យ៉ូស្វេ

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24


ជំពូក 1

1 រីឯ​ក្រោយ​ដែល​ម៉ូសេ​ជា​អ្នក​បម្រើ​របស់​ព្រះ‌យេហូវ៉ា​បាន​ស្លាប់​ទៅ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​យ៉ូស្វេ​កូន​នុន ជា​អ្នក​ជំនិត​របស់​លោក​ថា
2 ម៉ូសេ​ជា​អ្នក​បម្រើ​អញ បាន​ស្លាប់​ទៅ​ហើយ ដូច្នេះ ចូរ​រៀប‌ចំ​ឆ្លង​ទន្លេ​យ័រដាន់​ឥឡូវ​នេះ​ចុះ ព្រម​ទាំង​បណ្តា​មនុស្ស​ទាំង​នេះ​ផង ហើយ​ចូល​ទៅ​ក្នុង​ស្រុក​ដែល​អញ​ឲ្យ​ដល់​គេ គឺ​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល
3 អស់​ទាំង​ទី​កន្លែង​ណា​ដែល​ឯង​ដាក់​ជើង​ជាន់ នោះ​អញ​នឹង​ឲ្យ​ដល់​ឯង​រាល់​គ្នា ដូច​ជា​អញ​បាន​ប្រាប់​ម៉ូសេ​ហើយ
4 ឯ​ព្រំ​ប្រទល់​របស់​ឯង​រាល់​គ្នា នោះ​ត្រូវ​ចាប់​តាំង​ពី​ទី​រហោ‌ស្ថាន និង​ភ្នំ​ល្បាណូន​នេះ រហូត​ដល់​ទន្លេ​ធំ គឺ​ជា​ទន្លេ​អ៊ើប្រាត ជា​ស្រុក​របស់​សាសន៍​ហេត​ទាំង​មូល ហើយ​ទៅ​ដល់​សមុទ្រ​ធំ នៅ​ទិស​ខាង​លិច​ដែរ
5 នឹង​គ្មាន​អ្នក​ណា​អាច​ឈរ​នៅ​មុខ​ឯង នៅ​គ្រប់​១​ជីវិត​ឯង​បាន​ឡើយ អញ​នឹង​នៅ​ជា​មួយ​នឹង​ឯង ដូច​ជា​បាន​នៅ​ជា​មួយ​នឹង​ម៉ូសេ​ដែរ អញ​មិន​ដែល​ខាន​នឹង​ប្រោស​ឯង ក៏​មិន​ដែល​បោះ‌បង់​ចោល​ឯង​ឡើយ
6 ចូរ​ឲ្យ​មាន​កម្លាំង និង​ចិត្ត​ក្លាហាន​ចុះ ដ្បិត​ឯង​នឹង​នាំ​ឲ្យ​បណ្តា‌ជន​នេះ​បាន​គ្រង​ស្រុក ដែល​អញ​បាន​ស្បថ​ថា នឹង​ឲ្យ​ដល់​ពួក​អយ្យកោ​គេ
7 ឲ្យ​ឯង​គ្រាន់​តែ​មាន​កម្លាំង និង​ចិត្ត​ក្លាហាន​ប៉ុណ្ណោះ ដើម្បី​នឹង​កាន់ ហើយ​ប្រព្រឹត្ត​តាម​ក្រឹត្យ‌វិន័យ​គ្រប់​Chapter ដែល​ម៉ូសេ​ជា​អ្នក​បម្រើ​អញ បាន​បង្គាប់​មក កុំ​ឲ្យ​ងាក​បែរ​ចេញ​ទៅ​ខាង​ស្តាំ ឬ​ខាង​ឆ្វេង​ឡើយ ប្រយោជន៍​ឲ្យ​ឯង​បាន​កើត​ការ​នៅ​កន្លែង​ណា​ដែល​ឯង​ទៅ​នោះ
8 កុំ​ឲ្យ​គម្ពីរ​ក្រឹត្យ‌វិន័យ​នេះ​ភ្លេច​បាត់​ពី​មាត់​ឯង​ឡើយ គឺ​ត្រូវ​ឲ្យ​នឹក‌ជញ្ជឹង​ទាំង​យប់​ទាំង​ថ្ងៃ​វិញ ដើម្បី​ឲ្យ​បាន​កាន់ ហើយ​ប្រព្រឹត្ត​តាម​អស់​ទាំង​សេចក្ដី ដែល​កត់​ទុក​ក្នុង​គម្ពីរ​នេះ​ឯង ដ្បិត​គឺ​យ៉ាង​នោះ​ដែល​ឯង​នឹង​បាន​កើត​ការ​នៅ​គ្រប់​ទាំង​ផ្លូវ​ឯង ហើយ​និង​បាន​ចម្រើន​ឡើង​ផង
9 តើ​អញ​មិន​បាន​បង្គាប់​ឯង​ទេ​ឬ​អី ដូច្នេះ ចូរ​ឲ្យ​មាន​កម្លាំង និង​ចិត្ត​ក្លាហាន​ចុះ កុំ​ឲ្យ​ខ្លាច​ឡើយ ក៏​កុំ​ឲ្យ​ស្រយុត​ចិត្ត​ផង ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​គង់​ជា​មួយ​នៅ​កន្លែង​ណា ដែល​ឯង​ទៅ​ផង។
10 នោះ​យ៉ូស្វេ​ក៏​បង្គាប់​ដល់​ពួក​អ្នក ដែល​ជា​នាយក​លើ​បណ្តា‌ជន​ថា
11 ចូរ​ទៅ​ឯ​កណ្តាល​ទី​ដំឡើង​ត្រសាល​ប្រកាស​ប្រាប់​បណ្តា‌ជន​ទាំង‌ឡាយ​ថា ចូរ​ឲ្យ​ត្រៀម​ស្បៀង​អាហារ​ទៅ ដ្បិត​នៅ​៣​ថ្ងៃ​ទៀត​នឹង​ត្រូវ​ឆ្លង​ទន្លេ​យ័រដាន់​នេះ ចូល​ទៅ​ចាប់​យក​ស្រុក ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រទាន​ឲ្យ​ហើយ។
12 យ៉ូស្វេ​ក៏​ប្រាប់​ដល់​ពួក​រូបេន ពួក​កាឌ់ និង​ពូជ​អំបូរ​ម៉ាន៉ាសេ​១​ចំហៀង​ថា
13 ចូរ​នឹក​ចាំ​ពី​ពាក្យ​ដែល​លោក​ម៉ូសេ ជា​អ្នក​បម្រើ​របស់​ព្រះ‌យេហូវ៉ា បាន​បង្គាប់​មក​ឯង​រាល់​គ្នា​ថា គឺ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ដែល​ប្រទាន​ឲ្យ​ឯង​ឈប់​សម្រាក ទ្រង់​នឹង​ប្រទាន​ស្រុក​នេះ​ដល់​ឯង​ដែរ
14 ឯ​ប្រពន្ធ​កូន​របស់​ឯង​រាល់​គ្នា និង​ហ្វូង​សត្វ​ទាំង​ប៉ុន្មាន នោះ​ត្រូវ​នៅ​ក្នុង​ស្រុក​នេះ ដែល​លោក​ម៉ូសេ​បាន​ឲ្យ​ដល់​ឯង​ហើយ គឺ​ខាង​កើត​ទន្លេ​យ័រដាន់​នេះ​ចុះ តែ​ឯ​ឯង​រាល់​គ្នា​ដែល​ជា​មនុស្ស​ខ្លាំង​ពូកែ​ស្ទាត់​ជំនាញ ត្រូវ​ឲ្យ​ឆ្លង​នាំ​មុខ​ពួក​បង​ប្អូន​ឯង​ទៅ​ទាំង​ពាក់​គ្រឿង​សស្ត្រា‌វុធ ដើម្បី​នឹង​ជួយ​បង​ប្អូន​ឯង
15 ទាល់​តែ​ព្រះ‌យេហូវ៉ា​បាន​ប្រទាន​ឲ្យ​គេ​ឈប់​សម្រាក ដូច​ជា​ឯង​ដែរ ហើយ​គេ​បាន​ចាប់​យក​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រទាន​ឲ្យ រួច​សឹម​ឯង​រាល់​គ្នា​ត្រឡប់​មក​នៅ​ក្នុង​ស្រុក​ដែល​ជា​កេរ‌អាករ​របស់​ឯង​វិញ ដើម្បី​នឹង​ចាប់​យក​ស្រុក​ដែល​លោក​ម៉ូសេ ជា​អ្នក​បម្រើ​របស់​ព្រះ‌យេហូវ៉ា បាន​ឲ្យ​មក​ឯង នៅ​ត្រើយ​ទន្លេ​យ័រដាន់​ខាង​កើត​នេះ
16 គេ​ក៏​ឆ្លើយ​តប​ទៅ​យ៉ូស្វេ​វិញ​ថា យើង​រាល់​គ្នា​នឹង​ធ្វើ​តាម​គ្រប់​ទាំង​សេចក្ដី ដែល​លោក​បង្គាប់​មក​យើង ហើយ​និង​ទៅ​ឯ​កន្លែង​ណា ដែល​លោក​ចាត់​ឲ្យ​យើង​ទៅ​ផង
17 យើង​រាល់​គ្នា​នឹង​ស្តាប់​តាម​លោក​ក្នុង​គ្រប់​ការ​ទាំង​អស់ ដូច​ជា​បាន​ស្តាប់​ម៉ូសេ​ដែរ ឲ្យ​តែ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​លោក បាន​គង់​ជា​មួយ​នឹង​លោក ដូច​ជា​ទ្រង់​បាន​គង់​ជា​មួយ​នឹង​លោក​ម៉ូសេ​ចុះ
18 ឯ​អ្នក​ណា​ដែល​ហ៊ាន​ទាស់​ទទឹង​នឹង​បង្គាប់​លោក ហើយ​មិន​ព្រម​ស្តាប់​តាម​អស់​ទាំង​ពាក្យ​ដែល​លោក​បង្គាប់​មក នោះ​នឹង​ត្រូវ​មាន​ទោស​ដល់​ស្លាប់ ឲ្យ​តែ​លោក​មាន​កម្លាំង​ហើយ​ចិត្ត​ក្លាហាន​ចុះ។


ជំពូក 2

1 យ៉ូស្វេ ជា​កូន​នុន លោក​ចាត់​អ្នក​ស៊ើប​ការ​សម្ងាត់​២​នាក់ ឲ្យ​ចេញ​ពី​ស៊ីទីម​ទៅ ដោយ​ប្រាប់​ថា ចូរ​ទៅ​សង្កេត​មើល​ស្រុក​នោះ និង​ក្រុង​យេរីខូ​ផង គេ​ក៏​ចេញ​ទៅ ហើយ​ចូល​ទៅ​ស្នាក់​នៅ​ក្នុង​ផ្ទះ​របស់​ស្រី​សំផឹង​ម្នាក់ ឈ្មោះ​រ៉ាហាប
2 ខណៈ​នោះ មាន​គេ​ទូល​ដល់​ស្តេច​ក្រុង​យេរីខូ​ថា មើល នៅ​យប់​នេះ មាន​មនុស្ស​សាសន៍​អ៊ីស្រា‌អែល​ខ្លះ​បាន​ចូល​មក ដើម្បី​នឹង​សង្កេត​មើល​ស្រុក​នេះ
3 នោះ​ស្តេច​ក្រុង​យេរីខូ​ក៏​ចាត់​គេ​ឲ្យ​ទៅ​បង្គាប់​រ៉ាហាប​ថា ចូរ​នាំ​មនុស្ស​ដែល​ចូល​មក​ស្នាក់​នៅ​ផ្ទះ​ឯង​នោះ​ចេញ​មក ដ្បិត​គេ​បាន​មក ដើម្បី​នឹង​ដើរ​សង្កេត​មើល​ពេញ​ក្នុង​ស្រុក​នេះ
4 តែ​នាង​បាន​នាំ​យក​មនុស្ស​២​នាក់​នោះ​ទៅ​លាក់​ទុក រួច​ប្រាប់​ថា មាន​មនុស្ស​មក​ឯ​ខ្ញុំ​មែន តែ​ខ្ញុំ​ឥត​បាន​ដឹង​ជា​មក​ពី​ណា​ទេ
5 លុះ​ជិត​ដល់​ពេល​បិទ​ទ្វារ​ក្រុង កាល​ងងឹត​ហើយ នោះ​ស្រាប់​តែ​គេ​ចេញ​បាត់​ទៅ ខ្ញុំ​ឥត​បាន​ដឹង​ជា​គេ​ទៅ​ឯ​ណា​ទេ ដូច្នេះ ចូរ​ដេញ​តាម​គេ​ជា​ប្រញាប់​ទៅ ដ្បិត​មុខ​ជា​នឹង​តាម​គេ​ទាន់
6 តែ​នាង​បាន​នាំ​យក​អ្នក​ទាំង​២​នោះ​ឡើង​ទៅ​ឯ​លើ​ដំបូល​ផ្ទះ​វិញ ហើយ​លាក់​ទុក​នៅ​ក្នុង​គំនរ​ដើម​ខ្លូត‌ទេស ដែល​នាង​បាន​បញ្ឈរ​នៅ​លើ​ដំបូល​នោះ
7 ដូច្នេះ គេ​ក៏​ដេញ​តាម​រក​អ្នក​ទាំង​២​តាម​ផ្លូវ​ទៅ​ឯ​ទន្លេ​យ័រដាន់ រហូត​ដល់​កន្លែង​ឆ្លង កាល​ពួក​អ្នក​ដែល​ដេញ​តាម បាន​ចេញ​ទៅ​ផុត​ហើយ នោះ​ក៏​បិទ​ទ្វារ​ក្រុង។
8 រួច​កាល​អ្នក​ទាំង​២​មិន​ទាន់​ដេក​នៅ​ឡើយ នោះ​នាង​ក៏​ឡើង​ទៅ​ឯ​គេ​នៅ​លើ​ដំបូល
9 និយាយ​ថា ខ្ញុំ​ដឹង​ថា​ព្រះ‌យេហូវ៉ា​បាន​ប្រទាន​ស្រុក​នេះ​ដល់​អ្នក​រាល់​គ្នា​ហើយ ១​ទៀត​សេចក្ដី​ស្ញែង‌ខ្លាច​របស់​អ្នក​រាល់​គ្នា បាន​ធ្លាក់​មក​លើ​យើង​ដែរ ឯ​អ្នក​ស្រុក​ទាំង​ប៉ុន្មាន គេ​នឹង​រលាយ​បាត់​ចេញ​ពី​មុខ​អ្នក​រាល់​គ្នា​ទៅ
10 ដ្បិត​យើង​បាន​ឮ​ពី​ការ​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​ធ្វើ​ឲ្យ​ទឹក​សមុទ្រ​ក្រហម​រីង​ទៅ នៅ​មុខ​អ្នក​រាល់​គ្នា ក្នុង​កាល​ដែល​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ហើយ​ពី​ការ​ដែល​អ្នក​រាល់​គ្នា​បាន​ធ្វើ ដល់​ស្តេច​សាសន៍​អាម៉ូរី​ទាំង​២​អង្គ នៅ​ខាង​នាយ​ទន្លេ​យ័រដាន់​នោះ​ដែរ គឺ​ដល់​ស៊ីហុន ហើយ​និង​អុក ដែល​អ្នក​រាល់​គ្នា​បាន​បំផ្លាញ​អស់​រលីង​ទៅ
11 កាល​យើង​ខ្ញុំ​បាន​ឮ នោះ​ចិត្ត​យើង​ខ្ញុំ​បាន​រលត់​ទៅ​ភ្លាម គ្មាន​វិញ្ញាណ​នៅ​ក្នុង​មនុស្ស​ណា​ទៀត​សោះ ដោយ​ព្រោះ​អ្នក​រាល់​គ្នា ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា ទ្រង់​ជា​ព្រះ​លើ​ស្ថាន​សួគ៌ ហើយ​ជា​ព្រះ​លើ​ផែនដី​ផង
12 ដូច្នេះ ខ្ញុំ​សូម​អង្វរ​អ្នក សូម​ស្បថ​នឹង​ខ្ញុំ​ឥឡូវ ដោយ​នូវ​ព្រះ‌យេហូវ៉ា​ថា អ្នក​រាល់​គ្នា​នឹង​អាណិត​មេត្តា​ដល់​ពួក​គ្រួ​ឪពុក​ខ្ញុំ ដូច​ជា​ខ្ញុំ​បាន​អាណិត​មេត្តា​ដល់​អ្នក​ដែរ សូម​ប្រាប់​ទី​សម្គាល់​ដ៏​ប្រាកដ​ច្បាស់​មក​ខ្ញុំ​ផង
13 ឲ្យ​ខ្ញុំ​ដឹង​ថា អ្នក​រាល់​គ្នា​នឹង​ទុក​ជីវិត​ដល់​ឪពុក​ម្តាយ និង​បង​ប្អូន​របស់​ខ្ញុំ ព្រម​ទាំង​វង្សា​គាត់​ដែរ ដោយ​ជួយ​ដោះ​យើង​ខ្ញុំ​ឲ្យ​រួច​ពី​ស្លាប់
14 រួច​អ្នក​ទាំង​២​នាក់​នោះ​ក៏​ឆ្លើយ​ទៅ​នាង​ថា បើ​នាង​មិន​បំបែក​ការ​ពី​រឿង​យើង​នេះ នោះ​យើង​នឹង​ប្តូរ​ជីវិត​ជំនួស​នាង ហើយ​កាល​ណា​ព្រះ‌យេហូវ៉ា​ទ្រង់​ប្រទាន​ស្រុក​នេះ​ដល់​យើង នោះ​យើង​នឹង​ប្រព្រឹត្ត​នឹង​នាង ដោយ​សប្បុរស​ទៀង​ត្រង់។
15 នាង​ក៏​សម្រូត​គេ​ដោយ​ខ្សែ​ចុះ​តាម​បង្អួច​ទៅ ដ្បិត​ផ្ទះ​នាង​ជាប់​នឹង​កំផែង​ទី​ក្រុង ហើយ​នាង​នៅ​ចំ​ពី​លើ​កំផែង​នោះ
16 ដោយ​ប្រាប់​ថា ចូរ​អ្នក​កាត់​តម្រង់​ទៅ​ឯ​ភ្នំ​សិន​ទៅ ក្រែង​ពួក​អ្នក​ដែល​ដេញ​តាម គេ​ជួប​ប្រទះ​នឹង​អ្នក ត្រូវ​ឲ្យ​ពួន​នៅ​ទី​នោះ​គ្រប់​៣​ថ្ងៃ ដរាប​ដល់​គេ​ត្រឡប់​មក​វិញ រួច​សឹម​ទៅ​តាម​ផ្លូវ​របស់​អ្នក​ចុះ
17 អ្នក​ទាំង​២​ក៏​ប្រាប់​នាង​ថា យើង​នឹង​បាន​រួច​ពី​សេចក្ដី​សម្បថ​នេះ ដែល​នាង​បាន​ចាប់​ឲ្យ​យើង​ស្បថ​ហើយ
18 គឺ​កាល​ណា​យើង​ចូល​មក​ក្នុង​ស្រុក​នេះ នោះ​នាង​ត្រូវ​ចង​ខ្សែ​ក្រហម​នេះ​នៅ​ត្រង់​បង្អួច ដែល​នាង​បាន​សម្រូត​យើង​ចុះ​មក​នេះ ហើយ​ត្រូវ​ប្រមូល​ឪពុក​ម្តាយ និង​បង​ប្អូន​នាង ព្រម​ទាំង​ពួក​គ្រួ​ឪពុក​នាង​ទាំង​អស់​មក​នៅ​ជា​មួយ​គ្នា
19 បើ​មាន​អ្នក​ណា​មួយ​ចេញ​ទៅ​ក្រៅ​ទ្វារ​ផ្ទះ​នាង នោះ​ឈាម​របស់​គេ​នឹង​នៅ​តែ​លើ​ក្បាល​គេ​វិញ ឯ​យើង​គ្មាន​ទោស​ទេ តែ​អ្នក​ណា​នៅ​ក្នុង​ផ្ទះ​ជា​មួយ​នឹង​នាង បើសិន​ជា​មាន​អ្នក​ណា​ពាល់​គេ នោះ​ឈាម​គេ​នឹង​ធ្លាក់​មក​លើ​យើង​វិញ
20 ម្យ៉ាង​ទៀត​បើ​នាង​បំបែក​ការ​នេះ​ពី​រឿង​យើង នោះ​យើង​ក៏​រួច​ពី​សម្បថ​នេះ​ដែរ
21 នាង​ឆ្លើយ​តប​ថា សូម​សម្រេច​ដូច​ជា​ពាក្យ​អ្នក​ចុះ ដូច្នេះ នាង​ក៏​ឲ្យ​គេ​ទៅ ហើយ​គេ​ចេញ​បាត់​ទៅ រួច​នាង​ចង​ខ្សែ​ក្រហម​នោះ​នៅ​ជាប់​នឹង​បង្អួច។
22 អ្នក​ទាំង​២​ក៏​ចេញ​ទៅ​ដល់​ភ្នំ ហើយ​ស្នាក់​នៅ​ទី​នោះ​អស់​៣​ថ្ងៃ កំពុង​ដែល​ពួក​អ្នក​ដេញ​តាម បាន​ពិនិត្យ​រក​គ្រប់​សព្វ​តាម​ផ្លូវ​ឥត​មាន​ឃើញ​សោះ ហើយ​បាន​ត្រឡប់​វិល​ទៅ​វិញ
23 នោះ​ទើប​អ្នក​ទាំង​២​បែរ​ចុះ​ពី​ភ្នំ​ឆ្លង​ទៅ​ដល់​យ៉ូស្វេ ជា​កូន​នុន ទៅ​រៀប‌រាប់​ប្រាប់​ពី​គ្រប់​ការ​ដែល​បាន​កើត​មក​ដល់​គេ
24 គេ​ជម្រាប​យ៉ូស្វេ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រគល់​ស្រុក​នោះ​ទាំង​មូល មក​ក្នុង​កណ្តាប់​ដៃ​យើង​ហើយ ពួក​អ្នក​ស្រុក​នោះ​ទាំង​ប៉ុន្មាន គេ​កំពុង​តែ​រលាយ​ចេញ​ពី​មុខ​យើង​រាល់​គ្នា​ទៅ។


ជំពូក 3

1 ឯ​យ៉ូស្វេ​លោក​ក្រោក​ពី​ព្រលឹម ហើយ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់​ក៏​នាំ​គ្នា​ចេញ​ពី​ស៊ីទីម ទៅ​ដល់​ទន្លេ​យ័រដាន់ ក៏​ស្នាក់​នៅ​ទី​នោះ​សិន​មុន​ដែល​ឆ្លង​ទៅ
2 រួច​ក្រោយ​៣​ថ្ងៃ​មក ពួក​នាយក​ក៏​ដើរ​កាត់​កណ្តាល​ទី​ដំឡើង​ត្រសាល បង្គាប់​ដល់​បណ្តា‌ជន​ថា
3 កាល​ណា​ឯង​រាល់​គ្នា​ឃើញ​ហឹប​នៃ​សេចក្ដី​សញ្ញា ផង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ដែល​ពួក​លេវី​ដ៏​ជា​សង្ឃ​សែង​ទៅ នោះ​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ចេញ ពី​ទី​កន្លែង​របស់​ឯង​ដើរ​ទៅ​តាម
4 តែ​ត្រូវ​ដើរ​ឃ្លាត​ពី​ហឹប​នោះ ចំនួន​ប្រហែល​ជា​២​ពាន់​ហត្ថ កុំ​ឲ្យ​ចូល​ទៅ​ជិត​ឡើយ ដើម្បី​ឲ្យ​ឯង​បាន​ស្គាល់​ផ្លូវ​ដែល​ត្រូវ​ដើរ ដ្បិត​តាំង​តែ​ពី​មុន​មក ឯង​រាល់​គ្នា​មិន​ដែល​ដើរ​តាម​ផ្លូវ​នេះ​ទេ
5 យ៉ូស្វេ​ក៏​ប្រាប់​បណ្តា‌ជន​ថា ចូរ​ឯង​រាល់​គ្នា​ញែក​ខ្លួន​ចេញ​ជា​បរិសុទ្ធ​ចុះ ពី​ព្រោះ​ថ្ងៃ​ស្អែក ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ធ្វើ​ការ​អស្ចារ្យ​នៅ​ក្នុង​ពួក​ឯង
6 រួច​លោក​ប្រាប់​ដល់​ពួក​សង្ឃ​ថា ចូរ​លើក​យក​ហឹប​នៃ​សេចក្ដី​សញ្ញា​នាំ​ទៅ​ឯ​មុខ​បណ្តា‌ជន​ទៅ នោះ​គេ​ក៏​លើក​យក​ហឹប​នៃ​សេចក្ដី​សញ្ញា​សែង​នាំ​មុខ​បណ្តា‌ជន​ទៅ។
7 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​យ៉ូស្វេ​ថា នៅ​ថ្ងៃ​នេះ អញ​នឹង​ចាប់​តាំង​លើក​តម្កើង​ឯង នៅ​មុខ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា ដើម្បី​ឲ្យ​គេ​ដឹង​ថា អញ​នៅ​ជា​មួយ​នឹង​ឯង ដូច​ជា​បាន​នៅ​ជា​មួយ​នឹង​ម៉ូសេ​ដែរ
8 ត្រូវ​ឲ្យ​ឯង​បង្គាប់​ដល់​ពួក​សង្ឃ ដែល​សែង​ហឹប​នៃ​សេចក្ដី​សញ្ញា ថា​កាល​ណា​ទៅ​ដល់​មាត់​ទឹក​ទន្លេ​យ័រដាន់​ហើយ នោះ​ត្រូវ​ចុះ​ទៅ​ឈរ​នៅ​ក្នុង​ទឹក​នោះ​ទៅ។
9 យ៉ូស្វេ​ក៏​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា ចូរ​ឯង​រាល់​គ្នា​មក​ឯ​នេះ ដើម្បី​នឹង​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង
10 រួច​លោក​ប្រាប់​ថា ឯង​រាល់​គ្នា​នឹង​ដឹង​ដោយ‌សារ​សេចក្ដី​នេះ​ថា ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់ ទ្រង់​គង់​នៅ​ក្នុង​ពួក​ឯង ហើយ​ថា ទ្រង់​នឹង​បណ្តេញ​សាសន៍​កាណាន សាសន៍​ហេត សាសន៍​ហេវី សាសន៍​ពេរិស៊ីត សាសន៍​គើកាស៊ី សាសន៍​អាម៉ូរី និង​សាសន៍​យេប៊ូស​ចេញ​ពី​មុខ​ឯង​រាល់​គ្នា​ទៅ​ជា​មិន​ខាន
11 គឺ​ដោយ​ហឹប​នៃ​សេចក្ដី​សញ្ញា​ផង​ព្រះ‌អម្ចាស់​នៃ​ផែនដី​ទាំង​មូល នឹង​នាំ​មុខ​ឯង​រាល់​គ្នា​ទៅ​ក្នុង​ទន្លេ​យ័រដាន់
12 ដូច្នេះ ចូរ​រើស​យក​មនុស្ស​១២​នាក់ ពី​ពូជ​អំបូរ​សាសន៍​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន​ទៅ គឺ​ម្នាក់​ពី​ពូជ​អំបូរ​មួយៗ
13 រួច​កាល​ណា​បាត​ជើង​របស់​ពួក​សង្ឃ ដែល​សែង​ហឹប​ផង​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ‌អម្ចាស់​នៃ​ផែនដី​ទាំង​មូល បាន​ដាក់​ចុះ​ទៅ​ក្នុង​ទឹក​ទន្លេ​យ័រដាន់​ហើយ នោះ​ទឹក​ទន្លេ​នឹង​ត្រូវ​កាត់​ផ្តាច់ គឺ​ជា​ទឹក​ដែល​ហូរ​ចុះ​ពី​លើ​នឹង​កល់​នៅ​នឹង​ជា​គំនរ។
14 ដូច្នេះ កាល​ពួក​បណ្តា‌ជន​បាន​ចេញ​ពី​ត្រសាល​គេ ដើម្បី​នឹង​ឆ្លង​ទន្លេ​យ័រដាន់ មាន​ទាំង​ពួក​សង្ឃ​សែង​ហឹប​នៃ​សេចក្ដី​សញ្ញា​ទៅ​ខាង​មុខ​ផង
15 ហើយ​ពួក​សង្ឃ​ដែល​សែង​ហឹប​បាន​មក​ដល់​ទន្លេ​យ័រដាន់ ក៏​ដាក់​ជើង​ចុះ​ទៅ​ក្នុង​ទឹក​នៅ​មាត់​ទន្លេ (ដ្បិត​ទន្លេ​យ័រដាន់​ឡើង​លិច​មាត់​ច្រាំង​ទាំង​អស់ នៅ​ពេញ​រដូវ​ចម្រូូត)
16 នោះ​ទឹក​ដែល​ហូរ​ចុះ​ពី​លើ​មក ក៏​ឈប់​នៅ​នឹង ឡើង​ជា​គំនរ​ពី​ទី​ចម្ងាយ​ត្រង់​ក្រុង​អាដាំ ដែល​នៅ​ជិត​សារ‌ថាន ហើយ​ផ្នែក​ទឹក​ដែល​ហូរ​ចុះ​ទៅ​ខាង​សមុទ្រ​ស្រុក​វាល គឺ​ជា​សមុទ្រ​អំបិល នោះ​ក៏​ហូរ​រីង​អស់​ទៅ រួច​ពួក​បណ្តា‌ជន​គេ​ឆ្លង​តម្រង់​ចំ​ទៅ​ឯ​ក្រុង​យេរីខូ
17 ឯ​ពួក​សង្ឃ​ដែល​សែង​ហឹប​នៃ​សេចក្ដី​សញ្ញា​ផង​ព្រះ‌យេហូវ៉ា គេ​ក៏​ឈរ​នឹង នៅ​ដី​ស្ងួត​នា​បាត​ទន្លេ​យ័រដាន់ ហើយ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​ក៏​ឆ្លង​ទៅ​នៅ​ដី​ស្ងួត​ដែរ ទាល់​តែ​ពួក​គេ​ទាំង​អស់​បាន​ឆ្លង​ផុត​ពី​ទន្លេ​ទៅ។


ជំពូក 4

1 កាល​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​បាន​ឆ្លង​ទន្លេ​យ័រដាន់​ផុត​ហើយ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​មក​យ៉ូស្វេ​ថា
2 ចូរ​រើស​យក​មនុស្ស​១២​នាក់​ពី​ពួក​បណ្តា‌ជន គឺ​ម្នាក់​ពី​ពូជ​អំបូរ​មួយៗ
3 ហើយ​បង្គាប់​គេ​ថា ចូរ​ឯង​រាល់​គ្នា​យក​ថ្ម​១២​ដុំ ពី​កណ្តាល​ទន្លេ​យ័រដាន់ ត្រង់​កន្លែង​ដែល​ជើង​ពួក​សង្ឃ​បាន​ឈរ​នោះ ទៅ​ជា​មួយ​នឹង​ឯង ហើយ​ដាក់​នៅ​ត្រង់​កន្លែង​ដែល​ឯង​នឹង​ស្នាក់​នៅ​យប់​នេះ
4 នោះ​យ៉ូស្វេ​ក៏​ហៅ​មនុស្ស​១២​នាក់ មក​ពី​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ដែល​គាត់​បាន​តម្រូវ​ជា​មុន គឺ​ម្នាក់​ពី​ពូជ​អំបូរ​មួយៗ
5 ប្រាប់​គេ​ថា ចូរ​ដើរ​ទៅ​ខាង​មុខ​ហឹប​ផង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​រាល់​គ្នា ដល់​កណ្តាល​ទន្លេ​យ័រដាន់ ហើយ​យក​ថ្ម​១​ដុំ​ម្នាក់​គ្រប់​គ្នា​លី​ទៅ តាម​ចំនួន​ពូជ​អំបូរ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល
6 ដើម្បី​ឲ្យ​បាន​ទុក​ជា​ទី​សម្គាល់ នៅ​ក្នុង​ពួក​ឯង​រាល់​គ្នា ប្រយោជន៍​ដល់​ថ្ងៃ​ក្រោយ កាល​ណា​កូន​ចៅ​ឯង​សួរ​ថា ថ្ម​ទាំង​នេះ​មាន​ន័យ​ដូច​ម្តេច
7 នោះ​ឯង​រាល់​គ្នា​នឹង​ប្រាប់​ថា នេះ​ដោយ​ព្រោះ​ទឹក​ទន្លេ​យ័រដាន់​បាន​ត្រូវ​កាត់​ផ្តាច់ នៅ​ខាង​មុខ​ហឹប​នៃ​សេចក្ដី​សញ្ញា​ផង​ព្រះ‌យេហូវ៉ា គឺ​កាល​ហឹប​នោះ​បាន​ឆ្លង​ទន្លេ​យ័រដាន់ នោះ​ទឹក​ទន្លេ​បាន​ត្រូវ​កាត់​ផ្តាច់​ចេញ ដូច្នេះ ថ្ម​ទាំង​នេះ​នឹង​បាន​សម្រាប់​ជា​សេចក្ដី​រំឭក​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ត​រៀង​ទៅ។
8 ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​ធ្វើ​តាម​បង្គាប់​យ៉ូស្វេ គេ​យក​ថ្ម​១២​ដុំ​ពី​កណ្តាល​ទន្លេ​យ័រដាន់ តាម​ចំនួន​ពូជ​អំបូរ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​នឹង​លោក ហើយ​គេ​លី​ថ្ម​ទាំង​នោះ​ទៅ​ជា​មួយ យក​ទៅ​ដាក់​ត្រង់​កន្លែង​ដែល​គេ​ស្នាក់​នៅ។
9 យ៉ូស្វេ​ក៏​ដាក់​ថ្ម​១២​ដុំ​នៅ​កណ្តាល​ទន្លេ​យ័រដាន់ ត្រង់​កន្លែង​នៃ​ជើង​ពួក​សង្ឃ ដែល​សែង​ហឹប​នៃ​សេចក្ដី​សញ្ញា​បាន​ឈរ​ហើយ​ថ្ម​ទាំង​នោះ​ក៏​តាំង​នៅ​រហូត​ដល់​សព្វ​ថ្ងៃ​នេះ
10 ឯ​ពួក​សង្ឃ​ជា​អ្នក​សែង​ហឹប គេ​ឈរ​នៅ​កណ្តាល​ទន្លេ​យ័រដាន់​នោះ ដរាប​ដល់​គ្រប់​ការ​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​ដល់​យ៉ូស្វេ ឲ្យ​ប្រាប់​ដល់​បណ្តា‌ជន​បាន​សម្រេច ជា​ការ​ដែល​ត្រូវ​នឹង​គ្រប់​ទាំង​សេចក្ដី ដែល​លោក​ម៉ូសេ​បាន​បង្គាប់​មក​យ៉ូស្វេ​ដែរ ឯ​ពួក​ជន​ទាំង‌ឡាយ គេ​ក៏​នាំ​គ្នា​ឆ្លង​ទៅ​ដោយ​ប្រញាប់‌ប្រញាល់
11 កាល​ពួក​ជន​បាន​ឆ្លង​ទៅ​ផុត​ហើយ នោះ​ហឹប​នៃ​ព្រះ‌យេហូវ៉ា និង​ពួក​សង្ឃ​ក៏​ឆ្លង​ទៅ​នៅ​ចំពោះ​មុខ​គេ
12 ឯ​ពួក​កូន​ចៅ​រូបេន និង​ពួក​កូន​ចៅ​កាឌ់ ហើយ​ពូជ​អំបូរ​ម៉ាន៉ាសេ​១​ចំហៀង ក៏​ឆ្លង​ទៅ​នៅ​មុខ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ទាំង​មាន​គ្រឿង​សស្ត្រា‌វុធ​ពាក់​ស្រាប់ ដូច​ជា​ម៉ូសេ​បាន​ប្រាប់
13 គឺ​មាន​ចំនួន​ប្រហែល​ជា​៤​ម៉ឺន​នាក់ ដែល​សុទ្ធ​តែ​ពាក់​គ្រឿង​សស្ត្រា‌វុធ​រៀប‌ចំ​នឹង​ច្បាំង គេ​ឆ្លង​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ទៅ​ដល់​វាល​ក្រុង​យេរីខូ
14 នៅ​ថ្ងៃ​នោះ​ឯង ព្រះ‌យេហូវ៉ា​ទ្រង់​បាន​លើក​តម្កើង​យ៉ូស្វេ នៅ​ចំពោះ​ភ្នែក​នៃ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា ហើយ​គេ​ក៏​កោត‌ខ្លាច​ដល់​លោក ដូច​ជា​បាន​កោត‌ខ្លាច​ដល់​លោក​ម៉ូសេ​ដែរ នៅ​អស់​១​ជីវិត​របស់​លោក។
15 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​យ៉ូស្វេ​ថា
16 ចូរ​បង្គាប់​ដល់​ពួក​សង្ឃ ដែល​សែង​ហឹប​នៃ​សេចក្ដី​បន្ទាល់ ឲ្យ​ឡើង​ពី​ទន្លេ​យ័រដាន់​មក
17 នោះ​យ៉ូស្វេ​ក៏​បង្គាប់​ដល់​ពួក​សង្ឃ​ថា ចូរ​នាំ​គ្នា​ឡើង​មក
18 កាល​ពួក​សង្ឃ ដែល​សែង​ហឹប​នៃ​សេចក្ដី​សញ្ញា​ផង​ព្រះ‌យេហូវ៉ា បាន​ឡើង​ពី​កណ្តាល​ទន្លេ​យ័រដាន់​មក ដាក់​បាត​ជើង​ជាន់​នៅ​លើ​ដី​គោក​ហើយ នោះ​ទឹក​ទន្លេ​យ័រដាន់​ក៏​ហូរ​ទម្លាក់​មក​តាម​កន្លែង​ធម្មតា​វិញ ព្រម​ទាំង​លិច​មាត់​ច្រាំង​ទាំង​អស់ ដូច​ពី​កាល​មុន។
19 រីឯ​កាល​ពួក​បណ្តា‌ជន​បាន​ឡើង​ពី​ទន្លេ​យ័រដាន់​មក នោះ​គឺ​ជា​ថ្ងៃ​១០​ខែ​ចេត្រ គេ​ក៏​ដំឡើង​ត្រសាល​នៅ​ត្រង់​គីល‌កាល ក្បែរ​ព្រំ​ក្រុង​យេរីខូ​ខាង​កើត
20 ចំណែក​ថ្ម​ទាំង​១២​ដុំ​នោះ ដែល​គេ​បាន​ចេញ​ពី​កណ្តាល​ទន្លេ​យ័រដាន់ នោះ​យ៉ូស្វេ​ក៏​នាំ​យក​ចេញ​មក​ដាក់​បង្គរ​ត្រង់​គីល‌កាល
21 រួច​លោក​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា កាល​ណា​ដល់​ថ្ងៃ​ក្រោយ កូន​ចៅ​ឯង​រាល់​គ្នា​សួរ​ឪពុក​ថា តើ​ថ្ម​ទាំង​នេះ​មាន​ន័យ​ដូច​ម្តេច
22 នោះ​ត្រូវ​ប្រាប់​ឲ្យ​ដឹង​ថា គឺ​ពួក​អ៊ីស្រា‌អែល​យើង បាន​ឆ្លង​ទន្លេ​យ័រដាន់​នេះ នៅ​ដី​ស្ងួត
23 ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង ទ្រង់​បាន​ធ្វើ​ឲ្យ​ទឹក​ទន្លេ​យ័រដាន់​រីង​ទៅ នៅ​មុខ​យើង ទាល់​តែ​បាន​ឆ្លង​ផុត​មក ដូច​ជា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង ទ្រង់​បាន​ធ្វើ​ឲ្យ​សមុទ្រ​ក្រហម រីង​ទៅ នៅ​មុខ​យើង ទាល់​តែ​បាន​ឆ្លង​ផុត​មក​ដែរ
24 ដើម្បី​ឲ្យ​គ្រប់​ទាំង​សាសន៍​នៅ​ផែនដី​បាន​ដឹង​ថា ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌ចេស្តា ប្រយោជន៍​ឲ្យ​ឯង​រាល់​គ្នា​បាន​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ជា​ដរាប​ត​ទៅ។


