ជំពូក 1
1 គ្រានោះ ស្តេចដាវីឌ ទ្រង់មានព្រះជន្មាយុកន្លងបង់ហើយ គេដណ្តប់សំពត់ថ្វាយទ្រង់ជាច្រើន តែទ្រង់មិនកក់ក្តៅទេ
2 ហេតុនោះបានជាពួកមហាតលិកទ្រង់ទូលថា សូមឲ្យគេទៅរកស្រីក្រមុំ១ មកថ្វាយព្រះករុណា ជាព្រះអម្ចាស់នៃទូលបង្គំ ឲ្យនាងបានឈរនៅចំពោះទ្រង់ ដើម្បីនឹងថែទាំទ្រង់ ហើយឲ្យនាងបានដេកឱបទ្រង់ ប្រយោជន៍ឲ្យព្រះករុណា ជាព្រះអម្ចាស់ បានកក់ក្តៅ
3 ដូច្នេះ គេក៏ចេញទៅ ស្វែងរកស្រីក្រមុំយ៉ាងល្អ នៅគ្រប់ក្នុងស្រុកអ៊ីស្រាអែល បានប្រទះនឹងនាងអ័ប៊ីសាក ជាអ្នកស្រុកស៊ូណែម ហើយនាំនាងមកថ្វាយស្តេច
4 នាងនោះមានរូបរាងស្រស់ល្អណាស់ ហើយក៏ថែទាំបម្រើស្តេច តែទ្រង់មិនបានរួមរស់នឹងនាងសោះ
5 ខណៈនោះ អ័ដូនីយ៉ា ជាបុត្រនៃនាងហាគីត ក៏លើកខ្លួនឡើង ដោយពាក្យថា យើងនឹងធ្វើជាស្តេច ដូច្នេះ ទ្រង់ក៏ត្រៀមរទេះចម្បាំង និងពួកពលសេះ ព្រមទាំងមនុស្ស៥០នាក់ ឲ្យរត់នាំមុខទ្រង់
6 ឯព្រះបិតារបស់ទ្រង់មិនដែលធ្វើឲ្យទាស់ចិត្តម្តង ដោយពាក្យថា ហេតុអ្វីបានជាធ្វើដូច្នេះនោះឡើយ ១ទៀតទ្រង់ជាមនុស្សមានរូបរាងល្អណាស់ ទ្រង់បានប្រសូតមកក្រោយអាប់សាឡំម
7 ទ្រង់ពិគ្រោះនឹងយ៉ូអាប់ ជាកូនសេរូយ៉ា ហើយនិងអ័បៀថើរ ដ៏ជាសង្ឃ គេទាំង២ក៏តាមជួយ
8 តែសាដុកដ៏ជាសង្ឃ បេណាយ៉ាជាកូនយេហូយ៉ាដា ហោរាណាថាន់ ស៊ីម៉ាយ ហើយរេអ៊ី ព្រមទាំងពួកអ្នកខ្លាំងពូកែរបស់ដាវីឌ គេមិនបានចូលដៃជួយអ័ដូនីយ៉ាទេ។
9 ទ្រង់ក៏សម្លាប់ចៀម គោ និងសត្វយ៉ាងធាត់នៅត្រង់ថ្មសូហេលែត ដែលនៅជិតអេន-រ៉ូកេល ទ្រង់អញ្ជើញពួកបងប្អូនទាំងអស់ ជាបុត្រាស្តេច និងពួកសាសន៍យូដាទាំងប៉ុន្មាន ដែលជាអ្នកថែរក្សាហ្លួងដែរ
10 តែមិនបានអញ្ជើញហោរាណាថាន់ បេណាយ៉ា និងពួកមនុស្សខ្លាំងពូកែ ឬសាឡូម៉ូន ជាអនុជទ្រង់ទេ។
11 ដូច្នេះ ណាថាន់ក្រាបទូលដល់បាតសេបា ជាមាតាសាឡូម៉ូន ថា តើព្រះនាងមិនបានជ្រាបថា អ័ដូនីយ៉ា ជាកូនហាគីត បានឡើងសោយរាជ្យ ឥតជ្រាបដល់ដាវីឌ ជាព្រះអម្ចាស់នៃយើងរាល់គ្នាផងទេឬអី
12 ដូច្នេះ សូមព្រះនាងមក ឲ្យទូលបង្គំបានជួយគំនិតខ្លះ ប្រយោជន៍ឲ្យបានរួចជីវិតរបស់ព្រះនាង និងជីវិតរបស់សាឡូម៉ូន ជាបុត្រផងដែរ
13 សូមចូលទៅគាល់ស្តេចដាវីឌទូលថា បពិត្រព្រះករុណាជាព្រះអម្ចាស់ តើទ្រង់មិនបានស្បថនឹងខ្ញុំម្ចាស់ ជាបាវបម្រើទ្រង់ថា ត្រូវឲ្យសាឡូម៉ូន ជាកូនឯង សោយរាជ្យក្រោយអញជាពិត ក៏ត្រូវអង្គុយលើបល្ល័ង្កអញនោះទេឬអី ដូច្នេះ ហេតុអ្វីបានជាអ័ដូនីយ៉ាសោយរាជ្យវិញ
14 មើល កំពុងដែលព្រះនាងនៅទូលនឹងស្តេចក្នុងទីនោះនៅឡើយ នោះទូលបង្គំនឹងចូលទៅតាមក្រោយ ហើយនិងបញ្ជាក់ពាក្យរបស់ព្រះនាងដែរ។
15 បាតសេបាក៏ចូលទៅគាល់ស្តេច នៅក្នុងបន្ទប់ក្រឡាព្រះបន្ទំ រីឯស្តេច ទ្រង់ជរាណាស់ហើយ ក៏មាននាងអ័ប៊ីសាក ពីស៊ូណែម នាងកំពុងតែបម្រើទ្រង់
16 បាតសេបាក៏ឱនខ្លួនគោរពនៅចំពោះស្តេច រួចស្តេចទ្រង់មានព្រះបន្ទូលសួរថា តើមកមានប្រាថ្នាអ្វី
17 ព្រះនាងទូលឆ្លើយថា បពិត្រព្រះអម្ចាស់អើយ ទ្រង់បានស្បថនឹងខ្ញុំម្ចាស់ ជាបាវបម្រើទ្រង់ ដោយនូវព្រះយេហូវ៉ាជាព្រះនៃទ្រង់ថា សាឡូម៉ូនជាកូនឯង នឹងឡើងសោយរាជ្យក្រោយអញជាពិត ហើយនិងអង្គុយលើបល្ល័ង្កអញមិនមែនឬ
18 តែមើល ឥឡូវនេះ អ័ដូនីយ៉ាបានឡើងសោយរាជ្យហើយ ទ្រង់ព្រះករុណាជាព្រះអម្ចាស់ឥតបានជ្រាបទេ
19 វាបានសម្លាប់គោ និងចៀម ហើយសត្វយ៉ាងធាត់ៗជាច្រើន ក៏បានអញ្ជើញពួកបុត្រាទាំងអស់នៃព្រះករុណា ព្រមទាំងអ័បៀថើរដ៏ជាសង្ឃ និងយ៉ូអាប់ ជាមេទ័ពដែរ តែឯសាឡូម៉ូន ជាបាវបម្រើទ្រង់ នោះគេមិនបានហៅទៅទេ
20 ដូច្នេះ ឱព្រះករុណាជាព្រះអម្ចាស់អើយ ភ្នែកនៃពួកអ៊ីស្រាអែលទាំងអស់ គេគន់មើលមកទ្រង់ ចាំតែទ្រង់ប្រាប់ឲ្យគេដឹង ជាអ្នកណាដែលត្រូវគង់លើបល្ល័ង្ករាជ្យរបស់ព្រះករុណា ជាព្រះអម្ចាស់តពីទ្រង់ទៅ
