ជំពូក 1
1 រីឯនៅរ៉ាម៉ាថែម-សូភិម ក្នុងស្រុកភ្នំអេប្រាអិម នោះមានមនុស្សម្នាក់ឈ្មោះអែលកាណា ជាកូនយេរ៉ូហាំៗ ជាកូនអេលីហ៊ូវៗ ជាកូនថូហ៊ូវៗ ជាកូនស៊ូភ អ្នកនោះជាពួកអេប្រាតា
2 គាត់មានប្រពន្ធ២ មួយឈ្មោះហាណា មួយទៀតឈ្មោះពេនីណា ឯពេនីណានាងមានកូន តែនាងហាណាគ្មានកូនទេ
3 រាល់តែឆ្នាំ គាត់តែងឡើងពីក្រុងខ្លួនទៅឯស៊ីឡូរ ដើម្បីនឹងថ្វាយបង្គំ ហើយថ្វាយយញ្ញបូជាដល់ព្រះយេហូវ៉ានៃពួកពលបរិវារ រីឯនៅទីនោះ មានហុបនី និងភីនេហាស ជាកូនអេលីទាំង២នាក់ ធ្វើជាសង្ឃនៃព្រះយេហូវ៉ា
4 លុះដល់ថ្ងៃដែលអែលកាណាថ្វាយយញ្ញបូជារបស់ខ្លួន នោះក៏ចែកចំណែកដល់ពេនីណាជាប្រពន្ធ និងដល់កូនប្រុសកូនស្រីរបស់នាងទាំងអស់គ្នា
5 តែបានចែកដល់ហាណា១ជា២វិញ ដ្បិតគាត់ស្រឡាញ់ហាណាជាង តែព្រះយេហូវ៉ាទ្រង់បានបង្ខាំងផ្ទៃនាង
6 គូវិវាទរបស់នាងក៏រុកកួននាងជាខ្លាំង ចង់ឲ្យនាងកើតសេចក្ដីកំហឹង ដោយព្រោះព្រះយេហូវ៉ាបានបង្ខាំងផ្ទៃ
7 ហើយដែលគាត់ឡើងទៅរាល់តែឆ្នាំដូច្នោះ នោះពេនីណាក៏តែងតែរុកកួននាងកំពុងដែលធ្វើដំណើរ ឡើងទៅឯដំណាក់នៃព្រះយេហូវ៉ា បានជាហាណា នាងយំ ហើយមិនបរិភោគទេ
8 នោះអែលកាណាជាប្ដីសួរថា ហាណាអើយ ហេតុអ្វីបានជានាងយំ ហើយមិនបរិភោគដូច្នេះ ម្តេចក៏នាងកើតទុក្ខ តើខ្ញុំមិនវិសេសដល់នាង ជាជាងមានកូនប្រុស១០នាក់ទេឬអី។
9 ដូច្នេះ ក្រោយដែលគេបានបរិភោគនៅត្រង់ស៊ីឡូររួចហើយ នោះនាងហាណាក៏ក្រោកឡើង រីឯអេលីដ៏ជាសង្ឃ លោកកំពុងនៅលើទីអង្គុយរបស់លោក ជិតសសរទ្វារនៃព្រះវិហារព្រះយេហូវ៉ា
10 ខណៈនោះ នាងមានសេចក្ដីជូរល្វីងក្នុងចិត្តណាស់ ក៏អធិស្ឋានដល់ព្រះយេហូវ៉ាទាំងយំអណ្តឺតអណ្តក
11 រួចនាងបន់ថា ឱព្រះយេហូវ៉ានៃពួកពលបរិវារអើយ បើសិនជាទ្រង់នឹងក្រឡេកព្រះនេត្រមកទតចំពោះសេចក្ដីទុក្ខលំបាករបស់ខ្ញុំម្ចាស់ ជាស្រីបម្រើទ្រង់ ហើយនឹកចាំមិនដាច់ពីខ្ញុំម្ចាស់ ដើម្បីនឹងប្រោសប្រទានឲ្យខ្ញុំម្ចាស់ ជាស្រីបម្រើទ្រង់ បានកូនប្រុស១ នោះខ្ញុំម្ចាស់នឹងថ្វាយវាដល់ព្រះយេហូវ៉ាគ្រប់១ជីវិត ហើយមិនដែលមានកាំបិតកោរសក់វាឡើយ។
12 គ្រាកំពុងដែលនាងនៅអធិស្ឋានចំពោះព្រះយេហូវ៉ានៅឡើយ នោះអេលីក៏ចំណាំមើលមាត់នាង
13 ឯហាណា នាងនឹកតែក្នុងពោះ មានបបូរមាត់ផ្អូចៗ តែឥតឮសំឡេងនាងឡើយ បានជាអេលីស្មានថាជានាងស្រវឹងហើយ
14 ទើបសួរថា តើនាងនៅតែស្រវឹងដល់កាលណាទៀត ចូរលះចោលស្រាពីខ្លួននាងចេញទៅ
15 តែហាណាឆ្លើយតបថា ទេ ព្រះគុណម្ចាស់អើយ ខ្ញុំជាស្ត្រីមានចិត្តព្រួយជាខ្លាំងទេ ខ្ញុំមិនបានផឹកស្រាទំពាំងបាយជូរឬគ្រឿងស្រវឹងណាឡើយ គឺខ្ញុំបានប្លុងចិត្តទៅចំពោះព្រះយេហូវ៉ាទេតើ
16 សូមកុំរាប់ខ្ញុំជាអ្នកបម្រើលោក ទុកជាស្ត្រីអាក្រក់ឡើយ ដ្បិតដែលខ្ញុំបានចេញវាចា ដរាបដល់ឥឡូវនេះ នោះកើតតែពីសេចក្ដីទុក្ខព្រួយរបស់ខ្ញុំ និងការរុកកួនដ៏ហួសកំណោះប៉ុណ្ណោះទេ
17 នោះអេលីឆ្លើយថា ដូច្នេះ សូមអញ្ជើញទៅប្រកបដោយសេចក្ដីសុខចុះ សូមឲ្យព្រះនៃសាសន៍អ៊ីស្រាអែលទ្រង់ប្រោសឲ្យបានសម្រេចដល់នាង តាមសេចក្ដីដែលបានសូមពីទ្រង់ចុះ
18 រួចនាងសូមថា ដូច្នេះ សូមឲ្យខ្ញុំ ជាអ្នកបម្រើលោក បានប្រកបដោយគុណនៃលោកម្ចាស់ផង នោះនាងក៏បាត់ទឹកមុខព្រួយ ហើយចេញទៅបរិភោគភោជន៍វិញ។
19 លុះព្រលឹមស្រាងឡើង គេក៏នាំគ្នាទៅថ្វាយបង្គំនៅចំពោះព្រះយេហូវ៉ា រួចត្រឡប់ទៅផ្ទះនៅរ៉ាម៉ាវិញ។
20 ឯអែលកាណាក៏ស្គាល់ហាណាជាប្រពន្ធ ហើយព្រះយេហូវ៉ាទ្រង់នឹកចាំពីនាង
20 លុះដល់នាងហាណាមានទំងន់គ្រប់ខែហើយ នោះក៏សម្រាលបានកូនប្រុស១ នាងឲ្យឈ្មោះថាសាំយូអែល ដោយថា អញបានសូមវាពីព្រះយេហូវ៉ាមក។
21 ឯអែលកាណា ជាប្ដីនាង ព្រមទាំងពួកគ្រួគាត់ទាំងអស់ ក៏នាំគ្នាឡើងទៅថ្វាយយញ្ញបូជា តាមដែលធ្លាប់ថ្វាយដល់ព្រះយេហូវ៉ារាល់តែឆ្នាំ ហើយនិងលាបំណន់របស់គាត់ទៅ
22 តែហាណាមិនបានទៅទេ ដោយប្រាប់ប្ដីថា ចាំដល់កូនលែងដោះសិន នោះខ្ញុំនឹងនាំវាទៅ ឲ្យឈរនៅចំពោះព្រះយេហូវ៉ា ហើយឲ្យនៅទីនោះជាប់ជាដរាបទៅ
23 នោះអែលកាណាជាប្ដីឆ្លើយថា ចូរធ្វើតាមដែលនាងគិតឃើញថាត្រូវចុះ ចូរនៅចាំទាល់តែវាលែងដោះសិន សូមតែឲ្យព្រះយេហូវ៉ាបានសម្រេចតាមព្រះបន្ទូលទ្រង់ប៉ុណ្ណោះ ដូច្នេះ នាងក៏នៅបំបៅកូន ទាល់តែបានផ្តាច់ដោះហើយ
24 លុះបានផ្តាច់ដោះស្រេចហើយ នោះនាងក៏នាំយកកូនឡើងទៅជាមួយ ព្រមទាំងគោឈ្មោលស្ទាវ៣ ម្សៅ១ថាំង ហើយនិងថង់ស្បែកដាក់ស្រាទំពាំងបាយជូរ១ នាំទៅឯដំណាក់នៃព្រះយេហូវ៉ានៅត្រង់ស៊ីឡូរ ឯកូននោះនៅក្មេងណាស់
25 រួចគេសម្លាប់គោឈ្មោល ហើយនាំកូនទៅឯអេលី
26 ជម្រាបថា ឱព្រះគុណម្ចាស់ខ្ញុំអើយ ខ្ញុំស្បថដោយនូវព្រលឹងលោកដែលនៅរស់ ព្រះគុណម្ចាស់ខ្ញុំអើយ ខ្ញុំនេះហើយ ជាស្រីដែលបានឈរអធិស្ឋានដល់ព្រះយេហូវ៉ា នៅទីនេះជិតលោក
27 គឺខ្ញុំបានអធិស្ឋានសូមឲ្យបានកូននេះ ហើយព្រះយេហូវ៉ាទ្រង់ក៏ប្រោសឲ្យបានសម្រេចដល់ខ្ញុំ ដូចពាក្យសំណូមនោះមែន
28 ដូច្នេះ ខ្ញុំសូមប្រគល់វាដល់ព្រះយេហូវ៉ា ទុកជារបស់ផងទ្រង់រហូតដល់អស់ជីវិត រួចគេនាំគ្នាថ្វាយបង្គំដល់ព្រះយេហូវ៉ានៅទីនោះ។
ជំពូក 2
1 លំដាប់នោះ ហាណាក៏អធិស្ឋានថា ចិត្តខ្ញុំម្ចាស់រីករាយសាទរចំពោះព្រះអង្គ ស្នែងខ្ញុំម្ចាស់បានថ្កើងឡើងដោយនូវព្រះយេហូវ៉ា មាត់ខ្ញុំម្ចាស់បានបង្គ្របលើគូវិវាទរបស់ខ្ញុំម្ចាស់ ដោយព្រោះខ្ញុំម្ចាស់មានសេចក្ដីអំណរចំពោះសេចក្ដីសង្គ្រោះរបស់ទ្រង់
2 គ្មានព្រះណាបរិសុទ្ធដូចព្រះយេហូវ៉ាឡើយ ដ្បិតក្រៅពីទ្រង់គ្មានព្រះឯណាទៀតសោះ ក៏គ្មានព្រះឯណាដែលទុកជាថ្មដា ឲ្យដូចព្រះនៃយើងខ្ញុំដែរ
3 កុំឲ្យពោលពាក្យអំនួតដ៏លើសលុបដូច្នេះទៀត កុំឲ្យមានសេចក្ដីឃ្នើសឃ្នងចេញពីមាត់ឯងឡើយ ពីព្រោះព្រះយេហូវ៉ាទ្រង់ជាព្រះដែលជ្រាបទាំងអស់ គឺទ្រង់ហើយ ដែលថ្លឹងអស់ទាំងអំពើ
4 ធ្នូនៃពួកខ្លាំងពូកែបានបាក់ហើយ តែពួកអ្នកដែលល្វើយបានក្រវាត់ឡើងដោយកម្លាំងវិញ
5 ពួកអ្នកដែលពីដើមឆ្អែត គេបានទៅជាស៊ីឈ្នួលចិញ្ចឹមជីវិត តែពួកអ្នកដែលពីដើមអត់ឃ្លាន គេបានឆ្អែតវិញ បានជានាងស្រីអារបង្កើតកូនបាន៧ ហើយនាងដែលមានកូនច្រើនបានរីងរៃទៅ
6 ឯសេចក្ដីស្លាប់ ហើយនិងជីវិត នោះស្រេចនៅព្រះយេហូវ៉ាទ្រង់នាំចុះទៅដល់ស្ថានឃុំព្រលឹងមនុស្សស្លាប់ ហើយក៏នាំឡើងមកវិញដែរ
7 ឯការក្រ ហើយនិងមាន នោះស្រេចនៅព្រះយេហូវ៉ា គឺទ្រង់ដែលបន្ទាបទៅ ហើយគឺទ្រង់ដែលលើកឡើងដែរ
8 ទ្រង់លើកមនុស្សក្រីក្រពីធូលីដី ហើយស្រង់មនុស្សកំសត់ទុរគតពីគំនរលាមកឡើង ឲ្យគេបានអង្គុយជាមួយនឹងពួកត្រកូលខ្ពស់ ហើយឲ្យគេគ្រងមរដកជាបល្ល័ង្កឧត្តុង្គឧត្តម ដ្បិតអស់ទាំងសសរនៃផែនដីជារបស់ផងព្រះយេហូវ៉ា ហើយទ្រង់បានដាក់លោកីយ៍នៅលើសសរទាំងនោះ
9 ទ្រង់នឹងគាំពារជើងនៃពួកអ្នកបរិសុទ្ធរបស់ទ្រង់ តែពួកអាក្រក់នឹងត្រូវស្ងៀមស្ងាត់នៅក្នុងទីងងឹតវិញ ដ្បិតមនុស្សមិនមែនឈ្នះដោយនូវកម្លាំងបានទេ
10 ឯពួកអ្នកដែលតតាំងនឹងព្រះយេហូវ៉ា នោះនឹងត្រូវខ្ទេចខ្ទីទៅ ទ្រង់នឹងបញ្ចេញផ្គរលាន់ពីលើមេឃមកទាស់នឹងគេ ព្រះយេហូវ៉ាទ្រង់នឹងជំនុំជម្រះ រហូតដល់អស់ទាំងចុងផែនដី ហើយទ្រង់នឹងប្រទានអំណាចដល់ស្តេចនៃទ្រង់ ព្រមទាំងតម្កើងស្នែងនៃអ្នកដែលទ្រង់បានចាក់ប្រេងតាំងឲ្យផង
11 រួចពីនោះហើយ អែលកាណាក៏ត្រឡប់វិលទៅឯផ្ទះនៅរ៉ាម៉ាវិញ តែឯកូនតូចបាននៅធ្វើការងារថ្វាយព្រះយេហូវ៉ា នៅចំពោះអេលីដ៏ជាសង្ឃ។
12 រីឯពួកសង្ឃជាកូនរបស់អេលី គេជាមនុស្សគំរក់អាក្រក់ ឥតស្គាល់ដល់ព្រះយេហូវ៉ាទេ
13 ឯទម្លាប់ដែលគេប្រព្រឹត្តចំពោះបណ្តាជន នោះគឺដូច្នេះ បើមានអ្នកណាថ្វាយយញ្ញបូជា នោះអ្នកបម្រើរបស់សង្ឃតែងយកសមមានធ្មេញ៣មកកាន់នៅដៃ ក្នុងពេលដែលគេកំពុងស្ងោរសាច់
14 ហើយចាក់ចុះទៅក្នុងខ្ទះ ឬថ្លាង ឬឆ្នាំង រួចសង្ឃក៏យកសាច់ទាំងអស់ដែលជាប់នឹងសមនោះមក គេធ្វើដូច្នោះដល់ពួកអ៊ីស្រាអែលទាំងប៉ុន្មាន ដែលមកឯស៊ីឡូរ
15 មួយទៀតមុនដែលគេដុតខ្លាញ់ នោះអ្នកបម្រើរបស់ពួកសង្ឃក៏មកនិយាយនឹងមនុស្សដែលថ្វាយយញ្ញបូជាថា ចូរឲ្យសាច់ដែលសម្រាប់អាំងដល់ពួកសង្ឃមក ដ្បិតលោកមិនយកសាច់ស្ងោរពីឯងទេ លោកយកតែសាច់ឆៅវិញ
16 បើសិនជាអ្នកនោះឆ្លើយឃាត់ថា ចាំឲ្យដុតខ្លាញ់មុនសិន រួចសឹមយកតាមចិត្តចុះ នោះគេឆ្លើយឡើងថា ទេ ត្រូវតែឲ្យមកឥឡូវនេះ បើមិនដូច្នោះ អញនឹងយកទាំងបង្ខំ
17 ដូច្នេះ បាបរបស់មនុស្សកំលោះទាំងនោះមានទំងន់ខ្លាំងណាស់ នៅចំពោះព្រះយេហូវ៉ា ដ្បិតគេបានមើលងាយដល់តង្វាយនៃព្រះយេហូវ៉ា។
18 ឯសាំយូអែល ជាក្មេងតូចនោះ ក៏តែងពាក់អេផូឌធ្វើពីសំពត់ខ្លូតទេស ដើម្បីសម្រេចការងារនៅចំពោះព្រះយេហូវ៉ា
19 ហើយម្តាយក៏ធ្វើអាវតូច១ យកមកឲ្យរាល់តែឆ្នាំ ក្នុងកាលដែលនាងឡើងមកជាមួយនឹងប្ដី ដើម្បីថ្វាយយញ្ញបូជាដែលត្រូវថ្វាយរាល់តែឆ្នាំ
20 នោះអេលី លោកឲ្យពរដល់អែលកាណា និងប្រពន្ធផងថា សូមព្រះយេហូវ៉ាប្រទានឲ្យអ្នកបានពូជពង្ស ដោយសារស្រីនេះ ជំនួសកូននេះដែលនាងបានសូមពីទ្រង់ រួចគេក៏ត្រឡប់វិលទៅផ្ទះវិញ
21 ក្រោយមក ព្រះយេហូវ៉ាទ្រង់ក៏ប្រោសប្រទានឲ្យនាងហាណាទំងន់ បង្កើតបានកូនប្រុស៣កូនស្រី២ទៀត ឯសាំយូអែល ជាក្មេងតូចនោះ ក៏មានវ័យធំឡើងនៅចំពោះព្រះយេហូវ៉ា។
22 រីឯអេលី លោកចាស់ណាស់ហើយ លោកក៏បានឮពីការទាំងប៉ុន្មាន ដែលពួកកូនខ្លួនបានប្រព្រឹត្តដល់ពួកអ៊ីស្រាអែលទាំងអស់ ព្រមទាំងអំពើដែលគេតែងដេកនឹងពួកស្រីៗ ជាអ្នកធ្វើការងារនៅមាត់ទ្វារត្រសាលជំនុំផង
23 ដូច្នេះ លោកសួរថា ហេតុអ្វីបានជាឯងប្រព្រឹត្តអំពើយ៉ាងនេះ ដ្បិតអញបានឮបណ្តាជននិយាយពីអំពើអាក្រក់របស់ឯងនេះ
24 កុំឡើយ កូនអើយ ដ្បិតសេចក្ដីដែលអញឮគេនិយាយនោះមិនល្អទេ យ៉ាងនោះឯងនាំឲ្យរាស្ត្ររបស់ព្រះយេហូវ៉ាប្រព្រឹត្តរំលងហើយ
25 បើមនុស្សម្នាក់ធ្វើបាបនឹងម្នាក់ទៀត នោះមានព្រះទ្រង់ជំនុំជម្រះដល់អ្នកនោះ តែបើមនុស្សធ្វើបាបនឹងព្រះយេហូវ៉ាវិញ នោះតើមានអ្នកណានឹងជួយអង្វរឲ្យអ្នកនោះបាន ប៉ុន្តែ គេមិនព្រមស្តាប់តាមឪពុកទេ ព្រោះព្រះយេហូវ៉ាទ្រង់សព្វព្រះហឫទ័យនឹងប្រហារជីវិតគេចោល
26 ឯសាំយូអែល ជាក្មេងនោះក៏ចេះតែមានវ័យចម្រើនធំឡើង ជាទីគាប់ព្រះហឫទ័យដល់ព្រះយេហូវ៉ា ព្រមទាំងគាប់ចិត្តដល់មនុស្សលោកកាន់តែច្រើនឡើងផង។
27 គ្រានោះ មានអ្នកសំណប់របស់ព្រះមកឯអេលីពោលថា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលយ៉ាងដូច្នេះ តើអញមិនបានលេចមកឲ្យពួកវង្សនៃអយ្យកោឯងឃើញ ពីកាលដែលគេនៅក្នុងដំណាក់ផារ៉ោន នៅស្រុកអេស៊ីព្ទទេឬអី
28 តើអញមិនបានរើសយកគេ ពីពូជអំបូរសាសន៍អ៊ីស្រាអែលទាំងប៉ុន្មាន មកធ្វើជាសង្ឃដល់អញ ឲ្យបានពាក់អេផូឌ ឡើងទៅឯអាសនៈអញ ដើម្បីនឹងដុតគ្រឿងក្រអូបនៅមុខអញ ព្រមទាំងចែកតង្វាយទាំងប៉ុន្មានដែលពួកកូនចៅអ៊ីស្រាអែលដុតថ្វាយ ឲ្យដល់ពួកគ្រួអយ្យកោឯងផងទេឬអី
29 បើដូច្នេះ ហេតុអ្វីបានជាឯងរាល់គ្នាជាន់ឈ្លីយញ្ញបូជា និងតង្វាយរបស់អញទាំងប៉ុន្មាន ដែលអញបានបង្គាប់ឲ្យថ្វាយនៅក្នុងដំណាក់អញ ដោយរាប់អានកូនឯងជាជាងអញវិញ ដើម្បីនឹងធ្វើឲ្យខ្លួនធាត់ធំ ដោយសារចំណែកវិសេសជាងគេក្នុងអស់ទាំងតង្វាយនៃសាសន៍អ៊ីស្រាអែល ជារាស្ត្ររបស់អញដូច្នេះ
30 ហេតុនោះ ព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលថា អញបានសន្យាឲ្យពួកគ្រួឯង និងវង្សអយ្យកោឯង បានដើរនៅមុខអញជាដរាបទៅ តែឥឡូវនេះ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលយ៉ាងនេះវិញថា សូមឲ្យគំនិតនោះបានឆ្ងាយចេញពីអញទៅ ដ្បិតអស់អ្នកណាដែលលើកតម្កើងអញ នោះអញនឹងតម្កើងអ្នកនោះឡើងដែរ ហើយអ្នកណាដែលមើលងាយដល់អញ នោះអញក៏មិនរាប់អានដល់គេដែរ
31 មើល នឹងមានគ្រាមកដល់ នោះអញនឹងកាត់អំណាចរបស់ឯងចេញ ព្រមទាំងអំណាចនៃពួកវង្សអយ្យកោឯងដែរ រហូតដល់គ្មានមនុស្សចាស់នៅក្នុងជំនួរវង្សឯងឡើយ
32 នៅកណ្តាលគ្រប់ទាំងការចម្រើន ដែលព្រះទ្រង់នឹងប្រោសប្រទានដល់សាសន៍អ៊ីស្រាអែល នោះឯងនឹងឃើញមានទុក្ខវេទនាកើតដល់ពួកគ្រួសារឯងវិញ ហើយនិងគ្មានមនុស្សចាស់នៅក្នុងជំនួរវង្សឯងជាដរាបទៅ
33 អញមិនកាត់ពួកឯងទាំងអស់ចេញពីអាសនៈអញទេ ចំណែកអ្នកដែលអញមិនកាត់ចេញ នោះនឹងបានសម្រាប់នាំឲ្យស្រវាំងដល់ភ្នែកឯង ហើយនិងបញ្ឈឺចិត្តឯងវិញ ឯពូជដែលចម្រើននៅក្នុងគ្រួឯង គេនឹងស្លាប់ទៅពីកាលកំពុងនៅពេញវ័យ
34 នេះជាទីសម្គាល់ដល់ឯង ជាការដែលត្រូវកើតដល់ហុបនី និងភីនេហាស កូនឯងទាំង២ គឺគេនឹងស្លាប់ទៅទាំង២នាក់នៅថ្ងៃតែ១
35 រួចអញនឹងបង្កើតឲ្យមានសង្ឃ១ដែលស្មោះត្រង់ដល់អញ ជាអ្នកដែលនឹងធ្វើតាមចិត្តតាមគំនិតអញវិញ ហើយអញនឹងបង្កើតឲ្យអ្នកនោះមានគ្រួដ៏រឹងប៉ឹង អ្នកនោះនឹងដើរនៅចំពោះអ្នកដែលអញចាក់ប្រេងតាំងឲ្យ ជារៀងរាបដរាបទៅ
36 គ្រានោះ ពួកអ្នកដែលនៅសល់ពីពួកគ្រួឯង គេនឹងមកលុតក្រាបចំពោះអ្នកនោះ ដើម្បីឲ្យបានប្រាក់ ហើយនិងនំបុ័ង ដោយពាក្យថា សូមឲ្យខ្ញុំបានធ្វើការងារនៃពួកសង្ឃណាមួយ ដើម្បីឲ្យបានអាហារបរិភោគផង។
ជំពូក 3
1 រីឯសាំយូអែល ក្មេងនោះក៏ធ្វើការងារថ្វាយព្រះយេហូវ៉ា នៅចំពោះមុខអេលី ក្នុងគ្រានោះ ព្រះបន្ទូលនៃព្រះយេហូវ៉ាកាន់តែក្រទៅ ឯការជាក់ស្តែងក៏មិនសូវមានជាញឹកញយដែរ
2 នៅគ្រានោះឯង មានពេល១ដែលអេលីដេកនៅដំណេករបស់លោក (សម័យនោះ ភ្នែកលោកបានចាប់តាំងងងឹតទៅ មើលអ្វីមិនឃើញឡើយ)
3 ហើយសាំយូអែលក៏ដេកនៅក្នុងព្រះវិហារព្រះយេហូវ៉ាដែរ ជាកន្លែងដែលមានហឹបនៃព្រះ ក្នុងកាលដែលចង្កៀងនៃព្រះមិនទាន់រលត់នៅឡើយ
4 នោះព្រះយេហូវ៉ាទ្រង់ហៅមកសាំយូអែល ហើយសាំយូអែលតបថា ប្របាទ
5 រួចក៏រត់ទៅឯអេលីសួរថា ខ្ញុំមកហើយ លោកមានការអី តែអេលីឆ្លើយទៅថា អញគ្មានហៅឯងទេ ចូរទៅដេកវិញទៅ សាំយូអែលក៏ទៅដេកវិញ
6 នោះព្រះយេហូវ៉ាទ្រង់ហៅម្តងទៀតថា នែសាំយូអែល រួចសាំយូអែលក្រោកឡើង ទៅឯអេលីសួរថា ខ្ញុំមកហើយ លោកមានការអី តែអេលីឆ្លើយថា កូនអើយ អញគ្មានហៅឯងទេ ចូរទៅដេកវិញទៅ
7 ឯសាំយូអែលមិនទាន់ស្គាល់ព្រះយេហូវ៉ានៅឡើយទេ ព្រះបន្ទូលនៃទ្រង់ក៏មិនទាន់បានសម្ដែងមកឲ្យដឹងដែរ
8 រួចព្រះយេហូវ៉ាទ្រង់ហៅម្តងទៀតជាគម្រប់៣ដងថា នែសាំយូអែលអើយ នោះសាំយូអែលក៏ក្រោកឡើង ទៅឯអេលីសួរថា ខ្ញុំមកហើយ លោកមានការអី ដូច្នេះ អេលីក៏យល់ឃើញថា គឺជាព្រះយេហូវ៉ាហើយ ដែលបានហៅក្មេងនេះ
9 លោកក៏ប្រាប់ដល់សាំយូអែលថា ចូរឯងដេកទៅ បើឮសូរហៅម្តងទៀត នោះត្រូវឆ្លើយថា បពិត្រ ព្រះយេហូវ៉ាអើយ សូមទ្រង់មានព្រះបន្ទូលមកចុះ ដ្បិតទូលបង្គំ ជាអ្នកបម្រើទ្រង់ ប្រុងស្តាប់ហើយ ដូច្នេះ សាំយូអែលបានទៅដេកនៅដំណេកខ្លួនវិញទៅ។
10 លំដាប់នោះ ព្រះយេហូវ៉ាទ្រង់យាងមកឈរ ហៅដូចជាជាន់មុនថា សាំយូអែល នែសាំយូអែលអើយ នោះសាំយូអែលទូលឆ្លើយថា សូមទ្រង់មានព្រះបន្ទូលមកចុះ ដ្បិតទូលបង្គំជាអ្នកបម្រើទ្រង់ ប្រុងស្តាប់ហើយ
11 ដូច្នេះ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា មើល អញរៀបនឹងធ្វើការ១នៅក្នុងសាសន៍អ៊ីស្រាអែល ដែលនឹងធ្វើឲ្យខ្ទរដល់ត្រចៀកទាំងសងខាង នៃអស់អ្នកណាដែលឮ
12 នៅថ្ងៃនោះ អញនឹងសម្រេចទាស់នឹងអេលី តាមគ្រប់ទាំងការដែលអញបាននិយាយពីពួកគ្រួលោកហើយ ចាប់តាំងពីដើមដរាបដល់ចុងផង
13 ដ្បិតអញបានប្រាប់លោកហើយថា អញនឹងជំនុំជម្រះពួកគ្រួលោកជាដរាបទៅ ដោយព្រោះអំពើដ៏លាមកដែលលោកបានដឹងពីពួកកូនលោក ជាការដែលនាំឲ្យគេត្រូវបណ្តាសា ហើយលោកមិនបានហាមឃាត់ដល់គេទេ
14 គឺដោយហេតុនោះបានជាអញស្បថដល់ពួកគ្រួអេលីថា ទោះបើយកយញ្ញបូជា ឬតង្វាយណាមកថ្វាយក៏ដោយ គង់តែមិនបានធួននឹងអំពើដ៏លាមកដែលពួកគ្រួលោកបានប្រព្រឹត្តដែរ នៅជាដរាបតទៅ។
15 ស្រេចហើយ សាំយូអែលក៏ដេកដល់ព្រឹក រួចបើកទ្វារដំណាក់នៃព្រះយេហូវ៉ា តែខ្លាចមិនហ៊ានជម្រាបពីការជាក់ស្តែងនោះ ដល់អេលីទេ
16 ដូច្នេះ អេលីហៅសាំយូអែលមកថា សាំយូអែល កូនអើយ សាំយូអែលឆ្លើយថា ប្របាទ
17 រួចអេលីសួរថា ព្រះទ្រង់បានមានព្រះបន្ទូលនឹងឯងយ៉ាងដូចម្តេចខ្លះ សូមកុំលាក់នឹងអញឡើយ បើឯងលាក់ការអ្វីនឹងអញ ពីគ្រប់ទាំងសេចក្ដីដែលទ្រង់បានមានព្រះបន្ទូលនឹងឯង នោះសូមឲ្យព្រះធ្វើដល់ឯងដូច្នោះដែរ ហើយលើសទៅទៀតផង
18 សាំយូអែលក៏ជម្រាបដល់លោកទាំងអស់ ឥតមានលាក់អ្វីឡើយ រួចអេលីនិយាយថា នោះគឺជាព្រះយេហូវ៉ាហើយ សូមឲ្យទ្រង់សម្រេចតាមតែទ្រង់គិតឃើញថាល្អចុះ។
19 សាំយូអែលកាន់តែធំឡើង ព្រះយេហូវ៉ាទ្រង់ក៏គង់នៅជាមួយ ហើយមិនឲ្យពាក្យទំនាយណាមួយរបស់លោកជ្រុះធ្លាក់បាត់ឡើយ
20 ឯសាសន៍អ៊ីស្រាអែលទាំងអស់គ្នា ចាប់តាំងពីក្រុងដាន់ រហូតដល់បៀរ-សេបាក៏ដឹងថា សាំយូអែលបានតាំងឡើងជាហោរានៃព្រះយេហូវ៉ាហើយ
21 ក្រោយមក ព្រះយេហូវ៉ាទ្រង់តែងលេចមកនៅត្រង់ស៊ីឡូរទៀត ដ្បិតបានសម្ដែងមកឲ្យសាំយូអែលស្គាល់នៅត្រង់ស៊ីឡូរ ដោយសារព្រះបន្ទូលនៃទ្រង់ ហើយពាក្យសំដីរបស់សាំយូអែលក៏ឮ ផ្សាយទៅដល់សាសន៍អ៊ីស្រាអែលទាំងអស់គ្នា។
ជំពូក 4
1 រីឯសាសន៍អ៊ីស្រាអែល គេលើកគ្នាចេញទៅច្បាំងនឹងពួកសាសន៍ភីលីស្ទីន បោះទ័ពនៅជិតអេបេន-អេស៊ើរ ឯពួកភីលីស្ទីន ក៏បោះទ័ពនៅត្រង់អាផែក។
2 ពួកភីលីស្ទីនគេដំរៀបទ័ពប្រទល់នឹងអ៊ីស្រាអែលរួចកាលគេបានចូលប្រឡូកតដៃគ្នា នោះពួកអ៊ីស្រាអែលបាក់ចាញ់នៅមុខគេ ហើយគេវាយសម្លាប់ពលទ័ពនៅវាល អស់ប្រហែលជា៤ពាន់នាក់
3 ដូច្នេះ កាលពួកពលបានចូលមកក្នុងទីបោះទ័ពវិញ នោះពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែលជំនុំគ្នាថា ហេតុអ្វីបានជាព្រះយេហូវ៉ាទ្រង់វាយយើង នៅចំពោះមុខពួកភីលីស្ទីនក្នុងថ្ងៃនេះដូច្នេះ ចូរយើងនាំយកហឹបនៃសញ្ញារបស់ព្រះយេហូវ៉ាពីស៊ីឡូរមកឯយើង ដើម្បីឲ្យនៅកណ្តាលពួកយើង ហើយជួយសង្គ្រោះយើង ពីកណ្តាប់ដៃនៃពួកខ្មាំងសត្រូវ
4 នោះគេក៏ចាត់ឲ្យទៅឯស៊ីឡូរ នាំយកហឹបនៃសេចក្ដីសញ្ញាផងព្រះយេហូវ៉ានៃពួកពលបរិវារដែលនៅកណ្តាលចេរូប៊ីន ពីទីនោះមក ឯហុបនី និងភីនេហាស ជាកូនអេលីទាំង២ ក៏នៅទីនោះជាមួយនឹងហឹបនៃសេចក្ដីសញ្ញារបស់ព្រះដែរ។
5 កាលហឹបនៃសេចក្ដីសញ្ញារបស់ព្រះយេហូវ៉ា បានមកដល់ក្នុងទីបោះទ័ពហើយ នោះស្រាប់តែពួកអ៊ីស្រាអែលទាំងអស់គ្នា គេស្រែកឡើងជាខ្លាំង ដល់ម៉្លេះបានជាឮខ្ទរខ្ទារនៅផែនដី
6 លុះពួកភីលីស្ទីនបានឮសូរសព្ទសម្រែកដូច្នោះ ក៏សួរគ្នាថា តើសូរសព្ទសម្រែកជាខ្លាំងដល់ម៉្លេះ នៅទីបោះទ័ពរបស់ពួកសាសន៍ហេព្រើរជាយ៉ាងណាហ្ន៎ នោះក៏យល់ឃើញថា ហឹបនៃព្រះយេហូវ៉ាបានមកដល់ទីបោះទ័ពហើយ
7 ដូច្នេះ ពួកភីលីស្ទីនមានសេចក្ដីភ័យ ដោយថា ព្រះបានយាងមកក្នុងទីបោះទ័ពគេហើយ រួចក៏ថា វរហើយ យើងរាល់គ្នា ដ្បិតកាលពីដើមមិនដែលមានដូច្នេះឡើយ
8 វរហើយ យើងរាល់គ្នា តើមានអ្នកណានឹងជួយយើង ឲ្យរួចពីកណ្តាប់ដៃនៃព្រះដ៏ខ្លាំងពូកែទាំងនេះ គឺព្រះទាំងប៉ុន្មាននេះហើយ ដែលបានវាយពួកសាសន៍អេស៊ីព្ទនៅទីរហោស្ថាន ដោយសេចក្ដីវេទនាគ្រប់យ៉ាង
9 ឱពួកភីលីស្ទីនអើយ ចូរខំប្រឹងឡើង ហើយសម្រេចខ្លួនឲ្យពេញជាមនុស្សចុះ ដើម្បីកុំឲ្យយើងត្រូវធ្លាក់ទៅជាបាវបម្រើនៃពួកហេព្រើរ ដូចជាគេបានធ្វើជាបាវបម្រើដល់យើងនោះឡើយ ចូរសម្រេចខ្លួនឲ្យពេញជាមនុស្ស ហើយតដៃនឹងគេចុះ
10 ដូច្នេះ ពួកភីលីស្ទីនក៏ចូលតដៃគ្នា ហើយពួកអ៊ីស្រាអែលត្រូវចាញ់ដៃ រត់ទៅឯត្រសាលវិញរៀងខ្លួន ក៏មានមនុស្សស្លាប់យ៉ាងសន្ធឹក គឺពួកពលថ្មើរជើងខាងអ៊ីស្រាអែលបានដួលស្លាប់អស់ចំនួន៣ម៉ឺននាក់
11 ឯហឹបរបស់ព្រះ គេក៏ចាប់នាំយកទៅ ចំណែកហុបនី និងភីនេហាសជាកូនអេលីទាំង២ ក៏ស្លាប់ដែរ។
12 នៅថ្ងៃនោះឯង មានពួកបេនយ៉ាមីនម្នាក់រត់ពីទីចម្បាំង ទៅឯស៊ីឡូរ មានសម្លៀកបំពាក់រហែករហួរ ហើយមានដីនៅលើក្បាលផង
13 កាលគាត់ចូលទៅដល់ នោះអេលីកំពុងអង្គុយទន្ទឹងចាំនៅមាត់ផ្លូវ ដ្បិតលោកមានចិត្តភ័យញ័រ ដោយព្រោះហឹបនៃព្រះជាខ្លាំង កាលអ្នកនោះបានចូលមកប្រាប់ដំណឹងដល់ពួកទីក្រុង នោះគេស្រែកឡើងទាំងអស់គ្នា
14 ឯអេលី ក៏ឮសូរសព្ទសម្រែកនោះ ហើយសួរថា តើសូរសព្ទអឺងកងដែលឮមកនេះ ដោយហេតុអ្វី ដូច្នេះ អ្នកនោះក៏ចូលមកជាប្រញាប់ជម្រាបដល់អេលី
15 រីឯអេលី លោកមានអាយុ៩៨ឆ្នាំហើយ ភ្នែកលោកក៏ជិត មើលអ្វីមិនឃើញឡើយ
16 អ្នកនោះជម្រាបថា គឺខ្ញុំនេះដែលចេញមកពីទីចម្បាំង ខ្ញុំបានរត់រួចនៅថ្ងៃនេះឯង អេលីសួរថា កូនអើយ ចុះតើយ៉ាងដូចម្តេចទៅ
17 អ្នកដែលនាំដំណឹងមកក៏ឆ្លើយថា ពួកអ៊ីស្រាអែលយើងបានរត់ ពីចំពោះពួកភីលីស្ទីនចេញ មានពលទ័ពខាងយើងស្លាប់អស់សន្ធឹក ហើយហុបនី និងភីនេហាស កូនលោកទាំង២ក៏ស្លាប់ទៅដែរ ឯហឹបនៃព្រះ គេក៏បានចាប់យកទៅហើយ
18 កាលអ្នកនោះដំណាលពីហឹបនៃព្រះដូច្នោះ នោះស្រាប់តែអេលី លោកផ្ងារធ្លាក់ចុះពីជើងម៉ា ជាទីដែលលោកអង្គុយនៅត្រង់មាត់ទ្វារនោះ បាក់កស្លាប់ទៅ ដ្បិតមានអាយុច្រើន ហើយក៏ធ្ងន់ផង លោកបានគ្រប់គ្រងលើសាសន៍អ៊ីស្រាអែលអស់៤០ឆ្នាំ។
