នាង​រស់

1 2 3 4


ជំពូក 1

1 រីឯ​នៅ​ក្នុង​គ្រា ដែល​ពួក​ចៅ‌ហ្វាយ​កំពុង​កាន់​កាប់​ត្រួត‌ត្រា នោះ​ក៏​កើត​មាន​អំណត់​អត់​នៅ​ក្នុង​ស្រុក ពេល​នោះ មាន​បុរស​ម្នាក់​ជា​អ្នក​នៅ​ក្រុង​បេថ្លេ‌ហិម-យូដា គាត់​បាន​នាំ​ទាំង​ប្រពន្ធ និង​កូន​ប្រុស​ទាំង​២​នាក់ ទៅ​ស្នាក់​នៅ​ឯ​ស្រុក​ម៉ូអាប់
2 មនុស្ស​នោះ​ឈ្មោះ​អេលី‌ម៉ាលេច ប្រពន្ធ​ឈ្មោះ​ន៉ាអូមី ឯ​កូន​ទាំង​២ មួយ​ឈ្មោះ​ម៉ាឡូន ហើយ​១​ឈ្មោះ​គីលី‌យ៉ុន សុទ្ធ​តែ​ជា​ពួក​អេប្រាតា ដែល​នៅ​ក្រុង​បេថ្លេ‌ហិម-យូដា គេ​ក៏​ទៅ​ដល់​ស្រុក​ម៉ូអាប់ តាំង​ទី​លំនៅ​នៅ​ស្រុក​នោះ
3 ឯ​អេលី‌ម៉ាលេច ជា​ប្ដី​ន៉ាអូមី គាត់​ស្លាប់​ទៅ នៅ​សល់​តែ​នាង ហើយ​និង​កូន​ទាំង​២​នាក់
4 កូន​ទាំង​២​ក៏​យក​ប្រពន្ធ​ពី​ពួក​ក្រមុំ​ស្រី​សាសន៍​ម៉ូអាប់​នោះ នាង​១​ឈ្មោះ​អ័រប៉ា ហើយ​១​ទៀត​ឈ្មោះ​នាង​រស់ ម៉ាឡូន និង​គីលី‌យ៉ុន​ក៏​នៅ​ស្រុក​នោះ​ប្រហែល​ជា​១០​ឆ្នាំ
5 រួច​គេ​ស្លាប់​ទៅ​ទាំង​២​នាក់ នៅ​សល់​តែ​ន៉ាអូមី​ម្នាក់​ឯង ឥត​ទាំង​កូន​ទាំង​ប្ដី​ផង។ នាង​ន៉ាអូមី​វិល​ត្រឡប់​ទៅ​ភូមិ​បេថ្លេ‌ហិម​វិញ​ជា​មួយ​នាង​រស់​ជា​កូន​ប្រសារ
6 ន៉ាអូមី និង​កូន​ប្រសា​ទាំង​២​ក៏​ប្រុង‌ប្រៀប ដើម្បី​នឹង​ចេញ​ពី​ស្រុក​ម៉ូអាប់​ត្រឡប់​វិល​ទៅ​វិញ ដ្បិត​នៅ​ក្នុង​ស្រុក​ម៉ូអាប់​នោះ គាត់​បាន​ឮ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​បាន​យាង​មក​ប្រោស​ប្រទាន​ឲ្យ​រាស្ត្រ​ទ្រង់​មាន​អាហារ
7 ដូច្នេះ គាត់​ក៏​ចេញ​ពី​លំនៅ​ខ្លួន នាំ​ទាំង​កូន​ប្រសា​ស្រី​ទាំង​២ ដើរ​ទៅ​តាម​ផ្លូវ ដើម្បី​នឹង​ត្រឡប់​ទៅ​ឯ​ស្រុក​យូដា​វិញ
8 គាត់​និយាយ​ទៅ​កូន​ប្រសា​ទាំង​២​ថា ចូរ​ឯង​ត្រឡប់​ទៅ​ឯ​ផ្ទះ​ម្តាយ​ឯង​វិញ​រៀង​ខ្លួន​ចុះ សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ផ្តល់​សេចក្ដី​សប្បុរស​ដល់​ឯង ដូច​ជា​ឯង​បាន​ប្រព្រឹត្ត​នឹង​ខ្មោច​ប្ដី​ឯង ហើយ​និង​អញ​ដែរ
9 សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ប្រោស​មេត្តា​ឲ្យ​ឯង​បាន​សេចក្ដី​ស្រាក‌ស្រាន្ត នៅ​ក្នុង​ផ្ទះ​របស់​ប្ដី​១​ទៀត​រៀង​ខ្លួន​ចុះ រួច​គាត់​ក៏​ថើប​នាង​ទាំង​២ ហើយ​គេ​ឡើង​សំឡេង​យំ​ទាំង​អស់​គ្នា
10 តែ​នាង​ទាំង​២​ប្រកែក​ថា ទេ​យើង​ខ្ញុំ​នឹង​ទៅ​នៅ​ក្នុង​សាសន៍​របស់​អ្នក​ម្តាយ ជា​មួយ​នឹង​អ្នក​ម្តាយ​ដែរ