21 បើពុំនោះ ដល់កាលណាព្រះករុណា ជាព្រះអម្ចាស់ ទ្រង់ផ្ទំលក់ទៅជាមួយនឹងពួកអយ្យកោទ្រង់ នោះខ្ញុំម្ចាស់ និងសាឡូម៉ូន ជាកូនរបស់ខ្ញុំម្ចាស់ នឹងត្រូវរាប់ទុកជាមនុស្សប្រទាំងការហើយ។
22 លុះកាលព្រះនាងកំពុងតែក្រាបទូលនឹងស្តេចនៅឡើយ នោះហោរាណាថាន់ក៏ចូលមកដល់
23 គេទូលស្តេចថា បពិត្រព្រះរាជា ហោរាណាថាន់មកគាល់ហើយ រួចកាលលោកបានចូលមកដល់ចំពោះស្តេចហើយ នោះក៏ក្រាបផ្កាប់មុខដល់ដីនៅចំពោះទ្រង់ទូលថា
24 បពិត្រព្រះករុណា ជាព្រះអម្ចាស់នៃទូលបង្គំអើយ តើទ្រង់បានមានព្រះបន្ទូលថា អ័ដូនីយ៉ាត្រូវឡើងសោយរាជ្យតពីទ្រង់ ហើយគង់លើបល្ល័ង្ករាជ្យឬអី
25 ដ្បិតនៅថ្ងៃនេះ លោកបានចុះទៅសម្លាប់គោ និងចៀម ហើយសត្វយ៉ាងធាត់ៗជាច្រើន ក៏បានអញ្ជើញពួកបុត្រាទាំងប៉ុន្មាននៃព្រះករុណា ព្រមទាំងពួកមេទ័ព និងអ័បៀថើរដ៏ជាសង្ឃផង មើល គេកំពុងតែលៀងលោមគ្នា នៅចំពោះមុខលោក ដោយបន្លឺវាចាថា សូមឲ្យស្តេចអ័ដូនីយ៉ាប្រកបដោយសេចក្ដីចម្រើនចុះ
26 តែឯទូលបង្គំ ជាបាវបម្រើទ្រង់ ហើយសាដុកដ៏ជាសង្ឃ បេណាយ៉ា ជាកូនយេហូយ៉ាដា និងសាឡូម៉ូន ជាអ្នកបម្រើទ្រង់ នោះលោកមិនបានអញ្ជើញទៅទេ
27 តើព្រះករុណា ជាព្រះអម្ចាស់នៃទូលបង្គំ បានបង្គាប់ការនេះ ឥតប្រាប់ឲ្យទូលបង្គំដឹងជាអ្នកណា ដែលត្រូវអង្គុយលើបល្ល័ង្កនៃព្រះករុណាតពីទ្រង់ឬអី។
28 ខណៈនោះ ស្តេចដាវីឌទ្រង់មានព្រះបន្ទូលថា ចូរហៅបាតសេបាមកនេះ ព្រះនាងក៏ចូលមកឈរគាល់នៅចំពោះស្តេច
29 រួចស្តេចទ្រង់មានព្រះបន្ទូលថា យើងស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅ ដែលទ្រង់បានលោះព្រលឹងយើង ឲ្យរួចពីគ្រប់ទាំងសេចក្ដីវេទនាថា
30 នៅថ្ងៃនេះ យើងនឹងសម្រេចតាមសេចក្ដីដែលយើងបានស្បថនឹងឯង ដោយនូវព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែលថា សាឡូម៉ូនជាកូនឯង ត្រូវឡើងសោយរាជ្យតពីយើងជាពិត ហើយនិងអង្គុយលើបល្ល័ង្កជំនួសយើង
31 ដូច្នេះ បាតសេបាក៏ក្រាបផ្កាប់មុខដល់ដី គោរពចំពោះស្តេច ទូលថា បពិត្រព្រះករុណា សូមឲ្យព្រះអម្ចាស់នៃខ្ញុំម្ចាស់បានប្រកបដោយសេចក្ដីចម្រើនជានិច្ចតទៅ។
32 រួចមក ស្តេចដាវីឌ ទ្រង់មានព្រះបន្ទូលថា ចូរហៅសាដុកដ៏ជាសង្ឃ ហោរាណាថាន់ និងបេណាយ៉ា ជាកូនយេហូយ៉ាដាមកនេះ លោកទាំងនោះក៏ចូលមកគាល់នៅចំពោះស្តេច
33 ទ្រង់មានព្រះបន្ទូលបង្គាប់ថា ចូរអ្នករាល់គ្នានាំយកពួកពលទ័ព របស់ចៅហ្វាយអ្នក ទៅបញ្ជិះសាឡូម៉ូន ជាបុត្រយើង ឲ្យជិះលើលាកាត់របស់យើង នាំចុះទៅឯគីហុនទៅ
34 ហើយត្រូវឲ្យសាដុកដ៏ជាសង្ឃ និងហោរាណាថាន់ ចាក់ប្រេងតាំងឡើងជាស្តេចលើសាសន៍អ៊ីស្រាអែលនៅទីនោះ រួចឲ្យផ្លុំត្រែឡើង ហើយស្រែកថា សូមឲ្យស្តេចសាឡូម៉ូនប្រកបដោយសេចក្ដីចម្រើនចុះ
35 ក្រោយមក ត្រូវឲ្យអ្នករាល់គ្នាដង្ហែឡើងមក ឲ្យអង្គុយលើបល្ល័ង្ករាជ្យរបស់យើង ដ្បិតវាត្រូវសោយរាជ្យជំនួសយើង គឺយើងនេះហើយ បានតម្រូវឲ្យវាធ្វើជាអ្នកនាំមុខពួកអ៊ីស្រាអែល និងពួកយូដា
36 បេណាយ៉ា ជាកូនយេហូយ៉ាដា ក៏ទូលឆ្លើយថា អាម៉ែន សូមឲ្យព្រះយេហូវ៉ាជាព្រះនៃព្រះករុណា ដ៏ជាម្ចាស់នៃទូលបង្គំ បានព្រមដូច្នេះដែរ
37 សូមឲ្យព្រះយេហូវ៉ាទ្រង់សណ្ឋិតនៅជាមួយនឹងសាឡូម៉ូន ដូចជាបានសណ្ឋិតនៅជាមួយនឹងព្រះករុណាជាម្ចាស់នៃទូលបង្គំ ហើយប្រោសឲ្យរាជ្យទ្រង់បានវិសេសជាងរាជ្យរបស់ព្រះករុណា ជាម្ចាស់នៃទូលបង្គំទៅទៀតផង។
38 ដូច្នេះ សាដុកដ៏ជាសង្ឃ ណាថាន់ ជាហោរាបេណាយ៉ា ជាកូនយេហូយ៉ាដា ហើយពួកកេរេធីម និងពួកពេលេធីម គេក៏បញ្ជិះសាឡូម៉ូននៅលើលាកាត់របស់ស្តេចដាវីឌ នាំចុះទៅដល់គីហុន
39 ឯសាដុក ដ៏ជាសង្ឃ លោកយកស្នែងដែលដាក់ប្រេង ចេញពីត្រសាលជំនុំ ទៅចាក់ថ្វាយសាឡូម៉ូន រួចគេផ្លុំត្រែឡើង ហើយបណ្តាជនទាំងឡាយគេបន្លឺវាចាថា សូមឲ្យស្តេចសាឡូម៉ូនបានប្រកបដោយសេចក្ដីចម្រើនចុះ
