ជំពូក 1
1 ឯក្រោយដែលសូលបានសុគតហើយ កាលដាវីឌបានត្រឡប់មកពីវាយពួកអាម៉ាលេកវិញ ហើយបាននៅក្រុងស៊ីកឡាក់អស់២ថ្ងៃ
2 នោះដល់ថ្ងៃទី៣ មានមនុស្សម្នាក់មកពីទីបោះទ័ពរបស់សូល ស្លៀកពាក់រហែករហោក ហើយមានដីនៅលើក្បាល កាលមកដល់ដាវីឌ នោះក៏ទម្លាក់ខ្លួនក្រាបចុះដល់ដីដោយគោរព
3 ដាវីឌសួរថា អ្នកមកពីណា គាត់ជម្រាបថា ខ្ញុំបានរត់រួចមកពីកងទ័ពអ៊ីស្រាអែល
4 ដាវីឌសួរថា ចុះយ៉ាងដូចម្តេចទៅ សូមប្រាប់ខ្ញុំផង គាត់ជម្រាបថា ពួកបណ្តាទ័ពបានរត់ពីចម្បាំងចេញ ហើយមានមនុស្សជាច្រើនបានដួលស្លាប់ដែរ ឯសូល និងយ៉ូណាថាន ជាបុត្រាទ្រង់ ក៏បានសុគតហើយ
5 រួចដាវីឌសួរអ្នកកំលោះដែលនាំដំណឹងមកជម្រាបនោះថា ដូចម្តេចបានជាអ្នកដឹងថា សូល និងយ៉ូណាថានជាបុត្រាទ្រង់បានសុគតហើយដូច្នោះ
6 មនុស្សកំលោះនោះជម្រាបថា គាប់ជួនជាខ្ញុំកំពុងនៅលើភ្នំគីលបោ នោះឃើញសូលទ្រង់ច្រត់លើលំពែងរបស់ទ្រង់ ឯពលរទេះ និងពលសេះរបស់គេក៏តាមទ្រង់ជាប្រកិត
7 កាលទ្រង់បែរទតមកក្រោយឃើញខ្ញុំ នោះទ្រង់ក៏ហៅខ្ញុំ ហើយខ្ញុំទូលថា ព្រះករុណាវិសេសព្រះអម្ចាស់
8 រួចទ្រង់មានព្រះបន្ទូលសួរថា ឯងជាអ្នកណា ខ្ញុំក៏ទូលឆ្លើយថា ទូលបង្គំជាសាសន៍អាម៉ាលេក
9 នោះទ្រង់បង្គាប់មកខ្ញុំថា ចូរមកជិតនេះ ហើយសម្លាប់យើងទៅ ដ្បិតដែលយើងរស់នៅ នោះមានសេចក្ដីទុក្ខគ្របសង្កត់ខ្លាំងណាស់
10 ដូច្នេះ ខ្ញុំក៏ចូលទៅជិត ធ្វើគុតទ្រង់ទៅ ដោយខ្ញុំដឹងពិតថា ដែលទ្រង់ដួលដូច្នេះហើយ នោះនឹងគង់ព្រះជន្មនៅមិនបានឡើយ ឯមកុដដែលនៅលើព្រះសិរ និងកងកន់ដែលនៅព្រះហស្តទ្រង់ នោះខ្ញុំបាននាំយកមកជូនលោកជាម្ចាស់ខ្ញុំ។
11 នោះដាវីឌក៏ចាប់ហែកសម្លៀកបំពាក់របស់ខ្លួន ហើយពួកអ្នកដែលនៅជាមួយក៏ធ្វើដូច្នោះដែរ
12 គេនាំគ្នាកាន់ទុក្ខ ព្រមទាំងយំ ហើយតមអាហារ ដរាបដល់ល្ងាច ដោយព្រោះសូល និងយ៉ូណាថាន ជាបុត្រាទ្រង់ និងពួកទ័ពនៃព្រះយេហូវ៉ា ហើយនិងពួកវង្សអ៊ីស្រាអែលទាំងប៉ុន្មាន ពីព្រោះគេបានដួលស្លាប់ដោយដាវ
13 រួចដាវីឌលោកសួរមនុស្សកំលោះដែលនាំដំណឹងមកនោះថា អ្នកជាសាសន៍ណា គាត់ជម្រាបថា ខ្ញុំជាកូនរបស់សាសន៍ដទៃម្នាក់ គឺសាសន៍អាម៉ាលេក
14 ដាវីឌសួរទៀតថា ម្តេចក៏អ្នកមិនខ្លាចនឹងលូកដៃទៅសម្លាប់អ្នកដែលព្រះយេហូវ៉ាបានចាក់ប្រេងតាំងឲ្យដូច្នោះ
15 នោះដាវីឌក៏ហៅពួកកំលោះម្នាក់មកប្រាប់ថា ចូលទៅសម្លាប់អ្នកនោះចោលចុះ គេក៏ប្រហារឲ្យស្លាប់ទៅ
16 រួចដាវីឌមានប្រសាសន៍ថា ចូរឲ្យឈាមអ្នកធ្លាក់ទៅលើក្បាលអ្នកវិញចុះ ដ្បិតមាត់អ្នកបានធ្វើបន្ទាល់ទាស់នឹងខ្លួន អ្នកហើយថា អ្នកបានសម្លាប់មនុស្សដែលព្រះយេហូវ៉ាបានចាក់ប្រេងតាំងឲ្យ។
17 នេះជាបទទំនួញដែលដាវីឌបានលើកនិពន្ធទុកពីដំណើរសូល និងយ៉ូណាថាន ជាបុត្រាទ្រង់
18 លោកក៏បង្គាប់ឲ្យគេបង្រៀនបទចម្រៀងពីធ្នូនេះ ដល់ពួកកូនចៅយូដា ឯបទនេះសឹងមានកត់ទុកនៅក្នុងសៀវភៅរបស់យ៉ាស៊ើរថា
19 ឱសាសន៍អ៊ីស្រាអែលអើយ អ្នកដ៏ជាសិរីល្អនៃឯង បានត្រូវគេសម្លាប់នៅលើទីខ្ពស់របស់ឯង ឱះឱពួកខ្លាំងពូកែបានដួលស្លាប់ហើយ
20 កុំឲ្យថ្លែងប្រាប់នៅក្រុងកាថ ក៏កុំឲ្យប្រកាសប្រាប់ តាមផ្លូវនៅក្នុងក្រុងអាសកាឡូនឡើយ ក្រែងពួកកូនស្រីនៃសាសន៍ភីលីស្ទីនគេរីករាយសប្បាយ ហើយក្រែងកូនស្រីនៃពួកមិនកាត់ស្បែកនោះ បានអរសាទរ
21 ឱភ្នំគីលបោអើយ កុំឲ្យមានសន្សើម ឬភ្លៀងធ្លាក់មកលើឯងឡើយ ក៏កុំឲ្យមានស្រែពេញដោយតង្វាយទៀតដែរ ដ្បិតនៅទីនោះ ខែលនៃពួកខ្លាំងពូកែបានត្រូវបង្អាប់ គឺជាខែលរបស់សូល ទុកដូចជាមិនបានចាក់ប្រេងតាំងទ្រង់ឡើយសោះ
22 ឯធ្នូរបស់យ៉ូណាថាន នោះមិនបានថយចេញពីឈាមនៃមនុស្សរបួស ឬពីខ្លាញ់របស់មនុស្សខ្លាំងពូកែឡើយ ដាវរបស់សូលក៏មិនបានមកវិញទទេដែរ
23 សូល និងយ៉ូណាថាន ជាទីគួរស្រឡាញ់ គួររីករាយណាស់ពីកាលនៅរស់ ហើយកាលទ្រង់សុគត នោះក៏មិនឃ្លាតពីគ្នាដែរ ទ្រង់រហ័សជាងសត្វឥន្ទ្រី ហើយខ្លាំងជាងសត្វសិង្ហ
24 ឱពួកកូនស្រីនៃសាសន៍អ៊ីស្រាអែលអើយ ចូរយំសោកនឹងសូល ដែលទ្រង់បានចាត់ចែងឲ្យឯងស្លៀកពាក់ ដោយសំពត់ក្រហមយ៉ាងរុងរឿង ហើយតែងសម្លៀកបំពាក់ឲ្យឯងដោយគ្រឿងមាស
25 ឱះឱពួកខ្លាំងពូកែបានដួលស្លាប់នៅកណ្តាលចម្បាំងហើយ យ៉ូណាថានត្រូវគេសម្លាប់នៅលើទីខ្ពស់របស់ឯង
26 ឱយ៉ូណាថាន បងអើយ ខ្ញុំមានសេចក្ដីទុក្ខចំពោះបង ដោយព្រោះបងជាទីពេញចិត្តដល់ខ្ញុំណាស់ ហើយដែលបងស្រឡាញ់ដល់ខ្ញុំ នោះជាទីអស្ចារ្យ ក៏លើសជាងសេចក្ដីស្រឡាញ់របស់ស្រីៗផង
27 ឱះឱពួកខ្លាំងពូកែបានដួលស្លាប់ហើយ អស់ទាំងគ្រឿងចម្បាំងក៏បានវិនាសអស់ទៅ។
ជំពូក 2
1 ក្រោយនោះមក ដាវីឌក៏ទូលសួរដល់ព្រះយេហូវ៉ាថា តើត្រូវឲ្យទូលបង្គំឡើងទៅក្នុងទីក្រុង របស់ស្រុកយូដាណាមួយឬអី ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលឆ្លើយថា ចូរឡើងទៅចុះ រួចដាវីឌទូលសួរថា តើឲ្យទូលបង្គំឡើងទៅឯណា ទ្រង់មានព្រះបន្ទូលថា ចូរទៅឯហេប្រុនចុះ
2 ដូច្នេះ ដាវីឌក៏ឡើងទៅដល់ទីនោះ នាំប្រពន្ធខ្លួនទាំង២ទៅជាមួយផងគឺអ័ហ៊ីណោម ជាអ្នកស្រុកយេសរាល និងអ័ប៊ីកែល ជាអ្នកស្រុកកើមែល ដែលជាប្រពន្ធរបស់ខ្មោចណាបាល
3 ឯពួកអ្នកដែលនៅជាមួយ នោះលោកក៏នាំគេ ព្រមទាំងពួកគ្រួគេរៀងខ្លួនឡើងទៅដែរ គេក៏តាំងទីលំនៅៗក្នុងអស់ទាំងតំបន់នៃក្រុងហេប្រុន រួចពួកយូដា គេមកចាក់ប្រេងតាំងដាវីឌឡើងធ្វើជាស្តេចលើសាសន៍របស់ខ្លួននៅទីនោះ។
4 មានគេទូលដល់ដាវីឌថា ពួកដែលបញ្ចុះអដ្ឋិរបស់សូល នោះគឺជាពួកអ្នកនៅក្រុងយ៉ាបេស-កាឡាត
5 នោះដាវីឌទ្រង់ចាត់សារឲ្យទៅឯពួកក្រុងយ៉ាបេស-កាឡាត ប្រាប់ថា សូមឲ្យព្រះយេហូវ៉ាទ្រង់ប្រទានពរដល់អ្នករាល់គ្នាចុះ ពីព្រោះអ្នករាល់គ្នាបានសម្ដែងសេចក្ដីសប្បុរសដល់សូល ជាចៅហ្វាយនៃអ្នក ដោយបញ្ចុះអដ្ឋិទ្រង់
6 ឥឡូវនេះ សូមឲ្យព្រះយេហូវ៉ាទ្រង់សម្ដែងសេចក្ដីសប្បុរស ហើយនិងសេចក្ដីទៀងត្រង់ដល់អ្នករាល់គ្នាចុះ ឯខ្ញុំក៏នឹងសងដល់អ្នករាល់គ្នា ដោយនូវការសប្បុរសនោះដែរ
7 ដូច្នេះ សូមឲ្យអ្នករាល់គ្នាមានកម្លាំងដៃឡើង ហើយមានចិត្តក្លាហានចុះ ដ្បិតសូល ជាចៅហ្វាយនៃអ្នករាល់គ្នា ទ្រង់អស់ព្រះជន្មហើយ មួយទៀត ពួកសាសន៍យូដាបានចាក់ប្រេងតាំងខ្ញុំឲ្យធ្វើជាស្តេចលើគេវិញ។
8 រីឯអ័ប៊ីនើរ កូននើរ ជាមេទ័ពរបស់សូល លោកបាននាំយកអ៊ីស-បូសែតជាបុត្រាសូល ទៅឯក្រុងម៉ាហាណែម
9 ហើយបានតាំងឡើងជាស្តេចលើពួកកាឡាត ពួកអេស៊ើរ ពួកយេសរាល ពួកអេប្រាអិម និងពួកបេនយ៉ាមីន ហើយនិងលើពួកអ៊ីស្រាអែលទាំងអស់
10 ឯអ៊ីស-បូសែត ជាបុត្រាសូលនេះ ទ្រង់មានព្រះជន្ម៤០ឆ្នាំហើយ ក្នុងកាលដែលចាប់សោយរាជ្យលើពួកអ៊ីស្រាអែល ទ្រង់ក៏សោយរាជ្យបាន២ឆ្នាំ តែពួកសាសន៍យូដា គេប្រតិបត្តិតាមដាវីឌវិញ
11 ហើយគ្រាដែលដាវីឌសោយរាជ្យលើសាសន៍យូដា នៅក្រុងហេប្រុន នោះទាំងអស់បាន៧ឆ្នាំ៦ខែ។
12 ឯអ័ប៊ីនើរ ជាកូននើរ និងពួកខាងអ៊ីស-បូសែតជាបុត្រាសូល គេក៏ចេញពីម៉ាហាណែម ទៅឯគីបៀន
13 ហើយយ៉ូអាប់ជាកូនសេរូយ៉ា និងពួកខាងដាវីឌក៏ចេញទៅប្រទះគ្នានៅត្រង់ស្រះគីបៀន គេអង្គុយនៅទាំងសងខាងស្រះ គឺម្ខាងពួក១ ម្ខាងពួក១
14 នោះអ័ប៊ីនើរនិយាយទៅយ៉ូអាប់ថា ចូរឲ្យពួកកំលោះៗក្រោកឡើងលេងគ្នានៅមុខយើងទៅ យ៉ូអាប់ក៏ឆ្លើយថា ចូរឲ្យគេក្រោកឡើងចុះ
15 នោះគេក៏ក្រោកឡើងទៅតាមចំនួនដែលបានកំណត់ គឺមាន១២នាក់ដំណាងខាងពួកបេនយ៉ាមីន និងអ៊ីស-បូសែតជាបុត្រាសូល ហើយ១២នាក់ដំណាងខាងពួកដាវីឌ
16 គ្រប់គ្នាក៏ចាប់ក្បាលគូគេរៀងខ្លួន ហើយចាក់គ្នាត្រង់ចំហៀងដោយដាវ ដួលស្លាប់ទាំងអស់គ្នាទៅ ដូច្នេះ គេហៅទីនោះថា ហេលកាត-ហាស៊ូរីម ទីនោះនៅត្រង់គីបៀន
17 រួចនៅថ្ងៃនោះ ចម្បាំងក៏សាហាវណាស់ ហើយអ័ប៊ីនើរ និងពួកខាងអ៊ីស្រាអែល ត្រូវចាញ់ដៃនៃពួកខាងដាវីឌ។
18 រីឯយ៉ូអាប់ អ័ប៊ីសាយ និងអេសាអែល ទាំង៣នាក់ដែលជាកូនសេរូយ៉ា ក៏នៅទីនោះ ឯអេសាអែលមានជើងលឿនណាស់ ដូចជាប្រើសព្រៃ
19 គាត់ក៏ដេញតាមអ័ប៊ីនើរទៅ ឥតបង្អង់ដោយងាកបែរទៅខាងស្តាំ ឬខាងឆ្វេងឡើយ
20 នោះអ័ប៊ីនើរក៏ក្រឡេកមើលមកក្រោយ សួរថា តើឯងឬអីអេសាអែលអើយ គាត់ឆ្លើយថា គឺអញនេះហើយ
21 ដូច្នេះ អ័ប៊ីនើរប្រាប់គាត់ថា ចូរឯងបែរទៅខាងស្តាំ ឬខាងឆ្វេង ដើម្បីនឹងចាប់កំលោះណាម្នាក់ ហើយយកគ្រឿងសស្ត្រាវុធរបស់គេវិញ តែអេសាអែលចេះតែដេញតាមលោកទៅ មិនព្រមបែរចេញឡើយ
22 អ័ប៊ីនើរក៏ប្រាប់ទៅអេសាអែលម្តងទៀតថា ចូរឯងបែរចេញលែងតាមអញទៅ ត្រូវឲ្យអញវាយឯងឲ្យដួលដល់ដីធ្វើអី បើដូច្នោះ ធ្វើដូចម្តេចឲ្យអញបានងើបមុខនៅចំពោះយ៉ូអាប់ជាបងឯងបាន
23 ប៉ុន្តែ គាត់មិនព្រមបែរចេញសោះឡើយ បានជាអ័ប៊ីនើរកាន់លំពែងបុះទៅក្រោយ ត្រូវត្រង់ពោះគាត់ ដោយចុងដងលំពែង ធ្លុះចេញមកក្រោយ ហើយគាត់ដួលស្លាប់នៅទីនោះឯង ឯអស់អ្នកដែលមកតាមក្រោយ ដល់កន្លែងអេសាអែលដួលស្លាប់នោះ គេក៏ឈប់នៅ។
24 យ៉ូអាប់ និងអ័ប៊ីសាយ គេចេះតែដេញតាមអ័ប៊ីនើរទៅ កាលគេមកដល់ភ្នំអាំម៉ា ដែលនៅប្រទល់មុខនឹងគីយ៉ា តាមផ្លូវកាត់ទីរហោស្ថានគីបៀន នោះថ្ងៃក៏លិច
25 ចំណែកពួកខាងបេនយ៉ាមីន គេមូលផ្តុំគ្នាជាពួក១នឹងអ័ប៊ីនើរ ក៏ឈរនៅលើកំពូលកូនភ្នំ១
26 នោះអ័ប៊ីនើរក៏ស្រែកហៅទៅយ៉ូអាប់ថា តើត្រូវឲ្យដាវស៊ីបំផ្លាញជារៀងរាបដរាបឬ តើមិនដឹងទេឬអីថា ដល់ចុងបំផុតនឹងមានសេចក្ដីជូរចត់ ដូច្នេះ តើចាំដល់កាលណាទៀត ទើបប្រាប់ដល់ពួកពលឲ្យត្រឡប់វិលទៅវិញ លែងដេញតាមបងប្អូនគេនោះ
27 យ៉ូអាប់ឆ្លើយថា ខ្ញុំស្បថដោយនូវព្រះដ៏មានព្រះជន្មរស់ថា បើឯងមិនបាននិយាយទេ នោះដល់ព្រឹកឡើង គង់តែពួកពលទាំងប៉ុន្មាន បានចេញទៅលែងដេញតាមបងប្អូនគេរៀងខ្លួនហើយ
28 ដូច្នេះ យ៉ូអាប់ក៏ផ្លុំត្រែឡើង ហើយពួកពលឈប់នឹងនៅ គេលែងដេញតាមពួកអ៊ីស្រាអែលតទៅ ក៏មិនបានច្បាំងគ្នាទៀតឡើយ
29 ឯអ័ប៊ីនើរ ព្រមទាំងពួកពលទ័ពរបស់លោក គេដើរកាត់ស្រុកវាលពេញ១យប់នោះ រួចគេឆ្លងទន្លេយ័រដាន់ ហើយក៏ដើរកាត់ស្រុកប៊ីត្រោន ដល់ទៅម៉ាហាណែមវិញ។
30 យ៉ូអាប់ក៏វិលត្រឡប់មកពីដេញតាមអ័ប៊ីនើរដែរ ហើយកាលលោកបានប្រមូលពួកពលខាងដាវីឌទាំងអស់មក នោះឃើញបាត់តែ១៩នាក់ ហើយនិងអេសាអែលប៉ុណ្ណោះ
31 តែពួកពលរបស់ដាវីឌបានវាយសម្លាប់ខាងពួកបេនយ៉ាមីន និងពួកអ័ប៊ីនើរអស់៣៦០នាក់
32 រួចគេនាំយកសពរបស់អេសាអែល ទៅបញ្ចុះក្នុងផ្នូររបស់ឪពុកគាត់ដែលនៅបេថ្លេហិមទៅ នោះយ៉ូអាប់ ព្រមទាំងពួកលោកក៏ដើរពេញ១យប់នោះ មកដល់ក្រុងហេប្រុននៅពេលថ្ងៃទើបនឹងភ្លឺ។
ជំពូក 3
1 នៅគ្រានោះ រាជវង្សសូល និងរាជវង្សដាវីឌ គេច្បាំងគ្នាអស់កាលជាយូរ តែដាវីឌចេះតែមានកម្លាំងខ្លាំងឡើង ហើយរាជវង្សសូលក៏កាន់តែខ្សោយទៅ។
2 រីឯនៅក្រុងហេប្រុន ដាវីឌបង្កើតបានបុត្រាខ្លះ បុត្រច្បងរបស់ទ្រង់ គឺអាំណូនដែលកើតនឹងនាងអ័ហ៊ីណោម ជាអ្នកស្រុកយេសរាល
3 បុត្របន្ទាប់ គឺគីលាប ដែលកើតនឹងនាងអ័ប៊ីកែល ជាអ្នកស្រុកកើមែល ប្រពន្ធរបស់ខ្មោចណាបាល បុត្រទី៣ គឺអាប់សាឡំម ជាបុត្រនាងម្អាកា ដែលជាបុត្រីរបស់តាលម៉ាយ ស្តេចស្រុកកេស៊ូរី
4 បុត្រទី៤ គឺអ័ដូនីយ៉ា ជាបុត្ររបស់នាងហាគីត បុត្រទី៥ គឺសេផាធា ជាបុត្រនាងអ័ប៊ីថាល
5 បុត្រទី៦ គឺយីតរាម ដែលកើតនឹងនាងអេកឡា ភរិយារបស់ដាវីឌ បុត្រទាំងនេះបានកើតឡើងដល់ដាវីឌនៅក្រុងហេប្រុន។
6 នៅគ្រាដែលរាជវង្សសូល និងរាជវង្សដាវីឌកំពុងតែមានចម្បាំងដល់គ្នា នោះអ័ប៊ីនើរក៏ចម្រើនកម្លាំងខ្លួនខាងឯរាជវង្សសូល
7 រីឯសូល ទ្រង់មានអ្នកម្នាងម្នាក់ឈ្មោះរីសប៉ា ជាកូនអ័យ៉ា គ្រានោះ អ៊ីស-បូសែតមានព្រះបន្ទូលទៅអ័ប៊ីនើរថា ហេតុអ្វីបានជាអ្នកចូលទៅឯស្ត្រីអ្នកម្នាងរបស់បិតាយើងដូច្នេះ
8 នោះអ័ប៊ីនើរក៏មានសេចក្ដីកំហឹងឆួលឡើង ដោយព្រោះពាក្យរបស់អ៊ីស-បូសែត ហើយទូលថា ទូលបង្គំជាក្បាលឆ្កែរបស់ផងពួកយូដាឬអី សព្វថ្ងៃនេះ ទូលបង្គំកំពុងតែសម្ដែងគុណដល់រាជវង្សរបស់សូល ជាបិតាទ្រង់ ព្រមទាំងវង្សានុវង្ស និងមិត្តសំឡាញ់ទ្រង់ផង ដោយមិនបានប្រគល់ទ្រង់ទៅក្នុងកណ្តាប់ដៃដាវីឌឡើយ តែនៅថ្ងៃនេះ ទ្រង់ហ៊ានបន្ទោសទូលបង្គំពីរឿងស្រីនោះឬ
9 បើសិនជាទូលបង្គំមិនលើកដាវីឌឡើង តាមដូចជាព្រះយេហូវ៉ាបានស្បថនឹងទ្រង់ហើយ នោះសូមឲ្យព្រះធ្វើដល់អ័ប៊ីនើរខ្ញុំនេះយ៉ាងដូច្នោះ ហើយលើសទៅទៀតផង
10 គឺទូលបង្គំនឹងផ្ទេររាជ្យពីរាជវង្សសូល ទៅលើដាវីឌឲ្យសោយរាជ្យឡើងលើពួកអ៊ីស្រាអែល និងពួកយូដាវិញ ចាប់តាំងពីក្រុងដាន់រហូតដល់បៀរ-សេបា
11 នោះទ្រង់រកឆ្លើយតបនឹងអ័ប៊ីនើរសូម្បីតែ១ម៉ាត់ក៏មិនបានផង ដោយព្រោះខ្លាចលោក។
12 នោះអ័ប៊ីនើរចាត់សារឲ្យទៅឯដាវីឌ ដោយនូវឈ្មោះខ្លួន ដើម្បីទូលថា តើអ្នកណាជាស្តេចផែនដី សូមតាំងសញ្ញានឹងទូលបង្គំចុះ នោះទូលបង្គំនឹងចូលដៃខាងទ្រង់ ដើម្បីនឹងនាំពួកអ៊ីស្រាអែលទាំងអស់ឲ្យវិលមកខាងទ្រង់
13 ដាវីឌក៏តបថា អើ យើងនឹងចុះសញ្ញានឹងអ្នក ប៉ុន្តែ តោងឲ្យអ្នកធ្វើការនេះសិន គឺអ្នកមិនឃើញមុខយើងឡើយ ទាល់តែបាននាំមីកាល ជាបុត្រីសូលមក ក្នុងកាលដែលអ្នកមកសួរយើង
14 ដាវីឌក៏ចាត់សារឲ្យទៅឯអ៊ីស-បូសែត ជាបុត្រាសូលថា ចូរឲ្យមីកាលជាប្រពន្ធខ្ញុំ ដែលខ្ញុំបានដណ្តឹងដោយសារស្បែកចុងស្វាសនៃពួកភីលីស្ទីន១០០នាក់នោះមកខ្ញុំវិញ
15 នោះអ៊ីស-បូសែតក៏ចាត់ឲ្យគេទៅនាំយកនាងពីប៉ាលធាល ជាកូនឡាអ៊ីស ប្ដីនាងមក
16 ឯប្ដីនាង គាត់ដើរមកតាមនាងទាំងយំបណ្តើរ រហូតដល់ភូមិបាហ៊ូរីម ទើបអ័ប៊ីនើរបង្គាប់ទៅថា ចូរវិលទៅវិញចុះ នោះគាត់ក៏ត្រឡប់ទៅវិញ។
17 គ្រានោះ អ័ប៊ីនើរមានប្រសាសន៍នឹងពួកចាស់ទុំនៃពួកអ៊ីស្រាអែលថា កាលពីដើមអ្នករាល់គ្នាចង់បានដាវីឌឲ្យធ្វើជាស្តេចលើអ្នករាល់គ្នា
18 ឥឡូវនេះ ចូរតាំងឡើងចុះ ដ្បិតព្រះយេហូវ៉ាទ្រង់បានមានព្រះបន្ទូលពីដាវីឌហើយថា អញនឹងជួយសង្គ្រោះពួកអ៊ីស្រាអែល ជារាស្ត្រអញឲ្យរួចពីកណ្តាប់ដៃនៃពួកភីលីស្ទីន ហើយពីកណ្តាប់ដៃនៃពួកខ្មាំងសត្រូវទាំងអស់ ដោយសារដៃដាវីឌ ជាអ្នកបម្រើរបស់អញ
19 អ័ប៊ីនើរក៏មានប្រសាសន៍ដល់ពួកបេនយ៉ាមីនដែរ រួចលោកទៅក្រាបទូលដាវីឌ នៅត្រង់ក្រុងហេប្រុន តាមគ្រប់ទាំងសេចក្ដីដែលពេញចិត្តដល់ពួកអ៊ីស្រាអែល និងពួកគ្រួបេនយ៉ាមីនទាំងអស់
20 ដូច្នេះ អ័ប៊ីនើរបានមកឯដាវីឌនៅក្រុងហេប្រុន មានទាំងមនុស្ស២០នាក់មកជាមួយផង ឯដាវីឌទ្រង់រៀបជប់លៀងអ័ប៊ីនើរ និងពួកមនុស្សដែលមកជាមួយដែរ
21 នោះអ័ប៊ីនើរទូលទៅដាវីឌថា ទូលបង្គំនឹងឡើងចេញទៅប្រមូលពួកអ៊ីស្រាអែលទាំងអស់ ឲ្យមកឯព្រះករុណាជាម្ចាស់នៃទូលបង្គំ ដើម្បីឲ្យគេចុះសញ្ញានឹងទ្រង់ ឲ្យទ្រង់បានសោយរាជ្យលើគ្រប់ទាំងអស់ តាមព្រះហឫទ័យ រួចដាវីឌទ្រង់ឲ្យអ័ប៊ីនើរទៅវិញ ហើយលោកក៏ទៅដោយសុខសាន្ត។
22 ខណៈនោះ យ៉ូអាប់ និងពួកពលរបស់ដាវីឌ ត្រឡប់មកពីលុកលុយស្រុកក្រៅវិញ ក៏នាំយករបឹបជាច្រើនមកជាមួយដែរ តែចំណែកអ័ប៊ីនើរមិននៅជាមួយនឹងដាវីឌក្នុងក្រុងហេប្រុនទេ ដ្បិតទ្រង់បានឲ្យលោកទៅផុតហើយ លោកក៏បានទៅដោយសុខសាន្ត
23 កាលយ៉ូអាប់ និងពួកពលទាំងប៉ុន្មានដែលនៅជាមួយនឹងលោក បានមកដល់ហើយ នោះគេជម្រាបយ៉ូអាប់ថា អ័ប៊ីនើរ ជាកូននើរបានឡើងមកគាល់ស្តេច ហើយទ្រង់បានឲ្យទៅវិញដោយសុខសាន្ត
24 នោះយ៉ូអាប់លោកចូលទៅឯស្តេច ទូលសួរថា តើទ្រង់បានធ្វើអ្វីដូច្នេះ មើល អ័ប៊ីនើរបានមកគាល់ទ្រង់ តើហេតុអ្វីបានជាទ្រង់ឲ្យចេញទៅ ហើយវាទៅបាត់ដូច្នេះ
25 ទ្រង់ស្គាល់អ័ប៊ីនើរជាកូននើរហើយ ថាវាបានមកដើម្បីតែនឹងបញ្ឆោតទ្រង់ទេ ហើយឲ្យបានដឹងពីដំណើរទ្រង់យាងចេញចូល និងគ្រប់ទាំងកិច្ចការដែលទ្រង់ធ្វើផង
26 រួចកាលយ៉ូអាប់បានចេញពីចំពោះដាវីឌទៅ នោះក៏ចាត់គេឲ្យទៅតាមហៅអ័ប៊ីនើរមក គេនាំលោកពីត្រង់អណ្តូងស៊ីរ៉ា មកវិញ តែដាវីឌមិនជ្រាបទេ។
27 កាលអ័ប៊ីនើរបានមកដល់ក្រុងហេប្រុនវិញ នោះយ៉ូអាប់ក៏នាំលោកទៅឯទីកណ្តាលទ្វារកំផែងក្រុងដោយឡែក ដើម្បីមានប្រសាសន៍នឹងលោកដោយសម្ងាត់ រួចក៏ចាក់លោកត្រង់ពោះនៅទីនោះឲ្យស្លាប់ទៅ ដើម្បីសងសឹកចំពោះឈាមអេសាអែលជាប្អូនខ្លួន
28 កាលដាវីឌបានជ្រាប នោះទ្រង់មានព្រះបន្ទូលថា ឯអញ ហើយនិងរាជ្យអញ ឥតមានទោសខាងឯឈាមអ័ប៊ីនើរ ជាកូននើរនេះ នៅចំពោះព្រះយេហូវ៉ាជាដរាបទៅ
29 សូមឲ្យទោសនោះធ្លាក់ទៅលើក្បាលយ៉ូអាប់ និងវង្សាញាតិរបស់គេទាំងអស់វិញចុះ សូមកុំឲ្យខានមានអ្នកណាក្នុងពូជពង្សយ៉ូអាប់ដែលហូរខ្ទុះ ឬកើតឃ្លង់ ឬដែលត្រូវច្រត់លើឈើច្រត់ ឬដែលដួលស្លាប់ដោយដាវ ឬដែលខ្វះអាហារនោះឡើង
30 គឺយ៉ាងនោះ ដែលយ៉ូអាប់ និងអ័ប៊ីសាយ ជាប្អូនលោកបានសម្លាប់អ័ប៊ីនើរទៅ ដោយព្រោះសម្លាប់អេសាអែលជាប្អូន នៅក្នុងចម្បាំងត្រង់គីបៀន។
31 គ្រានោះ ដាវីឌទ្រង់ត្រាស់បង្គាប់ដល់យ៉ូអាប់ និងបណ្តាទ័ពរាល់គ្នាដែលនៅជាមួយនឹងលោកថា ចូរឯងរាល់គ្នាហែកសម្លៀកបំពាក់ខ្លួន ហើយស្លៀកសំពត់ធ្មៃ រួចយំសោកនៅចំពោះសពអ័ប៊ីនើរទៅ ឯដាវីឌទ្រង់ក៏យាងតាមក្តារមឈូសដែរ
32 គេបញ្ចុះសពអ័ប៊ីនើរនៅត្រង់ហេប្រុន ហើយស្តេចទ្រង់ព្រះកន្សែងនៅត្រង់ផ្នូរលោក ឯពួករាស្ត្រទាំងប៉ុន្មានក៏យំសោកដែរ
33 ទ្រង់ទួញទំនួញនឹងអ័ប៊ីនើរថា តើគួរឲ្យអ័ប៊ីនើរស្លាប់ដូចជាមនុស្សលីលាដូច្នេះឬអី
34 ដៃឯងឥតជាប់ចំណង ហើយជើងក៏ឥតជាប់ច្រវាក់ដែរ ឯងបានដួលស្លាប់ ដូចជាមនុស្សដែលត្រូវដួលស្លាប់ដោយសារពួកទុច្ចរិត រួចបណ្តាជនទាំងអស់គ្នា ក៏យំនឹងលោកម្តងទៀត
