ជំពូក 1
1 រីឯគ្រាក្រោយដែលលោកយ៉ូស្វេបានស្លាប់ហើយ នោះពួកកូនចៅអ៊ីស្រាអែលគេទូលសួរព្រះយេហូវ៉ាថា ក្នុងពួកយើងខ្ញុំ តើអ្នកណាត្រូវឡើងទៅច្បាំងនឹងពួកសាសន៍កាណានមុនគេ
2 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលឆ្លើយថា ត្រូវឲ្យពួកយូដាឡើងទៅចុះ មើល អញបានប្រគល់ស្រុកនោះមកក្នុងកណ្តាប់ដៃរបស់គេហើយ
3 នោះពួកយូដាក៏និយាយទៅពួកស៊ីម្មានជាបងប្អូនថា សូមឡើងទៅឯស្រុកជាចំណែកខ្ញុំ ជាមួយនឹងខ្ញុំចុះ ដើម្បីច្បាំងនឹងសាសន៍កាណាន នោះយើងនឹងទៅឯស្រុកជាចំណែករបស់បងប្អូន ជាមួយនឹងបងប្អូនដែរ ដូច្នេះ ពួកស៊ីម្មានក៏ព្រមទៅជាមួយ
4 ពួកយូដាក៏ឡើងទៅ ហើយព្រះយេហូវ៉ាទ្រង់ប្រគល់ពួកសាសន៍កាណាន និងសាសន៍ពេរិស៊ីត មកក្នុងកណ្តាប់ដៃរបស់គេ នោះគេប្រហារពួកសាសន៍នោះអស់១ម៉ឺននាក់ នៅក្រុងបេសេក
5 ក៏ឃើញអ័ដូនី-បេសេកនៅក្រុងនោះ រួចច្បាំងនឹងលោក ព្រមទាំងវាយសម្លាប់ពួកសាសន៍កាណាន និងសាសន៍ពេរិស៊ីតផង
6 ឯអ័ដូនី-បេសេក បានរត់ចេញវិញ តែគេដេញតាមចាប់បានមក ហើយកាត់មេដៃមេជើងរបស់លោកចេញ
7 ខណៈនោះ អ័ដូនី-បេសេកនិយាយថា មានស្តេច៧០អង្គដែលរើសអាហារក្រោមតុខ្ញុំ មានទាំងមេដៃមេជើងកាត់ដាច់ដូច្នេះដែរ នេះគឺព្រះបានសងខ្ញុំដូចជាខ្ញុំបានប្រព្រឹត្តនឹងគេហើយ រួចគេនាំលោកទៅឯក្រុងយេរូសាឡឹម ហើយលោកស្លាប់នៅទីនោះទៅ។
8 ពួកកូនចៅយូដាក៏ច្បាំងនឹងក្រុងយេរូសាឡឹមដែរ ព្រមទាំងចាប់យកបាន រួចប្រហារគេដោយមុខដាវ ហើយឆួលដុតទីក្រុងចោលផង
9 ក្រោយមកក៏ចុះទៅច្បាំងនឹងសាសន៍កាណាន ដែលនៅស្រុកភ្នំទាបៗ ស្រុកត្បូង និងស្រុកទំនាបថែមទៀត
10 រួចច្បាំងនឹងសាសន៍កាណានដែលនៅក្រុងហេប្រុនដែរ (រីឯក្រុងហេប្រុននោះ កាលពីដើមហៅថា គារយ៉ាត់-អើបា) ហើយគេប្រហារសម្លាប់សេសាយ អ័ហ៊ីម៉ាន និងតាលម៉ាយបង់។
11 រួចពីនោះគេក៏ទៅច្បាំងនឹងពួកអ្នកនៅក្រុងដេបៀរទៀត (រីឯក្រុងដេបៀរនេះ ពីដើមបានហៅថា គារយ៉ាត់-សេភើរ)
12 ឯកាលែបគាត់បានសន្យាថា បើអ្នកណាវាយយកក្រុងគារយ៉ាត់-សេភើរបាន នោះអញនឹងឲ្យអាកសា ជាកូនអញ ធ្វើជាប្រពន្ធអ្នកនោះ
13 ដូច្នេះ អូធ្នាលជាកូនកេណាស ដែលជាប្អូនកាលែប បានទៅវាយយកបាន កាលែបក៏ឲ្យនាងអាកសាទៅធ្វើជាប្រពន្ធគាត់ទៅ
14 កាលនាងបានចូលទៅ នោះក៏បបួលប្ដីឲ្យសូមដីពីឪពុក រួចនាងលោតចុះពីលើលាដែលនាងជិះមក ដូច្នេះ កាលែបសួរថា ដូចម្តេចហ្នឹង
15 នាងឆ្លើយថា សូមលោកឪពុកចែកចំណែក១មកខ្ញុំផង ដ្បិតលោកឪពុកបានឲ្យដីខាងត្បូងដល់ខ្ញុំហើយ ដូច្នេះ សូមចែកឲ្យខ្ញុំមានក្បាលទឹកដែរ កាលែបក៏ឲ្យអស់ទាំងក្បាលទឹកខាងលើ ហើយខាងក្រោមទៅនាង។
16 ឯពួកសាសន៍កែន គឺជាកូនចៅរបស់ឪពុកក្មេកលោកម៉ូសេ គេចេញពីក្រុងដើមលម៉ើ ឡើងទៅក្នុងទីរហោស្ថានស្រុកយូដា ដែលនៅខាងត្បូងអើរ៉ាត ជាមួយនឹងពួកកូនចៅយូដា ហើយក៏តាំងទីលំនៅនៅជាមួយនឹងពួកអ្នកស្រុកនោះ។
17 នោះពួកយូដាក៏ទៅជាមួយនឹងពួកស៊ីម្មានជាបងប្អូនវិញ គេនាំគ្នាវាយសម្លាប់ពួកសាសន៍កាណានដែលនៅសេផាត ហើយបំផ្លាញទីក្រុងនោះអស់រលីងទៅ (រីឯទីក្រុងនោះហៅថា ហោម៉ា)
18 ពួកយូដាក៏ចាប់យកក្រុងកាសា ព្រមទាំងដែនស្រុក និងអាសកាឡូន ព្រមទាំងដែនស្រុក ហើយនិងអេក្រុន ព្រមទាំងដែនស្រុកដែរ
19 ព្រះយេហូវ៉ាទ្រង់គង់ជាមួយនឹងពួកយូដា បានជាគេឈ្នះស្រុកភ្នំបាន តែគេពុំអាចនឹងបណ្តេញពួកអ្នកដែលនៅវាលច្រកភ្នំចេញបានទេ ពីព្រោះពួកនោះមានសុទ្ធតែរទេះដែក
20 គេក៏ឲ្យក្រុងហេប្រុនដល់កាលែប ដូចជាលោកម៉ូសេបានបង្គាប់មក នោះគាត់បណ្តេញពួកកូនអ័ណាក់ទាំង៣នាក់ចេញ
21 រីឯពួកកូនចៅបេនយ៉ាមីន គេមិនបានបណ្តេញពួកសាសន៍យេប៊ូស ដែលនៅក្រុងយេរូសាឡឹមចេញទេ សាសន៍នោះបាននៅជាមួយនឹងកូនចៅបេនយ៉ាមីន នៅក្នុងក្រុងយេរូសាឡឹម ដរាបដល់សព្វថ្ងៃនេះ។
22 ឯពួកវង្សយ៉ូសែប គេឡើងទៅទាស់នឹងបេត-អែល ហើយព្រះយេហូវ៉ាក៏គង់ជាមួយនឹងគេ
23 គេចាត់មនុស្សឲ្យទៅសង្កេតមើលក្រុងបេត-អែលនោះ (រីឯទីក្រុងនោះ ពីដើមហៅថា លូស)
24 ពួកឈ្លបនោះគេបានឃើញមនុស្សម្នាក់ចេញពីទីក្រុងមក ហើយក៏សួរថា សូមអ្នកបង្ហាញផ្លូវដែលចូលទៅក្នុងទីក្រុងផង នោះយើងនឹងអាណិតមេត្តាដល់អ្នក
25 អ្នកនោះក៏បង្ហាញផ្លូវដល់គេ រួចគេកាប់សម្លាប់ពួកក្រុងនោះដោយមុខដាវ តែគេលែងអ្នកនោះ ព្រមទាំងគ្រួសារគាត់ឲ្យទៅវិញ
26 អ្នកនោះក៏ទៅសង់ទីក្រុង១នៅត្រង់ស្រុកសាសន៍ហេត រួចដាក់ឈ្មោះថា ក្រុងលូស ឈ្មោះនោះក៏នៅជាប់ដរាបដល់សព្វថ្ងៃនេះ។
27 ឯពួកម៉ាន៉ាសេ គេមិនបានបណ្តេញពួកអ្នកនៅក្រុងបេត-សៀន និងតំបន់នៅជុំវិញ ពួកក្រុងត្អាណាក និងតំបន់នៅជុំវិញ ពួកក្រុងដោរ និងតំបន់ដែលនៅជុំវិញ ពួកក្រុងយីបលាម និងតំបន់នៅជុំវិញ ឬពួកក្រុងមេគីដោ និងតំបន់នៅជុំវិញចេញទេ គឺពួកសាសន៍កាណានបានតាំងចិត្តនឹងនៅជាប់ក្នុងស្រុកនោះវិញ
28 តែលុះកាលសាសន៍អ៊ីស្រាអែលបានមានកម្លាំងឡើង នោះគេក៏ចាប់ពួកសាសន៍កាណានឲ្យធ្វើការបម្រើគេ ឥតបានបណ្តេញទាំងអស់ទេ។
29 ឯពួកអេប្រាអិម គេមិនបានបណ្តេញពួកសាសន៍កាណានដែលនៅក្រុងកេស៊ើរដែរ គឺពួកកាណាននោះបាននៅកេស៊ើរ ជាកណ្តាលពួកគេវិញ។
30 ឯពួកសាប់យូល៉ូន គេមិនបានបណ្តេញពួកអ្នកក្រុងគីត្រុន ឬពួកអ្នកក្រុងណាហាឡាលចេញទេ គឺពួកសាសន៍កាណាននៅជាកណ្តាលពួកគេ ហើយក៏ទទួលព្រមធ្វើការបម្រើគេ។
31 ឯពួកអេស៊ើរ គេមិនបានបណ្តេញពួកអ្នកនៅក្រុងអាកូរ ស៊ីដូន អាស់ឡាប់ អាក់ស៊ីប ហេលបា អាផែក ឬរេហុបចេញទេ
32 គឺពួកអេស៊ើរនៅជាកណ្តាលសាសន៍កាណានដែលនៅស្រុកនោះវិញ ពីព្រោះគេមិនបានបណ្តេញសាសន៍នោះចេញទេ។
33 ឯពួកណែបថាលី គេក៏មិនបានបណ្តេញពួកអ្នកដែលនៅក្រុងបេត-សេមែស ឬពួកក្រុងបេត-អាណាតចេញដែរ គឺគេនៅជាកណ្តាលពួកសាសន៍កាណានដែលនៅស្រុកនោះវិញ ប៉ុន្តែ ពួកអ្នកនៅក្រុងបេត-សេមែស និងបេត-អាណាតបានទទួលព្រមធ្វើការបម្រើដល់គេ។
34 ឯពួកកូនចៅដាន់ នោះពួកសាសន៍អាម៉ូរីបានបង្ខំឲ្យគេទៅនៅស្រុកភ្នំ មិនព្រមឲ្យគេចុះមកនៅវាលច្រកភ្នំឡើយ
35 ឯពួកសាសន៍អាម៉ូរីនោះ បានតាំងចិត្តនឹងនៅជាប់ក្នុងស្រុកភ្នំហេរេស នៅក្រុងអាយ៉ាឡូន និងក្រុងស្អាលប៊ីម ប៉ុន្តែ កាលដៃពួកវង្សយ៉ូសែបបានឈ្នះ នោះក៏បង្ក្រាបគេឲ្យទទួលព្រមធ្វើការបម្រើវិញ
36 ឯព្រំស្រុករបស់សាសន៍អាម៉ូរី នោះចាប់តាំងពីច្រកភ្នំដែលឡើងទៅឯភ្នំអាក្រាប៊ីម គឺពីថ្មដាឡើងទៅលើ។
ជំពូក 2
1 នៅគ្រានោះ ទេវតានៃព្រះយេហូវ៉ាបានឡើងពីគីលកាល មកដល់បូគីមប្រាប់ថា អញបានធ្វើឲ្យឯងរាល់គ្នាឡើងចេញពីស្រុកអេស៊ីព្ទមក ហើយបាននាំចូលមកក្នុងស្រុកដែលអញបានស្បថនឹងឲ្យដល់ពួកអយ្យកោឯង អញក៏បានសន្យាថា អញនឹងមិនក្បត់សេចក្ដីសញ្ញារបស់អញចំពោះឯងរាល់គ្នាទេ
2 ឯឯងរាល់គ្នាមិនត្រូវឲ្យតាំងសេចក្ដីសញ្ញានឹងពួកអ្នកស្រុកនេះឡើយ គឺត្រូវរំលំអស់ទាំងអាសនៈរបស់គេចេញ តែឯងរាល់គ្នាមិនបានស្តាប់តាមបង្គាប់អញសោះ ហេតុអ្វីបានជាប្រព្រឹត្តដូច្នេះ
3 គឺហេតុនោះបានជាអញថា អញមិនបណ្តេញគេពីមុខឯងចេញទេ គេនឹងបានដូចជាបន្លាចាក់នៅចំហៀងឯងវិញ ហើយព្រះទាំងប៉ុន្មានរបស់គេនឹងបានជាអន្ទាក់ដល់ឯង
4 កាលទេវតានៃព្រះយេហូវ៉ាបានប្រាប់សេចក្ដីទាំងប៉ុន្មាននេះ ដល់អស់ទាំងពួកកូនចៅអ៊ីស្រាអែលស្រេចហើយ នោះគេក៏ឡើងសំឡេងយំ
5 បានជាគេហៅកន្លែងនោះថា បូគីម រួចគេនាំគ្នាថ្វាយយញ្ញបូជាដល់ព្រះយេហូវ៉ានៅទីនោះ។
6 រីឯយ៉ូស្វេ កាលលោកបានឲ្យពួកកូនចៅអ៊ីស្រាអែលចេញទៅ នោះគេក៏ទៅទទួលយកស្រុកជាមរដករបស់គេរៀងខ្លួន
7 ពួកបណ្តាជនក៏គោរពប្រតិបត្តិដល់ព្រះយេហូវ៉ា នៅគ្រប់១ជីវិតរបស់យ៉ូស្វេ និងពួកចាស់ទុំដែលរស់នៅក្រោយលោកដែរ ជាពួកអ្នកដែលបានឃើញគ្រប់ទាំងការដ៏ធំ ដែលព្រះយេហូវ៉ាបានសម្រេចឲ្យពួកអ៊ីស្រាអែល
8 យ៉ូស្វេ កូននុន ជាអ្នកបម្រើនៃព្រះយេហូវ៉ា លោកក៏ស្លាប់ទៅ ក្នុងជំនាន់អាយុបាន១១០ឆ្នាំ
9 រួចគេបញ្ចុះសពលោកត្រង់ព្រំដី ជាមរដករបស់លោកនៅធីម៉្នាត-ហេរេស ក្នុងស្រុកភ្នំអេប្រាអិម នាខាងជើងភ្នំកាអាសទៅ
10 អស់ទាំងមនុស្សនៅតំណនោះក៏បានមូលទៅជួបជុំនឹងពួកអយ្យកោគេគ្រប់គ្នាដែរ ហើយកើតមានមនុស្ស១តំណទៀត ក្រោយមក ជាមនុស្សដែលមិនបានស្គាល់ព្រះយេហូវ៉ា ឬការដែលទ្រង់បានសម្រេចដល់ពួកអ៊ីស្រាអែលទេ។
11 នោះពួកកូនចៅអ៊ីស្រាអែលក៏ធ្វើការដ៏លាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ាវិញ គឺគេគោរពប្រតិបត្តិដល់អស់ទាំងរូបនៃព្រះបាល
12 គេបានបោះបង់ចោលព្រះយេហូវ៉ាជាព្រះនៃពួកអយ្យកោគេ ដែលទ្រង់បាននាំគេចេញពីស្រុកអេស៊ីព្ទមក បែរទៅតាមព្រះដទៃ ក្នុងពួកព្រះរបស់សាសន៍ទាំងប៉ុន្មាន ដែលនៅជុំវិញគេ ព្រមទាំងក្រាបថ្វាយបង្គំដល់ព្រះទាំងនោះផង ហើយបានបណ្តាលឲ្យព្រះយេហូវ៉ាមានសេចក្ដីខ្ញាល់
13 គេបានបោះបង់ចោលព្រះយេហូវ៉ាទៅគោរពប្រតិបត្តិតាមព្រះបាល និងព្រះអាសថារ៉ូតវិញ
14 ដូច្នេះ ព្រះយេហូវ៉ាក៏កើតមានសេចក្ដីខ្ញាល់នឹងពួកអ៊ីស្រាអែល ហើយទ្រង់ប្រគល់គេទៅក្នុងកណ្តាប់ដៃនៃពួកអ្នកដែលបំផ្លាញគេ ក៏លក់ទៅក្នុងកណ្តាប់ដៃនៃពួកខ្មាំងសត្រូវ ដែលនៅជុំវិញដែរ ដល់ម៉្លេះបានជាគេពុំអាចនឹងទប់ទល់ នៅមុខពួកខ្មាំងសត្រូវបានឡើយ
15 នៅកន្លែងណាដែលគេចេញទៅ នោះព្រះហស្តនៃព្រះយេហូវ៉ាចេះតែទាស់នឹងគេជាដរាប ឲ្យគេបានសេចក្ដីអាក្រក់ ដូចជាព្រះយេហូវ៉ាបានមានព្រះបន្ទូលហើយ ក៏ដូចជាព្រះយេហូវ៉ាបានស្បថនឹងគេដែរ ដូច្នេះ គេមានសេចក្ដីវេទនាយ៉ាងខ្លាំង។
16 ព្រះយេហូវ៉ាទ្រង់តាំងឲ្យមានពួកចៅហ្វាយ ដែលបានជួយសង្គ្រោះគេ ឲ្យរួចពីកណ្តាប់ដៃនៃពួកអ្នកដែលបំផ្លាញគេ
17 ប៉ុន្តែ គេមិនបានស្តាប់តាមពួកចៅហ្វាយរបស់គេទេ គឺគេបានផិតទៅតាមព្រះដទៃ ព្រមទាំងក្រាបថ្វាយបង្គំផង គេរហ័សណាស់នឹងបែរចេញពីផ្លូវរបស់ពួកអយ្យកោគេ ដែលបានស្តាប់តាមបញ្ញត្តនៃព្រះយេហូវ៉ាទាំងប៉ុន្មាន ឯគេមិនបានប្រព្រឹត្តដូច្នោះទេ
18 កាលព្រះយេហូវ៉ាបានតាំងឲ្យមានចៅហ្វាយដល់គេ នោះទ្រង់ក៏គង់ជាមួយនឹងចៅហ្វាយនោះ ហើយបានជួយសង្គ្រោះគេឲ្យរួចពីកណ្តាប់ដៃនៃខ្មាំងសត្រូវ នៅគ្រប់១ជីវិតរបស់ចៅហ្វាយនោះ ពីព្រោះព្រះយេហូវ៉ាទ្រង់អាណិតអាសូរដល់ដំងូរគេជាខ្លាំង ដោយព្រោះពួកអ្នកដែលសង្កត់សង្កិន ហើយធ្វើទុក្ខដល់គេ
19 តែលុះកាលចៅហ្វាយ១ស្លាប់ទៅ នោះគេក៏ត្រឡប់ទៅជាប្រព្រឹត្តលាមកអាក្រក់ ជាងពួកអយ្យកោគេទៅទៀត ដោយដើរតាមព្រះដទៃ ដើម្បីនឹងគោរពប្រតិបត្តិ ហើយក្រាបថ្វាយបង្គំដល់ព្រះទាំងនោះ គេមិនបានលះចោលអំពើ ឬចរិត ដែលរឹងចចេសរបស់គេចេញឡើយ
20 នោះសេចក្ដីខ្ញាល់នៃព្រះយេហូវ៉ាបានកាត់ឡើងទាស់នឹងពួកអ៊ីស្រាអែល ហើយទ្រង់មានព្រះបន្ទូលថា ដោយព្រោះសាសន៍នេះបានរំលងសេចក្ដីសញ្ញា ដែលអញបានតាំងនឹងពួកអយ្យកោគេ ហើយមិនបានស្តាប់តាមពាក្យរបស់អញ
21 បានជាពីនេះទៅមុខ អញលែងបណ្តេញសាសន៍ណាមួយ ដែលយ៉ូស្វេបានទុកពីកាលស្លាប់ទៅនោះ ចេញពីមុខគេឡើយ
22 ដើម្បីឲ្យអញបានល្បងលអ៊ីស្រាអែលមើល បើគេនឹងខំប្រឹងដើរតាមផ្លូវរបស់ព្រះយេហូវ៉ា ដូចជាពួកអយ្យកោគេបានកាន់តាមឬទេ
23 ដូច្នេះ ព្រះយេហូវ៉ាទ្រង់បានទុកសាសន៍ទាំងនោះវិញ ឥតបណ្តេញទៅយ៉ាងរហ័សទេ ក៏មិនបានប្រគល់មកក្នុងកណ្តាប់ដៃយ៉ូស្វេដែរ។
ជំពូក 3
1 រីឯសាសន៍ទាំងប៉ុន្មាន ដែលព្រះយេហូវ៉ាបានទុកនៅ ដើម្បីនឹងល្បងលពួកអ៊ីស្រាអែលដោយសារគេ គឺនឹងល្បងលអស់អ្នកដែលមិនបានស្គាល់អស់ទាំងចម្បាំងនៅស្រុកកាណាន
2 គឺប្រយោជន៍តែឲ្យអស់ទាំងតំណនៃពួកកូនចៅអ៊ីស្រាអែលបានដឹងប៉ុណ្ណោះ ដើម្បីនឹងបង្រៀនឲ្យគេចេះច្បាំង គឺពួកអ្នកដែលមិនបានធ្លាប់ស្គាល់ចម្បាំងកាលពីមុនមក
3 ឯសាសន៍ទាំងនោះ មានមេនៃសាសន៍ភីលីស្ទីនទាំង៥ និងសាសន៍កាណានទាំងអស់ សាសន៍ស៊ីដូន និងសាសន៍ហេវី ជាសាសន៍នៅស្រុកភ្នំល្បាណូន ចាប់តាំងពីភ្នំបាល-ហ៊ើម៉ូន ទៅដល់ទ្វារចូលស្រុកហាម៉ាត
4 គឺសាសន៍ទាំងនោះហើយដែលបានទុកសម្រាប់នឹងល្បងលអ៊ីស្រាអែល ឲ្យដឹងជាគេនឹងស្តាប់តាមអស់ទាំងបញ្ញត្តនៃព្រះយេហូវ៉ា ដែលទ្រង់បានបង្គាប់មកពួកអយ្យកោគេ ដោយសារម៉ូសេឬទេ
5 ដូច្នេះ ពួកកូនចៅអ៊ីស្រាអែលក៏នៅជាមួយនឹងសាសន៍កាណាន សាសន៍ហេត សាសន៍អាម៉ូរី សាសន៍ពេរិស៊ីត សាសន៍ហេវី និងសាសន៍យេប៊ូស
6 ហើយបានយកកូនគេធ្វើជាប្រពន្ធ ព្រមទាំងឲ្យកូនស្រីរបស់ខ្លួនទៅកូនប្រុសរបស់គេ ហើយគោរពប្រតិបត្តិដល់អស់ទាំងព្រះរបស់គេដែរ។ ចៅហ្វាយដប់ពីររូប
7 ពួកកូនចៅអ៊ីស្រាអែលក៏បានប្រព្រឹត្តសេចក្ដីដែលលាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ា គេភ្លេចព្រះយេហូវ៉ាជាព្រះនៃខ្លួន ទៅជាគោរពប្រតិបត្តិដល់អស់ទាំងព្រះបាល និងព្រះអាសថារ៉ូតវិញ
8 ហេតុនោះបានជាព្រះយេហូវ៉ាកើតមានសេចក្ដីខ្ញាល់នឹងសាសន៍អ៊ីស្រាអែល ទ្រង់លក់គេទៅក្នុងកណ្តាប់ដៃនៃគូសាន-រីសាថែម ជាស្តេចស្រុកអើរ៉ាម-ន៉ាហារេម ពួកកូនចៅអ៊ីស្រាអែលក៏នៅជាចំណុះស្តេចគូសាន-រីសាថែមនោះអស់៨ឆ្នាំ
9 រួចកាលពួកកូនចៅអ៊ីស្រាអែលបានអំពាវនាវដល់ព្រះយេហូវ៉ា នោះទ្រង់ក៏តាំងឲ្យមានអ្នកជួយសង្គ្រោះម្នាក់ដល់គេ ដែលបានជួយឲ្យរួច គឺជាអូធ្នាល ជាកូនកេណាស ដែលជាប្អូនកាលែប
10 ព្រះវិញ្ញាណនៃព្រះយេហូវ៉ាក៏សណ្ឋិតនៅលើលោក ហើយលោកបានធ្វើជាចៅហ្វាយលើពួកសាសន៍អ៊ីស្រាអែល លោកក៏ចេញទៅច្បាំង ហើយព្រះយេហូវ៉ាទ្រង់បានប្រគល់គូសាន-រីសាថែម ជាស្តេចស្រុកអើរ៉ាម-ន៉ាហារេម មកក្នុងកណ្តាប់ដៃនៃលោក នោះលោកមានកម្លាំងនឹងឈ្នះស្តេចគូសាន-រីសាថែមទៅ
11 ដូច្នេះ ស្រុកក៏បានសុខសាន្តត្រាណអស់៤០ឆ្នាំ រួចមកអូធ្នាលជាកូនកេណាសបានស្លាប់ទៅ។
12 លុះក្រោយមក ពួកកូនចៅអ៊ីស្រាអែល ក៏ប្រព្រឹត្តសេចក្ដីដ៏លាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ាទៀត រួចព្រះយេហូវ៉ាទ្រង់បានចម្រើនកម្លាំងដល់អេក្លុន ជាស្តេចស្រុកម៉ូអាប់ឲ្យទាស់នឹងអ៊ីស្រាអែល ពីព្រោះគេបានប្រព្រឹត្តសេចក្ដីដ៏លាមកអាក្រក់នៅព្រះនេត្រទ្រង់
13 ស្តេចនោះក៏ប្រមូលពួកកូនចៅអាំម៉ូន និងពួកអាម៉ាលេកមក រួចចូលទៅវាយពួកអ៊ីស្រាអែល ហើយចាប់យកបានទីក្រុងដើមលម៉ើរបស់គេ
14 ពួកកូនចៅអ៊ីស្រាអែលក៏នៅជាចំណុះអេក្លុន ជាស្តេចសាសន៍ម៉ូអាប់នោះអស់១៨ឆ្នាំ
15 តែកាលគេបានអំពាវនាវដល់ព្រះយេហូវ៉ា នោះទ្រង់តាំងឲ្យមានអ្នក១ ជាអ្នកជួយសង្គ្រោះដល់គេ គឺអេហ៊ុឌ ជាកូនកេរ៉ាក្នុងពូជអំបូរបេនយ៉ាមីន ដែលជាអ្នកប្រើការខាងដៃឆ្វេង ពួកកូនចៅអ៊ីស្រាអែលបានផ្ញើសួយអាករទៅថ្វាយអេក្លុន ជាស្តេចសាសន៍ម៉ូអាប់នោះ ដោយសារលោក
16 ឯអេហ៊ុឌ លោកធ្វើកាំបិត១ មានមុខពីរ ប្រវែង១ហត្ថសម្រាប់ខ្លួន ហើយសៀតភ្ជាប់នៅចង្កេះខាងស្តាំត្រង់ក្រោមអាវ
17 លោកក៏ចូលទៅថ្វាយសួយអាករដល់អេក្លុន ជាស្តេចសាសន៍ម៉ូអាប់ (រីឯអេក្លុន នោះជាមនុស្សធាត់ខ្លាំងណាស់)
18 កាលបានថ្វាយសួយអាករជាស្រេច នោះក៏នាំគ្នាទៅដល់ត្រឹមកន្លែងដាប់ថ្ម ដែលនៅជិតគីលកាល
19 រួចលោកឲ្យពួកអ្នកដែលកាន់នាំសួយអាករមក ត្រឡប់ទៅស្រុកវិញ តែឯខ្លួនលោកៗវិលចូលមកឯស្តេចទូលថា បពិត្រព្រះករុណា ទូលបង្គំមានការយ៉ាងសម្ងាត់នឹងទូលដល់ទ្រង់ ដូច្នេះ ស្តេចទ្រង់ក៏បង្គាប់ថា ចូរស្ងៀមសិន រួចអស់អ្នកដែលឈរជិតក៏នាំគ្នាចេញទៅក្រៅអស់ទៅ
