ចោទិយកថា

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34


ជំពូក 1

1 នេះ​ជា​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ម៉ូសេ​បាន​ពោល​ដល់​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ ត្រង់​កន្លែង​ឆ្លង​ទន្លេ​យ័រដាន់ ក្នុង​ទី​រហោ‌ស្ថាន នា​ស្រុក​វាល ទល់​មុខ​នឹង​ស៊ូភ នៅ​ជា​កណ្តាល​ប៉ារ៉ាន តូផែល ឡាបាន់ ហាសិរ៉ូត និង​ឌីសា‌ហាប់
2 រីឯ​ពី​ភ្នំ​ហោរែប តាម​ផ្លូវ​ភ្នំ​សៀរ ទៅ​ដល់​កាដេស-បារនា នោះ​ទាំង​អស់​មាន​ចំនួន​ដើរ​ផ្លូវ​អស់​១១​ថ្ងៃ
3 ហើយ​នៅ​ថ្ងៃ​ទី​១ ក្នុង​ខែ​មាឃ ឆ្នាំ​ទី​៤០ នោះ​ម៉ូសេ​រំឭក​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល តាម​គ្រប់​ទាំង​សេចក្ដី ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​គេ ដោយ‌សារ​លោក
4 គឺ​ពេល​ក្រោយ​ដែល​បាន​វាយ​ស៊ីហុន ជា​ស្តេច​សាសន៍​អាម៉ូរី​ដែល​នៅ​ក្រុង​ហែសបូន និង​អុក ជា​ស្តេច​ស្រុក​បាសាន​ដែល​នៅ​ក្នុង​អាស‌ថារ៉ូត ត្រង់​ទី​ក្រុង​អេទ្រី
5 ត្រើយ​ខាង​កើត​ទន្លេ​យ័រដាន់ ក្នុង​ស្រុក​ម៉ូអាប់​ហើយ នោះ​ម៉ូសេ​ចាប់​តាំង​សម្ដែង​ពន្យល់ ពី​បណ្តា​ក្រឹត្យ​វិន័យ​នេះ ដោយ​ពាក្យ​ថា
6 ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​រាល់​គ្នា ទ្រង់​មាន​ព្រះ‌បន្ទូល​មក​យើង នៅ​ត្រង់​ភ្នំ​ហោរែប​ថា ឯង​រាល់​គ្នា​បាន​នៅ​ភ្នំ​នេះ​ល្មម​ប៉ុណ្ណេះ​ហើយ
7 ដូច្នេះ ចូរ​នាំ​គ្នា​ចេញ​ទៅ​ចុះ ហើយ​ធ្វើ​ដំណើរ​ទៅ​ឯ​ស្រុក​ភ្នំ​របស់​សាសន៍​អាម៉ូរី និង​អស់​ទាំង​កន្លែង​ជិត​ខាង​ស្រុក​នោះ​ទៅ គឺ​ជា​ស្រុក​វាល ស្រុក​ភ្នំ ស្រុក​ទំនាប ស្រុក​ត្បូង ស្រុក​ក្បែរ​សមុទ្រ និង​ស្រុក​របស់​សាសន៍​កាណាន ហើយ​នៅ​ភ្នំ​ល្បាណូន រហូត​ទៅ​ដល់​ទន្លេ​ធំ គឺ​ជា​ទន្លេ​អ៊ើប្រាត
8 មើល អញ​បាន​ប្រគល់​ស្រុក​នោះ​ឲ្យ​ឯង​រាល់​គ្នា​ហើយ ដូច្នេះ ឲ្យ​ចូល​ទៅ ទទួល​យក​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​បាន​ស្បថ​ថា នឹង​ឲ្យ​ដល់​ពួក​អយ្យកោ​ឯង​រាល់​គ្នា​ចុះ គឺ​ថា​នឹង​ឲ្យ​ដល់​អ័ប្រា‌ហាំ អ៊ីសាក និង​យ៉ាកុប ហើយ​និង​ពូជ​តំណ​លោក​ត​ទៅ។
9 នៅ​វេលា​នោះ អញ​បាន​និយាយ​នឹង​ឯង​រាល់​គ្នា​ថា អញ​ពុំ​អាច​នឹង​បី​ទ្រ​ឯង​រាល់​គ្នា​តែ​ម្នាក់​ឯង​បាន​ទេ
10 ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​ចម្រើន​ឯង​ជា​ច្រើន​ឡើង ហើយ​មើល សព្វ​ថ្ងៃ​នេះ ឯង​មាន​គ្នា​យ៉ាង​សន្ធឹក​ដូច​ជា​ផ្កាយ​នៅ​លើ​មេឃ
11 សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ពួក​អយ្យកោ​ឯង ចម្រើន​ឲ្យ​បាន​គ្នា​ជា​ច្រើន​លើស​ជាង​ឥឡូវ​នេះ ជា​១​ពាន់​ដង​ទៅ​ទៀត​ចុះ ហើយ​ប្រទាន​ពរ ដូច​ជា​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​នឹង​ឯង​រាល់​គ្នា​ដែរ
12 តែ​ធ្វើ​ដូច​ម្តេច​ឲ្យ​អញ​តែ​ម្នាក់​ឯង​ទ្រាំ‌ទ្រ​នឹង​ឯង​រាល់​គ្នា ដែល​ជា​បន្ទុក ហើយ​ជា​សេចក្ដី​លំបាក​ដល់​អញ​ដូច្នេះ និង​សេចក្ដី​ឈ្លោះ​ប្រកែក​របស់​ឯង​រាល់​គ្នា​ទៅ​បាន
13 ចូរ​ឲ្យ​ឯង​រាល់​គ្នា​រើស​យក​មនុស្ស​ដែល​មាន​ប្រាជ្ញា មាន​យោបល់ ហើយ​មាន​ឈ្មោះ​ក្នុង​ពូជ​អំបូរ​ឯង​រាល់​គ្នា​មក នោះ​អញ​នឹង​តាំង​គេ​ឲ្យ​ធ្វើ​ជា​មេ​លើ​ឯង​រាល់​គ្នា
14 រួច​ឯង​រាល់​គ្នា​បាន​ឆ្លើយ​មក​អញ​ថា សេចក្ដី​ដែល​លោក​មាន​ប្រសាសន៍​មក នោះ​ស្រួល​ហើយ
15 ដូច្នេះ អញ​ក៏​បាន​យក​ពួក​មេ​លើ​ពូជ​អំបូរ​ឯង​រាល់​គ្នា​ទាំង​ប៉ុន្មាន ដែល​ជា​មនុស្ស​មាន​ប្រាជ្ញា ហើយ​មាន​ឈ្មោះ​តាំង​គេ​ឡើង​លើ​ឯង​រាល់​គ្នា គឺ​ជា​មេ​លើ​១​ពាន់​នាក់ ជា​មេ​លើ​១​រយ​នាក់ ជា​មេ​លើ​៥០​នាក់ ហើយ​ជា​មេ​លើ​១០​នាក់ ព្រម​ទាំង​នាយក​ផង តាម​ពូជ​អំបូរ​របស់​ឯង​រាល់​គ្នា
16 នៅ​វេលា​នោះ អញ​ក៏​បាន​ផ្តាំ​នឹង​ពួក​កូន​ចៅ‌ក្រម​នៃ​ឯង​រាល់​គ្នា​ថា ចូរ​ប្រុង​ស្តាប់​រឿង​ក្តី​របស់​ពួក​បង​ប្អូន​អ្នក​រាល់​គ្នា​ចុះ ហើយ​ជំនុំ‌ជម្រះ​ដល់​បង និង​ប្អូន និង​អ្នក​ដែល​ស្នាក់​នៅ​ជា​មួយ​នឹង​គេ​ដោយ​យុត្តិ‌ធម៌
17 មិន​ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​ល្អៀង​ទៅ​ខាង​ណា​ក្នុង​ការ​កាត់​ក្តី​ឡើយ ត្រូវ​ស្តាប់​អ្នក​តូច​ដូច​ជា​អ្នក​ធំ​ដែរ មិន​ត្រូវ​ខ្លាច​មុខ​មនុស្ស​ណា​ឲ្យ​សោះ ដ្បិត​ការ​វិនិច្ឆ័យ​នោះ​ស្រេច​នៅ​ព្រះ​វិញ ឯ​រឿង​ណា​ដែល​ពិបាក​ពេក​ដល់​អ្នក​រាល់​គ្នា នោះ​ត្រូវ​នាំ​មក​ឯ​ខ្ញុំ​វិញ ខ្ញុំ​នឹង​ជំនុំ‌ជម្រះ​ឲ្យ
18 នៅ​វេលា​នោះ អញ​ក៏​បាន​បង្គាប់​ពី​គ្រប់​ទាំង​សេចក្ដី​ដែល​ឯង​រាល់​គ្នា​ត្រូវ​ប្រព្រឹត្ត​តាម​ដែរ។
19 រួច​យើង​រាល់​គ្នា​ក៏​ធ្វើ​ដំណើរ​ចេញ​ពី​ភ្នំ​ហោរែប ដើរ​កាត់​អស់​ទាំង​ទី​រហោ‌ស្ថាន​សម្បើម គួរ​ស្ញែង‌ខ្លាច​នោះ​ដែល​ឯង​រាល់​គ្នា​បាន​ឃើញ តាម​ផ្លូវ​ទៅ​ឯ​ស្រុក​ភ្នំ​របស់​សាសន៍​អាម៉ូរី តាម​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​រាល់​គ្នា​បាន​បង្គាប់​មក រហូត​ទៅ​ដល់​កាដេស-បារនា
20 នោះ​អញ​បាន​ប្រាប់​ថា ឯង​រាល់​គ្នា​បាន​មក​ដល់​ស្រុក​ភ្នំ​របស់​សាសន៍​អាម៉ូរី ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង ទ្រង់​បាន​ប្រទាន​មក​យើង​ហើយ
21 មើល ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​ទ្រង់​បាន​ប្រគល់​ស្រុក​នោះ​ដល់​ឯង ដូច្នេះ ចូរ​ឡើង​ទៅ​ទទួល​យក​ចុះ ដូច​ជា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ពួក​អយ្យកោ​ឯង​បាន​មាន​ព្រះ‌បន្ទូល​ប្រាប់​មក កុំ​ឲ្យ​ខ្លាច​ឡើយ ក៏​កុំ​ឲ្យ​រសាយ​ចិត្ត​ឲ្យ​សោះ។
22 នោះ​ឯង​គ្រប់​គ្នា​បាន​ចូល​មក​ឯ​អញ និយាយ​ថា សូម​ឲ្យ​យើង​រាល់​គ្នា​ចាត់​មនុស្ស​ឲ្យ​ទៅ​មុន ដើម្បី​នឹង​ដើរ​សង្កេត​មើល​ស្រុក​នោះ​ឲ្យ​យើង ហើយ​ត្រឡប់​មក​ប្រាប់​ពី​ផ្លូវ​ដែល​យើង​ត្រូវ​ឡើង​ទៅ ហើយ​ពី​អស់​ទាំង​ទី​ក្រុង​ដែល​យើង​ត្រូវ​មក​ដល់
23 សេចក្ដី​នោះ​ក៏​បាន​គាប់​ចិត្ត​អញ​ណាស់​ដែរ ដូច្នេះ អញ​បាន​រើស​យក​មនុស្ស​១២​នាក់​ក្នុង​ពួក​ឯង​រាល់​គ្នា គឺ​ម្នាក់ៗ​ពី​ពូជ​អំបូរ​មួយៗ
24 អ្នក​ទាំង​នោះ​ក៏​ចេញ​ទៅ ហើយ​គេ​ឡើង​ទៅ​ក្នុង​ស្រុក​ភ្នំ រហូត​ដល់​ជ្រោះ​អែស‌កុល ទាំង​សង្កេត​មើល
25 គេ​ក៏​នាំ​យក​ផល​ផ្លែ​ពី​ស្រុក​នោះ កាន់​នៅ​ដៃ​ត្រឡប់​មក​វិញ ព្រម​ទាំង​ប្រាប់​ដំណឹង​ដល់​យើង​ថា ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​រាល់​គ្នា ទ្រង់​ប្រទាន​មក​យើង នោះ​ជា​ស្រុក​ល្អ​ណាស់
26 ប៉ុន្តែ ឯង​រាល់​គ្នា​មិន​ព្រម​ឡើង​ទៅ​ទេ គឺ​បាន​ទាស់​ទទឹង​នឹង​បង្គាប់​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​វិញ
27 ហើយ​បាន​រទូ‌រទាំ នៅ​ក្នុង​ត្រសាល​ឯង​រាល់​គ្នា​ថា ព្រះ‌យេហូវ៉ា​ទ្រង់​ស្អប់​យើង​រាល់​គ្នា​ហើយ បាន​ជា​ទ្រង់​នាំ​យើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ដើម្បី​នឹង​ប្រគល់​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​សាសន៍​អាម៉ូរី ឲ្យ​បំផ្លាញ​យើង​ទៅ
28 តើ​យើង​នឹង​ឡើង​ទៅ​ឯ​ណា ដ្បិត​បង​ប្អូន​យើង​ទាំង​នេះ​បាន​រំលាយ​ចិត្ត​យើង ដោយ​ពាក្យ​ថា សាសន៍​នោះ​គេ​មាន​មាឌ​ធំ​ខ្ពស់​ជាង​យើង​រាល់​គ្នា​ណាស់ ឯ​ទី​ក្រុង​របស់​គេ​ក៏​ធំ​ណាស់ ហើយ​មាន​កំផែង​ខ្ពស់​ដល់​មេឃ​ផង ១​ទៀត យើង​បាន​ឃើញ​ពួក​កូន​ចៅ​អ័ណាក់​នៅ​ស្រុក​នោះ​ដែរ
29 នោះ​អញ​បាន​ប្រាប់​ដល់​ឯង​រាល់​គ្នា​ថា កុំ​ឲ្យ​ភ័យ‌ស្លុត ឬ​ខ្លាច​គេ​ឡើយ
30 ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​រាល់​គ្នា ដែល​ទ្រង់​យាង​នាំ​មុខ​ឯង ទ្រង់​នឹង​ច្បាំង​ជំនួស​ឯង តាម​គ្រប់​ទាំង​ការ​ដែល​ទ្រង់​បាន​ប្រោស​ដល់​ឯង​នៅ​ស្រុក​អេស៊ីព្ទ ឲ្យ​ឯង​បាន​ឃើញ​ជាក់
31 ហើយ​នៅ​ក្នុង​ទី​រហោ‌ស្ថាន​ផង នោះ​ឯង​រាល់​គ្នា​ក៏​បាន​ឃើញ​ថា ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​ទ្រង់​បាន​បី​ទ្រ​ឯង តាម​ផ្លូវ​ដែល​ឯង​បាន​ដើរ​រហូត​មក​ដល់​ទី​នេះ ដូច​ជា​មនុស្ស​បី​កូន​របស់​ខ្លួន
32 តែ​ទោះ​បើ​យ៉ាង​នោះ​ក៏​ដោយ គង់​តែ​ឯង​នៅ​តែ​មិន​ទុក​ចិត្ត​នឹង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​ទៀត
33 ដែល​ទ្រង់​បាន​នាំ​មុខ​ឯង​តាម​ផ្លូវ​ដើម្បី​នឹង​រក​ទី​កន្លែង​ឲ្យ​ឯង​ដំឡើង​ត្រសាល គឺ​ដោយ​ភ្លើង​នៅ​ពេល​យប់ សម្រាប់​បង្ហាញ​ផ្លូវ​ដែល​ឯង​ត្រូវ​ដើរ ហើយ​ដោយ​ពពក​នៅ​ពេល​ថ្ងៃ​ដែរ។
34 ព្រះ‌យេហូវ៉ា​ទ្រង់​ឮ​សូរ​សំឡេង​នៃ​សេចក្ដី​ដែល​ឯង​រាល់​គ្នា​ថា​នោះ រួច​ទ្រង់​ក៏​មាន​សេចក្ដី​ក្រោធ ហើយ​ស្បថ​ថា
35 ក្នុង​ពួក​មនុស្ស​តំណ​អាក្រក់​នេះ​នឹង​គ្មាន​អ្នក​ណា​មួយ​ឃើញ​ស្រុក​ល្អ ដែល​អញ​បាន​ស្បថ​នឹង​ឲ្យ​ដល់​ពួក​អយ្យកោ​ឯង​ឡើយ
36 ឃើញ​បាន​តែ​កាលែប ជា​កូន​យេភូនេ​ប៉ុណ្ណោះ ហើយ​អញ​នឹង​ឲ្យ​ស្រុក​ដែល​គាត់​បាន​ដើរ​ជាន់​នោះ ដល់​គាត់ និង​ពួក​កូន​ចៅ​គាត់ ដ្បិត​គាត់​បាន​ប្រព្រឹត្ត​តាម​ព្រះ‌យេហូវ៉ា​គ្រប់​Chapter
37 ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ខ្ញាល់​នឹង​អញ​ដែរ ដោយ​ព្រោះ​ឯង​រាល់​គ្នា ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ក៏​មិន​ត្រូវ​ឲ្យ​ឯង​ចូល​ទៅ​ក្នុង​ស្រុក​នោះ​ដែរ
38 ឯ​យ៉ូស្វេ​ជា​កូន​នុន ដែល​ឈរ​នៅ​មុខ​ឯង នោះ​នឹង​ចូល​ទៅ​វិញ​ដូច្នេះ ចូរ​កំឡា​ចិត្ត​គាត់​ឡើង ដ្បិត​គាត់​នឹង​ធ្វើ​ឲ្យ​សាសន៍​អ៊ីស្រា‌អែល​បាន​ស្រុក​នោះ​ជា​មរដក
39 ហើយ​កូន​តូចៗ​របស់​ឯង​រាល់​គ្នា ដែល​ឯង​បាន​ថា នឹង​ទៅ​ជា​រំពា​គេ ព្រម​ទាំង​កូន​ចៅ​ឯង​រាល់​គ្នា ដែល​សព្វ​ថ្ងៃ​នេះ​មិន​ទាន់​ដឹង​ខុស​ត្រូវ​នៅ​ឡើយ នោះ​នឹង​បាន​ចូល​ទៅ​វិញ អញ​នឹង​ឲ្យ​ស្រុក​នោះ​ដល់​គេ ហើយ​គេ​នឹង​បាន​ស្រុក​នោះ​ជា​កេរ‌អាករ
40 តែ​ឥឡូវ​នេះ ចូរ​ឲ្យ​ឯង​រាល់​គ្នា​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ក្នុង​ទី​រហោ‌ស្ថាន តាម​ផ្លូវ​សមុទ្រ​ក្រហម​វិញ​ទៅ។
41 នោះ​ឯង​រាល់​គ្នា​បាន​ឆ្លើយ​មក​អញ​ថា យើង​ខ្ញុំ​បាន​ធ្វើ​បាប​នឹង​ព្រះ‌យេហូវ៉ា​ហើយ ដូច្នេះ យើង​នឹង​ឡើង​ទៅ​ច្បាំង តាម​គ្រប់​ទាំង​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​បាន​បង្គាប់​មក រួច​ឯង​រាល់​គ្នា​បាន​ក្រវាត់​គ្រឿង​សស្ត្រា‌វុធ​គ្រប់ៗ​គ្នា រៀប‌ចំ​នឹង​ឡើង​ទៅ​ឯ​ស្រុក​ភ្នំ​នោះ​ដោយ​ក្លៀវ‌ក្លា
42 តែ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​មក​អញ​ថា ចូរ​ហាម​កុំ​ឲ្យ​គេ​ឡើង​ទៅ​ច្បាំង​ឡើយ ដ្បិត​អញ​មិន​នៅ​ជា​មួយ​នឹង​ឯង​រាល់​គ្នា​ទេ ក្រែង​ឯង​ត្រូវ​ពួក​ខ្មាំង​សត្រូវ​វាយ​ឈ្នះ
43 ដូច្នេះ អញ​ក៏​ប្រាប់​ដល់​ឯង​រាល់​គ្នា តែ​ឯង​មិន​បាន​ស្តាប់​តាម​សោះ គឺ​បាន​ទាស់​ទទឹង​នឹង​បង្គាប់​នៃ​ព្រះ‌យេហូវ៉ា​វិញ ក៏​ឡើង​ទៅ​ក្នុង​ស្រុក​ភ្នំ​នោះ ដោយ​មាន​ចិត្ត​អួត‌អាង
44 រួច​សាសន៍​អាម៉ូរី​ដែល​នៅ​ភ្នំ​នោះ ក៏​ចេញ​មក​ទាស់​នឹង​ឯង ដេញ​តាម​ឯង​ដូច​ជា​ឃ្មុំ ព្រម​ទាំង​វាយ​ផ្តួល​នៅ​ត្រង់​ស្រុក​សៀរ រហូត​ទៅ​ដល់​ភ្នំ​ហោម៉ា
45 នោះ​ឯង​រាល់​គ្នា​បាន​ត្រឡប់​មក​យំ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​វិញ តែ​ព្រះ‌យេហូវ៉ា​ទ្រង់​មិន​បាន​ស្តាប់​សំឡេង​ឯង​ទេ ក៏​មិន​បាន​ផ្ទៀង​ព្រះ‌កាណ៌​ទ្រង់​មក​ផង
46 ដូច្នេះ ឯង​រាល់​គ្នា​បាន​អាស្រ័យ​នៅ​ត្រង់​កាដេស​ជា​យូរ​ថ្ងៃ តាម​ចំនួន​ថ្ងៃ​ដែល​ត្រូវ​នៅ​ទី​នោះ។


ជំពូក 2

1 រួច​យើង​រាល់​គ្នា​បាន​វិល​ទៅ​ធ្វើ​ដំណើរ ក្នុង​ទី​រហោ‌ស្ថាន តាម​ផ្លូវ​សមុទ្រ​ក្រហម​វិញ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់ ក៏​ដើរ​ព័ទ្ធ​ភ្នំ​សៀរ​អស់​ជា​យូរ​ថ្ងៃ។
2 ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​មក​អញ​ថា
3 ឯង​រាល់​គ្នា​បាន​ដើរ​ជុំវិញ​ភ្នំ​នេះ​ក៏​ល្មម​ណាស់​ហើយ ដូច្នេះ ចូរ​បែរ​ទៅ​ខាង​ជើង​ចុះ
4 ហើយ​បង្គាប់​ដល់​ពួក​បណ្តា‌ជន​ថា ឯង​រាល់​គ្នា​នឹង​ត្រូវ​ដើរ​កាត់​ព្រំ​ស្រុក​របស់​ពួក​កូន​ចៅ​អេសាវ ជា​បង​ប្អូន​នៃ​ឯង ដែល​នៅ​ស្រុក​សៀរ ហើយ​គេ​នឹង​ខ្លាច​ឯង ដូច្នេះ ចូរ​ប្រុង​ប្រយ័ត​ខ្លួន​ឲ្យ​មែន‌ទែន
5 កុំ​ឲ្យ​ត​នឹង​គេ​ឡើយ ដ្បិត​អញ​មិន​ឲ្យ​ស្រុក​គេ​ដល់​ឯង​រាល់​គ្នា​ទេ សូម្បី​ឲ្យ​ល្មម​គ្រាន់​នឹង​ដាក់​បាត​ជើង​ចុះ​ក៏​មិន​មាន​ដែរ ពី​ព្រោះ​អញ​បាន​ឲ្យ​ភ្នំ​សៀរ​ទុក​ជា​កេរ‌អាករ​ដល់​អេសាវ​ហើយ
6 ត្រូវ​ឲ្យ​ឯង​ទិញ​ស្បៀង​អាហារ​ពី​គេ​បរិភោគ​ទៅ ក៏​ត្រូវ​ទិញ​ទឹក​ពី​គេ​ផឹក​ដែរ
7 ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​ប្រទាន​ពរ​ដល់​ឯង ក្នុង​គ្រប់​ការ​ដែល​ដៃ​ឯង​ធ្វើ ទ្រង់​ក៏​ស្គាល់​ផ្លូវ​ដែល​ឯង​បាន​ដើរ​ក្នុង​ទី​រហោ‌ស្ថាន​សម្បើម​នេះ​ផង ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​គង់​នៅ​ជា​មួយ​នឹង​ឯង អស់​រវាង​៤០​ឆ្នាំ​នេះ ហើយ​ឯង​គ្មាន​ខ្វះ‌ខាត​អ្វី​ឡើយ។
8 ដូច្នេះ យើង​រាល់​គ្នា​ក៏​ដើរ​បង្ហួស ពី​ពួក​កូន​ចៅ​អេសាវ​ជា​បង​ប្អូន​យើង ដែល​នៅ​ស្រុក​សៀរ ទៅ​តាម​ផ្លូវ​ស្រុក​វាល​តាម​អេឡាត និង​អេស៊ាន-គេប៊ើរ រួច​បែរ​ទៅ​តាម​ផ្លូវ​ទី​រហោ‌ស្ថាន​ម៉ូអាប់​វិញ
9 ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​អញ​ថា កុំ​ឲ្យ​ធ្វើ​ទុក្ខ​សាសន៍​ម៉ូអាប់​ឡើយ ក៏​កុំ​ឲ្យ​ត‌តាំង​នឹង​គេ​ដែរ អញ​មិន​ឲ្យ​ស្រុក​គេ​ដល់​ឯង​រាល់​គ្នា​ទេ ពី​ព្រោះ​អញ​បាន​ឲ្យ​ស្រុក​អើរ​ដល់​ពួក​កូន​ចៅ​ឡុត ទុក​ជា​កេរ‌អាករ​ហើយ
10 (ពី​ដើម សាសន៍​អេមីម​បាន​នៅ​ស្រុក​នោះ ជា​សាសន៍​មាន​គ្នា​ច្រើន ហើយ​មាន​មាឌ​ធំ​ខ្ពស់ ដូច​ជា​សាសន៍​អ័ណាក់
11 សាសន៍​នោះ​ក៏​រាប់​ទុក​ជា​មនុស្ស​គួរ​ស្ញែង‌ខ្លាច ដូច​សាសន៍​អ័ណាក់​ដែរ តែ​ពួក​សាសន៍​ម៉ូអាប់​បាន​ហៅ​គេ​ជា​សាសន៍​អេមីម​វិញ
12 សាសន៍​ហូរី​ក៏​នៅ​ស្រុក​សៀរ​នោះ​កាល​ពី​ដើម តែ​ពួក​កូន​ចៅ​អេសាវ​បាន​បណ្តេញ​គេ ព្រម​ទាំង​បំផ្លាញ​គេ​ពី​មុខ​ចេញ ហើយ​បាន​នៅ​កន្លែង​គេ ដូច​ជា​សាសន៍​អ៊ីស្រា‌អែល​បាន​ធ្វើ​នៅ​ក្នុង​ស្រុក ដែល​ព្រះ‌យេហូវ៉ា​ប្រទាន​ឲ្យ​គេ ទុក​ជា​កេរ‌អាករ​ដែរ)
13 ឥឡូវ​នេះ ចូរ​ឯង​ក្រោក​ឡើង ឆ្លង​ស្ទឹង​សេរេត​នេះ​ចុះ នោះ​យើង​រាល់​គ្នា​ក៏​ឆ្លង​ស្ទឹង​សេរេត​ទៅ
14 ឯ​វេលា​ដែល​យើង​រាល់​គ្នា​បាន​ដើរ​ពី​កាដេស-បារនា ដរាប​ដល់​បាន​ឆ្លង​ស្ទឹង​សេរេត នោះ​អស់​ចំនួន​៣៨​ឆ្នាំ ទាល់​តែ​តំណ​មនុស្ស​ជំនាញ​ក្នុង​ចម្បាំង​ទាំង​នោះ បាន​សាប‌សូន្យ​ពី​ពួក​យើង​ទៅ ដូច​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​ស្បថ​នឹង​គេ
15 ហើយ​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​ក៏​បាន​ទាស់​នឹង​គេ​ដែរ ដើម្បី​នឹង​បំផ្លាញ​គេ​ពី​ពួក​យើង​ទៅ ទាល់​តែ​រោយ‌រៀវ​បាត់‌បង់​អស់។
16 កាល​ពួក​អ្នក​ថ្នឹក​ច្បាំង​បាន​រោយ‌រៀវ​ស្លាប់​បាត់​ផុត​ពី​កណ្តាល​ពួក​បណ្តា‌ជន​ទៅ
17 នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​មក​អញ​ថា
18 នៅ​ថ្ងៃ​នេះ ឯង​នឹង​ដើរ​រំលង​ព្រំ​ស្រុក​ម៉ូអាប់​តាម​ក្រុង​អើរ
19 ដូច្នេះ កាល​ណា​មក​ដល់​ទល់​មុខ​នឹង​ពួក​កូន​ចៅ​អាំម៉ូន នោះ​កុំ​ឲ្យ​ធ្វើ​ទុក្ខ​គេ​ឡើយ ក៏​កុំ​ឲ្យ​ត‌តាំង​នឹង​គេ​ដែរ អញ​មិន​ឲ្យ​ស្រុក​នៃ​ពួក​កូន​ចៅ​អាំម៉ូន​ដល់​ឯង​ទុក​ជា​កេរ‌អាករ​ទេ ដ្បិត​អញ​បាន​ឲ្យ​ស្រុក​នោះ​ទុក​ជា​កេរ‌អាករ​ដល់​ពួក​កូន​ចៅ​ឡុត​ហើយ
20 (ស្រុក​នោះ​ក៏​រាប់​ទុក​ជា​ស្រុក​របស់​ពួក​រេផែម ពួក​គួរ​ស្ញែង‌ខ្លាច​នោះ​បាន​នៅ​ស្រុក​នោះ​កាល​ពី​ដើម ឯ​សាសន៍​អាំម៉ូន​ហៅ​គេ​ថា​ជា​សាសន៍​សាំស៊ូមីម​វិញ
21 គេ​ជា​សាសន៍​មាន​គ្នា​ច្រើន ហើយ​មាន​មាឌ​ធំ​ខ្ពស់ ដូច​ជា​សាសន៍​អ័ណាក់​ដែរ តែ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បំផ្លាញ​គេ​ពី​មុខ​សាសន៍​អាំម៉ូន​ទៅ ហើយ​សាសន៍​អាំម៉ូន​បាន​បណ្តេញ​គេ​ចេញ ព្រម​ទាំង​យក​កន្លែង​របស់​គេ​អាស្រ័យ​នៅ​ផង
22 ដូច​ជា​ទ្រង់​បាន​ធ្វើ​ឲ្យ​ពួក​កូន​ចៅ​អេសាវ​ដែល​នៅ​ស្រុក​សៀរ កាល​ទ្រង់​បាន​បំផ្លាញ​សាសន៍​ហូរី​ពី​មុខ​គេ​ចេញ ហើយ​គេ​ក៏​បណ្តេញ​សាសន៍​នោះ ព្រម​ទាំង​យក​កន្លែង​របស់​គេ​នៅ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ​ដែរ
23 និង​សាសន៍​អាវីម​ទៀត ដែល​នៅ​ដោយ​ភូមិៗ​រហូត​ដល់​ក្រុង​កាសា នោះ​ក៏​មាន​សាសន៍​កាប់ថោរ​ដែល​ចេញ​ពី​ស្រុក​កាប់ថោរ​មក បាន​បំផ្លាញ​គេ​ទៅ ព្រម​ទាំង​យក​ស្រុក​របស់​គេ​នៅ​ផង)
24 ចូរ​ក្រោក​ឡើង ធ្វើ​ដំណើរ​ឆ្លង​ស្ទឹង​អើណូន​ទៅ មើល អញ​បាន​ប្រគល់​ស៊ីហុន​ជា​សាសន៍​អាម៉ូរី ស្តេច​ក្រុង​ហែសបូន និង​ស្រុក​គេ​មក​ក្នុង​កណ្តាប់​ដៃ​ឯង​ហើយ ចូរ​ចាប់​តាំង​យក​ស្រុក​នោះ​ចុះ ហើយ​ច្បាំង​នឹង​គេ​ទៅ
25 នៅ​ថ្ងៃ​នេះ​ឯង អញ​នឹង​ចាប់​តាំង​បណ្តាល​ឲ្យ​អស់​ទាំង​សាសន៍ ដែល​នៅ​ក្រោម​មេឃ​ទាំង​ប៉ុន្មាន មាន​សេចក្ដី​ភ័យ​ញ័រ និង​សេចក្ដី​កោត‌ខ្លាច​ដល់​ឯង ដោយ​គេ​ឮ​និយាយ​ពី​ឯង ហើយ​គេ​នឹង​ញាប់‌ញ័រ ព្រម​ទាំង​មាន​សេចក្ដី​ថប់​បារម្ភ​ដោយ​ព្រោះ​ឯង។
26 គ្រា​នោះ អញ​បាន​ចាត់​សារ​ពី​ទី​រហោ‌ស្ថាន​ក្តេម៉ូត​ទៅ​ឯ​ស៊ីហុន ជា​ស្តេច​ក្រុង​ហែសបូន ដោយ​ពាក្យ​មេត្រី​ថា
27 សូម​ឲ្យ​យើង​ខ្ញុំ​ដើរ​កាត់​ស្រុក​របស់​ទ្រង់​ផង យើង​ខ្ញុំ​នឹង​ដើរ​តាម​តែ​ថ្នល់​ធំ​ប៉ុណ្ណោះ ឥត​មាន​ងាក​បែរ​ទៅ​ខាង​ស្តាំ ឬ​ខាង​ឆ្វេង​ឡើយ
28 ឯ​អាហារ និង​ទឹក​សម្រាប់​ឲ្យ​យើង​ខ្ញុំ​ទទួល​ទាន នោះ​ត្រូវ​ឲ្យ​ទ្រង់​លក់​ឲ្យ​យើង​ខ្ញុំ​ចុះ សូម​តែ​ឲ្យ​យើង​ខ្ញុំ​បាន​ដើរ​កាត់​ស្រុក​របស់​ទ្រង់​ទៅ
29 ដូច​ជា​ពួក​កូន​ចៅ​អេសាវ​ដែល​នៅ​ស្រុក​សៀរ និង​ពួក​សាសន៍​ម៉ូអាប់​នៅ​ស្រុក​អើរ បាន​បើក​ឲ្យ​ខ្ញុំ​ដែរ ទាល់​តែ​ខ្ញុំ​ឆ្លង​ហួស​ទន្លេ​យ័រដាន់ ចូល​ទៅ​ក្នុង​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ បាន​ប្រទាន​មក​យើង​ខ្ញុំ
30 តែ​ស៊ីហុន​ជា​ស្តេច​ក្រុង​ហែសបូន មិន​ព្រម​បើក​ឲ្យ​យើង​ដើរ​កាត់​ស្រុក​ទ្រង់​ទេ ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​បណ្តាល​ឲ្យ​ស្តេច​មាន​ព្រះ‌ទ័យ មាន​ព្រះ‌តម្រិះ​រឹង‌ទទឹង ដើម្បី​នឹង​ប្រគល់​មក​ក្នុង​កណ្តាប់​ដៃ​នៃ​ឯង ដូច​ជា​មាន​ហើយ​សព្វ​ថ្ងៃ​នេះ
31 រួច​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​មក​អញ​ថា មើល អញ​បាន​ចាប់​តាំង​ប្រគល់​ស៊ីហុន និង​ស្រុក​គេ​មក​ឯង​ហើយ ដូច្នេះ ចូរ​ចាប់​តាំង​យក​ស្រុក​របស់​គេ​ចុះ ដើម្បី​ឲ្យ​បាន​ជា​មរដក
32 នោះ​ស៊ីហុន និង​បណ្តា​រាស្ត្រ​ទាំង​ប៉ុន្មាន​ក៏​ចេញ​មក​ទាស់​នឹង​យើង រួច​ច្បាំង​គ្នា​នៅ​ត្រង់​យ៉ាហាស់
33 តែ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​រាល់​គ្នា ទ្រង់​បាន​ប្រគល់​ស្តេច​មក​យើង ហើយ​យើង​រាល់​គ្នា​ក៏​វាយ​ទ្រង់ និង​ពួក​កូន​ចៅ​ទ្រង់ ព្រម​ទាំង​រាស្ត្រ​ទាំង​អស់​គ្នា​ទៅ
34 យើង​ក៏​ចាប់​យក​អស់​ទាំង​ទី​ក្រុង​របស់​ទ្រង់​នៅ​គ្រា​នោះ ទាំង​រំលាង​គ្រប់​ទី​ក្រុង​ទាំង​មូល ព្រម​ទាំង​មនុស្ស​ប្រុស​ស្រី និង​កូន​ក្មេង​ផង​គ្មាន​ទុក​ណា​មួយ​ឲ្យ​នៅ​សល់​ឡើយ
35 យើង​បាន​យក​តែ​ហ្វូង​សត្វ ទុក​សម្រាប់​ខ្លួន​យើង ជា​មួយ​នឹង​របឹប​ពី​អស់​ទាំង​ក្រុង​ដែល​យើង​ចាប់​យក​នោះ
36 ហើយ​ចាប់​តាំង​ពី​ក្រុង​អារ៉ូអ៊ើរ ដែល​នៅ​មាត់​ស្ទឹង​អើណូន និង​ពី​ទី​ក្រុង​១​ដែល​នៅ​ច្រក​ភ្នំ​នោះ រហូត​ដល់​ស្រុក​កាឡាត គ្មាន​ក្រុង​ណា​មួយ​ដែល​យើង​ពុំ​អាច​នឹង​យក​បាន​នោះ​ទេ ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​រាល់​គ្នា ទ្រង់​បាន​ប្រគល់​ទាំង​អស់​មក​យើង
37 មាន​តែ​ស្រុក​របស់​ពួក​កូន​ចៅ​អាំម៉ូន​ប៉ុណ្ណោះ ដែល​ឯង​រាល់​គ្នា​មិន​បាន​ចូល​ទៅ​ជិត​ឡើយ គឺ​ជា​ស្រុក​នៅ​ក្បែរ​ស្ទឹង​យ៉ាបុក និង​ទី​ក្រុង​ទាំង​ប៉ុន្មាន​ដែល​នៅ​ស្រុក​ភ្នំ​នោះ ព្រម​ទាំង​កន្លែង​ណា​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​រាល់​គ្នា បាន​ហាម‌ប្រាម​នោះ​ផង។


ជំពូក 3

1 នោះ​យើង​ក៏​បែរ​ឡើង តាម​ផ្លូវ​ទៅ​ស្រុក​បាសាន ហើយ​អុក ជា​ស្តេច​ស្រុក​បាសាន និង​បណ្តា‌រាស្ត្រ​ទ្រង់​ទាំង​អស់​គ្នា ក៏​ចេញ​មក​ទាស់​នឹង​យើង ហើយ​ច្បាំង​គ្នា​នៅ​ត្រង់​អេទ្រី
2 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​មក​អញ​ថា កុំ​ឲ្យ​ខ្លាច​គេ​ឡើយ ដ្បិត​អញ​បាន​ប្រគល់​គេ​មក​ក្នុង​កណ្តាប់​ដៃ​ឯង​ហើយ ព្រម​ទាំង​រាស្ត្រ​ទាំង​ប៉ុន្មាន និង​ស្រុក​របស់​គេ​ផង ត្រូវ​ឲ្យ​ឯង​ធ្វើ​ដល់​គេ ដូច​ជា​បាន​ធ្វើ​ដល់​ស៊ីហុន ជា​ស្តេច​សាសន៍​អាម៉ូរី នៅ​ក្រុង​ហែសបូន​ដែរ
3 ដូច្នេះ ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​រាល់​គ្នា ទ្រង់​ក៏​ប្រគល់​អុក ជា​ស្តេច​ស្រុក​បាសាន​នោះ និង​រាស្ត្រ​ទាំង​ប៉ុន្មាន​មក​ក្នុង​កណ្តាប់​ដៃ​នៃ​យើង​ដែរ ហើយ​យើង​បាន​វាយ​ពួក​ខាង​ទ្រង់ ទាល់​តែ​គ្មាន​នៅ​សល់​១​ឡើយ
4 យើង​ចាប់​យក​អស់​ទាំង​ទី​ក្រុង​របស់​ទ្រង់​នៅ​គ្រា​នោះ គ្មាន​ទី​ក្រុង​ណា​មួយ​ដែល​យើង​មិន​បាន​ចាប់​យក​ពី​គេ​នោះ​ទេ រាប់​ទាំង​អស់​បាន​ទី​ក្រុង​៦០ គឺ​ស្រុក​អើកុប​ទាំង​មូល​ដែល​ជា​នគរ​របស់​ស្តេច​អុក នៅ​ស្រុក​បាសាន
5 អស់​ទាំង​ទី​ក្រុង​ទាំង​នោះ​សុទ្ធ​តែ​មាន​បន្ទាយ មាន​កំផែង​យ៉ាង​ខ្ពស់​ណាស់​នៅ​ព័ទ្ធ​ជុំវិញ ព្រម​ទាំង​ទ្វារ និង​រនុក​ផង ក៏​ចាប់​យក​ទី​ក្រុង​ឯ​ទៀត​ជា​ច្រើន ដែល​ឥត​មាន​កំផែង​ដែរ
6 យើង​បាន​រំលាង​ទី​ក្រុង​ទាំង​នោះ​អស់​រលីង​ទៅ ដូច​ជា​បាន​ធ្វើ​ដល់​ស៊ីហុន​ជា​ស្តេច​ក្រុង​ហែសបូន​ដែរ គឺ​បាន​រំលាង​អស់​ទាំង​ទី​ក្រុង​ទាំង​មូល ព្រម​ទាំង​មនុស្ស​ប្រុស​ស្រី និង​កូន​ក្មេង​ផង
7 តែ​ឯ​សត្វ​ទាំង​ប៉ុន្មាន និង​របឹប​នៃ​ទី​ក្រុង​ទាំង​នោះ យើង​បាន​យក​ទុក​សម្រាប់​ខ្លួន​យើង​វិញ។
8 នៅ​គ្រា​នោះ យើង​បាន​យក​ស្រុក​នោះ​ពី​អំណាច​នៃ​ស្តេច​សាសន៍​អាម៉ូរី​ទាំង​២​អង្គ ដែល​នៅ​ខាង​កើត​ទន្លេ​យ័រដាន់ ចាប់​តាំង​ពី​ស្ទឹង​អើណូន ទៅ​ដល់​ភ្នំ​ហ៊ើម៉ូន
9 (ឯ​ភ្នំ​ហ៊ើម៉ូន​នេះ ពួក​សាសន៍​ស៊ីដូន​គេ​ហៅ​ថា​ភ្នំ​ស៊ីរាន​វិញ ហើយ​សាសន៍​អាម៉ូរី​គេ​ហៅ​ថា ភ្នំ​សេនារ)
10 គឺ​អស់​ទាំង​ទី​ក្រុង​នៅ​ស្រុក​វាល និង​ស្រុក​កាឡាត​ទាំង​មូល ហើយ​ស្រុក​បាសាន​ទាំង​អស់ រហូត​ដល់​សាលកា ហើយ​និង​អេទ្រី គឺ​ជា​ទី​ក្រុង​ទាំង​ប៉ុន្មាន​នៅ​នគរ​របស់​ស្តេច​អុក ដែល​នៅ​ស្រុក​បាសាន
11 (មាន​តែ​អុក​ជា​ស្តេច​ស្រុក​បាសាន​ទេ ដែល​សល់​ពី​ពួក​មនុស្ស​គួរ​ស្ញែង‌ខ្លាច​នោះ មើល គ្រែ ​របស់​ទ្រង់​បាន​ធ្វើ​ពី​ដែក ឃើញ​មាន​នៅ​ក្រុង​រ៉ាបាត​របស់​ផង​ពួក​កូន​ចៅ​អាំម៉ូន គ្រែ​នោះ​មាន​បណ្តោយ​៩​ហត្ថ ហើយ​ទទឹង​៤​ហត្ថ តាម​ហត្ថ​របស់​មនុស្ស)។
12 នៅ​គ្រា​នោះ យើង​បាន​ចាប់​យក​ស្រុក​នោះ​ទុក​ជា​កេរ‌អាករ​របស់​យើង អញ​បាន​ឲ្យ​ស្រុក​នោះ ចាប់​តាំង​ពី​អារ៉ូអ៊ើរ នៅ​មាត់​ស្ទឹង​អើណូន និង​ស្រុក​ភ្នំ​កាឡាត​១​ចំហៀង ព្រម​ទាំង​ទី​ក្រុង​នៃ​ស្រុក​នោះ​ទាំង​ប៉ុន្មាន​ដល់​ពួក​រូបេន និង​ពួក​កាឌ់
13 ឯ​ស្រុក​កាឡាត​ដែល​សល់ និង​ស្រុក​បាសាន ជា​នគរ​របស់​ស្តេច​អុក​ទាំង​អស់ នោះ​អញ​បាន​ឲ្យ​ដល់​ពូជ​អំបូរ​ម៉ាន៉ាសេ​១​ចំហៀង គឺ​ជា​ស្រុក​អើកុប​ទាំង​មូល ដែល​ជា​ស្រុក​បាសាន​ផង (ស្រុក​នោះ​ក៏​ហៅ​ជា​ស្រុក​របស់​ពួក​រេផែម
14 យ៉ាអ៊ារ​ជា​កូន​ម៉ាន៉ាសេ បាន​ចាប់​យក​ស្រុក​អើកុប​ទាំង​មូល រហូត​ដល់​ព្រំ​ស្រុក​កេស៊ូរី និង​ស្រុក​ម៉ាកាធី​ផង រួច​គាត់​ហៅ​ស្រុក​បាសាន​នោះ តាម​ឈ្មោះ​របស់​ខ្លួន គឺ​ជា​ហាវ៉ុត-យ៉ាអ៊ារ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ)
15 ហើយ​អញ​បាន​ឲ្យ​ស្រុក​កាឡាត​ដល់​ម៉ាគារ
16 ឯ​ពួក​រូបេន ហើយ​និង​ពួក​កាឌ់ នោះ​អញ​បាន​ឲ្យ​ស្រុក​ដល់​គេ ចាប់​តាំង​ពី​ស្រុក​កាឡាត រហូត​ដល់​ស្ទឹង​អើណូន ដែល​មាន​ព្រំ‌ខណ្ឌ​នៅ​ជា​កណ្តាល​ស្ទឹង​នោះ ហើយ​រហូត​ដល់​ស្ទឹង​យ៉ាបុក ជា​ព្រំ​ស្រុក​នៃ​ពួក​កូន​ចៅ​អាំម៉ូន
17 ព្រម​ទាំង​ស្រុក​វាល ដែល​មាន​ទន្លេ​យ័រដាន់​ទុក​ជា​ព្រំ‌ខណ្ឌ ចាប់​តាំង​ពី​សមុទ្រ​គេនេ‌សារ៉ែត រហូត​ដល់​សមុទ្រ​អំបិល​ដែល​នៅ​ស្រុក​វាល ត្រង់​ជើង​ភ្នំ​ពីសកា​ខាង​កើត។
18 នៅ​គ្រា​នោះ អញ​បាន​បង្គាប់​ឯង​រាល់​គ្នា​ថា ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​ប្រទាន​ស្រុក​នេះ​ដល់​ឯង​ទុក​ជា​កេរ‌អាករ ដូច្នេះ ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ដែល​ថ្នឹក​ចម្បាំង ពាក់​គ្រឿង​សស្ត្រា‌វុធ ឆ្លង​នាំ​មុខ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ជា​បង​ប្អូន​ឯង​ទៅ
19 តែ​ឯ​ប្រពន្ធ​កូន និង​ហ្វូង​សត្វ​របស់​ឯង នោះ​ត្រូវ​ទុក​ឲ្យ​នៅ​ក្នុង​ទី​ក្រុង​ទាំង​ប៉ុន្មាន ដែល​អញ​បាន​ឲ្យ​ដល់​ឯង​វិញ (ដ្បិត​អញ​ដឹង​ថា ឯង​រាល់​គ្នា​មាន​ហ្វូង​សត្វ​ច្រើន)
20 ទាល់​តែ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ឲ្យ​ពួក​បង​ប្អូន​ឯង បាន​សេចក្ដី​សម្រាក​ដូច​ជា​ឯង​ដែរ ព្រម​ទាំង​ចាប់​យក​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​ប្រទាន​ឲ្យ​គេ​នៅ​ខាង​នាយ​ទន្លេ​យ័រដាន់ រួច​សឹម​ឯង​រាល់​គ្នា​ត្រឡប់​មក​នៅ​ក្នុង​ស្រុក​ជា​កេរ‌អាករ​ឯង​រៀង​ខ្លួន ដែល​អញ​បាន​ឲ្យ​ដល់​ឯង​រាល់​គ្នា​ចុះ
21 ហើយ​នៅ​វេលា​នោះ អញ​ក៏​បាន​ប្រាប់​ដល់​យ៉ូស្វេ​ថា ភ្នែក​របស់​អ្នក​បាន​ឃើញ​អស់​ទាំង​ការ​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក ទ្រង់​បាន​ធ្វើ​ដល់​ស្តេច​ទាំង​២​នេះ​ហើយ ទ្រង់​ក៏​នឹង​ធ្វើ​ដូច្នេះ​ដល់​គ្រប់​ទាំង​នគរ​ដែល​អ្នក​នឹង​ឆ្លង​ចូល​ទៅ​នោះ​ដែរ
22 មិន​ត្រូវ​ឲ្យ​អ្នក​ខ្លាច​គេ​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក ទ្រង់​នឹង​ច្បាំង​ជំនួស​អ្នក។
23 នៅ​គ្រា​នោះ អញ​បាន​ទូល​អង្វរ​ដល់​ព្រះ‌យេហូវ៉ា​ថា
24 ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ‌អម្ចាស់​អើយ ទ្រង់​បាន​ចាប់​តាំង​សម្ដែង​ឲ្យ​អ្នក​បម្រើ​របស់​ទ្រង់​ឃើញ​តេជា‌នុភាព​នៃ​ទ្រង់ និង​ព្រះ‌ហស្ត​ដ៏​មាន​ព្រះ‌ចេស្តា​ផង ដ្បិត​តើ​មាន​ព្រះ​ឯ​ណា​នៅ​លើ​ស្ថាន‌សួគ៌ ឬ​នៅ​ផែនដី ដែល​អាច​នឹង​ធ្វើ​ឲ្យ​ដូច​ការ​ទ្រង់​បាន​ធ្វើ​នោះ ឬ​តាម​ឫទ្ធិ‌បារមី​របស់​ទ្រង់​ទាំង​ប៉ុន្មាន​បាន
25 ទូល‌បង្គំ​សូម​អង្វរ​ដល់​ទ្រង់ សូម​ឲ្យ​ទូល‌បង្គំ​ឆ្លង​ទៅ ឲ្យ​បាន​ឃើញ​ស្រុក​ល្អ នៅ​ខាង​នាយ​ទន្លេ​យ័រដាន់​ផង គឺ​ជា​ស្រុក​ភ្នំ​ល្អ​នោះ ព្រម​ទាំង​ភ្នំ​ល្បាណូន​ដែរ
26 តែ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​សេចក្ដី​ក្រោធ​នឹង​អញ​ដោយ​ព្រោះ​ឯង​រាល់​គ្នា ហើយ​ទ្រង់​មិន​ព្រម​តាម​អញ​ទេ ដោយ​ព្រះ‌បន្ទូល​ថា ណ្ហើយ កុំ​ឲ្យ​និយាយ​នឹង​អញ​ពី​រឿង​នោះ​ទៀត​ឡើយ
27 ចូរ​ឡើង​ទៅ​លើ​កំពូល​ភ្នំ​ពីសកា​នេះ រួច​ក្រឡេក​ភ្នែក​មើល​ទៅ​ទិស​ខាង​លិច ខាង​ជើង ខាង​ត្បូង និង​ខាង​កើត​ទៅ ហើយ​ពិចារណា​មើល​តែ​នឹង​ភ្នែក​របស់​ឯង​ប៉ុណ្ណោះ ដ្បិត​មិន​ត្រូវ​ឲ្យ​ឯង​ឆ្លង​ទន្លេ​យ័រដាន់​នេះ​ទៅ​ទេ
28 ត្រូវ​ឲ្យ​បង្គាប់​យ៉ូស្វេ​វិញ ព្រម​ទាំង​កំឡា​ចិត្ត​គាត់ ហើយ​ចម្រើន​កម្លាំង​ដល់​គាត់​ផង ដ្បិត​ត្រូវ​ឲ្យ​គាត់​ឆ្លង​នាំ​មុខ​បណ្តា‌ជន​ទាំង​នេះ​ទៅ ឲ្យ​គេ​បាន​ទទួល​ស្រុក ដែល​ឯង​នឹង​មើល​ឃើញ​នោះ ទុក​ជា​មរដក​របស់​គេ
29 ដូច្នេះ យើង​រាល់​គ្នា​ក៏​នៅ​តែ​ក្នុង​ច្រក​ភ្នំ​ទល់​មុខ​នឹង​បេត-ពេអរ​ទៀត។


