្តុកស្តម្ភ
14 គាត់មានហ្វូងចៀមហ្វូងគោ ហើយនិងបាវបម្រើជាច្រើន ឯពួកភីលីស្ទីនគេក៏កើតមានសេចក្ដីច្រណែននឹងគាត់
15 ហើយអណ្តូងទាំងប៉ុន្មានដែលពួកបាវរបស់ឪពុកបានជីក ពីកាលដែលនៅរស់នៅឡើយ នោះពួកភីលីស្ទីនគេលុបដីពេញទាំងអស់ទៅ
16 រួចអ័ប៊ីម៉្មាឡិចមានព្រះបន្ទូលនឹងអ៊ីសាកថា ត្រូវឲ្យអ្នកថយចេញពីយើងទៅ ពីព្រោះអ្នកពូកែជាងយើងហើយ។
17 អ៊ីសាកចេញពីទីនោះ ទៅដំឡើងត្រសាលត្រង់វាលច្រកកេរ៉ា ហើយក៏អាស្រ័យនៅឯនោះវិញ
18 រួចគាត់ស្តារអណ្តូងទឹកទាំងប៉ុន្មាននោះ ដែលគេបានជីកនៅជាន់អ័ប្រាហាំជាឪពុកគាត់ឡើងវិញ ពីព្រោះពួកភីលីស្ទីនបានលុបទាំងអស់ក្រោយដែលអ័ប្រាហាំស្លាប់ទៅ រួចគាត់ដាក់ឈ្មោះអណ្តូងទាំងនោះតាមឈ្មោះដែលឪពុកបានដាក់មកដែរ
19 ពួកបាវរបស់អ៊ីសាកក៏ជីកអណ្តូង១នៅក្នុងវាលច្រកនោះ បានទឹកដ៏ហូរហៀរ
20 ឯពួកគង្វាលនៅស្រុកកេរ៉ាក៏ប្រឈ្លោះគ្នានឹងពួកគង្វាលរបស់អ៊ីសាកថា ទឹកនេះជារបស់ផងយើង រួចគាត់ហៅអណ្តូងនោះថា អេសែក ពីព្រោះគេបានឈ្លោះនឹងគាត់
21 នោះក៏ជីកអណ្តូង១ទៀត ហើយគេឈ្លោះគ្នាពីអណ្តូងនោះដែរ រួចគាត់ហៅអណ្តូងនោះថា ស៊ីតន៉ា
22 គាត់ចេញពីទីនោះទៅជីកអណ្តូង១ទៀត តែឥតមានឈ្លោះគ្នាពីអណ្តូងនោះទេ បានជាគាត់ដាក់ឈ្មោះថា រេហូបូត ដោយនិយាយថា ឥឡូវនេះ ព្រះយេហូវ៉ាទ្រង់បានប្រទានឲ្យយើងបានទូលាយហើយ យើងនឹងបានចម្រើនឡើងក្នុងស្រុកនេះ
23 រួចគាត់ចេញពីទីនោះឡើងទៅឯបៀរ-សេបា
24 ហើយនៅយប់នោះឯង ព្រះយេហូវ៉ាទ្រង់លេចមកឯគាត់មានព្រះបន្ទូលថា អញជាព្រះនៃអ័ប្រាហាំឪពុកឯង ដូច្នេះ កុំឲ្យខ្លាចអ្វីឡើយ ពីព្រោះអញនៅជាមួយ ហើយនិងឲ្យពរទាំងចម្រើនពូជឯងឲ្យច្រើនឡើង ដោយព្រោះអ័ប្រាហាំជាអ្នកបម្រើអញ
25 រួចគាត់ស្អាងអាសនៈ១នៅស្រុកនោះ ក៏អំពាវនាវដល់ព្រះនាមព្រះយេហូវ៉ា គាត់ដំឡើងត្រសាលនៅទីនោះ ហើយពួកបាវគាត់ក៏ជីកអណ្តូង១នៅកន្លែងនោះដែរ។
26 ឯអ័ប៊ីម៉្មាឡិច អ័ហ៊ូសាតជាសំឡាញ់ទ្រង់ និងភីកុលជាមេទ័ពទ្រង់ ក៏ចេញពីកេរ៉ាទៅឯគាត់
27 នោះអ៊ីសាកសួរថា ហេតុអ្វីបានជាមកឯទូលបង្គំ ដ្បិតទ្រង់ស្អប់ទូលបង្គំហើយ បានទាំងបណ្តេញទូលបង្គំចេញផង
28 គេឆ្លើយតបថា យើងបានឃើញជាក់ច្បាស់ថា ព្រះយេហូវ៉ាទ្រង់គង់ជាមួយនឹងអ្នក បានជាយើងបាននិយាយគ្នាថា គួរឲ្យយើងតាំងសម្បថចំពោះគ្នាទៅវិញទៅមក ឥឡូវ យើងសូមតាំងសញ្ញានឹងអ្នកថា
29 អ្នកនឹងមិនធ្វើអាក្រក់ដល់យើងឡើយ ដូចជាយើងក៏មិនបានពាល់ដល់អ្នកដែរ គឺយើងបានប្រព្រឹត្តចំពោះតែសេចក្ដីណាដែលល្អដល់អ្នកប៉ុណ្ណោះ យើងបានឲ្យអ្នកចេញមកដោយសេចក្ដីសុខសាន្ត ឥឡូវនេះ អ្នកជាមនុស្សមានព្រះពរនៅចំពោះព្រះយេហូវ៉ា
30 នោះគាត់រៀបជប់លៀងដល់គេ ហើយក៏បរិភោគទាំងអស់គ្នាទៅ
31 លុះព្រលឹមស្រាងកាលណា នោះក៏ក្រោកឡើងស្បថនឹងគ្នាទៅវិញទៅមក រួចអ៊ីសាកបញ្ជូនអ័ប៊ីម៉្មាឡិចទៅ ហើយទ្រង់ក៏ចេញពីគាត់ទៅដោយមេត្រីចិត្ត
32 នៅថ្ងៃនោះឯង ពួកបាវរបស់អ៊ីសាកមកជម្រាបគាត់ពីដំណើរអណ្តូង ដែលទើបនឹងជីកថា យើងជីកបានទឹកហើយ
33 គាត់ដាក់ឈ្មោះអណ្តូងនោះថា សេបា ហេតុនោះបានជាឈ្មោះទីក្រុងនោះហៅថា បៀរ-សេបា ដរាបដល់សព្វថ្ងៃនេះ។
34 ឯអេសាវ កាលគាត់យកនាងយូឌីតជាកូនបេរីសាសន៍ហេត ហើយនាងបាសម៉ាតជាកូនអេឡូនសាសន៍ហេត ធ្វើជាប្រពន្ធ នោះគាត់មានអាយុ៤០ឆ្នាំហើយ
35 នាងទាំង២នោះក៏នាំឲ្យអ៊ីសាក ហើយនិងរេបិកាពិបាកចិត្តណាស់។
ជំពូក 27
1 កាលអ៊ីសាកគាត់ចាស់ ហើយភ្នែកក៏ងងឹតដល់ទៅមើលមិនឃើញទៀត នោះគាត់ហៅអេសាវកូនច្បងមកដោយពាក្យថា កូនអើយ អេសាវឆ្លើយថា បាទ
2 នោះគាត់ប្រាប់ថា មើល ឥឡូវនេះ អញចាស់ហើយ មិនដឹងជាថ្ងៃណាដែលអញនឹងត្រូវស្លាប់ទេ
3 ដូច្នេះ ចូរឯងយកគ្រឿងប្រដាប់មកឥឡូវ គឺបំពង់ព្រួញ និងធ្នូ ហើយចេញទៅឯវាល ដើម្បីនឹងបាញ់សត្វយកមក
4 រួចរៀបជាម្ហូបយ៉ាងឆ្ងាញ់តាមដែលអញចូលចិត្ត មកឲ្យអញស៊ីម្តង ដើម្បីឲ្យអញឲ្យពរដល់ឯង ក្នុងពេលមុនដែលអញស្លាប់
5 ដូច្នេះ អេសាវក៏ចេញទៅឯវាល ដើម្បីនឹងបាញ់សត្វយកមកជូនឪពុក ឯរេបិកា កាលអ៊ីសាកកំពុងតែនិយាយនឹងអេសាវជាកូន នោះនាងក៏ឮដែរ។
6 រួចរេបិកាប្រាប់យ៉ាកុបជាកូនថា មើល អញឮឪពុកឯងនិយាយនឹងអេសាវបងឯងថា
7 ចូរទៅបាញ់សត្វយកមករៀបម្ហូបយ៉ាងឆ្ងាញ់ឲ្យអញស៊ីម្តង ដើម្បីឲ្យអញបានឲ្យពរដល់ឯងនៅចំពោះព្រះយេហូវ៉ា មុនពេលដែលអញស្លាប់
8 ដូច្នេះ កូនអើយ ចូរឯងស្តាប់តាមបង្គាប់អញចុះ
9 ចូរទៅឯហ្វូងសត្វ យកកូនពពែ២យ៉ាងល្អមកឥឡូវ អញនឹងរៀបជាម្ហូបឲ្យយ៉ាងឆ្ងាញ់ជូនឪពុកឯង តាមដែលគាត់ចូលចិត្ត
10 រួចសឹមឯងយកទៅជូនឪពុកពិសាទៅ ដើម្បីឲ្យគាត់បានឲ្យពរដល់ឯងវិញ មុនពេលដែលគាត់ស្លាប់
11 តែយ៉ាកុបឆ្លើយទៅម្តាយថា មើល អេសាវបងខ្ញុំមានរោមដុះស្មូញស្មាញ តែខ្ញុំគ្មានទេ
12 ក្រែងលោឪពុកស្ទាបខ្ញុំ រួចនឹងមើលទៅដូចជាអ្នកឆបោកដល់គាត់ ដូច្នេះ មិនមែននាំឲ្យបានពរទេគឺនឹងនាំឲ្យខ្ញុំត្រូវបណ្តាសាវិញ
13 នោះម្តាយប្រាប់ថា កូនអើយ សូមឲ្យសេចក្ដីបណ្តាសានោះធ្លាក់មកលើអញវិញចុះ ឲ្យឯងគ្រាន់តែស្តាប់តាមអញ ហើយទៅយកពពែមកឲ្យប៉ុណ្ណោះ
14 គាត់ក៏ទៅយកមក រួចម្តាយតាំងរៀបចាត់ចែងម្ហូបយ៉ាងឆ្ងាញ់ តាមដែលអ៊ីសាកធ្លាប់ចូលចិត្ត
15 រេបិកានាងយកសម្លៀកបំពាក់យ៉ាងល្អរបស់អេសាវ ជាកូនច្បង ដែលនៅនឹងនាងក្នុងផ្ទះ មកបំពាក់ឲ្យយ៉ាកុបជាកូនពៅវិញ
16 នាងដាក់ស្បែកពពែភ្ជាប់នៅដៃ ហើយនិងកញ្ចឹងកផង
17 រួចប្រគល់ម្ហូបដ៏ឆ្ងាញ់នោះ និងនំបុ័ងដែលបានធ្វើដល់យ៉ាកុបជាកូន ឲ្យទ្រនាំយកទៅ។
18 គាត់ក៏ចូលទៅឯឪពុកជម្រាបថា លោកឪពុកអើយ ឪពុកឆ្លើយថា អីកូន ឯងជាអ្នកណាហ្នឹង
19 យ៉ាកុបឆ្លើយថា ខ្ញុំនេះជាអេសាវកូនច្បងរបស់លោកឪពុក ឥឡូវខ្ញុំបានធ្វើដូចជាលោកឪពុកបានបង្គាប់ហើយ អញ្ជើញក្រោកអង្គុយឡើង ពិសាសាច់ដែលខ្ញុំបាញ់មកចុះ ដើម្បីឲ្យលោកឪពុកបានឲ្យពរដល់ខ្ញុំ
20 អ៊ីសាកសួរថា កូនអើយ ម្តេចឡើយបានជាឯងរកបានឆាប់ដល់ម៉្លេះ នោះគាត់ឆ្លើយថា ពីព្រោះព្រះយេហូវ៉ាជាព្រះនៃលោកឪពុកទ្រង់បានជួយខ្ញុំ
21 អ៊ីសាកនិយាយទៅយ៉ាកុបថា កូនអើយ ចូរឯងមកជិត ដើម្បីអញនឹងស្ទាបឯងមើលឲ្យដឹង បើឯងជាអេសាវកូនអញពិតមែន
22 យ៉ាកុបក៏ចូលទៅជិតអ៊ីសាកឪពុកខ្លួន ហើយគាត់ស្ទាបមើល រួចនិយាយថា សំឡេងជាសំឡេងយ៉ាកុប តែដៃជាដៃអេសាវពិត
23 គាត់មិនបានជាសម្គាល់ទេ ដ្បិតដៃនោះមានរោមដូចជាដៃអេសាវជាបងដែរ ដូច្នេះ គាត់ក៏ឲ្យពរ
24 តែគាត់បញ្ជាក់ថា ឯងជាអេសាវកូនអញពិតមែនឬអី រួចយ៉ាកុបឆ្លើយថា ខ្ញុំពិតមែនហើយ
25 នោះគាត់និយាយថា ចូរដាក់ម្ហូបជិតអញមក ឲ្យអញស៊ីសាច់ដែលឯងបានបាញ់ ដើម្បីឲ្យអញបានឲ្យពរដល់ឯង យ៉ាកុបក៏យកទៅដាក់នៅជិតឪពុក ហើយគាត់ក៏ពិសាទៅ រួចយកស្រាទំពាំងបាយជូរមកជូនដែរ គាត់ក៏ពិសាទៀត
26 អ៊ីសាកឪពុកគាត់ប្រាប់ថា ឥឡូវនេះ ចូរឯងមកថើបអញ កូនអើយ
27 យ៉ាកុបក៏ចូលទៅថើប ហើយគាត់ក៏ធុំក្លិនសម្លៀកបំពាក់នោះ រួចគាត់ឲ្យពរថា មើល ក្លិនកូនអញដូចជាក្លិននៃវាល ដែលព្រះយេហូវ៉ាបានប្រទានពរឲ្យ
28 សូមឲ្យព្រះទ្រង់ប្រទានសន្សើមពីលើមេឃ ហើយផលពីផែនដី ជាស្រូវ និងស្រាទំពាំងបាយជូរជាបរិបូរដល់ឯង
29 ឲ្យមាននគរនានាបម្រើដល់ឯង ហើយសាសន៍ផ្សេងៗក្រាបចុះចំពោះឯង ឲ្យឯងបានជាចៅហ្វាយលើបងប្អូនឯង ហើយឲ្យកូនពោះមួយនឹងឯងបានក្រាបគោរពដល់ឯងដែរ សូមឲ្យត្រូវបណ្តាសាដល់អ្នកណាដែលផ្តាសាឯង ហើយឲ្យបានពរដល់អ្នកណាដែលឲ្យពរឯង។
30 កាលអ៊ីសាកបានឲ្យពរដល់យ៉ាកុបរួចជាស្រេច ហើយយ៉ាកុបចេញពីអ៊ីសាក ជាឪពុក ទៅសឹងតែមិនទាន់ នោះអេសាវជាបងក៏វិលមកពីបាញ់សត្វវិញ
31 គាត់បានរៀបម្ហូបយ៉ាងឆ្ងាញ់ យកមកជូនឪពុកដែរ គាត់ជម្រាបថា អញ្ជើញលោកឪពុកក្រោកឡើង ពិសាសាច់ដែលកូនបានបាញ់មក ដើម្បីនឹងបានឲ្យពរដល់ខ្ញុំ
32 នោះអ៊ីសាកឪពុកគាត់សួរថា ចុះឯងជាអ្នកណា គាត់ឆ្លើយថា ខ្ញុំនេះជាអេសាវកូនច្បងរបស់លោកឪពុក
33 អ៊ីសាកក៏ញ័រខ្លួនជាខ្លាំងណាស់ ទាំងសួរថា ដូច្នេះ តើអ្នកណាដែលទើបនឹងយកសាច់មកឲ្យអញ ហើយអញបានស៊ីគ្រប់មុខអម្បាញ់មិញ មុនដែលឯងមកនេះ អញក៏ឲ្យពរដល់វាទៅ ហើយវានឹងបានពរមែន
34 កាលអេសាវបានឮពាក្យឪពុកដូច្នោះ នោះគាត់ក៏ស្រែកឡើងជាខ្លាំង ដោយឈឺចិត្តយ៉ាងក្រៃលែង រួចនិយាយទៅឪពុកថា ឱលោកឪពុកអើយ សូមចែកឲ្យពរមកខ្ញុំផង
35 តែគាត់ឆ្លើយថា ប្អូនឯងបានមកដោយឧបាយកលភ្ជែងដណ្តើមយកពរឯងហើយ
36 រួចអេសាវនិយាយថា គេបានដាក់ឈ្មោះវាថា «យ៉ាកុប» ត្រូវណាស់ ព្រោះវាបានដណ្តើមខ្ញុំ២ដងនេះហើយ គឺបានយកអំណាចមរដកបងច្បងរបស់ខ្ញុំម្តង ហើយមើល ឥឡូវនេះ វាមកដណ្តើមយកពររបស់ខ្ញុំទៀត រួចគាត់សួរថា តើលោកឪពុកគ្មានបម្រុងពរណាទុកសម្រាប់ឲ្យផងទេឬអី។
37 អ៊ីសាកឆ្លើយទៅអេសាវថា មើល អញបានតាំងឲ្យវាធ្វើជាចៅហ្វាយលើឯង ហើយបានឲ្យបងប្អូនវាទាំងអស់ធ្វើជាចៅហ្វាយលើឯង ហើយបានឲ្យបងប្អូនវាទាំងអស់ធ្វើជាបាវបម្រើដល់វា ទាំងឲ្យវាលៀងជីវិតដោយស្រូវ ហើយនិងស្រាទំពាំងបាយជូរ ដូច្នេះ កូនអើយ តើឲ្យអញធ្វើអ្វីឲ្យឯងទៀត
38 អេសាវគាត់សួរដល់ឪពុកថា លោកឪពុកអើយ តើមានពរតែ១នេះឬអី ឱលោកឪពុកអើយ សូមឲ្យពរដល់ខ្ញុំផង រួចអេសាវក៏ឡើងសំឡេងយំ
39 អ៊ីសាកឪពុកគាត់ក៏ប្រាប់ថា មើល ទីលំនៅឯងនឹងនៅឆ្ងាយពីផលបរិបូរនៃដី ហើយពីទឹកសន្សើមអំពីមេឃ
40 ឯងនឹងរស់នៅដោយសារដាវឯងវិញ ហើយនិងបម្រើដល់ប្អូន តែកាលណាឯងបានផ្តាច់ចំណង នោះនឹងបានដោះនឹមរបស់វាពីកឯងចេញ។
41 អេសាវក៏ស្អប់យ៉ាកុប ដោយព្រោះពរដែលឪពុកបានឲ្យ ហើយគាត់សម្រេចក្នុងចិត្តថា ថ្ងៃកាន់ទុក្ខឪពុកអញជិតដល់ហើយ នោះអញនឹងសម្លាប់យ៉ាកុបជាប្អូនចោល
42 មានគេនាំយកពាក្យនោះទៅជម្រាបដល់រេបិកា រេបិកាក៏ចាត់គេឲ្យទៅហៅយ៉ាកុប ជាកូនពៅមក ប្រាប់ថា មើល អេសាវបងឯងបានកំសាន្តចិត្តពីដំណើរឯងហើយ ដោយសង្ឃឹមថា នឹងសម្លាប់ឯងចោល
43 ដូច្នេះ កូនអើយ ត្រូវស្តាប់តាមអញឥឡូវ ចូរឯងរៀបចំរត់ទៅឯឡាបាន់ជាបងអញនៅខារ៉ានទៅ
44 ហើយនៅជាមួយនឹងគាត់ឲ្យយូរបន្តិច ដរាបដល់បងឯងបាត់ក្តៅក្រហាយ
45 កាលណាបងឯងលែងខឹងនឹងឯង ហើយភ្លេចពីការដែលឯងបានធ្វើដល់វា នោះអញនឹងចាត់ឲ្យទៅនាំឯងពីនោះមកវិញ ក្រែងអញបាត់ឯងទាំង២ចេញ នៅថ្ងៃតែ១។
46 នោះរេបិកានិយាយទៅអ៊ីសាកថា ខ្ញុំមិនចង់រស់នៅទៀតទេ ដោយព្រោះកូនស្រីនៃសាសន៍ហេតទាំងនេះបើកាលណាយ៉ាកុបយកប្រពន្ធ ក្នុងពួកកូនស្រីសាសន៍ហេត ដូចជាពួកកូនស្រីស្រុកនេះដែរ នោះតើឲ្យខ្ញុំនៅរស់ធ្វើអ្វីទៀត។
ជំពូក 28
1 អ៊ីសាកក៏ហៅយ៉ាកុបមកឲ្យពរ រួចផ្តាំថា កុំឲ្យឯងយកប្រពន្ធពីពួកកូនស្រីស្រុកកាណានឡើយ
2 ចូររៀបចំខ្លួនឡើងទៅឯផ្ទះបេធូអែល ជាជីតាខាងម្តាយឯង នៅប៉ាដាន់-អើរ៉ាម ហើយយកប្រពន្ធពីនោះក្នុងពួកកូនស្រីឡាបាន់ ឪពុកធំខាងម្តាយឯងវិញ
3 សូមព្រះដ៏មានគ្រប់ព្រះចេស្តាប្រទានពរដល់ឯង ទាំងធ្វើឲ្យឯងបង្កើតកូនចម្រើនជាច្រើនឡើង ឲ្យឯងបានជាសាសន៍១ មានគ្នាដ៏ច្រើន
4 ព្រមទាំងប្រទានពររបស់អ័ប្រាហាំដល់ឯង និងពូជឯងផង ដើម្បីឲ្យឯងបានស្រុកដែលឯងស្នាក់នៅទុកជាកេរអាករ គឺស្រុកនេះឯងដែលព្រះបានប្រទានដល់អ័ប្រាហាំ
5 នោះអ៊ីសាកឲ្យយ៉ាកុបទៅ គាត់ក៏ទៅឯស្រុកប៉ាដាន់-អើរ៉ាម ដល់ឡាបាន់ជាកូនបេធូអែលសាសន៍អើរ៉ាម ជាបងរេបិកាដែលជាម្តាយយ៉ាកុប ហើយនិងអេសាវ។
6 រីឯអេសាវគាត់ឃើញថា អ៊ីសាកបានឲ្យពរដល់យ៉ាកុប ព្រមទាំងឲ្យគាត់ទៅឯស្រុកប៉ាដាន់-អើរ៉ាម ដើម្បីនឹងយកប្រពន្ធពីនោះមក ហើយថា ក្នុងខណៈដែលឲ្យពរនោះ គាត់ក៏ផ្តាំថា កុំឲ្យឯងយកប្រពន្ធក្នុងពួកកូនស្រីស្រុកកាណានឡើយ
7 ហើយឃើញថា យ៉ាកុបបានស្តាប់តាមឪពុកម្តាយហើយ ទាំងចេញទៅឯស្រុកប៉ាដាន់-អើរ៉ាមផង
8 ដូច្នេះ អេសាវយល់ថា កូនស្រីកាណានមិនជាទីពេញចិត្តដល់អ៊ីសាកជាឪពុកខ្លួនទេ
9 នោះគាត់ទៅឯអ៊ីសម៉ាអែល យកនាងម៉ាហាឡាត់ ប្អូននេបាយ៉ូត ជាកូនអ៊ីសម៉ាអែល ចៅអ័ប្រាហាំមកធ្វើជាប្រពន្ធថែមទៀត។
10 ឯយ៉ាកុប គាត់ចេញពីបៀរ-សេបា ទៅឯខារ៉ាន
11 បានដល់កន្លែង១ ក៏សំណាក់នៅទីនោះ១យប់ ពីព្រោះថ្ងៃលិចហើយ គាត់យកថ្មនៅទីនោះមកកើយក្បាលដេកលក់ទៅ
12 គាត់យល់សប្តិឃើញថា មានជណ្តើរ១បញ្ឈរនៅលើដី មានចុងទល់នឹងផ្ទៃមេឃ ក៏ឃើញមានពួកទេវតារបស់ព្រះឡើងចុះតាមជណ្តើរនោះ
13 ព្រះយេហូវ៉ាក៏សណ្ឋិតនៅពីលើជណ្តើរ ទ្រង់មានព្រះបន្ទូលថា អញជាព្រះយេហូវ៉ាជាព្រះនៃអ័ប្រាហាំជីតាឯង ហើយជាព្រះនៃអ៊ីសាក ឯដីដែលឯងដេកនៅនេះ អញនឹងឲ្យដល់ឯង ហើយនិងពូជឯងតទៅ
14 ពូជឯងនឹងមានគ្នាច្រើនដូចជាធូលីដី ហើយឯងនឹងបានវាតទីទៅខាងលិច ខាងកើត ខាងជើង ហើយខាងត្បូង គ្រប់ទាំងគ្រួសារនៅផែនដីនឹងបានពរដោយសារឯង និងពូជឯង
15 មើល អញនៅជាមួយនឹងឯង អញនឹងថែរក្សាឯងនៅកន្លែងណាដែលឯងទៅ ហើយនិងនាំឯងមកក្នុងស្រុកនេះវិញ ពីព្រោះអញមិនចោលឯងឡើយ ទាល់តែអញបានធ្វើសម្រេចសេចក្ដីដែលអញបានប្រាប់ឯងហើយ។
16 នោះយ៉ាកុបគាត់ភ្ញាក់ពីដេកឡើង ក៏នឹកក្នុងចិត្តថា ពិតប្រាកដជាព្រះយេហូវ៉ាទ្រង់គង់នៅទីនេះហើយ តែអញមិនបានដឹងទេ
17 គាត់ក៏នឹកភ័យ ហើយនិយាយថា ទីកន្លែងនេះគួរឲ្យស្ញែងខ្លាចណាស់ ទីនេះមិនមែនជាអ្វីទេ គឺជាដំណាក់នៃព្រះ ហើយជាទ្វារស្ថានសួគ៌ពិត
18 លុះព្រឹកឡើង យ៉ាកុបក្រោកពីព្រលឹម ក៏យកថ្មដែលគាត់បានកើយនោះបញ្ឈរឡើងធ្វើជាបង្គោល រួចចាក់ប្រេងពីលើ
19 គាត់ដាក់ឈ្មោះទីនោះថា បេត-អែល តែពីដើមមកទីក្រុងនោះហៅថា លូសទេ។
20 យ៉ាកុបក៏បន់ថា បើព្រះទ្រង់គង់ជាមួយនឹងទូលបង្គំ ហើយរក្សាទូលបង្គំតាមផ្លូវដែលដើរទៅនេះ ព្រមទាំងប្រទានអាហារឲ្យទូលបង្គំទទួលទាន និងសម្លៀកបំពាក់ផង
21 ហើយបើឲ្យទូលបង្គំបានត្រឡប់ទៅដល់ផ្ទះឪពុកទូលបង្គំវិញដោយសុខសាន្ត នោះទូលបង្គំនឹងយកព្រះយេហូវ៉ាទុកជាព្រះនៃទូលបង្គំពិត
22 ឯថ្មដែលទូលបង្គំបានបញ្ឈរទុកជាបង្គោលនេះ នោះនឹងបានជាដំណាក់នៃព្រះ ហើយទូលបង្គំនឹងថ្វាយទ្រង់១ភាគក្នុង១០ ពីគ្រប់ទាំងរបស់ដែលទ្រង់ប្រទានមកទូលបង្គំដែរ។
ជំពូក 29
1 យ៉ាកុបក៏ដើរដំណើរ ទៅដល់ស្រុករបស់ពួកមនុស្សពីទិសខាងកើត
2 គាត់ក្រឡេកមើលទៅឃើញអណ្តូង១នៅទីវាល ក៏ឃើញមានចៀម៣ហ្វូងដេកនៅត្រង់នោះ ដ្បិតគេធ្លាប់តែឲ្យហ្វូងសត្វផឹកទឹកនៅទីអណ្តូងនោះ តែថ្មដែលគ្របមាត់អណ្តូងធំណាស់
3 គេប្រមូលហ្វូងចៀមទាំងអស់មកទីនោះ នាំគ្នាប្រមៀលថ្មពីមាត់អណ្តូងចេញ ដងទឹកឲ្យចៀមផឹក រួចយកថ្មគ្របមាត់អណ្តូងវិញ។
4 ឯយ៉ាកុបគាត់សួរគេថា បងប្អូនអើយ អ្នករាល់គ្នានៅស្រុកណា គេឆ្លើយថា យើងនៅខារ៉ាន
5 រួចគាត់សួរថា អ្នករាល់គ្នាស្គាល់ឡាបាន់ ជាកូនណាឃរឬទេ គេឆ្លើយថា ស្គាល់ដែរ
6 គាត់សួរថា គាត់សុខសប្បាយជាទេឬ គេក៏ឆ្លើយថា ជាទេ នុ៎ះន៏ រ៉ាជែលជាកូនគាត់កំពុងតែនាំចៀមមក
7 យ៉ាកុបនិយាយថា ថ្ងៃនៅខ្ពស់នៅឡើយ មិនមែនជាវេលាឲ្យហ្វូងសត្វប្រជុំគ្នាទេ ចូរឲ្យវាផឹក ហើយនាំទៅឲ្យស៊ីទៀតទៅ
8 តែគេឆ្លើយថា មិនកើតទេ ទាល់តែហ្វូងចៀមទាំងអស់បានមូលមកព្រម ហើយបានប្រមៀលថ្មពីមាត់អណ្តូងចេញ នោះទើបយើងដងទឹកឲ្យចៀមផឹកបាន។
9 កាលគាត់កំពុងនិយាយនឹងគេនៅឡើយ នោះរ៉ាជែលនាងនាំហ្វូងចៀមរបស់ឪពុកមកដល់ ដ្បិតគឺនាងហើយដែលជាអ្នកឃ្វាល
10 កាលយ៉ាកុបក្រឡេកឃើញរ៉ាជែលជាកូនឡាបាន់ឪពុកធំគាត់ នោះគាត់ចូលទៅប្រមៀលថ្មពីមាត់អណ្តូងចេញ ហើយដងទឹកឲ្យចៀមរបស់ឡាបាន់ឪពុកធំផឹក
11 យ៉ាកុបក៏ថើបរ៉ាជែល រួចឡើងសំឡេងយំ
12 នោះយ៉ាកុបប្រាប់រ៉ាជែលថា ខ្លួនជាបងប្អូននឹងឪពុកនាង គឺជាកូនរេបិកា រួចនាងក៏រត់ទៅប្រាប់ដល់ឪពុក
13 កាលឡាបាន់បានឮនិយាយពីយ៉ាកុប ជាកូនរបស់ប្អូនខ្លួន នោះគាត់ក៏រត់ទៅទទួល ហើយឱបថើប រួចនាំចូលទៅក្នុងផ្ទះ យ៉ាកុបក៏សាសព្ទសេចក្ដីទាំងនោះប្រាប់ដល់ឡាបាន់
14 ឡាបាន់និយាយថា ឯងជាសាច់ឈាមរបស់អញពិតមែន រួចយ៉ាកុបក៏នៅជាមួយនឹងគាត់១ខែ។
15 ឡាបាន់និយាយទៅយ៉ាកុបថា តើត្រូវឲ្យឯងបម្រើអញទទេ ដោយព្រោះតែឯងជាបងប្អូននឹងអញឬអី ចូរប្រាប់អញចុះ តើឯងចង់បានឈ្នួលជាអ្វី
16 រីឯឡាបាន់គាត់មានកូនស្រី២ កូនច្បងឈ្មោះលេអា ហើយកូនពៅឈ្មោះរ៉ាជែល
17 នាងលេអាមានភ្នែកទន់ ឯរ៉ាជែលមានរូបឆោមលោមពណ៌ស្រស់បស់ល្អណាស់
18 ឯយ៉ាកុបគាត់ចាប់ចិត្តស្រឡាញ់រ៉ាជែល ហើយក៏និយាយថា ខ្ញុំសូមនៅបម្រើឪពុកធំ៧ឆ្នាំ ដើម្បីឲ្យបានរ៉ាជែលជាកូនពៅរបស់លោក
