និក្ខមនំ

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40


ជំពូក 1

1 នេះ​ជា​បញ្ជី​ឈ្មោះ​នៃ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ដែល​ចូល​មក​ក្នុង​ស្រុក​អេស៊ីព្ទ ជា​មួយ​នឹង​យ៉ាកុប ព្រម​ទាំង​គ្រួសារ​គេ​រៀង​ខ្លួន
2 គឺ​រូបេន​១ ស៊ីម្មាន​១ លេវី​១ យូដា​១
3 អ៊ីសាខារ​១ សាប់យូល៉ូន​១ បេន‌យ៉ាមីន​១
4 ដាន់​១ ណែប‌ថាលី​១ កាឌ់​១ និង​អេស៊ើរ​១
5 ពួក​អ្នក​ដែល​កើត​អំពី​យ៉ាកុប​មក​ទាំង​ប៉ុន្មាន នោះ​មាន​ចំនួន​៧០​នាក់ ឯ​យ៉ូសែប​លោក​បាន​នៅ​ស្រុក​អេស៊ីព្ទ​ហើយ
6 យ៉ូសែប​ក៏​ស្លាប់​ទៅ ព្រម​ទាំង​បង​ប្អូន​លោក​ទាំង​អស់ និង​អស់​មនុស្ស​តំណ​នោះ​ទាំង​អស់​ដែរ
7 តែ​សាសន៍​អ៊ីស្រា‌អែល​គេ​បង្កើត​កូន​ដុះ‌ដាល​ចម្រើន​ជា​ច្រើន​ឡើង ក៏​បាន​ទៅ​ជា​ស្តុក‌ស្តម្ភ​ឡើង​សន្ធឹក ទាំង​នៅ​កុះ‌ករ​ពេញ​ក្នុង​ស្រុក​នោះ។
8 នៅ​គ្រា​នោះ មាន​ស្តេច​ថ្មី​១​អង្គ​សោយ‌រាជ្យ​ឡើង​នៅ​ស្រុក​អេស៊ីព្ទ ស្តេច​នោះ​មិន​បាន​ស្គាល់​យ៉ូសែប​ទេ
9 ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​បណ្តា​រាស្ត្រ​របស់​ទ្រង់​ថា មើល ពួក​សាសន៍​អ៊ីស្រា‌អែល​គេ​មាន​គ្នា​ច្រើន ក៏​ស្តុក‌ស្តម្ភ​ជាង​ពួក​យើង​ហើយ
10 ចូរ​យើង​ប្រព្រឹត្ត​នឹង​គេ​ដោយ​ប្រាជ្ញា ក្រែង​គេ​ចម្រើន​ជា​ច្រើន​ឡើង ហើយ​បើ​កាល​ណា​កើត​មាន​ចម្បាំង នោះ​គេ​នឹង​ចូល​ទៅ​ខាង​ពួក​ខ្មាំង​សត្រូវ ដើម្បី​ច្បាំង​នឹង​យើង​វិញ រួច​ចេញ​ពី​ស្រុក​បាត់​ទៅ
11 ដូច្នេះ គេ​ក៏​ដាក់​ឲ្យ​មាន​នាយ​តម្រួួត សម្រាប់​នឹង​ធ្វើ​ទុក្ខ​ដល់​ពួក​អ៊ីស្រា‌អែល​ដោយ​ការ​នឿយ​លំបាក​ជា​ច្រើន ពួក​អ៊ីស្រា‌អែល​បាន​កសាង​ក្រុង​ពីថំ និង​រ៉ាមសេស សម្រាប់​ជា​ឃ្លាំង​ថ្វាយ​ផារ៉ោន
12 ប៉ុន្តែ ដែល​ធ្វើ​ទុក្ខ​គេ​ប៉ុណ្ណា នោះ​គេ​ក៏​ចម្រើន​ជា​ច្រើន ទាំង​សាយ​ពេញ‌ពាស​ឡើង​ប៉ុណ្ណោះ​ដែរ ហើយ​សាសន៍​អេស៊ីព្ទ​មាន​សេចក្ដី​ធុញ‌ទ្រាន់ ដោយ​ព្រោះ​សាសន៍​អ៊ីស្រា‌អែល
13 ក៏​ចាប់​ប្រើ​គេ​ឲ្យ​ធ្វើ​ការ​យ៉ាង​តឹង‌រ៉ឹង
14 ព្រម​ទាំង​ធ្វើ​ឲ្យ​ជីវិត​គេ មាន​សេចក្ដី​ជូរ​ល្វីង ដោយ​ការ​លំបាក​វេទនា គឺ​ប្រើ​ឲ្យ​ធ្វើ​បាយអ និង​ឥដ្ឋ ព្រម​ទាំង​ការ​នៅ​ចម្ការ​គ្រប់​មុខ​ផង ឯ​ការ​ដែល​គេ​ចាប់​ប្រើ​ឲ្យ​ធ្វើ​ទាំង​ប៉ុន្មាន​នោះ​សុទ្ធ​តែ​ការ​យ៉ាង​តឹង‌រ៉ឹង​ទាំង​អស់។
15 រួច​ស្តេច​ស្រុក​អេស៊ីព្ទ​ទ្រង់​ក៏​បង្គាប់​ដល់​ពួក​ឆ្មប​សាសន៍​ហេព្រើរ ដែល​១​ឈ្មោះ​នាង​ស៊ីប្រា ហើយ​១​ទៀត​ឈ្មោះ​នាង​ពូអា ថា
16 កាល​ណា​នាង​ទៅ​កាន់​ពោះ​នៃ​ពួក​ស្រី​សាសន៍​ហេព្រើរ​ដែល​សម្រាល​កូន នោះ​ក្នុង​កាល​ដែល​គេ​កំពុង​តែ​សម្រាល បើ​ជា​កូន​នោះ​ប្រុស ចូរ​សម្លាប់​វា​ទៅ តែ​បើ‌សិន​ជា​ស្រី នោះ​ត្រូវ​ទុក​ឲ្យ​រស់​នៅ​ចុះ
17 ប៉ុន្តែ ឆ្មប​ទាំង​នោះ​ជា​អ្នក​កោត‌ខ្លាច​ដល់​ព្រះ គេ​មិន​បាន​ធ្វើ​តាម​បង្គាប់​នៃ​ស្តេច​ស្រុក​អេស៊ីព្ទ​នោះ​ឡើយ គឺ​បាន​ទុក​កូន​ប្រុសៗ​ឲ្យ​រស់​នៅ​វិញ
18 ឯ​ស្តេច​ស្រុក​អេស៊ីព្ទ​ក៏​ហៅ​ឆ្មប​ទាំង​នោះ​មក​សួរ​ថា ហេតុ​អ្វី​បាន​ជា​ធ្វើ​យ៉ាង​ដូច្នេះ គឺ​ដែល​ទុក​កូន​ប្រុសៗ​ឲ្យ​រស់​នៅ​នេះ
19 ឆ្មប​ទូល​ឆ្លើយ​ទៅ​ផារ៉ោន​ថា គឺ​ពី​ព្រោះ​ពួក​ស្រី​សាសន៍​ហេព្រើរ​មិន​មែន​ដូច​ជា​ស្រី​សាសន៍​អេស៊ីព្ទ​ទេ គេ​រហ័ស​ណាស់ ដ្បិត​ឆ្មប​មិន​ទាន់​ទាំង​មក​ដល់​ផង នោះ​គេ​បាន​សម្រាល​រួច​ជា​មុន​ទៅ​ហើយ
20 ដូច្នេះ ព្រះ​ទ្រង់​ក៏​ប្រទាន​ពរ​ដល់​ឆ្មប​ទាំង​នោះ ឯ​ពួក​សាសន៍​អ៊ីស្រា‌អែល​គេ​កាន់​តែ​ចម្រើន​ជា​ច្រើន​ឡើង ត្រឡប់​ទៅ​ជា​មាន​កម្លាំង​គ្រប់​Chapter
21 ហើយ​ដោយ​ព្រោះ​ពួក​ឆ្មប​នោះ​មាន​សេចក្ដី​កោត‌ខ្លាច​ដល់​ព្រះ បាន​ជា​ទ្រង់​ចម្រើន​ពូជ​ឲ្យ​គេ។
22 នោះ​ផារ៉ោន​ទ្រង់​បង្គាប់​ដល់​បណ្តា​រាស្ត្រ​ថា អស់​ទាំង​កូន​ប្រុសៗ​ដែល​កើត​មក នោះ​ត្រូវ​បោះ​ចោល​ទៅ​ក្នុង​ទន្លេ​ចេញ តែ​កូន​ស្រីៗ​ទាំង​ប៉ុន្មាន​ត្រូវ​ទុក​ឲ្យ​រស់​នៅ​វិញ។


ជំពូក 2

1 មាន​មនុស្ស​ម្នាក់​ក្នុង​ពូជ​លេវី បាន​ទៅ​យក​កូន​ស្រី​របស់​ពួក​លេវី​ម្នាក់​ធ្វើ​ជា​ប្រពន្ធ
2 នាង​ចាប់​មាន​ផ្ទៃ​ពោះ​ក៏​សម្រាល​បាន​កូន​ប្រុស​១ នាង​ឃើញ​កូន​នោះ​ថ្លោស​ល្អ​ក៏​លាក់​ទុក​នៅ​បាន​៣​ខែ
3 លុះ​ដល់​លាក់​មិន​កំបាំង​ទៀត នោះ​ក៏​យក​កូន​ទូក ដែល​ធ្វើ​ពី​ដើម​បបុស មក​ពរ​ជ័រ​លាប​ម្រ័ក្សណ៍ រួច​ដាក់​កូន​ចុះ​ក្នុង​ទូក ទាំង​នាំ​យក​ទៅ​បណែ្តត​នៅ​កណ្តាល​គុម្ព​ត្រែង​នា​មាត់​ទន្លេ
4 ឯ​បង​ស្រី​របស់​កូន​នោះ​ក៏​ឈរ​មើល​ពី​ចម្ងាយ ចង់​ដឹង​ហេតុ​ដែល​នឹង​កើត​មាន​យ៉ាង​ដូច​ម្តេច។
5 ខណៈ​នោះ បុត្រី​ផារ៉ោន​នាង​យាង​ចុះ​មក ដើម្បី​នឹង​ស្រង់​ព្រះ​គង្គា​ក្នុង​ទន្លេ ពួក​ភីលៀង​របស់​នាង​បាន​នាំ​គ្នា​ដើរ​លេង​ទៅ​តាម​មាត់​ច្រាំង ឯ​នាង​ក៏​ឃើញ​កូន​ទូក​នៅ​នា​កណ្តាល​គុម្ព​ត្រែង ទើប​ចាត់​ភីលៀង​ម្នាក់​ឲ្យ​ទៅ​នាំ​យក​មក
6 នាង​បើក​ទៅ​ឃើញ​កូន​តូច ហើយ​មើល វា​ស្រែក​យំ​ឡើង នាង​ក៏​មាន​ព្រះ‌ហឫទ័យ​ផ្តួច​អាណិត​ដល់​វា ដោយ​មាន​សវនីយ៍​ថា នេះ​ឯង​ពិត​ជា​កូន​របស់​សាសន៍​ហេព្រើរ​ហើយ
7 ឯ​បង​ស្រី​របស់​កូន​តូច​ក៏​ទូល​សួរ​បុត្រី​ផារ៉ោន​ថា តើ​ព្រះ‌នាង​ចង់​ឲ្យ​ខ្ញុំ​ម្ចាស់​ទៅ​រក​មេ‌ដោះ ពី​ពួក​ស្រី​សាសន៍​ហេព្រើរ មក​បំបៅ​កូន​នេះ​ឬ​ទេ
8 បុត្រី​ផារ៉ោន​មាន​សវនីយ៍​ថា អើ ទៅ​ចុះ នាង​ក៏​ទៅ​ហៅ​ម្តាយ​របស់​កូន​នោះ​មក
9 បុត្រី​ផារ៉ោន​បង្គាប់​ថា ចូរ​យក​កូន​នេះ​ទៅ​បំបៅ​ឲ្យ​ខ្ញុំ​ចុះ ខ្ញុំ​នឹង​ឲ្យ​ប្រាក់​ខែ​ដល់​អ្នក ម្តាយ​ក៏​យក​កូន​ទៅ​បំបៅ
10 លុះ​កូន​មាន​វ័យ​ធំ​ឡើង​កាល​ណា ក៏​នាំ​វា​ទៅ​ថ្វាយ​ដល់​បុត្រី​ផារ៉ោន​វិញ ហើយ​វា​បាន​ទៅ​ជា​កូន​របស់​នាង​ទៅ​នាង​ក៏​ឲ្យ​ឈ្មោះ​ថា ម៉ូសេ ដោយ​ថា អញ​បាន​ស្រង់​វា​ពី​ទឹក​មក។
11 ក្នុង​គ្រា​នោះ កាល​ម៉ូសេ​បាន​ពេញ​ក្តី​ជា​មនុស្ស​ហើយ នោះ​លោក​ចេញ​ទៅ​ឯ​ពួក​ញាតិ‌សន្តាន​ខ្លួន ក៏​បាន​ឃើញ​ការ​ទុក្ខ​លំបាក​របស់​គេ ហើយ​ឃើញ​សាសន៍​អេស៊ីព្ទ​ម្នាក់ កំពុង​តែ​វាយ​សាសន៍​ហេព្រើរ​ម្នាក់ ដែល​ជា​សាច់‌ញាតិ
12 នោះ​លោក​ក្រឡេក​មើល​ណេះ មើល​ណោះ​ឃើញ​ថា គ្មាន​អ្នក​ណា​សោះ ក៏​សម្លាប់​សាសន៍​អេស៊ីព្ទ​នោះ កប់​ក្នុង​ខ្សាច់​ចោល​ទៅ
13 ដល់​ថ្ងៃ​ក្រោយ​ទៀត លោក​ចេញ​ទៅ​ឃើញ​សាសន៍​ហេព្រើរ​២​នាក់​កំពុង​តែ​ឈ្លោះ​គ្នា ក៏​និយាយ​នឹង​អ្នក​ដែល​ធ្វើ​ខុស​ថា ហេតុ​អ្វី​បាន​ជា​អ្នក​វាយ​គូ‌កន​ដូច្នេះ
14 អ្នក​នោះ​ឆ្លើយ​តប​ថា តើ​អ្នក​ណា​បាន​តាំង​ឯង​ឲ្យ​ធ្វើ​ជា​ចៅ‌ហ្វាយ ហើយ​ជា​ចៅ‌ក្រម​លើ​យើង​រាល់​គ្នា តើ​គិត​សម្លាប់​អញ​ដូច​ជា​បាន​សម្លាប់​សាសន៍​អេស៊ីព្ទ​ម្នាក់​នោះ​ទៀត​ឬ​អី នោះ​ម៉ូសេ​មាន​សេចក្ដី​ភិត‌ភ័យ​ណាស់ ដោយ​គិត​ថា ការ​នោះ​ប្រាកដ​ជា​គេ​ដឹង​ហើយ
15 រីឯ​ផារ៉ោន កាល​ទ្រង់​បាន​ឮ នោះ​ទ្រង់​ក៏​រក​សម្លាប់​ម៉ូសេ តែ​លោក​រត់​ពី​ចំពោះ​ទ្រង់​ចេញ​ទៅ​ឯ​ស្រុក​ម៉ាឌាន ហើយ​ក៏​ឈប់​អង្គុយ​នៅ​ជិត​អណ្តូង​ទឹក​១។
16 រីឯ​សង្ឃ​នៅ​ស្រុក​ម៉ាឌាន​នោះ លោក​មាន​កូន​ស្រី​៧​នាក់ នាង​ទាំង​នោះ​មក​ដង​ទឹក​ទៅ​ចាក់​បំពេញ​ស្នូក​ឲ្យ​ហ្វូង​សត្វ​របស់​ឪពុក​ផឹក
17 តែ​ពួក​គង្វាល​ចៀម​គេ​មក​បណ្តេញ​នាង​ទាំង​នោះ​វិញ នោះ​ម៉ូសេ​ក៏​ក្រោក​ឡើង​ជួយ​រាំងរា​នាង រួច​យក​ទឹក​ទៅ​ឲ្យ​ហ្វូង​សត្វ​ផឹក
18 លុះ​កាល​នាង​ទាំង​នោះ​ទៅ​ដល់​រេហួល​ជា​ឪពុក​ខ្លួន នោះ​លោក​សួរ​ថា ថ្ងៃ​នេះ​ដូច​ម្តេច​បាន​ជា​ឯង​រាល់​គ្នា​ត្រឡប់​មក​ជា​ឆាប់​ម៉្លេះ
19 នាង​ទាំង​នោះ​ឆ្លើយ​ឡើង​ថា មាន​សាសន៍​អេស៊ីព្ទ​ម្នាក់​បាន​ជួយ ឲ្យ​យើង​ខ្ញុំ​រួច​ពី​កណ្តាប់​ដៃ​នៃ​ពួក​អ្នក​គង្វាល ហើយ​ក៏​ដង​ទឹក​ឲ្យ​យើង​ខ្ញុំ​សម្រាប់​ហ្វូង​សត្វ​ដែរ
20 លោក​ក៏​សួរ​កូន​ថា អ្នក​នោះ​តើ​នៅ​ឯ​ណា ហេតុ​អ្វី​បាន​ជា​ឯង​រាល់​គ្នា​មក​ចោល​គេ​ដូច្នេះ ចូរ​ហៅ​គេ​មក​បរិភោគ​សិន
21 ឯ​ម៉ូសេ លោក​ក៏​សុខ​ចិត្ត​ព្រម​នៅ​ជា​មួយ​នឹង​រេហួល ហើយ​រេហួល​ឲ្យ​កូន​ស្រី​ម្នាក់ ឈ្មោះ​សេផូរ៉ា ទៅ​ធ្វើ​ជា​ប្រពន្ធ
22 នាង​បង្កើត​បាន​កូន​ប្រុស​១ ដែល​ម៉ូសេ​ឲ្យ​ឈ្មោះ​ថា គើសំម ដោយ​គិត​ថា អញ​ជា​អ្នក​ស្នាក់​នៅ​ស្រុក​ដទៃ។
23 លុះ​យូរ​បន្តិច​ទៅ ស្តេច​ស្រុក​អេស៊ីព្ទ​ទ្រង់​សុគត​ទៅ នោះ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​គេ​ថ្ងូរ​ឡើង ដោយ​ព្រោះ​ការ​ទុក្ខ​លំបាក ហើយ​ក៏​អំពាវ‌នាវ​ដល់​ព្រះ ដោយ​ព្រោះ​ការ​ទុក្ខ​លំបាក​របស់​ខ្លួន នោះ​ទ្រង់​ក៏​ឮ
24 ទ្រង់​ឮ​ដំងូរ​របស់​គេ ហើយ​ក៏​នឹក​ចាំ​ពី​សេចក្ដី​សញ្ញា​ដែល​ទ្រង់​បាន​តាំង​នឹង​អ័ប្រា‌ហាំ និង​អ៊ីសាក ហើយ​និង​យ៉ាកុប
25 ព្រះ‌ទ្រង់​ឃើញ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ហើយ​ក៏​ជ្រាប​ដល់​សេចក្ដី​ទុក្ខ​របស់​គេ។


ជំពូក 3

1 កាល​ម៉ូសេ​កំពុង​តែ​ឃ្វាល​ហ្វូង​សត្វ​របស់​យេត្រូ ជា​ឪពុក​ក្មេក ដែល​ជា​សង្ឃ​នៅ​ស្រុក​ម៉ាឌាន នោះ​លោក​នាំ​ហ្វូង​សត្វ​ទៅ​ខាង​នាយ​ទី​រហោ‌ស្ថាន​រហូត​ដល់​ភ្នំ​ព្រះ គឺ​ជា​ភ្នំ​ហូរែប
2 នៅ​ទី​នោះ មាន​ទេវតា​នៃ​ព្រះ‌យេហូវ៉ា​លេច​មក​ឯ​លោក​ក្នុង​អណ្តាត​ភ្លើង​នៅ​កណ្តាល​គុម្ព​បន្លា លោក​ក៏​មើល​ទៅ​ឃើញ​ភ្លើង​ឆេះ​គុម្ព​បន្លា តែ​ឥត​បាន​សុស​ទេ
3 ម៉ូសេ​នឹក​ក្នុង​ចិត្ត​ថា អញ​នឹង​ងាក​ចេញ​ទៅ​មើល​ការ​ចម្លែក​នេះ តើ​ហេតុ​អ្វី​បាន​ជា​គុម្ព​បន្លា​នេះ​ឆេះ​មិន​សុស​ដូច្នេះ
4 កាល​ព្រះ‌យេហូវ៉ា​ទ្រង់​ឃើញ​លោក​ងាក​បែរ​មក​មើល​ដូច្នេះ នោះ​ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​ហៅ​ពី​ក្នុង​គុម្ព​បន្លា​ថា ម៉ូសេៗ​អើយ រួច​លោក​ទូល​ឆ្លើយ​ថា ព្រះ‌ករុណា​ថ្លៃ​វិសេស​ព្រះ‌អម្ចាស់
5 ទ្រង់​ក៏​បង្គាប់​ថា កុំ​ឲ្យ​មក​ជិត​នេះ​ឡើយ ចូរ​ដោះ​ស្បែក​ជើង​ចេញ ដ្បិត​កន្លែង​ដែល​ឈរ​នោះ​ជា​ដី​បរិសុទ្ធ
6 ទ្រង់​មាន​ព្រះ‌បន្ទូល​ទៀត​ថា អញ​ជា​ព្រះ​នៃ​អយ្យកោ​ឯង គឺ​ជា​ព្រះ​នៃ​អ័ប្រា‌ហាំ ជា​ព្រះ​នៃ​អ៊ីសាក ហើយ​ជា​ព្រះ​នៃ​យ៉ាកុប នោះ​ម៉ូសេ​ក៏​ខ្ទប់​មុខ ដ្បិត​មិន​ហ៊ាន​មើល​ចំ​ទៅ​ព្រះ​ទេ។
7 រួច​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​បាន​ឃើញ​សេចក្ដី​វេទនា​របស់​រាស្ត្រ​អញ ដែល​នៅ​ស្រុក​អេស៊ីព្ទ​ហើយ ក៏​បាន​ឮ​ពាក្យ​គេ​អំពាវ‌នាវ​ដោយ​ព្រោះ​ពួក​អ្នក​ដែល​សង្កត់‌សង្កិន​ដែរ ពី​ព្រោះ​អញ​ស្គាល់​សេចក្ដី​ទុក្ខ​ព្រួយ​របស់​គេ
8 ដូច្នេះ អញ​បាន​ចុះ​មក ដើម្បី​នឹង​ជួយ​ដោះ​គេ​ឲ្យ​រួច​ចេញ​ពី​កណ្តាប់​ដៃ​នៃ​ពួក​សាសន៍​អេស៊ីព្ទ អញ​នឹង​នាំ​គេ​ឡើង​ចេញ​ពី​ស្រុក​នោះ ទៅ​ឯ​ស្រុក​យ៉ាង​ល្អ​ដ៏​ធំ​ទូលាយ​ជា​ស្រុក​ដែល​មាន​ទឹក​ដោះ និង​ទឹក​ឃ្មុំ​ហូរ‌ហៀរ ​វិញ ជា​ទី​កន្លែង​របស់​ផង​សាសន៍​កាណាន សាសន៍​ហេត សាសន៍​អាម៉ូរី សាសន៍​ពេរិស៊ីត សាសន៍​ហេវី និង​សាសន៍​យេប៊ូស
9 ដូច្នេះ​មើល ឥឡូវ​នេះ ពាក្យ​របស់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ដែល​គេ​អំពាវ‌នាវ​ដល់​អញ នោះ​បាន​ឮ​ហើយ ១​ទៀត​អញ​បាន​ឃើញ​ការ​លំបាក ដែល​សាសន៍​អេស៊ីព្ទ​សង្កត់‌សង្កិន​ដល់​គេ​ដែរ
10 ដូច្នេះ ចូរ​មក​ឥឡូវ អញ​នឹង​ចាត់​ឯង​ឲ្យ​ទៅ​ផារ៉ោន ដើម្បី​ឲ្យ​ឯង​បាន​នាំ​រាស្ត្រ​អញ គឺ​ជា​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក។
11 នោះ​ម៉ូសេ​ទូល​ទៅ​ព្រះ​ថា តើ​ទូល‌បង្គំ​ជា​អ្វី ដែល​ព្រះ‌អង្គ​ឲ្យ​ទូល‌បង្គំ​ទៅ​ឯ​ផារ៉ោន ហើយ​ឲ្យ​ទូល‌បង្គំ​នាំ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក​ដូច្នេះ
12 ទ្រង់​មាន​ព្រះ‌បន្ទូល​តប​ថា អញ​នឹង​នៅ​ជា​មួយ​នឹង​ឯង​ជា​ប្រាកដ កាល​ណា​ឯង​បាន​នាំ​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក នោះ​ឯង​រាល់​គ្នា​នឹង​មក​ថ្វាយ‌បង្គំ​ព្រះ​នៅ​លើ​ភ្នំ​នេះ នេះ​ហើយ​និង​បាន​ជា​ទី​សម្គាល់​ឲ្យ​ឯង​ដឹង​ថា អញ​នេះ​បាន​ចាត់​ឯង​ទៅ
13 ម៉ូសេ​ក៏​ទូល​ទៅ​ព្រះ​ថា មើល កាល​ណា​ទូល‌បង្គំ​ទៅ​ប្រាប់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា ព្រះ​នៃ​អយ្យកោ​អ្នក​រាល់​គ្នា​ទ្រង់​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ឯ​អ្នក​រាល់​គ្នា ហើយ​គេ​សួរ​ទូល‌បង្គំ​ថា តើ​ព្រះ‌ទ្រង់​ព្រះ‌នាម​ជា​អ្វី នោះ​តើ​ត្រូវ​ឲ្យ​ទូល‌បង្គំ​ប្រាប់​គេ​ថា​ដូច​ម្តេច
14 ព្រះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​ម៉ូសេ​ថា «អញ​ជា​ព្រះ​ដ៏​ជា​ព្រះ» រួច​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៀត​ថា ឯង​ត្រូវ​ឆ្លើយ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ដូច្នេះ​ថា ព្រះ​ដ៏​ជា​ព្រះ​ទ្រង់​បាន​ចាត់​ឲ្យ​ខ្ញុំ​មក​ឯ​អ្នក​រាល់​គ្នា
15 ព្រះ​ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ទៀត​ថា ចូរ​និយាយ​នឹង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ដូច្នេះ​ថា ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ពួក​អយ្យកោ​អ្នក​រាល់​គ្នា គឺ​ជា​ព្រះ​នៃ​អ័ប្រា‌ហាំ ជា​ព្រះ​នៃ​អ៊ីសាក ហើយ​ជា​ព្រះ​នៃ​យ៉ាកុប​ទ្រង់​បាន​ចាត់​ឲ្យ​ខ្ញុំ​មក​ឯ​អ្នក​រាល់​គ្នា នោះ​ជា​ឈ្មោះ​អញ​នៅ​អស់​កល្ប‌ជានិច្ច ហើយ​ក៏​សម្រាប់​ជា​សេចក្ដី​រំឭក​ពី​អញ ដល់​គ្រប់​ទាំង​តំណ​រៀង‌រាប​ត​ទៅ
16 ទៅ​ចុះ ចូរ​ទៅ​ប្រមូល​ពួក​ចាស់‌ទុំ​ជាតិ​អ៊ីស្រា‌អែល ប្រាប់​គេ​ថា ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​អយ្យកោ​អ្នក​រាល់​គ្នា គឺ​ជា​ព្រះ​នៃ​អ័ប្រា‌ហាំ អ៊ីសាក និង​យ៉ាកុប ទ្រង់​បាន​លេច​មក​មាន​ព្រះ‌បន្ទូល​នឹង​ខ្ញុំ​ថា អញ​បាន​មក​ប្រោស​ឯង​រាល់​គ្នា​ជា​ប្រាកដ​ហើយ ក៏​បាន​ឃើញ​ការ​ដែល​គេ​ធ្វើ​ដល់​ឯង​រាល់​គ្នា​នៅ​ស្រុក​អេស៊ីព្ទ​ដែរ
17 ហើយ​អញ​បាន​សម្រេច​ថា អញ​នឹង​នាំ​ឯង​រាល់​គ្នា​ឡើង​ចេញ​ពី​សេចក្ដី​ទុក្ខ​លំបាក​នៅ​ស្រុក​អេស៊ីព្ទ ទៅ​ក្នុង​ស្រុក​របស់​សាសន៍​កាណាន សាសន៍​ហេត សាសន៍​អាម៉ូរី សាសន៍​ពេរិស៊ីត សាសន៍​ហេវី និង​សាសន៍​យេប៊ូស​វិញ ជា​ស្រុក​ដែល​មាន​ទឹក​ដោះ និង​ទឹក​ឃ្មុំ​ហូរ‌ហៀរ
18 គេ​នឹង​ស្តាប់​តាម​ឯង ហើយ​ឯង និង​ពួក​ចាស់‌ទុំ​ជាតិ​អ៊ីស្រា‌អែល ត្រូវ​ចូល​ទៅ​គាល់​ស្តេច​ស្រុក​អេស៊ីព្ទ​ទូល​ថា ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​ហេព្រើរ ទ្រង់​បាន​មក​ជួប​នឹង​យើង​ខ្ញុំ​រាល់​គ្នា​ហើយ ដូច្នេះ សូម​ឲ្យ​យើង​ខ្ញុំ​រាល់​គ្នា​ទៅ​ក្នុង​ទី​រហោ‌ស្ថាន​ចម្ងាយ​ផ្លូវ​ដើរ​អស់​៣​ថ្ងៃ ដើម្បី​នឹង​ថ្វាយ​យញ្ញ‌បូជា ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ​រាល់​គ្នា
19 តែ​អញ​ដឹង​ថា ស្ដេច​ស្រុក​អេស៊ីព្ទ​នឹង​មិន​ព្រម​អនុញ្ញាត​ឲ្យ​ឯង​រាល់​គ្នា​ទៅ​ទេ លើក​តែ​ដោយ​ដៃ​ខ្លាំង​ពូកែ​ប៉ុណ្ណោះ
20 អញ​នឹង​លើក​ដៃ​វាយ​ស្រុក​អេស៊ីព្ទ ដោយ​អស់​ទាំង​ការ​អស្ចារ្យ ដែល​អញ​នឹង​ធ្វើ​នៅ​កណ្តាល​ស្រុក​នោះ ក្រោយ​នោះ​មក ស្តេច​នឹង​បើក​ឲ្យ​ឯង​រាល់​គ្នា​ចេញ​ទៅ
21 អញ​នឹង​ធ្វើ​ឲ្យ​សាសន៍​បាន​ប្រកប​ដោយ​គុណ​នៃ​ពួក​សាសន៍​អេស៊ីព្ទ ហើយ​កាល​ណា​ចេញ​ទៅ នោះ​ឯង​រាល់​គ្នា​នឹង​មិន​ទៅ​ដោយ​ដៃ​ទទេ​ឡើយ
22 គឺ​គ្រប់​ទាំង​ស្រីៗ​នឹង​សូម​គ្រឿង​មាស គ្រឿង​ប្រាក់ និង​សម្លៀក‌បំពាក់​ពី​អ្នក​ជិត​ខាង ហើយ​ពី​អ្នក​ដែល​អាស្រ័យ​នៅ​ផ្ទះ​ជា​មួយ​គ្នា ហើយ​ឯង​រាល់​គ្នា​នឹង​បំពាក់​ឲ្យ​កូន​ប្រុស​កូន​ស្រី​ឯង​វិញ ដូច្នេះ ឯង​រាល់​គ្នា​នឹង​បង្ហិន​ពួក​សាសន៍​អេស៊ីព្ទ​ទៅ។


ជំពូក 4

1 តែ​ម៉ូសេ​ប្រកែក​ថា មើល គេ​នឹង​មិន​ជឿ​ទូល‌បង្គំ ឬ​ស្តាប់​តាម​ទូល‌បង្គំ​ទេ គេ​នឹង​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មិន​បាន​លេច​មក​ឯ​អ្នក​ទេ
2 នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​តប​ថា តើ​មាន​អ្វី​នៅ​ដៃ​ឯង​នោះ លោក​ទូល​ឆ្លើយ​ថា មាន​ដំបង
3 រួច​ទ្រង់​ប្រាប់​ថា ចូរ​បោះ​ទៅ​ដី​ទៅ លោក​ក៏​បោះ​ទៅ ហើយ​ដំបង​នោះ​ត្រឡប់​ទៅ​ជា​សត្វ​ពស់ ម៉ូសេ​ក៏​រត់​ចេញ​ពី​សត្វ​ពស់​នោះ
4 តែ​ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ថា ចូរ​លូក​ដៃ​ទៅ​ចាប់​ត្រង់​កន្ទុយ​វា លោក​ក៏​លូក​ដៃ​ទៅ​ចាប់ រួច​ពស់​នោះ​ត្រឡប់​ទៅ​ជា​ដំបង​នៅ​ដៃ​លោក​វិញ
5 នេះ​គឺ​ដើម្បី​ឲ្យ​គេ​ជឿ​ថា ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​នៃ​ពួក​អយ្យកោ ជា​ព្រះ​នៃ​អ័ប្រា‌ហាំ ជា​ព្រះ​នៃ​អ៊ីសាក ហើយ​ជា​ព្រះ​នៃ​យ៉ាកុប ទ្រង់​បាន​លេច​មក​ឯ​ឯង។
6 ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ទៀត​ថា ចូរ​ឯង​ដាក់​ដៃ​ចូល​ទៅ​លើ​ទ្រូង​ឥឡូវ​ចុះ លោក​ក៏​ដាក់​ដៃ​ចូល​ទៅ រួច​ដក​មក​វិញ ឃើញ​មាន​កើត​ឃ្លង់​ស​ដូច​ហិមៈ
7 រួច​ទ្រង់​ប្រាប់​ថា ចូរ​ដាក់​ដៃ​ចូល​ទៅ​លើ​ទ្រូង​ម្តង​ទៀត លោក​ក៏​ដាក់​ចូល​ទៅ រួច​ដក​ចេញ​មក ហើយ​មើល ដៃ​បាន​ត្រឡប់​ទៅ​ដូច​ជា​ធម្មតា​ដើម​វិញ
8 ទ្រង់​មាន​ព្រះ‌បន្ទូល​ថា បើ​គេ​មិន​ជឿ​ឯង ហើយ​មិន​ស្តាប់​តាម​ទី​សម្គាល់​មុន នោះ​គេ​នឹង​ជឿ​ដោយ‌សារ​ទី​សម្គាល់​ក្រោយ​នេះ​ដែរ
9 តែ​បើ​គេ​មិន​ជឿ​ទី​សម្គាល់​ទាំង​២​នេះ​ទេ ហើយ​មិន​ព្រម​ស្តាប់​តាម​ឯង​ផង នោះ​ត្រូវ​ឲ្យ​យក​ទឹក​ទន្លេ​មក​ចាក់​លើ​ដី​គោក រួច​ទឹក​ដែល​ឯង​យក​ពី​ទន្លេ​មក នោះ​នឹង​ត្រឡប់​ទៅ​ជា​ឈាម​នៅ​លើ​ដី​វិញ។ ព្រះ‌យេហូវ៉ា​តាំង​អើរ៉ុន​ឲ្យ​ធ្វើ​ជា​ជំនួយ​ការ​របស់​ម៉ូសេ
10 ម៉ូសេ​ទូល​ទៅ​ព្រះ‌យេហូវ៉ា​ថា ឱ​ព្រះ‌អម្ចាស់​អើយ ទូល‌បង្គំ​ជា​អ្នក​មិន‌សូវ​មាន​វោហារ​ទេ គឺ​តាំង​តែ​ពី​ដើម​រៀង​មក ហើយ​ឥឡូវ​នេះ​ដែល​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​នឹង​ទូល‌បង្គំ​ជា​អ្នក​បម្រើ​ទ្រង់ នោះ​ក៏​នៅ​តែ​គ្មាន​ដដែល ដ្បិត​ទូល‌បង្គំ​មាន​មាត់​រឹង ហើយ​អណ្តាត​ក៏​ដំឡាន់​ផង
11 នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​លោក​ថា តើ​អ្នក​ណា​បាន​បង្កើត​មាត់​មនុស្ស តើ​អ្នក​ណា​ដែល​ធ្វើ​ឲ្យ​គ ឬ​ឲ្យ​ថ្លង់ ឲ្យ​ភ្លឺ ឬ​ឲ្យ​ខ្វាក់​នោះ បើ​មិន​មែន​អញ​ជា​ព្រះ‌យេហូវ៉ា​ប៉ុណ្ណោះ​ទេ
12 ដូច្នេះ ចូរ​ឯង​ទៅ​ឥឡូវ​ចុះ អញ​នឹង​នៅ​ជា​មួយ​នឹង​មាត់​ឯង ព្រម​ទាំង​បង្រៀន​សេចក្ដី​ដែល​ឯង​ត្រូវ​និយាយ​ផង
13 នោះ​ម៉ូសេ​ទូល​ថា ឱ​ព្រះ‌អម្ចាស់​អើយ សូម​ទ្រង់​ចាត់​អ្នក​ណា​មួយ​តាម​ព្រះ‌ហឫទ័យ​ទ្រង់​ចុះ
14 នោះ​សេចក្ដី​ខ្ញាល់​របស់​ព្រះ‌យេហូវ៉ា​ក៏​ឆួល​ឡើង​ទាស់​នឹង​ម៉ូសេ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា តើ​អើរ៉ុន ជា​ពួក​លេវី មិន​មែន​ជា​បង​ឯង​ទេ​ឬ​អី អញ​ដឹង​ថា គាត់​ចេះ​វោហារ​ស្រួល​ណាស់ ហើយ​មើល គាត់​ក៏​ចេញ​មក​រក​ឯង​ដែរ កាល​ណា​ឃើញ​ឯង​ហើយ នោះ​គាត់​នឹង​មាន​ចិត្ត​អំណរ​អរ
15 ឯង​ត្រូវ​ជំនុំ​នឹង​គាត់ ហើយ​បញ្ចេះ​ពាក្យ​សំដី​ឲ្យ​គាត់​បាន​និយាយ ឯ​អញៗ​នឹង​នៅ​ជា​មួយ​នឹង​មាត់​ឯង ហើយ​និង​មាត់​គាត់​ដែរ ព្រម​ទាំង​បង្រៀន​ការ​ដែល​ឯង​ត្រូវ​ធ្វើ​ផង
16 គាត់​នឹង​និយាយ​ទៅ​បណ្តា‌ជន​ជំនួស​ឯង គាត់​នឹង​ធ្វើ​ជា​មាត់​ឲ្យ​ឯង ហើយ​ឯង​នឹង​បាន​ដូច​ជា​ព្រះ​ដល់​គាត់
17 ត្រូវ​ឲ្យ​ឯង​យក​ដំបង​នេះ​កាន់​នៅ​ដៃ សម្រាប់​នឹង​ធ្វើ​ទី​សម្គាល់​ចុះ។
18 នោះ​ម៉ូសេ​ក៏​ត្រឡប់​ទៅ​ឯ​យេត្រូ ជា​ឪពុក​ក្មេក​ជម្រាប​ថា សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​ត្រឡប់​ទៅ​ឯ​បង​ប្អូន​ខ្ញុំ នៅ​ស្រុក​អេស៊ីព្ទ​វិញ ដើម្បី​នឹង​មើល តើ​គេ​នៅ​រស់​ឬ​យ៉ាង​ណា យេត្រូ​តប​ថា ចូរ​ទៅ​ដោយ​សុខ‌សាន្ត​ចុះ
19 រីឯ​នៅ​ស្រុក​ម៉ាឌាន នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា ចូរ​ឯង​ត្រឡប់​ទៅ​ឯ​ស្រុក​អេស៊ីព្ទ​វិញ ដ្បិត​ពួក​អ្នក​ដែល​ចង់​សម្លាប់​ឯង គេ​ស្លាប់​អស់​ហើយ
20 ម៉ូសេ​ក៏​ប្រមូល​យក​ប្រពន្ធ​កូន បញ្ជិះ​លើ​សត្វ​លា វិល​ត្រឡប់​ទៅ​ឯ​ស្រុក​អេស៊ីព្ទ​វិញ ក៏​យក​ទាំង​ដំបង​របស់​ព្រះ​កាន់​នៅ​ដៃ​ផង
21 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា កាល​ណា​ឯង​ត្រឡប់​ទៅ​ដល់​ស្រុក​អេស៊ីព្ទ​ហើយ នោះ​កុំ​ឲ្យ​ខាន​នឹង​ធ្វើ​អស់​ទាំង​ការ​អស្ចារ្យ ដែល​អញ​បាន​ដាក់​នៅ​ដៃ​ឯង​នៅ​ចំពោះ​មុខ​ផារ៉ោន​ឡើយ តែ​អញ​នឹង​ធ្វើ​ឲ្យ​ផារ៉ោន​មាន​ចិត្ត​រឹង‌ទទឹង នោះ​ទ្រង់​មិន​ព្រម​បើក​ឲ្យ​បណ្តា‌ជន​ចេញ​ទៅ​ទេ
22 ឯង​ត្រូវ​ទូល​ទៅ​ផារ៉ោន​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា អ៊ីស្រា‌អែល​ជា​កូន​អញ គឺ​ជា​កូន​ច្បង​របស់​អញ
23 ហើយ​អញ​ប្រាប់​ឯង​ថា ចូរ​បើក​ឲ្យ​កូន​អញ​ចេញ​ទៅ ដើម្បី​នឹង​ថ្វាយ‌បង្គំ​អញ បើ​ឯង​មិន​ព្រម​ទេ នោះ​មើល អញ​នឹង​សម្លាប់​កូន​ច្បង​របស់​ឯង​ចោល។
24 លុះ​ធ្វើ​ដំណើរ​មក​តាម​ផ្លូវ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មក​ជួប​នឹង​លោក នៅ​ត្រង់​ផ្ទះ​សំណាក់​ចង់​សម្លាប់​លោក
25 នោះ​សេផូរ៉ា នាង​យក​ថ្ម​យ៉ាង​មុត មក​កាត់​ស្បែក​ចុង​ស្វាស​របស់​កូន បោះ​ចោល​ទៅ​ត្រង់​ជើង​ប្ដី ដោយ​ពាក្យ​ថា អ្នក​ជា​ប្ដី​បាន​ឈ្មោះ​ថា​ខ្ចាយ​ឈាម​ដល់​ខ្ញុំ​ហើយ
26 រួច​ទ្រង់​លែង​ធ្វើ​លោក​ទៅ ហើយ​នាង​និយាយ​ថា អ្នក​ជា​ប្ដី​បាន​ឈ្មោះ​ថា​ខ្ចាយ​ឈាម​ហើយ ដោយ​ព្រោះ​ការ​កាត់​ស្បែក​នេះ។
27 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​អើរ៉ុន​ថា ចូរ​ទៅ​ជួប​នឹង​ម៉ូសេ​នៅ​ទី​រហោ‌ស្ថាន លោក​ក៏​ទៅ បាន​ជួប​នៅ​ត្រង់​ភ្នំ​ព្រះ ហើយ​ថើប​គ្នា
28 នោះ​ម៉ូសេ​ប្រាប់​ទៅ​អើរ៉ុន​ពី​គ្រប់​ទាំង​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​ផ្តាំ និង​គ្រប់​ទាំង​ទី​សម្គាល់​ដែល​ទ្រង់​បាន​បង្គាប់​មក
29 ម៉ូសេ និង​អើរ៉ុន​ក៏​នាំ​គ្នា​ទៅ​ប្រមូល​ពួក​ចាស់‌ទុំ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល
30 រួច​ហើយ អើរ៉ុន​រ៉ាយ‌រឿង​ប្រាប់​ពី​អស់​ទាំង​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ ព្រម​ទាំង​ធ្វើ​អស់​ទាំង​ទី​សម្គាល់​នោះ​នៅ​មុខ​គេ​ដែរ
31 បណ្តា‌ជន​ទាំង‌ឡាយ​ក៏​ជឿ ហើយ​កាល​ណា​គេ​ឃើញ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រោស​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ហើយ​ថា ទ្រង់​បាន​ទត​ឃើញ​សេចក្ដី​ទុក្ខ​លំបាក​របស់​គេ នោះ​ក៏​នាំ​គ្នា​ឱន​ក្បាល​ថ្វាយ‌បង្គំ​ទ្រង់។


ជំពូក 5

1 ក្រោយ​នោះ​មក ម៉ូសេ និង​អើរ៉ុន​នាំ​គ្នា​ចូល​ទៅ​គាល់​ផារ៉ោន​ទូល​ថា ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ចូរ​ឲ្យ​រាស្ត្រ​អញ​ចេញ​ទៅ​ថ្វាយ​យញ្ញ‌បូជា​ដល់​អញ​នៅ​ទី​រហោ‌ស្ថាន
2 តែ​ផារ៉ោន​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា តើ​ព្រះ‌យេហូវ៉ា​ជា​អ្នក​ណា​ដែល​អញ​ត្រូវ​ស្តាប់​តាម​ទ្រង់ និង​ឲ្យ​សាសន៍​អ៊ីស្រា‌អែល​ចេញ​ទៅ​នោះ អញ​មិន​ស្គាល់​ព្រះ‌យេហូវ៉ា​ទេ ហើយ​ក៏​មិន​ព្រម​ឲ្យ​សាសន៍​អ៊ីស្រា‌អែល​ចេញ​ទៅ​ឡើយ
3 នោះ​គេ​ទូល​ថា ព្រះ​នៃ​សាសន៍​ហេព្រើរ ទ្រង់​បាន​លេច​មក​ឯ​យើង​ខ្ញុំ​ហើយ ដូច្នេះ សូម​ទ្រង់​អនុញ្ញាត ឲ្យ​យើង​ខ្ញុំ​រាល់​គ្នា ទៅ​ឯ​ទី​រហោ‌ស្ថាន ចម្ងាយ​ផ្លូវ​ដើរ​អស់​៣​ថ្ងៃ ដើម្បី​នឹង​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ ខ្លាច​ក្រែង​ទ្រង់​ស្ទុះ​មក​ប្រហារ​យើង​រាល់​គ្នា ដោយ​អាសន្ន‌រោគ​ឬ​ដាវ​ផង
4 តែ​ស្តេច​ស្រុក​អេស៊ីព្ទ​ទ្រង់​មាន​ព្រះ‌បន្ទូល​តប​ថា នែ​ម៉ូសេ និង​អើរ៉ុន ហេតុ​អ្វី​បាន​ជា​បញ្ឈប់​ពួក​ជន​មិន​ឲ្យ​ធ្វើ​ការ​ដូច្នេះ ចូរ​ឯង​រាល់​គ្នា​ត្រឡប់​ទៅ​ធ្វើ​ការ​របស់​ឯង​វិញ​ទៅ។
5 ផារ៉ោន​ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​ថា មើល ឥឡូវ​នេះ បណ្តា‌ជន​នៅ​ស្រុក​នេះ​គេ​មាន​គ្នា​ច្រើន ហើយ​ឯង​មក​ធ្វើ​ឲ្យ​គេ​ឈប់​ពី​ការ​គេ​ចេញ​ដូច្នេះ។ ស្តេច​ផារ៉ោន​បន្ថែម​ការ‌ងារ​ឲ្យ​កូន​ចៅ​អ៊ីស្រា‌អែល
6 នៅ​ថ្ងៃ​នោះ​ឯង ផារ៉ោន​ទ្រង់​បង្គាប់​ដល់​ពួក​មេ​តម្រួួត​លើ​ជន​ទាំង‌ឡាយ ហើយ​និង​ពួក​នាយ​ថា
7 ចូរ​កុំ​ឲ្យ​ចំបើង​ដល់​ជន​សម្រាប់​នឹង​ធ្វើ​ឥដ្ឋ​ដូច​អំពី​ដើម​ទៀត​ឡើយ ត្រូវ​ឲ្យ​គេ​ទៅ​រក​ចំបើង​ដោយ​ខ្លួន​ឯង​វិញ
8 តែ​ឯ​ចំនួន​ឥដ្ឋ​ដែល​គេ​ធ្លាប់​ធ្វើ​ពី​ដើម​មក នោះ​ត្រូវ​បង្ខំ​ឲ្យ​គេ​ចេះ​តែ​ធ្វើ​ទៅ​ទៀត​ចុះ កុំ​បន្ថយ​ឲ្យ​សោះ ដ្បិត​គេ​ខ្ជិល​ទេ បាន​ជា​ស្រែក​ថា សូម​ឲ្យ​យើង​រាល់​គ្នា​ទៅ​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ​នៃ​យើង​ខ្ញុំ
9 ត្រូវ​ដាក់​បន្ទុក​ឲ្យ​គេ​ធ្វើ​រឹត​តែ​ធ្ងន់​ឡើង ដើម្បី​ឲ្យ​គេ​ខំ​ធ្វើ​ទៅ កុំ​ឲ្យ​គេ​ទុក​ចិត្ត​នឹង​ពាក្យ​កំភូត​ឡើយ។
10 ពួក​មេ​តម្រួួត​លើ​ពួក​ជន និង​ពួក​នាយ ក៏​ទៅ​ប្រាប់​ដល់​គេ​ថា ផារ៉ោន​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា អញ​លែង​បើក​ចំបើង​ឲ្យ​ឯង​រាល់​គ្នា​ហើយ
11 ចូរ​ទៅ​រក​ចំបើង​ដោយ​ខ្លួន​ឯង​នៅ​កន្លែង​ណា​ដែល​រក​បាន​ចុះ ប៉ុន្តែ ការ​របស់​ឯង​រាល់​គ្នា នោះ​មិន​ត្រូវ​បន្ថយ​សូម្បី​ដល់​បន្តិច‌បន្តួច​ឡើយ
12 ដូច្នេះ បណ្តា‌ជន​ទាំង‌ឡាយ​ត្រូវ​ខ្ចាត់​ខ្ចាយ ទៅ​ពេញ​ក្នុង​ស្រុក​អេស៊ីព្ទ ដើម្បី​នឹង​រក​រើស​ជញ្ជ្រាំង​មក​ជំនួស​ចំបើង
13 ពួក​មេ​តម្រួួត​ក៏​ពោល​បង្ខំ​ថា ចូរ​ឯង​រាល់​គ្នា​ធ្វើ​បង្ហើយ​ការ​របស់​ឯង​ដូច​ជា​បាន​ដាក់​ឲ្យ​ធ្វើ​មក​រាល់​តែ​ថ្ងៃ ឲ្យ​ដូច​ជា​កាល​មាន​ចំបើង​ពី​ដើម​មក​ដែរ
14 គេ​ក៏​វាយ​ពួក​មេ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល ដែល​ពួក​មេ​តម្រួួត​របស់​ផារ៉ោន​បាន​តាំង​លើ​បណ្តា‌ជន ហើយ​សួរ​ថា ហេតុ​អ្វី​បាន​ជា​ពី​ម្សិល‌មិញ​ហើយ​ថ្ងៃ​នេះ ឯង​រាល់​គ្នា​មិន​បាន​ធ្វើ​ឥដ្ឋ​ឲ្យ​គ្រប់​ចំនួន​ដូច​អំពី​ដើម​មក។
15 នោះ​ពួក​មេ​របស់​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​នាំ​គ្នា​ទៅ​ស្រែក​ដល់​ផារ៉ោន​ថា ហេតុ​អ្វី​បាន​ជា​ទ្រង់​ប្រព្រឹត្ត​នឹង​យើង​ខ្ញុំ​ជា​ពួក​បម្រើ​ទ្រង់​យ៉ាង​ដូច្នេះ
16 ដ្បិត​គេ​មិន​ឲ្យ​ចំបើង​ដល់​យើង​ខ្ញុំ​ជា​ពួក​បម្រើ​ទ្រង់​ទៀត​ទេ ហើយ​គេ​ប្រាប់​យើង​ខ្ញុំ​ថា ចូរ​ខំ​ធ្វើ​ឥដ្ឋ​ទៅ គេ​ក៏​វាយ​យើង​ខ្ញុំ​ជា​ពួក​បម្រើ​ទ្រង់​ដែរ តែ​គឺ​ពួក​ទ្រង់​ទេ ដែល​ធ្វើ​ខុស​នោះ
17 ទ្រង់​ឆ្លើយ​តប​ថា ឯង​រាល់​គ្នា​ជា​មនុស្ស​កំជិល គឺ​ឯង​ខ្ជិល​ទេ បាន​ជា​និយាយ​ថា សូម​បើក​ឲ្យ​យើង​រាល់​គ្នា​ទៅ​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា
18 ដូច្នេះ ចូរ​ឯង​រាល់​គ្នា​ត្រឡប់​ទៅ​ធ្វើ​ការ​វិញ​ឥឡូវ​ចុះ ដ្បិត​គេ​មិន​ត្រូវ​ឲ្យ​ចំបើង​ដល់​ឯង​រាល់​គ្នា​ទេ តែ​ត្រូវ​ឲ្យ​ឯង​ធ្វើ​ឥដ្ឋ​នោះ​ឲ្យ​គ្រប់​ចំនួន​កុំ​ខាន
19 ឯ​ពួក​មេ​របស់​កូន​ចៅ​អ៊ីស្រា‌អែល កាល​គេ​ឮ​ថា មិន​ត្រូវ​បន្ថយ​ចំនួន​ឥដ្ឋ​ដែល​ត្រូវ​ធ្វើ​រាល់​ថ្ងៃ​ដូច្នោះ នោះ​ក៏​ឃើញ​ថា ខ្លួន​ជា​មនុស្ស​ជាប់​សេចក្ដី​វេទនា​ហើយ
20 គេ​ក៏​ចេញ​ពី​ចំពោះ​ផារ៉ោន​មក​ជួប​នឹង​ម៉ូសេ ហើយ​និង​អើរ៉ុន ដែល​កំពុង​តែ​ឈរ​ចាំ
21 ក៏​និយាយ​ថា សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ពិចារណា ហើយ​ជំនុំ‌ជម្រះ​អ្នក​ចុះ ដ្បិត​អ្នក​បាន​ធ្វើ​ឲ្យ​យើង​រាល់​គ្នា​ស្អុយ​កេរ​នៅ​ចំពោះ​ផារ៉ោន និង​ពួក​មហា‌តលិក​ទ្រង់ ព្រម​ទាំង​ដាក់​ដាវ​នៅ​ដៃ​គេ​ឲ្យ​សម្លាប់​យើង​រាល់​គ្នា​ផង។
22 នោះ​ម៉ូសេ គាត់​ត្រឡប់​ទៅ​ឯ​ព្រះ‌យេហូវ៉ា ទូល​ថា ឱ​ព្រះ‌អម្ចាស់​អើយ ហេតុ​អ្វី​បាន​ជា​ទ្រង់​ធ្វើ​បាប​ដល់​ពួក​បណ្តា‌ជន​នេះ​ដូច្នេះ តើ​ទ្រង់​បាន​ចាត់​ទូល‌បង្គំ​មក​ធ្វើ​អី
23 ដ្បិត​តាំង​តែ​ពី​ទូល‌បង្គំ​ចូល​ទៅ​ទូល​ផារ៉ោន ដោយ​នូវ​ព្រះ‌នាម​ទ្រង់ នោះ​ផារ៉ោន​ចេះ​តែ​ធ្វើ​បាប​ដល់​បណ្តា‌ជន​នេះ ហើយ​ទ្រង់​សោត​ក៏​មិន​បាន​ប្រោស​ដល់​រាស្ត្រ​ទ្រង់​ឲ្យ​រួច​ផង​ដែរ។


ជំពូក 6

1 នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា ឥឡូវ​នេះ ឯង​នឹង​ឃើញ​ការ​ដែល​អញ​ធ្វើ​ដល់​ផារ៉ោន ដ្បិត​ដោយ​ដៃ​ខ្លាំង​ពូកែ នោះ​អញ​នឹង​ឲ្យ​រាស្ត្រ​អញ​ចេញ​ទៅ ហើយ​ដោយ​ដៃ​ខ្លាំង​ពូកែ ផារ៉ោន​នឹង​បណ្តេញ​គេ​ចេញ​ពី​ស្រុក​ទៅ​ផង។
2 ព្រះ‌ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​ម៉ូសេ​ទៀត​ថា អញ​ជា​ព្រះ‌យេហូវ៉ា
3 អញ​បាន​លេច​មក​ឯ​អ័ប្រា‌ហាំ អ៊ីសាក ហើយ​និង​យ៉ាកុប​សម្ដែង​ចេញ​ជា​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា ប៉ុន្តែ គេ​មិន​បាន​ស្គាល់​អញ​ដោយ​នាម​ជា «យេហូវ៉ា» របស់​អញ​នោះ​ទេ
4 អញ​ក៏​បាន​តាំង​សេចក្ដី​សញ្ញា​របស់​អញ​ដល់​គេ​ថា នឹង​ឲ្យ​ស្រុក​កាណាន​ដល់​គេ គឺ​ជា​ស្រុក​ដែល​គេ​បាន​ស្នាក់​នៅ​ទុក​ដូច​ជា​អ្នក​ដទៃ
5 អញ​បាន​ឮ​ដំងូរ​របស់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ដែល​ពួក​សាសន៍​អេស៊ីព្ទ​ចាប់​ជា​បាវ​បម្រើ ហើយ​អញ​បាន​រឭក​ដល់​សេចក្ដី​សញ្ញា​របស់​អញ​នោះ
6 ដូច្នេះ ចូរ​និយាយ​នឹង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា អញ​ជា​ព្រះ‌យេហូវ៉ា អញ​នឹង​នាំ​ឯង​រាល់​គ្នា​ចេញ​ឲ្យ​រួច​ពី​បន្ទុក​នៃ​ពួក​សាសន៍​អេស៊ីព្ទ ហើយ​និង​ជួយ​ឲ្យ​រួច​ពី​ការ​បម្រើ​គេ អញ​នឹង​លើក​ដៃ​អញ​ឡើង​លោះ​ឯង​រាល់​គ្នា ដោយ​ការ​វិនិច្ឆ័យ​យ៉ាង​ធំ
7 អញ​នឹង​យក​ឯង​រាល់​គ្នា​ទុក​ជា​រាស្ត្រ​របស់​អញ ក៏​នឹង​ធ្វើ​ជា​ព្រះ​ដល់​ឯង​រាល់​គ្នា នោះ​ឯង​នឹង​បាន​ដឹង​ថា អញ​នេះ​ជា​យេហូវ៉ា គឺ​ជា​ព្រះ​នៃ​ឯង ដែល​នាំ​ឯង​ចេញ​ផុត​ពី​បន្ទុក​របស់​ពួក​សាសន៍​អេស៊ីព្ទ
8 អញ​នឹង​នាំ​ឯង​រាល់​គ្នា​ចូល​ទៅ​ក្នុង​ស្រុក​ដែល​អញ​បាន​លើក​ដៃ​ស្បថ​ថា នឹង​ឲ្យ​ទៅ​អ័ប្រា‌ហាំ អ៊ីសាក ហើយ​យ៉ាកុប អញ​នឹង​ឲ្យ​ស្រុក​នោះ​ដល់​ឯង​រាល់​គ្នា​ទុក​ជា​កេរ‌អាករ​វិញ គឺ​អញ​នេះ​ហើយ​ជា​ព្រះ‌យេហូវ៉ា
9 រួច​ម៉ូសេ​ក៏​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​តាម​ពាក្យ​នោះ ប៉ុន្តែ ដោយ​ព្រោះ​សេចក្ដី​វេទនា​នឹង​ការ​បម្រើ​យ៉ាង​សហ័ស បាន​ជា​គេ​មិន​ព្រម​ស្តាប់​តាម​លោក​ទេ។
10 នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ម៉ូសេ
11 ឲ្យ​ចូល​ទៅ​ទូល​ផារ៉ោន​ជា​ស្តេច​អេស៊ីព្ទ​ថា ចូរ​បើក​ឲ្យ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ចេញ​ពី​ស្រុក​ទៅ
12 តែ​ម៉ូសេ​ទូល​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ថា មើល សូម្បី​តែ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​មិន​ព្រម​ស្តាប់​តាម​ទូល‌បង្គំ​ទៅ​ហើយ ចំណង់​បើ​ផារ៉ោន​ធ្វើ​ដូច​ម្តេច​ឲ្យ​ស្តាប់​តាម​ទូល‌បង្គំ​បាន បើ​ទូល‌បង្គំ​ជា​អ្នក​មិន‌សូវ​ចេះ​វោហារ​ដូច្នេះ​ផង
13 នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ប្រាប់​ម៉ូសេ និង​អើរ៉ុន ជា​សេចក្ដី​បង្គាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ហើយ​ដល់​ផារ៉ោន​ជា​ស្តេច​ស្រុក​អេស៊ីព្ទ​ប្រយោជន៍​ដើម្បី​នឹង​នាំ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ឲ្យ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​ទៅ។
14 នេះ​ជា​បញ្ជី​ពួក​មេ​នៃ​គ្រួសារ​ឪពុក​គេ​ទាំង​ប៉ុន្មាន ពួក​កូន​រូបេន​ដែល​ជា​កូន​ច្បង​របស់​អ៊ីស្រា‌អែល គឺ​ហេណុក ប៉ាលូវ ហេស្រុន និង​កើមី នេះ​ឯង​ជា​គ្រួ​របស់​រូបេន​ទាំង​ប៉ុន្មាន
15 ពួក​កូន​ស៊ីម្មាន គឺ​យេមូ‌អែល យ៉ាមីន អូហាត់ យ៉ាគិន សូហារ និង​សូល​ជា​កូន​របស់​ស្ត្រី​សាសន៍​កាណាន​ម្នាក់ នេះ​ឯង​ជា​គ្រួ​ស៊ីម្មាន​ទាំង​ប៉ុន្មាន
16 នេះ​ជា​ឈ្មោះ​របស់​ពួក​កូន​លេវី តាម​ពូជ​តំណ​របស់​គេ​ត​មក គឺ​គើសុន កេហាត់ និង​ម្រ៉ារី ឯ​លេវី​ក៏​មាន​អាយុ​រស់​នៅ​បាន​១៣៧​ឆ្នាំ
17 ពួក​កូន​គើសុន គឺ​លិបនី ហើយ​និង​ស៊ីម៉ាយ តាម​គ្រួ​គេ
18 ពួក​កូន​កេហាត់ គឺ​អាំរ៉ាម យីតសារ ហេប្រុន និង​អ៊ូស៊ាល ឯ​កេហាត់​ក៏​មាន​អាយុ​រស់​នៅ​បាន​១៣៣​ឆ្នាំ
19 ពួក​កូន​ម្រ៉ារី គឺ​ម៉ាស់លី និង​មូស៊ី នេះ​ឯង​ជា​គ្រួ​របស់​លេវី​តាម​ពូជ​តំណ​របស់​គេ​ត​មក
20 ឯ​អាំរ៉ាម គាត់​យក​យ៉ុកិបិត ជា​ម្តាយ​មីង ធ្វើ​ជា​ប្រពន្ធ ហើយ​នាង​បង្កើត​អើរ៉ុន និង​ម៉ូសេ​ឲ្យ​គាត់ ឯ​អាំរ៉ាម​គាត់​មាន​អាយុ​រស់​នៅ​បាន​១៣៧​ឆ្នាំ
21 ពួក​កូន​យីតសារ គឺ​កូរេ នេផេក ហើយ​ស៊ីកគ្រី
22 ពួក​កូន​អ៊ូស៊ាល គឺ​មីសា‌អែល អេលសាផាន និង​ស៊ីតទ្រី
23 ឯ​អើរ៉ុន​លោក​យក​នាង​អេលី‌សេបា ជា​កូន​អ័មី‌ន៉ាដាប់ ហើយ​ជា​ប្អូន​ណា​សូន ធ្វើ​ជា​ប្រពន្ធ នាង​បង្កើត​បាន​ណាដាប អ័ប៊ីហ៊ូវ អេលាសារ និង​អ៊ីថាម៉ារ​ឲ្យ​លោក
24 ពួក​កូន​កូរេ គឺ​អាស់ស៊ា អែល‌កាណា និង​អេបៀ‌សាប់ នេះ​ឯង​ជា​គ្រួ​ពូជ​កូរេ​ទាំង​ប៉ុន្មាន
25 អេលាសារ ជា​កូន​អើរ៉ុន ក៏​យក​កូន​ពូធាល​ម្នាក់ ធ្វើ​ជា​ប្រពន្ធ ហើយ​នាង​បង្កើត​បាន​ភីនេ‌ហាស នេះ​ឯង​ជា​ពួក​មេ​នៃ​គ្រួសារ​ឪពុក​របស់​ពួក​លេវី​តាម​គ្រួ​គេ
26 គឺ​អើរ៉ុន ហើយ​និង​ម៉ូសេ​នេះ ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បង្គាប់​ថា ចូរ​នាំ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក​ទាំង​កងៗ​ចុះ
27 គឺ​ជា​អ្នក​ទាំង​២​នេះ​ដែល​បាន​ទូល​នឹង​ផារ៉ោន​ជា​ស្តេច​ស្រុក​អេស៊ីព្ទ ដើម្បី​នឹង​នាំ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ចេញ​ពី​ស្រុក​អេស៊ីព្ទ​ទៅ គឺ​ជា​ម៉ូសេ ហើយ​និង​អើរ៉ុន​នេះ​ឯង។
28 នៅ​ថ្ងៃ​ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​នៅ​ស្រុក​អេស៊ីព្ទ
29 នោះ​ទ្រង់​បង្គាប់​ថា អញ​ជា​ព្រះ‌យេហូវ៉ា ចូរ​ឯង​ទៅ​ទូល​ផារ៉ោន​ជា​ស្តេច​ស្រុក​អេស៊ីព្ទ​តាម​គ្រប់​សេចក្ដី​ដែល​អញ​ប្រាប់
30 តែ​ម៉ូសេ​ទូល​ប្រកែក​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ថា មើល ទូល‌បង្គំ​ជា​អ្នក​មិន‌សូវ​ចេះ​វោហារ​ទេ ធ្វើ​ដូច​ម្តេច​ឡើយ​ឲ្យ​ផារ៉ោន​បាន​ស្តាប់​តាម​ទូល‌បង្គំ។