ជំពូក 4

1 ឥឡូវ​នេះ ឱ​ពួក​អ៊ីស្រា‌អែល​អើយ ចូរ​ស្តាប់​អស់​ទាំង​ច្បាប់ និង​បញ្ញត្ត ដែល​អញ​បង្រៀន​ដល់​ឯង​រាល់​គ្នា ហើយ​ឲ្យ​ប្រព្រឹត្ត​តាម​ចុះ ដើម្បី​ឲ្យ​បាន​រស់​នៅ ហើយ​ឲ្យ​បាន​ចូល​ទៅ​ទទួល​យក​ស្រុក ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ពួក​អយ្យកោ​ឯង ទ្រង់​ប្រទាន​មក
2 មិន​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​បន្ថែម​បញ្ចូល​អ្វីៗ​ក្នុង​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​អញ​បង្គាប់​ដល់​ឯង ឬ​កាត់​ចោល​អ្វី​ណា​មួយ​ឡើយ ដើម្បី​ឲ្យ​ឯង​រាល់​គ្នា​បាន​កាន់​តាម​អស់​ទាំង​បញ្ញត្ត​ផង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ដែល​អញ​បង្គាប់​មក​ឯង​នេះ
3 ភ្នែក​ឯង​រាល់​គ្នា​បាន​ឃើញ​ការ ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​ធ្វើ ដោយ​ព្រោះ​ដំណើរ​ព្រះ​បាល-ពេអរ ដ្បិត​អស់​អ្នក​ណា​ដែល​បាន​តាម​ព្រះ​បាល-ពេអរ នោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​បំផ្លាញ​គេ​ពី​ពួក​ឯង​ចេញ
4 តែ​ពួក​ឯង​រាល់​គ្នា ដែល​បាន​នៅ​ជាប់​នឹង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង នោះ​បាន​រស់​នៅ​ដរាប​ដល់​សព្វ​ថ្ងៃ​នេះ​វិញ
5 មើល អញ​បាន​បង្រៀន​ច្បាប់ ហើយ​និង​បញ្ញត្ត​ដល់​ឯង​រាល់​គ្នា តាម​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​អញ​បាន​បង្គាប់​មក ដើម្បី​ឲ្យ​ឯង​បាន​ប្រព្រឹត្ត​តាម នៅ​ក្នុង​ស្រុក​ដែល​ឯង​ត្រូវ​ចូល​ទៅ​ទទួល​យក
6 ដូច្នេះ ចូរ​ឲ្យ​ឯង​រាល់​គ្នា​កាន់ ហើយ​ប្រព្រឹត្ត​តាម​ចុះ ដ្បិត​នេះ​នឹង​បាន​ជា​ប្រាជ្ញា ហើយ​ជា​យោបល់​ដល់​ឯង​រាល់​គ្នា នៅ​ភ្នែក​នៃ​អស់​ទាំង​សាសន៍ ដែល​នឹង​ឮ​ថ្លែង​ពី​បញ្ញត្ត​ច្បាប់​ទាំង​ប៉ុន្មាន​នេះ ហើយ​គេ​នឹង​និយាយ​ថា ប្រាកដ​ជា​សាសន៍​នេះ​មាន​ប្រាជ្ញា និង​យោបល់​ពិត
7 ដ្បិត​តើ​មាន​សាសន៍​ដ៏​ធំ​ណា​មួយ ដែល​មាន​ព្រះ​គង់​នៅ​ជិត​គេ ដូច​ជា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង ទ្រង់​គង់​នៅ​ជិត ក្នុង​កាល​ដែល​យើង​អំពាវ‌នាវ​រក​ទ្រង់​នោះ
8 ហើយ​តើ​មាន​សាសន៍​ដ៏​ធំ​ណា​មួយ ដែល​មាន​ច្បាប់ និង​បញ្ញត្ត​ដ៏​ត្រឹម‌ត្រូវ ឲ្យ​ដូច​ជា​ក្រឹត្យ​ព្រះ‌វិន័យ​នេះ ដែល​អញ​ដាក់​នៅ​មុខ​ឯង​រាល់​គ្នា​នៅ​ថ្ងៃ​នេះ​ដូច្នេះ។
9 ប៉ុន្តែ ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ប្រយ័ត​ខ្លួន ហើយ​រក្សា​ចិត្ត​ឲ្យ​មែន‌ទែន ក្រែង​ភ្លេច​អស់​ទាំង​ការ​ដែល​ភ្នែក​ឯង​បាន​ឃើញ ហើយ​ក្រែង​នៅ​ក្នុង​ជីវិត​ឯង ការ​ទាំង​នោះ​បាន​ឃ្លាត​ចេញ​ពី​ចិត្ត​ឯង​ទៅ ត្រូវ​ឲ្យ​ឯង​ប្រាប់​ពី​ការ​ទាំង​នោះ​ដល់​កូន​ចៅ​ឯង​ឲ្យ​ដឹង​ត​រៀង​ទៅ​វិញ
10 គឺ​ពី​ថ្ងៃ​ដែល​ឯង​បាន​ឈរ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ត្រង់​ភ្នំ​ហោរែប ក្នុង​កាល​ដែល​ទ្រង់​មាន​ព្រះ‌បន្ទូល​មក​អញ​ថា ចូរ​ប្រមូល​ពួក​បណ្តា‌ជន​មក​ឯ​អញ នោះ​អញ​នឹង​ឲ្យ​គេ​ឮ​អស់​ទាំង​ពាក្យ​របស់​អញ ដើម្បី​ឲ្យ​គេ​រៀន​ឲ្យ​ចេះ​កោត‌ខ្លាច​ដល់​អញ នៅ​គ្រប់​១​ជីវិត​ដែល​គេ​រស់​នៅ​លើ​ផែនដី ហើយ​ឲ្យ​គេ​បាន​បង្រៀន​ដល់​កូន​ចៅ​គេ​ថែម​ទៀត
11 នោះ​ឯង​រាល់​គ្នា​បាន​ចូល​មក​ឈរ​នៅ​ជិត​ជើង​ភ្នំ ហើយ​ភ្នំ​ក៏​ឆេះ​ឡើង​ជា​ភ្លើង នាំ​ឲ្យ​ស្រអាប់​ពេញ​ផ្ទៃ​មេឃ ហើយ​ក៏​មាន​ពពក និង​ងងឹត​សូន្យ‌សុង​ផង
12 រួច​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​មក​ឯង​រាល់​គ្នា​ពី​កណ្តាល​ភ្លើង​នោះ ឯង​រាល់​គ្នា​ក៏​បាន​ឮ​ព្រះ‌សូរ‌សៀង​នៃ​ព្រះ‌បន្ទូល​នោះ តែ​មិន​ឃើញ​រូប​អង្គ​ណា​សោះ គ្រាន់​តែ​ឮ​សំឡេង​ប៉ុណ្ណោះ
13 ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​ប្រាប់​ដល់​ឯង​រាល់​គ្នា​ពី​សេចក្ដី​សញ្ញា​របស់​ទ្រង់ ដែល​ទ្រង់​បាន​បង្គាប់​ឲ្យ​ឯង​រាល់​គ្នា​ប្រព្រឹត្ត​តាម គឺ​ជា​ក្រឹត្យ​ទាំង​១០​ប្រការ ហើយ​ទ្រង់​ក៏​ចារឹក​កត់​ក្រឹត្យ​ទាំង​នោះ ចុះ​ទៅ​បន្ទះ​ថ្ម​២​ផ្ទាំង
14 នៅ​វេលា​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បង្គាប់​មក​អញ ឲ្យ​បង្រៀន​អស់​ទាំង​ច្បាប់ និង​បញ្ញត្ត​ដល់​ឯង ដើម្បី​ឲ្យ​បាន​ប្រព្រឹត្ត​តាម នៅ​ក្នុង​ស្រុក ដែល​ឯង​នឹង​ឆ្លង​ចូល​ទៅ​ទទួល​យក​នោះ។
15 ដូច្នេះ ចូរ​ឯង​រាល់​គ្នា​ប្រយ័ត​ខ្លួន​ឲ្យ​មែន‌ទែន ដ្បិត​ឯង​មិន​បាន​ឃើញ​រូប​អង្គ​បែប​យ៉ាង​ណា នៅ​ថ្ងៃ​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​មក​ឯង ពី​កណ្តាល​ភ្លើង​នៅ​ភ្នំ​ហោរែប​នោះ​ទេ
16 ក្រែង​ឯង​រាល់​គ្នា​បង្ខូច​ខ្លួន ដោយ​ឆ្លាក់​ធ្វើ​រូប​មាន​រាង​ដូច​ជា​អង្គ​ណា​១​ផង ទោះ​ជា​ប្រុស ឬ​ស្រី​ក្តី
17 ឬ​ជា​រូប​សត្វ​ណា​ដែល​នៅ​លើ​ផែនដី ឬ​ជា​រូប​សត្វ​ណា​ដែល​ហើរ​នៅ​លើ​អាកាស
18 ឬ​រូប​សត្វ​ណា​ដែល​លូន​វា​នៅ​ដី ឬ​រូប​ត្រី​ណា​ដែល​នៅ​ក្នុង​ទឹក​ក្តី
19 ហើយ​ក្រែង​ឯង​រាល់​គ្នា​ងើប​ភ្នែក មើល​ទៅ​លើ​មេឃ​វេលា​ណា​ឃើញ​ថ្ងៃ ខែ និង​អស់​ទាំង​ផ្កាយ គឺ​គ្រប់​ទាំង​របស់​ដែល​មាន​ជា​បរិបូរ​នៅ​លើ​មេឃ នោះ​ឯង​រាល់​គ្នា​មាន​សេចក្ដី​ល្បួង​ប្រទាញ​ចេញ​ទៅ​ថ្វាយ‌បង្គំ ហើយ​គោរព​ប្រតិ‌បត្តិ​ដល់​របស់​ទាំង​នោះ ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​ប្រទាន​មក​ឲ្យ​គ្រប់​ទាំង​សាសន៍ នៅ​ក្រោម​ផ្ទៃ​មេឃ​វិញ
20 តែ​ព្រះ‌យេហូវ៉ា​បាន​នាំ​យក​ឯង ចេញ​ពី​គុក​រំលាយ​ដែក​នៅ​ស្រុក​អេស៊ីព្ទ​មក ដើម្បី​ឲ្យ​បាន​ធ្វើ​ជា​រាស្ត្រ​ដ៏​ជា​មរដក​ទ្រង់ ដូច​ជា​សព្វ​ថ្ងៃ​នេះ។
21 ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ខ្ញាល់​នឹង​អញ ដោយ​ព្រោះ​ឯង​រាល់​គ្នា​ដែរ ហើយ​ទ្រង់​ស្បថ​មិន​ឲ្យ​អញ​ឆ្លង​ទន្លេ​យ័រដាន់​ចូល​ទៅ​ក្នុង​ស្រុក​ល្អ ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រទាន​មក​ទុក​ជា​មរដក​របស់​ឯង​នោះ​ទេ
22 គឺ​អញ​ត្រូវ​ស្លាប់​នៅ​ស្រុក​នេះ អញ​មិន​ត្រូវ​ឆ្លង​ទន្លេ​យ័រដាន់​នេះ​ទៅ​ឡើយ តែ​ឯង​រាល់​គ្នា​នឹង​ឆ្លង​ទៅ ទទួល​យក​ស្រុក​ល្អ​នោះ​វិញ
23 ដូច្នេះ ចូរ​ប្រយ័ត​ខ្លួន​ចុះ ក្រែង​ភ្លេច​សេចក្ដី​សញ្ញា​ផង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ដែល​ទ្រង់​បាន​តាំង​នឹង​ពួក​ឯង រួច​ងាក​បែរ​ទៅ​ឆ្លាក់​ធ្វើ​រូប​មាន​រាង​ដូច​របស់​យ៉ាង​ណា​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​ទ្រង់​បាន​ហាម‌ប្រាម​មិន​ឲ្យ​ធ្វើ
24 ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​ជា​ភ្លើង​ឆេះ​បន្សុស គឺ​ជា​ព្រះ​ប្រចណ្ឌ។
25 កាល​ណា​បាន​នៅ​ស្រុក​នោះ​ជា​យូរ‌អង្វែង ព្រម​ទាំង​បង្កើត​កូន​ចៅ ហើយ​បង្ខូច​ខ្លួន​ទៅ​ជា​ឆ្លាក់​ធ្វើ​រូប​មាន​រាង​ដូច​របស់​ណា​មួយ ក៏​ប្រព្រឹត្ត​ការ​អ្វី​ដែល​អាក្រក់​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ជា​ការ​ដែល​បណ្តាល​ឲ្យ​ទ្រង់​ខ្ញាល់​ឡើង
26 នោះ​អញ​អាង​ដល់​ស្ថាន‌សួគ៌ ហើយ​និង​ផែនដី ឲ្យ​ធ្វើ​ជា​ទី​បន្ទាល់​ទាស់​នឹង​ឯង​រាល់​គ្នា​នៅ​ថ្ងៃ​នេះ​ថា បន្តិច​ទៀត ឯង​រាល់​គ្នា​ត្រូវ​វិនាស​អស់​រលីង ចេញ​ពី​ស្រុក​ដែល​ឯង​ឆ្លង​ទន្លេ​យ័រដាន់ ចូល​ទៅ​ទទួល​យក​នោះ​ជា​មិន​ខាន និង​ធ្វើ​ឲ្យ​នៅ​យូរ‌អង្វែង​ត​ទៅ​ទៀត​មិន​បាន គឺ​នឹង​ត្រូវ​វិនាស​ទៅ​ទាំង​អស់​គ្នា​វិញ
27 ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​កម្ចាត់‌កម្ចាយ​ឯង​រាល់​គ្នា​ទៅ ឲ្យ​នៅ​គ្រប់​ទាំង​សាសន៍ ឯង​នឹង​នៅ​មាន​តែ​គ្នា​តិច ក្នុង​គ្រប់​ទាំង​នគរ​ដែល​ព្រះ‌យេហូវ៉ា​នឹង​នាំ​ឯង​ទៅ​នៅ​នោះ
28 ហើយ​នៅ​ស្រុក​ទាំង​នោះ ឯង​នឹង​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​ផ្សេងៗ ដែល​ធ្វើ​ពី​ឈើ ឬ​ពី​ថ្ម​ដោយ​ដៃ​មនុស្ស ជា​រូប​ដែល​មិន​អាច​នឹង​មើល​ឃើញ​ស្តាប់​ឮ ឬ​ទទួល​អាហារ ឬ​ដឹង​ក្លិន​ឡើយ
29 ប៉ុន្តែ នៅ​ទី​នោះ ឯង​នឹង​ស្វែង​រក​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ហើយ​និង​ឃើញ​ទ្រង់ ក្នុង​កាល​ដែល​រក​ទ្រង់​អស់​ពី​ចិត្ត ហើយ​អស់​ពី​ព្រលឹង​ឯង​ផង
30 កាល​ណា​ឯង​កើត​មាន​សេចក្ដី​វេទនា ហើយ​គ្រប់​ទាំង​សេចក្ដី​នេះ​បាន​កើត​ឡើង​ដល់​ឯង នោះ​នៅ​គ្រា​ចុង​បំផុត ឯង​នឹង​ត្រឡប់​មក​ឯ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​វិញ ហើយ​និង​ស្តាប់​តាម​ព្រះ‌បន្ទូល​ទ្រង់
31 ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​ជា​ព្រះ​ដ៏​មាន​សេចក្ដី​មេត្តា‌ករុណា ទ្រង់​មិន​ខាន​នឹង​ប្រោស​ឯង​ទេ ក៏​មិន​បំផ្លាញ​ឯង ឬ​ភ្លេច​សេចក្ដី​សញ្ញា​ដែល​ទ្រង់​បាន​ស្បថ​នឹង​ពួក​អយ្យកោ​ឯង​ឡើយ។
32 ចូរ​ស៊ើប‌សួរ​រក​ពី​អស់​ទាំង​ថ្ងៃ​កន្លង​ទៅ​ហើយ​ដែល​មាន​តាំង​ពី​មុន​ឯង​មក គឺ​ចាប់​តាំង​ពី​ថ្ងៃ​ដែល​ព្រះ‌ទ្រង់​បាន​បង្កើត​មនុស្ស​នៅ​លើ​ផែនដី ហើយ​ពី​ជើង​មេឃ​ម្ខាង​ទៅ​ដល់​ជើង​មេឃ​ម្ខាង​ផង តើ​ដែល​មាន​ការ​ដ៏​ធំ​យ៉ាង​នេះ ឬ​ដែល​មាន​ឮ​និយាយ​ពី​ការ​យ៉ាង​នេះ​ឬ​អី
33 តើ​ដែល​មាន​សាសន៍​ណា​ឮ​ព្រះ‌សៀង​នៃ​ព្រះ ដែល​ទ្រង់​មាន​ព្រះ‌បន្ទូល​ពី​កណ្តាល​ភ្លើង​មក ដូច​ជា​ឯង​បាន​ឮ ហើយ​បាន​រស់​នៅ​ឬ​ទេ
34 ឬ​តើ​ដែល​មាន​ព្រះ​ណា​ប្រថុយ​ទៅ​យក​សាសន៍​១​សម្រាប់​អង្គ​ទ្រង់ ពី​កណ្តាល​សាសន៍​១​ទៀត ដោយ‌សារ​ការ​ល្បង​ទី​សម្គាល់ និង​ការ​អស្ចារ្យ ដោយ​ចម្បាំង ដោយ​ព្រះ‌ហស្ត​ដ៏​មាន​ព្រះ‌ចេស្តា និង​ដោយ​ព្រះ‌ពាហុ​លើក​សម្រេច ហើយ​ដោយ​ការ​គួរ​ស្ញែង‌ខ្លាច​ជា​ធំ ដូច​ជា​គ្រប់​ទាំង​ការ​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​ធ្វើ ជា​ប្រយោជន៍​ដល់​ឯង​នៅ​ស្រុក​អេស៊ីព្ទ ឲ្យ​ឯង​ឃើញ​ផង​ឬ​ទេ
35 ការ​ទាំង​នោះ​បាន​សម្ដែង​មក​ឲ្យ​ឯង​ឃើញ ដើម្បី​ឲ្យ​ឯង​បាន​ដឹង​ថា ព្រះ‌យេហូវ៉ា​ទ្រង់​ជា​ព្រះ ក្រៅ​ពី​ទ្រង់ នោះ​គ្មាន​ព្រះ​ឯ​ណា​ទៀត​ឡើយ
36 ទ្រង់​ធ្វើ​ឲ្យ​ឯង​ឮ​ព្រះ‌សៀង​ទ្រង់​ពី​លើ​មេឃ ដើម្បី​នឹង​បង្រៀន​ឯង ហើយ​លើ​ផែនដី ទ្រង់​បាន​ឲ្យ​ឃើញ​ភ្លើង​ដ៏​ធំ​របស់​ទ្រង់ ឯង​ក៏​បាន​ឮ​ព្រះ‌បន្ទូល​ទ្រង់​ចេញ​ពី​កណ្តាល​ភ្លើង​នោះ​មក
37 ហើយ​ដោយ​ព្រោះ​ទ្រង់​បាន​ស្រឡាញ់​ពួក​អយ្យកោ​ឯង បាន​ជា​ទ្រង់​រើស​យក​ពូជ​គេ​តៗ​មក ព្រម​ទាំង​នាំ​ឯង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក​នៅ​ចំពោះ​ទ្រង់ ដោយ​ព្រះ‌ចេស្តា​ដ៏​ជា​ធំ​របស់​ទ្រង់
38 ដើម្បី​នឹង​បណ្តេញ​អស់​ទាំង​សាសន៍​ដែល​ធំ ហើយ​ពូកែ​ជាង​ឯង ពី​មុខ​ឯង​ចេញ ឲ្យ​បាន​នាំ​ឯង​ចូល​ទៅ ប្រយោជន៍​នឹង​ឲ្យ​ស្រុក​គេ ទុក​ជា​មរដក​ដល់​ឯង ដូច​ជា​មាន​សព្វ​ថ្ងៃ​នេះ
39 ដូច្នេះ ចូរ​ដឹង​នៅ​ថ្ងៃ​នេះ ហើយ​កំណត់​ទុក​ក្នុង​ចិត្ត​ចុះ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​ជា​ព្រះ​នៅ​លើ​ស្ថាន‌សួគ៌ ហើយ​នៅ​ផែនដី​នេះ​ផង គ្មាន​ព្រះ​ឯ​ណា​ទៀត​សោះ​ឡើយ
40 ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​រក្សា​អស់​ទាំង​បញ្ញត្ត​ច្បាប់​របស់​ទ្រង់ ដែល​អញ​បង្គាប់​ដល់​ឯង​នៅ​ថ្ងៃ​នេះ ដើម្បី​ឲ្យ​បាន​សប្បាយ ព្រម​ទាំង​កូន​ចៅ​ឯង​ត​រៀង​ទៅ​ផង ហើយ​ឲ្យ​បាន​ជីវិត​យូរ‌អង្វែង​ត​ទៅ នៅ​ក្នុង​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រទាន​មក​ឲ្យ​ឯង​បាន​នៅ​ជា​ដរាប។
41 នៅ​គ្រា​នោះ ម៉ូសេ​ក៏​ញែក​ទី​ក្រុង​៣​នៅ​ត្រើយ​ទន្លេ​យ័រដាន់ ទិស​ខាង​កើត
42 សម្រាប់​ឲ្យ​អ្នក​ណា​ដែល​សម្លាប់​អ្នក​ជិត​ខាង​ខ្លួន មិន​ប្រកប​ដោយ​ចិត្ត​ប៉ង ហើយ​ដែល​មិន​បាន​ស្អប់​អ្នក​នោះ​ពី​កាល​មុន បាន​រត់​ទៅ​ជ្រក​អាស្រ័យ​នៅ​ទី​នោះ ហើយ​ឲ្យ​បាន​រស់​នៅ​ដោយ​រត់​ទៅ​ជ្រក​កោន​នៅ​ទី​ក្រុង​ណា​មួយ​នោះ
43 ទី​ក្រុង​ទាំង​នោះ គឺ​ក្រុង​បេស៊ើរ​១ ដែល​នៅ​ទី​រហោ‌ស្ថាន នា​ស្រុក​វាល សម្រាប់​ពួក​រូបេន និង​ទី​ក្រុង​រ៉ាម៉ូត​១ នៅ​ស្រុក​កាឡាត សម្រាប់​ពួក​កាឌ់ ហើយ​ទី​ក្រុង​កូឡាន​១ នៅ​ស្រុក​បាសាន សម្រាប់​ពួក​ម៉ាន៉ាសេ។
44 នេះ​គឺ​ជា​ក្រឹត្យ‌វិន័យ​ដែល​ម៉ូសេ​បាន​ដាក់​នៅ​មុខ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល
45 ហើយ​នេះ​ជា​សេចក្ដី​បន្ទាល់ ជា​ច្បាប់ ហើយ​ជា​បញ្ញត្ត​ទាំង​ប៉ុន្មាន ដែល​ម៉ូសេ​បាន​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ក្នុង​កាល​ដែល​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក
46 គឺ​នៅ​ខាង‌អាយ​ទន្លេ​យ័រដាន់ ត្រង់​ច្រក​ភ្នំ ទល់​មុខ​នឹង​បេត-ពេអរ ក្នុង​ស្រុក​របស់​ស៊ីហុន ជា​ស្តេច​សាសន៍​អាម៉ូរី ដែល​នៅ​ក្រុង​ហែសបូន ជា​អ្នក​ដែល​ម៉ូសេ និង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​វាយ ពី​កាល​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក
47 គេ​ក៏​ចាប់​យក​ស្រុក​របស់​ស្តេច​នោះ និង​ស្រុក​របស់​អុក ជា​ស្តេច​ស្រុក​បាសាន គឺ​ជា​ស្តេច​សាសន៍​អាម៉ូរី​ទាំង​២ ដែល​នៅ​ត្រើយ​ទន្លេ​យ័រដាន់ ទិស​ខាង​កើត​ទុក​ជា​របស់​ផង​គេ
48 ចាប់​តាំង​ពី​ក្រុង​អារ៉ូអ៊ើរ​ដែល​នៅ​មាត់​ស្ទឹង​អើណូន រហូត​ដល់​ភ្នំ​ស៊ីអូន (គឺ​ជា​ភ្នំ​ហ៊ើម៉ូន)
49 ហើយ​ស្រុក​វាល​ទាំង​មូល​ដែល​នៅ​ត្រើយ​ទន្លេ​យ័រដាន់​ខាង​កើត រហូត​ដល់​សមុទ្រ​ស្រុក​វាល ត្រង់​ជើង​ភ្នំ​ពីសកា​ផង។


ជំពូក 5

1 ម៉ូសេ​ក៏​ហៅ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​មក​ប្រាប់​ថា ឱ​ពួក​អ៊ីស្រា‌អែល​អើយ ចូរ​ស្តាប់​អស់​ទាំង​ច្បាប់ និង​បញ្ញត្ត​ដែល​អញ​ប្រាប់​នៅ​ត្រចៀក​ឯង​រាល់​គ្នា​ក្នុង​ថ្ងៃ​នេះ​ចុះ ដើម្បី​ឲ្យ​បាន​រៀន ហើយ​ប្រយ័ត និង​ប្រព្រឹត្ត​តាម​ទាំង​អស់
2 ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​រាល់​គ្នា ទ្រង់​បាន​តាំង​សេចក្ដី​សញ្ញា​នឹង​យើង​នៅ​ភ្នំ​ហោរែប
3 ទ្រង់​មិន​បាន​តាំង​សេចក្ដី​សញ្ញា​នេះ​នឹង​ពួក​អយ្យកោ​យើង​ទេ គឺ​បាន​តាំង​នឹង​ខ្លួន​យើង​វិញ គឺ​នឹង​យើង​រាល់​គ្នា​នេះ​ហើយ ដែល​សុទ្ធ​តែ​មាន​ជីវិត​រស់​នៅ​សព្វ​ថ្ងៃ​នេះ
4 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ប្រទល់​មុខ​នឹង​ឯង ពី​កណ្តាល​ភ្លើង​នៅ​លើ​ភ្នំ
5 (នៅ​វេលា​នោះ អញ​បាន​ឈរ​នៅ​ជា​កណ្តាល​ព្រះ‌យេហូវ៉ា​នឹង​ឯង​រាល់​គ្នា ដើម្បី​នឹង​បង្ហាញ​ប្រាប់​ពី​ព្រះ‌បន្ទូល​នៃ​ទ្រង់​ដល់​ឯង​រាល់​គ្នា ពី​ព្រោះ​ឯង​បាន​ខ្លាច​ភ្លើង​នោះ ហើយ​មិន​បាន​ឡើង​ទៅ​លើ​ភ្នំ​នោះ​ទេ)។
6 ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​ជា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ដែល​បាន​នាំ​ឯង​ចេញ​ពី​ផ្ទះ​បាវ​បម្រើ​នៅ​ស្រុក​អេស៊ីព្ទ​មក។
7 កុំ​ឲ្យ​មាន​ព្រះ​ឯ​ណា​ទៀត​នៅ​មុខ​អញ​ឲ្យ​សោះ។
8 កុំ​ឲ្យ​ឆ្លាក់​ធ្វើ​រូប​ណា​សម្រាប់​ឯង​ឲ្យ​សោះ ក៏​កុំ​ឲ្យ​ធ្វើ​រូប​ណា​ឲ្យ​ដូច​ជា​អ្វី​នៅ​ស្ថាន‌សួគ៌​ខាង​លើ ឬ​នៅ​ផែនដី​ខាង​ក្រោម ឬ​នៅ​ក្នុង​ទឹក​ដែល​ទាប​ជាង​ដី​នោះ​ផង
9 ក៏​កុំ​ឲ្យ​ក្រាប​សំពះ​នៅ​មុខ​របស់​ទាំង​នោះ ឬ​គោរព​ប្រតិ‌បត្តិ​តាម​ឡើយ ដ្បិត​អញ​នេះ គឺ​ព្រះ‌យេហូវ៉ា​ដែល​ជា​ព្រះ​នៃ​ឯង អញ​ជា​ព្រះ​ប្រចណ្ឌ អញ​ទម្លាក់​ការ​ទុច្ចរិត​របស់​ឪពុក​ទៅ​លើ​កូន​ចៅ ដល់​៣ ហើយ​៤​តំណ​នៃ​អស់​អ្នក​ដែល​ស្អប់​អញ​ផង
10 តែ​អញ​ផ្តល់​សេចក្ដី​សប្បុរស​ដល់​ទាំង​ពាន់​តំណ​នៃ​ពួក​អ្នក​ដែល​ស្រឡាញ់ ហើយ​កាន់​តាម​បញ្ញត្ត​អញ​ទាំង​ប៉ុន្មាន​វិញ។
11 កុំ​ឲ្យ​ចេញ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ជា​អសារ​ឥត​ការ​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​មិន​រាប់​ជា​ឥត​ទោស ដល់​អ្នក​ណា​ដែល​ចេញ​ព្រះ‌នាម​ទ្រង់​ជា​អសារ​ឥត​ការ​នោះ​ទេ។
12 ចូរ​កាន់​ថ្ងៃ​ឈប់​សម្រាក ដើម្បី​នឹង​ថែ​រក្សា​ឲ្យ​បាន​បរិសុទ្ធ ដូច​ជា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​បង្គាប់​មក​ហើយ
13 ក្នុង​រវាង​៦​ថ្ងៃ នោះ​ត្រូវ​ឲ្យ​ធ្វើ​អស់​ទាំង​ការ​របស់​ឯង​ចុះ
14 តែ​ដល់​ថ្ងៃ​ទី​៧ ជា​ថ្ងៃ​ឈប់​សម្រាក​នៃ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​វិញ នៅ​ថ្ងៃ​នោះ មិន​ត្រូវ​ធ្វើ​ការ​អ្វី​ឲ្យ​សោះ ទោះ​ខ្លួន​ឯង ឬ​កូន​ប្រុស​កូន​ស្រី​ឯង ទោះ​បាវ​ប្រុស ឬ​បាវ​ស្រី​ឯង​ក្តី ទោះ​គោ ឬ​លា ឬ​សត្វ​ឯង​ណា​មួយ​ក្តី ឬ​អ្នក​ដទៃ ដែល​នៅ​ជា​មួយ​នឹង​ឯង​ក្តី ដើម្បី​ឲ្យ​បាវ​ប្រុស​បាវ​ស្រី​ឯង​បាន​សម្រាក​ដូច​ជា​ឯង​ដែរ
15 ចូរ​នឹក​ចាំ​ថា ឯង​ក៏​ជា​បាវ​បម្រើ​នៅ​ស្រុក​អេស៊ីព្ទ​ដែរ តែ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​ទ្រង់​បាន​នាំ​ចេញ​ពី​ស្រុក​នោះ​មក ដោយ​ព្រះ‌ហស្ត​ដ៏​មាន​ព្រះ‌ចេស្តា និង​ព្រះ‌ពាហុ​លើក​សម្រេច ហេតុ​ដូច្នេះ​បាន​ជា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​បង្គាប់​មក​ឲ្យ​ឯង​កាន់​ថ្ងៃ​ឈប់​សម្រាក​នេះ។
16 ចូរ​ឲ្យ​គោរព​ប្រតិ‌បត្តិ​ដល់​ឪពុក​ម្តាយ​ឯង ដូច​ជា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​បង្គាប់​មក ដើម្បី​ឲ្យ​ឯង​បាន​អាយុ​វែង ហើយ​ឲ្យ​បាន​សប្បាយ​នៅ​ក្នុង​ស្រុក ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង បាន​ប្រទាន​មក។
17 កុំ​ឲ្យ​សម្លាប់​មនុស្ស​ឲ្យ​សោះ។
18 កុំ​ឲ្យ​ផិត​គ្នា​ឲ្យ​សោះ។
19 កុំ​ឲ្យ​លួច​ប្លន់​ឲ្យ​សោះ។
20 កុំ​ឲ្យ​ធ្វើ​ជា​ទី​បន្ទាល់​ក្លែង ទាស់​នឹង​អ្នក​ជិត​ខាង​ឯង​ឡើយ។
21 កុំ​ឲ្យ​លោភ​ចង់​បាន​ប្រពន្ធ​របស់​អ្នក​ជិត​ខាង​ឯង ក៏​កុំ​ឲ្យ​ចង់​បាន​ផ្ទះ​អ្នក​ជិត​ខាង​ឯង ឬ​ចម្ការ ឬ​បាវ​ប្រុស​បាវ​ស្រី​គេ ឬ​គោ លា ឬ​របស់​អ្វី​ផង​អ្នក​ជិត​ខាង​ឡើយ។
22 សេចក្ដី​ទាំង​នេះ ព្រះ‌យេហូវ៉ា​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​ចេញ​ពី​កណ្តាល​ភ្លើង ពី​ពពក និង​ពី​ងងឹត​សូន្យ‌សុង នៅ​លើ​ភ្នំ មក​ពួក​ជំនុំ​នៃ​ឯង​រាល់​គ្នា ដោយ​សំឡេង​យ៉ាង​ខ្លាំ ហើយ​មិន​បាន​បន្ថែម​អ្វី​ទៀត​សោះ រួច​ទ្រង់​ក៏​កត់​សេចក្ដី​ទាំង​នេះ​នៅ​លើ​បន្ទះ​ថ្ម​២​ផ្ទាំង ប្រទាន​មក​អញ
23 កាល​ឯង​រាល់​គ្នា​បាន​ឮ​សំឡេង​ពី​កណ្តាល​ងងឹត​នោះ ក្នុង​វេលា​ដែល​ភ្នំ​កំពុង​តែ​ឆេះ នោះ​ឯង​រាល់​គ្នា​បាន​មក​ឯ​អញ គឺ​ពួក​មេ​នៃ​ពូជ​អំបូរ​ឯង និង​ពួក​ចាស់‌ទុំ​ផង
24 ដោយ​ពាក្យ​ថា មើល ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​រាល់​គ្នា ទ្រង់​បាន​បង្ហាញ​ឲ្យ​យើង​ខ្ញុំ​ឃើញ​សិរី‌ល្អ​នៃ​ទ្រង់ ហើយ​ឲ្យ​បាន​ស្គាល់​តេជា‌នុភាព​នៃ​ទ្រង់ យើង​ខ្ញុំ​ក៏​បាន​ឮ​ព្រះ‌សៀង​ទ្រង់​ចេញ​ពី​កណ្តាល​ភ្លើង​មក នៅ​ថ្ងៃ​នេះ យើង​ខ្ញុំ​បាន​ឃើញ​ថា ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​មនុស្ស ហើយ​ថា ទ្រង់​មាន​ព្រះ‌ជន្ម​រស់​នៅ
25 ដូច្នេះ តើ​ហេតុ​ដូច​ម្តេច​បាន​ជា​យើង​រាល់​គ្នា​ត្រូវ​ស្លាប់​ឥឡូវ​នេះ ដ្បិត​ភ្លើង​ធំ​នេះ​នឹង​ឆេះ​បន្សុស​យើង​រាល់​គ្នា​អស់​រលីង​ទៅ បើ‌សិន​ជា​យើង​ខ្ញុំ​ឮ​ព្រះ‌សៀង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ​ទៀត នោះ​យើង​រាល់​គ្នា​នឹង​ស្លាប់​ហើយ
26 ដ្បិត​តើ​មាន​អ្នក​ឯ​ណា ក្នុង​បណ្តា​អស់​ទាំង​មនុស្ស​ដែល​ឮ​ព្រះ‌សៀង​នៃ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់ ដែល​ទ្រង់​មាន​ព្រះ‌បន្ទូល​ពី​កណ្តាល​ភ្លើង​មក ដូច​ជា​យើង​ខ្ញុំ​បាន​ឮ​នេះ ហើយ​បាន​រស់​នៅ​ដូច្នេះ
27 សូម​ឲ្យ​លោក​ចូល​ទៅ​ជិត ស្តាប់​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ​ទ្រង់​មាន​ព្រះ‌បន្ទូល​មក រួច​សូម​លោក​ប្រាប់​មក​យើង​ខ្ញុំ ពី​គ្រប់​ទាំង​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​លោក នោះ​យើង​ខ្ញុំ​នឹង​ស្តាប់ ហើយ​ប្រព្រឹត្ត​តាម​ផង។
28 ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ឮ​ពាក្យ​របស់​ឯង​រាល់​គ្នា ក្នុង​កាល​ដែល​ឯង​បាន​និយាយ​មក​អញ​នោះ រួច​ទ្រង់​មាន​ព្រះ‌បន្ទូល​មក​អញ​ថា អញ​បាន​ឮ​ពាក្យ​របស់​បណ្តា‌ជន​ទាំង​នេះ ដែល​គេ​និយាយ​មក​ឯង​ដែរ សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​គេ​បាន​និយាយ​នោះ​ក៏​ស្រួល​ហើយ
29 ឱ​បើ‌សិន​ជា​គេ​មាន​ចិត្ត​យ៉ាង​នោះ​ជា​ដរាប​ទៅ​អេះ ដើម្បី​ឲ្យ​គេ​បាន​កោត‌ខ្លាច​ដល់​អញ ហើយ​កាន់​តាម​គ្រប់​ទាំង​បញ្ញត្ត​របស់​អញ ប្រយោជន៍​ឲ្យ​គេ និង​ពួក​កូន​ចៅ​គេ បាន​សប្បាយ​នៅ​ជា​រៀង‌រាប​ដរាប​ទៅ
30 ចូរ​ទៅ​ប្រាប់​គេ​ឲ្យ​ត្រឡប់​ទៅ​ឯ​ត្រសាល​របស់​គេ​ចុះ
31 តែ​ឯ​ឯង នោះ​ចូរ​ឈរ​នៅ​ទី​នេះ​ជិត​អញ​វិញ អញ​នឹង​ប្រាប់​អស់​ទាំង​សេចក្ដី​បង្គាប់ និង​ច្បាប់ ហើយ​បញ្ញត្ត​ទាំង​ប៉ុន្មាន ដែល​ឯង​ត្រូវ​បង្រៀន​ដល់​គេ ដើម្បី​ឲ្យ​គេ​បាន​ប្រព្រឹត្ត​តាម នៅ​ក្នុង​ស្រុក​ដែល​អញ​ឲ្យ​ដល់​គេ ឲ្យ​គេ​ទទួល​យក​នោះ
32 ដូច្នេះ ត្រូវ​ឲ្យ​ប្រយ័ត និង​ធ្វើ​ដូច​ជា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​បាន​បង្គាប់​មក កុំ​ឲ្យ​ងាក​បែរ​ចេញ​ទៅ​ខាង​ស្តាំ ឬ​ខាង​ឆ្វេង​ឡើយ
33 ត្រូវ​ឲ្យ​ប្រព្រឹត្ត​សព្វ​គ្រប់​តាម​អស់​ទាំង​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​បាន​បង្គាប់​មក ដើម្បី​ឲ្យ​បាន​រស់​នៅ ហើយ​ឲ្យ​បាន​សប្បាយ ព្រម​ទាំង​មាន​អាយុ​ជា​យូរ‌អង្វែង​ត​ទៅ នៅ​ក្នុង​ស្រុក​ដែល​ឯង​រាល់​គ្នា​នឹង​ទទួល​យក​នោះ។


ជំពូក 6

1 នេះ​ជា​សេចក្ដី​បង្គាប់ ជា​ច្បាប់ ហើយ​ជា​បញ្ញត្ត​ទាំង​ប៉ុន្មាន ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​ទ្រង់​បាន​បង្គាប់​មក​ឲ្យ​បង្រៀន​ដល់​ឯង ដើម្បី​ឲ្យ​ឯង​បាន​ប្រព្រឹត្ត​តាម នៅ​ក្នុង​ស្រុក​ដែល​នឹង​ឆ្លង​ចូល​ទៅ​ទទួល​យក
2 ប្រយោជន៍​ឲ្យ​ឯង​បាន​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ហើយ​កាន់​តាម​គ្រប់​ទាំង​ច្បាប់ និង​បញ្ញត្ត​របស់​ទ្រង់ ដែល​អញ​បង្គាប់​ដល់​ឯង​នេះ នៅ​អស់​១​ជីវិត​របស់​ឯង និង​កូន​ចៅ​ឯង​ត​រៀង​ទៅ ហើយ​ឲ្យ​ឯង​បាន​អាយុ​ជា​យូរ‌អង្វែង​ត​ទៅ
3 ដូច្នេះ ឱ​ពួក​អ៊ីស្រា‌អែល​អើយ ចូរ​ស្តាប់ ហើយ​ប្រយ័ត និង​ប្រព្រឹត្ត​តាម​ចុះ ដើម្បី​ឲ្យ​បាន​សប្បាយ ហើយ​ចម្រើន​គ្នា​ជា​ច្រើន​ឡើង​យ៉ាង​សន្ធឹក នៅ​ក្នុង​ស្រុក​ដែល​មាន​ទឹក​ដោះ ហើយ​និង​ទឹក​ឃ្មុំ​ហូរ‌ហៀរ ដូច​ជា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ពួក​អយ្យកោ​ឯង បាន​សន្យា​នឹង​ឯង​ហើយ។
4 ចូរ​ស្តាប់​ចុះ ឱ​អ៊ីស្រា‌អែល​អើយ ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង គឺ​ព្រះ‌យេហូវ៉ា​តែ​១​អង្គ​ទ្រង់
5 ត្រូវ​ឲ្យ​ឯង​ស្រឡាញ់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ឲ្យ​អស់​ពី​ចិត្ត អស់​ពី​ព្រលឹង ហើយ​អស់​ពី​កម្លាំង​ឯង
6 សេចក្ដី​ទាំង​នេះ​ដែល​អញ​បង្គាប់​ដល់​ឯង​នៅ​ថ្ងៃ​នេះ នោះ​ត្រូវ​នៅ​ជាប់​ក្នុង​ចិត្ត​ឯង​ចុះ
7 ត្រូវ​ឲ្យ​ប្រិត‌ប្រៀន​សេចក្ដី​ទាំង​នេះ​ដល់​កូន​ចៅ​ឯង ព្រម​ទាំង​និយាយ​ដំណាល ក្នុង​កាល​ដែល​អង្គុយ​នៅ​ក្នុង​ផ្ទះ ហើយ​ដើរ​តាម​ផ្លូវ ក្នុង​កាល​ដែល​ដេក ហើយ​ក្រោក​ឡើង​ផង
8 ត្រូវ​ចង​សេចក្ដី​ទាំង​នេះ​ជាប់​នៅ​ដៃ​ឯង ទុក​ជា​ទី​សម្គាល់ ហើយ​ត្រូវ​ធ្វើ​ជា​ស្លាក​នៅ​កណ្តាល​ថ្ងាស​ឯង​ផង
9 ក៏​ត្រូវ​កត់​នៅ​ក្រប​ទ្វារ​ផ្ទះ​ឯង ហើយ​នៅ​ទ្វារ​កំផែង​របស់​ឯង​ផង។
10 កាល​ណា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង បាន​នាំ​ឯង​ចូល​ទៅ​ក្នុង​ស្រុក ដែល​ទ្រង់​ស្បថ​នឹង​អ័ប្រា‌ហាំ អ៊ីសាក និង​យ៉ាកុប ជា​ពួក​អយ្យកោ​ឯង​ថា នឹង​ប្រទាន​ដល់​ឯង គឺ​ជា​ទី​ក្រុង​ធំ ហើយ​ល្អ​ដែល​ឯង​មិន​បាន​សង់
11 ព្រម​ទាំង​ផ្ទះ​ពេញ​ដោយ​របស់​ល្អ​គ្រប់​មុខ ដែល​ឯង​មិន​បាន​ប្រមូល​ទុក និង​ស្រះ​ជីក​ស្រាប់ ដែល​ឯង​មិន​បាន​ជីក ហើយ​ទាំង​ចម្ការ​ទំពាំង‌បាយ‌ជូរ និង​ដើម​អូលីវ ដែល​ឯង​មិន​បាន​ដាំ រួច​ឯង​បាន​បរិភោគ​ឆ្អែត
12 នោះ​ចូរ​ប្រយ័ត ក្រែង​ភ្លេច​ព្រះ‌យេហូវ៉ា ដែល​ទ្រង់​បាន​នាំ​ឯង​ចេញ​ពី​ផ្ទះ​បាវ​បម្រើ នៅ​ស្រុក​អេស៊ីព្ទ​មក
13 ត្រូវ​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ហើយ​គោរព​ប្រតិ‌បត្តិ​ដល់​ទ្រង់ ព្រម​ទាំង​ស្បថ​ដោយ​នូវ​ព្រះ‌នាម​ទ្រង់
14 មិន​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ទៅ​តាម​ព្រះ​ឯ​ណា​ទៀត ក្នុង​ពួក​ព្រះ​របស់​សាសន៍​ទាំង​ប៉ុន្មាន​ដែល​នៅ​ជុំវិញ​ឯង​ឡើយ
15 ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ដែល​ទ្រង់​គង់​នៅ​កណ្តាល​ពួក​ឯង ទ្រង់​ជា​ព្រះ​ប្រចណ្ឌ ក្រែង​សេចក្ដី​ខ្ញាល់​នៃ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង បាន​ក្តៅ​ឡើង​ទាស់​នឹង​ឯង រួច​ទ្រង់​បំផ្លាញ​ឯង​រាល់​គ្នា​ពី​លើ​ផែនដី​នេះ​ចេញ​ទៅ។
16 កុំ​ឲ្យ​ឯង​រាល់​គ្នា​ល្បង‌ល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ដូច​ជា​បាន​ល្បង​ទ្រង់​នៅ​ត្រង់​ម៉ាសា នោះ​ឡើយ
17 ត្រូវ​ឲ្យ​កាន់​អស់​ពី​ចិត្ត តាម​អស់​ទាំង​សេចក្ដី​បញ្ញត្ត​ផង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ព្រម​ទាំង​សេចក្ដី​បន្ទាល់ និង​ច្បាប់​ទាំង​ប៉ុន្មាន ដែល​ទ្រង់​បាន​បង្គាប់​មក
18 ក៏​ត្រូវ​តែ​ប្រព្រឹត្ត​ការ​ទៀង​ត្រង់ ហើយ​ល្អ​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ដើម្បី​ឲ្យ​បាន​សប្បាយ ហើយ​ឲ្យ​បាន​ចូល​ទៅ​ទទួល​យក​ស្រុក​ដ៏​ល្អ​ដែល​ទ្រង់​បាន​ស្បថ​នឹង​ពួក​អយ្យកោ​ឯង​ថា
19 ទ្រង់​នឹង​បណ្តេញ​អស់​ទាំង​ខ្មាំង​សត្រូវ​ពី​មុខ​ឯង​ចេញ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​សន្យា​ហើយ។
20 កាល​ណា​ដល់​ថ្ងៃ​ក្រោយ កូន​ឯង​សួរ​ថា អស់​ទាំង​ទី​បន្ទាល់ និង​ច្បាប់ ហើយ​បញ្ញត្ត​ទាំង​នេះ ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​បាន​បង្គាប់​មក តើ​មាន​ន័យ​ដូច​ម្តេច
21 នោះ​ត្រូវ​ឲ្យ​ឆ្លើយ​ថា ពី​ដើម​យើង​រាល់​គ្នា​ជា​បាវ​បម្រើ​របស់​ផារ៉ោន​នៅ​ស្រុក​អេស៊ីព្ទ តែ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​នាំ​យើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ដោយ​ព្រះ‌ហស្ត​ដ៏​មាន​ព្រះ‌ចេស្តា
22 ហើយ​ទ្រង់​បាន​ធ្វើ​ទី​សម្គាល់ និង​ការ​អស្ចារ្យ​ដ៏​ជា​ធំ ហើយ​វេទនា​ផង ដល់​ពួក​ស្រុក​អេស៊ីព្ទ និង​ផារ៉ោន ព្រម​ទាំង​វង្សា​របស់​ទ្រង់​ផង នៅ​ភ្នែក​យើង​រាល់​គ្នា
23 ក៏​បាន​នាំ​យើង​ចេញ​ពី​ស្រុក​នោះ ដើម្បី​នឹង​នាំ​ចូល​មក ឲ្យ​បាន​ប្រទាន​ស្រុក​នេះ​មក​យើង ជា​ស្រុក​ដែល​ទ្រង់​បាន​ស្បថ​នឹង​ពួក​អយ្យកោ​យើង
24 ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បង្គាប់​ឲ្យ​យើង​រាល់​គ្នា​ប្រព្រឹត្ត​តាម​អស់​ទាំង​ច្បាប់​ទាំង​នេះ ហើយ​ឲ្យ​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង ដើម្បី​ឲ្យ​យើង​រាល់​គ្នា​បាន​សប្បាយ​ជា​ដរាប ហើយ​ឲ្យ​ទ្រង់​បាន​ថែ​រក្សា​ទុក​ជីវិត​យើង​រាល់​គ្នា ដូច​ជា​មាន​សព្វ​ថ្ងៃ​នេះ
25 ដូច្នេះ បើ​យើង​ប្រយ័ត និង​កាន់​បញ្ញត្ត​ទាំង​នេះ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង ដូច​ជា​ទ្រង់​បាន​បង្គាប់​មក នោះ​នឹង​បាន​រាប់​ជា​សេចក្ដី​សុចរិត​ដល់​យើង​ហើយ។


ជំពូក 7

1 កាល​ណា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង បាន​នាំ​ឯង​ចូល​ទៅ​ក្នុង​ស្រុក​ដែល​ត្រូវ​ចូល​ទៅ​ទទួល​យក​នោះ ហើយ​ទ្រង់​បាន​ដេញ​សាសន៍​ជា​ច្រើន ពី​មុខ​ឯង​ចេញ គឺ​ជា​សាសន៍​ហេត សាសន៍​គើកាស៊ី សាសន៍​អាម៉ូរី សាសន៍​កាណាន សាសន៍​ពេរិស៊ីត សាសន៍​ហេវី និង​សាសន៍​យេប៊ូស ទាំង​៧​សាសន៍​នោះ​ដែល​ធំ ហើយ​ពូកែ​ជាង​ឯង
2 កាល​ណា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង បាន​ប្រគល់​សាសន៍​ទាំង​នោះ​មក​ឯង ហើយ​ឯង​បាន​ឈ្នះ​គេ នោះ​ត្រូវ​ឲ្យ​បំផ្លាញ​គេ​ឲ្យ​អស់​រលីង​ចេញ មិន​ត្រូវ​តាំង​សញ្ញា​នឹង​គេ ឬ​អាណិត​មេត្តា​ដល់​គេ​ឡើយ
3 ក៏​មិន​ត្រូវ​រៀប‌ការ​ជា​មួយ​នឹង​គេ ឬ​ឲ្យ​កូន​ស្រី​ឯង​ទៅ​កូន​ប្រុស​គេ ហើយ​យក​កូន​ស្រី​គេ​មក​ឲ្យ​កូន​ប្រុស​ឯង​នោះ​ដែរ
4 ដ្បិត​គេ​នឹង​បង្វែរ​កូន​ឯង​ពី​អញ​ចេញ ឲ្យ​ទៅ​គោរព​ប្រតិ‌បត្តិ​តាម​ព្រះ​ដទៃ យ៉ាង​នោះ​សេចក្ដី​ខ្ញាល់​នៃ​ព្រះ‌យេហូវ៉ា​នឹង​ត្រូវ​កាត់​ឡើង​ទាស់​នឹង​ឯង​រាល់​គ្នា ហើយ​ទ្រង់​នឹង​បំផ្លាញ​ឯង​ចេញ​ជា​ឆាប់
5 ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ប្រព្រឹត្ត​នឹង​គេ​យ៉ាង​នេះ​វិញ គឺ​ត្រូវ​រំលំ​អាសនៈ​របស់​គេ បំបាក់​បំបែក​បង្គោល​ដែល​សម្រាប់​គោរព ហើយ​បំផ្លាញ​អ្នក‌តា ព្រម​ទាំង​ដុត​រូប​ឆ្លាក់​របស់​គេ​នៅ​ក្នុង​ភ្លើង​ទៅ
6 ដ្បិត​ឯង​ជា​សាសន៍​បរិសុទ្ធ​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ហើយ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​រើស​យក​ឯង ឲ្យ​បាន​ជា​របស់​ផង​ទ្រង់ លើស​ជាង​អស់​ទាំង​សាសន៍ ដែល​នៅ​ផែនដី​ផង។
7 ព្រះ‌យេហូវ៉ា​ទ្រង់​មិន​បាន​ស្រឡាញ់​ឯង​រាល់​គ្នា ឬ​រើស​ឯង ដោយ​ព្រោះ​ឯង​មាន​គ្នា​ច្រើន​ជាង​សាសន៍​ឯ​ទៀត​នោះ​ទេ ដ្បិត​ឯង​រាល់​គ្នា​ជា​សាសន៍​តិច​ជាង​សាសន៍​ទាំង​អស់
8 គឺ​ដោយ​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​ស្រឡាញ់​ឯង​រាល់​គ្នា​វិញ ហើយ​ដោយ​ព្រោះ​ទ្រង់​ចង់​កាន់​តាម​សេចក្ដី​សម្បថ​ដែល​ទ្រង់​បាន​ស្បថ និង​ពួក​អយ្យកោ​ឯង បាន​ជា​ទ្រង់​នាំ​ឯង​ចេញ​មក ដោយ​ព្រះ‌ហស្ត​ដ៏​មាន​ព្រះ‌ចេស្តា ហើយ​បាន​លោះ​ឯង​ពី​ផ្ទះ​ពួក​បាវ​បម្រើ គឺ​ពី​កណ្តាប់​ដៃ​នៃ​ផារ៉ោន ជា​ស្តេច​ស្រុក​អេស៊ីព្ទ​មក
9 ដូច្នេះ ចូរ​ដឹង​ថា ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​ពិត​ជា​ព្រះ​ហើយ គឺ​ជា​ព្រះ​ស្មោះ‌ត្រង់ ដែល​ទ្រង់​កាន់​តាម​សេចក្ដី​សញ្ញា ហើយ​និង​សេចក្ដី​សប្បុរស​ដរាប​ដល់​ទាំង​ពាន់​តំណ របស់​ពួក​អ្នក​ដែល​ស្រឡាញ់​ទ្រង់​ហើយ​កាន់​តាម​បញ្ញត្ត​របស់​ទ្រង់
10 ហើយ​ទ្រង់​ក៏​សង​ដល់​ពួក​អ្នក​ដែល​ស្អប់​ទ្រង់​នៅ​ប្រទល់​មុខ​គេ ដើម្បី​នឹង​បំផ្លាញ​គេ​ចេញ ទ្រង់​មិន​បង្អង់​ដល់​អ្នក​ណា​ដែល​ស្អប់​ទ្រង់​ឡើយ គឺ​ទ្រង់​នឹង​សង​គេ​នៅ​ប្រទល់​មុខ​វិញ
11 ដូច្នេះ ត្រូវ​ឲ្យ​ឯង​កាន់​តាម​អស់​ទាំង​សេចក្ដី​បង្គាប់ និង​ច្បាប់ ហើយ​និង​បញ្ញត្ត​ទាំង​ប៉ុន្មាន ដែល​អញ​បង្គាប់​ឯង​នៅ​ថ្ងៃ​នេះ ដើម្បី​នឹង​ប្រព្រឹត្ត​តាម​ចុះ។
12 បើ‌សិន​ណា​ជា​ឯង​រាល់​គ្នា​នឹង​ស្តាប់​តាម​អស់​ទាំង​បញ្ញត្ត​ទាំង​នេះ ព្រម​ទាំង​កាន់​ខ្ជាប់ ហើយ​ប្រព្រឹត្ត​តាម នោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​កាន់​តាម​សេចក្ដី​សញ្ញា និង​សេចក្ដី​សប្បុរស​ចំពោះ​ឯង ជា​សេចក្ដី​ដែល​ទ្រង់​បាន​ស្បថ​នឹង​ពួក​អយ្យកោ​នៃ​ឯង
13 ទ្រង់​នឹង​ស្រឡាញ់​ឯង ព្រម​ទាំង​ប្រទាន​ពរ ហើយ​ចម្រើន​ឲ្យ​ឯង​មាន​គ្នា​ច្រើន​ឡើង ទ្រង់​ក៏​នឹង​ប្រទាន​ពរ​ដល់​ផល​ដែល​កើត​ពី​ពោះ​ឯង​មក និង​ផល​ពី​ដី​ឯង​ផង គឺ​ជា​ស្រូវ និង​ទឹក​ទំពាំង‌បាយ‌ជូរ ហើយ​និង​ប្រេង ព្រម​ទាំង​ផល​ចម្រើន​ពី​ហ្វូង​គោ និង​កូន​ពី​ហ្វូង​ចៀម​របស់​ឯង នៅ​ក្នុង​ស្រុក​ដែល​ទ្រង់​បាន​ស្បថ​នឹង​ពួក​អយ្យកោ​ថា ទ្រង់​នឹង​ឲ្យ​ដល់​ឯង
14 ឯង​នឹង​បាន​ពរ​លើស​ជាង​អស់​ទាំង​សាសន៍​ឯ​ទៀត នៅ​ក្នុង​ពួក​ឯង​នឹង​គ្មាន​ប្រុស ឬ​ស្រី សត្វ​ឈ្មោល ឬ​ញី​ណា នៅ​ជា​អារ​ទេ
15 ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ដក​អស់​ទាំង​ជំងឺ​ពី​ឯង​ចេញ ហើយ​ទ្រង់​មិន​ឲ្យ​ឯង​កើត​មាន​ជំងឺ​ដ៏​អាក្រក់​ណា​មួយ​របស់​ស្រុក​អេស៊ីព្ទ ដែល​ឯង​ស្គាល់​ហើយ​នោះ​ទេ គឺ​នឹង​ដាក់​ជំងឺ​ទាំង​នោះ​ទៅ​លើ​ពួក​អ្នក​ទាំង​ប៉ុន្មាន​ដែល​ស្អប់​ឯង​វិញ
16 ហើយ​ឯង​នឹង​បាន​ធ្វើ​ឲ្យ​អស់​ទាំង​សាសន៍ ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រគល់​មក​ឯង បាន​រោយ‌រៀវ​ទៅ ភ្នែក​ឯង​មិន​ត្រូវ​ប្រណី​ដល់​គេ​ឡើយ ក៏​មិន​ត្រូវ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​គេ​ដែរ ដ្បិត​នោះ​នឹង​បាន​ជា​អន្ទាក់​ដល់​ឯង​វិញ។
17 បើ‌សិន​ជា​ឯង​នឹក​ក្នុង​ចិត្ត​ថា សាសន៍​ទាំង​នេះ​គេ​មាន​គ្នា​ច្រើន​ជាង​អញ ធ្វើ​ដូច​ម្តេច​ឲ្យ​អញ​ចាប់​យក​ស្រុក​របស់​គេ​បាន
18 នោះ​កុំ​ឲ្យ​ខ្លាច​ឡើយ ចូរ​នឹក​តែ​ពី​អស់​ទាំង​ការ​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​ធ្វើ​ដល់​ផារ៉ោន ហើយ​ដល់​ស្រុក​អេស៊ីព្ទ​ទាំង​មូល​ប៉ុណ្ណោះ​ចុះ
19 គឺ​ពី​ការ​ល្បង‌ល​យ៉ាង​ធំ ដែល​ភ្នែក​ឯង​បាន​ឃើញ និង​ទី​សម្គាល់ ហើយ​ការ​អស្ចារ្យ​ទាំង​ប៉ុន្មាន និង​ពី​ព្រះ‌ហស្ត​ដ៏​មាន​ព្រះ‌ចេស្តា ហើយ​និង​ព្រះ‌ពាហុ​លើក​សម្រេច ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​បាន​ប្រើ ដើម្បី​នឹង​នាំ​ឯង​ចេញ​មក​នោះ គឺ​យ៉ាង​នោះ​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​ធ្វើ​ដល់​គ្រប់​អស់​ទាំង​សាសន៍​ដែល​ឯង​ខ្លាច​នោះ​ដែរ
20 មួយ​ទៀត ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​ចាត់​ឪម៉ាល់ ទៅ​កណ្តាល​គេ ទាល់​តែ​ពួក​គេ​ដែល​សល់​នៅ ហើយ​ពួន​នឹង​ឯង បាន​វិនាស​ចេញ​អស់​ទៅ
21 មិន​ត្រូវ​ឲ្យ​ឯង​ភ័យ​ខ្លាច ដោយ​ព្រោះ​គេ​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង គឺ​ជា​ព្រះ​ដ៏​ធំ ហើយ​គួរ​ស្ញែង‌ខ្លាច ទ្រង់​គង់​កណ្តាល​ពួក​ឯង​ហើយ
22 ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​បណ្តេញ​សាសន៍​ទាំង​នោះ ចេញ​ពី​មុខ​ឯង​បន្តិច​ម្តងៗ មិន​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​បំផ្លាញ​គេ​ទាំង​អស់ ដោយ​រហ័ស​ពេក​ឡើយ ក្រែង​សត្វ​ព្រៃ​ចម្រើន​ឡើង​ដល់​ឯង​វិញ
23 ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​ប្រគល់​គេ​មក​ឯង ហើយ​និង​កម្ចាត់‌កម្ចាយ​គេ ដោយ​សេចក្ដី​បាក់​ភ្លូក​យ៉ាង​សម្បើម ទាល់​តែ​គេ​វិនាស​បាត់​អស់​ទៅ
24 ហើយ​ទ្រង់​នឹង​ប្រគល់​ពួក​ស្តេច​គេ​មក ក្នុង​កណ្តាប់​ដៃ​ឯង​ដែរ នោះ​ឯង​នឹង​ធ្វើ​ឲ្យ​ឈ្មោះ​គេ​រលាយ​បាត់​ពី​ក្រោម​មេឃ​ចេញ នឹង​គ្មាន​អ្នក​ណា​អាច​នឹង​ឈរ​នៅ​មុខ​ឯង​បាន​ឡើយ ដរាប​ដល់​ឯង​បាន​បំផ្លាញ​គេ​អស់​រលីង​ទៅ
25 ត្រូវ​ឲ្យ​ឯង​ដុត​អស់​ទាំង​រូប​ព្រះ​ឆ្លាក់​របស់​គេ​ចេញ មិន​ត្រូវ​ឲ្យ​ស្តាយ​ប្រាក់​ឬ​មាស ដែល​ជាប់​នៅ​នឹង​រូប​នោះ​ឡើយ ក៏​មិន​ត្រូវ​យក​មក​សម្រាប់​ខ្លួន​ដែរ ក្រែង​លោ​ឯង​ជាប់​អន្ទាក់​យ៉ាង​នោះ ដ្បិត​របស់​ទាំង​នោះ​ជា​ទី​ស្អប់​ខ្ពើម​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង
26 មិន​ត្រូវ​ឲ្យ​ឯង​នាំ​យក​របស់​ដែល​គួរ​ស្អប់​ខ្ពើម​មក​ក្នុង​ផ្ទះ​ឯង​ឡើយ ក្រែង​ឯង​ត្រឡប់​ទៅ​ជា​ត្រូវ​វិនាស​ដូច​របស់​ទាំង​នោះ​ដែរ ត្រូវ​ឲ្យ​ឯង​ស្អប់​អស់​ពី​ចិត្ត ហើយ​ខ្ពើម​របស់​យ៉ាង​នោះ​ឲ្យ​អស់​ពី​ចិត្ត​ដែរ ដ្បិត​ជា​របស់​ត្រូវ​វិនាស​ទៅ។