40 ស្រេចហើយ បណ្តាជនទាំងអស់ក៏ដង្ហែអង្គឡើងមកដោយផ្លុំខ្លុយ ហើយមានសេចក្ដីត្រេកអររីករាយជាខ្លាំង ដល់ម៉្លេះបានជាផែនដីក៏ខ្ទរ ដោយសូរសព្ទអឺងកងរបស់គេ។
41 ឯអ័ដូនីយ៉ា និងពួកភ្ញៀវដែលនៅជាមួយ គេក៏ឮក្នុងកាលដែលគេស៊ីលៀងរួច កាលយ៉ូអាប់បានឮសូរផ្លុំត្រែ នោះលោកសួរថា ហេតុអ្វីបានជាមានសូរអឺងកងនៅក្នុងទីក្រុងដូច្នេះ
42 កាលលោកកំពុងតែនិយាយនៅឡើយ នោះយ៉ូណាថាន ជាកូនអ័បៀថើរដ៏ជាសង្ឃ ក៏ចូលមកដល់ អ័ដូនីយ៉ាមានព្រះបន្ទូលទៅគាត់ថា ចូរចូលមកចុះ ដ្បិតឯងជាមនុស្សក្លាហានពិត ក៏នាំដំណឹងល្អមក
43 នោះយ៉ូណាថានក៏ទូលតបទៅអ័ដូនីយ៉ាថា ស្តេចដាវីឌ ជាព្រះអម្ចាស់នៃយើងរាល់គ្នា ទ្រង់បានតាំងសាឡូម៉ូនឲ្យសោយរាជ្យឡើងជាពិតហើយ
44 ទ្រង់បានចាត់សាដុកដ៏ជាសង្ឃ ហោរាណាថាន់ បេណាយ៉ា ជាកូនយេហូយ៉ាដា ព្រមទាំងពួកកេរេធីម និងពួកពេលេធីមផង ឲ្យទៅបញ្ជិះសាឡូម៉ូនលើលាកាត់របស់ស្តេច
45 ហើយសាដុកដ៏ជាសង្ឃ និងហោរាណាថាន់ បានចាក់ប្រេងតាំងឡើងជាស្តេចនៅត្រង់គីហុន រួចគេឡើងពីនោះមក ដោយរីករាយសាទរ ដល់ម៉្លេះបានជាឮសូរអឺងកងនៅទីក្រុង គឺសូរនោះហើយ ដែលអស់លោកអ្នកបានឮ
46 ឯសាឡូម៉ូនទ្រង់គង់លើបល្ល័ង្ករាជ្យហើយ
47 មួយទៀត ពួកលោក ជាជំនិតស្តេច បានមកចម្រើនពរដល់ស្តេចដាវីឌ ជាព្រះអម្ចាស់នៃយើងរាល់គ្នា ដោយពាក្យថា សូមឲ្យព្រះនៃទ្រង់តម្កើងព្រះនាមសាឡូម៉ូន ឲ្យវិសេសជាងព្រះនាមទ្រង់ ហើយតាំងរាជ្យសាឡូម៉ូន ឲ្យធំលើសជាងរាជ្យរបស់ទ្រង់ទៅទៀត ឯស្តេច ទ្រង់ក៏ឱនកាយនៅលើព្រះបន្ទំ
48 ហើយមានព្រះបន្ទូលថា សូមក្រាបថ្វាយបង្គំដល់ព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល ដែលទ្រង់បានប្រទានឲ្យមានម្នាក់អង្គុយលើបល្ល័ង្កនៃទូលបង្គំនៅថ្ងៃនេះ ឲ្យភ្នែកទូលបង្គំបានឃើញផង។
49 ឯពួកភ្ញៀវរបស់អ័ដូនីយ៉ា គេមានសេចក្ដីតក់ស្លុតទាំងអស់គ្នា ក៏ក្រោកឡើងចេញទៅតាមផ្លូវគេរៀងខ្លួនទៅ
50 អ័ដូនីយ៉ាក៏ភ័យខ្លាច ដោយព្រោះសាឡូម៉ូនដែរ ទ្រង់ក្រោកឡើងទៅចាប់កាន់ស្នែងអាសនៈ
51 មានគេទៅទូលសាឡូម៉ូនថា មើល អ័ដូនីយ៉ាខ្លាចដល់ទ្រង់ ក៏បានទៅចាប់កាន់ស្នែងអាសនៈ ដោយពាក្យថា សូមឲ្យស្តេចសាឡូម៉ូនស្បថនឹងទូលបង្គំនៅថ្ងៃនេះថា ទ្រង់មិនសម្លាប់ទូលបង្គំជាខ្ញុំដោយដាវឡើយ
52 នោះសាឡូម៉ូនមានព្រះបន្ទូលថា បើវានឹងសម្ដែងខ្លួនថាជាមនុស្សគួរគប្បី នោះសូម្បីសក់ក្បាល១សរសៃរបស់វា ក៏មិនត្រូវធ្លាក់ចុះដល់ដីផង តែបើសិនជាប្រទះឃើញមានសេចក្ដីទុច្ចរិតអ្វី នោះនឹងត្រូវស្លាប់វិញ
53 ដូច្នេះ ស្តេចសាឡូម៉ូនក៏ចាត់គេឲ្យទៅនាំចុះពីអាសនៈមក នោះអ័ដូនីយ៉ាក៏មកក្រាបថ្វាយបង្គំដល់ស្តេចសាឡូម៉ូន រួចទ្រង់មានព្រះបន្ទូលថា ចូរទៅផ្ទះទៅ។
ជំពូក 2
1 រីឯពេលកំណត់ដែលដាវីឌត្រូវសុគតបានជិតដល់ ទ្រង់ក៏ផ្តាំសាឡូម៉ូនជាព្រះរាជបុត្រាទ្រង់ថា
2 អញរៀបនឹងទៅតាមផ្លូវរបស់មនុស្សលោកទាំងឡាយហើយ ដូច្នេះ ចូរឯងខំប្រឹងឡើង ហើយសម្ដែងខ្លួនឲ្យបានពេញជាប្រុសចុះ
3 ចូររក្សាបញ្ញើរបស់ព្រះយេហូវ៉ាជាព្រះនៃឯង ដើម្បីប្រព្រឹត្តតាមអស់ទាំងផ្លូវរបស់ទ្រង់ ព្រមទាំងកាន់តាមសេចក្ដីបង្គាប់ និងក្រឹត្យក្រម ហើយនិងសេចក្ដីបន្ទាល់របស់ទ្រង់ តាមសេចក្ដីដែលបានកត់ទុកហើយ ក្នុងក្រឹត្យវិន័យរបស់លោកម៉ូសេ ប្រយោជន៍ឲ្យឯងបានប្រព្រឹត្តដោយប្រាជ្ញាក្នុងគ្រប់ទាំងការដែលឯងធ្វើ ហើយនៅកន្លែងណាដែលឯងទៅ
4 ដើម្បីឲ្យព្រះយេហូវ៉ាបានសម្រេចតាមព្រះបន្ទូលដែលទ្រង់បានមានព្រះបន្ទូលនឹងអញថា បើកូនចៅឯងរក្សាផ្លូវរបស់គេ ឲ្យបានដើរនៅចំពោះមុខអញ ដោយស្មោះត្រង់ អស់ពីចិត្ត អស់ពីព្រលឹងគេ នោះនឹងមិនដែលខានមានពូជឯង អង្គុយលើបល្ល័ង្ករាជ្យនៃសាសន៍អ៊ីស្រាអែលឡើយ។
5 មួយទៀត ឯងដឹងការដែលយ៉ូអាប់ជាកូនសេរូយ៉ាបានប្រព្រឹត្តនឹងអញ ជាការដែលវាបានធ្វើដល់មេទ័ពសាសន៍អ៊ីស្រាអែល២នាក់នោះ គឺអ័ប៊ីនើរ ជាកូននើរ ហើយនិងអ័ម៉ាសា ជាកូនយេធើ ដែលវាបានសម្លាប់បង់ ទាំងកម្ចាយឈាមចម្បាំង នៅវេលាសុខសាន្តត្រាណ ក៏បានប្រឡាក់សំពត់ក្រវាត់ដែលនៅចង្កេះខ្លួន និងស្បែកជើងដែលវាពាក់ ដោយឈាមចម្បាំង