ជំពូក 7

1 រួច​មក ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា មើល អញ​បាន​ឲ្យ​ឯង​ធ្វើ​ជា​ព្រះ​ដល់​ផារ៉ោន ហើយ​អើរ៉ុន​បង​ឯង​នឹង​ធ្វើ​ជា​អ្នក​ប្រកាស​របស់​ឯង
2 ឯង​ត្រូវ​និយាយ​គ្រប់​សេចក្ដី​ដែល​អញ​បង្គាប់ ហើយ​អើរ៉ុន​បង​ឯង​ត្រូវ​ទូល​ដល់​ផារ៉ោន ដើម្បី​ឲ្យ​ស្តេច​បាន​បើក​ឲ្យ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ចេញ​ពី​ស្រុក​ទៅ
3 តែ​អញ​នឹង​ធ្វើ​ឲ្យ​ផារ៉ោន​មាន​ចិត្ត​រឹង‌ទទឹង នោះ​អញ​នឹង​ចម្រើន​ទី​សម្គាល់ និង​ការ​អស្ចារ្យ​របស់​អញ​នៅ​ក្នុង​ស្រុក​អេស៊ីព្ទ
4 តែ​ផារ៉ោន​នឹង​មិន​ស្តាប់​តាម​ឯង​ទេ រួច​អញ​នឹង​ដាក់​ដៃ​អញ​លើ​ស្រុក​អេស៊ីព្ទ ហើយ​និង​នាំ​ពួក​កង​របស់​អញ គឺ​ជា​រាស្ត្រ​អញ ជា​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ចេញ​ពី​ស្រុក​អេស៊ីព្ទ​ទៅ ដោយ​ការ​វិនិច្ឆ័យ​យ៉ាង​ធំ
5 កាល​ណា​អញ​លើក​ដៃ​ដាក់​លើ​ស្រុក​អេស៊ីព្ទ ព្រម​ទាំង​នាំ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ចេញ​ពី​កណ្តាល​គេ​ទៅ នោះ​ពួក​សាសន៍​អេស៊ីព្ទ​នឹង​ដឹង​ថា អញ​ជា​ព្រះ‌យេហូវ៉ា​ពិត
6 ឯ​ម៉ូសេ និង​អើរ៉ុន​លោក​ក៏​ធ្វើ​តាម ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក
7 ក្នុង​គ្រា​ដែល​ទូល​នឹង​ផារ៉ោន នោះ​ម៉ូសេ​លោក​បាន​អាយុ​៨០​ឆ្នាំ ឯ​អើរ៉ុន​ក៏​បាន​អាយុ​៨៣​ឆ្នាំ​ហើយ។
8 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ ហើយ​និង​អើរ៉ុន​ថា
9 កាល​ណា​ផារ៉ោន​និយាយ​មក​ឯង​ថា ចូរ​ឯង​សម្ដែង​បាដិហារិយ៍​មក​មើល នោះ​ឲ្យ​ឯង​ប្រាប់​អើរ៉ុន​ថា ចូរ​យក​ដំបង​របស់​បង​បោះ​ទៅ​នៅ​ចំពោះ​មុខ​ផារ៉ោន ដើម្បី​ឲ្យ​ដំបង​នោះ​ក្លាយ​ទៅ​ជា​សត្វ​ពស់
10 ម៉ូសេ និង​អើរ៉ុន​ក៏​ចូល​ទៅ​គាល់​ផារ៉ោន ហើយ​បាន​ធ្វើ​តាម​បង្គាប់​ព្រះ‌យេហូវ៉ា អើរ៉ុន​លោក​បោះ​ដំបង​ទៅ​នៅ​មុខ​ផារ៉ោន និង​ពួក​មហា‌តលិក​ទ្រង់ នោះ​ដំបង​ក៏​ត្រឡប់​ជា​សត្វ​ពស់
11 ប៉ុន្តែ ផារ៉ោន​ទ្រង់​មាន​ព្រះ‌បន្ទូល​ហៅ​ពួក​អ្នក​ប្រាជ្ញ និង​ពួក​អាប‌ធ្មប់​មក ឯ​ពួក​គ្រូ​នៅ​ស្រុក​អេស៊ីព្ទ​ទាំង​នោះ គេ​ក៏​បាន​ធ្វើ​ដូច្នោះ ដោយ​របៀន​របស់​គេ​ដែរ
12 គេ​បាន​បោះ​ដំបង​របស់​គេ​រៀង​ខ្លួន ហើយ​ដំបង​ទាំង​នោះ​ក៏​ត្រឡប់​ក្លាយ​ទៅ​ជា​ពស់​ទាំង​អស់​ដែរ តែ​ដំបង​របស់​អើរ៉ុន​បាន​លេប​ដំបង​របស់​អ្នក​ទាំង​នោះ​បាត់​វិញ
13 នោះ​ផារ៉ោន​កើត​មាន​ព្រះ‌ទ័យ​រឹង‌ទទឹង មិន​ព្រម​ស្តាប់​តាម​លោក​ឡើយ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ប្រាប់​ហើយ។
14 រួច​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា ផារ៉ោន​មាន​ចិត្ត​រឹង‌រូស មិន​ព្រម​បើក​ឲ្យ​បណ្តា‌ជន​ចេញ​ទៅ​ទេ
15 ដល់​ព្រឹក​ឡើង ផារ៉ោន​នឹង​ចេញ​មក​ឯ​មាត់​ទឹក នោះ​ត្រូវ​ឲ្យ​ឯង​ទៅ​ឈរ​នៅ​មាត់​ទន្លេ ចាំ​ជួប​នឹង​ទ្រង់​ចុះ ហើយ​ត្រូវ​យក​ដំបង​ដែល​បាន​ប្រែ​ទៅ​ជា​ពស់ នោះ​កាន់​នៅ​ដៃ​ឯង​ផង
16 ត្រូវ​ទូល​ដូច្នេះ​ថា ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​ហេព្រើរ​បាន​ចាត់​ទូល‌បង្គំ​មក​ឲ្យ​ទូល​ទ្រង់​ថា ចូរ​ឲ្យ​រាស្ត្រ​អញ​ចេញ​ទៅ ដើម្បី​នឹង​ថ្វាយ‌បង្គំ​អញ​នៅ​ទី​រហោ‌ស្ថាន មើល ដរាប​មក​ដល់​ឥឡូវ​នេះ ទ្រង់​មិន​ព្រម​ស្តាប់​តាម​សោះ
17 ឯ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ស្តេច​នឹង​ដឹង​ថា អញ​ជា​ព្រះ‌យេហូវ៉ា ដោយ‌សារ​ការ​នេះ គឺ​ទូល‌បង្គំ​នឹង​វាយ​ទឹក​ទន្លេ ដោយ​ដំបង​នៅ​ដៃ​ទូល‌បង្គំ​នេះ នោះ​ទឹក​នឹង​ត្រឡប់​ប្រែ​ទៅ​ជា​ឈាម
18 ត្រី​នៅ​ក្នុង​ទន្លេ​នឹង​ស្លាប់​ទាំង​អស់ ទន្លេ​ក៏​នឹង​ធុំ​ក្លិន​ស្អុយ ហើយ​សាសន៍​អេស៊ីព្ទ​គេ​នឹង​ខ្ពើម​ទឹក​ទន្លេ​នេះ។
19 នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ម៉ូសេ​ឲ្យ​ប្រាប់​ដល់​អើរ៉ុន​ថា ចូរ​ឲ្យ​បង​យក​ដំបង លើក​ដៃ​ទៅ​លើ​ទឹក​ស្រុក​អេស៊ីព្ទ​ទាំង​អស់ ទាំង​ទន្លេ ទាំង​ព្រែក ទាំង​បឹង ហើយ​និង​ស្រះ​របស់​គេ​ទាំង​ប៉ុន្មាន ដើម្បី​ឲ្យ​បាន​ត្រឡប់​ទៅ​ជា​ឈាម នោះ​នឹង​មាន​ឈាម​នៅ​ពេញ​ក្នុង​ស្រុក​អេស៊ីព្ទ ទោះ​នៅ​ក្នុង​ធុង​ឈើ ឬ​នៅ​ក្នុង​ពាង​ថ្ម​ផង
20 ម៉ូសេ និង​អើរ៉ុន​ក៏​ធ្វើ​ដូច្នោះ តាម​បង្គាប់​ព្រះ‌យេហូវ៉ា លោក​លើក​ដំបង​វាយ​ទឹក​ទន្លេ​នៅ​មុខ​ផារ៉ោន និង​ពួក​មហា‌តលិក​ទ្រង់ នោះ​ទឹក​ទន្លេ​ក៏​ត្រឡប់​ទៅ​ជា​ឈាម​ទាំង​អស់
21 ត្រី​ដែល​នៅ​ក្នុង​ទន្លេ​ក៏​ស្លាប់ ទឹក​ទន្លេ​ក៏​ធុំ​ក្លិន​ស្អុយ ហើយ​សាសន៍​អេស៊ីព្ទ​ផឹក​ទឹក​ពី​ទន្លេ​មិន​បាន ក៏​មាន​ឈាម​នៅ​ពេញ​ក្នុង​ស្រុក​អេស៊ីព្ទ​ផង
22 ឯ​ពួក​គ្រូ​នៅ​ស្រុក​អេស៊ីព្ទ​ក៏​បាន​ធ្វើ​ដូច្នោះ​ដោយ​របៀន​របស់​គេ​ដែរ ហើយ​ផារ៉ោន​កើត​មាន​ព្រះ‌ទ័យ​រឹង‌ទទឹង មិន​ព្រម​ស្តាប់​តាម​លោក​ឡើយ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ទុក
23 ផារ៉ោន​ទ្រង់​វិល​ចូល​ទៅ​ក្នុង​ដំណាក់​ទ្រង់​វិញ មិន​បាន​យក​ចិត្ត​ទុក​ដាក់​នឹង​ការ​ទាំង​នោះ​ទេ
24 ឯ​ពួក​សាសន៍​អេស៊ីព្ទ​ក៏​ជីក​ទី​នៅ​ក្បែរ​ទន្លេ​នឹង​រក​ទឹក​ផឹក ដ្បិត​គេ​ផឹក​ទឹក​ពី​ទន្លេ​មិន​បាន​សោះ។
25 ក្រោយ​ដែល​ព្រះ‌យេហូវ៉ា​វាយ​ទឹក​ទន្លេ​ហើយ​បាន​៧​ថ្ងៃ


ជំពូក 8

1 នោះ​ទើប​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ ឲ្យ​ចូល​ទៅ​ឯ​ផារ៉ោន​ទូល​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ចូរ​បើក​ឲ្យ​រាស្ត្រ​អញ​ចេញ​ទៅ​ថ្វាយ‌បង្គំ​អញ
2 បើ​មិន​ព្រម​ឲ្យ​គេ​ទៅ​ទេ នោះ​មើល អញ​នឹង​ធ្វើ​ឲ្យ​កើត​មាន​កង្កែប នៅ​ពេញ‌ពាស​ក្នុង​អស់​ទាំង​ព្រំ​ស្រុក​របស់​ឯង
3 នោះ​ទន្លេ​នឹង​មាន​ពេញ​សុទ្ធ​តែ​កង្កែប​វារ​រវើក​ឡើង វា​នឹង​លោត​ចូល​ទៅ​ក្នុង​ផ្ទះ​ឯង គឺ​នៅ​ក្នុង​បន្ទប់​ដេក​លើ​គ្រែ ហើយ​ក្នុង​ផ្ទះ​ពួក​បម្រើ និង​ពួក​រាស្ត្រ​ឯង ព្រម​ទាំង​នៅ​ក្នុង​ជើង‌ក្រាន និង​ស្នាច​លាយ​ម្សៅ​របស់​ឯង​ផង
4 កង្កែប​ទាំង​នោះ​នឹង​លោត​លើ​ឯង លើ​រាស្ត្រ ហើយ​លើ​ពួក​បម្រើ​របស់​ឯង​ទាំង​អស់​គ្នា​ដែរ។
5 នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ម៉ូសេ​ឲ្យ​ប្រាប់​អើរ៉ុន​ថា ចូរ​ឲ្យ​បង​កាន់​ដំបង​លើក​ទៅ​លើ​អស់​ទាំង​ទន្លេ ព្រែក ហើយ​និង​បឹង ធ្វើ​ឲ្យ​មាន​កង្កែប​ឡើង​មក​លើ​ស្រុក​អេស៊ីព្ទ
6 អើរ៉ុន​ក៏​លើក​ដៃ​ទៅ​លើ​ទឹក​នៃ​ស្រុក​អេស៊ីព្ទ​ទាំង​ប៉ុន្មាន នោះ​ក៏​មាន​កង្កែប​ឡើង​មក​គ្រប​ពេញ​ក្នុង​ស្រុក​អេស៊ីព្ទ
7 ឯ​ពួក​គ្រូ​ក៏​ធ្វើ​ដូច្នោះ​ដោយ​របៀន​របស់​គេ​ដែរ គេ​បាន​ធ្វើ​ឲ្យ​មាន​កង្កែប​ឡើង​មក​លើ​ស្រុក​អេស៊ីព្ទ​ដូច​គ្នា។
8 នោះ​ផារ៉ោន​ទ្រង់​ហៅ​ម៉ូសេ និង​អើរ៉ុន​មក​មាន​ព្រះ‌បន្ទូល​ថា សូម​ឲ្យ​អង្វរ​ដល់​ព្រះ‌យេហូវ៉ា ឲ្យ​ទ្រង់​បន្ថយ​កង្កែប​ចេញ​ពី​អញ ហើយ​ពី​រាស្ត្រ​អញ​ទៅ នោះ​អញ​នឹង​ឲ្យ​ពួក​ឯង​ចេញ​ទៅ​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា
9 ម៉ូសេ​ក៏​ទូល​ផារ៉ោន​ថា ទ្រង់​មាន​អំណាច​ស្រាប់​ហើយ ដូច្នេះ សូម​បង្គាប់​ទូល‌បង្គំ​ចុះ តើ​ចង់​ឲ្យ​ទូល‌បង្គំ​អង្វរ​ជំនួស​ទ្រង់ និង​ពួក​មហា‌តលិក ហើយ​និង​រាស្ត្រ​ទ្រង់​ក្នុង​ពេល​ណា ដើម្បី​ឲ្យ​កង្កែប​បាន​ត្រូវ​វិនាស​ចេញ​ពី​ចំពោះ​ទ្រង់ និង​ពួក​ដំណាក់​ទ្រង់​ទៅ ឲ្យ​មាន​តែ​នៅ​ក្នុង​ទន្លេ​វិញ
10 នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា ថ្ងៃ​ស្អែក​ចុះ រួច​លោក​ទូល​ថា សូម​តាម​ព្រះ‌បន្ទូល​ទ្រង់​ចុះ ដើម្បី​ឲ្យ​ទ្រង់​បាន​ជ្រាប​ថា គ្មាន​អ្នក​ឯ​ណា​ឡើយ ដែល​ស្មើ​នឹង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​រាល់​គ្នា
11 នោះ​កង្កែប​នឹង​ថយ​ចេញ​ពី​ទ្រង់ ពី​ដំណាក់​ទ្រង់ ពី​ពួក​មហា‌តលិក ហើយ​ពី​រាស្ត្រ​ទ្រង់​ទៅ និង​មាន​សល់​នៅ​តែ​ក្នុង​ទន្លេ​ប៉ុណ្ណោះ
12 ម៉ូសេ និង​អើរ៉ុន​ក៏​ចេញ​ពី​ផារ៉ោន​ទៅ រួច​ម៉ូសេ​បាន​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា​អំពី​រឿង​កង្កែប ដែល​ទ្រង់​បាន​នាំ​មក​លើ​ផារ៉ោន​នោះ
13 ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ធ្វើ​សម្រេច​តាម​ពាក្យ​លោក​ម៉ូសេ នោះ​កង្កែប​ក៏​ស្លាប់​អន្តរ‌ធាន​នៅ​ក្នុង​ផ្ទះ និង​ក្នុង​ភូមិ ហើយ​នៅ​ចម្ការ​ផង
14 គេ​ប្រមូល​គរ​ឡើង​ជា​គំនរ រួច​ក្នុង​ស្រុក​ក៏​ធុំ​ក្លិន​ស្អុយ​ពេញ
15 តែ​កាល​ផារ៉ោន​ឃើញ​ថា​បាន​ធូរ​ស្បើយ​ហើយ នោះ​ទ្រង់​តាំង​ព្រះ‌ទ័យ​រឹង‌ទទឹង​ទៀត ហើយ​មិន​ព្រម​ស្តាប់​តាម​ម៉ូសេ និង​អើរ៉ុន​ឡើយ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​មក។
16 រួច​ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ម៉ូសេ​ឲ្យ​ប្រាប់​អើរ៉ុន​ថា ចូរ​បង​លើក​ដំបង​វាយ​ធូលី​ដី​ទៅ ដើម្បី​ឲ្យ​បាន​ត្រឡប់​ជា​ចៃ នៅ​ពេញ​ក្នុង​ស្រុក​អេស៊ីព្ទ
17 នោះ​ក៏​ធ្វើ​ដូច្នោះ អើរ៉ុន​កាន់​ដំបង​លើក​វាយ​ធូលី​ដី ហើយ​កើត​មាន​ចៃ​នៅ​លើ​មនុស្ស ហើយ​និង​សត្វ ធូលី​ដី​ទាំង​អស់​ក៏​ទៅ​ជា​ចៃ​ពេញ​ក្នុង​ស្រុក​អេស៊ីព្ទ
18 ឯ​ពួក​គ្រូ​ក៏​ខំ​ធ្វើ​ដូច្នោះ​ដោយ​របៀន​របស់​គេ​ដែរ ដើម្បី​នឹង​បង្កើត​ចៃ តែ​ធ្វើ​មិន​កើត​ឡើយ ចៃ​ទាំង​នោះ​នៅ​លើ​មនុស្ស ហើយ​និង​សត្វ​ផង
19 នោះ​ពួក​គ្រូ​គេ​ទូល​ផារ៉ោន​ថា នេះ​គឺ​ជា​អង្គុលី​ព្រះ‌ហស្ត​របស់​ព្រះ​ទេ តែ​ផារ៉ោន​មាន​ព្រះ‌ទ័យ​រឹង‌ទទឹង មិន​ព្រម​ស្តាប់​គេ​សោះ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ទុក។
20 រួច​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា ចូរ​ក្រោក​ពី​ព្រលឹម​ទៅ​ឈរ​នៅ​មុខ​ផារ៉ោន មើល ទ្រង់​នឹង​ចេញ​ទៅ​ឯ​មាត់​ទឹក នោះ​ត្រូវ​ឲ្យ​ឯង​ទូល​ទ្រង់​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ចូរ​ឲ្យ​រាស្ត្រ​អញ​ចេញ​ទៅ​ថ្វាយ‌បង្គំ​អញ​ចុះ
21 បើ​មិន​ព្រម​ឲ្យ​គេ​ចេញ​ទៅ​ទេ នោះ​មើល​អញ​នឹង​ចាត់​រុយ​ទាំង​ហ្វូងៗ​ឲ្យ​មក​លើ​ឯង លើ​ពួក​បម្រើ​ឯង ពួក​រាស្ត្រ​ឯង ហើយ​នៅ​ក្នុង​ផ្ទះ​ទាំង​ប៉ុន្មាន​របស់​ឯង​រាល់​គ្នា​ផង បណ្តា​ផ្ទះ​នៃ​ពួក​សាសន៍​អេស៊ីព្ទ​នឹង​បាន​ពេញ​ដោយ​រុយ​ទាំង​អស់ ព្រម​ទាំង​ដី​ដែល​គេ​អាស្រ័យ​នៅ​ដែរ
22 តែ​នៅ​ថ្ងៃ​នោះ អញ​នឹង​ញែក​ស្រុក​កូសែន​ដែល​រាស្ត្រ​អញ​នៅ​មិន​ឲ្យ​មាន​រុយ​ឡើយ ដើម្បី​ឲ្យ​ឯង​ដឹង​ថា អញ​ជា​ព្រះ‌យេហូវ៉ា​ដ៏​នៅ​កណ្តាល​ផែនដី​នេះ
23 អញ​នឹង​ផ្តាច់​រាស្ត្រ​អញ និង​រាស្ត្រ​ឯង​ឲ្យ​ដាច់​ចេញ​ពី​គ្នា ឯ​ទី​សម្គាល់​នេះ​នឹង​កើត​ឡើង​នៅ​វេលា​ថ្ងៃ​ស្អែក
24 ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ធ្វើ​ដូច្នោះ​មាន​រុយ​ទាំង​ហ្វូង ដែល​នាំ​ឲ្យ​វេទនា​ចិត្ត មក​ក្នុង​ដំណាក់​ផារ៉ោន ក្នុង​ផ្ទះ​ពួក​មហា‌តលិក​ទ្រង់ ហើយ​ពេញ​ក្នុង​ស្រុក​អេស៊ីព្ទ​ផង រុយ​ទាំង​នោះ​ក៏​ធ្វើ​ឲ្យ​ស្រុក​ខូច​ខាត​ទៅ។
25 នោះ​ផារ៉ោន ទ្រង់​ហៅ​ម៉ូសេ និង​អើរ៉ុន​មក​ប្រាប់​ថា ចូរ​ឯង​រាល់​គ្នា​ទៅ​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ​នៃ​ឯង នៅ​ក្នុង​ស្រុក​នេះ​ចុះ
26 តែ​ម៉ូសេ​ប្រកែក​ថា មិន​គួរ​គប្បី​នឹង​ធ្វើ​ដូច្នោះ​ទេ បើ​ធ្វើ​យ៉ាង​នោះ ឈ្មោះ​ថា​យើង​ខ្ញុំ​នឹង​ថ្វាយ‌បង្គំ​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ ដោយ​យញ្ញ‌បូជា​ដែល​ជា​ទី​ស្អប់​ខ្ពើម ដល់​សាសន៍​អេស៊ីព្ទ​ហើយ ចុះ​បើ​យើង​ខ្ញុំ​ធ្វើ​យញ្ញ‌បូជា​នៅ​ចំពោះ​មុខ​សាសន៍​អេស៊ីព្ទ ដែល​គេ​ស្អប់​ខ្ពើម​ដូច្នេះ នោះ​តើ​គេ​មិន​ចោល​យើង​ខ្ញុំ​នឹង​ថ្ម​ទេ​ឬ​អី
27 យើង​ខ្ញុំ​នឹង​ដើរ​ផ្លូវ​ចំនួន​៣​ថ្ងៃ​ទៅ​ក្នុង​ទី​រហាស្ថាន​វិញ ដើម្បី​នឹង​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ តាម​បង្គាប់​របស់​ទ្រង់
28 នោះ​ផារ៉ោន​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​នឹង​បើក​ឲ្យ​ឯង​រាល់​គ្នា ចេញ​ទៅ​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​នៅ​ទី​វាល​រហាស្ថាន​បាន តែ​កុំ​ឲ្យ​ទៅ​ឆ្ងាយ​ពេក ចូរ​សូម​អង្វរ​ឲ្យ​អញ​ផង
29 ម៉ូសេ​ទូល​តប​ថា មើល ទូល‌បង្គំ​នឹង​ចេញ​ពី​ទ្រង់​ទៅ​សូម​អង្វរ​ដល់​ព្រះ‌យេហូវ៉ា​ឲ្យ​រុយ​បាន​ថយ​ចេញ​ពី​ទ្រង់ ពី​ពួក​មហា‌តលិក ហើយ​ពី​រាស្ត្រ​របស់​ទ្រង់​នៅ​ពេល​ថ្ងៃ​ស្អែក ប៉ុន្តែ សូម​កុំ​ឲ្យ​តែ​ទ្រង់​បញ្ឆោត​ទៀត ដើម្បី​នឹង​ឃាត់​បណ្តា‌ជន​មិន​ឲ្យ​គេ​ចេញ​ទៅ​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា​នោះ​ឡើយ
30 រួច​ម៉ូសេ​ក៏​ចេញ​ពី​ផារ៉ោន​ទៅ​ទូល​អង្វរ​ដល់​ព្រះ‌យេហូវ៉ា
31 ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ស្តាប់​តាម រុយ​ក៏​ថយ​ចេញ​ពី​ផារ៉ោន ពី​ពួក​មហា‌តលិក ហើយ​ពី​រាស្ត្រ​ទ្រង់​ទៅ គ្មាន​នៅ​សល់​១​សោះ
32 ប៉ុន្តែ ផារ៉ោន ទ្រង់​តាំង​ព្រះ‌ទ័យ​រឹង‌ទទឹង​ឡើង​វិញ​ម្តង​នេះ​ទៀត គឺ​ទ្រង់​មិន​ព្រម​បើក​ឲ្យ​បណ្តា‌ជន​ចេញ​ទៅ​ឡើយ។


ជំពូក 9

1 នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ម៉ូសេ​ឲ្យ​ចូល​ទៅ​គាល់​ផារ៉ោន ទូល​ទ្រង់​ថា ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​ហេព្រើរ​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ចូរ​បើក​ឲ្យ​រាស្ត្រ​អញ​ចេញ​ទៅ​ថ្វាយ‌បង្គំ​ដល់​អញ​ចុះ
2 ដ្បិត​បើ​ឯង​មិន​ព្រម​ឲ្យ​គេ​ទៅ​ទេ ហើយ​ចេះ​តែ​ឃាត់‌ឃាំង​ទៀត
3 នោះ​មើល ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា នឹង​នៅ​លើ​ហ្វូង​សត្វ​ទាំង​ប៉ុន្មាន​របស់​ឯង​ដែល​នៅ​ចម្ការ គឺ​ទាំង​សេះ លា អូដ្ឋ ហើយ​ហ្វូង​គោ ហ្វូង​ចៀម​ផង វា​នឹង​កើត​ជំងឺ​អាសន្ន​ជា​យ៉ាង​វេទនា
4 តែ​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ញែក​ហ្វូង​សត្វ​របស់​សាសន៍​អ៊ីស្រា‌អែល និង​ហ្វូង​សត្វ​របស់​សាសន៍​អេស៊ីព្ទ​ចេញ​ពី​គ្នា ដូច្នេះ នឹង​គ្មាន​ស្លាប់​សត្វ​ណា​មួយ​របស់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ឡើយ
5 ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ដាក់​កំណត់​ថា ថ្ងៃ​ស្អែក​ឡើង ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ធ្វើ​ការ​នេះ​នៅ​ក្នុង​ស្រុក
6 លុះ​ដល់​ថ្ងៃ​ស្អែក នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ធ្វើ​ដូច្នោះ ហ្វូង​សត្វ​របស់​សាសន៍​អេស៊ីព្ទ​ក៏​ស្លាប់​ទាំង​អស់ តែ​គ្មាន​ស្លាប់​សត្វ​ណា​មួយ​ក្នុង​ហ្វូង​សត្វ​របស់​កូន​ចៅ​អ៊ីស្រា‌អែល​ទេ
7 ផារ៉ោន​ទ្រង់​ចាត់​គេ​ទៅ​ស៊ើប​មើល ក៏​ឃើញ​ថា គ្មាន​សត្វ​ណា​មួយ​ក្នុង​ហ្វូង​សត្វ​របស់​សាសន៍​អ៊ីស្រា‌អែល​ដែល​បាន​ស្លាប់​សោះ ប៉ុន្តែ ផារ៉ោន​មាន​ព្រះ‌ហឫទ័យ​រឹង‌ចចេស​មិន​ព្រម​បើក​ឲ្យ​បណ្តា‌ជន​ទៅ​ទេ។
8 រួច​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ ហើយ​និង​អើរ៉ុន​ថា ចូរ​ឯង​កើប​យក​ផេះ​ពី​គុក​ភ្លើង​ពេញ​ក្នុង​ក្តាប់​ដៃ រួច​ឲ្យ​ម៉ូសេ​បាច​ទៅ​លើ​មេឃ​នៅ​មុខ​ផារ៉ោន​ទៅ
9 ផេះ​នោះ​នឹង​ត្រឡប់​ក្លាយ​ជា​ធូលី​យ៉ាង​ម៉ដ្ត នៅ​លើ​ស្រុក​អេស៊ីព្ទ​ទាំង​មូល ហើយ​និង​បង្កើត​ជា​បូស​ធ្លាយ​ចេញ​ជា​ដំបៅ​នៅ​ខ្លួន​មនុស្ស ព្រម​ទាំង​សត្វ​នៅ​ពេញ​ក្នុង​ស្រុក​ដែរ
10 ម៉ូសេ​ក៏​យក​ផេះ​ពី​គុក​ភ្លើង ទៅ​ឈរ​នៅ​មុខ​ផារ៉ោន ហើយ​លោក​បាច​ទៅ​លើ​មេឃ រួច​ផេះ​នោះ​បង្កើត​ជា​បូស​ក្លាយ​ធ្លាយ​ចេញ​ជា​ដំបៅ ក៏​កើត​ឡើង​នៅ​សព្វ​ខ្លួន​របស់​មនុស្ស ហើយ​និង​ពួក​សត្វ​ផង
11 ឯ​ពួក​គ្រូ​គេ​ឈរ​នៅ​មុខ​ម៉ូសេ​មិន​បាន​ទេ ដោយ​ព្រោះ​បូស​នោះ ពី​ព្រោះ​បូស​ក៏​កើត​ឡើង​នៅ​ខ្លួន​គេ​ដែរ ដូច​ជា​នៅ​ខ្លួន​នៃ​សាសន៍​អេស៊ីព្ទ​ទាំង​អស់​គ្នា​ផង
12 តែ​ព្រះ‌យេហូវ៉ា​ទ្រង់​បណ្តាល​ឲ្យ​ព្រះ‌ទ័យ​ផារ៉ោន​បាន​រឹង‌ទទឹង ទ្រង់​មិន​ព្រម​ស្តាប់​តាម​លោក​សោះ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ស្រាប់។
13 រួច​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា ចូរ​ក្រោក​ពី​ព្រលឹម​ទៅ​ឈរ​នៅ​មុខ​ផារ៉ោន​ទូល​ថា ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​ហេព្រើរ​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ចូរ​បើក​ឲ្យ​រាស្ត្រ​អញ​ចេញ​ទៅ​ថ្វាយ‌បង្គំ​ដល់​អញ
14 ដ្បិត​ម្តង​នេះ អញ​នឹង​ដាក់​សេចក្ដី​វេទនា​ទាំង​អស់ មក​ទាស់​នឹង​ចិត្ត​ឯង និង​ពួក​មហា‌តលិក ហើយ​និង​រាស្ត្រ​ឯង​ផង ដើម្បី​ឲ្យ​ឯង​បាន​ដឹង​ថា នៅ​គ្រប់​លើ​ផែនដី​គ្មាន​អ្នក​ឯ​ណា​ដូច​អញ​ឡើយ
15 ដ្បិត​បើ​អញ​បាន​លើក​ដៃ​អញ​ធ្វើ​ឲ្យ​ឯង ហើយ​និង​រាស្ត្រ​ឯង កើត​មាន​ជំងឺ​អាសន្ន‌រោគ ក្នុង​ពេល​ឥឡូវ នោះ​ឯង​រាល់​គ្នា​នឹង​បាន​វិនាស​បាត់​ពី​លើ​ផែនដី​ទៅ​អស់​រលីង​ហើយ
16 ប៉ុន្តែ អញ​បាន​ទុក​ឲ្យ​ឯង​រស់​នៅ​វិញ ដើម្បី​ឲ្យ​ឯង​បាន​ឃើញ​ឫទ្ធិ‌បារមី​របស់​អញ ហើយ​ឲ្យ​គេ​បាន​ប្រកាស​ប្រាប់​ពី​ឈ្មោះ​អញ​ទួទៅ​គ្រប់​លើ​ផែនដី
17 តើ​ឯង​នៅ​តែ​តម្កើង​ខ្លួន​ទាស់​នឹង​រាស្ត្រ​អញ ព្រម​ទាំង​ឃាត់​មិន​ឲ្យ​គេ​ទៅ​ទៀត​ឬ
18 មើល ដល់​ថ្ងៃ​ស្អែក​វេលា​ថ្មើរ​ណេះ នោះ​អញ​នឹង​បង្អុរ​ឲ្យ​ធ្លាក់​ព្រិល​ជា​យ៉ាង​វេទនា​មក​ដល់‌ម៉្លេះ​បាន​ជា​តាំង​ពី​កំណើត​ស្រុក ដរាប​ដល់​ឥឡូវ​នេះ នោះ​មិន​ដែល​មាន​ឲ្យ​ដូច​ក្នុង​ស្រុក​អេស៊ីព្ទ​ឡើយ
19 ដូច្នេះ ចូរ​ចាត់​គេ​ឲ្យ​ទៅ​នាំ​អស់​ទាំង​ហ្វូង​សត្វ និង​របស់​ឯង​ទាំង​ប៉ុន្មាន​ដែល​នៅ​ឯ​វាល​ចូល​មក​ជា​ប្រញាប់ ដ្បិត​អស់​ទាំង​មនុស្ស និង​សត្វ​ទាំង​ប៉ុន្មាន​នៅ​វាល ដែល​មិន​បាន​ប្រមូល​មក​ក្នុង​ផ្ទះ នោះ​នឹង​ត្រូវ​ព្រិល​ធ្លាក់​មក​លើ ស្លាប់​ទាំង​អស់
20 នោះ​ពួក​មហា‌តលិក​ណា​មួយ​របស់​ផារ៉ោន ដែល​កោត‌ខ្លាច​ដល់​ព្រះ‌បន្ទូល​ព្រះ‌យេហូវ៉ា គេ​ក៏​ឲ្យ​ពួក​បាវ និង​ហ្វូង​សត្វ​ទាំង​ប៉ុន្មាន​រត់​ចូល​មក​ជ្រក​ក្នុង​ផ្ទះ​ទាំង​អស់
21 ប៉ុន្តែ ពួក​អ្នក​ដែល​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​ព្រះ‌បន្ទូល​ព្រះ‌យេហូវ៉ា​សោះ គេ​ក៏​ទុក​ឲ្យ​ពួក​បាវ​នឹង​ហ្វូង​សត្វ​នៅ​ឯ​វាល​វិញ។
22 នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ប្រាប់​ម៉ូសេ​ថា ចូរ​លើក​ដៃ​ឡើង​ទៅ​លើ​មេឃ ដើម្បី​ឲ្យ​មាន​ព្រិល​ធ្លាក់​មក​ពេញ​ក្នុង​ស្រុក​អេស៊ីព្ទ គឺ​ធ្លាក់​មក​លើ​ទាំង​មនុស្ស និង​សត្វ ហើយ​លើ​គ្រប់​ទាំង​ដំណាំ​នៅ​ទី​វាល​ក្នុង​ស្រុក​ផង
23 ម៉ូសេ​ក៏​លើក​ដំបង​ទៅ​លើ​មេឃ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​ចាត់​ឲ្យ​មាន​ផ្គរ ហើយ​និង​ព្រិល​មក ក៏​មាន​រន្ទះ​បាញ់​ផ្សាយ​ជា​ភ្លើង​នៅ​លើ​ដី ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​បង្អុរ​ព្រិល​មក​លើ​ស្រុក​អេស៊ីព្ទ
24 ក៏​មាន​ព្រិល និង​ភ្លើង​លាយ​គ្នា​ជា​យ៉ាង​វេទនា​ដល់​ម៉្លេះ បាន​ជា​តាំង​ពី​ស្រុក​អេស៊ីព្ទ​កើត​ឡើង​ជា​នគរ នោះ​មិន​ដែល​មាន​នៅ​ក្នុង​ស្រុក​ដូច្នោះ​ឡើយ
25 នៅ​គ្រប់​ក្នុង​ស្រុក​អេស៊ីព្ទ ព្រិល​នោះ​បាន​ធ្លាក់​មក​ត្រូវ​របស់​ទាំង​អស់​នៅ​ទី​វាល តាំង​ពី​មនុស្ស​រហូត​ដល់​សត្វ ក៏​ធ្លាក់​មក​បំផ្លាញ​អស់​ទាំង​ដំណាំ​នៅ​វាល​ដែរ ហើយ​បំបាក់​អស់​ទាំង​ដើម​ឈើ​នៅ​ចម្ការ​ផង
26 ឯ​ទី​ដែល​គ្មាន​ព្រិល នោះ​មាន​តែ​នៅ​ស្រុក​កូសែន ដែល​ជា​ទី​លំនៅ​របស់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ប៉ុណ្ណោះ។
27 នោះ​ផារ៉ោន​ទ្រង់​ចាត់​ឲ្យ​ទៅ​ហៅ​ម៉ូសេ និង​អើរ៉ុន​មក​ថា ម្តង​នេះ​អញ​ជា​អ្នក​មាន​បាប គឺ​ជា​ព្រះ‌យេហូវ៉ា​ដែល​សុចរិត ឯ​អញ និង​រាស្ត្រ​អញ យើង​ជា​ពួក​អាក្រក់​វិញ
28 ដូច្នេះ សូម​ឲ្យ​ឯង​អង្វរ​ដល់​ព្រះ‌យេហូវ៉ា​ផង ដ្បិត​មាន​ផ្គរ​ជា​យ៉ាង​ខ្លាំង ហើយ​និង​ព្រិល​នេះ​ជា​ការ​ល្មម​ហើយ នោះ​អញ​នឹង​ឲ្យ​ឯង​រាល់​គ្នា​ចេញ​ទៅ ឥត​មាន​ឃាត់‌ឃាំង​ទៀត​ឡើយ
29 ម៉ូសេ​លោក​ទូល​ឆ្លើយ​ថា កាល​ណា​ទូល‌បង្គំ​បាន​ចេញ​ពី​ក្រុង​ទៅ​ហើយ ទូល‌បង្គំ​នឹង​លើក​ដៃ​ទៅ​ឯ​ព្រះ‌យេហូវ៉ា នោះ​ផ្គរ​នឹង​ស្ងប់ ហើយ​និង​គ្មាន​ព្រិល​ទៀត នេះ​ដើម្បី​ឲ្យ​ទ្រង់​ជ្រាប​ថា ផែនដី​ជា​របស់​ផង​ព្រះ‌យេហូវ៉ា
30 ប៉ុន្តែ ទូល‌បង្គំ​ដឹង​ថា ទ្រង់ និង​ពួក​មហា‌តលិក​មិន​ទាន់​ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​នៅ​ឡើយ​ទេ
31 ឯ​ដើម​ខ្លូត‌ទេស និង​ស្រូវ​ឱក នោះ​ហិន‌ហោច​អស់ ដ្បិត​ស្រូវ​ឱក​កំពុង​តែ​បែក​គួរ ហើយ​ដើម​ខ្លូត‌ទេស​ចេញ​ផ្កា​ហើយ
32 តែ​ស្រូវ‌សាលី និង​ស្រូវ​អេប៉ូត​មិន​បាន​ខូច​ទេ ពី​ព្រោះ​មិន​ទាន់​ដុះ​នៅ​ឡើយ
33 ម៉ូសេ​ក៏​ចេញ​ពី​ចំពោះ​ផារ៉ោន​ទៅ​ក្រៅ​ទី​ក្រុង លើក​ដៃ​ប្រទូល​ទៅ​ព្រះ‌យេហូវ៉ា នោះ​ផ្គរ‌លាន់​ក៏​ស្ងប់‌ស្ងាត់ ព្រិល​ក៏​បាត់​ទៅ ហើយ​ភ្លៀង​ក៏​រាំង មិន​ធ្លាក់​មក​លើ​ដី​ទៀត
34 រួច​កាល​ផារ៉ោន​ឃើញ​ថា ភ្លៀង និង​ព្រិល ហើយ​និង​ផ្គរ‌លាន់​បាន​ស្ងប់​បាត់​អស់​ហើយ នោះ​ទ្រង់​នៅ​តែ​ធ្វើ​បាប​ទៀត គឺ​ទ្រង់​តាំង​ព្រះ‌ទ័យ​រឹង‌ទទឹង ព្រម​ទាំង​ពួក​មហា‌តលិក​ទាំង​អស់​គ្នា​ផង
35 ដូច្នេះ ផារ៉ោន​មាន​ព្រះ‌ទ័យ​រឹង‌ទទឹង មិន​ព្រម​បើក​ឲ្យ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ចេញ​ទៅ​ទេ ដូច​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដោយ‌សារ​ម៉ូសេ។


ជំពូក 10

1 រួច​ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ដល់​ម៉ូសេ​ថា ចូរ​ទៅ​គាល់​ផារ៉ោន ដ្បិត​អញ​បាន​បណ្តាល​ឲ្យ​ចិត្ត​ទ្រង់ និង​ចិត្ត​នៃ​ពួក​មហា‌តលិក​ទ្រង់​រឹង‌ទទឹង ដើម្បី​ឲ្យ​អញ​បាន​សម្ដែង​អស់​ទាំង​ទី​សម្គាល់​របស់​អញ នៅ​ក្នុង​ចំណោម​ពួក​គេ
2 ហើយ​ឲ្យ​ឯង​បាន​និទាន​ប្រាប់​ដល់​កូន​ចៅ​ឯង​ពី​ការ​ដែល​អញ​បាន​ធ្វើ​នៅ​ស្រុក​អេស៊ីព្ទ និង​ពី​ទី​សម្គាល់​ទាំង​ប៉ុន្មាន​ដែល​អញ​បាន​សម្ដែង​នៅ​ក្នុង​ពួក​គេ យ៉ាង​នោះ ឯង​នឹង​បាន​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត
3 នោះ​ម៉ូសេ និង​អើរ៉ុន​ក៏​ចូល​ទៅ​គាល់​ផារ៉ោន​ទូល​ថា ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​ហេព្រើរ​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ តើ​ឯង​នៅ​តែ​មិន​ព្រម​បន្ទាប​ខ្លួន​នៅ​មុខ​អញ ដើម្បី​នឹង​ឲ្យ​រាស្ត្រ​អញ​ចេញ​ទៅ​ថ្វាយ‌បង្គំ​អញ​ដល់​កាល​ណា​ទៀត
4 បើ​ឯង​មិន​ព្រម​ឲ្យ​រាស្ត្រ​អញ​ចេញ​ទៅ​ទេ នោះ​មើល ដល់​ថ្ងៃ​ស្អែក អញ​នឹង​នាំ​ហ្វូង​កណ្តូប​មក​ក្នុង​ស្រុក
5 វា​នឹង​មក​គ្រប​ពេញ​ដី ទាល់​តែ​មើល​ដី​មិន​ឃើញ​ទៀត ហើយ​និង​ស៊ី​អស់​ទាំង​របស់​ដែល​សល់​នៅ​អំពី​ព្រិល វា​នឹង​ស៊ី​អស់​ទាំង​ដើម​ឈើ​ដែល​ដុះ​នៅ​ចម្ការ​របស់​ឯង​រាល់​គ្នា​ផង
6 វា​នឹង​ចូល​ពេញ​ក្នុង​ផ្ទះ​ឯង និង​ផ្ទះ​របស់​ពួក​បម្រើ​ឯង ហើយ​និង​ផ្ទះ​នៃ​ពួក​សាសន៍​អេស៊ីព្ទ​ទាំង​អស់​ដែរ ដល់​ម៉្លេះ​បាន​ជា​ឪពុក និង​ពួក​អយ្យកោ​ឯង​រាល់​គ្នា​មិន​ដែល​ឃើញ​ដូច្នោះ​ឡើយ តាំង​ពី​គេ​កើត​ឡើង​រហូត​ដល់​ឥឡូវ​នេះ នោះ​លោក​ក៏​ថយ​ចេញ​ពី​ផារ៉ោន​ទៅ
7 ឯ​ពួក​មហា‌តលិក​របស់​ផារ៉ោន គេ​ទូល​ថា តើ​ទុក​ឲ្យ​មនុស្ស​នោះ​ធ្វើ​ជា​អន្ទាក់​ដល់​យើង​រាល់​គ្នា​ដល់​កាល​ណា​ទៀត សូម​ឲ្យ​គេ​ចេញ​ទៅ​ថ្វាយ‌បង្គំ​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​គេ​ទៅ​ចុះ តើ​ទ្រង់​មិន​ទាន់​ជ្រាប​ថា​ស្រុក​អេស៊ីព្ទ​ខូច​អស់​ហើយ​ទេ​ឬ​អី។
8 មាន​គេ​នាំ​ម៉ូសេ និង​អើរ៉ុន​មក​ឯ​ផារ៉ោន​វិញ នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ទៅ​ចុះ ទៅ​ថ្វាយ‌បង្គំ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​រាល់​គ្នា​ចុះ តើ​មាន​អ្នក​ណា​ខ្លះ​ដែល​ទៅ
9 ម៉ូសេ​ទូល​ឆ្លើយ​ថា យើង​ខ្ញុំ​នឹង​ទៅ​ទាំង​ចាស់​ទាំង​ក្មេង ទាំង​កូន​ប្រុស​កូន​ស្រី ហើយ​និង​ហ្វូង​ចៀម​ហ្វូង​គោ​របស់​យើង​ខ្ញុំ​ទាំង​អស់​គ្នា ដ្បិត​នេះ​គឺ​ជា​បុណ្យ​ព្រះ‌យេហូវ៉ា​សម្រាប់​យើង​ខ្ញុំ​រាល់​គ្នា
10 នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា សូម​ឲ្យ​ព្រះ‌យេហូវ៉ា​គង់​ជា​មួយ​នឹង​ឯង​រាល់​គ្នា ដូច​ជា​អញ​បាន​ប្រុង​ឲ្យ​ឯង​រាល់​គ្នា និង​កូន​ចៅ​ឯង​ទៅ​ដែរ តែ​ចូរ​ប្រយ័ត ដ្បិត​មាន​គ្រោះ​នៅ​ខាង​មុខ​ឯង​រាល់​គ្នា
11 ឈប់​សិន ចូរ​ឯង​រាល់​គ្នា​ចេញ​ទៅ​តែ​ពួក​ប្រុសៗ​ប៉ុណ្ណោះ ដើម្បី​នឹង​ថ្វាយ‌បង្គំ​ដល់​ព្រះ‌យេហូវ៉ា​ចុះ ដ្បិត​ឯង​រាល់​គ្នា​បាន​សូម​ដូច្នេះ​ហើយ រួច​គេ​ក៏​បណ្តេញ​លោក​ទាំង​២​ចេញ​ពី​មុខ​ផារ៉ោន​ទៅ។
12 នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា ចូរ​លើក​ដៃ​ឡើង​លើ​ស្រុក​អេស៊ីព្ទ ដើម្បី​ឲ្យ​កើត​មាន​កណ្តូប​មក​លើ​ស្រុក ឲ្យ​វា​ស៊ី​ដំណាំ​ទាំង​ប៉ុន្មាន​ដែល​សល់​អំពី​ព្រិល​មក
13 ម៉ូសេ​ក៏​លើក​ដំបង​ទៅ​លើ​ស្រុក​អេស៊ីព្ទ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​ធ្វើ​ឲ្យ​មាន​ខ្យល់ ពី​ខាង​កើត បក់​មក​លើ​ស្រុក​នោះ អស់​១​ថ្ងៃ​១​យប់ លុះ​ដល់​ព្រឹក​ឡើង​ក៏​បក់​ដោយ​ទាំង​កណ្តូប​មក​ផង
14 កណ្តូប​ឡើង​មក​គ្រប​លើ​ស្រុក​អេស៊ីព្ទ​ទាំង​មូល ក៏​ទំ​នៅ​ពេញ​គ្រប់​ទាំង​ព្រំ​ស្រុក វា​នាំ​ឲ្យ​វេទនា​ណាស់ តាំង​ពី​ដើម​មក​មិន​ដែល​មាន​កណ្តូប​យ៉ាង​នោះ​ឡើយ ហើយ​ទៅ​ខាង​មុខ​ក៏​មិន​ដែល​មាន​ទៀត​ដែរ
15 ដ្បិត​វា​មក​គ្រប​ពេញ​ពី​លើ​ដី ដល់​ម៉្លេះ​បាន​ជា​ស្រុក​ត្រឡប់​ទៅ​ជា​ងងឹត វា​ក៏​ស៊ី​ដំណាំ​ទាំង​អស់​នៅ​ក្នុង​ស្រុក ហើយ​និង​អស់​ទាំង​ផ្លែ​ឈើ ដែល​រួច​អំពី​ព្រិល​មក គ្មាន​សល់​ស្លឹក​ខ្ចី​ណា​មួយ​នៅ​ដើម​ឈើ ឬ​ស្មៅ​នៅ​វាល​គ្រប់​ក្នុង​ស្រុក​អេស៊ីព្ទ​ឡើយ។
16 នោះ​ផារ៉ោន ទ្រង់​ហៅ​ម៉ូសេ និង​អើរ៉ុន មក​ជា​ប្រញាប់​ប្រាប់​ថា អញ​បាន​ធ្វើ​បាប​នឹង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​រាល់​គ្នា ហើយ​និង​ឯង​រាល់​គ្នា​ដែរ
17 ដូច្នេះ សូម​អត់​ទោស​ដល់​អញ​ក្នុង​គ្រា​នេះ​ម្តង​ចុះ ហើយ​សូម​អង្វរ​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​រាល់​គ្នា ដើម្បី​ឲ្យ​ទ្រង់​បន្ថយ​សេចក្ដី​ស្លាប់​នេះ ចេញ​ពី​អញ​ទៅ
18 លោក​ក៏​ថយ​ចេញ​ពី​ផារ៉ោន​ទៅ​សូម​អង្វរ​ដល់​ព្រះ‌យេហូវ៉ា
19 នោះ​ទ្រង់​ក៏​ធ្វើ​ឲ្យ​មាន​ខ្យល់​ពី​ខាង​លិច​យ៉ាង​ខ្លាំង បក់​កៀរ​កណ្តូប​ទម្លាក់​ទៅ​ក្នុង​សមុទ្រ​ក្រហម​អស់​ទៅ គ្មាន​សល់​កណ្តូប​ណា​មួយ​នៅ​គ្រប់​ក្នុង​ស្រុក​អេស៊ីព្ទ​ទៀត​ឡើយ
20 តែ​ព្រះ‌យេហូវ៉ា​ទ្រង់​បណ្តាល​ឲ្យ​ផារ៉ោន​មាន​ព្រះ‌ទ័យ​រឹង‌ទទឹង​ដដែល ហើយ​ផារ៉ោន​មិន​ព្រម​បើក​ឲ្យ​កូន​ចៅ​អ៊ីស្រា‌អែល​ចេញ​ទៅ​ទេ។
21 រួច​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា ចូរ​លើ​ដៃ​ទៅ​លើ​មេឃ ឲ្យ​មាន​ងងឹត​នៅ​លើ​ស្រុក​អេស៊ីព្ទ គឺ​ជា​ងងឹត​ដែល​នាំ​ឲ្យ​ស្ទាប​រាវ
22 លោក​ក៏​លើក​ដៃ​ទៅ​លើ​មេឃ នោះ​មាន​ងងឹត​យ៉ាង​ក្រាស់​ណាស់​នៅ​ពេញ​ក្នុង​ស្រុក​អេស៊ីព្ទ​អស់​ចំនួន​៣​ថ្ងៃ
23 គេ​មើល​គ្នា​មិន​ឃើញ​សោះ ក្នុង​វេលា​៣​ថ្ងៃ​នោះ​ឥត​មាន​អ្នក​ក្រោក​ពី​កន្លែង​ខ្លួន​ឡើយ តែ​នៅ​ក្នុង​ផ្ទះ​នៃ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល នោះ​មាន​ពន្លឺ​វិញ។
24 ឯ​ផារ៉ោន ទ្រង់​មាន​ព្រះ‌បន្ទូល​ហៅ​ម៉ូសេ​មក ប្រាប់​ថា ទៅ​ចុះ ចូរ​ទៅ​ថ្វាយ‌បង្គំ​ព្រះ‌យេហូវ៉ា​ចុះ ឲ្យ​ទុក​តែ​ហ្វូង​ចៀម ហើយ​និង​ហ្វូង​គោ​ឯង​រាល់​គ្នា​ប៉ុណ្ណោះ ចូរ​យក​ទាំង​កូន​តូចៗ​ទៅ​ជា​មួយ​ផង
25 តែ​ម៉ូសេ​ប្រកែក​ថា ទេ ត្រូវ​ឲ្យ​ទ្រង់​ប្រទាន​សត្វ​សម្រាប់​ជា​យញ្ញ‌បូជា និង​តង្វាយ​ដុត​មក​យើង​ខ្ញុំ ឲ្យ​យើង​ខ្ញុំ​បាន​រៀប​ថ្វាយ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ​ផង
26 យើង​ខ្ញុំ​ត្រូវ​តែ​នាំ​ហ្វូង​សត្វ​ទៅ​ជា​មួយ មិន​ត្រូវ​នៅ​សល់ សូម្បី​តែ​ក្រចក​សត្វ​ណា​មួយ​ផង ព្រោះ​យើង​ខ្ញុំ​ត្រូវ​យក​ពី​ហ្វូង​សត្វ​នោះ និង​ថ្វាយ‌បង្គំ​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ ហើយ​យើង​ខ្ញុំ​ក៏​មិន​ទាន់​ដឹង​ជា​ត្រូវ​យក​អ្វី ដើម្បី​ថ្វាយ‌បង្គំ​ព្រះ‌យេហូវ៉ា​ដែរ ទាល់​តែ​បាន​ដល់​ទៅ​ទី​នោះ
27 តែ​ព្រះ‌យេហូវ៉ា​ទ្រង់​បណ្តាល​ឲ្យ​ផារ៉ោន​មាន​ព្រះ‌ទ័យ​រឹង‌ទទឹង​ទៀត ហើយ​ស្តេច​មិន​ព្រម​បើក​ឲ្យ​គេ​ទៅ​ទេ
28 ផារ៉ោន​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​លោក​ថា ថយ​ចេញ​ពី​អញ​ទៅ ចូរ​ប្រយ័ត កុំ​ឲ្យ​មក​នៅ​មុខ​អញ​ទៀត​ឡើយ ដ្បិត​បើ​ថ្ងៃ​ណា​ដែល​ឯង​មក​នៅ​មុខ​អញ នោះ​ឯង​នឹង​ត្រូវ​ស្លាប់
29 ម៉ូសេ​ក៏​ទូល​ឆ្លើយ​ថា បន្ទូល​នោះ​ត្រូវ​ណាស់ ទូល‌បង្គំ​លែង​មក​គាល់​ទ្រង់​ទៀត​ហើយ។


ជំពូក 11

1 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា អញ​នឹង​នាំ​សេចក្ដី​វេទនា​១​ទៀត​មក​លើ​ផារ៉ោន ហើយ​និង​ស្រុក​អេស៊ីព្ទ រួច​អំពី​នោះ​ស្តេច​នឹង​បើក​ឲ្យ​ឯង​រាល់​គ្នា​ចេញ​ពី​នេះ​ទៅ ហើយ​កាល​ណា​ឲ្យ​ទៅ នោះ​នឹង​បង្ខំ​ឲ្យ​ចេញ​ផុត​ពី​នេះ​ទៅ​ទាំង​អស់​គ្នា​ផង
2 ចូរ​និយាយ​ដាក់​ត្រចៀក​បណ្តា‌ជន​ទាំង‌ឡាយ​ឥឡូវ​ចុះ ប្រយោជន៍​ឲ្យ​គេ​ទាំង​ប្រុស​ទាំង​ស្រី​បាន​សូម​គ្រឿង​មាស គ្រឿង​ប្រាក់​ពី​អ្នក​ជិត​ខាង​រៀង​ខ្លួន
3 ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ធ្វើ​ឲ្យ​ពួក​ជន​បាន​ប្រកប​ដោយ​គុណ​នៃ​ពួក​សាសន៍​អេស៊ីព្ទ ១​ទៀត​ម៉ូសេ​ក៏​ជា​អ្នក​ធំ​នៅ​ភ្នែក​នៃ​ពួក​មហា‌តលិក​ផារ៉ោន ហើយ​និង​បណ្តា‌ជន​ទាំង‌ឡាយ​នៅ​ស្រុក​អេស៊ីព្ទ​ផង។
4 ម៉ូសេ​ក៏​ទូល​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ដល់​កណ្តាល​អធ្រាត្រ អញ​នឹង​ចេញ​ទៅ​នា​កណ្តាល​ស្រុក​អេស៊ីព្ទ
5 នោះ​អស់​ទាំង​កូន​ច្បង​នៅ​ស្រុក​អេស៊ីព្ទ​នឹង​ស្លាប់ ចាប់​តាំង​ពី​កូន​ច្បង​របស់​ផារ៉ោន​ដែល​គង់​លើ​បល្ល័ង្ក​រាជ្យ ចុះ​មក​ដល់​កូន​ច្បង​របស់​បាវ​ស្រី​ដែល​នៅ​ខាង​ក្រោយ​ត្បាល់​កិន ហើយ​គ្រប់​ទាំង​កូន​ច្បង​ក្នុង​ហ្វូង​សត្វ​ដែរ
6 នោះ​គេ​នឹង​ស្រែក​ទ្រហោ‌យំ​នៅ​ពេញ​ក្នុង​ស្រុក​អេស៊ីព្ទ ដល់​ម៉្លេះ​បាន​ជា​ពី​ដើម​មក មិន​ដែល​មាន​ដូច្នេះ​ឡើយ ហើយ​ទៅ​មុខ​ទៀត​ក៏​មិន​ដែល​មាន​ដែរ
7 ប៉ុន្តែ នៅ​ក្នុង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ចាប់​តាំង​ពី​មនុស្ស​ដល់​សត្វ នោះ​សូម្បី​តែ​ឆ្កែ​១​ក៏​នឹង​មិន​កម្រើក​អណ្តាត​ទាស់​នឹង​គេ​ឡើយ នេះ​ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ដឹង​ថា ព្រះ‌យេហូវ៉ា​ទ្រង់​រាប់​សាសន៍​អេស៊ីព្ទ និង​សាសន៍​អ៊ីស្រា‌អែល​ផ្សេង​អំពី​គ្នា
8 នោះ​អស់​ទាំង​ពួក​មហា‌តលិក​ទាំង​នេះ គេ​នឹង​ចុះ​មក​ឱន​គោរព​ចំពោះ​ទូល‌បង្គំ​ដោយ​ថា សូម​លោក​អញ្ជើញ​ចេញ​ពី​នេះ​ទៅ ព្រម​ទាំង​ពួក​អ្នក​ដែល​តាម​លោក​ផង ទើប​ទូល‌បង្គំ​នឹង​ចេញ​ទៅ នោះ​លោក​ក៏​ថយ​ចេញ​ពី​ផារ៉ោន​ទៅ​ទាំង​មាន​ចិត្ត​ក្តៅ​ជា​ខ្លាំង។
9 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា ផារ៉ោន​មិន​ព្រម​ស្តាប់​ឯង​ទេ គឺ​ដើម្បី​ឲ្យ​ការ​អស្ចារ្យ​របស់​អញ​បាន​ចម្រើន​ឡើង​នៅ​ក្នុង​ស្រុក​អេស៊ីព្ទ
10 ម៉ូសេ និង​អើរ៉ុន​ក៏​ធ្វើ​អស់​ទាំង​ការ​អស្ចារ្យ​នោះ​នៅ​ចំពោះ​ផារ៉ោន តែ​ព្រះ‌យេហូវ៉ា​ទ្រង់​បណ្តាល​ឲ្យ​ផារ៉ោន​មាន​ព្រះ‌ទ័យ​រឹង‌ទទឹង មិន​ព្រម​បើក​ឲ្យ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ចេញ​ពី​ស្រុក​ទៅ​ទេ។