ជំពូក 8

1 ឯ​អស់​ទាំង​សេចក្ដី​បង្គាប់​ដែល​អញ​ប្រាប់​ដល់​ឯង​រាល់​គ្នា​នៅ​ថ្ងៃ​នេះ នោះ​ត្រូវ​ឲ្យ​ឯង​កាន់​ខ្ជាប់ ហើយ​ប្រព្រឹត្ត​តាម ដើម្បី​ឲ្យ​បាន​រស់​នៅ ហើយ​ចម្រើន​ជា​ច្រើន​ឡើង ហើយ​ឲ្យ​បាន​ចូល​ទៅ​ទទួល​យក​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​បាន​ស្បថ​នឹង​ពួក​អយ្យកោ​ឯង
2 ត្រូវ​ឲ្យ​ឯង​នឹក​ចាំ​ពី​អស់​ទាំង​ការ​ដែល​កើត​មាន​តាម​ផ្លូវ ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​នាំ​ឯង​នៅ​ក្នុង​ទី​រហោ‌ស្ថាន ក្នុង​រវាង​៤០​ឆ្នាំ​នេះ ដើម្បី​នឹង​បន្ទាប​ចិត្ត​ឯង ហើយ​និង​ល្បង‌ល​ឯង​ឲ្យ​ដឹង​ជា​សេចក្ដី​ណា​ដែល​នៅ​ក្នុង​ចិត្ត​ឯង គឺ​បើ​នឹង​កាន់​តាម​បញ្ញត្ត​ទ្រង់​ឬ​ទេ
3 ទ្រង់​ក៏​បាន​បន្ទាប​ចិត្ត​ឯង​មែន ព្រម​ទាំង​ឲ្យ​ឃ្លាន​ផង រួច​បាន​ចិញ្ចឹម​ឯង​ដោយ​នំ​ម៉ាន៉ា ដែល​ឯង និង​ពួក​អយ្យកោ​ឯង​មិន​ដែល​ស្គាល់​ឡើយ ដើម្បី​ឲ្យ​ឯង​បាន​ដឹង​ថា មនុស្ស​មិន​មែន​រស់​ដោយ‌សារ​តែ​នំបុ័ង​ប៉ុណ្ណោះ​ទេ គឺ​រស់​ដោយ‌សារ​គ្រប់​ទាំង​ព្រះ‌បន្ទូល​ដែល​ចេញ​ពី​ព្រះ‌ឱស្ឋ​នៃ​ព្រះ‌យេហូវ៉ា​មក​ដែរ
4 សម្លៀក‌បំពាក់​ឯង​មិន​បាន​សឹក​នៅ​លើ​ខ្លួន​សោះ ហើយ​ជើង​ឯង​ក៏​មិន​បាន​ពុរពង​នៅ​រវាង​៤០​ឆ្នាំ​នេះ​ផង
5 ក៏​ត្រូវ​នឹក​ពិចារណា​ក្នុង​ចិត្ត​ថា ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​វាយ‌ផ្ចាល​ឯង ដូច​ជា​មនុស្ស​វាយ‌ផ្ចាល​កូន​របស់​ខ្លួន។
6 ដូច្នេះ ត្រូវ​ឲ្យ​កាន់​តាម​អស់​ទាំង​បញ្ញត្ត​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ដើម្បី​នឹង​ដើរ​តាម​អស់​ទាំង​ផ្លូវ​របស់​ទ្រង់ ព្រម​ទាំង​កោត‌ខ្លាច​ដល់​ទ្រង់​ផង។
7 ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​នាំ​ឯង​ចូល​ទៅ​ក្នុង​ស្រុក​ដ៏​ល្អ ជា​ស្រុក​ដែល​មាន​ស្ទឹង មាន​រន្ធ​ទឹក ហើយ​និង​ក្បាល​ទឹក ហូរ​ចេញ​នៅ​ក្នុង​ច្រក ហើយ​ក្នុង​ភ្នំ​ផង
8 ជា​ស្រុក​ដែល​មាន​ស្រូវ‌សាលី និង​ស្រូវ​ឱក ក៏​មាន​ទំពាំង‌បាយ‌ជូរ មាន​ល្វា និង​ទទឹម ហើយ​មាន​ដើម​អូលីវ និង​ទឹក​ឃ្មុំ​ផង
9 ជា​ស្រុក​ដែល​ឯង​នឹង​បរិភោគ​អាហារ មិន​មែន​ដោយ​រិត‌ត្បិត​ទេ ឯង​នឹង​មិន​ខ្វះ‌ខាត​អ្វី​នៅ​ស្រុក​នោះ​ឡើយ ឯ​ថ្ម​នៅ​ស្រុក​នោះ​សុទ្ធ​តែ​ជា​ដែក ហើយ​នៅ​ក្នុង​ភ្នំ​នោះ​នឹង​ជីក​រក​បាន​ទង់‌ដែង
10 ឯង​នឹង​បរិភោគ​ទាល់​តែ​ឆ្អែត ហើយ​និង​សរសើរ‌តម្កើង​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ដោយ​ព្រោះ​ស្រុក​ដ៏​ល្អ​ដែល​ទ្រង់​បាន​ប្រទាន​មក។
11 ចូរ​ប្រយ័ត ក្រែង​ភ្លេច​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ដោយ​មិន​កាន់​តាម​អស់​ទាំង​សេចក្ដី​បង្គាប់ និង​ច្បាប់ ហើយ​និង​បញ្ញត្ត​ទាំង​ប៉ុន្មាន​របស់​ទ្រង់ ដែល​អញ​បង្គាប់​ដល់​ឯង​នៅ​ថ្ងៃ​នេះ
12 ហើយ​កាល​ណា​ឯង​បាន​បរិភោគ​ឆ្អែត បាន​សង់​ផ្ទះ​យ៉ាង​ល្អ
13 បាន​ហ្វូង​គោ ហ្វូង​ចៀម​ចម្រើន​ជា​ច្រើន​ឡើង បាន​ប្រាក់​មាស​សំបូរ​ឡើង ហើយ​គ្រប់​ទាំង​របស់​ឯង​ក៏​បាន​បរិបូរ​ផង
14 នោះ​ក្រែង​ចិត្ត​ឯង​បាន​អួត‌អាង រួច​ភ្លេច​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ដែល​ទ្រង់​បាន​នាំ​ឯង​ចេញ​រួច​ពី​ផ្ទះ​បាវ​បម្រើ នៅ​ស្រុក​អេស៊ីព្ទ​មក
15 ហើយ​បាន​នាំ​ឯង​ដើរ​កាត់​ទី​រហោ‌ស្ថាន​សម្បើម​គួរ​ស្ញែង‌ខ្លាច ដែល​មាន​ពស់​ភ្លើង និង​ខ្យា‌ដំរី មាន​ដី​ហួត‌ហែង ឥត​មាន​ទឹក តែ​ទ្រង់​បាន​ធ្វើ​ឲ្យ​ទឹក​ចេញ​ពី​ថ្ម​យ៉ាង​រឹង​ឲ្យ​ឯង
16 ក៏​បាន​ចិញ្ចឹម​ឯង នៅ​ក្នុង​ទី​រហោ‌ស្ថាន ដោយ​នំ​ម៉ាន៉ា​ដែល​ពួក​អយ្យកោ​ឯង​មិន​ដែល​ស្គាល់ ដើម្បី​នឹង​បន្ទាប​ចិត្ត​ឯង ហើយ​និង​ល្បង‌ល​ឯង ប្រយោជន៍​នឹង​ប្រោស​ឲ្យ​ឯង​បាន​សេចក្ដី​ល្អ​ដល់​ចុង​បំផុត
17 ហើយ​ក្រែង​ឯង​នឹក​ក្នុង​ចិត្ត​ថា គឺ​ដោយ​ឥទ្ធិ‌ឫទ្ធិ ហើយ​និង​កម្លាំង​ដៃ​នៃ​អញ​ទេ ដែល​អញ​បាន​ទ្រព្យ​សម្បត្តិ ទាំង​នេះ
18 ត្រូវ​ឲ្យ​នឹក​ពី​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​វិញ ដ្បិត​គឺ​ទ្រង់​ហើយ ដែល​ប្រទាន​ឲ្យ​ឯង​មាន​ឥទ្ធិ‌ឫទ្ធិ ឲ្យ​បាន​ទ្រព្យ​សម្បត្តិ ដើម្បី​នឹង​បញ្ជាក់​សេចក្ដី​សញ្ញា ដែល​ទ្រង់​បាន​ស្បថ​នឹង​ពួក​អយ្យកោ​ឯង​ដូច​ជា​មាន​សព្វ​ថ្ងៃ​នេះ
19 តែ​បើ​ឯង​ភ្លេច​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​មែន ហើយ​ទៅ​ប្រព្រឹត្ត​តាម​ព្រះ​ដទៃ ទាំង​គោរព​ប្រតិ‌បត្តិ ក្រាប​ថ្វាយ‌បង្គំ​ដល់​ព្រះ​នោះ​វិញ នោះ​អញ​ធ្វើ​បន្ទាល់​ទាស់​នឹង​ឯង​រាល់​គ្នា​នៅ​ថ្ងៃ​នេះ​ថា នឹង​ត្រូវ​វិនាស​ទៅ​អស់​រលីង
20 ឯង​រាល់​គ្នា​នឹង​ត្រូវ​វិនាស​ទៅ ដូច​ជា​សាសន៍​ទាំង​ប៉ុន្មាន ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​កំពុង​តែ​ធ្វើ​ឲ្យ​វិនាស​ពី​មុខ​ឯង​ចេញ​នោះ​ដែរ ដោយ​ព្រោះ​ឯង​រាល់​គ្នា​មិន​បាន​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​ឡើយ។


ជំពូក 9

1 ឱ​អ៊ីស្រា‌អែល​អើយ ចូរ​ស្តាប់​ចុះ នៅ​វេលា​នោះ ឯង​រាល់​គ្នា​ត្រូវ​ឆ្លង​ទន្លេ​យ័រដាន់ ទៅ​ចាប់​យក​នគរ​ដែល​ធំ​ជាង ហើយ​ពូកែ​ជាង​ឯង ដែល​មាន​ទី​ក្រុង​ធំ មាន​កំផែង​ខ្ពស់​ដល់​ផ្ទៃ​មេឃ​ផង
2 ជា​សាសន៍​មាន​មាឌ​ធំ​ខ្ពស់ គឺ​ជា​ពួក​កូន​ចៅ​អ័ណាក់ ដែល​ឯង​ស្គាល់​ហើយ ក៏​បាន​ឮ​និយាយ​ពី​គេ​ថា តើ​អ្នក​ណា​អាច​នឹង​ឈរ​នៅ​មុខ​ពួក​កូន​ចៅ​អ័ណាក់​បាន
3 ដូច្នេះ នៅ​ថ្ងៃ​នេះ ចូរ​ថា គឺ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ដែល​នាំ​មុខ​ឯង​ឆ្លង​ទៅ ទ្រង់​ឧបមា​ដូច​ជា​ភ្លើង​ដែល​ឆេះ​បន្សុស ទ្រង់​នឹង​បំផ្លាញ​គេ ហើយ​បង្ក្រាប​គេ​នៅ​មុខ​ឯង​វិញ យ៉ាង​នោះ​ឯង​នឹង​បណ្តេញ​គេ​បាន ព្រម​ទាំង​ធ្វើ​ឲ្យ​គេ​វិនាស​ទៅ​យ៉ាង​ឆាប់​រហ័ស ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​សន្យា​នឹង​ឯង​ហើយ
4 កាល​ណា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង បាន​បណ្តេញ​គេ​ពី​មុខ​ឯង​ចេញ​ហើយ នោះ​កុំ​ឲ្យ​ឯង​នឹក​ក្នុង​ចិត្ត​ថា ព្រះ‌យេហូវ៉ា​ទ្រង់​បាន​នាំ​អញ​ចូល​មក​ចាប់​យក​ស្រុក​នេះ ដោយ​ព្រោះ​តែ​អញ​មាន​សេចក្ដី​សុចរិត​នោះ​ឡើយ គឺ​ដោយ​ព្រោះ​អំពើ​បាប​របស់​សាសន៍​ទាំង​នោះ​ទេ ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បណ្តេញ​គេ​ពី​មុខ​ឯង​ចេញ​ទៅ​នោះ
5 មិន​មែន​ដោយ​ព្រោះ​សេចក្ដី​សុចរិត​របស់​ឯង ឬ​ដោយ​ព្រោះ​ចិត្ត​ឯង​ទៀង​ត្រង់ ដែល​ឯង​នឹង​ចូល​ទៅ​ចាប់​យក​ស្រុក​គេ​នោះ​ឡើយ គឺ​ដោយ​ព្រោះ​អំពើ​បាប​របស់​សាសន៍​ទាំង​នោះ​វិញ​ទេ​តើ ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​បណ្តេញ​គេ​ពី​មុខ​ឯង​ចេញ ដើម្បី​នឹង​បញ្ជាក់​សេចក្ដី​ដែល​ទ្រង់​បាន​ស្បថ​នឹង​ពួក​អយ្យកោ​ឯង គឺ​នឹង​អ័ប្រា‌ហាំ និង​អ៊ីសាក ហើយ​និង​យ៉ាកុប។
6 ដូច្នេះ ចូរ​ដឹង​ថា ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រទាន​ស្រុក​ដ៏​ល្អ​នេះ​មក​ឲ្យ​ឯង​បាន​ចាប់​យក នោះ​មិន​មែន​ដោយ​ព្រោះ​សេចក្ដី​សុចរិត​របស់​ឯង​ទេ ដ្បិត​ឯង​ជា​សាសន៍​មាន​ក្បាល​រឹង​វិញ។
7 ចូរ​នឹក​ចាំ កុំ​ឲ្យ​ភ្លេច​ឡើយ ថា​ឯង​បាន​បណ្តាល​ឲ្យ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង មាន​សេចក្ដី​ក្រោធ នៅ​ត្រង់​ទី​រហោ‌ស្ថាន ហើយ​ចាប់​តាំង​ពី​ថ្ងៃ​ដែល​ឯង​ចេញ​ពី​ស្រុក​អេស៊ីព្ទ រហូត​មក​ដល់​ទី​នេះ នោះ​ឯង​រាល់​គ្នា​ចេះ​តែ​បះ‌បោរ​នឹង​ព្រះ‌យេហូវ៉ា​ជា​ដរាប
8 នៅ​ត្រង់​ភ្នំ​ហោរែប ក៏​ដែរ ឯង​បាន​បណ្តាល​ឲ្យ​ព្រះ‌យេហូវ៉ា​មាន​សេចក្ដី​ក្រោធ ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ខ្ញាល់ ដល់​ទៅ​ចង់​បំផ្លាញ​ឯង​ចេញ​ផង
9 ក្នុង​គ្រា​ដែល​អញ​បាន​ឡើង​ទៅ​លើ​ភ្នំ​ដើម្បី​នឹង​ទទួល​បន្ទះ​ថ្ម ជា​បន្ទះ​មាន​កត់​ចុះ​សេចក្ដី​សញ្ញា​ដែល​ព្រះ‌យេហូវ៉ា​បាន​តាំង​នឹង​ឯង​រាល់​គ្នា នោះ​អញ​បាន​នៅ​លើ​ភ្នំ​អស់​៤០​ថ្ងៃ​៤០​យប់ ឥត​មាន​បរិភោគ​អាហារ ឬ​ផឹក​ទឹក​សោះ
10 ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រទាន​បន្ទះ​ថ្ម​ទាំង​២​ផ្ទាំង ដែល​សរសេរ​ដោយ​អង្គុលី​ព្រះ‌ហស្ត​នៃ​ទ្រង់​នៅ​ថ្ម​ទាំង​២​នោះ មាន​កត់​ចុះ​អស់​ទាំង​ព្រះ‌បន្ទូល ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​នឹង​ឯង​រាល់​គ្នា ពី​កណ្តាល​ភ្លើង​នៅ​លើ​ភ្នំ នា​ថ្ងៃ​ដែល​ប្រជុំ​គ្នា​នោះ
11 លុះ​ដល់​ផុត​៤០​ថ្ងៃ​៤០​យប់​នោះ​ហើយ ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ប្រទាន​បន្ទះ​ថ្ម​ទាំង​២​ផ្ទាំង​នោះ​ដល់​អញ គឺ​ជា​បន្ទះ​នៃ​សេចក្ដី​សញ្ញា
12 រួច​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ប្រាប់​អញ​ថា ចូរ​ក្រោក​ឡើង ចុះ​ពី​នេះ​ជា​ប្រញាប់​ទៅ ដ្បិត​ពួក​ជន​ដែល​ឯង​បាន​នាំ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក គេ​បាន​បង្ខូច​ចិត្ត​អស់​ហើយ គេ​រហ័ស​នឹង​បែរ​ចេញ​ពី​ផ្លូវ​ដែល​អញ​បាន​បង្គាប់​គេ ក៏​បាន​សិត​ធ្វើ​រូប​ព្រះ​សម្រាប់​គេ​ហើយ
13 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​មក​អញ​ទៀត​ថា អញ​បាន​រំពឹង​មើល​ឃើញ​ថា សាសន៍​នេះ​គេ​មាន​ក្បាល​រឹង​ទាំង​អស់​គ្នា
14 ឈប់​សិន ចាំ​អញ​នឹង​បំផ្លាញ​គេ​ចេញ ព្រម​ទាំង​លុប​ឈ្មោះ​គេ​ពី​ក្រោម​មេឃ​ទៅ រួច​អញ​នឹង​យក​ឯង បង្កើត​ឡើង​ជា​សាសន៍​១​ដ៏​ខ្លាំង​ពូកែ ហើយ​មាន​គ្នា​ច្រើន​ជាង​គេ​ទៅ​ទៀត
15 ដូច្នេះ អញ​បាន​វិល​ចុះ​ពី​ភ្នំ​មក មាន​បន្ទះ​ថ្ម​ទាំង​២​នៃ​សេចក្ដី​សញ្ញា កាន់​នៅ​ដៃ​ទាំង​សង​ខាង​ផង ឯ​ភ្នំ​ក៏​មាន​សុទ្ធ​តែ​ភ្លើង​ឆេះ​នៅ
16 អញ​ក៏​ក្រឡេក​មើល​ទៅ​ឃើញ​ថា ឯង​រាល់​គ្នា​បាន​ធ្វើ​បាប​នឹង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​ហើយ ដោយ​បាន​សិត​ធ្វើ​រូប​កូន​គោ​១ ឯង​បាន​ប្រញាប់​នឹង​ងាក​បែរ​ចេញ​ពី​ផ្លូវ​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​ឯង​ណាស់
17 នោះ​អញ​បាន​ចាប់​យក​ថ្ម​ទាំង​២​ផ្ទាំង បោះ​ពី​ដៃ​អញ​បំបែក​ចោល​ទៅ នៅ​ចំពោះ​ភ្នែក​ឯង​រាល់​គ្នា។
18 រួច​អញ​ក៏​ក្រាប​ចុះ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា អស់​៤០​ថ្ងៃ​៤០​យប់ ដូច​ជាន់​មុន ឥត​មាន​បរិភោគ ឬ​ផឹក​ទឹក​សោះ​ឡើយ ដោយ​ព្រោះ​អស់​ទាំង​អំពើ​បាប​ដែល​ឯង​រាល់​គ្នា​បាន​ធ្វើ ដោយ​ប្រព្រឹត្ត​សេចក្ដី​ដែល​អាក្រក់ នៅ​ព្រះ‌នេត្រ​នៃ​ព្រះ‌យេហូវ៉ា​ជា​ការ​ដែល​បណ្តាល​ឲ្យ​ទ្រង់​ខ្ញាល់​ឡើង
19 ដ្បិត​អញ​បាន​ភ័យ​ខ្លាច​ចំពោះ​សេចក្ដី​ខ្ញាល់ និង​សេចក្ដី​ក្រោធ ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​ឃោរ‌ឃៅ ដល់​ទៅ​ចង់​បំផ្លាញ​ឯង​នោះ​ណាស់ ហើយ​នៅ​វេលា​នោះ ព្រះ‌យេហូវ៉ា​ក៏​ស្តាប់​តាម​អញ
20 ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ខ្ញាល់​នឹង​អើរ៉ុន​ជា​ខ្លាំង ដល់​ទៅ​ចង់​បំផ្លាញ​លោក​ដែរ តែ​អញ​បាន​សូម​អង្វរ​ឲ្យ​លោក នៅ​វេលា​នោះ​ឯង
21 រួច​អញ​បាន​យក​រូប​កូន​គោ ដែល​ឯង​រាល់​គ្នា​បាន​ធ្វើ គឺ​ជា​អំពើ​បាប​របស់​ឯង​នោះ ទៅ​ដុត​នឹង​ភ្លើង រួច​ផែ ហើយ​កិន​កម្ទេច ទាល់​តែ​ម៉ដ្ត​ដូច​ធូលី​ទៅ ក៏​បាច‌សាច​ធូលី​នោះ ទៅ​ក្នុង​ជ្រោះ​ទឹក​ដែល​ហូរ​ចុះ​ពី​ភ្នំ​មក។
22 កាល​នៅ​ត្រង់​តាបេរ៉ា ត្រង់​ម៉ាសា ហើយ​ត្រង់​គីប្រុត-ហាតាវ៉ា នោះ​ឯង​រាល់​គ្នា​ក៏​បាន​បណ្តាល​ឲ្យ​ព្រះ‌យេហូវ៉ា​ក្រោធ​ទៀត
23 ហើយ​កាល​ព្រះ‌យេហូវ៉ា​បាន​ចាត់​ឯង​ពី​កាដេស-បារនា ដោយ​មាន​ព្រះ‌បន្ទូល​ថា ចូរ​ឡើង​ទៅ​ចាប់​យក​ស្រុក​ដែល​អញ​បាន​ឲ្យ​ដល់​ឯង​ចុះ នោះ​ក៏​បាន​បះ‌បោរ និង​បង្គាប់​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​ទៀត ឯង​រាល់​គ្នា​មិន​បាន​ជឿ ក៏​មិន​បាន​ស្តាប់​តាម​ព្រះ‌បន្ទូល​ទ្រង់​សោះ
24 គឺ​ចេះ​តែ​មាន​ចិត្ត​រឹង‌ចចេស​ចំពោះ​ព្រះ‌យេហូវ៉ា​ជានិច្ច តាំង​តែ​ពី​ថ្ងៃ​ដែល​អញ​ទើប​នឹង​ស្គាល់​ឯង​រាល់​គ្នា​មក។
25 យ៉ាង​នោះ អញ​បាន​ក្រាប​ចុះ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​អស់​៤០​ថ្ងៃ​៤០​យប់ នោះ​ដោយ​ព្រោះ​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ថា ទ្រង់​នឹង​បំផ្លាញ​ឯង​រាល់​គ្នា
26 ហើយ​អញ​ក៏​ទូល​អង្វរ​ដល់​ព្រះ‌យេហូវ៉ា​ថា ឱ​ព្រះ‌យេហូវ៉ា​ជា​ព្រះ‌អម្ចាស់​អើយ សូម​កុំ​បំផ្លាញ​បណ្តា‌ជន​នេះ​ដ៏​ជា​មរដក​របស់​ទ្រង់ ដែល​ទ្រង់​បាន​លោះ​ដោយ​ឫទ្ធិ‌បារមី​ទ្រង់ ហើយ​បាន​នាំ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ដោយ​ព្រះ‌ហស្ត​ដ៏​មាន​ព្រះ‌ចេស្តា​នោះ​ឡើយ
27 សូម​ទ្រង់​នឹក​ចាំ​ពី​អ័ប្រា‌ហាំ អ៊ីសាក និង​យ៉ាកុប ជា​អ្នក​បម្រើ​ទ្រង់​វិញ សូម​កុំ​ទត​ចំពោះ​សេចក្ដី​រឹង‌រូស​របស់​សាសន៍​នេះ ឬ​កិរិយា​អាក្រក់ ឬ​អំពើ​បាប​របស់​គេ​ឡើយ
28 ក្រែង​មនុស្ស​នៅ​ស្រុក​ដែល​ទ្រង់​បាន​នាំ​យើង​រាល់​គ្នា​ចេញ​មក​នោះ គេ​ដំណៀល​ថា ដោយ​ព្រោះ​តែ​ព្រះ‌យេហូវ៉ា​ពុំ​អាច​នឹង​នាំ​គេ​ចូល​ទៅ​ក្នុង​ស្រុក ដែល​ទ្រង់​សន្យា​នឹង​ឲ្យ​ដល់​គេ​បាន ហើយ​ដោយ​ព្រោះ​ទ្រង់​ស្អប់​គេ​បាន​ជា​ទ្រង់​នាំ​គេ​ចេញ​ទៅ​សម្លាប់​នៅ​ទី​រហោ‌ស្ថាន​វិញ
29 ប៉ុន្តែ គេ​ជា​រាស្ត្រ ហើយ​ជា​មរដក​របស់​ផង​ទ្រង់ ដែល​ទ្រង់​បាន​នាំ​ចេញ​មក ដោយ‌សារ​ព្រះ‌ចេស្តា​ដ៏​ធំ ហើយ​ដោយ​ព្រះ‌ពាហុ​លើក​សម្រេច​ហើយ។


ជំពូក 10

1 នៅ​វេលា​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​មក​អញ​ថា ចូរ​ដាប់​ថ្ម​បន្ទះ​២​ផ្ទាំង ដូច​បន្ទះ​ថ្ម​ពី​មុន រួច​ឡើង​មក​ឯ​អញ​នៅ​លើ​ភ្នំ​នេះ ត្រូវ​ឲ្យ​ធ្វើ​ហឹប​ឈើ​១​ដែរ
2 អញ​នឹង​កត់​ចុះ​នៅ​បន្ទះ​ទាំង​២​នោះ តាម​អស់​ទាំង​សេចក្ដី​ដែល​បាន​កត់​នៅ​បន្ទះ​ទាំង​២​ពី​ជាន់​មុន ដែល​បាន​បំបែក​ហើយ រួច​ត្រូវ​ដាក់​ទៅ​ក្នុង​ហឹប​នោះ
3 ដូច្នេះ អញ​បាន​ធ្វើ​ហឹប​១​ពី​ឈើ​នាង‌នួន ហើយ​ដាប់​ថ្ម​២​ផ្ទាំង ដូច​ជា​ថ្ម​មុន រួច​ក៏​ឡើង​ទៅ​លើ​ភ្នំ មាន​ទាំង​ថ្ម​២​ផ្ទាំង​នោះ​កាន់​នៅ​ដៃ​ផង
4 នោះ​ទ្រង់​ក៏​កត់​ចុះ​នៅ​បន្ទះ​ថ្ម​នោះ តាម​សេចក្ដី​ដែល​បាន​កត់​ពី​លើក​មុន គឺ​ជា​ក្រឹត្យ​ទាំង​១០​ប្រការ ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល ពី​កណ្តាល​ភ្លើង​មក​ឯង​រាល់​គ្នា នៅ​លើ​ភ្នំ ក្នុង​ថ្ងៃ​ដែល​បាន​ប្រជុំ​គ្នា​នោះ រួច​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រទាន​ថ្ម​ទាំង​២​មក​អញ​វិញ
5 អញ​ក៏​វិល​ចុះ​ពី​ភ្នំ​មក​ដាក់​ថ្ម​ទាំង​២​ផ្ទាំង​ទៅ​ក្នុង​ហឹប ដែល​អញ​បាន​ធ្វើ ហើយ​ថ្ម​នោះ​ក៏​នៅ​តែ​ក្នុង​ហឹប ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​អញ។
6 ឯ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​ចេញ​ពី​ប្អៀរ៉ុត-បេនេ-យ៉ាកាន ទៅ​ដល់​ម៉ូសេរ៉ា នៅ​ទី​នោះ អើរ៉ុន​ក៏​ស្លាប់​ទៅ ហើយ​គេ​បញ្ចុះ​សព​លោក​នៅ​ទី​នោះ រួច​អេលាសារ ជា​កូន​លោក បាន​ធ្វើ​ការ‌ងារ​ជា​សង្ឃ​ជំនួស​ឡើង
7 គេ​ធ្វើ​ដំណើរ​ពី​នោះ​ទៅ​ដល់​គុត‌កូថា ហើយ​ពី​គុត‌កូថា​ទៅ​ដល់​យ៉ុតបាថា ជា​ស្រុក​ដែល​មាន​ស្ទឹង
8 នៅ​គ្រា​នោះ​ព្រះ‌យេហូវ៉ា​បាន​ញែក​ពូជ​អំបូរ​លេវី​ចេញ ទុក​សម្រាប់​នឹង​សែង​ហឹប​នៃ​សេចក្ដី​សញ្ញា​ផង​ទ្រង់ ហើយ​ឲ្យ​ឈរ​ធ្វើ​ការ‌ងារ​នៅ​ចំពោះ​ទ្រង់ ព្រម​ទាំង​ឲ្យ​ពរ​ដោយ​នូវ​ព្រះ‌នាម​ទ្រង់ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ
9 ដោយ​ហេតុ​នោះ​បាន​ជា​ពួក​លេវី​គ្មាន​ចំណែក គ្មាន​មរដក​ជា​មួយ​នឹង​ពួក​បង​ប្អូន​គេ​ទេ គឺ​ព្រះ‌យេហូវ៉ា​ទ្រង់​ជា​មរដក​របស់​គេ​វិញ ដូច​ជា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​ហើយ។
10 នោះ​អញ​ក៏​បាន​នៅ​លើ​ភ្នំ​អស់​៤០​ថ្ងៃ​៤០​យប់ ដូច​ជា​កាល​មុន​ដំបូង ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ស្តាប់​តាម​អញ​នៅ​ជាន់​នោះ​ដែរ គឺ​ទ្រង់​មិន​សព្វ​ព្រះ‌ហឫទ័យ​នឹង​បំផ្លាញ​ឯង​ទេ
11 ទ្រង់​មាន​ព្រះ‌បន្ទូល​មក​អញ​ថា ចូរ​ក្រោក​ឡើង ដើរ​នាំ​មុខ​បណ្តា‌ជន​ចុះ ឲ្យ​គេ​បាន​ចូល​ទៅ​ចាប់​យក​ស្រុក​ដែល​អញ​បាន​ស្បថ​នឹង​ពួក​អយ្យកោ ថា​នឹង​ឲ្យ​ដល់​គេ។
12 ឥឡូវ​នេះ ឱ​អ៊ីស្រា‌អែល​អើយ សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​ទារ​ចង់​បាន​ពី​ឯង នោះ​គឺ​ឲ្យ​ឯង​បាន​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង និង​ដើរ​តាម​គ្រប់​ទាំង​ផ្លូវ​របស់​ទ្រង់ ហើយ​ឲ្យ​ស្រឡាញ់​ទ្រង់ ព្រម​ទាំង​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ឲ្យ​អស់​ពី​ចិត្ត អស់​ពី​ព្រលឹង​ឯង​ផង
13 ហើយ​ឲ្យ​បាន​កាន់​តាម​សេចក្ដី​បញ្ញត្ត​ផង​ព្រះ‌យេហូវ៉ា និង​ច្បាប់​ទាំង​ប៉ុន្មាន​របស់​ទ្រង់ ដែល​អញ​បង្គាប់​ឯង​នៅ​ថ្ងៃ​នេះ សម្រាប់​ជា​សេចក្ដី​ល្អ​ដល់​ឯង
14 មើល ផ្ទៃ​មេឃ ហើយ​អស់​ទាំង​ជាន់​ផ្ទៃ​មេឃ​ខាង​លើ និង​ផែនដី ព្រម​ទាំង​របស់​សព្វ​សារពើ ដែល​នៅ​ស្ថាន​ទាំង​នោះ សុទ្ធ​តែ​ជា​របស់​ផង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង
15 ប៉ុន្តែ ព្រះ‌យេហូវ៉ា​ទ្រង់​បាន​សព្វ​ព្រះ‌ហឫទ័យ និង​ស្រឡាញ់​ដល់​ពួក​អយ្យកោ​ឯង ហើយ​ទ្រង់​បាន​រើស​ពូជ​គេ​ត​រៀង​មក គឺ​ឯង​រាល់​គ្នា ដែល​ទ្រង់​រាប់‌អាន​លើស​ជាង​អស់​ទាំង​សាសន៍ ដូច​ជា​មាន​សព្វ​ថ្ងៃ​នេះ
16 ដូច្នេះ ចូរ​ឯង​រាល់​គ្នា​កាត់​ស្បែក​ចិត្ត​ចេញ ហើយ​កុំ​ឲ្យ​នៅ​ក្បាល​រឹង​ទៀត​ឡើយ
17 ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​ជា​ព្រះ​លើ​អស់​ទាំង​ព្រះ ហើយ​ជា​ព្រះ‌អម្ចាស់​លើ​អស់​ទាំង​ព្រះ‌អម្ចាស់ គឺ​ជា​ព្រះ​ដ៏​ធំ​ដែល​មាន​ព្រះ‌ចេស្តា ហើយ​ក៏​គួរ​ស្ញែង‌ខ្លាច ទ្រង់​មិន​ដែល​យោគ‌យល់​ខាង​អ្នក​ណា​សោះ ក៏​មិន​ទទួល​សំណូក​ផង
18 ទ្រង់​សម្រេច​សេចក្ដី​សុចរិត​ដល់​ពួក​កំព្រា និង​ពួក​មេម៉ាយ ក៏​ស្រឡាញ់​អ្នក​ប្រទេស​ក្រៅ ទាំង​ប្រទាន​ឲ្យ​មាន​អាហារ និង​សម្លៀក‌បំពាក់​ផង
19 ដូច្នេះ ចូរ​ឲ្យ​ឯង​រាល់​គ្នា​ស្រឡាញ់​អ្នក​ប្រទេស​ក្រៅ​ចុះ ដ្បិត​ឯង​រាល់​គ្នា​ក៏​ជា​ពួក​អ្នក​ប្រទេស​ក្រៅ ពី​កាល​នៅ​ស្រុក​អេស៊ីព្ទ​ដែរ
20 ត្រូវ​ឲ្យ​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ហើយ​គោរព​ប្រតិ‌បត្តិ​ដល់​ទ្រង់ ព្រម​ទាំង​នៅ​ជាប់​នឹង​ទ្រង់ ហើយ​ស្បថ​ដោយ​នូវ​ព្រះ‌នាម​ទ្រង់​ដែរ
21 ទ្រង់​ជា​ទំនុក​សរសើរ ហើយ​ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​ធ្វើ​អស់​ទាំង​ការ​ដ៏​ធំ​គួរ​ស្ញែង‌ខ្លាច​នេះ​ឲ្យ​ឯង ជា​ការ​ដែល​ភ្នែក​ឯង​បាន​ឃើញ​ហើយ
22 ពួក​អយ្យកោ​ឯង​បាន​ចុះ​ទៅ​នៅ​ស្រុក​អេស៊ីព្ទ មាន​តែ​គ្នា​៧០​នាក់​ទេ តែ​ឥឡូវ​នេះ ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​ចម្រើន​ពួក​ឯង ឲ្យ​មាន​គ្នា​សន្ធឹក ដូច​ជា​ផ្កាយ​លើ​មេឃ​វិញ។


ជំពូក 11

1 ដូច្នេះ ត្រូវ​ឲ្យ​ស្រឡាញ់​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ហើយ​រក្សា​បញ្ញើ​ទ្រង់ ព្រម​ទាំង​ច្បាប់ និង​បញ្ញត្ត ហើយ​និង​សេចក្ដី​បង្គាប់​ទាំង​ប៉ុន្មាន​របស់​ទ្រង់​ជា​ដរាប​ទៅ
2 ហើយ​នៅ​ថ្ងៃ​នេះ ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ដឹង​ការ​ដែល​ពួក​កូន​ចៅ​ឯង​រាល់​គ្នា​មិន​បាន​ឃើញ ហើយ​ពុំ​អាច​នឹង​ដឹង​បាន​ឡើយ គឺ​ជា​ការ​ផ្ចាញ់‌ផ្ចាល​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង និង​តេជា‌នុភាព​របស់​ទ្រង់ ហើយ​ព្រះ‌ហស្ត​ដ៏​មាន​ព្រះ‌ចេស្តា និង​ព្រះ‌ពាហុ ដែល​លើក​សម្រេច​របស់​ទ្រង់​ផង
3 ព្រម​ទាំង​ទី​សម្គាល់ និង​ការ​ទាំង​ប៉ុន្មាន ដែល​ទ្រង់​បាន​ធ្វើ​នៅ​កណ្តាល​ស្រុក​អេស៊ីព្ទ ដល់​ទាំង​ផារ៉ោន ជា​ស្តេច​ស្រុក​អេស៊ីព្ទ និង​ស្រុក​របស់​ទ្រង់​ទាំង​មូល​ដែរ
4 ហើយ​ការ​ដែល​ទ្រង់​បាន​ធ្វើ​ដល់​ពួក​ពល‌ទ័ព​នៃ​សាសន៍​អេស៊ីព្ទ ដល់​ទាំង​សេះ និង​រទេះ​ចម្បាំង​គេ​ផង គឺ​ដែល​ទ្រង់​បាន​ធ្វើ​ឲ្យ​ទឹក​សមុទ្រ​ក្រហម​ហូរ​មក​គ្រប​លើ​គេ ក្នុង​កាល​ដែល​គេ​ដេញ​តាម​ឯង​រាល់​គ្នា ហើយ​ព្រះ‌យេហូវ៉ា​បាន​បំផ្លាញ​គេ​ឲ្យ​បាត់​ដរាប​ដល់​សព្វ​ថ្ងៃ​នេះ
5 ព្រម​ទាំង​ការ​ដែល​ទ្រង់​បាន​ប្រោស​ដល់​ឯង​រាល់​គ្នា នៅ​ទី​រហោ‌ស្ថាន រហូត​មក​ដល់​ទី​នេះ
6 ហើយ​និង​ការ​ដែល​ទ្រង់​បាន​ធ្វើ​ដល់​ដាថាន និង​អ័ប៊ីរ៉ាម​ជា​កូន​អេលាប ពូជ​រូបេន គឺ​ដែល​ដី​បាន​ប្រេះ‌ហា​ឡើង​ស្រូប​គេ​បាត់​ទៅ ព្រម​ទាំង​ពួក​ផ្ទះ និង​ត្រសាល​របស់​គេ ហើយ​និង​គ្រប់​ទាំង​មនុស្ស ក្នុង​ពួក​សាសន៍​អ៊ីស្រា‌អែល​ដែល​តាម​គេ​នោះ​ផង
7 ដ្បិត​ភ្នែក​ឯង​រាល់​គ្នា​បាន​ឃើញ​ការ​ដ៏​ធំ ដែល​ព្រះ‌យេហូវ៉ា​បាន​ធ្វើ​ទាំង​អស់​ហើយ
8 ដូច្នេះ ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​កាន់​តាម​បញ្ញត្ត ដែល​អញ​បង្គាប់​មក​ឯង​នៅ​ថ្ងៃ​នេះ​គ្រប់​Chapter ប្រយោជន៍​ឲ្យ​ឯង​រាល់​គ្នា​បាន​ខ្លាំង​ពូកែ អាច​ចូល​ទៅ​ចាប់​យក​ស្រុក ដែល​ឯង​នឹង​ឆ្លង​ទៅ​យក​នោះ​បាន
9 ហើយ​ដើម្បី​ឲ្យ​បាន​ជីវិត​យូរ‌អង្វែង​ត​ទៅ​នៅ​ក្នុង​ស្រុក ដែល​ព្រះ‌យេហូវ៉ា​បាន​ស្បថ និង​ឲ្យ​ដល់​ពួក​អយ្យកោ​ឯង ហើយ​ដល់​ពូជ​គេ​ត​រៀង​ទៅ ជា​ស្រុក​ដែល​មាន​ទឹក​ដោះ និង​ទឹក​ឃ្មុំ​ហូរ‌ហៀរ .។
10 ដ្បិត​ស្រុក​ដែល​ឯង​ចូល​ទៅ​ចាប់​យក​នោះ មិន​មែន​ដូច​ជា​ស្រុក​អេស៊ីព្ទ ដែល​ឯង​ទើប​នឹង​ចេញ​មក ជា​ស្រុក​ដែល​ឯង​បាន​សាប‌ព្រោះ រួច​បើក​ទំនប់​ដោយ​ជើង ឲ្យ​ទឹក​ហូរ​ស្រោច ដូច​ជា​នៅ​ច្បារ​បន្លែ​នោះ​ទេ
11 ឯ​ស្រុក​ដែល​ឯង​នឹង​ឆ្លង​ទៅ​ចាប់​យក​នេះ គឺ​ជា​ស្រុក​មាន​ភ្នំ មាន​ច្រក ហើយ​ក៏​បាន​ស្រោច​ដោយ​ទឹក​ភ្លៀង​ពី​លើ​មេឃ​មក​វិញ
12 ជា​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​ថែ​រក្សា ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ចេះ​តែ​ទត​មើល​ស្រុក​នោះ​ជានិច្ច តាំង​ពី​ដើម​ឆ្នាំ រហូត​ដល់​ចុង​ឆ្នាំ។
13 បើ‌សិន​ជា​ឯង​រាល់​គ្នា​នឹង​ស្តាប់​អស់​ពី​ចិត្ត តាម​បង្គាប់​អញ ដែល​អញ​ប្រាប់​នៅ​ថ្ងៃ​នេះ ឲ្យ​បាន​ស្រឡាញ់​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង និង​គោរព​ប្រតិ‌បត្តិ​ដល់​ទ្រង់​ឲ្យ​អស់​ពី​ចិត្ត អស់​ពី​ព្រលឹង​ឯង
14 នោះ​អញ​នឹង​បង្អុរ​ឲ្យ​មាន​ភ្លៀង​មក​លើ​ស្រុក​ឯង​តាម​រដូវ​កាល គឺ​ជា​ភ្លៀង​ខាង​ដើម​រដូវ និង​ខាង​ចុង​រដូវ ដើម្បី​ឲ្យ​ឯង​អាច​នឹង​ច្រូត​ស្រូវ​ឯង ហើយ​បេះ​ផ្លែ​ទំពាំង‌បាយ‌ជូរ ព្រម​ទាំង​ធ្វើ​ប្រេង​របស់​ឯង​បាន
15 អញ​នឹង​ឲ្យ​មាន​ស្មៅ​នៅ​វាល សម្រាប់​ហ្វូង​សត្វ​ឯង ហើយ​ខ្លួន​ឯង​ក៏​នឹង​បរិភោគ​ឆ្អែត​ផង។
16 ចូរ​ប្រយ័ត​ចុះ ក្រែង​ចិត្ត​ឯង​រាល់​គ្នា​ត្រូវ​សេចក្ដី​ល្បួង ហើយ​បែរ​ចេញ ទៅ​គោរព​ប្រតិ‌បត្តិ​ក្រាប​ថ្វាយ‌បង្គំ​ដល់​ព្រះ​ដទៃ
17 រួច​សេចក្ដី​ខ្ញាល់​នៃ​ព្រះ‌យេហូវ៉ា​ឆួល​ឡើង​ទាស់​នឹង​ឯង ហើយ​ទ្រង់​បិទ​ផ្ទៃ​មេឃ មិន​ឲ្យ​មាន​ភ្លៀង ឲ្យ​ដី​លែង​បង្កើត​ផល នោះ​ឯង​រាល់​គ្នា​នឹង​ត្រូវ​វិនាស​បាត់​ចេញ យ៉ាង​ឆាប់​ពី​ស្រុក​ដ៏​ល្អ ដែល​ព្រះ‌យេហូវ៉ា​ប្រទាន​មក​ឯង។
18 ដូច្នេះ ត្រូវ​ឲ្យ​រក្សា​អស់​ទាំង​ពាក្យ​អញ​ទាំង​នេះ​ទុក​នៅ​ក្នុង​ចិត្ត ក្នុង​ព្រលឹង​ឯង​ចុះ ហើយ​ត្រូវ​ឲ្យ​ចង​ពាក្យ​ទាំង​នេះ​ភ្ជាប់​នៅ​ដៃ​ឯង​ទុក​ជា​ទី​សម្គាល់ និង​សម្រាប់​ជា​ស្លាក​នៅ​កណ្តាល​ថ្ងាស​ឯង
19 ត្រូវ​ឲ្យ​បង្រៀន​ពាក្យ​ទាំង​នេះ​ដល់​ពួក​កូន​ចៅ​ឯង ដោយ​និយាយ​ប្រាប់​ក្នុង​កាល​ដែល​ឯង​អង្គុយ​នៅ​ក្នុង​ផ្ទះ ហើយ​ដើរ​តាម​ផ្លូវ ក្នុង​កាល​ដែល​ដេក ហើយ​ក្រោក​ឡើង​ផង
20 ត្រូវ​ឲ្យ​កត់​ពាក្យ​ទាំង​នេះ​នៅ​ក្រប​ទ្វារ​ផ្ទះ ហើយ​នៅ​ទ្វារ​កំផែង​ឯង​ដែរ
21 ដើម្បី​អាយុ​ឯង និង​អាយុ​កូន​ចៅ​ឯង បាន​ចម្រើន​វែង​ឡើង ដូច​ជា​អស់​ទាំង​ថ្ងៃ​នៃ​ស្ថាន‌សួគ៌​នៅ​លើ​ផែនដី នៅ​ក្នុង​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​បាន​ស្បថ​ថា នឹង​ឲ្យ​ដល់​ពួក​អយ្យកោ​ឯង
22 ដ្បិត​បើ​ឯង​រាល់​គ្នា​នឹង​កាន់​តាម​បញ្ញត្ត ដែល​អញ​បង្គាប់​ឯង​នេះ​គ្រប់​ជំពូក​អស់​ពី​ចិត្ត ព្រម​ទាំង​ប្រព្រឹត្ត​តាម​ផង ដោយ​ស្រឡាញ់​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទាំង​ដើរ​តាម​គ្រប់​ទាំង​ផ្លូវ​ទ្រង់ ហើយ​នៅ​ជាប់​នឹង​ទ្រង់
23 នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​បណ្តេញ​អស់​ទាំង​សាសន៍​ទាំង​នេះ ពី​មុខ​ឯង​ចេញ ហើយ​ឯង​នឹង​បាន​ចាប់​យក​ស្រុក របស់​សាសន៍​ទាំង​ប៉ុន្មាន​ដែល​ធំ ហើយ​ខ្លាំង​ពូកែ​ជាង​ឯង
24 គ្រប់​ទី​កន្លែង​ណា​ដែល​ជើង​ឯង​រាល់​គ្នា​នឹង​ជាន់​លើ នោះ​នឹង​បាន​ជា​របស់​ផង​ឯង​ហើយ ឯ​ព្រំ​ស្រុក​ឯង នោះ​នឹង​បាន​ចាប់​តាំង​ពី​ទី​រហោ‌ស្ថាន រហូត​ដល់​ភ្នំ​ល្បាណូន ហើយ​ពី​ទន្លេ គឺ​ជា​ទន្លេ​អ៊ើប្រាត រហូត​ដល់​សមុទ្រ​ខាង​លិច
25 គ្មាន​មនុស្ស​ណា​មួយ​នឹង​អាច​ឈរ​នៅ​មុខ​ឯង​រាល់​គ្នា​បាន​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​បណ្តាល​ស្រុក​ទាំង​មូល​ដែល​ឯង​រាល់​គ្នា​ទៅ​ជាន់​នោះ ឲ្យ​មាន​សេចក្ដី​ភ័យ​ញ័រ ហើយ​ឲ្យ​ស្ញែង‌ខ្លាច​ចំពោះ​ឯង​រាល់​គ្នា ដូច​ជា​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​នឹង​ឯង​ហើយ។
26 មើល នៅ​ថ្ងៃ​នេះ អញ​ដាក់​ព្រះ​ពរ ហើយ​និង​សេចក្ដី​បណ្តាសា សំញែង​នៅ​មុខ​ឯង​រាល់​គ្នា
27 បើ​ឯង​ស្តាប់​តាម​អស់​ទាំង​បញ្ញត្ត​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ដែល​អញ​បង្គាប់​ដល់​ឯង​នៅ​ថ្ងៃ​នេះ នោះ​នឹង​បាន​ពរ
28 តែ​បើ​មិន​ស្តាប់​តាម​អស់​ទាំង​បញ្ញត្ត​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​ទេ គឺ​បែរ​ចេញ​ពី​ផ្លូវ​ដែល​អញ​បង្គាប់​ដល់​ឯង​នៅ​ថ្ងៃ​នេះ ទៅ​តាម​ព្រះ​ដទៃ​ដែល​ពី​ដើម​មិន​បាន​ស្គាល់​វិញ នោះ​ឯង​នឹង​ត្រូវ​បណ្តាសា​ហើយ។
29 កាល​ណា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង បាន​នាំ​ឯង​ចូល​ទៅ​ក្នុង​ស្រុក​ដែល​ឯង​ត្រូវ​ទៅ​ចាប់​យក នោះ​ត្រូវ​ឲ្យ​ប្រកាស​ប្រាប់​ព្រះ‌ពរ​ពី​លើ​ភ្នំ​កេរិស៊ីម និង​សេចក្ដី​បណ្តាសា​ពី​លើ​ភ្នំ​អេបាល
30 (ភ្នំ​ទាំង​២​នោះ​នៅ​ត្រើយ​ទន្លេ​យ័រដាន់​ខាង​នាយ គឺ​ទិស​ខាង​ថ្ងៃ​លិច នា​ស្រុក​របស់​ពួក​សាសន៍​កាណាន ត្រង់​ស្រុក​វាល ទល់​មុខ​នឹង​គីល‌កាល ជិត​ដើម​ម៉ៃសាក់​របស់​ម៉ូរេ)
31 ដ្បិត​ឯង​រាល់​គ្នា​ត្រូវ​ឆ្លង​ទន្លេ​យ័រដាន់​ចូល​ទៅ​ចាប់​យក​ស្រុក ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​បាន​ប្រទាន​មក ឯង​រាល់​គ្នា​នឹង​យក​ទុក​ជា​របស់​ផង​ឯង ហើយ​និង​នៅ​ក្នុង​ស្រុក​នោះ​ផង
32 ដូច្នេះ ចូរ​ប្រយ័ត និង​ប្រព្រឹត្ត​តាម​អស់​ទាំង​ច្បាប់ ហើយ​និង​បញ្ញត្ត​ទាំង​ប៉ុន្មាន​ដែល​អញ​ដាក់​នៅ​មុខ​ឯង​រាល់​គ្នា​នៅ​ថ្ងៃ​នេះ​ចុះ។