35 នោះបណ្តាជនទាំងប៉ុន្មានក៏មូលមក ដើម្បីនឹងតឿនឲ្យដាវីឌសោយព្រះស្ងោយ ក្នុងពេលដែលនៅភ្លឺនៅឡើយ ប៉ុន្តែ ដាវីឌទ្រង់ស្បថថា បើយើងគ្រាន់តែភ្លក់អាហារ ឬអ្វីទៀតមុនដែលថ្ងៃលិច នោះសូមឲ្យព្រះទ្រង់ធ្វើដល់យើងដូច្នេះ ហើយលើសទៅទៀតផងចុះ
36 ពួកបណ្តាជនទាំងឡាយក៏ឃើញ ហើយការនោះបានពេញចិត្តដល់គេ ដូចជាគ្រប់ការទាំងអស់ដែលស្តេចធ្វើ ក៏ត្រូវចិត្តគេដែរ
37 ដូច្នេះ នៅថ្ងៃនោះ បណ្តាជន និងពួកអ៊ីស្រាអែលទាំងអស់ គេយល់ឃើញថា ដែលគេបានសម្លាប់អ័ប៊ីនើរ ជាកូននើរទៅ នោះមិនមែនមកអំពីស្តេចទេ
38 ស្តេចទ្រង់ក៏មានព្រះបន្ទូលទៅពួកមហាតលិកទ្រង់ថា តើមិនដឹងទេឬអី ថានៅថ្ងៃនេះ មានមេជាអ្នកធំម្នាក់ ក្នុងពួកអ៊ីស្រាអែល បានដួលស្លាប់ហើយ
39 ហើយនៅថ្ងៃនេះ ទោះបើគេបានចាក់ប្រេងតាំងយើងឲ្យធ្វើជាស្តេចក៏ដោយ គង់តែយើងខ្សោយដែរ ឯពួកកូនសេរូយ៉ាទាំងនេះ គេរឹងទទឹងនឹងយើងហួសពេក ដូច្នេះ សូមឲ្យព្រះយេហូវ៉ាសងដល់អ្នកដែលប្រព្រឹត្តអាក្រក់នេះ តាមការអាក្រក់របស់ខ្លួនគេចុះ។
ជំពូក 4
1 កាលអ៊ីស-បូសែត ជាបុត្រាសូល បានជ្រាបថា អ័ប៊ីនើរស្លាប់នៅក្រុងហេប្រុនដូច្នោះ នោះព្រះហស្តទ្រង់ក៏អន់ថយកម្លាំងទៅ ហើយពួកអ៊ីស្រាអែលទាំងអស់គ្នាក៏មានសេចក្ដីរន្ធត់
2 រីឯអ៊ីស-បូសែតទ្រង់មានមេទ័ព២នាក់ ១ឈ្មោះប្អាណា ហើយ១ទៀតឈ្មោះរេកាប ទាំង២នោះជាកូនរីម៉ូន ដែលជាពួកប្អៀរ៉ុត ក្នុងពូជអំបូរបេនយ៉ាមីន ដ្បិតស្រុកប្អៀរ៉ុត ក៏រាប់ទុកជារបស់ផងពួកបេនយ៉ាមីនដែរ
3 ហើយពួកប្អៀរ៉ុតនោះ បានរត់ទៅតាំងទីលំនៅនៅឯគីថែមវិញ ដរាបដល់សព្វថ្ងៃនេះ។
4 ចំណែកយ៉ូណាថានជាបុត្រាសូលទ្រង់មានបុត្រា១នាមជាមភីបូសែត ដែលមានជើងខ្វិន ដ្បិតកាលមានព្រះជន្ម៥ឆ្នាំ ក្នុងខណៈដែលឮដំណឹងមកពីយេសរាល ពីដំណើរសូល និងយ៉ូណាថាន នោះភីលៀងក៏ពររត់ទៅ ហើយដោយព្រោះនាងរត់ទៅប្រញាប់ប្រញាល់ពេក បានជាកុមារភ្លាត់ធ្លាក់ ហើយខ្វិនទៅ។
5 រីឯរេកាប និងប្អាណា ជាកូនរីម៉ូន ពួកប្អៀរ៉ុតនោះគេក៏ទៅឯដំណាក់អ៊ីស-បូសែត ក្នុងពេលប្រហែលជាថ្ងៃពេញកំដៅ កំពុងដែលទ្រង់ផ្ទំនៅវេលាថ្ងៃត្រង់
6 គេចូលទៅក្នុងដំណាក់ ធ្វើដូចជាចូលទៅយកស្រូវភោជ្ជសាលី ក៏ចាក់ទ្រង់ត្រង់ឧទរសម្លាប់ទៅ រួចនាំគ្នារត់ទៅបាត់
7 រីឯកាលគេបានចូលទៅក្នុងដំណាក់ កំពុងដែលទ្រង់ផ្ទំនៅលើព្រះទែន ក្នុងបន្ទប់សម្រាប់ផ្ទំ នោះគេបានធ្វើគុតទ្រង់ទៅ រួចកាត់យកព្រះសិរចេញ ទៅតាមផ្លូវស្រុកវាលអស់១យប់នោះ
8 គេនាំយកព្រះសិរនៃអ៊ីស-បូសែត ទៅឯដាវីឌនៅក្រុងហេប្រុន ទូលថា បពិត្រព្រះរាជា នេះព្រះសិររបស់អ៊ីស-បូសែត បុត្រសូល ជាខ្មាំងសត្រូវដែលស្វែងរកជីវិតទ្រង់ នៅថ្ងៃនេះ ព្រះយេហូវ៉ាទ្រង់បានសងសឹកនឹងសូល ព្រមទាំងវង្សារបស់ទ្រង់ ជំនួសព្រះករុណាដ៏ជាម្ចាស់នៃទូលបង្គំហើយ
9 តែដាវីឌទ្រង់មានព្រះបន្ទូលឆ្លើយទៅរេកាប និងប្អាណា ប្អូនគាត់ ជាកូនរីម៉ូន ពួកប្អៀរ៉ុតនោះថា យើងស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅ ដែលទ្រង់បានលោះព្រលឹងយើងចេញពីគ្រប់ទាំងសេចក្ដីវេទនាថា
10 កាលមានម្នាក់មកប្រាប់យើងពីសូលបានសុគតហើយ ដោយស្មានថាខ្លួននាំដំណឹងល្អណាមួយមកប្រាប់ដល់យើង នោះយើងបានចាក់សម្លាប់វានៅត្រង់ស៊ីកឡាក់ទៅ ទុកជារង្វាន់ដល់វា ដោយព្រោះដំណឹងដែលនាំមកនោះ
11 ដូច្នេះ ចំណង់បើមនុស្សអាក្រក់បានសម្លាប់មនុស្សសុចរិត នៅលើដំណេក ក្នុងលំនៅរបស់ខ្លួន នោះតើមិនត្រូវឲ្យយើងសងសឹកជំនួសឈាមអ្នកនោះ ដោយដកឯងចេញពីផែនដីទៅ លើសជាងទៅទៀតទេឬអី
12 រួចដាវីឌបង្គាប់ដល់ពួកកំលោះរបស់ទ្រង់ ហើយគេក៏សម្លាប់អ្នកទាំង២នោះទៅ ព្រមទាំងកាត់ដៃកាត់ជើង យកទៅព្យួរនៅក្បែរស្រះត្រង់ហេប្រុន តែគេនាំយកព្រះសិរនៃអ៊ីស-បូសែតទៅបញ្ចុះនៅក្នុងផ្នូររបស់អ័ប៊ីនើរនៅក្រុងហេប្រុនទៅ។
ជំពូក 5
1 គ្រានោះ ពូជអំបូរនៃអ៊ីស្រាអែលទាំងប៉ុន្មាន ក៏មកឯដាវីឌ នៅក្រុងហេប្រុន ទូលថា ទូលបង្គំគ្រប់គ្នាជាសាច់លោហិតជាមួយនឹងទ្រង់ដែរ
2 កាលពីដើមដែលសូលធ្វើជាស្តេចលើទូលបង្គំគ្រប់គ្នា នោះគឺទ្រង់ហើយដែលជាអ្នកនាំមុខពួកអ៊ីស្រាអែលចេញចូល ១ទៀត ព្រះយេហូវ៉ាទ្រង់បានមានព្រះបន្ទូលនឹងទ្រង់ថា ត្រូវឲ្យឯងធ្វើជាអ្នកគង្វាលឃ្វាលអ៊ីស្រាអែល ជារាស្ត្រអញ គឺជាមេគ្រប់គ្រងលើពួកសាសន៍អ៊ីស្រាអែលផង
3 គឺយ៉ាងនោះហើយ ដែលពួកចាស់ទុំទាំងប៉ុន្មាននៃសាសន៍អ៊ីស្រាអែល បានមកឯស្តេចនៅក្រុងហេប្រុន រួចស្តេចដាវីឌក៏តាំងសញ្ញានឹងគេ នៅចំពោះព្រះយេហូវ៉ាត្រង់ហេប្រុន ហើយគេចាក់ប្រេងតាំងដាវីឌឡើង ឲ្យធ្វើជាស្តេចលើពួកអ៊ីស្រាអែលដែរ
4 កាលដាវីឌបានទទួលគ្រងរាជ្យ នោះទ្រង់មានព្រះជន្ម៣០ឆ្នាំ ទ្រង់ក៏សោយរាជ្យបាន៤០ឆ្នាំ
5 គឺទ្រង់បានសោយរាជ្យលើពួកយូដា នៅហេប្រុនអស់៧ឆ្នាំ៦ខែ ឯនៅក្រុងយេរូសាឡឹម ទ្រង់ក៏សោយរាជ្យលើពួកអ៊ីស្រាអែល និងពួកយូដាផង បាន៣៣ឆ្នាំ។
6 នៅគ្រានោះ ស្តេច ហើយនិងពួកទ័ពទ្រង់ ក៏ទៅឯក្រុងយេរូសាឡឹម ច្បាំងនឹងសាសន៍យេប៊ូសដែលនៅស្រុកនោះ គេបានមើលងាយដល់ដាវីឌថា ឯងចូលមកក្នុងទីនេះមិនបានឡើយ សូម្បីតែពួកកង្វាក់ និងពួកកង្វិន ក៏អាចនឹងវាយកំចាត់ឯងបានដែរ ដោយស្មានថា ដាវីឌពុំអាចនឹងចូលបានទេ
7 ប៉ុន្តែ ដាវីឌទ្រង់ចាប់យកបានទីមាំមួនឈ្មោះស៊ីយ៉ូន (នេះហើយដែលហៅថា ទីក្រុងរបស់ដាវីឌ)
8 នៅថ្ងៃនោះ ដាវីឌបានមានព្រះបន្ទូលថា បើអ្នកណានឹងវាយពួកយេប៊ូសបាន នោះត្រូវតែឡើងតាមផ្លូវបង្ហូរទឹកទៅ ហើយវាយទាំងពួកកង្វាក់ និងពួកកង្វិននុ៎ះឯង ដែលចិត្តយើងខ្ពើមទាំងម៉្លេះ ដោយព្រោះពួកកង្វាក់ ហើយពួកកង្វិនបាននិយាយថា វាចូលមកមិនបានទេ
9 រួចទ្រង់ក៏គង់នៅក្នុងទីមាំមួននោះ ហើយបានហៅថាជាទីក្រុងដាវីឌ ទ្រង់សង់ឡើងនៅព័ទ្ធជុំវិញ ចាប់តាំងពីមីឡូរ ចូលមកខាងក្នុង
10 ដាវីឌទ្រង់ក៏ចម្រើនកាន់តែខ្លាំងឡើង ដោយព្រះយេហូវ៉ាជាព្រះនៃពួកពលបរិវារទ្រង់គង់ជាមួយ។
11 រីឯហ៊ីរ៉ាមជាស្តេចក្រុងទីរ៉ុស ទ្រង់ចាត់សារឲ្យទៅឯដាវីឌ ព្រមទាំងជាងឈើ ជាងថ្ម ហើយនិងឈើតាត្រៅផង ពួកនោះក៏សង់ដំណាក់ថ្វាយដាវីឌ
12 នោះដាវីឌក៏យល់ឃើញថា ព្រះយេហូវ៉ាបានតាំងទ្រង់ឡើងជាស្តេចលើសាសន៍អ៊ីស្រាអែល ព្រមទាំងលើកតម្កើងរាជ្យទ្រង់ ដោយយល់ដល់សាសន៍អ៊ីស្រាអែល ជារាស្ត្ររបស់ព្រះអង្គ។
13 គ្រាដែលបានមកពីហេប្រុនហើយ នោះដាវីឌយកស្រីអ្នកម្នាង និងភរិយា ពីពួកក្រុងយេរូសាឡឹមថែមទៀត ហើយទ្រង់បង្កើតបានបុត្រាបុត្រីច្រើនឡើង
14 ឯបុត្រាទាំងប៉ុន្មានដែលទ្រង់បានបង្កើតនៅក្រុងយេរូសាឡឹម មាននាមដូច្នេះ គឺសាំមួរ សូបាប់ ណាថាន់ សាឡូម៉ូន
15 យីបហារ អេលីសួរ នេផេក យ៉ាភា
16 អេលីសាម៉ា អេលាដា ហើយនិងអេលីផាលេត។
17 កាលសាសន៍ភីលីស្ទីនឮថា គេបានចាក់ប្រេងតាំងដាវីឌឡើងជាស្តេចលើសាសន៍អ៊ីស្រាអែលហើយ នោះគេលើកគ្នាទាំងអស់ឡើងមករកដាវីឌ តែដាវីឌបានជ្រាប រួចទ្រង់យាងចុះទៅឯទីពំនួន
18 ឯពួកភីលីស្ទីនគេក៏មកដល់ ហើយរាយគ្នាពេញក្នុងវាលច្រកភ្នំរេផែម
19 នោះដាវីឌទូលសួរដល់ព្រះយេហូវ៉ាថា តើត្រូវឲ្យទូលបង្គំឡើងទៅច្បាំងនឹងពួកភីលីស្ទីនឬទេ តើទ្រង់នឹងប្រគល់គេមកក្នុងកណ្តាប់ដៃរបស់ទូលបង្គំឬអី ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលតបថា ចូរឡើងទៅចុះ ដ្បិតអញនឹងប្រគល់ពួកភីលីស្ទីនមកក្នុងដៃឯងជាពិតប្រាកដ
20 នោះដាវីឌទ្រង់យាងទៅដល់បាល-ពេរ៉ាស៊ីម ហើយក៏ប្រហារពួកគេនៅទីនោះ រួចទ្រង់មានព្រះបន្ទូលថា ព្រះយេហូវ៉ាទ្រង់បានទម្លាយមកលើពួកខ្មាំងសត្រូវរបស់យើង នៅចំពោះមុខដូចជាទឹកធ្លាយទំនប់ ហេតុនោះបានជាគេហៅទីនោះឈ្មោះថា បាល-ពេរ៉ាស៊ីម
21 គេក៏លះចោលអស់ទាំងរូបព្រះគេនៅទីនោះ ហើយដាវីឌ និងពួកទ័ពទ្រង់នាំយកទាំងអស់ទៅ។
22 ក្រោយនោះ ពួកភីលីស្ទីនក៏ឡើងមករាយទ័ពរបស់គេពេញក្នុងវាលច្រកភ្នំរេផែមម្តងទៀត
23 តែកាលដាវីឌបានទូលសួរដល់ព្រះយេហូវ៉ា នោះទ្រង់មានព្រះបន្ទូលហាមថា កុំឲ្យឡើងទៅឡើយ ត្រូវឲ្យវាងទៅពីខាងក្រោយ ហើយចូលទៅឯគេពីខាងចម្ការមនវិញ
24 កាលណាឯងឮសូរសន្ធឹកនៅលើចុងដើមមន ដូចជាពួកពលដើរ នោះចូរឲ្យឯងប្រញាប់ប្រញាល់ឡើង ដ្បិតគឺវេលានោះឯងហើយដែលព្រះយេហូវ៉ានឹងចេញទៅចំពោះមុខឯង ដើម្បីប្រហារពួកទ័ពភីលីស្ទីន
25 ដាវីឌទ្រង់ក៏ធ្វើយ៉ាងនោះ ដូចជាព្រះយេហូវ៉ាទ្រង់បានបង្គាប់មក ហើយស្តេចទ្រង់ប្រហារពួកភីលីស្ទីន ចាប់តាំងពីក្រុងកេបា រហូតទៅដល់ក្រុងកេស៊ើរ។
ជំពូក 6
1 រួចមក ដាវីឌទ្រង់ប្រមូលអស់ទាំងមនុស្សជ្រើសរើសក្នុងសាសន៍អ៊ីស្រាអែលម្តងទៀត បានចំនួន៣ម៉ឺននាក់
2 រួចដាវីឌ ព្រមទាំងបណ្តាជនទាំងប៉ុន្មាន ក៏នាំគ្នាឡើងចេញពីប្អាលេ-យូដា ដើម្បីនឹងនាំយកហឹបនៃព្រះឡើងមក ជាហឹបដែលគេឲ្យឈ្មោះ តាមព្រះនាមរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ ដែលទ្រង់គង់នៅកណ្តាលចេរូប៊ីន
3 គេផ្ទុកហឹបនៃព្រះលើរទេះថ្មី ដឹកចេញពីផ្ទះអ័ប៊ីន៉ាដាប់ ដែលនៅលើភ្នំទៅ មានឈ្មោះអ៊ុសា ហើយនិងអ័ហ៊ីយ៉ូរជាកូនអ័ប៊ីន៉ាដាប់ ជាអ្នកបររទេះថ្មីនោះ
4 គេនាំយករទេះដែលផ្ទុកហឹបនៃព្រះ ចេញពីផ្ទះអ័ប៊ីន៉ាដាប់ដែលនៅលើភ្នំនោះទៅ មានអ័ហ៊ីយ៉ូរដើរខាងមុខហឹបផង
5 ឯដាវីឌ និងពួកផ្ទះអ៊ីស្រាអែលទាំងអស់ គេលេងប្រដាប់ភ្លេងគ្រប់មុខ ដែលធ្វើពីឈើកកោះ គឺស៊ុង ពិណ ក្រាប់ រុម្មនា ហើយនិងឈឹង នៅចំពោះព្រះយេហូវ៉ា។
6 លុះគេបានទៅដល់លានស្រូវរបស់ណាកុន ហើយនោះអ៊ុសាគាត់លូកដៃទៅចាប់ទប់ហឹបនៃព្រះ ពីព្រោះគោកញ្ជ្រោលឡើង
7 ដូច្នេះ ព្រះយេហូវ៉ាទ្រង់ខ្ញាល់នឹងអ៊ុសា ក៏ប្រហារគាត់នៅទីនោះ ដោយព្រោះកំហុសរបស់គាត់ ហើយគាត់ស្លាប់នៅទីនោះ ជិតហឹបនៃព្រះទៅ
8 ឯដាវីឌទ្រង់មានព្រះហឫទ័យទោមនស្ស ដោយព្រោះព្រះយេហូវ៉ាបានប្រហារជីវិតអ៊ុសាបង់ រួចទ្រង់ហៅកន្លែងនោះឈ្មោះថា ពេរេស-អ៊ុសា ដរាបដល់សព្វថ្ងៃនេះ
9 នៅថ្ងៃនោះ ដាវីឌក៏មានសេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា ហើយមានព្រះបន្ទូលថា ធ្វើដូចម្តេចឲ្យហឹបនៃព្រះយេហូវ៉ាចូលមកឯអញបាន
10 យ៉ាងនោះ ដាវីឌបែរជាមិនបាននាំយកហឹបនៃព្រះយេហូវ៉ាចូលទៅឯទ្រង់ ក្នុងក្រុងរបស់ទ្រង់ទេ គឺទ្រង់នាំយកទៅដាក់ទុកនៅក្នុងផ្ទះរបស់អូបិឌ-អេដុម ជាអ្នកមកពីក្រុងកាថវិញ
11 ដូច្នេះ ហឹបនៃព្រះយេហូវ៉ាក៏នៅក្នុងផ្ទះរបស់អូបិឌ-អេដុម ពីក្រុងកាថានោះអស់៣ខែ ហើយព្រះយេហូវ៉ាក៏ប្រទានពរដល់អូបិឌ-អេដុម ព្រមទាំងពួកគ្រួគាត់ទាំងអស់គ្នា។
12 មានគេក្រាបទូលដល់ស្តេចដាវីឌថា ព្រះយេហូវ៉ាបានប្រទានពរដល់ពួកគ្រួអូបិឌ-អេដុម និងរបស់គាត់ទាំងអស់ ដោយព្រោះហឹបនៃព្រះ ដូច្នេះ ដាវីឌទ្រង់ក៏យាងទៅនាំយកហឹបនៃព្រះពីផ្ទះអូបិឌ-អេដុម ចូលមកក្នុងក្រុងរបស់ទ្រង់វិញដោយអំណរ
13 កាលពួកអ្នកដែលសែងហឹបនៃព្រះយេហូវ៉ាដើរទៅបាន៦ជំហាន នោះទ្រង់ថ្វាយគោឈ្មោល១ និងកូនគោ១យ៉ាងធាត់
14 ដាវីឌក៏លោតកញ្ឆេងអស់ពីកម្លាំងទ្រង់ នៅចំពោះព្រះយេហូវ៉ាទ្រង់ពាក់អេផូឌធ្វើពីសំពត់ខ្លូតទេស
15 ដូច្នេះ ដាវីឌ និងជំនួរវង្សនៃសាសន៍អ៊ីស្រាអែលទាំងអស់ បាននាំហឹបនៃព្រះយេហូវ៉ាឡើងមកដោយសំឡេងហ៊ោឡើង និងសូរផ្លុំត្រែផង។
16 ក្នុងវេលាដែលហឹបនៃព្រះយេហូវ៉ាកំពុងតែចូលមកក្នុងក្រុងដាវីឌ នោះមីកាលជាបុត្រីសូល ក៏ទតតាមបង្អួចទៅឃើញស្តេចដាវីឌ កំពុងតែហក់លោតកញ្ឆេងនៅចំពោះព្រះយេហូវ៉ា នាងក៏មានព្រះទ័យប្រមាថមើលងាយដល់ទ្រង់
17 គេនាំយកហឹបនៃព្រះយេហូវ៉ាចូលមកដាក់នៅកន្លែងរៀបចំ ត្រង់កណ្តាលត្រសាលដែលដាវីឌបានដំឡើងសម្រាប់ហឹបនោះ រួចទ្រង់ថ្វាយតង្វាយដុត និងតង្វាយមេត្រីនៅចំពោះព្រះយេហូវ៉ា
18 លុះបានថ្វាយតង្វាយដុត និងតង្វាយមេត្រីរួចហើយ នោះទ្រង់ក៏ប្រទានពរដល់ប្រជាជន ដោយនូវព្រះនាមព្រះយេហូវ៉ានៃពួកពលបរិវារ
19 រួចទ្រង់ចែកនំបុ័ង១ដុំ សាច់១ដុំ និងផ្លែទំពាំងបាយជូរ១ផែន ដល់ប្រជាជនទាំងឡាយ គឺដល់ពួកសាសន៍អ៊ីស្រាអែលទាំងអស់គ្នា ទាំងប្រុសទាំងស្រីផង ដូច្នេះ ប្រជាជនក៏ត្រឡប់ទៅឯលំនៅរបស់គេរៀងខ្លួនវិញ។
20 រួចហើយ ដាវីឌទ្រង់យាងត្រឡប់ទៅឯដំណាក់ ដើម្បីឲ្យពរដល់ពួកដំណាក់ទ្រង់ នោះមីកាលជាបុត្រីសូលនាងចេញមកទទួលទ្រង់ ទូលថា នៅថ្ងៃនេះ ស្តេចនៃសាសន៍អ៊ីស្រាអែលមានសេចក្ដីរុងរឿងឧត្តមអីម៉្លេះទេ ដោយបានបើកឲ្យអង្គទ្រង់អាក្រាតនៅមុខពួកស្រីបម្រើរបស់ពួកមហាតលិកទ្រង់នៅថ្ងៃនេះ បែបដូចជាមនុស្សចោលម្សៀតណាមួយដែលបើកឲ្យខ្លួនអាក្រាតដូច្នេះ
21 តែដាវីឌមានព្រះបន្ទូលតបថា នោះគឺនៅចំពោះព្រះយេហូវ៉ាទេ ជាព្រះដែលបានរើសអញជាជាងបិតាឯង និងវង្សានុវង្សរបស់ឯងទាំងអស់គ្នាដែរ ដើម្បីនាំតាំងអញឡើងជាស្តេចលើសាសន៍អ៊ីស្រាអែល ជារាស្ត្ររបស់ព្រះយេហូវ៉ា ហេតុដូច្នេះបានជាអញនឹងលេងសប្បាយនៅចំពោះព្រះយេហូវ៉ា
22 ហើយនិងចេះតែប្រព្រឹត្តអាក្រក់ជាងនោះទៅទៀត ព្រមទាំងបានទាបថោកដល់ភ្នែកខ្លួនអញផង តែចំណែកពួកបាវស្រីដែលឯងបាននិយាយនោះ គេនឹងលើកសរសើរដល់អញវិញ
23 ដូច្នេះ មីកាលជាបុត្រីសូល នាងឥតមានបុត្រឡើយ រហូតដល់អស់ជីវិត។
ជំពូក 7
1 រួចមក កាលស្តេចទ្រង់គង់នៅក្នុងដំណាក់ ហើយព្រះយេហូវ៉ាបានប្រោសប្រទានឲ្យទ្រង់មានសេចក្ដីសម្រាក រួចពីពួកខ្មាំងសត្រូវនៅគ្រប់ទិស
2 នោះទ្រង់មានព្រះបន្ទូលទៅហោរាណាថាន់ថា មើលចុះ យើងនៅក្នុងដំណាក់ធ្វើពីឈើតាត្រៅ តែហឹបនៃព្រះមានតែសំពត់បាំងប៉ុណ្ណោះទេ
3 ណាថាន់ទូលឆ្លើយថា សូមព្រះករុណាទ្រង់ធ្វើតាមគ្រប់ទាំងសេចក្ដីប្រាថ្នាដែលនៅក្នុងព្រះហឫទ័យចុះ ដ្បិតព្រះយេហូវ៉ាគង់ជាមួយនឹងទ្រង់ហើយ
4 តែនៅវេលាយប់នោះឯង ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលមកណាថាន់ថា
5 ចូរទៅប្រាប់ដាវីឌ ជាអ្នកបម្រើអញថា ព្រះយេហូវ៉ាទ្រង់សួរដូច្នេះ តើឯងនឹងស្អាងវិហារឲ្យអញនៅឬ
6 អញមិនដែលនៅក្នុងវិហារណាទេ ចាប់តាំងពីថ្ងៃដែលអញបាននាំពួកកូនចៅអ៊ីស្រាអែលចេញពីស្រុកអេស៊ីព្ទមក ដរាបដល់សព្វថ្ងៃនេះ គឺអញបាននៅតែក្នុងត្រសាល ហើយក្នុងរោងឧបោសថវិញ
7 នៅគ្រប់ទីកន្លែង ដែលអញបានដើរជាមួយនឹងពួកកូនចៅអ៊ីស្រាអែលទាំងប៉ុន្មាន នោះតើអញដែលនិយាយ១ម៉ាត់ ទៅពូជអំបូរសាសន៍អ៊ីស្រាអែលណាមួយ ដែលអញបានបង្គាប់ឲ្យឃ្វាលសាសន៍អ៊ីស្រាអែលជារាស្ត្រអញថា ហេតុអ្វីបានជាឯងរាល់គ្នាមិនបានស្អាងវិហារ ពីឈើតាត្រៅឲ្យអញឬទេ
8 ដូច្នេះ ចូរឯងប្រាប់ដាវីឌអ្នកបម្រើអញឥឡូវថា ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានព្រះបន្ទូលយ៉ាងនេះ អញបានយកឯងពីក្រោលចៀម គឺពីការឃ្វាលហ្វូងសត្វមក ដើម្បីឲ្យឯងបានធ្វើជាអ្នកនាំមុខសាសន៍អ៊ីស្រាអែល ជារាស្ត្រអញ
9 អញបាននៅជាមួយនឹងឯង គ្រប់ទីកន្លែងណាដែលឯងបានទៅ ក៏បានធ្វើឲ្យពួកខ្មាំងសត្រូវឯងទាំងប៉ុន្មាន វិនាសពីមុខឯងចេញ អញបានលើកឈ្មោះឯងឲ្យជាធំ ស្មើនឹងឈ្មោះនៃអស់អ្នកធំដែលនៅផែនដី
10 អញបានតម្រូវទីកន្លែង១ ឲ្យពួកអ៊ីស្រាអែលជារាស្ត្រអញ ហើយបានដាំគេឲ្យបាននៅជាប់ក្នុងស្រុករបស់គេ ឥតរលើងទៅឯណាទៀតឡើយ ឯពួកមនុស្សអាក្រក់នឹងមិនធ្វើទុក្ខគេដូចកាលពីដើមទៀត
11 ឬដូចនៅគ្រាដែលអញបានតាំងពួកចៅហ្វាយ ឲ្យគ្រប់គ្រងលើអ៊ីស្រាអែល ជារាស្ត្រអញនោះឡើយ អញបានប្រោសឲ្យឯងបានសម្រាក រួចពីពួកខ្មាំងសត្រូវឯងទាំងអស់ហើយ (យ៉ាងនោះ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលឲ្យព្រះរាជាជ្រាបថា ទ្រង់នឹងតាំងព្រះវង្សាព្រះករុណាឡើង)
12 កាលណាឯងបានរស់នៅគ្រប់កំណត់អាយុហើយ រួចបានដេកលក់ទៅជាមួយនឹងពួកអយ្យកោឯង នោះអញនឹងតាំងពូជពង្សដែលកើតពីឯងមក ឲ្យសោយរាជ្យឡើងជំនួសឯង ហើយអញនឹងតាំងរាជ្យវាឲ្យខ្ជាប់ខ្ជួនឡើង
13 គឺវាដែលនឹងស្អាងវិហារ១សម្រាប់ឈ្មោះអញ ហើយអញនឹងតាំងបល្ល័ង្កនៃរាជ្យវា ឲ្យនៅស្ថិតស្ថេរជាដរាបទៅ
14 អញនឹងធ្វើជាឪពុកដល់វា ហើយវានឹងបានជាកូនដល់អញ បើកាលណាវាប្រព្រឹត្តការទុច្ចរិត នោះអញនឹងផ្ចាញ់ផ្ចាលវាដោយដំបងរបស់មនុស្ស ហើយនិងស្នាមរំពាត់នៃពួកមនុស្សជាតិ
15 ប៉ុន្តែ សេចក្ដីសប្បុរសរបស់អញមិនដែលឃ្លាតចេញពីវា ដូចជាអញបានដកចេញពីសូល ដែលអញបានចោលពីមុខឯងចេញនោះឡើយ ។
16 នោះវង្សា និងរាជ្យរបស់ឯងនឹងបានតាំងជាប់នៅចំពោះឯង ជាដរាបតទៅ បល្ល័ង្កឯងនឹងបានខ្ជាប់ខ្ជួននៅ ជារៀងរាបដរាបទៅ
17 ណាថាន់ក៏ទូលនឹងដាវីឌតាមគ្រប់ទាំងព្រះបន្ទូល ហើយតាមការជាក់ស្តែងទាំងនោះគ្រប់ជំពូក។
18 នោះស្តេចដាវីឌទ្រង់ក៏យាងចូលទៅគង់នៅចំពោះព្រះយេហូវ៉ា ទូលថា ឱព្រះអម្ចាស់យេហូវ៉ាអើយ ទូលបង្គំជាអ្វី ហើយពូជពង្សទូលបង្គំជាអ្វី បានជាទ្រង់ប្រោសឲ្យទូលបង្គំបានដល់ត្រឹមនេះ
19 ប៉ុន្តែ ឱព្រះអម្ចាស់យេហូវ៉ាអើយ នេះជាការយ៉ាងតូចនៅព្រះនេត្រទ្រង់ទេ បានជាទ្រង់មានព្រះបន្ទូលពីពូជពង្សនៃទូលបង្គំ ជាបាវបម្រើទ្រង់ រហូតដល់យូរអង្វែងទៅមុខទៀត ឱព្រះអម្ចាស់យេហូវ៉ាអើយ យ៉ាងនោះ តើត្រូវតាមរបៀបរបស់មនុស្សឬ
20 តើដាវីឌទូលបង្គំនេះ និងទូលទ្រង់បានដូចម្តេចទៅទៀត ដ្បិតឱព្រះអម្ចាស់យេហូវ៉ាអើយ ទ្រង់ស្គាល់ទូលបង្គំជាអ្នកបម្រើទ្រង់ហើយ
21 ទ្រង់បានធ្វើការយ៉ាងធំទាំងនេះ ឲ្យទូលបង្គំជាបាវបម្រើទ្រង់បានដឹង ដោយយល់ដល់ព្រះបន្ទូលនៃទ្រង់ទេ ហើយក៏តាមព្រះហឫទ័យទ្រង់ផង
22 ដូច្នេះ ឱព្រះយេហូវ៉ាដ៏ជាព្រះអើយ ទ្រង់ធំណាស់ គ្មានណាឲ្យស្មើទ្រង់ឡើយ ហើយតាមគ្រប់ទាំងសេចក្ដីដែលត្រចៀកទូលបង្គំរាល់គ្នាបានឮ នោះក៏គ្មានព្រះឯណាក្រៅពីទ្រង់ដែរ