6 ដូច្នេះ ចូរឯងប្រព្រឹត្តដោយប្រាជ្ញារបស់ឯង កុំឲ្យសក់ស្កូវរបស់វាចុះទៅដល់ស្ថានឃុំព្រលឹងមនុស្សស្លាប់ ដោយសុខសាន្តឡើយ
7 តែចូរសម្ដែងសេចក្ដីសប្បុរសដល់ពួកកូនបារស៊ីឡាយ ជាពួកស្រុកកាឡាតវិញ ហើយឲ្យគេនៅក្នុងពួកអ្នកដែលបរិភោគនៅតុឯង ដ្បិតគេបានមកទទួលអញ នៅគ្រាដែលអញបានរត់ពីអាប់សាឡំម ជាបងឯងទៅ
8 មួយទៀតមានស៊ីម៉ាយ ជាកូនកេរ៉ា ក្នុងពូជអំបូរបេនយ៉ាមីន ជាអ្នកស្រុកបាហ៊ូរីម នៅជាមួយនឹងឯងដែរ វាបានជេរប្រមាថដល់អញ ដោយពាក្យជេរយ៉ាងធ្ងន់ នៅថ្ងៃដែលអញបានទៅឯស្រុកម៉ាហាណែម ប៉ុន្តែ វាបានចុះមកក្រាបទទួលអញនៅទន្លេយ័រដាន់វិញ ហើយអញបានស្បថនឹងវាដោយនូវព្រះយេហូវ៉ាថា អញមិនសម្លាប់វាដោយដាវទេ
9 ដូច្នេះ កុំទុកឲ្យវានៅជាឥតទោសឡើយ ដ្បិតឯងជាអ្នកប្រាជ្ញ ឯងដឹងជាត្រូវប្រព្រឹត្តយ៉ាងណាដល់វា ត្រូវឲ្យសក់ស្កូវវាចុះទៅដល់ស្ថានឃុំព្រលឹងមនុស្សស្លាប់ដោយឈាម។
10 ស្រេចហើយ ដាវីឌក៏ផ្ទំលក់ទៅ ជាមួយនឹងពួកអយ្យកោទ្រង់ទៅ ហើយគេបញ្ចុះសពទ្រង់នៅក្នុងទីក្រុងដាវីឌ
11 ឯពេលវេលាដែលស្តេចដាវីឌសោយរាជ្យលើសាសន៍អ៊ីស្រាអែល ទាំងអស់បាន៤០ឆ្នាំ គឺសោយរាជ្យនៅក្រុងហេប្រុនបាន៧ឆ្នាំ ហើយនៅក្រុងយេរូសាឡឹមបាន៣៣ឆ្នាំ
12 រួចសាឡូម៉ូនក៏ឡើងគង់លើបល្ល័ង្ករបស់ដាវីឌ ជាព្រះបិតាទ្រង់ ហើយរាជ្យទ្រង់ក៏បានខ្ជាប់ខ្ជួនមាំមួនឡើង។
13 គ្រា១អ័ដូនីយ៉ា ជាបុត្រនាងហាគីត ចូលមកគាល់បាតសេបា ជាមាតាសាឡូម៉ូន ព្រះនាងសួរថា ឯងមកនេះដោយមេត្រីឬអី ទ្រង់ទូលឆ្លើយថា ដោយមេត្រីទេ
14 រួចទ្រង់ទូលទៀតថា ទូលបង្គំមានការចង់ទូលនឹងព្រះនាងបន្តិច ព្រះនាងក៏ប្រាប់ថា ចូរនិយាយមកចុះ
15 នោះទ្រង់ទូលថា ព្រះនាងជ្រាបហើយថា រាជ្យនេះជារបស់ផងទូលបង្គំ ហើយថា សាសន៍អ៊ីស្រាអែលទាំងអស់បានមើលចំទូលបង្គំ ដោយសង្ឃឹមនឹងគ្រងរាជ្យឡើង ប៉ុន្តែ រាជ្យបានត្រឡប់វិលទៅជារបស់ផងប្អូនទូលបង្គំវិញ ដ្បិតគឺព្រះយេហូវ៉ាដែលទ្រង់ប្រទានទៅឲ្យ
16 ឥឡូវនេះ ទូលបង្គំសូមតែសេចក្ដី១ចំពោះព្រះនាងប៉ុណ្ណោះ សូមកុំប្រកែកឡើយ ព្រះនាងឆ្លើយតបថា ចូរពោលឲ្យអស់សេចក្ដីទៅចុះ
17 ដូច្នេះ ទ្រង់ទូលថា ទូលបង្គំសូមព្រះនាងទូលដល់ស្តេចសាឡូម៉ូន ដ្បិតទ្រង់នឹងមិនប្រកែកចំពោះព្រះនាងទេ គឺសូមឲ្យទ្រង់ប្រទាននាងអ័ប៊ីសាក ជាអ្នកស្រុកស៊ូណែមមកឲ្យធ្វើជាប្រពន្ធរបស់ទូលបង្គំ
18 បាតសេបាទទួលថាអើ អញនឹងទូលដល់ស្តេចឲ្យឯង។
19 ដូច្នេះ បាតសេបាក៏ចូលទៅគាល់ស្តេចសាឡូម៉ូន ដើម្បីទូលទ្រង់ឲ្យអ័ដូនីយ៉ា ឯស្តេចទ្រង់ក្រោកឡើងទទួល ក៏ឱនព្រះអង្គគោរព រួចគង់លើបល្ល័ង្កទ្រង់វិញ ហើយបង្គាប់ឲ្យគេយកបល្ល័ង្ក១មកដាក់ថ្វាយមាតាទ្រង់ ព្រះនាងក៏គង់ខាងស្តាំទ្រង់ ទូលថា
20 មាតាចង់សូមការតូច១ពីបុត្រ សូមកុំប្រកែកឡើយ ស្តេចទ្រង់មានព្រះបន្ទូលតបថា សូមព្រះមាតាមានព្រះសវនីយ៍មកចុះ ដ្បិតទូលបង្គំមិនប្រកែកទេ
21 ដូច្នេះ ព្រះនាងទូលថា សូមប្រទាននាងអ័ប៊ីសាក ជាអ្នកស្រុកស៊ូណែម ឲ្យទៅធ្វើជាប្រពន្ធអ័ដូនីយ៉ាជាជេដ្ឋាទៅ
22 ស្តេចសាឡូម៉ូន ទ្រង់ឆ្លើយតបទៅមាតាថា ហេតុអ្វីបានជាព្រះមាតាសូមនាងអ័ប៊ីសាក ជាអ្នកស្រុកស៊ូណែម ឲ្យអ័ដូនីយ៉ាដូច្នេះ ត្រូវសូមទាំងរាជសម្បត្តិឲ្យវាផង ដ្បិតវាជាបងរបស់ទូលបង្គំស្រាប់ គឺសូមឲ្យវា និងអ័បៀថើរដ៏ជាសង្ឃ ហើយនិងយ៉ូអាប់ ជាកូនសេរូយ៉ាដែរ
23 នោះស្តេចសាឡូម៉ូនក៏ស្បថដោយនូវព្រះយេហូវ៉ាថា បើអ័ដូនីយ៉ាមិនត្រូវស្លាប់ ដោយព្រោះពោលពាក្យនេះទេ នោះសូមឲ្យព្រះទ្រង់ប្រព្រឹត្តនឹងទូលបង្គំយ៉ាងនេះ ហើយលើសទៅទៀតផង