ជំពូក 12

1 នេះ​ជា​ច្បាប់ និង​ជា​បញ្ញត្ត​ទាំង​ប៉ុន្មាន ដែល​ឯង​រាល់​គ្នា​ត្រូវ​ប្រយ័ត និង​ប្រព្រឹត្ត​តាម នៅ​ក្នុង​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ពួក​អយ្យកោ​ឯង បាន​ប្រទាន​ឲ្យ​ទទួល​យក រហូត​ដល់​គ្រប់​១​ជីវិត​ដែល​ឯង​រាល់​គ្នា​រស់​នៅ​លើ​ផែនដី
2 គឺ​ត្រូវ​ឲ្យ​បំផ្លាញ​គ្រប់​ទី​កន្លែង​របស់​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន ដែល​ឯង​នឹង​បណ្តេញ​ចេញ​នោះ​ជា​កុំ​ខាន គឺ​ជា​កន្លែង​ដែល​គេ​បាន​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​គេ នៅ​លើ​ភ្នំ​ធំ​តូច ហើយ​នៅ​ក្រោម​គ្រប់​ទាំង​ដើម​ឈើ​ខ្ចី​ផង
3 ត្រូវ​រំលំ​អាសនៈ​គេ ព្រម​ទាំង​បំបាក់​បំបែក​បង្គោល​ដែល​សម្រាប់​គោរព និង​ដុត​អ្នក‌តា​របស់​គេ ក៏​ត្រូវ​កាប់​រំលំ​រូប​ព្រះ​ឆ្លាក់​របស់​គេ ហើយ​រំលាយ​ឈ្មោះ​ព្រះ​ទាំង​នោះ​ពី​ទី​នោះ​ចេញ​ផង
4 តែ​មិន​ត្រូវ​ធ្វើ​ដូច្នោះ​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​ឡើយ
5 គឺ​ត្រូវ​ឲ្យ​ឯង​សួរ​រក​ទី​លំនៅ​នៃ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង នៅ​កន្លែង​ណា ដែល​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​នឹង​រើស ក្នុង​ពូជ​អំបូរ​ឯង​ទាំង​ប៉ុន្មាន សម្រាប់​ជា​កន្លែង​ដាក់​ព្រះ‌នាម​ទ្រង់ ហើយ​ត្រូវ​ឲ្យ​ទៅ​ឯ​ទី​នោះ​វិញ
6 ក៏​ត្រូវ​នាំ​យក​អស់​ទាំង​តង្វាយ​ដុត យញ្ញ‌បូជា តង្វាយ​១​ភាគ​ក្នុង​១០ តង្វាយ​លើក​ចុះ​ឡើង តង្វាយ​លា‌បំណន់ តង្វាយ​ស្ម័គ្រ​ពី​ចិត្ត និង​កូន​កើត​ដំបូង​ក្នុង​ហ្វូង​គោ ហ្វូង​ចៀម​ឯង ទៅ​ឯ​ទី​នោះ​ដែរ
7 ហើយ​នៅ​ទី​នោះ ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​បរិភោគ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ហើយ​ឯង និង​ពួក​គ្រួសារ​ឯង ត្រូវ​អរ​សប្បាយ​ឡើង ដោយ​ព្រោះ​គ្រប់​ទាំង​របស់​ដែល​ដៃ​ឯង​លូក​ទៅ​ចាប់​យក ពី​របស់​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង បាន​ប្រទាន​ពរ​ដល់​ឯង​ហើយ
8 មិន​ត្រូវ​ធ្វើ​ដូច​ជា​យើង​ធ្វើ​នៅ​ទី​នេះ​សព្វ​ថ្ងៃ គឺ​តាម​តែ​គ្រប់​គ្នា​គិត​ឃើញ​ថា​ត្រូវ​នោះ​ទេ
9 ដ្បិត​ឯង​រាល់​គ្នា​មិន​ទាន់​បាន​ចូល​ដល់​សេចក្ដី​សម្រាក និង​មរដក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រទាន​មក​នៅ​ឡើយ​ទេ
10 តែ​កាល​ណា​បាន​ឆ្លង​ទន្លេ​យ័រដាន់ ទៅ​ក្នុង​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រទាន​ឲ្យ​គ្រង​ជា​មរដក ហើយ​ទ្រង់​បាន​ប្រទាន​ឲ្យ​សម្រាក​ពី​ពួក​ខ្មាំង​សត្រូវ​នៅ​ជុំវិញ និង​ឲ្យ​ឯង​បាន​នៅ​ដោយ​សុខ‌សាន្ត​ហើយ
11 នោះ​ត្រូវ​នាំ​យក​អស់​ទាំង​តង្វាយ​ដែល​អញ​បង្គាប់​ឯង ទៅ​ថ្វាយ​នៅ​កន្លែង​ណា​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​រើស​សម្រាប់​តាំង​ព្រះ‌នាម​ទ្រង់​ចុះ គឺ​អស់​ទាំង​តង្វាយ​ដុត យញ្ញ‌បូជា តង្វាយ​១​ភាគ​ក្នុង​១០ តង្វាយ​លើក​ចុះ​ឡើង ហើយ​គ្រប់​ទាំង​ផល​ជ្រើស‌រើស ដែល​ឯង​បាន​បន់​ថ្វាយ​ព្រះ‌យេហូវ៉ា​ផង
12 ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​អរ​សប្បាយ​ឡើង នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ព្រម​ទាំង​កូន​ប្រុស កូន​ស្រី​ឯង និង​បាវ​ប្រុស​បាវ​ស្រី​ឯង ហើយ​និង​ពួក​លេវី​ដែល​នៅ​ក្នុង​ទី​ក្រុង​ឯង​ផង ដ្បិត​ពួក​លេវី​គ្មាន​ចំណែក គ្មាន​មរដក​នៅ​ជា​មួយ​នឹង​ឯង​ទេ
13 ចូរ​ប្រយ័ត កុំ​ឲ្យ​ថ្វាយ​តង្វាយ​ដុត​របស់​ឯង​នៅ​អស់​ទាំង​ទី​កន្លែង​ណា ដែល​ឯង​ប្រទះ​ឃើញ​នោះ​ឡើយ
14 គឺ​ត្រូវ​ថ្វាយ​តង្វាយ​ដុត​របស់​ឯង នៅ​កន្លែង​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​រើស ក្នុង​ពូជ​អំបូរ​ឯង​ណា​មួយ​វិញ ហើយ​នៅ​ទី​នោះ ឯង​ត្រូវ​ធ្វើ​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​អញ​បង្គាប់​មក។
15 ប៉ុន្តែ ឯង​មាន​ច្បាប់​នឹង​សម្លាប់ ហើយ​បរិភោគ​សាច់ នៅ​គ្រប់​ទី​ក្រុង​របស់​ឯង​បាន តាម​បំណង​ចិត្ត តាម​ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រទាន​ពរ​ឲ្យ ទោះ​ទាំង​អ្នក​ដែល​មិន​ស្អាត និង​អ្នក​ដែល​ស្អាត ក៏​បរិភោគ​បាន​ទាំង​អស់ ដូច​ជា​បរិភោគ​សាច់​ឈ្លូស និង​ប្រើស​ដែរ
16 ប៉ុន្តែ មិន​ត្រូវ​បរិភោគ​ឈាម​ឡើយ ត្រូវ​ឲ្យ​ចាក់​ចោល​ទៅ​ដី​ដូច​ជា​ទឹក​វិញ
17 តែ​នៅ​ក្នុង​ទី​លំនៅ​របស់​ឯង នោះ​មិន​ត្រូវ​បរិភោគ​តង្វាយ​១​ភាគ​ក្នុង​១០ ដែល​ហូត​ពី​ស្រូវ ពី​ទឹក​ទំពាំង‌បាយ‌ជូរ ឬ​ពី​ប្រេង និង​កូន​គោ​កូន​ចៀម​ក្នុង​ហ្វូង​សត្វ​របស់​ឯង​ដែល​កើត​ដំបូង តង្វាយ​លា‌បំណន់ តង្វាយ​ដែល​ថ្វាយ​ដោយ​ស្ម័គ្រ​ពី​ចិត្ត ឬ​តង្វាយ​ដែល​ថ្វាយ​ដោយ​លើក​ចុះ​ឡើង​នោះ​ឡើយ
18 ឯ​តង្វាយ​ទាំង​នោះ​ត្រូវ​ឲ្យ​ឯង​បរិភោគ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​រើស‌វិញ ព្រម​ទាំង​កូន​ប្រុស​កូន​ស្រី និង​បាវ​ប្រុស​បាវ​ស្រី​ឯង ហើយ​និង​ពួក​លេវី​ដែល​នៅ​ទី​ក្រុង​ឯង​ផង ហើយ​ត្រូវ​អរ​សប្បាយ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ដោយ​ព្រោះ​គ្រប់​ទាំង​របស់​អ្វី​ដែល​ឯង​លូក​ដៃ​ទៅ​ចាប់​យក​បាន
19 ចូរ​ប្រយ័ត កុំ​ឲ្យ​លះ​ចោល​ពួក​លេវី​ឡើយ រហូត​ដល់​គ្រប់​១​ជីវិត ដែល​ឯង​រស់​នៅ​ក្នុង​ស្រុក​ឯង។
20 កាល​ណា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង បាន​វាត​ព្រំ​ស្រុក​ឯង​ឲ្យ​ធំ​ឡើង ដូច​ជា​ទ្រង់​បាន​សន្យា ហើយ​ឯង​នឹក​ក្នុង​ចិត្ត ដោយ​មាន​សេចក្ដី​ប្រាថ្នា​ចង់​បរិភោគ​សាច់​ថា អញ​ចង់​ស៊ី​សាច់​ណាស់ នោះ​នឹង​បរិភោគ​បាន​តាម​បំណង​ចិត្ត
21 បើ​សិន​ជា​កន្លែង​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​រើស​សម្រាប់​នឹង​តាំង​ព្រះ‌នាម​ទ្រង់ នៅ​ឆ្ងាយ​ពី​ឯង​ពេក​នោះ​នឹង​សម្លាប់​គោ​ឬ​ចៀម ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រទាន​មក​ឯង​បាន ដូច​ជា​អញ​បាន​បង្គាប់​ហើយ ក៏​មាន​ច្បាប់​នឹង​បរិភោគ​នៅ​ក្នុង​ទី​ក្រុង​ឯង​បាន​តាម​ចិត្ត​ដែរ
22 ឯង​មាន​ច្បាប់​នឹង​បរិភោគ​សាច់​សត្វ​ទាំង​នោះ​បាន ដូច​ជា​បរិភោគ​ឈ្លូស និង​ប្រើស​ផង ទោះ​ទាំង​អ្នក​មិន​ស្អាត និង​អ្នក​ស្អាត​ក្តី ក៏​នឹង​បរិភោគ​បាន​ដូច​គ្នា
23 ចូរ​ប្រយ័ត កុំ​ឲ្យ​តែ​បរិភោគ​ឈាម​ប៉ុណ្ណោះ ដ្បិត​ឈាម​ជា​ជីវិត ហើយ​មិន​ត្រូវ​ឲ្យ​បរិភោគ​ជីវិត​ជា​មួយ​នឹង​សាច់​ឡើយ
24 មិន​ត្រូវ​ឲ្យ​បរិភោគ​ឈាម​ឲ្យ​សោះ ត្រូវ​ចាក់​ចោល​ទៅ​ដី​ដូច​ជា​ទឹក​វិញ
25 គឺ​មិន​ត្រូវ​ឲ្យ​ឯង​បរិភោគ ដើម្បី​ឲ្យ​ឯង​បាន​សប្បាយ ព្រម​ទាំង​កូន​ចៅ​ឯង​ត​រៀង​ទៅ​ផង ដោយ​ឯង​ប្រព្រឹត្ត​តាម​សេចក្ដី​ដែល​ទៀង​ត្រង់​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា
26 ឯ​អស់​ទាំង​តង្វាយ​បរិសុទ្ធ​ដែល​នៅ​ជា​មួយ​នឹង​ឯង និង​តង្វាយ​លា​បំណន់​របស់​ឯង នោះ​ត្រូវ​នាំ​យក​ទៅ​ថ្វាយ នៅ​កន្លែង​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​រើស​វិញ
27 ហើយ​អស់​ទាំង​តង្វាយ​ដុត​របស់​ឯង ព្រម​ទាំង​សាច់ និង​ឈាម​ផង នោះ​ត្រូវ​ថ្វាយ​លើ​អាសនៈ​នៃ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ហើយ​ឈាម​នៃ​យញ្ញ‌បូជា​របស់​ឯង នោះ​ត្រូវ​ចាក់​ទៅ​លើ​អាសនៈ​នៃ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង តែ​ឯ​សាច់ នោះ​បរិភោគ​បាន
28 ចូរ​ប្រយ័ត និង​ស្តាប់​តាម​គ្រប់​ទាំង​សេចក្ដី​នេះ ដែល​អញ​បង្គាប់​ដល់​ឯង ដើម្បី​ឲ្យ​ឯង​បាន​សប្បាយ ព្រម​ទាំង​កូន​ចៅ​ឯង​ត​ទៅ​ជា​ដរាប ដោយ​បាន​ប្រព្រឹត្ត​សេចក្ដី​ដែល​ល្អ ហើយ​ទៀង​ត្រង់​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង។
29 កាល​ណា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​កាត់​បណ្តាច់​អស់​ទាំង​សាសន៍​ពី​មុខ​ឯង​ចេញ នៅ​ក្នុង​ស្រុក​ដែល​ឯង​ចូល​ទៅ​ចាប់​យក​ពី​គេ ហើយ​ឯង​បាន​បណ្តេញ​គេ​អស់​ទៅ ព្រម​ទាំង​អាស្រ័យ​នៅ​ក្នុង​ស្រុក​របស់​គេ​ផង
30 នោះ​ចូរ​ប្រយ័ត​ក្រែង​ត្រូវ​ជាប់​អន្ទាក់ និង​បណ្តោយ​តាម​គេ ក្រោយ​ដែល​គេ​ត្រូវ​បំផ្លាញ​ពី​មុខ​ឯង​ចេញ​ហើយ ឬ​ក្រែង​ឯង​ស៊ើប‌សួរ​តាម​ព្រះ​គេ ដោយ​ពាក្យ​ថា សាសន៍​ទាំង​នេះ​គោរព​ប្រតិបត្តិ​ដល់​ព្រះ​គេ​ជា​យ៉ាង​ដូច​ម្តេច អញ​ចង់​ធ្វើ​ដូច​ជា​គេ​ដែរ
31 មិន​ត្រូវ​ឲ្យ​ធ្វើ​យ៉ាង​ដូច្នោះ​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​ឡើយ ដ្បិត​គេ​ប្រព្រឹត្ត​ដល់​ព្រះ​របស់​គេ​តាម​អស់​ទាំង​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​ស្អប់​ខ្ពើម គេ​បាន​ទាំង​ដុត​កូន​ប្រុស​កូន​ស្រី​របស់​គេ​ក្នុង​ភ្លើង​ថ្វាយ​ដល់​ព្រះ​គេ​ផង
32 អស់​ទាំង​សេចក្ដី​ណា​ដែល​អញ​បង្គាប់​ដល់​ឯង​រាល់​គ្នា នោះ​ត្រូវ​ប្រយ័ត និង​ប្រព្រឹត្ត​តាម​ចុះ មិន​ត្រូវ​បន្ថែម​បញ្ចូល​អ្វី ឬ​កាត់​ចោល​អ្វី​ឡើយ។


ជំពូក 13

1 បើ​កាល​ណា​មាន​ហោរា​ណា ឬ​អ្នក​ណា​កើត​ឡើង​នៅ​ក្នុង​ពួក​ឯង ដែល​តែង‌តែ​យល់​សប្តិ ហើយ​អ្នក​នោះ​ប្រាប់​ទី​សម្គាល់ ឬ​ពី​ការ​អស្ចារ្យ​ណា
2 រួច​ទី​សម្គាល់ ឬ​ការ​អស្ចារ្យ​នោះ​កើត​មក​មែន តាម​ដូច​ជា​អ្នក​នោះ​ប្រាប់​មក​ឯង ដោយ​ល្បួង​ថា ចូរ​យើង​ទៅ​តាម​ព្រះ​ដទៃ ហើយ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​ទាំង​នោះ​វិញ (ជា​ព្រះ​ដែល​ឯង​មិន​បាន​ស្គាល់​សោះ)
3 នោះ​មិន​ត្រូវ​ឲ្យ​ឯង​ស្តាប់​តាម​ពាក្យ​របស់​ហោរា​នោះ ឬ​អ្នក​ដែល​យល់​សប្តិ​នោះ​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​គ្រាន់​តែ​ល្បង​ឯង​មើល ឲ្យ​ដឹង​ជា​ឯង​រាល់​គ្នា​ស្រឡាញ់​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង អស់​ពី​ចិត្ត អស់​ពី​ព្រលឹង​ឯង​ឬ​ទេ
4 ត្រូវ​ឲ្យ​ដើរ​តាម​តែ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​វិញ ហើយ​កោត‌ខ្លាច​ដល់​ទ្រង់ ព្រម​ទាំង​កាន់​តាម​សេចក្ដី​បញ្ញត្ត​ទាំង​ប៉ុន្មាន​របស់​ទ្រង់ និង​ស្តាប់​តាម​ព្រះ‌បន្ទូល​ទ្រង់ ក៏​ត្រូវ​គោរព​ប្រតិ‌បត្តិ​ដល់​ទ្រង់ ហើយ​នៅ​ជាប់​នឹង​ទ្រង់​ផង
5 ឯ​ហោរា ឬ​អ្នក​យល់​សប្តិ​នោះ​ត្រូវ​តែ​សម្លាប់​ចោល​ទៅ ពី​ព្រោះ​បាន​ល្បួង​ឲ្យ​បះ‌បោរ​នឹង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ដែល​ទ្រង់​បាន​នាំ​ឯង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ព្រម​ទាំង​លោះ​ឲ្យ​រួច​ពី​ផ្ទះ​ពួក​បាវ​បម្រើ​ផង អ្នក​នោះ​ចង់​តែ​ទាញ​ឲ្យ​ឯង​រាល់​គ្នា​បែរ​ចេញ ពី​ផ្លូវ​ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង បាន​បង្គាប់​ឲ្យ​ដើរ​តាម​នោះ​ទេ យ៉ាង​នោះ​ឯង​នឹង​បាន​បំបាត់​សេចក្ដី​អាក្រក់​ចេញ​ពី​ពួក​ឯង​ទៅ។
6 បើ‌សិន​ជា​បង ឬ​ប្អូន​ពោះ​១​នឹង​ឯង ឬ​កូន​ប្រុស​កូន​ស្រី​ឯង ឬ​ប្រពន្ធ ជា​ដួង​ជីវិត​របស់​ឯង ឬ​សំឡាញ់​ថ្លើម​១​នឹង​ឯង បាន​បបួល​ដោយ​សម្ងាត់​ថា ចូរ​យើង​ទៅ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​ដទៃ​វិញ ជា​ព្រះ​ដែល​ឯង ឬ​ពួក​អយ្យកោ​ឯង​មិន​ដែល​បាន​ស្គាល់​សោះ
7 គឺ​ក្នុង​អស់​ទាំង​ព្រះ​របស់​សាសន៍​ទាំង​ប៉ុន្មាន ដែល​នៅ​ជុំវិញ​ឯង ទោះ​ជិត ឬ​ឆ្ងាយ​ពី​ឯង​ក្តី ចាប់​តាំង​ពី​ចុង​ផែនដី​ម្ខាង ដល់​ចុង​ផែនដី​ម្ខាង
8 នោះ​មិន​ត្រូវ​ព្រម ឬ​ស្តាប់​តាម​អ្នក​នោះ​ឡើយ ក៏​មិន​ត្រូវ​ឲ្យ​ភ្នែក​ឯង​អាណិត ឬ​ប្រណី ឬ​បំពួន​ទុក​ដែរ
9 ត្រូវ​តែ​ឯង​សម្លាប់​វិញ​កុំ​ខាន ត្រូវ​ឲ្យ​ឯង​ដាក់​ដៃ​លើ​អ្នក​នោះ​ជា​មុន​គេ រួច​សឹម​បណ្តា‌ជន​ទាំង​អស់​គ្នា​ជា​ខាង​ក្រោយ ដើម្បី​នឹង​សម្លាប់​អ្នក​នោះ​ចោល
10 ត្រូវ​ឲ្យ​ចោល​សម្លាប់​នឹង​ថ្ម ដ្បិត​ជា​អ្នក​រក​ទាញ​ឲ្យ​ឯង​បែរ​ចេញ​ពី​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ដែល​ទ្រង់​បាន​នាំ​ឯង​ចេញ​ពី​ផ្ទះ​បាវ​បម្រើ នៅ​ស្រុក​អេស៊ីព្ទ​មក
11 ដូច្នេះ សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​នឹង​ឮ រួច​កើត​មាន​សេចក្ដី​ភ័យ​ខ្លាច ហើយ​លែង​ប្រព្រឹត្ត​សេចក្ដី​អាក្រក់​យ៉ាង​នោះ​នៅ​ក្នុង​ពួក​ឯង​ត​ទៅ។
12 បើ‌សិន​ជា​ឯង​ឮ​និយាយ​ពី​ទី​ក្រុង​ណា​មួយ ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​ប្រទាន​ឲ្យ​ឯង​នៅ ថា
13 មាន​មនុស្ស​ទមិឡ​ល្មើស​ខ្លះ បាន​ចេញ​ពី​ពួក​ឯង ទៅ​នាំ​ប្រទាញ​ពួក​អ្នក​ក្រុង​នោះ ដោយ​ពាក្យ​ថា ចូរ​យើង​ទៅ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​ដទៃ​វិញ ជា​ព្រះ​ដែល​ឯង​រាល់​គ្នា​មិន​បាន​ស្គាល់​សោះ
14 នោះ​ត្រូវ​ស៊ើប‌សួរ​រក​ឲ្យ​អស់​ពី​ចិត្ត បើ​ពិត​ដូច្នោះ​មែន ការ​នោះ​ត្រូវ​ដូច​ជា​បាន​ឮ​ហើយ ថា​មាន​គេ​បាន​ប្រព្រឹត្ត​ការ​គួរ​ខ្ពើម​នោះ នៅ​ក្នុង​ពួក​ឯង​ជា​ពិត
15 នោះ​ត្រូវ​ឲ្យ​កាប់​ពួក​មនុស្ស​នៅ​ក្រុង​នោះ ដោយ​មុខ​ដាវ​ជា​កុំ​ខាន ទាំង​បំផ្លាញ​គេ​ឲ្យ​អស់​រលីង​ចេញ ព្រម​ទាំង​របស់​នៅ​ក្នុង​ទី​ក្រុង​នោះ និង​ហ្វូង​សត្វ​ផង ដោយ​មុខ​ដាវ
16 រួច​ត្រូវ​ឲ្យ​ប្រមូល​អស់​ទាំង​របឹប​នៅ​ទី​ក្រុង​នោះ មក​ដាក់​នៅ​នា​ផ្លូវ ហើយ​ដុត​ទាំង​អស់​ចោល ទាំង​ទី​ក្រុង និង​របឹប​ទាំង​អស់ ថ្វាយ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង រួច​ទី​ក្រុង​នោះ​នឹង​នៅ​ជា​គំនរ​ជា​ដរាប​ត​ទៅ ឥត​មាន​អ្នក​ណា​សង់​ឡើង​វិញ​ឡើយ
17 ក៏​មិន​ត្រូវ​មាន​អ្វី​ពី​របស់​ដែល​ត្រូវ​បំផ្លាញ​ទាំង​នោះ នៅ​ក្នុង​ដៃ​ឯង​ដែរ ដើម្បី​ឲ្យ​ព្រះ‌យេហូវ៉ា​បាន​បាត់​សេចក្ដី​ខ្ញាល់​ដ៏​ក្តៅ​ក្រហាយ​ចេញ បែរ​មក​មាន​សេចក្ដី​មេត្តា‌ករុណា និង​សេចក្ដី​អាណិត‌អាសូរ​ដល់​ឯង​វិញ ព្រម​ទាំង​ចម្រើន​ឯង​ឲ្យ​ច្រើន​ឡើង ដូច​ជា​ទ្រង់​ស្បថ​នឹង​ពួក​អយ្យកោ​ឯង​ផង
18 ដោយ​ឯង​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ដើម្បី​នឹង​កាន់​តាម​អស់​ទាំង​បញ្ញត្ត​ទ្រង់ ដែល​អញ​បង្គាប់​ដល់​ឯង​នៅ​ថ្ងៃ​នេះ ឲ្យ​ឯង​បាន​ប្រព្រឹត្ត​ចំពោះ​សេចក្ដី​ណា​ដែល​ត្រឹម‌ត្រូវ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង។


ជំពូក 14

1 ឯង​រាល់​គ្នា​ជា​កូន​ផង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង មិន​ត្រូវ​ឲ្យ​ឯង​អារ​សាច់ ឬ​កោរ​ចិញ្ចើម ដោយ​ព្រោះ​ខ្មោច​ស្លាប់​ឡើយ
2 ដ្បិត​ឯង​ជា​សាសន៍​បរិសុទ្ធ​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​រើស​ឯង​ពី​អស់​ទាំង​សាសន៍​ដែល​នៅ​ផែនដី ទុក​ជា​សាសន៍​របស់​ផង​ទ្រង់។
3 មិន​ត្រូវ​ឲ្យ​ឯង​បរិភោគ​របស់​អ្វី​ដែល​គួរ​ខ្ពើម​ឡើយ
4 នេះ​ជា​សត្វ​ទាំង​ប៉ុន្មាន​ដែល​បរិភោគ​បាន គឺ​គោ ចៀម ពពែ
5 ឈ្លូស ប្រើស ក្តាន់ រមាំង ទ្រាយ ទន្សោង ហើយ​ពពែ​ភ្នំ
6 ហើយ​គ្រប់​ទាំង​សត្វ​ដែល​មាន​ក្រចក​ឆែក គឺ​ក្រចក​ឆែក​ដាច់​ជា​២ ហើយ​ដែល​ទំពា‌អៀង​ផង ក្នុង​អស់​ទាំង​ពួក​សត្វ​នោះ​នឹង​បរិភោគ​បាន
7 ប៉ុន្តែ ក្នុង​បណ្តា​សត្វ​ដែល​ទំពា‌អៀង ឬ​ដែល​មាន​ក្រចក​ឆែក​នោះ មិន​ត្រូវ​ឲ្យ​បរិភោគ​សត្វ​ទាំង​នេះ​ឡើយ គឺ​សត្វ​អូដ្ឋ ទន្សាយ​គល់ ទន្សាយ​ថ្ម ពី​ព្រោះ​សត្វ​ទាំង​នោះ​ទំពា‌អៀង តែ​គ្មាន​ក្រចក​ឆែក​ទេ ជា​សត្វ​មិន​ស្អាត​ទាំង​អស់​ដល់​ឯង​រាល់​គ្នា
8 ហើយ​ជ្រូក​ដែរ ពី​ព្រោះ​មាន​ក្រចក​ឆែក តែ​មិន​ទំពា‌អៀង​ទេ នោះ​មិន​ស្អាត​ដល់​ឯង​រាល់​គ្នា មិន​ត្រូវ​ឲ្យ​បរិភោគ​សាច់​វា​ឡើយ ក៏​មិន​ត្រូវ​ទាំង​ពាល់​ខ្មោច​វា​ផង។
9 ឯ​បណ្តា​សត្វ​ទាំង​ប៉ុន្មាន​ដែល​នៅ​ក្នុង​ទឹក នោះ​ឯង​នឹង​បរិភោគ​សត្វ​ទាំង​នេះ​បាន គឺ​សត្វ​ណា​ដែល​មាន​ព្រុយ ហើយ​មាន​ស្រកា​ផង
10 តែ​មិន​ត្រូវ​ឲ្យ​បរិភោគ​សត្វ​ណា​ដែល​គ្មាន​ព្រុយ និង​ស្រកា​ទេ ដ្បិត​ជា​សត្វ​មិន​ស្អាត​ទាំង​អស់​ដល់​ឯង​រាល់​គ្នា។
11 ឯ​បណ្តា​សត្វ​ហើរ​ដែល​ស្អាត នោះ​ឯង​រាល់​គ្នា​នឹង​បរិភោគ​បាន​គ្រប់​យ៉ាង
12 តែ​សត្វ​ហើរ​ទាំង​នេះ នោះ​មិន​ត្រូវ​បរិភោគ​ឡើយ គឺ​ខ្លែង ស្ទាំង ប្រមង់
13 ល្អូត អាត និង​ត្មាត​តាម​ពូជ​វា
14 គ្រប់​ទាំង​ក្អែក​តាម​ពូជ​វា
15 អូសទ្រិច ខ្លែង‌ស្រាក រំពេ និង​អក​តាម​ពូជ​វា
16 មៀម គូក ទីទុយ
17 ទុង ក្រៀល ស្មោញ
18 កុក និង​ក្រសារ តាម​ពូជ​វា កំប៉ោយ ហើយ​ជ្រឹង
19 និង​អស់​ទាំង​សត្វ​ដែល​វារ ហើយ​ហើរ​ផង នោះ​ជា​សត្វ​មិន​ស្អាត​ដល់​ឯង មិន​ត្រូវ​បរិភោគ​ឡើយ
20 តែ​គ្រប់​ទាំង​សត្វ​ហើរ ដែល​ស្អាត នោះ​នឹង​បរិភោគ​បាន។
21 មិន​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​បរិភោគ​សត្វ​ណា ដែល​ស្លាប់​ដោយ​ខ្លួន​ឯង​ឡើយ ដ្បិត​ឯង​ជា​សាសន៍​បរិសុទ្ធ​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង និង​ឲ្យ​សត្វ​នោះ​ដល់​អ្នក​ដទៃ​ដែល​ស្នាក់​នៅ​ក្នុង​ផ្ទះ​ឯង ឲ្យ​គេ​បរិភោគ​បាន ឬ​នឹង​លក់​ឲ្យ​ដល់​សាសន៍​ដទៃ​វិញ​ក៏​បាន។ មិន​ត្រូវ​ឲ្យ​ឯង​ស្ងោរ​កូន​ពពែ ក្នុង​ទឹក​ដោះ​របស់​មេ​វា​ឡើយ។
22 ត្រូវ​ឲ្យ​ឯង​ហូត​យក​១​ភាគ​ក្នុង​១០ ពី​ផល​ដែល​កើត​ពី​ស្រែ​ចម្ការ​ឯង រាល់​តែ​ឆ្នាំ ជា​កុំ​ខាន
23 រួច​ត្រូវ​បរិភោគ​តង្វាយ​១​ភាគ​ក្នុង​១០ ដែល​ឯង​ហូត​ពី​ទឹក​ទំពាំង‌បាយ‌ជូរ ពី​ប្រេង ហើយ​ពី​កូន​សត្វ​ដែល​កើត​ដំបូង ក្នុង​ហ្វូង​គោ ហ្វូង​ចៀម​ឯង​ទាំង​ប៉ុន្មាន នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ត្រង់​កន្លែង​ដែល​ទ្រង់​នឹង​រើស​សម្រាប់​នឹង​តាំង​ព្រះ‌នាម​ទ្រង់ ដើម្បី​ឲ្យ​ឯង​ទម្លាប់​ឲ្យ​មាន​សេចក្ដី​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ជា​ដរាប
24 តែ​បើ‌សិន​ជា​ផ្លូវ​នោះ​ឆ្ងាយ ដល់​ម៉្លេះ​បាន​ជា​ឯង​នឹង​នាំ​យក​របស់​ទាំង​នោះ​ទៅ​ឲ្យ​ដល់​មិន​បាន ដោយ​ព្រោះ​កន្លែង​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង បាន​រើស​សម្រាប់​នឹង​ដាក់​ព្រះ‌នាម​ទ្រង់ នៅ​ឆ្ងាយ​ពី​ឯង ក្នុង​វេលា​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង បាន​ប្រទាន​ពរ​ហើយ
25 នោះ​ត្រូវ​លក់​របស់​ទាំង​នោះ​យក​ជា​ប្រាក់​វិញ​ចុះ រួច​វេច​ប្រាក់​កាន់​ជាប់​នៅ​ដៃ នាំ​យក​ទៅ​ឯ​កន្លែង​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​បាន​រើស
26 ហើយ​និង​ចំណាយ​ប្រាក់​នោះ ទិញ​អ្វីៗ​តាម​ប្រាថ្នា​បាន ទោះ​ជា​គោ ឬ​ចៀម ឬ​ស្រា​ទំពាំង‌បាយ‌ជូរ ឬ​គ្រឿង​ផឹក​ណា ឬ​របស់​អ្វី​ក៏​ដោយ ដែល​ឯង​គាប់​ចិត្ត រួច​នឹង​បរិភោគ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង នៅ​ទី​នោះ ហើយ​ត្រូវ​អរ​សប្បាយ​ឡើង ព្រម​ទាំង​ពួក​គ្រួ​ឯង​ជា​មួយ​នឹង​ឯង​ផង
27 ឯ​ពួក​លេវី​ដែល​នៅ​ក្នុង​ទី​ក្រុង​របស់​ឯង នោះ​មិន​ត្រូវ​លះ​ចោល​គេ​ឡើយ ដ្បិត​គេ​គ្មាន​ចំណែក គ្មាន​មរដក​ជា​មួយ​នឹង​ឯង​ទេ។
28 ដល់​វេលា​ផុត​រាល់​តែ​៣​ឆ្នាំ​ទៅ នោះ​ត្រូវ​ឲ្យ​យក​តង្វាយ​១​ភាគ​ក្នុង​១០ ពី​របស់​ដែល​បាន​ហូត​ពី​ផល​កើត​ក្នុង​ឆ្នាំ​នោះ​ឯង ចេញ​មក​ដាក់​ទុក​នៅ​ត្រង់​ទ្វារ​ក្រុង​ឯង​វិញ
29 ដូច្នេះ ពួក​លេវី​ដែល​គ្មាន​ចំណែក គ្មាន​មរដក ជា​មួយ​នឹង​ឯង និង​ពួក​អ្នក​ដទៃ ព្រម​ទាំង​កូន​កំព្រា និង​ស្រី​មេម៉ាយ​ដែល​នៅ​ក្នុង​ទី​ក្រុង​ឯង គេ​នឹង​មក​បរិភោគ​ចម្អែត ដើម្បី​ឲ្យ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង បាន​ប្រទាន​ពរ​ដល់​ឯង ក្នុង​គ្រប់​ទាំង​ការ​ដែល​ដៃ​ឯង​ធ្វើ។


ជំពូក 15

1 ដល់​វេលា​ផុត​រាល់​តែ​៧​ឆ្នាំ នោះ​ត្រូវ​ឲ្យ​មាន​ការ​ប្រោស​លែង
2 នេះ​ជា​របៀប​នៃ​ការ​ប្រោស​លែង​នោះ គឺ​គ្រប់​ទាំង​ម្ចាស់​បំណុល​ត្រូវ​តែ​លើក​លែង​បំណុល ចំពោះ​អ្នក​ជិត​ខាង​ដែល​បាន​ខ្ចី​ខ្លួន មិន​ត្រូវ​ឲ្យ​តឹង​ទារ​ពី​អ្នក​ជិត​ខាង​នោះ ឬ​ពី​បង​ប្អូន​ណា​ឡើយ ដ្បិត​ការ​ប្រោស​លែង​ផង​ព្រះ‌យេហូវ៉ា បាន​ប្រកាស​ប្រាប់​ស្រេច​ហើយ
3 ឯង​នឹង​ទារ​ពី​អ្នក​ប្រទេស​ក្រៅ​បាន តែ​របស់​អ្វី​ផង​ឯង​ដែល​នៅ​នឹង​បង​ប្អូន​ឯង នោះ​ត្រូវ​លើក​លែង​ចោល​ចេញ
4 ប៉ុន្តែ នឹង​គ្មាន​អ្នក​ទ័ល‌ក្រ​នៅ​ជា​មួយ​នឹង​ឯង​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​ប្រទាន​ពរ​ដល់​ឯង នៅ​ក្នុង​ស្រុក​ដែល​ទ្រង់​ប្រទាន​មក ឲ្យ​ឯង​ចាប់​យក​ជា​មរដក​នោះ​ជា​មិន​ខាន
5 គឺ​បើ​ឯង​គ្រាន់​តែ​ខំ​ប្រឹង​ស្តាប់​តាម​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ឲ្យ​អស់​ពី​ចិត្ត ដើម្បី​នឹង​កាន់ ហើយ​ប្រព្រឹត្ត​តាម​សេចក្ដី​បញ្ញត្ត ដែល​អញ​បង្គាប់​ដល់​ឯង​នៅ​ថ្ងៃ​នេះ​គ្រប់​ជំពូក​ប៉ុណ្ណោះ
6 ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​ប្រទាន​ពរ​ដល់​ឯង ដូច​ជា​ទ្រង់​បាន​សន្យា​ហើយ នោះ​ឯង​នឹង​ឲ្យ​សាសន៍​ជា​ច្រើន​ខ្ចី​បាន ឥត​មាន​ខ្ចី​ពី​គេ​វិញ​ឡើយ ហើយ​ឯង​នឹង​ត្រួត‌ត្រា​លើ​សាសន៍​ជា​ច្រើន តែ​គេ​មិន​ត្រូវ​ត្រួត‌ត្រា​លើ​ឯង​ទេ។
7 តែ​បើ‌សិន​ជា​មាន​អ្នក​ទ័ល‌ក្រ​ណា​នៅ​ជា​មួយ​នឹង​ឯង​ដែរ ជា​បង​ប្អូន​ឯង​ដែល​នៅ​ទី​ក្រុង​ឯង ក្នុង​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង បាន​ប្រទាន​មក នោះ​មិន​ត្រូវ​ឲ្យ​ឯង​តាំង​ចិត្ត​របឹង ឬ​ក្តាប់​ដៃ​នឹង​បង​ប្អូន​ជា​អ្នក​ក្រ​នោះ​ឡើយ
8 គឺ​ត្រូវ​ឲ្យ​លា​ដៃ​ដល់​គេ​វិញ​ជា​កុំ​ខាន ហើយ​ឲ្យ​គេ​ខ្ចី​តាម​ចិត្ត ឲ្យ​ល្មម​ដល់​គ្រា​ទ័ល‌ក្រ​នោះ​ចុះ
9 ចូរ​ប្រយ័ត កុំ​ឲ្យ​មាន​គំនិត​អាក្រក់​ក្នុង​ចិត្ត​ឯង ដោយ​នឹក​ថា ឆ្នាំ​ទី​៧​ជា​ឆ្នាំ​ដែល​ត្រូវ​លើក​លែង នោះ​ជិត​ដល់​ហើយ ហើយ​ឯង​គន់​មើល​បង​ប្អូន​អ្នក​ក្រ​នោះ ដោយ​ព្រងើយ​កន្តើយ​វិញ ឥត​មាន​ឲ្យ​អ្វី​ដល់​គេ​សោះ ក្រែង​គេ​ប្តឹង​ដល់​ព្រះ‌យេហូវ៉ា​ពី​ឯង នោះ​នឹង​បាន​រាប់​ជា​បាប​ដល់​ឯង
10 ត្រូវ​ឲ្យ​ឯង​ចែក​ដល់​គេ​ជា​កុំ​ខាន ដោយ​មាន​ចិត្ត​ឥត​ស្តាយ​ផង ដ្បិត​បើ​ប្រព្រឹត្ត​យ៉ាង​ដូច្នោះ នោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​ប្រទាន​ពរ​ដល់​ឯង​ក្នុង​គ្រប់​ទាំង​ការ​របស់​ឯង ហើយ​ក្នុង​អស់​ទាំង​ការ​អ្វី ដែល​ឯង​ដាក់​ដៃ​ធ្វើ​ផង
11 ពី​ព្រោះ​ពួក​ទាល់​ក្រ​មិន​ចេះ​ដែល​ផុត​ពី​ក្នុង​ស្រុក​ឡើយ ហេតុ​នេះ​បាន​ជា​អញ​បង្គាប់​ដល់​ឯង​ថា ត្រូវ​ឲ្យ​ឯង​លា​ដៃ​ដល់​បង​ប្អូន និង​ពួក​អ្នក​ទាល់​ក្រ ហើយ​និង​ពួក​កំសត់​ទុរគត នៅ​ក្នុង​ស្រុក​ឯង​ជា​កុំ​ខាន​វិញ។
12 បើ​បង​ប្អូន​ប្រុស ឬ​ស្រី​របស់​ឯង ដែល​ជា​សាសន៍​ហេព្រើរ គេ​លក់​ខ្លួន​មក​ឯង ក៏​បាន​នៅ​បម្រើ​ឯង​អស់​៦​ឆ្នាំ​ហើយ នោះ​ដល់​ឆ្នាំ​ទី​៧ ត្រូវ​ឲ្យ​លែង​គេ​ចេញ​ឲ្យ​រួច​ទៅ​ទទេ
13 ហើយ​កាល​ណា​លែង​ឲ្យ​ទៅ នោះ​មិន​ត្រូវ​ឲ្យ​គេ​ទៅ​ដោយ​ដៃ​ទទេ​ឡើយ
14 គឺ​ត្រូវ​ផ្គត់‌ផ្គង់​ឲ្យ​គេ​ពី​ហ្វូង​ចៀម ពី​ទីលាន ហើយ​ពី​ធុង​ឃ្នាប​របស់​ឯង​ដោយ​សទ្ធា​វិញ ត្រូវ​ឲ្យ​ដល់​គេ​តាម​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង បាន​ប្រទាន​ពរ​ដល់​ឯង
15 ត្រូវ​ឲ្យ​ឯង​នឹក​ចាំ​ថា ពី​ដើម​ឯង ក៏​ជា​បាវ​បម្រើ​នៅ​ស្រុក​អេស៊ីព្ទ​ដែរ តែ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​លោះ​ឯង​មក ហេតុ​នោះ​ហើយ​បាន​ជា​អញ​បង្គាប់​ដល់​ឯង​ដូច្នេះ នៅ​ថ្ងៃ​នេះ
16 ប៉ុន្តែ បើ‌សិន​ជា​គេ​និយាយ​នឹង​ឯង​ថា ខ្ញុំ​មិន​ព្រម​ចេញ​ពី​អ្នក​ទៅ​ទេ គឺ​ដោយ​គេ​ស្រឡាញ់​ឯង និង​ផ្ទះ​ឯង ហើយ​ដោយ​ព្រោះ​គេ​នៅ​ជា​ស្រួល​នឹង​ឯង​ផង
17 នោះ​ត្រូវ​ឲ្យ​យក​ដែក​ចោះ​មក ចោះ​ត្រចៀក​គេ​ផ្ទាប់​នៅ​ទ្វារ រួច​គេ​នឹង​ធ្វើ​ជា​បាវ​បម្រើ​ឯង​ជា​ដរាប​ត​ទៅ ហើយ​ត្រូវ​ឲ្យ​ឯង​ធ្វើ​ដូច្នោះ​នឹង​បាវ​ស្រី​ឯង​ដែរ
18 មិន​ត្រូវ​ឲ្យ​មាន​ចិត្ត​ពិបាក ដោយ​លែង​ឲ្យ​គេ​ទៅ​ទទេ​ឡើយ ដ្បិត​គេ​បាន​នៅ​បម្រើ​ឯង​អស់​៦​ឆ្នាំ​ហើយ ជា​ការ​បម្រើ​លើស​ជាង​ការ​របស់​ជើង​ឈ្នួល​១​ជា​២​ផង ដូច្នេះ ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​ប្រទាន​ពរ​ដល់​ឯង ក្នុង​គ្រប់​ការ​ដែល​ឯង​ធ្វើ​ដែរ។
19 ក្នុង​ហ្វូង​គោ ហ្វូង​ចៀម​របស់​ឯង នោះ​ត្រូវ​ញែក​អស់​ទាំង​កូន​ឈ្មោល​ដែល​កើត​ជា​ដំបូង​ចេញ ទុក​ជា​បរិសុទ្ធ ថ្វាយ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង មិន​ត្រូវ​យក​កូន​ដែល​កើត​ជា​ដំបូង​ពី​មេ​គោ​ឯង ទៅ​ប្រើ​ធ្វើ​ការ​អ្វី ឬ​កាត់​រោម​របស់​កូន​ដែល​កើត​ជា​ដំបូង ពី​មេ​ចៀម​ឯង​នោះ​ឡើយ
20 រាល់​តែ​ឆ្នាំ​ត្រូវ​ឲ្យ​ឯង និង​ពួក​ផ្ទះ​ឯង​បរិភោគ​សត្វ​នោះ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ត្រង់​កន្លែង​ដែល​ព្រះ‌យេហូវ៉ា​នឹង​រើស
21 បើ​សត្វ​នោះ​មាន​ស្លាក​ស្នាម​អ្វី គឺ​បើ​ខ្ញើច ឬ​ខ្វាក់ ឬ​មាន​ខ្ចោះ​អាក្រក់​ត្រង់​ណា​ក្តី នោះ​មិន​ត្រូវ​ឲ្យ​ឯង​ថ្វាយ​ជា​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​ឡើយ
22 ឯង​នឹង​បរិភោគ​សត្វ​នោះ​នៅ​ក្នុង​ទី​ក្រុង​ឯង​បាន ទោះ​ទាំង​អ្នក​ស្អាត និង​អ្នក​ដែល​មិន​ស្អាត​ផង ដូច​ជា​បរិភោគ​ឈ្លូស ហើយ​និង​ប្រើស​ដែរ
23 ប៉ុន្តែ មិន​ត្រូវ​បរិភោគ​ឈាម​ឡើយ ត្រូវ​ឲ្យ​ចាក់​ចោល​ទៅ​ដី ដូច​ជា​ទឹក​វិញ។


ជំពូក 16

1 ចូរ​ចាំ​កំណត់​នៅ​ខែ​ចេត្រ ដើម្បី​នឹង​ធ្វើ​បុណ្យ​រំលង​ថ្វាយ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ដ្បិត​គឺ​នៅ​ខែ​ចេត្រ​នេះ​ហើយ​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង បាន​នាំ​ឯង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក​ទាំង​យប់
2 ត្រូវ​ឲ្យ​ឯង​យក​សត្វ​ពី​ហ្វូង​របស់​ឯង​មក ថ្វាយ​ជា​យញ្ញ‌បូជា​នៃ​បុណ្យ​រំលង ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ត្រង់​កន្លែង​ដែល​ទ្រង់​នឹង​រើស សម្រាប់​តាំង​ព្រះ‌នាម​ទ្រង់
3 មិន​ត្រូវ​ឲ្យ​បរិភោគ​នំបុ័ង​មាន​ដំបែ​ជា​មួយ​ទេ នៅ​រវាង​៧​ថ្ងៃ​នោះ ត្រូវ​បរិភោគ​នំបុ័ង​ឥត​ដំបែ​វិញ គឺ​ជា​នំបុ័ង​នៃ​សេចក្ដី​ទុក្ខ​លំបាក ពី​ព្រោះ​ឯង​បាន​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ដោយ​ប្រញាប់‌ប្រញាល់ ត្រូវ​ធ្វើ​ដូច្នោះ​ដើម្បី​ឲ្យ​បាន​នឹក​ចាំ​គ្រប់​១​ជីវិត ពី​ថ្ងៃ​ដែល​ឯង​បាន​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក
4 មិន​ត្រូវ​ឲ្យ​ឃើញ​មាន​ដំបែ​នៅ​ជា​មួយ​ក្នុង​ព្រំ​ស្រុក​ឯង​ទាំង​អស់​នៅ​វេលា​៧​ថ្ងៃ​នោះ​ឡើយ ក៏​មិន​ត្រូវ​ឲ្យ​មាន​សាច់​ដែល​ឯង​ថ្វាយ​ជា​យញ្ញ‌បូជា នៅ​ពេល​ល្ងាច​ក្នុង​ថ្ងៃ​ដំបូង​នោះ សល់​នៅ​ដល់​ព្រឹក​ដែរ
5 ឯង​គ្មាន​ច្បាប់​នឹង​ថ្វាយ​យញ្ញ‌បូជា​នៃ​បុណ្យ​រំលង នៅ​ក្នុង​ទី​ក្រុង​ដទៃ​ណា ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រទាន​ឲ្យ​ឯង​នោះ​ទេ
6 គឺ​ត្រូវ​ឲ្យ​ថ្វាយ​យញ្ញ‌បូជា​នៃ​បុណ្យ​រំលង នៅ​កន្លែង​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​រើស​សម្រាប់​នឹង​តាំង​ព្រះ‌នាម​ទ្រង់​វិញ គឺ​នៅ​ទី​នោះ​ដែល​ត្រូវ​ថ្វាយ​យញ្ញ‌បូជា​នៅ​ពេល​ល្ងាច ពី​វេលា​ថ្ងៃ​លិច​ទៅ ក្នុង​រដូវ​ដដែល​ដែល​ឯង​បាន​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក
7 ត្រូវ​ឲ្យ​ចំអិន​សាច់​នោះ ហើយ​បរិភោគ​នៅ​កន្លែង​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​រើស លុះ​ដល់​ព្រឹក​ឡើង ឯង​នឹង​ត្រឡប់​ទៅ​ឯ​ត្រសាល​ឯង​វិញ​បាន
8 ត្រូវ​ឲ្យ​ឯង​បរិភោគ​នំបុ័ង​ឥត​ដំបែ​អស់​៦​ថ្ងៃ លុះ​ដល់​ថ្ងៃ​ទី​៧ នោះ​ត្រូវ​ប្រជុំ​ជំនុំ​មុត‌មាំ​ថ្វាយ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង មិន​ត្រូវ​ធ្វើ​ការ​អ្វី​ឲ្យ​សោះ។
9 រួច​ត្រូវ​រាប់​ជា​៧​អាទិត្យ​ទៀត គឺ​ត្រូវ​រាប់​៧​អាទិត្យ​នោះ ចាប់​តាំង​ពី​វេលា​ដែល​ទើប​នឹង​លូក​កណ្តៀវ​ទៅ​ច្រូត​ស្រូវ
10 នោះ​ត្រូវ​ឲ្យ​ធ្វើ​បុណ្យ​អាទិត្យ​ទី​៧ ថ្វាយ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ដោយ​ថ្វាយ​តង្វាយ​ស្ម័គ្រ​ពី​ចិត្ត តាម​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​ប្រទាន​ពរ
11 ហើយ​ឯង និង​កូន​ប្រុស​កូន​ស្រី​ឯង ត្រូវ​អរ​សប្បាយ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ព្រម​ទាំង​បាវ​ប្រុស​បាវ​ស្រី​ឯង និង​ពួក​លេវី​ដែល​នៅ​ទី​ក្រុង​ឯង ហើយ​និង​ពួក​អ្នក​ដទៃ ពួក​កំព្រា និង​ពួក​ស្រី​មេម៉ាយ ដែល​នៅ​ជា​មួយ​នឹង​ឯង​ទាំង​អស់​គ្នា​ផង នៅ​កន្លែង​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​រើស​សម្រាប់​តាំង​ព្រះ‌នាម​ទ្រង់
12 ត្រូវ​ឲ្យ​នឹក​ចាំ​ថា ពី​ដើម​ឯង​ជា​បាវ​បម្រើ​នៅ​ស្រុក​អេស៊ីព្ទ​ដែរ ដូច្នេះ ត្រូវ​ប្រយ័ត និង​ប្រព្រឹត្ត​តាម​អស់​ទាំង​ច្បាប់​ទាំង​នេះ​ចុះ។
13 ត្រូវ​ឲ្យ​ឯង​ធ្វើ​បុណ្យ​បារាំ​នៅ​អស់​៧​ថ្ងៃ ក្នុង​ពេល​ក្រោយ​ដែល​បាន​ប្រមូល​ផល​ពី​លាន និង​ពី​ធុង​ឃ្នាប​ហើយ
14 ត្រូវ​ឲ្យ​ឯង និង​កូន​ប្រុស​កូន​ស្រី​ឯង អរ​សប្បាយ​នៅ​វេលា​បុណ្យ​របស់​ឯង​នោះ ព្រម​ទាំង​បាវ​ប្រុស​បាវ​ស្រី​ឯង និង​ពួក​លេវី ហើយ​និង​អ្នក​ដទៃ ពួក​កូន​កំព្រា និង​ពួក​ស្រី​មេម៉ាយ​ដែល​នៅ​ក្នុង​ទី​ក្រុង​ឯង​ផង
15 ត្រូវ​ឲ្យ​ធ្វើ​បុណ្យ​នេះ​ថ្វាយ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង អស់​៧​ថ្ងៃ នៅ​កន្លែង​ដែល​ព្រះ‌យេហូវ៉ា​នឹង​រើស ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​ប្រទាន​ពរ​ដល់​ឯង ចំពោះ​អស់​ទាំង​ផល​ចម្រើន​របស់​ឯង ហើយ​ក្នុង​គ្រប់​ទាំង​ការ​ដែល​ដៃ​ឯង​ធ្វើ ដូច្នេះ ឯង​នឹង​មាន​សេចក្ដី​អំណរ​ជា​មិន​ខាន។
16 ត្រូវ​ឲ្យ​គ្រប់​ទាំង​ប្រុសៗ​ក្នុង​ពួក​ឯង មក​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ៣​ដង​ក្នុង​១​ឆ្នាំ ត្រង់​កន្លែង​ដែល​ទ្រង់​នឹង​រើស គឺ​នៅ​ពេល​បុណ្យ​នំបុ័ង​ឥត​ដំបែ​ម្តង បុណ្យ​អាទិត្យ​ទី​៧​ម្តង និង​បុណ្យ​បារាំ​ម្តង ក៏​មិន​ត្រូវ​មក​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដោយ​ដៃ​ទទេ​ដែរ
17 ត្រូវ​ឲ្យ​គ្រប់​គ្នា​ថ្វាយ​តាម​កម្លាំង​រៀង​ខ្លួន គឺ​តាម​ព្រះ‌ពរ​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង បាន​ប្រទាន​ឲ្យ។
18 ត្រូវ​ឲ្យ​ឯង​តាំង​ពួក​ចៅ‌ក្រម និង​សុភា នៅ​គ្រប់​ទាំង​ទី​ក្រុង​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រទាន​មក​ឯង តាម​ពូជ​អំបូរ​ឯង​ទាំង​ប៉ុន្មាន ត្រូវ​ឲ្យ​អ្នក​ទាំង​នោះ​ជំនុំ‌ជម្រះ​បណ្តា‌ជន​ដោយ​យុត្តិ‌ធម៌
19 មិន​ត្រូវ​បង្វែរ​សេចក្ដី​យុត្តិ‌ធម៌​ឡើយ ក៏​មិន​ត្រូវ​លំអៀង​ចិត្ត​ទៅ​ខាង​ណា ឬ​ស៊ី​សំណូក​ឲ្យ​សោះ ដ្បិត​សំណូក​ជា​ការ​នាំ​ឲ្យ​បំបិទ​ភ្នែក​អ្នក​ប្រាជ្ញ ហើយ​ក៏​បង្ខូច​ពាក្យ​សំដី​របស់​មនុស្ស​សុចរិត​ផង ។
20 ត្រូវ​ឲ្យ​កាន់​តាម​តែ​សេចក្ដី​ដែល​សុចរិត​វិញ​ជា​កុំ​ខាន ដើម្បី​ឲ្យ​ឯង​បាន​រស់​នៅ ហើយ​គ្រង​បាន​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រទាន​ឲ្យ។
21 មិន​ត្រូវ​ឲ្យ​តាំង​រូប​ឆ្លាក់​ធ្វើ​ពី​ឈើ​ក៏​ដោយ នៅ​ត្រង់​អាសនៈ​ផង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ដែល​នឹង​ស្អាង​សម្រាប់​ឯង​នោះ​ឡើយ
22 ក៏​មិន​ត្រូវ​បញ្ឈរ​បង្គោល​ណា​សម្រាប់​ឲ្យ​ឯង​គោរព គឺ​ជា​របស់​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​ស្អប់​នោះ​ដែរ។


ជំពូក 17

1 មិន​ត្រូវ​ឲ្យ​ឯង​ថ្វាយ​គោ ឬ​ចៀម​ណា ដែល​មាន​ស្លាក‌ស្នាម ឬ​អាក្រក់​អ្វី ទៅ​ជា​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​ឡើយ ដ្បិត​នោះ​ជា​សេចក្ដី​ស្អប់​ខ្ពើម​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង។
2 នៅ​ក្នុង​ទី​ក្រុង​ណា​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​ទ្រង់​ប្រទាន​មក បើ‌សិន​ជា​ឃើញ​មាន​មនុស្ស​ប្រុស ឬ​ស្រី​ណា នៅ​ជា​មួយ​នឹង​ឯង ដែល​ប្រព្រឹត្ត​សេចក្ដី​អ្វី​អាក្រក់​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ដោយ​រំលង​សេចក្ដី​សញ្ញា​ទ្រង់
3 ទៅ​គោរព​ប្រតិ‌បត្តិ ហើយ​ក្រាប​ថ្វាយ‌បង្គំ​ដល់​ព្រះ​ដទៃ ឬ​ព្រះ‌អាទិត្យ ព្រះ‌ចន្ទ ឬ​របស់​ដ៏​បរិបូរ​ណា​មួយ​នៅ​លើ​មេឃ ដែល​អញ​មិន​បង្គាប់​ឡើយ
4 រួច​មាន​គេ​ប្រាប់​ដល់​ឯង ឬ​ឯង​បាន​ឮ​ក្តី នោះ​ត្រូវ​ឲ្យ​ឯង​ស៊ើប‌សួរ​យ៉ាង​អស់​ពី​ចិត្ត បើ​ឃើញ​ជា​ត្រូវ​ពិត​ដូច្នោះ​មែន​ថា មាន​គេ​ប្រព្រឹត្ត​ការ​គួរ​ខ្ពើម​យ៉ាង​នោះ នៅ​ក្នុង​សាសន៍​អ៊ីស្រា‌អែល​ហើយ
5 នោះ​ត្រូវ​ឲ្យ​នាំ​មនុស្ស​ប្រុស ឬ​ស្រី ដែល​បាន​ប្រព្រឹត្ត​ការ​អាក្រក់​នោះ មក​ឯ​ទ្វារ​ក្រុង​របស់​ឯង ហើយ​ចោល​សម្លាប់​នឹង​ថ្ម​ទៅ ទោះ​ប្រុស ឬ​ស្រី​ក្តី
6 ត្រូវ​ឲ្យ​សម្លាប់​អ្នក​ដែល​មាន​ទោស​ដល់​ស្លាប់​នោះ ដោយ​មាន​ស្មរ‌បន្ទាល់​២​ឬ​៣​នាក់ តែ​បើ​មាន​តែ​ម្នាក់​ទេ នោះ​មិន​ល្មម​នឹង​សម្លាប់​គេ​ឡើយ
7 ត្រូវ​ឲ្យ​ស្មរ​បន្ទាល់​ទាំង​នោះ​ដាក់​ដៃ​ជា​មុន​គេ ដើម្បី​នឹង​សម្លាប់​ចោល រួច​សឹម​ឲ្យ​ពួក​បណ្តា‌ជន​គ្រប់​គ្នា​ជា​ខាង​ក្រោយ គឺ​យ៉ាង​ដូច្នោះ​ដែល​ឯង​ត្រូវ​បំបាត់​សេចក្ដី​អាក្រក់​ពី​ពួក​ឯង​ចេញ។
8 បើ​កាល​ណា​មាន​រឿង​ណា​ពិបាក​ពេក ដែល​ឯង​នឹង​ជំនុំ‌ជម្រះ​មិន​បាន ទោះ​ពី​ឈាម​និង​ឈាម ពាក្យ​បណ្តឹង​ដល់​គ្នា​ទៅ​វិញ​ទៅ​មក ការ​វាយ​គ្នា ជា​រឿង​ដែល​នាំ​ឲ្យ​មាន​ក្តី​កើត​ឡើង​នៅ​ក្នុង​ទី​ក្រុង​ឯង នោះ​ត្រូវ​ឲ្យ​ឯង​ក្រោក​ឡើង ទៅ​ឯ​កន្លែង​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​បាន​រើស
9 ហើយ​ចូល​ទៅ​សួរ​ដល់​ពួក​លេវី​ដ៏​ជា​សង្ឃ និង​ចៅ‌ក្រម​ដែល​នឹង​មាន​ក្នុង​គ្រា​នោះ រួច​អ្នក​ទាំង​នោះ​នឹង​បង្ហាញ​ឲ្យ​ឯង​ចេះ​កាត់​សេចក្ដី​ហើយ
10 នោះ​ត្រូវ​ឲ្យ​ឯង​ធ្វើ​តាម​ដែល​ពួក​អ្នក​នោះ​នឹង​បង្ហាញ​មក​ឯង ពី​កន្លែង​ដែល​ព្រះ‌យេហូវ៉ា​បាន​រើស ហើយ​ត្រូវ​ប្រយ័ត និង​ប្រព្រឹត្ត​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​អ្នក​ទាំង​នោះ​នឹង​បង្រៀន​ដល់​ឯង​ចុះ
11 គឺ​ត្រូវ​ឲ្យ​ឯង​កាត់​សេចក្ដី​ឲ្យ​ត្រូវ ដូច​ជា​ច្បាប់​ដែល​អ្នក​ទាំង​នោះ​នឹង​បង្រៀន​ដល់​ឯង ហើយ​តាម​សេចក្ដី​យុត្តិ‌ធម៌​ដែល​អ្នក​ទាំង​នោះ​នឹង​ប្រាប់​ដល់​ឯង​ផង មិន​ត្រូវ​ឲ្យ​ងាក​បែរ​ទៅ​ខាង​ស្តាំ ឬ​ខាង​ឆ្វេង ចេញ​ពី​សេចក្ដី​ដែល​អ្នក​ទាំង​នោះ​នឹង​បង្ហាញ​នោះ​ឡើយ ។
12 ឯ​អ្នក​ណា​ដែល​ប្រព្រឹត្ត​តាម​តែ​អំពើ​ចិត្ត ឥត​ស្តាប់​តាម​សង្ឃ​ដែល​ឈរ​បម្រើ​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង នៅ​ទី​នោះ ឬ​តាម​ចៅ‌ក្រម​ផង អ្នក​នោះ​នឹង​ត្រូវ​ទោស​ដល់​ស្លាប់ ត្រូវ​ឲ្យ​បំបាត់​សេចក្ដី​អាក្រក់​ពី​សាសន៍​អ៊ីស្រា‌អែល​ចេញ
13 នោះ​បណ្តា‌ជន​ទាំង‌ឡាយ​នឹង​ឮ រួច​នឹង​ខ្លាច ហើយ​លែង​ប្រព្រឹត្ត​តាម​តែ​អំពើ​ចិត្ត​ទៀត។
14 កាល​ណា​ឯង​បាន​ទៅ​ដល់​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រទាន​ឲ្យ ហើយ​ចាប់​យក​បាន ព្រម​ទាំង​តាំង​ទី​លំនៅ​អាស្រ័យ​នៅ​ផង រួច​ជំនុំ​គ្នា​ថា យើង​នឹង​តាំង​ស្តេច​ឲ្យ​សោយ‌រាជ្យ​លើ​យើង ដូច​ជា​សាសន៍​ទាំង​ប៉ុន្មាន​ដែល​នៅ​ជុំវិញ​យើង​ដែរ
15 នោះ​ត្រូវ​តាំង​អ្នក​ណា​មួយ​ឡើង ឲ្យ​ធ្វើ​ជា​ស្តេច​តាម​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​រើស គឺ​ត្រូវ​លើក​ម្នាក់​ក្នុង​ពួក​បង​ប្អូន​ឯង ឲ្យ​ធ្វើ​ជា​ស្តេច​លើ​ឯង​ចុះ គ្មាន​ច្បាប់​នឹង​តាំង​អ្នក​ប្រទេស​ក្រៅ​ណា ដែល​មិន​មែន​ជា​បង​ប្អូន​ឯង ឲ្យ​គ្រប់​គ្រង​លើ​ឯង​ឡើយ
16 កុំ​បី​តែ​ឲ្យ​ស្តេច​នោះ​ចម្រើន​សេះ​ជា​ច្រើន​សម្រាប់​ខ្លួន ឬ​បណ្តាល​ឲ្យ​បណ្តា‌ជន​ត្រឡប់​ទៅ​ស្រុក​អេស៊ីព្ទ ដើម្បី​ឲ្យ​ខ្លួន​បាន​សេះ​ជា​ច្រើន​ឡើង​នោះ​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​នឹង​ឯង​រាល់​គ្នា​ថា មិន​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ត្រឡប់​ទៅ តាម​ផ្លូវ​នោះ​ទៀត​ឲ្យ​សោះ
17 ក៏​មិន​ត្រូវ​ឲ្យ​ស្តេច​នោះ​យក​ភរិយា​ជា​ច្រើន​ដែរ ដើម្បី​កុំ​ឲ្យ​មាន​ចិត្ត​ងាក​បែរ​ចេញ​ទៅ​ឡើយ ក៏​មិន​ត្រូវ​ប្រមូល​ប្រាក់​មាស​ជា​ច្រើន​លើស‌លប់​ដែរ។
18 កាល​ណា​ស្តេច​នោះ​បាន​ឡើង​គង់​លើ​បល្ល័ង្ក​រាជ្យ​ហើយ នោះ​ត្រូវ​ឲ្យ​ចម្លង​ក្រឹត្យ‌វិន័យ​តាម​គម្ពីរ​ដែល​នៅ​មុខ​ពួក​លេវី​ដ៏​ជា​សង្ឃ ទុក​ក្នុង​សៀវភៅ​សម្រាប់​ខ្លួន
19 ត្រូវ​ឲ្យ​សៀវភៅ​នោះ​នៅ​ជា​មួយ​នឹង​ខ្លួន ហើយ​ត្រូវ​មើល​រាល់​តែ​ថ្ងៃ​ជានិច្ច អស់​១​ជីវិត​ផង ដើម្បី​នឹង​ទម្លាប់​ខ្លួន ឲ្យ​ចេះ​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ខ្លួន ប្រយោជន៍​ឲ្យ​បាន​កាន់​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​នៅ​ក្នុង​ក្រឹត្យ‌វិន័យ និង​ច្បាប់​ទាំង​នេះ ព្រម​ទាំង​ប្រព្រឹត្ត​តាម​ផង
20 ហើយ​កុំ​ឲ្យ​កើត​មាន​ចិត្ត​ធំ​លើ​ពួក​បង​ប្អូន​ខ្លួន ឬ​ងាក​បែរ​ចេញ​ពី​សេចក្ដី​បង្គាប់ ទៅ​ខាង​ស្តាំ ឬ​ខាង​ឆ្វេង​ឡើយ នេះ​គឺ​ដើម្បី​ឲ្យ​បាន​ជីវិត​ជា​យូរ‌អង្វែង​នៅ​ក្នុង​នគរ​ខ្លួន ព្រម​ទាំង​កូន​ចៅ​របស់​ខ្លួន នៅ​ក្នុង​ពួក​សាសន៍​អ៊ីស្រា‌អែល​ត​រៀង​ទៅ។