ជំពូក 5

1 កាល​ពួក​ស្តេច​សាសន៍​អាម៉ូរី​ទាំង​ប៉ុន្មាន ដែល​នៅ​ខាង​លិច​ទន្លេ​យ័រដាន់ និង​ស្តេច​សាសន៍​កាណាន​ទាំង​ប៉ុន្មាន ដែល​នៅ​ក្បែរ​សមុទ្រ បាន​ឮ​ថា ព្រះ‌យេហូវ៉ា​បាន​ធ្វើ​ឲ្យ​ទឹក​ទន្លេ​យ័រដាន់​រីង​ទៅ នៅ​មុខ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ទាល់​តែ​បាន​ឆ្លង​ផុត​មក​ដូច្នេះ នោះ​គេ​មាន​ចិត្ត​រលត់​ទៅ គ្មាន​វិញ្ញាណ​នៅ​សល់​ក្នុង​គេ​ទៀត​ឡើយ ដោយ​ព្រោះ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល។
2 នៅ​គ្រា​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ដល់​យ៉ូស្វេ​ថា ចូរ​យក​ថ្ម​ធ្វើ​ជា​កាំបិត រួច​កាត់​ស្បែក​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​១​លើក​ទៀត
3 នោះ​យ៉ូស្វេ​ក៏​ធ្វើ​កាំបិត​ពី​ថ្ម ហើយ​កាត់​ស្បែក​របស់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល នៅ​ត្រង់​ភ្នំ​ហារ៉ា‌ឡុត
4 យ៉ូស្វេ​បាន​កាត់​ស្បែក​គេ ដោយ​ព្រោះ​ហេតុ​នេះ គឺ​មនុស្ស​ប្រុសៗ​ជា​អ្នក​ថ្នឹក​ច្បាំង​ទាំង​ប៉ុន្មាន ដែល​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក គេ​បាន​ស្លាប់​តាម​ផ្លូវ​នៅ​ទី​រហោ‌ស្ថាន​ក្នុង​ពេល​ក្រោយ​ដែល​បាន​ចេញ​មក​ពី​ស្រុក​អេស៊ីព្ទ
5 ដ្បិត​ប្រុសៗ​ទាំង​អស់​ដែល​ចេញ​មក គេ​បាន​កាត់​ស្បែក​គ្រប់​គ្នា​ហើយ តែ​ពួក​ទាំង​ប៉ុន្មាន​ដែល​កើត​តាម​ផ្លូវ នៅ​ទី​រហោ‌ស្ថាន ក្រោយ​ដែល​បាន​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក នោះ​មិន​ទាន់​បាន​កាត់​ស្បែក​នៅ​ឡើយ
6 ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ដើរ​ក្នុង​ទី​រហោ‌ស្ថាន​អស់​៤០​ឆ្នាំ ទាល់​តែ​ពួក​គេ​គ្រប់​គ្នា គឺ​ជា​ពួក​មនុស្ស​ថ្នឹក​ច្បាំង ដែល​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក បាន​ស្លាប់​បាត់​អស់​ទៅ ពី​ព្រោះ​គេ​មិន​បាន​ស្តាប់​តាម​ព្រះ‌បន្ទូល នៃ​ព្រះ‌យេហូវ៉ា ហើយ​ទ្រង់​បាន​ស្បថ​ថា មិន​ឲ្យ​គេ​ឃើញ​ស្រុក ដែល​ទ្រង់​បាន​ស្បថ​នឹង​ពួក​អយ្យកោ​គេ​ថា​នឹង​ឲ្យ​មក​យើង​រាល់​គ្នា​ឡើយ ជា​ស្រុក​ដែល​មាន​ទឹក​ដោះ និង​ទឹក​ឃ្មុំ​ហូរ‌ហៀរ
7 គឺ​ជា​ពួក​កូន​ចៅ​របស់​អ្នក​ទាំង​នោះ​ឯង ដែល​ទ្រង់​បាន​បង្កើត​ឡើង​ជំនួស​គេ ហើយ​យ៉ូស្វេ​បាន​កាត់​ស្បែក​ឲ្យ ដ្បិត​គេ​មិន​ទាន់​កាត់​ស្បែក​នៅ​ឡើយ ពី​ព្រោះ​មិន​បាន​កាត់​ស្បែក​អ្នក​ណា​តាម​ផ្លូវ​សោះ
8 ដូច្នេះ កាល​គេ​បាន​កាត់​ស្បែក​ប្រុសៗ​ទាំង​អស់​រួច​ហើយ នោះ​ក៏​នៅ​នឹង​កន្លែង​គេ ក្នុង​ទី​ដំឡើង​ត្រសាល​នោះ​ដរាប​ដល់​សះ​ជា
9 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​យ៉ូស្វេ​ថា នៅ​ថ្ងៃ​នេះ អញ​បាន​ប្រមៀល សេចក្ដី​ដំណៀល​របស់​ស្រុក​អេស៊ីព្ទ​ពី​ឯង​ចេញ គឺ​ហេតុ​នោះ បាន​ជា​គេ​ហៅ​ឈ្មោះ​កន្លែង​នោះ​ថា គីល‌កាល ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។
10 ពួក​កូន​ចៅ​អ៊ីស្រា‌អែល គេ​ដំឡើង​ត្រសាល​នៅ​ត្រង់​គីល‌កាល​នោះ ហើយ​នាំ​គ្នា​ធ្វើ​បុណ្យ​រំលង​នៅ​ល្ងាច​ថ្ងៃ​១៤​ខែ​នោះ ត្រង់​វាល​ក្រុង​យេរីខូ
11 ក្រោយ​ថ្ងៃ​បុណ្យ​រំលង​មក នៅ​ថ្ងៃ​នោះ​ឯង គេ​ក៏​បរិភោគ​ផល​របស់​ស្រុក​នោះ គឺ​ជា​នំ​ឥត​ដំបែ និង​គ្រាប់​លីង
12 រួច​ក្រោយ​ដែល​គេ​បរិភោគ​ផល​របស់​ស្រុក​នោះ ដល់​ថ្ងៃ​ស្អែក​ឡើង លែង​មាន​នំ​ម៉ាន៉ា​ហើយ ពួក​កូន​ចៅ​អ៊ីស្រា‌អែល​មិន​ដែល​មាន​នំ​ម៉ាន៉ា​ទៀត​ឡើយ គឺ​ក្នុង​ឆ្នាំ​នោះ​ឯង គេ​បាន​បរិភោគ​ផល​របស់​ស្រុក​កាណាន​វិញ។
13 រីឯ​ក្នុង​គ្រា​ដែល​យ៉ូស្វេ​នៅ​ជិត​ក្រុង​យេរីខូ នោះ​គាប់‌ជួន​ជា​លោក​ងើប​ភ្នែក​ឡើង ឃើញ​មនុស្ស​ម្នាក់​កំពុង​តែ​ឈរ​នៅ​មុខ​លោក មាន​ទាំង​កាន់​ដាវ​ហូត​ជា​ស្រេច លោក​ក៏​ចូល​ទៅ​សួរ​ថា តើ​លោក​កាន់​ខាង​យើង​ខ្ញុំ ឬ​ខាង​ពួក​ខ្មាំង​សត្រូវ របស់​យើង​ខ្ញុំ
14 អ្នក​នោះ​ឆ្លើយ​តប​ថា ទេ អញ​បាន​មក​ធ្វើ​ជា​កំពូល​លើ​ពួក​ពល​ផង​ព្រះ‌យេហូវ៉ា​វិញ នោះ​យ៉ូស្វេ​ក៏​ទម្លាក់​ខ្លួន​ក្រាប​ផ្កាប់​មុខ​នឹង​ដី ថ្វាយ‌បង្គំ សួរ​ថា តើ​ព្រះ‌អម្ចាស់​នៃ​ទូល‌បង្គំ ចង់​មាន​ព្រះ‌បន្ទូល​ដល់​ទូល‌បង្គំ ជា​បាវ​បម្រើ​ទ្រង់ ថា​ដូច​ម្តេច
15 អ្នក​ដែល​ជា​កំពូល​លើ​ពួក​ពល​ផង​ព្រះ‌យេហូវ៉ា​ក៏​ប្រាប់​ថា ចូរ​ដោះ​ស្បែក​ជើង​ចេញ​ទៅ ដ្បិត​កន្លែង​ដែល​ឈរ​នៅ​នោះ ជា​កន្លែង​បរិសុទ្ធ រួច​យ៉ូស្វេ​ក៏​ធ្វើ​តាម​ដូច្នោះ។


ជំពូក 6

1 រីឯ​ទី​ក្រុង​យេរីខូ គេ​បាន​បិទ​ទ្វារ​ជាប់​ទាំង​ប្រយ័ត ដោយ​ខ្លាច​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ឥត​មាន​អ្នក​ណា​ចេញ​ចូល​សោះ​ឡើយ
2 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​យ៉ូស្វេ​ថា មើល អញ​បាន​ប្រគល់​ក្រុង​យេរីខូ ព្រម​ទាំង​ស្តេច​គេ និង​ពួក​មនុស្ស​ខ្លាំង​ពូកែ​ស្ទាត់​ជំនាញ​ទាំង​ប៉ុន្មាន មក​ក្នុង​កណ្តាប់​ដៃ​ឯង​ហើយ
3 ដូច្នេះ ត្រូវ​ឲ្យ​ឯង​រាល់​គ្នា ជា​ពួក​ថ្នឹក​ច្បាំង ដើរ​ជុំវិញ​ទី​ក្រុង​អស់​៦​ថ្ងៃ ក្នុង​១​ថ្ងៃ​១​ជុំ
4 ត្រូវ​ឲ្យ​មាន​សង្ឃ​៧​រូប កាន់​ត្រែ​ស្នែង​ចៀម​ដើរ​នាំ​មុខ​ហឹប រួច​ដល់​ថ្ងៃ​ទី​៧ នោះ​ត្រូវ​ឲ្យ​ដើរ​ព័ទ្ធ​ទី​ក្រុង​អស់​៧​ជុំ​ថែម​ទៀត ហើយ​ពួក​សង្ឃ​ត្រូវ​ផ្លុំ​ត្រែ​ឡើង
5 កាល​ណា​គេ​ផ្លុំ​ស្នែង​ចៀម មាន​សំឡេង​យ៉ាង​វែង ឮ​ដល់​ឯង​រាល់​គ្នា នោះ​ទាំង​អស់​គ្នា​ត្រូវ​ស្រែក​ឡើង ជា​សម្រែក​យ៉ាង​ខ្លាំង ដូច្នេះ កំផែង​ទី​ក្រុង​នឹង​រលំ​ដួល​ទៅ រួច​ត្រូវ​ឲ្យ​បណ្តា‌ជន​ទាំង​អស់​ឡើង​ចំ​ទៅ​មុខ​រៀង​ខ្លួន
6 យ៉ូស្វេ​ជា​កូន​នុន​ក៏​ហៅ​ពួក​សង្ឃ​មក​ប្រាប់​ថា ចូរ​យក​ហឹប​នៃ​សេចក្ដី​សញ្ញា ហើយ​ឲ្យ​មាន​សង្ឃ​៧​រូប​កាន់​ត្រែ​ស្នែង​ចៀម ដើរ​នាំ​មុខ​ហឹប​នៃ​ព្រះ‌យេហូវ៉ា​ទៅ
7 លោក​ក៏​បង្គាប់​ដល់​ពួក​បណ្តា‌ជន​ថា ចូរ​នាំ​គ្នា​ដើរ​ព័ទ្ធ​ជុំវិញ​ទី​ក្រុង​ទៅ ឯ​អស់​ពួក​អ្នក​ដែល​មាន​គ្រឿង​សស្ត្រា‌វុធ នោះ​ត្រូវ​ដើរ​នាំ​មុខ​ហឹប​នៃ​ព្រះ‌យេហូវ៉ា។
8 លុះ​កាល​យ៉ូស្វេ​បាន​ប្រាប់​ដល់​ពួក​ជន​រួច​អស់​ហើយ នោះ​សង្ឃ​ទាំង​៧​ដែល​កាន់​ត្រែ​ស្នែង​ចៀម​ទាំង​៧ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ក៏​ដើរ​ទៅ​ទាំង​ផ្លុំ​បណ្តើរ រួច​ហឹប​នៃ​សេចក្ដី​សញ្ញា​ផង​ព្រះ‌យេហូវ៉ា​ក៏​តាម​គេ​ទៅ
9 ឯ​ពួក​ដែល​កាន់​គ្រឿង​សស្ត្រា‌វុធ គេ​ដើរ​ខាង​មុខ​ពួក​សង្ឃ​ដែល​ផ្លុំ​ត្រែ ក៏​មាន​ពួក​អ្នក​ដើរ​ខាង​ក្រោយ​ហឹប​ដែរ ពួក​សង្ឃ​ដើរ​ទៅ​ទាំង​ផ្លុំ​ត្រែ​បណ្តើរ
10 ឯ​យ៉ូស្វេ​ក៏​បង្គាប់​បណ្តា‌ជន​ថា មិន​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ស្រែក​ឡើង ឬ​ឲ្យ​មាន​ឮ​សំឡេង​ឡើយ ក៏​មិន​ត្រូវ​មាន​ពាក្យ​ណា​មួយ​ចេញ​ពី​មាត់​ឯង​ដែរ ដរាប​ដល់​ថ្ងៃ ដែល​អញ​ប្រាប់​ឲ្យ​ស្រែក​ឡើង នោះ​ទើប​ត្រូវ​ឲ្យ​ឯង​ស្រែក​ចុះ
11 ដូច្នេះ ហឹប​នៃ​ព្រះ‌យេហូវ៉ា​ក៏​បាន​ព័ទ្ធ​ជុំវិញ​ទី​ក្រុង​អស់​១​ជុំ រួច​គេ​ត្រឡប់​ចូល​មក​ក្នុង​ទី​ដំឡើង​ត្រសាល​វិញ ហើយ​ឈប់​នៅ​ទី​នោះ។
12 ឯ​យ៉ូស្វេ​លោក​ក្រោក​ឡើង​ពី​ព្រលឹម ហើយ​ពួក​សង្ឃ​ក៏​នាំ​គ្នា​សែង​ហឹប​នៃ​ព្រះ‌យេហូវ៉ា
13 មាន​ទាំង​ពួក​សង្ឃ​៧​រូប​នោះ កាន់​ត្រែ​ស្នែង​ចៀម​៧ ដើរ​នាំ​មុខ​ហឹប​នៃ​ព្រះ‌យេហូវ៉ា ទាំង​ផ្លុំ​ត្រែ​បណ្តើរ​ផង ឯ​ពួក​កាន់​គ្រឿង​សស្ត្រា‌វុធ គេ​ក៏​ដើរ​ពី​ខាង​មុខ ហើយ​មាន​ពួក​អ្នក​ខាង​ក្រោយ ដើរ​តាម​ហឹប​នៃ​ព្រះ‌យេហូវ៉ា​ដែរ ពួក​សង្ឃ​ក៏​ដើរ​ទៅ​ទាំង​ផ្លុំ​ត្រែ​បណ្តើរ
14 ថ្ងៃ​ទី​២​នោះ គេ​ដើរ​ជុំវិញ​ទី​ក្រុង​១​ជុំ រួច​ក៏​ត្រឡប់​មក​ក្នុង​ទី​ដំឡើង​ត្រសាល​វិញ គេ​ធ្វើ​យ៉ាង​ដូច្នេះ​អស់​៦​ថ្ងៃ។
15 លុះ​ដល់​ថ្ងៃ​ទី​៧ គេ​ក្រោក​ឡើង​ពី​ព្រលឹម កាល​ទើប​នឹង​ភ្លឺ​ស្រាង នោះ​ក៏​ដើរ​ព័ទ្ធ​ជុំវិញ​ទី​ក្រុង​បែប​ដដែល​អស់​៧​ជុំ ថ្ងៃ​នោះ​ខុស​ពី​ថ្ងៃ​មុន​តែ​ប៉ុណ្ណេះ គឺ​គេ​ដើរ​ព័ទ្ធ​ទី​ក្រុង​អស់​៧​ដង​វិញ
16 លុះ​បាន​គ្រប់​៧​ជុំ​ហើយ កាល​ពួក​សង្ឃ​បាន​ផ្លុំ​ត្រែ នោះ​យ៉ូស្វេ​ក៏​ប្រាប់​ដល់​ពួក​ជន​ថា ចូរ​ស្រែក​ឡើង ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រគល់​ទី​ក្រុង​នេះ​មក​ឯង​រាល់​គ្នា​ហើយ
17 ឯ​ទី​ក្រុង​នេះ ជា​ទី​ក្រុង​សម្រាប់​តែ​បំផ្លាញ​អស់​រលីង​ថ្វាយ​ព្រះ‌យេហូវ៉ា ហើយ​និង​គ្រប់​ទាំង​អស់ ដែល​នៅ​ក្នុង​ក្រុង​នេះ​ផង រស់​នៅ​បាន​តែ​នាង​រ៉ាហាប​ជា​ស្រី​សំផឹង​១ និង​អស់​អ្នក​ដែល​នៅ​ក្នុង​ផ្ទះ​ជា​មួយ​នឹង​នាង​ប៉ុណ្ណោះ ពី​ព្រោះ​នាង​បាន​នាំ​អ្នក​២​នាក់ ដែល​យើង​បាន​ចាត់​មក ទៅ​លាក់​បំពួន​ទុក
18 ឯ​ឯង​រាល់​គ្នា ត្រូវ​ប្រយ័ត​តែ​នឹង​របស់​ដែល​សម្រាប់​បំផ្លាញ ក្រែង​កាល​ណា​ឯង​ញែក​របស់​ណា​ទុក​សម្រាប់​នឹង​បំផ្លាញ នោះ​បែរ​ទៅ​ជា​យក​របស់​ណា​មួយ​នោះ​ចេញ​វិញ ហើយ​ដូច្នេះ​នឹង​នាំ​ឲ្យ​ពួក​អ៊ីស្រា‌អែល​ត្រូវ​បំផ្លាញ​ទាំង​អស់​គ្នា​ដែរ ព្រម​ទាំង​មាន​សេចក្ដី​វឹកវរ​ផង
19 ប៉ុន្តែ ឯ​ប្រាក់ និង​មាស​ទាំង​ប៉ុន្មាន ហើយ​អស់​ទាំង​ប្រដាប់‌ប្រដា​ធ្វើ​ពី​លង្ហិន និង​ដែក នោះ​ជា​របស់​បរិសុទ្ធ​ដល់​ព្រះ‌យេហូវ៉ា ត្រូវ​នាំ​យក​ទាំង​អស់ ចូល​មក​ក្នុង​ឃ្លាំង​នៃ​ព្រះ‌យេហូវ៉ា​វិញ
20 ដូច្នេះ ពួក​បណ្តា‌ជន​ក៏​ស្រែក​ហ៊ោ ហើយ​ពួក​សង្ឃ​ក៏​ផ្លុំ​ត្រែ​ឡើង គឺ​កាល​ពួក​បណ្តា‌ជន​បាន​ឮ​សូរ​ត្រែ នោះ​គេ​ស្រែក​ឡើង ជា​សម្រែក​យ៉ាង​ខ្លាំង ស្រាប់​តែ​កំផែង​ក៏​រលំ​ដួល​ទៅ ដើម្បី​ឲ្យ​ពួក​បណ្តា‌ជន​បាន​ឡើង​ទៅ​ក្នុង​ទី​ក្រុង​ចំ​មុខ​គេ​រៀង​ខ្លួន ហើយ​គេ​ក៏​ចាប់​យក​ទី​ក្រុង​នោះ​ទៅ
21 គេ​បាន​បំផ្លាញ​គ្រប់​ទាំង​អស់​ដែល​មាន​នៅ​ក្នុង​ក្រុង​នោះ​អស់​រលីង គឺ​ទាំង​ប្រុស ហើយ​និង​ស្រី ទាំង​ក្មេង ហើយ​និង​ចាស់​ផង ព្រម​ទាំង​គោ និង​ចៀម ហើយ​និង​លា ទាំង​អម្បាល‌ម៉ាន ដោយ​មុខ​ដាវ។
22 យ៉ូស្វេ​ក៏​ប្រាប់​ដល់​មនុស្ស​២​នាក់ ដែល​បាន​ចូល​ទៅ​សង្កេត​មើល​ស្រុក​នោះ​ថា ចូរ​ឲ្យ​ឯង​ចូល​ទៅ​ក្នុង​ផ្ទះ​ស្រី​សំផឹង​នោះ ហើយ​នាំ​នាង និង​របស់​នាង​ទាំង​ប៉ុន្មាន​ចេញ​មក​ក្រៅ ដូច​ជា​ឯង​បាន​ស្បថ​នឹង​នាង​ហើយ
23 ឯ​មនុស្ស​កំលោះ​២​នាក់ ដែល​បាន​ចូល​ទៅ​សង្កេត​មើល​ស្រុក ក៏​ចូល​ទៅ​នាំ​នាង​រ៉ាហាប ទាំង​ឪពុក​ម្តាយ​នាង និង​បង​ប្អូន ហើយ​និង​របស់​នាង​ទាំង​ប៉ុន្មាន​ចេញ​មក ព្រម​ទាំង​ញាតិ‌សន្តាន​របស់​នាង​ទាំង​ប៉ុន្មាន​ផង ដាក់​គេ​ឲ្យ​នៅ​ជា​ខាង​ក្រៅ​ទី​ដំឡើង​ត្រសាល នៃ​ពួក​អ៊ីស្រា‌អែល
24 រួច​ក៏​ឆួល​ដុត​ទី​ក្រុង​នោះ និង​របស់​នៅ​ទី​នោះ​ទាំង​អស់​ទៅ បាន​ទុក​នៅ​តែ​ប្រាក់ និង​មាស​ទាំង​ប៉ុន្មាន ព្រម​ទាំង​ប្រដាប់​លង្ហិន ហើយ​និង​ដែក​ប៉ុណ្ណោះ ដែល​គេ​យក​ទៅ​ដាក់​ក្នុង​ឃ្លាំង នៃ​ដំណាក់​ព្រះ‌យេហូវ៉ា
25 តែ​ឯ​រ៉ាហាប​ជា​ស្រី​សំផឹង និង​ពួក​គ្រួ​ឪពុក​នាង ហើយ​របស់​នាង​ទាំង​ប៉ុន្មាន នោះ​យ៉ូស្វេ​លោក​បាន​ទុក​ឲ្យ​គង់​នៅ​វិញ ហើយ​នាង​ក៏​នៅ​ក្នុង​ពួក​អ៊ីស្រា‌អែល​ជា​ដរាប​ដល់​សព្វ​ថ្ងៃ​នេះ ដោយ​ព្រោះ​នាង​បាន​លាក់​បំពួន​ពួក​អ្នក ដែល​យ៉ូស្វេ​បាន​ចាត់​ទៅ​សង្កេត​មើល​ក្រុង​យេរីខូ​នោះ។
26 នៅ​គ្រា​នោះ យ៉ូស្វេ​ក៏​ប្រកាស ជា​ពាក្យ​បណ្តាសា​ថា អ្នក​ណា​ដែល​ចាប់​ផ្តើម​សង់​ក្រុង​យេរីខូ​នេះ​ឡើង​វិញ នោះ​នឹង​ត្រូវ​បណ្តាសា​ហើយ កាល​ណា​អ្នក​នោះ​ដាក់​ឫស​កំផែង នោះ​កូន​ច្បង​របស់​ខ្លួន​នឹង​ស្លាប់​ទៅ ហើយ​កាល​ណា​ដាក់​ទ្វារ​ចុះ នោះ​កូន​ពៅ​នឹង​ស្លាប់​ទៅ។
27 ព្រះ‌យេហូវ៉ា​ទ្រង់​គង់​ជា​មួយ​នឹង​យ៉ូស្វេ ហើយ​ក៏​ល្បី​ឮ​ឈ្មោះ​លោក​សុស‌សាយ ពេញ​គ្រប់​ក្នុង​ស្រុក​នោះ។


ជំពូក 7

1 ប៉ុន្តែ ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ប្រព្រឹត្ត​រំលង​ចំពោះ​របស់​ដែល​សម្រាប់​បំផ្លាញ​វិញ ដ្បិត​មាន​អេកាន​ជា​កូន​កើមី ដែល​កើមី​ជា​កូន​សាប់ឌីៗ​ជា​កូន​សេរ៉ាស ក្នុង​ពូជ​អំបូរ​យូដា គាត់​បាន​យក​របស់​ខ្លះ​ដែល​ត្រូវ​បំផ្លាញ ហើយ​សេចក្ដី​ខ្ញាល់​នៃ​ព្រះ‌យេហូវ៉ា​ក៏​ឆួល​ឡើង ទាស់​នឹង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល។
2 ឯ​យ៉ូស្វេ​លោក​ចាត់​មនុស្ស​ពី​ក្រុង​យេរីខូ ទៅ​ឯ​ក្រុង​អៃយ​ដែល​នៅ​ជិត​បេត-អាវេន នៅ​ខាង​កើត​បេត-អែល ដោយ​ពាក្យ​ថា ចូរ​ឡើង​ទៅ​សង្កេត​មើល​ស្រុក​នោះ គេ​ក៏​ឡើង​ទៅ​សង្កេត​មើល​ក្រុង​អៃយ
3 រួច​ត្រឡប់​មក​ឯ​យ៉ូស្វេ​ជម្រាប​ថា មិន​ចាំ​បាច់​ឲ្យ​ឡើង​ទៅ​ទាំង​អស់​គ្នា​ទេ សូម​ឡើង​ទៅ​តែ​មនុស្ស​២​ឬ​៣​ពាន់​នាក់​ប៉ុណ្ណោះ ដើម្បី​នឹង​វាយ​ក្រុង​អៃយ​នោះ​បាន​ហើយ សូម​កុំ​ឲ្យ​បង់​កម្លាំង​ទាំង​អស់​គ្នា​នឹង​ឡើង​ទៅ​ឡើយ ដ្បិត​គេ​មាន​គ្នា​តិច​ទេ
4 ដូច្នេះ ក៏​មាន​ប្រហែល​ជា​៣​ពាន់​នាក់​នាំ​គ្នា​ឡើង​ទៅ តែ​គេ​ត្រូវ​រត់​ពី​មុខ​ពួក​ក្រុង​អៃយ​វិញ
5 ហើយ​ពួក​ក្រុង​អៃយ​ក៏​សម្លាប់​អស់​ប្រហែល​ជា​៣៦​នាក់ គេ​ដេញ​ពួក​អ៊ីស្រា‌អែល​ពី​មុខ​ទ្វារ​ក្រុង​ទៅ រហូត​ដល់​សេបារិម ទាំង​ប្រហារ​អ្នក​ទាំង​នោះ​នៅ​ត្រង់​ផ្លូវ​ចុះ ដូច្នេះ ពួក​ជន​ទាំង‌ឡាយ​ក៏​មាន​ចិត្ត​រលាយ​ទៅ​ដូច​ជា​ទឹក។
6 ឯ​យ៉ូស្វេ​លោក​ហែក​សម្លៀក‌បំពាក់ ហើយ​ទម្លាក់​ខ្លួន​ក្រាប​ផ្កាប់​មុខ​នឹង​ដី​នៅ​ចំពោះ​ហឹប​នៃ​ព្រះ‌យេហូវ៉ា ទាល់​តែ​ល្ងាច ព្រម​ទាំង​ពួក​ចាស់‌ទុំ​នៃ​សាសន៍​អ៊ីស្រា‌អែល​ផង គេ​ក៏​ដាក់​ធូលី​ដី​នៅ​លើ​ក្បាល​រៀង​ខ្លួន​ដែរ
7 រួច​យ៉ូស្វេ​ទូល​ថា ដល់​ហើយ ឱ​ព្រះ‌យេហូវ៉ា​ជា​ព្រះ‌អម្ចាស់​អើយ ហេតុ​អ្វី​បាន​ជា​ទ្រង់​បាន​នាំ​ពួក​បណ្តា‌ជន​នេះ ឆ្លង​ទន្លេ​យ័រដាន់​មក ដើម្បី​នឹង​ប្រគល់​យើង​រាល់​គ្នា​ទៅ​ក្នុង​កណ្តាប់​ដៃ​សាសន៍​អាម៉ូរី ឲ្យ​ត្រូវ​វិនាស​ដូច្នេះ គួរ​តែ​ឲ្យ​យើង​រាល់​គ្នា​បាន​សុខ​ចិត្ត នៅ​ខាង​នាយ​ទន្លេ​យ័រដាន់​វិញ​ជា​ជាង
8 ឱ​ព្រះ‌អម្ចាស់​អើយ ដែល​ពួក​អ៊ីស្រា‌អែល​បែរ​ខ្នង​រត់​នៅ​មុខ​ពួក​ខ្មាំង​សត្រូវ​យ៉ាង​នេះ តើ​ត្រូវ​ឲ្យ​ទូល‌បង្គំ​ថា​ដូច​ម្តេច​វិញ
9 ដ្បិត​ពួក​សាសន៍​កាណាន និង​មនុស្ស​នៅ​ស្រុក​នេះ​ទាំង​ប៉ុន្មាន គេ​នឹង​ឮ ហើយ​និង​ព័ទ្ធ​យើង​រាល់​គ្នា​ជុំវិញ រួច​គេ​នឹង​កាត់​ឈ្មោះ​យើង​រាល់​គ្នា​ពី​ផែនដី​ចេញ នោះ​តើ​ទ្រង់​នឹង​ធ្វើ​ដូច​ម្តេច​សម្រាប់​ព្រះ‌នាម​ទ្រង់​ដ៏​ជា​ធំ។
10 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ឆ្លើយ​នឹង​យ៉ូស្វេ​ថា ចូរ​ក្រោក​ឡើង ម្តេច​ក៏​ទម្លាក់​ខ្លួន​ក្រាប​ផ្កាប់​មុខ​ដូច្នេះ
11 ពួក​អ៊ីស្រា‌អែល​បាន​ធ្វើ​បាប គេ​បាន​ប្រព្រឹត្ត​រំលង​សេចក្ដី​សញ្ញា​អញ ដែល​បាន​បង្គាប់​ដល់​គេ​ហើយ គេ​បាន​ទាំង​យក​របស់​ដែល​ញែក​ទុក​សម្រាប់​នឹង​បំផ្លាញ​ទៅ គឺ​គេ​បាន​លួច ហើយ​ក៏​កុហក​ដែរ ព្រម​ទាំង​យក​របស់​នោះ​ទៅ​ទុក​ជា​មួយ​នឹង​អីវ៉ាន់​របស់​គេ​ផង
12 ដោយ​ហេតុ​នោះ បាន​ជា​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ពុំ​អាច​នឹង​ឈរ​នៅ​មុខ​ពួក​ខ្មាំង​សត្រូវ​គេ​បាន​ឡើយ ដែល​គេ​បែរ​ខ្នង​នៅ​មុខ​ពួក​ខ្មាំង​សត្រូវ នោះ​គឺ​ពី​ព្រោះ​គេ​បាន​ត្រឡប់​ទៅ​ជា​ត្រូវ​បំផ្លាញ​ដែរ បើ​ឯង​រាល់​គ្នា​មិន​បំផ្លាញ​របស់​ដែល​សម្រាប់​បំផ្លាញ​ពី​ពួក​ឯង​ចេញ​ទេ នោះ​អញ​មិន​នៅ​ជា​មួយ​នឹង​ឯង​រាល់​គ្នា​ទៀត​ឡើយ
13 ចូរ​ក្រោក​ឡើង ញែក​ពួក​ជន​ចេញ​ជា​បរិសុទ្ធ​ចុះ ហើយ​ប្រាប់​គេ​ថា ចូរ​ឲ្យ​ឯង​រាល់​គ្នា​ញែក​ខ្លួន​ចេញ​ជា​បរិសុទ្ធ ឲ្យ​ទាន់​ពេល​ថ្ងៃ​ស្អែក ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ពួក​អ៊ីស្រា‌អែល​អើយ មាន​របស់​ដែល​សម្រាប់​បំផ្លាញ​នៅ​ក្នុង​ពួក​ឯង ហើយ​ឯង​ពុំ​អាច​នឹង​ឈរ​នៅ​មុខ​ពួក​ខ្មាំង​សត្រូវ​បាន​ឡើយ ទាល់​តែ​បាន​ដក​របស់​ដែល​សម្រាប់​បំផ្លាញ​នោះ ពី​ពួក​ឯង​ចេញ
14 ដូច្នេះ ដល់​ព្រឹក​ឡើង ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ចូល​មក​តាម​ពូជ​អំបូរ​របស់​ឯង នោះ​ពូជ​អំបូរ​ណា ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​រើស​យក នឹង​ត្រូវ​មក​តាម​គ្រួ​គេ ហើយ​គ្រួ​ណា​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​រើស​យក នោះ​ត្រូវ​មក​តាម​ពួក​គេ ហើយ​ពួក​ណា​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​រើស​យក នោះ​ត្រូវ​មក​ម្នាក់​ម្តងៗ
15 ឯ​អ្នក​ណា​ដែល​ត្រូវ​ចាប់ ដោយ​ព្រោះ​បាន​យក​របស់​ដែល​សម្រាប់​បំផ្លាញ នោះ​នឹង​ត្រូវ​ដុត​ទៅ​ក្នុង​ភ្លើង ព្រម​ទាំង​សព្វ​សារពើ​របស់​អ្នក​នោះ​ផង ពី​ព្រោះ​បាន​ប្រព្រឹត្ត​រំលង​នឹង​សេចក្ដី​សញ្ញា​នៃ​ព្រះ‌យេហូវ៉ា ហើយ​បាន​ធ្វើ​ការ​ចម្កួត​ក្នុង​ពួក​អ៊ីស្រា‌អែល។
16 យ៉ូស្វេ​ក៏​ក្រោក​ពី​ព្រលឹម នាំ​ពួក​អ៊ីស្រា‌អែល​មក​តាម​ពូជ​អំបូរ​គេ នោះ​ក៏​ជាប់​ខាង​ពូជ​អំបូរ​យូដា
17 រួច​លោក​ឲ្យ​គ្រួ​យូដា​ទាំង​ប៉ុន្មាន​ចូល​មក ហើយ​លោក​ចាប់​យក​គ្រួ​សេរ៉ាស លោក​ក៏​ឲ្យ​គ្រួ​សេរ៉ាស​ចូល​មក​ម្នាក់​ម្តងៗ នោះ​ជាប់​សាប់ឌី
18 ហើយ​លោក​ឲ្យ​ពួក​សាប់ឌី​ចូល​មក​ម្នាក់​ម្តងៗ នោះ​ជាប់​អេកាន​ជា​កូន​កើមី ដែល​កើមី​ជា​កូន​សាប់ឌីៗ​ជា​កូន​សេរ៉ាស ក្នុង​ពូជ​អំបូរ​យូដា
19 យ៉ូស្វេ​ក៏​និយាយ​នឹង​អេកាន​ថា កូន​អើយ ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ហើយ​លន់‌តួ​នឹង​ទ្រង់​ទៅ ចូរ​ប្រាប់​អញ​ពី​ការ​ដែល​ឯង​បាន​ធ្វើ កុំ​ឲ្យ​លាក់​នឹង​អញ​ឡើង
20 នោះ​អេកាន​ក៏​ឆ្លើយ​ជម្រាប​យ៉ូស្វេ​ថា ខ្ញុំ​បាន​ធ្វើ​បាប​នឹង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​ពិត​មែន គឺ​ខ្ញុំ​បាន​ធ្វើ​ការ​យ៉ាង​នេះ​មួយៗ
21 ដ្បិត​ខ្ញុំ​បាន​ឃើញ​អាវ​១​យ៉ាង​ល្អ​ពី​ស្រុក​ស៊ីណើរ និង​ប្រាក់​២​រយ​រៀល ហើយ​មាស​១​ដុល​ទំងន់​៥០​ដំឡឹង​នៅ​ក្នុង​របឹប នោះ​ខ្ញុំ​កើត​មាន​ចិត្ត​លោភ​ចង់​បាន រួច​ក៏​យក​ទៅ មើល របស់​ទាំង​នោះ​បាន​កប់​នៅ​ក្នុង​ដី នា​កណ្តាល​ត្រសាល​របស់​ខ្ញុំ ឯ​ប្រាក់​នៅ​ជា​ខាង​ក្រោម។
22 ដូច្នេះ យ៉ូស្វេ​ចាត់​មនុស្ស​ឲ្យ​ទៅ ហើយ​គេ​រត់​ទៅ​ឯ​ត្រសាល​នោះ ឃើញ​មាន​របស់​ទាំង​នោះ​កប់​នៅ​ក្នុង​ត្រសាល ហើយ​ប្រាក់​ក៏​នៅ​ពី​ក្រោម​មែន
23 រួច​គេ​នាំ​យក​ពី​កណ្តាល​ត្រសាល ទៅ​ជូន​ដល់​យ៉ូស្វេ និង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់ ដាក់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា
24 នោះ​យ៉ូស្វេ និង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា ក៏​យក​អេកាន ជា​កូន​សេរ៉ាស និង​ប្រាក់ អាវ ហើយ​និង​មាស​១​ដុល​នោះ ព្រម​ទាំង​កូន​ប្រុស​កូន​ស្រី គោ លា ចៀម និង​ត្រសាល ហើយ​របស់​គាត់​ទាំង​អស់ នាំ​ឡើង​ទៅ​ដល់​ច្រក​ភ្នំ​អាគ័រ
25 ហើយ​យ៉ូស្វេ​មាន​ប្រសាសន៍​ថា ហេតុ​អ្វី​បាន​ជា​ឯង​ធ្វើ​ឲ្យ​យើង​មាន​សេចក្ដី​វេទនា​ដូច្នេះ នៅ​ថ្ងៃ​នេះ​ព្រះ‌យេហូវ៉ា​នឹង​ធ្វើ​ឲ្យ​ឯង​វេទនា​វិញ នោះ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​ក៏​ចោល​នឹង​ថ្ម ហើយ​ដុត​ទាំង​អស់​ក្នុង​ភ្លើង ព្រម​ទាំង​ចោល​នឹង​ថ្ម​ផង
26 គេ​ដាក់​ថ្ម​បង្គរ​ឡើង​ជា​គំនរ​យ៉ាង​ធំ​នៅ​ពី​លើ ដែល​នៅ​ដរាប​មក​ដល់​សព្វ​ថ្ងៃ​នេះ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​រសាយ​សេចក្ដី​ខ្ញាល់​ក្តៅ​ទៅ គឺ​ហេតុ​នោះ​បាន​ជា​គេ​ហៅ​កន្លែង​នោះ​ថា ច្រក​ភ្នំ​អាគ័រ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។