19 រីឯកូនប្រសាលោក ជាប្រពន្ធភីនេហាស នាងមានទំងន់ជិតសម្រាលហើយ កាលឮដំណឹងពីគេចាប់យកហឹបនៃព្រះ និងពីឪពុកក្មេក ហើយនិងប្ដីខ្លួនបានស្លាប់ហើយដូច្នោះ នោះស្រាប់តែនាងចាប់ឈឺពោះ ហើយឱនខ្លួនសម្រាលកូនមកភ្លាម
20 កាលនាងជិតផុតជីវិតទៅ នោះពួកស្រីដែលឈរនៅជិតនាង ក៏ប្រាប់ថា កុំខ្លាចអ្វីឡើយ ដ្បិតនាងបានកូនប្រុសហើយ តែនាងមិនបានឆ្លើយសោះ ក៏មិនរវល់ផង
21 នាងដាក់ឈ្មោះកូននោះថា អ៊ីកាបូឌ ដោយពាក្យថា សិរីល្អបានចេញពីពួកអ៊ីស្រាអែលបាត់ហើយ គឺដោយព្រោះគេបានចាប់យកហឹបនៃព្រះទៅ ហើយដោយព្រោះឪពុកក្មេក និងប្ដីនាងផង
22 នាងនិយាយថា សិរីល្អបានចេញពីពួកអ៊ីស្រាអែលបាត់ហើយ ពីព្រោះគេបានចាប់យកហឹបនៃព្រះទៅ។
ជំពូក 5
1 រីឯពួកភីលីស្ទីន គេចាប់យកបានហឹបនៃព្រះ រួចក៏នាំយកចេញពីអេបេន-អេស៊ើរ ទៅឯក្រុងអាសដូឌទៅ
2 ហើយគេយកទៅដាក់ក្នុងវិហារនៃព្រះដាកុន គឺនៅក្បែរព្រះនោះ
3 លុះស្អែកឡើង កាលពួកក្រុងអាសដូឌបានក្រោកឡើងពីព្រលឹម នោះក៏ឃើញព្រះដាកុនបានដួលផ្កាប់មុខដល់ដី នៅចំពោះហឹបនៃព្រះយេហូវ៉ា រួចគេលើកព្រះដាកុន ទៅដាក់នៅកន្លែងដើមវិញ
4 លុះដល់ថ្ងៃស្អែកទៀត កាលគេក្រោកពីព្រលឹម នោះក៏ឃើញព្រះដាកុនបានដួលផ្កាប់មុខដល់ដី នៅចំពោះហឹបនៃព្រះយេហូវ៉ាទៀត ហើយក្បាល និងដៃទាំង២នៃព្រះដាកុន ក៏បាក់ដាច់នៅលើក្របទ្វារ សល់នៅតែតួព្រះដាកុនប៉ុណ្ណោះ
5 ដោយហេតុនោះបានជាពួកសង្ឃរបស់ព្រះដាកុន និងពួកអ្នកដែលចូលទៅក្នុងវិហារនៃព្រះដាកុន គេមិនដែលជាន់លើក្របទ្វារនៃវិហារព្រះដាកុន នៅក្រុងអាសដូឌ ដរាបដល់សព្វថ្ងៃនេះ។
6 ឯព្រះហស្តនៃព្រះយេហូវ៉ាក៏សង្កត់លើពួកក្រុងអាសដូឌយ៉ាងធ្ងន់ ទ្រង់បំផ្លាញគេ ហើយវាយគេដោយរោគឫសដូងបាត នៅក្រុងអាសដូឌ និងស្រុកជុំវិញទាំងអស់
7 កាលពួកអាសដូឌឃើញថា កើតមានយ៉ាងដូច្នោះ នោះគេជំនុំគ្នាថា មិនត្រូវឲ្យហឹបនៃព្រះរបស់សាសន៍អ៊ីស្រាអែលនៅជាមួយនឹងយើងទៀតឡើយ ដ្បិតព្រះហស្តនៃទ្រង់សង្កត់លើយើងរាល់គ្នាធ្ងន់ណាស់ ហើយលើព្រះដាកុនជាព្រះនៃយើងដែរ
8 ដូច្នេះ គេក៏ចាត់ឲ្យទៅ ប្រមូលពួកមេនៃសាសន៍ភីលីស្ទីនទាំងប៉ុន្មានមកជំនុំគ្នាថា តើត្រូវឲ្យយើងធ្វើដូចម្តេចនឹងហឹបព្រះរបស់សាសន៍អ៊ីស្រាអែលនេះ គេឆ្លើយថា ចូរនាំយកទៅឯក្រុងកាថទៅ ដូច្នេះ គេក៏នាំយកហឹបនៃព្រះរបស់សាសន៍អ៊ីស្រាអែល ទៅឯទីនោះ
9 កាលគេបាននាំយកទៅឯណោះហើយ នោះព្រះហស្តនៃព្រះយេហូវ៉ាក៏ទាស់នឹងទីក្រុងនោះ ដោយសេចក្ដីវេទនាយ៉ាងខ្លាំងដែរ ទ្រង់វាយពួកក្រុងនោះទាំងតូចទាំងធំ ឲ្យកើតមានឫសដូងបាតទាំងអស់គ្នា
10 ដូច្នេះ គេក៏នាំយកហឹបនៃព្រះទៅឯក្រុងអេក្រុនទៀត កាលបានដល់អេក្រុនហើយ ពួកក្រុងនោះស្រែកឡើងថា គេបានយកហឹបនៃព្រះរបស់សាសន៍អ៊ីស្រាអែលមកឯយើង ដើម្បីនឹងសម្លាប់យើង និងពួកយើងផងហើយ
11 នោះគេចាត់ឲ្យទៅប្រមូលពួកមេនៃសាសន៍ភីលីស្ទីនទាំងប៉ុន្មាន មកជំនុំគ្នាថា ចូរផ្ញើហឹបនៃព្រះរបស់សាសន៍អ៊ីស្រាអែលទៅវិញទៅ ឲ្យបានត្រឡប់ទៅឯកន្លែងដើមវិញ ដើម្បីកុំឲ្យយើង និងពួកយើងត្រូវស្លាប់ទាំងអស់គ្នាដូច្នេះឡើយ ពីព្រោះកើតមានសេចក្ដីវេទនាដ៏នាំឲ្យស្លាប់សន្ធឹក នៅពេញក្នុងទីក្រុង ដ្បិតព្រះហស្តនៃព្រះសង្កត់លើគេជាយ៉ាងធ្ងន់
12 ឯពួកមនុស្សដែលមិនបានស្លាប់ទេ នោះក៏កើតមានឫសដូងបាតវិញ ហើយសូរសម្រែកនៅទីក្រុងនោះ ក៏ឮរហូតដល់ផ្ទៃមេឃ។
ជំពូក 6
1 រីឯហឹបនៃព្រះយេហូវ៉ាបានស្ថិតនៅស្រុកភីលីស្ទីនអស់៧ខែ
2 ឯពួកភីលីស្ទីន គេហៅពួកសង្ឃ និងពួកគ្រូទាយមកសួរថា តើត្រូវឲ្យយើងធ្វើដូចម្តេចចំពោះហឹបនៃព្រះយេហូវ៉ានេះ ចូរបង្ហាញឲ្យយើងដឹងជាត្រូវធ្វើដូចម្តេចផង ដើម្បីនឹងផ្ញើទៅឯកន្លែងដើមវិញ
3 គេឆ្លើយថា បើអ្នករាល់គ្នាផ្ញើហឹបនៃព្រះរបស់សាសន៍អ៊ីស្រាអែលទៅវិញ នោះកុំឲ្យផ្ញើទៅដោយទទេឡើយ គឺត្រូវផ្ញើតង្វាយដោយព្រោះការរំលងទៅឯព្រះរបស់គេផង នោះអ្នករាល់គ្នានឹងបានជាហើយ ក៏នឹងដឹងជាមានហេតុអ្វី ដែលនាំឲ្យព្រះហស្តនៃព្រះយេហូវ៉ានៅជាប់នឹងអ្នករាល់គ្នាដូច្នេះដែរ
4 គេក៏សួរថា តើតង្វាយយ៉ាងណា ដែលយើងត្រូវផ្ញើទៅថ្វាយទ្រង់នោះ ពួកនោះប្រាប់ថា គឺរូបឫសដូងបាត៥ ធ្វើពីមាស និងកណ្តុរមាស៥ តាមចំនួនពួកមេនៃសាសន៍ភីលីស្ទីន ដ្បិតអ្នករាល់គ្នា និងពួកមេរបស់អ្នករាល់គ្នា ក៏កើតមានសេចក្ដីវេទនាតែ១
5 ដូច្នេះ ត្រូវឲ្យអ្នករាល់គ្នាធ្វើជារូបឫសដូងបាត និងរូបកណ្តុរ ដែលបានបំផ្លាញស្រុក រួចសរសើរដល់ព្រះនៃសាសន៍អ៊ីស្រាអែលទៅ ប្រហែលជាទ្រង់នឹងសម្រាលព្រះហស្តចេញពីអ្នករាល់គ្នា និងពីព្រះ ហើយពីស្រុករបស់អ្នករាល់គ្នាទេដឹង
6 ហេតុអ្វីបានជាអ្នករាល់គ្នាតាំងចិត្តរឹងរូស ដូចជាពួកសាសន៍អេស៊ីព្ទ និងផារ៉ោនដូច្នេះ កាលក្រោយដែលទ្រង់បានធ្វើការអស្ចារ្យក្នុងពួកគេ នោះតើគេមិនបានបើកឲ្យពួកអ៊ីស្រាអែលចេញទៅបាត់ទេឬអី
7 ដូច្នេះ ចូរធ្វើរទេះ១ថ្មី ហើយយកគោញី២ដែលបំបៅកូន ឥតដែលមានអ្នកណាយកនឹមមកទឹមនៅឡើយ រួចឲ្យទឹមនឹងរទេះនោះ ហើយដេញកូនពីវាឲ្យទៅផ្ទះវិញ
8 នោះត្រូវយកហឹបនៃព្រះយេហូវ៉ាដាក់លើរទេះទៅ ហើយដាក់គ្រឿងមាសទាំងប៉ុន្មាន ដែលអ្នករាល់គ្នាថ្វាយនោះ ទៅក្នុងប្រអប់ដាក់ខាងហឹប រួចលែងវាឲ្យនាំទៅវិញចុះ
9 ចាំមើល បើសិនជាវាឡើងតាមផ្លូវ ដែលនាំទៅឯបេត-សេមែស ក្នុងដែនស្រុករបស់គេ នោះគឺជាទ្រង់ហើយ ដែលបានធ្វើឲ្យយើងកើតមានសេចក្ដីអាក្រក់យ៉ាងធំនេះ តែបើមិនដូច្នោះ នោះយើងនឹងដឹងថា មិនមែនព្រះហស្តនៃទ្រង់ដែលបានវាយយើងទេ គឺជាគ្រោះរបស់យើងវិញ។
10 គេក៏ធ្វើដូច្នោះ គឺគេយកគោញី២ដែលបំបៅកូន នាំមកទឹមនឹងរទេះ រួចបង្ខាំងកូនទុកនៅក្នុងក្រោលវិញ
11 ហើយយកហឹបនៃព្រះយេហូវ៉ាមកដាក់លើរទេះ ព្រមទាំងប្រអប់ដែលមានរូបកណ្តុរមាស និងរូបឫសដូងបាតរបស់គេផង
12 រួចគោនោះក៏ចេញតម្រង់តាមផ្លូវទៅឯបេត-សេមែស គឺទៅតាមថ្នល់តែ១នោះទាំងរោទ៍បណ្តើរ ឥតមានងាកបែរទៅខាងស្តាំឬខាងឆ្វេងឡើយ ឯពួកមេនៃសាសន៍ភីលីស្ទីន គេក៏ដើរតាមរហូតដល់ព្រំស្រុកបេត-សេមែស
13 គ្រានោះ ពួកអ្នកនៅបេត-សេមែស គេកំពុងតែច្រូតស្រូវនៅវាលច្រកភ្នំ លុះងើបភ្នែកឡើង ក៏អរសប្បាយ ដោយឃើញហឹបនៃព្រះមកវិញ
14 រទេះក៏មកដល់ក្នុងចម្ការរបស់យ៉ូស្វេ ជាអ្នកនៅបេត-សេមែសនោះ ហើយឈប់នៅទីនោះ ជាកន្លែងដែលមានថ្ម១ធំ ដូច្នេះ គេពុះបំបែករទេះ ហើយថ្វាយគោនោះជាតង្វាយដុតដល់ព្រះយេហូវ៉ា
15 ពួកលេវីគេយកហឹបនៃព្រះយេហូវ៉ា និងប្រអប់ដែលមានគ្រឿងមាសទាំងប៉ុន្មាន ចុះមកដាក់លើថ្មធំនោះ រួចពួកបេត-សេមែសក៏ថ្វាយតង្វាយដុត និងយញ្ញបូជាដល់ព្រះយេហូវ៉ានៅថ្ងៃនោះឯង
16 កាលពួកមេនៃសាសន៍ភីលីស្ទីនទាំង៥នាក់បានឃើញហើយ នោះគេនាំគ្នាត្រឡប់ទៅឯក្រុងអេក្រុនវិញ នៅថ្ងៃនោះដែរ។
17 ឯរូបឫសដូងបាតធ្វើពីមាស ដែលពួកភីលីស្ទីនគេថ្វាយដល់ព្រះយេហូវ៉ា ទុកជាតង្វាយដោយព្រោះការរំលង នោះគឺ១ពីក្រុងអាសដូឌ ១ពីក្រុងកាសា ១ពីក្រុងអាសកាឡូន ១ពីក្រុងកាថ ហើយ១ពីក្រុងអេក្រុន
18 ក៏មានរូបកណ្តុរមាស តាមចំនួនទីក្រុងនៃសាសន៍ភីលីស្ទីនដែលជារបស់ផងមេទាំង៥នាក់នោះដែរ គឺទាំងក្រុងមានកំផែង និងភូមិនៅស្រុកស្រែទាំងប៉ុន្មានផង ពីគ្រប់ក្នុងស្រុកភីលីស្ទីនរហូតដល់ថ្មធំ ជាទីដែលគេបានដាក់ហឹបនៃព្រះយេហូវ៉ានោះ ឯថ្មនោះក៏នៅក្នុងចម្ការរបស់យ៉ូស្វេ ជាអ្នកនៅបេត-សេមែស ដរាបដល់សព្វថ្ងៃនេះ។
19 ព្រះយេហូវ៉ាទ្រង់ប្រហារពួកបេត-សេមែសដែរ ពីព្រោះគេបានបើកមើលទៅក្នុងហឹបនៃព្រះយេហូវ៉ាទ្រង់ប្រហារជីវិតគេអស់៧០នាក់ ក្នុង៥ម៉ឺននាក់ នោះគេក៏យំសោក ដោយព្រោះព្រះយេហូវ៉ាបានវាយសម្លាប់គេអស់ជាច្រើនដូច្នេះ
20 ពួកបេត-សេមែសនិយាយឡើងថា តើមានអ្នកឯណាអាចនឹងឈរនៅចំពោះព្រះយេហូវ៉ាជាព្រះដ៏បរិសុទ្ធនេះបាន តើទ្រង់ត្រូវចេញពីយើងខ្ញុំ ឡើងទៅឯអ្នកណាវិញ
21 រួចគេចាត់មនុស្សឲ្យទៅឯពួកគារយ៉ាត់-យារីមប្រាប់ថា ពួកភីលីស្ទីនបាននាំយកហឹបនៃព្រះយេហូវ៉ាមកវិញហើយ ដូច្នេះ សូមអ្នករាល់គ្នាចុះទៅ នាំឡើងទៅឯអ្នករាល់គ្នាវិញចុះ។
ជំពូក 7
1 នោះពួកគារយ៉ាត់-យារីមក៏មកនាំយកហឹបនៃព្រះយេហូវ៉ា ឡើងទៅដាក់នៅក្នុងផ្ទះរបស់អ័ប៊ីន៉ាដាប់ ដែលនៅលើភ្នំ ក៏ញែកអេលាសារជាកូនចេញសម្រាប់ថែរក្សាហឹបនៃព្រះយេហូវ៉ា។
2 ចាប់តាំងពីថ្ងៃដែលហឹបបានតាំងនៅត្រង់គារយ៉ាត់-យារីម នោះបានយូរណាស់ គឺអស់កំណត់២០ឆ្នាំ ហើយពូជពង្សអ៊ីស្រាអែលទាំងអស់គ្នា ក៏នឹកស្រណោះដល់ព្រះយេហូវ៉ា។
3 នៅវេលានោះ សាំយូអែលប្រាប់ដល់ពួកវង្សអ៊ីស្រាអែលទាំងអស់ថា បើអ្នករាល់គ្នាវិលត្រឡប់មកឯព្រះយេហូវ៉ាវិញដោយអស់ពីចិត្ត នោះត្រូវយកអស់ទាំងព្រះដទៃ និងរូបព្រះទាំងប៉ុន្មានពីពួកអ្នករាល់គ្នាចេញ ហើយបាញ់ចិត្តតម្រង់ចំពោះព្រះយេហូវ៉ា ព្រមទាំងគោរពប្រតិបត្តិដល់ទ្រង់តែ១ នោះទ្រង់នឹងជួយដោះអ្នករាល់គ្នា ឲ្យរួចចេញពីកណ្តាប់ដៃនៃពួកភីលីស្ទីន
4 ដូច្នេះ ពួកកូនចៅអ៊ីស្រាអែលក៏យកព្រះបាល និងរូបព្រះទាំងប៉ុន្មានចោលចេញ វិលមកគោរពប្រតិបត្តិដល់ព្រះយេហូវ៉ាតែ១វិញ។
5 សាំយូអែលក៏ប្រាប់ថា ចូរឲ្យប្រមូលពួកអ៊ីស្រាអែលទាំងអស់មកឯមីសប៉ាចុះ ខ្ញុំនឹងអធិស្ឋានដល់ព្រះយេហូវ៉ាឲ្យអ្នករាល់គ្នា
6 គេក៏ប្រជុំគ្នានៅត្រង់មីសប៉ា រួចដងទឹកយកទៅចាក់នៅចំពោះព្រះយេហូវ៉ា ហើយតមនៅថ្ងៃនោះ ដោយថា យើងរាល់គ្នាបានធ្វើបាបនឹងព្រះយេហូវ៉ាហើយ នោះសាំយូអែលក៏វិនិច្ឆ័យរឿងរបស់ពួកកូនចៅអ៊ីស្រាអែលនៅត្រង់មីសប៉ា
7 លុះពួកភីលីស្ទីនឮថា ពួកកូនចៅអ៊ីស្រាអែលបានប្រជុំគ្នានៅ មីសប៉ាដូច្នោះ នោះពួកមេនៃសាសន៍ភីលីស្ទីនក៏ឡើងមកទាស់នឹងគេ កាលពួកកូនចៅអ៊ីស្រាអែលបានដឹង នោះគេភ័យខ្លាចនឹងពួកភីលីស្ទីន
8 ហើយក៏អង្វរសាំយូអែលថា សូមកុំឲ្យលោកឈប់លែងអំពាវនាវដល់ព្រះយេហូវ៉ាជាព្រះនៃយើងរាល់គ្នាឡើយ ដើម្បីឲ្យទ្រង់ជួយសង្គ្រោះយើងរាល់គ្នា ឲ្យរួចពីកណ្តាប់ដៃនៃពួកភីលីស្ទីន
9 ដូច្នោះ សាំយូអែលក៏យកកូនចៀមដែលនៅបៅ មកដុតទាំងមូលថ្វាយដល់ព្រះយេហូវ៉ា ហើយអំពាវនាវដល់ទ្រង់ឲ្យពួកអ៊ីស្រាអែល នោះព្រះយេហូវ៉ាទ្រង់ក៏យល់ព្រមតាម
10 កាលសាំយូអែលកំពុងដែលថ្វាយតង្វាយដុត នោះពួកភីលីស្ទីនចូលមកដល់ជិត ដើម្បីច្បាំងនឹងពួកអ៊ីស្រាអែលហើយ តែនៅថ្ងៃនោះ ព្រះយេហូវ៉ាទ្រង់ធ្វើឲ្យមានផ្គរលាន់ជាយ៉ាងខ្លាំង ត្រង់ពីលើពួកភីលីស្ទីន ឲ្យគេបាក់ទ័ពខ្ចាត់ខ្ចាយចេញ ហើយគេត្រូវពួកអ៊ីស្រាអែលកាប់សម្លាប់
11 ពួកអ៊ីស្រាអែលក៏ចេញពីមីសប៉ា ដេញតាមពួកភីលីស្ទីនទៅ ទាំងប្រហារជីវិតគេរហូតដល់បេត-ការ។
12 នោះសាំយូអែល លោកយកថ្មដាក់នៅកណ្តាលមីសប៉ា និងស៊េន ហើយក៏ហៅថ្មនោះ ឈ្មោះថា អេបេន-អេស៊ើរ ដោយថា ព្រះយេហូវ៉ាទ្រង់បានជួយយើងខ្ញុំ ដរាបដល់ឥឡូវនេះ
13 ដូច្នេះ ពួកភីលីស្ទីនត្រូវទទួលចុះចាញ់ គេមិនបានទន្ទ្រានចូលមកក្នុងដែនស្រុកអ៊ីស្រាអែលទៀត ហើយព្រះហស្តនៃព្រះយេហូវ៉ាក៏ទាស់នឹងពួកភីលីស្ទីន នៅគ្រប់១ជីវិតសាំយូអែល
14 ឯអស់ទាំងទីក្រុងណាដែលពួកភីលីស្ទីនបានចាប់យកពីពួកអ៊ីស្រាអែលទៅ នោះក៏បានប្រគល់មកអ៊ីស្រាអែលវិញ ចាប់តាំងពីក្រុងអេក្រុនរហូតដល់ក្រុងកាថ ហើយគ្រប់ដែនស្រុកនោះ ពួកអ៊ីស្រាអែលក៏បានដោះឲ្យរួចពីកណ្តាប់ដៃនៃពួកភីលីស្ទីនដែរ នៅជាន់នោះ សាសន៍អ៊ីស្រាអែល និងសាសន៍អាម៉ូរី មានសេចក្ដីមេត្រីនឹងគ្នា។
15 ឯសាំយូអែល លោកគ្រប់គ្រងលើសាសន៍អ៊ីស្រាអែលអស់១ជីវិត
16 លោកតែងដើរវង់ពីបេត-អែល ទៅដល់គីលកាល ហើយនិងមីសប៉ា រាល់តែឆ្នាំ ក៏វិនិច្ឆ័យរឿងរបស់ពួកអ៊ីស្រាអែល នៅកន្លែងទាំងនោះ
17 រួចត្រឡប់មករ៉ាម៉ាវិញ ដ្បិតផ្ទះលោកនៅត្រង់រ៉ាម៉ានោះ គឺនៅទីនោះ ដែលលោកតែងវិនិច្ឆ័យរឿងរបស់ពួកអ៊ីស្រាអែលជានិច្ច ហើយលោកក៏ស្អាងអាសនៈ១ ថ្វាយព្រះយេហូវ៉ានៅទីនោះដែរ។
ជំពូក 8
1 លុះកាលសាំយូអែលចាស់ហើយ នោះលោកតាំងកូនឡើង ឲ្យធ្វើជាអ្នកគ្រប់គ្រង លើសាសន៍អ៊ីស្រាអែលតទៅ
2 រីឯកូនច្បងរបស់លោកឈ្មោះយ៉ូអែល ហើយកូនបន្ទាប់ឈ្មោះអ័ប៊ីយ៉ា អ្នកទាំង២នោះជាអ្នកវិនិច្ឆ័យការណ៍ នៅត្រង់បៀរ-សេបា
3 តែគេមិនបានដើរតាមគន្លងរបស់ឪពុកទេ គឺបានងាកបែរទៅរកកម្រៃវិញ ទាំងស៊ីសំណូក ហើយបង្វែរសេចក្ដីយុត្តិធម៌ចេញផង។
4 នៅគ្រានោះ ពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែលទាំងប៉ុន្មានក៏ប្រជុំគ្នាមកឯសាំយូអែលទៅត្រង់រ៉ាម៉ា
5 គេជម្រាបថា មើល ឥឡូវលោកចាស់ហើយ ឯពួកកូនលោក គេមិនប្រព្រឹត្តតាមគន្លងរបស់លោកទេ ដូច្នេះ សូមលោកតាំងឲ្យមានស្តេច១អង្គ សម្រាប់នឹងគ្រប់គ្រងលើយើងរាល់គ្នា ដូចជាសាសន៍ឯទៀតដែរ
6 តែដំណើរដែលគេសូមឲ្យតាំងស្តេចឡើងសម្រាប់គ្រប់គ្រងលើគេ នោះមិនគាប់ចិត្តដល់សាំយូអែលទេ ហើយលោកក៏អធិស្ឋានដល់ព្រះយេហូវ៉ា
7 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងលោកថា ចូរស្តាប់តាមគ្រប់ទាំងសេចក្ដី ដែលពួកបណ្តាជនសូមដល់ឯងចុះ ដ្បិតគេមិនបានបោះបង់ចោលឯងទេ គឺបោះបង់ចោលអញវិញ ដើម្បីមិនឲ្យអញធ្វើជាស្តេចលើគេទៀត
8 គេប្រព្រឹត្តនឹងឯង ដូចជាបានប្រព្រឹត្តនឹងអញ ចាប់តាំងពីថ្ងៃដែលអញបាននាំគេឡើងចេញពីស្រុកអេស៊ីព្ទមក ដរាបដល់សព្វថ្ងៃនេះដែរ គឺគេបានបោះបង់ចោលអញ បែរទៅគោរពប្រតិបត្តិដល់ព្រះដទៃវិញ
9 ដូច្នេះ ចូរឯងស្តាប់តាមគេឥឡូវនេះចុះ ប៉ុន្តែ ត្រូវឲ្យឯងប្រកែកនឹងគេយ៉ាងម៉ឺងម៉ាត់ដែរ ដោយពន្យល់បង្ហាញដល់គេ ពីសណ្ឋានដែលមានស្តេចសោយរាជ្យលើគេនោះជាយ៉ាងណា។
10 សាំយូអែលក៏ប្រាប់គ្រប់ទាំងព្រះបន្ទូលនៃព្រះយេហូវ៉ា ដល់ពួកបណ្តាជន ដែលបានសូមឲ្យលោកតាំងស្តេចឡើងឲ្យគេនោះ
11 ដោយពាក្យថា ឯសណ្ឋានរបស់ស្តេចដែលសោយរាជ្យលើអ្នករាល់គ្នា នោះនឹងបានដូច្នេះ គឺស្តេចនោះនឹងយកកូនប្រុសៗរបស់អ្នករាល់គ្នា តម្រូវទុកសម្រាប់ទ្រង់ ឲ្យនៅនឹងរាជរថ ហើយនិងពលសេះរបស់ទ្រង់ គេនឹងត្រូវរត់នៅមុខរាជរថរបស់ទ្រង់
12 ទ្រង់នឹងតម្រូវខ្លះឲ្យធ្វើជាមេលើ១ពាន់នាក់ និងជាមេលើ៥០នាក់ ហើយខ្លះឲ្យភ្ជួរស្រែច្រូតចម្រូូត ខ្លះទៀតឲ្យធ្វើគ្រឿងសស្ត្រាវុធ និងប្រដាប់សម្រាប់រាជរថទ្រង់
13 ទ្រង់នឹងយកកូនស្រីៗរបស់អ្នករាល់គ្នា ឲ្យធ្វើជាអ្នកអប់គ្រឿងក្រអូប ជាអ្នកដាំបាយ ហើយដុតនំ
14 ទ្រង់នឹងយកស្រែចម្ការ និងដំណាំអូលីវរបស់អ្នករាល់គ្នា គឺរបស់ណាដែលល្អបំផុតផង ចែកឲ្យដល់ពួកមហាតលិកទ្រង់
15 ក៏នឹងយក១ភាគក្នុង១០ពីស្រូវ ហើយពីទំពាំងបាយជូររបស់អ្នករាល់គ្នា ចែកឲ្យដល់ពួកអ្នកបម្រើ និងពួកបាវផង
16 ទ្រង់នឹងយកបាវប្រុសបាវស្រីរបស់អ្នករាល់គ្នា ព្រមទាំងពួកកំលោះ ដែលល្អបំផុត និងសត្វលារបស់អ្នករាល់គ្នា ទៅប្រើឲ្យធ្វើការរបស់ទ្រង់វិញ
17 ទ្រង់នឹងយក១ភាគក្នុង១០ពីហ្វូងសត្វអ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងធ្វើជាខ្ញុំកំដររបស់ទ្រង់
18 នៅថ្ងៃនោះ អ្នករាល់គ្នានឹងអំពាវនាវដល់ព្រះយេហូវ៉ា ដោយព្រោះស្តេចដែលអ្នករាល់គ្នានឹងរើសនោះ តែទ្រង់មិនព្រមស្តាប់តាមអ្នករាល់គ្នានៅថ្ងៃនោះទេ
19 ប៉ុន្តែ ពួកបណ្តាជនមិនព្រមស្តាប់តាមសាំយូអែលឡើយ ដោយប្រកែកថា ទេ ត្រូវតែមានស្តេចលើយើងរាល់គ្នាវិញ
20 ដើម្បីឲ្យយើងបានដូចសាសន៍ឯទៀតដែរ ហើយឲ្យស្តេចនៃយើងបានគ្រប់គ្រងលើយើង ព្រមទាំងនាំមុខយើងចេញទៅច្បាំងក្នុងចម្បាំងយើងផង
21 សាំយូអែលក៏ស្តាប់អស់ទាំងពាក្យរបស់ពួកបណ្តាជនទាំងឡាយ រួចទៅទូលដល់ព្រះយេហូវ៉ាវិញ
22 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងសាំយូអែលថា ចូរស្តាប់តាមពាក្យគេចុះ ហើយតាំងឲ្យមានស្តេចសោយរាជ្យឡើងលើគេទៅ នោះសាំយូអែលក៏ប្រាប់ដល់ពួកអ៊ីស្រាអែលថា ចូរឲ្យអ្នករាល់គ្នាត្រឡប់ទៅឯទីក្រុងរបស់អ្នករាល់គ្នារៀងខ្លួនទៅ។
ជំពូក 9
1 រីឯមានពួកបេនយ៉ាមីនម្នាក់ ឈ្មោះគីស ជាកូនអ័បៀល ដែលអ័បៀលជាកូនសេរ៉ោៗ ជាកូនបេកូរ៉ាៗ ជាកូនអ័ភីយ៉ាៗ ជាកូនពួកបេនយ៉ាមីនម្នាក់ អ្នកនោះជាមនុស្សមានចិត្តក្លាហាន
2 គាត់មានកូនកំលោះម្នាក់ ឈ្មោះសូល ដែលមានរូបឆោមល្អណាស់ ក្នុងបណ្តាពួកកូនចៅអ៊ីស្រាអែល គ្មានអ្នកណាល្អជាងទេ គាត់មានមាឌខ្ពស់ជាងគេទាំងអស់ ឯពួកគេមានកំពស់ ត្រឹមតែស្មារបស់គាត់ទេ
3 សម័យនោះ ហ្វូងលារបស់គីស ជាឪពុកសូល បានវង្វេងបាត់ទៅ នោះគីសនិយាយទៅសូល ជាកូនថា ចូរឯង និងបាវម្នាក់នាំគ្នាទៅរកហ្វូងលាទៅ
4 ដូច្នេះ គាត់បានដើរកាត់ស្រុកភ្នំអេប្រាអិម និងស្រុកសាលីសា តែរកហ្វូងលាមិនឃើញសោះ រួចនាំគ្នាដើរកាត់ស្រុកសាលីម តែមិនឃើញនៅស្រុកនោះដែរ ក៏ដើរកាត់ស្រុកបេនយ៉ាមីនទៀត តែរកមិនឃើញសោះឡើយ។
5 លុះកាលបានទៅដល់ស្រុកស៊ូភហើយ នោះសូលនិយាយទៅបាវដែលទៅជាមួយថា ឥឡូវនេះ ចូរយើងវិលត្រឡប់ទៅវិញ ក្រែងឪពុកអញលែងគិតពីហ្វូងលា ដោយព្រួយចិត្តនឹងយើង
6 បាវនោះឆ្លើយថា មើល មានអ្នកសំណប់របស់ព្រះម្នាក់នៅក្រុងនេះ ជាអ្នកដែលគេរាប់អានគ្រប់គ្នា ឯអស់ទាំងសេចក្ដីណាដែលលោកថា នោះរមែងកើតមកជាមិនខាន ដូច្នេះ សូមយើងទៅឯណោះចុះ ប្រហែលជាលោកនឹងប្រាប់យើង ពីផ្លូវដែលត្រូវទៅបាន
7 តែសូលឆ្លើយថា បើសិនជាយើងទៅ តើយើងមានអ្វីយកទៅជូនលោក ដ្បិតអាហារក្នុងសំពាយរបស់យើងអស់រលីងហើយ គ្មានអ្វីនឹងយកទៅជូនដល់អ្នកសំណប់របស់ព្រះនោះទេ តើនៅមានអ្វីដែរឬទេ
8 បាវឆ្លើយជម្រាបទៅសូលម្តងទៀតថា មើល ខ្ញុំមានប្រាក់២កាក់នៅដៃ ខ្ញុំនឹងជូនដល់លោក ឲ្យលោកបង្ហាញផ្លូវយើង
9 (កាលពីដើម នៅស្រុកអ៊ីស្រាអែល កាលណាមនុស្សម្នាក់ទៅសួរដល់ព្រះ នោះគេតែងនិយាយថា ចូរយើងទៅឯអ្នកមើលឆុត ដ្បិតអ្នកដែលសព្វថ្ងៃនេះហៅថា ហោរា នោះពីដើមគេហៅថា អ្នកមើលឆុតវិញ)
10 ដូច្នេះ សូលក៏ឆ្លើយតបទៅបាវថា អើ ស្រួលហើយ ចូរយើងទៅចុះ នោះគេក៏ទៅឯក្រុងនោះ ជាកន្លែងដែលអ្នកសំណប់របស់ព្រះអាស្រ័យនៅ។
11 កំពុងដែលគេដើរតាមផ្លូវឡើងទៅឯទីក្រុង នោះគេជួបប្រទះនឹងពួកស្រីក្រមុំៗដែលចេញមកដងទឹក ហើយក៏សួរថា តើអ្នកមើលឆុតនៅទីនេះឬអី
12 នាងទាំងនោះឆ្លើយថា ចាស មែនហើយ មើល លោកបានដើរទៅខាងមុខនុ៎ះ អញ្ជើញទៅជាប្រញាប់ទៅ ដ្បិតថ្ងៃនេះលោកទើបនឹងមកដល់ទីក្រុង ពីព្រោះបណ្តាជនគេត្រូវថ្វាយយញ្ញបូជានៅលើទីខ្ពស់នៅថ្ងៃនេះ
13 កាលណាអ្នកចូលទៅក្នុងទីក្រុង នោះអ្នកនឹងឃើញលោកហើយ មុនដែលលោកឡើងទៅពិសានៅលើទីខ្ពស់នោះ ដ្បិតពួកបណ្តាជនមិនបរិភោគឡើយ ទាល់តែលោកអញ្ជើញទៅដល់ ពីព្រោះគឺលោកហើយ ដែលត្រូវឲ្យពរដល់យញ្ញបូជានោះ ទើបពួកភ្ញៀវបរិភោគជាខាងក្រោយ ដូច្នេះ អញ្ជើញអ្នកឡើងទៅចុះ ដ្បិតថ្មើរណេះអ្នកនឹងរកលោកឃើញ។
14 ដូច្នេះ គេក៏ឡើងទៅឯទីក្រុង កាលគេកំពុងតែចូលទៅ នោះមើល សាំយូអែលក៏ចេញមកនៅប្រទល់មុខ ដើម្បីនឹងឡើងទៅឯទីខ្ពស់។
15 រីឯ១ថ្ងៃមុនដែលសូលបានមកដល់ នោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលប្រាប់សាំយូអែលថា
16 ដល់ថ្ងៃស្អែកពេលថ្មើរណេះ អញនឹងចាត់មនុស្សម្នាក់ពីស្រុកបេនយ៉ាមីនមកឯឯង ត្រូវឲ្យឯងចាក់ប្រេងតាំងអ្នកនោះឲ្យគ្រប់គ្រងលើពួកអ៊ីស្រាអែល ជារាស្ត្រអញចុះ អ្នកនោះនឹងជួយសង្គ្រោះរាស្ត្រអញ ឲ្យរួចពីកណ្តាប់ដៃនៃពួកភីលីស្ទីន ដ្បិតអញបានក្រឡេកមើលទៅរាស្ត្រអញ ពីព្រោះសម្រែករបស់គេបានឮមកដល់អញហើយ
17 ដូច្នេះ កាលសាំយូអែលបានឃើញសូល នោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា នេះហើយជាមនុស្សដែលអញបានប្រាប់ឯង គឺអ្នកនេះឯង ដែលត្រូវសោយរាជ្យលើរាស្ត្ររបស់អញ
18 គ្រានោះ សូលបានចូលទៅជិតសាំយូអែល នៅត្រង់កណ្តាលទ្វារក្រុងសួរថា សូមលោកប្រាប់ខ្ញុំ តើផ្ទះគ្រូដែលមើលឆុតនៅឯណា
19 នោះសាំយូអែលឆ្លើយថា គឺខ្ញុំនេះហើយជាអ្នកមើលឆុត ចូរអ្នកឡើងទៅឯទីខ្ពស់មុនខ្ញុំចុះ ដ្បិតត្រូវឲ្យអ្នកបរិភោគជាមួយនឹងខ្ញុំនៅថ្ងៃនេះ រួចដល់ព្រឹកឡើង ខ្ញុំនឹងឲ្យអ្នកអញ្ជើញទៅ ហើយនិងប្រាប់ពីគ្រប់ទាំងសេចក្ដីដែលអ្នកប៉ងក្នុងចិត្តដែរ
20 ឯហ្វូងលាដែលបានវង្វេងបាត់៣ថ្ងៃមកហើយ នោះកុំឲ្យធុរៈឡើយ ដ្បិតបានឃើញហើយ ១ទៀត តើសេចក្ដីប៉ងប្រាថ្នារបស់សាសន៍អ៊ីស្រាអែលសម្រេចលើអ្នកណា តើមិនសម្រេចលើអ្នក និងពួកគ្រួឪពុកអ្នកទេឬអី
21 តែសូលឆ្លើយថា តើខ្ញុំមិនមែនជាពួកបេនយ៉ាមីនជាពូជអំបូរតូចជាងគេក្នុងបណ្តាសាសន៍អ៊ីស្រាអែលទេឬអី ហើយពួកគ្រួខ្ញុំ តើមិនមែនជាតូចទាបជាងអស់ទាំងគ្រួ ក្នុងពូជអំបូរបេនយ៉ាមីនដែរទេឬអី ដូច្នេះ ហេតុអ្វីបានជាលោកមានប្រសាសន៍នឹងខ្ញុំយ៉ាងនេះ។
22 សាំយូអែលក៏នាំយកសូល និងអ្នកបម្រើ ចូលទៅក្នុងរោងជំនុំ ឲ្យអង្គុយនៅទីលេខ១ក្នុងពួកភ្ញៀវ ដែលមានចំនួនប្រហែលជា៣០នាក់
23 រួចលោកប្រាប់ទៅអ្នកធ្វើបាយថា ចូរយកចំណែក១ដែលអញបានប្រគល់ឲ្យឯងដោយប្រាប់ថា ចូរទុកដោយខ្លួននោះមក
24 ដូច្នេះ អ្នកធ្វើបាយ ក៏យកស្មា និងសាច់ដែលនៅជាប់នោះ មកដាក់នៅមុខសូល រួចសាំយូអែលប្រាប់ថា មើល នេះជារបស់ដែលបានបម្រុងទុកឲ្យអ្នក អញ្ជើញពីសាចុះ ដ្បិតបានបម្រុងទុកដល់ពេលកំណត់សម្រាប់អ្នក ចាប់តាំងពីខ្ញុំបានអញ្ជើញពួកជនមក ដូច្នេះ សូលក៏បរិភោគជាមួយនឹងសាំយូអែលនៅថ្ងៃនោះ។