ជំពូក 18

1 ឯ​ពួក​លេវី​ដ៏​ជា​សង្ឃ គឺ​ពូជ​អំបូរ​លេវី​គ្រប់​គ្នា​មិន​ត្រូវ​ឲ្យ​គេ​មាន​ចំណែក ឬ​មរដក​ជា​មួយ​នឹង​ពួក​អ៊ីស្រា‌អែល​ឡើយ ត្រូវ​ឲ្យ​គេ​រស់​ដោយ​បរិភោគ​តង្វាយ ដែល​ដុត​ថ្វាយ​ព្រះ‌យេហូវ៉ា គឺ​ជា​មរដក​របស់​ទ្រង់​វិញ
2 មិន​ត្រូវ​ឲ្យ​គេ​មាន​មរដក​នៅ​ជា​មួយ​នឹង​បង​ប្អូន​គេ​ទេ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​ជា​មរដក​របស់​គេ​ហើយ ដូច​ជា​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​នឹង​គេ​ស្រាប់
3 នេះ​ជា​ចំណែក​ដែល​បណ្តា‌ជន ជា​ពួក​អ្នក​ដែល​ថ្វាយ​យញ្ញ‌បូជា​ត្រូវ​ឲ្យ​ដល់​ពួក​សង្ឃ ទោះ​គោ ឬ​ចៀម​ក្តី នោះ​ត្រូវ​ឲ្យ​ស្មា ថ្គាម និង​ពោះ​ធំ​ផង
4 ព្រម​ទាំង​ផល​ដំបូង​ពី​ស្រូវ ពី​ទឹក​ទំពាំង‌បាយ‌ជូរ ពី​ប្រេង ហើយ​រោម​ចៀម​របស់​ឯង ដែល​កាត់​មុន​ដំបូង​ដែរ
5 ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​រើស​គេ និង​កូន​ចៅ​គេ ពី​ពូជ​អំបូរ​ឯង​ទាំង​ប៉ុន្មាន ឲ្យ​បាន​ឈរ​ធ្វើ​ការ‌ងារ ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា​ជានិច្ច។
6 បើ​មាន​ពួក​លេវី​ណា​ម្នាក់​ចេញ​ពី​ទី​ក្រុង​ឯង​ណា​មួយ ក្នុង​បណ្តា​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់ ជា​ទី​លំនៅ​របស់​គេ មក​ដោយ​បំណង​ចិត្ត​ដ៏​ពោរ‌ពេញ​ដល់​កន្លែង​ដែល​ព្រះ‌យេហូវ៉ា​នឹង​រើស
7 នោះ​គេ​នឹង​ធ្វើ​ការ‌ងារ ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​គេ​បាន​ដែរ ដូច​ជា​ពួក​លេវី ជា​បង​ប្អូន​គេ​គ្រប់​គ្នា ដែល​ឈរ​នៅ​ទី​នោះ​ចំពោះ​ព្រះ‌យេហូវ៉ា
8 គេ​នឹង​មាន​ចំណែក​បរិភោគ​ស្មើ​គ្នា ក្រៅ​ពី​តម្លៃ​កេរ‌អាករ​របស់​ឪពុក ដែល​គេ​បាន​លក់​ហើយ។
9 កាល​ណា​ឯង​បាន​ចូល​ទៅ​ក្នុង​ស្រុក ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រទាន​ឲ្យ នោះ​មិន​ត្រូវ​រៀន​ធ្វើ​តាម​ការ​គួរ​ស្អប់​ខ្ពើម​របស់​សាសន៍​ទាំង​នោះ​ឡើយ
10 នៅ​ក្នុង​ពួក​ឯង មិន​ត្រូវ​ឲ្យ​ឃើញ​មាន​អ្នក​ណា​មួយ ដែល​ធ្វើ​ឲ្យ​កូន​ប្រុស ឬ​កូន​ស្រី​ខ្លួន​ឆ្លង​កាត់​ភ្លើង ឬ​គ្រូ​ទាយ គ្រូ​គន់‌គូរ‌នក្ខត្ត‌ឫក្ស គ្រូ​អង្គុយ‌ធម៌ គ្រូ​អាប‌ធ្មប់
11 គ្រូ​សន្ធាប់ គ្រូ​ខាប គ្រូ​គាថា ឬ​គ្រូ​អន្ទង​ខ្មោច​ណា​ឡើយ
12 ដ្បិត​អ្នក​ណា​ដែល​ប្រព្រឹត្ត​ការ​ទាំង​នោះ ជា​ទី​ស្អប់​ខ្ពើម​ដល់​ព្រះ‌យេហូវ៉ា​ណាស់ គឺ​ដោយ​ព្រោះ​សេចក្ដី​គួរ​ស្អប់​ខ្ពើម​យ៉ាង​នោះ​ហើយ បាន​ជា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​បណ្តេញ​គេ​ពី​មុខ​ឯង​ចេញ
13 ត្រូវ​ឲ្យ​ឯង​ឥត​មាន​សៅ‌ហ្មង​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​ចុះ
14 ដ្បិត​ឯ​សាសន៍​ទាំង​នោះ ដែល​ឯង​នឹង​ទៅ​ចាប់​យក​ស្រុក​របស់​គេ នោះ​សុទ្ធ​តែ​ជា​អ្នក​ស្តាប់​តាម​គ្រូ​គន់‌គូរ‌នក្ខត្ត‌ឫក្ស និង​គ្រូ​ទាយ​ទំនាយ​ទាំង​អស់ តែ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​មិន​បើក​ឲ្យ​ឯង​ប្រព្រឹត្ត​ការ​យ៉ាង​ដូច្នោះ​ទេ។
15 ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​បណ្តាល​ឲ្យ​មាន​ហោរា​១​កើត​ឡើង​ពី​ពួក​បង​ប្អូន​ឯង ឲ្យ​ដូច​ជា​អញ​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ស្តាប់​តាម​អ្នក​នោះ​ចុះ
16 តាម​គ្រប់​ទាំង​សេចក្ដី​ដែល​ឯង​បាន​សូម​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ត្រង់​ភ្នំ​ហោរែប នៅ​ថ្ងៃ​ដែល​ប្រជុំ​នោះ​ថា សូម​កុំ​ឲ្យ​ខ្ញុំ​ឮ​សំឡេង​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ខ្ញុំ ឬ​ឃើញ​ភ្លើង​ដ៏​ធំ​នេះ​ទៀត​ឡើយ ក្រែង​ខ្ញុំ​ត្រូវ​ស្លាប់
17 នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​មក​អញ​ថា សេចក្ដី​ដែល​គេ​ថា នោះ​បាន​ថា​ត្រូវ​ហើយ
18 អញ​នឹង​បណ្តាល​ឲ្យ​មាន​ហោរា​១​កើត​ឡើង​ពី​ពួក​បង​ប្អូន​គេ សម្រាប់​គេ ឲ្យ​ដូច​ឯង ហើយ​អញ​នឹង​ដាក់​ពាក្យ​អញ​ទៅ​ក្នុង​មាត់​ហោរា​នោះ អ្នក​នោះ​នឹង​ប្រាប់​ដល់​គេ​តាម​គ្រប់​ទាំង​សេចក្ដី ដែល​អញ​នឹង​បង្គាប់​មក
19 ដូច្នេះ បើ​អ្នក​ណា​មិន​ស្តាប់​តាម​ពាក្យ​អញ ដែល​ហោរា​នោះ​នឹង​ពោល ដោយ​នូវ​ឈ្មោះ​អញ នោះ​អញ​នឹង​ធ្វើ​ទោស​ដល់​គេ។
20 ប៉ុន្តែ ហោរា​ណា​ដែល​នឹង​និយាយ​ប្រាប់​អ្វី​តាម​តែ​អំពើ​ចិត្ត ដោយ​នូវ​ឈ្មោះ​អញ ជា​សេចក្ដី​ដែល​អញ​មិន​បាន​បង្គាប់​ឲ្យ​សោះ ឬ​ដែល​នឹង​និយាយ​ដោយ​នូវ​ឈ្មោះ​ព្រះ​ដទៃ ហោរា​នោះ​នឹង​ត្រូវ​ស្លាប់
21 បើ​ឯង​គិត​ក្នុង​ចិត្ត​ថា ធ្វើ​ដូច​ម្តេច​ឲ្យ​យើង​ដឹង​ជា​ពាក្យ​ណា ដែល​ព្រះ‌យេហូវ៉ា​មិន​បាន​មាន​ព្រះ‌បន្ទូល
22 គឺ​កាល​ណា​ហោរា​ណា​នឹង​ទាយ​ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា នោះ​បើ​ការ​នោះ​មិន​ឃើញ​មាន​មក ក៏​មិន​កើត​មក​ទេ ពាក្យ​នោះ​ហើយ​ជា​ពាក្យ​ដែល​ព្រះ‌យេហូវ៉ា​មិន​បាន​មាន​ព្រះ‌បន្ទូល ហោរា​នោះ​បាន​ពោល​តាម​តែ​អំពើ​ចិត្ត​របស់​ខ្លួន​ទេ មិន​ត្រូវ​ឲ្យ​ឯង​ខ្លាច​គេ​ឡើយ។


ជំពូក 19

1 កាល​ណា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង បាន​កាត់​បណ្តាច់​អស់​ទាំង​សាសន៍​ទាំង​នោះ ដែល​ទ្រង់​ប្រទាន​ស្រុក​គេ​មក​ឲ្យ​ឯង ហើយ​ឯង​បាន​បណ្តេញ​គេ​ទៅ ព្រម​ទាំង​តាំង​ទី​លំនៅ​ឯង​នៅ​ក្នុង​ក្រុង និង​នៅ​ក្នុង​ផ្ទះ​គេ
2 នោះ​ត្រូវ​ញែក​ទី​ក្រុង​៣​ចេញ សម្រាប់​ឯង នៅ​កណ្តាល​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រទាន​ឲ្យ​ចាប់​យក
3 ត្រូវ​ឲ្យ​រៀប‌ចំ​ផ្លូវ ហើយ​ចែក​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រទាន​ឲ្យ​គ្រង​ជា​មរដក​ចេញ​ជា​៣​ផ្នែក ដើម្បី​ឲ្យ​អស់​អ្នក​ណា​ដែល​សម្លាប់​គេ បាន​រត់​ទៅ​ជ្រក​នៅ​ឯ​ទី​នោះ។
4 នេះ​ជា​ច្បាប់​ខាង​ឯ​អ្នក​ដែល​សម្លាប់​គេ ហើយ​រត់​ទៅ​ជ្រក​អាស្រ័យ​នៅ​ទី​ក្រុង​នោះ ដើម្បី​នឹង​ឲ្យ​រួច​ជីវិត​បាន គឺ​អ្នក​ណា​មួយ​ដែល​សម្លាប់​អ្នក​ជិត​ខាង​ខ្លួន មិន​ប្រកប​ដោយ​ចិត្ត​ប៉ង ក៏​មិន​បាន​ស្អប់​កាល​ពី​មុន​ដែរ
5 ឧបមា​ដូច​ជា​មនុស្ស​ណា​ម្នាក់ ដែល​ទៅ​ព្រៃ​កាប់​ឧស​ជា​មួយ​នឹង​អ្នក​ជិត​ខាង​ខ្លួន ហើយ​ក៏​លើក​ពូថៅ​ឡើង នឹង​កាប់​រំលំ​ដើម​ឈើ ស្រាប់​តែ​ផ្លែ​របូត​ចេញ​ពី​ដង ទៅ​ត្រូវ​អ្នក​ជិត​ខាង​ដល់​ស្លាប់ ដូច្នេះ ត្រូវ​ឲ្យ​អ្នក​នោះ​រត់​ទៅ​ជ្រក​អាស្រ័យ​នៅ​ទី​ក្រុង​ណា​មួយ​នោះ ឲ្យ​បាន​រួច​ជីវិត​ចុះ
6 ក្រែង​អ្នក​ដែល​ត្រូវ​សង‌សឹក​នឹង​ឈាម បាន​ដេញ​តាម​អ្នក​ដែល​សម្លាប់​គេ​ឲ្យ​ទាន់ ដោយ​ព្រោះ​ផ្លូវ​នោះ​ឆ្ងាយ ក្នុង​កាល​ដែល​ចិត្ត​កំពុង​ខឹង​ក្តៅ​នៅ​ឡើយ រួច​ក៏​វាយ​អ្នក​នោះ​សម្លាប់​ទៅ តែ​អ្នក​នោះ​មិន​គួរ​នឹង​ស្លាប់​ទេ ពី​ព្រោះ​មិន​បាន​ស្អប់​គេ​ពី​ដើម​ឡើយ
7 ហេតុ​នោះ​បាន​ជា​អញ​បង្គាប់​ថា ចូរ​ញែក​ទី​ក្រុង​៣​សម្រាប់​ឯង​ចុះ
8 ហើយ​បើ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​វាត​ព្រំ​ប្រទល់​របស់​ឯង​ឲ្យ​ធំ​ឡើង ដូច​ជា​ទ្រង់​បាន​ស្បថ​នឹង​ពួក​អយ្យកោ ហើយ​ទ្រង់​ប្រទាន​ស្រុក​ទាំង​អស់ ដែល​ទ្រង់​បាន​សន្យា និង​ឲ្យ​ដល់​ពួក​អយ្យកោ​ឯង
9 ដោយ​ឯង​នឹង​កាន់ ហើយ​ប្រព្រឹត្ត​តាម​សេចក្ដី​បញ្ញត្ត​ដែល​អញ​បង្គាប់​មក នៅ​ថ្ងៃ​នេះ គ្រប់​Chapter ដើម្បី​នឹង​ស្រឡាញ់​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ព្រម​ទាំង​ដើរ​តាម​ផ្លូវ​ទ្រង់​ជា​ដរាប​ទៅ នោះ​ត្រូវ​ឲ្យ​បន្ថែម​ទី​ក្រុង​៣​ទៀត
10 ដើម្បី​កុំ​ឲ្យ​មាន​ការ​ខ្ចាយ​ឈាម​របស់​មនុស្ស​ឥត​ទោស នៅ​ក្នុង​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រទាន​មក​ទុក​ជា​មរដក​របស់​ឯង ហើយ​យ៉ាង​នោះ មាន​ឈាម​ធ្លាក់​មក​លើ​ឯង​នោះ​ឡើយ។
11 ប៉ុន្តែ បើ​មនុស្ស​ណា​មាន​ចិត្ត​ស្អប់ ដល់​អ្នក​ជិត​ខាង​ខ្លួន ហើយ​លប​ចាំ​ស្ទុះ​ទៅ​វាយ​ឲ្យ​ដល់​ស្លាប់ រួច​រត់​ទៅ​ជ្រក​នៅ​ទី​ក្រុង​ណា​មួយ​នោះ
12 នោះ​ពួក​ចាស់‌ទុំ​នៃ​ក្រុង​របស់​អ្នក​នោះ ត្រូវ​ចាត់​គេ​ឲ្យ​ទៅ​នាំ​អ្នក​នោះ​មក ហើយ​ប្រគល់​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​អ្នក ដែល​ត្រូវ​សង‌សឹក​នឹង​ឈាម​វិញ ដើម្បី​ឲ្យ​ត្រូវ​ស្លាប់​ចុះ
13 មិន​ត្រូវ​ឲ្យ​ភ្នែក​ឯង​ប្រណី​ឡើយ ត្រូវ​ឲ្យ​បំបាត់​ការ​ខ្ចាយ​ឈាម​ឥត​ទោស​ពី​ពួក​អ៊ីស្រា‌អែល​ចេញ​វិញ ដើម្បី​ឲ្យ​ឯង​បាន​សប្បាយ​ត​ទៅ។
14 មិន​ត្រូវ​ឲ្យ​ឯង​បន្ថយ​គោល​ចារឹក​របស់​អ្នក​ជិត​ខាង​ដែល​គេ​បាន​បោះ​កាល​ពី​ដើម នៅ​ដី​ដែល​ឯង​នឹង​គ្រង​ជា​មរដក ក្នុង​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រទាន​ឲ្យ​ចាប់​យក​នោះ​ឡើយ។
15 មិន​ត្រូវ​មាន​ស្មរ​បន្ទាល់​តែ​ម្នាក់ ឈរ​ឡើង​ធ្វើ​បន្ទាល់​ពី​សេចក្ដី​ទុច្ចរិត ឬ​ពី​អំពើ​បាប​ណា ដែល​មនុស្ស​នឹង​ប្រព្រឹត្ត​យ៉ាង​ណា​ក្តី​នោះ​ឡើយ គឺ​ដោយ​ស្មរ​បន្ទាល់​២​ឬ​៣​នាក់​វិញ ទើប​ដំណើរ​នោះ​នឹង​សម្រេច​បាន
16 បើ​កាល​ណា​មាន​ស្មរ‌បន្ទាល់​ក្លែង‌ក្លាយ ឈរ​ឡើង​ធ្វើ​បន្ទាល់​ទាស់​នឹង​មនុស្ស​ណា ពី​ការ​កំហុស​អ្វី
17 នោះ​ត្រូវ​ឲ្យ​ទាំង​២​នាក់​ដែល​កើត​ទាស់‌ទែង​គ្នា បាន​ឈរ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ត្រង់​មុខ​ពួក​សង្ឃ និង​ចៅ‌ក្រម​ដែល​មាន​ក្នុង​គ្រា​នោះ
18 ហើយ​ត្រូវ​ឲ្យ​ពួក​ចៅ‌ក្រម​ពិនិត្យ​សួរ​ដោយ​ហ្មត់‌ចត់ បើ​ឃើញ​ថា អ្នក​នោះ​ជា​ស្មរ‌បន្ទាល់​ក្លែង‌ក្លាយ​មែន ហើយ​បាន​ធ្វើ​បន្ទាល់​កោង​ទាស់​នឹង​បង​ប្អូន
19 នោះ​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ប្រព្រឹត្ត​នឹង​អ្នក​នោះ ដូច​ជា​អ្នក​នោះ​បាន​គិត​ធ្វើ​ដល់​បង​ប្អូន​វិញ យ៉ាង​នោះ​ឯង​នឹង​បំបាត់​សេចក្ដី​អាក្រក់​ពី​ពួក​ឯង​ចេញ
20 ដូច្នេះ អ្នក​ឯ​ទៀត​នឹង​ឮ ហើយ​កោត‌ខ្លាច រួច​នឹង​លែង​ប្រព្រឹត្ត​ការ​អាក្រក់​យ៉ាង​ដូច្នោះ នៅ​ក្នុង​ពួក​ឯង​ត​ទៅ
21 មិន​ត្រូវ​ឲ្យ​ភ្នែក​ឯង​ប្រណី​គេ​ឲ្យ​សោះ ត្រូវ​ធ្វើ​ឲ្យ​ជីវិត​ធួន​នឹង​ជីវិត ភ្នែក​ធួន​នឹង​ភ្នែក ធ្មេញ​ធួន​នឹង​ធ្មេញ ដៃ​ធួន​នឹង​ដៃ ជើង​ធួន​នឹង​ជើង​វិញ។


ជំពូក 20

1 បើ​កាល​ណា​ឯង​រាល់​គ្នា​ចេញ​ទៅ​ច្បាំង​នឹង​ខ្មាំង​សត្រូវ ឃើញ​សេះ ឃើញ​រទេះ និង​មនុស្ស​ជា​ច្រើន​ជាង​ពួក​ឯង នោះ​មិន​ត្រូវ​ខ្លាច​គេ​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ដែល​បាន​នាំ​ឯង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ទ្រង់​គង់​នៅ​ជា​មួយ​នឹង​ឯង​ហើយ
2 កាល​ណា​ឯង​រាល់​គ្នា​ចូល​ទៅ​ជិត ដើម្បី​ត​នឹង​គេ នោះ​ត្រូវ​ឲ្យ​សង្ឃ​ចូល​មក​និយាយ​នឹង​បណ្តា​ទ័ព​ថា
3 ចូរ​ស្តាប់ ពួក​អ៊ីស្រា‌អែល​អើយ នៅ​ថ្ងៃ​នេះ ឯង​រាល់​គ្នា​ចូល​ទៅ​ត‌យុទ្ធ​នឹង​ខ្មាំង​សត្រូវ ដូច្នេះ កុំ​ឲ្យ​មាន​ចិត្ត​តក់‌ស្លុត​ឡើយ ក៏​កុំ​ឲ្យ​ខ្លាច ឬ​ញ័រ​រន្ធត់ ឬ​ភ្ញាក់​ផ្អើល​នៅ​មុខ​គេ​ឲ្យ​សោះ
4 ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​យាង​ទៅ​ជា​មួយ​នឹង​ឯង ដើម្បី​ច្បាំង​នឹង​ពួក​ខ្មាំង​សត្រូវ​ជំនួស​ឯង ហើយ​និង​ជួយ​សង្គ្រោះ​ឯង​ផង
5 នោះ​ត្រូវ​ឲ្យ​ពួក​នាយក​សួរ​គេ​ថា តើ​មាន​មនុស្ស​ណា​ដែល​ទើប​នឹង​សង់​ផ្ទះ​ថ្មី ហើយ​មិន​ទាន់​ឡើង​នៅ​ឬ​ទេ ចូរ​ឲ្យ​អ្នក​នោះ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ចុះ ក្រែង​ស្លាប់​ក្នុង​ចម្បាំង ហើយ​មាន​ម្នាក់​ទៀត​ឡើង​ទៅ​នៅ​វិញ
6 តើ​មាន​មនុស្ស​ណា​បាន​ដាំ​ចម្ការ​ទំពាំង‌បាយ‌ជូរ ហើយ​មិន​ទាន់​បេះ​ផ្លែ​ឬ​ទេ ចូរ​ឲ្យ​អ្នក​នោះ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ចុះ ក្រែង​ស្លាប់​ក្នុង​ចម្បាំង ហើយ​មាន​ម្នាក់​ទៀត​បេះ​ផ្លែ​នោះ​វិញ
7 តើ​មាន​មនុស្ស​ណា​បាន​ដណ្តឹង​ប្រពន្ធ ហើយ​មិន​ទាន​រៀប‌ការ​នៅ​ឡើយ​ឬ​ទេ ចូរ​ឲ្យ​អ្នក​នោះ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ចុះ ក្រែង​ស្លាប់​ក្នុង​ចម្បាំង ហើយ​មាន​ម្នាក់​ទៀត​យក​នាង​នោះ​វិញ
8 រួច​ត្រូវ​ឲ្យ​ពួក​នាយក​សួរ​ទៀត​ថា តើ​មាន​មនុស្ស​ណា​ដែល​ខ្លាច ហើយ​មាន​ចិត្ត​តក់‌ស្លុត​ឬ​ទេ ចូរ​ឲ្យ​អ្នក​នោះ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ចុះ ក្រែង​បង​ប្អូន​ខ្លួន​មាន​ចិត្ត​រលាយ​តាម​អ្នក​នោះ​ដែរ
9 កាល​ណា​ពួក​នាយក​បាន​សួរ​គេ​សព្វ​គ្រប់​ហើយ នោះ​ត្រូវ​តាំង​ឲ្យ​មាន​មេ‌ទ័ព សម្រាប់​ឲ្យ​ត្រួត​លើ​បណ្តា​ទ័ព។
10 កាល​ណា​ឯង​ចូល​ទៅ​ជិត រៀប​នឹង​ច្បាំង​នឹង​ទី​ក្រុង​ណា នោះ​ត្រូវ​ប្រកាស​ប្រាប់​សេចក្ដី​មេត្រី​ដល់​គេ​ជា​មុន
11 បើ‌សិន​ជា​ពួក​ក្រុង​នោះ​ឆ្លើយ​មក​ថា ចង់​មេត្រី​នឹង​ឯង ហើយ​គេ​បើក​ឲ្យ​ឯង​ចូល នោះ​ត្រូវ​ឲ្យ​មនុស្ស​ទាំង​ប៉ុន្មាន​ដែល​ឃើញ​មាន​ក្នុង​ទី​ក្រុង​នោះ បាន​ចំណុះ ហើយ​បម្រើ​ឯង
12 តែ​បើ​គេ​មិន​ព្រម​ចង​មេត្រី​នឹង​ឯង​ទេ គឺ​បែរ​ជា​ច្បាំង​ត​វិញ នោះ​ត្រូវ​ឲ្យ​ឯង​ឡោម‌ព័ទ្ធ​ទី​ក្រុង​នោះ​ចុះ
13 ហើយ​កាល​ណា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រគល់​ទី​ក្រុង​នោះ​មក​ក្នុង​កណ្តាប់​ដៃ​ឯង នោះ​ត្រូវ​ឲ្យ​កាប់​ពួក​ប្រុសៗ​ទាំង​អស់​ដោយ​មុខ​ដាវ​ទៅ
14 តែ​ឯ​ពួក​ស្រីៗ និង​កូន​ក្មេង ព្រម​ទាំង​ហ្វូង​សត្វ ហើយ​របស់​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ក្រុង​នោះ​ដែល​ជា​របឹប​ទាំង​អស់ នោះ​ត្រូវ​ចាប់​យក​មក​សម្រាប់​ឯង​វិញ ហើយ​ត្រូវ​បរិភោគ​របឹប​របស់​ពួក​ខ្មាំង​សត្រូវ ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​ប្រទាន​មក​ចុះ
15 ត្រូវ​ឲ្យ​ធ្វើ​យ៉ាង​ដូច្នោះ​ដល់​គ្រប់​ទាំង​ទី​ក្រុង​ដែល​នៅ​ឆ្ងាយៗ​ពី​ឯង ដែល​មិន​មែន​ជា​ទី​ក្រុង របស់​ពួក​សាសន៍​ទាំង​នេះ​ទេ
16 តែ​ឯ​អស់​ទាំង​ទី​ក្រុង​របស់​សាសន៍​ទាំង​នេះ ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រទាន​មក​ទុក​ជា​មរដក នោះ​មិន​ត្រូវ​ទុក​អ្វី​ដែល​មាន​ដង្ហើម​ឲ្យ​នៅ​រស់​ឡើយ
17 ត្រូវ​ឲ្យ​បំផ្លាញ​គេ​ឲ្យ​អស់​រលីង​វិញ គឺ​ជា​សាសន៍​ហេត សាសន៍​អាម៉ូរី សាសន៍​កាណាន សាសន៍​ពេរិស៊ីត សាសន៍​ហេវី និង​សាសន៍​យេប៊ូស ដូច​ជា​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង បាន​បង្គាប់​មក
18 ដើម្បី​កុំ​ឲ្យ​គេ​បង្ហាត់​បង្រៀន ឲ្យ​ឯង​ប្រព្រឹត្ត​តាម​គ្រប់​ទាំង​សេចក្ដី​គួរ​ស្អប់​ខ្ពើម ដែល​គេ​បាន​ប្រព្រឹត្ត​ដល់​ព្រះ​របស់​គេ​ឡើយ បើ​ប្រព្រឹត្ត​យ៉ាង​ដូច្នោះ នោះ​នឹង​ឈ្មោះ​ថា ឯង​រាល់​គ្នា​ធ្វើ​បាប​នឹង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯ​ឯង​ហើយ។
19 កាល​ណា​ឯង​ឡោម‌ព័ទ្ធ​ទី​ក្រុង​ណា​ជា​យូរ ដោយ​ច្បាំង​ដណ្តើម​យក នោះ​មិន​ត្រូវ​កាប់​រំលំ​ដើម​ឈើ​ឡើយ ដ្បិត​នឹង​បរិភោគ​ផ្លែ​ឈើ​នោះ​បាន ដូច្នេះ មិន​ត្រូវ​ឲ្យ​កាប់​ឡើយ ដ្បិត​ដើម​ឈើ​នៅ​វាល​ជា​មនុស្ស​ឬ​អី បាន​ជា​ត្រូវ​ឲ្យ​ឯង​ច្បាំង​នឹង​វា​ដែរ​ដូច្នេះ
20 មាន​ច្បាប់​កាប់​តែ​ដើម​ឈើ​ណា ដែល​ដឹង​ថា​បរិភោគ​ផ្លែ​មិន​បាន​ប៉ុណ្ណោះ ត្រូវ​ឲ្យ​កាប់​ដើម​ឈើ​ទាំង​នោះ យក​ទៅ​ធ្វើ​ជា​របាំង​ទាស់​នឹង​ទី​ក្រុង​ដែល​ច្បាំង​នឹង​ឯង ដរាប​ដល់​គេ​ទទួល​ចុះ​ចាញ់។


ជំពូក 21

1 បើ‌សិន​ជា​ឃើញ​មាន​ខ្មោច​ចង្គ្រាង នៅ​ទី​វាល ក្នុង​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រទាន​ឲ្យ​ចាប់​យក ហើយ​គ្មាន​អ្នក​ណា​ដឹង​ជា​អ្នក​ណា​បាន​សម្លាប់​ឡើយ
2 នោះ​ត្រូវ​ឲ្យ​ពួក​ចាស់‌ទុំ និង​ពួក​ចៅ‌ក្រម​របស់​ឯង ចេញ​ទៅ​វាស់ ចាប់​ពី​ខ្មោច​នោះ ទៅ​ដល់​ទី​ក្រុង​ទាំង​ប៉ុន្មាន​ដែល​នៅ​ជុំវិញ
3 រួច​ទី​ក្រុង​ណា​ដែល​ឃើញ​ថា នៅ​ជិត​ខ្មោច​នោះ​ជា​ជាង​គេ ត្រូវ​ឲ្យ​ពួក​ចាស់‌ទុំ​នៃ​ក្រុង​នោះ​យក​គោ​ស្ទាវ​១ ដែល​មិន​ទាន់​ប្រើ​ការ ឬ​ទឹម​នៅ​ឡើយ
4 ដឹក​ចុះ​ទៅ​ក្នុង​ច្រក​ភ្នំ​មួយ​ដែល​មាន​ទឹក​ហូរ ជា​កន្លែង​មិន​ដែល​ភ្ជួរ‌រាស់ ឬ​សាប‌ព្រោះ​ឡើយ ហើយ​ត្រូវ​បំបាក់​ក​គោ​នៅ​ត្រង់​ច្រក​នោះ​ទៅ
5 រួច​ពួក​លេវី​ដ៏​ជា​សង្ឃ​ត្រូវ​ចូល​ទៅ​ជិត ដ្បិត​គឺ​អ្នក​ទាំង​នោះ​ហើយ ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​រើស​សម្រាប់​នឹង​បម្រើ​ទ្រង់ ព្រម​ទាំង​ឲ្យ​ពរ​ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ហើយ​គ្រប់​ទាំង​ការ​ទាស់‌ទែង​គ្នា និង​របួស​ទាំង​ប៉ុន្មាន នោះ​ស្រេច​នៅ​អ្នក​ទាំង​នោះ​កាត់​ឲ្យ​ចុះ
6 នោះ​ពួក​ចាស់‌ទុំ​គ្រប់​គ្នា​របស់​ទី​ក្រុង​ណា​មួយ​ដែល​ជិត​ខ្មោច​នោះ​ជា​ជាង​គេ ត្រូវ​លាង​ដៃ​ពី​លើ​គោ​ស្ទាវ​ដែល​បាន​បំបាក់​ក​នៅ​ក្នុង​ច្រក​នោះ
7 ហើយ​ត្រូវ​ថា ដៃ​យើង​ខ្ញុំ​រាល់​គ្នា​មិន​បាន​កម្ចាយ​ឈាម​នេះ​ទេ ហើយ​ភ្នែក​យើង​ខ្ញុំ​ក៏​មិន​បាន​ឃើញ​ដែរ
8 ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​អត់​ទោស​ដល់​អ៊ីស្រា‌អែល​ជា​រាស្ត្រ​ទ្រង់ ដែល​ទ្រង់​បាន​លោះ​ផង សូម​កុំ​ឲ្យ​មាន​ទោស​ចំពោះ​ឈាម​របស់​មនុស្ស​ដែល​ឥត​ទោស បាន​នៅ​ជាប់​កណ្តាល​ពួក​អ៊ីស្រា‌អែល​ជា​រាស្ត្រ​ទ្រង់​ឡើយ យ៉ាង​នោះ​ទោស​ពី​ការ​កម្ចាយ​ឈាម​នឹង​បាន​អត់​ឲ្យ​ហើយ
9 ដូច្នេះ ឯង​នឹង​បាន​បំបាត់​ការ​កម្ចាយ​ឈាម ដែល​ឥត​មាន​ទោស ពី​ពួក​ឯង​ចេញ ដោយ​ធ្វើ​ការ​ដែល​ត្រឹម‌ត្រូវ​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា។
10 បើ​កាល​ណា​ឯង​ចេញ​ទៅ​ច្បាំង និង​ពួក​ខ្មាំង​សត្រូវ ហើយ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រគល់​គេ​មក​ក្នុង​កណ្តាប់​ដៃ​ឯង ឯង​ក៏​បាន​ចាប់​គេ​នាំ​ទៅ​ជា​ឈ្លើយ​ហើយ
11 រួច​ឃើញ​មាន​ស្រី​ណា​មាន​រូប​ស្រស់​ល្អ​នៅ​ក្នុង​ពួក​ឈ្លើយ​នោះ ហើយ​ឯង​មាន​ចិត្ត​ប្រតិព័ទ្ធ ចង់​យក​ធ្វើ​ជា​ប្រពន្ធ
12 នោះ​ត្រូវ​នាំ​នាង​ទៅ​ឯ​ផ្ទះ​ឯង ឲ្យ​នាង​កោរ​សក់ ហើយ​កាត់​ក្រចក
13 ព្រម​ទាំង​ដោះ​អាវ​ដែល​ពាក់​ពី​កាល​ចាប់​បាន​នោះ​ចេញ រួច​ត្រូវ​ឲ្យ​នាង​នៅ​ក្នុង​ផ្ទះ​ឯង ដោយ​យំ​សោក​នឹង​ឪពុក​ម្តាយ​អស់​១​ខែ​គត់ ក្រោយ​នោះ​មក សឹម​ឯង​ចូល​ទៅ​ឯ​នាង យក​គ្នា​ជា​ប្ដី​ប្រពន្ធ​ចុះ
14 លុះ​ក្រោយ​ទៅ បើ​មិន​ចូល​ចិត្ត​នឹង​នាង​វិញ នោះ​ត្រូវ​បើក​ឲ្យ​ទៅ​តាម​តែ​ចិត្ត មិន​ត្រូវ​លក់​នាង ឬ​ប្រព្រឹត្ត​នឹង​នាង​ទុក​ដូច​ជា​បាវ​បម្រើ​ឡើយ ដ្បិត​ឯង​បាន​បន្ទាប​នាង​ហើយ។
15 បើ‌សិន​ជា​មាន​អ្នក​ណា​មាន​ប្រពន្ធ​២ មួយ​ជា​ទី​ស្រឡាញ់ ហើយ​មួយ​ស្អប់​វិញ តែ​ទាំង​២​បាន​បង្កើត​កូន​ដោយ‌សារ​អ្នក​នោះ ហើយ​កូន​ច្បង​បង្អស់​ជា​កូន​របស់​នាង​ដែល​ស្អប់
16 ដូច្នោះ នៅ​ថ្ងៃ​ណា​ដែល​ចែក​មរដក​ដល់​កូន នោះ​មិន​ត្រូវ​ឲ្យ​លើក​កូន​របស់​នាង​ដែល​ជា​ទី​ស្រឡាញ់ ទុក​ជា​កូន​ច្បង​ជំនួស​កូន​នាង ១​ជា​ទី​ស្អប់ ដែល​ជា​កូន​ច្បង​ពិត​មែន​នោះ​ឡើយ
17 គឺ​ត្រូវ​ទទួល​រាប់​កូន​របស់​នាង​ដែល​ខ្លួន​ស្អប់​នោះ ទុក​ជា​កូន​ច្បង​ពិត ដោយ​ចែក​ទ្រព្យ​សម្បត្តិ​ដល់​វា ឲ្យ​លើស​១​ជា​២ ដ្បិត​កូន​នោះ​ជា​កូន​ដំបូង​របស់​ខ្លួន អំណាច​ច្បាប់​របស់​កូន​ច្បង​ត្រូវ​បាន​ជា​របស់​ផង​វា។
18 បើ​អ្នក​ណា​មាន​កូន​ដែល​ចចេស​រឹង‌រូស មិន​ព្រម​ចុះ​ចូល​ស្តាប់​តាម​បង្គាប់​ឪពុក​ម្តាយ​សោះ ហើយ​ទោះ​បើ​ឪពុក​ម្តាយ​វាយ​ស្តី​ប្រដៅ គង់​តែ​វា​មិន​ចេះ​រាង‌ចាល​ដែរ
19 នោះ​ត្រូវ​ឲ្យ​ឪពុក​ម្តាយ​នាំ​យក​ទៅ ឯ​ពួក​ចាស់‌ទុំ​នៃ​ទី​ក្រុង​នោះ នៅ​ត្រង់​ទ្វារ​ក្រុង​របស់​គេ
20 រួច​ត្រូវ​ជម្រាប​ដល់​ពួក​ចាស់‌ទុំ​នៃ​ក្រុង​នោះ​ថា កូន​យើង​ខ្ញុំ​នេះ​វា​ចចេស ហើយ​រឹង‌រូស មិន​ព្រម​ស្តាប់​បង្គាប់​យើង​ខ្ញុំ​សោះ វា​ក៏​ល្មោភ​ស៊ី​ផឹក ហើយ​ស្រវឹង​ខួប​ផង
21 នោះ​ត្រូវ​ឲ្យ​បណ្តា​មនុស្ស​នៅ​ទី​ក្រុង​នោះ​ទាំង​ប៉ុន្មាន ចោល​សម្លាប់​វា​នឹង​ថ្ម​ទៅ យ៉ាង​នោះ​ឯង​រាល់​គ្នា​នឹង​បំបាត់​ការ​អាក្រក់ ពី​ពួក​ឯង​ចេញ រួច​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​នឹង​បាន​ឮ ហើយ​និង​មាន​សេចក្ដី​កោត‌ខ្លាច​ផង។
22 បើ​មាន​អ្នក​ណា​បាន​ប្រព្រឹត្ត​អំពើ​បាប​ដែល​គួរ​ឲ្យ​គេ​ស្លាប់ ហើយ​ឯង​សម្លាប់​ទៅ ដោយ​ព្យួរ​នៅ​លើ​ឈើ
23 នោះ​មិន​ត្រូវ​ឲ្យ​ខ្មោច​គេ​ជាប់​នៅ​លើ​ឈើ រហូត​ដល់​ភ្លឺ​ឡើយ ត្រូវ​ឲ្យ​កប់​ទៅ​នៅ​ថ្ងៃ​នោះ​ឯង​ជា​កុំ​ខាន ដ្បិត​អ្នក​ណា​ដែល​ត្រូវ​ព្យួរ នោះ​ជា​អ្នក​ដែល​ត្រូវ​ព្រះ​ដាក់​បណ្តាសា​ហើយ ត្រូវ​ធ្វើ​យ៉ាង​នោះ ដើម្បី​កុំ​ឲ្យ​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រទាន​មក ទុក​ជា​មរដក បាន​ត្រូវ​ស្មោក‌គ្រោក​ឡើយ។


ជំពូក 22

1 បើ​ឯង​ឃើញ​គោ ឬ​ចៀម​របស់​បង​ប្អូន​វង្វេង នោះ​មិន​ត្រូវ​ឲ្យ​គេច​ចេញ​ឡើយ ត្រូវ​ឲ្យ​ដឹក‌នាំ​ទៅ​ឯ​ម្ចាស់​វិញ​ជា​កុំ​ខាន
2 បើ​បង​ប្អូន​នោះ​នៅ​ឆ្ងាយ​ពី​ឯង ឬ​ជា​អ្នក​ដែល​ឯង​មិន​ស្គាល់​សោះ នោះ​ត្រូវ​ដឹក‌នាំ​សត្វ​ទៅ​ឯ​ផ្ទះ​ឯង​ទុក ចាំ​ទាល់​តែ​គេ​មក​រក រួច​សឹម​ប្រគល់​ដល់​គេ​វិញ
3 ត្រូវ​ឲ្យ​ឯង​ប្រព្រឹត្ត​ដូច្នោះ​ចំពោះ​សត្វ​លា និង​សម្លៀក‌បំពាក់ ហើយ​និង​គ្រប់​របស់​ទាំង​អស់​ដែល​បង​ប្អូន​ឯង​បាន​បាត់ ហើយ​ឯង​បាន​ឃើញ​នោះ​ដែរ មិន​ត្រូវ​ឲ្យ​គេច​ចេញ​ឡើយ
4 ឬ​បើ​ឃើញ​លា ឬ​គោ​របស់​បង​ប្អូន​ដែល​ដួល​តាម​ផ្លូវ នោះ​ក៏​មិន​ត្រូវ​ឲ្យ​ឯង​ចេញ​ពី​គេ​ដែរ គឺ​ត្រូវ​តែ​ជួយ​លើក​សត្វ​នោះ​ឡើង​វិញ​ជា​កុំ​ខាន។
5 រីឯ​ពួក​ស្ត្រី មិន​ត្រូវ​ឲ្យ​គេ​ស្លៀក‌ពាក់​ប្រដាប់​របស់​បុរស​ឡើយ ហើយ​បុរស​ក៏​មិន​ត្រូវ​ស្លៀក‌ពាក់​ប្រដាប់​របស់​ស្ត្រី​ដែរ ដ្បិត​អ្នក​ណា​ដែល​ប្រព្រឹត្ត​ដូច្នោះ នោះ​ជា​ទី​ស្អប់​ខ្ពើម​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​ណាស់។
6 បើ​កាល​ណា​ឯង​ប្រទះ​ឃើញ​សំបុក​សត្វ ដែល​មាន​កូន ឬ​មាន​ពង នៅ​ក្បែរ​ផ្លូវ ទោះ​នៅ​លើ​ដើម​ឈើ​ណា ឬ​នៅ​លើ​ដី​ក្តី ហើយ​មេ​កំពុង​តែ​ក្រាប​នៅ​លើ​កូន ឬ​ពី​លើ​ពង នោះ​មិន​ត្រូវ​ឲ្យ​ឯង​យក​មេ​ជា​មួយ​នឹង​កូន​ផង​ទេ
7 គឺ​ត្រូវ​ឲ្យ​ឯង​លែង​មេ​ទៅ​ជា​កុំ​ខាន ឯ​កូន​នោះ ឯង​នឹង​យក​បាន ដូច្នេះ ឯង​នឹង​បាន​សប្បាយ ហើយ​បាន​ជីវិត​រស់​នៅ​ជា​យូរ‌អង្វែង​ត​ទៅ។
8 កាល​ណា​សង់​ផ្ទះ​ថ្មី នោះ​ត្រូវ​ឲ្យ​ធ្វើ​បង្កាន់‌ដៃ​លើ​ដំបូល ដើម្បី​កុំ​ឲ្យ​មាន​អ្នក​ណា​ធ្លាក់​ពី​លើ​នោះ​ទៅ​ក្រោម និង​នាំ​ឲ្យ​មាន​ទោស​ចំពោះ​ឈាម​គេ​លើ​ផ្ទះ​ឯង​ឡើយ។
9 មិន​ត្រូវ​ឲ្យ​ព្រោះ​ពូជ​២​យ៉ាង​ខុស​គ្នា​ចំរុះ​ក្នុង​ចម្ការ​ឯង​ឡើយ ក្រែង​ផល​ទាំង​អស់​ត្រូវ​ខូច​ខាត​ទៅ ព្រម​ទាំង​ពូជ​ដែល​ឯង​បាន​ព្រោះ និង​ផល​ចម្រើន​នោះ​ផង
10 ក៏​មិន​ត្រូវ​ភ្ជួរ​ដោយ​ទឹម​គោ​ជា​មួយ​នឹង​លា​ដែរ
11 មិន​ត្រូវ​ឲ្យ​ឯង​ស្លៀក‌ពាក់​សំពត់​ត្បាញ​លាយ​ដោយ​រោម​ចៀម និង​អំបោះ​ខ្លូត‌ទេស​ជា​មួយ​គ្នា​ឡើយ។
12 ត្រូវ​ឲ្យ​ឯង​ធ្វើ​រំយោល ភ្ជាប់​ត្រង់​ជាយ​ទាំង​៤​នៃ​សំពត់​ដែល​ឯង​ស្លៀក​ផង។
13 បើ​អ្នក​ណា​យក​ប្រពន្ធ ហើយ​ចូល​ទៅ​ឯ​នាង រួច​បែរ​ជា​ស្អប់​វិញ
14 ហើយ​ចាប់​តាំង​និយាយ​កេរ្ដិ៍​ពី​នាង ព្រម​ទាំង​នាំ​ឲ្យ​នាង​មាន​ឈ្មោះ​អាក្រក់ ដោយ​ពាក្យ​ថា ខ្ញុំ​បាន​យក​ស្ត្រី​នេះ ហើយ​កាល​បាន​ចូល​ទៅ​ឯ​វា នោះ​ឃើញ​ថា​មិន​បរិសុទ្ធ​ទេ
15 នោះ​ត្រូវ​ឲ្យ​ឪពុក​ម្តាយ​នាង នាំ​យក​ទី​សម្គាល់​ពី​សេចក្ដី​បរិសុទ្ធ​របស់​នាង ទៅ​ឯ​ពួក​ចាស់‌ទុំ​នៃ​ទី​ក្រុង​ត្រង់​មាត់​ទ្វារ​ក្រុង
16 រួច​ត្រូវ​ឲ្យ​ឪពុក​នាង​ជម្រាប​ដល់​ពួក​ចាស់‌ទុំ​ថា ខ្ញុំ​បាន​ឲ្យ​កូន​ខ្ញុំ​ទៅ​ធ្វើ​ជា​ប្រពន្ធ​របស់​អ្នក​នេះ តែ​គេ​បែរ​ជា​ស្អប់​វិញ
17 ហើយ​មើល គេ​បាន​និយាយ​បរិហារ‌កេរ្តិ៍​ពី​នាង​ថា មិន​ឃើញ​នាង​បរិសុទ្ធ​ទេ តែ​មើល​មាន​ទី​សម្គាល់​នេះ​ពី​សេចក្ដី​បរិសុទ្ធ​របស់​កូន​ខ្ញុំ​ស្រាប់ នោះ​ត្រូវ​លា​សំពត់​នោះ​នៅ​មុខ​ចាស់‌ទុំ​នៃ​ទី​ក្រុង
18 រួច​ត្រូវ​ឲ្យ​ពួក​ចាស់‌ទុំ​នៃ​ក្រុង​នោះ ចាប់​យក​អ្នក​នោះ​ទៅ​វាយ‌ផ្ចាល​ចេញ
19 ហើយ​ត្រូវ​ពិន័យ​លក់​អ្នក​នោះ​១០០​រៀល ឲ្យ​ដល់​ឪពុក​នាង ដោយ​ព្រោះ​បាន​នាំ​បង្ខូច​ឈ្មោះ​នាង​ក្រមុំ​ម្នាក់​នៃ​សាសន៍​អ៊ីស្រា‌អែល រួច​នាង​នោះ​នឹង​នៅ​ជា​ប្រពន្ធ​របស់​អ្នក​នោះ​ត​ទៅ គ្មាន​ច្បាប់​នឹង​លែង​នាង​ឡើយ រហូត​ដល់​គ្រប់​១​ជីវិត
20 តែ​បើ​ការ​នោះ​ពិត​មែន ហើយ​រក​ទី​សម្គាល់​ពី​សេចក្ដី​បរិសុទ្ធ​របស់​នាង​មិន​បាន
21 នោះ​ត្រូវ​ឲ្យ​គេ​នាំ​នាង​ចេញ​ទៅ​ឯ​មាត់​ទ្វារ​ផ្ទះ​ឪពុក ហើយ​ត្រូវ​ឲ្យ​មនុស្ស​នៅ​ក្រុង​នោះ​ចោល​សម្លាប់​នឹង​ថ្ម​ទៅ ដ្បិត​នាង​បាន​ប្រព្រឹត្ត​ការ​អាស្រូវ​បារាយ​ក្នុង​ពួក​អ៊ីស្រា‌អែល ដោយ​បាន​ធ្វើ​ឲ្យ​ខូច​សេចក្ដី​បរិសុទ្ធ កាល​នៅ​ក្នុង​ផ្ទះ​ឪពុក​របស់​ខ្លួន​នៅ​ឡើយ គឺ​យ៉ាង​នោះ​ដែល​ត្រូវ​បំបាត់​ការ​អាក្រក់​ពី​ពួក​ឯង​ចេញ។
22 បើ​ដែល​ឃើញ​អ្នក​ណា​កំពុង​តែ​រួម‌ដំណេក​នឹង​ស្ត្រី​ដែល​មាន​ប្ដី​ហើយ នោះ​អ្នក​ទាំង​២​ត្រូវ​ស្លាប់ គឺ​ទាំង​ប្រុស​ដែល​ដេក​នឹង​នាង ព្រម​ទាំង​នាង​នោះ​ផង គឺ​យ៉ាង​នោះ​ដែល​ឯង​ត្រូវ​បំបាត់​សេចក្ដី​អាក្រក់​ពី​ពួក​អ៊ីស្រា‌អែល​ចេញ។
23 បើ​មាន​ស្រី​ក្រមុំ​ណា​ដែល​មាន​គេ​ដណ្តឹង​ហើយ ស្រាប់​តែ​មាន​ប្រុស​ណា​ប្រទះ​ឃើញ​នាង​នៅ​ក្នុង​ទី​ក្រុង ហើយ​ចាប់​យក​ទៅ​រួម​ដំណេក​នឹង​នាង
24 នោះ​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​នាំ​អ្នក​ទាំង​២​ចេញ​ទៅ​ឯ​ទ្វារ​ក្រុង ចោល​សម្លាប់​នឹង​ថ្ម​ទៅ គឺ​នាង​នោះ ដោយ​ព្រោះ​នៅ​ក្នុង​ទី​ក្រុង តែ​មិន​បាន​ស្រែក​សោះ ហើយ​មនុស្ស​ប្រុស​នោះ ដោយ​ព្រោះ​បាន​បន្ទាប‌បន្ថោក​ប្រពន្ធ​របស់​អ្នក​ជិត​ខាង​ខ្លួន គឺ​យ៉ាង​នោះ​ដែល​ឯង​ត្រូវ​បំបាត់​ការ​អាក្រក់​ពី​ពួក​ឯង​ចេញ
25 ប៉ុន្តែ បើ​មនុស្ស​ប្រុស​នោះ​បាន​ប្រទះ​ឃើញ​នាង​ដែល​មាន​គេ​ដណ្តឹង​ហើយ នៅ​ឯ​ទី​វាល​វិញ រួច​ចាប់​បង្ខំ​ដេក​នឹង​នាង​ទៅ នោះ​ត្រូវ​ស្លាប់​តែ​ខាង​ប្រុស​ដែល​បាន​ដេក​នឹង​នាង​ប៉ុណ្ណោះ
26 តែ​ឯ​នាង​នោះ មិន​ត្រូវ​ឲ្យ​ធ្វើ​ទោស​អ្វី​ឡើយ នាង​គ្មាន​បាប​ណា​ដែល​គួរ​ឲ្យ​ស្លាប់​ទេ ដ្បិត​ដំណើរ​នេះ​បែប​ដូច​ជា​កាល​មនុស្ស​ណា​មួយ ស្ទុះ​ទៅ​សម្លាប់​អ្នក​ជិត​ខាង​ខ្លួន​ដូច្នោះ​ដែរ
27 ដ្បិត​ប្រុស​នោះ​ឃើញ​នាង​នៅ​ឯ​ទី​វាល ហើយ​នាង​ដែល​មាន​គេ​ដណ្តឹង​បាន​ស្រែក​ឡើង​ដែរ តែ​គ្មាន​អ្នក​ណា​នឹង​ជួយ​សោះ។
28 បើ​មនុស្ស​ប្រុស​ណា​ប្រទះ​ឃើញ​ស្រី​ក្រមុំ ដែល​ឥត​មាន​អ្នក​ណា​ដណ្តឹង​នៅ​ឡើយ ហើយ​ក៏​ចាប់​យក​ទៅ​រួម​ដំណេក រួច​មាន​គេ​ឃើញ
29 នោះ​អ្នក​ដែល​បាន​ដេក​នឹង​នាង​ត្រូវ​បង់​៥០​រៀល​ឲ្យ​ដល់​ឪពុក​នាង រួច​នាង​នឹង​ធ្វើ​ជា​ប្រពន្ធ​ត​ទៅ ពី​ព្រោះ​អ្នក​នោះ​បាន​បន្ទាប‌បន្ថោក​នាង​ហើយ គ្មាន​ច្បាប់​នឹង​លែង​នាង​ឡើយ រហូត​ដល់​គ្រប់​១​ជីវិត។
30 មិន​ត្រូវ​ឲ្យ​មនុស្ស​ណា​យក​ប្រពន្ធ​របស់​ឪពុក​ខ្លួន​ឡើយ ក៏​មិន​ត្រូវ​បើក​សំលៀក​របស់​ឪពុក​ខ្លួន​ដែរ។