20 ឯស្តេចទ្រង់គង់នៅតែឯងក្នុងបន្ទប់ខាងលើ ជាកន្លែងសម្រាប់លំហើយអង្គ លំដាប់នោះ អេហ៊ុឌក៏ចូលទៅជិតទ្រង់ទូលថា ទូលបង្គំមានព្រះបន្ទូលនៃព្រះ សម្រាប់នឹងទូលដល់ទ្រង់ ស្តេចក៏ក្រោកចាកពីព្រះទែនឡើង
21 នោះអេហ៊ុឌក៏លូកដៃឆ្វេងទៅដកយកកាំបិតពីចង្កេះខាងស្តាំ ចាក់ត្រង់ពោះនៃស្តេច
22 ឯដងកាំបិតក៏មុតកប់ចូលទៅតាមផ្លែធ្លុះចេញទៅខាងក្រោយ រួចខ្លាញ់បិទភ្ជិតទាំងអស់ទៅ លោកឥតបានដកកាំបិតចេញពីពោះស្តេចឡើយ
23 ស្រេចហើយក៏ចេញមកឯរានខាងមុខ រួចបិទទ្វារបន្ទប់ខាងលើនោះចាក់សោភ្ជិតទៅ។
24 កាលលោកបានចេញទៅបាត់ហើយ នោះពួកគាល់ហ្វៅរបស់ស្តេចមកឃើញទ្វារចាក់សោជិតដូច្នោះ ក៏គិតថា ប្រាកដជាទ្រង់ផ្ទំនៅក្នុងបន្ទប់នោះហើយ
25 រួចគេនៅចាំទាល់តែមានសេចក្ដីអៀនខ្មាសដល់ខ្លួន តែទ្រង់មិនបានបើកទ្វារបន្ទប់នោះសោះ គេក៏យកកូនសោទៅចាក់បើកទ្វារ នោះឃើញម្ចាស់របស់គេ ទ្រង់សុគតនៅលើឥដ្ឋហើយ។
26 ឯអេហ៊ុឌ លោកបានរត់រួចទៅ កំពុងដែលអ្នកទាំងនោះនៅរារង់បង្អង់ចាំ ក៏បានទៅហួសពីកន្លែងដាប់ថ្មនោះ ចូលទៅដល់សៃរ៉ា
27 លុះដល់ហើយ នោះលោកផ្លុំត្រែឡើងនៅក្នុងស្រុកភ្នំអេប្រាអិម ឯពួកកូនចៅអ៊ីស្រាអែលក៏ចុះពីស្រុកភ្នំទៅជាមួយ មានលោកជាអ្នកនាំមុខគេ
28 លោកបង្គាប់ថា ចូរមកតាមខ្ញុំចុះ ដ្បិតព្រះយេហូវ៉ាទ្រង់បានប្រគល់ពួកសាសន៍ម៉ូអាប់ជាខ្មាំងសត្រូវ មកក្នុងកណ្តាប់ដៃអ្នករាល់គ្នាហើយ ដូច្នេះ គេក៏ចុះតាមលោកទៅ ចាប់យកទីឆ្លងទន្លេយ័រដាន់ពីសាសន៍ម៉ូអាប់ ឥតបើកឲ្យអ្នកណាមួយឆ្លងសោះឡើយ
29 នៅវេលានោះ គេប្រហារជីវិតសាសន៍ម៉ូអាប់ អស់ប្រហែលជា១ម៉ឺននាក់សុទ្ធតែជាមនុស្សក្លាហាន ហើយស្ទាត់ជំនាញគ្រប់គ្នា គ្មានអ្នកណាមួយរួចឡើយ
30 ដូច្នេះ សាសន៍ម៉ូអាប់ត្រូវក្រាបចុះនៅក្រោមអំណាចនៃពួកអ៊ីស្រាអែលនៅថ្ងៃនោះឯងវិញ នោះស្រុកក៏បានសុខសាន្តត្រាណអស់៨០ឆ្នាំ។ សាំកើរ
31 ក្រោយពីលោកមក មានឈ្មោះសាំកើរ ជាកូនអ័ណាត ដែលយកជន្លួញគោវាយសម្លាប់ពួកភីលីស្ទីនអស់៦០០នាក់ អ្នកនោះក៏ជួយសង្គ្រោះអ៊ីស្រាអែលដែរ។
ជំពូក 4
1 លុះអេហ៊ុឌបានស្លាប់ទៅហើយ នោះពួកកូនចៅអ៊ីស្រាអែល គេប្រព្រឹត្តសេចក្ដីដែលលាមកអាក្រក់នៅព្រះនេត្រព្រះយេហូវ៉ាម្តងទៀត
2 ទ្រង់ក៏លក់គេទៅក្នុងកណ្តាប់ដៃនៃយ៉ាប៊ីន ជាស្តេចស្រុកកាណាន ដែលសោយរាជ្យនៅហាសោរ ស្តេចនោះមានមេទ័ពឈ្មោះស៊ីសេរ៉ា ដែលនៅហារ៉ូសែត-កូយីម
3 ឯពួកកូនចៅអ៊ីស្រាអែល គេនាំគ្នាអំពាវនាវដល់ព្រះយេហូវ៉ា ពីព្រោះស្តេចនោះមានរទេះដែក៩០០ ហើយក៏សង្កត់សង្កិនពួកកូនចៅអ៊ីស្រាអែលជាខ្លាំង អស់រវាង២០ឆ្នាំ។
4 រីឯនៅវេលានោះ មានស្ត្រីជាហោរាម្នាក់ ឈ្មោះដេបូរ៉ា ជាប្រពន្ធឡាពិដូត នាងបានជំនុំជម្រះរឿងរ៉ាវរបស់សាសន៍អ៊ីស្រាអែល
5 នាងតែងអង្គុយនៅក្រោមដើមលម៉ើដេបូរ៉ា ដែលនៅជាកណ្តាលរ៉ាម៉ា និងបេត-អែល ក្នុងស្រុកភ្នំអេប្រាអិម ពួកកូនចៅអ៊ីស្រាអែលក៏ឡើងទៅឯនាងឲ្យបានជំនុំជម្រះរឿងគេ
6 នាងចាត់គេឲ្យទៅហៅបារ៉ាក ជាកូនអ័ប៊ីណោម ពីស្រុកកេដេស-ណែបថាលីមក ហើយប្រាប់ថា ព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់បានបង្គាប់ថា ចូរនាំយកមនុស្ស១ម៉ឺននាក់ ពីពួកកូនចៅណែបថាលី និងសាប់យូល៉ូន ចូលទៅឯភ្នំតាបោរទៅ
7 នោះអញនឹងទាញនាំស៊ីសេរ៉ា ជាមេទ័ពរបស់ស្តេចយ៉ាប៊ីន ព្រមទាំងរទេះ និងពួកពលទាំងប៉ុន្មានរបស់គេ មកឯឯង នៅត្រង់ស្ទឹងគីសុន ហើយនិងប្រគល់គេមកក្នុងកណ្តាប់ដៃនៃឯង
8 បារ៉ាកឆ្លើយតបថា បើលោកស្រីអញ្ជើញទៅជាមួយនឹងខ្ញុំផង នោះទើបខ្ញុំទៅ តែបើលោកមិនអញ្ជើញទៅជាមួយទេ នោះខ្ញុំក៏មិនទៅដែរ
9 នាងឆ្លើយថា ដូច្នេះ ខ្ញុំនឹងទៅជាមួយនឹងអ្នកដែរ ប៉ុន្តែ អ្នកនឹងគ្មានឈ្មោះដោយដំណើរដែលអ្នកទៅនោះទេ ដ្បិតព្រះយេហូវ៉ាទ្រង់នឹងលក់ស៊ីសេរ៉ាទៅក្នុងកណ្តាប់ដៃរបស់ស្ត្រីវិញ រួចដេបូរ៉ាក៏ក្រោកឡើង ទៅជាមួយនឹងបារ៉ាក ដល់កេដេស
10 នោះបារ៉ាកក៏ហៅប្រជុំពួកសាប់យូល៉ូន និងពួកណែបថាលីទាំងប៉ុន្មាននៅត្រង់កេដេស ពេលនោះ មានមនុស្សចំនួន១ម៉ឺននាក់ឡើងទៅតាមបារ៉ាក ហើយដេបូរ៉ាក៏ទៅជាមួយដែរ។
11 រីឯហេប៊ើរ ជាសាសន៍កែន ដែលជាពួកកូនចៅហូបាប់ ជាឪពុកក្មេកម៉ូសេ គេបានឃ្លាតចេញពីពួកសាសន៍កែន មកដំឡើងត្រសាលនៅត្រឹមដើមម៉ៃសាក់ស្អាណានីម ដែលនៅជិតកេដេស។
12 ខណៈនោះ មានគេទៅជម្រាបស៊ីសេរ៉ាថា បារ៉ាកជាកូនអ័ប៊ីណោម បានលើកទ័ពឡើងទៅឯភ្នំតាបោរហើយ
13 នោះស៊ីសេរ៉ាក៏ប្រមូលអស់ទាំងរទេះរបស់លោក គឺជារទេះដែក៩០០ ព្រមទាំងបណ្តាទ័ព ដែលនៅក្នុងអំណាចខ្លួន ចាប់តាំងពីហារ៉ូសែត-កូយីម ទៅដល់ស្ទឹងគីសុន
14 ឯដេបូរ៉ា នាងប្រាប់ដល់បារ៉ាកថា ចូរក្រោកឡើង នេះហើយជាថ្ងៃដែលព្រះយេហូវ៉ាទ្រង់ប្រគល់ស៊ីសេរ៉ាមកក្នុងកណ្តាប់ដៃអ្នក ព្រះយេហូវ៉ាទ្រង់បានចេញនាំមុខអ្នកទៅហើយ ដូច្នេះ បារ៉ាកក៏ចុះពីភ្នំតាបោរនាំមនុស្សទាំង១ម៉ឺននាក់ទៅ
15 ព្រះយេហូវ៉ាទ្រង់ក៏បំបាក់ទ័ពស៊ីសេរ៉ា និងអស់ទាំងរទេះរបស់លោក ព្រមទាំងពួកពលទាំងអស់ដោយមុខដាវនៅចំពោះបារ៉ាក ឯស៊ីសេរ៉ាក៏ចុះពីរទេះខ្លួនរត់រួចទៅ
16 តែបារ៉ាកចេះតែដេញតាមរទេះ និងពួកពលគេទៅរហូតដល់ហារ៉ូសែត-កូយីម នោះពួកពលទាំងប៉ុន្មានរបស់ស៊ីសេរ៉ាក៏ស្លាប់ដោយមុខដាវអស់ គ្មានសល់ដល់ម្នាក់ឡើយ។
17 រីឯស៊ីសេរ៉ា លោកបានរត់ទៅដល់ត្រសាលរបស់យ៉ាអែល ជាប្រពន្ធហេប៊ើរ សាសន៍កែននោះ ដ្បិតយ៉ាប៊ីនជាស្តេចហាសោរ និងពួកគ្រួហេប៊ើរ ជាសាសន៍កែន បានមេត្រីនឹងគ្នា
18 យ៉ាអែលក៏ចេញមកទទួលស៊ីសេរ៉ា ដោយពាក្យថា អញ្ជើញចូលលោកម្ចាស់អើយ សូមអញ្ជើញចូលក្នុងផ្ទះខ្ញុំមក កុំខ្លាចអ្វីឡើយ លោកក៏ចូលទៅក្នុងត្រសាល ជាមួយនឹងនាង ហើយនាងយកផួយមកគ្របឲ្យ
19 លោកសូមដល់នាងថា សូមឲ្យទឹកមកខ្ញុំផឹកបន្តិចផង ដ្បិតខ្ញុំស្រេកណាស់ នោះនាងក៏បើកថង់ស្បែកដាក់ទឹកដោះឲ្យលោកផឹក រួចគ្របលោកទៅវិញ
20 លោកអង្វរដល់នាងថា សូមនាងឈរនៅមាត់ទ្វារត្រសាល បើមានអ្នកណាមកសួររកថា មានអ្នកណានៅទីនេះឬទេ នោះសូមឆ្លើយថា គ្មានទេ រួចលោកក៏ដេកលក់ស៊ប់ទៅ
21 ឯយ៉ាអែលជាប្រពន្ធហេប៊ើរ នាងក៏យកចំរ៉ឹងត្រសាល១ និងញញួរកាន់នៅដៃ ដើរថ្នមៗ ចូលទៅឯលោក បោះចំរ៉ឹងនោះនៅត្រង់តើក ធ្លុះទៅដល់ដីស្លាប់ទៅ
22 រួចមក កាលបារ៉ាកដេញតាមស៊ីសេរ៉ា មកដល់ហើយ នោះយ៉ាអែល នាងចេញទៅទទួល ដោយពាក្យថា សូមអញ្ជើញមកណេះ ខ្ញុំនឹងបង្ហាញមនុស្សដែលលោករកនោះ លោកក៏ចូលទៅជាមួយនឹងនាង ឃើញស៊ីសេរ៉ាដេកស្លាប់ នៅមានទាំងចំរ៉ឹងនៅនាតើកផង។
23 ដូច្នេះ ព្រះទ្រង់បានបង្ក្រាបយ៉ាប៊ីន ជាស្តេចស្រុកកាណាន នៅមុខពួកកូនចៅអ៊ីស្រាអែលនៅថ្ងៃនោះឯង
24 ហើយពួកកូនចៅអ៊ីស្រាអែលក៏កាន់តែមានកម្លាំងឡើង ឈ្នះយ៉ាប៊ីន ជាស្តេចស្រុកកាណាន ទាល់តែបានបំផ្លាញគេអស់ទៅ។
ជំពូក 5
1 នៅថ្ងៃនោះ ដេបូរ៉ា និងបារ៉ាក ជាកូនអ័ប៊ីណោមក៏ច្រៀងថា
2 ចូរក្រាបថ្វាយបង្គំដល់ព្រះយេហូវ៉ា ដ្បិតពួកអ្នកនាំមុខបានតាំងខ្លួននាំពួកអ៊ីស្រាអែល ហើយបណ្តាជនបានប្រគល់ខ្លួនដោយស្ម័គ្រពីចិត្ត។
3 ពួកស្តេចអើយ ចូរស្តាប់ ពួកមេត្រួតត្រាអើយ ចូរផ្ទៀងត្រចៀកស្តាប់ចុះ ខ្ញុំនឹងច្រៀងថ្វាយព្រះយេហូវ៉ា ខ្ញុំនឹងច្រៀងសរសើរដល់ព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល
4 ឱព្រះយេហូវ៉ាអើយ កាលទ្រង់បានយាងចេញពីភ្នំសៀរ កាលទ្រង់បានយាងមកពីស្រុកអេដុម នោះផែនដីក៏ញ័រឡើង ផ្ទៃមេឃក៏ទូទឹម ហើយពពកបានបង្អុរទឹកចុះ
5 ភ្នំទាំងប៉ុន្មានក៏រលាយទៅនៅចំពោះព្រះយេហូវ៉ា គឺភ្នំស៊ីណាយ បានរលាយពីចំពោះព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល។
6 នៅជំនាន់សាំកើរ ជាកូនអ័ណាត ក្នុងគ្រាយ៉ាអែល នោះគេទុកចោលថ្នល់ធំ ពួកអ្នកដំណើរទាំងប៉ុន្មានក៏ដើរតាមតែផ្លូវច្រកវិញ
7 ភូមិទាំងប៉ុន្មានក្នុងស្រុកអ៊ីស្រាអែលក៏ចោលនៅស្ងាត់ គឺនៅស្ងាត់ច្រៀប ទាល់តែខ្ញុំដេបូរ៉ានេះបានតាំងឡើង គឺបានឡើងធ្វើជាម្តាយនៃសាសន៍អ៊ីស្រាអែល
8 គេបានជ្រើសរើសព្រះថ្មី បានជាកើតមានចម្បាំងនៅមាត់ទ្វារក្រុងទាំងប៉ុន្មាន គ្រានោះ ក្នុងសាសន៍អ៊ីស្រាអែល៤ម៉ឺននាក់ ឥតមានខែល ឬលំពែងណាមួយឡើយ
9 ខ្ញុំមានសេចក្ដីពេញចិត្ត ចំពោះពួកចៅហ្វាយសាសន៍អ៊ីស្រាអែល ដែលនៅក្នុងពួកបណ្តាជន គេបានប្រគល់ខ្លួនដោយស្ម័គ្រពីចិត្ត សូមឲ្យព្រះយេហូវ៉ាបានព្រះពរ
10 ឱអ្នករាល់គ្នាដែលជិះលាស និងអ្នករាល់គ្នាដែលអង្គុយលើព្រំវិចិត្រដ៏មានតម្លៃ ហើយអ្នករាល់គ្នាដែលដើរតាមផ្លូវអើយ ចូរថ្លែងប្រាប់ចុះ
11 នៅទីឆ្ងាយពីសូរអឺងអាប់នៃពួកប្រមាញ់ធ្នូ នោះគេនឹងប្រជុំត្រង់កន្លែងដងទឹក ថ្លែងប្រាប់ពីអំពើសុចរិតរបស់ព្រះយេហូវ៉ា គឺពីអស់ទាំងអំពើសុចរិតដែលទ្រង់ប្រោស ក្នុងគ្រាដែលសោយរាជ្យលើសាសន៍អ៊ីស្រាអែល នៅក្នុងគ្រានោះ ពួករាស្ត្រផងព្រះយេហូវ៉ាបានចុះមកដល់អស់ទាំងទ្វារក្រុង។
12 ចូរភ្ញាក់ ចូរភ្ញាក់ឡើងចុះ ដេបូរ៉ាអើយ ចូរភ្ញាក់ ចូរភ្ញាក់ឡើងច្រៀងជាទំនុកទៅ ចូរក្រោកឡើងបារ៉ាកអើយ ឱកូនអ័ប៊ីណោមអើយ ចូរនាំពួកឈ្លើយរបស់អ្នកទៅចុះ
13 គ្រានោះ ពួកសំណល់នៃបណ្តាជន បានឈ្នះពួកខ្លាំងពូកែ ព្រះយេហូវ៉ាទ្រង់បានយាងចុះមកច្បាំងជំនួសខ្ញុំ ទាស់នឹងពួកស្ទាត់ជំនាញ
14 មានពួកអ្នកចុះពីស្រុកអេប្រាអិមមក ដែលមានជាប់កំណើតក្នុងសាសន៍អាម៉ាលេក គេមកតាមឯង ឱបេនយ៉ាមីនអើយ គឺនៅជាកណ្តាលនៃពួកជនរបស់ឯងផង មានពួកចៅហ្វាយចុះមកពីពួកម៉ាគារ ហើយពីពួកសាប់យូល៉ូន នោះមានអ្នកដែលធ្វើជាមេធំបំផុតចេញមក
15 ពួកអ្នកដែលជាកំពូលលើពួកអ៊ីសាខារ ក៏នៅជាមួយនឹងដេបូរ៉ា ហើយពួកអ៊ីសាខារបានតាមបារ៉ាកដែរ គេបានទទួលបង្គាប់ចុះទៅក្នុងច្រកភ្នំតាមដានជើងលោក រីឯពួករូបេននៅត្រង់ជ្រោះទឹក នោះមានចិត្តនឹកសម្រេចការយ៉ាងធំ
16 ហេតុអ្វីបានជាឯងនៅតែក្នុងក្រោលចៀម និងស្តាប់សូរហ្វូងសត្វយំដូច្នេះ នៅត្រង់ជ្រោះទឹករបស់ពួករូបេន នោះគេមានសេចក្ដីនឹកពិចារណាក្នុងចិត្តយ៉ាងធំ
17 ឯពួកកាឡាត គេបាននៅតែខាងនាយទន្លេយ័រដាន់ ហើយដាន់ ហេតុអ្វីបានជាគេនៅតែក្នុងនាវាដូច្នេះ ពួកអេស៊ើរក៏បានអង្គុយនៅតែនឹងមាត់សមុទ្រ ហើយតាមស្ទឹងរបស់គេផង
18 គឺមានតែពួកសាប់យូល៉ូនទេ ដែលប្រថុយជីវិតដល់ស្លាប់ និងពួកណែបថាលីដែរ គេបានចូលទៅច្បាំងនៅទីវាលខ្ពស់។
19 ពួកស្តេចបានមកច្បាំង គឺពួកស្តេចស្រុកកាណានគេមកច្បាំងនៅត្អាណាក ជិតទឹកមេគីដោ តែគេមិនបានយករបឹបដ៏មានតម្លៃអ្វីសោះ
20 ផ្ទៃមេឃក៏បានជួយច្បាំង ផ្កាយទាំងប៉ុន្មានបានច្បាំងនឹងស៊ីសេរ៉ាពីទីគោចរ
21 ស្ទឹងគីសុនបានហូរនាំយកគេទៅបាត់ គឺស្ទឹងគីសុន ជាស្ទឹងពីចាស់បុរាណនោះ ឱព្រលឹងអញអើយ ឯងបានជាន់គេដោយមានកម្លាំងដ៏ខ្លាំង
22 គ្រានោះឮសូរសន្ធឹកជើងសេះដែលកំពុងតែរត់ គឺដែលពួកខ្លាំងពូកែរត់ទៅ
23 ទេវតានៃព្រះយេហូវ៉ាប្រាប់ថា ចូរដាក់បណ្តាសាដល់មេរ៉ូស ចូរដាក់បណ្តាសាដល់ពួកអ្នកដែលនៅស្រុកនោះជាយ៉ាងធ្ងន់ ពីព្រោះគេមិនបានមកជួយការនៃព្រះយេហូវ៉ា គឺជួយទាស់នឹងមនុស្សខ្លាំងពូកែនោះទេ
24 យ៉ាអែល ជាប្រពន្ធហេប៊ើរ សាសន៍កែន នាងមានពរលើសជាងអស់ទាំងស្ត្រី នាងនឹងមានពរលើសជាងគ្រប់អស់ទាំងស្ត្រី ដែលនៅក្នុងត្រសាលផង
25 លោកបានសូមទឹកផឹក តែនាងបានឲ្យទឹកដោះវិញ គឺនាងបានយកខ្លាញ់ទឹកដោះដាក់ក្នុងចានលំអមកជូនលោក
26 នាងបានលូកដៃទៅចាប់យកចំរ៉ឹង ហើយដៃស្តាំចាប់យកញញួររបស់ពួកជាង រួចបានវាយស៊ីសេរ៉ានឹងញញួរនោះ គឺបានវាយធ្លុះក្បាលលោក នាងវាយទម្លុះត្រង់តើក
27 លោកក៏ឱន ក៏ដួល ក៏ដេក នៅទៀបជើងនាង គឺនៅទៀបជើងនាងដែលលោកឱនដួលចុះ ហើយនៅកន្លែងដែលលោកឱននោះ លោកក៏ដួលស្លាប់នៅទីនោះឯង។
28 ម្តាយស៊ីសេរ៉ាបានរង់មើលតាមតារាង ហើយបន្លឺវាចាតាមបង្អួចសួរថា ហេតុអ្វីបានជារទេះលោកក្រមកដូច្នេះ ហេតុអ្វីបានជាកង់រទេះលោកយឺតដល់ម៉្លេះ
29 ពួកស្ត្រីប្រាជ្ញរបស់នាងក៏ឆ្លើយឡើង អើ នាងក៏ឆ្លើយដោយខ្លួនឯងដែរថា
30 តើគេរកមិនបានរបឹប តើមិនបានចែកគ្នាទេឬអី គឺជាស្ត្រីក្រមុំម្នាក់ ឬ២នាក់គ្រប់គ្នា ឯស៊ីសេរ៉ា តើមិនបានរបឹបជាអាវជ្រលក់ល័ខ គឺជាអាវប៉ាក់មានពណ៌ពីរបឹបទាំងប៉ុន្មាន ជាអាវប៉ាក់ទាំងសងខាង ហើយជ្រលក់ល័ខផង ដែលសំណំនឹងអ្នកចាប់យករបឹបនោះទេឬអី។
31 ឱព្រះយេហូវ៉ាអើយ សូមឲ្យអស់ទាំងខ្មាំងសត្រូវរបស់ទ្រង់វិនាសទៅដូច្នេះដែរ តែសូមឲ្យពួកអ្នកដែលស្រឡាញ់ទ្រង់ បានភ្លឺដូចជាថ្ងៃ ក្នុងកាលដែលរះឡើងពេញវង់វិញ។ នោះស្រុកក៏បានសុខសាន្តត្រាណអស់៤០ឆ្នាំ។
ជំពូក 6
1 រួចមកពួកកូនចៅអ៊ីស្រាអែល គេប្រព្រឹត្តសេចក្ដីដែលលាមកអាក្រក់នៅព្រះនេត្រព្រះយេហូវ៉ាទៀត នោះព្រះយេហូវ៉ាទ្រង់ប្រគល់គេទៅក្នុងកណ្តាប់ដៃនៃសាសន៍ម៉ាឌានអស់៧ឆ្នាំ
2 ពួកសាសន៍ម៉ាឌានក៏មានកម្លាំងឡើង ឈ្នះពួកអ៊ីស្រាអែល គឺដោយព្រោះតែសាសន៍ម៉ាឌាននោះហើយ បានជាពួកកូនចៅគេធ្វើរូងនៅក្នុងភ្នំ និងរអាង ហើយនិងទីមាំមួនសម្រាប់ខ្លួន
3 រីឯកាលពួកអ៊ីស្រាអែលបានសាបព្រោះ នោះពួកសាសន៍ម៉ាឌាន ពួកសាសន៍អាម៉ាលេក និងពួកមនុស្សនៅស្រុកខាងកើត គេឡើងមកទាស់
4 គេមកបោះទ័ពទាស់នឹងអ៊ីស្រាអែល ក៏បំផ្លាញអស់ទាំងផលកើតពីដី រហូតដល់ក្រុងកាសា ឥតមានទុកស្បៀងអាហារណាឲ្យនៅក្នុងស្រុកអ៊ីស្រាអែលឡើយ ទោះទាំងចៀម គោ ឬលាក្តី
5 ដ្បិតគេឡើងមកទាំងដឹកហ្វូងសត្វ និងត្រសាលរបស់គេមកដែរ គឺចូលមកមានគ្នាសន្ធឹកដូចជាកណ្តូប ឯខ្លួនគេ និងសត្វអូដ្ឋរបស់គេ នោះរាប់មិនអស់ឡើយ គេមកប្រយោជន៍តែនឹងបំផ្លាញស្រុកប៉ុណ្ណោះ
6 ឯពួកកូនចៅអ៊ីស្រាអែលត្រូវទុគ៌តទៅ ដោយព្រោះសាសន៍ម៉ាឌាន ដូច្នេះ គេអំពាវនាវដល់ព្រះយេហូវ៉ា។
7 កាលពួកកូនចៅអ៊ីស្រាអែលបានអំពាវនាវដល់ព្រះយេហូវ៉ា ដោយព្រោះសាសន៍ម៉ាឌាន
8 នោះទ្រង់ក៏ចាត់ហោរាម្នាក់មកឯគេ ប្រាប់ថា ព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលដូច្នេះថា អញបាននាំឯងរាល់គ្នាឡើងចេញពីស្រុកអេស៊ីព្ទ គឺឲ្យចេញពីផ្ទះពួកបាវបម្រើមក
9 អញបានដោះឲ្យរួចពីកណ្តាប់ដៃនៃពួកសាសន៍អេស៊ីព្ទ និងពីកណ្តាប់ដៃនៃអស់អ្នកដែលសង្កត់សង្កិនឯង ក៏បានបណ្តេញគេពីមុខឯងចេញទៅ ហើយបានឲ្យស្រុករបស់គេមកឯងរាល់គ្នាវិញ
10 អញបានប្រាប់ឯងថា អញជាព្រះយេហូវ៉ាជាព្រះនៃឯងរាល់គ្នា មិនត្រូវឲ្យឯងខ្លាចដល់អស់ទាំងព្រះរបស់សាសន៍អាម៉ូរី ដែលឯងនៅស្រុកគេនោះឡើយ តែឯងរាល់គ្នាមិនបានស្តាប់តាមបង្គាប់អញសោះ។
11 គ្រានោះ ទេវតានៃព្រះយេហូវ៉ាក៏យាងមកគង់នៅក្រោមដើមម៉ៃសាក់នៅត្រង់អូប្រា ដែលជារបស់យ៉ូអាស ក្នុងគ្រួអ័បៀស៊ើរ រីឯគេឌានជាកូន គាត់កំពុងតែបោកស្រូវនៅក្នុងធុងគាបផ្លែទំពាំងបាយជូរ ដើម្បីលាក់នឹងពួកម៉ាឌាន
12 ទេវតានៃព្រះយេហូវ៉ា ក៏លេចមកឲ្យលោកឃើញ ហើយប្រាប់ថា នែ អ្នកពូកែក្លាហានអើយ ព្រះយេហូវ៉ាទ្រង់គង់ជាមួយនឹងឯង
13 តែគេឌានឆ្លើយឡើងថា ឱព្រះអម្ចាស់នៃទូលបង្គំអើយ បើសិនជាព្រះយេហូវ៉ាទ្រង់គង់នៅជាមួយនឹងពួកទូលបង្គំពិត នោះហេតុអ្វីបានជាការទាំងអស់នេះកើតឡើងដល់ពួកទូលបង្គំដូច្នេះ ឯអស់ទាំងការអស្ចារ្យរបស់ទ្រង់ ដែលពួកអយ្យកោបានថ្លែងប្រាប់តមកថា ព្រះយេហូវ៉ាទ្រង់បាននាំយើងខ្ញុំឡើងចេញពីស្រុកអេស៊ីព្ទមក តើការទាំងនោះនៅឯណា ដ្បិតឥឡូវនេះព្រះយេហូវ៉ាទ្រង់បានបោះបង់ចោលពួកទូលបង្គំ ព្រមទាំងប្រគល់ទៅក្នុងកណ្តាប់ដៃនៃពួកម៉ាឌានហើយ