25 កាលគេបានចុះពីទីខ្ពស់មកក្នុងទីក្រុងវិញ នោះសាំយូអែល និងសូលក៏និយាយគ្នានៅលើដំបូលផ្ទះ
26 រួចក្រោកឡើងពីព្រលឹមស្រាង លុះដល់ថ្ងៃរះ នោះសាំយូអែលហៅសូលទៅលើដំបូលផ្ទះប្រាប់ថា នែ ខ្ញុំឲ្យអ្នកអញ្ជើញទៅហើយ នោះសូលក្រោកឡើង ហើយគាត់ និងសាំយូអែលក៏ដើរចេញទៅក្រៅទាំង២នាក់
27 កាលគេកំពុងតែចុះទៅជិតដល់ទីចុងក្រុងហើយ នោះសាំយូអែលប្រាប់សូលថា ចូរប្រាប់ដល់អ្នកបម្រើរបស់អ្នកឲ្យដើរទៅខាងមុខយើងទៅ (វាក៏ទៅ) តែឯអ្នក ចូរឈប់សិន ដើម្បីឲ្យខ្ញុំបានប្រាប់ឲ្យអ្នកដឹងពីព្រះបន្ទូលនៃព្រះ។
ជំពូក 10
1 នោះសាំយូអែលក៏យកដបប្រេង ចាក់ទៅលើក្បាលសូល រួចថើបគាត់ដោយពាក្យថា ឯព្រះយេហូវ៉ាតើទ្រង់មិនបានចាក់ប្រេងតាំងអ្នក ឲ្យធ្វើជាអ្នកគ្រប់គ្រងលើមរដកទ្រង់ទេឬអី ។
2 នៅថ្ងៃនេះ កាលណាអ្នកចេញពីខ្ញុំទៅ នោះនឹងជួបប្រទះនឹង២នាក់ នៅត្រង់ផ្នូររ៉ាជែលដែលនៅភូមិសេលសា ក្នុងព្រំស្រុកបេនយ៉ាមីន គេនឹងប្រាប់អ្នកថា សត្វលាដែលអ្នករក នោះបានឃើញហើយ តែឥឡូវឪពុកអ្នកបានលែងគិតពីលា ដោយថប់ព្រួយនឹងអ្នកវិញ ដោយថា តើត្រូវធ្វើដូចម្តេចឲ្យបានកូនអញមកវិញ
3 រួចអ្នកនឹងចេញពីទីនោះទៅដល់ដើមម៉ៃសាក់នៅតាបោរ នៅទីនោះនឹងមានមនុស្ស៣នាក់ ដែលកំពុងតែឡើងទៅឯព្រះ នៅបេត-អែល មកជួបនឹងអ្នក ម្នាក់កាន់កូនពពែ៣ មួយទៀតកាន់នំបុ័ង៣ដុំ ហើយម្នាក់ទៀតកាន់ថង់ស្បែកដាក់ស្រាទំពាំងបាយជូរ
4 គេនឹងជម្រាបសួរដល់អ្នក ហើយនិងជូននំបុ័ង២ដុំមកអ្នក ដែលអ្នកត្រូវទទួលពីដៃគេ
5 ក្រោយនោះ អ្នកនឹងទៅដល់ភ្នំព្រះ ជាកន្លែងដែលមានបន្ទាយរបស់ពួកភីលីស្ទីន រួចកាលណាអ្នកទៅដល់ទីក្រុងហើយ នោះនឹងជួបនឹងពួកហោរាដែលចុះពីទីខ្ពស់មក មានគេកាន់ទាំងពិណ ក្រាប់ ខ្លុយ និងស៊ុងនាំមុខផង ហោរាទាំងនោះនឹងទាយ
6 នោះព្រះវិញ្ញាណនៃព្រះយេហូវ៉ានឹងមកសណ្ឋិតលើអ្នក បណ្តាលជាខ្លាំង អ្នកនឹងទាយជាមួយនឹងគេដែរ ហើយអ្នកនឹងបានប្រែទៅជាមនុស្សថ្មីវិញ
7 កាលណាទីសម្គាល់ទាំងនេះបានកើតមកដល់អ្នកហើយ នោះត្រូវឲ្យអ្នកធ្វើតាមទំនងនៅឱកាសនោះចុះ ដ្បិតព្រះទ្រង់គង់ជាមួយនឹងអ្នកហើយ
8 រួចត្រូវឲ្យអ្នកចុះទៅដល់គីលកាលមុនខ្ញុំ ខ្ញុំនឹងចុះទៅឯអ្នក ដើម្បីនឹងថ្វាយតង្វាយដុត ហើយនិងយញ្ញបូជា ជាតង្វាយមេត្រី ចូរអ្នកអង់ចាំខ្ញុំ៧ថ្ងៃ ទាល់តែខ្ញុំបានទៅដល់អ្នក នោះខ្ញុំនឹងបង្ហាញពីការដែលអ្នកត្រូវធ្វើ។
9 ដូច្នេះ ក៏កើតមកយ៉ាងនោះមែន កាលសូលបានបែរចេញពីសាំយូអែលទៅ នោះព្រះទ្រង់បំផ្លាស់បំប្រែចិត្តគាត់ ហើយទីសម្គាល់ទាំងនោះ ក៏កើតមកនៅថ្ងៃនោះឯង
10 កាលគេទៅដល់ភ្នំហើយ នោះមើល មានពួកហោរាមកជួបនឹងគាត់ ហើយព្រះវិញ្ញាណនៃព្រះទ្រង់មកសណ្ឋិតលើគាត់បណ្តាលឡើងជាខ្លាំង រួចគាត់ទាយនៅកណ្តាលពួកនោះ
11 កាលពួកអ្នកដែលស្គាល់គាត់ពីមុន បានឃើញគាត់ទាយជាមួយនឹងពួកហោរាដូច្នោះ នោះគេនិយាយគ្នាថា តើមានកើតអ្វីដល់កូនគីសនេះ តើសូលជាពួកហោរាដែរឬអី
12 រួចម្នាក់ដែលនៅទីនោះក៏ឆ្លើយឡើងថា តើពួកហោរាមានអ្នកណាជាឪពុក សេចក្ដីនោះក៏ត្រឡប់ទៅជាពាក្យទំនឹមទំនៀមថា តើសូលជាពួកហោរាដែរឬអី
13 កាលគាត់ឈប់ទាយហើយ នោះក៏ឡើងទៅឯទីខ្ពស់។
14 ឯមារបស់សូលក៏សួរដល់គាត់ និងអ្នកបម្រើថា តើឯងបានទៅឯណា គាត់ឆ្លើយថា បានទៅរកហ្វូងលា តែកាលយើងខ្ញុំរកវានៅទីណាមិនឃើញ នោះក៏ទៅឯលោកសាំយូអែល
15 រួចមារបស់សូលសួរថា ចូរប្រាប់ដល់អញ តើលោកសាំយូអែលមានប្រសាសន៍នឹងឯងដូចម្តេចខ្លះ
16 នោះសូលឆ្លើយជម្រាបមាថា លោកបានប្រាប់យើងខ្ញុំជាច្បាស់ថា លាបានឃើញហើយ តែត្រង់ឯការតាំងរាជ្យដែលសាំយូអែលបានប្រាប់ នោះគាត់មិនបានជម្រាបដល់មាទេ។
17 នៅគ្រានោះ សាំយូអែលប្រមូលពួកកូនចៅអ៊ីស្រាអែលមកប្រជុំគ្នានៅចំពោះព្រះយេហូវ៉ាត្រង់មីសប៉ា
18 រួចប្រាប់ដល់ពួកបណ្តាជនទាំងឡាយថា ព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលយ៉ាងដូច្នេះថា អញបាននាំពួកអ៊ីស្រាអែល ឡើងចេញពីស្រុកអេស៊ីព្ទមក ក៏បានជួយឯងរាល់គ្នាឲ្យរួចពីកណ្តាប់ដៃនៃសាសន៍អេស៊ីព្ទ ហើយពីកណ្តាប់ដៃពួកនគរទាំងប៉ុន្មាន ដែលសង្កត់សង្កិនឯង
19 តែនៅថ្ងៃនេះ ឯងរាល់គ្នាបានបោះបង់ចោលព្រះនៃឯង ដែលទ្រង់បានជួយសង្គ្រោះឯងឲ្យរួចពីគ្រប់ទាំងគ្រោះថ្នាក់ និងសេចក្ដីវេទនារបស់ឯង ឥឡូវនេះ ឯងរាល់គ្នាបានទូលទ្រង់ថា សូមតាំងស្តេចឲ្យសោយរាជ្យលើយើងរាល់គ្នាវិញ ដូច្នេះ ចូរឯងរាល់គ្នាឈរនៅចំពោះព្រះយេហូវ៉ា តាមពូជអំបូរ តាមពួកឯងទាំងពាន់ៗចុះ
20 សាំយូអែលក៏ឲ្យពូជអំបូរនៃសាសន៍អ៊ីស្រាអែលទាំងអស់ចូលមក ហើយព្រះទ្រង់រើសយកពូជអំបូរបេនយ៉ាមីន
21 រួចលោកឲ្យពូជអំបូរនោះចូលមកតាមគ្រួគេ ហើយរើសយកបានគ្រួម៉ាទ្រី ត្រូវលើរូបសូលជាកូនគីស តែកាលគេរកគាត់ នោះមិនឃើញសោះ
22 ដូច្នេះ គេទូលសួរដល់ព្រះយេហូវ៉ាទៀតថា តើឈ្មោះនោះដែលត្រូវមកមែនឬ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា មើល វាកំពុងតែពួននៅក្នុងអីវ៉ាន់
23 គេក៏រត់ទៅនាំគាត់ចេញពីទីនោះមក កាលគាត់ឈរឡើងនៅកណ្តាលពួកជន នោះគាត់មានកំពស់ជាងគេទាំងអស់ ឯបណ្តាជនទាំងឡាយបានត្រឹមតែស្មារបស់គាត់ទេ
24 នោះសាំយូអែលប្រាប់ដល់បណ្តាជនថា ចូរមើល អ្នកនេះដែលព្រះយេហូវ៉ាទ្រង់បានតាំងឡើង ថាគ្មានអ្នកណា ក្នុងពួកបណ្តាជន ឲ្យដូចជាគាត់ទេ បណ្តាជនទាំងឡាយក៏បន្លឺវាចាឡើងថា ជយោព្រះករុណា។
25 គ្រានោះ សាំយូអែលក៏ប្រាប់ពន្យល់ដល់ពួកបណ្តាជនពីរបៀបនគរ ហើយលោកកត់ក្នុងសៀវភៅយកទៅដាក់នៅចំពោះព្រះយេហូវ៉ា ស្រេចហើយ លោកឲ្យពួកបណ្តាជនត្រឡប់ទៅឯផ្ទះគេរៀងខ្លួនវិញទៅ
26 ឯសូលលោកក៏ទៅឯលំនៅរបស់លោកនៅគីបៀរដែរ មានទាំងពួកអ្នកដែលព្រះបានបណ្តាលចិត្តគេ ទៅជាមួយផង
27 តែមានពួកពាលអនាថាខ្លះនិយាយថា ធ្វើដូចម្តេចឲ្យអ្នកនោះជួយសង្គ្រោះយើងបាន គេក៏មើលងាយដល់លោក ហើយមិនបានយកភស្តុភារអ្វីមកជូនលោកទេ តែលោកឥតរវល់ឡើយ។
ជំពូក 11
1 សម័យនោះ ណាហាស ជាសាសន៍អាំម៉ូន ក៏ឡើងមកបោះទ័ពទាស់នឹងក្រុងយ៉ាបេស-កាឡាត ឯពួកមនុស្សនៅយ៉ាបេសទាំងប៉ុន្មាន គេនិយាយនឹងណាហាសថា ដូច្នេះ សូមឲ្យតាំងសេចក្ដីសញ្ញានឹងយើងខ្ញុំចុះ នោះយើងខ្ញុំនឹងចំណុះចំពោះលោក
2 តែណាហាសជាសាសន៍អាំម៉ូនឆ្លើយថា លុះត្រាតែឲ្យអញចាក់ភ្នែកខាងស្តាំរបស់ឯងរាល់គ្នាឲ្យខ្វាក់ នោះទើបអញនឹងព្រមតាំងសេចក្ដីសញ្ញានឹងឯងរាល់គ្នា ដើម្បីនឹងយកការនោះទុកសម្រាប់ជាសេចក្ដីដំណៀលដល់សាសន៍អ៊ីស្រាអែល
3 នោះពួកចាស់ទុំនៅក្រុងយ៉ាបេសក៏អង្វរថា សូមមេត្តាបង្អង់ឲ្យយើងខ្ញុំបាន៧ថ្ងៃសិន ដើម្បីនឹងចាត់គេឲ្យទៅប្រាប់គ្រប់ក្នុងកំឡុងស្រុកអ៊ីស្រាអែល រួចបើគ្មានអ្នកណានឹងមកជួយយើងខ្ញុំទេ នោះយើងខ្ញុំនឹងចេញមក ចុះចូលនឹងលោក
4 ដូច្នេះ ពួកអ្នកទាំងនោះក៏មកថ្លែងប្រាប់ដល់បណ្តាមនុស្ស នៅត្រង់គីបៀរ ជាស្រុករបស់សូល ឲ្យស្តាប់ នោះគេឡើងសំឡេងយំគ្រប់គ្នា
5 ខណៈនោះ សូលកំពុងតែកៀងហ្វូងគោមកពីវាល ក៏សួរថា តើមានកើតហេតុភេទអ្វី បានជាយំដូច្នេះ នោះគេជម្រាបលោកតាមពាក្យនៃពួកមនុស្សនៅយ៉ាបេសសព្វគ្រប់។
6 កាលលោកបានឮហើយ នោះព្រះវិញ្ញាណនៃព្រះទ្រង់មកសណ្ឋិតលើលោក បណ្តាលឡើងជាខ្លាំង ហើយសេចក្ដីកំហឹងរបស់លោកក៏ឆួលឆេះឡើង
7 លោកយកគោ១នឹមមកកាប់ជាកង់ៗផ្ញើទៅគ្រប់ក្នុងកំឡុងស្រុកអ៊ីស្រាអែល ដោយសារពួកអ្នកទាំងនោះ ដោយពាក្យថា អ្នកណាដែលមិនចេញមកតាមសូល ហើយនិងសាំយូអែល នោះនឹងត្រូវធ្វើដូច្នេះដល់គោរបស់អ្នកនោះដែរ ដូច្នេះ សេចក្ដីស្ញែងខ្លាចពីព្រះយេហូវ៉ា ក៏ធ្លាក់មកលើពួកជនគ្រប់គ្នា ហើយគេស្រុះចិត្តគ្នាចេញមក ដូចជាមនុស្សតែម្នាក់
8 ឯសូលលោករាប់គេនៅត្រង់បេសេក នោះឃើញមានពួកកូនចៅអ៊ីស្រាអែលចំនួន៣សែននាក់ ហើយពួកយូដា៣ម៉ឺននាក់
9 រួចប្រាប់ដល់ពួកអ្នកដែលនាំដំណឹងមកនោះថា ចូរអ្នករាល់គ្នាទៅប្រាប់ដល់ពួកយ៉ាបេស-កាឡាតថា ថ្ងៃស្អែកនេះដល់ថ្ងៃពេញកំដៅ នោះអ្នករាល់គ្នានឹងបានរួចហើយ ពួកនោះក៏ទៅប្រាប់ដល់បណ្តាមនុស្សដែលនៅយ៉ាបេស ហើយគេកើតមានសេចក្ដីអំណរឡើងជាខ្លាំង
10 ដូច្នេះ ពួកមនុស្សនៅយ៉ាបេស គេប្រាប់ដល់ពួកសាសន៍អាំម៉ូនថា ថ្ងៃស្អែកនេះ យើងខ្ញុំនឹងចេញមកឯអ្នករាល់គ្នាហើយ ដើម្បីឲ្យអ្នករាល់គ្នាបានប្រព្រឹត្តនឹងយើងខ្ញុំតាមតែចិត្តចុះ
11 លុះដល់ថ្ងៃស្អែកឡើង សូលលោករៀបពលទ័ពជា៣កង ចូលទៅដល់ទីបោះទ័ពរបស់គេនៅវេលាយាមព្រឹក ហើយវាយសាសន៍អាំម៉ូននោះ ដរាបដល់ថ្ងៃក្តៅ ឯពួកអ្នកដែលនៅសល់ ក៏ត្រូវខ្ចាត់ខ្ចាយទៅ ដល់ម៉្លេះបានជាគ្មាន២នាក់នៅជាមួយគ្នាឡើយ។
12 ស្រេចហើយ បណ្តាជនគេជម្រាបដល់សាំយូអែលថា អ្នកណាដែលថា តើត្រូវឲ្យសូលសោយរាជ្យលើយើងឬអី ចូរនាំអ្នកទាំងនោះមក ឲ្យយើងសម្លាប់ចោលចេញ
13 តែសូលប្រកែកថា នៅថ្ងៃនេះ មិនត្រូវឲ្យសម្លាប់អ្នកណាទេ ដ្បិតថ្ងៃនេះព្រះយេហូវ៉ាបានប្រោសឲ្យមានសេចក្ដីសង្គ្រោះនៅក្នុងសាសន៍អ៊ីស្រាអែល។
14 នោះសាំយូអែលប្រាប់ដល់បណ្តាជនទាំងឡាយថា ចូរឲ្យយើងរាល់គ្នាទៅឯគីលកាល ដើម្បីនឹងតាំងនគរឡើងជាថ្មីទៀត
15 ដូច្នេះ គេក៏ទៅឯគីលកាលទាំងអស់គ្នា ហើយនៅទីនោះ គេតាំងសូលឡើងឲ្យធ្វើជាស្តេច នៅចំពោះព្រះយេហូវ៉ា រួចគេថ្វាយយញ្ញបូជា ជាតង្វាយមេត្រីនៅចំពោះព្រះយេហូវ៉ា ហើយនៅទីនោះ សូល និងពួកអ៊ីស្រាអែលទាំងអស់គ្នា ក៏មានសេចក្ដីអំណរអរសប្បាយឡើងជាខ្លាំង។
ជំពូក 12
1 លំដាប់នោះ សាំយូអែលប្រាប់ដល់ពួកអ៊ីស្រាអែលទាំងអស់គ្នាថា មើល ខ្ញុំបានស្តាប់តាមគ្រប់ទាំងសេចក្ដី ដែលអ្នករាល់គ្នាបានសូមដល់ខ្ញុំហើយ ខ្ញុំបានតាំងឲ្យមានស្តេចលើអ្នករាល់គ្នា
2 ឥឡូវនេះ មើល ស្តេចទ្រង់យាងនៅមុខអ្នករាល់គ្នា ឯខ្ញុំៗចាស់ហើយ សក់ខ្ញុំក៏ស្កូវផង ហើយមើល កូនខ្ញុំនៅជាមួយនឹងអ្នករាល់គ្នាដែរ ខ្ញុំបានដើរនៅមុខអ្នករាល់គ្នាតាំងតែពីក្មេង ដរាបដល់ថ្ងៃនេះ
3 ខ្ញុំនៅទីនេះស្រាប់ ចូរធ្វើបន្ទាល់ទាស់នឹងខ្ញុំនៅចំពោះព្រះយេហូវ៉ា ហើយនៅមុខអ្នកដែលទ្រង់បានចាក់ប្រេងតាំងឲ្យនេះចុះ តើខ្ញុំបានយកគោរបស់អ្នកណា ឬយកលារបស់អ្នកណា តើខ្ញុំបានបំភាន់បំបាត់ ឬសង្កត់សង្កិនអ្នកណា តើខ្ញុំបានទទួលសំណូកពីដៃអ្នកណា ដើម្បីឲ្យខ្ញុំធ្មេចភ្នែក នោះខ្ញុំនឹងសងដល់អ្នករាល់គ្នាវិញ
4 តែគេឆ្លើយឡើងថា លោកមិនដែលបំភាន់បំបាត់ ឬសង្កត់សង្កិនយើងខ្ញុំឡើយ ក៏មិនដែលទទួលសំណូកពីដៃអ្នកណាដែរ
5 រួចលោកមានប្រសាសន៍ថា នៅថ្ងៃនេះ ព្រះយេហូវ៉ាទ្រង់ជាទីបន្ទាល់ ទាស់នឹងអ្នករាល់គ្នាហើយ ឯអ្នកដែលទ្រង់បានចាក់ប្រេងតាំងឲ្យ ក៏ជាទីបន្ទាល់ដែរថា អ្នករាល់គ្នាមិនបានឃើញមានអ្វី នៅក្នុងដៃខ្ញុំសោះឡើយ នោះគេទទួលថា ទ្រង់ជាទីបន្ទាល់មែនហើយ។
6 នោះសាំយូអែលថ្លែងប្រាប់ដល់ពួកជនថា គឺព្រះយេហូវ៉ាដែលបានតាំងម៉ូសេ និងអើរ៉ុនឡើង ព្រមទាំងនាំពួកអយ្យកោអ្នករាល់គ្នាឡើងពីស្រុកអេស៊ីព្ទមក
7 ដូច្នេះឥឡូវនេះ ចូរឲ្យអ្នករាល់គ្នាឈរនឹងនៅ ដើម្បីឲ្យខ្ញុំបានរំឭកអ្នករាល់គ្នាបន្តិចនៅចំពោះព្រះយេហូវ៉ា ពីគ្រប់ទាំងការសុចរិតដែលទ្រង់បានប្រព្រឹត្តនឹងអ្នករាល់គ្នា ហើយនិងពួកអយ្យកោអ្នករាល់គ្នា
8 គឺកាលយ៉ាកុបបានចូលទៅនៅស្រុកអេស៊ីព្ទ ហើយពួកអយ្យកោនៃអ្នករាល់គ្នាបានអំពាវនាវដល់ព្រះយេហូវ៉ា នោះទ្រង់ក៏ចាត់ម៉ូសេ និងអើរ៉ុន ឲ្យទៅនាំពួកអយ្យកោនៃអ្នករាល់គ្នាចេញពីស្រុកអេស៊ីព្ទមក ព្រមទាំងឲ្យគេមានទីលំនៅនៅទីនេះ
9 ប៉ុន្តែ គេបានភ្លេចចោលព្រះយេហូវ៉ាជាព្រះនៃគេវិញ រួចទ្រង់បានលក់គេ ទៅក្នុងកណ្តាប់ដៃនៃស៊ីសេរ៉ា ជាមេទ័ព នៃក្រុងហាសោរ ហើយទៅក្នុងកណ្តាប់ដៃនៃពួកភីលីស្ទីន និងទៅក្នុងកណ្តាប់ដៃនៃស្តេចសាសន៍ម៉ូអាប់ ដែលបានមកច្បាំងនឹងគេ
10 គេក៏អំពាវនាវដល់ព្រះយេហូវ៉ាថា យើងខ្ញុំបានធ្វើបាបហើយ ដ្បិតយើងខ្ញុំបានបោះបង់ចោលព្រះយេហូវ៉ា បែរទៅគោរពប្រតិបត្តិដល់ព្រះបាល និងរូបព្រះទាំងប៉ុន្មាន តែឥឡូវនេះ សូមទ្រង់ជួយឲ្យយើងខ្ញុំរួចពីកណ្តាប់ដៃនៃពួកខ្មាំងសត្រូវរបស់យើងខ្ញុំចុះ នោះយើងខ្ញុំនឹងគោរពប្រតិបត្តិដល់ទ្រង់វិញ
11 នោះព្រះយេហូវ៉ាទ្រង់ក៏ចាត់យេរូ-បាល បេដាន យែបថា និងសាំយូអែលមកប្រោសឲ្យអ្នករាល់គ្នារួចពីកណ្តាប់ដៃនៃពួកខ្មាំងសត្រូវរបស់អ្នករាល់គ្នា ដែលនៅជុំវិញទៅ នោះអ្នករាល់គ្នាក៏បាននៅដោយសុខសាន្តត្រាណ
12 តែកាលបានឃើញណាហាស ជាស្តេចនៃពួកកូនចៅអាំម៉ូន មកទាស់នឹងអ្នករាល់គ្នា នោះអ្នករាល់គ្នាបានសូមដល់ខ្ញុំថា ទេ ត្រូវឲ្យមានស្តេចសោយរាជ្យលើយើងរាល់គ្នាដែរ ប៉ុន្តែ គឺព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា ដែលជាស្តេចលើអ្នករាល់គ្នាវិញ
13 ដូច្នេះ មើល ស្តេចនេះហើយ ដែលអ្នករាល់គ្នាបានរើស ហើយបានសូមនោះ មើល ព្រះយេហូវ៉ាទ្រង់បានតាំងស្តេចឲ្យសោយរាជ្យលើអ្នករាល់គ្នាហើយ
14 បើសិនជាអ្នករាល់គ្នានឹងកោតខ្លាច ហើយគោរពប្រតិបត្តិដល់ព្រះយេហូវ៉ា ព្រមទាំងស្តាប់តាមព្រះបន្ទូលនៃទ្រង់ ឥតទាស់ទទឹងនឹងសេចក្ដីបញ្ញត្តណាមួយ ហើយទាំងខ្លួនអ្នករាល់គ្នា និងស្តេចដែលសោយរាជ្យលើអ្នករាល់គ្នា នឹងដើរតាមព្រះយេហូវ៉ាជាព្រះនៃអ្នក នោះបានល្អហើយ
15 ប៉ុន្តែ បើអ្នករាល់គ្នាមិនព្រមស្តាប់តាមព្រះយេហូវ៉ាទេ គឺទាស់ទទឹងនឹងសេចក្ដីបញ្ញត្តរបស់ទ្រង់វិញ នោះព្រះហស្តនៃព្រះយេហូវ៉ានឹងបានទាស់នឹងអ្នករាល់គ្នា ដូចជាបានទាស់នឹងពួកអយ្យកោនៃអ្នករាល់គ្នាដែរ
16 ដូច្នេះ ចូរអ្នករាល់គ្នាឈរនឹងនៅ ចាំមើលការដ៏ធំ ដែលព្រះយេហូវ៉ាទ្រង់នឹងធ្វើនៅចំពោះភ្នែកអ្នករាល់គ្នាចុះ
17 នៅរដូវនេះ តើមិនមែនជាចម្រូូតនៃស្រូវភោជ្ជសាលីទេឬអី តែខ្ញុំនឹងអំពាវនាវដល់ព្រះយេហូវ៉ា ឲ្យទ្រង់បានធ្វើឲ្យមានផ្គរលាន់ និងទឹកភ្លៀងមក នោះអ្នករាល់គ្នានឹងដឹង ហើយឃើញជាក់ថា ទោសរបស់អ្នករាល់គ្នាជាធ្ងន់ក្រៃលែង នៅព្រះនេត្រព្រះយេហូវ៉ា ដោយបានសូមស្តេច ឲ្យសោយរាជ្យលើអ្នករាល់គ្នានេះ
18 នោះសាំយូអែលក៏អំពាវនាវដល់ព្រះយេហូវ៉ា ហើយទ្រង់ធ្វើឲ្យមានផ្គរលាន់ និងទឹកភ្លៀងធ្លាក់ចុះមកនៅថ្ងៃនោះឯង ដូច្នេះ បណ្តាជនទាំងឡាយក៏កោតខ្លាចដល់ព្រះយេហូវ៉ា ហើយដល់សាំយូអែលជាខ្លាំង។
19 រួចបណ្តាជនក៏សូមដល់សាំយូអែលថា សូមឲ្យលោកមេត្តាអង្វរដល់ព្រះយេហូវ៉ាជាព្រះនៃលោក ឲ្យយើងខ្ញុំផង ដើម្បីកុំឲ្យយើងខ្ញុំត្រូវស្លាប់ឡើយ ដ្បិតយើងខ្ញុំបានបន្ថែមការអាក្រក់នេះ ក្នុងអំពើបាបរបស់យើងខ្ញុំទាំងប៉ុន្មានហើយ ដោយបានសូមស្តេចសម្រាប់យើងខ្ញុំនេះ
20 សាំយូអែលឆ្លើយថា កុំឲ្យខ្លាចឡើយ អ្នករាល់គ្នាបានប្រព្រឹត្តការអាក្រក់ទាំងនេះមែន ប៉ុន្តែ កុំឲ្យតែបែរចេញពីព្រះយេហូវ៉ាទៀត គឺត្រូវឲ្យគោរពប្រតិបត្តិដល់ទ្រង់ ឲ្យអស់ពីចិត្តចុះ
21 កុំឲ្យបែរចេញឡើយ ដ្បិតយ៉ាងនោះ អ្នករាល់គ្នានឹងវង្វេងទៅតាមការឥតអំពើ ដែលគ្មានប្រយោជន៍ ជាការដែលមិនចេះជួយឲ្យរួចផង សុទ្ធតែជាការឥតអំពើទាំងអស់
22 ដ្បិតព្រះយេហូវ៉ាទ្រង់មិនបោះបង់ចោលរាស្ត្រទ្រង់ឡើយ ដោយព្រោះទ្រង់យល់ដល់ព្រះនាមទ្រង់ដ៏ជាធំ ពីព្រោះព្រះយេហូវ៉ាបានសព្វព្រះហឫទ័យនឹងយកអ្នករាល់គ្នា ធ្វើជារាស្ត្ររបស់ទ្រង់
23 មួយទៀត ចំណែកឯខ្លួនខ្ញុំវិញ សូមកុំឲ្យខ្ញុំធ្វើបាបចំពោះព្រះយេហូវ៉ា ដោយលែងអធិស្ឋានឲ្យអ្នករាល់គ្នា នោះឡើយ គឺខ្ញុំនឹងបង្ហាត់បង្រៀនដល់អ្នករាល់គ្នា ឲ្យបានចេះប្រព្រឹត្តតាមផ្លូវល្អ ហើយទៀងត្រង់វិញ
24 សូមឲ្យតែអ្នករាល់គ្នាបានកោតខ្លាចដល់ព្រះយេហូវ៉ា ហើយគោរពប្រតិបត្តិដល់ទ្រង់ ដោយស្មោះត្រង់ ហើយអស់អំពីចិត្តផងប៉ុណ្ណោះ ដ្បិតចូរពិចារណាមើលការដ៏ធំវិសេសទាំងម៉្លេះ ដែលទ្រង់បានប្រោសដល់អ្នករាល់គ្នាហើយ
25 ប៉ុន្តែ បើសិនណាជាអ្នករាល់គ្នាចេះតែប្រព្រឹត្តសេចក្ដីអាក្រក់ទៀត នោះអ្នករាល់គ្នា ព្រមទាំងស្តេចនៃអ្នករាល់គ្នា នឹងត្រូវរោយរៀវវិនាសទៅទាំងអស់គ្នាវិញ គ្រានោះ សូលសោយរាជ្យបាន១ឆ្នាំហើយ។
ជំពូក 13
1 លុះកាលសូលសោយរាជ្យលើសាសន៍អ៊ីស្រាអែលបាន២ឆ្នាំ
2 នោះទ្រង់រើសពួកមនុស្ស ក្នុងសាសន៍អ៊ីស្រាអែល បានចំនួន៣ពាន់នាក់ ក្នុងពួកនោះ មាន២ពាន់នាក់នៅជាមួយនឹងទ្រង់នៅត្រង់មីកម៉ាស និងលើភ្នំបេត-អែល ហើយ១ពាន់នាក់ទៀតនៅជាមួយនឹងយ៉ូណាថាន នៅត្រង់គីបៀរក្នុងស្រុកបេនយ៉ាមីន ឯបណ្តាជនដែលសល់នៅ នោះទ្រង់បានឲ្យគេត្រឡប់ទៅផ្ទះរៀងខ្លួនវិញ
3 គ្រានោះយ៉ូណាថានក៏វាយបន្ទាយរបស់ពួកភីលីស្ទីនដែលនៅត្រង់កេបា ហើយសាសន៍ភីលីស្ទីនក៏បានឮដំណឹង នោះសូលទ្រង់ផ្លុំត្រែឡើង នៅពេញក្នុងស្រុកដោយថា ចូរឲ្យពួកសាសន៍ហេព្រើរស្តាប់ចុះ
4 ដូច្នេះ ពួកអ៊ីស្រាអែលទាំងអស់គ្នាក៏ឮថា សូលបានវាយបន្ទាយរបស់ពួកភីលីស្ទីនហើយ គេក៏ដឹងថា ពួកភីលីស្ទីនស្អប់ខ្ពើមដល់សាសន៍អ៊ីស្រាអែលដែរ នោះបណ្តាជនទាំងឡាយ គេមូលគ្នាទៅឯសូល នៅត្រង់គីលកាល។
5 ឯពួកភីលីស្ទីន គេក៏មូលគ្នាមក ដើម្បីច្បាំងនឹងពួកអ៊ីស្រាអែលដែរ មានទាំងរទេះចម្បាំង៣ម៉ឺន ពលសេះ៦ពាន់ ហើយនិងពលថ្មើរជើងសន្ធឹកណាស់ ដូចជាខ្សាច់ដែលនៅមាត់សមុទ្រ គេនាំគ្នាឡើងមកបោះទ័ពនៅត្រង់មីកម៉ាស ខាងកើតបេត-អាវេន
6 កាលពួកទ័ពខាងអ៊ីស្រាអែលឃើញថា ខ្លួនអស់ផ្លូវហើយ ពីព្រោះបណ្តាទ័ពមានសេចក្ដីកង្វល់ជាខ្លាំង នោះក៏រត់ទៅជ្រកពួនក្នុងរអាងក្នុងព្រៃញាតស្បាត ក្នុងកន្លៀតថ្ម និងក្នុងអណ្តូង ហើយនៅលើទីខ្ពស់ទាំងប៉ុន្មាន
7 រីឯពួកហេព្រើរខ្លះ គេក៏ឆ្លងទន្លេយ័រដាន់ទៅឯស្រុកកាឌ់ ហើយនិងស្រុកកាឡាតទៅ តែសូលទ្រង់នៅត្រង់គីលកាលនៅឡើយ ហើយបណ្តាទ័ពក៏តាមទ្រង់ទាំងញាប់ញ័រ។
8 ទ្រង់ក៏រង់ចាំនៅ៧ថ្ងៃ តាមកំណត់ដែលសាំយូអែលបានសន្យា តែសាំយូអែលមិនបានមកដល់គីលកាលទេ ហើយបណ្តាជនក៏ខ្ចាត់ខ្ចាយចេញពីទ្រង់អស់ទៅ
9 ដូច្នេះ ទ្រង់មានព្រះបន្ទូលថា ចូរយកតង្វាយដុតនោះមកឯខ្ញុំ ព្រមទាំងតង្វាយមេត្រីផង រួចទ្រង់ក៏ថ្វាយតង្វាយដុតនោះទៅ
10 តែកាលដុតថ្វាយរួចហើយ នោះមើល សាំយូអែលក៏មកដល់ ហើយសូលទ្រង់ចេញទៅទទួល ដើម្បីនឹងគោរពដល់លោក
11 ប៉ុន្តែ សាំយូអែលទូលសួរថា តើបានធ្វើអ្វីហ្នឹង សូលទ្រង់ឆ្លើយថា ដោយព្រោះខ្ញុំឃើញថា បណ្តាទ័ពបានខ្ចាត់ខ្ចាយចេញពីខ្ញុំទៅ ហើយលោកក៏មិនបានអញ្ជើញមក នៅវេលាកំណត់ ហើយពួកភីលីស្ទីនបានប្រមូលគ្នាមក នៅមីកម៉ាសផង
12 នោះបានជាខ្ញុំនឹកថា ពួកភីលីស្ទីននឹងចុះមកលើខ្ញុំ នៅគីលកាលឥឡូវនេះហើយ ខ្ញុំក៏ឥតទាន់បានសូមអង្វរ ដល់ព្រះយេហូវ៉ាផង ដូច្នេះ ខ្ញុំបានបង្ខំខ្លួនឲ្យថ្វាយតង្វាយនេះទៅ
13 សាំយូអែលឆ្លើយថា ទ្រង់បានប្រព្រឹត្តនេះវរគំនិតហើយ ទ្រង់មិនបានរក្សាបញ្ញត្តរបស់ព្រះយេហូវ៉ាជាព្រះនៃទ្រង់ ដែលបានបង្គាប់មកទេ ដ្បិតព្រះយេហូវ៉ាទ្រង់សព្វព្រះហឫទ័យនឹងតាំងឲ្យទ្រង់សោយរាជ្យលើសាសន៍អ៊ីស្រាអែល ជារៀងរាបដរាបទៅ
14 តែឥឡូវនេះ រាជ្យទ្រង់មិនបាននៅតទៅទៀតទេ ដ្បិតព្រះយេហូវ៉ាទ្រង់រកបានមនុស្សម្នាក់ទៀត ដែលត្រូវនឹងព្រះហឫទ័យទ្រង់ ហើយទ្រង់បានតាំងអ្នកនោះឲ្យធ្វើជាអ្នកគ្រប់គ្រងលើពួករាស្ត្រទ្រង់វិញ ពីព្រោះព្រះករុណាមិនបានកាន់តាមសេចក្ដី ដែលព្រះយេហូវ៉ាបានបង្គាប់មកសោះ
15 រួចសាំយូអែលក៏ក្រោកឡើង ដើរចាកចេញពីគីលកាល ទៅឯគីបៀរ នៅស្រុកបេនយ៉ាមីនទៅ។
16 លំដាប់នោះ សូលទ្រង់ក៏រាប់ពួកបណ្តាទ័ព ដែលនៅជាមួយនឹងទ្រង់បានប្រហែលជា៦០០នាក់ រួចសូល និងយ៉ូណាថាន ជាបុត្រាទ្រង់ ព្រមទាំងពួករាស្ត្រដែលនៅជាមួយ ក៏នៅត្រង់កេបា ក្នុងស្រុកបេនយ៉ាមីន តែឯពួកភីលីស្ទីន គេបោះទ័ពនៅត្រង់មីកម៉ាស
17 គ្រានោះ មានពួកទ័ពបំផ្លាញ៣ពួក ចេញពីទីបោះទ័ពរបស់ពួកភីលីស្ទីនមក គឺ១ពួកចេញតាមផ្លូវ ដែលទៅឯអូប្រា នៅស្រុកស៊ូអាល
18 មួយទៀតចេញតាមផ្លូវបេត-ហូរ៉ុន ហើយ១ទៀតចេញតាមផ្លូវព្រំប្រទល់ នៅមុខវាលច្រកភ្នំសេបោមខាងឯទីរហោស្ថាន។
19 រីឯនៅគ្រប់ក្នុងស្រុកអ៊ីស្រាអែល នោះគ្មានជាងដែកឡើយ ដ្បិតពួកភីលីស្ទីនបានជំនុំគ្នាថា ក្រែងពួកហេព្រើរធ្វើដាវ ឬលំពែងសម្រាប់ខ្លួន
20 ដូច្នេះ ពួកអ៊ីស្រាអែលទាំងអស់គ្នា តែងចុះទៅឯពួកភីលីស្ទីន ដើម្បីនឹងសំលៀងដែកផាល ចបកាប់ ពូថៅ ហើយនិងកណ្តៀវរបស់គេរៀងខ្លួន
21 គេមានតែដែកឆាបសម្រាប់សំលៀងកណ្តៀវ ចបកាប់ និងពូថៅ ហើយសម្រាប់សំរួចសមចូក និងជន្លួញប៉ុណ្ណោះទេ
22 ដូច្នេះ នៅថ្ងៃចម្បាំង នោះគ្មានអ្នកណាមួយខាងសូល និងយ៉ូណាថាន ដែលមានដាវ ឬលំពែងកាន់នៅដៃឡើយ ឃើញមានតែសូល ហើយនិងយ៉ូណាថាន ជាបុត្រាទ្រង់ប៉ុណ្ណោះ
23 ឯពួកបន្ទាយ១នៃសាសន៍ភីលីស្ទីន គេចេញទៅស្កាត់ផ្លូវ ដែលកាត់ភ្នំត្រង់មីកម៉ាស។
ជំពូក 14
1 ថ្ងៃ១យ៉ូណាថានជាបុត្រាសូល ប្រាប់ដល់មនុស្សកំលោះដែលកាន់គ្រឿងសស្ត្រាវុធរបស់លោកថា ចូរយើងឆ្លងទៅឯបន្ទាយរបស់ពួកភីលីស្ទីន ដែលនៅខាងនាយនោះ តែលោកមិនបានទូលដល់បិតាឲ្យជ្រាបទេ