ជំពូក 23

1 ឯ​អ្នក​ណា​ដែល​ត្រូវ​របួស​ត្រង់​ពង ឬ​កាត់​ស្វាស​ចេញ នោះ​មិន​ត្រូវ​ចូល​ទៅ​ក្នុង​ពួក​ជំនុំ​នៃ​ព្រះ‌យេហូវ៉ា​ឡើយ
2 ហើយ​មិន​ត្រូវ​ឲ្យ​កូន​សហាយ​ណា ចូល​ទៅ​ក្នុង​ពួក​ជំនុំ​នៃ​ព្រះ‌យេហូវ៉ា​ដែរ ព្រម​ទាំង​កូន​ចៅ​គេ​រហូត​ដល់​១០​តំណ​ផង។
3 សាសន៍​អាំម៉ូន ឬ​សាសន៍​ម៉ូអាប់ មិន​ត្រូវ​ចូល​ទៅ​ក្នុង​ពួក​ជំនុំ​នៃ​ព្រះ‌យេហូវ៉ា​ឡើយ ព្រម​ទាំង​កូន​ចៅ​គេ​រហូត​ដល់​១០​តំណ​ផង
4 ពី​ព្រោះ​កាល​ឯង​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក នោះ​គេ​មិន​បាន​យក​អាហារ និង​ទឹក​មក​ទទួល​ឯង​តាម​ផ្លូវ​ទេ ហើយ​គេ​បាន​ជួល​បាឡាម ជា​កូន​បេអ៊រ មក​ពី​ពេថោរ នៅ​ស្រុក​អើរ៉ាម-ន៉ាហារេម ដើម្បី​នឹង​ដាក់​បណ្តាសា​ដល់​ឯង
5 ប៉ុន្តែ ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​មិន​ព្រម​ស្តាប់​តាម​បាឡាម​ទេ គឺ​ទ្រង់​បាន​ផ្លាស់​សេចក្ដី​បណ្តាសា​នោះ​ឲ្យ​ទៅ​ជា​ពរ​ដល់​ឯង​វិញ ដ្បិត​ទ្រង់​បាន​ស្រឡាញ់​ឯង
6 ដូច្នេះ មិន​ត្រូវ​ឲ្យ​ឯង​រក​សេចក្ដី​សុខ​ឲ្យ​គេ ឬ​ឲ្យ​គេ​ចម្រើន​ឡើង​ឡើយ នៅ​ជា​រៀង‌រាប​ត​ទៅ។
7 មិន​ត្រូវ​ឲ្យ​ស្អប់​ខ្ពើម​ដល់​សាសន៍​អេដុម​ណា​មួយ​ឡើយ ដ្បិត​គេ​ជា​បង​ប្អូន​នឹង​ឯង ក៏​មិន​ត្រូវ​ស្អប់​ខ្ពើម​ដល់​សាសន៍​អេស៊ីព្ទ​ឡើយ ដ្បិត​ពី​ដើម ឯង​ជា​ពួក​ប្រទេស​ក្រៅ​ដែល​ស្នាក់​នៅ​ស្រុក​គេ
8 ឯ​ចៅ‌ទួត​ដែល​កើត​ពី​ពូជ​គេ​នោះ​នឹង​ចូល​ទៅ​ក្នុង​ពួក​ជំនុំ​នៃ​ព្រះ‌យេហូវ៉ា​បាន។
9 កាល​ណា​ឯង​ទៅ​បោះ​ទ័ព ទាស់​នឹង​ពួក​ខ្មាំង​សត្រូវ នោះ​ត្រូវ​ឲ្យ​រក្សា​ខ្លួន​ពី​គ្រប់​ទាំង​សេចក្ដី​អាក្រក់
10 បើ‌សិន​ជា​មាន​មនុស្ស​ណា​ក្នុង​ពួក​ឯង​ដែល​មិន​ស្អាត ដោយ​ព្រោះ​ការ​អ្វី​ដែល​លោ​តែ​កើត​ដល់​ខ្លួន នៅ​ពេល​យប់ ត្រូវ​ឲ្យ​អ្នក​នោះ​ចេញ​ទៅ​ក្រៅ មិន​ត្រូវ​ចូល​មក​ក្នុង​ទី​ដំឡើង​ត្រសាល​ទេ
11 តែ​ដល់​ពេល​ល្ងាច អ្នក​នោះ​ត្រូវ​ងូត​ទឹក​ចេញ រួច​កាល​ណា​ថ្ងៃ​លិច​ហើយ នោះ​នឹង​ចូល​ទៅ​ក្នុង​ទី​ដំឡើង​ត្រសាល​វិញ​បាន
12 ត្រូវ​ឲ្យ​មាន​កន្លែង​មួយ​នៅ​ខាង​ក្រៅ​ទី​ដំឡើង​ត្រសាល ជា​ទី​សម្រាប់​នឹង​ចេញ​ទៅ​ដោះ​ទុក្ខ​សត្វ
13 ហើយ​ត្រូវ​ឲ្យ​មាន​ចប​ជីក នៅ​ជា​១ និង​គ្រឿង​សស្ត្រា‌វុធ​របស់​ឯង​ផង ដើម្បី​កាល​ណា​ឯង​ចេញ​ទៅ​បត់‌ជើង នោះ​នឹង​ជីក​ទៅ​កប់​លុប​លាមក​ឯង​ទៅ
14 ដ្បិត​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​យាង​នៅ​កណ្តាល​ទី​ដំឡើង​ត្រសាល​របស់​ឯង ដើម្បី​នឹង​ជួយ​សង្គ្រោះ​ឯង ហើយ​និង​ប្រគល់​ពួក​ខ្មាំង​សត្រូវ​មក​ឯង ដូច្នេះ ទី​ដំឡើង​ត្រសាល​របស់​ឯង​ត្រូវ​តែ​បរិសុទ្ធ ដើម្បី​កុំ​ឲ្យ​ទ្រង់​ទត​ឃើញ​អ្វី​ស្មោក‌គ្រោក នៅ​ក្នុង​ពួក​ឯង រួច​បែរ​ចេញ​ពី​ឯង​ទៅ​នោះ​ឡើយ។
15 ឯ​បាវ​បម្រើ​ណា​ដែល​បាន​រត់​រួច​ពី​ចៅ‌ហ្វាយ​ខ្លួន​មក​ពឹង​ជ្រក​នឹង​ឯង នោះ​មិន​ត្រូវ​ប្រគល់​ទៅ​ចៅ‌ហ្វាយ​វិញ​ឡើយ
16 ត្រូវ​បើក​ឲ្យ​នៅ​ជា​មួយ​នឹង​ឯង នៅ​កណ្តាល​ពួក​ឯង ក្នុង​ទី​ក្រុង​ណា​មួយ ដែល​អ្នក​នោះ​ជ្រើស‌រើស តាម​បំណង​ចិត្ត​ចុះ មិន​ត្រូវ​ឲ្យ​សង្កត់‌សង្កិន​គេ​ឡើយ។
17 មិន​ត្រូវ​ឲ្យ​មាន​ស្រី​សំផឹង ណា​មួយ​ក្នុង​ពួក​កូន​ស្រី​សាសន៍​អ៊ីស្រា‌អែល​ឡើយ ក៏​មិន​ត្រូវ​មាន​ប្រុស​ណា​មួយ​ធ្វើ​ជា​កូន​ជឹង នៅ​ក្នុង​ពួក​កូន​ប្រុស​សាសន៍​អ៊ីស្រា‌អែល​ដែរ
18 មិន​ត្រូវ​ឲ្យ​យក​ថ្លៃ​ឈ្នួល​របស់​ការ​ធ្វើ​សំផឹង ឬ​ថ្លៃ​ឆ្កែ មក​ក្នុង​ដំណាក់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ដើម្បី​នឹង​ថ្វាយ​ជា​តង្វាយ​ឡើយ ដ្បិត​ទាំង​២​មុខ​នេះ​ជា​សេចក្ដី​ស្អប់​ខ្ពើម​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង។
19 មិន​ត្រូវ​ឲ្យ​ឯង​ឲ្យ​បង​ប្អូន​ខ្ចី​ដោយ​យក​ការ ទោះ​ជា​ខ្ចី​ប្រាក់ ឬ​ស្បៀង​អាហារ ឬ​របស់​អ្វី​ដែល​គេ​តែង​ឲ្យ​ខ្ចី​ដោយ​យក​ការ​វិញ​នោះ​ឡើយ
20 ឯង​នឹង​ឲ្យ​អ្នក​ប្រទេស​ដទៃ​ខ្ចី​ដោយ​យក​ការ​បាន តែ​មិន​ត្រូវ​ឲ្យ​បង​ប្អូន​ឯង​ខ្ចី​ដោយ​យក​ការ​ឡើយ ដើម្បី​ឲ្យ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​បាន​ប្រទាន​ពរ​ដល់​ឯង ក្នុង​គ្រប់​ទាំង​ការ​ដែល​ឯង​ដាក់​ដៃ​ធ្វើ នៅ​ក្នុង​ស្រុក​ដែល​ឯង​នឹង​ចូល​ទៅ​ចាប់​យក​នោះ។
21 កាល​ណា​ឯង​បន់​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​នោះ​មិន​ត្រូវ​បង្អង់ និង​លា​បំណន់​នោះ​ទេ ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​ទារ​ពី​ឯង​វិញ​ជា​មិន​ខាន យ៉ាង​នោះ​នឹង​បាន​រាប់​ជា​បាប​ដល់​ឯង
22 តែ​បើ​ឯង​មិន​ដែល​បន់​បំណន់​ទេ នោះ​គ្មាន​បាប​ឡើយ
23 សេចក្ដី​ណា​ដែល​ចេញ​ពី​បបូរ​មាត់​ឯង នោះ​ត្រូវ​ប្រយ័ត​នឹង​ធ្វើ​តាម​គ្រប់​Chapter គឺ​ឲ្យ​ត្រូវ​នឹង​បំណន់​ដែល​ឯង​បាន​បន់​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ជា​តង្វាយ​ថ្វាយ​ស្ម័គ្រ​ពី​ចិត្ត ដែល​មាត់​ឯង​បាន​សន្យា​ហើយ។
24 កាល​ណា​ឯង​ចូល​ទៅ​ក្នុង​ចម្ការ​ទំពាំង‌បាយ‌ជូរ​របស់​អ្នក​ជិត​ខាង​ណា នោះ​នឹង​បរិភោគ​ផល​ចម្អែត​តាម​ចិត្ត​បាន ប៉ុន្តែ មិន​ត្រូវ​បេះ​ដាក់​ក្នុង​កញ្ច្រែង​ឯង​ទេ
25 កាល​ណា​ដើរ​កាត់​ស្រែ​ដែល​មាន​ស្រូវ​របស់​អ្នក​ជិត​ខាង​ឯង​ណា នោះ​នឹង​បូត​គួរ​ស្រូវ​ដោយ​ដៃ​បាន ប៉ុន្តែ មិន​ត្រូវ​យក​កណ្តៀវ​ទៅ​ច្រូត​ឡើយ។


ជំពូក 24

1 បើ​បុរស​ណា​យក​ប្រពន្ធ​រៀប‌ការ​ពេញ​ច្បាប់​ហើយ រួច​មក​បែរ​ជា​មិន​ចូល​ចិត្ត​វិញ ដោយ​បាន​ឃើញ​សេចក្ដី​ណា​ដែល​មិន​គប្បី​នៅ​នឹង​នាង នោះ​ត្រូវ​ធ្វើ​សំបុត្រ​លះ‌លែង ប្រគល់​នៅ​ដៃ​នាង ហើយ​ឲ្យ​ចេញ​ពី​ផ្ទះ​ទៅ​ចុះ
2 កាល​ណា​នាង​បាន​ចេញ​ពី​ផ្ទះ​អ្នក​នោះ​ផុត​ហើយ នោះ​នាង​នឹង​ទៅ​ធ្វើ​ជា​ប្រពន្ធ​របស់​ម្នាក់​ទៀត​បាន
3 រួច​បើ‌សិន​ជា​ប្ដី​ក្រោយ​នោះ​ស្អប់​នាង ហើយ​ធ្វើ​សំបុត្រ​លះ‌លែង​ប្រគល់​នៅ​ដៃ​នាង ឲ្យ​ចេញ​ពី​ផ្ទះ​ខ្លួន​ទៅ​ដែរ ឬ​បើ​ប្ដី​ក្រោយ​ដែល​បាន​យក​នាង​ធ្វើ​ជា​ប្រពន្ធ នោះ​ស្លាប់​ទៅ
4 នោះ​ប្ដី​ដើម ដែល​បាន​បណ្តេញ​នាង​ហើយ គ្មាន​ច្បាប់​នឹង​យក​នាង​ធ្វើ​ជា​ប្រពន្ធ​វិញ ក្រោយ​ដែល​នាង​បាន​សៅ‌ហ្មង​ហើយ​នោះ​ទេ ដ្បិត​នោះ​ជា​សេចក្ដី​ស្អប់​ខ្ពើម​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា មិន​ត្រូវ​ឲ្យ​ឯង​នាំ​ឲ្យ​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រទាន​មក​ជា​មរដក​មាន​បាន​សោះ​ឡើយ។
5 បើ​អ្នក​ណា​ទើប​នឹង​យក​ប្រពន្ធ​ថ្មី មិន​ត្រូវ​ឲ្យ​អ្នក​នោះ​ចេញ​ទៅ​ច្បាំង​ឡើយ ក៏​មិន​ត្រូវ​ដាក់​បន្ទុក​អ្វី​ឲ្យ​គេ​ត្រូវ​រវល់​ដែរ ត្រូវ​ឲ្យ​នៅ​ទំនេរ​នៅ​ឯ​ផ្ទះ​អស់​១​ឆ្នាំ ដើម្បី​នឹង​បណ្តាល​ឲ្យ​នាងដែល​ទើប​នឹសង​យក​ជា​ប្រពន្ធ​នោះ មាន​សេចក្ដី​រីក‌រាយ​ឡើង។
6 មិន​ត្រូវ​ឲ្យ​អ្នក​ណា​ទទួល​បញ្ចាំ​ថ្ម​ត្បាល់‌កិន ទោះ​គ្រប ឬ​តួ​ក្តី ដ្បិត​យ៉ាង​នោះ​ឈ្មោះ​ថា​ទទួល​បញ្ចាំ​ទាំង​ជីវិត​គេ​ផង។
7 បើ​ឃើញ​អ្នក​ណា​កំពុង​តែ​ចាប់​អ្នក​ណា​មួយ​ក្នុង​ពួក​បង​ប្អូន ជា​ពួក​កូន​ចៅ​អ៊ីស្រា‌អែល យក​ទៅ​ប្រើ​ទុក​ដូច​ជា​ខ្ញុំ​បម្រើ ឬ​លក់​ឲ្យ​ដល់​គេ​ក្តី នោះ​អ្នក​ដែល​ចាប់​លួច​យក​នឹង​ត្រូវ​ទោស​ដល់​ស្លាប់ យ៉ាង​នោះ​ឯង​នឹង​បំបាត់​ការ​អាក្រក់​ពី​ពួក​ឯង​ចេញ។
8 ចូរ​ប្រយ័ត​ខាង​ឯ​រោគ​ឃ្លង់ ដើម្បី​ឲ្យ​បាន​ខំ​ប្រឹង​កាន់​ហើយ​ធ្វើ​តាម​គ្រប់​សេចក្ដី​ដែល​ពួក​លេវី​ដ៏​ជា​សង្ឃ និង​បង្រៀន​ដល់​ឯង ត្រូវ​ឲ្យ​ប្រយ័ត​នឹង​ធ្វើ​តាម ដូច​ជា​អញ​បាន​បង្គាប់​ដល់​គេ​គ្រប់​Chapter
9 ចូរ​នឹក​ចាំ​ពី​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង បាន​ប្រព្រឹត្ត​នឹង​ម៉ារាម​តាម​ផ្លូវ ក្នុង​គ្រា​ដែល​ឯង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក​ចុះ។
10 កាល​ណា​ឯង​ឲ្យ​អ្នក​ជិត​ខាង​ខ្ចី​អ្វីៗ នោះ​មិន​ត្រូវ​ចូល​តាម​គេ​ទៅ​ក្នុង​ផ្ទះ ដើម្បី​នឹង​យក​របស់​បញ្ចាំ​ពី​គេ​នោះ​ឡើយ
11 ត្រូវ​ឈរ​ឲ្យ​នៅ​ខាង​ក្រៅ ចាំ​អ្នក​ដែល​ឯង​បាន​ឲ្យ​ខ្ចី​នោះ យក​របស់​បញ្ចាំ​ចេញ​មក​ឲ្យ​ឯង​ឯ​ខាង​ក្រៅ​វិញ
12 ហើយ​បើ​អ្នក​នោះ​ជា​អ្នក​ទ័ល‌ក្រ នោះ​មិន​ត្រូវ​ឲ្យ​ឯង​ខាំង​ទុក​របស់​បញ្ចាំ​នោះ​ទៅ​ដេក​ឡើយ
13 លុះ​ដល់​ថ្ងៃ​លិច ត្រូវ​ឲ្យ​ឯង​ប្រគល់​ទៅ​គេ​វិញ​ជា​កុំ​ខាន ដើម្បី​ឲ្យ​គេ​បាន​ប្រដាប់​ដេក​ដណ្តប់​ខ្លួន​ដែរ យ៉ាង​នោះ​គេ​នឹង​ឲ្យ​ពរ​ដល់​ឯង ហើយ​ការ​នោះ​នឹង​បាន​រាប់​ជា​សេចក្ដី​សុចរិត​ដល់​ឯង នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង។
14 មិន​ត្រូវ​ឲ្យ​ឯង​សង្កត់‌សង្កិន​កូន​ឈ្នួល​ឯង ដែល​ទ័ល‌ក្រ ហើយ​កំសត់​ទុរគត​ឡើយ ទោះ​ជា​ពួក​បង​ប្អូន ឬ​ជា​ពួក​អ្នក​ប្រទេស​ក្រៅ ដែល​នៅ​ក្នុង​ក្រុង ក្នុង​ស្រុក​របស់​ឯង​ក្តី
15 គឺ​ត្រូវ​បើក​ប្រាក់​ឈ្នួល​ឲ្យ​គេ ក្នុង​ពេល​កំណត់​កុំ​ខាន កុំ​ឲ្យ​ប្រាក់​នោះ​នៅ​នឹង​ឯង​ដរាប​ដល់​ថ្ងៃ​លិច​ឡើយ ដ្បិត​គេ​ទ័ល‌ក្រ ហើយ​មាន​ចិត្ត​សង្ឃឹម​ចង់​បាន​ប្រាក់​នោះ ក្រែង​គេ​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា​ទាស់​នឹង​ឯង នោះ​នឹង​រាប់​ជា​មាន​បាប​ដល់​ឯង​ហើយ។
16 មិន​ត្រូវ​សម្លាប់​ឪពុក​ដោយ​ព្រោះ​កូន ឬ​សម្លាប់​កូន​ដោយ​ព្រោះ​ឪពុក​ឡើយ ដែល​ត្រូវ​ស្លាប់​នោះ គឺ​ដោយ​ព្រោះ​តែ​បាប​របស់​ខ្លួន​ទេ។
17 មិន​ត្រូវ​ឲ្យ​ឯង​បង្វែរ​សេចក្ដី​យុត្តិ‌ធម៌ ពី​អ្នក​ប្រទេស​ក្រៅ ឬ​ពី​កូន​កំព្រា​ឡើយ ក៏​មិន​ត្រូវ​ទទួល​បញ្ចាំ​អាវ​របស់​ស្រី​មេម៉ាយ​ដែរ
18 ត្រូវ​ឲ្យ​នឹក​ចាំ​ថា ពី​ដើម ឯង​ជា​បាវ​បម្រើ​នៅ​ស្រុក​អេស៊ីព្ទ​ដែរ តែ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​លោះ​ចេញ​មក ហេតុ​នោះ​បាន​ជា​អញ​បង្គាប់​ឲ្យ​ឯង​ប្រព្រឹត្ត​ដូច្នេះ។
19 កាល​ណា​ច្រូត​ចម្រូូត​នៅ​ស្រែ​របស់​ឯង បើ​ភ្លេច​ស្រូវ​១​កណ្តាប់​នៅ​ឯ​ស្រែ នោះ​មិន​ត្រូវ​ត្រឡប់​ទៅ​យក​វិញ​ទេ ត្រូវ​ទុក​សម្រាប់​អ្នក​ដទៃ និង​ពួក​កូន​កំព្រា ហើយ​និង​ស្រី​មេម៉ាយ​វិញ ដើម្បី​ឲ្យ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​បាន​ប្រទាន​ពរ​ដល់​ឯង ក្នុង​គ្រប់​ការ​ទាំង​អស់​ដែល​ដៃ​ឯង​ធ្វើ
20 កាល​ណា​ឯង​វាយ​ជំរុះ​ផល​ពី​ដើម​អូលីវ​របស់​ឯង​រួច​ម្តង​ហើយ នោះ​មិន​ត្រូវ​ឡើង​ទៅ​ធ្វើ​ម្តង​ទៀត​ទេ ត្រូវ​ទុក​សម្រាប់​អ្នក​ដទៃ និង​ពួក​កូន​កំព្រា ហើយ​និង​ស្រី​មេម៉ាយ​វិញ
21 កាល​ណា​បេះ​ផ្លែ​ទំពាំង‌បាយ‌ជូរ​របស់​ឯង​ហើយ​នោះ មិន​ត្រូវ​ទៅ​១​សា​ទៀត ដើម្បី​នឹង​បេះ​ចង្កោម​ដែល​នៅ​សល់​ទេ ត្រូវ​ទុក​សម្រាប់​ពួក​អ្នក​ដទៃ និង​ពួក​កូន​កំព្រា ហើយ​និង​ស្រី​មេម៉ាយ​វិញ
22 ត្រូវ​ឲ្យ​នឹក​ចាំ​ថា ពី​ដើម ឯង​ជា​បាវ​បម្រើ​នៅ​ស្រុក​អេស៊ីព្ទ​ដែរ ហេតុ​នោះ​បាន​ជា​អញ​បង្គាប់​ឲ្យ​ឯង​ប្រព្រឹត្ត​ដូច្នេះ។


ជំពូក 25

1 បើ​កាល​ណា​មាន​មនុស្ស​កើត​រឿង​ទាស់‌ទែង​គ្នា ហើយ​គេ​ប្តឹង‌ផ្តល់​ដល់​ចៅ‌ក្រម​ឲ្យ​ជំនុំ‌ជម្រះ​ក្តី​នោះ នោះ​ត្រូវ​ឲ្យ​ចៅ‌ក្រម​តាំង​ឲ្យ​អ្នក​ដែល​សុចរិត បាន​ជា​សុចរិត​ចុះ ហើយ​កាត់​ទោស​ដល់​អ្នក​ដែល​មាន​ទោស​វិញ
2 បើ​អ្នក​មាន​ទោស​នោះ​គួរ​ឲ្យ​វាយ នោះ​ចៅ‌ក្រម​ត្រូវ​ឲ្យ​ដេក​ទៅ ហើយ​ឲ្យ​គេ​វាយ​នៅ​ចំពោះ​មុខ ត្រូវ​វាយ​ឲ្យ​គ្រប់​ចំនួន ល្មម​នឹង​ទោស​អ្នក​នោះ
3 មាន​ច្បាប់​នឹង​វាយ​ដល់​៤០​រំពាត់ មិន​ត្រូវ​ឲ្យ​លើស​ឡើយ ក្រែង​អ្នក​ដែល​ជា​បង​ប្អូន​ឯង​នោះ មើល​ទៅ​ដូច​ជា​ទាប‌ថោក​ពេក​ដល់​ឯង ដោយ​ឯង​វាយ​ជា​ច្រើន​លើស​ប្រមាណ។
4 មិន​ត្រូវ​ឃ្លុំ​មាត់​គោ​ដែល​កំពុង​បញ្ជាន់​ស្រូវ​ឡើយ។
5 កាល​ណា​មាន​បង​ប្អូន​បង្កើត​នៅ​ជា​មួយ​គ្នា ហើយ​ម្នាក់​ស្លាប់​ទៅ​ឥត​មាន​កូន នោះ​ប្រពន្ធ​របស់​អ្នក​ដែល​ស្លាប់​មិន​ត្រូវ​ធ្វើ​ជា​ប្រពន្ធ​អ្នក​ក្រៅ​ណា​ទេ ត្រូវ​ឲ្យ​បង ឬ​ប្អូន​ថ្លៃ​ចូល​ទៅ​ឯ​នាង យក​ធ្វើ​ជា​ប្រពន្ធ ហើយ​ត្រូវ​សម្រេច​ដល់​នាង តាម​ការ​ដែល​បង ឬ​ប្អូន​ថ្លៃ​ត្រូវ​ធ្វើ
6 រួច​កូន​ដែល​នាង​បង្កើត​មុន​ដំបូង ត្រូវ​បន្ត​ឈ្មោះ​របស់​អ្នក​ដែល​ស្លាប់​ទៅ​ហើយ​នោះ​វិញ ដើម្បី​កុំ​ឲ្យ​ឈ្មោះ​គាត់​បាន​លុប​ចេញ​ពី​សាសន៍​អ៊ីស្រា‌អែល​ឡើយ
7 តែ​បើ​អ្នក​នោះ​មិន​ចូល​ចិត្ត​នឹង​យក​ប្រពន្ធ​របស់​គាត់​ទេ នោះ​ត្រូវ​ឲ្យ​នាង​ចូល​ទៅ​ឯ​ពួក​ចាស់‌ទុំ ត្រង់​ទ្វារ​ក្រុង ប្តឹង​ថា ប្អូន​ថ្លៃ​ខ្ញុំ​មិន​ព្រម​ភ្ជាប់​ឈ្មោះ​ឲ្យ​បង​ខ្លួន ក្នុង​សាសន៍​អ៊ីស្រា‌អែល​ទេ គាត់​មិន​ចង់​សម្រេច​ដល់​ខ្ញុំ​តាម​ការ​ដែល​ប្អូន​ថ្លៃ​ត្រូវ​ធ្វើ​សោះ
8 នោះ​ពួក​ចាស់‌ទុំ​នៃ​ក្រុង​នោះ ត្រូវ​ហៅ​អ្នក​នោះ​មក​និយាយ​គ្នា តែ​បើ​គាត់​នៅ​តែ​ថា ខ្ញុំ​មិន​ចូល​ចិត្ត​យក​នាង​ទេ
9 នោះ​ប្រពន្ធ​របស់​បង​ត្រូវ​ចូល​ទៅ​ជិត​អ្នក​នោះ នៅ​មុខ​ពួក​ចាស់‌ទុំ ដោះ​ស្បែក​ជើង​ពី​អ្នក​នោះ​ចេញ រួច​ស្តោះ​ទឹក​មាត់​ដាក់​មុខ​គេ ហើយ​និយាយ​ថា ត្រូវ​តែ​ប្រព្រឹត្ត​យ៉ាង​ដូច្នេះ នឹង​មនុស្ស​ណា​ដែល​មិន​ព្រម​បន្ត​ពូជ​ឲ្យ​បង​ខ្លួន
10 រួច​នៅ​ក្នុង​សាសន៍​អ៊ីស្រា‌អែល គេ​នឹង​ហៅ​អ្នក​នោះ​ថា ជា​គ្រួ​មនុស្ស​ដែល​ត្រូវ​គេ​ដោះ​ស្បែក​ជើង​ចេញ។
11 បើ​កាល​ណា​មនុស្ស​កំពុង​តែ​ប្រវាយ​គ្នា ហើយ​ប្រពន្ធ​អ្នក​មួយ​ចូល​មក​ចង់​ជួយ​ដោះ​ប្ដី​ខ្លួន​ពី​កណ្តាប់​ដៃ​នៃ​អ្នក​ដែល​វាយ រួច​នាង​លូក​ដៃ​ទៅ​ចាប់​ត្រង់​កេរ្តិ៍‌ខ្មាស​របស់​អ្នក​នោះ
12 នោះ​ត្រូវ​ឲ្យ​កាប់​ដៃ​នាង​ចេញ មិន​ត្រូវ​ឲ្យ​ភ្នែក​ឯង​មើល​ប្រណី​នាង​ទេ។
13 នៅ​ក្នុង​ថង់​ឯង មិន​ត្រូវ​មាន​កូន​ជញ្ជីង​២​យ៉ាង គឺ​១​ធ្ងន់​១​ស្រាល​ឡើយ
14 ក៏​មិន​ត្រូវ​មាន​រង្វាល់​២​យ៉ាង​១​ធំ​១​តូច នៅ​ក្នុង​ផ្ទះ​ឯង​ដែរ
15 ត្រូវ​ឲ្យ​មាន​កូន​ជញ្ជីង​ត្រឹម‌ត្រូវ​ពេញ​ទំងន់ និង​រង្វាល់​ត្រឹម‌ត្រូវ​ពេញ​ខ្នាត​ដែរ ដើម្បី​ឲ្យ​ឯង​មាន​ជីវិត​យូរ‌អង្វែង​ត​ទៅ នៅ​ក្នុង​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រទាន​ឲ្យ
16 ដ្បិត​អស់​អ្នក​ណា​ដែល​ធ្វើ​យ៉ាង​នោះ គឺ​ដែល​ប្រព្រឹត្ត​ការ​ដ៏​ទុច្ចរិត នោះ​ជា​ទី​ស្អប់​ខ្ពើម​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​ណាស់។
17 ចូរ​នឹក​ចាំ​ពី​ការ​ដែល​សាសន៍​អាម៉ា‌លេក​បាន​ធ្វើ​ដល់​ឯង​តាម​ផ្លូវ ក្នុង​កាល​ដែល​ឯង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក​នោះ
18 គឺ​គេ​បាន​មក​ទាស់​នឹង​ឯង​តាម​ផ្លូវ ក្នុង​កាល​ដែល​ឯង​អស់​កម្លាំង ហើយ​ល្វើយ គេ​បាន​វាយ​ពួក​អ្នក​ខ្សោយ​ដែល​ដើរ​ខាង​ក្រោយ ឥត​មាន​កោត‌ខ្លាច​ដល់​ព្រះ​សោះ
19 ដូច្នេះ កាល​ណា​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង បាន​ឲ្យ​ឈប់​សម្រាក​ខាង​ឯ​ពួក​ខ្មាំង​សត្រូវ​នៅ​ជុំវិញ ក្នុង​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រទាន​ឲ្យ​ឯង​ចាប់​យក​ជា​មរដក​ហើយ នោះ​ត្រូវ​ឲ្យ​លុប​សេចក្ដី​នឹក​ចាំ​ចំពោះ​សាសន៍​អាម៉ា‌លេក​ពី​ក្រោម​មេឃ​ចេញ កុំ​ឲ្យ​ឯង​ភ្លេច​នឹង​ធ្វើ​ការ​នេះ​ឡើយ។


ជំពូក 26

1 កាល​ណា​ឯង​បាន​ចូល​ទៅ​ចាប់​យក​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រទាន​មក​ទុក​ជា​មរដក រួច​បាន​តាំង​ទី​លំនៅ​ជា​ស្រេច​ហើយ
2 នោះ​ត្រូវ​ឲ្យ​យក​ផល​ដំបូង​គ្រប់​មុខ​កើត​ពី​ដី ដែល​ឯង​នឹង​ប្រមូល​មក​ពី​ស្រែ​ចម្ការ ជា​ផល​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រទាន​ឲ្យ រួច​ដាក់​ចុះ​ក្នុង​បញ្ជី នាំ​យក​ទៅ​ឯ​កន្លែង​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង នឹង​រើស​សម្រាប់​តាំង​ព្រះ‌នាម​ទ្រង់
3 ហើយ​ត្រូវ​ទៅ​ជម្រាប​សង្ឃ​ដែល​មាន​នៅ​គ្រា​នោះ​ថា នៅ​ថ្ងៃ​នេះ​ខ្ញុំ​សូម​ទូល​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​លោក​ថា ខ្ញុំ​បាន​មក​ដល់​ស្រុក ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ស្បថ​នឹង​ពួក​អយ្យកោ​ថា នឹង​ឲ្យ​មក​យើង​ខ្ញុំ​ហើយ
4 នោះ​ត្រូវ​ឲ្យ​សង្ឃ​យក​កញ្ជើ​ពី​ដៃ​ឯង ទៅ​ដាក់​នៅ​មុខ​អាសនៈ​ផង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង
5 រួច​ត្រូវ​ថ្លែង​ប្រាប់ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​ថា អយ្យកោ​ទូល‌បង្គំ​លោក​ជា​សាសន៍​អើរ៉ាម ដែល​ដើរ​សាត់‌ព្រាត់ លោក​បាន​ចុះ​ទៅ​តាំង​ទី​លំនៅ​ក្នុង​ស្រុក​អេស៊ីព្ទ មាន​គ្នា​តែ​បន្តិច​ទេ ហើយ​នៅ​ស្រុក​នោះ​បាន​ត្រឡប់​ជា​សាសន៍​១​យ៉ាង​ធំ ហើយ​ខ្លាំង​ពូកែ មាន​គ្នា​ជា​ច្រើន​វិញ
6 ពួក​សាសន៍​អេស៊ីព្ទ​បាន​ប្រព្រឹត្ត​អាក្រក់​ដល់​យើង​ខ្ញុំ ព្រម​ទាំង​ធ្វើ​ទុក្ខ ហើយ​ដាក់​បន្ទុក​ឲ្យ​ធ្វើ​ការ​មាន​ទំងន់​ណាស់​ផង
7 នោះ​យើង​ខ្ញុំ​បាន​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ពួក​អយ្យកោ​យើង​ខ្ញុំ ហើយ​ទ្រង់​បាន​ឮ​សម្រែក​យើង​ខ្ញុំ ក៏​ឃើញ​សេចក្ដី​ទុក្ខ​លំបាក និង​ការ​នឿយ‌ហត់​របស់​យើង​ខ្ញុំ ព្រម​ទាំង​ការ​ដែល​គេ​សង្កត់‌សង្កិន​ដល់​យើង​ខ្ញុំ​ផង
8 នោះ​ទ្រង់​ក៏​នាំ​យើង​ខ្ញុំ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ដោយ​ព្រះ‌ហស្ត​ដ៏​មាន​ព្រះ‌ចេស្តា និង​ព្រះ‌ពាហុ​លើក​សម្រេច ព្រម​ទាំង​ធ្វើ​ការ​គួរ​ស្ញែង‌ខ្លាច​ដ៏​ធំ និង​ទី​សម្គាល់ ហើយ​និង​ការ​អស្ចារ្យ​ផង
9 ទ្រង់​ក៏​បាន​នាំ​យើង​ខ្ញុំ​ចូល​មក​ដល់​ទី​នេះ ហើយ​បាន​ប្រទាន​ស្រុក​នេះ ជា​ស្រុក​ដែល​មាន​ទឹក​ដោះ និង​ទឹក​ឃ្មុំ​ហូរ‌ហៀរ​ដល់​យើង​ខ្ញុំ​រាល់​គ្នា
10 ឥឡូវ​នេះ ឱ​ព្រះ‌យេហូវ៉ា​អើយ មើល ទូល‌បង្គំ​បាន​នាំ​យក​ផល​ដំបូង​កើត​ពី​ដី ដែល​ទ្រង់​បាន​ប្រទាន​ដល់​ទូល‌បង្គំ​មក​ហើយ នោះ​ត្រូវ​ឲ្យ​ឯង​ដាក់​របស់​ទាំង​នោះ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង រួច​ក្រាប​ថ្វាយ‌បង្គំ​ដល់​ទ្រង់
11 ហើយ​ត្រូវ​រីក‌រាយ​ចំពោះ​គ្រប់​ទាំង​របស់​ល្អ ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​ប្រទាន​មក​ចុះ ព្រម​ទាំង​ពួក​គ្រួ​ឯង និង​ពួក​លេវី ហើយ​និង​ពួក​អ្នក​ដែល​ស្នាក់​នៅ​ជា​មួយ​នឹង​ឯង​ផង។
12 កាល​ណា​ឯង​បាន​ថ្វាយ​១​ភាគ​ក្នុង​១០ ពី​ផល​របស់​ឯង​ទាំង​ប៉ុន្មាន នៅ​ឆ្នាំ​ទី​៣ គឺ​ជា​ឆ្នាំ​ដែល​ត្រូវ​ថ្វាយ​១​ភាគ​ក្នុង​១០​នោះ​រួច​ហើយ នោះ​ត្រូវ​ចែក​ឲ្យ​ដល់​ពួក​លេវី និង​ពួក​អ្នក​ដែល​ស្នាក់​នៅ ព្រម​ទាំង​ពួក​កូន​កំព្រា ហើយ​និង​ពួក​ស្រី​មេម៉ាយ​ផង ដើម្បី​ឲ្យ​អ្នក​ទាំង​នោះ​បាន​បរិភោគ​ចម្អែត​គ្រប់‌គ្រាន់ នៅ​ក្នុង​ទី​ក្រុង​ឯង​ដែរ
13 នោះ​ត្រូវ​ឲ្យ​ទូល​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​ថា ទូល‌បង្គំ​បាន​នាំ​យក​តង្វាយ​ទាំង​អស់ ចេញ​ពី​ផ្ទះ​ទូល‌បង្គំ​មក ហើយ​បាន​ចែក​ឲ្យ​ដល់​ពួក​លេវី និង​ពួក​អ្នក​ដែល​ស្នាក់​នៅ ព្រម​ទាំង​ពួក​កូន​កំព្រា និង​ពួក​ស្រី​មេម៉ាយ​ផង តាម​បញ្ញត្ត​ដែល​ទ្រង់​បាន​បង្គាប់​មក​គ្រប់​ជំពូក​ហើយ ទូល‌បង្គំ​មិន​បាន​រំលង​បញ្ញត្ត​ទ្រង់​ណា​មួយ​ឡើយ ក៏​មិន​បាន​ភ្លេច​ដែរ
14 ទូល‌បង្គំ​មិន​បាន​ទទួល​ទាន​ពី​របស់​ទាំង​នោះ ក្នុង​កាល​ដែល​កំពុង​កាន់​ទុក្ខ​ឡើយ ក៏​មិន​បាន​បង្វែរ​អ្វី​មួយ​សម្រាប់​ការ​ស្មោក‌គ្រោក ឬ​ឲ្យ​អ្វី​សម្រាប់​ខ្មោច​ស្លាប់​ដែរ ទូល‌បង្គំ​បាន​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ទូល‌បង្គំ ហើយ​បាន​ធ្វើ​តាម​គ្រប់​សេចក្ដី​ទាំង​អស់ ដែល​ទ្រង់​បាន​បង្គាប់​មក​ហើយ
15 សូម​ទ្រង់​ទត​មក​ពី​ទី​លំនៅ​បរិសុទ្ធ​របស់​ទ្រង់​នៅ​ស្ថាន‌សួគ៌ ហើយ​ប្រទាន​ពរ​ដល់​សាសន៍​អ៊ីស្រា‌អែល​ជា​រាស្ត្រ​របស់​ទ្រង់ ព្រម​ទាំង​ដី​ដែល​ទ្រង់​បាន​ប្រទាន​មក​យើង​ខ្ញុំ​ផង គឺ​ជា​ស្រុក​នេះ​ដែល​មាន​ទឹក​ដោះ និង​ទឹក​ឃ្មុំ​ហូរ‌ហៀរ ដូច​ជា​ទ្រង់​បាន​ស្បថ​នឹង​ពួក​អយ្យកោ​យើង​ខ្ញុំ​ហើយ។
16 នៅ​ថ្ងៃ​នេះ ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​បង្គាប់​មក​ឲ្យ​ឯង​ប្រព្រឹត្ត​តាម​អស់​ទាំង​ច្បាប់ និង​បញ្ញត្ត​ទាំង​នេះ ដូច្នេះ ត្រូវ​ឲ្យ​ឯង​កាន់ ហើយ​ប្រព្រឹត្ត​តាម ឲ្យ​អស់​ពី​ចិត្ត អស់​ពី​ព្រលឹង​ឯង​ចុះ
17 នៅ​ថ្ងៃ​នេះ ឯង​បាន​សុខ​ចិត្ត​ទទួល​ព្រម​ថា​ព្រះ‌យេហូវ៉ា ទ្រង់​ជា​ព្រះ​នៃ​ឯង ហើយ​ថា ឯង​នឹង​ដើរ​តាម​ផ្លូវ​ទ្រង់ ព្រម​ទាំង​កាន់​តាម​អស់​ទាំង​សេចក្ដី​បង្គាប់ និង​ច្បាប់ ហើយ​និង​បញ្ញត្ត​របស់​ទ្រង់​ទាំង​ប៉ុន្មាន ក៏​នឹង​ស្តាប់​តាម​ព្រះ‌បន្ទូល​ទ្រង់​ផង
18 ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​បាន​ទទួល​ព្រម​នៅ​ថ្ងៃ​នេះ​ថា ឯង​ជា​រាស្ត្រ​របស់​ផង​ទ្រង់​ពិត ដូច​ជា​ទ្រង់​បាន​សន្យា​នឹង​ឯង​ហើយ ព្រម​ទាំង​ប្រាប់​ឲ្យ​ឯង​កាន់​តាម​គ្រប់​ទាំង​បញ្ញត្ត​ទាំង​ប៉ុន្មាន​របស់​ទ្រង់
19 ហើយ​ឲ្យ​បាន​លើក​ឯង​ឡើង​ជា​ខ្ពស់​ផង គឺ​ខ្ពស់​លើស​អស់​ទាំង​សាសន៍​ដែល​ទ្រង់​បាន​បង្កើត ដោយ​មាន​សេចក្ដី​សរសើរ និង​កេរ្តិ៍​ឈ្មោះ ហើយ​និង​សេចក្ដី​ថ្កុំ‌ថ្កើង ដើម្បី​ឲ្យ​ឯង​បាន​ធ្វើ​ជា​រាស្ត្រ​បរិសុទ្ធ​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ដូច​ជា​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​ស្រាប់។


ជំពូក 27

1 នោះ​ម៉ូសេ និង​ពួក​ចាស់‌ទុំ​នៃ​សាសន៍​អ៊ីស្រា‌អែល ក៏​បង្គាប់​ដល់​បណ្តា‌ជន​ថា ចូរ​កាន់​តាម​គ្រប់​ទាំង​បញ្ញត្ត​ដែល​អញ​បង្គាប់​ដល់​ឯង​នៅ​ថ្ងៃ​នេះ
2 រួច​នៅ​ថ្ងៃ​ដែល​ឆ្លង​ទន្លេ​យ័រដាន់ ចូល​ទៅ​ក្នុង​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រទាន​មក​ឯង នោះ​ត្រូវ​ឲ្យ​រៀប​ថ្ម​ឡើង ហើយ​បូក​បាយអ​ចុះ
3 ត្រូវ​ចារឹក​អស់​ទាំង​ពាក្យ​ក្នុង​ក្រឹត្យ‌វិន័យ​នេះ ចុះ​នៅ​នឹង​ថ្ម​នោះ ក្នុង​កាល​ដែល​ឆ្លង​ទៅ ដើម្បី​នឹង​ចូល​ទៅ​ក្នុង​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រទាន​ឲ្យ គឺ​ជា​ស្រុក​ដែល​មាន​ទឹក​ដោះ និង​ទឹក​ឃ្មុំ​ហូរ‌ហៀរ ដូច​ជា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ពួក​អយ្យកោ​ឯង បាន​មាន​ព្រះ‌បន្ទូល​ហើយ
4 កាល​ណា​ឯង​រាល់​គ្នា​បាន​ឆ្លង​ទន្លេ​យ័រដាន់​រួច​ហើយ ត្រូវ​ឲ្យ​រៀប​ថ្ម​នោះ​ឡើង នៅ​លើ​ភ្នំ​អេបាល តាម​ដែល​អញ​បង្គាប់​នៅ​ថ្ងៃ​នេះ រួច​បូក​បាយអ​ផង
5 នៅ​ទី​នោះ​ក៏​ត្រូវ​ស្អាង​អាសនៈ​១ ថ្វាយ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង គឺ​ជា​អាសនៈ​ធ្វើ​ពី​ថ្ម មិន​ត្រូវ​ឲ្យ​យក​ដែក​ពន្លាក​ទៅ​ដាប់​ឡើយ
6 ត្រូវ​ស្អាង​អាសនៈ​ផង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ដោយ​ថ្ម​ទាំង​មូល ហើយ​ថ្វាយ​តង្វាយ​ដុត​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង នៅ​លើ​អាសនៈ​នោះ
7 ព្រម​ទាំង​តង្វាយ​មេត្រី​ផង រួច​ត្រូវ​បរិភោគ​នៅ​កន្លែង​នោះ ដោយ​អរ​សប្បាយ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង
8 ត្រូវ​ឲ្យ​ឯង​ចារឹក​អស់​ទាំង​ពាក្យ ក្នុង​ក្រឹត្យ​វិន័យ​នេះ ចុះ​នៅ​នឹង​ថ្ម​ទាំង​នោះ ឲ្យ​ច្បាស់​ប្រចក្ស។
9 រួច​ម៉ូសេ និង​ពួក​លេវី​ដ៏​ជា​សង្ឃ ក៏​ប្រាប់​ដល់​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​ថា ចូរ​នៅ​ស្ងៀម ហើយ​ស្តាប់​ចុះ ឱ​ពួក​អ៊ីស្រា‌អែល​អើយ នៅ​ថ្ងៃ​នេះ ឯង​បាន​ត្រឡប់​ជា​រាស្ត្រ​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង​ហើយ
10 ដូច្នេះ ត្រូវ​ឲ្យ​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​ចុះ ព្រម​ទាំង​ប្រព្រឹត្ត​តាម​អស់​ទាំង​ច្បាប់ និង​បញ្ញត្ត​ទ្រង់​ទាំង​ប៉ុន្មាន ដែល​អញ​បង្គាប់​ដល់​ឯង​នៅ​ថ្ងៃ​នេះ។
11 ហើយ​នៅ​ថ្ងៃ​នោះ​ឯង ម៉ូសេ​ក៏​ផ្តាំ​ដល់​បណ្តា‌ជន​ទាំង‌ឡាយ​ថា
12 កាល​ណា​ឯង​រាល់​គ្នា​បាន​ឆ្លង​ទន្លេ​យ័រដាន់​រួច​ហើយ នោះ​ត្រូវ​ឲ្យ​ពួក​ទាំង​នេះ​ឈរ​នៅ​លើ​ភ្នំ​កេរិស៊ីម ដើម្បី​នឹង​ឲ្យ​ពរ​ដល់​បណ្តា‌ជន គឺ​ពួក​ស៊ីម្មាន​១ ពួក​លេវី​១ ពួក​យូដា​១ ពួក​អ៊ីសាខារ​១ ពួក​យ៉ូសែប​១ និង​ពួក​បេន‌យ៉ាមីន​១
13 ឯ​ពួក​នេះ​ត្រូវ​ឲ្យ​គេ​ឈរ​នៅ​លើ​ភ្នំ​អេបាល ដើម្បី​នឹង​ដាក់​បណ្តាសា​វិញ គឺ​ពួក​រូបេន​១ ពួក​កាឌ់​១ ពួក​អេស៊ើរ​១ ពួក​សាប់‌យូល៉ូន​១ ពួក​ដាន់​១ និង​ពួក​ណែប‌ថាលី​១។
14 នោះ​ត្រូវ​ឲ្យ​ពួក​លេវី​ចាប់​ផ្តើម​បន្លឺ​ឡើង ដោយ​ពាក្យ​ជា​ខ្លាំង ដល់​ពួក​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​ថា___
15 ត្រូវ​បណ្តាសា​ហើយ អ្នក​ណា​ដែល​ឆ្លាក់ ឬ​សិត​ធ្វើ​រូប ដែល​ជា​ទី​ស្អប់​ខ្ពើម​ដល់​ព្រះ‌យេហូវ៉ា គឺ​ជា​របស់​ដែល​ដៃ​ជាង​ធ្វើ រួច​យក​ទៅ​ដាក់​នៅ​ទី​សម្ងាត់ នោះ​បណ្តា‌ជន​ទាំង‌ឡាយ​ត្រូវ​ឆ្លើយ​ឡើង​ថា អាម៉ែន។
16 ត្រូវ​បណ្តាសា​ហើយ អ្នក​ណា​ដែល​មើល‌ងាយ​ដល់​ឪពុក​ម្តាយ​ខ្លួន នោះ​បណ្តា‌ជន​ទាំង‌ឡាយ​ត្រូវ​ឆ្លើយ​ឡើង​ថា អាម៉ែន។
17 ត្រូវ​បណ្តាសា​ហើយ អ្នក​ណា​ដែល​បន្ថយ​គោល​ចារឹក​របស់​អ្នក​ជិត​ខាង​ខ្លួន នោះ​បណ្តា‌ជន​ទាំង‌ឡាយ​ត្រូវ​ឆ្លើយ​ឡើង​ថា អាម៉ែន។
18 ត្រូវ​បណ្តាសា​ហើយ អ្នក​ណា​ដែល​ធ្វើ​ឲ្យ​មនុស្ស​ខ្វាក់​វង្វេង​ចេញ​ពី​ផ្លូវ​ទៅ នោះ​បណ្តា‌ជន​ទាំង‌ឡាយ​ត្រូវ​ឆ្លើយ​ឡើង​ថា អាម៉ែន។
19 ត្រូវ​បណ្តាសា​ហើយ អ្នក​ណា​ដែល​បង្វែរ​សេចក្ដី​យុត្តិ‌ធម៌​ពី​អ្នក​ដទៃ និង​កូន​កំព្រា ហើយ​និង​ស្រី​មេម៉ាយ នោះ​បណ្តា‌ជន​ទាំង‌ឡាយ​ត្រូវ​ឆ្លើយ​ឡើង​ថា អាម៉ែន។
20 ត្រូវ​បណ្តាសា​ហើយ អ្នក​ណា​ដែល​រួម​ដំណេក​នឹង​ប្រពន្ធ​របស់​ឪពុក​ខ្លួន ដ្បិត​អ្នក​នោះ​បាន​បើក​សំលៀក​របស់​ឪពុក​ហើយ នោះ​បណ្តា‌ជន​ទាំង‌ឡាយ​ត្រូវ​ឆ្លើយ​ឡើង​ថា អាម៉ែន។
21 ត្រូវ​បណ្តាសា​ហើយ អ្នក​ណា​ដែល​រួម​សង្វាស​នឹង​សត្វ​ណា​មួយ នោះ​បណ្តា‌ជន​ទាំង‌ឡាយ​ត្រូវ​ឆ្លើយ​ឡើង​ថា អាម៉ែន។
22 ត្រូវ​បណ្តាសា​ហើយ អ្នក​ណា​ដែល​រួម​ដំណេក​នឹង​បង ឬ​ប្អូន​ស្រី ជា​កូន​របស់​ឪពុក ឬ​ម្តាយ​តែ​មួយ នោះ​បណ្តា‌ជន​ទាំង‌ឡាយ​ត្រូវ​ឆ្លើយ​ឡើង​ថា អាម៉ែន។
23 ត្រូវ​បណ្តាសា​ហើយ អ្នក​ណា​ដែល​រួម​ដំណេក​នឹង​ម្តាយ‌ក្មេក​របស់​ខ្លួន នោះ​បណ្តា‌ជន​ទាំង‌ឡាយ​ត្រូវ​ឆ្លើយ​ឡើង​ថា អាម៉ែន។
24 ត្រូវ​បណ្តាសា​ហើយ អ្នក​ណា​ដែល​វាយ​អ្នក​ជិត​ខាង​ខ្លួន​ដោយ​សម្ងាត់ នោះ​បណ្តា‌ជន​ទាំង‌ឡាយ​ត្រូវ​ឆ្លើយ​ឡើង​ថា អាម៉ែន។
25 ត្រូវ​បណ្តាសា​ហើយ អ្នក​ណា​ដែល​ស៊ី​សំណូក​ដើម្បី​នឹង​សម្លាប់​មនុស្ស​ណា​ដែល​ឥត​ទោស នោះ​បណ្តា‌ជន​ទាំង‌ឡាយ​ត្រូវ​ឆ្លើយ​ឡើង​ថា អាម៉ែន។
26 ត្រូវ​បណ្តាសា​ហើយ អ្នក​ណា​ដែល​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​អស់​ទាំង​ពាក្យ​ក្នុង​ក្រឹត្យ‌វិន័យ​នេះ ព្រម​ទាំង​ប្រព្រឹត្ត​តាម​ផង នោះ​បណ្តា‌ជន​ទាំង‌ឡាយ​ត្រូវ​ឆ្លើយ​ឡើង​ថា អាម៉ែន។