23 តើមានសាសន៍ឯណាមួយនៅផែនដី ឲ្យដូចអ៊ីស្រាអែលជារាស្ត្ររបស់ផងទ្រង់ ដែលព្រះបានយាងទៅលោះចេញ ទុកជារាស្ត្ររបស់ទ្រង់ ដើម្បីឲ្យបានល្បីព្រះនាម ហើយនិងប្រោសការយ៉ាងធំដល់គេ ហើយការគួរស្ញែងខ្លាចសម្រាប់ស្រុកគេ នៅមុខរាស្ត្ររបស់ផងទ្រង់ ដែលទ្រង់បានលោះគេចេញពីស្រុកអេស៊ីព្ទ គឺឲ្យរួចពីសាសន៍ដទៃ ហើយនិងព្រះរបស់គេផង
24 ទ្រង់ក៏បានតាំងពួកអ៊ីស្រាអែល ជារាស្ត្ររបស់ទ្រង់ ឲ្យបានធ្វើជារាស្ត្ររបស់ផងទ្រង់ ជារៀងរាបដរាបទៅ ហើយឯទ្រង់ ឱព្រះយេហូវ៉ាអើយ ទ្រង់បានត្រឡប់ជាព្រះដល់គេដែរ
25 ឥឡូវនេះ ឱព្រះយេហូវ៉ាដ៏ជាព្រះអើយ សូមបញ្ជាប់ព្រះបន្ទូល ដែលទ្រង់បានមានព្រះបន្ទូលមក ពីដំណើរទូលបង្គំ ជាបាវបម្រើទ្រង់ ហើយពីពូជពង្សរបស់ទូលបង្គំ ឲ្យបានជាប់ជានិច្ចតទៅមុខ សូមទ្រង់ធ្វើសម្រេចដូចជាទ្រង់បានមានព្រះបន្ទូលមកនោះចុះ
26 សូមឲ្យព្រះនាមទ្រង់បានថ្កុំថ្កើងឡើងជានិច្ច ដោយគេថា ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់ជាព្រះនៃសាសន៍អ៊ីស្រាអែល ហើយសូមឲ្យពូជពង្សរបស់ដាវីឌ ជាបាវបម្រើទ្រង់ បានស្ថិតស្ថេរនៅចំពោះទ្រង់
27 ពីព្រោះ ឱព្រះយេហូវ៉ា នៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែលអើយ ទ្រង់បានសម្ដែងឲ្យទូលបង្គំ ជាបាវបម្រើទ្រង់បានដឹងហើយ ដោយព្រះបន្ទូលថា អញនឹងតាំងវង្សាឯងឡើង ហេតុដូច្នេះបានជាទូលបង្គំ ជាបាវបម្រើទ្រង់ មានចិត្តក្លាហាន និងហ៊ានអធិស្ឋានពាក្យទាំងនេះ ទូលដល់ទ្រង់
28 ឥឡូវនេះ ឱព្រះអម្ចាស់យេហូវ៉ាអើយ ទ្រង់ជាព្រះពិត ហើយព្រះបន្ទូលទ្រង់សុទ្ធតែពិតត្រង់ ទ្រង់បានមានព្រះបន្ទូលពីព្រះគុណនេះមកទូលបង្គំ ជាបាវបម្រើទ្រង់
29 ដូច្នេះ សូមទ្រង់សព្វព្រះហឫទ័យ និងប្រទានពរដល់ពូជពង្សរបស់ទូលបង្គំជាបាវបម្រើទ្រង់ ដើម្បីឲ្យបានស្ថិតស្ថេរនៅចំពោះទ្រង់ជាដរាប ដ្បិតឱព្រះអម្ចាស់យេហូវ៉ាអើយ ទ្រង់បានសន្យាហើយ ដូច្នេះ ដោយសារព្រះពរទ្រង់ នោះពូជពង្សរបស់ទូលបង្គំជាបាវបម្រើទ្រង់ នឹងបានពរនៅអស់កល្បជានិច្ច។
ជំពូក 8
1 ក្រោយនោះមក ដាវីឌទ្រង់វាយបង្ក្រាបពួកភីលីស្ទីនបានហើយ ទ្រង់ចាប់យកអំណាចទីក្រុងហ្លួង ពីកណ្តាប់ដៃនៃពួកភីលីស្ទីន
2 ទ្រង់ក៏ប្រហារសាសន៍ម៉ូអាប់ដែរ ទ្រង់ឲ្យគេដេកដង្ហែគ្នានៅដីដោយជួរៗ រួចតម្រូវឲ្យត្រូវសម្លាប់២ជួរ ហើយទុកពេញ១ជួរឲ្យរស់នៅ ដូច្នេះ សាសន៍ម៉ូអាប់បានត្រឡប់ជាបាវបម្រើរបស់ដាវីឌ ហើយក៏នាំយកសួយអាករមកថ្វាយ។
3 ១ទៀត ដាវីឌក៏ប្រហារហាដារេស៊ើរ បុត្រារេហុបជាស្តេចស្រុកសូបា ក្នុងកាលដែលស្តេចនោះទៅតាំងអំណាចខ្លួន នៅក្បែរមាត់ទន្លេអ៊ើប្រាតឡើងវិញ
4 ដាវីឌទ្រង់ចាប់យកបានពលសេះ១ពាន់៧រយនាក់ និងពលថ្មើរជើង២ម៉ឺននាក់ពីស្តេចនោះ ហើយក៏កាប់សរសៃកជើងសេះដែលទឹមរទេះទាំងអស់ បានទុកឲ្យនៅល្មមតែនឹងទឹមរទេះ១០០ប៉ុណ្ណោះ
5 កាលពួកសាសន៍ស៊ីរីពីក្រុងដាម៉ាសបានមក ដើម្បីជួយហាដារេស៊ើរ ជាស្តេចសូបា នោះដាវីឌក៏ប្រហារសម្លាប់ពួកស៊ីរីនោះ អស់២ម៉ឺន២ពាន់នាក់
6 រួចទ្រង់តាំងឲ្យមានពួកទាហានត្រួតត្រាមើលក្នុងស្រុកស៊ីរីប៉ែកខាងក្រុងដាម៉ាស ហើយពួកសាសន៍ស៊ីរីក៏ចំណុះជាបាវបម្រើរបស់ដាវីឌ ព្រមទាំងយកសួយអាករមកថ្វាយដែរ ព្រះយេហូវ៉ាទ្រង់ចេះតែជួយការពារដាវីឌ នៅគ្រប់ទីកន្លែងណាដែលទ្រង់យាងទៅ
7 ដាវីឌបានយកអស់ទាំងខែលមាស ដែលពួកបម្រើរបស់ហាដារេស៊ើរកាន់នាំមកទុកនៅក្រុងយេរូសាឡឹម
8 ហើយពីក្រុងបេថាស និងពីក្រុងបេរ៉ូថាយ ជាទីក្រុងរបស់ហាដារេស៊ើរ នោះស្តេចទ្រង់យកបានលង្ហិនយ៉ាងសន្ធឹកដែរ។
9 កាលថូអ៊ី ជាស្តេចក្រុងហាម៉ាត បានឮថា ដាវីឌវាយពួកពលទ័ពរបស់ហាដារេស៊ើរទាំងអស់ហើយដូច្នោះ
10 នោះក៏ចាត់យ៉ូរ៉ាម ជាបុត្រា ឲ្យទៅឯស្តេចដាវីឌ ដើម្បីនឹងទូលសួរពីសេចក្ដីសុខទុក្ខ ហើយនិងឲ្យពរ ដោយព្រោះទ្រង់បានច្បាំងឈ្នះហាដារេស៊ើរ ដ្បិតហាដារេស៊ើរចេះតែច្បាំងនឹងថូអ៊ីជានិច្ច យ៉ូរ៉ាមក៏នាំយកប្រដាប់មាសប្រាក់ និងលង្ហិន មកថ្វាយដែរ
11 ឯប្រដាប់ទាំងនោះ ស្តេចដាវីឌក៏ថ្វាយដល់ព្រះយេហូវ៉ា ព្រមទាំងមាស និងប្រាក់ទាំងប៉ុន្មាន ដែលបានចាប់យកពីអស់ទាំងសាសន៍ដែលទ្រង់បានបង្ក្រាបនោះ
12 គឺពីសាសន៍ស៊ីរី សាសន៍ម៉ូអាប់ ពួកកូនចៅអាំម៉ូន សាសន៍ភីលីស្ទីន សាសន៍អាម៉ាលេក ហើយនិងរបឹបដែលបានយកពីហាដារេស៊ើរជាកូនរេហុប ស្តេចក្រុងសូបាផង។
13 កាលដាវីឌត្រឡប់មកពីប្រហារសាសន៍ស៊ីរីវិញ នោះទ្រង់បានល្បីនាមឡើងទៀត ដោយបានវាយមនុស្សអស់១ម៉ឺន៨ពាន់នាក់ នៅក្នុងវាលច្រកភ្នំអំបិល
14 ទ្រង់ក៏តាំងឲ្យមានពួកទាហានត្រួតត្រាមើលនៅស្រុកអេដុម គឺទ្រង់តាំងឲ្យគេត្រួតត្រាមើល នៅពេញក្នុងស្រុកអេដុមនោះ ហើយពួកស្រុកអេដុមទាំងអស់ ក៏ចំណុះចំពោះដាវីឌ ព្រះយេហូវ៉ាទ្រង់ជួយការពារដាវីឌនៅគ្រប់ទីកន្លែងណាដែលទ្រង់យាងទៅ។
15 ដាវីឌទ្រង់សោយរាជ្យលើស្រុកអ៊ីស្រាអែលទាំងមូល ហើយក៏ប្រព្រឹត្តនឹងបណ្តារាស្ត្ររបស់ទ្រង់ ដោយសុចរិតយុត្តិធម៌
16 មានយ៉ូអាប់ កូនសេរូយ៉ា ធ្វើជាអ្នកត្រួតត្រាលើពលទ័ព យេហូសាផាត កូនអ័ហ៊ីលូឌ ធ្វើជាអ្នកកត់ទុកនូវពង្សាវតារ
17 សាដុកជាកូនអ័ហ៊ីទូប និងអ័ហ៊ីម៉ាលេកជាកូនអ័បៀថើរ ធ្វើជាសង្គ្រាជ សេរ៉ាយ៉ាជាស្មៀនហ្លួង
18 បេណាយ៉ាកូនយេហូយ៉ាដា ធ្វើជាមេពួកកេរេធីម និងពួកពេលេធីម ហើយបុត្រាទាំងប៉ុន្មានរបស់ដាវីឌ ធ្វើជាសេនាបតី។
ជំពូក 9
1 គ្រានោះ ដាវីឌមានព្រះបន្ទូលសួរថា តើមានពូជពង្សរបស់សូលសល់នៅឬទេ ដើម្បីឲ្យយើងបានសម្ដែងសេចក្ដីករុណាដល់អ្នកនោះ ដោយយល់ដល់យ៉ូណាថាន
2 រីឯនៅក្នុងពួកដំណាក់សូល មានអ្នកបម្រើម្នាក់ឈ្មោះស៊ីបា គេក៏ហៅអ្នកនោះមកឯដាវីឌ រួចទ្រង់មានព្រះបន្ទូលសួរថា តើឯងឈ្មោះស៊ីបាឬអី អ្នកនោះឆ្លើយថា ព្រះករុណាវិសេស គឺទូលបង្គំនេះហើយ
3 នោះស្តេចទ្រង់មានព្រះបន្ទូលសួរថា តើមានពូជពង្សរបស់សូលណាមួយសល់នៅឬទេ ដើម្បីឲ្យយើងបានសម្ដែងសេចក្ដីករុណានៃព្រះដល់អ្នកនោះ ស៊ីបាទូលឆ្លើយថា នៅមានម្នាក់ខ្វិនជើង ជាបុត្រនៃយ៉ូណាថាន
4 ស្តេចទ្រង់មានព្រះបន្ទូលសួរថា តើនៅឯណា រួចស៊ីបាទូលតបថា លោកនៅឯផ្ទះម៉ាគារ ជាកូនអាំមាល ដែលនៅក្រុងឡូរ-ដេបារ
5 នោះស្តេចដាវីឌទ្រង់ក៏ចាត់គេឲ្យទៅនាំលោកពីផ្ទះម៉ាគារ ជាកូនអាំមាល ជាអ្នកដែលនៅក្រុងឡូរ-ដេបារនោះមក
6 ដូច្នេះ មភីបូសែតជាបុត្រានៃយ៉ូណាថានដែលជាបុត្រាសូល ក៏មកឯដាវីឌ ទម្លាក់ខ្លួនក្រាបចុះផ្កាប់មុខថ្វាយបង្គំ រួចដាវីឌទ្រង់មានព្រះបន្ទូលថា មភីបូសែតអើយ លោកក៏ទូលឆ្លើយថា បពិត្រព្រះករុណាវិសេស
7 នោះដាវីឌមានព្រះបន្ទូលថា កុំខ្លាចអ្វីឡើយ ដ្បិតយើងនឹងសម្ដែងសេចក្ដីករុណាដល់អ្នក ដោយយល់ដល់យ៉ូណាថានបិតាអ្នក ហើយយើងនឹងប្រគល់អស់ទាំងស្រែចម្ការរបស់សូលជាជីតាដល់អ្នក តែឯខ្លួនអ្នកនឹងបរិភោគនៅតុជាមួយនឹងយើងជានិច្ច
8 នោះលោកក៏ក្រាបថ្វាយបង្គំទូលថា តើបាវបម្រើនៃទ្រង់នេះជាអ្វី បានជាទ្រង់ព្រមក្រឡេកមើលមកទូលបង្គំ ដែលទុកដូចជាឆ្កែស្លាប់នេះ។
9 ស្តេចទ្រង់ក៏មានព្រះបន្ទូលហៅស៊ីបា ជាបាវបម្រើរបស់សូលមកត្រាស់បង្គាប់ថា បណ្តារបស់ទ្រព្យទាំងប៉ុន្មានដែលជារបស់សូល និងពូជពង្សទ្រង់ នោះអញប្រគល់ឲ្យដល់បុត្រារបស់ចៅហ្វាយឯងនេះហើយ
10 ត្រូវឲ្យឯងភ្ជួររាស់ស្រែចម្ការនោះឲ្យលោក ព្រមទាំងកូនចៅឯង ហើយពួកបាវបម្រើរបស់ឯងទាំងអស់គ្នាផង ត្រូវប្រមូលផលផ្លែយកមកជូនបុត្រារបស់ចៅហ្វាយឯងបានអាហារបរិភោគ ប៉ុន្តែ ឯមភីបូសែតជាបុត្រាចៅហ្វាយឯង លោកនឹងបរិភោគនៅតុជាមួយនឹងអញជានិច្ច រីឯស៊ីបាមានកូនប្រុស១៥នាក់ និងបាវ២០នាក់
11 នោះស៊ីបាទូលទៅស្តេចថា ទូលបង្គំជាបាវបម្រើទ្រង់ នឹងធ្វើតាមគ្រប់ទាំងសេចក្ដីដែលទ្រង់ព្រះករុណា ជាអម្ចាស់នៃទូលបង្គំ បានមានព្រះបន្ទូលប្រាប់មក តែចំណែកមភីបូសែតនោះ ទ្រង់មានព្រះបន្ទូលថា លោកត្រូវបរិភោគនៅតុយើង ទុកដូចជាបុត្រណាមួយរបស់ស្តេច
12 ឯមភីបូសែត លោកមានកូនប្រុស១ឈ្មោះមីកា ហើយអស់ពួកអ្នកដែលនៅក្នុងផ្ទះស៊ីបា នោះសុទ្ធតែជាបាវបម្រើរបស់មភីបូសែតទាំងអស់
13 ដូច្នេះ មភីបូសែតលោកក៏នៅក្រុងយេរូសាឡឹមទៅ ដោយព្រោះលោកត្រូវបរិភោគនៅតុនៃស្តេច ហើយលោកខ្វិនជើងទាំង២។
ជំពូក 10
1 ក្រោយនោះមក ស្តេចនៃពួកកូនចៅអាំម៉ូនទ្រង់អស់ព្រះជន្មទៅ ហើយហានូន ជាបុត្រាទ្រង់ ក៏ឡើងសោយរាជ្យជំនួស
2 នោះដាវីឌទ្រង់ព្រះតម្រិះថា អញនឹងសម្ដែងសេចក្ដីសប្បុរសដល់ហានូន កូនណាហាស ដូចជាបិតាលោកបានសម្ដែងដល់អញដែរ ដូច្នេះ ដាវីឌក៏ចាត់ពួករាជទូតឲ្យទៅជួយកំសាន្តទុក្ខទ្រង់ ពីដំណើរបិតាសុគត ពួករាជទូតរបស់ដាវីឌក៏ចូលទៅក្នុងស្រុកនៃពួកកូនចៅអាំម៉ូន
3 ប៉ុន្តែ ពួកមេរបស់កូនចៅអាំម៉ូនទូលដល់ហានូនជាម្ចាស់គេថា ទ្រង់ជឿថា ដាវីឌចង់លើកមុខបិតាទ្រង់ដោយចាត់ពួកនេះមកជួយកំសាន្តទុក្ខទ្រង់ឬអី ឯគំនិតដាវីឌដែលចាត់ពួកទូតនេះឲ្យមកដូច្នេះ គឺដើម្បីតែនឹងឈ្លបលប ហើយសង្កេតមើលទីក្រុង រួចរំលំចេញប៉ុណ្ណោះវិញទេតើ
4 ដូច្នេះ ហានូនក៏ចាប់ពួកទូតរបស់ដាវីឌ កោរពុកចង្កាគេ១ចំហៀង ក៏កាត់អាវគេផ្តាច់ផ្នែកខាងក្រោមនៅត្រឹមគូថ រួចលែងឲ្យទៅវិញ
5 កាលដំណឹងនោះបានជ្រាបដល់ដាវីឌ នោះទ្រង់ក៏ចាត់មនុស្សឲ្យទៅទទួល ដ្បិតគេមានសេចក្ដីខ្មាសណាស់ ស្តេចទ្រង់បង្គាប់ថា ចូរស្នាក់នៅក្រុងយេរីខូសិនចុះ ចាំទំរាំពុកចង្កាដុះជាថ្មីឡើង រួចសឹមត្រឡប់មកវិញ។
6 កាលពួកកូនចៅអាំម៉ូនឃើញថា ដាវីឌត្រឡប់ជាខ្ពើមគេហើយ នោះគេក៏ចាត់ឲ្យទៅជួលពួកសាសន៍ស៊ីរី ពីក្រុងបេត-រេហុប និងពីក្រុងសូបា បានពលថ្មើរជើង២ម៉ឺននាក់ និងស្តេចស្រុកម្អាកា ព្រមទាំងពល១ពាន់នាក់ ហើយពួកស្រុកថូប១ម៉ឺន២ពាន់នាក់ទៀត
7 កាលដាវីឌបានជ្រាបហើយ នោះទ្រង់ចាត់យ៉ូអាប់ និងពួកពលខ្លាំងពូកែទាំងអស់ឲ្យទៅ
8 ឯពួកកូនចៅអាំម៉ូន គេក៏ចេញមកត្រៀមពល នៅត្រង់មាត់ទ្វារក្រុងដើម្បីច្បាំង ឯពួកសាសន៍ស៊ីរីពីក្រុងសូបា និងក្រុងរេហុប ហើយពួកថូប និងពួកស្តេចម្អាកា គេនៅឯវាលដោយឡែក។
9 រីឯយ៉ូអាប់ កាលឃើញថា គេចោមច្បាំងនឹងលោកពីខាងមុខខាងក្រោយដូច្នោះ នោះលោកក៏រើសយកពួកជ្រើសរើសក្នុងពួកអ៊ីស្រាអែល ចាត់ទៅឲ្យដំរៀបគ្នា តនឹងពួកស៊ីរី
10 ឯបណ្តាទ័ពដែលសល់នៅ នោះក៏ប្រគល់ទៅក្នុងអំណាចអ័ប៊ីសាយ ជាប្អូន ហើយប្អូនក៏ដំរៀបពលតនឹងពួកកូនចៅអាំម៉ូន
11 លោកប្រាប់ថា បើសិនជាពួកស៊ីរីមានកម្លាំងហួសពេក អញឈ្នះគេមិនបាន នោះចូរឯងមកជួយអញផង បើពួកកូនចៅអាំម៉ូនមានកម្លាំងហួសពេក ឯងឈ្នះគេមិនបាន នោះអញនឹងទៅជួយឯងវិញ
12 ចូរឲ្យយើងរាល់គ្នាមានចិត្តក្លាហានឡើង ហើយមានកម្លាំងចុះ ដោយព្រោះសាសន៍យើង និងទីក្រុងរបស់ព្រះនៃយើងផង សូមឲ្យព្រះយេហូវ៉ាសម្រេចសេចក្ដីតាមព្រះហឫទ័យទ្រង់ចុះ
13 ដូច្នេះ យ៉ូអាប់ និងពួកពលដែលនៅជាមួយក៏ចូលទៅតស៊ូនឹងពួកស៊ីរី ហើយគេបាក់ទ័ពរត់ពីមុខលោកចេញទៅ
14 កាលពួកកូនចៅអាំម៉ូនបានឃើញថា ពួកស៊ីរីបាក់ទ័ពហើយ នោះគេក៏រត់ចេញពីមុខអ័ប៊ីសាយដែរ នាំគ្នាចូលទៅក្នុងទីក្រុងវិញ រួចយ៉ូអាប់ក៏ត្រឡប់ពីពួកកូនចៅអាំម៉ូន វិលទៅឯក្រុងយេរូសាឡឹមវិញ។
15 កាលពួកស៊ីរីឃើញថា បានចាញ់ពួកអ៊ីស្រាអែលហើយ នោះក៏មូលគ្នា
16 ហើយហាដារេស៊ើរចាត់ទូតឲ្យទៅអង្វរបានពួកស៊ីរី ដែលនៅខាងនាយទន្លេ នាំចេញមកជួយ ក៏ទន្ទ្រានចូលស្រុកហេឡាម មានសូបាក ជាមេទ័ពធំរបស់ហាដារេស៊ើរ ជាអ្នកនាំមុខ
17 កាលដាវីឌទ្រង់ជ្រាប នោះក៏ប្រមូលពួកទ័ពអ៊ីស្រាអែលទាំងអស់ ឆ្លងទន្លេយ័រដាន់ ទៅដល់ស្រុកហេឡាម ពួកស៊ីរីគេក៏ត្រៀមពលតនឹងដាវីឌ
18 តែគេបាក់ទ័ពរត់ចេញពីមុខពួកអ៊ីស្រាអែលទៅ ហើយដាវីឌបានសម្លាប់ពួកគេ ដែលនៅរទេះចម្បាំង អស់៧០០រទេះ និងពួកពលសេះ៤ម៉ឺននាក់ ក៏ប្រហារសូបាក ជាមេទ័ពគេ ឲ្យស្លាប់នៅទីនោះដែរ
19 កាលពួកស្តេចទាំងប៉ុន្មាន ដែលនៅក្រោមអំណាចហាដារេស៊ើរឃើញថា ខ្លួនចាញ់ពួកអ៊ីស្រាអែលហើយ នោះក៏ចងជាស្ពានមេត្រីនឹងពួកអ៊ីស្រាអែល ហើយចំណុះគេវិញ ដូច្នេះ ពួកស៊ីរីមិនហ៊ានជួយពួកកូនចៅអាំម៉ូនទៀតឡើយ។
ជំពូក 11
1 ដល់១ខួបក្រោយមក ក្នុងរដូវដែលល្មមឲ្យស្តេចទាំងប៉ុន្មានចេញទៅច្បាំងបាន នោះដាវីឌទ្រង់ចាត់យ៉ូអាប់ ព្រមទាំងពលទ័ពរបស់លោក និងពួកអ៊ីស្រាអែលទាំងអស់គ្នាឲ្យទៅ គេក៏បំផ្លាញពួកកូនចៅអាំម៉ូន ហើយឡោមព័ទ្ធច្បាំងនឹងក្រុងរ៉ាបាត តែឯដាវីឌទ្រង់គង់នៅក្នុងក្រុងយេរូសាឡឹមវិញ។
2 មានកាល១ថ្ងៃ ពេលជិតងងឹតហើយ នោះដាវីឌក្រោកពីព្រះទែនយាងទៅមក នៅលើដំបូលដំណាក់ ក៏ទតព្រះនេត្រទៅឃើញស្ត្រីម្នាក់កំពុងតែងូតទឹក នាងនោះមានរូបឆោមស្រស់ល្អណាស់
3 ដាវីឌក៏ចាត់គេឲ្យទៅស៊ើបសួរពីនាង ហើយម្នាក់នោះទូលថា នាងឈ្មោះបាតសេបាជាកូនអេលាម ប្រពន្ធអ៊ូរី សាសន៍ហេត
4 នោះដាវីឌចាត់គេឲ្យទៅនាំនាងយកមក រួចនាងក៏ចូលមកឯទ្រង់ ហើយទ្រង់ផ្ទំជាមួយនឹងនាងទៅ ដ្បិតនាងទើបនឹងបានស្អាតពីរដូវនាងហើយ រួចនាងត្រឡប់ទៅឯផ្ទះវិញ
5 នាងក៏មានគភ៌ ហើយចាត់គេឲ្យទៅទូលដាវីឌ ខ្ញុំម្ចាស់មានគភ៌ហើយ។
6 នោះដាវីឌចាត់គេឲ្យទៅឯយ៉ូអាប់ប្រាប់ថា ចូរចាត់អ៊ូរីជាសាសន៍ហេត ឲ្យមកឯយើង ដូច្នេះ យ៉ូអាប់ក៏ឲ្យអ៊ូរីទៅឯដាវីឌ
7 កាលគាត់បានទៅដល់ហើយ នោះដាវីឌសាកសួរដំណឹងពីយ៉ូអាប់ ហើយពីបណ្តាទ័ព និងពីការសង្គ្រាមបានជាយ៉ាងណា
8 រួចដាវីឌមានព្រះបន្ទូលទៅអ៊ូរីថា ចូរចុះទៅផ្ទះ ហើយលាងជើងឯងទៅ លុះគាត់ចេញពីដំណាក់ស្តេចហើយ នោះក៏មានគេនាំយកម្ហូបម្ហាពីស្តេចទៅជូនគាត់
9 ប៉ុន្តែ អ៊ូរីគាត់ទៅដេកជាមួយនឹងពួកមហាតលិករបស់ម្ចាស់ខ្លួន នៅត្រង់មុខមាត់ទ្វារដំណាក់វិញ ឥតបានចុះទៅឯផ្ទះខ្លួនទេ
10 កាលគេទូលដាវីឌថា អ៊ូរីមិនបានចុះទៅឯគាត់ផ្ទះទេ នោះទ្រង់សួរអ៊ូរីថា តើឯងមិនបានមកពីឆ្ងាយទេឬអី ដូច្នេះ ម្តេចក៏មិនចុះទៅឯផ្ទះ
11 នោះអ៊ូរីទូលឆ្លើយថា ហឹបនៃព្រះ និងពួកអ៊ីស្រាអែល ហើយពួកយូដាសុទ្ធតែនៅក្នុងបង្ហារ ព្រមទាំងយ៉ូអាប់ជាចៅហ្វាយទូលបង្គំ និងពួកពលផងទ្រង់ ជាម្ចាស់នៃទូលបង្គំ ក៏សុទ្ធតែដេកនៅវាលដែរ ដូច្នេះ តើឲ្យទូលបង្គំចូលទៅឯផ្ទះ និងទទួលទាន ហើយដេកនៅជាមួយនឹងប្រពន្ធទូលបង្គំដូចម្តេចកើត ទូលបង្គំស្បថដោយនូវព្រះជន្មទ្រង់ និងព្រលឹងទ្រង់ដ៏មានជីវិតរស់នៅថា ទូលបង្គំមិនព្រមធ្វើដូច្នោះឡើយ
12 នោះដាវីឌមានព្រះបន្ទូលថា បើដូច្នេះ ចូរឯងទៅឯណេះក្នុងថ្ងៃនេះទៀតចុះ ស្អែកឡើង យើងនឹងឲ្យឯងទៅវិញ នោះអ៊ូរីក៏ស្នាក់នៅក្រុងយេរូសាឡឹមក្នុងថ្ងៃនោះ ហើយថ្ងៃស្អែកទៀត
13 កាលដាវីឌទ្រង់ហៅគាត់មក នោះគាត់ក៏បរិភោគនៅចំពោះទ្រង់ ហើយទ្រង់បំផឹកឲ្យគាត់ស្រវឹង តែដល់ល្ងាច គាត់ចេញទៅដេកនៅគ្រែជាមួយនឹងពួកមហាតលិករបស់ម្ចាស់ខ្លួនទៀត ឥតមានចុះទៅឯផ្ទះឡើយ។
14 ដល់ព្រឹកឡើង ដាវីឌទ្រង់ធ្វើសំបុត្រផ្ញើទៅយ៉ូអាប់ដោយសារអ៊ូរី
15 ក្នុងសំបុត្រនោះមានសេចក្ដីបង្គាប់ថា ចូរឲ្យអ៊ូរីមានកន្លែងក្នុងពួកទ័ពខាងមុខ ត្រង់កន្លែងដែលកំពុងច្បាំងគ្នាជាខ្លាំង រួចថយចោលវាទៅឲ្យគេបានវាយសម្លាប់ចេញ។
16 ដូច្នេះ យ៉ូអាប់ក៏សង្កេតមើលទីក្រុង រួចចាត់អ៊ូរីឲ្យទៅឯកន្លែង១ដែលលោកដឹងថា មានមនុស្សក្លាហាននៅ
17 ពួកទ័ពក្នុងក្រុងនោះក៏ចេញមកច្បាំងនឹងយ៉ូអាប់ ហើយមានពួកពលទ័ពរបស់ដាវីឌខ្លះបានដួលស្លាប់ ឯអ៊ូរីជាសាសន៍ហេតគាត់ក៏ស្លាប់ដែរ
18 នោះយ៉ូអាប់ចាត់ម្នាក់ឲ្យនាំដំណឹងទៅទូលដល់ដាវីឌពីរឿងចម្បាំង
19 លោកបង្គាប់អ្នកនោះថា កាលណាឯងបានរាប់រៀបទូលពីរឿងច្បាំងដល់ស្តេចរួចហើយ
20 នោះបើសិនជាស្តេចទ្រង់ក្រោធ ហើយបន្ទោសថា ហេតុអ្វីបានជាចូលទៅច្បាំងជិតទីក្រុងអីម៉្លេះ តើឯងមិនដឹងជាគេនឹងបាញ់ពីលើកំផែងមកទេឬអី
21 តើអ្នកណាបានសម្លាប់អ័ប៊ីម៉ាលេកជាកូនយេរូ-បាល តើមិនមែនជាស្រីដែលទម្លាក់ត្បាល់កិនពីលើកំផែងមកលើវា ឲ្យស្លាប់នៅត្រង់ថេបេសទេឬអី ហេតុអ្វីបានជាចូលទៅជិតកំផែងយ៉ាងដូច្នេះ នោះត្រូវឲ្យឯងទូលឆ្លើយយ៉ាងនេះថា អ៊ូរី សាសន៍ហេត ជាបាវបម្រើនៃទ្រង់ បានស្លាប់ដែរ។
22 អ្នកនាំដំណឹងក៏ទៅទូលដល់ដាវីឌ តាមសេចក្ដីដែលយ៉ូអាប់បានបង្គាប់គ្រប់ប្រការ
23 គាត់ទូលថា ពួកពលគេមានកម្លាំងជាងពួកទូលបង្គំ គេចេញមកដល់ទូលបង្គំទាំងឡាយនៅឯវាល ហើយពួកទូលបង្គំក៏ដេញគេទៅវិញ រហូតដល់ទ្វារក្រុង
24 នោះពួកពលធ្នូ គេបាញ់ពីកំផែងមកលើពួកបាវបម្រើនៃទ្រង់ ហើយមានពួកអ្នកបម្រើខ្លះរបស់ព្រះករុណាបានស្លាប់ ឯអ៊ូរី សាសន៍ហេត ជាអ្នកបម្រើទ្រង់ ក៏ស្លាប់ដែរ
25 នោះដាវីឌមានព្រះបន្ទូលទៅអ្នកដែលនាំដំណឹងមកថា ចូរឯងទៅប្រាប់យ៉ូអាប់វិញដូច្នេះថា កុំឲ្យតូចចិត្តពីការនោះឡើយ ពីព្រោះដាវតែងសម្លាប់អ្នក១ដូចជាអ្នក១ ចូរខំប្រឹងច្បាំងនឹងក្រុងនោះ ឲ្យកាន់តែខ្លាំងឡើង ហើយចាប់យកឲ្យបានចុះ ចូរឯងនិយាយកំឡាចិត្តលោកឡើង។
26 កាលប្រពន្ធអ៊ូរីបានឮថាប្ដីស្លាប់ហើយ នោះនាងក៏យំសោកនឹងប្ដី
27 លុះវេលាកាន់ទុក្ខបានគ្រប់កំណត់ហើយ នោះដាវីឌទ្រង់ចាត់គេឲ្យទៅទទួលនាងមកនៅក្នុងដំណាក់ នាងក៏ធ្វើជាភរិយាទ្រង់ ហើយបង្កើតបានបុត្រា១ថ្វាយទ្រង់ តែអំពើដែលដាវីឌបានប្រព្រឹត្តនោះ ជាទីទាស់ដល់ព្រះហឫទ័យនៃព្រះយេហូវ៉ាណាស់។
ជំពូក 12
1 ព្រះយេហូវ៉ាទ្រង់ចាត់ណាថាន់ឲ្យទៅ ឯដាវីឌលោកក៏ទៅគាល់ទ្រង់ ទូលដូច្នេះថា នៅទីក្រុង១មានមនុស្ស២នាក់ ម្នាក់ជាអ្នកមាន ម្នាក់ក្រីក្រ
2 អ្នកដែលមាននោះ មានចៀម ហើយនិងគោយ៉ាងសន្ធឹក
