ជំពូក 1
1 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលហៅម៉ូសេមក បង្គាប់លោកពីក្នុងត្រសាលជំនុំ
2 ឲ្យទៅប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា បើកាលណាពួកអ្នករាល់គ្នាណាមួយចង់ថ្វាយតង្វាយដល់ព្រះយេហូវ៉ា នោះត្រូវតែយកតង្វាយនោះមកពីហ្វូងសត្វ ទោះបើជាគោ ឬចៀមក្តី។
3 បើសិនជាតង្វាយរបស់អ្នកនោះជាគោដែលត្រូវដុតថ្វាយ នោះត្រូវយកឈ្មោល១ដ៏ឥតខ្ចោះ គេត្រូវនាំយកតង្វាយនោះទៅថ្វាយនៅមាត់ទ្វារត្រសាលជំនុំ ឲ្យបានជាទីគាប់នៅចំពោះព្រះយេហូវ៉ា
4 នោះគេត្រូវដាក់ដៃលើក្បាលនៃសត្វនោះ ហើយទ្រង់នឹងទទួលតង្វាយនោះស្នងគេ ដើម្បីឲ្យបានធួននឹងខ្លួនគេ
5 ក៏ត្រូវសម្លាប់គោស្ទាវនោះនៅចំពោះព្រះយេហូវ៉ា រួចពួកកូនអើរ៉ុនដែលជាពួកសង្ឃ ត្រូវយកឈាមទៅប្រោះនៅជុំវិញលើអាសនៈដែលនៅមាត់ទ្វារត្រសាលជំនុំ
6 គេត្រូវឲ្យអារពន្លាត់ស្បែក ហើយកាប់តង្វាយទៅជាដុំៗ
7 រួចពួកកូនអើរ៉ុនដ៏ជាសង្ឃនឹងយកភ្លើងមកដាក់លើអាសនៈ ហើយបង្គរឧសនៅលើ
8 រួចរៀបដុំសាច់ ហើយក្បាល និងខ្លាញ់ ពីលើឧសដែលឆេះនៅលើអាសនៈ
9 តែឯអាការៈខាងក្នុង និងជើងទាំងប៉ុន្មាន នោះត្រូវលាងនឹងទឹកចេញ រួចត្រូវឲ្យសង្ឃដុតទាំងអស់នៅលើអាសនៈទុកជាតង្វាយដុត គឺជាតង្វាយដែលដុតសម្រាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា។
10 បើសិនជាតង្វាយរបស់អ្នកនោះ ជាចៀម ឬពពែ ដែលត្រូវដុតថ្វាយ នោះត្រូវយកឈ្មោល១ដ៏ឥតខ្ចោះ
11 គេត្រូវសម្លាប់នៅត្រង់ក្បែរជើងអាសនៈ ចំពោះព្រះយេហូវ៉ា រួចត្រូវឲ្យពួកកូនអើរ៉ុនដ៏ជាសង្ឃ ប្រោះឈាមនៅជុំវិញលើអាសនៈ
12 គេត្រូវកាប់ឲ្យទៅជាដុំៗ រួចត្រូវឲ្យសង្ឃរៀបទាំងអស់ ព្រមទាំងក្បាល និងខ្លាញ់ ពីលើឧសដែលឆេះនៅលើអាសនៈ
13 តែឯអាការៈខាងក្នុង និងជើងទាំងប៉ុន្មាន នោះត្រូវលាងនឹងទឹកចេញ រួចត្រូវឲ្យសង្ឃថ្វាយទាំងអស់ នៅលើអាសនៈ ទុកជាតង្វាយដុត គឺជាតង្វាយដែលដុតសម្រាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា។
14 ឬបើសិនជាតង្វាយដែលអ្នកនោះថ្វាយដល់ព្រះយេហូវ៉ាជាសត្វស្លាបដែលត្រូវដុតថ្វាយ នោះត្រូវយកជាលលក ឬជាព្រាបជំទើរ
15 រួចត្រូវឲ្យសង្ឃយកមកដល់អាសនៈ ក្តិចបណ្តាច់ក្បាល ដុតនៅលើអាសនៈ តែត្រូវសម្រក់ឈាមនៅខាងអាសនៈវិញ
16 ហើយយកគែ ព្រមទាំងបោចស្លាប បោះទៅខាងកើតអាសនៈ ត្រង់កន្លែងចាក់ផេះ
17 ត្រូវពុះចំពាក់កណ្តាល ឲ្យមានចំអេងនៅជាប់ទាំងសងខាង មិនត្រូវផ្តាច់ចំហៀងចេញពីគ្នាទេ រួចត្រូវឲ្យសង្ឃដុតលើឧសដែលឆេះនៅលើអាសនៈ ទុកជាតង្វាយដុត គឺជាតង្វាយដែលដុតសម្រាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា។
ជំពូក 2
1 បើអ្នកណាចង់ថ្វាយជាតង្វាយម្សៅដល់ព្រះយេហូវ៉ា នោះត្រូវយកម្សៅយ៉ាងម៉ដ្ត ហើយចាក់ប្រេង ព្រមទាំងដាក់កំញានផង
2 ត្រូវឲ្យយកទៅឯពួកកូនអើរ៉ុនដ៏ជាសង្ឃ ហើយត្រូវឲ្យសង្ឃយកម្សៅយ៉ាងម៉ដ្តនោះ១ក្តាប់ជាមួយនឹងប្រេងខ្លះ ព្រមទាំងកំញានទាំងអស់ទៅដុត ទុកជាទីរំឭកនៅលើអាសនៈ គឺជាតង្វាយដែលដុតសម្រាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា
3 ឯចំណែកតង្វាយម្សៅដែលសល់នៅ នោះគឺសម្រាប់អើរ៉ុន និងពួកកូនលោក ជារបស់បរិសុទ្ធបំផុត ក្នុងអស់ទាំងតង្វាយដែលដុតថ្វាយព្រះយេហូវ៉ា។
4 ហើយបើថ្វាយតង្វាយម្សៅ ដែលចំអិននៅក្នុងឡ នោះត្រូវថ្វាយជានំឥតដំបែ ធ្វើពីម្សៅយ៉ាងម៉ដ្ត លាយនឹងប្រេង ឬជានំក្រៀបឥតដំបែលាបដោយប្រេងក៏បាន។
5 ឬបើថ្វាយតង្វាយម្សៅដែលបានចំអិនក្នុងពុម្ព នោះត្រូវឲ្យធ្វើពីម្សៅយ៉ាងម៉ដ្តឥតដំបែលាយដោយប្រេង
6 ត្រូវបេះនំនោះជាដុំៗ ហើយចាក់ប្រេងពីលើ នេះហើយជាតង្វាយម្សៅ។
7 បើថ្វាយម្សៅដែលចៀននឹងខ្ទះ នោះត្រូវឲ្យធ្វើពីម្សៅយ៉ាងម៉ដ្ត លាយដោយប្រេង
8 ឯតង្វាយម្សៅដែលបានធ្វើបែបយ៉ាងនេះ នោះត្រូវនាំយកទៅឯព្រះយេហូវ៉ា ត្រូវប្រគល់ដល់សង្ឃម្នាក់ ហើយត្រូវឲ្យសង្ឃនោះយកទៅឯអាសនៈ
9 រួចត្រូវយក១ចំណែកនៃតង្វាយម្សៅនោះទុកជាទីរំឭក ទៅដុតលើអាសនៈ គឺជាតង្វាយដុតសម្រាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា
10 ឯចំណែកតង្វាយម្សៅដែលនៅសល់ នោះនឹងបានជារបស់សម្រាប់អើរ៉ុន និងពួកកូនលោកវិញ ជារបស់បរិសុទ្ធបំផុត ក្នុងអស់ទាំងតង្វាយ ដែលដុតថ្វាយព្រះយេហូវ៉ា។
11 រីឯតង្វាយម្សៅណាដែលឯងរាល់គ្នានឹងថ្វាយដល់ព្រះយេហូវ៉ា នោះមិនត្រូវឲ្យលាយដោយដំបែឡើយ ដ្បិតមិនត្រូវដុតដំបែ ឬទឹកឃ្មុំ ទុកជាតង្វាយថ្វាយដល់ព្រះយេហូវ៉ាទេ
12 របស់ទាំង២នោះ ត្រូវថ្វាយដល់ព្រះយេហូវ៉ាទុកជាផលដំបូងវិញ តែមិនត្រូវដុតនៅលើអាសនៈសម្រាប់ជាក្លិនឈ្ងុយឡើយ
13 ហើយអស់ទាំងតង្វាយម្សៅដែលឯងថ្វាយ នោះត្រូវបង់អំបិល ផង ក៏មិនត្រូវឲ្យខាននឹងដាក់អំបិលនៃសេចក្ដីសញ្ញារបស់ព្រះនៃឯង ក្នុងតង្វាយម្សៅឡើយ ត្រូវតែបង់អំបិលចុះក្នុងគ្រប់ទាំងតង្វាយរបស់ឯង។
14 ហើយបើយកផលដំបូងមកថ្វាយជាតង្វាយម្សៅដល់ព្រះយេហូវ៉ា នោះត្រូវថ្វាយគួរស្រូវថ្មីដែលលីង ហើយបុកទុកជាតង្វាយផលដំបូង
15 ត្រូវចាក់ប្រេង ហើយដាក់កំញានពីលើ នេះហើយជាតង្វាយម្សៅ
16 សង្ឃម្នាក់នឹងយកស្រូវបុក១ចំណែក និងប្រេងខ្លះ ហើយនិងកំញានទាំងអស់ពីតង្វាយនោះ ដុតថ្វាយទុកជាទីរំឭក នេះជាតង្វាយដុតថ្វាយព្រះយេហូវ៉ា។
ជំពូក 3
1 បើសិនជាតង្វាយរបស់អ្នកនោះជាយញ្ញបូជា ដែលសម្រាប់ជាតង្វាយមេត្រី បើគេថ្វាយគោ ទោះឈ្មោល ឬញីក្តី នោះត្រូវឲ្យថ្វាយសត្វ១ដែលឥតខ្ចោះនៅចំពោះព្រះយេហូវ៉ា
2 ត្រូវដាក់ដៃលើក្បាលនៃសត្វនោះ រួចសម្លាប់នៅមាត់ទ្វារត្រសាលជំនុំ ហើយត្រូវឲ្យពួកកូនអើរ៉ុនដ៏ជាសង្ឃប្រោះឈាមនៅជុំវិញលើអាសនៈ
3 ហើយត្រូវយក១ចំណែកអំពីយញ្ញបូជា ដែលសម្រាប់ជាតង្វាយមេត្រីនោះទៅដុតថ្វាយព្រះយេហូវ៉ា គឺខ្លាញ់ដែលរុំអាការៈខាងក្នុង និងខ្លាញ់ទាំងអស់ដែលនៅជាប់ខាងក្នុង
4 ព្រមទាំងអង្គញ់ទាំង២ និងខ្លាញ់ដែលនៅជាប់នឹងអង្គញ់នោះខាងចង្កេះ ហើយស្រទាប់នៅលើថ្លើម ដែលត្រូវយកចេញជាមួយនឹងអង្គញ់ផង
5 រួចពួកកូនអើរ៉ុន នឹងដុតរបស់ទាំងនោះនៅលើតង្វាយដុត ដែលកំពុងតែឆេះលើឧសនៅលើអាសនៈ គឺជាតង្វាយដុតសម្រាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា។
6 បើសិនជាតង្វាយដែលអ្នកនោះថ្វាយដល់ព្រះយេហូវ៉ា សម្រាប់ជាយញ្ញបូជាខាងឯតង្វាយមេត្រី បានយកពីហ្វូងសត្វតូចវិញ ទោះឈ្មោល ឬញីក្តី នោះត្រូវឲ្យថ្វាយសត្វ១ដែលឥតខ្ចោះ
7 បើគេថ្វាយកូនចៀម នោះត្រូវឲ្យយកមកថ្វាយនៅចំពោះព្រះយេហូវ៉ា
8 ត្រូវឲ្យដាក់ដៃលើក្បាលសត្វនោះ រួចសម្លាប់នៅមុខត្រសាលជំនុំ ហើយត្រូវឲ្យពួកកូនអើរ៉ុនប្រោះឈាមនៅជុំវិញលើអាសនៈ
9 ក៏ត្រូវយក១ចំណែកអំពីយញ្ញបូជា ដែលសម្រាប់ជាតង្វាយមេត្រីនោះ ទៅដុតថ្វាយដល់ព្រះយេហូវ៉ា គឺខ្លាញ់ និងកន្ទុយទាំងមូលដែលត្រូវកាត់ចេញត្រឹមឆ្អឹងខ្នង និងខ្លាញ់រុំអាការៈខាងក្នុង ហើយខ្លាញ់ទាំងអស់ដែលនៅជាប់ខាងក្នុង
10 ព្រមទាំងអង្គញ់ទាំង២ និងខ្លាញ់ដែលនៅជាប់នឹងអង្គញ់នោះខាងចង្កេះ ហើយស្រទាប់នៅលើថ្លើម ដែលត្រូវយកចេញជាមួយនឹងអង្គញ់ផង
11 រួចត្រូវឲ្យសង្ឃដុតរបស់ទាំងនោះនៅលើអាសនៈ នេះហើយជាព្រះស្ងោយនៃតង្វាយ ដែលដុតថ្វាយព្រះយេហូវ៉ា។
12 បើគេថ្វាយពពែ នោះត្រូវយកមកថ្វាយនៅចំពោះព្រះយេហូវ៉ា
13 ត្រូវដាក់ដៃលើក្បាល រួចសម្លាប់នៅមុខត្រសាលជំនុំ ហើយពួកកូនអើរ៉ុនត្រូវប្រោះឈាមនៅជុំវិញលើអាសនៈ
14 ក៏ត្រូវយក១ចំណែកពីតង្វាយ នោះថ្វាយជាតង្វាយដុតដល់ព្រះយេហូវ៉ា គឺខ្លាញ់ដែលរុំអាការៈខាងក្នុង និងខ្លាញ់ទាំងអស់ដែលនៅជាប់ខាងក្នុង
15 ព្រមទាំងអង្គញ់ទាំង២ ហើយខ្លាញ់ដែលនៅជាប់នឹងអង្គញ់នោះខាងចង្កេះ និងស្រទាប់នៅលើថ្លើម ដែលត្រូវយកចេញជាមួយនឹងអង្គញ់ផង
16 រួចត្រូវឲ្យសង្ឃដុតរបស់ទាំងនោះនៅលើអាសនៈ នេះហើយជាព្រះស្ងោយនៃតង្វាយដែលដុតថ្វាយសម្រាប់ក្លិនឈ្ងុយ ដ្បិតខ្លាញ់ទាំងអស់នោះជារបស់ផងព្រះយេហូវ៉ា
17 នេះជាច្បាប់នៅអស់កល្បជានិច្ច ដល់អស់ទាំងតំណឯងរាល់គ្នាតទៅ នៅគ្រប់ទីកន្លែងណាដែលឯងរាល់គ្នាតាំងនៅទីលំនៅ គឺថា មិនត្រូវឲ្យឯងរាល់គ្នាបរិភោគខ្លាញ់ឬឈាមឡើយ។
ជំពូក 4
1 ព្រះយេហូវ៉ាទ្រង់បង្គាប់ម៉ូសេ
2 ឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា បើអ្នកណាធ្វើបាបឥតដឹង ដោយបំពានលើបទណាមួយ ដែលព្រះយេហូវ៉ាទ្រង់ហាមមិនឲ្យធ្វើឡើយ ហើយប្រព្រឹត្តខុសត្រង់បទនោះឯង
3 បើអ្នកនោះជាពួកសង្ឃដែលគេចាក់ប្រេងតាំងឲ្យស្រេចហើយ បានធ្វើបាបជាហេតុនាំឲ្យពួកជនមានទោសផង នោះត្រូវយកគោឈ្មោលស្ទាវ១ដ៏ឥតខ្ចោះ មកថ្វាយដល់ព្រះយេហូវ៉ា ទុកជាតង្វាយលោះបាបឲ្យធួននឹងបាបដែលបានធ្វើនោះ
4 ត្រូវនាំគោនោះ ទៅឯមាត់ទ្វារត្រសាលជំនុំ នៅចំពោះព្រះយេហូវ៉ា រួចដាក់ដៃលើក្បាល ហើយសម្លាប់នៅចំពោះព្រះយេហូវ៉ាទៅ
5 ត្រូវឲ្យសង្ឃយកឈាមនាំចូលទៅក្នុងត្រសាលជំនុំ
6 រួចជ្រលក់ម្រាមដៃចុះក្នុងឈាមរលាស់៧ដងនៅចំពោះព្រះយេហូវ៉ា ត្រង់ខាងមុខវាំងននទីបរិសុទ្ធ
7 ហើយត្រូវយកឈាមទៅប្រឡាក់នៅស្នែងអាសនៈគ្រឿងក្រអូប ដែលនៅក្នុងត្រសាលជំនុំនៅចំពោះព្រះយេហូវ៉ា រួចត្រូវចាក់ឈាមគោនោះទាំងអស់នាជើងអាសនៈតង្វាយដុត ដែលនៅមាត់ទ្វារត្រសាលជំនុំ
8 ឯខ្លាញ់គោនោះដែលសម្រាប់ជាតង្វាយលោះបាប នោះត្រូវយកចេញទាំងអស់ គឺជាខ្លាញ់ដែលរុំអាការៈខាងក្នុង និងខ្លាញ់ទាំងអស់ដែលនៅជាប់ខាងក្នុង
9 ព្រមទាំងអង្គញ់ទាំង២ និងខ្លាញ់ដែលនៅជាប់នឹងអង្គញ់នោះខាងចង្កេះ ហើយស្រទាប់នៅលើថ្លើម ដែលត្រូវយកចេញជាមួយនឹងអង្គញ់ផង
10 ដូចជាបានយកចេញពីគោដែលថ្វាយជាតង្វាយមេត្រីដែរ រួចត្រូវឲ្យសង្ឃដុតរបស់ទាំងនោះនៅលើអាសនៈតង្វាយដុត
11 ឯស្បែកគោនោះ និងសាច់ទាំងអស់ ព្រមទាំងក្បាល និងជើង អាការៈខាងក្នុង ហើយនិងលាមក
12 គឺតួគោនោះទាំងមូល ត្រូវយកចេញទៅក្រៅទីដំឡើងត្រសាលនៅត្រង់កន្លែងស្អាតដែលចាក់ផែះ ហើយដុតនៅលើឧសត្រង់កន្លែងដែលចាក់ផែះនោះ។
13 ឬបើជាពួកជំនុំអ៊ីស្រាអែលទាំងអស់គ្នា ដែលប្រព្រឹត្តការកំហុសអ្វីដោយឥតដឹង ហើយការនោះបានកំបាំងនឹងភ្នែកពួកជំនុំ ដែលរំលងចំពោះបញ្ញត្តណាមួយ ដែលព្រះយេហូវ៉ាហាមប្រាមមិនឲ្យធ្វើ ហើយមានទោសដូច្នោះ
14 កាលណាគេដឹងពីអំពើបាបដែលបានប្រព្រឹត្តរំលងហើយ នោះត្រូវឲ្យពួកជំនុំថ្វាយគោឈ្មោលស្ទាវ១ទុកជាតង្វាយលោះបាប ត្រូវនាំទៅឯមុខត្រសាលជំនុំ
15 ហើយត្រូវឲ្យពួកចាស់ទុំក្នុងពួកជំនុំដាក់ដៃលើក្បាលគោនោះនៅចំពោះព្រះយេហូវ៉ា រួចសម្លាប់នៅចំពោះព្រះយេហូវ៉ាទៅ
16 នោះត្រូវឲ្យសង្ឃដែលគេចាក់ប្រេងតាំងឲ្យស្រេចហើយ យកឈាមគោនោះទៅក្នុងត្រសាលជំនុំ
17 ហើយជ្រលក់ម្រាមដៃចុះក្នុងឈាម រលាស់៧ដង នៅចំពោះព្រះយេហូវ៉ាត្រង់មុខវាំងនន
18 រួចយកឈាមទៅប្រឡាក់នៅស្នែងអាសនៈ ដែលនៅចំពោះព្រះយេហូវ៉ាខាងក្នុងត្រសាលជំនុំ ហើយត្រូវចាក់ឈាមទាំងអស់នាជើងអាសនៈតង្វាយដុត ដែលនៅមាត់ទ្វារត្រសាលជំនុំ
19 ឯខ្លាញ់គោនោះទាំងប៉ុន្មាន នោះត្រូវយកចេញទៅដុតនៅលើអាសនៈ
20 ត្រូវឲ្យធ្វើនឹងគោនេះដូចជាបានធ្វើចំពោះគោដែលសម្រាប់ជាតង្វាយលោះបាបដែរ គឺត្រូវធ្វើដូចគ្នាទាំង២ ហើយត្រូវឲ្យសង្ឃថ្វាយឲ្យធួននឹងបាបទាំងអស់គ្នា នោះនឹងរួចចាកទោសហើយ
21 រួចត្រូវឲ្យសង្ឃនាំយកគោនោះ ទៅដុតនៅខាងក្រៅទីដំឡើងត្រសាល ដូចជាបានដុតគោមុនដែរ នេះគឺជាតង្វាយលោះបាបសម្រាប់ពួកជំនុំ។
22 បើនាម៉ឺនណាមួយធ្វើបាបឥតបានដឹង ដោយរំលងបទណា ដែលព្រះយេហូវ៉ាជាព្រះនៃខ្លួន ទ្រង់ហាមប្រាមមិនឲ្យធ្វើ ហើយមានទោសដូច្នោះ
23 បើសិនជាអ្នកណាប្រាប់ឲ្យលោកជ្រាបពីបាបដែលបានប្រព្រឹត្តហើយ នោះលោកត្រូវនាំយកពពែឈ្មោល១ ដែលឥតខ្ចោះ មកសម្រាប់ជាតង្វាយរបស់ខ្លួន
24 រួចដាក់ដៃលើក្បាលពពែនោះ ហើយសម្លាប់នៅកន្លែងដែលគេតែងសម្លាប់សត្វ សម្រាប់ជាតង្វាយដុតនៅចំពោះព្រះយេហូវ៉ាទៅ នេះហើយជាតង្វាយលោះបាប
25 ត្រូវឲ្យសង្ឃយកឈាមនៃតង្វាយលោះបាបនោះ ដោយម្រាមដៃ ទៅប្រឡាក់នៅស្នែងអាសនៈតង្វាយដុត ហើយចាក់ឈាមទាំងអស់នៅត្រង់ជើងអាសនៈតង្វាយដុតនោះ
26 ឯខ្លាញ់ទាំងប៉ុន្មាន នោះត្រូវដុតនៅលើអាសនៈ ដូចជាខ្លាញ់របស់យញ្ញបូជាដែលសម្រាប់ជាតង្វាយមេត្រីដែរ ហើយត្រូវឲ្យសង្ឃថ្វាយឲ្យធួនចំពោះបាបដែលលោកបានធ្វើ នោះលោកនឹងបានរួចចាកទោសហើយ។
27 ឬបើអ្នកស្រុកណាមួយធ្វើបាបឥតបានដឹង ដោយរំលងបទណា ដែលព្រះយេហូវ៉ាបានហាមប្រាមមិនឲ្យធ្វើ ហើយមានទោសដូច្នោះ
28 បើសិនជាអ្នកណាប្រាប់ឲ្យគេដឹងពីបាបដែលបានប្រព្រឹត្តហើយ នោះត្រូវនាំពពែញី១ដែលឥតខ្ចោះមក សម្រាប់ជាតង្វាយ ដោយព្រោះបាបដែលខ្លួនបានធ្វើ
29 រួចដាក់ដៃលើក្បាលនៃតង្វាយលោះបាបនោះ ហើយសម្លាប់ត្រង់កន្លែងតង្វាយដុត
30 នោះត្រូវឲ្យសង្ឃយកឈាម ដោយម្រាមដៃ ទៅប្រឡាក់នៅស្នែងអាសនៈតង្វាយដុត ហើយចាក់ឈាមទាំងអស់ត្រង់ជើងអាសនៈ
31 ឯខ្លាញ់ទាំងប៉ុន្មាន នោះត្រូវយកចេញ ដូចជាយកចេញពីយញ្ញបូជា ដែលសម្រាប់ជាតង្វាយមេត្រីដែរ រួចត្រូវឲ្យសង្ឃដុតនៅលើអាសនៈ ទុកជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា ត្រូវឲ្យសង្ឃថ្វាយឲ្យធួននឹងអ្នកនោះ ដូច្នេះ អ្នកនោះនឹងរួចចាកទោសហើយ។
32 តែបើសិនជាអ្នកនោះនាំចៀមមកថ្វាយ សម្រាប់ជាតង្វាយលោះបាបខ្លួនវិញ នោះត្រូវយកញី១ដែលឥតខ្ចោះមក
33 ហើយដាក់ដៃលើក្បាលនៃតង្វាយនោះ រួចសម្លាប់ទុកជាតង្វាយលោះបាប ត្រង់កន្លែងដែលគេតែងសម្លាប់សត្វសម្រាប់ជាតង្វាយដុត
34 ត្រូវឲ្យសង្ឃម្នាក់យកឈាមនៃតង្វាយលោះបាបនោះដោយម្រាមដៃ ទៅប្រឡាក់នៅស្នែងអាសនៈតង្វាយដុត ហើយចាក់ឈាមទាំងអស់ត្រង់ជើងអាសនៈ
35 ឯខ្លាញ់ទាំងប៉ុន្មាន នោះត្រូវយកចេញ ដូចជាយកខ្លាញ់ចេញពីកូនចៀមនៃយញ្ញបូជា ដែលសម្រាប់ជាតង្វាយមេត្រីដែរ ហើយត្រូវឲ្យសង្ឃដុតនៅលើអាសនៈ តាមរបៀបតង្វាយទាំងប៉ុន្មានដែលដុតថ្វាយព្រះយេហូវ៉ា ក៏ត្រូវថ្វាយឲ្យធួននឹងបាបដែលអ្នកនោះបានប្រព្រឹត្ត ដូច្នេះ អ្នកនោះនឹងរួចចាកទោសហើយ។
ជំពូក 5
1 ក្រោយដែលបានទទួលស្បថធ្វើជាស្មរបន្ទាល់ហើយ នោះបើអ្នកណាធ្វើបាប ដោយមិនព្រមឆ្លើយប្រាប់អំពីការដែលខ្លួនបានឃើញឬដឹង អ្នកនោះឈ្មោះថាមានទោសវិញ
2 ឬបើអ្នកណាប៉ះពាល់នឹងរបស់ស្មោកគ្រោកណាមួយ ជាខ្មោចសត្វដែលមិនស្អាត ទោះបើជាសត្វព្រៃ សត្វស្រុក ឬសត្វលូនវារ ដោយមិនបានដឹង ហើយខ្លួនក៏បានទៅជាមិនស្អាតដែរ នោះឈ្មោះថាមានទោសហើយ
3 ឬបើបានប៉ះពាល់នឹងសេចក្ដីស្មោកគ្រោករបស់មនុស្ស ទោះបើជាសេចក្ដីមិនស្អាតយ៉ាងណាក៏ដោយ ដែលនាំឲ្យខ្លួនមិនស្អាតបាន ដោយឥតដឹងខ្លួន បើកាលណាដឹងវិញ នោះមានទោសហើយ
4 ឬបើអ្នកណាស្បថលេងថានឹងប្រព្រឹត្តការអាក្រក់ ឬល្អក្តី ទោះបើសេចក្ដីអ្វីក៏ដោយ ដែលមនុស្សនឹងស្បថដោយឥតបើគិត ហើយមិនបានដឹងខ្លួនសោះ បើកាលណាដឹងវិញ នោះនឹងមានទោសក្នុងបទណាមួយនោះជាមិនខាន
5 ដូច្នេះ បើអ្នកណាមានទោសក្នុងបទណាមួយយ៉ាងនោះ ត្រូវឲ្យលន់តួចំពោះអំពើបាបដែលខ្លួនបានប្រព្រឹត្តចុះ
6 ហើយត្រូវនាំយកតង្វាយ ដែលសម្រាប់ការរំលងរបស់ខ្លួនមកថ្វាយព្រះយេហូវ៉ា ដោយព្រោះបាបដែលបានប្រព្រឹត្ត គឺជាសត្វញី១ពីហ្វូងចៀម ឬពពែ សម្រាប់ជាតង្វាយលោះបាប រួចត្រូវឲ្យសង្ឃថ្វាយឲ្យធួននឹងបាបរបស់អ្នកនោះ។
7 បើសិនជាអ្នកនោះខ្វះខាត គ្មានល្មមនឹងយកកូនចៀម១បាន នោះត្រូវយកលលក២ ឬព្រាបជំទើរ២ មកថ្វាយព្រះយេហូវ៉ា ទុកជាតង្វាយសម្រាប់ការរំលងរបស់ខ្លួន ដោយព្រោះបាបដែលបានប្រព្រឹត្តនោះវិញ គឺ១សម្រាប់ជាតង្វាយលោះបាប ហើយ១សម្រាប់ជាតង្វាយដុត
8 ត្រូវឲ្យនាំយកសត្វនោះទៅឯសង្ឃ ហើយត្រូវឲ្យសង្ឃថ្វាយ១ ដែលសម្រាប់ជាតង្វាយលោះបាប ជាមុនដំបូង ដោយក្តិចបណ្តាច់ក្បាលចេញពីក តែមិនត្រូវពុះជា២ឡើយ
9 រួចប្រោះឈាមនៃតង្វាយលោះបាបនោះនៅចំហៀងអាសនៈ ហើយត្រូវសម្រក់ឈាមដែលសល់ទាំងប៉ុន្មាននៅជើងអាសនៈវិញ នេះហើយជាតង្វាយលោះបាប
10 ឯសត្វទី២ នោះត្រូវថ្វាយជាតង្វាយដុតតាមទម្លាប់ ដូច្នេះ ត្រូវឲ្យសង្ឃថ្វាយឲ្យធួននឹងបាបដែលអ្នកនោះបានប្រព្រឹត្ត ហើយអ្នកនោះនឹងបានរួចចាកទោស។
11 បើអ្នកនោះខ្វះខាត គ្មានល្មមនឹងយកលលក២ ឬព្រាបជំទើរ២បានទេ នោះត្រូវយកម្សៅយ៉ាងម៉ដ្ត១ខ្ញឹង មកទុកជាតង្វាយលោះបាប ដោយព្រោះអំពើដែលខ្លួនបានប្រព្រឹត្ត តែមិនត្រូវចាក់ប្រេង ឬដាក់កំញានទេ ដ្បិតជាតង្វាយសម្រាប់លោះបាប
12 ត្រូវឲ្យអ្នកនោះនាំយកទៅឯសង្ឃ ហើយត្រូវឲ្យសង្ឃយក១ក្តាប់ ទុកជាទីរំឭកទៅដុតលើអាសនៈ តាមរបៀបតង្វាយដែលដុតថ្វាយព្រះយេហូវ៉ា នេះហើយជាតង្វាយលោះបាប
13 ត្រូវឲ្យសង្ឃថ្វាយឲ្យធួននឹងអ្នកនោះ ចំពោះការដែលបានប្រព្រឹត្តរំលងក្នុងបទណាមួយនោះ រួចអ្នកនោះនឹងបានរួចចាកទោស ឯម្សៅដែលនៅសល់ នោះត្រូវបានសម្រាប់សង្ឃវិញ ដូចជាក្នុងតង្វាយម្សៅដែរ។
14 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលទៅម៉ូសេថា
15 បើអ្នកណាប្រព្រឹត្តរំលងច្បាប់ ដោយធ្វើបាបចំពោះរបស់បរិសុទ្ធនៃព្រះយេហូវ៉ា ដោយឥតបានដឹង នោះត្រូវនាំយកតង្វាយដែលសម្រាប់ការរំលងមកថ្វាយដល់ព្រះយេហូវ៉ា គឺជាចៀមឈ្មោល១ឥតខ្ចោះពីហ្វូងសត្វ តាមដែលគិតថ្លៃប្រាក់ ជាប្រាក់រៀលដែលប្រើក្នុងទីបរិសុទ្ធ សម្រាប់ជាតង្វាយដែលថ្វាយដោយព្រោះការប្រព្រឹត្តរំលង
16 ហើយត្រូវសងតាមតម្លៃចំពោះរបស់បរិសុទ្ធដែលខ្លួនបានប្រព្រឹត្តរំលងនោះ ព្រមទាំងថែម១ភាគក្នុង៥ផង ប្រគល់ទៅឲ្យសង្ឃ ហើយត្រូវឲ្យសង្ឃថ្វាយចៀមឈ្មោលនោះទុកជាតង្វាយដែលថ្វាយដោយព្រោះការរំលង ដើម្បីឲ្យធួននឹងបាបរបស់អ្នកនោះ រួចនឹងបាបរួចចាកទោសហើយ។
17 បើអ្នកណាធ្វើបាប ដោយប្រព្រឹត្តការអ្វីដែលព្រះយេហូវ៉ាបានហាមមិនឲ្យធ្វើ ទោះបើមិនបានដឹងក៏ដោយ គង់តែអ្នកនោះមានទោស ហើយត្រូវទ្រាំទ្រចំពោះសេចក្ដីទុច្ចរិតរបស់ខ្លួន