ជំពូក 8

1 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​យ៉ូស្វេ​ថា កុំ​ឲ្យ​ខ្លាច​ឡើយ ក៏​កុំ​ឲ្យ​ស្រយុត​ចិត្ត​ដែរ ចូរ​ក្រោក​ឡើង នាំ​យក​ពួក​ដែល​ថ្នឹក​ច្បាំង​ទាំង​អស់ ទៅ​ជា​មួយ​នឹង​ឯង ឡើង​ទៅ​ឯ​ក្រុង​អៃយ​ចុះ មើល អញ​បាន​ប្រគល់​ស្តេច​ក្រុង​អៃយ ព្រម​ទាំង​ពួក​រាស្ត្រ និង​ទី​ក្រុង ហើយ​និង​ស្រុក​របស់​ស្តេច​នោះ មក​ក្នុង​កណ្តាប់​ដៃ​ឯង​ហើយ
2 ដូច្នេះ ត្រូវ​ឲ្យ​ធ្វើ​នឹង​ក្រុង​អៃយ ហើយ​និង​ស្តេច​ផង ដូច​ជា​បាន​ធ្វើ​នឹង​យេរីខូ ហើយ​និង​ស្តេច​គេ​ដែរ ចូរ​យក​តែ​របស់​ទាំង​ប៉ុន្មាន និង​ហ្វូង​សត្វ ទុក​សម្រាប់​ជា​របឹប​ដល់​ខ្លួន​ឯង​រាល់​គ្នា​ប៉ុណ្ណោះ​ត្រូវ​ឲ្យ​ឯង​បង្កប់​ទ័ព​នៅ​ខាង​ក្រោយ​ទី​ក្រុង​វិញ។
3 ដូច្នេះ យ៉ូស្វេ និង​ពួក​ដែល​ថ្នឹក​ច្បាំង​ទាំង​អស់​គ្នា ក៏​ប្រុង‌ប្រៀប​រៀប​នឹង​ឡើង​ទៅ​ឯ​ក្រុង​អៃយ លោក​រើស​យក​សុទ្ធ​តែ​មនុស្ស​ខ្លាំង​ពូកែ​ស្ទាត់​ជំនាញ បាន​ចំនួន​៣​ម៉ឺន​នាក់ ចាត់​គេ​ទៅ​ទាំង​យប់
4 ដោយ​បង្គាប់​ថា ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ទៅ​បង្កប់​ខ្លួន​នៅ​ខាង​ក្រោយ​ទី​ក្រុង កុំ​ឲ្យ​នៅ​ឆ្ងាយ​ពី​ទី​ក្រុង​ពេក​ឡើយ ត្រូវ​ឲ្យ​ប្រុង‌ប្រៀប​ជា​ស្រេច​ទាំង​អស់​គ្នា
5 ឯ​អញ និង​ពួក​មនុស្ស​ទាំង​ប៉ុន្មាន​ដែល​នៅ​ជា​មួយ យើង​នឹង​ចូល​ទៅ​ជិត​ទី​ក្រុង រួច​កាល​ណា​គេ​ចេញ​មក ត​នឹង​យើង​ដូច​ជា​ជាន់​មុន នោះ​យើង និង​រត់​ពី​មុខ​គេ​ចេញ​ទៀត
6 ដូច្នេះ គេ​នឹង​ចេញ​មក​ដេញ​តាម​យើង ទាល់​តែ​យើង​បាន​ទាញ​នាំ​គេ​ឃ្លាត​ឆ្ងាយ​ពី​ទី​ក្រុង​ទៅ គេ​នឹង​គិត​ថា យើង​រត់​ពី​មុខ​គេ​ទៅ ដូច​ជាន់​មុន​ទៀត ដោយ​យើង​រត់​ពី​មុខ​គេ​ទៅ​យ៉ាង​នោះ
7 នោះ​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ក្រោក​ឡើង ពី​កន្លែង​ដែល​បង្កប់​ខ្លួន​នោះ ចូល​ទៅ​ចាប់​យក​ទី​ក្រុង​ទៅ ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​ប្រគល់​ក្រុង​នោះ​មក​ក្នុង​កណ្តាប់​ដៃ​ឯង
8 រួច​កាល​ណា​ឯង​រាល់​គ្នា​យក​បាន​ទី​ក្រុង​ហើយ នោះ​ត្រូវ​ឲ្យ​បង្កាត់​ភ្លើង​ដុត​ឡើង ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ធ្វើ​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ចុះ មើល អញ​បាន​បង្គាប់​ឯង​រាល់​គ្នា​ហើយ
9 យ៉ូស្វេ​ក៏​ចាក់​គេ​ឲ្យ​ទៅ ហើយ​គេ​នាំ​គ្នា​ទៅ​បង្កប់​ខ្លួន នៅ​កណ្តាល​ទាំង​សង​ខាង​នៃ​បេត-អែល និង​អៃយ គឺ​នៅ​ខាង​លិច​ក្រុង​អៃយ តែ​លោក​ស្នាក់​នៅ​កណ្តាល​ពួក​ជន​ក្នុង​យប់​នោះ​វិញ។
10 លុះ​ថ្ងៃ​ស្អែក​ឡើង កាល​ទើប​នឹង​ភ្លឺ​ស្រាងៗ នោះ​យ៉ូស្វេ​លោក​ត្រួត‌ត្រា​មើល​បណ្តា​ទ័ព រួច​លោក និង​ពួក​ចាស់‌ទុំ​នៃ​សាសន៍​អ៊ីស្រា‌អែល ក៏​នាំ​មុខ​គេ​ឡើង​ទៅ​ឯ​ក្រុង​អៃយ
11 ឯ​ពួក​អ្នក​ថ្នឹក​ច្បាំង​ទាំង​ប៉ុន្មាន ដែល​នៅ​ជា​មួយ​នឹង​លោក ក៏​ឡើង​ចូល​ទៅ​ជិត​ពី​ខាង​មុខ​ទី​ក្រុង ហើយ​បោះ​ទ័ព​នៅ​ជា​ខាង​ជើង មាន​វាល​ច្រក​ភ្នំ​នៅ​កណ្តាល​គេ ហើយ​និង​ទី​ក្រុង
12 លោក​បាន​រើស​យក​ប្រហែល​ជា​៥​ពាន់​នាក់ ចាត់​ឲ្យ​ទៅ​បង្កប់​ខ្លួន​នៅ​កណ្តាល​ទាំង​សង​ខាង​នៃ​បេត-អែល និង​អៃយ ពី​ខាង​លិច​ទី​ក្រុង​នោះ
13 ដូច្នេះ កាល​បាន​ចាត់​ពួក​បណ្តា​ទ័ព​ឲ្យ​ទៅ​ឯ​កន្លែង​គេ​រៀង​ខ្លួន គឺ​ពួក​ពល‌ទ័ព​ដែល​ត្រូវ​នៅ​ខាង​ជើង​ទី​ក្រុង និង​ពួក​អ្នក​ដែល​ត្រូវ​បង្កប់​ខ្លួន នៅ​ខាង​លិច​រួច​ស្រេច​ហើយ នោះ​យ៉ូស្វេ​ក៏​នៅ​ឯ​កណ្តាល​វាល​ច្រក​ភ្នំ នៅ​វេលា​យប់​នោះ​ឯង។
14 កាល​ស្តេច​ក្រុង​អៃយ​បាន​ឃើញ​ដូច្នោះ នោះ​ពួក​ក្រុង​ទាំង​អស់​គ្នា​ក៏​ប្រញាប់‌ប្រញាល់​ក្រោក​ឡើង​ពី​ព្រលឹម ហើយ​ស្តេច និង​រាស្ត្រ​ទាំង​អស់ ក៏​ចេញ​ទៅ​ឯ​កន្លែង​ដែល​បាន​កំណត់​ទុក​ជា​មុន ដើម្បី​ច្បាំង​នឹង​ពួក​អ៊ីស្រា‌អែល​ត្រង់​វាល​នោះ ឥត​ដឹង​ជា​មាន​ពល​បង្កប់​ទាស់​នឹង​គេ នៅ​ជា​ខាង​ក្រោយ​ទី​ក្រុង​ទេ
15 ឯ​យ៉ូស្វេ និង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា គេ​ធ្វើ​ដូច​ជា​ចាញ់​នៅ​មុខ​អ្នក​ទាំង​នោះ ក៏​នាំ​គ្នា​រត់​ទៅ​តាម​ផ្លូវ​ទី​រហោ‌ស្ថាន​ទៅ
16 លំដាប់​នោះ មាន​គេ​ហៅ​ពួក​បណ្តា‌ជន​ដែល​នៅ​ក្នុង​ក្រុង ឲ្យ​ប្រមូល​មក​មូល​គ្នា​ដេញ​តាម​ដែរ រួច​គេ​ក៏​ដេញ​តាម​យ៉ូស្វេ ហើយ​ត្រូវ​ប្រទាញ​នាំ​ទៅ​ឃ្លាត​ឆ្ងាយ​ពី​ទី​ក្រុង
17 គ្មាន​សល់​មនុស្ស​ណា​មួយ​នៅ​ក្នុង​ក្រុង​អៃយ និង​បេត-អែល ដែល​មិន​បាន​ចេញ​ទៅ​ដេញ​តាម​សាសន៍​អ៊ីស្រា‌អែល​នោះ​ឡើយ គេ​បាន​ទុក​ទី​ក្រុង​ឲ្យ​នៅ​ចំហ ដេញ​តាម​ពួក​អ៊ីស្រា‌អែល​ទៅ។
18 នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​យ៉ូស្វេ​ថា ចូរ​លើក​លំពែង​ដែល​កាន់​នៅ​ដៃ តម្រង់​ទៅ​ឯ​ក្រុង​អៃយ​ទៅ ដ្បិត​អញ​ប្រគល់​មក​ក្នុង​កណ្តាប់​ដៃ​ឯង​ហើយ នោះ​យ៉ូស្វេ​ក៏​លើក​លំពែង​ដែល​កាន់​នៅ​ដៃ​ឡើង តម្រង់​ទៅ​ឯ​ទី​ក្រុង​នោះ
19 កាល​លោក​លើក​ដៃ​ឡើង នោះ​ពួក​ទ័ព​បង្កប់​ក៏​ស្ទុះ​ចេញ​ពី​កន្លែង​គេ​ជា​ប្រញាប់ រត់​ចូល​ទៅ​ក្នុង​ទី​ក្រុង​ភ្លាម ក៏​ចាប់​យក ហើយ​ប្រញាប់‌ប្រញាល់​នឹង​បង្កាត់​ភ្លើង​ដុត​ឡើង
20 រួច​កាល​ពួក​ក្រុង​អៃយ បាន​ងាក​បែរ​មើល​ទៅ​ក្រោយ ឃើញ​ផ្សែង​ហុយ​ឡើង​ពី​ទី​ក្រុង ទៅ​លើ​មេឃ​ដូច្នោះ នោះ​គេ​គ្មាន​កម្លាំង​នឹង​រត់​ទៅ​ឲ្យ​រួច ទោះ​ខាង​នេះ ឬ​ខាង​នោះ​ឡើយ ឯ​ពួក​អ៊ីស្រា‌អែល​ដែល​កំពុង​តែ​រត់​ទៅ​ឯ​ទី​រហោ‌ស្ថាន គេ​ក៏​វិល​បែរ​មក​ទាស់​នឹង​ពួក​អ្នក​ដែល​ដេញ​តាម​ខ្លួន​វិញ
21 ហើយ​យ៉ូស្វេ និង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា កាល​ឃើញ​ថា​ពួក​ទ័ព​បង្កប់​បាន​យក​ទី​ក្រុង ហើយ​មាន​ផ្សែង​ហុយ​ឡើង​ដូច្នោះ នោះ​ក៏​វិល​ចូល​មក​សម្លាប់​ពួក​ក្រុង​អៃយ​វិញ​ដែរ
22 ហើយ​ពួក​ដែល​ដុត​ទី​ក្រុង ក៏​ចេញ​មក​ទាស់​នឹង​គេ​ទៀត ដូច្នេះ គេ​ក៏​នៅ​ជា​កណ្តាល​នៃ​សាសន៍​អ៊ីស្រា‌អែល ដែល​មាន​ខ្លះ​នៅ​ខាង​ណេះ ខ្លះ​នៅ​ខាង​ណោះ ហើយ​ក៏​ផ្ទប់​វាយ​គេ ទាល់​តែ​គ្មាន​អ្នក​ណា​មួយ​នៅ​សល់ ឬ​រត់​រួច​បាន​ឡើយ
23 ឯ​ស្តេច​ក្រុង​អៃយ នោះ​គេ​ចាប់​យក​បាន​ទាំង​រស់ នាំ​ទៅ​ជូន​ដល់​យ៉ូស្វេ។
24 កាល​ពួក​អ៊ីស្រា‌អែល​បាន​សម្លាប់​ពួក​ក្រុង​អៃយ​ទាំង​ប៉ុន្មាន នៅ​វាល​ស្រែ និង​នៅ​ទី​រហោ‌ស្ថាន ជា​កន្លែង​ដែល​បាន​ដេញ​តាម ហើយ​គេ​បាន​ដួល​ស្លាប់ ដោយ​មុខ​ដាវ​ទាំង​អស់​គ្នា​ជា​ស្រេច​ហើយ នោះ​ពួក​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន​ក៏​ត្រឡប់​ចូល​ទៅ​វាយ​ទី​ក្រុង​អៃយ ដោយ​មុខ​ដាវ​ដែរ
25 ឯ​ពួក​មនុស្ស​ទាំង​ប្រុស​ទាំង​ស្រី​ដែល​ដួល​ស្លាប់​នៅ​ថ្ងៃ​នោះ មាន​ចំនួន​ជា​១​ម៉ឺន​២​ពាន់​នាក់ គឺ​ជា​ពួក​ក្រុង​អៃយ​ទាំង​អស់​គ្នា
26 ដ្បិត​យ៉ូស្វេ​មិន​បាន​ដក​ដៃ ដែល​លើក​លំពែង​ឡើង​នោះ​មក​វិញ​ឡើយ ទាល់​តែ​បាន​បំផ្លាញ​ពួក​ក្រុង​អៃយ​អស់​រលីង​ទៅ
27 ពួក​អ៊ីស្រា‌អែល​បាន​យក​តែ​ហ្វូង​សត្វ និង​របស់​ទាំង​ប៉ុន្មាន​នៅ​ក្រុង​នោះ ទុក​ជា​របឹប​សម្រាប់​ខ្លួន​ប៉ុណ្ណោះ តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដែល​ទ្រង់​បាន​បង្គាប់​មក​យ៉ូស្វេ
28 ដូច្នេះ យ៉ូស្វេ​បាន​ដុត​ក្រុង​អៃយ ធ្វើ​ឲ្យ​ទៅ​ជា​គំនរ​ដរាប​ត​ទៅ គឺ​ជា​ទី​កន្លែង​ស្ងាត់​ដរាប​ដល់​សព្វ​ថ្ងៃ​នេះ
29 ឯ​ស្តេច​នៃ​ក្រុង​អៃយ​នោះ លោក​បាន​ព្យួរ​នឹង​ដើម​ឈើ​ទាល់​តែ​ល្ងាច រួច​ដល់​ថ្ងៃ​លិច លោក​បង្គាប់​ឲ្យ​គេ​ដាក់​ខ្មោច​ចុះ​ពី​ដើម​ឈើ​មក យក​ទៅ​បោះ​ចោល​នៅ​មាត់​ទ្វារ​ទី​ក្រុង ហើយ​ក៏​ប្រគរ​គំនរ​ថ្ម​យ៉ាង​ធំ​នៅ​ពី​លើ ដែល​នៅ​ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។
30 នៅ​គ្រា​នោះ យ៉ូស្វេ​លោក​ស្អាង​អាសនៈ​១ ថ្វាយ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល នៅ​លើ​ភ្នំ​អេបាល
31 ដូច​ជា​លោក​ម៉ូសេ ជា​អ្នក​បម្រើ​របស់​ព្រះ‌យេហូវ៉ា បាន​បង្គាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ហើយ​ដូច​ជា​បាន​កត់​ទុក​ក្នុង​គម្ពីរ​ក្រឹត្យ‌វិន័យ​របស់​លោក​ម៉ូសេ​ដែរ គឺ​ជា​អាសនៈ​ដែល​ធ្វើ​ពី​ដុំ​ថ្ម​ទាំង​មូល ឥត​មាន​អ្នក​ណា​ដាប់​ដោយ​ដែក​ឡើយ រួច​គេ​ក៏​ថ្វាយ​តង្វាយ​ដុត​ដល់​ព្រះ‌យេហូវ៉ា នៅ​លើ​អាសនៈ​នោះ ព្រម​ទាំង​តង្វាយ​មេត្រី​ផង
32 នៅ​ទី​នោះ លោក​ចារឹក​ថ្ម​ចម្លង​ក្រឹត្យ‌វិន័យ​របស់​លោក​ម៉ូសេ ដែល​លោក​បាន​កត់​ទុក នៅ​ចំពោះ​មុខ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល
33 នោះ​ពួក​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា ទាំង​ពួក​ចាស់‌ទុំ និង​ពួក​នា​យក ហើយ​ពួក​ចៅ‌ក្រម គេ​ក៏​ឈរ​ទាំង​សង​ខាង​ហឹប នៅ​មុខ​ពួក​លេវី​ដ៏​ជា​សង្ឃ ដែល​សែង​ហឹប​នៃ​សេចក្ដី​សញ្ញា​ផង​ព្រះ‌យេហូវ៉ា ទោះ​ទាំង​ពួក​អ្នក​ប្រទេស​ក្រៅ និង​ពួក​អ្នក​ស្រុក​ផង ពួក​គេ​១​ចំហៀង​ឈរ​ខាង​ភ្នំ​កេរិស៊ីម ហើយ​១​ចំហៀង​ឈរ​ខាង​ភ្នំ​អេបាល ដូច​ជា​លោក​ម៉ូសេ ជា​អ្នក​បម្រើ​របស់​ព្រះ‌យេហូវ៉ា បាន​បង្គាប់​មក​កាល​ពី​មុន ដើម្បី​ឲ្យ​គេ​បាន​ឲ្យ​ពរ​ដល់​ពួក​អ៊ីស្រា‌អែល
34 រួច​មក លោក​ក៏​អាន​មើល​អស់​ទាំង​ពាក្យ​នៃ​ក្រឹត្យ‌វិន័យ ទោះ​ទាំង​ព្រះ‌ពរ និង​សេចក្ដី​បណ្តាសា​ទាំង​ប៉ុន្មាន​ផង តាម​គ្រប់​ទាំង​សេចក្ដី​ដែល​បាន​កត់​ទុក​ក្នុង​គម្ពីរ​ក្រឹត្យ‌វិន័យ
35 ក្នុង​គ្រប់​ទាំង​សេចក្ដី​ដែល​លោក​ម៉ូសេ​បាន​បង្គាប់​មក​យ៉ូស្វេ នោះ​គ្មាន​ពាក្យ​ណា​មួយ​ដែល​យ៉ូស្វេ​មិន​បាន​អាន​មើល នៅ​មុខ​ពួក​ជំនុំ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​នោះ​ទេ ហើយ​ក៏​មាន​ពួក​ស្រីៗ ពួក​ក្មេងៗ និង​ពួក​អ្នក​ប្រទេស​ក្រៅ ដែល​នៅ​ជា​មួយ​នឹង​គេ​ដែរ។


ជំពូក 9

1 ឯ​ពួក​ស្តេច​ទាំង​ប៉ុន្មាន ដែល​នៅ​ខាង​លិច​ទន្លេ​យ័រដាន់ ក្នុង​ស្រុក​ភ្នំ និង​ស្រុក​ទំនាប ក្បែរ​សមុទ្រ​ធំ ទល់​មុខ​នឹង​ភ្នំ​ល្បាណូន គឺ​ជា​ស្តេច​សាសន៍​ហេត សាសន៍​អាម៉ូរី សាសន៍​កាណាន សាសន៍​ពេរិស៊ីត សាសន៍​ហេវី និង​សាសន៍​យេប៊ូស កាល​បាន​ឮ
2 នោះ​គេ​ក៏​ប្រមូល​គ្នា​ទាំង​អស់ ដើម្បី​ច្បាំង​នឹង​យ៉ូស្វេ ហើយ​និង​សាសន៍​អ៊ីស្រា‌អែល ដោយ​ស្រុះ​ចិត្ត​គ្នា។
3 តែ​ឯ​ពួក​ទី​ក្រុង​គីបៀន កាល​គេ​បាន​ឮ​ពី​ការ​ដែល​យ៉ូស្វេ​បាន​ធ្វើ​ដល់​ក្រុង​យេរីខូ និង​ក្រុង​អៃយ
4 នោះ​គេ​ក៏​ប្រព្រឹត្ត​ដោយ​ឧបាយ‌កល ក្លែង​ខ្លួន​ធ្វើ​ជា​រាជ‌ទូត​ចូល​មក​មាន​ទាំង​បាវ​ចាស់ៗ ដាក់​ផ្ទុក​លើ​លា​គេ និង​ថង់​ស្បែក​សម្រាប់​ស្រា​ទំពាំង‌បាយ‌ជូរ ជា​ថង់​ស្បែក​ចាស់​ហើយ​ធ្លាយ​បាន​ចង​ខ្ជឹប​វិញ​ផង
5 ក៏​ពាក់​ស្បែក​ជើង​កញ្ចាស់​ប៉ះ​យ៉ាង​ញឹក ហើយ​ស្លៀក‌ពាក់​កញ្ចាស់​ផង ឯ​នំបុ័ង​ដែល​យក​មក​សម្រាប់​បរិភោគ​តាម​ផ្លូវ នោះ​សុទ្ធ​តែ​ស្វិត ហើយ​ដុះ​ផ្សិត​អស់​រលីង
6 គេ​មក​ដល់​យ៉ូស្វេ​ក្នុង​ទី​ដំឡើង​ត្រសាល ត្រង់​គីល‌កាល និយាយ​នឹង​លោក ព្រម​ទាំង​ពួក​អ៊ីស្រា‌អែល​ថា យើង​ខ្ញុំ​បាន​មក​ពី​ស្រុក​ឆ្ងាយ ដូច្នេះ សូម​លោក​តាំង​សេចក្ដី​សញ្ញា​នឹង​យើង​ខ្ញុំ​ចុះ
7 តែ​ពួក​អ៊ីស្រា‌អែល​ឆ្លើយ​នឹង​ពួក​សាសន៍​ហេវី​នោះ​ថា ក្រែង​អ្នក​រាល់​គ្នា​នៅ​ក្នុង​ស្រុក​យើង​នេះ​ដែរ​ទេ​ដឹង ដូច្នេះ ធ្វើ​ដូច​ម្តេច​ឲ្យ​យើង​តាំង​សញ្ញា​នឹង​អ្នក​រាល់​គ្នា​បាន
8 នោះ​គេ​ឆ្លើយ​តប​ទៅ​យ៉ូស្វេ​ថា យើង​ខ្ញុំ​ជា​បាវ​បម្រើ​លោក​ពិត តែ​យ៉ូស្វេ​សួរ​គេ​ថា តើ​អ្នក​រាល់​គ្នា​ជា​សាសន៍​ណា ហើយ​មក​ពី​ណា
9 គេ​ក៏​ជម្រាប​ថា យើង​ខ្ញុំ​ប្របាទ​បាន​មក​ពី​ស្រុក​ឆ្ងាយ​ណាស់ ដោយ​ព្រោះ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​លោក ដ្បិត​យើង​ខ្ញុំ​បាន​ឮ​ល្បី​ព្រះ‌នាម​ទ្រង់ និង​ពី​អស់​ទាំង​ការ​ដែល​ទ្រង់​បាន​ធ្វើ​នៅ​ស្រុក​អេស៊ីព្ទ​ហើយ
10 ព្រម​ទាំង​ការ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​បាន​ធ្វើ​ដល់​ស្តេច​សាសន៍​អាម៉ូរី​ទាំង​២ នៅ​ត្រើយ​ទន្លេ​យ័រដាន់​ខាង​កើត គឺ​ស៊ីហុន​ជា​ស្តេច​ក្រុង​ហែសបូន និង​អុក​ជា​ស្តេច​ស្រុក​បាសាន នៅ​ទី​ក្រុង​អាស‌ថារ៉ូត
11 ដូច្នេះ ពួក​ចាស់‌ទុំ និង​ពួក​អ្នក​ស្រុក​យើង​ខ្ញុំ​ទាំង​អស់ គេ​បាន​ប្រាប់​យើង​ខ្ញុំ​ថា ចូរ​យក​ស្បៀង​អាហារ​ជាប់​នឹង​ខ្លួន​សម្រាប់​តាម​ផ្លូវ ទៅ​ជួប​នឹង​លោក​ជម្រាប​ថា យើង​ខ្ញុំ​ជា​បាវ​បម្រើ​លោក​ហើយ ដូច្នេះ សូម​តាំង​សញ្ញា​នឹង​យើង​ខ្ញុំ​ចុះ
12 ឯ​នំបុ័ង​យើង​ខ្ញុំ​នេះ បាន​យក​ពី​ផ្ទះ​យើង​ខ្ញុំ​មក​ទាំង​ក្តៅ សម្រាប់​ជា​ស្បៀង​តាម​ផ្លូវ តាំង​ពី​ថ្ងៃ​ដែល​យើង​ខ្ញុំ​បាន​ចេញ​មក​ឯ​លោក​រាល់​គ្នា តែ​ឥឡូវ​នេះ មើល បាន​ស្វិត ហើយ​ដុះ​ផ្សិត​អស់​រលីង
13 ឯ​ថង់​ស្បែក​សម្រាប់​ស្រា​ទំពាំង‌បាយ‌ជូរ​ទាំង​នេះ ក៏​ថ្មី​សុទ្ធ​ក្នុង​កាល​ដែល​យើង​ខ្ញុំ​បាន​ចាក់​ចូល​ពេញ​នោះ​ដែរ តែ​មើល ឥឡូវ​នេះ ទៅ​ជា​កណ្តាច​អស់​វិញ សម្លៀក‌បំពាក់ និង​ស្បែក​ជើង​យើង​ខ្ញុំ​នេះ​សោត ក៏​ទៅ​ជា​ចាស់​អស់ ដោយ​ព្រោះ​ផ្លូវ​ឆ្ងាយ​ទាំង​ម៉្លេះ
14 នោះ​ពួក​អ៊ីស្រា‌អែល​ក៏​ទទួល​បរិភោគ​ពី​ស្បៀង​អាហារ​គេ ឥត​ទូល​សួរ​ដល់​ព្រះ‌យេហូវ៉ា​ឡើយ
15 ដូច្នេះ យ៉ូស្វេ​ក៏​ព្រម​ចង​ជា​ស្ពាន​មេត្រី​នឹង​គេ ព្រម​ទាំង​តាំង​សញ្ញា​ឲ្យ​គេ​បាន​នៅ​រស់​ត​ទៅ ហើយ​ពួក​អ្នក​ដែល​ជា​កំពូល​លើ​ពួក​ជំនុំ ក៏​ស្បថ​នឹង​គេ​ដែរ។
16 លុះ​ដល់​ផុត​៣​ថ្ងៃ​ក្រោយ​ដែល​បាន​តាំង​សញ្ញា​នឹង​គេ​មក នោះ​ក៏​ឮ​ថា ពួក​អ្នក​នោះ​ជា​អ្នក​ជិត​ខាង​ដែល​នៅ​ក្នុង​ស្រុក​នោះ​វិញ
17 ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​ធ្វើ​ដំណើរ​ទៅ​ដល់​ក្រុង​ទាំង​ប៉ុន្មាន​របស់​គេ​នៅ​ថ្ងៃ​ទី​៣ រីឯ​ទី​ក្រុង​ទាំង​នោះ គឺ​គីបៀន​១ កេភីរ៉ា​១ ប្អៀរ៉ុត​១ និង​គារយ៉ាត់-យារីម​១
18 តែ​មិន​បាន​វាយ​គេ​ទេ ដ្បិត​ពួក​អ្នក​ដែល​ជា​កំពូល​លើ​ពួក​ជំនុំ​បាន​ស្បថ​នឹង​គេ​ហើយ ដោយ​នូវ​ព្រះ‌នាម​ផង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល នោះ​ពួក​ជំនុំ​ទាំង​អស់​គ្នា​ក៏​រទូ‌រទាំ ទាស់​នឹង​ពួក​អ្នក​ដែល​ជា​កំពូល​នោះ
19 តែ​ពួក​នោះ​និយាយ​ទៅ​ពួក​ជំនុំ​ទាំង​អស់​ថា យើង​បាន​ស្បថ​នឹង​គេ ដោយ​នូវ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​ហើយ ដូច្នេះ យើង​គ្មាន​ច្បាប់​នឹង​ពាល់​គេ​ឡើយ
20 ចូរ​យើង​ធ្វើ​ដូច្នេះ​នឹង​គេ​វិញ ទុក​ឲ្យ​គេ​នៅ​រស់​ចុះ ខ្លាច​ក្រែង​មាន​សេចក្ដី​ក្រោធ​មក​លើ​យើង​រាល់​គ្នា ដោយ​ព្រោះ​សម្បថ​របស់​យើង
21 រួច​ពួក​អ្នក​ដែល​ជា​កំពូល​ក៏​និយាយ​ទៀត​ថា ចូរ​ឲ្យ​គេ​រស់​នៅ​ចុះ ដូច្នេះ គេ​ក៏​ត្រឡប់​ជា​អ្នក​កាប់​ឱស ហើយ​រែក​ទឹក ដល់​ពួក​ជំនុំ​ទាំង​អស់​គ្នា ដូច​ជា​ពួក​អ្នក​ដែល​ជា​កំពូល​បាន​ប្រាប់​ហើយ។
22 យ៉ូស្វេ​ក៏​ហៅ​គេ​មក​សួរ​ថា ហេតុ​អ្វី​បាន​ជា​ឯង​រាល់​គ្នា​បាន​បញ្ឆោត​យើង​ដូច្នេះ ដោយ​ថា យើង​ខ្ញុំ​នៅ​ឆ្ងាយ​ពី​លោក​ណាស់ តែ​ឯង​រាល់​គ្នា​នៅ​ជា​មួយ​នឹង​យើង​វិញ
23 ដូច្នេះ ឯង​រាល់​គ្នា​ត្រូវ​បណ្តាសា​ឥឡូវ ពួក​ឯង​រាល់​គ្នា​នឹង​មិន​ដែល​រួច​ពី​ការ​ជា​បាវ​បម្រើ​ឡើយ គឺ​ត្រូវ​កាប់​ឧស ហើយ​រែក​ទឹក​សម្រាប់​ដំណាក់​ព្រះ​នៃ​អញ​ជានិច្ច
24 គេ​ក៏​ឆ្លើយ​តប​ថា គឺ​ដោយ​ព្រោះ​មាន​គេ​ប្រាប់​មក​យើង​ខ្ញុំ​ប្របាទ​ជា​ប្រាកដ​ថា ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​លោក ទ្រង់​បាន​បង្គាប់​មក​លោក​ម៉ូសេ​ជា​អ្នក​បម្រើ​ទ្រង់ ឲ្យ​ចែក​ស្រុក​នេះ​ទាំង​អស់​ដល់​លោក​រាល់​គ្នា ហើយ​បំផ្លាញ​ពួក​អ្នក​ស្រុក​នេះ​ទាំង​អស់​ពី​មុខ​លោក​ចេញ ហេតុ​នោះ​បាន​ជា​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​យ៉ាង​ដូច្នេះ ដោយ​នឹក​ភ័យ​ខ្លាច​នឹង​ជីវិត​យើង​ខ្ញុំ​ជា​ខ្លាំង ដោយ​ព្រោះ​លោក​រាល់​គ្នា
25 ឥឡូវ​នេះ មើល​យើង​ខ្ញុំ​នៅ​ក្នុង​កណ្តាប់​ដៃ​របស់​លោក​ហើយ សូម​ប្រព្រឹត្ត​នឹង​យើង​ខ្ញុំ​តាម​ដែល​លោក​គិត​ថា​ស្រួល ហើយ​ត្រឹម‌ត្រូវ​ចុះ
26 យ៉ូស្វេ​ក៏​ធ្វើ​ដូច្នោះ​នឹង​គេ ព្រម​ទាំង​ដោះ​គេ​ឲ្យ​រួច​ចេញ​ពី​កណ្តាប់​ដៃ​នៃ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ដើម្បី​មិន​ឲ្យ​គេ​ត្រូវ​ស្លាប់​ឡើយ
27 នៅ​ថ្ងៃ​នោះ​ឯង យ៉ូស្វេ​បាន​តម្រូវ​គេ​ឲ្យ​ធ្វើ​ជា​ពួក​អ្នក​កាប់​ឧស ហើយ​រែក​ទឹក​ដល់​ពួក​ជំនុំ និង​សម្រាប់​អាសនៈ​នៃ​ព្រះ‌យេហូវ៉ា នៅ​គ្រប់​កន្លែង​ណា​ដែល​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​ចង់​រើស ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។