24 ដូច្នេះ ទូលបង្គំស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅ ដែលទ្រង់បានតាំងទូលបង្គំឡើងឲ្យអង្គុយលើបល្ល័ង្កនៃដាវីឌ ជាព្រះវរបិតា ហើយបានឲ្យទូលបង្គំមានជំនួរវង្ស ដូចជាទ្រង់បានសន្យាទុក គឺស្បថថា នៅថ្ងៃនេះ អ័ដូនីយ៉ាត្រូវស្លាប់ជាពិត
25 ស្តេចក៏ចាត់បេណាយ៉ា ជាកូនយេហូយ៉ាដា ឲ្យទៅប្រហារជីវិតអ័ដូនីយ៉ា ហើយទ្រង់ក៏សុគតទៅ។
26 ខណៈនោះ ស្តេចក៏មានព្រះបន្ទូលទៅអ័បៀថើរដ៏ជាសង្ឃថា ចូរឯងត្រឡប់ទៅឯស្រែចម្ការរបស់ឯង ដែលនៅស្រុកអាន៉ាថោតវិញទៅ ដ្បិតឯងគួរនឹងស្លាប់ហើយ ប៉ុន្តែ យើងមិនសម្លាប់នៅវេលានេះទេ ព្រោះឯងជាអ្នកសែងហឹបនៃព្រះអម្ចាស់យេហូវ៉ា នៅចំពោះដាវីឌ ជាព្រះវរបិតាយើង ហើយដោយព្រោះឯងបានរងទុក្ខ ក្នុងគ្រប់ទាំងសេចក្ដីលំបាករបស់ព្រះវរបិតាយើងដែរ
27 ដូច្នេះ សាឡូម៉ូនបានបណ្តេញអ័បៀថើរ ចេញពីដំណែងងារជាសង្ឃនៃព្រះយេហូវ៉ាទៅ ដើម្បីឲ្យបានសម្រេចព្រះបន្ទូលនៃព្រះយេហូវ៉ា ដែលទ្រង់បានមានព្រះបន្ទូលពីដំណើរវង្សាអេលីនៅត្រង់ស៊ីឡូរ។
28 ដំណឹងនោះក៏ឮទៅដល់យ៉ូអាប់ ហើយលោកក៏រត់ទៅឯត្រសាលនៃព្រះយេហូវ៉ា ចាប់កាន់ស្នែងអាសនៈ ដ្បិតទោះបើលោកមិនបានទៅតាមអាប់សាឡំមក៏ពិត ប៉ុន្តែ បាននិយមតាមអ័ដូនីយ៉ាដែរ
29 មានគេមកក្រាបទូលស្តេចសាឡូម៉ូនថា យ៉ូអាប់បានរត់ទៅឯត្រសាលនៃព្រះយេហូវ៉ាហើយ ក៏នៅជិតអាសនៈ នោះសាឡូម៉ូនចាត់បេណាយ៉ា ជាកូនយេហូយ៉ាដា ឲ្យទៅដោយព្រះបន្ទូលថា ចូរទៅប្រហារជីវិតវាទៅ
30 បេណាយ៉ាក៏ទៅឯត្រសាលនៃព្រះយេហូវ៉ា ប្រាប់យ៉ូអាប់ថា ស្តេចទ្រង់បង្គាប់ឲ្យចេញមក តែលោកប្រកែកថា ទេ ខ្ញុំនឹងស្លាប់នៅទីនេះវិញ ដូច្នេះ បេណាយ៉ាក៏ទៅក្រាបទូលដល់ស្តេចថា យ៉ូអាប់បានឆ្លើយមកទូលបង្គំយ៉ាងនោះ
31 ស្តេចមានព្រះបន្ទូលតបថា ចូរធ្វើតាមពាក្យវាចុះ ចូរសម្លាប់វា ហើយកប់វាទៅ ដើម្បីនឹងលុបឈាមដែលយ៉ូអាប់បានកម្ចាយ ដោយឥតហេតុចេញពីយើង ហើយពីជំនួរវង្សនៃព្រះវរបិតាយើងទៅ
32 ព្រះយេហូវ៉ាទ្រង់នឹងទម្លាក់ឈាមវា ទៅលើក្បាលខ្លួនវាវិញ ពីព្រោះវាបានប្រហារជីវិតមនុស្ស២នាក់ ដែលសុចរិត ហើយល្អជាងវា ដោយកាប់នឹងដាវ តែដាវីឌជាព្រះវរបិតាយើង ទ្រង់មិនបានជ្រាបសោះ គឺអ័ប៊ីនើរ កូននើរ ជាមេទ័ពពួកអ៊ីស្រាអែល និងអ័ម៉ាសា កូនយេធើ ជាមេទ័ពពួកយូដា
33 ឈាមរបស់គេនឹងធ្លាក់មកលើក្បាលយ៉ូអាប់ ហើយនិងពូជពង្សវាជាដរាបទៅ តែចំណែកឯដាវីឌ និងពូជពង្សទ្រង់ ព្រមទាំងជំនួរវង្សទ្រង់ ហើយរាជ្យរបស់ទ្រង់នោះ នឹងបានសេចក្ដីសុខសាន្តមកអំពីព្រះយេហូវ៉ាជានិច្ចតទៅវិញ
34 ដូច្នេះ បេណាយ៉ាជាកូនយេហូយ៉ាដា ក៏ឡើងទៅប្រហារសម្លាប់យ៉ូអាប់បង់ រួចគេបញ្ចុះក្នុងម៉ុងរបស់លោកនៅទីរហោស្ថាន
35 ស្តេចទ្រង់ក៏តាំងបេណាយ៉ាជាកូនយេហូយ៉ាដា ឲ្យធ្វើជាមេទ័ពជំនួសលោក ហើយតាំងសាដុកដ៏ជាសង្ឃជំនួសអ័បៀថើរដែរ។
36 រួមមក ស្តេចទ្រង់ចាត់គេទៅ ឲ្យហៅស៊ីម៉ាយមកបង្គាប់ថា ចូរឯងសង់ផ្ទះ១នៅក្រុងយេរូសាឡឹមទៅ ហើយអាស្រ័យនៅទីនោះចុះ កុំឲ្យចេញទៅឯណាទៀតឡើយ
37 ដ្បិតនៅថ្ងៃណាដែលឯងចេញទៅ ឆ្លងជ្រោះកេដ្រុន នោះចូរឯងដឹងខ្លួនថា ឯងនឹងត្រូវស្លាប់ជាមិនខាន ឈាមឯងនឹងធ្លាក់លើក្បាលឯងវិញ
38 ស៊ីម៉ាយទូលឆ្លើយថា ព្រះបន្ទូលទ្រង់ល្អណាស់ ទូលបង្គំ ជាបាវបម្រើទ្រង់ នឹងធ្វើដូចជាព្រះករុណា ជាព្រះអម្ចាស់នៃទូលបង្គំ បានមានព្រះបន្ទូល ហើយស៊ីម៉ាយក៏នៅក្នុងក្រុងយេរូសាឡឹមជាយូរ។
39 លុះកន្លងទៅ៣ឆ្នាំហើយ នោះបាវរបស់ស៊ីម៉ាយ២នាក់រត់ទៅឯអ័គីស ជាស្តេចក្រុងកាថ ជាបុត្រនៃម្អាកា រួចមានគេប្រាប់ដល់ស៊ីម៉ាយថា មើល បាវរបស់អ្នកនៅឯក្រុងកាថ
40 ដូច្នេះ ស៊ីម៉ាយក៏ចាត់ចែងចងកែបលា ចេញទៅឯអ័គីសនៅក្រុងកាថ ដើម្បីរកបាវរបស់ខ្លួន ក៏ទៅនាំយកបាវពីក្រុងកាថមកវិញ
41 មានគេក្រាបទូលដល់សាឡូម៉ូនថា ស៊ីម៉ាយបានចេញពីក្រុងយេរូសាឡឹមទៅដល់ក្រុងកាថ ឥឡូវមកវិញហើយ