ជំពូក 28

1 បើ‌សិន​ជា​ខំ​ប្រឹង​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ឲ្យ​អស់​ពី​ចិត្ត ព្រម​ទាំង​ប្រយ័ត និង​ប្រព្រឹត្ត​តាម​អស់​ទាំង​បញ្ញត្ត​ទ្រង់ ដែល​អញ​បង្គាប់​ដល់​ឯង​នៅ​ថ្ងៃ​នេះ នោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​លើក​ឯង​ឡើង​ជា​ខ្ពស់ លើស​ជាង​អស់​ទាំង​សាសន៍​នៅ​ផែនដី​ទាំង​ប៉ុន្មាន
2 រួច​អស់​ទាំង​ពរ​ទាំង​នេះ​នឹង​បាន​ផ្សាយ​មក​លើ​ឯង ហើយ​រត់​មក​រក​ឯង​ផង គឺ​បើ​ឯង​នឹង​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង
3 ឯង​នឹង​មាន​ពរ​នៅ​ក្នុង​ក្រុង ហើយ​និង​មាន​ពរ​នៅ​ស្រែ​ចម្ការ​ដែរ
4 ផល​ដែល​កើត​ពី​ពោះ​ឯង​មក ព្រម​ទាំង​ផល​កើត​ពី​ដី​ឯង និង​ផល​កើត​ពី​សត្វ​ឯង គឺ​ជា​សេចក្ដី​ចម្រើន​របស់​គោ និង​កូន​ទាំង​ប៉ុន្មាន​របស់​ចៀម​ឯង នោះ​នឹង​មាន​ពរ​គ្រប់​ទាំង​អស់
5 ឯ​កំប្រោង និង​ស្បៀង​អាហារ​របស់​ឯង នោះ​នឹង​មាន​ពរ​ដែរ
6 ឯង​នឹង​មាន​ពរ​ក្នុង​កាល​ដែល​ឯង​ចូល​មក ហើយ​និង​មាន​ពរ​ក្នុង​កាល​ដែល​ចេញ​ទៅ​ផង។
7 ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ធ្វើ​ឲ្យ​ពួក​ខ្មាំង​សត្រូវ​ដែល​លើក​គ្នា​មក​ទាស់​នឹង​ឯង ត្រូវ​ចុះ​ចាញ់​នៅ​មុខ​ឯង គេ​នឹង​ចេញ​មក​ទាស់​នឹង​ឯង​តាម​ផ្លូវ​មួយ តែ​នឹង​រត់​ទៅ​តាម​ផ្លូវ​៧​វិញ ដើម្បី​ឲ្យ​រួច​ពី​មុខ​ឯង​ចេញ
8 ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​បង្គាប់​ឲ្យ​មាន​ពរ​នៅ​លើ​ជង្រុក​ឯង ហើយ​លើ​គ្រប់​ទាំង​ការ​អ្វី​ដែល​ឯង​នឹង​ដាក់​ដៃ​ធ្វើ ទ្រង់​នឹង​ប្រទាន​ពរ​ដល់​ឯង នៅ​ក្នុង​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រទាន​មក
9 ទ្រង់​នឹង​តាំង​ឯង​សម្រាប់​ជា​រាស្ត្រ​បរិសុទ្ធ​ដល់​ទ្រង់ ដូច​ជា​ទ្រង់​បាន​ស្បថ​នឹង​ឯង​ហើយ គឺ​បើ​ឯង​នឹង​កាន់​តាម​អស់​ទាំង​បញ្ញត្ត​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ព្រម​ទាំង​ដើរ​តាម​ផ្លូវ​ទ្រង់​ផង
10 នោះ​គ្រប់​ទាំង​សាសន៍​នៅ​ផែនដី​នឹង​ឃើញ​ថា ឯង​ជា​អ្នក​មាន​ឈ្មោះ​តាម​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ហើយ​គេ​នឹង​កោត‌ខ្លាច​ដល់​ឯង
11 ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​នឹង​ចម្រើន​ឲ្យ​ឯង​មាន​ជា​បរិបូរ​ឡើង ដោយ​ផល​ដែល​កើត​ពី​ពោះ និង​ផល​កើត​ពី​ហ្វូង​សត្វ ហើយ​និង​ផល​កើត​ពី​ដី​ឯង នៅ​ក្នុង​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​បាន​ស្បថ​នឹង​ពួក​អយ្យកោ​ថា នឹង​ឲ្យ​ដល់​ឯង
12 ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​បើក​ឃ្លាំង​ដ៏​វិសេស​របស់​ទ្រង់​ឲ្យ​ដល់​ឯង គឺ​ជា​ផ្ទៃ​មេឃ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​មក​សម្រាប់​ស្រុក​ឯង​តាម​រដូវ​កាល ហើយ​និង​ឲ្យ​ពរ​ដល់​គ្រប់​ទាំង​ការ​ដែល​ដៃ​ឯង​ធ្វើ នោះ​ឯង​នឹង​ឲ្យ​សាសន៍​ជា​ច្រើន​ខ្ចី​ឥត​មាន​ខ្ចី​ពី​គេ​វិញ​ឡើយ
13 ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​តាំង​ឯង​ទុក​ជា​ក្បាល មិន​មែន​ជា​កន្ទុយ​ឡើយ ឯង​នឹង​នៅ​តែ​ពី​លើ​គេ មិន​ដែល​នៅ​ពី​ក្រោម​ទេ គឺ​បើ​ឯង​នឹង​ស្តាប់​តាម​អស់​ទាំង​សេចក្ដី​បញ្ញត្ត​ផង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ដែល​អញ​បង្គាប់​ដល់​ឯង​នៅ​ថ្ងៃ​នេះ ដើម្បី​នឹង​កាន់ ហើយ​ប្រព្រឹត្ត​តាម​ផង
14 ឥត​មាន​ងាក​បែរ​ទៅ​ខាង​ស្តាំ ឬ​ខាង​ឆ្វេង ចេញ​ពី​ព្រះ‌បន្ទូល​ណា​មួយ ដែល​អញ​បង្គាប់​ដល់​ឯង​នៅ​ថ្ងៃ​នេះ ដើម្បី​នឹង​រក ហើយ​គោរព​ប្រតិ‌បត្តិ​តាម​ព្រះ​ដទៃ​នោះ​ឡើយ។
15 ប៉ុន្តែ បើ​ឯង​មិន​ព្រម​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ហើយ​មិន​ប្រយ័ត និង​ប្រព្រឹត្ត​តាម​គ្រប់​ទាំង​សេចក្ដី​បញ្ញត្ត និង​ច្បាប់​ទាំង​ប៉ុន្មាន​របស់​ទ្រង់ ដែល​អញ​បង្គាប់​ដល់​ឯង​នៅ​ថ្ងៃ​នេះ​ទេ នោះ​អស់​ទាំង​សេចក្ដី​បណ្តាសា​ទាំង​នេះ​នឹង​ផ្សាយ​មក​លើ​ឯង ហើយ​រត់​មក​រក​ឯង​ផង
16 គឺ​ឯង​នឹង​ត្រូវ​បណ្តាសា​នៅ​ក្នុង​ទី​ក្រុង ហើយ​នៅ​ស្រែ​ចម្ការ​ដែរ
17 ឯ​កំប្រោង និង​ស្បៀង​អាហារ​របស់​ឯង នោះ​នឹង​ត្រូវ​បណ្តាសា​វិញ
18 ផល​ដែល​កើត​ពី​ពោះ និង​ផល​កើត​ពី​ដី​ឯង ហើយ​និង​សេចក្ដី​ចម្រើន​របស់​ហ្វូង​គោ និង​កូន​ទាំង​ប៉ុន្មាន​របស់​ហ្វូង​ចៀម​ឯង នោះ​នឹង​ត្រូវ​បណ្តាសា​ទាំង​អស់
19 ឯង​នឹង​ត្រូវ​បណ្តាសា ក្នុង​កាល​ដែល​ឯង​ចូល​មក ហើយ​និង​ត្រូវ​បណ្តាសា ក្នុង​កាល​ដែល​ឯង​ចេញ​ទៅ​ផង។
20 ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ចាត់​សេចក្ដី​បណ្តាសា និង​សេចក្ដី​បាក់‌បប ហើយ​សេចក្ដី​បន្ទោស​មក​លើ​ឯង ក្នុង​គ្រប់​ការ​អ្វី​ដែល​ឯង​ដាក់​ដៃ​ធ្វើ ដរាប​ដល់​ត្រូវ​បំផ្លាញ​ចេញ ហើយ​វិនាស​អស់​ទៅ​ជា​ឆាប់​ផង ដោយ​ព្រោះ​អំពើ​អាក្រក់​របស់​ឯង ដែល​បាន​លះ‌បង់​ចោល​អញ
21 ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ធ្វើ​ឲ្យ​ជំងឺ​អាសន្ន‌រោគ​នៅ​ជាប់​នឹង​ឯង ដរាប​ដល់​ឯង​រោយ‌រៀវ​បាត់​ចេញ​ពី​ស្រុក​ដែល​ឯង​ចូល​ទៅ​ចាប់​យក​នោះ​អស់​ទៅ
22 ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​វាយ​ឯង​ដោយ​ជំងឺ​រីងរៃ និង​គ្រុន​រងា ហើយ​ដោយ​កើត​ហើម​ពិស និង​ក្តៅ​ខ្លួន​ដូច​ភ្លើង ដោយ​ដាវ និង​ស្រូវ​ស្កក ហើយ​ក្រា​ផង សេចក្ដី​វេទនា​ទាំង​នោះ​នឹង​ដេញ​តាម​ឯង ទាល់​តែ​វិនាស​បាត់​អស់​រលីង​ទៅ
23 ឯ​មេឃ​ពី​លើ​ក្បាល​ឯង​នឹង​បាន​ដូច​ជា​លង្ហិន ហើយ​ដី​នៅ​ក្រោម​ឯង​នឹង​បាន​ដូច​ជា​ដែក
24 ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ធ្វើ​ឲ្យ​មាន​ភ្លៀង​មក​លើ​ស្រុក​ឯង ជា​ធូលី និង​ផង់​លំអង​ដី ដែល​នឹង​ធ្លាក់​ពី​លើ​មេឃ​មក​លើ​ឯង ដរាប​ដល់​ឯង​វិនាស​បាត់​អស់​ទៅ។
25 ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ធ្វើ​ឲ្យ​ឯង​ចុះ​ចាញ់​នៅ​មុខ​ពួក​ខ្មាំង​សត្រូវ ឯង​នឹង​ចេញ​ទៅ​ទាស់​នឹង​គេ​តាម​ផ្លូវ​១ តែ​នឹង​រត់​ទៅ​តាម​ផ្លូវ​៧​វិញ ដើម្បី​ឲ្យ​រួច​ពី​មុខ​គេ​ចេញ ហើយ​ឯង​នឹង​ត្រូវ​ខ្ចាត់​ចុះ​ឡើង ក្នុង​គ្រប់​ទាំង​នគរ​នៅ​ផែនដី
26 ខ្មោច​របស់​ឯង​នឹង​បាន​ជា​អាហារ​ដល់​សត្វ​ហើរ​នៅ​លើ​អាកាស និង​សត្វ​ព្រៃ​នៅ​ដី ឥត​មាន​អ្នក​ណា​នឹង​ដេញ​វា​ឡើយ
27 ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​វាយ​ឯង ដោយ​បូស​ដែល​កើត​នៅ​ស្រុក​អេស៊ីព្ទ និង​ឫស‌ដូង‌បាត កម ហើយ​និង​រមាស់​ផង ដែល​ឯង​នឹង​មើល​មិន​ចេះ​ជា​ឡើយ
28 ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​វាយ​ឯង ឲ្យ​វង្វេង​ស្មារតី ឲ្យ​ខ្វាក់​ភ្នែក ហើយ​ឲ្យ​មាន​ចិត្ត​ឆ្ងល់​ភាំង
29 ឯង​នឹង​ដើរ​ស្ទាប​រក​ផ្លូវ​ទាំង​ថ្ងៃ​ត្រង់ ដូច​ជា​មនុស្ស​ខ្វាក់​ស្ទាប​រាវ​រក​ផ្លូវ​ក្នុង​ទី​ងងឹត​ដែរ ហើយ​ឯង​នឹង​ធ្វើ​ការ​អ្វី តាម​ផ្លូវ​ប្រព្រឹត្ត​របស់​ឯង​ក៏​មិន​កើត​ឡើយ គេ​នឹង​សង្កត់‌សង្កិន​ឯង​ជានិច្ច ហើយ​បំបាត់​យក​របស់​ឯង​ជា​ដរាប ឥត​មាន​អ្នក​ណា​ជួយ​ឡើយ
30 ឯង​នឹង​ដណ្តឹង​ប្រពន្ធ តែ​នឹង​មាន​អ្នក​ឯ​ទៀត​រួម​ដំណេក​នឹង​នាង​វិញ ឯង​នឹង​សង់​ផ្ទះ តែ​មិន​បាន​ឡើង​នៅ​ទេ ឯង​នឹង​ដាំ​ចម្ការ​ទំពាំង‌បាយ‌ជូរ តែ​មិន​បាន​ទទួល​ផល​ផ្លែ​ទេ
31 គេ​នឹង​សម្លាប់​គោ​ឯង​នៅ​ចំពោះ​ភ្នែក​ឯង តែ​ឯង​មិន​បាន​បរិភោគ​សោះ គេ​នឹង​កំហែង​យក​លា​ពី​មុខ​ឯង​ទៅ ឥត​ប្រគល់​មក​វិញ​ឡើយ គេ​នឹង​ឲ្យ​ហ្វូង​ចៀម​ឯង​ទៅ​ពួក​ខ្មាំង​សត្រូវ​វិញ ឥត​មាន​អ្នក​ណា​នឹង​ជួយ​ឯង​ផង
32 គេ​នឹង​ឲ្យ​កូន​ប្រុស​កូន​ស្រី​ឯង​ដល់​សាសន៍​ដទៃ ភ្នែក​ឯង​នឹង​ស្រវាំង​ទៅ ដោយ​នឹក​រឭក ហើយ​សម្លឹង​មើល​តាម​វា​ជានិច្ច ដៃ​ឯង​ក៏​នឹង​គ្មាន​កម្លាំង​សោះ
33 សាសន៍១​ដែល​ឯង​មិន​ស្គាល់ គេ​នឹង​ស៊ី​បំផ្លាញ​ផល​ពី​ដី និង​ការ​នឿយ​ហត់​របស់​ឯង​ទាំង​អស់ ឯង​នឹង​ត្រូវ​គេ​សង្កត់‌សង្កិន​ជានិច្ច ហើយ​ជិះ‌ជាន់​ជា​ដរាប
34 ដល់​ម៉្លេះ​បាន​ជា​ឯង​នឹង​វង្វេង​ស្មារតី ដោយ​អស់​ទាំង​ការ​ដែល​ឯង​មើល​ឃើញ​នឹង​ភ្នែក
35 ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​វាយ​ឯង​នៅ​ត្រង់​ក្បាល​ជង្គង់ ហើយ​នៅ​ជើង ឲ្យ​កើត​មាន​ដំបៅ​អាក្រក់ ចាប់​តាំង​ពី​បាត​ជើង​ទៅ​ដល់​ក្រយៅ​ក្បាល ដែល​ឥត​មាន​អ្នក​ណា​មើល​ឲ្យ​ជា​បាន​ឡើយ។
36 ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​នាំ​យក​ឯង ហើយ​និង​ស្តេច​ដែល​ឯង​នឹង​តាំង​ឡើង​លើ​ឯង ទៅ​ឯ​នគរ​១​ទៀត ដែល​ឯង និង​ពួក​អយ្យកោ​ឯង​មិន​ដែល​បាន​ស្គាល់ នៅ​ស្រុក​នោះ​ឯង​នឹង​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​ដទៃ ដែល​ធ្វើ​ពី​ឈើ ហើយ​ពី​ថ្ម
37 ឯង​នឹង​ត្រឡប់​ទៅ​ជា​ទី​អស្ចារ្យ និង​ជា​ទី​ប្រៀប‌ធៀប ហើយ​ជា​ទី​ដំណៀល​នៅ​កណ្តាល​គ្រប់​អស់​ទាំង​សាសន៍ ដែល​ព្រះ‌យេហូវ៉ា​នឹង​នាំ​ឯង​ទៅ​នៅ​នោះ
38 ឯង​នឹង​នាំ​យក​ពូជ​ពង្រោះ​ជា​ច្រើន ទៅ​សាប‌ព្រោះ​នៅ​ក្នុង​ស្រែ​ឯង តែ​នឹង​ច្រូត​បាន​តែ​បន្តិច​វិញ​ទេ ដ្បិត​កណ្តូប​នឹង​កាត់​បំផ្លាញ​ទាំង​អស់​ទៅ
39 ឯង​នឹង​ដាំ​ចម្ការ​ទំពាំង‌បាយ‌ជូរ ហើយ​ខំ​ថែ​រក្សា​ផង តែ​មិន​បាន​ក្រេប​រស​របស់​ផ្លែ​នោះ​ឡើយ ក៏​មិន​បាន​ទាំង​បេះ​ផង ដ្បិត​ដង្កូវ​នឹង​ស៊ី​ទាំង​អស់​ទៅ
40 ឯង​នឹង​មាន​ដើម​អូលីវ​នៅ​ពេញ​ក្នុង​ស្រុក​ឯង តែ​មិន​បាន​យក​ប្រេង​មក​លាប​ខ្លួន​សោះ ដ្បិត​ក្តឹប​នឹង​ជ្រុះ​រុះ​ទាំង​អស់​ទៅ
41 ឯង​នឹង​បង្កើត​បាន​កូន​ប្រុស​កូន​ស្រី តែ​មិន​បាន​ជា​របស់​ផង​ឯង​ទេ ដ្បិត​គេ​នឹង​នាំ​វា​ទៅ​ជា​ឈ្លើយ
42 អស់​ទាំង​ដើម​ឈើ និង​ផល​កើត​ពី​ដី​របស់​ឯង នោះ​នឹង​បាន​ជា​របស់​ផង​កណ្តូប​វិញ
43 អ្នក​ប្រទេស​ក្រៅ​ដែល​នៅ​ជា​មួយ នឹង​ឡើង​ទៅ​ជា​ខ្ពស់​ជាង​ឯង​ជា​ដរាប ហើយ​ឯង​នឹង​ចុះ​ទៅ​ជា​ទាប​ជាង​គេ
44 គេ​នឹង​ឲ្យ​ឯង​ខ្ចី តែ​ឯង​មិន​បាន​ឲ្យ​គេ​ខ្ចី​ទេ គេ​នឹង​ធ្វើ​ជា​ក្បាល ហើយ​ឯង​នឹង​ទៅ​ជា​កន្ទុយ​វិញ។
45 គ្រប់​ទាំង​សេចក្ដី​បណ្តាសា​ទាំង​នេះ​នឹង​ផ្សាយ​មក​លើ​ឯង ហើយ​និង​ដេញ​តាម​ឯង​ទាន់​ផង ដរាប​ដល់​ឯង​វិនាស​បាត់​ទៅ ដោយ​ព្រោះ​ឯង​មិន​បាន​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ដើម្បី​នឹង​កាន់​តាម​អស់​ទាំង​ច្បាប់ និង​បញ្ញត្ត​ទាំង​ប៉ុន្មាន​របស់​ទ្រង់ ដែល​ទ្រង់​បាន​បង្គាប់​មក​ឯង​នោះ
46 សេចក្ដី​ទាំង​នោះ​នឹង​នៅ​ជាប់​លើ​ឯង ហើយ​លើ​ពូជ​ឯង សម្រាប់​ជា​ទី​សម្គាល់ ហើយ​ជា​ទី​អស្ចារ្យ​នៅ​អស់​កល្ប‌ជានិច្ច។
47 ដោយ​ហេតុ​តែ​ឯង​មិន​បាន​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ដោយ​ចិត្ត​រីក‌រាយ​សប្បាយ នៅ​កណ្តាល​របស់​ដែល​មាន​ជា​បរិបូរ​ទាំង​ប៉ុន្មាន
48 បាន​ជា​ឯង​ត្រូវ​បម្រើ​ពួក​ខ្មាំង​សត្រូវ ដែល​ព្រះ‌យេហូវ៉ា​នឹង​ឲ្យ​មក​ទាស់​នឹង​ឯង គឺ​នឹង​បម្រើ​គេ​ទាំង​ស្រេក​ឃ្លាន ទាំង​នៅ​អាក្រាត ទាំង​ខ្វះ‌ខាត​របស់​ទាំង​អស់​វិញ ហើយ​ទ្រង់​នឹង​បំពាក់​នឹម​ដែក​មក​លើ​ក​ឯង ដរាប​ដល់​ឯង​បាន​វិនាស​បាត់​ទៅ
49 ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​នាំ​សាសន៍១​ពី​ចម្ងាយ គឺ​ពី​ចុង​ផែនដី​មក ដូច​ជា​ឥន្ទ្រី​ហើរ ជា​សាសន៍​ដែល​ឯង​ស្តាប់​ភាសា​គេ​មិន​បាន
50 ជា​សាសន៍​មាន​ទឹក​មុខ​សាហាវ ឥត​មាន​យល់​ដល់​ចាស់ ក៏​មិន​ចេះ​អាណិត​ដល់​ក្មេង​ផង
51 គេ​នឹង​ស៊ី​ផល​ពី​ហ្វូង​សត្វ​ឯង និង​ពី​ដី​ឯង ដរាប​ដល់​ឯង​វិនាស​បាត់​ទៅ គេ​មិន​ទុក​ឲ្យ​ឯង​មាន​ស្រូវ ឬ​ទឹក​ទំពាំង‌បាយ‌ជូរ ឬ​ប្រេង ឬ​ផល​ចម្រើន​ពី​ហ្វូង​គោ ហ្វូង​ចៀម​ឯង​ឡើយ ដរាប​ដល់​គេ​បាន​បំផ្លាញ​ឯង​អស់​រលីង​ទៅ
52 គេ​នឹង​ចោម​ព័ទ្ធ​ច្បាំង​នឹង​ឯង នៅ​ក្នុង​អស់​ទាំង​ទី​ក្រុង​ឯង ដរាប​ដល់​កំផែង​ខ្ពស់ ហើយ​មាំ‌មួន​ដែល​ឯង​យក​ជា​ទី​ពឹង​នោះ បាន​រលំ​នៅ​ពេញ​ក្នុង​ស្រុក​ឯង គេ​នឹង​ឡោម‌ព័ទ្ធ​ច្បាំង​នឹង​ឯង នៅ​ក្នុង​ទី​ក្រុង​ទាំង​អស់ នៅ​ពេញ​ក្នុង​ស្រុក ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​ប្រទាន​ឲ្យ
53 ហើយ​នៅ​វេលា​គេ​ឡោម‌ព័ទ្ធ​ឯង​ជុំវិញ និង​គ្រា​ដែល​មាន​សេចក្ដី​លំបាក ដែល​ខ្មាំង​សត្រូវ​នឹង​ធ្វើ​ទុក្ខ​ដល់​ឯង នោះ​ឯង​នឹង​បរិភោគ​ផល​ដែល​កើត​ចេញ​ពី​ខ្លួន​ឯង គឺ​ជា​សាច់​របស់​កូន​ប្រុស​កូន​ស្រី​ឯង ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រទាន​ឲ្យ
54 អ្នក​ណា​ដែល​រមែង​មាន​ចិត្ត​ថ្នម ហើយ​ស្រទន់​ណាស់​ក្នុង​ពួក​ឯង អ្នក​នោះ​ឯង​នឹង​ត្រឡប់​ជា​មាន​ភ្នែក​អាក្រក់​ដល់​បង​ប្អូន​ខ្លួន ដល់​ប្រពន្ធ​ជា​ទី​ស្រឡាញ់​របស់​ខ្លួន ហើយ​ដល់​កូន​ខ្លួន​ទាំង​ប៉ុន្មាន ដែល​នៅ​សល់​វិញ
55 ដល់​ម៉្លេះ​បាន​ជា​មិន​ព្រម​ទាំង​ចែក​សាច់​កូន​របស់​ខ្លួន ដែល​កំពុង​តែ​បរិភោគ ឲ្យ​ដល់​អ្នក​ណា​មួយ​នោះ​ឡើយ ដោយ​ព្រោះ​គ្មាន​អ្វី​សល់​ទៀត គឺ​ក្នុង​គ្រា​ដែល​ខ្មាំង​សត្រូវ​ឯង​នៅ​ព័ទ្ធ​ជុំវិញ​នោះ នឹង​វេលា​ដែល​ឯង​មាន​សេចក្ដី​លំបាក ដោយ​គេ​ធ្វើ​ទុក្ខ​ដល់​ឯង នៅ​គ្រប់​ទាំង​ទី​ក្រុង​ឯង​ផង
56 ហើយ​ស្ត្រី​ណា​ដែល​មាន​ចិត្ត​ថ្នម ហើយ​ស្រទន់​នៅ​ក្នុង​ពួក​ឯង ជា​ស្ត្រី​ដែល​មិន​ដែល​ទាំង​ដាក់​បាត​ជើង​ដល់​ដី​ផង ដោយ​ព្រោះ​នាង​ទន់‌ភ្លន់ ហើយ​ថ្នម​ខ្លួន នាង​នោះ​នឹង​មាន​ភ្នែក​អាក្រក់​ដល់​ប្ដី​ជា​ទី​ស្រឡាញ់​របស់​ខ្លួន និង​ដល់​កូន​ប្រុស​កូន​ស្រី​ខ្លួន
57 ហើយ​ដល់​ទាំង​កូន​ខ្ចី​ដែល​ទើប​នឹង​ចេញ​ពី​ផ្ទៃ​ខ្លួន​មក ព្រម​ទាំង​ដល់​កូន​ដែល​នឹង​សម្រាល​ទៀត​ផង ដ្បិត​នាង​នឹង​បរិភោគ​វា​ដោយ​សម្ងាត់ ដោយ​ព្រោះ​គ្មាន​អ្វី​សោះ ក្នុង​គ្រា​ដែល​ពួក​ខ្មាំង​សត្រូវ​នៅ​ព័ទ្ធ​ជុំវិញ​នោះ និង​វេលា​ដែល​មាន​សេចក្ដី​លំបាក ដោយ​គេ​ធ្វើ​ទុក្ខ​ដល់​ឯង នៅ​ក្នុង​អស់​ទាំង​ទី​ក្រុង​របស់​ឯង។
58 បើ​ឯង​មិន​ព្រម​ប្រយ័ត និង​ធ្វើ​តាម​អស់​ទាំង​ពាក្យ​ក្នុង​ក្រឹត្យ‌វិន័យ ដែល​បាន​កត់​ទុក​ក្នុង​គម្ពីរ​នេះ ដើម្បី​ឲ្យ​បាន​កោត‌ខ្លាច​ដល់​ព្រះ‌នាម​ដ៏​មាន​សិរី‌ល្អ ហើយ​គួរ​ស្ញែង‌ខ្លាច​នេះ គឺ «ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង»
59 នោះ​ព្រះ‌យេហូវ៉ា​នឹង​ធ្វើ​ឲ្យ​សេចក្ដី​វេទនា​របស់​ឯង បាន​ចម្លែក​អស្ចារ្យ ព្រម​ទាំង​សេចក្ដី​វេទនា​នៃ​ពូជ​ឯង​ផង គឺ​ជា​សេចក្ដី​វេទនា​យ៉ាង​ធំ ហើយ​ជាប់​ជា​យូរ និង​ជំងឺ​គ្រាំ‌គ្រា​ដែល​នៅ​ជាប់​ជា​យូរ​ដែរ
60 ទ្រង់​នឹង​ធ្វើ​ឲ្យ​ឯង​កើត​អស់​ទាំង​ជំងឺ​របស់​ស្រុក​អេស៊ីព្ទ ដែល​ឯង​បាន​ខ្លាច​នោះ​ទាំង​ប៉ុន្មាន ជំងឺ​ទាំង​នោះ​នឹង​នៅ​ជាប់​នឹង​ឯង
61 ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ធ្វើ​ឲ្យ​ឯង​កើត​គ្រប់​ទាំង​ជំងឺ ហើយ​និង​សេចក្ដី​វេទនា​ទាំង​អស់ ដែល​មិន​បាន​កត់​ទុក​ក្នុង​គម្ពីរ​ក្រឹត្យ‌វិន័យ​នេះ​ទៀត ដរាប​ដល់​ឯង​បាន​វិនាស​បាត់​អស់​រលីង​ទៅ
62 ហើយ​ទោះ​ពី​ដើម ឯង​រាល់​គ្នា​មាន​គ្នា​ច្រើន ដូច​ជា​ផ្កាយ​នៅ​លើ​មេឃ​ក៏​ដោយ គង់​តែ​នឹង​នៅ​សល់​តែ​បន្តិច​ទេ ពី​ព្រោះ​ឯង​មិន​បាន​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង
63 នៅ​គ្រា​នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​សព្វ​ព្រះ‌ហឫទ័យ​ធ្វើ​ឲ្យ​ឯង​រាល់​គ្នា​វិនាស ហើយ​និង​បំផ្លាញ​ឯង​រាល់​គ្នា​ចេញ ដូច​ជា​កាល​ពី​ដើម ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​នឹង​ប្រោស​សេចក្ដី​ល្អ​ដល់​ឯង ហើយ​ចម្រើន​ឯង​រាល់​គ្នា​ឡើង​នោះ​ដែរ ឯង​រាល់​គ្នា​នឹង​ត្រូវ​ដក​ចេញ​ពី​ស្រុក​ដែល​ឯង​នឹង​ចូល​ទៅ​ចាប់​យក​នោះ
64 ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​កម្ចាត់‌កម្ចាយ​ឯង ឲ្យ​ទៅ​នៅ​ក្នុង​គ្រប់​ទាំង​សាសន៍ ពី​ចុង​ផែនដី​ម្ខាង រហូត​ដល់​ចុង​ផែនដី​ម្ខាង នៅ​ទី​នោះ​ឯង​នឹង​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​ដទៃ​ធ្វើ​ពី​ឈើ ហើយ​និង​ថ្ម​ដែល​ឯង និង​ពួក​អយ្យកោ​ឯង​មិន​ដែល​ស្គាល់​សោះ
65 នៅ​ក្នុង​សាសន៍​ទាំង​នោះ ឯង​នឹង​រក​សេចក្ដី​ស្រណុក​មិន​បាន ហើយ​បាត​ជើង​ឯង​មិន​ចេះ​បាន​សម្រាក​ឡើយ គឺ​នៅ​ទី​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ធ្វើ​ឲ្យ​ចិត្ត​ឯង​ញ័រ​រន្ធត់ ឲ្យ​ភ្នែក​ឯង​ស្រវាំង​ទៅ ហើយ​ឲ្យ​មាន​គំនិត​ព្រួយ​លំបាក​ដែរ
66 ទោះ​ទាំង​ជីវិត​ឯង ក៏​នឹង​គ្មាន​ទី​កំណត់​ដល់​ឯង​ផង ឯង​នឹង​ចេះ​តែ​ភ័យ​ខ្លាច​ទាំង​យប់​ទាំង​ថ្ងៃ ឥត​មាន​សង្ឃឹម​នឹង​រស់​នៅ​ឡើយ
67 នៅ​ពេល​ព្រឹក ឯង​នឹង​ថា ឱ​កាល​ណា​បាន​ល្ងាច​ទៅ​ហ្ន៎ ហើយ​ដល់​ពេល​ល្ងាច នោះ​នឹង​ថា ឱ​កាល​ណា​បាន​ព្រឹក​ឡើង​ទៅ​ហ្ន៎ គឺ​ដោយ​ព្រោះ​សេចក្ដី​ភិត‌ភ័យ​នៅ​ក្នុង​ចិត្ត​ឯង ដែល​នាំ​ឲ្យ​ឯង​ខ្លាច​នោះ ហើយ​ដោយ​ព្រោះ​ការ​ដែល​ភ្នែក​ឯង​នឹង​ឃើញ​ផង
68 ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ដឹក​នាំ​ឯង​ដោយ​នាវា ត្រឡប់​ទៅ​នៅ​ស្រុក​អេស៊ីព្ទ​វិញ តាម​ផ្លូវ​ដែល​អញ​បាន​ប្រាប់​ឯង​ថា ឯង​នឹង​មិន​ឃើញ​ផ្លូវ​នោះ​ទៀត​ឡើយ រួច​នៅ​ស្រុក​នោះ ឯង​នឹង​ខំ​លក់​ខ្លួន​ទៅ​ឲ្យ​ពួក​ខ្មាំង​សត្រូវ ដើម្បី​នឹង​ធ្វើ​ជា​បាវ​ប្រុស​បាវ​ស្រី​គេ តែ​នឹង​គ្មាន​អ្នក​ណា​ទិញ​ឯង​សោះ។
69 នោះ​ហើយ ជា​ពាក្យ​ទាំង​ប៉ុន្មាន​នៃ​សេចក្ដី​សញ្ញា​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បង្គាប់ ឲ្យ​ម៉ូសេ​តាំង​នឹង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​នៅ​ស្រុក​ម៉ូអាប់ ក្រៅ​ពី​សេចក្ដី​សញ្ញា​ដែល​ទ្រង់​បាន​តាំង​នឹង​គេ​នៅ​ភ្នំ​ហោរែប​នោះ។


ជំពូក 29

1 ម៉ូសេ លោក​ហៅ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​មក​ប្រាប់​ថា ឯង​រាល់​គ្នា​បាន​ឃើញ​គ្រប់​ទាំង​ការ ដែល​ព្រះ‌យេហូវ៉ា​បាន​ធ្វើ​នៅ​ស្រុក​អេស៊ីព្ទ ដល់​ផារ៉ោន និង​ពួក​មហា‌តលិក ហើយ​និង​ស្រុក​ទ្រង់​ទាំង​មូល នៅ​ចំពោះ​ភ្នែក​ឯង​ហើយ
2 គឺ​អស់​ទាំង​ការ​ល្បង​យ៉ាង​ធំ ដែល​ភ្នែក​ឯង​បាន​ឃើញ ព្រម​ទាំង​ទី​សម្គាល់ និង​ការ​អស្ចារ្យ​ដ៏​ធំ​ផង
3 តែ​លុះ​មក​ដល់​សព្វ​ថ្ងៃ​នេះ ព្រះ‌យេហូវ៉ា​ទ្រង់​មិន​បាន​ប្រទាន​ឲ្យ​ឯង​រាល់​គ្នា​មាន​ចិត្ត​យល់ ឬ​ភ្នែក​ដែល​មើល​ឃើញ ឬ​ត្រចៀក​ដែល​ស្តាប់​ឮ​នៅ​ឡើយ
4 អញ​បាន​នាំ​ឯង​រាល់​គ្នា​ក្នុង​ទី​រហោ‌ស្ថាន​អស់​៤០​ឆ្នាំ​ហើយ ឯ​សម្លៀក‌បំពាក់​របស់​ឯង នោះ​មិន​បាន​រេច​នៅ​លើ​ខ្លួន​សោះ ហើយ​ស្បែក​ជើង​ឯង​ក៏​មិន​បាន​សឹក​ផង
5 ឯង​រាល់​គ្នា​មិន​បាន​បរិភោគ​នំបុ័ង ឬ​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ ឬ​គ្រឿង​ស្រវឹង​ណា​សោះ ដើម្បី​ឲ្យ​បាន​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង
6 កាល​ឯង​រាល់​គ្នា​បាន​មក​ដល់​ទី​នេះ នោះ​ស៊ីហុន ជា​ស្តេច​ក្រុង​ហែសបូន និង​អុក ជា​ស្តេច​ស្រុក​បាសាន បាន​ចេញ​មក​ច្បាំង​នឹង​យើង ហើយ​យើង​ក៏​បាន​វាយ​ឈ្នះ​គេ
7 យើង​បាន​ចាប់​យក​ស្រុក​គេ ក៏​ចែក​ជា​មរដក​ដល់​ពួក​រូបេន ពួក​កាឌ់ ហើយ​និង​ពូជ​អំបូរ​ម៉ាន៉ាសេ​១​ចំហៀង
8 ដូច្នេះ ចូរ​កាន់ ហើយ​ប្រព្រឹត្ត​តាម​អស់​ទាំង​ពាក្យ​នៃ​សញ្ញា​នេះ ដើម្បី​ឲ្យ​ឯង​រាល់​គ្នា​មាន​សេចក្ដី​ចម្រើន​ក្នុង​គ្រប់​ទាំង​ការ​ដែល​ឯង​ធ្វើ។
9 នៅ​ថ្ងៃ​នោះ ឯង​ទាំង​អស់​គ្នា​កំពុង​ឈរ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង គឺ​ទាំង​ពួក​មេ ទាំង​ពូជ​អំបូរ​ឯង​ទាំង​ប៉ុន្មាន និង​ពួក​ចាស់‌ទុំ ហើយ​និង​ពួក​នាយក​របស់​ឯង​រាល់​គ្នា ជា​បណ្តា​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា
10 ព្រម​ទាំង​ពួក​កូន​ក្មេង និង​ប្រពន្ធ​ឯង ហើយ​ពួក​អ្នក​ដទៃ​ដែល​នៅ​ក្នុង​ពួក​ឯង តាំង​ពី​ពួក​អ្នក​កាប់​ឧស ទៅ​ដល់​អ្នក​ដែល​រែក​ទឹក​ឲ្យ​ឯង​ផង
11 ប្រយោជន៍​ឲ្យ​បាន​ចុះ​សញ្ញា​នឹង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង និង​សេចក្ដី​សម្បថ ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​ស្បថ​នឹង​ឯង​នៅ​ថ្ងៃ​នេះ
12 គឺ​ដើម្បី​ឲ្យ​ទ្រង់​បាន​តាំង​ឯង ទុក​ជា​រាស្ត្រ​របស់​ទ្រង់​នៅ​ថ្ងៃ​នេះ ហើយ​ឲ្យ​ទ្រង់​បាន​ធ្វើ​ជា​ព្រះ​ដល់​ឯង ដូច​ជា​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​នឹង​ឯង ហើយ​ដូច​ជា​ទ្រង់​បាន​ស្បថ​នឹង​អ័ប្រា‌ហាំ និង​អ៊ីសាក ហើយ​និង​យ៉ាកុប ជា​ពួក​អយ្យកោ​ឯង​ដែរ។
13 អញ​តាំង​សេចក្ដី​សញ្ញា ហើយ​សម្បថ​នេះ មិន​មែន​តែ​នឹង​ឯង​រាល់​គ្នា​ប៉ុណ្ណោះ
14 គឺ​នឹង​ពួក​អ្នក​ដែល​ឈរ​ជា​មួយ​នឹង​យើង​រាល់​គ្នា​នៅ​ទី​នេះ នា​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង នៅ​ថ្ងៃ​នេះ ព្រម​ទាំង​ពួក​អ្នក​ដែល​មិន​នៅ​ឯ​នេះ ជា​មួយ​នឹង​យើង​រាល់​គ្នា​នៅ​ថ្ងៃ​នេះ​ដែរ
15 (ដ្បិត​ឯ​ការ​ទាំង​ប៉ុន្មាន​ដែល​កើត​ដល់​យើង​នៅ​ក្នុង​ស្រុក​អេស៊ីព្ទ ហើយ​តាម​ផ្លូវ​ដែល​យើង​បាន​ដើរ​កាត់ កណ្តាល​សាសន៍​ទាំង​ប៉ុន្មាន ហួស​មក​ដល់​ទី​នេះ នោះ​ឯង​រាល់​គ្នា​ដឹង​ស្រាប់​ហើយ
16 ក៏​បាន​ឃើញ​ការ​គួរ​ស្អប់​ខ្ពើម​របស់​គេ និង​ព្រះ​ដែល​ធ្វើ​ពី​ឈើ ពី​ថ្ម ប្រាក់ ហើយ​និង​មាស នៅ​ក្នុង​ពួក​គេ​នោះ​ដែរ)
17 ក្រែង​នៅ​ក្នុង​ពួក​ឯង​រាល់​គ្នា នៅ​ថ្ងៃ​នេះ មាន​មនុស្ស​ប្រុស ឬ​ស្រី​ណា ឬ​គ្រួ​ណា ឬ​ពូជ​អំបូរ​ណា​ដែល​មាន​ចិត្ត​បែរ​ចេញ​ពី​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង ទៅ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​របស់​សាសន៍​ទាំង​នោះ​វិញ ហើយ​ក្រែង​នៅ​ក្នុង​ពួក​ឯង​រាល់​គ្នា មាន​ឫស​ណា​ដែល​បង្កើត​ជាតិ​ពុល ហើយ​និង​ស្លែង
18 រួច​កាល​ណា​អ្នក​នោះ​ឮ​ពាក្យ​នៃ​សេចក្ដី​បណ្តាសា​នេះ នោះ​គេ​នឹង​ឲ្យ​ពរ​ដល់​ខ្លួន​នៅ​ក្នុង​ចិត្ត​ថា អញ​នឹង​មាន​សេចក្ដី​សុខ​ទេ ទោះ​បើ​អញ​ដើរ​តាម​តែ​សេចក្ដី​រឹង‌ចចេស​ក្នុង​ចិត្ត​អញ ដើម្បី​នឹង​បន្ថែម​សេចក្ដី​ស្រវឹង ទៅ​លើ​សេចក្ដី​សំរេក​ក៏​ដោយ
19 ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​មិន​អត់​ទោស​ដល់​អ្នក​នោះ​ឡើយ គឺ​សេចក្ដី​ខ្ញាល់ ហើយ​និង​សេចក្ដី​ប្រចណ្ឌ​នៃ​ព្រះ‌យេហូវ៉ា នឹង​ហុយ​ឡើង​ទាស់​នឹង​អ្នក​នោះ ហើយ​គ្រប់​ទាំង​សេចក្ដី​បណ្តាសា​ដែល​បាន​កត់​ក្នុង​គម្ពីរ​នេះ នឹង​នៅ​ជាប់​លើ​អ្នក​នោះ​ដែរ រួច​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​លុប​ឈ្មោះ​គេ​ពី​ក្រោម​មេឃ​ចេញ
20 ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ញែក​អ្នក​នោះ ពី​គ្រប់​ទាំង​ពូជ​អំបូរ​នៃ​សាសន៍​អ៊ីស្រា‌អែល​ចេញ ទុក​សម្រាប់​តែ​សេចក្ដី​អាក្រក់​ប៉ុណ្ណោះ តាម​អស់​ទាំង​ពាក្យ​បណ្តាសា​នៃ​សេចក្ដី​សញ្ញា​ដែល​កត់​ក្នុង​គម្ពីរ​ក្រឹត្យ‌វិន័យ​នេះ។
21 ឯ​តំណ​មនុស្ស​ក្រោយ​មក គឺ​កូន​ចៅ​ឯង​រាល់​គ្នា​ដែល​នឹង​កើត​ត​ពី​ឯង ហើយ​ពួក​អ្នក​ដទៃ​ដែល​មក​ពី​ស្រុក​ឆ្ងាយ កាល​ណា​គេ​ឃើញ​អស់​ទាំង​សេចក្ដី​វេទនា​នៅ​ស្រុក​នោះ និង​ជំងឺ​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌យេហូវ៉ា​បាន​ធ្វើ​ឲ្យ​ឈឺ
22 ហើយ​ឃើញ​ស្រុក​នោះ​សុទ្ធ​តែ​ស្ពាន់‌ធ័រ និង​អំបិល​ផង​ក៏​កំពុង​តែ​ឆេះ ឥត​ដែល​បាន​សាប‌ព្រោះ ឬ​លូត‌លាស់​ឥត​មាន​ស្មៅ​ដុះ​សោះ ដូច​ជា​កាល​បំផ្លាញ​ក្រុង​សូដុម ក្រុង​កូម៉ូរ៉ា ក្រុង​អាត់ម៉ា ហើយ​និង​ក្រុង​សេបោម​ដែរ ជា​ទី​ក្រុង​ដែល​ព្រះ‌យេហូវ៉ា​បាន​បំផ្លាញ ដោយ​សេចក្ដី​ខ្ញាល់ ហើយ​និង​សេចក្ដី​ឃោរ‌ឃៅ​របស់​ទ្រង់
23 នោះ​គ្រប់​ទាំង​សាសន៍​នឹង​សួរ​ថា ហេតុ​ដូច​ម្តេច​បាន​ជា​ព្រះ‌យេហូវ៉ា​បាន​ធ្វើ​ដល់​ស្រុក​នេះ​យ៉ាង​ដូច្នេះ សេចក្ដី​ក្រោធ​យ៉ាង​ខ្លាំង ដ៏​ឆេះ​ក្តៅ បាន​កើត​ឡើង​ដោយ​ព្រោះ​អ្វី
24 នោះ​អស់​ទាំង​សាសន៍​នឹង​ឆ្លើយ​ថា គឺ​ដោយ​ព្រោះ​តែ​គេ​បាន​បោះ‌បង់​ចោល​សេចក្ដី​សញ្ញា​ផង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ពួក​អយ្យកោ​គេ ដែល​ទ្រង់​បាន​តាំង​នឹង​គេ ក្នុង​កាល​ដែល​ទ្រង់​បាន​នាំ​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក​នោះ
25 គេ​បាន​បែរ​ទៅ​ជា​គោរព​ប្រតិ‌បត្តិ ថ្វាយ‌បង្គំ​ដល់​ព្រះ​ដទៃ ជា​ព្រះ​ដែល​គេ​មិន​បាន​ស្គាល់ គឺ​ជា​ព្រះ​ដែល​ទ្រង់​ក៏​មិន​បាន​ប្រទាន​ឲ្យ​គេ​ផង
26 ហេតុ​នោះ​ហើយ​បាន​ជា​សេចក្ដី​ខ្ញាល់​នៃ​ព្រះ‌យេហូវ៉ា​បាន​កាត់​ឡើង​ទាស់​នឹង​ស្រុក​នេះ ដើម្បី​នឹង​នាំ​អស់​ទាំង​សេចក្ដី​បណ្តាសា ដែល​កត់​ក្នុង​គម្ពីរ​នេះ​មក​លើ​គេ
27 ព្រះ‌យេហូវ៉ា​ទ្រង់​បាន​រំលើង​គេ​ពី​ស្រុក​ចេញ ដោយ​សេចក្ដី​ខ្ញាល់ សេចក្ដី​ឃោរ‌ឃៅ ហើយ​និង​សេចក្ដី​ក្តៅ​ក្រហាយ​ដ៏​ជា​ខ្លាំង​របស់​ទ្រង់ ហើយ​បាន​បោះ​គេ​ចោល​ទៅ​ក្នុង​ស្រុក​១​ទៀត ដូច​ជា​មាន​សព្វ​ថ្ងៃ​នេះ
28 ឯ​អស់​ទាំង​សេចក្ដី​លាក់​កំបាំង នោះ​ស្រេច​នៅ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​រាល់​គ្នា​ទេ តែ​សេចក្ដី​ដែល​បាន​បើក​សម្ដែង​មក​ទាំង​ប៉ុន្មាន នោះ​ស្រេច​នៅ​យើង​រាល់​គ្នា ហើយ​និង​កូន​ចៅ​យើង ជា​រៀង‌រាប​ដរាប​វិញ ដើម្បី​ឲ្យ​យើង​បាន​ប្រព្រឹត្ត​តាម​អស់​ទាំង​ពាក្យ​ក្នុង​ក្រឹត្យ‌វិន័យ​នេះ។


ជំពូក 30

1 កាល​ណា​គ្រប់​ទាំង​សេចក្ដី​នេះ​បាន​មក​លើ​ឯង គឺ​ទាំង​ពរ និង​បណ្តាសា ដែល​អញ​ដាក់​នៅ​មុខ​ឯង រួច​នៅ​កណ្តាល​អស់​ទាំង​សាសន៍ ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​ដេញ​ឯង​ទៅ​នៅ នោះ​ឯង​ចាប់​តាំង​នឹក​រឭក​ពី​ការ​ទាំង​នោះ​នៅ​ក្នុង​ចិត្ត
2 ហើយ​ឯង​វិល​ត្រឡប់​មក​ឯ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​វិញ ដោយ​ស្តាប់​តាម​ព្រះ‌បន្ទូល​ទ្រង់ តាម​គ្រប់​ទាំង​សេចក្ដី​ដែល​អញ​បាន​បង្គាប់​នៅ​ថ្ងៃ​នេះ ព្រម​ទាំង​កូន​ចៅ​ឯង​ផង ឲ្យ​អស់​ពី​ចិត្ត អស់​ពី​ព្រលឹង
3 នោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​បំផ្លាស់​សណ្ឋាន​ឈ្លើយ​របស់​ឯង ព្រម​ទាំង​អាណិត​មេត្តា​ដល់​ឯង ហើយ​និង​ប្រមូល​ឯង​មក​ពី​គ្រប់​ទាំង​សាសន៍ ជា​កន្លែង​ដែល​ទ្រង់​បាន​កម្ចាត់‌កម្ចាយ​ឯង​ទៅ​នៅ​នោះ​មក​វិញ
4 ទោះ​បើ​ពួក​ឯង​ដែល​ត្រូវ​ខ្ចាត់​ខ្ចាយ​នោះ បាន​ទៅ​នៅ​ដល់​ទី​បំផុត​នៃ​ជើង​មេឃ​ក៏​ដោយ គង់​តែ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​ប្រមូល ហើយ​នាំ​យក​ឯង​ពី​ទី​នោះ​មក​វិញ​ដែរ
5 ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​នាំ​ឯង​មក​ក្នុង​ស្រុក​ពួក​អយ្យកោ​ឯង​បាន​ចាប់​យក ហើយ​ឯង​នឹង​ទទួល​យក​ស្រុក​នោះ​វិញ នោះ​ទ្រង់​នឹង​ប្រោស​សេចក្ដី​ល្អ​ដល់​ឯង ហើយ​និង​ចម្រើន​ឯង​ឲ្យ​មាន​គ្នា​ជា​ច្រើន លើស​ជាង​ពួក​អយ្យកោ​ឯង​ទៅ​ទៀត
6 ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​កាត់​ស្បែក​ចិត្ត​របស់​ឯង ហើយ​និង​ចិត្ត​របស់​ពូជ​ឯង​ផង ឲ្យ​បាន​ស្រឡាញ់​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ឲ្យ​អស់​ពី​ចិត្ត អស់​ពី​ព្រលឹង ដើម្បី​ឲ្យ​ឯង​បាន​រស់​នៅ
7 រួច​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​ដាក់​អស់​ទាំង​សេចក្ដី​បណ្តាសា​ទាំង​នេះ ទៅ​លើ​ពួក​ខ្មាំង​សត្រូវ និង​លើ​ពួក​អ្នក​ដែល​ស្អប់​ឯង ដែល​គេ​បាន​ធ្វើ​ទុក្ខ​ឯង​វិញ
8 នោះ​ឯង​នឹង​វិល​មក​ឯ​ព្រះ‌យេហូវ៉ា​វិញ ព្រម​ទាំង​ស្តាប់​តាម​ព្រះ‌បន្ទូល​ទ្រង់ ហើយ​ប្រព្រឹត្ត​តាម​គ្រប់​ទាំង​បញ្ញត្ត​ទ្រង់ ដែល​អញ​បង្គាប់​មក​នៅ​ថ្ងៃ​នេះ
9 រួច​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​ចម្រើន​គ្រប់​ទាំង​ការ ដែល​ដៃ​ឯង​ធ្វើ ឲ្យ​មាន​ជា​បរិបូរ ព្រម​ទាំង​ផល​កើត​ពី​ពោះ​ឯង និង​ផល​កើត​ពី​ហ្វូង​សត្វ ហើយ​និង​ផល​កើត​ពី​ដី​ឯង​ផង សម្រាប់​ជា​សេចក្ដី​ល្អ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​មាន​សេចក្ដី​អំណរ ដើម្បី​ប្រោស​ឲ្យ​ឯង​បាន​សេចក្ដី​ល្អ​វិញ​ទៀត ដូច​ជា​ពី​ដើម ទ្រង់​បាន​មាន​សេចក្ដី​អំណរ​នឹង​ពួក​អយ្យកោ​ឯង​ដែរ
10 គឺ​បើ​ឯង​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ដើម្បី​នឹង​កាន់​តាម​អស់​ទាំង​ច្បាប់ និង​បញ្ញត្ត​ទាំង​ប៉ុន្មាន​របស់​ទ្រង់ ដែល​បាន​កត់​ទុក​ក្នុង​គម្ពីរ​ក្រឹត្យ‌វិន័យ​នេះ គឺ​បើ​ឯង​បែរ​មក​ឯ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​វិញ ឲ្យ​អស់​ពី​ចិត្ត អស់​ពី​ព្រលឹង​ឯង។
11 ដ្បិត​សេចក្ដី​បញ្ញត្ត​ដែល​អញ​បង្គាប់​មក​ឯង​នៅ​ថ្ងៃ​នេះ មិន​មែន​ហួស​កម្លាំង​ឯង​ទេ ក៏​មិន​មែន​នៅ​ឆ្ងាយ​ដែរ
12 គឺ​មិន​មែន​នៅ​លើ​ស្ថាន‌សួគ៌ ឲ្យ​ឯង​បាន​ថា តើ​អ្នក​ណា​នឹង​ឡើង​ទៅ​ស្ថាន‌សួគ៌ នាំ​យក​ព្រះ‌បន្ទូល​មក​ប្រាប់​យើង​ខ្ញុំ ដើម្បី​ឲ្យ​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​តាម​នោះ​ទេ
13 ក៏​មិន​មែន​នៅ​ត្រើយ​សមុទ្រ​ខាង​នាយ ឲ្យ​ឯង​បាន​ថា តើ​អ្នក​ណា​នឹង​ឆ្លង​សមុទ្រ ទៅ​នាំ​យក​ព្រះ‌បន្ទូល​មក​ប្រាប់​យើង​ខ្ញុំ ដើម្បី​ឲ្យ​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​តាម​នោះ​ដែរ
14 គឺ​ព្រះ‌បន្ទូល​នេះ​នៅ​ជិត​ឯង​ណាស់ ក៏​នៅ​ក្នុង​មាត់​ឯង និង​ក្នុង​ចិត្ត​ឯង​ផង ដើម្បី​ឲ្យ​ឯង​អាច​ប្រព្រឹត្ត​តាម​បាន។
15 មើល នៅ​ថ្ងៃ​នេះ អញ​បាន​ដាក់​សំញែង​ជីវិត និង​សេចក្ដី​ល្អ​នៅ​មុខ​ឯង ព្រម​ទាំង​សេចក្ដី​ស្លាប់ និង​សេចក្ដី​អាក្រក់​ផង
16 ដោយ​អញ​បង្គាប់​ដល់​ឯង​នៅ​ថ្ងៃ​នេះ ឲ្យ​ស្រឡាញ់​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ដើម្បី​នឹង​ដើរ​តាម​ផ្លូវ​ទ្រង់ ហើយ​និង​កាន់​តាម​អស់​ទាំង​សេចក្ដី​បង្គាប់ និង​ច្បាប់ ហើយ​និង​បញ្ញត្ត​ទាំង​ប៉ុន្មាន​របស់​ទ្រង់ ប្រយោជន៍​ឲ្យ​ឯង​បាន​រស់​នៅ ហើយ​ចម្រើន​ឡើង ហើយ​ប្រយោជន៍​ឲ្យ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង បាន​ប្រទាន​ពរ​ដល់​ឯង នៅ​ក្នុង​ស្រុក​ដែល​ឯង​នឹង​ចូល​ទៅ​ចាប់​យក​នោះ
17 ប៉ុន្តែ បើ​ចិត្ត​ឯង​បែរ​ចេញ មិន​ព្រម​ស្តាប់​តាម ក៏​យល់​ព្រម​ឲ្យ​គេ​ប្រទាញ​នាំ​ទៅ​ថ្វាយ‌បង្គំ ហើយ​គោរព​ប្រតិ‌បត្តិ​តាម​ព្រះ​ដទៃ​វិញ
18 នោះ​អញ​ប្រាប់​ឯង​រាល់​គ្នា​ដោយ​ត្រង់ នៅ​ថ្ងៃ​នេះ​ថា ឯង​នឹង​ត្រូវ​វិនាស​ទៅ​ជា​មិន​ខាន គឺ​ឯង​មិន​បាន​រស់​នៅ​ជា​យូរ​ប៉ុន្មាន នៅ​ក្នុង​ស្រុក​ដែល​ឯង​នឹង​ឆ្លង​ទន្លេ​យ័រដាន់ ចូល​ទៅ​ចាប់​យក​នោះ​ទេ
19 អញ​អាង​ដល់​ស្ថាន‌សួគ៌ និង​ផែនដី​ឲ្យ​ធ្វើ​ជា​បន្ទាល់​ទាស់​នឹង​ឯង​រាល់​គ្នា​នៅ​ថ្ងៃ​នេះ​ថា អញ​បាន​ដាក់​សំញែង​ទាំង​ជីវិត និង​សេចក្ដី​ស្លាប់ ទាំង​ព្រះ‌ពរ និង​សេចក្ដី​បណ្តាសា នៅ​មុខ​ឯង​រាល់​គ្នា ដូច្នេះ ចូរ​រើស​យក​ជីវិត​ចុះ ដើម្បី​ឲ្យ​ឯង​បាន​រស់​នៅ ព្រម​ទាំង​ពូជ​ឯង​ត​រៀង​ទៅ​ផង
20 ប្រយោជន៍​ឲ្យ​បាន​ស្រឡាញ់​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង និង​ស្តាប់​តាម​ព្រះ‌បន្ទូល​ទ្រង់ ហើយ​នៅ​ជាប់​នឹង​ទ្រង់​ត​ទៅ ដ្បិត​គឺ​ទ្រង់​ហើយ​ជា​ជីវិត​នៃ​ឯង ហើយ​ជា​អាយុ​វែង​ដល់​ឯង​ដែរ ឲ្យ​ឯង​បាន​នៅ​ក្នុង​ស្រុក​ដែល​ទ្រង់​បាន​ស្បថ​នឹង​អ័ប្រា‌ហាំ និង​អ៊ីសាក ហើយ​និង​យ៉ាកុប ជា​ពួក​អយ្យកោ​ឯង​ថា​នឹង​ឲ្យ​ដល់​គេ។