11 នោះ​ន៉ាអូមី​នាង​ឃាត់​ថា ចូរ​វិល​ទៅ​វិញ​ចុះ កូន​ស្រី​អើយ ហេតុ​អ្វី​បាន​ជា​ចង់​តាម​អញ​ទៅ​ធ្វើ​អី តើ​នៅ​មាន​កូន​ក្នុង​ពោះ​អញ​ទៀត ដែល​នឹង​ធ្វើ​ជា​ប្ដី​ដល់​ឯង​បាន​ឬ​អី
12 ចូរ​វិល​ទៅ​វិញ​ទៅ កូន​ស្រី​អើយ ដ្បិត​អញ​ចាស់​ហួស​កំណត់​នឹង​យក​ប្ដី​ហើយ បើ​សិន​ជា​អញ​និយាយ​ថា អញ​មាន​សង្ឃឹម​ហើយ បើ​អញ​មាន​ប្ដី​នៅ​យប់​នេះ​ឯង ហើយ​និង​បង្កើត​បាន​កូន​ប្រុស
13 នោះ​តើ​ឯង​នឹង​នៅ​ចាំ​ទាល់​តែ​វា​ធំ​ឡើង​ឬ​អី បើ​យ៉ាង​នោះ តើ​ឯង​នឹង​បង្អង់​នៅ​ឥត​មាន​ប្ដី​ឬ​អី កុំ​ឡើយ កូន​ស្រី​អើយ អញ​មាន​ចិត្ត​ព្រួយ​ជា​ខ្លាំង ដោយ​ព្រោះ​ឯង ពី​ព្រោះ​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​បាន​លូក​មក​ទាស់​នឹង​អញ​ហើយ
14 នោះ​គេ​ក៏​ឡើង​សំឡេង​យំ​ម្តង​ទៀត រួច​អ័រប៉ា​នាង​ថើប​លា​ម្តាយ​ទៅ តែ​នាង​រស់​នៅ​ជាប់​នឹង​គាត់​វិញ
15 រួច​គាត់​និយាយ​ទៅ​នាង​រស់​ថា មើល ប្អូន​ថ្លៃ​ឯង​បាន​ត្រឡប់​ទៅ​ឯ​សាសន៍ ហើយ​និង​ព្រះ​របស់​វា​វិញ​ហើយ ដូច្នេះ ចូរ​ឲ្យ​ឯង​វិល​ទៅ​តាម​ប្អូន​ថ្លៃ​ឯង​ចុះ
16 តែ​នាង​ឆ្លើយ​ថា សូម​កុំ​ទទូច​ឲ្យ​ខ្ញុំ​ទៅ​ចោល​អ្នក​ម្តាយ និង​វិល​ទៅ​វិញ លែង​តាម​អ្នក​ម្តាយ​នោះ​ឡើយ ដ្បិត​កន្លែង​ណា​ដែល​អ្នក​ម្តាយ​អញ្ជើញ​ទៅ នោះ​ខ្ញុំ​នឹង​ទៅ​តាម ហើយ​កន្លែង​ដែល​អ្នក​ម្តាយ​ស្នាក់​នៅ នោះ​ខ្ញុំ​ក៏​នឹង​នៅ​ដែរ សាសន៍​របស់​អ្នក​ម្តាយ​នឹង​បាន​ជា​សាសន៍​របស់​ខ្ញុំ ហើយ​ព្រះ​របស់​អ្នក​ម្តាយ​នឹង​បាន​ជា​ព្រះ​របស់​ខ្ញុំ​ដែរ
17 អ្នក​ម្តាយ​ស្លាប់​នៅ​កន្លែង​ណា នោះ​ខ្ញុំ​ក៏​ចង់​ស្លាប់​នៅ​កន្លែង​នោះ​ដែរ ព្រម​ទាំង​ឲ្យ​គេ​កប់​ខ្ញុំ​នៅ​ទី​នោះ​ផង បើ​សិន​ជា​ខ្ញុំ​ឃ្លាត​ចាក​ចេញ​ពី​អ្នក​ម្តាយ​ទៅ ដោយ​ហេតុ​អ្វី ក្រៅ​ពី​សេចក្ដី​ស្លាប់​តែ​មួយ នោះ​សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ប្រព្រឹត្ត​នឹង​ខ្ញុំ​យ៉ាង​ដូច្នោះ​ចុះ ហើយ​លើស​ទៅ​ទៀត​ផង
18 កាល​គាត់​ឃើញ​ថា នាង​ផ្តាច់​ចិត្ត​នឹង​ទៅ​តាម​ដូច្នោះ​ហើយ នោះ​គាត់​ក៏​លែង​និយាយ​ទៅ។
19 រួច​ទាំង​២​នាក់​ក៏​នាំ​គ្នា​ទៅ​ដល់​ក្រុង​បេថ្លេ‌ហិម កាល​បាន​ចូល​ទៅ​ក្នុង​ក្រុង​បេថ្លេ‌ហិម​ហើយ នោះ​ពួក​អ្នក​ស្រុក​ទាំង​អស់​គ្នា ក៏​មាន​សេចក្ដី​រំជួល​ពី​ដំណើរ​គាត់ ដោយ​ពាក្យ​ថា នេះ​តើ​ជា​ន៉ាអូមី​មែន​ឬ​អី
20 គាត់​ឆ្លើយ​ថា កុំ​ហៅ​ខ្ញុំ​ថា​ន៉ាអូមី​ឡើយ ត្រូវ​ហៅ​ថា​ម៉ារ៉ា​វិញ ដ្បិត​ព្រះ​ដ៏​មាន​គ្រប់​ទាំង​ព្រះ‌ចេស្តា ទ្រង់​បាន​ប្រព្រឹត្ត​នឹង​ខ្ញុំ​ដោយ​ជូរ​ល្វីង​ណាស់