42 ស្តេចទ្រង់ក៏ចាត់គេឲ្យទៅហៅស៊ីម៉ាយមក មានព្រះបន្ទូលសួរថា តើយើងមិនបានឲ្យឯងស្បថដោយនូវព្រះយេហូវ៉ាទេឬអី តើមិនបានប្រាប់បញ្ជាក់ដល់ឯងឲ្យដឹងជាប្រាកដថា នៅថ្ងៃណាដែលឯងនឹងចេញដំណើរទៅឯស្រុកដទៃណាមួយ នោះឯងនឹងត្រូវស្លាប់ជាមិនខានទេឬអី ហើយឯងបានទទួលព្រមថា ព្រះបន្ទូលនៃទ្រង់ ដែលទូលបង្គំបានឮនេះល្អណាស់ដែរ
43 ដូច្នេះ ហេតុអ្វីបានជាឯងមិនបានកាន់តាមសម្បថនៃព្រះយេហូវ៉ា នឹងសេចក្ដីដែលយើងបានបង្គាប់នោះ
44 ស្តេចក៏មានព្រះបន្ទូលនឹងស៊ីម៉ាយទៀតថា ឯងស្គាល់ការអាក្រក់ទាំងប៉ុន្មាន ដែលលាក់ក្នុងចិត្តឯង គឺជាការដែលឯងបានប្រព្រឹត្តដល់ដាវីឌ ជាព្រះបិតាយើងហើយ ដូច្នេះ ព្រះយេហូវ៉ានឹងទម្លាក់ការអាក្រក់របស់ឯងនោះ មកលើក្បាលឯងវិញ
45 តែស្តេចសាឡូម៉ូននឹងបានពរ ហើយរាជ្យរបស់ដាវីឌនឹងបានតាំងនៅចំពោះព្រះយេហូវ៉ាជាដរាបទៅ
46 នោះស្តេចទ្រង់បង្គាប់ទៅបេណាយ៉ាជាកូនយេហូយ៉ាដា ហើយលោកក៏ចេញទៅប្រហារជីវិតឲ្យវាស្លាប់ទៅ ឯរាជ្យនោះបានតាំងជាមាំមួន ក្នុងអំណាចសាឡូម៉ូនហើយ។
ជំពូក 3
1 ឯសាឡូម៉ូន ទ្រង់ចងញាតិពន្ធនឹងផារ៉ោន ជាស្តេចស្រុកអេស៊ីព្ទ ដោយយកបុត្រីផារ៉ោនធ្វើជាភរិយា ហើយនាំនាងមកក្នុងក្រុងដាវីឌ ទាល់តែទ្រង់បានសង់ដំណាក់របស់ទ្រង់ និងព្រះវិហារនៃព្រះយេហូវ៉ា ព្រមទាំងកំផែងជុំវិញក្រុងយេរូសាឡឹមរួចជាស្រេច
2 នៅគ្រានោះ បណ្តាជនគេថ្វាយយញ្ញបូជា នៅតែលើទីខ្ពស់ទាំងប៉ុន្មាន ពីព្រោះមិនទាន់បានស្អាងព្រះវិហារណា ថ្វាយដល់ព្រះនាមព្រះយេហូវ៉ានៅឡើយ
3 រីឯសាឡូម៉ូន ទ្រង់ស្រឡាញ់ដល់ព្រះយេហូវ៉ា ហើយបានកាន់តាមបញ្ញត្តទាំងប៉ុន្មានរបស់ដាវីឌ ជាព្រះវរបិតាទ្រង់ វៀរតែការដែលថ្វាយយញ្ញបូជា នឹងដុតកំញាន នៅលើអស់ទាំងទីខ្ពស់ប៉ុណ្ណោះ។
4 ស្តេចសាឡូម៉ូន ទ្រង់ក៏យាងទៅឯគីបៀន ដើម្បីថ្វាយយញ្ញបូជានៅទីនោះ ពីព្រោះទីខ្ពស់នោះ ជាទីយ៉ាងប្រសើរវិសេសជាងគេ ទ្រង់បានថ្វាយតង្វាយដុតអស់១ពាន់ នៅលើអាសនៈនៅទីនោះ
5 ហើយនៅត្រង់គីបៀននោះ ព្រះយេហូវ៉ាទ្រង់ក៏លេចមក ឲ្យសាឡូម៉ូនឃើញក្នុងសុបិននិមិត្តនៅវេលាយប់ ដោយព្រះបន្ទូលថា ចូរសូមអ្វីដែលចង់ឲ្យអញប្រទានដល់ឯងចុះ
6 នោះសាឡូម៉ូនទ្រង់ទូលឆ្លើយថា ព្រះអង្គបានសម្ដែងសេចក្ដីសប្បុរសដ៏ធំដល់បាវបម្រើទ្រង់ គឺដាវីឌ ជាព្រះវរបិតានៃទូលបង្គំ តាមដែលលោកបានប្រព្រឹត្តនៅចំពោះទ្រង់ ដោយសេចក្ដីពិត និងសេចក្ដីសុចរិត ហើយដោយមានចិត្តទៀងត្រង់ដល់ទ្រង់ ព្រះអង្គក៏បានបម្រុងទុកសេចក្ដីសប្បុរសដ៏ធំនេះ ឲ្យលោកទៀត គឺបានប្រទានឲ្យលោកមានកូន សម្រាប់អង្គុយលើបល្ល័ង្ករបស់លោក ដូចជាមានសព្វថ្ងៃនេះ
7 ឥឡូវនេះ ឱព្រះយេហូវ៉ាជាព្រះនៃទូលបង្គំអើយ ទ្រង់បានតាំងទូលបង្គំជាបាវបម្រើទ្រង់ឡើង ធ្វើជាស្តេចជំនួសដាវីឌព្រះបិតាទូលបង្គំ តែទូលបង្គំដូចជាក្មេងតូច ឥតដឹងជាត្រូវចេញចូលយ៉ាងណាឡើយ
8 ទូលបង្គំជាបាវបម្រើទ្រង់ នៅកណ្តាលប្រជាជនដែលទ្រង់បានជ្រើសរើសជាសាសន៍១ធំ មានគ្នាច្រើនហួសកំណត់នឹងរាប់បាន
9 ដូច្នេះ សូមទ្រង់ប្រទានឲ្យទូលបង្គំជាបាវបម្រើទ្រង់ មានចិត្តប្រកបដោយប្រាជ្ញា ដើម្បីនឹងគ្រប់គ្រងលើរាស្ត្រទ្រង់ ប្រយោជន៍ឲ្យទូលបង្គំបានពិចារណាដឹងខុសត្រូវ ដ្បិតតើមានអ្នកណាអាចនឹងគ្រប់គ្រងលើរាស្ត្រទ្រង់ ដែលមានគ្នាច្រើនទាំងនេះបាន។
10 ព្រះអម្ចាស់ទ្រង់ក៏សព្វព្រះហឫទ័យចំពោះសេចក្ដីដែលសាឡូម៉ូនបានសូមនោះ
11 ហើយទ្រង់មានព្រះបន្ទូលតបថា ដោយព្រោះឯងបានសូមសេចក្ដីនេះ គឺមិនបានសូមឲ្យបានអាយុវែង ឬឲ្យបានទ្រព្យសម្បត្តិ ឬឲ្យបានយកជីវិតនៃពួកខ្មាំងសត្រូវឯង គឺបានសូមឲ្យមានយោបល់សម្រាប់នឹងយល់សេចក្ដីយុត្តិធម៌វិញ
12 ដូច្នេះ អញបានធ្វើតាមពាក្យឯងហើយ មើល អញបានឲ្យឯងមានចិត្តប្រកបដោយប្រាជ្ញា និងយោបល់ ដល់ម៉្លេះបានជាមុនឯងឥតមានអ្នកណាឲ្យដូចឯងឡើយ ហើយក្រោយឯង ក៏នឹងគ្មានអ្នកណាមួយកើតឡើងឲ្យដូចឯងដែរ