ជំពូក 10

1 រីឯ​អ័ដូនី-សេដិក ជា​ស្តេច​ក្រុង​យេរូ‌សាឡឹម កាល​ឮ​ថា យ៉ូស្វេ​បាន​វាយ​យក​ក្រុង​អៃយ ព្រម​ទាំង​បំផ្លាញ​អស់​រលីង គឺ​បាន​ប្រព្រឹត្ត​ចំពោះ​ក្រុង​អៃយ និង​ស្តេច​គេ ដូច​ជា​បាន​ប្រព្រឹត្ត​ចំពោះ​ក្រុង​យេរីខូ និង​ស្តេច​គេ​ដែរ ហើយ​ថា ពួក​ក្រុង​គីបៀន​បាន​ចង​ស្ពាន​មេត្រី​នឹង​ពួក​សាសន៍​អ៊ីស្រា‌អែល ក៏​នៅ​ជា​មួយ​គ្នា​ផង
2 នោះ​គេ​កើត​មាន​សេចក្ដី​ភ័យ​ខ្លាច​ជា​ខ្លាំង ដ្បិត​ក្រុង​គីបៀន​នោះ​ជា​ក្រុង​ធំ ដូច​ជា​ក្រុង​របស់​ស្តេច​ណា​មួយ​ដែរ ក៏​ធំ​ជាង​ក្រុង​អៃយ​ទៅ​ទៀត ហើយ​ពួក​មនុស្ស​នៅ​ក្រុង​នោះ​សុទ្ធ​តែ​ខ្លាំង​ពូកែ​ផង
3 ដូច្នេះ អ័ដូនី-សេដិក ជា​ស្តេច​ក្រុង​យេរូ‌សាឡឹម ក៏​ចាត់​សារ​ឲ្យ​ទៅ​ឯ​ហូហាំ ជា​ស្តេច​នៃ​ក្រុង​ហេប្រុន និង​ពារ៉ាម ជា​ស្តេច​ក្រុង​យ៉ារមុត យ៉ាភា ជា​ស្តេច​ក្រុង​ឡាគីស ហើយ​ដេបៀរ ជា​ស្តេច​ក្រុង​អេក្លុន​ថា
4 សូម​ឡើង​មក​ជួយ​ខ្ញុំ​ផង យើង​រាល់​គ្នា​នឹង​វាយ​គីបៀន ដ្បិត​គេ​បាន​ចង​ស្ពាន​មេត្រី​នឹង​យ៉ូស្វេ ហើយ​និង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ហើយ
5 ដូច្នេះ ស្តេច​សាសន៍​អាម៉ូរី​ទាំង​៥​អង្គ គឺ​ស្តេច​ក្រុង​យេរូ‌សាឡឹម​១ ស្តេច​ក្រុង​ហេប្រុន​១ ស្តេច​ក្រុង​យ៉ារមុត​១ ស្តេច​ក្រុង​ឡាគីស​១ និង​ស្តេច​ក្រុង​អេក្លុន​១ ក៏​ប្រមូល​គ្នា​នាំ​ទាំង​ពួក​ពល‌ទ័ព​គេ​ទាំង​អស់ ឡើង​ទៅ​បោះ​ទ័ព​ច្បាំង​នឹង​ក្រុង​គីបៀន។
6 នោះ​ពួក​ក្រុង​គីបៀន​ក៏​ចាត់​គេ​មក​ឯ​យ៉ូស្វេ នៅ​ទី​ដំឡើង​ត្រសាល​ត្រង់​គីល‌កាល ជម្រាប​ថា សូម​កុំ​បង្អង់​ដល់​ពួក​អ្នក​បម្រើ​របស់​លោក​ឡើយ សូម​ឡើង​មក​ជា​ប្រញាប់ ដើម្បី​នឹង​ជួយ​សង្គ្រោះ​យើង​ខ្ញុំ​ផង ដ្បិត​ពួក​សាសន៍​អាម៉ូរី​ទាំង​អស់​ដែល​នៅ​ស្រុក​ភ្នំ គេ​បាន​ប្រមូល​គ្នា​មក​ទាស់​នឹង​យើង​ខ្ញុំ​ហើយ
7 ដូច្នេះ យ៉ូស្វេ​ក៏​ចេញ​ពី​គីល‌កាល​ឡើង​ទៅ មាន​ទាំង​ពួក​អ្នក​ថ្នឹក​ច្បាំង និង​ពួក​ខ្លាំង​ពូកែ​ស្ទាត់​ជំនាញ​ទៅ​ជា​មួយ​ផង
8 នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​យ៉ូស្វេ​ថា កុំ​ឲ្យ​ខ្លាច​គេ​ឡើយ ដ្បិត​អញ​បាន​ប្រគល់​មក​ក្នុង​កណ្តាប់​ដៃ​ឯង​ហើយ នឹង​គ្មាន​អ្នក​ណា​មួយ​ក្នុង​ពួក​គេ អាច​ឈរ​នៅ​មុខ​ឯង​បាន​ឡើយ
9 យ៉ូស្វេ​ក៏​ឡើង​ពី​គីល‌កាល​ទៅ​អស់​១​យប់ ស្រាប់​តែ​មក​ដល់​ភ្លាម​ក្នុង​ពេល​ដែល​គេ​មិន​ដឹង​ខ្លួន
10 ព្រះ‌យេហូវ៉ា​ទ្រង់​បំបាក់​ទ័ព​គេ​នៅ​មុខ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ហើយ​លោក​បាន​សម្លាប់​គេ​នៅ​ជិត​ក្រុង​គីបៀន ដោយ​ការ​ប្រហារ​ជីវិត​យ៉ាង​សម្បើម ក៏​ដេញ​គេ​តាម​ផ្លូវ​ឡើង​ទៅ​ឯ​បេត-ហូរ៉ុន ព្រម​ទាំង​វាយ​គេ​រហូត​ទៅ​ដល់​អាសេកា ហើយ​ដល់​ម៉ាកេដា​ផង
11 កំពុង​ដែល​គេ​រត់​ពី​មុខ​សាសន៍​អ៊ីស្រា‌អែល នៅ​ត្រង់​ផ្លូវ​ដែល​ចុះ​ពី​បេត-ហូរ៉ុន​ទៅ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ទម្លាក់​ព្រិល​ជា​ដុំ​យ៉ាង​ធំៗ ពី​លើ​មេឃ​មក​លើ​គេ រហូត​ដល់​អាសេកា ឲ្យ​គេ​ត្រូវ​ស្លាប់ ឯ​ពួក​អ្នក​ដែល​ស្លាប់​នឹង​ព្រិល នោះ​មាន​គ្នា​ច្រើន​ជាង​អស់​អ្នក​ដែល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​សម្លាប់​ដោយ​ដាវ​ទៅ​ទៀត។
12 រីឯ​នៅ​ថ្ងៃ​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រគល់​ពួក​សាសន៍​អាម៉ូរី​នោះ មក​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល នោះ​យ៉ូស្វេ​លោក​ទូល​ទៅ​ព្រះ‌យេហូវ៉ា នៅ​មុខ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា ថ្ងៃ​អើយ ចូរ​ឈប់​ទ្រឹង​នៅ​ពី​លើ​ក្រុង​គីបៀន​ចុះ ហើយ​ខែ​ក៏​ដែរ ចូរ​ទ្រឹង​នៅ​ត្រង់​ច្រក​ភ្នំ​អាយ៉ា‌ឡូន​ចុះ
13 នោះ​ថ្ងៃ​ក៏​ឈប់​ទ្រឹង ហើយ​ខែ​ក៏​នឹង​នៅ​ទាល់​តែ​ពួក​គេ​បាន​សង‌សឹក​នឹង​ពួក​ខ្មាំង​សត្រូវ​ហើយ ការ​នោះ​បាន​កត់​ទុក​ក្នុង​សៀវភៅ​របស់​យ៉ាស៊ើរ​ហើយ ថ្ងៃ​ក៏​ឈប់​នឹង​នៅ​កណ្តាល​មេឃ ហើយ​មិន​បាន​ចុះ ដោយ​ឆាប់​រហ័ស​អស់​ពេញ​១​ថ្ងៃ
14 មិន​ដែល​មាន​ថ្ងៃ​ណា​ដូច​ថ្ងៃ​នោះ ទោះ​មុខ​ឬ​ក្រោយ ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ស្តាប់​តាម​មនុស្ស​ដូច្នេះ​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ច្បាំង​ជំនួស​សាសន៍​អ៊ីស្រា‌អែល
15 រួច​យ៉ូស្វេ និង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា ក៏​ត្រឡប់​វិល​មក​ឯ​ទី​ដំឡើង​ត្រសាល​នៅ​គីល‌កាល​វិញ។
16 ឯ​ស្តេច​ទាំង​៥​នោះ ក៏​រត់​ទៅ​ពួន​ក្នុង​រអាង​ថ្ម​នៅ​ម៉ាកេដា
17 ហើយ​មាន​គេ​មក​ជម្រាប​យ៉ូស្វេ​ថា បាន​ឃើញ​ស្តេច​ទាំង​៥​នោះ ពួន​នៅ​ក្នុង​រអាង​ថ្ម​ត្រង់​ម៉ាកេដា
18 រួច​យ៉ូស្វេ​បង្គាប់​ថា ចូរ​ប្រមៀល​ថ្ម​យ៉ាង​ធំ​ទៅ​សន្ធប់​មាត់​រអាង​ទៅ ហើយ​ដាក់​មនុស្ស​ឲ្យ​ចាំ​យាម​ទៅ​ទី​នោះ​ចុះ
19 តែ​កុំ​ឲ្យ​ឯង​រាល់​គ្នា​បង្អង់​ឈប់​ឡើយ ឲ្យ​ចេះ​តែ​ដេញ​តាម​ខ្មាំង​សត្រូវ​ទៅ ត្រូវ​ឲ្យ​វាយ​ពួក​គេ​ដែល​នៅ​ខាង​ក្រោយ កុំ​ឲ្យ​គេ​ចូល​ទៅ​ក្នុង​ក្រុង​គេ​បាន​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​ប្រគល់​គេ​មក​ក្នុង​កណ្តាប់​ដៃ​ឯង​ហើយ
20 លុះ​យ៉ូស្វេ និង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​សម្លាប់​គេ ដោយ​ការ​ប្រហារ​ជីវិត​យ៉ាង​សម្បើម ទាល់​តែ​គេ​បាន​វិនាស​អស់​រលីង​ទៅ ហើយ​ពួក​គេ​ដែល​សល់​នៅ បាន​ចូល​ទៅ​ក្នុង​ទី​ក្រុង​មាន​កំផែង​រួច​ហើយ
21 នោះ​ពួក​ជន​ទាំង​អស់​គ្នា​ក៏​ត្រឡប់​វិល​មក​ឯ​យ៉ូស្វេ​វិញ នៅ​ទី​ដំឡើង​ត្រសាល​ត្រង់​ម៉ាកេដា ដោយ​សុខ‌សាន្ត ឥត​មាន​អ្នក​ណា​បាន​ហើប​មាត់ ទាស់​នឹង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ណា​មួយ​សោះ។
22 រួច​យ៉ូស្វេ​បង្គាប់​ថា ចូរ​បើក​មាត់​រអាង​ចុះ ហើយ​នាំ​ស្តេច​ទាំង​៥​នោះ​ចេញ​មក​ឯ​អញ
23 គេ​ក៏​នាំ​ស្តេច​ទាំង​៥​នោះ ចេញ​ពី​រអាង​មក​ឯ​លោក គឺ​ជា​ស្តេច​ក្រុង​យេរូ‌សាឡឹម​១ ស្តេច​ក្រុង​ហេប្រុន​១ ស្តេច​ក្រុង​យ៉ារមុត​១ ស្តេច​ក្រុង​ឡាគីស​១ និង​ស្តេច​ក្រុង​អេក្លុន​១
24 កាល​គេ​បាន​នាំ​ស្តេច​ទាំង​នោះ​ចេញ​មក​ដល់​យ៉ូស្វេ​ហើយ នោះ​យ៉ូស្វេ​ក៏​ហៅ​ប្រជុំ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​មក រួច​បង្គាប់​ដល់​ពួក​មេ‌ទ័ព​ដែល​បាន​ទៅ​ជា​មួយ​នឹង​លោក​ថា ចូរ​អ្នក​រាល់​គ្នា​មក​ជាន់​ក​ស្តេច​ទាំង​នេះ​ទៅ ដូច្នេះ គេ​ក៏​មក​ជាន់​ក​ស្តេច​ទាំង​នោះ
25 ហើយ​យ៉ូស្វេ​ប្រាប់​គេ​ថា កុំ​ឲ្យ​ខ្លាច​ឡើយ ក៏​កុំ​ឲ្យ​ស្រយុត​ចិត្ត​ផង ត្រូវ​ឲ្យ​មាន​កម្លាំង និង​ចិត្ត​ក្លាហាន​ឡើង ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ធ្វើ​យ៉ាង​នេះ ដល់​ខ្មាំង​សត្រូវ​ទាំង​អស់ ដែល​ឯង​ត្រូវ​ត​តាំង​នឹង​គេ​ដែរ
26 ក្រោយ​មក យ៉ូស្វេ​ក៏​វាយ​សម្លាប់​ស្តេច​ទាំង​នោះ រួច​ព្យួរ​នៅ​ដើម​ឈើ​៥​ដើម ទាល់​តែ​ដល់​ថ្ងៃ​ល្ងាច
27 លុះ​ដល់​ពេល​ថ្ងៃ​ហៀប​លិច​ហើយ នោះ​យ៉ូស្វេ​ក៏​បង្គាប់​ឲ្យ​គេ​ដាក់​ខ្មោច​ទាំង​នោះ​ចុះ​ពី​ដើម​ឈើ​មក យក​ទៅ​បោះ​ចោល​ក្នុង​រអាង​ដែល​បាន​ពួន​នោះ រួច​គេ​ដាក់​ថ្ម​យ៉ាង​ធំ​សន្ធប់​នៅ​មាត់​រអាង នៅ​រហូត​មក​ដល់​ថ្ងៃ​នេះ។
28 នៅ​ថ្ងៃ​នោះ​ឯង យ៉ូស្វេ​ក៏​ចាប់​យក​ក្រុង​ម៉ាកេដា ហើយ​កាប់​សម្លាប់​គេ​ដោយ​មុខ​ដាវ ព្រម​ទាំង​ស្តេច​គេ​ផង លោក​បាន​បំផ្លាញ​គេ និង​អស់​អ្នក​ដែល​នៅ​ក្នុង​ក្រុង​នោះ​អស់​រលីង ឥត​មាន​ឲ្យ​អ្នក​ណា​មួយ​នៅ​សល់​ឡើយ លោក​បាន​ប្រព្រឹត្ត​នឹង​ស្តេច​ក្រុង​ម៉ាកេដា​នោះ ដូច​ជា​បាន​ប្រព្រឹត្ត​នឹង​ស្តេច​ក្រុង​យេរីខូ​ដែរ។
29 រួច​យ៉ូស្វេ និង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា ក៏​ចេញ​ពី​ក្រុង​ម៉ាកេដា​ទៅ​ដល់​លិបណា ច្បាំង​នឹង​ក្រុង​នោះ
30 ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ប្រគល់​ក្រុង​នោះ និង​ស្តេច​គេ មក​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​អ៊ីស្រា‌អែល​ដែរ ហើយ​លោក​កាប់​គេ​ដោយ​មុខ​ដាវ គឺ​ពួក​អ្នក​ដែល​នៅ​ក្នុង​ក្រុង​នោះ​ទាំង​អស់ ឥត​មាន​ឲ្យ​អ្នក​ណា​មួយ​នៅ​សល់​ឡើយ លោក​បាន​ប្រព្រឹត្ត​នឹង​ស្តេច​ក្រុង​នោះ ដូច​ជា​បាន​ប្រព្រឹត្ត​នឹង​ស្តេច​ក្រុង​យេរីខូ​ដែរ។
31 លំដាប់​នោះ យ៉ូស្វេ និង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា ក៏​ចេញ​ពី​លិបណា​ទៅ​ដល់​ឡាគីស បោះ​ទ័ព​ទាស់​នឹង​ក្រុង​នោះ ហើយ​ច្បាំង​នឹង​គេ
32 ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ប្រគល់​ក្រុង​ឡាគីស​មក​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​អ៊ីស្រា‌អែល​ដែរ ហើយ​លោក​ចាប់​យក​បាន​នៅ​ថ្ងៃ​ទី​២ រួច​កាប់​គេ​ដោយ​មុខ​ដាវ គឺ​អស់​អ្នក​ដែល​នៅ​ក្នុង​ក្រុង​នោះ​ទាំង​ប៉ុន្មាន តាម​គ្រប់​ទាំង​ការ​ដែល​បាន​ធ្វើ​ដល់​ក្រុង​លិបណា
33 នោះ​ហោរ៉ាម ជា​ស្តេច​ក្រុង​កេស៊ើរ ក៏​ឡើង​មក​ជួយ​ក្រុង​ឡាគីស​តែ​យ៉ូស្វេ​លោក​វាយ​ស្តេច​នោះ និង​ពួក​រាស្ត្រ​ទ្រង់​ទាំង​អស់​ទៅ ទាល់​តែ​គ្មាន​អ្នក​ណា​មួយ​នៅ​សល់​ឡើយ។
34 រួច​មក យ៉ូស្វេ និង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា ក៏​ចេញ​ពី​ក្រុង​ឡាគីស​ទៅ​ដល់​អេក្លុន បោះ​ទ័ព​ទាស់​នឹង​ក្រុង​នោះ ហើយ​ច្បាំង​នឹង​គេ
35 ក៏​ចាប់​យក​បាន​នៅ​ថ្ងៃ​នោះ​ឯង រួច​កាប់​គេ​ដោយ​មុខ​ដាវ ព្រម​ទាំង​បំផ្លាញ​ពួក​អ្នក​ដែល​នៅ​ក្រុង​នោះ​អស់​រលីង​ក្នុង​ថ្ងៃ​នោះ ដូច​ជា​បាន​ធ្វើ​ដល់​ក្រុង​ឡាគីស​ដែរ។
36 ត​មក យ៉ូស្វេ និង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា ក៏​ចេញ​ពី​ក្រុង​អេក្លុន​ឡើង​ទៅ​ដល់​ហេប្រុន ច្បាំង​នឹង​គេ​ទៀត
37 ហើយ​ចាប់​យក​ក្រុង​នោះ​បាន រួច​កាប់​គេ​ដោយ​មុខ​ដាវ ព្រម​ទាំង​ស្តេច និង​អស់​ទាំង​តំបន់​គេ ហើយ​អស់​អ្នក​ដែល​នៅ​ក្រុង​នោះ​ផង ឥត​មាន​ទុក​ឲ្យ​អ្នក​ណា​មួយ​នៅ​សល់​ឡើយ តាម​គ្រប់​ទាំង​ការ​ដែល​លោក​បាន​ធ្វើ​ដល់​ក្រុង​អេក្លុន​ដែរ លោក​បាន​បំផ្លាញ​ក្រុង​នោះ និង​ពួក​អ្នក​ទាំង​ប៉ុន្មាន ដែល​នៅ​ក្នុង​ក្រុង​អស់​រលីង។
38 រួច​យ៉ូស្វេ និង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា ក៏​បត់​ទៅ​ឯ​ក្រុង​ដេបៀរ ច្បាំង​នឹង​គេ​ទៀត
39 លោក​ចាប់​យក​ក្រុង​នោះ ព្រម​ទាំង​ស្តេច​គេ និង​តំបន់​គេ​ទាំង​ប៉ុន្មាន​បាន រួច​ក៏​កាប់​គេ​ដោយ​មុខ​ដាវ ហើយ​បំផ្លាញ​ពួក​អ្នក​នៅ​ក្នុង​ក្រុង​នោះ​អស់​រលីង ឥត​មាន​ទុក​ឲ្យ​អ្នក​ណា​មួយ​នៅ​សល់​ឡើយ លោក​បាន​ប្រព្រឹត្ត​នឹង​ក្រុង​ដេបៀរ ហើយ​និង​ស្តេច​គេ ដូច​ជា​បាន​ប្រព្រឹត្ត​ដល់​ក្រុង​ហេប្រុន ហើយ​ដូច​ជា​បាន​ប្រព្រឹត្ត​នឹង​ក្រុង​លិបណា ព្រម​ទាំង​ស្តេច​គេ​ដែរ។
40 ដូច្នេះ យ៉ូស្វេ​វាយ​ស្រុក​នោះ​ទាំង​អស់​បាន គឺ​ស្រុក​ភ្នំ ស្រុក​ត្បូង ស្រុក​ទំនាប ស្រុក​ជម្រាល ព្រម​ទាំង​ស្តេច​គេ​ទាំង​ប៉ុន្មាន ឥត​មាន​ទុក​ឲ្យ​អ្នក​ណា​មួយ​នៅ​សល់​ឡើយ គឺ​បាន​បំផ្លាញ​អស់​ទាំង​ទី​ក្រុង និង​គ្រប់​ទាំង​អស់​ដែល​មាន​ដង្ហើម​ឲ្យ​អស់​រលីង ដូច​ជា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល បាន​បង្គាប់​មក
41 យ៉ូស្វេ​បាន​វាយ​គេ​ចាប់​តាំង​ពី​កាដេស-បារនា រហូត​ដល់​ក្រុង​កាសា ព្រម​ទាំង​ស្រុក​កូសែន​ទាំង​អស់ រហូត​ដល់​គីបៀន​ដែរ
42 លោក​បាន​ចាប់​យក​ស្តេច​ទាំង​ប៉ុន្មាន និង​ស្រុក​របស់​គេ​ក្នុង​១​គ្រា​ចម្បាំង​នោះ ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​ទ្រង់​បាន​ច្បាំង​ជំនួស​អ៊ីស្រា‌អែល
43 រួច​យ៉ូស្វេ និង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា ក៏​ត្រឡប់​វិល​មក​ដល់​ទី​ដំឡើង​ត្រសាល​នៅ​គីល‌កាល​វិញ។


ជំពូក 11

1 កាល​យ៉ាប៊ីន ជា​ស្តេច​ក្រុង​ហាសោរ បាន​ឮ​ពី​ការ​ទាំង​នោះ​ហើយ នោះ​ក៏​ចាត់​សារ​ទៅ​ឯ​យ៉ូបាប់ ជា​ស្តេច​ក្រុង​ម៉ាដូន និង​ស្តេច​ក្រុង​ស៊ីមរ៉ុន ស្តេច​ក្រុង​អាកសាប
2 ហើយ​និង​ពួក​ស្តេច​ដែល​នៅ​ខាង​ជើង គឺ​ក្នុង​ស្រុក​ភ្នំ នៅ​ស្រុក​វាល ជា​ខាង​ត្បូង​សមុទ្រ​គេនេ‌សារ៉ែត នៅ​ស្រុក​ទំនាប ហើយ​នៅ​ស្រុក​ទំនួល​នៃ​ក្រុង​ដោរ​ខាង​លិច
3 ទៅ​ឯ​សាសន៍​កាណាន​ដែល​នៅ​ខាង​កើត ខាង​លិច និង​សាសន៍​អាម៉ូរី សាសន៍​ហេត សាសន៍​ពេរិស៊ីត ហើយ​សាសន៍​យេប៊ូស​ដែល​នៅ​ស្រុក​ភ្នំ ហើយ​និង​សាសន៍​ហេវី​នៅ​ស្រុក​មីសប៉ា នា​ជើង​ភ្នំ​ហ៊ើម៉ូន
4 គេ​ក៏​នាំ​ពួក​ពល​របស់​គេ​ទាំង​ប៉ុន្មាន​ចេញ​មក មាន​គ្នា​សន្ធឹក​ដូច​ជា​ខ្សាច់​នៅ​មាត់​សមុទ្រ មាន​ទាំង​សេះ និង​រទេះ​ចម្បាំង​ជា​ច្រើន​ណាស់
5 ស្តេច​ទាំង​នោះ​ក៏​មូល​គ្នា​មក​បោះ​ទ័ព​នៅ​ត្រង់​ទឹក​មេរ៉ុម ដើម្បី​ច្បាំង​នឹង​សាសន៍​អ៊ីស្រា‌អែល។
6 ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​នឹង​យ៉ូស្វេ​ថា កុំ​ឲ្យ​ភ័យ​ខ្លាច ដោយ​ព្រោះ​គេ​ឡើយ ដ្បិត​ថ្ងៃ​ស្អែក វេលា​ថ្មើរ​ណេះ អញ​នឹង​ប្រគល់​គេ​ឲ្យ​ស្លាប់​ទាំង​អស់​នៅ​មុខ​អ៊ីស្រា‌អែល ត្រូវ​ឲ្យ​កាប់​សរសៃ​ក​ជើង​សេះ​គេ ហើយ​ដុត​រទេះ​ចម្បាំង​ដោយ​ភ្លើង​ផង
7 ដូច្នេះ យ៉ូស្វេ និង​ពួក​អ្នក​ថ្នឹក​ច្បាំង​ទាំង​ប៉ុន្មាន ក៏​ទៅ​ទាស់​នឹង​គេ ត្រង់​ទឹក​មេរ៉ុម ឥត​គេ​ដឹង​ខ្លួន​សោះ ហើយ​ស្ទុះ​ចូល​ទៅ​លើ​គេ
8 ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ប្រគល់​គេ​មក​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​អ៊ីស្រា‌អែល ពួក​អ៊ីស្រា‌អែល​បាន​វាយ​គេ ហើយ​ដេញ​តាម​រហូត​ទៅ​ដល់​ក្រុង​ស៊ីដូន​ដ៏​ជា​ក្រុង​ធំ និង​ដល់​ក្រុង​មីស‌រិផូត-ម៉ែម ហើយ​និង​ដល់​វាល​ច្រក​ភ្នំ​មីសប៉ា​ខាង​កើត គឺ​វាយ​គេ​ទាល់​តែ​គ្មាន​អ្នក​ណា​មួយ​នៅ​សល់​ឡើយ
9 យ៉ូស្វេ​បាន​ប្រព្រឹត្ត​នឹង​គេ ដូច​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បង្គាប់​មក គឺ​បាន​កាប់​សរសៃ​ក​ជើង​សេះ ព្រម​ទាំង​ដុត​រទេះ​ចម្បាំង​របស់​គេ​ផង។
10 គ្រា​នោះ យ៉ូស្វេ​ក៏​បត់​មក​ចាប់​យក​ក្រុង​ហាសោរ ហើយ​កាប់​ស្តេច​គេ​ដោយ​ដាវ ឯ​ក្រុង​ហាសោរ​នេះ ពី​ដើម ជា​ក្រុង​ធំ ត្រួត​លើ​នគរ​ទាំង​នោះ
11 ពួក​អ៊ីស្រា‌អែល​ក៏​កាប់​ពួក​អ្នក​ដែល​នៅ​ក្នុង​ក្រុង​នោះ ដោយ​មុខ​ដាវ ព្រម​ទាំង​បំផ្លាញ​គេ​អស់​រលីង ឥត​មាន​ទុក​អ្វីៗ​ដែល​មាន​ដង្ហើម​ឲ្យ​នៅ​សល់​ឡើយ ហើយ​ដុត​ទី​ក្រុង​ហាសោរ​នោះ​ចោល​ដែរ
12 ឯ​ទី​ក្រុង​របស់​ស្តេច​ទាំង​នោះ ព្រម​ទាំង​ស្តេច​គេ​ផង នោះ​យ៉ូស្វេ​ចាប់​យក​បាន​ទាំង​អស់ ហើយ​លោក​កាប់​គេ​ដោយ​មុខ​ដាវ ទាំង​បំផ្លាញ​គេ​អស់​រលីង ដូច​ជា​លោក​ម៉ូសេ ជា​អ្នក​បម្រើ​របស់​ព្រះ‌យេហូវ៉ា បាន​បង្គាប់​មក
13 តែ​ឯ​ទី​ក្រុង​ទាំង​ប៉ុន្មាន​ដែល​នៅ​លើ​ទី​ទំនួល នោះ​ពួក​អ៊ីស្រា‌អែល​មិន​បាន​ដុត​ទេ លើក​តែ​ក្រុង​ហាសោរ​១ ដែល​យ៉ូស្វេ​បាន​ដុត​ប៉ុណ្ណោះ
14 ពួក​កូន​ចៅ​អ៊ីស្រា‌អែល​គេ​យក​របស់​ទាំង​អស់ ដែល​នៅ​ក្នុង​ក្រុង​ទាំង​នោះ និង​ហ្វូង​សត្វ ទុក​ជា​របឹប​សម្រាប់​ខ្លួន​គេ តែ​ឯ​មនុស្ស​ទាំង​ប៉ុន្មាន នោះ​បាន​កាប់​ដោយ​មុខ​ដាវ​វិញ ទាល់​តែ​បាន​បំផ្លាញ​អស់​រលីង ឥត​មាន​ទុក​អ្វីៗ​ដែល​មាន​ដង្ហើម​ឲ្យ​នៅ​សល់​ឡើយ
15 ឯ​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​លោក​ម៉ូសេ ជា​អ្នក​បម្រើ​ទ្រង់ នោះ​លោក​ម៉ូសេ​ក៏​បង្គាប់​ដល់​យ៉ូស្វេ​ដែរ ហើយ​យ៉ូស្វេ​ក៏​ធ្វើ​តាម​ដូច្នោះ លោក​មិន​បាន​វៀរ​បង់​ចំពោះ​អ្វីៗ​ក្នុង​គ្រប់​ទាំង​សេចក្ដី ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បង្គាប់​ដល់​លោក​ម៉ូសេ​ឡើយ។
16 ដូច្នេះ យ៉ូស្វេ​បាន​ចាប់​យក​ស្រុក​នោះ​ទាំង​អស់ គឺ​ស្រុក​ភ្នំ ស្រុក​ត្បូង ស្រុក​កូសែន​ទាំង​អស់ ស្រុក​ទំនាប ហើយ​ស្រុក​វាល ព្រម​ទាំង​ស្រុក​ភ្នំ ទាំង​ស្រុក​ទំនាប​របស់​ស្រុក​អ៊ីស្រា‌អែល​ផង
17 ចាប់​តាំង​ពី​ភ្នំ​ហាឡាក ត្រង់​កន្លែង​ដែល​ឡើង​ទៅ​ភ្នំ​សៀរ រហូត​ដល់​ដល់​បាល-កាឌ់ ដែល​នៅ​ក្នុង​វាល​ច្រក​ភ្នំ​ល្បាណូន ត្រង់​ជើង​ភ្នំ​ហ៊ើម៉ូន លោក​ក៏​ចាប់​បាន​ស្តេច​គេ​ទាំង​អស់ ហើយ​វាយ​សម្លាប់​ចោល​ទៅ
18 យ៉ូស្វេ​បាន​ច្បាំង​នឹង​ស្តេច​ទាំង​នោះ​ជា​យូរ
19 គ្មាន​ទី​ក្រុង​ណា​មួយ​បាន​ចង​ស្ពាន​មេត្រី​នឹង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ឡើយ លើក​តែ​សាសន៍​ហេវី​ដែល​នៅ​ក្រុង​គីបៀន​ប៉ុណ្ណោះ ក្រៅ​ពី​នោះ ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ចាប់​យក​ទាំង​អស់​បាន​ដោយ​ច្បាំង
20 ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បណ្តាល​ចិត្ត​គេ​ឲ្យ​រឹង‌ទទឹង ដើម្បី​ឲ្យ​គេ​ចេញ​មក​ច្បាំង​នឹង​ពួក​អ៊ីស្រា‌អែល ប្រយោជន៍​ឲ្យ​ទ្រង់​បាន​បំផ្លាញ​គេ​អស់​រលីង​ទៅ ឥត​មាន​ប្រណី​ឡើយ គឺ​ឲ្យ​លោក​បាន​បំផ្លាញ​គេ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​លោក​ម៉ូសេ។
21 នៅ​គ្រា​នោះ យ៉ូស្វេ​ក៏​ទៅ​វាយ​សាសន៍​អ័ណាក់​ឲ្យ​សូន្យ​បាត់​ពី​ស្រុក​ភ្នំ ពី​ក្រុង​ហេប្រុន ក្រុង​ដេបៀរ ក្រុង​អាណាប ពី​ស្រុក​ភ្នំ​របស់​យូដា និង​ស្រុក​ភ្នំ​របស់​អ៊ីស្រា‌អែល​ទាំង​អស់​ទៅ គឺ​លោក​បាន​បំផ្លាញ​គេ និង​ទី​ក្រុង​គេ​អស់​រលីង
22 គ្មាន​សល់​ពួក​សាសន៍​អ័ណាក់​ណា​មួយ​នៅ​ក្នុង​ស្រុក​របស់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ឡើយ សល់​នៅ​តែ​ក្នុង​ក្រុង​កាសា ក្រុង​កាថ និង​ក្រុង​អាសដូឌ​ប៉ុណ្ណោះ
23 ដូច្នេះ យ៉ូស្វេ​បាន​ចាប់​យក​ស្រុក​ទាំង​អស់ តាម​គ្រប់​ទាំង​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​លោក​ម៉ូសេ រួច​លោក​ចែក​ស្រុក​ទាំង​នោះ​ជា​មរដក ដល់​សាសន៍​អ៊ីស្រា‌អែល តាម​ពួក​ក្នុង​ពូជ​អំបូរ​គេ​រៀង​ខ្លួន ស្រុក​នោះ​ក៏​បាន​ស្រាក‌ស្រាន្ត​ពី​ចម្បាំង​ទៅ។


ជំពូក 12

1 រីឯ​ពួក​ស្តេច​ទាំង​ប៉ុន្មាន​នៅ​ស្រុក​នោះ ដែល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​វាយ ហើយ​ចាប់​យក​ស្រុក​គេ​នៅ​ត្រើយ​នាយ​ទន្លេ​យ័រដាន់​ទិស​ខាង​កើត ចាប់​តាំង​ពី​ស្ទឹង​អើណូន​ទៅ​ដល់​ភ្នំ​ហ៊ើម៉ូន និង​ស្រុក​វាល​ទាំង​អស់​នៅ​ខាង​កើត​នោះ
2 គឺ​ស៊ីហុន​ជា​ស្តេច​សាសន៍​អាម៉ូរី នៅ​ក្រុង​ហែសបូន ដែល​សោយ‌រាជ្យ​លើ​ស្រុក​កាឡាត​១​ចំហៀង ចាប់​តាំង​ពី​ក្រុង​អារ៉ូអ៊ើរ នៅ​ក្បែរ​មាត់​ស្ទឹង​អើណូន គឺ​ពី​កណ្តាល​ស្ទឹង​នោះ រហូត​ដល់​ស្ទឹង​យ៉ាបុក ជា​ព្រំ​ស្រុក​ពួក​កូន​ចៅ​អាំម៉ូន
3 និង​ស្រុក​វាល​រហូត​ដល់​ខាង​កើត​សមុទ្រ​គេនេ‌សារ៉ែត ហើយ​ទៅ​ដល់​ខាង​កើត​សមុទ្រ​នៅ​វាល គឺ​ជា​សមុទ្រ​អំបិល​តាម​ផ្លូវ​ទៅ​ឯ​បេត-យេស៊ីម៉ូត ហើយ​នៅ​ខាង​ត្បូង​នោះ​ត្រង់​ជើង​ភ្នំ​ពីសកា
4 និង​អុក ជា​ស្តេច​ស្រុក​បាសាន ជា​ម្នាក់​ក្នុង​ពួក​ដែល​សល់​ពី​សាសន៍​រេផែម នៅ​ក្រុង​អាស‌ថារ៉ូត និង​ក្រុង​អេទ្រី
5 ដែល​សោយ‌រាជ្យ​លើ​ស្រុក​ភ្នំ​ហ៊ើម៉ូន និង​ក្រុង​សាលកា ហើយ​នៅ​ស្រុក​បាសាន​ទាំង​មូល រហូត​ដល់​ព្រំ​ស្រុក​របស់​សាសន៍​កេស៊ូរី និង​សាសន៍​ម៉ាកាធី ហើយ​លើ​ស្រុក​កាឡាត​១​ចំហៀង​ដែរ ទល់​នឹង​ព្រំ​ស្រុក​របស់​ស៊ីហុន ជា​ស្តេច​ក្រុង​ហែសបូន
6 គឺ​លោក​ម៉ូសេ​ជា​អ្នក​បម្រើ​របស់​ព្រះ‌យេហូវ៉ា និង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល បាន​វាយ​យក​ស្រុក​ទាំង​នោះ ហើយ​លោក​ក៏​ចែក​ស្រុក​ទាំង​នោះ​ដល់​ពួក​រូបេន ពួក​កាឌ់ និង​ពូជ​អំបូរ​ម៉ាន៉ាសេ​១​ចំហៀង ទុក​ជា​កេរ‌អាករ​របស់​គេ។
7 ឯ​ពួក​ស្តេច​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ស្រុក​ដែល​យ៉ូស្វេ និង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​វាយ ចាប់​យក​នៅ​ត្រើយ​ទន្លេ​យ័រដាន់​ខាង​លិច ចាប់​តាំង​ពី​បាល-កាឌ់ នៅ​វាល​ច្រក​ភ្នំ​ល្បាណូន រហូត​ដល់​ភ្នំ​ហាឡាក​ត្រង់​កន្លែង​ឡើង​ទៅ​ឯ​ភ្នំ​សៀរ (ស្រុក​នោះ​យ៉ូស្វេ​ក៏​ចែក​ដល់​ពូជ​អំបូរ​សាសន៍​អ៊ីស្រា‌អែល ទុក​ជា​កេរ‌អាករ​តាម​ពួក​គេ
8 គឺ​ស្រុក​ភ្នំ ស្រុក​ទំនាប ស្រុក​វាល ស្រុក​ជម្រាល ទី​រហោ‌ស្ថាន និង​ស្រុក​ត្បូង ជា​ស្រុក​របស់​សាសន៍​ហេត សាសន៍​អាម៉ូរី សាសន៍​កាណាន សាសន៍​ពេរិស៊ីត សាសន៍​ហេវី និង​សាសន៍​យេប៊ូស)
9 នោះ​គឺ​ស្តេច​ក្រុង​យេរីខូ​១ ស្តេច​ក្រុង​អៃយ​ដែល​នៅ​ជិត​បេត-អែល​១
10 ស្តេច​ក្រុង​យេរូ‌សាឡឹម​១ ស្តេច​ក្រុង​ហេប្រុន​១
11 ស្តេច​ក្រុង​យ៉ារមុត​១ ស្តេច​ក្រុង​ឡាគីស​១
12 ស្តេច​ក្រុង​អេក្លុន​១ ស្តេច​ក្រុង​កេស៊ើរ​១
13 ស្តេច​ក្រុង​ដេបៀរ​១ ស្តេច​ក្រុង​កេឌើរ​១
14 ស្តេច​ក្រុង​ហោរម៉ា​១ ស្តេច​ក្រុង​អើរ៉ាត​១
15 ស្តេច​ក្រុង​លិបណា​១ ស្តេច​ក្រុង​អាឌូឡាម​១
16 ស្តេច​ក្រុង​ម៉ាកេដា​១ ស្តេច​ក្រុង​បេត-អែល​១
17 ស្តេច​ក្រុង​តាពួរ​១ ស្តេច​ក្រុង​ហេភើរ​១
18 ស្តេច​ក្រុង​អាផែក​១ ស្តេច​ក្រុង​ឡាសារ៉ុន​១
19 ស្តេច​ក្រុង​ម៉ាដូន​១ ស្តេច​ក្រុង​ហាសោរ​១
20 ស្តេច​ក្រុង​ស៊ីមរ៉ុន-មេរ៉ុន​១ ស្តេច​ក្រុង​អាកសាប​១
21 ស្តេច​ក្រុង​តា‌អា‌ណាក់​១ ស្តេច​ក្រុង​មេគី‌ដោ​១
22 ស្តេច​ក្រុង​កេដេស​១ ស្តេច​ក្រុង​យ៉ុក‌នាម នៅ​ស្រុក​កើមែល​១
23 ស្តេច​ក្រុង​ដោរ ដែល​នៅ​ត្រង់​ទី​ទំនួល​របស់​ក្រុង​ដោរ​១ ស្តេច​ក្រុង​កូយីម ដែល​នៅ​គីលកាល​១
24 និង​ស្តេច​ក្រុង​ធើសា​១ រួម​ទាំង​អស់​មាន​ស្តេច​៣១​អង្គ។