ជំពូក 12

1 ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ ហើយ​និង​អើរ៉ុន​នៅ​ស្រុក​អេស៊ីព្ទ​ថា
2 ខែ​នេះ​ជា​ខែ​ដំបូង គឺ​ជា​ខែ​ដើម​ឆ្នាំ​សម្រាប់​ឯង​រាល់​គ្នា
3 ចូរ​ប្រកាស​ប្រាប់​ដល់​ពួក​ជំនុំ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​ថា នៅ​ថ្ងៃ​១០​ខែ​នេះ ត្រូវ​ឲ្យ​គ្រប់​គ្នា​យក​កូន​ចៀម​១ តាម​ពួក​គ្រួ​ឪពុក​ខ្លួន គឺ​កូន​ចៀម​១​សម្រាប់​គ្រួ​១
4 បើ​ផ្ទះ​ណា​មាន​គ្នា​តិច​ពេក មិន​ល្មម​ឲ្យ​អស់​កូន​ចៀម​១​បាន នោះ​ត្រូវ​ចូល​ជា​មួយ​នឹង​អ្នក​ជិត​ខាង​តាម​ចំនួន​មនុស្ស ត្រូវ​ឲ្យ​រាប់​ចំនួន​មនុស្ស​តាម​ដែល​គេ​បរិភោគ​កូន​ចៀម​១​បាន
5 ត្រូវ​តែ​យក​កូន​ចៀម​ឈ្មោល​ឥត​ខ្ចោះ​មាន​អាយុ​១​ខួប ទោះ​ពី​ក្នុង​ហ្វូង​ចៀម​ឬ​ហ្វូង​ពពែ​ក៏​បាន
6 រួច​ត្រូវ​ទុក​វា​ដល់​ថ្ងៃ​១៤​ខែ​នេះ​ឯង នោះ​ពួក​ជំនុំ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​ត្រូវ​សម្លាប់​វា​នៅ​វេលា​ថ្ងៃ​លិច
7 រួច​ត្រូវ​យក​ឈាម​វា​ប្រឡាក់​នៅ​ក្រប​ទ្វារ​ទាំង​សង​ខាង ហើយ​លើ​ធ្នឹម​ទ្វារ​របស់​ផ្ទះ​ដែល​គេ​បរិភោគ​ផង
8 ត្រូវ​ឲ្យ​គេ​អាំង​សាច់ យក​ទៅ​បរិភោគ​ជា​មួយ​នឹង​នំបុ័ង​ឥត​ដំបែ ហើយ​និង​បន្លែ​ល្វីង​នៅ​យប់​នោះ​ឯង
9 មិន​ត្រូវ​បរិភោគ​ឆៅ​ឬ​ស្ងោរ​ទេ គឺ​ត្រូវ​អាំង​វិញ ឲ្យ​មាន​ជាប់​ទាំង​ក្បាល​ទាំង​ជើង ហើយ​និង​អាការៈ​ខាង​ក្នុង​ផង
10 កុំ​ទុក​ឲ្យ​អ្វី​នៅ​សល់​ដល់​ព្រឹក​ឲ្យ​សោះ បើ​មាន​សល់​អ្វី​ដល់​ព្រឹក នោះ​ត្រូវ​ដុត​ចោល​វិញ
11 ហើយ​ត្រូវ​បរិភោគ​បែប​យ៉ាង​នេះ គឺ​ដោយ​ក្រវាត់​ចង្កេះ ពាក់​ស្បែក​ជើង​ទាំង​កាន់​ដំបង​នៅ​ដៃ ហើយ​ត្រូវ​បរិភោគ​ឲ្យ​រហ័ស​ផង នេះ​ជា​ដំណើរ​រំលង​នៃ​ព្រះ‌យេហូវ៉ា
12 ដ្បិត​នៅ​យប់​នោះ​អញ​នឹង​ដើរ​កាត់​ស្រុក​អេស៊ីព្ទ ហើយ​និង​វាយ​អស់​ទាំង​កូន​ច្បង​នៅ​ក្នុង​ស្រុក ចាប់​តាំង​ពី​មនុស្ស​ដល់​សត្វ ព្រម​ទាំង​ធ្វើ​ទោស​ដល់​អស់​ទាំង​ព្រះ​នៃ​ស្រុក​អេស៊ីព្ទ​ផង គឺ​អញ​នេះ​ជា​ព្រះ‌យេហូវ៉ា
13 ឈាម​នោះ​នឹង​បាន​ជា​ទី​សម្គាល់​សម្រាប់​ឯង​រាល់​គ្នា​នៅ​ផ្ទះ​ណា​ដែល​ឯង​រាល់​គ្នា​អាស្រ័យ​នៅ កាល​ផ្ទះ​ណា​អញ​ឃើញ​ឈាម នោះ​អញ​នឹង​រំលង​ផុត​ពី​ឯង​រាល់​គ្នា​ទៅ ហើយ​និង​គ្មាន​សេចក្ដី​វេទនា​ណា​បំផ្លាញ​ឯង​រាល់​គ្នា ក្នុង​វេលា​ដែល​អញ​វាយ​ស្រុក​អេស៊ីព្ទ​នោះ​ឡើយ
14 ថ្ងៃ​នេះ​នឹង​បាន​ជា​សេចក្ដី​រំឭក​ដល់​ឯង​រាល់​គ្នា ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​កាន់​ថ្ងៃ​នេះ​ជា​បុណ្យ​ថ្វាយ​ព្រះ‌យេហូវ៉ា គឺ​ត្រូវ​កាន់​ថ្ងៃ​នេះ​ទុក​ជា​ច្បាប់​ជា​ដរាប​នៅ​អស់​ទាំង​តំណ​រៀង‌រាប​ត​ទៅ។
15 ក្នុង​រវាង​៧​ថ្ងៃ ឯង​រាល់​គ្នា​ត្រូវ​តែ​បរិភោគ​នំបុ័ង​ឥត​ដំបែ ចាប់​តាំង​ពី​ថ្ងៃ​ដំបូង នោះ​ត្រូវ​យក​ដំបែ​ពី​ផ្ទះ​ចេញ ដ្បិត​អ្នក​ណា​ដែល​បរិភោគ​នំបុ័ង​មាន​ដំបែ ចាប់​តាំង​ពី​ថ្ងៃ​ជា​ដំបូង​រហូត​ដល់​ថ្ងៃ​ទី​៧ អ្នក​នោះ​នឹង​ត្រូវ​កាត់​ពី​សាសន៍​អ៊ីស្រា‌អែល​ចេញ
16 នៅ​ថ្ងៃ​ដំបូង ឯង​រាល់​គ្នា​ត្រូវ​ប្រជុំ​ជំនុំ​បរិសុទ្ធ ហើយ​ដល់​ថ្ងៃ​ទី​៧ នោះ​ក៏​ត្រូវ​ប្រជុំ​ជំនុំ​បរិសុទ្ធ​ទៀត នៅ​ថ្ងៃ​ទាំង​នោះ មិន​ត្រូវ​ឲ្យ​ធ្វើ​ការ​អ្វី​សោះ​ឡើយ ធ្វើ​បាន​តែ​ម្ហូប​ដែល​ត្រូវ​បរិភោគ​ប៉ុណ្ណោះ
17 ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​កាន់​បុណ្យ​នំបុ័ង​ឥត​ដំបែ​នេះ ដ្បិត​គឺ​នៅ​ថ្ងៃ​នេះ​ឯង​ដែល​អញ​បាន​នាំ​ពួក​កង​របស់​ឯង​រាល់​គ្នា ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក បាន​ជា​ត្រូវ​កាន់​ថ្ងៃ​នេះ​ទុក​ជា​ច្បាប់​ជា​ដរាប​នៅ​អស់​ទាំង​តំណ​រៀង‌រាប​ត​ទៅ
18 នៅ​ថ្ងៃ​១៤​ខែ​ដំបូង នោះ​ពី​ល្ងាច ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​បរិភោគ​នំបុ័ង​ឥត​ដំបែ ដរាប​ដល់​ល្ងាច​ថ្ងៃ​២១​ខែ​នោះ
19 ក្នុង​រវាង​៧​ថ្ងៃ មិន​ត្រូវ​ឲ្យ​មាន​ដំបែ​នៅ​ក្នុង​ផ្ទះ​ឯង​រាល់​គ្នា​ទេ ដ្បិត​អ្នក​ណា​ដែល​បរិភោគ​អ្វី​មាន​ដំបែ អ្នក​នោះ​នឹង​ត្រូវ​កាត់​ពី​ពួក​ជំនុំ​សាសន៍​អ៊ីស្រា‌អែល​ចេញ ទោះ​បើ​ជា​អ្នក​ប្រទេស​ក្រៅ​ឬ​ជា​អ្នក​ស្រុក​ក្តី
20 មិន​ត្រូវ​ឲ្យ​បរិភោគ​អ្វី​ដែល​មាន​ដំបែ​ឲ្យ​សោះ នៅ​ក្នុង​ទី​លំនៅ​របស់​ឯង​រាល់​គ្នា​ទាំង​ប៉ុន្មាន នោះ​ត្រូវ​បរិភោគ​តែ​នំបុ័ង​ឥត​ដំបែ​ម្យ៉ាង​ប៉ុណ្ណោះ។
21 នោះ​ម៉ូសេ​ក៏​ហៅ​ពួក​ចាស់‌ទុំ​សាសន៍​អ៊ីស្រា‌អែល​មក​ប្រាប់​ថា ចូរ​ទៅ​យក​កូន​ចៀម តាម​គ្រួ​នៃ​អ្នក​រាល់​គ្នា ហើយ​សម្លាប់​ធ្វើ​បុណ្យ​រំលង​ទៅ
22 រួច​យក​មែក​ហ៊ីសុប​១​កញ្ចុំ​ជ្រលក់​ចុះ​ក្នុង​ឈាម​នៅ​ក្នុង​ផើង ប្រឡាក់​នឹង​ធ្នឹម ហើយ​និង​ក្រប​ទ្វារ​ទាំង​សង​ខាង ដោយ​ឈាម​ដែល​នៅ​ក្នុង​ផើង​នោះ ក្នុង​ពួក​អ្នក​រាល់​គ្នា​មិន​ត្រូវ​ឲ្យ​អ្នក​ណា​មួយ​ចេញ​ទៅ​ក្រៅ​ទ្វារ​ផ្ទះ​ខ្លួន​ឲ្យ​សោះ រហូត​ដល់​ព្រឹក​ឡើង
23 ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​យាង​កាត់​ស្រុក ដើម្បី​វាយ​ពួក​សាសន៍​អេស៊ីព្ទ កាល​ណា​ទ្រង់​ទត​ឃើញ​ឈាម​ប្រឡាក់​នៅ​ធ្នឹម ហើយ​និង​ក្រប​ទ្វារ​ទាំង​សង​ខាង នោះ​ទ្រង់​នឹង​រំលង​ហួស​ទ្វារ​នោះ​ទៅ មិន​ឲ្យ​មេ​បំផ្លាញ​ចូល​វាយ​ក្នុង​ផ្ទះ​អ្នក​រាល់​គ្នា​ទេ
24 ដូច្នេះ ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​កាន់​របៀប​នេះ ទុក​ជា​ច្បាប់​សម្រាប់​ខ្លួន​អ្នក​រាល់​គ្នា និង​កូន​ចៅ​ត​រៀង​ទៅ
25 កាល​ណា​អ្នក​រាល់​គ្នា​បាន​ចូល ទៅ​ក្នុង​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​នឹង​ប្រទាន​មក​តាម​សេចក្ដី​សន្យា​ទ្រង់ នោះ​ត្រូវ​កាន់​តាម​របៀប​នេះ​កុំ​ខាន
26 បើ​កាល​ណា​កូន​ចៅ​អ្នក​រាល់​គ្នា​សួរ​ថា តើ​របៀប​នេះ​មាន​ន័យ​ដូច​ម្តេច
27 នោះ​ត្រូវ​ឆ្លើយ​ថា នេះ​គឺ​ជា​យញ្ញ‌បូជា​នៃ​បុណ្យ​រំលង​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ដែល​ទ្រង់​យាង​រំលង​ផ្ទះ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​នៅ​ស្រុក​អេស៊ីព្ទ ក្នុង​កាល​ដែល​ទ្រង់​បាន​វាយ​ពួក​សាសន៍​អេស៊ីព្ទ ហើយ​បាន​ប្រោស​ឲ្យ​ពួក​ផ្ទះ​យើង​រាល់​គ្នា​រួច នោះ​ពួក​សាសន៍​អ៊ីស្រា‌អែល​គេ​ឱន​ក្បាល​ចុះ​ថ្វាយ‌បង្គំ
28 ហើយ​នាំ​គ្នា​ទៅ​ធ្វើ​តាម​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​ម៉ូសេ និង​អើរ៉ុន គេ​ក៏​ធ្វើ​សម្រេច​ការ​នោះ។
29 រីឯ​នៅ​កណ្តាល​អធ្រាត្រ​ក្នុង​យប់​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​វាយ​អស់​ទាំង​កូន​ច្បង​នៅ​ស្រុក​អេស៊ីព្ទ ចាប់​តាំង​ពី​បុត្រ​ច្បង​របស់​ផារ៉ោន ដែល​គង់​លើ​បល្ល័ង្ក​រាជ្យ រហូត​ដល់​កូន​ច្បង​របស់​អ្នក​ទោស​នៅ​ក្នុង​គុក ព្រម​ទាំង​កូន​ច្បង​នៃ​អស់​ទាំង​សត្វ​ផង
30 ផារ៉ោន​ទ្រង់​ក៏​តើន​ឡើង​ទាំង​យប់ ព្រម​ទាំង​ពួក​មហា‌តលិក​ទ្រង់ និង​ពួក​សាសន៍​អេស៊ីព្ទ​ទាំង​អស់​គ្នា នោះ​ក៏​ឮ​សម្រែក​ទ្រហោ‌យំ​នៅ​ក្នុង​ស្រុក​អេស៊ីព្ទ ដ្បិត​គ្មាន​ផ្ទះ​ឯ​ណា​មួយ​ដែល​មិន​មាន​ម្នាក់​ស្លាប់​នោះ​ទេ
31 ផារ៉ោន​ទ្រង់​មាន​ព្រះ‌បន្ទូល​ហៅ​ម៉ូសេ និង​អើរ៉ុន​មក​ទាំង​យប់​ប្រាប់​ថា ចូរ​ឯង​រាល់​គ្នា​ក្រោក​ឡើង​នាំ​គ្នា​ចេញ​ពី​កណ្តាល​រាស្ត្រ​អញ​នេះ​ទៅ ព្រម​ទាំង​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​ផង ចូរ​ទៅ​ថ្វាយ‌បង្គំ​ដល់​ព្រះ‌យេហូវ៉ា ដូច​ជា​ឯង​រាល់​គ្នា​បាន​សូម​នោះ​ចុះ
32 ចូរ​នាំ​ទាំង​ហ្វូង​ចៀម​ហ្វូង​គោ​ទៅ​ផង ដូច​ជា​បាន​សូម​ហើយ ទៅ​ចុះ ហើយ​សូម​ឲ្យ​ពរ​ដល់​អញ​ផង
33 ពួក​សាសន៍​អេស៊ីព្ទ​ក៏​បង្ខំ​ពួក​អ៊ីស្រា‌អែល​ឲ្យ​ចេញ​ពី​ស្រុក​ទៅ​ជា​ប្រញាប់ ដោយ​ពាក្យ​ថា យើង​ស្លាប់​ទាំង​អស់​គ្នា​ហើយ
34 ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​យក​ម្សៅ​ដែល​មិន​ទាន់​ដាក់​ដំបែ និង​ស្នាច​សម្រាប់​លាយ​ម្សៅ​រុំ​ក្នុង​អាវ​គេ​លី​ទៅ
35 ក៏​ធ្វើ​តាម​បង្គាប់​ម៉ូសេ គឺ​គេ​សូម​គ្រឿង​មាស គ្រឿង​ប្រាក់ និង​ខោ​អាវ​ពី​សាសន៍​អេស៊ីព្ទ
36 ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ធ្វើ​ឲ្យ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ប្រកប​ដោយ​គុណ​នៃ​សាសន៍​អេស៊ីព្ទ ដល់​ម៉្លេះ​បាន​ជា​គេ​ចែក​ឲ្យ​តាម​ដែល​សូម យ៉ាង​នោះ​គេ​ក៏​បង្ហិន‌បង្ហោច​ដល់​ពួក​សាសន៍​អេស៊ីព្ទ។
37 ពួក​កូន​ចៅ​អ៊ីស្រា‌អែល គេ​ចេញ​ពី​ស្រុក​រ៉ាមសេស​ដើរ​ដោយ​ជើង​ទៅ​ដល់​សិកូត មាន​មនុស្ស​ប្រុសៗ​ចំនួន​៦​សែន​នាក់​ឥត​រាប់​កូន​ក្មេង​ឡើយ
38 ក៏​មាន​មនុស្ស​សន្ធឹក​គ្រប់​បែប​ឡើង​ទៅ​ជា​មួយ​ដែរ ព្រម​ទាំង​ហ្វូង​ចៀម​ហ្វូង​គោ​គេ ជា​ហ្វូង​សត្វ​មាន​ប្រមាណ​សន្ធឹក​ណាស់
39 គេ​នាំ​គ្នា​យក​ម្សៅ ដែល​យក​ពី​ស្រុក​អេស៊ីព្ទ​មក ទៅ​ដុត​ធ្វើ​ជា​នំ​ឥត​ដំបែ ដ្បិត​មិន​ទាន់​បាន​ដាក់​ដំបែ​នៅ​ឡើយ​ទេ ពី​ព្រោះ​ពេល​ដែល​គេ​ត្រូវ​បណ្តេញ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក នោះ​ឥត​មាន​ឲ្យ​បង្អែ‌បង្អង់​បាន​ទេ បាន​ជា​គេ​មិន​បាន​ធ្វើ​ម្ហូប‌ម្ហា​សម្រាប់​តាម​ផ្លូវ​ឡើយ។
40 រីឯ​វេលា​ដែល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​នៅ​ស្រុក​អេស៊ីព្ទ នោះ​បាន​៤៣០​ឆ្នាំ
41 រួច​ដល់​ផុត​ពី​៤៣០​ឆ្នាំ​នោះ​ទៅ នៅ​ថ្ងៃ​ដដែល​នោះ​ឯង ពួក​កក‌កុញ​របស់​ព្រះ‌យេហូវ៉ា​គេ​ក៏​នាំ​គ្នា​ចេញ​ពី​ស្រុក​អេស៊ីព្ទ​ទៅ
42 គឺ​ជា​យប់​១​ដែល​ត្រូវ​កាន់​យ៉ាង​សំខាន់​ចំពោះ​ព្រះ‌យេហូវ៉ា ដោយ​ព្រោះ​ទ្រង់​បាន​នាំ​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក យប់​នោះ​ឯង​ជា​យប់​ដែល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់ ត្រូវ​កាន់​យ៉ាង​សំខាន់ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា នៅ​អស់​ទាំង​តំណ​គេ​ត​រៀង​ទៅ។
43 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ ហើយ​និង​អើរ៉ុន​ថា នេះ​ជា​ច្បាប់​សម្រាប់​បុណ្យ​រំលង គឺ​មិន​ត្រូវ​ឲ្យ​អ្នក​ប្រទេស​ក្រៅ​ណា​បរិភោគ​បុណ្យ​នេះ​ឡើយ
44 តែ​អស់​ទាំង​បាវ​បម្រើ​ដែល​ឯង​រាល់​គ្នា​ទិញ​នឹង​ប្រាក់​មក បើ​កាល​ណា​បាន​កាត់​ស្បែក​ឲ្យ​ហើយ នោះ​ឲ្យ​គេ​បរិភោគ​ទៅ​បាន
45 ឯ​អ្នក​ប្រទេស​ក្រៅ​ឬ​ជើង​ឈ្នួល នោះ​មិន​ត្រូវ​បរិភោគ​ទេ
46 ត្រូវ​ឲ្យ​បរិភោគ​នៅ​ក្នុង​ផ្ទះ​តែ​១ មិន​ត្រូវ​យក​សាច់​ចេញ​ទៅ​ក្រៅ​ផ្ទះ​ឡើយ ក៏​មិន​ត្រូវ​បំបាក់​ឆ្អឹង​ណា​មួយ​ផង
47 ត្រូវ​ឲ្យ​ពួក​ជំនុំ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​ធ្វើ​បុណ្យ​នេះ
48 បើ​មាន​អ្នក​ប្រទេស​ក្រៅ​ណា​មួយ​មក​នៅ​ជា​មួយ​នឹង​ឯង​រាល់​គ្នា ហើយ​ចង់​ធ្វើ​បុណ្យ​រំលង​នេះ​ថ្វាយ​ព្រះ‌យេហូវ៉ា​ដែរ នោះ​ត្រូវ​ឲ្យ​ពួក​ប្រុសៗ​របស់​គេ​ទទួល​កាត់​ស្បែក​សិន ទើប​នឹង​ចូល​មក​ធ្វើ​បាន យ៉ាង​នេះ​គេ​នឹង​បាន​ដូច​ជា​អ្នក​ស្រុក​ដែរ តែ​អ្នក​ឯ​ណា​ដែល​មិន​បាន​កាត់​ស្បែក​សោះ នោះ​នឹង​បរិភោគ​បុណ្យ​នេះ​មិន​បាន​ឡើយ
49 មាន​ច្បាប់​តែ​១​ប៉ុណ្ណោះ សម្រាប់​ពួក​អ្នក​ស្រុក ហើយ​និង​ពួក​អ្នក​ប្រទេស​ក្រៅ ដែល​នៅ​កណ្តាល​ឯង​រាល់​គ្នា​ដែរ។
50 ពួក​កូន​ចៅ​អ៊ីស្រា‌អែល​គេ​ក៏​ធ្វើ​ដូច្នោះ តាម​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បង្គាប់​មក​ម៉ូសេ និង​អើរ៉ុន គេ​បាន​ធ្វើ​សម្រេច​ការ​ទាំង​នោះ
51 ហើយ​នៅ​ថ្ងៃ​នោះ​ឯង ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​នាំ​កូន​ចៅ​អ៊ីស្រា‌អែល​ចេញ​ពី​ស្រុក​អេស៊ីព្ទ​ដោយ​ពួក​កង​របស់​គេ។


ជំពូក 13

1 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា
2 នៅ​ក្នុង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ត្រូវ​ញែក​អស់​ទាំង​កូន​ច្បង​ចេញ​ទុក​សម្រាប់​អញ គឺ​ជា​កូន​ណា​ដែល​កើត​ពី​ពោះ​ម្តាយ​មក​មុន​បង្អស់ ទោះ​មនុស្ស​ឬ​សត្វ​ក្តី នោះ​ជា​របស់​ផង​អញ។
3 ម៉ូសេ​ក៏​ប្រាប់​ដល់​បណ្តា‌ជន​រាល់​គ្នា​ថា ចូរ​នឹក​ចាំ​ពី​ថ្ងៃ​នេះ គឺ​ពី​ថ្ងៃ​ដែល​អ្នក​រាល់​គ្នា​បាន​ចេញ​ពី​ផ្ទះ​បាវ​បម្រើ​នៅ​ស្រុក​អេស៊ីព្ទ​មក ដ្បិត​ព្រះ‌យេហូវ៉ា​បាន​នាំ​អ្នក​រាល់​គ្នា​ចេញ​មក ដោយ​ព្រះ‌ហស្ត​ខ្លាំង​ពូកែ​ហើយ ដូច្នេះ មិន​ត្រូវ​ឲ្យ​អ្នក​ណា​បរិភោគ​នំបុ័ង​មាន​ដំបែ​ទេ
4 គឺ​នៅ​ថ្ងៃ​នេះ​ឯង​ក្នុង​ខែ​ចេត្រ​ដែល​អ្នក​រាល់​គ្នា​បាន​ចេញ​មក
5 ដូច្នេះ កាល​ណា​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​នាំ​អ្នក​រាល់​គ្នា​ចូល​ទៅ​ក្នុង​ស្រុក​របស់​សាសន៍​កាណាន សាសន៍​ហេត សាសន៍​អាម៉ូរី សាសន៍​ហេវី ហើយ​និង​សាសន៍​យេប៊ូស ដែល​ទ្រង់​បាន​ស្បថ​នឹង​ពួក​អយ្យកោ​អ្នក​រាល់​គ្នា​ថា នឹង​ប្រទាន​មក​អ្នក​រាល់​គ្នា គឺ​ជា​ស្រុក​ដែល​មាន​ទឹក​ដោះ ហើយ​ទឹក​ឃ្មុំ​ហូរ‌ហៀរ នោះ​អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​បុណ្យ​នេះ​នៅ​ក្នុង​ខែ​នេះ​ឯង
6 អ្នក​រាល់​គ្នា​ត្រូវ​បរិភោគ​នំបុ័ង​ឥត​ដំបែ​ក្នុង​រវាង​៧​ថ្ងៃ​នោះ ហើយ​ដល់​ថ្ងៃ​ទី​៧ ត្រូវ​ឲ្យ​មាន​បុណ្យ​ថ្វាយ​ព្រះ‌យេហូវ៉ា
7 នៅ​៧​ថ្ងៃ​ទាំង​នោះ ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​បរិភោគ​តែ​នំបុ័ង​ឥត​ដំបែ​ប៉ុណ្ណោះ មិន​ត្រូវ​ឲ្យ​ឃើញ​នំបុ័ង​មាន​ដំបែ​នៅ​នឹង​អ្នក​រាល់​គ្នា​ឡើយ ក៏​មិន​ត្រូវ​ឲ្យ​ឃើញ​មាន​ដំបែ​ណា​នៅ​គ្រប់​ក្នុង​ព្រំ​ស្រុក​របស់​អ្នក​រាល់​គ្នា​ផង
8 ហើយ​នៅ​ក្នុង​ថ្ងៃ​នោះ អ្នក​រាល់​គ្នា​ត្រូវ​ប្រាប់​ដល់​កូន​ចៅ​ថា យើង​ធ្វើ​បុណ្យ​នេះ ដោយ​ព្រោះ​ការ​ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រោស​ដល់​យើង ក្នុង​កាល​ដែល​យើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក
9 នោះ​នឹង​បាន​សម្រាប់​ជា​ទី​សម្គាល់​នៅ​ដៃ​អ្នក​រាល់​គ្នា ហើយ​ក៏​ជា​សេចក្ដី​រំឭក​នៅ​កណ្តាល​ថ្ងាស​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​ក្រឹត្យ‌វិន័យ​ព្រះ‌យេហូវ៉ា​បាន​នៅ​ក្នុង​មាត់​អ្នក​រាល់​គ្នា ដ្បិត​ព្រះ‌យេហូវ៉ា​បាន​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ដោយ​ព្រះ‌ហស្ត​យ៉ាង​ខ្លាំង​ពូកែ​ហើយ
10 ដូច្នេះ រាល់​តែ​ឆ្នាំ ដល់​កំណត់​ហើយ ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​កាន់​តាម​របៀប​នេះ។
11 កាល​ណា​ព្រះ‌យេហូវ៉ា​បាន​នាំ​អ្នក​រាល់​គ្នា​ចូល​ទៅ​ក្នុង​ស្រុក​របស់​សាសន៍​កាណាន ដូច​ទ្រង់​បាន​ស្បថ​នឹង​អ្នក​រាល់​គ្នា នូវ​ពួក​អយ្យកោ ព្រម​ទាំង​ប្រទាន​ស្រុក​នោះ​ឲ្យ​អ្នក​រាល់​គ្នា​ហើយ
12 នោះ​ត្រូវ​ឲ្យ​ញែក​អស់​ទាំង​កូន​ដែល​កើត​មុន​បង្អស់ ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ឯ​កូន​ច្បង​ដែល​កើត​ពី​សត្វ​របស់​អ្នក​រាល់​គ្នា បើ​ជា​ឈ្មោល នោះ​សុទ្ធ​តែ​ជា​របស់​ផង​ព្រះ‌យេហូវ៉ា​ទាំង​អស់
13 ឯ​អស់​ទាំង​កូន​ច្បង​របស់​សត្វ​លា នោះ​ត្រូវ​ថ្វាយ​កូន​ចៀម ដើម្បី​ស្នង​នឹង​លោះ​វា តែ​បើ​មិន​ចង់​លោះ​ទេ នោះ​ត្រូវ​បំបាក់​ក​វា​ទៅ ហើយ​អស់​ទាំង​កូន​ច្បង​របស់​មនុស្ស ក្នុង​ពួក​កូន​ចៅ​នៃ​អ្នក​រាល់​គ្នា នោះ​ក៏​ត្រូវ​លោះ​ដែរ
14 រួច​ដល់​ថ្ងៃ​ក្រោយ បើ​កូន​ចៅ​អ្នក​រាល់​គ្នា​សួរ​ថា ការ​នេះ​ជា​អ្វី នោះ​ត្រូវ​ប្រាប់​ថា នេះ​គឺ​ដោយ​ព្រោះ​ព្រះ‌យេហូវ៉ា​បាន​នាំ​យើង​រាល់​គ្នា​ចេញ​ពី​ផ្ទះ​បាវ​បម្រើ​នៅ​ស្រុក​អេស៊ីព្ទ​មក ដោយ​ព្រះ‌ហស្ត​ខ្លាំង​ពូកែ
15 ដ្បិត​កាល​ផារ៉ោន​បាន​តាំង​ព្រះ‌ទ័យ​រឹង‌ទទឹង​មិន​ព្រម​ឲ្យ​យើង​រាល់​គ្នា​ទៅ នោះ​ព្រះ‌យេហូវ៉ា​ក៏​សម្លាប់​អស់​ទាំង​កូន​ច្បង​នៅ​ស្រុក​អេស៊ីព្ទ​ចោល ចាប់​តាំង​ពី​កូន​ច្បង​របស់​មនុស្ស រហូត​ដល់​កូន​ច្បង​នៃ​ពួក​សត្វ ដោយ​ហេតុ​នោះ​បាន​ជា​អញ​ថ្វាយ​អស់​ទាំង​កូន​ឈ្មោល ដែល​កើត​មុន​បង្អស់ ទៅ​ជា​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា តែ​អស់​ទាំង​កូន​ច្បង​បង្កើត​របស់​អញ នោះ​អញ​លោះ​វិញ
16 នេះ​នឹង​បាន​ជា​ទី​សម្គាល់​នៅ​លើ​ដៃ និង​ជា​ស្លាក​នៅ​កណ្តាល​ថ្ងាស​អ្នក​រាល់​គ្នា ដ្បិត​ព្រះ‌យេហូវ៉ា​បាន​នាំ​យើង​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ដោយ​ព្រះ‌ហស្ត​ខ្លាំង​ពូកែ។
17 កាល​ផារ៉ោន​បាន​ឲ្យ​គេ​ទៅ​ហើយ នោះ​ព្រះ​ទ្រង់​មិន​បាន​នាំ​គេ​តាម​ផ្លូវ​កាត់​ស្រុក​របស់​សាសន៍​ភីលីស្ទីន​ទេ ទោះ​បើ​ផ្លូវ​នោះ​ជិត​ក៏​ដោយ ដ្បិត​ព្រះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ខ្លាច​ក្រែង​គេ​ឃើញ​ចម្បាំង ហើយ​រសាយ​ចិត្ត រួច​ត្រឡប់​ទៅ​ឯ​ស្រុក​អេស៊ីព្ទ​វិញ
18 គឺ​ទ្រង់​បាន​នាំ​គេ​ដើរ​ពង្វាង​តាម​ផ្លូវ​ទី​រហោ‌ស្ថាន ក្បែរ​សមុទ្រ​ក្រហម​វិញ ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​ទៅ​ទាំង​កាន់​គ្រឿង​សស្ត្រា‌វុធ
19 ម៉ូសេ​ក៏​យក​ឆ្អឹង​ខ្មោច​យ៉ូសែប​ទៅ​ជា​មួយ​ដែរ ដ្បិត​យ៉ូសែប​បាន​ចាប់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ឲ្យ​ស្បថ​ដោយ​ថា ព្រះ‌ទ្រង់​នឹង​ប្រោស​ឯង​រាល់​គ្នា​ជា​មិន​ខាន នោះ​ត្រូវ​ឲ្យ​យក​ឆ្អឹង​អញ​ពី​ទី​នេះ​ឡើង​ទៅ​ជា​មួយ​ផង ។
20 គេ​ក៏​ចេញ​ពី​សិកូត​ទៅ​ដំឡើង​ត្រសាល​នៅ​ឯ​ស្រុក​អេថាម ត្រង់​ក្បែរ​ទី​រហោ‌ស្ថាន
21 នៅ​វេលា​ថ្ងៃ ព្រះ‌យេហូវ៉ា​ទ្រង់​តែង​យាង​នៅ​មុខ​គេ​ក្នុង​បង្គោល​ពពក ដើម្បី​នឹង​នាំ​ផ្លូវ ហើយ​នៅ​វេលា​យប់ ទ្រង់​យាង​ក្នុង​បង្គោល​ភ្លើង ដើម្បី​នឹង​បំភ្លឺ​គេ ប្រយោជន៍​ឲ្យ​គេ​ដើរ​បាន​ទាំង​យប់​ទាំង​ថ្ងៃ
22 ហើយ​បង្គោល​ពពក​ដែល​សម្រាប់​ពេល​ថ្ងៃ និង​បង្គោល​ភ្លើង​ដែល​សម្រាប់​ពេល​យប់ នោះ​មិន​បាន​ថយ​ចេញ​ពី​គេ​ឡើយ។


ជំពូក 14

1 ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា
2 ចូរ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ឲ្យ​គេ​បែរ​ទៅ​ដំឡើង​ត្រសាល​នៅ​ឯ​មុខ ពីហា‌ហីរ៉ុថ ត្រង់​កណ្តាល​ស្រុក​មីកដុល ហើយ​និង​សមុទ្រ ទល់​មុខ​នឹង​បាស-សេផុន​វិញ ត្រូវ​ឲ្យ​ដំឡើង​ត្រសាល ប្រឈម​នឹង​ទី​នោះ ដែល​នៅ​ជិត​មាត់​សមុទ្រ
3 ផារ៉ោន​នឹង​និយាយ​ពី​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា គេ​បាន​វង្វេង​ជាប់​នៅ​ស្រុក​នោះ​ហើយ ទី​រហោ‌ស្ថាន​បាន​បិទ​គេ​ជិត​ជុំវិញ
4 នោះ​អញ​នឹង​បណ្តាល​ឲ្យ​ផារ៉ោន​មាន​ចិត្ត​រឹង‌ទទឹង​ឡើង ហើយ​ទ្រង់​នឹង​ដេញ​តាម តែ​អញ​នឹង​បាន​កិត្តិសព្ទ ដោយ‌សារ​ផារ៉ោន និង​ពួក​ទ័ព​ទ្រង់​ទាំង​ប៉ុន្មាន ហើយ​ពួក​សាសន៍​អេស៊ីព្ទ​នឹង​ដឹង​ថា អញ​ជា​ព្រះ‌យេហូវ៉ា​ពិត គេ​ក៏​ធ្វើ​សម្រេច​ដូច្នោះ។
5 មាន​គេ​ទូល​ដល់​ស្តេច​អេស៊ីព្ទ​ថា ពួក​អ៊ីស្រា‌អែល​បាន​រត់​រួច​ទៅ​ហើយ នោះ​ផារ៉ោន និង​ពួក​មហា‌តលិក​ទ្រង់​ក៏​ប្រែ​គំនិត​ពី​ដំណើរ​គេ​ឡើង​វិញ ហើយ​ពោល​ថា តើ​យើង​បាន​ធ្វើ​អ្វី នឹង​ឲ្យ​ពួក​អ៊ីស្រា‌អែល​ចេញ​ទៅ​រួច​ពី​ការ​បម្រើ​យើង​ដូច្នេះ
6 នោះ​ស្រាប់​តែ​ទ្រង់​ទឹម​រាជ‌រថ ព្រម​ទាំង​នាំ​ពួក​ពល​ទៅ​ជា​មួយ​ផង
7 ទ្រង់​រើស​យក​រទេះ​ចម្បាំង​បាន​៦០០ ហើយ​ក៏​យក​អស់​ទាំង​រទេះ​ចម្បាំង​នៅ​ស្រុក​អេស៊ីព្ទ​ផង គ្រប់​ទាំង​រទេះ​ទាំង​នោះ​សុទ្ធ​តែ​មាន​មេ‌ទ័ព​ត្រួត‌ត្រា​ការ
8 ឯ​ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​បណ្តាល​ឲ្យ​ផារ៉ោន​ជា​ស្តេច​អេស៊ីព្ទ​មាន​ព្រះ‌ទ័យ​រឹង‌ទទឹង​ឡើង ហើយ​ស្តេច​ក៏​ដេញ​តាម​ពួក​កូន​ចៅ​អ៊ីស្រា‌អែល តែ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​គេ​បាន​ចេញ​ទៅ​ដោយ​មាន​ជ័យ‌ជម្នះ
9 ពួក​សាសន៍​អេស៊ីព្ទ​ក៏​ដេញ​តាម​ទៅ មាន​ទាំង​សេះ​ទាំង​រាជ‌រថ​របស់​ផារ៉ោន ទាំង​ពួក​ពល​សេះ ហើយ​និង​ពួក​ពល​ថ្មើរ​ជើង​របស់​ទ្រង់​ទាំង​អស់ បាន​ទាន់​គេ​នៅ​ត្រង់​ទី​ដំឡើង​ត្រសាល ក្បែរ​សមុទ្រ​ដែល​ជិត​នឹង​ពីហា‌ហីរ៉ុថ ទល់​មុខ​នឹង​បាល-សេផុន។
10 កាល​ផារ៉ោន​ចូល​ទៅ​ជិត នោះ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល គេ​ងើប​ភ្នែក​ឡើង ឃើញ​ពួក​សាសន៍​អេស៊ីព្ទ​មក​តាម​ដូច្នោះ ក៏​មាន​សេចក្ដី​តក់‌ស្លុត​ជា​ខ្លាំង ហើយ​ស្រែក​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា
11 ព្រម​ទាំង​ស្តី​បន្ទោស​ដល់​ម៉ូសេ​ថា តើ​ដោយ​ព្រោះ​តែ​គ្មាន​ផ្នូរ​នៅ​ស្រុក​អេស៊ីព្ទ​ឬ​អី បាន​ជា​អ្នក​នាំ​យើង​រាល់​គ្នា​មក ឲ្យ​ត្រូវ​ស្លាប់​នៅ​ទី​រហោ‌ស្ថាន​នេះ​ដូច្នេះ ហេតុ​អ្វី​បាន​ជា​អ្នក​ប្រព្រឹត្ត​ចំពោះ​យើង​រាល់​គ្នា​យ៉ាង​នេះ គឺ​ដែល​នាំ​ពួក​យើង​រាល់​គ្នា ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក​ដូច្នេះ
12 កាល​នៅ​ស្រុក​អេស៊ីព្ទ​នៅ​ឡើយ តើ​យើង​រាល់​គ្នា​មិន​បាន​និយាយ​សេចក្ដី​នេះ​ឯង​នឹង​អ្នក​ទេ​ឬ​អី ថា កុំ​ឲ្យ​មក​វីវរ​នឹង​យើង​រាល់​គ្នា​ឡើយ ចូរ​ទុក​ឲ្យ​យើង​នៅ​បម្រើ​សាសន៍​អេស៊ីព្ទ​ចុះ ដ្បិត​ដែល​យើង​រាល់​គ្នា​បាន​នៅ​បម្រើ​សាសន៍​អេស៊ីព្ទ នោះ​វិសេស​ជា​ជាង​ស្លាប់​នៅ​ទី​រហោ‌ស្ថាន​នេះ
13 តែ​ម៉ូសេ​តប​ឆ្លើយ​ថា កុំ​ខ្លាច​អី ឈប់​សិន ចាំ​មើល​សេចក្ដី​សង្គ្រោះ​របស់​ព្រះ‌យេហូវ៉ា ដែល​ទ្រង់​នឹង​ប្រោស​ដល់​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នេះ ដ្បិត​ពួក​សាសន៍​អេស៊ីព្ទ​ដែល​អ្នក​រាល់​គ្នា​ឃើញ​នៅ​ថ្ងៃ​នេះ នោះ​នឹង​លែង​ឃើញ​ទៀត​ជា​ដរាប​ទៅ
14 ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ច្បាំង​ជំនួស​អ្នក​រាល់​គ្នា ឯ​អ្នក​រាល់​គ្នា​នឹង​នៅ​តែ​ស្ងៀម​វិញ។
15 រួច​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា ឯង​អំពាវ‌នាវ​រក​អញ​ធ្វើ​អី ចូរ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា ឲ្យ​ដើរ​ទៅ​មុខ​ទៅ
16 ឯ​ឯង ត្រូវ​លើក​ដំបង​លូក​ដៃ​ទៅ​លើ​សមុទ្រ​ញែក​ទឹក​ចេញ​ពី​គ្នា ដើម្បី​ឲ្យ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ដើរ​តាម​ដី​គោក​នៅ​កណ្តាល​សមុទ្រ
17 ឯ​អញៗ​នឹង​បណ្តាល ឲ្យ​ពួក​សាសន៍​អេស៊ីព្ទ​មាន​ចិត្ត​រឹង‌ទទឹង ចូល​ទៅ​តាម​ឯង​រាល់​គ្នា នោះ​អញ​នឹង​បាន​កិត្តិសព្ទ​ដោយ​ឈ្នះ​ផារ៉ោន និង​ពួក​ទ័ព​ទ្រង់ ហើយ​និង​អស់​ទាំង​រទេះ​ចម្បាំង ព្រម​ទាំង​ពួក​ពល​សេះ​ទ្រង់​ផង
18 នោះ​ទើប​សាសន៍​អេស៊ីព្ទ​គេ​នឹង​ដឹង​ថា អញ​ជា​ព្រះ‌យេហូវ៉ា​ពិត គឺ​ក្នុង​កាល​ដែល​អញ​បាន​កិត្តិសព្ទ​ដោយ​ឈ្នះ​ផារ៉ោន និង​អស់​ទាំង​រទេះ​ចម្បាំង ហើយ​និង​ពួក​ពល​សេះ​ទ្រង់​ដូច្នោះ។
19 នោះ​ទេវតា​នៃ​ព្រះ​ដែល​បាន​នាំ​មុខ​ពួក​អ៊ីស្រា‌អែល ទ្រង់​ក៏​ត្រឡប់​ទៅ​នៅ​ខាង​ក្រោយ​វិញ ហើយ​បង្គោល​ពពក​ក៏​ចេញ​ពី​មុខ​ទៅ​នៅ​ខាង​ក្រោយ​ដែរ
20 ពពក​នោះ​ស្ថិត​នៅ​ជា​កណ្តាល​ពួក​សាសន៍​អេស៊ីព្ទ និង​ពួក​អ៊ីស្រា‌អែល ក៏​ងងឹត​ខាង​ម្ខាង ហើយ​ភ្លឺ​ខាង​ម្ខាង នៅ​វេលា​យប់ បាន​ជា​ពួក​ទាំង​២​នោះ​មិន​បាន​មក​ជិត​គ្នា នៅ​វេលា​យប់​នោះ​ឡើយ
21 នោះ​ម៉ូសេ​ក៏​លើក​ដៃ​ទៅ​លើ​សមុទ្រ ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​ច្រាន​ផាត់​សមុទ្រ​ចេញ ដោយ​កម្លាំង​ខ្យល់​ពី​ខាង​កើត ដែល​បក់​យ៉ាង​ខ្លាំង​ពេញ​១​យប់​នោះ ទ្រង់​ធ្វើ​ឲ្យ​ទឹក​បាន​ញែក​ចេញ​ពី​គ្នា ឲ្យ​សមុទ្រ​ទៅ​ជា​គោក​វិញ
22 រួច​ពួក​កូន​ចៅ​អ៊ីស្រា‌អែល គេ​ក៏​ចូល​ទៅ​នា​កណ្តាល​សមុទ្រ តាម​ដី​គោក ហើយ​មាន​ទឹក​ជា​កំផែង​នៅ​ខាង​ស្តាំ និង​ខាង​ឆ្វេង​គេ
23 ពួក​សាសន៍​អេស៊ីព្ទ​ក៏​ប្រឹង​ដេញ​ចូល​ទៅ ត្រង់​កណ្តាល​សមុទ្រ​តាម​គេ ព្រម​ទាំង​សេះ​ផារ៉ោន និង​រទេះ​ចម្បាំង ហើយ​ទាំង​ពល​សេះ​ទ្រង់​ផង
24 នៅ​វេលា​យាម​ព្រឹក​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ទត​ពី​បង្គោល​ភ្លើង ហើយ​និង​ពពក​ទៅ​ឃើញ​ពួក​ពល‌ទ័ព​សាសន៍​អេស៊ីព្ទ រួច​ទ្រង់​បណ្តាល​ឲ្យ​ពួក​ពល‌ទ័ព​សាសន៍​អេស៊ីព្ទ​កោលា‌ហល​ឡើង
25 ក៏​ធ្វើ​ឲ្យ​របូត​កង់​ពី​រទេះ​គេ​ចេញ ឲ្យ​គេ​បរ​ដោយ​ពិបាក បាន​ជា​ពួក​សាសន៍​អេស៊ីព្ទ​និយាយ​ថា ចូរ​យើង​រាល់​គ្នា​រត់​ពី​សាសន៍​អ៊ីស្រា‌អែល​នេះ​ចេញ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​ច្បាំង​នឹង​យើង​ជំនួស​គេ​ហើយ។
26 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា ចូរ​ឯង​លើក​ដៃ​ទៅ​លើ​សមុទ្រ​ទៅ ដើម្បី​ឲ្យ​ទឹក​បាន​ហូរ​ត្រឡប់​គ្រប​ទៅ​លើ​ពួក​សាសន៍​អេស៊ីព្ទ ព្រម​ទាំង​រទេះ និង​ពួក​ទ័ព​សេះ​គេ​ផង
27 នោះ​ម៉ូសេ​ក៏​លើក​ដៃ​ទៅ​លើ​សមុទ្រ ហើយ​ដល់​ព្រឹក​ឡើង ទឹក​ក៏​ហូរ​ប្រសព្វ​ចូល​ទៅ នៅ​កន្លែង​ធម្មតា​វិញ ពួក​សាសន៍​អេស៊ីព្ទ​ក៏​នាំ​គ្នា​រត់​ចេញ​ពី​ទឹក ប៉ុន្តែ ព្រះ‌យេហូវ៉ា​ទ្រង់​ផ្តួល​គេ​នៅ​កណ្តាល​សមុទ្រ​ទៅ
28 ហើយ​ទឹក​ក៏​ត្រឡប់​មក​គ្រប​លើ​អស់​ទាំង​រទេះ និង​ពួក​ពល​សេះ ហើយ​និង​ពល‌ទ័ព​ផារ៉ោន​ទាំង​អស់ ដែល​បាន​ចូល​ទៅ​ក្នុង​សមុទ្រ​តាម​ពួក​កូន​ចៅ​អ៊ីស្រា‌អែល គ្មាន​រួច​អ្នក​ណា​មួយ​សោះ​ឡើយ
29 តែ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ដើរ​នៅ​កណ្តាល​សមុទ្រ​តាម​ដី​គោក​វិញ ដោយ​មាន​ទឹក​ជា​កំផែង​នៅ​ពី​ខាង​ស្តាំ និង​ខាង​ឆ្វេង។
30 ដូច្នេះ នៅ​ថ្ងៃ​នោះ​ឯង ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ជួយ​ពួក​អ៊ីស្រា‌អែល​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​ពួក​សាសន៍​អេស៊ីព្ទ ហើយ​ពួក​អ៊ីស្រា‌អែល​បាន​ឃើញ​ខ្មោច​ពួក​សាសន៍​អេស៊ីព្ទ​រាយ​នៅ​តាម​ឆ្នេរ​សមុទ្រ
31 ក៏​បាន​ឃើញ​ការ​យ៉ាង​ធំ​ដែល​ស្នាដៃ​នៃ​ព្រះ‌យេហូវ៉ា​បាន​ធ្វើ​ដល់​សាសន៍​អេស៊ីព្ទ នោះ​គេ​ក៏​មាន​សេចក្ដី​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា ហើយ​ក៏​ជឿ​ដល់​ព្រះ‌យេហូវ៉ា ព្រម​ទាំង​ដល់​ម៉ូសេ​ជា​អ្នក​បម្រើ​ទ្រង់​ផង។


ជំពូក 15

1 រួច​ពី​នោះ​មក ម៉ូសេ និង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ក៏​នាំ​គ្នា​ច្រៀង​ទំនុក​នេះ​ថ្វាយ​ព្រះ‌យេហូវ៉ា​ថា ខ្ញុំ​នឹង​ច្រៀង​ថ្វាយ​ព្រះ‌យេហូវ៉ា ដ្បិត​ទ្រង់​មាន​ជ័យ‌ជម្នះ​យ៉ាង​ឧត្តម ទ្រង់​បាន​ផ្តួល​ទាំង​សេះ ទាំង​អ្នក​ជិះ ទៅ​ក្នុង​សមុទ្រ
2 ព្រះ‌យេហូវ៉ា​ទ្រង់​ជា​កម្លាំង​នៃ​ខ្ញុំ ហើយ​ជា​ទំនុក​ដែល​ខ្ញុំ​ច្រៀង​ផង ទ្រង់​បាន​ជួយ​សង្គ្រោះ​ខ្ញុំ ហើយ​ជា​ព្រះ​នៃ​ខ្ញុំ ឯ​ខ្ញុំ​នឹង​លើក​សរសើរ​ដល់​ទ្រង់ គឺ​ជា​ព្រះ​នៃ​ឪពុក​ខ្ញុំៗ​នឹង​តម្កើង​ទ្រង់
3 ព្រះ‌យេហូវ៉ា​ទ្រង់​ជា​អ្នក​ចម្បាំង ព្រះ‌នាម​ទ្រង់​ជា​ព្រះ‌យេហូវ៉ា
4 ទ្រង់​បាន​បោះ​អស់​ទាំង​រទេះ និង​ពល‌ទ័ព​របស់​ផារ៉ោន​ចោល​ទៅ​ក្នុង​សមុទ្រ ឯ​ពួក​មេ‌ទ័ព​ជ្រើស‌រើស​ទាំង​ប៉ុន្មាន ក៏​បាន​លង់​ទៅ​ក្នុង​សមុទ្រ​ក្រហម
5 អស់​ទាំង​ទី​ជម្រៅ​បាន​គ្រប​គេ​បាត់ គេ​បាន​ចុះ​ទៅ​ដល់​បាត​សមុទ្រ​ដូច​ជា​ថ្ម
6 ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌ហស្ត​ស្តាំ​ទ្រង់​មាន​ឫទ្ធិ​ដ៏​វិសេស ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌ហស្ត​ស្តាំ​ទ្រង់​បាន​បោក​ពួក​ខ្មាំង​សត្រូវ​ខ្ទេច‌ខ្ទី​ហើយ
7 គឺ​ទ្រង់​បាន​រំលំ​ពួក​អ្នក​ដែល​លើក​គ្នា​ទាស់​នឹង​ទ្រង់ ដោយ​ឫទ្ធា‌នុភាព​ដ៏​ជា​ធំ​របស់​ទ្រង់ ទ្រង់​បាន​បញ្ចេញ​សេចក្ដី​ក្រោធ​នៃ​ទ្រង់ សេចក្ដី​ក្រោធ​នោះ​បាន​បញ្ឆេះ​គេ​ដូច​ជា​ភ្លើង​ឆេះ​ជញ្ជ្រាំង
8 ហើយ​ដោយ‌សារ​កម្លាំង​ខ្យល់​ពី​ព្រះ‌នាសា​ទ្រង់ នោះ​ទឹក​ត្រូវ​គរ​ជា​គំនរ​ឡើង ទឹក​ធំ​បាន​ពូន​ឡើង​ដូច​ជា​កំផែង អស់​ទាំង​ទី​ជម្រៅ​ក៏​បាន​កក​ខះ​នៅ​នា​សមុទ្រ
9 ឯ​ពួក​ខ្មាំង​សត្រូវ គេ​និយាយ​ថា អញ​នឹង​ដេញ​តាម អញ​នឹង​បាន​ទាន់ អញ​នឹង​ចែក​របឹប អញ​នឹង​បំពេញ​ចិត្ត​ដោយ‌សារ​គេ អញ​នឹង​ហូត​ដាវ ហើយ​ដៃ​អញ​នឹង​កាប់​បំផ្លាញ​គេ
10 តែ​ទ្រង់​បាន​ផ្លុំ​ដោយ​ខ្យល់​ដង្ហើម​ទ្រង់ នោះ​សមុទ្រ​ក៏​គ្រប​លើ​គេ​វិញ ហើយ​គេ​ត្រូវ​លិច​ចុះ​ទៅ​ក្នុង​ទឹក​ធំ​ដូច​ជា​សំណ
11 ឱ​ព្រះ‌យេហូវ៉ា​អើយ តើ​មាន​ព្រះ​ឯ​ណា​ឲ្យ​ដូច​ទ្រង់ តើ​មាន​អ្នក​ឯ​ណា​ដែល​មាន​សេចក្ដី​បរិសុទ្ធ​ដ៏​វិសេស​ដូច​ទ្រង់ ដែល​គួរ​សរសើរ‌តម្កើង ហើយ​ក៏​ធ្វើ​ការ​អស្ចារ្យ​ផង
12 ទ្រង់​បាន​លើក​ព្រះ‌ហស្ត​ស្តាំ​ឡើង នោះ​ដី​ក៏​ស្រូប​គេ​បាត់​ទៅ
13 ដោយ‌សារ​សេចក្ដី​សប្បុរស​របស់​ទ្រង់ នោះ​ទ្រង់​បាន​នាំ​រាស្ត្រ​ដែល​ទ្រង់​លោះ គឺ​បាន​នាំ​គេ​ទៅ​ដល់​ទី​លំនៅ​បរិសុទ្ធ​របស់​ទ្រង់ ដោយ​ព្រះ‌បារមី
14 គ្រប់​ទាំង​សាសន៍​បាន​ឮ ហើយ​ក៏​ញាប់‌ញ័រ ឯ​ពួក​សាសន៍​ភីលីស្ទីន គេ​កើត​មាន​សេចក្ដី​ភ័យ​ខ្លាច
15 ពួក​មេ​នៃ​សាសន៍​អេដុម​មាន​សេចក្ដី​ភាន់‌ភាំង អស់​ទាំង​មនុស្ស​ខ្លាំង​ពូកែ​ក្នុង​សាសន៍​ម៉ូអាប់​ក៏​មាន​សេចក្ដី​ភ័យ​ញ័រ ហើយ​អស់​ទាំង​មនុស្ស​ដែល​នៅ​ស្រុក​កាណាន​ក៏​ស្លុត​ចិត្ត
16 សេចក្ដី​ស្ញែង‌ខ្លាច និង​សេចក្ដី​ថប់​បារម្ភ​ក៏​គ្រប​សង្កត់​លើ​គេ​ទាំង​អស់ គេ​បាន​ទៅ​ជា​គ ដូច​ជា​ថ្ម ដោយ‌សារ​អំណាច​ព្រះ‌ហស្ត​ទ្រង់ ទាល់​តែ​រាស្ត្រ​ទ្រង់​បាន​ទៅ​ហួស ឱ​ព្រះ‌យេហូវ៉ា គឺ​ទាល់​តែ​រាស្ត្រ​ដែល​ទ្រង់​បាន​លោះ​បាន​ទៅ​បាត់​ហើយ
17 ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​នឹង​នាំ​គេ​ចូល​ទៅ​ដាំ​នៅ​លើ​ភ្នំ​ជា​មរដក​របស់​ទ្រង់ ជា​ទី​កន្លែង​ដែល​ទ្រង់​រៀប‌ចំ​ទុក​ជា​ទី​លំនៅ​របស់​ទ្រង់ ឱ​ព្រះ‌អម្ចាស់​អើយ គឺ​ជា​ទី​បរិសុទ្ធ​ដែល​ព្រះ‌ហស្ត​ទ្រង់​បាន​សាង
18 ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​សោយ​រាជ្យ ជា​រៀង‌រាប​ត​ទៅ អស់​កល្ប‌ជានិច្ច
19 ដ្បិត​អស់​ទាំង​សេះ​របស់​ផារ៉ោន បាន​ចូល​ទៅ​ក្នុង​សមុទ្រ នាំ​យក​ទាំង​រទេះ និង​ពល​របស់​ទ្រង់​ដែល​ជិះ​ដោយ​ទៅ​ផង ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ឲ្យ​ទឹក​សមុទ្រ​ត្រឡប់​មក​គ្រប​លើ​គេ តែ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ដើរ​កណ្តាល​សមុទ្រ​តាម​ដី​គោក​វិញ។
20 ឯ​ហោរា​ម៉ារាម ជា​បង​ស្រី​របស់​អើរ៉ុន នាង​ក៏​យក​ក្រាប់​មក​នៅ​ដៃ ហើយ​បណ្តា​ស្ត្រី​ទាំង​អស់​គ្នា​ក៏​ទៅ​តាម​ទាំង​បន្ទរ​ក្រាប់ ហើយ​លោត‌កញ្ឆេង​កញ្ឆាត់​ផង
21 ម៉ារាម​នាង​ក៏​ទទួល​ពាក្យ​ឆ្លើយ​នឹង​គេ​ថា ចូរ​ច្រៀង​ថ្វាយ​ព្រះ‌យេហូវ៉ា ដ្បិត​ទ្រង់​មាន​ជ័យ‌ជម្នះ​យ៉ាង​ឧត្តម ទ្រង់​បាន​ផ្តួល​ទាំង​សេះ​ទាំង​អ្នក​ជិះ​ទៅ​ក្នុង​សមុទ្រ។
22 ម៉ូសេ​ក៏​នាំ​ពួក​អ៊ីស្រា‌អែល ពី​សមុទ្រ​ក្រហម​ទៅ ហើយ​គេ​ចេញ​ទៅ​ឯ​ទី​រហោ‌ស្ថាន​ស៊ើរ គេ​ដើរ​ក្នុង​ទី​រហោ‌ស្ថាន​អស់​៣​ថ្ងៃ មិន​ឃើញ​មាន​ទឹក​សោះ
23 កាល​គេ​ទៅ​ដល់​ម៉ារ៉ា​ហើយ ក៏​ផឹក​ទឹក​ម៉ារ៉ា​មិន​បាន ដ្បិត​ទឹក​នោះ​ល្វីង​ណាស់ ហេតុ​នោះ​បាន​ជា​គេ​ហៅ​កន្លែង​នោះ​ថា ម៉ារ៉ា
24 បណ្តា‌ជន​ក៏​ត្អូញ‌ត្អែរ​ដាក់​ម៉ូសេ​ថា តើ​យើង​មាន​អ្វី​ផឹក
25 លោក​ក៏​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា រួច​ទ្រង់​បង្ហាញ​ដើម​ឈើ​១ ឲ្យ​លោក​បោះ​ទៅ​ក្នុង​ទឹក នោះ​ទឹក​ក៏​ត្រឡប់​ទៅ​ជា​សាប​វិញ នៅ​ទី​នោះ​ទ្រង់​បាន​តែង​ជា​ច្បាប់ និង​បញ្ញត្ត​សម្រាប់​គេ ព្រម​ទាំង​ល្បង​គេ​ដែរ
26 ទ្រង់​មាន​ព្រះ‌បន្ទូល​ថា បើ​ឯង​រាល់​គ្នា​ប្រុង​នឹង​ស្តាប់​តាម​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ហើយ​ធ្វើ​ការ​ត្រឹម‌ត្រូវ​នៅ​ព្រះ‌នេត្រ​នៃ​ទ្រង់ ព្រម​ទាំង​ផ្ទៀង​ត្រចៀក​ស្តាប់​តាម​បញ្ញត្ត​ទ្រង់ ហើយ​កាន់​តាម​ច្បាប់​ទ្រង់​ទាំង​ប៉ុន្មាន នោះ​អញ​នឹង​មិន​ធ្វើ​ឲ្យ​ឯង​រាល់​គ្នា​កើត​មាន​ជំងឺ​រោគា​ណា​មួយ ដូច​ជា​អញ​បាន​ធ្វើ​ឲ្យ​កើត​ឡើង​ដល់​ពួក​សាសន៍​អេស៊ីព្ទ​នោះ​ឡើយ ដ្បិត​អញ​នេះ​ជា​យេហូវ៉ា គឺ​ជា​ព្រះ​ដែល​ប្រោស​ឯង​រាល់​គ្នា​ឲ្យ​ជា។
27 គេ​ក៏​ទៅ​ដល់​អេលីម ជា​ទី​ដែល​មាន​ក្បាល​ទឹក​១២ មាន​លម៉ើ​៧០​ដើម​ផង ហើយ​គេ​ក៏​ដំឡើង​ត្រសាល​នៅ​ទី​នោះ ជិត​កន្លែង​ទឹក។