19 ឡាបាន់តបថា អើ ដែលអញឲ្យវាដល់ឯង នោះល្អជាជាងឲ្យដល់គេ ដូច្នេះ ចូរនៅជាមួយនឹងអញចុះ
20 យ៉ាកុបក៏ខំបម្រើអស់៧ឆ្នាំ ដើម្បីឲ្យបានរ៉ាជែល តែនោះមើលទៅដូចជាបួនដប់ថ្ងៃទេ ដោយព្រោះគាត់ស្រឡាញ់ដល់នាងណាស់។
21 រួចយ៉ាកុបនិយាយទៅឡាបាន់ថា សូមឲ្យប្រពន្ធខ្ញុំមកខ្ញុំ ពីព្រោះដល់កំណត់ហើយ ដើម្បីឲ្យខ្ញុំបានចូលទៅឯនាង
22 ឡាបាន់ក៏អញ្ជើញមនុស្សនៅទីនោះទាំងអស់មក ហើយរៀបជប់លៀងដល់គេ
23 ដល់ពេលយប់ ឡាបាន់ប្តូរយកលេអាជាកូនច្បងទៅឲ្យគាត់ នោះគាត់ក៏ចូលទៅឯនាង
24 ឡាបាន់ឲ្យស៊ីលផា ជាបាវស្រីរបស់ខ្លួនទៅបម្រើដល់លេអា
25 លុះព្រឹកឡើង នោះស្រាប់តែឃើញថាជានាងលេអាទេ រួចយ៉ាកុបនិយាយទៅឡាបាន់ថា តើលោកឪពុកបានធ្វើអ្វីដល់ខ្ញុំដូច្នេះ ក្រែងខ្ញុំបានបម្រើលោកឪពុកនេះ ដើម្បីឲ្យបានតែរ៉ាជែលមែនឬមិនមែន ហេតុអ្វីបានជាបញ្ឆោតខ្ញុំដូច្នេះ
26 ឡាបាន់ឆ្លើយថា នៅស្រុកយើងនេះ គេមិនដែលឲ្យប្អូនមុនបងដូច្នោះទេ
27 ចូរឯងនៅគ្រប់១អាទិត្យនឹងនាងនេះសិន រួចសឹមយើងឲ្យនាងនោះទៅឯងដែរ ទុកជាឈ្នួលការដែលឯងនឹងបម្រើអញ៧ឆ្នាំទៀត
28 យ៉ាកុបក៏ធ្វើដូច្នោះ គាត់នៅគ្រប់១អាទិត្យជាមួយនឹងលេអា រួចឡាបាន់ឲ្យរ៉ាជែលទៅធ្វើជាប្រពន្ធរបស់យ៉ាកុបទៀត
29 ហើយឲ្យប៊ីលហាជាបាវស្រីខ្លួនទៅបម្រើរ៉ាជែលដែរ
30 យ៉ាកុបក៏ចូលទៅឯរ៉ាជែល ហើយស្រឡាញ់នាងជាងលេអា រួចគាត់នៅបម្រើឡាបាន់៧ឆ្នាំទៀត។
31 ព្រះយេហូវ៉ាទ្រង់ឃើញថា យ៉ាកុបស្អប់លេអា នោះទ្រង់ប្រោសឲ្យនាងបង្កើតកូនបាន តែរ៉ាជែលនាងមានពោះអារវិញ
32 លេអាក៏មានទំងន់បង្កើតបានកូនប្រុស១ ឲ្យឈ្មោះថា រូបេន ដោយនឹកថា ព្រះយេហូវ៉ាទ្រង់បានទតមើលសេចក្ដីទុក្ខលំបាករបស់អញនេះហើយ ឥឡូវនេះ ប្ដីអញនឹងស្រឡាញ់ដល់អញ
33 នាងមានទំងន់បង្កើតបានកូនប្រុស១ទៀត ហើយនឹកថា ព្រះយេហូវ៉ាទ្រង់បានឮថាគាត់ស្អប់អញ បានជាទ្រង់ប្រទានកូននេះមកអញទៀត នាងឲ្យឈ្មោះថា ស៊ីម្មាន
34 រួចនាងមានទំងន់បង្កើតបានកូនប្រុស១ទៀត នោះនាងគិតថា ឥឡូវប្ដីអញមុខជាចូលចិត្តនឹងអញម្តងណេះហើយ ដ្បិតអញបានបង្កើតកូនប្រុស៣ឲ្យគាត់ ដូច្នេះ នាងក៏ឲ្យឈ្មោះថា លេវី
35 នាងមានទំងន់បង្កើតបានកូនប្រុស១ទៀត ហើយនាងគិតថា ម្តងណេះអញនឹងសរសើរដល់ព្រះយេហូវ៉ា ដោយហេតុនោះបានជានាងឲ្យឈ្មោះថា យូដា នោះនាងក៏ផ្អាកមានកូនទៅ។
ជំពូក 30
1 កាលរ៉ាជែលឃើញថា ខ្លួនមិនបានបង្កើតកូនឲ្យយ៉ាកុបសោះ នោះនាងមានចិត្តច្រណែននឹងបង ហើយក៏និយាយទៅយ៉ាកុបថា ចូរឲ្យខ្ញុំមានកូនផង បើមិនដូច្នោះខ្ញុំស្លាប់ហើយ
2 នោះយ៉ាកុបក៏នឹកក្តៅចិត្តនឹងរ៉ាជែល ហើយតបថា តើអញជាព្រះឬអី ដែលបានបង្ខាំងមិនឲ្យឯងមានកូនដូច្នេះ
3 នោះនាងនិយាយថា មើលនុ៎ះន៏ ប៊ីលហាជាបាវស្រីខ្ញុំ សូមឲ្យអ្នកចូលទៅឯវាចុះ ដើម្បីឲ្យវាបានបង្កើតកូនដាក់នៅភ្លៅខ្ញុំ នោះខ្ញុំនឹងបានកូនដោយសារវា
4 នាងក៏ឲ្យប៊ីលហាជាបាវស្រីទៅធ្វើជាប្រពន្ធយ៉ាកុប ហើយគាត់ចូលទៅឯនាង
5 ដូច្នេះ ប៊ីលហាមានទំងន់បង្កើតបានកូនប្រុស១ឲ្យយ៉ាកុប
6 នោះរ៉ាជែលគិតថា ព្រះទ្រង់បានជំនុំជម្រះអញ ហើយបានឮសំឡេងអញ ព្រមទាំងឲ្យអញមានកូនប្រុស១ នាងក៏ឲ្យឈ្មោះថា ដាន់
7 រួចប៊ីលហាជាបាវរ៉ាជែលមានទំងន់បង្កើតបានកូនប្រុស១ទៀតឲ្យយ៉ាកុប
8 ហើយរ៉ាជែលនឹកថា អញបានប្រណាំងនឹងបងអញជាខ្លាំងហើយ ក៏បានឈ្នះផង នាងឲ្យឈ្មោះថា ណែបថាលី។
9 កាលលេអាឃើញថាខ្លួនមិនមានកូនទៀត នោះនាងយកស៊ីលផា ជាបាវស្រីរបស់នាង ឲ្យទៅធ្វើជាប្រពន្ធយ៉ាកុបដែរ
10 ស៊ីលផាបាវស្រីលេអាក៏បង្កើតបានកូនប្រុស១ឲ្យយ៉ាកុប
11 នោះលេអានឹកថា មានសំណាងហើយ នាងក៏ឲ្យឈ្មោះថា កាឌ់
12 រួចស៊ីលផាបាវស្រីលេអាក៏បង្កើតកូន១ទៀតឲ្យយ៉ាកុប
13 នោះលេអានឹកថា ខ្ញុំសប្បាយណាស់ហើយ ដ្បិតគ្រប់ទាំងស្ត្រីនឹងថា ខ្ញុំមានពរ នាងក៏ឲ្យឈ្មោះថា អេស៊ើរ។
14 ឯរូបេនក៏ចេញទៅឯវាលនៅវេលាច្រូតស្រូវភោជ្ជសាលី ឃើញផ្លែស្នេហ៍ រួចយកមកជូនដល់លេអាជាម្តាយ នោះរ៉ាជែលនិយាយទៅលេអាថា សូមឲ្យផ្លែស្នេហ៍របស់កូនបងខ្លះមកខ្ញុំផង
15 តែលេអាឆ្លើយថា ដែលឯងដណ្តើមយកប្ដីអញ នោះតើជាការស្រាលឬ បានជាឥឡូវចង់យកផ្លែស្នេហ៍របស់កូនអញទៅទៀត រ៉ាជែលនិយាយថា បើឲ្យផ្លែស្នេហ៍របស់កូនបងមកខ្ញុំ នោះឲ្យប្ដីយើងដេកជាមួយនឹងបងនៅយប់នេះចុះ
16 ដល់ល្ងាចកាលយ៉ាកុបវិលមកពីចម្ការវិញ នោះលេអាក៏ចេញទៅទទួលដោយពាក្យថា អ្នកត្រូវអញ្ជើញចូលទៅឯខ្ញុំ ដ្បិតខ្ញុំបានជួលអ្នកដោយផ្លែស្នេហ៍របស់កូនខ្ញុំហើយ ដូច្នេះ គាត់ក៏ដេកជាមួយនឹងនាងក្នុងយប់នោះទៅ
17 ព្រះទ្រង់ក៏ស្តាប់តាមលេអា ហើយនាងមានទំងន់បង្កើតបានកូនប្រុសទី៥ឲ្យយ៉ាកុប
18 នោះលេអាគិតថា ព្រះទ្រង់បានប្រទានរង្វាន់មកអញ ពីព្រោះអញបានឲ្យបាវស្រីទៅប្ដីហើយ រួចនាងឲ្យឈ្មោះថា អ៊ីសាខារ
19 នាងក៏មានទំងន់ទៀត បង្កើតបានកូនប្រុសទី៦ឲ្យយ៉ាកុប
20 នោះនាងគិតថា ព្រះទ្រង់បានប្រទានអំណោយទានយ៉ាងល្អមកអញ ម្តងណេះប្ដីអញនឹងនៅជាមួយនឹងអញ ដោយព្រោះអញបានបង្កើតកូន៦ឲ្យគាត់ហើយ រួចនាងឲ្យឈ្មោះថា សាប់យូល៉ូន
21 ក្រោយនោះមក នាងបង្កើតបានកូនស្រី១ ក៏ឲ្យឈ្មោះថា ឌីណា។
22 ព្រះទ្រង់នឹកចាំពីរ៉ាជែល ក៏ស្តាប់តាមនាង ហើយប្រោសឲ្យនាងបង្កើតកូនបាន
23 នោះនាងមានទំងន់បង្កើតបានកូនប្រុស១ រួចនាងគិតថា ព្រះទ្រង់បានដកសេចក្ដីដំណៀលពីអញចេញ
24 ហើយនាងឲ្យឈ្មោះថា យ៉ូសែប ដោយថា សូមព្រះយេហូវ៉ាបន្ថែមឲ្យខ្ញុំម្ចាស់មានកូន១ទៀត។
25 កាលរ៉ាជែលសម្រាលបានយ៉ូសែបហើយ នោះយ៉ាកុបនិយាយទៅឡាបាន់ថា ខ្ញុំសូមលាលោកឪពុកត្រឡប់ទៅឯទីកន្លែងខ្ញុំ ឯស្រុកខ្ញុំវិញហើយ
26 សូមឲ្យប្រពន្ធកូនរបស់ខ្ញុំ ដែលខ្ញុំបានបម្រើលោកឪពុកឲ្យបាននេះ បានទៅជាមួយនឹងខ្ញុំផង ដ្បិតលោកឪពុកជ្រាបការដែលខ្ញុំបានធ្វើជូនរួចហើយ
27 នោះឡាបាន់ឆ្លើយថា បើសិនជាឯងចូលចិត្តនឹងអញ នោះកុំអាលទៅសិន ពីព្រោះអញយល់ឃើញថា ព្រះយេហូវ៉ាបានប្រទានពរមកអញដោយព្រោះឯង
28 គាត់ក៏និយាយថា ចូរគិតថ្លៃឈ្នួលឯងចុះ នោះអញនឹងបើកឲ្យ
29 រួចយ៉ាកុបនិយាយថា លោកឪពុកជ្រាបហើយថា ខ្ញុំបាននៅបម្រើលោកឪពុក ហើយថា ហ្វូងសត្វលោកឪពុកបានកើតសាយគ្រាយជាយ៉ាងណា ក្នុងគ្រាដែលខ្ញុំបានឃ្វាល
30 ដ្បិតមុនដែលខ្ញុំមក នោះលោកឪពុកមានតិចណាស់ ឥឡូវនេះវិញបានចម្រើនឡើងយ៉ាងសន្ធឹក ហើយព្រះយេហូវ៉ាទ្រង់បានប្រទានពរដល់លោកឪពុកដោយសារខ្ញុំ ឥឡូវនេះ តើចាំដល់កាលណាទៀតទើបឲ្យខ្ញុំផ្គត់ផ្គង់ដល់គ្រួរបស់ខ្ញុំផង
31 នោះឡាបាន់សួរថា តើចង់ឲ្យអញឲ្យអ្វីដល់ឯង យ៉ាកុបឆ្លើយថា មិនត្រូវឲ្យអ្វីមកខ្ញុំសោះ បើលោកឪពុកនឹងធ្វើដូច្នេះ នោះខ្ញុំនឹងនៅឃ្វាល ហើយថែរក្សាហ្វូងសត្វរបស់លោកឪពុកទៀត
32 គឺខ្ញុំនឹងទៅក្នុងគ្រប់ទាំងហ្វូងចៀមរបស់លោកឪពុកនៅថ្ងៃនេះ ដើម្បីនឹងញែកយកអស់ទាំងសត្វពព្លាក់ និងពពាល ហើយនិងសត្វខ្មៅទាំងអស់ក្នុងកូនចៀមទាំងប៉ុន្មាន ព្រមទាំងសត្វដែលពពាលពព្លាក់ក្នុងហ្វូងពពែផង ឲ្យបានជាឈ្នួលដល់ខ្ញុំ
33 ដូច្នេះ ទៅមុខទៀត កាលណាលោកឪពុកចូលមកសាកសួរពីឈ្នួលខ្ញុំ នោះសេចក្ដីសុចរិតរបស់ខ្ញុំនឹងសម្ដែងឲ្យឃើញច្បាស់ដូច្នេះ គឺបើមានសត្វណានៅជាមួយនឹងខ្ញុំ ដែលមិនពពាលពព្លាក់ក្នុងហ្វូងពពែ ហើយដែលមិនខ្មៅក្នុងហ្វូងចៀម នោះនឹងរាប់ទុកជារបស់លួច
34 ឡាបាន់ក៏និយាយថា អើ ចូរតាមពាក្យឯងចុះ
35 ហើយនៅថ្ងៃនោះឯង ឡាបាន់ក៏ញែកពពែឈ្មោលឆ្នូតៗហើយពពាល និងអស់ទាំងពពែញីដែលពព្លាក់ហើយពពាល គ្រប់ទាំងសត្វដែលមានសម្បុរសដុំៗ និងអស់ទាំងសត្វខ្មៅក្នុងហ្វូងចៀមទាំងអស់ ប្រគល់ទៅក្នុងកណ្តាប់ដៃរបស់កូនខ្លួនទាំងប៉ុន្មាន
36 រួចគាត់ចេញពីយ៉ាកុបទៅចម្ងាយដើរផ្លូវអស់៣ថ្ងៃ ឯយ៉ាកុបក៏ឃ្វាលហ្វូងសត្វរបស់ឡាបាន់ដែលនៅសល់នោះ។
37 នោះយ៉ាកុបគាត់យកមែករលួស ចំបក់ និងក្រចៅស្រស់ មកក្រីបកសំបក ជាកង់ៗ ឲ្យឃើញសាច់ស
38 ហើយដាក់មែកដែលគាត់បានបកនោះនៅក្នុងប្រឡាយ និងស្នូក ជាកន្លែងដែលសត្វមកផឹកទឹក ហើយវាក៏ជាន់គ្នាក្នុងកាលដែលវាមកផឹកនោះ
39 គឺជាន់គ្នានៅត្រង់មុខមែកឈើទាំងនោះ នោះក៏បង្កើតកូនមកមានឆ្នូត មានពព្លាក់ មានពពាល
40 រួចយ៉ាកុបញែកចៀមចេញពីគ្នាក៏តម្រង់ឈ្មោលទៅឯពួកចៀមឆ្នូត និងចៀមខ្មៅទាំងអស់ក្នុងហ្វូងសត្វរបស់ឡាបាន់វិញ តែបានបង្ខាំងហ្វូងរបស់ខ្លួនទុកដោយឡែក មិនឲ្យទៅជាមួយនឹងហ្វូងសត្វរបស់ឡាបាន់ឡើយ
41 កាលបើសត្វណាដែលខ្លាំងចង់ជាន់គ្នា នោះយ៉ាកុបតែងតែទៅដាក់មែកឈើនោះនៅក្នុងប្រឡាយចំពីមុខវា ដើម្បីឲ្យបានជាន់គ្នានៅត្រង់មុខមែកឈើនោះចុះ
42 តែចំណែកឯសត្វណាដែលខ្សោយវិញ នោះគាត់មិនដាក់មែកឈើនោះទេ ហេតុនោះបានជាសត្វណាដែលខ្សោយៗជារបស់ផងឡាបាន់ ហើយសត្វណាដែលខ្លាំងៗជារបស់ផងយ៉ាកុបទាំងអស់។
43 ដូច្នេះ គាត់ក៏បានចម្រើនឡើងយ៉ាងសន្ធឹក គាត់មានហ្វូងសត្វជាច្រើន និងបាវប្រុសបាវស្រី ព្រមទាំងអូដ្ឋ ហើយនិងលាដែរ។
ជំពូក 31
1 រួចមកគាត់បានឮពាក្យរបស់ពួកកូនឡាបាន់និយាយគ្នាថា យ៉ាកុបបានលួចរបស់ទ្រព្យឪពុកយើងទាំងអស់ហើយ គឺពីរបស់ឪពុកយើងទេ តើដែលវាបានទៅជាមានដូច្នេះ
2 ហើយយ៉ាកុបមើលមុខឡាបាន់ឃើញថា មិនសូវស្រួលចំពោះខ្លួនដូចពីដើមទេ
3 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងយ៉ាកុបថា ចូរឯងវិលត្រឡប់ទៅក្នុងស្រុកឪពុកឯង ឯញាតិសន្តានឯងវិញទៅ នោះអញនឹងនៅជាមួយនឹងឯង
4 យ៉ាកុបគាត់ចាត់គេឲ្យទៅហៅរ៉ាជែល និងលេអាមកឯហ្វូងសត្វត្រង់ទីវាល
5 ប្រាប់ថា អញឃើញឫកពារបស់ឪពុកឯងហាក់ដូចជាមិនសូវស្រួលនឹងអញដូចពីដើមសោះ តែព្រះនៃឪពុកអញទ្រង់បានគង់នៅជាមួយនឹងអញ
6 ឯងក៏ដឹងថា អញបានបម្រើឪពុកឯងអស់ពីកម្លាំងដែរ តែឪពុកឯងបានបញ្ឆោតអញ ហើយបានបំផ្លាស់ឈ្នួលរបស់អញ១០ដងហើយ
7 តែព្រះទ្រង់មិនព្រមបើកឱកាសឲ្យគាត់ប្រទូស្តចំពោះអញទេ
8 កាលណាគាត់ថា សត្វពពាលនឹងបានជាឈ្នួលឯង នោះពួកសត្វមេៗទាំងអស់ក៏កើតកូនមកសុទ្ធតែពពាល បើកាលណាគាត់ថា សត្វឆ្នូតនឹងបានជាឈ្នួលឯង នោះពួកមេៗទាំងអស់ក៏កើតកូនមកសុទ្ធតែឆ្នូតដែរ
9 ដូច្នេះ ព្រះទ្រង់បានដកហ្វូងសត្វរបស់ឪពុកឯងប្រទានមកឲ្យអញវិញហើយ
10 នៅរដូវដែលសត្វធ្លាប់ជាន់គ្នា នោះអញងើបភ្នែកឡើងឃើញក្នុងសប្តិថា សត្វឈ្មោលដែលជាន់ញីថាវាមានឆ្នូត មានពពាល ហើយនិងប្រផេះ
11 នោះទេវតានៃព្រះយេហូវ៉ាមានព្រះបន្ទូលមកអញក្នុងសប្តិនោះថា យ៉ាកុបអើយ អញទូលឆ្លើយថា ព្រះករុណាវិសេសព្រះអម្ចាស់
12 នោះទ្រង់មានព្រះបន្ទូលថា ចូរឯងងើបភ្នែកឡើង មើលទៅសត្វឈ្មោលទាំងប៉ុន្មានដែលជាន់ញី នោះមានឆ្នូត មានពពាល ហើយប្រផេះ ដ្បិតអញបានឃើញអស់ទាំងការ ដែលឡាបាន់បានធ្វើដល់ឯង
13 អញជាព្រះនៃបេត-អែល ជាកន្លែងដែលឯងបានចាក់ប្រេងលើបង្គោលនោះ ហើយដែលឯងបានបន់ដល់អញ ឥឡូវនេះ ឲ្យរៀបចំ ហើយចេញពីស្រុកនេះ វិលនៅឯស្រុកកំណើតឯងវិញទៅ
14 ឯរ៉ាជែល និងលេអាក៏ឆ្លើយទៅប្ដីថា ចុះយើងនៅមានចំណែក ឬមរដក នៅក្នុងផ្ទះឪពុកយើងឯណា
15 តើគាត់មិនរាប់យើងទុកដូចជាអ្នកដទៃទេឬអី ដ្បិតគាត់បានលក់យើង ហើយស៊ីបង្ហិនប្រាក់បណ្តាការរបស់យើងអស់រលីងផង
16 គ្រប់ទាំងរបស់ទ្រព្យណាដែលព្រះបានដកពីឪពុកយើងមក នោះជារបស់ផងយើង និងកូនចៅយើងហើយ ដូច្នេះ ការអ្វីដែលព្រះបានបង្គាប់មកអ្នក សូមអ្នកធ្វើឥឡូវចុះ។
17 យ៉ាកុបក៏ក្រោកឡើង បញ្ជិះប្រពន្ធកូនលើសត្វអូដ្ឋ
18 នាំហ្វូងសត្វរបស់គាត់ទាំងអស់ និងទ្រព្យដែលបានប្រមូលទាំងប៉ុន្មាន គឺជាហ្វូងសត្វដែលបានពីកាលនៅប៉ាដាន់-អើរ៉ាម ដើម្បីទៅឯអ៊ីសាក ឪពុកខ្លួន នៅស្រុកកាណានវិញ
19 រីឯឡាបាន់គាត់មានកិច្ចចេញទៅកាត់រោមចៀម ពេលនោះ នាងរ៉ាជែលបានលួចយករូបព្រះទាំងប៉ុន្មានរបស់ឪពុក
20 ឯយ៉ាកុបគាត់ចេញទៅដោយលួចលាក់ មិនបានប្រាប់ឲ្យឡាបាន់ជាសាសន៍អើរ៉ាមដឹងផងទេ
21 គាត់បាននាំយករបស់គាត់ទាំងអស់រត់ចេញទៅ ក៏ឆ្លងកាត់ទន្លេ តម្រង់ឆ្ពោះមុខទៅឯភ្នំកាឡាតទៅ។
22 លុះកន្លងបាន៣ថ្ងៃក្រោយមក នោះមានគេទៅជម្រាបដល់ឡាបាន់ថា យ៉ាកុបបានរត់បាត់ទៅហើយ
23 ឡាបាន់ក៏យកបងប្អូនគាត់ទៅជាមួយ ដេញតាមចំនួនដើរផ្លូវអស់៧ថ្ងៃ បានទាន់នៅនាភ្នំកាឡាត
24 នៅវេលាយប់ ព្រះទ្រង់មកពន្យល់សប្តិ ប្រាប់ឡាបាន់ ជាសាសន៍អើរ៉ាមថា ចូរប្រយ័ត កុំឲ្យឯងនិយាយពាក្យណា ទោះល្អ ឬអាក្រក់នឹងយ៉ាកុបឡើយ
25 នោះឡាបាន់ក៏ទៅដល់គាត់ ឯយ៉ាកុបបានដំឡើងត្រសាលនៅលើភ្នំកាឡាត ហើយឡាបាន់ និងបងប្អូនគាត់ក៏តំឡើងត្រសាលគេនៅលើភ្នំនោះដែរ
26 ឡាបាន់និយាយទៅយ៉ាកុបថា ដូចម្តេចបានជាឯងធ្វើដូច្នេះ គឺដែលឯងចេញមកដោយលួចលាក់មិនឲ្យអញដឹងសោះ ព្រមទាំងនាំពង្រត់កូនស្រីអញមក ដូចជាឈ្លើយដែលចាប់បានដោយដាវផង
27 ហេតុអ្វីបានជាឯងលួចរត់ចេញមកពីអញដោយស្ងាត់កំបាំងដូច្នេះ ឥតប្រាប់ឲ្យអញដឹងផង ដើម្បីឲ្យអញបានជូនមកដោយសេចក្ដីអំណរ គឺដោយច្រៀងចម្រៀង និងបន្ទរក្រាប់ ព្រមទាំងចាប់ស៊ុងដែរ
28 ឯងមិនបានឲ្យអញថើបលាកូនចៅរបស់អញសោះ ដូច្នេះ ឯងបានប្រព្រឹត្តបែបចម្កួតហើយ
29 អញមានអំណាចនឹងធ្វើបាបឯងបាន តែព្រះនៃឪពុកឯង ទ្រង់មានព្រះបន្ទូលនឹងអញពីយប់មិញថា ចូរប្រយ័ត កុំឲ្យនិយាយពាក្យណា ទោះល្អ ឬអាក្រក់នឹងយ៉ាកុបឡើយ
30 ឥឡូវនេះ ឯងបានចេញមក ពីព្រោះតែឯងរឭកដល់ផ្ទះឪពុកឯងខ្លាំងពេក តែហេតុអ្វីបានជាឯងលួចយកព្រះរបស់អញមកផង
31 នោះយ៉ាកុបឆ្លើយទៅឡាបាន់ថា ពីព្រោះខ្ញុំខ្លាច ទាំងគិតក្រែងលោលោកឪពុកដកយកកូនស្រីពីខ្ញុំទៅវិញដោយអំណាច
32 បើលោកឪពុករកឃើញមានព្រះទាំងនោះនៅលើរូបអ្នកណា អ្នកនោះមិនត្រូវនៅរស់ទៀតទេ សូមឆែកឆេរនៅចំពោះមុខបងប្អូនយើងនេះចុះ មើលបើមានរបស់ណា ជារបស់ផងលោកឪពុក នៅនឹងខ្ញុំ នោះសូមយកវិញចុះ ឯយ៉ាកុបគាត់មិនដឹងជារ៉ាជែលបានលួចយករូបព្រះទាំងនោះទេ
33 នោះឡាបាន់ក៏ចូលទៅក្នុងត្រសាលយ៉ាកុប ត្រសាលលេអា និងត្រសាលរបស់បាវស្រីទាំង២ រកមិនឃើញសោះ រួចគាត់ចេញពីត្រសាលលេអាចូលទៅក្នុងត្រសាលរ៉ាជែល
34 ឯរ៉ាជែលនាងបានយករូបព្រះទាំងនោះ ទៅដាក់ក្នុងប្រដាប់អូដ្ឋទាំងប៉ុន្មាន ហើយអង្គុយពីលើ ឡាបាន់ឆែករកពេញក្នុងត្រសាលមិនឃើញសោះ
35 រួចនាងនិយាយទៅឪពុកថា សូមកុំឲ្យលោកឪពុកខឹងនឹងខ្ញុំ ដែលខ្ញុំក្រោកនៅមុខលោកឪពុកពុំបាននោះឡើយ ពីព្រោះខ្ញុំកើតមានកិច្ចដូចជាស្រីៗធ្លាប់មាន គាត់ក៏ពិនិត្យរក តែមិនឃើញរូបព្រះទាំងនោះសោះ។
36 ឯយ៉ាកុបគាត់ខឹង ហើយក៏ឈ្លោះនឹងឡាបាន់ដោយពាក្យថា តើខ្ញុំមានទោសអ្វី ឬបានធ្វើបាបណាបានជាលោកឪពុកដេញតាមខ្ញុំ ដោយចិត្តក្តៅយ៉ាងដូច្នេះ
37 លោកឪពុកបានឆែកឆេររបស់ខ្ញុំ សព្វគ្រប់ទាំងអស់ហើយ តើបានឃើញរបស់ណាជារបស់ពីផ្ទះលោកឪពុកខ្លះ ចូរដាក់បង្ហាញនៅមុខបងប្អូនខ្ញុំ ហើយនិងបងប្អូនរបស់លោកឪពុកមកមើល ដើម្បីឲ្យគេជំនុំជម្រះពីរឿងយើងទាំងនេះ
38 នេះពេញ២០ឆ្នាំគត់ហើយ ដែលខ្ញុំនៅជាមួយនឹងលោកឪពុក ចៀម និងពពែរបស់លោកឪពុកមិនដែលមានរលូត១សោះ ហើយខ្ញុំក៏ឥតដែលបានទទួលទានចៀមឈ្មោលពីហ្វូងរបស់លោកឪពុកដែរ
39 សត្វណាដែលត្រូវសត្វព្រៃខាំ នោះខ្ញុំមិនដែលយកមកជូនទេ ខ្ញុំបានទទួលសង គឺលោកឪពុកបានចាប់ឲ្យខ្ញុំសង ទោះបើលួចបាននៅពេលថ្ងៃឬពេលយប់ក្តី
40 ខ្ញុំក៏ត្រូវតែដូច្នោះ គឺនៅពេលថ្ងៃ ខ្ញុំតែងត្រូវចំហាយក្តៅ ហើយពេលយប់ត្រូវរងា ភ្នែកខ្ញុំក៏អត់ងងុយជ្រប់
41 ខ្ញុំបាននៅផ្ទះលោកឪពុកអស់២០ឆ្នាំនេះហើយ គឺខ្ញុំបានបម្រើលោកឪពុក១៤ឆ្នាំ ឲ្យបានកូនស្រីរបស់លោកឪពុកទាំង២រូប ហើយ៦ឆ្នាំទៀតឲ្យបានចៀមរបស់លោកឪពុក តែលោកឪពុកបានបំផ្លាស់ឈ្នួលខ្ញុំ១០ដងហើយ
42 បើព្រះនៃឪពុកខ្ញុំ គឺព្រះនៃអ័ប្រាហាំ ដែលអ៊ីសាកបានកោតខ្លាច ទ្រង់មិនបានគង់នៅខាងខ្ញុំទេ នោះប្រាកដជាលោកឪពុកបានឲ្យខ្ញុំត្រឡប់មកដោយដៃទទេហើយ ព្រះទ្រង់បានឃើញសេចក្ដីទុក្ខលំបាករបស់ខ្ញុំ និងការនឿយហត់ដែលដៃខ្ញុំធ្វើ ដូច្នេះហើយបានជាទ្រង់បន្ទោសដល់លោកឪពុកពីយប់មិញនេះ។
43 នោះឡាបាន់ឆ្លើយទៅយ៉ាកុបថា ស្ត្រីទាំងនេះជាកូនអញ ហើយក្មេងទាំងនេះក៏ជាចៅអញ ហ្វូងសត្វទាំងនេះជាហ្វូងសត្វរបស់អញ ហើយរបស់ទាំងប៉ុន្មានដែលឯងឃើញក៏ជារបស់ផងអញទាំងអស់ដែរ តែនៅថ្ងៃនេះ តើអញនឹងធ្វើអ្វីដល់កូនអញ ហើយនិងកូនដែលវាបានបង្កើតទាំងប៉ុន្មាននេះបាន