3 តែអ្នកដែលក្រគ្មានអ្វីសោះ មានតែកូនចៀម១ ដែលបានទិញមកចិញ្ចឹមប៉ុណ្ណោះ កូនចៀមនោះក៏ចម្រើនធំឡើងនៅជាមួយនឹងគាត់ ហើយនិងកូនគាត់ វាតែងស៊ីអាហារ ហើយផឹកពីពែងរបស់គាត់ ក៏ដេកនៅនាដើមទ្រូងគាត់ដែរ គាត់ទុកវាដូចជាកូនស្រីរបស់ខ្លួន
4 គ្រានោះ មានអ្នកដំណើរម្នាក់មកឯមនុស្សអ្នកមាននោះ តែអ្នកមានមិនព្រមយកសត្វណាមួយពីហ្វូងចៀមហ្វូងគោរបស់ខ្លួន ដើម្បីនឹងចាត់ចែងរៀបចំទទួលអ្នកដំណើរ ដែលមកឯខ្លួននោះទេ គឺបានចាប់យកកូនចៀមរបស់អ្នកក្រីក្រនោះ ទៅចាត់ចែងទទួលអ្នកដែលមកនោះវិញ
5 ដូច្នេះ ដាវីឌទ្រង់មានសេចក្ដីខ្ញាល់ក្តៅឡើងចំពោះអ្នកនោះជាខ្លាំង ក៏មានព្រះបន្ទូលទៅណាថាន់ថា យើងស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅថា មនុស្សណាដែលប្រព្រឹត្តដូច្នោះ គួរស្លាប់ហើយ
6 ត្រូវឲ្យវាសង១ជា៤ជំនួសចៀមនោះ ដោយព្រោះបានប្រព្រឹត្តឥតប្រណីដូច្នោះ។
7 នោះណាថាន់ទូលតបថា ឯមនុស្សនោះ គឺជាអង្គទ្រង់នេះហើយ ព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលដូច្នេះថា អញបានចាក់ប្រេងតាំងឯងឡើងជាស្តេចនៃសាសន៍អ៊ីស្រាអែល ក៏បានជួយឯងឲ្យរួចពីកណ្តាប់ដៃរបស់សូល
8 ហើយបានប្រគល់ដំណាក់ និងប្រពន្ធទាំងប៉ុន្មានរបស់ចៅហ្វាយឯង មកឲ្យឯងឱបនៅនាទ្រូង ព្រមទាំងឲ្យពូជពង្សអ៊ីស្រាអែល និងយូដាមកក្នុងអំណាចឯងដែរ បើនៅមិនល្មមគ្រាន់ នោះអញនឹងបន្ថែមយ៉ាងនេះមួយៗឲ្យថែមទៀត
9 ហេតុអ្វីបានជាឯងមើលងាយ ឆ្ពោះព្រះបន្ទូលនៃព្រះយេហូវ៉ា ដោយប្រព្រឹត្តការអាក្រក់ នៅព្រះនេត្រទ្រង់ដូច្នេះ ឯងបានសម្លាប់អ៊ូរី ជាសាសន៍ហេតដោយដាវ ក៏ក្បត់យកប្រពន្ធគាត់មកធ្វើជាប្រពន្ធឯង ហើយសម្លាប់គាត់ដោយដាវរបស់ពួកកូនចៅអាំម៉ូន
10 ដូច្នេះ ដាវមិនដែលឃ្លាតពីគ្រួឯងឡើយ ដ្បិតឯងបានមើលងាយដល់អញ ហើយបានយកប្រពន្ធរបស់អ៊ូរីជាសាសន៍ហេត មកធ្វើជាប្រពន្ធរបស់ឯង
11 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា ចាំមើល អញនឹងបណ្តាលឲ្យមានការអាក្រក់កើតឡើង ពីក្នុងគ្រួឯង ឲ្យទាស់នឹងឯង ក៏នឹងយកពួកប្រពន្ធទាំងប៉ុន្មានរបស់ឯង ប្រគល់ឲ្យដល់អ្នកជំនិតឯងនៅមុខឯងផង អ្នកនោះនឹងរួមដំណេកនឹងប្រពន្ធឯងទាំងនោះ នៅទីពន្លឺថ្ងៃ
12 ដ្បិតឯងបានធ្វើការនោះដោយសម្ងាត់ តែអញនឹងធ្វើការនេះនៅទីពន្លឺវិញ ឲ្យពួកអ៊ីស្រាអែលទាំងអស់គ្នាបានឃើញ
13 រួចដាវីឌមានព្រះបន្ទូលទៅណាថាន់ថា យើងបានធ្វើបាបនឹងព្រះយេហូវ៉ាហើយ ណាថាន់ក៏ទូលតបថា ព្រះយេហូវ៉ាក៏បានប្រោសលើកទោសទ្រង់ចោលដែរ ទ្រង់មិនត្រូវសុគតទេ
14 ប៉ុន្តែ ដោយប្រព្រឹត្តអំពើយ៉ាងនោះ ទ្រង់បានឲ្យពួកខ្មាំងសត្រូវនៃព្រះយេហូវ៉ាមានឱកាសនឹងត្មះតិះដៀលជាខ្លាំង បានជាបុត្រដែលត្រូវប្រសូតមកនោះ នឹងសុគតទៅជាពិតប្រាកដ រួចណាថាន់ក៏វិលទៅផ្ទះលោកវិញទៅ។
15 ព្រះយេហូវ៉ាទ្រង់ក៏ប្រហារបុត្រដែលប្រពន្ធអ៊ូរីបានបង្កើតឲ្យដាវីឌ ឲ្យមានជំងឺឈឺជាខ្លាំង
16 ដូច្នេះ ដាវីឌក៏សូមអង្វរដល់ព្រះ ពីដំណើរបុត្រ ទ្រង់ក៏តមព្រះស្ងោយ ព្រមទាំងចូលទៅផ្ទំនៅដីពេញ១យប់នោះ
17 ពួកចាស់ទុំនៅដំណាក់ទ្រង់ក៏ក្រោកឡើងទៅឯទ្រង់ ចង់លើកឲ្យតើនពីដីឡើង តែទ្រង់មិនព្រមទេ ក៏មិនព្រមសោយជាមួយនឹងគេដែរ
18 លុះដល់ថ្ងៃទី៧ បុត្រនោះក៏សុគតទៅ ហើយពួកអ្នកបម្រើរបស់ដាវីឌ គេខ្លាចមិនហ៊ានទូលទ្រង់ឲ្យជ្រាបថា បុត្រនោះសុគតទេ ដោយគិតគ្នាថា មើល កាលបុត្រមានព្រះជន្មរស់នៅឡើយ នោះយើងបានទូលអង្វរដល់ទ្រង់ តែទ្រង់មិនព្រមស្តាប់តាមយើងទៅហើយ ចំណង់បើយើងទូលទ្រង់ឲ្យជ្រាបពីបុត្រសុគតទៅ នោះតើនឹងធ្វើទុក្ខដល់អង្គទ្រង់យ៉ាងណាទៅទៀត
19 ប៉ុន្តែ កាលដាវីឌឃើញថា ពួកអ្នកបម្រើកំពុងតែខ្សឹបគ្នាដូច្នោះ នោះទ្រង់យល់ឃើញថា ប្រាកដជាបុត្របានសុគតហើយ ក៏សួរពួកអ្នកបម្រើថា បុត្របានសុគតហើយឬអី គេទូលឆ្លើយថា សុគតហើយ
20 នោះដាវីឌក៏តើនពីដីឡើង ទៅស្រង់ទឹក ព្រមទាំងប្រោះទឹកអប់ ហើយផ្លាស់សម្លៀកបំពាក់ រួចចូលទៅថ្វាយបង្គំនៅក្នុងដំណាក់នៃព្រះយេហូវ៉ា ក្រោយមកកាលទ្រង់បានត្រឡប់ចូលមក ក្នុងដំណាក់វិញ នោះទ្រង់បង្គាប់ដល់ពួកអ្នកបម្រើ ហើយគេក៏លើកព្រះស្ងោយមកថ្វាយទ្រង់សោយ
21 ដូច្នេះ ពួកមហាតលិកទូលសួរថា យ៉ាងដូចម្តេចហ្ន៍ ដែលទ្រង់ប្រព្រឹត្តដូច្នេះនេះ ដ្បិតកាលបុត្រមានព្រះជន្មនៅឡើយ នោះទ្រង់បានតមព្រះស្ងោយ ហើយសោយសោកនឹងបុត្រ តែកាលបុត្រសុគតហើយ នោះបែរជាទ្រង់តើនឡើងសោយព្រះស្ងោយវិញ
22 ដាវីឌមានព្រះបន្ទូលតបថា កាលបុត្រមានព្រះជន្មនៅឡើយ យើងបានតម ហើយយំ ដោយគិតថា ប្រហែលជាព្រះយេហូវ៉ាទ្រង់នឹងប្រោសមេត្តាដល់យើង ឲ្យបុត្រមានព្រះជន្មតទៅទេដឹង
23 តែឥឡូវនេះ បុត្រសុគតទៅហើយដូច្នេះ តើយើងនៅតមអត់ធ្វើអ្វីទៀត តើយើងអាចនឹងនាំបុត្រឲ្យត្រឡប់មកវិញបានដែរឬ យើងនឹងទៅឯវា តែវាមិនដែលត្រឡប់មកឯយើងវិញឡើយ។
24 ដាវីឌក៏ជួយកំសាន្តទុក្ខនាងបាតសេបា ជាភរិយាទ្រង់ដែរ រួចចូលទៅរួមបន្ទំជាមួយនឹងនាង ហើយនាងប្រសូតបានបុត្រា១ ទ្រង់ប្រទានព្រះនាមថា សាឡូម៉ូន ព្រះយេហូវ៉ាទ្រង់មានព្រះហឫទ័យស្រឡាញ់បុត្រនោះ
25 ក៏ចាត់ហោរាណាថាន់ឲ្យទៅតាំងនាមថា យេឌីឌីយ៉ា ដោយព្រោះជាទីស្រឡាញ់ដល់ព្រះយេហូវ៉ា។
26 ឯយ៉ូអាប់លោកកំពុងតែច្បាំងនឹងក្រុងរ៉ាបាតរបស់ពួកកូនចៅអាំម៉ូន ក៏វាយចាប់យកក្រុងហ្លួងបាន
27 រួចលោកចាត់គេឲ្យទៅទូលដាវីឌថា ទូលបង្គំបានចូលទៅវាយក្រុងរ៉ាបាត ហើយចាប់យកបានប៉ែកដែលនៅខាងមាត់ទឹកហើយ
28 ដូច្នេះ សូមទ្រង់ប្រមូលពួកពលទ័ពដែលនៅសល់ មកបោះទ័ព ចាប់យកទីក្រុងនោះចុះ ក្រែងទូលបង្គំវាយយកបាន ហើយគេតាំងឈ្មោះក្រុងនោះតាមឈ្មោះទូលបង្គំវិញ
29 នោះដាវីឌក៏ប្រមូលពួកពលទ័ពទាំងអស់ ទៅវាយយកក្រុងរ៉ាបាតបាន
30 ទ្រង់ក៏យកមកុដពីព្រះសិររបស់ស្តេចគេ មកបំពាក់លើព្រះសិរនៃទ្រង់វិញ ឯមកុដនោះ មានទំងន់ជា១ហាបមាស ក៏ដាំដោយត្បូងមានតម្លៃផ្សេងៗ រួចទ្រង់នាំយករបឹបយ៉ាងសន្ធឹកពីទីក្រុងនោះមក
31 ក៏នាំមនុស្សទាំងអស់ដែលនៅក្រុងនោះចេញមក ប្រើគេឲ្យធ្វើការកាប់រំលំ ហើយអារឈើ ព្រមទាំងភ្ជួររាស់ ហើយធ្វើការក្នុងឡអិដ្ឋ ទ្រង់ក៏ធ្វើដូច្នោះដល់អស់ទាំងក្រុងរបស់ពួកកូនចៅអាំម៉ូន រួចទ្រង់នាំបណ្តាទ័ពទាំងប៉ុន្មានត្រឡប់ទៅឯក្រុងយេរូសាឡឹមវិញ។
ជំពូក 13
1 ក្រោយនោះមក កើតមានរឿងដូច្នេះ គឺអាប់សាឡំមបុត្រាដាវីឌមានកនិដ្ឋា ១មានរូបស្រស់បស់ល្អ នាមនាងតាម៉ារ ហើយអាំណូន ជាបុត្រាដាវីឌ មានព្រះហឫទ័យប្រតិព័ទ្ធស្រឡាញ់
2 អាំណូនមានសេចក្ដីរំជួលស្រឡាញ់នាងតាម៉ារជាកនិដ្ឋា ដល់ម៉្លេះបានជាទ្រង់ទៅជាប្រឈួន ទ្រង់នឹកឃើញថា ពិបាកនឹងធ្វើអ្វីដល់នាងណាស់ ដោយព្រោះនាងនៅបរិសុទ្ធ
3 តែអាំណូនមានពួកម៉ាកម្នាក់ឈ្មោះយ៉ូណាដាប ជាបុត្រាសាំម៉ា ជេដ្ឋារបស់ដាវីឌ ជាមនុស្សឆ្លៀវឆ្លាតណាស់
4 អ្នកនោះសួរថា ហេតុអ្វីបានជាឯង ដែលជាកូនស្តេច នៅតែស្គាំងស្គមរាល់តែថ្ងៃដូច្នេះ សូមប្រាប់ឲ្យអញដឹងផង នោះអាំណូនប្រាប់ថា អញមានចិត្តស្រឡាញ់ដល់នាងតាម៉ារជាប្អូនអាប់សាឡំមបងអញណាស់
5 រួចយ៉ូណាដាបប្រាប់ថា ដូច្នេះ ចូរឯងដេកនៅលើគ្រែក្លែងធ្វើជាឈឺទៅ បើកាលណាបិតាឯងមកសួរ នោះចូរទូលថា សូមបិតាអនុញ្ញាតឲ្យនាងតាម៉ារ ជាកនិដ្ឋាទូលបង្គំ មករៀបអាហារនៅមុខទូលបង្គំ ឲ្យទូលបង្គំបានឃើញ ហើយបានទទួល ពីដៃនាងមកបរិភោគបន្តិច
6 ដូច្នេះ អាំណូនក៏ដេកទៅ ហើយក្លែងធ្វើជាប្រឈួន លុះកាលស្តេចបានយាងមកសួរ នោះអាំណូនទូលថា សូមបិតាអនុញ្ញាតឲ្យនាងតាម៉ារ ជាកនិដ្ឋាទូលបង្គំ មកធ្វើនំ២នៅមុខទូលបង្គំ ដើម្បីឲ្យទូលបង្គំបានទទួលពីដៃនាងមកបរិភោគ។
7 នោះដាវីឌក៏ចាត់គេឲ្យទៅឯដំណាក់ ប្រាប់នាងតាម៉ារថា ចូរឯងទៅឯដំណាក់អាំណូនជេដ្ឋាឯង ហើយធ្វើនំឲ្យវាចុះ
8 ដូច្នេះ នាងតាម៉ារក៏ទៅដល់ដំណាក់អាំណូនជាជេដ្ឋាខ្លួន កំពុងដែលទ្រង់ផ្ទំ នាងក៏យកម្សៅ មកច្របាច់ធ្វើនំ ហើយដុតនៅចំពោះទ្រង់
9 រួចលើកខ្ទះចាក់នំនោះនៅចំពោះទ្រង់ តែទ្រង់មិនព្រមបរិភោគទេ ហើយបង្គាប់ថា ចូរឲ្យមនុស្សទាំងអស់ចេញពីអញទៅ គេក៏ចេញទាំងអស់គ្នា
10 រួចអាំណូនប្រាប់ទៅនាងតាម៉ារថា សូមនាំយកនំមកក្នុងបន្ទប់ឯណេះ ដើម្បីអញនឹងបរិភោគពីដៃឯង នាងក៏នាំយកនំដែលធ្វើនោះ ទៅឯអាំណូន ជាជេដ្ឋា នៅក្នុងបន្ទប់
11 កាលនាងទៅជិត ដើម្បីថ្វាយនំទៅឲ្យសោយ នោះទ្រង់ក៏ចាប់នាងដោយពាក្យថា ប្អូនអើយ ចូរមកដេកនឹងអញចុះ
12 តែនាងប្រកែកថា ទេ បងអើយ សូមកុំបន្ទាបខ្ញុំឡើយ ព្រោះធ្វើដូច្នេះ ខុសនឹងបវេណីក្នុងពួកអ៊ីស្រាអែលណាស់ សូមកុំធ្វើការអាក្រក់នេះឲ្យសោះ
13 ឯខ្ញុំម្ចាស់ តើនឹងយកសេចក្ដីខ្មាសទៅទុកឯណា ហើយចំណែកឯបង នោះគេនឹងរាប់បង ទុកជាមនុស្សងងឹតល្ងើក្នុងសាសន៍អ៊ីស្រាអែលដែរ ដូច្នេះ សូមទូលដល់ស្តេចចុះ ដ្បិតទ្រង់មិនប្រកែកនឹងឲ្យខ្ញុំម្ចាស់ដល់បងទេ
14 ប៉ុន្តែ អាំណូនមិនព្រមស្តាប់នាងឡើយ គឺបានចាប់បង្ខំដេកនឹងនាងទៅ ដោយទ្រង់មានកម្លាំងច្រើនជាង។
15 រួចមក អាំណូនមានព្រះហឫទ័យណាយ ស្អប់ដល់នាងជាខ្លាំងក្រៃលែង ដល់ម៉្លេះបានជាសេចក្ដីស្អប់ខ្ពើម ដែលទ្រង់មានដល់នាង នោះខ្លាំងលើសជាងសេចក្ដីស្រឡាញ់ដែលទ្រង់បានមានដល់នាងទៅទៀត ហើយទ្រង់បណ្តេញនាងថា ចូរក្រោកឡើងទៅឲ្យបាត់ទៅ
16 នោះនាងឆ្លើយថា កុំឡើយ ដ្បិតការកំហុសដែលបណ្តេញខ្ញុំម្ចាស់នេះ នោះអាក្រក់ជាងការដែលបានធ្វើហើយដល់ខ្ញុំម្ចាស់ទៅទៀត តែទ្រង់មិនព្រមស្តាប់តាមនាងឡើយ
17 ក៏ហៅអ្នកដែលតែងបម្រើទ្រង់មកប្រាប់ថា ចូរយកស្រីនេះចេញទៅ រួចបិទទ្វារដាក់រនុកផង
18 ដូច្នេះ អ្នកបម្រើក៏នាំនាងទៅក្រៅ រួចបិទទ្វារ ឯនាងតាម៉ារ ទ្រង់ព្រះភូសាពណ៌ផ្សេងៗ ដ្បិតពួកបុត្រីស្តេចដែលនៅក្រមុំធ្លាប់តែងអង្គយ៉ាងនោះ
19 រួចនាងយកផេះមកដាក់លើព្រះសិរ ក៏ហែកព្រះភូសា ហើយយកព្រះហស្តដាក់លើព្រះសិរ យាងទៅទាំងទ្រង់ព្រះកន្សែងជាខ្លាំង។
20 អាប់សាឡំមជាជេដ្ឋាក៏សួរថា តើអាំណូនបងឯងបាននៅជាមួយនឹងឯងឬអី ប្អូនអើយ ចូរនៅស្ងៀមសិនចុះ ដ្បិតជាបងឯងទេ កុំឲ្យមានចិត្តព្រួយនឹងការនេះពេកឡើយ នោះនាងក៏នៅតែឯងក្នុងដំណាក់អាប់សាឡំម ជាជេដ្ឋា
21 កាលស្តេចដាវីឌបានឮនិយាយពីរឿងទាំងនោះ ទ្រង់មានសេចក្ដីពិរោធជាខ្លាំង
22 តែអាប់សាឡំមមិនបានមានព្រះបន្ទូលអ្វីនឹងអាំណូន ទោះល្អឬអាក្រក់ក្តី ដ្បិតទ្រង់ស្អប់អាំណូន ដោយព្រោះបានបង្ខូចនាងតាម៉ារ ជាកនិដ្ឋាទ្រង់។
23 ក្រោយ២ឆ្នាំមក មានពួកជាងមកកាត់រោមចៀមរបស់អាប់សាឡំម នៅត្រង់បាល-ហាសោរ ដែលនៅជិតដែនអេប្រាអិម ហើយអាប់សាឡំមក៏អញ្ជើញពួកបុត្រាស្តេចទាំងអស់មក
24 ទ្រង់ចូលទៅគាល់ស្តេចទូលថា បពិត្រព្រះករុណា ទូលបង្គំជាអ្នកបម្រើនៃទ្រង់ មានពួកជាងមកកាត់រោមចៀម ដូច្នេះ សូមព្រះករុណា ព្រមទាំងពួកអ្នកបម្រើទ្រង់ឯទៀត យាងទៅទទួលជប់លៀងជាមួយនឹងទូលបង្គំ
25 តែស្តេចទ្រង់មានព្រះបន្ទូលតបទៅអាប់សាឡំមថា ទេ កូនអើយ មិនត្រូវឲ្យយើងទៅទាំងអស់គ្នាទេ ក្រែងជាបន្ទុកធ្ងន់ដល់ឯងពេក អាប់សាឡំមក៏ទូលបង្ខំទ្រង់ តែទ្រង់មិនព្រមទៅទេ គឺបែរជាប្រទានពរឲ្យវិញ
26 នោះអាប់សាឡំមទូលថា បើទ្រង់មិនយាងទៅទេ នោះសូមឲ្យតែអាំណូនជាជេដ្ឋាទូលបង្គំទៅជាមួយចុះ តែស្តេចមានព្រះបន្ទូលសួរថា ចង់ឲ្យវាទៅជាមួយនឹងឯងធ្វើអី
27 ប៉ុន្តែ ដោយអាប់សាឡំមចេះតែបង្ខំទ្រង់ បានជាទ្រង់ក៏អនុញ្ញាតឲ្យអាំណូន ហើយនិងពួកបុត្រាទ្រង់ទាំងអស់ទៅជាមួយ
28 រីឯអាប់សាឡំមបានបង្គាប់ដល់ពួកអ្នកបម្រើទ្រង់ថា ចូរឯងឃ្លាំមើលកាលណាអាំណូនផឹកស្រាទំពាំងបាយជូរបានសប្បាយចិត្ត ហើយអញប្រាប់ថា ចូរវាយអាំណូនចុះ នោះត្រូវសម្លាប់វាទៅ កុំក្រែងខ្លាចអ្វីឡើយ គឺអញហើយដែលបានបង្គាប់ការនេះ ចូរតាំងចិត្តឲ្យមាំ ឲ្យបានក្លាហានចុះ
29 ពួកអ្នកបម្រើរបស់អាប់សាឡំមក៏ធ្វើដល់អាំណូនតាមបង្គាប់របស់ចៅហ្វាយខ្លួន រួចពួកបុត្រាស្តេចគ្រប់អង្គក៏ក្រោកឡើង ជិះលាកាត់រៀងអង្គរត់ទៅ។
30 កាលបុត្រាស្តេចទាំងនោះកំពុងតែយាងមកតាមផ្លូវ នោះដំណឹងក៏ឮទៅដល់ដាវីឌថា អាប់សាឡំមបានសម្លាប់បុត្រទ្រង់ព្រះករុណាទាំងអស់ហើយ គ្មានសល់១ឡើយ
31 នោះស្តេចទ្រង់ក៏ក្រោកឡើងហែកព្រះពស្ត្រ រួចផ្ទំនៅដី ឯពួកមហាតលិកទ្រង់ទាំងប៉ុន្មានក៏ឈរនៅជិត ទាំងមានអាវរហែកដែរ
32 តែយ៉ូណាដាប ជាបុត្រាសាំម៉ាជេដ្ឋាដាវីឌ ទូលឡើងថា បពិត្រព្រះករុណា សូមទ្រង់កុំមានព្រះទ័យស្មានថា គេបានធ្វើគុតពួកព្រះរាជបុត្រទាំងអស់នៃព្រះករុណាឡើយ សុគតតែអាំណូនប៉ុណ្ណោះទេ ដ្បិតការនោះបានគិតជាស្រេច តាមបង្គាប់នៃអាប់សាឡំម តាំងពីថ្ងៃដែលអាំណូនបានបង្ខូចនាងតាម៉ារជាកនិដ្ឋាមក
33 ដូច្នេះ សូមកុំឲ្យទ្រង់ព្រះករុណា ជាម្ចាស់នៃទូលបង្គំមានព្រះទ័យព្រួយពេក ដោយស្មានថា ពួកព្រះរាជបុត្រាបានសុគតទាំងអស់នោះឡើយ ដ្បិតសុគតតែអាំណូនប៉ុណ្ណោះទេ ឯអាប់សាឡំមទ្រង់រត់បាត់ទៅ។
34 រីឯទាហានដែលចាំយាម គេបានងើបភ្នែកឡើងមើលទៅឃើញមានមនុស្សជាច្រើន មកតាមផ្លូវចង្កេះភ្នំខាងក្រោយខ្លួន
35 នោះយ៉ូណាដាបទូលទៅស្តេចថា នុ៎ះន៏ ពួកបុត្រានៃព្រះករុណាមកហើយ ដូចជាទូលបង្គំជាអ្នកបម្រើទ្រង់បានទូលទុក
36 កាលទូលដូច្នោះរួចជាស្រេច នោះពួកបុត្រាស្តេចក៏មកដល់ ហើយឡើងសំឡេងទ្រង់ព្រះកន្សែង ឯស្តេចទ្រង់ព្រះកន្សែងដែរ ព្រមទាំងពួកមហាតលិកក៏យំទាំងអស់គ្នាយ៉ាងខ្លាំងក្រៃលែង។
37 តែអាប់សាឡំមទ្រង់រត់ទៅឯតាលម៉ាយ ជាបុត្រាអាំមីហ៊ូត ស្តេចស្រុកកេស៊ូរី ។ ឯដាវីឌទ្រង់សោយសោកនឹងបុត្រជារាល់ថ្ងៃ
38 អាប់សាឡំមបានរត់ទៅនៅឯស្រុកកេស៊ូរីនោះអស់៣ឆ្នាំ
39 ហើយស្តេចដាវីឌទ្រង់មានព្រះទ័យរឭក ចង់ទៅឯអាប់សាឡំម ដោយព្រោះបានក្សាន្តព្រះទ័យពីដំណើរអាំណូនដែលសុគតនោះហើយ។
ជំពូក 14
1 រីឯយ៉ូអាប់ ជាកូនសេរូយ៉ា លោកយល់ឃើញថា ស្តេចមានព្រះទ័យនឹករឭក ដល់អាប់សាឡំម
2 នោះក៏ចាត់គេទៅឯក្រុងត្កូអា នាំស្រីប្រាជ្ញាម្នាក់មកពីទីនោះ ហើយបញ្ចេះថា សូមឲ្យអ្នកក្លែងខ្លួនធ្វើជាអ្នកកាន់ទុក្ខ ដោយស្លៀកពាក់បែបកាន់ទុក្ខ ឥតលាបប្រេងឡើយ គឺឲ្យធ្វើដូចស្ត្រីដែលបានកាន់ទុក្ខខ្មោចស្លាប់ជាយូរមកហើយ
3 រួចចូលទៅគាល់ស្តេចទូលយ៉ាងដូច្នេះ នោះយ៉ូអាប់ក៏បង្គាប់ពាក្យឲ្យនិយាយ។
4 កាលស្ត្រីពីក្រុងត្កូអានោះ បានចូលទៅចំពោះស្តេច ក៏ទម្លាក់ខ្លួន ក្រាបចុះផ្កាប់មុខដល់ដី ថ្វាយបង្គំ ទូលថា បពិត្រព្រះករុណា សូមទ្រង់ជួយខ្ញុំម្ចាស់ផង
5 នោះស្តេចទ្រង់សួរថា តើវាថ្វី នាងទូលឆ្លើយថា ឱហ្ន៎ព្រះអង្គអើយ ខ្ញុំម្ចាស់នេះជាស្រីមេម៉ាយ ប្ដីបានស្លាប់ចោលទៅហើយ
6 ហើយខ្ញុំម្ចាស់ ជាអ្នកបម្រើទ្រង់ មានកូនប្រុស២ វាឈ្លោះគ្នានៅឯចម្ការ ឥតមានអ្នកណានឹងញែកចេញពីគ្នាឡើយ ហើយ១បានវាយ១ស្លាប់ទៅ
7 ឥឡូវនេះ ញាតិសន្តានទាំងអស់បានលើកគ្នាមកទាស់នឹងខ្ញុំម្ចាស់ ជាអ្នកបម្រើទ្រង់ដោយថា ចូរប្រគល់អា១ដែលសម្លាប់បងខ្លួនមកឲ្យយើងសម្លាប់ចោល ឲ្យធួននឹងជីវិតរបស់បងដែលវាបានសម្លាប់ចុះ យើងនឹងសម្លាប់ទាំងអ្នកដែលត្រូវស៊ីមរដកនេះទៅផង ដូច្នេះ គេនឹងពន្លត់រងើកភ្លើងរបស់ខ្ញុំម្ចាស់ដែលនៅសល់នេះ ឥតទុកឲ្យប្ដីខ្ញុំម្ចាស់មានឈ្មោះ មានពូជពង្សសល់នៅលើផែនដីឡើយ។
8 ស្តេចទ្រង់មានព្រះបន្ទូលទៅស្ត្រីនោះថា ចូរទៅផ្ទះចុះ យើងនឹងបង្គាប់ពីដំណើរនាង
9 នោះស្ត្រីពីក្រុងត្កូអា នាងទូលថា ឱទ្រង់ព្រះករុណា ជាព្រះអម្ចាស់នៃខ្ញុំម្ចាស់អើយ សូមឲ្យសេចក្ដីទុច្ចរិតនេះនៅលើខ្ញុំម្ចាស់ និងពូជពង្សនៃឪពុករបស់ខ្ញុំម្ចាស់ចុះ ហើយសូមឲ្យព្រះករុណា និងរាជ្យទ្រង់បានឥតទោសឡើយ
10 ស្តេចទ្រង់មានព្រះបន្ទូលថា បើអ្នកណានិយាយអ្វីនឹងនាង នោះចូរនាំគេមកឯយើង យ៉ាងនោះគេនឹងមិនហ៊ានពាល់នាងទៀតទេ
11 រួចនាងទូលថា សូមទ្រង់ព្រះករុណានឹកចាំពីព្រះយេហូវ៉ាជាព្រះនៃទ្រង់ ដើម្បីកុំឲ្យអ្នកដែលសងសឹក និងឈាម មកបំផ្លាញទៀតឡើយ ក្រែងគេសម្លាប់កូនរបស់ខ្ញុំម្ចាស់ នោះទ្រង់មានព្រះបន្ទូលថា យើងស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅថា នឹងគ្មានសក់១សរសៃជ្រុះពីក្បាលរបស់កូននាងចុះដល់ដីឡើយ។
12 ស្ត្រីនោះក៏ទូលថា សូមទ្រង់ព្រះករុណាអនុញ្ញាតឲ្យខ្ញុំម្ចាស់ ជាអ្នកបម្រើទ្រង់ បានទូល១ម៉ាត់សិន រួចទ្រង់មានព្រះបន្ទូលថា ចូរនិយាយចុះ
13 ដូច្នេះ ស្ត្រីនោះក៏ទូលសួរថា បើយ៉ាងនោះ ហេតុអ្វីបានជាទ្រង់បង្កើតការយ៉ាងនេះទាស់នឹងរាស្ត្ររបស់ព្រះវិញ ដ្បិតដែលទ្រង់មានព្រះបន្ទូលដូច្នេះ នោះទ្រង់ក៏ដូចជាអ្នកមានទោសដែរ ដោយព្រោះទ្រង់មិននាំអ្នកដែលទ្រង់បាននិរទេសទៅឲ្យមកវិញ
14 ឯយើងរាល់គ្នាត្រូវតែស្លាប់ជាមិនខាន ហើយយើងរាល់គ្នាក៏ដូចជាទឹកដែលកំពប់ខ្ចាយទៅលើដី នឹងប្រមូលមកវិញមិនបានឡើយ ឯព្រះទ្រង់មិនកាត់ជីវិតចេញទេ គឺទ្រង់បង្កើតផ្លូវណាមួយ ដើម្បីឲ្យអ្នកដែលត្រូវនិរទេស មិនត្រូវកាត់ចេញពីទ្រង់នៅជាដរាបវិញ
15 ឥឡូវនេះ ដែលខ្ញុំម្ចាស់មកក្រាបទូលពាក្យទាំងនេះ ដល់ព្រះករុណា ជាព្រះអម្ចាស់ នោះគឺពីព្រោះបណ្តាជនបានធ្វើឲ្យខ្ញុំម្ចាស់ភិតភ័យដូច្នេះ ខ្ញុំម្ចាស់ ជាអ្នកបម្រើទ្រង់ បានសម្រេចនឹងមកទូលដល់ព្រះករុណា ដោយស្មានថា ប្រាកដជាទ្រង់នឹងធ្វើសម្រេចតាមពាក្យសំណូមរបស់ខ្ញុំម្ចាស់ ជាអ្នកបម្រើទ្រង់ ជាមិនខាន
16 ដ្បិតមុខជាទ្រង់នឹងស្តាប់តាម ដើម្បីនឹងប្រោសឲ្យអ្នកបម្រើទ្រង់រួចពីកណ្តាប់ដៃនៃមនុស្ស ដែលចង់បំផ្លាញទាំងខ្ញុំម្ចាស់ និងកូនខ្ញុំម្ចាស់ ឲ្យបាត់ពីមរដកនៃព្រះទៅផង