ជំពូក 16

1 រួច​គេ​ចេញ​ពី​អេលីម​ធ្វើ​ដំណើរ​ទៅ លុះ​ដល់​ថ្ងៃ​១៥​ខែ​ទី​២ តាំង​ពី​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក នោះ​ពួក​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​ក៏​ទៅ​ដល់​ទី​រហោ‌ស្ថាន​ស៊ីន ជា​ទី​ដែល​នៅ​ជា​កណ្តាល​អេលីម ហើយ​និង​ស៊ី‌ណាយ
2 ហើយ​ពួក​ជំនុំ​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់​ក៏​ត្អូញ‌ត្អែរ​នឹង​ម៉ូសេ ហើយ​និង​អើរ៉ុន​នៅ​ទី​រហោ‌ស្ថាន​នោះ
3 គេ​និយាយ​នឹង​លោក​ថា ស៊ូ​ឲ្យ​យើង​បាន​ស្លាប់​ដោយ​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​នៅ​ស្រុក​អេស៊ីព្ទ ក្នុង​កាល​ដែល​យើង​អង្គុយ​នៅ​ជិត​ឆ្នាំង​សំឡ ហើយ​បាន​ទទួល​ទាន​បាយ​ឲ្យ​ឆ្អែត​នោះ​ជា​ជាង ដ្បិត​ដែល​អ្នក​បាន​នាំ​យើង​មក​ក្នុង​ទី​រហោ‌ស្ថាន​នេះ នោះ​គឺ​ដើម្បី​តែ​សម្លាប់​ពួក​ជំនុំ​នេះ​ទាំង​អស់​ដោយ​អត់‌ឃ្លាន​ទេ។
4 បន្ទាប់​នោះ​មក ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា មើល អញ​នឹង​បង្អុរ​ភ្លៀង​ជា​នំបុ័ង​ពី​លើ​មេឃ​មក​ឲ្យ​ឯង​រាល់​គ្នា ត្រូវ​ឲ្យ​បណ្តា‌ជន​ចេញ​ទៅ​រើស​ឲ្យ​ល្មម​តែ​១​ថ្ងៃ​រាល់ៗ​ថ្ងៃ ដើម្បី​ឲ្យ​អញ​បាន​ល្បង‌ល​គេ​មើល តើ​គេ​នឹង​ដើរ​តាម​ច្បាប់​របស់​អញ​ឬ​ទេ
5 ដល់​ថ្ងៃ​ទី​៦ នោះ​ត្រូវ​ឲ្យ​គេ​រើស​លើស​ជាង​ធម្មតា​១​ជា​២ យក​ទៅ​រៀប‌ចំ​ទុក។
6 ម៉ូសេ និង​អើរ៉ុន ក៏​ប្រកាស​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់​ថា នៅ​ល្ងាច​នេះ អ្នក​រាល់​គ្នា​នឹង​ដឹង​ថា គឺ​ជា​ព្រះ‌យេហូវ៉ា​ហើយ​ដែល​បាន​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក
7 ហើយ​ដល់​ព្រឹក​ឡើង នោះ​អ្នក​រាល់​គ្នា​នឹង​ឃើញ​សិរី‌ល្អ​របស់​ទ្រង់ ដ្បិត​ទ្រង់​បាន​ឮ​សេចក្ដី​ដែល​អ្នក​រាល់​គ្នា​ត្អូញ‌ត្អែរ​នឹង​ទ្រង់​ហើយ ឯ​យើង តើ​យើង​ជា​អ្វី​ដែល​អ្នក​រាល់​គ្នា​ត្អូញ‌ត្អែរ​នឹង​យើង​ដូច្នេះ
8 ម៉ូសេ​ក៏​ប្រាប់​ថា ល្ងាច​នេះ ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ប្រទាន​សាច់ ឲ្យ​អ្នក​រាល់​គ្នា​បរិភោគ ហើយ​ដល់​ព្រឹក​ឡើង​នឹង​ប្រទាន​នំបុ័ង​ឲ្យ​ចម្អែត ដ្បិត​ទ្រង់​បាន​ឮ​ពាក្យ​ដំអូញ ដែល​អ្នក​រាល់​គ្នា​ត្អូញ​នឹង​ទ្រង់​ហើយ ឯ​យើង តើ​យើង​ជា​អ្វី ដែល​អ្នក​រាល់​គ្នា​ត្អូញ‌ត្អែរ​ដូច្នេះ នោះ​មិន​មែន​ត្អូញ‌ត្អែរ​ទាស់​នឹង​យើង​ទេ គឺ​នឹង​ព្រះ‌យេហូវ៉ា​វិញ។
9 រួច​ម៉ូសេ លោក​ប្រាប់​អើរ៉ុន​ឲ្យ​បង្គាប់​ដល់​ពួក​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​ថា ចូរ​អ្នក​រាល់​គ្នា​ចូល​មក​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដ្បិត​ទ្រង់​បាន​ឮ​សេចក្ដី​ដំអូញ​របស់​អ្នក​រាល់​គ្នា​ហើយ
10 កាល​អើរ៉ុន​កំពុង​និយាយ​នឹង​ពួក​ជំនុំ​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់ នោះ​គេ​ងាក​បែរ​ទៅ​ឯ​ទី​រហោ‌ស្ថាន ឃើញ​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា​លេច​មក​ក្នុង​ពពក
11 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​ម៉ូសេ​ថា
12 អញ​បាន​ឮ​សេចក្ដី​ត្អូញ‌ត្អែរ របស់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ហើយ ដូច្នេះ ចូរ​ប្រាប់​គេ​ថា នៅ​ល្ងាច​នេះ ឯង​រាល់​គ្នា​នឹង​បាន​បរិភោគ​សាច់ លុះ​ដល់​ព្រឹក​ឡើង នោះ​នឹង​ចម្អែត​ដោយ​នំបុ័ង ដើម្បី​ឲ្យ​ឯង​រាល់​គ្នា​បាន​ដឹង​ថា អញ​នេះ​ជា​យេហូវ៉ា ជា​ព្រះ​នៃ​ឯង​រាល់​គ្នា​ពិត។
13 លុះ​ដល់​វេលា​ល្ងាច នោះ​ក៏​មាន​សត្វ​ក្រួច​ហើរ​មក​គ្រប​នៅ​លើ​ទី​ដំឡើង​ត្រសាល ហើយ​ដល់​ព្រឹក​ឡើង ក៏​មាន​ទឹក​សន្សើម​នៅ​ជុំវិញ
14 កាល​ទឹក​សន្សើម​ស្ងួត​ទៅ​ហើយ នោះ​ឃើញ​នៅ​ពេញ​ទាំង​ទី​រហោ‌ស្ថាន សឹង​ដ៏​មាន​គ្រាប់​ល្អិតៗ ដែល​មើល​ទៅ​បែប​ដូច​ទឹក​សន្សើម​កក ឡើង​ស‌ស្គុស​នៅ​លើ​ដី
15 កាល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ឃើញ នោះ​គេ​និយាយ​គ្នា​ថា នេះ​ជា​អ្វី​ហ្ន ដ្បិត​គេ​មិន​ស្គាល់​ជា​អ្វី​ទេ រួច​ម៉ូសេ​ប្រាប់​ថា នេះ​គឺ​ជា​នំបុ័ង​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​ប្រទាន​មក​អ្នក​រាល់​គ្នា ទុក​ជា​អាហារ​ហើយ
16 នេះ​ហើយ ជា​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក គឺ​ឲ្យ​អ្នក​រាល់​គ្នា​រើស​យក​ល្មម​តែ​នឹង​បរិភោគ​ឆ្អែត​គ្រប់​គ្នា​ចុះ គឺ​ជា​១​ខ្ញឹង​ម្នាក់ តាម​ចំនួន​ពួក​អ្នក​រាល់​គ្នា គ្រប់​គ្នា​ត្រូវ​យក​ឲ្យ​ល្មម​ដល់​ពួក​អ្នក​ដែល​នៅ​ត្រសាល​របស់​ខ្លួន
17 ពួក​អ៊ីស្រា‌អែល​ក៏​ធ្វើ​ដូច្នោះ ខ្លះ​រើស​បាន​ច្រើន​ខ្លះ​បាន​តិច
18 តែ​កាល​គេ​យក​ខ្ញឹង​មក​វាល់ នោះ​អ្នក​ដែល​រើស​បាន​ច្រើន​ក៏​គ្មាន​លើស​ទេ ហើយ​អ្នក​ណា​រើស​បាន​តិច​ក៏​មិន​ខ្វះ​ដែរ គ្រប់​គ្នា​មាន​ល្មម​តែ​បរិភោគ​ឆ្អែត​ប៉ុណ្ណោះ
19 រួច​ម៉ូសេ​ប្រាប់​ថា កុំ​ឲ្យ​អ្នក​ណា​ទុក​ឲ្យ​សល់​ដល់​ព្រឹក​ឡើយ
20 តែ​គេ​មិន​បាន​ស្តាប់​តាម​ទេ ក៏​មាន​អ្នក​ខ្លះ​បាន​ទុក​នំ​នោះ​ដល់​ព្រឹក នោះ​ក៏​កើត​មាន​ដង្កូវ​មាន​ក្លិន​ស្អុយ ម៉ូសេ​ក៏​ខឹង​នឹង​គេ
21 គេ​ក៏​តែង‌តែ​រើស​រាល់​តែ​ព្រឹក​ឲ្យ​ល្មម​បរិភោគ​ឆ្អែត​គ្រប់ៗ​គ្នា លុះ​ដល់​ថ្ងៃ​ក្តៅ នំ​នោះ​ក៏​រលាយ​ទៅ។
22 លុះ​ដល់​ថ្ងៃ​ទី​៦ គេ​ក៏​រើស​នំ​នោះ​បាន​ចំនួន​២​ភាគ គឺ​២​ខ្ញឹង​គ្រប់​គ្នា រួច​អស់​ទាំង​មេ​លើ​ពួក​ជំនុំ​ក៏​មក​ប្តឹង​ដល់​ម៉ូសេ
23 តែ​លោក​ឆ្លើយ​ថា នោះ​គឺ​ជា​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​មក​ទេ ដ្បិត​ថ្ងៃ​ស្អែក​ជា​ថ្ងៃ​សម្រាក គឺ​ជា​ថ្ងៃ​ឈប់​សម្រាក​បរិសុទ្ធ​ថ្វាយ​ព្រះ‌យេហូវ៉ា អាហារ​ណា​ដែល​ត្រូវ​ដុត នោះ​ឲ្យ​ដុត​ចុះ ហើយ​អាហារ​ណា​ដែល​ត្រូវ​ស្ងោរ ក៏​ឲ្យ​ស្ងោរ​ទៅ ឯ​អាហារ​ដែល​សល់ នោះ​ត្រូវ​ទុក​ដល់​ព្រឹក​ឡើង​សម្រាប់​អ្នក​រាល់​គ្នា
24 គេ​ក៏​ទុក​ដល់​ព្រឹក​តាម​បង្គាប់​ម៉ូសេ តែ​នំ​នោះ​ឥត​មាន​ធុំ​ក្លិន​ស្អុយ​អ្វី​ទេ ដង្កូវ​ក៏​មិន​បាន​កើត​ដែរ
25 រួច​ម៉ូសេ​ប្រាប់​ថា ត្រូវ​បរិភោគ​សំណល់​នោះ​នៅ​ថ្ងៃ​នេះ ដ្បិត​ជា​ថ្ងៃ​ឈប់​សម្រាក​ថ្វាយ​ព្រះ‌យេហូវ៉ា ថ្ងៃ​នេះ អ្នក​រាល់​គ្នា​នឹង​រក​នៅ​ឯ​វាល​ទៀត​គ្មាន​ទេ
26 អ្នក​រាល់​គ្នា​នឹង​រើស​នំ​នេះ​បាន​តែ​ក្នុង​រវាង​៦​ថ្ងៃ លុះ​ដល់​ថ្ងៃ​ទី​៧ នោះ​គ្មាន​ទេ ព្រោះ​ជា​ថ្ងៃ​ឈប់​សម្រាក។
27 នៅ​ថ្ងៃ​ទី​៧ ក៏​មាន​អ្នក​ខ្លះ​ចេញ​ទៅ​រើស​នំ​នោះ​ដែរ តែ​រក​គ្មាន​សោះ
28 នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា តើ​ឯង​រាល់​គ្នា​មិន​ព្រម​ធ្វើ​តាម​បញ្ញត្ត ហើយ​និង​ច្បាប់​អញ​ដល់​កាល​ណា​ទៀត
29 មើល ដោយ​ព្រោះ​ព្រះ‌យេហូវ៉ា​បាន​ប្រទាន​ឲ្យ​មាន​ថ្ងៃ​ឈប់​សម្រាក នោះ​បាន​ជា​ក្នុង​ថ្ងៃ​ទី​៦ ទ្រង់​ក៏​ប្រទាន​នំ​ឲ្យ​ល្មម​គ្រាន់​ដល់​២​ថ្ងៃ ដូច្នេះ ចូរ​ឲ្យ​ឯង​រាល់​គ្នា​នៅ​តែ​ក្នុង​កន្លែង​ឯង​ចុះ កុំ​ឲ្យ​អ្នក​ណា​ចេញ​ទៅ​ក្រៅ​នៅ​ថ្ងៃ​ទី​៧​ឡើយ
30 ហេតុ​នោះ បណ្តា‌ជន​គ្រប់​គ្នា​ក៏​សម្រាក​នៅ​ថ្ងៃ​ទី​៧​នោះ
31 ពួក​វង្ស​អ៊ីស្រា‌អែល​ក៏​ហៅ​នំ​នោះ​ថា «ម៉ាន៉ា» នំ​នោះ​មើល​ទៅ​មាន​សណ្ឋាន​ដូច​ជា​គ្រាប់​ល្ង សម្បុរ​ស ហើយ​មាន​រស‌ជាតិ​ដូច​នំ​ដែល​ធ្វើ​ពី​ទឹក​ឃ្មុំ។
32 ម៉ូសេ​ក៏​ប្រាប់​ថា នេះ​ជា​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​មក គឺ​ឲ្យ​យក​នំ​នេះ​ដាក់​ពេញ​១​ខ្ញឹង ទុក​សម្រាប់​កូន​ចៅ​ឯង​រាល់​គ្នា​ត​ទៅ​មុខ ដើម្បី​ឲ្យ​គេ​បាន​ឃើញ​នំ​ដែល​អញ​បាន​ឲ្យ​ឯង​បរិភោគ​នៅ​ទី​រហោ‌ស្ថាន ក្នុង​កាល​ដែល​អញ​នាំ​ឯង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក​ផង
33 នោះ​ម៉ូសេ​ក៏​ប្រាប់​ទៅ​អើរ៉ុន​ថា ចូរ​យក​ផើង​១​មក​ដាក់​នំ​ម៉ាន៉ា​១​ខ្ញឹង រួច​យក​ទៅ​ដាក់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ទៅ ដើម្បី​ទុក​ដរាប​ដល់​អស់​ទាំង​តំណ​នៃ​អ្នក​រាល់​គ្នា​ត​ទៅ
34 នោះ​អើរ៉ុន​ក៏​យក​នំ​ម៉ាន៉ា​ទៅ​ដាក់​ទុក​នៅ​មុខ​សេចក្ដី​បន្ទាល់ តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ដែល​ទ្រង់​បង្គាប់​ដល់​ម៉ូសេ
35 ពួក​កូន​ចៅ​អ៊ីស្រា‌អែល បាន​បរិភោគ​នំ​ម៉ាន៉ា​នោះ​អស់​រវាង​៤០​ឆ្នាំ ទាល់​តែ​បាន​ទៅ​ដល់​ស្រុក​១​ដែល​មាន​មនុស្ស​នៅ គឺ​បាន​បរិភោគ​នំ​ម៉ាន៉ា​នោះ ដរាប​ទៅ​ដល់​ព្រំ‌ដែន​ស្រុក​កាណាន
36 ឯ​ខ្ញឹង​នោះ គឺ​១​ថាំង​មាន​១០​ខ្ញឹង។


ជំពូក 17

1 ឯ​ពួក​ជំនុំ​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់​ក៏​ចេញ​ពី​ទី​រហោ‌ស្ថាន​ស៊ីន ធ្វើ​ដំណើរ​ទៅ​តាម​បង្គាប់​ព្រះ‌យេហូវ៉ា ក៏​ដំឡើង​ត្រសាល​នៅ​ត្រង់​រេផិឌីម នៅ​ទី​នោះ​គ្មាន​ទឹក​ឲ្យ​គេ​ផឹក​សោះ
2 បាន​ជា​គេ​រក​រឿង​ឈ្លោះ​នឹង​ម៉ូសេ ដោយ​ពាក្យ​ថា ចូរ​ឲ្យ​ទឹក​មក​យើង​រាល់​គ្នា​ផឹក​ផង ម៉ូសេ​ឆ្លើយ​តប​ថា ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​រក​រឿង​នឹង​ខ្ញុំ អ្នក​រាល់​គ្នា​ចង់​ល្បង‌ល​ព្រះ‌យេហូវ៉ា​ធ្វើ​អី
3 នៅ​ទី​នោះ​បណ្តា‌ជន​ក៏​ស្រេក​ទឹក​ជា​ខ្លាំង ហើយ​គេ​ត្អូញ‌ត្អែរ​ដាក់​ម៉ូសេ​ថា ហេតុ​អ្វី​បាន​ជា​លោក​នាំ​ពួក​យើង​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ដើម្បី​សម្លាប់​យើង ព្រម​ទាំង​កូន​ចៅ និង​ហ្វូង​សត្វ​យើង​ផង ដោយ​ស្រេក​ទឹក​ដូច្នេះ
4 នោះ​ម៉ូសេ​ក៏​ស្រែក​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា​ថា តើ​ឲ្យ​ទូល‌បង្គំ​ធ្វើ​ដូច​ម្តេច​នឹង​ពួក​នេះ គេ​ចង់​ចោល​ទូល‌បង្គំ​នឹង​ថ្ម​ហើយ
5 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា ចូរ​ឯង​ដើរ​ទៅ​ខាង​មុន​គេ ទាំង​នាំ​ពួក​ចាស់‌ទុំ​សាសន៍​អ៊ីស្រា‌អែល​ទៅ​ជា​មួយ ហើយ​យក​ដំបង​ដែល​ឯង​បាន​វាយ​ទឹក​ទន្លេ​នោះ ជាប់​នៅ​ដៃ​ផង
6 មើល អញ​នឹង​ឈរ​នៅ​មុខ​ឯង​នៅ​លើ​ថ្មដា​ហូរែប ត្រូវ​ឲ្យ​ឯង​វាយ​ថ្ម​នោះ រួច​នឹង​មាន​ទឹក​ចេញ​មក​ឲ្យ​គេ​ផឹក​ហើយ នោះ​ម៉ូសេ​ក៏​ធ្វើ​ដូច្នោះ នៅ​មុខ​ពួក​ចាស់‌ទុំ​នៃ​សាសន៍​អ៊ីស្រា‌អែល
7 លោក​ឲ្យ​កន្លែង​នោះ​ឈ្មោះ​ថា «ម៉ាសា» ហើយ​និង «មេរីបា» ដោយ​ព្រោះ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​រក​រឿង​ឈ្លោះ ព្រម​ទាំង​ល្បង‌ល​ព្រះ‌យេហូវ៉ា​មើល​ផង ដោយ​ថា តើ​ព្រះ‌យេហូវ៉ា​ទ្រង់​នៅ​កណ្តាល​ពួក​យើង​រាល់​គ្នា​មែន​ឬ។
8 នោះ​សាសន៍​អាម៉ា‌លេក ក៏​មក​ច្បាំង​នឹង​ពួក​អ៊ីស្រា‌អែល​នៅ​ត្រង់​រេផិឌីម
9 ហើយ​ម៉ូសេ​បង្គាប់​ដល់​យ៉ូស្វេ​ថា ចូរ​ឯង​ទៅ​កេណ្ឌ​រើស​មនុស្ស​មក ហើយ​ចេញ​ទៅ​ត​ទល់​ជា​មួយ​នឹង​សាសន៍​អាម៉ា‌លេក​ទៅ ថ្ងៃ​ស្អែក​នេះ អញ​នឹង​កាន់​ដំបង​ព្រះ​ទៅ​ឈរ​នៅ​លើ​កំពូល​ភ្នំ
10 យ៉ូស្វេ​ក៏​ធ្វើ​ដូច​ជា​ម៉ូសេ​បាន​បង្គាប់ លោក​ទៅ​ច្បាំង​នឹង​សាសន៍​អាម៉ា‌លេក ឯ​ម៉ូសេ អើរ៉ុន និង​ហ៊ើរ ក៏​ឡើង​ទៅ​លើ​កំពូល​ភ្នំ
11 បើ​កាល​ណា​ម៉ូសេ​លើក​ដៃ​ឡើង​ទៅ​លើ នោះ​ខាង​សាសន៍​អ៊ីស្រា‌អែល​មាន​កម្លាំង​ជាង តែ​បើ​កាល​ណា​ម៉ូសេ​ដាក់​ដៃ​សម្រាក​ចុះ នោះ​ខាង​សាសន៍​អាម៉ា‌លេក​មាន​កម្លាំង​ជាង​វិញ
12 តែ​ម៉ូសេ​ទៅ​ជា​រួយ​ដៃ​ណាស់ បាន​ជា​គេ​យក​ថ្ម​មក​ដាក់​ឲ្យ​លោក​អង្គុយ​ចុះ រួច​អើរ៉ុន និង​ហ៊ើរ​ក៏​ឈរ​ទ្រ​ដៃ​លោក​ទាំង​សង​ខាង ដូច្នេះ ដៃ​លោក​បាន​នៅ​នឹង​ដដែល​ដរាប​ដល់​ថ្ងៃ​លិច
13 យ៉ូស្វេ​ក៏​បាន​ឈ្នះ​អាម៉ា‌លេក ព្រម​ទាំង​ពល‌ទ័ព​គេ​ដោយ​មុខ​ដាវ
14 រួច​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា ចូរ​កត់​រឿង​នេះ​ចុះ​ក្នុង​សៀវភៅ​ទុក​ជា​សេចក្ដី​រំឭក ហើយ​និទាន​ប្រាប់​ឲ្យ​យ៉ូស្វេ​ស្តាប់ ដ្បិត​អញ​នឹង​លុប​ឈ្មោះ​អាម៉ា‌លេក ចេញ​ពី​ក្រោម​មេឃ​នេះ ឲ្យ​អស់​រលីង មិន​ឲ្យ​នឹក​ឃើញ​ទៀត​សោះ​ឡើយ
15 គ្រា​នោះ ម៉ូសេ​ក៏​ស្អាង​អាសនៈ​១​ដាក់​ឈ្មោះ​ថា «យេហូវ៉ា-នីស៊ី»
16 ដោយ​ថា ព្រះ‌យេហូវ៉ា​ដែល​គង់​លើ​បល្ល័ង្ក ទ្រង់​បាន​លើក​ព្រះ‌ហស្ត​ស្បថ​ថា ទ្រង់​នឹង​ច្បាំង​នឹង​សាសន៍​អាម៉ា‌លេក គ្រប់​ទាំង​តំណ​ត​រៀង​ទៅ។


ជំពូក 18

1 រីឯ​យេត្រូ ជា​សង្ឃ​នៅ​ស្រុក​ម៉ាឌាន ដែល​ជា​ឪពុក​ក្មេក​ម៉ូសេ កាល​បាន​ឮ​ពី​អស់​ទាំង​ការ​ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រោស​ដល់​ម៉ូសេ និង​ពួក​អ៊ីស្រា‌អែល​ជា​រាស្ត្រ​ទ្រង់ ដោយ​ទ្រង់​បាន​នាំ​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក
2 នោះ​លោក​ក៏​នាំ​នាង​សេផូរ៉ា​ជា​ប្រពន្ធ​ម៉ូសេ ដែល​បាន​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ទៅ​ជា​មួយ
3 ព្រម​ទាំង​កូន​របស់​នាង​ទាំង​២​ដែរ គឺ​១​ឈ្មោះ​គើសំម ដ្បិត​ម៉ូសេ​នឹក​ថា អញ​នៅ​ប្រទេស​ក្រៅ
4 ហើយ​១​ទៀត​ឈ្មោះ​អេលា‌ស៊ើរ ដ្បិត​លោក​ថា ព្រះ​នៃ​ឪពុក​អញ​ទ្រង់​បាន​ជួយ​អញ ក៏​បាន​ដោះ​អញ​ឲ្យ​រួច​ពី​ដាវ​របស់​ផារ៉ោន​ផង
5 យេត្រូ ឪពុក​ក្មេក​ម៉ូសេ និង​កូន​ទាំង​២ ព្រម​ទាំង​ប្រពន្ធ​ម៉ូសេ ក៏​នាំ​គ្នា​មក​ឯ​លោក​នៅ​ទី​រហោ‌ស្ថាន ត្រង់​កន្លែង​ដែល​ដំឡើង​ត្រសាល​នៅ​ជើង​ភ្នំ​នៃ​ព្រះ
6 យេត្រូ​ក៏​ផ្តាំ​ទៅ​ម៉ូសេ​ថា អញ យេត្រូ​ជា​ឪពុក​ក្មេក​ឯង​បាន​មក​ដល់​ហើយ បាន​នាំ​ទាំង​ប្រពន្ធ និង​កូន​ឯង​ទាំង​២​មក​ជា​មួយ​ផង
7 ដូច្នេះ ម៉ូសេ​ក៏​ចេញ​ទៅ​ទទួល​ឪពុក​ក្មេក ក៏​ក្រាប​សំពះ​ហើយ​ថើប​លោក រួច​លោក​សាក​សួរ​គ្នា​ទៅ​វិញ​ទៅ​មក​ពី​សេចក្ដី​សុខ​ទុក្ខ ហើយ​នាំ​គ្នា​ចូល​ទៅ​ក្នុង​ត្រសាល
8 ឯ​ម៉ូសេ លោក​ចាប់​តាំង​រ៉ាយ‌រឿង​ប្រាប់​ឪពុក​ក្មេក ពី​អស់​ទាំង​ការ​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ធ្វើ​ដល់​ផារ៉ោន និង​សាសន៍​អេស៊ីព្ទ ដោយ​ទ្រង់​យល់​ដល់​ពួក​អ៊ីស្រា‌អែល និង​ពី​សេចក្ដី​ទុក្ខ​លំបាក​ទាំង​ប៉ុន្មាន​ដែល​កើត​មាន​តាម​ផ្លូវ ហើយ​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ជួយ​ឲ្យ​រួច​ទាំង​អស់
9 យេត្រូ​ក៏​មាន​សេចក្ដី​អំណរ ដោយ​អស់​ទាំង​សេចក្ដី​ល្អ ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រោស​ដល់​ពួក​អ៊ីស្រា‌អែល ដោយ​ទ្រង់​បាន​ជួយ​ឲ្យ​គេ​រួច​ពី​កណ្តាប់​ដៃ​នៃ​ពួក​សាសន៍​អេស៊ីព្ទ
10 ក៏​ពោល​ថា សូម​ឲ្យ​ព្រះ‌យេហូវ៉ា​បាន​ប្រកប​ដោយ​ព្រះ‌ពរ ជា​ព្រះ​ដែល​ទ្រង់​បាន​ជួយ​ឯង​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​ពួក​សាសន៍​អេស៊ីព្ទ និង​ពី​កណ្តាប់​ដៃ​នៃ​ផារ៉ោន ព្រម​ទាំង​បណ្តា‌ជន ឲ្យ​រួច​ពី​ក្រោម​អំណាច​សាសន៍​អេស៊ីព្ទ​ផង
11 ឥឡូវ​នេះ អញ​ដឹង​ថា ព្រះ‌យេហូវ៉ា​ទ្រង់​ធំ​លើស​អស់​ទាំង​ព្រះ ដ្បិត​ទ្រង់​បាន​ឈ្នះ​ក្នុង​អំពើ​ដែល​គេ​បាន​ប្រព្រឹត្ត​ដោយ​ព្រហើន​ចំពោះ​ឯង​រាល់​គ្នា
12 រួច​យេត្រូ​ជា​ឪពុក​ក្មេក​ម៉ូសេ លោក​យក​តង្វាយ​ដុត និង​យញ្ញ‌បូជា​ទៅ​ថ្វាយ​ដល់​ព្រះ ហើយ​អើរ៉ុន និង​ពួក​ចាស់‌ទុំ​សាសន៍​អ៊ីស្រា‌អែល ក៏​មក​បរិភោគ​ភោជ‌នាហារ​ជា​មួយ​នឹង​ឪពុក​ក្មេក​របស់​ម៉ូសេ​នៅ​ចំពោះ​ព្រះ​ដែរ។
13 ដល់​ថ្ងៃ​ស្អែក​ឡើង ម៉ូសេ​អង្គុយ​ជំនុំ‌ជម្រះ​រឿង​ឲ្យ​បណ្តា‌ជន​ទាំង‌ឡាយ ឯ​បណ្តា‌ជន​ទាំង​អស់​ក៏​ឈរ​នៅ​មុខ​លោក តាំង​ពី​ព្រឹក​រហូត​ដល់​ល្ងាច
14 កាល​ឪពុក​ក្មេក​ម៉ូសេ បាន​ឃើញ​អស់​ទាំង​ការ​ដែល​លោក​ធ្វើ​សម្រាប់​ពួក​បណ្តា‌ជន​ដូច្នោះ នោះ​ក៏​សួរ​ថា តើ​ឯង​ធ្វើ​អ្វី​ដូច្នេះ ហេតុ​អ្វី​បាន​ជា​អង្គុយ​តែ​ម្នាក់​ឯង ហើយ​បណ្តា‌ជន​គេ​ឈរ​នៅ​ចំពោះ​មុខ​ឯង​តាំង​ពី​ព្រឹក​ទាល់​ល្ងាច​យ៉ាង​នេះ
15 ម៉ូសេ​ក៏​ឆ្លើយ​ទៅ​ឪពុក​ក្មេក​ថា ពី​ព្រោះ​គេ​មក​ឯ​ខ្ញុំ ដើម្បី​ទូល​សួរ​ដល់​ព្រះ
16 កាល​ណា​គេ​មាន​រឿង​អ្វី នោះ​គេ​តែង​មក​ឯង​ខ្ញុំ ហើយ​ខ្ញុំ​វិនិច្ឆ័យ​ឲ្យ​គេ ព្រម​ទាំង​ប្រាប់​ឲ្យ​គេ​ដឹង​អស់​ទាំង​សេចក្ដី​បញ្ញត្ត និង​ច្បាប់​របស់​ព្រះ​ផង
17 ឪពុក​ក្មេក​ម៉ូសេ​ក៏​និយាយ​ថា ដែល​ឯង​ធ្វើ​ដូច្នោះ នោះ​មិន​ស្រួល​ទេ
18 ដ្បិត​យ៉ាង​នោះ​ឯង​នឹង​ថយ​កម្លាំង​ទៅ ព្រម​ទាំង​កម្លាំង​នៃ​បណ្តា‌ជន​ដែល​នៅ​ជា​មួយ​នឹង​ឯង​ផង ពី​ព្រោះ​ការ​នេះ​ហួស​កម្លាំង​ឯង​ហើយ នឹង​ធ្វើ​តែ​ម្នាក់​ឯង​មិន​បាន​ទេ
19 ឥឡូវ​នេះ ចូរ​ស្តាប់​សិន អញ​នឹង​ទូន្មាន​ឯង​បន្តិច ក៏​សូម​ឲ្យ​ព្រះ​គង់​ជា​មួយ​នឹង​ឯង​ផង គឺ​ឲ្យ​ឯង​បាន​ឈរ​ជា​ជំនួស​បណ្តា‌ជន​ទាំង‌ឡាយ​នៅ​ចំពោះ​ព្រះ ដើម្បី​នឹង​នាំ​រឿង​គេ​ទាំង​ប៉ុន្មាន​ទៅ​ទូល​ដល់​ទ្រង់
20 ហើយ​ឯង​នឹង​បង្រៀន​អស់​ទាំង​សេចក្ដី​បញ្ញត្ត និង​ច្បាប់​ដល់​គេ ទាំង​បង្ហាញ​ផ្លូវ​ដែល​គេ​ត្រូវ​ដើរ និង​ការ​ដែល​គេ​ត្រូវ​ធ្វើ​ដែរ
21 ត្រូវ​ឲ្យ​ឯង​រើស​យក​មនុស្ស​ប៉ិន‌ប្រសប់ ដែល​មាន​ចិត្ត​កោត‌ខ្លាច​ដល់​ព្រះ​ក្នុង​ពួក​ជន ជា​មនុស្ស​ទៀង​ត្រង់​ដែល​ស្អប់​ការ​សំណូក ហើយ​ត្រូវ​តាំង​មនុស្ស​ទាំង​នោះ​ឡើង ឲ្យ​ត្រួត‌ត្រា​លើ​ជន​ទាំង‌ឡាយ ឲ្យ​គេ​ធ្វើ​ជា​មេ​លើ​មនុស្ស​១​ពាន់​នាក់ ជា​មេ​លើ​១​រយ​នាក់ ជា​មេ​លើ​៥០​នាក់ ហើយ​ជា​មេ​លើ​១០​នាក់​ផង
22 ឲ្យ​អ្នក​ទាំង​នោះ​ជំនុំ‌ជម្រះ​ពួក​ជន​ជា​ដរាប ឯ​អស់​ទាំង​រឿង​ណា​ធំៗ នោះ​ត្រូវ​ឲ្យ​គេ​នាំ​មក​ដល់​ឯង តែ​បើ​ជា​រឿង​តូចៗ​ទេ ត្រូវ​ឲ្យ​គេ​កាត់​សេចក្ដី​ដោយ​ខ្លួន​គេ​ចុះ នោះ​ឯង​នឹង​ត្រូវ​បាន​ស្រួល​ជាង ឯ​អ្នក​ទាំង​នោះ​នឹង​បាន​ជា​ជំនួយ​ដល់​ឯង
23 បើ​ឯង​ព្រម​ធ្វើ​ដូច្នោះ ហើយ​ព្រះ‌ទ្រង់​ក៏​បង្គាប់​ផង នោះ​ឯង​នឹង​នៅ​ស្ថិត‌ស្ថេរ​បាន ហើយ​បណ្តា‌ជន​នេះ​នឹង​បាន​ទៅ​ដល់​កន្លែង​គេ​ដោយ​សុខ‌សាន្ត​ទាំង​អស់​គ្នា​ដែរ។
24 ម៉ូសេ​លោក​ក៏​ស្តាប់​តាម​ឪពុក​ក្មេក ហើយ​ធ្វើ​តាម​ពាក្យ​លោក​ថា​ទាំង​ប៉ុន្មាន
25 គឺ​លោក​រើស​យក​មនុស្ស​ដែល​ប៉ិន‌ប្រសប់​ក្នុង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ តាំង​ឡើង​ឲ្យ​ធ្វើ​ជា​មេ​ត្រួត‌ត្រា​លើ​បណ្តា‌ជន​ទាំង‌ឡាយ ជា​មេ​លើ​មនុស្ស​១​ពាន់​នាក់ ជា​មេ​លើ​១​រយ​នាក់ ជា​មេ​លើ​៥០​នាក់ ហើយ​ជា​មេ​លើ​១០​នាក់​ដូច្នោះ
26 អ្នក​ទាំង​នោះ​ក៏​ជំនុំ‌ជម្រះ​ពួក​ជន​ជា​ដរាប​ទៅ គេ​នាំ​អស់​ទាំង​រឿង‌រ៉ាវ​ណា​ដែល​ពិបាកៗ​មក​ដល់​ម៉ូសេ តែ​អស់​ទាំង​រឿង‌រ៉ាវ​ណា​ដែល​តូចៗ នោះ​គេ​កាត់​សេចក្ដី​ដោយ​ខ្លួន​គេ​វិញ
27 រួច​ម៉ូសេ​បញ្ជូន​ឲ្យ​ឪពុក​ក្មេក​ទៅ នោះ​លោក​ក៏​ត្រឡប់​ទៅ​ស្រុក​វិញ។


ជំពូក 19

1 ដល់​ខែ​ទី​៣ ក្រោយ​ដែល​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក នៅ​ថ្ងៃ​នោះ​ឯង ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​ទៅ​ដល់​ទី​រហោ‌ស្ថាន​ស៊ី‌ណាយ
2 គេ​បាន​ចេញ​ពី​រេផិឌីម​ទៅ​ដល់​ទី​រហោ‌ស្ថាន​ស៊ី‌ណាយ ហើយ​នាំ​គ្នា​ដំឡើង​ត្រសាល​នៅ​ទី​នោះ គេ​តាំង​ទី​លំនៅ ក្នុង​ទី​រហោ‌ស្ថាន​ទល់​មុខ​នឹង​ភ្នំ
3 ចំណែក​ឯ​ម៉ូសេ លោក​ក៏​ឡើង​ទៅ​ឯ​ព្រះ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ហៅ​លោក​ពី​លើ​ភ្នំ​ថា ចូរ​ឯង​និយាយ​នឹង​ពួក​វង្ស​យ៉ាកុប ហើយ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា
4 ឯង​រាល់​គ្នា​បាន​ឃើញ​អស់​ទាំង​ការ​ដែល​អញ​ធ្វើ​ដល់​សាសន៍​អេស៊ីព្ទ​ហើយ និង​ការ​ដែល​អញ​បាន​ទ្រ​ឯង​រាល់​គ្នា​លើ​ស្លាប​ឥន្ទ្រី​នាំ​មក​ឯ​អញ​នេះ​ផង
5 ដូច្នេះ បើ​ឯង​រាល់​គ្នា​នឹង​ស្តាប់​តាម​អញ​ឥឡូវ ហើយ​កាន់​តាម​សេចក្ដី​សញ្ញា​របស់​អញ នោះ​ឯង​រាល់​គ្នា​នឹង​បាន​ដាច់​ជា​របស់​ផង​អញ​លើស​ជាង​អស់​ទាំង​សាសន៍ ដ្បិត​ផែនដី​ទាំង​មូល​ជា​របស់​ផង​អញ
6 ឯង​រាល់​គ្នា​នឹង​បាន​ធ្វើ​ជា​នគរ​ដល់​អញ ដែល​សុទ្ធ​តែ​ជា​សង្ឃ ហើយ​ជា​សាសន៍​បរិសុទ្ធ​ឲ្យ​អញ​ដែរ គឺ​ពាក្យ​ទាំង​នេះ​ហើយ ដែល​ឯង​ត្រូវ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ។
7 នោះ​ម៉ូសេ​ក៏​មក​វិញ ហៅ​ប្រជុំ​ពួក​ចាស់‌ទុំ​ក្នុង​បណ្តា‌ជន ប្រាប់​គេ​តាម​អស់​ទាំង​ពាក្យ​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​មក
8 ឯ​ពួក​ជន​ទាំង‌ឡាយ គេ​ឆ្លើយ​ឡើង​ថា យើង​ខ្ញុំ​រាល់​គ្នា​នឹង​ធ្វើ​តាម​គ្រប់​សេចក្ដី ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​មក នោះ​ម៉ូសេ​ក៏​នាំ​យក​ពាក្យ​របស់​គេ​ទៅ​ទូល​ដល់​ព្រះ‌យេហូវ៉ា​វិញ
9 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​ម៉ូសេ​ថា មើល អញ​មក​ឯ​ឯង​ក្នុង​ពពក​យ៉ាង​ក្រាស់ ដើម្បី​ឲ្យ​បណ្តា‌ជន​បាន​ឮ ក្នុង​កាល​ដែល​អញ​និយាយ​នឹង​ឯង ហើយ​ឲ្យ​គេ​បាន​ទុក​ចិត្ត​នឹង​ឯង​ជា​ដរាប នោះ​ម៉ូសេ​ក៏​ទូល​ដល់​ព្រះ‌យេហូវ៉ា​តាម​អស់​ទាំង​ពាក្យ​នៃ​ពួក​ជន។
10 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា ចូរ​ទៅ​ឯ​ពួក​ជន ដើម្បី​នឹង​ញែក​គេ​ឲ្យ​បរិសុទ្ធ​នៅ​ថ្ងៃ​នេះ ហើយ​ថ្ងៃ​ស្អែក​ផង ត្រូវ​ឲ្យ​គេ​បោក​ខោ​អាវ​ដែរ
11 ហើយ​រៀប​ខ្លួន​ជា​ស្រេច​ឲ្យ​ទាន់​ថ្ងៃ​ទី​៣ ដ្បិត​នៅ​ថ្ងៃ​ទី​៣​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​យាង​ចុះ​មក​លើ​ភ្នំ​ស៊ី‌ណាយ ឲ្យ​គេ​ឃើញ
12 ត្រូវ​ឲ្យ​ឯង​ដាក់​កំណត់​គោល​ចារឹក​នៅ​ជុំវិញ​ឲ្យ​បណ្តា‌ជន​គ្រប់​គ្នា ដោយ​ប្រាប់​ថា ចូរ​ប្រយ័ត កុំ​ឲ្យ​ឡើង​ទៅ​លើ​ភ្នំ​ឡើយ កុំ​ឲ្យ​ទាំង​ជាន់​ដល់​ជើង​ភ្នំ​ផង ដ្បិត​អ្នក​ណា​ដែល​ជាន់​ដល់​ភ្នំ នោះ​នឹង​ត្រូវ​ស្លាប់​ជា​មិន​ខាន
13 នឹង​គ្មាន​ដៃ​អ្នក​ណា​ពាល់​ដល់​អ្នក​នោះ​ទេ គឺ​អ្នក​នោះ​នឹង​ត្រូវ​ចោល​នឹង​ថ្ម ឬ​បាញ់​នឹង​ព្រួញ​វិញ ទោះ​សត្វ​ឬ​មនុស្ស​ក្តី​ក៏​មិន​រស់​ដែរ កាល​ណា​ផ្លុំ​ស្នែង​ឮ​សូរ​វែង នោះ​ត្រូវ​ឲ្យ​គេ​ចូល​មក​ជិត​ភ្នំ
14 ម៉ូសេ​ក៏​ចុះ​ពី​លើ​ភ្នំ​មក​ឯ​ពួក​ជន​រាល់​គ្នា​វិញ ញែក​គេ​ចេញ​ជា​បរិសុទ្ធ ហើយ​គេ​ក៏​បោក​ខោ​អាវ​គ្រប់​គ្នា
15 រួច​លោក​បង្គាប់​គេ​ថា ចូរ​អ្នក​រាល់​គ្នា​រៀប​ខ្លួន​ជា​ស្រេច​ឲ្យ​ទាន់​ថ្ងៃ​ទី​៣​ចុះ កុំ​ឲ្យ​ទៅ​ជិត​ស្ត្រី​ឯ​ណា​ឲ្យ​សោះ។
16 លុះ​ដល់​ព្រឹក​ឡើង​ថ្ងៃ​ទី​៣ នោះ​ក៏​មាន​ឮ​សូរ​ផ្គរ​មាន​ផ្លេក‌បន្ទោរ និង​ពពក​យ៉ាង​ក្រាស់​នៅ​លើ​ភ្នំ ព្រម​ទាំង​ឮ​សូរ​ផ្លុំ​ស្នែង​យ៉ាង​ខ្លាំង​ក្រៃ‌លែង រួច​បណ្តា‌ជន​ទាំង‌ឡាយ​ដែល​នៅ​ក្នុង​ទី​ដំឡើង​ត្រសាល ក៏​ញ័រ​រន្ធត់​ទាំង​អស់​គ្នា
17 នោះ​ម៉ូសេ​លោក​នាំ​គេ​ចេញ​ពី​ទី​ដំឡើង​ត្រសាល​ទៅ​ជួប​នឹង​ព្រះ គេ​ឈរ​ដំរៀប​គ្នា​នៅ​ទី​ជើង​ភ្នំ
18 ឯ​ភ្នំ​ស៊ី‌ណាយ​ក៏​ហុយ​ផ្សែង​ឡើង​ពេញ​ទាំង​អស់ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​យាង​ចុះ​មក​លើ​ភ្នំ​គង់​ក្នុង​ភ្លើង ផ្សែង​នោះ​ហុយ​ឡើង​ដូច​ជា​ផ្សែង​នៃ​គុក​ភ្លើង តួ​ភ្នំ​ទាំង​មូល​ក៏​កក្រើក​រំពើក​យ៉ាង​ខ្លាំង។
19 កាល​ឮ​សូរ​ស្នែង​កាន់​តែ​តន្ថើន​ខ្លាំង​ឡើង នោះ​ម៉ូសេ​ក៏​ទូល ហើយ​ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​ឆ្លើយ​តប​មក​លោក
20 ព្រះ‌យេហូវ៉ា​ទ្រង់​យាង​ចុះ​មក​លើ​កំពូល​ភ្នំ​ស៊ី‌ណាយ ទ្រង់​មាន​ព្រះ‌បន្ទូល​ហៅ​ម៉ូសេ​ពី​លើ​កំពូល​ភ្នំ រួច​ម៉ូសេ​ក៏​ឡើង​ទៅ
21 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ប្រាប់​ថា ចូរ​ឯង​ចុះ​ទៅ​ហាម​ដល់​បណ្តា‌ជន​រាល់​គ្នា​ដោយ​ដាច់​ខាត ក្រែង​គេ​រំលង​ចូល​មក​ឯ​ព្រះ‌យេហូវ៉ា ដើម្បី​មើល នោះ​នឹង​មាន​គ្នា​ជា​ច្រើន​ត្រូវ​ស្លាប់
22 ឯ​ពួក​សង្ឃ​ដែល​ចូល​មក​ឯ​ព្រះ‌យេហូវ៉ា នោះ​ត្រូវ​ឲ្យ​គេ​ញែក​ខ្លួន​ចេញ​ជា​បរិសុទ្ធ​ដែរ ក្រែង​ទ្រង់​នឹង​ប្រហារ​គេ
23 ម៉ូសេ​ទូល​ឆ្លើយ​ទៅ​ព្រះ‌យេហូវ៉ា​ថា បណ្តា‌ជន​ទាំង‌ឡាយ​នឹង​ឡើង​មក​ដល់​ភ្នំ​ស៊ី‌ណាយ​ពុំ​បាន ដ្បិត​ទ្រង់​បាន​ហាម​ផ្តាច់​ហើយ


ជំពូក 20

1 នោះ​ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​នូវ​ពាក្យ​ទាំង​នេះ​ថា
2 អញ​នេះ​គឺ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង ដែល​បាន​នាំ​ឯង​ចេញ​ពី​ផ្ទះ​ពួក​បាវ​បម្រើ​នៅ​ស្រុក​អេស៊ីព្ទ​មក។
3 កុំ​ឲ្យ​មាន​ព្រះ​ឯ​ណា​ទៀត​នៅ​ចំពោះ​អញ​ឲ្យ​សោះ។
4 កុំ​ឲ្យ​ឆ្លាក់​ធ្វើ​រូប​ណា​សម្រាប់​ឯង​ឲ្យ​សោះ ក៏​កុំ​ឲ្យ​ធ្វើ​រូប​ណា​ឲ្យ​ដូច​ជា​អ្វី​នៅ​ស្ថាន​សួគ៌​ខាង​លើ ឬ​នៅ​ផែនដី​ខាង​ក្រោម ឬ​នៅ​ក្នុង​ទឹក​ដែល​ទាប​ជាង​ដី​ផង
5 ក៏​កុំ​ឲ្យ​ក្រាប​សំពះ​នៅ​ចំពោះ​របស់​ទាំង​នោះ ឬ​គោរព​ប្រតិ‌បត្តិ​តាម​នោះ​ឡើយ ដ្បិត​អញ​ដែល​ជា​យេហូវ៉ា ជា​ព្រះ​នៃ​ឯង អញ​មាន​សេចក្ដី​ប្រចណ្ឌ ក៏​ទម្លាក់​ការ​ទុច្ចរិត​របស់​ឪពុក​ទៅ​លើ​កូន​ចៅ​រហូត​ដល់​៣​ហើយ​៤​តំណ​ផង ចំពោះ​អស់​អ្នក​ណា​ដែល​ស្អប់​អញ
6 តែ​អញ​ផ្តល់​សេចក្ដី​សប្បុរស ដល់​ទាំង​ពាន់​តំណ​នៃ​ពួក​អ្នក​ដែល​ស្រឡាញ់ ហើយ​កាន់​តាម​បញ្ញត្ត​របស់​អញ​ទាំង​ប៉ុន្មាន​វិញ។
7 កុំ​ឲ្យ​ចេញ​ព្រះ‌នាម​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ជា​អសារ​ឥត​ការ​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​មិន​រាប់​ជា​ឥត​ទោស​ដល់​អ្នក​ណា ដែល​ចេញ​ព្រះ‌នាម​ទ្រង់ ជា​អសារ​ឥត​ការ​នោះ​ទេ។
8 ចូរ​ឲ្យ​នឹក​ចាំ​ពី​ថ្ងៃ​ឈប់​សម្រាក ដើម្បី​ញែក​ថ្ងៃ​នោះ​ចេញ​ជា​បរិសុទ្ធ
9 ក្នុង​រវាង​៦​ថ្ងៃ នោះ​ត្រូវ​ឲ្យ​ឯង​ធ្វើ​អស់​ទាំង​ការ​របស់​ឯង​ចុះ
10 តែ​ឯ​ថ្ងៃ​ទី​៧ នោះ​គឺ​ជា​ថ្ងៃ​ឈប់​សម្រាក​ថ្វាយ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​វិញ នៅ​ថ្ងៃ​នោះ​មិន​ត្រូវ​ធ្វើ​អ្វី​ឲ្យ​សោះ ទោះ​ខ្លួន​ឯង ឬ​កូន​ប្រុស​កូន​ស្រី​ឯង​ក្តី ទោះ​បាវ​ប្រុស ឬ​បាវ​ស្រី​ឯង​ក្តី ទោះ​សត្វ​របស់​ឯង ឬ​អ្នក​ដទៃ​ដែល​នៅ​ផ្ទះ​ឯង​ក្តី
11 ដ្បិត​ក្នុង​៦​ថ្ងៃ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ធ្វើ​ផ្ទៃ​មេឃ ផែនដី ហើយ​និង​សមុទ្រ ព្រម​ទាំង​របស់​សព្វ​សារពើ​នៅ​ស្ថាន​ទាំង​នោះ​ដែរ រួច​ដល់​ថ្ងៃ​ទី​៧ ទ្រង់​ឈប់​សម្រាក ហេតុ​នោះ​បាន​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រទាន​ពរ​ដល់​ថ្ងៃ​ឈប់​សម្រាក ហើយ​ក៏​ញែក​ចេញ​ជា​បរិសុទ្ធ។
12 ចូរ​ឲ្យ​គោរព​ប្រតិ‌បត្តិ​ដល់​ឪពុក​ម្តាយ ដើម្បី​ឲ្យ​បាន​អាយុ​វែង​នៅ​ក្នុង​ស្រុក ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​ទ្រង់​ប្រទាន​ឲ្យ។
13 កុំ​ឲ្យ​សម្លាប់​មនុស្ស​ឲ្យ​សោះ។
14 កុំ​ឲ្យ​ផិត​គ្នា​ឲ្យ​សោះ។
15 កុំ​ឲ្យ​លួច​ប្លន់​ឲ្យ​សោះ។
16 កុំ​ឲ្យ​ធ្វើ​ជា​ទី​បន្ទាល់​ក្លែង​ទាស់​នឹង​អ្នក​ជិត​ខាង​ខ្លួន​ឲ្យ​សោះ។
17 កុំ​ឲ្យ​លោភ​ចង់​បាន​ផ្ទះ​អ្នក​ជិត​ខាង​ខ្លួន​ឲ្យ​សោះ ក៏​កុំ​ឲ្យ​លោភ​ចង់​បាន​ប្រពន្ធ​គេ ឬ​បាវ​ប្រុស​បាវ​ស្រី​គេ​ក្តី ឬ​គោ លា ឬ​របស់​អ្វី​ផង​អ្នក​ជិត​ខាង​ខ្លួន​ឲ្យ​សោះ។
18 កាល​បណ្តា‌ជន​ទាំង​អស់​គ្នា​បាន​ឮ​ផ្គរ‌លាន់ និង​សូរ​ផ្លុំ​ស្នែង ហើយ​ឃើញ​ផ្លេក‌បន្ទោរ និង​ភ្នំ​ហុយ​ផ្សែង​ឡើង​ដូច្នេះ នោះ​ស្រាប់​តែ​គេ​ញ័រ​រន្ធត់ ហើយ​ក៏​ថយ​ទៅ​ឈរ​នៅ​ទី​ឆ្ងាយ​វិញ
19 គេ​និយាយ​នឹង​ម៉ូសេ​ថា សូម​លោក​មាន​ប្រសាសន៍​មក​យើង​ខ្ញុំ​រាល់​គ្នា តែ​ខ្លួន​លោក​បាន​ហើយ យើង​ខ្ញុំ​នឹង​ស្តាប់​លោក សូម​កុំ​ឲ្យ​ព្រះ​មាន​ព្រះ‌បន្ទូល​នឹង​យើង​ខ្ញុំ​ឡើយ ក្រែង​យើង​ខ្ញុំ​ត្រូវ​ស្លាប់
20 ម៉ូសេ​ក៏​តប​ថា កុំ​ខ្លាច​អី ដ្បិត​ព្រះ‌ទ្រង់​បាន​យាង​មក​ប្រយោជន៍​តែ​នឹង​ល្បង​អ្នក​រាល់​គ្នា​ទេ ហើយ​ឲ្យ​អ្នក​រាល់​គ្នា​បាន​កោត‌ខ្លាច​ដល់​ទ្រង់ ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​អំពើ​បាប​ឡើយ
21 ឯ​ជន​ទាំង‌ឡាយ​គេ​ក៏​ឈរ​នៅ​ទី​ឆ្ងាយ តែ​ម៉ូសេ​បាន​ចូល​ទៅ​ជិត​ទី​ងងឹត​យ៉ាង​ក្រាស់​ដែល​ព្រះ​គង់​នៅ​នោះ។
22 ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​បង្គាប់​ទៅ​ម៉ូសេ​ឲ្យ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ដូច្នេះ​ថា ខ្លួន​ឯង​រាល់​គ្នា​បាន​ឃើញ​ថា អញ​បាន​និយាយ​នឹង​ឯង​រាល់​គ្នា​ពី​លើ​ស្ថាន‌សួគ៌​មក
23 ដូច្នេះ មិន​ត្រូវ​ឲ្យ​មាន​ព្រះ​ណា​ទៀត នៅ​ជា​មួយ​នឹង​អញ ទោះ​ទាំង​ព្រះ​ធ្វើ​ពី​មាស ឬ​ពី​ប្រាក់ ក៏​មិន​ត្រូវ​ធ្វើ​សម្រាប់​ខ្លួន​ឡើយ។
24 ត្រូវ​ឲ្យ​ឯង​យក​ដី​ស្អាង​អាសនៈ​ឲ្យ​អញ ហើយ​ត្រូវ​ថ្វាយ​តង្វាយ​ដុត និង​តង្វាយ​មេត្រី ជា​ចៀម ហើយ​និង​គោ​របស់​ឯង នៅ​លើ​អាសនៈ​នោះ ឯ​អញ​នឹង​មក​ឲ្យ​ពរ​ដល់​ឯង​នៅ​គ្រប់​ទី​កន្លែង​ណា ដែល​អញ​តាំង​ឲ្យ​មាន​សេចក្ដី​រំឭក​ដល់​ឈ្មោះ​អញ
25 បើ​ឯង​ស្អាង​អាសនៈ​ពី​ថ្ម​ឲ្យ​អញ នោះ​កុំ​ឲ្យ​យក​ថ្ម​ដាប់​ឡើយ ដ្បិត​កាល​ណា​ឯង​យក​ពន្លាក​មក​ដាប់​ថ្ម នោះ​ឈ្មោះ​ថា​ឯង​បាន​ធ្វើ​ឲ្យ​ថ្ម​នោះ ទៅ​ជា​របស់​ដែល​មិន​ស្អាត​វិញ
26 ក៏​កុំ​ឲ្យ​មាន​ថ្នាក់​ជណ្តើរ​ដើម្បី​ឡើង​ទៅ​ឯ​អាសនៈ​អញ​ឡើយ ក្រែង​គេ​ឃើញ​កេរខ្មាស​ឯង។