14 នោះព្រះយេហូវ៉ា ទ្រង់ទតមើលលោក ហើយមានព្រះបន្ទូលថា ចូរឯងទៅដោយសារកម្លាំងឯងនេះ ហើយជួយសង្គ្រោះសាសន៍អ៊ីស្រាអែលឲ្យរួចពីកណ្តាប់ដៃនៃពួកម៉ាឌានចុះ អញបានចាត់ឯងឲ្យទៅហើយ
15 រួចលោកទូលទ្រង់ថា ឱព្រះអម្ចាស់អើយ ធ្វើដូចម្តេចឲ្យទូលបង្គំជួយសង្គ្រោះដល់សាសន៍អ៊ីស្រាអែលបាន មើល ទូលបង្គំជាគ្រួក្រជាងគេក្នុងពួកម៉ាន៉ាសេ ហើយទូលបង្គំក៏ជាអ្នកតូចបំផុតក្នុងពួកផ្ទះឪពុកទូលបង្គំផង
16 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលតបថា អញនឹងនៅជាមួយនឹងឯង ឯងនឹងវាយសាសន៍ម៉ាឌានដូចជាវាយដល់មនុស្សតែម្នាក់
17 លោកទូលថា បើទូលបង្គំប្រកបដោយព្រះគុណនៃទ្រង់ នោះសូមទ្រង់សម្ដែងទីសម្គាល់ឲ្យទូលបង្គំបានដឹងផង ថាគឺទ្រង់ហើយដែលមានព្រះបន្ទូលនឹងទូលបង្គំពិតមែន
18 សូមទ្រង់កុំថយចេញពីទីនេះឡើយ ដរាបដល់ទូលបង្គំទៅនាំយកតង្វាយរបស់ទូលបង្គំ មកថ្វាយនៅចំពោះទ្រង់សិន ទ្រង់ក៏ទទួលថា អញនឹងចាំទាល់តែឯងមកវិញ។
19 ដូច្នេះ គេឌានក៏ចូលទៅក្នុងផ្ទះ ចាត់ចែងរៀបចំកូនពពែ១ និងនំបុ័ងឥតដំបែធ្វើពីម្សៅ១ថាំង ដាក់សាច់ក្នុងកញ្ច្រែង ហើយក៏ដាក់ទឹកសំឡក្នុងចាន នាំយកមកថ្វាយទ្រង់ នៅត្រង់ដើមម៉ៃសាក់នោះ
20 នោះទេវតានៃព្រះក៏មានព្រះបន្ទូលប្រាប់ថា ចូរយកសាច់ និងនំបុ័ងឥតដំបែនោះ មកដាក់នៅលើថ្មនេះ ហើយចាក់ទឹកសំឡពីលើទៅ លោកក៏ធ្វើតាមដូច្នោះ
21 រួចទេវតានៃព្រះយេហូវ៉ាក៏លូកចុងដំបង ដែលកាន់នៅព្រះហស្ត ទៅពាល់សាច់ និងនំបុ័ងឥតដំបែនោះ ក៏មានភ្លើងចេញពីថ្មបញ្ឆេះសាច់ និងនំបុ័ងឥតដំបែអស់រលីងទៅ លុះស្រេចហើយ ទេវតានៃព្រះយេហូវ៉ា ក៏យាងចេញពីមុខបាត់ទៅ
22 គេឌានក៏បានដឹងថា ជាទេវតានៃព្រះយេហូវ៉ា បានជាលោកទូលថា វរហើយ ឱព្រះយេហូវ៉ាជាព្រះអម្ចាស់អើយ ដ្បិតទូលបង្គំបានឃើញទេវតានៃព្រះយេហូវ៉ានៅប្រទល់មុខ
23 ព្រះយេហូវ៉ាទ្រង់ព្រះបន្ទូលតបមកថា ចូរឲ្យមានសេចក្ដីសុខចុះ កុំឲ្យភ័យអី ឯងមិនត្រូវស្លាប់ទេ
24 នោះគេឌានក៏ស្អាងអាសនៈ១ថ្វាយព្រះយេហូវ៉ានៅទីនោះ រួចដាក់ឈ្មោះថា «យេហូវ៉ា-សាឡិម» អាសនៈនោះក៏នៅត្រង់អូប្រារបស់ផងពួកអ័បៀស៊ើរ ដរាបដល់សព្វថ្ងៃនេះ។
25 នៅវេលាយប់នោះឯង ព្រះយេហូវ៉ាទ្រង់បង្គាប់លោកថា ចូរនាំយកគោឈ្មោលរបស់ឪពុកឯង គឺជាគោទី២អាយុ៧ខួបទៅជាមួយ ត្រូវឲ្យឯងរំលំអាសនៈនៃព្រះបាលរបស់ឪពុកឯងចេញទៅ ព្រមទាំងកាប់បំផ្លាញអ្នកតាដែលនៅក្បែរទីនោះផង
26 រួចស្អាងអាសនៈ១ថ្វាយព្រះយេហូវ៉ាជាព្រះនៃឯង តាមរបៀបនៅលើថ្មដានោះ ហើយត្រូវយកគោទី២ថ្វាយជាតង្វាយដុត ដោយដុតនឹងឈើជារូបអ្នកតា ដែលឯងបានកាប់នោះ
27 ដូច្នេះ គេឌានក៏នាំយកអ្នកបម្រើរបស់ខ្លួន១០នាក់ ទៅធ្វើតាមដូចជាព្រះយេហូវ៉ាបានមានព្រះបន្ទូលប្រាប់ តែលោកធ្វើនៅពេលថ្ងៃមិនបាន ដោយព្រោះខ្លាចពួកអ្នកផ្ទះរបស់ឪពុកខ្លួន និងពួកមនុស្សនៅទីក្រុងនោះ បានជាធ្វើនៅពេលយប់វិញ។
28 កាលពួកមនុស្សនៅទីក្រុងបានក្រោកឡើងពីព្រលឹម ឃើញអាសនៈនៃព្រះបាលបានរលំហើយ ឯអ្នកតាក៏បានកាប់ចោលផង ហើយគោទី២បានថ្វាយនៅលើអាសនៈដែលបានស្អាងឡើង
29 នោះគេនិយាយគ្នាទៅវិញទៅមកថា តើអ្នកណាបានធ្វើនេះ គេក៏ស៊ើបសួររក រួចមានគេប្រាប់ថា គឺគេឌាន ជាកូនយ៉ូអាស បានធ្វើការនោះ
30 ដូច្នេះ ពួកមនុស្សនៅទីក្រុង គេប្រាប់ទៅយ៉ូអាសថា ចូរនាំកូនអ្នកចេញមកឲ្យវាស្លាប់ទៅ ដ្បិតវាបានរំលំអាសនៈនៃព្រះបាល ហើយកាប់បំផ្លាញរូបអ្នកតាដែលនៅក្បែរទីនោះផង
31 យ៉ូអាសក៏ឆ្លើយទៅអស់អ្នកដែលមកទាស់នឹងគាត់ថា តើអ្នករាល់គ្នាចង់តវ៉ាជំនួស ហើយគិតជួយសង្គ្រោះព្រះបាលឬអី ឯអ្នកណាដែលចង់តវ៉ាជំនួសព្រះបាល ឲ្យអ្នកនោះត្រូវស្លាប់វិញឥឡូវ មុនដែលថ្ងៃរះផង បើនេះជាព្រះពិត នោះចូរឲ្យវាតវ៉ាដោយខ្លួនវាចុះ ដោយព្រោះគេបានរំលំអាសនៈហើយ
32 ហេតុនោះបានជានៅថ្ងៃនោះឯង គេហៅគេឌានថា យេរូ-បាល ដោយព្រោះពាក្យដែលថា ចូរឲ្យព្រះបាលតវ៉ាដោយខ្លួនឯងចុះ គឺពីព្រោះបានរំលំអាសនៈគេហើយ។
33 គ្រានោះ ពួកសាសន៍ម៉ាឌានទាំងប៉ុន្មាន និងពួកអាម៉ាលេក ព្រមទាំងពួកមនុស្សនៅស្រុកខាងកើត ក៏មូលគ្នាឆ្លងទន្លេ មកបោះទ័ពនៅត្រង់វាលច្រកភ្នំយេសរាល
34 នោះព្រះវិញ្ញាណនៃព្រះយេហូវ៉ាទ្រង់យាងមកសណ្ឋិតលើគេឌាន លោកក៏ផ្លុំត្រែឡើង នោះពួកអ័បៀស៊ើរក៏មូលគ្នាមកតាមលោក
35 រួចលោកចាត់មនុស្សឲ្យទៅគ្រប់ក្នុងស្រុកម៉ាន៉ាសេ គេក៏មូលគ្នាមកតាមលោកដែរ រួចគាត់ចាត់មនុស្សឲ្យទៅឯពួកអេស៊ើរ ពួកសាប់យូល៉ូន និងពួកណែបថាលីទៀត គេក៏មូលមកឯលោកទាំងអស់គ្នា។
36 ស្រេចហើយ គេឌានទូលដល់ព្រះថា បើសិនជាព្រះអង្គទ្រង់សព្វព្រះហឫទ័យនឹងជួយសង្គ្រោះដល់សាសន៍អ៊ីស្រាអែល ដោយសារដៃរបស់ទូលបង្គំ ដូចជាទ្រង់បានមានព្រះបន្ទូលហើយ
37 នោះមើល ទូលបង្គំដាក់រោមចៀមនេះនៅទីលានស្រូវ ដូច្នេះ បើឃើញសន្សើមមាននៅតែនឹងរោមចៀមប៉ុណ្ណោះ ហើយដីទាំងអស់ស្ងួតវិញ នោះទូលបង្គំនឹងដឹងថា ទ្រង់ជួយសង្គ្រោះដល់សាសន៍អ៊ីស្រាអែលដោយសារដៃទូលបង្គំពិតមែន ដូចជាទ្រង់បានមានព្រះបន្ទូលហើយ
38 នោះក៏កើតមានដូច្នោះ លុះថ្ងៃស្អែកឡើង លោកក្រោកពីព្រលឹមទៅច្របាច់ពូតរោមចៀមនោះ បានទឹកសន្សើមពេញ១ចាន
39 រួចគេឌានទូលទៅព្រះថា សូមទ្រង់កុំខ្ញាល់នឹងទូលបង្គំឡើយ ទូលបង្គំនឹងទូលតែម្តងណេះទេ គឺសូមឲ្យទូលបង្គំសាកដោយរោមចៀមនេះម្តងទៀត សូមឲ្យតែរោមចៀមនេះបានស្ងួតទៅ ហើយឲ្យដីមានទឹកសន្សើមវិញ
40 ព្រះទ្រង់ក៏ធ្វើដូច្នោះនៅយប់នោះ គឺរោមចៀមទៅជាស្ងួត តែនៅពេញលើដី មានសុទ្ធតែទឹកសន្សើមវិញ។
ជំពូក 7
1 ដូច្នេះ យេរូ-បាល គឺជាគេឌាន និងពួកមនុស្សទាំងប៉ុន្មាន ដែលនៅជាមួយនឹងលោក ក៏ក្រោកឡើងពីព្រលឹម ទៅបោះទ័ពនៅជិតក្បាលទឹកហារ៉ុឌ ឯពួកម៉ាឌានបានបោះទ័ពនៅពីខាងជើងគេ ជិតភ្នំម៉ូរេត្រង់វាលច្រកភ្នំនោះ
2 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលទៅគេឌានថា ចំនួនមនុស្សដែលនៅជាមួយនឹងឯងមានគ្នាច្រើនពេកណាស់ និងឲ្យអញប្រគល់ពួកម៉ាឌានមកក្នុងកណ្តាប់ដៃគេមិនបានឡើយ ក្រែងពួកអ៊ីស្រាអែលអួតខ្លួនទាស់នឹងអញវិញ ដោយថា អញបានជួយសង្គ្រោះខ្លួនអញទេ
3 ដូច្នេះ ចូរប្រកាសប្រាប់ដល់ត្រចៀកបណ្តាជនថា អ្នកណាដែលមានសេចក្ដីភ័យញ័រ ចូរឲ្យអ្នកនោះវិលពីភ្នំកាឡាតត្រឡប់ទៅវិញចុះ នោះមានមនុស្សចំនួន២ម៉ឺន២ពាន់នាក់បានត្រឡប់វិលទៅវិញ នៅសល់តែ១ម៉ឺននាក់ប៉ុណ្ណោះ
4 រួចព្រះយេហូវ៉ាមានព្រះបន្ទូលទៅគេឌានទៀតថា បណ្តាមនុស្សនៅតែច្រើនពេកនៅឡើយ ដូច្នេះ ចូរនាំគេចុះទៅឯទឹកទៅ អញនឹងល្បងលគេឲ្យឯង អ្នកណាខ្លះដែលអញប្រាប់ឯងថា នេះត្រូវទៅជាមួយនឹងឯង គឺអ្នកនោះហើយដែលត្រូវទៅ ឯអ្នកណាដែលអញប្រាប់ឯងថា នេះមិនត្រូវទៅជាមួយទេ អ្នកនោះឯងត្រូវនៅវិញ
5 ដូច្នេះ លោកក៏នាំគេចុះទៅឯទឹក រួចព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលប្រាប់ថា បណ្តាអស់អ្នកណាដែលលិទ្ធទឹកនឹងអណ្តាតដូចជាឆ្កែ នោះត្រូវដាក់ទុកនៅដោយខ្លួន ហើយអស់អ្នកណាដែលលុតជង្គង់ផឹកទឹក នោះក៏ត្រូវដាក់ដោយខ្លួនដែរ
6 ឯពួកមនុស្សដែលលិទ្ធទឹកដោយក្បង់នឹងដៃ នោះមានចំនួនជា៣០០នាក់ ក្រៅពីនោះសុទ្ធតែជាអ្នកលុតជង្គង់ផឹកទាំងអស់
7 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលប្រាប់គេឌានថា អញនឹងជួយសង្គ្រោះឯងរាល់គ្នា ហើយប្រគល់ពួកម៉ាឌានមកក្នុងកណ្តាប់ដៃឯង ដោយសារមនុស្ស៣០០នាក់ ដែលក្បង់ទឹកផឹកនេះ ឯមនុស្សឯទៀត នោះត្រូវឲ្យគេត្រឡប់ទៅឯទីកន្លែងរបស់គេវិញទៅ
8 ដូច្នេះ គេឌានក៏ឲ្យពួកអ៊ីស្រាអែលត្រឡប់ទៅឯទីលំនៅគេរៀងខ្លួន បានទុកនៅតែពួក៣០០នាក់នោះប៉ុណ្ណោះ ពួកនោះគេក៏យកស្បៀងអាហារ និងត្រែរបស់គេទៅ ឯពួកម៉ាឌានគេបានបោះទ័ពនៅកន្លែងខាងក្រោមលោក ក្នុងវាលច្រកភ្នំ។
9 នៅវេលាយប់នោះឯង ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលប្រាប់លោកថា ចូរក្រោកឡើងចុះទៅឯទីបោះទ័ពរបស់គេទៅ ដ្បិតអញបានប្រគល់គេមកក្នុងកណ្តាប់ដៃឯងហើយ
10 តែបើឯងខ្លាចនឹងទៅ នោះឲ្យនាំពូរ៉ា ជាអ្នកបម្រើរបស់ឯង ចុះទៅជាមួយផងចុះ
11 ឯងនឹងបានឮសេចក្ដីដែលគេថា ហើយលំដាប់នោះឯងនឹងមានកម្លាំងដៃខ្លាំងឡើង អាចចុះទៅទាស់នឹងគេបាន ដូច្នេះ លោក និងពូរ៉ា ជាអ្នកបម្រើ ក៏ចុះទៅដល់ជិតកន្លែងក្រៅបំផុតនៃពួកពលដែលបោះទ័ពនៅ
12 រីឯពួកម៉ាឌាន និងពួកអាម៉ាលេក ហើយនិងពួកមនុស្សពីស្រុកខាងកើត គេនៅរាយដេរដាសក្នុងវាលច្រកភ្នំ មានគ្នាច្រើនណាស់ដូចជាកណ្តូប សត្វអូដ្ឋរបស់គេក៏មានច្រើនជាពន្លឹកឥតគណនា ដូចជាខ្សាច់ដែលនៅមាត់សមុទ្រ
13 កាលគេឌានមកដល់ហើយ នោះមានមនុស្សម្នាក់កំពុងតែនិយាយសប្តិប្រាប់ដល់គូកនខ្លួនថា មើល អញយល់សប្តិឃើញ មាននំបុ័ងម្សៅឱក១ដុំ រមៀលចុះមកក្នុងទីបោះទ័ពនៃពួកម៉ាឌានយើងនេះ ក៏មកទង្គិចនឹងត្រសាលធ្វើឲ្យរលំផ្ងារឡើងរាបទៅនឹងដី
14 គូកនគេក៏ឆ្លើយឡើងថា នោះមិនគឺជាអ្វីទេ គឺជាដាវរបស់គេឌានជាកូនយ៉ូអាស សាសន៍អ៊ីស្រាអែលម្នាក់ ដែលព្រះបានប្រគល់ពួកម៉ាឌានយើងនេះ ព្រមទាំងកងទ័ពយើងទាំងអស់ទៅក្នុងកណ្តាប់ដៃគេហើយ។
15 នោះក៏កើតដូច្នោះមែន កាលគេឌានបានឮរឿងនៃសប្តិនោះ និងសេចក្ដីសំរាយដូច្នេះ នោះលោកក៏ក្រាបថ្វាយបង្គំ រួចត្រឡប់មកឯទីបោះទ័ពខាងពួកអ៊ីស្រាអែលប្រាប់ថា ចូរក្រោកឡើង ដ្បិតព្រះយេហូវ៉ាបានប្រគល់ពួកកងទ័ពម៉ាឌានមកក្នុងកណ្តាប់ដៃឯងរាល់គ្នាហើយ
16 លោកក៏ចែកពួក៣០០នាក់ចេញជា៣ពួក ប្រគល់ត្រែឲ្យកាន់គ្រប់ៗគ្នា ព្រមទាំងក្អមមានចន្លុះនៅខាងក្នុងផង
17 រួចបង្គាប់ថា ចូរមើលមកអញ ហើយធ្វើតាមអញចុះ គឺកាលណាអញទៅដល់ទីបោះទ័ព ដែលនៅខាងក្រៅបំផុត នោះត្រូវឲ្យឯងធ្វើដូចជាអញ
18 គឺកាលណាអញផ្លុំត្រែឡើង ព្រមទាំងពួកអ្នកនៅជាមួយនឹងអញ នោះត្រូវឲ្យឯងរាល់គ្នាផ្លុំត្រែឡើង នៅព័ទ្ធជុំវិញទីបោះទ័ពដែរ ហើយបញ្ចេញវាចាថា នេះហើយជាដាវផងព្រះយេហូវ៉ា ហើយរបស់ផងគេឌានដែរ។
19 ដូច្នេះ គេឌាន និងពួក១០០នាក់ដែលនៅជាមួយ ក៏មកដល់ទីបោះទ័ពខាងក្រៅបំផុត នៅវេលាចូលយាមជាកណ្តាល កាលគេទើបនឹងផ្លាស់យាម នោះក៏ផ្លុំត្រែឡើង ហើយបំបែកក្អមកាន់នៅដៃ
20 ពួកទាំង៣បានផ្លុំត្រែ ហើយបំបែកក្អមគ្រប់គ្នា រួចកាន់ចន្លុះនៅដៃឆ្វេង ហើយត្រែនៅដៃស្តាំសម្រាប់នឹងផ្លុំ ក៏ស្រែកឡើងថា នេះហើយជាដាវផងព្រះយេហូវ៉ា ហើយរបស់ផងគេឌានដែរ
21 គេក៏ឈរនឹងនៅត្រង់កន្លែងគេរៀងខ្លួន នៅព័ទ្ធជុំវិញទីបោះទ័ព ឯពួកកងទ័ពនោះក៏តាំងរត់ ទាំងស្រែកឡើង ហើយខំឲ្យរួចផង
22 នោះពួក៣០០នាក់ក៏ផ្លុំត្រែឡើង ហើយព្រះយេហូវ៉ាទ្រង់បណ្តាលឲ្យគេកាប់សម្លាប់គ្នាឯងទៅវិញទៅមក នៅពេញក្នុងកំឡុងកងទ័ពរបស់គេ ពួកទ័ពគេក៏រត់រហូតដល់បេត-ស៊ីតា ខាងសេរេរ៉ា ហើយរហូតដល់ព្រំអេបិល-មហូឡា ជិតតាបាត
23 នោះពួកអ៊ីស្រាអែលគេប្រមូលគ្នាពីខែត្រណែបថាលី ខែត្រអេស៊ើរ និងស្រុកម៉ាន៉ាសេទាំងមូល មកដេញតាមពួកម៉ាឌាន។
24 ឯគេឌានក៏ចាត់មនុស្សឲ្យទៅពេញក្នុងស្រុកភ្នំអេប្រាអិម ប្រាប់ថា ចូរនាំគ្នាចុះមក ចាំស្កាត់ផ្លូវសាសន៍ម៉ាឌាន ត្រង់អស់ទាំងទីឆ្លងទន្លេយ័រដាន់ រហូតដល់បេត-បារ៉ាទៅ ដូច្នេះ ពួកអេប្រាអិមទាំងប៉ុន្មានក៏មូលគ្នាទៅចាំស្កាត់ត្រង់ផ្លូវទឹកទាំងអស់ តាមទន្លេយ័រដាន់រហូតដល់បេត-បារ៉ា
25 គេចាប់បានមេទាំង២របស់សាសន៍ម៉ាឌាន គឺអូរិប១ សៀប១ គេបានសម្លាប់អូរិបនៅត្រង់ថ្មរបស់អូរិប ហើយសៀបនៅត្រង់ធុងគាបផ្លែទំពាំងបាយជូររបស់សៀប ក៏ដេញតាមពួកម៉ាឌានទៅទៀត រួចនាំយកក្បាលរបស់អូរិប និងសៀបនោះមកជូនដល់គេឌាន នៅខាងទន្លេយ័រដាន់។
ជំពូក 8
1 នោះពួកអេប្រាអិមស្តីលោកថា អ្នកបានធ្វើអ្វីនឹងយើងដូច្នេះ គឺដែលអ្នកបានទៅច្បាំងនឹងសាសន៍ម៉ាឌាន ឥតហៅយើងផងនេះ គេក៏បន្ទោសលោកជាខ្លាំង
2 តែលោកឆ្លើយថា តើខ្ញុំបានធ្វើអ្វីដែលល្មមប្រៀបផ្ទឹមនឹងការរបស់អ្នករាល់គ្នាបាន ការបេះសន្សំពេលក្រោយរបស់ពួកអេប្រាអិម តើមិនមែនវិសេសជាងការបេះជាដំបូងរបស់ពួកអ័បៀស៊ើរទេឬអី
3 គឺព្រះបានប្រគល់អូរិប និងសៀប ជាមេលើសាសន៍ម៉ាឌាន មកក្នុងកណ្តាប់ដៃនៃអ្នករាល់គ្នាហើយ ដូច្នេះ តើខ្ញុំបានធ្វើអ្វីដែលល្មមប្រៀបផ្ទឹមនឹងការរបស់អ្នករាល់គ្នានោះ កាលលោកបាននិយាយពាក្យទាំងនេះរួចហើយ នោះគេក៏អន់ខឹង។
4 គេឌាន និងពួក៣០០នាក់ដែលនៅជាមួយ ក៏មកដល់ទន្លេយ័រដាន់ ហើយឆ្លងទៅទាំងនឿយហត់ តែចេះតែខំដេញតាមគេទៅ
5 លោកសូមដល់ពួកអ្នកនៅសិកូតថា សូមចែកនំបុ័ងឲ្យដល់ពួកមនុស្សដែលមកតាមខ្ញុំផង ដ្បិតគេអស់កម្លាំងណាស់ ខ្ញុំកំពុងតែដេញតាមសេបាស និងសាលមូន៉ាជាស្តេចសាសន៍ម៉ាឌាន
6 តែពួកអ្នកជាកំពូលនៃក្រុងសិកូតឆ្លើយថា តើសេបាស និងសាលមូន៉ាបានលុះក្នុងកណ្តាប់ដៃអ្នកហើយឬនៅ បានជាត្រូវឲ្យយើងចែកនំបុ័ងដល់ពួកពលរបស់អ្នកដូច្នេះ
7 គេឌានឆ្លើយតបថា បើដូច្នេះ កាលណាព្រះយេហូវ៉ាបានប្រគល់សេបាស និងសាលមូន៉ាមកក្នុងកណ្តាប់ដៃខ្ញុំហើយ នោះខ្ញុំនឹងខ្វារហែកសាច់អ្នករាល់គ្នា ដោយបន្លាពីទីរហោស្ថាន ហើយនិងបន្លាស្អិត
8 រួចលោកឡើងចេញពីទីនោះ ទៅដល់ពេនួល ក៏សូមគេដូចដែលទៀត ឯពួកអ្នកនៅពេនួលនោះ គេឆ្លើយដូចជាពួកនៅសិកូតដែរ
9 លោកក៏ប្រាប់ដល់មនុស្សនៅពេនួលថា កាលណាខ្ញុំបានមកវិញដោយសុខសាន្ត នោះខ្ញុំនឹងរំលំប៉មនេះទៅ។
10 រីឯសេបាស និងសាលមូន៉ា គេបានចូលទៅក្នុងក្រុងកើរកូរ មានទាំងកងទ័ពប្រហែលជា១ម៉ឺន៥ពាន់នាក់នៅជាមួយផង គឺអស់អ្នកទាំងប៉ុន្មានដែលសល់ពីកងទ័ពរបស់ពួកមនុស្សនៅស្រុកខាងកើត ពីព្រោះទាហានរបស់គេ១សែន២ម៉ឺននាក់ ដែលកាន់ដាវបានដួលស្លាប់អស់ហើយ
11 ដូច្នេះ គេឌានក៏ឡើងតាមផ្លូវរបស់ពួកអ្នកដែលនៅក្នុងត្រសាល ត្រង់ស្រុកខាងកើតណូបាស និងយ៉ុកបិហា ចូលទៅវាយចំពោះពួកទ័ពនោះបាន ដ្បិតគេស្មានថាបានសុខសាន្តហើយ
12 ឯសេបាស និងសាលមូន៉ា ក៏រត់រួចទៅ តែលោកដេញតាម ចាប់បានស្តេចសាសន៍ម៉ាឌានទាំង២អង្គនោះមក ព្រមទាំងបំបាក់ទ័ពគេផង។
13 រួចគេឌាន កូនយ៉ូអាស ក៏ត្រឡប់មកពីចម្បាំងតាមផ្លូវដែលឡើងទៅឯភ្នំហេរេស
14 លោកចាប់ក្មេងជំទង់ម្នាក់ក្នុងពួកមនុស្សនៅសិកូតមកសួរ ហើយក្មេងនោះក៏កត់ឈ្មោះពួកអ្នកជាកំពូល និងពួកចាស់ទុំនៃក្រុងសិកូតបានចំនួន៧៧នាក់ជូនដល់លោក
15 លោកក៏មកឯពួកអ្នកនៅសិកូតប្រាប់ថា មើល នេះហើយជាសេបាស និងសាលមូន៉ា ដែលឯងរាល់គ្នាបានមើលងាយដល់អញថា តើសេបាស និងសាលមូន៉ា បានលុះក្នុងកណ្តាប់ដៃអ្នកហើយឬនៅ បានជាត្រូវឲ្យយើងចែកនំបុ័ងឲ្យដល់ពួកពលរបស់អ្នក ដែលនឿយហត់ដូច្នេះ
16 លោកក៏ចាប់ពួកចាស់ទុំនៃក្រុងសិកូត និងមនុស្សទាំងប៉ុន្មាននៅក្រុងនោះមកវាយផ្ចាល ដោយបន្លាពីទីរហោស្ថាន និងបន្លាស្អិត
17 ហើយក៏រំលំប៉មនៅពេនួល ព្រមទាំងសម្លាប់មនុស្សនៅក្រុងនោះផង។
18 លំដាប់នោះ លោកសួរសេបាស និងសាលមូន៉ាថា ពួកមនុស្សដែលឯងបានសម្លាប់នៅតាបោរនោះ តើជាយ៉ាងណា គេឆ្លើយឡើងថា អ្នកទាំងនោះប្រហែលដូចជាលោកដែរ គ្រប់គ្នាមានលំនាំឫកពារដូចជាកូនស្តេច
19 លោកក៏តបថា នោះគឺជាបងប្អូនពោះមួយនឹងអញហើយ ដូច្នេះ អញស្បថនឹងព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅថា បើសិនជាឯងបានទុកជីវិតឲ្យគេរស់នៅ នោះអញមិនសម្លាប់ឯងទេ