44 ដូច្នេះ ចូរយើងចុះសញ្ញានឹងគ្នាទៅវិញទៅមក ដើម្បីនឹងទុកជាទីបន្ទាល់ដល់ឯង ហើយនិងអញ
45 នោះយ៉ាកុបគាត់យកថ្ម១មកបញ្ឈរធ្វើជាបង្គោល
46 ហើយប្រាប់ដល់បងប្អូនថា ចូរយកថ្មមក នោះគេក៏ទៅយកថ្មមកដាក់ជាគំនរ រួចនាំគ្នាបរិភោគនៅលើគំនរនោះ
47 ឡាបាន់គាត់ហៅគំនរថ្មនោះថា យេការ-សាហាឌូថា តែយ៉ាកុបហៅថា កាលេឌ វិញ
48 រួចឡាបាន់និយាយថា គំនរថ្មនេះជាទីបន្ទាល់ដល់ឯង ហើយនិងអញនៅថ្ងៃនេះ ហេតុនោះបានជាគេដាក់ឈ្មោះថា កាលេឌ ហើយមីសប៉ា
49 ពីព្រោះគាត់និយាយថា សូមឲ្យព្រះយេហូវ៉ាទតមើលឯង ហើយនិងអញ ក្នុងកាលដែលយើងនៅឃ្លាតពីគ្នា
50 បើឯងធ្វើបាបកូនអញ ឬយកប្រពន្ធទៀតលើសពីកូនអញ ក្នុងកាលដែលគ្មានមនុស្សណានៅជាមួយ នោះមើល ព្រះទ្រង់ជាសាក្សីដល់ឯង ហើយនិងអញស្រាប់ហើយ
51 រួចឡាបាន់និយាយទៅយ៉ាកុបទៀតថា មើល គំនរថ្មនេះ និងបង្គោលនេះហើយ ដែលអញបានដាក់នៅកណ្តាលឯង ហើយនិងអញ
52 គំនរនេះ និងបង្គោលនេះនឹងបានជាទីបន្ទាល់ថា អញមិនរំលងគំនរនេះទៅឯឯង ហើយឯងក៏មិនរំលងគំនរ ឬបង្គោលនេះមកឯអញ ប្រយោជន៍នឹងធ្វើអាក្រក់អ្វីឡើយ
53 សូមឲ្យព្រះនៃអ័ប្រាហាំជាព្រះនៃណាឃរ គឺជាព្រះនៃអយ្យកោរបស់លោក ទ្រង់ជំនុំជម្រះយើងចុះ នៅទីនោះ យ៉ាកុបក៏ស្បថនឹងព្រះ ដែលជាទីកោតខ្លាចនៃអ៊ីសាកឪពុកខ្លួនដែរ។
54 យ៉ាកុបក៏រៀបចំបូជាយញ្ញ ថ្វាយនៅលើភ្នំនោះ ហើយហៅពួកបងប្អូនមកជួបជុំបរិភោគ គេក៏នាំគ្នាបរិភោគទៅ រួចដេកនៅលើភ្នំក្នុងយប់នោះ
55 ដល់ព្រលឹមស្រាង នោះឡាបាន់ក្រោកឡើងថើបកូនចៅគាត់ទាំងប៉ុន្មាន ព្រមទាំងឲ្យពរ រួចលាត្រឡប់វិលទៅឯទីកន្លែងខ្លួនវិញ។
ជំពូក 32
1 ឯយ៉ាកុបគាត់ក៏ធ្វើដំណើរតទៅ ហើយមានពួកទេវតារបស់ព្រះមកជួបនឹងគាត់
2 កាលឃើញហើយនោះគាត់និយាយថា នេះជាពួកពលរបស់ព្រះ គាត់ក៏ហៅកន្លែងនោះថា ម៉ាហាណែម ។
3 យ៉ាកុបចាត់អ្នកបម្រើទៅមុន ឲ្យទៅឯអេសាវជាបងនៅវាលអេដុមក្នុងស្រុកសៀរ
4 ដោយបង្គាប់ថា ចូរឯងរាល់គ្នាជម្រាបដល់អេសាវ ជាលោកម្ចាស់អញ យ៉ាងនេះថា យ៉ាកុបជាអ្នកបម្រើរបស់លោកផ្តាំមកដូច្នេះថា ខ្ញុំបាននៅជាមួយនឹងឡាបាន់ដរាបដល់ឥឡូវនេះ
5 ខ្ញុំមានគោ មានលា មានហ្វូងចៀម ហើយមានបាវប្រុសស្រី ខ្ញុំបានចាត់គេមកជម្រាបលោកម្ចាស់ ដើម្បីឲ្យខ្ញុំបានប្រកបដោយគុណលោក
6 ពួកអ្នកបម្រើក៏ត្រឡប់មកឯយ៉ាកុបវិញជម្រាបថា យើងខ្ញុំបានទៅដល់អេសាវជាបងលោកហើយ លោកក៏អញ្ជើញមកដែរ ព្រមទាំងនាំមនុស្ស៤០០នាក់មកជាមួយផង
7 នោះយ៉ាកុបគាត់ភ័យខ្លាចជាខ្លាំង ហើយមានសេចក្ដីថប់ព្រួយក្នុងទ្រូង ក៏ចែកពួកគាត់ ព្រមទាំងហ្វូងចៀម ហ្វូងគោ និងអូដ្ឋជា២ពួក
8 ដោយគិតថា បើអេសាវមកវាយពួក១ នោះពួក១ទៀតនឹងរត់រួចបាន
9 យ៉ាកុបក៏ទូលថា ឱព្រះនៃអ័ប្រាហាំជីតាទូលបង្គំ ជាព្រះនៃអ៊ីសាកឪពុកទូលបង្គំ ឱព្រះយេហូវ៉ាអើយ ទ្រង់បានមានព្រះបន្ទូលនឹងទូលបង្គំថា ចូរវិលទៅឯញាតិសន្តានឯងនៅស្រុកឯងវិញទៅ នោះអញនឹងប្រោសសេចក្ដីល្អដល់ឯង
10 ទូលបង្គំមិនគួរឲ្យបានអស់ទាំងសេចក្ដីសប្បុរស និងអស់ទាំងសេចក្ដីស្មោះត្រង់ដែលទ្រង់បានផ្តល់មកទូលបង្គំជាអ្នកបម្រើទ្រង់ទេ ដ្បិតទូលបង្គំបានឆ្លងទន្លេយ័រដាន់នេះ មានតែដំបង១ប៉ុណ្ណោះ តែឥឡូវនេះ ទូលបង្គំបានកើតជា២ពួកហើយ
11 សូមទ្រង់ប្រោសឲ្យទូលបង្គំរួចពីកណ្តាប់ដៃនៃអេសាវជាបង ដ្បិតទូលបង្គំខ្លាចក្រែងគាត់មកវាយពួកទូលបង្គំនេះ ទាំងម្តាយ ទាំងកូនផង
12 ទ្រង់បានមានព្រះបន្ទូលថា អញនឹងប្រោសសេចក្ដីល្អដល់ឯងជាពិតប្រាកដ ហើយនិងធ្វើឲ្យពូជឯងបានគ្នាច្រើន ដូចជាខ្សាច់នៅសមុទ្រដែលប្រមាណមិនបាន។
13 យប់នោះ គាត់សំណាក់នៅទីនោះ រួចក៏យករបស់ទ្រព្យគាត់ខ្លះទុកជាជំនូនសម្រាប់ជូនដល់អេសាវជាបង
14 គឺពពែញី២០០ ពពែឈ្មោល២០ ចៀមញី២០០ ចៀមឈ្មោល២០
15 អូដ្ឋញីដែលបំបៅកូន៣០ ព្រមទាំងកូនផង គោញី៤០ គោឈ្មោល១០ លាញី២០ និងកូនលា១០
16 គាត់ប្រគល់សត្វទាំងនោះ ទៅក្នុងដៃនៃពួកបម្រើគាត់ដោយហ្វូងៗ ហើយប្រាប់ពួកបាវនោះថា ចូរឆ្លងទៅមុនអញ ដើរឲ្យដាច់ពីគ្នាដោយពួកៗ
17 គាត់ក៏បង្គាប់ដល់អ្នកដែលដើរមុនគេថា កាលណាអេសាវបងអញមកជួបនឹងឯង ហើយសួរថា ឯងជាពួករបស់អ្នកណា ហើយទៅឯណា តើហ្វូងសត្វនៅមុខឯងទាំងនេះជារបស់ផងអ្នកណា
18 នោះត្រូវជម្រាបថា នេះជារបស់ផងយ៉ាកុបជាអ្នកបម្រើលោក គឺជាជំនូនផ្ញើមកជូនដល់អេសាវជាលោកម្ចាស់ខ្ញុំ ហើយមើល លោកក៏អញ្ជើញមកតាមក្រោយយើងខ្ញុំដែរ
19 គាត់បង្គាប់អ្នកទី២ដូច្នោះដែរ ព្រមទាំងអ្នកទី៣ និងពួកអ្នកដែលដើរតាមហ្វូងសត្វទាំងអស់ផងថា កាលណាឃើញអេសាវ នោះចូរជម្រាបតាមពាក្យនេះដូចគ្នា
20 គឺត្រូវជម្រាបលោកថា មើល យ៉ាកុបជាអ្នកបម្រើលោកក៏មកតាមក្រោយយើងខ្ញុំដែរ នេះដ្បិតគាត់គិតថា អញនឹងរំងាប់ចិត្តបង ដោយជំនូនដែលទៅមុខអញ រួចអញនឹងឃើញមុខបង នោះប្រហែលជានឹងទទួលអញដោយស្រួលហើយ
21 ដូច្នេះ ជំនូននោះក៏ឆ្លងទៅមុនគាត់ តែឯខ្លួនគាត់ បានដេកនៅក្នុងទីសំណាក់នោះ១យប់សិន
22 រួចគាត់ក្រោកឡើងទាំងយប់ នាំយកប្រពន្ធទាំង២ និងបាវស្រីទាំង២ ព្រមទាំងកូនគាត់ទាំង១១នាក់ ឆ្លងស្ទឹងយ៉ាបុកត្រង់ផ្លូវឆ្លងទៅ
23 គាត់នាំអ្នកទាំងនោះទៅឲ្យឆ្លងស្ទឹង ហើយក៏ឲ្យគេយកអីវ៉ាន់គាត់ឆ្លងទៅដែរ។
24 ដូច្នេះ យ៉ាកុបនៅតែម្នាក់ឯង ហើយមានម្នាក់មកចំបាប់នឹងគាត់រហូតដល់ភ្លឺ
25 កាលអ្នកនោះឃើញថាមិនឈ្នះគាត់ទេ នោះក៏ពាល់ត្រង់សន្លាក់ត្រគាកគាត់ ហើយសន្លាក់ត្រគាកក៏ថ្លស់ក្នុងខណៈដែលកំពុងតែចំបាប់គ្នានោះ
26 អ្នកនោះនិយាយថា ចូរលែងឲ្យអញទៅ ដ្បិតភ្លឺហើយ តែគាត់ឆ្លើយថា ខ្ញុំមិនឲ្យលោកទៅទេ ទាល់តែបានឲ្យពរដល់ខ្ញុំសិន
27 អ្នកនោះសួរគាត់ថា ឯងឈ្មោះអី គាត់ឆ្លើយថា ខ្ញុំឈ្មោះយ៉ាកុប
28 រួចអ្នកនោះប្រាប់ថា ឈ្មោះឯងមិនត្រូវហៅថាយ៉ាកុបទៀតទេ គឺត្រូវហៅថា អ៊ីស្រាអែលវិញ ពីព្រោះឯងមានអំណាចចំពោះព្រះហើយនិងមនុស្ស ក៏បានឈ្នះផង
29 យ៉ាកុបក៏សួរអ្នកនោះដែរថា សូមលោកប្រាប់ឈ្មោះលោកឲ្យខ្ញុំដឹងផង តែអ្នកនោះតបមកវិញថា ហេតុអ្វីបានជាសួររកឈ្មោះអញ រួចក៏ឲ្យពរដល់គាត់នៅទីនោះ
30 យ៉ាកុបគាត់ហៅកន្លែងនោះថា ព្នីអែល ដ្បិតគាត់នឹកថា អញបានឃើញព្រះនៅប្រទល់មុខ ហើយជីវិតអញបានគង់វង្សនៅ
31 កាលគាត់ឆ្លងត្រង់ព្នីអែលរួចហើយ នោះថ្ងៃបានរះឡើង គាត់ក៏ដើរខ្ញើចៗ
32 ហេតុនោះបានជាពួកកូនចៅអ៊ីស្រាអែល គេមិនដែលស៊ីសាច់ត្រគាក ដែលនៅត្រង់សន្លាក់ត្រគាក ដរាបដល់សព្វថ្ងៃនេះ ពីព្រោះទ្រង់បានពាល់សាច់ត្រង់សន្លាក់ត្រគាករបស់យ៉ាកុប។
ជំពូក 33
1 យ៉ាកុប គាត់ងើបភ្នែកឡើង មើលទៅឃើញអេសាវកំពុងមក មានទាំងមនុស្ស៤០០នាក់មកជាមួយផង រួចគាត់ចែកកូនឲ្យដល់លេអា រ៉ាជែល ហើយនិងបាវស្រីទាំង២នាក់
2 គាត់ឲ្យបាវស្រីទាំង២ និងកូនគេដើរទៅមុន បន្ទាប់មក លេអា និងកូននាង រួចរ៉ាជែល និងយ៉ូសែបជាខាងក្រោយបង្អស់
3 ខ្លួនគាត់ក៏ដើរទៅខាងមុខ ហើយឱនក្រាបចុះដល់ដី៧ដង ទាល់តែជិតដល់បង
4 អេសាវក៏រត់មកទទួល ហើយឱបថើប រួចយំជាមួយគ្នាទាំង២នាក់
5 នោះអេសាវងើបភ្នែកឡើងឃើញពួកស្រីៗ និងកូនក្មេងទាំងនោះ ក៏សួរថា អ្នកទាំងនេះដែលនៅនឹងឯង តើជាអ្នកណា យ៉ាកុបឆ្លើយថា នោះគឺជាកូន ដែលព្រះទ្រង់បានប្រទានមកខ្ញុំ ជាអ្នកបម្រើរបស់បង។
6 បាវស្រីទាំង២ និងកូនគេក៏ចូលមកឱនក្រាបចុះទាំងអស់គ្នា
7 បន្ទាប់មក លេអា និងកូននាងក៏ចូលមកឱនក្រាបចុះ ក្រោយនោះយ៉ូសែប និងរ៉ាជែលក៏ចូលមកឱនក្រាបចុះដែរ
8 គាត់សួរយ៉ាកុបថា ឯងឲ្យពួកទាំងនោះដែលអញឃើញអម្បាញ់មិញមកធ្វើអ្វី យ៉ាកុបជម្រាបថា នោះប្រយោជន៍ឲ្យខ្ញុំបានប្រកបដោយគុណរបស់បង
9 តែអេសាវឆ្លើយថា ប្អូនអើយ អញមានបរិបូរហើយ ចូរឯងទុករបស់ផងឯងចុះ
10 តែយ៉ាកុបប្រកែកថា ទេ បើខ្ញុំប្រកបដោយគុណរបស់បង នោះសូមទទួលជំនូនពីដៃខ្ញុំទៅ ដ្បិតខ្ញុំបានឃើញមុខបង ទុកដូចជាឃើញព្រះភ័ក្ត្រនៃព្រះដែរ ហើយបងបានទទួលខ្ញុំដោយស្រួល
11 សូមទទួលជំនូនរបស់ខ្ញុំដែលគេបាននាំមកជូនចុះ ដ្បិតព្រះទ្រង់បានប្រទានពរមកខ្ញុំ ខ្ញុំក៏មានគ្រប់គ្រាន់ហើយ រួចអេសាវទទួលយកដោយគាត់បង្ខំ
12 អេសាវនិយាយថា ល្មមធ្វើដំណើរទៅហើយ ចូរយើងទៅ អញនឹងដើរនាំមុខឯងទៅ
13 តែយ៉ាកុបឆ្លើយថា បងជ្រាបហើយថា កូនក្មេងវានៅទន់ ហើយហ្វូងចៀម ហ្វូងគោដែលនៅជាមួយនឹងខ្ញុំក៏បំបៅកូន បើបង្ខំវាឲ្យដើរតែ១ថ្ងៃទៅ នោះនឹងស្លាប់ទាំងអស់ជាមិនខាន
14 ដូច្នេះ សូមឲ្យបងអញ្ជើញទៅមុនខ្ញុំជាប្អូនចុះ ឯខ្ញុំៗនឹងដើរទៅមួយៗតាមកម្លាំងហ្វូងសត្វដែលដើរមុខខ្ញុំ ហើយតាមកម្លាំងកូនក្មេងដែរ ទាល់តែខ្ញុំទៅដល់បងនៅស្រុកសៀរ
15 នោះអេសាវនិយាយថា បើដូច្នោះ ឲ្យអញទុកពួកអញខ្លះនៅជាមួយនឹងឯងដែរឬ តែគាត់ប្រកែកថា មិនថ្វីទេ សូមឲ្យខ្ញុំបានប្រកបដោយគុណបងចុះ
16 ដូច្នេះ នៅថ្ងៃនោះឯង អេសាវក៏ត្រឡប់វិលតាមផ្លូវទៅឯស្រុកសៀរវិញទៅ
17 ហើយយ៉ាកុបគាត់ក៏ដើរដំណើរទៅដល់ស៊ុកូត រួចគាត់ធ្វើផ្ទះសម្រាប់ខ្លួន និងក្រោលសម្រាប់ហ្វូងសត្វ ហេតុនោះបានជាគាត់ហៅកន្លែងនោះថា ស៊ុកូត ។
18 កាលយ៉ាកុបបានចេញពីស្រុកប៉ាដាន់-អើរ៉ាមមក នោះគាត់ទៅដល់ស៊ីគែម នៅស្រុកកាណាន ដោយសុខសាន្ត ហើយក៏ដំឡើងត្រសាលនៅមុខទីក្រុងនោះ
19 ឯដីដែលគាត់ដំឡើងត្រសាល នោះគាត់ទិញពីពួកកូនចៅហាម៉ោរ ជាឪពុកស៊ីគែម ថ្លៃជាប្រាក់១០០ដួង
20 រួចគាត់ស្អាងអាសនៈ១នៅទីនោះ ក៏ដាក់ឈ្មោះថា អែល-អែល៉ូហេ-អ៊ីស្រាអែល ។
ជំពូក 34
1 ឯឌីណា ជាកូនស្រីដែលលេអាបានបង្កើតឲ្យយ៉ាកុប នាងចេញទៅមើលពួកកូនស្រីស្រុកនោះ
2 ខណៈនោះ ស៊ីគែមជាបុត្រហាម៉ោរសាសន៍ហេវី ជាស្តេចស្រុកនោះ ទ្រង់ឃើញនាង ក៏នាំយកទៅដេកបង្ខូច
3 ទ្រង់សព្វព្រះទ័យនឹងឌីណាជាកូនយ៉ាកុបណាស់ ព្រមទាំងប្រតិព័ទ្ធនឹងនាងផង ហើយនិយាយលួងលោមដល់នាង
4 ស៊ីគែមទូលហាម៉ោរ ជាបិតាថា សូមយកនាងនេះមកឲ្យធ្វើជាប្រពន្ធទូលបង្គំចុះ
5 រីឯយ៉ាកុបគាត់ក៏ឮថា គេបានបង្ខូចឌីណាជាកូនហើយ តែកូនប្រុសៗរបស់គាត់កំពុងតែឃ្វាលហ្វូងសត្វនៅឯវាលទាំងអស់គ្នា ដូច្នេះ យ៉ាកុបក៏នៅស្ងៀមទាល់តែគេបានមកវិញ។
6 ចំណែកហាម៉ោរ ជាបិតាស៊ីគែម ក៏មកមានព្រះបន្ទូលនឹងយ៉ាកុប
7 ឯពួកកូនរបស់យ៉ាកុប កាលបានឮដំណឹងនោះ គេក៏វិលមកពីវាលវិញ គេមានសេចក្ដីឈឺចិត្ត ហើយខឹងជាខ្លាំង ដោយព្រោះទ្រង់បានប្រព្រឹត្តការអាស្រូវភាសនៅក្នុងពួកអ៊ីស្រាអែល គឺបានរួមដំណេកនឹងកូនក្រមុំរបស់យ៉ាកុប ជាការដែលមិនគួរគប្បីធ្វើឡើយ
8 ហាម៉ោរក៏មានព្រះបន្ទូលនឹងគេថា ស៊ីគែមកូនខ្ញុំបានពេញចិត្តនឹងកូនស្រីរបស់អ្នកណាស់ ដូច្នេះ សូមអ្នកឲ្យនាងទៅធ្វើជាប្រពន្ធវាទៅ
9 ចូរអ្នករាល់គ្នាភ្ជាប់ញាតិពន្ធនឹងពួកយើង ដោយឲ្យកូនក្រមុំរបស់អ្នករាល់គ្នាដល់ពួកយើង ហើយយកកូនក្រមុំរបស់ពួកយើងទៅវិញចុះ
10 នោះអ្នករាល់គ្នានឹងបានអាស្រ័យនៅជាមួយនឹងយើង ហើយស្រុកយើងនេះនឹងបាននៅចំហចំពោះអ្នករាល់គ្នា ចូរអ្នករាល់គ្នាអាស្រ័យនៅ ហើយធ្វើជំនួញចុះ ព្រមទាំងទិញដីទុកជាកេរអាករសម្រាប់អ្នករាល់គ្នាតទៅ
11 ឯស៊ីគែមទ្រង់មានព្រះបន្ទូលនឹងឪពុក ហើយនិងពួកបងប្អូននាងថា សូមអាណិតឲ្យខ្ញុំបានប្រកបដោយគុណរបស់អ្នករាល់គ្នាផង អ្វីៗដែលអ្នករាល់គ្នាបង្គាប់មក នោះខ្ញុំនឹងជូនទាំងអស់
12 ទោះបើដំឡើងបណ្ណាការ និងជំនូនដ៏សន្ធឹកយ៉ាងណាក៏ដោយ គង់តែខ្ញុំនឹងជូនតាមដែលអ្នករាល់គ្នាបង្គាប់មកមិនខាន សូមតែអាណិតឲ្យនាងមកធ្វើជាប្រពន្ធរបស់ខ្ញុំចុះ។
13 នោះពួកកូនយ៉ាកុបក៏ទូលឆ្លើយដល់ស៊ីគែម និងហាម៉ោរជាបិតាទ្រង់ដោយឧបាយកលវិញ ពីព្រោះស៊ីគែមបានបង្ខូចឌីណាជាប្អូនស្រីរបស់គេ
14 គឺគេទូលថា យើងខ្ញុំនឹងឲ្យប្អូនស្រីរបស់យើងខ្ញុំ ដល់មនុស្សដែលមិនកាត់ស្បែកដូច្នេះមិនបានទេ ធ្វើដូច្នោះនឹងនាំឲ្យមានសេចក្ដីអាម៉ាស់ខ្មាសដល់យើងខ្ញុំណាស់
15 បើចង់ឲ្យយើងខ្ញុំព្រមតាមទ្រង់ នោះមានតែពួកទ្រង់ត្រឡប់ដូចជាយើងខ្ញុំដែរ ដោយកាត់ស្បែកដល់ពួកប្រុសៗទាំងអស់គ្នា
16 នោះទើបយើងខ្ញុំនឹងឲ្យកូនស្រីរបស់យើងខ្ញុំដល់ពួកទ្រង់ ហើយនិងយកកូនស្រីរបស់ពួកទ្រង់មកវិញដែរ ដូច្នេះ យើងខ្ញុំនឹងអាស្រ័យនៅជាមួយនឹងទ្រង់ ហើយនិងត្រឡប់ទៅជាសាសន៍តែ១
17 ប៉ុន្តែ បើពួកទ្រង់មិនព្រមកាត់ស្បែកធ្វើតាមយើងខ្ញុំទេ នោះយើងខ្ញុំនឹងយកកូនស្រីរបស់យើងខ្ញុំមកវិញ ហើយនិងចេញបាត់ទៅ។
18 ពាក្យទាំងនោះក៏នាំឲ្យពេញព្រះទ័យហាម៉ោរ និងស៊ីគែមជាបុត្រទ្រង់ដែរ
19 បុត្រកំលោះនោះមិនបានបង្អង់នឹងធ្វើការនោះទេ ពីព្រោះទ្រង់មានព្រះទ័យអំណរនឹងកូនស្រីរបស់យ៉ាកុបណាស់ ទ្រង់ជាមនុស្សដែលគេរាប់អានលើសជាងទាំងអស់នៅក្នុងពួកដំណាក់បិតាទ្រង់
20 នោះហាម៉ោរ និងស៊ីគែមជាបុត្រក៏ទៅឯទ្វារក្រុង មានព្រះបន្ទូលនឹងពួកមនុស្សនៅទីក្រុងទ្រង់ថា
21 មនុស្សទាំងនោះគេមានសេចក្ដីមេត្រីនឹងយើងទេ ដូច្នេះ ចូរឲ្យគេអាស្រ័យនៅក្នុងស្រុក និងធ្វើជំនួញជួញប្រែចុះ ដ្បិតមើល ស្រុកនេះធំល្មមឲ្យគេនៅបាន ចូរយើងយកកូនស្រីរបស់គេមកធ្វើជាប្រពន្ធ ហើយឲ្យកូនស្រីរបស់ពួកយើងទៅគេដែរ
22 តែដែលគេនឹងព្រមនៅជាមួយនឹងយើង ហើយត្រឡប់ជាសាសន៍តែ១ នោះលុះត្រាតែកាលណាពួកប្រុសៗទាំងអស់ខាងយើងបានកាត់ស្បែកដូចជាគេដែរ
23 ដូច្នេះ តើហ្វូងគោ ទ្រព្យសម្បត្តិ និងសត្វរបស់គេទាំងអស់មិនត្រឡប់មកជារបស់ផងយើងទេឬអី ចូរយើងគ្រាន់តែព្រមតាមគេប៉ុណ្ណោះ នោះគេនឹងនៅជាមួយនឹងយើងហើយ
24 ឯពួកអ្នកដែលចេញចូលតាមទ្វារក្រុងនោះ គេក៏ស្តាប់តាមហាម៉ោរ និងស៊ីគែមជាបុត្រទ្រង់ រួចពួកប្រុសៗ គេកាត់ស្បែកទាំងអស់គ្នា គឺអស់អ្នកដែលចេញចូលតាមទ្វារក្រុងទ្រង់។
25 ដល់៣ថ្ងៃក្រោយមក កាលគេឈឺ នោះកូនយ៉ាកុប២នាក់ គឺស៊ីម្មាន និងលេវីជាបងឌីណា ក៏កាន់យកដាវរៀងខ្លួន ចូលទៅឯទីក្រុងនោះ ដោយឥតកោតញញើត ហើយកាប់សម្លាប់មនុស្សប្រុសៗទាំងអស់ទៅ
26 គេសម្លាប់ហាម៉ោរ និងស៊ីគែម ជាបុត្រទ្រង់ ដោយដាវ រួចក៏នាំឌីណាពីដំណាក់ស៊ីគែមចេញមក
27 ឯពួកកូនយ៉ាកុបទាំងប៉ុន្មានក៏មកដល់ខ្មោចស្លាប់ទាំងនោះ ហើយប្លន់ទីក្រុង ដោយព្រោះតែបានបង្ខូចប្អូនស្រីគេ
28 គេយកទាំងហ្វូងចៀម ហ្វូងគោ និងលា ព្រមទាំងរបស់ទ្រព្យនៅក្នុងក្រុង ហើយនៅស្រែចម្ការរបស់អ្នកទាំងនោះផង
29 គេចាប់យកទ្រព្យសម្បត្តិទាំងអស់ និងប្រពន្ធកូនរបស់ពួកនោះទៅជាឈ្លើយ ហើយប្លន់យកទាំងអស់ គឺគ្រប់របស់ដែលនៅក្នុងផ្ទះគេផង
30 នោះយ៉ាកុបគាត់និយាយនឹងស៊ីម្មាន ហើយនិងលេវីថា ឯងរាល់គ្នាបានធ្វើឲ្យអញថប់ព្រួយណាស់ ដោយសំអុយឈ្មោះអញនៅកណ្តាលពួកសាសន៍កាណាន និងសាសន៍ពេរិស៊ីត ជាពួកអ្នកនៅស្រុកនេះ ដែលអញក៏មានគ្នាតិចផង ក្រែងជួនជាគេប្រមូលគ្នាមកវាយអញ នោះទាំងអញ និងពួកគ្រួអញ នឹងត្រូវវិនាសទាំងអស់ទៅ
31 តែគេឆ្លើយថា តើគួរគប្បីដែរឬឲ្យវាមកប្រព្រឹត្តនឹងប្អូនយើងដូចជាស្រីសំផឹងដូច្នេះ។
ជំពូក 35
1 រួចមកព្រះទ្រង់មានព្រះបន្ទូលនឹងយ៉ាកុបថា ចូររៀបចំឡើងទៅឯបេត-អែល ហើយអាស្រ័យនៅទីនោះចុះ ត្រូវស្អាងអាសនៈ១ថ្វាយព្រះដែលបានលេចមកឯឯង ក្នុងកាលដែលឯងរត់ចេញពីអេសាវបងឯង
2 នោះយ៉ាកុបគាត់ប្រាប់ដល់ពួកគ្រួគាត់ និងអស់អ្នកដែលនៅជាមួយថា ចូរចោលព្រះដទៃទាំងប៉ុន្មាន ដែលនៅក្នុងពួកឯងរាល់គ្នាចេញ រួចសម្អាតខ្លួន ហើយផ្លាស់សម្លៀកបំពាក់ឯងចុះ
3 ចូរយើងរៀបចំឡើងទៅឯបេត-អែល នៅទីនោះ អញនឹងស្អាងអាសនៈ១ថ្វាយព្រះ ដែលទ្រង់បានឆ្លើយមកអញ ក្នុងកាលដែលអញមានសេចក្ដីវេទនា ហើយបានគង់ជាមួយនឹងអញតាមផ្លូវដែលអញដើរដំណើរមក
4 នោះគេក៏ប្រគល់ព្រះដទៃទាំងប៉ុន្មានដែលនៅដៃគេ ព្រមទាំងកាវទាំងអស់ដែលនៅត្រចៀកគេដល់យ៉ាកុប រួចគាត់កប់ចោលនៅក្រោមដើមម៉ៃសាក់ដែលនៅជិតស៊ីគែម
5 គេក៏ធ្វើដំណើរទៅ ឯគ្រប់ទាំងទីក្រុងនៅជុំវិញទាំងឡាយ ក៏កើតមានសេចក្ដីស្ញែងខ្លាចជាខ្លាំង គេមិនបានដេញតាមពួកកូនយ៉ាកុបទេ។
6 យ៉ាកុប និងពួកអ្នកទាំងប៉ុន្មាន ដែលនៅជាមួយនឹងគាត់ ក៏ទៅដល់លូស ដែលនៅក្នុងស្រុកកាណាន គឺជាបេត-អែល
7 នៅទីនោះ គាត់ស្អាងអាសនៈ១ រួចដាក់ឈ្មោះទីនោះថា អែល-បេត-អែល ដ្បិតគឺនៅទីនោះហើយ ដែលព្រះទ្រង់បានលេចមកឯគាត់ ក្នុងកាលដែលគាត់រត់ពីបងទៅ
8 គ្រានោះ ដេបូរ៉ាជាមេនំរេបិកាក៏ស្លាប់ ហើយគេកប់នាងនៅក្រោមដើមម៉ៃសាក់ខាងក្រោមបេត-អែល ដែលគេហៅថា ដើមម៉ៃសាក់ទឹកភ្នែក។