18 ត្រូវឲ្យអ្នកនោះយកចៀមឈ្មោល១ឥតខ្ចោះពីហ្វូងសត្វ មកប្រគល់ដល់សង្ឃតាមដែលគិតថ្លៃ សម្រាប់ជាតង្វាយដែលថ្វាយដោយព្រោះការរំលង ត្រូវឲ្យសង្ឃថ្វាយឲ្យធួននឹងការកំហុស ដែលអ្នកនោះបានប្រព្រឹត្តដោយឥតដឹង រួចអ្នកនោះនឹងបានរួចចាកទោស
19 នេះហើយជាតង្វាយដែលថ្វាយ ដោយព្រោះការប្រព្រឹត្តរំលង ដ្បិតពិតជាអ្នកនោះមានទោស នៅចំពោះព្រះយេហូវ៉ាមែនហើយ។
ជំពូក 6
1 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា
2 បើអ្នកណាធ្វើបាប ហើយប្រព្រឹត្តរំលងចំពោះព្រះយេហូវ៉ា ដោយកុហកដល់អ្នកជិតខាងខ្លួនពីរបស់អ្វីដែលគេបានផ្ញើទុក ឬបញ្ចាំនៅដៃខ្លួន ឬដែលខ្លួនបានលួច ឬដែលបានសង្កត់សង្កិនដល់អ្នកជិតខាង
3 ឬបានរើសរបស់ដែលគេបាត់ ហើយកុហកថា មិនឃើញ ឬស្បថកុហកក្នុងសេចក្ដីណាមួយនេះ ដែលមនុស្សតែងប្រព្រឹត្តទាំងធ្វើបាបដូច្នោះ
4 បើអ្នកនោះបានប្រព្រឹត្ត ហើយមានទោសដូច្នោះ នោះត្រូវឲ្យសងរបស់ដែលខ្លួនបានលួច បានកំហែងយក ដែលគេបានផ្ញើទុកនឹងខ្លួន ឬរបស់បាត់ដែលខ្លួនបានឃើញ
5 និងរបស់អ្វីដែលខ្លួនប្រកែក ដោយស្បថកុហកថា មិនបានដឹង គឺត្រូវសងទាំងអស់ ព្រមទាំងបន្ថែម១ភាគក្នុង៥ផង ដល់ម្ចាស់របស់នោះ ក្នុងថ្ងៃដែលឃើញថាមានទោស ដូច្នោះហើយ
6 រួចត្រូវយកតង្វាយដែលថ្វាយដោយព្រោះការប្រព្រឹត្តរំលងរបស់ខ្លួន មកប្រគល់ដល់សង្ឃ សម្រាប់នឹងថ្វាយដល់ព្រះយេហូវ៉ា គឺជាចៀមឈ្មោល១ឥតខ្ចោះពីហ្វូងសត្វ តាមដែលគិតថ្លៃ ទុកជាតង្វាយដោយព្រោះការរំលង
7 ហើយត្រូវឲ្យសង្ឃថ្វាយឲ្យធួននឹងអ្នកនោះនៅចំពោះព្រះយេហូវ៉ា រួចអ្នកនោះនឹងរួចចាកទោស ចំពោះការអ្វីដែលនាំឲ្យខ្លួនមានទោសដោយប្រព្រឹត្តនោះ។
8 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា
9 ចូរបង្គាប់ដល់អើរ៉ុន និងពួកកូនលោកថា នោះជារបៀបតង្វាយដុត គឺតង្វាយនេះត្រូវតែនៅលើជើងក្រាននៃអាសនៈពេញ១យប់ទាល់ព្រឹក ហើយភ្លើងដែលនៅលើអាសនៈក៏ត្រូវតែឆេះនៅជានិច្ចដែរ
10 ឯសង្ឃត្រូវឲ្យពាក់អាវខ្លូតទេស ហើយស្លៀកខោខ្លូតទេស ទៅកើបផែះដែលភ្លើងបានឆេះតង្វាយនៅលើអាសនៈ ហើយដាក់នៅក្បែរអាសនៈសិន
11 រួចដោះសម្លៀកបំពាក់នោះចេញ ស្លៀកពាក់បន្លាស់ឯទៀត យកផេះចេញទៅក្រៅទីដំឡើងត្រសាលចាក់នៅកន្លែងស្អាត
12 ឯភ្លើងនៅលើអាសនៈ នោះត្រូវតែឆេះនៅជានិច្ចឥតរលត់ឡើយ រាល់តែព្រឹកត្រូវឲ្យសង្ឃដាក់ឧសនៅលើនោះ រួចរៀបតង្វាយដុតពីលើ ព្រមទាំងដុតខ្លាញ់តង្វាយមេត្រីផង
13 ត្រូវតែមានភ្លើងឆេះនៅជានិច្ចលើអាសនៈ មិនត្រូវឲ្យរលត់ឡើយ។
14 នេះជារបៀបតង្វាយម្សៅ គឺពួកកូនអើរ៉ុនត្រូវថ្វាយតង្វាយនោះនៅចំពោះព្រះយេហូវ៉ា ត្រង់លើអាសនៈប៉ែកខាងមុខ
15 ត្រូវយកម្សៅយ៉ាងម៉ដ្ត១ក្តាប់ជាមួយនឹងប្រេងខ្លះ ហើយនិងកំញានដែលនៅលើតង្វាយម្សៅនោះដុតទាំងអស់ សម្រាប់ជាក្លិនឈ្ងុយ នៅលើអាសនៈ ទុកជាទីរំឭកដល់ព្រះយេហូវ៉ា
16 ឯម្សៅទាំងប៉ុន្មានដែលសល់នៅ នោះអើរ៉ុន និងពួកកូនលោក ត្រូវបរិភោគ ដោយឥតមានដំបែនៅត្រង់កន្លែងបរិសុទ្ធ គឺត្រូវបរិភោគនៅទីលានផងត្រសាលជំនុំ
17 មិនត្រូវចំអិនម្សៅនោះដោយលាយនឹងដំបែឡើយ អញបានឲ្យម្សៅនោះទុកជាចំណែករបស់គេពីតង្វាយដែលដុតថ្វាយអញ នេះហើយជារបស់បរិសុទ្ធបំផុត ដូចជាតង្វាយសម្រាប់លោះបាប និងតង្វាយដែលថ្វាយដោយព្រោះការរំលងដែរ
18 អស់ទាំងប្រុសៗក្នុងពួកកូនចៅអើរ៉ុន ត្រូវបរិភោគតង្វាយម្សៅនោះ ទុកជាចំណែកដល់ខ្លួន ពីអស់ទាំងតង្វាយដែលដុតថ្វាយព្រះយេហូវ៉ា នៅអស់ទាំងតំណតរៀងទៅ ឯអស់អ្នកណាដែលពាល់តង្វាយទាំងនោះក៏នឹងបានបរិសុទ្ធដែរ។
19 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា
20 នេះជាតង្វាយដែលអើរ៉ុន និងពួកកូនលោក ត្រូវថ្វាយដល់ព្រះយេហូវ៉ា ក្នុងថ្ងៃដែលចាក់ប្រេងតាំងឲ្យ គឺត្រូវថ្វាយម្សៅយ៉ាងម៉ដ្ត១ខ្ញឹង សម្រាប់តង្វាយម្សៅ ដែលថ្វាយនៅជានិច្ច ត្រូវថ្វាយពាក់កណ្តាលក្នុងពេលព្រឹក ហើយពាក់កណ្តាលក្នុងពេលល្ងាច
21 ត្រូវធ្វើតង្វាយនោះលាយនឹងប្រេងចាក់ចុះក្នុងពុម្ព កាលណាឆ្អិនហើយ នោះត្រូវយកមកបំបែកជាដុំៗ ថ្វាយជាតង្វាយម្សៅ ទុកជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា
22 ឯសង្ឃណាដែលរើសពីក្នុងពួកកូនចៅអើរ៉ុន ហើយចាក់ប្រេងតាំងឡើងជំនួសលោក គឺសង្ឃនោះឯង ដែលត្រូវថ្វាយតង្វាយនោះ នេះជាច្បាប់សម្រាប់អស់កល្បជានិច្ចនៅចំពោះព្រះយេហូវ៉ា ឯតង្វាយនោះ ត្រូវដុតទៅទាំងអស់វិញ
23 គ្រប់ទាំងតង្វាយម្សៅដែលពួកសង្ឃថ្វាយ នោះត្រូវតែដុតទាំងអស់ មិនត្រូវឲ្យបរិភោគឡើយ។
24 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា
25 ចូរប្រាប់អើរ៉ុន និងពួកកូនលោកថា នេះជារបៀបតង្វាយដែលសម្រាប់លោះបាប គឺត្រូវតែសម្លាប់តង្វាយនោះ នៅចំពោះព្រះយេហូវ៉ា ត្រង់កន្លែងដែលសម្លាប់តង្វាយដុតដែរ តង្វាយនោះជាបរិសុទ្ធបំផុត
26 ឯសង្ឃណាដែលជាអ្នកថ្វាយដោយព្រោះបាប នោះត្រូវបរិភោគតង្វាយនោះ នៅត្រង់កន្លែងបរិសុទ្ធ គឺនៅទីលានផងត្រសាលជំនុំ
27 អ្វីៗដែលប៉ះពាល់នឹងសាច់នោះ ក៏ត្រូវបរិសុទ្ធដែរ ហើយបើកាលណាឈាមតង្វាយនោះខ្ទាតទៅលើអាវណា ត្រូវលាងអាវដែលប្រឡាក់នោះ នៅត្រង់កន្លែងបរិសុទ្ធ
28 តែថ្លាងណាដែលប្រើស្ងោរសាច់នោះ ត្រូវតែបំបែកចោល ឬបើជាឆ្នាំងលង្ហិនវិញ នោះត្រូវតែដុសលាងសម្អាតក្នុងទឹកចេញ
29 អស់ទាំងប្រុសៗក្នុងពួកសង្ឃត្រូវបរិភោគតង្វាយនោះ នេះហើយជារបស់បរិសុទ្ធបំផុត
30 តែឯតង្វាយលោះបាប ដែលបានយកឈាមទៅក្នុងត្រសាលជំនុំ ឲ្យបានធួននឹងបាបនៅក្នុងទីបរិសុទ្ធ នោះមិនត្រូវបរិភោគឡើយ គឺត្រូវតែដុតនឹងភ្លើងវិញ។
ជំពូក 7
1 នេះជារបៀបតង្វាយ ដែលថ្វាយដោយព្រោះការរំលង ជារបស់បរិសុទ្ធបំផុត
2 គឺត្រូវសម្លាប់តង្វាយដែលថ្វាយដោយព្រោះការរំលងនោះ នៅត្រង់កន្លែងដែលសម្លាប់តង្វាយដុតដែរ ត្រូវយកឈាមទៅប្រោះនៅជុំវិញលើអាសនៈ
3 ហើយត្រូវថ្វាយខ្លាញ់ទាំងអស់ គឺកន្ទុយ និងខ្លាញ់ដែលរុំអាការៈខាងក្នុង
4 ព្រមទាំងអង្គញ់ទាំង២ និងខ្លាញ់ដែលនៅជាប់នឹងអង្គញ់នោះខាងចង្កេះ ហើយស្រទាប់នៅលើថ្លើម ដែលត្រូវយកចេញជាមួយនឹងអង្គញ់ផង
5 រួចត្រូវឲ្យសង្ឃដុតថ្វាយនៅលើអាសនៈ ទុកជាតង្វាយដុតថ្វាយដល់ព្រះយេហូវ៉ា នេះហើយជាតង្វាយសម្រាប់ថ្វាយ ដោយព្រោះការរំលង
6 អស់ទាំងប្រុសៗក្នុងពួកសង្ឃ ត្រូវបរិភោគតង្វាយនោះ នៅត្រង់កន្លែងបរិសុទ្ធ នេះហើយជារបស់បរិសុទ្ធបំផុត
7 ឯតង្វាយដែលថ្វាយដោយព្រោះការរំលងនេះ ក៏ដូចជាតង្វាយលោះបាបដែរ មានរបៀបតែ១ សម្រាប់តង្វាយទាំង២យ៉ាង ឯសង្ឃណាដែលជាអ្នកថ្វាយឲ្យធួននឹងបាប សង្ឃនោះត្រូវបានតង្វាយនោះឯង។
8 ហើយសង្ឃណាដែលថ្វាយតង្វាយដុតរបស់អ្នកណា សង្ឃនោះឯងត្រូវបានស្បែករបស់សត្វដែលខ្លួនបានដុតថ្វាយ ទុកជារបស់ផងខ្លួន
9 ឯអស់ទាំងតង្វាយម្សៅទាំងប៉ុន្មាន ដែលចំអិននៅក្នុងឡ ចៀននឹងខ្ទះ ឬដុតក្នុងពុម្ព នោះនឹងត្រូវបានចំពោះសង្ឃដែលជាអ្នកថ្វាយ
10 តែគ្រប់ទាំងតង្វាយម្សៅលាយនឹងប្រេងឬទទេ នោះត្រូវបានជារបស់ផងពួកកូនអើរ៉ុនគ្រប់គ្នាវិញ។
11 នេះជារបៀបយញ្ញបូជា ដែលសម្រាប់ជាតង្វាយមេត្រី ថ្វាយព្រះយេហូវ៉ា
12 បើអ្នកណាថ្វាយតង្វាយដោយអរព្រះគុណ នោះត្រូវយកនំឥតដំបែ លាយដោយប្រេង ហើយនំក្រៀបឥតដំបែ លាយដោយប្រេង និងនំចៀន ធ្វើពីម្សៅយ៉ាងម៉ដ្ត លាយដោយប្រេង មកថ្វាយជាមួយនឹងយញ្ញបូជា ដែលថ្វាយដោយអរព្រះគុណនោះ
13 ហើយត្រូវយកនំបុ័ងមានដំបែមក ថែមនឹងនំទាំងនោះសម្រាប់ជាតង្វាយរបស់ខ្លួន ត្រូវថ្វាយទាំងអស់ជាមួយនឹងយញ្ញបូជានៃតង្វាយមេត្រី ដែលថ្វាយទុកជាសេចក្ដីអរព្រះគុណ
14 ត្រូវយកនំ១ ពីរាល់តែតង្វាយយ៉ាងនោះ សម្រាប់ជាតង្វាយលើកចុះឡើង ថ្វាយព្រះយេហូវ៉ា នំនោះត្រូវបានជារបស់ផងសង្ឃណា ដែលប្រោះឈាមតង្វាយមេត្រី
15 ឯសាច់នៃយញ្ញបូជារបស់តង្វាយមេត្រី ដែលសម្រាប់ជាសេចក្ដីអរព្រះគុណ នោះត្រូវបរិភោគក្នុងថ្ងៃដែលបានថ្វាយនោះឯង មិនត្រូវទុកឲ្យដល់ភ្លឺឡើយ
16 តែបើយញ្ញបូជានោះជាតង្វាយលាបំណន់ ឬជាតង្វាយស្ម័គ្រពីចិត្តវិញ នោះត្រូវបរិភោគក្នុងថ្ងៃដែលថ្វាយនោះឯង ហើយដល់ស្អែក ក៏នឹងបរិភោគអ្វីដែលនៅសល់បានដែរ
17 ឯរបស់អ្វីដែលសល់ពីសាច់នៃយញ្ញបូជាក្នុងថ្ងៃទី៣ នោះត្រូវដុតនឹងភ្លើងទៅ
18 បើអ្នកណាបរិភោគសាច់នៃយញ្ញបូជាជាតង្វាយមេត្រីរបស់ខ្លួនក្នុងថ្ងៃទី៣ យញ្ញបូជានោះឈ្មោះថា ព្រះមិនបានទទួលទេ គឺទុកដូចជាមិនបានថ្វាយវិញ តង្វាយនោះនឹងត្រឡប់ទៅជារបស់គួរស្អប់ខ្ពើម ឯអស់អ្នកណាដែលបរិភោគ នោះក៏នឹងត្រូវមានទោសដែរ។
19 ឯសាច់ណាដែលប៉ះពាល់នឹងរបស់អ្វីមិនស្អាត នោះមិនត្រូវបរិភោគឡើយ ត្រូវតែដុតនឹងភ្លើងវិញ តែសាច់ណាដែលស្អាត នោះអ្នកដែលបរិសុទ្ធនឹងបរិភោគបាន
20 បើអ្នកណាដែលជាប់មានសេចក្ដីសៅហ្មងនៅខ្លួន បានបរិភោគសាច់នៃយញ្ញបូជា ជាតង្វាយមេត្រីដែលជារបស់ផងព្រះយេហូវ៉ា នោះនឹងត្រូវកាត់កាល់ចេញពីសាសន៍ខ្លួន
21 ហើយបើអ្នកណាប៉ះពាល់នឹងរបស់មិនស្អាតអ្វីក៏ដោយ ទោះបើជាសេចក្ដីស្មោកគ្រោករបស់មនុស្ស ឬរបស់សត្វដែលមិនស្អាត ឬរបស់ស្មោកគ្រោកណាមួយដែលគួរខ្ពើមឆ្អើម រួចនឹងបរិភោគសាច់នៃយញ្ញបូជាតង្វាយមេត្រីរបស់ផងព្រះយេហូវ៉ា អ្នកនោះនឹងត្រូវកាត់កាល់ចេញពីសាសន៍របស់ខ្លួន។
22 ព្រះយេហូវ៉ាទ្រង់បង្គាប់ដល់ម៉ូសេ
23 ឲ្យហាមដល់ពួកកូនចៅអ៊ីស្រាអែលថា កុំឲ្យឯងរាល់គ្នាបរិភោគខ្លាញ់គោ ខ្លាញ់ចៀម ឬខ្លាញ់ពពែឡើយ
24 ឯខ្លាញ់សត្វណាដែលស្លាប់ឯង ឬត្រូវសត្វព្រៃហែកហួរ នោះនឹងប្រើធ្វើការអ្វីផ្សេងក៏បាន តែមិនត្រូវឲ្យបរិភោគឡើយ
25 ដ្បិតអ្នកណាដែលបរិភោគខ្លាញ់របស់សត្វ ជាសត្វដែលមនុស្សតែងធ្លាប់យកមកថ្វាយ ជាតង្វាយដុតដល់ព្រះយេហូវ៉ា អ្នកនោះនឹងត្រូវកាត់កាល់ចេញពីសាសន៍របស់ខ្លួន
26 ហើយមិនត្រូវបរិភោគឈាមយ៉ាងណានៅក្នុងទីលំនៅរបស់ឯងរាល់គ្នាណាមួយឡើយ ទោះទាំងឈាមរបស់សត្វហើរ ឬឈាមនៃសត្វជើង៤ក្តី
27 អ្នកណាដែលបរិភោគឈាមអ្វីក៏ដោយ អ្នកនោះនឹងត្រូវកាត់កាល់ចេញពីសាសន៍របស់ខ្លួន។
28 ព្រះយេហូវ៉ាទ្រង់បង្គាប់ដល់ម៉ូសេ
29 ឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា អ្នកណាដែលថ្វាយយញ្ញបូជា ជាតង្វាយមេត្រីរបស់ខ្លួន ដល់ព្រះយេហូវ៉ា នោះត្រូវយក១ផ្នែក ពីយញ្ញបូជានោះ មកថ្វាយដល់ព្រះយេហូវ៉ា
30 ដៃអ្នកនោះឯង ត្រូវយកតង្វាយដែលសម្រាប់ដុតថ្វាយព្រះយេហូវ៉ាមក គឺត្រូវយកខ្លាញ់ជាមួយនឹងទ្រូងមក ដើម្បីឲ្យបានគ្រវីទ្រូងនោះទុកជាតង្វាយគ្រវី នៅចំពោះព្រះយេហូវ៉ា
31 រួចត្រូវសង្ឃដុតខ្លាញ់នៅលើអាសនៈ តែឯទ្រូងនោះ ត្រូវជារបស់ផងអើរ៉ុន និងពួកកូនលោក
32 ឯស្មាស្តាំនៃអស់ទាំងយញ្ញបូជា ដែលឯងរាល់គ្នាថ្វាយជាតង្វាយមេត្រី នោះត្រូវប្រគល់ដល់សង្ឃទុកជាតង្វាយលើកចុះឡើង
33 អ្នកណាក្នុងពួកកូនអើរ៉ុនដែលថ្វាយឈាម ហើយនិងខ្លាញ់នៃតង្វាយមេត្រី នោះត្រូវបានស្មាស្តាំជាចំណែកដល់ខ្លួន
34 ដ្បិតអញបានញែកទ្រូងដែលគ្រវី និងស្មាដែលលើកចុះឡើងនោះចេញពីយញ្ញបូជា ដែលពួកកូនចៅអ៊ីស្រាអែលថ្វាយតង្វាយមេត្រី ប្រគល់ឲ្យដល់អើរ៉ុនដ៏ជាសង្ឃ និងពួកកូនលោក ទុកជាចំណែកដល់គេពីពួកកូនចៅអ៊ីស្រាអែលនៅអស់កល្បជានិច្ចហើយ
35 នេះហើយជាចំណែករបស់អើរ៉ុន និងជាចំណែករបស់ពួកកូនលោក ពីអស់ទាំងតង្វាយដែលដុតថ្វាយព្រះយេហូវ៉ា ចាប់តាំងពីថ្ងៃដែលបានតាំងគេឲ្យធ្វើការងារជាសង្ឃថ្វាយព្រះយេហូវ៉ាតទៅ
36 គឺជាចំណែកដែលព្រះយេហូវ៉ាបានបង្គាប់ឲ្យពួកកូនចៅអ៊ីស្រាអែលប្រគល់ដល់គេ នៅថ្ងៃដែលបានចាក់លាបប្រេងតាំងឡើង នេះហើយជាចំណែករបស់គេនៅអស់កល្បជានិច្ច ដល់អស់ទាំងតំណរបស់គេតរៀងទៅ។
37 ច្បាប់ទាំងនេះហើយជារបៀបនៃតង្វាយដុត តង្វាយម្សៅ តង្វាយលោះបាប និងតង្វាយដែលថ្វាយ ដោយព្រោះការប្រព្រឹត្តរំលង តង្វាយតាំងជាសង្ឃ ហើយនិងយញ្ញបូជាជាតង្វាយមេត្រី
38 ដែលព្រះយេហូវ៉ាទ្រង់បានបង្គាប់ដល់ម៉ូសេនៅលើភ្នំស៊ីណាយ នៅថ្ងៃដែលទ្រង់បានបង្គាប់ដល់ពួកកូនចៅអ៊ីស្រាអែល នៅទីរហោស្ថានស៊ីណាយ ឲ្យបានថ្វាយតង្វាយគេដល់ព្រះយេហូវ៉ា។
ជំពូក 8
1 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា
2 ចូរនាំយកអើរ៉ុន និងពួកកូនលោក ព្រមទាំងសម្លៀកបំពាក់ ប្រេងចាក់តាំង គោឈ្មោលស្ទាវ១ សម្រាប់ជាតង្វាយលោះបាប ចៀមឈ្មោល២ និងកញ្ច្រែងនំបុ័ងឥតដំបែមកជាមួយផង
3 ហើយប្រជុំពួកជំនុំទាំងអស់គ្នាមកនៅមាត់ទ្វារត្រសាលជំនុំ
4 ម៉ូសេក៏ធ្វើតាមដែលព្រះយេហូវ៉ាបង្គាប់មក ឯពួកជំនុំគេមូលគ្នានៅមាត់ទ្វារត្រសាលជំនុំ
5 នោះម៉ូសេក៏ប្រាប់ដល់ពួកជំនុំថា នេះជាសេចក្ដីដែលព្រះយេហូវ៉ាទ្រង់បង្គាប់ឲ្យធ្វើ។
6 ម៉ូសេក៏នាំអើរ៉ុន និងពួកកូនលោក មកផ្ងូតទឹកឲ្យ
7 រួចបំពាក់អាវខ្លីឲ្យអើរ៉ុន ព្រមទាំងក្រវាត់ខ្សែក្រវាត់ ហើយបំពាក់អាវវែងពីលើ ក៏បំពាក់អេផូឌ ហើយចងភ្ជាប់ដោយខ្សែដែលជាប់នឹងអេផូឌនោះផង
8 រួចបំពាក់ប្រដាប់បាំងទ្រូង ហើយដាក់យូរីម និងធូមីម ជាប់នៅប្រដាប់បាំងទ្រូងដែរ
9 ក៏បំពាក់មួកនៅលើក្បាល ហើយភ្ជាប់ស្លាកមាស គឺជាក្បាំងបរិសុទ្ធឲ្យជាប់នឹងមួកពីខាងមុខ ដូចជាព្រះយេហូវ៉ាបានបង្គាប់មក។
10 រួចម៉ូសេយកប្រេងទៅចាក់លាបរោងឧបោសថ និងគ្រប់របស់ទាំងអស់ដែលនៅក្នុងរោងនោះ ញែកចេញជាបរិសុទ្ធ
11 ហើយក៏យកទៅប្រោះលើអាសនៈ៧ដង លោកចាក់លាបអាសនៈ និងប្រដាប់អាសនៈទាំងប៉ុន្មាន ព្រមទាំងចានក្លាំ និងជើងនៃចាននោះផង ដើម្បីនឹងញែកចេញជាបរិសុទ្ធ
12 ក៏ចាក់ប្រេងខ្លះលើក្បាលអើរ៉ុន ទាំងលាបឲ្យបានបរិសុទ្ធ
13 រួចលោកនាំយកពួកកូនអើរ៉ុនមកបំពាក់អាវខ្លី ហើយក្រវាត់ខ្សែក្រវាត់ ព្រមទាំងជួតឈ្នួតផង ដូចជាព្រះយេហូវ៉ាបានបង្គាប់មក។
14 បន្ទាប់មក លោកនាំយកគោឈ្មោលស្ទាវ ដែលសម្រាប់តង្វាយលោះបាបមក ហើយអើរ៉ុន និងពួកកូនទាំងប៉ុន្មាន ក៏ដាក់ដៃលើក្បាលគោ ដែលជាតង្វាយនោះ រួចសម្លាប់ទៅ
15 នោះម៉ូសេក៏សម្អាតអាសនៈ លោកយកឈាម ដោយម្រាមដៃ ទៅប្រឡាក់លើស្នែងអាសនៈជុំវិញ រួចចាក់ឈាមនៅត្រង់ជើងអាសនៈ ទាំងញែកជាបរិសុទ្ធ ដើម្បីឲ្យបានធួននឹងអាសនៈនោះ
16 លោកយកខ្លាញ់ទាំងអស់ដែលរុំអាការៈខាងក្នុង ស្រទាប់ថ្លើម ហើយអង្គញ់ទាំង២ និងខ្លាញ់នៃអង្គញ់នោះ ទៅដុតទាំងអស់នៅលើអាសនៈ
17 តែតួគោនោះ និងស្បែក សាច់ ហើយនិងលាមក លោកដុតនឹងភ្លើង នៅខាងក្រៅទីដំឡើងត្រសាលវិញ ដូចជាព្រះយេហូវ៉ាបានបង្គាប់មក។
18 លោកក៏នាំយកចៀមឈ្មោលដែលសម្រាប់ជាតង្វាយដុតមក ហើយអើរ៉ុន និងពួកកូនទាំងប៉ុន្មានក៏ដាក់ដៃលើក្បាលចៀមនោះ រួចសម្លាប់ទៅ
19 នោះម៉ូសេក៏យកឈាមទៅប្រោះនៅជុំវិញលើអាសនៈ
20 រួចកាប់ចៀមនោះជាដុំៗ ក៏ដុតក្បាល និងដុំទាំងប៉ុន្មាន ព្រមទាំងខ្លាញ់ផង
21 លោកយកទឹកមកលាងអាការៈខាងក្នុង និងជើងទាំងប៉ុន្មាន ហើយដុតចៀមនោះទាំងអស់នៅលើអាសនៈ នេះហើយជាតង្វាយដុតសម្រាប់ជាក្លិនឈ្ងុយ គឺជាតង្វាយដុតថ្វាយព្រះយេហូវ៉ា ដូចជាព្រះយេហូវ៉ាបានបង្គាប់មក។
22 លោកក៏នាំយកចៀមទី២ដែលសម្រាប់ពិធីតាំងជាសង្ឃមក ហើយអើរ៉ុន និងពួកកូនទាំងប៉ុន្មានក៏ដាក់ដៃលើក្បាលចៀមនោះ រួចសម្លាប់ទៅ
23 នោះម៉ូសេយកឈាមទៅលាបនៅទងត្រចៀកស្តាំ មេដៃស្តាំ និងមេជើងស្តាំរបស់អើរ៉ុន
24 ក៏នាំពួកកូនអើរ៉ុនមក លាបឈាមនៅទងត្រចៀកស្តាំ មេដៃស្តាំ និងមេជើងស្តាំដែរ ហើយប្រោះឈាមនៅជុំវិញលើអាសនៈ
25 រួចលោកយកខ្លាញ់កន្ទុយ និងខ្លាញ់ទាំងអស់ដែលរុំអាការៈខាងក្នុង និងស្រទាប់ថ្លើម អង្គញ់ទាំង២ និងខ្លាញ់របស់អង្គញ់នោះ ហើយនិងស្មាខាងស្តាំមក
26 រួចយកនំឥតដំបែ១ នំបុ័ងលាបដោយប្រេង១ និងនំក្រៀប១ ចេញពីកញ្ច្រែងនំបុ័ងឥតដំបែដែលនៅចំពោះព្រះយេហូវ៉ា ទៅដាក់លើខ្លាញ់ ហើយនិងស្មាស្តាំនោះ
27 លោកដាក់ទាំងអស់នៅបាតដៃអើរ៉ុន ហើយនៅបាតដៃរបស់ពួកកូន ឲ្យគ្រវីរបស់ទាំងនោះ ទុកជាតង្វាយគ្រវីនៅចំពោះព្រះយេហូវ៉ា
28 បន្ទាប់មក លោកយកពីដៃអ្នកទាំងនោះទៅដុតលើតង្វាយដែលនៅលើអាសនៈ នេះហើយជាតង្វាយសម្រាប់ពិធីតាំងជាសង្ឃទុកជាក្លិនឈ្ងុយ គឺជាតង្វាយដុតថ្វាយដល់ព្រះយេហូវ៉ា
29 ម៉ូសេក៏យកទ្រូងទៅគ្រវីទុកជាតង្វាយគ្រវីនៅចំពោះព្រះយេហូវ៉ា នេះហើយជាចំណែករបស់ម៉ូសេក្នុងចៀមឈ្មោលដែលសម្រាប់ពិធីតាំងជាសង្ឃ ដូចជាព្រះយេហូវ៉ាបានបង្គាប់មក
30 រួចម៉ូសេក៏យកប្រេងលាប និងឈាមខ្លះដែលនៅលើអាសនៈទៅប្រោះលើអើរ៉ុន លើសម្លៀកបំពាក់របស់លោក ព្រមទាំងលើពួកកូនលោក និងសម្លៀកបំពាក់របស់ពួកកូននោះផង ហើយញែកអើរ៉ុន និងសម្លៀកបំពាក់លោក ព្រមទាំងពួកកូនលោក និងសម្លៀកបំពាក់របស់គេចេញជាបរិសុទ្ធទាំងអស់។
31 ម៉ូសេក៏បង្គាប់អើរ៉ុន និងពួកកូនលោកថា ចូរស្ងោរសាច់នៅត្រង់មាត់ទ្វារត្រសាលជំនុំ រួចបរិភោគនៅទីនោះចុះ ព្រមទាំងនំបុ័ងដែលនៅក្នុងកញ្ច្រែងនៃពិធីតាំងជាសង្ឃផង ដូចជាខ្ញុំបានទទួលបង្គាប់ហើយថា ត្រូវឲ្យអើរ៉ុន និងពួកកូនលោកបរិភោគរបស់ទាំងនោះ
32 ឯសាច់ និងនំបុ័ងដែលសល់នៅ នោះត្រូវដុតនឹងភ្លើងទៅ
33 ហើយមិនត្រូវឲ្យអ្នករាល់គ្នាចេញពីត្រសាលជំនុំនៅអស់៧ថ្ងៃ ដរាបដល់អស់ទាំងថ្ងៃ ដែលតាំងអ្នករាល់គ្នាឡើងជាសង្ឃបានសម្រេច ដ្បិតត្រូវធ្វើពិធីតាំងអ្នករាល់គ្នាជាសង្ឃឲ្យគ្រប់៧ថ្ងៃ
34 ព្រះយេហូវ៉ាទ្រង់បានបង្គាប់ឲ្យធ្វើ ដូចជាបានធ្វើហើយនៅថ្ងៃនេះ ដើម្បីឲ្យធួននឹងអ្នករាល់គ្នា
35 ត្រូវឲ្យអ្នករាល់គ្នានៅត្រង់មាត់ទ្វារត្រសាលជំនុំគ្រប់៧យប់៧ថ្ងៃ ទាំងរក្សាបញ្ញើរបស់ព្រះយេហូវ៉ា ដើម្បីកុំឲ្យត្រូវស្លាប់ឡើយ ដ្បិតខ្ញុំបានទទួលបង្គាប់មកយ៉ាងដូច្នេះហើយ
36 នោះអើរ៉ុន និងពួកកូនលោកក៏ធ្វើសម្រេចគ្រប់ការទាំងអស់ តាមដែលព្រះយេហូវ៉ាបានបង្គាប់មកដោយសារម៉ូសេ។.