ជំពូក 13

1 រីឯ​យ៉ូស្វេ លោក​ចាស់ អាយុ​ក៏​ច្រើន​ណាស់​ហើយ ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​នឹង​លោក​ថា ឯង​ចាស់​ហើយ អាយុ​ក៏​ច្រើន​ណាស់​ផង ហើយ​មាន​សល់​នៅ​ស្រុក​ដែល​ត្រូវ​ចាប់​យក​សន្ធឹក​ណាស់​ទៀត
2 នេះ​ជា​ស្រុក​ដែល​នៅ​សល់ គឺ​ដែន​នៃ​ពួក​សាសន៍​ភីលីស្ទីន​ទាំង​ប៉ុន្មាន និង​ស្រុក​របស់​សាសន៍​កេស៊ូរី​ទាំង​អស់
3 ចាប់​តាំង​ពី​ស្ទឹង​ស៊ីហោ ដែល​ជា​ព្រំ​ស្រុក​អេស៊ីព្ទ រហូត​ដល់​ព្រំ​ក្រុង​អេក្រុន​នៅ​ខាង​ជើង ដែល​រាប់​ជា​ស្រុក​របស់​សាសន៍​កាណាន មាន​មេ​សាសន៍​ភីលីស្ទីន​៥​នាក់​ជា​អ្នក​ត្រួត‌ត្រា គឺ​ជា​ក្រុង​កាសា​១ ក្រុង​អាស‌ដូឌ​១ ក្រុង​អាស‌កា‌ឡូន​១ ក្រុង​កាថ​១ ក្រុង​អេក្រុន​១ ហើយ​និង​ស្រុក​របស់​សាសន៍​អាវីម ដែល​នៅ​ខាង​ត្បូង​នោះ​ដែរ
4 ព្រម​ទាំង​ស្រុក​របស់​សាសន៍​កាណាន​ទាំង​មូល និង​ស្រុក​មារ៉ា ដែល​ជា​របស់​ផង​ក្រុង​ស៊ីដូន រហូត​ដល់​អាផែក និង​ដល់​ព្រំ​ស្រុក​របស់​សាសន៍​អាម៉ូរី
5 ស្រុក​របស់​ពួក​កេបាល និង​ស្រុក​ល្បាណូន​ទាំង​មូល​ដែល​នៅ​ខាង​កើត ចាប់​តាំង​ពី​បាល-កាឌ់​នៅ​ជើង​ភ្នំ​ហ៊ើម៉ូន រហូត​ដល់​ទ្វារ​ចូល​ស្រុក​ហាម៉ាត
6 អស់​ទាំង​ស្រុក​របស់​ពួក​ផ្សេងៗ​ដែល​នៅ​ស្រុក​ភ្នំ ចាប់​តាំង​ពី​ភ្នំ​ល្បាណូន រហូត​ដល់​មីស‌រិផូត-ម៉ែម គឺ​ជា​ស្រុក​របស់​ពួក​ក្រុង​ស៊ីដូន​ទាំង​អស់ អញ​នឹង​ដេញ​ពួក​សាសន៍​ទាំង​នោះ​ចេញ​ពី​មុខ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ទៅ ចូរ​ឲ្យ​ឯង​ចែក​ស្រុក​ទាំង​នោះ​ដល់​ពួក​អ៊ីស្រា‌អែល​ទុក​ជា​មរដក​ចុះ ដូច​ជា​អញ​បាន​បង្គាប់​ហើយ
7 គឺ​ត្រូវ​ឲ្យ​ចែក​ស្រុក​ទាំង​នោះ​ដល់​ពូជ​អំបូរ​ទាំង​៩ និង​ពូជ​អំបូរ​ម៉ាន៉ាសេ​១​ចំហៀង ទុក​ជា​មរដក។ ការ​បែង​ចែក​ទឹក​ដី​នៅ​ខាង​កើត​ទន្លេ​យ័រដាន់
8 ឯ​ពួក​រូបេន និង​ពួក​កាឌ់ ព្រម​ទាំង​ពូជ​អំបូរ​ម៉ាន៉ាសេ​១​ចំហៀង​ឯ​ទៀត នោះ​បាន​ទទួល​មរដក​របស់​គេ ដែល​ម៉ូសេ​បាន​ចែក​ឲ្យ​នៅ​ត្រើយ​ទន្លេ​យ័រដាន់​ខាង​កើត​ហើយ តាម​ដែល​ម៉ូសេ​ជា​អ្នក​បម្រើ​របស់​ព្រះ‌យេហូវ៉ា​បាន​ចែក​ដល់​គេ
9 ចាប់​តាំង​ពី​អារ៉ូ‌អ៊ើរ​ដែល​នៅ​ក្បែរ​ស្ទឹង​អើណូន និង​ទី​ក្រុង​ដែល​នៅ​កណ្តាល​ច្រក​ភ្នំ​នោះ គឺ​ស្រុក​វាល​មេឌីបា​ទាំង​អស់​រហូត​ដល់​ក្រុង​ឌីបូន
10 និង​អស់​ទាំង​ទី​ក្រុង​របស់​ស៊ីហុន ជា​ស្តេច​សាសន៍​អាម៉ូរី ដែល​សោយ‌រាជ្យ​នៅ​ក្រុង​ហែសបូន រហូត​ដល់​ព្រំ​ស្រុក​របស់​ពួក​កូន​ចៅ​អាំម៉ូន
11 និង​ស្រុក​កាឡាត ហើយ​ព្រំ‌ដែន​ស្រុក​របស់​សាសន៍​កេស៊ូរី និង​សាសន៍​ម៉ាកាធី ស្រុក​ភ្នំ​ហ៊ើម៉ូន​ទាំង​មូល ហើយ​ស្រុក​បាសាន​ទាំង​អស់ រហូត​ដល់​សាលកា
12 គឺ​នគរ​របស់​អុក​នៅ​ស្រុក​បាសាន ដែល​សោយ‌រាជ្យ​នៅ​ក្រុង​អាស‌ថារ៉ូត និង​ក្រុង​អេទ្រី (ជា​ម្នាក់​ក្នុង​ពួក​ដែល​សល់​ពី​សាសន៍​រេផែម) ដ្បិត​ម៉ូសេ​បាន​វាយ បណ្តេញ​ពួក​ទាំង​នោះ​ចេញ
13 តែ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​មិន​បាន​ដេញ​សាសន៍​កេស៊ូរី និង​សាសន៍​ម៉ាកាធី​ចេញ​ទេ គឺ​សាសន៍​កេស៊ូរី និង​សាសន៍​ម៉ាកាធី​នោះ បាន​នៅ​កណ្តាល​ពួក​អ៊ីស្រា‌អែល​ដរាប​ដែល​សព្វ​ថ្ងៃ​នេះ
14 មាន​តែ​ពូជ​អំបូរ​លេវី​ប៉ុណ្ណោះ​ទេ ដែល​លោក​មិន​បាន​ចែក​មរដក​ឲ្យ​គេ ដ្បិត​អស់​ទាំង​តង្វាយ​ដុត​ថ្វាយ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល នោះ​ជា​មរដក​របស់​គេ​ហើយ ដូច​ជា​លោក​បាន​ប្រាប់​មក។
15 លោក​ម៉ូសេ​ក៏​ឲ្យ​១​ចំណែក​ដល់​ពូជ​អំបូរ​ពួក​កូន​ចៅ​រូបេន​តាម​គ្រួ​គេ
16 ឯ​ដែន​ស្រុក​របស់​គេ នោះ​ចាប់​តាំង​ពី​ក្រុង​អារ៉ូអ៊ើរ ដែល​នៅ​ក្បែរ​ស្ទឹង​អើណូន និង​ទី​ក្រុង​ដែល​នៅ​កណ្តាល​ច្រក​ភ្នំ​នោះ រហូត​ដល់​ផុត​ស្រុក​វាល​មេឌីបា
17 គឺ​ក្រុង​ហែសបូន និង​ទី​ក្រុង​ទាំង​ប៉ុន្មាន ដែល​នៅ​ស្រុក​វាល គឺ​ក្រុង​ឌីបូន ក្រុង​បាម៉ូត-បាល ក្រុង​បេត-បាល-មេយ៉ូន
18 ក្រុង​យ៉ាហាស់ ក្រុង​ក្តេម៉ូត ក្រុង​មេផ្អាត
19 ក្រុង​គារ‌យ៉ា‌ថែម ក្រុង​សិបម៉ា ក្រុង​សេរ៉ែត-ហាសាកា​ដែល​នៅ​លើ​ភ្នំ​ក្នុង​វាល​ច្រក​ភ្នំ
20 ក្រុង​បេត-ពេអរ និង​ជម្រាល​ភ្នំ​ពីសកា ហើយ​ក្រុង​បេត-យេស៊ីម៉ូត
21 ព្រម​ទាំង​ទី​ក្រុង​ទាំង​ប៉ុន្មាន ដែល​នៅ​ស្រុក​វាល និង​នគរ​ទាំង​មូល​របស់​ស៊ីហុន ជា​ស្តេច​សាសន៍​អាម៉ូរី ដែល​សោយ​រាជ្យ​នៅ​ក្រុង​ហែសបូន ជា​អ្នក​ដែល​លោក​ម៉ូសេ​បាន​វាយ​សម្លាប់​ជា​មួយ​នឹង​ពួក​មេ​សាសន៍​ម៉ាឌាន គឺ​អេវី​១ រេគេម​១ ស៊ើរ​១ ហ៊ើរ១ និង​រេបា​១ សុទ្ធ​តែ​ជា​ពួក​មេ​របស់​ស្តេច​ស៊ីហុន​ដែល​នៅ​ក្នុង​ស្រុក​នោះ
22 ឯ​បាឡាម ជា​កូន​បេអ៊រ​ដែល​ជា​គ្រូ​ទាយ នោះ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​សម្លាប់​ដោយ​ដាវ ជា​មួយ​នឹង​អ្នក​ឯ​ទៀត​ដែល​ត្រូវ​ស្លាប់​នោះ​ដែរ
23 ឯ​ទន្លេ​យ័រដាន់ នោះ​ជា​ព្រំ​ស្រុក​របស់​កូន​ចៅ​រូបេន នេះ​ហើយ​ជា​មរដក​របស់​រូបេន​តាម​គ្រួ​គេ​ទាំង​ប៉ុន្មាន ព្រម​ទាំង​ទី​ក្រុង និង​ភូមិ​ទាំង​ប៉ុន្មាន​ផង។
24 លោក​ម៉ូសេ​ក៏​ឲ្យ​១​ចំណែក ដល់​ពូជ​អំបូរ​កាឌ់​ដែរ គឺ​ដល់​ពួក​កូន​ចៅ​កាឌ់​តាម​គ្រួ​គេ
25 ឯ​ដែន​គេ គឺ​ស្រុក​យ៉ាស៊ើរ និង​អស់​ទាំង​ទី​ក្រុង​នៅ​ស្រុក​កាឡាត និង​ស្រុក​របស់​ពួក​កូន​ចៅ​អាំម៉ូន​១​ចំហៀង រហូត​ដល់​អារ៉ូអ៊ើរ ដែល​ទល់​មុខ​នឹង​ក្រុង​រ៉ាបាត
26 ហើយ​ពី​ហែសបូន ទៅ​ដល់​រ៉ាម៉ាត-មីសពេ និង​បេថូនិម ហើយ​ពី​ម៉ាហា‌ណែម ទៅ​ដល់​ព្រំ​ស្រុក​ដេបៀរ
27 ឯ​នៅ​វាល​ច្រក​ភ្នំ នោះ​មាន​ក្រុង​បេត-ហារ៉ាម ក្រុង​បេត-នីមរ៉ា ក្រុង​ស៊ុកូត និង​ក្រុង​សាផូន គឺ​ជា​ចំណែក​ដែល​សល់​ពី​នគរ​របស់​ស៊ីហុន ជា​ស្តេច​ក្រុង​ហែសបូន មាន​ទន្លេ​យ័រដាន់​ជា​ព្រំ​ប្រទល់ រហូត​ដល់​ចុង​បំផុត​នៃ​សមុទ្រ​គេ​នេសារ៉ែត ដែល​នៅ​ត្រើយ​ទន្លេ​យ័រដាន់​ខាង​កើត
28 នេះ​ហើយ​ជា​មរដក​របស់​ពួក​កូន​ចៅ​កាឌ់ តាម​គ្រួ​គេ​ទាំង​ប៉ុន្មាន ព្រម​ទាំង​ទី​ក្រុង និង​ភូមិ​គេ​ទាំង​ប៉ុន្មាន​ផង។
29 លោក​ម៉ូសេ​ក៏​ឲ្យ​១​ចំណែក​ដល់​ពូជ​អំបូរ​ម៉ាន៉ាសេ​១​ចំហៀង​ដែរ គឺ​ដល់​ពូជ​អំបូរ​ពួក​កូន​ចៅ​ម៉ាន៉ាសេ​១​ចំហៀង​តាម​គ្រួ​គេ
30 ឯ​ដែន​របស់​គេ នោះ​គឺ​ជា​ស្រុក​ម៉ាហា‌ណែម ស្រុក​បាសាន​ទាំង​មូល នគរ​របស់​អុក ជា​ស្តេច​ស្រុក​បាសាន​ទាំង​មូល និង​ទី​ក្រុង​ទាំង​៦០ របស់​យ៉ាអ៊ារ​ដែល​នៅ​ស្រុក​បាសាន​នោះ​ដែរ
31 ព្រម​ទាំង​ស្រុក​កាឡាត​១​ចំហៀង និង​ក្រុង​អាស‌ថារ៉ូត ហើយ​ក្រុង​អេទ្រី​ជា​ទី​ក្រុង​ដែល​នៅ​ក្នុង​នគរ​របស់​អុក​នៅ​ស្រុក​បាសាន នេះ​សុទ្ធ​តែ​សម្រាប់​ពួក​កូន​ចៅ​ម៉ាគារ ជា​កូន​ម៉ាន៉ាសេ គឺ​សម្រាប់​ពួក​កូន​ចៅ​ម៉ាគារ​១​ចំហៀង​តាម​គ្រួ​គេ។
32 នេះ​ហើយ​ជា​មរដក ដែល​លោក​ម៉ូសេ​បាន​ចែក​នៅ​ស្រុក​វាល​របស់​ម៉ូអាប់ ត្រើយ​ទន្លេ​យ័រដាន់​ខាង​កើត​ទល់​មុខ​នឹង​យេរីខូ
33 តែ​ឯ​ពូជ​អំបូរ​លេវី នោះ​លោក​ម៉ូសេ​មិន​បាន​ចែក​មរដក​ដល់​គេ​ទេ ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​ជា​មរដក​របស់​គេ​ហើយ ដូច​ជា​លោក​បាន​ប្រាប់​មក។


ជំពូក 14

1 ហើយ​នេះ​ជា​មរដក​ដែល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ទទួល​នៅ​ក្នុង​ស្រុក​កាណាន គឺ​ដែល​អេលាសារ ដ៏​ជា​សង្ឃ និង​យ៉ូស្វេ​ជា​កូន​នុន ហើយ​និង​ពួក​មេ​លើ​វង្សា‌នុវង្ស របស់​ពូជ​អំបូរ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន​បាន​ចែក​ឲ្យ
2 មរដក​ទាំង​នោះ​គេ​បាន​ចែក​ឲ្យ​ពូជ​អំបូរ​៩ និង​ពូជ​អំបូរ​១​ចំហៀង​នោះ ដោយ​ចាប់​ឆ្នោត ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​ដោយ‌សារ​លោក​ម៉ូសេ
3 ដ្បិត​លោក​ម៉ូសេ​បាន​ចែក​មរដក​ដល់​ពូជ​អំបូរ​ទាំង​២ និង​១​ចំហៀង​ទៀត នៅ​ខាង​នាយ​ទន្លេ​យ័រដាន់​ហើយ តែ​មិន​បាន​ចែក​ឲ្យ​ដល់​ពួក​លេវី​ទេ
4 ពី​ព្រោះ​ពួក​កូន​ចៅ​យ៉ូសែប​បាន​ចែក​ជា​ពូជ​អំបូរ​២​ផ្នែក​ទៅ​ហើយ គឺ​ម៉ាន៉ាសេ និង​អេប្រា‌អិម ដូច្នេះ គេ​មិន​បាន​ចែក​ចំណែក​ណា​ដល់​ពួក​លេវី​នៅ​ក្នុង​ស្រុក​នោះ​ទេ លើក​តែ​ទី​ក្រុង​សម្រាប់​ឲ្យ​គេ​នៅ​ប៉ុណ្ណោះ ព្រម​ទាំង​ដី​នៅ​ជុំវិញ​ទាំង​ប៉ុន្មាន​សម្រាប់​ហ្វូង​សត្វ និង​ទ្រព្យ​សម្បត្តិ​គេ​ផង
5 ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​ចែក​ស្រុក​គ្នា តាម​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បង្គាប់​មក​លោក​ម៉ូសេ។
6 គ្រា​នោះ ពួក​កូន​ចៅ​យូដា​ក៏​ចូល​មក​ឯ​យ៉ូស្វេ​ត្រង់​គីល‌កាល រួច​កាលែប ជា​កូន​យេភូនេ ជា​ពួក​កេណាស​ក៏​និយាយ​នឹង​លោក​ថា លោក​ជ្រាប​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​មក​លោក​ម៉ូសេ ជា​អ្នក​សំណប់​របស់​ព្រះ ពី​ដំណើរ​ខ្ញុំ និង​លោក នៅ​ត្រង់​កាដេស-បារនា​ហើយ
7 កាល​លោក​ម៉ូសេ​ជា​អ្នក​បម្រើ​នៃ​ព្រះ‌យេហូវ៉ា បាន​ចាត់​ខ្ញុំ​ពី​កាដេស-បារនា ឲ្យ​ទៅ​សង្កេត​មើល​ស្រុក នោះ​ខ្ញុំ​មាន​អាយុ​៤០​ឆ្នាំ​ហើយ ខ្ញុំ​ក៏​បាន​ត្រឡប់​មក​វិញ ជម្រាប​លោក​តាម​គំនិត​ខ្ញុំ
8 ប៉ុន្តែ ពួក​បង​ប្អូន​ដែល​ឡើង​ទៅ​ជា​មួយ​នឹង​ខ្ញុំ គេ​បាន​រំសាយ​ចិត្ត​ពួក​បណ្តា‌ជន​វិញ ឯ​ខ្ញុំ​បាន​ធ្វើ​តាម​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ខ្ញុំ​គ្រប់​Chapter
9 ហើយ​នៅ​ថ្ងៃ​នោះ​ឯង លោក​ម៉ូសេ​ក៏​ស្បថ​ថា ដី​ដែល​ជើង​ឯង​បាន​ជាន់ នោះ​នឹង​ត្រូវ​បាន​ជា​មរដក​ដល់​ឯង និង​កូន​ចៅ​ឯង​ត​រៀង​ទៅ ដោយ​ព្រោះ​ឯង​បាន​តាម​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​អញ​គ្រប់​Chapter
10 ឥឡូវ​នេះ មើល ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ទុក​ឲ្យ​ខ្ញុំ​រស់​នៅ​ដូច​ជា​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល គឺ​មាន​៤៥​ឆ្នាំ​នេះ​ហើយ តាំង​ពី​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​សេចក្ដី​នោះ​នឹង​លោក​ម៉ូសេ ក្នុង​កាល​ដែល​ពួក​អ៊ីស្រា‌អែល​កំពុង​ដើរ​ក្នុង​ទី​រហោ‌ស្ថាន​នៅ​ឡើយ ហើយ​មើល នៅ​ថ្ងៃ​នេះ ខ្ញុំ​មាន​អាយុ​៨៥​ឆ្នាំ​ហើយ
11 សព្វ​ថ្ងៃ​នេះ ខ្ញុំ​នៅ​តែ​មាន​កម្លាំង ដូច​ក្នុង​កាល​ដែល​លោក​ម៉ូសេ​បាន​ចាត់​ខ្ញុំ​ឲ្យ​ទៅ​នោះ​នៅ​ឡើយ កម្លាំង​ខ្ញុំ​ឥឡូវ​នេះ​ក៏​ដូច​ជា​កាល​ពី​ដើម​ដែរ សម្រាប់​នឹង​ទៅ​ច្បាំង​ទាំង​ចេញ​ទៅ​ហើយ​ចូល​មក​វិញ​ផង
12 ដូច្នេះ សូម​ឲ្យ​ស្រុក​ភ្នំ​នេះ ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​នៅ​គ្រា​នោះ​មក​ខ្ញុំ​ចុះ ដ្បិត​លោក​បាន​ឮ​នៅ​វេលា​នោះ ហើយ​ថា មាន​សាសន៍​អ័ណាក់​នៅ​ស្រុក​នោះ ហើយ​មាន​ទាំង​ទី​ក្រុង​ធំៗ​ដែល​មាន​កំផែង​ផង ប្រហែល​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​គង់​ជា​មួយ​នឹង​ខ្ញុំ​ទេ​ដឹង ឲ្យ​ខ្ញុំ​បាន​បណ្តេញ​គេ​ចេញ​ទៅ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ហើយ។
13 នោះ​យ៉ូស្វេ​ឲ្យ​ពរ​ដល់​កាលែប ជា​កូន​យេភូនេ ហើយ​ក៏​ឲ្យ​ក្រុង​ហេប្រុន​ទៅ​គាត់​ទុក​ជា​មរដក
14 ដូច្នេះ ក្រុង​ហេប្រុន​បាន​ត្រឡប់​ជា​មរដក​របស់​កាលែប ជា​កូន​យេភូនេ ដែល​ជា​ពួក​កេណាស ដរាប​ដល់​សព្វ​ថ្ងៃ​នេះ ពី​ព្រោះ​គាត់​បាន​ធ្វើ​តាម​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​គ្រប់​Chapter
15 រីឯ​ក្រុង​ហេប្រុន​នេះ ពី​ដើម មាន​ឈ្មោះ​ជា​គារ‌យ៉ាត់-អើបា ដែល​អើបា​នោះ​ជា​មនុស្ស​មាន​មាឌ​ធំ​ជាង​គេ​ក្នុង​ពួក​សាសន៍​អ័ណាក់ ត​ពី​នោះ​មក ស្រុក​នោះ​ក៏​បាន​ស្រាក‌ស្រាន្ត​ពី​ចម្បាំង​ទៅ។


ជំពូក 15

1 ឯ​ចំណែក ដែល​បាន​ចែក​ដល់​ពូជ​អំបូរ​នៃ​ពួក​កូន​ចៅ​យូដា​តាម​គ្រួ​គេ​ទាំង​ប៉ុន្មាន នោះ​គឺ​ខាង​ត្បូង​ទល់​នឹង​ព្រំ​ស្រុក​អេដុម ហើយ​និង​ទី​រហោ‌ស្ថាន​ស៊ីន​ខាង​ត្បូង​បំផុត
2 ព្រំ‌ដែន​គេ​ខាង​ត្បូង នោះ​ចាប់​តាំង​ពី​ចុង​ឈូង‌សមុទ្រ​អំបិល​ដែល​បែរ​ទៅ​ខាង​ត្បូង
3 តម្រង់​ទៅ​ខាង​ត្បូង រួច​ឡើង​តាម​ច្រក​ភ្នំ​អាក្រា‌ប៊ីម​ទៅ​តាម​ស៊ីន ហើយ​ចេញ​មក​ខាង​ត្បូង​កាដេស-បារនា តម្រង់​ទៅ​ដល់​ហេស្រុន ហើយ​ឡើង​ទៅ​ឯ​អាដារ រួច​បត់​មក​ដល់​ការកា
4 ពី​នោះ​ទៅ​ក៏​ដល់​អាសម៉ូន រួច​ចេញ​ទៅ​តាម​ស្ទឹង​ស្រុក​អេស៊ីព្ទ ផុត​ត្រឹម​សមុទ្រ នេះ​ហើយ​ជា​ព្រំ‌ដែន​របស់​ឯង​រាល់​គ្នា​នៅ​ខាង​ត្បូង។
5 ឯ​ព្រំ​ប្រទល់​ខាង​កើត នោះ​គឺ​ជា​សមុទ្រ​អំបិល​រហូត​ដល់​ចុង​ទន្លេ​យ័រដាន់ ហើយ​ព្រំ​ប្រទល់​ខាង​ជើង នោះ​ចេញ​ពី​ឈូង‌សមុទ្រ​ដែល​នៅ​ចុង​ទន្លេ​យ័រដាន់
6 ឡើង​ទៅ​ដល់​បេត-ហុកឡា តម្រង់​ទៅ​ខាង​ជើង​បេត-អើ‌រ៉ាបា រួច​ក៏​ឡើង​ទៅ​ដល់​ថ្មដា​របស់​បូហាន​ជា​កូន​រូបេន
7 ហើយ​ចេញ​ពី​ច្រក​ភ្នំ​អាកោរ ឡើង​ទៅ​ដល់​ដេបៀរ រួច​កាត់​ត្រង់​ទៅ​ឯ​ជើង ខាង​គីល‌កាល ដែល​ទល់​មុខ​នឹង​ផ្លូវ​ដែល​ឡើង​ទៅ​ឯ​អាឌូមីម នៅ​ខាង​ត្បូង​ស្ទឹង ហើយ​ក៏​ទៅ​តាម​ក្បាល​ទឹក​អេន-សេមែស រួច​ចេញ​មក​ត្រង់​អេន-រ៉ូកេល
8 ពី​ទី​នោះ​ក៏​ឡើង​តាម​ច្រក​ភ្នំ​បេន-ហ៊ីនណំម ខាង​ត្បូង​ក្រុង​យេប៊ូស គឺ​ជា​ក្រុង​យេរូ‌សាឡឹម រួច​ឡើង​ទៅ​ដល់​កំពូល​ភ្នំ​ដែល​នៅ​ខាង​លិច ទល់​មុខ​នឹង​ច្រក​ភ្នំ​ហ៊ីនណំម គឺ​ជា​ចុង​ច្រក​ភ្នំ​ខាង​ជើង​របស់​ពួក​រេផែម
9 ពី​កំពូល​ភ្នំ​នោះ ក៏​ចុះ​ទៅ​ដល់​ក្បាល​ទឹក​ណែប‌ត្វា តម្រង់​ទៅ​តាម​ទី​ក្រុង​ទាំង​ប៉ុន្មាន​នៅ​ភ្នំ​អេប្រុន រហូត​ដល់​បាឡា គឺ​ជា​ក្រុង​គារ‌យ៉ាត់-យារីម
10 ពី​ឡាបា ក៏​បត់​ទៅ​ខាង​លិច​ទៅ​ដល់​ភ្នំ​សៀរ រួច​កាត់​ទៅ​តាម​ចង្កេះ​ខាង​ជើង​នៃ​ភ្នំ​យារីម គឺ​ជា​កេសា‌ឡូន ហើយ​ចុះ​ទៅ​ដល់​បេត-សេមែស​រហូត​ដល់​ធីមណា
11 ពី​ទី​នោះ​ក៏​ចេញ​ទៅ​ខាង​ជើង​ក្រុង​អេក្រុន​ដល់​ស៊ីក្រុន ហើយ​តាម​ភ្នំ​បាឡា​ទៅ​ដល់​យ៉ាបនាល រួច​ផុត​ត្រឹម​សមុទ្រ
12 ឯ​ព្រំ​ប្រទល់​ខាង​លិច នោះ​គឺ​តាម​ឆ្នេរ​របស់​សមុទ្រ​ធំ នេះ​ហើយ​ជា​ព្រំ​ស្រុក​នៅ​ព័ទ្ធ​ជុំវិញ​របស់​ពួក​កូន​ចៅ​យូដា តាម​គ្រួ​គេ​ទាំង​ប៉ុន្មាន។
13 យ៉ូស្វេ​ក៏​ចែក​ឲ្យ​ដល់​កាលែប ជា​កូន​យេភូនេ មាន​១​ចំណែក​ជា​មួយ​នឹង​ពួក​កូន​ចៅ​យូដា​ដែរ តាម​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក គឺ​គារ‌យ៉ាត់-អើបា ដែល​ជា​ក្រុង​ហេប្រុន (ឯ​អើបា​នោះ​ជា​ឪពុក​អ័ណាក់)
14 កាលែប​ក៏​បណ្តេញ​កូន​របស់​អ័ណាក់​៣​នាក់​ចេញ គឺ​សេសាយ​១ អ័ហ៊ីម៉ាន​១ និង​តាល‌ម៉ាយ​១ សុទ្ធ​តែ​ជា​កូន​អ័ណាក់
15 ពី​ទី​នោះ គាត់​ក៏​ឡើង​ទៅ​ទាស់​នឹង​ពួក​អ្នក​ស្រុក​ដេបៀរ រីឯ​ក្រុង​ដេបៀរ​នោះ កាល​ពី​ដើម​មាន​ឈ្មោះ​ជា​គារ‌យ៉ាត់-សេភើរ
16 កាលែប​ក៏​សន្យា​ថា បើ​អ្នក​ណា​នឹង​វាយ​យក​គារ‌យ៉ាត់-សេភើរ​បាន នោះ​អញ​នឹង​ឲ្យ​អាកសា ជា​កូន​អញ ទៅ​ធ្វើ​ជា​ប្រពន្ធ​អ្នក​នោះ
17 ដូច្នេះ អូធ្នាល ជា​កូន​កេណាស​ដែល​កេណាស​ជា​ប្អូន​កាលែប គាត់​ក៏​វាយ​យក​បាន នោះ​កាលែប​ក៏​ឲ្យ​នាង​អាកសា ជា​កូន​ខ្លួន ទៅ​ធ្វើ​ជា​ប្រពន្ធ​គាត់​ទៅ
18 កាល​នាង​បាន​មក​ដល់​គាត់​ហើយ នោះ​ក៏​បបួល​ឲ្យ​សូម​ដី​ពី​ឪពុក​នាង ដូច្នេះ នាង​ចុះ​ពី​លើ​សត្វ​ជំនិះ កាលែប​ក៏​សួរ​ថា ហេតុ​អ្វី​ហ្នឹង
19 នាង​ឆ្លើយ​ថា សូម​លោក​ឪពុក​ចែក​ឲ្យ​ខ្ញុំ​១​ចំណែក​ផង ដ្បិត​លោក​ឪពុក​បាន​ឲ្យ​ខ្ញុំ​មាន​ដី​ខាង​ត្បូង​ហើយ ដូច្នេះ សូម​ឲ្យ​ខ្ញុំ​មាន​ក្បាល​ទឹក​ដែរ នោះ​គាត់​ក៏​ឲ្យ​ក្បាល​ទឹក​ខាង​លើ ហើយ​ខាង​ក្រោម​ទៅ​នាង។
20 នេះ​ជា​មរដក​របស់​ពូជ​អំបូរ​នៃ​ពួក​កូន​ចៅ​យូដា តាម​គ្រួ​គេ​ទាំង​ប៉ុន្មាន
21 ឯ​ទី​ក្រុង​ទាំង​ប៉ុន្មាន​របស់​ពូជ​អំបូរ​នៃ​ពួក​កូន​ចៅ​យូដា ដែល​នៅ​ខាង​ត្បូង​បំផុត ក្បែរ​ព្រំ‌ដែន​របស់​អេដុម នោះ​គឺ​កាប‌សៀល​១ អេឌើរ​១ យ៉ាគើរ​១
22 គីណា​១ ឌីម៉ូណា​១ អាដាដា​១
23 កេដេស​១ ហាសោរ​១ អ៊ីថ្នាន​១
24 ស៊ីភ​១ ថេលែម​១ ប្អាឡូត​១
25 ហាសោរ-ហាដាថា​១ កេរីយ៉ុត-ហេស្រុន គឺ​ជា​ក្រុង​ហាសោរ​១
26 អាម៉ាម​១ សេម៉ា​១ ម៉ូឡាដា​១
27 ហាសា-កាដា​១ ហែស‌ម៉ូន​១ បេត-ផាលែត​១
28 ហាសា-ស៊ូអាល​១ ប្អៀរ-សេបា​១ ប៊ីស‌យ៉ុតយ៉ា​១
29 បាឡា​១ អ៊ីយីម​១ អាសែម​១
30 អែល‌ថូឡាត​១ កេសៀល​១ ហោម៉ា​១
31 ស៊ីក‌ឡាក់​១ ម៉ាត‌ម៉ាណា​១ សាន‌សាណា​១
32 ល្បាអូត​១ ស៊ីល‌ហ៊ីម​១ អាយីន​១ និង​រីម៉ូន​១ រួម​ទាំង​អស់​មាន​២៩​ក្រុង ព្រម​ទាំង​ភូមិ​ទាំង​ប៉ុន្មាន​ផង។
33 ឯ​ខាង​ស្រុក​ទំនាប នោះ​មាន​ក្រុង​អែស‌ថោល​១ សូរ៉ាស់​១ អាសណា​១
34 សាណូអា​១ អេន-កានីម​១ តាពួរ​១ អេណាម​១
35 យ៉ារមុត​១ អាឌូឡាម​១ សូគរ​១ អាសេកា​១
36 ស្អារ៉ែម​១ អាឌី‌ថែម​១ កេដេរ៉ា​១ និង​ក្តេរ៉ូ‌ថែម​១ រួម​ទាំង​អស់​មាន​១៤​ក្រុង ព្រម​ទាំង​ភូមិ​ទាំង​ប៉ុន្មាន​ផង
37 ក្រុង​សេណាន​១ ហាដាសា​១ មិក‌ដាល-កាឌ់​១
38 ឌីលាន​១ មីសប៉ា​១ យ៉ុក‌ធាល​១
39 ឡាគីស​១ បូស‌កាត់​១ អេក្លុន​១
40 កាបូន​១ ឡាម៉ាស​១ គីត‌លីស​១
41 កេដេរ៉ូត​១ បេត-ដាកុន​១ ន៉ាអាម៉ា​១ និង​ម៉ាកេដា​១ ទាំង​អស់​មាន​១៦​ក្រុង ព្រម​ទាំង​ភូមិ​ទាំង​ប៉ុន្មាន​ផង
42 ក្រុង​លិបណា​១ អេធើរ​១ អាសាន​១
43 យីបថា​១ អាស‌ណា​១ នេស៊ីប​១
44 កៃឡា​១ អាក់‌ស៊ីប​១ និង​ម៉ារីសា​១ ទាំង​អស់​មាន​៩​ក្រុង ព្រម​ទាំង​ភូមិ​ទាំង​ប៉ុន្មាន​ផង
45 ក្រុង​អេក្រុន​១ ព្រម​ទាំង​ទី​តំបន់ និង​ភូមិ​ជុំវិញ​ទាំង​ប៉ុន្មាន​ផង
46 ហើយ​អស់​ទាំង​ទី​ក្រុង​ដែល​នៅ​ខាង​ក្រុង​អាស‌ដូឌ និង​ភូមិ​ទាំង​ប៉ុន្មាន ចាប់​តាំង​ពី​ក្រុង​អេក្រុន​រហូត​ដល់​សមុទ្រ
47 និង​ក្រុង​អាសដូឌ ព្រម​ទាំង​ភូមិ និង​តំបន់​ទាំង​ប៉ុន្មាន ដែល​នៅ​ជុំវិញ ក្រុង​កាសា ព្រម​ទាំង​ភូមិ និង​តំបន់​ទាំង​ប៉ុន្មាន​ដែល​នៅ​ជុំវិញ រហូត​ដល់​ស្ទឹង​ស្រុក​អេស៊ីព្ទ និង​សមុទ្រ​ធំ ដែល​ជា​ព្រំ​ប្រទល់​របស់​ស្រុក​នោះ។
48 ឯ​ខាង​ស្រុក​ភ្នំ​នោះ​មាន​ក្រុង​សាមា​១ យ៉ាទារ​១ សូគរ​១
49 ដាណា​១ គារ‌យ៉ាត់-សាណា គឺ​ជា​ក្រុង​ដេបៀរ​១
50 អាណាប​១ អែស‌ធេម៉ូរ​១ អានីម​១
51 កូសែន​១ ហូឡូន​១ និង​គីឡោ​១ ទាំង​អស់​មាន​១១​ក្រុង ព្រម​ទាំង​ភូមិ​ទាំង​ប៉ុន្មាន​ផង
52 ក្រុង​អារ៉ាប​១ ឌូម៉ា​១ អែស‌អៀន​១
53 យ៉ានិម​១ បេត-តាពួរ​១ អាផែកា​១
54 ហិមតា​១ គារ‌យ៉ាត់-អើបា គឺ​ជា​ក្រុង​ហេប្រុន​១ និង​ស៊ី‌អោរ​១ ទាំង​អស់​មាន​៩​ក្រុង ព្រម​ទាំង​ភូមិ​ទាំង​ប៉ុន្មាន​ផង
55 ក្រុង​ម៉ាអូន​១ កើមែល​១ ស៊ីភ​១ យូថា​១
56 យេស‌រាល​១ យ៉ុក‌ឌាម​១ សាណូអា​១
57 កាអ៊ីន​១ គីបៀរ​១ និង​ធីមណា​១ ទាំង​អស់​មាន​១០​ក្រុង ព្រម​ទាំង​ភូមិ​ទាំង​ប៉ុន្មាន​ផង
58 ក្រុង​ហាល‌ហ៊ុល​១ បេត-ស៊ើរ​១ កេដោរ​១
59 ម្អារ៉ាត​១ បេត-អាណូត​១ និង​អែល‌ទិកុន​១ ទាំង​អស់​មាន​៦​ក្រុង ព្រម​ទាំង​ភូមិ​ទាំង​ប៉ុន្មាន​ផង
60 ក្រុង​គារ‌យ៉ាត់-បាល គឺ​ជា​ក្រុង​គារ‌យ៉ាត់-យារីម​១ និង​រ៉ាបាត​១ ទាំង​អស់​មាន​២​ក្រុង ព្រម​ទាំង​ភូមិ​ទាំង​ប៉ុន្មាន​ផង។
61 ឯ​ខាង​ទី​រហោ‌ស្ថាន នោះ​មាន​ក្រុង​បេត-អើ‌រ៉ាបា​១ មីឌីន​១ សេកាកា​១
62 នីបសាន​១ អៀ-ហា‌មេឡាក់​១ និង​អេន-កេឌី​១ ទាំង​អស់​មាន​៦​ក្រុង ព្រម​ទាំង​ភូមិ​ទាំង​ប៉ុន្មាន​ផង
63 រីឯ​ពួក​កូន​ចៅ​យូដា គេ​ពុំ​អាច​នឹង​បណ្តេញ​សាសន៍​យេប៊ូស ដែល​នៅ​ក្រុង​យេរូ‌សាឡឹម​បាន​ទេ ពួក​សាសន៍​នោះ​គេ​ចេះ​តែ​នៅ​ជា​មួយ​នឹង​ពួក​កូន​ចៅ​យូដា នៅ​ក្រុង​យេរូ‌សាឡឹម ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។