9 កាលយ៉ាកុបបានត្រឡប់មកពីប៉ាដាន់-អើរ៉ាមហើយ នោះព្រះទ្រង់លេចមកឯគាត់ម្តងទៀត ព្រមទាំងប្រទានពរដល់គាត់
10 ទ្រង់មានព្រះបន្ទូលថា ឯងមានឈ្មោះថា យ៉ាកុប តែមិនត្រូវហៅថា យ៉ាកុបទៀតទេ គឺត្រូវហៅថា អ៊ីស្រាអែលវិញ ដូច្នេះ ទ្រង់បានដាក់ឈ្មោះថា អ៊ីស្រាអែល ឲ្យគាត់
11 រួចទ្រង់មានព្រះបន្ទូលនឹងគាត់ថា អញជាព្រះដ៏មានគ្រប់ទាំងព្រះចេស្តា ចូរឯងបង្កើតកូនចម្រើនជាច្រើនឡើង និងមានសាសន៍១ គឺសាសន៍ជាច្រើនរួមគ្នាតែ១កើតពីឯងមក ក៏នឹងមានស្តេចជាច្រើនចេញពីឯងដែរ
12 ឯស្រុកដែលអញបានឲ្យដល់អ័ប្រាហាំ និងអ៊ីសាក នោះ អញនឹងឲ្យដល់ឯង គឺអញនឹងឲ្យស្រុកនោះដល់ពួកឯងតរៀងទៅ
13 ព្រះទ្រង់ក៏ហោះឡើង ចេញពីគាត់ នៅត្រង់កន្លែងដែលទ្រង់បានមានព្រះបន្ទូលនឹងគាត់ទៅ
14 រួចយ៉ាកុបយកថ្ម១បញ្ឈរឡើង ជាបង្គោលត្រង់កន្លែងដែលទ្រង់មានព្រះបន្ទូលនឹងគាត់នោះ ហើយច្រួចតង្វាយច្រួចពីលើ ព្រមទាំងចាក់ប្រេងផង
15 គាត់ហៅកន្លែងដែលព្រះបានមានព្រះបន្ទូលនឹងគាត់នោះថា បេត-អែល។
16 រួចមកគេចេញពីបេត-អែលដើរដំណើរទៅ នៅតែបន្តិចទៀតនឹងបានដល់អេប្រាតា នោះរ៉ាជែលក៏ឈឺពោះនឹងសម្រាលកូន នាងសម្រាលមកដោយពិបាក
17 កាលនាងកំពុងតែសម្រាលកូនដោយពិបាកដូច្នេះ នោះឆ្មបប្រាប់ថា កុំខ្លាចអី ដ្បិតនាងបានកូនប្រុស១ទៀត
18 តែកាលព្រលឹងកំពុងតែចេញពីនាងទៅ ដ្បិតនាងត្រូវស្លាប់ នោះនាងឲ្យកូនឈ្មោះថា បេន-អូនី តែឪពុកហៅថា បេន-យ៉ាមីនវិញ
19 រ៉ាជែលក៏ស្លាប់ទៅ ហើយគេកប់នាងតាមផ្លូវទៅឯអេប្រាតា គឺជាបេថ្លេហិម
20 យ៉ាកុបគាត់បញ្ឈរបង្គោលថ្ម១នៅលើផ្នូរសពនាង គឺជាបង្គោលផ្នូរសពរបស់រ៉ាជែលដរាបដល់សព្វថ្ងៃនេះ។
21 រួចអ៊ីស្រាអែលគាត់ដើរដំណើរទៅដំឡើងត្រសាលនៅខាងនាយប៉មអេឌើរ
22 កំពុងដែលគាត់នៅក្នុងស្រុកនោះ រូបេនក៏បានទៅរួមដំណេកនឹងប៊ីលហាជាប្រពន្ធចុងរបស់ឪពុកខ្លួន ហើយអ៊ីស្រាអែលក៏ឮនិយាយ។ រីឯកូនប្រុសរបស់យ៉ាកុបមាន១២នាក់
23 ឯកូនរបស់នាងលេអា គឺរូបេនជាកូនច្បងយ៉ាកុប១ ស៊ីម្មាន១ លេវី១ យូដា១ អ៊ីសាខារ១ និងសាប់យូល៉ូន១
24 កូនរបស់នាងរ៉ាជែល គឺយ៉ូសែប១ និងបេនយ៉ាមីន១
25 កូនរបស់នាងប៊ីលហាជាបាវស្រីរ៉ាជែល នោះគឺដាន់១ និងណែបថាលី១
26 កូនរបស់នាងស៊ីលផាជាបាវស្រីលេអា នោះគឺកាឌ់១ និងអេស៊ើរ១ នោះជាកូនប្រុសរបស់យ៉ាកុបទាំងប៉ុន្មាន ដែលបានកើតឡើងឲ្យដល់គាត់នៅប៉ាដាន់-អើរ៉ាម។
27 យ៉ាកុបក៏ទៅដល់អ៊ីសាក ជាឪពុកនៅម៉ាមរេជាទីក្រុងរបស់អើបា គឺជាហេប្រុន ជាកន្លែងដែលអ័ប្រាហាំ និងអ៊ីសាកបានសំណាក់នៅ
28 ឯអ៊ីសាកគាត់បានអាយុ១៨០ឆ្នាំហើយ
29 នោះក្នុងកាលដែលចាស់ជរា ហើយស្កប់ចិត្តនឹងអាយុខ្លួនផង អ៊ីសាកក៏ផុតដង្ហើមស្លាប់ទៅ ហើយបានប្រមូលទៅមូលនឹងញាតិរបស់គាត់ រួចអេសាវ និងយ៉ាកុបជាកូនក៏បញ្ចុះសពទៅ។
ជំពូក 36
1 នេះជាបញ្ជីតំណវង្សពីអេសាវ គឺជាអេដុម
2 អេសាវគាត់យកប្រពន្ធក្នុងពួកកូនស្រីស្រុកកាណាន គឺអ័ដា ជាកូនអេឡូន សាសន៍ហេត ហើយអ័ហូលីបាម៉ា ជាកូនអ័ន៉ាដែលជាកូនស៊ីបៀនសាសន៍ហេវី
3 និងបាសម៉ាតជាកូនអ៊ីសម៉ាអែល ហើយជាប្អូននេបាយ៉ូត
4 ឯអ័ដា នាងបង្កើតអេលីផាសឲ្យអេសាវ ហើយបាសម៉ាតនាងបង្កើតរេហួល
5 នាងអ័ហូលីបាម៉ាក៏បង្កើតយេអ៊ូស យ៉ាឡាម និងកូរេ នោះជាកូនរបស់អេសាវដែលបានកើតឡើងដល់គាត់នៅស្រុកកាណាន
6 រួចអេសាវគាត់នាំប្រពន្ធ និងកូនប្រុសកូនស្រីរបស់គាត់ ព្រមទាំងពួកអ្នកនៅផ្ទះគាត់ទាំងអស់ និងហ្វូងសត្វ ហើយនិងរបស់ទ្រព្យទាំងប៉ុន្មានដែលគាត់បានកាលនៅស្រុកកាណាន ចេញទៅនៅស្រុកមួយឃ្លាតពីយ៉ាកុបជាប្អូន
7 ពីព្រោះទ្រព្យសម្បត្តិរបស់គេមានយ៉ាងសន្ធឹក និងនៅជាមួយគ្នាពុំបាន ស្រុកដែលគេសំណាក់នៅនោះមិនល្មមនឹងចិញ្ចឹមដល់គេបានទេ ដោយព្រោះហ្វូងសត្វទាំងនោះ
8 ដូច្នេះ អេសាវគាត់តាំងទីលំនៅនៅត្រង់ភ្នំសៀរ ឯអេសាវនោះគឺជាអេដុម។
9 នេះជាតំណវង្សតពីអេសាវ ជាអយ្យកោពួកសាសន៍អេដុម នៅក្នុងស្រុកភ្នំសៀរ
10 នេះជាឈ្មោះនៃពួកកូនចៅអេសាវ គឺអេលីផាសជាកូនអ័ដាប្រពន្ធអេសាវ និងរេហួលជាកូនបាសម៉ាតប្រពន្ធអេសាវ
11 ហើយកូនចៅរបស់អេលីផាស គឺថេម៉ាន អូម៉ារ សេផូរ កាថាម និងកេណាស
12 ឯធីមណាជាប្រពន្ធចុងរបស់អេលីផាសកូនអេសាវ នាងបង្កើតអាម៉ាលេកឲ្យអេលីផាស នោះសុទ្ធតែជាកូនចៅរបស់អ័ដាប្រពន្ធអេសាវទាំងអស់
13 ហើយនេះជាកូនចៅរេហួល គឺណាហាត់ សេរ៉ាស សាំម៉ា និងមីសសា នោះសុទ្ធតែជាកូនចៅរបស់បាសម៉ាត ប្រពន្ធអេសាវដែរ
14 ហើយអ័ហូលីបាម៉ា ជាកូនអ័ន៉ាដែលជាកូនស៊ីបៀនប្រពន្ធអេសាវ នាងបង្កើតយេអ៊ូស យ៉ាឡាម និងកូរេឲ្យអេសាវ។
15 នេះជាមេក្នុងពួកកូនចៅអេសាវទាំងប៉ុន្មាន គឺក្នុងកូនចៅអេលីផាសជាកូនច្បងរបស់អេសាវ មានថេម៉ាន១ អូម៉ារ១ សេផូរ១ កេណាស១
16 កូរេ១ កាថាម១ និងអាម៉ាលេក១ នោះជាពួកមេដែលកើតពីអេលីផាស នៅស្រុកអេដុម សុទ្ធតែកូនចៅរបស់អ័ដាទាំងអស់។
17 នេះជាមេក្នុងពួកកូនចៅរេហួល កូនអេសាវ គឺណាហាត់១ សេរ៉ាស១ សាំម៉ា១ ហើយនិងមីសសា១ នោះជាពួកមេដែលកើតពីរេហួលនៅស្រុកអេដុម សុទ្ធតែជាកូនចៅរបស់បាសម៉ាតប្រពន្ធអេសាវទាំងអស់។
18 នេះជាមេក្នុងពួកកូនចៅអ័ហូលីបាម៉ា ប្រពន្ធរបស់អេសាវ គឺយេអ៊ូស១ យ៉ាឡាម១ ហើយនិងកូរេ១ នោះជាពួកមេដែលកើតពីអ័ហូលីបាម៉ា កូនអ័ន៉ា ប្រពន្ធអេសាវ
19 នោះសុទ្ធតែជាកូនចៅអេសាវ ហើយជាមេគេទាំងអស់ ឯអេសាវ គឺជាអេដុម។
20 ឯកូនចៅសៀរ សាសន៍ហូរី ដែលនៅក្នុងស្រុកនោះ គឺឡូថាន សូបាល ស៊ីបៀន អ័ន៉ា
21 ឌីសុន អេស៊ើរ និងឌីសាន នោះជាពួកមេដែលកើតពីសាសន៍ហូរី ជាកូនចៅសៀរនៅក្នុងស្រុកអេដុមទាំងអស់
22 កូនចៅឡូថាន គឺហូរី ហេម៉ាន ហើយប្អូនស្រីឡូថាន គឺធីមណា
23 នេះជាកូនចៅរបស់សូបាល គឺអាលវ៉ាន ម៉ាន៉ាហាត់ អេបាល សេផូរ ហើយអូណាម
24 នេះជាកូនចៅស៊ីបៀន គឺអៃយ៉ា ហើយអ័ន៉ា គឺអ័ន៉ានេះដែលប្រទះឃើញក្បាលទឹកក្តៅនៅទីរហោស្ថាន ក្នុងកាលដែលកំពុងតែឃ្វាលលារបស់ស៊ីបៀនជាឪពុកខ្លួន
25 នេះជាកូនចៅអ័ន៉ា និងឌីសុន និងអ័ហូលីបាម៉ាជាកូនស្រីអ័ន៉ា
26 នេះជាកូនចៅឌីសុន គឺហែមដាន់ អែសបាន់ យីតរ៉ាន និងកេរ៉ាន
27 នេះជាកូនចៅអេស៊ើរ គឺប៊ីលហាន សាវ៉ាន និងយ៉ាកាន
28 នេះជាកូនចៅឌីសាន គឺអ៊ូស និងអ័រ៉ាន
29 នេះជាពួកមេដែលកើតពីពួកហូរីមក គឺឡូថាន១ សូបាល១ ស៊ីបៀន១ អ័ន៉ា១
30 ឌីសសុន១ អេស៊ើរ១ ហើយឌីសាន១ នោះសុទ្ធតែជាមេ ដែលកើតពីពួកហូរី នៅក្នុងស្រុកសៀរតាមមេគេទាំងប៉ុន្មាន។
31 នេះជាពួកស្តេចដែលសោយរាជ្យនៅស្រុកអេដុម ក្នុងគ្រាមុនដែលមានស្តេចណាមួយសោយរាជ្យលើពួកកូនចៅអ៊ីស្រាអែលនៅឡើយ
32 គឺបេឡាជាកូនបេអ៊រ បានសោយរាជ្យនៅស្រុកអេដុម ហើយទីក្រុងរបស់ទ្រង់ គឺឌីនហាបា
33 បេឡាក៏សុគតទៅ រួចយ៉ូបាប់ជាកូនសេរ៉ាសពីបុសរ៉ា បានសោយរាជ្យជំនួសទ្រង់
34 យ៉ូបាប់ក៏សុគតទៅ រួចហ៊ូសាមពីស្រុកពួកថេម៉ាន បានសោយរាជ្យជំនួសទ្រង់
35 ហ៊ូសាមក៏សុគតទៅ រួចហាដាឌ់ជាកូនបេដាឌ់ ដែលបានវាយពួកម៉ាឌាន នៅវាលស្រុកម៉ូអាប់បានសោយរាជ្យជំនួសទ្រង់ឡើង ហើយទីក្រុងទ្រង់ គឺអាវីត
36 ហាដាឌ់ក៏សុគតទៅ រួចសាំឡាពីម៉ាសរេកាបានសោយរាជ្យជំនួសទ្រង់
37 សាំឡាក៏សុគតទៅ រួចសូលពីរេហូបូតដែលនៅមាត់ទន្លេ បានសោយរាជ្យជំនួសទ្រង់
38 សូលក៏សុគតទៅ រួចបាល-ហាណាន់ជាកូនអ័កបោរ បានសោយរាជ្យជំនួសទ្រង់
39 បាល-ហាណាន់ជាកូនអ័កបោរក៏សុគតទៅ រួចហាដារបានសោយរាជ្យជំនួសទ្រង់ ទីក្រុងទ្រង់ហៅថា ប៉ាវ ហើយភរិយាទ្រង់នាមជាមហេថាបែល ជាកូនម៉ាតរ៉េឌ ដែលជាកូនមេសាហាប់។
40 នេះជាឈ្មោះនៃ ពួកមេដែលកើតពីអេសាវមកតាមគ្រួ តាមស្រុក តាមឈ្មោះគេ គឺធីមណា១ អាលវ៉ា១ យេថេត១
41 អ័ហូលីបាម៉ា១ អេឡា១ ពីណូន១
42 កេណាស១ ថេម៉ាន១ មីបសា១
43 ម៉ាកឌាល១ និងអ៊ីរ៉ាម១ នោះជាពួកមេរបស់សាសន៍អេដុម តាមទីលំនៅគេ នៅក្នុងស្រុកជាកេរអាកររបស់គេ គឺអេសាវនេះជាអយ្យកោនៃពួកសាសន៍អេដុម។
ជំពូក 37
1 ឯយ៉ាកុបគាត់អាស្រ័យនៅក្នុងស្រុកកាណាន ជាស្រុកដែលឪពុកបានស្នាក់នៅ ទុកដូចជាសាសន៍ដទៃ
2 នេះជាពង្សាវតារនៃពួកកូនចៅរបស់យ៉ាកុប រីឯយ៉ូសែប កាលមានអាយុ១៧ឆ្នាំ នោះគាត់តែងតែឃ្វាលហ្វូងសត្វជាមួយនឹងពួកបងប្អូន ក្មេងជំទង់នោះក៏នៅជាមួយនឹងពួកកូនប៊ីលហា និងកូនស៊ីលផា ជាប្រពន្ធរបស់ឪពុកខ្លួន ហើយគាត់នាំរឿងពីការអាក្រក់របស់គេមកប្រាប់ដល់ឪពុក
3 ឯអ៊ីស្រាអែល គាត់ស្រឡាញ់យ៉ូសែបលើសជាងកូនទាំងអស់ ពីព្រោះជាកូនដែលកើតមកក្នុងកាលដែលគាត់ចាស់ហើយ គាត់ធ្វើអាវ១ដ៏មានពណ៌ច្រើនឲ្យពាក់
4 បងទាំងប៉ុន្មានក៏ឃើញថា ឪពុកស្រឡាញ់យ៉ូសែបលើសជាងកូនទាំងអស់ បានជាគេព្រួតគ្នាស្អប់ដល់គាត់ ហើយនិយាយអ្វីនឹងគាត់ដោយស្រួលពុំបានទេ។
5 មានថ្ងៃ១ យ៉ូសែបបានយល់សប្តិ ក៏និយាយសប្តិនោះប្រាប់ដល់ពួកបងៗទាំងប៉ុន្មាន តែនោះគេរឹតតែស្អប់គាត់ជាខ្លាំងទៅទៀត
6 គាត់ប្រាប់ថា សូមស្តាប់សប្តិខ្ញុំនេះសិន
7 ដ្បិតយើងរាល់គ្នាកំពុងតែចងកណ្តាប់នៅស្រែ នោះកណ្តាប់របស់ខ្ញុំក៏ឈរឡើង ហើយមើល កណ្តាប់របស់អ្នករាល់គ្នាបានមកព័ទ្ធជុំវិញ ហើយក្រាបគោរពចំពោះកណ្តាប់របស់ខ្ញុំ
8 ពួកបងៗឆ្លើយឡើងថា បើដូច្នេះ ឯងនឹងគ្រប់គ្រងលើយើងឬ ឯងនឹងធ្វើជាចៅហ្វាយលើយើងមែនឬ ហើយគេក៏ស្អប់គាត់រឹតតែខ្លាំងឡើង ដោយព្រោះសប្តិ និងពាក្យសំដីរបស់គាត់។
9 គាត់យល់សប្តិឃើញទៀត ហើយក៏ប្រាប់ដល់ពួកបងគាត់ថា ខ្ញុំបានយល់សប្តិឃើញដូច្នេះទៀត គឺថ្ងៃ ខែ និងផ្កាយទាំង១១បានក្រាបគោរពដល់ខ្ញុំ
10 គាត់ក៏និយាយប្រាប់ដល់ទាំងឪពុក ហើយនិងពួកបងៗដែរ តែឪពុកបន្ទោសថា ឯងបានយល់សប្តិឃើញអ្វីដូច្នេះ តើត្រូវឲ្យអញ និងម្តាយឯង ហើយបងប្អូនទាំងអស់ក្រាបនៅដីគោរពដល់ឯងឬ
11 ហើយពួកបងៗក៏ច្រណែននឹងគាត់ តែឪពុកបានកំណត់រឿងនោះទុក។
12 ពួកបងគាត់នាំគ្នាទៅឃ្វាលហ្វូងសត្វរបស់ឪពុកនៅឯស៊ីគែម
13 ហើយអ៊ីស្រាអែលនិយាយទៅយ៉ូសែបថា ពួកបងឯងបានទៅឃ្វាលសត្វឯស៊ីគែមហើយ ចូរឯងមកណេះ អញនឹងប្រើទៅឯគេ នោះគាត់ឆ្លើយទៅឪពុកថា បាទ
14 រួចឪពុកប្រាប់ថា ចូរឯងទៅមើលឥឡូវ តើបងៗរបស់ឯង និងហ្វូងសត្វសុខសប្បាយទេឬ រួចសឹមមកប្រាប់ដល់អញវិញ ដូច្នេះ ឪពុកក៏ចាត់ឲ្យគាត់ចេញពីវាលច្រកហេប្រុនទៅ ហើយគាត់ទៅដល់ស៊ីគែម
15 នោះមានមនុស្សម្នាក់ឃើញគាត់ដើរវីមវាមនៅវាល ក៏សួរថា ឯងរកអី
16 គាត់ឆ្លើយថា ខ្ញុំរកបងប្អូនខ្ញុំ សូមប្រាប់ឲ្យខ្ញុំដឹងកន្លែងដែលគេឃ្វាលសត្វផង
17 អ្នកនោះប្រាប់ថា គេបានចេញពីនេះទៅហើយ អញឮគេថា ចូរយើងទៅឯដូថាន់វិញ នោះយ៉ូសែបក៏ទៅតាម ឃើញនៅឯដូថាន់។
18 លុះគេឃើញគាត់ពីចម្ងាយ នោះគេមត់សម្រេចគ្នាថានឹងសម្លាប់គាត់ចោល ក្នុងកាលមុនដែលគាត់ទៅដល់
19 គេនិយាយគ្នាទៅវិញទៅមកថា នុ៎ះន៏ អាមេសប្តិបានមកដល់ហើយ
20 ចូរយើងសម្លាប់វាឥឡូវ ទម្លាក់ចុះក្នុងអណ្តូងណាមួយទៅ រួចសឹមនិយាយថា មានសត្វសាហាវណាបានហែកវាស៊ីទៅហើយ យើងនឹងមើល តើនឹងមានអ្វីកើតពីសប្តិនោះមក
21 ឯរូបេនក៏ឮ ហើយគាត់ខំជួយឲ្យបានរួចពីកណ្តាប់ដៃគេ គាត់និយាយថា កុំឲ្យយើងយកជីវិតវាឡើយ
22 រួចរូបេននិយាយទៅគេថា កុំឲ្យកម្ចាយឈាមអី ឲ្យគ្រាន់តែទម្លាក់វាទៅក្នុងអណ្តូងនៅទីរហោស្ថាននេះចុះ កុំឲ្យដាក់ដៃធ្វើវាឡើយ ដោយគំនិតគាត់ប៉ងនឹងជួយ ឲ្យយ៉ូសែបរួចពីកណ្តាប់ដៃរបស់គេ ដើម្បីនឹងបញ្ជូនឲ្យត្រឡប់ទៅឯឪពុកវិញ
23 កាលយ៉ូសែបបានមកដល់ពួកបងហើយ នោះគេក៏បកអាវគាត់ចេញ គឺជាអាវមានពណ៌ច្រើនដែលគាត់ពាក់មកនោះឯង
24 គេក៏យកគាត់ទៅទម្លាក់នៅក្នុងអណ្តូងទៅ ឯអណ្តូងនោះគ្មានទឹកទេ
25 រួចគេនាំគ្នាអង្គុយបរិភោគបាយ គេក៏ងើបភ្នែកឡើងឃើញពួកអ៊ីសម៉ាអែល ដែលកំពុងតែមកពីស្រុកកាឡាត មានគ្រឿងម្ហូប ជ័រពិដោរ និងជ័រល្វីងទេសផ្ទុកលើសត្វអូដ្ឋរៀងខ្លួន ដើម្បីនាំទៅឯស្រុកអេស៊ីព្ទ
26 នោះយូដានិយាយទៅបងប្អូនថា បើយើងសម្លាប់ប្អូនទៅ ហើយលាក់ឈាមវា តើមានកម្រៃអី
27 ដូច្នេះ ចូរយើងលក់វាទៅឲ្យពួកអ៊ីសម៉ាអែលវិញ កុំឲ្យយើងពាល់វាឡើយ ដ្បិតវាជាបងប្អូន ជាសាច់ឈាមនឹងយើងដែរ នោះបងប្អូនក៏យល់ព្រមតាម
28 ពេលនោះ ពួកសាសន៍ម៉ាឌានជាអ្នកជំនួញនោះក៏មកដល់ រួចពួកបងរបស់យ៉ូសែបនាំគ្នាស្រង់គាត់ឡើងពីអណ្តូងមក ហើយលក់ឲ្យទៅពួកអ៊ីសម៉ាអែលតម្លៃជាប្រាក់២០ដួង ពួកនោះក៏នាំយកគាត់ទៅឯស្រុកអេស៊ីព្ទទៅ។
29 រួចមក រូបេនគាត់ត្រឡប់ទៅឯអណ្តូងវិញ តែមើល គ្មានយ៉ូសែបនៅក្នុងអណ្តូងទៀតទេ នោះគាត់ហែកសម្លៀកបំពាក់របស់ខ្លួន
30 ក៏វិលទៅឯបងប្អូនប្រាប់ថា ក្មេងនោះបាត់ទៅហើយ ចុះឯខ្ញុំ តើនឹងទៅឯណា
31 នោះគេក៏សម្លាប់ពពែ១ រួចយកអាវយ៉ូសែបទៅប្រឡាក់នឹងឈាម
32 បញ្ជូនអាវច្រើនពណ៌នោះទៅជម្រាបដល់ឪពុកថា យើងខ្ញុំបានឃើញអាវនេះ សូមពិនិត្យមើល តើជាអាវរបស់កូនលោកឪពុកឬមិនមែន
33 គាត់ក៏ចំណាំស្គាល់អាវនោះ ហើយនិយាយថា គឺជាអាវរបស់កូនអញពិត មុខជាសត្វសាហាវបានហែកវាស៊ីហើយ យ៉ូសែបបានត្រូវហែកខ្ទេចខ្ទីជាប្រាកដ
34 នោះយ៉ាកុបក៏ហែកសម្លៀកបំពាក់ខ្លួន រួចស្លៀកសំពត់ធ្មៃ ហើយកាន់ទុក្ខកូនជាយូរថ្ងៃ
35 ពួកកូនប្រុសកូនស្រីទាំងអស់ក៏ខំជួយរំដោះទុក្ខគាត់ តែគាត់មិនព្រមទេ ដោយថា អញនឹងចុះទៅឯកូនអញនៅស្ថានឃុំព្រលឹងមនុស្សស្លាប់ទាំងកាន់ទុក្ខផង ហើយគាត់ក៏យំសោកនឹងកូន
36 ឯពួកម៉ាឌានគេនាំយ៉ូសែបទៅដល់ស្រុកអេស៊ីព្ទ លក់ឲ្យប៉ូទីផារជាមេទ័ពរបស់ផារ៉ោន គឺជាមេក្រុមរក្សាអង្គ។
ជំពូក 38
1 នៅគ្រានោះ យូដាគាត់ឃ្លាតចេញពីពួកបងប្អូន ចូលទៅនៅជាមួយនឹងមនុស្សម្នាក់ដែលនៅអាឌូឡាមឈ្មោះហ៊ីរ៉ា
2 នៅទីនោះ យូដាឃើញស្រីក្រមុំម្នាក់របស់សាសន៍កាណាន ឈ្មោះស៊ូអា គាត់ក៏យកនាងនោះ ហើយចូលទៅឯនាង
3 នាងក៏មានទំងន់បង្កើតបានកូនប្រុស១ គាត់ឲ្យឈ្មោះថា អ៊ើរ
4 នាងមានទំងន់ទៀតបង្កើតបានកូនប្រុស១ នាងឲ្យឈ្មោះថា អូណាន់
5 រួចនាងបង្កើតបានកូនប្រុស១ទៀត ក៏ឲ្យឈ្មោះថា សេឡា កាលនាងសម្រាលកូននោះ យូដានៅត្រង់កេស៊ីប
6 យូដាក៏យកប្រពន្ធឲ្យអ៊ើរជាកូនច្បង នាងនោះឈ្មោះតាម៉ារ
7 តែអ៊ើរ កូនច្បងយូដា ជាមនុស្សកាចអាក្រក់នៅចំពោះព្រះនេត្រព្រះយេហូវ៉ា ហើយព្រះយេហូវ៉ាទ្រង់ប្រហារគាត់ទៅ
8 នោះយូដាគាត់និយាយនឹងអូណាន់ថា ចូរឲ្យចូលទៅឯប្រពន្ធរបស់បងឯង ដើម្បីនឹងសម្រេចកិច្ចតាមរបៀបច្បាប់របស់ប្អូនថ្លៃដល់នាង ហើយយកនាងបង្កើតពូជឲ្យបងឯងចុះ
9 តែអូណាន់គាត់ដឹងថា ពូជនោះមិនបានជារបស់ផងខ្លួនទេ បានជាកាលណាគាត់ចូលទៅឯប្រពន្ធរបស់បង នោះគាត់សម្រក់ចោលទៅដីវិញ ដើម្បីមិនឲ្យកើតពូជដល់បងឡើយ
10 អំពើដែលគាត់ធ្វើនោះ ឈ្មោះថាអាក្រក់នៅព្រះនេត្រព្រះយេហូវ៉ាណាស់ ហើយទ្រង់ក៏ប្រហារគាត់ទៅដែរ
11 នោះយូដានិយាយទៅតាម៉ារជាកូនប្រសាថា ចូរឯងនៅជាមេម៉ាយក្នុងផ្ទះឪពុកឯងសិន ទំរាំដល់សេឡាកូនអញបានធំឡើង ដ្បិតគាត់គិតថា ក្រែងវាស្លាប់ដូចជាបងវាដែរ នោះតាម៉ារក៏ទៅនៅឯផ្ទះឪពុកខ្លួនវិញ។
12 លុះយូរក្រោយមក នោះកូនរបស់ស៊ូអា ដែលជាប្រពន្ធយូដាក៏ស្លាប់ទៅ រួចកាលយូដាបានរសាយទុក្ខទៅហើយ នោះគាត់ឡើងទៅឯពួកកាត់រោមចៀមនៅធីមណា ព្រមទាំងហ៊ីរ៉ាជាសំឡាញ់ដែលនៅអាឌូឡាមដែរ
13 មានគេទៅប្រាប់ដល់តាម៉ារថា មើល ឪពុកក្មេកនាងរៀបឡើងទៅឯធីមណា ដើម្បីកាត់រោមចៀមរបស់គាត់ហើយ
14 ដូច្នេះ នាងដោះសម្លៀកបំពាក់កាន់ទុក្ខចេញ រួចក៏យកស្បៃមកគ្រលុំខ្លួនបាំងមុខ ទៅអង្គុយនៅត្រង់ផ្លូវចូលទៅភូមិអេណែមតាមផ្លូវទៅឯធីមណា ដ្បិតនាងឃើញថាសេឡាបានធំហើយ តែមិនទាន់ឲ្យនាងទៅធ្វើជាប្រពន្ធនៅឡើយ
15 កាលយូដាឃើញនាង នោះគាត់ស្មានថា ជាស្រីសំផឹង ដ្បិតនាងបានបាំងមុខ
16 នោះគាត់ក៏បែរទៅឯនាងតាមផ្លូវនិយាយថា ចូរយើងទៅ សូមឲ្យខ្ញុំចូលទៅឯនាងឥឡូវ ពីព្រោះគាត់មិនដឹងថា នាងជាកូនប្រសាទេ តែនាងសួរថា តើអ្នកនឹងឲ្យអ្វីដល់ខ្ញុំខ្លះ ដែលអ្នកចូលមកឯខ្ញុំនេះ
17 គាត់ឆ្លើយថា ខ្ញុំនឹងផ្ញើកូនពពែ១ពីហ្វូងមកឲ្យ តែនាងសួរថា អ្នកមានអ្វីនឹងបញ្ចាំចិត្តខ្ញុំឬទេ ទំរាំតែបានផ្ញើពពែនោះមកដល់
18 គាត់តបថា តើចង់ឲ្យខ្ញុំឲ្យអ្វីបញ្ចាំចិត្តនាង រួចនាងឆ្លើយថា សូមឲ្យត្រា និងខ្សែ ហើយដំបងដែលអ្នកកាន់នៅដៃនោះមក គាត់ក៏ឲ្យដល់នាង រួចចូលទៅឯនាង ហើយនាងក៏មានទំងន់ដោយសារគាត់
19 នោះនាងក្រោកឡើងចេញទៅដោះស្បៃពីខ្លួនចេញ រួចពាក់អាវកាន់ទុក្ខរបស់ខ្លួនវិញ