20 ដូច្នេះ លោកបង្គាប់ដល់យេធើ ជាកូនច្បងខ្លួនថា ចូរក្រោកឡើង សម្លាប់គេចោលទៅ តែក្មេងជំទង់នោះខ្លាចមិនហ៊ានហូតដាវទេ គឺព្រោះវានៅក្មេងពេក
21 ដូច្នេះ សេបាស និងសាលមូន៉ា និយាយឡើងថា ចូរអ្នកក្រោកឡើង សម្លាប់យើងដោយខ្លួនអ្នកវិញ ដ្បិតបើមនុស្សជាយ៉ាងណា នោះកម្លាំងក៏យ៉ាងនោះដែរ នោះគេឌានក៏ក្រោកឡើងទៅសម្លាប់សេបាស និងសាលមូន៉ាចោលទៅ ព្រមទាំងដោះយកប្រដាប់លំអពីកនៃសត្វអូដ្ឋរបស់គេផង។
22 ឯពួកសាសន៍អ៊ីស្រាអែល គេសូមដល់គេឌានថា សូមឲ្យលោកគ្រងរាជ្យលើយើងរាល់គ្នាតទៅ ដរាបដល់កូនចៅលោកផង ដ្បិតលោកបានជួយសង្គ្រោះយើងខ្ញុំឲ្យរួចពីកណ្តាប់ដៃនៃពួកម៉ាឌានហើយ
23 តែគេឌានឆ្លើយទៅគេថា ឯអញ និងកូនចៅអញ មិនត្រូវគ្រងរាជ្យលើឯងរាល់គ្នាទេ គឺជាព្រះយេហូវ៉ាទេតើ ដែលសោយរាជ្យលើឯងរាល់គ្នាវិញ
24 រួចលោកថា អញសូមដល់ឯងរាល់គ្នាតែប៉ុណ្ណេះ គឺសូមឲ្យឯងរាល់គ្នាឲ្យក្រវិលដែលចាប់បានជារបឹបនោះមកអញ (ពួកខ្មាំងនោះសុទ្ធតែមានក្រវិលមាស ដ្បិតជាពួកកូនចៅអ៊ីសម៉ាអែល)
25 គេក៏ឆ្លើយឡើងថា យើងខ្ញុំនឹងជូនដល់លោកដោយស្ម័គ្រពីចិត្ត រួចគេត្រដាងអាវ ហើយគ្រប់គ្នាក៏បោះក្រវិលជារបឹបដែលខ្លួនចាប់បាន
26 ឯក្រវិលមាសទាំងប៉ុន្មានដែលលោកសូមបាន នោះមានទំងន់ជាមាស១ពាន់៧រយដំឡឹង ឥតរាប់បន្តោក និងអាយ៉ាដក់ ហើយនិងសម្លៀកបំពាក់ពណ៌ស្វាយ ដែលពួកស្តេចសាសន៍ម៉ាឌានស្លៀកពាក់ និងខ្សែនៅករបស់សត្វអូដ្ឋនោះទេ
27 ដូច្នេះ គេឌានក៏យកទៅធ្វើជាអេផូឌ១ដាក់នៅក្នុងទីក្រុងខ្លួន គឺនៅក្រុងអូប្រា ហើយសាសន៍អ៊ីស្រាអែលទាំងអស់គ្នាក៏ទៅទីនោះ ដើម្បីនឹងផិតតាម របស់នោះក៏ត្រឡប់ជាអន្ទាក់ ដល់គេឌាន និងពួកគ្រួរបស់លោក
28 ចំណែកឯពួកម៉ាឌាន គេត្រូវក្រាបចុះនៅមុខពួកកូនចៅអ៊ីស្រាអែលយ៉ាងដូច្នោះ ឥតមានងើបក្បាលឡើងទៀតឡើយ ហើយនៅជំនាន់គេឌាន ស្រុកនោះក៏បានសុខសាន្តត្រាណអស់៤០ឆ្នាំ។
29 ឯយេរូ-បាល ជាកូនយ៉ូអាស លោកបែរទៅនៅផ្ទះដោយខ្លួន
30 លោកបង្កើតបានកូនប្រុស៧០នាក់ ដ្បិតលោកមានប្រពន្ធជាច្រើន
31 ឯប្រពន្ធចុងរបស់លោកដែលនៅស៊ីគែម នាងក៏បានបង្កើតកូនប្រុស១ឲ្យលោកដែរ លោកដាក់ឈ្មោះថា អ័ប៊ីម៉្មាឡិច
32 គេឌានជាកូនយ៉ូអាសក៏ស្លាប់ទៅ ក្នុងកាលដែលមានអាយុវែងយឺនយូរល្អ គេបានបញ្ចុះសពលោកនៅក្នុងផ្នូររបស់យ៉ូអាស ជាឪពុកនៅអូប្រា ជាក្រុងរបស់អ័បៀស៊ើរ។
33 កាលគេឌានបានស្លាប់ហើយ នោះពួកកូនចៅអ៊ីស្រាអែលក៏ត្រឡប់ទៅផិតតាមអស់ទាំងព្រះបាលវិញទៀត គេយកព្រះបាល-បេរីតធ្វើជាព្រះរបស់គេ
34 ឥតបាននឹកចាំពីព្រះយេហូវ៉ាជាព្រះនៃខ្លួន ដែលទ្រង់បានប្រោសឲ្យរួចពីកណ្តាប់ដៃនៃពួកខ្មាំងសត្រូវទាំងប៉ុន្មាន ដែលនៅជុំវិញនោះទេ
35 ក៏មិនបានដឹងគុណដល់ពួកគ្រួយេរូ-បាល គឺជាគេឌានតាមគ្រប់ទាំងសេចក្ដីសប្បុរសដែលលោកបានផ្តល់ដល់ពួកអ៊ីស្រាអែលផងដែរ។
ជំពូក 9
1 នោះអ័ប៊ីម៉្មាឡិចជាកូនយេរូ-បាល ក៏ទៅឯពួកបងប្អូនខាងម្តាយខ្លួននៅស៊ីគែម ព្រមទាំងពួកញាតិសន្តានរបស់ជីតាខ្លួន ខាងម្តាយទាំងអស់គ្នា ជម្រាបថា
2 សូមខ្សឹបដាក់ត្រចៀកនៃពួកមនុស្សនៅស៊ីគែមទាំងអស់ថា បើពួកកូនយេរូ-បាលទាំង៧០នាក់ ឬមនុស្សតែម្នាក់គ្រងរាជ្យលើអ្នករាល់គ្នា នោះតើណាវិសេសជាងណា សូមឲ្យអ្នករាល់គ្នានឹកចាំយ៉ាងនេះទៀត គឺថាខ្ញុំនេះជាសាច់ឈាមនឹងអ្នករាល់គ្នាដែរ
3 ដូច្នេះ ពួកបងប្អូនខាងម្តាយក៏ខ្សឹបសេចក្ដីទាំងនេះ ដាក់ត្រចៀកពួកមនុស្សនៅស៊ីគែម នោះចិត្តគេក៏ល្អៀងទៅខាងអ័ប៊ីម៉្មាឡិចដោយថា គាត់ជាបងប្អូននឹងយើង
4 គេក៏យកប្រាក់៧០រៀលពីវិហាររបស់ព្រះបាល-បេរីតជូន លោកក៏យកទៅជួលពួកមនុស្សពាលអានាថា ឲ្យចុះចូលតាមខ្លួន
5 រួចនាំទៅឯផ្ទះឪពុកនៅក្រុងអូប្រា សម្លាប់ពួកកូនយេរូ-បាលដែលជាបងប្អូនខ្លួនទាំង៧០នាក់ នៅលើថ្មតែ១ នៅសល់តែយ៉ូថាម ជាកូនពៅរបស់យេរូ-បាលប៉ុណ្ណោះ ដ្បិតគាត់បានពួនខ្លួន
6 ដូច្នេះ ពួកមនុស្សនៅស៊ីគែម និងពួកបន្ទាយមីឡូរទាំងអស់ ក៏មូលមកព្រមគ្នានឹងទៅលើកតាំងអ័ប៊ីម៉្មាឡិច នៅត្រង់ដើមម៉ៃសាក់ក្នុងបន្ទាយនៅត្រង់ស៊ីគែម ឲ្យធ្វើជាស្តេចឡើង។
7 មានគេនាំដំណឹងនោះទៅប្រាប់ដល់យ៉ូថាម រួចគាត់ក៏ទៅឈរនៅលើកំពូលភ្នំកេរិស៊ីម ទាំងបន្លឺវាចាឡើងថា ឱពួកមនុស្សនៅស៊ីគែមអើយ ចូរស្តាប់ខ្ញុំ ដើម្បីឲ្យព្រះបានស្តាប់អ្នករាល់គ្នាដែរ
8 មានកាល១ថ្ងៃ ពួកដើមឈើចង់ធ្វើបុណ្យចាក់ប្រេង តាំងឲ្យមានស្តេចឡើង ក៏ទៅសូមដល់ដើមអូលីវថា សូមឲ្យអ្នកសោយរាជ្យលើយើងរាល់គ្នាទៅ
9 តែដើមអូលីវប្រកែកថា តើគួរឲ្យខ្ញុំលះចោលប្រេងខ្ញុំ ដែលសម្រាប់ប្រើនឹងលើកតម្កើងព្រះ ហើយនិងមនុស្សផង ទៅរញ្ជួយគ្របពីលើអស់ទាំងដើមឈើឬអី
10 រួចពួកដើមឈើទាំងនោះក៏សូមដល់ដើមល្វាថា សូមឲ្យអ្នកសោយរាជ្យលើយើងរាល់គ្នាទៅ
11 តែដើមល្វាប្រកែកថា តើគួរឲ្យខ្ញុំលះចោលរសជាតិផ្អែម និងផលល្អរបស់ខ្ញុំ ទៅរញ្ជួយគ្របពីលើអស់ទាំងដើមឈើឬអី
12 នោះពួកដើមឈើក៏សូមដល់ដើមទំពាំងបាយជូរថា សូមឲ្យអ្នកមកសោយរាជ្យលើយើងរាល់គ្នាទៅ
13 តែដើមទំពាំងបាយជូរប្រកែកថា តើគួរឲ្យខ្ញុំលះចោលជាតិទឹកផ្លែរបស់ខ្ញុំ ដែលនាំឲ្យទាំងព្រះ និងមនុស្សផង បានសប្បាយឡើង ដើម្បីទៅរញ្ជួយគ្របពីលើអស់ទាំងដើមឈើឬអី
14 រួចមកដើមឈើទាំងនោះក៏ទៅសូមដល់គុម្ពបន្លាថា សូមឲ្យអ្នកមកសោយរាជ្យលើយើងរាល់គ្នាទៅ
15 នោះគុម្ពបន្លាឆ្លើយឡើងថា បើសិនជាអ្នករាល់គ្នាចង់ចាក់ប្រេង តាំងខ្ញុំឲ្យធ្វើជាស្តេចលើអ្នករាល់គ្នាពិត នោះចូរឲ្យមកជ្រកនៅក្រោមម្លប់ខ្ញុំចុះ ពុំនោះសោត នឹងមានភ្លើងចេញពីគុម្ពបន្លាមក បញ្ឆេះដល់ទៅអស់ទាំងដើមតាត្រៅនៅភ្នំល្បាណូនផង។
16 ឥឡូវនេះ បើសិនជាអ្នករាល់គ្នាបានប្រព្រឹត្តដ៏ទៀងត្រង់ត្រឹមត្រូវ ដោយបានតាំងអ័ប៊ីម៉្មាឡិចឲ្យធ្វើជាស្តេច បើអ្នករាល់គ្នាបានប្រព្រឹត្តល្អនឹងយេរូ-បាល ព្រមទាំងពួកគ្រួលោក ហើយបានសងគុណដល់ការដែលដៃលោកធ្វើ
17 ដ្បិតឪពុកខ្ញុំបានប្រថុយជីវិត ច្បាំងជំនួសអ្នករាល់គ្នា ព្រមទាំងដោះអ្នករាល់គ្នាឲ្យរួចពីកណ្តាប់ដៃនៃពួកម៉ាឌានផង
18 ហើយនៅថ្ងៃនេះ អ្នករាល់គ្នាបែរជាលើកគ្នាមកទាស់នឹងពួកគ្រួឪពុកខ្ញុំវិញ ព្រមទាំងសម្លាប់កូនរបស់លោក៧០នាក់ នៅលើថ្មតែ១ ហើយលើកតាំងអ័ប៊ីម៉្មាឡិច ជាកូនរបស់បាវបម្រើលោក ឲ្យធ្វើជាស្តេចលើបណ្តាមនុស្សនៅស៊ីគែម ដោយព្រោះតែគេជាសាច់ញាតិ និងអ្នករាល់គ្នាដូច្នេះ
19 អើ បើអ្នករាល់គ្នាយល់ឃើញថា បានប្រព្រឹត្តត្រឹមត្រូវ ហើយស្មោះត្រង់នឹងយេរូ-បាល ព្រមទាំងពួកគ្រួលោកទាំងប៉ុន្មាននៅថ្ងៃនេះ នោះចូរឲ្យត្រេកអរសប្បាយចំពោះអ័ប៊ីម៉្មាឡិចចុះ ហើយឲ្យគេបានរីករាយនឹងអ្នករាល់គ្នាដែរ
20 ពុំនោះសោត សូមឲ្យមានភ្លើងចេញពីអ័ប៊ីម៉្មាឡិច មកបញ្ឆេះពួកមនុស្សនៅស៊ីគែម និងពួកបន្ទាយមីឡូរទៅ ហើយក៏សូមឲ្យមានភ្លើងចេញពីពួកមនុស្សនៅស៊ីគែម និងពួកបន្ទាយមីឡូរ មកបញ្ឆេះអ័ប៊ីម៉្មាឡិចដែរ
21 រួចយ៉ូថាមក៏ដកខ្លួនរត់រួចទៅឯស្រុកប្អៀរ ស្នាក់នៅទីនោះ ដោយព្រោះខ្លាចអ័ប៊ីម៉្មាឡិចជាបង។
22 អ័ប៊ីម៉្មាឡិចក៏ជែងគ្រប់គ្រងលើពួកអ៊ីស្រាអែលអស់៣ឆ្នាំ
23 លំដាប់នោះ ព្រះទ្រង់បណ្តាលឲ្យអ័ប៊ីម៉្មាឡិច និងពួកមនុស្សនៅស៊ីគែម មានគំនិតអាក្រក់ដល់គ្នាទៅវិញទៅមក ពួកមនុស្សនៅស៊ីគែមក៏ប្រព្រឹត្តដោយចិត្តក្បត់ចំពោះអ័ប៊ីម៉្មាឡិច
24 ដើម្បីឲ្យឈាមនៃពួកកូនយេរូ-បាលទាំង៧០នាក់ ដែលអ័ប៊ីម៉្មាឡិចជាប្អូន បានសម្លាប់ដោយសាហាវ បានធ្លាក់មកលើលោក និងពួកមនុស្សនៅស៊ីគែម ដែលបានចម្រើនកម្លាំងដៃលោក ឲ្យសម្លាប់បងប្អូនផង
25 ដូច្នេះ ពួកមនុស្សនៅស៊ីគែម គេក៏បង្កប់មនុស្សនៅលើភ្នំឲ្យចាំចាប់លោក ពួកអ្នកទាំងនោះក៏ប្លន់អស់អ្នកដែលមកតាមផ្លូវនោះ ហើយមានគេនាំដំណឹងនោះទៅប្រាប់ដល់អ័ប៊ីម៉្មាឡិច។
26 គ្រានោះ កាអាសជាកូនអេបេឌ ក៏មកដល់ស៊ីគែមជាមួយនឹងបងប្អូនគាត់ ហើយពួកមនុស្សនៅស៊ីគែម ក៏ទុកចិត្តនឹងគាត់
27 គេនាំគ្នាចេញទៅឯចម្ការ បេះផ្លែទំពាំងបាយជូររបស់ខ្លួនយកមកគាប រួចតាំងអរសប្បាយឡើងជាមួយគ្នា នោះក៏ចូលទៅស៊ីផឹកក្នុងវិហារនៃព្រះរបស់គេ ហើយដាក់បណ្តាសាដល់អ័ប៊ីម៉្មាឡិច
28 កាអាល ជាកូនអេបេឌ បញ្ចេញវាចាថា តើអ័ប៊ីម៉្មាឡិចជាអ្វី ហើយស៊ីគែមជាអ្វី ដែលយើងត្រូវកោតខ្លាចដល់វា តើវាមិនមែនជាកូនយេរូ-បាល ហើយមេទ័ពរបស់វាមិនមែនឈ្មោះសេប៊ុលទេឬអី ដូច្នេះ ចូរអ្នករាល់គ្នាកោតខ្លាចដល់ពួកហាម៉ោរជាឪពុកស៊ីគែមវិញ តើចង់កោតខ្លាចដល់អ័ប៊ីម៉្មាឡិចធ្វើអី
29 ឱបើជាបណ្តាជនទាំងនេះនៅក្រោមអំណាចខ្ញុំវិញទៅអេះ នោះខ្ញុំនឹងដកអ័ប៊ីម៉្មាឡិចចេញ រួចគាត់និយាយប្រកួតនឹងអ័ប៊ីម៉្មាឡិច ដោយពាក្យថា ចូរចម្រើនពលទ័ពឯងចេញមកល្បងលចុះ។
30 កាលសេប៊ុល ជាចៅហ្វាយទីក្រុង បានឮពាក្យរបស់កាអាល ជាកូនអេបេឌដូច្នោះ ក៏កើតមានសេចក្ដីកំហឹងឡើង
31 រួចលោកចាត់គេឲ្យទៅជម្រាបអ័ប៊ីម៉្មាឡិចដោយសម្ងាត់ថា មើល ឥឡូវកាអាល ជាកូនអេបេឌ និងបងប្អូនវា បានមកដល់ស៊ីគែមហើយ គេញុះញង់ទីក្រុងឲ្យបះបោរទាស់នឹងលោក
32 ដូច្នេះ សូមឲ្យលោក និងពួកអ្នកដែលកាន់ខាងលោក រៀបចំទៅបង្កប់ខ្លួនទាំងយប់នៅទីវាលទៅ
33 រួចដល់វេលាព្រឹក កាលថ្ងៃទើបនឹងរះ នោះសូមលោកក្រោកឡើង សង្ខុញចូលមកឯទីក្រុងតែម្តង យ៉ាងនោះ លុះកាលវា និងពួកអ្នកដែលកាន់ខាងវា ចេញទៅច្បាំងនឹងលោក សូមឲ្យលោកប្រព្រឹត្តនឹងវាតាមតែមានឱកាសចុះ។
34 ខណៈនោះ អ័ប៊ីម៉្មាឡិច និងអស់មនុស្សដែលកាន់ខាងលោក ក៏ក្រោកឡើងទាំងយប់ នាំគ្នាទៅបង្កប់ខ្លួនជា៤ពួក ដើម្បីច្បាំងនឹងពួកក្រុងស៊ីគែម
35 ឯកាអាល ជាកូនអេបេឌ ក៏ចេញទៅឈរនៅមាត់ទ្វារក្រុង រួចអ័ប៊ីម៉្មាឡិច និងពួកអ្នកដែលនៅជាមួយ ក៏ងើបចេញពីទីបង្កប់ខ្លួនមក
36 កាលកាអាលបានឃើញគេ ក៏ប្រាប់ដល់សេប៊ុលថា មើល មានមនុស្សចុះពីភ្នំនោះមកហើយ តែសេប៊ុលឆ្លើយថា នោះជាស្រមោលភ្នំទេ ដែលអ្នកមើលទៅឃើញដូចជាមនុស្សវិញ
37 កាអាលក៏ប្រាប់ម្តងទៀតថា មើលនុ៎ះន៏ មានគេមកពីទួលខ្ពស់នោះហើយ ក៏មាន១ពួកទៀតមកតាមផ្លូវដើមម៉ៃសាក់មេវនេនីមដែរ
38 នោះសេប៊ុលឆ្លើយថា តើសំដីឯងនៅឯណាឥឡូវ ដែលឯងបានថា តើអ័ប៊ីម៉្មាឡិចជាអ្វី ដែលយើងត្រូវកោតខ្លាចដល់វា គឺមនុស្សទាំងនោះហើយ ដែលឯងបានមើលងាយទេតើ ដូច្នេះ ចូរចេញទៅច្បាំងនឹងគេឥឡូវនេះចុះ
39 កាអាលក៏នាំមុខពួកមនុស្សនៅស៊ីគែម ចេញទៅច្បាំងនឹងអ័ប៊ីម៉្មាឡិច
40 តែអ័ប៊ីម៉្មាឡិចប្រដេញគាត់វិញ ហើយគាត់ក៏រត់ពីមុខគេទៅ មានមនុស្សជាច្រើនបានដួល ដោយត្រូវរបួស រហូតដល់មាត់ទ្វារទីក្រុង។
41 ឯអ័ប៊ីម៉្មាឡិច លោកក៏អាស្រ័យនៅត្រង់អារូម៉ា ហើយសេប៊ុលបានបណ្តេញកាអាល និងបងប្អូនគេ មិនឲ្យនៅស៊ីគែមទៀតទេ
42 រួចដល់ថ្ងៃស្អែកឡើង បណ្តាជនក៏ចេញទៅត្រៀមនៅឯវាល ហើយមានគេទៅជម្រាបដល់អ័ប៊ីម៉្មាឡិច
43 នោះអ័ប៊ីម៉្មាឡិចក៏ចែកពួកទ័ពជា៣ផ្នែក នាំចេញទៅបង្កប់ខ្លួននៅឯវាល តែកាលលោកក្រឡេកមើលទៅឃើញពួកបណ្តាជនកំពុងចេញពីទីក្រុងមកទៀត នោះក៏ក្រោកស្ទុះចូលទៅវាយគេ
44 រួចលោក និងពួកទ័ព១ផ្នែកដែលនៅជាមួយ ក៏រត់ទៅពីខាងមុខ ឈរនៅមាត់ទ្វារក្រុង ឯពួកទ័ព២ផ្នែកឯទៀត ក៏ស្ទុះចូលទៅវាយពួកដែលនៅឯវាលនោះ
45 អ័ប៊ីម៉្មាឡិចបានច្បាំងនឹងពួកទីក្រុងនោះអស់ពេញ១ថ្ងៃ ក៏ចាប់យកទីក្រុងបាន ហើយសម្លាប់ពួកបណ្តាជនទាំងប៉ុន្មាន រួចរំលំទីក្រុង ព្រមទាំងបាចអំបិលទៅលើផង។
46 កាលពួកមនុស្សនៅប៉មស៊ីគែមបានឮដំណឹងនោះ គេក៏ចូលទៅក្នុងបន្ទាយមានកំផែងមាំមួន ត្រង់វិហារព្រះបេរីត
47 មានគេជម្រាបដល់អ័ប៊ីម៉្មាឡិចថា ពួកមនុស្សនៅប៉មស៊ីគែមបានមូលគ្នាហើយ
48 នោះអ័ប៊ីម៉្មាឡិច ព្រមទាំងពួកទ័ពដែលនៅជាមួយ ក៏ឡើងទៅលើភ្នំសាលម៉ូន លោកយកពូថៅទៅកាប់មែកឈើ១លីទៅ ហើយបង្គាប់ដល់ពួកមនុស្សដែលនៅជាមួយថា ចូរឯងរាល់គ្នាប្រញាប់នឹងធ្វើតាមដូចជាអញចុះ
49 ដូច្នេះ គេក៏កាប់មែកឈើរៀងខ្លួនលីទៅតាម រួចដាក់មែកឈើទាំងនោះ នៅត្រង់ជើងបន្ទាយ ហើយដុតបញ្ឆេះពីលើគេទៅ ដូច្នេះ ពួកមនុស្សដែលនៅប៉មស៊ីគែមទាំងប៉ុន្មាន ក៏ស្លាប់អស់ ទាំងប្រុសទាំងស្រី មានចំនួនប្រហែលជា១ពាន់នាក់។
50 រួចអ័ប៊ីម៉្មាឡិចក៏ទៅដល់ថេបេស បោះទ័ពទាស់នឹងគេ ហើយចាប់យកទីក្រុងបាន
51 តែនៅក្នុងទីក្រុងនោះ មានប៉ម១មាំមួនណាស់ ឯពួកមនុស្សនៅក្រុងទាំងអស់គ្នា ទាំងប្រុសទាំងស្រី គេក៏រត់ទៅជ្រកនៅប៉មនោះ រួចបិទទ្វារនាំគ្នាឡើងទៅដល់កំពូល
52 អ័ប៊ីម៉្មាឡិចក៏មកច្បាំងនឹងទីប៉ម ហើយចូលទៅដល់មាត់ទ្វារ ដើម្បីនឹងបង្កាត់ភ្លើងដុតចោល
53 ខណៈនោះ មានស្ត្រីម្នាក់យកគ្របត្បាល់កិន បោះមកលើ ត្រូវបែកក្បាលអ័ប៊ីម៉្មាឡិចទៅ
54 ដូច្នេះ លោកហៅមនុស្សកំលោះដែលកាន់គ្រឿងសស្ត្រាវុធរបស់លោក មកជាប្រញាប់ប្រាប់ថា ចូរឯងហូតដាវមកសម្លាប់អញទៅ ដើម្បីកុំឲ្យមានពាក្យដំណៀលថា មានស្រីបានសម្លាប់អញនោះឡើយ ដូច្នេះ មនុស្សកំលោះនោះក៏ចាក់ទម្លុះលោកសម្លាប់ចោលទៅ
55 កាលពួកសាសន៍អ៊ីស្រាអែលបានឃើញថា អ័ប៊ីម៉្មាឡិចស្លាប់ហើយ នោះគេក៏ត្រឡប់ទៅឯកន្លែងគេរៀងខ្លួនវិញ
56 គឺយ៉ាងនោះហើយដែលព្រះបានសងអំពើដ៏លាមកអាក្រក់ ដែលលោកបានធ្វើដល់ឪពុកខ្លួន ដោយសម្លាប់បងប្អូនទាំង៧០នាក់នោះ
57 ហើយព្រះទ្រង់ក៏បានទម្លាក់សេចក្ដីដ៏លាមកអាក្រក់របស់ពួកអ្នកនៅស៊ីគែមទាំងប៉ុន្មាន មកលើក្បាលគេវិញដែរ ព្រមទាំងសេចក្ដីបណ្តាសារបស់យ៉ូថាម ជាកូនយេរូ-បាលផង។
ជំពូក 10
1 ក្រោយពីអ័ប៊ីម៉្មាឡិច នោះមានថូឡា ជាកូនពូវ៉ា ដែលជាកូនដូដូរ ក្នុងពួកអ៊ីសាខារ បានតាំងឡើងជួយសង្គ្រោះដល់ពួកអ៊ីស្រាអែល លោកនៅត្រង់សាមារ ក្នុងស្រុកភ្នំអេប្រាអិម
2 ក៏បានគ្រប់គ្រងលើពួកអ៊ីស្រាអែលអស់២៣ឆ្នាំ រួចស្លាប់ទៅ ហើយគេបញ្ចុះសពនៅត្រង់សាមារនោះ។
3 ក្រោយពីនោះមកមានយ៉ាអ៊ារ ជាពួកកាឡាត បានតាំងឡើង លោកបានគ្រប់គ្រងលើពួកអ៊ីស្រាអែល អស់២២ឆ្នាំ
4 លោកមានកូនប្រុស៣០នាក់ ដែលមានកូនលា១ម្នាក់សម្រាប់ជិះ គេក៏មានទីក្រុង៣០ដែលហៅថា ហាវ៉ុត-យ៉ាអ៊ារ ដរាបដល់សព្វថ្ងៃនេះ ក្រុងទាំងនោះនៅស្រុកកាឡាត
5 ឯយ៉ាអ៊ារក៏ស្លាប់ទៅ ហើយគេបញ្ចុះសពនៅត្រង់កាម៉ូន។
6 គ្រានោះ ពួកកូនចៅអ៊ីស្រាអែលក៏ប្រព្រឹត្តសេចក្ដីដែលលាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ាម្តងទៀត គេបានគោរពប្រតិបត្តិដល់អស់ទាំងព្រះបាល ហើយនិងព្រះអាសថារ៉ូត ព្រមទាំងព្រះរបស់សាសន៍ស៊ីរី សាសន៍ស៊ីដូន សាសន៍ម៉ូអាប់ សាសន៍អាំម៉ូន និងសាសន៍ភីលីស្ទីនផង គេបោះបង់ព្រះយេហូវ៉ាចោល ក៏លែងគោរពប្រតិបត្តិដល់ទ្រង់ទៅ
7 នោះសេចក្ដីខ្ញាល់នៃព្រះយេហូវ៉ាក៏កាត់ឡើងទាស់នឹងពួកអ៊ីស្រាអែល ហើយទ្រង់លក់គេទៅក្នុងកណ្តាប់ដៃពួកភីលីស្ទីន និងពួកកូនចៅអាំម៉ូន
8 ពួកទាំងនោះក៏ធ្វើទុក្ខ ហើយសង្កត់សង្កិនពួកកូនចៅអ៊ីស្រាអែល ដែលនៅខាងនាយទន្លេយ័រដាន់ ក្នុងស្រុករបស់ពួកសាសន៍អាម៉ូរី គឺជាស្រុកកាឡាត ចាប់តាំងពីឆ្នាំនោះ រហូតដល់អស់១៨ឆ្នាំតទៅមុខ
9 រួចពួកកូនចៅអាំម៉ូនក៏ឆ្លងទន្លេយ័រដាន់ ទៅច្បាំងនឹងពួកយូដា ពួកបេនយ៉ាមីន និងពួកវង្សអេប្រាអិមថែមទៀត បានជាពួកអ៊ីស្រាអែលមានសេចក្ដីវេទនាជាខ្លាំង។