ជំពូក 16

1 ឯ​ចំណែក​ដែល​គេ​បាន​ចែក​ដល់​ពួក​កូន​ចៅ​យ៉ូសែប នោះ​ចាប់​តាំង​ពី​ទន្លេ​យ័រដាន់​ត្រង់​យេរីខូ គឺ​ពី​ខាង​កើត​ទី​ក្រុង​យេរីខូ ក៏​កាត់​ទី​រហោ‌ស្ថាន ដែល​ឡើង​ពី​ក្រុង​យេរីខូ តាម​ស្រុក​ភ្នំ​ទៅ​ដល់​ក្រុង​បេត-អែល
2 រួច​ចេញ​ពី​ក្រុង​បេត-អែល​ទៅ​ដល់​ក្រុង​លូស ក៏​បណ្តោយ​ទៅ​តាម​ព្រំ​ស្រុក​សាសន៍​អើគី រហូត​ដល់​ក្រុង​អាថារ៉ូត
3 ពី​ទី​នោះ​ក៏​ចុះ​ទៅ​ខាង​លិច តាម​ព្រំ​ស្រុក​របស់​ពួក​យ៉ាផ្លេ‌ទីត ខាង​ព្រំ​ក្រុង​បេត-ហូរ៉ុន​ខាង​ក្រោម រហូត​ដល់​ក្រុង​កេស៊ើរ រួច​ក៏​ទៅ​ផុត​ត្រឹម​សមុទ្រ
4 ដូច្នេះ ពួក​កូន​ចៅ​យ៉ូសែប គឺ​ពួក​ម៉ាន៉ាសេ និង​ពួក​អេប្រា‌អិម​បាន​មរដក​របស់​គេ​ហើយ។
5 ឯ​ព្រំ​ស្រុក​របស់​ពួក​កូន​ចៅ​អេប្រា‌អិម​តាម​គ្រួ​គេ​ទាំង​ប៉ុន្មាន នោះ​ប៉ែក​ខាង​កើត គឺ​ក្រុង​អាថារ៉ូត-អាដើរ ទៅ​ដល់​បេត-ហូរ៉ុន​ខាង​លើ
6 ពី​ទី​នោះ​ក៏​ចេញ​ទៅ​ឯ​ខាង​លិច ត្រង់​ខាង​ជើង​ក្រុង​មីក‌មេថា រួច​បត់​ទៅ​ខាង​កើត រហូត​ដល់​ក្រុង​ត្អាណាត-ស៊ីឡូរ រួច​ទៅ​តាម​ខាង​កើត​ក្រុង​យ៉ាណូហា
7 ពី​យ៉ាណូហា​ក៏​ចុះ​ទៅ​ដល់​ក្រុង​អាថារ៉ូត ហើយ​និង​ក្រុង​ណ្អារ៉ាត រហូត​ដល់​ក្រុង​យេរីខូ ទៅ​ផុត​ត្រឹម​ទន្លេ​យ័រដាន់
8 ហើយ​ពី​ក្រុង​តាពួរ ព្រំ​នោះ​ក៏​ទៅ​លិច ទៅ​តាម​ស្ទឹង​ខាណា រួច​ផុត​ត្រឹម​សមុទ្រ នេះ​ហើយ​ជា​មរដក​របស់​ពូជ​អំបូរ​ពួក​កូន​ចៅ​អេប្រា‌អិម តាម​គ្រួ​គេ​ទាំង​ប៉ុន្មាន
9 ព្រម​ទាំង​ទី​ក្រុង និង​ភូមិ​ជុំវិញ​ទាំង​ប៉ុន្មាន ដែល​សម្រាប់​ពួក​កូន​ចៅ​អេប្រា‌អិម នៅ​ក្នុង​មរដក​របស់​ពួក​កូន​ចៅ​ម៉ាន៉ាសេ​នោះ​ផង
10 តែ​គេ​មិន​បាន​បណ្តេញ​ពួក​សាសន៍​កាណាន ដែល​នៅ​ក្រុង​កេស៊ើរ​ចេញ​ទេ ពួក​សាសន៍​នោះ​គេ​នៅ​ជា​មួយ​នឹង​ពួក​អេប្រា‌អិម ដរាប​ដល់​សព្វ​ថ្ងៃ​នេះ ហើយ​ក៏​ត្រឡប់​ជា​អ្នក​បម្រើ​ដល់​ពួក​អេប្រា‌អិម​ទាំង​បង្ខំ។


ជំពូក 17

1 នេះ​ជា​ចំណែក​ដែល​គេ​បាន​ចែក​ដល់​ពូជ​អំបូរ​ម៉ាន៉ាសេ ដ្បិត​គាត់​ជា​កូន​ច្បង​របស់​យ៉ូសែប ឯ​ម៉ាគារ​ជា​កូន​ច្បង​របស់​ម៉ាន៉ាសេ ហើយ​ជា​ឪពុក​របស់​កាឡាត គាត់​បាន​ស្រុក​កាឡាត និង​ស្រុក​បាសាន ដោយ​ព្រោះ​គាត់​ជា​អ្នក​ថ្នឹក​ច្បាំង
2 រីឯ​ចំណែក​ដែល​បាន​ចែក​ឲ្យ​ពួក​កូន​ចៅ​ម៉ាន៉ាសេ​ឯ​ទៀត តាម​គ្រួ​គេ​ទាំង​ប៉ុន្មាន នោះ​គឺ​ចែក​ឲ្យ​ពួក​កូន​ចៅ​អ័បៀ‌ស៊ើរ ពួក​កូន​ចៅ​ហេលេក ពួក​កូន​ចៅ​អាសរាល ពួក​កូន​ចៅ​ស៊ីគែម ពួក​កូន​ចៅ​ហេភើរ និង​ពួក​កូន​ចៅ​សេមីដា នោះ​សុទ្ធ​តែ​ជា​កូន​ចៅ​ប្រុសៗ​របស់​ម៉ាន៉ាសេ ដែល​ជា​កូន​យ៉ូសែប តាម​ជំនួរ​វង្ស
3 ឯ​ស្លូផិហាត​ជា​កូន​ហេភើរ ដែល​ហេភើរ​ជា​កូន​កាឡាតៗ​ជា​កូន​ម៉ាគារ ម៉ាគារ​ជា​កូន​ម៉ាន៉ាសេ គាត់​គ្មាន​កូន​ប្រុស​ទេ មាន​សុទ្ធ​តែ​កូន​ស្រី​ទាំង​អស់ ឈ្មោះ​របស់​កូន​ស្រី​ទាំង​ប៉ុន្មាន​នោះ គឺ​ម័សឡា​១ ណូហា​១ ហុកឡា​១ មីលកា​១ និង​ធើសា​១
4 នាង​ទាំង​នោះ​ក៏​មក​ឯ​អេលាសារ​ដ៏​ជា​សង្ឃ និង​យ៉ូស្វេ​ជា​កូន​នុន ហើយ​និង​ពួក​អ្នក​ជា​កំពូល​ទាំង​ប៉ុន្មាន​ជម្រាប​ថា ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បង្គាប់​ដល់​លោក​ម៉ូសេ ឲ្យ​ចែក​មរដក​មក​យើង​ខ្ញុំ នៅ​កណ្តាល​ពួក​បង​ប្អូន​យើង​ខ្ញុំ​ដែរ ដូច្នេះ លោក​ក៏​ចែក​មរដក​ឲ្យ​គេ គឺ​នៅ​កណ្តាល​ពួក​បង​ប្អូន​ឪពុក​គេ តាម​បង្គាប់​ព្រះ‌យេហូវ៉ា
5 មាន​១០​ចំណែក​ដែល​ត្រូវ​បាន​ដល់​ពួក​ម៉ាន៉ាសេ ក្រៅ​ពី​ស្រុក​កាឡាត និង​ស្រុក​បាសាន ដែល​នៅ​ខាង​នាយ​ទន្លេ​យ័រដាន់
6 ពី​ព្រោះ​កូន​ចៅ​ស្រី​របស់​ម៉ាន៉ាសេ​នោះ បាន​ទទួល​មរដក​នៅ​កណ្តាល​ពួក​កូន​ចៅ​ប្រុសៗ​ដែរ ហើយ​ស្រុក​កាឡាត​បាន​ចែក​ដល់​ពួក​កូន​ចៅ​ប្រុស​របស់​ម៉ាន៉ាសេ​ឯ​ទៀត​នោះ​ហើយ។
7 ឯ​ព្រំ‌ដែន​របស់​ម៉ាន៉ាសេ នោះ​ចាប់​តាំង​ពី​អេស៊ើរ​ទៅ​ដល់​មីក‌មេថា ដែល​នៅ​ប្រទល់​មុខ​ក្រុង​ស៊ីគែម រួច​បណ្តោយ​ទៅ​ខាង​ស្តាំ រហូត​ដល់​ពួក​អ្នក​នៅ​ស្រុក​អេន-តាពួរ
8 ស្រុក​តាពួរ​នោះ​ជា​របស់​ផង​ពួក​ម៉ាន៉ាសេ តែ​ក្រុង​តាពួរ ដែល​នៅ​ព្រំ​ស្រុក​ម៉ាន៉ាសេ ជា​របស់​ផង​ពួក​កូន​ចៅ​អេប្រា‌អិម​វិញ
9 ព្រំ​នោះ​ក៏​ចុះ​ទៅ​ដល់​ស្ទឹង​ខាណា រួច​ទៅ​តាម​ខាង​ត្បូង​ស្ទឹង​នោះ ទី​ក្រុង​ទាំង​នោះ​ដែល​នៅ​ក្នុង​ព្រំ​របស់​ម៉ាន៉ាសេ ជា​របស់​ផង​ពួក​អេប្រា‌អិម តែ​ព្រំ​ស្រុក​ម៉ាន៉ាសេ គឺ​នៅ​ខាង​ជើង​ស្ទឹង​នោះ​វិញ រួច​ក៏​ចុះ​ទៅ​ផុត​ត្រឹម​សមុទ្រ
10 ឯ​ស្រុក​ខាង​ត្បូង​ជា​របស់​ផង​អេប្រា‌អិម ហើយ​ខាង​ជើង​ជា​របស់​ផង​ម៉ាន៉ាសេ មាន​សមុទ្រ​ជា​ខាង​ចុង​ស្រុក ស្រុក​គេ​ក៏​រហូត​ដល់​អេស៊ើរ​ខាង​ជើង ហើយ​រហូត​ដល់​អ៊ីសាខារ​ខាង​កើត
11 ហើយ​ពួក​ម៉ាន៉ាសេ​ក៏​មាន​ទី​ក្រុង​នៅ​ក្នុង​ស្រុក​អ៊ីសាខារ និង​ស្រុក​អេស៊ើរ​ដែរ គឺ​ក្រុង​បេត-សៀន និង​តំបន់​ជុំវិញ ក្រុង​យីបលាម និង​តំបន់​ជុំវិញ ព្រម​ទាំង​ពួក​អ្នក​នៅ​ក្រុង​ដោរ និង​តំបន់​ជុំវិញ ពួក​អ្នក​នៅ​ក្រុង​អេន-ដោរ និង​តំបន់​ជុំវិញ ពួក​អ្នក​នៅ​ក្រុង​ត្អាណាក និង​តំបន់​ជុំវិញ និង​ពួក​អ្នក​នៅ​ក្រុង​មេគី‌ដោ និង​តំបន់​ជុំវិញ គឺ​អស់​៣​ស្រុក
12 ប៉ុន្តែ ពួក​កូន​ចៅ​ម៉ាន៉ាសេ​ពុំ​អាច​នឹង​បណ្តេញ​ពួក​សាសន៍​កាណាន ដែល​នៅ​ទី​ក្រុង​ទាំង​នោះ​ចេញ​បាន​ទេ គឺ​គេ​ផ្តាច់​ចិត្ត​នឹង​នៅ​ជាប់​ក្នុង​ស្រុក​នោះ​វិញ
13 តែ​កាល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​មាន​កម្លាំង​ឡើង នោះ​ក៏​បង្ខំ​ឲ្យ​ពួក​សាសន៍​កាណាន​នោះ​ធ្វើ​ការ​បម្រើ​ខ្លួន ឥត​បាន​បណ្តេញ​គេ​អស់​រលីង​ទេ។
14 ពួក​កូន​ចៅ​យ៉ូសែប​ក៏​សួរ​យ៉ូស្វេ​ថា ហេតុ​អ្វី​បាន​ជា​លោក​ឲ្យ​យើង​ខ្ញុំ​ចាប់​ឆ្នោត មាន​ចំណែក​តែ​១​ទុក​ជា​មរដក​ដូច្នេះ ដ្បិត​យើង​ខ្ញុំ​ជា​ពួក​ធំ​ណាស់​ដែរ ដោយ​ព្រោះ​ព្រះ‌យេហូវ៉ា​បាន​ប្រទាន​ពរ​មក​យើង​ខ្ញុំ តាំង​ពី​ដើម​រៀង​មក
15 រួច​យ៉ូស្វេ​ឆ្លើយ​តប​ថា បើ​ឯង​ជា​ពួក​ធំ​មែន ហើយ​បើ​ស្រុក​ភ្នំ​អេប្រា‌អិម​នោះ​ចង្អៀត​ពេក​ដល់​ឯង នោះ​ចូរ​ឡើង​ទៅ​ឯ​ព្រៃ​របស់​សាសន៍​ពេរិស៊ីត និង​សាសន៍​រេផែម កាប់‌ឆ្កា​កន្លែង​សម្រាប់​ឯង​ចុះ
16 តែ​ពួក​កូន​ចៅ​យ៉ូសែប​ប្រកែក​ថា ស្រុក​ភ្នំ​នេះ​មិន​គ្រាន់​ឲ្យ​យើង​ខ្ញុំ​នៅ​ទេ​មែន ប៉ុន្តែ ពួក​សាសន៍​កាណាន​ទាំង​អស់​ដែល​នៅ​ស្រុក​វាល គេ​មាន​សុទ្ធ​តែ​រទេះ​ដែរ ទោះ​ទាំង​ពួក​ដែល​នៅ​ក្រុង​បេត-សៀន ព្រម​ទាំង​តំបន់​នៅ​ជុំវិញ និង​ពួក​ដែល​នៅ​វាល​ច្រក​ភ្នំ​យេស‌រាល​ផង
17 នោះ​យ៉ូស្វេ​ក៏​និយាយ​ទៅ​ពួក​វង្ស​យ៉ូសែប គឺ​នឹង​ពួក​អេប្រា‌អិម ហើយ​និង​ពួក​ម៉ាន៉ាសេ​ថា ឯង​ជា​ពួក​ធំ​ពិត ហើយ​ក៏​មាន​កម្លាំង​សន្ធឹក​ណាស់​ដែរ មិន​ត្រូវ​ឲ្យ​ឯង​មាន​ចំណែក​តែ​១​ដូច្នេះ​ទេ
18 ប៉ុន្តែ ស្រុក​ភ្នំ​នោះ​ជា​របស់​ផង​ឯង​ហើយ ទោះ​បើ​សុទ្ធ​តែ​ព្រៃ​ក៏​ដោយ គង់​តែ​ឯង​នឹង​កាប់‌ឆ្កា​បាន ហើយ​ឯង​នឹង​បាន​ផល​ទាំង​ប៉ុន្មាន​ពី​ព្រៃ​នោះ​ផង ដ្បិត​ទោះ​បើ​ពួក​សាសន៍​កាណាន​មាន​រទេះ​ដែក និង​កម្លាំង​ក៏​ដោយ គង់​តែ​ឯង​នឹង​អាច​បណ្តេញ​គេ​ចេញ​បាន។


ជំពូក 18

1 នោះ​ពួក​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់​ក៏​ប្រជុំ​គ្នា​នៅ​ត្រង់​ស៊ីឡូរ ហើយ​ដំឡើង​ត្រសាល​ជំនុំ​នៅ​ទី​នោះ ស្រុក​នោះ​ទាំង​មូល​ក៏​បាន​ក្រាប​ចុះ​ចូល​នឹង​គេ
2 តែ​ក្នុង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល នៅ​មាន​ពូជ​អំបូរ​៧ ដែល​មិន​ទាន់​ចែក​ចំណែក​មរដក​គ្នា​នៅ​ឡើយ
3 ដូច្នេះ យ៉ូស្វេ​ក៏​តឿន​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា តើ​ឯង​ធ្វេស​ប្រហែស​នឹង​ចូល​ទៅ​ចាប់​យក​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ពួក​អយ្យកោ​ឯង បាន​ប្រទាន​មក​ឯង​រាល់​គ្នា ដល់​កាល​ណា​ទៀត
4 ចូរ​តម្រូវ​មនុស្ស​៣​នាក់​ពី​គ្រប់​ទាំង​ពូជ​អំបូរ​មក នោះ​អញ​នឹង​ចាត់​គេ​ឲ្យ​ទៅ​ដើរ​ចុះ​ឡើង​ក្នុង​ស្រុក ដើម្បី​នឹង​សរសេរ​កំណត់​តាម​ចំណែក​មរដក​គេ​គ្រប់​គ្នា រួច​ត្រឡប់​មក​ឯ​អញ​វិញ
5 រួច​ត្រូវ​ឲ្យ​គេ​ចែក​ស្រុក​នោះ​ជា​៧​ចំណែក ឯ​ពួក​យូដា​ត្រូវ​ឲ្យ​គេ​នៅ​ជាប់​ក្នុង​ដែន​ស្រុក​របស់​គេ​ខាង​ត្បូង ហើយ​ពួក​វង្ស​យ៉ូសែប​ត្រូវ​នៅ​ជាប់​ក្នុង​ដែន​ស្រុក​របស់​គេ​ខាង​ជើង
6 នោះ​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​កំណត់​សម្គាល់​ស្រុក ទាំង​ចែក​ជា​៧​ចំណែក រួច​យក​មក​ឲ្យ​អញ​ឯ​ណេះ អញ​នឹង​បោះ​ឆ្នោត​ឲ្យ​ឯង​រាល់​គ្នា​ចាប់ នៅ​ទី​នេះ ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​រាល់​គ្នា
7 ឯ​ពួក​លេវី​គេ​គ្មាន​ចំណែក​ណា​នៅ​ជា​មួយ​នឹង​ឯង​រាល់​គ្នា​ទេ ដ្បិត​ការ‌ងារ​ជា​សង្ឃ​ផង​ព្រះ‌យេហូវ៉ា នោះ​ជា​មរដក​របស់​គេ​ហើយ ឯ​ពួក​កាឌ់ ពួក​រូបេន និង​ពូជ​អំបូរ​ម៉ាន៉ាសេ​១​ចំហៀង នោះ​បាន​ទទួល​មរដក ដែល​លោក​ម៉ូសេ ជា​អ្នក​បម្រើ​របស់​ព្រះ‌យេហូវ៉ា បាន​ចែក​ឲ្យ​គេ​នៅ​ត្រើយ​ទន្លេ​យ័រដាន់​ខាង​កើត​ហើយ។
8 ពួក​អ្នក​នោះ​ក៏​រៀប‌ចំ​ចេញ​ទៅ ដោយ​ទទួល​បង្គាប់​យ៉ូស្វេ ដើម្បី​ទៅ​សរសេរ​កំណត់​ស្រុក គឺ​លោក​បង្គាប់​ថា ចូរ​ដើរ​ចុះ​ឡើង​ក្នុង​ស្រុក ហើយ​សរសេរ​កំណត់​សម្គាល់ រួច​ត្រឡប់​មក​ឯ​អញ​វិញ នោះ​អញ​នឹង​បោះ​ឆ្នោត​ឲ្យ​ឯង​រាល់​គ្នា​ចាប់ ត្រង់​ស៊ីឡូរ​នេះ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា
9 ដូច្នេះ អ្នក​ទាំង​នោះ​ក៏​ចេញ​ទៅ​ដើរ​ចុះ​ឡើង​ក្នុង​ស្រុក ហើយ​បាន​សរសេរ​កំណត់​ចែក​ជា​៧​ចំណែក តាម​ទី​ក្រុង​ស្រុក​នោះ ព្រម​ទាំង​កត់​ចុះ​ក្នុង​សៀវភៅ រួច​ត្រឡប់​មក​ឯ​យ៉ូស្វេ នៅ​ទី​ដំឡើង​ត្រសាល ត្រង់​ស៊ីឡូរ​វិញ
10 នោះ​យ៉ូស្វេ​ក៏​បោះ​ឆ្នោត​ឲ្យ​គ្រប់​គ្នា​ចាប់ នៅ​ត្រង់​ស៊ីឡូរ ចំពោះ​ព្រះ‌យេហូវ៉ា ហើយ​នៅ​ទី​នោះ យ៉ូស្វេ​ក៏​ចែក​ស្រុក​ឲ្យ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល តាម​ពួក​គេ​ដែរ។
11 គេ​ចាប់​ឆ្នោត​ឲ្យ​ពូជ​អំបូរ​ពួក​កូន​ចៅ​បេន‌យ៉ាមីន​តាម​គ្រួ​គេ​ទាំង​ប៉ុន្មាន ហើយ​ដែន​ស្រុក​របស់​គេ​នោះ​ត្រូវ​ជា​កណ្តាល​ពួក​កូន​ចៅ​យូដា និង​ពួក​កូន​ចៅ​យ៉ូសែប
12 ឯ​ព្រំ​ខាង​ជើង​របស់​ស្រុក​គេ នោះ​ចាប់​តាំង​ពី​ទន្លេ​យ័រដាន់​ឡើង​ទៅ​ខាង​ជើង​ក្រុង​យេរីខូ តម្រង់​ទៅ​ខាង​លិច តាម​ស្រុក​ភ្នំ រួច​ចេញ​មក​ត្រង់​ទី​រហោ‌ស្ថាន​បេត-អាវេន
13 ពី​ទី​នោះ​ក៏​បត់​ទៅ​ខាង​ត្បូង ក្បែរ​ក្រុង​លូស គឺ​ជា​ក្រុង​បេត-អែល រួច​ចុះ​ទៅ​ដល់​អាថារ៉ូត-អាដើរ ជិត​ភ្នំ​ដែល​នៅ​ខាង​ត្បូង​បេត-ហូរ៉ុន​ក្រោម
14 ព្រំ​ខាង​លិច​នោះ​ក៏​តម្រង់​ទៅ​មុខ​ទៀត រួច​បត់​ទៅ​ខាង​ត្បូង ត្រង់​ភ្នំ​ដែល​ប្រទល់​មុខ​នឹង​បេត-ហូរ៉ុន​នោះ ទៅ​ផុត​ត្រឹម​គារយ៉ាត់-បាល គឺ​គារយ៉ាត់-យារីម ដែល​ជា​ទី​ក្រុង​របស់​ពួក​កូន​ចៅ​យូដា នេះ​ហើយ​ជា​ព្រំ‌ខណ្ឌ​ខាង​លិច
15 ឯ​ខាង​ត្បូង​ព្រំ នោះ​ចេញ​ពី​ក្រុង​គារយ៉ាត់-យារីម តម្រង់​ទៅ​ខាង​លិច ដល់​ក្បាល​ទឹក​ណែប‌ត្វា
16 ក៏​ចុះ​ទៅ​ដល់​ចុង​ភ្នំ​ដែល​នៅ​ទល់​មុខ​នឹង​ច្រក​ភ្នំ​បេន-ហ៊ីនណំម ដែល​នៅ​ប៉ែក​ខាង​ជើង​នៃ​ច្រក​ភ្នំ​របស់​សាសន៍​រេផែម ហើយ​ចុះ​ទៅ​ដល់​ច្រក​ភ្នំ​ហ៊ីនណំម​នោះ ដែល​នៅ​ខាង​ត្បូង​ក្រុង​យេប៊ូស​រហូត​ដល់​អេន-រ៉ូកេល
17 រួច​បត់​ទៅ​ខាង​ជើង​ដល់​អេន-សេមែស ក៏​ចេញ​ទៅ​ដល់​កេលី‌ឡូត ដែល​នៅ​ទល់​មុខ​នឹង​ផ្លូវ​ឡើង​ទៅ​ឯ​អាឌូមីម រួច​ចុះ​ទៅ​ទៀត ដល់​ថ្មដា​របស់​បូហាន ជា​កូន​រូបេន
18 ក៏​តម្រង់​ទៅ​ឯ​ខាង​ជើង បណ្តោយ​តាម​ស្រុក​វាល រួច​ចុះ​ទៅ​ដល់​ស្រុក​វាល​នោះ
19 ក៏​ចេះ​តែ​ទៅ​ខាង​ជើង​បណ្តោយ​តាម​ចំហៀង​បេត-ហុកឡា ចេញ​មក​ផុត​ត្រឹម​ឈូង‌សមុទ្រ​អំបិល​ខាង​ជើង ត្រង់​ចុង​ទន្លេ​យ័រដាន់​ខាង​ត្បូង នេះ​ជា​ព្រំ​ស្រុក​ខាង​ត្បូង
20 ឯ​ទន្លេ​យ័រដាន់ ជា​ព្រំ​ប្រទល់​ខាង​កើត នេះ​ហើយ​ជា​មរដក​របស់​ពួក​កូន​ចៅ​បេន‌យ៉ាមីន តាម​គ្រួ​គេ​ទាំង​ប៉ុន្មាន ព្រម​ទាំង​ព្រំ‌ដែន​នៅ​ជុំវិញ។
21 រីឯ​ទី​ក្រុង​ទាំង​ប៉ុន្មាន​របស់​ពូជ​អំបូរ​ពួក​កូន​ចៅ​បេន‌យ៉ាមីន​តាម​គ្រួ​គេ នោះ​គឺ​យេរីខូ​១ បេត-ហុក‌ឡា​១ អេមាក់-កេសីស​១
22 បេត-អារ៉ាបា​១ សេម៉ារែម​១ បេត-អែល​១
23 អាវីម​១ ប៉ារ៉ា​១ អូប្រា​១
24 កេផា-អាំម៉ូនី​១ អូបនី​១ និង​កេបា​១ ទាំង​អស់​មាន​១២​ក្រុង ព្រម​ទាំង​ភូមិ​ទាំង​ប៉ុន្មាន​ផង
25 ក្រុង​គីបៀន​១ រ៉ាម៉ា​១ ប្អៀរ៉ុត​១
26 មីសប៉ា​១ កេភីរ៉ា​១ ម៉ូសា​១
27 រេគេម​១ យារពាល​១ តារ៉ាឡា​១
28 សេឡា​១ អេលេប​១ យេប៊ូស គឺ​ជា​ក្រុង​យេរូ‌សាឡឹម​១ គីបៀរ​១ និង​គារយ៉ាត់​១ ទាំង​អស់​មាន​១៤​ក្រុង ព្រម​ទាំង​ភូមិ​ទាំង​ប៉ុន្មាន​ផង នេះ​ហើយ​ជា​មរដក​របស់​ពួក​កូន​ចៅ​បេន‌យ៉ាមីន តាម​គ្រួ​គេ​ទាំង​ប៉ុន្មាន។


ជំពូក 19

1 គេ​ចាប់​ឆ្នោត​ទី​២​ឲ្យ​ស៊ីម្មាន គឺ​ឲ្យ​ពូជ​អំបូរ​ពួក​កូន​ចៅ​ស៊ីម្មាន​តាម​គ្រួ​គេ​ទាំង​ប៉ុន្មាន ហើយ​មរដក​គេ​ក៏​ត្រូវ​ត្រង់​កណ្តាល​មរដក​របស់​ពួក​កូន​ចៅ​យូដា
2 ឯ​មរដក​របស់​គេ គឺ​ជា​ក្រុង​ប្អៀរ-សេបា​១ សេបា​១ ម៉ូឡាដា​១
3 ហាសា-ស៊ូអាល​១ បាឡា​១ អាសែម​១
4 អែល‌ថូឡាត​១ បេធូល​១ ហោម៉ា​១
5 ស៊ីក‌ឡាក់​១ បេត-ម៉ារ‌កាបូត​១ ហាសា-ស៊ូសា​១
6 បេត-ល្បាអូត​១ និង​សារូ‌ហែន​១ ទាំង​អស់​មាន​១៣​ក្រុង ព្រម​ទាំង​ភូមិ​ទាំង​ប៉ុន្មាន​ផង
7 ក្រុង​អាយីន​១ រីម៉ូន​១ អេធើរ​១ ហើយ​អាសាន​១ ទាំង​អស់​មាន​៤​ក្រុង ព្រម​ទាំង​ភូមិ​ទាំង​ប៉ុន្មាន​ផង
8 និង​ស្រុក​ទាំង​អស់​ដែល​នៅ​ជុំវិញ​ទី​ក្រុង​ទាំង​នោះ រហូត​ដល់​ប្អាឡាត-ប្អៀរ និង​រ៉ាម៉ាត ដែល​នៅ​ស្រុក​ត្បូង នេះ​ហើយ​ជា​មរដក របស់​ពូជ​អំបូរ​ពួក​កូន​ចៅ​ស៊ីម្មាន តាម​គ្រួ​គេ​ទាំង​ប៉ុន្មាន
9 ឯ​មរដក​ពួក​កូន​ចៅ​ស៊ីម្មាន​នេះ គឺ​បាន​ដក​យក​ពី​ចំណែក​ពួក​កូន​ចៅ​យូដា ដ្បិត​ចំណែក​ពួក​កូន​ចៅ​យូដា​ធំ​ពេក គេ​នៅ​មិន​អស់​ទេ ហេតុ​នោះ​បាន​ជា​ពួក​កូន​ចៅ​ស៊ីម្មាន​បាន​មរដក​របស់​គេ នៅ​កណ្តាល​មរដក​របស់​ពួក​យូដា។
10 គេ​ចាប់​ឆ្នោត​ទី​៣​ឲ្យ​ពួក​កូន​ចៅ​សាប់‌យូល៉ូន​តាម​គ្រួ​គេ​ទាំង​ប៉ុន្មាន ឯ​ព្រំ‌ដែន​របស់​មរដក​គេ នោះ​រហូត​ដល់​សារីឌ
11 ព្រំ​គេ​ឡើង​ទៅ​ឯ​ខាង​លិច​រហូត​ដល់​ម៉ារ៉ាឡា ហើយ​ដល់​ដាបា‌សែត រួច​ក៏​តម្រង់​ទៅ​ឯ​ស្ទឹង​ដែល​ហូរ​ទៅ​ខាង​មុខ​យ៉ុក‌នាម
12 ហើយ​ត្រង់​សារីឌ​ក៏​បត់​ទៅ​ឯ​ខាង​កើត​ដល់​ព្រំ​គីស្លូត-តា‌បោរ រួច​ក៏​ចេញ​មក​ត្រង់​ដាប្រាត​ឡើង​ទៅ​ដល់​យ៉ាភា
13 ពី​ទី​នោះ​ក៏​បណ្តោយ​ទៅ​ឯ​ខាង​កើត​តាម​គីតា-ហេភើរ និង​អ៊ីតា-កាស៊ីន ហើយ​និង​រីម៉ូន​រហូត​ដល់​នេយ៉ា
14 រួច​ក៏​បត់​ទៅ​ឯ​ខាង​ជើង​ដល់​ហាណាថូន ហើយ​ចេញ​មក​ក្នុង​ច្រក​ភ្នំ​យីបថា-អែល
15 មាន​ក្រុង​កាថាត​១ ណាហា‌ឡាល​១ ស៊ីមរ៉ុន​១ យីដាឡា​១ និង​បេថ្លេ‌ហិម​១ ទាំង​អស់​មាន​១២​ក្រុង ព្រម​ទាំង​ភូមិ​ទាំង​ប៉ុន្មាន​ផង
16 ទី​ក្រុង​ទាំង​នេះ និង​ភូមិ​ទាំង​ប៉ុន្មាន​នៅ​ជុំវិញ នោះ​ជា​មរដក​របស់​ផង​ពួក​កូន​ចៅ​សាប់‌យូល៉ូន​តាម​គ្រួ​គេ​ទាំង​ប៉ុន្មាន។
17 គេ​ចាប់​ឆ្នោត​ទី​៤​ឲ្យ​ពួក​អ៊ីសាខារ គឺ​ឲ្យ​ពួក​កូន​ចៅ​អ៊ីសាខារ​តាម​គ្រួ​គេ
18 ឯ​ព្រំ‌ដែន​របស់​គេ នោះ​ទៅ​តាម​យេស‌រាល គីសា‌ឡូត ស៊ូណែម
19 ហាផា‌រែម ស៊ីអូន អាណា‌ក្រាត
20 រ៉ាប៊ីត គីស‌យ៉ូន អាបែស
21 រេមែត អេន-កានីម អេន-ហាដា និង​បេត‌ផាសេ
22 រួច​ក៏​តម្រង់​ទៅ​ឯ​ភ្នំ​តាបោរ ក្រុង​សាហា‌ស៊ីម៉ា បេត-សេមែស ហើយ​ចេញ​ទៅ​ផុត​ត្រឹម​ទន្លេ​យ័រដាន់ ទាំង​អស់​មាន​១៦​ក្រុង ព្រម​ទាំង​ភូមិ​ទាំង​ប៉ុន្មាន​ផង
23 ទី​ក្រុង​ទាំង​នេះ និង​ភូមិ​ទាំង​ប៉ុន្មាន​នៅ​ជុំវិញ ជា​មរដក​របស់​ពូជ​អំបូរ​ពួក​កូន​ចៅ​អ៊ីសាខារ​តាម​គ្រួ​គេ​ទាំង​ប៉ុន្មាន។
24 គេ​ចាប់​ឆ្នោត​ទី​៥​ឲ្យ​ពូជ​អំបូរ​ពួក​កូន​ចៅ​អេស៊ើរ​តាម​គ្រួ​គេ
25 ឯ​ព្រំ‌ដែន​របស់​គេ នោះ​គឺ​ជា​ក្រុង​ហេលកាត ហាលី បេថែន អាកសាប
26 អាឡាម្លេក អាម្អាត និង​មីសាល រួច​ក៏​តម្រង់​ទៅ​ឯ​ខាង​លិច ដល់​ភ្នំ​កើមែល រហូត​ដល់​ស៊ីហោរ-លីប‌ណាត
27 ពី​ទី​នោះ​ក៏​បត់​ទៅ​ឯ​ខាង​កើត​ដល់​បេត-ដាកុន រហូត​ដល់​ខែត្រ​សាប់‌យូល៉ូន និង​ច្រក​ភ្នំ​យីបថា-អែល រួច​ទៅ​ឯ​ខាង​ជើង​ដល់​បេត-អេមែក និង​ណ្អែល ហើយ​បណ្តោយ​ទៅ​តាម​ឆ្វេង​នៃ​កាបួល
28 ដល់​អេប្រុន រេហុប ហាំម៉ូន និង​ខាណា រហូត​ដល់​ក្រុង​ស៊ីដូន​ធំ
29 រួច​ក៏​បត់​ទៅ​ដល់​រ៉ាម៉ា និង​ទីរ៉ុស​ដ៏​ជា​ក្រុង​មាំ‌មួន រួច​ក៏​បត់​ទៅ​ដល់​ហូសា ហើយ​ចេញ​ទៅ​ផុត​ត្រឹម​សមុទ្រ​តាម​ស្រុក​អាក់‌ស៊ីប
30 ក៏​មាន​ក្រុង​អ៊ូម៉ា អាផែក និង​រេហុប​ទៀត ទាំង​អស់​មាន​២២​ក្រុង ព្រម​ទាំង​ភូមិ​ទាំង​ប៉ុន្មាន​ផង
31 ទី​ក្រុង​ទាំង​នេះ និង​ភូមិ​នៅ​ជុំវិញ​ទាំង​ប៉ុន្មាន ជា​មរដក​របស់​ពូជ​អំបូរ​ពួក​កូន​ចៅ​អេស៊ើរ តាម​គ្រួ​គេ​ទាំង​ប៉ុន្មាន។
32 គេ​ចាប់​ឆ្នោត​ទី​៦​ឲ្យ​ពួក​កូន​ចៅ​ណែប‌ថាលី គឺ​ឲ្យ​ពួក​កូន​ចៅ​ណែប‌ថាលី​តាម​គ្រួ​គេ
33 ឯ​ព្រំ‌ដែន​របស់​គេ​នោះ​ចាប់​តាំង​ពី​ហេឡែប គឺ​ពី​ដើម​ម៉ៃសាក់​ស្អា‌ណា‌នីម​តាម​អាដាមី-នេកេប និង​យ៉ាបនាល រហូត​ដល់​ឡាគូម​ទៅ​ផុត​ត្រឹម​ទន្លេ​យ័រដាន់
34 ពី​ទី​នោះ​ក៏​បត់​ទៅ​ឯ​ខាង​លិច​ដល់​ភ្នំ​អាស‌ណូត-តា‌បោរ និង​ហ៊ូកុក ហើយ​ទៅ​ដល់​នឹង​ស្រុក​សាប់‌យូល៉ូន​ខាង​ត្បូង និង​ស្រុក​អេស៊ើរ​ខាង​លិច ហើយ​និង​ស្រុក​យូដា​នៅ​ត្រង់​ទន្លេ​យ័រដាន់​ខាង​កើត
35 ឯ​អស់​ទាំង​ទី​ក្រុង​មាំ‌មួន នោះ​គឺ​ស៊ីឌីម​១ សេរ​១ ហាំម៉ាត​១ រ៉ាកាត​១ គីនេ‌រ៉ែត​១
36 អាដាម៉ា​១ រ៉ាម៉ា​១ ហាសោរ​១
37 កេដែស​១ អេទ្រី​១ អេន-ហាសោរ​១
38 យីរ៉ូន​១ មីក‌ដាល-អែល​១ ហូរែម​១ បេត-អា‌ណាត​១ និង​បេត-សេមែស​១ ទាំង​អស់​មាន​១៩​ក្រុង ព្រម​ទាំង​ភូមិ​ទាំង​ប៉ុន្មាន​ផង
39 ទី​ក្រុង​ទាំង​នេះ និង​ភូមិ​នៅ​ជុំវិញ​ទាំង​ប៉ុន្មាន ជា​មរដក​របស់​ពូជ​អំបូរ​ពួក​កូន​ចៅ​ណែប‌ថាលី តាម​គ្រួ​គេ​ទាំង​ប៉ុន្មាន។
40 គេ​ចាប់​ឆ្នោត​ទី​៧​ឲ្យ​ពូជ​អំបូរ​ពួក​កូន​ចៅ​ដាន់ តាម​គ្រួ​គេ
41 ឯ​ព្រំ‌ដែន​មរដក​របស់​គេ នោះ​គឺ​ជា​ក្រុង​សូរ៉ាស អែស‌ថោល អ៊ារ-សេមែស
42 ស្អាឡា‌ប៊ីន អាយ៉ា‌ឡូន យីត‌ឡា
43 អេឡូន ធីមណា អេក្រុន
44 អែលថ្កេរ គីប‌ថោន ប្អាឡាត
45 យេហ៊ូឌ បេនេ-បេរ៉ាក កាថ-រីម៉ូន
46 មេយ៉ារ‌កុន រ៉ាកុន ព្រម​ទាំង​ដែន​ស្រុក​ទល់​មុខ​នឹង​យ៉ុបប៉េ
47 ឯ​ដែន​ស្រុក​របស់​ពួក​កូន​ចៅ​ដាន់ នោះ​ក៏​ផ្សាយ​ចេញ​ពី​ស្រុក​គេ​ទៅ ដ្បិត​គេ​ឡើង​ទៅ​ច្បាំង​នឹង​ក្រុង​លេសែម ហើយ​វាយ​យក​បាន​ដោយ​មុខ​ដាវ រួច​ក៏​នៅ​ក្នុង​ស្រុក​នោះ ទុក​ជា​កេរ‌អាករ​របស់​គេ គេ​ដាក់​ឈ្មោះ​ក្រុង​លេសែម​នោះ​ថា ដាន់ តាម​ឈ្មោះ​ដាន់​ជា​អយ្យកោ​គេ
48 ទី​ក្រុង​ទាំង​នោះ និង​ភូមិ​នៅ​ជុំវិញ​ទាំង​ប៉ុន្មាន ជា​មរដក​របស់​ពូជ​អំបូរ​ពួក​កូន​ចៅ​ដាន់ តាម​គ្រួ​គេ​ទាំង​ប៉ុន្មាន។
49 កាល​គេ​បាន​ចែក​ស្រុក​ជា​មរដក​ដល់​គ្នា តាម​ព្រំ​ប្រទល់​រួច​ហើយ នោះ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​ឲ្យ​មរដក​ដល់​យ៉ូស្វេ​ជា​កូន​នុន នៅ​ជា​កណ្តាល​ស្រុក​គេ​ដែរ
50 គេ​ឲ្យ​ទី​ក្រុង​ធីម៉្នាត-សេរ៉ា នៅ​ក្នុង​ភ្នំ​របស់​ស្រុក​អេប្រា‌អិម​ដល់​លោក តាម​បង្គាប់​ព្រះ‌យេហូវ៉ា ដូច​ជា​លោក​បាន​សូម រួច​លោក​ក៏​សង់​ទី​ក្រុង ហើយ​តាំង​ទី​លំនៅ​នៅ​ទី​នោះ។
51 នេះ​ហើយ​ជា​មរដក​ទាំង​ប៉ុន្មាន​ដែល​អេលាសារ​ដ៏​ជា​សង្ឃ និង​យ៉ូស្វេ ជា​កូន​នុន ហើយ​និង​ពួក​វង្សា‌នុវង្ស​នៃ​ពូជ​អំបូរ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន បាន​ចែក​ដល់​គេ ដោយ​ចាប់​ឆ្នោត ចំពោះ​ព្រះ‌យេហូវ៉ា នៅ​មាត់​ទ្វារ​ត្រសាល​ជំនុំ ត្រង់​ស៊ីឡូរ ដូច្នេះ គេ​ក៏​បាន​សម្រេច​ការ​ចែក​ស្រុក​ហើយ​ជា​ស្រេច។