20 យូដាគាត់ផ្ញើកូនពពែទៅជាមួយនឹងសំឡាញ់គាត់ ដែលនៅអាឌូឡាម ឲ្យលោះរបស់បញ្ចាំពីស្ត្រីនោះមកវិញ តែគាត់រកនាងមិនឃើញសោះ
21 រួចគាត់សួរពួកអ្នកដែលនៅកន្លែងនោះថា ស្រីសំផឹងដែលអង្គុយនៅមាត់ផ្លូវជិតអេណែមនោះ តើនៅឯណា គេឆ្លើយថា គ្មានស្រីសំផឹងណានៅទីនេះទេ
22 រួចគាត់វិលទៅឯយូដាប្រាប់ថា ខ្ញុំរកមិនឃើញទេ ហើយពួកអ្នកដែលនៅកន្លែងនោះក៏ប្រាប់ថា គ្មានស្រីសំផឹងណានៅទីនោះដែរ
23 យូដានិយាយថា ចូរឲ្យវាយកទៅចុះ ក្រែងយើងត្រូវមានសេចក្ដីខ្មាស មើល ខ្ញុំបានផ្ញើកូនពពែទៅដែរ តែអ្នករកវាមិនឃើញសោះ។
24 ដល់ប្រហែលជា៣ខែក្រោយមក នោះមានគេទៅជម្រាបដល់យូដាថា តាម៉ារ ជាកូនប្រសាអ្នកបានធ្វើសំផឹង មើល វាមានទំងន់ដោយការធ្វើសំផឹងហើយ នោះយូដាប្រាប់ថា ចូរនាំវាចេញមកដុតចោលទៅ
25 តែកាលគេនាំនាងចេញមក នោះនាងក៏ផ្ញើទៅឪពុកក្មេកជម្រាបថា ខ្ញុំមានទំងន់នឹងម្ចាស់របស់ទាំងនេះ នាងក៏ថា សូមមើលត្រា និងខ្សែ ហើយដំបងនេះចុះ តើជារបស់ផងអ្នកណា
26 យូដាក៏ទទួលស្គាល់ រួចគាត់និយាយថា វាសុចរិតជាងអញ ដ្បិតអញមិនបានឲ្យដល់សេឡាជាកូនអញទេ នោះគាត់ក៏លែងស្គាល់នាងទៀត។
27 កាលគ្រប់ខែដែលនាងត្រូវសម្រាលមក នោះមើលមានកូនភ្លោះនៅក្នុងផ្ទៃនាង
28 ហើយកាលនាងឈឺនឹងសម្រាល នោះកូន១បញ្ចេញដៃមក ឆ្មបក៏យកអំបោះក្រហមចងដៃវា ដោយពាក្យថា មួយនេះបានកើតមុន
29 តែកាលកូននោះទាញដៃទៅវិញ នោះមើល បងវាក៏សម្រាលចេញមក ហើយឆ្មបនិយាយថា ធ្វើដូចម្តេចឲ្យឯងប្រជែងចេញមកដូច្នេះ នោះគេដាក់ឈ្មោះថា ពេរេស
30 បន្ទាប់នោះ ប្អូនវាដែលមានអំបោះក្រហមនៅដៃក៏សម្រាលមក ហើយគេដាក់ឈ្មោះថា សេរ៉ាស។
ជំពូក 39
1 រីឯយ៉ូសែប គេក៏នាំគាត់ទៅឯស្រុកអេស៊ីព្ទ ហើយមានមេទ័ពសាសន៍អេស៊ីព្ទម្នាក់ឈ្មោះ ប៉ូទីផារ ជាមេក្រុមរក្សាអង្គរបស់ផារ៉ោន លោកទិញគាត់ពីដៃនៃពួកអ៊ីសម៉ាអែលដែលនាំចុះមកស្រុកនោះ
2 ព្រះយេហូវ៉ាទ្រង់ក៏គង់នៅជាមួយនឹងយ៉ូសែប ហើយគាត់ចេះតែចម្រើនឡើងគាត់នៅក្នុងផ្ទះរបស់ចៅហ្វាយខ្លួន ជាសាសន៍អេស៊ីព្ទនោះ
3 ចៅហ្វាយក៏ឃើញថា ព្រះយេហូវ៉ាទ្រង់គង់នៅជាមួយនឹងគាត់ ហើយថា ព្រះយេហូវ៉ាទ្រង់ធ្វើឲ្យគ្រប់ការទាំងអស់បានកើតឡើងដោយសារដៃគាត់
4 យ៉ូសែបបានជាទីពេញចិត្តដល់លោកណាស់ ហើយក៏ខំប្រឹងបម្រើលោក លោកតាំងគាត់ឲ្យត្រួតត្រាលើផ្ទះលោក ក៏ប្រគល់របស់ទាំងអស់ទៅក្នុងកណ្តាប់ដៃគាត់
5 ហើយចាប់តាំងពីលោកតាំងគាត់ឡើង ឲ្យត្រួតត្រាលើផ្ទះ និងទ្រព្យសម្បត្តិទាំងអស់មក នោះព្រះយេហូវ៉ាទ្រង់ប្រទានពរដល់ផ្ទះនៃសាសន៍អេស៊ីព្ទនោះដោយព្រោះយ៉ូសែប ហើយព្រះយេហូវ៉ាក៏ផ្តល់ព្រះពរ មកលើគ្រប់ទាំងរបស់លោក ដែលនៅក្នុងផ្ទះ និងនៅស្រែចម្ការដែរ
6 លោកទុករបស់លោកទាំងអស់នៅក្នុងកណ្តាប់ដៃយ៉ូសែប ហើយមិនបានដឹងជាមានរបស់ណាមួយទេ លើកតែភោជនាហារដែលលោកពិសាប៉ុណ្ណោះ រីឯយ៉ូសែបគាត់មានរូបឆោមដ៏ពិសី ហើយស្រៀវស្រស់ល្អ។
7 កាលក្រោយការទាំងនោះមក នោះប្រពន្ធរបស់ចៅហ្វាយគាត់ ចេះតែដេញភ្នែកជាប់តាមមើលយ៉ូសែបហើយនិយាយថា ចូរមកដេកនឹងអញ
8 តែគាត់មិនព្រមសោះ ក៏និយាយទៅប្រពន្ធចៅហ្វាយខ្លួនថា មើល ចៅហ្វាយខ្ញុំ លោកឥតដឹងជាមានអ្វីៗនៅនឹងខ្ញុំក្នុងផ្ទះផង លោកបានប្រគល់គ្រប់របស់ទាំងអស់មកក្នុងកណ្តាប់ដៃខ្ញុំ
9 គ្មានអ្នកណាធំជាងខ្ញុំក្នុងផ្ទះនេះទេ ហើយលោកក៏មិនបានហួងទុករបស់ណាមួយនឹងខ្ញុំដែរ លើកតែលោកស្រីប៉ុណ្ណោះ ពីព្រោះលោកស្រីជាប្រពន្ធរបស់លោក ដូច្នេះ ធ្វើដូចម្តេចឲ្យខ្ញុំប្រព្រឹត្តការ ដែលអាក្រក់យ៉ាងធំនេះទៅបាន ធ្វើយ៉ាងនោះនឹងមានបាបនៅចំពោះព្រះផង
10 ឯនាងចេះតែនិយាយនឹងយ៉ូសែបជារាល់ថ្ងៃ តែគាត់មិនព្រមស្តាប់តាម និងទៅដេកជាមួយនឹងនាង ឬនឹងទៅជិតនាងសោះ
11 មានកាល១ថ្ងៃនោះ គាត់ចូលទៅធ្វើការក្នុងផ្ទះ ហើយគ្មានអ្នកណាមួយនៅក្នុងផ្ទះសោះ
12 នោះនាងក៏ចាប់អាវគាត់ ទាំងនិយាយថា មកដេកនឹងអញសិន តែគាត់រលាស់អាវចោលនៅដៃនាង រត់ចេញទៅក្រៅទៅ
13 កាលនាងឃើញថា គាត់ចោលអាវនៅដៃហើយរត់ចេញទៅដូច្នោះ
14 នោះនាងក៏ហៅពួកអ្នកផ្ទះមកប្រាប់ថា ឃើញឬទេ លោកបាននាំសាសន៍ហេព្រើរនេះមកឲ្យមើលងាយយើង វាបានចូលមកចង់ដេកនឹងអញ តែអញបានស្រែកជាខ្លាំង
15 កាលវាឮអញឡើងសំឡេងស្រែក នោះវាទុកអាវចោលនៅខាងអញនេះរត់ចេញទៅក្រៅបាត់
16 នាងក៏ដាក់អាវយ៉ូសែបទុកនៅក្បែរខ្លួន ចាំទំរាំតែចៅហ្វាយគាត់វិលមកផ្ទះវិញ
17 រួចនាងជម្រាបលោកតាមពាក្យដដែលនោះថា អាបាវសាសន៍ហេព្រើរដែលលោកបាននាំមកឯយើងរាល់គ្នា វាចូលមកចង់មើលងាយខ្ញុំ
18 តែកាលខ្ញុំស្រែកឡើង នោះវារត់ទៅក្រៅ ទុកអាវចោលនៅក្បែរខ្ញុំនេះ
19 កាលចៅហ្វាយគាត់បានឮពាក្យដែលប្រពន្ធប្រាប់ថា បាវលោកបានប្រព្រឹត្តនឹងនាងដូច្នោះ នោះលោកមានចិត្តឆួលក្តៅឡើង
20 ហើយក៏យកគាត់ទៅដាក់គុក នៅកន្លែងដែលសម្រាប់ឃុំពួកអ្នកទោសរបស់ស្តេច គាត់ក៏ជាប់នៅក្នុងគុកនោះ។
21 តែព្រះយេហូវ៉ាទ្រង់គង់ជាមួយនឹងយ៉ូសែប ហើយក៏ផ្តល់សេចក្ដីសប្បុរសដល់គាត់ ព្រមទាំងធ្វើឲ្យមេភូឃុំអាណិតមេត្តាដល់គាត់ផង
22 មេភូឃុំនោះក៏ប្រគល់ពួកអ្នកទោសដែលនៅក្នុងគុក ទៅក្នុងអំណាចរបស់យ៉ូសែបទាំងអស់ ការអ្វីៗដែលគេធ្វើនៅក្នុងគុក នោះគឺជាគាត់ដែលបង្កើតការនោះ
23 មេភូឃុំលែងត្រួតត្រាមើលអ្វីទាំងអស់ដែលនៅក្រោមអំណាចគាត់ ពីព្រោះព្រះយេហូវ៉ាទ្រង់គង់ជាមួយនឹងគាត់ ហើយការអ្វីដែលគាត់ធ្វើ នោះទ្រង់ធ្វើឲ្យចម្រើនឡើងគ្រប់ជំពូក។
ជំពូក 40
1 ក្រោយនោះមក អ្នកពិសេសថ្វាយពែងរបស់ស្តេចស្រុកអេស៊ីព្ទ និងអ្នកដុតនំថ្វាយទ្រង់ គេធ្វើបង្អាក់ព្រះទ័យនៃស្តេចជាម្ចាស់គេ
2 ផារ៉ោនក៏ខ្ញាល់នឹងអ្នកបម្រើទ្រង់ទាំង២នោះ គឺនឹងនាយពិសេសថ្វាយពែង ហើយនិងមេពួកអ្នកដុតនំ
3 ទ្រង់ឃុំគេទុកក្នុងគុករបស់មេក្រុមរក្សាអង្គ ជាកន្លែងដែលយ៉ូសែបជាប់នៅនោះដែរ
4 ឯមេក្រុមរក្សាស្តេច លោកប្រគល់គេទៅឲ្យយ៉ូសែបត្រួតត្រាមើល គាត់ក៏បម្រើគេ ហើយគេនៅជាប់ឃុំជាយូរថ្ងៃ
5 មានកាល១យប់នោះ នាយពិសេសថ្វាយពែង និងមេដុតនំថ្វាយស្តេចស្រុកអេស៊ីព្ទដែលនៅជាប់គុក គេបានយល់សប្តិទាំង២នាក់ ដែលសប្តិនោះមានសំរាយផ្សេងពីគ្នារៀងខ្លួន
6 ដល់ព្រឹកឡើង យ៉ូសែបចូលទៅឯគេ ឃើញគេមានទឹកមុខព្រួយ
7 ក៏សួរដល់មេរបស់ផារ៉ោនទាំង២នោះ ដែលជាប់ឃុំជាមួយគ្នានៅក្នុងគុករបស់ចៅហ្វាយគាត់ថា ថ្ងៃនេះ ហេតុអ្វីបានជាលោកមានទឹកមុខព្រួយដូច្នេះ
8 គេឆ្លើយថា យើងបានយល់សប្តិ តែគ្មានអ្នកណាអាចនឹងកាត់ស្រាយឲ្យបានសោះ នោះយ៉ូសែបគាត់និយាយទៅគេថា សេចក្ដីសំរាយស្រេចនៅព្រះទេតើ សូមលោកប្រាប់សប្តិនោះមកខ្ញុំមើល។
9 នោះនាយពិសេសថ្វាយពែងក៏រៀបរាប់សប្តិប្រាប់យ៉ូសែបថា ឯក្នុងសប្តិខ្ញុំ ឃើញមានដើមទំពាំងបាយជូរនៅត្រង់មុខខ្ញុំ
10 ដើមនោះមានខ្នែង៣ មើលទៅដូចជាពន្លក ហើយផ្កាក៏រីក រួចកើតមានចង្កោមផ្លែទុំ
11 ពែងរបស់ផារ៉ោនក៏នៅក្នុងដៃខ្ញុំ នោះខ្ញុំបេះផ្លែទំពាំងបាយជូរមកគាបដាក់ពែងរបស់ផារ៉ោន យកទៅថ្វាយដល់ព្រះហស្តទ្រង់
12 ឯយ៉ូសែបក៏ស្រាយដូច្នេះថា សប្តិនោះមានន័យយ៉ាងនេះ ចំណែកខ្នែង៣ នោះគឺជា៣ថ្ងៃ
13 នៅ៣ថ្ងៃទៀត ផារ៉ោននឹងលើកមុខលោក ទាំងតាំងឲ្យធ្វើក្នុងដំណែងដើមរបស់លោកវិញ ហើយលោកនឹងបានថ្វាយពែងផារ៉ោនដល់ព្រះហស្តទ្រង់ទៀត ដូចលោកធ្លាប់ធ្វើពីកាលនៅបម្រើថ្វាយពែងទ្រង់ពីដើម
14 កាលណាលោកបានសុខសាន្តហើយ នោះសូមនឹកចាំពីខ្ញុំផង ហើយសូមផ្សាយសេចក្ដីសប្បុរសមកខ្ញុំ ក៏សូមដំណាលពីខ្ញុំទូលផារ៉ោន ដើម្បីឲ្យខ្ញុំបានរួចពីគុកនេះផង
15 ពីព្រោះគេបានលួចខ្ញុំពីស្រុកពួកហេព្រើរមក ហើយនៅទីនេះ ខ្ញុំក៏មិនបានធ្វើអ្វី ដែលគួរឲ្យគេដាក់ខ្ញុំក្នុងគុកជ្រៅនេះដែរ។
16 កាលមេពួកដុតនំបានឃើញថា សេចក្ដីសំរាយនោះស្រួលល្អ នោះគាត់និយាយប្រាប់យ៉ូសែបថា ខ្ញុំក៏បានយល់សប្តិដែរ មើល ខ្ញុំមានទូលនំបុ័ងស៣កញ្ច្រែង
17 ក្នុងកញ្ច្រែងលើបង្អស់មាននំគ្រប់មុខសម្រាប់ថ្វាយផារ៉ោន តែសត្វហើរមកចឹកស៊ីនំក្នុងកញ្ច្រែង ដែលនៅលើក្បាលខ្ញុំទាំងអស់ទៅ
18 យ៉ូសែបស្រាយថា សប្តិនេះមានន័យដូច្នេះ ឯកញ្ច្រែង៣ នោះគឺជា៣ថ្ងៃ
19 នៅ៣ថ្ងៃទៀត ផារ៉ោននឹងចងកលោកព្យួរនៅជាប់លើឈើ នោះសត្វហើរនឹងចឹកស៊ីសាច់លោកទៅ។
20 ក្រោយ៣ថ្ងៃមក ជាថ្ងៃបុណ្យចម្រើនព្រះជន្មផារ៉ោន នោះទ្រង់រៀបជប់លៀងដល់ពួកនាម៉ឺនទាំងប៉ុន្មាន ហើយទ្រង់ហៅនាយពិសេសថ្វាយពែង និងមេពួកដុតនំមកនៅកណ្តាលពួកនាម៉ឺនទាំងនោះ
21 ទ្រង់ក៏តាំងនាយពិសេសថ្វាយពែងក្នុងដំណែងដើមឡើងវិញ ហើយគាត់ក៏ថ្វាយពែងដល់ព្រះហស្តផារ៉ោនតទៅ
22 តែឯមេពួកដុតនំ ទ្រង់បានចងព្យួរវិញ ដូចជាយ៉ូសែបបានកាត់សេចក្ដីឲ្យ
23 ចំណែកនាយពិសេសថ្វាយពែង គាត់ភ្លេចឈឹងមិនបាននឹកចាំយ៉ូសែបសោះ។
ជំពូក 41
1 ដល់ផុត២ឆ្នាំមក នោះផារ៉ោនទ្រង់សុបិននិម្មិតឃើញថា ទ្រង់ឈរនៅមាត់ទន្លេ
2 ហើយមើលមានគោញី៧មានសាច់ច្រើនធាត់ល្អ ឡើងពីទន្លេមកស៊ីនៅទីវាល
3 រួចមក មានគោញី៧ទៀតឡើងពីទន្លេមក វាស្គមពេក ហើយអាក្រក់មើល ក៏ឈរនៅក្បែរមាត់ទន្លេជិតគោឯទៀត
4 គោសំគមហើយអាក្រក់មើលនោះ បានស៊ីលេបគោទាំង៧ដែលធាត់ល្អនោះអស់ទៅ នោះផារ៉ោនទ្រង់តើនឡើង
5 រួចទ្រង់ផ្ទំលក់ទៅវិញ ក៏សុបិននិម្មិតទៀតថា មានគួរស្រូវ៧ មានគ្រាប់ធំថ្លោសល្អបែកឡើងនៅដើមតែ១
6 រួចមកមានគួរស្រូវ៧តូចៗ ហើយស្កកដោយខ្យល់ពីទិសខាងកើតបែកមកជាខាងក្រោយ
7 ឯគួរស្រូវតូចៗក៏លេបគួរស្រូវធំថ្លោសល្អទាំង៧នោះទៅ រួចផារ៉ោនទ្រង់តើនឡើង ហើយមើល នោះជាសុបិនទេ
8 លុះព្រឹកឡើង ទ្រង់មានព្រះទ័យវិតក្កណាស់ ទើបចាត់គេឲ្យទៅហៅពួកហោរ និងពួកអ្នកប្រាជ្ញ នៅស្រុកអេស៊ីព្ទមក រួចទ្រង់សម្ដែងប្រាប់សុបិននោះដល់គេ តែគ្មានអ្នកណាមួយអាចនឹងកាត់ស្រាយថ្វាយទ្រង់បានឡើយ។
9 នោះនាយពិសេសថ្វាយពែងក៏ទូលទៅផារ៉ោនថា ថ្ងៃនេះ ទូលបង្គំនឹកឃើញពីសេចក្ដីកំហុសរបស់ទូលបង្គំហើយ
10 ទ្រង់ព្រះករុណាបានខ្ញាល់នឹងពួកអ្នកបម្រើទ្រង់ ហើយក៏ឃុំទូលបង្គំ និងមេពួកអ្នកដុតនំទុកក្នុងគុករបស់មេក្រុមរក្សាទ្រង់
11 យើងខ្ញុំទាំង២នាក់បានយល់សប្តិក្នុងយប់តែ១ ហើយដែលយើងខ្ញុំបានយល់សប្តិនោះ ក៏មានសេចក្ដីសំរាយផ្សេងពីគ្នា
12 នៅទីនោះ មានមនុស្សកំលោះសាសន៍ហេព្រើរម្នាក់ ជាបាវរបស់មេក្រុមរក្សាទ្រង់ បាននៅជាមួយនឹងយើងខ្ញុំ ហើយយើងខ្ញុំក៏រៀបរាប់សប្តិប្រាប់ដល់គាត់ រួចគាត់បានកាត់ស្រាយឲ្យយើងខ្ញុំតាមសប្តិរៀងរាល់ខ្លួន
13 នោះក៏កើតដល់យើងខ្ញុំដូចគាត់បានកាត់ស្រាយមែន ឯទូលបង្គំ គាត់កាត់ថា នឹងបានតាំងឡើងក្នុងដំណែងដើមរបស់ទូលបង្គំ ហើយអ្នក១នោះគាត់កាត់ថា នឹងត្រូវចងព្យួរវិញ។
14 នោះផារ៉ោនទ្រង់ចាត់គេឲ្យទៅហៅយ៉ូសែបមក គេក៏ទៅនាំគាត់ចេញពីគុកជ្រៅនោះមកជាប្រញាប់ គាត់កោរពុកមាត់ ហើយផ្លាស់សម្លៀកបំពាក់ រួចចូលទៅគាល់ផារ៉ោន
15 ផារ៉ោនទ្រង់មានព្រះបន្ទូលទៅយ៉ូសែបថា យើងបានយល់សប្តិ តែគ្មានអ្នកណាចេះកាត់សោះ ឥឡូវបានឮនិយាយពីឯងថា ឯងចេះកាត់សប្តិបាន
16 យ៉ូសែបទូលឆ្លើយទៅផារ៉ោនថា ការនោះមិនស្រេចលើទូលបង្គំទេ គឺព្រះនឹងឆ្លើយមកទ្រង់ព្រះករុណាជាសេចក្ដីសុខវិញ
17 ផារ៉ោនមានព្រះបន្ទូលទៅយ៉ូសែបថា ក្នុងសប្តិរបស់យើងនោះឃើញថា យើងឈរនៅមាត់ទន្លេ
18 ស្រាប់តែមានគោញី៧ មានសាច់ធាត់ល្អឡើងពីទន្លេមកស៊ីនៅទីវាល
19 រួចឃើញមានគោញី៧ទៀតឡើងមកតាមក្រោយ វាស្គម ហើយអាក្រក់មើលណាស់ គឺស្គមដល់ម៉្លេះបានជាយើងមិនដែលឃើញសត្វអាក្រក់យ៉ាងនោះ នៅគ្រប់ក្នុងស្រុកអេស៊ីព្ទផង
20 គោសំគម ហើយអាក្រក់មើលនោះ ក៏ស៊ីលេបគោញីមុន ដែលធាត់ៗទាំង៧អស់ទៅ
21 តែកាលបានស៊ីទៅហើយ នោះក៏មិនដឹងជាបានស៊ីអ្វីផង ដ្បិតនៅតែអាក្រក់មើលដូចកាលពីមុនដែរ នោះយើងក៏ភ្ញាក់ឡើង
22 រួចយល់សប្តិទៀតថា មានគួរស្រូវ៧ មានគ្រាប់ធំថ្លោសល្អបែកឡើងនៅដើមតែ១
23 រួចមានគួរ៧ទៀតមានគ្រាប់តូចៗ ស្វិតហើយស្កកដោយខ្យល់ពីទិសខាងកើត បែកឡើងជាខាងក្រោយ
24 ហើយគួរស្រូវគ្រាប់តូចៗក៏លេបគួរដែលមានគ្រាប់ធំថ្លោសទាំង៧នោះទៅ យើងបានរៀបរាប់សប្តិនេះប្រាប់ដល់ពួកហោរដែរ តែគ្មានអ្នកណាមួយអាចនឹងកាត់ស្រាយឲ្យយើងបានសោះ។
25 យ៉ូសែបគាត់ទូលទៅផារ៉ោនថា ឯសុបិនរបស់ទ្រង់ព្រះករុណានោះតែ១ទេ ព្រះបានសម្ដែងឲ្យព្រះករុណាជ្រាបពីការដែលរៀបនឹងធ្វើ
26 ឯគោញីល្អទាំង៧នោះគឺជា៧ឆ្នាំ ហើយគួរស្រូវល្អទាំង៧ នោះគឺជាឆ្នាំ៧នោះដែរ គឺជាសុបិនតែ១ទេ
27 គោញីសំគម ហើយអាក្រក់មើលទាំង៧ដែលឡើងតាមក្រោយមកនោះ គឺជា៧ឆ្នាំ ឯគួរស្រូវទទេដែលស្កកដោយខ្យល់ពីទិសខាងកើត នោះនឹងត្រូវជា៧ឆ្នាំអំណត់
28 គឺសេចក្ដីនេះឯងដែលទូលបង្គំបានទូលដល់ទ្រង់ព្រះករុណាថា សេចក្ដីដែលព្រះរៀបនឹងធ្វើ នោះទ្រង់បានសម្ដែងឲ្យទ្រង់ព្រះករុណាជ្រាបហើយ
29 គឺថានឹងត្រូវមាន៧ឆ្នាំដែលសម្បូរនៅពេញក្នុងស្រុកអេស៊ីព្ទ
30 រួចក្រោយនោះទៅនឹងមានអំណត់៧ឆ្នាំវិញ នោះគេនឹងភ្លេចពីផលបរិបូរក្នុងស្រុកអេស៊ីព្ទអស់ ដ្បិតអំណត់នោះនឹងបង្ហិនស្រុកនេះទៅ
31 គេនឹងលែងស្គាល់សេចក្ដីបរិបូរនៅក្នុងស្រុកទៀត ដោយព្រោះអំណត់ដែលត្រូវមកតាមក្រោយ ដ្បិតអំណត់នោះនឹងបានខ្លាំងណាស់
32 ហើយដែលព្រះករុណាបានទ្រង់សុបិនឃើញ២ដង នោះគឺដោយព្រោះព្រះបានសម្រេចការនោះ ហើយក៏ប្រញាប់នឹងធ្វើដែរ។
33 ដូច្នេះ គួរតែព្រះករុណាពិនិត្យរកមនុស្សមានតម្រិះមានប្រាជ្ញា ដើម្បីនឹងតាំងឲ្យត្រួតត្រាលើស្រុកអេស៊ីព្ទទៅ
34 គួរឲ្យទ្រង់ព្រះករុណាបានធ្វើដូច្នោះ ហើយតាំងឲ្យមានពួកតម្រួួតនៅក្នុងស្រុក សម្រាប់ឲ្យហូតយក១ភាគក្នុង៥ ពីអស់ទាំងផលក្នុងស្រុកអេស៊ីព្ទ នៅរវាង៧ឆ្នាំដែលសម្បូរផង
35 ឲ្យគេប្រមូលស្បៀងអាហារទាំងអស់ក្នុងឆ្នាំងល្អដែលត្រូវមកនេះ ហើយទុកស្រូវនៅក្រោមអំណាចទ្រង់ព្រះករុណា សម្រាប់ជាអាហារនៅក្នុងទីក្រុងទាំងប៉ុន្មាន ហើយឲ្យអ្នកទាំងនោះគ្រប់គ្រងរក្សាទុក
36 ឯស្បៀងអាហារនោះ នឹងបានបម្រុងទុកសម្រាប់ស្រុកអំណត់ទាំង៧ឆ្នាំដែលត្រូវមកក្នុងស្រុកអេស៊ីព្ទ ដើម្បីកុំឲ្យស្រុកនេះត្រូវវិនាសទៅដោយសារអំណត់នោះឡើយ។
37 សេចក្ដីនោះក៏គាប់ព្រះទ័យដល់ផារ៉ោន និងពួកមហាតលិកទ្រង់ទាំងអស់គ្នា
38 នោះផារ៉ោនទ្រង់មានព្រះបន្ទូលទៅពួកមហាតលិកទ្រង់ថា តើយើងនឹងរកមនុស្សឯណាឲ្យដូចមនុស្សនេះ ដែលមានព្រះវិញ្ញាណរបស់ព្រះសណ្ឋិតនឹងគាត់បាន
39 រួចផារ៉ោនទ្រង់មានព្រះបន្ទូលទៅយ៉ូសែបថា ដែលព្រះបានសម្ដែងឲ្យឯងដឹងសេចក្ដីទាំងនេះ នោះគ្មានអ្នកណាមានតម្រិះមានប្រាជ្ញាដូចឯងនេះទេ
40 គឺឯងនេះហើយ ដែលត្រូវកាន់កាប់ត្រួតត្រាលើសាសន៍របស់យើង ហើយរាស្ត្រយើងទាំងអស់នឹងចុះចូលតាមបង្គាប់ឯង យើងនឹងធំជាងឯងតែនៅបល្ល័ង្ករាជ្យប៉ុណ្ណោះ
41 រួចផារ៉ោនទ្រង់មានព្រះបន្ទូលទៅយ៉ូសែបថា នែ យើងតាំងឯងឲ្យត្រួតត្រាលើស្រុកអេស៊ីព្ទទាំងមូលហើយ
42 ផារ៉ោនទ្រង់ដោះព្រះទម្រង់ពីព្រះហស្ត ទៅបំពាក់នៅដៃយ៉ូសែបវិញ ក៏យកសម្លៀកបំពាក់ទេសយ៉ាងម៉ដ្ត មកបំពាក់គាត់ ព្រមទាំងបំពាក់ខ្សែមាសនៅកឲ្យគាត់ផង
43 ទ្រង់ឲ្យគាត់ជិះរាជរថបន្ទាប់របស់ទ្រង់ ហើយមានគេស្រែកនៅខាងមុខថា ចូរក្រាបចុះទាំងអស់គ្នាទៅ ដូច្នេះ ទ្រង់បានតាំងគាត់ឲ្យត្រួតត្រាលើស្រុកអេស៊ីព្ទទាំងមូល
44 ផារ៉ោនទ្រង់ក៏មានព្រះបន្ទូលទៅយ៉ូសែបថា យើងនេះជាផារ៉ោន បើឯងមិនបង្គាប់ នោះគ្មានអ្នកណានឹងលើកដៃលើកជើង នៅគ្រប់ក្នុងស្រុកអេស៊ីព្ទទេ
45 ផារ៉ោនក៏ហៅឈ្មោះយ៉ូសែបថា សាប់ន៉ាត់-ផានា ក៏ឲ្យនាងអាសន៉ាត់ជាកូនប៉ូទី-ផេរ៉ា ជាសង្ឃនៅក្រុងអូន ធ្វើជាប្រពន្ធ រួចយ៉ូសែបចេញដើរទៅពេញក្នុងស្រុកអេស៊ីព្ទ។
46 កាលយ៉ូសែបឈរនៅចំពោះផារ៉ោន ជាស្តេចស្រុកអេស៊ីព្ទ នោះគាត់មានអាយុ៣០ឆ្នាំហើយ គាត់ក៏ចេញពីចំពោះផារ៉ោន ដើរទៅពេញក្នុងស្រុកអេស៊ីព្ទទាំងអស់
47 នៅក្នុងឆ្នាំសម្បូរទាំង៧នោះ ដីបានបង្កើតផលជាបរិបូរ
48 គាត់ក៏ប្រមូលស្បៀងអាហារនៅស្រុកអេស៊ីព្ទទាំងអស់ក្នុងរវាង៧ឆ្នាំនោះ ហើយបានទុកស្បៀងទាំងនោះនៅក្នុងទីក្រុងទាំងប៉ុន្មាន គឺថា ស្បៀងពីស្រែចម្ការដែលនៅជុំវិញទីក្រុងណា នោះគាត់បានប្រមូលទុកក្នុងដីក្រុងនោះឯង