10 គ្រានោះ ពួកកូនចៅអ៊ីស្រាអែលក៏អំពាវនាវដល់ព្រះយេហូវ៉ាថា យើងខ្ញុំរាល់គ្នាបានធ្វើបាបនឹងទ្រង់ហើយ គឺយើងខ្ញុំបានលះចោលព្រះនៃយើងខ្ញុំ ទៅគោរពប្រតិបត្តិដល់អស់ទាំងព្រះបាលវិញ
11 នោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលតបទៅពួកកូនចៅអ៊ីស្រាអែលថា តើអញមិនបានជួយឯងរាល់គ្នា ឲ្យរួចពីពួកសាសន៍អេស៊ីព្ទ សាសន៍អាម៉ូរី និងពួកកូនចៅអាំម៉ូន ហើយនិងសាសន៍ភីលីស្ទីនទេឬអី
12 មួយទៀត ពួកសាសន៍ស៊ីដូន សាសន៍អាម៉ាលេក និងពួកម៉ាអូន បានធ្វើទុក្ខដល់ឯងរាល់គ្នាដែរ តែកាលឯងរាល់គ្នាបានអំពាវនាវដល់អញ នោះអញបានជួយសង្គ្រោះឯងឲ្យរួចពីកណ្តាប់ដៃរបស់គេទៅ
13 ប៉ុន្តែ ឯងរាល់គ្នាបានបោះបង់ចោលអញ ទៅគោរពប្រតិបត្តិដល់ព្រះដទៃវិញ ដូច្នេះ អញមិនជួយសង្គ្រោះឯងរាល់គ្នាទៀតឡើយ
14 ចូរទៅអំពាវនាវដល់ព្រះទាំងប៉ុន្មាន ដែលឯងរាល់គ្នាបានរើសនោះវិញ ត្រូវឲ្យព្រះទាំងនោះជួយសង្គ្រោះឯងក្នុងវេលាដែលមានសេចក្ដីវេទនាចុះ
15 តែពួកកូនចៅអ៊ីស្រាអែលទូលតបនឹងព្រះយេហូវ៉ាថា យើងខ្ញុំរាល់គ្នាមានបាបហើយ ដូច្នេះ សូមប្រព្រឹត្តនឹងយើងខ្ញុំ តាមតែទ្រង់សព្វព្រះហឫទ័យចុះ សូមតែជួយយើងខ្ញុំឲ្យរួចនៅថ្ងៃនេះកុំខាន
16 រួចគេយកអស់ទាំងព្រះដទៃរបស់គេចោលចេញ ក៏បែរមកគោរពប្រតិបត្តិដល់ព្រះយេហូវ៉ាវិញ ទ្រង់ក៏មានសេចក្ដីរំជួល ដោយព្រោះសេចក្ដីវេទនានៃពួកអ៊ីស្រាអែល។
17 គ្រានោះ ពួកកូនចៅអាំម៉ូន គេមូលគ្នាទៅបោះទ័ពនៅស្រុកកាឡាត ឯពួកកូនចៅអ៊ីស្រាអែលក៏មូលគ្នាទៅបោះទ័ពនៅមីសប៉ា
18 នោះពួកបណ្តាជន និងពួកអ្នកជាកំពូលរបស់ពួកកាឡាត គេសួរគ្នាទៅវិញទៅមកថា តើអ្នកណាហ៊ានចាប់ផ្តើមច្បាំងនឹងពួកកូនចៅអាំម៉ូន អ្នកណាដែលហ៊ាន នោះនឹងបានធ្វើជាមេលើពួកមនុស្សនៅស្រុកកាឡាតទាំងអស់។
ជំពូក 11
1 ខណៈនោះ មានមនុស្សក្លាហាន ហើយស្ទាត់ជំនាញម្នាក់ ឈ្មោះយែបថា ជាកូនដែលកាឡាតបង្កើតនឹងស្រីសំផឹងម្នាក់
2 ឯប្រពន្ធកាឡាតក៏បានបង្កើតកូនប្រុសខ្លះឲ្យគាត់ដែរ កាលពួកកូនរបស់ប្រពន្ធគាត់បានធំឡើង នោះក៏បណ្តេញយែបថាចេញ ដោយពាក្យថា ឯងមិនត្រូវបានចំណែកមរដកក្នុងគ្រួឪពុកយើងទេ ដ្បិតឯងជាកូនខាងក្រៅ
3 នោះយែបថាក៏រត់ពីបងប្អូន ចេញទៅនៅឯស្រុកថូបទៅ រួចមានពួកមនុស្សអនាថាមូលមកចូលដៃជាមួយគ្នា គេតែងចេញទៅវាយប្លន់ជាមួយនឹងគាត់។
4 លុះចំណេរក្រោយមក នោះពួកកូនចៅអាំម៉ូន គេទន្ទ្រានចូលច្បាំងនឹងសាសន៍អ៊ីស្រាអែល
5 ខណៈដែលគេទន្ទ្រានចូលក្នុងស្រុកអ៊ីស្រាអែល នោះពួកចាស់ទុំនៅស្រុកកាឡាតក៏ចាត់គេ ឲ្យទៅហៅយែបថា ពីស្រុកថូបមក
6 ដោយអង្វរថា សូមមកធ្វើជាមេទ័ព លើយើងរាល់គ្នា ដើម្បីនាំយើងចេញទៅច្បាំងនឹងពួកកូនចៅអាំម៉ូន
7 តែយែបថាប្រកែកដល់ពួកចាស់ទុំស្រុកកាឡាតថា តើអ្នករាល់គ្នាមិនបានស្អប់ខ្ញុំ ហើយបណ្តេញចេញពីផ្ទះឪពុកខ្ញុំទេឬអី ហេតុអ្វីបានជាមករកខ្ញុំឥឡូវ ក្នុងគ្រាដែលមានសេចក្ដីវេទនាវិញដូច្នេះ
8 នោះពួកចាស់ទុំស្រុកកាឡាតឆ្លើយតបថា គឺដោយហេតុនោះបានជាយើងរាល់គ្នាមករកអ្នកឥឡូវ ដើម្បីឲ្យអ្នកបានចេញទៅច្បាំងនឹងពួកកូនចៅអាំម៉ូនជាមួយនឹងយើង នោះអ្នកនឹងបានធ្វើជាមេរបស់យើងរាល់គ្នា គ្រប់គ្រងលើមនុស្សនៅស្រុកកាឡាតទាំងអស់
9 រួចយែបថាសួរបញ្ជាក់ដល់ពួកចាស់ទុំស្រុកកាឡាតថា បើអ្នករាល់គ្នានាំខ្ញុំត្រឡប់ទៅស្រុកវិញ ច្បាំងនឹងពួកកូនចៅអាំម៉ូន ហើយព្រះយេហូវ៉ាទ្រង់ប្រគល់គេមកនៅមុខខ្ញុំ នោះតើខ្ញុំនឹងបានធ្វើជាមេលើអ្នករាល់គ្នាពិតមែនឬ
10 ពួកចាស់ទុំក៏ឆ្លើយថា យើងស្បថដោយនូវព្រះយេហូវ៉ាដែលទ្រង់ឮពាក្យយើងនេះថា យើងនឹងធ្វើតាមពាក្យអ្នកជាពិតប្រាកដ
11 ដូច្នេះ យែបថាក៏ទៅជាមួយនឹងពួកចាស់ទុំនៃស្រុកកាឡាតទៅ ហើយពួកបណ្តាជនក៏លើកឡើងឲ្យធ្វើជាកំពូល ហើយជាមេលើគេ រួចយែបថាក៏ទៅថ្លែងអស់ទាំងពាក្យដដែលនោះ នៅចំពោះព្រះយេហូវ៉ាត្រង់មីសប៉ា។
12 ស្រេចហើយយែបថាចាត់សារ ឲ្យទៅឯស្តេចពួកកូនចៅអាំម៉ូនសួរថា តើលោកនឹងខ្ញុំមានរឿងអ្វីនឹងគ្នា បានជាលោកមកច្បាំងនឹងខ្ញុំនៅស្រុកខ្ញុំដូច្នេះ
13 ស្តេចនៃពួកកូនចៅអាំម៉ូនឆ្លើយទៅពួកទូតរបស់យែបថាថា គឺដោយព្រោះសាសន៍អ៊ីស្រាអែលបានដណ្តើមយកស្រុករបស់អញ ចាប់តាំងពីស្ទឹងអើណូនទៅដល់ស្ទឹងយ៉ាបុក ហើយត្រឹមទន្លេយ័រដាន់ ក្នុងកាលដែលគេឡើងពីស្រុកអេស៊ីព្ទមកនោះ ដូច្នេះ ចូរប្រគល់ស្រុកទាំងនោះមកអញវិញឥឡូវ ដោយមេត្រីចុះ
14 នោះយែបថាក៏ចាត់សារឲ្យទៅឯស្តេចរបស់ពួកកូនចៅអាំម៉ូនម្តងទៀត ទូលថា
15 យែបថាទូលយ៉ាងដូច្នេះថា សាសន៍អ៊ីស្រាអែលមិនបានយកស្រុករបស់សាសន៍ម៉ូអាប់ ឬស្រុករបស់ពួកកូនចៅអាំម៉ូនទេ
16 គឺកាលគេឡើងពីស្រុកអេស៊ីព្ទមក នោះសាសន៍អ៊ីស្រាអែលបានដើរកាត់ទីរហោស្ថានរហូតដល់សមុទ្រក្រហម ហើយក៏ទៅដល់កាដេស
17 រួចចាត់សារឲ្យទៅឯស្តេចស្រុកអេដុម ទូលថា សូមបើកឲ្យយើងខ្ញុំដើរកាត់ស្រុកទ្រង់ផង តែស្តេចស្រុកនោះមិនយល់ព្រមតាមសោះ គេក៏ចាត់សារឲ្យទៅឯស្តេចម៉ូអាប់ ទូលដូច្នោះដែរ តែទ្រង់ក៏មិនយល់ព្រមទៀត បានជាសាសន៍អ៊ីស្រាអែលបង្អង់នៅក្នុងស្រុកកាដេសនោះ
18 រួចគេដើរតាមទីរហោស្ថានវាងព័ទ្ធស្រុកអេដុម និងស្រុកម៉ូអាប់ តាមខាងកើតស្រុកម៉ូអាប់វិញ ហើយដំឡើងត្រសាលនៅខាងនាយស្ទឹងអើណូន តែមេគេមិនបានចូលទៅក្នុងព្រំស្រុកម៉ូអាប់សោះ ដ្បិតស្ទឹងអើណូននោះ ជាព្រំខណ្ឌនៃស្រុកម៉ូអាប់
19 នៅទីនោះ សាសន៍អ៊ីស្រាអែលក៏ចាត់សារឲ្យទៅឯស៊ីហុន ជាស្តេចសាសន៍អាម៉ូរី គឺជាស្តេចក្រុងហែសបូន ដោយពាក្យថា សូមឲ្យយើងខ្ញុំដើរកាត់ស្រុកទ្រង់ ទៅឯកន្លែងរបស់យើងខ្ញុំផង
20 តែស្តេចទ្រង់មិនទុកចិត្តចំពោះសាសន៍អ៊ីស្រាអែល នឹងឲ្យគេដើរកាត់ព្រំស្រុករបស់ទ្រង់ទេ ក៏ប្រមូលពួកទ្រង់ទាំងអស់ ទៅបោះទ័ពនៅត្រង់យ៉ាហាស់ ច្បាំងនឹងសាសន៍អ៊ីស្រាអែលយើង
21 នោះព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់ក៏ប្រគល់ស៊ីហុន និងពួកទ្រង់ទាំងប៉ុន្មាន មកក្នុងកណ្តាប់ដៃនៃយើង ហើយយើងក៏ប្រហារគេ គឺយ៉ាងនោះហើយ ដែលសាសន៍អ៊ីស្រាអែលចាប់យកស្រុករបស់សាសន៍អាម៉ូរី ជាពួកអ្នកដែលនៅស្រុកនោះបាន
22 គេចាប់យកបានស្រុករបស់សាសន៍អាម៉ូរីនោះ ចាប់តាំងពីស្ទឹងអើណូនរហូតដល់ស្ទឹងយ៉ាបុក ហើយពីទីរហោស្ថានទៅដល់ទន្លេយ័រដាន់
23 ឥឡូវ ព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់បានបណ្តេញសាសន៍អាម៉ូរីពីមុខពួកអ៊ីស្រាអែលជារាស្ត្រទ្រង់ចេញហើយ ដូច្នេះ តើត្រូវការអ្វីឲ្យទ្រង់មកយកស្រុកនេះធ្វើអី
24 ឯស្រុកដែលព្រះកេម៉ូសជាព្រះនៃទ្រង់បានប្រទានឲ្យ នោះតើមិនយកជារបស់ផងទ្រង់ទេឬអី ដូច្នេះ ពួកណាដែលព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំ ទ្រង់បណ្តេញពីមុខយើងខ្ញុំទៅ នោះស្រុករបស់គេត្រូវបានជារបស់ផងយើងខ្ញុំវិញដូច្នោះដែរ
25 ចុះតើទ្រង់វិសេសជាងបាឡាក ជាកូនស៊ីបព័រ ស្តេចសាសន៍ម៉ូអាប់ឬអី តើស្តេចនោះមិនបានតយុទ្ធនឹងសាសន៍អ៊ីស្រាអែលដែរទេឬអី តើមិនបានច្បាំងនឹងគេទេឬ
26 ក្នុងរវាង៣០០ឆ្នាំនេះ ដែលសាសន៍អ៊ីស្រាអែលនៅក្រុងហែសបូន និងតំបន់នៅជុំវិញ នៅក្រុងអារ៉ូអ៊ើរ និងតំបន់នៅជុំវិញ ហើយនៅទីក្រុងទាំងប៉ុន្មានដែលនៅក្បែរមាត់ស្ទឹងអើណូន នោះហេតុអ្វីបានជាទ្រង់មិនបានចាប់យកស្រុកពីគេមក ក្នុងគ្រានោះទៅ
27 ដូច្នេះ ខ្ញុំមិនបានធ្វើបាបនឹងទ្រង់ទេ គឺទ្រង់ទេតើដែលធ្វើខុសនឹងខ្ញុំវិញ ដោយមកច្បាំងនឹងខ្ញុំដូច្នេះ ព្រះយេហូវ៉ាដ៏ជាចៅក្រម ទ្រង់នឹងជំនុំជម្រះរឿងរបស់ពួកកូនចៅអ៊ីស្រាអែល និងពួកកូនចៅអាំម៉ូននៅថ្ងៃនេះឯង
28 ប៉ុន្តែ ស្តេចពួកកូនចៅអាំម៉ូនមិនព្រមស្តាប់ពាក្យដែលយែបថាបានចាត់សារឲ្យមកទូលទ្រង់នោះទេ។
29 ខណៈនោះ ព្រះវិញ្ញាណនៃព្រះយេហូវ៉ាទ្រង់ក៏មកសណ្ឋិតលើយែបថា រួចលោកដើរកាត់ស្រុកកាឡាត និងស្រុកម៉ាន៉ាសេ ទៅតាមមីសប៉ា-កាឡាត ហើយពីទីនោះក៏តម្រង់ទៅឯពួកកូនចៅអាំម៉ូន
30 យែបថាក៏បន់ព្រះយេហូវ៉ា ដោយពាក្យថា បើសិនជាទ្រង់ប្រគល់ពួកកូនចៅអាំម៉ូនមកក្នុងកណ្តាប់ដៃនៃទូលបង្គំពិត
31 នោះអ្វីៗណាដែលចេញពីមាត់ទ្វារផ្ទះទូលបង្គំ មកទទួលទូលបង្គំ ក្នុងគ្រាដែលទូលបង្គំត្រឡប់ពីពួកកូនចៅអាំម៉ូនមកវិញ ដោយសុខសាន្ត នោះនឹងបានជារបស់ផងព្រះយេហូវ៉ា ហើយទូលបង្គំនឹងថ្វាយជាតង្វាយដុត
32 ដូច្នេះ យែបថាក៏ទៅច្បាំងនឹងពួកកូនចៅអាំម៉ូន ហើយព្រះយេហូវ៉ាទ្រង់បានប្រគល់គេមកក្នុងកណ្តាប់ដៃរបស់លោក
33 លោកប្រហារជីវិតគេយ៉ាងសម្បើម ចាប់តាំងពីក្រុងអារ៉ូអ៊ើរ មកដល់ក្រុងមីនីត ទាំងអស់បានទីក្រុង២០ ហើយរហូតដល់អេបិល-កេរ៉ាមីមថែមទៀត ពួកកូនចៅអាំម៉ូនក៏ត្រូវក្រាបចុះនៅមុខពួកកូនចៅអ៊ីស្រាអែល។
34 រួចយែបថា លោកត្រឡប់មកដល់ផ្ទះ នៅត្រង់មីសប៉ាវិញ នោះមើល ខណៈនោះ កូនស្រីរបស់លោកក៏ចេញមកទទួល ទាំងបន្ទរក្រាប់បណ្តើរ ហើយលោតកញ្ឆេងផង នាងនោះជាកូនតែ១របស់លោក ក្រៅពីនាង នោះគ្មានកូនប្រុស ឬកូនស្រីណាទៀតឡើយ
35 កាលលោកក្រឡេកទៅឃើញនាង នោះក៏ហែកអាវដោយពាក្យថា វរហើយ កូនអើយ ឯងបានធ្វើឲ្យអញមានចិត្តក្រាបចុះជាខ្លាំងណាស់ ឯងជាអ្នកនៅក្នុងពួកដែលនាំឲ្យអញលំបាកចិត្ត ដ្បិតអញបានមានវាចានឹងព្រះយេហូវ៉ាហើយ នឹងថយមកក្រោយវិញពុំបានឡើយ
36 នាងឆ្លើយទៅឪពុកថា លោកឪពុកអើយ បើលោកបានមានវាចានឹងព្រះយេហូវ៉ាហើយ នោះសូមធ្វើដល់ខ្ញុំតាមវាចា ដែលចេញពីមាត់នោះចុះ ដោយព្រោះព្រះយេហូវ៉ាទ្រង់បានសងសឹកនឹងពួកកូនចៅអាំម៉ូនជាខ្មាំងសត្រូវ ជំនួសលោកឪពុកហើយ
37 រួចនាងក៏សូមដល់ឪពុកថា សូមបើកឲ្យខ្ញុំធ្វើដូច្នេះ គឺទុកខ្ញុំឲ្យនៅក្នុងរវាង២ខែសិន ដើម្បីឲ្យខ្ញុំបានទៅនៅលើភ្នំ ហើយយំស្តាយភាពជាក្រមុំរបស់ខ្ញុំជាមួយនឹងពួកស្ត្រី ជាមិត្តសំឡាញ់ខ្ញុំ
38 នោះឪពុកក៏ឆ្លើយថា ទៅចុះ ហើយលោកបើកឱកាសឲ្យនាងទៅនៅអស់២ខែ ដូច្នេះ នាងក៏ចេញទៅជាមួយនឹងពួកមិត្តសំឡាញ់ទៅ ហើយយំស្តាយដល់ភាពជាក្រមុំរបស់នាងលើភ្នំ
39 លុះគ្រប់កំណត់២ខែហើយ នោះនាងក៏ត្រឡប់មកឯឪពុកវិញ ហើយលោកបានធ្វើដល់នាង តាមបំណន់របស់ខ្លួនទៅ នាងឥតដែលបានស្គាល់បុរសណាឡើយ សេចក្ដីនោះឯងបានត្រឡប់ទៅជាទម្លាប់ក្នុងពួកអ៊ីស្រាអែលតទៅ
40 គឺរាល់តែឆ្នាំ ពួកកូនស្រីរបស់អ៊ីស្រាអែល គេតែងទៅយំរំឭកពីកូនស្រីរបស់យែបថា ជាពួកកាឡាតនោះ គ្រប់៤ថ្ងៃក្នុង១ឆ្នាំ។
ជំពូក 12
1 រីឯពួកអេប្រាអិម គេក៏ប្រមូលគ្នា ដើរទៅខាងជើង បន្ទោសដល់យែបថាថា ហេតុអ្វីបានជាឯងទៅច្បាំងនឹងពួកកូនចៅអាំម៉ូន ឥតហៅយើងឲ្យទៅជាមួយផងដូច្នេះ យើងនឹងដុតផ្ទះឯងឥឡូវ ព្រមទាំងឯងនៅក្នុងផង
2 យែបថាឆ្លើយទៅគេថា អញ ហើយនិងពួកអញនេះ មានហេតុទាស់ទែងនឹងពួកកូនចៅអាំម៉ូនជាខ្លាំង អញក៏បានហៅឯងរាល់គ្នាដែរ តែឯងមិនបានជួយអញឲ្យរួចពីកណ្តាប់ដៃគេទេ
3 ដូច្នេះ កាលអញឃើញថា ឯងរាល់គ្នាមិនជួយអញទេ នោះអញបានប្រថុយជីវិតចេញទៅច្បាំងនឹងពួកកូនចៅអាំម៉ូន ហើយព្រះយេហូវ៉ាទ្រង់ក៏បានប្រគល់គេមកក្នុងកណ្តាប់ដៃនៃអញ ចុះហេតុអ្វីបានជាឯងរាល់គ្នាឡើងមកតនឹងអញនៅថ្ងៃនេះដូច្នេះ
4 យែបថាក៏ប្រមូលពួកមនុស្សទាំងប៉ុន្មាននៅស្រុកកាឡាត ទៅតស៊ូនឹងពួកអេប្រាអិម ពួកកាឡាតបានវាយពួកអេប្រាអិម ដោយព្រោះគេថា ពួកកាឡាតឯងរាល់គ្នានេះ ដែលនៅកណ្តាលពួកអេប្រាអិម និងពួកម៉ាន៉ាសេ ឯងជាពួកដែលរត់ចេញពីពួកអេប្រាអិមទៅទេ
5 ពួកកាឡាតក៏ចាប់ស្កាត់យកអស់ទាំងផ្លូវឆ្លងទន្លេយ័រដាន់នៅមុខពួកអេប្រាអិម រួចកាលណាមានពួកអេប្រាអិមដែលរត់រួចបាន គេមកអង្វរថា សូមឲ្យខ្ញុំឆ្លងទៅផង នោះពួកកាឡាតសួរទៅថា តើឯងជាពួកអេប្រាអិមឬអី បើគេឆ្លើយថាទេ
6 នោះពួកកាឡាតបង្គាប់ឲ្យគេចេញពាក្យថា «ស៊ីបូលែត» ហើយបើគេថា «ឈីបូលែត» វិញ ដោយគេធ្វើមាត់ឲ្យចេញខ្យល់នោះមិនត្រូវ នោះក៏ចាប់គេសម្លាប់ទៅ ត្រង់ផ្លូវឆ្លងទន្លេយ័រដាន់នៅវេលានោះ មានពួកអេប្រាអិមដួលស្លាប់ អស់ចំនួន៤ម៉ឺន២ពាន់នាក់
7 ឯយែបថាបានគ្រប់គ្រងលើពួកអ៊ីស្រាអែលអស់៦ឆ្នាំ រួចលោកស្លាប់ទៅ ហើយគេបញ្ចុះសពនៅក្នុងក្រុង១របស់ស្រុកកាឡាត។
8 ក្រោយពីលោកមក នោះមានឈ្មោះអ៊ីបសាន ជាអ្នកក្រុងបេថ្លេហិម បានធ្វើជាអ្នកគ្រប់គ្រងលើពួកអ៊ីស្រាអែល
9 លោកមានកូនប្រុស៣០ ហើយបានឲ្យកូនស្រី៣០ ទៅធ្វើជាប្រពន្ធរបស់អ្នកដទៃ ក៏នាំយកកូនស្រីដទៃ៣០ មកឲ្យកូនប្រុសរបស់ខ្លួនវិញ អ៊ីបសាននេះបានគ្រប់គ្រងលើសាសន៍អ៊ីស្រាអែលអស់៧ឆ្នាំ
10 រួចក៏ស្លាប់ទៅ គេបញ្ចុះសពនៅត្រង់បេថ្លេហិម។
11 ក្រោយពីលោកនោះមក មានឈ្មោះអេឡូន ជាពួកសាប់យូល៉ូន បានធ្វើជាអ្នកគ្រប់គ្រងលើសាសន៍អ៊ីស្រាអែលអស់១០ឆ្នាំ
12 រួចអេឡូន ជាពួកសាប់យូល៉ូន ក៏ស្លាប់ទៅ ហើយគេបញ្ចុះសពនៅត្រង់អាយ៉ាឡូន ក្នុងស្រុកសាប់យូល៉ូន។
13 ក្រោយពីលោកមក មានឈ្មោះអាបដូន ជាកូនហ៊ីលេល ក្នុងពួកពីរ៉ាថូន បានធ្វើជាអ្នកគ្រប់គ្រងលើពួកអ៊ីស្រាអែល
14 លោកមានកូនប្រុស៤០នាក់ ហើយមានចៅ៣០នាក់ ដែលសុទ្ធតែមានកូនលា១ម្នាក់សម្រាប់ជិះ អាបដូន ជាកូនហ៊ីលេល ក្នុងពួកពីរ៉ាថូន បានគ្រប់គ្រងលើសាសន៍អ៊ីស្រាអែលអស់៨ឆ្នាំ
15 រួចក៏ស្លាប់ទៅ ហើយគេបញ្ចុះសពនៅត្រង់ពីរ៉ាថូនក្នុងស្រុកអេប្រាអិម ជាស្រុកភ្នំរបស់សាសន៍អាម៉ាលេក។
ជំពូក 13
1 លំដាប់នោះពួកកូនចៅអ៊ីស្រាអែល គេប្រព្រឹត្តសេចក្ដីដែលលាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ាម្តងទៀត ព្រះយេហូវ៉ាទ្រង់ក៏ប្រគល់គេទៅក្នុងកណ្តាប់ដៃនៃពួកភីលីស្ទីនអស់រវាង៤០ឆ្នាំ។
2 គ្រានោះ មានមនុស្សម្នាក់នៅត្រង់សូរ៉ាស់ ក្នុងពួកគ្រួដាន់ ឈ្មោះម៉ាណូអា ប្រពន្ធជាស្ត្រីអារ គ្មានកូនសោះ
3 នោះទេវតានៃព្រះយេហូវ៉ាក៏លេចមកឲ្យប្រពន្ធគាត់ឃើញ ហើយប្រាប់ថា មើលឥឡូវនេះ ឯងជាស្ត្រីអារគ្មានកូន តែឯងនឹងមានទំងន់បង្កើតបានកូនប្រុស១វិញ
4 ដូច្នេះ ចូរប្រយ័ត កុំឲ្យផឹកស្រាទំពាំងបាយជូរ ឬគ្រឿងស្រវឹងណាឡើយ ក៏កុំឲ្យបរិភោគអ្វីដែលមិនស្អាតដែរ
5 ដ្បិតមើល ឯងនឹងមានទំងន់បង្កើតបានកូនប្រុស តែមិនត្រូវយកកាំបិតកោរសក់វាឡើយ ពីព្រោះកូននោះនឹងធ្វើជាពួកន៉ាសារីត ថ្វាយព្រះតាំងពីផ្ទៃម្តាយមក វានឹងចាប់តាំងជួយសង្គ្រោះដល់សាសន៍អ៊ីស្រាអែល ឲ្យរួចពីកណ្តាប់ដៃនៃពួកភីលីស្ទីន
6 ដូច្នេះ នាងក៏ទៅប្រាប់ដល់ប្ដីថា មានអ្នកសំណប់របស់ព្រះម្នាក់បានមកឯខ្ញុំ អ្នកនោះមានភាពមើលទៅដូចជាទេវតានៃព្រះ គួរឲ្យស្ញែងខ្លាច តែខ្ញុំមិនបានសួរដែលលោកមកពីណាទេ លោកក៏មិនបានប្រាប់ឈ្មោះដល់ខ្ញុំដែរ
7 តែបានប្រាប់ខ្ញុំថា មើល ឯងនឹងមានទំងន់បង្កើតបានកូនប្រុស១ ឥឡូវនេះ កុំឲ្យផឹកស្រាទំពាំងបាយជូរ ឬគ្រឿងស្រវឹងណាឡើយ ក៏កុំឲ្យបរិភោគអ្វីដែលមិនស្អាតផង ដ្បិតកូននោះនឹងធ្វើជាពួកន៉ាសារីត ថ្វាយព្រះតាំងពីក្នុងផ្ទៃមក ដរាបដល់ថ្ងៃស្លាប់។
8 ដូច្នេះ ម៉ាណូអាក៏ទូលអង្វរដល់ព្រះយេហូវ៉ាថា ឱព្រះអម្ចាស់អើយ សូមឲ្យអ្នកសំណប់របស់ព្រះ ដែលទ្រង់បានចាត់មកឯយើងខ្ញុំនោះ បានមកម្តងទៀត ដើម្បីនឹងបង្ហាញឲ្យយើងខ្ញុំដឹងពីការ ដែលត្រូវប្រព្រឹត្តចំពោះកូនដែលត្រូវកើតមកនោះ
9 ព្រះទ្រង់ក៏ស្តាប់តាមពាក្យរបស់ម៉ាណូអា ទេវតានៃព្រះក៏មកឯនាងម្តងទៀត ក្នុងកាលដែលនាងកំពុងអង្គុយនៅចម្ការ តែម៉ាណូអាជាប្ដី មិនបាននៅជាមួយនឹងនាងទេ