ជំពូក 9
1 លុះដល់ថ្ងៃទី៨ ម៉ូសេក៏ហៅអើរ៉ុន និងពួកកូនលោកមក ព្រមទាំងពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែលផង
2 រួចបង្គាប់ដល់អើរ៉ុនថា ចូរយកកូនគោ១ពីហ្វូងសត្វ សម្រាប់ជាតង្វាយលោះបាប និងចៀមឈ្មោល១ឥតខ្ចោះសម្រាប់ជាតង្វាយដុត មកថ្វាយនៅចំពោះព្រះយេហូវ៉ា
3 ហើយត្រូវប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែល ឲ្យគេយកពពែឈ្មោល១សម្រាប់ជាតង្វាយលោះបាប និងកូនគោ១ ហើយកូនចៀម១ ដែលទាំង២មានអាយុ១ខួបៗ ហើយឥតខ្ចោះសម្រាប់ជាតង្វាយដុត
4 ព្រមទាំងគោឈ្មោល១ និងចៀមឈ្មោល១ សម្រាប់ជាតង្វាយមេត្រី ដើម្បីនឹងថ្វាយជាយញ្ញបូជានៅចំពោះព្រះយេហូវ៉ា ហើយនិងតង្វាយម្សៅលាយដោយប្រេងផង ដ្បិតនៅថ្ងៃនេះ ព្រះយេហូវ៉ានឹងលេចមកឯអ្នករាល់គ្នា
5 គេក៏នាំយកតង្វាយដែលម៉ូសេបានបង្គាប់ទាំងប៉ុន្មាននោះ មកនៅមុខត្រសាលជំនុំ រួចពួកជំនុំទាំងអស់គ្នាក៏ចូលមកជិត ឈរនៅចំពោះព្រះយេហូវ៉ា
6 នោះម៉ូសេប្រកាសថា នេះហើយជាសេចក្ដីដែលព្រះយេហូវ៉ាបានបង្គាប់មកឲ្យអ្នករាល់គ្នាធ្វើតាម យ៉ាងនោះសិរីល្អនៃព្រះយេហូវ៉ានឹងលេចមកឲ្យអ្នករាល់គ្នាឃើញ។
7 ម៉ូសេបង្គាប់ដល់អើរ៉ុនថា ចូរទៅឯអាសនៈ ហើយថ្វាយតង្វាយលោះបាប និងតង្វាយដុតរបស់បង សម្រាប់ឲ្យធួននឹងខ្លួន ហើយនិងពួកជនផង រួចថ្វាយតង្វាយរបស់ពួកជនឲ្យធួននឹងគេ ដូចជាព្រះយេហូវ៉ាបានបង្គាប់មក
8 អើរ៉ុនក៏ចូលទៅឯអាសនៈ សម្លាប់កូនគោទុកជាតង្វាយលោះបាបដែលសម្រាប់ខ្លួន
9 ហើយពួកកូនលោកក៏យកឈាមមកជូន នោះលោកជ្រលក់ម្រាមដៃទៅក្នុងឈាម យកទៅប្រឡាក់នៅស្នែងអាសនៈ រួចចាក់ឈាមទាំងប៉ុន្មាននៅត្រង់ជើងអាសនៈ
10 ឯខ្លាញ់ និងអង្គញ់ទាំង២ ហើយនិងស្រទាប់ដែលយកពីថ្លើមរបស់សត្វ ដែលសម្រាប់ជាតង្វាយលោះបាបនោះ លោកក៏ដុតនៅលើអាសនៈ ដូចជាព្រះយេហូវ៉ាបានបង្គាប់មកម៉ូសេ
11 តែឯសាច់ និងស្បែក នោះបានដុតនឹងភ្លើង នៅខាងក្រៅទីដំឡើងត្រសាលវិញ
12 លោកក៏សម្លាប់តង្វាយដុត ហើយពួកកូនលោកក៏យកឈាមមកជូន រួចលោកប្រោះឈាមនោះនៅជុំវិញលើអាសនៈ
13 ពួកកូនក៏យកតង្វាយដុតមកជូនលោកទាំងដុំៗ ព្រមទាំងក្បាលផង ហើយលោកដុតទាំងអស់នៅលើអាសនៈ
14 ឯអាការៈខាងក្នុង និងជើងទាំងប៉ុន្មាន នោះលោកលាងនឹងទឹក រួចដុតនៅលើតង្វាយដែលនៅលើអាសនៈផង។
15 បន្ទាប់មក លោកថ្វាយតង្វាយរបស់ពួកជន លោកយកពពែជាតង្វាយលោះបាប ដែលសម្រាប់ពួកជនមកសម្លាប់ថ្វាយដោយព្រោះបាប ដូចជារបៀបនៃសត្វមុនដែរ
16 រួចក៏យកតង្វាយដុតមកថ្វាយតាមរបៀប
17 ហើយលោកក៏ថ្វាយតង្វាយម្សៅដែរ លោកយក១ក្តាប់ទៅដុតលើអាសនៈ ជាក្តាប់ផ្សេងពីតង្វាយដុតពេលព្រឹក
18 រួចមកលោកសម្លាប់គោឈ្មោល និងចៀមឈ្មោលទុកជាយញ្ញបូជានៃតង្វាយមេត្រី ដែលសម្រាប់ពួកជន ឯពួកកូនលោកក៏យកឈាមមកជូន នោះលោកប្រោះនៅជុំវិញលើអាសនៈ
19 ពួកកូនក៏ជូនខ្លាញ់គោឈ្មោល និងចៀមឈ្មោល កន្ទុយ និងខ្លាញ់ដែលជាប់អាការៈខាងក្នុង ព្រមទាំងអង្គញ់ទាំង២ និងស្រទាប់ថ្លើមផង
20 គេដាក់ខ្លាញ់ពីលើទ្រូង រួចអើរ៉ុនក៏ដុតខ្លាញ់ទាំងនោះ នៅលើអាសនៈ
21 ហើយគ្រវីទ្រូង និងស្មាខាងស្តាំ ទុកជាតង្វាយគ្រវី នៅចំពោះព្រះយេហូវ៉ា ដូចជាម៉ូសេបានបង្គាប់មក។
22 នោះអើរ៉ុនក៏លើកដៃឲ្យពរដល់ពួកបណ្តាជន រួចចុះមកពីការថ្វាយតង្វាយលោះបាប តង្វាយដុត និងតង្វាយមេត្រី
23 ម៉ូសេ និងអើរ៉ុនក៏នាំគ្នាចូលទៅក្នុងត្រសាលជំនុំ រួចចេញមកវិញឲ្យពរដល់បណ្តាជន នោះសិរីល្អនៃព្រះយេហូវ៉ាក៏លេចមកឲ្យគេឃើញទាំងអស់គ្នា
24 ក៏មានភ្លើងចេញពីចំពោះព្រះយេហូវ៉ា មកបញ្ឆេះតង្វាយដុត និងខ្លាញ់នៅលើអាសនៈ កាលបណ្តាជនឃើញដូច្នោះ នោះគេស្រែកឡើងដោយអំណរ រួចក្រាបផ្កាប់មុខចុះ។
ជំពូក 10
1 ឯណាដាប និងអ័ប៊ីហ៊ូវ ជាកូនអើរ៉ុនទាំង២នាក់ ក៏យកជើងពានរៀងខ្លួនទៅដាក់ភ្លើង ហើយរោយគ្រឿងក្រអូបពីលើ គឺបានយកភ្លើងដទៃទៅថ្វាយនៅចំពោះព្រះយេហូវ៉ា ដែលទ្រង់ឥតបានបង្គាប់ឡើយ
2 នោះស្រាប់តែមានភ្លើងចេញពីចំពោះព្រះយេហូវ៉ាមក បញ្ឆេះអ្នកទាំង២នោះ ឲ្យស្លាប់នៅចំពោះព្រះយេហូវ៉ាទៅ
3 ម៉ូសេក៏និយាយនឹងអើរ៉ុនថា នេះហើយជាសេចក្ដីដែលព្រះយេហូវ៉ាមានព្រះបន្ទូលមកថា ត្រូវឲ្យអស់អ្នកដែលចូលមកជិតអញ បានលើកអញជាបរិសុទ្ធ ហើយត្រូវឲ្យអញបានសិរីល្អនៅចំពោះមុខជនទាំងឡាយដែរ ដូច្នេះ អើរ៉ុនក៏នៅស្ងៀម
4 នោះម៉ូសេលោកហៅមីសាអែល និងអែលសាផាន ជាកូនអ៊ូស៊ាល ដែលត្រូវជាមាអើរ៉ុន មកបង្គាប់ថា ចូរមកសែងយកខ្មោចបងប្អូនឯង ចេញពីមុខទីបរិសុទ្ធទៅខាងក្រៅទីដំឡើងត្រសាលទៅ
5 គេក៏ចូលទៅចាប់អាវខ្មោចទាំងនោះ សែងចេញទៅក្រៅទីដំឡើងត្រសាលតាមបង្គាប់ម៉ូសេ
6 រួចម៉ូសេប្រាប់ដល់អើរ៉ុន ហើយអេលាសារ និងអ៊ីថាម៉ារជាកូនលោកថា កុំឲ្យអ្នករាល់គ្នាបើកក្បាលឲ្យនៅទទេឡើយ ក៏កុំហែកសម្លៀកបំពាក់ខ្លួនដែរ ក្រែងលោស្លាប់ ហើយនាំឲ្យព្រះយេហូវ៉ាទ្រង់ខ្ញាល់នឹងពួកជំនុំទាំងអស់គ្នាផង តែត្រូវឲ្យបងប្អូនអ្នករាល់គ្នា គឺជាពួកវង្សអ៊ីស្រាអែលទាំងអស់កាន់ទុក្ខ ដោយព្រោះភ្លើងដែលព្រះយេហូវ៉ាបានបញ្ឆេះគេវិញ
7 មិនត្រូវឲ្យអ្នករាល់គ្នាចេញពីត្រសាលជំនុំឡើយ ក្រែងនឹងត្រូវស្លាប់ ដ្បិតប្រេងចាក់លាបរបស់ព្រះយេហូវ៉ានៅជាប់លើអ្នករាល់គ្នាហើយ គេក៏ធ្វើតាមបង្គាប់របស់ម៉ូសេ។
8 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងអើរ៉ុនថា
9 កាលណាចូលទៅក្នុងត្រសាលជំនុំ នោះកុំឲ្យឯង ឬពួកកូនឯងផឹកស្រាទំពាំងបាយជូរ ឬគ្រឿងស្រវឹងណាឡើយ ក្រែងលោស្លាប់ នេះហើយជាច្បាប់នៅអស់កល្បជានិច្ច ដល់អស់ទាំងពូជតំណឯងតទៅ
10 គឺដើម្បីឲ្យឯងរាល់គ្នាចេះញែករបស់បរិសុទ្ធចេញពីរបស់ធម្មតា និងរបស់ស្មោកគ្រោកចេញពីរបស់ដែលស្អាត
11 ហើយឲ្យបានបង្រៀនបញ្ញត្តច្បាប់ទាំងប៉ុន្មាន ដល់ពួកកូនចៅអ៊ីស្រាអែល ជាបញ្ញត្តដែលព្រះយេហូវ៉ាទ្រង់បានមានព្រះបន្ទូលប្រាប់គេដោយសារម៉ូសេ។
12 រួចម៉ូសេបង្គាប់ដល់អើរ៉ុន ហើយអេលាសារ និងអ៊ីថាម៉ារ គឺជាកូនអើរ៉ុនដែលនៅសល់ថា ចូរយកតង្វាយម្សៅដែលសល់ពីតង្វាយព្រះយេហូវ៉ា ទៅបរិភោគដោយឥតដំបែនៅខាងអាសនៈទៅ ដ្បិតតង្វាយនោះជារបស់បរិសុទ្ធបំផុត
13 ត្រូវឲ្យអ្នករាល់គ្នាបរិភោគតង្វាយនោះនៅទីកន្លែងបរិសុទ្ធ ដ្បិតនេះជាចំណែករបស់បង និងពួកកូនរបស់បង ពីតង្វាយទាំងប៉ុន្មានដែលដុតថ្វាយព្រះយេហូវ៉ា ពីព្រោះខ្ញុំបានទទួលបង្គាប់មកយ៉ាងដូច្នេះហើយ
14 ឯទ្រូងដែលគ្រវី និងស្មាដែលថ្វាយដោយលើកចុះឡើង នោះត្រូវបរិភោគនៅទីកន្លែងដ៏ស្អាត គឺទាំងបង ហើយនិងពួកកូនប្រុសស្រីរបស់បងផង ដ្បិតរបស់ទាំងនោះបានប្រទានមកទុកជាចំណែករបស់បងហើយ និងជាចំណែកនៃពួកកូនរបស់បង ពីយញ្ញបូជានៃតង្វាយមេត្រីទាំងប៉ុន្មានរបស់ពួកកូនចៅអ៊ីស្រាអែលផង
15 គេត្រូវយកស្មាដែលថ្វាយដោយលើកចុះឡើង និងទ្រូងដែលគ្រវី មកជាមួយនឹងខ្លាញ់ទាំងប៉ុន្មានដែលសម្រាប់ដុតថ្វាយ ដើម្បីនឹងគ្រវី ទុកជាតង្វាយគ្រវី នៅចំពោះព្រះយេហូវ៉ា តង្វាយនោះនឹងត្រូវបានជារបស់ផងបង ហើយនិងពួកកូនរបស់បងផង តាមបញ្ញត្តច្បាប់នៅអស់កល្បជានិច្ចដូចជាព្រះយេហូវ៉ាបានបង្គាប់មក។
16 ម៉ូសេក៏ខំរកពពែដែលសម្រាប់ជាតង្វាយលោះបាបនោះ តែឃើញថា គេបានដុតទៅហើយ នោះលោកក៏ខឹងនឹងអេលាសារ ហើយនិងអ៊ីថាម៉ារ ជាកូនអើរ៉ុនដែលនៅសល់ ហើយសួរថា
17 ដែលឃើញថា តង្វាយលោះបាបនេះ ជារបស់បរិសុទ្ធបំផុត ហើយថា ទ្រង់បានប្រទានមកឯងរាល់គ្នាផង ចុះម្តេចក៏ឯងមិនបានយកទៅបរិភោគក្នុងទីបរិសុទ្ធវិញ ដើម្បីនឹងទទួលសេចក្ដីទុច្ចរិតរបស់ពួកជំនុំ ប្រយោជន៍ឲ្យបានធួននឹងគេនៅចំពោះព្រះយេហូវ៉ា
18 មើល ឥឡូវមិនបានយកឈាមតង្វាយនោះទៅក្នុងទីបរិសុទ្ធសោះ គួរតែឯងបានបរិភោគតង្វាយនោះនៅក្នុងទីបរិសុទ្ធ ឥតខានវិញ ដូចជាអញបានបង្គាប់ហើយ។
19 នោះអើរ៉ុនឆ្លើយនឹងម៉ូសេថា មើល ថ្ងៃនេះគេបានថ្វាយតង្វាយលោះបាប និងតង្វាយដុតរបស់គេ នៅចំពោះព្រះយេហូវ៉ា ហើយក៏កើតមានហេតុយ៉ាងនេះដល់ខ្ញុំ បើសិនជាខ្ញុំបានទទួលទានតង្វាយលោះបាបនៅថ្ងៃនេះ នោះតើជាទីគាប់ដល់ព្រះនេត្រព្រះយេហូវ៉ាឬ
20 កាលម៉ូសេបានឮពាក្យដូច្នោះហើយ នោះទើបលោកបានពេញចិត្តវិញ។
ជំពូក 11
1 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេ ហើយនិងអើរ៉ុនថា
2 ចូរប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា ក្នុងបណ្តាសត្វទាំងប៉ុន្មានដែលនៅលើផែនដី នោះឯងរាល់គ្នាត្រូវបរិភោគសត្វយ៉ាងនេះបាន
3 គឺសត្វណាដែលមានក្រចកឆែកជា២ ហើយដែលទំពាអៀងផង នោះត្រូវបរិភោគបាន
4 ប៉ុន្តែ ក្នុងបណ្តាពួកសត្វដែលទំពាអៀង និងពួកសត្វដែលមានក្រចកឆែក នោះមិនត្រូវឲ្យឯងរាល់គ្នាបរិភោគសត្វទាំងនេះឡើយ គឺសត្វអូដ្ឋ១ ដ្បិតវាទំពាអៀង តែគ្មានក្រចកឆែកទេ ជាសត្វដែលរាប់ជាមិនស្អាតដល់ឯងរាល់គ្នា
5 ទន្សាយថ្ម១ ដ្បិតវាទំពាអៀង តែគ្មានក្រចកឆែកទេ ជាសត្វដែលរាប់ជាមិនស្អាតដល់ឯងរាល់គ្នា
6 ទន្សាយគល់១ ដ្បិតវាទំពាអៀង តែគ្មានក្រចកឆែកទេ ជាសត្វដែលរាប់ជាមិនស្អាតដល់ឯងរាល់គ្នា
7 ហើយជ្រូក១ ដ្បិតវាក៏មានក្រចកឆែកជា២ តែមិនទំពាអៀងទេ ជាសត្វដែលរាប់ជាមិនស្អាតដល់ឯងរាល់គ្នាដែរ
8 មិនត្រូវឲ្យបរិភោគសាច់នៃសត្វទាំងនោះឡើយ ក៏មិនត្រូវទាំងពាល់ខ្មោចវាផង ដ្បិតជាសត្វដែលរាប់ជាមិនស្អាតដល់ឯងរាល់គ្នាហើយ។
9 ឯបណ្តាត្រីទាំងប៉ុន្មាននៅក្នុងទឹក ដែលឯងរាល់គ្នាបរិភោគបាន នោះគឺអស់ទាំងត្រីណាមានព្រុយ ហើយនិងស្រកាដែលអាស្រ័យនៅក្នុងទឹក ទោះក្នុងសមុទ្រ ឬក្នុងទន្លេក្តី ត្រីទាំងនោះត្រូវបរិភោគបាន
10 តែក្នុងបណ្តាត្រីដែលកម្រើកក្នុងទឹក និងអស់ទាំងសត្វដែលអាស្រ័យនៅក្នុងទឹក នោះសត្វណាដែលឥតមានព្រុយ និងស្រកា សត្វនោះត្រូវរាប់ជារបស់គួរខ្ពើមដល់ឯងរាល់គ្នាវិញ
11 ត្រូវឲ្យខ្ពើមឆ្អើមចំពោះសត្វទាំងនោះ ហើយមិនត្រូវបរិភោគសាច់វាឡើយ ក៏ត្រូវរាប់ខ្មោចវាទុកជារបស់គួរខ្ពើមដែរ
12 សត្វណានៅក្នុងទឹកដែលគ្មានព្រុយ ហើយនិងស្រកា នោះជាសត្វគួរខ្ពើមឆ្អើមដល់ឯងរាល់គ្នាហើយ។
13 ឯក្នុងបណ្តាសត្វហើរទាំងប៉ុន្មានក៏ដែរ ត្រូវឲ្យឯងរាល់គ្នារាប់សត្វទាំងនេះ ជាសត្វគួរខ្ពើមឆ្អើម មិនត្រូវបរិភោគឡើយ ដ្បិតជាសត្វគួរខ្ពើមហើយ គឺខ្លែង១ ស្ទាំង១ ប្រមង់១
14 ត្មាត១ ហើយរអាតតាមពូជវា
15 គ្រប់ទាំងក្អែកតាមពូជវា
16 អូសទ្រីច១ ខ្លែងស្រាក១ រំពេ១ ហើយនិងអកតាមពូជវា
17 មៀម១ ស្មោញ១ គូក១
18 ទីទុយ១ ទុង១ ក្រៀល១
19 កុក១ ក្រសារតាមពូជវា១ កំប៉ោយ១ ហើយជ្រឹង១។
20 អស់ទាំងសត្វស្លាបមានជើង ដែលវារតោងបាន នោះត្រូវរាប់ជាទីខ្ពើមឆ្អើមដល់ឯងរាល់គ្នា
21 ប៉ុន្តែ ក្នុងពួកសត្វមានស្លាបដែលវារតោង ឬដើរដោយជើង នោះឯងរាល់គ្នាត្រូវបរិភោគបានតែសត្វណា ដែលមានជើងសម្រាប់ផ្ទាត់នៅដី
22 ក្នុងពូជនោះត្រូវបរិភោគសត្វទាំងនេះបាន គឺកណ្តូបតាមពូជវា កន្ទ្រលតាមពូជវា ចង្រិតដែកតាមពូជវា និងចង្រិតដូងតាមពូជវា
23 តែអស់ទាំងសត្វស្លាបមានជើង៤ដែលវាតោងបាន នោះឯងរាល់គ្នាត្រូវខ្ពើមឆ្អើមវិញ
24 ដ្បិតសត្វទាំងនោះនឹងនាំឲ្យឯងរាល់គ្នាត្រឡប់ទៅជាមិនស្អាតបាន អ្នកណាដែលប៉ះពាល់នឹងខ្មោចវា នោះទៅជាមិនស្អាតរហូតដល់ល្ងាច
25 ហើយអ្នកណាដែលចាប់កាន់ខ្មោចវា យកទៅឯណា អ្នកនោះត្រូវបោកសម្លៀកបំពាក់ខ្លួនចេញ ហើយនៅជាមិនស្អាតរហូតដល់ល្ងាច
26 គ្រប់ទាំងសត្វណាដែលមានក្រចក តែមិនឆែកជា២ ក៏មិនទំពាអៀងផង នោះត្រូវរាប់ជាមិនស្អាតដល់ឯងរាល់គ្នា អស់អ្នកណាដែលប៉ះពាល់នឹងវា នោះក៏មិនស្អាតដែរ
27 ហើយសត្វណាដែលមានបាតជើងទន់ ក្នុងពួកសត្វដែលដើរជើង៤ នោះត្រូវរាប់ទាំងអស់ជាមិនស្អាតដល់ឯងរាល់គ្នា អ្នកណាដែលប៉ះពាល់ខ្មោចវា នោះទៅជាមិនស្អាតរហូតដល់ល្ងាច
28 អ្នកណាដែលចាប់កាន់ខ្មោចវាយកទៅឯណា នោះត្រូវបោកសម្លៀកបំពាក់ខ្លួនចេញ ហើយនៅជាមិនស្អាតរហូតដល់ល្ងាច ដ្បិតសត្វទាំងនោះត្រូវរាប់ជាមិនស្អាតដល់ឯងរាល់គ្នា។
29 ឯក្នុងបណ្តាពួកសត្វទាំងប៉ុន្មានដែលលូនវារនៅដី សត្វទាំងនេះក៏ត្រូវរាប់ជាមិនស្អាត ដល់ឯងរាល់គ្នាដែរ គឺស្កា១ កណ្តុរ១ ថ្លែន១ តាមពូជវា
30 តុកកែ១ ទន្សង១ ជីងចក់១ បង្កួយ១ ជាស១
31 ក្នុងបណ្តាសត្វលូនវារទាំងប៉ុន្មាន ត្រូវរាប់សត្វទាំងនោះជាសត្វមិនស្អាតដល់ឯងរាល់គ្នា កាលណាវាស្លាប់ហើយ បើអ្នកណាបានប៉ះពាល់ នោះត្រូវនៅជាមិនស្អាតរហូតដល់ល្ងាច
32 បើសត្វណាមួយនោះស្លាប់ហើយ ធ្លាក់ទៅប៉ះលើរបស់អ្វី របស់នោះក៏ទៅជាមិនស្អាតហើយ ទោះបើជាប្រដាប់ដែលធ្វើពីឈើឬសម្លៀកបំពាក់ ឬស្បែក ឬការុងក្តី គឺប្រដាប់ណាក៏ដោយដែលសម្រាប់ប្រើ នោះត្រូវតែត្រាំចុះក្នុងទឹក ប្រដាប់នោះត្រូវរាប់ជាមិនស្អាតរហូតដល់ល្ងាច រួចទើបបានស្អាតវិញ
33 ឯគ្រប់ទាំងប្រដាប់ធ្វើពីដីដែលសត្វណាមួយនោះធ្លាក់ចូលទៅក្នុង នោះរបស់អ្វីដែលនៅក្នុងប្រដាប់នោះក៏ទៅជាមិនស្អាតហើយ ត្រូវបំបែកប្រដាប់នោះចោលចេញ
34 ឯអាហារណាសម្រាប់បរិភោគដែលមានទឹកចាក់មកលើ នោះទៅជាមិនស្អាតហើយ ឬទឹកណាសម្រាប់ផឹកដែលនៅក្នុងប្រដាប់ណាមួយ នោះក៏ទៅជាមិនស្អាតដែរ
35 ហើយរបស់អ្វីក៏ដោយ ដែលកម្ទេចខ្មោចនៃសត្វទាំងនោះ ធ្លាក់មកលើ នោះក៏ទៅជាមិនស្អាត ទោះបើជាគុកភ្លើង ឬជើងក្រាន នោះត្រូវបំបែកចោលចេញ ព្រោះបានទៅជាមិនស្អាតហើយ ក៏ត្រូវរាប់ជាមិនស្អាតដល់ឯងរាល់គ្នាផង
36 បើជារន្ធទឹក ឬអណ្តូងដែលមានទឹកដក់នៅនោះជាស្អាតទេ តែទឹកដែលនៅជុំវិញខ្មោចនោះ នឹងត្រូវរាប់ជាមិនស្អាតវិញ
37 បើមានអ្វីរបស់ខ្មោចនៃសត្វទាំងនោះធ្លាក់មកលើពូជអ្វីដែលសម្រាប់ដាំព្រោះ ពូជនោះនៅជាស្អាតទេ
38 តែបើគេបានត្រាំក្នុងទឹកហើយ ស្រាប់តែមានអ្វីរបស់ខ្មោចនោះធ្លាក់មកលើ ពូជនោះត្រូវរាប់ជាស្មោកគ្រោកដល់ឯងរាល់គ្នាវិញ។
39 បើសត្វណាដែលសម្រាប់ជាអាហារ ដល់ឯងរាល់គ្នាបានស្លាប់ទៅ ហើយមានអ្នកណាប៉ះពាល់នឹងខ្មោចវា អ្នកនោះត្រូវនៅមិនស្អាតរហូតដល់ល្ងាច
40 ឯអ្នកណាដែលបរិភោគសាច់នៃខ្មោចវា នោះត្រូវបោកសម្លៀកបំពាក់ចេញ រួចនៅជាមិនស្អាតរហូតដល់ល្ងាច ហើយអ្នកណាដែលលើកខ្មោចនោះយកទៅឯណា នោះក៏ត្រូវបោកសម្លៀកបំពាក់ចេញ រួចនៅជាមិនស្អាតរហូតដល់ល្ងាចដែរ។
41 ឯសត្វទាំងប៉ុន្មានដែលលូនវារនៅដី នោះជាសត្វគួរខ្ពើមឆ្អើម មិនត្រូវឲ្យបរិភោគឡើយ
42 គឺសត្វណាដែលលូននឹងពោះ ឬវារនឹងជើង៤ ឬដែលមានជើងច្រើនជាពួកសត្វដែលលូនវារនៅដី នោះមិនត្រូវបរិភោគឡើយ ដ្បិតសត្វទាំងនោះជាទីគួរខ្ពើមឆ្អើមហើយ
43 មិនត្រូវឲ្យឯងរាល់គ្នានាំខ្លួនឲ្យទៅជាគួរខ្ពើមឆ្អើម ដោយសារសត្វលូនវារណាមួយឡើយ ក៏មិនត្រូវឲ្យប្រឡាក់នឹងវាដែរ ដើម្បីកុំឲ្យទៅជាមិនស្អាតដោយសារវា
44 ដ្បិតអញនេះ គឺព្រះយេហូវ៉ាជាព្រះនៃឯងរាល់គ្នា ដូច្នេះ ចូរឲ្យឯងរាល់គ្នាញែកខ្លួនចេញ ហើយឲ្យទៅជាបរិសុទ្ធចុះ ដ្បិតអញជាបរិសុទ្ធមិនត្រូវឲ្យឯងរាល់គ្នានាំខ្លួនឲ្យទៅជាមិនស្អាត ដោយសារសត្វណាដែលលូនវារនៅដីឡើយ
45 ដ្បិតអញជាព្រះយេហូវ៉ាដែលបាននាំឯងរាល់គ្នាចេញពីស្រុកអេស៊ីព្ទមក ដើម្បីនឹងធ្វើជាព្រះនៃឯងរាល់គ្នា ដូច្នេះ ចូរឲ្យឯងរាល់គ្នាបានបរិសុទ្ធចុះ ដ្បិតអញបរិសុទ្ធ។
46 នេះហើយជាច្បាប់ខាងឯសត្វជើង៤ សត្វហើរ និងគ្រប់ទាំងសត្វដែលរស់នៅក្នុងទឹក ហើយគ្រប់ទាំងសត្វដែលលូនវារនៅដី
47 ដើម្បីឲ្យចេះសម្គាល់សត្វដែលមិនស្អាត និងសត្វដែលស្អាត ហើយសត្វដែលបរិភោគបាន និងសត្វដែលមិនត្រូវបរិភោគឡើយ។
ជំពូក 12
1 ព្រះយេហូវ៉ាទ្រង់បង្គាប់ម៉ូសេ 2ឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា បើស្ត្រីណាមានទំងន់ ហើយសម្រាលបានកូនប្រុស នាងនោះត្រូវរាប់ជាមិនស្អាតគ្រប់៧ថ្ងៃ ត្រូវរាប់ជាមិនស្អាត ដូចជាក្នុងកាលដែលមានរដូវដែរ 3លុះដល់ថ្ងៃទី៨ នោះត្រូវកាត់ស្បែកចុងស្វាសរបស់កូនចេញ 4រួចនាងនោះត្រូវនៅ៣៣ថ្ងៃទៀត ដើម្បីសម្អាតខ្លួនពីឈាមចេញ មិនត្រូវពាល់របស់បរិសុទ្ធណាមួយឲ្យសោះ ក៏មិនត្រូវចូលទៅក្នុងទីបរិសុទ្ធដែរ ទាល់តែថ្ងៃដែលសម្អាតខ្លួននោះបានសម្រេច 5បើនាងសម្រាលជាកូនស្រីវិញ នោះត្រូវឲ្យនៅជាមិនស្អាតគ្រប់២អាទិត្យ ដូចជានៅថ្ងៃរដូវនាង រួចនាងត្រូវនៅ៦៦ថ្ងៃទៀត ដើម្បីសម្អាតខ្លួនពីឈាមចេញ 6លុះកាលណាបានសម្រេចថ្ងៃសម្អាតខ្លួន ដោយព្រោះសម្រាលកូនប្រុស ឬស្រីហើយ នោះនាងត្រូវយកកូនចៀម១ អាយុ១ ខួប សម្រាប់ជាតង្វាយដុត និងព្រាបជំទើរ១ ឬលលក១ សម្រាប់ជាតង្វាយលោះបាបមក ប្រគល់ដល់សង្ឃនៅមាត់ទ្វារត្រសាលជំនុំ 7ត្រូវឲ្យសង្ឃថ្វាយសត្វនោះនៅចំពោះព្រះយេហូវ៉ា ដើម្បីឲ្យធួននឹងខ្លួននាង នោះនាងនឹងបានស្អាត រួចពីឈាមនាងទៅ នេះហើយជារបៀបខាងឯស្ត្រីដែលសម្រាលកូន ទោះបើជាកូនប្រុស ឬស្រីក្តី 8តែបើនាងខ្វះខាតមិនល្មមនឹងយកកូនចៀម១បាន នោះត្រូវយកលលក២ ឬព្រាបជំទើរ២ គឺ១សម្រាប់ជាតង្វាយដុត ហើយ១សម្រាប់ជាតង្វាយលោះបាប ត្រូវឲ្យសង្ឃថ្វាយសត្វនោះឲ្យធួននឹងនាង រួចនាងនឹងបានស្អាតវិញ។
ជំពូក 13
1 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេ ហើយនិងអើរ៉ុនថា
2 បើមនុស្សណាកើតមានពកឬដំបៅ ឬស្នាមអ្វីក្រហមនៅស្បែក ដែលក្លាយទៅជាឃ្លង់នៅក្នុងសាច់ នោះត្រូវឲ្យគេនាំអ្នកនោះទៅឯអើរ៉ុនដ៏ជាសង្ឃ ឬទៅឯកូនណាមួយរបស់លោកដែលនឹងធ្វើជាសង្ឃក៏បាន
3 ត្រូវឲ្យសង្ឃពិនិត្យមើលរោគដែលនៅក្នុងសាច់អ្នកនោះ បើរោមដែលនៅត្រង់ដំបៅបានត្រឡប់ទៅជាស ហើយដំបៅនោះមើលទៅដូចជាខូងទាបជាងស្បែក នោះគឺជាឃ្លង់ហើយ ត្រូវឲ្យសង្ឃពិនិត្យមើល ហើយប្រាប់ថាជាស្មោកគ្រោក
4 តែបើសិនជាស្នាមដែលនៅស្បែកនោះសវិញ មើលទៅមិនមែនខូងទាបជាងស្បែកទេ ហើយបើរោមមិនបានទៅជាស នោះត្រូវឲ្យសង្ឃបង្ខាំងអ្នកដែលមានរោគនោះទុកនៅ៧ថ្ងៃ
5 រួចដល់ថ្ងៃទី៧ ត្រូវពិនិត្យមើលម្តងទៀត បើមើលទៅស្មានថា រោគនៅតែដដែលមិនបានរាលទៅក្នុងស្បែកទេ នោះត្រូវបង្ខាំងអ្នកនោះនៅ៧ថ្ងៃទៀត
6 រួចដល់ថ្ងៃទី៧ ត្រូវឲ្យសង្ឃពិនិត្យមើលម្តងទៀត បើរោគអន់ថយហើយ មិនបានរាលក្នុងស្បែកទេ នោះត្រូវប្រកាសថា អ្នកនោះស្អាតវិញ គ្រាន់តែជាស្រែងប៉ុណ្ណោះ រួចអ្នកនោះត្រូវបោកសម្លៀកបំពាក់ខ្លួនចេញ នោះនឹងបានស្អាតហើយ
7 តែបើដំបៅរាលធំឡើងនៅក្នុងស្បែក ក្រោយដែលសង្ឃបានពិនិត្យមើល ព្រមទាំងប្រកាសថា ជាស្អាតហើយ នោះត្រូវឲ្យបង្ហាញខ្លួនដល់សង្ឃឲ្យមើលម្តងទៀត
8 ត្រូវឲ្យសង្ឃពិនិត្យមើល បើឃើញថា ដំបៅនោះបានរាលជាខ្លាំងឡើងនៅក្នុងស្បែក នោះត្រូវប្រកាសថាជាស្មោកគ្រោកវិញ គឺជាឃ្លង់ហើយ។
9 កាលណាមានរោគឃ្លង់កើតឡើងដល់មនុស្សណា នោះត្រូវតែនាំទៅឯសង្ឃ
10 ត្រូវឲ្យសង្ឃពិនិត្យមើលអ្នកនោះ បើឃើញមានពកសៗនៅនាស្បែក ដែលបានធ្វើរោមឲ្យទៅជាស ហើយមានសាច់ស្រស់នៅក្នុងពកនោះ
11 នោះគឺជាឃ្លង់ចាស់នៅក្នុងសាច់ហើយ ត្រូវឲ្យសង្ឃប្រាប់ថាជាស្មោកគ្រោក មិនបាច់នឹងបង្ខាំងទុកទេ ព្រោះជាស្មោកគ្រោកហើយ
12 បើកាលណារោគឃ្លង់នោះចេញមកគ្រប់នៅនាស្បែក ហើយបានរាលពេញខ្លួនអ្នកដែលមានរោគនោះ ចាប់តាំងពី ក្បាលរហូតដល់ជើង នៅសព្វកន្លែងដែលសង្ឃមើលឃើញ