2 ឯសូល ទ្រង់នៅត្រង់ចុងក្រុងគីបៀរ ក្រោមដើមទទឹមដែលនៅមីករ៉ូន មានទាំងពួកទ័ពនៅជាមួយប្រហែលជា៦០០នាក់ផង
3 ព្រមទាំងអ័ហ៊ីយ៉ា ជាកូនអ័ហ៊ីទូប បងអ៊ីកាបូឌ ដែលជាកូនភីនេហាសៗ ជាកូនអេលីដ៏ជាសង្ឃនៃព្រះយេហូវ៉ា នៅត្រង់ស៊ីឡូរ ដែលលោកពាក់អេផូឌដែរ គេឥតបានដឹងជាយ៉ូណាថានទៅទេ
4 រីឯនៅកណ្តាលច្រកភ្នំ ដែលយ៉ូណាថានចង់ឆ្លងទៅឯបន្ទាយរបស់ពួកភីលីស្ទីន នោះមានថ្មដាស្រួចអមទាំងសងខាងផ្លូវ ១ឈ្មោះបូសេស ហើយ១ទៀតឈ្មោះសេនេ
5 មួយនៅខាងជើងទល់មុខនឹងមីកម៉ាស ហើយ១នៅខាងត្បូងទល់មុខនឹងកេបា។
6 យ៉ូណាថានក៏ប្រាប់ដល់មនុស្សកំលោះ ដែលកាន់គ្រឿងសស្ត្រាវុធរបស់លោកថា ចូរយើងឆ្លងទៅឯបន្ទាយនៃពួកមិនកាត់ស្បែកនោះ ប្រហែលជាព្រះយេហូវ៉ាទ្រង់នឹងជួយយើងទេដឹង ដ្បិតគ្មានអ្វីឃាត់ឃាំងដល់ព្រះយេហូវ៉ាដែលទ្រង់នឹងជួយសង្គ្រោះ ដោយសារមនុស្សច្រើន ឬតិចនោះទេ
7 ឯអ្នកដែលកាន់គ្រឿងសស្ត្រាវុធរបស់លោកក៏ឆ្លើយថា សូមសម្រេចតាមតែលោកចុះ ចង់បែរទៅខាងណាក៏តាមតែចិត្ត មើល ខ្ញុំនៅជាមួយនឹងលោកស្រាប់
8 ដូច្នេះ យ៉ូណាថានប្រាប់ថា មើល យើងនឹងឆ្លងទៅឯមនុស្សទាំងនោះ រួចសម្ដែងខ្លួនយើងឲ្យគេឃើញ
9 បើគេនិយាយនឹងយើងដូច្នេះថា ចូរចាំយើងចុះមកឯឯងសិន នោះយើងនឹងឈររង់នៅឥតឡើងទៅឯគេឡើយ
10 តែបើគេថា ចូរឡើងមកឯយើងចុះ នោះយើងនឹងឡើងទៅ ដ្បិតច្បាស់ជាព្រះយេហូវ៉ាបានប្រគល់គេមកក្នុងកណ្តាប់ដៃយើងហើយ នេះឯងនឹងបានជាទីសម្គាល់ដល់យើង
11 ដូច្នេះ អ្នកទាំង២ក៏សម្ដែងខ្លួនឲ្យពួកបន្ទាយនៃសាសន៍ភីលីស្ទីនឃើញ រួចគេនិយាយថា មើល ពួកហេព្រើរចេញពីរូងដែលគេពួននៅនោះហើយ
12 គេក៏និយាយទៅយ៉ូណាថាន និងអ្នកដែលកាន់គ្រឿងសស្ត្រាវុធរបស់លោកថា ចូរឡើងមកឯយើងចុះ យើងនឹងបង្ហាញឲ្យឯងដឹង នោះយ៉ូណាថានប្រាប់ដល់អ្នកកាន់គ្រឿងសស្ត្រាវុធរបស់លោកថា ចូរឯងឡើងមកតាមក្រោយអញមក ដ្បិតព្រះយេហូវ៉ាទ្រង់បានប្រគល់គេ មកក្នុងកណ្តាប់ដៃនៃអ៊ីស្រាអែលហើយ
13 រួចយ៉ូណាថានក៏ប្រតោងឡើង ហើយអ្នកដែលកាន់គ្រឿងរបស់លោកក៏ឡើងតាមក្រោយទៅ ឯពួកនោះក៏ដួលនៅមុខយ៉ូណាថាន ហើយអ្នកដែលកាន់គ្រឿងរបស់លោកក៏សម្លាប់គេជាក្រោយ
14 រីឯក្នុងកាលដែលយ៉ូណាថាន និងអ្នកដែលកាន់គ្រឿងសស្ត្រាវុធរបស់លោកបានសម្លាប់គេជាមុនដំបូង នោះបានស្លាប់អស់ប្រហែលជា២០នាក់ នៅលើដីចំនួន១ងារ
15 នោះក៏មានការញាប់ញ័រកើតឡើង ក្នុងទីបោះទ័ពដែលនៅវាល និងនៅក្នុងពួកបណ្តាទ័ពទាំងប៉ុន្មាន ឯពួកអ្នកនៅក្នុងបន្ទាយ និងពួកទ័ពបំផ្លាញ គេក៏ញ័ររន្ធត់ដែរ ហើយផែនដីក៏កក្រើកឡើង ដូច្នេះ គេមានសេចក្ដីញ័ររន្ធត់ជាខ្លាំងក្រៃលែង។
16 ឯពួកយាមល្បាតខាងសូល ដែលនៅក្រុងគីបៀរក្នុងស្រុកបេនយ៉ាមីន គេក៏មើលទៅឃើញបណ្តាពលបែកខ្ញែកពីគ្នាខ្ចាត់ខ្ចាយ ខ្លះទៅខាងនេះ ខ្លះទៅខាងនោះ
17 ដូច្នេះ សូលមានព្រះបន្ទូលទៅពួកអ្នកដែលនៅជាមួយថា ចូររាប់មើល តើអ្នកណាដែលបានចេញពីយើងទៅនោះ កាលគេបានរាប់ទៅ នោះឃើញបាត់យ៉ូណាថាន និងអ្នកដែលកាន់គ្រឿងរបស់លោកផង
18 នោះសូលទ្រង់មានព្រះបន្ទូលទៅអ័ហ៊ីយ៉ាថា ចូរយកហឹបនៃព្រះមកឯណេះ (ដ្បិតនៅវេលានោះ ហឹបនៃព្រះបាននៅជាមួយនឹងពួកទ័ពអ៊ីស្រាអែល)
19 កាលសូលកំពុងតែមានព្រះបន្ទូលនឹងសង្ឃនៅឡើយ នោះសូរអឺងកងដែលឮពីទីបោះទ័ពរបស់ពួកភីលីស្ទីនក៏កាន់តែខ្លាំងឡើង ដូច្នេះ សូលប្រាប់ដល់សង្ឃថា ចូរដកដៃមកវិញ
20 រួចទ្រង់ និងពួកអ្នកដែលនៅជាមួយទាំងប៉ុន្មានក៏ប្រមូលគ្នាទៅឯទីចម្បាំង ហើយឃើញមានការច្របូកច្របល់យ៉ាងសម្បើម ដោយកំពុងតែកាប់ចាក់គ្នាគេ
21 រីឯពួកហេព្រើរដែលនៅជាមួយនឹងពួកភីលីស្ទីន ហើយបានឡើងមកក្នុងពួកទ័ពជាមួយនឹងគេ នោះក៏បែរមកខាងពួកអ៊ីស្រាអែល ដែលនៅជាមួយនឹងសូល ហើយនិងយ៉ូណាថានវិញ
22 កាលពួកអ៊ីស្រាអែលទាំងប៉ុន្មានដែលពួននៅស្រុកភ្នំអេប្រាអិមបានឮថា ពួកភីលីស្ទីនរត់ដូច្នោះ នោះគេក៏ដេញតាមច្បាំងយ៉ាងប្រកិតដែរ
23 ដូច្នេះ ព្រះយេហូវ៉ាទ្រង់បានជួយសង្គ្រោះអ៊ីស្រាអែល នៅថ្ងៃនោះឯង ហើយចម្បាំងច្បាំងគ្នានោះក៏ឆ្លងទៅ រហូតដល់បេត-អាវេនវិញ។
24 នៅថ្ងៃនោះ ពួកអ៊ីស្រាអែលមានសេចក្ដីវេទនាណាស់ ដ្បិតសូលទ្រង់បានឲ្យគេស្បថថា អ្នកណាដែលបរិភោគអ្វីមុនពេលល្ងាច គឺដល់កាលណាអញបានសងសឹកនឹងខ្មាំងសត្រូវហើយ នោះនឹងត្រូវបណ្តាសា ហេតុនោះបានជាក្នុងពួកគេគ្មានអ្នកណាមួយហ៊ានបរិភោគអ្វីឡើយ
25 គេក៏បានដល់ទៅក្នុងព្រៃ នោះឃើញមានសំណុំទឹកឃ្មុំនៅលើដី
26 ដ្បិតកាលគេចូលទៅ នោះឃើញសំណុំទឹកឃ្មុំធ្លាក់ចុះមក តែគ្មានអ្នកណាហ៊ានលូកដៃចាប់ដាក់ដល់មាត់ឡើយ ពីព្រោះគេខ្លាចពាក្យសម្បថនោះ
27 តែយ៉ូណាថានឥតបានឮ ក្នុងកាលបិតាបង្គាប់គេដោយពាក្យសម្បថទេ បានជាលោកលូកចុងដំបង ដែលកាន់នៅដៃទៅចាក់សំណុំឃ្មុំ យកមកបរិភោគទៅ ស្រាប់តែភ្នែកលោកក៏ស្វាងឡើង
28 នោះមានម្នាក់ជម្រាបថា បិតាលោកបានហាមយើងខ្ញុំដោយពាក្យសម្បថថា អ្នកណាដែលបរិភោគអ្វីនៅថ្ងៃនេះ នោះនឹងត្រូវបណ្តាសា រីឯពួកបណ្តាទ័ពទាំងប៉ុន្មានគេហេវខ្លាំងណាស់
29 ដូច្នេះ យ៉ូណាថានមានវាចាថា បិតាអញបាននាំឲ្យស្រុកយើងមានវេទនាហើយ មើល អញបានស្វាងភ្នែកឡើងដោយសារតែភ្លក់ទឹកឃ្មុំបន្តិចនេះ
30 ចុះចំណង់បើពួកទ័ពបានបរិភោគរបឹបរបស់ពួកខ្មាំងសត្រូវតាមចិត្តនៅថ្ងៃនេះ នោះតើនឹងវិសេសជាជាងអម្បាលម៉ានទៅទៀត យ៉ាងនោះនឹងបានប្រហារជីវិតពួកភីលីស្ទីនរឹតតែច្រើនលើសទៅទៀត។
31 នៅថ្ងៃនោះឯង គេក៏វាយពួកភីលីស្ទីន ចាប់តាំងពីមីកម៉ាស រហូតដល់អាយ៉ាឡូន ហើយពួកបណ្តាទ័ពគេល្វើយខ្លាំងណាស់
32 ដូច្នោះ គេក៏ស្ទុះទៅលើរបឹប ចាប់យកចៀម គោ និងកូនគោ ទៅសម្លាប់នៅលើដី ហើយបរិភោគសាច់ទាំងជាប់មានឈាមផង
33 ខណៈនោះ មានគេទូលដល់សូលថា មើល ឥឡូវពួកទ័ពគេធ្វើបាបនឹងព្រះយេហូវ៉ាហើយ ដោយបរិភោគសាច់ដែលជាប់ទាំងឈាមផង នោះទ្រង់មានព្រះបន្ទូលថា ឯងរាល់គ្នាបានប្រព្រឹត្តល្មើសហើយ ដូច្នេះ ចូរប្រមៀលថ្ម១យ៉ាងធំ មកឯអញឥឡូវ
34 រួចទ្រង់បង្គាប់ថា ចូរទៅក្នុងពួកទ័ពប្រាប់គេឲ្យដឹកនាំយកគោ និងចៀមមកឯអញ ដើម្បីនឹងសម្លាប់បរិភោគនៅទីនេះវិញ កុំឲ្យធ្វើបាបនឹងព្រះយេហូវ៉ា ដោយបរិភោគសាច់ដែលជាប់ទាំងឈាមដូច្នេះឡើយ ដូច្នេះ នៅយប់នោះ គ្រប់គ្នាក៏ដឹកនាំគោរបស់ខ្លួនទៅសម្លាប់នៅទីនោះ
35 ឯសូលទ្រង់ក៏ស្អាងអាសនៈ១ថ្វាយព្រះយេហូវ៉ា នោះឯងជាអាសនៈមុនដំបូង ដែលទ្រង់បានស្អាងថ្វាយព្រះយេហូវ៉ា។
36 លំដាប់នោះ សូលទ្រង់មានព្រះបន្ទូលថា ចូរយើងចុះទៅទាំងយប់តាមពួកភីលីស្ទីន ដើម្បីនឹងវាយគេរហូតដល់ភ្លឺ កុំឲ្យយើងទុកគេឲ្យសល់ដល់ម្នាក់ឡើយ គេទទួលថា សូមទ្រង់សម្រេចតាមដែលយល់ថាស្រួលចុះ នោះសង្ឃមានវាចាថា ចូរយើងរាល់គ្នាមូលមកឯព្រះនៅទីនេះសិន
37 សូលទ្រង់ក៏ទូលសួរដល់ព្រះថា តើត្រូវឲ្យទូលបង្គំចុះទៅតាមពួកភីលីស្ទីនឬអី តើទ្រង់នឹងប្រគល់គេមកក្នុងកណ្តាប់ដៃពួកអ៊ីស្រាអែលឬទេ តែនៅថ្ងៃនោះ ព្រះទ្រង់មិនបានឆ្លើយតបមកសោះ
38 ដូច្នេះ សូលទ្រង់ប្រាប់ថា ចូរមកឯណេះ ពួកអ្នកដែលជាមេលើរាស្ត្រអើយ ដើម្បីនឹងពិចារណាមើល ឲ្យដឹងជាកើតមានបាបយ៉ាងណានៅថ្ងៃនេះ
39 ដ្បិតយើងស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់ ដែលទ្រង់បានជួយសង្គ្រោះពួកអ៊ីស្រាអែលថា ទោះបើបាបនោះនៅលើរូបយ៉ូណាថាន ជាកូនយើងក៏ដោយ គង់តែវានឹងត្រូវស្លាប់ទៅជាប្រាកដ ក្នុងពួកពលទ័ពគ្មានអ្នកណា១ឆ្លើយឡើងសោះ
40 រួចទ្រង់មានព្រះបន្ទូលទៅពួកអ៊ីស្រាអែលថា ចូរឯងរាល់គ្នានៅជាម្ខាង ហើយយើង និងយ៉ូណាថាន ជាកូនយើង នឹងនៅជាម្ខាង ពួកពលទ័ពទូលឆ្លើយថា សូមទ្រង់សម្រេចតាមព្រះទ័យចុះ
41 ដូច្នោះ សូលក៏ទូលដល់ព្រះយេហូវ៉ាថា ឱព្រះនៃសាសន៍អ៊ីស្រាអែលអើយ សូមឲ្យយើងខ្ញុំដឹងការខុសត្រូវនេះ នោះគេចាប់ឆ្នោតត្រូវលើរូបយ៉ូណាថាន ហើយនិងសូល តែឯពួកបណ្តាទ័ពគេរួចខ្លួនវិញ
42 រួចសូលទ្រង់ប្រាប់ថា ដូច្នេះ ចូរចាប់ឆ្នោតឲ្យយើង ហើយនិងយ៉ូណាថានជាកូនយើងទៀត នោះឆ្នោតក៏ត្រូវលើរូបយ៉ូណាថាន។
43 លំដាប់នោះ សូលមានព្រះបន្ទូលទៅយ៉ូណាថានថា ចូរប្រាប់ដល់អញ តើឯងបានធ្វើអ្វី យ៉ូណាថានទូលថា ទូលបង្គំបានគ្រាន់តែភ្លក់ទឹកឃ្មុំបន្តិច ដោយចុងដំបងដែលទូលបង្គំកាន់នៅដៃប៉ុណ្ណោះ មើល ទូលបង្គំត្រូវស្លាប់ដែរហ្ន៎
44 សូលមានព្រះបន្ទូលថា ឱយ៉ូណាថានអើយ បើឯងមិនត្រូវស្លាប់ជាពិតប្រាកដ នោះសូមឲ្យព្រះទ្រង់ធ្វើដល់អញដូច្នោះ ហើយលើសទៅទៀតផង
45 តែពួកបណ្តាទ័ពទូលសួរដល់សូលថា ឯយ៉ូណាថានដែលបាននាំឲ្យមានសេចក្ដីសង្គ្រោះក្នុងពួកអ៊ីស្រាអែលយ៉ាងធំដល់ម៉្លេះ តើលោកត្រូវស្លាប់ឬអី មិនត្រូវឲ្យបានដូច្នោះឡើយ យើងខ្ញុំស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់ថា មិនត្រូវឲ្យមានសក់១សរសៃជ្រុះពីក្បាលរបស់លោកផង ដ្បិតការដែលលោកបានធ្វើនៅថ្ងៃនេះ នោះគឺបានធ្វើជាមួយនឹងព្រះទេតើ ដូច្នេះ ពួកបណ្តាទ័ពបានជួយដោះយ៉ូណាថានមិនឲ្យស្លាប់ឡើយ
46 នោះសូលទ្រង់ក៏លែងដេញតាមពួកភីលីស្ទីន ហើយពួកភីលីស្ទីន គេវិលទៅឯកន្លែងគេរៀងខ្លួនទៅ។
47 រីឯកាលក្រោយ ដែលសូលបានទទួលគ្រងរាជ្យលើសាសន៍អ៊ីស្រាអែល នោះទ្រង់ក៏ច្បាំងនឹងខ្មាំងសត្រូវនៅគ្រប់ទីកន្លែងជុំវិញ គឺច្បាំងនឹងសាសន៍ម៉ូអាប់ និងពួកកូនចៅអាំម៉ូន និងសាសន៍អេដុម និងស្តេចទាំងប៉ុន្មាននៃស្រុកសូបា ហើយនិងពួកភីលីស្ទីនផង ឯទិសទីណាដែលទ្រង់បែរទៅ នោះក៏ចេះតែបានឈ្នះជាដរាប
48 ទ្រង់ក៏ប្រព្រឹត្តដោយក្លាហាន បានទាំងវាយពួកអាម៉ាលេក ហើយជួយដោះពួកអ៊ីស្រាអែលឲ្យរួចពីកណ្តាប់ដៃនៃពួកអ្នកទាំងប៉ុន្មានដែលបំផ្លាញគេ។
49 រីឯបុត្រារបស់សូល នោះគឺយ៉ូណាថាន១ យីសវី១ និងម៉ាលគី-ស៊ូអា១ ឯបុត្រីទាំង២អង្គ នោះគឺនាងបងព្រះនាមជាម៉្រាប ហើយប្អូនព្រះនាមជាមីកាល
50 ឯជាយារបស់ទ្រង់ព្រះនាមជាអ័ហ៊ីណោម ជាកូនអ័ហ៊ីម៉ាស ហើយមេទ័ពរបស់ទ្រង់ឈ្មោះអ័ប៊ីនើរ ជាកូននើរ ដែលជាមារបស់សូល
51 ដ្បិតគីសដែលជាបិតារបស់សូល ហើយនើរដែលជាឪពុកអ័ប៊ីនើរ នោះទាំង២នាក់ជាកូនអ័បៀល។
52 នៅអស់១ជីវិតរបស់សូល នោះចេះតែមានចម្បាំងច្បាំងនឹងពួកភីលីស្ទីនជាខ្លាំង ហើយកាលណាសូលទ្រង់ឃើញមនុស្សណាខ្លាំងពូកែ ឬក្លាហាន នោះទ្រង់ក៏យកអ្នកនោះមកក្នុងពលទ័ពរបស់ទ្រង់។
ជំពូក 15
1 គ្រានោះ សាំយូអែលទូលទៅសូលថា ព្រះយេហូវ៉ាទ្រង់បានចាត់ទូលបង្គំមក ឲ្យចាក់ប្រេងតាំងទ្រង់ឡើងជាស្តេចលើអ៊ីស្រាអែល ជារាស្ត្រទ្រង់ ដូច្នេះ សូមទ្រង់ស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ាឥឡូវនេះចុះ
2 ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានព្រះបន្ទូលដូច្នេះថា អញនឹកចាំពីការ ដែលពួកអាម៉ាលេក ធ្វើដល់ពួកអ៊ីស្រាអែលហើយ គឺពីការដែលគេបានឈររាំងផ្លូវ ក្នុងកាលដែលអ៊ីស្រាអែលឡើងចេញពីស្រុកអេស៊ីព្ទមក
3 ដូច្នេះ ចូរទៅវាយពួកសាសន៍អាម៉ាលេកឥឡូវចុះ ព្រមទាំងបំផ្លិចបំផ្លាញគេទាំងប៉ុន្មានឲ្យអស់រលីងទៅ កុំត្រាប្រណីដល់គេឡើយ គឺត្រូវឲ្យសម្លាប់ទាំងប្រុសទាំងស្រី ទាំងកូនក្មេង និងកូនដែលនៅបៅផង ទាំងគោ ចៀម និងអូដ្ឋ ហើយនិងលាដែរ។
4 ដូច្នេះ សូលទ្រង់ក៏កេណ្ឌប្រមូលបណ្តាជន ហើយគណនារាប់គេនៅត្រង់ថេលែម ឃើញមានពលថ្មើរជើងចំនួន២សែននាក់ និងពួកយូដា១ម៉ឺននាក់ទៀត
5 រួចសូលទ្រង់ក៏នាំទៅឯទីក្រុងរបស់ពួកអាម៉ាលេក ហើយបង្កប់ពលនៅវាលច្រកភ្នំ
6 ទ្រង់ប្រាប់ដល់ពួកសាសន៍កែនថា ចូរអ្នករាល់គ្នាថយចុះចេញពីកណ្តាលពួកអាម៉ាលេកទៅ ក្រែងត្រូវស្លាប់ជាមួយនឹងគេដែរ ដ្បិតអ្នករាល់គ្នាបានសម្ដែងសេចក្ដីសប្បុរស ដល់ពួកកូនចៅអ៊ីស្រាអែលទាំងប៉ុន្មាន ក្នុងកាលដែលគេឡើងចេញពីស្រុកអេស៊ីព្ទមក នោះពួកសាសន៍កែនក៏ថយចេញពីកណ្តាលពួកអាម៉ាលេកទៅ
7 រួចសូលទ្រង់វាយពួកអាម៉ាលេកនោះ ចាប់តាំងពីហាវីឡា រហូតដល់ស៊ើរដែលនៅទល់មុខនឹងស្រុកអេស៊ីព្ទ
8 ក៏ចាប់បានអ័កាក់ជាស្តេចសាសន៍អាម៉ាលេក មកទាំងរស់ តែកាប់រំលីងពួកជនដោយមុខដាវ
9 ឯអ័កាក់នោះ សូល និងពួកទ័ពបានទុកឲ្យនៅវិញ ព្រមទាំងសត្វដែលល្អៗក្នុងហ្វូងចៀម ហ្វូងគោ និងសត្វដែលធាត់ៗ ហើយកូនចៀម និងរបស់ដែលល្អទាំងប៉ុន្មានផង គេមិនព្រមបំផ្លាញឲ្យអស់រលីងទេ តែឯសត្វណាដែលស្គមស្គាំងមានតម្លៃតិច នោះគេបានបំផ្លាញចេញទាំងអស់វិញ។
10 ខណៈនោះ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងសាំយូអែលថា
11 អញស្តាយណាស់ដែលបានតាំងសូលឡើងឲ្យធ្វើជាស្តេច ដ្បិតបានងាកបែរចេញលែងតាមអញហើយ ក៏មិនបានធ្វើតាមបង្គាប់របស់អញសោះ នោះសាំយូអែលក៏ក្តៅចិត្ត ហើយលោកអំពាវនាវដល់ព្រះយេហូវ៉ាអស់ពេញ១យប់
12 រួចក្រោកឡើងពីព្រលឹម ដើម្បីនឹងទៅជួបនឹងសូលក្នុងព្រឹកនោះ មានគេជម្រាបសាំយូអែលថា សូលទ្រង់បានយាងមកដល់កើមែលហើយ មើល ទ្រង់បានដំឡើងគោល ជាគ្រឿងចំណាំទុក រួចយាងវិលចុះទៅឯគីលកាលវិញ
13 ដូច្នេះ សាំយូអែលក៏ទៅឯទ្រង់ ទ្រង់ទទួលដោយព្រះបន្ទូលថា សូមឲ្យលោកបានប្រកបដោយពរពីព្រះយេហូវ៉ា ខ្ញុំបានធ្វើសម្រេចតាមព្រះបន្ទូលនៃព្រះយេហូវ៉ាហើយ
14 តែសាំយូអែលទូលឆ្លើយថា ចុះដូចម្តេចបានជាឮសូរសព្ទចៀម ហើយនិងគោរោទ៍នៅត្រចៀកទូលបង្គំដូច្នេះ
15 សូលទ្រង់ឆ្លើយថា គេបាននាំសត្វទាំងនោះពីសាសន៍អាម៉ាលេកមក ដ្បិតពួកទ័ពបានទុកសត្វដែលល្អៗក្នុងហ្វូងចៀម ហ្វូងគោ សម្រាប់ថ្វាយយញ្ញបូជាដល់ព្រះយេហូវ៉ាជាព្រះនៃលោក ក្រៅអំពីនោះយើងបានបំផ្លាញអស់រលីងហើយ
16 នោះសាំយូអែលទូលថា ឈប់សិន ទូលបង្គំនឹងទូលទ្រង់ពីសេចក្ដី ដែលព្រះយេហូវ៉ាបានមានព្រះបន្ទូលមកទូលបង្គំពីយប់មិញនេះ ទ្រង់ក៏ឆ្លើយថា ដូច្នេះ សូមមានប្រសាសន៍ចុះ។
17 សាំយូអែលក៏ទូលថា ក្នុងកាលដែលទ្រង់នៅថោកទាបដល់ព្រះនេត្រនៃអង្គទ្រង់ នោះតើព្រះមិនបានតាំងទ្រង់ឡើង ឲ្យធ្វើជាមេលើពូជអំបូរអ៊ីស្រាអែលទាំងប៉ុន្មានទេឬអី គឺព្រះយេហូវ៉ាបានចាក់ប្រេងតាំងទ្រង់ឡើងជាស្តេចលើអ៊ីស្រាអែលហើយ
18 ព្រះយេហូវ៉ាក៏បានចាត់ទ្រង់ឲ្យទៅដោយថា ចូរទៅចុះ ចូរទៅបំផ្លាញសាសន៍អាម៉ាលេកកំបាបនោះឲ្យអស់រលីងទៅ ត្រូវឲ្យច្បាំងនឹងគេដរាបដល់វិនាសបាត់ទាំងអស់ចេញ
19 ដូច្នេះ ហេតុអ្វីបានជាទ្រង់មិនបានស្តាប់តាមព្រះយេហូវ៉ាសោះ គឺបានស្ទុះទៅចាប់យករបឹប ហើយធ្វើការអាក្រក់នៅព្រះនេត្រនៃព្រះយេហូវ៉ាវិញ
20 តែសូលទ្រង់ឆ្លើយប្រកែកថា ខ្ញុំបានស្តាប់តាមព្រះបន្ទូល នៃព្រះយេហូវ៉ាហើយ គឺបានដើរតាមផ្លូវដែលទ្រង់ចាត់ខ្ញុំនោះ មើល ខ្ញុំបាននាំទាំងអ័កាក់ ជាស្តេចនៃសាសន៍អាម៉ាលេកមកផង ឯពួកសាសន៍អាម៉ាលេកទាំងប៉ុន្មាន នោះបានបំផ្លាញអស់រលីងហើយ
21 ប៉ុន្តែ ពួកទ័ពបានចាប់យករបឹប ជាចៀម និងគោដែលជាសំខាន់ៗក្នុងរបស់ទាំងប៉ុន្មាន ដែលត្រូវបំផ្លាញនោះមក ដើម្បីនឹងថ្វាយជាយញ្ញបូជាដល់ព្រះយេហូវ៉ាជាព្រះនៃលោកនៅត្រង់គីលកាល
22 សាំយូអែលទូលឆ្លើយថា តើព្រះយេហូវ៉ាទ្រង់សព្វព្រះហឫទ័យនឹងតង្វាយដុត ហើយនិងយញ្ញបូជា ឲ្យស្មើនឹងការស្តាប់តាមទ្រង់ឬអី មើល ដែលស្តាប់បង្គាប់ នោះវិសេសលើសជាងយញ្ញបូជា ហើយដែលផ្ទៀងត្រចៀក នោះក៏វិសេសជាងខ្លាញ់នៃចៀមឈ្មោលទៅទៀត
23 ឯសេចក្ដីរឹងទទឹង នោះក៏ជាបាបដូចជាការមន្តវិជ្ជាដែរ ហើយសេចក្ដីចចេសសោតក៏ដូចជាអំពើអាក្រក់ណាមួយ ហើយនិងការថ្វាយបង្គំដល់រូបព្រះដែរ ឥឡូវនេះ ព្រះយេហូវ៉ាបានបោះបង់ចោលទ្រង់ មិនឲ្យធ្វើជាស្តេចទៀត ដោយព្រោះទ្រង់បានបោះបង់ចោល លែងតាមព្រះបន្ទូលនៃព្រះយេហូវ៉ាហើយ។
24 នោះសូលទ្រង់ឆ្លើយទៅសាំយូអែលថា ខ្ញុំមានបាបហើយ ពីព្រោះខ្ញុំបានរំលងសេចក្ដីបង្គាប់នៃព្រះយេហូវ៉ា និងពាក្យរបស់លោកផង ដោយខ្លាចដល់ពួកជន ហើយបានស្តាប់តាមគេវិញ
25 ដូច្នេះ សូមឲ្យលោកអត់ទោសខ្ញុំឥឡូវ ហើយវិលមកខាងខ្ញុំវិញទៀត ដើម្បីឲ្យខ្ញុំបានថ្វាយបង្គំដល់ព្រះយេហូវ៉ាផង
26 តែសាំយូអែលប្រកែកថា ទូលបង្គំមិនព្រមវិល ទៅកាន់ខាងទ្រង់ទៀតទេ ពីព្រោះទ្រង់បានបោះបង់ចោលព្រះបន្ទូលនៃព្រះយេហូវ៉ាហើយ ព្រះយេហូវ៉ាក៏បានបោះបង់ចោលទ្រង់ មិនឲ្យធ្វើជាស្តេចលើសាសន៍អ៊ីស្រាអែលដែរ
27 រួចកាលសាំយូអែលបែរខ្លួនរៀបនឹងចេញទៅ នោះសូលចាប់ជាយអាវលោក ហើយអាវក៏រហែក
28 ដូច្នេះ សាំយូអែលទូលទ្រង់ថា នៅថ្ងៃនេះ ព្រះយេហូវ៉ាបានផ្តាច់នគរអ៊ីស្រាអែលពីទ្រង់ចេញហើយ ក៏បានប្រទានឲ្យអ្នកជិតខាងដែលល្អជាងទ្រង់វិញ
29 ១ទៀត ព្រះដ៏ជាកម្លាំងនៃសាសន៍អ៊ីស្រាអែលទ្រង់មិនចេះកុហក ឬប្រែប្រួលឡើយ ដ្បិតទ្រង់មិនមែនជាមនុស្សដែលចេះប្រែប្រួលទេ
30 នោះសូលមានព្រះបន្ទូលថា ខ្ញុំបានធ្វើបាប ប៉ុន្តែ សូមលើកមុខខ្ញុំនៅចំពោះមុខពួកចាស់ទុំនៃសាសន៍ខ្ញុំនេះ ហើយនៅមុខសាសន៍អ៊ីស្រាអែលទាំងអស់គ្នាផង សូមមកខាងខ្ញុំវិញ ដើម្បីឲ្យខ្ញុំបានថ្វាយបង្គំដល់ព្រះយេហូវ៉ាជាព្រះនៃលោកដែរ
31 ដូច្នេះ សាំយូអែលបានវិលមកខាងសូលវិញ ហើយសូលទ្រង់ក៏ថ្វាយបង្គំដល់ព្រះយេហូវ៉ា។
32 លំដាប់នោះ សាំយូអែលប្រាប់ថា ចូរនាំអ័កាក់ ជាស្តេចនៃសាសន៍អាម៉ាលេកមកឯនេះ អ័កាក់ក៏ដើរមកឯលោកងង៉ើល ដោយនឹកក្នុងចិត្តថា ប្រាកដជាសេចក្ដីជូរល្វីងនៃសេចក្ដីស្លាប់បានកន្លងហួសហើយ
33 តែសាំយូអែលមានប្រសាសន៍ថា ដាវឯងបានធ្វើឲ្យពួកស្រីៗទៅជាឥតកូន ដូច្នេះ ម្តាយឯងក៏នឹងឥតកូនយ៉ាងនោះដែរ រួចសាំយូអែលក៏កាប់អ័កាក់កម្ទេច នៅចំពោះព្រះយេហូវ៉ា ត្រង់គីលកាលទៅ។
34 រួចសាំយូអែលវិលទៅឯរ៉ាម៉ាវិញទៅ ហើយសូលទ្រង់ឡើងទៅឯលំនៅទ្រង់នៅគីបៀរ ជាស្រុករបស់ទ្រង់វិញដែរ
35 ឯសាំយូអែលលោកលែងមកសួរសូលទៀតរហូតដល់លោកស្លាប់ តែសាំយូអែលសោកស្តាយនឹងសូលណាស់ ឯព្រះយេហូវ៉ាទ្រង់ស្តាយដែលទ្រង់បានតាំងសូលឡើង ឲ្យធ្វើជាស្តេចលើសាសន៍អ៊ីស្រាអែលផង។
ជំពូក 16
1 គ្រានោះ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលទៅសាំយូអែលថា តើឯងនៅតែសោកស្តាយនឹងសូលដល់កាលណាទៀត ដ្បិតអញលែងឲ្យធ្វើជាស្តេចលើអ៊ីស្រាអែលហើយ ដូច្នេះ ចូរបំពេញប្រេងក្នុងស្នែងរបស់ឯងចេញទៅ អញនឹងចាត់ឯងទៅឯអ៊ីសាយនៅបេថ្លេហិម ដ្បិតអញបានរើសម្នាក់ក្នុងពួកកូនគាត់ ឲ្យធ្វើជាស្តេចរបស់អញ
2 តែសាំយូអែលប្រកែកថា ធ្វើដូចម្តេចឲ្យទូលបង្គំទៅបាន ដ្បិតបើសូលបានឮ នោះទ្រង់នឹងសម្លាប់ទូលបង្គំហើយ នោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា ចូរយកគោក្រមុំ១នាំទៅជាមួយផងដោយថា ខ្ញុំបានមក ដើម្បីនឹងថ្វាយយញ្ញបូជាដល់ព្រះយេហូវ៉ា
3 រួចចូរហៅអ៊ីសាយមកក្នុងការថ្វាយយញ្ញបូជាដែរ នោះអញនឹងបង្ហាញឲ្យឯងដឹងជាត្រូវធ្វើយ៉ាងណា ត្រូវឲ្យឯងចាក់ប្រេងដល់អ្នកណាដែលអញនឹងប្រាប់ឯង ដើម្បីញែកចេញឲ្យអញ
4 ដូច្នេះ សាំយូអែលក៏ធ្វើដូចជាព្រះយេហូវ៉ាទ្រង់បានមានព្រះបន្ទូលមកលោក បានទៅដល់បេថ្លេហិម ឯពួកចាស់ទុំនៅទីក្រុងនោះ គេចេញមកទទួលលោកដោយភ័យញ័រ ហើយសួរថា លោកអញ្ជើញមកដោយមេត្រីទេឬអី
5 លោកឆ្លើយថា ដោយមេត្រីទេ ខ្ញុំបានមកដើម្បីនឹងថ្វាយយញ្ញបូជាដល់ព្រះយេហូវ៉ា ដូច្នេះ ចូរអ្នករាល់គ្នាញែកខ្លួនជាបរិសុទ្ធចុះ រួចមកបរិភោគយញ្ញបូជាជាមួយគ្នា លោកក៏ញែកអ៊ីសាយ និងពួកកូនគាត់ចេញជាបរិសុទ្ធ ហើយហៅគេមកបរិភោគយញ្ញបូជាទាំងអស់គ្នា។
6 កាលបានចូលមកដល់ នោះលោកក៏ក្រឡេកមើលទៅអេលាប ដោយគិតថា នេះប្រាកដជាអ្នកដែលព្រះយេហូវ៉ាចាក់ប្រេងតាំងឲ្យ បានមកនៅចំពោះទ្រង់ហើយ
7 តែព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា កុំឲ្យមើលតែឫកពាខាងក្រៅ ឬកំពស់ខ្លួននោះឡើយ ដ្បិតអញមិនទទួលអ្នកនេះទេ ពីព្រោះព្រះទ្រង់មិនទតចំពោះសេចក្ដី ដែលមនុស្សលោកពិចារណាមើលទេ ឯមនុស្សលោក តែងមើលតែឫកពាខាងក្រៅប៉ុណ្ណោះ តែព្រះយេហូវ៉ាទ្រង់ទតចំពោះក្នុងចិត្តវិញ
8 រួចអ៊ីសាយហៅអ័ប៊ីន៉ាដាប់មក ឲ្យដើរនៅមុខសាំយូអែល តែលោកមានប្រសាសន៍ថា ព្រះយេហូវ៉ាទ្រង់មិនរើសយកអ្នកនេះទេ
9 នោះអ៊ីសាយឲ្យសាំម៉ាដើរកាត់មុខលោកទៀត តែលោកថា ព្រះយេហូវ៉ាទ្រង់ក៏មិនរើសយកអ្នកនេះដែរ
10 អ៊ីសាយក៏ឲ្យកូនទាំង៧នាក់ដើរនៅមុខសាំយូអែល តែលោកមានប្រសាសន៍ថា ព្រះយេហូវ៉ាទ្រង់មិនរើសអ្នកទាំងនេះឡើយ
11 ហើយសួរថា អ្នកមានកូនតែប៉ុណ្ណេះទេឬអី គាត់ឆ្លើយថា នៅមានកូនពៅ១ទៀត វាកំពុងតែឃ្វាលចៀម លោកមានប្រសាសន៍ទៅអ៊ីសាយថា ចូរចាត់គេឲ្យទៅនាំវាមក ដ្បិតបើវាមិនទាន់មកដល់ នោះយើងមិនអង្គុយនៅតុឡើយ
12 ដូច្នេះ គាត់ក៏ចាត់គេឲ្យទៅហៅមក រីឯកូននោះមានថ្ពាល់ក្រហម ហើយភ្នែកស្រស់ល្អ ក៏មានរូបជាទីពេញចិត្ត នោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា ឲ្យចូលទៅចាក់ប្រេងឲ្យចុះ ដ្បិតគឺអ្នកនេះហើយ
13 សាំយូអែលក៏យកស្នែងដែលដាក់ប្រេងនោះ ទៅចាក់លើដាវីឌ នៅកណ្តាលពួកបងៗទាំងប៉ុន្មាន ចាប់តាំងពីថ្ងៃនោះតទៅ ព្រះវិញ្ញាណនៃព្រះយេហូវ៉ាក៏សណ្ឋិតលើដាវីឌ ស្រេចហើយសាំយូអែលលោកក្រោកឡើងទៅឯរ៉ាម៉ាវិញ។
14 គ្រានោះ ព្រះវិញ្ញាណនៃព្រះយេហូវ៉ាក៏ដកថយចេញពីសូលទៅ ហើយព្រះយេហូវ៉ាទ្រង់ចាត់វិញ្ញាណអាក្រក់១ឲ្យមកបំភ័យទ្រង់