17 នោះខ្ញុំម្ចាស់ ជាអ្នកបម្រើទ្រង់ បាននឹកថា ព្រះបន្ទូលនៃព្រះករុណាជាព្រះអម្ចាស់នឹងបានស្រួល ពីព្រោះទ្រង់ព្រះករុណាជាព្រះអម្ចាស់ ទ្រង់ដូចជាទេវតានៃព្រះហើយ ដើម្បីនឹងពិចារណាឲ្យជ្រាបខុសត្រូវ ហើយព្រះយេហូវ៉ាជាព្រះនៃទ្រង់ ក៏គង់ជាមួយនឹងទ្រង់ដែរ។
18 នោះស្តេចទ្រង់មានព្រះបន្ទូលនឹងស្ត្រីនោះថា កុំឲ្យលាក់អ្វីចំពោះសេចក្ដីនេះដែលយើងសួរនាងឡើយ នាងទូលតបថា សូមទ្រង់ព្រះករុណាជាព្រះអម្ចាស់ មានព្រះបន្ទូលឥឡូវនេះចុះ
19 នោះស្តេចមានព្រះបន្ទូលសួរថា ឯសេចក្ដីទាំងនេះ តើមិនមែនយ៉ូអាប់ ដែលរួមគំនិតជាមួយនឹងនាងទេឬអី ស្ត្រីនោះទូលឆ្លើយថា ខ្ញុំម្ចាស់ស្បថដោយនូវព្រះជន្មនៃទ្រង់ព្រះករុណាជាព្រះអម្ចាស់ថា គ្មានអ្នកណាអាចនឹងគេចទៅខាងឆ្វេង ឬទៅខាងស្តាំ ចេញពីគ្រប់ទាំងសេចក្ដីដែលទ្រង់ព្រះករុណាជាព្រះអម្ចាស់ បានមានព្រះបន្ទូលនោះឡើយ គឺយ៉ូអាប់ ជាអ្នកបម្រើនៃទ្រង់ហើយ ដែលបានបង្គាប់មកខ្ញុំម្ចាស់ ព្រមទាំងបញ្ចេះពាក្យទាំងអស់នេះដល់ខ្ញុំម្ចាស់ ជាអ្នកបម្រើទ្រង់ផង
20 យ៉ូអាប់ជាអ្នកបម្រើទ្រង់បានធ្វើដូច្នេះ ដើម្បីនឹងបំផ្លាស់ភាពនៃដំណើរនេះទៅ ហើយព្រះអម្ចាស់ទ្រង់មានបញ្ញា ដូចជាទេវតានៃព្រះ អាចនឹងជ្រាបគ្រប់ទាំងអស់ ដែលនៅផែនដីបាន។
21 រួចពីនោះមក ស្តេចទ្រង់មានព្រះបន្ទូលនឹងយ៉ូអាប់ថា មើល ការនេះយើងបានអនុញ្ញាតហើយ ដូច្នេះ ចូរទៅនាំអាប់សាឡំម ជាកូនប្រុសយើង មកវិញចុះ
22 នោះយ៉ូអាប់ក៏ទម្លាក់ខ្លួនក្រាបផ្កាប់មុខដល់ដីថ្វាយបង្គំ ព្រមទាំងសូមពរថ្វាយដល់ស្តេច ហើយទូលថា បពិត្រព្រះករុណាជាព្រះអម្ចាស់នៃទូលបង្គំអើយ នៅថ្ងៃនេះ ទូលបង្គំដឹងថា ទូលបង្គំ ជាបាវបម្រើទ្រង់ បានប្រកបដោយព្រះគុណនៃទ្រង់ហើយ ដោយទ្រង់បានធ្វើតាមសេចក្ដីសំណូមរបស់ទូលបង្គំ ជាបាវបម្រើទ្រង់
23 ដូច្នេះ យ៉ូអាប់ក៏រៀបចំឡើងទៅឯស្រុកកេស៊ូរី នាំអាប់សាឡំមមកឯក្រុងយេរូសាឡឹមវិញ
24 តែស្តេចមានព្រះបន្ទូលប្រាប់ថា ចូរឲ្យវាត្រឡប់ទៅឯលំនៅវាទៅ កុំឲ្យមកឃើញមុខអញឡើយ ដូច្នេះ អាប់សាឡំមក៏វិលទៅឯដំណាក់ទ្រង់វិញ ឥតបានឃើញព្រះភ័ក្ត្រស្តេចទេ។
25 រីឯនៅក្នុងពួកអ៊ីស្រាអែលទាំងអស់គ្នា គ្មានអ្នកណាដែលគួរសរសើរ ឲ្យស្មើនឹងអាប់សាឡំម ពីដំណើរទ្រង់មានរូបល្អនោះទេ ដ្បិតចាប់តាំងពីផ្ទៃព្រះបាទ រហូតដល់កំពូលព្រះសិរទ្រង់ នោះឥតមានខ្ចោះត្រង់ណាសោះ
26 រីឯព្រះកេសា លុះដល់ចុងឆ្នាំ ទ្រង់ក៏កាត់ចេញ ពីព្រោះធ្ងន់ណាស់ដល់ទ្រង់ ហេតុនោះបានជារាល់តែឆ្នាំ ទ្រង់តែងកាត់ចេញ ហើយតាមដំឡឹងហ្លួង ឃើញមានទំងន់២០០ដំឡឹង
27 អាប់សាឡំមបង្កើតបានបុត្រា៣អង្គ និងបុត្រី១អង្គ នាមនាងតាម៉ារ នាងនោះជាស្ត្រីមានរូបល្អស្រស់។
28 អាប់សាឡំម ទ្រង់គង់នៅក្រុងយេរូសាឡឹម ពេញ២ឆ្នាំ ឥតដែលឃើញព្រះភ័ក្ត្រស្តេចឡើយ
29 រួចមក ទ្រង់ចាត់គេឲ្យទៅហៅយ៉ូអាប់មក ដើម្បីឲ្យលោកទៅគាល់ស្តេច តែលោកមិនព្រមមកទេ ទ្រង់ក៏ចាត់គេទៅម្តងទៀត តែលោកមិនព្រមមកសោះឡើយ
30 ហេតុនោះបានជាអាប់សាឡំមបង្គាប់ដល់ពួកបាវបម្រើទ្រង់ថា មើលន៏ ស្រែរបស់យ៉ូអាប់នៅជាប់នឹងស្រែយើង មានទាំងស្រូវឱកផង ចូរដុតចោលទៅ ពួកបាវបម្រើរបស់ទ្រង់ក៏ទៅដុតស្រែនោះ
31 ដូច្នេះ យ៉ូអាប់ក៏ក្រោកឡើង ចូលទៅឯអាប់សាឡំម នៅក្នុងលំនៅទ្រង់ សួរថា ហេតុអ្វីបានជាបាវរបស់ទ្រង់បានដុតស្រែរបស់ទូលបង្គំដូច្នេះ
32 អាប់សាឡំមទ្រង់ឆ្លើយថា មើល យើងបានចាត់គេឲ្យទៅហៅអ្នកមក ដើម្បីឲ្យអ្នកទៅទូលសួរស្តេចថា ដែលទូលបង្គំមកពីស្រុកកេស៊ូរី នោះតើមានប្រយោជន៍អ្វី ស៊ូឲ្យទូលបង្គំបាននៅទីនោះល្អជាង ដូច្នេះ ឲ្យយើងទៅគាល់ស្តេចឥឡូវ បើយើងមានទោសខុសអ្វី នោះសូមឲ្យទ្រង់សម្លាប់យើងចុះ
33 យ៉ូអាប់ក៏ចូលទៅទូលដល់ស្តេច រួចកាលលោកបានហៅអាប់សាឡំមមក នោះទ្រង់ក៏ចូលទៅគាល់ស្តេច ឱនព្រះអង្គក្រាបព្រះភ័ក្ត្រចុះដល់ដី នៅចំពោះទ្រង់ រួចស្តេចទ្រង់ក៏ថើបអាប់សាឡំម។
ជំពូក 15
1 រួចអំពីនោះមក អាប់សាឡំមទ្រង់ចាត់ចែងរទេះ និងសេះ ហើយមនុស្ស៥០នាក់ សម្រាប់រត់ខាងមុខទ្រង់
2 ទ្រង់ក៏តែងតើនឡើងពីព្រលឹម យាងទៅឈរនៅមាត់ថ្នល់ដែលចូលតាមទ្វារក្រុង បើកាលណាមានអ្នកណាមានក្តី ដែលត្រូវបញ្ជូនទៅថ្វាយស្តេចឲ្យជំនុំជម្រះ នោះអាប់សាឡំម ទ្រង់ហៅអ្នកនោះមកសួរថា អ្នកមកពីស្រុកណា គេទូលឆ្លើយថា ទូលបង្គំ ជាអ្នកបម្រើនៃទ្រង់ មកពីពូជអំបូរណាមួយក្នុងសាសន៍អ៊ីស្រាអែល
3 ទើបអាប់សាឡំមមានព្រះបន្ទូលថា មើល ដំណើររឿងរបស់អ្នកជាល្អត្រឹមត្រូវហើយ តែស្តេចមិនបានតាំងអ្នកណាឲ្យស្តាប់រឿងអ្នកទេ
4 អាប់សាឡំមក៏មានព្រះបន្ទូលថែមទៀតថា ឱបើយើងបានធ្វើជាចៅហ្វាយនៅក្នុងនគរនេះទៅអេះ នោះអស់អ្នកណាដែលមានរឿងមានក្តីនឹងបានមកឯយើង ហើយយើងនឹងជំនុំជម្រះឲ្យគេតាមយុត្តិធម៌
5 នៅគ្រានោះ បើមានអ្នកណាមកថ្វាយបង្គំដល់ទ្រង់ នោះទ្រង់ក៏លូកព្រះហស្តទៅចាប់ទាញមកថើបអ្នកនោះ
6 អាប់សាឡំមទ្រង់តែងប្រព្រឹត្តយ៉ាងនេះ ដល់ពួកអ៊ីស្រាអែលទាំងអស់គ្នា ដែលនាំរឿងមកថ្វាយស្តេចឲ្យជំនុំជម្រះ ដូច្នេះ ទ្រង់បានទាក់ចិត្តពួកសាសន៍អ៊ីស្រាអែលទាំងឡាយ។
7 គ្រាកន្លងដល់ចុងឆ្នាំទី៤០ នោះអាប់សាឡំមទូលស្តេចថា សូមទ្រង់អនុញ្ញាតឲ្យទូលបង្គំទៅឯក្រុងហេប្រុន ដើម្បីនឹងលាបំណន់ ដែលទូលបង្គំបានបន់ដល់ព្រះយេហូវ៉ា
8 ដ្បិតកាលទូលបង្គំ ជាអ្នកបម្រើទ្រង់ នៅស្រុកកេស៊ូរី-អើរ៉ាមនៅឡើយ នោះទូលបង្គំបានបន់ទុកថា បើកាលណាព្រះយេហូវ៉ានាំទូលបង្គំ ត្រឡប់មកឯក្រុងយេរូសាឡឹមវិញ នោះទូលបង្គំនឹងប្រតិបត្តិដល់ព្រះយេហូវ៉ា
9 ដូច្នេះ ស្តេចទ្រង់មានព្រះបន្ទូលថា ចូរទៅដោយសុខសាន្តចុះ នោះទ្រង់ក៏ក្រោកឡើងទៅឯក្រុងហេប្រុន
10 រួចចាត់មនុស្សឲ្យទៅពេញក្នុងពូជអំបូរអ៊ីស្រាអែលទាំងប៉ុន្មាន ប្រាប់ដោយសម្ងាត់ថា កាលណាឮសូរផ្លុំត្រែ នោះត្រូវស្រែកប្រកាសឡើងថា អាប់សាឡំម ទ្រង់បានសោយរាជ្យ នៅក្រុងហេប្រុនហើយ
11 មានមនុស្ស២០០នាក់ចេញពីក្រុងយេរូសាឡឹម ទៅជាមួយនឹងអាប់សាឡំម ទ្រង់បានអញ្ជើញគេទៅ គេក៏ទៅដោយចិត្តត្រង់ ឥតដឹងការអ្វីឡើយ
12 ហើយកំពុងដែលអាប់សាឡំមថ្វាយយញ្ញបូជា នោះទ្រង់ក៏ចាត់គេឲ្យទៅហៅអ័ហ៊ីថូផែល ជាអ្នកស្រុកគីឡោដែលជាបុរោហិតរបស់ដាវីឌ ឲ្យមកពីគីឡោ ជាក្រុងរបស់ខ្លួនដែរ ការក្បត់នេះ ក៏បានកើតកាន់តែខ្លាំងឡើង ដ្បិតមានប្រជាជនចុះចូលខាងអាប់សាឡំមរឹតតែច្រើនឡើង។
13 គ្រានោះ មានម្នាក់នាំដំណឹងមកក្រាបទូលដាវីឌថា ពួកសាសន៍អ៊ីស្រាអែលទាំងអស់គ្នា មានចិត្តនិយមទៅតាមអាប់សាឡំមហើយ
14 ដូច្នេះ ដាវីឌទ្រង់មានព្រះបន្ទូលទៅពួកមហាតលិកទ្រង់ទាំងប៉ុន្មាន ដែលនៅក្រុងយេរូសាឡឹមជាមួយនឹងទ្រង់ថា ចូរយើងនាំគ្នារត់ចេញទៅ ពុំនោះនឹងគ្មានពួកយើងណាមួយ បានរួចពីអាប់សាឡំមឡើយ ចូរប្រញាប់ប្រញាល់ចេញទៅចុះ ក្រែងលោវាមកទាន់ ធ្វើអាក្រក់ដល់យើងរាល់គ្នា ហើយប្រហារពួកក្រុងដោយមុខដាវ
15 ពួកមហាតលិករបស់ស្តេចទូលថា បពិត្រព្រះករុណា ទូលបង្គំរាល់គ្នាប្រុងប្រៀបនឹងធ្វើតាមតែព្រះហឫទ័យព្រះអម្ចាស់នៃទូលបង្គំហើយ
16 នោះស្តេចទ្រង់ក៏យាងចេញទៅ ព្រមទាំងពួកវង្សានុវង្សទាំងអស់ផង បានទុកនៅតែស្រីអ្នកម្នាង១០នាក់ ឲ្យរក្សាដំណាក់ប៉ុណ្ណោះ
17 ស្តេចទ្រង់យាងចេញទៅ មានទាំងពួកទ្រង់ទាំងអស់ដើរទៅតាម ឯទ្រង់ក៏ឈប់នៅត្រង់ផ្ទះដែលនៅទីបំផុត
18 ហើយពួកមហាតលិកទ្រង់ទាំងប៉ុន្មានគេដើរមកឈរអមទ្រង់ រួចពួកកេរេធីម និងពួកពេលេធីមទាំងប៉ុន្មាន ព្រមទាំងពួកកាថ ចំនួន៦០០នាក់ ដែលបានមកតាមទ្រង់ពីក្រុងកាថ គេក៏ដើរកាត់នៅចំពោះទ្រង់ទៅ។
19 ស្តេចទ្រង់មានព្រះបន្ទូលសួរអ៊ីតតាយ ជាពួកក្រុងកាថថា ហេតុអ្វីបានជាអ្នកមកជាមួយនឹងពួកយើងដូច្នេះ ចូរត្រឡប់ទៅនៅជាមួយនឹងស្តេចចុះ ដ្បិតអ្នកជាសាសន៍ដទៃ បានត្រូវនិរទេសចោលស្រុករបស់ខ្លួនមក ដូច្នេះ ចូរវិលទៅវិញចុះ
20 ដែលអ្នកទើបនឹងមកពីម្សិលមិញ តើថ្ងៃនេះគួរឲ្យយើងនាំអ្នកមកដើរសាត់ព្រាត់ ទៅជាមួយនឹងយើង ដែលយើងក៏មិនដឹងជាទៅឯណាផងឬអី ចូរត្រឡប់ទៅវិញ ហើយនាំបងប្អូនអ្នកទៅផង សូមឲ្យអ្នកបានប្រកបដោយសេចក្ដីមេត្តាករុណា និងសេចក្ដីពិតត្រង់ចុះ
21 តែអ៊ីតតាយទូលតបថា ទូលបង្គំស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅ និងទ្រង់ព្រះករុណាជាព្រះអម្ចាស់នៃទូលបង្គំដ៏មានព្រះជន្មាយុថា នៅកន្លែងណាដែលទ្រង់ព្រះករុណាជាព្រះអម្ចាស់នៃទូលបង្គំគង់នៅ ទោះបើស្លាប់ ឬរស់ក្តី នោះទូលបង្គំជាបាវបម្រើទ្រង់នឹងនៅទីនោះដែរ
22 ដូច្នេះ ដាវីឌមានព្រះបន្ទូលប្រាប់ថា ចូរឆ្លងទៅចុះ នោះអ៊ីតតាយជាអ្នកក្រុងកាថ ព្រមទាំងពួកលោក និងកូនចៅទាំងប៉ុន្មានដែលនៅជាមួយ ក៏នាំគ្នាឆ្លងទៅ
23 ពួកអ្នកទាំងប៉ុន្មាននៅស្រុកនោះ គេនាំគ្នាយំដោយសំឡេងជាខ្លាំង ហើយបណ្តាជនទាំងឡាយក៏ឆ្លងទៅ ឯស្តេចទ្រង់យាងឆ្លងជ្រោះកេដ្រុនដែរ គ្រប់គ្នាឆ្លងទៅតាមផ្លូវដែលនាំទៅឯទីរហោស្ថាន។
24 រីឯសាដុក លោកក៏មកដែរ ព្រមទាំងពួកលេវីទាំងអស់ដែលសែងហឹបនៃសេចក្ដីសញ្ញារបស់ព្រះផង គេក៏ដាក់ហឹបនៃព្រះចុះ ហើយអ័បៀថើរលោកឡើងទៅ ដរាបដល់ពួកបណ្តាជនបានចាកចេញផុតពីទីក្រុងទាំងអស់ទៅ
25 រួចស្តេចមានព្រះបន្ទូលទៅសាដុកថា ចូរនាំយកហឹបនៃព្រះត្រឡប់ទៅឯទីក្រុងវិញទៅ បើសិនជាយើងនឹងបានប្រកបដោយព្រះគុណនៃព្រះយេហូវ៉ា នោះមុខជាទ្រង់នឹងនាំយើងមកវិញ ឲ្យបានឃើញទាំងហឹបនេះ និងទីលំនៅរបស់ទ្រង់ផង
26 តែបើទ្រង់មានព្រះបន្ទូលមកដូច្នេះថា អញមិនសព្វព្រះហឫទ័យនឹងឯងទេ នោះមើល យើងនេះហើយ សូមទ្រង់ប្រព្រឹត្តនឹងយើងតាមព្រះហឫទ័យចុះ
27 ស្តេចទ្រង់ក៏មានព្រះបន្ទូលទៅសាដុកដ៏ជាសង្ឃទៀតថា លោកជាអ្នកមើលឆុត ដូច្នេះ ចូរត្រឡប់ទៅក្នុងទីក្រុងវិញដោយសុខសាន្តចុះ នាំទាំងអ័ហ៊ីម៉ាស កូនលោក និងយ៉ូណាថាន ជាកូនអ័បៀថើរ ទៅជាមួយផង
28 ឯយើងៗនឹងចាំនៅត្រង់វាលនៃទីរហោស្ថាន ដរាបដល់មានដំណឹងមកបញ្ជាក់ដល់យើង
29 ដូច្នេះ សាដុក និងអ័បៀថើរ ក៏សែងហឹបនៃព្រះទៅក្នុងក្រុងយេរូសាឡឹមវិញ ហើយក៏នៅទីនោះ។
30 ឯដាវីឌទ្រង់យាងឡើងទៅតាមផ្លូវភ្នំដើមអូលីវ ទាំងទ្រង់ព្រះកន្សែងបណ្តើរ ទ្រង់ទទូរព្រះសិរ ហើយយាងទៅដោយព្រះបាទទទេ ឯពួកអ្នកដែលនៅជាមួយនឹងទ្រង់ ក៏ឡើងទៅទាំងទទូរក្បាល ហើយយំបណ្តើរដែរ
31 មានម្នាក់ទូលដាវីឌថា អ័ហ៊ីថូផែលក៏នៅក្នុងពួកក្បត់នោះ ជាមួយនឹងអាប់សាឡំមដែរ នោះដាវីឌអធិស្ឋានទូលថា ឱព្រះយេហូវ៉ាអើយ សូមទ្រង់បំផ្លាស់បំប្រែសេចក្ដីទូន្មានរបស់អ័ហ៊ីថូផែល ឲ្យទៅជាផ្តេសផ្តាសវិញទៅ
32 កាលដាវីឌបានយាងដល់លើកំពូលភ្នំ ជាកន្លែងដែលទ្រង់ធ្លាប់ថ្វាយបង្គំព្រះ នោះឃើញហ៊ូសាយ ជាពួកអើគី ចូលមកនៅចំពោះទ្រង់ ទាំងមានអាវរហែក និងដីនៅលើក្បាល
33 ដាវីឌមានព្រះបន្ទូលទៅលោកថា បើអ្នកទៅជាមួយនឹងយើង នោះអ្នកនឹងបានជាបន្ទុកដល់យើងទេ
34 តែបើសិនជាអ្នកត្រឡប់ទៅឯទីក្រុងវិញ ហើយទូលដល់អាប់សាឡំមថា បពិត្រព្រះករុណា ទូលបង្គំសូមថ្វាយខ្លួនធ្វើជាខ្ញុំបម្រើរបស់ទ្រង់ ដូចជាបានធ្វើជាខ្ញុំបម្រើដល់ព្រះបិតាទ្រង់កាលពីដើមដែរ បើធ្វើដូច្នេះ នោះអ្នកនឹងអាចឈ្នះសេចក្ដីទូន្មានរបស់អ័ហ៊ីថូផែលឲ្យយើងបាន
35 នៅទីនោះ អ្នកក៏មានសាដុក និងអ័បៀថើរដ៏ជាសង្ឃនៅជាមួយដែរ យ៉ាងនោះ ការអ្វីដែលអ្នកឮពីក្នុងដំណាក់ស្តេចមក នោះចូរសាសព្ទប្រាប់ដល់សាដុក និងអ័បៀថើរដ៏ជាសង្ឃ
36 លោកទាំង២នោះមានកូន២នាក់នៅជាមួយ គឺអ័ហ៊ីម៉ាសជាកូនសាដុក និងយ៉ូណាថានជាកូនអ័បៀថើរ ត្រូវឲ្យអ្នកចាត់មកឲ្យយើងដឹងពីគ្រប់សេចក្ដីដែលអ្នកឮ
37 ដូច្នេះ ហ៊ូសាយ ជាសំឡាញ់របស់ដាវីឌ ក៏ត្រឡប់ទៅក្នុងទីក្រុងវិញ ឯអាប់សាឡំមទ្រង់ក៏យាងចូលមក ដល់ក្រុងយេរូសាឡឹមដែរ។
ជំពូក 16
1 កាលដាវីឌបានយាងហួសពីកំពូលភ្នំបន្តិចទៅ នោះឃើញស៊ីបា ជាអ្នកបម្រើរបស់មភីបូសែត មកជួបនឹងទ្រង់ នាំទាំងសត្វលា២ចងកែបជាស្រេច ផ្ទុកដោយនំបុ័ង២០០ដុំ ទំពាំងបាយជូរក្រៀម១០០ចង្កោម ហើយផ្លែរដូវក្តៅ១០០ ព្រមទាំងថង់ស្បែកពេញដោយស្រាទំពាំងបាយជូរផង
2 ស្តេចទ្រង់មានព្រះបន្ទូលសួរស៊ីបាថា ឯងយករបស់ទាំងនេះមកធ្វើអី ស៊ីបាទូលថា សត្វលាសម្រាប់ជាជំនិះដល់ពួកព្រះរាជវង្សនៃទ្រង់ ឯនំបុ័ង និងផ្លែរដូវក្តៅសម្រាប់ឲ្យពួកកំលោះៗបរិភោគ ហើយស្រាទំពាំងបាយជូរសម្រាប់អ្នកណាដែលហេវនៅទីរហោស្ថាន
3 ស្តេចទ្រង់សួរថា តើរាជបុត្ររបស់ចៅហ្វាយឯងនៅឯណា ស៊ីបាទូលថា លោកនៅឯក្រុងយេរូសាឡឹម ដ្បិតលោកគិតថា នៅថ្ងៃនេះ ពួកវង្សានុវង្សនៃសាសន៍អ៊ីស្រាអែល គេនឹងប្រគល់រាជ្យរបស់បិតាមកអញវិញ
4 នោះស្តេចមានព្រះបន្ទូលទៅស៊ីបាថា នែ របស់ទ្រព្យទាំងប៉ុន្មាននៃមភីបូសែតជារបស់ផងឯងវិញ ស៊ីបាទូលថា បពិត្រព្រះករុណាជាព្រះអម្ចាស់នៃទូលបង្គំអើយ ទូលបង្គំក្រាបថ្វាយបង្គំដល់ទ្រង់ សូមឲ្យទូលបង្គំបានប្រកបដោយព្រះគុណនៃទ្រង់ផង។
5 រួចមក កាលស្តេចដាវីឌទ្រង់បានយាងទៅដល់ភូមិបាហ៊ូរីម នោះឃើញមានមនុស្សម្នាក់ជាញាតិវង្សរបស់សូល ឈ្មោះស៊ីម៉ាយ ជាកូនកេរ៉ា អ្នកនោះចេញមកទាំងជេរបណ្តើរ
6 ក៏យកថ្មចោលដាវីឌ ហើយនិងពួកមហាតលិកទាំងប៉ុន្មាន ឯពួកបណ្ដាជន និងពួកមនុស្សខ្លាំងពូកែទាំងប៉ុន្មាន គេដើរអមទ្រង់ ទាំងខាងស្តាំ និងខាងឆ្វេង
7 ស៊ីម៉ាយវាជេរដូច្នេះថា អាខ្ចាយឈាម អាមនុស្សពាល ចូរទៅៗ
8 ព្រះយេហូវ៉ាបានទម្លាក់លោហិតទាំងប៉ុន្មាននៃវង្សរបស់សូល មកលើឯង ដែលឯងបានជែងយករាជ្យរបស់ទ្រង់នោះ ហើយព្រះយេហូវ៉ាបានប្រគល់រាជ្យទុកក្នុងអំណាចអាប់សាឡំម ជាកូនឯងវិញ មើល ឥឡូវនេះ ឯងជាប់ក្នុងការអាក្រក់របស់ខ្លួនហើយ ពីព្រោះឯងជាមនុស្សខ្ចាយឈាម។
9 នោះអ័ប៊ីសាយជាកូនសេរូយ៉ាទូលទៅស្តេចថា តើមានហេតុអ្វីឲ្យអាឆ្កែងាប់នេះ បានជេរប្រមាថដល់ទ្រង់ព្រះករុណា ជាព្រះអម្ចាស់នៃទូលបង្គំយ៉ាងនេះ សូមអនុញ្ញាតឲ្យទូលបង្គំទៅកាត់ក្បាលវាចេញ
10 ស្តេចមានព្រះបន្ទូលថា នែ កូនសេរូយ៉ាអើយ តើយើង និងអ្នកមានប្រកបអ្វីនឹងគ្នា ដែលវាជេរប្រមាថដូច្នេះ នោះគឺដោយព្រោះព្រះយេហូវ៉ាទ្រង់បានប្រាប់ឲ្យវាជេរប្រមាថដល់ដាវីឌទេតើ បើយ៉ាងនោះ តើអ្នកណានឹងហ៊ានសួរថា ហេតុអ្វីបានជាធ្វើដូច្នេះ
11 រួចដាវីឌមានព្រះបន្ទូលទៅអ័ប៊ីសាយ និងពួកមហាតលិកទ្រង់ទាំងប៉ុន្មានថា មើល អំបាលតែកូនដែលខ្លួនយើងបង្កើត ម៉េចវារកជីវិតយើងទៅហើយ ចំណង់បើពូជពួកបេនយ៉ាមីននេះ តើនឹងលើសជាងអម្បាលម៉ានទៅទៀត កុំធ្វើវា ឲ្យវាជេរចុះ ដ្បិតព្រះយេហូវ៉ាទ្រង់បានបង្គាប់វាមកហើយ
12 ប្រហែលជាព្រះយេហូវ៉ាទ្រង់នឹងទតមើលសេចក្ដីវេទនារបស់យើងទេដឹង រួចទ្រង់នឹងប្រោសសេចក្ដីល្អមកយើង ជំនួសសេចក្ដីដែលវាជេរប្រមាថនៅថ្ងៃនេះវិញ
13 នោះដាវីឌក៏យាងតាមផ្លូវទៅ ព្រមទាំងពួកទ្រង់ផង ឯស៊ីម៉ាយវាដើរតាមចង្កេះភ្នំទន្ទឹមនឹងទ្រង់ដែរ ទាំងជេរបណ្តើរ ព្រមទាំងចោលថ្មទៅលើទ្រង់ ហើយបាចសាចធូលីដីផង
14 យ៉ាងនោះស្តេច និងពួកបណ្តាជនទាំងប៉ុន្មាន ដែលនៅជាមួយ ក៏ទៅដល់ទីឈប់ទាំងអស់កម្លាំង ហើយគេសម្រាកនៅទីនោះ។
15 រីឯអាប់សាឡំម និងសាសន៍អ៊ីស្រាអែលទាំងអស់គ្នា គេក៏មកដល់ក្រុងយេរូសាឡឹម មានទាំងអ័ហ៊ីថូផែលមកជាមួយដែរ
16 ហើយកាលហ៊ូសាយ ជាពួកអើគី ជាសំឡាញ់ដាវីឌ បានមកដល់អាប់សាឡំម នោះលោកទូលទៅអាប់សាឡំមថា សូមឲ្យព្រះករុណាមានព្រះជន្មជាយូរអង្វែងទៅ សូមឲ្យព្រះករុណាប្រកបដោយសេចក្ដីចម្រើន
17 អាប់សាឡំមមានព្រះបន្ទូលទៅហ៊ូសាយថា អ្នកសងគុណដល់សំឡាញ់អ្នកយ៉ាងហ្នឹងឬ ហេតុអ្វីបានជាអ្នកមិនបានទៅតាមសំឡាញ់ទៅ
18 នោះហ៊ូសាយទូលឆ្លើយថា ទេ តែអ្នកណាដែលព្រះយេហូវ៉ា និងបណ្តាជនទាំងនេះ ហើយពួកអ៊ីស្រាអែលទាំងអស់គ្នាបានរើស នោះទូលបង្គំនឹងនៅជាមួយនឹងអ្នកនោះវិញ
19 មួយសោតទៀត តើគួរឲ្យទូលបង្គំបានបម្រើចំពោះអ្នកណា តើមិនគួរឲ្យបម្រើនៅចំពោះព្រះរាជបុត្រាទេឬអី ដូច្នេះ ទូលបង្គំនឹងបម្រើនៅចំពោះព្រះករុណា ដូចជាបានបម្រើនៅចំពោះព្រះវរបិតាដែរ។
20 នោះអាប់សាឡំមមានព្រះបន្ទូល ទៅអ័ហ៊ីថូផែលថា ចូរបង្ហាញគំនិតរបស់អ្នកឲ្យយើងដឹងជាធ្វើយ៉ាងណាផង
21 អ័ហ៊ីថូផែលក៏ឆ្លើយថា ដូច្នេះ សូមទ្រង់ចូលទៅឯពួកអ្នកម្នាងរបស់ព្រះបិតាទ្រង់ ដែលបានទុកឲ្យរក្សាដំណាក់ចុះ នោះពួកអ៊ីស្រាអែលទាំងអស់នឹងដឹងថា ព្រះបិតាទ្រង់បានស្អប់ខ្ពើមដល់ទ្រង់ហើយ នោះពួកអ្នកទាំងប៉ុន្មានដែលនៅជាមួយនឹងទ្រង់ គេនឹងបានចម្រើនកម្លាំងដៃឡើង
22 ដូច្នេះ គេក៏ដំឡើងត្រសាលនៅលើដំបូលដំណាក់ថ្វាយអាប់សាឡំម រួចទ្រង់ក៏ចូលទៅឯពួកអ្នកម្នាងរបស់បិតាទ្រង់ ឲ្យពួកអ៊ីស្រាអែលទាំងអស់គ្នាឃើញច្បាស់
23 ឯគំនិតរបស់អ័ហ៊ីថូផែលដែលសម្ដែងមកនៅគ្រានោះ ក៏ដូចជាអ្នកណាបានទូលសួរចំពោះព្រះហើយ ឯការដែលលោកជួយគំនិត ដល់ទាំងដាវីឌ និងអាប់សាឡំមផង ក៏យ៉ាងនោះទាំងអស់។
ជំពូក 17
1 មួយទៀត អ័ហ៊ីថូផែល លោកទូលទៅអាប់សាឡំមថា សូមឲ្យទូលបង្គំទៅរើសទាហាន១ម៉ឺន២ពាន់នាក់នាំចេញទៅ ដេញតាមដាវីឌនៅយប់នេះឯង
2 ទូលបង្គំ នឹងបានទាន់ ក្នុងកាលដែលកំពុងតែអស់កម្លាំង ហើយមានដៃខ្សោយ រួចនឹងធ្វើឲ្យភ័យ យ៉ាងនោះបណ្តាទ័ពទាំងអស់ដែលនៅជាមួយ នឹងរត់ចេញទៅ ទូលបង្គំនឹងវាយតែស្តេចប៉ុណ្ណោះ