13 នោះត្រូវឲ្យពិនិត្យមើលអ្នកនោះ បើឃើញថា រោគឃ្លង់បានរាលពេញខ្លួនហើយ នោះត្រូវប្រកាសថា អ្នកដែលមានរោគនោះជាស្អាតវិញ ដ្បិតបានត្រឡប់ជាសទាំងអស់ហើយ គឺស្អាតទេ
14 តែបើកាលណាឃើញមានសាច់ស្រស់ នោះស្មោកគ្រោកវិញ
15 ត្រូវឲ្យសង្ឃពិនិត្យមើលសាច់ស្រស់នោះ រួចប្រកាសថា អ្នកនោះស្មោកគ្រោកពិត សាច់ស្រស់នោះស្មោកគ្រោកហើយ គឺជាឃ្លង់
16 ឬបើសាច់ស្រស់នោះទៅជាសទៅវិញ អ្នកនោះត្រូវមកឯសង្ឃម្តងទៀត
17 ត្រូវឲ្យសង្ឃពិនិត្យមើល បើឃើញថា រោគនោះបានត្រឡប់ជាសមែន នោះត្រូវប្រកាសថា អ្នកដែលមានរោគបានជាស្អាតវិញ គឺជាស្អាតទេ។
18 កាលណាកើតមានបូសនៅនាស្បែក ហើយបានសះទៅ
19 រួចនៅត្រង់កន្លែងបូសនោះកើតមានពកស ឬស្នាមក្រហមប្រឿងៗ នោះត្រូវបង្ហាញឲ្យសង្ឃមើល
20 ត្រូវឲ្យសង្ឃពិនិត្យមើល បើឃើញស្នាមនោះដូចជាខូងទាបជាងស្បែក ហើយរោមត្រឡប់ទៅជាស នោះត្រូវប្រកាសថា អ្នកនោះស្មោកគ្រោកពិត គឺជាឃ្លង់ដែលលេចពីបូសនោះមកហើយ
21 តែបើសង្ឃពិនិត្យមើលទៅមិនឃើញមានរោមសសោះ ហើយស្នាមនោះក៏មិនខូងទាបជាងស្បែកដែរ គឺចង់ក្រៀមហើយ នោះត្រូវបង្ខាំងអ្នកនោះទុកនៅ៧ថ្ងៃ
22 បើរោគនោះរាលដាលធំឡើងនៅនាស្បែក នោះត្រូវប្រកាសថា អ្នកនោះស្មោកគ្រោកពិត គឺជាឃ្លង់ហើយ
23 តែបើស្នាមក្រហមនោះនៅនឹងដដែល មិនបានរាលដាលទេ គឺគ្រាន់តែជាស្នាមបូសប៉ុណ្ណោះ នោះត្រូវឲ្យសង្ឃប្រកាសថា អ្នកនោះស្អាតទេ។
24 បើកាលណាស្បែកបានត្រូវរលាកភ្លើង ហើយសាច់ស្រស់ត្រង់រលាកនោះកើតមានសម្បុរក្រហមប្រឿងៗឬសក្តី
25 នោះត្រូវឲ្យសង្ឃពិនិត្យមើល បើឃើញថា រោមដែលនៅត្រង់ស្នាមនោះបានទៅជាសហើយ មើលទៅដូចជាខូងទាបជាងស្បែកដែរ នោះគឺជាឃ្លង់ដែលបានលេចមកត្រង់ស្នាមរលាកនោះ ត្រូវឲ្យសង្ឃប្រកាសថា អ្នកនោះស្មោកគ្រោកពិត គឺជាឃ្លង់ហើយ
26 តែបើសង្ឃពិនិត្យមើលទៅមិនឃើញមានរោមសនៅត្រង់ស្នាមក្រហមនោះទេ ក៏មិនខូងទាបជាងស្បែកដែរ គឺបានក្រៀមហើយ នោះត្រូវបង្ខាំងអ្នកនោះទុកនៅ៧ថ្ងៃ
27 រួចដល់ថ្ងៃទី៧ ត្រូវពិនិត្យមើលម្តងទៀត បើរោគនោះបានរាលដាលធំឡើងនៅនាស្បែក នោះត្រូវប្រកាសថា អ្នកនោះស្មោកគ្រោកពិត គឺជាឃ្លង់ហើយ
28 តែបើស្នាមក្រហមនោះនៅនឹងដដែល មិនបានរាលដាលទៅទៀតទេ គឺបានក្រៀមហើយ នោះគឺជាស្នាមផ្តួចឡើងត្រង់កន្លែងរលាកទេ ត្រូវឲ្យសង្ឃប្រកាសថា អ្នកនោះជាស្អាតវិញ នោះគ្រាន់តែជាកម្លាំងដរប៉ុណ្ណោះ។
29 បើកាលណាប្រុស ឬស្រីណាកើតមានរោគនៅក្បាល ឬចង្កា
30 នោះត្រូវឲ្យសង្ឃពិនិត្យមើល បើឃើញដូចជាខូងទាបជាងស្បែក មានទាំងរោមឆ្មារលឿងស្លាំង នោះត្រូវប្រកាសថា អ្នកនោះស្មោកគ្រោកពិត គឺជាទឹលម៉ូវ ជាឃ្លង់នៅក្បាល ឬនៅចង្កា
31 តែបើសង្ឃមើលទៅរោគទឹលម៉ូវនោះឃើញថា មិនខូងទាបជាងស្បែកទេ ក៏គ្មានរោមខ្មៅផង នោះត្រូវបង្ខាំងអ្នកដែលមានរោគនោះទុកនៅ៧ថ្ងៃ
32 រួចដល់ថ្ងៃទី៧ ត្រូវពិនិត្យមើលម្តងទៀត បើឃើញថា រោគនោះមិនបានរាលដាលទៅទៀតទេ ហើយគ្មានរោមដែលលឿងស្លាំងផង ក៏មិនឃើញមានភាពខូងទាបជាងស្បែកដែរ
33 នោះត្រូវកោរឲ្យអ្នកនោះចេញ តែត្រង់កន្លែងដែលកើតរោគ នោះមិនត្រូវកោរទេ ហើយត្រូវឲ្យសង្ឃបង្ខាំងអ្នកដែលកើតរោគនោះទុកនៅ៧ថ្ងៃ
34 រួចដល់ថ្ងៃទី៧ ត្រូវពិនិត្យមើលម្តងទៀត បើរោគនោះមិនបានរាលដាលនៅស្បែក ហើយមើលទៅដូចជាមិនខូងទាបជាងស្បែកទេ នោះត្រូវឲ្យសង្ឃប្រកាសថា ជាស្អាតវិញ ហើយអ្នកនោះត្រូវបោកសម្លៀកបំពាក់ខ្លួនចេញ នោះនឹងបានស្អាតហើយ
35 តែបើរោគនោះរាលដាលធំឡើងនៅនាស្បែក ក្នុងពេលក្រោយដែលអ្នកនោះបានស្អាតហើយ
36 នោះត្រូវឲ្យសង្ឃពិនិត្យមើល បើឃើញថា បានរាលដាលនៅនាស្បែកមែន នោះមិនបាច់រករោមដែលលឿងស្លាំងទេ ដ្បិតជាមនុស្សស្មោកគ្រោកហើយ
37 បើសង្ឃមើលទៅស្មានថា រោគនៅជានឹងដដែល ហើយមានរោមខ្មៅដុះនៅត្រង់កន្លែងដំបៅ នោះរោគទឹលម៉ូវបានជាហើយ គឺជាស្អាតទេ ត្រូវឲ្យសង្ឃប្រកាសថា អ្នកនោះស្អាតពិត។
38 បើកាលណាមនុស្សប្រុស ឬស្រីណាកើតមានស្នាមភ្លឺៗ គឺជាស្នាមសភ្លឺ
39 នោះត្រូវឲ្យសង្ឃពិនិត្យមើល បើឃើញថាស្នាមភ្លឺៗនៅក្នុងស្បែកអ្នកនោះបែបសៗ នោះគឺជាស្រែងដែលបានកើតមកនៅស្បែក អ្នកនោះស្អាតទេ។
40 បើអ្នកណាជ្រុះសក់ក្បាលអស់ អ្នកនោះទំពែកហើយ តែស្អាតទេ
41 បើបានជ្រុះសក់ក្បាលត្រង់ចំហៀងខាងមុខ អ្នកនោះឆកហើយ តែស្អាតទេ
42 ប៉ុន្តែ បើមានដំបៅក្រហមប្រឿងៗនៅកន្លែងទំពែកខាងលើ ឬខាងមុខ នោះគឺជាឃ្លង់ដែលចេញមកនៅកន្លែងទំពែកនោះ ទោះខាងលើ ឬពីមុខក្តី
43 ត្រូវឲ្យសង្ឃពិនិត្យមើលអ្នកនោះ បើឃើញថា ពកដំបៅនោះមានសម្បុរក្រហមប្រឿងៗនៅកន្លែងដែលទំពែកត្រង់ខាងលើ ឬពីមុខ មើលទៅដូចជាឃ្លង់ដែលកើតនៅនាស្បែកឯទៀតដែរ
44 នោះគឺជាឃ្លង់ហើយ ជាមនុស្សស្មោកគ្រោក ត្រូវឲ្យសង្ឃប្រកាសជាកុំខានថា អ្នកនោះស្មោកគ្រោកពិត ដ្បិតមានរោគនៅលើក្បាលហើយ។
45 ឯមនុស្សណាដែលកើតឃ្លង់ នោះត្រូវឲ្យស្លៀកពាក់កណ្តាច ហើយនៅក្បាលទទេ ត្រូវគ្របបបូរមាត់ខាងលើ ហើយស្រែកថា ខ្ញុំស្មោកគ្រោកៗ
46 អ្នកនោះនឹងនៅតែស្មោកគ្រោកជានិច្ច គ្រប់វេលាដែលនៅមានរោគនៅឡើយ អ្នកនោះជាមនុស្សស្មោកគ្រោកពិត ត្រូវឲ្យនៅតែឯង ហើយមានលំនៅជាខាងក្រៅទីដំឡើងត្រសាលផង។
47 ឯសម្លៀកបំពាក់ដែលមានរោគឃ្លង់ ទោះបើធ្វើពីរោមចៀម ឬពីខ្លូតទេស
48 ទោះបើតាមអំបោះអន្ទង ឬអំបោះចាក់ ពីអំបោះខ្លូតទេស និងពីរោមចៀមក្តី ឬកើតនៅស្បែក ឬរបស់អ្វីធ្វើពីស្បែកក្តី
49 បើរោគនោះមានសម្បុរបៃតងខ្ចី ឬក្រហមប្រឿងនៅក្នុងសម្លៀកបំពាក់នោះ ទោះតាមអំបោះអន្ទង ឬតាមអំបោះចាក់ ឬនៅស្បែកនោះ ឬរបស់អ្វីធ្វើពីស្បែកក្តី នោះគឺជារោគឃ្លង់ហើយ ត្រូវឲ្យបង្ហាញដល់សង្ឃ
50 ត្រូវឲ្យសង្ឃពិនិត្យមើល រួចយករបស់ដែលមានរោគនោះ ទៅបង្ខាំងទុកគ្រប់៧ថ្ងៃ
51 ដល់ថ្ងៃទី៧ ត្រូវពិនិត្យមើលម្តងទៀត បើឃើញថា បានរាលដាលធំឡើងនៅសម្លៀកបំពាក់នោះ ទោះបើតាមអំបោះអន្ទង ឬអំបោះចាក់ ឬនៅស្បែកនោះ ដែលជាស្បែកប្រើធ្វើការអ្វីក៏ដោយ នោះគឺជារោគដែលស៊ីបង្ខូចរបស់នោះស្មោកគ្រោកហើយ
52 ត្រូវដុតសម្លៀកបំពាក់នោះចោល ទោះបើធ្វើពីរោមចៀម ឬពីខ្លូតទេស ដែលកើតតាមអំបោះអន្ទង ឬអំបោះចាក់ក្តី ព្រមទាំងរបស់អ្វីធ្វើពីស្បែកដែលមានរោគនោះផង ដ្បិតរោគនោះ គឺជាឃ្លង់ដែលស៊ីបង្ខូច ត្រូវដុតនឹងភ្លើងទៅ។
53 តែបើសង្ឃពិនិត្យមើលទៅឃើញថា រោគនោះមិនបានរាលដាលឡើងនៅសម្លៀកបំពាក់នោះទេ ទោះបើតាមអំបោះអន្ទង ឬតាមអំបោះចាក់ក្តី ឬនៅរបស់អ្វីដែលធ្វើពីស្បែកនោះដែរ
54 នោះត្រូវឲ្យសង្ឃបង្គាប់ឲ្យលាងរបស់ដែលមានរោគនោះចេញ រួចត្រូវយកទៅបង្ខាំងទុក៧ថ្ងៃទៀត
55 ក្រោយដែលបានលាងរួចហើយ នោះត្រូវឲ្យសង្ឃពិនិត្យមើលទៀត បើឃើញថា រោគនោះមិនបានប្រែសម្បុរទេ ក៏មិនបានរាលដាលឡើងផង របស់នោះស្មោកគ្រោកហើយ ត្រូវដុតចោលក្នុងភ្លើងទៅ ដ្បិតជារោគស៊ីបង្ខូចពិត ទោះបើខាងក្នុង ឬខាងក្រៅក្តី
56 បើសង្ឃពិនិត្យមើលឃើញថា រោគនោះចង់ស្រអាប់ហើយ ក្នុងពេលក្រោយដែលបានលាងចេញ នោះត្រូវហែកត្រង់ដុំនោះពីសម្លៀកបំពាក់ ឬពីស្បែកនោះ ពីអំបោះអន្ទង ឬពីអំបោះចាក់យកចេញ
57 រួចបើចេះតែលេចមកនៅសម្លៀកបំពាក់នោះទៀត ទោះតាមអំបោះអន្ទង ឬតាមអំបោះចាក់ ឬនៅរបស់អ្វីធ្វើពីស្បែកក្តី នោះគឺជាដំណួចរោគឃ្លង់ហើយ ត្រូវតែយករបស់ដែលមានរោគនោះទៅដុតនឹងភ្លើងទៅ
58 តែសម្លៀកបំពាក់ណា ទោះតាមអំបោះអន្ទង ឬតាមអំបោះចាក់ក្តី ឬរបស់អ្វីធ្វើពីស្បែកដែលបានលាងហើយ បើសិនជារោគនោះចេញជ្រះស្រឡះ នោះត្រូវលាងម្តងទៀត រួចនឹងបានស្អាត
59 នេះហើយជាច្បាប់ខាងឯរោគឃ្លង់ នៅក្នុងសម្លៀកបំពាក់ដែលធ្វើពីរោមចៀម ឬខ្លូតទេស ទោះបើតាមអំបោះអន្ទង ឬតាមអំបោះចាក់ ឬនៅរបស់អ្វីធ្វើពីស្បែកក្តី ដើម្បីឲ្យចេះសម្រេចថា នេះស្អាត នេះមិនស្អាត។
ជំពូក 14
1 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា
2 នេះជាច្បាប់ខាងឯមនុស្សឃ្លង់ នៅថ្ងៃណាដែលញែកគេចេញជាស្អាត ត្រូវតែនាំអ្នកនោះទៅឯសង្ឃ
3 រួចត្រូវឲ្យសង្ឃចេញទៅខាងក្រៅទីដំឡើងត្រសាលពិនិត្យមើល បើឃើញថា មនុស្សឃ្លង់នោះបានជាពិត
4 នោះត្រូវឲ្យសង្ឃបង្គាប់ឲ្យយកសត្វហើរ២ ដែលរស់ ហើយស្អាត មកសម្រាប់អ្នកនោះ ដែលត្រូវញែកជាស្អាត ព្រមទាំងឈើតាត្រៅ សំពត់ក្រហម និងមែកហ៊ីសុបផង
5 រួចត្រូវបង្គាប់ឲ្យសម្លាប់សត្វហើរ១ នៅក្នុងផើងពីលើទឹកហូរ
6 ឯសត្វដែលរស់នៅ នោះត្រូវឲ្យសង្ឃជ្រលក់ទៅក្នុងឈាមនៃសត្វដែលបានសម្លាប់ពីលើទឹកហូរនោះ ជាមួយនឹងឈើតាត្រៅ សំពត់ក្រហម ហើយនិងមែកហ៊ីសុប
7 ទៅប្រោះ៧ដងលើអ្នកដែលត្រូវញែកចេញជាស្អាតពីរោគឃ្លង់ រួចប្រកាសថាជាស្អាតហើយ ឯសត្វដែលរស់នៅ នោះត្រូវលែងនៅឯវាលទៅ
8 រួចអ្នកដែលត្រូវបានញែកជាស្អាត ត្រូវបោកសម្លៀកបំពាក់ខ្លួន ព្រមទាំងកោរសក់ ហើយងូតទឹកចេញ រួចនឹងបានស្អាត ហើយនិងចូលទៅក្នុងទីដំឡើងត្រសាលបាន តែត្រូវនៅខាងក្រៅត្រសាលរបស់ខ្លួនអស់៧ថ្ងៃ
9 ដល់ថ្ងៃទី៧ អ្នកនោះត្រូវកោរសក់ កោរពុកមាត់ និងចិញ្ចើម ហើយរោមខ្លួនទាំងអស់ចេញ ព្រមទាំងបោកសម្លៀកបំពាក់ ហើយងូតទឹកផង នោះនឹងបានស្អាតហើយ។
10 លុះដល់ថ្ងៃទី៨ ត្រូវយកកូនចៀមឈ្មោល២ឥតខ្ចោះ និងចៀមញី១ឥតខ្ចោះអាយុ១ខួបមក ព្រមទាំងម្សៅយ៉ាងម៉ដ្ត៣ខ្ញឹងលាយនឹងប្រេង សម្រាប់ជាតង្វាយម្សៅ ហើយនិងប្រេង១កំប៉ុង
11 រួចត្រូវឲ្យសង្ឃដែលញែកអ្នកនោះចេញជាស្អាត នាំអ្នកនោះមកដាក់ជាមួយនឹងតង្វាយនៅចំពោះព្រះយេហូវ៉ា ត្រង់មាត់ទ្វារត្រសាលជំនុំ
12 ត្រូវឲ្យសង្ឃយកកូនចៀមឈ្មោល១ទៅថ្វាយជាតង្វាយដោយព្រោះការរំលង ព្រមទាំងប្រេង១កំប៉ុងផង រួចគ្រវីរបស់ទាំងនោះ ទុកជាតង្វាយគ្រវី នៅចំពោះព្រះយេហូវ៉ា
13 ត្រូវសម្លាប់កូនចៀមឈ្មោលនៅកន្លែងដែលគេសម្លាប់តង្វាយលោះបាប ហើយនិងតង្វាយដុត គឺនៅក្នុងទីបរិសុទ្ធ ដ្បិតតង្វាយដែលថ្វាយ ដោយព្រោះការរំលង ជារបស់ផងសង្ឃ ដូចជាតង្វាយលោះបាបដែរ តង្វាយនេះជារបស់បរិសុទ្ធបំផុត
14 រួចត្រូវឲ្យសង្ឃយកឈាមតង្វាយដែលថ្វាយដោយព្រោះការរំលងនោះ ទៅលាបនៅទងត្រចៀកស្តាំរបស់អ្នក ដែលត្រូវញែកចេញជាស្អាត ព្រមទាំងនៅលើមេដៃស្តាំ និងមេជើងស្តាំផង
15 ក៏ត្រូវយកប្រេងពីក្នុងកំប៉ុង ចាក់ទៅក្នុងបាតដៃឆ្វេងខ្លួន
16 ហើយជ្រលក់ម្រាមដៃស្តាំ ទៅក្នុងប្រេងដែលនៅក្នុងបាតដៃ ប្រោះ៧ដងនៅចំពោះព្រះយេហូវ៉ា
17 ឯប្រេងដែលសល់នៅបាតដៃ នោះត្រូវយកខ្លះទៅលាបនៅទងត្រចៀកស្តាំ និងមេដៃស្តាំ ហើយនិងមេជើងស្តាំរបស់អ្នកដែលត្រូវញែកជាស្អាតនោះ ត្រង់កន្លែងដែលបានលាបឈាមនៃតង្វាយ ដែលថ្វាយដោយព្រោះការរំលងដែរ
18 ហើយប្រេងដែលសល់នៅក្នុងបាតដៃរបស់សង្ឃ ត្រូវឲ្យចាក់លើក្បាលនៃអ្នកដែលញែកជាស្អាតទៅ រួចត្រូវថ្វាយឲ្យធួននឹងខ្លួនអ្នកនោះ នៅចំពោះព្រះយេហូវ៉ា
19 ត្រូវឲ្យសង្ឃថ្វាយតង្វាយលោះបាប ឲ្យបានធួននឹងអ្នកដែលត្រូវញែកចេញជាស្អាតនោះ ដោយព្រោះសេចក្ដីស្មោកគ្រោករបស់ខ្លួន រួចមកត្រូវសម្លាប់តង្វាយដុតទៀត
20 ក៏ត្រូវថ្វាយតង្វាយដុត និងតង្វាយម្សៅនៅលើអាសនៈឲ្យបានធួននឹងអ្នកនោះដែរ នោះនឹងបានស្អាតហើយ។
21 បើអ្នកនោះខ្វះខាតមិនល្មមនឹងយករបស់ទាំងនោះបាន នោះត្រូវយកកូនចៀមឈ្មោល១មក ដោយព្រោះការរំលងសម្រាប់នឹងគ្រវីថ្វាយ ដើម្បីឲ្យធួននឹងខ្លួន ព្រមទាំងម្សៅយ៉ាងម៉ដ្ត១ខ្ញឹង លាយដោយប្រេង សម្រាប់ជាតង្វាយម្សៅយ៉ាងម៉ដ្ត១ខ្ញឹង លាយដោយប្រេង សម្រាប់ជាតង្វាយម្សៅ និងប្រេង១កំប៉ុង
22 ហើយលលក២ ឬព្រាបជំទើរ២ តាមកម្លាំងរបស់ខ្លួន គឺ១សម្រាប់ជាតង្វាយលោះបាប ហើយ១សម្រាប់ជាតង្វាយដុត
23 នៅថ្ងៃទី៨ អ្នកនោះត្រូវយករបស់ទាំងនោះមកប្រគល់ដល់សង្ឃ ត្រង់មាត់ទ្វារត្រសាលជំនុំនៅចំពោះព្រះយេហូវ៉ា សម្រាប់ការញែកខ្លួនចេញជាស្អាត
24 ត្រូវឲ្យសង្ឃយកកូនចៀមដែលសម្រាប់ថ្វាយដោយព្រោះការរំលង និងប្រេង១កំប៉ុង ទៅថ្វាយជាតង្វាយគ្រវី នៅចំពោះព្រះយេហូវ៉ា
25 រួចត្រូវសម្លាប់កូនចៀម ដែលសម្រាប់ថ្វាយដោយព្រោះការរំលងនោះ ហើយត្រូវយកឈាមនៃតង្វាយ ទៅលាបនៅទងត្រចៀកស្តាំនៃអ្នកដែលត្រូវញែកចេញជាស្អាត ព្រមទាំងនៅមេដៃស្តាំ និងមេជើងស្តាំផង
26 ក៏ត្រូវចាក់ប្រេងទៅក្នុងបាតដៃឆ្វេងរបស់ខ្លួន
27 ហើយប្រោះប្រេងនោះដោយម្រាមដៃស្តាំអស់៧ដងនៅចំពោះព្រះយេហូវ៉ា
28 រួចត្រូវយកប្រេងដែលនៅក្នុងបាតដៃទៅលាបនៅទងត្រចៀកស្តាំ និងមេដៃស្តាំ ហើយនិងមេជើងស្តាំនៃអ្នកដែលត្រូវញែកចេញជាស្អាត ត្រង់កន្លែងដែលបានលាបឈាមនៃតង្វាយដែលថ្វាយដោយព្រោះការរំលងដែរ
29 ឯប្រេងដែលនៅសល់ក្នុងបាតដៃ នោះត្រូវចាក់ទៅលើក្បាលនៃអ្នកដែលត្រូវញែកជាស្អាត ដើម្បីឲ្យធួននឹងខ្លួនអ្នកនោះនៅចំពោះព្រះយេហូវ៉ា
30 រួចត្រូវឲ្យសង្ឃថ្វាយលលក១ ឬព្រាបជំទើរ១ តាមកម្លាំងដែលអ្នកនោះនាំយកមកបាន
31 គឺ១សម្រាប់ជាតង្វាយលោះបាប ហើយ១សម្រាប់ជាតង្វាយដុតជាមួយនឹងតង្វាយម្សៅផង រួចត្រូវឲ្យសង្ឃថ្វាយ ឲ្យធួននឹងអ្នក ដែលត្រូវញែកជាស្អាតនោះ នៅចំពោះព្រះយេហូវ៉ា
32 នេះហើយជាច្បាប់ខាងឯអ្នកដែលកើតរោគឃ្លង់ ដែលមិនអាចនឹងលូកឈោងដល់តង្វាយ សម្រាប់ការញែកខ្លួនចេញជាស្អាតបាន។
33 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេ ហើយនិងអើរ៉ុនថា
34 កាលណាឯងរាល់គ្នាបានចូលទៅក្នុងស្រុកកាណាន ជាស្រុកដែលអញនឹងឲ្យជាកេរអាករ ដល់ឯងរាល់គ្នា បើអញធ្វើឲ្យមានរោគឃ្លង់ ក្នុងផ្ទះណាមួយនៅស្រុករបស់ផងឯង
35 នោះត្រូវឲ្យម្ចាស់ផ្ទះមកប្រាប់ដល់សង្ឃថា មើលទៅដូចជាមានរោគនៅក្នុងផ្ទះរបស់ខ្ញុំហើយ
36 ដូច្នេះ ត្រូវឲ្យសង្ឃបង្គាប់ឲ្យរើអីវ៉ាន់ចេញពីផ្ទះទៅ មុនដែលចូលទៅពិនិត្យមើលរោគ ដើម្បីកុំឲ្យរបស់ទាំងអស់ដែលនៅក្នុងផ្ទះបានទៅជាស្មោកគ្រោកដែរ រួចហើយត្រូវចូលទៅពិនិត្យមើលជាខាងក្រោយ
37 ត្រូវឲ្យសង្ឃពិនិត្យមើល បើឃើញថា រោគដែលនៅក្នុងជញ្ជាំងផ្ទះនោះមានកន្លែងខូង ពណ៌បៃតងស្ទើរ ឬក្រហមប្រឿង មើលទៅទាបជាងសាច់ជញ្ជាំងហើយ
38 នោះត្រូវចេញទៅឯមាត់ទ្វារ ហើយបិទខ្ទប់ផ្ទះនោះគ្រប់៧ថ្ងៃ
39 ដល់ថ្ងៃទី៧ ត្រូវត្រឡប់មកពិនិត្យមើលវិញ បើឃើញថា រោគមិនបានរាលដាលទៅក្នុងជញ្ជាំងទៀតទេ
40 នោះត្រូវបង្គាប់គេឲ្យយកថ្ម ដែលមានរោគនោះ ចេញទៅចោលឯក្រៅទីក្រុង ត្រង់កន្លែងស្មោកគ្រោកទៅ
41 រួចត្រូវឲ្យគេកោសផ្ទះនៅខាងក្នុងជុំវិញ ឯផង់ដែលគេកោសចេញនោះ ត្រូវឲ្យនាំយកទៅចាក់ឯកន្លែងស្មោកគ្រោក នៅខាងក្រៅទីក្រុង
42 ហើយត្រូវយកថ្មឯទៀតមកប៉ះជំនួសថ្មចាស់ រួចយកបាយអឯទៀតមកបូកវិញ។
43 បើរោគកើតឡើងនៅក្នុងផ្ទះនោះម្តងទៀត ក្នុងពេលក្រោយដែលបានយកថ្មទាំងនោះចេញ ព្រមទាំងកោសជញ្ជាំង និងបូកជាថ្មីហើយ
44 នោះត្រូវឲ្យសង្ឃចូលទៅពិនិត្យមើល បើឃើញថារោគនោះបានរាលដាលឡើងនៅក្នុងផ្ទះមែន នោះគឺជាឃ្លង់ស៊ីបង្ខូចហើយ ផ្ទះនោះស្មោកគ្រោកពិត
45 ត្រូវឲ្យគេរំលំផ្ទះនោះ ព្រមទាំងថ្ម និងឈើ ហើយនិងបាយអទាំងអស់ចេញ ហើយនាំយកទាំងអស់ទៅចាក់ឯក្រៅទីក្រុង ត្រង់កន្លែងស្មោកគ្រោកទៅ
46 ឯអ្នកណាដែលចូលទៅក្នុងផ្ទះនោះក្នុងវេលាដែលកំពុងបិទ នោះត្រូវរាប់ជាមិនស្អាតរហូតដល់ល្ងាច
47 បើអ្នកណាដែលដេកក្នុងផ្ទះនោះ ត្រូវឲ្យអ្នកនោះបោកសម្លៀកបំពាក់ខ្លួនចេញ ហើយអ្នកណាដែលបរិភោគនៅក្នុង ផ្ទះនោះ ក៏ត្រូវបោកសម្លៀកបំពាក់ខ្លួនដែរ
48 តែបើសង្ឃចូលទៅពិនិត្យមើល ឃើញថា រោគមិនបានរាលដាលឡើងក្នុងផ្ទះ ក្រោយដែលបានបូកជាថ្មីហើយនោះទេ នោះត្រូវប្រកាសថា ផ្ទះនោះស្អាតវិញ ដ្បិតរោគនោះបាត់ហើយ។
49 ដូច្នេះ ត្រូវឲ្យយកសត្វស្លាប២ ឈើតាត្រៅ សំពត់ក្រហម ហើយនិងមែកហ៊ីសុបមកសម្រាប់នឹងញែកផ្ទះនោះជាស្អាត
50 ត្រូវសម្លាប់សត្វ១នៅក្នុងផើងពីលើទឹកហូរ
51 រួចយកឈើតាត្រៅ មែកហ៊ីសុប និងសំពត់ក្រហម ជាមួយនឹងសត្វ១ដែលរស់នៅ ជ្រលក់ទាំងអស់ទៅក្នុងឈាមរបស់សត្វដែលបានសម្លាប់ ហើយក្នុងទឹកហូរនោះដែរ រួចប្រោះទៅលើផ្ទះ៧ដង
52 ដូច្នេះ ផ្ទះនោះនឹងបានញែកជាស្អាត ដោយសារឈាមសត្វស្លាប និងទឹកហូរ ហើយសត្វដែលនៅរស់ ព្រមទាំងឈើតាត្រៅ មែកហ៊ីសុប ហើយនិងសំពត់ក្រហមផង
53 តែត្រូវលែងសត្វរស់នៅឯវាលក្រៅទីក្រុងទៅ គឺយ៉ាងដូច្នោះដែលនឹងធ្វើឲ្យធួននឹងផ្ទះនោះ រួចនឹងបានស្អាតហើយ។
54 នេះហើយជាច្បាប់ខាងឯរោគឃ្លង់គ្រប់យ៉ាង និងទឹលម៉ូវ
55 ហើយខាងឯឃ្លង់ដែលកើតនៅសម្លៀកបំពាក់ឬនៅផ្ទះ
56 និងខាងឯពក ឬស្នាមដែលសផង
57 ដើម្បីនឹងបង្រៀនឲ្យដឹង ក្នុងកាលដែលស្មោកគ្រោក ឬក្នុងកាលដែលស្អាត នេះហើយជាច្បាប់ខាងឯរោគឃ្លង់។
ជំពូក 15
1 ព្រះយេហូវ៉ាទ្រង់បង្គាប់ម៉ូសេ និងអើរ៉ុន
2 ឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា បើមនុស្សណាមានខ្ទុះហូរចេញពីសាច់ នោះរាប់ជាស្មោកគ្រោកហើយ ដោយព្រោះហូរខ្ទុះនោះ
3 នេះឯងជាសេចក្ដីស្មោកគ្រោករបស់អ្នកនោះ ក្នុងកាលដែលហូរខ្ទុះ ទោះបើកំពុងតែហូរនៅឡើយ ឬបាត់ទៅក្តី នោះគង់តែរាប់ជាស្មោកគ្រោកដែរ
4 គ្រប់ទាំងដំណេកណាដែលមនុស្សនោះបានដេកនៅ នោះត្រូវស្មោកគ្រោក ហើយរបស់អ្វីដែលអ្នកនោះអង្គុយចុះ ក៏ត្រូវស្មោកគ្រោកដែរ
5 បើអ្នកណាពាល់គ្រែរបស់អ្នកនោះ ត្រូវឲ្យបោកសម្លៀកបំពាក់ខ្លួន ហើយងូតទឹកចេញ រួចនៅជាស្មោកគ្រោករហូតដល់ល្ងាច
6 ហើយបើអ្នកណាអង្គុយលើរបស់អ្វីដែលមនុស្សហូរខ្ទុះនោះបានអង្គុយនៅ នោះត្រូវបោកសម្លៀកបំពាក់របស់ខ្លួន ហើយងូតទឹកចេញ រួចនៅជាស្មោកគ្រោករហូតដល់ល្ងាច
7 បើអ្នកណាពាល់សាច់មនុស្សនោះ ត្រូវឲ្យបោកសម្លៀកបំពាក់ខ្លួន ហើយងូតទឹកចេញ រួចនៅជាស្មោកគ្រោករហូតដល់ល្ងាច
8 បើមនុស្សដែលហូរខ្ទុះនោះស្តោះទៅលើមនុស្សដែលស្អាត អ្នកនោះត្រូវបោកសម្លៀកបំពាក់ខ្លួន ហើយងូតទឹកចេញ រួចនៅជាស្មោកគ្រោករហូតដល់ល្ងាច
9 គ្រប់ទាំងកែបណាដែលមនុស្សហូរខ្ទុះនោះនឹងជិះ នោះត្រូវស្មោកគ្រោកដែរ
10 បើអ្នកណាពាល់របស់អ្វីដែលបាននៅក្រោមអ្នកនោះ នោះត្រូវនៅជាស្មោកគ្រោករហូតដល់ល្ងាច ហើយអ្នកណាដែលចាប់លើករបស់ណាមួយនោះ ក៏ត្រូវបោកសម្លៀកបំពាក់ខ្លួន ហើយងូតទឹកចេញ រួចនៅជាស្មោកគ្រោករហូតដល់ល្ងាច
11 បើមនុស្សហូរខ្ទុះនោះពាល់អ្នកណាឥតលាងដៃ អ្នកនោះត្រូវបោកសម្លៀកបំពាក់ខ្លួន ហើយងូតទឹកចេញ រួចនៅជាស្មោកគ្រោករហូតដល់ល្ងាច
12 ឯប្រដាប់ណាធ្វើពីដីដែលមនុស្សហូរខ្ទុះនឹងចាប់ពាល់ នោះត្រូវបំបែកចោលចេញ ហើយគ្រប់ទាំងប្រដាប់ធ្វើពីឈើ នោះត្រូវលាងនឹងទឹកចេញដែរ។
13 បើកាលណាមនុស្សដែលហូរខ្ទុះនោះ បានជាស្អាតហើយ នោះត្រូវរាប់៧ថ្ងៃ ឲ្យបានញែកខ្លួនជាស្អាត រួចត្រូវបោកសម្លៀកបំពាក់ ហើយងូតក្នុងទឹកដែលហូរ នោះនឹងបានស្អាតវិញ
14 លុះដល់ថ្ងៃទី៨ ត្រូវឲ្យយកលលក២ ឬព្រាបជំទើរ២ ទៅប្រគល់ដល់សង្ឃនៅចំពោះព្រះយេហូវ៉ា ត្រង់មាត់ទ្វារត្រសាលជំនុំ
15 ត្រូវឲ្យសង្ឃថ្វាយសត្វនោះ គឺ១សម្រាប់ជាតង្វាយលោះបាប ១ទៀតសម្រាប់ជាតង្វាយដុត ហើយត្រូវធ្វើឲ្យធួននឹងអ្នកនោះនៅចំពោះព្រះយេហូវ៉ា ដោយព្រោះរោគហូរខ្ទុះនោះ។