10 នោះនាងក៏រត់ទៅជាប្រញាប់ប្រាប់ប្ដីថា មើល អ្នកដែលបានមកឯខ្ញុំពីថ្ងៃមុន បានលេចមកឲ្យខ្ញុំឃើញទៀតហើយ
11 ដូច្នេះ ម៉ាណូអាក៏ក្រោកឡើងដើរតាមប្រពន្ធទៅឯអ្នកនោះសួរថា តើលោកឬអី ដែលបាននិយាយនឹងនាងនេះ ទេវតាឆ្លើយថា អើមែនហើយ
12 ម៉ាណូអាសួរថា ដូច្នេះ កាលណាពាក្យលោកបានសម្រេចហើយ នោះតើត្រូវឲ្យយើងខ្ញុំធ្វើតាមរបៀបយ៉ាងណា ហើយប្រព្រឹត្តចំពោះកូននោះជាយ៉ាងដូចម្តេចទៅ
13 ទេវតានៃព្រះយេហូវ៉ាក៏ឆ្លើយថា ត្រូវឲ្យនាងប្រយ័ត និងប្រព្រឹត្តតាមគ្រប់សេចក្ដី ដែលអញបានប្រាប់ហើយនោះ
14 គឺមិនត្រូវឲ្យបរិភោគអ្វីដែលកើតពីដើមទំពាំងបាយជូរឡើយ ក៏មិនត្រូវផឹកស្រាទំពាំងបាយជូរ ឬគ្រឿងស្រវឹងណា ឬបរិភោគអ្វីដែលមិនស្អាតផង ត្រូវឲ្យនាងប្រព្រឹត្តតាមគ្រប់ទាំងសេចក្ដី ដែលអញបានបង្គាប់ហើយ។
15 គ្រានោះ ម៉ាណូអាទូលទៅទេវតានៃព្រះយេហូវ៉ាថា យើងខ្ញុំសូមឃាត់លោកបន្តិច ដើម្បីនឹងចាត់ចែងរៀបចំកូនពពែ១ជូនលោក
16 តែទេវតានៃព្រះយេហូវ៉ាប្រកែកថា ទោះបើឯងឃាត់អញ ក៏អញមិនបរិភោគម្ហូបរបស់ឯងដែរ បើឯងចង់ថ្វាយតង្វាយដុត នោះត្រូវតែថ្វាយដល់ព្រះយេហូវ៉ាវិញ ឯម៉ាណូអា គាត់មិនដឹងជាទេវតានៃព្រះយេហូវ៉ាទេ
17 ក៏សួរថា តើលោកមាននាមដូចម្តេច ដើម្បីកាលណាបានសម្រេចដូចជាពាក្យលោក នោះឲ្យយើងខ្ញុំបានលើកសរសើរដល់នាមលោកផង
18 តែទេវតានៃព្រះយេហូវ៉ាឆ្លើយតបថា ហេតុអ្វីបានជាឯងសួររកឈ្មោះអញ ដ្បិតឈ្មោះអញនេះប្លែកអស្ចារ្យ
19 ដូច្នេះ ម៉ាណូអាគាត់យកកូនពពែ និងតង្វាយម្សៅមកថ្វាយព្រះយេហូវ៉ានៅលើថ្ម រួចទេវតាក៏ធ្វើយ៉ាងអស្ចារ្យ ក្នុងខណៈដែលម៉ាណូអា និងប្រពន្ធកំពុងមើល
20 គឺកាលអណ្តាតភ្លើងបានឆេះពីលើអាសនៈឡើង នោះទេវតានៃព្រះយេហូវ៉ាក៏ហោះឡើងទៅក្នុងអណ្តាតភ្លើង ដែលឆេះលើអាសនៈនោះទៅ ឯម៉ាណូអា និងប្រពន្ធក៏មើល រួចទម្លាក់ខ្លួនក្រាបចុះផ្កាប់មុខដល់ដីទាំង២នាក់។
21 តាំងពីនោះមក ទេវតានៃព្រះយេហូវ៉ាមិនបានលេចមកឲ្យម៉ាណូអា ឬប្រពន្ធគាត់ឃើញទៀតឡើយ ដូច្នេះ ម៉ាណូអាក៏ដឹងថាជាទេវតានៃព្រះយេហូវ៉ា
22 រួចប្រាប់ប្រពន្ធថា យើងនឹងស្លាប់ជាប្រាកដ ពីព្រោះយើងបានឃើញព្រះហើយ
23 តែប្រពន្ធឆ្លើយថា បើសិនជាព្រះយេហូវ៉ាទ្រង់សព្វព្រះហឫទ័យនឹងសម្លាប់យើង នោះទ្រង់មិនបានទទួលតង្វាយដុត និងតង្វាយម្សៅពីដៃយើងដូច្នេះទេ ក៏មិនបានឲ្យយើងឃើញអស់ទាំងការនេះ ឬប្រាប់សេចក្ដីយ៉ាងនេះ ឲ្យយើងដឹងនៅវេលានេះដែរ។
24 នាងក៏បង្កើតបានកូនប្រុសមួយ ឲ្យឈ្មោះថា សាំសុន កូននោះក៏មានវ័យធំឡើង ហើយព្រះយេហូវ៉ាទ្រង់ប្រទានពរឲ្យ
25 ព្រះវិញ្ញាណនៃព្រះយេហូវ៉ាក៏ចាប់តាំងបណ្តាលគាត់ នៅត្រង់ម៉ាហានេ-ដាន់ ដែលនៅកណ្តាលសូរ៉ាស់ ហើយនិងអែសថោល។
ជំពូក 14
1 សាំសុនគាត់ចុះទៅឯក្រុងធីមណា ហើយនៅទីនោះ គាត់ឃើញស្ត្រីម្នាក់ក្នុងពួកស្រីក្រមុំរបស់សាសន៍ភីលីស្ទីន
2 រួចត្រឡប់មកប្រាប់ដល់ឪពុកម្តាយថា ខ្ញុំបានឃើញស្ត្រីម្នាក់នៅធីមណា ក្នុងពួកស្រីក្រមុំរបស់ពួកសាសន៍ភីលីស្ទីន ដូច្នេះ សូមដណ្តឹងនាងនោះឲ្យខ្ញុំឥឡូវ
3 តែឪពុកម្តាយប្រកែកថា ក្នុងពួកស្រីក្រមុំទាំងប៉ុន្មានជាវង្សញាតិឯង ក្នុងសាសន៍អញនេះ តើគ្មានអ្នកណាមួយទេឬអី បានជាឯងចង់យកប្រពន្ធពីពួកភីលីស្ទីន ជាមនុស្សដែលមិនកាត់ស្បែកវិញ សាំសុនក៏ឆ្លើយទៅឪពុកថា សូមដណ្តឹងនាងនោះឲ្យខ្ញុំកុំខាន ពីព្រោះនាងនោះពេញចិត្តខ្ញុំណាស់
4 ឪពុកម្តាយគាត់មិនបានដឹង ជាការនោះកើតមកពីព្រះយេហូវ៉ាទេ ដ្បិតទ្រង់រកឱកាសទាស់នឹងពួកភីលីស្ទីន រីឯនៅជាន់នោះ ពួកសាសន៍ភីលីស្ទីនគេកាន់កាប់ត្រួតត្រាលើសាសន៍អ៊ីស្រាអែល។
5 លំដាប់នោះ សាំសុនក៏ចុះទៅឯធីមណាជាមួយនឹងឪពុកម្តាយ លុះបានដល់មកចម្ការទំពាំងបាយជូរ នៅធីមណា នោះឃើញមានសិង្ហស្ទាវ១ ចេញមកគ្រហឹមដាក់គាត់
6 ខណៈនោះ ព្រះវិញ្ញាណនៃព្រះយេហូវ៉ាក៏មកសណ្ឋិតលើគាត់ បណ្តាលឡើងជាខ្លាំង ហើយគាត់ចាប់ហែកសិង្ហនោះ ដូចជាគេហែកកូនពពែ តែគាត់គ្មានអ្វីនៅដៃសោះ រឿងនោះគាត់មិនបានប្រាប់ដល់ឪពុកម្តាយទេ
7 រួចសាំសុនចុះទៅនិយាយនឹងនាងនោះ ហើយនាងក៏ពេញចិត្តដល់គាត់ណាស់
8 ក្រោយបន្តិចគាត់ក៏ត្រឡប់មក ដើម្បីនឹងយកនាងធ្វើជាប្រពន្ធ ក៏បែរទៅមើលខ្មោចសិង្ហនោះ ឃើញថាមានសំបុកឃ្មុំ ពេញដោយទឹក នៅក្នុងខ្មោចសិង្ហនោះ
9 គាត់ក៏ច្បាមយកសំបុកឃ្មុំនោះខ្លះ ដើរទៅទាំងបរិភោគតាមផ្លូវបណ្តើរ ដរាបដល់មកជួបនឹងឪពុកម្តាយ រួចក៏ជូនគាត់ពិសាដែរ តែមិនបានប្រាប់ពីការដែលយកសំបុកឃ្មុំនោះ ចេញពីខ្មោចសិង្ហមកទេ។
10 ឪពុកគាត់ក៏ចុះទៅឯផ្ទះនៃស្ត្រីនោះ ដល់ហើយសាំសុនក៏ចាត់ចែងរៀបជប់លៀង តាមទំនៀមទម្លាប់នៃពួកកំលោះ
11 លុះគេទទួលគាត់ស្រេចហើយ នោះក៏តម្រូវមនុស្ស៣០នាក់ឲ្យមកកំដរគាត់
12 ឯសាំសុនគាត់និយាយទៅគេថា សូមឲ្យខ្ញុំចោទជាប្រស្នាដល់អ្នករាល់គ្នាបន្តិច បើសិនជាអ្នករាល់គ្នារកពាក្យឆ្លើយដោះស្រាយឲ្យខ្ញុំបាន ក្នុងរវាង៧ថ្ងៃដែលជប់លៀងនេះ នោះខ្ញុំនឹងឲ្យអាវទ្រនាប់ និងសម្លៀកបំពាក់១បន្លាស់ម្នាក់ៗ
13 តែបើអ្នករាល់គ្នាដោះស្រាយប្រស្នានេះមិនបាន នោះត្រូវឲ្យអ្នករាល់គ្នាឲ្យអាវទ្រនាប់ និងសម្លៀកបំពាក់១បន្លាស់ម្នាក់ដល់ខ្ញុំវិញ គេឆ្លើយឡើងថា ដូច្នេះ សូមឲ្យអ្នកចោទប្រស្នានោះដល់យើងរាល់គ្នាចុះ
14 គាត់ក៏ចោទថា «ពីអាហែកស៊ីមានចេញជាចំណី ហើយមានបង្អែមចេញពីអាខ្លាំងពូកែ» គេខំរកន័យរបស់ប្រស្នានោះ អស់៣ថ្ងៃមិនឃើញសោះ។
15 ដល់ថ្ងៃទី៧គេទៅកំហែងប្រពន្ធសាំសុនថា ចូរនាងលួងលោមប្ដី ឲ្យស្រាយប្រស្នាដល់យើងទៅ ប្រយ័តក្រែងយើងដុតនាង ព្រមទាំងពួកគ្រួឪពុកនាងនឹងភ្លើង តើបានហៅយើងមក ដើម្បីនឹងប្លន់យើងឬអី
16 ដូច្នេះ ប្រពន្ធសាំសុនក៏យំនៅមុខប្ដីថា បងស្អប់ដល់ខ្ញុំហើយ មិនស្រឡាញ់ខ្ញុំទេ បងបានចោទប្រស្នា ដល់ពួកកូនចៅសាសន៍ខ្ញុំ តែមិនបានស្រាយប្រាប់ខ្ញុំសោះ គាត់ឆ្លើយទៅនាងថា អញមិនបានស្រាយប្រាប់ដល់ទាំងឪពុកម្តាយអញផង ដូច្នេះ តើត្រូវស្រាយប្រាប់ដល់ឯងឬអី
17 នាងក៏យំនៅមុខគាត់ ទាំង៧ថ្ងៃដែលជប់លៀងនោះ លុះគ្រប់៧ថ្ងៃហើយ នោះគាត់ក៏ស្រាយប្រាប់ដល់នាង ពីព្រោះនាងបានរំអុកគាត់ណាស់ រួចនាងក៏ទៅស្រាយប្រស្នានោះប្រាប់ដល់ពួកកូនចៅសាសន៍របស់ខ្លួន
18 ក្នុងថ្ងៃទី៧មុនដែលថ្ងៃលិច នោះពួកមនុស្សទាំងប៉ុន្មាននៅក្នុងក្រុង ក៏ឆ្លើយតបមកគាត់ថា តើមានអ្វីដែលផ្អែមជាងទឹកឃ្មុំ ហើយតើមានអ្វីដែលខ្លាំងជាងសត្វសិង្ហ នោះគាត់ឆ្លើយទៅវិញថា បើសិនជាអ្នករាល់គ្នាមិនបានភ្ជួរដោយសារគោញីខ្ញុំ នោះអ្នករាល់គ្នារកន័យរបស់ប្រស្នាខ្ញុំមិនឃើញទេ
19 រួចព្រះវិញ្ញាណនៃព្រះយេហូវ៉ាក៏មកសណ្ឋិតលើគាត់ បណ្តាលឡើងជាខ្លាំង ហើយគាត់ចុះទៅឯអាសកាឡូនសម្លាប់មនុស្ស៣០នាក់ យកអាវខោរបស់គេ រួចចែកសម្លៀកបំពាក់នោះដល់ពួកអ្នក ដែលបានស្រាយប្រស្នា សាំសុនមានសេចក្ដីកំហឹងក្តៅឡើង ហើយក៏ត្រឡប់ទៅឯផ្ទះឪពុកវិញ
20 ឯគេក៏លើកប្រពន្ធគាត់ឲ្យទៅអ្នក១នោះដែលបានកំដរគាត់វិញ។
ជំពូក 15
1 ក្រោយបន្តិចមក នៅវេលាចម្រូូតស្រូវសាលី នោះសាំសុនក៏យកកូនពពែ១ទៅសួរប្រពន្ធគាត់ ដោយគិតថា អញនឹងចូលទៅឯប្រពន្ធអញនៅក្នុងបន្ទប់ តែឪពុកនាងមិនព្រមឲ្យចូលទៅទេ
2 ដោយពាក្យថា អញបានគិតថាឯងស្អប់វាហើយ បានជាអញឲ្យវាទៅអ្នកដែលកំដរឯងម្នាក់វិញ ឥឡូវប្អូនវាក៏មានរូបស្រស់ល្អជាងវាដែរ ដូច្នេះ សូមឲ្យយកប្អូនជំនួសវាចុះ
3 នោះសាំសុននិយាយទៅគេថា ម្តងណេះ បើអញធ្វើបាបដល់ពួកភីលីស្ទីន នោះអញគ្មានទោសទេ
4 រួចគាត់ចេញទៅចាប់ចចក៣០០ ហើយយកចន្លុះមកចងកន្ទុយជាប់គ្នាមួយគូៗ ដាក់ចន្លុះមួយៗនៅជាកណ្តាលកន្ទុយទាំង២នោះ
5 លុះកាលបានអុចចន្លុះទាំងនេះស្រេចហើយ នោះក៏លែងទៅក្នុងស្រូវរបស់ពួកភីលីស្ទីន បញ្ឆេះទាំងស្នឹមកណ្តាប់ ទាំងស្រូវដែលមិនទាន់ច្រូត ព្រមទាំងចម្ការដើមអូលីវផង
6 ដូច្នេះ ពួកភីលីស្ទីនសួរថា តើអ្នកណាបានធ្វើអំពើនេះ គេឆ្លើយថា គឺសាំសុន ជាកូនប្រសាអ្នកក្រុងធីមណានោះ ពីព្រោះគេបានលើកប្រពន្ធវាឲ្យទៅអ្នកកំដររបស់វាវិញ នោះពួកភីលីស្ទីនក៏ឡើងទៅដុតសម្លាប់នាងនោះ ព្រមទាំងឪពុកទៅ
7 សាំសុនក៏និយាយគំនុំដល់គេថា ឯងរាល់គ្នាធ្វើដូច្នេះ អើ មិនអីទេ ចាំមើល ថ្ងៃក្រោយអញនឹងសងសឹកនឹងឯងម្តងវិញជាសម្រេច
8 គាត់ក៏វាយសម្លាប់គេដោយកម្លាំងកាយស្លាប់យ៉ាងសន្ធឹក រួចភៀសខ្លួនចុះទៅនៅក្នុងក្រហែងថ្មដា ឈ្មោះអេតាមទៅ។
9 នោះពួកភីលីស្ទីនគេឡើងទៅ បោះទ័ពក្នុងស្រុកយូដា រាយរហូតដល់តំបន់លេហ៊ី
10 រួចពួកយូដាសួរថា ហេតុអ្វីបានជាអ្នករាល់គ្នាឡើងមកទាស់នឹងយើងដូច្នេះ គេឆ្លើយថា យើងមកប្រយោជន៍តែនឹងចាប់ចងសាំសុនប៉ុណ្ណោះទេ ដើម្បីនឹងសងដល់វា ដូចជាវាបានធ្វើយើងហើយ
11 ដូច្នេះ មានពួកយូដា៣ពាន់នាក់ ចុះទៅដល់ក្រហែងថ្មអេតាមនោះ និយាយនឹងសាំសុនថា តើឯងមិនដឹងថាពួកភីលីស្ទីនជាម្ចាស់លើយើងរាល់គ្នាទេឬអី ឯងបានធ្វើអ្វីដល់យើងដូច្នេះ គាត់ឆ្លើយតបថា ខ្ញុំគ្រាន់តែបានធ្វើដល់គេ ដូចជាគេបានធ្វើខ្ញុំហើយទេ
12 នោះគេប្រាប់គាត់ថា យើងចុះមកនេះ ដើម្បីចងឯងនាំទៅប្រគល់ដល់អំណាចពួកភីលីស្ទីន សាំសុនឆ្លើយថា ដូច្នេះ ចូរស្បថនឹងខ្ញុំថា ខ្លួនអ្នករាល់គ្នាមិនសម្លាប់ខ្ញុំទេ
13 គេក៏ទទួលព្រមថា អើ យើងគ្រាន់តែចងឯងនាំទៅប្រគល់ដល់អំណាចគេប៉ុណ្ណោះ ឯខ្លួនយើងមិនសម្លាប់ឯងជាប្រាកដ គេក៏យកខ្សែថ្មី២មកចងគាត់ នាំឡើងចេញពីថ្មដានោះទៅ។
14 គ្រាដល់លេហ៊ីហើយ កាលពួកភីលីស្ទីនបានឃើញគាត់ នោះក៏នាំគ្នាស្រែកឡើង រួចព្រះវិញ្ញាណនៃព្រះយេហូវ៉ាទ្រង់សណ្ឋិតលើគាត់ បណ្តាលឡើងជាខ្លាំង ឯខ្សែដែលគេចងដៃគាត់ក៏ត្រឡប់ដូចជាសរសៃខ្លូតទេសដែលខ្លោចដោយភ្លើងវិញ របេះជ្រុះពីដៃគាត់ចេញអស់
15 លុះគាត់ឃើញឆ្អឹងថ្គាមស្រស់១របស់សត្វលា នោះក៏លូកដៃទៅចាប់យកមក វាយសម្លាប់មនុស្ស១ពាន់នាក់
16 រួចសាំសុនថ្លែងវាចាថា ដោយសារថ្គាមលា អញវាយសម្លាប់មនុស្សបានអស់១ពាន់នាក់ ដោយសារថ្គាមនោះមានគំនរមនុស្សគរលើគ្នា
17 កាលគាត់បានថ្លែងរួចហើយ ក៏បោះឆ្អឹងថ្គាមនោះពីដៃចេញទៅ គេដាក់ឈ្មោះទីនោះថា រ៉ាម៉ាត-លេហ៊ី
18 ខណៈនោះ គាត់ស្រេកទឹកជាខ្លាំង ហើយក៏អំពាវនាវដល់ព្រះយេហូវ៉ាថា ទ្រង់បានប្រទានឲ្យដៃអ្នកបម្រើទ្រង់មានជ័យជម្នះយ៉ាងធំនេះហើយ ឥឡូវនេះ តើត្រូវឲ្យទូលបង្គំស្លាប់ដោយស្រេកទឹក ហើយធ្លាក់ទៅក្នុងកណ្តាប់ដៃនៃពួកដែលមិនកាត់ស្បែកនេះវិញឬអី
19 នោះព្រះទ្រង់ធ្វើឲ្យមានទីខូងដែលនៅត្រង់លេហ៊ី រួចមានទឹកចេញមក កាលគាត់ផឹកទឹកហើយ នោះក៏មានវិញ្ញាណឡើងវិញ ព្រមទាំងមានកម្លាំងឡើងដែរ ហេតុនោះបានជាគេដាក់ឈ្មោះទីនោះថា អេន-ហាកូរេ ក្បាលទឹកនោះមាននៅត្រង់លេហ៊ី ដរាបដល់សព្វថ្ងៃនេះ
20 សាំសុនបានធ្វើជាអ្នកគ្រប់គ្រងលើសាសន៍អ៊ីស្រាអែល នៅគ្រាពួកភីលីស្ទីនអស់២០ឆ្នាំ។
ជំពូក 16
1 លំដាប់នោះសាំសុនទៅឯក្រុងកាសា នៅទីនោះ គាត់ឃើញស្រីសំផឹងម្នាក់ ហើយក៏ចូលទៅឯនាង
2 មានគេប្រាប់ដល់ពួកក្រុងកាសាថា សាំសុនបានមកហើយ គេក៏ព័ទ្ធទីជុំវិញ លបចាំចាប់គាត់នៅទ្វារក្រុងរហូតទាល់ភ្លឺ គេនៅសំងំពេញ១យប់នោះ ដោយសន្យាគ្នាថា ដល់ភ្លឺឡើងយើងនឹងសម្លាប់វាចេញ
3 តែសាំសុនគាត់ដេកទាល់តែដល់ពាក់កណ្តាលអធ្រាត្រ រួចក្រោកឡើង ចាប់យកសន្លឹកទ្វារទីក្រុង កន្ត្រាក់ទាញបង្គោលទាំង២ ព្រមទាំងរនុក លីទាំងអស់ទៅលើកំពូលភ្នំ ដែលនៅមុខហេប្រុនទៅ។
4 ក្រោយមកទៀត គាត់មានស្រឡាញ់ស្ត្រីម្នាក់នៅច្រកភ្នំសូរេក នាងនោះឈ្មោះដេលីឡា
5 ដូច្នេះ ពួកមេលើសាសន៍ភីលីស្ទីនក៏ឡើងទៅបបួលនាងថា ចូរលួងលោមវាមើល ដែលវាមានកម្លាំងខ្លាំងម៉្លេះពីណាមក ហើយធ្វើដូចម្តេចឲ្យយើងឈ្នះវា ដើម្បីនឹងចាប់ចងបង្ក្រាបវាទៅបាន នោះយើងគ្រប់គ្នានឹងឲ្យប្រាក់១១០០ម្នាក់ដល់នាង
6 រួចដេលីឡាក៏ល្បួងសាំសុនថា សូមប្រាប់ខ្ញុំដែលអ្នកមានកម្លាំងជាខ្លាំងម៉្លេះពីណាមក តើយកអ្វីនឹងចងបង្ក្រាបអ្នកបាន
7 នោះសាំសុនឆ្លើយតបថា បើគេយកវល្លិស្រស់៧ដើម ដែលមិនបានហាលឲ្យស្ងួត មកចងអញ នោះអញនឹងទៅជាខ្សោយ ដូចជាមនុស្សឯទៀតវិញ
8 ដូច្នេះ ពួកមេលើសាសន៍ភីលីស្ទីនក៏យកវល្លិស្រស់៧ដើម ដែលមិនបានហាលឲ្យស្ងួតមកឲ្យនាង ហើយនាងយកទៅចងគាត់
9 រីឯនៅក្នុងបន្ទប់ខាងក្នុង នោះមានមនុស្សបង្កប់ខ្លួនចាំ ខណៈនោះ នាងស្រែកថា សាំសុនអើយ ន៏ ពួកភីលីស្ទីនមកចាប់អ្នកហើយ តែគាត់បណ្តាច់វល្លិទាំងនោះចេញ ដូចជាសរសៃចចូត ដែលត្រូវដាច់ដោយប៉ះនឹងភ្លើង ដូច្នេះ គ្មានអ្នកណាដឹងជាគាត់មានកម្លាំងប៉ុណ្ណាទេ។
10 នោះដេលីឡានិយាយនឹងសាំសុនថា មើល បងបានបញ្ឆោតខ្ញុំ ដោយពោលសុទ្ធតែពាក្យភរភូតវិញ ម្តងនេះសូមប្រាប់ដល់ខ្ញុំ តើនឹងយកអ្វីមកចងបងឲ្យជាប់បាន
11 គាត់ឆ្លើយថា បើគ្រាន់តែចងអញ ដោយពួរថ្មីដែលមិនទាន់ប្រើការសោះ នោះអញនឹងទៅជាខ្សោយ ដូចជាមនុស្សឯទៀតវិញ
12 ដូច្នេះ ដេលីឡាក៏យកពួរថ្មីទៅចងរួចស្រែកថា សាំសុនអើយ ន៏ ពួកភីលីស្ទីនមកចាប់បងហើយ ឯពួកអ្នកដែលបង្កប់ខ្លួន ក៏នៅចាំឰដ៏បន្ទប់ខាងក្នុង គាត់បណ្តាច់ពួរនោះចេញពីដៃទៅ គណនាដូចជាអំបោះ១សរសៃសុទ្ធ។
13 ដេលីឡានិយាយនឹងសាំសុនថា តាំងពីដើមដល់ឥឡូវនេះ បងនៅតែបញ្ឆោតខ្ញុំ ដោយនិយាយភូតភរដដែល ចូរប្រាប់មកខ្ញុំ តើត្រូវយកអ្វីចងបងឲ្យជាប់បាន គាត់ឆ្លើយថា ឲ្យឯងគ្រាន់តែក្រងសក់ក្បាលអញទាំង៧កំរងជាប់ជា១នឹងអំបោះអន្ទងទៅ
14 នាងក៏បោះស្នៀតភ្ជាប់នឹងផ្សំថែមទៀត រួចស្រែកថា សាំសុនអើយ ន៏ ពួកភីលីស្ទីនមកចាប់បងហើយ នោះគាត់ភ្ញាក់ពីដេកឡើង រដោះស្នៀតចេញពីកី ជាប់ទាំងអំបោះអន្ទងទៅផង។
15 នោះនាងនិយាយនឹងគាត់ថា ធ្វើដូចម្តេចឲ្យបងនិយាយថា បងស្រឡាញ់ដល់ខ្ញុំបាន បើចិត្តបងទីទៃពីគ្នាដូច្នេះ បងបានបញ្ឆោតខ្ញុំគ្រប់៣ដងនេះហើយ ឥតប្រាប់ពីដំណើរដែលបងមានកម្លាំងខ្លាំងទាំងម៉្លេះពីណាមកសោះ
16 រួចមក ដោយនាងចេះតែរំអុកបង្ខំរាល់តែថ្ងៃ ដោយពាក្យសំដីនាង បានជាគាត់មានចិត្តព្រួយសឹងតែនឹងស្លាប់
17 ហើយក៏បញ្ចេញប្រាប់អស់អំពីក្នុងចិត្តដល់នាងថា មិនដែលមានកាំបិតកោរសក់ក្បាលអញឡើយ ដ្បិតអញជាពួកន៉ាសារីតដល់ព្រះ តាំងតែពីផ្ទៃម្តាយមក បើកោរសក់អញហើយ នោះកម្លាំងនឹងថយចេញពីអញទៅ ហើយអញនឹងទៅជាខ្សោយ ដូចជាមនុស្សឯទៀត។
18 កាលដេលីឡាឃើញថា គាត់បានបញ្ចេញប្រាប់អស់អំពីក្នុងចិត្តដូច្នោះ នោះនាងក៏ចាត់គេឲ្យទៅហៅពួកមេលើសាសន៍ភីលីស្ទីនមក ដោយពាក្យថា សូមឡើងមកតែម្តងនេះទៀតចុះ ដ្បិតវាបានបញ្ចេញប្រាប់អស់អំពីក្នុងចិត្តដល់ខ្ញុំហើយ ដូច្នេះ ពួកមេក៏ឡើងមកឯនាង ព្រមទាំងយកប្រាក់នោះមកផង
19 ខណៈនោះ នាងបានផ្តេកគាត់ឲ្យលក់នៅលើភ្លៅ រួចនាងហៅម្នាក់មកឲ្យកោរកំរងទាំង៧ពីលើក្បាលគាត់ចេញ នោះនាងចាប់តាំងធ្វើទុក្ខដល់គាត់ ហើយកម្លាំងក៏ថយចេញពីគាត់ទៅ
20 រួចនាងស្រែកថា សាំសុនអើយ ន៏ ពួកភីលីស្ទីនមកចាប់បងហើយ គាត់ក៏ភ្ញាក់ពីដេកឡើង នឹកថា អញនឹងចេញទៅរលាស់ខ្លួនដូចជាសព្វ១ដង តែគាត់មិនដឹងជាព្រះយេហូវ៉ាបានថយចេញពីខ្លួនទេ
21 លំដាប់នោះពួកភីលីស្ទីនក៏មកចាប់គាត់ ចាក់ឲ្យខ្វាក់ភ្នែក រួចនាំចុះទៅឯក្រុងកាសា ដល់ហើយក៏យកច្រវាក់លង្ហិនមកដាក់គាត់ រួចគាត់ត្រូវបង្វិលត្បាល់កិននៅក្នុងគុក