15 នោះពួកមហាតលិករបស់សូលទូលថា មើល មានវិញ្ញាណអាក្រក់ពីព្រះមកបំភ័យទ្រង់ហើយ
16 ដូច្នេះ សូមឲ្យព្រះអម្ចាស់នៃយើងខ្ញុំបង្គាប់ដល់យើងខ្ញុំ ជាពួកអ្នកបម្រើរបស់ទ្រង់ ដែលនៅចំពោះទ្រង់នេះ ឲ្យរកមនុស្សម្នាក់ដែលប្រសប់ចាប់ស៊ុងមក ដើម្បីកាលណាវិញ្ញាណអាក្រក់ពីព្រះ បានមកសណ្ឋិតលើទ្រង់ នោះគេនឹងចាប់លេងឡើង ឲ្យទ្រង់បានធូរព្រះទ័យថយទៅ
17 សូលក៏មានព្រះបន្ទូលទៅពួកអ្នកបម្រើថា ដូច្នេះ ចូរទៅរកមនុស្សម្នាក់ដែលចេះលេងពីរោះឲ្យយើង ហើយនាំវាមកចុះ
18 ខណៈនោះ មានមនុស្សកំលោះម្នាក់ទូលឆ្លើយថា ទូលបង្គំបានឃើញម្នាក់ ជាកូនរបស់អ៊ីសាយ ក្នុងពួកក្រុងបេថ្លេហិម ជាអ្នកប្រសប់ក្នុងការលេងភ្លេងណាស់ ជាមនុស្សខ្លាំងពូកែ មានចិត្តក្លាហាន ហើយជំនាញក្នុងចម្បាំងក៏មានវោហារអធិប្បាយ ព្រមទាំងរូបឆោមស្រស់ល្អផង ព្រះយេហូវ៉ាទ្រង់ក៏គង់ជាមួយនឹងអ្នកនោះ
19 ដូច្នេះ សូលទ្រង់ចាត់គេឲ្យទៅឯអ៊ីសាយប្រាប់ថា សូមឲ្យដាវីឌ ជាកូនអ្នក ដែលកំពុងតែឃ្វាលចៀម មកឯយើង
20 អ៊ីសាយក៏យកលា១ផ្ទុកដោយនំបុ័ង ថង់ស្បែកពេញដោយស្រាទំពាំងបាយជូរ និងកូនពពែ១ ផ្ញើទៅជាមួយនឹងដាវីឌជាកូន ថ្វាយដល់សូល
21 ដាវីឌក៏មកឯសូល ហើយឈរបម្រើនៅចំពោះទ្រង់ ក៏ជាទីគាប់ដល់ព្រះទ័យទ្រង់ណាស់ ហើយបានធ្វើជាអ្នកកាន់គ្រឿងសស្ត្រាវុធរបស់ទ្រង់
22 រួចសូលចាត់គេឲ្យទៅប្រាប់អ៊ីសាយថា សូមឲ្យដាវីឌឈរបម្រើនៅមុខយើងចុះ ពីព្រោះយើងពេញចិត្តនឹងវាណាស់
23 ដូច្នេះ កាលណាវិញ្ញាណអាក្រក់ពីព្រះបានមកសណ្ឋិតលើសូល នោះដាវីឌក៏យកស៊ុងមកចាប់លេងថ្វាយ រួចសូលទ្រង់បានធូរ ហើយស្រួលឡើងវិញ វិញ្ញាណអាក្រក់ក៏ថយចេញពីទ្រង់ទៅ។
ជំពូក 17
1 នៅគ្រានោះ ពួកភីលីស្ទីន គេលើកទ័ពមកដើម្បីច្បាំង ក៏មូលគ្នានៅត្រង់សូគរ ជាស្រុករបស់ពួកយូដា ហើយបោះទ័ពនៅកណ្តាលសូគរ និងអាសេកា ត្រង់អេភេស-ដាំមីម
2 ឯសូល និងពួកទ័ពអ៊ីស្រាអែល គេប្រមូលគ្នាបោះទ័ពនៅច្រកភ្នំអេឡា ក៏ដំរៀបពល ដើម្បីច្បាំងនឹងពួកភីលីស្ទីន
3 ពួកភីលីស្ទីនគេឈរលើភ្នំម្ខាង ហើយពួកអ៊ីស្រាអែលគេក៏ឈរលើភ្នំម្ខាង មានវាលច្រកភ្នំនៅជាកណ្តាល
4 លំដាប់នោះ មានទាហានម្នាក់ឈ្មោះកូលីយ៉ាត ដែលនៅក្រុងកាថ វាចេញពីពួកភីលីស្ទីនមក អ្នកនោះមានកំពស់៦ហត្ថ១ចំអាម
5 ពាក់មួកលង្ហិន ហើយពាក់អាវក្រោះធ្វើពីលង្ហិន មានទំងន់៥ពាន់ដំឡឹង
6 ក៏មានស្រោមលង្ហិនស្រោបជើង ហើយមានប្រដាប់លង្ហិនបាំងពីខាងខ្នងដែរ
7 ឯដងលំពែងរបស់វា នោះប្រៀបដោយផ្សំនៃដំបាញ ហើយផ្លែធ្វើពីដែក ទំងន់៦០០ដំឡឹង មានអ្នកកាន់ខែលដើរពីមុខ
8 វាឈរស្រែកមកខាងពួកទ័ពអ៊ីស្រាអែលថា ម្តេចក៏ឯងរាល់គ្នាចេញមកដំរៀបទ័ពសម្រាប់ច្បាំងដូច្នេះ តើអញមិនមែនជាសាសន៍ភីលីស្ទីន ហើយឯងរាល់គ្នាជាខ្ញុំរបស់សូលទេឬអី ចូររើសម្នាក់ឲ្យចុះមកច្បាំងនឹងអញមើល
9 បើវាអាចនឹងតដៃសម្លាប់អញបាន នោះយើងនឹងធ្វើជាបាវបម្រើឯង តែបើអញឈ្នះ ហើយសម្លាប់វាបាន នោះឯងរាល់គ្នាត្រូវធ្វើជាបាវបម្រើយើងវិញ
10 វាប្រកួតនឹងពួកទ័ពអ៊ីស្រាអែលថា នៅថ្ងៃនេះ ចូរឲ្យមនុស្សម្នាក់ចេញមកតនឹងអញលមើលចុះ
11 កាលសូល និងពួកអ៊ីស្រាអែលទាំងអស់ បានឮពាក្យរបស់សាសន៍ភីលីស្ទីននោះនិយាយដូច្នោះ គេក៏មានគំនិតវិលវល់ ហើយភ័យខ្លាចជាខ្លាំង។
12 រីឯដាវីឌ ជាកូនរបស់ពួកអេប្រាតាម្នាក់ នៅបេថ្លេហិម-យូដា ឈ្មោះអ៊ីសាយ ឯអ៊ីសាយ មានកូនប្រុស៨នាក់ ហើយនៅជំនាន់ស្តេចសូល គាត់ចាស់ណាស់ មានវ័យកន្លងហើយ
13 កូនប្រុសច្បងរបស់អ៊ីសាយ៣នាក់បានតាមសូលទៅច្បាំង កូនទាំង៣នាក់ដែលទៅច្បាំងនោះ គឺច្បងបង្អស់ឈ្មោះអេលាប បន្ទាប់មកឈ្មោះអ័ប៊ីន៉ាដាប់ ហើយទី៣ឈ្មោះសាំម៉ា
14 អ្នកទាំង៣នោះបានតាមសូលទៅ ឯដាវីឌគាត់ជាកូនពៅ
15 ក៏តែងធ្លាប់ទៅមកពីសូល ទៅឯឪពុកនៅបេថ្លេហិម ដើម្បីឃ្វាលចៀម
16 រីឯសាសន៍ភីលីស្ទីនម្នាក់នោះ វាចេះតែចូលមកជិត ទាំងព្រឹកទាំងល្ងាច ក៏ប្រកាសខ្លួនដូច្នោះ អស់រវាង៤០ថ្ងៃ។
17 នៅគ្រានោះ អ៊ីសាយប្រាប់ដាវីឌជាកូនថា ចូរឯងយកលាជ១ថាំង និងនំបុ័ង១០ដុំនេះទៅឲ្យដល់ពួកបងឯង នៅឯទីបោះទ័ពជាប្រញាប់ទៅ
18 ហើយនាំយកទឹកដោះខះ១០ផែននេះ ទៅជូនដល់មេទ័ពរបស់វាទៅ រួចចូរមើលដែលបងឯងសុខសប្បាយ ឬយ៉ាងណា ហើយនាំយករបស់អ្វី១ជាគ្រឿងសម្គាល់ពីវាមកវិញ
19 ចំណែកសូល និងអ្នកទាំង៣នោះ ព្រមទាំងពួកអ៊ីស្រាអែលទាំងអស់ គេនៅច្រកភ្នំអេឡា កំពុងតែច្បាំងនឹងពួកភីលីស្ទីន
20 ដូច្នេះ ដាវីឌក៏ក្រោកពីព្រលឹម ប្រគល់ចៀមទុកនឹងអ្នកគង្វាលម្នាក់ រួចយកអីវ៉ាន់ចេញទៅ ដូចជាឪពុកបានបង្គាប់ ក៏បានទៅដល់ទីបោះទ័ព ក្នុងកាលដែលពួកពលកំពុងតែចេញទៅឯទីចម្បាំង ទាំងស្រែកសម្រែកសង្គ្រាម
21 ហើយពួកអ៊ីស្រាអែល និងពួកភីលីស្ទីន គេដំរៀបទ័ពប្រទល់គ្នា រៀបនឹងតដៃហើយ
22 ដាវីឌក៏ប្រគល់អីវ៉ាន់ទុកនឹងអ្នកដែលរក្សាអីវ៉ាន់របស់ពួកទ័ព រួចរត់ចូលទៅក្នុងចំណោមទ័ព ដើម្បីនឹងជម្រាបសួរដល់ពួកបង
23 គ្រាដែលកំពុងតែនិយាយនឹងពួកបង នោះមើល ទាហានរបស់សាសន៍ភីលីស្ទីនម្នាក់នោះ ពីក្រុងកាថ ឈ្មោះកូលីយ៉ាត ក៏ចេញពីខាងទ័ពភីលីស្ទីន មកប្រកាសជាពាក្យដដែលទៀត ហើយដាវីឌក៏បានឮ
24 កាលពួកអ៊ីស្រាអែលទាំងប៉ុន្មានបានឃើញអ្នកនោះ គេក៏រត់ពីវាទៅ ដោយភ័យខ្លាចជាខ្លាំង
25 រួចពួកអ៊ីស្រាអែលនិយាយគ្នាថា បានឃើញមនុស្សនោះ ដែលឡើងមកឬទេ វាបានឡើងមក ដើម្បីប្រកួតនឹងសាសន៍អ៊ីស្រាអែលយើងនេះជាប្រាកដ បើអ្នកណាសម្លាប់វាបាន នោះស្តេចនឹងប្រទានទ្រព្យសម្បត្តិដ៏វិសេសដល់អ្នកនោះ ព្រមទាំងឲ្យព្រះរាជបុត្រីទ្រង់ផង ក៏នឹងប្រោសប្រណីដល់គ្រួឪពុករបស់អ្នកនោះ ឲ្យរួចពន្ធក្នុងសាសន៍អ៊ីស្រាអែលតទៅ
26 ដូច្នេះ ដាវីឌក៏សួរដល់ពួកអ្នកឈរនៅជិតថា ឯអ្នកណាដែលនឹងសម្លាប់សាសន៍ភីលីស្ទីននេះ ហើយដកសេចក្ដីដំណៀលពីអ៊ីស្រាអែលចេញ នោះនឹងបានដូចម្តេចខ្លះ ដ្បិតតើសាសន៍ភីលីស្ទីនដែលឥតកាត់ស្បែកនេះជាអ្វី បានជាហ៊ានប្រកួតនឹងពលទ័ពនៃព្រះដ៏មានព្រះជន្មរស់ដូច្នេះ
27 គេក៏ឆ្លើយប្រាប់តាមពាក្យដដែលនោះថា អ្នកណាដែលនឹងសម្លាប់វាបាន នោះនឹងបានដូច្នេះឯង។
28 គ្រាដែលដាវីឌកំពុងនិយាយនឹងគេ នោះអេលាបជាបងបង្អស់ក៏ឮ ហើយកើតមានសេចក្ដីកំហឹងទាស់នឹងប្អូនថា ឯងបានចុះមកធ្វើអី តើបានប្រគល់ហ្វូងចៀមតូចនោះ ដែលនៅទីរហោស្ថានទុកនឹងអ្នកណា អញស្គាល់សេចក្ដីអំនួត និងសេចក្ដីអាក្រក់ដែលនៅក្នុងចិត្តឯងហើយ ដ្បិតឯងបានចុះមកដើម្បីឲ្យតែបានមើលចម្បាំងទេ
29 តែដាវីឌឆ្លើយថា តើខ្ញុំមានធ្វើអី ខ្ញុំគ្រាន់តែនិយាយ១ម៉ាត់ទេតើ
30 រួចក៏បែរចេញពីបងទៅសួរម្នាក់ទៀត តាមពាក្យដដែលនោះ ហើយគេឆ្លើយប្រាប់ដូចជាពាក្យមុន។
31 កាលគេបានឮពាក្យដែលដាវីឌនិយាយដូច្នោះ នោះគេនាំដំណឹងទៅក្រាបទូលដល់សូល រួចទ្រង់ចាត់គេឲ្យទៅហៅដាវីឌមក
32 ដាវីឌទូលដល់សូលថា សូមកុំឲ្យអ្នកណាស្លុតចិត្តដោយព្រោះវាឡើយ ទូលបង្គំជាបាវបម្រើរបស់ទ្រង់នឹងសូមចេញទៅតយុទ្ធនឹងសាសន៍ភីលីស្ទីននោះ
33 តែសូលទ្រង់មានព្រះបន្ទូលថា ឯងនឹងចេញទៅតយុទ្ធនឹងសាសន៍ភីលីស្ទីននោះមិនបានទេ ដ្បិតឯងនៅក្មេងណាស់ ឯគេជាមនុស្សស្ទាត់ចម្បាំងតាំងតែពីក្មេងមកហើយ
34 នោះដាវីឌដំណាលរឿងទូលសូលថា ពីដើមដែលទូលបង្គំជាបាវបម្រើទ្រង់ ធ្លាប់ឃ្វាលចៀមរបស់ឪពុក នោះវេលាណាដែលមានសិង្ហ ឬខ្លាឃ្មុំ មកចាប់យកកូនចៀមពីហ្វូងទៅ
35 ទូលបង្គំក៏ដេញតាមប្រហារវា ដោះចៀមនោះឲ្យរួចចេញពីមាត់វាមក បើកាលណាវាស្ទុះមកលើទូលបង្គំ នោះទូលបង្គំបានចាប់វាត្រង់ពុកចង្កាវាយសម្លាប់ទៅ
36 ទូលបង្គំជាបាវបម្រើទ្រង់ បានប្រហារទាំងសត្វសិង្ហ និងខ្លាឃ្មុំផង ដូច្នេះ សាសន៍ភីលីស្ទីនដែលឥតកាត់ស្បែកនេះ នឹងបានដូចជាសត្វ១នោះដែរ ដ្បិតវាបានប្រកួតនឹងពលទ័ពនៃព្រះដ៏មានព្រះជន្មរស់ហើយ
37 ដាវីឌក៏ទូលទៀតថា ឯព្រះយេហូវ៉ាជាព្រះដែលបានជួយទូលបង្គំ ឲ្យរួចពីក្រចកសិង្ហ និងខ្លាឃ្មុំ ទ្រង់ក៏នឹងជួយឲ្យរួចពីកណ្តាប់ដៃសាសន៍ភីលីស្ទីននោះដែរ ខណៈនោះ សូលមានព្រះបន្ទូលថា ដូច្នេះ ចូរទៅចុះ សូមឲ្យព្រះយេហូវ៉ាគង់ជាមួយនឹងឯង
38 ទើបស្តេចបំពាក់គ្រឿងរបស់ទ្រង់ឲ្យដាវីឌ គឺមួកលង្ហិននៅលើក្បាល និងអាវក្រោះដែរ
39 នោះដាវីឌក៏ក្រវាត់ដាវពីលើគ្រឿងប្រដាប់នោះ ហើយខំដើរល្បងមើល ដ្បិតមិនដែលបានលម្តងសោះ រួចទូលទៅសូលថា ទូលបង្គំនឹងពាក់គ្រឿងទាំងនេះទៅមិនបានទេ ដ្បិតទូលបង្គំមិនដែលលម្តងឡើយ ដូច្នេះ ដាវីឌក៏ដោះគ្រឿងទាំងនោះចេញ
40 រួចយកតែដំបងរបស់ខ្លួនមកកាន់នៅដៃ ហើយរើសក្រួសរលីងៗចំនួន៥ដុំពីក្នុងទឹកជ្រោះដាក់ចុះក្នុងយាម គឺក្នុងប្លោករបស់ខ្លួន ហើយកាន់ខ្សែដង្ហក់នៅដៃ ដើរតម្រង់ចូលទៅឯសាសន៍ភីលីស្ទីននោះ។
41 ចំណែកសាសន៍ភីលីស្ទីននោះក៏ដើរចូលមកឯដាវីឌ មានទាំងអ្នកកាន់ខែលដើរពីមុខផង
42 កាលវាក្រឡេកឃើញដាវីឌ នោះក៏តាំងចិត្តមើលងាយ ដោយព្រោះដាវីឌនៅក្មេង មានថ្ពាល់ក្រហម ហើយមានរូបឆោមស្រស់ល្អ
43 រួចវានិយាយទៅដាវីឌថា តើអញជាឆ្កែឬអី បានជាឯងមកឯអញទាំងកាន់ដំបងដូច្នេះ ហើយក៏ប្រទេចផ្តាសាដល់ដាវីឌដោយនូវព្រះរបស់វា
44 រួចប្រាប់ថា ចូរមកឯអញចុះ អញនឹងឲ្យសាច់ឯង ដល់សត្វហើរលើអាកាស និងសត្វព្រៃផង
45 ដាវីឌឆ្លើយតបទៅវិញថា ចំណែកឯង បានមកឯអញ ទាំងកាន់ដាវកាន់លំពែង ហើយនិងដែកពួយផង តែឯអញវិញ អញមកឯឯងដោយនូវព្រះនាមរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ គឺជាព្រះនៃពួកពលសាសន៍អ៊ីស្រាអែល ដែលឯងបានប្រកួតនឹងគេនោះ
46 នៅថ្ងៃនេះ ព្រះយេហូវ៉ានឹងប្រគល់ឯងមកក្នុងកណ្តាប់ដៃនៃអញហើយ អញនឹងវាយឯង ហើយនិងកាត់យកក្បាលឯងទៅ នៅថ្ងៃនេះ អញនឹងឲ្យខ្មោចនៃពួកទ័ពភីលីស្ទីនដល់សត្វហើរនៅលើអាកាស និងដល់សត្វព្រៃនៅផែនដីវិញ ដើម្បីឲ្យផែនដីទាំងមូលបានដឹងថា មានព្រះនៅខាងពួកអ៊ីស្រាអែលពិត
47 ហើយឲ្យជំនុំមនុស្សទាំងនេះបានដឹងថា ព្រះយេហូវ៉ាទ្រង់មិនជួយសង្គ្រោះដោយសារដាវ ឬលំពែងទេ ដ្បិតចម្បាំងនេះស្រេចនៅព្រះយេហូវ៉ាវិញ គឺទ្រង់នឹងប្រគល់ឯងរាល់គ្នាមកក្នុងកណ្តាប់ដៃនៃយើង
48 កាលសាសន៍ភីលីស្ទីនម្នាក់នោះបានចូលមកជិត ដើម្បីជួបនឹងដាវីឌហើយ នោះដាវីឌក៏ប្រញាប់ប្រញាល់រត់ចូលទៅខាងគេ ដើម្បីជួបគ្នា
49 ទើបលូកដៃទៅក្នុងយាម ចាប់យកក្រួស១គ្រាប់បាញ់ទៅ ត្រូវចំត្រង់ថ្ងាសនៃសាសន៍ភីលីស្ទីននោះ ទ្រុឌចូលទៅក្នុងថ្ងាស ហើយវាដួលផ្កាប់មុខនៅដីទៅ។
50 ដូច្នេះ ដាវីឌបានឈ្នះសាសន៍ភីលីស្ទីនម្នាក់នោះ ដោយសារតែខ្សែដង្ហក់ និងក្រួស១គ្រាប់ប៉ុណ្ណោះ គឺបានប្រហារសាសន៍ភីលីស្ទីននោះឲ្យស្លាប់ទៅ ដោយឥតមានកាន់ដាវនៅដៃឡើយ
51 រួចក៏រត់ទៅឈរនៅលើវា ចាប់ហូតយកដាវរបស់វាចេញពីស្រោមមកសម្លាប់វាទៅ ព្រមទាំងកាត់បណ្តាច់ក្បាលចេញ កាលពួកទ័ពភីលីស្ទីនបានឃើញថា ទាហានដំណាងរបស់គេបានស្លាប់ហើយ នោះគេក៏រត់អស់រលីងទៅ
52 ឯពួកអ៊ីស្រាអែល និងពួកយូដាក៏ក្រោកឡើងស្រែកហ៊ោទាំងអស់គ្នា ដេញតាមពួកភីលីស្ទីនទៅក្នុងវាលច្រកភ្នំ រហូតដល់ទ្វារក្រុងអេក្រុន ហើយពួកភីលីស្ទីនដែលត្រូវរបួស គេក៏ដួលតាមផ្លូវដែលទៅឯស្អារ៉ែម រហូតដល់ក្រុងកាថ និងក្រុងអេក្រុន
53 នោះពួកកូនចៅអ៊ីស្រាអែល គេវិលត្រឡប់ពីដេញតាមពួកភីលីស្ទីនមកវិញ ចូលប្លន់ទីបោះទ័ពរបស់គេ
54 ចំណែកដាវីឌក៏យកក្បាលនៃសាសន៍ភីលីស្ទីននោះ នាំទៅដល់ក្រុងយេរូសាឡឹម ឯគ្រឿងប្រដាប់វាទាំងប៉ុន្មាន នោះក៏យកទៅទុកនៅក្នុងត្រសាលរបស់ខ្លួន។
55 រីឯកាលសូលទ្រង់ឃើញដាវីឌចេញទៅទាស់នឹងសាសន៍ភីលីស្ទីន នោះក៏សួរអ័ប៊ីនើរជាមេទ័ពទ្រង់ថា អ័ប៊ីនើរអើយ តើក្មេងនោះជាកូនអ្នកណា អ័ប៊ីនើរទូលឆ្លើយថា ឱព្រះករុណាអើយ ទូលបង្គំស្បថដោយនូវព្រះជន្មទ្រង់ដ៏រស់នៅថា ទូលបង្គំមិនដឹងសោះឡើយ
56 ស្តេចក៏បង្គាប់ថា ចូរស៊ើបសួរមើល តើក្មេងជំទង់នេះជាកូនអ្នកណា
57 ដូច្នេះ កាលដាវីឌបានត្រឡប់មកពីសម្លាប់សាសន៍ភីលីស្ទីនវិញ នោះអ័ប៊ីនើរក៏នាំចូលមកនៅចំពោះសូល មានទាំងក្បាលនៃសាសន៍ភីលីស្ទីននោះកាន់នៅដៃ
58 សូលទ្រង់សួរថា អ្នកកំលោះអើយ តើឯងជាកូនអ្នកណា នោះដាវីឌទូលឆ្លើយថា ទូលបង្គំជាកូនរបស់អ៊ីសាយ ជាអ្នកបម្រើទ្រង់ ដែលនៅក្រុងបេថ្លេហិម។
ជំពូក 18
1 លុះកាលដាវីឌទូលទៅសូលរួចហើយ នោះចិត្តយ៉ូណាថានក៏មូលជាប់នឹងចិត្តគាត់ ហើយយ៉ូណាថានបានស្រឡាញ់ដាវីឌទុកដូចជាខ្លួនលោកដែរ
2 នៅថ្ងៃនោះ សូលទ្រង់ក៏ទទួលដាវីឌ មិនឲ្យត្រឡប់ទៅឯផ្ទះឪពុកវិញទៀតទេ
3 ខណៈនោះ យ៉ូណាថានបានតាំងសញ្ញានឹងដាវីឌ ពីព្រោះលោកស្រឡាញ់ដាវីឌដូចជាខ្លួនរបស់លោក
4 លោកក៏ដោះអាវដែលលោកពាក់ ប្រគល់ឲ្យដល់ដាវីឌ ព្រមទាំងសម្លៀកបំពាក់របស់លោក និងដាវ ធ្នូ ហើយនិងខ្សែក្រវាត់ផង
5 គ្រានោះ ដាវីឌត្រាច់ទៅគ្រប់ទីកន្លែងតាមដែលសូលទ្រង់ប្រើ ហើយក៏តែងប្រព្រឹត្តដោយប្រាជ្ញា រួចមកសូលទ្រង់តាំងគាត់ឡើង ឲ្យត្រួតត្រាលើពួកទាហាន នោះពួកបណ្តាជន និងពួកមហាតលិករបស់សូល គេមានសេចក្ដីពេញចិត្តជាខ្លាំង។
6 គ្រាកាលដែលគេត្រឡប់វិលមក គឺនៅវេលាដែលដាវីឌមកពីសម្លាប់សាសន៍ភីលីស្ទីនម្នាក់នោះវិញហើយ នោះពួកស្រីទាំងឡាយក៏នាំគ្នាចេញពីទីក្រុងរបស់សាសន៍អ៊ីស្រាអែលទាំងប៉ុន្មាន មកទទួលស្តេចសូលដោយអំណរ ព្រមទាំងច្រៀង និងលោតកញ្ឆេង ហើយបន្ទរក្រាប់ និងប្រដាប់ភ្លេងផ្សេងៗ
7 កំពុងដែលគេលេងភ្លេង នោះក៏ច្រៀងឆ្លើយឆ្លងគ្នាទៅវិញទៅមក ដោយពាក្យថា សូលទ្រង់បានសម្លាប់ទាំងពាន់ ហើយដាវីឌទាំងម៉ឺន
8 ដូច្នេះ សូលទ្រង់មានសេចក្ដីខ្ញាល់ជាខ្លាំង ដោយពាក្យនោះនាំឲ្យបង្អាក់ដល់ព្រះទ័យទ្រង់ ហើយទ្រង់មានព្រះបន្ទូលថា គេបានរាប់ជា១ម៉ឺនដល់ដាវីឌ តែអញបានត្រឹមតែពាន់ទេ ដូច្នេះ វានៅខ្វះតែសោយរាជ្យប៉ុណ្ណោះទេ
9 ចាប់តាំងពីថ្ងៃនោះមក សូលទ្រង់ចេះតែរំពៃមើលដាវីឌ ដោយព្រះនេត្រដ៏អាក្រក់។
10 លុះថ្ងៃស្អែកឡើង នោះវិញ្ញាណអាក្រក់ពីព្រះក៏មកសណ្ឋិតលើសូល បណ្តាលឡើងជាខ្លាំង ហើយទ្រង់វក់ដោយសេចក្ដីក្រោធនៅកណ្តាលដំណាក់ មានទាំងដែកពួយនៅព្រះហស្តផង ឯដាវីឌក៏ចាប់លេងភ្លេងឡើងដូចកាលសព្វ១ដង
11 ខណៈនោះ សូលទ្រង់ក៏ពួយដែកពួយទៅ ដោយនឹកថា អញនឹងចាក់ទម្លុះដាវីឌភ្ជាប់នឹងជញ្ជាំង តែលោកគេចផុតចេញពីចំពោះទ្រង់ទៅអស់វារៈ២ដង
12 ដូច្នេះ សូលទ្រង់ក៏ខ្លាចដល់ដាវីឌ ដ្បិតព្រះយេហូវ៉ាទ្រង់គង់នៅជាមួយនឹងលោក តែបានថយចេញពីទ្រង់វិញ
13 ហេតុដូច្នោះ សូលទ្រង់ក៏ដកហូតដាវីឌចេញ ហើយតម្រូវឲ្យធ្វើជាមេទ័ពលើ១ពាន់នាក់វិញ រួចដាវីឌក៏តែងនាំមុខបណ្តាទ័ពចេញចូល
14 លោកចេះតែប្រព្រឹត្តដោយប្រាជ្ញាក្នុងគ្រប់ទាំងផ្លូវរបស់លោក ហើយព្រះយេហូវ៉ាទ្រង់គង់ជាមួយផង
15 កាលសូលទ្រង់ឃើញថា ដាវីឌប្រព្រឹត្តដោយប្រាជ្ញាដូច្នោះ នោះទ្រង់កោតខ្លាចដល់លោក
16 តែពួកអ៊ីស្រាអែល និងពួកយូដាទាំងប៉ុន្មាន គេដិតចិត្តស្រឡាញ់ដល់ដាវីឌ ពីព្រោះលោកជាអ្នកនាំមុខគេចេញចូល។
17 នៅគ្រានោះ សូលមានព្រះបន្ទូលទៅដាវីឌថា មើលអញនឹងឲ្យនាងម៉្រាប ជាកូនច្បងរបស់អញ ទៅធ្វើជាប្រពន្ធឯង ឲ្យតែឯងបានធ្វើជាអ្នកក្លាហាន សម្រាប់អញ ហើយច្បាំងចម្បាំងនៃព្រះយេហូវ៉ាចុះ ពីព្រោះសូលមានបំណងថា កុំឲ្យដៃអញធ្វើវាឡើយ ទុកឲ្យដៃនៃពួកភីលីស្ទីនធ្វើវិញចុះ
18 ដាវីឌទូលឆ្លើយនឹងសូលថា តើទូលបង្គំជាអ្វី ឬជីវិតទូលបង្គំវិសេសយ៉ាងណា ឬគ្រួនៃឪពុកទូលបង្គំជាអ្វីនៅក្នុងពួកអ៊ីស្រាអែល បានជាសព្វព្រះទ័យឲ្យទូលបង្គំធ្វើជាកូនប្រសានៃទ្រង់ព្រះករុណាដូច្នេះ
19 តែដល់វេលាដែលត្រូវឲ្យនាងម៉្រាប ជាបុត្រីសូលទៅដាវីឌ នោះត្រឡប់ទៅជាបានលើកទៅឲ្យធ្វើជាប្រពន្ធរបស់អ័ទ្រីអែល ជាពួកមហូឡាវិញ
20 ឯមីកាល ជាបុត្រីសូល នាងប្រតិព័ទ្ធស្រឡាញ់ដល់ដាវីឌណាស់ ហើយមានគេនាំដំណឹងទៅក្រាបទូលដល់សូល ការនោះក៏គាប់ព្រះទ័យដល់ទ្រង់
21 ដោយបំណងថា អញនឹងឲ្យនាងទៅវាចុះ ដើម្បីឲ្យបានជាអន្ទាក់ដល់វា ហើយឲ្យដៃនៃពួកភីលីស្ទីនបានទាស់នឹងវា ដូច្នោះសូលមានព្រះបន្ទូលទៅដាវីឌថា នៅថ្ងៃនេះ ឯងនឹងធ្វើជាកូនប្រសាអញ ដោយសារនាងបន្ទាប់នេះវិញ។
22 សូលទ្រង់ក៏បង្គាប់ដល់ពួកមហាតលិកថា ចូរនិយាយប្រលោមដាវីឌដោយសម្ងាត់ថា មើល ស្តេចទ្រង់សព្វព្រះទ័យនឹងលោកណាស់ ហើយពួកមហាតលិកទាំងអស់គ្នាក៏ស្រឡាញ់ដល់លោកដែរ ដូច្នេះ សូមលោកធ្វើជាកូនប្រសារបស់ស្តេចទៅ
23 ពួកមហាតលិកក៏ថ្លែងសេចក្ដីទាំងនោះប្រាប់ត្រចៀកដាវីឌ តែលោកឆ្លើយថា អ្នករាល់គ្នាស្មានថា ដែលធ្វើជាកូនប្រសារបស់ស្តេច នោះជាការងាយឬ ឯខ្ញុំជាមនុស្សក្រីក្រ ហើយស្តេចមិនសូវរាប់អានផង
24 នោះពួកមហាតលិកក៏នាំសេចក្ដីទៅក្រាបទូលដល់ទ្រង់ អំពីដាវីឌបាននិយាយយ៉ាងនោះ
25 រួចសូលទ្រង់បង្គាប់ថា ចូរឯងរាល់គ្នាទៅនិយាយនឹងដាវីឌដូច្នេះចុះ ថាស្តេចមិនចង់បានបណ្តាការអ្វីទេ ទ្រង់សព្វព្រះទ័យចង់បានតែស្បែកនៃស្រោមចុងស្វាសរបស់ពួកភីលីស្ទីន១០០ប៉ុណ្ណោះ ដើម្បីឲ្យបានសងសឹកនឹងពួកខ្មាំងសត្រូវទ្រង់ តែគំនិតសូលទ្រង់គិតតែឲ្យដាវីឌបានស្លាប់ដោយដៃពួកភីលីស្ទីនទេ
26 ដូច្នេះ កាលពួកមហាតលិកបាននាំសេចក្ដីទៅប្រាប់ដល់ដាវីឌវិញហើយ នោះលោកក៏សុខចិត្តនឹងធ្វើជាកូនប្រសារបស់ស្តេចដែរ ឯពេលកំណត់ដែលត្រូវយកមក មិនទាន់សម្រេចនៅឡើយ
27 បានជាដាវីឌក្រោកឡើងចេញទៅ ព្រមទាំងនាំពួកកងរបស់លោកទៅផង រួចសម្លាប់ពួកភីលីស្ទីនបាន២០០នាក់ ហើយលោកនាំយកស្បែកស្រោមចុងស្វាសរបស់គេ មកថ្វាយស្តេចគ្រប់ចំនួននោះ ដើម្បីឲ្យបានធ្វើជាកូនប្រសាស្តេច នោះសូលទ្រង់ប្រទាននាងមីកាល ជាបុត្រី ទៅធ្វើជាប្រពន្ធលោកទៅ
28 សូលទ្រង់ក៏យល់ឃើញ ហើយជ្រាបថា ព្រះយេហូវ៉ាទ្រង់គង់ជាមួយនឹងដាវីឌ ឯនាងមីកាល ជាបុត្រីសូល ក៏ប្រតិព័ទ្ធស្រឡាញ់ដល់លោក
29 ដូច្នេះ សូលទ្រង់ខ្លាចដាវីឌរឹតតែខ្លាំងឡើងទៀត ក៏ធ្វើជាអ្នកសត្រូវនឹងលោកជាដរាបទៅ។
30 នៅគ្រានោះ ពួកមេសាសន៍ភីលីស្ទីន គេចេះតែទន្ទ្រានចូលមក តែវេលាណាដែលគេចូលមក នោះដាវីឌក៏តែងប្រព្រឹត្តដោយប្រាជ្ញា លើសជាងអស់ពួកមេទ័ពទាំងប៉ុន្មាននៃស្តេច ដល់ម៉្លេះបានជាគេទុកចិត្តពឹងដល់ឈ្មោះលោកណាស់។
ជំពូក 19
1 គ្រានោះ សូលទ្រង់បង្គាប់ដល់យ៉ូណាថានជាបុត្រាទ្រង់ និងពួកមហាតលិកទាំងប៉ុន្មាន ឲ្យសម្លាប់ដាវីឌចោល តែយ៉ូណាថានជាបុត្រាសូល លោកមានចិត្តស្រឡាញ់ដាវីឌណាស់
2 បានជាលោកប្រាប់ដល់ដាវីឌថា សូលជាបិតាខ្ញុំរកសម្លាប់អ្នក ដូច្នេះ ដល់ព្រឹកឡើង សូមឲ្យអ្នកប្រយ័តខ្លួន ត្រូវឲ្យពួននៅក្នុងទីសម្ងាត់ណាមួយទៅ
3 នោះខ្ញុំនឹងចេញទៅឈរជាមួយនឹងបិតាខ្ញុំក្នុងវាលជិតកន្លែងណាដែលអ្នកពួននោះ រួចខ្ញុំនឹងស្នើការពីដំណើរអ្នកចំពោះបិតាខ្ញុំ បើខ្ញុំឃើញហេតុជាយ៉ាងណា នោះខ្ញុំនឹងប្រាប់ដល់អ្នក
4 ដូច្នេះ យ៉ូណាថានក៏ដំណាលសេចក្ដីយ៉ាងល្អពីដំណើរដាវីឌ ទូលដល់សូលជាបិតាថា សូមកុំឲ្យបិតាធ្វើបាបដល់ដាវីឌ ជាអ្នកបម្រើទ្រង់ឡើយ ដ្បិតគាត់មិនបានធ្វើខុសនឹងបិតាទេ ហើយការដែលគាត់ធ្វើសោតនោះសុទ្ធតែមានប្រយោជន៍ដល់បិតាទាំងអស់ផង
5 គាត់បានប្រថុយជីវិតទៅវាយពួកភីលីស្ទីន ហើយព្រះយេហូវ៉ាទ្រង់បានប្រោសឲ្យមានជ័យជម្នះជាធំ ដល់ពួកអ៊ីស្រាអែលទាំងអស់គ្នា បិតាក៏បានឃើញ ហើយមានសេចក្ដីអំណរដែរ ចុះហេតុអ្វីបានជាចង់ធ្វើបាបនឹងឈាមដែលឥតមានទោសវិញ ដោយសម្លាប់គាត់ឥតហេតុដូច្នេះធ្វើអី
6 នោះសូលទ្រង់ក៏ស្តាប់តាមពាក្យយ៉ូណាថាន ព្រមទាំងចេញវាចាស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅថា វាមិនត្រូវស្លាប់ទេ
7 រួចមកយ៉ូណាថានហៅដាវីឌមក ប្រាប់សេចក្ដីទាំងនោះដល់លោក ក៏នាំដាវីឌទៅឯសូល រួចលោកនៅចំពោះទ្រង់ ដូចកាលពីដើមវិញ។
8 សម័យនោះ កើតមានចម្បាំងម្តងទៀត ហើយដាវីឌក៏ចេញទៅច្បាំងនឹងពួកភីលីស្ទីន ប្រហារសម្លាប់ជីវិតគេយ៉ាងសម្បើម គេក៏រត់ពីមុខលោកទៅ។
9 រីឯកាលសូលកំពុងតែគង់ក្នុងដំណាក់ មានទាំងដែកពួយនៅព្រះហស្ត នោះវិញ្ញាណអាក្រក់ដែលមកពីព្រះយេហូវ៉ាក៏សណ្ឋិតលើទ្រង់ ឯដាវីឌ លោកកំពុងតែលេងភ្លេង
10 ស្រាប់តែសូលទ្រង់រកពួយដាវីឌភ្ជាប់នឹងជញ្ជាំង ដោយដែកពួយ ដែលលោកគេចផុតចេញពីចំពោះសូលទាន់ ហើយដែកពួយនោះត្រូវជញ្ជាំងវិញ ដូច្នេះ ដាវីឌក៏រត់រួចនៅយប់នោះឯង
11 ឯសូលទ្រង់ចាត់គេឲ្យទៅឯផ្ទះដាវីឌដើម្បីនឹងចាំយាម ហើយនិងសម្លាប់លោកដល់ព្រឹកឡើង តែមីកាល ជាប្រពន្ធដាវីឌ ប្រាប់លោកថា បើអ្នកមិនរត់ទៅឲ្យរួចជីវិតនៅវេលាយប់នេះទេ នោះស្អែកឡើង អ្នកនឹងត្រូវស្លាប់ហើយ
12 ដូច្នេះ មីកាលបានសម្រូតបញ្ចុះដាវីឌតាមបង្អួចទៅ ហើយលោកក៏រត់ចេញរួច
13 ឯមីកាលនាងយករូប១ទៅផ្តេកនៅលើគ្រែ ហើយយកខ្នើយរោមពពែដាក់កើយក្បាល ព្រមទាំងដណ្តប់ផួយផង
14 លុះកាលសូលទ្រង់ចាត់គេឲ្យទៅចាប់ដាវីឌ នោះនាងប្រាប់ថា លោកឈឺ
15 រួចសូលទ្រង់ចាត់គេ ឲ្យទៅមើលដាវីឌដោយប្រាប់ថា ចូរសែងនាំយកវាទាំងដេកនៅលើគ្រែ មកឲ្យអញបានសម្លាប់ចេញ