ជំពូក 31

1 ម៉ូសេ​ក៏​ទៅ​ប្រាប់​សេចក្ដី​ទាំង​នេះ ដល់​ពួក​អ៊ីស្រា‌អែល​គ្រប់​គ្នា
2 រួច​លោក​មាន​ប្រសាសន៍​ថា នៅ​ថ្ងៃ​នេះ អញ​អាយុ​បាន​១២០​ឆ្នាំ​ហើយ អញ​មិន​អាច​នឹង​ចេញ​ចូល​ទៀត​បាន​ទេ ហើយ​ព្រះ‌យេហូវ៉ា​ក៏​មាន​ព្រះ‌បន្ទូល​មក​អញ​ថា មិន​ត្រូវ​ឲ្យ​អញ​ឆ្លង​ទន្លេ​យ័រដាន់​នេះ​ទៅ​ដែរ
3 គឺ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​យាង​នាំ​មុខ​ឯង ទ្រង់​នឹង​បំផ្លាញ​សាសន៍​ទាំង​នោះ​ពី​មុខ​ឯង​ចេញ ហើយ​ឯង​នឹង​ចាប់​យក​ស្រុក​គេ​បាន ឯ​យ៉ូស្វេ​នេះ លោក​នឹង​នាំ​ឯង​ឆ្លង​ទៅ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ហើយ
4 ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ធ្វើ​ដល់​គេ ដូច​ជា​ទ្រង់​បាន​ធ្វើ​ដល់​ស៊ីហុន និង​អុក​ជា​ស្តេច​សាសន៍​អាម៉ូរី ព្រម​ទាំង​ស្រុក​គេ ដែល​ទ្រង់​បាន​បំផ្លាញ​នោះ​ផង
5 ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ប្រគល់​គេ​មក​ឯង​រាល់​គ្នា នោះ​ត្រូវ​ឲ្យ​ឯង​ធ្វើ​ដល់​គេ តាម​គ្រប់​ទាំង​ការ​ដែល​អញ​បាន​បង្គាប់​ដល់​ឯង​ចុះ
6 ដូច្នេះ ចូរ​មាន​កម្លាំង ហើយ​ចិត្ត​ក្លាហាន​ឡើង កុំ​ឲ្យ​ខ្លាច ឬ​មាន​សេចក្ដី​ភ័យ​ញ័រ​ចំពោះ​គេ​ឡើយ ដ្បិត​គឺ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ដែល​យាង​ទៅ​ជា​មួយ​នឹង​ឯង ទ្រង់​មិន​ដែល​ខាន​នឹង​ប្រោស​ឯង​ទេ ក៏​មិន​ដែល​លះ​ចោល​ឯង​ដែរ។
7 ម៉ូសេ​ក៏​ហៅ​យ៉ូស្វេ​មក ប្រាប់​នៅ​ចំពោះ​មុខ​នៃ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​ថា ចូរ​មាន​កម្លាំង ហើយ​ចិត្ត​ក្លាហាន​ចុះ ដ្បិត​ត្រូវ​ឲ្យ​ឯង​ទៅ​ជា​មួយ​នឹង​បណ្តា‌ជន​ទាំង​នេះ ចូល​ទៅ​ក្នុង​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​បាន​ស្បថ​នឹង​ពួក​អយ្យកោ​ថា នឹង​ឲ្យ​ដល់​គេ ហើយ​ត្រូវ​ឲ្យ​គេ​បាន​ស្រុក​នោះ ទុក​ជា​មរដក
8 គឺ​ព្រះ‌យេហូវ៉ា​ដែល​នឹង​យាង​នាំ​មុខ​ឯង​ទៅ ព្រម​ទាំង​គង់​ជា​មួយ​នឹង​ឯង ទ្រង់​មិន​ដែល​ខាន​នឹង​ប្រោស​ឯង​ឡើយ ក៏​មិន​ដែល​លះ​ចោល​ឯង​ដែរ ដូច្នេះ កុំ​ឲ្យ​ខ្លាច ឬ​ស្រយុត​ចិត្ត​ឲ្យ​សោះ។
9 ម៉ូសេ​ក៏​កត់​ក្រឹត្យ‌វិន័យ​នេះ ប្រគល់​ឲ្យ​ដល់​ពួក​សង្ឃ ជា​កូន​ចៅ​លេវី ដែល​គេ​សែង​ហឹប​នៃ​សេចក្ដី​សញ្ញា​ផង​ព្រះ‌យេហូវ៉ា ហើយ​ដល់​ពួក​ចាស់‌ទុំ​នៃ​សាសន៍​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន​ផង
10 រួច​លោក​បង្គាប់​ទៅ​គេ​ថា លុះ​ដល់​ផុត​រាល់​តែ​៧​ឆ្នាំ គឺ​ក្នុង​ពេល​កំណត់​នៅ​ឆ្នាំ​ដែល​ដោះ​លែង នៅ​វេលា​បុណ្យ​បារាំ
11 កាល​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា បាន​លេច​មក​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ត្រង់​កន្លែង​ដែល​ទ្រង់​នឹង​រើស​ហើយ នោះ​ត្រូវ​ឲ្យ​មើល​ក្រឹត្យ‌វិន័យ​នេះ នៅ​ចំពោះ​មុខ​គេ ឲ្យ​បាន​ស្តាប់​ទាំង​អស់​គ្នា
12 ត្រូវ​ឲ្យ​ប្រមូល​បណ្តា‌ជន​ទាំង​ប្រុស​ទាំង​ស្រី និង​កូន​ក្មេង ហើយ​និង​ពួក​អ្នក​ដទៃ​ដែល​នៅ​អស់​ទាំង​ទី​ក្រុង​របស់​ឯង​មក ដើម្បី​ឲ្យ​គេ​ស្តាប់ ហើយ​បាន​រៀន ព្រម​ទាំង​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទាំង​ប្រយ័ត និង​ប្រព្រឹត្ត​តាម​អស់​ទាំង​ពាក្យ​ក្នុង​ក្រឹត្យ‌វិន័យ​នេះ
13 ហើយ​ឲ្យ​កូន​ចៅ​គេ​ដែល​មិន​ដឹង​បាន​ឮ​ដែរ ហើយ​បាន​ទម្លាប់​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង នៅ​អស់​វេលា​ណា​ដែល​ឯង​នៅ​ក្នុង​ស្រុក ដែល​ឯង​ឆ្លង​ទន្លេ​យ័រដាន់​ទៅ​ចាប់​យក​នោះ​នៅ​ឡើយ។
14 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា មើល​ថ្ងៃ​ដែល​ឯង​ត្រូវ​ស្លាប់ នោះ​ជិត​ដល់​ហើយ ដូច្នេះ ចូរ​ហៅ​យ៉ូស្វេ​មក ហើយ​ចូល​ទៅ​ក្នុង​ត្រសាល​ជំនុំ ដើម្បី​ឲ្យ​អញ​បាន​ប្រគល់​បន្ទុក​លើ​លោក នោះ​ម៉ូសេ និង​យ៉ូស្វេ​ក៏​ចូល​ទៅ​ក្នុង​ត្រសាល​ជំនុំ
15 រួច​ព្រះ‌យេហូវ៉ា​ទ្រង់​លេច​មក​ក្នុង​ត្រសាល នៅ​ក្នុង​បង្គោល​ពពក ពពក​នោះ​ក៏​ស្ថិត​នៅ​ពី​លើ​ទ្វារ​ត្រសាល។
16 ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា មើល​ឯង​ត្រូវ​ដេក​លក់​ទៅ​ជា​មួយ​នឹង​ពួក​អយ្យកោ​ឯង ឯ​បណ្តា‌ជន​ទាំង​នេះ គេ​នឹង​លើក​គ្នា​ផិត​ទៅ​តាម​ព្រះ​ដទៃ ជា​ព្រះ​របស់​ស្រុក​ដែល​គេ​ចូល​ទៅ​នៅ​កណ្តាល​នោះ គេ​នឹង​បោះ‌បង់​ចោល​អញ ព្រម​ទាំង​ផ្តាច់​សេចក្ដី​សញ្ញា ដែល​អញ​បាន​តាំង​នឹង​គេ​ចេញ
17 នោះ​សេចក្ដី​កំហឹង​របស់​អញ​នឹង​បាន​កាត់​ឡើង ទាស់​នឹង​គេ​នៅ​ថ្ងៃ​នោះ រួច​អញ​នឹង​បោះ‌បង់​ចោល​គេ​ដែរ ហើយ​និង​គេច​មុខ​ចេញ​ពី​គេ​ទៅ នោះ​គេ​នឹង​ត្រូវ​ស៊ី​បង្ហិន ហើយ​និង​កើត​មាន​សេចក្ដី​អាក្រក់ និង​សេចក្ដី​វេទនា​ជា​ច្រើន​យ៉ាង ដល់​ម៉្លេះ​បាន​ជា​គេ​នឹង​និយាយ​នៅ​ថ្ងៃ​នោះ​ថា សេចក្ដី​អាក្រក់​ទាំង​នេះ​បាន​មក​លើ​យើង ដោយ​ព្រោះ​តែ​ព្រះ​នៃ​យើង ទ្រង់​មិន​គង់​ក្នុង​ពួក​យើង​ទេ​តើ
18 តែ​នៅ​ថ្ងៃ​នោះ អញ​នឹង​គេច​មុខ​ចេញ​ជា​ប្រាកដ ដោយ​ព្រោះ​សេចក្ដី​អាក្រក់​ទាំង​ប៉ុន្មាន​ដែល​គេ​បាន​ប្រព្រឹត្ត ដោយ​ងាក​បែរ​ទៅ​តាម​ព្រះ​ដទៃ
19 ដូច្នេះ ចូរ​ឯង​កត់​ទំនុក​នេះ​ទុក​សម្រាប់​ឯង​រាល់​គ្នា ហើយ​បង្ហាត់​បង្រៀន​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ចុះ ចូរ​ដាក់​ទំនុក​នេះ​ចុះ​ក្នុង​មាត់​គេ ដើម្បី​ឲ្យ​បាន​ធ្វើ​ជា​ទី​បន្ទាល់​នៃ​អញ ទាស់​នឹង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល
20 ដ្បិត​កាល​ណា​អញ​បាន​នាំ​គេ​ចូល​ទៅ​ក្នុង​ស្រុក​មាន​ទឹក​ដោះ និង​ទឹក​ឃ្មុំ​ហូរ‌ហៀរ ដែល​អញ​បាន​ស្បថ​នឹង​ពួក​អយ្យកោ​គេ ហើយ​គេ​បាន​បរិភោគ​ឆ្អែត​ចម្រើន​សាច់​ឡើង នោះ​គេ​នឹង​ងាក​បែរ​ទៅ​តាម​ព្រះ​ដទៃ​វិញ ព្រម​ទាំង​គោរព​ប្រតិ‌បត្តិ​ផង គេ​នឹង​មើល‌ងាយ​ដល់​អញ ហើយ​ផ្តាច់​សេចក្ដី​សញ្ញា​អញ​ចេញ
21 រួច​កាល​ណា​គេ​កើត​មាន​សេចក្ដី​អាក្រក់ និង​សេចក្ដី​វេទនា​ជា​ច្រើន​យ៉ាង នោះ​ទំនុក​នេះ​នឹង​ធ្វើ​បន្ទាល់​ដល់​គេ ដ្បិត​ទំនុក​នេះ​នឹង​មិន​ដែល​ភ្លេច​បាត់ ចេញ​ពី​មាត់​នៃ​ពូជ​គេ​ឡើយ ពី​ព្រោះ​អញ​ស្គាល់​គំនិត​ដែល​កើត​ឡើង​ក្នុង​ចិត្ត​គេ​នៅ​ថ្ងៃ​នេះ​ហើយ តាំង​ពី​មុន​ដែល​អញ​នាំ​គេ​ចូល​ទៅ​ក្នុង​ស្រុក ដែល​បាន​ស្បថ​នឹង​គេ​មក
22 នៅ​ថ្ងៃ​នោះ​ឯង ម៉ូសេ​ក៏​កត់​ទំនុក​នេះ ហើយ​បាន​បង្ហាត់​បង្រៀន​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល។
23 ព្រះ‌យេហូវ៉ា​ក៏​បង្គាប់​ដល់​យ៉ូស្វេ​ជា​កូន​នុន​ថា ចូរ​មាន​កម្លាំង ហើយ​ចិត្ត​ក្លាហាន​ចុះ ដ្បិត​ត្រូវ​ឲ្យ​ឯង​នាំ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ចូល​ទៅ​ក្នុង​ស្រុក​ដែល​អញ​បាន​ស្បថ​នឹង​គេ ឯ​អញ​ក៏​នឹង​នៅ​ជា​មួយ​នឹង​ឯង។
24 កាល​ម៉ូសេ​បាន​កត់​អស់​ទាំង​ពាក្យ នៃ​ក្រឹត្យ‌វិន័យ​នេះ ទុក​ក្នុង​សៀវភៅ​ស្រេច​ហើយ
25 នោះ​លោក​បង្គាប់​ដល់​ពួក​លេវី ដែល​សែង​ហឹប​នៃ​សេចក្ដី​សញ្ញា​ផង​ព្រះ‌យេហូវ៉ា​ថា
26 ចូរ​យក​គម្ពីរ​ក្រឹត្យ‌វិន័យ​នេះ ទៅ​ដាក់​នៅ​ត្រង់​ចំហៀង​ហឹប​នៃ​សេចក្ដី​សញ្ញា​ផង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​រាល់​គ្នា​ទៅ ឲ្យ​បាន​នៅ​ទី​នោះ សម្រាប់​ជា​ទី​បន្ទាល់​ទាស់​នឹង​ឯង
27 ដ្បិត​អញ​ស្គាល់​ចិត្ត​បះ‌បោរ និង​ក្បាល​រឹង​របស់​ឯង​រាល់​គ្នា​ហើយ មើល កាល​អញ​កំពុង​រស់​នៅ​ជា​មួយ​នឹង​ឯង​រាល់​គ្នា​សព្វ​ថ្ងៃ ម៉េច​ឯង​បាន​បះ‌បោរ​នឹង​ព្រះ‌យេហូវ៉ា​ទៅ​ហើយ ចំណង់​បើ​ថ្ងៃ​ក្រោយ​ដែល​អញ​ស្លាប់​ទៅ នោះ​តើ​នឹង​លើស​ជាង​អម្បាល‌ម៉ាន​ទៅ​ទៀត
28 ចូរ​ទៅ​ប្រមូល​ពួក​ចាស់‌ទុំ ក្នុង​ពូជ​អំបូរ​ទាំង​ប៉ុន្មាន​របស់​ឯង​រាល់​គ្នា និង​ពួក​នាយក​ទាំង​អស់​របស់​ឯង​រាល់​គ្នា​មក​ឯ​អញ ដើម្បី​ឲ្យ​អញ​បាន​ប្រាប់​ពាក្យ​ទាំង​នេះ ឲ្យ​គេ​ស្តាប់ ព្រម​ទាំង​យក​ស្ថាន‌សួគ៌ និង​ផែនដី ជា​ទី​អាង​ទាស់​នឹង​គេ​ផង
29 ដ្បិត​អញ​ដឹង​ថា ក្រោយ​ដែល​អញ​បាន​ស្លាប់​ទៅ នោះ​ឯង​រាល់​គ្នា​នឹង​បង្ខូច​ខ្លួន​អស់​រលីង​ទៅ ហើយ​និង​ងាក​បែរ​ចេញ​ពី​ផ្លូវ​ដែល​អញ​បាន​បង្គាប់​ដល់​ឯង ដូច្នេះ នៅ​ថ្ងៃ​ជាន់​ក្រោយ នឹង​មាន​សេចក្ដី​អាក្រក់​ធ្លាក់​មក​លើ​ឯង​រាល់​គ្នា ដោយ​ព្រោះ​ឯង​រាល់​គ្នា​ចូល​ចិត្ត​តែ​ធ្វើ​ការ​ដែល​អាក្រក់ នៅ​ចំពោះ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា​ប៉ុណ្ណោះ គឺ​ជា​ការ​ដែល​បណ្តាល​ឲ្យ​ទ្រង់​មាន​សេចក្ដី​ខ្ញាល់ ដោយ​ដៃ​ឯង​ធ្វើ​យ៉ាង​នោះ។
30 រួច​ម៉ូសេ​ក៏​ប្រាប់​អស់​ទាំង​ពាក្យ​ក្នុង​ទំនុក​នេះ ឲ្យ​ឮ​ទៅ​ដល់​ត្រចៀក​នៃ​ពួក​ជំនុំ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​រហូត​ដល់​ចប់។


ជំពូក 32

1 ឱ​ផ្ទៃ​មេឃ​អើយ ចូរ​ផ្ទៀង​ត្រចៀក​ចុះ ខ្ញុំ​នឹង​បញ្ចេញ​វាចា ហើយ​សូម​ឲ្យ​ផែនដី​ស្តាប់​ពាក្យ​ដែល​ចេញ​ពី​មាត់​ខ្ញុំ​ដែរ
2 គោល‌លទ្ធិ​របស់​ខ្ញុំ​នឹង​ធ្លាក់​មក​ដូច​ជា​ភ្លៀង ហើយ​ពាក្យ​សំដី​ខ្ញុំ​នឹង​ចុះ​ដូច​ជា​ទឹក​សន្សើម គឺ​ដូច​ជា​ភ្លៀង​រលឹម មក​លើ​ស្មៅ​ល្បាស់​ខ្ចី ហើយ​ដូច​ជា​ភ្លៀង​១​មេ​មក​លើ​តិណ‌ជាតិ​ទាំង‌ឡាយ​ដែរ
3 ពី​ព្រោះ​ខ្ញុំ​នឹង​ប្រកាស​ប្រាប់​ពី​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ចូរ​សរសើរ​ដល់​ព្រះ​នៃ​យើង​ខ្ញុំ​ថា ទ្រង់​ជា​ព្រះ​ដ៏​ធំ​ឧត្តម
4 ទ្រង់​ជា​ថ្មដា ការ​របស់​ទ្រង់​សុទ្ធ​តែ​គ្រប់​ល័ក្ខណ៍ ដ្បិត​អស់​ទាំង​ផ្លូវ​ទ្រង់ សុទ្ធ​តែ​ប្រកប​ដោយ​យុត្តិ‌ធម៌ ទ្រង់​ជា​ព្រះ​ដ៏​ស្មោះ‌ត្រង់ ឥត​មាន​សេចក្ដី​ទុច្ចរិត​ណា​ឡើយ ទ្រង់​ក៏​ត្រឹម‌ត្រូវ ហើយ​ទៀង​ត្រង់។
5 គេ​បាន​បង្ខូច​ខ្លួន​ហើយ សេចក្ដី​សៅ‌ហ្មង​របស់​គេ​មិន​មែន​ជា​របស់​ពួក​កូន​ទ្រង់​ទេ គេ​ជា​តំណ​មនុស្ស​វៀច ហើយ​ក្រវិច‌ក្រវៀន
6 ឱ​ពួក​មនុស្ស​លីលា ហើយ​ឥត​ប្រាជ្ញា​អើយ តើ​ឯង​រាល់​គ្នា​សង​គុណ​ដល់​ព្រះ‌យេហូវ៉ា​យ៉ាង​នោះ​ឬ​អី តើ​ទ្រង់​មិន​មែន​ជា​ព្រះ‌វរ‌បិតា​នៃ​ឯង ដែល​បាន​ទិញ​ឯង​មក​ទេ​ឬ​អី ទ្រង់​បាន​បង្កើត​ឯង ហើយ​តាំង​ឯង​ឡើង​ផង
7 ចូរ​នឹក​ចាំ​ពី​ថ្ងៃ​ចាស់​បុរាណ ចូរ​ពិចារណា​ពី​អស់​ទាំង​ឆ្នាំ​ដ៏​មាន​ជា​ច្រើន​តំណ​ត​មក ចូរ​សួរ​ឪពុក​ឯង​ចុះ គាត់​នឹង​សម្ដែង​ឲ្យ​ឯង​ដឹង ហើយ​សួរ​ពួក​ចាស់‌ទុំ​នៃ​ឯង​ផង គេ​នឹង​ប្រាប់​ដល់​ឯង
8 កាល​ព្រះ​ដ៏​ខ្ពស់​បំផុត​បាន​ចែក​មរដក​ដល់​សាសន៍​ទាំង​ប៉ុន្មាន គឺ​កាល​ទ្រង់​បាន​បំបែក​ពួក​កូន​ចៅ​អ័ដាម​ចេញ​ពី​គ្នា នោះ​ទ្រង់​បាន​ដាក់​ព្រំ​ប្រទល់​ឲ្យ​អស់​ទាំង​ប្រជា‌ជន តាម​ចំនួន​អស់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល
9 ដ្បិត​កេរ‌អាករ​របស់​ព្រះ‌យេហូវ៉ា នោះ​គឺ​ជា​រាស្ត្រ​របស់​ទ្រង់ ហើយ​យ៉ាកុប​ជា​ចំណែក​មរដក​ទ្រង់
10 ទ្រង់​ឃើញ​លោក​នៅ​តំបន់​ស្ងាត់ ហើយ​នៅ​ទី​រហោ‌ស្ថាន​ជា​ទី​មាន​សុទ្ធ​តែ​សូរ‌សព្ទ​គឹក‌កង នោះ​ទ្រង់​បាន​ព័ទ្ធ​លោក​ជុំវិញ ហើយ​បាន​ថែ‌ទាំ ព្រម​ទាំង​រក្សា​លោក ទុក​ដូច​ជា​ប្រស្រី​ព្រះ‌នេត្រ​របស់​ទ្រង់
11 ឧបមា​ដូច​ជា​សត្វ​ឥន្ទ្រី ដែល​ដាស់‌តឿន​កូន​នៅ​សំបុក ក៏​ហើរ​សំរឹង​ពី​លើ រួច​ត្រដាង​ស្លាប​ទទួល​កូន ទ្រ​នៅ​លើ​ចំអេង​ឡើង
12 ព្រះ‌យេហូវ៉ា​តែ​១​ព្រះ‌អង្គ ទ្រង់​បាន​នាំ​លោក ឥត​មាន​ព្រះ​ដទៃ​ណា​នៅ​ជា​មួយ​ឡើយ
13 ទ្រង់​បាន​បញ្ជិះ​លោក​នៅ​លើ​ទី​ខ្ពស់​នៃ​ផែនដី លោក​បាន​បរិភោគ​ផល​ចម្រើន​ពី​ស្រែ​ចម្ការ ហើយ​ទ្រង់​បាន​ឲ្យ​លោក​ជញ្ជក់​ទឹក​ឃ្មុំ​ពី​ថ្មដា និង​ប្រេង​ពី​ថ្ម​ដ៏​រឹង
14 ក៏​បាន​ឲ្យ​បរិភោគ​ខ្លាញ់​ទឹក​ដោះ និង​ទឹក​ដោះ​សុទ្ធ​ពី​ហ្វូង​សត្វ ព្រម​ទាំង​ខ្លាញ់​កូន​ចៀម និង​ចៀម​ឈ្មោល​ពូជ​ពី​ស្រុក​បាសាន ហើយ​ពពែ​ផង ក៏​មាន​អង្ករ​ភោជ្ជ‌សាលី​យ៉ាង​ត្រសូល​ផង ហើយ​លោក​បាន​ផឹក​ឈាម​ទំពាំង‌បាយ‌ជូរ​ដ៏​សុទ្ធ
15 តែ​យេស៊ូរុន បាន​ឡើង​សាច់ ហើយ​បាន​ធាត់​ឡើង​វិញ គេ​បាន​ចម្រើន​សាច់​ឡើង បាន​ត្រឡប់​ជា​ក្រាស់​មាំ​ហើយ ក៏​ធាត់​រលីក នោះ​គេ​បាន​បោះ‌បង់​ចោល​ព្រះ​ដែល​បង្កើត​ខ្លួន​មក ហើយ​បាន​មើល‌ងាយ​ដល់​ថ្មដា​នៃ​សេចក្ដី​សង្គ្រោះ​របស់​ខ្លួន
16 គេ​បាន​បណ្តាល​ឲ្យ​ទ្រង់​មាន​សេចក្ដី​ប្រចណ្ឌ​ដោយ‌សារ​ព្រះ​ដទៃ ក៏​បាន​ចាក់‌រុក​ឲ្យ​ទ្រង់​ខ្ញាល់ ដោយ‌សារ​ការ​គួរ​ស្អប់​ខ្ពើម
17 គេ​បាន​ថ្វាយ​យញ្ញ‌បូជា​ដល់​ពួក​អារក្ស ដែល​មិន​មែន​ជា​ព្រះ​សោះ គឺ​ដល់​ព្រះ​ដែល​គេ​មិន​បាន​ស្គាល់ ជា​ព្រះ​ថ្មី​ដែល​ទើប​នឹង​កើត​ឡើង ដែល​ពួក​អយ្យកោ​ឯង​មិន​បាន​កោត‌ខ្លាច​ឡើយ
18 ឯ​ព្រះ​ដ៏​ជា​ថ្មដា​ដែល​ទ្រង់​បង្កើត​ឯង នោះ​ឯង​ឥត​រវល់​វិញ គឺ​បាន​បំភ្លេច​ព្រះ​ដែល​បាន​បង្កើត​ជីវិត​ឯង​មក។
19 ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ឃើញ ហើយ​ក៏​ខ្ពើម​ដោយ​ព្រោះ​កិរិយា​បង្អុច‌បង្អាល របស់​ពួក​កូន​ប្រុស កូន​ស្រី​ទ្រង់
20 នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​នឹង​គេច​មុខ​ចេញ​ពី​គេ អញ​នឹង​ចាំ​មើល​ចុង​បំផុត​របស់​គេ​ជា​យ៉ាង​ណា ដ្បិត​គេ​ជា​តំណ​មនុស្ស​វៀច​ពេក​ណាស់ ជា​កូន​ចៅ​ដែល​មិន​មាន​សេចក្ដី​ស្មោះ‌ត្រង់​សោះ
21 គេ​បាន​បណ្តាល​ឲ្យ​អញ​មាន​សេចក្ដី​ប្រចណ្ឌ ដោយ‌សារ​របស់​ដែល​មិន​មែន​ជា​ព្រះ ក៏​បាន​ចាក់‌រុក​អញ​ឲ្យ​ខឹង ដោយ‌សារ​របស់​ឥត​ប្រយោជន៍​របស់​គេ ដូច្នេះ អញ​នឹង​បណ្តាល​ឲ្យ​គេ​មាន​សេចក្ដី​ប្រចណ្ឌ​ដែរ ដោយ‌សារ​ពួក​មនុស្ស​ដែល​មិន​មែន​ជា​សាសន៍​ណា​ទេ ហើយ​និង​ចាក់‌រុក​ឲ្យ​គេ​ខឹង ដោយ‌សារ​សាសន៍​១​ដែល​ឥត​ប្រាជ្ញា
22 ដ្បិត​ភ្លើង​នៃ​សេចក្ដី​កំហឹង​របស់​អញ​បាន​ឆួល​ឡើង​ហើយ ក៏​ឆេះ​ទៅ​ដល់​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ទី​ជ្រៅ​បំផុត ព្រម​ទាំង​ចម្រើន​ឡើង​ឆេះ​បន្សុស​ផែនដី ហើយ​បង្កាត់​ភ្លើង​នៅ​បាត​ភ្នំ​ទាំង​ប៉ុន្មាន​ផង
23 អញ​នឹង​បង្គរ​សេចក្ដី​អាក្រក់​ទៅ​លើ​គេ អញ​នឹង​បាញ់​ព្រួញ​អញ​អស់​រលីង​ទៅ​លើ​គេ
24 គេ​ឆេះ​ត្រូវ​រីងរៃ​ទៅ​ដោយ​ឃ្លាន ហើយ​រោយ‌រៀវ​ទៅ​ដោយ​អំណាច​ក្តៅ និង​សេចក្ដី​ហិន‌វិនាស​ដ៏​ជូរ‌ចត់ ហើយ​អញ​នឹង​ចាត់​សត្វ​ព្រៃ​ទៅ​ខាំ​គេ ព្រម​ទាំង​សត្វ​លូន​វារ​នៅ​ដី​ឲ្យ​ទៅ​ចឹក​ផង
25 ឯ​ខាង​ក្រៅ នោះ​ដាវ​នឹង​បង្អត់ ហើយ​ក្នុង​បន្ទប់​ខាង​ក្នុង នោះ​នឹង​មាន​សេចក្ដី​ស្ញែង‌ខ្លាច​ដល់​ទាំង​មនុស្ស​កំលោះ និង​ស្រី​ក្រមុំ ហើយ​ទាំង​កូន​ដែល​នៅ​បៅ​ដោះ និង​មនុស្ស​សក់​ស្កូវ​ផង
26 អញ​បាន​ប្រាប់​ថា អញ​នឹង​កម្ចាត់‌កម្ចាយ​គេ​ឲ្យ​ទៅ​ជា​ឆ្ងាយ អញ​នឹង​បំបាត់​សេចក្ដី​នឹក​ចាំ​ពី​គេ ចេញ​ពី​ពួក​មនុស្ស​លោក​ទៅ
27 តែ​អញ​ខ្លាច​ការ​បង្អុច‌បង្អាល​របស់​ពួក​ខ្មាំង​សត្រូវ​គេ ក្រែង​ពួក​ទាស់​ទទឹង​ទាំង​នោះ បាន​មើល‌ងាយ ហើយ​ក្រែង​គេ​ថា ដៃ​យើង​បាន​ឈ្នះ​ទេ មិន​មែន​ជា​ព្រះ‌យេហូវ៉ា​ដែល​ធ្វើ​ការ​ទាំង​នេះ​ឡើយ
28 ដ្បិត​គេ​ជា​សាសន៍​ដែល​ឥត​មាន​សេចក្ដី​ដំបូន្មាន គេ​គ្មាន​យោបល់​នៅ​ក្នុង​ខ្លួន​សោះ។
29 ឱ​បើ​គេ​មាន​ប្រាជ្ញា ហើយ​បាន​យល់​សេចក្ដី​នេះ ឱ​បើ​គេ​នឹង​ពិចារណា​ពី​ចុង​បំផុត​របស់​គេ​ទៅ​អេះ
30 ធ្វើ​ដូច​ម្តេច​ឲ្យ​មនុស្ស​តែ​ម្នាក់​ដេញ​ដល់​១​ពាន់​នាក់ ឬ​២​នាក់ ធ្វើ​ឲ្យ​១​ម៉ឺន​នាក់​រត់​ទៅ​បាន លើក​តែ​ព្រះ​ដ៏​ជា​ថ្មដា​របស់​ពួក​នោះ​បាន​លក់​គេ ឬ​ព្រះ‌យេហូវ៉ា​បាន​ប្រគល់​គេ​ទៅ​ប៉ុណ្ណោះ
31 ដ្បិត​ថ្មដា​របស់​គេ​មិន​ដូច​ជា​ថ្មដា​របស់​យើង​នោះ​ទេ គឺ​ជា​ពួក​ខ្មាំង​សត្រូវ​នឹង​យើង ដែល​ធ្វើ​បន្ទាល់​ថា​ដូច្នោះ​ផង
32 ដ្បិត​គល់​របស់​គេ គឺ​ជា​គល់​របស់​ក្រុង​សូដុម ហើយ​ក៏​មក​ពី​ចម្ការ​របស់​ក្រុង​កូម៉ូរ៉ា ផ្លែ​ទំពាំង‌បាយ‌ជូរ​របស់​គេ​ជា​ផ្លែ​មាន​រស​ពុល ចង្កោម​គេ​ក៏​ជូរ​ចត់​ដែរ
33 ស្រា​ទំពាំង‌បាយ‌ជូរ​របស់​គេ ជា​ពិស​របស់​នាគ ហើយ​ជា​ពិស​សាហាវ​របស់​ពស់​ហនុមាន​ផង
34 នេះ​តើ​មិន​មែន​ដាក់​ទុក​នឹង​អញ​ព្រម​ទាំង​បិទ​ត្រា នៅ​ជា​មួយ​នឹង​ទ្រព្យ​សម្បត្តិ​អញ​ទេ​ឬ​អី
35 គឺ​សេចក្ដី​សង‌សឹក និង​សេចក្ដី​សង​គុណ នោះ​ស្រេច​នៅ​អញ ក្នុង​កាល​ដែល​ជើង​គេ​រអិល​ភ្លាត់ ដ្បិត​ថ្ងៃ​ដែល​គេ​ត្រូវ​អន្តរាយ នោះ​ជិត​មក​ដល់ ហើយ​ការ​ដែល​ត្រូវ​មក​លើ​គេ​ក៏​មក​ជា​ឆាប់​ផង
36 ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​កាត់​សេចក្ដី​ឲ្យ​រាស្ត្រ​ទ្រង់​បាន​រួច ព្រម​ទាំង​អាណិត​មេត្តា​ដល់​ពួក​បាវ​បម្រើ​របស់​ទ្រង់ ក្នុង​កាល​ដែល​ទ្រង់​ទត​ឃើញ​ថា កម្លាំង​របស់​គេ​បាត់​អស់​រលីង ឥត​មាន​អ្នក​ណា​នៅ​សល់​ឡើយ ទោះ​ទាំង​ខ្ញុំ​កំដរ និង​អ្នក​ជា​ផង
37 នោះ​ទ្រង់​នឹង​មាន​ព្រះ‌បន្ទូល​ថា អស់​ទាំង​ព្រះ​របស់​គេ គឺ​ជា​ថ្មដា​នោះ ដែល​គេ​បាន​យក​ជា​ទី​ពឹង តើ​នៅ​ឯ​ណា
38 ជា​ព្រះ​ដែល​បាន​ទទួល​ខ្លាញ់​នៃ​យញ្ញ‌បូជា​របស់​គេ ព្រម​ទាំង​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ​នៃ​តង្វាយ​ច្រួច​របស់​គេ ចូរ​ឲ្យ​ព្រះ​ទាំង​នោះ​ក្រោក​ឡើង​ជួយ​ឯង​ចុះ ហើយ​ការ‌ពារ​ឯង​ទៅ
39 ដូច្នេះ ចូរ​ឯង​ដឹង​ថា គឺ​អញ​នេះ​ហើយ​ដែល​ជា​ព្រះ គ្មាន​ព្រះ​ឯ​ណា​ទៀត​ក្រៅ​ពី​អញ​ឡើយ អញ​ជា​អ្នក​សម្លាប់ ហើយ​ជា​អ្នក​ប្រោស​ឲ្យ​រស់ អញ​ជា​អ្នក​វាយ​ឲ្យ​មាន​របួស ហើយ​ជា​អ្នក​មើល​ឲ្យ​ជា​ផង គ្មាន​អ្នក​ណា​នឹង​ដោះ​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​អញ​បាន​ឡើយ
40 ដ្បិត​អញ​លើក​ដៃ​អញ​ទៅ​ឯ​ស្ថាន‌សួគ៌ ស្បថ​ដោយ​នូវ​ព្រះ‌ជន្ម​អញ​ដ៏​នៅ​អស់​កល្ប‌ជានិច្ច​ថា
41 បើ‌សិន​ជា​អញ​សំលៀង​ដាវ​របស់​អញ​ដ៏​ភ្លឺ‌ផ្លេកៗ ហើយ​ដៃ​អញ​ចាប់​កាន់​សេចក្ដី​យុត្តិ‌ធម៌​វេលា​ណា នោះ​អញ​នឹង​សង‌សឹក​ចំពោះ​ពួក​អ្នក​ដែល​ត​តាំង​នឹង​អញ ហើយ​និង​សង​ដល់​ពួក​អ្នក​ដែល​ស្អប់​អញ​ជា​មិន​ខាន
42 អញ​នឹង​ធ្វើ​ឲ្យ​ព្រួញ​អញ​ស្រវឹង​ដោយ​ឈាម ហើយ​ឲ្យ​ដាវ​អញ​ត្របាក់​ស៊ី​សាច់​ផង គឺ​ដោយ​ឈាម​នៃ​ពួក​អ្នក​ដែល​ត្រូវ​គេ​សម្លាប់​ព្រម​ទាំង​ពួក​ឈ្លើយ ចាប់​តាំង​ពី​ដើម​នៃ​ការ​សង‌សឹក ដល់​ពួក​ខ្មាំង​សត្រូវ​ជា​រហូត​ទៅ
43 ឱ​អស់​ទាំង​សាសន៍​អើយ ចូរ​សរសើរ​ដល់​រាស្ត្រ​ទ្រង់​ចុះ ដ្បិត​ទ្រង់​នឹង​សង‌សឹក​ចំពោះ​ឈាម​ពួក​បាវ​បម្រើ​ទ្រង់ គឺ​នឹង​សង​ដល់​ពួក​អ្នក​ដែល​តតាំង​នឹង​ទ្រង់ ហើយ​និង​ធ្វើ​ឲ្យ​ធួន​នឹង​ស្រុក​ទ្រង់ ព្រម​ទាំង​រាស្ត្រ​ទ្រង់​ផង។
44 ម៉ូសេ ព្រម​ទាំង​យ៉ូស្វេ ជា​កូន​នុន ក៏​មក​ប្រាប់​អស់​ទាំង​ពាក្យ​របស់​ទំនុក​នេះ ដល់​បណ្តា‌ជន​ទាំង​អស់​គ្នា ឲ្យ​បាន​ស្តាប់
45 កាល​ម៉ូសេ​បាន​ប្រាប់​ពាក្យ​ទាំង​នេះ ដល់​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​ស្រេច​ហើយ
46 នោះ​លោក​ក៏​មាន​ប្រសាសន៍​ថា ចូរ​យក​ចិត្ត​ទុក​ដាក់​នឹង​ពាក្យ​ទាំង​អស់​ដែល​អញ​បាន​ប្រាប់​ដល់​ឯង​រាល់​គ្នា​នៅ​ថ្ងៃ​នេះ​ចុះ ដើម្បី​នឹង​បង្គាប់​ដល់​កូន​ចៅ​ឯង​រាល់​គ្នា ឲ្យ​ប្រយ័ត និង​ប្រព្រឹត្ត​តាម​ដែរ គឺ​ជា​អស់​ទាំង​ពាក្យ​ក្នុង​ក្រឹត្យ‌វិន័យ​នេះ
47 នេះ​មិន​មែន​ជា​សេចក្ដី​ឥត​ប្រយោជន៍​ដល់​ឯង​រាល់​គ្នា​ទេ គឺ​ជា​ជីវិត​ដល់​ឯង​រាល់​គ្នា​វិញ ហើយ​ដោយ‌សារ​សេចក្ដី​នេះ នោះ​ឯង​រាល់​គ្នា​នឹង​បាន​ជីវិត​ជា​យូរ‌អង្វែង​ត​ទៅ នៅ​ក្នុង​ស្រុក​ដែល​ឯង​រាល់​គ្នា​នឹង​ឆ្លង​ទន្លេ​យ័រដាន់​ចូល​ទៅ​ចាប់​យក​នោះ។
48 នៅ​ថ្ងៃ​នោះ​ឯង ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​បង្គាប់​ដល់​ម៉ូសេ​ថា
49 ចូរ​ឡើង​តាម​ភ្នំ​អាបារីម​នេះ ទៅ​ដល់​កំពូល​ភ្នំ​នេបូរ ដែល​នៅ​ក្នុង​ស្រុក​ម៉ូអាប់ ទល់​មុខ​នឹង​យេរីខូ ហើយ​មើល​ទៅ​ឯ​ស្រុក​កាណាន ដែល​អញ​ឲ្យ ទុក​ជា​កេរ‌អាករ​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ចុះ
50 រួច​ស្លាប់​នៅ​លើ​ភ្នំ​ដែល​ឯង​ឡើង​នោះ​ទៅ ឯង​នឹង​បាន​ប្រមូល​ទៅ​មូល​នឹង​ពួក​អយ្យកោ​ឯង ដូច​ជា​អើរ៉ុន​បង​ឯង​បាន​ស្លាប់​នៅ​លើ​ភ្នំ​ហោរ ហើយ​បាន​ប្រមូល​ទៅ​មូល​នឹង​ពួក​អយ្យកោ​ដែរ ។
51 គឺ​ដោយ​ព្រោះ​ឯង​បាន​រំលង​ទាស់​នឹង​អញ នៅ​ក្នុង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ត្រង់​ទឹក​មេរីបា នៅ​ស្រុក​កាដេស ក្នុង​ទី​រហោ‌ស្ថាន​ស៊ីន ពី​ព្រោះ​ឯង​មិន​បាន​លើក​អញ​ជា​បរិសុទ្ធ​នៅ​កណ្តាល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ទេ
52 ឯង​នឹង​មើល​ស្រុក​នៅ​មុខ​ឯង​ឃើញ តែ​មិន​បាន​ចូល​ទៅ​ក្នុង​ស្រុក​ដែល​អញ​ឲ្យ​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​នោះ​ទេ។


ជំពូក 33

1 នេះ​ជា​ពរ​ដែល​ម៉ូសេ ជា​អ្នក​សំណប់​របស់​ព្រះ បាន​ឲ្យ​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល មុន​ដែល​លោក​ស្លាប់
2 គឺ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​បាន​យាង​មក​ពី​ភ្នំ​ស៊ី‌ណាយ ហើយ​បាន​ក្រោក​ពី​ភ្នំ​សៀរ​មក​ឯ​គេ ទ្រង់​បាន​ភ្លឺ​មក​ពី​ភ្នំ​ប៉ារ៉ាន ទ្រង់​ក៏​បាន​ចេញ​ពី​ពួក​បរិសុទ្ធ​ទាំង​សល់‌សែន​មក​ឯ​នៅ​ខាង​ព្រះ‌ហស្ត​ស្តាំ​ទ្រង់ នោះ​មាន​ភ្លើង​ដ៏​ជា​ក្រឹត្យ‌វិន័យ​សម្រាប់​គេ
3 តែ​ទ្រង់​ក៏​ស្រឡាញ់​ដល់​រាស្ត្រ​ទ្រង់​ដែរ ពួក​បរិសុទ្ធ​របស់​ទ្រង់ សុទ្ធ​តែ​នៅ​ជាប់​ក្នុង​ព្រះ‌ហស្ត​ទ្រង់ គេ​បាន​អង្គុយ​នៅ​ទៀប​ព្រះ‌បាទ ហើយ​ទទួល​ព្រះ‌បន្ទូល​នៃ​ទ្រង់
4 ម៉ូសេ​បាន​ឲ្យ​ក្រឹត្យ‌វិន័យ​មក​យើង​រាល់​គ្នា គឺ​ជា​មរដក​សម្រាប់​ពួក​ជំនុំ​នៃ​យ៉ាកុប
5 លោក​ជា​ស្តេច​នៅ​ក្នុង​ពួក​យេស៊ូរុន ក្នុង​កាល​ដែល​ពួក​មេ​លើ​រាស្ត្រ​បាន​ប្រមូល​គ្នា ព្រម​ទាំង​ពូជ​អំបូរ​នៃ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​ផង។
6 សូម​ឲ្យ​រូបេន​រស់​នៅ កុំ​ឲ្យ​ស្លាប់​ឡើយ ក៏​កុំ​ឲ្យ​ពួក​គេ​មាន​គ្នា​តិច​ដែរ។
7 ឯ​ពួក​យូដា នោះ​បាន​ពរ​ដូច្នេះ​ថា ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ស្តាប់​ពាក្យ​របស់​យូដា ហើយ​នាំ​គេ​ចូល​ទៅ​ឯ​សាសន៍​ខ្លួន សូម​ឲ្យ​ដៃ​គេ​បាន​ល្មម​នឹង​ខ្លួន ហើយ​សូម​ទ្រង់​ជួយ​ទាស់​ចំពោះ​ពួក​ត​តាំង​នឹង​គេ​ផង។
8 ម៉ូសេ​ក៏​និយាយ​ពី​ពួក​លេវី​ថា ឯ​ធូមីម និង​យូរីម​របស់​ទ្រង់ នោះ​នៅ​នឹង​ពួក​អ្នក​បរិសុទ្ធ​របស់​ទ្រង់ ដែល​ទ្រង់​បាន​ល្បង‌ល​នៅ​ត្រង់​ម៉ាសា ហើយ​ទ្រង់​បាន​ត​នឹង​គេ​ត្រង់​ទឹក​មេរីបា
9 គេ​បាន​និយាយ​ពី​ឪពុក​ម្តាយ​គេ​ថា ខ្ញុំ​មិន​បាន​ឃើញ​គាត់​ទេ គេ​ក៏​មិន​បាន​ទទួល​ស្គាល់​ពួក​បង​ប្អូន ឬ​ស្គាល់​ដល់​កូន​ខ្លួន​បង្កើត​ដែរ ដ្បិត​គេ​បាន​កាន់​តាម​ព្រះ‌បន្ទូល​នៃ​ទ្រង់ ព្រម​ទាំង​រក្សា​សេចក្ដី​សញ្ញា​របស់​ទ្រង់​ផង
10 គេ​នឹង​បង្រៀន​យ៉ាកុប​ពី​អស់​ទាំង​បញ្ញត្ត​របស់​ទ្រង់ ហើយ​បង្ហាត់​អ៊ីស្រា‌អែល​តាម​ក្រឹត្យ‌វិន័យ​ទ្រង់ គេ​នឹង​ដុត​គ្រឿង​ក្រអូប​នៅ​ចំពោះ​ទ្រង់ ហើយ​និង​តង្វាយ​ដែល​ដុត​ទាំង​មូល​នៅ​លើ​អាសនៈ​ទ្រង់​ដែរ
11 ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ប្រទាន​ពរ​ដល់​អំណាច​គេ ហើយ​ទទួល​ការ​ដែល​ដៃ​គេ​ធ្វើ សូម​បំបាក់​ចង្កេះ​ពួក​អ្នក​ដែល​លើក​គ្នា​ទាស់​នឹង​គេ ព្រម​ទាំង​ពួក​អ្នក​ដែល​ស្អប់​គេ​ដែរ ដើម្បី​កុំ​ឲ្យ​បាន​ក្រោក​ឡើង​វិញ​រួច​ឡើយ។
12 ឯ​ចំណែក​ពួក​បេន‌យ៉ាមីន នោះ​ក៏​ថា អ្នក​ស្ងួន‌ភ្ងា​ផង​ព្រះ‌យេហូវ៉ា នឹង​នៅ​ជិត​ទ្រង់​ដោយ​សុខ‌សាន្ត ទ្រង់​គ្រប​បាំង​គេ​ជានិច្ច ហើយ​គេ​នឹង​នៅ​ជា​កណ្តាល​ព្រះ‌អង្សា​ទាំង​២​របស់​ទ្រង់។
13 ឯ​ពួក​យ៉ូសែប នោះ​ក៏​ថា ស្រុក​គេ​មាន​ពរ​ពី​ព្រះ‌យេហូវ៉ា​ជា​របស់​ថ្លៃ​វិសេស​ពី​លើ​មេឃ គឺ​ជា​ទឹក​សន្សើម ហើយ​ពី​ទី​ជម្រៅ​នៅ​ខាង​ក្រោម​ផង
14 និង​ផល​ថ្លៃ​វិសេស​ដែល​កើត​ដោយ‌សារ​ថ្ងៃ ហើយ​ផល​ថ្លៃ​វិសេស​ដែល​កើត​ដោយ‌សារ​ខែ
15 ជា​របស់​ថ្លៃ​វិសេស​នៅ​ភ្នំ​ចាស់​បុរាណ និង​ផល​ថ្លៃ​វិសេស​នៅ​ភ្នំ​តូច​ដ៏​នៅ​អស់​កល្ប‌ជានិច្ច
16 និង​ផល​ថ្ងៃ​វិសេស​ដែល​កើត​ពី​ដី​ដ៏​មាន​ជា​បរិបូរ ហើយ​និង​ព្រះ‌គុណ​នៃ​ព្រះ ដែល​ទ្រង់​គង់​នៅ​គុម្ព​បន្លា សូម​ឲ្យ​ទាំង​អស់​នោះ មក​លើ​ក្បាល​យ៉ូសែប គឺ​នៅ​លើ​ក្រយៅ​ក្បាល​នៃ​អ្នក​ដែល​ត្រូវ​ពង្រាត់​ចេញ​ពី​ពួក​បង​ប្អូន​ខ្លួន។
17 ឯ​កូន​គោ​របស់​គេ​ដែល​កើត​ជា​ដំបូង នោះ​មាន​ស្វាហាប់​ណាស់ ស្នែង​វា​ដូច​ជា​ស្នែង​នៃ​ទន្សោង វា​នឹង​ច្រាន​សាសន៍​ទាំង​ប៉ុន្មាន ដោយ‌សារ​ស្នែង​នោះ ទៅ​ដល់​ចុង​ផែនដី​បំផុត គឺ​ជា​ពួក​អេប្រា‌អិម​ទាំង​សល់‌សែន ហើយ​និង​ពួក​ម៉ាន៉ាសេ​ទាំង​ពាន់​ទាំង​ម៉ឺន​ដែរ។
18 ឯ​ពួក​សាប់‌យូល៉ូន នោះ​ក៏​ថា ឱ​សាប់‌យូល៉ូន​អើយ ចូរ​អរ​សប្បាយ​ក្នុង​កាល​ដែល​ឯង​ចេញ​ទៅ ហើយ​អ៊ីសាខារ​អើយ ចូរ​អរ​សប្បាយ​នៅ​ក្នុង​ត្រសាល​ឯង​ចុះ
19 គេ​នឹង​ហៅ​អស់​ទាំង​ពួក​ជន​ឲ្យ​ទៅ​ឯ​ភ្នំ ដើម្បី​នឹង​ថ្វាយ​យញ្ញ‌បូជា​សុចរិត នៅ​ទី​នោះ ដ្បិត​គេ​នឹង​ជញ្ជក់​ផល​បរិបូរ​ពី​សមុទ្រ និង​ទ្រព្យ​សម្បត្តិ​លាក់​កំបាំង​ពី​ខ្សាច់។
20 ឯ​ពួក​កាឌ់ នោះ​ក៏​ថា សូម​សរសើរ​ដល់​ព្រះ​ដែល​ទ្រង់​ពង្រីក​ឲ្យ​កាឌ់​បាន​ធំ​ទូលាយ គេ​នៅ​ដូច​ជា​សិង្ហ​ញី ហើយ​ក៏​ហែក​ដៃ នឹង​ក្រយៅ​ក្បាល​ផង
21 គេ​បាន​រើស​យក​ចំណែក​ដំបូង​សម្រាប់​ខ្លួន ដ្បិត​នៅ​ទី​នោះ​មាន​ចំណែក​របស់​អ្នក​ដែល​តែង​ច្បាប់ គេ​បាន​មក​ជា​មួយ​នឹង​ពួក​មេ​លើ​បណ្តា‌ជន ក៏​បាន​សម្រេច​ការ​តាម​សេចក្ដី​សុចរិត​នៃ​ព្រះ‌យេហូវ៉ា ហើយ​តាម​បញ្ញត្ត​ដែល​ទ្រង់​តាំង​នឹង​ពួក​អ៊ីស្រា‌អែល។
22 ឯ​ពួក​ដាន់ នោះ​ក៏​ថា ដាន់​ជា​កូន​សិង្ហ ដែល​បាន​ហក់​ពី​ស្រុក​បាសាន​មក។
23 ចំណែក​ពួក​ណែប‌ថាលី នោះ​ក៏​ថា ឱ​ណែប‌ថាលី​ឯង​ដែល​ឆ្អែត​ដោយ​ព្រះ‌គុណ ហើយ​ពេញ​ដោយ​ព្រះ‌ពរ​នៃ​ព្រះ‌យេហូវ៉ា​អើយ ចូរ​ឯង​ចាប់​យក​ស្រុក​ខាង​លិច ហើយ​ខាង​ត្បូង​ចុះ។
24 ឯ​ពួក​អេស៊ើរ នោះ​ក៏​ថា សូម​ពរ​ដល់​អេស៊ើរ​ក្នុង​ពួក​កូន​ទាំង​ប៉ុន្មាន សូម​ឲ្យ​បង​ប្អូន​គេ​បាន​ទទួល​គេ ហើយ​ឲ្យ​គេ​បាន​ជ្រលក់​ជើង​ក្នុង​ប្រេង​ចុះ
25 រនុក​ឯង​នឹង​បាន​សុទ្ធ​តែ​ដែក ហើយ​និង​លង្ហិន ហើយ​សេចក្ដី​សុខ​របស់​ឯង​នឹង​នៅ​អស់​១​ជីវិត​ឯង​ដែរ។
26 ឱ​យេស៊ូរុន​អើយ គ្មាន​អ្នក​ណា​ដូច​ព្រះ ដែល​ទ្រង់​ជិះ​ផ្ទៃ​មេឃ​មក​ជួយ​ឯង ហើយ​លើ​ពពក ដោយ​ភាព​ដ៏​ឧត្តម​របស់​ទ្រង់​នោះ​ទេ
27 ព្រះ​ដ៏​គង់​នៅ​អស់‌កល្ប‌ជានិច្ច ទ្រង់​ជា​លំនៅ​របស់​ឯង ហើយ​ព្រះ‌ពាហុ​ដ៏​នៅ​ជាប់​អស់‌កល្ប‌ជានិច្ច​ក៏​ទ្រ​ឯង ទ្រង់​បាន​ច្រាន​ពួក​ខ្មាំង​សត្រូវ​ពី​មុខ​ឯង​ចេញ​ក៏​មាន​ព្រះ‌បន្ទូល​ថា ចូរ​បំផ្លាញ​គេ​ចុះ។
28 ឯ​ពួក​អ៊ីស្រា‌អែល គេ​នៅ​ដោយ​សុខ‌សាន្ត ហើយ​ក្បាល​ទឹក​របស់​យ៉ាកុប នោះ​នៅ​តែ​ឯង​ក្នុង​ស្រុក​ដែល​មាន​ស្រូវ មាន​ទំពាំង‌បាយ‌ជូរ ឯ​មេឃ នោះ​ក៏​ទម្លាក់​ទឹក​សន្សើម​មក​ដែរ
29 ឱ​អ៊ីស្រា‌អែល​អើយ ឯង​មាន​ពរ​ហើយ តើ​មាន​អ្នក​ឯ​ណា​ដូច​ឯង ជា​សាសន៍​ដែល​ព្រះ‌យេហូវ៉ា​បាន​សង្គ្រោះ ទ្រង់​ជា​ខែល​ជួយ​ឯង ហើយ​ជា​ដាវ​នៃ​សិរី‌ល្អ​របស់​ឯង ពួក​ខ្មាំង​សត្រូវ​នឹង​ចុះ​ចូល​ចំពោះ​ឯង ហើយ​ឯង​នឹង​ជាន់​លើ​ទី​ខ្ពស់​ទាំង​ប៉ុន្មាន​របស់​គេ។


ជំពូក 34

1 នោះ​ម៉ូសេ​ក៏​ឡើង​ពី​ស្រុក​វាល​របស់​ម៉ូអាប់​ទៅ​លើ​ភ្នំ​នេបូរ គឺ​ដល់​កំពូល​ភ្នំ​ពីសកា ដែល​ទល់​មុខ​នឹង​យេរីខូ រួច​ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​បង្ហាញ​ឲ្យ​លោក​ឃើញ​ស្រុក​កាឡាត​ទាំង​អស់ រហូត​ដល់​ស្រុក​ដាន់
2 ហើយ​ស្រុក​ណែប‌ថាលី ស្រុក​អេប្រា‌អិម និង​ស្រុក​ម៉ាន៉ាសេ ហើយ​និង​ស្រុក​យូដា​ទាំង​អស់ រហូត​ដល់​សមុទ្រ​ខាង​លិច
3 ព្រម​ទាំង​ស្រុក​ខាង​ត្បូង និង​វាល​នៅ​ច្រក​ភ្នំ​យេរីខូ ហើយ​ទី​ក្រុង​លម៉ើ រហូត​ដល់​សូអារ
4 នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​លោក​ថា នេះ​ជា​ស្រុក​ដែល​អញ​បាន​ស្បថ​នឹង​អ័ប្រា‌ហាំ និង​អ៊ីសាក ហើយ​និង​យ៉ាកុប​ថា អញ​នឹង​ឲ្យ​ស្រុក​នេះ​ដល់​ពូជ​ឯង មើល អញ​បាន​ឲ្យ​ឯង​ឃើញ​ស្រុក​នេះ​ហើយ តែ​មិន​ត្រូវ​ឲ្យ​ឯង​ចូល​ទៅ​ទេ
5 ដូច្នេះ ម៉ូសេ​ជា​បាវ​បម្រើ​ផង​ព្រះ‌យេហូវ៉ា លោក​ស្លាប់​នៅ​ទី​នោះ​ក្នុង​ស្រុក​ម៉ូអាប់​ទៅ តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា
6 ហើយ​ទ្រង់​ក៏​បញ្ចុះ​សព​នៅ​ក្នុង​ច្រក​ភ្នំ​១ នា​ស្រុក​ម៉ូអាប់ ទល់​មុខ​នឹង​បេត-ពេអរ​ទៅ តែ​លុះ​មក​ដល់​សព្វ​ថ្ងៃ​នេះ គ្មាន​អ្នក​ណា​ដឹង​ជា​ផ្នូរ​លោក​នៅ​ឯ​ណា​ឡើយ
7 កាល​ម៉ូសេ​ស្លាប់​ទៅ​នោះ​បាន​អាយុ​១២០​ឆ្នាំ​ហើយ តែ​ភ្នែក​លោក​មិន​ខ្សោយ ហើយ​កម្លាំង​មិន​បាន​អន់​សោះ
8 ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​យំ​សោក​នឹង​ម៉ូសេ​អស់​៣០​ថ្ងៃ នៅ​ត្រង់​ស្រុក​វាល​របស់​ម៉ូអាប់ រួច​វេលា​កាន់​ទុក្ខ​នឹង​ម៉ូសេ​ក៏​កន្លង​ផុត​ទៅ។
9 ឯ​យ៉ូស្វេ ជា​កូន​នុន លោក​មាន​ចិត្ត​ពេញ​ដោយ​ប្រាជ្ញា ពី​ព្រោះ​ម៉ូសេ​បាន​ដាក់​ដៃ​លើ​លោក ហើយ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​ស្តាប់​តាម ព្រម​ទាំង​ធ្វើ​ដូច​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បង្គាប់​មក​ម៉ូសេ
10 មិន​ដែល​កើត​មាន​ហោរា​ណា​មួយ ក្នុង​ពួក​អ៊ីស្រា‌អែល​ឲ្យ​ដូច​ជា​ម៉ូសេ ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​ស្គាល់​ប្រទល់​មុខ​ដូច្នេះ​ឡើយ
11 គឺ​ដោយ​អស់​ទាំង​ទី​សម្គាល់ និង​ការ​អស្ចារ្យ​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌យេហូវ៉ា​បាន​ចាត់​ប្រើ​លោក ឲ្យ​ធ្វើ​នៅ​ស្រុក​អេស៊ីព្ទ ទាស់​នឹង​ផារ៉ោន និង​ពួក​មហា‌តលិក​ទ្រង់ ហើយ​និង​ស្រុក​ទ្រង់​ទាំង​មូល
12 ហើយ​ដោយ​ព្រះ‌ហស្ត​ដ៏​មាន​ព្រះ‌ចេស្តា និង​ការ​ស្ញែង‌ខ្លាច​យ៉ាង​ធំ ដែល​លោក​បាន​ធ្វើ​នៅ​ចំពោះ​ភ្នែក​នៃ​ពួក​អ៊ីស្រា‌អែល​ផង។:៚