3 ហើយនិងនាំបណ្តាជនទាំងអស់មកវិញថ្វាយដល់ទ្រង់ ដ្បិតបើចាប់បានម្នាក់ដែលទ្រង់ត្រូវរក នោះទុកដូចជាបានមនុស្សទាំងអស់មកវិញដែរ យ៉ាងនោះបណ្តាជនទាំងអស់គ្នានឹងបានសេចក្ដីសុខហើយ
4 ពាក្យនោះក៏គាប់ព្រះទ័យដល់អាប់សាឡំម និងពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែលទាំងអស់គ្នា។
5 តែអាប់សាឡំមមានព្រះបន្ទូលថា ចូរហៅហ៊ូសាយ ជាពួកអើគីមក ដើម្បីយើងបានស្តាប់សេចក្ដីដែលគាត់ថាជាយ៉ាងណាដែរ
6 កាលហ៊ូសាយបានមកដល់អាប់សាឡំមហើយ នោះទ្រង់មានព្រះបន្ទូលថា អ័ហ៊ីថូផែលបាននិយាយដូច្នេះ តើគួរឲ្យយើងធ្វើតាមឬអី បើមិនគួរទេ សូមឆ្លើយប្រាប់មកចុះ
7 ដូច្នេះ ហ៊ូសាយក៏ទូលឆ្លើយថា សេចក្ដីប្រឹក្សាដែលអ័ហ៊ីថូផែលបានទូលម្តងនេះ មិនល្អទេ
8 ដ្បិតទ្រង់ជ្រាបថា ព្រះបិតា និងពួកអ្នកដែលនៅជាមួយ សុទ្ធតែជាមនុស្សខ្លាំងពូកែ ហើយមានចិត្តក្តៅក្រហាយ ដូចជាខ្លាឃ្មុំញីនៅវាលដែលត្រូវព្រាត់ពីកូន មួយទៀត ព្រះបិតាទ្រង់ជាមនុស្សថ្នឹកចម្បាំងផង ទ្រង់មិនផ្ទំនៅជាមួយនឹងពួកពលទេ
9 ពេលថ្មើរនេះ មុខជាទ្រង់ពួននៅក្នុងរណ្តៅណាមួយ ឬនៅកន្លែងណាទៀតមិនខាន ដូច្នេះ កាលណាចាប់តាំងច្បាំងគ្នា ហើយមានពួកយើងខ្លះដួលស្លាប់ នោះអ្នកណាដែលឮ គេនឹងផ្សាយប្រាប់ថា មានពួកខាងអាប់សាឡំមស្លាប់សន្ធឹកហើយ
10 យ៉ាងនោះ ទោះទាំងមនុស្សក្លាហាន ដែលមានចិត្តដូចជាសិង្ហ គេនឹងគ្រាកចិត្តដែរ ដ្បិតពួកអ៊ីស្រាអែលទាំងអស់គ្នាដឹងថា ព្រះបិតាទ្រង់ និងពួកដែលនៅជាមួយ សុទ្ធតែជាមនុស្សក្លាហានណាស់
11 ឯទូលបង្គំ សូមថ្វាយសេចក្ដីដូច្នេះថា គួរឲ្យប្រមូលពួកសាសន៍អ៊ីស្រាអែលទាំងអស់មកឯទ្រង់ ចាប់តាំងពីក្រុងដាន់ រហូតទៅដល់បៀរ-សេបា ដូចជាខ្សាច់នៅមាត់សមុទ្រ រួចយាងទៅច្បាំងដោយព្រះអង្គទ្រង់វិញ
12 យ៉ាងនោះ យើងខ្ញុំរាល់គ្នានឹងទៅទាន់ព្រះបិតាទ្រង់ នៅកន្លែងណាដែលរកឃើញ ហើយនិងស្ទុះទៅលើ ដូចជាទឹកសន្សើមធ្លាក់មកលើដីតែម្តង ឥតទុកឲ្យអ្នកណាមួយនៅសល់ឡើយ ទោះទាំងព្រះបិតា និងពួកដែលនៅជាមួយផង
13 ឬបើបានចូលទៅជ្រកក្នុងទីក្រុងណា នោះពួកអ៊ីស្រាអែលទាំងអស់នឹងយកពួរទៅទាញអូសទីក្រុងនោះ ទម្លាក់ចុះក្នុងទន្លេ ដរាបដល់រកថ្ម១យ៉ាងតូចនៅទីនោះមិនឃើញផង
14 នោះអាប់សាឡំម និងពួកអ៊ីស្រាអែលក៏ឆ្លើយឡើងថា គំនិតរបស់ហ៊ូសាយ ជាពួកអើគីនេះ ល្អជាងគំនិតរបស់អ័ហ៊ីថូផែល (ព្រះយេហូវ៉ាទ្រង់បានតម្រូវឲ្យបំបាត់គំនិតរបស់អ័ហ៊ីថូផែលចេញ ដើម្បីនឹងនាំសេចក្ដីអាក្រក់មកលើអាប់សាឡំមវិញ)។
15 គ្រានោះ ហ៊ូសាយរ៉ាយរឿងប្រាប់សាដុក ហើយនិងអ័បៀថើរដ៏ជាសង្ឃថា អ័ហ៊ីថូផែលបានទូលប្រាប់ដល់អាប់សាឡំម និងពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែលថា គួរធ្វើដូច្នេះ១ៗ តែខ្ញុំបានទូលយ៉ាងនេះវិញ
16 ដូច្នេះ សូមចាត់គេជាប្រញាប់ ឲ្យទៅទូលដល់ព្រះករុណាថា នៅយប់នេះ សូមទ្រង់កុំផ្ទំនៅទីរហោស្ថានឡើយ សូមយាងឆ្លងទៅខាងមុខទៀតទៅ ក្រែងព្រះករុណា និងពួកអ្នកដែលនៅជាមួយ ត្រូវវិនាសបាត់។
17 រីឯយ៉ូណាថាន និងអ័ហ៊ីម៉ាស គេនៅត្រង់អេន-រ៉ូកេល ដ្បិតគេមិនហ៊ានចូលក្នុងទីក្រុងឲ្យអ្នកណាឃើញទេ ហើយមានបាវស្រីម្នាក់ទៅប្រាប់ រួចគេក៏ទៅក្រាបទូលដល់ស្តេចដាវីឌ
18 ប៉ុន្តែ មានក្មេងម្នាក់បានឃើញ ក៏ទៅក្រាបទូលដល់អាប់សាឡំម តែអ្នកទាំង២នាំគ្នាចេញទៅជាប្រញាប់ បានទៅដល់ផ្ទះរបស់មនុស្សម្នាក់ នៅត្រង់បាហ៊ូរីមដែលមានអណ្តូងនៅទីធ្លាផ្ទះ អ្នកទាំង២ក៏ចុះទៅពួនក្នុងអណ្តូងនោះ
19 ឯស្ត្រី ជាម្ចាស់ផ្ទះ ក៏យកសំពត់គ្របមាត់អណ្តូង ហើយរាយហាលអង្ករពីលើ ឥតមានអ្នកណាសង្ស័យឡើយ
20 ចំណែកពួកអ្នកដែលអាប់សាឡំមចាត់ប្រើ ក៏មកដល់ស្រីនោះ នៅក្នុងផ្ទះសួរថា តើអ័ហ៊ីម៉ាស និងយ៉ូណាថាននៅឯណា តែស្រីនោះឆ្លើយថា គេបានឆ្លងស្ទឹងទៅបាត់ហើយ កាលគេស្វែងរកមិនឃើញសោះ នោះក៏នាំគ្នា ត្រឡប់ទៅឯក្រុងយេរូសាឡឹមវិញ។
21 លុះកាលគេចេញទៅបាត់ហើយ នោះអ្នកទាំង២ក៏នាំគ្នាឡើងចេញពីអណ្តូងមក ទៅក្រាបទូលដល់ស្តេចដាវីឌ ដោយពាក្យថា សូមទ្រង់តើនឡើងយាងឆ្លងទឹកនេះជាប្រញាប់ទៅ ដ្បិតអ័ហ៊ីថូផែលបានបញ្ចេញគំនិតទាស់នឹងទ្រង់យ៉ាងនេះហើយ
22 ដូច្នេះ ដាវីឌ និងពួកអ្នកដែលនៅជាមួយ ក៏ក្រោកឡើងឆ្លងទន្លេយ័រដាន់ទៅ លុះថ្ងៃភ្លឺឡើង នោះគ្រប់គ្នាបានឆ្លងទន្លេយ័រដាន់ ទាំងអស់ផុតឥតសល់ដល់ម្នាក់ឡើយ។
23 កាលអ័ហ៊ីថូផែលឃើញថា គេមិនបានតាមគំនិតខ្លួនដូច្នោះ នោះលោកក៏ចងកែបលា ជិះត្រឡប់ទៅដល់ផ្ទះ នៅទីក្រុងរបស់លោកវិញ ចាត់ចែងការក្នុងផ្ទះស្រេចហើយ រួចចងកស្លាប់ទៅ គេបញ្ចុះសពលោកនៅក្នុងផ្នូររបស់ឪពុកលោក។
24 រួចមកដាវីឌយាងទៅដល់ក្រុងម៉ាហាណែម ឯអាប់សាឡំម និងពួកពលទ័ពអ៊ីស្រាអែលទាំងប៉ុន្មានដែលនៅជាមួយ ក៏ឆ្លងទន្លេយ័រដាន់ទៅ
25 អាប់សាឡំមបានតាំងអ័ម៉ាសាឡើង ឲ្យធ្វើជាមេទ័ពជំនួសយ៉ូអាប់ រីឯអ័ម៉ាសានេះ លោកជាកូនរបស់សាសន៍អ៊ីស្រាអែលម្នាក់ឈ្មោះយីតរ៉ា ដែលបានចូលទៅឯនាងអ័ប៊ីកែលជាកូនណាហាស ដែលជាប្អូនស្រីរបស់សេរូយ៉ា ម្តាយយ៉ូអាប់
26 ចំណែកពួកអ៊ីស្រាអែល និងអាប់សាឡំម គេបោះទ័ពនៅស្រុកកាឡាត។
27 កាលដាវីឌបានទៅដល់ម៉ាហាណែមហើយ នោះសូប៊ីជាកូនណាហាស ដែលនៅត្រង់រ៉ាបា ស្រុករបស់ពួកកូនចៅអាំម៉ូន ហើយម៉ាគារជាកូនអាំមាលនៅឡូរ-ដេបារ និងបារស៊ីឡាយជាពួកកាឡាតដែលនៅរ៉ូគីលីម
28 គេយកគ្រែ ចាន ឆ្នាំងផ្សេងៗ ព្រមទាំងស្រូវភោជ្ជសាលី ស្រូវឱក ម្សៅ លាជ ពពាយ សណ្តែកបាយ និងសណ្តែកលីង
29 ទឹកឃ្មុំ ខ្លាញ់ទឹកដោះ សត្វចៀម ទឹកដោះគោខះ មកសម្រាប់ដាវីឌ និងពួកបណ្តាជនដែលនៅជាមួយបានបរិភោគ ដោយថា ពួកបណ្តាជនគេស្រេកឃ្លាន ហើយល្វើយនៅទីរហោស្ថាន។
ជំពូក 18
1 គ្រានោះ ដាវីឌទ្រង់ត្រួតត្រាមើលពួកពលទ័ពដែលនៅជាមួយនឹងទ្រង់ ក៏តាំងឲ្យមានមេលើ១ពាន់នាក់ ហើយមេលើ១រយនាក់
2 រួចទ្រង់ចែកគេជា៣កង ចាត់ឲ្យចេញទៅ ១កងនៅក្រោមអំណាចយ៉ូអាប់ មួយទៀត នៅក្រោមអំណាចអ័ប៊ីសាយ ជាប្អូនយ៉ូអាប់ កូនសេរូយ៉ា ហើយមួយទៀត នៅក្រោមអំណាចអ៊ីតតាយ ជាពួកកាថស្តេចទ្រង់មានព្រះបន្ទូលទៅគេថា យើងនឹងចេញទៅជាមួយនឹងឯងរាល់គ្នាដែរ
3 តែបណ្តាទ័ពទូលឆ្លើយថា មិនត្រូវឲ្យទ្រង់យាងទៅឡើយ ដ្បិតបើយើងខ្ញុំរាល់គ្នារត់ទៅ នោះគេមិនសូវរវល់នឹងយើងខ្ញុំប៉ុន្មានទេ បើកាលណាពួកយើងខ្ញុំស្លាប់អស់ពាក់កណ្តាល ក៏គេឥតរវល់ដែរ តែឯទ្រង់វិញ នោះមានតម្លៃស្មើនឹងពួកយើងខ្ញុំ១ម៉ឺននាក់ ដូច្នេះ ស៊ូឲ្យទ្រង់ប្រុងប្រៀបនឹងជួយយើងខ្ញុំរាល់គ្នា ពីទីក្រុងនេះវិញជាជាង
4 នោះស្តេចទ្រង់មានព្រះបន្ទូលថា យើងនឹងធ្វើតាមដែលឯងរាល់គ្នាគិតឃើញថាត្រូវ ដូច្នេះ ស្តេចទ្រង់ក៏ឈរនៅមាត់ទ្វារទីក្រុង ហើយពួកបណ្តាទ័ពទាំងប៉ុន្មាន គេចេញទៅដោយពួករយ ពួកពាន់
5 ស្តេចទ្រង់ក៏បង្គាប់ដល់យ៉ូអាប់ អ័ប៊ីសាយ និងអ៊ីតតាយថា ចូរមេត្តាដល់អាប់សាឡំម ជាកូនប្រុសយើងផង ដោយយល់ដល់យើង បណ្តាទ័ពក៏បានឮ ក្នុងកាលដែលស្តេចបានផ្តាំ ពីដំណើរអាប់សាឡំម ដល់ពួកមេទាំងប៉ុន្មានដែរ។
6 ដូច្នេះ ពួកបណ្តាទ័ពក៏ចេញទៅទាស់នឹងពួកអ៊ីស្រាអែល ហើយតយុទ្ធគ្នានៅក្នុងព្រៃអេប្រាអិម
7 បណ្តាពួកទ័ពនៃសាសន៍អ៊ីស្រាអែលគេចាញ់ពួកពលខាងដាវីឌនៅទីនោះ ហើយនៅថ្ងៃនោះ មានមនុស្សស្លាប់យ៉ាងសន្ធឹកណាស់ អស់ចំនួន២ម៉ឺននាក់
8 ដ្បិតការសង្គ្រាមបានលុកលុយពេញក្នុងស្រុកនោះ ហើយនៅថ្ងៃនោះ ព្រៃក៏ធ្វើឲ្យបណ្តាមនុស្សវិនាសទៅ ច្រើនជាងវិនាសដោយមុខដាវទៅទៀត។
9 រីឯអាប់សាឡំម ទ្រង់ប្រទះនឹងពួកពលទ័ពខាងដាវីឌ គ្រានោះ ទ្រង់កំពុងគង់លើលាកាត់ សត្វជំនិះក៏ទៅក្រោមមែកដើមម៉ៃសាក់ដែលសាងញ៉ាង នោះព្រះសិរក៏ទាក់ជាប់នៅនឹងមែកឈើ ព្យួរផុតពីដីឡើង ឯលាកាត់ដែលទ្រង់គង់ក៏ដើរបង្ហួសទៅ
10 ខណៈនោះ មានមនុស្សម្នាក់បានឃើញ ក៏ទៅជម្រាបដល់យ៉ូអាប់ថា ន៏ ខ្ញុំបានឃើញអាប់សាឡំម ព្យួរនៅលើដើមម៉ៃសាក់មួយ
11 ឯយ៉ូអាប់ក៏បន្ទោសដល់អ្នកដែលប្រាប់ដំណឹងនោះថា បើឯងបានឃើញហើយ ម្តេចក៏មិនបានវាយសម្លាប់នៅទីនោះភ្លាមទៅ នោះអញនឹងបានឲ្យប្រាក់១០ដួង និងខ្សែក្រវាត់១ដល់ឯង
12 តែអ្នកនោះឆ្លើយតបថា បើទុកជាបានប្រាក់១ពាន់មកដៃខ្ញុំ គង់តែខ្ញុំក៏មិនព្រមលូកដៃទៅទាស់នឹងព្រះរាជបុត្រានៃស្តេចដែរ ដ្បិតយើងខ្ញុំបានឮព្រះបន្ទូលដែលទ្រង់បានផ្តាំដល់លោក និងអ័ប៊ីសាយ ហើយអ៊ីតតាយថា ចូរប្រយ័ត កុំឲ្យអ្នកណាពាល់អាប់សាឡំម ជាកូនមានវ័យក្មេងនោះឡើយ
13 បើសិនជាខ្ញុំបានក្បត់ចំពោះព្រះជន្មព្រះរាជបុត្រនោះវិញ គ្មានអ្វីលាក់កំបាំងនឹងស្តេចឡើយ សូម្បីតែលោកក៏នឹងលើក ទាស់នឹងខ្ញុំដែរ
14 យ៉ូអាប់ឆ្លើយថា មិនគួរឲ្យអញនៅបង្ខាតពេលជាមួយនឹងឯងដូច្នេះទេ រួចលោកចាប់យកដែកពួយ៣ កាន់នៅដៃ ទៅពួយទម្លុះត្រង់បេះដូងអាប់សាឡំម ក្នុងកាលដែលកំពុងនៅរស់ ជាប់នៅនឹងដើមម៉ៃសាក់នៅឡើយ
15 ឯមនុស្សកំលោះ១០នាក់ ដែលកាន់គ្រឿងរបស់យ៉ូអាប់ ក៏ចោមរោមវាយសម្លាប់អាប់សាឡំមទៅ។
16 រួចហើយ យ៉ូអាប់ផ្លុំត្រែឡើង នោះពួកទ័ពក៏វិលត្រឡប់ពីដេញតាមពួកអ៊ីស្រាអែលមកវិញ ដ្បិតលោកប្រណីដល់គេ
17 គេយកសពរបស់អាប់សាឡំមទៅបោះចោលក្នុងរណ្តៅធំ នៅកណ្តាលព្រៃ រួចបង្គរថ្មពីលើជាគំនរយ៉ាងធំ ឯពួកអ៊ីស្រាអែលទាំងអស់ គេរត់ទៅឯទីលំនៅរបស់គេរៀងខ្លួនទៅ
18 រីឯនៅគ្រាដែលអាប់សាឡំមគង់ព្រះជន្មនៅឡើយ នោះទ្រង់ធ្វើបង្គោលថ្ម១ ទុកនៅច្រកភ្នំនៃហ្លួង សម្រាប់ជាទីរំឭក ដោយនឹកថា អញគ្មានកូនប្រុស ដើម្បីនឹងបន្តឈ្មោះអញទេ ទ្រង់ក៏ដាក់ឈ្មោះថ្មនោះតាមនាមរបស់ទ្រង់ គេក៏ហៅថ្មនោះថា «ថ្មអាប់សាឡំម» ដរាបដល់សព្វថ្ងៃនេះ។
19 គ្រានោះ អ័ហ៊ីម៉ាស កូនសាដុក មានវាចាថា សូមអនុញ្ញាតឲ្យខ្ញុំនាំដំណឹងរត់ទៅទូលស្តេច ពីដំណើរដែលព្រះយេហូវ៉ាបានសងសឹកនឹងខ្មាំងសត្រូវទ្រង់ហើយ
20 តែយ៉ូអាប់ឆ្លើយថា ថ្ងៃនេះ ឯងមិនត្រូវនាំយកដំណឹងទៅទេ ចាំដល់ថ្ងៃក្រោយវិញ តែថ្ងៃនេះ ឯងមិនត្រូវនាំយកដំណឹងទៅឡើយ ពីព្រោះព្រះរាជបុត្រនៃស្តេចសុគតហើយ
21 រួចមក យ៉ូអាប់ប្រាប់ទៅគូស៊ី ថា ចូរឯងទៅទូលស្តេចពីការដែលឯងបានឃើញចុះ គូស៊ីក៏ក្រាបសំពះយ៉ូអាប់ ហើយរត់ទៅ
22 នោះអ័ហ៊ីម៉ាស ជាកូនសាដុក គាត់សូមយ៉ូអាប់ម្តងទៀតថា ទោះបើជាយ៉ាងណាក៏ដោយ សូមឲ្យខ្ញុំរត់ទៅតាមគូស៊ីផង យ៉ូអាប់តបថា កូនអើយ ឯងចង់រត់ទៅធ្វើអី ដំណឹងយ៉ាងនេះមិនមែនជាគុណដល់ឯងទេ
23 តែគាត់ថា ទោះបើយ៉ាងណាក៏ដោយចុះ គង់តែខ្ញុំនឹងរត់ទៅដែរ ដូច្នេះ យ៉ូអាប់ក៏បណ្តោយថា ចូររត់ទៅចុះ អ័ហ៊ីម៉ាសក៏រត់ទៅតាមផ្លូវវាលដល់មុនគូស៊ី។
24 ឯដាវីឌ ទ្រង់គង់នៅត្រង់រវាងទ្វារទាំង២ អ្នកចាំយាមក៏ឡើងទៅលើខ្លោងទ្វារកំផែង រួចងើបភ្នែកឡើងមើលទៅ ឃើញមនុស្សម្នាក់កំពុងតែរត់មក
25 អ្នកចាំយាមក៏ស្រែកទូលដល់ស្តេច ទ្រង់មានព្រះបន្ទូលថា បើវាមកតែឯង នោះគឺវានាំដំណឹងមកហើយ អ្នកនោះមកកាន់តែជិតដល់
26 រួចអ្នកចាំយាមឃើញម្នាក់ទៀតកំពុងតែរត់មក ក៏ស្រែកប្រាប់ទៅអ្នកឆ្មាំទ្វារថា មើលន៏ មានម្នាក់ទៀតរត់មកដែរ ស្តេចទ្រង់មានព្រះបន្ទូលថា នោះក៏នាំដំណឹងមកដែរ
27 អ្នកចាំយាមទូលថា ទូលបង្គំស្មានថា អ្នកដែលរត់មកមុន នោះមានភាពរត់ដូចជាអ័ហ៊ីម៉ាស កូនសាដុក ស្តេចមានព្រះបន្ទូលតបថា អ្នកនោះជាមនុស្សល្អ ក៏នាំដំណឹងល្អមក។
28 គ្រានោះ អ័ហ៊ីម៉ាសស្រែកទូលមកស្តេចថា មានសុខហើយ រួចគាត់ក្រាបផ្កាប់មុខដល់ដី នៅចំពោះស្តេច ទូលថា សូមក្រាបថ្វាយបង្គំដល់ព្រះយេហូវ៉ាជាព្រះនៃព្រះករុណា ដោយទ្រង់បានប្រគល់ពួកអ្នកដែលលើកដៃទាស់ និងព្រះករុណា ជាព្រះអម្ចាស់នៃទូលបង្គំ មកហើយ
29 ស្តេចទ្រង់មានព្រះបន្ទូលសួរថា តើអាប់សាឡំម ជាកូនប្រុសយើង សុខសប្បាយទេឬ អ័ហ៊ីម៉ាសទូលឆ្លើយថា កាលយ៉ូអាប់បានចាត់ទូលបង្គំ ជាអ្នកបម្រើនៃព្រះករុណាមក នោះទូលបង្គំឃើញថា មានជ្រួលជ្រើមជាខ្លាំង តែមិនដឹងជាមានហេតុអ្វីទេ
30 ដូច្នេះ ស្តេចប្រាប់ថា ចូរឯងបែរទៅ ឈរខាងនោះសិន គាត់ក៏បែរទៅ ឈរស្ងៀមនៅទីនោះ។
31 លំដាប់នោះ គូស៊ីក៏មកដល់ទូលថា ទូលបង្គំមានដំណឹងមកថ្វាយព្រះករុណា ជាព្រះអម្ចាស់នៃទូលបង្គំ ដ្បិតនៅថ្ងៃនេះ ព្រះយេហូវ៉ាបានសងសឹកនឹងពួកក្បត់ ដែលបានលើកដៃទាស់នឹងព្រះករុណាហើយ
32 ស្តេចទ្រង់មានព្រះបន្ទូលសួរគូស៊ីថា តើអាប់សាឡំមកូនប្រុសយើងសុខសប្បាយទេឬ គូស៊ីទូលឆ្លើយថា សូមឲ្យពួកខ្មាំងសត្រូវនៃព្រះករុណា ជាព្រះអម្ចាស់នៃទូលបង្គំ និងអស់អ្នកដែលលើកគ្នាក្បត់ចំពោះទ្រង់ បានដូចជាបុត្រាទ្រង់ចុះ។
33 នោះស្តេចទ្រង់មានសេចក្ដីរំជួលក្នុងព្រះទ័យជាខ្លាំង ក៏យាងឡើងទៅក្នុងបន្ទប់ខាងលើខ្លោងទ្វារ ហើយទ្រង់ព្រះកន្សែងកំពុងដែលទ្រង់យាងទៅ ទ្រង់ក៏មានព្រះបន្ទូលដូច្នេះថា ឱអាប់សាឡំម កូនអញ កូនអញអើយ ឱអាប់សាឡំម កូនអញអើយ ស៊ូឲ្យអញបានស្លាប់ជំនួសឯង ឱអាប់សាឡំម កូនអញ កូនអញអើយ។
ជំពូក 19
1 មានគេទៅជម្រាបដល់យ៉ូអាប់ថា ស្តេចទ្រង់ព្រះកន្សែងសោកទោមនស្សនឹងអាប់សាឡំម
2 ថ្ងៃនោះឯង ការជ័យជម្នះក៏ត្រឡប់ទៅជាសេចក្ដីទុក្ខសោកដល់ពួកជនទាំងឡាយវិញ ពីព្រោះនៅថ្ងៃនោះ គេឮដំណឹងថា ស្តេចទ្រង់សោកទោមនស្សនឹងព្រះរាជបុត្រា
3 ដូច្នេះ នៅថ្ងៃនោះ ប្រជាជនចូលមកក្នុងទីក្រុងដោយលួចលាក់ ដូចជាពួកមនុស្សដែលលបចេញពីទីចម្បាំងទៅដោយខ្មាស
4 ឯស្តេច ទ្រង់បិទព្រះភ័ក្ត្រ ស្រែកឡើងជាខ្លាំងថា ឱអាប់សាឡំម កូនអញអើយ ឱអាប់សាឡំម កូនអញ ជាកូនអញអើយ
5 គ្រានោះ យ៉ូអាប់មកឯស្តេច នៅក្នុងព្រះរាជមន្ទីរទូលថា នៅថ្ងៃនេះ ព្រះករុណាបានធ្វើឲ្យពួកប្រជាជនទាំងឡាយ ដែលជាពួកអ្នកបម្រើទ្រង់មានសេចក្ដីខ្មាស គឺជាពួកអ្នកដែលបានជួយសង្គ្រោះដល់ព្រះជន្មព្រះករុណា និងព្រះរាជបុត្រា បុត្រី ពួកភរិយា ហើយនិងពួកអ្នកម្នាងរបស់ព្រះករុណានៅថ្ងៃនេះផង
6 ដោយស្រឡាញ់ដល់ពួកអ្នកដែលស្អប់ទ្រង់ ហើយក៏ស្អប់ដល់ពួកអ្នកដែលស្រឡាញ់ទ្រង់វិញ ដ្បិតនៅថ្ងៃនេះ ព្រះករុណាបានសម្ដែងថា ទ្រង់មិនរាប់អានដល់ទាំងពួកអ្នកធំតូចផង ហើយនៅថ្ងៃនេះ ទូលបង្គំក៏យល់ឃើញថា បើអាប់សាឡំមនៅរស់នៅឡើយ ហើយយើងខ្ញុំទាំងអស់គ្នាបានស្លាប់ទៅ នោះនឹងបានជាទីពេញដល់ព្រះហឫទ័យទ្រង់ណាស់
7 ដូច្នេះ សូមព្រះករុណាក្រោកឡើង យាងចេញទៅមានព្រះបន្ទូលឲ្យពួកអ្នកបម្រើទ្រង់ក្សាន្តចិត្តឥឡូវចុះ ដ្បិតទូលបង្គំស្បថដោយនូវព្រះយេហូវ៉ាថា បើសិនជាទ្រង់មិនធ្វើដូច្នោះទេ នោះនឹងគ្មានអ្នកណាមួយ នៅជាមួយនឹងទ្រង់ នៅយប់នេះឡើយ យ៉ាងនោះនឹងបានអាក្រក់ដល់ព្រះករុណា លើសជាងអស់ទាំងការអាក្រក់ដែលកើតដល់ទ្រង់ តាំងពីកុមារ ដរាបដល់សព្វថ្ងៃនេះទៅទៀត
8 ដូច្នេះ ស្តេចទ្រង់ក៏ក្រោកឡើង យាងចេញទៅគង់នៅមាត់ទ្វារក្រុង ហើយមានគេទៅប្រកាសដល់បណ្តាជនទាំងឡាយថា មើល ស្តេចទ្រង់កំពុងតែគង់នៅមាត់ទ្វារ នោះពួកបណ្តាជនទាំងឡាយក៏មកគាល់នៅចំពោះស្តេច។
9 រីឯពួកអ៊ីស្រាអែល គេបានរត់ទៅឯទីលំនៅរបស់គេរៀងខ្លួន ហើយបណ្តាជនទាំងឡាយក៏កើតវិវាទគ្នា នៅពេញក្នុងពូជអំបូរសាសន៍អ៊ីស្រាអែលទាំងអស់ថា ស្តេចទ្រង់បានជួយឲ្យយើងរួចពីកណ្តាប់ដៃរបស់ពួកខ្មាំងសត្រូវយើង ក៏បានជួយសង្គ្រោះឲ្យរួចពីកណ្តាប់ដៃពួកភីលីស្ទីនដែរ ឥឡូវនេះ ទ្រង់បានរត់ពីមុខអាប់សាឡំម ចេញពីនគរទៅ
10 ឯអាប់សាឡំម ដែលយើងបានចាក់ប្រេងតាំងឲ្យសោយរាជ្យលើយើង នោះបានសុគតក្នុងសង្គ្រាមហើយ ដូច្នេះ ហេតុអ្វីបានជានៅស្ងៀម មិនទៅនាំស្តេចត្រឡប់មកវិញ។
11 ចំណែកស្តេចដាវីឌ ទ្រង់ចាត់គេទៅឯសាដុក និងអ័បៀថើរដ៏ជាសង្ឃ ដោយព្រះបន្ទូលថា ចូរសួរដល់ពួកចាស់ទុំនៃពួកយូដាថា ហេតុអ្វីបានជាអ្នករាល់គ្នាយឺតយូរជាងគេ ក្នុងការអញ្ជើញស្តេចមកក្នុងដំណាក់វិញដូច្នេះ ដ្បិតសូរសព្ទដែលពួកអ៊ីស្រាអែលកំពុងតែនិយាយគ្នានោះ បានឮទៅដល់ស្តេចនៅឯព្រះរាជមន្ទីរហើយ
12 អ្នករាល់គ្នាជាពួកញាតិ ហើយជាសាច់ឈាមនឹងយើងផង ហេតុអ្វីបានជានៅយឺតយូរជាងគេ ក្នុងការអញ្ជើញស្តេចមកវិញដូច្នេះ
13 មួយទៀត ត្រូវប្រាប់ដល់អ័ម៉ាសាថា តើអ្នកមិនមែនជាសាច់ឈាមនឹងយើងទេឬអី បើយើងមិនបានលើកអ្នកឡើង ឲ្យធ្វើជាមេទ័ពជំនួយយ៉ូអាប់ នៅមុខយើងជាដរាបទៅទេ នោះសូមឲ្យព្រះធ្វើទោសដល់យើង ហើយលើសទៅទៀតផង
14 យ៉ាងនោះទ្រង់បានបំពត់ចិត្តរបស់ពួកយូដាទាំងអស់ ឲ្យព្រមព្រៀងគ្នាដូចជាមនុស្សតែម្នាក់វិញ ដល់ម៉្លេះបានជាគេចាត់ទៅឯស្តេចទូលថា សូមព្រះករុណាទ្រង់យាងត្រឡប់មក ព្រមទាំងពួកទ្រង់ផង
15 ដូច្នេះ ស្តេចក៏យាងត្រឡប់ទៅវិញ បានដល់ត្រឹមទន្លេយ័រដាន់ ឯពួកយូដាគេទៅដល់ក្រុងគីលកាល ដើម្បីនឹងទៅទទួលស្តេច ហើយចម្លងទ្រង់ពីទន្លេយ័រដាន់មក។
16 រីឯស៊ីម៉ាយ ជាកូនកេរ៉ា ក្នុងពូជអំបូរបេនយ៉ាមីន ដែលនៅភូមិបាហ៊ូរីម ក៏ប្រញាប់ចុះមកទទួលស្តេចដាវីឌជាមួយនឹងពួកយូដាដែរ
17 មានទាំងពួកបេនយ៉ាមីន១ពាន់នាក់ ហើយស៊ីបា ជាអ្នកបម្រើរបស់ព្រះវង្សនៃសូល និងកូនទាំង១៥នាក់ ព្រមទាំងបាវបម្រើគាត់ទាំង២០នាក់ មកជាមួយផង គេនាំគ្នាឆ្លងទន្លេយ័រដាន់ទៅ នៅចំពោះស្តេច
18 ក៏មានទូក១ឆ្លងទៅសម្រាប់នឹងទទួលចម្លងពួករាជវង្សស្តេចមក ហើយនិងធ្វើតាមព្រះទ័យទ្រង់ នៅគ្រាដែលស្តេចរៀបឆ្លងទន្លេយ័រដាន់មក នោះស៊ីម៉ាយ ជាកូនកេរ៉ា ក៏ផ្តួលខ្លួនក្រាបចុះនៅចំពោះទ្រង់ ទូលថា
19 បពិត្រព្រះអម្ចាស់ សូមកុំប្រកាន់ទោសទូលបង្គំឡើយ សូមកុំរឭកដល់សេចក្ដីអាក្រក់ ដែលទូលបង្គំជាបាវបម្រើទ្រង់ បានប្រព្រឹត្តដោយល្មើស នៅថ្ងៃដែលទ្រង់ព្រះករុណា ជាព្រះអម្ចាស់នៃទូលបង្គំ បានយាងចេញពីក្រុងយេរូសាឡឹមទៅនោះ ឬយកព្រះទ័យទុកដាក់ឲ្យសោះ