16 បើសិនជាមនុស្សណាចេញទឹកកាម នោះត្រូវឲ្យងូតទឹកដុសលាងសាច់ទាំងអស់ចេញ ហើយនៅជាមិនស្អាតរហូតដល់ល្ងាច
17 ហើយសម្លៀកបំពាក់ ឬកន្ទេលណាដែលប្រឡាក់ដោយទឹកកាមនោះ ក៏ត្រូវលាងចេញ ហើយនៅជាមិនស្អាតរហូតដល់ល្ងាចដែរ
18 ឯស្ត្រី និងបុរសណាដែលបានសេពសម្ភពគ្នាហើយ នោះត្រូវឲ្យងូតទឹកចេញទាំង២នាក់ ហើយនៅជាមិនស្អាតរហូតដល់ល្ងាច។
19 បើស្ត្រីណាធ្លាក់ឈាមដោយមានរដូវ នោះត្រូវនៅជាមិនស្អាតអស់៧ថ្ងៃ អ្នកណាដែលពាល់នាង នោះត្រូវនៅជាមិនស្អាតរហូតដល់ល្ងាច
20 គ្រប់ទាំងដំណេកណាដែលនាងដេកនៅក្នុងកាលដែលមិនស្អាត ហើយគ្រប់របស់អ្វីនាងបានអង្គុយចុះ ក៏ត្រូវរាប់ជាមិនស្អាតដែរ
21 ឯអ្នកណាដែលពាល់គ្រែរបស់នាង នោះត្រូវឲ្យបោកសម្លៀកបំពាក់ខ្លួន ហើយងូតទឹកចេញ រួចនៅជាមិនស្អាតរហូតដល់ល្ងាច
22 ហើយអ្នកណាដែលពាល់របស់អ្វីដែលនាងបានអង្គុយ នោះត្រូវឲ្យបោកសម្លៀកបំពាក់ខ្លួន ហើយងូតទឹកចេញ រួចនៅជាមិនស្អាតរហូតដល់ល្ងាច
23 បើមានអ្វីនៅលើគ្រែ ឬនៅលើរបស់ណាដែលនាងបានអង្គុយ ហើយអ្នកណាទៅប៉ះពាល់ នោះត្រូវនៅជាមិនស្អាតរហូតដល់ល្ងាច
24 បើមានបុរសណាទៅរួមដំណេកនឹងនាង ហើយសេចក្ដីស្មោកគ្រោករបស់នាងក៏សៅហ្មងដល់ខ្លួន អ្នកនោះត្រូវស្មោកគ្រោកអស់៧ថ្ងៃ ហើយគ្រប់ទាំងដំណេកដែលបុរសនោះដេកនៅ ក៏ស្មោកគ្រោកដែរ។
25 បើស្ត្រីណាធ្លាក់ឈាមជាយូរថ្ងៃខុសរដូវ ឬបើធ្លាក់ឈាមមកហួសរដូវ នោះនាងត្រូវជាមិនស្អាតរាល់តែថ្ងៃដែលធ្លាក់ឈាមស្មោកគ្រោកនោះមក ដូចជានៅវេលាដែលមានរដូវដែរ ដ្បិតនាងមិនស្អាតហើយ
26 គ្រប់ទាំងដំណេកណាដែលនាងដេកនៅក្នុងវេលាដែលធ្លាក់ឈាម នោះត្រូវទុកដូចជាដំណេក ដែលនាងដេកក្នុងកាលដែលមានរដូវដែរ ហើយគ្រប់ទាំងរបស់អ្វីដែលនាងអង្គុយចុះ នោះត្រូវជាមិនស្អាត ដូចជាសេចក្ដីស្មោកគ្រោកនៅរដូវនាងដែរ
27 បើអ្នកណាប៉ះពាល់នឹងរបស់ណាមួយនោះ អ្នកនោះក៏មិនស្អាតដែរ ត្រូវឲ្យបោកសម្លៀកបំពាក់ខ្លួន ហើយងូតទឹកចេញ រួចនៅជាមិនស្អាតរហូតដល់ល្ងាច
28 បើកាលណានាងបានស្អាតខ្លួនពីឈាមនោះហើយ នោះនាងត្រូវរាប់ឲ្យគ្រប់៧ថ្ងៃ រួចមកនឹងបានស្អាតវិញ
29 លុះដល់ថ្ងៃទី៨ ត្រូវឲ្យនាងយកលលក២ ឬព្រាបជំទើរ២ មកប្រគល់ដល់សង្ឃនៅមាត់ទ្វារត្រសាលជំនុំ
30 ត្រូវឲ្យសង្ឃថ្វាយ១ជាតង្វាយលោះបាប ១ទៀតជាតង្វាយដុត ហើយត្រូវធ្វើឲ្យធួននឹងនាងនៅចំពោះព្រះយេហូវ៉ា ដោយព្រោះធ្លាក់ឈាមស្មោកគ្រោកនោះ។
31 គឺយ៉ាងដូច្នោះហើយ ដែលឯងរាល់គ្នាត្រូវញែកពួកកូនចៅអ៊ីស្រាអែលចេញពីសេចក្ដីស្មោកគ្រោករបស់គេ ដើម្បីកុំឲ្យគេត្រូវស្លាប់ក្នុងសេចក្ដីស្មោកគ្រោករបស់គេ ដោយមកនាំឲ្យរោងឧបោសថអញ ដែលនៅកណ្តាលគេបានស្មោកគ្រោកដែរ
32 នេះហើយជាច្បាប់ខាងឯអ្នកណាដែលហូរខ្ទុះ ហើយដែលធ្លាក់ទឹកកាមមក ឲ្យគេបានស្មោកគ្រោកដូច្នោះ
33 ហើយខាងឯស្ត្រីដែលឈឺដោយព្រោះមានរដូវ និងខាងឯបុរសណាដែលហូរខ្ទុះ ឬស្ត្រីណា ដែលធ្លាក់ឈាម ហើយខាងឯអ្នកណា ដែលរួមដំណេកនឹងស្ត្រីជាប់មានសេចក្ដីស្មោកគ្រោកផង។
ជំពូក 16
1 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេ ក្នុងពេលក្រោយដែលកូនអើរ៉ុនទាំង២បានត្រូវស្លាប់ ដោយព្រោះបានចូលទៅចំពោះទ្រង់
2 គឺទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា ចូរហាមដល់អើរ៉ុនបងឯង កុំឲ្យចូលជារាល់ពេលមកក្នុងទីបរិសុទ្ធខាងក្នុងវាំងនន នៅមុខទីសន្តោសប្រោសដែលនៅលើហឹបនោះឡើយ ក្រែងលោត្រូវស្លាប់ ដ្បិតអញនឹងលេចមកក្នុងពពកនៅលើទីសន្តោសប្រោស
3 នេះហើយជាច្បាប់ ដែលអើរ៉ុនចូលទៅក្នុងទីបរិសុទ្ធបាន គឺដោយយកគោឈ្មោលស្ទាវ១មក សម្រាប់ជាតង្វាយលោះបាប និងចៀមឈ្មោល១សម្រាប់ជាតង្វាយដុត
4 ត្រូវឲ្យពាក់អាវខ្លូតទេសបរិសុទ្ធ និងស្លៀកខោស្នាប់ភ្លៅខ្លូតទេស ព្រមទាំងក្រវាត់ខ្សែក្រវាត់ខ្លូតទេស ហើយពាក់មួកខ្លូតទេសនៅក្បាល នោះជាសម្លៀកបំពាក់បរិសុទ្ធ បានជាត្រូវឲ្យងូតទឹកសិន រួចសឹមស្លៀកពាក់របស់ទាំងនោះជាខាងក្រោយ
5 រួចត្រូវយកពពែឈ្មោល២ សម្រាប់ជាតង្វាយលោះបាប និងចៀមឈ្មោល១ សម្រាប់ជាតង្វាយដុត ពីពួកជំនុំកូនចៅអ៊ីស្រាអែល។
6 អើរ៉ុនត្រូវថ្វាយគោឈ្មោល ដែលសម្រាប់ជាតង្វាយលោះបាបនោះ ទុកជាតង្វាយថ្វាយដោយព្រោះខ្លួន ដើម្បីឲ្យបានធួននឹងខ្លួន ហើយនិងពូជពង្សផង
7 រួចត្រូវយកពពែឈ្មោលទាំង២នោះ ទៅដាក់នៅចំពោះព្រះយេហូវ៉ា ត្រង់មាត់ទ្វារត្រសាលជំនុំ
8 ហើយចាប់ឆ្នោតពពែទាំង២នោះ ១សម្រាប់ព្រះយេហូវ៉ា ១ទៀតសម្រាប់បំបរបង់ទៅ
9 អើរ៉ុនត្រូវយកពពែដែលចាប់ឆ្នោតត្រូវសម្រាប់ព្រះយេហូវ៉ា មកថ្វាយទុកជាតង្វាយលោះបាប
10 តែឯពពែដែលចាប់ឆ្នោតត្រូវសម្រាប់បំបរបង់ទៅ នោះត្រូវយកមកដាក់ទាំងរស់នៅចំពោះព្រះយេហូវ៉ា ដើម្បីឲ្យបានធួននឹងបាប រួចចាត់គេឲ្យនាំយកទៅលែងឯទីរហោស្ថាន។
11 ត្រូវឲ្យអើរ៉ុននាំគោឈ្មោលនៃតង្វាយលោះបាប ដែលសម្រាប់ខ្លួនមកឲ្យធួននឹងខ្លួន ហើយនិងពូជពង្សដែរ រួចសម្លាប់គោនោះថ្វាយដោយព្រោះបាបខ្លួន
12 ត្រូវឲ្យយកជើងពានដាក់ពេញដោយរងើកភ្លើង ពីលើអាសនៈដែលនៅចំពោះព្រះយេហូវ៉ា ហើយយកគ្រឿងក្រអូបដែលបុកយ៉ាងម៉ដ្ត ចំនួន២ក្តាប់ នាំចូលទៅខាងក្នុងវាំងនន
13 រួចរោយចុះនៅលើភ្លើងចំពោះព្រះយេហូវ៉ា ដើម្បីឲ្យផ្សែងនៃគ្រឿងក្រអូបនោះហុយឡើង ទៅបាំងទីសន្តោសប្រោសដែលនៅលើហឹបនៃសេចក្ដីបន្ទាល់ ក្រែងលោត្រូវស្លាប់
14 ហើយត្រូវយកឈាមគោនោះ ទៅប្រោះដោយម្រាមដៃលើប៉ែកខាងកើត នៃទីសន្តោសប្រោស ឯខាងមុខទីសន្តោសប្រោស ក៏ត្រូវប្រោះឈាមដោយម្រាមដៃអស់៧ដងដែរ។
15 រួចអើរ៉ុនត្រូវសម្លាប់ពពែឈ្មោលនៃតង្វាយលោះបាបដែលថ្វាយសម្រាប់ពួកជន ហើយយកឈាមនាំចូលទៅខាងក្នុងវាំងនន ទាំងប្រោះឈាមពពែនោះដូចជាបានប្រោះឈាមគោឈ្មោលដែរ គឺត្រូវប្រោះឈាមនៅលើទីសន្តោសប្រោស ហើយនៅខាងមុខដែរ
16 ដូច្នេះ នឹងបានធ្វើឲ្យធួននឹងទីបរិសុទ្ធ ដោយព្រោះសេចក្ដីស្មោកគ្រោករបស់ពួកកូនចៅអ៊ីស្រាអែល និងអស់ទាំងសេចក្ដីរំលងរបស់គេ គឺអស់ទាំងបាបដែលគេបានប្រព្រឹត្តទាំងប៉ុន្មាន ត្រូវឲ្យធ្វើដូច្នោះ ឲ្យបានធួននឹងត្រសាលជំនុំ ដែលនៅជាមួយនឹងគេ គឺនៅកណ្តាលអស់ទាំងសេចក្ដីស្មោកគ្រោករបស់គេ
17 មិនត្រូវឲ្យមានអ្នកណាមួយនៅក្នុងត្រសាលជំនុំ ក្នុងកាលដែលលោកចូលទៅ ធ្វើឲ្យធួននឹងបាបនៅក្នុងទីបរិសុទ្ធឡើយ ដរាបដល់ចេញមកវិញ ហើយបានធ្វើឲ្យធួននឹងខ្លួន ព្រមទាំងពូជពង្ស ហើយនិងពួកជំនុំនៃសាសន៍អ៊ីស្រាអែលទាំងអស់គ្នាផង
18 រួចត្រូវឲ្យលោកចេញទៅឯអាសនៈ ដែលនៅចំពោះព្រះយេហូវ៉ា ដើម្បីនឹងធ្វើឲ្យធួននឹងអាសនៈនោះ ដោយយកឈាមគោឈ្មោល និងឈាមពពែនោះ ទៅប្រឡាក់នៅស្នែងអាសនៈជុំវិញ
19 ត្រូវប្រោះឈាមនោះដោយម្រាមដៃ អស់៧ដងទៅលើអាសនៈ ព្រមទាំងញែកចេញជាស្អាត ឲ្យបានបរិសុទ្ធ រួចពីអស់ទាំងសេចក្ដីស្មោកគ្រោករបស់ពួកកូនចៅអ៊ីស្រាអែល។
20 កាលអើរ៉ុនបានធ្វើឲ្យធួននឹងទីបរិសុទ្ធ ព្រមទាំងត្រសាលជំនុំ និងអាសនៈរួចហើយ នោះត្រូវនាំពពែ១ដែលនៅរស់នោះមក
21 រួចដាក់ដៃទាំង២នៅលើក្បាលពពែនោះ លន់តួពីអស់ទាំងសេចក្ដីទុច្ចរិត និងអស់ទាំងសេចក្ដីរំលងរបស់ពួកកូនចៅអ៊ីស្រាអែល ពីលើពពែនោះ គឺអំពើបាបរបស់គេទាំងអស់ ត្រូវដាក់ទាំងអស់លើក្បាលពពែនោះ រួចប្រគល់ដល់មនុស្សម្នាក់ដែលប្រុងជាស្រេច ដើម្បីដឹកវាទៅឯទីរហោស្ថាន
22 ឯពពែនោះត្រូវផ្ទុកអស់ទាំងសេចក្ដីទុច្ចរិតរបស់គេ លើខ្លួនចេញទៅឯទីតំបន់សូន្យស្ងាត់ រួចអ្នកនោះត្រូវលែងវានៅទីរហោស្ថាននោះ។
23 រួចអើរ៉ុនត្រូវចូលទៅក្នុងត្រសាលជំនុំវិញ ដោះសម្លៀកបំពាក់ខ្លូតទេសដែលបានស្លៀកពាក់ ក្នុងកាលដែលចូលទៅក្នុងទីបរិសុទ្ធនោះចេញ ទុកនៅទីនោះ
24 រួចមកត្រូវងូតទឹកត្រង់កន្លែងបរិសុទ្ធ ហើយស្លៀកពាក់ឡើងវិញ ចេញមកថ្វាយតង្វាយដុតរបស់ខ្លួន និងតង្វាយដុតរបស់ពួកជន ដើម្បីឲ្យបានធួននឹងខ្លួន ហើយនិងពួកជនផង
25 ឯខ្លាញ់នៃតង្វាយលោះបាប នោះត្រូវដុតនៅលើអាសនៈ
26 ចំណែកអ្នកដែលដឹកពពែទៅបំបរបង់នោះ ត្រូវឲ្យបោកសម្លៀកបំពាក់ខ្លួន ហើយងូតទឹកចេញ ទើបនឹងចូលមកក្នុងទីដំឡើងត្រសាលបាន
27 ឯគោឈ្មោលនៃតង្វាយលោះបាប និងពពែនៃតង្វាយលោះបាបនោះ ដែលបានយកឈាមចូលទៅក្នុងទីបរិសុទ្ធឲ្យធួននឹងបាប នោះត្រូវលើកយកចេញទៅខាងក្រៅទីដំឡើងត្រសាល រួចត្រូវដុតទាំងស្បែកទាំងសាច់ និងលាមកទៅ
28 ឯអ្នកណាដែលដុតសត្វទាំង២នោះ ក៏ត្រូវបោកសម្លៀកបំពាក់ខ្លួន ហើយងូតទឹកចេញដែរ ទើបចូលមកក្នុងទីដំឡើងត្រសាលបាន។
29 នេះជាច្បាប់សម្រាប់ឯងរាល់គ្នានៅអស់កល្បជានិច្ច គឺនៅថ្ងៃ១០ខែអស្សុជ នោះត្រូវឲ្យឯងរាល់គ្នាបញ្ឈឺចិត្តខ្លួនមិនត្រូវធ្វើការអ្វីឲ្យសោះ ទោះទាំងអ្នកស្រុក ឬអ្នកប្រទេសក្រៅដែលនៅកណ្តាលឯងរាល់គ្នាផង
30 ដ្បិតនៅថ្ងៃនោះនឹងបានធ្វើឲ្យធួននឹងឯងរាល់គ្នា ដើម្បីនឹងញែកចេញជាស្អាត នោះឯងរាល់គ្នានឹងបានស្អាតពីអំពើបាបទាំងប៉ុន្មាននៅចំពោះព្រះយេហូវ៉ា
31 នេះជាថ្ងៃឈប់សម្រាកសម្រាប់ឯងរាល់គ្នា ត្រូវឲ្យបញ្ឈឺចិត្តខ្លួន នេះគឺជាច្បាប់នៅអស់កល្បជានិច្ច
32 ឯអ្នកណាដែលគេចាក់ប្រេងតាំងឡើងជាសង្ឃជំនួសឪពុកខ្លួន សង្ឃនោះត្រូវធ្វើឲ្យធួននឹងបាប ហើយត្រូវស្លៀកសម្លៀកបំពាក់ខ្លូតទេស គឺជាសម្លៀកបំពាក់បរិសុទ្ធនោះ
33 សង្ឃនោះត្រូវធ្វើឲ្យធួននឹងទីបរិសុទ្ធបំផុត និងត្រសាលជំនុំ ហើយអាសនៈ ព្រមទាំងពួកសង្ឃ ហើយនិងអស់អ្នកទាំងប៉ុន្មានក្នុងជំនុំជនផង។
34 នេះហើយជាច្បាប់សម្រាប់ឯងរាល់គ្នា នៅអស់កល្បជានិច្ច ដើម្បីឲ្យបានធួននឹងពួកកូនចៅអ៊ីស្រាអែល១ឆ្នាំម្តង ដោយព្រោះអស់ទាំងអំពើបាបរបស់គេ លោកក៏ធ្វើដូចជាព្រះយេហូវ៉ាបានបង្គាប់មកម៉ូសេ។
ជំពូក 17
1 ព្រះយេហូវ៉ាទ្រង់បង្គាប់ម៉ូសេ
2 ឲ្យប្រាប់ដល់អើរ៉ុន និងពួកកូនលោក ហើយនិងពួកកូនចៅអ៊ីស្រាអែលទាំងអស់ថា ព្រះយេហូវ៉ាទ្រង់បានបង្គាប់មកដូច្នេះ
3 គឺបើមានអ្នកណាក្នុងពួកវង្សអ៊ីស្រាអែល ដែលសម្លាប់គោ ឬចៀម ឬពពែ នៅក្នុងទីដំឡើងត្រសាល ឬខាងក្រៅទីដំឡើងត្រសាលក្តី
4 ឥតនាំចូលមកឯទ្វារត្រសាលជំនុំ ដើម្បីនឹងថ្វាយជាតង្វាយដល់ព្រះយេហូវ៉ា នៅមុខរោងឧបោសថរបស់ទ្រង់ អ្នកនោះនឹងបានរាប់ជាមានទោសនឹងឈាម ដ្បិតបានកម្ចាយឈាមហើយ អ្នកនោះត្រូវកាត់កាល់ពីសាសន៍ខ្លួនចេញ
5 នេះដើម្បីឲ្យពួកកូនចៅអ៊ីស្រាអែលបាននាំអស់ទាំងយញ្ញបូជានៃគេ ដែលតែងថ្វាយនៅវាល មកថ្វាយដល់ព្រះយេហូវ៉ានៅមាត់ទ្វារត្រសាលជំនុំវិញ គឺមកឯសង្ឃ ដើម្បីនឹងថ្វាយទុកជាយញ្ញបូជានៃតង្វាយមេត្រីដល់ព្រះយេហូវ៉ា
6 នោះសង្ឃនឹងប្រោះឈាមនៅលើអាសនៈនៃព្រះយេហូវ៉ាត្រង់មាត់ទ្វារត្រសាលជំនុំ ហើយនិងដុតខ្លាញ់ទុកជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ាដែរ
7 ដូច្នេះ គេនឹងមិនថ្វាយយញ្ញបូជារបស់គេចំពោះរូបសត្វដែលគេផិតទៅតាមនោះទៀតឡើយ នេះហើយជាច្បាប់នៅអស់កល្បជានិច្ច សម្រាប់គ្រប់ទាំងតំណគេតរៀងទៅ
8 ត្រូវឲ្យប្រាប់គេថា អស់អ្នកណាក្នុងពួកវង្សអ៊ីស្រាអែល ឬអ្នកប្រទេសក្រៅណានៅកណ្តាលគេ ដែលថ្វាយតង្វាយដុត ឬយញ្ញបូជា
9 ឥតនាំមកឯទ្វារត្រសាលជំនុំ ដើម្បីនឹងថ្វាយដល់ព្រះយេហូវ៉ា អ្នកនោះត្រូវកាត់កាល់ពីសាសន៍របស់ខ្លួនចេញ។
10 ឯអ្នកណាក្នុងពួកវង្សអ៊ីស្រាអែល ឬអ្នកប្រទេសក្រៅណានៅកណ្តាលគេ ដែលនឹងបរិភោគឈាមអ្វីក៏ដោយ នោះអញនឹងតាំងមុខទាស់នឹងអ្នកដែលបរិភោគឈាមនោះ ហើយនិងកាត់គេចេញពីសាសន៍របស់ខ្លួន
11 ដ្បិតជីវិតនៃរូបសាច់នោះនៅក្នុងឈាម ហើយអញបានឲ្យឈាមដល់ឯងរាល់គ្នា សម្រាប់នឹងថ្វាយនៅលើអាសនៈ ដើម្បីឲ្យបានធួននឹងជីវិតឯង ដ្បិតគឺជាឈាមនោះឯងដែលធួននឹងព្រលឹងបាន
12 ដោយហេតុនោះបានជាអញហាមដល់ពួកកូនចៅអ៊ីស្រាអែលថា កុំឲ្យអ្នកណាក្នុងពួកឯងរាល់គ្នាបរិភោគឈាមឲ្យសោះ ក៏មិនត្រូវឲ្យពួកប្រទេសក្រៅ ដែលនៅកណ្តាលឯងរាល់គ្នាបរិភោគដែរ
13 ឯអ្នកណាក្នុងពួកកូនចៅអ៊ីស្រាអែល ឬក្នុងពួកប្រទេសក្រៅនៅជាមួយ ដែលដេញចាប់បានសត្វជើង៤ ឬសត្វស្លាបដែលបរិភោគបាន ត្រូវឲ្យអ្នកនោះសម្រក់ឈាមចោលចេញ រួចយកដីគ្របវិញ
14 ដ្បិតឈាមជាជីវិតនៃអស់ទាំងសត្វ ឈាម និងជីវិតនោះ គឺតែ១ទេ ដោយហេតុនោះបានជាអញហាមដល់ពួកកូនចៅអ៊ីស្រាអែលថា ឯងរាល់គ្នាមិនត្រូវបរិភោគឈាមនៃសត្វណាមួយឡើយ គឺព្រោះជីវិតនៃសត្វទាំងឡាយជាឈាមនោះឯង អ្នកណាដែលបរិភោគ នោះនឹងត្រូវកាត់កាល់ចេញជាពិត
15 ហើយអស់អ្នកណាដែលបរិភោគសត្វដែលស្លាប់ដោយខ្លួនឯង ឬមានសត្វណាហែកសម្លាប់ ទោះបើអ្នកនោះកើតក្នុងស្រុក ឬជាអ្នកប្រទេសក្រៅក្តី នោះត្រូវឲ្យបោកសម្លៀកបំពាក់ខ្លួន ហើយងូតទឹកចេញ រួចនៅជាមិនស្អាតរហូតដល់ល្ងាច នោះទើបនឹងបានស្អាតវិញ
16 តែបើមិនបានបោក ឬងូតទឹកចេញទេ អ្នកនោះត្រូវទ្រាំទ្រក្នុងសេចក្ដីទុច្ចរិតរបស់ខ្លួនហើយ។
ជំពូក 18
1 ព្រះយេហូវ៉ាទ្រង់បង្គាប់ម៉ូសេ
2 ឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា អញនេះគឺជាយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា
3 មិនត្រូវឲ្យឯងរាល់គ្នាប្រព្រឹត្តតាមអំពើដែលគេធ្វើនៅស្រុកអេស៊ីព្ទ ជាស្រុកដែលឯងរាល់គ្នាបានអាស្រ័យនោះនៅឡើយ ក៏មិនត្រូវឲ្យប្រព្រឹត្តតាមអំពើដែលគេធ្វើនៅស្រុកកាណាន ជាស្រុកដែលអញនាំឯងរាល់គ្នាទៅនៅនោះដែរ កុំឲ្យដើរតាមរបៀបរបស់គេឲ្យសោះ
4 ត្រូវឲ្យឯងរាល់គ្នារក្សាបញ្ញត្តរបស់អញ ហើយកាន់តាមអស់ទាំងច្បាប់របស់អញវិញ ដើម្បីនឹងប្រព្រឹត្តតាម អញនេះ គឺយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា
5 ដូច្នេះ ត្រូវឲ្យឯងរាល់គ្នាកាន់តាមអស់ទាំងច្បាប់ និងបញ្ញត្តទាំងប៉ុន្មានរបស់អញ បើអ្នកណាកាន់តាម នោះនឹងរស់នៅដោយសារសេចក្ដីទាំងនោះឯង អញនេះគឺជាព្រះយេហូវ៉ា។
6 កុំឲ្យអ្នកណាក្នុងពួកឯងរាល់គ្នាចូលទៅជិតបើកកេរ្តិ៍ខ្មាសរបស់សាច់ញាតិដែលជិតដិតឡើយ អញនេះជាព្រះយេហូវ៉ា
7 ឯកេរ្តិ៍ខ្មាសរបស់ឪពុកឯង គឺជាកេរ្តិ៍ខ្មាសម្តាយឯង នោះកុំឲ្យបើកឲ្យសោះ ដ្បិតគាត់ជាម្តាយឯង មិនត្រូវបើកកេរ្តិ៍ខ្មាសគាត់ឡើយ
8 ឯកេរ្តិ៍ខ្មាសនៃប្រពន្ធរបស់ឪពុកឯង នោះមិនត្រូវបើកឡើយ ដ្បិតគឺជាកេរ្តិ៍ខ្មាសរបស់ឪពុកឯងហើយ
9 ឯកេរ្តិ៍ខ្មាសរបស់បង ឬប្អូនស្រីឯង ទោះបើជាកូនខាងឪពុក ឬខាងម្តាយឯង ដែលកើតនៅផ្ទះ ឬនៅឯណាទៀតក្តី នោះក៏មិនត្រូវបើកឡើយ
10 ឯកេរ្តិ៍ខ្មាសរបស់ចៅស្រីខាងកូនប្រុស ឬខាងកូនស្រីឯង នោះមិនត្រូវបើកឡើយ ដ្បិតគឺជាកេរ្តិ៍ខ្មាសរបស់ខ្លួនឯងហើយ
11 ឯកេរ្តិ៍ខ្មាសរបស់កូនស្រីនៃប្រពន្ធឪពុកឯង ដែលឪពុកឯងបង្កើតមក នោះមិនត្រូវបើកឡើយ ដ្បិតនាងនោះជាបង ឬប្អូនស្រីបង្កើតនឹងឯងហើយ
12 កុំឲ្យបើកកេរ្តិ៍ខ្មាសរបស់ម្តាយធំ ឬម្តាយមីងខាងឪពុកឯងឡើយ ដ្បិតនាងនោះជាសាច់បង្កើតនឹងឪពុកឯង
13 ក៏កុំឲ្យបើកកេរ្តិ៍ខ្មាសរបស់ម្តាយធំ ឬម្តាយមីងខាងម្តាយឯងដែរ ដ្បិតនាងជាសាច់បង្កើតនឹងម្តាយឯងហើយ
14 កុំឲ្យបើកកេរ្តិ៍ខ្មាសរបស់ឪពុកធំ ឬឪពុកមាខាងឪពុកឯង គឺមិនត្រូវចូលទៅជិតប្រពន្ធគាត់ឡើយ ដ្បិតនាងជាម្តាយធំ ឬម្តាយមីងឯងហើយ
15 កុំឲ្យបើកកេរ្តិ៍ខ្មាសរបស់កូនប្រសាស្រីឯងដែរ ដ្បិតនាងជាប្រពន្ធរបស់កូនឯងហើយ ដូច្នេះ មិនត្រូវបើកកេរ្តិ៍ខ្មាសរបស់នាងឡើយ
16 កុំឲ្យបើកកេរ្តិ៍ខ្មាសប្រពន្ធរបស់បង ឬប្អូនប្រុសឯងឡើយ នោះគឺជាកេរ្តិ៍ខ្មាសរបស់បង ឬប្អូនប្រុសឯងហើយ
17 កុំឲ្យបើកកេរ្តិ៍ខ្មាសរបស់ស្ត្រីណា ហើយនិងកូនស្រីនាងផងនោះឡើយ ក៏មិនត្រូវយកចៅស្រីខាងកូនប្រុស ឬខាងកូនស្រីនាង ដើម្បីនឹងបើកកេរ្តិ៍ខ្មាសដែរ ដ្បិតនោះជាសាច់ជិតនឹងនាងពេក គឺជាការអាក្រក់ជួជាតិហើយ
18 ហើយកុំឲ្យយកប្រពន្ធថែមទាំងបង ឬប្អូនស្រីរបស់នាង ឲ្យបានប្រណាំងប្រជែងនឹងប្រពន្ធឯង ដើម្បីនឹងបើកកេរ្តិ៍ខ្មាសនាងផង កំពុងដែលប្រពន្ធនៅរស់នោះឡើយ។
19 កុំឲ្យចូលទៅជិតស្ត្រីណា ដើម្បីនឹងបើកកេរ្តិ៍ខ្មាសនាងកំពុងដែលមានរដូវនោះឡើយ
20 កុំឲ្យសហាយស្មន់នឹងប្រពន្ធរបស់អ្នកជិតខាងឯង ដែលនឹងនាំឲ្យខ្លួនស្មោកគ្រោកជាមួយនឹងនាងនោះឡើយ
21 មិនត្រូវឲ្យកូនចៅរបស់ឯងណាមួយចូលកាត់ភ្លើងថ្វាយដល់ព្រះម៉ូឡុកឲ្យសោះ ក៏កុំឲ្យបង្អាប់ដល់ព្រះនាមព្រះនៃឯងឡើយ អញនេះជាព្រះយេហូវ៉ា
22 កុំឲ្យរួមដំណេកនឹងប្រុស ដូចជារួមនឹងស្រីឡើយ ដ្បិតនោះជាអំពើគួរខ្ពើមឆ្អើម
23 ក៏កុំឲ្យរួមសង្វាសនឹងសត្វណា ជាការដែលនាំឲ្យស្មោកគ្រោកជាមួយនោះឡើយ ហើយស្រីក៏មិនត្រូវឈរនៅមុខសត្វ ដើម្បីនឹងរួមសង្វាសជាមួយនោះដែរ ដ្បិតជាការច្របូកច្របល់ដ៏លាមក
24 កុំឲ្យឯងរាល់គ្នានាំឲ្យខ្លួនស្មោកគ្រោក ដោយប្រព្រឹត្តអំពើទាំងនេះណាមួយឡើយ ដ្បិតសាសន៍ដទៃទាំងប៉ុន្មាន ដែលអញបណ្តេញចេញពីមុខឯងរាល់គ្នា នោះបានស្មោកគ្រោកចំពោះអំពើទាំងនេះហើយ
25 ហើយស្រុកគេក៏ត្រូវស្មោកគ្រោកដែរ បានជាអញទម្លាក់អំពើទុច្ចរិតរបស់គេទៅលើគេវិញ ឯស្រុកក៏ក្អួតគេចេញទៅផង
26 ដូច្នេះ ឯងរាល់គ្នាវិញ ត្រូវឲ្យកាន់តាមអស់ទាំងច្បាប់ និងបញ្ញត្តទាំងប៉ុន្មានរបស់អញ ហើយកុំប្រព្រឹត្តអំពើគួរខ្ពើមឆ្អើមណាមួយនោះឡើយ ទោះទាំងអ្នកស្រុក ឬពួកប្រទេសក្រៅដែលនៅកណ្តាលឯងរាល់គ្នាផង
27 ដ្បិតពួកអ្នកនៅស្រុកនោះដែលអាស្រ័យនៅមុនឯងរាល់គ្នា គេបានប្រព្រឹត្តអស់ទាំងអំពើគួរខ្ពើមឆ្អើមនោះ ហើយស្រុករបស់គេក៏បានត្រូវស្មោកគ្រោកទៅ
28 ដូច្នេះ បើកាលណាឯងរាល់គ្នានាំឲ្យស្រុកនោះទៅជាស្មោកគ្រោកដែរ នោះក្រែងស្រុកនោះនឹងក្អួតឯងរាល់គ្នាចេញទៀត ដូចជាបានក្អួតពួកសាសន៍ដទៃដែលនៅមុនឯងរាល់គ្នាផង
29 ដ្បិតអ្នកណាដែលប្រព្រឹត្តអំពើគួរខ្ពើមឆ្អើមណាមួយនោះ អ្នកនោះឯងនឹងត្រូវកាត់កាល់ពីសាសន៍របស់ខ្លួនចេញ
30 ដូច្នេះ ត្រូវឲ្យឯងរាល់គ្នារក្សាបញ្ញើរបស់អញ ដើម្បីកុំឲ្យប្រព្រឹត្តតាមទម្លាប់គួរខ្ពើមទាំងនោះ ដែលគេបានប្រព្រឹត្តមុនឯងរាល់គ្នាឡើយ ហើយដើម្បីកុំឲ្យឯងរាល់គ្នានាំឲ្យខ្លួនស្មោកគ្រោកដោយសារអំពើទាំងនោះផង អញនេះ គឺជាយេហូវ៉ា ជាព្រះនៃឯងរាល់គ្នាហើយ។
ជំពូក 19
1 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា
2 ចូរប្រាប់ដល់ពួកជំនុំកូនចៅអ៊ីស្រាអែលទាំងអស់គ្នាថា ត្រូវឲ្យឯងរាល់គ្នាបានបរិសុទ្ធ ដ្បិតអញនេះដែលជាព្រះយេហូវ៉ាជាព្រះនៃឯងរាល់គ្នា អញបរិសុទ្ធ
3 ត្រូវឲ្យឯងរាល់គ្នាកោតខ្លាចដល់ឪពុកម្តាយឯងរៀងខ្លួន ហើយរក្សាថ្ងៃឈប់សម្រាករបស់អញដែរ អញនេះហើយជាយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា
4 កុំឲ្យឯងរាល់គ្នាបែរទៅតាមរូបព្រះឡើយ ក៏កុំឲ្យធ្វើព្រះសិតសម្រាប់ឯងរាល់គ្នាផង អញនេះជាព្រះយេហូវ៉ាជាព្រះនៃឯងរាល់គ្នា។
5 កាលណាឯងរាល់គ្នាថ្វាយយញ្ញបូជានៃតង្វាយមេត្រីដល់ព្រះយេហូវ៉ា នោះត្រូវថ្វាយដើម្បីឲ្យទ្រង់បានទទួលឯង
6 ត្រូវតែបរិភោគតង្វាយនោះនៅថ្ងៃដែលថ្វាយ ហើយនៅថ្ងៃស្អែកក៏បាន តែបើមានអ្វីនៅសល់ដល់ថ្ងៃទី៣ នោះត្រូវដុតនឹងភ្លើងវិញ