21 ខ្ញុំ​បាន​ចេញ​ទៅ​ទាំង​ពោរ‌ពេញ តែ​ព្រះ‌យេហូវ៉ា​បាន​នាំ​ខ្ញុំ​ឲ្យ​ត្រឡប់​វិល​មក​ដោយ​ទទេ​វិញ ចុះ​ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ហៅ​ឈ្មោះ​ខ្ញុំ​ថា ន៉ាអូមី ជា​អ្នក​ដែល​ព្រះ‌យេហូវ៉ា​បាន​ធ្វើ​បន្ទាល់​ទាស់​នឹង​ខ្ញុំ ហើយ​ព្រះ​ដ៏​មាន​គ្រប់​ទាំង​ព្រះ‌ចេស្តា​បាន​ធ្វើ​ទុក​ខ្ញុំ​ដូច្នេះ
22 គឺ​យ៉ាង​នោះ​ហើយ ដែល​ន៉ាអូមី​បាន​វិល​ពី​ស្រុក​ម៉ូអាប់​មក​វិញ មាន​ទាំង​នាង​រស់ ជា​សាសន៍​ម៉ូអាប់ កូន​ប្រសា​ខ្លួន មក​ជា​មួយ​ផង គេ​មក​ដល់​ក្រុង​បេថ្លេ‌ហិម នៅ​ដើម​រដូវ​ចម្រូូត​ស្រូវ​ឱក។


ជំពូក 2

1 ឯ​ន៉ាអូមី គាត់​មាន​សាច់‌ញាតិ​ខាង​ប្ដី​ម្នាក់ ឈ្មោះ​បូអូស ជា​អ្នក​មាន​ស្តុក‌ស្តម្ភ នៅ​ក្នុង​គ្រួសារ​អេលី‌ម៉ាលេច
2 គ្រា​នោះ នាង​រស់​ជា​សាសន៍​ម៉ូអាប់ នាង​និយាយ​នឹង​ន៉ាអូមី​ថា ឥឡូវ​នេះ សូម​បើក​ឲ្យ​ខ្ញុំ​ទៅ​ឯ​ស្រែ ដើម្បី​នឹង​រើស​សន្សំ​ស្រូវ តាម​អ្នក​ណា​ដែល​អាណិត​មេត្តា​ដល់​ខ្ញុំ រួច​គាត់​ប្រាប់​ថា ទៅ​ចុះ កូន​អើយ
3 នាង​ក៏​ទៅ​រើស​សន្សំ​ក្នុង​ស្រែ​តាម​ពួក​អ្នក​ច្រូត ហើយ​គាប់​ជួន​ជា​នាង​ទៅ​ក្នុង​ស្រែ​១​របស់​បូអូស ដែល​ជា​សាច់‌ញាតិ​នឹង​អេលី‌ម៉ាលេច
4 ឯ​បូអូស​គាត់​ចេញ​ពី​បេថ្លេ‌ហិម មក​និយាយ​នឹង​ពួក​អ្នក​ចម្រូូត​ថា សូម​ព្រះ‌យេហូវ៉ា​គង់​ជា​មួយ​នឹង​អ្នក​រាល់​គ្នា គេ​ឆ្លើយ​ឡើង​ថា សូម​ព្រះ‌យេហូវ៉ា​ប្រទាន​ពរ​ដល់​លោក
5 រួច​បូអូស​សួរ​ទៅ​អ្នក​បម្រើ ដែល​គាត់​តាំង​ឲ្យ​ត្រួត‌ត្រា​លើ​ពួក​ចម្រូូត​នោះ​ថា នាង​នេះ​ជា​កូន​អ្នក​ណា
6 អ្នក​បម្រើ​នោះ​ឆ្លើយ​ថា នោះ​គឺ​ជា​ស្ត្រី​សាសន៍​ម៉ូអាប់ ដែល​មក​ពី​ស្រុក​ម៉ូអាប់​ជា​មួយ​នឹង​ន៉ាអូមី
7 នាង​ក៏​សូម​ដល់​យើង​ខ្ញុំ​ថា សូម​ឲ្យ​ខ្ញុំ​រើស​សន្សំ​តាម​ពួក​អ្នក​ចម្រូូត​ផង ដូច្នេះ នាង​បាន​មក ហើយ​បាន​នៅ​តាំង​តែ​ពី​ព្រលឹម​រហូត​ដល់​ពេល​នេះ លើក​តែ​កាល​នាង​សម្រាក​នៅ​ផ្ទះ​១​ភ្លែត​ប៉ុណ្ណោះ។
8 ដូច្នេះ បូអូស​ប្រាប់​នាង​រស់​ថា ចូរ​ស្តាប់​ខ្ញុំ នាង​អើយ កុំ​ឲ្យ​នាង​ចេញ​ពី​ស្រែ​នេះ ទៅ​រើស​សន្សំ​ក្នុង​ស្រែ​ឯ​ណា​ទៀត​ឡើយ ចូរ​នៅ​តែ​ក្នុង​ទី​នេះ​ជិត​ពួក​ស្រីៗ​របស់​ខ្ញុំ​នេះ​ហើយ
9 ចូរ​ឲ្យ​ភ្នែក​នាង​មើល​តែ​ស្រែ​ដែល​ពួក​នេះ​កំពុង​ច្រូត ហើយ​ដើរ​តាម​គេ​ចុះ ខ្ញុំ​បាន​ហាម​ដល់​ពួក​កំលោះ មិន​ឲ្យ​គេ​ពាល់​នាង​ទេ បើ​កាល​ណា​នាង​ស្រេក​ទឹក ឲ្យ​ទៅ​ឯ​ក្អម ផឹក​ទឹក​ដែល​ពួក​កំលោះ​បាន​ដង​ហើយ​ចុះ