16 តែកាលពួកនោះបានទៅដល់ នោះឃើញមានតែរូបផ្តេកនៅគ្រែ ហើយនិងខ្នើយរោមពពែ ដាក់កើយក្បាលទេ
17 ដូច្នេះ សូលទ្រង់សួរមីកាលថា ម្តេចក៏ឯងបញ្ឆោតអញ ហើយទុកឲ្យសត្រូវអញរួចទៅដូច្នេះ មីកាលទូលឆ្លើយថា គាត់បានកំហែងខ្ញុំម្ចាស់ថា ចូរឲ្យអញទៅ ចង់ឲ្យអញសម្លាប់ឯងឬ។
18 រីឯដាវីឌ លោករត់រួចទៅដល់សាំយូអែល នៅឯរ៉ាម៉ា ហើយជម្រាបពីសេចក្ដីទាំងប៉ុន្មាន ដែលសូលបានធ្វើដល់ខ្លួន រួចលោក និងសាំយូអែលក៏នាំគ្នាទៅនៅឯណាយ៉ូត
19 មានគេទូលដល់សូលថា មើល ដាវីឌនៅត្រង់ណាយ៉ូតដែលនៅស្រុករ៉ាម៉ា
20 នោះសូលទ្រង់ក៏ចាត់គេឲ្យទៅចាប់ តែកាលគេឃើញពួកហោរាកំពុងតែទាយ និងសាំយូអែលឈរធ្វើជាមេលើគេ នោះព្រះវិញ្ញាណនៃព្រះ ទ្រង់ក៏មកសណ្ឋិតលើពួកអ្នក ដែលសូលចាត់ឲ្យទៅនោះ ហើយគេក៏ទាយដែរ
21 កាលដំណឹងនោះបានឮទៅដល់សូល នោះទ្រង់ចាត់១ពួកឲ្យទៅទៀត តែអ្នកទាំងនោះក៏ទាយដែរ សូលទ្រង់ចាត់ពួកមនុស្សឲ្យទៅអស់វារៈជាគម្រប់៣ដង តែគេទាយដូចគ្នាទាំងអស់
22 ពេលនោះ ទ្រង់ក៏យាងទៅឯរ៉ាម៉ា ដោយព្រះអង្គទ្រង់វិញ កាលបានដល់ទៅអណ្តូង១នៅត្រង់សេគូវ នោះទ្រង់សួរគេថា តើសាំយូអែល និងដាវីឌនៅឯណា គេឆ្លើយថា លោកនៅឯណាយ៉ូត ក្នុងស្រុករ៉ាម៉ា
23 ទ្រង់ក៏យាងទៅឯណាយ៉ូតស្រុករ៉ាម៉ានោះ ស្រាប់តែព្រះវិញ្ញាណនៃព្រះក៏មកសណ្ឋិតលើទ្រង់ ហើយទ្រង់យាងទៅទាំងទាយបណ្តើររហូតដល់ណាយ៉ូតនៅស្រុករ៉ាម៉ា
24 ទ្រង់ដោះព្រះពស្ត្រចេញ ហើយក៏ទាយនៅមុខសាំយូអែល រួចដេកអាក្រាតនៅដីពេញ១ថ្ងៃ១យប់នោះ ហេតុនោះបានជាគេសួរថា តើសូលជាពួកហោរាដែរឬអី។
ជំពូក 20
1 រីឯដាវីឌ លោករត់ចេញពីណាយ៉ូតនៅស្រុករ៉ាម៉ានោះ ទៅឯយ៉ូណាថានសួរថា តើខ្ញុំបានធ្វើអ្វី ខ្ញុំមានទោសជាយ៉ាងណា ឬបានធ្វើបាបដូចម្តេចខ្លះនៅចំពោះបិតាអ្នក បានជាទ្រង់រកសម្លាប់ខ្ញុំដូច្នេះ
2 យ៉ូណាថានឆ្លើយថា សូមកុំឲ្យបានដូច្នេះឡើយ អ្នកមិនត្រូវស្លាប់ទេ មើល បិតាខ្ញុំមិនដែលធ្វើការអ្វី ទោះធំ ឬតូចក្តី ដែលមិនប្រាប់ដល់ខ្ញុំនោះទេ ចុះមានទំនងអ្វីឲ្យទ្រង់លាក់ការនេះនឹងខ្ញុំវិញ ការនោះមិនត្រូវទេ
3 ប៉ុន្តែ ដាវីឌនិយាយដោយស្បថថា បិតាអ្នកជ្រាបច្បាស់ថា ខ្ញុំជាទីគាប់ចិត្តដល់អ្នកបានជាទ្រង់នឹកថា កុំឲ្យយ៉ូណាថានដឹងឡើយ ក្រែងទាស់ចិត្ត ប៉ុន្តែ ខ្ញុំស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅ ហើយដោយនូវព្រលឹងអ្នកដែលរស់នៅដែរថា ពិតប្រាកដជាខ្ញុំ និងសេចក្ដីស្លាប់ នៅឃ្លាតតែ១ជំហាន ពីគ្នាទេ
4 នោះយ៉ូណាថាននិយាយនឹងដាវីឌថា ការអ្វីដែលចិត្តអ្នកប្រាថ្នាចង់បាន នោះខ្ញុំនឹងសម្រេចឲ្យ
5 ដាវីឌឆ្លើយថា មើល ថ្ងៃស្អែកនេះ ជាថ្ងៃចូលខែហើយ ត្រូវឲ្យខ្ញុំអង្គុយបរិភោគភោជនាហារជាមួយនឹងស្តេចជាមិនខាន តែសូមអនុញ្ញាតឲ្យខ្ញុំទៅពួនលាក់ខ្លួននៅវាល ដរាបដល់ល្ងាចថ្ងៃទី៣វិញ
6 បើបិតាអ្នកសួររកខ្ញុំ នោះសូមទូលថា ដាវីឌបានសូមច្បាប់ទូលបង្គំដោយអស់ពីចិត្ត ដើម្បីនឹងទៅឯបេថ្លេហិម ជាទីក្រុងរបស់គាត់ហើយ ដ្បិតត្រូវកំណត់ដែលពួកញាតិគាត់ទាំងប៉ុន្មានថ្វាយយញ្ញបូជា ដែលតែងថ្វាយក្នុង១ឆ្នាំម្តង
7 បើទ្រង់មានព្រះបន្ទូលយ៉ាងនេះថា អើ ដូច្នេះ ខ្ញុំជាអ្នកបម្រើរបស់អ្នកនឹងបានសេចក្ដីសុខ តែបើសិនជាទ្រង់ក្រោធវិញ នោះត្រូវដឹងថា បានសម្រេចនឹងធ្វើអាក្រក់ដល់ខ្ញុំហើយ
8 ដូច្នេះ សូមប្រព្រឹត្តនឹងខ្ញុំជាបម្រើរបស់អ្នកដោយសប្បុរសផង ដ្បិតអ្នកបាននាំខ្ញុំឲ្យចុះសញ្ញានៃព្រះយេហូវ៉ាជាមួយគ្នាហើយ តែបើមានសេចក្ដីទុច្ចរិតណានៅខ្លួនខ្ញុំវិញ នោះសូមឲ្យអ្នកសម្លាប់ខ្ញុំចុះ ដ្បិតគ្មានទំនងឲ្យអ្នកនាំខ្ញុំទៅឯបិតាអ្នកទេ
9 យ៉ូណាថានឆ្លើយថា សូមឲ្យសេចក្ដីនេះថយឆ្ងាយពីអ្នកទៅ បើសិនជាខ្ញុំដឹងពិតប្រាកដថា បិតាខ្ញុំបានសម្រេចនឹងធ្វើអាក្រក់ដល់អ្នក នោះតើខ្ញុំមិនបានប្រាប់ដល់អ្នកទេឬអី
10 រួចដាវីឌនិយាយនឹងយ៉ូណាថានថា បើបិតាអ្នកឆ្លើយនឹងអ្នកដោយគ្រោតគ្រាត នោះតើអ្នកណានឹងប្រាប់ដល់ខ្ញុំ
11 យ៉ូណាថានឆ្លើយតបថា ចូរយើងចេញទៅឯវាលសិន នោះក៏នាំគ្នាចេញទៅទាំង២នាក់។
12 ដល់ហើយ យ៉ូណាថានមានវាចាថា សូមឲ្យព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល ធ្វើជាសាក្សីចុះ ដល់ស្អែកឡើងពេលថ្មើរនេះ ឬខានស្អែកក្តី កាលណាខ្ញុំបានស្នើការនឹងបិតាខ្ញុំ ហើយឃើញថា មានសេចក្ដីល្អណាសម្រេចដល់អ្នក នោះខ្ញុំនឹងចាត់គេឲ្យមកប្រាប់ដល់អ្នក
13 តែបើសិនជាបិតាខ្ញុំសព្វព្រះទ័យនឹងធ្វើអាក្រក់ដល់អ្នកវិញ ហើយខ្ញុំមិនបានប្រាប់ឲ្យអ្នកដឹង ដើម្បីបើកឲ្យអ្នកទៅដោយសុខសាន្ត នោះសូមព្រះយេហូវ៉ាធ្វើដល់ខ្ញុំយ៉ាងដូច្នោះចុះ ហើយលើសទៅទៀតផង សូមព្រះយេហូវ៉ាគង់ជាមួយនឹងអ្នក ដូចជាទ្រង់បានគង់ជាមួយនឹងបិតាខ្ញុំដែរ
14 ឯខ្លួនខ្ញុំ កំពុងដែលនៅរស់នៅឡើយ នោះសូមឲ្យអ្នកសម្ដែងសេចក្ដីសប្បុរសនៃព្រះយេហូវ៉ាដល់ខ្ញុំ មិនមែនឲ្យតែខ្ញុំរួចស្លាប់ប៉ុណ្ណោះ
15 គឺឲ្យអ្នកចុះកិច្ចសន្យាថា មិនផ្តាច់សេចក្ដីសប្បុរសរបស់អ្នកពីពួកវង្សខ្ញុំ ជារៀងរាបតទៅ ក្នុងកាលដែលព្រះយេហូវ៉ាបានដកពួកខ្មាំងសត្រូវទាំងប៉ុន្មានរបស់អ្នកពីផែនដីចេញនោះផង ។
16 គឺយ៉ាងនោះហើយ ដែលយ៉ូណាថានបានចុះសញ្ញានឹងពួកវង្សរបស់ដាវីឌ ក៏ថែមពាក្យនេះថា បើដាវីឌរំលងបទណា នោះសូមព្រះយេហូវ៉ាទ្រង់នឹងសងការនោះ ដោយសារដៃនៃពួកខ្មាំងសត្រូវរបស់ដាវីឌវិញចុះ។
17 រួចយ៉ូណាថានបានឲ្យដាវីឌស្បថម្តងទៀត ដោយព្រោះសេចក្ដីស្រឡាញ់ដែលលោកមានដល់ដាវីឌ ដ្បិតលោកមានចិត្តស្រឡាញ់ដល់ដាវីឌ ទុកដូចជាខ្លួនលោក
18 យ៉ូណាថានក៏និយាយថា ថ្ងៃស្អែកជាថ្ងៃចូលខែហើយ មុខជាគេនឹងយល់ឃើញថាខ្វះអ្នកដែរ ដោយកៅអីរបស់អ្នកនៅទំនេរ
19 លុះបានផ្អាកនៅអស់៣ថ្ងៃហើយ នោះត្រូវឲ្យអ្នកចុះទៅឯកន្លែងដែលអ្នកបានពួនពីជាន់មុននោះជាប្រញាប់ទៅ គឺត្រូវទៅអែបនៅត្រង់ថ្មដាអេសែល
20 ខ្ញុំនឹងបាញ់ព្រួញ៣ឲ្យត្រូវត្រង់ថ្មដានោះ ធ្វើដូចជាខំបាញ់ឲ្យត្រូវស្នាមអ្វីមួយ
21 រួចខ្ញុំនឹងចាត់ក្មេងជំទង់ម្នាក់ ឲ្យទៅដោយថា ចូរទៅរកព្រួញមក ហើយបើខ្ញុំនិយាយទៅក្មេងនោះថា មើល ព្រួញនៅខាងអាយឯងឯណេះ ចូររើសយកមក នោះខ្ញុំស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់ថា គ្មានហេតុអ្វីនឹងនាំឲ្យអន្តរាយទេ មានតែសេចក្ដីមេត្រីដល់អ្នកប៉ុណ្ណោះ
22 តែបើខ្ញុំនិយាយទៅក្មេងនោះថា មើល ព្រួញនៅខាងនាយឯងឯណោះ នោះត្រូវឲ្យអ្នកអញ្ជើញទៅចុះ ដ្បិតព្រះយេហូវ៉ាទ្រង់បានឲ្យអ្នកទៅហើយ
23 ឯដំណើរដែលយើងបានសម្រេចគ្នា នោះមានព្រះយេហូវ៉ាទ្រង់គង់នៅជាកណ្តាលអ្នក ហើយនិងខ្ញុំ រៀងរាបតទៅស្រាប់ហើយ។
24 ដូច្នេះ ដាវីឌក៏ទៅពួននៅឯទីវាល លុះដល់ថ្ងៃចូលខែហើយ នោះស្តេចទ្រង់ក៏គង់សោយព្រះស្ងោយ
25 ទ្រង់ក៏គង់នៅលើអាសនៈត្រង់ជិតជញ្ជាំង ដូចជាសព្វ១ដង ឯយ៉ូណាថានលោកឈរនៅ ហើយអ័ប៊ីនើរអង្គុយនៅក្បែរសូល តែឯកន្លែងរបស់ដាវីឌនៅជាទំនេរវិញ
26 ប៉ុន្តែ នៅថ្ងៃនោះ សូលទ្រង់មិនបានមានព្រះបន្ទូលអ្វីសោះដោយស្មានថា មានការអ្វីកើតឡើងហើយ ប្រាកដជាវាមិនស្អាតទេ ។
27 លុះស្អែកឡើង ក្រោយថ្ងៃចូលខែ គឺជាថ្ងៃទី២ កន្លែងដាវីឌនៅក៏តែទំនេរទៀត នោះសូលទ្រង់មានព្រះបន្ទូលសួរយ៉ូណាថានជាបុត្រាទ្រង់ថា ហេតុអ្វីបានជាកូនអ៊ីសាយមិនបានមកបរិភោគភោជនាហារ ពីថ្ងៃម្សិលមិញ ហើយថ្ងៃនេះផង
28 យ៉ូណាថានទូលឆ្លើយថា ដាវីឌបានអង្វរ សូមឲ្យទូលបង្គំបើកឲ្យគាត់ទៅឯបេថ្លេហិមហើយ
29 ដោយថា សូមអនុញ្ញាតឲ្យខ្ញុំទៅ ដ្បិតពួកគ្រួរបស់យើងខ្ញុំ គេនាំគ្នាថ្វាយយញ្ញបូជានៅក្នុងទីក្រុង ហើយបងខ្ញុំបានផ្តាំឲ្យខ្ញុំទៅ ដូច្នេះ បើអ្នកអាណិតមេត្តាដល់ខ្ញុំ នោះសូមឲ្យខ្ញុំទៅសួរបងប្អូនខ្ញុំបន្តិច គឺដោយហេតុនោះបានជាគាត់មិនបានមកបរិភោគជាមួយនឹងបិតាទេ។
30 ខណៈនោះ សូលទ្រង់ក៏កើតមានសេចក្ដីខ្ញាល់នឹងយ៉ូណាថាន ហើយបន្ទោសថា នែ អាកូនម្នោម្នះ ហើយរឹងចចេស អញដឹងហើយថា ដែលឯងបានរើសយកកូនអ៊ីសាយនេះ ទុកជាមិត្តសំឡាញ់ នោះនឹងបានជាសេចក្ដីខ្មាសដល់ឯង ហើយជាសេចក្ដីខ្មាសដល់កេរ្តិ៍ខ្មាសរបស់ម្តាយឯងថែមទៀត
31 ដ្បិតដែលកូនអ៊ីសាយនេះរស់នៅផែនដីដរាបណា នោះឯងមិនបានខ្ជាប់ខ្ជួនឡើយ ហើយរាជ្យឯងក៏មិនបានតាំងឡើងដែរ ដូច្នេះ ចូរឲ្យគេទៅនាំយកវាមកឯអញឥឡូវនេះ ដ្បិតវាគួរស្លាប់ហើយ
32 តែយ៉ូណាថានទូលទាស់ថា ហេតុអ្វីបានជាគាត់ត្រូវស្លាប់ តើបានធ្វើអ្វីខ្លះ
33 នោះសូលទ្រង់ពួយដែកពួយទៅ ដើម្បីប្រហារយ៉ូណាថាន ដោយហេតុនោះ លោកក៏បានជ្រាបថា បិតាបានសម្រេចព្រះទ័យនឹងសម្លាប់ដាវីឌហើយ
34 ដូច្នេះ យ៉ូណាថានក៏ក្រោកពីតុឡើង ដោយមានសេចក្ដីកំហឹងជាខ្លាំង ហើយនៅថ្ងៃទី២នោះ លោកមិនបានបរិភោគអ្វីសោះ ដោយមានសេចក្ដីឈឺឆ្អាលចំពោះដាវីឌ ហើយពីព្រោះបិតាបានធ្វើឲ្យមានសេចក្ដីខ្មាសផង។
35 លុះដល់ព្រឹកឡើង យ៉ូណាថានក៏ចេញទៅឯវាលតាមពេលដែលបានសន្យានឹងដាវីឌ ហើយមានក្មេងម្នាក់ទៅជាមួយផង
36 លោកក៏ប្រាប់ដល់ក្មេងនោះថា ចូរឯងរត់ទៅយកព្រួញដែលអញនឹងបាញ់ឥឡូវនេះមក កាលក្មេងនោះកំពុងរត់ទៅ នោះលោកបាញ់ព្រួញ១ទៅខាងនាយវា
37 តែកាលក្មេងបានរត់ទៅដល់កន្លែង ដែលព្រួញធ្លាក់ នោះយ៉ូណាថានស្រែកទៅតាមថា នៅខាងនាយឯងឯណោះ
38 រួចយ៉ូណាថានក៏ស្រែកទៅតាមវាម្តងទៀតថា ឲ្យឆាប់ៗ ប្រញាប់ឡើង កុំឲ្យឈប់ឡើយ ដូច្នេះ ក្មេងនោះក៏រើសព្រួញ រួចត្រឡប់មកឯចៅហ្វាយវិញ
39 តែឥតបានដឹងការអ្វីឡើយ មានតែយ៉ូណាថាន ហើយនិងដាវីឌប៉ុណ្ណោះ ដែលដឹងការនោះ
40 រួចយ៉ូណាថានលោកប្រគល់គ្រឿងបាញ់ទៅក្មេង ដោយប្រាប់ថា ចូរយកទៅក្នុងទីក្រុងចុះ
41 កាលបានទៅផុតហើយ នោះដាវីឌក្រោកឡើងពីទីខាងត្បូងនោះ មកក្រាបផ្កាប់មុខនឹងដីអស់៣ដង រួចក៏ឱបគ្នាថើបដោយយំទាំង២នាក់ ទាល់តែដាវីឌបានហូរទឹកភ្នែកខ្លាំងជាង
42 នោះយ៉ូណាថានមានប្រសាសន៍ដល់ដាវីឌថា អញ្ជើញអ្នកទៅឲ្យប្រកបដោយសេចក្ដីសុខចុះ ដ្បិតយើងទាំង២នាក់បានស្បថគ្នា ដោយនូវព្រះនាមព្រះយេហូវ៉ាហើយ ថា ព្រះយេហូវ៉ាទ្រង់នឹងគង់កណ្តាលខ្ញុំ ហើយនិងអ្នក ហើយកណ្តាលពូជខ្ញុំ និងពូជរបស់អ្នកជាដរាបតទៅ នោះដាវីឌក៏ក្រោកឡើងចេញទៅ ឯយ៉ូណាថានលោកក៏ត្រឡប់វិលចូលទៅក្នុងទីក្រុងវិញ។
ជំពូក 21
1 ដាវីឌក៏ទៅឯអ័ហ៊ីម៉ាលេកដ៏ជាសង្ឃ នៅត្រង់ណូប ឯអ័ហ៊ីម៉ាលេក ក៏ចេញមកទទួលទាំងភ័យញ័រ ហើយសួរថា ហេតុអ្វីបានជាលោកអញ្ជើញមកតែម្នាក់ឯង ឥតមានអ្នកណាមកជាមួយផងដូច្នេះ
2 ដាវីឌឆ្លើយថា ស្តេចទ្រង់បានបង្គាប់ការមកខ្ញុំ ដោយថា កុំឲ្យអ្នកណាដឹងអ្វីពីដំណើរដែលអញចាត់ឯងឲ្យទៅធ្វើនោះ ឬពីសេចក្ដីដែលអញបានបង្គាប់ដល់ឯងឡើយ ឯខ្ញុំបានតម្រូវឲ្យពួកកំលោះៗនៅចាំត្រង់កន្លែង១នោះ
3 ដូច្នេះ តើមានអ្វីខ្លះនៅក្នុងបន្ទុកលោកដែរ សូមឲ្យនំបុ័ង៥ដុំដែលនៅក្នុងបន្ទុកលោកនោះមកខ្ញុំ ឬរបស់អ្វីក៏ដោយដែលលោកមានផង
4 សង្ឃឆ្លើយតបថា ខ្ញុំគ្មាននំបុ័ងធម្មតានៅក្នុងបន្ទុករបស់ខ្ញុំទេ មានតែនំបុ័ងបរិសុទ្ធប៉ុណ្ណោះ បើពួកកំលោះនោះបានតមតែស្រីប៉ុណ្ណោះ នោះបានហើយ
5 រួចដាវីឌឆ្លើយកាត់ថា នេះគឺគេបានបង្អត់យើងជាស្រេច តាំងតែពីខ្ញុំចេញធ្វើដំណើរបាន៣ថ្ងៃមកហើយ បានជាពួកខ្ញុំ បានបរិសុទ្ធទាំងអស់គ្នាទេ ឯនំបុ័ងនេះក៏ជានំបុ័ងធម្មតាម្យ៉ាងដែរ ទោះបើបានញែកជាបរិសុទ្ធក្នុងចាននៅថ្ងៃនេះឯងក៏ដោយ
6 ដូច្នេះ សង្ឃក៏ឲ្យនំបុ័ងបរិសុទ្ធទៅលោក ដ្បិតនៅទីនោះ គ្មាននំបុ័ងណាផ្សេងទៀតឡើយ មានតែនំបុ័ងតាំងទុកប៉ុណ្ណោះ គឺជានំបុ័ងដែលបានយកចេញពីចំពោះព្រះយេហូវ៉ាមក ដើម្បីនឹងដាក់នំបុ័ងក្តៅ នៅថ្ងៃដែលគេយកនំបុ័ងចាស់នោះចេញ។
7 នៅថ្ងៃនោះឯង ក៏មានពួកអភិបាលម្នាក់របស់សូលនៅទីនោះ ត្រូវឃាត់ទុកនៅចំពោះព្រះយេហូវ៉ា គាត់នោះឈ្មោះដូអេក ជាសាសន៍អេដុម ធ្វើជាមេតម្រួួតលើពួកគង្វាលសត្វរបស់សូល
8 ឯដាវីឌក៏សួរអ័ហ៊ីម៉ាលេកថា នៅទីនេះមានលំពែង ឬដាវ ក្នុងបន្ទុកលោកឬទេ ដ្បិតខ្ញុំមិនបានជាប់ដាវឬគ្រឿងសស្ត្រាវុធមកជាមួយទេ ពីព្រោះការរបស់ស្តេចនេះ ជាការប្រញាប់ណាស់
9 សង្ឃឆ្លើយថា មានតែដាវរបស់កូលីយ៉ាត ជាសាសន៍ភីលីស្ទីនដែលលោកបានសម្លាប់ នៅក្នុងច្រកភ្នំអេឡាប៉ុណ្ណោះ បានរុំនឹងសំពត់ ដាក់នៅខាងក្រោយអេផូឌ បើលោកត្រូវការ សូមយកចុះ ដ្បិតគ្មានអ្វីទៀតនៅទីនេះទេ នោះដាវីឌឆ្លើយថា គ្មានដាវណាដូចដាវនោះទេ ដូច្នេះ សូមឲ្យមកខ្ញុំចុះ។
10 នៅថ្ងៃនោះឯង ដាវីឌក៏ចេញរត់ទៅឯអ័គីស ជាស្តេចក្រុងកាថ ដោយខ្លាចសូល
11 នោះពួកមហាតលិករបស់អ័គីសទូលថា អ្នកនេះតើមិនមែនជាដាវីឌ ជាស្តេចនៃស្រុកនោះទេឬអី តើគេមិនបានច្រៀងឆ្លើយឆ្លងគ្នាពីដំណើរអ្នកនេះ ទាំងលោតកញ្ឆេងផងថា សូលបានសម្លាប់ទាំងពាន់ ហើយដាវីឌទាំងម៉ឺនទេឬអី
12 ដាវីឌក៏កំណត់ទុកពាក្យទាំងនោះនៅតែក្នុងចិត្ត ហើយមានសេចក្ដីភ័យដោយព្រោះអ័គីសជាស្តេចក្រុងកាថ ជាខ្លាំង
13 ដូច្នេះ លោកផ្លាស់ភាពប្រព្រឹត្តនៅមុខគេ ទាំងក្លែងធ្វើជាឆ្កួតនៅកណ្តាលពួកគេ គឺធ្វើជាគូរវាសនៅនាទ្វារហើយបង្ហៀរទឹកមាត់លើពុកចង្កា
14 នោះអ័គីសមានព្រះបន្ទូលទៅពួកមហាតលិកថា មើល ឯងរាល់គ្នាឃើញថា មនុស្សនេះឆ្កួតដែរ ម្តេចក៏នាំវាមកឯអញធ្វើអី
15 តើអញខ្វះមនុស្សឆ្កួតឬអី បានជាឯងរាល់គ្នានាំអានេះមកឲ្យឆ្កួតនៅចំពោះមុខអញទៀត តើគួរឲ្យវាចូលមកក្នុងដំណាក់អញឬអី។
ជំពូក 22
1 ដូច្នេះ ដាវីឌក៏ចេញពីទីនោះ ភៀសខ្លួនទៅឯរអាងអាឌូឡាម កាលពួកបងប្អូន និងពួកគ្រួរបស់ឪពុកលោកទាំងប៉ុន្មានបានដឹង នោះគេក៏នាំគ្នាចុះទៅឯលោកនៅទីនោះដែរ
2 ហើយអស់អ្នកណាដែលមានសេចក្ដីវេទនា និងអស់អ្នកណាដែលជាប់បំណុល ហើយនិងអស់អ្នកណាដែលមានសេចក្ដីជូរជ្រេញក្នុងចិត្ត គេក៏ទៅមូលជុំគ្នានៅឯលោក មានចំនួនប្រហែលជា៤០០នាក់នៅជាមួយនឹងលោក ហើយលោកធ្វើជាមេលើគេ។
3 ពីទីនោះ ដាវីឌក៏ចេញទៅឯមីសប៉ា នៅស្រុកម៉ូអាប់ លោកទូលសូមស្តេចម៉ូអាប់ថា សូមទ្រង់អនុញ្ញាតឲ្យឪពុកម្តាយរបស់ទូលបង្គំមកនៅអាស្រ័យនឹងទ្រង់ផង ដរាបដល់ទូលបង្គំបានដឹងជាព្រះទ្រង់នឹងប្រព្រឹត្តដល់ទូលបង្គំជាយ៉ាងណា
4 លោកក៏នាំយកឪពុកម្តាយទៅគាល់នៅចំពោះស្តេចម៉ូអាប់ រួចគេអាស្រ័យនៅជាមួយនឹងទ្រង់ អស់កំណត់ពេលដែលដាវីឌនៅក្នុងទីពំនួន
5 ឯហោរាកាឌ់ក៏ជម្រាបលោកថា កុំឲ្យនៅក្នុងទីពំនួននេះឡើយ សូមទៅឯស្រុកយូដាវិញទៅ នោះដាវីឌក៏ចេញទៅអាស្រ័យនៅឯព្រៃហោរេក។
6 ឯសូល ទ្រង់ក៏ឮថា មានគេបានឃើញដាវីឌ និងពួកមនុស្សដែលនៅជាមួយនឹងលោក គ្រានោះ សូលទ្រង់កំពុងគង់នៅក្រោមដើមម៉ៃសាក់ ត្រង់គីបៀរនៅស្រុករ៉ាម៉ា មានទាំងលំពែងនៅព្រះហស្ត ហើយពួកមហាតលិកទ្រង់ឈរព័ទ្ធជុំវិញផង
7 ទ្រង់មានព្រះបន្ទូលទៅពួកមហាតលិក ដែលឈរជុំវិញនោះថា នែ ពួកបេនយ៉ាមីនអើយ ចូរស្តាប់អញ តើកូនអ៊ីសាយនោះនឹងចែកស្រែចម្ការឲ្យដល់ឯងគ្រប់គ្នាឬ តើវានឹងតាំងឯងទាំងអស់ឲ្យធ្វើជាមេទ័ពលើ១ពាន់នាក់ ហើយលើ១០០នាក់ឬអី
8 បានជាឯងទាំងអស់គ្នាបានរួមគំនិតគិតក្បត់អញដូច្នេះ ហើយគ្មានអ្នកណាមួយប្រាប់ឲ្យអញដឹង ក្នុងកាលដែលកូនអញបានចុះសញ្ញានឹងកូនអ៊ីសាយនោះ ក៏គ្មានអ្នកណាមួយក្នុងពួកឯងដែលឈឺឆ្អាលនឹងអញសោះ ឬបង្ហាញឲ្យដឹង ជាកូនអញបានពន្យុះអ្នកបម្រើរបស់អញ ឲ្យលបចាំទាស់នឹងអញ ដូចជាសព្វថ្ងៃនេះផង
9 នោះដូអេក ជាសាសន៍អេដុម ដែលឈរជិតពួកមហាតលិករបស់សូល ក៏ទូលឆ្លើយឡើងថា ទូលបង្គំបានឃើញកូនអ៊ីសាយមកឯអ័ហ៊ីម៉ាលេក ជាកូនអ័ហ៊ីទូប នៅត្រង់ណូប
10 ហើយលោកបានទូលសួរដល់ព្រះយេហូវ៉ាឲ្យវា ក៏បានឲ្យអាហារ និងដាវរបស់កូលីយ៉ាតជាសាសន៍ភីលីស្ទីនទៅវាផង។
11 នោះស្តេចក៏ចាត់គេឲ្យទៅនាំអ័ហ៊ីម៉ាលេក ជាសង្ឃដែលជាកូនអ័ហ៊ីទូប និងពួកគ្រួឪពុកលោកទាំងអស់ដែលនៅត្រង់ណូបមក គេក៏មកឯស្តេចទាំងអស់គ្នា
12 រួចសូលមានព្រះបន្ទូលទៅគេថា ចូរស្តាប់ចុះ កូនអ័ហ៊ីទូបឯង លោកក៏ទូលឆ្លើយថា ព្រះករុណាវិសេសព្រះបពិត្រ
13 រួចសូលទ្រង់សួរថា ហេតុអ្វីបានជាឯង និងកូនអ៊ីសាយបានរួមគំនិតទាស់នឹងអញដូច្នេះ ដោយឯងបានឲ្យអាហារ និងដាវដល់វា មកលបចាំទាស់នឹងអញ ដូចជាសព្វថ្ងៃនេះ
14 អ័ហ៊ីម៉ាលេកទូលឆ្លើយថា នៅក្នុងពួកមហាតលិកទ្រង់ទាំងប៉ុន្មាន តើមានអ្នកឯណាដែលស្មោះត្រង់ដូចដាវីឌ ជាកូនប្រសាទ្រង់ ដែលស្តាប់បង្គាប់ទ្រង់ ហើយក៏មានកេរ្តិ៍ឈ្មោះក្នុងដំណាក់ទ្រង់ផងនោះ
15 ដូច្នេះ នៅថ្ងៃនេះ ដែលទូលបង្គំបានទូលសួរដល់ព្រះ នោះតើបានទូលសួរឲ្យលោកឬអី សូមឲ្យសេចក្ដីនោះនៅឆ្ងាយពីទូលបង្គំទៅ កុំឲ្យទ្រង់ព្រះករុណាប្រចាប់ទូលបង្គំ ជាបាវបម្រើរបស់ទ្រង់ ឬអ្នកណាមួយក្នុងពួកគ្រួឪពុកទូលបង្គំដូច្នេះឡើយ ដ្បិតទូលបង្គំ ជាបាវបម្រើទ្រង់ មិនបានដឹងអ្វីពីរឿងទាំងនេះ ទោះច្រើន ឬតិចនោះទេ
16 តែស្តេចទ្រង់មានព្រះបន្ទូលថា អ័ហ៊ីម៉ាលេកឯងត្រូវស្លាប់ជាពិតប្រាកដ គឺឯង ហើយនិងពួកគ្រួឪពុកឯងទាំងអស់គ្នាផង
17 រួចស្តេចក៏បង្គាប់ដល់ពួកតម្រួួតដែលឈរនៅជុំវិញថា ចូរឯងរាល់គ្នាសម្លាប់ពួកសង្ឃរបស់ព្រះយេហូវ៉ាចោលទៅ ពីព្រោះគេបានចូលដៃនឹងដាវីឌហើយ គេបានដឹងថាវារត់ តែមិនបានប្រាប់ដល់អញសោះ តែពួកតម្រួួតរបស់ស្តេច គេមិនព្រមលើកដៃទៅសម្លាប់ពួកសង្ឃនៃព្រះយេហូវ៉ាឡើយ
18 នោះស្តេចទ្រង់បង្គាប់ដល់ដូអេកថា ចូរឯងទៅសម្លាប់ពួកសង្ឃទៅ ដូច្នេះ ដូអេក ជាសាសន៍អេដុម ក៏ស្ទុះទៅលើពួកសង្ឃសម្លាប់ស្លាប់អស់៨៥នាក់នៅថ្ងៃនោះ សុទ្ធតែជាអ្នកពាក់អេផូឌធ្វើពីអំបោះខ្លូតទេស
19 ឯក្រុងណូបជាទីក្រុងរបស់ពួកសង្ឃនោះ វាក៏ប្រហារដោយមុខដាវដែរ គឺទាំងប្រុស ទាំងស្រី ទាំងក្មេង និងកូនដែលនៅបៅ ទាំងគោ ទាំងលា ហើយនិងចៀមផង។
20 តែមានម្នាក់ឈ្មោះអ័បៀថើរ ជាកូនអ័ហ៊ីម៉ាលេកដែលជាកូនអ័ហ៊ីទូប បានរត់រួចទៅដល់ដាវីឌ
21 ជម្រាបពីដំណើរដែលសូលបានសម្លាប់ពួកសង្ឃនៃព្រះយេហូវ៉ាអស់ហើយ
22 នោះដាវីឌមានប្រសាសន៍ទៅអ័បៀថើរថា នៅថ្ងៃនោះ កាលខ្ញុំឃើញដូអេក ជាសាសន៍អេដុម នៅទីនោះ ខ្ញុំបានដឹងថា វានឹងទូលពិតដល់សូលជាមិនខាន ដំណើរនេះ ខ្ញុំបាននាំឲ្យពួកគ្រួឪពុកអ្នកត្រូវស្លាប់ទាំងអស់គ្នាហើយ
23 ដូច្នេះ ចូរអ្នកនៅជាមួយនឹងខ្ញុំចុះ កុំភ័យខ្លាចឡើយ ដ្បិតអ្នកដែលស្វែងរកជីវិតខ្ញុំ ក៏រកជីវិតអ្នកដែរ តែនៅជាមួយនឹងខ្ញុំនេះ អ្នកនឹងបានសេចក្ដីសុខវិញ។
ជំពូក 23
1 គ្រានោះ មានគេមកជម្រាបដាវីឌថា ឥឡូវពួកភីលីស្ទីន គេមកច្បាំងនឹងក្រុងកៃឡា គេកំពុងតែប្លន់យកស្រូវពីលានទាំងប៉ុន្មានហើយ
2 ដូច្នេះ ដាវីឌក៏ទូលសួរព្រះយេហូវ៉ាថា តើត្រូវឲ្យទូលបង្គំទៅវាយពួកភីលីស្ទីននោះឬទេ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលឆ្លើយថា ចូរទៅវាយពួកភីលីស្ទីន ហើយជួយសង្គ្រោះពួកកៃឡាចុះ
3 តែពួកមនុស្សរបស់ដាវីឌ គេនិយាយឡើងថា មើល នៅក្នុងស្រុកយូដានេះ យើងមានសេចក្ដីភ័យខ្លាចទៅហើយ ចំណង់បើយើងទៅដល់កៃឡា ទាស់នឹងពួកពលទ័ពនៃសាសន៍ភីលីស្ទីន នោះតើនឹងភ័យជាជាងអម្បាលម៉ានទៅទៀត
4 ដាវីឌក៏ទូលសួរដល់ព្រះយេហូវ៉ាម្តងទៀត ហើយទ្រង់មានព្រះបន្ទូលឆ្លើយថា ចូររៀបចំចុះទៅឯកៃឡាចុះ ដ្បិតអញនឹងប្រគល់ពួកភីលីស្ទីននោះ មកក្នុងកណ្តាប់ដៃឯងហើយ
5 នោះដាវីឌ និងពួកលោក ក៏ទៅឯកៃឡា ច្បាំងនឹងពួកភីលីស្ទីន ហើយចាប់យកបានហ្វូងសត្វរបស់គេ ព្រមទាំងប្រហារសម្លាប់គេយ៉ាងសម្បើម គឺយ៉ាងនោះហើយដែលដាវីឌបានជួយសង្គ្រោះដល់ពួកអ្នកនៅកៃឡា
6 រីឯកាលអ័បៀថើរ ជាកូនអ័ហ៊ីម៉ាលេក បានរត់ទៅឯដាវីឌនៅត្រង់កៃឡា នោះលោកក៏យកអេផូឌ១ជាប់ទៅជាមួយដែរ។
7 មានគេទូលដល់សូលថា ដាវីឌបានចូលទៅក្នុងក្រុងកៃឡាហើយ ដូច្នេះ សូលមានព្រះបន្ទូលថា ព្រះទ្រង់បានប្រគល់វាមកក្នុងកណ្តាប់ដៃអញ ដ្បិតវាទាល់ផ្លូវរួចហើយ ដោយចូលទៅក្នុងទីក្រុងដែលមានទ្វារ និងរនុកផង
8 រួចសូលទ្រង់ក៏ហៅបណ្តាទ័ពទាំងឡាយឲ្យប្រជុំគ្នាធ្វើចម្បាំង ដើម្បីនឹងចុះទៅឡោមព័ទ្ធចាប់ដាវីឌ ហើយនិងពួកលោកនៅកៃឡានោះ
9 ឯដាវីឌក៏ជ្រាបថា សូលគិតការអាក្រក់ទាស់នឹងខ្លួនដែរ បានជាលោកជម្រាបដល់អ័បៀថើរដ៏ជាសង្ឃថា សូមយកអេផូឌមក
10 រួចដាវីឌទូលថា ឱព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែលអើយ ទូលបង្គំជាបាវបម្រើទ្រង់ បានឮប្រាកដថា សូលចង់មកដល់កៃឡា ដើម្បីនឹងរំលាងបំផ្លាញក្រុងនេះ ដោយព្រោះទូលបង្គំហើយ
11 ដូច្នេះ តើពួកមនុស្សនៅកៃឡានេះ នឹងប្រគល់ទូលបង្គំទៅក្នុងកណ្តាប់ដៃសូលឬអី តើសូលនឹងចុះមកតាម ដូចជាទូលបង្គំជាបាវទ្រង់បានឮនោះឬអី ឱព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែលអើយ សូមទ្រង់ប្រាប់ឲ្យទូលបង្គំជាបាវបានដឹងផង នោះព្រះយេហូវ៉ាទ្រង់ឆ្លើយថា នឹងចុះមកមែន
12 រួចដាវីឌទូលសួរថា តើពួកកៃឡានឹងប្រគល់ទូលបង្គំ ហើយនិងពួកទូលបង្គំនេះ ទៅក្នុងកណ្តាប់ដៃនៃសូលដែរឬអី នោះព្រះយេហូវ៉ាទ្រង់ឆ្លើយថា គេនឹងប្រគល់ឯងទៅមែន
13 ដូច្នេះ ដាវីឌ ហើយនិងពួកលោកដែលមានចំនួនប្រហែលជា៦០០នាក់ គេក៏ឡើងចេញពីកៃឡា ទៅឯកន្លែង១ទៀត ហើយមានគេទូលដល់សូលថា ដាវីឌបានរត់ពីកៃឡាទៅបាត់ហើយ នោះទ្រង់ក៏លែងគិតទៅ។