7 បើសិនជាបរិភោគតង្វាយនោះនៅថ្ងៃទី៣ នោះជាសេចក្ដីខ្ពើមឆ្អើមហើយ ទ្រង់មិនទទួលតង្វាយនោះទេ
8 ហើយអស់អ្នកណាដែលបរិភោគ នោះនឹងត្រូវទ្រាំទ្រនឹងសេចក្ដីទុច្ចរិតរបស់ខ្លួន ដ្បិតអ្នកនោះបានបង្អាប់តង្វាយបរិសុទ្ធរបស់ផងព្រះយេហូវ៉ា ហើយអ្នកនោះឯងនឹងត្រូវកាត់កាល់ពីសាសន៍ខ្លួនចេញ។
9 កាលណាឯងរាល់គ្នាច្រូតចម្រូូតនៅស្រែ នោះមិនត្រូវច្រូតឲ្យដល់កៀនដីរបស់ឯងទាំងអស់ទេ ក៏មិនត្រូវសន្សំរើសគួរស្រូវដែលបានជ្រុះនោះផង
10 ហើយក៏មិនត្រូវសន្សំបេះផ្លែទំពាំងបាយជូរ ឬរើសផ្លែដែលជ្រុះនៅចម្ការរបស់ឯងដែរ ត្រូវទុកសម្រាប់ឲ្យពួកអ្នកក្រ និងពួកអ្នកស្នាក់វិញ អញនេះគឺយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា។
11 មិនត្រូវឲ្យឯងរាល់គ្នាលួច ឬប្រព្រឹត្តឆបោក ឬកុហកគ្នាទៅវិញទៅមកឡើយ
12 ហើយមិនត្រូវស្បថបំពានដោយនូវឈ្មោះអញ ទាំងបង្អាប់ដល់ព្រះនាមព្រះនៃឯងឡើយ អញនេះជាព្រះយេហូវ៉ា
13 មិនត្រូវឲ្យឯងសង្កត់សង្កិនអ្នកជិតខាង ឬរឹបជាន់គេឡើយ ក៏មិនត្រូវទុកឈ្នួលរបស់ជើងឈ្នួលឯងឲ្យនៅដល់ព្រឹកដែរ
14 មិនត្រូវជេរប្រមាថចំពោះមនុស្សថ្លង់ ឬធ្វើអ្វីឲ្យមនុស្សខ្វាក់ដួលនោះឡើយ គឺត្រូវឲ្យកោតខ្លាចដល់ព្រះនៃឯងវិញ អញនេះជាព្រះយេហូវ៉ា។
15 មិនត្រូវឲ្យឯងរាល់គ្នាប្រព្រឹត្តទុច្ចរិតក្នុងរឿងក្តីឡើយ ក៏មិនត្រូវយល់មុខខាងឯអ្នកតូច ឬខ្លាចអ្នកធំដែរ គឺត្រូវឲ្យជំនុំជម្រះអ្នកជិតខាងឯងដោយសុចរិតវិញ
16 មិនត្រូវដើរចុះឡើងនិយាយដើមពីគេក្នុងពួកសាសន៍ឯងឡើយ មិនត្រូវឈរទាស់នឹងឈាមអ្នកជិតខាងឯងដែរ អញនេះជាព្រះយេហូវ៉ា
17 មិនត្រូវមានចិត្តស្អប់ដល់បងប្អូនឯងឡើយ ក៏កុំឲ្យខាននឹងបន្ទោសដល់អ្នកជិតខាងឯងដែរ ដើម្បីកុំឲ្យជាប់មានបាបដោយព្រោះគេ
18 មិនត្រូវសងសឹក ឬចងគំនុំគុំគួននឹងពួកកូនចៅរបស់សាសន៍ឯងឡើយ គឺត្រូវឲ្យស្រឡាញ់អ្នកជិតខាងដូចខ្លួនឯងវិញ អញនេះជាព្រះយេហូវ៉ា។
19 ត្រូវឲ្យឯងរាល់គ្នាកាន់តាមអស់ទាំងច្បាប់របស់អញ មិនត្រូវឲ្យសត្វឯងជាន់សត្វញីណាខុសពូជគ្នាឡើយ ក៏មិនត្រូវព្រោះពូជ២យ៉ាងនៅស្រែចម្ការឯងដែរ ហើយមិនត្រូវស្លៀកពាក់អ្វីដែលលាយដោយអំបោះ២យ៉ាងឡើយ
20 បើអ្នកណាសេពសម្ភពនឹងស្រីជាបាវបម្រើដែលមានគេដណ្តឹងហើយ តែមិនទាន់បានលោះចេញ ឬដែលចៅហ្វាយមិនទាន់លែងឲ្យទៅ នោះគេត្រូវមានទោស តែមិនត្រូវដាក់ទោសដល់ស្លាប់ទេ ពីព្រោះមិនសម្រេចនឹងចិត្តនាងទេ
21 ហើយប្រុសនោះត្រូវយកតង្វាយដោយព្រោះការរំលងមកថ្វាយព្រះយេហូវ៉ា ត្រង់មាត់ទ្វារត្រសាលជំនុំ គឺជាចៀមឈ្មោល១ សម្រាប់ជាតង្វាយដោយព្រោះការរំលង
22 នោះត្រូវឲ្យសង្ឃថ្វាយចៀមឈ្មោលនៃតង្វាយ ដោយព្រោះការរំលងនោះនៅចំពោះព្រះយេហូវ៉ា ដើម្បីឲ្យបានធួននឹងបាបរបស់អ្នកនោះ រួចទ្រង់នឹងអត់ទោសចំពោះបាបដែលអ្នកនោះបានប្រព្រឹត្ត។
23 កាលណាឯងរាល់គ្នាបានចូលទៅនៅក្នុងស្រុក ហើយបានដាំដើមឈើគ្រប់មុខឲ្យមានផ្លែបរិភោគ នោះត្រូវឲ្យរាប់ផ្លែឈើនោះ ទុកដូចជាមនុស្សដែលមិនកាត់ស្បែក គឺត្រូវរាប់ទុកដូចជាមិនបានកាត់ស្បែកអស់រវាង៣ឆ្នាំ មិនត្រូវបរិភោគផ្លែនោះឡើយ
24 តែដល់ឆ្នាំទី៤ ផ្លែឈើទាំងនោះនឹងបានបរិសុទ្ធវិញ សម្រាប់នឹងថ្វាយដល់ព្រះយេហូវ៉ាដោយអរសប្បាយ
25 លុះដល់ឆ្នាំទី៥ នោះនឹងបរិភោគបាន នេះដើម្បីដើមឈើទាំងនោះបានចម្រើនផលផ្លែឲ្យឯងរាល់គ្នា អញនេះ គឺយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា។
26 មិនត្រូវឲ្យឯងរាល់គ្នាបរិភោគសាច់ណាដែលជាប់មានទាំងឈាមផងនោះឡើយ មិនត្រូវប្រើរបៀនរបស់គ្រូអង្គុយធម៌ ឬមើលនក្ខត្តឫក្សផង
27 មិនត្រូវកោរក្រឡឹងសក់ក្បាលជុំវិញ ឬកាត់ដំរឹមពុកចង្ការបស់ឯងឡើយ
28 ក៏មិនត្រូវឆូតស្បែកដោយកាន់ទុក្ខមនុស្សស្លាប់ ឬសាក់ខ្លួនផងដែរ អញនេះជាព្រះយេហូវ៉ា។
29 កុំឲ្យបង្ខូចកូនស្រីឯង ដោយធ្វើឲ្យទៅជាស្រីសំផឹងឡើយ ក្រែងស្រុកឯងទៅជាសហាយស្មន់គ្រប់គ្នា ហើយបានពេញជាសេចក្ដីអាក្រក់ជួជាតិ
30 ត្រូវឲ្យរក្សាថ្ងៃឈប់សម្រាករបស់អញ ហើយត្រូវកោតខ្លាចដល់ទីបរិសុទ្ធរបស់អញផង អញនេះជាព្រះយេហូវ៉ា។
31 កុំឲ្យឯងរាល់គ្នាបែរទៅតាមពួកគ្រូខាប ឬគ្រូមន្តគាថាឡើយ កុំឲ្យពឹងរកគេឲ្យសោះ ក្រែងឯងទៅជាស្មោកគ្រោកដោយសារគេដែរ អញនេះ គឺយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា។
32 ត្រូវឲ្យឯងក្រោកឡើងឈរនៅមុខមនុស្សចាស់សក់ស ត្រូវគោរពដល់មនុស្សមានវ័យចម្រើន ហើយត្រូវកោតខ្លាចដល់ព្រះនៃឯងដែរ អញនេះជាព្រះយេហូវ៉ា
33 បើមានមនុស្សប្រទេសក្រៅណាមកស្នាក់នៅក្នុងស្រុកជាមួយនឹងឯង នោះកុំឲ្យធ្វើបាបគេឡើយ
34 ឯអ្នកប្រទេសក្រៅដែលមកស្នាក់នៅក្នុងពួកឯងរាល់គ្នា នោះត្រូវទុកដូចជាកើតនៅស្រុកឯងវិញ ហើយត្រូវស្រឡាញ់គេដូចជាខ្លួនឯងដែរ ដ្បិតឯងរាល់គ្នាពីដើមក៏ជាអ្នកស្នាក់នៅក្នុងស្រុកអេស៊ីព្ទដែរ អញនេះគឺព្រះយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា។
35 មិនត្រូវឲ្យឯងរាល់គ្នាប្រព្រឹត្តទុច្ចរិតក្នុងរឿងក្តី ឬក្នុងការវាស់ ឬថ្លឹង ឬវាល់ឡើយ
36 ត្រូវឲ្យមានជញ្ជីង និងកូនជញ្ជីងយ៉ាងត្រឹមត្រូវ ហើយនិងរង្វាល់ត្រឹមត្រូវផង អញនេះគឺព្រះយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា ដែលបាននាំឯងចេញពីស្រុកអេស៊ីព្ទមក
37 ត្រូវឲ្យឯងរាល់គ្នាកាន់អស់ទាំងច្បាប់ និងបញ្ញត្តទាំងប៉ុន្មានរបស់អញ ព្រមទាំងប្រព្រឹត្តតាមផង អញនេះជាព្រះយេហូវ៉ា។
ជំពូក 20
1 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា
2 ត្រូវឲ្យឯងប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលពីសេចក្ដីនេះទៀតដែរថា បើអ្នកណាក្នុងពួកកូនចៅអ៊ីស្រាអែល ឬក្នុងពួកអ្នកប្រទេសក្រៅ ជាអ្នកអាស្រ័យនៅជាមួយគ្នា ដែលថ្វាយកូនខ្លួនទៅព្រះម៉ូឡុក នោះត្រូវឲ្យពួកបណ្តាជននៅក្នុងស្រុកសម្លាប់អ្នកនោះចេញ ដោយចោលនឹងថ្មជាកុំខាន
3 អញនឹងតាំងមុខទាស់នឹងអ្នកនោះ ហើយនិងកាត់ចេញពីសាសន៍ខ្លួនទៅ ពីព្រោះបានឲ្យកូនខ្លួនទៅព្រះម៉ូឡុក ទាំងនាំឲ្យទីបរិសុទ្ធអញទៅជាស្មោកគ្រោក ហើយបង្អាប់ដល់ឈ្មោះបរិសុទ្ធរបស់អញផង
4 បើសិនជាបណ្តាជននៅស្រុកនោះគេធ្មេចភ្នែក ក្នុងកាលដែលអ្នកនោះឲ្យកូនខ្លួនទៅព្រះម៉ូឡុកដូច្នេះ ហើយមិនសម្លាប់អ្នកនោះចោល
5 នោះអញនឹងតាំងមុខទាស់នឹងអ្នកនោះ ព្រមទាំងគ្រួសារគេដែរ ហើយនិងកាត់ចេញពីសាសន៍ខ្លួនទៅ ព្រមទាំងអស់អ្នកដែលផិតទៅតាម ដើម្បីសហាយស្មន់នឹងព្រះម៉ូឡុកនោះផង។
6 ឯអ្នកណាដែលបែរទៅតាមពួកគ្រូខាប ឬពួកគ្រូមន្តគាថា នឹងផិតទៅតាមគេ នោះអញនឹងតាំងមុខទាស់ចំពោះអ្នកនោះ ហើយនិងកាត់ចេញពីសាសន៍ខ្លួនទៅ
7 ដូច្នេះ ចូរឲ្យឯងរាល់គ្នាញែកខ្លួនចេញ ហើយឲ្យបានបរិសុទ្ធចុះ ដ្បិតអញនេះ គឺយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា
8 ត្រូវឲ្យកាន់អស់ទាំងច្បាប់របស់អញ ព្រមទាំងប្រព្រឹត្តតាមផង អញនេះជាព្រះយេហូវ៉ាដែលញែកឯងរាល់គ្នាចេញជាបរិសុទ្ធ
9 ឯអស់អ្នកណាដែលបង្អាប់ដល់ឪពុកម្តាយខ្លួន នោះត្រូវសម្លាប់ចោលជាមិនខាន ដ្បិតបានបង្អាប់ដល់ឪពុកម្តាយខ្លួនហើយ ដូច្នេះ ឈាមគេត្រូវធ្លាក់មកលើគេវិញ។
10 ឯអ្នកណាដែលសហាយស្មន់នឹងប្រពន្ធគេ គឺនឹងប្រពន្ធរបស់អ្នកជិតខាងខ្លួន នោះត្រូវសម្លាប់ចេញទាំងប្រុសទាំងស្រីជាមិនខាន
11 បើមនុស្សណារួមដំណេកនឹងប្រពន្ធរបស់ឪពុក នោះឈ្មោះថាបានបើកកេរ្តិ៍ខ្មាសរបស់ឪពុកហើយ ត្រូវសម្លាប់អ្នកទាំង២នោះជាកុំខាន ឈាមគេត្រូវធ្លាក់មកលើគេវិញ
12 បើមនុស្សណារួមដំណេកនឹងកូនប្រសាស្រីរបស់ខ្លួន នោះត្រូវឲ្យសម្លាប់ចោលទាំង២នាក់ជាកុំខាន ដ្បិតជាការប្រព្រឹត្តច្របូកច្របល់ដ៏លាមក ឈាមគេត្រូវធ្លាក់មកលើគេវិញ
13 បើមានប្រុសណារួមដំណេកនឹងប្រុសដូចជារួមនឹងស្រី នោះអ្នកទាំង២បានប្រព្រឹត្តអំពើគួរខ្ពើមហើយ ត្រូវសម្លាប់ចេញជាមិនខាន ឈាមគេត្រូវធ្លាក់មកលើគេវិញ
14 បើមនុស្សណាយកទាំងកូនស្រី និងម្តាយផងធ្វើជាប្រពន្ធ នោះជាការអាក្រក់ជួជាតិណាស់ ត្រូវដុតទាំងអស់គ្នានឹងភ្លើង ដើម្បីកុំឲ្យមានអំពើអាក្រក់ជួជាតិយ៉ាងនោះ នៅកណ្តាលឯងរាល់គ្នាឡើយ
15 បើមនុស្សណារួមសង្វាសនឹងសត្វ នោះត្រូវឲ្យសម្លាប់ចោលជាកុំខាន ហើយទាំងសត្វនោះក៏ត្រូវសម្លាប់ដែរ
16 បើស្ត្រីណាចូលទៅជិតសត្វណា ហើយរួមសង្វាសជាមួយ នោះត្រូវសម្លាប់ស្ត្រី ព្រមទាំងសត្វនោះផង ត្រូវសម្លាប់ទាំង២ កុំខាន ឈាមគេត្រូវធ្លាក់មកលើគេវិញ។
17 បើមនុស្សណាយកបង ឬប្អូនស្រីខ្លួន ទោះបើជាកូនខាងឪពុក ឬម្តាយខ្លួនក្តី ហើយក៏ឃើញកេរ្តិ៍ខ្មាសនាង នាងក៏ឃើញកេរ្តិ៍ខ្មាសរបស់ប្រុសនោះ យ៉ាងនោះជាការគួរខ្មាសហើយ អ្នកទាំង២នឹងត្រូវកាត់កាល់ចេញនៅចំពោះមុខពួកកូនចៅសាសន៍របស់ខ្លួន ដោយព្រោះបានបើកកេរ្តិ៍ខ្មាសបង ឬប្អូនស្រីខ្លួន អ្នកនោះត្រូវទ្រាំទ្រនឹងសេចក្ដីទុច្ចរិតរបស់ខ្លួន
18 បើមនុស្សណារួមដំណេកជាមួយនឹងស្ត្រីដែលមានរដូវ ហើយបើកកេរ្តិ៍ខ្មាសនាងនោះ នោះឈ្មោះថាបានសំរាតក្បាលឈាមនាង ហើយនាងក៏បានបើកក្បាលឈាមខ្លួនដែរ អ្នកទាំង២នោះត្រូវកាត់កាល់ពីសាសន៍របស់ខ្លួនចេញ
19 មិនត្រូវឲ្យបើកកេរ្តិ៍ខ្មាសម្តាយធំ ឬម្តាយមីងខាងម្តាយ ឬខាងឪពុកឯងឡើយ ដ្បិតយ៉ាងនោះ ឈ្មោះថាបានបកកេរញាតិសន្តានជិតដិតនឹងខ្លួនហើយ អ្នកទាំង២នោះនឹងត្រូវទ្រាំទ្រនឹងសេចក្ដីទុច្ចរិតរបស់ខ្លួន
20 ឬបើមនុស្សណារួមដំណេកជាមួយនឹងប្រពន្ធរបស់ឪពុកធំ ឬឪពុកមា នោះឈ្មោះថាបានបើកកេរ្តិ៍ខ្មាសរបស់ឪពុកធំឬមាខ្លួនហើយ អ្នកទាំង២នោះនឹងត្រូវទ្រាំទ្រនឹងអំពើបាបរបស់ខ្លួន គេនឹងស្លាប់ទៅឥតមានកូន
21 បើមនុស្សណាយកប្រពន្ធរបស់បង ឬរបស់ប្អូនខ្លួន នោះគឺជាការស្មោកគ្រោកហើយ អ្នកនោះបានបើកកេរ្តិ៍ខ្មាសបង ឬប្អូនខ្លួន គេនឹងនៅឥតមានកូនឡើយ។
22 ដូច្នេះ ត្រូវឲ្យឯងរាល់គ្នាកាន់អស់ទាំងច្បាប់ និងបញ្ញត្តទាំងប៉ុន្មានរបស់អញ ព្រមទាំងប្រព្រឹត្តតាមផង ក្រែងស្រុកដែលអញនាំឯងរាល់គ្នាចូលទៅនៅនោះ បានក្អួតឯងចេញដែរ
23 មិនត្រូវឲ្យដើរតាមអស់ទាំងទំនៀមរបស់សាសន៍ទាំងប៉ុន្មាន ដែលអញបណ្តេញពីមុខឯងរាល់គ្នាចេញឡើយ ដ្បិតគេបានប្រព្រឹត្តអំពើទាំងនោះហើយ បានជាអញខ្ពើមឆ្អើមដល់គេ
24 តែអញបានប្រាប់ឯងរាល់គ្នាហើយថា ឯងរាល់គ្នានឹងទទួលស្រុករបស់គេទុកជាមរដក អញនឹងឲ្យស្រុកនោះទៅជាកេរអាករដល់ឯងរាល់គ្នា ជាស្រុកដែលមានទឹកដោះ ហើយនិងទឹកឃ្មុំហូរហៀរ អញនេះ គឺយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា ដែលបានញែកឯងចេញពីអស់ទាំងសាសន៍ដទៃហើយ
25 ដូច្នេះ ត្រូវឲ្យឯងរាល់គ្នាចេះសម្គាល់សត្វជើង៤ ដែលស្អាត និងសត្វដែលមិនស្អាត ហើយសត្វស្លាបដែលមិនស្អាត និងសត្វស្លាបដែលស្អាតចុះ មិនត្រូវឲ្យនាំខ្លួនទៅជាស្មោកគ្រោកដោយសត្វជើង៤ ឬសត្វស្លាប ឬសត្វលូនវារនៅដី ដែលអញបានញែកចេញពីឯងរាល់គ្នា ទុកជាមិនស្អាតនោះឡើយ
26 ត្រូវឲ្យឯងរាល់គ្នាបានបរិសុទ្ធដល់អញ ដ្បិតអញនេះ គឺព្រះយេហូវ៉ា អញបរិសុទ្ធ ហើយអញបានញែកឯងរាល់គ្នាចេញពីអស់ទាំងសាសន៍ដទៃ ដើម្បីឲ្យបានជារបស់ផងអញវិញ។
27 មនុស្សប្រុស ឬស្រីណាដែលធ្វើជាគ្រូខាប ឬជាគ្រូមន្តគាថា នោះត្រូវសម្លាប់ចោលជាកុំខាន ត្រូវចោលគេនឹងថ្មទៅ ឈាមគេត្រូវធ្លាក់លើគេវិញ។
ជំពូក 21
1 ព្រះយេហូវ៉ាទ្រង់បង្គាប់ម៉ូសេឲ្យប្រាប់ដល់ពួកសង្ឃ គឺជាពួកកូនអើរ៉ុនថា មិនត្រូវឲ្យអ្នកណាមួយនាំឲ្យខ្លួនសៅហ្មង ដោយព្រោះខ្មោចស្លាប់នៅក្នុងពួកញាតិសន្តានរបស់ខ្លួនឡើយ
2 លើកតែដោយព្រោះសាច់ញាតិដែលជិតដិតចេញ គឺម្តាយ ឬឪពុក ឬកូនប្រុសកូនស្រី ឬបងប្អូនប្រុសរបស់ខ្លួនប៉ុណ្ណោះ
3 ហើយដោយព្រោះបងប្អូនស្រីនៅក្រមុំ ជាសាច់ជិតដិតដែលមិនទាន់មានប្ដី នោះនឹងនាំឲ្យខ្លួនសៅហ្មង ដោយព្រោះខ្មោចនាងនោះបានដែរ
4 ពួកសង្ឃជាមេលើសាសន៍របស់ខ្លួន ដូច្នេះ មិនត្រូវធ្វើអ្វីនឹងនាំឲ្យខ្លួនសៅហ្មង ឲ្យបានទាបថោកវិញឡើយ
5 មិនត្រូវឲ្យគេធ្វើឲ្យទំពែកនៅលើក្បាល ឬកាត់ដំរឹមពុកមាត់ ឬឆូតស្បែកខ្លួនឡើយ
6 ត្រូវឲ្យគេបានបរិសុទ្ធដល់ព្រះនៃខ្លួន ហើយមិនត្រូវបង្អាប់ដល់ព្រះនាមព្រះនៃខ្លួនឡើយ ដ្បិតគេថ្វាយតង្វាយដុត គឺជាព្រះស្ងោយនៃព្រះយេហូវ៉ាជាព្រះរបស់គេ ហេតុនោះបានជាគេត្រូវតែបានបរិសុទ្ធ
7 គេមិនត្រូវយកស្ត្រីណាដែលជាស្រីសំផឹង ឬដែលបានខូចសេចក្ដីបរិសុទ្ធហើយ ធ្វើជាប្រពន្ធឡើយ ក៏មិនត្រូវយកស្ត្រីដែលប្ដីលែងដែរ ដ្បិតគេបរិសុទ្ធដល់ព្រះនៃគេ
8 ដូច្នេះ ត្រូវឲ្យឯងញែកគេចេញឲ្យផុត ដ្បិតគេថ្វាយព្រះស្ងោយរបស់ព្រះនៃឯង ហើយឯងត្រូវរាប់គេជាបរិសុទ្ធដែរ ដ្បិតអញនេះ គឺព្រះយេហូវ៉ា ដែលញែកឯងរាល់គ្នាចេញជាបរិសុទ្ធ អញបរិសុទ្ធ
9 បើកូនស្រីរបស់សង្ឃណាម្នាក់បង្ខូចខ្លួន ដោយធ្វើជាសំផឹង នោះបានបង្អាប់ដល់ឪពុកហើយ ត្រូវតែដុតវានឹងភ្លើងទៅ។
10 ឯអ្នកណាដែលធ្វើជាសម្ដេចសង្ឃ ក្នុងពួកបងប្អូនរបស់ខ្លួន គឺជាអ្នកដែលគេបានចាក់ប្រេងលើក្បាលតាំងឡើង ឲ្យបានស្លៀកសម្លៀកបំពាក់បរិសុទ្ធ នោះមិនត្រូវបើកឲ្យនៅក្បាលទទេ ឬហែកសម្លៀកបំពាក់របស់ខ្លួនឡើយ
11 ក៏មិនត្រូវចូលទៅជិតខ្មោចស្លាប់ណាដែរ ឬនាំឲ្យខ្លួនសៅហ្មង ដោយព្រោះឪពុក ឬម្តាយខ្លួនឡើយ
12 មិនត្រូវឲ្យលោកចេញពីទីបរិសុទ្ធ ឬបង្អាប់ទីបរិសុទ្ធរបស់ព្រះនៃខ្លួនឡើយ ដ្បិតលោកមានប្រេងចាក់លាបរបស់ព្រះនៃខ្លួន ដែលសម្រាប់តាំងឡើងជាសង្ឃ នៅលើក្បាលហើយ អញនេះជាព្រះយេហូវ៉ា
13 ត្រូវឲ្យលោកយកប្រពន្ធដែលនៅជាក្រមុំនៅឡើយ
14 មិនត្រូវយកស្រីមេម៉ាយ ស្រីប្ដីលែង ស្រីខូចសេចក្ដីបរិសុទ្ធ ឬស្រីសំផឹងឲ្យសោះ គឺត្រូវយកស្រីក្រមុំពីពួកសាសន៍របស់ខ្លួនធ្វើជាប្រពន្ធវិញ
15 ហើយមិនត្រូវឲ្យពូជពង្សរបស់ខ្លួនទៅជាទាបថោកក្នុងសាសន៍ខ្លួនឡើយ ដ្បិតអញនេះជាព្រះយេហូវ៉ា ដែលញែកលោកចេញជាបរិសុទ្ធ។
16 ព្រះយេហូវ៉ាទ្រង់បង្គាប់ម៉ូសេ
17 ឲ្យប្រាប់ដល់អើរ៉ុនថា បើមានអ្នកណាក្នុងពួកកូនចៅឯងនៅអស់ទាំងតំណតរៀងទៅដែលវិកលវិការ នោះមិនត្រូវចូលមកថ្វាយព្រះស្ងោយរបស់ព្រះនៃខ្លួនឡើយ
18 ដ្បិតអ្នកណាដែលវិកលវិការ នោះមិនត្រូវចូលមកជិតឡើយ ដូចជាមនុស្សខ្វាក់ ឬខ្ញើច ឬអ្នកណាដែលមានច្រមុះក្រពិត ឬជើងដៃមិនស្មើគ្នា
19 ឬមនុស្សណាកំពួរជើងដៃ
20 ឬដែលគម ឬតឿ ឬមានស្នាមអ្វីនៅភ្នែក ឬកើតទឹលម៉ូវ ឬស្រែង ឬមានពងខូច
21 អ្នកណាដែលវិកលវិការក្នុងពូជអើរ៉ុនដ៏ជាសង្ឃ នោះមិនត្រូវចូលមកថ្វាយតង្វាយដុតនៃព្រះយេហូវ៉ាទេ អ្នកនោះវិកលវិការហើយ ដូច្នេះ មិនត្រូវចូលទៅថ្វាយព្រះស្ងោយរបស់ព្រះនៃខ្លួនឡើយ
22 អ្នកនោះនឹងបរិភោគអាហាររបស់ព្រះនៃខ្លួនបាន ទោះទាំងតង្វាយបរិសុទ្ធ និងតង្វាយបរិសុទ្ធបំផុតផង
23 ប៉ុន្តែ អ្នកនោះវិកលវិការហើយ បានជាមិនត្រូវចូលទៅឯវាំងនន ឬជិតអាសនៈឡើយ ដើម្បីកុំឲ្យបង្អាប់ដល់ទីបរិសុទ្ធរបស់អញ ដ្បិតអញនេះជាព្រះយេហូវ៉ា ដែលញែកគេចេញជាបរិសុទ្ធ
24 ដូច្នេះ ម៉ូសេក៏ប្រាប់ដល់អើរ៉ុន និងពួកកូនលោក ហើយដល់ពួកកូនចៅអ៊ីស្រាអែលទាំងអស់គ្នាផង។
ជំពូក 22
1 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា
2 ចូរប្រាប់ដល់អើរ៉ុន និងពួកកូនលោក ឲ្យគេរក្សាខ្លួនចំពោះតង្វាយបរិសុទ្ធ ដែលពួកកូនចៅអ៊ីស្រាអែលថ្វាយដល់អញ ដើម្បីកុំឲ្យបង្អាប់ដល់ឈ្មោះបរិសុទ្ធរបស់អញឡើយ អញនេះជាព្រះយេហូវ៉ា
3 ចូរប្រាប់គេថា អ្នកណាក្នុងពូជឯងរាល់គ្នា នៅអស់ទាំងតំណតរៀងទៅ ដែលជាប់មានសេចក្ដីមិនស្អាតណា ក៏ចូលមកឯតង្វាយបរិសុទ្ធ ដែលពួកកូនចៅអ៊ីស្រាអែលថ្វាយដល់ព្រះយេហូវ៉ា អ្នកនោះនឹងត្រូវកាត់ចេញពីមុខអញទៅ អញនេះជាព្រះយេហូវ៉ា
4 បើមនុស្សណាក្នុងពូជអើរ៉ុនកើតឃ្លង់ ឬហូរខ្ទុះ នោះមិនត្រូវបរិភោគរបស់បរិសុទ្ធឡើយ ដរាបដល់បានជាស្អាតសិន ឯអ្នកណាដែលពាល់ដល់មនុស្សដែលមិនស្អាតដោយសារខ្មោចស្លាប់ ឬមនុស្សណាដែលមានទឹកកាមចេញពីខ្លួនមក
5 ឬអ្នកណាដែលពាល់ដល់សត្វលូនវារណា ដែលនាំឲ្យខ្លួនមិនស្អាត ឬដល់មនុស្សណាដែលសេចក្ដីមិនស្អាតរបស់អ្នកនោះឆ្លងមកលើខ្លួនបាន ទោះបើមានសេចក្ដីមិនស្អាតយ៉ាងណាក៏ដោយ
6 អ្នកដែលពាល់មនុស្សយ៉ាងនោះ នឹងត្រូវនៅជាមិនស្អាតរហូតដល់ល្ងាច ហើយមិនត្រូវបរិភោគរបស់បរិសុទ្ធឡើយ ដរាបដល់បានងូតទឹកជាមុនសិន
7 រួចកាលណាថ្ងៃលិចហើយ នោះទើបនឹងបានស្អាត ហើយនិងបរិភោគរបស់បរិសុទ្ធបាន ដ្បិតនោះជាអាហាររបស់ផងអ្នកនោះ
8 គេមិនត្រូវបរិភោគសត្វដែលស្លាប់ដោយខ្លួនឯង ឬដែលសត្វអ្វីបានហែកហួរ ជាការដែលនាំឲ្យខ្លួនមិនស្អាតនោះឡើយ អញនេះជាព្រះយេហូវ៉ា
9 ដូច្នេះ គេត្រូវរក្សាបញ្ញើរបស់អញ ក្រែងគេធ្វើឲ្យបញ្ញើនោះទៅជាអាប់ឱន ហើយគេជាប់មានបាប រួចត្រូវស្លាប់ អញនេះជាព្រះយេហូវ៉ា ដែលញែកគេចេញជាបរិសុទ្ធ។
10 មិនត្រូវឲ្យអ្នកដទៃណាបរិភោគតង្វាយបរិសុទ្ធឡើយ ឯអ្នកណាដែលស្នាក់នៅផ្ទះសង្ឃ ឬអ្នកស៊ីឈ្នួល ក៏មិនត្រូវបរិភោគតង្វាយបរិសុទ្ធនោះដែរ
11 ប៉ុន្តែ បើសង្ឃណាបានយកប្រាក់ទៅទិញបាវមក បាវនោះនឹងបរិភោគបាន ហើយអស់អ្នកដែលកើតក្នុងផ្ទះនោះផង គេនឹងបរិភោគអាហាររបស់សង្ឃបាន
12 បើកូនស្រីរបស់សង្ឃណាបានយកប្ដីជាអ្នកក្រៅ នាងនោះមិនត្រូវបរិភោគតង្វាយបរិសុទ្ធដែលលើកថ្វាយចុះឡើងទៀតឡើយ
13 តែបើកូនស្រីរបស់សង្ឃណាជាមេម៉ាយ ឬដែលប្ដីលែងឥតមានកូន ហើយបានត្រឡប់មកនៅផ្ទះឪពុកខ្លួន ដូចកាលនៅក្រមុំវិញ នាងនោះនឹងបរិភោគអាហាររបស់ឪពុកបាន តែមិនត្រូវឲ្យអ្នកដទៃណាបរិភោគទេ
14 បើអ្នកដទៃណាបរិភោគអ្វីពីតង្វាយបរិសុទ្ធដោយឥតដឹង ត្រូវឲ្យអ្នកនោះសងរបស់បរិសុទ្ធដល់សង្ឃវិញ ព្រមទាំងថែម១ភាគក្នុង៥ផង
15 គេមិនត្រូវធ្វើឲ្យតង្វាយបរិសុទ្ធរបស់ពួកកូនចៅអ៊ីស្រាអែល ដែលបានថ្វាយដល់ព្រះយេហូវ៉ាទៅជាអាប់ឱនឡើយ
16 យ៉ាងនោះជាហេតុនាំឲ្យគេមានសេចក្ដីទុច្ចរិត ដែលនាំឲ្យមានទោស ដោយបានបរិភោគតង្វាយបរិសុទ្ធរបស់គេដូច្នេះ ដ្បិតអញនេះជាព្រះយេហូវ៉ា ដែលញែកចេញជាបរិសុទ្ធ។
17 ព្រះយេហូវ៉ាទ្រង់បង្គាប់ម៉ូសេ
18 ឲ្យប្រាប់ដល់អើរ៉ុន និងពួកកូនលោក ព្រមទាំងពួកកូនចៅអ៊ីស្រាអែលទាំងអស់គ្នាថា ឯអស់អ្នកណាក្នុងពួកវង្សអ៊ីស្រាអែល ឬក្នុងពួកអ្នកសំណាក់នៅជាមួយ ដែលគេនឹងថ្វាយតង្វាយរបស់ខ្លួន ទោះជាតង្វាយលាបំណន់ ឬតង្វាយថ្វាយដោយស្ម័គ្រពីចិត្តក្តី ដែលគេនឹងនាំមកថ្វាយជាតង្វាយដុតដល់ព្រះយេហូវ៉ា
19 នោះបើគេចង់ឲ្យទ្រង់ទទួល ត្រូវឲ្យគេថ្វាយសត្វឈ្មោលដ៏ឥតខ្ចោះពីហ្វូងគោ ហ្វូងចៀម ឬហ្វូងពពែក្តី
20 តែសត្វណាដែលវិកលវិការ នោះមិនត្រូវឲ្យឯងរាល់គ្នាថ្វាយឡើយ ដ្បិតទ្រង់មិនទទួលសត្វយ៉ាងនោះស្នងឯងរាល់គ្នាទេ
21 ហើយអ្នកណាដែលថ្វាយយញ្ញបូជា ជាតង្វាយមេត្រីដល់ព្រះយេហូវ៉ា សម្រាប់លាបំណន់ ឬជាតង្វាយស្ម័គ្រពីចិត្ត ទោះបើគោឬចៀមក្តី សត្វនោះត្រូវតែបានពេញខ្នាត ទើបទ្រង់ទទួល មិនត្រូវឲ្យមានវិកលវិការអ្វីឡើយ