13 អញក៏បានឲ្យសេចក្ដីដែលឯងមិនបានសូមផង គឺទាំងទ្រព្យសម្បត្តិ និងកេរ្តិ៍ឈ្មោះ ដល់ម៉្លេះបានជាក្នុងពួកស្តេចទាំងប៉ុន្មាននឹងគ្មានអ្នកណាមួយដូចឯង ដរាបដល់គ្រប់១ជីវិតឯងឡើយ
14 បើសិនជាឯងប្រព្រឹត្តតាមអស់ទាំងផ្លូវរបស់អញ ដើម្បីនឹងកាន់តាមបញ្ញត្ត និងក្រឹត្យក្រមអញទាំងប៉ុន្មាន ដូចជាដាវីឌជាឪពុកឯងបានប្រព្រឹត្ត នោះអញនឹងចម្រើនអាយុឯងឲ្យបានវែងថែមទៀតដែរ
15 រួចសាឡូម៉ូនក៏តើនឡើង ហើយមើល នោះជាសុបិននិមិត្តទេ ដូច្នេះ ទ្រង់យាងត្រឡប់ទៅឯក្រុងយេរូសាឡឹមវិញ ក៏ឈរនៅចំពោះហឹបនៃសេចក្ដីសញ្ញារបស់ព្រះយេហូវ៉ា ហើយថ្វាយតង្វាយដុត និងតង្វាយមេត្រី រួចក៏ជប់លៀងបណ្តាពួកអ្នករាជការរបស់ទ្រង់គ្រប់គ្នា។
16 ក្រោយតមក មានស្រីសំផឹង២នាក់បានមកឈរនៅចំពោះស្តេច
17 នាង១ទូលថា បពិត្រព្រះអម្ចាស់អើយ ខ្ញុំម្ចាស់ និងស្ត្រីនៅផ្ទះជាមួយគ្នា យើងខ្ញុំទាំង២បានសម្រាលកូននៅផ្ទះនោះ
18 កាលខ្ញុំម្ចាស់សម្រាលកូនមកបាន៣ថ្ងៃ នោះស្ត្រីនេះក៏សម្រាលមកដែរ យើងខ្ញុំទាំង២នៅជាមួយគ្នា ឥតមានអ្នកដទៃណានៅក្នុងផ្ទះនោះឡើយ មានតែយើងខ្ញុំ២នាក់ប៉ុណ្ណោះ
19 ជួនជានៅវេលាយប់១ កូនរបស់នាងនេះបានស្លាប់ទៅ ដោយម្តាយបានដេកសង្កិនលើ
20 ដល់ពាក់កណ្តាលអធ្រាត្រ កាលខ្ញុំម្ចាស់ ជាបាវបម្រើទ្រង់កំពុងតែទទួលទានដំណេកលក់ នោះនាងក្រោកឡើងយកកូនខ្ញុំម្ចាស់ពីខាងខ្ញុំម្ចាស់ទៅបី ហើយដាក់កូនស្លាប់របស់នាងនែបនៅទ្រូងខ្ញុំម្ចាស់វិញ
21 លុះព្រឹកឡើង កាលខ្ញុំម្ចាស់ក្រោកឡើងនឹងបំបៅកូន នោះមើល វាបានស្លាប់ហើយ ប៉ុន្តែ ដល់ភ្លឺឡើង នោះខ្ញុំម្ចាស់បានពិនិត្យមើលទៅ ឃើញថាមិនមែនជាកូនដែលខ្ញុំម្ចាស់បង្កើតទេ
22 ស្ត្រី១ទៀតនោះក៏ឆ្លើយកាត់ទៅថា ទេ មិនមែនដូច្នោះទេ គឺកូនដែលរស់នៅ នោះជាកូនរបស់អញ ហើយកូនដែលស្លាប់ទៅជាកូនរបស់ឯងវិញ តែស្រីនេះប្រកែកថា មិនមែនឡើយ គឺកូនដែលស្លាប់ជាកូនរបស់ឯង ហើយកូនដែលរស់នៅនេះជាកូនរបស់អញវិញ ស្ត្រីទាំង២បានជជែកគ្នាយ៉ាងនោះនៅចំពោះស្តេច។
23 ឯស្តេចទ្រង់មានព្រះបន្ទូលថា នាង១ថា កូនរស់នេះ ជាកូនរបស់អញ ហើយកូនស្លាប់ជាកូនរបស់ឯង ហើយ១ទៀតថា មិនមែនដូច្នោះទេ គឺកូនស្លាប់ជារបស់ឯង ហើយកូនរស់ជារបស់អញវិញ
24 រួចស្តេចទ្រង់បង្គាប់ថា ចូរយកដាវ១មកណេះ នោះគេក៏យកដាវ១មកនៅចំពោះស្តេច
25 ទ្រង់មានព្រះបន្ទូលថា ចូរកាប់កូនដែលនៅរស់នោះជា២ភាគទៅ ចែក១ចំហៀងឲ្យដល់ស្ត្រីនេះ ហើយ១ចំហៀងទៀតដល់ស្ត្រីនោះ
26 ដូច្នេះ ស្ត្រីដែលជាម្តាយនៃកូនដែលរស់ក៏ទូលដល់ស្តេច ដោយមានចិត្តអាណិតអាល័យដល់កូនខ្លួនថា ឱព្រះអម្ចាស់នៃខ្ញុំម្ចាស់អើយ សូមប្រទានកូនរស់ទៅគេចុះ សូមកុំឲ្យតែសម្លាប់ឡើយ តែស្ត្រី១នោះថា កូននេះមិនត្រូវបានជារបស់ឯង ឬរបស់អញឡើយ ត្រូវពុះជា២ទៅ
27 ដូច្នេះ ស្តេចទ្រង់ក៏មានព្រះបន្ទូលឆ្លើយឡើងថា ចូរឲ្យកូនរស់នោះទៅនាងដើមចុះ កុំសម្លាប់វាឡើយ ដ្បិតនាងនោះជាម្តាយពិត
28 ឯសាសន៍អ៊ីស្រាអែលទាំងអស់គ្នា ក៏ឮពីបែបដែលស្តេចវិនិច្ឆ័យរឿងនោះ ហើយគេមានចិត្តកោតខ្លាចដល់ទ្រង់ដោយយល់ឃើញថា ប្រាជ្ញានៃព្រះបានសណ្ឋិតនៅក្នុងទ្រង់សម្រាប់នឹងសម្រេចសេចក្ដីយុត្តិធម៌។
ជំពូក 4
1 រីឯសាឡូម៉ូន ទ្រង់ជាស្តេចលើសាសន៍អ៊ីស្រាអែលទាំងអស់គ្នា
2 ហើយទ្រង់មានពួកអ្នកដែលជាប្រធាន ដូចកត់ទុកនេះ គឺអ័សារា កូនសាដុក លោកជាសម្ដេចសង្ឃ
3 អេលីហូរែប និងអ័ហ៊ីយ៉ា កូនស៊ីសា ជាស្មៀនហ្លួង យេហូសាផាត កូនអ័ហ៊ីលូឌ ជាអ្នកតែងពង្សាវតារ
4 បេណាយ៉ា កូនយេហូយ៉ាដា ជាមេទ័ព សាដុក និងអ័បៀថើរជាសង្ឃ
5 អ័សារា កូនណាថាន់ ជាចាងហ្វាងលើពួកសេនាបតី សាប៊ុត កូនណាថាន់ ជារដ្ឋនាយក ហើយជាមិត្តសំឡាញ់នឹងស្តេច
6 អ័ហ៊ីសា ជាឧកញ៉ាវាំង អ័ដូនីរ៉ាម កូនអាប់ដា ជាមេកំណែន។
7 សាឡូម៉ូនទ្រង់ក៏មាននាយក១២នាក់ ត្រួតលើពួកអ៊ីស្រាអែលទាំងអស់ ជាអ្នកសម្រាប់ផ្គត់ផ្គង់ស្បៀងអាហារថ្វាយស្តេច និងពួកដំណាក់ទ្រង់ ម្នាក់ៗត្រូវផ្គត់ផ្គង់ស្បៀងអាហារអស់១ខែក្នុង១ឆ្នាំ