20 ដ្បិតទូលបង្គំ ជាបាវបម្រើនៃទ្រង់យល់ឃើញថា បានធ្វើអាក្រក់ហើយ ហេតុនោះបានជាទូលបង្គំមកដល់នៅថ្ងៃនេះ មុនជាងបណ្តាវង្សានុវង្សនៃយ៉ូសែបទៅទៀត ដើម្បីនឹងចុះមកទទួលព្រះករុណា ជាព្រះអម្ចាស់នៃទូលបង្គំ
21 តែអ័ប៊ីសាយ ជាកូនសេរូយ៉ា ចាប់ពាក្យទូលថា តើមិនត្រូវសម្លាប់ស៊ីម៉ាយ ដោយព្រោះបានជេរប្រមាថ ដល់អ្នកដែលព្រះយេហូវ៉ាបានចាក់ប្រេងតាំងឲ្យទេឬអី
22 ប៉ុន្តែ ដាវីឌមានព្រះបន្ទូលថា ឱកូនសេរូយ៉ារាល់គ្នាអើយ តើយើងត្រូវការអ្វីនឹងឯង បានជាឯងមកធ្វើជាអ្នកទាស់ទទឹងនឹងយើងនៅថ្ងៃនេះដូច្នេះ តើត្រូវសម្លាប់មនុស្សក្នុងពួកអ៊ីស្រាអែលនៅថ្ងៃនេះឬអី ដ្បិតតើយើងមិនដឹងទេឬអីថា នៅថ្ងៃនេះ យើងជាស្តេចលើសាសន៍អ៊ីស្រាអែលវិញហើយ
23 រួចស្តេចទ្រង់មានព្រះបន្ទូលស្បថនឹងស៊ីម៉ាយថា ឯងមិនត្រូវស្លាប់ទេ។
24 ចំណែកមភីបូសែត ជាព្រះវង្សសូល លោកក៏ចុះទៅទទួលស្តេចដែរ លោកមិនបានមើលជំងឺជើង ឬកាត់ពុកចង្កា ឬគក់បោកខោអាវឡើយ តាំងតែពីថ្ងៃដែលស្តេចទ្រង់ចាកចេញទៅ ដរាបដល់ថ្ងៃដែលទ្រង់យាងមកវិញដោយសុខសាន្ត
25 រីឯកាលលោកបានទៅដល់ក្រុងយេរូសាឡឹម ដើម្បីនឹងគាល់ស្តេច នោះទ្រង់មានព្រះបន្ទូលសួរថា មភីបូសែតអើយ ហេតុអ្វីបានជាអ្នកមិនបានទៅជាមួយនឹងយើង
26 លោកក្រាបទូលថា បពិត្រព្រះករុណាជាព្រះអម្ចាស់នៃទូលបង្គំអើយ បាវទូលបង្គំបានបញ្ឆោតទូលបង្គំ ដ្បិតទូលបង្គំ ជាបាវបម្រើនៃទ្រង់ បានសម្រេចថា នឹងចងកែបលាជិះទៅជាមួយនឹងព្រះករុណាដែរ ពីព្រោះទូលបង្គំជាមនុស្សខ្វិនជើង
27 តែវាបានទូលបង្កាច់ទូលបង្គំ ជាបាវបម្រើ នៅចំពោះទ្រង់វិញ ឯព្រះករុណា ជាព្រះអម្ចាស់នៃទូលបង្គំ ទ្រង់ដូចជាទេវតានៃព្រះហើយ ដូច្នេះ សូមទ្រង់សម្រេចតាមតែព្រះហឫទ័យចុះ
28 ដ្បិតព្រះវង្សនៃបិតាទូលបង្គំ បានដូចជាមនុស្សស្លាប់ហើយ នៅចំពោះព្រះករុណាជាព្រះអម្ចាស់នៃទូលបង្គំ ប៉ុន្តែ ទ្រង់បានប្រោសតម្រូវឲ្យទូលបង្គំជាបាវបម្រើនៃទ្រង់ បាននៅក្នុងពួកអ្នកដែលបរិភោគនៅតុរបស់ទ្រង់ ដូច្នេះ តើទូលបង្គំនៅមានច្បាប់អ្វីនឹងស្រែករកព្រះករុណាទៀត
29 ស្តេចទ្រង់មានព្រះបន្ទូលតបថា អ្នកនៅនិយាយពីរឿងអ្នកទៀតធ្វើអី យើងសម្រេចថា ចូរឲ្យអ្នក និងស៊ីបាបែងចែកស្រែចម្ការគ្នាទៅ
30 មភីបូសែតទូលឆ្លើយថា ឲ្យគេយកទាំងអស់ទៅចុះ ពីព្រោះព្រះករុណាជាព្រះអម្ចាស់ បានវិលមកឯដំណាក់ដោយសុខសាន្តហើយ។
31 ឯបារស៊ីឡាយ ជាពួកកាឡាត លោកចុះពីក្រុងរ៉ូគីលីម មកឆ្លងទន្លេយ័រដាន់ ដើម្បីនឹងជូនស្តេចទៅត្រើយម្ខាងដែរ
32 លោកជាមនុស្សមានវ័យកន្លងហើយ មានអាយុ៨០ឆ្នាំគត់ លោកបានផ្គត់ផ្គង់ស្បៀងអាហារថ្វាយស្តេច ក្នុងកាលដែលទ្រង់គង់នៅស្រុកម៉ាហាណែម ដ្បិតលោកជាអ្នកមានស្តុក
33 ស្តេចទ្រង់មានព្រះបន្ទូលទៅលោកថា សូមអញ្ជើញទៅជាមួយនឹងខ្ញុំ នោះខ្ញុំនឹងបីបាច់រក្សាលោក នៅឯក្រុងយេរូសាឡឹម
34 តែបារស៊ីឡាយទូលឆ្លើយថា តើទូលបង្គំនឹងនៅរស់បានប៉ុន្មានទៅទៀត ដែលនឹងគួរតាមព្រះករុណា ឡើងទៅឯក្រុងយេរូសាឡឹមនោះ
35 ថ្ងៃនេះ ទូលបង្គំមានអាយុ៨០ឆ្នាំហើយ តើនឹងអាចសង្កេតរបស់ល្អពីរបស់អាក្រក់បានឬអី តើទូលបង្គំជាបាវបម្រើនៃទ្រង់ អាចនឹងភ្លក់រសនៃរបស់ដែលទទួលទាន ឬអាចស្តាប់សំឡេងរបស់ពួកចម្រៀងប្រុសស្រីទៀតបានឬទេ ដូច្នេះ តើគួរអ្វីឲ្យទូលបង្គំបាននៅផ្ទុកលើព្រះករុណា ជាព្រះអម្ចាស់នៃទូលបង្គំទៀត
36 ទូលបង្គំជាបាវបម្រើទ្រង់ ចង់គ្រាន់តែឆ្លងជូនព្រះករុណា ទៅត្រឹមត្រើយទន្លេយ័រដាន់ម្ខាងប៉ុណ្ណោះទេ ហេតុអ្វីបានជាចង់សងទូលបង្គំដោយរង្វាន់ជាធំម៉្លេះធ្វើអី
37 សូមអនុញ្ញាតឲ្យទូលបង្គំ ជាបាវបម្រើទ្រង់ត្រឡប់ទៅវិញចុះ ដើម្បីឲ្យបានស្លាប់នៅឯស្រុករបស់ទូលបង្គំជិតផ្នូរនៃមាតាបិតាវិញ តែមើល នេះគីមហាំ ជាអ្នកបម្រើទ្រង់ សូមឲ្យវាឆ្លងទៅជាមួយនឹងព្រះករុណា ជាព្រះអម្ចាស់នៃទូលបង្គំចុះ ហើយសូមប្រោសដល់វា តាមព្រះទ័យផង
38 ស្តេចទ្រង់មានព្រះបន្ទូលតបថា គីមហាំនឹងឆ្លងទៅជាមួយនឹងខ្ញុំពិត ខ្ញុំនឹងធ្វើគុណដល់គាត់ តាមបំណងចិត្តលោក ហើយបើលោកត្រូវការអ្វីៗ នោះខ្ញុំនឹងជួយទាំងអស់ដែរ
39 ដូច្នេះ បណ្តាជនទាំងឡាយបានឆ្លងទន្លេយ័រដាន់ផុតទៅ រួចស្តេចទ្រង់ក៏ឆ្លងទៅដែរ ទ្រង់ថើបបារស៊ីឡាយ ហើយប្រទានពរដល់លោក រួចលោកក៏ត្រឡប់ទៅឯទីលំនៅវិញ។
40 រីឯស្តេចទ្រង់យាងទៅដល់ក្រុងគីលកាល ហើយគីមហាំក៏តាមទៅដែរ ចំណែកបណ្តាពួកយូដា និងពួកអ៊ីស្រាអែល១ចំហៀង គេក៏ដង្ហែស្តេចទៅ។
41 នោះពួកអ៊ីស្រាអែលទាំងអស់ គេមកគាល់ស្តេច ទូលថា ហេតុអ្វីបានជាពួកយូដា ជាបងប្អូនយើងខ្ញុំ បានទាក់ព្រះទ័យព្រះករុណា ដោយចម្លងទ្រង់ ព្រមទាំងព្រះរាជវង្សាទាំងប៉ុន្មាន និងបណ្តាពួកទ័ពទ្រង់ ឆ្លងទន្លេយ័រដាន់មកដូច្នេះ
42 ពួកយូដាទាំងប៉ុន្មាន គេឆ្លើយទៅពួកអ៊ីស្រាអែលថា គឺពីព្រោះស្តេចជាញាតិវង្សជិតដិតនឹងយើងទេតើ ដូច្នេះ ហេតុអ្វីបានជាអាក់អន់ចិត្តដោយព្រោះការនេះ តើយើងបានបរិភោគអ្វីដែលត្រូវឲ្យស្តេចបង់ខាត ឬទ្រង់បានប្រទានរង្វាន់អ្វីមកយើងខ្លះ
43 តែពួកអ៊ីស្រាអែលគេឆ្លើយតបទៅពួកយូដាវិញថា យើងមានចំណែក១០ភាគខាងស្តេចដែរ ហើយខាងឯដាវីឌនេះ យើងមានច្បាប់លើសជាងអ្នករាល់គ្នាទៅទៀត ដូច្នេះ ហេតុអ្វីបានជាអ្នករាល់គ្នាមើលងាយយើង ដោយមិនបានពិគ្រោះនឹងយើងជាមុន ពីដំណើរនាំស្តេចមក ប៉ុន្តែ ពាក្យសំដីរបស់ពួកយូដាបានម៉ឺងម៉ាត់ជាងពាក្យរបស់ពួកអ៊ីស្រាអែលវិញ។
ជំពូក 20
1 រីឯនៅទីនោះ មានមនុស្សចោលម្សៀតម្នាក់ឈ្មោះសេបាជាកូនប៊ីគ្រី ពូជបេនយ៉ាមីន វាក៏ផ្លុំត្រែឡើង ពោលថា យើងរាល់គ្នាគ្មានចំណែកខាងដាវីឌ ក៏គ្មានមរដកខាងកូនអ៊ីសាយទេ ឱអ៊ីស្រាអែលអើយ ចូរយើងត្រឡប់ទៅឯទីលំនៅយើងគ្រប់គ្នាទៅ
2 ដូច្នេះ ពួកអ៊ីស្រាអែលទាំងអស់ក៏លះបង់ចោលដាវីឌ ទៅតាមសេបាជាកូនប៊ីគ្រីវិញ តែពួកយូដាគេតាមស្តេចគេជាប់ទៅ ចាប់តាំងពីទន្លេយ័រដាន់ រហូតដល់ក្រុងយេរូសាឡឹម។
3 ដាវីឌក៏យាងមកដល់ដំណាក់ទ្រង់ នៅក្រុងយេរូសាឡឹម នោះទ្រង់យកពួកអ្នកម្នាងទាំង១០នាក់ ដែលបានទុកឲ្យនៅចាំដំណាក់ទៅបង្ខាំងទុក ហើយចិញ្ចឹមរក្សាដោយស្បៀងអាហារ តែមិនបានយាងចូលទៅឯនាងណាមួយទៀតទេ ដូច្នេះ នាងទាំងនោះត្រូវបង្ខាំងទុកឲ្យនៅជាមេម៉ាយ រហូតដល់ថ្ងៃស្លាប់។
4 រួចមក ស្តេចទ្រង់មានព្រះបន្ទូលបង្គាប់ទៅអ័ម៉ាសាថា ចូរកេណ្ឌពួកយូដាឲ្យមកឯយើងក្នុង៣ថ្ងៃ ហើយត្រូវឲ្យអ្នកនៅទីនេះដែរ
5 ដូច្នេះ អ័ម៉ាសាក៏ចេញទៅកេណ្ឌពួកយូដា តែលោកបង្អង់នៅហួសវេលាកំណត់ដែលស្តេចបានបង្គាប់
6 នោះដាវីឌមានព្រះបន្ទូលទៅអ័ប៊ីសាយថា ឥឡូវនេះ សេបា ជាកូនប៊ីគ្រីនឹងប្រទូសរ៉ាយដល់យើងលើសជាងអាប់សាឡំមទៅទៀត ដូច្នេះ ចូរអ្នកនាំយកពួកពលរបស់ចៅហ្វាយនៃអ្នក ទៅដេញតាមវា ក្រែងវាបានទីក្រុងមានកំផែងណាមួយ ហើយបាត់ពីយើងទៅ
7 ដូច្នេះ កងទ័ពរបស់យ៉ូអាប់ ព្រមទាំងពួកកេរេធីម និងពួកពេលេធីម ហើយពួកខ្លាំងពូកែទាំងអស់ ក៏ចេញទៅជាមួយនឹងលោក គេចេញពីក្រុងយេរូសាឡឹម ទៅដេញតាមសេបាជាកូនប៊ីគ្រី
8 កាលបានទៅដល់ថ្មធំនៅស្រុកគីបៀនហើយ នោះអ័ម៉ាសាក៏មកប្រទះនឹងគេ ឯយ៉ូអាប់លោកបានពាក់អាវក្រោះ ហើយនៅចង្កេះមានកាំបិតនែបនៅខ្សែក្រវាត់ កំពុងដែលលោកដើរទៅមុខ នោះកាំបិតក៏របូតចេញ
9 រួចលោកសួរទៅអ័ម៉ាសាថា បងអើយ សុខសប្បាយជាទេឬ យ៉ូអាប់ក៏លូកដៃស្តាំទៅចាប់ពុកចង្កាអ័ម៉ាសា ដើម្បីនឹងថើប
10 ឯអ័ម៉ាសាមិនបានជារវាំងនឹងកាំបិតដែលនៅដៃយ៉ូអាប់ទេ ដូច្នេះ យ៉ូអាប់ក៏ចាក់វះពោះលោកឲ្យធ្លាយពោះវៀន ចេញទ្រេលដល់ដី ឥតមានចាក់ម្តងទៀតទេ ហើយលោកក៏ស្លាប់ទៅ រួចយ៉ូអាប់ និងអ័ប៊ីសាយ ជាប្អូនក៏ដេញតាមសេបា ជាកូនប៊ីគ្រីទៅ
11 មានម្នាក់ក្នុងពួកយ៉ូអាប់ ឈរជិតលោកប្រកាសថា អ្នកណាដែលស្ម័គ្រចិត្តខាងយ៉ូអាប់ ហើយនៅខាងដាវីឌ ចូរមកតាមយ៉ូអាប់ចុះ
12 ឯអ័ម៉ាសាលោកននៀលក្នុងឈាម នាកណ្តាលផ្លូវ កាលអ្នកនោះឃើញថា បណ្តាទ័ពទាំងប៉ុន្មានឈប់ឈរនៅ នោះគាត់យកអ័ម៉ាសាចេញពីផ្លូវទៅដាក់នៅវាលវិញ ហើយយកអាវ១គ្រប ព្រោះឃើញថាគ្រប់គ្នាដែលមកដល់ទីនោះចេះតែឈប់នៅ
13 កាលបានយកលោកចេញពីផ្លូវហើយ នោះបណ្តាទ័ពក៏ដើរតាមយ៉ូអាប់ទៅ ដើម្បីនឹងដេញតាមសេបាជាកូនប៊ីគ្រី។
14 អ្នកនោះដើរកាត់គ្រប់ទាំងខែត្រនៃពូជអំបូរអ៊ីស្រាអែល ទៅដល់ត្រឹមក្រុងអេបិល-បេត-ម្អាកា ហើយពួកបេរីក៏មូលគ្នាទាំងអស់ទៅតាមវាដែរ
15 ពួកខាងយ៉ូអាប់ក៏មកឡោមព័ទ្ធវា នៅក្រុងអេបិល-បេតា-ម្អាកា គេលើកដីបង្គរឡើង ធ្វើជាផ្លូវទៅដល់កំផែង ហើយពួកទ័ពក៏បុកកំផែង ដើម្បីនឹងរំលំចេញ
16 នៅគ្រានោះ មានស្រីប្រាជ្ញម្នាក់ស្រែកមកពីក្នុងទីក្រុងថា សូមស្តាប់ៗ សូមជម្រាបឲ្យយ៉ូអាប់អញ្ជើញមកជិតនេះសិន ដើម្បីឲ្យខ្ញុំបាននិយាយនឹងលោក
17 លោកក៏ចូលទៅជិតនាង រួចនាងសួរថា តើលោកឈ្មោះយ៉ូអាប់ឬអី លោកឆ្លើយថា គឺខ្ញុំនេះហើយ រួចនាងពោលថា សូមស្តាប់ពាក្យរបស់ខ្ញុំជាបាវលោកសិន លោកឆ្លើយថា ខ្ញុំកំពុងស្តាប់
18 នោះនាងនិយាយថា កាលដើមដំបូងគេធ្លាប់ពោលថា ពិតប្រាកដជាគេនឹងសួររកដំបូន្មាននៃពួកក្រុងអេបិល គឺយ៉ាងនោះដែលគេបានសម្រេចការនីមួយៗ
19 ចំណែកខ្ញុំ ជាម្នាក់ក្នុងពួកដែលចង់បានសេចក្ដីសុខ ហើយក៏ស្មោះត្រង់នៅស្រុកអ៊ីស្រាអែល ឯលោកវិញ លោករកបំផ្លាញទីក្រុង១ ដែលទុកដូចជាម្តាយ ក្នុងស្រុកអ៊ីស្រាអែល ហេតុអ្វីបានជាលោកចង់លេបបំបាត់មរដកនៃព្រះយេហូវ៉ាធ្វើអី
20 នោះយ៉ូអាប់ឆ្លើយតបថា សូមឲ្យបំណងចង់លេបបំបាត់ ហើយបំផ្លាញ បាននៅឆ្ងាយពីខ្ញុំ គឺឲ្យបាននៅឆ្ងាយពីខ្ញុំពិត
21 មិនមែនដូច្នោះទេ គឺមានមនុស្សម្នាក់ដែលមកពីស្រុកភ្នំអេប្រាអិម ឈ្មោះសេបាជាកូនប៊ីគ្រី វាបានលើកដៃក្បត់ចំពោះស្តេចដាវីឌវិញ ចូរប្រគល់តែខ្លួនវា១មកប៉ុណ្ណោះ នោះយើងនឹងថយចេញពីទីក្រុងនេះទៅហើយ ស្រីនោះឆ្លើយមកយ៉ូអាប់ថា ចាំមើល គេនឹងបោះក្បាលវារំលងកំផែងមកជូនលោក
22 នោះនាងក៏ទៅបញ្ចុះបញ្ចូលមនុស្សទាំងឡាយ ដោយប្រាជ្ញារបស់នាង ហើយគេកាត់ក្បាលសេបា ជាកូនប៊ីគ្រី បោះទៅជូនយ៉ូអាប់ រួចលោកផ្លុំត្រែឡើង ហើយគេក៏ថយចេញពីទីក្រុងនោះ ត្រឡប់ទៅឯទីលំនៅរបស់គេគ្រប់ៗគ្នាទៅ ចំណែកយ៉ូអាប់លោកក៏វិលត្រឡប់ទៅឯក្រុងយេរូសាឡឹមវិញ រួចចូលទៅគាល់ស្តេច។
23 ចំណែកឯយ៉ូអាប់ លោកជាអ្នកត្រួតលើពួកពលទ័ពនៃសាសន៍អ៊ីស្រាអែលទាំងអស់ បេណាយ៉ា ជាកូនយេហូយ៉ាដា លោកជាមេលើពួកកេរេធីម និងពួកពេលេធីម
24 អ័ដូរ៉ាម លោកជាមេកំណែន ឯយ៉ូសាផាតជាកូនអ័ហ៊ីលូឌ លោកជាអ្នកកត់ត្រាពង្សាវតារ
25 សេរ៉ាយ៉ាជាស្មៀនហ្លួង សាដុក និងអ័បៀថើរជាសង្គ្រាជ
26 ហើយអ៊ីរ៉ា ជាពូជយ៉ាអ៊ារ លោកជាចាងហ្វាងលើពួកសេនាបតីរបស់ដាវីឌ។
ជំពូក 21
1 នៅគ្រាស្តេចដាវីឌ នោះមានអំណត់អត់អស់ពេញ៣ឆ្នាំ ហើយដាវីឌទ្រង់រកព្រះយេហូវ៉ា ដើម្បីទូលសួរហេតុ រួចព្រះយេហូវ៉ាទ្រង់ឆ្លើយថា គឺដោយព្រោះសូល និងវង្សញាតិទ្រង់ ដែលកម្ចាយឈាម ដ្បិតទ្រង់បានសម្លាប់ពួកគីបៀន
2 ដូច្នេះ ស្តេចដាវីឌទ្រង់ហៅពួកគីបៀនមកសួរគេ (រីឯពួកគីបៀនគេមិនមែនជាពូជកូនចៅអ៊ីស្រាអែលទេ គឺជាសំណល់នៃពូជអាម៉ូរីវិញ ហើយពួកកូនចៅអ៊ីស្រាអែលបានស្បថនឹងគេ តែសូលទ្រង់រកសម្លាប់គេដោយមានសេចក្ដីខ្នះខ្នែងដល់ពួកកូនចៅអ៊ីស្រាអែល និងពួកយូដាវិញ)
3 ដាវីឌទ្រង់សួរគីបៀនថា តើចង់ឲ្យយើងសងអ្នករាល់គ្នាយ៉ាងណាខ្លះ តើត្រូវឲ្យយើងធ្វើអ្វីឲ្យធួននឹងការនោះ ដើម្បីឲ្យអ្នករាល់គ្នាបានឲ្យពរដល់មរដកនៃព្រះយេហូវ៉ាផង
4 ពួកគីបៀនទូលឆ្លើយថា ឯរឿងរបស់យើងខ្ញុំ និងសូល ព្រមទាំងរាជវង្សរបស់ទ្រង់ នោះមិនមែនចំពោះមាស ឬប្រាក់ទេ ក៏មិនស្រេចឲ្យយើងខ្ញុំសម្លាប់អ្នកណាមួយក្នុងពួកអ៊ីស្រាអែលដែរ ទ្រង់មានព្រះបន្ទូលតបថា ការអ្វីដែលអ្នករាល់គ្នាថា នោះយើងនឹងសម្រេចឲ្យ
5 គេទូលឆ្លើយទៅស្តេចថា ឯមនុស្សនោះដែលបានពង្រឹងយើងខ្ញុំរាល់គ្នា ហើយបានបង្កើតហេតុនឹងបំផ្លាញយើងខ្ញុំ មិនឲ្យមាននៅក្នុងព្រំដែនស្រុកអ៊ីស្រាអែលណាឡើយ
6 នោះសូមប្រគល់កូនចៅ របស់អ្នកនោះ៧នាក់មកយើងខ្ញុំ ដើម្បីឲ្យយើងខ្ញុំបានចងកគេ នៅចំពោះព្រះយេហូវ៉ាត្រង់គីបៀរ ជាទីក្រុងរបស់សូល ជាអ្នកដែលព្រះយេហូវ៉ាបានរើសតាំង ឯស្តេចទ្រង់មានព្រះបន្ទូលថា យើងនឹងប្រគល់ឲ្យ។
7 ស្តេចទ្រង់ប្រណីដល់មភីបូសែត ជាកូនយ៉ូណាថានដែលជាបុត្រសូល ដោយព្រោះដាវីឌ និងយ៉ូណាថាន ជាបុត្រាសូល បានស្បថគ្នានៅចំពោះព្រះយេហូវ៉ា
8 តែទ្រង់យកកូនប្រុសទាំង២របស់រីសប៉ា ជាកូនអ័យ៉ា ដែលនាងបានបង្កើតថ្វាយសូល គឺអើម៉ូនី១ មភីបូសែត១ ព្រមទាំងកូនប្រុស៥នាក់របស់នាងមីកាល ជាបុត្រីសូល ដែលនាងបានបង្កើតឲ្យអ័ទ្រីអែល ជាកូនបារស៊ីឡាយ នៅមហូឡាដែរ
9 ទ្រង់ក៏ប្រគល់អ្នកទាំងនោះ ទៅក្នុងកណ្តាប់ដៃរបស់ពួកគីបៀន ហើយគេចងកនៅលើភ្នំ នៅចំពោះព្រះយេហូវ៉ាទៅ អ្នកទាំង៧នោះក៏ស្លាប់ជាមួយគ្នា គេសម្លាប់អ្នកទាំងនោះ នៅថ្ងៃដំបូងក្នុងរដូវចម្រូូត កាលទើបនឹងចាប់តាំងច្រូតស្រូវឱក។
10 ឯរីសប៉ាជាកូនអ័យ៉ា នាងក៏យកសំពត់ធ្មៃក្រាលសម្រាប់ខ្លួននៅលើថ្មដានោះ ចាប់តាំងពីដើមរដូវចម្រូូត រហូតដល់មានភ្លៀងធ្លាក់ពីលើមេឃមកលើសពទាំងនោះ នាងមិនឲ្យសត្វហើរមកទំលើសពនៅវេលាថ្ងៃ ឬសត្វព្រៃនៅវេលាយប់ឡើយ
11 មានគេមកទូលដាវីឌពីការដែលរីសប៉ា កូនអ័យ៉ា ជាអ្នកម្នាងរបស់សូលធ្វើនោះ។
12 លំដាប់នោះ ដាវីឌក៏ទៅយកអដ្ឋិរបស់សូល និងយ៉ូណាថានជាបុត្រទ្រង់ ពីពួកយ៉ាបេស-កាឡាតដែលគេបានលួចយកពីទីធ្លាក្រុងបេត-សាន ជាកន្លែងដែលពួកភីលីស្ទីនបានព្យួរ នៅថ្ងៃដែលគេសម្លាប់ទ្រង់ នៅភ្នំគីលបោ
13 ទ្រង់ក៏នាំយកអដ្ឋិរបស់សូល និងយ៉ូណាថានជាបុត្រាទ្រង់ ពីទីនោះមក រួចគេប្រមូលអដ្ឋិនៃពួកបុត្រដែលត្រូវចងកនោះដែរ
14 គេបញ្ចុះអដ្ឋិរបស់សូល និងយ៉ូណាថានជាបុត្រាទ្រង់ នៅក្នុងផ្នូររបស់គីស ជាបិតាទ្រង់ត្រង់សេឡាក្នុងស្រុកបេនយ៉ាមីន គេក៏ធ្វើសម្រេចតាមគ្រប់ទាំងការដែលស្តេចទ្រង់បង្គាប់មក គ្រាក្រោយនោះមក ព្រះទ្រង់ប្រោសសណ្តាប់ស្តាប់សេចក្ដីទូលអង្វរ របស់ស្រុកនោះវិញ។
15 នៅគ្រានោះ ពួកភីលីស្ទីនបានច្បាំងនឹងពួកអ៊ីស្រាអែល១លើកទៀត ឯដាវីឌទ្រង់ក៏ចុះទៅជាមួយនឹងពួកពលទ័ពទ្រង់ ដើម្បីតស៊ូនឹងពួកភីលីស្ទីនដែរ ទ្រង់ក៏ទន់កម្លាំងជាខ្លាំង
16 ហើយយីសប៊ី-បេណូប ជាកូនរបស់ពួកអ្នកដែលមានមាឌធំសម្បើម លំពែងរបស់វាមានទំងន់ជាលង្ហិន៣០០ដំឡឹង ហើយវាក្រវាត់ដាវថ្មី ក៏គិតចង់សម្លាប់ដាវីឌ
17 តែអ័ប៊ីសាយ ជាកូនសេរូយ៉ា បានមកការពារជំនួសទ្រង់ ក៏កាប់សម្លាប់សាសន៍ភីលីស្ទីននោះទៅ ដូច្នេះ ពួកទ័ពរបស់ដាវីឌបានស្បថនឹងទ្រង់ថា ទ្រង់មិនត្រូវចេញទៅជាមួយនឹងយើងខ្ញុំរាល់គ្នា ក្នុងទីចម្បាំងទៀតឡើយ ក្រែងរលត់ពន្លឺនៃសាសន៍អ៊ីស្រាអែលទៅ ។
18 ក្រោយនោះមក កើតមានចម្បាំងនឹងពួកភីលីស្ទីនម្តងទៀត នៅត្រង់កូប នៅវេលានោះ ស៊ីបាកាយជាពូជហ៊ូសាយ គាត់បានសម្លាប់សាភ ជាកូននៃអ្នកមានមាឌធំនោះទៅ
19 ក៏មានចម្បាំងនឹងពួកភីលីស្ទីន នៅត្រង់កូបម្តងទៀត ហើយអែលហាណាន ជាកូនយ្អារេ-អូរគីមពីបេថ្លេហិម គាត់បានសម្លាប់កូលីយ៉ាត ក្នុងពួកកាថទៅ ឯដងលំពែងរបស់អ្នកនោះមានទំហំប៉ុនផ្សំដំបាញ
20 នៅត្រង់ក្រុងកាថក៏មានចម្បាំងទៀតដែរ នៅទីនោះ មានមនុស្សម្នាក់មានមាឌធំសម្បើម មានម្រាមដៃ៦ទាំងសងខាង ឯជើងទាំងសងខាងក៏មានម្រាម៦ដែរ រួមទាំងអស់ជា២៤ អ្នកនោះក៏កើតពីពូជអ្នកដែលមានមាឌធំនោះ
21 កាលវាប្រកួតនឹងសាសន៍អ៊ីស្រាអែល នោះយ៉ូណាថាន ជាកូនសាំម៉ា ជេដ្ឋានៃដាវីឌបានសម្លាប់វាទៅ
22 អ្នកទាំង៤នេះជាពូជនៃអ្នកមានមាឌធំសម្បើម ដែលនៅក្រុងកាថ ហើយក៏ស្លាប់ទៅ ដោយដៃដាវីឌ និងពួកទ័ពទ្រង់។
ជំពូក 22
1 រីឯនៅថ្ងៃដែលព្រះយេហូវ៉ាបានជួយសង្គ្រោះដាវីឌ ឲ្យរួចពីកណ្តាប់ដៃនៃពួកខ្មាំងសត្រូវទ្រង់ទាំងប៉ុន្មាន ហើយពីកណ្តាប់ដៃនៃសូល នោះទ្រង់ក៏ពោលទំនុកនេះទូលព្រះយេហូវ៉ាថា
2 ព្រះយេហូវ៉ាទ្រង់ជាថ្មដា ហើយជាបន្ទាយនៃទូលបង្គំ ទ្រង់ជាអ្នកជួយទូលបង្គំឲ្យរួច
3 ព្រះទ្រង់ជាថ្មដានៃទូលបង្គំៗនឹងយកទ្រង់ជាទីពឹង ទ្រង់ក៏ជាខែល ជាស្នែងនៃសេចក្ដីសង្គ្រោះរបស់ទូលបង្គំ ជាប៉មយ៉ាងខ្ពស់ ហើយជាទីជ្រកកោននៃទូលបង្គំ ទ្រង់ជាអ្នកជួយសង្គ្រោះ ដែលសង្គ្រោះទូលបង្គំឲ្យរួចពីអំណាចអាក្រក់
4 ទូលបង្គំនឹងអំពាវនាវដល់ព្រះយេហូវ៉ា ដែលទ្រង់គាប់គួរសរសើរ យ៉ាងនោះទូលបង្គំនឹងបានសង្គ្រោះ ឲ្យរួចពីពួកខ្មាំងសត្រូវហើយ
5 ដ្បិតរលកនៃសេចក្ដីស្លាប់បានព័ទ្ធជុំវិញទូលបង្គំ សេចក្ដីទុច្ចរិតបានហូរជន់ឡើង បំភ័យទូលបង្គំ។
6 ខ្សែនៃស្ថានឃុំព្រលឹងមនុស្សស្លាប់បានរុំរួបជុំវិញទូលបង្គំ ខ្សែរូតនៃសេចក្ដីស្លាប់បានស្ទះផ្លូវទូលបង្គំហើយ
7 នៅគ្រាមានសេចក្ដីវេទនា នោះទូលបង្គំបានអំពាវនាវដល់ព្រះយេហូវ៉ា គឺបានស្រែករកព្រះនៃទូលបង្គំ ទ្រង់ក៏ឮសំឡេងនៃទូលបង្គំពីក្នុងព្រះវិហារទ្រង់ សម្រែករបស់ទូលបង្គំបានឮនៅព្រះកាណ៌ទ្រង់
8 នោះផែនដីបានញ័រកក្រើក ឫសផ្ទៃមេឃក៏រំពើក ហើយត្រូវរញ្ជួយ ដោយព្រោះទ្រង់មានសេចក្ដីក្រោធ
9 មានផ្សែងហុយចេញពីព្រះនាសាទ្រង់ ភ្លើងដែលចេញពីព្រះឱស្ឋទ្រង់មក ក៏ឆេះបន្សុស ហើយផុសចេញជាព្រាកផ្លេកៗ
10 ទ្រង់បានបន្ទាបផ្ទៃមេឃយាងចុះមក មានងងឹតយ៉ាងក្រាស់ នៅក្រោមព្រះបាទទ្រង់
11 ទ្រង់គង់លើចេរូប៊ីនហោះមកឃើញទ្រង់គង់លើស្លាបនៃខ្យល់