22 ឯសត្វដែលខ្វាក់ បាក់ជើង កំបុតជើង ឬកើតដំបៅ អង្គែ ឬមានក្រមរ នោះមិនត្រូវថ្វាយដល់ព្រះយេហូវ៉ា ឬថ្វាយជាតង្វាយដុតដល់ទ្រង់នៅលើអាសនៈឡើយ
23 បើគោ ឬចៀម មានអវយវៈខ្វះខាតមិនពេញលេញ នោះឯងនឹងថ្វាយជាតង្វាយស្ម័គ្រពីចិត្តបាន តែទ្រង់មិនទទួលសត្វនោះសម្រាប់ជាតង្វាយលាបំណន់ទេ
24 បើសត្វណាមានពងខូច ឬខ្ទាំ ឬបែក ឬក្រៀវ នោះមិនត្រូវឲ្យឯងរាល់គ្នាថ្វាយដល់ព្រះយេហូវ៉ាឡើយ ក៏មិនត្រូវធ្វើដូច្នោះនៅក្នុងស្រុកឯងដែរ
25 មិនត្រូវឲ្យឯងរាល់គ្នាទទួលសត្វណាយ៉ាងនោះ ពីអ្នកប្រទេសក្រៅ សម្រាប់នឹងថ្វាយជាព្រះស្ងោយរបស់ព្រះនៃឯងឡើយ ពីព្រោះសត្វយ៉ាងនោះមិនពេញខ្នាតទេ គឺមានវិកលវិការហើយ ទ្រង់មិនទទួលស្នងឯងរាល់គ្នាឡើយ។
26 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា
27 កាលណាកូនគោ ឬកូនចៀម ឬកូនពពែកើតមក នោះត្រូវឲ្យវានៅជាមួយនឹងមេអស់៧ថ្ងៃ រួចតាំងពីថ្ងៃទី៨ទៅមុខ នោះនឹងទទួលសម្រាប់ជាតង្វាយដុតថ្វាយព្រះយេហូវ៉ាបាន
28 តែទោះបើគោ ឬចៀមក្តី នោះមិនត្រូវសម្លាប់ទាំងមេទាំងកូននៅថ្ងៃដដែលទេ
29 បើកាលណាឯងរាល់គ្នាថ្វាយយញ្ញបូជា ទុកជាតង្វាយអរព្រះគុណដល់ព្រះយេហូវ៉ា នោះត្រូវថ្វាយបែបឲ្យទ្រង់បានទទួលឯងចុះ
30 រួចត្រូវតែបរិភោគតង្វាយនោះនៅថ្ងៃនោះឯង មិនត្រូវទុកអ្វីឲ្យនៅដល់ព្រឹកឡើយ អញនេះជាព្រះយេហូវ៉ា
31 ដូច្នេះ ឯងរាល់គ្នាត្រូវកាន់អស់ទាំងបញ្ញត្តរបស់អញ ហើយប្រព្រឹត្តតាមផង អញនេះជាព្រះយេហូវ៉ា
32 មិនត្រូវឲ្យឯងរាល់គ្នាបង្អាប់ដល់ឈ្មោះបរិសុទ្ធរបស់អញឡើយ គឺដើម្បីឲ្យពួកកូនចៅអ៊ីស្រាអែល បានតម្កើងអញឡើងជាបរិសុទ្ធ អញនេះគឺព្រះយេហូវ៉ា ដែលញែកឯងរាល់គ្នាចេញជាបរិសុទ្ធ
33 ហើយបាននាំឯងរាល់គ្នាចេញពីស្រុកអេស៊ីព្ទមក ដើម្បីឲ្យបានធ្វើជាព្រះនៃឯងរាល់គ្នា អញនេះជាព្រះយេហូវ៉ា។
ជំពូក 23
1 ព្រះយេហូវ៉ាទ្រង់បង្គាប់ម៉ូសេ
2 ឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា ឯថ្ងៃបុណ្យទាំងប៉ុន្មាននៃព្រះយេហូវ៉ា ដែលឯងរាល់គ្នាត្រូវប្រកាសប្រាប់ ទុកជាថ្ងៃជំនុំបរិសុទ្ធ បុណ្យអញទាំងនោះ គឺដូច្នេះ
3 ត្រូវឲ្យធ្វើការក្នុងរវាង៦ថ្ងៃ តែដល់ថ្ងៃទី៧ នោះជាថ្ងៃឈប់ឲ្យបានសម្រាកសម្រាប់ប្រជុំជំនុំបរិសុទ្ធវិញ មិនត្រូវឲ្យឯងរាល់គ្នាធ្វើការអ្វីនៅថ្ងៃនោះឡើយ ដ្បិតជាថ្ងៃឈប់សម្រាករបស់ព្រះយេហូវ៉ានៅក្នុងគ្រប់ទាំងទីលំនៅរបស់ឯងរាល់គ្នា។
4 ឯបុណ្យទាំងប៉ុន្មាននៃព្រះយេហូវ៉ាជាថ្ងៃប្រជុំជំនុំបរិសុទ្ធ ដែលឯងរាល់គ្នាត្រូវប្រកាសប្រាប់នៅពេលកំណត់នោះដូច្នេះ
5 គឺនៅថ្ងៃ១៤ក្នុងខែចេត្រ ចាប់តាំងពីល្ងាចរហូតដល់ខួបវិញ នោះជាថ្ងៃបុណ្យរំលងផងព្រះយេហូវ៉ា
6 ហើយនៅថ្ងៃ១៥ក្នុងខែនោះឯង ជាបុណ្យនំបុ័ងឥតដំបែផងព្រះយេហូវ៉ា ត្រូវឲ្យឯងរាល់គ្នាបរិភោគនំបុ័ងឥតដំបែគ្រប់៧ថ្ងៃ
7 នៅថ្ងៃដំបូង ត្រូវឲ្យប្រជុំជំនុំបរិសុទ្ធ មិនត្រូវធ្វើការរកស៊ីឡើយ
8 តែឯងរាល់គ្នាត្រូវថ្វាយតង្វាយដុតដល់ព្រះយេហូវ៉ាគ្រប់៧ថ្ងៃ ដល់ថ្ងៃទី៧ នោះជាថ្ងៃប្រជុំជំនុំបរិសុទ្ធ មិនត្រូវធ្វើការរកស៊ីឡើយ។
9 ព្រះយេហូវ៉ាទ្រង់បង្គាប់ម៉ូសេ
10 ឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា កាលណាឯងរាល់គ្នាបានចូលទៅក្នុងស្រុកដែលអញឲ្យដល់ឯង ហើយបានច្រូតចម្រូូតនៅស្រុកនោះ នោះត្រូវយកកណ្តាប់ដែលជាផលដំបូងពីចម្រូូតឯងមកឯសង្ឃ
11 ត្រូវឲ្យសង្ឃគ្រវីថ្វាយកណ្តាប់នោះនៅចំពោះព្រះយេហូវ៉ា ដើម្បីឲ្យទ្រង់បានទទួលស្នងឯងរាល់គ្នា គឺនឹងគ្រវីថ្វាយនៅថ្ងៃក្រោយនៃថ្ងៃឈប់សម្រាក
12 ហើយនៅថ្ងៃដែលឯងរាល់គ្នាគ្រវីថ្វាយកណ្តាប់នោះ នោះត្រូវយកកូនចៀមឈ្មោល១ឥតខ្ចោះ អាយុ១ខួបមកថ្វាយជាតង្វាយដុត ដល់ព្រះយេហូវ៉ា
13 ឯតង្វាយម្សៅដែលសម្រាប់ថ្វាយជាមួយ នោះត្រូវជាម្សៅយ៉ាងម៉ដ្ត២ខ្ញឹងលាយនឹងប្រេង ទុកជាតង្វាយដុត សម្រាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា ហើយតង្វាយច្រួច នោះត្រូវជាស្រាទំពាំងបាយជូរ២កំប៉ុង
14 ឯឯងរាល់គ្នា មិនត្រូវបរិភោគនំបុ័ង ឬស្រូវលីង ឬអង្ករថ្មី ដរាបដល់ថ្ងៃនេះឯង ទាល់តែបានយកតង្វាយមកថ្វាយព្រះនៃឯងសិន នេះហើយជាច្បាប់សម្រាប់ឯងរាល់គ្នា នៅគ្រប់ទីកន្លែងដែលនឹងតាំងទីលំនៅ នៅអស់កល្បជានិច្ច ដល់អស់ទាំងតំណតរៀងទៅ។
15 រួចចាប់តាំងពីថ្ងៃក្រោយថ្ងៃឈប់សម្រាកនោះ គឺពីថ្ងៃដែលឯងរាល់គ្នាបានយកកណ្តាប់ មកថ្វាយជាតង្វាយគ្រវី នោះត្រូវរាប់ពេញជា៧ថ្ងៃឈប់សម្រាក
16 ត្រូវតែរាប់ទៅដល់ថ្ងៃក្រោយថ្ងៃឈប់សម្រាកទី៧នោះ គឺទាំងអស់ត្រូវជា៥០ថ្ងៃ នោះត្រូវឲ្យឯងរាល់គ្នាថ្វាយតង្វាយម្សៅជាថ្មីទៀតដល់ព្រះយេហូវ៉ា
17 ត្រូវយកនំបុ័ង២ធ្វើពីម្សៅយ៉ាងម៉ដ្ត២ខ្ញឹងពីផ្ទះឯង មកថ្វាយជាតង្វាយគ្រវី នំបុ័ងនោះត្រូវធ្វើដោយលាយដំបែសម្រាប់ជាតង្វាយនៃផលដំបូងថ្វាយព្រះយេហូវ៉ា
18 ហើយត្រូវយកកូនចៀម៧ឥតខ្ចោះអាយុ១ខួប និងគោឈ្មោលស្ទាវ១ ហើយនិងចៀមឈ្មោល២ មកថ្វាយព្រមគ្នានឹងនំបុ័ងនោះ គឺត្រូវដុតសត្វទាំងនោះថ្វាយដល់ព្រះយេហូវ៉ា ព្រមទាំងតង្វាយម្សៅ និងតង្វាយច្រួចផង ជាតង្វាយដុតសម្រាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា
19 ក៏ត្រូវថ្វាយពពែឈ្មោល១ សម្រាប់ជាតង្វាយលោះបាប និងកូនចៀមឈ្មោល២អាយុ១ខួប សម្រាប់ជាយញ្ញបូជានៃតង្វាយមេត្រីដែរ
20 ត្រូវឲ្យសង្ឃគ្រវីសត្វទាំងនោះថ្វាយជាមួយនឹងនំបុ័ងដែលជាផលដំបូង ទុកជាតង្វាយគ្រវីនៅចំពោះព្រះយេហូវ៉ា ព្រមទាំងកូនចៀម២នោះដែរ តង្វាយទាំងនោះសុទ្ធតែបរិសុទ្ធ ដល់ព្រះយេហូវ៉ា ទុកសម្រាប់ពួកសង្ឃ
21 នៅថ្ងៃនោះឯង ត្រូវប្រកាសប្រាប់ថាជាថ្ងៃប្រជុំជំនុំបរិសុទ្ធ មិនត្រូវធ្វើការរកស៊ីឡើយ នេះហើយជាច្បាប់សម្រាប់គ្រប់ទីកន្លែង ដែលនឹងតាំងទីលំនៅ នៅអស់កល្បជានិច្ច ដល់អស់ទាំងតំណតរៀងទៅ។
22 កាលណាឯងរាល់គ្នាច្រូតចម្រូូតនៅស្រែចម្ការរបស់ឯង នោះមិនត្រូវច្រូតឲ្យដល់កៀនឡើយ ក៏មិនត្រូវសន្សំរើសគួរស្រូវដែលជ្រុះចុះដែរ ត្រូវឲ្យទុកសម្រាប់ពួកអ្នកក្រីក្រ ហើយនិងពួកអ្នកដែលស្នាក់នៅវិញ អញនេះគឺយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា។
23 ព្រះយេហូវ៉ាទ្រង់បង្គាប់ម៉ូសេ
24 ឲ្យលោកប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា នៅថ្ងៃដំបូងក្នុងខែអស្សុជ នោះជាថ្ងៃឈប់សម្រាកសម្រាប់ឯងរាល់គ្នា គឺជាបុណ្យផ្លុំត្រែរំឭក ជាថ្ងៃប្រជុំជំនុំបរិសុទ្ធ
25 មិនត្រូវឲ្យឯងរាល់គ្នាធ្វើការរកស៊ីឲ្យសោះ តែត្រូវថ្វាយតង្វាយដុតដល់ព្រះយេហូវ៉ា។
26 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា
27 នៅថ្ងៃ១០ក្នុងខែអស្សុជនេះឯង នោះជាថ្ងៃឲ្យបានធួននឹងបាប គឺជាថ្ងៃប្រជុំជំនុំបរិសុទ្ធដល់ឯងរាល់គ្នា ត្រូវឲ្យឯងរាល់គ្នាបញ្ឈឺចិត្តខ្លួន ហើយត្រូវថ្វាយតង្វាយដុតដល់ព្រះយេហូវ៉ា
28 នៅថ្ងៃនោះ មិនត្រូវធ្វើការរកស៊ីឡើយ ដ្បិតគឺជាថ្ងៃធួននឹងបាប សម្រាប់នឹងថ្វាយតង្វាយឲ្យធួននឹងខ្លួនឯងរាល់គ្នា នៅចំពោះព្រះយេហូវ៉ាជាព្រះនៃឯង
29 ឯអស់អ្នកណាដែលមិនបញ្ឈឺចិត្តខ្លួននៅថ្ងៃនោះ អ្នកនោះនឹងត្រូវកាត់កាល់ពីពួកសាសន៍របស់ខ្លួនចេញ
30 ហើយអស់អ្នកណាដែលធ្វើការអ្វីក៏ដោយនៅថ្ងៃនោះ នោះអញនឹងធ្វើឲ្យវិនាសចេញពីពួកសាសន៍ខ្លួនទៅ
31 មិនត្រូវឲ្យឯងរាល់គ្នាធ្វើការយ៉ាងណាឲ្យសោះ នេះហើយជាច្បាប់សម្រាប់ឯងរាល់គ្នាធ្វើការនៅគ្រប់ទីកន្លែង ដែលនឹងតាំងទីលំនៅ នៅអស់កល្បជានិច្ច ដល់អស់ទាំងតំណតរៀងទៅ
32 ថ្ងៃនោះត្រូវទុកជាថ្ងៃឈប់ សម្រាប់ឲ្យឯងរាល់គ្នាបានសម្រាក ហើយឯងរាល់គ្នាត្រូវបញ្ឈឺចិត្តខ្លួន គឺនៅពេលល្ងាចថ្ងៃ៩ខែនោះឯង ចាប់តាំងពីល្ងាចដរាបដល់ខួបវិញ នោះឯងរាល់គ្នាត្រូវរក្សាថ្ងៃឈប់សម្រាករបស់ឯង។
33 ព្រះយេហូវ៉ាទ្រង់បង្គាប់ម៉ូសេ
34 ឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា នៅថ្ងៃ១៥ក្នុងខែអស្សុជនេះ ជាថ្ងៃបុណ្យបារាំថ្វាយព្រះយេហូវ៉ាអស់៧ថ្ងៃ
35 នៅថ្ងៃដំបូង ត្រូវឲ្យឯងរាល់គ្នាប្រជុំជំនុំបរិសុទ្ធ មិនត្រូវធ្វើការរកស៊ីឡើយ
36 ក្នុង៧ថ្ងៃនោះ ត្រូវឲ្យឯងរាល់គ្នាថ្វាយតង្វាយដុតទៅព្រះយេហូវ៉ា លុះដល់ថ្ងៃ៨ ជាថ្ងៃប្រជុំជំនុំបរិសុទ្ធសម្រាប់ឯងរាល់គ្នា នោះត្រូវថ្វាយតង្វាយដុតដល់ព្រះយេហូវ៉ា នេះជាជំនុំដ៏មុតមាំ មិនត្រូវធ្វើការរកស៊ីឲ្យសោះ។
37 នេះហើយជាបុណ្យទាំងប៉ុន្មាននៃព្រះយេហូវ៉ា ដែលឯងរាល់គ្នាត្រូវប្រកាសប្រាប់ ទុកជាថ្ងៃប្រជុំជំនុំបរិសុទ្ធ ដើម្បីនឹងថ្វាយតង្វាយដុតដល់ព្រះយេហូវ៉ា គឺជាតង្វាយដុត១ តង្វាយម្សៅ១ យញ្ញបូជា១ ហើយនិងតង្វាយច្រួច១ តាមរបៀបបុណ្យរាល់តែថ្ងៃ
38 ក្រៅពីអស់ទាំងថ្ងៃឈប់សម្រាកផងព្រះយេហូវ៉ា ហើយក្រៅពីតង្វាយដែលឯងរាល់គ្នាថ្វាយទាំងប៉ុន្មាន ព្រមទាំងបំណន់របស់ឯង និងតង្វាយដែលថ្វាយដល់ព្រះយេហូវ៉ាដោយស្ម័គ្រចិត្តផង។
39 នៅថ្ងៃ១៥ខែអស្សុជ កាលណាបានប្រមូលផលពីដីមក នោះត្រូវធ្វើបុណ្យថ្វាយព្រះយេហូវ៉ាអស់៧ថ្ងៃ ថ្ងៃដំបូង ជាថ្ងៃឈប់សម្រាក ហើយនៅថ្ងៃទី៨ ក៏ជាថ្ងៃឈប់សម្រាកដែរ
40 នៅថ្ងៃដំបូង ត្រូវឲ្យឯងរាល់គ្នាយកមែកពីដើមយ៉ាងល្អ ហើយកាត់ធាងលម៉ើ និងមែកឈើញឹកស្និទ្ធ ព្រមទាំងធាងចាកពីមាត់ស្ទឹងផង រួចឲ្យអរសប្បាយឡើងអស់៧ថ្ងៃ នៅចំពោះព្រះយេហូវ៉ាជាព្រះនៃឯង
41 ត្រូវឲ្យឯងរាល់គ្នាធ្វើបុណ្យនេះថ្វាយព្រះយេហូវ៉ាអស់៧ថ្ងៃរាល់តែឆ្នាំ នេះហើយជាច្បាប់ នៅអស់កល្បជានិច្ច អស់ទាំងតំណឯងតរៀងទៅ គឺត្រូវធ្វើបុណ្យនេះនៅខែអស្សុជ
42 ត្រូវឲ្យឯងរាល់គ្នា គឺពួកអ្នកទាំងប៉ុន្មានដែលកើតក្នុងវង្សសាសន៍អ៊ីស្រាអែល អាស្រ័យនៅក្នុងបារាំនោះអស់៧ថ្ងៃ
43 ដើម្បីឲ្យអស់ទាំងតំណកូនចៅឯងរាល់គ្នាបានដឹងថា អញបានឲ្យពួកកូនចៅអ៊ីស្រាអែលនៅក្នុងបារាំដូច្នេះ ក្នុងកាលដែលអញនាំគេចេញពីស្រុកអេស៊ីព្ទមក អញនេះគឺយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា
44 នោះម៉ូសេ ក៏ប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលពីថ្ងៃបុណ្យទាំងប៉ុន្មានរបស់ព្រះយេហូវ៉ា។
ជំពូក 24
1 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា
2 ចូរប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែល ឲ្យគេយកប្រេងអូលីវសុទ្ធយ៉ាងសំរាំងមកសម្រាប់ចង្កៀង ដើម្បីឲ្យបានឆេះនៅជានិច្ច
3 អើរ៉ុនត្រូវថែទាំចង្កៀងនោះ ឲ្យឆេះពីល្ងាចរហូតដល់ព្រឹកជាប្រក្រតី នៅចំពោះព្រះយេហូវ៉ា ត្រង់ខាងក្រៅវាំងននដែលបាំងទីបន្ទាល់ក្នុងត្រសាលជំនុំ នេះហើយជាច្បាប់សម្រាប់អស់កល្បជានិច្ច នៅអស់ទាំងតំណឯងតរៀងទៅ
4 ត្រូវឲ្យលោករៀបចង្កៀងនៅលើជើងចង្កៀងមាសសុទ្ធ នៅចំពោះព្រះយេហូវ៉ាជានិច្ច។
5 ហើយត្រូវឲ្យយកម្សៅយ៉ាងម៉ដ្តធ្វើនំ១២ គឺថានំនីមួយៗធ្វើពីម្សៅ២ខ្ញឹង
6 ហើយត្រូវដំរៀបនំទាំងនោះជា២ជួរ ក្នុង១ជួរមាន៦ នៅលើតុមាសសុទ្ធដែលនៅចំពោះព្រះយេហូវ៉ា
7 រួចត្រូវដាក់កំញានសុទ្ធពីលើនំទាំង២ជួននោះ ឲ្យបានទុកជានំបុ័ងរំឭក គឺជាតង្វាយដុតថ្វាយព្រះយេហូវ៉ា
8 រាល់តែថ្ងៃឈប់សម្រាកត្រូវឲ្យលោកដំរៀបនំនោះនៅចំពោះព្រះយេហូវ៉ាជានិច្ច ទុកជាតង្វាយនៃពួកកូនចៅអ៊ីស្រាអែល នេះហើយជាសេចក្ដីសញ្ញាដ៏នៅអស់កល្បជានិច្ច
9 នំទាំងនោះត្រូវបានជាចំណែកអើរ៉ុន និងពួកកូនលោក គេត្រូវបរិភោគនៅទីកន្លែងបរិសុទ្ធ ដ្បិតជារបស់បរិសុទ្ធបំផុតសម្រាប់ពួកលោក ពីក្នុងអស់ទាំងតង្វាយដែលដុតថ្វាយដល់ព្រះយេហូវ៉ា តាមច្បាប់ដ៏នៅអស់កល្បជានិច្ច។ ទោសសម្រាប់អ្នកប្រមាថព្រះ និងឃាតក
10 នៅគ្រានោះ មានកូនប្រុសរបស់ស្ត្រីសាសន៍អ៊ីស្រាអែលម្នាក់ ដែលឪពុកជាសាសន៍អេស៊ីព្ទ បានចេញទៅកណ្តាលជំនុំពួកកូនចៅអ៊ីស្រាអែល ឈ្លោះគ្នានឹងមនុស្សសាសន៍អ៊ីស្រាអែលម្នាក់នៅក្នុងទីដំឡើងត្រសាល
11 កូនរបស់ស្ត្រីសាសន៍អ៊ីស្រាអែលនោះក៏ប្រមាថដល់ព្រះនាមនៃព្រះ ព្រមទាំងជេរប្រទេចផង ដូច្នេះ គេនាំមកឯម៉ូសេ (ឯម្តាយរបស់អ្នកនោះ ឈ្មោះសឡូមិត ជាកូនឌីបរី ក្នុងពូជអំបូរដាន់)
12 ហើយគេឃុំទុក ទាល់តែព្រះយេហូវ៉ាបានមានព្រះបន្ទូលសម្រេចពីដំណើរនោះ។
13 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា
14 ចូរនាំអ្នកដែលបានជេរប្រទេចនោះ ចេញទៅឯក្រៅទីដំឡើងត្រសាល ហើយអស់អ្នកដែលបានឮ នោះត្រូវដាក់ដៃលើក្បាលវា រួចត្រូវឲ្យពួកជំនុំទាំងអស់គ្នាចោលវានឹងថ្មទៅ
15 ត្រូវឲ្យឯងប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា អស់អ្នកណាដែលនឹងត្រូវជេរប្រទេចដល់ព្រះនៃខ្លួន នោះត្រូវទ្រាំទ្រនឹងអំពើបាបរបស់ខ្លួនទៅ
16 ហើយអ្នកណាដែលប្រមាថដល់ព្រះនាមព្រះយេហូវ៉ា នោះត្រូវសម្លាប់ជាកុំខាន ពួកជំនុំទាំងអស់គ្នាត្រូវចោលនឹងថ្មជាកុំខាន ទោះបើជាអ្នកប្រទេសក្រៅ ឬអ្នកស្រុកក្តី បើកាលណាគេប្រមាថដល់ព្រះនាមព្រះហើយ នោះត្រូវតែសម្លាប់ចេញ។
17 ហើយអ្នកណាដែលវាយមនុស្សឲ្យដល់ស្លាប់ នោះត្រូវសម្លាប់ជាកុំខានដែរ
18 ឯអ្នកណាដែលវាយសត្វឲ្យដល់ស្លាប់ នោះនឹងត្រូវសងជីវិតឲ្យធួននឹងជីវិត
19 បើមនុស្សណាធ្វើឲ្យអ្នកជិតខាងខ្លួនមានរបួស នោះគេត្រូវធ្វើឲ្យអ្នកនោះមានរបួសដូចគ្នាវិញ
20 ត្រូវបំបាក់ឆ្អឹងឲ្យធួននឹងឆ្អឹងដែលបាក់ ភ្នែកឲ្យធួននឹងភ្នែក ធ្មេញឲ្យធួននឹងធ្មេញ ត្រូវធ្វើឲ្យអ្នកនោះមានរបួសដូចជាខ្លួនបានធ្វើគេដែរ
21 បើអ្នកណាសម្លាប់សត្វ នោះត្រូវតែសងគេ តែបើសម្លាប់មនុស្សវិញ នោះត្រូវតែគេសម្លាប់ខ្លួនដែរ
22 ត្រូវមានច្បាប់តែ១តែម្យ៉ាងប៉ុណ្ណោះ សម្រាប់ទាំងអ្នកស្នាក់នៅ និងអ្នកស្រុកផង ដ្បិតអញនេះគឺយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា
23 ដូច្នេះ ម៉ូសេក៏ប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែល ហើយគេក៏បាននាំអ្នកដែលជេរប្រមាថនោះចេញទៅឯក្រៅទីដំឡើងត្រសាលចោលនឹងថ្មទៅ ពួកកូនចៅអ៊ីស្រាអែលធ្វើសម្រេចដូចជាព្រះយេហូវ៉ាទ្រង់បានបង្គាប់មកម៉ូសេ។
ជំពូក 25
1 ព្រះយេហូវ៉ាទ្រង់បង្គាប់ដល់ម៉ូសេនៅលើភ្នំស៊ីណាយ
2 ឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា កាលណាឯងរាល់គ្នាចូលទៅក្នុងស្រុកដែលអញឲ្យដល់ឯង នោះដីនៅស្រុកនោះត្រូវមានពេលឈប់សម្រាកថ្វាយព្រះយេហូវ៉ា
3 គឺត្រូវឲ្យឯងរាល់គ្នាសាបព្រោះនៅស្រែឯង ហើយថែរក្សាចម្ការទំពាំងបាយជូររបស់ឯងអស់៦ឆ្នាំ ព្រមទាំងប្រមូលផលផ្លែផង
4 តែដល់ឆ្នាំទី៧ នោះជាឆ្នាំឈប់ផ្អាកឲ្យដល់បានសម្រាកវិញ គឺជាឆ្នាំឈប់សម្រាកថ្វាយព្រះយេហូវ៉ា មិនត្រូវឲ្យធ្វើស្រែ ឬលួសកាត់ទំពាំងបាយជូររបស់ឯងឡើយ
5 ឯមួរស្រូវដែលដុះឯងពីចម្រូូតមុន នោះឯងមិនត្រូវច្រូតទេ ក៏មិនត្រូវឲ្យបេះផ្លែទំពាំងបាយជូរដែលមិនបានលួសកាត់ដែរ នោះគឺជាឆ្នាំឈប់សម្រាកសម្រាប់ស្រុកឯង
6 ឆ្នាំសម្រាកនៃស្រុកឯងនឹងចម្រើនជាអាហារដល់ឯង ដល់បាវប្រុសបាវស្រីឯង ជើងឈ្នួល និងអ្នកប្រទេសក្រៅដែលស្នាក់នៅជាមួយនឹងឯង
7 ព្រមទាំងហ្វូងសត្វ និងអស់ទាំងសត្វដែលនៅក្នុងស្រុកឯងផង ផលចម្រើននោះនឹងបានសម្រាប់ជាអាហារ។
8 ត្រូវឲ្យឯងរាប់ឆ្នាំឈប់សម្រាក៧ដង គឺជា៧ឆ្នាំ៧ដង ត្រូវឲ្យរំលងពេលឆ្នាំឈប់សម្រាកអស់៧ ឲ្យបានគ្រប់៤៩ឆ្នាំ
9 រួចត្រូវចាត់ចែងទៅផ្លុំត្រែឲ្យឮរំពង នៅថ្ងៃ១០ ក្នុងខែអស្សុជ ដែលត្រូវនឹងថ្ងៃបុណ្យធួននឹងបាបត្រូវឲ្យគេផ្លុំនៅពេញក្នុងស្រុកឯង
10 ត្រូវឲ្យឯងរាល់គ្នាញែកឆ្នាំទី៥០នោះទុកជាបរិសុទ្ធ ព្រមទាំងប្រកាសប្រាប់សេចក្ដីប្រោសលែងបាវបម្រើ ដល់មនុស្សទាំងអស់នៅពេញក្នុងស្រុកផង ឆ្នាំនោះជាឆ្នាំសោមនស្ស ដល់ឯងរាល់គ្នាដែលឯងនឹងត្រឡប់ទៅនៅឯដីរបស់ឯងរាល់គ្នារៀបខ្លួនបាន ហើយនិងត្រឡប់ទៅនៅនឹងញាតិសន្តានរបស់ខ្លួនវិញ
11 ឆ្នាំទី៥០នោះនឹងបានជាឆ្នាំសោមនស្សដល់ឯងរាល់គ្នា ក្នុងឆ្នាំនោះ មិនត្រូវឲ្យឯងសាបព្រោះ ឬច្រូតកាត់មួរស្រូវដែលដុះឯង ឬបេះផ្លែទំពាំងបាយជូរដែលមិនបានលួសកាត់ឡើយ
12 ដ្បិតនោះគឺជាឆ្នាំសោមនស្សហើយ ត្រូវរាប់ជាឆ្នាំបរិសុទ្ធដល់ឯងរាល់គ្នា ហើយឯងនឹងបរិភោគផលចម្រើនអំពីស្រែចម្ការ។
13 នៅឆ្នាំសោមនស្ស ត្រូវឲ្យឯងរាល់គ្នាត្រឡប់ទៅនៅឯដីរបស់ឯងរៀងខ្លួន
14 បើកាលណាឯងលក់របស់អ្វីឲ្យអ្នកជិតខាងឯង ឬទិញអ្វីពីអ្នកជិតខាងឯងមកឯង នោះមិនត្រូវបំបាត់គ្នាទៅវិញទៅមកឡើយ
15 ត្រូវឲ្យទិញពីអ្នកជិតខាងឯង រាប់តាមចំនួនឆ្នាំ ក្រោយឆ្នាំសោមនស្សនោះ ហើយគេនឹងលក់ឲ្យឯង ដោយរាប់តាមចំនួនរដូវចម្រូូតដែរ
16 បើនៅមានច្រើនឆ្នាំទៅទៀត នោះឯងត្រូវបង្កើនថ្លៃឡើង តែបើនៅសល់តិចឆ្នាំវិញ នោះត្រូវបន្ថយថ្លៃចុះតាមចំនួនឆ្នាំតិចច្រើនទាំងនោះ គឺជាចំនួនចម្រូូតទេដែលគេលក់ឲ្យឯង
17 មិនត្រូវឲ្យឯងរាល់គ្នាបំបាត់គ្នាឡើយ ត្រូវតែកោតខ្លាចដល់ព្រះនៃឯងវិញ ដ្បិតអញនេះ គឺយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា។
18 ដូច្នេះ ត្រូវឲ្យកាន់តាមអស់ទាំងច្បាប់អញ ហើយរក្សាសេចក្ដីបញ្ញត្តរបស់អញទាំងប៉ុន្មាន ព្រមទាំងប្រព្រឹត្តតាមផង នោះឯងរាល់គ្នានឹងបាននៅក្នុងស្រុកដោយសុខសាន្ត
19 ហើយស្រុកនឹងបង្កើតផលឲ្យឯងរាល់គ្នាបានបរិភោគឆ្អែត ឯងរាល់គ្នានឹងបាននៅដោយសុខសាន្ត
20 បើឯងរាល់គ្នាសួរថា មើល ក្នុងឆ្នាំទី៧នេះ យើងមិនសាបព្រោះ ឬប្រមូលផលអ្វីរបស់យើងសោះ ដូច្នេះ តើយើងរាល់គ្នានឹងបានអ្វីបរិភោគ
21 នោះគឺអញនឹងផ្តល់ពររបស់អញដល់ឯងរាល់គ្នានៅឆ្នាំទី៦ នៅឆ្នាំនោះនឹងបង្កើតផលឲ្យល្មមគ្រប់៣ឆ្នាំវិញ
22 រួចដល់ឆ្នាំទី៨ ត្រូវឲ្យឯងរាល់គ្នាសាបព្រោះទៅចុះ តែនឹងបរិភោគផលចាស់ដរាបដល់ឆ្នាំទី៩ ឯងរាល់គ្នាត្រូវបរិភោគផលចាស់នោះរហូតដល់បានច្រូតផលថ្មីហើយ។
23 មិនត្រូវលក់ដីណាឲ្យដាច់ទៅគេឡើយ ដ្បិតស្រុកនោះជារបស់ផងអញ ឯងរាល់គ្នាជាអ្នកប្រទេសក្រៅ ដែលគ្រាន់តែសំណាក់នៅជាមួយនឹងអញប៉ុណ្ណោះទេ
24 ហើយនៅក្នុងស្រុកដែលជាកេរអាករឯងរាល់គ្នាទាំងប៉ុន្មាននោះ ត្រូវបើកច្បាប់ឲ្យលោះដីមកវិញបាន
25 បើសិនជាបង ឬប្អូនឯងធ្លាក់ខ្លួនទៅជាក្រីក្រ ហើយលក់ដីខ្លះ នោះសាច់សន្តានដែលជិតបំផុត ត្រូវមកលោះយកដីដែលបានលក់ឲ្យគេហើយនោះវិញ
26 បើគ្មានអ្នកណានឹងមកលោះទេ តែអ្នកនោះទៅជាមានឡើងវិញ ហើយមានល្មមនឹងលោះយកបាន
27 នោះត្រូវរាប់ចាប់តាំងពីប៉ុន្មានឆ្នាំដែលលក់ដីនោះមក ហើយត្រូវបង្វិលប្រាក់ដែលសល់នៅប្រគល់ដល់អ្នកដែលទិញ រួចម្ចាស់ដីនឹងទៅនៅឯដីរបស់ខ្លួនវិញ
28 បើអ្នកនោះគ្មានអ្វីល្មមនឹងលោះយកបានទេ នោះដីដែលបានលក់ទៅ នឹងនៅក្នុងកណ្តាប់ដៃនៃអ្នកដែលបានទិញ ដរាបដល់ឆ្នាំសោមនស្ស លុះដល់ឆ្នាំសោមនស្សហើយ ដីនោះត្រូវត្រឡប់ទៅម្ចាស់ដើមវិញ រួចគាត់នឹងទៅនៅឯដីរបស់ខ្លួនបាន។
29 បើមនុស្សណាលក់ផ្ទះ នៅក្នុងទីក្រុងដែលមានកំផែង នោះមានច្បាប់លោះមកវិញក្នុងរវាង១ឆ្នាំ រាប់តាំងពីថ្ងៃដែលបានលក់មក គឺនៅវេលាពេញ១ឆ្នាំ គេមានច្បាប់លោះមកវិញបាន