14 ឯដាវីឌ លោកអាស្រ័យនៅទីពំនួនក្នុងទីរហោស្ថាន ក៏នៅតែក្នុងស្រុកភ្នំនៃទីរហោស្ថានស៊ីភនោះ ចំណែកសូល ទ្រង់ចេះតែរកលោករាល់តែថ្ងៃជានិច្ច តែព្រះទ្រង់មិនប្រគល់លោកទៅក្នុងកណ្តាប់ដៃនៃស្តេចឡើយ។
15 ដាវីឌក៏ឃើញថា សូលទ្រង់បានចេញមករកជីវិតខ្លួនដែរ បានជាលោកនៅជាប់តែក្នុងព្រៃ នៅទីរហោស្ថានស៊ីភនោះ
16 ឯយ៉ូណាថាន ជាបុត្រាសូល ក៏ចេញទៅឯដាវីឌនៅក្នុងព្រៃ ជួយចម្រើនឲ្យមានសេចក្ដីសង្ឃឹមក្នុងព្រះឡើង
17 លោកមានប្រសាសន៍ថា កុំឲ្យខ្លាចឡើយ ដ្បិតដៃរបស់បិតាខ្ញុំនឹងរាវរកអ្នកមិនឃើញទេ អ្នកនឹងបានធ្វើជាស្តេចលើសាសន៍អ៊ីស្រាអែល ហើយខ្ញុំបាននឹងជាបន្ទាប់របស់អ្នកដំណើរនេះ បិតាខ្ញុំក៏បានជ្រាបដែរ
18 នោះអ្នកទាំង២ក៏ចុះសញ្ញាគ្នានៅចំពោះព្រះយេហូវ៉ា រួចដាវីឌក៏នៅតែក្នុងព្រៃនោះទៅ តែយ៉ូណាថាន លោកវិលទៅឯលំនៅរបស់លោកវិញ។
19 គ្រានោះ ពួកស្រុកស៊ីភឡើងទៅឯសូលនៅត្រង់គីបៀរ ទូលថា ដាវីឌបានពួននៅស្រុកយើងខ្ញុំ ក្នុងទីពំនួននៃភ្នំហាគីឡាដែលនៅត្រង់ព្រៃ ខាងត្បូងទីរហោស្ថាន
20 ដូច្នេះ បពិត្រព្រះករុណា សូមទ្រង់យាងចុះទៅ ដូចជាទ្រង់សព្វព្រះហឫទ័យចង់ទៅស្រាប់ ឯត្រង់ការចាប់បញ្ជូនវាមកក្នុងព្រះហស្តទ្រង់ នោះស្រេចនៅយើងខ្ញុំចុះ
21 សូលឆ្លើយថា សូមព្រះយេហូវ៉ាប្រទានពរដល់អ្នករាល់គ្នា ដោយព្រោះមានសេចក្ដីឈឺឆ្អាលនឹងយើង
22 ដូច្នេះ សូមឲ្យអ្នករាល់គ្នាទៅស៊ើបសួររកឲ្យប្រាកដច្បាស់ជាងនេះទៅទៀត ដើម្បីឲ្យបានដឹង ហើយឃើញពិត ដែលវានៅត្រង់ណា ហើយអ្នកណាមួយដែលបានឃើញវានៅទីនោះផង ដ្បិតគេប្រាប់យើងថា វាឆ្លាតណាស់
23 ដូច្នេះ ចូរទៅមើលឲ្យដឹងគ្រប់កន្លែងណាដែលវាធ្លាប់ពួននៅ រួចត្រឡប់មកប្រាប់យើងវិញឲ្យពិតប្រាកដ នោះយើងនឹងចេញទៅជាមួយនឹងអ្នករាល់គ្នា ហើយបើវានៅក្នុងស្រុក នោះយើងនឹងជ្រាវរកវាក្នុងពួកយូដាទាំងពាន់ៗ ទាល់តែឃើញ។
24 គេក៏ក្រោកឡើង ទៅឯស្រុកស៊ីភមុនសូល តែដាវីឌ និងពួកលោកនៅក្នុងទីរហោស្ថានម៉ាអូន ដែលនៅស្រុកវាលខាងត្បូងទីរហោស្ថាននោះវិញ
25 ឯសូល និងពួកទ្រង់ក៏ទៅរក ហើយមានគេមកជម្រាបដល់ដាវីឌ ដូច្នេះ លោកចុះទៅឯថ្មដា អាស្រ័យនៅក្នុងទីរហោស្ថានម៉ាអូន លុះកាលសូលបានជ្រាប នោះក៏ដេញតាមលោក ទៅក្នុងទីរហោស្ថានម៉ាអូននោះដែរ
26 សូលបានយាងនៅខាងភ្នំម្ខាង ហើយដាវីឌ និងពួកលោកនៅខាងភ្នំម្ខាង ដាវីឌក៏ប្រញាប់នឹងរត់ចេញទៅ ដោយខ្លាចសូល ដ្បិតសូល ហើយនិងពួកទ្រង់ គេឡោមព័ទ្ធលោក និងពួកលោកទាំងប៉ុន្មាន ដោយប៉ងនឹងចាប់ខ្លួន
27 ខណៈនោះ មានអ្នកនាំដំណឹងមក ទូលដល់សូលថា សូមទ្រង់យាងទៅជាប្រញាប់ ដ្បិតពួកភីលីស្ទីនបានចូលលុកលុយក្នុងស្រុកហើយ
28 នោះសូលទ្រង់ក៏លែងដេញតាមដាវីឌ ត្រឡប់វិលទៅច្បាំងនឹងពួកភីលីស្ទីនវិញ ហេតុនោះបានជាគេហៅទីនោះថា សេឡា-ហាម៉ាលេកុត
29 រួចដាវីឌក៏ចាកចេញពីទីនោះ ទៅអាស្រ័យនៅក្នុងទីពំនួនទាំងប៉ុន្មានដែលនៅស្រុកអេន-កេឌីវិញ។
ជំពូក 24
1 កាលសូលទ្រង់បានត្រឡប់ពីដេញតាមពួកភីលីស្ទីនមកវិញ នោះមានគេទូលទ្រង់ថា ឥឡូវនេះ ដាវីឌនៅត្រង់ទីរហោស្ថានអេន-កេឌី
2 ដូច្នេះ សូលទ្រង់ក៏យកមនុស្សដែលជ្រើសរើសពីក្នុងពួកអ៊ីស្រាអែលទាំងប៉ុន្មាន មានចំនួន៣ពាន់នាក់ ចេញទៅរកដាវីឌ និងពួកលោកនៅលើភ្នំថ្មពពែព្រៃ
3 ក៏យាងមកដល់ក្រោលចៀម ដែលនៅតាមផ្លូវ ជាកន្លែងដែលមានរអាង១ ហើយទ្រង់ចូលទៅផ្ទំនៅក្នុងរអាងនោះ រីឯដាវីឌ និងពួកលោក គេនៅក្នុងទីជ្រៅនៃរអាងនោះដែរ
4 ខណៈនោះ ពួកខាងដាវីឌជម្រាបថា មើល នេះហើយជាថ្ងៃដែលព្រះយេហូវ៉ាទ្រង់បានមានព្រះបន្ទូលនឹងលោកថា ទ្រង់នឹងប្រគល់ពួកខ្មាំងសត្រូវមកក្នុងកណ្តាប់ដៃនៃលោក នោះលោកនឹងធ្វើសម្រេចតាមតែចិត្តបាន ដូច្នេះ ដាវីឌក៏ក្រោកឡើង លបចូលទៅថ្នមៗ កាត់ផ្តាច់ជាយព្រះពស្ត្ររបស់សូលចេញ
5 តែបន្ទាប់នោះមក នោះដាវីឌក៏មានសេចក្ដីឈឺចិត្តស្តាយដោយព្រោះបានកាត់ជាយព្រះពស្ត្ររបស់សូល
6 រួចនិយាយនឹងពួកខ្លួនថា សូមព្រះយេហូវ៉ាទ្រង់ឃាត់កុំឲ្យខ្ញុំប្រព្រឹត្តដូច្នេះដល់ចៅហ្វាយរបស់ខ្ញុំ ដែលទ្រង់បានចាក់ប្រេងតាំងឲ្យ គឺដែលខ្ញុំនឹងលើកដៃទាស់នឹងទ្រង់ឡើយ ដ្បិតព្រះយេហូវ៉ាបានចាក់ប្រេងតាំងទ្រង់ហើយ
7 គឺដោយពាក្យយ៉ាងនោះឯង ដែលដាវីឌបានឃាត់ពួកខ្លួន មិនឲ្យគេលើកគ្នាទាស់នឹងសូលឡើយ រួចមកសូលក្រោកឡើងចេញពីរអាងយាងតាមផ្លូវទ្រង់ទៅ។
8 ឯដាវីឌក៏ក្រោកឡើងចេញពីរអាងតាមក្រោយស្រែកទូលដល់សូលថា បពិត្រព្រះរាជា ជាម្ចាស់នៃទូលបង្គំអើយ រួចកាលសូលបែរទតមកក្រោយ នោះដាវីឌក៏ក្រាបចុះផ្កាប់មុខដល់ដីថ្វាយបង្គំទូលថា
9 ហេតុអ្វីបានជាទ្រង់ស្តាប់តាមពាក្យរបស់មនុស្សដែលថា ដាវីឌរកធ្វើឲ្យវិនាសដល់ទ្រង់ដូច្នេះ
10 មើល ថ្ងៃនេះឯង ព្រះនេត្រទ្រង់ឃើញជាយ៉ាងណាហើយ ដែលព្រះយេហូវ៉ាបានប្រគល់ទ្រង់មកក្នុងកណ្តាប់ដៃនៃទូលបង្គំ នៅក្នុងរអាងភ្នំនេះក៏មានអ្នកខ្លះប្រាប់ឲ្យទូលបង្គំសម្លាប់ទ្រង់ចោល តែទូលបង្គំបានប្រណីដល់ទ្រង់វិញ ដោយថាទូលបង្គំមិនព្រមលើកដៃទាស់នឹងចៅហ្វាយនៃទូលបង្គំទេ ដ្បិតព្រះយេហូវ៉ាបានចាក់ប្រេងតាំងទ្រង់ហើយ
11 មួយទៀត បពិត្រព្រះបិតាអើយ សូមទតមើលមកនេះ នេះនែ ជាយព្រះពស្ត្ររបស់ទ្រង់នៅក្នុងដៃទូលបង្គំឯណេះ ដូច្នេះ ដោយព្រោះទូលបង្គំបានគ្រាន់តែកាត់ជាយព្រះពស្ត្រទ្រង់ តែមិនបានសម្លាប់ទ្រង់ទេ នោះសូមពិចារណា ហើយជ្រាបថា គ្មានសេចក្ដីអាក្រក់ណា ឬការក្បត់ណានៅដៃទូលបង្គំឡើយ ទូលបង្គំក៏មិនបានធ្វើបាបដល់ទ្រង់ដែរ ទោះបើទ្រង់លបចង់ចាប់យកជីវិតទូលបង្គំក៏ដោយ
12 ដូច្នេះ សូមឲ្យព្រះយេហូវ៉ាទ្រង់ជំនុំជម្រះរឿងយើងខ្ញុំទាំង២ចុះ ហើយសូមឲ្យព្រះយេហូវ៉ាសងសឹកនឹងទ្រង់ជំនួសទូលបង្គំផង តែទូលបង្គំមិនព្រមលូកដៃទៅដាក់លើទ្រង់ឡើយ
13 ដូចជាមានពាក្យសុភាសិតពីបូរាណថា «មនុស្សកំណាចតែងបញ្ចេញសុទ្ធតែសេចក្ដីកំណាច» ប៉ុន្តែ ទូលបង្គំមិនព្រមលូកដៃទៅដាក់លើទ្រង់ឡើយ
14 តើស្តេចនៃសាសន៍អ៊ីស្រាអែលបានចេញមករកអ្នកណា តើទ្រង់ដេញតាមអ្នកណា គឺតាមតែឆ្កែស្លាប់ ឬជាចៃវិញទេតើ
15 ដូច្នេះ សូមឲ្យព្រះយេហូវ៉ាធ្វើជាចៅក្រម ជំនុំជម្រះរឿងរបស់យើងខ្ញុំទាំង២នេះចុះ សូមទ្រង់ទតមើល ព្រមទាំងជួយដោះសាទូលបង្គំ ហើយជួយឲ្យទូលបង្គំរួចពីកណ្តាប់ព្រះហស្តនៃស្តេចផង។
16 លុះកាលដាវីឌបានទូលសេចក្ដីទាំងនេះរួចហើយ នោះសូលទ្រង់សួរថា ឱដាវីឌកូនអើយ នេះជាសំឡេងឯងឬអី រួចទ្រង់ក៏ឡើងសំឡេងយំ
17 ហើយមានព្រះបន្ទូលថា ឯងសុចរិតជាងអញ ដ្បិតអញបានធ្វើការអាក្រក់ដល់ឯង តែឯងបានស្នងការល្អដល់អញវិញ
18 នៅថ្ងៃនេះ ឯងបានសម្ដែងបែបយ៉ាងណា ដែលឯងបានប្រព្រឹត្តល្អដល់អញ ដោយព្រោះកាលព្រះយេហូវ៉ាបានប្រគល់អញទៅក្នុងកណ្តាប់ដៃឯង នោះឯងមិនបានសម្លាប់អញទេ
19 ដ្បិតបើអ្នកណាជួបប្រទះនឹងខ្មាំងសត្រូវខ្លួនហើយ នោះតើនឹងឲ្យរួចទៅដោយសុខសាន្តឬ ដូច្នេះ សូមព្រះយេហូវ៉ាទ្រង់ប្រោសសេចក្ដីល្អដល់ឯង ស្នងនឹងការដែលឯងបានប្រព្រឹត្តចំពោះអញនៅថ្ងៃនេះចុះ
20 អញក៏ដឹងហើយថា ឯងនឹងបានសោយរាជ្យជាមិនខាន ហើយនគររបស់សាសន៍អ៊ីស្រាអែលនឹងបានតាំងឡើង នៅក្នុងកណ្តាប់ដៃឯងផង
21 ដូច្នេះ សូមឯងស្បថនឹងអញ ដោយនូវព្រះយេហូវ៉ាឥឡូវនេះចុះថា កាលណាអញអស់ជីពជន្មទៅហើយ នោះឯងនឹងមិនកាត់វង្សរបស់អញចេញឡើយ ក៏មិនបំផ្លាញឈ្មោះអញឲ្យបាត់ពីពួកវង្សនៃបិតាអញចេញដែរ
22 នោះដាវីឌក៏ស្បថថ្វាយសូល រួចសូល ទ្រង់វិលត្រឡប់ទៅឯដំណាក់ទ្រង់វិញទៅ តែដាវីឌ និងពួកលោកគេនាំគ្នាឡើងទៅឯទីពំនួនវិញ។
ជំពូក 25
1 រីឯសាំយូអែលលោកក៏ស្លាប់ទៅ នោះពួកសាសន៍អ៊ីស្រាអែលទាំងអស់ គេមូលគ្នា យំសោកនឹងលោក ហើយបញ្ចុះសពលោកក្នុងម៉ុងរបស់លោកនៅត្រង់រ៉ាម៉ា ឯដាវីឌលោកចេញទៅឯទីរហោស្ថានប៉ារ៉ានវិញ។
2 រីឯនៅម៉ាអូន មានម្នាក់ជាអ្នកមានស្តុកស្តម្ភ ដែលទ្រព្យសម្បត្តិនៅឯកើមែល គាត់មានចៀម៣ពាន់ និងពពែ១ពាន់ នៅគ្រានោះ គាត់កំពុងតែកាត់រោមចៀម នៅឯកើមែល
3 អ្នកនោះឈ្មោះណាបាល ជាពូជពង្សនៃកាលែប ប្រពន្ធឈ្មោះអ័ប៊ីកែល ឯនាងជាស្ត្រីប្រកបដោយប្រាជ្ញា ទាំងរូបក៏ស្រស់បស់ល្អ តែប្ដីជាមនុស្សកាចអាក្រក់ក្នុងកិរិយាប្រព្រឹត្តវិញ
4 ឯដាវីឌនៅទីរហោស្ថាន ក៏ឮថាណាបាលកំពុងតែកាត់រោមចៀម
5 នោះក៏ចាត់កំលោះ១០នាក់ឲ្យទៅ ដោយបង្គាប់ថា ចូរឡើងទៅឯណាបាលនៅត្រង់កើមែល ហើយជម្រាបសួរគាត់ដោយនូវឈ្មោះយើង
6 ត្រូវឲ្យនិយាយដូច្នេះថា ជម្រាបសួរលោក សូមឲ្យលោកបានប្រកបដោយសេចក្ដីសុខ ព្រមទាំងពួកគ្រួលោក និងរបស់ទ្រព្យលោកទាំងអស់ផង
7 ចំណែកខ្ញុំបានឮថា លោកបានហៅជាងកាត់រោមចៀមមកហើយ ឯពួកអ្នកគង្វាលចៀមរបស់លោក គេបាននៅជាមួយនឹងយើងខ្ញុំ យើងខ្ញុំឥតមានធ្វើអ្វីដល់គេទេ គេក៏គ្មានបាត់អ្វី១នៅវេលាដែលគេនៅត្រង់កើមែលដែរ
8 សូមឲ្យលោកសួរពួកលោកចុះ គេនឹងជម្រាបលោកតាមពិត ដូច្នេះ សូមលោកអាណិតមេត្តាដល់ពួកកំលោះរបស់យើងខ្ញុំផង ដ្បិតយើងខ្ញុំបានមកឯលោកត្រូវពេលដ៏ស្រួលហើយ សូមលោកមេត្តាចែករំលែករបស់ខ្លះ ដែលនៅដៃលោក ឲ្យដល់ពួកខ្ញុំ ជាអ្នកបម្រើរបស់លោក និងដាវីឌ ជាកូនលោកផង។
9 រីឯកាលពួកកំលោះរបស់ដាវីឌបានទៅនិយាយនឹងណាបាលតាមពាក្យទាំងនេះ ដោយនូវឈ្មោះដាវីឌរួចហើយ
10 នោះណាបាលឆ្លើយតបទៅថា ដាវីឌជាអ្វី តើកូនអ៊ីសាយនេះជាអ្វី សព្វថ្ងៃនេះ មានបាវជាច្រើនដែលរត់ចោលពីចៅហ្វាយរបស់ខ្លួនទៅ
11 ដូច្នេះ តើត្រូវឲ្យអញយកនំបុ័ងរបស់អញ ព្រមទាំងទឹក និងសាច់ដែលអញបានសម្លាប់ សម្រាប់ពួកជាងកាត់រោមចៀម ទៅចែកដល់ពួកមនុស្សដែលអញមិនដឹងជាមកពីណាផងឬអី
12 ដូច្នេះ ពួកកំលោះរបស់ដាវីឌក៏វិលត្រឡប់ទៅវិញ ជម្រាបតាមសេចក្ដីទាំងនោះ
13 រួចដាវីឌបង្គាប់ដល់គេថា ចូរអ្នករាល់គ្នាក្រវាត់ដាវគ្រប់គ្នាឡើង នោះគេក៏ក្រវាត់ដាវរៀងខ្លួន ហើយដាវីឌក៏ក្រវាត់ដាវរបស់លោកដែរ ខណៈនោះ មានមនុស្សប្រហែលជា៤០០នាក់ឡើងតាមដាវីឌទៅ ហើយមាន២០០នាក់ទៀតនៅថែរក្សាអីវ៉ាន់។
14 មានពួកកំលោះម្នាក់របស់ណាបាលបានទៅជម្រាបដល់អ័ប៊ីកែល ជាប្រពន្ធណាបាលថា មើល ដាវីឌបានចាត់មនុស្សពីទីរហោស្ថាន មកជម្រាបសួរចៅហ្វាយយើងខ្ញុំ តែលោកបានស្តីកិនដល់គេវិញ
15 ពួកអ្នកទាំងនោះបានប្រព្រឹត្តល្អនឹងយើងខ្ញុំណាស់ គេមិនបានធ្វើអ្វីដល់យើងខ្ញុំទេ ហើយកាលយើងខ្ញុំនៅជាមួយនឹងគេ ក្នុងគ្រាដែលយើងខ្ញុំកំពុងតែឃ្វាលហ្វូងចៀម នោះយើងខ្ញុំឥតមានបាត់អ្វីឡើយ
16 គេជាកំផែងដល់យើងខ្ញុំទាំងយប់ទាំងថ្ងៃ ក្នុងពេលដែលយើងខ្ញុំនៅជាមួយនឹងគេ កំពុងឃ្វាលចៀមនោះ
17 ដូច្នេះ សូមជម្រាបជូនលោកស្រីជ្រាប សូមពិចារណាចុះ តើត្រូវធ្វើដូចម្តេច ដ្បិតមុខជាគេបានសម្រេចនឹងធ្វើអាក្រក់ដល់ចៅហ្វាយយើងខ្ញុំ និងពួកគ្រួលោកទាំងអស់គ្នាហើយ ពីព្រោះលោកប្រុសជាមនុស្សកំណាចណាស់ ឥតមានអ្នកណានិយាយនឹងលោកបានទេ។
18 នោះនាងក៏ប្រញឹកប្រញាប់ចាត់ចែងនំបុ័ង២០០ដុំ ថង់ស្បែកពេញដោយស្រាទំពាំងបាយជូរ២ ចៀមរៀបជាស្រេច៥ លាជ៥រង្វាល់ ផ្លែទំពាំងបាយជូរក្រៀម១០០ចង្កោម និងផ្លែល្វាក្រៀម២០០ផែន ផ្ទុកលើសត្វលានាំទៅ
19 នាងក៏ប្រាប់ដល់ពួកបម្រើរបស់នាងថា ចូរចេញទៅមុនអញចុះ អញនឹងទៅតាមក្រោយ តែនាងមិនបានប្រាប់ដល់ណាបាលជាប្ដីនាងឡើយ
20 កាលនាងកំពុងតែជិះលាចុះតាមផ្លូវច្រកភ្នំទៅ នោះគាប់ជួនជាដាវីឌ និងពួកលោកក៏ចុះតម្រង់មកខាងមុខនាង ហើយនាងក៏ទៅជួបនឹងគេ
21 រីឯដាវីឌលោកបានគិតថា ដែលអញបានថែរក្សាទ្រព្យរបស់ទាំងប៉ុន្មាននៃមនុស្សនោះ ឲ្យគង់វង្សនៅទីរហោស្ថាន ឥតមានបាត់អ្វីណាមួយឡើយ នោះពិតប្រាកដជាឥតប្រយោជន៍សោះ វាបានប្រព្រឹត្តការអាក្រក់ស្នងនឹងការល្អដល់អញវិញ
22 ដូច្នេះ បើខ្ញុំទុកឲ្យសល់អ្នកណាក្នុងពួកវា សូម្បីតែកូនប្រុស១ក្តី ឲ្យរស់នៅដរាបដល់ស្រាងឡើង នោះសូមឲ្យព្រះធ្វើដូច្នោះដល់ដាវីឌខ្ញុំនេះចុះ ហើយលើសទៅទៀតផង។
23 កាលអ័ប៊ីកែលបានឃើញដាវីឌ នោះនាងក៏ចុះពីលើលាជាប្រញាប់ ទៅក្រាបផ្កាប់មុខចុះនឹងដី គោរពដល់ដាវីឌ
24 នាងទម្លាក់ខ្លួននៅទៀបជើងលោក ជម្រាបថា ឱលោកជាម្ចាស់ខ្ញុំអើយ សូមឲ្យទោសនោះធ្លាក់មកលើរូបខ្ញុំវិញចុះ សូមឲ្យខ្ញុំជាបាវស្រីរបស់លោក ជម្រាបជូនលោកស្តាប់បន្តិច ហើយសូមទទួលស្តាប់ពាក្យរបស់បាវស្រីលោកសិន
25 កុំឲ្យលោកម្ចាស់តាំងចិត្តចំពោះណាបាលជាមនុស្សកំណាចនោះឡើយ ដ្បិតគាត់ដូចជាឈ្មោះរបស់គាត់ពិតមែន គឺគាត់ឈ្មោះណាបាល ហើយក៏មានសេចក្ដីចម្កួតនោះឯង ឯខ្ញុំជាបាវស្រីរបស់លោក ខ្ញុំឥតបានឃើញពួកកំលោះរបស់លោកម្ចាស់ដែលបានចាត់ទៅនោះទេ
26 ដូច្នេះ ឱលោកម្ចាស់ខ្ញុំអើយ ខ្ញុំស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅ ហើយដោយនូវព្រលឹងលោកដែរថា ពួកខ្មាំងសត្រូវរបស់លោកម្ចាស់នៃខ្ញុំ ព្រមទាំងអស់អ្នកដែលរកធ្វើអាក្រក់ដល់លោក នឹងបានដូចជាណាបាលនោះឯង ដោយព្រោះព្រះយេហូវ៉ាទ្រង់បានឃាត់លោកមិនឲ្យកម្ចាយឈាម ហើយមិនឲ្យសងសឹកដោយដៃលោកឡើយ
27 រីឯជំនូននេះ ដែលខ្ញុំម្ចាស់ជាអ្នកបម្រើរបស់លោក បាននាំយកមកជូននោះ សូមចែកឲ្យដល់ពួកកំលោះដែលតាមលោកម្ចាស់នៃខ្ញុំមកនោះចុះ
28 សូមអត់ទោសសេចក្ដីរំលងនេះដល់បាវស្រីរបស់លោកផង ដ្បិតព្រះយេហូវ៉ាទ្រង់នឹងតាំងជំនួរវង្សរបស់លោកម្ចាស់នៃខ្ញុំ ឲ្យមាំមួនឡើងជាពិតប្រាកដ ពីព្រោះលោកម្ចាស់នៃខ្ញុំ តែងធ្វើសង្គ្រាមនៃព្រះយេហូវ៉ា ហើយនិងគ្មានឃើញសេចក្ដីអាក្រក់ណានៅក្នុងលោកម្ចាស់ឡើយ គ្រប់១ជីវិតរបស់លោក
29 មួយទៀត ទោះបើមានមនុស្សលើកដេញតាមរកប្រហារជីវិតរបស់លោកក៏ដោយ គង់តែជីវិតលោកម្ចាស់នៃខ្ញុំ នឹងបានចងជាប់ក្នុងបាច់នៃជីវិតជាមួយនឹងព្រះយេហូវ៉ាជាព្រះនៃលោកដែរ ឯជីវិតរបស់ពួកខ្មាំងសត្រូវនៃលោកនឹងត្រូវបាត់ទៅ ដូចជាបាញ់ចេញពីខ្សែដង្ហក់វិញ
30 រួចកាលណាព្រះយេហូវ៉ាបានប្រោសលោកម្ចាស់នៃខ្ញុំ តាមគ្រប់ទាំងសេចក្ដីល្អដែលទ្រង់បានមានព្រះបន្ទូលពីដំណើរលោក ព្រមទាំងតាំងលោកឡើង ឲ្យគ្រប់គ្រងលើសាសន៍អ៊ីស្រាអែលហើយ
31 នោះដំណើរនេះមិនបានជាហេតុឲ្យលោកតូចចិត្ត ស្តាយដោយលោកបានកម្ចាយឈាមគេឥតហេតុ ឬបានសងសឹកដល់គេដោយខ្លួនលោកឡើយ ហើយកាលណាព្រះយេហូវ៉ាបានប្រោសសេចក្ដីល្អដល់លោកម្ចាស់ នោះសូមទាននឹកចាំពីខ្ញុំ ជាបាវស្រីរបស់លោកផង។
32 ដាវីឌក៏ឆ្លើយនឹងនាងអ័ប៊ីកែលថា សូមក្រាបថ្វាយបង្គំដល់ព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែលដែលទ្រង់បានចាត់អ្នកឲ្យមកជួបនឹងខ្ញុំនៅថ្ងៃនេះ
33 ហើយសូមពរដល់ប្រាជ្ញារបស់អ្នក និងដល់ខ្លួនអ្នកផង ដោយព្រោះអ្នកបានឃាត់មិនឲ្យខ្ញុំកម្ចាយឈាម ហើយមិនឲ្យសងសឹកដល់គេដោយដៃខ្លួនខ្ញុំនៅថ្ងៃនេះ
34 ដ្បិតខ្ញុំស្បថដោយនូវព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល ដែលទ្រង់មានព្រះជន្មរស់នៅ ហើយបានឃាត់មិនឲ្យខ្ញុំធ្វើបាបដល់អ្នកថា បើអ្នកមិនបានប្រញាប់មកជួបនឹងខ្ញុំទេ នោះប្រាកដជាដល់ស្រាងឡើង នោះនឹងគ្មានសល់អ្វីដល់ណាបាល សូម្បីតែកូនប្រុស១ផង
35 នោះដាវីឌក៏ទទួលយកជំនូនពីដៃនាង ដែលនាងបាននាំយកមកជូននោះដោយពាក្យថា សូមអញ្ជើញឡើងទៅឯផ្ទះអ្នកវិញ ដោយសុខសាន្តចុះ ខ្ញុំបានយល់ព្រមតាមពាក្យអ្នកហើយ ក៏អរគុណដល់អ្នកដែរ។
36 រីឯអ័ប៊ីកែល នាងក៏វិលទៅឯណាបាលជាប្ដីវិញ ឃើញគាត់កំពុងតែលៀងលោមភ្ញៀវនៅក្នុងផ្ទះ ដូចជាការលៀងលោមនៃស្តេច ឯណាបាលក៏មានចិត្តសប្បាយឡើង ដោយព្រោះស្រវឹងជាខ្លាំង ដូច្នេះ នាងមិនបានប្រាប់អ្វីដល់គាត់ឡើយ ទោះតិច ឬច្រើនក្តី រហូតដល់ព្រឹកឡើង
37 លុះព្រឹកឡើង គ្រាដែលណាបាលស្វាងពីស្រាហើយ នោះប្រពន្ធក៏ថ្លែងប្រាប់ពីសេចក្ដីទាំងនោះ រួចគាត់ត្រូវគាំងបេះដូង ហើយត្រឡប់ជារឹងស្តូកទៅ
38 លុះក្រោយមក បានប្រហែលជា១០ថ្ងៃ នោះព្រះយេហូវ៉ាទ្រង់វាយណាបាលឲ្យស្លាប់ទៅ។
39 កាលដាវីឌបានឮថាណាបាលស្លាប់ហើយ នោះលោកមានប្រសាសន៍ថា សូមក្រាបថ្វាយបង្គំដល់ព្រះយេហូវ៉ាដែលទ្រង់បានកាន់ក្តីខាងខ្ញុំ ពីដំណើរដែលណាបាលបានដៀលត្មះដល់ខ្ញុំនោះ ព្រមទាំងឃាត់ខ្ញុំជាអ្នកបម្រើទ្រង់ មិនឲ្យប្រព្រឹត្តការអាក្រក់ តែកិរិយាអាក្រក់របស់ណាបាល នោះទ្រង់បានទម្លាក់ទៅលើក្បាលវាវិញ រួចដាវីឌចាត់គេឲ្យទៅស្នើការនឹងអ័ប៊ីកែល ដើម្បីនឹងយកនាងធ្វើជាប្រពន្ធ
40 កាលពួកបម្រើរបស់ដាវីឌបានមកឯអ័ប៊ីកែលនៅកើមែលហើយ នោះក៏ជម្រាបនាងថា ដាវីឌបានចាត់យើងខ្ញុំឲ្យមកអញ្ជើញអ្នកទៅធ្វើជាប្រពន្ធលោក
41 នោះនាងក៏ក្រោកឡើង រួចក្រាបផ្កាប់មុខនឹងដី តបថា ខ្ញុំនេះជាអ្នកបម្រើសម្រាប់នឹងលាងជើងដល់ពួកអ្នកបម្រើរបស់លោកម្ចាស់ខ្ញុំ
42 អ័ប៊ីកែលក៏ប្រញាប់ប្រញាល់ឡើងជិះលាទៅ មានទាំងស្រីបម្រើ៥នាក់តាមទៅដែរ នាងក៏តាមពួកអ្នកបម្រើរបស់ដាវីឌ ទៅធ្វើជាប្រពន្ធលោកទៅ។
43 ឯដាវីឌ លោកក៏យកអ័ហ៊ីណោម ជាអ្នកនៅស្រុកយេសរាល ធ្វើជាប្រពន្ធដែរ នាងទាំង២នោះបានធ្វើជាប្រពន្ធរបស់លោក
44 ចំណែកនាងមីកែល ប្រពន្ធរបស់ដាវីឌ នោះសូល ជាបិតាទ្រង់ បានលើកឲ្យទៅប៉ាលធីជាកូនឡាអ៊ីស ដែលនៅកាលីមវិញ។
ជំពូក 26
1 គ្រានោះ ពួកស្រុកស៊ីភ គេមកឯសូលនៅត្រង់គីបៀរទូលថា ដាវីឌកំពុងតែពួននៅក្នុងភ្នំហាគីឡា ដែលនៅប្រទល់មុខនឹងទីរហោស្ថាន
2 នោះសូលទ្រង់ក៏រៀបចំយាងចុះទៅឯទីរហោស្ថានស៊ីភ នាំទាំងមនុស្សជ្រើសរើសក្នុងពួកអ៊ីស្រាអែល៣ពាន់នាក់ ដើម្បីនឹងរកដាវីឌក្នុងទីរហោស្ថាននោះ
3 ទ្រង់បោះទ័ពក្បែរផ្លូវ នៅលើភ្នំហាគីឡា ដែលនៅប្រទល់មុខនឹងទីរហោស្ថាន ឯដាវីឌ លោកអាស្រ័យនៅក្នុងទីរហោស្ថាននោះឯង ក៏ឮថា សូលតាមលោកមកដូច្នោះ
4 នោះលោកចាត់គេឲ្យទៅឈ្លបលបមើល ក៏ដឹងពិតថា សូលបានយាងមកហើយ
5 ដូច្នេះ ដាវីឌរៀបចំចេញទៅឯកន្លែងដែលសូល និងអ័ប៊ីនើរ កូននើរ ជាមេទ័ពទ្រង់បានដេកនៅ ឯសូលទ្រង់ផ្ទំនៅកណ្តាលវង់ទីបោះទ័ព ហើយបណ្តាទ័ព គេដេកនៅព័ទ្ធជុំវិញ។
6 នោះដាវីឌសួរទៅអ័ហ៊ីម៉ាលេក ជាសាសន៍ហេត និងអ័ប៊ីសាយប្អូនយ៉ូអាប់ ជាកូនសេរូយ៉ាថា តើអ្នកណានឹងចុះទៅឯសូលក្នុងទីបោះទ័ពជាមួយនឹងខ្ញុំ អ័ប៊ីសាយឆ្លើយថា ខ្ញុំនេះនឹងចុះទៅ
7 ដូច្នេះ ដាវីឌ និងអ័ប៊ីសាយក៏ចូលទៅក្នុងបណ្តាទ័ពទាំងយប់ ឃើញសូលកំពុងផ្ទំលក់នៅក្នុងវង់ទីបោះទ័ព មានលំពែងរបស់ទ្រង់ដោតនៅដីត្រង់ក្បាលដំណេក ឯអ័ប៊ីនើរ និងបណ្តាទ័ពទាំងប៉ុន្មាន គេដេកព័ទ្ធជុំវិញទ្រង់
8 នោះអ័ប៊ីសាយជម្រាបដាវីឌថា នៅថ្ងៃនេះ ព្រះទ្រង់បានប្រគល់ខ្មាំងសត្រូវមកក្នុងកណ្តាប់ដៃលោកហើយ ដូច្នេះ សូមបើកឲ្យខ្ញុំចាក់នឹងលំពែងឲ្យធ្លុះដល់ដីតែ១ដងទៅ ដើម្បីកុំឲ្យអំពល់ទៅមុខទៀត
9 តែដាវីឌឃាត់ថា កុំឲ្យបំផ្លាញជីវិតទ្រង់ឡើយ ដ្បិតតើមានអ្នកឯណាអាចនឹងលូកដៃ ទៅទាស់នឹងអ្នកដែលព្រះយេហូវ៉ាបានចាក់ប្រេងតាំងឲ្យ ហើយឥតមានទោសបានឬទេ
10 ដាវីឌក៏និយាយទៀតថា ខ្ញុំស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅថា ព្រះយេហូវ៉ានឹងប្រហារជីវិតទ្រង់ ឬថ្ងៃកំណត់ដែលទ្រង់ត្រូវសុគតនឹងមកដល់ ឬទ្រង់នឹងចេញទៅវិនាសក្នុងទីចម្បាំងណាមួយជាមិនខាន
11 សូមឲ្យព្រះយេហូវ៉ាឃាត់កុំឲ្យខ្ញុំលូកដៃទៅទាស់នឹងអ្នកដែលទ្រង់បានចាក់ប្រេងតាំងឲ្យឡើង ដូច្នេះ ចូរយកតែលំពែងដែលនៅត្រង់ក្បាលដំណេកទ្រង់ និងក្អមទឹកប៉ុណ្ណោះ រួចយើងទៅវិញចុះ
12 យ៉ាងនោះ ដាវីឌក៏យកលំពែង និងក្អមទឹកពីត្រង់ក្បាលដំណេករបស់សូលចេញបាត់ទៅ ឥតមានអ្នកណាឃើញ ឬដឹងឡើយ ក៏គ្មានអ្នកណាភ្ញាក់ផង ដោយគ្រប់គ្នាកំពុងតែដេកលក់ ពីព្រោះព្រះយេហូវ៉ាទ្រង់បានធ្វើឲ្យគេលក់ស៊ប់។
13 ដាវីឌក៏ត្រឡប់ទៅឯខាងខ្លួនវិញ ហើយឈរលើកំពូលភ្នំពីចម្ងាយ មានប្រឡោះធំនៅជាកណ្តាល
14 រួចស្រែកដាស់ពួកបណ្តាទ័ព និងអ័ប៊ីនើរ ជាកូននើរថា នែ អ័ប៊ីនើរមិនឆ្លើយទេឬ នោះអ័ប៊ីនើរឆ្លើយឡើងថា តើអ្នកណាដែលស្រែកហៅស្តេចនោះ
15 ដាវីឌឆ្លើយតបទៅអ័ប៊ីនើរថា តើឯងមិនមែនជាមនុស្សទេឬអី តើមានអ្នកឯណាក្នុងបណ្តាសាសន៍អ៊ីស្រាអែលឲ្យដូចជាឯងដូច្នេះ ហេតុអ្វីបានជាឯងមិនបានរក្សាស្តេចជាចៅហ្វាយនៃឯង ដ្បិតមានមនុស្សម្នាក់បានចូលមកចង់បំផ្លាញស្តេចជាចៅហ្វាយនៃឯងចោល
16 ឯងធ្វើយ៉ាងដូច្នេះមិនល្អទេ អញស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅថា ឯងគួរស្លាប់ហើយ ដោយព្រោះឯងរាល់គ្នាមិនបានរក្សាចៅហ្វាយរបស់ខ្លួន ដែលព្រះយេហូវ៉ាបានចាក់ប្រេងតាំងឲ្យ ឥឡូវនេះ ចូរឯងមើលលំពែងរបស់ស្តេច និងក្អមទឹកដែលបាននៅត្រង់ក្បាលដំណេកទ្រង់ នោះតើនៅឯណា។
17 រីឯសូលទ្រង់បានស្គាល់សំឡេងដាវីឌ ហើយក៏សួរថា ឱដាវីឌកូនអើយ នេះជាសំឡេងឯងឬ នោះដាវីឌទូលឆ្លើយថា បពិត្រព្រះករុណា ជាម្ចាស់នៃទូលបង្គំអើយ នេះជាសំឡេងទូលបង្គំមែនហើយ
18 រួចទូលសួរថា ហេតុអ្វីបានជាព្រះករុណា ជាម្ចាស់នៃទូលបង្គំ ដេញតាមទូលបង្គំជាបាវបម្រើទ្រង់ដូច្នេះ តើទូលបង្គំបានធ្វើអ្វី ឬមានទោសយ៉ាងណា