ជំពូក 20

1 ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​យ៉ូស្វេ 2ឲ្យ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​តាំង​ទី​ក្រុង​ពំនាក់ តាម​ដែល​អញ​បាន​ប្រាប់​ឯង​ដោយ‌សារ​ម៉ូសេ​ចុះ 3ដើម្បី​ឲ្យ​អ្នក​ណា ដែល​សម្លាប់​គេ មិន​ប្រកប​ដោយ​ចិត្ត​ប៉ង ហើយ​ឥត​ដឹង​ខ្លួន បាន​រត់​ទៅ​ជ្រក​អាស្រ័យ​នៅ​ទី​នោះ ទី​ក្រុង​ទាំង​នោះ​នឹង​បាន​សម្រាប់​ជា​ទី​ពំនាក់​ដល់​ឯង​រាល់​គ្នា ឲ្យ​បាន​រួច​ពី​អ្នក​ដែល​សង‌សឹក​នឹង​ឈាម 4អ្នក​នោះ​ត្រូវ​រត់​ទៅ​ឯ​ទី​ក្រុង​ណា​មួយ​នោះ ហើយ​ឈរ​នៅ​មាត់​ទ្វារ​ក្រុង ប្រកាស​ប្រាប់​ពី​រឿង​ខ្លួន​ឲ្យ​ពួក​ចាស់‌ទុំ​ក្រុង​នោះ​ស្តាប់ រួច​គេ​នឹង​ទទួល​អ្នក​នោះ​មក​ក្នុង​ក្រុង ព្រម​ទាំង​ឲ្យ​មាន​កន្លែង​នៅ​ជា​មួយ​ផង 5បើ​អ្នក​សង‌សឹក​នឹង​ឈាម​ដេញ​តាម​មក នោះ​ពួក​ចាស់‌ទុំ​នៃ​ក្រុង​នោះ​មិន​ត្រូវ​ប្រគល់​អ្នក​ដែល​បាន​សម្លាប់​គេ ទៅ​ក្នុង​កណ្តាប់​ដៃ​របស់​អ្នក​នោះ​ឡើយ ពី​ព្រោះ​បាន​វាយ​អ្នក​ជិត​ខាង​ខ្លួន​ដោយ​ឥត​ដឹង​ទេ ក៏​មិន​បាន​ស្អប់​គេ​ពី​ដើម​មក​ដែរ 6រួច​អ្នក​នោះ​នឹង​នៅ​ក្នុង​ក្រុង​ពំនាក់ ដរាប​ដល់​បាន​ឈរ​នៅ​មុខ​ពួក​ជំនុំ​ឲ្យ​ជំនុំ‌ជម្រះ​ខ្លួន គឺ​ដល់​សម្ដេច​សង្ឃ​ដែល​មាន​នៅ​គ្រា​នោះ​បាន​សុគត​ទៅ នោះ​ទើប​អ្នក​ដែល​បាន​សម្លាប់​គេ​នឹង​ត្រឡប់​មក​នៅ​ក្នុង​ផ្ទះ​ក្នុង​ស្រុក​របស់​ខ្លួន គឺ​ជា​កន្លែង​ដែល​បាន​រត់​ចោល​នោះ​វិញ​បាន។ 7ដូច្នេះ គេ​ក៏​តាំង​ក្រុង​កេដេស ក្នុង​ស្រុក​ភ្នំ របស់​ខែត្រ​ណែប‌ថាលី នៅ​ស្រុក​កាលី‌ឡេ​១ ក្រុង​ស៊ីគែម នៅ​ស្រុក​ភ្នំ​ខែត្រ​អេប្រា‌អិម​១ ក្រុង​គារ‌យ៉ាត់-អើបា គឺ​ក្រុង​ហេប្រុន​នៅ​ស្រុក​ភ្នំ​ខែត្រ​យូដា​១ 8ហើយ​ខាង​នាយ​ទន្លេ​យ័រដាន់ គឺ​ខាង​កើត​ក្រុង​យេរីខូ គេ​ក៏​តាំង​ក្រុង​បេស៊ើរ ក្នុង​ទី​រហោ‌ស្ថាន នៅ​ស្រុក​វាល ខែត្រ​ពូជ​អំបូរ​រូបេន​១ និង​ក្រុង​រ៉ាម៉ូត​នៅ​ស្រុក​កាឡាត ក្នុង​ខែត្រ​ពូជ​អំបូរ​កាឌ់​១ ហើយ​និង​ក្រុង​កូឡាន នៅ​ស្រុក​បាសាន ក្នុង​ខែត្រ​នៃ​ពូជ​អំបូរ​ម៉ាន៉ាសេ​១ 9នេះ​ហើយ​ជា​ទី​ក្រុង​ទាំង​អម្បាល‌ម៉ាន ដែល​បាន​តាំង​ឡើង​សម្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល និង​ពួក​អ្នក​ប្រទេស​ក្រៅ​ដែល​ស្នាក់​នៅ​ជា​មួយ​នឹង​គេ ដើម្បី​ឲ្យ​អ្នក​ណា​ដែល​សម្លាប់​គេ មិន​ប្រកប​ដោយ​ចិត្ត​ប៉ង បាន​រត់​ទៅ​ជ្រក​អាស្រ័យ​នៅ​ទី​នោះ ឥត​ស្លាប់​ដោយ​ដៃ​នៃ​អ្នក​ដែល​សង‌សឹក​នឹង​ឈាម ទាល់​តែ​បាន​ឈរ​នៅ​មុខ​ពួក​ជំនុំ​ឲ្យ​ជំនុំ‌ជម្រះ​ហើយ។


ជំពូក 21

1 នោះ​អស់​ទាំង​មេ​លើ​ពួក​វង្សា‌នុវង្ស​នៃ​ពូជ​អំបូរ​លេវី ក៏​ចូល​មក​ឯ​អេលាសារ​ដ៏​ជា​សង្ឃ និង​យ៉ូស្វេ​ជា​កូន​នុន ហើយ​និង​ពួក​មេ​លើ​វង្សា‌នុវង្ស​ទាំង​ប៉ុន្មាន​នៃ​ពូជ​អំបូរ​កូន​ចៅ​អ៊ីស្រា‌អែល
2 នៅ​ត្រង់​ស៊ីឡូរ ក្នុង​ស្រុក​កាណាន​ជម្រាប​ថា ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បង្គាប់​ដោយ‌សារ​លោក​ម៉ូសេ ឲ្យ​ចែក​ទី​ក្រុង​ខ្លះ​ដល់​យើង​ខ្ញុំ ទុក​ជា​ទី​លំនៅ ព្រម​ទាំង​ដី​នៅ​ព័ទ្ធ​ជុំវិញ​ទាំង​ប៉ុន្មាន សម្រាប់​ហ្វូង​សត្វ​យើង​ខ្ញុំ​ផង
3 ដូច្នេះ ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​ញែក​ទី​ក្រុង​ទាំង​ប៉ុន្មាន​នេះ ព្រម​ទាំង​ដី​នៅ​ជុំវិញ ពី​ក្នុង​មរដក​របស់​គេ ឲ្យ​ដល់​ពួក​លេវី​តាម​បង្គាប់​ព្រះ‌យេហូវ៉ា។
4 គេ​ចាប់​ឆ្នោត​ឲ្យ​ពួក​គ្រួ​កេហាត់​ដែរ រីឯ​ពួក​កូន​ចៅ​អើរ៉ុន​ដ៏​ជា​សង្ឃ ដែល​ជា​ពួក​លេវី​នោះ គេ​ចាប់​ឆ្នោត​ត្រូវ​ទី​ក្រុង​១៣​ក្នុង​ពូជ​អំបូរ​យូដា ស៊ីម្មាន និង​បេន‌យ៉ាមីន
5 ឯ​ពួក​កូន​ចៅ​កេហាត់​ដែល​សល់​ទាំង​ប៉ុន្មាន គេ​ចាប់​ឆ្នោត​ត្រូវ​ទី​ក្រុង​១០ ក្នុង​ពួក​គ្រួ​នៃ​ពូជ​អំបូរ​អេប្រា‌អិម ដាន់ និង​ម៉ាន៉ាសេ​១​ចំហៀង
6 ឯ​ពួក​កូន​ចៅ​គើសុន គេ​ចាប់​ឆ្នោត​ត្រូវ​ទី​ក្រុង​១៣ ក្នុង​ពួក​គ្រួ​នៃ​ពូជ​អំបូរ​អ៊ីសាខារ អេស៊ើរ ណែប‌ថាលី និង​ម៉ាន៉ាសេ​១​ចំហៀង ដែល​នៅ​ស្រុក​បាសាន
7 ឯ​ពួក​កូន​ចៅ​ម្រ៉ារី​តាម​គ្រួ​គេ នោះ​ចាប់​ឆ្នោត​ត្រូវ​ទី​ក្រុង​១២​ក្នុង​ពូជ​អំបូរ​រូបេន កាឌ់ និង​សាប់‌យូល៉ូន
8 ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ចែក​ទី​ក្រុង​ទាំង​នោះ ព្រម​ទាំង​ដី​នៅ​ជុំវិញ ឲ្យ​ដល់​ពួក​លេវី ដោយ​ចាប់​ឆ្នោត ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​ដោយ‌សារ​លោក​ម៉ូសេ។
9 ក្នុង​ពូជ​អំបូរ​ពួក​កូន​ចៅ​យូដា និង​ស៊ីម្មាន នោះ​គេ​បាន​ឲ្យ​ទី​ក្រុង​ទាំង​នេះ ដូច​ជា​មាន​ឈ្មោះ​នៅ​ក្រោម​នេះ​ស្រាប់
10 គឺ​សម្រាប់​ពួក​គ្រួ​កេហាត់​ជា​កូន​អើរ៉ុន ក្នុង​ពួក​កូន​ចៅ​លេវី ដ្បិត​គេ​ចាប់​ឆ្នោត​បាន​លេខ​១
11 គេ​ឲ្យ​ក្រុង​គារ‌យ៉ាត់-អើបា​ដល់​ពួក​នោះ (ឯ​អើបា នោះ​ជា​ឪពុក​អ័ណាក់) គឺ​ជា​ក្រុង​ហេប្រុន ក្នុង​ស្រុក​ភ្នំ​របស់​យូដា ព្រម​ទាំង​ដី​នៅ​ជុំវិញ​ផង
12 តែ​ស្រុក​ចម្ការ និង​ភូមិ​ទាំង​ប៉ុន្មាន​នៅ​ជុំវិញ​ទី​ក្រុង គេ​បាន​ឲ្យ​ដល់​កាលែប ជា​កូន​យេភូនេ ទុក​ជា​កេរ‌អាករ​វិញ
13 ដូច្នេះ គេ​បាន​ឲ្យ​ក្រុង​ហេប្រុន​នេះ និង​ដី​នៅ​ជុំវិញ ដល់​ពួក​កូន​ចៅ​អើរ៉ុន​ដ៏​ជា​សង្ឃ ទុក​ជា​ទី​ក្រុង​ពំនាក់ សម្រាប់​អ្នក​ណា​ដែល​សម្លាប់​គេ ព្រម​ទាំង​ក្រុង​លិបណា និង​ដី​នៅ​ជុំវិញ
14 យ៉ាទារ និង​ដី​នៅ​ជុំវិញ អែស‌ធេម៉ូរ និង​ដី​នៅ​ជុំវិញ
15 ហូឡូន និង​ដី​នៅ​ជុំវិញ ដេបៀរ និង​ដី​នៅ​ជុំវិញ
16 អាយីន និង​ដី​នៅ​ជុំវិញ យូថា និង​ដី​នៅ​ជុំវិញ បេត-សេមែស និង​ដី​នៅ​ជុំវិញ គឺ​អស់​ទី​ក្រុង​៩ ក្នុង​ពូជ​អំបូរ​ទាំង​២​នេះ
17 ក្នុង​ពូជ​អំបូរ​បេន‌យ៉ាមីន ក៏​ឲ្យ​ក្រុង​គីបៀន និង​ដី​នៅ​ជុំវិញ គេបា និង​ដី​នៅ​ជុំវិញ
18 អាន៉ា‌ថោត និង​ដី​នៅ​ជុំវិញ អាល‌ម៉ូន និង​ដី​នៅ​ជុំវិញ ទាំង​អស់​មាន​៤​ក្រុង
19 ទី​ក្រុង​របស់​ពួក​កូន​ចៅ​អើរ៉ុន​ដ៏​ជា​សង្ឃ​ទាំង​អស់​មាន​១៣ ព្រម​ទាំង​ដី​នៅ​ជុំវិញ​ផង។
20 ឯ​ពួក​គ្រួ​កូន​ចៅ​កេហាត់​ជា​ពួក​លេវី​ដែល​នៅ​សល់ នោះ​បាន​ទី​ក្រុង​ជា​ចំណែក​ខ្លួន ក្នុង​ពូជ​អំបូរ​អេប្រា‌អិម
21 គេ​ឲ្យ​ក្រុង​ស៊ីគែម និង​ដី​នៅ​ជុំវិញ ដល់​ពួក​នោះ នៅ​ក្នុង​ស្រុក​ភ្នំ​អេប្រា‌អិម ទុក​ជា​ទី​ក្រុង​ពំនាក់​សម្រាប់​អ្នក​ណា​ដែល​សម្លាប់​គេ ព្រម​ទាំង​ក្រុង​កេស៊ើរ និង​ដី​នៅ​ជុំវិញ
22 គីប‌សែម និង​ដី​នៅ​ជុំវិញ និង​បេត-ហូរ៉ុន និង​ដី​នៅ​ជុំវិញ ទាំង​អស់​មាន​៤​ក្រុង
23 ហើយ​ក្នុង​ពូជ​អំបូរ​ដាន់ នោះ​ក៏​ឲ្យ​អែលថ្កេរ និង​ដី​នៅ​ជុំវិញ គីបថោន និង​ដី​នៅ​ជុំវិញ
24 អាយ៉ា‌ឡូន និង​ដី​នៅ​ជុំវិញ កាថ-រីម៉ូន និង​ដី​នៅ​ជុំវិញ ទាំង​អស់​មាន​៤​ក្រុង
25 ហើយ​ក្នុង​ពូជ​អំបូរ​ម៉ាន៉ាសេ​១​ចំហៀង នោះ​ក៏​ឲ្យ​ត្អាណាក និង​ដី​នៅ​ជុំវិញ កាថ-រីម៉ូន និង​ដី​នៅ​ជុំវិញ ទាំង​អស់​មាន​២​ក្រុង
26 ទី​ក្រុង​របស់​ពួក​គ្រួ​កូន​ចៅ​កេហាត់​ដែល​សល់​នៅ ទាំង​អស់​មាន​១០ ព្រម​ទាំង​ដី​ដែល​នៅ​ជុំវិញ​ផង។
27 ឯ​ពួក​កូន​ចៅ​គើសុន ក្នុង​ពួក​គ្រួ​លេវី នោះ​គេ​ឲ្យ​ទី​ក្រុង​ខ្លះ ក្នុង​ពូជ​អំបូរ​ម៉ាន៉ាសេ​១​ចំហៀង គឺ​ក្រុង​កូឡាន​នៅ​ស្រុក​បាសាន ជា​ទី​ក្រុង​ពំនាក់ សម្រាប់​អស់​អ្នក​ណា​ដែល​សម្លាប់​គេ ព្រម​ទាំង​ដី​នៅ​ជុំវិញ ហើយ​ប្អេសត្រា និង​ដី​នៅ​ជុំវិញ ទាំង​អស់​មាន​២​ក្រុង
28 ហើយ​ក្នុង​ពូជ​អំបូរ​អ៊ីសាខារ នោះ​ក៏​ឲ្យ​គីសយ៉ូន និង​ដី​នៅ​ជុំវិញ ដាប្រាត និង​ដី​នៅ​ជុំវិញ
29 យ៉ារមុត និង​ដី​នៅ​ជុំវិញ អេន-កានីម និង​ដី​នៅ​ជុំវិញ ទាំង​អស់​មាន​៤​ក្រុង
30 ហើយ​ក្នុង​ពូជ​អំបូរ​អេស៊ើរ នោះ​ក៏​ឲ្យ​មីសាល និង​ដី​នៅ​ជុំវិញ អាបដូន និង​ដី​នៅ​ជុំវិញ
31 ហេល‌កាត និង​ដី​នៅ​ជុំវិញ រេហុប និង​ដី​នៅ​ជុំវិញ ទាំង​អស់​មាន​៤​ក្រុង
32 ហើយ​ក្នុង​ពូជ​អំបូរ​ណែប‌ថាលី នោះ​ក៏​ឲ្យ​កេដេស​ដែល​នៅ​ក្នុង​ស្រុក​កាលី‌ឡេ និង​ដី​នៅ​ជុំវិញ គឺ​ជា​ទី​ក្រុង​ពំនាក់​សម្រាប់​អស់​អ្នក​ណា​ដែល​សម្លាប់​គេ ព្រម​ទាំង​ហាម៉ាត-ដោរ និង​ដី​នៅ​ជុំវិញ ការថាន និង​ដី​នៅ​ជុំវិញ ទាំង​អស់​មាន​៣​ក្រុង
33 ទី​ក្រុង​របស់​ពួក​គើសុន តាម​គ្រួ​គេ ទាំង​អស់​មាន​១៣​ព្រម​ទាំង​ដី​នៅ​ជុំវិញ​ផង។
34 ឯ​ពួក​គ្រួ​កូន​ចៅ​ម្រ៉ារី គឺ​ជា​ពួក​លេវី​ដែល​នៅ​សល់ គេ​បាន​ឲ្យ​ទី​ក្រុង​ខ្លះ ក្នុង​ពូជ​អំបូរ​សាប់‌យូល៉ូន គឺ​យ៉ុក‌នាម និង​ដី​នៅ​ជុំវិញ ការថា និង​ដី​នៅ​ជុំវិញ
35 ឌីមណា និង​ដី​នៅ​ជុំវិញ ណាហា‌ឡាល និង​ដី​នៅ​ជុំវិញ ទាំង​អស់​មាន​៤​ក្រុង
36 ហើយ​ក្នុង​ពូជ​អំបូរ​រូបេន នោះ​ក៏​ឲ្យ​បេស៊ើរ និង​ដី​នៅ​ជុំវិញ យ៉ាហាស និង​ដី​នៅ​ជុំវិញ
37 ក្តេម៉ូត និង​ដី​នៅ​ជុំវិញ មេផ្អាត និង​ដី​នៅ​ជុំវិញ ទាំង​អស់​មាន​៤​ក្រុង
38 ហើយ​ក្នុង​ពូជ​អំបូរ​កាឌ់ នោះ​ក៏​ឲ្យ​រ៉ាម៉ូត ដែល​នៅ​ស្រុក​កាឡាត និង​ដី​នៅ​ជុំវិញ ទុក​ជា​ទី​ក្រុង​ពំនាក់ សម្រាប់​អ្នក​ណា​ដែល​សម្លាប់​គេ ព្រម​ទាំង​ម៉ាហា‌ណែម និង​ដី​នៅ​ជុំវិញ
39 ហែសបូន និង​ដី​នៅ​ជុំវិញ យ៉ាស៊ើរ និង​ដី​នៅ​ជុំវិញ ទាំង​អស់​មាន​៤​ក្រុង
40 ទី​ក្រុង​ទាំង​ប៉ុន្មាន​នេះ​ជា​របស់​ផង​ពួក​កូន​ចៅ​ម្រ៉ារី តាម​គ្រួ​គេ គឺ​ជា​ពួក​គ្រួ​លេវី​ដែល​សល់​នៅ ឯ​ចំណែក​របស់​គេ នោះ​មាន​ទី​ក្រុង​១២។
41 ដូច្នេះ អស់​ទាំង​ទី​ក្រុង​របស់​ពួក​លេវី​ដែល​នៅ​ក្នុង​កេរ‌អាករ​នៃ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល នោះ​មាន​៤៨ ព្រម​ទាំង​ដី​នៅ​ជុំវិញ​ផង
42 ទី​ក្រុង​ទាំង​នោះ​សុទ្ធ​តែ​មាន​ដី​នៅ​ជុំវិញ​គ្រប់ៗ​គ្នា។
43 ដូច្នេះ ឯ​ស្រុក​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌យេហូវ៉ា​បាន​ស្បថ​ថា​នឹង​ឲ្យ​ដល់​ពួក​អយ្យកោ នោះ​ទ្រង់​បាន​ប្រទាន​ដល់​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ ហើយ​គេ​ក៏​បាន​ចាប់​យក ព្រម​ទាំង​តាំង​ទី​លំនៅ​ក្នុង​ស្រុក​នោះ​ផង
44 រួច​ព្រះ‌យេហូវ៉ា​ក៏​ប្រោស​ឲ្យ​គេ​មាន​សេចក្ដី​ស្រាក‌ស្រាន្ត​នៅ​ព័ទ្ធ​ជុំវិញ តាម​គ្រប់​ទាំង​សេចក្ដី​ដែល​ទ្រង់​បាន​ស្បថ​នឹង​ពួក​អយ្យកោ​គេ គ្មាន​ពួក​ខ្មាំង​សត្រូវ​ណា​មួយ​អាច​ឈរ​នៅ​មុខ​គេ​បាន​ឡើយ ពី​ព្រោះ​ព្រះ‌យេហូវ៉ា​បាន​ប្រគល់​ទាំង​អស់​មក​ក្នុង​កណ្តាប់​ដៃ​គេ​ហើយ
45 ឯ​អស់​ទាំង​សេចក្ដី​ល្អ​ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​សន្យា​ដល់​ពួក​វង្ស​អ៊ីស្រា‌អែល នោះ​បាន​សម្រេច​គ្រប់​Chapter ឥត​មាន​ខ្វះ​ណា​មួយ​ឡើយ។


ជំពូក 22

1 យ៉ូស្វេ​ក៏​ហៅ​ពួក​រូបេន ពួក​កាឌ់ និង​ពូជ​អំបូរ​ម៉ាន៉ាសេ​១​ចំហៀង​មក មាន​ប្រសាសន៍​ថា
2 ឯង​រាល់​គ្នា​បាន​កាន់​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​លោក​ម៉ូសេ ជា​អ្នក​បម្រើ​នៃ​ព្រះ‌យេហូវ៉ា បាន​បង្គាប់​មក​ឯង​ហើយ ក៏​បាន​ស្តាប់​តាម​គ្រប់​ទាំង​សេចក្ដី ដែល​អញ​បាន​បង្គាប់​ដែរ
3 ឯង​រាល់​គ្នា​មិន​បាន​ចោល​បង​ប្អូន​ឯង ជា​យូរ​មក​ហើយ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ គឺ​បាន​ប្រព្រឹត្ត​តាម​សេចក្ដី​បញ្ញត្ត​ផង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​វិញ
4 ឥឡូវ​នេះ ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​ឲ្យ​បង​ប្អូន​ឯង​បាន​សេចក្ដី​ស្រាក‌ស្រាន្ត​ហើយ ដូច​ជា​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​នឹង​គេ ដូច្នេះ ចូរ​វិល​ទៅ​ឯ​ត្រសាល​របស់​ឯង​រាល់​គ្នា នៅ​ក្នុង​ស្រុក​ជា​កេរ‌អាករ​របស់​ឯង ដែល​លោក​ម៉ូសេ ជា​អ្នក​បម្រើ​នៃ​ព្រះ‌យេហូវ៉ា​បាន​ចែក​ឲ្យ​ឯង ខាង​នាយ​ទន្លេ​យ័រដាន់​ចុះ
5 ប៉ុន្តែ ត្រូវ​ប្រយ័ត​ឲ្យ​អស់​ពី​ចិត្ត និង​ប្រព្រឹត្ត​តាម​បញ្ញត្ត ហើយ​និង​ក្រឹត្យ‌វិន័យ​ដែល​លោក​ម៉ូសេ​ជា​អ្នក​បម្រើ​នៃ​ព្រះ‌យេហូវ៉ា បាន​បង្គាប់​មក​ឯង ដើម្បី​នឹង​ស្រឡាញ់​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទាំង​ដើរ​តាម​គ្រប់​ទាំង​ផ្លូវ​របស់​ទ្រង់ ហើយ​កាន់​តាម​បញ្ញត្ត​ទ្រង់​ទាំង​ប៉ុន្មាន ព្រម​ទាំង​តោង​ទ្រង់​ជាប់ ហើយ​បម្រើ​ទ្រង់​អស់​ពី​ចិត្ត អស់​ពី​ព្រលឹង​ឯង
6 យ៉ូស្វេ​ក៏​ឲ្យ​ពរ​ដល់​គេ ហើយ​ឲ្យ​គេ​ចេញ​ទៅ រួច​គេ​ក៏​ត្រឡប់​ទៅ​ឯ​លំនៅ​របស់​គេ​វិញ។
7 រីឯ​ពូជ​អំបូរ​ម៉ាន៉ាសេ​១​ចំហៀង​នោះ លោក​ម៉ូសេ​បាន​ចែក​មរដក​ឲ្យ​នៅ​ខាង​ស្រុក​បាសាន តែ​១​ចំហៀង​ទៀត យ៉ូស្វេ​បាន​ចែក​ឲ្យ​ជា​មួយ​នឹង​បង​ប្អូន​គេ នៅ​ត្រើយ​ទន្លេ​យ័រដាន់​ខាង​លិច​វិញ មួយ​ទៀត កាល​យ៉ូស្វេ​បាន​បើក​ឲ្យ​គេ​ត្រឡប់​ទៅ​ឯ​លំនៅ​គេ​វិញ នោះ​ក៏​ឲ្យ​ពរ ដោយ​ពាក្យ​ថា
8 សូម​ឲ្យ​ឯង​រាល់​គ្នា​បាន​វិល​ទៅ​ឯ​លំនៅ​ឯង​ចុះ ដោយ​នាំ​យក​របស់​ទ្រព្យ​ជា​ច្រើន និង​ហ្វូង​សត្វ​យ៉ាង​សន្ធឹក ព្រម​ទាំង​ប្រាក់ មាស លង្ហិន ដែក និង​សម្លៀក‌បំពាក់​ជា​ច្រើន​ផង ចូរ​ចែក​របឹប​របស់​ពួក​ខ្មាំង​សត្រូវ​ដល់​ពួក​បង​ប្អូន​ឯង​ចុះ
9 ដូច្នេះ ពួក​កូន​ចៅ​រូបេន ពួក​កូន​ចៅ​កាឌ់ និង​ពូជ​អំបូរ​ម៉ាន៉ាសេ​១​ចំហៀង​នោះ ក៏​ចេញ​ចាក​ពី​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ដែល​នៅ​ត្រង់​ស៊ីឡូរ​ក្នុង​ស្រុក​កាណាន វិល​ទៅ​ឯ​ស្រុក​កាឡាត គឺ​ដល់​ស្រុក​ដែល​ជា​កេរ‌អាករ​របស់​គេ​វិញ ជា​ស្រុក​ដែល​បាន​ទទួល​យក​តាម​បង្គាប់​ព្រះ‌យេហូវ៉ា​ដោយ‌សារ​លោក​ម៉ូសេ។
10 កាល​គេ​បាន​ទៅ​ដល់​ក្រវល់​ស្រុក​ជិត​ទន្លេ​យ័រដាន់ ក្នុង​ស្រុក​កាណាន នោះ​ពួក​កូន​ចៅ​រូបេន ពួក​កូន​ចៅ​កាឌ់ និង​ពូជ​អំបូរ​ម៉ាន៉ាសេ​១​ចំហៀង​នោះ ក៏​ស្អាង​អាសនៈ​១​ទៅ​ជិត​ទន្លេ​យ័រដាន់ ជា​អាសនៈ​មាន​ភាព​យ៉ាង​ធំ
11 ឯ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​គេ​ឮ​និយាយ​ថា ន៏ ពួក​កូន​ចៅ​រូបេន ពួក​កូន​ចៅ​កាឌ់ និង​ពូជ​អំបូរ​ម៉ាន៉ាសេ​១​ចំហៀង​នោះ បាន​ស្អាង​អាសនៈ​១​នៅ​ចុង​ស្រុក​កាណាន ក្នុង​ក្រវល់​ស្រុក​ជិត​ទន្លេ​យ័រដាន់ ខាង​ពួក​អ៊ីស្រា‌អែល​យើង​នេះ​ហើយ
12 កាល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ឮ​ដូច្នោះ នោះ​ពួក​ជំនុំ​ទាំង​អស់​ក៏​ប្រជុំ​គ្នា​នៅ​ត្រង់​ស៊ីឡូរ ដើម្បី​នឹង​ឡើង​ទៅ​ទាស់​នឹង​គេ។
13 ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​ចាត់​ភីនេ‌ហាស ជា​កូន​អេលាសារ​ដ៏​ជា​សង្ឃ ទៅ​ឯ​ពួក​កូន​ចៅ​រូបេន ពួក​កូន​ចៅ​កាឌ់ និង​ពូជ​អំបូរ​ម៉ាន៉ាសេ​១​ចំហៀង​នៅ​ស្រុក​កាឡាត
14 ព្រម​ទាំង​មាន​ពួក​ជា​កំពូល​១០​នាក់​ទៅ​ជា​មួយ​ផង គឺ​ម្នាក់ៗ​ក្នុង​វង្ស​នៃ​ពួក​អយ្យកោ​១ របស់​គ្រប់​ទាំង​ពូជ​អំបូរ​នៃ​សាសន៍​អ៊ីស្រា‌អែល អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​មេ​លើ​វង្សា‌នុវង្ស​នៃ​ពួក​អ៊ីស្រា‌អែល​ទាំង​ពាន់ៗ
15 គេ​ក៏​ទៅ​ដល់ ពួក​កូន​ចៅ​រូបេន ពួក​កូន​ចៅ​កាឌ់ និង​ពូជ​អំបូរ​ម៉ាន៉ាសេ​១​ចំហៀង នៅ​ស្រុក​កាឡាត​ប្រាប់​ថា
16 ពួក​ជំនុំ​ផង​ព្រះ‌យេហូវ៉ា​ទាំង​អស់​គ្នា​សួរ​ដូច្នេះ​ថា តើ​អំពើ​រំលង​យ៉ាង​ណា​នេះ ដែល​ឯង​រាល់​គ្នា​បាន​ធ្វើ ទាស់​នឹង​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ដើម្បី​នឹង​បែរ​ចេញ​ពី​ព្រះ‌យេហូវ៉ា​នៅ​ថ្ងៃ​នេះ ដោយ​បាន​ស្អាង​អាសនៈ​សម្រាប់​ខ្លួន ប្រយោជន៍​នឹង​ប្រព្រឹត្ត​ទាស់​ទទឹង​នឹង​ព្រះ‌យេហូវ៉ា​ដូច្នេះ
17 ឯ​អំពើ​អាក្រក់​ដែល​យើង​បាន​ប្រព្រឹត្ត​ត្រង់​ពេអរ មិន​ទាន់​បាន​សម្អាត​ខ្លួន​ដរាប​មក​ដល់​សព្វ​ថ្ងៃ​នេះ ទោះ​បើ​មាន​សេចក្ដី​វេទនា​កើត​ដល់​ពួក​ជំនុំ​ព្រះ‌យេហូវ៉ា​ក៏​ដោយ តើ​ការ​នោះ​យល់​ថា​តូច​ពេក​ឬ​អី
18 បាន​ជា​ថ្ងៃ​នេះ ឯង​រាល់​គ្នា​ត្រូវ​ការ​ចង់​បែរ​ចេញ​ពី​ព្រះ‌យេហូវ៉ា​ទៀត ចាំ​មើល បើ​ឯង​រាល់​គ្នា​ទាស់​ទទឹង​នឹង​ព្រះ‌យេហូវ៉ា​នៅ​ថ្ងៃ​នេះ នោះ​ដល់​ថ្ងៃ​ស្អែក ទ្រង់​នឹង​មាន​សេចក្ដី​ក្រោធ​ទាស់​នឹង​ពួក​ជំនុំ​នៃ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​ហើយ
19 ឬ​បើ‌សិន​ជា​ស្រុក ជា​កេរ‌អាករ​របស់​ឯង​រាល់​គ្នា​ស្មោក‌គ្រោក នោះ​មាន​តែ​ឆ្លង​ទៅ​ក្នុង​ស្រុក​ជា​កេរ‌អាករ​របស់​ព្រះ‌យេហូវ៉ា​ជា​ស្រុក​ដែល​តាំង​មាន​រោង​ឧបោសថ​ផង​ព្រះ‌យេហូវ៉ា​វិញ ហើយ​ទទួល​យក​ស្រុក​១​នៅ​ជា​មួយ​នឹង​យើង​ផង សូម​កុំ​ឲ្យ​តែ​បះ‌បោរ​នឹង​ព្រះ‌យេហូវ៉ា​ឡើយ ក៏​កុំ​ឲ្យ​បះ‌បោរ​នឹង​យើង​ដែរ ដោយ​ឯង​ស្អាង​អាសនៈ​១ ក្រៅ​ពី​អាសនៈ​ផង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​រាល់​គ្នា​នោះ
20 ឯ​អេកាន​ជា​កូន​សេរ៉ាស តើ​មិន​បាន​រំលង​ខាង​ឯ​របស់​ដែល​ត្រូវ​បំផ្លាញ​ទេ​ឬ​អី ហើយ​មាន​សេចក្ដី​ខ្ញាល់​ធ្លាក់​មក​លើ​ពួក​ជំនុំ​នៃ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​ផង ហើយ​មនុស្ស​នោះ​មិន​មែន​បាន​វិនាស​ទៅ​តែ​ម្នាក់​ឯង​ដោយ​ព្រោះ​អំពើ​អាក្រក់​នោះ​ទេ។
21 ពួក​កូន​ចៅ​រូបេន ពួក​កូន​ចៅ​កាឌ់ និង​ពូជ​អំបូរ​ម៉ាន៉ាសេ​១​ចំហៀង ក៏​ឆ្លើយ​ទៅ​ពួក​មេ​លើ​សាសន៍​អ៊ីស្រា‌អែល​ទាំង​ពាន់​ថា
22 ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​លើ​អស់​ទាំង​ព្រះ គឺ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​លើ​អស់​ទាំង​ព្រះ ទ្រង់​ជ្រាប​ហើយ ពួក​អ៊ីស្រា‌អែល​ក៏​នឹង​ដឹង​ដែរ បើ​យើង​រាល់​គ្នា​បាន​ស្អាង​អាសនៈ​នេះ ដោយ​បះ‌បោរ ឬ​រំលង​ទាស់​នឹង​ព្រះ‌យេហូវ៉ា
23 ប្រយោជន៍​នឹង​បែរ​ចេញ​ពី​ទ្រង់ ឬ​សម្រាប់​នឹង​ថ្វាយ​តង្វាយ​ដុត និង​តង្វាយ​ម្សៅ ឬ​ថ្វាយ​យញ្ញ‌បូជា​ទុក​ជា​តង្វាយ​មេត្រី នោះ​សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ហៅ​យើង​ខ្ញុំ​មក​ឆ្លើយ ពី​ការ​ដែល​ប្រព្រឹត្ត​នៅ​ចំពោះ​ទ្រង់​ចុះ បើ​យ៉ាង​នោះ​មែន នោះ​សូម​កុំ​ឲ្យ​ព្រះ‌អង្គ​ជួយ​សង្គ្រោះ​យើង​ខ្ញុំ​នៅ​ថ្ងៃ​នេះ​ឡើយ
24 គឺ​យើង​ខ្ញុំ​បាន​ធ្វើ​ការ​នេះ​ដោយ​ប្រយ័ត​វិញ​ទេ​តើ ហើយ​តាម​បំណង​ចិត្ត ដោយ​នឹក​ខ្លាច​ក្រែង​វេលា​ណា​ទៅ​មុខ ពួក​កូន​ចៅ​អ្នក​រាល់​គ្នា​និយាយ​ចំពោះ​ពួក​កូន​ចៅ​យើង​ខ្ញុំ​ថា តើ​ឯង​រាល់​គ្នា​មាន​សេចក្ដី​ប្រកប​អ្វី​នឹង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល
25 ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​តម្រូវ​ទន្លេ​យ័រដាន់ ទុក​ជា​ព្រំ‌ខណ្ឌ​នៅ​កណ្តាល​យើង និង​ឯង​រាល់​គ្នា ដែល​ជា​កូន​ចៅ​រូបេន និង​កូន​ចៅ​កាឌ់​ហើយ ដូច្នេះ ឯង​រាល់​គ្នា​គ្មាន​ចំណែក​នឹង​ព្រះ‌យេហូវ៉ា​ទេ យ៉ាង​នោះ​ពួក​កូន​ចៅ​របស់​អ្នក​រាល់​គ្នា នឹង​បណ្តាល​ឲ្យ​ពួក​កូន​ចៅ​យើង​ខ្ញុំ​លែង​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា
26 ហេតុ​នោះ បាន​ជា​យើង​រាល់​គ្នា​បាន​និយាយ​គ្នា​ថា ចូរ​យើង​ស្អាង​អាសនៈ​១ មិន​មែន​សម្រាប់​ថ្វាយ​តង្វាយ ឬ​យញ្ញ‌បូជា​ទេ
27 គឺ​ទុក​គ្រាន់​តែ​ជា​ទី​បន្ទាល់​ដល់​យើង​ខ្ញុំ និង​អ្នក​រាល់​គ្នា ព្រម​ទាំង​កូន​ចៅ​យើង​ទាំង​អស់​គ្នា​ត​ទៅ​ប៉ុណ្ណោះ ដើម្បី​ឲ្យ​យើង​ខ្ញុំ​បាន​គោរព​ប្រតិ‌បត្តិ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដោយ​តង្វាយ​ដុត​យញ្ញ‌បូជា និង​តង្វាយ​មេត្រី​របស់​យើង​ខ្ញុំ ប្រយោជន៍​ដល់​ពេល​ទៅ​មុខ កុំ​ឲ្យ​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​និយាយ​នឹង​កូន​ចៅ​យើង​ខ្ញុំ​ថា ឯង​គ្មាន​ចំណែក​នឹង​ព្រះ‌យេហូវ៉ា​ទេ​នោះ​ឡើយ
28 ដូច្នេះ យើង​ខ្ញុំ​បាន​សម្រេច​ថា បើ​កាល​ណា​គេ​នឹង​និយាយ​ដូច្នោះ​មក​យើង​ខ្ញុំ ឬ​និង​ពូជ​តំណ​យើង​ខ្ញុំ​ត​ទៅ​មុខ នោះ​យើង​ខ្ញុំ​នឹង​ឆ្លើយ​តប​ថា មើល នេះ​ជា​គំរូ​ពី​អាសនៈ​ផង​ព្រះ‌យេហូវ៉ា ដែល​ពួក​អយ្យកោ​យើង​ខ្ញុំ​បាន​ស្អាង​ទុក មិន​មែន​សម្រាប់​ថ្វាយ​តង្វាយ​ដុត ឬ​យញ្ញ‌បូជា​ទេ គឺ​ទុក​គ្រាន់​តែ​ជា​ទី​បន្ទាល់​ដល់​យើង​ខ្ញុំ និង​អ្នក​រាល់​គ្នា​ប៉ុណ្ណោះ
29 សូម​ឲ្យ​គំនិត​យ៉ាង​នោះ​ឃ្លាត​ទៅ​ឆ្ងាយ​ពី​យើង​ខ្ញុំ​ទៅ កុំ​ឲ្យ​យើង​ខ្ញុំ​បះ‌បោរ​នឹង​ព្រះ‌យេហូវ៉ា ហើយ​បែរ​ចេញ​លែង​តាម​ទ្រង់​នៅ​ថ្ងៃ​នេះ ដោយ​ស្អាង​អាសនៈ​សម្រាប់​តង្វាយ​ដុត តង្វាយ​ម្សៅ ឬ​យញ្ញ‌បូជា ក្រៅ​ពី​អាសនៈ​ផង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ ដែល​នៅ​មុខ​រោង​ឧបោសថ​ទ្រង់​នោះ​ឡើយ។
30 កាល​ភីនេ‌ហាស​ដ៏​ជា​សង្ឃ ហើយ​និង​ពួក​អ្នក​ដែល​ជា​កំពូល​លើ​ពួក​ជំនុំ គឺ​ជា​ពួក​មេ​លើ​សាសន៍​អ៊ីស្រា‌អែល​ទាំង​ពាន់ ដែល​នៅ​ជា​មួយ​នឹង​លោក បាន​ឮ​ពាក្យ​របស់​ពួក​កូន​ចៅ​រូបេន ពួក​កូន​ចៅ​កាឌ់ និង​ពួក​កូន​ចៅ​ម៉ាន៉ាសេ នោះ​ក៏​បាន​ពេញ​ចិត្ត​ណាស់
31 រួច​ភីនេ‌ហាស​ជា​កូន​អេលាសារ​ដ៏​ជា​សង្ឃ លោក​មាន​ប្រសាសន៍​ទៅ​ពួក​កូន​ចៅ​រូបេន ពួក​កូន​ចៅ​កាឌ់ និង​ពួក​កូន​ចៅ​ម៉ាន៉ាសេ​ថា នៅ​ថ្ងៃ​នេះ យើង​ដឹង​ថា ព្រះ‌យេហូវ៉ា​ទ្រង់​គង់​ជា​មួយ​នឹង​យើង​រាល់​គ្នា ពី​ព្រោះ​ឯង​រាល់​គ្នា​មិន​បាន​ប្រព្រឹត្ត​ការ​រំលង​ទាស់​នឹង​ព្រះ‌យេហូវ៉ា​ដូច្នេះ​ទេ ឯង​រាល់​គ្នា​បាន​ជួយ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ឲ្យ​រួច​ពី​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​វិញ
32 ដូច្នេះ ភីនេ‌ហាស​ជា​កូន​អេលាសារ​ដ៏​ជា​សង្ឃ និង​ពួក​អ្នក​ទាំង​ប៉ុន្មាន​ដែល​ជា​កំពូល​នោះ គេ​ចេញ​ចាក​ពី​ពួក​កូន​ចៅ​រូបេន និង​កូន​ចៅ​កាឌ់ នៅ​ស្រុក​កាឡាត ក៏​វិល​ត្រឡប់​ទៅ​ឯ​ស្រុក​កាណាន ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​វិញ​ទៅ ព្រម​ទាំង​នាំ​ដំណឹង​នោះ​មក​ប្រាប់​គេ​ដែរ
33 សេចក្ដី​នោះ​បាន​ពេញ​ចិត្ត​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ហើយ​គេ​ក៏​សរសើរ‌តម្កើង​ដល់​ព្រះ រួច​ក៏​លែង​គិត​ពី​ការ​ឡើង​ទៅ​ច្បាំង ដើម្បី​នឹង​បំផ្លាញ​ស្រុក​ដែល​ពួក​កូន​ចៅ​រូបេន និង​កូន​ចៅ​កាឌ់​នៅ​នោះ​ត​ទៅ​ទៀត
34 ឯ​ពួក​កូន​ចៅ​រូបេន និង​ពួក​កូន​ចៅ​កាឌ់ គេ​ដាក់​ឈ្មោះ​អាសនៈ​នោះ​ថា «ទី​បន្ទាល់» ដ្បិត​គេ​ថា នេះ​ហើយ​ជា​ទី​បន្ទាល់​ដល់​អ្នក​រាល់​គ្នា ហើយ​និង​យើង​ខ្ញុំ ពី​ព្រះ‌យេហូវ៉ា ថា​ទ្រង់​ជា​ព្រះ​ពិត។