ជំពូក 21

1 នេះ​ជា​មាត្រា​ច្បាប់​ទាំង​ប៉ុន្មាន​ដែល​ឯង​ត្រូវ​យក​ទៅ​ដាក់​នៅ​មុខ​គេ។
2 បើ​ឯង​ទិញ​បាវ​ជា​សាសន៍​ហេព្រើរ នោះ​វា​ត្រូវ​នៅ​បម្រើ​តែ​៦​ឆ្នាំ​ទេ លុះ​ដល់​ឆ្នាំ​ទី​៧ នោះ​នឹង​រួច​ចេញ​ទៅ​ទទេ​ឥត​សង​អ្វី​ឡើយ
3 បើ​វា​បាន​មក​តែ​ម្នាក់​ឯង នោះ​នឹង​ចេញ​ទៅ​តែ​ម្នាក់​ដែរ តែ​បើ​មាន​ប្រពន្ធ​ផង នោះ​ប្រពន្ធ​នឹង​ចេញ​ទៅ​ជា​មួយ​គ្នា
4 បើ​ប្រពន្ធ​នោះ​ជា​ស្ត្រី​ដែល​ចៅ‌ហ្វាយ​បាន​ឲ្យ ហើយ​នាង​បាន​បង្កើត​កូន​ប្រុស ឬ​ស្រី​ឲ្យ​វា នោះ​ប្រពន្ធ និង​កូន​ទាំង​ប៉ុន្មាន​ជា​របស់​ផង​ចៅ‌ហ្វាយ​វា​វិញ ឯ​វា​ត្រូវ​ចេញ​ទៅ​តែ​ខ្លួន​ប៉ុណ្ណោះ
5 តែ​បើ​បាវ​នោះ​និយាយ​ថា ខ្ញុំ​ស្រឡាញ់​ចៅ‌ហ្វាយ​ខ្ញុំ និង​ប្រពន្ធ​កូន​ខ្ញុំ​ណាស់ ខ្ញុំ​មិន​ចេញ​ទៅ​ទេ
6 នោះ​ចៅ‌ហ្វាយ​ត្រូវ​នាំ​វា​ទៅ​ឯ​ចំពោះ​ព្រះ រួច​ត្រូវ​នាំ​ទៅ​ឯ​ទ្វារ ឬ​បង្គោល​ទ្វារ​ណា​ក្តី ហើយ​យក​ដែក​ចោះ​មក​ចោះ​ត្រចៀក​វា ដូច្នេះ បាវ​នោះ​នឹង​ត្រូវ​នៅ​បម្រើ​ចៅ‌ហ្វាយ​ជា​ដរាប​ទៅ។
7 បើ​មនុស្ស​ណា​លក់​កូន​ស្រី​ឲ្យ​ទៅ​ធ្វើ​ជា​បាវ​បម្រើ​គេ រូប​កូន​នោះ​ឯង​នឹង​ចេញ​ទៅ​ដូច​ជា​បាវ​ប្រុស​ពុំ​បាន​ទេ
8 បើ​នាង​មិន​ជា​ទី​ពេញ​ចិត្ត​ដល់​ចៅ‌ហ្វាយ​ដែល​បាន​យក​នាង​ហើយ នោះ​គាត់​នឹង​បើក​ឲ្យ​គេ​លោះ​នាង​ចេញ​បាន តែ​គ្មាន​ច្បាប់​នឹង​លក់​នាង​ឲ្យ​ទៅ​អ្នក​ប្រទេស​ក្រៅ​ណា ក្រោយ​ដែល​បាន​បញ្ឆោត​នាង​ហើយ​នោះ​ទេ
9 តែ​បើ​គាត់​បាន​យក​មក​បម្រុង​ទុក​ឲ្យ​កូន​ប្រុស​វិញ នោះ​ត្រូវ​ប្រព្រឹត្ត​នឹង​នាង​តាម​ធម្មតា​ច្បាប់​ជា​កូន​ស្រី
10 បើ​បាន​យក​សម្រាប់​ខ្លួន​ឯង រួច​ទៅ​យក​ប្រពន្ធ​១​ទៀត នោះ​មិន​ត្រូវ​បន្ថយ​អាហារ ឬ​សម្លៀក‌បំពាក់ ឬ​ច្បាប់​ជា​ប្ដី​ចេញ​ពី​ប្រពន្ធ​ដើម​សោះ​ឡើយ
11 តែ​បើ‌សិន​ជា​គាត់​មិន​ធ្វើ​តាម​សេចក្ដី​ទាំង​៣​ប្រការ​នេះ​ដល់​នាង​ទេ នោះ​នាង​នឹង​ត្រូវ​ចេញ​បាន​ទទេ ឥត​សង​ប្រាក់​អ្វី​ឡើយ។
12 អ្នក​ណា​ដែល​វាយ​មនុស្ស​ដល់​ស្លាប់ នោះ​នឹង​ត្រូវ​សម្លាប់​ចេញ​ជា​មិន​ខាន
13 តែ​បើ​មិន​បាន​លប​វាយ​ទេ គឺ​ដោយ​ព្រះ​បាន​ឲ្យ​គេ​ស្លាប់ ដោយ‌សារ​ដៃ​អ្នក​នោះ​វិញ នោះ​អញ​នឹង​តាំង​ឲ្យ​មាន​កន្លែង​១ ដែល​អ្នក​នោះ​នឹង​រត់​ទៅ​ទី​ពឹង​បាន
14 ប៉ុន្តែ បើ‌សិន​ជា​អ្នក​ណា​បាន​ប្រព្រឹត្ត​ដោយ​ចិត្ត​ព្រហើន​ចំពោះ​អ្នក​ជិត​ខាង ទាំង​សម្លាប់​ដោយ​ឧបាយ‌កល នោះ​ទោះ​បើ​បាន​ចូល​ទៅ​ទី​ពឹង​ដល់​អាសនៈ​អញ​ក៏​ដោយ គង់​តែ​ត្រូវ​ចាប់​នាំ​ចេញ​ទៅ​សម្លាប់​ដែរ ។
15 ឯ​អ្នក​ណា​ដែល​វាយ​ឪពុក ឬ​ម្តាយ​ខ្លួន នោះ​ត្រូវ​សម្លាប់​ចោល​ជា​មិន​ខាន
16 ហើយ​អ្នក​ណា​ដែល​ចាប់​មនុស្ស​យក​ទៅ​លក់ ឬ​ទាន់​ឃើញ​កំពុង​នៅ​ក្នុង​ដៃ​នៅ​ឡើយ នោះ​ត្រូវ​សម្លាប់​ចោល​ជា​មិន​ខាន
17 ឯ​អ្នក​ណា​ដែល​ប្រទេច​ផ្តាសា​ដល់​ឪពុក ឬ​ម្តាយ​ខ្លួន នោះ​ត្រូវ​សម្លាប់​ចោល​ចេញ​ជា​មិន​ខាន​ដែរ។
18 បើ​អ្នក​ណា​ឈ្លោះ​គ្នា ហើយ​អ្នក​១​បាន​យក​ថ្ម​ទៅ​គប់​អ្នក​១ ឬ​ដាល់​តប់​គេ តែ​មិន​បាន​ស្លាប់​ទេ គ្រាន់​តែ​ឈឺ​ដល់​ដេក​នៅ​គ្រែ​ប៉ុណ្ណោះ
19 បើ‌សិន​ជា​អ្នក​រង​គ្រោះ​នោះ​ក្រោក​កាន់​ឈើ​ច្រត់​ដើរ​ទៅ​ក្រៅ​បាន នោះ​អ្នក​ដែល​បាន​វាយ​នឹង​បាន​រួច តែ​ត្រូវ​សង​បំពេញ​ការ​គេ ហើយ​ត្រូវ​មើល​គេ​ទាល់​តែ​បាន​ជា​ស្រឡះ​ដែរ។
20 បើ​អ្នក​ណា​វាយ​បាវ​ប្រុស ឬ​បាវ​ស្រី​ខ្លួន ដោយ​ដំបង ហើយ​បាវ​នោះ​ស្លាប់​នៅ​ក្រោម​ដៃ​ខ្លួន​ភ្លាម នោះ​ត្រូវ​ធ្វើ​ទោស​ដល់​ចៅ‌ហ្វាយ​ជា​មិន​ខាន
21 ប៉ុន្តែ បើ​បាវ​នោះ​រស់​នៅ​បាន​២ ឬ​៣​ថ្ងៃ នោះ​មិន​ត្រូវ​ធ្វើ​ទោស​ដល់​ចៅ‌ហ្វាយ​ទេ ដ្បិត​បាវ​នោះ​ជា​របស់​ទ្រព្យ​ផង​គេ​ហើយ។
22 បើ​អ្នក​ណា​ឈ្លោះ​គ្នា ហើយ​ប៉ះ​ទង្គិច​លើ​ស្ត្រី​មាន​ផ្ទៃ​ពោះ​ឲ្យ​រលូត​កូន តែ​គ្មាន​គ្រោះ​ថ្នាក់​ទេ នោះ​ត្រូវ​ធ្វើ​ទោស​ជា​មិន​ខាន តាម​បន្ទុក​ដែល​ប្ដី​របស់​នាង​ផ្ទុក​លើ​អ្នក​នោះ ហើយ​ត្រូវ​សង​គេ​តាម​ដែល​ចៅ‌ក្រម​កាត់​សម្រេច​ឲ្យ
23 ប៉ុន្តែ បើ​មាន​គ្រោះ​ថ្នាក់ នោះ​ត្រូវ​សង​ជីវិត​ឲ្យ​ធួន​នឹង​ជីវិត​វិញ
24 ត្រូវ​សង​ភ្នែក​ឲ្យ​ធួន​នឹង​ភ្នែក ធ្មេញ​ឲ្យ​ធួន​នឹង​ធ្មេញ ដៃ​ឲ្យ​ធួន​នឹង​ដៃ ជើង​ឲ្យ​ធួន​នឹង​ជើង
25 រលាក​ឲ្យ​ធួន​នឹង​រលាក របួស​ឲ្យ​ធួន​នឹង​របួស ជាំ​ឲ្យ​ធួន​នឹង​ជាំ​ដែរ។
26 បើ​អ្នក​ណា​វាយ​ត្រូវ​ភ្នែក​របស់​បាវ​ប្រុស​បាវ​ស្រី​ខ្លួន​ឲ្យ​ខ្វាក់ នោះ​ត្រូវ​ឲ្យ​វា​រួច​ចេញ​ទៅ​ទទេ ដោយ​ព្រោះ​ភ្នែក
27 ហើយ​បើ​វាយ​បំបាក់​ធ្មេញ​បាវ​ប្រុស​បាវ​ស្រី នោះ​ក៏​ត្រូវ​ឲ្យ​វា​រួច​ចេញ​ទៅ​ទទេ​ដែរ ដោយ​ព្រោះ​ធ្មេញ។
28 បើ​គោ​ណា​ជល់​មនុស្ស​ប្រុស ឬ​ស្រី ដល់​ស្លាប់ នោះ​ត្រូវ​ចោល​គោ​នោះ​សម្លាប់​នឹង​ថ្ម​ជា​មិន​ខាន ហើយ​មិន​ត្រូវ​ទាំង​ស៊ី​សាច់​វា​ផង ឯ​ម្ចាស់​វា​ត្រូវ​រួច​ខ្លួន​វិញ
29 ប៉ុន្តែ បើ​ពី​ដើម​គោ​នោះ​ធ្លាប់​តែ​ជល់​គេ ក៏​មាន​គេ​បាន​ប្រាប់​ដល់​ម្ចាស់​ហើយ តែ​ម្ចាស់​មិន​បាន​ឃុំ‌ឃាំង​វា ហើយ​វា​ជល់​មនុស្ស​ប្រុស ឬ​ស្រី​ឲ្យ​ស្លាប់​ទៅ នោះ​ឯ​រូប​គោ ត្រូវ​គេ​ចោល​សម្លាប់​នឹង​ថ្ម ឯ​ម្ចាស់​ក៏​ត្រូវ​ស្លាប់​ដែរ
30 តែ​បើ​គេ​ចាប់​ឲ្យ​សង​ថ្លៃ​ជំនួស​ជីវិត​វិញ នោះ​ក៏​ត្រូវ​ឲ្យ​ម្ចាស់​សង​គេ​តាម​ដែល​គេ​បង្គាប់​ទាំង​អស់​ចុះ
31 ទោះ​បើ​បាន​ជល់​ដល់​កូន​ប្រុស​ឬ​កូន​ស្រី​ក្តី ក៏​ត្រូវ​ឲ្យ​ជំនុំ‌ជម្រះ​តាម​ច្បាប់​នេះ​ដែរ
32 តែ​បើ​គោ​នោះ​បាន​ជល់​ដល់​បាវ​ប្រុស​ឬ​បាវ​ស្រី​គេ​វិញ នោះ​ត្រូវ​សង​តែ​ប្រាក់​៣០​រៀល​ទៅ​ចៅ‌ហ្វាយ​វា​បាន​ហើយ ឯ​រូប​គោ​ត្រូវ​ចោល​សម្លាប់​នឹង​ថ្ម​ទៅ។
33 បើ​អ្នក​ណា​បើក​អណ្តូង ឬ​ជីក​អណ្តូង ហើយ​មិន​បាន​គ្រប រួច​មាន​គោ ឬ​លា​ធ្លាក់​ចុះ​ទៅ​ក្នុង​នោះ
34 នោះ​ម្ចាស់​អណ្តូង​ត្រូវ​សង​ប្រាក់​ដល់​ម្ចាស់​វា​តាម​តម្លៃ​សត្វ រួច​សត្វ​ស្លាប់​នោះ​នឹង​បាន​មក​ម្ចាស់​អណ្តូង​វិញ។
35 បើ​គោ​របស់​អ្នក​ណា​ជល់​គោ​គេ​ឲ្យ​ស្លាប់ នោះ​គេ​ត្រូវ​លក់​គោ​ដែល​នៅ​រស់​ចែក​ប្រាក់​គ្នា ហើយ​សាច់​គោ​ស្លាប់​ក៏​ត្រូវ​ចែក​គ្នា​ដែរ
36 តែ​បើ​ម្ចាស់​ដឹង​ថា គោ​នោះ​ធ្លាប់​ជល់​ពី​ដើម​មក ហើយ​មិន​បាន​បង្ខាំង​ទុក នោះ​ត្រូវ​សង​ជា​គោ​ឲ្យ​ធួន​នឹង​គោ​ជា​មិន​ខាន រួច​គោ​ស្លាប់​នឹង​បាន​មក​ខ្លួន​វិញ។


ជំពូក 22

1 បើ​អ្នក​ណា​លួច​គោ ឬ​ចៀម​គេ ហើយ​កាប់​សម្លាប់​ឬ​លក់​ទៅ នោះ​ត្រូវ​សង​គោ​៥​ឲ្យ​ធួន​នឹង​គោ​១ ហើយ​ចៀម​៤​ឲ្យ​ធួន​នឹង​ចៀម​១
2 បើ​ចោរ​កំពុង​តែ​លួច ហើយ​គេ​បាន​ទាន់​វាយ​សម្លាប់​ទៅ នោះ​គេ​គ្មាន​ទោស​នឹង​ឈាម​វា​ទេ
3 តែ​បើ​ថ្ងៃ​រះ​ហើយ នោះ​ត្រូវ​មាន​ទោស​វិញ ដ្បិត​នឹង​ត្រូវ​ចាប់​ឲ្យ​សង បើ​ចោរ​គ្មាន​អ្វី​សោះ ត្រូវ​លក់​ខ្លួន​វា​ឲ្យ​ធួន​នឹង​របស់​ដែល​បាន​លួច​យក​នោះ
4 បើ​របស់​ដែល​លួច​នោះ ទោះ​គោ លា ឬ​ចៀម​ក្តី ឃើញ​រស់​នៅ​ដៃ​វា​នៅ​ឡើយ នោះ​ត្រូវ​ឲ្យ​សង​១​ជា​២។
5 បើ​អ្នក​ណា​ធ្វើ​បំផ្លាញ​ចម្ការ ឬ​ដំណាំ​ទំពាំង‌បាយ‌ជូរ​របស់​គេ ដោយ​លែង​សត្វ​ខ្លួន​ឲ្យ​លុក‌លុយ​ស៊ី​ក្នុង​ដី​គេ នោះ​ត្រូវ​យក​ផល​ដំណាំ​យ៉ាង​ល្អ​បំផុត​ពី​ស្រែ​ចម្ការ​របស់​ខ្លួន​ទៅ​សង​គេ​វិញ។
6 បើ​កាល​ណា​មាន​ភ្លើង​ឆេះ​គុម្ព​បន្លា ហើយ​ខ្ទាត​ទៅ​ឆេះ​ដល់​ស្នឹម​ស្រូវ ឬ​ស្រូវ​មិន​ទាន់​ច្រូត ឬ​វាល​ស្មៅ​ក្តី នោះ​អ្នក​ណា​ដែល​ដុត​ភ្លើង ត្រូវ​តែ​សង​គេ​ជា​មិន​ខាន។
7 បើ​អ្នក​ណា​ផ្ញើ​ប្រាក់ ឬ​ជា​របស់​អ្វី​ទុក​នឹង​អ្នក​ជិត​ខាង ហើយ​មាន​ចោរ​លួច​ពី​ផ្ទះ​អ្នក​នោះ​ទៅ បើ‌សិន​ជា​គេ​ចាប់​ចោរ​បាន នោះ​ចោរ​ត្រូវ​សង​១​ជា​២
8 តែ​បើ​រក​ចោរ​មិន​ឃើញ​ទេ នោះ​ត្រូវ​នាំ​ម្ចាស់​ផ្ទះ​ទៅ​ឯ​ចៅ‌ក្រម ដើម្បី​នឹង​ពិចារណា​មើល តើ​អ្នក​នោះ​បាន​ដាក់​ដៃ​លើ​របស់​ទ្រព្យ​អ្នក​ជិត​ខាង​ឬ​ទេ។
9 ក្នុង​គ្រប់​រឿង​រំលង​ច្បាប់​អ្វី ទោះ​ពី​គោ ពី​លា ពី​ចៀម ពី​ខោ​អាវ ឬ​ពី​របស់​ណា​បាត់​ក៏​ដោយ ដែល​គេ​នឹង​ប្រកាន់​ថា នេះ​ជា​របស់​ខ្ញុំ នោះ​រឿង​អ្នក​ទាំង​សង​ខាង​ត្រូវ​នាំ​ទៅ​ឯ​ចៅ‌ក្រម បើ​អ្នក​ណា​ដែល​ចៅ‌ក្រម​បាន​កាត់​ថា​មាន​ទោស អ្នក​នោះ​ត្រូវ​សង​គេ​១​ជា​២។
10 បើ​អ្នក​ណា​ផ្ញើ​លា គោ ចៀម ឬ​សត្វ​ណា​ទុក​នឹង​គេ ហើយ​សត្វ​នោះ​ស្លាប់ ឬ​បាក់​ជើង ឬ​មាន​គេ​នាំ​ទៅ​បាត់ ឥត​អ្នក​ណា​ឃើញ
11 នោះ​អ្នក​ទាំង​២​ត្រូវ​ស្បថ​នឹង​គ្នា​ដោយ​នូវ​ព្រះ‌យេហូវ៉ា ដើម្បី​ឲ្យ​បាន​ដឹង​ជា​អ្នក​នោះ​បាន​ដាក់​ដៃ​លើ​របស់​ទ្រព្យ​អ្នក​ជិត​ខាង​ខ្លួន​ឬ​ទេ ហើយ​ម្ចាស់​សត្វ​នឹង​ត្រូវ​រង​សម្បថ​នោះ រួច​អ្នក​នោះ​មិន​ត្រូវ​សង​សំណង​ទេ
12 ប៉ុន្តែ បើ​មាន​គេ​លួច​សត្វ​នោះ​ទៅ​វិញ នោះ​នឹង​ត្រូវ​សង​សំណង​ទៅ​ម្ចាស់​ជា​ពិត
13 ឬ​បើ​ត្រូវ​សត្វ​ណា​ហែក​វា នោះ​ត្រូវ​យក​មក​ធ្វើ​ជា​ភស្តុ‌តាង ហើយ​មិន​ត្រូវ​សង​សំណង​ពី​សត្វ​ណា​ដែល​ត្រូវ​ហែក‌ហួរ​នោះ​ទេ។
14 បើ​អ្នក​ណា​ខ្ចី​សត្វ​របស់​គេ ហើយ​វា​បាក់​ជើង ឬ​ស្លាប់​ក្នុង​កាល​ដែល​ម្ចាស់​មិន​បាន​នៅ​ជា​មួយ នោះ​ត្រូវ​តែ​សង​សំណង​ជា​មិន​ខាន
15 បើ​ម្ចាស់​វា​នៅ​ជា​មួយ​ដែរ នោះ​មិន​ត្រូវ​សង​សំណង​ទេ បើ​ជា​សត្វ​ដែល​គេ​ជួល នោះ​ក៏​ល្មម​នឹង​ថ្លៃ​ឈ្នួល​ហើយ។
16 បើ​អ្នក​ណា​ល្បួង​លួង‌លោម​ស្ត្រី​ក្រមុំ​ដែល​មិន​ទាន់​មាន​អ្នក​ណា​ដណ្តឹង​នៅ​ឡើយ ហើយ​បាន​ដេក​នៅ​ជា​មួយ​នឹង​នាង នោះ​ត្រូវ​យក​នាង​ធ្វើ​ជា​ប្រពន្ធ​ទៅ ព្រម​ទាំង​ចេញ​បណ្តា‌ការ​ឲ្យ​ផង
17 តែ​បើ​ឪពុក​នាង​មិន​ព្រម​ឲ្យ​ទៅ​អ្នក​នោះ​សោះ នោះ​ត្រូវ​តែ​សង​ថ្លៃ​តាម​បណ្តា‌ការ​របស់​ស្ត្រី​ក្រមុំ​វិញ។
18 កុំ​ទុក​ឲ្យ​ស្ត្រី​ដែល​ជា​គ្រូ​អាប‌ធ្មប់​នៅ​រស់​ឡើយ។
19 អ្នក​ណា​ដែល​រួម​សង្វាស​ជា​មួយ​នឹង​សត្វ នោះ​ត្រូវ​សម្លាប់​ចោល​ជា​មិន​ខាន។
20 អ្នក​ណា​ដែល​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ​ណា​ក្រៅ​ពី​ព្រះ‌យេហូវ៉ា​តែ​១ នោះ​នឹង​ត្រូវ​បំផ្លាញ​ចេញ​អស់​រលីង។
21 កុំ​ឲ្យ​ធ្វើ​បាប​ដល់​អ្នក​ប្រទេស​ក្រៅ ក៏​កុំ​ឲ្យ​សង្កត់‌សង្កិន​គេ​ឡើយ ដ្បិត​ឯង​រាល់​គ្នា​ក៏​បាន​នៅ​ស្រុក​អេស៊ីព្ទ​ជា​អ្នក​ប្រទេស​ក្រៅ​ដែរ។
22 កុំ​ឲ្យ​ធ្វើ​ទុក្ខ​ដល់​ស្ត្រី​មេម៉ាយ ឬ​កូន​កំព្រា​ណា​ឡើយ
23 បើ​ធ្វើ​ទុក្ខ​ដល់​គេ ហើយ​គេ​អំពាវ‌នាវ​រក​អញ នោះ​អញ​នឹង​ឮ​សម្រែក​របស់​គេ​ជា​មិន​ខាន
24 ហើយ​សេចក្ដី​ក្រោធ​របស់​អញ​នឹង​ក្តៅ​ឡើង អញ​នឹង​សម្លាប់​ឯង​រាល់​គ្នា​ដោយ​ដាវ នោះ​ប្រពន្ធ​របស់​ឯង​រាល់​គ្នា​នឹង​ត្រឡប់​ទៅ​ជា​មេម៉ាយ ហើយ​កូន​ឯង​នឹង​ទៅ​ជា​កំព្រា​ដែរ។
25 បើ​ឲ្យ​រាស្ត្រ​អញ​ណា​មួយ ជា​អ្នក​ទ័ល‌ក្រ ដែល​នៅ​ជា​មួយ​នឹង​ឯង​បាន​ខ្ចី​ប្រាក់ នោះ​មិន​ត្រូវ​ប្រព្រឹត្ត​នឹង​គេ​ដូច​ជា​ម្ចាស់​បំណុល​ទេ ក៏​មិន​ត្រូវ​យក​ការ​ពី​គេ​ឡើយ។
26 បើ​ទទួល​បញ្ចាំ​សម្លៀក‌បំពាក់​របស់​អ្នក​ជិត​ខាង នោះ​ត្រូវ​ប្រគល់​ទៅ​គេ​វិញ​មុន​ថ្ងៃ​លិច
27 ដ្បិត​ជា​សំពត់​ដណ្តប់​តែ​១​របស់​អ្នក​នោះ ជា​សម្លៀក‌បំពាក់​ខ្លួន​គេ តើ​គេ​នឹង​បាន​អ្វី​ដណ្តប់​ក្នុង​កាល​ដែល​ទៅ​ដេក បើ​គេ​អំពាវ‌នាវ​ដល់​អញ នោះ​អញ​នឹង​ឮ ដ្បិត​អញ​មាន​សេចក្ដី​អាណិត​ដល់​គេ។
28 កុំ​ឲ្យ​ប្រមាថ​មើល‌ងាយ​ដល់​ព្រះ ក៏​កុំ​ឲ្យ​ជេរ​ប្រទេច​ដល់​ចៅ‌ហ្វាយ​របស់​សាសន៍​ឯង​ឡើយ។
29 កុំ​ឲ្យ​បង្អង់​នឹង​ថ្វាយ​ផល​ផ្លែ និង​ទឹក​ទំពាំង‌បាយ‌ជូរ​ដំបូង​របស់​ឯង​១​ចំណែក​មក​អញ​ឡើយ ឯ​កូន​ប្រុសៗ​របស់​ឯង​ដែល​កើត​ជា​ដំបូង នោះ​ក៏​ត្រូវ​ថ្វាយ​ដល់​អញ​ដែរ
30 ហើយ​ទាំង​កូន​គោ​កូន​ចៀម​ដែល​កើត​ដំបូង នោះ​ត្រូវ​នៅ​នឹង​មេ​វា​អស់​៧​ថ្ងៃ លុះ​ដល់​ថ្ងៃ​ទី​៨ នោះ​ត្រូវ​ថ្វាយ​ដល់​អញ។
31 ឯង​រាល់​គ្នា​ត្រូវ​បាន​ជា​មនុស្ស​បរិសុទ្ធ​ដល់​អញ កុំ​ឲ្យ​ស៊ី​សាច់​ដែល​ត្រូវ​សត្វ​ព្រៃ​ហែក​នៅ​ឯ​វាល​ឡើយ ត្រូវ​បោះ​ចោល​ទៅ​ឲ្យ​ឆ្កែ​វិញ។


ជំពូក 23

1 កុំ​ឲ្យ​បង្កើត​រឿង​ក្លែង‌ក្លាយ​ឲ្យ​សោះ ក៏​កុំ​ឲ្យ​ចូល​ដៃ​នឹង​មនុស្ស​អាក្រក់ ដើម្បី​នឹង​ធ្វើ​ជា​ទី​បន្ទាល់​ទុច្ចរិត​ឡើយ។
2 កុំ​ឲ្យ​តាម​ពួក​មាន​គ្នា​ច្រើន ដើម្បី​ប្រព្រឹត្ត​សេចក្ដី​អាក្រក់ ហើយ​កុំ​ឲ្យ​ធ្វើ​ជា​ទី​បន្ទាល់​ដល់​ពួក​ក្តី​ខាង​អ្នក​ណា​ដែល​មាន​គ្នា​ច្រើន ដើម្បី​នឹង​បង្វែរ​សេចក្ដី​យុត្តិ‌ធម៌​ចេញ​នោះ​ឡើយ
3 ក៏​កុំ​ឲ្យ​យល់​មុខ​ខាង​ឯ​អ្នក​ក្រ​ក្នុង​ការ​ក្តី​គេ​ដែរ។
4 បើ​ប្រទះ​ឃើញ​គោ ឬ​លា របស់​ខ្មាំង​សត្រូវ​ដែល​វង្វេង នោះ​ត្រូវ​ឲ្យ​នាំ​ទៅ​ប្រគល់​ដល់​ម្ចាស់​វិញ​ជា​កុំ​ខាន
5 បើ​ឃើញ​លា​របស់​អ្នក​ណា​ដែល​ស្អប់​ឯង វា​លុត​ជង្គង់​ចុះ​ដោយ‌សារ​បន្ទុក​ធ្ងន់ នោះ​ប្រហែល​ជា​ឯង​នឹង​ចង់​ធ្វើ​ព្រងើយ​ឥត​ជួយ​គេ​ទេ តែ​មិន​ត្រូវ​ធ្វើ​ដូច្នោះ​ឡើយ គឺ​ត្រូវ​ជួយ​ដល់​គេ​វិញ​ជា​កុំ​ខាន។
6 កុំ​ឲ្យ​បង្វែរ​សេចក្ដី​យុត្តិ‌ធម៌​ក្នុង​រឿង​ក្តី​របស់​អ្នក​ក្រ​ឲ្យ​សោះ
7 ត្រូវ​ឲ្យ​ចៀស​ចេញ​ឲ្យ​ឆ្ងាយ​ពី​រឿង​ក្លែង‌ក្លាយ ឯ​មនុស្ស​ដែល​គ្មាន​ទោស និង​មនុស្ស​សុចរិត នោះ​កុំ​ឲ្យ​សម្លាប់​គេ​ឡើយ ដ្បិត​ឯ​មនុស្ស​អាក្រក់ នោះ​អញ​មិន​ដែល​រាប់​ជា​សុចរិត​ទេ
8 ក៏​កុំ​ឲ្យ​ស៊ី​សំណូក​ឲ្យ​សោះ ដ្បិត​សំណូក​តែង​ដឹក‌នាំ​មនុស្ស​ភ្លឺ​ឲ្យ​ទៅ​ជា​ខ្វាក់ ហើយ​ក៏​បង្ខូច​ពាក្យ​របស់​មនុស្ស​សុចរិត​ផង។
9 កុំ​ឲ្យ​សង្កត់‌សង្កិន​អ្នក​ប្រទេស​ក្រៅ​ឡើយ ដ្បិត​ឯង​រាល់​គ្នា​ស្គាល់​សណ្ឋាន​ចិត្ត​របស់​អ្នក​ប្រទេស​ក្រៅ​ហើយ ដោយ​ធ្លាប់​នៅ​ស្រុក​អេស៊ីព្ទ ជា​អ្នក​ប្រទេស​ក្រៅ​ដែរ។
10 ក្នុង​រវាង​៦​ឆ្នាំ ត្រូវ​សាប‌ព្រោះ​នៅ​ដី​ឯង ហើយ​ត្រូវ​ច្រូត​យក​ផល​ផង
11 តែ​ដល់​ឆ្នាំ​ទី​៧ នោះ​ត្រូវ​ឈប់​លែង ហើយ​ទុក​ដី​ឲ្យ​នៅ​ទំនេរ​វិញ ដើម្បី​ឲ្យ​ពួក​មនុស្ស​ទ័ល‌ក្រ​បាន​ចិញ្ចឹម​ជីវិត​ផង ហើយ​សំណល់​សល់​ពី​គេ នោះ​សត្វ​នៅ​វាល​ទាំង​ប៉ុន្មាន​នឹង​បាន​ស៊ី ឯ​ដំណាំ​ទំពាំង‌បាយ‌ជូរ និង​ដំណាំ​អូលីវ​របស់​ឯង ក៏​ត្រូវ​ធ្វើ​ដូច្នោះ​ដែរ។
12 ក្នុង​៦​ថ្ងៃ​ត្រូវ​ធ្វើ​ការ​របស់​ឯង ហើយ​ដល់​ថ្ងៃ​ទី​៧​ត្រូវ​ឈប់​សម្រាក​វិញ ដើម្បី​ឲ្យ​គោ និង​លា​របស់​ឯង បាន​សម្រាក​ផង ហើយ​ដើម្បី​ឲ្យ​កូន​របស់​បាវ​ស្រី​ឯង និង​អ្នក​ប្រទេស​ក្រៅ​បាន​ឈប់​ដក​ដង្ហើម​សិន
13 ត្រូវ​ឲ្យ​ប្រយ័ត និង​កាន់​តាម​អស់​ទាំង​សេចក្ដី​ដែល​អញ​បាន​ប្រាប់​ដល់​ឯង​រាល់​គ្នា ហើយ​កុំ​ឲ្យ​ចេញ​ឈ្មោះ​របស់​ព្រះ​ដទៃ​ណា​ឡើយ ក៏​កុំ​ឲ្យ​ឮ​ចេញ​ពី​មាត់​ឯង​រាល់​គ្នា​ឲ្យ​សោះ។
14 ក្នុង​១​ឆ្នាំ ត្រូវ​ធ្វើ​បុណ្យ​ថ្វាយ​អញ​៣​ដង
15 ត្រូវ​ធ្វើ​បុណ្យ​នំបុ័ង​ឥត​ដំបែ គឺ​ដល់​កំណត់​ក្នុង​ខែ​ចេត្រ នោះ​ត្រូវ​ធ្វើ​នំបុ័ង​ឥត​ដំបែ​ក្នុង​៧​ថ្ងៃ ដូច​ជា​អញ​បាន​បង្គាប់​មក​ហើយ ដ្បិត​គឺ​នៅ​ខែ​នោះ​ហើយ ដែល​ឯង​រាល់​គ្នា​បាន​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ហើយ​មិន​ត្រូវ​មក​នៅ​មុខ​អញ​ដោយ​ដៃ​ទទេ​ឡើយ
16 ត្រូវ​ឲ្យ​ធ្វើ​បុណ្យ​ចម្រូូត គឺ​ជា​ផល​ដំបូង​អំពី​ការ​ឯង​ធ្វើ ដោយ​សាប‌ព្រោះ​នៅ​ដី​របស់​ឯង ហើយ​និង​បុណ្យ​ប្រមូល​ផល​ដល់​ចុង​ឆ្នាំ ក្នុង​កាល​ដែល​ឯង​បាន​ប្រមូល​ផល​កើត​អំពី​ការ​របស់​ឯង​ធ្វើ​នៅ​ចម្ការ​មក
17 គឺ​ក្នុង​១​ឆ្នាំ ត្រូវ​ឲ្យ​ពួក​ប្រុសៗ មក​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ‌អម្ចាស់ គ្រប់​៣​ដង។
18 កុំ​ឲ្យ​យក​ឈាម​របស់​យញ្ញ‌បូជា​នៃ​អញ ថ្វាយ​ជា​មួយ​នឹង​នំបុ័ង​មាន​ដំបែ​ឡើយ ហើយ​មិន​ត្រូវ​ទុក​ខ្លាញ់​នៃ​តង្វាយ​នោះ តាំង​ពី​ល្ងាច​ដល់​ព្រឹក​ទេ។
19 ឯ​ចំណែក​មុន​បង្អស់ នៃ​ផល​ដំបូង ដែល​កើត​ពី​ដី​របស់​ឯង នោះ​ត្រូវ​នាំ​ចូល​ទៅ​ក្នុង​ដំណាក់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង។ កុំ​ឲ្យ​ស្ងោរ​កូន​ពពែ​នឹង​ទឹក​ដោះ​របស់​មេ​វា​ឡើយ។
20 មើល អញ​ចាត់​ទេវតា​១​ឲ្យ​នាំ​មុខ​ឯង ដើម្បី​នឹង​ជួយ​ទំនុក‌បម្រុង​ឯង​តាម​ផ្លូវ ហើយ​និង​នាំ​ទៅ​ដល់​ទី​កន្លែង​ដែល​អញ​បាន​រៀប‌ចំ​ទុក​ឲ្យ
21 ចូរ​ប្រយ័ត និង​ស្តាប់​បង្គាប់​តាម​ទ្រង់ កុំ​ឲ្យ​បណ្តាល​ឲ្យ​ទ្រង់​ខ្ញាល់​ឡើយ ដ្បិត​ទ្រង់​មិន​អត់​ទោស​ការ​រំលង​របស់​ឯង​រាល់​គ្នា​ទេ ពី​ព្រោះ​ឈ្មោះ​អញ​នៅ​ក្នុង​ទ្រង់
22 បើ​ឯង​ប្រុង​ស្តាប់​បង្គាប់​ទ្រង់ ហើយ​ប្រព្រឹត្ត​តាម​សេចក្ដី​ដែល​អញ​ប្រាប់​ទាំង​ប៉ុន្មាន នោះ​អញ​នឹង​ធ្វើ​ជា​សត្រូវ​ដល់​ពួក​សត្រូវ​របស់​ឯង ហើយ​ជា​អ្នក​ត​តាំង​នឹង​អស់​អ្នក​ដែល​ត​តាំង​នឹង​ឯង
23 ដ្បិត​ទេវតា​អញ​នឹង​ទៅ​មុន​ឯង ហើយ​និង​នាំ​ឯង​ទៅ​ឯ​ពួក​សាសន៍​អាម៉ូរី សាសន៍​ហេត សាសន៍​ពេរិស៊ីត សាសន៍​កាណាន សាសន៍​ហេវី និង​សាសន៍​យេប៊ូស ហើយ​អញ​នឹង​ធ្វើ​ឲ្យ​សាសន៍​ទាំង​នោះ​សាប‌សូន្យ​ទៅ។
24 កុំ​ឲ្យ​ក្រាប​ថ្វាយ‌បង្គំ ឬ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​របស់​គេ​ឲ្យ​សោះ ក៏​កុំ​ឲ្យ​ប្រព្រឹត្ត​តាម​អំពើ​របស់​គេ​ឡើយ គឺ​ត្រូវ​ឲ្យ​បំផ្លាញ​គេ​អស់​រលីង​វិញ ព្រម​ទាំង​បំបាក់​បំបែក​រូប​ព្រះ​គេ​ឲ្យ​ខ្ទេច‌ខ្ទី​ផង
25 ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​វិញ នោះ​ទ្រង់​នឹង​ប្រទាន​ពរ​ដល់​អាហារ និង​ទឹក​របស់​ឯង ហើយ​អញ​នឹង​ដក​ជំងឺ​រោគា​ពី​ពួក​ឯង​រាល់​គ្នា​ចេញ
26 នៅ​ក្នុង​ស្រុក​ឯង នឹង​គ្មាន​អ្វី​រលូត​កូន ឬ​នៅ​អារ​ឡើយ អញ​ក៏​នឹង​បំពេញ​អាយុ​របស់​ឯង​ឲ្យ​ពោរ‌ពេញ
27 អញ​នឹង​ចាត់​សេចក្ដី​ស្ញែង‌ខ្លាច​របស់​អញ​ទៅ​មុន​ឯង ហើយ​និង​បំផ្លាញ​គ្រប់​ទាំង​សាសន៍​ដែល​ឯង​ទៅ​ដល់ អញ​នឹង​ធ្វើ​ឲ្យ​អស់​ទាំង​ខ្មាំង​សត្រូវ​ឯង​ត្រូវ​បែរ​ខ្នង​នៅ​មុខ​ឯង
28 អញ​នឹង​ចាត់​ឪម៉ាល់​ទៅ​មុន​ឯង ដែល​នឹង​បណ្តេញ​សាសន៍​ហេវី សាសន៍​កាណាន ហើយ​និង​សាសន៍​ហេត ពី​មុខ​ឯង​ចេញ
29 អញ​មិន​បណ្តេញ​គេ​ចេញ​ពី​មុខ​ឯង​ក្នុង​១​ឆ្នាំ​តែ​ម្តង​ទេ ក្រែង​ស្រុក​នោះ​នឹង​ត្រឡប់​ទៅ​ជា​ស្ងាត់ ហើយ​កើត​មាន​សត្វ​ព្រៃ​ជា​ច្រើន​ឡើង​ធ្វើ​បាប​ដល់​ឯង​វិញ
30 គឺ​នឹង​បណ្តេញ​គេ​ពី​មុខ​ឯង​ទៅ​បន្តិច​ម្តងៗ ទាល់​តែ​ឯង​មាន​គ្នា​ច្រើន ល្មម​នឹង​ទទួល​យក​ស្រុក​ជា​មរដក​បាន
31 នោះ​អញ​នឹង​ដាក់​ព្រំ​ស្រុក​ឲ្យ​ឯង ចាប់​តាំង​ពី​សមុទ្រ​ក្រហម ទៅ​ដល់​សមុទ្រ​ភីលីស្ទីន ហើយ​តាំង​ពី​ទី​រហោ‌ស្ថាន​រហូត​ដល់​ទន្លេ ដ្បិត​អញ​នឹង​ប្រគល់​មនុស្ស​នៅ​ស្រុក​នោះ មក​ក្នុង​កណ្តាប់​ដៃ​ឯង ហើយ​ឯង​នឹង​បណ្តេញ​គេ​ពី​មុខ​ឯង​ចេញ
32 កុំ​ឲ្យ​តាំង​សេចក្ដី​សញ្ញា​នឹង​គេ ឬ​នឹង​ព្រះ​របស់​គេ​ឡើយ
33 ក៏​មិន​ត្រូវ​ឲ្យ​គេ​នៅ​ក្នុង​ស្រុក​របស់​ឯង​ដែរ ក្រែង​គេ​នាំ​ឲ្យ​ឯង​ធ្វើ​បាប​ចំពោះ​អញ ដ្បិត​បើ​ឯង​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​គេ នោះ​នឹង​ត្រឡប់​ជា​អន្ទាក់​ដល់​ឯង​ហើយ។


ជំពូក 24

1 ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា ចូរ​ឯង និង​អើរ៉ុន ព្រម​ទាំង​ណាដាប អ័ប៊ីហ៊ូវ ហើយ​និង​ពួក​ចាស់‌ទុំ​សាសន៍​អ៊ីស្រា‌អែល​ទាំង​៧០​នាក់ ឡើង​មក​ឯ​ព្រះ‌យេហូវ៉ា ហើយ​ឲ្យ​ថ្វាយ‌បង្គំ​ពី​ចម្ងាយ
2 ត្រូវ​ឲ្យ​ម៉ូសេ​តែ​ម្នាក់​ឯង​ចូល​មក​ជិត​ព្រះ‌យេហូវ៉ា ចំណែក​អ្នក​ឯ​ទៀត​មិន​ត្រូវ​ឲ្យ​ចូល​មក​ជិត​ទេ ហើយ​ពួក​បណ្តា‌ជន​ក៏​មិន​ត្រូវ​ទាំង​ឡើង​មក​ជា​មួយ​ផង។
3 នោះ​ម៉ូសេ​ក៏​ទៅ​ប្រាប់​ដល់​បណ្តា‌ជន តាម​គ្រប់​ទាំង​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ហើយ​និង​បញ្ញត្ត​ទាំង​នោះ រួច​ពួក​ជន​ទាំង​អស់​គ្នា​ក៏​ទទួល​ព្រម​ថា យើង​ខ្ញុំ​រាល់​គ្នា​នឹង​ធ្វើ​តាម​អស់​ទាំង​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក។
4 ម៉ូសេ​ក៏​កត់​អស់​ទាំង​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា រួច​លោក​ក្រោក​ពី​ព្រលឹម​ទៅ​ស្អាង​អាសនៈ​១​នៅ​ជើង​ភ្នំ ហើយ​ក៏​បញ្ឈរ​ថ្ម​១២ តាម​ចំនួន​ពូជ​អំបូរ​សាសន៍​អ៊ីស្រា‌អែល​ទាំង​១២
5 រួច​លោក​ចាត់​ពួក​កំលោះៗ ជា​កូន​ចៅ​ពួក​អ៊ីស្រា‌អែល​ឲ្យ​ទៅ​ថ្វាយ​តង្វាយ​ដុត ហើយ​និង​សម្លាប់​គោ​ឈ្មោល​ថ្វាយ​ជា​តង្វាយ​មេត្រី​ដល់​ព្រះ‌យេហូវ៉ា
6 លោក​ក៏​យក​ឈាម​ពាក់​កណ្តាល​ដាក់​ក្នុង​ផើង ហើយ​ពាក់​កណ្តាល​ទៀត​ប្រោះ​ទៅ​លើ​អាសនៈ
7 រួច​យក​សៀវភៅ​សញ្ញា​មក​អាន​មើល​ឲ្យ​បណ្តា‌ជន​ស្តាប់ គេ​ក៏​ឆ្លើយ​ឡើង​ថា យើង​ខ្ញុំ​រាល់​គ្នា​នឹង​ធ្វើ​តាម​គ្រប់​អស់​ទាំង​សេចក្ដី ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​មក ហើយ​និង​ស្តាប់​បង្គាប់​គ្រប់​ជំពូក​ផង
8 ដូច្នេះ ម៉ូសេ​លោក​យក​ឈាម​ទៅ​ប្រោះ​លើ​ជន​ទាំង‌ឡាយ​ដោយ​ពាក្យ​ថា នេះ​ជា​ឈាម​នៃ​សេចក្ដី​សញ្ញា​ដែល​ព្រះ‌យេហូវ៉ា​បាន​តាំង​នឹង​អ្នក​រាល់​គ្នា តាម​ព្រះ‌បន្ទូល​ទ្រង់​ទាំង​នេះ។
9 បន្ទាប់​នោះ​ម៉ូសេ​ក៏​ឡើង​ទៅ នាំ​ទាំង​អើរ៉ុន ណាដាប អ័ប៊ីហ៊ូវ ហើយ​និង​ពួក​ចាស់‌ទុំ​សាសន៍​អ៊ីស្រា‌អែល​ទាំង​៧០​នាក់​ផង
10 គេ​ក៏​បាន​ឃើញ​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ហើយ​នៅ​ក្រោម​ព្រះ‌បាទ​ទ្រង់​មាន​ដូច​ជា​កម្រាល​ធ្វើ​ពី​ត្បូង‌កណ្តៀង​ស្រឡះ​ត្រចះ​ដូច​ផ្ទៃ​មេឃ
11 តែ​ទ្រង់​មិន​បាន​ដាក់​ព្រះ‌ហស្ត​លើ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ដ៏​មាន​ត្រកូល​ខ្ពស់​ទាំង​នោះ​ទេ គេ​បាន​ឃើញ​ព្រះ‌អង្គ រួច​ក៏​នាំ​គ្នា​បរិភោគ​ភោជន៍។
12 រួច​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា ចូរ​ឡើង​មក​ឯ​អញ​នៅ​លើ​ភ្នំ​ឲ្យ​បាន​នៅ​ឯ​ណេះ​ចុះ អញ​នឹង​ឲ្យ​ក្រឹត្យ‌វិន័យ ហើយ​និង​សេចក្ដី​បង្គាប់​ទាំង​ប៉ុន្មាន​ដែល​អញ​បាន​ចារឹក​ទុក​នៅ​បន្ទះ​ថ្ម​ដល់​ឯង សម្រាប់​នឹង​បង្រៀន​ដល់​បណ្តា‌ជន
13 នោះ​ម៉ូសេ និង​យ៉ូស្វេ ជា​អ្នក​ជំនួយ​ការ​លោក​ក៏​ក្រោក​ឡើង ហើយ​ម៉ូសេ​លោក​ឡើង​ទៅ​លើ​ភ្នំ​ព្រះ
14 លោក​បង្គាប់​ដល់​ពួក​ចាស់‌ទុំ​ថា ចូរ​អ្នក​រាល់​គ្នា​រង់‌ចាំ​យើង​នៅ​ទី​នេះ​ចុះ ទំរាំ​យើង​ត្រឡប់​មក​វិញ មើល មាន​អើរ៉ុន និង​ហ៊ើរ នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ហើយ បើ​អ្នក​ណា​កើត​មាន​វិវាទ​ទាស់‌ទែង​គ្នា នោះ​ត្រូវ​ចូល​មក​សួរ​លោក​ចុះ។
15 ម៉ូសេ​ក៏​ឡើង​ទៅ​លើ​ភ្នំ​ស៊ី‌ណាយ ហើយ​មាន​ពពក​គ្រប​លើ​ភ្នំ
16 សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា​ក៏​នៅ​លើ​ភ្នំ ហើយ​ពពក​ក៏​គ្រប​លើ​ភ្នំ​ពេញ​ចំនួន​៦​ថ្ងៃ លុះ​ដល់​ថ្ងៃ​ទី​៧ ទើប​ទ្រង់​មាន​ព្រះ‌បន្ទូល​ពី​កណ្តាល​ពពក​ហៅ​ម៉ូសេ
17 ឯ​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា នោះ​មើល​ទៅ​ដូច​ជា​ភ្លើង​ឆេះ​នៅ​លើ​កំពូល​ភ្នំ ចំពោះ​ដល់​ភ្នែក​នៃ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល
18 ម៉ូសេ​លោក​ចូល​ទៅ​ក្នុង​ពពក​ឡើង​ទៅ​លើ​ភ្នំ ហើយ​ក៏​នៅ​ឯ​ណោះ​អស់​៤០​ថ្ងៃ​៤០​យប់។


ជំពូក 25

1 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា
2 ចូរ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ឲ្យ​គេ​យក​តង្វាយ​មក​ថ្វាយ​អញ ត្រូវ​ទទួល​តង្វាយ​ដែល​ថ្វាយ​ដល់​អញ​នោះ ពី​អស់​អ្នក​ណា​ដែល​ថ្វាយ​ដោយ​ស្ម័គ្រ​ពី​ចិត្ត
3 នេះ​ជា​តង្វាយ​ដែល​ឯង​ត្រូវ​ទទួល​ពី​គេ គឺ​ជា​មាស ប្រាក់ លង្ហិន
4 ហើយ​អំបោះ​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម និង​អំបោះ​ខ្លូត‌ទេស​យ៉ាង​ម៉ដ្ត ព្រម​ទាំង​រោម​ពពែ
5 ស្បែក​ចៀម​ឈ្មោល​ជ្រលក់​ពណ៌​ក្រហម ស្បែក​ផ្សោត និង​ឈើ​នាង‌នួន
6 ប្រេង​សម្រាប់​ដុត គ្រឿង​ក្រអូប​សម្រាប់​ប្រេង​ចាក់​លាប ហើយ​សម្រាប់​គ្រឿង​ដុត
7 ត្បូង​អូនីក្ស ហើយ​ត្បូង​គ្រប់​យ៉ាង សម្រាប់​ដាំ​នៅ​អេផូឌ និង​នៅ​ប្រដាប់​បាំង​ទ្រូង
8 រួច​ឲ្យ​គេ​ស្អាង​ទី​បរិសុទ្ធ ដើម្បី​ឲ្យ​អញ​បាន​នៅ​កណ្តាល​គេ
9 ត្រូវ​ឲ្យ​ឯង​ធ្វើ​រោង​ឧបោសថ និង​គ្រឿង​ប្រដាប់​ទាំង​ប៉ុន្មាន តាម​គំរូ​ដែល​អញ​នឹង​បង្ហាញ​ឯង។
10 ត្រូវ​ឲ្យ​គេ​ធ្វើ​ហឹប​១​ពី​ឈើ​នាង‌នួន បណ្តោយ​២​ហត្ថ​កន្លះ ទទឹង​១​ហត្ថ​កន្លះ កំពស់​១​ហត្ថ​កន្លះ
11 រួច​ត្រូវ​ស្រោប​ដោយ​មាស​សុទ្ធ​ទាំង​ក្នុង​ទាំង​ក្រៅ ហើយ​ធ្វើ​កែម​មាស​នៅ​លើ​ហឹប​ជុំវិញ
12 ត្រូវ​ឲ្យ​សិត​កង​មាស​៤​សម្រាប់​ហឹប ដាក់​ភ្ជាប់​នៅ​គ្រប់​ទាំង​៤​ជ្រុង គឺ​២​ម្ខាងៗ
13 ហើយ​ត្រូវ​យក​ឈើ​នាង‌នួន​ធ្វើ​ជា​ឈើ​ស្នែង ដោយ​ស្រោប​មាស​ដូច​គ្នា​ដែរ
14 រួច​ប្រហក​ឈើ​ស្នែង​ទៅ​ក្នុង​កង​នៅ​ជ្រុង​ហឹប​នោះ​សម្រាប់​សែង​ទៅ
15 ឈើ​ស្នែង​នោះ​ត្រូវ​នៅ​ជាប់​នឹង​កង​ហឹប មិន​ត្រូវ​ឲ្យ​ដក​ចេញ​ឡើយ
16 ត្រូវ​ដាក់​សេចក្ដី​បន្ទាល់​ដែល​អញ​នឹង​ឲ្យ​ឯង ទៅ​ក្នុង​ហឹប​នោះ
17 រួច​ត្រូវ​ធ្វើ​ទី​សន្តោស​ប្រោស​ពី​មាស​សុទ្ធ បណ្តោយ​២​ហត្ថ​កន្លះ ទទឹង​១​ហត្ថ​កន្លះ
18 ត្រូវ​យក​មាស​ឆ្លាក់​ធ្វើ​ជា​រូប​ចេរូប៊ីន​២ នៅ​ចុង​សង​ខាង​នៃ​ទី​សន្តោស​ប្រោស​នោះ
19 គឺ​ធ្វើ​រូប​ចេរូប៊ីន​១​នៅ​ចុង​ម្ខាង ហើយ​ចេរូប៊ីន​១​នៅ​ចុង​ម្ខាង​ទៀត ត្រូវ​ធ្វើ​ចេរូប៊ីន​ទាំង​២​ឲ្យ​នៅ​ចុង​ទាំង​សង​ខាង ភ្ជាប់​ជា​មួយ​នឹង​ទី​សន្តោស​ប្រោស
20 ត្រូវ​ឲ្យ​ចេរូប៊ីន​ទាំង​២​នោះ ត្រដាង​ស្លាប​ពី​លើ​គ្រប​ទី​សន្តោស​ប្រោស ហើយ​ត្រូវ​ដាក់​ប្រទល់​មុខ​គ្នា ទាំង​ឈ្ងោក​មើល​ទី​សន្តោស​ប្រោស
21 ត្រូវ​ឲ្យ​ដាក់​ទី​សន្តោស​ប្រោស​ទៅ​លើ​ហឹប ហើយ​ដាក់​សេចក្ដី​បន្ទាល់​ដែល​អញ​នឹង​ឲ្យ​ដល់​ឯង​ទៅ​ក្នុង​ហឹប​ដែរ
22 គឺ​នៅ​ទី​នោះ​ហើយ​ដែល​អញ​នឹង​មក​ជួប​នឹង​ឯង ហើយ​និង​និយាយ​នឹង​ឯង​ពី​លើ​ទី​សន្តោស​ប្រោស នៅ​កណ្តាល​ចេរូប៊ីន​ទាំង​២​ដែល​នៅ​លើ​ហឹប​នៃ​ទី​បន្ទាល់ ដើម្បី​ប្រាប់​ឯង​ពី​អស់​ទាំង​សេចក្ដី​ដែល​អញ​នឹង​បង្គាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល។
23 ត្រូវ​ឲ្យ​ធ្វើ​តុ​១​ពី​ឈើ​នាង‌នួន បណ្តោយ​២​ហត្ថ ទទឹង​១​ហត្ថ ហើយ​កំពស់​១​ហត្ថ​កន្លះ
24 រួច​ត្រូវ​ស្រោប​ដោយ​មាស​សុទ្ធ ហើយ​ធ្វើ​កែម​មាស​នៅ​ជុំវិញ
25 ត្រូវ​ធ្វើ​គែម​តុ​កំពស់​១​ទះ ហើយ​ធ្វើ​កែម​មាស​ភ្ជាប់​នឹង​គែម​នៅ​ព័ទ្ធ​ជុំវិញ​ទៀត
26 ត្រូវ​ឲ្យ​ធ្វើ​កង​មាស​៤​សម្រាប់​តុ​ដែរ ដាក់​ភ្ជាប់​ទាំង​៤​ជ្រុង​នៅ​ត្រង់​តុ​ទាំង​៤
27 កង​ទាំង​នោះ​ត្រូវ​នៅ​ជិត​គែម​តុ សម្រាប់​ប្រហក​ឈើ​ស្នែង​នឹង​សែង​ទៅ
28 ត្រូវ​យក​ឈើ​នាង‌នួន​ស្រោប​ដោយ​មាស ធ្វើ​ជា​ស្នែង​សម្រាប់​សែង​តុ
29 ត្រូវ​ឲ្យ​ធ្វើ​ថាស ផ្តិល ប៉ាន់ ហើយ​និង​ពែង​សម្រាប់​តុ​នោះ ដើម្បី​ប្រើ​ថ្វាយ​តង្វាយ​ច្រួច ត្រូវ​ធ្វើ​ពី​មាស​សុទ្ធ​ទាំង​អស់
30 ហើយ​នៅ​លើ​តុ​នោះ ត្រូវ​ដាក់​នំបុ័ង​តាំង​ទុក​នៅ​មុខ​អញ​ជានិច្ច។
31 រួច​ត្រូវ​យក​មាស​សុទ្ធ​ធ្វើ​ជា​ជើង​ចង្កៀង ឯ​ជើង​ចង្កៀង​នោះ​ត្រូវ​ឆ្លាក់​ធ្វើ​ឲ្យ​មាន​គល់ ដើម នប់ កន្សោម​គ្រាប់ ហើយ​និង​ផ្កា​ភ្ជាប់​ជា​មួយ​គ្នា
32 ត្រូវ​មាន​មែក​៦​បែក​ចេញ​មក​ពី​គល់ គឺ​មែក​៣​ម្ខាងៗ
33 នៅ​មែក​១ ត្រូវ​មាន​នប់​៣​រាង​ដូច​ជា​គ្រាប់​ចំបក់ មាន​ទាំង​កន្សោម​គ្រាប់ ហើយ​និង​ផ្កា​ផង ឯ​មែក​ទាំង​៦​ដែល​បែក​ចេញ​ពី​គល់​ជើង​ចង្កៀង​មក នោះ​ក៏​ត្រូវ​មាន​នប់​៣ រាង​ដូច​ជា​គ្រាប់​ចំបក់ ព្រម​ទាំង​កន្សោម​គ្រាប់ ហើយ​និង​ផ្កា ដូច​គ្នា​ទាំង​អស់​ដែរ
34 ឯ​គល់​ជើង​ចង្កៀង​ត្រូវ​មាន​នប់​៤​វិញ រាង​ដូច​ជា​គ្រាប់​ចំបក់ ព្រម​ទាំង​កន្សោម​គ្រាប់ ហើយ​និង​ផ្កា​ផង
35 នៅ​ក្រោម​មែក​២ ត្រូវ​មាន​កន្សោម​គ្រាប់​១ នៅ​ក្រោម​មែក​២​ទៀត ត្រូវ​មាន​កន្សោម​គ្រាប់​១​ដែរ មែក​ទាំង​៦​ដែល​បែក​ចេញ​ពី​ជើង​ចង្កៀង​មក នោះ​ត្រូវ​មាន​ដូច​គ្នា​គ្រប់​ទាំង​អស់
36 កន្សោម​គ្រាប់ និង​មែក​ទាំង​ប៉ុន្មាន​នោះ ត្រូវ​ឆ្លាក់​ធ្វើ​ពី​មាស​សុទ្ធ​ភ្ជាប់​ជា​មួយ​គ្នា
37 ត្រូវ​ធ្វើ​ចង្កៀង​៧​សម្រាប់​ឲ្យ​គេ​ដាក់​នៅ​លើ ដើម្បី​ឲ្យ​មាន​ពន្លឺ​ចេញ​ទៅ​ខាង​មុខ
38 ឯ​ឃ្នាប​ប្រឆេះ និង​កន្ថោរ​ដាក់​កម្ទេច​សម្រាប់​ជើង​ចង្កៀង នោះ​ក៏​ត្រូវ​ធ្វើ​ពី​មាស​សុទ្ធ​ទាំង​អស់​ដែរ
39 ត្រូវ​យក​មាស​សុទ្ធ​១​ហាប​ធ្វើ​ជើង​ចង្កៀង ហើយ​និង​គ្រឿង​ប្រដាប់​ទាំង​អស់​នោះ
40 ហើយ​ត្រូវ​ប្រយ័ត​នឹង​ធ្វើ​ឲ្យ​ត្រឹម‌ត្រូវ​តាម​គំរូ ដូច​ដែល​បាន​បង្ហាញ​ឯង​ឃើញ​នៅ​លើ​ភ្នំ​ស្រាប់។