19 ដូច្នេះ សូមព្រះករុណា ជាម្ចាស់នៃទូលបង្គំ ទ្រង់ព្រះសណ្តាប់ទូលបង្គំ ជាបាវបម្រើទ្រង់បន្តិច បើសិនជាគឺព្រះយេហូវ៉ា ដែលញុះញង់ព្រះករុណាឲ្យទាស់នឹងទូលបង្គំ នោះសូមឲ្យទ្រង់ទទួលតង្វាយ១ចុះ តែបើគឺជាពួកមនុស្សជាតិវិញ នោះសូមឲ្យគេត្រូវបណ្តាសានៅចំពោះព្រះយេហូវ៉ាចុះ ដ្បិតនៅថ្ងៃនេះ គេបានបណ្តេញទូលបង្គំ មិនឲ្យមានចំណែកមរដកផងព្រះយេហូវ៉ាទេ ដោយថា ចូរទៅគោរពប្រតិបត្តិដល់ព្រះដទៃចុះ
20 ដូច្នេះ សូមកុំឲ្យឈាមទូលបង្គំបានស្រក់ចុះទៅដី ឃ្លាតពីចំពោះព្រះយេហូវ៉ាឡើយ ដ្បិតស្តេចនៃសាសន៍អ៊ីស្រាអែលបានចេញមក ដើម្បីរកតែចៃទេ ដូចជាកាលគេដេញតាមក្រួចនៅលើភ្នំដែរ។
21 នោះសូលមានព្រះបន្ទូលថា អញបានធ្វើបាប ហើយដាវីឌកូនអើយ ចូរមកវិញចុះ អញលែងធ្វើបាបឯងហើយ ពីព្រោះនៅថ្ងៃនេះ ជីវិតអញបានថ្លៃវិសេសនៅភ្នែកឯង មើល អញបានប្រព្រឹត្តដោយសេចក្ដីចម្កួត ហើយធ្វើខុសជាខ្លាំងណាស់
22 ដាវីឌទូលឆ្លើយថា មើលនែ នេះលំពែងរបស់ទ្រង់ សូមឲ្យពួកទ្រង់ម្នាក់មកយកទៅវិញចុះ
23 ព្រះយេហូវ៉ាទ្រង់នឹងសងដល់មនុស្សតាមសេចក្ដីសុចរិត និងសេចក្ដីស្មោះត្រង់របស់គេរៀងខ្លួន ពីព្រោះនៅថ្ងៃនេះ ព្រះយេហូវ៉ាទ្រង់បានប្រគល់ព្រះករុណាមកក្នុងកណ្តាប់ដៃទូលបង្គំហើយ តែទូលបង្គំមិនព្រមលូកដៃទាស់នឹងអ្នកដែលព្រះយេហូវ៉ាបានចាក់ប្រេងតាំងឲ្យទេ
24 ហើយដែលព្រះជន្មនៃព្រះករុណាបានថ្លៃវិសេសនៅភ្នែកទូលបង្គំនៅថ្ងៃនេះយ៉ាងណា នោះសូមឲ្យជីវិតទូលបង្គំបានថ្លៃវិសេសនៅព្រះនេត្រនៃព្រះយេហូវ៉ាយ៉ាងនោះដែរ ហើយសូមទ្រង់មេត្តាប្រោសឲ្យទូលបង្គំរួចចាកពីគ្រប់ទាំងសេចក្ដីវេទនាផង
25 នោះសូលមានព្រះបន្ទូលថា ដាវីឌកូនអើយ សូមព្រះទ្រង់ប្រទានពរដល់ឯងចុះ ឯងនឹងបានធ្វើការយ៉ាងពូកែ ហើយមានជ័យជម្នះផង រួចដាវីឌក៏ចេញបាត់ទៅ ហើយសូលទ្រង់ត្រឡប់វិលទៅឯកន្លែងរបស់ទ្រង់វិញ។
ជំពូក 27
1 គ្រានោះ ដាវីឌនឹកក្នុងចិត្តថា មានថ្ងៃណាមួយអញនឹងស្លាប់ដោយសារដៃសូលជាមិនខាន គ្មានផ្លូវណាជាជាងឲ្យអញរត់ទៅជ្រកនៅឯស្រុករបស់ពួកភីលីស្ទីនទេ នោះសូលនឹងអស់ចិត្តចង់រកអញ នៅគ្រប់ក្នុងអស់ទាំងដែនស្រុកអ៊ីស្រាអែលទៀត ដូច្នេះ ទើបអញនឹងរួចចេញពីព្រះហស្តទ្រង់បាន
2 ស្រេចហើយ ដាវីឌក៏ក្រោកឡើងនាំទាំងពួក៦០០នាក់ ដែលនៅជាមួយនឹងលោក ទៅឯស្រុករបស់អ័គីស ជាបុត្រម៉ាអូក ដែលជាស្តេចក្រុងកាថទៅ
3 ក៏អាស្រ័យនៅក្នុងក្រុងកាថ ជាស្រុករបស់អ័គីសនោះ ព្រមទាំងពួកលោកទាំងប៉ុន្មាន ដែលគ្រប់គ្នាមានពួកគ្រួរបស់ខ្លួននៅជាមួយផង ឯដាវីឌ លោកបាននាំប្រពន្ធទាំង២មកដែរ គឺនាងអ័ហ៊ីណោម ជាអ្នកស្រុកយេសរាល និងអ័ប៊ីកែល ជាអ្នកស្រុកកើមែល ដែលជាប្រពន្ធរបស់ខ្មោចណាបាលផង
4 នោះមានគេទូលដល់សូលថា ដាវីឌបានរត់ទៅនៅឯក្រុងកាថហើយ ដូច្នេះ ទ្រង់ក៏ឈប់លែងរកទៀត។
5 ឯដាវីឌ លោកទូលនឹងអ័គីសថា បើទូលបង្គំបានប្រកបដោយព្រះគុណនៅចំពោះទ្រង់ឥឡូវ នោះសូមទ្រង់ឲ្យគេចែកទីកន្លែងដល់ទូលបង្គំ នៅទីក្រុងណាមួយ ក្នុងអាណាខែត្ររបស់ទ្រង់ឲ្យទូលបង្គំបានអាស្រ័យនៅផង ដ្បិតមិនគួរឲ្យទូលបង្គំជាបាវទ្រង់ បាននៅក្នុងទីក្រុងធំរបស់ស្តេចជាមួយនឹងទ្រង់ទេ
6 នៅថ្ងៃនោះឯង អ័គីសក៏ប្រទានក្រុងស៊ីកឡាក់ឲ្យដល់ដាវីឌ ព្រោះហេតុនោះបានជាក្រុងស៊ីកឡាក់ក៏នៅជារបស់ផងពួកស្តេចយូដា ដរាបដល់សព្វថ្ងៃនេះ
7 ដាវីឌក៏អាស្រ័យនៅក្នុងស្រុកភីលីស្ទីនអស់១ឆ្នាំ៤ខែ។
8 នៅគ្រានោះ ដាវីឌ និងពួកលោកក៏ចូលលុកក្នុងស្រុករបស់ពួកកេស៊ូរី ពួកកេស៊ើរ និងពួកអាម៉ាលេក ដ្បិតសាសន៍ទាំងនោះ ជាអ្នកស្រុកតាំងតែពីដើមរៀងមក គេនៅតាមផ្លូវដែលទៅឯស្រុកស៊ើររហូតដល់ស្រុកអេស៊ីព្ទ
9 ដាវីឌវាយស្រុកគេ ឥតទុកឲ្យមានប្រុស ឬស្រីនៅរស់ឡើយ ក៏ចាប់យកចៀម គោ លា អូដ្ឋ និងសម្លៀកបំពាក់របស់គេ រួចនាំគ្នាត្រឡប់មកឯអ័គីសវិញ
10 អ័គីសទ្រង់សួរថា តើអ្នកបានលុកចូលវាយស្រុកណាខ្លះនៅថ្ងៃនេះ រួចដាវីឌទូលឆ្លើយថា បានទៅខាងត្បូងស្រុកយូដា និងខាងត្បូងពួកយេរ៉ាម្អែល ហើយខាងត្បូងពួកកែន
11 ដាវីឌមិនទុកគេ ទោះប្រុសទោះស្រីក្តីឲ្យនៅរស់ ដើម្បីនឹងនាំមកឯក្រុងកាថទេ ដោយថា ខ្លាចក្រែងគេផ្សាយដំណឹងថា ដាវីឌបានធ្វើដូច្នេះមួយៗ ក៏ធ្លាប់ធ្វើដូច្នោះចាប់តាំងពីវេលាដែលចូលមកនៅក្នុងស្រុកភីលីស្ទីននេះដែរ
12 អ័គីសក៏ជឿដាវីឌ ដោយថា វាបានបណ្តាលឲ្យពួកអ៊ីស្រាអែល ជាសាសន៍ខ្លួន ស្អប់ខ្ពើមដល់ខ្លួនហើយ ដូច្នេះ វានឹងធ្វើជាអ្នកបម្រើរបស់អញជាដរាបតទៅ។
ជំពូក 28
1 នៅគ្រានោះ ពួកភីលីស្ទីន គេប្រមូលពលទ័ពគេមកដើម្បីច្បាំងនឹងសាសន៍អ៊ីស្រាអែល ហើយអ័គីសមានព្រះបន្ទូលទៅដាវីឌថា ចូរឲ្យអ្នកដឹងថា ត្រូវឲ្យអ្នក ព្រមទាំងពួកពលរបស់អ្នកផង ចេញទៅក្នុងកងទ័ពជាមួយនឹងយើង
2 ដាវីឌទូលឆ្លើយថា បើដូច្នេះ ទ្រង់នឹងបានជ្រាបការដែលទូលបង្គំជាបាវទ្រង់ នឹងធ្វើជាយ៉ាងណា នោះអ័គីសមានព្រះបន្ទូលតបថា បើដូច្នោះមែន យើងនឹងតាំងអ្នកឲ្យការពារយើងជាដរាបតទៅ។
3 រីឯសាំយូអែល លោកបានស្លាប់ហើយ ពួកអ៊ីស្រាអែលទាំងអស់ក៏កាន់ទុក្ខនឹងលោក ហើយបានបញ្ចុះសពលោកនៅត្រង់រ៉ាម៉ា ក្នុងទីក្រុងរបស់លោករួចជាស្រេច ហើយសូលទ្រង់បានបណ្តេញអស់ទាំងពួកគ្រូខាប និងពួកគ្រូអន្ទងខ្មោចពីស្រុកចេញ
4 គ្រានោះ ពួកភីលីស្ទីនគេប្រមូលគ្នាមកបោះទ័ពនៅត្រង់ស៊ូណែម ហើយសូលទ្រង់ក៏ប្រមូលពួកអ៊ីស្រាអែលទាំងអស់ ទៅបោះទ័ពនៅត្រង់គីលបោដែរ
5 កាលសូលទ្រង់ទតឃើញពលទ័ពខាងពួកភីលីស្ទីន នោះទ្រង់ក៏ភ័យ ហើយមានព្រះទ័យញាប់ញ័រជាខ្លាំង
6 តែកាលសូលទូលដល់ព្រះយេហូវ៉ា នោះទ្រង់មិនឆ្លើយតបមកឡើយ ទោះបើដោយការពន្យល់សប្តិ ឬដោយសារយូរីម ឬដោយពួកហោរាក្តី
7 ដូច្នេះ សូលទ្រង់មានព្រះបន្ទូលប្រាប់ទៅពួកអ្នកបម្រើទ្រង់ថា ចូរទៅរកស្រីដែលចេះខាបខ្មោចឲ្យអញចុះ ដើម្បីឲ្យអញបានទៅសួរទំនាយពីស្រីនោះ ពួកអ្នកបម្រើទ្រង់ក៏ទូលឆ្លើយថា មើលនៅឯអេន-ដោរ មានស្ត្រីម្នាក់ជាអ្នកចេះខាប។
8 នោះសូលទ្រង់ក៏ក្លែងខ្លួន ហើយផ្លាស់សម្លៀកបំពាក់ រួចចេញទៅ មានមនុស្ស២នាក់ទៅជាមួយផង ក៏បានដល់ទៅស្រីនោះនៅពេលយប់ ហើយមានព្រះបន្ទូលថា សូមទាយប្រាប់ខ្ញុំដោយនូវខ្មោចចុះ ហើយសូមខាបយកអ្នក១ ដែលខ្ញុំនឹងប្រាប់អ្នកឲ្យមកឯខ្ញុំផង
9 ស្ត្រីនោះឆ្លើយឡើងថា លោកជ្រាបហើយពីការដែលស្តេចសូលបានធ្វើជាយ៉ាងណា គឺទ្រង់បានបណ្តេញពួកចេះខាប និងអន្ទងខ្មោចពីស្រុកចេញ ចុះហេតុអ្វីបានជាលោកដាក់អន្ទាក់ចាប់ជីវិតខ្ញុំឲ្យត្រូវស្លាប់ដូច្នេះ
10 នោះសូលក៏ស្បថឲ្យស្ត្រីនោះដោយនូវព្រះយេហូវ៉ាថា ខ្ញុំស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅថា អ្នកមិនត្រូវមានទោសក្នុងការនេះឡើយ
11 រួចស្រីនោះសួរថា តើចង់ឲ្យខ្ញុំខាបយកអ្នកណាមកឲ្យលោក នោះទ្រង់មានព្រះបន្ទូលថា សូមខាបយកសាំយូអែលមកឲ្យខ្ញុំចុះ
12 កាលស្ត្រីនោះបានឃើញសាំយូអែល នោះក៏ស្រែកឡើងជាខ្លាំង រួចទូលសូលថា ហេតុអ្វីបានជាបញ្ឆោតខ្ញុំម្ចាស់ដូច្នេះ ដ្បិតខ្លួនលោកនេះហើយ គឺជាសូល
13 តែទ្រង់មានព្រះបន្ទូលថា កុំឲ្យភ័យខ្លាចឡើយ តើអ្នកបានឃើញអ្វី រួចស្ត្រីនោះទូលឆ្លើយថា ខ្ញុំម្ចាស់បានឃើញពួកព្រះ ឡើងពីដីមក
14 ទ្រង់មានព្រះបន្ទូលទៀតថា តើមានភាពយ៉ាងដូចម្តេច គាត់ឆ្លើយថា មានភាពជាមនុស្សចាស់គ្រលុំដោយអាវដែលឡើងមក នោះសូលទ្រង់យល់ថា ជាសាំយូអែលហើយ រួចទ្រង់ក្រាបព្រះភ័ក្ត្រចុះដល់ដីដោយគោរព។
15 ឯសាំយូអែល លោកទូលសួរថា ហេតុអ្វីបានជាធ្វើឲ្យទូលបង្គំរំខាន ដោយហៅឲ្យទូលបង្គំឡើងមកដូច្នេះ សូលមានព្រះបន្ទូលឆ្លើយថា ខ្ញុំមានសេចក្ដីវេទនាជាខ្លាំង ពីព្រោះពួកសាសន៍ភីលីស្ទីនគេមកច្បាំងនឹងខ្ញុំ ហើយព្រះទ្រង់បានថយចេញពីខ្ញុំទៅ ទ្រង់ឥតមានព្រះបន្ទូលឆ្លើយមកខ្ញុំទៀតឡើយ ទោះបើដោយហោរា ឬដោយការពន្យល់សប្តិក្តី ហេតុនោះបានជាខ្ញុំហៅលោកមក ដើម្បីលោកបង្ហាញការដែលខ្ញុំគួរធ្វើយ៉ាងណា
16 នោះសាំយូអែលឆ្លើយថា បើព្រះយេហូវ៉ាបានថយចេញពីទ្រង់ទៅ ហើយបានត្រឡប់ជាទាស់ទទឹងនឹងទ្រង់ផង ចុះហេតុអ្វីបានជាទ្រង់សួរដល់ទូលបង្គំវិញដូច្នេះ
17 ព្រះយេហូវ៉ាបានសម្រេចដល់ទ្រង់តាមសេចក្ដីទំនាយ ដែលទាយដោយសារទូលបង្គំហើយ គឺបានដករាជ្យពីព្រះហស្តទ្រង់ចេញ ប្រគល់ឲ្យដល់អ្នកដទៃម្នាក់ គឺដាវីឌ
18 ពីព្រោះទ្រង់មិនបានស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ាឡើយ ក៏មិនបានធ្វើដល់សាសន៍អាម៉ាលេកតាមសេចក្ដីក្រេវក្រោធរបស់ព្រះផង ហេតុនោះបានជានៅថ្ងៃនេះ ព្រះយេហូវ៉ាបានប្រព្រឹត្តនឹងទ្រង់យ៉ាងដូច្នេះ
19 មួយទៀត ព្រះយេហូវ៉ានឹងប្រគល់សាសន៍អ៊ីស្រាអែលជាមួយនឹងទ្រង់ ទៅក្នុងកណ្តាប់ដៃនៃពួកភីលីស្ទីនដែរ ស្អែកនេះ ទ្រង់ ព្រមទាំងពួកបុត្រាទ្រង់ នឹងបាននៅជាមួយនឹងទូលបង្គំហើយ ព្រះយេហូវ៉ាទ្រង់នឹងប្រគល់ពួកពលទ័ពរបស់សាសន៍អ៊ីស្រាអែលទៅក្នុងកណ្តាប់ដៃនៃពួកភីលីស្ទីនដែរ។
20 ខណៈនោះ ស្រាប់តែសូលទ្រង់ដួលស្រប៉ាបចុះនៅដី មានសេចក្ដីភ័យជាខ្លាំង ដោយពាក្យដែលសាំយូអែលបានប្រាប់នោះ ហើយគ្មានកម្លាំងនៅសល់ទៀតទេ ពីព្រោះមិនបានសោយព្រះស្ងោយអស់ពេញ១ថ្ងៃ១យប់នោះហើយ
21 ដូច្នេះ ស្ត្រីនោះក៏មកឯសូល ឃើញថាទ្រង់តក់ស្លុតជាខ្លាំង នោះក៏ទូលថា មើល ខ្ញុំម្ចាស់ជាបាវស្រីរបស់ទ្រង់ បានស្តាប់តាមទ្រង់ហើយ ក៏បានប្រថុយជីវិតនឹងធ្វើតាមអស់ទាំងសេចក្ដីដែលទ្រង់បានមានព្រះបន្ទូលមកខ្ញុំម្ចាស់ផង
22 ដូច្នេះ សូមឲ្យទ្រង់ស្តាប់តាមពាក្យរបស់ខ្ញុំម្ចាស់ជាអ្នកបម្រើទ្រង់ឥឡូវចុះ សូមអនុញ្ញាតឲ្យខ្ញុំម្ចាស់រៀបនំបុ័ងបន្តិចថ្វាយទ្រង់សោយ ដើម្បីឲ្យមានកម្លាំងក្នុងកាលដែលយាងតាមផ្លូវទៅ
23 ទ្រង់ប្រកែកថា ខ្ញុំមិនបរិភោគទេ តែដោយពួកអ្នកបម្រើទ្រង់ ព្រមទាំងស្ត្រីនោះចេះតែទទូចអង្វរ បានជាទ្រង់ក៏ស្តាប់តាម រួចក្រោកពីដីឡើងទៅគង់នៅលើគ្រែ
24 ស្រីនោះមានកូនគោ១យ៉ាងធាត់នៅក្នុងផ្ទះ គាត់ក៏ប្រញឹកប្រញាប់នឹងសម្លាប់គោនោះ ហើយយកម្សៅមកច្របាច់ដុតធ្វើជានំបុ័ងឥតដំបែ
25 រួចលើកយកមកដាក់នៅចំពោះសូល និងពួកបម្រើទ្រង់ គេក៏បរិភោគគ្រប់គ្នា រួចគេក្រោកឡើងចេញទៅទាំងយប់នោះវិញ។
ជំពូក 29
1 រីឯពួកភីលីស្ទីន គេប្រមូលពួកពលទាំងអស់មកនៅត្រង់អាផែក ហើយពួកអ៊ីស្រាអែល គេបោះទ័ពនៅត្រង់រន្ធទឹកយេសរាល
2 ឯពួកមេនៃសាសន៍ភីលីស្ទីនក៏នាំពលទ័ពគេទាំងរយទាំងពាន់ទៅខាងមុខ ហើយដាវីឌ និងពួកលោកក៏នាំគ្នាដើរតាមក្រោយ ទៅជាមួយនឹងអ័គីស
3 នោះពួកមេនៃសាសន៍ភីលីស្ទីនសួរថា ពួកសាសន៍ហេព្រើរទាំងនេះមកធ្វើអី រួចអ័គីសឆ្លើយតបថា នេះតើមិនមែនដាវីឌ ជាអ្នកបម្រើរបស់សូល ស្តេចសាសន៍អ៊ីស្រាអែលដែលបាននៅជាមួយនឹងខ្ញុំ ជាយូរថ្ងៃយូរឆ្នាំមកហើយទេឬអី ហើយខ្ញុំមិនឃើញជាមានទោសអ្វីនៅក្នុងគាត់ ចាប់តាំងពីវេលាដែលគាត់មក ដរាបដល់ថ្ងៃនេះ
4 តែពួកមេភីលីស្ទីនគេខឹងនឹងទ្រង់ រួចទូលថា ចូរឲ្យមនុស្សនេះទៅវិញទៅ ដើម្បីឲ្យត្រឡប់ទៅឯកន្លែងដែលទ្រង់បានតម្រូវឲ្យនៅនោះ កុំឲ្យចុះទៅឯចម្បាំងជាមួយនឹងយើងឡើយ ក្រែងលោកំពុងតែច្បាំង នោះវាត្រឡប់ជាទាស់នឹងយើងវិញ ដ្បិតវានឹងបានជាមេត្រីនឹងចៅហ្វាយវាយ៉ាងណាបាន បើមិនមែនដោយសារយកក្បាលនៃមនុស្សទាំងនេះទេ
5 តើនេះមិនមែនដាវីឌទេឬអី ជាអ្នកដែលគេបានច្រៀងឆ្លើយគ្នាពីដំណើរវាក្នុងចម្បាំងគេថា សូលបានសម្លាប់ទាំងពាន់ តែដាវីឌទាំងម៉ឺន។
6 នោះអ័គីសទ្រង់ហៅដាវីឌមកមានព្រះបន្ទូលថា ខ្ញុំស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅថា អ្នកជាមនុស្សស្មោះត្រង់ ហើយដែលអ្នកចេញចូលក្នុងពលទ័ពជាមួយនឹងខ្ញុំ នោះក៏ជាទីពេញចិត្តខ្ញុំណាស់ ដោយខ្ញុំមិនឃើញជាមានទោសអ្វីនៅក្នុងអ្នកឡើយ ចាប់តាំងពីវេលាដែលអ្នកមកឯខ្ញុំដរាបដល់ថ្ងៃនេះ ប៉ុន្តែ ពួកមេរបស់យើងគេមិនចូលចិត្តនឹងអ្នកទេ
7 ដូច្នេះ សូមអ្នកត្រឡប់វិលទៅវិញដោយសុខសាន្តចុះ ក្រែងនាំឲ្យបង្អាក់ដល់ចិត្តនៃពួកមេសាសន៍ភីលីស្ទីនទាំងប៉ុន្មាន។
8 នោះដាវីឌទូលសួរអ័គីសថា តើទូលបង្គំបានធ្វើខុសអ្វីខ្លះ ចាប់តាំងពីទូលបង្គំមកនៅចំពោះទ្រង់ ដរាបដល់ថ្ងៃនេះ នោះតើទ្រង់បានឃើញទូលបង្គំមានទោសយ៉ាងណា បានជាមិនឲ្យទូលបង្គំទៅច្បាំងនឹងពួកខ្មាំងសត្រូវរបស់ស្តេច ជាចៅហ្វាយនៃទូលបង្គំដូច្នេះ
9 អ័គីសទ្រង់ឆ្លើយថា ខ្ញុំដឹងហើយថា អ្នកជាមនុស្សល្អនៅចំពោះខ្ញុំ ប្រៀបដូចជាទេវតានៃព្រះផង ប៉ុន្តែ ពួកមេភីលីស្ទីនគេបានសម្រេចថា មិនត្រូវឲ្យអ្នកឡើងទៅឯចម្បាំងជាមួយនឹងយើងឡើយ
10 ហេតុនោះចូរឲ្យអ្នកក្រោកឡើងពីព្រលឹម ព្រមទាំងពួកបម្រើរបស់ចៅហ្វាយអ្នកដែលមកជាមួយគ្នា លុះបានក្រោកឡើងពីព្រលឹមស្រាងដូច្នេះ ហើយមានពន្លឺល្មម នោះសូមចេញទៅចុះ
11 ដូច្នេះ ដាវីឌ និងពួកលោកក៏ក្រោកឡើងពីព្រលឹម ដើម្បីកាលណាភ្លឺស្រាងឡើង នោះឲ្យបានវិលត្រឡប់ទៅឯស្រុកភីលីស្ទីនវិញ តែឯពួកភីលីស្ទីនគេក៏នាំគ្នាឡើងទៅឯយេសរាលទៅ។
ជំពូក 30
1 លុះដល់ថ្ងៃទី៣ កាលដាវីឌ និងពួកលោកបានមកដល់ស៊ីកឡាក់ នោះឃើញថា ពួកអាម៉ាលេកបានលុកចូលស្រុកត្បូង ព្រមទាំងក្រុងស៊ីកឡាក់ផង គេបានទាំងវាយក្រុងស៊ីកឡាក់ ហើយដុតដោយភ្លើងទៅ
2 ក៏ចាប់យកពួកស្រីៗទាំងតូចទាំងធំដែលនៅទីនោះ នាំទៅជាឈ្លើយ ឥតមានសម្លាប់អ្នកណាឡើយ គ្រាន់តែដឹកនាំទៅប៉ុណ្ណោះ
3 ដូច្នេះ កាលដាវីឌ និងពួកលោកបានមកដល់ នោះក៏ឃើញទីលំនៅបានឆេះអស់ហើយ ឯប្រពន្ធ និងកូនប្រុសកូនស្រីក៏ត្រូវគេចាប់យកទៅជាឈ្លើយទាំងអស់ផង
4 នោះដាវីឌ និងពួកមនុស្សដែលនៅជាមួយក៏ឡើងសំឡេងយំជាខ្លាំង ដរាបដល់គ្មានកម្លាំងនឹងយំទៀត
5 ឯប្រពន្ធដាវីឌទាំង២ គឺអ័ហ៊ីណោម ជាអ្នកស្រុកយេសរាល និងអ័ប៊ីកែល ជាប្រពន្ធរបស់ខ្មោចណាបាលដែលជាអ្នកស្រុកកើមែល នោះគេក៏បាននាំទៅជាឈ្លើយដែរ
6 ចំណែកដាវីឌ លោកច្របល់ក្នុងចិត្តជាខ្លាំង ដ្បិតបណ្តាពួកលោកគិតចោលនឹងថ្ម ពីព្រោះគ្រប់គ្នាមានសេចក្ដីទំនាស់ចិត្តជាខ្លាំង ដោយព្រោះកូនប្រុសកូនស្រីរបស់គេ តែដាវីឌបានកំឡាចិត្តខ្លួនឡើង ដោយនូវព្រះយេហូវ៉ាជាព្រះនៃលោកវិញ។
7 គ្រានោះ ដាវីឌនិយាយទៅអ័បៀថើរដ៏ជាសង្ឃ ជាកូនអ័ហ៊ីម៉ាលេកថា សូមយកអេផូឌមកឲ្យខ្ញុំឯណេះ នោះអ័បៀថើរក៏យកអេផូឌមក
8 រួចដាវីឌទូលសួរដល់ព្រះយេហូវ៉ាថា តើត្រូវឲ្យទូលបង្គំដេញតាមពួកនោះឬអី តើនឹងបានទាន់គេឬទេ ទ្រង់មានព្រះបន្ទូលឆ្លើយថា ចូរដេញតាមចុះ ដ្បិតនឹងបានទាន់គេជាពិតប្រាកដ ហើយនិងចាប់បានមកវិញទាំងអស់ជាមិនខានផង
9 ដូច្នេះ ដាវីឌ ព្រមទាំងពួក៦០០នាក់ដែលនៅជាមួយ ក៏លើកគ្នាចេញទៅ កាលទៅដល់ជ្រោះបេសោរហើយ នោះក៏ទុកអ្នកខ្លះឲ្យនៅទីនោះ
10 ដ្បិតមាន២០០នាក់ឈប់នៅ ដោយគេល្វើយ និងឆ្លងជ្រោះបេសោរទៅមិនបាន តែឯដាវីឌ និង៤០០នាក់ឯទៀត ចេះតែខំដេញតាមទៅទៀត។
11 រីឯនៅវាល គេប្រទះឃើញសាសន៍អេស៊ីព្ទម្នាក់ ហើយក៏នាំវាមកឯដាវីឌ រួចឲ្យនំបុ័ង និងទឹកបរិភោគ
12 ក៏ឲ្យផ្លែល្វាក្រៀម១ផែន ហើយនិងផ្លែទំពាំងបាយជូរក្រៀម២ចង្កោមដែរ កាលវាបានបរិភោគហើយ នោះក៏មានកម្លាំងឡើង ពីព្រោះមិនបានបរិភោគ ទោះអាហារ ឬទឹកអស់៣ថ្ងៃ៣យប់មកហើយ
13 ដាវីឌសួរវាថា ឯងជាបាវរបស់អ្នកណា ហើយមកពីណា វាឆ្លើយតបថា ខ្ញុំជាសាសន៍អេស៊ីព្ទ ជាអ្នកបម្រើរបស់សាសន៍អាម៉ាលេកម្នាក់ ចៅហ្វាយខ្ញុំបានលះចោលខ្ញុំ៣ថ្ងៃមកហើយ ពីព្រោះខ្ញុំឈឺ
14 យើងខ្ញុំបានលុកចូលស្រុកត្បូងរបស់ពួកកេរេធីម និងស្រុករបស់ពួកយូដា ហើយនិងស្រុកត្បូង ជាស្រុករបស់កាលែប ក៏ដុតក្រុងស៊ីកឡាក់ដោយភ្លើង
15 នោះដាវីឌសួរថា ឯងចូលចិត្តនឹងនាំយើងចុះទៅឯពួកនោះឬទេ វាឆ្លើយថា សូមស្បថនឹងខ្ញុំដោយនូវព្រះចុះ ថាលោកមិនសម្លាប់ខ្ញុំឡើយ ក៏មិនប្រគល់ខ្ញុំទៅឲ្យចៅហ្វាយខ្ញុំវិញដែរ នោះខ្ញុំនឹងនាំលោកចុះទៅឲ្យដល់គេ។
16 កាលវាបាននាំចុះទៅដល់ហើយ នោះឃើញគេនៅពាសពេញលើដីកំពុងតែស៊ីផឹក ហើយលោតកញ្ឆេងដោយព្រោះរបឹបជាច្រើន ដែលគេចាប់បាន នាំយកមកពីស្រុកភីលីស្ទីន និងស្រុកយូដានោះ
17 ដាវីឌក៏ប្រហារគេចាប់តាំងពីពេលព្រលប់នោះ រហូតដល់ល្ងាចថ្ងៃក្រោយ ឥតមានអ្នកណារត់រួចឡើយ លើកតែពួកកំលោះ៤០០នាក់ដែលជិះសត្វអូដ្ឋរត់ទៅប៉ុណ្ណោះ
18 ដូច្នេះ ដាវីឌចាប់យកបានរបស់ទាំងអស់ ដែលសាសន៍អាម៉ាលេកបានប្លន់យកទៅនោះ ក៏បានប្រពន្ធទាំង២មកវិញដែរ
19 ឯរបស់ទាំងប៉ុន្មានដែលគេប្លន់យកទៅនោះ គ្មានខ្វះអ្វីសោះ ទោះតូច ឬធំ កូនប្រុសកូនស្រី ឬរបឹបណាក្តី ដាវីឌបាននាំយកទាំងអស់មកវិញ
20 លោកក៏ចាប់យកហ្វូងចៀម និងហ្វូងគោដែរ ហើយពួកអ្នកគង្វាលដែលដេញសត្វទាំងនោះនៅមុខគេក៏និយាយថា នេះជារបឹបនៃដាវីឌ។
21 រួចដាវីឌត្រឡប់មកដល់ពួក២០០នាក់ ដែលឥតមានកម្លាំងនឹងតាមទៅ គឺជាពួកអ្នកដែលគេបានទុកនៅត្រង់ជ្រោះបេសោរនោះ អ្នកទាំងនោះក៏ចេញទៅទទួលដាវីឌ និងអស់អ្នកដែលនៅជាមួយ កាលដាវីឌចូលមកជិត នោះក៏សួរគេពីសេចក្ដីសុខទុក្ខ
22 ឯបណ្តាមនុស្សកំណាច និងមនុស្សចោលម្សៀត ក្នុងពួកអ្នកដែលបានទៅជាមួយនឹងដាវីឌ គេនិយាយឡើងថា យើងមិនព្រមចែករបឹបដែលយើងបានចាប់យកមកវិញ ឲ្យដល់អ្នកទាំងនេះទេ លើកតែប្រពន្ធកូនគេប៉ុណ្ណោះ នោះឲ្យគេនាំទៅចុះ ពីព្រោះគេមិនបានទៅជាមួយនឹងយើងសោះ
23 តែដាវីឌប្រកែកថា បងប្អូនអើយ កុំឲ្យធ្វើដូច្នេះចំពោះរបស់ដែលព្រះយេហូវ៉ាបានប្រទានមកយើងឡើយ ដ្បិតទ្រង់បានការពារយើង ហើយប្រគល់ពួកអ្នកដែលបានញាំញីយើង មកក្នុងកណ្តាប់ដៃយើងហើយ
24 តើអ្នកណានឹងស្តាប់តាមអ្នករាល់គ្នាក្នុងដំណើរនេះ ដ្បិតអ្នកដែលចុះទៅច្បាំងបានចំណែកប៉ុណ្ណា នោះអ្នកដែលនៅចាំអីវ៉ាន់ ក៏ត្រូវបានចំណែកប៉ុណ្ណោះដែរ គឺត្រូវចែកឲ្យស្មើៗគ្នា
25 នោះក៏បានដូច្នោះ ចាប់តាំងពីថ្ងៃនោះតទៅ ដាវីឌក៏តាំងសេចក្ដីនោះឡើង ទុកជាច្បាប់ ជាបញ្ញត្តសម្រាប់សាសន៍អ៊ីស្រាអែលដរាបដល់សព្វថ្ងៃនេះ។
26 លុះកាលដាវីឌបានត្រឡប់មកដល់ស៊ីកឡាក់វិញហើយ នោះក៏ផ្ញើរបឹបខ្លះទៅជូនដល់ពួកចាស់ទុំនៅស្រុកយូដា ដែលជាមិត្តសំឡាញ់របស់លោក ដោយពាក្យថា នេះជាចំណែករបឹបដែលចាប់ពីពួកខ្មាំងសត្រូវនៃព្រះយេហូវ៉ា ខ្ញុំផ្ញើមកជូនដល់លោករាល់គ្នា
27 គឺផ្ញើទៅដល់ពួកចាស់ទុំនៅបេត-អែល រ៉ាម៉ូតខាងត្បូង និងយ៉ាទារ
28 នៅអារ៉ូអ៊ើរ ស៊ីពម៉ូត អែសធេម៉ូរ
29 រ៉ាកាល និងដល់ពួកដែលនៅអស់ទាំងទីក្រុងរបស់ពួកយេរ៉ាម្អែល ហើយនិងពួកដែលនៅអស់ទាំងទីក្រុងនៃពួកកែន
30 ពួកនៅហោម៉ាកោរ-អាសាន អាថាក
31 ហេប្រុន ហើយនៅគ្រប់កន្លែងដែលដាវីឌ និងពួកលោកធ្លាប់ដើរទៅមកផង។
ជំពូក 31
1 រីឯពួកភីលីស្ទីន គេចូលតនឹងពួកអ៊ីស្រាអែល ពួកអ៊ីស្រាអែលក៏រត់ពីមុខពួកភីលីស្ទីនទៅ ហើយត្រូវគេសម្លាប់នៅលើភ្នំគីលបោ
2 ពួកភីលីស្ទីនដេញតាមសូល និងពួកបុត្រាទ្រង់យ៉ាងប្រកិត គេបានសម្លាប់យ៉ូណាថាន អ័ប៊ីណាដាប់ ហើយនិងម៉ាលគី-ស៊ូអា ជាបុត្រាសូលទៅ
3 ចម្បាំងនោះក៏ប្រែជាលំបាកណាស់ដល់សូល ពួកពលធ្នូក៏តាមទ្រង់ទាន់ ហើយទ្រង់មានព្រះទ័យតក់ស្លុតជាខ្លាំង
4 ទើបទ្រង់មានព្រះបន្ទូលទៅអ្នកដែលកាន់គ្រឿងទ្រង់ថា ចូរហូតដាវឯងមកចាក់ទម្លុះអញទៅ ក្រែងពួកមិនកាត់ស្បែកនេះ គេមកកាប់ចាក់ ហើយមើលងាយដល់អញ តែអ្នកកាន់គ្រឿងរបស់ទ្រង់មិនហ៊ានទេ ដោយគាត់មានសេចក្ដីភ័យជាខ្លាំង ដូច្នេះ សូលទ្រង់ក៏ហូតយកដាវរបស់ទ្រង់ផ្តួលខ្លួនទៅលើ
5 កាលអ្នកកាន់គ្រឿងរបស់ទ្រង់បានឃើញថា សូលបានសុគតហើយ នោះគាត់ក៏ផ្តួលខ្លួនទៅលើដាវ ស្លាប់ទៅជាមួយដែរ
6 ដូច្នេះ សូល ព្រមទាំងបុត្រាទ្រង់៣អង្គ និងអ្នកកាន់គ្រឿងរបស់ទ្រង់ ហើយនិងពួកពលទាំងប៉ុន្មាន បានស្លាប់ទាំងអស់គ្នានៅថ្ងៃនោះឯង។
7 កាលពួកសាសន៍អ៊ីស្រាអែលដែលនៅច្រកភ្នំនោះម្ខាង និងពួកដែលនៅត្រើយខាងនាយទន្លេយ័រដាន់បានឃើញថា ពួកទ័ពនៃសាសន៍អ៊ីស្រាអែលបានរត់ ហើយសូល និងពួកបុត្រាទ្រង់បានសុគតអស់ហើយ នោះគេក៏រត់ចោលអស់ទាំងទីក្រុងទៅ ឯពួកភីលីស្ទីន ក៏មកតាំងទីលំនៅក្នុងទីក្រុងទាំងនោះ
8 ដល់ថ្ងៃស្អែក កាលពួកភីលីស្ទីនបានចូលទៅដោះយករបស់ពីខ្មោចទាំងប៉ុន្មាន នោះគេប្រទះឃើញសពសូល និងបុត្រាទ្រង់ទាំង៣អង្គនៅលើភ្នំគីលបោ
9 ដូច្នេះ គេក៏កាត់យកព្រះសិរទ្រង់ ព្រមទាំងដោះគ្រឿងសស្ត្រាវុធរបស់ទ្រង់ ផ្ញើទៅគ្រប់ក្នុងស្រុកភីលីស្ទីន ដើម្បីនឹងផ្សាយដំណឹងនោះ ដល់អស់ទាំងវិហាររបស់ពួកព្រះនៃគេ ហើយដល់បណ្តាជនផង
10 គេតម្កល់ទុកគ្រឿងសស្ត្រាវុធនោះនៅក្នុងវិហារនៃរូបព្រះ ឯសពទ្រង់គេបោះភ្ជាប់នឹងកំផែងទីក្រុងបេត-សាន
11 តែកាលពួកអ្នកនៅក្រុងយ៉ាបេស ក្នុងស្រុកកាឡាត បានឮនិយាយពីការដែលពួកភីលីស្ទីនធ្វើដល់សពរបស់សូល
12 នោះពួកអ្នកក្លាហានទាំងប៉ុន្មានរបស់គេក៏លើកគ្នាទៅទាំងយប់ នាំយកសពរបស់សូល និងសពនៃពួកបុត្រាទ្រង់ ពីកំផែងបេត-សាន ត្រឡប់ទៅឯក្រុងយ៉ាបេស បូជាភ្លើងទៅ
13 រួចគេរើសអដ្ឋិយកទៅបញ្ចុះនៅក្រោមដើមឈើ១ នៅក្រុងយ៉ាបេស ហើយនាំគ្នាតមអាហារ កាន់ទុក្ខអស់៧ថ្ងៃ។:៚