ជំពូក 23

1 លុះ​ពេល​ក្រោយ​ជា​យូរ​មក កាល​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រទាន​ឲ្យ​ពួក​អ៊ីស្រា‌អែល មាន​សេចក្ដី​ស្រាក‌ស្រាន្ត​ពី​ខ្មាំង​សត្រូវ​ទាំង​អស់​នៅ​ជុំវិញ ឯ​យ៉ូស្វេ​លោក​ក៏​ចាស់ មាន​វ័យ​ចម្រើន​ច្រើន​ណាស់​ហើយ
2 នោះ​លោក​ហៅ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា ព្រម​ទាំង​ពួក​ចាស់‌ទុំ ពួក​មេ និង​ពួក​ចៅ‌ក្រម ហើយ​ពួក​នាយក​របស់​គេ​មក​ប្រាប់​ថា អញ​ចាស់​ហើយ ក៏​មាន​វ័យ​ចម្រើន​ច្រើន​ណាស់​ផង
3 ឯ​ឯង​រាល់​គ្នា​បាន​ឃើញ​គ្រប់​ទាំង​ការ ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង បាន​ធ្វើ​ដល់​សាសន៍​ទាំង​ប៉ុន្មាន​នេះ ដោយ​ព្រោះ​ឯង​រាល់​គ្នា​ហើយ ដ្បិត​គឺ​ជា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ដែល​បាន​ច្បាំង​ជំនួស​ឯង
4 មើល អញ​បាន​ចែក​អស់​ទាំង​នគរ​ដែល​សល់​ទាំង​នេះ​ដល់​ឯង ទុក​ជា​មរដក​ដល់​ពូជ​អំបូរ​ឯង​ទាំង​ប៉ុន្មាន ចាប់​តាំង​ពី​ទន្លេ​យ័រដាន់ និង​អស់​ទាំង​នគរ​ដែល​អញ​បាន​វាយ​បំផ្លាញ​ចេញ​ហើយ រហូត​ដល់​សមុទ្រ​ធំ​ដែល​នៅ​ទិស​ខាង​លិច
5 ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​ច្រាន​គេ​ពី​មុខ​ឯង​ចេញ ហើយ​និង​បណ្តេញ​គេ​ពី​ចំពោះ​ភ្នែក​ឯង​ទៅ នោះ​ឯង​រាល់​គ្នា​នឹង​ចាប់​យក​ស្រុក​គេ ដូច​ជា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​បាន​សន្យា​ហើយ
6 ដូច្នេះ ចូរ​សម្រេច​ចិត្ត​នឹង​កាន់ ហើយ​ប្រព្រឹត្ត​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​បាន​កត់​ទុក​ក្នុង​គម្ពីរ​ក្រឹត្យ‌វិន័យ​របស់​លោក​ម៉ូសេ​ចុះ ដើម្បី​កុំ​ឲ្យ​ឯង​បែរ​ចេញ​ពី​សេចក្ដី​ទាំង​នោះ ទៅ​ខាង​ស្តាំ ឬ​ខាង​ឆ្វេង​ឡើយ
7 ប្រយោជន៍​កុំ​ឲ្យ​លាយ‌ឡំ​នឹង​សាសន៍​ទាំង​នេះ ដែល​សល់​នៅ​ក្នុង​ស្រុក​ឯង ហើយ​កុំ​ឲ្យ​ឯង​ដំណាល​ពី​ឈ្មោះ​ព្រះ​របស់​គេ ឬ​ឲ្យ​អ្នក​ណា​ស្បថ​ដោយ​នូវ​ឈ្មោះ​ព្រះ​ទាំង​នោះ ហើយ​កុំ​ឲ្យ​ឯង​រាល់​គ្នា​គោរព​ប្រតិ‌បត្តិ​ក្រាប​ថ្វាយ‌បង្គំ​ដល់​ព្រះ​គេ​ឡើយ
8 គឺ​ត្រូវ​ឲ្យ​តោង​ជាប់​នឹង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​រាល់​គ្នា​វិញ ដូច​ជា​បាន​ធ្វើ​ដរាប​ដល់​សព្វ​ថ្ងៃ​នេះ
9 ដ្បិត​ព្រះ‌យេហូវ៉ា​បាន​បណ្តេញ​សាសន៍​ធំ ហើយ​ពូកែ​ពី​មុខ​ឯង​រាល់​គ្នា​ចេញ ហើយ​គ្មាន​អ្នក​ណា​បាន​អាច​នឹង​ឈរ​នៅ​មុខ​ឯង​រាល់​គ្នា ដរាប​ដល់​សព្វ​ថ្ងៃ​នេះ
10 ពួក​ឯង​រាល់​គ្នា​តែ​១​នាក់​បាន​ដេញ​តាម​១​ពាន់​នាក់ ដ្បិត​គឺ​ជា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ដែល​ច្បាំង​ជំនួស​ឯង ដូច​ជា​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​នឹង​ឯង​ហើយ
11 ដូច្នេះ ចូរ​ប្រយ័ត​ខ្លួន​ឲ្យ​អស់​ពី​ចិត្ត ដើម្បី​នឹង​ស្រឡាញ់​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង
12 តែ​បើ‌សិន​ជា​ឯង​វិល​ទៅ​វិញ ទៅ​ភ្ជាប់​ញាតិ​ពន្ធ​នឹង​សំណល់​នៃ​សាសន៍​ទាំង​នេះ ដែល​នៅ​ជា​មួយ​នឹង​ឯង​រាល់​គ្នា​នៅ​ឡើយ ព្រម​ទាំង​យក​គ្នា​ជា​ប្ដី​ប្រពន្ធ ក៏​ចូល​ទៅ​ឯ​គេ ហើយ​គេ​មក​ឯ​ឯង​ដែរ
13 នោះ​ត្រូវ​ដឹង​ជា​ប្រាកដ​ថា ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​មិន​បណ្តេញ​សាសន៍​ទាំង​នេះ​ពី​មុខ​ឯង​ទៀត​ទេ គឺ​គេ​នឹង​នៅ​ជា​អង្គប់ ហើយ​ជា​អន្ទាក់​ដល់​ឯង​រាល់​គ្នា ហើយ​ជា​រំពាត់​នៅ​ចង្កេះ និង​ជា​បន្លា​នៅ​ក្នុង​ភ្នែក​ឯង​វិញ ទាល់​តែ​ឯង​រាល់​គ្នា​វិនាស​បាត់​ពី​ស្រុក​ល្អ​នេះ​ទៅ ជា​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​ប្រទាន​មក។
14 មើល នៅ​ថ្ងៃ​នេះ អញ​នឹង​ទៅ​តាម​ផ្លូវ​របស់​មនុស្ស​លោក​ទាំង​អស់ ឯ​នៅ​ក្នុង​ចិត្ត ហើយ​ក្នុង​វិញ្ញាណ​របស់​ឯង នោះ​ក៏​ដឹង​ទាំង​អស់​គ្នា​ថា ឯ​អស់​ទាំង​សេចក្ដី​ល្អ​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​សន្យា​ហើយ នោះ​គ្មាន​ខ្វះ​ណា​មួយ​សោះ ទាំង​អស់​បាន​សម្រេច​គ្រប់​Chapter ឥត​មាន​ខ្វះ​ណា​មួយ​ឡើយ
15 ប៉ុន្តែ ដែល​គ្រប់​ទាំង​សេចក្ដី​ល្អ​បាន​សម្រេច​ដល់​ឯង​រាល់​គ្នា ដូច​ជា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង បាន​សន្យា​យ៉ាង​ណា នោះ​ទ្រង់​នឹង​នាំ​អស់​ទាំង​សេចក្ដី​អាក្រក់​មក​លើ​ឯង​រាល់​គ្នា​យ៉ាង​នោះ​ដែរ ទាល់​តែ​ទ្រង់​បាន​បំផ្លាញ​ពួក​ឯង​ពី​ស្រុក​ល្អ​នេះ ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​ប្រទាន​មក​នោះ​ចេញ​ទៅ
16 គឺ​បើ​ឯង​រាល់​គ្នា​រំលង​សេចក្ដី​សញ្ញា​ផង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ដែល​ទ្រង់​បាន​បង្គាប់​មក ហើយ​ទៅ​គោរព​ប្រតិ‌បត្តិ​ក្រាប​ថ្វាយ‌បង្គំ​ដល់​ព្រះ​ដទៃ នោះ​សេចក្ដី​ខ្ញាល់​នៃ​ព្រះ‌យេហូវ៉ា​នឹង​កាត់​ឡើង​ទាស់​នឹង​ឯង ហើយ​ឯង​រាល់​គ្នា​នឹង​ត្រូវ​វិនាស​បាត់​ទៅ​ជា​ឆាប់​ពី​ស្រុក​ល្អ ដែល​ទ្រង់​បាន​ប្រទាន​មក​ឯង។


ជំពូក 24

1 យ៉ូស្វេ​ក៏​ប្រមូល​ពូជ​អំបូរ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​មក​នៅ​ត្រង់​ស៊ីគែម ព្រម​ទាំង​ហៅ​ពួក​ចាស់‌ទុំ​នៃ​សាសន៍​អ៊ីស្រា‌អែល ពួក​មេ ពួក​ចៅ‌ក្រម និង​ពួក​នាយក​មក​ដែរ នោះ​គេ​ក៏​មក​ឈរ​នៅ​ចំពោះ​ព្រះ
2 រួច​យ៉ូស្វេ​លោក​រំឭក​ដល់​ជន​ទាំង‌ឡាយ​ថា ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ពួក​អយ្យកោ​ឯង​រាល់​គ្នា ពី​ដើម​បាន​នៅ​ខាង​នាយ​ទន្លេ គឺ​ថេរ៉ា ជា​ឪពុក​អ័ប្រា‌ហាំ និង​ណាឃរ គេ​ក៏​បាន​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​ដទៃ​ដែរ
3 តែ​អញ​បាន​យក​អ័ប្រា‌ហាំ ជា​ពួក​អយ្យកោ​ឯង ពី​ខាង​នាយ​ទន្លេ​មក នាំ​ដើរ​ពេញ​ក្នុង​ស្រុក​កាណាន អញ​ក៏​ចម្រើន​ពូជ​ឲ្យ ព្រម​ទាំង​ឲ្យ​បង្កើត​អ៊ីសាក​ផង
4 រួច​អញ​ឲ្យ​អ៊ីសាក​បង្កើត​យ៉ាកុប និង​អេសាវ ឯ​អេសាវ​នោះ អញ​បាន​ឲ្យ​ចាប់​យក​ស្រុក​ភ្នំ​សៀរ តែ​យ៉ាកុប និង​កូន​ចៅ នោះ​បាន​ចុះ​ទៅ​នៅ​ស្រុក​អេស៊ីព្ទ​វិញ
5 អញ​ក៏​ចាត់​ម៉ូសេ និង​អើរ៉ុន​ឲ្យ​ទៅ​ឯ​ស្រុក​អេស៊ីព្ទ រួច​ឲ្យ​ស្រុក​នោះ​កើត​មាន​សេចក្ដី​វេទនា គឺ​ជា​ការ​ទាំង​ប៉ុន្មាន​ដែល​អញ​បាន​ធ្វើ​នៅ​ស្រុក​នោះ​ហើយ ក្រោយ​នោះ អញ​បាន​នាំ​ឯង​រាល់​គ្នា​ចេញ​មក
6 អញ​បាន​នាំ​ពួក​ឪពុក​ឯង​ចេញ​ពី​ស្រុក​អេស៊ីព្ទ មក​ដល់​សមុទ្រ រួច​ពួក​សាសន៍​អេស៊ីព្ទ​គេ​ដេញ​តាម​ដោយ​រទេះ​ចម្បាំង និង​ទ័ព​សេះ​រហូត​ដល់​សមុទ្រ​ក្រហម
7 កាល​ពួក​ឪពុក​ឯង​បាន​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា នោះ​ទ្រង់​ដាក់​សេចក្ដី​ងងឹត​នៅ​ជា​កណ្តាល​ឯង​រាល់​គ្នា ហើយ​និង​ពួក​សាសន៍​អេស៊ីព្ទ ក៏​នាំ​ទឹក​សមុទ្រ​មក​គ្រប​លើ​គេ​ទៅ ហើយ​ភ្នែក​ឯង​រាល់​គ្នា​បាន​ឃើញ​ការ​ទាំង​ប៉ុន្មាន ដែល​អញ​បាន​ធ្វើ​នៅ​ស្រុក​អេស៊ីព្ទ​នោះ​ដែរ ឯង​រាល់​គ្នា​ក៏​បាន​នៅ​ក្នុង​ទី​រហោ‌ស្ថាន​អស់​កាល​ជា​យូរ
8 រួច​អញ​បាន​នាំ​ឯង​រាល់​គ្នា​មក​ក្នុង​ស្រុក​របស់​សាសន៍​អាម៉ូរី ដែល​នៅ​ខាង​នាយ​ទន្លេ​យ័រដាន់ គេ​ក៏​ច្បាំង​នឹង​ឯង តែ​អញ​បាន​ប្រគល់​គេ​មក​ក្នុង​កណ្តាប់​ដៃ​ឯង​វិញ ហើយ​ឯង​រាល់​គ្នា​បាន​ចាប់​យក​ស្រុក​របស់​គេ អញ​បាន​បំផ្លាញ​គេ​ពី​មុខ​ឯង​អស់​រលីង
9 គ្រា​នោះ បាឡាក​ជា​កូន​ស៊ីបព័រ ស្តេច​ស្រុក​ម៉ូអាប់ ក៏​លើក​ទ័ព​មក​ច្បាំង​នឹង​សាសន៍​អ៊ីស្រា‌អែល ក៏​ចាត់​គេ​ឲ្យ​ទៅ​ហៅ​បាឡាម​ជា​កូន​បេអ៊រ​មក ឲ្យ​ដាក់​បណ្តាសា​ដល់​ឯង
10 តែ​អញ​មិន​ព្រម​ស្តាប់​តាម​បាឡាម​ទេ ដូច្នេះ គាត់​បែរ​ជា​ឲ្យ​ពរ​ដល់​ឯង​រាល់​គ្នា​វិញ ហើយ​អញ​បាន​ដោះ​ឯង​ពី​កណ្តាប់​ដៃ​គេ​ចេញ
11 រួច​ឯង​រាល់​គ្នា​បាន​ឆ្លង​ទន្លេ​យ័រដាន់ មក​ដល់​ក្រុង​យេរីខូ នោះ​ពួក​មនុស្ស​នៅ​ក្នុង​ក្រុង​យេរីខូ​ក៏​ច្បាំង​នឹង​ឯង មាន​ទាំង​សាសន៍​អាម៉ូរី សាសន៍​ពេរិស៊ីត សាសន៍​កាណាន សាសន៍​ហេត សាសន៍​គើកាស៊ី សាសន៍​ហេវី និង​សាសន៍​យេប៊ូស​ច្បាំង​នឹង​ឯង​ដែរ តែ​អញ​បាន​ប្រគល់​គេ​ទាំង​អស់​មក​ក្នុង​កណ្តាប់​ដៃ​ឯង​វិញ
12 អញ​ក៏​ចាត់​ឪម៉ាល់​ឲ្យ​ទៅ​មុន​ឯង​រាល់​គ្នា ហើយ​វា​បាន​បណ្តេញ​គេ​ពី​មុខ​ឯង​ចេញ គឺ​ស្តេច​សាសន៍​អាម៉ូរី​ទាំង​២​អង្គ មិន​មែន​ដោយ​ដាវ ឬ​ធ្នូ​របស់​ឯង​ទេ
13 អញ​បាន​ឲ្យ​ស្រុក​១​ដល់​ឯង​រាល់​គ្នា ដែល​ឯង​មិន​បាន​ប្រកប​ការ​អ្វី​សោះ ហើយ​ទី​ក្រុង​ដែល​ឯង​មិន​បាន​សង់​ផង សព្វ​ថ្ងៃ​ឯង​រាល់​គ្នា​បាន​នៅ​ក្នុង​ទី​ក្រុង​ទាំង​នោះ ហើយ​ក៏​បរិភោគ​ផ្លែ​ទំពាំង‌បាយ‌ជូរ និង​ផ្លែ​អូលីវ​ដែល​ឯង​រាល់​គ្នា​មិន​បាន​ដាំ​ផង​ដែរ។
14 ដូច្នេះ ឥឡូវ​នេះ ចូរ​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា ហើយ​គោរព​ប្រតិ‌បត្តិ​ដល់​ទ្រង់​ដោយ​ចិត្ត​ស្មោះ‌ត្រង់ ហើយ​ពិត​ប្រាកដ​ចុះ ចូរ​លះ​ចោល​អស់​ទាំង​ព្រះ​ដែល​ពួក​អយ្យកោ​ឯង​បាន​គោរព​ប្រតិ‌បត្តិ នៅ​ខាង​នាយ​ទន្លេ ហើយ​នៅ​ស្រុក​អេស៊ីព្ទ​នោះ​ចេញ ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌យេហូវ៉ា​វិញ
15 តែ​បើ‌សិន​ជា​ឯង​រាល់​គ្នា​មិន​គាប់​ចិត្ត​នឹង​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌យេហូវ៉ា​ទេ នោះ​ចូរ​រើស​យក​ព្រះ​ណា​ដែល​ឯង​ចង់​គោរព​ប្រតិ‌បត្តិ​តាម​នៅ​ថ្ងៃ​នេះ​ចុះ ទោះ​បើ​ជា​ព្រះ​ទាំង​ប៉ុន្មាន ដែល​ពួក​អយ្យកោ​ឯង​បាន​គោរព​ប្រតិ‌បត្តិ​នៅ​ខាង​នាយ​ទន្លេ ឬ​អស់​ទាំង​ព្រះ​របស់​សាសន៍​អាម៉ូរី​នេះ ដែល​ឯង​រាល់​គ្នា​នៅ​ក្នុង​ស្រុក​គេ​ក្តី តែ​ឯ​អញ និង​ពួក​គ្រួ​អញ យើង​ទាំង​អស់​គ្នា​នឹង​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌យេហូវ៉ា​តែ​មួយ​ប៉ុណ្ណោះ។
16 ពួក​បណ្តា‌ជន​ក៏​ឆ្លើយ​ឡើង​ថា សូម​ឲ្យ​គំនិត ដែល​នឹង​បោះ‌បង់​ចោល​ព្រះ‌យេហូវ៉ា ដើម្បី​ទៅ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​ដទៃ​នោះ បាន​នៅ​ឆ្ងាយ​ពី​យើង​ខ្ញុំ​ទៅ
17 ដ្បិត​គឺ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ ទ្រង់​បាន​នាំ​យើង​ខ្ញុំ និង​ឪពុក​យើង​ខ្ញុំ ចេញ​ពី​ផ្ទះ​ពួក​បាវ​បម្រើ​នៅ​ស្រុក​អេស៊ីព្ទ​មក ហើយ​បាន​ធ្វើ​អស់​ទាំង​ទី​សម្គាល់​យ៉ាង​ធំ​នោះ នៅ​ចំពោះ​ភ្នែក​យើង​ខ្ញុំ ក៏​បាន​ថែ​រក្សា​យើង​ខ្ញុំ​តាម​ផ្លូវ​ដែល​យើង​ខ្ញុំ​បាន​ដើរ​នោះ ហើយ​នៅ​កណ្តាល​ពួក​សាសន៍​ទាំង​ប៉ុន្មាន​ដែល​យើង​ខ្ញុំ​បាន​ដើរ​កាត់​ស្រុក​គេ​ផង
18 ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បណ្តេញ​អស់​ទាំង​សាសន៍ ដែល​នៅ​ក្នុង​ស្រុក​នេះ​ពី​មុខ​យើង​ខ្ញុំ​ចេញ ព្រម​ទាំង​សាសន៍​អាម៉ូរី​ផង ដូច្នេះ យើង​ខ្ញុំ​នឹង​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌យេហូវ៉ា​ដែរ ដ្បិត​ទ្រង់​ជា​ព្រះ​នៃ​យើង​ខ្ញុំ។
19 យ៉ូស្វេ​ក៏​ប្រកែក​ឡើង​ថា ឯង​រាល់​គ្នា​ពុំ​អាច​នឹង​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌យេហូវ៉ា​បាន​ទេ ដ្បិត​ទ្រង់​ជា​ព្រះ​បរិសុទ្ធ ជា​ព្រះ​ប្រចណ្ឌ ទ្រង់​មិន​អត់​ទោស​ការ​ដែល​ឯង​រាល់​គ្នា​ប្រព្រឹត្ត​រំលង ឬ​អំពើ​បាប​របស់​ឯង​ឡើយ
20 បើ‌សិន​ជា​ឯង​រាល់​គ្នា​លះ​ចោល​ព្រះ‌យេហូវ៉ា នឹង​ទៅ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​ដទៃ នោះ​ទ្រង់​នឹង​ប្រែ​ទៅ​ជា​ធ្វើ​អាក្រក់​ដល់​ឯង​រាល់​គ្នា​វិញ ហើយ​និង​បំផ្លាញ​ឯង​ទៅ ក្រោយ​ដែល​ទ្រង់​បាន​ធ្វើ​ល្អ​ដល់​ឯង​ហើយ​ផង
21 តែ​ពួក​ជន​គេ​ឆ្លើយ​ថា ទេ យើង​ខ្ញុំ​រាល់​គ្នា​នឹង​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌យេហូវ៉ា​តែ​១​ប៉ុណ្ណោះ
22 រួច​យ៉ូស្វេ​បាន​មាន​ប្រសាសន៍​ទៅ​គេ​ថា ឯង​រាល់​គ្នា​ជា​ស្មរ​បន្ទាល់​ទាស់​នឹង​ខ្លួន​ឯង​ថា បាន​រើស​យក​ព្រះ‌យេហូវ៉ា ដើម្បី​នឹង​គោរព​ប្រតិ‌បត្តិ​ដល់​ទ្រង់ ហើយ​គេ​ក៏​ទទួល​ថា យើង​ខ្ញុំ​ជា​ទី​បន្ទាល់​ពិត​មែន
23 លោក​តប​ថា ដូច្នេះ ចូរ​ឯង​រាល់​គ្នា​លះ​ចោល​អស់​ទាំង​ព្រះ​ដទៃ ដែល​មាន​នៅ​ក្នុង​ពួក​ឯង​ចេញ​ទៅ ហើយ​ផ្ចង់​ចិត្ត​តម្រង់​ទៅ​ឯ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​វិញ
24 នោះ​បណ្តា‌ជន​ទាំង‌ឡាយ​ក៏​ឆ្លើយ​ទៅ​យ៉ូស្វេ​ថា យើង​ខ្ញុំ​រាល់​គ្នា​នឹង​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ​ពិត ហើយ​និង​ស្តាប់​តាម​ព្រះ‌បន្ទូល​ទ្រង់​ផង
25 ដូច្នេះ លោក​ក៏​តាំង​សេចក្ដី​សញ្ញា​នឹង​គេ​នៅ​ថ្ងៃ​នោះ ហើយ​ដាក់​ច្បាប់ និង​បញ្ញត្ត​ឲ្យ​គេ នៅ​ត្រង់​ស៊ីគែម
26 យ៉ូស្វេ​ក៏​កត់​អស់​ទាំង​ពាក្យ​ទាំង​នេះ​ចុះ​ក្នុង​គម្ពីរ​ក្រឹត្យ‌វិន័យ​របស់​ផង​ព្រះ រួច​យក​ថ្ម​យ៉ាង​ធំ​មក​បញ្ឈរ​នៅ​ទី​នោះ ត្រង់​ក្រោម​ដើម​ម៉ៃសាក់​ដែល​នៅ​ជិត​ទី​បរិសុទ្ធ​ផង​ព្រះ‌យេហូវ៉ា
27 ដោយ​ប្រាប់​គេ​ថា មើល ថ្ម​នេះ​នឹង​បាន​ជា​ទី​បន្ទាល់​ទាស់​នឹង​យើង​រាល់​គ្នា ដ្បិត​ថ្ម​នេះ បាន​ឮ​អស់​ទាំង​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដែល​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​មក​យើង​រាល់​គ្នា ដូច្នេះ ត្រូវ​ទុក​ជា​ទី​បន្ទាល់​ទាស់​នឹង​ឯង​រាល់​គ្នា ក្រែង​ធ្វើ​ជា​មិន​ស្គាល់​ព្រះ​នៃ​ឯង​វិញ
28 នោះ​យ៉ូស្វេ​ក៏​ឲ្យ​បណ្តា‌ជន​ទាំង​អស់​គ្នា ត្រឡប់​ទៅ​ឯ​ស្រុក ជា​មរដក​របស់​គេ​រៀង​ខ្លួន​ទៅ។
29 ក្រោយ​ការ​ទាំង​នោះ​មក យ៉ូស្វេ​ជា​កូន​នុន ដែល​ជា​អ្នក​បម្រើ​នៃ​ព្រះ‌យេហូវ៉ា ក៏​ស្លាប់​ទៅ ចំនួន​អាយុ​របស់​លោក​បាន​១១០​ឆ្នាំ
30 គេ​ក៏​បញ្ចុះ​សព​លោក នៅ​ចុង​ព្រំ​ដី ជា​មរដក​របស់​លោក ត្រង់​ធីម៉្នាត-សេរ៉ា ដែល​នៅ​ក្នុង​ស្រុក​ភ្នំ​អេប្រា‌អិម ខាង​ជើង​ភ្នំ​កាអាស​ទៅ
31 ឯ​សាសន៍​អ៊ីស្រា‌អែល​គេ​បាន​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌យេហូវ៉ា គ្រប់​១​ជីវិត​របស់​យ៉ូស្វេ និង​ជីវិត​របស់​ពួក​ចាស់‌ទុំ​ដែល​រស់​នៅ​ក្រោយ​លោក ជា​ពួក​អ្នក​បាន​ស្គាល់​អស់​ទាំង​ការ​ដែល​ព្រះ‌យេហូវ៉ា​បាន​ធ្វើ​សម្រាប់​ពួក​អ៊ីស្រា‌អែល។
32 ឯ​ឆ្អឹង​សព​របស់​យ៉ូសែប ដែល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​នាំ​យក​ពី​ស្រុក​អេស៊ីព្ទ​មក គេ​ក៏​កប់​នៅ​ត្រង់​ស៊ីគែម ក្នុង​ដី​ដែល​យ៉ាកុប​បាន​ទិញ​ពី​ពួក​កូន​ចៅ​ហាម៉ោរ ជា​ឪពុក​ស៊ីគែម ថ្លៃ​ជា​ប្រាក់​១០០​ដួង ហើយ​ដី​នោះ​ក៏​នៅ​ជា​មរដក​របស់​ពួក​កូន​ចៅ​យ៉ូសែប
33 ឯ​អេលាសារ​ជា​កូន​អើរ៉ុន ក៏​សុគត​ទៅ​ដែរ ហើយ​គេ​បញ្ចុះ​សព​លោក​នៅ​ឯ​ភ្នំ​របស់​ភីនេ‌ហាស​ជា​កូន​លោក ជា​ទី​ដែល​បាន​ចែក​ឲ្យ​ដល់​លោក នៅ​ក្នុង​ស្រុក​ភ្នំ​អេប្រា‌អិម។:៚