22 ប៉ុន្តែ ក្រោយដែលគេបានកោរ នោះសក់ក៏ចាប់តាំងលាស់ឡើងវិញ។
23 គ្រានោះ ពួកមេសាសន៍ភីលីស្ទីនក៏ប្រមូលគ្នាដើម្បីនឹងថ្វាយយញ្ញបូជាយ៉ាងឱឡារិកដល់ដាកុនជាព្រះនៃគេ ហើយនាំគ្នាសប្បាយឡើង ដោយថា ព្រះនៃយើងបានប្រគល់សាំសុនជាខ្មាំងសត្រូវ មកក្នុងកណ្តាប់ដៃយើងហើយ
24 កាលពួកបណ្តាជនបានឃើញគាត់ នោះគេសរសើរ ដល់ព្រះរបស់គេដោយថា ព្រះនៃយើងបានប្រគល់ខ្មាំងសត្រូវមកក្នុងកណ្តាប់ដៃយើងហើយ គឺជាអ្នកដែលបានបំផ្លាញស្រុកយើង ព្រមទាំងសម្លាប់ពួកយើងជាច្រើនផងនោះ
25 កាលចិត្តគេបានអរសប្បាយឡើងហើយ នោះគេប្រាប់ថា ចូរនាំសាំសុនមកឡកត្លុកឲ្យយើងមើលលេង គេក៏ហៅសាំសុនចេញពីក្នុងគុកមក ហើយគាត់ក៏ឡកត្លុកនៅមុខគេ គេដាក់គាត់នៅជាកណ្តាលនៃសសររោង
26 នោះសាំសុនសូមដល់ក្មេងដែលដឹកដៃគាត់ថា សូមបើកឲ្យខ្ញុំពាល់សសរដែលទ្ររោងនេះ ដើម្បីឲ្យខ្ញុំបានផ្អែកទៅលើបន្តិច
27 រីឯរោងនោះមានពេញណែន ដោយមនុស្សទាំងប្រុសទាំងស្រី ពួកមេសាសន៍ភីលីស្ទីនទាំងអស់ក៏ប្រជុំគ្នានៅទីនោះដែរ ហើយមានមនុស្សទាំងប្រុសទាំងស្រី ប្រហែលជា៣ពាន់នាក់ទៀតនៅមើលសាំសុនពីលើដំបូលកំពុងដែលគាត់ឡកត្លុក
28 គ្រានោះ សាំសុនអំពាវនាវដល់ព្រះយេហូវ៉ា ទូលថា ឱព្រះយេហូវ៉ាជាព្រះអម្ចាស់អើយ សូមទ្រង់នឹកចាំពីទូលបង្គំ ឱព្រះអង្គអើយ សូមចម្រើនកម្លាំងឲ្យទូលបង្គំតែម្តងណេះចុះ ដើម្បីឲ្យទូលបង្គំបានសងសឹក ដល់ពួកសាសន៍ភីលីស្ទីន ដោយព្រោះភ្នែកទូលបង្គំទាំង២តែម្តង
29 នោះសាំសុនក៏ចាប់សសរទាំង២ ដែលទ្រនៅជាកណ្តាលរោងនោះ ដោយដៃស្តាំម្ខាង ហើយដោយដៃឆ្វេងម្ខាង
30 រួចគាត់ថា សូមឲ្យខ្ញុំស្លាប់ជាមួយនឹងពួកភីលីស្ទីនចុះ នោះគាត់ប្រឹងរួបយោលខ្លួនពេញកម្លាំង ហើយរោងនោះបានរលំមកលើពួកមេ ព្រមទាំងបណ្តាជនទាំងប៉ុន្មាន ដែលនៅក្នុងទីនោះផង ដូច្នេះ ពួកមនុស្សដែលគាត់ធ្វើឲ្យស្លាប់ក្នុងកាលដែលគាត់ស្លាប់ទៅ នោះមានច្រើនជាងពួកអ្នក ដែលគាត់បានសម្លាប់ពីកាលនៅរស់ទៅទៀត
31 ឯបងប្អូន និងពួកគ្រួឪពុកគាត់ទាំងអស់ គេចុះទៅសែងខ្មោចគាត់ឡើងមក ក៏បញ្ចុះនៅក្នុងទីកប់ខ្មោចរបស់ម៉ាណូអា ជាឪពុក នៅជាកណ្តាលសូហារ និងអែសថោល គាត់បានធ្វើជាអ្នកគ្រប់គ្រងលើសាសន៍អ៊ីស្រាអែល២០ឆ្នាំ។
ជំពូក 17
1 រីឯនៅស្រុកភ្នំអេប្រាអិម នោះមានបុរសម្នាក់ឈ្មោះ មីកា
2 គាត់និយាយប្រាប់ម្តាយថា ប្រាក់១១០០ដែលគេបានយកពីម៉ែទៅ ហើយម៉ែបានដាក់បណ្តាសាពីរឿងនោះនៅត្រចៀកខ្ញុំ មើលប្រាក់នោះនៅនឹងខ្ញុំទេ គឺខ្ញុំហើយដែលយក ដូច្នេះ ម្តាយនិយាយថា សូមពរពីព្រះយេហូវ៉ាដល់ឯងជាកូន
3 គាត់ក៏ប្រគល់ប្រាក់១១០០នោះដល់ម្តាយវិញ រួចម្តាយនិយាយថា អញថ្វាយប្រាក់នេះដល់ព្រះយេហូវ៉ាពីដៃខ្លួនអញសម្រាប់កូន ដើម្បីនឹងសិតរូប១ ហើយឆ្លាក់ធ្វើជារូប១ ដូច្នេះ ហ៏ អញប្រគល់ឲ្យឯង
4 តែគាត់ប្រគល់ប្រាក់នោះដល់ម្តាយវិញ នោះម្តាយក៏យកប្រាក់២០០ទៅឲ្យជាងស្មិត ជាងក៏ឆ្លាក់ធ្វើរូប១ និងរូបសិត១ រូបនោះតាំងនៅក្នុងផ្ទះមីកា
5 ឯមីកានេះ គាត់មានរោងព្រះ១ ហើយក៏ធ្វើអេផូឌ និងរូបព្រះ១ រួចញែកកូនគាត់ម្នាក់ ទុកជាសង្ឃដល់ខ្លួន
6 នៅគ្រានោះ គ្មានស្តេចណាសោយរាជ្យនៅស្រុកអ៊ីស្រាអែលទេ ម៉្លោះហើយ មនុស្សទាំងឡាយ គេតែងតែប្រព្រឹត្តការដែលខ្លួនគិតឃើញថាត្រឹមត្រូវ។
7 រីឯនៅក្រុងបេថ្លេហិម ស្រុកយូដា នោះមានមនុស្សកំលោះម្នាក់ក្នុងគ្រួយូដា ដែលជាពួកលេវី គាត់មានទីលំនៅអាស្រ័យនៅទីនោះ
8 គាត់ក៏ចេញពីបេថ្លេហិម នៅស្រុកយូដានោះ ដើម្បីនឹងទៅស្នាក់នៅទីណាដែលរកបាន កំពុងដែលធ្វើដំណើរទៅ នោះក៏មកដល់ផ្ទះមីកា នៅស្រុកភ្នំអេប្រាអិម
9 មីកាសួរគាត់ថា អ្នកមកពីណា គាត់ឆ្លើយថា ខ្ញុំជាពួកលេវី ពីបេថ្លេហិម ស្រុកយូដា ខ្ញុំស្វែងរកទីណាដែលខ្ញុំនឹងស្នាក់នៅបាន
10 នោះមីកាឆ្លើយតបថា ដូច្នេះ ចូរនៅជាមួយនឹងខ្ញុំ ធ្វើជាឪពុក ហើយជាសង្ឃដល់ខ្ញុំចុះ ខ្ញុំនឹងបើកប្រាក់ឲ្យ១០ដួងក្នុង១ឆ្នាំ ព្រមទាំងសម្លៀកបំពាក់១សម្រាប់ ហើយបាយផង ដូច្នេះ អ្នកនោះក៏ចូលទៅ
11 ហើយសុខចិត្តនៅជាមួយនឹងមីកា ដែលរាប់គាត់ ទុកដូចជាកូនខ្លួនបង្កើតណាមួយ
12 មីកាក៏ញែកចេញទុកជាសង្ឃដល់ខ្លួន ហើយគាត់នៅក្នុងផ្ទះមីកាទៅ
13 មីកានឹកថា ឥឡូវនេះ អញដឹងថាព្រះយេហូវ៉ាទ្រង់នឹងផ្តល់សេចក្ដីល្អដល់អញ ពីព្រោះអញមានពួកលេវីម្នាក់ធ្វើជាសង្ឃដល់អញហើយ។
ជំពូក 18
1 នៅគ្រានោះ គ្មានស្តេចនៅស្រុកអ៊ីស្រាអែលទេ រីឯពូជអំបូរដាន់នៅវេលានោះ គេរកស្រុកតាំងជាទីលំនៅ ទុកជាកេរអាកររបស់គេ ដ្បិតតាំងពីដើមរៀងមក គេមិនទាន់បានទទួលកេរអាកររបស់គេ ក្នុងពូជអំបូរអ៊ីស្រាអែលទាំងប៉ុន្មាននៅឡើយទេ
2 ដូច្នេះ ពួកកូនចៅដាន់ក៏រើសពួកគេ៥នាក់ ដែលសុទ្ធតែជាមនុស្សខ្លាំងពូកែ ពីក្រុងសូរ៉ាស់ និងក្រុងអែសថោល ចាត់ឲ្យទៅសង្កេតមើលស្រុក ដោយពាក្យថា ចូរទៅពិនិត្យមើលស្រុកទៅ គេក៏ចូលមកក្នុងស្រុកភ្នំអេប្រាអិមដល់ផ្ទះមីកា ហើយដេកនៅទីនោះអស់១យប់
3 តែគ្រាដែលមកជិតដល់ផ្ទះមីកាហើយ នោះគេឮ ហើយក៏ស្គាល់សំឡេងរបស់មនុស្សកំលោះ ជាពួកលេវីនោះ រួចក៏ចូលទៅសួរគាត់ថា តើអ្នកណាបាននាំអ្នកមកនេះ អ្នកធ្វើជាអ្វីនៅទីនេះ ហើយមានអ្វីនៅឯណេះ
4 គាត់ឆ្លើយថា មីកាបានប្រព្រឹត្តនឹងខ្ញុំយ៉ាងនេះមួយៗ គាត់បានជួលខ្ញុំ ឲ្យធ្វើជាសង្ឃដល់គាត់
5 នោះគេប្រាប់ដល់គាត់ថា ដូច្នេះ សូមឲ្យអ្នកទូលសួរព្រះមើល ដើម្បីឲ្យយើងរាល់គ្នាដឹង ជាផ្លូវដែលយើងទៅនេះនឹងបានកើតការឬទេ
6 សង្ឃនោះឆ្លើយតបថា សូមអញ្ជើញទៅដោយសុខសាន្តចុះ ព្រះយេហូវ៉ាទ្រង់ជ្រាបផ្លូវដែលអ្នករាល់គ្នាទៅនោះហើយ។
7 នោះពួក៥នាក់នាំគ្នាចេញទៅ ក៏បានទៅដល់ក្រុងឡាអ៊ីស នៅស្រុកនោះ គេឃើញមានពួកមនុស្ស ដែលនៅដោយសុខសាន្ត តាមរបៀបសាសន៍ស៊ីដូន គឺរម្យទម ហើយសុខសាន្ត ដ្បិតនៅស្រុកនោះ គ្មានអ្នកណាមានអំណាចនឹងធ្វើឲ្យគេមានសេចក្ដីខ្មាស ក្នុងការអ្វីឡើយ គេនៅឆ្ងាយពីសាសន៍ស៊ីដូន ឥតប្រកបនឹងអ្នកណាមួយផង
8 រួចពួកទាំង៥នាក់ក៏ត្រឡប់ទៅឯបងប្អូនគេ ដែលនៅសូរ៉ាស់ និងអែសថោលវិញ បងប្អូនគេក៏សួរថា យ៉ាងម៉េចទៅ
9 គេប្រាប់ថា ចូររៀបចំឡើង លើកគ្នាទៅច្បាំងនឹងគេទៅ ដ្បិតយើងបានឃើញស្រុកគេល្អណាស់ តើនៅព្រងើយដូច្នេះធ្វើអី កុំឲ្យខ្ជិលនឹងចូលទៅចាប់យកស្រុកនោះឡើយ
10 កាលណាចូលទៅដល់ នោះនឹងឃើញពួកមនុស្សដែលនៅដោយសុខសាន្ត ស្រុកនោះក៏ធំទូលាយដែរ ដ្បិតព្រះបានប្រគល់ស្រុកនោះមកក្នុងកណ្តាប់ដៃយើងហើយ គឺជាកន្លែងមិនចេះខ្វះអ្វីដែលនៅផែនដីនេះ។
11 គ្រានោះ មានមនុស្ស៦០០នាក់ពីវង្សដាន់ ដែលនៅត្រង់សូរ៉ាស់ និងអែសថោល គេលើកគ្នាចេញទៅទាំងមានគ្រឿងសឹក
12 ក៏ឡើងទៅបោះទ័ពនៅត្រង់គារយ៉ាត់-យារីមក្នុងស្រុកយូដា ហេតុនោះបានជាគេឲ្យឈ្មោះទីនោះថា ម៉ាហានេ-ដាន់ ដរាបដល់សព្វថ្ងៃនេះ ទីនោះនៅខាងក្រោយគារយ៉ាត់-យារីម
13 ពីទីនោះ គេចូលទៅក្នុងស្រុកភ្នំអេប្រាអិម ហើយក៏មកដល់ផ្ទះមីកា។
14 ឯពួក៥នាក់ដែលបានទៅសង្កេតមើលស្រុកឡាអ៊ីស គេក៏ផ្តើមនិយាយទៅបងប្អូនគេថា តើអ្នករាល់គ្នាដឹងថា នៅផ្ទះនេះមានអេផូឌ និងរូបព្រះ ព្រមទាំងរូបឆ្លាក់ និងរូបសិតផងឬទេ ដូច្នេះ ពិចារណាមើល តើត្រូវធ្វើដូចម្តេច
15 គេក៏បែរចូលទៅក្នុងផ្ទះមនុស្សកំលោះជាពួកលេវីនេះ គឺក្នុងផ្ទះរបស់មីកា ហើយក៏សាកសួរពីសេចក្ដីសុខទុក្ខ
16 ឯពួកកូនចៅដាន់ទាំង៦០០នាក់ដែលមានគ្រឿងសឹក គេឈរចាំនៅឰដ៏មាត់ទ្វារ
17 ពួក៥នាក់ដែលបានទៅសង្កេតមើលស្រុក ក៏ឡើងចូលទៅក្នុងផ្ទះ យកទាំងរូបឆ្លាក់ និងអេផូឌ ព្រមទាំងរូបព្រះ និងរូបសិតផង ឯសង្ឃនោះគាត់ឈរនៅមាត់ទ្វារជាមួយនឹងមនុស្ស៦០០នាក់ ដែលមានគ្រឿងសឹក
18 កាលអ្នកទាំង៥បានចូលទៅក្នុងផ្ទះមីកា យករូបឆ្លាក់ និងអេផូឌ ព្រមទាំងរូបព្រះ និងរូបសិតដូច្នោះ នោះគាត់សួរថា អ្នករាល់គ្នាធ្វើអ្វីដូច្នេះ
19 តែគេប្រាប់គាត់ថា ចូរនៅឲ្យស្ងៀមទៅ ហើយយកដៃខ្ទប់មាត់ចុះ សូមទៅជាមួយនឹងយើងធ្វើជាឪពុក ហើយជាសង្ឃដល់យើងវិញ ដែលអ្នកធ្វើជាសង្ឃដល់ពួកគ្រួមនុស្សតែម្នាក់នេះ នោះតើវិសេសជាងធ្វើជាសង្ឃដល់ពូជអំបូរ១ គឺដល់វង្ស១ទាំងមូលនៃសាសន៍អ៊ីស្រាអែលឬអី
20 សង្ឃនោះមានចិត្តអំណរឡើង រួចក៏យកអេផូឌ និងរូបព្រះ ព្រមទាំងរូបឆ្លាក់ផង ទៅជាមួយនឹងគេទៅ។
21 ដូច្នេះ គេបែរចេញទៅ ហើយគេឲ្យកូនក្មេង និងហ្វូងសត្វ ហើយនិងអីវ៉ាន់ទាំងប៉ុន្មានដើរខាងមុខ
22 កាលបានឃ្លាតឆ្ងាយពីផ្ទះមីកាហើយ នោះពួកអ្នកនៅផ្ទះជិតខាងមីកា ក៏ប្រជុំគ្នាដេញតាមពួកកូនចៅដាន់ឲ្យទាន់
23 គេស្រែកហៅពួកកូនចៅដាន់ ឯអ្នកទាំងនោះក៏ងាកបែរមកសួរមីកាថា ឯងមានហេតុអ្វីបានជាប្រមូលគ្នាច្រើនដល់ម៉្លេះ
24 គាត់ឆ្លើយថា អ្នករាល់គ្នាបាននាំយកព្រះទាំងប៉ុន្មានដែលខ្ញុំបានធ្វើ ព្រមទាំងសង្ឃរបស់ខ្ញុំមក តើខ្ញុំនៅមានអ្វីទៀត ចុះដូចម្តេចបានជាអ្នករាល់គ្នាសួរខ្ញុំថា តើឯងមានហេតុអ្វីដូច្នេះ
25 នោះពួកកូនចៅដាន់ឆ្លើយតបថា កុំឲ្យមានឮសំឡេងឯងមកក្នុងពួកយើងឡើយ ក្រែងលោមានពួកអ្នកមួម៉ៅ ស្ទុះទៅលើឯងរាល់គ្នា បំផ្លាញជីវិតឯងទៅ ព្រមទាំងជីវិតនៃពួកគ្រួឯងផង
26 រួចពួកកូនចៅដាន់ក៏ទៅតាមផ្លូវគេទៅ ឯមីកាកាលឃើញថាគេមានកម្លាំងជាងខ្លួន នោះគាត់ក៏វិលត្រឡប់មកផ្ទះវិញ។
27 ពួកអ្នកទាំងនោះគេនាំយករបស់ដែលមីកាបានធ្វើ និងសង្ឃរបស់គាត់ ទៅដល់ក្រុងឡាអ៊ីស ជាទីដែលមានមនុស្សរម្យទម ហើយសុខសាន្តនៅ រួចគេសម្លាប់ពួកអ្នកក្រុងនោះដោយមុខដាវ ព្រមទាំងយកភ្លើងឆួលដុតទីក្រុងផង
28 ឥតមានអ្នកណាមកជួយគេឡើយ ពីព្រោះទីនោះនៅឃ្លាតឆ្ងាយពីក្រុងស៊ីដូន ហើយពួកនោះមិនប្រកបគ្នានឹងអ្នកណាផង ក្រុងនោះនៅក្នុងវាលច្រកភ្នំ ដែលនៅជិតបេត-រេហុប រួចហើយពួកកូនចៅដាន់បានសង់ទីក្រុងនោះឡើងវិញ ទុកជាទីលំនៅរបស់គេ
29 ក៏ដាក់ឈ្មោះថា ដាន់ តាមឈ្មោះដាន់ជាអយ្យកោគេ ដែលអ៊ីស្រាអែលបានបង្កើត តែកាលពីដើម ក្រុងនោះឈ្មោះឡាអ៊ីសវិញ
30 ពួកកូនចៅដាន់ក៏តាំងរូបឆ្លាក់នោះសម្រាប់ខ្លួនគេ ហើយយ៉ូណាថាន ជាកូនគើសំម ក្នុងពូជអំបូរម៉ាន៉ាសេ ព្រមទាំងកូនចៅគាត់ធ្វើជាសង្ឃដល់ពូជអំបូរដាន់តទៅ ដរាបដល់ថ្ងៃដែលពួកស្រុកនោះត្រូវគេនិរទេសទៅ
31 គេបានតាំងរូបឆ្លាក់ដែលមីកាធ្វើនោះ ទុកសម្រាប់ពួកគេ អស់១អំឡុងដែលដំណាក់នៃព្រះនៅត្រង់ស៊ីឡូរ។
ជំពូក 19
1 នៅវេលានោះ ក្នុងគ្រាដែលគ្មានស្តេចនៅស្រុកអ៊ីស្រាអែល នោះមានពួកលេវីម្នាក់ ដែលនៅស្រុកភ្នំអេប្រាអិមម្ខាង បានយកស្ត្រីម្នាក់ពីបេថ្លេហិម ស្រុកយូដាមកធ្វើជាប្រពន្ធចុង
2 នាងនោះក៏ផិតចេញពីប្ដី រួចទៅឯផ្ទះឪពុកនាង នៅឯបេថ្លេហិមស្រុកយូដាវិញ នាងបាននៅទីនោះអស់៤ខែ
3 នោះប្ដីនាងរៀបចំចេញទៅតាម និយាយលួងលោម ដើម្បីនឹងនាំនាងមកវិញ បាននាំទាំងបម្រើម្នាក់ និងលា២ទៅជាមួយផង ដល់ហើយនាងក៏នាំប្ដីចូលទៅក្នុងផ្ទះឪពុក កាលឪពុកបានឃើញ នោះក៏ទទួលដោយអំណរ
4 រួចគាត់នៅជាមួយបាន៣ថ្ងៃ ដោយឪពុកក្មេកបានឃាត់សិន ហើយក៏ស៊ីផឹកជាមួយគ្នា ព្រមទាំងដេកនៅទីនោះផង
5 ដល់ថ្ងៃទី៤ គេក៏ក្រោកឡើងពីព្រលឹម តែកាលគាត់ចង់ធ្វើដំណើរចេញទៅ នោះឪពុកនាងឃាត់ថា ចាំបរិភោគចម្រើនកម្លាំងសិន រួចសឹមទៅចុះ
6 ដូច្នេះ គេក៏អង្គុយស៊ីផឹកជាមួយគ្នា រួចឪពុកនាងនិយាយថា សូមឲ្យសម្រេចចិត្តនៅ១យប់នេះសិន ឲ្យបានសប្បាយឡើង
7 អ្នកនោះក្រោកឡើងចង់ទៅ តែឪពុកក្មេកចេះតែបង្ខំ បានជាគាត់ដេកនៅទីនោះ១យប់ទៀត
8 ដល់ថ្ងៃទី៥ គាត់ក្រោកពីព្រលឹម រៀបធ្វើដំណើរទៅ តែឪពុកនាងឃាត់ថា ចូរនៅលំហើយចិត្តសិន ហើយបង្អង់ដល់ថ្ងៃរសៀលបន្តិច នោះគេក៏បរិភោគជាមួយគ្នា
9 រួចកាលគាត់ក្រោកឡើង រៀបធ្វើដំណើរទៅ នាំទាំងប្រពន្ធ និងអ្នកបម្រើរបស់គាត់ផង នោះឪពុកក្មេកឃាត់ថា ឥឡូវថ្ងៃរសៀលទាបហើយ ដូច្នេះ សូមឲ្យនៅ១យប់នេះទៀតចុះ មើល ថ្ងៃជិតលិចហើយ ចូរដេកឯណេះចុះ ដើម្បីឲ្យចិត្តឯងបានសប្បាយឡើង រួចដល់ស្អែកសឹមធ្វើដំណើរតាមផ្លូវឯង ត្រឡប់ទៅផ្ទះវិញពីព្រលឹមទៅ។
10 តែគាត់មិនព្រមបង្អង់នៅយប់នោះទៀតទេ ក៏ក្រោកឡើងចេញដំណើរទៅ បានទៅដល់ទន្ទឹមនឹងក្រុងយេប៊ូស (គឺក្រុងយេរូសាឡឹម) នាំទាំងសត្វលា២ដែលចងកែប និងនាងជាប្រពន្ធចុងទៅជាមួយផង
11 កាលមកជិតក្រុងយេប៊ូស នោះថ្ងៃទន្ទាបណាស់ហើយ ដូច្នេះ អ្នកបម្រើគាត់បបួលថា សូមលោកអញ្ជើញបែរចូលទៅក្នុងទីក្រុងរបស់សាសន៍យេប៊ូសនេះស្នាក់នៅសិន
12 តែចៅហ្វាយឆ្លើយថា យើងមិនព្រមបែរចូលទៅក្នុងទីក្រុងរបស់សាសន៍ដទៃ ដែលមិនជាពួកកូនចៅសាសន៍អ៊ីស្រាអែលឡើយ យើងនឹងស្រូតទៅឲ្យដល់គីបៀរវិញ
13 រួចគាត់និយាយនឹងអ្នកបម្រើថា ចូរយើងស្រូតទៅឲ្យដល់ទីណាមួយនោះ ដើម្បីនឹងដេកនៅ ទោះបើជានៅគីបៀរ ឬនៅរ៉ាម៉ាក្តី
14 ដូច្នេះ គេដើរបង្ហួសតាមផ្លូវទៅ កាលគេជិតនឹងដល់គីបៀរ ជាទីក្រុងរបស់ពួកបេនយ៉ាមីនហើយ នោះថ្ងៃលិចទៅ
15 ហើយគេក៏ងាកបែរចូលទៅក្នុងគីបៀ ដើម្បីនឹងដេកនៅទីនោះ គេចូលទៅអង្គុយនៅក្បែរផ្លូវក្នុងទីក្រុងនោះ ដោយព្រោះគ្មានអ្នកណាទទួលឲ្យស្នាក់នៅក្នុងផ្ទះឡើយ។
16 ខណៈនោះ មានបុរសចាស់ម្នាក់ត្រឡប់មកពីធ្វើការនៅស្រែក្នុងវេលាល្ងាច អ្នកនោះជាមនុស្សស្រុកភ្នំអេប្រាអិម តែគាត់នៅក្រុងគីបៀរ ឯមនុស្សនៅក្រុងនោះសុទ្ធតែជាពួកបេនយ៉ាមីនវិញ
17 គាត់ងើបភ្នែកឡើង ឃើញអ្នកដំណើរម្នាក់ កំពុងតែអង្គុយនៅក្បែរផ្លូវ ក៏សួរថា តើអ្នកអញ្ជើញទៅណា ហើយមកពីណា
18 គាត់ឆ្លើយឡើងថា យើងខ្ញុំប្របាទធ្វើដំណើរមកពីបេថ្លេហិមស្រុកយូដា ដើម្បីនឹងទៅឯស្រុកភ្នំអេប្រាអិមម្ខាង ខ្ញុំប្របាទជាអ្នកស្រុកនោះឯង ហើយបានទៅឯបេថ្លេហិមស្រុកយូដា ឥឡូវនេះ ទៅឯដំណាក់ព្រះយេហូវ៉ា តែគ្មានអ្នកណាទទួលខ្ញុំប្របាទឲ្យចូលក្នុងផ្ទះសោះ
19 ខ្ញុំប្របាទមានចំបើង និងស្មៅសម្រាប់លា ហើយមាននំបុ័ង និងស្រាទំពាំងបាយជូរសម្រាប់ខ្លួន និងនាងស្រីនេះ ព្រមទាំងអ្នកកំលោះដែលនៅជាមួយនឹងយើងខ្ញុំប្របាទនេះផង យើងខ្ញុំមិនមានខ្វះអ្វីទេ
20 អ្នកនោះឆ្លើយឡើងថា សូមឲ្យអ្នកបានសេចក្ដីសុខសាន្តចុះ តែសូមឲ្យគ្រប់របស់ដែលអ្នកត្រូវការបានជាភារៈលើខ្ញុំវិញ កុំឲ្យតែដេកនៅផ្លូវឡើយ
21 ដូច្នេះ អ្នកនោះក៏នាំគាត់ចូលទៅក្នុងផ្ទះ ដាក់ស្មៅឲ្យលាស៊ី រួចគេក៏លាងជើង ហើយបរិភោគជាមួយគ្នាទៅ។
22 រីឯកាលគេកំពុងតែតាំងចិត្ត ឲ្យអរសប្បាយឡើង នោះមើល មានពួកមនុស្សទុរជនខ្លះនៅទីនោះ គេមកព័ទ្ធផ្ទះ គោះទ្វារហៅតាជាម្ចាស់ផ្ទះនោះថា ចូរនាំមនុស្សដែលបានមកក្នុងផ្ទះតាចេញមកឥឡូវ ដើម្បីឲ្យយើងបានស្គាល់វា
23 ដូច្នេះ ម្ចាស់ផ្ទះក៏ចេញទៅអង្វរថា ទេបងប្អូនអើយ សូមកុំធ្វើអាក្រក់ដូច្នេះឡើយ ដ្បិតអ្នកនេះបានចូលមកជ្រកនៅផ្ទះខ្ញុំ កុំឲ្យប្រព្រឹត្តការដ៏លាមកយ៉ាងនេះឲ្យសោះ
24 មើល នេះនែកូនក្រមុំរបស់ខ្ញុំ និងប្រពន្ធរបស់អ្នកនេះ ខ្ញុំនឹងនាំចេញមកឥឡូវ ឲ្យអ្នករាល់គ្នាបានបន្ទាបនាងចុះ ហើយប្រព្រឹត្តនឹងនាងតាមតែចិត្ត សូមកុំឲ្យតែប្រព្រឹត្តអំពើដ៏លាមកដល់ម៉្លេះនឹងមនុស្សនេះឡើយ
25 ប៉ុន្តែ មនុស្សទាំងនោះមិនព្រមស្តាប់គាត់ទេ បានជាប្ដីរបស់នាងនោះ គាត់នាំនាងចេញទៅប្រគល់ឲ្យគេទៅ រួចគេក៏ស្គាល់នាងគ្រប់គ្នា ហើយធ្វើបាបនាងទាល់តែភ្លឺ ទើបលែងឲ្យមកវិញ