10 នោះ​នាង​ក៏​ទម្លាក់​ខ្លួន​ក្រាប​ចុះ​ផ្កាប់​មុខ​នឹង​ដី ដោយ​ពាក្យ​ថា ហេតុ​អ្វី​បាន​ជា​លោក​ប្រោស​មេត្តា ដោយ​អាណិត​ដល់​ខ្ញុំ​ជា​សាសន៍​ដទៃ​ដូច្នេះ
11 បូអូស​ឆ្លើយ​ទៅ​នាង​ថា គេ​បាន​ប្រាប់​ដល់​ខ្ញុំ ពី​គ្រប់​ទាំង​កិរិយា ដែល​នាង​បាន​ប្រព្រឹត្ត​នឹង​ម្តាយ​ក្មេក តាំង​ពី​ប្ដី​នាង​ស្លាប់​ចោល​ទៅ ហើយ​ពី​នាង​បាន​លះ​ចោល​ឪពុក​ម្តាយ និង​ស្រុក​កំណើត​របស់​នាង មក​ឯ​សាសន៍​នេះ ដែល​មិន​បាន​ស្គាល់​កាល​ពី​ដើម​ផង
12 សូម​ព្រះ‌យេហូវ៉ា​ប្រទាន​រង្វាន់​ដល់​នាង ហើយ​ឲ្យ​នាង​បាន​ទទួល​បំណាច់​ដ៏​ពោរ‌ពេញ​ពី​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ដែល​នាង​បាន​មក​ជ្រក​ក្រោម​ស្លាប​ទ្រង់​ចុះ
13 រួច​នាង​និយាយ​ថា ឱ​លោក​ម្ចាស់​ខ្ញុំ​អើយ សូម​លោក​មេត្តា​ប្រោស​ដល់​ខ្ញុំ​ផង ទោះ​បើ​ខ្ញុំ​មិន​មែន​ដូច​ជា​ពួក​ស្រី​បម្រើ​របស់​លោក​ណា​មួយ​ក៏​ដោយ គង់​តែ​លោក​បាន​កំសាន្ត​ចិត្ត​ខ្ញុំ​ហើយ ព្រម​ទាំង​និយាយ​នឹង​ខ្ញុំ​ជា​អ្នក​បម្រើ​លោក ដោយ​សប្បុរស​ដែរ។
14 លុះ​ដល់​ពេល​បាយ បូអូស​ប្រាប់​នាង​ថា អញ្ជើញ​មក​ហូប ហើយ​ជ្រលក់​អាហារ​ទៅ​ក្នុង​ទឹក‌ខ្មេះ​ចុះ នាង​ក៏​អង្គុយ​នៅ​ខាង​ពួក​អ្នក​ចម្រូូត ឯ​គេ​ក៏​ហុច​លាជ​មក​ឲ្យ​នាង​ដែរ ហើយ​នាង​បាន​បរិភោគ​ទាល់​តែ​ឆ្អែត ក៏​យក​ខ្លះ​ទុក​ដែរ
15 កាល​នាង​បាន​ក្រោក​ឡើង​ទៅ​រើស​ទៀត នោះ​បូអូស​ប្រាប់​ដល់​ពួក​កំលោះ​របស់​គាត់​ថា ចូរ​បើក​ឲ្យ​នាង​រើស​យក​ក្នុង​គំនរ​កណ្តាប់​ស្រូវ​ផង​ចុះ កុំ​ឲ្យ​បន្ទោស​នាង​ឡើយ
16 ហើយ​ហូត​គួរ​ខ្លះ​ពី​កណ្តាប់​ចេញ ទុក​ឲ្យ​នាង​រើស កុំ​ឲ្យ​ស្តី​ថា​ដល់​នាង​ឡើយ។
17 ដូច្នេះ នាង​ក៏​រើស​សន្សំ​នៅ​ក្នុង​ស្រែ​នោះ​រហូត​ដល់​ល្ងាច រួច​នាង​បែង​ស្រូវ​ដែល​បាន​រើស​នោះ បាន​ស្រូវ​ឱក​ប្រហែល​ជា​១​ថាំង
18 នាង​លើក​ទូល​នាំ​យក​ទៅ​ឯ​ទី​ក្រុង ឯ​ម្តាយ​ក្មេក​ក៏​ឃើញ​ស្រូវ​ដែល​នាង​រើស​យក​មក​នោះ រួច​នាង​បញ្ចេញ​ម្ហូប​ដែល​សល់​ពី​នាង​ចម្អែត ជូន​ដល់​ម្តាយ​ក្មេក
19 គាត់​ក៏​សួរ​នាង​ថា នៅ​ថ្ងៃ​នេះ ឯង​បាន​រើស​សន្សំ​នៅ​ទី​ណា តើ​ឯង​បាន​ធ្វើ​ការ​នៅ​កន្លែង​ណា សូម​ពរ​ដល់​អ្នក​ណា​នោះ ដែល​បាន​អាណិត​មេត្តា​ដល់​ឯង ដូច្នេះ នាង​ក៏​រៀប‌រាប់​ប្រាប់​ម្តាយ​ក្មេក​ពី​ដំណើរ​ដែល​នាង​បាន​ធ្វើ​នៅ​ទី​ណា​នោះ ដោយ​ពាក្យ​ថា មនុស្ស​នោះ​ដែល​ខ្ញុំ​បាន​ទៅ​ធ្វើ​ការ​ជា​មួយ​នៅ​ថ្ងៃ​នេះ លោក​ឈ្មោះ បូអូស