49 យ៉ូសែបបានប្រមូលស្រូវយ៉ាងសន្ធឹកណាស់ ដូចជាខ្សាច់នៅនាសមុទ្រ ទាល់តែគាត់លែងរាប់ ពីព្រោះរាប់មិនបាន
50 គ្រាមុនដែលកើតមានឆ្នាំអំណត់ នោះយ៉ូសែបមានកូនប្រុស២ ដែលនាងអាសន៉ាត់ជាកូនប៉ូទី-ផេរ៉ាជាសង្ឃនៅក្រុងអូនបានបង្កើតឲ្យ
51 យ៉ូសែបឲ្យកូនច្បងឈ្មោះថា ម៉ាន៉ាសេ ដោយគិតថា ព្រះទ្រង់បានធ្វើឲ្យអញភ្លេចសេចក្ដីទុក្ខលំបាករបស់អញទាំងប៉ុន្មាន ព្រមទាំងពួកគ្រួឪពុកអញផង
52 ហើយកូន១ទៀតគាត់ឲ្យឈ្មោះថា អេប្រាអិម ដោយគិតថា ព្រះទ្រង់បានប្រទានឲ្យអញមានកូន នៅក្នុងស្រុកនៃសេចក្ដីទុក្ខព្រួយរបស់អញ។
53 គ្រានោះ ឆ្នាំសម្បូរទាំង៧នៅស្រុកអេស៊ីព្ទក៏កន្លងផុតទៅ
54 ឯឆ្នាំអំណត់ទាំង៧ក៏ចាប់តាំងផ្តើមឡើង ដូចជាយ៉ូសែបបានទាយមែន ក៏មានអំណត់នៅគ្រប់ស្រុកទាំងអស់ តែនៅស្រុកអេស៊ីព្ទទាំងមូលមានស្បៀងអាហារវិញ
55 កាលជនក្នុងស្រុកអេស៊ីព្ទទាំងអស់បានអត់ឃ្លាន ហើយគេស្រែកសូមអាហារពីផារ៉ោន នោះទ្រង់មានព្រះបន្ទូលទៅពួកសាសន៍អេស៊ីព្ទទាំងអស់ថា ចូរទៅឯយ៉ូសែបទៅ ហើយធ្វើតាមដែលលោកបង្គាប់ចុះ
56 នោះមានអំណត់អត់នៅពេញលើផែនដី រួចយ៉ូសែបគាត់បើកគ្រប់ទាំងជង្រុកស្រូវលក់ទៅពួកសាសន៍អេស៊ីព្ទ អំណត់នោះកាន់តែខ្លាំងឡើងនៅស្រុកអេស៊ីព្ទ
57 គ្រប់ទាំងស្រុកក៏នាំគ្នាចូលមកឯយ៉ូសែបនៅស្រុកអេស៊ីព្ទ ដើម្បីនឹងទិញស្រូវ ពីព្រោះអំណត់នោះជាខ្លាំងណាស់នៅពេញលើផែនដី។
ជំពូក 42
1 រីឯយ៉ាកុប គាត់ឃើញថា ស្រុកអេស៊ីព្ទមានស្រូវ នោះគាត់និយាយទៅពួកកូនថា ហេតុអ្វីបានជាឯងរាល់គ្នាមើលមុខគ្នាទៅវិញទៅមកដូច្នេះ
2 គាត់ប្រាប់ថា នែ អញបានឮថាស្រុកអេស៊ីព្ទមានស្រូវ ដូច្នេះ ចូរឯងរាល់គ្នាចុះទៅឯណោះ ដើម្បីទិញពីនោះមកសម្រាប់យើងចុះ ឲ្យយើងបានរស់នៅកុំឲ្យស្លាប់
3 នោះបងយ៉ូសែបទាំង១០នាក់ ក៏ចុះទៅទិញស្រូវឯស្រុកអេស៊ីព្ទ
4 តែយ៉ាកុបមិនឲ្យបេនយ៉ាមីន ជាប្អូនយ៉ូសែប ទៅជាមួយនឹងពួកបងៗទេ ដោយនឹកខ្លាចថា ក្រែងកើតមានគ្រោះថ្នាក់ដល់វា
5 ដូច្នេះ ពួកកូនអ៊ីស្រាអែលក៏ចូលទៅជាមួយនឹងពួកអ្នកទាំងប៉ុន្មានដែលទៅទិញស្រូវ ដ្បិតនៅស្រុកកាណានក៏មានអំណត់អត់ដែរ
6 ឯយ៉ូសែប គាត់ជាចៅហ្វាយលើស្រុកនោះ គឺគាត់ហើយ ដែលជាអ្នកលក់ស្រូវឲ្យដល់បណ្តាមនុស្សនៅផែនដី ពួកបងគាត់ក៏ចូលទៅក្រាបផ្កាប់មុខដល់ដីចំពោះគាត់
7 កាលយ៉ូសែបឃើញពួកបង នោះក៏ស្គាល់គេ តែគាត់ធ្វើដូចជាអ្នកដទៃនឹងគេវិញ ហើយនិយាយដោយតឹងរ៉ឹងថា មកពីណា គេឆ្លើយថា យើងខ្ញុំមកពីស្រុកកាណានដើម្បីនឹងទិញស្បៀងអាហារ
8 យ៉ូសែបស្គាល់ពួកបងជាក់ តែគេមិនស្គាល់គាត់ទេ
9 គាត់ក៏នឹកឃើញពីសប្តិដែលបានយល់សប្តិពីដំណើរគេ រួចនិយាយទៅគេថា ឯងរាល់គ្នាជាពួកលបសង្កេតស្រុកទេ ឯងបានមកដើម្បីនឹងមើលស្រុកនេះ ដែលនៅទទេជាយ៉ាងណាហើយ
10 តែគេឆ្លើយថា ទេ លោកម្ចាស់ខ្ញុំអើយ យើងខ្ញុំប្របាទបានគ្រាន់តែមកទិញស្បៀងអាហារប៉ុណ្ណោះទេ
11 យើងខ្ញុំរាល់គ្នាមានឪពុកតែ១ យើងខ្ញុំប្របាទជាមនុស្សទៀងត្រង់ពិត មិនមែនជាពួកលបសង្កេតទេ
12 តែគាត់តបទៅគេថា ទេ ពិតជាឯងរាល់គ្នាបានមក ដើម្បីមើលស្រុកដែលនៅទទេជាយ៉ាងណាហើយ
13 នោះគេឆ្លើយថា យើងខ្ញុំប្របាទមានបងប្អូន១២នាក់ ជាកូនមានឪពុកតែ១នៅស្រុកកាណាន មើល សព្វថ្ងៃនេះ កូនពៅបាននៅជាមួយនឹងឪពុករបស់យើងខ្ញុំ ហើយកូន១ទៀតមិននៅទេ
14 យ៉ូសែបឆ្លើយតបថា គឺដូចជាអញបានប្រាប់ឯងរាល់គ្នាហើយ ថាឯងរាល់គ្នាជាពួកលបសង្កេតស្រុកទេ
15 អញនឹងល្បងសាកឯងរាល់គ្នាមើលដូច្នេះ គឺអញស្បថនឹងព្រះជន្មផារ៉ោនថា ឯងរាល់គ្នានឹងមិនបានចេញពីទីនេះឡើយ លើកតែប្អូនពៅឯងបានមកឯណេះសិន
16 ចូរឯងចាត់គ្នាឯងម្នាក់ឲ្យទៅនាំប្អូនពៅមក តែត្រូវចងឯងរាល់គ្នាទុកនៅទីនេះ ដើម្បីនឹងល្បងសាកមើលចំពោះពាក្យសំដីឯងឲ្យដឹងជានិយាយពិតឬទេ បើមិនពិតទេ នោះអញស្បថនឹងព្រះជន្មផារ៉ោនថា ឯងរាល់គ្នាជាពួកលបសង្កេតស្រុកមែន
17 រួចគាត់ឃុំគេទុកនៅអស់៣ថ្ងៃ។
18 លុះដល់៣ថ្ងៃក្រោយមក នោះយ៉ូសែបគាត់និយាយទៅគេថា ចូរធ្វើដូច្នេះចុះ ដើម្បីឲ្យបានរស់នៅ ដ្បិតអញជាអ្នកគោរពកោតខ្លាចដល់ព្រះ
19 បើឯងរាល់គ្នាជាមនុស្សទៀងត្រង់មែន នោះចូរឲ្យបងប្អូនឯងម្នាក់នៅជាប់ចំណងក្នុងគុកនេះសិន តែឯងរាល់គ្នាឯទៀតត្រូវនាំយកស្រូវទៅឲ្យពួកផ្ទះឯងដែលអត់ចុះ
20 រួចឲ្យនាំប្អូនពៅឯងមកឯអញកុំខាន យ៉ាងនោះនឹងបានដឹងថា ឯងរាល់គ្នានិយាយពិតត្រង់មែន ហើយឯងរាល់គ្នាក៏មិនត្រូវស្លាប់ផង គេក៏ធ្វើដូច្នោះ
21 រួចគេនិយាយគ្នាគេថា ប្រាកដជាយើងមានទោសដោយព្រោះប្អូនយើងហើយ ពីព្រោះយើងបានឃើញសេចក្ដីទុក្ខព្រួយក្នុងចិត្តវា ក្នុងកាលដែលវាអង្វរដល់យើងនោះ តែយើងមិនបានស្តាប់តាមវាសោះ គឺដោយហេតុនោះឯង បានជាសេចក្ដីទុក្ខព្រួយនេះបានធ្លាក់មកលើយើងរាល់គ្នាវិញ
22 នោះរូបេនឆ្លើយឡើងថា តើអញមិនបានហាមឯងរាល់គ្នាទេឬអីថា កុំឲ្យធ្វើបាបវាឡើយ តែឯងរាល់គ្នាមិនព្រមស្តាប់តាមអញសោះ មើលន៏ ឥឡូវឈាមវាបានទារវិញហើយ
23 គេមិនដឹងថាយ៉ូសែបស្តាប់បានទេ ពីព្រោះមានអ្នកបកភាសាឲ្យ
24 គាត់ក៏ងាកបែរចេញពីគេទៅយំ រួចត្រឡប់មកនិយាយនឹងគេវិញ ទើបយកស៊ីម្មានពីពួកគេមកចងនៅមុខគេ។
25 យ៉ូសែបគាត់បង្គាប់ឲ្យច្រកស្រូវឲ្យពេញបាវគេ ហើយដាក់ប្រាក់គេចុះទៅក្នុងបាវរៀងខ្លួនវិញ ព្រមទាំងឲ្យស្បៀងអាហារសម្រាប់បរិភោគតាមផ្លូវផង នោះក៏បានធ្វើឲ្យគេដូច្នោះ
26 គេផ្ទុកស្រូវលើលាចេញពីនោះទៅ
27 លុះកាលអ្នកម្នាក់បានស្រាយបាវ និងយកស្រូវឲ្យលាស៊ី នៅត្រង់ផ្ទះសំណាក់ នោះស្រាប់តែឃើញប្រាក់របស់ខ្លួននៅក្នុងមាត់បាវ
28 គាត់ក៏ប្រាប់ដល់បងប្អូនថា ប្រាក់ខ្ញុំគេបានប្រគល់មកវិញហើយ មើល មាននៅក្នុងបាវខ្ញុំឯណេះ គេមានសេចក្ដីតក់ស្លុតគ្រប់គ្នា ក៏ងាកបែរមើលគ្នាទាំងភ័យញ័រ ហើយនិយាយថា តើព្រះបានធ្វើអ្វីដល់យើងដូច្នេះ។
29 លុះគេទៅដល់យ៉ាកុបជាឪពុកនៅស្រុកកាណានហើយ នោះក៏រៀបរាប់ជម្រាបគាត់ពីគ្រប់ទាំងការដែលបានកើតឡើងដល់គេថា
30 អ្នកដែលជាចៅហ្វាយនៅស្រុកនោះ លោកបាននិយាយមកយើងដោយតឹងរ៉ឹងណាស់ ហើយបានទុកយើងជាពួកលបសង្កេតស្រុក
31 យើងខ្ញុំបានជម្រាបលោកថា យើងខ្ញុំជាមនុស្សទៀងត្រង់ មិនមែនជាពួកលបសង្កេតស្រុកទេ
32 ហើយថា យើងខ្ញុំមានបងប្អូន១២នាក់ជាកូននៃឪពុកតែ១ កូន១មិននៅទៀតទេ ហើយកូនពៅវានៅជាមួយនឹងឪពុករបស់យើងខ្ញុំ នៅស្រុកកាណានសព្វថ្ងៃនេះ
33 តែអ្នកដែលជាចៅហ្វាយនៃស្រុកនោះ លោកនិយាយមកយើងខ្ញុំថា គឺយ៉ាងនេះដែលអញនឹងដឹងថា ឯងរាល់គ្នាជាមនុស្សទៀងត្រង់មែន ត្រូវឲ្យទុកបងប្អូនឯងម្នាក់នៅនឹងអញសិន រួចនាំយកស្រូវសម្រាប់ពួកគ្រួឯងរាល់គ្នាដែលអត់នោះចេញទៅចុះ
34 ហើយនាំប្អូនឯងមកឯអញ នោះអញនឹងដឹងថា ឯងរាល់គ្នាមិនមែនជាពួកលបសង្កេតស្រុកឡើយ គឺជាមនុស្សទៀងត្រង់ពិត រួចសឹមអញនឹងលែងឲ្យបងប្អូនឯងម្នាក់នេះដល់ឯងវិញ ព្រមទាំងបើកឲ្យឯងរាល់គ្នាចេញចូលបានក្នុងស្រុកនេះផង។
35 កាលគេបានចាក់ស្រូវចេញពីបាវទៅ នោះក៏ឃើញកញ្ចប់ប្រាក់របស់គេរៀងខ្លួននៅក្នុងបាវ រួចគេ និងឪពុកគេមានសេចក្ដីភ័យញ័រ ដោយឃើញកញ្ចប់ប្រាក់ទាំងនោះ
36 យ៉ាកុបជាឪពុកនិយាយថា ឯងរាល់គ្នាបានបំបាត់កូនអញទៅ គឺយ៉ូសែបមិននៅទៀត ហើយស៊ីម្មានក៏មិននៅដែរ ឥឡូវឯងចង់យកបេនយ៉ាមីនទៅទៀតឬ សេចក្ដីទាំងនេះជាទំនាស់នឹងអញហើយ
37 រូបេនឆ្លើយទៅឪពុកថា បើខ្ញុំមិននាំវាមកវិញ នោះសូមសម្លាប់កូនប្រុសខ្ញុំទាំង២ចុះ សូមឲ្យវាមកខ្ញុំៗនឹងនាំវាមកជូនលោកឪពុកវិញជាមិនខាន
38 តែយ៉ាកុបប្រកែកថា កូនអញមិនត្រូវចុះទៅជាមួយនឹងឯងរាល់គ្នាទេ ដ្បិតបងវាស្លាប់ទៅហើយ នៅសល់តែវា១ប៉ុណ្ណោះ បើកាលណាវាកើតមានគ្រោះថ្នាក់អ្វីតាមផ្លូវដែលឯងទៅ នោះឯងរាល់គ្នានឹងនាំឲ្យសក់ស្កូវរបស់អញ ចុះទៅដល់ស្ថានឃុំព្រលឹងមនុស្សស្លាប់ដោយទុក្ខព្រួយហើយ។
ជំពូក 43
1 ឯអំណត់អត់នៅក្នុងស្រុកនោះក៏ខ្លាំងណាស់
2 កាលគេបានបរិភោគស្រូវដែលនាំយកពីស្រុកអេស៊ីព្ទមកអស់ហើយ នោះឪពុកប្រាប់ថា ចូរទៅទិញស្បៀងអាហារមកទៀត
3 តែយូដាឆ្លើយទៅឪពុកថា អ្នកនោះបានប្រាប់យើងខ្ញុំយ៉ាងច្បាស់ថា ឯងរាល់គ្នានឹងខានឃើញមុខអញទៀត លើកតែប្អូនឯងមកជាមួយ
4 បើលោកឪពុកឲ្យប្អូនទៅជាមួយ នោះយើងខ្ញុំនឹងទៅទិញស្បៀងអាហារយកមកជូន
5 តែបើលោកឪពុកមិនព្រមឲ្យវាទៅទេ នោះយើងខ្ញុំក៏មិនចុះទៅដែរ ពីព្រោះអ្នកនោះបានប្រាប់យើងខ្ញុំថា ឯងរាល់គ្នាលែងបានឃើញមុខអញទៀតហើយ លើកតែប្អូនឯងមកជាមួយ
6 នោះអ៊ីស្រាអែលគាត់និយាយថា ហេតុអ្វីបានជាឯងរាល់គ្នាប្រព្រឹត្តអាក្រក់នឹងអញដល់ម៉្លេះ ដោយប្រាប់អ្នកនោះថា មានប្អូន១ទៀត
7 គេឆ្លើយថា អ្នកនោះបានសាកសួរយើងខ្ញុំយ៉ាងល្អិតណាស់ ពីដំណើរយើងខ្ញុំ និងញាតិសន្តាននៃយើងខ្ញុំថា តើឪពុកឯងរាល់គ្នានៅរស់ទេឬ តើមានប្អូន១ទៀតឬទេ យើងខ្ញុំក៏បានជម្រាបលោកតាមពាក្យទាំងនោះទៅ ធ្វើដូចម្តេចឲ្យយើងខ្ញុំបានដឹងថា លោកនឹងប្រាប់ឲ្យនាំប្អូនយើងចុះទៅដូច្នេះ
8 នោះយូដាក៏អង្វរអ៊ីស្រាអែលជាឪពុកថា សូមឲ្យកូនកំលោះទៅជាមួយនឹងខ្ញុំចុះ នោះយើងខ្ញុំនឹងរៀបចំទៅ ដើម្បីឲ្យយើងខ្ញុំ ព្រមទាំងលោកឪពុក ហើយនិងកូនចៅយើងខ្ញុំទាំងអស់គ្នាបាននៅរស់ កុំឲ្យស្លាប់
9 ខ្ញុំនឹងធានាពីដំណើរវា លោកឪពុកនឹងទារវាពីដៃខ្ញុំវិញ បើខ្ញុំមិននាំវាមកជូនដល់លោកឪពុក ឲ្យបាននៅចំពោះមុខលោកឪពុកវិញទេ នោះសូមឲ្យខ្ញុំជាប់មានទោសជាដរាបចុះ
10 ដ្បិតបើយើងខ្ញុំមិនបានបង្អង់នៅ នោះប្រាកដជាយើងខ្ញុំបានទៅមក២សាហើយ
11 អ៊ីស្រាអែលជាឪពុកក៏ប្រាប់ថា បើដូច្នេះធ្វើយ៉ាងនេះចុះ ចូរយកផលយ៉ាងល្អៗពីស្រុកនេះដាក់ចុះក្នុងបាវរបស់ឯងរាល់គ្នាយកទៅជូនលោកផង គឺជ័រពិដោរ និងទឹកឃ្មុំបន្តិច ព្រមទាំងគ្រឿងម្ហូប ជ័រល្វីងទេស គ្រាប់ឈើ និងគ្រាប់ចំបក់
12 ហើយយកប្រាក់១ជា២នៅដៃឯងរាល់គ្នាទៅ ព្រមទាំងប្រាក់ដែលគេដាក់មកនៅមាត់បាវនោះផង យកទៅប្រគល់ឲ្យគេវិញ ក្រែងលោគេច្រឡំ
13 រួចឲ្យនាំយកប្អូនឯងវិលទៅឯអ្នកនោះចុះ
14 សូមព្រះដ៏មានគ្រប់ទាំងព្រះចេស្តា បណ្តាលឲ្យអ្នកនោះអាណិតមេត្តាដល់ឯងរាល់គ្នា ដើម្បីឲ្យគេបើកឲ្យបងឯង ហើយនិងបេនយ៉ាមីនមកវិញដែរ ណ្ហើយចុះ បើអញត្រូវអត់កូន នោះក៏ត្រូវតែទ្រាំអត់ទៅចុះ។
15 គេក៏យកជំនូនទាំងនោះ និងប្រាក់១ជា២នៅដៃ ហើយនាំបេនយ៉ាមីនទៅដែរ រួចគេក្រោកឡើងចុះទៅឯស្រុកអេស៊ីព្ទ ទៅឈរនៅចំពោះមុខយ៉ូសែប
16 កាលយ៉ូសែបឃើញបេនយ៉ាមីនមកជាមួយ នោះគាត់ប្រាប់ទៅអ្នកតម្រួួតដែលត្រួតមើលផ្ទះគាត់ថា ចូរនាំមនុស្សទាំងនេះចូលទៅក្នុងផ្ទះ រួចឲ្យសម្លាប់សត្វរៀបម្ហូបម្ហាទៅ ពីព្រោះមនុស្សទាំងនេះនឹងបរិភោគជាមួយនឹងអញនៅពេលថ្ងៃត្រង់
17 អ្នកនោះក៏នាំគេចូលទៅក្នុងផ្ទះតាមបង្គាប់យ៉ូសែប
18 គេក៏មានសេចក្ដីភិតភ័យ ពីព្រោះបាននាំចូលទៅក្នុងផ្ទះយ៉ូសែប ហើយគេពិគ្រោះគ្នាថា គឺដោយព្រោះប្រាក់ដែលបានដាក់ចុះក្នុងបាវ ឲ្យមកយើងវិញ ពីកាលជាន់មុននោះហើយ បានជាគេនាំយើងចូលមកនេះ ដើម្បីឲ្យលោកបានរករឿងនឹងយើង ហើយចាប់យើងយកធ្វើជាបាវ ព្រមទាំងសត្វលាផង
19 គេក៏ចូលទៅឯអ្នកតម្រួួតដែលត្រួតលើផ្ទះយ៉ូសែប និយាយនឹងគាត់នៅត្រង់មាត់ទ្វារថា
20 ឱលោកម្ចាស់ខ្ញុំអើយ កាលមុននោះយើងខ្ញុំបានចុះមកទិញស្បៀងអាហារ
21 រួចកាលយើងខ្ញុំបានទៅដល់ទីសំណាក់ នោះយើងខ្ញុំបានស្រាយបាវទៅ ឃើញមានប្រាក់របស់យើងខ្ញុំគ្រប់ចំនួននៅក្នុងបាវរៀងខ្លួន ឥឡូវយើងខ្ញុំបានយកប្រាក់នោះមកវិញនៅដៃយើងខ្ញុំនេះ
22 ក៏បានយកប្រាក់ផ្សេងសម្រាប់នឹងទិញស្បៀងអាហារនៅដៃយើងខ្ញុំដែរ យើងខ្ញុំមិនដឹងជាអ្នកណាបានដាក់ប្រាក់នោះទៅក្នុងបាវទេ
23 តែអ្នកនោះឆ្លើយថា ចូរឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្ដីសុខចុះ កុំឲ្យខ្លាចឡើយ គឺព្រះនៃអ្នករាល់គ្នា ជាព្រះនៃឪពុកអ្នករាល់គ្នា ទ្រង់បានប្រទានទ្រព្យមកក្នុងបាវរបស់អ្នករាល់គ្នាទេ ឯប្រាក់របស់អ្នករាល់គ្នា គឺខ្ញុំបានទទួលហើយ រួចអ្នកនោះនាំស៊ីម្មានចេញមកឯគេ
24 ហើយក៏នាំគេចូលទៅក្នុងផ្ទះយ៉ូសែប ទាំងយកទឹកមកឲ្យលាងជើង រួចគាត់យកចំបើងឲ្យលាគេស៊ីដែរ
25 ឯគេក៏រៀបចំជំនូនចាំយ៉ូសែបមកដល់នៅពេលថ្ងៃត្រង់ ដ្បិតគេបានឮថា ខ្លួនគេត្រូវបរិភោគបាយនៅទីនោះ។
26 កាលយ៉ូសែបបានមកដល់ផ្ទះ នោះគេយកជំនូនដែលនៅដៃនាំចូលទៅក្នុងផ្ទះជូនគាត់ ហើយក្រាបផ្កាប់មុខដល់ដីចំពោះគាត់
27 គាត់ក៏សួរពីសេចក្ដីសុខទុក្ខរបស់គេថា តើលោកតា ជាឪពុកអ្នករាល់គ្នា ដែលបានប្រាប់ខ្ញុំនោះ គាត់នៅរស់ ហើយសុខសប្បាយជាទេឬ
28 គេឆ្លើយថា ឪពុកយើងខ្ញុំជាអ្នកបម្រើលោកគាត់រស់នៅហើយសុខសប្បាយជាទេ រួចក៏ឱនគោរពដល់គាត់។
29 លុះយ៉ូសែបក្រឡេកភ្នែកទៅ ឃើញបេនយ៉ាមីនជាប្អូនពោះមួយនឹងខ្លួន នោះក៏សួរថា នេះគឺជាប្អូនពៅដែលអ្នករាល់គ្នាបានប្រាប់ខ្ញុំឬអី ហើយក៏និយាយទៅប្អូនថា កូនអើយ សូមព្រះអង្គទ្រង់ប្រោសមេត្តាដល់ឯង
30 យ៉ូសែបក៏ប្រញាប់ប្រញាល់ទៅរកកន្លែងយំ ពីព្រោះគាត់មានសេចក្ដីក្តួលនឹងប្អូនខ្លាំងណាស់ នោះគាត់ចូលទៅយំក្នុងបន្ទប់
31 រួចលប់មុខចេញមកវិញ ទាំងខំទប់ ហើយប្រាប់ថា ចូរលើកម្ហូបមក
32 គេក៏លើកមកជូនគាត់ដោយខ្លួន ឲ្យអ្នកទាំងនោះដោយខ្លួន ហើយឲ្យពួកសាសន៍អេស៊ីព្ទ ដែលបរិភោគជាមួយនឹងគាត់ ដោយខ្លួនដែរ ពីព្រោះពួកសាសន៍អេស៊ីព្ទ គេគ្មានច្បាប់នឹងបរិភោគជាមួយនឹងពួកសាសន៍ហេព្រើរទេ ព្រោះជាសេចក្ដីស្អប់ខ្ពើមដល់ពួកសាសន៍អេស៊ីព្ទ
33 ពួកបងប្អូនគាត់ក៏អង្គុយនៅមុខគាត់ដោយលំដាប់ គឺបងច្បងតាមបងច្បង ហើយប្អូនពៅតាមប្អូនពៅ អ្នកទាំងនោះគេក៏ឆ្ងល់ទាំងអស់គ្នា
34 មានគេយកចំណែកភោជនាហារពីចំពោះគាត់ទៅឲ្យគេគ្រប់គ្នា តែបេនយ៉ាមីនបានលើសជាងគេ១ជា៥ភាគ នោះទាំងអស់គ្នាក៏បានបរិភោគ ដោយអរសប្បាយជាមួយគ្នាទៅ។
ជំពូក 44
1 យ៉ូសែបបង្គាប់ទៅអ្នកដែលត្រួតលើផ្ទះខ្លួនថា ចូរច្រកស្បៀងអាហារឲ្យពេញបាវរបស់អ្នកទាំងនោះទៅ តាមដែលគេដឹកនាំទៅបាន រួចយកប្រាក់គេដាក់ទៅក្នុងមាត់បាវវិញ
2 ហើយយកពែងប្រាក់របស់អញ ដាក់ចុះក្នុងមាត់បាវនៃអ្នកដែលក្មេងជាងគេនោះ ព្រមទាំងប្រាក់ជាតម្លៃស្រូវផង អ្នកនោះក៏ធ្វើតាមបង្គាប់យ៉ូសែប
3 លុះភ្លឺឡើងហើយ នោះក៏បញ្ជូនឲ្យអ្នកទាំងនោះទៅ និងលារបស់គេដែរ
4 តែកាលគេបានចេញពីទីក្រុងទៅមិនឆ្ងាយប៉ុន្មាន នោះយ៉ូសែបប្រាប់ទៅអ្នកដែលត្រួតលើផ្ទះខ្លួនថា ចូររៀបចំដេញតាមមនុស្សទាំងនោះទៅ កាលណាឯងបានទាន់គេ នោះត្រូវនិយាយយ៉ាងនេះថា ហេតុអ្វីបានជាឯងរាល់គ្នាធ្វើការអាក្រក់ស្នងនឹងការល្អដូច្នេះ
5 តើពែងនោះមិនមែនជាពែងដែលចៅហ្វាយអញផឹក ហើយដែលលោកប្រើសម្រាប់នឹងទាយទេឬអី ដែលឯងរាល់គ្នាបានធ្វើដូច្នេះ នោះអាក្រក់ណាស់។
6 អ្នកនោះក៏ទៅបានទាន់គេ ហើយនិយាយនឹងគេតាមពាក្យទាំងនោះ
7 គេប្រកែកឡើងថា ហេតុអ្វីបានជាលោកម្ចាស់ខ្ញុំមានប្រសាសន៍ដូច្នេះ យើងខ្ញុំប្របាទមិនដែលធ្វើដូច្នោះឡើយ
8 មើល ដូចជាប្រាក់ដែលយើងខ្ញុំបានឃើញនៅមាត់បាវរបស់យើងខ្ញុំ នោះយើងខ្ញុំបានយកពីស្រុកកាណានមកជូនលោកវិញហើយដែរ ដូច្នេះ ធ្វើដូចម្តេចឲ្យយើងខ្ញុំបានលួចយកប្រាក់ ឬមាសពីផ្ទះចៅហ្វាយរបស់លោកមកបាន
9 បើឃើញមាននៅនឹងរូបអ្នកណាក្នុងពួកយើងខ្ញុំប្របាទនេះ សូមឲ្យអ្នកនោះទទួលស្លាប់ចុះ ហើយយើងខ្ញុំរាល់គ្នានឹងធ្វើជាបាវរបស់លោកតទៅ
10 តែអ្នកនោះនិយាយថា ដូច្នេះ សូមឲ្យបានដូចជាពាក្យអ្នកចុះ បើខ្ញុំរកឃើញនៅលើរូបអ្នកណា ឲ្យអ្នកនោះត្រូវធ្វើជាបាវខ្ញុំចុះ តែអ្នកឯទៀតនឹងបានរួចទោសវិញ
11 នោះគេក៏ប្រញាប់ប្រញាល់នឹងដាក់បាវស្រូវចុះមកដី ហើយស្រាយចេញគ្រប់គ្នា
12 រួចអ្នកនោះជ្រាវរាវរកចាប់តាំងពីបងច្បងទៅដល់ប្អូនពៅ ឃើញមានពែងនោះនៅក្នុងបាវរបស់បេនយ៉ាមីន
13 នោះគេក៏ហែកសម្លៀកបំពាក់ រួចផ្ទុកលាត្រឡប់ទៅឯទីក្រុងវិញទាំងអស់គ្នា។
14 យូដា និងបងប្អូននាំគ្នាចូលទៅក្នុងផ្ទះយ៉ូសែបដែលនៅផ្ទះនៅឡើយ ក៏ទម្លាក់ខ្លួនក្រាបចុះផ្កាប់មុខដល់ដីនៅចំពោះគាត់
15 នោះយ៉ូសែបនិយាយគំរាមទៅគេថា ឯងរាល់គ្នាបានធ្វើអ្វីដូច្នេះ តើមិនដឹងថា មនុស្សយ៉ាងអញចេះចាប់យាមទេឬអី