ជំពូក 26

1 រីឯ​រោង​ឧបោសថ នោះ​ត្រូវ​ឲ្យ​ឯង​ធ្វើ​ពី​សំពត់​១០​ផ្ទាំង ដែល​ត្បាញ​ដោយ​អំបោះ​ខ្លូត‌ទេស វេញ​យ៉ាង​ខ្មាញ់ មាន​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ និង​ពណ៌​ក្រហម ព្រម​ទាំង​ប៉ាក់​ជា​រូប​ចេរូប៊ីន តាម​រចនា​នៃ​ពួក​ជាង​មាន​ស្នាដៃ
2 បណ្តា​សំពត់​នីមួយៗ​ត្រូវ​ឲ្យ​មាន​បណ្តោយ​២៨​ហត្ថ ទទឹង​៤​ហត្ថ​ស្មើ​គ្នា​ទាំង​អស់
3 សំពត់​៥​ផ្ទាំង ត្រូវ​ដេរ​ភ្ជាប់​ជា​មួយ​គ្នា ហើយ​សំពត់​៥​ផ្ទាំង​ទៀត ក៏​ត្រូវ​ដេរ​ភ្ជាប់​ជា​មួយ​គ្នា​ដែរ
4 ត្រូវ​ធ្វើ​ខ្សែ​ក្រវិល​មាន​ពណ៌​ខៀវ​តាម​ជាយ​សំពត់​ទី​១ ខាង​ចុង​ផ្ទាំង​ត្រង់​កន្លែង​ដែល​ភ្ជាប់​គ្នា ហើយ​ត្រូវ​ធ្វើ​ដូច្នោះ​តាម​ជាយ​ខាង​ចុង​ផ្ទាំង​១​ទៀត ត្រង់​កន្លែង​ដែល​ភ្ជាប់​គ្នា​ដែរ
5 ត្រូវ​ធ្វើ​ឲ្យ​មាន​ខ្សែ​ក្រវិល​៥០​នៅ​សំពត់​ទី​១ ហើយ​៥០​ទៀត​នៅ​សំពត់​ទី​២ ត្រូវ​ដាក់​ខ្សែ​ក្រវិល​ទាំង​នោះ​ឲ្យ​ស្មើ​គ្នា​ទាំង​អស់
6 ត្រូវ​ធ្វើ​ទំពក់​មាស​៥០ ដើម្បី​នឹង​ភ្ជាប់​សំពត់​ទាំង​២​ផ្ទាំង​នឹង​ទំពក់​នោះ ឲ្យ​រោង​ឧបោសថ​បាន​ជាប់​នៅ​ជា​រោង​តែ​១។
7 រួច​ត្រូវ​ធ្វើ​សំពត់​ពី​រោម​ពពែ ទុក​សម្រាប់​គ្រប​ពី​លើ​រោង​ឧបោសថ ត្រូវ​ឲ្យ​ធ្វើ​សំពត់​នោះ​១១​ផ្ទាំង
8 ឲ្យ​មាន​បណ្តោយ​៣០​ហត្ថ ទទឹង​៤​ហត្ថ​ស្មើ​គ្នា​ទាំង​អស់
9 ត្រូវ​ដេរ​សំពត់​៥​ផ្ទាំង​ភ្ជាប់​ជា​មួយ​គ្នា ហើយ​៦​ផ្ទាំង​ទៀត​ក៏​ត្រូវ​ដេរ​ភ្ជាប់​ជា​មួយ​គ្នា​ដែរ ឯ​សំពត់​ទី​៦ នោះ​ត្រូវ​បត់​ផាត់​ទៅ​លើ ពី​ខាង​មុខ​ត្រសាល
10 ហើយ​ត្រូវ​ធ្វើ​ខ្សែ​ក្រវិល​៥០​ដាក់​តាម​ជាយ​សំពត់​ទី​១ ខាង​ចុង​ផ្ទាំង​ត្រង់​កន្លែង​ដែល​ភ្ជាប់​គ្នា ហើយ​ខ្សែ​ក្រវិល​៥០​ទៀត តាម​ជាយ​សំពត់​ទី​២​ខាង​ចុង​ផ្ទាំង ត្រង់​កន្លែង​ដែល​ភ្ជាប់​គ្នា​ដែរ
11 ត្រូវ​ធ្វើ​ទំពក់​លង្ហិន​៥០ សម្រាប់​ថ្ពក់​នឹង​ខ្សែ​ក្រវិល​ទាំង​នោះ​ភ្ជាប់​ត្រសាល​រួម​មក​តែ​១
12 ឯ​សំពត់​ត្រសាល​ដែល​លើស​ពាក់​កណ្តាល ក្នុង​១​ផ្ទាំង​ខាង​ចុង នោះ​ត្រូវ​ឲ្យ​សំយាក​ធ្លាក់​ទៅ​បាំង​ខាង​ក្រោយ​រោង​ឧបោសថ​វិញ
13 ហើយ​សំពត់​ដែល​សល់​១​ហត្ថ​ទាំង​សង​ខាង​តាម​បណ្តោយ​ផ្ទាំង​ទាំង​ប៉ុន្មាន នោះ​ត្រូវ​ឲ្យ​សំយាក​ធ្លាក់​ទៅ បាំង​រោង​ឧបោសថ​ទាំង​សង​ខាង​ដែរ
14 រួច​ត្រូវ​ធ្វើ​គំរប​ពី​ស្បែក​ចៀម​ឈ្មោល​ជ្រលក់​ពណ៌​ក្រហម សម្រាប់​គ្រប​ត្រសាល ហើយ​និង​គំរប​ស្បែក​ផ្សោត ដើម្បី​នឹង​គ្រប់​ពី​លើ​នោះ​ទៀត។
15 ត្រូវ​ធ្វើ​ក្តារ​ពី​ឈើ​នាង‌នួន ដាក់​បញ្ឈរ សម្រាប់​ជា​ជញ្ជាំង​នៃ​រោង​ឧបោសថ
16 ក្តារ​ទាំង​នោះ ត្រូវ​ឲ្យ​មាន​បណ្តោយ​១០​ហត្ថ ហើយ​ទទឹង​១​ហត្ថ​កន្លះ
17 គ្រប់​តែ​ក្តារ ត្រូវ​មាន​ពន្លួញ​២​ភ្ជាប់​តាម​ជួរ​ជញ្ជាំង ត្រូវ​ធ្វើ​ឲ្យ​ដូច​គ្នា​ទាំង​អស់ សម្រាប់​រោង​ឧបោសថ
18 ត្រូវ​ធ្វើ​ក្តារ​២០​សន្លឹក​សម្រាប់​ខាង​ត្បូង​រោង​ឧបោសថ
19 ហើយ​នៅ​ក្រោម​ក្តារ​២០​សន្លឹក​នោះ ត្រូវ​ធ្វើ​ជើង​ប្រាក់​ចំនួន​៤០ គឺ​ជើង​ពីរៗ​នៅ​ក្រោម​រាល់​តែ​ក្តារ​សម្រាប់​ស៊ក​ពន្លួញ​ចូល​ទៅ
20 ត្រូវ​ធ្វើ​ក្តារ​២០​សន្លឹក សម្រាប់​រោង​ឧបោសថ​នៅ​ទិស​ខាង​ជើង​ទៀត
21 និង​ជើង​ប្រាក់​ចំនួន​៤០ សម្រាប់​ក្តារ​ទាំង​នោះ​ដែរ គឺ​ជើង​ពីរៗ​នៅ​ក្រោម​គ្រប់​តែ​ក្តារ
22 ហើយ​ត្រូវ​ធ្វើ​ក្តារ​៦​សន្លឹក សម្រាប់​ចុង​រោង​ឧបោសថ​នៅ​ទិស​ខាង​លិច
23 ត្រូវ​ធ្វើ​ក្តារ​២​សន្លឹក សម្រាប់​ជ្រុង​រោង​ឧបោសថ​នៅ​ខាង​ចុង
24 ក្តារ​២​សន្លឹក​នោះ ត្រូវ​ភ្ជាប់​គ្នា​នៅ​ខាង​ក្រោម និង​ខាង​លើ​ដោយ‌សារ​កង​១ នៅ​ជ្រុង​ទាំង​២ ត្រូវ​មាន​ក្តារ​២​ដូច​គ្នា
25 ដូច្នេះ ត្រូវ​ឲ្យ​មាន​ក្តារ​៨​សន្លឹក ហើយ​និង​ជើង​ប្រាក់​សម្រាប់​ក្តារ​ទាំង​នោះ​ចំនួន​ជា​១៦ គឺ​ជើង​ពីរៗ​នៅ​រៀង​រាល់​តែ​ក្តារ
26 ត្រូវ​ធ្វើ​រនុក​៥​ពី​ឈើ​នាង‌នួន សម្រាប់​ក្តារ​នៅ​ជញ្ជាំង​រោង​ឧបោសថ​ម្ខាង
27 និង​រនុក​៥​ទៀត សម្រាប់​ក្តារ​ជញ្ជាំង​រោង​ឧបោសថ​ម្ខាង ហើយ​រនុក​៥ សម្រាប់​ក្តារ​ជញ្ជាំង​នៅ​ឯ​ចុង​រោង​ឧបោសថ​ខាង​លិច
28 ឯ​រនុក​កណ្តាល ត្រូវ​ឲ្យ​វែង​បង្ហូត​ពី​ចុង​ម្ខាង​ដល់​ចុង​ម្ខាង
29 ត្រូវ​ស្រោប​ក្តារ​ទាំង​អស់​ដោយ​មាស ហើយ​ត្រូវ​ធ្វើ​កង​អំពី​មាស សម្រាប់​ប្រហក​រនុក​ចូល ទោះ​ទាំង​រនុក​នោះ​ក៏​ត្រូវ​ស្រោប​ដោយ​មាស​ដែរ
30 ត្រូវ​ដំឡើង​រោង​ឧបោសថ​តាម​គំរូ​ដែល​បាន​បង្ហាញ​ឲ្យ​ឯង​ឃើញ​នៅ​លើ​ភ្នំ។
31 រួច​ត្រូវ​ធ្វើ​វាំង‌នន ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម ដោយ​អំបោះ​ខ្លូត‌ទេស​វេញ​យ៉ាង​ខ្មាញ់ ព្រម​ទាំង​ប៉ាក់​រូប​ចេរូប៊ីន ដោយ​ការ​រចនា​នៃ​ជាង​មាន​ស្នាដៃ
32 ហើយ​ត្រូវ​ពាក់​វាំង‌នន​នោះ​លើ​សសរ​នាង‌នួន​៤ ដែល​ស្រោប​ដោយ​មាស បញ្ឈរ​លើ​ជើង​ប្រាក់​៤ មាន​ទាំង​ទំពក់​មាស​ផង
33 ត្រូវ​ពាក់​វាំង‌នន​នឹង​ទំពក់​ទាំង​នោះ រួច​ត្រូវ​យក​ហឹប​នៃ​សេចក្ដី​បន្ទាល់​ចូល​ទៅ ដាក់​នៅ​ខាង​ក្នុង​វាំង‌នន ហើយ​វាំង‌នន​នោះ​នឹង​ខាំង​ទី​បរិសុទ្ធ ពី​ទី​បរិសុទ្ធ​បំផុត​ឲ្យ​ឯង​រាល់​គ្នា
34 រួច​ត្រូវ​ដាក់​ទី​សន្តោស​ប្រោស​នៅ​លើ​ហឹប​នៃ​សេចក្ដី​បន្ទាល់​ខាង​ក្នុង​ទី​បរិសុទ្ធ​បំផុត
35 ហើយ​ត្រូវ​ដាក់​តុ​ពី​ខាង​ក្រៅ​វាំង‌នន ចំហៀង​ខាង​ជើង ឯ​ជើង​ចង្កៀង នោះ​ត្រូវ​ដាក់​នៅ​ពី​មុខ​តុ ចំហៀង​ខាង​ត្បូង ក្នុង​រោង​ឧបោសថ។
36 នៅ​មុខ​ត្រសាល ត្រូវ​ធ្វើ​រនាំង ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម ដោយ​អំបោះ​ខ្លូត‌ទេស​វេញ​យ៉ាង​ខ្មាញ់ ហើយ​ត្រូវ​ប៉ាក់​ផង
37 ត្រូវ​ធ្វើ​សសរ​នាង‌នួន​៥​ស្រោប​ដោយ​មាស សម្រាប់​រនាំង​នោះ ត្រូវ​មាន​ទំពក់​មាស ហើយ​ត្រូវ​សិត​ជើង​លង្ហិន​៥​សម្រាប់​សសរ​ទាំង​នោះ​ដែរ។


ជំពូក 27

1 ត្រូវ​ឲ្យ​ធ្វើ​អាសនៈ​ពី​ឈើ​នាង‌នួន បណ្តោយ​៥​ហត្ថ ទទឹង​៥​ហត្ថ ៤​ជ្រុង​ស្មើ ហើយ​កំពស់​៣​ហត្ថ
2 ត្រូវ​ធ្វើ​ស្នែង​ជាប់​នឹង​អាសនៈ​គ្រប់​ទាំង​៤​ជ្រុង ហើយ​ត្រូវ​ស្រោប​ដោយ​លង្ហិន
3 ត្រូវ​ធ្វើ​ប្រដាប់​ដាក់​ផេះ ចប‌ចូក ផើង សម ហើយ​និង​ជើង‌ក្រាន​សម្រាប់​អាសនៈ ឯ​ប្រដាប់​ទាំង​នោះ ត្រូវ​ធ្វើ​ពី​លង្ហិន​ទាំង​អស់
4 ត្រូវ​ធ្វើ​ប្រទាស​លង្ហិន​ខ្ទាស់​ក្រឡា​គ្នា​សម្រាប់​អាសនៈ​ដែរ ហើយ​ត្រូវ​ធ្វើ​កង​លង្ហិន​៤​ដាក់​នៅ​គ្រប់​ជ្រុង​ប្រទាស
5 ត្រូវ​ដាក់​ប្រទាស​ពី​ខាង​ក្រោម​គែម​ឲ្យ​ជាប់​ត្រង់​ពាក់​កណ្តាល​កំពស់​នៃ​អាសនៈ
6 ត្រូវ​យក​ឈើ​នាង‌នួន ធ្វើ​ជា​ឈើ​ស្នែង​សម្រាប់​សែង​អាសនៈ ហើយ​ស្រោប​ដោយ​លង្ហិន​ដែរ
7 ត្រូវ​ប្រហក​ឈើ​ស្នែង​នោះ​ទៅ​ក្នុង​កង ឲ្យ​ឈើ​ស្នែង​បាន​ជាប់​ទាំង​សង​ខាង​អាសនៈ​សម្រាប់​សែង​ទៅ
8 អាសនៈ​នោះ​ត្រូវ​ធ្វើ​ពី​ក្តារ​ឲ្យ​ខូង ដូច​ជា​បាន​បង្ហាញ​ឲ្យ​ឯង​ឃើញ​នៅ​លើ​ភ្នំ។
9 ត្រូវ​ឲ្យ​ធ្វើ​ទីលាន​នៃ​រោង​ឧបោសថ​ដែរ គឺ​ខាង​ត្បូង​ត្រូវ​មាន​រនាំង​ធ្វើ​ពី​អំបោះ​ខ្លូត‌ទេស​វេញ​យ៉ាង​ខ្មាញ់ ប្រវែង​១​រយ​ហត្ថ សម្រាប់​បាំង​ទីលាន​ខាង​ម្ខាង​នោះ
10 ហើយ​ត្រូវ​មាន​សសរ​២០ និង​ជើង​លង្ហិន​២០ ឯ​ទំពក់​សសរ និង​គន្លឹះ នោះ​ត្រូវ​ធ្វើ​ពី​ប្រាក់
11 នៅ​ខាង​ជើង ត្រូវ​មាន​រនាំង​ប្រវែង​១​រយ​ហត្ថ ហើយ​សសរ​២០ និង​ជើង​សសរ​លង្ហិន​២០​ដែរ ឯ​ទំពក់​សសរ និង​គន្លឹះ ក៏​ត្រូវ​ធ្វើ​ពី​ប្រាក់​ដូច​គ្នា
12 នៅ​ខាង​លិច ទទឹង​ទីលាន នោះ​ត្រូវ​មាន​រនាំង​ប្រវែង​៥០​ហត្ថ ហើយ​សសរ​១០ និង​ជើង​១០
13 ឯ​នៅ​ខាង​កើត​ទីលាន មាន​ទទឹង​៥០​ហត្ថ​ដែរ
14 តែ​ខាង​ម្ខាង​ត្រូវ​មាន​រនាំង​ប្រវែង​១៥​ហត្ថ និង​សសរ​៣ ហើយ​និង​ជើង​៣
15 ឯ​ម្ខាង​ទៀត នោះ​ត្រូវ​មាន​រនាំង​ប្រវែង​១៥​ហត្ថ និង​សសរ​៣ ហើយ​និង​ជើង​៣​ដូច​គ្នា
16 ឯ​នៅ​មាត់​ទ្វារ​ទីលាន ត្រូវ​មាន​រនាំង​ប្រវែង​២០​ហត្ថ ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម ធ្វើ​ពី​អំបោះ​ខ្លូត‌ទេស​វេញ​យ៉ាង​ខ្មាញ់ ហើយ​ប៉ាក់​ផង ព្រម​ទាំង​សសរ​៤ និង​ជើង​៤​ដែរ
17 អស់​ទាំង​សសរ​នៅ​ជុំវិញ​ទីលាន នោះ​ត្រូវ​មាន​គន្លឹះ និង​ទំពក់​ធ្វើ​ពី​ប្រាក់ ហើយ​និង​ជើង​ធ្វើ​ពី​លង្ហិន
18 ទីលាន​នោះ ត្រូវ​ឲ្យ​មាន​បណ្តោយ​១​រយ​ហត្ថ និង​ទទឹង​៥០​ហត្ថ​ស្មើ​គ្នា​រហូត ហើយ​កំពស់​រនាំង​៥​ហត្ថ ឯ​រនាំង​នោះ ត្រូវ​ធ្វើ​ពី​អំបោះ​ខ្លូត‌ទេស​វេញ​យ៉ាង​ខ្មាញ់ ហើយ​ជើង​សសរ​ទាំង​ប៉ុន្មាន​ត្រូវ​ធ្វើ​ពី​លង្ហិន
19 អស់​ទាំង​ប្រដាប់​សម្រាប់​នឹង​ប្រើ​ការ​ក្នុង​រោង​ឧបោសថ និង​ចំរ៉ឹង​នៃ​រោង​នោះ ហើយ​ចំរ៉ឹង​ទីលាន នោះ​ត្រូវ​ធ្វើ​ពី​លង្ហិន​ទាំង​អស់។
20 ត្រូវ​ឲ្យ​បង្គាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ឲ្យ​គេ​យក​ប្រេង​អូលីវ​សុទ្ធ ដែល​ធ្វើ​យ៉ាង​សំរាំង សម្រាប់​នឹង​ដុត​នៅ​ចង្កៀង​ជា​អចិន្ត្រៃយ៍
21 ឯ​ចង្កៀង​នោះ ត្រូវ​ឲ្យ​អើរ៉ុន និង​កូន​លោក​ថែ​ឲ្យ​ឆេះ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ចាប់​តាំង​ពី​ល្ងាច​ដល់​ព្រឹក នៅ​ខាង​ក្រៅ​វាំង‌នន​ក្នុង​ត្រសាល​ជំនុំ​ត្រង់​មុខ​ទី​បន្ទាល់ នេះ​ជា​ច្បាប់​សម្រាប់​អស់​កល្ប‌ជានិច្ច ដល់​ពូជ​តំណ​នៃ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ត​រៀង​ទៅ។


ជំពូក 28

1 រួច​ត្រូវ​ឲ្យ​ញែក​អើរ៉ុន បង​ឯង ព្រម​ទាំង​ពួក​កូន​លោក​ផង ចេញ​ពី​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​មក ដើម្បី​ឲ្យ​គេ​បាន​ធ្វើ​ការ‌ងារ​ជា​សង្ឃ​នៅ​មុខ​អញ គឺ​ទាំង​អើរ៉ុន និង​ណាដាប អ័ប៊ីហ៊ូវ អេលាសារ ហើយ​និង​អ៊ីថាម៉ារ​ជា​កូន​លោក។
2 ត្រូវ​ឲ្យ​ធ្វើ​សម្លៀក‌បំពាក់​បរិសុទ្ធ សម្រាប់​អើរ៉ុន បង​ឯង សម្រាប់​ជា​កិត្តិយស ហើយ​និង​ភាព​លំអ
3 ត្រូវ​ប្រាប់​ដល់​អស់​អ្នក​ណា​ដែល​មាន​គំនិត​វាង‌វៃ ជា​មនុស្ស​ដែល​អញ​បាន​បំពេញ​ដោយ​តម្រិះ​សព្វ​គ្រប់ ឲ្យ​គេ​ធ្វើ​សម្លៀក‌បំពាក់​ឲ្យ​អើរ៉ុន ដើម្បី​ញែក​លោក​ចេញ​ជា​បរិសុទ្ធ សម្រាប់​នឹង​ធ្វើ​ការ‌ងារ​ជា​សង្ឃ​ដល់​អញ
4 ឯ​សម្លៀក‌បំពាក់​ទាំង​ប៉ុន្មាន​ដែល​គេ​ត្រូវ​ធ្វើ នោះ​គឺ​ប្រដាប់​បាំង​ទ្រូង​១ អេផូឌ​១ អាវ​វែង​១ អាវ​ខ្លី​ប៉ាក់​១ មួក​១ ហើយ​និង​ខ្សែ​ក្រវាត់​១
5 ត្រូវ​ឲ្យ​យក​មាស សំពត់​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម និង​សំពត់​ខ្លូត‌ទេស​យ៉ាង​ម៉ដ្ត ដើម្បី​ធ្វើ​សម្លៀក‌បំពាក់​បរិសុទ្ធ​ទាំង​នោះ សម្រាប់​អើរ៉ុន បង​ឯង និង​ឲ្យ​កូន​លោក​ផង ដើម្បី​ឲ្យ​គេ​បាន​ធ្វើ​ការ‌ងារ​ជា​សង្ឃ​ដល់​អញ។
6 ត្រូវ​ឲ្យ​ធ្វើ​អេផូឌ​ពី​មាស ហើយ​ពី​សំពត់​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម ដែល​ត្បាញ​ដោយ​អំបោះ​ខ្លូត‌ទេស​វេញ​យ៉ាង​ខ្មាញ់ ទាំង​ធ្វើ​តាម​រចនា​នៃ​ពួក​ជាង​ដែល​មាន​ស្នាដៃ
7 ត្រូវ​មាន​ខ្សែ​ស្មា​២​ភ្ជាប់​នៅ​ចុង​អេផូឌ​ទាំង​មុខ​ទាំង​ក្រោយ ឲ្យ​បាន​ជាប់​ជា​មួយ​គ្នា
8 ឯ​ខ្សែ​ក្រវាត់​ដែល​ជាប់​នឹង​អេផូឌ ហើយ​សម្រាប់​ចង​ភ្ជាប់​គ្នា នោះ​ត្រូវ​ធ្វើ​យ៉ាង​នោះ​ដែរ គឺ​ធ្វើ​ពី​មាស ហើយ​ពី​សំពត់​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម ដែល​ត្បាញ​ដោយ​អំបោះ​ខ្លូត‌ទេស​វេញ​យ៉ាង​ខ្មាញ់
9 រួច​ត្រូវ​យក​ថ្ម​អូនីក្ស​២​ដុំ ធ្លាក់​ចុះ​អស់​ទាំង​ឈ្មោះ​នៃ​ពួក​កូន​អ៊ីស្រា‌អែល
10 ត្រូវ​ឲ្យ​មាន​ឈ្មោះ​៦​នៅ​ថ្ម​១​ដុំ ហើយ​ឈ្មោះ​៦​នៅ​ថ្ម​១​ដុំ​ទៀត តាម​កំណើត​គេ​គ្រប់​គ្នា
11 ត្រូវ​ឆ្លាក់​អស់​ទាំង​ឈ្មោះ​នៃ​ពួក​កូន​អ៊ីស្រា‌អែល​នៅ​ថ្ម​ទាំង​២​ដុំ​នោះ បែប​ដូច​ជា​ជាង​ចំឡាក់​គេ​ឆ្លាក់​ធ្វើ​ត្រា ហើយ​ដាំ​ចុះ​ក្នុង​គ្រោង​មាស
12 ត្រូវ​ដាក់​ថ្ម​ទាំង​២​ដុំ​នោះ​នៅ​លើ​ខ្សែ​ស្មា​អេផូឌ ទុក​ជា​សេចក្ដី​រំឭក​ដល់​អស់​ទាំង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ដូច្នេះ អើរ៉ុន​នឹង​ពាក់​ឈ្មោះ​គេ​នៅ​លើ​ស្មា​ទាំង​២ ទុក​ជា​សេចក្ដី​រំឭក​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា
13 ត្រូវ​ឲ្យ​ធ្វើ​គ្រោង​មាស​សម្រាប់​ដាំ​ថ្ម
14 ហើយ​ខ្សែ​មាស​សុទ្ធ​២ វេញ​ដូច​ជា​ខ្សែ‌ពួរ រួច​ភ្ជាប់​ខ្សែ​នឹង​គ្រោង​មាស​នោះ។
15 ត្រូវ​ធ្វើ​ប្រដាប់​បាំង​ទ្រូង​នៃ​ការ​វិនិច្ឆ័យ ឲ្យ​ត្រូវ​តាម​រចនា​នៃ​ពួក​ជាង​ដែល​មាន​ស្នាដៃ ហើយ​តាម​របៀប​អេផូឌ​ដែរ គឺ​ធ្វើ​ពី​មាស ពី​សំពត់​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម ដែល​ត្បាញ​ដោយ​អំបោះ​ខ្លូត‌ទេស​វេញ​យ៉ាង​ខ្មាញ់
16 ត្រូវ​ឲ្យ​បាន​៤​ជ្រុង​ស្មើ បត់​ជា​២​ផ្នត់ បណ្តោយ​១​ចំអាម ទទឹង​១​ចំអាម
17 ហើយ​ត្រូវ​ដាំ​ត្បូង​៤​ជួរ​នៅ​ប្រដាប់​នោះ ក្នុង​ជួរ​ទី​១ មាន​ត្បូង​សាមស៊ី​១ ត្បូង​ទោបុ័ត​១ និង​បារកេត​១
18 ក្នុង​ជួរ​ទី​២ មាន​ត្បូង​មរកដ​១ ត្បូង‌កណ្តៀង​១ និង​ពេជ្រ​១
19 ក្នុង​ជួរ​ទី​៣ មាន​ត្បូង​លេសិម​១ ត្បូង​ទទឹម​១ និង​ត្បូង​ត្របែក​១
20 ក្នុង​ជួរ​ទី​៤ មាន​ត្បូង​បេរីល​១ ត្បូង​អូនីក្ស​១ និង​មណី‌ជោតិ​១ ត្រូវ​ដាំ​ត្បូង​ទាំង​នេះ​ចុះ​ក្នុង​គ្រោង​មាស
21 ត្រូវ​តែ​មាន​ត្បូង​១២ តាម​ឈ្មោះ​នៃ​ពួក​កូន​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន ហើយ​ត្រូវ​ឆ្លាក់​ទាំង​អស់​បែប​ដូច​ជា​ឆ្លាក់​ត្រា ឯ​គ្រប់​តែ​ត្បូង ត្រូវ​ចារឹក​ឈ្មោះ​មួយៗ ក្នុង​ឈ្មោះ​ពូជ​អំបូរ​ទាំង​១២​នោះ
22 ហើយ​ត្រូវ​ឲ្យ​ធ្វើ​ខ្សែ​មាស​សុទ្ធ​វេញ​ដូច​ជា​ខ្សែ‌ពួរ​ដាក់​ភ្ជាប់​នឹង​ប្រដាប់​បាំង​ទ្រូង
23 ត្រូវ​ធ្វើ​ក្រវិល​មាស​២ ដាក់​ភ្ជាប់​នៅ​ចុង​សង​ខាង​ដែរ
24 ហើយ​ត្រូវ​បញ្ចូល​ខ្សែ​មាស​២​ក្នុង​ក្រវិល​ដែល​នៅ​ជាប់​ចុង​សង​ខាង​នៃ​ប្រដាប់​បាំង​ទ្រូង
25 ហើយ​ចុង​ខ្សែ​ទាំង​២ ត្រូវ​ឲ្យ​ភ្ជាប់​នឹង​គ្រោង​មាស​ដាំ​ត្បូង​នៅ​ខ្សែ​ស្មា​របស់​អេផូឌ​ខាង​មុខ
26 ឯង​ត្រូវ​ធ្វើ​ក្រវិល​មាស​២​ទៀត ដាក់​ភ្ជាប់​នៅ​ជាយ​ខាង​ក្នុង​ត្រង់​ចុង​សង​ខាង​នៃ​ប្រដាប់​បាំង​ទ្រូង ដែល​នៅ​ផ្ទាប់​នឹង​អេផូឌ
27 ហើយ​ត្រូវ​ធ្វើ​ក្រវិល​មាស​២​ទៀត ដាក់​ភ្ជាប់​នៅ​ក្រោម ហើយ​ខាង​មុខ​តួ​គ្រោង​នៃ​ខ្សែ​ស្មា​អេផូឌ ជិត​កន្លែង​ដែល​ខ្សែ​ស្មា​ភ្ជាប់​គ្នា ហើយ​ខាង​លើ​ខ្សែ​អេផូឌ​ដែរ
28 ត្រូវ​យក​ខ្សែ​ខៀវ​ចង​ក្រវិល​នៃ​ប្រដាប់​បាំង​ទ្រូង ភ្ជាប់​នឹង​ក្រវិល​អេផូឌ ដើម្បី​ឲ្យ​ប្រដាប់​បាំង​ទ្រូង​បាន​នៅ​លើ​ខ្សែ​អេផូឌ កុំ​ឲ្យ​របូត​ចេញ​ពី​អេផូឌ​ឡើយ
29 ដូច្នេះ កាល​ណា​អើរ៉ុន​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ នោះ​នឹង​ពាក់​អស់​ទាំង​ឈ្មោះ​នៃ​ពួក​កូន​អ៊ីស្រា‌អែល ដែល​ឆ្លាក់​នៅ​ប្រដាប់​បាំង​ទ្រូង​នៃ​ការ​វិនិច្ឆ័យ​នោះ​នៅ​លើ​ទ្រូង សម្រាប់​ជា​សេចក្ដី​រំឭក​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជានិច្ច
30 ត្រូវ​ដាក់​យូរីម និង​ធូមីម ភ្ជាប់​នៅ​ប្រដាប់​បាំង​ទ្រូង​នៃ​ការ​វិនិច្ឆ័យ​ដែរ ដូច្នេះ អើរ៉ុន​នឹង​ពាក់​លើ​ទ្រូង ក្នុង​កាល​ដែល​ចូល​ទៅ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ហើយ​ការ​វិនិច្ឆ័យ​នៃ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល នឹង​នៅ​ជាប់​លើ​ទ្រូង​អើរ៉ុន​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជានិច្ច។
31 ឯ​អាវ​វែង​ផង​អេផូឌ នោះ​ត្រូវ​ឲ្យ​ធ្វើ​ពី​សំពត់​ពណ៌​ផ្ទៃ​មេឃ​ទាំង​អស់
32 នៅ​កណ្តាល​អាវ នោះ​ត្រូវ​វៀល​ជា​ក ហើយ​ត្រូវ​មាន​សំពត់​ចំ​នៅ​ជុំវិញ​ក​អាវ​នោះ បែប​ដូច​ជា​ក​នៃ​អាវ​សឹក ដើម្បី​កុំ​ឲ្យ​អាវ​នោះ​រហែក​ចេញ
33 នៅ​ជុំវិញ​ជាយ​អាវ​ខាង​ក្រោម នោះ​ត្រូវ​ធ្វើ​ផ្លែ​ទទឹម​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម លាយ​ឆ្លាស់​នឹង​ចង្ក្រង់​មាស
34 គឺ​ចង្ក្រង់​មាស​១ ផ្លែ​ទទឹម​១ ចង្ក្រង់​មាស​១ ផ្លែ​ទទឹម​១ តាម​ជុំវិញ​ជាយ​អាវ​វែង​នោះ
35 អើរ៉ុន​ត្រូវ​ពាក់​អាវ​វែង​នោះ សម្រាប់​ធ្វើ​ការ‌ងារ​របស់​ខ្លួន ដូច្នេះ កាល​ណា​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ឬ​ចេញ​មក​វិញ​ក្តី នោះ​នឹង​ឮ​សូរ​ចង្ក្រង់ ហើយ​លោក​មិន​ត្រូវ​ស្លាប់​ទេ។
36 ត្រូវ​ធ្វើ​ស្លាក​មាស​សុទ្ធ​១ ហើយ​ឆ្លាក់​បែប​ដូច​ជា​ឆ្លាក់​ត្រា​ថា «បរិសុទ្ធ​ដល់​ព្រះ‌យេហូវ៉ា»
37 ត្រូវ​ចង​ស្លាក​នោះ​នឹង​ខ្សែ​ពណ៌​ខៀវ​ភ្ជាប់​នៅ​ត្រង់​មុខ​មួក នៅ​លើ​ថ្ងាស​អើរ៉ុន
38 នោះ​អើរ៉ុន​នឹង​ទទួល​អស់​ទាំង​ការ​កំហុស​ខាង​ឯ​របស់​បរិសុទ្ធ​ទាំង​ប៉ុន្មាន ដែល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថ្វាយ ហើយ​ស្លាក​នោះ​នឹង​នៅ​លើ​ថ្ងាស​អើរ៉ុន ជា​ដរាប​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដើម្បី​ទ្រង់​បាន​ទទួល​គេ។
39 ត្រូវ​ឲ្យ​ធ្វើ​អាវ​ខ្លី​ពី​សំពត់​ខ្លូត‌ទេស​យ៉ាង​ម៉ដ្ត និង​មួក​ពី​សំពត់​ខ្លូត‌ទេស​ដែរ ហើយ​ខ្សែ​ក្រវាត់​ប៉ាក់​ផង។
40 ឯ​ពួក​កូន​របស់​អើរ៉ុន នោះ​ត្រូវ​ឲ្យ​ឯង​ធ្វើ​អាវ​ខ្លី និង​ខ្សែ​ក្រវាត់ ព្រម​ទាំង​ឈ្នួត​សម្រាប់​គេ​ដែរ ដើម្បី​ជា​កិត្តិយស និង​ជា​ភាព​លំអ​ដល់​គេ
41 ត្រូវ​បំពាក់​ឲ្យ​អើរ៉ុន​បង​ឯង និង​កូន​លោក​ផង រួច​ត្រូវ​ចាក់​ប្រេង​តាំង​គេ​ឡើង ហើយ​ញែក​ចេញ​ជា​បរិសុទ្ធ ដើម្បី​ឲ្យ​បាន​ធ្វើ​ការ‌ងារ​ជា​សង្ឃ​ដល់​អញ
42 ត្រូវ​ឲ្យ​ធ្វើ​ខោ​ស្នាប់​ភ្លៅ​ពី​សំពត់​ខ្លូត‌ទេស​ឲ្យ​គេ ពី​ត្រឹម​ចង្កេះ​ដល់​ពាក់​កណ្តាល​ភ្លៅ សម្រាប់​បាំង​កេរ្តិ៍‌ខ្មាស​គេ
43 អើរ៉ុន និង​កូន​លោក​ត្រូវ​ស្លៀក​ខោ​នោះ ក្នុង​កាល​ដែល​ចូល​ទៅ​ក្នុង​ត្រសាល​ជំនុំ ឬ​កាល​ណា​ចូល​ទៅ​ឯ​អាសនៈ នឹង​ធ្វើ​ការ‌ងារ​ក្នុង​ទី​បរិសុទ្ធ ដូច្នេះ គេ​នឹង​គ្មាន​ទោស ហើយ​មិន​ត្រូវ​ស្លាប់​ទេ នេះ​ឯង​ជា​ច្បាប់​សម្រាប់​នៅ​អស់​កល្ប‌ជានិច្ច ដល់​អើរ៉ុន និង​ពូជ​តំណ​របស់​លោក​ត​រៀង​ទៅ។


ជំពូក 29

1 នេះ​ជា​ការ​ដែល​ឯង​ត្រូវ​ធ្វើ ដើម្បី​នឹង​ញែក​អ្នក​ទាំង​នោះ​ចេញ​ជា​បរិសុទ្ធ ឲ្យ​បាន​ធ្វើ​ការ‌ងារ​ជា​សង្ឃ​ដល់​អញ គឺ​ត្រូវ​ឲ្យ​យក​គោ​ឈ្មោល​ស្ទាវ​១ និង​ចៀម​ឈ្មោល​២​ដ៏​ឥត​ខ្ចោះ
2 ហើយ​យក​ម្សៅ​ភោជ្ជ‌សាលី​យ៉ាង​ម៉ដ្ត ធ្វើ​នំបុ័ង​ឥត​ដំបែ និង​នំ​ឥត​ដំបែ​លាយ​ដោយ​ប្រេង ហើយ​និង​នំ​ក្រៀប​ឥត​ដំបែ​ប្រោះ​ដោយ​ប្រេង
3 ត្រូវ​ឲ្យ​ដាក់​នំ​ទាំង​នោះ​នៅ​ក្នុង​កញ្ច្រែង រួច​នាំ​យក​មក​ជា​មួយ​នឹង​គោ​ឈ្មោល ព្រម​ទាំង​ចៀម​ឈ្មោល​ទាំង​២
4 ហើយ​ត្រូវ​នាំ​អើរ៉ុន និង​កូន​លោក​ចូល​មក​ឯ​ទ្វារ​ត្រសាល​ជំនុំ រួច​យក​ទឹក​មក​ផ្ងូត​គេ
5 ត្រូវ​យក​សម្លៀក‌បំពាក់​ទាំង​ប៉ុន្មាន​មក​បំពាក់​ឲ្យ គឺ​អាវ​ខ្លី អាវ​វែង​នៃ​អេផូឌ ហើយ​អេផូឌ និង​ប្រដាប់​បាំង​ទ្រូង​ឲ្យ​អើរ៉ុន ហើយ​យក​ខ្សែ​ក្រវាត់​របស់​អេផូឌ​មក​ក្រវាត់​ឲ្យ​ដែរ
6 ព្រម​ទាំង​បំពាក់​មួយ​លើ​ក្បាល ហើយ​ដាក់​ស្លាក​នៃ​សេចក្ដី​បរិសុទ្ធ​នៅ​ភ្ជាប់​នឹង​មួក​នោះ
7 ត្រូវ​យក​ប្រេង​មក​ចាក់​លើ​ក្បាល តាំង​លោក​ឡើង
8 រួច​ត្រូវ​នាំ​កូន​លោក​ចូល​មក​បំពាក់​អាវ​ខ្លី​ឲ្យ
9 ព្រម​ទាំង​យក​ខ្សែ​ក្រវាត់​មក​ក្រវាត់​ឲ្យ​អើរ៉ុន និង​កូន​លោក​ផង រួច​ជួត​ឈ្នួត​ឲ្យ​គេ​ដែរ នោះ​ការ‌ងារ​ជា​សង្ឃ​នឹង​បាន​ជា​របស់​ផង​គេ ជា​ច្បាប់​សម្រាប់​នៅ​អស់​កល្ប‌ជានិច្ច គឺ​យ៉ាង​នោះ​ឯង​ដែល​ត្រូវ​តាំង​អើរ៉ុន ហើយ​និង​ពួក​កូន​លោក​ឡើង។
10 រួច​ត្រូវ​នាំ​គោ​ឈ្មោល​មក នៅ​មុខ​ត្រសាល​ជំនុំ ហើយ​អើរ៉ុន និង​កូន​លោក ត្រូវ​ដាក់​ដៃ​លើ​ក្បាល​គោ​នោះ
11 ត្រូវ​សម្លាប់​គោ​នោះ​នៅ​ត្រង់​មាត់​ទ្វារ​ត្រសាល​ជំនុំ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា
12 ហើយ​យក​ម្រាម​ដៃ​ជ្រលក់​ចុះ​ក្នុង​ឈាម​នោះ​ខ្លះ​ប្រឡាក់​នៅ​ស្នែង​អាសនៈ រួច​ត្រូវ​ចាក់​ឈាម​ទាំង​អស់​នៅ​ជើង​អាសនៈ
13 ត្រូវ​យក​ខ្លាញ់​ទាំង​អស់​ដែល​នៅ​ជាប់​នឹង​អាការៈ​ខាង​ក្នុង ហើយ​ដុំ​ថ្លើម អង្គញ់​ទាំង​២ និង​ខ្លាញ់​ដែល​រុំ​អង្គញ់​នោះ ទៅ​ដុត​ទាំង​អស់​នៅ​លើ​អាសនៈ
14 តែ​សាច់ និង​ស្បែក ហើយ​និង​លា​មក​ទាំង​ប៉ុន្មាន នោះ​ត្រូវ​យក​ទៅ​ខាង​ក្រៅ​ទី​ដំឡើង​ត្រសាល​ដុត​នៅ​ទី​នោះ​ទៅ នោះ​ហើយ​ជា​តង្វាយ​លោះ​បាប។
15 ត្រូវ​ឲ្យ​យក​ចៀម​ឈ្មោល​១​មក ហើយ​អើរ៉ុន និង​កូន​លោក​ត្រូវ​ដាក់​ដៃ​លើ​ក្បាល​ចៀម​នោះ
16 ត្រូវ​សម្លាប់​ចៀម​នោះ យក​ឈាម​ទៅ​ប្រោះ​នៅ​គ្រប់​ជុំវិញ​លើ​អាសនៈ
17 រួច​ត្រូវ​កាប់​ជា​ដុំៗ ហើយ​លាង​អាការៈ​ខាង​ក្នុង​ទាំង​ប៉ុន្មាន និង​ផើង​ផង យក​ទៅ​ដាក់​លើ​ដុំ​សាច់ ហើយ​និង​ក្បាល
18 រួច​ដុត​ទាំង​អស់​នៅ​លើ​អាសនៈ នោះ​ហើយ​ជា​តង្វាយ​ដុត​ថ្វាយ​ព្រះ‌យេហូវ៉ា គឺ​ជា​តង្វាយ​ដុត​នឹង​ភ្លើង​សម្រាប់​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា។
19 ត្រូវ​យក​ចៀម​១​ទៀត​នោះ​មក ហើយ​ត្រូវ​ឲ្យ​អើរ៉ុន និង​កូន​លោក​ដាក់​ដៃ​លើ​ក្បាល
20 រួច​សម្លាប់​យក​ឈាម​ខ្លះ​ទៅ​លាប​នៅ​លើ​ទង​ត្រចៀក​ស្តាំ​អើរ៉ុន ហើយ​លើ​ទង​ត្រចៀក​ស្តាំ​នៃ​ពួក​កូន​លោក​ដែរ លើ​មេ​ដៃ​ស្តាំ ហើយ​លើ​មេ​ជើង​ស្តាំ​ទាំង​អស់​គ្នា រួច​ប្រោះ​ឈាម​ទាំង​អស់​ទៅ​គ្រប់​លើ​អាសនៈ​ជុំវិញ
21 ត្រូវ​ឲ្យ​យក​ឈាម​ខ្លះ​ដែល​នៅ​លើ​អាសនៈ និង​ប្រេង​ទៅ​ប្រោះ​លើ​អើរ៉ុន លើ​សម្លៀក‌បំពាក់​លោក លើ​ពួក​កូន​លោក និង​សម្លៀក‌បំពាក់​ពួក​កូន​លោក​ផង នោះ​លោក​នឹង​បាន​បរិសុទ្ធ ព្រម​ទាំង​សម្លៀក‌បំពាក់ ហើយ​ពួក​កូន​លោក និង​សម្លៀក‌បំពាក់​របស់​គេ​ដែរ
22 ត្រូវ​យក​ខ្លាញ់​ចៀម​នោះ ព្រម​ទាំង​កន្ទុយ និង​ខ្លាញ់​ដែល​នៅ​ជាប់​នឹង​អាការៈ​ខាង​ក្នុង ហើយ​ដុំ​ថ្លើម អង្គញ់​ទាំង​២ និង​ខ្លាញ់​ដែល​រុំ​នៅ​អង្គញ់​នោះ ហើយ​និង​ស្មា​ស្តាំ​ផង ដ្បិត​នេះ​ជា​ចៀម​សម្រាប់​បុណ្យ​តាំង​ជា​សង្ឃ
23 ហើយ​ត្រូវ​យក​នំបុ័ង​១​ដុំ នំ​លាយ​ប្រេង​១ និង​នំ​ក្រៀប​១ ពី​នំ​ឥត​ដំបែ​ដែល​នៅ​ក្នុង​កញ្ច្រែង​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា
24 ទៅ​ដាក់​បាត​ដៃ​អើរ៉ុន ហើយ​បាត​ដៃ​នៃ​កូន​លោក គ្រវី​នំ​ទាំង​នោះ​ទុក​ជា​តង្វាយ​គ្រវី​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា
25 រួច​ត្រូវ​យក​ទាំង​អស់​ពី​ដៃ​គេ​ចេញ​ទៅ​ដុត​នៅ​លើ​តង្វាយ ដែល​កំពុង​តែ​ថ្វាយ​នៅ​លើ​អាសនៈ សម្រាប់​ជា​ក្លិន​ឈ្ងុយ​ថ្វាយ​ព្រះ‌យេហូវ៉ា នោះ​ហើយ​ជា​តង្វាយ​ដុត​ថ្វាយ​ព្រះ‌យេហូវ៉ា
26 ត្រូវ​ឲ្យ​យក​ទ្រូង​ចៀម​១​នោះ ដែល​សម្រាប់​បុណ្យ​តាំង​អើរ៉ុន​ជា​សង្ឃ ទៅ​គ្រវី​ទុក​ជា​តង្វាយ​គ្រវី​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា នោះ​នឹង​បាន​ជា​ចំណែក​ដល់​ឯង
27 ឯ​ទ្រូង និង​ស្មា​របស់​ចៀម ដែល​សម្រាប់​បុណ្យ​តាំង​អើរ៉ុន និង​កូន​លោក​ឡើង​ជា​សង្ឃ នោះ​ត្រូវ​ញែក​ជា​បរិសុទ្ធ ដោយ​យក​ទ្រូង​គ្រវី​ពី​ម្ខាង​ទៅ​ម្ខាង ហើយ​ដោយ​យក​ស្មា​លើក​ថ្វាយ​ចុះ​ឡើង
28 នោះ​នឹង​បាន​ជា​របស់​ផង​អើរ៉ុន ហើយ​និង​កូន​លោក គឺ​ជា​ច្បាប់​សម្រាប់​នៅ​អស់​កល្ប‌ជានិច្ច ដែល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ត្រូវ​កាន់​តាម ដ្បិត​នេះ​ឯង​ជា​តង្វាយ​លើក​ចុះ​ឡើង ហើយ​ក្នុង​អស់​ទាំង​តង្វាយ​មេត្រី​ដែល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថ្វាយ នោះ​តង្វាយ​លើក​ចុះ​ឡើង​ជា​តង្វាយ​សម្រាប់​ព្រះ‌យេហូវ៉ា។
29 ឯ​អស់​ទាំង​សម្លៀក‌បំពាក់​បរិសុទ្ធ​របស់​អើរ៉ុន នឹង​ត្រូវ​ទុក​ឲ្យ​ពួក​កូន​ចៅ​លោក​ត​រៀង​ទៅ ឲ្យ​គេ​បាន​ស្លៀក‌ពាក់​ក្នុង​កាល​ដែល​បាន​ចាក់​ប្រេង​តាំង​គេ​ឡើង​ជា​សង្ឃ​ដែរ
30 កូន​លោក​ណា​មួយ​ដែល​ត្រូវ​ជំនួស​លោក​ក្នុង​ការ‌ងារ​ជា​សង្ឃ នោះ​ត្រូវ​ស្លៀក​សម្លៀក‌បំពាក់​នោះ​គ្រប់​៧​ថ្ងៃ ក្នុង​កាល​ដែល​ចូល​ទៅ​ក្នុង​ត្រសាល​ជំនុំ ដើម្បី​នឹង​ធ្វើ​ការ‌ងារ​ក្នុង​ទី​បរិសុទ្ធ។
31 រួច​ត្រូវ​ឲ្យ​យក​ចៀម​ឈ្មោល​សម្រាប់​បុណ្យ​តាំង​ជា​សង្ឃ ទៅ​ស្ងោរ​នៅ​កន្លែង​បរិសុទ្ធ
32 នោះ​អើរ៉ុន ព្រម​ទាំង​កូន​លោក និង​បរិភោគ​សាច់​ចៀម ហើយ​និង​នំបុ័ង​ក្នុង​កញ្ច្រែង​នៅ​មាត់​ទ្វារ​ត្រសាល​ជំនុំ
33 ត្រូវ​ឲ្យ​គេ​បរិភោគ​របស់​ទាំង​នោះ ដែល​បាន​ថ្វាយ​ឲ្យ​ធួន​នឹង​បាប ដើម្បី​នឹង​តាំង​គេ​ជា​សង្ឃ ហើយ​ញែក​ជា​បរិសុទ្ធ ឯ​អ្នក​ប្រទេស​ក្រៅ មិន​ត្រូវ​បរិភោគ​ឡើយ ដ្បិត​របស់​ទាំង​នោះ​ជា​របស់​បរិសុទ្ធ
34 បើ‌សិន​ជា​មាន​សាច់​ពី​បុណ្យ​នោះ ឬ​នំបុ័ង​បាន​សល់​នៅ​ដល់​ព្រឹក​ឡើង នោះ​ត្រូវ​យក​សំណល់​នោះ​ទៅ​ដុត​នឹង​ភ្លើង​ទៅ មិន​ត្រូវ​បរិភោគ​ឡើយ ដ្បិត​ជា​របស់​បរិសុទ្ធ។
35 ត្រូវ​ធ្វើ​បុណ្យ​នេះ​គ្រប់​៧​ថ្ងៃ ដើម្បី​នឹង​តាំង​អើរ៉ុន និង​ពួក​កូន​លោក​ឡើង​ធ្វើ​ជា​សង្ឃ តាម​អស់​ទាំង​សេចក្ដី​ដែល​អញ​បាន​បង្គាប់
36 រាល់​តែ​ថ្ងៃ​នោះ ត្រូវ​ថ្វាយ​គោ​ឈ្មោល​១​ជា​តង្វាយ​លោះ​បាប​សម្រាប់​ឲ្យ​ធួន​នឹង​បាប យ៉ាង​នោះ​នឹង​បាន​សម្អាត​អាសនៈ ដោយ‌សារ​តង្វាយ ដែល​សម្រាប់​ឲ្យ​ធួន​នឹង​បាប រួច​ត្រូវ​ចាក់​ប្រេង​ញែក​អាសនៈ​ចេញ​ជា​បរិសុទ្ធ
37 ក្នុង​រវាង​៧​ថ្ងៃ​នោះ ត្រូវ​ថ្វាយ​តង្វាយ​ឲ្យ​ធួន​នឹង​អាសនៈ ព្រម​ទាំង​ញែក​ជា​បរិសុទ្ធ នោះ​អាសនៈ​នឹង​បាន​បរិសុទ្ធ​ជា​ទី​បំផុត ហើយ​របស់​អ្វី​ដែល​ប៉ះ​នឹង​អាសនៈ​ក៏​នឹង​បាន​ជា​បរិសុទ្ធ​ដែរ។
38 រីឯ​តង្វាយ​ដែល​ត្រូវ​ថ្វាយ​នៅ​លើ​អាសនៈ​រាល់​តែ​ថ្ងៃ​ជានិច្ច នោះ​គឺ​កូន​ចៀម​២ អាយុ​១​ខួប
39 កូន​ចៀម​១​ត្រូវ​ថ្វាយ​ក្នុង​ពេល​ព្រឹក ហើយ​១​ទៀត​ក្នុង​ពេល​ល្ងាច
40 ហើយ​ដែល​ថ្វាយ​កូន​ចៀម​មុន​ដំបូង នោះ​ត្រូវ​ថ្វាយ​ទាំង​ម្សៅ​យ៉ាង​ម៉ដ្ត​១​ភាគ​ក្នុង​១០​ក្នុង​១​ថាំង លាយ​នឹង​ប្រេង​សំរាំង​១​កំប៉ុង និង​តង្វាយ​ច្រួច​ជា​ស្រា​ទំពាំង‌បាយ‌ជូរ​១​កំប៉ុង​ផង
41 លុះ​ដល់​ល្ងាច ត្រូវ​ឲ្យ​ឯង​ថ្វាយ​កូន​ចៀម​១​ទៀត ព្រម​ទាំង​តង្វាយ​ម្សៅ និង​តង្វាយ​ច្រួច​ដូច​ថ្វាយ​ពី​ព្រឹក​ដែរ នេះ​គឺ​ជា​តង្វាយ​ដុត​សម្រាប់​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា
42 នេះ​ហើយ​ជា​តង្វាយ​ដុត​ជានិច្ច ដែល​កូន​ចៅ​ឯង​ត​ទៅ​មុខ ត្រូវ​ថ្វាយ​នៅ​មាត់​ទ្វារ​ត្រសាល​ជំនុំ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​កន្លែង​ដែល​អញ​នឹង​មក​ជួប​នឹង​ឯង​រាល់​គ្នា ដើម្បី​នឹង​និយាយ​ជា​មួយ​នឹង​ឯង
43 អញ​នឹង​មក​ជួប​នឹង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​នៅ​ទី​នោះ ហើយ​កន្លែង​នោះ​នឹង​បាន​បរិសុទ្ធ ដោយ‌សារ​សិរី‌ល្អ​នៃ​អញ
44 អញ​នឹង​ញែក​ត្រសាល​ជំនុំ ហើយ​និង​អាសនៈ​ចេញ​ជា​បរិសុទ្ធ ព្រម​ទាំង​អើរ៉ុន និង​ពួក​កូន​លោក​ដែរ ដើម្បី​ឲ្យ​អ្នក​ទាំង​នោះ​បាន​ធ្វើ​ការ‌ងារ​ជា​សង្ឃ​ដល់​អញ
45 យ៉ាង​នោះ​អញ​នឹង​នៅ​កណ្តាល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ហើយ​និង​ធ្វើ​ជា​ព្រះ​ឲ្យ​គេ
46 ដូច្នេះ គេ​នឹង​ដឹង​ថា អញ​ជា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​ដែល​បាន​នាំ​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ដើម្បី​ឲ្យ​បាន​នៅ​កណ្តាល​គេ គឺ​អញ​នេះ​ហើយ​ជា​យេហូវ៉ា ជា​ព្រះ​នៃ​គេ។


ជំពូក 30

1 ត្រូវ​ឲ្យ​ធ្វើ​អាសនៈ​១​ពី​ឈើ​នាង‌នួន​សម្រាប់​ដុត​គ្រឿង​ក្រអូប
2 ឲ្យ​មាន​បណ្តោយ​១​ហត្ថ ទទឹង​១​ហត្ថ ៤​ជ្រុង​ស្មើ ហើយ​កំពស់​២​ហត្ថ ឯ​ស្នែង​អាសនៈ​ក៏​ត្រូវ​ធ្វើ​ភ្ជាប់​នឹង​តួ​អាសនៈ
3 ត្រូវ​ស្រោប​ដោយ​មាស​សុទ្ធ​ខាង​លើ ហើយ​នៅ​ចំហៀង​ជុំវិញ ព្រម​ទាំង​ស្នែង​ផង ហើយ​ត្រូវ​ធ្វើ​កែម​ដោយ​មាស​ព័ទ្ធ​ជុំវិញ​ដែរ
4 នៅ​ពី​ក្រោម​កែម​នោះ​ត្រូវ​ធ្វើ​កង​មាស​២​ដាក់​ភ្ជាប់​នៅ​សង​ខាង សម្រាប់​នឹង​ប្រហក​ឈើ​ស្នែង​សែង​ទៅ
5 ឯ​ឈើ​ស្នែង​សោត ក៏​ត្រូវ​ធ្វើ​ពី​ឈើ​នាង‌នួន​ស្រោប​ដោយ​មាស​ដែរ
6 ត្រូវ​ដាក់​អាសនៈ​នោះ​នៅ​មុខ​វាំង‌នន ដែល​នៅ​ខាង​មុខ​ហឹប​នៃ​សេចក្ដី​បន្ទាល់ គឺ​នៅ​មុខ​ទី​សន្តោស​ប្រោស ដែល​នៅ​លើ​សេចក្ដី​បន្ទាល់​នោះ​ជា​កន្លែង​ដែល​អញ​មក​ជួប​នឹង​ឯង
7 អើរ៉ុន​ត្រូវ​ដុត​គ្រឿង​ក្រអូប​លើ​អាសនៈ​នោះ​រាល់​តែ​ព្រឹក នៅ​វេលា​ដែល​កំពុង​រៀប​ចង្កៀង
8 ហើយ​រាល់​តែ​ល្ងាច ក្នុង​កាល​តែ​លោក​អុជ​ចង្កៀង នោះ​ត្រូវ​ដុត​គ្រឿង​ក្រអូប​ទៀត នេះ​គឺ​ជា​គ្រឿង​ក្រអូប​ថ្វាយ​ព្រះ‌យេហូវ៉ា សម្រាប់​ថ្វាយ​នៅ​អស់​កល្ប‌ជានិច្ច ដល់​អស់​ទាំង​ពូជ​តំណ​ឯង​ត​ទៅ
9 មិន​ត្រូវ​ថ្វាយ​គ្រឿង​ក្រអូប​ដទៃ ឬ​យញ្ញ‌បូជា​ដុត ឬ​តង្វាយ​ម្សៅ​ណា​នៅ​លើ​អាសនៈ​នេះ​ឡើយ ក៏​មិន​ត្រូវ​ច្រួច​តង្វាយ​អ្វី​លើ​អាសនៈ​នេះ​ដែរ
10 ក្នុង​១​ឆ្នាំ​ម្តង អើរ៉ុន​ត្រូវ​យក​ឈាម​នៃ​តង្វាយ​លោះ​បាប ដែល​ថ្វាយ​សម្រាប់​ឲ្យ​ធួន​នឹង​បាប​មក​ប្រឡាក់​នៅ​ស្នែង ឲ្យ​ធួន​នឹង​អាសនៈ​នេះ​ផង គឺ​នៅ​គ្រប់​ទាំង​តំណ​ឯង​រាល់​គ្នា​ត្រូវ​ធ្វើ​ដូច្នេះ ដើម្បី​ឲ្យ​ធួន​នឹង​អាសនៈ​នេះ​ក្នុង​១​ឆ្នាំ​ម្តង​ជានិច្ច ដ្បិត​ជា​ការ​បរិសុទ្ធ​បំផុត​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា។
11 រួច​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា
12 កាល​ណា​រាប់​ចំនួន​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​តាម​បញ្ជី​គេ នោះ​ត្រូវ​ឲ្យ​គេ​បង់​ប្រាក់ ជា​ថ្លៃ​លោះ​ខ្លួន ថ្វាយ​ព្រះ‌យេហូវ៉ា​គ្រប់ៗ​គ្នា ដើម្បី​កុំ​ឲ្យ​កើត​មាន​សេចក្ដី​វេទនា​ណា​មួយ​នៅ​ក្នុង​ពួក​គេ ក្នុង​កាល​ដែល​កំពុង​តែ​រាប់​ចំនួន​គេ​នោះ​ឡើយ
13 ឯ​អស់​អ្នក​ដែល​ឆ្លង​ទៅ​ខាង​ពួក​អ្នក​ដែល​បាន​រាប់​ហើយ នោះ​ត្រូវ​បង់​ថ្លៃ​៥​កាក់​ម្នាក់​គ្រប់ៗ​គ្នា តាម​ប្រាក់​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ គឺ​១​រៀល​ត្រូវ​ជា​១០​កាក់ ឯ​៥​កាក់​នេះ​ជា​តង្វាយ​ថ្វាយ​ព្រះ‌យេហូវ៉ា
14 ពួក​អ្នក​ទាំង​ប៉ុន្មាន​ដែល​ត្រូវ​រាប់​ក្នុង​បញ្ជី តាំង​ពី​អាយុ​២០​ឆ្នាំ​ឡើង​ទៅ​លើ នោះ​ត្រូវ​បង់​ថ្លៃ​ថ្វាយ​ជា​តង្វាយ​ដល់​ព្រះ‌យេហូវ៉ា​គ្រប់ៗ​គ្នា
15 អ្នក​មាន​មិន​ត្រូវ​បង់​ឲ្យ​លើស​ទៅ ហើយ​អ្នក​ក្រ​ក៏​មិន​ត្រូវ​បង់​ឲ្យ​ខ្វះ​ពី​៥​កាក់ សម្រាប់​ជា​តង្វាយ​ថ្វាយ​ព្រះ‌យេហូវ៉ា ដើម្បី​នឹង​លោះ​ខ្លួន​នោះ​ដែរ
16 ត្រូវ​ឲ្យ​ទទួល​ប្រាក់​លោះ​ខ្លួន​នោះ​ពី​ពួក​កូន​ចៅ​អ៊ីស្រា‌អែល សម្រាប់​ការ‌ងារ​ក្នុង​ត្រសាល​ជំនុំ ដើម្បី​ឲ្យ​បាន​ទុក​ជា​សេចក្ដី​រំឭក របស់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា សម្រាប់​ជា​តង្វាយ​លោះ​ខ្លួន។
17 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា
18 ត្រូវ​ឲ្យ​ធ្វើ​ចាន​ក្លាំ និង​ជើង​ពី​លង្ហិន សម្រាប់​ការ​លាង​សម្អាត ហើយ​ត្រូវ​ដាក់​នៅ​ទី​ពាក់​កណ្តាល​ត្រសាល​ជំនុំ និង​អាសនៈ រួច​ត្រូវ​ដាក់​ទឹក​ចុះ
19 នោះ​អើរ៉ុន និង​ពួក​កូន​លោក នឹង​លាង​ដៃ​លាង​ជើង​នៅ​ត្រង់​នោះ
20 កាល​ណា​គេ​ចូល​ទៅ​ក្នុង​ត្រសាល​ជំនុំ ត្រូវ​ឲ្យ​គេ​លាង​នឹង​ទឹក​នោះ ដើម្បី​កុំ​ឲ្យ​ត្រូវ​ស្លាប់ ហើយ​កាល​ណា​ចូល​ទៅ​ជិត​អាសនៈ ដើម្បី​ធ្វើ​ការ‌ងារ ឬ​នឹង​ថ្វាយ​តង្វាយ​ដុត​ដល់​ព្រះ‌យេហូវ៉ា
21 នោះ​គេ​ត្រូវ​លាង​ដៃ​លាង​ជើង​ដែរ ដើម្បី​កុំ​ឲ្យ​ត្រូវ​ស្លាប់ នេះ​ជា​ច្បាប់​សម្រាប់​នៅ​អស់​កល្ប‌ជានិច្ច ដល់​អើរ៉ុន និង​ពូជ‌ពង្ស​លោក​អស់​ទាំង​តំណ​ត​រៀង​ទៅ។
22 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ទៀត​ថា
23 ចូរ​ឲ្យ​យក​គ្រឿង​ក្រអូប​យ៉ាង​វិសេស គឺ​ជា​ជ័រ​ល្វីង‌ទេស​សុទ្ធ​៥០០​ដំឡឹង សម្បុរ​ល្វែង​ក្រអូប​ពាក់​កណ្តាល គឺ​២៥០​ដំឡឹង ឫស​កន្ធាយ​២៥០​ដំឡឹង
24 និង​កំញាន​៥០០​ដំឡឹង តាម​ដំឡឹង​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ ហើយ​និង​ប្រេង​អូលីវ​៨​កំប៉ុង
25 ត្រូវ​លាយ​ចំរុះ​គ្នា​ធ្វើ​ជា​ប្រេង​សម្រាប់​បុណ្យ​ចាក់​លាប​យ៉ាង​បរិសុទ្ធ ដែល​បាន​ចំរុះ​លាយ​គ្នា​តាម​វិធី​ធ្វើ​នៃ​អ្នក​ផ្សំ​គ្រឿង​ក្រអូប ទុក​សម្រាប់​ជា​ប្រេង​ចាក់​លាប​យ៉ាង​បរិសុទ្ធ
26 ត្រូវ​យក​ប្រេង​នេះ ចាក់​លាប​ត្រសាល​ជំនុំ ហឹប​នៃ​សេចក្ដី​បន្ទាល់
27 តុ ហើយ​និង​គ្រឿង​ប្រដាប់​នៃ​តុ​ទាំង​ប៉ុន្មាន ជើង​ចង្កៀង និង​គ្រឿង​ប្រដាប់​នៃ​ចង្កៀង​ទាំង​អម្បាល‌ម៉ាន អាសនៈ​គ្រឿង​ក្រអូប
28 អាសនៈ​តង្វាយ​ដុត និង​គ្រឿង​ប្រដាប់​នៃ​អាសនៈ​នោះ​ទាំង​ប៉ុន្មាន ហើយ​ចាន​ក្លាំ និង​ជើង​នៃ​ចាន​នោះ​ផង
29 ត្រូវ​ឲ្យ​ញែក​របស់​ទាំង​នោះ​ចេញ​ជា​បរិសុទ្ធ ដើម្បី​ឲ្យ​បាន​បរិសុទ្ធ​ជា​ទី​បំផុត ឯ​របស់​អ្វី​ដែល​ប៉ះ​នឹង​របស់​ទាំង​នោះៗ​នឹង​បាន​បរិសុទ្ធ​ដែរ
30 រួច​ត្រូវ​ឲ្យ​ចាក់​ប្រេង​លើ​អើរ៉ុន និង​ពួក​កូន​លោក ព្រម​ទាំង​ញែក​គេ​ចេញ​ជា​បរិសុទ្ធ ឲ្យ​បាន​ធ្វើ​ការ‌ងារ​ជា​សង្ឃ​ដល់​អញ
31 ត្រូវ​ឲ្យ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា ប្រេង​នេះ​ត្រូវ​ទុក​ជា​ប្រេង​សម្រាប់​បុណ្យ​ចាក់​លាប​យ៉ាង​បរិសុទ្ធ​ដល់​អញ នៅ​អស់​ទាំង​តំណ​ឯង​រាល់​គ្នា​ទៅ
32 មិន​ត្រូវ​យក​ប្រេង​នេះ​ចាក់​លើ​ខ្លួន​មនុស្ស​ធម្មតា​ឡើយ ក៏​មិន​ត្រូវ​ផ្សំ​គ្រឿង​តាម​កំណត់​នេះ​នឹង​ធ្វើ​ឲ្យ​ដូច​ដែរ ដ្បិត​ប្រេង​នេះ​ជា​បរិសុទ្ធ ហើយ​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​រាប់​ជា​បរិសុទ្ធ​ដែរ
33 អ្នក​ណា​ដែល​នឹង​ផ្សំ​ធ្វើ​តាម​ឲ្យ​ដូច ឬ​ដែល​យក​ទៅ​ចាក់​លាប​ដល់​អ្នក​ប្រទេស​ដទៃ នោះ​នឹង​ត្រូវ​កាត់‌កាល់​ពី​សាសន៍​ខ្លួន​ចេញ។
34 រួច​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា ចូរ​យក​គ្រឿង​ក្រអូប​ទាំង​នេះ គឺ​ពុំ​សែន​ទេស សន្ទះ​ក្រអូប ហើយ​កប៌ូរ និង​កំញាន​សុទ្ធ​ស្មើ​គ្នា
35 ត្រូវ​ផ្សំ​គ្នា​ធ្វើ​ជា​គ្រឿង​ក្រអូប តាម​វិធី​ធ្វើ​របស់​អ្នក​ផ្សំ​គ្រឿង​ក្រអូប ទាំង​បង់​អំបិល​ផង នេះ​ជា​គ្រឿង​ក្រអូប​ស្អាត ហើយ​បរិសុទ្ធ
36 ត្រូវ​យក​ខ្លះ​លំអិត​ឲ្យ​ម៉ដ្ត នាំ​ទៅ​ដាក់​នៅ​មុខ​ទី​បន្ទាល់​ក្នុង​ត្រសាល​ជំនុំ​ជា​កន្លែង​ដែល​អញ​មក​ជួប​នឹង​ឯង ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​រាប់​គ្រឿង​នេះ​ជា​បរិសុទ្ធ​ជា​ទី​បំផុត
37 កុំ​ឲ្យ​ផ្សំ​គ្រឿង​តាម​កំណត់​នេះ និង​ធ្វើ​ឲ្យ​ដូច​គ្រឿង​ក្រអូប​នេះ​សម្រាប់​ឯង​ឡើយ ឯង​រាល់​គ្នា​ត្រូវ​រាប់​គ្រឿង​នេះ​ជា​បរិសុទ្ធ សម្រាប់​តែ​ព្រះ‌យេហូវ៉ា​ប៉ុណ្ណោះ
38 បើ​អ្នក​ណា​ដែល​ធ្វើ​ឲ្យ​ដូច​នឹង​គ្រឿង​ក្រអូប​នេះ ទុក​សម្រាប់​នឹង​ហិត នោះ​នឹង​ត្រូវ​កាត់‌កាល់​ពី​សាសន៍​ខ្លួន​ចេញ។