30 បើមិនបានលោះវិញក្នុងរវាង១ឆ្នាំនោះទេ ផ្ទះដែលនៅក្នុងទីក្រុងមានកំផែងនោះ នឹងបានដាច់ជារបស់ផងអ្នកដែលទិញ ជាដរាបអស់ទាំងតំណតរៀងទៅ លុះដល់ឆ្នាំសោមនស្ស ផ្ទះនោះមិនបានមកវិញទេ
31 ឯផ្ទះទាំងប៉ុន្មានដែលនៅអស់ទាំងស្រុកឥតមានកំផែងព័ទ្ធ នោះត្រូវរាប់ទុកដូចជាស្រែចម្ការវិញ មានច្បាប់លោះបាន ហើយដល់ឆ្នាំសោមនស្សក៏ត្រូវបានមកវិញដែរ
32 ប៉ុន្តែ ឯត្រង់ទីក្រុងទាំងប៉ុន្មានរបស់ពួកលេវី នោះគេមានច្បាប់នឹងលោះផ្ទះ នៅក្នុងទីក្រុងរបស់គេចេះតែបានជាដរាប
33 បើសិនជាអ្នកណាទិញផ្ទះរបស់ពួកលេវីណាមួយ នោះដល់ឆ្នាំសោមនស្ស ផ្ទះដែលបានទិញនោះ ហើយនិងទីក្រុងរបស់គេនឹងបានទៅគេវិញ ដ្បិតអស់ទាំងផ្ទះនៅក្នុងទីក្រុងរបស់ពួកលេវី នោះជាកេរអាកររបស់គេនៅក្នុងពួកកូនចៅអ៊ីស្រាអែល
34 ឯស្រែចម្ការទាំងប៉ុន្មាននៅជុំវិញទីក្រុងរបស់គេ នោះលក់មិនបានទេ ដ្បិតជាកេរអាកររបស់ផងគេនៅអស់កល្បជានិច្ច។
35 បើបង ឬប្អូនដែលនៅជិតឯង ធ្លាក់ខ្លួនទៅជាក្រ មានកម្លាំងដៃខ្សោយ នោះត្រូវឲ្យឯងទប់ទល់ផង ហើយឲ្យនៅជាមួយនឹងឯងដូចជាអ្នកប្រទេសក្រៅ ឬជាអ្នកស្នាក់ដែរ
36 មិនត្រូវយកការប្រាក់ ឬគិតកម្រៃពីគេឡើយ គឺត្រូវកោតខ្លាចដល់ព្រះនៃឯងវិញ ដើម្បីឲ្យបងប្អូនបាននៅជាមួយនឹងឯងផង
37 មិនត្រូវឲ្យគេខ្ចីប្រាក់ ដើម្បីនឹងយកការឡើយ ក៏មិនត្រូវឲ្យអាហារដល់គេដោយចង់បានកម្រៃដែរ
38 អញនេះ គឺយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា ដែលបាននាំឯងចេញពីស្រុកអេស៊ីព្ទមក ដើម្បីនឹងឲ្យស្រុកកាណានដល់ឯងរាល់គ្នា ហើយឲ្យបានធ្វើជាព្រះនៃឯងរាល់គ្នា។
39 បើបង ឬប្អូនដែលនៅជិតឯង ធ្លាក់ខ្លួនទៅជាក្រ ហើយលក់ខ្លួនដល់ឯង នោះមិនត្រូវឲ្យឯងប្រើគេទុកដូចជាបាវបម្រើឡើយ
40 ត្រូវឲ្យគេនៅជាមួយនឹងឯងទុកដូចជាអ្នកស៊ីឈ្នួល ហើយដូចជាអ្នកស្នាក់នៅវិញ ត្រូវឲ្យគេនៅបម្រើឯងដរាបដល់ឆ្នាំសោមនស្ស
41 រួចគេនឹងចេញពីឯងទៅ ព្រមទាំងកូនគេផង ដើម្បីនឹងត្រឡប់ទៅឯគ្រួសារនៅក្នុងកេរអាកររបស់ពួកអយ្យកោគេវិញ
42 ដ្បិតអ្នកទាំងនោះជាពួកអ្នកបម្រើរបស់អញ ដែលអញបាននាំចេញពីស្រុកអេស៊ីព្ទមក មិនត្រូវឲ្យលក់គេដូចជាលក់ខ្ញុំកំដរទេ
43 ក៏មិនត្រូវត្រួតត្រាលើគេដោយតឹងរ៉ឹងពេកឡើយ ត្រូវឲ្យកោតខ្លាចដល់ព្រះនៃឯងវិញ
44 តែឯត្រង់បាវបម្រើប្រុស ឬស្រីដែលឯងនឹងបានទាំងប៉ុន្មាន នោះត្រូវទិញបាវប្រុសស្រីនោះ អំពីអស់ទាំងសាសន៍ដទៃដែលនៅជុំវិញឯងរាល់គ្នាវិញ
45 ឯងក៏មានច្បាប់នឹងទិញពួកកូនចៅរបស់អ្នកប្រទេសក្រៅ ដែលស្នាក់នៅកណ្តាលឯងរាល់គ្នាបានដែរ ឯងនឹងទិញពួកនោះបាន ព្រមទាំងគ្រួគេដែលនៅជាមួយនឹងឯង ដែលគេបានបង្កើតនៅក្នុងស្រុកឯងរាល់គ្នាផង ពួកអ្នកទាំងនោះនឹងបានជាកេរអាករដល់ឯងរាល់គ្នា
46 ហើយឯងនឹងទុកអ្នកទាំងនោះជាមរដកឲ្យកូនចៅឯងតទៅ ដើម្បីឲ្យបានជាកេរអាករដែរ គឺពីពួកអ្នកទាំងនោះហើយដែលឯងរាល់គ្នាត្រូវយកទុកជាបាវបម្រើដល់ឯង តែត្រង់ឯពួកកូនចៅអ៊ីស្រាអែលដែលជាបងប្អូនឯង នោះមិនត្រូវឲ្យឯងរាល់គ្នាត្រួតត្រាដោយតឹងរ៉ឹងឡើយ។
47 បើមានអ្នកប្រទេសក្រៅ ឬអ្នកដែលស្នាក់នៅជាមួយនឹងឯងបានទៅជាអ្នកមាន ហើយបងប្អូនឯងម្នាក់ទៀត ដែលនៅជិតបានធ្លាក់ខ្លួនទៅជាក្រ លក់ខ្លួនទៅអ្នកប្រទេសក្រៅដែលស្នាក់នៅជាមួយនឹងឯង ឬទៅអ្នកណាក្នុងពូជរបស់អ្នកប្រទេសក្រៅនោះ
48 យ៉ាងនោះមានច្បាប់នឹងលោះគេមកវិញបាន ក្រោយដែលលក់ខ្លួនហើយដូច្នោះ គឺបងប្អូនណាមួយនឹងលោះគេចេញបាន
49 ទោះជាឪពុកធំ ឬមា ឬក្មួយគេក្តី ឬអ្នកណាក៏ដោយដែលជាសាច់ញាតិជិតដិតក្នុងគ្រួសារគេ នោះនឹងលោះបាន ឬបើខ្លួនគេទៅជាមានវិញ ក៏នឹងលោះដោយខ្លួនឯងបានដែរ
50 ត្រូវគិតជាមួយនឹងអ្នកដែលទិញខ្លួន រាប់តាំងពីឆ្នាំដែលបានលក់ខ្លួនទៅរហូតដល់ឆ្នាំសោមនស្ស ហើយថ្លៃដែលបានលក់ខ្លួន នោះត្រូវសម្រេចតាមចំនួនឆ្នាំដែលបានបម្រើនោះ ត្រូវតែគិតឈ្នួលដូចជាអ្នកបម្រើវិញ
51 បើសិនជាសល់នៅច្រើនឆ្នាំទៅទៀត នោះត្រូវសងថ្លៃលោះខ្លួន ពីតម្លៃប្រាក់ដែលបានលក់ខ្លួនទៅតាមចំនួនឆ្នាំនោះ
52 តែបើសល់នៅតិចឆ្នាំ និងដល់ឆ្នាំសោមនស្សហើយ នោះត្រូវគិតនឹងចៅហ្វាយ ហើយសងតម្លៃលោះខ្លួនតាមចំនួនឆ្នាំនោះវិញ
53 ត្រូវនៅជាមួយនឹងចៅហ្វាយនោះ ទុកដូចជាជើងឈ្នួលតាមកំណត់ឆ្នាំ មិនត្រូវឲ្យចៅហ្វាយត្រួតត្រាលើគេដោយតឹងរ៉ឹង នៅមុខឯងរាល់គ្នាឡើយ
54 បើមិនបានលោះតាមបែបណាមួយនេះ នោះគេក៏ត្រូវរួចចេញ ក្នុងឆ្នាំសោមនស្សដែរ ព្រមទាំងកូនគេផង
55 ព្រោះឯពួកកូនចៅអ៊ីស្រាអែល នោះជាបាវរបស់អញ ដែលអញបាននាំគេចេញពីស្រុកអេស៊ីព្ទមកទេ អញនេះគឺយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា។
ជំពូក 26
1 មិនត្រូវឲ្យឯងរាល់គ្នាធ្វើរូបព្រះ ឬបញ្ឈររូបឆ្លាក់ ឬបង្គោលថ្ម សម្រាប់គោរពឡើយ ក៏មិនត្រូវឲ្យមានថ្មឆ្លាក់ជារូបអ្វីនៅក្នុងស្រុកឯង ដើម្បីនឹងឱនខ្លួនក្រាបគោរពចំពោះរូបនោះដែរ ដ្បិតអញនេះ គឺយេហូវ៉ា ជាព្រះនៃឯងរាល់គ្នាហើយ
2 ត្រូវឲ្យឯងរាល់គ្នារក្សាអស់ទាំងពេលឈប់សម្រាករបស់អញ ហើយកោតខ្លាចដល់ទីបរិសុទ្ធរបស់អញ ដ្បិតអញជាព្រះយេហូវ៉ា។
3 បើឯងរាល់គ្នាដើរតាមអស់ទាំងច្បាប់ ហើយរក្សាអស់ទាំងបញ្ញត្តអញ ព្រមទាំងប្រព្រឹត្តតាម
4 នោះអញនឹងបង្អុរភ្លៀងមកតាមរដូវកាល ហើយដីនឹងចម្រើនផល ឯដើមឈើទាំងប៉ុន្មាននៅចម្ការ នោះនឹងបង្កើតផ្លែដែរ
5 ការបញ្ជាន់ស្រូវរបស់ឯងរាល់គ្នានឹងនៅរហូតដល់រដូវបេះផ្លែទំពាំងបាយជូរ ហើយការបេះផ្លែទំពាំងបាយជូរនឹងនៅរហូតដល់រដូវសាបព្រោះទៀត ឯងរាល់គ្នានឹងបានអាហារបរិភោគជាបរិបូរ ហើយនិងនៅក្នុងស្រុកឯងដោយសុខសាន្ត
6 អញនឹងឲ្យមានសេចក្ដីសុខនៅក្នុងស្រុកនោះ ឯងរាល់គ្នានឹងដេកទៅ ឥតមានអ្នកណាមកបំភ័យឡើយ អញនឹងធ្វើឲ្យអស់ទាំងសត្វសាហាវបាត់ពីស្រុកចេញអស់ ហើយដាវក៏មិនដែលមកក្នុងស្រុកឯងដែរ
7 ឯងរាល់គ្នានឹងដេញពួកខ្មាំងសត្រូវ ហើយគេនឹងដួលដោយដាវនៅមុខឯង
8 ពួកឯងតែ៥នឹងដេញគេដល់ទៅ១០០នាក់ ហើយពួកឯង១០០នឹងដេញគេដល់ទៅ១ម៉ឺននាក់ក៏បានអស់ទាំងខ្មាំងសត្រូវឯងនឹងដួលដោយដាវ នៅមុខឯង
9 អញនឹងជួយទំនុកបម្រុងឯងរាល់គ្នា ឲ្យបានបង្កើតកូនចម្រើនជាច្រើនឡើង ហើយអញនឹងតាំងសេចក្ដីសញ្ញានឹងឯងរាល់គ្នាដែរ
10 ឯងរាល់គ្នានឹងបរិភោគផលចាស់ដរាបដល់ផលថ្មីចូលមក នោះនឹងត្រូវយកផលចាស់ចេញ ឲ្យបានកន្លែងដាក់ផលថ្មីវិញ
11 អញនឹងតាំងទីលំនៅរបស់អញនៅកណ្តាលឯងរាល់គ្នា ឥតដែលមានសេចក្ដីខ្ពើមដល់ឯងរាល់គ្នាឡើយ
12 អញនឹងដើរនៅកណ្តាលពួកឯង ព្រមទាំងធ្វើជាព្រះដល់ឯងរាល់គ្នា ហើយឯងរាល់គ្នានឹងធ្វើជារាស្ត្រដល់អញ
13 អញនេះគឺយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា ដែលបាននាំឯងចេញពីស្រុកអេស៊ីព្ទមក ដើម្បីមិនឲ្យធ្វើជាបាវបម្រើរបស់គេទៀត អញបានបំបាក់កាំនឹមរបស់ឯងរាល់គ្នាចេញ ហើយបាននាំឲ្យដើរដោយត្រង់ខ្លួនឡើងវិញ។
14 តែបើឯងរាល់គ្នាមិនព្រមស្តាប់តាមអញ ហើយមិនប្រព្រឹត្តតាមសេចក្ដីបញ្ញត្តរបស់អញទាំងនេះ
15 ដោយមើលងាយដល់អស់ទាំងច្បាប់អញ ហើយខ្ពើមក្រឹត្យក្រមរបស់អញ ដល់ម៉្លេះបានជាមិនព្រមប្រព្រឹត្តតាមអស់ទាំងសេចក្ដីបង្គាប់នេះ គឺឯងផ្តាច់សេចក្ដីសញ្ញារបស់អញចេញវិញ
16 នោះអញនឹងប្រព្រឹត្តចំពោះឯងរាល់គ្នាយ៉ាងដូច្នេះ គឺនឹងតម្រូវសេចក្ដីស្ញែងខ្លាចមកលើឯងរាល់គ្នា ជាជំងឺរីងរៃ និងគ្រុនក្តៅ ដែលនឹងធ្វើឲ្យភ្នែកកាន់តែស្រវាំងទៅ ហើយនិងនាំឲ្យមានចិត្តវេទនា ឯងរាល់គ្នានឹងសាបព្រោះជាការឥតប្រយោជន៍ ដ្បិតខ្មាំងសត្រូវនឹងស៊ីទាំងអស់ទៅ
17 អញនឹងតាំងមុខទាស់នឹងឯងរាល់គ្នា នោះឯងនឹងចាញ់ពួកខ្មាំងសត្រូវ ពួកអ្នកដែលស្អប់ឯង គេនឹងត្រួតត្រាលើឯង ហើយឯងនឹងរត់ទៅឥតមានអ្នកណាដេញតាមផង។
18 បើឯងរាល់គ្នានៅតែមិនស្តាប់តាមអញទៀត នោះអញនឹងវាយផ្ចាល៧ដងលើសទៅទៀត ដោយព្រោះអំពើបាបរបស់ឯង
19 អញនឹងបំបាត់សេចក្ដីអំនួតដែលឯងអួតពីអំណាចខ្លួន ក៏នឹងឲ្យមេឃដែលនៅពីលើឯងប្រែទៅដូចជាដែក ហើយដីរបស់ឯងដូចជាលង្ហិន
20 នោះឯងរាល់គ្នានឹងបង្អស់កម្លាំងជាការឥតប្រយោជន៍ ដ្បិតដីរបស់ឯងនឹងមិនបង្កើតផលទេ ហើយដើមឈើដែលនៅស្រុកក៏មិនបានផ្លែផង។
21 បើឯងរាល់គ្នានៅតែដើរទទឹងនឹងអញ ហើយមិនព្រមស្តាប់តាម នោះអញនឹងនាំឲ្យឯងមានសេចក្ដីវេទនា៧ដងលើសទៅទៀត តាមអំពើបាបរបស់ឯង
22 អញនឹងឲ្យសត្វព្រៃមកកណ្តាលពួកឯង សត្វទាំងនោះនឹងឆក់នាំយកកូនចៅឯងទៅ ព្រមទាំងបង្ហិនហ្វូងសត្វរបស់ឯងផង និងធ្វើឲ្យឯងទៅជាមានគ្នាតិច ហើយឲ្យអស់ទាំងផ្លូវថ្នល់របស់ឯងទៅជាសូន្យស្ងាត់។
23 បើឯងរាល់គ្នាមិនទាន់រាងដោយព្រោះសេចក្ដីទាំងនោះទេ គឺនៅតែដើរទទឹងនឹងអញ
24 នោះអញនឹងដើរទាស់នឹងឯងរាល់គ្នាដែរ ហើយនិងវាយផ្ចាល៧ដងលើសទៅទៀត ដោយព្រោះអំពើបាបរបស់ឯង
25 អញនឹងនាំឲ្យមានដាវជាសេចក្ដីសងសឹកនៃសញ្ញាមកលើឯង នោះឯងរាល់គ្នានឹងមូលគ្នានៅក្នុងក្រុងរបស់ឯងទាំងប៉ុន្មាន ហើយអញនឹងឲ្យជំងឺអាសន្នរោគកើតឡើងនៅកណ្តាលឯងរាល់គ្នាទៀត រួចឯងនឹងត្រូវបញ្ជូនទៅក្នុងកណ្តាប់ដៃនៃពួកខ្មាំងសត្រូវ
26 កាលណាអញបានផ្តាច់ស្បៀងអាហារពីឯងរាល់គ្នាចេញ នោះស្ត្រី១០នាក់នឹងដុតនំបុ័ងឲ្យឯងនៅក្នុងឡតែ១ ហើយគេនឹងថ្លឹងនំបុ័ងឲ្យឯងបរិភោគ ឯងរាល់គ្នានឹងបរិភោគ តែមិនចេះឆ្អែតឡើយ។
27 បើយ៉ាងដូច្នេះហើយ ឯងរាល់គ្នានៅតែមិនព្រមស្តាប់តាមអញ គឺនៅតែដើរទាស់ទទឹងនឹងអញតទៅទៀត
28 នោះអញនឹងដើរទាស់ទទឹងនឹងឯងរាល់គ្នា ដោយសេចក្ដីក្រោធ ហើយនិងវាយផ្ចាល៧ដងលើសទៅទៀត ដោយព្រោះអំពើបាបរបស់ឯង
29 ឯងរាល់គ្នានឹងបរិភោគទាំងកូនប្រុស កូនស្រីរបស់ឯងផង
30 អញនឹងបំផ្លាញអស់ទាំងទីខ្ពស់របស់ឯង ហើយនិងគាស់រំលំរូបព្រះអាទិត្យរបស់ឯង ព្រមទាំងបោះខ្មោចឯងរាល់គ្នាទៅលើរូបព្រះរបស់ឯងទាំងនោះដែរ ហើយចិត្តអញនឹងខ្ពើមឯងរាល់គ្នា
31 អញនឹងរំលាងអស់ទាំងទីក្រុងឯង ហើយនិងធ្វើឲ្យទីបរិសុទ្ធរបស់ឯងទាំងប៉ុន្មានទៅជាសូន្យស្ងាត់ អញនឹងមិនព្រមហិតក្លិននៃគ្រឿងក្រអូបឯងទៀតឡើយ
32 អញនឹងនាំឲ្យស្រុកទៅជាស្ងាត់ឈឹង ដល់ម៉្លេះបានជាពួកខ្មាំងសត្រូវរបស់ឯងដែលនៅក្នុងស្រុក គេនឹងមានសេចក្ដីងឿងឆ្ងល់
33 ឯឯងរាល់គ្នា អញនឹងកម្ចាត់កម្ចាយឲ្យទៅនៅគ្រប់ទាំងនគរ ហើយនិងហូតដាវទៅតាមឯងទៀត នោះស្រុកឯងនឹងនៅជាស្ងាត់ឈឹង ហើយទីក្រុងរបស់ឯងទាំងប៉ុន្មាននឹងត្រូវលាញទៅអស់រលីង។
34 ស្រុកនោះនឹងបានសម្រាក ក្នុងរវាងប៉ុន្មានដែលកំពុងនៅស្ងាត់ឈឹង ហើយឯងរាល់គ្នានៅឯស្រុករបស់ពួកខ្មាំងសត្រូវឯងដូច្នេះ គឺស្រុកឯងនឹងបានត្រេកអរឡើងដោយមានពេលឈប់សម្រាកវិញ
35 ក្នុងប៉ុន្មានឆ្នាំដែលស្រុកនៅស្ងាត់ឈឹង នោះនឹងបានសម្រាកទៅ គឺនឹងបំពេញការសម្រាក ដែលខានមានពីកាលគួរឈប់សម្រាក ក្នុងគ្រាដែលឯងរាល់គ្នានៅស្រុកនោះនៅឡើយ
36 ឯពួកឯងដែលសល់នៅ នោះអញនឹងបណ្តាលឲ្យមានចិត្តស្រយុតនៅក្នុងស្រុករបស់ខ្មាំងសត្រូវខ្លួន បើគ្រាន់តែឮសូរស្លឹកឈើដែលត្រូវខ្យល់ផាត់ប៉ុណ្ណោះ នោះនឹងធ្វើឲ្យរត់ទៅ គេនឹងរត់ទៅ ដូចជារត់ឲ្យរួចពីមុខដាវផង ក៏នឹងដួល ដោយឥតមានអ្នកណាដេញតាមឡើយ
37 គេនឹងជំពប់ដួលប្រគរគ្នា ដូចជាស្លាប់ដោយមុខដាវ ក្នុងកាលដែលគ្មានអ្នកណាដេញតាមផង ហើយឯងរាល់គ្នានឹងគ្មានកម្លាំងឈរនៅមុខពួកខ្មាំងសត្រូវឯងសោះ
38 ឯងរាល់គ្នានឹងត្រូវវិនាសទៅ នៅអស់ទាំងនគរ ហើយស្រុករបស់ពួកខ្មាំងសត្រូវនឹងលេបបំបាត់ឯងទៅ
39 ឯពួកឯងរាល់គ្នា ដែលសល់នៅ នោះនឹងស្រងេះស្រងោច នៅក្នុងអំពើទុច្ចរិតរបស់ខ្លួននៅនាស្រុកនៃពួកខ្មាំងសត្រូវ ហើយនិងស្រងេះស្រងោចទៅ ដោយសេចក្ដីទុច្ចរិតរបស់ពួកអយ្យកោដែរ។
40 នោះគេនឹងលន់តួសេចក្ដីទុច្ចរិតរបស់គេ ហើយសេចក្ដីទុច្ចរិតរបស់ពួកអយ្យកោគេដែរ គឺជាការរំលងដែលគេបានប្រព្រឹត្តនឹងអញ ដោយព្រោះការដែលគេបានដើរទាស់ទទឹងនឹងអញផង
41 គឺដោយហេតុនោះបានជាអញដើរទាស់ទទឹងនឹងគេដែរ ហើយបាននាំគេទៅនៅស្រុករបស់ពួកខ្មាំងសត្រូវ ដូច្នេះ បើចិត្តដែលមិនទាន់កាត់ស្បែករបស់គេបានទទួលចាលចាញ់ ហើយគេព្រមទទួលទោសនៃអំពើទុច្ចរិតរបស់គេ
42 នោះអញនឹងនឹកចាំពីសេចក្ដីសញ្ញា ដែលអញបានតាំងនឹងយ៉ាកុប និងសេចក្ដីសញ្ញាដែលអញបានតាំងនឹងអ៊ីសាក ហើយនិងសេចក្ដីសញ្ញាដែលអញបានតាំងនឹងអ័ប្រាហាំ អញក៏នឹងនឹកចាំពីស្រុកនោះដែរ
43 ឯស្រុកនោះនឹងត្រូវគេចោលទទេ ហើយនិងបានអរចំពោះឆ្នាំឈប់សម្រាក កំពុងដែលនៅស្ងាត់ ឥតមានគេនៅៗឡើយ ហើយគេនឹងព្រមទទួលទោសនៃអំពើទុច្ចរិតរបស់ខ្លួន គឺពីព្រោះគេបានមើលងាយដល់សេចក្ដីបញ្ញត្តរបស់អញ ហើយចិត្តគេបានខ្ពើមដល់អស់ទាំងច្បាប់អញដែរ
44 ប៉ុន្តែ ទោះបើការនោះយ៉ាងដូច្នោះក៏ដោយ គង់តែអញមិនបោះបង់ចោលគេ ក្នុងកាលដែលគេនៅស្រុករបស់ខ្មាំងសត្រូវនោះឡើយ ក៏មិនខ្ពើមគេដល់ទៅបំផ្លាញចេញអស់រលីង ឬផ្តាច់សេចក្ដីសញ្ញា ដែលអញបានតាំងនឹងគេនោះដែរ ដ្បិតអញនេះគឺយេហូវ៉ា ជាព្រះនៃគេ
45 តែដោយយល់ដល់គេ នោះអញនឹងនឹកចាំពីសេចក្ដីសញ្ញារបស់ពួកអយ្យកោ ដែលអញបាននាំចេញពីស្រុកអេស៊ីព្ទមក នៅចំពោះភ្នែកនៃពួកសាសន៍ដទៃ ដើម្បីឲ្យបានធ្វើជាព្រះនៃគេ អញនេះជាព្រះយេហូវ៉ា។
46 នេះហើយជាច្បាប់ ក្រឹត្យក្រម និងបញ្ញត្តទាំងប៉ុន្មាន ដែលព្រះយេហូវ៉ាទ្រង់បានតាំងនឹងពួកកូនចៅអ៊ីស្រាអែល ត្រង់ភ្នំស៊ីណាយ ដោយសារម៉ូសេ។
ជំពូក 27
1 ព្រះយេហូវ៉ាទ្រង់បង្គាប់ម៉ូសេ
2 ឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា កាលណាមនុស្សណាបន់បំណន់ បើរបស់ដែលសន្យាថ្វាយជាមនុស្ស នោះត្រូវជារបស់ផងព្រះយេហូវ៉ាតាមដែលឯងគិតថ្លៃ
3 ឯមនុស្សប្រុសចាប់តាំងពីអាយុ២០ឆ្នាំរហូតដល់៦០ឆ្នាំ នោះត្រូវគិតថ្លៃជាប្រាក់៥០រៀល តាមប្រាក់រៀលដែលប្រើក្នុងទីបរិសុទ្ធ
4 បើជាស្រីវិញ ត្រូវគិតថ្លៃ៣០រៀល
5 បើមនុស្សនោះមានអាយុចាប់តាំងពី៥ឆ្នាំរហូតដល់២០ឆ្នាំ នោះខាងឯប្រុសត្រូវគិតថ្លៃជា២០រៀល ស្រី១០រៀល
6 បើមានអាយុចាប់តាំងពី១ខែរហូតដល់៥ឆ្នាំ នោះខាងឯប្រុសត្រូវគិតថ្លៃជាប្រាក់៥រៀល ស្រី៣រៀល
7 បើមានអាយុ៦០ឆ្នាំឡើងទៅលើ នោះខាងឯប្រុស ត្រូវគិតថ្លៃជា១៥រៀល ស្រី១០រៀល
8 តែបើអ្នកនោះក្រពេក គ្មានល្មមនឹងសងតាមតម្លៃដែលឯងគិត នោះត្រូវនាំមកនៅចំពោះមុខសង្ឃ ហើយត្រូវឲ្យសង្ឃគិតថ្លៃ តាមកម្លាំងរបស់អ្នកដែលជាប់បំណន់នោះវិញ។
9 បើជាសត្វវិញ គឺជាសត្វដែលគេតែងថ្វាយជាតង្វាយដល់ព្រះយេហូវ៉ា នោះគ្រប់ទាំងតង្វាយយ៉ាងនោះដែលអ្នកណាថ្វាយ ត្រូវញែកទុកជាបរិសុទ្ធសម្រាប់ព្រះយេហូវ៉ា
10 និងផ្លាស់ប្តូរសត្វល្អ និងសត្វអាក្រក់ ឬអាក្រក់ និងល្អមិនបានឡើយ ឬបើសិនជាគេចង់ប្តូរសត្វនឹងសត្វយ៉ាងណា នោះទាំងសត្វដើម និងសត្វដែលយកមកប្តូរ ក៏ត្រូវបានញែកទុកជាបរិសុទ្ធទាំង២រូប
11 បើជាសត្វណាមិនស្អាត ដែលមិនត្រូវថ្វាយដល់ព្រះយេហូវ៉ាឡើយ នោះត្រូវនាំមកនៅចំពោះមុខសង្ឃ
12 ត្រូវឲ្យសង្ឃគិតតាមតម្លៃដែលសត្វនោះល្អ ឬអាក្រក់ ហើយតម្លៃណាដែលគិតនោះ នឹងត្រូវបានដូចជាលោកដ៏ជាសង្ឃគិតឲ្យពិត
13 តែបើគេចង់លោះចេញវិញ នោះត្រូវឲ្យថែម១ភាគក្នុង៥ លើតម្លៃដែលឯងបានគិតនោះទៀត។
14 បើមនុស្សណាចង់ញែកផ្ទះខ្លួន ទុកជាបរិសុទ្ធសម្រាប់ព្រះយេហូវ៉ា នោះត្រូវឲ្យសង្ឃគិតតាមតម្លៃផ្ទះនោះដែលល្អឬអាក្រក់ ហើយតម្លៃណាដែលគិតនោះ នឹងត្រូវបានដូចជាសង្ឃគិតឲ្យពិត
15 តែបើអ្នកដែលបានថ្វាយផ្ទះចង់លោះមកវិញ នោះត្រូវឲ្យថែមជាប្រាក់១ភាគក្នុង៥លើសពីថ្លៃដែលបានគិតហើយ រួចផ្ទះនោះនឹងបានជារបស់ផងអ្នកនោះវិញ។
16 បើមនុស្សណាចង់ញែកស្រែ ជាកេររបស់ខ្លួន១ចំណែកទុកជាបរិសុទ្ធសម្រាប់ព្រះយេហូវ៉ា នោះត្រូវឲ្យឯងគិតតាមតម្លៃដែលសាបព្រោះបាន បើព្រោះស្រូវ១០ថាំង នោះត្រូវគិតជាប្រាក់៥០រៀល
17 បើគេថ្វាយស្រែរបស់គេចាប់តាំងពីឆ្នាំសោមនស្សមក នោះត្រូវតែមានតម្លៃដូចជាឯងគិតនោះជារហូតទៅ
18 តែបើគេថ្វាយស្រែគេរំលងប៉ុន្មានក្រោយពីឆ្នាំសោមនស្សមក នោះត្រូវឲ្យសង្ឃបន្ថយតម្លៃដែលបានគិតហើយ តាមចំនួនឆ្នាំដែលនៅសល់រហូតដល់ឆ្នាំសោមនស្ស១ទៀត
19 តែបើអ្នកដែលបានថ្វាយស្រែ ចង់លោះមកវិញ នោះត្រូវថែម១ភាគក្នុង៥លើសពីតម្លៃដែលឯងបានគិតនោះ រួចស្រែនោះនឹងបានជារបស់ផងអ្នកនោះវិញ
20 បើអ្នកនោះមិនលោះទេ ហើយគេលក់ទៅឲ្យម្នាក់ទៀត នោះនឹងលោះវិញពុំបានឡើយ
21 គឺកាលណាដល់ឆ្នាំសោមនស្ស ដែលស្រែនោះត្រូវរួចចេញ នោះនឹងបានដាច់ជាបរិសុទ្ធសម្រាប់ព្រះយេហូវ៉ា ដូចជាស្រែណាដែលបានថ្វាយដល់ព្រះហើយដែរ ពួកសង្ឃត្រូវបានស្រែនោះទុកជាកេរអាករវិញ
22 បើគេញែកស្រែណាដែលគេបានទិញ ដែលមិនមែនជាកេរអាករខ្លួន ទុកជាបរិសុទ្ធសម្រាប់ព្រះយេហូវ៉ា
23 នោះត្រូវឲ្យសង្ឃគិតថ្លៃឲ្យអ្នកនោះ តាមតម្លៃដែលបានគិត រហូតដល់ឆ្នាំសោមនស្ស រួចនៅថ្ងៃនោះ គេត្រូវចេញថ្លៃដែលបានគិតនោះ ទុកជារបស់បរិសុទ្ធដល់ព្រះយេហូវ៉ា
24 លុះដល់ឆ្នាំសោមនស្ស ស្រែនោះនឹងត្រឡប់បានទៅម្ចាស់ដើមវិញ គឺបានទៅអ្នកដែលមានស្រែនោះជាកេរអាករពីដើម
25 ឯតម្លៃទាំងប៉ុន្មានដែលបានគិតសម្រេច នោះត្រូវគិតតាមប្រាក់រៀលប្រើក្នុងទីបរិសុទ្ធ គឺ១រៀលត្រូវជា១០កាក់។
26 ឯកូនច្បងដែលកើតក្នុងហ្វូងសត្វទាំងប៉ុន្មាន គឺជាផលដំបូងថ្វាយព្រះយេហូវ៉ាស្រាប់ ហើយគ្មានអ្នកណានឹងញែកទុកជាបរិសុទ្ធ សម្រាប់ព្រះយេហូវ៉ាបានឡើយ ទោះបើជាគោ ឬចៀមក្តី ដ្បិតសត្វនោះជារបស់ផងព្រះយេហូវ៉ាហើយ
27 បើជាកូនរបស់សត្វដែលមិនស្អាត នោះត្រូវឲ្យគេលោះតាមតម្លៃដែលឯងគិតសម្រេច ហើយត្រូវថែម១ភាគក្នុង៥លើសទៅទៀត ឬបើគេមិនលោះទេ នោះត្រូវឲ្យលក់ទៅតាមតម្លៃដែលឯងគិតនោះ។
28 ប៉ុន្តែ ឯរបស់ដែលបានថ្វាយដាច់ទៅហើយ គឺដែលអ្នកណាថ្វាយដាច់ដល់ព្រះយេហូវ៉ា ពីរបស់ទ្រព្យខ្លួនទាំងប៉ុន្មាន ទោះជាមនុស្ស ឬសត្វ ឬស្រែចម្ការដែលជាកេរអាករខ្លួនក្តី នោះនឹងលក់ ឬលោះវិញ មិនបានឡើយ គ្រប់ទាំងរបស់អ្វីដែលថ្វាយដាច់ហើយ នោះត្រូវទុកជាបរិសុទ្ធបំផុតសម្រាប់ព្រះយេហូវ៉ា
29 ឯអ្នកណាក្នុងពួកមនុស្សដែលបានថ្វាយដាច់ហើយ នោះនឹងលោះចេញវិញមិនបានឡើយ គឺត្រូវនៅរហូតដល់ស្លាប់។
30 ហើយផលពីដី១ភាគក្នុង១០ ទោះបើជាផលដែលកើតពីដី ឬជាផ្លែឈើ នោះជារបស់ផងព្រះយេហូវ៉ា ហើយត្រូវតែបានទុកជាបរិសុទ្ធសម្រាប់ទ្រង់
31 បើអ្នកណាចង់លោះអ្វីពី១ភាគក្នុង១០ដែលខ្លួនថ្វាយ នោះត្រូវឲ្យថែម១ភាគក្នុង៥លើសទៅទៀត
32 ឯហ្វូងសត្វធំ ឬតូច១ភាគក្នុង១០ គឺសត្វណាក៏ដោយដែលចូលទៅក្រោមដំបង នោះត្រូវជាតង្វាយ១ភាគក្នុង១០ទុកជាបរិសុទ្ធដល់ព្រះយេហូវ៉ា
33 មិនត្រូវឲ្យពិនិត្យមើលពីសត្វនោះល្អ ឬអាក្រក់ទេ ក៏មិនត្រូវផ្លាស់ប្តូរដែរ តែបើចង់ប្តូរវិញ នោះទាំងសត្វដើម និងសត្វដែលយកមកប្តូរ ត្រូវបានបរិសុទ្ធដូចគ្នា សត្វទាំងនោះនឹងលោះវិញពុំបានឡើយ។
34 នេះហើយជាក្រឹត្យវិន័យទាំងប៉ុន្មាន ដែលព្រះយេហូវ៉ាបានបង្គាប់មកម៉ូសេ ត្រង់ភ្នំស៊ីណាយ សម្រាប់ពួកកូនចៅអ៊ីស្រាអែល។:៚