16 យូដាឆ្លើយឡើងថា យើងខ្ញុំនឹងឆ្លើយតបនឹងលោកម្ចាស់នៃយើងខ្ញុំដូចម្តេចបាន តើនឹងនិយាយអ្វី ឬដោះសាខ្លួនយើងខ្ញុំជាយ៉ាងណាបាន ព្រះទ្រង់បានឃើញសេចក្ដីទុច្ចរិតរបស់យើងខ្ញុំប្របាទហើយ មើល យើងខ្ញុំត្រូវធ្វើជាបាវបម្រើរបស់លោកម្ចាស់ គឺទាំងខ្លួនយើងខ្ញុំ និងអ្នក១ដែលឃើញមានពែងនៅដៃនោះផង
17 តែគាត់ឆ្លើយថា អញមិនធ្វើដូច្នោះទេ អ្នកណាដែលបានឃើញមានពែងនៅដៃវា គឺអ្នកនោះឯងដែលត្រូវធ្វើជាបាវរបស់អញ ឯឯងរាល់គ្នាវិញ ត្រូវឡើងត្រឡប់ទៅឯឪពុកឯងដោយសុខសាន្តចុះ។
18 យូដាគាត់ក៏ចូលទៅជិតអង្វរយ៉ូសែបថា ឱលោកម្ចាស់ខ្ញុំប្របាទអើយ សូមបើកឲ្យខ្ញុំប្របាទជាបាវលោកជម្រាបជូនលោកស្តាប់១ម៉ាត់សិន សូមកុំខឹងក្តៅនឹងខ្ញុំប្របាទជាអ្នកបម្រើលោកឡើយ ពីព្រោះលោកក៏ដូចជាផារ៉ោនហើយ
19 លោកម្ចាស់បានសួរយើងខ្ញុំប្របាទថា តើមានឪពុកមានបងប្អូនឬទេ
20 នោះយើងខ្ញុំបានឆ្លើយជម្រាបលោកម្ចាស់ថា យើងខ្ញុំមានឪពុកចាស់ ហើយនិងប្អូនតូច១ដែលកើតមកក្នុងកាលដែលគាត់ចាស់ដែរ បងវាបានស្លាប់ទៅ ហើយក្នុងកូនពោះមួយនឹងវា នោះនៅសល់តែវាម្នាក់ឯងទេ ហើយឪពុកស្រឡាញ់វាណាស់
21 តែលោកមានប្រសាសន៍មកយើងខ្ញុំប្របាទថា ចូរនាំវាចុះមកឯលោកកុំខាន ឲ្យលោកបានឃើញផង
22 យើងខ្ញុំក៏បានជម្រាបលោកម្ចាស់វិញថា កូននោះនឹងឃ្លាតចេញពីឪពុកមកមិនបានទេ ដ្បិតបើវាឃ្លាតចេញពីគាត់ នោះគាត់នឹងស្លាប់ហើយ
23 តែលោកបានមានប្រសាសន៍មកយើងខ្ញុំប្របាទថា បើប្អូនពៅមិនចុះមកជាមួយទេ នោះយើងខ្ញុំមិនបានឃើញមុខលោកទៀត
24 ដូច្នេះ កាលយើងខ្ញុំបានឡើងទៅដល់ឪពុកដែលជាអ្នកបម្រើលោក នោះយើងខ្ញុំក៏ជម្រាបគាត់តាមពាក្យរបស់លោកម្ចាស់
25 រួចមកឪពុកយើងខ្ញុំប្រាប់ថា ចូរទៅទិញស្បៀងអាហារសម្រាប់យើងទៀត
26 តែយើងខ្ញុំបានប្រកែកថា យើងខ្ញុំទៅពុំបានទេ បើប្អូនពៅបានទៅជាមួយ នោះទើបយើងខ្ញុំនឹងទៅបាន ដ្បិតយើងខ្ញុំនឹងឃើញមុខលោកនោះមិនបានទេ លើកតែប្អូនពៅបានទៅជាមួយផង
27 ឪពុកយើងខ្ញុំដែលជាអ្នកបម្រើលោកគាត់មានប្រសាសន៍មកយើងខ្ញុំថា ឯងរាល់គ្នាដឹងថា ប្រពន្ធអញបានបង្កើតកូនប្រុស២ឲ្យអញ
28 មួយបានឃ្លាតចាកពីអញទៅបាត់ហើយ អញក៏គិតថា ប្រាកដជាមានសត្វហែកវាស៊ីមែន អញមិនដែលឃើញវាទៀតដរាបដល់សព្វថ្ងៃនេះ
29 ឥឡូវបើឯងរាល់គ្នាយកកូននេះពីអញទៅទៀត ហើយជួនជាកើតមានគ្រោះថ្នាក់យ៉ាងណា នោះឯងរាល់គ្នានឹងនាំឲ្យសក់ស្កូវរបស់អញចុះទៅដល់ស្ថានឃុំព្រលឹងមនុស្សស្លាប់ដោយសេចក្ដីទុក្ខព្រួយហើយ
30 ដូច្នេះ បើកាលណាខ្ញុំប្របាទត្រឡប់ទៅឯឪពុករបស់ខ្ញុំប្របាទជាអ្នកបម្រើលោក ហើយក្មេងនេះដែលគាត់ស្រឡាញ់ដូចជាដួងជីវិត មិនបានឃើញទៅជាមួយនឹងយើងខ្ញុំទេ
31 នោះគាត់នឹងស្លាប់ជាពិតដោយមិនឃើញកូននេះ យ៉ាងនោះយើងខ្ញុំប្របាទឈ្មោះថា នឹងនាំឲ្យសក់ស្កូវរបស់ឪពុកយើងខ្ញុំជាអ្នកបម្រើលោក ចុះទៅឯស្ថានឃុំព្រលឹងមនុស្សស្លាប់ដោយសេចក្ដីទុក្ខព្រួយពិតមែន
32 ពីព្រោះខ្ញុំប្របាទបាននិយាយធានាពីដំណើរកូននេះនឹងឪពុកថា បើកាលណាមិនបាននាំវាមកជូនលោកឪពុកវិញទេ នោះត្រូវឲ្យខ្ញុំប្របាទមានទោសចំពោះលោកឪពុកជាដរាប
33 ដូច្នេះ សូមឲ្យខ្ញុំប្របាទនៅបម្រើលោកម្ចាស់ជំនួសកូនកំលោះនេះចុះ ដើម្បីឲ្យឡើងទៅវិញជាមួយនឹងពួកបងៗ
34 ដ្បិតបើក្មេងនេះមិនបានទៅជាមួយហើយ នោះធ្វើដូចម្តេចឡើយឲ្យខ្ញុំប្របាទឡើងទៅឯឪពុករបស់ខ្ញុំប្របាទបាន ខ្លាចក្រែងខ្ញុំឃើញសេចក្ដីអាក្រក់ដែលនឹងកើតដល់ឪពុកខ្ញុំប្របាទ។
ជំពូក 45
1 យ៉ូសែបខំអត់ទប់ នៅមុខពួកអ្នកទាំងប៉ុន្មានដែលនៅជិតគាត់ពុំបាន ក៏បន្លឺវាចាថា ចូរឲ្យមនុស្សទាំងអស់ថយចេញពីអញទៅ ដូច្នេះ កំពុងដែលយ៉ូសែបថ្លែងឲ្យពួកបងប្អូនស្គាល់ខ្លួន នោះគ្មានមនុស្សណាមួយឈរនៅជិតខាងឡើយ
2 គាត់ឡើងសំឡេងយំ ឯពួកសាសន៍អេស៊ីព្ទក៏ឮ ព្រមទាំងពួកដំណាក់ផារ៉ោនផង
3 គាត់ប្រាប់ទៅបងប្អូនថា ខ្ញុំនេះជាយ៉ូសែប តើឪពុកខ្ញុំនៅរស់ទេឬ ឯបងប្អូនគាត់ឆ្លើយមិនបាន ពីព្រោះគេស្រឡាំងកាំងទាំងអស់គ្នានៅមុខគាត់
4 តែយ៉ូសែបនិយាយទៅបងប្អូនថា សូមមកជិតខ្ញុំ គេក៏ចូលទៅជិត រួចគាត់ប្រាប់ថា ខ្ញុំនេះជាយ៉ូសែប ជាប្អូនអ្នករាល់គ្នា ដែលអ្នករាល់គ្នាបានលក់មកនៅស្រុកអេស៊ីព្ទនេះ
5 ឥឡូវនេះ កុំឲ្យអ្នករាល់គ្នាព្រួយឬតូចចិត្តដោយបានលក់ខ្ញុំមកទីនេះឡើយ ពីព្រោះគឺព្រះទេតើ ដែលទ្រង់ចាត់ខ្ញុំមកជាមុន ដើម្បីនឹងរក្សាជីវិតអ្នករាល់គ្នាទុក
6 ដ្បិតមើល មានអំណត់នៅលើផែនដី២ឆ្នាំនេះហើយ ក៏ត្រូវមាន៥ឆ្នាំទៀត ដែលនឹងគ្មានអ្នកណាភ្ជួររាស់ ឬច្រូតកាត់អ្វីឡើយ
7 ព្រះទ្រង់បានចាត់ខ្ញុំឲ្យមកមុនអ្នករាល់គ្នា ដើម្បីនឹងរក្សាអ្នករាល់គ្នាឲ្យមានសំណល់សល់នៅផែនដី ហើយនិងជួយសង្គ្រោះជីវិតនៃអ្នករាល់គ្នា ដោយសេចក្ដីប្រោសប្រាណយ៉ាងធំ
8 ដូច្នេះ មិនមែនអ្នករាល់គ្នាដែលឲ្យខ្ញុំមកទីនេះទេ គឺជាព្រះវិញទេតើ ទ្រង់បានតាំងខ្ញុំទុកជាឪពុកដល់ផារ៉ោន ជាម្ចាស់លើដំណាក់ទ្រង់ទាំងអស់ ហើយជាចៅហ្វាយត្រួតត្រាលើស្រុកអេស៊ីព្ទទាំងមូលផង
9 ចូរអ្នករាល់គ្នាប្រញាប់ឡើងទៅឪពុកខ្ញុំ និងជម្រាបគាត់ថា យ៉ូសែបជាកូនលោកឪពុកផ្តាំមកដូច្នេះថា ព្រះទ្រង់បានតាំងខ្ញុំឲ្យធ្វើជាចៅហ្វាយលើស្រុកអេស៊ីព្ទទាំងមូល ដូច្នេះ សូមអញ្ជើញចុះមកឯខ្ញុំ កុំបង្អង់ឡើយ
10 លោកឪពុកនឹងបាននៅក្នុងស្រុកកូសែន ជាស្រុកជិតខ្ញុំនោះ គឺទាំងលោកឪពុក និងកូនចៅរបស់លោកឪពុកទាំងអស់ ហើយនិងហ្វូងចៀម ហ្វូងគោ ព្រមទាំងរបស់លោកឪពុកទាំងប៉ុន្មានផង
11 នៅស្រុកនោះ ខ្ញុំនឹងចិញ្ចឹមលោកឪពុក ក្រែងលោកឪពុកអន្តរាយទៅ គឺទាំងលោកឪពុក និងពួកគ្រួសារលោកឪពុក ហើយនិងរបស់លោកត្រូវឪពុកទាំងអស់ដែរ ដ្បិតត្រូវមានអំណត់៥ឆ្នាំទៀត
12 មើលភ្នែកបងរាល់គ្នា និងភ្នែកបេនយ៉ាមីន ជាប្អូនខ្ញុំក៏ឃើញជាក់ថា គឺជាមាត់របស់ខ្លួនខ្ញុំនេះហើយដែលនិយាយនឹងអ្នករាល់គ្នា
13 ត្រូវឲ្យជម្រាបឪពុកខ្ញុំពីគ្រប់ទាំងសេចក្ដីរុងរឿងរបស់ខ្ញុំនៅស្រុកអេស៊ីព្ទនេះ ហើយពីគ្រប់ការទាំងអស់ដែលអ្នករាល់គ្នាបានឃើញផង ត្រូវឲ្យប្រញាប់ទៅនាំយកឪពុកខ្ញុំចុះមកឯណេះកុំខាន
14 នោះគាត់ឱបកបេនយ៉ាមីនជាប្អូន ហើយយំ បេនយ៉ាមីនក៏យំនៅកគាត់ដែរ
15 គាត់ថើបដល់ពួកបងៗទាំងអស់ ព្រមទាំងយំនឹងគេផង រួចមកបងប្អូនក៏និយាយរោះរាយនឹងគាត់។
16 ដំណឹងនោះបានឮទៅដល់ក្នុងដំណាក់ផារ៉ោនថា បងប្អូនយ៉ូសែបបានមកដល់ហើយ សេចក្ដីនោះក៏គាប់ព្រះទ័យដល់ផារ៉ោន និងពួកមហាតលិកទ្រង់
17 រួចផារ៉ោនទ្រង់មានព្រះបន្ទូលទៅយ៉ូសែប ឲ្យប្រាប់ដល់ពួកបងប្អូនថា ត្រូវធ្វើដូច្នេះ គឺឲ្យផ្ទុកសត្វរបស់ឯងរាល់គ្នាទៅឯស្រុកកាណានទៅ
18 រួចនាំយកឪពុក និងពួកគ្រួសាររបស់ឯងរាល់គ្នាមកឯណេះ អញនឹងឲ្យទីកន្លែងដ៏ល្អក្នុងស្រុកអេស៊ីព្ទដល់ឯងរាល់គ្នា នោះឯងរាល់គ្នានឹងបានបរិភោគរបស់ល្អបំផុតនៅស្រុកនេះតទៅ
19 ឯងបានទទួលបង្គាប់ហើយ ដូច្នេះ ចូរធ្វើយ៉ាងនេះចុះ គឺឲ្យយករទេះពីស្រុកអេស៊ីព្ទនេះទៅ សម្រាប់ប្រពន្ធឯងរាល់គ្នា ព្រមទាំងកូនតូចៗផង ហើយបញ្ជិះឪពុកឯងរាល់គ្នានាំចុះមកឯណេះ
20 កុំឲ្យស្តាយរបស់ទ្រព្យឯងរាល់គ្នាឡើយ ពីព្រោះគ្រប់ទាំងរបស់ល្អនៅស្រុកអេស៊ីព្ទទាំងមូល ជារបស់ផងឯងរាល់គ្នាហើយ។
21 ពួកកូនអ៊ីស្រាអែលក៏ធ្វើដូច្នោះ ហើយយ៉ូសែបគាត់ឲ្យរទេះទៅគេតាមបង្គាប់ផារ៉ោន ក៏ឲ្យស្បៀងអាហារបរិភោគតាមផ្លូវផង
22 គាត់ឲ្យសម្លៀកបំពាក់ពីរបីបន្លាស់ដល់គ្រប់គ្នា តែគាត់បានឲ្យប្រាក់៣០០ដួង និងសម្លៀកបំពាក់៥បន្លាស់ដល់បេនយ៉ាមីន
23 រួចក៏ផ្ញើទៅជូនឪពុកយ៉ាងនេះ គឺលា១០ ផ្ទុកសុទ្ធតែរបស់ល្អពីស្រុកអេស៊ីព្ទ ហើយលាញី១០ ផ្ទុកសុទ្ធតែស្រូវ ព្រមទាំងនំបុ័ងនឹងស្បៀងសម្រាប់ឪពុកមកតាមផ្លូវ
24 គាត់ក៏បញ្ជូនឲ្យបងប្អូនទៅ ដោយពាក្យបណ្តាំថា កុំឲ្យឈ្លោះប្រកែកគ្នាតាមផ្លូវណ៎ះ នោះគេក៏នាំគ្នាចេញទៅ។
25 គេចេញពីស្រុកអេស៊ីព្ទ ឡើងទៅដល់យ៉ាកុបជាឪពុកនៅស្រុកកាណាន
26 ក៏ជម្រាបថា យ៉ូសែបនៅរស់ទេ គឺវាហើយដែលធ្វើជាចៅហ្វាយលើស្រុកអេស៊ីព្ទទាំងមូល នោះគាត់មានចិត្តភាំងស្លុត ដោយមិនបានជឿទេ
27 តែគេជម្រាបគាត់តាមគ្រប់ទាំងពាក្យរបស់យ៉ូសែប ដែលបានផ្តាំមក ហើយកាលគាត់ឃើញរទេះទាំងនោះ ដែលយ៉ូសែបឲ្យមកសម្រាប់បញ្ជិះគាត់ទៅ នោះទើបយ៉ាកុបជាឪពុកបានភ្ញាក់ខ្លួនឡើង
28 ហើយអ៊ីស្រាអែលនិយាយថា ប៉ុណ្ណេះជឿហើយ យ៉ូសែបកូនអញនៅរស់មែន អញនឹងទៅឲ្យឃើញវាមុនដែលអញស្លាប់។
ជំពូក 46
1 អ៊ីស្រាអែលក៏នាំយករបស់គាត់ទាំងអស់ ធ្វើដំណើរចេញទៅ លុះដល់បៀរ-សេបាហើយ នោះគាត់ថ្វាយយញ្ញបូជាដល់ព្រះនៃអ៊ីសាកជាឪពុកខ្លួន
2 ព្រះទ្រង់មានព្រះបន្ទូលនឹងអ៊ីស្រាអែល ក្នុងការជាក់ស្តែងនៅពេលយប់ថា យ៉ាកុបៗអើយ គាត់ទូលឆ្លើយថា ព្រះករុណាវិសេសព្រះអម្ចាស់អើយ
3 រួចទ្រង់មានព្រះបន្ទូលថា អញជាព្រះ គឺជាព្រះនៃឪពុកឯង កុំឲ្យខ្លាចនឹងចុះទៅឯស្រុកអេស៊ីព្ទឡើយ ដ្បិតនៅស្រុកនោះ អញនឹងបង្កើតនគរ១យ៉ាងធំពីឯង
4 អញនឹងចុះទៅឯស្រុកអេស៊ីព្ទជាមួយនឹងឯងដែរ ហើយនិងនាំឯងឡើងមកវិញជាមិនខាន ឯយ៉ូសែបវានឹងបិទភ្នែកឯង
5 រួចយ៉ាកុបក្រោកឡើងចេញពីបៀរ-សេបាទៅ ហើយពួកកូនចៅអ៊ីស្រាអែលក៏បញ្ជិះឪពុក និងប្រពន្ធកូនគេលើរទេះដែលផារ៉ោនបានផ្ញើមកសម្រាប់នាំយកទៅ
6 គេក៏យកហ្វូងសត្វ និងទ្រព្យសម្បត្តិទាំងប៉ុន្មានដែលគេបាន ពីកាលនៅស្រុកកាណាន នាំទៅស្រុកអេស៊ីព្ទដែរ គឺយ៉ាកុប និងពូជគាត់ទាំងអស់គ្នា
7 គាត់បាននាំ ទាំងកូនប្រុស កូនស្រី និងចៅទាំងប៉ុន្មាន ហើយពូជពង្សទាំងអស់ទៅឯស្រុកអេស៊ីព្ទជាមួយគ្នា។
8 នេះជាបញ្ជីឈ្មោះរបស់ពួកកូនចៅអ៊ីស្រាអែលដែលចូលទៅក្នុងស្រុកអេស៊ីព្ទ គឺយ៉ាកុប និងកូនចៅគាត់ទាំងប៉ុន្មាន ឯរូបេនជាកូនច្បងបង្អស់
9 ហើយកូនរបស់រូបេន គឺហេណុក ប៉ាលូវ ហេស្រុន និងកើមី
10 ឯកូនរបស់ស៊ីម្មាន គឺយេមូអែល យ៉ាមីន អូហាត់ យ៉ាគិន សូហារ និងសូលជាកូនរបស់ស្រីសាសន៍កាណានម្នាក់
11 ឯកូនរបស់លេវី គឺគើសុន កេហាត់ និងម្រ៉ារី
12 ឯកូនរបស់យូដា គឺអ៊ើរ អូណាន់ សេឡា ពេរេស និងសេរ៉ាស តែអ៊ើរ និងអូណាន់បានស្លាប់នៅស្រុកកាណានទៅ ឯកូនរបស់ពេរេស គឺហេស្រុន និងហាមុល
13 ឯកូនរបស់អ៊ីសាខារ គឺថូឡា ពូវ៉ា យ៉ូប និងស៊ីមរ៉ុន
14 ឯកូនរបស់សាប់យូល៉ូន គឺសេរែក អេឡូន និងយ៉ាលាល
15 នោះសុទ្ធតែជាកូនចៅរបស់លេអាដែលនាងបានបង្កើតឲ្យយ៉ាកុបនៅស្រុកប៉ាដាន់-អើរ៉ាម ព្រមទាំងឌីណាជាកូនស្រីផង ពួកកូនប្រុសកូនស្រីទាំងនោះមាន៣៣នាក់។
16 ឯកូនរបស់កាឌ់ គឺសេផុន ហាក់គី ស៊ូនី អែសបូន អេរី អើរ៉ូត និងអើរេលី
17 ឯកូនរបស់អេស៊ើរ គឺយីមន៉ា យីសវ៉ា យីសវី បេរា និងសេរ៉ាជាប្អូនស្រី ឯកូនរបស់បេរា គឺហេប៊ើរ និងម៉ាលគាល
18 នោះសុទ្ធតែជាកូនចៅរបស់ស៊ីលផា ជាបាវស្រីដែលឡាបាន់បានឲ្យដល់នាងលេអាជាកូន ហើយនាងបានបង្កើតកូនទាំងនោះឲ្យយ៉ាកុប ទាំងអស់មាន១៦នាក់។
19 ឯកូនរបស់រ៉ាជែលជាប្រពន្ធយ៉ាកុប នោះគឺយ៉ូសែប និងបេនយ៉ាមីន
20 នៅស្រុកអេស៊ីព្ទ យ៉ូសែបមានកូន២ គឺម៉ាន៉ាសេ និងអេប្រាអិម ដែលនាងអាសន៉ាត់ ជាកូនប៉ូទី-ផេរ៉ាជាសង្ឃនៅក្រុងអូនបានបង្កើតឲ្យ
21 កូនរបស់បេនយ៉ាមីន គឺបេឡា បេគើរ អ័សបេល កេរ៉ា ណាម៉ាន់ អេហ៊ី រ៉ុស មូភីម ហ៊ូភីម និងអើឌ
22 នោះសុទ្ធតែជាកូនចៅរបស់រ៉ាជែលដែលនាងបង្កើតឲ្យយ៉ាកុបទាំងអស់មាន១៤នាក់។
23 ឯកូនរបស់ដាន់ គឺហ៊ូស៊ីម
24 ឯកូនរបស់ណែបថាលី គឺយ៉ាស៊ាល គូនី យេស៊ើរ និងស៊ីលិម
25 នោះសុទ្ធតែជាកូនចៅរបស់ប៊ីលហា ជាបាវស្រីដែលឡាបាន់បានឲ្យទៅនាងរ៉ាជែលជាកូន នាងបង្កើតកូនទាំងនោះឲ្យយ៉ាកុប ទាំងអស់មាន៧នាក់
26 ពួកអ្នកដែលចូលទៅឯស្រុកអេស៊ីព្ទជាមួយនឹងយ៉ាកុប ជាពួកអ្នកដែលកើតពីគាត់ទាំងប៉ុន្មាន នោះរួមទាំងអស់មាន៦៦នាក់ ឥតរាប់ប្រពន្ធរបស់កូនយ៉ាកុបទាំងប៉ុន្មានទេ
27 ហើយកូនរបស់យ៉ូសែប ដែលគាត់បង្កើតនៅស្រុកអេស៊ីព្ទ នោះមាន២នាក់ ដូច្នេះ ពួកគ្រួរបស់យ៉ាកុបទាំងអស់ដែលចុះទៅឯស្រុកអេស៊ីព្ទ នោះរួមគ្នាមាន៧០នាក់។
28 គាត់ចាត់យូដាទៅឯយ៉ូសែបជាមុន ដើម្បីនឹងសួរផ្លូវដែលទៅឯស្រុកកូសែន រួចគេទៅដល់ស្រុកកូសែននោះ
29 ឯយ៉ូសែបគាត់ទឹមរថរបស់គាត់ឡើងទៅទទួលអ៊ីស្រាអែលជាឪពុកនៅត្រង់កូសែន ក៏ចូលទៅឱបកឪពុក ហើយយំជាយូរ
30 អ៊ីស្រាអែលនិយាយទៅយ៉ូសែបថា ឥឡូវនេះ បើអញស្លាប់ក៏ស្លាប់ចុះ ដ្បិតអញបានឃើញមុខឯង ដែលឯងនៅរស់នៅឡើយ
31 យ៉ូសែបក៏និយាយទៅបងប្អូន និងពួកគ្រួឪពុកទាំងអស់ថា ខ្ញុំនឹងឡើងទៅគាល់ផារ៉ោនទូលថា ពួកបងប្អូនខ្ញុំ និងគ្រួឪពុកខ្ញុំដែលនៅស្រុកកាណានបានមកដល់ខ្ញុំហើយ
32 អ្នកទាំងនោះជាអ្នកធ្លាប់ឃ្វាលសត្វ ពីព្រោះគេមានរបររកស៊ីដោយចិញ្ចឹមហ្វូងសត្វ ហើយគេបាននាំទាំងហ្វូងចៀម ហ្វូងគោ និងរបស់គេទាំងអស់មកផង
33 ដូច្នេះ កាលណាផារ៉ោនមានព្រះបន្ទូលហៅបងប្អូនទៅសួរពីរបររកស៊ី
34 នោះត្រូវឆ្លើយថាយើងខ្ញុំ ជាបាវបម្រើទ្រង់ បានធ្លាប់ឃ្វាលសត្វតាំងតែពីក្មេងដរាបមកដល់ឥឡូវនេះ ទាំងយើងខ្ញុំនឹងឪពុកយើងខ្ញុំតរៀងមកផង នោះដើម្បីឲ្យបងប្អូនបាននៅក្នុងស្រុកកូសែននោះ ពីព្រោះគ្រប់អស់ទាំងអ្នកគង្វាលសត្វជាទីស្អប់ខ្ពើមដល់ពួកសាសន៍អេស៊ីព្ទ។
ជំពូក 47
1 យ៉ូសែបក៏ចូលទៅគាល់ផារ៉ោនទូលថា ឪពុក និងបងប្អូនទូលបង្គំបានចេញពីស្រុកកាណានមកហើយ ព្រមទាំងនាំយកហ្វូងចៀម ហ្វូងគោ និងរបស់ទ្រព្យទាំងអស់មកផង មើល គេនៅឯស្រុកកូសែនឯណោះ
2 គាត់ក៏យកបងប្អូន៥នាក់ទៅថ្វាយផារ៉ោនឲ្យទ្រង់ស្គាល់
3 នោះផារ៉ោនទ្រង់មានព្រះបន្ទូលសួរបងប្អូនគាត់ថា ឯងរាល់គ្នាមានរបររកស៊ីធ្វើការអ្វី គេក៏ទូលថា យើងខ្ញុំជាបាវបម្រើទ្រង់មានរបរជាអ្នកគង្វាលសត្វ ទាំងយើងខ្ញុំ និងឪពុកយើងខ្ញុំតៗមក
4 គេទូលទ្រង់ថា យើងខ្ញុំសូមចូលមកជ្រកកោននៅក្នុងស្រុកនេះផង ពីព្រោះនៅឯស្រុកកាណាន នោះគ្មានស្មៅឲ្យហ្វូងសត្វរបស់យើងខ្ញុំជាបាវទ្រង់ទេ ដ្បិតនៅស្រុកនោះកើតមានអំណត់ជាខ្លាំងណាស់ ដូច្នេះ សូមឲ្យយើងខ្ញុំជាបាវទ្រង់ បានជ្រកកោននៅស្រុកកូសែនផង
5 នោះផារ៉ោនមានព្រះបន្ទូលទៅយ៉ូសែបថា ឪពុក និងបងប្អូនអ្នកបានមកឯអ្នកហើយ
6 ដូច្នេះ ស្រុកអេស៊ីព្ទនៅមុខអ្នកស្រាប់ហើយ ចូរឲ្យឪពុក និងបងប្អូនអាស្រ័យនៅត្រង់កន្លែងដ៏ល្អបំផុតចុះ ចូរឲ្យគេនៅក្នុងស្រុកកូសែនទៅ បើអ្នកស្គាល់អ្នកណាក្នុងពួកគេដែលប្រសប់វាងវៃ នោះចូរតាំងគេឡើងឲ្យធ្វើជាមេគង្វាលលើហ្វូងសត្វរបស់យើងផង
7 យ៉ូសែបក៏នាំយ៉ាកុប ជាឪពុកខ្លួន ចូលទៅគាល់ផារ៉ោនដែរ ហើយយ៉ាកុបក៏សូមពរថ្វាយដល់ផារ៉ោន
8 រួចទ្រង់មានព្រះបន្ទូលសួរគាត់ថា អាយុរបស់តាបានប៉ុន្មានហើយ
9 យ៉ាកុបទូលឆ្លើយថា ចំនួនឆ្នាំដែលទូលបង្គំសំចតនៅនោះបានតែ១៣០ឆ្នាំទេ អស់ទាំងឆ្នាំអាយុនៃទូលបង្គំបានតិចណាស់ ហើយអាក្រក់ផង មិនដល់នឹងចំនួនឆ្នាំអាយុដែលពួកអយ្យកោរបស់ទូលបង្គំបានសំចតនៅនោះទេ
10 យ៉ាកុបក៏សូមពរថ្វាយដល់ផារ៉ោនទៀត រួចលាទ្រង់ចេញទៅ
11 យ៉ូសែបក៏ឲ្យឪពុក និងបងប្អូនអាស្រ័យនៅត្រង់កន្លែងដ៏ល្អបំផុតក្នុងស្រុក គឺនៅត្រង់រ៉ាមសេស ហើយគាត់ឲ្យគេមានកេរអាករនៅក្នុងស្រុកអេស៊ីព្ទ ដូចជាផារ៉ោនបានបង្គាប់មក
12 យ៉ូសែបតែងចំណាយស្បៀងអាហារចិញ្ចឹមដល់ឪពុក និងបងប្អូន ព្រមទាំងពួកផ្ទះឪពុកទាំងអស់ តាមគ្រួគេផង។
13 នៅគ្រប់ក្នុងស្រុកនោះគ្មានអ្វីបរិភោគសោះ ដ្បិតអំណត់អត់ជាខ្លាំងណាស់ ដល់ម៉្លេះបានជាស្រុកអេស៊ីព្ទ និងស្រុកកាណានបានហិនហោចទៅ ដោយព្រោះអំណត់នោះ
14 យ៉ូសែបប្រមូលប្រាក់ដែលមាននៅស្រុកអេស៊ីព្ទ ហើយនៅស្រុកកាណានទាំងអស់ ជាតម្លៃនៃស្រូវដែលគេទិញនោះ ក៏បញ្ចូលទុកក្នុងឃ្លាំងរបស់ផារ៉ោន
15 រួចកាលប្រាក់ស្រុកអេស៊ីព្ទ និងស្រុកកាណានបានអស់ហើយនោះពួកសាសន៍អេស៊ីព្ទទាំងអស់ ក៏មកឯយ៉ូសែបអង្វរថា សូមចែកស្បៀងអាហារដល់យើងខ្ញុំផង ដ្បិតត្រូវឲ្យយើងខ្ញុំស្លាប់នៅមុខលោក ដោយព្រោះតែខ្វះប្រាក់ឬអី
16 យ៉ូសែបក៏ប្រាប់ថា បើគ្មានប្រាក់ ចូរឲ្យហ្វូងសត្វរបស់អ្នករាល់គ្នាមក នោះខ្ញុំនឹងឲ្យស្បៀងអាហារប្តូរនឹងហ្វូងសត្វរបស់អ្នករាល់គ្នាវិញ
17 គេក៏នាំយកហ្វូងសត្វមកឯយ៉ូសែប ហើយគាត់ឲ្យស្បៀងអាហារដល់គេប្តូរនឹងសេះ ហ្វូងចៀម ហ្វូងគោ និងលា នៅឆ្នាំនោះគាត់ឲ្យស្បៀងអាហារចិញ្ចឹមគេដោយប្តូរនឹងហ្វូងសត្វ