ជំពូក 31

1 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា
2 មើល អញ​បាន​ហៅ​បេតសា‌លាល ជា​កូន​យូរី ដែល​ជា​កូន​ហ៊ើរ ក្នុង​ពូជ​អំបូរ​យូដា
3 ហើយ​អញ​បាន​បំពេញ​គាត់​ដោយ​ព្រះ​វិញ្ញាណ​នៃ​ព្រះ ឲ្យ​មាន​គំនិត​វាង‌វៃ មាន​យោបល់​មាន​ចំណេះ​ចេះ​ធ្វើ​ការ​គ្រប់​មុខ​ទាំង​អស់
4 ឲ្យ​បាន​ប្រសប់​នឹង​បង្កើត​អស់​ទាំង​ការ គឺ​ឲ្យ​ចេះ​ការ​ខាង​គ្រឿង​មាស ប្រាក់ ហើយ​និង​លង្ហិន
5 ចេះ​ច្នៃ​ត្បូង​សម្រាប់​ដាំ ចេះ​ឆ្លាក់​ឈើ និង​ការ​គ្រប់​មុខ​ទាំង​អស់​ផង
6 ហើយ​អញ​បាន​ហៅ​អូហូ‌លីអាប់ កូន​អ័ហ៊ី‌សាម៉ាក់ ជា​ពូជ​អំបូរ​ដាន់ ឲ្យ​មក​ធ្វើ​ការ​ជា​មួយ​នឹង​គាត់​ដែរ ឯ​អស់​អ្នក​ណា​ដែល​ចំណាន​ការ​នោះ​អញ​ក៏​បាន​បន្ថែម​ឲ្យ​មាន​តម្រិះ​ប្រាជ្ញា ដើម្បី​នឹង​ធ្វើ​អស់​ទាំង​របស់​ដែល​អញ​បាន​បង្គាប់​ដល់​ឯង
7 គឺ​ត្រសាល​ជំនុំ​១ ហឹប​នៃ​សេចក្ដី​បន្ទាល់​១ ទី​សន្តោស​ប្រោស​ដែល​នៅ​លើ​ហឹប​នោះ​១ ហើយ​និង​អស់​ទាំង​ប្រដាប់​សម្រាប់​ត្រសាល
8 គឺ​តុ និង​គ្រឿង​ប្រដាប់​នៃ​តុ ជើង​ចង្កៀង​មាស​សុទ្ធ និង​ប្រដាប់​របស់​ចង្កៀង អាសនៈ​គ្រឿង​ក្រអូប
9 អាសនៈ​តង្វាយ​ដុត និង​គ្រឿង​ប្រដាប់​នៃ​អាសនៈ​នោះ ចាន​ក្លាំ និង​ជើង​នៃ​ចាន​នោះ
10 អស់​ទាំង​សម្លៀក‌បំពាក់​សម្រាប់​ការ‌ងារ គឺ​សម្លៀក‌បំពាក់​បរិសុទ្ធ​សម្រាប់​អើរ៉ុន ជា​អ្នក​ថ្វាយ​បូជា និង​អស់​ទាំង​សម្លៀក‌បំពាក់ របស់​ពួក​កូន​ចៅ​លោក ដែល​សម្រាប់​ការ‌ងារ​ជា​សង្ឃ
11 ប្រេង​ចាក់​លាប និង​គ្រឿង​ក្រអូប សម្រាប់​ទី​បរិសុទ្ធ​ផង អ្នក​ទាំង​នោះ​នឹង​ធ្វើ​តាម​អស់​ទាំង​សេចក្ដី​ដែល​អញ​បាន​បង្គាប់​ដល់​ឯង។
12 ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​បង្គាប់​ម៉ូសេ
13 ឲ្យ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​កាន់​អស់​ទាំង​ថ្ងៃ​ឈប់​សម្រាក​របស់​អញ​ជា​កុំ​ខាន ដ្បិត​នោះ​ជា​ទី​សម្គាល់​ដល់​អញ ហើយ​និង​ឯង​រាល់​គ្នា នៅ​អស់​ទាំង​តំណ​ត​ទៅ ដើម្បី​ឲ្យ​បាន​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ដែល​ញែក​ឯង​រាល់​គ្នា​ចេញ​ជា​បរិសុទ្ធ
14 ដូច្នេះ ត្រូវ​ឲ្យ​រក្សា​ថ្ងៃ​ឈប់​សម្រាក​ទាំង​នោះ ដ្បិត​ថ្ងៃ​នោះ​ជា​ថ្ងៃ​បរិសុទ្ធ​ដល់​ឯង​រាល់​គ្នា អស់​អ្នក​ណា​ដែល​ប្រព្រឹត្ត​កន្លង​ចំពោះ​ថ្ងៃ​នោះ នឹង​ត្រូវ​សម្លាប់​ជា​មិន​ខាន ឯ​អ្នក​ណា​ដែល​ធ្វើ​ការ​អ្វី​នៅ​ថ្ងៃ​នោះ នឹង​ត្រូវ​កាត់‌កាល់​ពី​សាសន៍​របស់​ខ្លួន​ចេញ
15 ក្នុង​រវាង​៦​ថ្ងៃ នោះ​ត្រូវ​ធ្វើ​ការ​បាន តែ​ថ្ងៃ​ទី​៧ នោះ​ជា​ថ្ងៃ​ឈប់​សម្រាក​វិញ គឺ​ជា​ថ្ងៃ​បរិសុទ្ធ​ដល់​ព្រះ‌យេហូវ៉ា ឯ​អស់​អ្នក​ណា​ដែល​ធ្វើ​ការ​អ្វី​នៅ​ថ្ងៃ​ឈប់​សម្រាក នោះ​នឹង​ត្រូវ​សម្លាប់​ចោល​ជា​មិន​ខាន
16 ហេតុ​នោះ​បាន​ជា​ត្រូវ​ឲ្យ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ស្មោះ‌ត្រង់​ដល់​ថ្ងៃ​ឈប់​សម្រាក​នោះ ដើម្បី​នឹង​កាន់​តាម​នៅ​អស់​ទាំង​តំណ​គេ​ត​រៀង​ទៅ ទុក​ជា​សេចក្ដី​សញ្ញា​នៅ​អស់​កល្ប‌ជានិច្ច
17 នោះ​ហើយ​ជា​ទី​សម្គាល់​ដល់​អញ ហើយ​និង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ជា​ដរាប​រៀង‌រាប​ត​ទៅ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី​ក្នុង​រវាង​៦​ថ្ងៃ លុះ​ដល់​ថ្ងៃ​ទី​៧ នោះ​ទ្រង់​ក៏​ឈប់​សម្រាក ហើយ​បាន​លំហើយ​ព្រះ‌អង្គ​វិញ។
18 កាល​ព្រះ​បាន​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​នៅ​លើ​ភ្នំ​ស៊ី‌ណាយ​រួច​សព្វ​គ្រប់​ហើយ នោះ​ទ្រង់​ក៏​ប្រទាន​សេចក្ដី​បន្ទាល់​ដល់​លោក ជា​សេចក្ដី​ដែល​ទ្រង់​បាន​សរសេរ​ចុះ​នឹង​បន្ទះ​ថ្ម​២​ផ្ទាំង ដោយ​អង្គុលី​ព្រះ‌ហស្ត។


ជំពូក 32

1 កាល​បណ្តា‌ជន​ទាំង‌ឡាយ​បាន​ឃើញ​ថា ម៉ូសេ​ក្រ​ចុះ​មក​ពី​លើ​ភ្នំ​វិញ​ដូច្នេះ នោះ​គេ​ប្រជុំ​គ្នា​ទៅ​ឯ​អើរ៉ុន​ជម្រាប​ថា សូម​លោក​ធ្វើ​ព្រះ​សម្រាប់​យើង​រាល់​គ្នា ឲ្យ​បាន​នាំ​មុខ​យើង​ផង ដ្បិត​ឯ​ម៉ូសេ ជា​អ្នក​ដែល​នាំ​យើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក​នោះ យើង​រាល់​គ្នា​មិន​ដឹង​ជា​លោក​មាន​គ្រោះ​ថ្នាក់​អ្វី​ទេ
2 រួច​អើរ៉ុន​តប​ទៅ​គេ​ថា ដូច្នេះ ចូរ​ដោះ​ក្រវិល​មាស​ពី​ត្រចៀក​ប្រពន្ធ និង​កូន​ប្រុស​កូន​ស្រី​ឯង​រាល់​គ្នា​យក​មក​ឲ្យ​អញ
3 នោះ​គ្រប់​គ្នា​ក៏​ដោះ​យក​ទៅ​ប្រគល់​ឲ្យ
4 ហើយ​លោក​បាន​ទទួល​យក​ពី​ដៃ​គេ​ទៅ​ចាក់​ក្នុង​ពុម្ព សិត​ធ្វើ​ជា​រូប​កូន​គោ រួច​គេ​ប្រកាស​ថា នែ ពួក​អ៊ីស្រា‌អែល​អើយ នេះ​ហើយ​ជា​ព្រះ​នៃ​ឯង ដែល​បាន​នាំ​ឯង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក
5 កាល​អើរ៉ុន​បាន​ឃើញ​រូប​គោ​ហើយ នោះ​ក៏​សាង​អាសនៈ​១​នៅ​មុខ​រូប​នោះ រួច​ស្រែក​ប្រកាស​ថា នៅ​ថ្ងៃ​ស្អែក​នេះ​នឹង​មាន​បុណ្យ​ថ្វាយ​ព្រះ‌យេហូវ៉ា
6 លុះ​ដល់​ថ្ងៃ​ស្អែក បណ្តា‌ជន​ទាំង‌ឡាយ​ក៏​ក្រោក​ឡើង​ពី​ព្រលឹម ទៅ​ថ្វាយ​តង្វាយ​ដុត និង​តង្វាយ​មេត្រី ក៏​នាំ​គ្នា​អង្គុយ​ស៊ី​ផឹក រួច​ក្រោក​ឡើង​លេង​សប្បាយ។
7 ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ដល់​ម៉ូសេ​ថា ទៅ ចូរ​ចុះ​ទៅ ដ្បិត​ពួក​ជន​នៃ​ឯង ដែល​ឯង​បាន​នាំ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក គេ​បាន​បង្ខូច​ចិត្ត​អស់​ហើយ
8 ក៏​រហ័ស​ងាក​បែរ​ចេញ​ពី​ផ្លូវ​ដែល​អញ​បាន​បង្គាប់​គេ ហើយ​បាន​សិត​ធ្វើ​រូប​កូន​គោ​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​ដល់​រូប​នោះ រួច​បាន​ថ្វាយ​យញ្ញ‌បូជា ដោយ​ប្រកាស​ថា នែ ពួក​អ៊ីស្រា‌អែល​អើយ នេះ​ហើយ​ជា​ព្រះ​នៃ​ឯង​ដែល​បាន​នាំ​ឯង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក
9 ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា អញ​ឃើញ​បណ្តា‌ជន​នេះ ថា​ជា​ពួក​មនុស្ស​មាន​ក្បាល​រឹង
10 ដូច្នេះ ទុក​ឲ្យ​អញ​ឥឡូវ​ចុះ ឲ្យ​សេចក្ដី​ក្រោធ​របស់​អញ​បាន​ឆេះ​ក្តៅ​ឡើង​ទាស់​នឹង​គេ អញ​នឹង​បំផ្លាញ​គេ​ឲ្យ​សូន្យ​ទៅ ហើយ​និង​បង្កើត​នគរ​១​យ៉ាង​ធំ​ពី​ឯង​វិញ។
11 នោះ​ម៉ូសេ​ទូល​អង្វរ​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​លោក​ថា ឱ​ព្រះ‌យេហូវ៉ា​អើយ ហេតុ​អ្វី​បាន​ជា​ទ្រង់​មាន​សេចក្ដី​ក្រោធ​ក្តៅ​ឡើង​ទាស់​នឹង​រាស្ត្រ​ទ្រង់ ដែល​ទ្រង់​បាន​នាំ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ដោយ​ព្រះ‌ចេស្តា​ដ៏​ធំ ហើយ​ដោយ​ព្រះ‌ហស្ត​ខ្លាំង​ពូកែ​ដូច្នេះ
12 ហេតុ​អ្វី​បាន​ជា​បើក​ឱកាស​ឲ្យ​សាសន៍​អេស៊ីព្ទ​មាន​ពាក្យ​ដំណិះ​ថា គឺ​ព្រះ​ចង់​ធ្វើ​អាក្រក់​ដល់​គេ​ហើយ បាន​ជា​នាំ​គេ​ចេញ​ទៅ ដើម្បី​នឹង​សម្លាប់​នៅ​ទី​ភ្នំ ហើយ​និង​បំផ្លាញ​គេ​ពី​ផែនដី​ចេញ​យ៉ាង​នេះ សូម​ទ្រង់​បង្វែរ​សេចក្ដី​ក្រោធ​ដ៏​សហ័ស​របស់​ទ្រង់ ហើយ​ប្រែ​ព្រះ‌ហឫទ័យ ដែល​ទ្រង់​បាន​គិត​ធ្វើ​ឲ្យ​រាស្ត្រ​ទ្រង់​អន្តរាយ​នោះ​ចេញ
13 សូម​ទ្រង់​នឹក​ចាំ​ពី​អ័ប្រា‌ហាំ អ៊ីសាក ហើយ​និង​អ៊ីស្រា‌អែល​ជា​អ្នក​បម្រើ​ទ្រង់ ដែល​ទ្រង់​បាន​ស្បថ​នឹង​អ្នក​ទាំង​នោះ ដោយ​ព្រះ‌អង្គ​ទ្រង់​ថា «អញ​នឹង​ចម្រើន​ពូជ​ឯង​ឲ្យ​បាន​ដូច​ជា​ផ្កាយ​នៅ​លើ​មេឃ ឯ​ស្រុក​ទាំង​នេះ​ដែល​អញ​បាន​សន្យា​នឹង​ឯង​ថា នឹង​ឲ្យ​ដល់​ពូជ​ឯង ឲ្យ​គេ​បាន​ទទួល​ទុក​ជា​មរដក​ជា​រៀង‌រាប​ត​ទៅ»
14 នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ប្រែ​ព្រះ‌ហឫទ័យ លែង​គិត​ធ្វើ​ឲ្យ​រាស្ត្រ​ទ្រង់​អន្តរាយ​ចេញ​ទៅ។
15 ម៉ូសេ​ក៏​វិល​ចុះ​ពី​លើ​ភ្នំ មាន​ទាំង​បន្ទះ​ថ្ម​នៃ​សេចក្ដី​បន្ទាល់​២​ផ្ទាំង​កាន់​ជាប់​នៅ​ដៃ​ផង ឯ​បន្ទះ​ថ្ម​ទាំង​២​នោះ​សឹង​ដ៏​មាន​អក្សរ​ទាំង​សង​ខាង គឺ​ខាង​មុខ ហើយ​ខាង​ខ្នង
16 ជា​ការ​ដែល​ព្រះ‌ទ្រង់​ធ្វើ ហើយ​អក្សរ​ដែល​មាន​នៅ​បន្ទះ​ថ្ម​ទាំង​២​នោះ ក៏​ជា​អក្សរ​ដែល​ទ្រង់​ឆ្លាក់​ដែរ
17 កាល​យ៉ូស្វេ​បាន​ឮ​សូរ​សំឡេង​របស់​បណ្តា‌ជន​ទាំង‌ឡាយ​ដែល​គេ​នាំ​គ្នា​ស្រែក​ដូច្នោះ នោះ​ក៏​ជម្រាប​ម៉ូសេ​ថា មាន​ឮ​សូរ​ចម្បាំង​នៅ​ទី​ដំឡើង​ត្រសាល​ហើយ
18 តែ​ម៉ូសេ​ឆ្លើយ​ថា តាម​ដែល​អញ​ឮ នោះ​មិន​មែន​ជា​សូរ​សម្រែក​នៃ​ពួក​ដែល​ឈ្នះ ឬ​ពួក​ចាញ់​ទេ គឺ​ជា​សូរ​សំឡេង​នៃ​មនុស្ស​ដែល​ច្រៀង​វិញ​ទេ​តើ
19 លុះ​កាល​លោក​បាន​ទៅ​ដល់​ជិត​ទី​ដំឡើង​ត្រសាល បាន​ឃើញ​រូប​កូន​គោ​នោះ ហើយ​ឃើញ​គេ​កំពុង​តែ​លោត​រាំ​លេង នោះ​ម៉ូសេ​កើត​មាន​សេចក្ដី​កំហឹង​ខឹង​ក្តៅ​ជា​ខ្លាំង ក៏​បោះ​បន្ទះ​ថ្ម​ទាំង​២​ចេញ​ពី​ដៃ​បំបែក​នៅ​ជើង​ភ្នំ​ទៅ
20 រួច​លោក​យក​រូប​កូន​គោ​ដែល​គេ​បាន​ធ្វើ​នោះ​ទៅ​ដុត​នឹង​ភ្លើង ក៏​កិន​ឲ្យ​ម៉ដ្ត​បាច​ចោល​ទៅ​លើ​ទឹក ហើយ​បង្ខំ​ឲ្យ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ផឹក
21 ម៉ូសេ​ក៏​សួរ​ទៅ​អើរ៉ុន​ថា តើ​គេ​បាន​ធ្វើ​អ្វី​ដល់​បង បាន​ជា​បង​ឲ្យ​គេ​ធ្វើ​បាប​ដ៏​មាន​ទំងន់​ដូច្នេះ
22 អើរ៉ុន​ឆ្លើយ​ថា សូម​កុំ​ឲ្យ​លោក​ម្ចាស់​ខឹង​ក្តៅ​ឡើយ ដ្បិត​ទាំង​ខ្លួន​លោក​ក៏​គង់​ជ្រាប​ដែរ​ថា មនុស្ស​ទាំង​នេះ​ចូល​ចិត្ត​តែ​ខាង​ផ្លូវ​បាប​ទេ
23 គេ​បាន​ប្រាប់​ខ្ញុំ​ថា ចូរ​ធ្វើ​ព្រះ​ឲ្យ​យើង​រាល់​គ្នា​ទៅ ដែល​សម្រាប់​នាំ​មុខ​យើង ដ្បិត​ឯ​ម៉ូសេ​នោះ ដែល​បាន​នាំ​យើង​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក យើង​មិន​ដឹង​ជា​លោក​មាន​គ្រោះ​ថ្នាក់​អ្វី​ទេ
24 ខ្ញុំ​បាន​ឆ្លើយ​តប​ថា ដូច្នេះ អ្នក​ណា​ដែល​មាន​មាស ចូរ​ឲ្យ​ដោះ​យក​មក​ចុះ គេ​ក៏​ប្រគល់​មក​ខ្ញុំ រួច​ខ្ញុំ​នាំ​ទៅ​បោះ​ចុះ​ក្នុង​ភ្លើង ស្រាប់​តែ​កើត​បាន​ជា​រូប​កូន​គោ​នេះ​ចេញ​មក។
25 កាល​ម៉ូសេ​ឃើញ​ថា បណ្តា‌ជន​ទាំង‌ឡាយ​បាន​ផ្តាច់​សេចក្ដី​បង្ខាំង​ចោល​ហើយ ដ្បិត​អើរ៉ុន​បាន​បន្ធូរ​សេចក្ដី​បង្ខាំង​ដល់​គេ ព្រម​ទាំង​បើក​ឱកាស​ឲ្យ​ពួក​ខ្មាំង​សត្រូវ​បាន​ដៀល‌ត្មះ​ផង
26 នោះ​ម៉ូសេ​ក៏​ទៅ​ឈរ​នៅ​មាត់​ទ្វារ​ទី​ដំឡើង​ត្រសាល​ប្រកាស​ប្រាប់​ថា អ្នក​ណា​ដែល​នៅ​ខាង​ព្រះ‌យេហូវ៉ា ចូរ​ឲ្យ​មក​ឯ​អញ​ចុះ នោះ​ពួក​កូន​ចៅ​លេវី​ទាំង​អស់​ក៏​មូល​គ្នា​មក​ឯ​លោក
27 រួច​ប្រាប់​ថា ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ពួក​អ៊ីស្រា‌អែល​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ចូរ​ឲ្យ​ឯង​រាល់​គ្នា​ក្រវាត់​ដាវ​នៅ​ចង្កេះ ដើរ​ទៅ​មក​ក្នុង​ទី​ដំឡើង​ត្រសាល ពី​ទ្វារ​១​ដល់​ទ្វារ​១ ហើយ​សម្លាប់​បង​ប្អូន និង​មិត្ត​ភក្តិ ព្រម​ទាំង​អ្នក​ជិត​ខាង​ខ្លួន​ទៅ
28 ពួក​កូន​ចៅ​លេវី​ក៏​ធ្វើ​តាម​បង្គាប់​ម៉ូសេ ហើយ​នៅ​ថ្ងៃ​នោះ​ឯង មាន​បណ្តា‌ជន​ស្លាប់​ប្រហែល​ជា​៣​ពាន់​នាក់
29 រួច​ម៉ូសេ​ប្រាប់​ថា ចូរ​អ្នក​រាល់​គ្នា​ថ្វាយ​ខ្លួន​ដល់​ព្រះ‌យេហូវ៉ា​នៅ​ថ្ងៃ​នេះ​ចុះ ដើម្បី​ឲ្យ​ទ្រង់​បាន​ប្រទាន​ពរ​ដល់​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នេះ ដ្បិត​គ្រប់​គ្នា​បាន​ទាស់​នឹង​កូន​បង្កើត ព្រម​ទាំង​បង​ប្អូន​ហើយ។
30 ដល់​ថ្ងៃ​ស្អែក ម៉ូសេ​ក៏​និយាយ​នឹង​បណ្តា‌ជន​ទាំង‌ឡាយ​ថា ឯង​រាល់​គ្នា​បាន​ធ្វើ​បាប​យ៉ាង​ធ្ងន់​ណាស់ តែ​អញ​នឹង​ឡើង​ទៅ​ឯ​ព្រះ‌យេហូវ៉ា​ឥឡូវ ប្រហែល​ជា​អញ​នឹង​ធ្វើ​យ៉ាង​ណា​ឲ្យ​ធួន​នឹង​បាប ដើម្បី​ឲ្យ​ឯង​រាល់​គ្នា​បាន​រួច
31 ដូច្នេះ ម៉ូសេ​ត្រឡប់​ទៅ​ឯ​ព្រះ‌យេហូវ៉ា​ទូល​ថា បណ្តា‌ជន​នេះ​បាន​ធ្វើ​បាប​ធ្ងន់​ណាស់​ហើយ គឺ​គេ​បាន​ធ្វើ​ព្រះ​ពី​មាស​សម្រាប់​ខ្លួន​គេ
32 តែ​ឥឡូវ​នេះ សូម​ទ្រង់​អត់​ទោស​ចំពោះ​អំពើ​បាប​របស់​គេ​ផង ពុំ​នោះ​សោត សូម​លុប​ឈ្មោះ​ទូល‌បង្គំ​ពី​បញ្ជី​ដែល​ទ្រង់​បាន​កត់​ទុក​ចេញ​ដែរ
33 តែ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​តប​ថា ឯ​អ្នក​ណា​ដែល​បាន​ធ្វើ​បាប​នឹង​អញ នោះ​អញ​នឹង​លុប​ឈ្មោះ​អ្នក​នោះ​ឯង​ពី​បញ្ជី​ចេញ
34 ដូច្នេះ ចូរ​ទៅ​ឥឡូវ ហើយ​នាំ​បណ្តា‌ជន​នេះ​ទៅ​ឯ​កន្លែង​ដែល​អញ​បាន​ប្រាប់​ឯង​ចុះ មើល ទេវតា​អញ​នឹង​នាំ​មុខ​ឯង ប៉ុន្តែ នៅ​ថ្ងៃ​ដែល​អញ​នឹង​មក​ជំនុំ‌ជម្រះ នោះ​អញ​នឹង​ធ្វើ​ទោស​ចំពោះ​បាប​របស់​គេ
35 រួច​ព្រះ‌យេហូវ៉ា​ទ្រង់​ចាត់​សេចក្ដី​វេទនា​ផ្សេងៗ​មក​លើ​បណ្តា‌ជន ដោយ​ព្រោះ​គេ​បាន​ធ្វើ​រូប​កូន​គោ​ដែល​អើរ៉ុន​សិត​ឲ្យ​នោះ។


ជំពូក 33

1 ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ដល់​ម៉ូសេ​ថា ចូរ​ទៅ​ចុះ ឲ្យ​ចេញ​ពី​ទី​នេះ​ឡើង​ទៅ ព្រម​ទាំង​ពួក​ជន​ដែល​ឯង​បាន​នាំ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក​ផង ទៅ​ឯ​ស្រុក​ដែល​អញ​បាន​ស្បថ​នឹង​ឲ្យ​ដល់​អ័ប្រា‌ហាំ អ៊ីសាក និង​យ៉ាកុប ដោយ​ពាក្យ​ថា នឹង​ឲ្យ​ស្រុក​នោះ​ដល់​ពូជ​ឯង​ត​ទៅ
2 អញ​នឹង​ចាត់​ទេវតា​១​ឲ្យ​នាំ​មុខ​ឯង ហើយ​និង​បណ្តេញ​ពួក​សាសន៍​កាណាន សាសន៍​អាម៉ូរី សាសន៍​ហេត សាសន៍​ពេរិស៊ីត សាសន៍​ហេវី និង​សាសន៍​យេប៊ូស​ចេញ
3 ឯង​នឹង​ឡើង​ទៅ​ឯ​ស្រុក​១​ដែល​មាន​ទឹក​ដោះ ហើយ​និង​ទឹក​ឃ្មុំ​ហូរ‌ហៀរ តែ​អញ​មិន​ឡើង​ទៅ​កណ្តាល​ពួក​ឯង​ទេ ក្រែង​អញ​ធ្វើ​ឲ្យ​ឯង​វិនាស​តាម​ផ្លូវ ដ្បិត​ឯង​រាល់​គ្នា​ជា​មនុស្ស​មាន​ក្បាល​រឹង។
4 កាល​ពួក​ជន​ទាំង‌ឡាយ​បាន​ឮ​ដំណឹង​អាក្រក់​នោះ​ហើយ គេ​ក៏​មាន​ចិត្ត​ស្រងូត‌ស្រងាត់ ឥត​មាន​អ្នក​ណា​មួយ​ពាក់​គ្រឿង​លំអ​អ្វី​ឡើយ
5 ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ម៉ូសេ​ឲ្យ​ប្រាប់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា ឯង​រាល់​គ្នា​ជា​មនុស្ស​មាន​ក្បាល​រឹង បើ​អញ​ឡើង​ទៅ​កណ្តាល​ឯង​រាល់​គ្នា​តែ​១​ភ្លែត នោះ​នឹង​ធ្វើ​ឲ្យ​វិនាស​អស់​ហើយ ដូច្នេះ ចូរ​ឯង​រាល់​គ្នា​ដោះ​គ្រឿង​លំអ​ពី​ខ្លួន​ចេញ​ឥឡូវ ដើម្បី​ឲ្យ​អញ​ដឹង​ជា​ត្រូវ​ធ្វើ​ដល់​ឯង​រាល់​គ្នា​ជា​យ៉ាង​ណា
6 នោះ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​ដោះ​គ្រឿង​លំអ​ទាំង​អស់​ពី​ខ្លួន​ចេញ ត្រង់​ភ្នំ​ហូរែប។
7 ម៉ូសេ​លោក​ក៏​យក​ត្រសាល​ទៅ​ដំឡើង​នៅ​ទី​ឆ្ងាយ​ក្រៅ​ពី​ទី​ដំឡើង​ត្រសាល​របស់​គេ ហើយ​ឲ្យ​មាន​ឈ្មោះ​ថា «ត្រសាល​ជំនុំ» ឯ​អស់​អ្នក​ណា​ដែល​រក​ព្រះ‌យេហូវ៉ា គេ​ក៏​ចេញ​ទៅ​ឯ​ត្រសាល​ជំនុំ ដែល​នៅ​ខាង​ក្រៅ​ទី​ដំឡើង​ត្រសាល​នោះ
8 កាល​ណា​ម៉ូសេ​ចេញ​ទៅ​ឯ​ត្រសាល​ជំនុំ បណ្តា‌ជន​ទាំង​អស់​ក៏​ក្រោក​ឡើង​ឈរ​នៅ​មាត់​ទ្វារ​ត្រសាល​របស់​គេ​រៀង​ខ្លួន ទាំង​មើល​តាម​លោក​ទាល់​តែ​បាន​ចូល​ផុត​ក្នុង​ត្រសាល​ជំនុំ
9 គ្រា​ដែល​ម៉ូសេ​ចូល​ផុត​ទៅ​ហើយ នោះ​បង្គោល​ពពក​ក៏​ចុះ​មក​ស្ថិត​នៅ​ត្រង់​មាត់​ទ្វារ​ត្រសាល ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​សន្ទនា​នឹង​ម៉ូសេ
10 ឯ​បណ្តា‌ជន​គេ​ឃើញ​បង្គោល​ពពក​សណ្ឋិត​នៅ​ត្រង់​មាត់​ទ្វារ​ត្រសាល​ជំនុំ ក៏​ក្រោក​ឡើង​ថ្វាយ‌បង្គំ​នៅ​មាត់​ទ្វារ​ត្រសាល​របស់​គេ​រៀង​ខ្លួន
11 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ប្រទល់​មុខ​នឹង​ម៉ូសេ ដូច​ជា​មនុស្ស​និយាយ​នឹង​សំឡាញ់​ខ្លួន រួច​លោក​ត្រឡប់​មក​ដល់​ទី​ដំឡើង​ត្រសាល​គេ​វិញ តែ​យ៉ូស្វេ​កូន​នុន ជា​ជំនួយ​ការ​របស់​លោក ដែល​នៅ​កំលោះ​នៅ​ឡើយ មិន​បាន​ចេញ​ពី​ត្រសាល​ជំនុំ​មក​ទេ។
12 ម៉ូសេ​លោក​ទូល​ដល់​ព្រះ‌យេហូវ៉ា​ថា មើល ទ្រង់​បង្គាប់​មក​ទូល‌បង្គំ​ឲ្យ​នាំ​បណ្តា‌ជន​នេះ​ឡើង​ទៅ តែ​ទ្រង់​មិន​បាន​ឲ្យ​ទូល‌បង្គំ​ដឹង ជា​ទ្រង់​នឹង​ចាត់​អ្នក​ណា​ឲ្យ​ទៅ​ជា​មួយ​សោះ ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​ថា អញ​ស្គាល់​ឯង​យ៉ាង​ជិត​ស្និទ្ធ ហើយ​ឯង​ក៏​ប្រកប​ដោយ​គុណ​របស់​អញ​ផង
13 ដូច្នេះ បើ​ទូល‌បង្គំ​ប្រកប​ដោយ​ព្រះ‌គុណ​នៃ​ទ្រង់​ពិត​មែន នោះ​សូម​សម្ដែង​បង្ហាញ​អស់​ទាំង​ផ្លូវ​របស់​ទ្រង់​ដល់​ទូល‌បង្គំ​ផង ដើម្បី​ឲ្យ​ទូល‌បង្គំ​បាន​ស្គាល់​ទ្រង់ ហើយ​ឲ្យ​ទូល‌បង្គំ​បាន​ប្រកប​ដោយ​ព្រះ‌គុណ​នៃ​ទ្រង់​ពិត រួច​សូម​ទ្រង់​នឹក​ចាំ​ពី​សាសន៍​នេះ​ថា​ជា​រាស្ត្រ​របស់​ទ្រង់​ផង
14 នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា វិញ្ញាណ​អញ​នឹង​ទៅ​ជា​មួយ​នឹង​ឯង ហើយ​អញ​នឹង​ឲ្យ​ឯង​បាន​សម្រាក
15 ម៉ូសេ​ក៏​ទូល​ថា បើ‌សិន​ណា​ជា​ព្រះ‌វិញ្ញាណ​នៃ​ទ្រង់​មិន​យាង​ទៅ​ជា​មួយ​ទេ នោះ​សូម​កុំ​នាំ​យើង​ខ្ញុំ​រាល់​គ្នា​ឡើង​ចេញ​ពី​ទី​នេះ​ទៅ​ឡើយ
16 ដ្បិត​តើ​ធ្វើ​ដូច​ម្តេច​ឲ្យ​ដឹង​ថា ទូល‌បង្គំ ហើយ​និង​រាស្ត្រ​ទ្រង់ បាន​ប្រកប​ដោយ​ព្រះ‌គុណ​នៃ​ទ្រង់​ទៅ​បាន តើ​មិន​មែន​ដោយ​ទ្រង់​យាង​ទៅ​ជា​មួយ​នឹង​យើង​ខ្ញុំ​ទេ​ឬ​អី យ៉ាង​នោះ​ឯង យើង​ខ្ញុំ គឺ​ខ្លួន​ទូល‌បង្គំ និង​រាស្ត្រ​របស់​ផង​ទ្រង់​នឹង​បាន​ញែក​ចេញ​ពី​អស់​ទាំង​សាសន៍​ឯ​ទៀត​ដែល​នៅ​ផែនដី​នេះ។
17 រួច​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា អញ​នឹង​ធ្វើ​តាម​សេចក្ដី​ដែល​ឯង​បាន​សូម​នេះ​ដែរ ដ្បិត​ឯង​ប្រកប​ដោយ​គុណ​នៃ​អញ ហើយ​អញ​ក៏​ស្គាល់​ឯង​យ៉ាង​ជិត​ស្និទ្ធ​ផង
18 លោក​ទូល​ឆ្លើយ​ថា សូម​ទ្រង់​មេត្តា​បើក​ឲ្យ​ទូល‌បង្គំ​ឃើញ​សិរី‌ល្អ​ទ្រង់​ផង
19 រួច​ទ្រង់​មាន​ព្រះ‌បន្ទូល​តប​ថា អញ​នឹង​ឲ្យ​អស់​ទាំង​សេចក្ដី​សប្បុរស​របស់​អញ​ដើរ​កាត់​នៅ​មុខ​ឯង ព្រម​ទាំង​ប្រកាស​ពី​ព្រះ‌នាម «យេហូវ៉ា» នៅ​មុខ​ឯង​ផង អញ​នឹង​ប្រោស​ដល់​អ្នក​ណា​ដែល​អញ​ចង់​ប្រោស ហើយ​និង​ផ្សាយ​សេចក្ដី​មេត្តា‌ករុណា​ដល់​អ្នក​ណា​ដែល​អញ​ចង់​ផ្សាយ​ឲ្យ
20 ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​ថា ឯង​ពុំ​អាច​នឹង​មើល​មុខ​អញ​បាន​ឡើយ ដ្បិត​មនុស្ស​ជាតិ​នឹង​ឃើញ​អញ ហើយ​រស់​នៅ​មិន​បាន​ទេ
21 ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​ថា មើល មាន​កន្លែង​នេះ​ជា​ទី​នៅ​ជិត​អញ ត្រូវ​ឲ្យ​ឯង​ឈរ​នៅ​លើ​ថ្មដា​នេះ​ចុះ
22 កំពុង​ដែល​សិរី‌ល្អ​របស់​អញ​កាត់​នៅ​មុខ​ឯង នោះ​អញ​នឹង​ដាក់​ឯង​ទៅ​ក្នុង​ទី​ក្រហែង​ថ្ម​១ ហើយ​និង​បាំង​ឯង​ដោយ​ដៃ​ដរាប​ដល់​អញ​បាន​ទៅ​ហួស
23 រួច​អញ​នឹង​ដក​ដៃ​អញ​ចេញ ឲ្យ​បាន​ឃើញ​អញ​ពី​ខាង​ខ្នង​វិញ ឥត​ឃើញ​មុខ​ឡើយ។


ជំពូក 34

1 ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​បង្គាប់​ដល់​ម៉ូសេ​ថា ចូរ​ដាប់​បន្ទះ​ថ្ម​២​ផ្ទាំង​ឲ្យ​ដូច​ជា​បន្ទះ​ថ្ម​២​ពី​មុន នោះ​អញ​នឹង​ចារឹក​ចុះ​នូវ​អស់​ទាំង​ពាក្យ ដូច​បាន​កត់​នៅ​បន្ទះ​ថ្ម​ពី​មុន​នោះ ដែល​ឯង​បាន​បំបែក​ហើយ
2 ចូរ​រៀប‌ចំ​ជា​ស្រេច​ឲ្យ​ទាន់​ពេល​ព្រលឹម រួច​ឡើង​មក​ឯ​លើ​ភ្នំ​ស៊ី‌ណាយ​នៅ​ពេល​ព្រឹក ហើយ​ឈរ​ចំពោះ​អញ​នៅ​លើ​កំពូល​ភ្នំ
3 កុំ​ឲ្យ​អ្នក​ណា​ឡើង​មក​ជា​មួយ​នឹង​ឯង​ឡើយ ក៏​កុំ​ឲ្យ​ឃើញ​មាន​អ្នក​ណា​នៅ​ទី​ណា​លើ​ភ្នំ​ឲ្យ​សោះ ក៏​មិន​ត្រូវ​ឲ្យ​ហ្វូង​ចៀម​ឬ​ហ្វូង​គោ​មក​រក​ស៊ី​នៅ​មុខ​ភ្នំ​នេះ​ដែរ
4 នោះ​លោក​ក៏​ដាប់​បន្ទះ​ថ្ម​២​ផ្ទាំង​ឲ្យ​ដូច​ជា​ថ្ម​ទាំង​២​ពី​មុន​នោះ រួច​លោក​ក្រោក​ពី​ព្រលឹម ឡើង​ទៅ​លើ​ភ្នំ​ស៊ី‌ណាយ តាម​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក ព្រម​ទាំង​យក​បន្ទះ​ថ្ម​ទាំង​២​ផ្ទាំង​កាន់​នៅ​ដៃ​ទៅ​ជា​មួយ​ផង។
5 ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​យាង​ចុះ​មក​ក្នុង​ពពក​ស្ថិត​នៅ​ជិត​លោក ព្រម​ទាំង​ប្រកាស​ពី​ព្រះ​នាម «យេហូវ៉ា» ផង
6 ទ្រង់​យាង​កាត់​នៅ​មុខ​លោក​ទាំង​ប្រកាស​ថា យេហូវ៉ា គឺ​យេហូវ៉ា​ដ៏​ជា​ព្រះ‌ទ្រង់​មាន​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា ហើយ​ទន់​សន្តោស ទ្រង់​យឺត​នឹង​ខ្ញាល់ ហើយ​មាន​សេចក្ដី​សប្បុរស និង​សេចក្ដី​ទៀង​ត្រង់ ជា​បរិបូរ
7 ទ្រង់​មាន​សេចក្ដី​មេត្តា‌ករុណា​ដល់​មនុស្ស​ទាំង​ពាន់ ក៏​អត់​ទោស​ចំពោះ​សេចក្ដី​ទុច្ចរិត សេចក្ដី​រំលង និង​អំពើ​បាប ប៉ុន្តែ ទ្រង់​មិន​រាប់​មនុស្ស​មាន​ទោស​ទុក​ជា​ឥត​ទោស​ឡើយ ទ្រង់​ធ្វើ​ទោស​ចំពោះ​សេចក្ដី​ទុច្ចរិត​របស់​ឪពុក ទៅ​ដល់​កូន​ចៅ​ដល់​៣​ហើយ​៤​តំណ​ផង។
8 នោះ​ម៉ូសេ​ក៏​ប្រញាប់‌ប្រញាល់​នឹង​ឱន​ខ្លួន ក្រាប​ចុះ​ដល់​ដី​ថ្វាយ‌បង្គំ
9 រួច​ទូល​ថា ឱ​ព្រះ‌អម្ចាស់​អើយ បើ​សិន​ជា​ទូល‌បង្គំ​ប្រកប​ដោយ​ព្រះ​គុណ​ទ្រង់​ពិត នោះ​សូម​ព្រះ‌អម្ចាស់​យាង​ទៅ​កណ្តាល​យើង​ខ្ញុំ​រាល់​គ្នា ដ្បិត​មនុស្ស​ទាំង​នេះ​មាន​ក្បាល​រឹង​ណាស់ ហើយ​សូម​អត់​ទោស​ចំពោះ​សេចក្ដី​ទុច្ចរិត និង​អំពើ​បាប​របស់​យើង​ខ្ញុំ​ផង សូម​ទទួល​យើង​រាល់​គ្នា​ទុក​ជា​មរដក​របស់​ទ្រង់។
10 នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា មើល អញ​តាំង​សេចក្ដី​សញ្ញា​ថា នៅ​មុខ​សាសន៍​ឯង​ទាំង​អស់​គ្នា នោះ​អញ​នឹង​ធ្វើ​ការ​អស្ចារ្យ ជា​ការ​ដែល​មិន​ដែល​កើត​មាន​យ៉ាង​ដូច្នោះ​នៅ​អស់​ទាំង​នគរ​គ្រប់​លើ​ផែនដី ហើយ​អស់​ទាំង​សាសន៍​ដែល​ឯង​នៅ​កណ្តាល​នោះ គេ​នឹង​ឃើញ​ការ​របស់​ព្រះ‌យេហូវ៉ា ដ្បិត​ការ​ដែល​អញ​នឹង​ប្រោស​ដល់​ឯង នោះ​ជា​ការ​គួរ​ស្ញែង​ខ្លាច
11 ចូរ​ប្រយ័ត និង​ធ្វើ​តាម​អស់​ទាំង​សេចក្ដី​ដែល​អញ​បង្គាប់​ដល់​ឯង​នៅ​ថ្ងៃ​នេះ​ចុះ មើល អញ​នឹង​បណ្តេញ​សាសន៍​អាម៉ូរី សាសន៍​កាណាន សាសន៍​ហេត សាសន៍​ពេរិស៊ីត សាសន៍​ហេវី និង​សាសន៍​យេប៊ូស​ចេញ​ពី​មុខ​ឯង​ទៅ
12 ចូរ​ប្រយ័ត​កុំ​ឲ្យ​តាំង​សេចក្ដី​សញ្ញា​នឹង​អ្នក​ស្រុក​ដែល​ឯង​ចូល​ទៅ​នោះ​ឡើយ ក្រែង‌លោ​ត្រឡប់​ជា​អន្ទាក់​ដល់​ឯង​វិញ
13 ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​រំលំ​អាសនៈ​របស់​គេ ព្រម​ទាំង​បំបាក់​បំបែក​រូប​ព្រះ ហើយ​បំផ្លាញ​អ្នក‌តា​របស់​គេ​ចេញ
14 ដ្បិត​មិន​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ក្រាប​ថ្វាយ‌បង្គំ​ដល់​ព្រះ​ឯ​ណា​ទៀត​ឡើយ ពី​ព្រោះ​ព្រះ‌យេហូវ៉ា ដែល​ព្រះ​នាម​ជា​ព្រះ​ប្រចណ្ឌ ទ្រង់​មាន​ព្រះ‌ហឫទ័យ​ប្រចណ្ឌ​ពិត
15 ក្រែង‌លោ​ឯង​តាំង​សេចក្ដី​សញ្ញា​នឹង​ពួក​អ្នក​ស្រុក​នោះ ហើយ​កាល​ណា​គេ​ទៅ​ផិត​តាម​ព្រះ​របស់​គេ ទាំង​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ​នៃ​គេ នោះ​ក៏​ហៅ​ឯង​ទៅ​បរិភោគ​យញ្ញ‌បូជា​ដែរ
16 ហើយ​ក្រែង​ឯង​នឹង​យក​កូន​ស្រី​គេ​មក​ឲ្យ​កូន​ប្រុស​របស់​ឯង រួច​កូន​ស្រី​គេ​ទៅ​ផិត​តាម​ព្រះ​គេ នោះ​នឹង​ទាញ​នាំ​កូន​ឯង​ឲ្យ​ផិត​តាម​ព្រះ​គេ​ដែរ
17 កុំ​ឲ្យ​សិត​រូប​ព្រះ​សម្រាប់​ឯង​ឲ្យ​សោះ។
18 លុះ​ដល់​កំណត់​នៅ​ខែ​ចេត្រ នោះ​ត្រូវ​ឲ្យ​ឯង​ធ្វើ​បុណ្យ​នំបុ័ង​ឥត​ដំបែ ដោយ​បរិភោគ​នំ​ឥត​ដំបែ​ក្នុង​រវាង​៧​ថ្ងៃ ដូច​ជា​អញ​បាន​បង្គាប់​ឯង​ហើយ ដ្បិត​គឺ​នៅ​ខែ​ចេត្រ​នោះ​ហើយ ដែល​ឯង​បាន​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក។
19 អស់​ទាំង​កូន​ដែល​កើត​ពី​ម្តាយ​មក​មុន​គេ​បង្អស់ នោះ​ជា​របស់​ផង​អញ ព្រម​ទាំង​កូន​ច្បង​របស់​សត្វ​ឯង​ទាំង​ប៉ុន្មាន ដែល​ជា​ឈ្មោល​ផង ទោះ​បើ​ជា​គោ ឬ​ជា​ចៀម​ក្តី
20 ឯ​កូន​ច្បង​របស់​សត្វ​លា នោះ​ត្រូវ​ឲ្យ​លោះ​កូន​ចៀម​១ តែ​បើ​មិន​ចង់​លោះ​ទេ នោះ​ត្រូវ​បំបាក់​ក​ទៅ ឯ​អស់​ទាំង​កូន​ប្រុស​ច្បង​នៃ​ឯង នោះ​ត្រូវ​តែ​លោះ​ជា​កុំ​ខាន ហើយ​មិន​ត្រូវ​មក​ដោយ​ដៃ​ទទេ​នៅ​មុខ​អញ​ឡើយ។
21 ក្នុង​រវាង​៦​ថ្ងៃ នោះ​ត្រូវ​ធ្វើ​ការ​ចុះ តែ​ដល់​ថ្ងៃ​ទី​៧ ត្រូវ​ឈប់​សម្រាក​វិញ ទោះ​បើ​នៅ​រដូវ​ភ្ជួរ‌រាស់ ឬ​រដូវ​ច្រូត​កាត់​ក្តី ក៏​ត្រូវ​ឈប់​សម្រាក​ដែរ។
22 ត្រូវ​ធ្វើ​បុណ្យ​អាទិត្យ​ទី​៧ គឺ​ជា​បុណ្យ​ផល​ដំបូង​ពី​ចម្រូូត​ស្រូវ‌សាលី និង​បុណ្យ​ប្រមូល​ផល ដល់​ចុង​ឆ្នាំ​ដែរ
23 អស់​ទាំង​ប្រុសៗ​ក្នុង​ពួក​ឯង គេ​ត្រូវ​មក​នៅ​ចំពោះ​ព្រះ‌អម្ចាស់​៣​ដង​ក្នុង​១​ឆ្នាំ គឺ​មក​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល
24 ដ្បិត​អញ​នឹង​បណ្តេញ​អស់​ទាំង​សាសន៍​ដទៃ​ពី​មុខ​ឯង​ចេញ ហើយ​និង​វាត​ព្រំ​ស្រុក​របស់​ឯង​ឲ្យ​ធំ​ទូលាយ​ឡើង កាល​ណា​ឯង​ឡើង​មក​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​៣​ដង​ក្នុង​១​ឆ្នាំ នោះ​នឹង​គ្មាន​អ្នក​ណា​លោភ​ចង់​បាន​ស្រុក​របស់​ឯង​ឡើយ។
25 កុំ​ឲ្យ​ថ្វាយ​ឈាម​របស់​យញ្ញ‌បូជា​ដែល​ថ្វាយ​ដល់​អញ ជា​មួយ​នឹង​នំបុ័ង​មាន​ដំបែ​ឡើយ ឯ​យញ្ញ‌បូជា​របស់​បុណ្យ​រំលង នោះ​ក៏​មិន​ត្រូវ​ទុក​ឲ្យ​កន្លង​ដល់​ព្រឹក​ដែរ។
26 ឯ​ចំណែក​មុន​បង្អស់​នៃ​ផល​ដំបូង ដែល​កើត​ពី​ដី​ឯង នោះ​ត្រូវ​នាំ​ចូល​ទៅ​ក្នុង​ដំណាក់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង។ កុំ​ឲ្យ​ឯង​ស្ងោរ​កូន​ពពែ​ក្នុង​ទឹក​ដោះ​របស់​មេ​វា​ឡើយ។
27 រួច​ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ដល់​ម៉ូសេ​ថា ចូរ​កត់​ពាក្យ​ទាំង​នេះ​ចុះ ដ្បិត​អញ​តាំង​សេចក្ដី​សញ្ញា​របស់​អញ​នឹង​ឯង ហើយ​និង​ពួក​អ៊ីស្រា‌អែល​តាម​ន័យ​ពាក្យ​ទាំង​នេះ
28 លោក​ក៏​នៅ​ទី​នោះ​ជា​មួយ​នឹង​ព្រះ‌យេហូវ៉ា​អស់​៤០​ថ្ងៃ ៤០​យប់ ឥត​មាន​បរិភោគ​អ្វី​ឡើយ ហើយ​ទ្រង់​ក៏​ចារឹក​ចុះ​នូវ​អស់​ទាំង​ពាក្យ​នៃ​សេចក្ដី​សញ្ញា​ទាំង​១០​ប្រការ នៅ​លើ​បន្ទះ​ថ្ម​ទាំង​២​ផ្ទាំង​នោះ។
29 រួច​កាល​ម៉ូសេ​បាន​ចុះ​ពី​លើ​ភ្នំ​ស៊ី‌ណាយ មក​វិញ ព្រម​ទាំង​កាន់​បន្ទះ​ថ្ម​នៃ​សេចក្ដី​បន្ទាល់ ទាំង​២​ផ្ទាំង នៅ​ដៃ​មក​ផង នោះ​កំពុង​ដែល​ចុះ​មក លោក​ឥត​បាន​ដឹង​ជា​ស្បែក​មុខ​លោក​ភ្លឺ ដោយ​បាន​ទូល​នឹង​ទ្រង់​នោះ​ទេ
30 លុះ​អើរ៉ុន និង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់ បាន​ឃើញ​លោក នោះ​ឃើញ​ស្បែក​មុខ​លោក​ភ្លឺ ហើយ​គេ​ខ្លាច​មិន​ហ៊ាន​ទៅ​ជិត​លោក​ឡើយ
31 តែ​ម៉ូសេ​ហៅ​គេ​ឲ្យ​មក នោះ​អើរ៉ុន និង​អស់​ទាំង​មេ​ពួក​ជំនុំ​ក៏​នាំ​គ្នា​ត្រឡប់​មក​ឯ​លោក​វិញ ហើយ​លោក​បាន​និយាយ​នឹង​គេ
32 រួច​មក​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​ចូល​មក​ជិត​ទាំង​អស់​គ្នា ហើយ​លោក​បាន​ប្រាប់​ពី​អស់​ទាំង​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​លោក នៅ​លើ​ភ្នំ​ស៊ី‌ណាយ
33 លោក​បាន​យក​ស្បៃ​មក​បាំង​មុខ​ដរាប​ដល់​ឈប់​និយាយ​នឹង​គេ
34 តែ​កាល​ណា​ម៉ូសេ​ចូល​ទៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដើម្បី​ទូល​នឹង​ទ្រង់ នោះ​លោក​បក​ស្បៃ​ចេញ​វិញ ដរាប​ដល់​ចេញ​មក លុះ​ចេញ​មក​វិញ​ហើយ នោះ​ក៏​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល តាម​អស់​ទាំង​សេចក្ដី​ដែល​ទ្រង់​បង្គាប់​មក
35 ឯ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល គេ​បាន​មើល​មុខ​ម៉ូសេ ឃើញ​ស្បែក​មុខ​លោក​ភ្លឺ បាន​ជា​លោក​យក​ស្បៃ​មក​បាំង​មុខ​ទៀត ទាល់​តែ​ចូល​ទៅ​ទូល​នឹង​ទ្រង់​វិញ។


ជំពូក 35

1 ម៉ូសេ​ក៏​ប្រមូល​ពួក​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់​មក​ប្រាប់​ថា នេះ​ជា​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​ឲ្យ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​តាម
2 គឺ​ក្នុង​រវាង​៦​ថ្ងៃ នោះ​ធ្វើ​ការ​បាន តែ​ដល់​ថ្ងៃ​ទី​៧ ជា​ថ្ងៃ​បរិសុទ្ធ​សម្រាប់​អ្នក​រាល់​គ្នា​វិញ ថ្ងៃ​នោះ​ជា​ថ្ងៃ​ផ្អាក​ការ គឺ​ជា​ថ្ងៃ​ឈប់​សម្រាក​ដល់​ព្រះ‌យេហូវ៉ា អ្នក​ណា​ដែល​ធ្វើ​ការ​អ្វី​នៅ​ថ្ងៃ​នោះ នឹង​ត្រូវ​សម្លាប់​ចោល
3 អ្នក​រាល់​គ្នា​មិន​ត្រូវ​ទាំង​បង្កាត់​ភ្លើង​នៅ​ក្នុង​ផ្ទះ​ឯ​ណា​មួយ ក្នុង​ថ្ងៃ​ឈប់​សម្រាក​នោះ​ផង។
4 ម៉ូសេ​ក៏​ប្រាប់​ដល់​ពួក​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់​ថា នេះ​ជា​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក
5 គឺ​ត្រូវ​ឲ្យ​យក​តង្វាយ​ពី​របស់​ដែល​អ្នក​រាល់​គ្នា​មាន​ទាំង​ប៉ុន្មាន មក​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ត្រូវ​ឲ្យ​អស់​អ្នក​ណា​ដែល​ថ្វាយ​ស្ម័គ្រ​ពី​ចិត្ត យក​តង្វាយ​នេះ​មក​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​ចុះ គឺ​ជា​មាស ជា​ប្រាក់ ជា​លង្ហិន
6 ជា​ល័ខ​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម ខ្លូត‌ទេស​យ៉ាង​ម៉ដ្ត និង​រោម​ពពែ
7 ស្បែក​ចៀម​ឈ្មោល​ជ្រលក់​ពណ៌​ក្រហម ស្បែក​ផ្សោត ឈើ​នាង‌នួន
8 ប្រេង​សម្រាប់​ចង្កៀង គ្រឿង​ក្រអូប​សម្រាប់​ប្រេង​ចាក់​លាប និង​គ្រឿង​ក្រអូប​សម្រាប់​ដុត
9 ថ្ម​អូនីក្ស ហើយ​ថ្ម​ឯ​ទៀត​សម្រាប់​ដាំ​អេផូឌ និង​ប្រដាប់​បាំង​ទ្រូង​ផង
10 ឯ​អស់​អ្នក​ណា​ដែល​មាន​គំនិត​វាង‌វៃ​ក្នុង​ពួក​ឯង​រាល់​គ្នា នោះ​ត្រូវ​ឲ្យ​មក​ធ្វើ​អស់​ទាំង​ប្រដាប់​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បង្គាប់​មក​ចុះ
11 គឺ​ជា​រោង​ឧបោសថ ព្រម​ទាំង​ត្រសាល​រោង​នោះ និង​គំរប​គ្រប​លើ​ត្រសាល ហើយ​អស់​ទាំង​ទំពក់ ក្តារ រនុក សសរ និង​ជើង​របស់​រោង​នោះ
12 ហឹប និង​ឈើ​ស្នែង ទី​សន្តោស​ប្រោស​វាំង‌នន​សម្រាប់​បាំង​ហឹប
13 តុ និង​ឈើ​ស្នែង ព្រម​ទាំង​ប្រដាប់​តុ​នោះ និង​នំបុ័ង​តាំង​តុ
14 ជើង​ចង្កៀង អស់​ទាំង​ចង្កៀង និង​ប្រដាប់​ទាំង​ប៉ុន្មាន ហើយ​និង​ប្រេង​សម្រាប់​ដុត
15 អាសនៈ​សម្រាប់​ដុត​គ្រឿង​ក្រអូប និង​ឈើ​ស្នែង​ផង ប្រេង​ចាក់​លាប និង​គ្រឿង​ក្រអូប ព្រម​ទាំង​រនាំង​បាំង​មាត់​ទ្វារ​រោង​ឧបោសថ
16 អាសនៈ​សម្រាប់​តង្វាយ​ដុត ប្រទាស​លង្ហិន ឈើ​ស្នែង និង​អស់​ទាំង​ប្រដាប់​អាសនៈ​នោះ ចាន​ក្លាំ និង​ជើង​នៃ​ចាន​នោះ
17 រនាំង​បាំង​ទីលាន អស់​ទាំង​សសរ និង​ជើង​ទាំង​ប៉ុន្មាន ហើយ​រនាំង​នៅ​មាត់​ទ្វារ​ទីលាន​ផង
18 អស់​ទាំង​ចំរ៉ឹង​សម្រាប់​រោង​ឧបោសថ និង​ទីលាន​ព្រម​ទាំង​ខ្សែ​ទាំង​ប៉ុន្មាន
19 អស់​ទាំង​សម្លៀក‌បំពាក់​សម្រាប់​ការ‌ងារ​ក្នុង​ទី​បរិសុទ្ធ អស់​ទាំង​សម្លៀក‌បំពាក់​បរិសុទ្ធ​សម្រាប់​អើរ៉ុន​ជា​សង្ឃ និង​សម្លៀក‌បំពាក់​សម្រាប់​ពួក​កូន​លោក​ដែល​ធ្វើ​ការ‌ងារ​ជា​សង្ឃ
20 នោះ​ពួក​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល​គេ​ក៏​ចេញ​ពី​មុខ​ម៉ូសេ​ទាំង​អស់​គ្នា​ទៅ។
21 ដូច្នេះ អស់​អ្នក​ណា​ដែល​មាន​សេចក្ដី​រំជួល​ក្នុង​ចិត្ត ជា​អ្នក​ដែល​មាន​វិញ្ញាណ​បណ្តាល​ឲ្យ​ថ្វាយ​ស្ម័គ្រ​ពី​ចិត្ត នោះ​ក៏​យក​តង្វាយ​មក​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា សម្រាប់​ការ​ធ្វើ​ត្រសាល​ជំនុំ សម្រាប់​ការ‌ងារ​ក្នុង​ត្រសាល​នោះ ហើយ​សម្រាប់​សម្លៀក‌បំពាក់​បរិសុទ្ធ​ទាំង​ប៉ុន្មាន
22 ឯ​អស់​អ្នក​ណា​ដែល​ថ្វាយ​ដោយ​ស្ម័គ្រ​ពី​ចិត្ត នោះ​ក៏​ចូល​មក​ទាំង​ប្រុស​ទាំង​ស្រី ព្រម​ទាំង​យក​កាវ កង​ជើង កង​ដៃ កន្លះ​ក និង​ចិញ្ចៀន ជា​ប្រដាប់​មាស​គ្រប់​មុខ មក​ថ្វាយ​ជា​តង្វាយ​មាស​ដល់​ព្រះ‌យេហូវ៉ា
23 អស់​អ្នក​ណា​ដែល​មាន​ល័ខ​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម ខ្លូត‌ទេស​យ៉ាង​ម៉ដ្ត និង​រោម​ពពែ ស្បែក​ចៀម​ឈ្មោល​ជ្រលក់​ពណ៌​ក្រហម ហើយ​និង​ស្បែក​ផ្សោត គេ​ក៏​យក​របស់​ទាំង​នោះ​មក​ដែរ
24 អស់​អ្នក​ណា​ដែល​ថ្វាយ​ប្រាក់ ឬ​លង្ហិន ក៏​យក​តង្វាយ​នោះ​មក​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា អស់​អ្នក​ណា​ដែល​មាន​ឈើ​នាង‌នួន​សម្រាប់​នឹង​ធ្វើ​ការ​អ្វីៗ គេ​ក៏​យក​ឈើ​នោះ​មក​ដែរ
25 អស់​ស្ត្រី​ណា​ដែល​ប៉ិន‌ប្រសប់​នឹង​វេញ​ដោយ​ដៃ ក៏​យក​អំបោះ​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម ហើយ​និង​អំបោះ​ខ្លូត‌ទេស​យ៉ាង​ម៉ដ្ត ដែល​គេ​បាន​វេញ​នោះ​មក​ដែរ
26 អស់​ស្ត្រី​ណា​ដែល​មាន​ចិត្ត​បណ្តាល​ដោយ​គេ​ចេះ​ធ្វើ នោះ​ក៏​នាំ​គ្នា​វេញ​រោម​ពពែ
27 ហើយ​ពួក​មេ​លើ​បណ្តា‌ជន​ក៏​យក​ថ្ម​អូនីក្ស និង​ថ្ម​ឯ​ទៀត​សម្រាប់​ដាំ​អេផូឌ ហើយ​និង​ប្រដាប់​បាំង​ទ្រូង​ដែរ
28 ព្រម​ទាំង​គ្រឿង​ក្រអូប ប្រេង​សម្រាប់​ចង្កៀង សម្រាប់​ប្រេង​ចាក់​លាប ហើយ​សម្រាប់​គ្រឿង​ក្រអូប​ផង
29 អស់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​ប្រុស​ទាំង​ស្រី ដែល​មាន​ចិត្ត​បណ្តាល​ឲ្យ​ថ្វាយ​របស់​អ្វី​សម្រាប់​ការ​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​មក​ម៉ូសេ នោះ​ក៏​យក​តង្វាយ​មក​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​ដោយ​ស្ម័គ្រ​ពី​ចិត្ត។
30 រួច​មក ម៉ូសេ​មាន​ប្រសាសន៍​នឹង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា មើល ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ហៅ​បេតសា‌លាល កូន​យូរី ដែល​ជា​កូន​ហ៊ើរ ក្នុង​ពូជ​អំបូរ​យូដា​មក
31 ហើយ​ទ្រង់​បាន​ឲ្យ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ មក​សណ្ឋិត​លើ​គាត់​ពោរ‌ពេញ ឲ្យ​គាត់​មាន​គំនិត​វាង‌វៃ មាន​យោបល់ ហើយ​ឲ្យ​មាន​ចំណេះ​ចេះ​ធ្វើ​ការ​គ្រប់​មុខ
32 ឲ្យ​គាត់​បាន​ចេះ​នឹង​បង្កើត​ការ​យ៉ាង​ប្រសប់ គឺ​ខាង​មាស ខាង​ប្រាក់ ហើយ​ខាង​លង្ហិន
33 ព្រម​ទាំង​ចេះ​ច្នៃ​ត្បូង​សម្រាប់​ដាំ ចេះ​ឆ្លាក់​ឈើ និង​ធ្វើ​ការ​គ្រប់​មុខ​ទាំង​អស់
34 ទ្រង់​ក៏​ប្រទាន​ឲ្យ​គាត់​ចេះ​បង្រៀន​ដល់​គេ គឺ​ខ្លួន​គាត់​១ និង​អូហូ‌លីអាប់ ជា​កូន​អ័ហ៊ី‌សាម៉ាក់ ក្នុង​ពូជ​អំបូរ​ដាន់​១​ដែរ
35 ទ្រង់​បាន​ប្រទាន​ឲ្យ​អ្នក​ទាំង​២​នោះ​មាន​គំនិត​វាង‌វៃ​ដ៏​ពោរ‌ពេញ សម្រាប់​នឹង​ចាត់‌ចែង​អស់​ទាំង​ការ​ខាង​ពួក​ជាង​ចំឡាក់ និង​អ្នក​រចនា​ផ្សេងៗ ឲ្យ​បាន​ចេះ​ប៉ាក់ ចេះ​ត្បាញ​សំពត់​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម និង​សំពត់​ខ្លូត‌ទេស​យ៉ាង​ម៉ដ្ត សម្រាប់​នឹង​ធ្វើ​ការ​គ្រប់​យ៉ាង ព្រម​ទាំង​បង្កើត​ការ​ថ្មី​ផង។