20 នោះ​គាត់​និយាយ​ទៅ​កូន​ប្រសា​ថា សូម​ឲ្យ​លោក​បាន​ពរ​ពី​ព្រះ‌យេហូវ៉ា​ចុះ ដោយ​ព្រោះ​លោក​មិន​ខាន​នឹង​ប្រព្រឹត្ត​ដោយ​សប្បុរស ដល់​ទាំង​មនុស្ស​រស់ និង​មនុស្ស​ស្លាប់​ផង រួច​ន៉ាអូមី​និយាយ​ថា លោក​នោះ​ជា​សាច់‌ញាតិ​ជិត‌ដិត​នឹង​យើង​ហើយ លោក​ជា​អ្នក​១​ដែល​មាន​ច្បាប់​នឹង​លោះ​ឲ្យ​យើង​បាន
21 នាង​រស់ ជា​សាសន៍​ម៉ូអាប់​នោះ ក៏​ឆ្លើយ​ឡើង​ថា ចាស លោក​មាន​ប្រសាសន៍​នឹង​ខ្ញុំ​ដែរ​ថា ត្រូវ​ឲ្យ​នាង​នៅ​ជាប់​តែ​នឹង​ពួក​កំលោះ​របស់​ខ្ញុំ​នេះ ដរាប​ដល់​ច្រូត​ចម្រូូត​ទាំង​ប៉ុន្មាន​របស់​ខ្ញុំ​ហើយ
22 នោះ​ន៉ាអូមី​និយាយ​ទៅ​នាង​រស់​ជា​កូន​ប្រសា​ថា កូន​អើយ បើ​ឯង​ចេញ​ទៅ​ជា​មួយ​នឹង​ពួក​ស្រី​របស់​លោក មិន​ឲ្យ​មាន​អ្នក​ណា​ជួប​នឹង​ឯង​នៅ​ស្រែ​ឯ​ទៀត នោះ​ស្រួល​ហើយ
23 ដូច្នេះ នាង​ក៏​នៅ​ជាប់​ជា​មួយ​នឹង​ពួក​ស្រី​របស់​បូអូស​នោះ ទាំង​ខំ​រើស​សន្សំ​ទាល់​តែ​ចម្រូូត​នៃ​ស្រូវ​ឱក និង​ស្រូវ​ភោជ្ជ‌សាលី បាន​ហើយ នាង​ក៏​នៅ​ជា​មួយ​នឹង​ម្តាយ​ក្មេក។


ជំពូក 3

1 គ្រា​នោះ ន៉ាអូមី​ជា​ម្តាយ​ក្មេក និយាយ​ទៅ​នាង​ថា កូន​អើយ គួរ​ឲ្យ​អញ​រក​ទី​សម្រាក​ឲ្យ​ឯង​ដែរ ដើម្បី​ឲ្យ​ឯង​បាន​ស្រួល​វិញ
2 ឯ​បូអូស ដែល​ឯង​បាន​នៅ​ជា​មួយ​នឹង​ពួក​ស្រី​របស់​លោក នោះ​ជា​សាច់‌ញាតិ​នឹង​យើង​ហើយ មើល នៅ​យប់​នេះ​ឯង លោក​នឹង​រោយ​ស្រូវ​ឱក​នៅ​ទីលាន
3 ដូច្នេះ ចូរ​ឯង​ងូត​ទឹក រួច​លាប​គ្រឿង​ក្រអូប ហើយ​តែង​ខ្លួន​ចូល​ទៅ​ឯ​ទីលាន​នោះ​ចុះ តែ​កុំ​ឲ្យ​លោក​ស្គាល់​ឯង​ឡើយ ដរាប​ដល់​លោក​បាន​ស៊ី​ផឹក​ហើយ
4 លុះ​ដល់​កាល​ណា​លោក​សំរាន្ត នោះ​ត្រូវ​ឲ្យ​ឯង​កំណត់​ចំណាំ​កន្លែង​របស់​លោក រួច​ចូល​ទៅ​បើក​ផួយ​ពី​ខាង​ចុង​ជើង​លោក​ចូល​ដេក​ទៅ នោះ​លោក​នឹង​ប្រាប់​ឲ្យ​ឯង​ដឹង​ពី​ការ​ដែល​ត្រូវ​ធ្វើ​ដូច​ម្តេច
5 នាង​ក៏​ជម្រាប​គាត់​ថា ខ្ញុំ​នឹង​ធ្វើ​តាម​គ្រប់​ទាំង​សេចក្ដី ដែល​អ្នក​ម្តាយ​មាន​ប្រសាសន៍​មក​នោះ។
6 នាង​ក៏​ចុះ​ទៅ​ឯ​ទីលាន ធ្វើ​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​ម្តាយ​ក្មេក​បាន​បង្គាប់​មក
7 កាល​បូអូស​បាន​ស៊ី​ផឹក​មាន​ចិត្ត​រីក‌រាយ​ឡើង នោះ​លោក​ក៏​ទៅ​ដេក​នៅ​ចុង​គំនរ​កណ្តាប់​ស្រូវ រួច​នាង​លប​ចូល​ទៅ បើក​ផួយ​ពី​ខាង​ចុង​ជើង​លោក​ដេក​ទៅ