18 ដល់ផុតពីឆ្នាំនោះទៅ ចូលមកឆ្នាំថ្មីទៀត នោះគេមកឯយ៉ូសែបអង្វរថា យើងខ្ញុំមិនលាក់បាំងនឹងលោកម្ចាស់នៃយើងខ្ញុំទេ ដ្បិតប្រាក់របស់យើងខ្ញុំអស់រលីងហើយ ឯហ្វូងសត្វទាំងអស់សោតក៏បានទៅលោកម្ចាស់ដែរ គ្មានសល់អ្វីនៅមុខលោកម្ចាស់នៃយើងខ្ញុំឡើយ នៅសល់តែខ្លួនយើងខ្ញុំនឹងដីរបស់យើងខ្ញុំប៉ុណ្ណោះ
19 ហេតុអ្វីបានជាត្រូវឲ្យយើងខ្ញុំស្លាប់នៅចំពោះលោក ព្រមទាំងដីយើងខ្ញុំផងដូច្នេះ សូមទិញយើងខ្ញុំ និងដីរបស់យើងខ្ញុំប្តូរនឹងអាហារចុះ នោះយើងខ្ញុំ ហើយដីយើងខ្ញុំនឹងនៅបម្រើផារ៉ោន សូមចែកពូជមកយើងខ្ញុំ ឲ្យយើងខ្ញុំបានរស់នៅ កុំឲ្យស្លាប់ ហើយកុំឲ្យដីនៅចោលទទេផង។
20 យ៉ូសែបក៏ទិញដីនៅស្រុកអេស៊ីព្ទទាំងអស់ថ្វាយផារ៉ោន ដ្បិតពួកសាសន៍អេស៊ីព្ទគេលក់ស្រែចម្ការរៀងខ្លួនពីព្រោះគេអត់ជាខ្លាំង ស្រុកនោះក៏ទៅជារបស់ផងផារ៉ោនទាំងអស់
21 ឯពួករាស្ត្រ គាត់ឲ្យគេចូលទៅនៅក្នុងទីក្រុងពីព្រំស្រុកអេស៊ីព្ទម្ខាងទៅដល់ចុងម្ខាង
22 សល់នៅតែដីរបស់ពួកសង្ឃប៉ុណ្ណោះដែលគាត់មិនបានទិញ ដ្បិតពួកសង្ឃមានចំណែកមកពីផារ៉ោន លោកឆាន់ចំណែកដែលផារ៉ោនប្រគេន ហេតុនោះបានជាលោកសង្ឃមិនលក់ដីរបស់ខ្លួនទេ។
23 យ៉ូសែបប្រកាសដល់ប្រជាជនទាំងឡាយថា នែឥឡូវនេះខ្ញុំបានទិញអ្នករាល់គ្នា ព្រមទាំងដីរបស់អ្នករាល់គ្នាថ្វាយផារ៉ោនហើយ នេះជាពូជឲ្យដល់អ្នករាល់គ្នា ចូរយកទៅសាបព្រោះចុះ
24 ដល់រដូវចម្រូូត នោះត្រូវឲ្យអ្នករាល់គ្នាយក១ភាគក្នុង៥មកថ្វាយដល់ផារ៉ោនវិញ ហើយ៤ភាគទៀតទុកសម្រាប់អ្នករាល់គ្នា គឺទុកជាពូជពង្រោះ និងជាអាហារដល់អ្នករាល់គ្នាចុះ ព្រមទាំងពួកគ្រួអ្នករាល់គ្នាផង ហើយសម្រាប់នឹងចិញ្ចឹមកូនចៅអ្នករាល់គ្នា
25 គេក៏ឆ្លើយថា លោកបានជួយសង្គ្រោះជីវិតយើងខ្ញុំហើយ សូមតែឲ្យយើងខ្ញុំបានប្រកបដោយគុណរបស់លោកចុះ នោះយើងខ្ញុំនឹងធ្វើជាបាវបម្រើដល់ផារ៉ោន
26 យ៉ូសែបក៏តាំងសេចក្ដីនោះពីដំណើរដីស្រុកអេស៊ីព្ទ ទុកជាច្បាប់ដរាបដល់សព្វថ្ងៃនេះថា ត្រូវថ្វាយ១ភាគក្នុង៥ទៅផារ៉ោន មានតែដីរបស់ពួកសង្ឃប៉ុណ្ណោះទេ ដែលមិនបានទៅជារបស់ផងផារ៉ោន។
27 ឯពួកអ៊ីស្រាអែល គេនៅត្រង់កូសែន ក្នុងស្រុកអេស៊ីព្ទ ហើយបានកេរអាករនៅស្រុកនោះ ក៏បង្កើតកូនចម្រើនកើនឡើងសន្ធឹក
28 យ៉ាកុបគាត់រស់នៅក្នុងស្រុកអេស៊ីព្ទ១៧ឆ្នាំ នោះអាយុយ៉ាកុបបាន១៤៧ឆ្នាំហើយ
29 វេលាដែលអ៊ីស្រាអែលត្រូវស្លាប់ នោះកាន់តែជិតដល់ គាត់ហៅយ៉ូសែបជាកូនមកផ្តាំថា បើឯងអាណិតដល់អញឥឡូវ នោះចូរដាក់ដៃនៅក្រោមភ្លៅ អញស្បថថា ឯងនឹងប្រព្រឹត្តចំពោះអញដោយសប្បុរសហើយពិតត្រង់ គឺមិនកប់សពអញនៅក្នុងស្រុកអេស៊ីព្ទនេះឡើយ
30 តែកាលណាអញបានដេកលក់ ទៅជាមួយនឹងពួកអយ្យកោអញហើយ នោះចូរឯងយកសពអញចេញពីស្រុកអេស៊ីព្ទ ទៅកប់នៅក្នុងផ្នូររបស់ពួកអយ្យកោទៅ យ៉ូសែបក៏ទទួលព្រមថា ខ្ញុំនឹងធ្វើសម្រេចតាមពាក្យរបស់លោកឪពុក
31 នោះយ៉ាកុបប្រាប់ថា ចូរស្បថឲ្យអញចុះ គាត់ក៏ស្បថជូន រួចអ៊ីស្រាអែលក៏ឱនក្រាបចុះនៅលើក្បាលគ្រែ។
ជំពូក 48
1 ក្រោយការទាំងនោះមក មានគេជម្រាបយ៉ូសែបថា ឪពុកលោកមានជំងឺឈឺហើយ នោះយ៉ូសែបក៏នាំយកម៉ាន៉ាសេ និងអេប្រាអិម ជាកូនខ្លួនទាំង២ ទៅជាមួយ
2 មានគេជម្រាបយ៉ាកុបថា មើល យ៉ូសែបកូនលោកមកដល់ហើយ នោះអ៊ីស្រាអែលគាត់ខំប្រឹងក្រោកអង្គុយឡើងនៅលើគ្រែ។
3 ហើយនិយាយទៅយ៉ូសែបថា ព្រះដ៏មានគ្រប់ទាំងព្រះចេស្តាទ្រង់បានលេចមកឯអញ ត្រង់លូស ក្នុងស្រុកកាណាន ហើយក៏ប្រទានពរឲ្យអញ
4 ដោយព្រះបន្ទូលថា មើល អញនឹងធ្វើឲ្យឯងបង្កើតបានកូនចម្រើនជាច្រើនឡើង ឲ្យឯងបានទៅជាពួកច្រើនរួមគ្នាតែ១ អញនឹងឲ្យស្រុកនេះដល់ពូជឯងតទៅ ទុកជាកេរអាករដល់គេនៅអស់កល្បជានិច្ច
5 រីឯកូនប្រុសឯងទាំង២ដែលឯងបានបង្កើតនៅស្រុកអេស៊ីព្ទ គ្រាមុនដែលអញមកឯឯងនៅស្រុកនេះ គឺអេប្រាអិម និងម៉ាន៉ាសេ នោះជារបស់ផងអញដូចជារូបេន និងស៊ីម្មានជារបស់ផងអញដែរ
6 តែពូជដែលឯងនឹងបង្កើតក្រោយទៀត នោះនឹងបានជារបស់ផងឯងវិញ វានឹងត្រូវហៅតាមឈ្មោះបងប្អូនវា ក្នុងចំណែកមរដករបស់គេ
7 ឯអញ កាលមកពីប៉ាដាន់ នោះម្តាយឯងបានស្លាប់ចោលអញទៅ តាមផ្លូវនៅស្រុកកាណាន ក្នុងកាលដែលជិតដល់អេប្រាតាហើយ អញក៏បានកប់សពនៅទីនោះតាមផ្លូវអេប្រាតា គឺជាបេថ្លេហិម។
8 អ៊ីស្រាអែលគាត់ឃើញកូនយ៉ូសែបក៏សួរថា តើអ្នកណានេះ
9 រួចយ៉ូសែបជម្រាបឪពុកថា នេះគឺជាកូនដែលព្រះបានប្រទានឲ្យខ្ញុំនៅស្រុកនេះ គាត់ប្រាប់ថា ចូរនាំវាមកណេះ អញនឹងឲ្យពរដល់វា
10 រីឯអ៊ីស្រាអែល ភ្នែកគាត់ងងឹតដោយសារចាស់ គាត់មើលមិនឃើញច្បាស់ទេ យ៉ូសែបក៏នាំកូនចូលទៅជិត នោះគាត់ក៏ឱបថើបវា
11 រួចគាត់និយាយទៅយ៉ូសែប អញស្មានថា លែងឃើញមុខឯងហើយ តែមើល ព្រះបានឲ្យអញឃើញទាំងពូជឯងផង
12 នោះយ៉ូសែបនាំកូនទាំង២ ថយចេញពីក្បាលជង្គង់ឪពុកមក រួចក្រាបផ្កាប់មុខចុះដល់ដី
13 យ៉ូសែបក៏នាំយកកូនចូលទៅជិតឪពុកវិញ គឺអេប្រាអិមនៅដៃស្តាំទៅខាងឆ្វេងអ៊ីស្រាអែល ហើយម៉ាន៉ាសេនៅដៃឆ្វេងទៅខាងស្តាំអ៊ីស្រាអែល
14 នោះអ៊ីស្រាអែលគាត់លូកដៃស្តាំទៅដាក់លើក្បាលអេប្រាអិមដែលជាប្អូន ហើយដាក់ដៃឆ្វេងលើម៉ាន៉ាសេវិញ ទោះបើម៉ាន៉ាសេជាកូនច្បងក៏ដោយ គាត់ធ្វើដៃដូច្នេះ ដោយមានគំនិតយល់ជាក់
15 រួចគាត់ឲ្យពរដល់យ៉ូសែបថា សូមឲ្យព្រះដែលអ័ប្រាហាំជាជីតា និងអ៊ីសាកជាឪពុកអញ បានដើរនៅចំពោះទ្រង់ ជាព្រះដែលបានចិញ្ចឹមអញគ្រប់១ជីវិតដរាបដល់សព្វថ្ងៃនេះ
16 គឺជាទេវតាដែលបានជួយឲ្យអញរួច ពីគ្រប់ទាំងសេចក្ដីអាក្រក់ សូមទ្រង់ប្រទានពរដល់ក្មេងទាំង២នេះ ហើយឲ្យវាបានហៅតាមឈ្មោះអញ តាមឈ្មោះអ័ប្រាហាំជាជីតា និងអ៊ីសាកជាឪពុកអញ សូមឲ្យវាបានចម្រើនឡើង មានគ្នាសន្ធឹកនៅលើផែនដី
17 កាលយ៉ូសែបឃើញថា ឪពុកដាក់ដៃស្តាំលើក្បាលអេប្រាអិម នោះគាត់មិនសុខចិត្តឡើយ ក៏ចាប់ដៃឪពុក ចង់លើកចេញពីក្បាលអេប្រាអិម ទៅដាក់លើក្បាលម៉ាន៉ាសេវិញ
18 ដោយពាក្យថា មិនត្រូវទេ លោកឪពុកអើយ ដ្បិតនេះជាកូនច្បង សូមដាក់ដៃស្តាំរបស់លោកឪពុកលើក្បាលវាវិញ
19 តែឪពុកមិនព្រមសោះ ក៏និយាយថា អញដឹងហើយ កូនអើយ អញដឹងហើយ វានឹងបានត្រឡប់ជាពួក១ដែរ ហើយនិងបានធំផង ប៉ុន្តែ ប្អូននឹងបានធំជាង ពូជវានឹងត្រឡប់ទៅជានគរ១ដ៏ពោរពេញ
20 នៅថ្ងៃនោះឯង គាត់ឲ្យពរដល់ក្មេងទាំង២ថា អ៊ីស្រាអែលនឹងឲ្យពរដល់មនុស្សដទៃដោយសារឯង ដោយថា សូមព្រះទ្រង់ប្រោសឲ្យឯងបានដូចជាអេប្រាអិម និងម៉ាន៉ាសេចុះ ដូច្នេះ គាត់បានលើកអេប្រាអិមឲ្យធំជាងម៉ាន៉ាសេ
21 នោះអ៊ីស្រាអែលក៏និយាយទៅយ៉ូសែបថា មើល អញនឹងត្រូវស្លាប់ តែព្រះទ្រង់នឹងគង់នៅជាមួយនឹងឯងរាល់គ្នា ហើយនិងនាំឯងរាល់គ្នាត្រឡប់ទៅឯស្រុករបស់ពួកអយ្យកោឯងវិញ
22 មួយទៀត ក្នុងរបស់ទាំងប៉ុន្មាន ដែលអញបានយកពីដៃនៃពួកសាសន៍អាម៉ូរី ដោយដាវ និងធ្នូរបស់អញ នោះអញបានចែក១ចំណែកដល់ឯងលើសជាងបងប្អូនឯងហើយ។
ជំពូក 49
1 យ៉ាកុបក៏ហៅកូនគាត់ទាំងអស់មកប្រាប់ថា ចូរឯងប្រមូលគ្នាទាំងអស់មក ដើម្បីអញនឹងប្រាប់ឲ្យដឹងពីការដែលនឹងកើតដល់ឯងរាល់គ្នានៅជាន់ក្រោយ
2 ចូរប្រជុំគ្នាស្តាប់ចុះ ឱពួកកូនយ៉ាកុបអើយ ចូរស្តាប់អ៊ីស្រាអែលជាឪពុកនៃឯងរាល់គ្នា។
3 រូបេនអើយ ឯងជាកូនច្បង ជាឫទ្ធីហើយជាដើមកម្លាំងរបស់អញ ឯងមានកិត្តិយស មានឥទ្ធិឫទ្ធិយ៉ាងឯក
4 តែដែលរំពើកចុះឡើងដូចទឹក នោះឯងមិនបានស្ថិតស្ថេរនៅជាប់ទេ ពីព្រោះឯងបានឡើងទៅលើដំណាក់របស់ឪពុកឯង ហើយបានធ្វើឲ្យគ្រែអញទៅជាអាស្រូវ បារាយក្នុងកាលដែលឡើងទៅដេកនោះ។
5 ឯស៊ីម្មាន និងលេវីជាបងប្អូនគ្នា ដាវគេជាគ្រឿងសាហាវណាស់
6 ឱចិត្តអញអើយ កុំឲ្យចូលគំនិតនឹងគេ ឱកិត្តិយសរបស់អញអើយ កុំឲ្យចូលក្នុងជំនុំគេឡើយ ដ្បិតគេបានសម្លាប់មនុស្សដោយមោហោចិត្ត ហើយបានប្រហារអ្នកដែលជាកំពូលដោយអំណរចិត្តផង
7 សេចក្ដីកំហឹងរបស់គេត្រូវបណ្តាសា ដ្បិតជាខ្លាំងលើសលុប ហើយសេចក្ដីឃោរឃៅរបស់គេផង ពីព្រោះជាសាហាវក្រៃលែង អញនឹងញែកគេចេញពីគ្នានៅក្នុងពួកយ៉ាកុប ហើយនិងកម្ចាត់កម្ចាយគេនៅក្នុងពួកអ៊ីស្រាអែល។
8 យូដាអើយ ពួកបងប្អូនឯងនឹងសរសើរឯង ដៃឯងនឹងចាប់កញ្ចឹងកនៃពួកខ្មាំងសត្រូវឯង ពួកកូនឪពុកឯងនឹងឱនគោរពដល់ឯង
9 យូដាជាសិង្ហស្ទាវ កូនអើយ ឯងបានឡើងមកពីស៊ីរំពា វាបានក្រាបចុះ បានដេកដូចជាសិង្ហ ហើយដូចជាសិង្ហយ៉ាងខ្លាំង នោះតើអ្នកណាហ៊ានដាស់វា
10 ដំបងរាជ្យនឹងមិនដែលឃ្លាតពីយូដា ឬអំណាចគ្រប់គ្រងពីជើងវាឡើយ ដរាបដល់ស៊ីឡូរបានមកដល់ នោះបណ្តាជនទាំងឡាយនឹងចុះចូលចំពោះទ្រង់
11 ទ្រង់នឹងចងកូនលាភ្ជាប់នឹងដើមទំពាំងបាយជូរ គឺជាកូនរបស់មេលាទ្រង់ភ្ជាប់នឹងដើមយ៉ាងល្អបំផុត ទ្រង់នឹងបោកព្រះពស្ត្រទ្រង់នឹងស្រាទំពាំងបាយជូរ ហើយព្រះពស្ត្រវែងទ្រង់ក្នុងទឹកទំពាំងបាយជូរ
12 ព្រះនេត្រទ្រង់នឹងបានក្រហមដូចស្រាទំពាំងបាយជូរ ហើយព្រះទន្តទ្រង់សដូចទឹកដោះ។
13 សាប់យូល៉ូននឹងនៅមាត់សមុទ្រ វានឹងបានជាមាត់កំពង់សម្រាប់នាវា ហើយព្រំស្រុកវានឹងទល់នឹងស្រុកស៊ីដូន។
14 អ៊ីសាខារ វាជាសត្វលាយ៉ាងខ្លាំង ដែលដេកនៅកណ្តាលក្រោលចៀម
15 វាឃើញមានទីឈប់សម្រាកដែលស្រួល ហើយថា ស្រុកនោះល្អ រួចវាបានឱនស្មាទទួលនឹម ព្រមទាំងចុះចូលធ្វើការដែលគេបង្ខំឲ្យធ្វើ។
16 ដាន់នឹងជំនុំជម្រះពួកវា ទុកដូចជាពូជអំបូរអ៊ីស្រាអែល១
17 ដាន់នឹងធ្វើជាពស់នៅក្នុងផ្លូវ គឺជាពស់វែកនៅផ្លូវច្រកដែលចឹកកែងជើងសេះ ឲ្យអ្នកជំនិះធ្លាក់ផ្ងារក្រោយ
18 ឱព្រះយេហូវ៉ាអើយ ទូលបង្គំបានរង់ចាំសេចក្ដីសង្គ្រោះរបស់ទ្រង់។
19 ឯកាឌ់នឹងមាន១ហ្វូងមកប្រជ្រៀតលើវា តែវានឹងដេញប្រកិតតាមកែងគេវិញ។
20 ឯអេស៊ើរ អាហារវានឹងបានវិសេស ហើយវានឹងផ្គត់ផ្គង់របស់យ៉ាងឆ្ងាញ់ថ្វាយស្តេច។
21 ណែបថាលី ជាក្តាន់ដែលគេលែង វានឹងពោលពាក្យពីរោះស្តាប់។
22 យ៉ូសែបជាមែកឈើមានផ្លែ ជាមែកឈើមានផ្លែដែលដុះនៅជិតរន្ធទឹក ខ្នែងវានឹងវារពាក់លើកំផែង
23 ពួកពលធ្នូបានធ្វើទុក្ខវាជាខ្លាំង ទាំងបាញ់ទាំងស្អប់វាផង
24 តែធ្នូវានៅតែខ្លាំងពូកែ ដៃវាក៏មានកម្លាំងដោយសារព្រះហស្តនៃព្រះដ៏មានព្រះចេស្តារបស់យ៉ាកុប ឯអ្នកគង្វាល គឺជាថ្មដារបស់អ៊ីស្រាអែលបានចេញពីនោះមក
25 គឺដោយនូវព្រះនៃឪពុកឯង ដែលទ្រង់នឹងជួយឯង ហើយដោយនូវព្រះដ៏មានគ្រប់ទាំងព្រះចេស្តា ដែលទ្រង់នឹងប្រទានពរដល់ឯង ជាព្រះពរពីលើមេឃ ហើយជាព្រះពរពីទីជម្រៅដែលនៅខាងក្រោម ទាំងផលរបស់ដោះ ហើយនិងពោះផង
26 ពររបស់ឪពុកឯង នោះលើសជាងអស់ទាំងពររបស់ពួកអយ្យកោអញ ជាពរធំដល់ព្រំចុងបង្អស់របស់ភ្នំដ៏នៅអស់កល្បជានិច្ច ហើយក៏នៅលើក្បាលយ៉ូសែប គឺនៅលើកំពូលក្បាលនៃអ្នកដែលបានញែកចេញពីពួកបងប្អូនវា។
27 បេនយ៉ាមីន ជាឆ្កែព្រៃដែលហែកស៊ី នៅពេលព្រឹក វាខាំស៊ីរំពា ហើយដល់ពេលល្ងាចវាចែករបឹប។
28 នោះជាពូជអំបូរអ៊ីស្រាអែលទាំង១២ គឺសេចក្ដីនេះហើយដែលឪពុកគេបានពោលទុក ក្នុងកាលដែលឲ្យពរដល់គេ គាត់ឲ្យពរដល់គ្រប់គ្នា តាមពរដែលគួរឲ្យដល់គេរៀងខ្លួន។
29 គាត់ក៏ផ្តាំថា អញហៀបនឹងបានប្រមូលទៅមូលនឹងញាតិអញហើយ ចូរកប់អញនៅជាមួយនឹងជីតាជីដូនរបស់អញ ក្នុងរអាងដែលនៅឯចម្ការរបស់អេប្រុនជាសាសន៍ហេតទៅ
30 គឺក្នុងរអាងដែលនៅចម្ការម៉ាក់ពេឡា ទល់មុខនឹងម៉ាមរេនៅស្រុកកាណាន ដែលអ័ប្រាហាំបានទិញជាមួយនឹងចម្ការនោះ ពីអេប្រុនសាសន៍ហេត ទុកសម្រាប់ជាទីកប់ខ្មោច
31 គឺនៅទីនោះដែលគេបានកប់សពអ័ប្រាហាំ និងសារ៉ាជាប្រពន្ធគាត់ ហើយនៅទីនោះគេបានកប់សពអ៊ីសាក និងរេបិកាប្រពន្ធគាត់ ហើយគឺនៅទីនោះដែលអញបានកប់សពលេអាដែរ
32 ឯចម្ការ និងរអាងនោះបានទិញពីពួកកូនចៅហេតហើយ
33 កាលយ៉ាកុបបានផ្តាំដល់ពួកកូនរួចស្រេចហើយ នោះគាត់លើកជើងដាក់លើគ្រែវិញ ហើយក៏ផុតដង្ហើមទៅ បានប្រមូលទៅមូលនឹងញាតិរបស់គាត់។
ជំពូក 50
1 យ៉ូសែបក៏ក្រាបផ្ទប់នៅលើមុខឪពុក ទាំងយំហើយថើបគាត់
2 រួចយ៉ូសែបបង្គាប់ដល់គ្រូពេទ្យជាអ្នកបម្រើគាត់ឲ្យដាក់បារទសពឪពុក ពួកគ្រូពេទ្យក៏ដាក់បារទសពអ៊ីស្រាអែលទៅ
3 គេរៀបចំឲ្យគាត់ពេញ៤០ថ្ងៃ ដ្បិតគឺគំរបថ្ងៃទាំងនោះ ដែលធ្លាប់ដាក់បារទខ្មោចទាំងប៉ុន្មាន ហើយពួកសាសន៍អេស៊ីព្ទគេនាំគ្នាកាន់ទុក្ខអស់៧០ថ្ងៃ
4 រួចកាលផុតវេលាដែលគេកាន់ទុក្ខហើយ នោះយ៉ូសែបក៏ផ្តាំដល់ពួកដំណាក់ផារ៉ោនថា ឥឡូវបើខ្ញុំប្រកបដោយគុណនៃអ្នករាល់គ្នា នោះសូមទូលដល់ផារ៉ោនថា
5 ឪពុកយើងបានឲ្យយើងស្បថដោយថា មើល អញត្រូវស្លាប់ ចូរឯងកប់សពអញនៅក្នុងផ្នូររបស់អញ ដែលអញបានជីកសម្រាប់អញនៅស្រុកកាណាន ដូច្នេះ សូមទ្រង់អនុញ្ញាតឲ្យយើងបានឡើងទៅ កប់ខ្មោចរបស់ឪពុកយើងឥឡូវ រួចយើងនឹងវិលត្រឡប់មកវិញ
6 នោះផារ៉ោនទ្រង់មានព្រះបន្ទូលថា ចូរឡើងទៅកប់សពឪពុកអ្នកចុះ តាមដែលគាត់បានឲ្យអ្នកស្បថនោះ។
7 យ៉ូសែបក៏ឡើងទៅកប់សពឪពុក ហើយពួកមហាតលិកផារ៉ោនទាំងអស់ និងពួកចាស់ទុំនៅដំណាក់ទ្រង់ ព្រមទាំងពួកចាស់ទុំនៅស្រុកអេស៊ីព្ទទាំងប៉ុន្មានក៏ឡើងទៅជាមួយដែរ
8 ហើយពួកផ្ទះយ៉ូសែប ទាំងបងប្អូនគាត់ និងពួកផ្ទះឪពុកគាត់ទាំងអស់ផង សល់នៅតែកូនក្មេង និងហ្វូងចៀម ហ្វូងគោរបស់គេប៉ុណ្ណោះដែលទុកឲ្យនៅស្រុកកូសែន
9 ក៏មានរទេះ និងពួកជិះសេះដង្ហែជូនគាត់ទៅជាហ្វូងមនុស្សដ៏ច្រើនក្រៃលែង
10 គេទៅដល់លានស្រូវរបស់អ័ថាត់ ដែលនៅខាងនាយទន្លេយ័រដាន់ នៅទីនោះ គេទួញទំនួញជាខ្លាំង ហើយយ៉ូសែបក៏កាន់ទុក្ខនឹងឪពុកអស់៧ថ្ងៃ
11 កាលពួកអ្នកស្រុកនោះ គឺពួកសាសន៍កាណានបានឃើញគេកាន់ទុក្ខនៅត្រង់លានស្រូវអ័ថាត់ដូច្នោះ នោះគេនិយាយថា នេះជាការកាន់ទុក្ខយ៉ាងខ្លាំងណាស់របស់ពួកសាសន៍អេស៊ីព្ទ បានជាគេហៅទីនោះថា អេបិល-មីសរ៉ែម ដែលនៅខាងនាយទន្លេយ័រដាន់
12 ពួកកូនចៅយ៉ាកុបក៏ធ្វើសម្រេចដល់គាត់ ដូចជាគាត់បានផ្តាំទុក
13 គឺពួកកូនចៅបានដឹកសពគាត់ទៅដល់ស្រុកកាណាន ហើយបញ្ចុះនៅក្នុងរអាង នាចម្ការម៉ាក់ពេឡា ខាងមុខម៉ាមរេ ដែលអ័ប្រាហាំបានទិញពីអេប្រុនជាសាសន៍ហេតជាមួយនឹងចម្ការនោះ ទុកជាទីកប់ខ្មោចរបស់ផងគាត់
14 រួចក្រោយដែលបានបញ្ចុះសពឪពុកហើយ នោះយ៉ូសែបត្រឡប់ទៅឯស្រុកអេស៊ីព្ទវិញ ព្រមទាំងពួកបងប្អូន និងអស់អ្នកដែលបានឡើងទៅជាមួយ ដើម្បីនឹងបញ្ចុះសពឪពុកគាត់ផង។
15 កាលពួកបងរបស់យ៉ូសែបឃើញថា ឪពុកបានស្លាប់ហើយ នោះគេជំនុំគ្នាថា ប្រហែលជាយ៉ូសែបនឹងស្អប់យើងហើយ មុខជាវានឹងសងសឹកចំពោះយើងជាមិនខាន ដោយព្រោះគ្រប់ទាំងការអាក្រក់ដែលយើងបានធ្វើដល់វា
16 រួចគេចាត់ម្នាក់ឲ្យទៅនិយាយនឹងយ៉ូសែបថា ឪពុកប្អូនបានផ្តាំទុកមុនដែលគាត់ស្លាប់ថា
17 ចូរឯងរាល់គ្នានិយាយនឹងយ៉ូសែបដូច្នេះថា សូមអត់ទោសសេចក្ដីរំលងនឹងអំពើបាបរបស់ពួកបងឥឡូវ ដ្បិតគេបានប្រព្រឹត្តអាក្រក់នឹងប្អូនទៅហើយ ដូច្នេះ សូមអត់ទោសពួកអ្នកបម្រើរបស់ព្រះនៃឪពុកប្អូនឥឡូវ កាលយ៉ូសែបបានឮសេចក្ដីដែលគេនិយាយ នោះក៏យំ
18 ហើយពួកបងគាត់ក៏ទៅទម្លាក់ខ្លួនក្រាបចុះនៅចំពោះមុខគាត់ដែរ ដោយពាក្យថា មើល យើងខ្ញុំជាអ្នកបម្រើប្អូន
19 នោះយ៉ូសែបឆ្លើយតបថា កុំឲ្យខ្លាចឡើយ ដ្បិតតើខ្ញុំជាព្រះឬអី
20 អ្នករាល់គ្នាបានគិតធ្វើអាក្រក់ដល់ខ្ញុំ តែព្រះទ្រង់សម្រេចជាការល្អវិញ ដើម្បីនឹងសង្គ្រោះដល់ជីវិតនៃមនុស្សជាច្រើន ដូចជាបានកើតមានសព្វថ្ងៃនេះ
21 ដូច្នេះ កុំឲ្យខ្លាចឡើយ ខ្ញុំនឹងចិញ្ចឹមអ្នករាល់គ្នា ហើយនិងកូនចៅរបស់អ្នករាល់គ្នាដែរ គាត់ក៏កំសាន្តចិត្តគេ ហើយនិយាយស្រទន់នឹងគេ។
22 ឯយ៉ូសែប និងពួកគ្រួឪពុកគាត់ទាំងប៉ុន្មាន ក៏នៅក្នុងស្រុកអេស៊ីព្ទតទៅ យ៉ូសែបគាត់រស់នៅ បានអាយុ១១០ឆ្នាំ
23 គាត់ឃើញកូនចៅរបស់អេប្រាអិមដល់៣ដំណ ឯកូនចៅម៉ាគារជាកូនម៉ាន៉ាសេ នោះគាត់ក៏បានកាន់ដាក់នៅលើភ្លៅដែរ
24 រួចគាត់និយាយទៅបងប្អូនថា ខ្ញុំហៀបនឹងស្លាប់ហើយ តែព្រះទ្រង់នឹងប្រោសអ្នករាល់គ្នាជាមិនខាន ហើយនិងនាំអ្នករាល់គ្នាឡើង ចេញពីស្រុកអេស៊ីព្ទនេះ ទៅក្នុងស្រុកដែលទ្រង់បានស្បថថានឹងឲ្យដល់អ័ប្រាហាំ អ៊ីសាក និងយ៉ាកុប
25 យ៉ូសែបក៏ឲ្យពួកកូនចៅអ៊ីស្រាអែលស្បថ ដោយផ្តាំថា ព្រះទ្រង់នឹងប្រោសអ្នករាល់គ្នាជាមិនខាន នោះអ្នករាល់គ្នាត្រូវយកឆ្អឹងខ្ញុំចេញពីនេះឡើងទៅជាមួយផង
26 យ៉ូសែបគាត់ក៏ស្លាប់ទៅអាយុគាត់បាន១១០ឆ្នាំ ហើយគេដាក់បារទសពគាត់ រួចដាក់ចុះក្នុងមឈូសនៅស្រុកអេស៊ីព្ទ។:៚