ជំពូក 36

1 ដូច្នេះ បេតសា‌លាល និង​អូហូ‌លីអាប់ ហើយ​អស់​អ្នក​ចំណាន​ការ ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រទាន​ឲ្យ​មាន​គំនិត​វាង‌វៃ ហើយ​និង​យោបល់​ឲ្យ​ចេះ​ធ្វើ​ការ​គ្រប់​មុខ គេ​នឹង​ធ្វើ​អស់​ទាំង​ប្រដាប់​ដែល​សម្រាប់​ការ‌ងារ​ក្នុង​ទី​បរិសុទ្ធ តាម​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បង្គាប់​មក
2 ម៉ូសេ​ក៏​ហៅ​បេតសា‌លាល និង​អូហូ‌លីអាប់ ហើយ​អស់​អ្នក​ចំណាន​ការ​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រទាន​ឲ្យ​មាន​គំនិត​វាង‌វៃ ឲ្យ​មក គឺ​ជា​អស់​អ្នក​ណា​ដែល​មាន​ចិត្ត​បណ្តាល​ឡើង ឲ្យ​មក​ធ្វើ​ការ​នោះ
3 ម៉ូសេ​ក៏​ប្រគល់​អស់​ទាំង​តង្វាយ ដែល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​យក​មក​ថ្វាយ សម្រាប់​ការ​ស្អាង​ទី​បរិសុទ្ធ​ដល់​អ្នក​ទាំង​នោះ ហើយ​រាល់​តែ​ព្រឹក​គេ​ចេះ​តែ​យក​តង្វាយ​ថ្វាយ​ស្ម័គ្រ​ពី​ចិត្ត មក​ជូន​ម៉ូសេ​ជានិច្ច
4 នោះ​អស់​អ្នក​ចំណាន​ការ​ដែល​កំពុង​តែ​ធ្វើ​ទី​បរិសុទ្ធ គេ​ឈប់​ធ្វើ​ការ​គ្រប់​គ្នា
5 ទៅ​ជម្រាប​ម៉ូសេ​ថា បណ្តា‌ជន​គេ​ចេះ​តែ​យក​តង្វាយ​មក​សម្រាប់​ការ​ធ្វើ​នេះ បាន​ច្រើន​ហួស​ប្រមាណ​ពី​អស់​ទាំង​ការ ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​ឲ្យ​ធ្វើ​ហើយ
6 នោះ​ម៉ូសេ​បង្គាប់​ឲ្យ​គេ​ទៅ​ប្រកាស​ប្រាប់​គ្រប់​ក្នុង​ទី​ដំឡើង​ត្រសាល​ថា កុំ​ឲ្យ​អ្នក​ណា ទោះ​ប្រុស ឬ​ស្រី ធ្វើ​ការ​អ្វី​ទៀត​សម្រាប់​ជា​តង្វាយ​ដល់​ទី​បរិសុទ្ធ​ឡើយ ដូច្នេះ គេ​ក៏​បញ្ឈប់​ពួក​ជន​មិន​ឲ្យ​យក​មក​ទៀត
7 ដ្បិត​មាន​របស់​គ្រប់‌គ្រាន់​នឹង​ធ្វើ​ការ​ទាំង​នោះ​ហើយ ថែម​ទាំង​សល់​ផង។
8 រួច​អស់​អ្នក​ចំណាន​ដែល​ធ្វើ​ការ​ទាំង​នោះ គេ​ក៏​ធ្វើ​រោង​ឧបោសថ​ពី​សំពត់​១០​ផ្ទាំង ដែល​ត្បាញ​ដោយ​អំបោះ​ខ្លូត‌ទេស​វេញ​យ៉ាង​ខ្មាញ់ និង​អំបោះ​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម ទាំង​ប៉ាក់​រូប​ចេរូប៊ីន​តាម​រចនា​នៃ​ជាង​មាន​ស្នាដៃ
9 ឯ​សំពត់​១​ផ្ទាំង​នោះ មាន​បណ្តោយ​២៨​ហត្ថ ហើយ​ទទឹង​៤​ហត្ថ រាល់​តែ​ផ្ទាំង​សុទ្ធ​តែ​ប៉ុន​គ្នា​ទាំង​អស់
10 គាត់​ក៏​ដេរ​៥​ផ្ទាំង​ភ្ជាប់​ជា​មួយ​គ្នា ហើយ​៥​ទៀត​ក៏​ដេរ​ភ្ជាប់​គ្នា​ដែរ
11 រួច​គាត់​ធ្វើ​ខ្សែ​ក្រវិល​ខៀវ​តាម​ជាយ​សំពត់ នៅ​ចុង​ផ្ទាំង​សំពត់​ទី​១ ក៏​ធ្វើ​ដូច​គ្នា​តាម​ជាយ​សំពត់ នៅ​ចុង​ផ្ទាំង​ទី​២
12 គាត់​ធ្វើ​ខ្សែ​ក្រវិល​៥០ តាម​ជាយ​សំពត់​ទី​១ ហើយ​ក៏​ធ្វើ​ខ្សែ​ក្រវិល​៥០ នៅ​ចុង​ផ្ទាំង​ទី​២​ដែរ ខ្សែ​ក្រវិល​ទាំង​នោះ​ស្មើ​គ្នា​ទាំង​អស់
13 គាត់​ធ្វើ​ទំពក់​មាស​៥០ ហើយ​ភ្ជាប់​ផ្ទាំង​សំពត់​ទាំង​២​ជា​មួយ​គ្នា ដោយ‌សារ​ទំពក់​នោះ ដូច្នេះ រោង​ឧបោសថ​បាន​ភ្ជាប់​គ្នា​តែ​១។
14 រួច​គាត់​ធ្វើ​សំពត់​១១​ផ្ទាំង​ពី​រោម​ពពែ សម្រាប់​គ្រប​លើ​រោង​ឧបោសថ
15 សំពត់​១​ផ្ទាំង​នោះ មាន​បណ្តោយ​៣០​ហត្ថ ហើយ​ទទឹង​៤​ហត្ថ រាល់​តែ​ផ្ទាំង​សុទ្ធ​តែ​ប៉ុន​គ្នា​ទាំង​អស់
16 គាត់​យក​សំពត់​៥​ផ្ទាំង ដេរ​រួម​គ្នា​ជា​១​ផ្នែក ហើយ​៦​ទៀត​ក៏​ដេរ​រួម​គ្នា​ជា​១​ផ្នែក​ដែរ
17 គាត់​ធ្វើ​ខ្សែ​ក្រវិល​៥០​តាម​ជាយ​សំពត់​នៅ​ចុង​ផ្ទាំង​ទី​១ ហើយ​ខ្សែ​ក្រវិល​៥០​ទៀត​តាម​ជាយ​សំពត់ នៅ​ចុង​ផ្ទាំង​ទី​២
18 រួច​ធ្វើ​ទំពក់​លង្ហិន​៥០ សម្រាប់​ភ្ជាប់​ត្រសាល​ឲ្យ​បាន​ជាប់​គ្នា​តែ​១។
19 គាត់​ក៏​ធ្វើ​គំរប​ពី​ស្បែក​ចៀម​ឈ្មោល​ជ្រលក់​ពណ៌​ក្រហម សម្រាប់​គ្រប​លើ​ត្រសាល ហើយ​១​ទៀត​ពី​ស្បែក​ផ្សោត​សម្រាប់​នឹង​គ្រប​ពី​លើ​នោះ​ថែម​ទៀត។
20 គាត់​ធ្វើ​ក្តារ​សម្រាប់​រោង​ឧបោសថ ជា​ក្តារ​ឈើ​នាង‌នួន​ដាក់​បញ្ឈរ
21 ក្តារ​១​សន្លឹក មាន​បណ្តោយ​១០​ហត្ថ ហើយ​ទទឹង​១​ហត្ថ​កន្លះ
22 នៅ​គ្រប់​តែ​ក្តារ មាន​ពន្លួញ​២ រៀង​តាម​ជួរ​ជញ្ជាំង គាត់​ធ្វើ​អស់​ទាំង​ក្តារ​សម្រាប់​រោង​ឧបោសថ​នោះ ឲ្យ​ដូចៗ​គ្នា
23 គឺ​ក្តារ​២០​សន្លឹក​សម្រាប់​ខាង​ត្បូង​រោង​ឧបោសថ
24 ក៏​ដាក់​ជើង​ធ្វើ​ពី​ប្រាក់​ទាំង​៤០ នៅ​ក្រោម​ក្តារ​ទាំង​២០​នោះ ក្រោម​ក្តារ​១​មាន​ជើង​២ សម្រាប់​ស៊ក​ពន្លួញ​ទាំង​២​ដែល​នៅ​ចុង​ក្តារ​នោះ
25 គាត់​ធ្វើ​ក្តារ​២០​ទៀត សម្រាប់​រោង​ឧបោសថ​ម្ខាង គឺ​ជា​ខាង​ជើង ហើយ​ជើង​ក្តារ​៤០​ដែរ
26 រាល់​តែ​ក្តារ មាន​ជើង​ពីរៗ
27 គាត់​ធ្វើ​ក្តារ​៦ សម្រាប់​ចុង​រោង​ឧបោសថ​ខាង​លិច
28 ក៏​ធ្វើ​ក្តារ​២ សម្រាប់​ជ្រុង​រោង​ឧបោសថ​ខាង​ចុង
29 ក្តារ​២​សន្លឹក​នោះ​បាន​ជាប់​គ្នា​ខាង​ក្រោម និង​ខាង​លើ​ដោយ‌សារ​កង​១ គាត់​បាន​ធ្វើ​ក្តារ​សម្រាប់​ជ្រុង​ទាំង​២​នៅ​សង​ខាង​នោះ​ឲ្យ​ដូច​គ្នា
30 ដូច្នេះ មាន​ក្តារ​៨ និង​ជើង​ប្រាក់​១៦ រាល់​តែ​ក្តារ​មាន​ជើង​ពីរៗ
31 ក៏​ធ្វើ​រនុក​៥​ពី​ឈើ​នាង‌នួន សម្រាប់​អស់​ទាំង​ក្តារ​នៅ​រោង​ឧបោសថ​ម្ខាង
32 ហើយ​រនុក​៥​ទៀត សម្រាប់​អស់​ទាំង​ក្តារ​ដែល​នៅ​រោង​ឧបោសថ​ម្ខាង​ទៀត និង​រនុក​៥​ទៀត​សម្រាប់​ក្តារ​នៅ​ចុង​រោង​ឧបោសថ​ខាង​លិច
33 ឯ​រនុក​កណ្តាល គាត់​ធ្វើ​ឲ្យ​ភ្ជាប់​ក្តារ​ពី​ចុង​ម្ខាង​រហូត​ទៅ​ដល់​ចុង​ម្ខាង
34 រួច​មក​គាត់​ស្រោប​ក្តារ​ទាំង​នោះ​ដោយ​មាស ក៏​ធ្វើ​កង ពី​មាស​ដែរ សម្រាប់​ប្រហក​រនុក ហើយ​រនុក​ទាំង​ប៉ុន្មាន ក៏​ស្រោប​ដោយ​មាស​ដូច​គ្នា។
35 គាត់​ត្បាញ​ធ្វើ​វាំង‌នន​ពី​អំបោះ​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម ហើយ​ពី​អំបោះ​ខ្លូត‌ទេស​វេញ​យ៉ាង​ខ្មាញ់ តាម​ការ​រចនា​នៃ​ជាង​មាន​ស្នាដៃ ហើយ​ក៏​ប៉ាក់​ជា​រូប​ចេរូប៊ីន​ដែរ
36 គាត់​ធ្វើ​សសរ​៤​ពី​ឈើ​នាង‌នួន ស្រោប​ដោយ​មាស សម្រាប់​វាំង‌នន​នោះ ហើយ​មាន​ទំពក់​មាស​នៅ​សសរ​ទាំង​នោះ រួច​គាត់​សិត​ជើង​ប្រាក់​៤​សម្រាប់​ទ្រ​សសរ​ទាំង​នោះ។
37 គាត់​ក៏​ត្បាញ​ធ្វើ​រនាំង ពី​អំបោះ​មាន​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម ហើយ​ពី​អំបោះ​ខ្លូត‌ទេស​វេញ​យ៉ាង​ខ្មាញ់ ព្រម​ទាំង​ប៉ាក់​ផង សម្រាប់​មាត់​ទ្វារ​ត្រសាល
38 ហើយ​គាត់​ធ្វើ​សសរ​៥ និង​ទំពក់​សម្រាប់​រនាំង​នោះ ឯ​ក្បាច់​ក្បាល​សសរ និង​គន្លឹះ​ទាំង​ប៉ុន្មាន នោះ​សុទ្ធ​តែ​ស្រោប​ដោយ​មាស​ទាំង​អស់ ចំណែក​ជើង​ទាំង​៥ នោះ​ធ្វើ​ពី​លង្ហិន​វិញ។


ជំពូក 37

1 ឯ​បេតសា‌លាល គាត់​ធ្វើ​ហឹប​ពី​ឈើ​នាង‌នួន មាន​បណ្តោយ​២​ហត្ថ​កន្លះ ទទឹង​១​ហត្ថ​កន្លះ ហើយ​កំពស់​១​ហត្ថ​កន្លះ
2 ក៏​ស្រោប​ដោយ​មាស​សុទ្ធ​ទាំង​ខាង​ក្នុង​ខាង​ក្រៅ ហើយ​ធ្វើ​គែម​មាស​នៅ​ជុំវិញ​ផង
3 គាត់​សិត​កង​មាស​៤​នៅ​ជ្រុង​ហឹប​ទាំង​៤ គឺ​មាន​២​ម្ខាងៗ
4 ក៏​ធ្វើ​ឈើ​ស្នែង​ពី​ឈើ​នាង‌នួន ព្រម​ទាំង​ស្រោប​មាស​ផង
5 រួច​គាត់​ប្រហក​ឈើ​ស្នែង​នោះ ចូល​ក្នុង​កង នៅ​សង​ខាង​ហឹប​សម្រាប់​នឹង​សែង​ទៅ
6 គាត់​ធ្វើ​ទី​សន្តោស​ប្រោស​ពី​មាស​សុទ្ធ មាន​បណ្តោយ​២​ហត្ថ​កន្លះ ហើយ​ទទឹង​១​ហត្ថ​កន្លះ
7 ក៏​យក​មាស​ឆ្លាក់​ធ្វើ​ចេរូប៊ីន​២​នៅ​ចុង​សង​ខាង​ទី​សន្តោស​ប្រោស
8 គឺ​ចេរូប៊ីន​១​នៅ​ចុង​ខាង​នេះ ហើយ​ចេរូប៊ីន​១​ទៀត​នៅ​ចុង​ខាង​នោះ គាត់​បាន​ធ្វើ​ចេរូប៊ីន​ទាំង​២​នោះ​នៅ​ចុង​សង​ខាង ជាប់​លើ​ទី​សន្តោស​ប្រោស
9 ឯ​ចេរូប៊ីន​ក៏​ត្រដាង​ស្លាប​គ្រប​ពី​លើ​ទី​សន្តោស​ប្រោស ហើយ​ប្រទល់​មុខ​គ្នា ឈ្ងោក​មើល​ទី​សន្តោស​ប្រោស។
10 គាត់​ធ្វើ​តុ​ពី​ឈើ​នាង‌នួន មាន​បណ្តោយ​២​ហត្ថ ទទឹង​១​ហត្ថ ហើយ​កំពស់​១​ហត្ថ​កន្លះ
11 ក៏​ស្រោប​មាស​សុទ្ធ ហើយ​ធ្វើ​គែម​មាស​នៅ​ជុំវិញ
12 គាត់​ក៏​ធ្វើ​គែម​កំពស់​១​ទះ​នៅ​ជុំវិញ​តុ​នោះ ហើយ​នៅ​គែម​នោះ​ក៏​ធ្វើ​គែម​មាស​នៅ​ជុំវិញ​ដែរ
13 គាត់​សិត​កង​មាស​៤​សម្រាប់​តុ រួច​ដាក់​កង​ទាំង​នោះ ភ្ជាប់​នឹង​ជើង​តុ​ទាំង​៤ នៅ​គ្រប់​ជ្រុង
14 កង​ទាំង​នោះ​នៅ​ជិត​គែម​តុ សម្រាប់​នឹង​ប្រហក​ឈើ​ស្នែង​សែង​ទៅ
15 ក៏​ធ្វើ​ឈើ​ស្នែង​ពី​ឈើ​នាង‌នួន ស្រោប​ដោយ​មាស សម្រាប់​នឹង​សែង​តុ
16 ឯ​អស់​ទាំង​ប្រដាប់​ដែល​ត្រូវ​ដាក់​លើ​តុ គឺ​ជា​ថាស ផ្តិល ប៉ាន់ ហើយ​និង​ពែង​ដែល​សម្រាប់​នឹង​ថ្វាយ​តង្វាយ​ច្រួច នោះ​គាត់​ធ្វើ​ពី​មាស​សុទ្ធ​ទាំង​អស់។
17 គាត់​ក៏​យក​មាស​សុទ្ធ​ឆ្លាក់​ធ្វើ​ជើង​ចង្កៀង គឺ​ធ្វើ​គល់ ដើម នប់ កន្សោម​គ្រាប់ ហើយ​និង​ផ្កា​ទាំង​អស់​ជាប់​ជា​មួយ​គ្នា
18 មាន​មែក​៦​ចេញ​ពី​គល់​មក មែក​៣​ចេញ​ខាង​ម្ខាង ហើយ​មែក​៣​ទៀត​ចេញ​ខាង​ម្ខាង
19 នៅ​មែក​១​មាន​នប់​៣ រាង​ដូច​ជា​គ្រាប់​ចំបក់ មាន​ទាំង​កន្សោម​គ្រាប់ ហើយ​និង​ផ្កា​ផង ហើយ​នៅ​មែក​១​ទៀត​មាន​នប់​៣ រាង​ដូច​ជា​គ្រាប់​ចំបក់ មាន​ទាំង​កន្សោម​គ្រាប់​និង​ផ្កា​ដែរ មែក​ទាំង​៦​ដែល​ចេញ​ពី​គល់​ជើង​ចង្កៀង​នោះ បាន​ធ្វើ​ដូច​គ្នា​ទាំង​អស់
20 នៅ​គល់​ជើង​ចង្កៀង​មាន​នប់​៤ រាង​ដូច​ជា​គ្រាប់​ចំបក់ ហើយ​មាន​ទាំង​កន្សោម​គ្រាប់ និង​ផ្កា​ផង
21 នៅ​ក្រោម​មែក​២​មាន​កន្សោម​គ្រាប់​១ នៅ​ក្រោម​មែក​២​ទៀត​មាន​កន្សោម​គ្រាប់​១ ហើយ​នៅ​ក្រោម​មែក​២​ទៀត​មាន​កន្សោម​គ្រាប់​១​ទៀត មែក​ទាំង​៦​ដែល​ចេញ​ពី​គល់​ជើង​ចង្កៀង​មក មាន​ដូច​គ្នា​ទាំង​អស់
22 កន្សោម​គ្រាប់ ហើយ​និង​មែក​ជើង​ចង្កៀង​បាន​ធ្វើ​ជាប់​គ្នា​ឆ្លាក់​ពី​មាស​សុទ្ធ
23 គាត់​ក៏​ធ្វើ​ចង្កៀង​ទាំង​៧ ព្រម​ទាំង​ឃ្នាប​ប្រឆេះ និង​កន្ថោរ​ដាក់​កម្ទេច​សម្រាប់​ចង្កៀង​នោះ​ពី​មាស​សុទ្ធ​ដែរ
24 គឺ​គាត់​យក​មាស​សុទ្ធ​១​ហាប​មក​ធ្វើ​ជើង​ចង្កៀង ហើយ​និង​ប្រដាប់​ទាំង​ប៉ុន្មាន​សម្រាប់​ចង្កៀង។
25 គាត់​ក៏​ធ្វើ​អាសនៈ​គ្រឿង​ក្រអូប ពី​ឈើ​នាង‌នួន​មាន​បណ្តោយ​១​ហត្ថ ទទឹង​១​ហត្ថ​៤​ជ្រុង​ស្មើ ហើយ​កំពស់​២​ហត្ថ ក៏​មាន​ស្នែង​ចេញ​ពី​អាសនៈ​នោះ
26 គាត់​ស្រោប​ដោយ​មាស​សុទ្ធ​ខាង​លើ នៅ​ចំហៀង​ជុំវិញ ព្រម​ទាំង​ស្នែង​ផង ក៏​ធ្វើ​កែម​មាស​នៅ​ជុំវិញ​ដែរ
27 នៅ​ក្រោម​កែម​នោះ គាត់​ធ្វើ​កង​មាស​២​នៅ​ទាំង​សង​ខាង សម្រាប់​ប្រហក​ឈើ​ស្នែង​សែង​ទៅ
28 ក៏​ធ្វើ​ឈើ​ស្នែង ពី​ឈើ​នាង‌នួន ស្រោប​ដោយ​មាស​ដែរ។
29 រួច​គាត់​ធ្វើ​ប្រេង​ចាក់​លាប ជា​ប្រេង​បរិសុទ្ធ និង​គ្រឿង​ក្រអូប​យ៉ាង​សុទ្ធ ផ្សំ​តាម​វិធី​ធ្វើ​របស់​អ្នក​ផ្សំ​គ្រឿង​ក្រអូប។


ជំពូក 38

1 គាត់​ស្អាង​អាសនៈ​តង្វាយ​ដុត​ពី​ឈើ​នាង‌នួន​មាន​បណ្តោយ​៥​ហត្ថ ទទឹង​៥​ហត្ថ ៤​ជ្រុង​ស្មើ ហើយ​កំពស់​៣​ហត្ថ
2 នៅ​ជ្រុង​ទាំង​៤ គាត់​ធ្វើ​ស្នែង​ចេញ​ពី​អាសនៈ ស្រោប​ដោយ​លង្ហិន
3 គាត់​ធ្វើ​ប្រដាប់​ទាំង​ប៉ុន្មាន​សម្រាប់​អាសនៈ គឺ​ជា​ប្រដាប់​ដាក់​ផេះ ចប‌ចូក ផើង សម ហើយ​និង​ជើង‌ក្រាន​ដែរ នោះ​សុទ្ធ​តែ​ធ្វើ​ពី​លង្ហិន​ទាំង​អស់
4 គាត់​ធ្វើ​ប្រទាស​លង្ហិន​ខ្ទាស់​ក្រឡា​គ្នា​សម្រាប់​អាសនៈ ក៏​ដាក់​ប្រទាស​ពី​ខាង​ក្រោម​គែម​ឲ្យ​ជាប់​ត្រង់​ពាក់​កណ្តាល​របស់​កំពស់​អាសនៈ
5 រួច​សិត​ធ្វើ​កង​៤​ដាក់​នៅ​ប្រទាស​លង្ហិន​ទាំង​៤​ជ្រុង សម្រាប់​នឹង​ប្រហក​ឈើ​ស្នែង​សែង​ទៅ
6 ក៏​ធ្វើ​ឈើ​ស្នែង​ពី​ឈើ​នាង‌នួន ព្រម​ទាំង​ស្រោប​ដោយ​លង្ហិន
7 គាត់​ប្រហក​ឈើ​ស្នែង​ចូល​ក្នុង​កង​ទាំង​ប៉ុន្មាន នៅ​សង​ខាង​អាសនៈ សម្រាប់​នឹង​សែង​ទៅ​ឯ​អាសនៈ​នោះ គាត់​ធ្វើ​ឲ្យ​ខូង​ពី​ក្តារ។
8 គាត់​ក៏​ធ្វើ​ចាន​ក្លាំ​ពី​លង្ហិន ព្រម​ទាំង​ជើង​នៃ​ចាន​ក្លាំ​ដែរ គឺ​ធ្វើ​ពី​កញ្ចក់​របស់​ស្រីៗ​ដែល​ប្រជុំ​គ្នា​នៅ​មាត់​ទ្វារ​ត្រសាល​ជំនុំ។
9 គាត់​ធ្វើ​ទីលាន ឯ​នៅ​ខាង​ត្បូង មាន​រនាំង​ត្បាញ​ធ្វើ​ពី​អំបោះ​ខ្លូត‌ទេស​វេញ​យ៉ាង​ខ្មាញ់ សម្រាប់​បាំង​ទីលាន ប្រវែង​១០០​ហត្ថ
10 មាន​ទាំង​សសរ​២០​ដាក់​លើ​ជើង​លង្ហិន​២០ ឯ​ទំពក់​សសរ ហើយ​និង​គន្លឹះ នោះ​សុទ្ធ​តែ​ធ្វើ​ពី​ប្រាក់​វិញ
11 នៅ​ខាង​ជើង មាន​រនាំង​ប្រវែង​១០០​ហត្ថ ហើយ​សសរ​២០ និង​ជើង​លង្ហិន​២០ មាន​ទាំង​ទំពក់ និង​គន្លឹះ​ធ្វើ​ពី​ប្រាក់​ដែរ
12 នៅ​ខាង​លិច មាន​រនាំង​ប្រវែង​៥០​ហត្ថ មាន​សសរ​១០ និង​ជើង​១០ មាន​ទាំង​ទំពក់​សសរ និង​គន្លឹះ​ធ្វើ​ពី​ប្រាក់​ដែរ
13 ឯ​នៅ​ខាង​កើត​ក៏​មាន​ទទឹង​៥០​ហត្ថ​ដូច​គ្នា
14 តែ​នៅ​១​ចំហៀង មាន​រនាំង​ប្រវែង​១៥​ហត្ថ ហើយ​មាន​សសរ​៣ និង​ជើង​៣
15 ឯ​ចំហៀង​១​ទៀត ដែល​ស្មើ​នឹង​ចំហៀង​ម្ខាង​ទ្វារ​ទីលាន​នោះ​មាន​រនាំង​ប្រវែង​១៥​ហត្ថ ហើយ​មាន​សសរ​៣ និង​ជើង​៣​ដូច​គ្នា
16 រនាំង​ទាំង​ប៉ុន្មាន​ដែល​បាំង​ជុំវិញ​ទីលាន​នោះ​សុទ្ធ​តែ​ត្បាញ ធ្វើ​ពី​អំបោះ​ខ្លូត‌ទេស​វេញ​យ៉ាង​ខ្មាញ់
17 អស់​ទាំង​ជើង​សសរ​បាន​ធ្វើ​ពី​លង្ហិន ឯ​ទំពក់​សសរ និង​គន្លឹះ​ទាំង​ប៉ុន្មាន នោះ​បាន​ធ្វើ​ពី​ប្រាក់ ហើយ​ក្បាច់​ក្បាល​សសរ​ក៏​ស្រោប​ដោយ​ប្រាក់​ទាំង​អស់​ដែរ អស់​ទាំង​សសរ​ទីលាន នោះ​ភ្ជាប់​គ្នា​ដោយ‌សារ​ទំពក់​ប្រាក់
18 រនាំង​មាត់​ទ្វារ​ទីលាន ជា​សំពត់​ប៉ាក់ ត្បាញ​ធ្វើ​ពី​អំបោះ​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម ហើយ​ពី​អំបោះ​ខ្លូត‌ទេស​វេញ​យ៉ាង​ខ្មាញ់ រនាំង​នោះ​មាន​បណ្តោយ​២០​ហត្ថ កំពស់​៥​ហត្ថ ស្មើ​នឹង​រនាំង​ទីលាន​ទាំង​អស់
21 នេះ​ហើយ​ជា​បញ្ជី​ប្រដាប់‌ប្រដា​សម្រាប់​រោង​ឧបោសថ គឺ​ជា​រោង​នៃ​សេចក្ដី​បន្ទាល់ ឯ​អ៊ីថាម៉ារ ជា​កូន​អើរ៉ុន​ដ៏​ជា​សង្ឃ គាត់​បាន​ទទួល​បង្គាប់​ម៉ូសេ ដើម្បី​នឹង​រាប់​ប្រដាប់​ទាំង​នោះ សម្រាប់​ការ‌ងារ​នៃ​ពួក​លេវី
22 ឯ​បេតសា‌លាល កូន​យូរី ដែល​ជា​កូន​ហ៊ើរ​ក្នុង​ពូជ​អំបូរ​យូដា គាត់​បាន​ធ្វើ​អស់​ទាំង​ការ​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​ម៉ូសេ
23 មាន​ទាំង​អូហូ‌លីអាប់ ជា​កូន​អ័ហ៊ី‌សាម៉ាក់​ក្នុង​ពូជ​អំបូរ​ដាន់​មក​ជួយ​ធ្វើ​ការ​ដែរ អ្នក​នោះ​ជា​អ្នក​ប្រសប់​ខាង​ការ​ចំឡាក់ ហើយ​ខាង​បង្កើត​ការ​ថ្មី និង​ខាង​ធ្វើ​សំពត់​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម និង​សំពត់​ខ្លូត‌ទេស​យ៉ាង​ម៉ដ្ត
24 ឯ​មាស​ទាំង​ប៉ុន្មាន​ដែល​គេ​បាន​ថ្វាយ​សម្រាប់​នឹង​ប្រើ​ធ្វើ​អស់​ទាំង​ការ​ស្អាង​ទី​បរិសុទ្ធ នោះ​មាន​ចំនួន​២៩​ហាប​៧៣០​ដំឡឹង តាម​ទំងន់​ដំឡឹង​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ
25 ហើយ​ប្រាក់​របស់​អស់​អ្នក​ក្នុង​ពួក​ជំនុំ​ដែល​បាន​រាប់​ដាក់​បញ្ជី នោះ​មាន​ចំនួន​១០០​ហាប​១៧៧៥​ដំឡឹង តាម​ទំងន់​ដំឡឹង​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ
26 គឺ​ជា​៥​កាក់​ដែល​ត្រូវ​ជា​កន្លះ​រៀល​ម្នាក់​គ្រប់ៗ​គ្នា តាម​រៀល​សម្រាប់​ប្រើ​ក្នុង​ទី​បរិសុទ្ធ ជា​ថ្លៃ​នៃ​អស់​ទាំង​អ្នក​ដែល​មាន​ឈ្មោះ​ចុះ​ក្នុង​បញ្ជី ចាប់​តាំង​ពី​អាយុ​២០​ឆ្នាំ​ឡើង​ទៅ​លើ ឯ​ចំនួន​មនុស្ស​ទាំង​នោះ មាន​៦​សែន​៣​ពាន់​៥៥០​នាក់
27 ហើយ​ប្រាក់​១០០​ហាប​នោះ គេ​ក៏​យក​ទៅ​សិត​ធ្វើ​ជើង​សសរ​ទី​បរិសុទ្ធ និង​ជើង​វាំង‌នន គឺ​ជើង​១​មាន​១​ហាប​ប្រាក់ ឯ​ជើង​១០០ នោះ​ត្រូវ​ជា​១០០​ហាប
28 គេ​ក៏​យក​ប្រាក់​១៧៧៥​ដំឡឹង​ទៅ​ធ្វើ​ជា​ទំពក់ និង​គន្លឹះ​ទាំង​ប៉ុន្មាន​សម្រាប់​សសរ ហើយ​រំលែក​ខ្លះ​មក​ស្រោប​នៅ​ក្បាច់​ក្បាល​សសរ រួច​ថ្ពក់​ភ្ជាប់​គ្នា
29 ឯ​លង្ហិន​ដែល​គេ​បាន​ថ្វាយ នោះ​មាន​ចំនួន​៧០​ហាប​២៤០០​ដំឡឹង
30 លង្ហិន​នោះ​គេ​ប្រើ​សម្រាប់​ធ្វើ​ជើង​សសរ ដែល​នៅ​មាត់​ទ្វារ​ត្រសាល​ជំនុំ ព្រម​ទាំង​អាសនៈ​លង្ហិន និង​ប្រទាស ហើយ​អស់​ទាំង​ប្រដាប់​សម្រាប់​អាសនៈ​នោះ
31 អស់​ទាំង​ជើង​នៃ​ទីលាន​នៅ​គ្រប់​ជុំវិញ ព្រម​ទាំង​ជើង​ទ្វារ​ទីលាន និង​អស់​ទាំង​ចំរ៉ឹង​សម្រាប់​រោង​ឧបោសថ ហើយ​និង​ទីលាន​នៅ​ជុំវិញ​ដែរ។


ជំពូក 39

1 គេ​ក៏​ប្រើ​អស់​ទាំង​សំពត់​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម ធ្វើ​ជា​សម្លៀក‌បំពាក់​សម្រាប់​ការ‌ងារ​ក្នុង​ទី​បរិសុទ្ធ និង​សម្លៀក‌បំពាក់​សម្រាប់​អើរ៉ុន ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​ម៉ូសេ។
2 គេ​បាន​ធ្វើ​អេផូឌ​ពី​មាស ពី​សំពត់​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម ហើយ​ពី​សំពត់​ត្បាញ​ដោយ​អំបោះ​ខ្លូត‌ទេស​វេញ​យ៉ាង​ខ្មាញ់
3 គេ​ក៏​ផែ​មាស​យ៉ាង​ស្តើង ហើយ​កាត់​ជា​ខ្សែ យក​ទៅ​ប៉ាក់​នៅ​សំពត់​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម ហើយ​នៅ​សំពត់​ខ្លូត‌ទេស​យ៉ាង​ម៉ដ្ត នោះ​តាម​រចនា​នៃ​ជាង​មាន​ស្នាដៃ
4 ក៏​ធ្វើ​ខ្សែ​ស្មា​សម្រាប់​នឹង​ចង​ភ្ជាប់​គ្នា នោះ​អេផូឌ​ទាំង​សង​ខាង​បាន​ជាប់​គ្នា​តែ​១
5 ខ្សែ​ក្រវាត់​ក៏​ធ្វើ​បែប​ដូច​គ្នា ព្រម​ទាំង​ដាក់​ភ្ជាប់​នឹង​អេផូឌ​ដែរ គឺ​បាន​ធ្វើ​ពី​មាស ពី​សំពត់​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម និង​សំពត់​ត្បាញ​ដោយ​អំបោះ​ខ្លូត‌ទេស​វេញ​យ៉ាង​ខ្មាញ់ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​ម៉ូសេ
6 គេ​ច្នៃ​ត្បូង​អូនីក្ស រួច​ឆ្លាក់​ឈ្មោះ​ពួក​កូន​អ៊ីស្រា‌អែល​ដូច​ជា​គេ​ឆ្លាក់​ត្រា ហើយ​ដាំ​ចុះ​ក្នុង​គ្រោង​មាស
7 យក​មក​ដាក់​ភ្ជាប់​នៅ​លើ​ខ្សែ​ស្មា​របស់​អេផូឌ សម្រាប់​ជា​ទី​រំឭក​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ដូច​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បង្គាប់​មក​ម៉ូសេ។
8 គេ​បាន​ធ្វើ​ប្រដាប់​បាំង​ទ្រូង តាម​ការ​រចនា​នៃ​ជាង​មាន​ស្នាដៃ បែប​ដូច​ជា​ធ្វើ​អេផូឌ​ដែរ គឺ​ពី​មាស ពី​សំពត់​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម និង​សំពត់​ត្បាញ​ដោយ​អំបោះ​ខ្លូត‌ទេស​វេញ​យ៉ាង​ខ្មាញ់
9 គេ​ធ្វើ​ជា​៤​ជ្រុង​ស្មើ​បត់​ជា​ពីរ មាន​បណ្តោយ​១​ចំអាម ទទឹង​១​ចំអាម​ជា​២​ផ្នត់
10 គេ​ដាំ​ត្បូង​៤​ជួរ ក្នុង​ជួរ​ទី​១ មាន​ត្បូង​សាមស៊ី​១ ត្បូង​ទោបុ័ត​១ និង​បារកេត​១
11 ក្នុង​ជួរ​ទី​២ មាន​ត្បូង​មរកដ​១ ត្បូង‌កណ្តៀង​១ និង​ពេជ្រ​១
12 ក្នុង​ជួរ​ទី​៣ មាន​ត្បូង​លេសិម​១ ត្បូង​ទទឹម​១ និង​ត្បូង​ត្របែក​១
13 ក្នុង​ជួរ​ទី​៤ មាន​ត្បូង​បេរីល​១ ត្បូង​អូនីក្ស​១ និង​កែវ​មណី‌ជោតិ​១ ត្បូង​ទាំង​នេះ​បាន​ដាំ​ចុះ​ក្នុង​គ្រោង​មាស
14 មាន​ត្បូង​១២​តាម​ចំនួន​ឈ្មោះ​ពួក​កូន​អ៊ីស្រា‌អែល គ្រប់​តែ​ត្បូង​នោះ​បាន​ឆ្លាក់ ដូច​ជា​គេ​ឆ្លាក់​ត្រា​ក្នុង​ត្បូង​១ មាន​ឆ្លាក់​ចុះ​ឈ្មោះ​១ ក្នុង​ពូជ​អំបូរ​ទាំង​១២
15 គេ​ធ្វើ​ខ្សែ​មាស​សុទ្ធ វេញ​ដូច​ជា​ខ្សែ‌ពួរ ភ្ជាប់​នៅ​ប្រដាប់​បាំង​ទ្រូង
16 ក៏​ធ្វើ​គ្រោង​មាស​២ និង​ក្រវិល​មាស​២ ដាក់​ភ្ជាប់​នៅ​ចុង​សង​ខាង​ប្រដាប់​បាំង​ទ្រូង
17 ហើយ​បញ្ចូល​ខ្សែ​មាស​២ ក្នុង​ក្រវិល​មាស​ទាំង​២​ដែល​នៅ​ចុង​សង​ខាង​ប្រដាប់​បាំង​ទ្រូង​នោះ
18 ឯ​ចុង​ខ្សែ​មាស​ទាំង​២ គេ​ក៏​ចង​ភ្ជាប់​នឹង​គ្រោង​មាស​នៅ​ខ្សែ​ស្មា​របស់​អេផូឌ​ខាង​មុខ
19 ក៏​ធ្វើ​ក្រវិល​មាស​២​ទៀត ដាក់​ភ្ជាប់​នៅ​ជាយ​ខាង​ក្នុង ត្រង់​ចុង​សង​ខាង​នៃ​ប្រដាប់​បាំង​ទ្រូង​ដែល​ជាប់​នឹង​អេផូឌ
20 គេ​ក៏​ធ្វើ​ក្រវិល​មាស​២​ទៀត ដាក់​ភ្ជាប់​ពី​ក្រោម​ខាង​មុខ​ខ្សែ​ស្មា​ជិត​កន្លែង​ដែល​ខ្សែ​ស្មា បាន​ភ្ជាប់​នឹង​អេផូឌ នៅ​ខាង​លើ​អេផូឌ
21 គេ​ក៏​យក​ខ្សែ​ខៀវ​មក​ចង​ប្រដាប់​បាំង​ទ្រូង ភ្ជាប់​នឹង​អេផូឌ​ដោយ‌សារ​ក្រវិល​ទាំង​នោះ ដើម្បី​ឲ្យ​ប្រដាប់​បាំង​ទ្រូង​បាន​នៅ​លើ​ខ្សែ​ក្រវាត់​របស់​អេផូឌ កុំ​ឲ្យ​របូត​ចេញ​ឡើយ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​ម៉ូសេ។
22 គេ​ក៏​ធ្វើ​អាវ​វែង​របស់​អេផូឌ ត្បាញ​ជា​សំពត់​សុទ្ធ​តែ​ពណ៌​ផ្ទៃ​មេឃ
23 នៅ​កណ្តាល​អាវ​វែង​នោះ​មាន​ក ដូច​ជា​ក​នៃ​អាវ​សឹក ព្រម​ទាំង​មាន​សំពត់​ចំ នៅ​ជុំវិញ​ក​ផង ដើម្បី​កុំ​ឲ្យ​អាវ​វែង​នោះ​រហែក​ចេញ​ឡើយ
24 នៅ​ជុំវិញ​ជាយ​អាវ​វែង គេ​ធ្វើ​ផ្លែ​ទទឹម​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម ពី​អំបោះ​វេញ​យ៉ាង​ខ្មាញ់
25 ក៏​ធ្វើ​ចង្ក្រង់​មាស​សុទ្ធ​ដាក់​លាយ​ចំរុះ​ត្រង់​កណ្តាល​ផ្លែ​ទទឹម​នោះ នៅ​គ្រប់​ជុំវិញ​ជាយ​អាវ​ដែរ
26 គឺ​ចង្ក្រង់​១​ផ្លែ​ទទឹម​១ ចង្ក្រង់​១​ផ្លែ​ទទឹម​១ នៅ​គ្រប់​ជុំវិញ​ជាយ​អាវ​សម្រាប់​ការ‌ងារ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​ម៉ូសេ។
27 គេ​បាន​ធ្វើ​អាវ​ខ្លី ត្បាញ​ពី​អំបោះ​ខ្លូត‌ទេស​យ៉ាង​ម៉ដ្ត​សម្រាប់​អើរ៉ុន និង​ពួក​កូន​លោក
28 ក៏​ធ្វើ​មួក​ពី​សំពត់​ខ្លូត‌ទេស​យ៉ាង​ម៉ដ្ត និង​ឈ្នួត ពី​សំពត់​ខ្លូត‌ទេស​យ៉ាង​ម៉ដ្ត​សម្រាប់​ជា​សេចក្ដី​លំអ ហើយ​និង​ខោ​ស្នាប់​ភ្លៅ ពី​សំពត់​ខ្លូត‌ទេស​ដែរ គឺ​សំពត់​ធ្វើ​ពី​អំបោះ​ខ្លូត‌ទេស​វេញ​យ៉ាង​ខ្មាញ់
29 ហើយ​ខ្សែ​ក្រវាត់​ពី​អំបោះ​ខ្លូត‌ទេស​វេញ​យ៉ាង​ខ្មាញ់ ប៉ាក់​ជា​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ហើយ​ពណ៌​ក្រហម ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​ម៉ូសេ។
30 គេ​បាន​ធ្វើ​ស្លាក​មាស​សុទ្ធ​ជា​មកុដ​បរិសុទ្ធ ក៏​ឆ្លាក់​អក្សរ​នៅ​ស្លាក​នោះ​ដូច​ជា​គេ​ឆ្លាក់​ត្រា​ថា «បរិសុទ្ធ​ដល់​ព្រះ‌យេហូវ៉ា»
31 រួច​គេ​យក​ខ្សែ​ខៀវ​ចង​ស្លាក​នោះ​ជាប់​នឹង​មួក​ខាង​លើ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​ម៉ូសេ។
32 ដូច្នេះ អស់​ទាំង​ការ​ស្អាង​រោង​ឧបោសថ និង​ត្រសាល​ជំនុំ នោះ​ក៏​រួច​ជា​ស្រេច ពួក​កូន​ចៅ​អ៊ីស្រា‌អែល​គេ​បាន​ធ្វើ​អស់​ទាំង​ការ ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​មក​ម៉ូសេ បាន​ហើយ​ជា​ស្រេច​ទាំង​អស់។
33 គេ​នាំ​យក​រោង​ឧបោសថ​មក​ឯ​ម៉ូសេ គឺ​ទាំង​ត្រសាល និង​ប្រដាប់​ត្រសាល​ទាំង​ប៉ុន្មាន ហើយ​អស់​ទាំង​ទំពក់ ក្តារ រនុក សសរ និង​ជើង​ទាំង​ប៉ុន្មាន
34 គំរប​ធ្វើ​ពី​ស្បែក​ចៀម​ឈ្មោល​ជ្រលក់​ពណ៌​ក្រហម ហើយ​គំរប​ធ្វើ​ពី​ស្បែក​ផ្សោត វាំង‌នន​សម្រាប់​ខាំង
35 ហឹប​ទី​បន្ទាល់ និង​ឈើ​ស្នែង​សម្រាប់​សែង និង​ទី​សន្តោស​ប្រោស​ហើយ
36 តុ និង​គ្រឿង​ប្រដាប់​សម្រាប់​តុ ហើយ​និង​នំបុ័ង​តាំង​ទុក
37 ជើង​ចង្កៀង​ធ្វើ​ពី​មាស​សុទ្ធ ចង្កៀង​ទាំង​ប៉ុន្មាន គឺ​ជា​ចង្កៀង​សម្រាប់​ដាក់​លើ​ជើង​នោះ និង​អស់​ទាំង​គ្រឿង​ប្រដាប់​ចង្កៀង ព្រម​ទាំង​ប្រេង​ផង
38 អាសនៈ​មាស ប្រេង​ចាក់​លាប និង​គ្រឿង​ក្រអូប រនាំង​បាំង​នៅ​មាត់​ទ្វារ​ត្រសាល
39 អាសនៈ​លង្ហិន ប្រទាស​លង្ហិន ឈើ​ស្នែង និង​គ្រឿង​ប្រដាប់​អាសនៈ​ទាំង​អស់ ព្រម​ទាំង​ចាន​ក្លាំ និង​ជើង​នៃ​ចាន​នោះ
40 រនាំង​ទីលាន អស់​ទាំង​សសរ និង​ជើង​របស់​សសរ រនាំង​សម្រាប់​បាំង​មាត់​ទ្វារ​ទីលាន អស់​ទាំង​ខ្សែ​ចំរ៉ឹង ហើយ​គ្រឿង​ប្រដាប់​សម្រាប់​រោង​ឧបោសថ ហើយ​សម្រាប់​ត្រសាល​ជំនុំ​ទាំង​អស់​ផង
41 និង​សម្លៀក‌បំពាក់​សម្រាប់​ការ‌ងារ​នៅ​ទី​បរិសុទ្ធ អស់​ទាំង​សម្លៀក‌បំពាក់​បរិសុទ្ធ សម្រាប់​អើរ៉ុន​ដ៏​ជា​សង្ឃ ហើយ​និង​សម្លៀក‌បំពាក់​ទាំង​អស់​សម្រាប់​ឲ្យ​ពួក​កូន​លោក​ធ្វើ​ការ‌ងារ​ជា​សង្ឃ។
42 ពួក​កូន​ចៅ​អ៊ីស្រា‌អែល គេ​ធ្វើ​អស់​ទាំង​ការ​នេះ​សម្រេច តាម​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​ម៉ូសេ
43 ម៉ូសេ​ក៏​ពិនិត្យ​មើល​គ្រប់​ការ​ទាំង​អស់​នោះ​ឃើញ​ថា គេ​បាន​ធ្វើ​ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក គេ​បាន​ធ្វើ​ការ​នោះ​ស្រេច​ទាំង​អស់ រួច​ម៉ូសេ​ក៏​ឲ្យ​ពរ​ដល់​គេ។


ជំពូក 40

1 រួច​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា
2 នៅ​ថ្ងៃ​១​កើត​ខែ​ដំបូង នោះ​ត្រូវ​ដំឡើង​រោង​ឧបោសថ​ផង​ត្រសាល​ជំនុំ
3 ត្រូវ​ដាក់​ហឹប​នៃ​សេចក្ដី​បន្ទាល់​ទៅ​ក្នុង​ត្រសាល​នោះ ហើយ​យក​វាំង‌នន​មក​បាំង
4 ត្រូវ​យក​តុ​មក​រៀប​តាម​របៀប ហើយ​យក​ជើង​ចង្កៀង​មក​ទាំង​រៀប‌ចំ​អស់​ទាំង​ចង្កៀង​ផង
5 ត្រូវ​ដាក់​អាសនៈ​មាស​សម្រាប់​ដុត​គ្រឿង​ក្រអូប​នៅ​មុខ​ហឹប​នៃ​សេចក្ដី​បន្ទាប់ រួច​ត្រូវ​បាំង​រនាំង​នៅ​មាត់​ទ្វារ​រោង​ឧបោសថ
6 ត្រូវ​ដាក់​អាសនៈ​តង្វាយ​ដុត នៅ​មុខ​មាត់​ទ្វារ​រោង​ឧបោសថ​របស់​ផង​ត្រសាល​ជំនុំ
7 ហើយ​ត្រូវ​ដាក់​ចាន​ក្លាំ​នៅ​ជា​កណ្តាល​ត្រសាល​ជំនុំ និង​អាសនៈ​នោះ រួច​ដាក់​ទឹក​ចុះ​ក្នុង​ចាន​ក្លាំ​ផង
8 ឯ​ទីលាន​ត្រូវ​រៀប‌ចំ​ជុំវិញ ព្រម​ទាំង​បាំង​រនាំង​នៅ​មាត់​ទ្វារ​ដែរ
9 ត្រូវ​យក​ប្រេង​ចាក់​លាប​មក​លាប​រោង​ឧបោសថ និង​ប្រដាប់​ទាំង​ប៉ុន្មាន​នៅ​ក្នុង​រោង​នោះ ទាំង​ញែក​ចេញ​ជា​បរិសុទ្ធ ព្រម​ទាំង​គ្រឿង​ប្រដាប់​ទាំង​ប៉ុន្មាន​ផង នោះ​នឹង​បាន​បរិសុទ្ធ​ទាំង​អស់
10 ត្រូវ​លាប​ប្រេង​នៅ​អាសនៈ​តង្វាយ​ដុត និង​គ្រឿង​ប្រដាប់​អាសនៈ​នោះ​ទាំង​ប៉ុន្មាន ទាំង​ញែក​ចេញ​ជា​បរិសុទ្ធ ដូច្នេះ អាសនៈ​នោះ​នឹង​បាន​បរិសុទ្ធ​ជា​ទី​បំផុត
11 ត្រូវ​លាប​ប្រេង​នៅ​ចាន​ក្លាំ និង​ជើង​នៃ​ចាន​នោះ ទាំង​ញែក​ចេញ​ជា​បរិសុទ្ធ
12 ត្រូវ​នាំ​អើរ៉ុន និង​ពួក​កូន​លោក​មក​ជិត​ទ្វារ​ត្រសាល​ជំនុំ ហើយ​ផ្ងូត​អ្នក​ទាំង​នោះ​ដោយ​ទឹក
13 រួច​យក​សម្លៀក‌បំពាក់​បរិសុទ្ធ​មក​បំពាក់​អើរ៉ុន ហើយ​ចាក់​ប្រេង​ញែក​លោក​ចេញ​ជា​បរិសុទ្ធ ដើម្បី​ឲ្យ​លោក​បាន​ធ្វើ​ការ‌ងារ​ជា​សង្ឃ​ដល់​អញ
14 រួច​ត្រូវ​នាំ​ពួក​កូន​លោក​មក​បំពាក់​អាវ​ខ្លី​ឲ្យ
15 ហើយ​ចាក់​ប្រេង​ដល់​គេ​ដូច​ជា​បាន​ចាក់​ប្រេង​ឲ្យ​ឪពុក​គេ​ដែរ ដើម្បី​ឲ្យ​គេ​បាន​ធ្វើ​ការ‌ងារ​ជា​សង្ឃ​ដល់​អញ បុណ្យ​ចាក់​លាប​ប្រេង​នេះ​នឹង​បាន​សម្រាប់​ការ‌ងារ​ជា​សង្ឃ​ដល់​អ្នក​ទាំង​នោះ​អស់​កល្ប‌ជានិច្ច គ្រប់​ទាំង​តំណ​គេ​ត​ទៅ។
16 ឯ​ម៉ូសេ​លោក​ក៏​ធ្វើ​អស់​ទាំង​ការ​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​មក លោក​ធ្វើ​ការ​នោះ​សម្រេច​ទាំង​អស់
17 នៅ​ថ្ងៃ​១​កើត​ក្នុង​ខែ​ដំបូង​ឆ្នាំ​ទី​២ នោះ​រោង​ឧបោសថ​បាន​ដំឡើង​រួច​ជា​ស្រេច
18 ម៉ូសេ​បាន​ដំឡើង​រោង​ឧបោសថ លោក​ដាក់​ជើង​ទាំង​ប៉ុន្មាន ក៏​បញ្ឈរ​ក្តារ ហើយ​រៀប​រនុក​ក៏​លើក​សសរ​ទាំង​ប៉ុន្មាន​ឡើង
19 រួច​លោក​លា​ត្រសាល​បាំង​រោង​ឧបោសថ ហើយ​ដាក់​គំរប​ពី​លើ​ត្រសាល ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក
20 លោក​យក​សេចក្ដី​បន្ទាល់​មក​ដាក់​ក្នុង​ហឹប រួច​ប្រហក​ឈើ​ស្នែង​ភ្ជាប់​នឹង​ហឹប ហើយ​ដាក់​ទី​សន្តោស‌ប្រោស​នៅ​លើ​ហឹប​នោះ
21 លោក​យក​ហឹប​ទៅ​ដាក់​ក្នុង​រោង​ឧបោសថ ហើយ​លា​វាំង‌នន​បាំង​ហឹប​នៃ​សេចក្ដី​បន្ទាល់ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក
22 លោក​ដាក់​តុ​នៅ​ខាង​ជើង​ក្នុង​ត្រសាល​ជំនុំ​ត្រង់​ខាង​មុខ​វាំង‌នន
23 រួច​រៀប​នំបុ័ង​លើ​តុ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដូច​ជា​ទ្រង់​បាន​បង្គាប់​មក
24 លោក​ក៏​ដាក់​ជើង​ចង្កៀង​ទៅ​ក្នុង​ត្រសាល​ជំនុំ ប្រទល់​មុខ​នឹង​តុ គឺ​ខាង​ត្បូង ក្នុង​រោង​ឧបោសថ
25 រួច​លោក​រៀប‌ចំ​ចង្កៀង​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដូច​ជា​ទ្រង់​បាន​បង្គាប់​មក
26 លោក​ដាក់​អាសនៈ​មាស នៅ​មុខ​វាំង‌នន ក្នុង​ត្រសាល​ជំនុំ
27 ហើយ​ក៏​ដុត​គ្រឿង​ក្រអូប​នៅ​លើ​អាសនៈ​នោះ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក
28 លោក​ដាក់​រនាំង បាំង​នៅ​មាត់​ទ្វារ​រោង​ឧបោសថ
29 ហើយ​ក៏​ដាក់​អាសនៈ​តង្វាយ​ដុត​នៅ​មុខ​ទ្វារ​រោង​ឧបោសថ​ផង​ត្រសាល​ជំនុំ រួច​លោក​ថ្វាយ​តង្វាយ​ដុត និង​តង្វាយ​ម្សៅ ដូច​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បង្គាប់​មក
30 លោក​ដាក់​ចាន​ក្លាំ​នៅ​ជា​កណ្តាល​ត្រសាល​ជំនុំ ហើយ​និង​អាសនៈ រួច​ដាក់​ទឹក​ក្នុង​ចាន​នោះ សម្រាប់​នឹង​លាង​សម្អាត
31 ហើយ​ម៉ូសេ អើរ៉ុន និង​ពួក​កូន​អើរ៉ុន​ក៏​លាង​ដៃ លាង​ជើង​ត្រង់​ចាន​នោះ
32 វេលា​ណា​ដែល​អ្នក​ទាំង​នោះ​ចូល​ទៅ​ក្នុង​ត្រសាល​ជំនុំ ឬ​ទៅ​ជិត​អាសនៈ នោះ​តែង​លាង​សម្អាត​សិន ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក
33 លោក​ដំឡើង​រនាំង​នៃ​ទីលាន​នៅ​ជុំវិញ​រោង​ឧបោសថ ហើយ​និង​អាសនៈ រួច​ដាក់​រនាំង​បាំង​នៅ​មាត់​ទ្វារ​ទីលាន ដូច្នេះ ម៉ូសេ​បាន​ធ្វើ​ការ​ទាំង​នោះ​រួច​ជា​ស្រេច។
34 នោះ​ពពក​ក៏​គ្រប​ត្រសាល​ជំនុំ ហើយ​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា​បាន​ស្ថិត​នៅ​ពេញ​ក្នុង​រោង​ឧបោសថ
35 ឯ​ម៉ូសេ លោក​ចូល​ទៅ​ក្នុង​ត្រសាល​ជំនុំ​មិន​បាន ពី​ព្រោះ​ពពក​នៅ​ពី​លើ ហើយ​ដោយ​ព្រោះ​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា​ដែល​នៅ​ពេញ​ក្នុង​រោង​ឧបោសថ​នោះ​ផង
36 បើ​កាល​ណា​ពពក​បាន​ឡើង ផុត​ពី​លើ​រោង​ឧបោសថ នោះ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​តែង​ធ្វើ​ដំណើរ​ដើរ​ទៅ​ជា​ដរាប ក្នុង​គ្រប់​ទាំង​វេលា​ដែល​គេ​កំពុង​តែ​ធ្វើ​ដំណើរ​នោះ
37 តែ​បើ​កាល​ណា​ពពក​មិន​បាន​ឡើង​ទេ នោះ​គេ​ក៏​មិន​ធ្វើ​ដំណើរ​ទៅ​ដែរ ទាល់​តែ​ពពក​ឡើង​ផុត​ចេញ
38 ដ្បិត​ក្នុង​អស់​ទាំង​ការ​ដំណើរ​នៃ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល នោះ​នៅ​វេលា​ថ្ងៃ តែង​មាន​ពពក​នៃ​ព្រះ‌យេហូវ៉ា​ស្ថិត​នៅ​លើ​រោង​ឧបោសថ ហើយ​នៅ​វេលា​យប់ មាន​ភ្លើង​វិញ ឲ្យ​ពួក​វង្ស​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​បាន​ឃើញ។:៚