26 ដូច្នេះ កាលថ្ងៃទើបនឹងភ្លឺស្រាងឡើង នាងក៏មកដួលនៅមាត់ទ្វារផ្ទះរបស់តានោះ គឺជាផ្ទះដែលប្ដីនៅ។
27 លុះព្រឹកឡើងភ្លឺច្បាស់ហើយ ប្ដីនាងក៏ក្រោកបើកទ្វារចេញទៅ ដើម្បីនឹងធ្វើដំណើរតទៅ នោះឃើញប្រពន្ធចុងបានដួលនៅមាត់ទ្វារផ្ទះ ដាក់ដៃនៅលើក្របទ្វារហើយ
28 គាត់ហៅថា នែ ចូរក្រោកឡើង យើងទៅ តែនាងមិនឆ្លើយសោះ ដូច្នេះ គាត់ក៏លើកព្រនរដាក់លើលា នាំត្រឡប់ទៅឯលំនៅខ្លួនទៅ
29 កាលគាត់បានចូលដល់ទៅក្នុងផ្ទះហើយ នោះគាត់យកកាំបិត មកកាត់ខ្មោចរបស់នាងនោះចេញជា១២កំណាត់ ផ្ញើទៅគ្រប់ក្នុងស្រុកអ៊ីស្រាអែល
30 រួចពួកអ្នកទាំងប៉ុន្មានដែលបានឃើញ ក៏និយាយគ្នាថា មិនដែលឃើញមានគេធ្វើអំពើយ៉ាងដូច្នេះទេ ចាប់តាំងពីថ្ងៃ ដែលពួកកូនចៅអ៊ីស្រាអែលឡើងចេញពីស្រុកអេស៊ីព្ទដរាបដល់សព្វថ្ងៃនេះ ដូច្នេះ ចូរពិចារណា ហើយពិគ្រោះគ្នាចុះ រួចសម្រេចសេចក្ដីទៅ។
ជំពូក 20
1 នោះពួកកូនចៅអ៊ីស្រាអែលទាំងប៉ុន្មាន ក៏ចេញពីស្រុកគេមក ចាប់តាំងពីក្រុងដាន់រហូតដល់ក្រុងប្អៀរ-សេបា ព្រមទាំងស្រុកកាឡាតផង ហើយពួកជំនុំបានប្រជុំគ្នា ដូចជាមនុស្សតែម្នាក់នៅចំពោះព្រះយេហូវ៉ា ត្រង់មីសប៉ា
2 ឯពួកមេទ័ពក្នុងបណ្តាជនទាំងប៉ុន្មាន គឺជាមេទ័ពនៃពូជអំបូរសាសន៍អ៊ីស្រាអែលទាំងអស់ គេក៏ចេញមុខឡើង ក្នុងជំនុំពួកបណ្តាជននៃព្រះ មានពលថ្មើរជើង ដែលកាន់ដាវ៤សែននាក់
3 (រីឯពួកកូនចៅបេនយ៉ាមីន គេក៏ឮថា ពួកកូនចៅអ៊ីស្រាអែលបានឡើងមកដល់មីសប៉ាដែរ) ពួកកូនចៅអ៊ីស្រាអែលសួរថា សូមប្រាប់ឲ្យយើងដឹង ជាអំពើដ៏លាមកនេះបានកើតមកជាយ៉ាងណា
4 នោះពួកលេវីជាប្ដីនាង ដែលគេបានសម្លាប់នោះ គាត់ឆ្លើយថា ខ្ញុំ និងប្រពន្ធចុងរបស់ខ្ញុំ បានចូលទៅក្នុងគីបៀរ ជាទីក្រុងរបស់ពួកបេនយ៉ាមីន ដើម្បីនឹងស្នាក់នៅ
5 ស្រាប់តែពួកមនុស្សនៅគីបៀរ គេលើកគ្នាទាំងយប់មកព័ទ្ធផ្ទះដែលខ្ញុំនៅ ទាស់នឹងខ្ញុំ គេគិតសម្លាប់ខ្ញុំ ក៏បានចាប់បង្ខំប្រពន្ធចុងរបស់ខ្ញុំ ហើយនាងបានស្លាប់ទៅ
6 ដូច្នោះហើយ ខ្ញុំបានយកខ្មោចនាងមក កាត់ជាកំណាត់ៗផ្ញើទៅគ្រប់ក្នុងស្រុក ដែលជាមរដករបស់សាសន៍អ៊ីស្រាអែល ដោយព្រោះការប្រព្រឹត្តដ៏អាសអាភាស ហើយលាមករបស់គេក្នុងពួកអ៊ីស្រាអែលយើងនេះ
7 ដូច្នេះ អ្នករាល់គ្នាជាពួកកូនចៅអ៊ីស្រាអែលទាំងអស់គ្នាអើយ សូមបញ្ចេញគំនិតរបស់អ្នករាល់គ្នាមក ហើយសម្រេចសេចក្ដីចុះ។
8 គ្រានោះ មនុស្សទាំងឡាយក៏ក្រោកឡើងព្រមគ្នា ដូចជាមនុស្សតែម្នាក់ ដោយពាក្យថា ក្នុងពួកយើងគ្មានអ្នកណាមួយនឹងត្រឡប់ទៅទីលំនៅខ្លួន ឬចូលទៅក្នុងផ្ទះខ្លួនវិញឡើយ
9 គឺយើងនឹងធ្វើដល់ពួកគីបៀរយ៉ាងដូច្នេះ យើងនឹងឡើងទៅទាស់នឹងគេ ដោយចាប់ឆ្នោត
10 យើងនឹងយក១០នាក់ក្នុង១០០ ហើយ១០០នាក់ក្នុង១ពាន់ និង១ពាន់នាក់ក្នុង១ម៉ឺន ពីគ្រប់ទាំងពូជអំបូរនៃសាសន៍អ៊ីស្រាអែល ដើម្បីទៅរកស្បៀងអាហារសម្រាប់យើង ប្រយោជន៍ឲ្យយើងទៅធ្វើដល់ពួកគីបៀរ របស់ពួកបេនយ៉ាមីន តាមអំពើដ៏លាមកទាំងប៉ុន្មាន ដែលគេបានប្រព្រឹត្តក្នុងពួកអ៊ីស្រាអែលយើងនេះ
11 ដូច្នេះ ពួកអ៊ីស្រាអែលទាំងអស់គ្នា ក៏មូលគ្នា ដូចជាមនុស្សតែម្នាក់ ទាស់នឹងទីក្រុងនោះ។
12 ពូជអំបូរសាសន៍អ៊ីស្រាអែលទាំងប៉ុន្មានក៏ចាត់សារឲ្យទៅគ្រប់ក្នុងពូជអំបូរបេនយ៉ាមីនសួរថា តើអំពើអាក្រក់យ៉ាងណានេះ ដែលបានកើតមកក្នុងពួកអ្នករាល់គ្នា
13 ដូច្នេះ ចូរប្រគល់ពួកមនុស្សគំរក់នោះ ដែលនៅក្រុងគីបៀរមក ឲ្យយើងរាល់គ្នាបានសម្លាប់គេចោលទៅ ដើម្បីនឹងបំបាត់សេចក្ដីអាក្រក់ពីពួកអ៊ីស្រាអែលចេញ តែពួកកូនចៅបេនយ៉ាមីនមិនព្រមស្តាប់តាមពួកកូនចៅអ៊ីស្រាអែលជាបងប្អូនគេទេ
14 ហើយក៏ចេញពីទីក្រុងគេទាំងប៉ុន្មាន ទៅមូលគ្នាត្រង់គីបៀរ ដើម្បីនឹងចេញទៅតតាំងនឹងពួកកូនចៅអ៊ីស្រាអែល
15 នៅថ្ងៃនោះ គេរាប់ពួកកូនចៅបេនយ៉ាមីន ដែលចេញពីទីក្រុងរបស់គេ ឃើញមាន២ម៉ឺន៦ពាន់នាក់ដែលកាន់ដាវ ក្រៅពីពួកគីបៀរ៧០០នាក់ ដែលជាមនុស្សជ្រើសរើសគ្រប់គ្នា
16 ក្នុងពួកគេទាំងនោះ មានមនុស្សជ្រើសរើស៧០០នាក់ ដែលប្រើការខាងដៃឆ្វេងគ្រប់គ្នាអាចបាញ់ដោយក្រួស ត្រូវដល់សក់១សរសៃបានឥតខុសឡើយ។
17 ឯពួកអ៊ីស្រាអែល ដែលក្រៅពីពួកបេនយ៉ាមីននោះមាន៤សែននាក់ដែលកាន់ដាវ សុទ្ធតែជាមនុស្សស្ទាត់ចម្បាំង
18 ពួកកូនចៅអ៊ីស្រាអែលក៏ក្រោកឡើង ដើរទៅឯបេត-អែល ដើម្បីនឹងទូលសួរដល់ព្រះថា ក្នុងពួកយើងខ្ញុំរាល់គ្នា តើអ្នកណាត្រូវឡើងទៅច្បាំងនឹងពួកកូនចៅបេនយ៉ាមីនមុនគេ នោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលឆ្លើយថា ចូរឲ្យពួកយូដាទៅមុនគេចុះ។
19 ដូច្នេះ ពួកកូនចៅអ៊ីស្រាអែលក៏ក្រោកឡើងពីព្រលឹម ទៅបោះទ័ពទាស់នឹងគីបៀរ
20 គេចេញទៅច្បាំងនឹងពួកបេនយ៉ាមីន ក៏ដំរៀបទ័ពទាស់នឹងគេនៅមុខទីក្រុង
21 ឯពួកកូនចៅបេនយ៉ាមីន គេក៏ចេញពីគីបៀរ មកបំផ្លាញពួកអ៊ីស្រាអែល អស់២ម៉ឺន២ពាន់នាក់ ឲ្យស្លាប់ចង្គ្រាងនៅលើដីក្នុងថ្ងៃនោះឯង
22 តែបណ្តាទ័ពខាងពួកអ៊ីស្រាអែល គេតាំងចិត្តឡើងទៅដំរៀបទ័ពម្តងទៀតនៅកន្លែងដដែលដូចថ្ងៃមុន
23 ឯពួកកូនចៅអ៊ីស្រាអែលក៏ឡើងទៅយំនៅចំពោះព្រះយេហូវ៉ា រហូតដល់ល្ងាច ទាំងទូលសួរទ្រង់ថា តើត្រូវឲ្យទូលបង្គំចេញទៅច្បាំងនឹងពួកកូនចៅបេនយ៉ាមីនជាបងប្អូនទូលបង្គំម្តងទៀតឬទេ នោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលឆ្លើយថា ចូរឡើងទៅច្បាំងនឹងគេចុះ។
24 ពួកកូនចៅអ៊ីស្រាអែល ក៏ចូលទៅជិតទីពួកកូនចៅបេនយ៉ាមីននៅថ្ងៃទី២
25 ហើយនៅថ្ងៃនោះឯង ពួកបេនយ៉ាមីនបានចេញពីគីបៀរមកតតាំងគ្នា គេបំផ្លាញពួកកូនចៅអ៊ីស្រាអែលអស់ចំនួន១ម៉ឺន៨ពាន់នាក់ ឲ្យនៅចង្គ្រាងលើដី ពួកទាំងនោះសុទ្ធតែជាអ្នកកាន់ដាវ
26 នោះពួកកូនចៅអ៊ីស្រាអែល និងបណ្តាទ័ពទាំងអស់ ក៏ឡើងទៅឯបេត-អែល អង្គុយយំនៅទីនោះចំពោះព្រះយេហូវ៉ា ព្រមទាំងតមក្នុងថ្ងៃនោះរហូតដល់ល្ងាច គេក៏ថ្វាយតង្វាយដុត និងតង្វាយមេត្រីនៅចំពោះព្រះយេហូវ៉ាដែរ
27 រួចគេទូលសួរដល់ព្រះយេហូវ៉ា (ដ្បិតក្នុងគ្រានោះហឹបនៃសេចក្ដីសញ្ញារបស់ព្រះក៏នៅទីនោះ
28 ហើយភីនេហាសជាកូនអេលាសារ ជាពូជអើរ៉ុន លោកឈរនៅមុខហឹបនៅជាន់នោះដែរ) គឺគេសួរថា តើត្រូវឲ្យទូលបង្គំចេញទៅតតាំងនឹងពួកកូនចៅបេនយ៉ាមីន ជាបងប្អូនទូលបង្គំម្តងទៀត ឬត្រូវឈប់វិញ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលឆ្លើយថា ចូរឡើងទៅចុះ ដ្បិតថ្ងៃស្អែកនេះ អញនឹងប្រគល់គេមកក្នុងកណ្តាប់ដៃឯងរាល់គ្នាហើយ។
29 ពួកអ៊ីស្រាអែលគេបង្កប់ទ័ពនៅព័ទ្ធជុំវិញគីបៀរ
30 រួចឡើងទៅទាស់នឹងពួកបេនយ៉ាមីននៅថ្ងៃទី៣ទៀត គេដំរៀបទ័ពទាស់នឹងគីបៀរដូចកាលជាន់មុន
31 ឯពួកកូនចៅបេនយ៉ាមីន គេក៏ចេញមកតតាំងគ្នា ហើយត្រូវប្រទាញទៅឃ្លាតឆ្ងាយពីទីក្រុង គេចាប់តាំងសម្លាប់ពួកអ៊ីស្រាអែលដូចជាសព្វ១ដង ទាំងអស់ចំនួនប្រហែលជា៣០នាក់ គឺតាមផ្លូវដែលឡើងទៅឯបេត-អែល១ និងផ្លូវដែលទៅឯគីបៀរ១ ព្រមទាំងនៅវាលផង
32 ដូច្នេះ ពួកកូនចៅបេនយ៉ាមីននិយាយគ្នាថា យើងវាយសម្លាប់គេបានដូចជាន់មុនទៀត តែពួកកូនចៅអ៊ីស្រាអែលនិយាយប្រាប់គ្នាថា ចូរយើងរត់នាំប្រទាញគេមកក្នុងផ្លូវឃ្លាតឆ្ងាយពីទីក្រុងទៅ
33 នោះពួកអ៊ីស្រាអែលទាំងប៉ុន្មានក៏ងើបពីកន្លែងរៀងខ្លួន ទៅដំរៀបទ័ពនៅត្រង់បាល-តាម៉ារ ឯពួកទ័ពបង្កប់របស់ពួកអ៊ីស្រាអែលក៏ស្ទុះចេញពីកន្លែងគេ នៅត្រង់វាលស្មៅគីបៀរដែរ
34 មានពួកមនុស្សជ្រើសរើសពីសាសន៍អ៊ីស្រាអែលទាំងអស់ចំនួន១ម៉ឺននាក់ ចូលទៅទាស់នឹងគីបៀរ ហើយចម្បាំងនោះក៏ជាសម្បើមខ្លាំងណាស់ តែពួកបេនយ៉ាមីនឥតដឹងខ្លួនជាមានសេចក្ដីអន្តរាយជិតដល់គេទេ
35 ព្រះយេហូវ៉ាក៏ប្រហារពួកបេនយ៉ាមីននៅមុខពួកអ៊ីស្រាអែល ហើយនៅថ្ងៃនោះឯង ពួកកូនចៅអ៊ីស្រាអែល គេបំផ្លាញពួកបេនយ៉ាមីនអស់ចំនួន២ម៉ឺន៥ពាន់១រយនាក់ សុទ្ធតែជាអ្នកដែលកាន់ដាវ។
36 ដូច្នេះ ពួកកូនចៅបេនយ៉ាមីនក៏ឃើញថា ខ្លួនគេចាញ់ហើយ ពីព្រោះពួកអ៊ីស្រាអែលបានថយចេញពីពួកបេនយ៉ាមីន ដោយទុកចិត្តនឹងពួកទ័ពបង្កប់ ដែលគេបានដាក់ឲ្យទាស់នឹងក្រុងគីបៀរ
37 ពួកទ័ពបង្កប់ក៏ម្នីម្នាស្ទុះចូលទៅក្នុងក្រុងគីបៀរជាប្រញាប់ គេតម្រង់ទៅមុខ វាយសម្លាប់ពួកក្រុងនោះទាំងអស់ដោយមុខដាវ
38 ឯបណ្តាពួកទ័ព និងទ័ពបង្កប់ គេបានសន្យាគ្នានឹងទីសម្គាល់នេះ គឺត្រូវឲ្យដុតភ្លើងធ្វើផ្សែងឲ្យហុយឡើងយ៉ាងក្រាស់ ចេញពីទីក្រុង
39 ដូច្នេះ ពួកអ៊ីស្រាអែលបានបែរមុខចេញពីចម្បាំង ហើយពួកបេនយ៉ាមីនចាប់តាំងកាប់សម្លាប់ពួកគេ អស់ប្រហែលជា៣០នាក់ ដោយស្មានថា វាយសម្លាប់បានដូចជាក្នុងចម្បាំងជាន់មុន
40 តែលុះកាលភ្លើងឆេះហុយផ្សែងចេញពីទីក្រុងឡើង នោះពួកបេនយ៉ាមីនគេបែរមើលទៅក្រោយ ឃើញទីក្រុងទាំងមូលហុយសុទ្ធតែផ្សែងទៅលើមេឃ
41 នោះពួកអ៊ីស្រាអែលត្រឡប់បែរមកវិញ ហើយពួកបេនយ៉ាមីនក៏ភាំងស្លុត ដោយឃើញថា សេចក្ដីអន្តរាយមកដល់គេហើយ
42 ដូច្នេះ គេក៏បែរខ្នងនៅមុខពួកអ៊ីស្រាអែល ប្រាសរត់ទៅតាមផ្លូវទីរហោស្ថានទៅ តែពួកដែលវាយគេចេះតែដេញតាមយ៉ាងប្រកិត ហើយពួកទ័ពដែលចេញពីទីក្រុង ក៏បំផ្លាញគេ នៅត្រង់កណ្តាល
43 គេព័ទ្ធពួកបេនយ៉ាមីនជុំវិញ ព្រមទាំងដេញតាមហើយជាន់គេ នៅក្រោមជើងដោយងាយ រហូតដល់ទល់មុខនឹងគីបៀរទិសខាងកើត
44 នោះមានពួកបេនយ៉ាមីន១ម៉ឺន៨ពាន់នាក់បានដួលស្លាប់ សុទ្ធតែជាមនុស្សក្លាហាន
45 រួចគេបែររត់ទៅខាងទីរហោស្ថាន ដល់ថ្មដាឈ្មោះរីម៉ូន ហើយពួកម្ខាងក៏វាយសម្លាប់ម្នាក់ៗ រៀងតាមផ្លូវ អស់៥ពាន់នាក់ទៀត ព្រមទាំងដេញប្រកិតតាមទៅដល់គីដូម រួចសម្លាប់បាន២ពាន់នាក់ថែមទៀត
46 បានជាពួកបេនយ៉ាមីនដែលដួលស្លាប់ថ្ងៃនោះ រួមទាំងអស់មាន២ម៉ឺន៥ពាន់នាក់ សុទ្ធតែជាអ្នកក្លាហានដែលកាន់ដាវគ្រប់គ្នា
47 ប៉ុន្តែ មាន៦០០នាក់ បានងាកបែររត់ទៅខាងទីរហោស្ថាន ដល់ថ្មដារីម៉ូន ក៏ជ្រកនៅក្នុងថ្មដានោះ អស់៤ខែ
48 រួចពួកអ៊ីស្រាអែលគេវិលត្រឡប់ទៅក្រោយ សម្លាប់ពួកកូនចៅបេនយ៉ាមីនដោយមុខដាវ គឺសម្លាប់ទាំងពួកអ្នកនៅទីក្រុងទាំងអស់ និងពួកសត្វ ហើយនិងរបស់អ្វីៗដែលប្រទះឃើញទាំងអស់ផង រួចគេដុតទីក្រុងទាំងប៉ុន្មានដែលគេប្រទះឃើញដែរ។
ជំពូក 21
1 រីឯពួកបណ្តាជនជាសាសន៍អ៊ីស្រាអែល គេបានស្បថនៅត្រង់មីសប៉ាថា មិនត្រូវឲ្យមានអ្នកណាមួយក្នុងពួកយើងរាល់គ្នា ឲ្យកូនស្រីរបស់ខ្លួនទៅធ្វើជាប្រពន្ធពួកបេនយ៉ាមីនឡើង
2 គេក៏មកដល់បេត-អែល អង្គុយនៅទីនោះចំពោះព្រះ ដរាបដល់ល្ងាច ព្រមទាំងបន្លឺសំឡេងយំជាខ្លាំងថា
3 ឱព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែលអើយ ហេតុអ្វីបានជាសេចក្ដីនេះកើតមកក្នុងសាសន៍អ៊ីស្រាអែល ឲ្យត្រូវបាត់ពូជអំបូរ១ក្នុងសាសន៍យើងខ្ញុំនៅថ្ងៃនេះដូច្នេះ
4 ដល់ថ្ងៃស្អែក គេក៏ក្រោកឡើងពីព្រលឹម គេស្អាងអាសនៈ១នៅទីនោះ រួចថ្វាយតង្វាយដុត និងតង្វាយមេត្រី
5 នោះគេសួរគ្នាថា ក្នុងពូជអំបូរសាសន៍អ៊ីស្រាអែលទាំងប៉ុន្មាន តើអ្នកណាខ្លះដែលមិនបានឡើងមកប្រជុំឯព្រះយេហូវ៉ា គេសួរដូច្នោះ ពីព្រោះបានស្បថយ៉ាងធ្ងន់ ពីដំណើរអ្នកណាដែលមិនឡើងមកឯព្រះយេហូវ៉ា ត្រង់មីសប៉ានោះថា អ្នកនោះនឹងត្រូវស្លាប់ជាពិតប្រាកដ
6 ហើយពួកកូនចៅអ៊ីស្រាអែលក៏នឹកស្តាយពួកបេនយ៉ាមីន ជាបងប្អូនគេ ដោយពាក្យថា នៅថ្ងៃនេះ ពូជអំបូរមួយបានកាត់ចេញពីសាសន៍អ៊ីស្រាអែលហើយ
7 ធ្វើដូចម្តេចឲ្យយើងរកប្រពន្ធឲ្យពួកគេដែលនៅសល់បាន ដ្បិតយើងបានស្បថនឹងព្រះយេហូវ៉ាថា យើងមិនឲ្យកូនស្រីរបស់យើងទៅធ្វើជាប្រពន្ធគេឡើយ។
8 ដូច្នេះ គេសួរថា ក្នុងពូជអំបូរអ៊ីស្រាអែលទាំងប៉ុន្មាន តើមានពួកណាមិនបានឡើងមកឯព្រះយេហូវ៉ា ត្រង់មីសប៉ា នោះឃើញថា គ្មានអ្នកណាបានឡើងមកពីយ៉ាបេស-កាឡាត ដើម្បីនឹងប្រជុំក្នុងពួកជំនុំទេ
9 ដ្បិតកាលគេបានរាប់បណ្តាជនទៅ នោះមិនឃើញអ្នកណាពីពួកយ៉ាបេស-កាឡាតណាមួយបាននៅទីនោះសោះ
10 ដូច្នេះ ពួកជំនុំក៏ចាត់មនុស្ស១ម៉ឺន២ពាន់នាក់ ក្នុងពួកក្លាហានឲ្យទៅឯណោះ ដោយបង្គាប់ថា ចូរទៅសម្លាប់ពួកអ្នកនៅយ៉ាបេស-កាឡាតនោះ ដោយមុខដាវទៅ ព្រមទាំងស្រីៗ និងពួកក្មេងផង
11 ត្រូវឲ្យអ្នករាល់គ្នាធ្វើដូច្នេះ គឺត្រូវសម្លាប់ពួកប្រុសៗទាំងអស់ទៅ ព្រមទាំងពួកស្រីៗដែលបានស្គាល់ប្រុសហើយផង
12 ក្នុងពួកអ្នកនៅយ៉ាបេស-កាឡាត នោះឃើញមានស្រីក្រមុំ៤០០នាក់ ដែលមិនទាន់បានស្គាល់ប្រុសណា ដោយរួមដំណេកជាមួយនៅឡើយ គេក៏នាំស្រីទាំងនោះ មកឯទីដំឡើងត្រសាល នៅត្រង់ស៊ីឡូរដែលនៅក្នុងស្រុកកាណាន។
13 នោះពួកជំនុំទាំងអស់គ្នាក៏ចាត់គេឲ្យទៅនិយាយនឹងពួកកូនចៅបេនយ៉ាមីន ដែលនៅថ្មដារីម៉ូននោះ ដោយប្រកាសជាសេចក្ដីមេត្រីនឹងគ្នាទៅវិញទៅមក
14 ដូច្នេះ ពួកបេនយ៉ាមីនក៏វិលត្រឡប់មកវិញ នៅគ្រានោះ រួចពួកជំនុំប្រគល់ស្ត្រីទាំងប៉ុន្មាន ដែលបានទុកឲ្យរស់នៅក្នុងពួកស្ត្រីយ៉ាបេស-កាឡាតនោះឲ្យដល់គេ តែមិនទាន់បានល្មមឲ្យគេនៅឡើយ
15 ពួកបណ្តាជនក៏នឹកស្តាយដល់ពួកបេនយ៉ាមីន ដោយព្រះយេហូវ៉ាបានធ្វើឲ្យបាត់ពួក១ក្នុងពូជអំបូរសាសន៍អ៊ីស្រាអែលទាំងប៉ុន្មានចេញ។
16 ពួកចាស់ទុំក្នុងពួកជំនុំក៏សួរគ្នាថា ធ្វើដូចម្តេចឲ្យយើងរកប្រពន្ធឲ្យពួកគេដែលនៅសល់បាន ដ្បិតពួកស្ត្រីក្នុងពួកបេនយ៉ាមីនបានវិនាសអស់ហើយ
17 គេឆ្លើយថា ត្រូវឲ្យមានកេរអាករឲ្យពួកអ្នកដែលបានរួចជីវិតក្នុងពួកបេនយ៉ាមីនផង ដើម្បីកុំឲ្យមានពូជអំបូរណាមួយ ត្រូវរលុបចេញពីសាសន៍អ៊ីស្រាអែលឡើយ
18 ប៉ុន្តែ ខ្លួនយើងរាល់គ្នា គ្មានច្បាប់នឹងឲ្យកូនយើងទៅធ្វើជាប្រពន្ធគេទេ (ដ្បិតពួកកូនចៅអ៊ីស្រាអែលបានស្បថថា ត្រូវបណ្តាសាហើយ អ្នកណាដែលឲ្យកូនខ្លួនទៅធ្វើជាប្រពន្ធរបស់ពួកបេនយ៉ាមីន)
19 រួចគេប្រាប់ថា មើល រាល់តែឆ្នាំគេតែងធ្វើបុណ្យថ្វាយព្រះយេហូវ៉ា នៅត្រង់ស៊ីឡូរ ដែលនៅខាងជើងបេត-អែល ហើយខាងកើតផ្លូវដែលឡើងពីបេត-អែលទៅឯស៊ីគែម និងខាងត្បូងល្បូណា
20 ដូច្នេះ គេបង្គាប់ដល់ពួកកូនចៅបេនយ៉ាមីនថា ចូរឯងរាល់គ្នាទៅបង្កប់ខ្លួនក្នុងចម្ការទំពាំងបាយជូរទៅ
21 ចាំមើល បើពួកស្រីក្រមុំនៅស៊ីឡូរចេញមកលេង នោះចូរឯងរាល់គ្នាចេញពីចម្ការទំពាំងបាយជូរ ទៅចាប់យកពួកស្រីក្រមុំស៊ីឡូរទាំងនោះ ធ្វើជាប្រពន្ធគ្រប់ៗគ្នាចុះ រួចត្រឡប់ទៅឯស្រុកបេនយ៉ាមីនវិញទៅ
22 បើកាលណាឪពុកបងប្អូនរបស់ស្ត្រីទាំងនោះមកប្តឹងយើង នោះយើងនឹងអង្វរថា សូមអាណិតមេត្តាដល់គេឲ្យយើងផង ដ្បិតយើងទៅច្បាំងនោះ មិនបានទុកប្រពន្ធឲ្យគេគ្រប់គ្នាទេ មួយទៀតមិនមែនជាអ្នករាល់គ្នាដែលបានឲ្យស្ត្រីទាំងនោះទៅគេដែរ បើអ្នករាល់គ្នាបានធ្វើដូច្នេះ នោះមានទោសមែន
23 ពួកកូនចៅបេនយ៉ាមីនក៏ធ្វើដូច្នោះ គេចាប់យកជាប្រពន្ធ១ម្នាក់គ្រប់គ្នាតាមចំនួនគេ ពីពួកក្រមុំដែលកំពុងលេង រួចនាំជំរត់យកទៅឯស្រុកជាមរដករបស់គេទៅ ក៏សង់ទីក្រុងឡើងវិញ ហើយតាំងទីលំនៅផង
24 នៅគ្រានោះពួកកូនចៅអ៊ីស្រាអែលក៏ចេញពីទីនោះត្រឡប់ទៅឯពូជអំបូរ និងគ្រួសាររបស់គេរៀងខ្លួន គឺវិលទៅឯស្រុក ជាមរដករបស់គេគ្រប់គ្នាទៅ។
25 នៅគ្រានោះឯង គ្មានស្តេចនៅស្រុកអ៊ីស្រាអែលទេ គឺមនុស្សទាំងឡាយតែងប្រព្រឹត្តការអ្វី តាមដែលគេយល់ឃើញថាត្រឹមត្រូវគ្រប់គ្នា។:៚