12 ទ្រង់បានយកសេចក្ដីងងឹតធ្វើជាព្រះពន្លាបាំងជុំវិញទ្រង់ គឺជាទឹករួបរួមគ្នា ហើយនិងពពកយ៉ាងក្រាស់នៅលើមេឃ
13 មានព្រាកផ្លេកៗបានកាត់ឡើង ដោយសាររស្មីនៅចំពោះទ្រង់
14 ព្រះយេហូវ៉ាទ្រង់បញ្ចេញជាផ្គរពីលើមេឃ ព្រះដ៏ខ្ពស់បំផុតទ្រង់បន្លឺព្រះសូរសៀង
15 ក៏បាញ់ព្រួញនៃទ្រង់ទៅកម្ចាត់កម្ចាយគេ និងរន្ទះទៅបំបាក់គេដែរ
16 នោះបាតសមុទ្រក៏លេចឡើង ហើយឫសនៃលោកីយ៍បានបើកឲ្យឃើញច្បាស់ ដោយព្រះយេហូវ៉ាទ្រង់បន្ទោស គឺកាលឮសូរខ្យល់គំហុកចេញពីព្រះនាសាទ្រង់។
17 ទ្រង់ចាត់ពីលើស្ថានដ៏ខ្ពស់ ឲ្យមកចាប់ទូលបង្គំស្រង់ចេញពីទឹកធំ
18 ទ្រង់បានដោះឲ្យទូលបង្គំរួចពីខ្មាំងសត្រូវយ៉ាងខ្លាំងរបស់ទូលបង្គំ គឺពីពួកអ្នកដែលស្អប់ទូលបង្គំ ដ្បិតគេមានកម្លាំងច្រើនជាងទូលបង្គំ
19 នៅថ្ងៃដែលទូលបង្គំកើតមានសេចក្ដីអន្តរាយ នោះគេបានមកស្ទាក់ផ្លូវទូលបង្គំ តែព្រះយេហូវ៉ាទ្រង់ជាជន្ទល់នៃទូលបង្គំ
20 ទ្រង់ក៏បាននាំទូលបង្គំចេញទៅនៅទីធំទូលាយ ទ្រង់បានដោះទូលបង្គំឲ្យរួច ដោយព្រោះទ្រង់ស្រឡាញ់ដល់ទូលបង្គំ
21 ព្រះយេហូវ៉ាទ្រង់បានប្រទានរង្វាន់ តាមសេចក្ដីសុចរិតរបស់ទូលបង្គំ ទ្រង់បានសងទូលបង្គំតាមសេចក្ដីបរិសុទ្ធនៃដៃទូលបង្គំ
22 ដ្បិតទូលបង្គំបានកាន់តាមអស់ទាំងផ្លូវនៃព្រះយេហូវ៉ា ហើយមិនដែលថយក្រោយចេញពីព្រះនៃទូលបង្គំដោយប្រព្រឹត្តសេចក្ដីអាក្រក់ឡើយ
23 ពីព្រោះគ្រប់ទាំងបញ្ញត្តរបស់ទ្រង់ បាននៅចំពោះមុខទូលបង្គំ ហើយទូលបង្គំមិនបានងាកចេញ ពីក្រឹត្យរបស់ទ្រង់ណាមួយសោះ
24 ទូលបង្គំបានគ្រប់លក្ខណ៍នៅចំពោះទ្រង់ ហើយបានរក្សាខ្លួនឲ្យរួចពីសេចក្ដីអាក្រក់របស់ទូលបង្គំ
25 ហេតុនោះបានជាព្រះយេហូវ៉ាទ្រង់ប្រទានរង្វាន់មក តាមសេចក្ដីទៀងត្រង់របស់ទូលបង្គំ គឺតាមសេចក្ដីបរិសុទ្ធរបស់ទូលបង្គំនៅចំពោះព្រះនេត្រទ្រង់។
26 ទ្រង់សម្ដែងសេចក្ដីមេត្តាចំពោះអ្នកណាដែលមានចិត្តមេត្តា ក៏សម្ដែងសេចក្ដីគ្រប់លក្ខណ៍ចំពោះអ្នកណាដែលគ្រប់លក្ខណ៍
27 ទ្រង់សម្ដែងសេចក្ដីបរិសុទ្ធចំពោះអ្នកណាដែលបរិសុទ្ធ តែទ្រង់តយុទ្ធនឹងមនុស្សក្រវិចក្រវៀនវិញ
28 ទ្រង់តែងសង្គ្រោះដល់មនុស្សដែលត្រូវគេសង្កត់សង្កិន តែព្រះនេត្រទ្រង់ទតឃើញពួកឆ្មើងឆ្មៃ ដើម្បីបន្ទាបគេចុះ
29 ដ្បិតឱព្រះយេហូវ៉ាអើយ ទ្រង់ជាចង្កៀងនៃទូលបង្គំ ព្រះយេហូវ៉ាទ្រង់បំភ្លឺក្នុងទីងងឹតនៃទូលបង្គំ
30 ពីព្រោះដោយពឹងដល់ទ្រង់ នោះទូលបង្គំរត់ចូលទៅតនឹងកងទ័ព ដោយសារព្រះនៃទូលបង្គំ នោះទូលបង្គំលោតរំលងកំផែងបាន
31 ឯផ្លូវរបស់ព្រះ នោះគ្រប់លក្ខណ៍ ហើយព្រះបន្ទូលនៃព្រះយេហូវ៉ាបានសាកមើលដែរ ទ្រង់ជាខែលដល់អស់អ្នកណាដែលជ្រកក្នុងទ្រង់។
32 តើអ្នកណាជាព្រះ លើកតែព្រះយេហូវ៉ាប៉ុណ្ណោះ ហើយតើអ្នកណាជាថ្មដា លើកតែព្រះនៃយើងខ្ញុំតែមួយ
33 ព្រះទ្រង់ជាបន្ទាយមាំមួននៃទូលបង្គំ ទ្រង់នាំទូលបង្គំតាមផ្លូវគ្រប់លក្ខណ៍
34 ទ្រង់ធ្វើឲ្យជើងទូលបង្គំ បានដូចជាជើងក្តាន់ ហើយក៏ដាក់ឲ្យទូលបង្គំឈរលើទីខ្ពស់របស់ទូលបង្គំ
35 ទ្រង់បង្ហាត់ដៃទូលបង្គំឲ្យជំនាញក្នុងការចម្បាំង រហូតដល់ដើមដៃទូលបង្គំ មានកម្លាំងនឹងដំឡើងធ្នូលង្ហិនបាន
36 ទ្រង់បានប្រទានខែលនៃសេចក្ដីសង្គ្រោះរបស់ទ្រង់ មកទូលបង្គំ ហើយព្រះហឫទ័យស្រទន់របស់ទ្រង់បានលើកទូលបង្គំឡើងជាធំ
37 ទ្រង់បានធ្វើឲ្យជំហានទូលបង្គំទូលាយចេញទៅ ហើយជើងទូលបង្គំមិនបានរអិលភ្លាត់ឡើយ
38 ទូលបង្គំបានដេញតាមពួកខ្មាំងសត្រូវ ហើយបំផ្លាញគេបង់ ទូលបង្គំក៏មិនបានវិលមកវិញ ទាល់តែគេត្រូវវិនាសអស់រលីង
39 ទូលបង្គំបានធ្វើឲ្យគេវិនាសអស់រលីង បានទាំងចាក់ទម្លុះគេ ឲ្យគេក្រោកឡើងវិញមិនរួច គេបានដួលនៅក្រោមជើងទូលបង្គំ
40 ដ្បិតទ្រង់បានក្រវាត់ទូលបង្គំ ដោយកម្លាំងសម្រាប់ធ្វើចម្បាំង ឯពួកអ្នកដែលលើកគ្នាឡើងទាស់នឹងទូលបង្គំ នោះទ្រង់បានបន្ទន់គេនៅក្រោមទូលបង្គំវិញ
41 ទ្រង់បានធ្វើឲ្យពួកខ្មាំងសត្រូវបែរខ្នងនៅមុខទូលបង្គំ ដើម្បីឲ្យទូលបង្គំបានកាត់ពួកអ្នកដែលស្អប់ទូលបង្គំចេញ
42 គេបានមើលជុំវិញ តែគ្មានអ្នកណាមួយ សម្រាប់នឹងជួយសង្គ្រោះគេឡើយ ក៏សង្ឃឹមដល់ព្រះយេហូវ៉ា តែទ្រង់មិនបានឆ្លើយមកសោះ
43 នោះទូលបង្គំបានវាយគេឲ្យខ្ទេចខ្ទី ដូចធូលីដីក៏បានជាន់ឈ្លីគេ ដូចជាភក់ក្នុងផ្លូវ ហើយកម្ចាត់កម្ចាយអស់ទៅ។
44 ទ្រង់បានជួយទូលបង្គំឲ្យរួចពីការទាស់ទែងគ្នាក្នុងពួករាស្ត្រទូលបង្គំ ទ្រង់បានរក្សាទូលបង្គំទុក ឲ្យធ្វើជាមេលើអស់ទាំងនគរ សាសន៍១ដែលទូលបង្គំមិនបានស្គាល់ គេនឹងមកចំណុះទូលបង្គំ
45 ពួកសាសន៍ដទៃនឹងចុះចូលស្តាប់បង្គាប់ទូលបង្គំ កាលគេឮពាក្យបង្គាប់ជាមុនដំបូង នោះគេនឹងស្តាប់តាមទូលបង្គំភ្លាម
46 ពួកសាសន៍ដទៃនឹងត្រូវស្រពោនបាត់ទៅ ហើយនិងចេញពីទីពួនរបស់គេមកដោយញាប់ញ័រ។
47 ព្រះយេហូវ៉ាទ្រង់មានព្រះជន្មរស់នៅ សូមក្រាបថ្វាយបង្គំដល់ថ្មដានៃទូលបង្គំ ហើយសូមឲ្យព្រះដ៏ជាថ្មដានៃសេចក្ដីសង្គ្រោះទូលបង្គំ បានលើកជាខ្ពស់ឡើង
48 គឺជាព្រះដែលសម្រេចសេចក្ដីសងសឹកជំនួសទូលបង្គំ ហើយបង្ក្រាបសាសន៍ផ្សេងៗនៅក្រោមអំណាចទូលបង្គំ
49 ព្រមទាំងនាំទូលបង្គំចេញឲ្យរួចពីពួកខ្មាំងសត្រូវ ហើយលើកទូលបង្គំឡើងជាខ្ពស់ ជាងអស់អ្នកដែលលើកខ្លួនទាស់នឹងទូលបង្គំ ក៏ដោះទូលបង្គំឲ្យរួចពីមនុស្សច្រឡោតផង
50 ហេតុដូច្នេះ ឱព្រះយេហូវ៉ាអើយ ទូលបង្គំនឹងអរព្រះគុណដល់ទ្រង់ នៅកណ្តាលអស់ទាំងសាសន៍ ហើយនិងច្រៀងទំនុកសរសើរថ្វាយដល់ព្រះនាមទ្រង់។
51 ទ្រង់បានប្រោសសេចក្ដីសង្គ្រោះយ៉ាងធំដល់ស្តេចនៃទ្រង់ ហើយក៏សម្ដែងសេចក្ដីសប្បុរសដល់អ្នកដែលទ្រង់បានចាក់ប្រេងតាំងឲ្យ គឺដល់ដាវីឌនឹងព្រះរាជវង្ស ជារៀងរាបដរាបទៅ។
ជំពូក 23
1 រីឯព្រះបន្ទូលក្រោយបង្អស់របស់ដាវីឌ នោះគឺថា ដាវីឌជាបុត្រអ៊ីសាយ ទ្រង់មានព្រះបន្ទូល គឺជាមនុស្សដែលបានតម្កើងឡើងជាខ្ពស់ ជាអ្នកដែលព្រះនៃយ៉ាកុបបានចាក់ប្រេងតាំងឲ្យ ជាអ្នកតែងទំនុកយ៉ាងពីរោះ ក្នុងសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលថា
2 ព្រះវិញ្ញាណនៃព្រះយេហូវ៉ាបានមានព្រះបន្ទូលដោយសារខ្ញុំ ព្រះបន្ទូលនៃទ្រង់នៅលើអណ្តាតខ្ញុំ
3 ព្រះនៃសាសន៍អ៊ីស្រាអែលទ្រង់បានមានព្រះបន្ទូល គឺថ្មដានៃសាសន៍អ៊ីស្រាអែលបានមានព្រះបន្ទូលមកខ្ញុំថា អ្នកណាដែលសោយរាជ្យលើប្រជាជន នោះត្រូវតែបានសុចរិត ហើយត្រូវសោយរាជ្យ ដោយសេចក្ដីកោតខ្លាចដល់ព្រះ
4 អ្នកនោះនឹងបានដូចជាពន្លឺនៅពេលព្រលឹមស្រាង កាលថ្ងៃកំពុងតែរះ ជាពេលព្រឹកមេឃស្រឡះ ដែលមានស្មៅពន្លកពីដីឡើង ដោយពន្លឺភ្លឺមកក្រោយពេលភ្លៀងធ្លាក់
5 តើវង្សខ្ញុំមិនមែនដូច្នោះ នៅចំពោះព្រះទេឬអី ដ្បិតទ្រង់បានតាំងសេចក្ដីសញ្ញានឹងខ្ញុំឲ្យនៅជាប់អស់កល្បជានិច្ច ជាសេចក្ដីសញ្ញាដែលមានរបៀបរៀបរយ ហើយក៏ពិតប្រាកដ ឯសេចក្ដីសង្គ្រោះ និងសេចក្ដីប៉ងប្រាថ្នាគ្រប់ជំពូករបស់ខ្ញុំ បានកើតអំពីនោះមក ទោះបើទ្រង់មិនទាន់ឲ្យដុះដាលឡើងក៏ដោយ
6 តែបណ្តាពួកមនុស្សអាក្រក់សុទ្ធតែដូចបន្លាដែលគេចោល ពីព្រោះនឹងចាប់កាន់ដោយដៃមិនបាន
7 មនុស្សណាដែលពាល់វា ត្រូវតែមានដែក ហើយដងលំពែងផង គេនឹងដុតវាសុសនៅទីនោះឯង។
8 នេះជាឈ្មោះពួកខ្លាំងពូកែរបស់ដាវីឌ គឺយ៉ូសែប-បាសេបែត ជាពូជតាកម៉ូនី លោកជាមេលើពួកមេទ័ព លោកបានលើកលំពែងតស៊ូ សម្លាប់មនុស្ស៨០០ក្នុងគ្រាតែ១
9 បន្ទាប់ពីលោកមក មានអេលាសារ ជាកូនដូដូរ ពូជអ័ហូអា លោកជាម្នាក់ក្នុងពួកខ្លាំងពូកែទាំង៣នាក់ ដែលនៅជាមួយនឹងដាវីឌ ក្នុងកាលដែលប្រកួតនឹងពួកភីលីស្ទីនដែលមូលគ្នាមកច្បាំង នៅវេលាដែលពួកអ៊ីស្រាអែលឡើងទៅបាត់ហើយ
10 លោកនេះក៏ក្រោកឡើងកាប់ចាក់ពួកភីលីស្ទីន ទាល់តែរោយដៃ ហើយដៃជាប់នៅនឹងដងដាវ នៅថ្ងៃនោះ ព្រះយេហូវ៉ាទ្រង់ប្រោសឲ្យមានជ័យជម្នះយ៉ាងធំ រួចបណ្តាទ័ពក៏ត្រឡប់មកឯលោក ឲ្យទាន់តែនឹងប្រមូលរបឹបទេ
11 បន្ទាប់ពីលោកនោះមក មានសាំម៉ាជាកូនអ័កេ ពួកហារ៉ារី គ្រានោះ ពួកភីលីស្ទីនបានមូលគ្នា១កង នៅទីដែលមានចម្ការសណ្តែកបាយ ហើយពួកពលទ័ពក៏រត់ចេញពីមុខពួកភីលីស្ទីនទៅ
12 តែលោកឈរនៅកណ្តាលចម្ការនោះ រាំងរា ហើយសម្លាប់ពួកភីលីស្ទីន ព្រះយេហូវ៉ាទ្រង់ក៏ប្រោសឲ្យមានជ័យជម្នះយ៉ាងធំ។
13 មាន៣នាក់ ក្នុងពួកជាប្រធានទាំង៣០ បានចុះទៅឯដាវីឌនៅក្នុងរអាងអាឌូឡាម ក្នុងរដូវចម្រូូត ឯកងពួកភីលីស្ទីន គេបានបោះទ័ពនៅក្នុងវាលច្រកភ្នំរេផែម
14 នៅគ្រានោះ ដាវីឌគង់នៅទីពំនួន ហើយមានពួកទ័ពភីលីស្ទីននៅត្រង់បេថ្លេហិម
15 ដាវីឌទ្រង់នឹកកន្លេងក្នុងព្រះហឫទ័យ ហើយមានព្រះបន្ទូលថា ឱបើជាមានអ្នកណាយកទឹកពីអណ្តូងនៅមាត់ទ្វារក្រុងបេថ្លេហិម មកឲ្យអញផឹកទៅអេះ
16 ចំណែកពួកអ្នកខ្លាំងពូកែទាំង៣នាក់នោះ ក៏បំបែកពួកទ័ពភីលីស្ទីន កាត់ចូលទៅដងទឹកអណ្តូង នៅមាត់ទ្វារបេថ្លេហិមយកមកថ្វាយដាវីឌ តែទ្រង់មិនព្រមសោយទេ គឺទ្រង់ចាក់ច្រួចថ្វាយដល់ព្រះយេហូវ៉ាវិញ
17 រួចទូលថា ឱព្រះយេហូវ៉ាអើយ សូមឲ្យការយ៉ាងនេះនៅឆ្ងាយពីទូលបង្គំទៅ កុំឲ្យទូលបង្គំធ្វើឡើយ តើគួរឲ្យទូលបង្គំផឹកឈាមរបស់មនុស្ស ដែលទៅទាំងប្រថុយជីវិតដូច្នេះឬអី គឺដោយហេតុនោះ បានជាទ្រង់មិនព្រមសោយទឹកនោះទេ អ្នកខ្លាំងពូកែទាំង៣នេះ បានប្រព្រឹត្តយ៉ាងដូច្នោះ។
18 ឯអ័ប៊ីសាយ ជាប្អូនយ៉ូអាប់កូនសេរូយ៉ា លោកជាមេលើអ្នកទាំង៣នោះ លោកបានលើកលំពែងសម្លាប់៣០០នាក់ ហើយក៏ល្បីឈ្មោះក្នុង៣នាក់នោះ
19 ក្នុងបណ្តា៣នាក់នោះ គេរាប់អានលោកជាងគេ បានជាលើកលោកធ្វើជាមេ ប៉ុន្តែ លោកមិនស្មើនឹងពួក៣នាក់មុននោះទេ។
20 រីឯបេណាយ៉ា ជាកូនយេហូយ៉ាដា ជាកូនរបស់អ្នកខ្លាំងពូកែម្នាក់នៅកាបសៀល ជាអ្នកដែលបានធ្វើការមានថ្វីដៃច្រើន លោកបានសម្លាប់កូនទាំង២របស់អ័រាលសាសន៍ម៉ូអាប់ទៅ ហើយក៏ចុះទៅក្នុងរណ្តៅសម្លាប់សត្វសិង្ហ១នៅថ្ងៃមានហិមៈ
21 ហើយលោកសម្លាប់សាសន៍អេស៊ីព្ទម្នាក់ដែលគួរស្ញែងខ្លាច វាកាន់លំពែងនៅដៃ តែលោកមានតែដំបងកាន់ចុះទៅឯវាប៉ុណ្ណោះ ក៏កន្ត្រាក់យកលំពែងពីដៃនៃសាសន៍អេស៊ីព្ទនោះបាន រួចចាក់សម្លាប់ និងលំពែងរបស់ខ្លួនវានោះឯង
22 គឺការយ៉ាងនោះដែលបេណាយ៉ា ជាកូនយេហូយ៉ាដាបានធ្វើ ហើយក៏មានល្បីឈ្មោះក្នុងពួកខ្លាំងពូកែទាំង៣០នាក់នោះ
23 គេរាប់អានលោក ជាជាងមនុស្ស៣០នាក់ តែលោកមិនស្មើនឹងពួក៣នាក់មុននោះទេ ដាវីឌទ្រង់តាំងលោកឲ្យត្រួតលើពួកទាហានរក្សាអង្គ។
24 ឯអេសាអែល ជាប្អូនយ៉ូអាប់ លោកជាម្នាក់ក្នុងពួក៣០នាក់នោះដែរ អែលហាណានជាកូនដូដូរ ពីក្រុងបេថ្លេហិម
25 សាំម៉ាជាពួកហារ៉ុឌ អេលីកា ជាពួកហារ៉ុឌ
26 ហេលែសជាពួកប៉ាលធី អ៊ីរ៉ាជាកូនអ៊ីកកែស ពីក្រុងត្កូអា
27 អ័បៀស៊ើរ ពីអាន៉ាថោត មប៊ូណាយ ជាពួកហ៊ូសាយ
28 សាលម៉ូនជាពួកអ័ហូអា ម៉ាហារ៉ាយ ពីនថូផា
29 ហេលែបជាកូនប្អាណាពីនថូផា អ៊ីតតាយជាកូនរីបាយពីគីបៀរ ក្នុងពូជកូនចៅបេនយ៉ាមីន
30 បេណាយ៉ា ពីពីរ៉ាថូន ហ៊ីដាយ ពីណាហាលេ-កាអាស
31 អ័ប៊ី-អាលបូពីអើរ៉ាបា អាសម៉ាវែតពីបាហ៊ូរីម
32 អេលីយ៉ាបា ពីស្អាឡាប៊ីន ពួកកូនយ៉ាសេន យ៉ូណាថាន
33 សាំម៉ាពីស្អាហារ៉ារី អ័ហ៊ីយ៉ាមជាកូនសារ៉ើរ ពីស្រុកហារ៉ារី
34 អេលីផាលេតជាកូនអ័ហាសបា កូនរបស់ម្នាក់ក្នុងពួកម៉ាកាធី អេលាមជាកូនអ័ហ៊ីថូផែល ពួកគីឡោ
35 ហែស្រាយជាពួកកើមែល ប្អារ៉ាយ ជាអ្នកមកពីអារ៉ាប
36 យីកាលជាកូនណាថាន់ ពីសូបា បានី ជាពួកកាឌ់
37 សេលេកជាសាសន៍អាំម៉ូន ណាហារ៉ាយ ពីប្អៀរ៉ុតជាអ្នកដែលកាន់គ្រឿងសស្ត្រាវុធរបស់យ៉ូអាប់ជាកូនសេរូយ៉ា
38 អ៊ីរ៉ាជាពួកយេធើ ការេប ជាពួកយេធើ
39 ហើយនិងអ៊ូរីជាសាសន៍ហេត រួមទាំងអស់មាន៣៧នាក់។
ជំពូក 24
1 មានមួយគ្រាទៀត ដែលព្រះយេហូវ៉ាទ្រង់មានសេចក្ដីខ្ញាល់ឆួលឡើងចំពោះពួកអ៊ីស្រាអែល ហើយទ្រង់បណ្តាលដាវីឌឲ្យប្រព្រឹត្តទាស់នឹងគេ ដោយព្រះបន្ទូលថា ចូរទៅរាប់ចំនួនពួកអ៊ីស្រាអែល និងពួកយូដាចុះ
2 ដូច្នេះ ស្តេចទ្រង់មានព្រះបន្ទូលទៅយ៉ូអាប់ ជាមេទ័ពដែលនៅចំពោះទ្រង់ថា ចូរឲ្យដើរទៅមកគ្រប់ក្នុងអស់ទាំងពូជអំបូរសាសន៍អ៊ីស្រាអែលទាំងប៉ុន្មាន ចាប់តាំងពីក្រុងដាន់ រហូតដល់បៀរ-សេបា ហើយរាប់បណ្តាជនទាំងឡាយ ដើម្បីឲ្យយើងបានដឹងចំនួន
3 យ៉ូអាប់ទូលទាស់ថា សូមឲ្យព្រះយេហូវ៉ាជាព្រះនៃទ្រង់ បន្ថែមពួកជនឲ្យមានចំនួន១០០ដងលើសទៅទៀត ហើយសូមឲ្យព្រះនេត្រព្រះករុណា ជាព្រះអម្ចាស់នៃទូលបង្គំ បានឃើញផង តែហេតុអ្វីបានជាព្រះករុណា ជាព្រះអម្ចាស់នៃទូលបង្គំ សព្វព្រះហឫទ័យក្នុងការនោះ
4 ប៉ុន្តែ ព្រះបន្ទូលនៃស្តេចបានឈ្នះយ៉ូអាប់ ហើយនិងពួកមេទ័ព រួចយ៉ូអាប់ និងពួកមេទ័ព ក៏ចេញពីចំពោះស្តេចទៅ ដើម្បីរាប់ចំនួនពួកសាសន៍អ៊ីស្រាអែល
5 គេឆ្លងទន្លេយ័រដាន់ ទៅដំឡើងត្រសាលនៅត្រង់អារ៉ូអ៊ើរ ជាខាងស្តាំទីក្រុងដែលនៅកណ្តាលច្រកភ្នំ ខាងស្រុកកាឌ់ ជិតយ៉ាស៊ើរ
6 រួចគេទៅដល់ស្រុកកាឡាត និងស្រុកថាសធីម-ហ៊ុតស៊ី ពីនោះក៏ទៅដល់ដាន់-យ្អាន ហើយវាងរហូតដល់ស៊ីដូន
7 គេទៅដល់បន្ទាយក្រុងទីរ៉ុស ហើយអស់ទាំងទីក្រុងរបស់សាសន៍ហេវី និងសាសន៍កាណាន រួចគេបែរទៅខាងត្បូងស្រុកយូដាត្រង់បៀរ-សេបា
8 ដូច្នេះ កាលគេបានដើរចុះឡើងពេញក្នុងស្រុកទាំងអស់រួចហើយ ដល់ផុត៩ខែ២០ថ្ងៃ នោះគេវិលមកដល់ក្រុងយេរូសាឡឹមវិញ
9 យ៉ូអាប់ក៏ប្រគល់បញ្ជីពួកជនទាំងឡាយដល់ស្តេច ឃើញមានមនុស្សខ្លាំងពូកែដែលចេះកាន់ដាវ ក្នុងពួកអ៊ីស្រាអែលចំនួន៨សែននាក់ ហើយក្នុងពួកយូដាមាន៥សែននាក់។
10 ក្រោយដែលរាប់ចំនួនបណ្តាជនហើយ នោះដាវីឌមានព្រះហឫទ័យឈឺស្តាយជាខ្លាំង រួចទ្រង់ទូលទៅព្រះយេហូវ៉ាថា ទូលបង្គំបានធ្វើបាបយ៉ាងធ្ងន់ក្នុងការដែលទូលបង្គំធ្វើនោះ តែឥឡូវនេះ ឱព្រះយេហូវ៉ាអើយ សូមលើកចោលទោសនៃការអាក្រក់របស់ទូលបង្គំជាបាវបម្រើទ្រង់ ដ្បិតទូលបង្គំបានប្រព្រឹត្តដោយខ្លៅល្ងង់
11 ព្រឹកឡើង កាលដាវីឌបានតើនហើយ នោះព្រះយេហូវ៉ាទ្រង់បង្គាប់ដល់ហោរាកាឌ់ ជាអ្នកមើលឆុតរបស់ដាវីឌ
12 ឲ្យទៅទូលដាវីឌថា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ អញដាក់សេចក្ដីទាំង៣នេះឲ្យឯង ចូររើសយក១ចុះ ឲ្យអញបានធ្វើយ៉ាងនោះដល់ឯង
13 ដូច្នេះ កាឌ់ក៏ទៅឯដាវីឌទូលថា តើព្រះករុណាសព្វព្រះហឫទ័យយ៉ាងណា ចង់ឲ្យមានអំណត់៧ឆ្នាំនៅក្នុងនគរ ឬចង់រត់ពីមុខពួកខ្មាំងសត្រូវក្នុងរវាង៣ខែ កំពុងដែលគេដេញតាម ឬឲ្យមានជំងឺអាសន្នរោគអស់៣ថ្ងៃនៅក្នុងនគរវិញ សូមពិចារណាឥឡូវចុះ ហើយមានព្រះបន្ទូលមក ឲ្យទូលបង្គំបានឆ្លើយដល់ព្រះដែលទ្រង់ចាត់ឲ្យទូលបង្គំមក
14 ដាវីឌមានព្រះបន្ទូលតបថា យើងមានសេចក្ដីចង្អៀតចិត្តជាខ្លាំង សូមឲ្យយើងរាល់គ្នាធ្លាក់ទៅក្នុងព្រះហស្តនៃព្រះយេហូវ៉ាវិញចុះ ដ្បិតសេចក្ដីមេត្តាករុណារបស់ទ្រង់ធំណាស់ សូមកុំឲ្យយើងធ្លាក់ទៅក្នុងកណ្តាប់ដៃនៃមនុស្សឡើយ។
15 ដូច្នេះ ព្រះយេហូវ៉ាទ្រង់បណ្តាលឲ្យមានជំងឺអាសន្នរោគកើតឡើងក្នុងសាសន៍អ៊ីស្រាអែល ចាប់តាំងពីព្រឹករហូតដល់ពេលកំណត់នោះ ហើយមានមនុស្សស្លាប់តាំងតែពីក្រុងដាន់ រហូតដល់បៀរ-សេបា អស់ចំនួន៧ម៉ឺននាក់
16 តែកាលទេវតាលើកដៃទៅ ដើម្បីនឹងបំផ្លាញក្រុងយេរូសាឡឹម នោះព្រះយេហូវ៉ាទ្រង់មានព្រះហឫទ័យរំជួលថយចេញពីការអាក្រក់នោះ ក៏មានព្រះបន្ទូលទៅទេវតាដែលកំពុងតែបំផ្លាញបណ្តាជនថា ល្មមហើយ ចូរបញ្ឈប់ដៃឥឡូវចុះ ខណៈនោះ ទេវតានៃព្រះយេហូវ៉ាកំពុងតែនៅជិតលានស្រូវរបស់អ័រ៉ៅណា សាសន៍យេប៊ូស
17 ឯដាវីឌ កាលទ្រង់ទតឃើញទេវតាដែលបានប្រហារពួកជន នោះក៏ទូលដល់ព្រះយេហូវ៉ាថា មើល ទូលបង្គំបានធ្វើបាប គឺទូលបង្គំដែលត្រូវមានទោស តែឯតួចៀមទាំងនេះ តើបានធ្វើអ្វី សូមឲ្យព្រះហស្តនៃទ្រង់បានទាស់នឹងទូលបង្គំ ហើយនិងពួកវង្សបិតារបស់ទូលបង្គំវិញចុះ។
18 នៅថ្ងៃនោះឯង កាឌ់ក៏ចូលមកគាល់ដាវីឌ ទូលថា សូមព្រះករុណាឡើងទៅស្អាងអាសនៈ១ថ្វាយព្រះយេហូវ៉ា នៅត្រង់លានស្រូវរបស់អ័រ៉ៅណា ជាសាសន៍យេប៊ូសទៅ
19 ដូច្នេះ ដាវីឌក៏ឡើងទៅតាមពាក្យរបស់កាឌ់ ដូចជាព្រះយេហូវ៉ាទ្រង់បានបង្គាប់មក
20 ឯអ័រ៉ៅណា គាត់ក្រឡេកមើលទៅឃើញស្តេច និងពួកមហាតលិក កំពុងតែមកឯគាត់ នោះគាត់ក៏ចេញទៅក្រាបផ្កាប់មុខដល់ដីថ្វាយបង្គំនៅចំពោះស្តេចទូលថា
21 បពិត្រព្រះករុណា ជាព្រះអម្ចាស់នៃទូលបង្គំ តើទ្រង់យាងមកឯទូលបង្គំមានការអ្វី ដាវីឌឆ្លើយថា មកទិញលានស្រូវរបស់ឯង ដើម្បីនឹងស្អាងអាសនៈ១ថ្វាយព្រះយេហូវ៉ា ប្រយោជន៍ឲ្យសេចក្ដីវេទនានេះបានថយចេញពីពួកជនទៅ
22 អ័រ៉ៅណាទូលទ្រង់ថា បពិត្រព្រះអម្ចាស់នៃទូលបង្គំ សូមឲ្យព្រះករុណាយកចុះ ហើយថ្វាយអ្វីតាមបំណងព្រះហឫទ័យ មើល មានគោនេះសម្រាប់តង្វាយដុត ហើយប្រដាប់បែនស្រូវ និងនឹមគោ ទុកជាឧសស្រាប់
23 អ័រ៉ៅណាក៏ថ្វាយទាំងអស់នោះដល់ស្តេច ដោយពាក្យថា សូមឲ្យព្រះយេហូវ៉ាជាព្រះនៃទ្រង់ទទួលទ្រង់ផង
24 តែស្តេចមានព្រះបន្ទូលទៅអ័រ៉ៅណាថា កុំឡើយ គឺយើងចង់ទិញពីឯងតាមតម្លៃវិញ យើងមិនព្រមយករបស់ ដែលយើងមិនបានចេញថ្លៃទិញ ទៅថ្វាយដល់ព្រះយេហូវ៉ានៃយើងឡើយ ដូច្នេះ ដាវីឌក៏ទិញលានស្រូវ និងគោទាំងនោះ តម្លៃជាប្រាក់៥០រៀល
25 រួចទ្រង់ស្អាងអាសនៈ១ ថ្វាយព្រះយេហូវ៉ានៅទីនោះ ក៏ថ្វាយតង្វាយដុត និងតង្វាយមេត្រីទៅ នោះព្រះយេហូវ៉ាទ្រង់ព្រះសណ្តាប់សេចក្ដីទូលអង្វរឲ្យស្រុកនោះ ហើយសេចក្ដីវេទនានោះ ក៏ថយពីពួកអ៊ីស្រាអែលទៅ។:៚