8 លុះ​ដល់​ពេល​កណ្តាល​អធ្រាត្រ នោះ​លោក​ក៏​នឹក​ខ្លាច ហើយ​ភ្ងារ​ប្រែ​ខ្លួន​មក ឃើញ​មាន​ស្ត្រី​ម្នាក់​ដេក​នៅ​ត្រង់​ចុង​ជើង​របស់​ខ្លួន
9 លោក​សួរ​ថា​អ្នក​ណា​នេះ នាង​ឆ្លើយ​ថា ខ្ញុំ​ឈ្មោះ​រស់ ជា​បាវ​ស្រី​របស់​លោក សូម​បណ្តោយ​ផួយ​លោក​មក​ដណ្តប់​ឲ្យ​បាវ​ស្រី​ផង ដ្បិត​លោក​ជា​អ្នក​មាន​ច្បាប់​នឹង​លោះ​បាន
10 លោក​តប​ថា នាង​អើយ សូម​ឲ្យ​នាង​បាន​ប្រកប​ដោយ​ពរ​នៃ​ព្រះ‌យេហូវ៉ា​ចុះ នាង​បាន​សម្ដែង​ទឹក​ចិត្ត​ដ៏​សប្បុរស នៅ​ជាន់​ក្រោយ​នេះ វិសេស​ជាង​មុន​ណាស់ ដោយ​នាង​មិន​បាន​ទៅ​តាម​កំលោះៗ ទោះ​ក្រ ឬ​មាន​ផង
11 ឥឡូវ​នេះ នាង​អើយ កុំ​ឲ្យ​ខ្លាច​ឡើយ ខ្ញុំ​នឹង​ធ្វើ​សម្រេច​ឲ្យ​នាង​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​នាង​និយាយ​នេះ ដ្បិត​មនុស្ស​ទាំង​អស់​នៅ​ទី​ក្រុង​ខ្ញុំ​នេះ​ដឹង​ហើយ​ថា នាង​ជា​ស្ត្រី​ល្អ​ត្រឹម​ត្រូវ​ណាស់
12 ឯ​ខ្ញុំៗ​មាន​ច្បាប់​នឹង​លោះ​មែន ប៉ុន្តែ មាន​ម្នាក់​ទៀត​ដែល​ជា​សាច់‌ញាតិ​ជិត​ជាង​ខ្ញុំ​ទៅ​ទៀត
13 ដូច្នេះ ចូរ​បង្អង់​នៅ​យប់​នេះ​សិន ចាំ​ដល់​ព្រឹក​ឡើង បើ​គេ​ចង់​សម្រេច​នឹង​នាង តាម​ច្បាប់​ជា​សាច់‌ញាតិ​ជិត‌ដិត​គ្នា នោះ​ចូរ​ឲ្យ​គេ​សម្រេច​ចុះ តែ​បើ​អ្នក​នោះ​មិន​ព្រម​ទេ នោះ​ខ្ញុំ​នឹង​សម្រេច​ជា​សាច់‌ញាតិ​ជិត‌ដិត​នឹង​នាង​វិញ ខ្ញុំ​ស្បថ​នឹង​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ​ដូច្នេះ​ហើយ ចូរ​ដេក​នៅ​ទី​នេះ​រហូត​ដល់​ព្រឹក​ចុះ។
14 នាង​ក៏​ដេក​នៅ​ត្រង់​ចុង​ជើង​លោក ទាល់​តែ​ព្រឹក រួច​ក្រោក​ឡើង​មុន​ពេល​ដែល​មើល​គ្នា​ស្គាល់ ដ្បិត​លោក​បាន​ហាម​ថា កុំ​ឲ្យ​អ្នក​ណា​ដឹង​ថា មាន​ស្ត្រី​មក​ក្នុង​ទី​លាន​នេះ​ឲ្យ​សោះ
15 រួច​លោក​ប្រាប់​ថា ចូរ​យក​ក្រមា​ដែល​នាង​បង់​នោះ មក​ត្រដាង​កាន់​ទៅ នាង​ក៏​ត្រដាង នោះ​លោក​វាល់​ស្រូវ​ឱក​៦​រង្វាល់ ដាក់​ឲ្យ​នាង​ទូល រួច​នាង​ក៏​ចូល​ទៅ​ក្នុង​ទី​ក្រុង​វិញ
16 កាល​បាន​មក​ដល់​ម្តាយ​ក្មេក នោះ​គាត់​សួរ​ថា តើ​ឯង​ឬ​អី កូន​អើយ នាង​ក៏​រៀប‌រាប់​ប្រាប់​ពី​គ្រប់​ទាំង​សេចក្ដី ដែល​លោក​បាន​ប្រព្រឹត្ត​ដល់​នាង
17 ហើយ​នាង​និយាយ​ថា លោក​ឲ្យ​ស្រូវ​ឱក​មក​ខ្ញុំ​៦​រង្វាល់​នេះ ដោយ​ពាក្យ​ថា កុំ​ឲ្យ​នាង​ត្រឡប់​ទៅ​ឯ​ម្តាយ​ក្មេក​វិញ​ដោយ​ដៃ​ទទេ​ឡើយ
18 ដូច្នេះ ន៉ាអូមី​ប្រាប់​ថា កូន​អើយ ចូរ​ឯង​នៅ​ស្ងៀម ចាំ​មើល​ការ​នោះ​នឹង​ទៅ​ជា​យ៉ាង​ណា ដ្បិត​នៅ​ថ្ងៃ​នេះ​លោក​មិន​ឈប់​ខាន​ទេ ទាល់​តែ​បាន​បង្ហើយ​ការ​នោះ​ជា​ស្រេច។


ជំពូក 4

1 រីឯ​បូអូស លោក​ឡើង​ទៅ​អង្គុយ​នៅ​ត្រង់​ទ្វារ​ទី​ក្រុង លំដាប់​នោះ​សាច់‌ញាតិ​ជិត‌ដិត ដែល​បូអូស​បាន​និយាយ​នោះ គាត់​ក៏​មក​ដល់ បូអូស​ហៅ​ថា នែ បង​អើយ សូម​បែរ​មក​អង្គុយ​នៅ​ទី​នេះ​សិន ដូច្នេះ គាត់​ក៏​បែរ​ចូល​មក​អង្គុយ
2 ឯ​បូអូស​លោក​ហៅ​យក​ពួក​ចាស់‌ទុំ​ក្នុង​ក្រុង​នោះ​ចំនួន​១០​នាក់​មក​ជម្រាប​ថា សូម​អង្គុយ​នៅ​ទី​នេះ​ចុះ គេ​ក៏​អង្គុយ​នៅ
3 រួច​លោក​និយាយ​ទៅ​សាច់‌ញាតិ​ជិត‌ដិត​នោះ​ថា ន៉ាអូមី ដែល​បាន​វិល​ត្រឡប់​មក ពី​ស្រុក​ម៉ូអាប់​វិញ គាត់​ចង់​លក់​ដី​១​ក្បាល​របស់​អេលី‌ម៉ាលេច ជា​បង​ប្អូន​យើង
4 ហើយ​ខ្ញុំ​បាន​គិត​ថា ត្រូវ​ជម្រាប​ឲ្យ​បង​ដឹង​ដែរ ដូច្នេះ សូម​ឲ្យ​បង​ទិញ​ដី​នោះ នៅ​ចំពោះ​ពួក​អ្នក​ដែល​អង្គុយ​នៅ​ទី​នេះ ហើយ​នៅ​មុខ​ពួក​ចាស់‌ទុំ​នៃ​សាសន៍​យើង​ចុះ បើ​បង​ចង់​លោះ​ដី​នោះ សូម​លោះ​ទៅ តែ​បើ​មិន​ចង់​លោះ​ទេ សូម​ប្រាប់​ឲ្យ​ខ្ញុំ​បាន​ដឹង​ផង ដ្បិត​ក្រៅ​ពី​បង នោះ​គ្មាន​អ្នក​ណា​ទៀត​មាន​ច្បាប់​នឹង​លោះ​បាន​ទេ មាន​តែ​ខ្ញុំ​ដែល​ជា​អ្នក​បន្ទាប់​បង​ប៉ុណ្ណោះ អ្នក​នោះ​ឆ្លើយ​ឡើង​ថា ខ្ញុំ​ព្រម​លោះ​ដែរ
5 បូអូស​ជម្រាប​ថា នៅ​ថ្ងៃ​ណា​ដែល​បង​ទិញ​ដី​នោះ​ពី​ន៉ាអូមី នោះ​ត្រូវ​ទិញ​ពី​នាង​រស់ ជា​សាសន៍​ម៉ូអាប់ ប្រពន្ធ​របស់​បង​ប្អូន​យើង ដែល​ស្លាប់​នោះ​ដែរ ដើម្បី​នឹង​បង្កើត​ឈ្មោះ​អ្នក​នោះ នៅ​ក្នុង​មរដក​គាត់​ឡើង​វិញ
6 អ្នក​នោះ​ឆ្លើយ​ឡើង​ថា ខ្ញុំ​នឹង​លោះ​សម្រាប់​ខ្លួន​ខ្ញុំ​មិន​បាន​ទេ ក្រែង​ខ្ញុំ​បង្ខូច​មរដក​របស់​ខ្ញុំ​ទៅ ដូច្នេះ ចូរ​អ្នក​យក​ច្បាប់​របស់​ខ្ញុំ និង​លោះ​ចុះ ដ្បិត​ខ្ញុំ​លោះ​មិន​បាន​ទេ។
7 រីឯ​នៅ​ស្រុក​អ៊ីស្រា‌អែល កាល​ពី​ដើម​ចំណែក​ខាង​ឯ​ការ​លោះ ឬ​ប្តូរ ដើម្បី​នឹង​សម្រេច​គ្រប់​ទាំង​ការ នោះ​ត្រូវ​ឲ្យ​ម្នាក់​ដោះ​ស្បែក​ជើង ឲ្យ​ដល់​ម្នាក់​ទៀត ការ​យ៉ាង​នោះ​ទុក​ជា​ទី​បន្ទាល់ ឲ្យ​បាន​សម្រេច​ការ​ក្នុង​ស្រុក​អ៊ីស្រា‌អែល
8 ដូច្នេះ អ្នក​ដែល​មាន​ច្បាប់​លោះ​នោះ ក៏​និយាយ​ទៅ​បូអូស​ថា ចូរ​ទិញ​ដី​នោះ​សម្រាប់​ខ្លួន​អ្នក​ចុះ រួច​ក៏​ដោះ​ស្បែក​ជើង​របស់​ខ្លួន​ចេញ
9 នោះ​បូអូស​ក៏​ប្រកាស​ដល់​ពួក​ចាស់‌ទុំ និង​មនុស្ស​ទាំង​នោះ​ថា នៅ​ថ្ងៃ​នេះ សូម​អ្នក​រាល់​គ្នា​ចាំ​ជា​សាក្សី​ថា ខ្ញុំ​បាន​ទិញ​ទាំង​អស់​ដែល​ជា​របស់​អេលី‌ម៉ាលេច និង​របស់​គីលី‌យ៉ុន ហើយ​ម៉ាឡូន​ពី​ន៉ាអូមី​ហើយ
10 មួយ​ទៀត ខ្ញុំ​បាន​ទិញ​នាង​រស់ សាសន៍​ម៉ូអាប់ ជា​ប្រពន្ធ​របស់​ម៉ាឡូន មក​ធ្វើ​ជា​ប្រពន្ធ​ខ្ញុំ​ដែរ ដើម្បី​នឹង​បង្កើត​ឈ្មោះ​របស់​ម៉ាឡូន​នោះ នៅ​ក្នុង​មរដក​គាត់​ឡើង​វិញ ប្រយោជន៍​កុំ​ឲ្យ​ឈ្មោះ​គាត់​ត្រូវ​កាត់​ចេញ​ពី​ពួក​បង​ប្អូន និង​ពី​ទ្វារ​ទី​លំនៅ​របស់​គាត់​ឡើយ អ្នក​រាល់​គ្នា​ជា​ទី​បន្ទាល់ នៅ​ថ្ងៃ​នេះ​ឯង
11 ដូច្នេះ ពួក​អ្នក​ដែល​នៅ​ត្រង់​ទ្វារ​ក្រុង និង​ពួក​ចាស់‌ទុំ​ក៏​ឆ្លើយ​ឡើង​ថា យើង​ទាំង​អស់​គ្នា​ជា​ទី​បន្ទាល់​ពិត សូម​ព្រះ‌យេហូវ៉ា​ប្រោស​ឲ្យ​ស្រី​ដែល​ចូល​មក​ក្នុង​ផ្ទះ​អ្នក បាន​ដូច​ជា​នាង​រ៉ាជែល និង​នាង​លេអា ដែល​ទាំង​២​នោះ​បាន​បង្កើត​ពួក​គ្រួ​អ៊ីស្រា‌អែល​ឡើង​ដែរ ក៏​សូម​ឲ្យ​អ្នក​បាន​ចម្រើន​ឡើង​ក្នុង​ស្រុក​អេប្រាតា ហើយ​មាន​ល្បី​ឈ្មោះ​ក្នុង​ក្រុង​បេថ្លេ‌ហិម​ផង
12 សូម​ឲ្យ​អ្នក​បាន​បង្កើត​គ្រួសារ​ឡើង អំពី​ពូជ​ដែល​ព្រះ‌យេហូវ៉ា​នឹង​ប្រទាន​ដល់​អ្នក ដោយ‌សារ​ស្ត្រី​នេះ ឲ្យ​បាន​ដូច​ជា​គ្រួ​របស់​ពេរេស ជា​កូន​ដែល​នាង​តាម៉ារ បាន​បង្កើត​ឲ្យ​យូដា​ដែរ។
13 ដូច្នេះ បូអូស​បាន​យក​បាន​យក​នាង​រស់​ធ្វើ​ជា​ប្រពន្ធ ក៏​ចូល​ទៅ​ឯ​នាង ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​ប្រោស​ឲ្យ​នាង​មាន​ទំងន់​បង្កើត​បាន​កូន​ប្រុស​១
14 នោះ​ពួក​ស្រីៗ គេ​និយាយ​នឹង​ន៉ាអូមី​ថា សូម​ឲ្យ​ព្រះ‌យេហូវ៉ា ដែល​ទ្រង់​មិន​បាន​ទុក​អ្នក​ឲ្យ​ឥត​មាន​សាច់‌ញាតិ​ជិត‌ដិត​នៅ​ថ្ងៃ​នោះ បាន​ប្រកប​ដោយ​ព្រះ‌ពរ សូម​ឲ្យ​លោក​បាន​ល្បី​ទួទៅ​ក្នុង​ពួក​អ៊ីស្រា‌អែល
15 កូន​នេះ​នឹង​បាន​សម្រាប់​ជា​ទី​តាំង​ជីវិត​របស់​អ្នក​ឡើង​វិញ ហើយ​និង​ចិញ្ចឹម​អ្នក ក្នុង​កាល​ដែល​ចាស់​ផង ដ្បិត​កូន​ប្រសា​ស្រី​ដែល​ស្រឡាញ់​អ្នក ហើយ​ក៏​វិសេស​ដល់​អ្នក ជា​ជាង​កូន​ប្រុស​៧​នាក់​ផង នាង​បាន​បង្កើត​វា​មក
16 ន៉ាអូមី​ក៏​យក​កូន​តូច​មក​បី‌បម ហើយ​ថែ​រក្សា
17 ឯ​ពួក​ស្រី​ជា​អ្នក​ជិត​ខាង គេ​ក៏​ដាក់​ឈ្មោះ​កូន​នោះ​ថា អូបិឌ ដោយ​ថា មាន​កូន​ប្រុស​១​កើត​មក​ឲ្យ​ន៉ាអូមី នោះ​ហើយ​ជា​ឪពុក​អ៊ីសាយ ដែល​ជា​ឪពុក​ដាវីឌ។
18 នេះ​ហើយ​ជា​ពង្សាវតារ​របស់​ពេរេស គឺ​ពេរេស​បង្កើត​ហេស្រុន
19 ហេស្រុន​បង្កើត​រ៉ាមៗ​បង្កើត​អ័មី‌ន៉ាដាប់
20 អ័មី‌ន៉ាដាប់​បង្កើត​ណាសូនៗ​បង្កើត​សាល‌ម៉ូន
21 សាល‌ម៉ូន​បង្កើត​បូអូសៗ​បង្កើត​អូបិឌ
22 អូបិឌ​បង្កើត​អ៊ីសាយៗ​បង្កើត​ដាវីឌ។:៚