8 ឯឈ្មោះនៃលោកទាំងនោះដូចមាននៅខាងក្រោមនេះ គឺបេន-ហ៊ើរ នៅស្រុកភ្នំអេប្រាអិម១
9 បេន-ដេកើរ នៅស្រុកម៉ាកាស ស្រុកស្អាលប៊ីម ស្រុកបេត-សេមែស និងស្រុកហេឡូន-បេត-ហាណាន១
10 បេន-ហេសេឌ នៅស្រុកអារូបូត១ (ឯស្រុកសូកូរ និងស្រុកអេភើរទាំងមូល ក៏នៅក្រោមអំណាចលោកដែរ)
11 បេន-អ័ប៊ីណាដាប់ នៅស្រុកដោរទាំងមូល១ (លោកនោះបានយកនាងថាផាត ជាបុត្រីសាឡូម៉ូនធ្វើជាប្រពន្ធ)
12 ប្អាណា ជាកូនអ័ហ៊ីលូឌ១ លោកនោះត្រួតលើស្រុកត្អាណាក ស្រុកមេគីដោ ហើយគ្រប់ស្រុកបេត-សៀន ដែលនៅជិតសារថាន ខាងក្រោមក្រុងយេសរាល ចាប់តាំងពីបេត-សៀន រហូតដល់អេបិល-មហូឡា ខាងនាយយ៉ុកមាម
13 បេន-កេប៊ើរនៅរ៉ាម៉ូត-កាឡាត១ (លោកនោះត្រួតលើអស់ទាំងភូមិរបស់យ៉ាអ៊ារជាកូនម៉ាន៉ាសេ ដែលនៅស្រុកកាឡាត ហើយលើស្រុកនៅជុំវិញអើកុប ដែលនៅស្រុកបាសាន ទាំងអស់មានទីក្រុងយ៉ាងធំ៦០ ដែលមានកំផែង ហើយនិងរនុកលង្ហិន)
14 អ័ហ៊ីណាដាប់ ជាកូនអ៊ីដោ នៅស្រុកម៉ាហាណែម១
15 អ័ហ៊ីម៉ាស នៅខែត្រណែបថាលី១ (លោកនោះបានយកនាងបាសម៉ាត ជាបុត្រីសាឡូម៉ូន ធ្វើជាប្រពន្ធ)
16 ប្អាណា ជាកូនហ៊ូសាយ នៅខែត្រអេស៊ើរ និងស្រុកអាឡូត១
17 យេហូសាផាត ជាកូនផារូអា នៅខែត្រអ៊ីសាខារ១
18 ស៊ីម៉ាយ ជាកូនអេឡា នៅខែត្របេនយ៉ាមីន១
19 កេប៊ើរ ជាកូនអ៊ូរី១ ដែលនៅស្រុកកាឡាតជាស្រុករបស់ស៊ីហុន ស្តេចសាសន៍អាម៉ូរី និងស្រុករបស់អុក ជាស្តេចបាសាន លោកនោះជានាយកតែ១នៅក្នុងស្រុកនោះ។
20 ឯពួកយូដា និងពួកអ៊ីស្រាអែល គេមានគ្នាសន្ធឹកដូចជាខ្សាច់ដែលនៅមាត់សមុទ្រ ក៏តែងតែបរិភោគ ហើយលេងសប្បាយ
21 ចំណែកសាឡូម៉ូនទ្រង់សោយរាជ្យលើអស់ទាំងនគរ ចាប់តាំងពីទន្លេអ៊ើប្រាត រហូតដល់ស្រុកភីលីស្ទីន ហើយទៅដល់ព្រំស្រុកអេស៊ីព្ទទៀត នគរទាំងនោះ ក៏នាំយកសួយសារអាករមកថ្វាយសាឡូម៉ូន ព្រមទាំងគោរពដល់ទ្រង់ រហូតដល់អស់ព្រះជន្ម
22 ឯស្បៀងអាហារដែលចាត់ចែងសម្រាប់ព្រះរាជវាំងក្នុង១ថ្ងៃ នោះគឺជាម្សៅយ៉ាងម៉ដ្ត៣០រង្វាល់ ម្សៅធម្មតា៦០រង្វាល់
23 គោយ៉ាងធាត់១០ គោដែលរកស៊ីនៅវាល២០ ចៀម១០០ ព្រមទាំងប្រើស ឈ្លូស ក្តាន់ និងសត្វស្លាបធាត់ៗផង
24 ដ្បិតទ្រង់មានអំណាចលើគ្រប់ទាំងអស់ នៅខាងអាយទន្លេ ចាប់តាំងពីក្រុងធីពសា រហូតដល់ក្រុងកាសា ហើយលើអស់ទាំងស្តេចនៅខាងអាយទន្លេដែរ ក៏មានសេចក្ដីសុខនៅគ្រប់ទិសជុំវិញ
25 ពួកយូដា និងពួកអ៊ីស្រាអែល គេនៅដោយសុខសាន្តត្រាណគ្រប់គ្នា នៅក្រោមទ្រើងទំពាំងបាយជូរ ហើយក្រោមដើមល្វារបស់ខ្លួន ចាប់តាំងពីក្រុងដាន់ រហូតដល់បៀរ-សេបា ដរាបដល់អស់ព្រះជន្មនៃសាឡូម៉ូន
26 ទ្រង់ក៏មានរោងសម្រាប់សេះ៤ម៉ឺន ដែលទឹមរទេះចម្បាំង ហើយមានពលសេះ១ម៉ឺន២ពាន់នាក់
27 ឯពួកនាយកទាំងនោះ គេផ្គត់ផ្គង់ស្បៀងអាហារ សម្រាប់ស្តេចសាឡូម៉ូន និងអស់ពួកអ្នកដែលចូលមកបរិភោគនៅតុរបស់ទ្រង់ គ្រប់គ្នាបានផ្គត់ផ្គង់តាមកំណត់ខែរបស់ខ្លួនឥតមានខ្វះអ្វីឡើយ
28 បណ្តាមនុស្សទាំងប៉ុន្មាន ក៏ដឹកស្រូវឱក និងចំបើងសម្រាប់សេះ និងសត្វជំនិះផ្សេងៗ មកដល់កន្លែងដែលពួកនាយកទាំងនោះតាំងនៅ តាមដែលលោកបង្គាប់រៀងខ្លួន។
29 ព្រះទ្រង់បានប្រទានឲ្យសាឡូម៉ូនមានប្រាជ្ញា និងយោបល់ច្រើនក្រៃលែង ព្រមទាំងព្រះហឫទ័យធំទូលាយដូចជាបណ្តាខ្សាច់ដែលនៅមាត់សមុទ្រ
30 ប្រាជ្ញារបស់សាឡូម៉ូនក៏លើសហួសជាងប្រាជ្ញារបស់អស់ទាំងពួកស្រុកខាងកើត ហើយនិងអស់ទាំងប្រាជ្ញារបស់ស្រុកអេស៊ីព្ទផង
31 ដ្បិតទ្រង់មានប្រាជ្ញាលើសជាងមនុស្សទាំងអស់ គឺលើសជាងអេថាន ជាពូជសេរ៉ាគីត ហើយលើសជាងហេម៉ាន កាល់កូល និងដារដា ជាកូនទាំង៣របស់ម៉ាហូលទៅទៀត កិត្តិនាមរបស់ទ្រង់ក៏ឮសុសសាយទួទៅក្នុងគ្រប់ទាំងនគរនៅជុំវិញ
32 ទ្រង់បាននិពន្ធពាក្យសុភាសិត៣ពាន់ខ ហើយក៏លើកទំនុកចម្រៀង១ពាន់៥បទ
33 ទ្រង់មានព្រះបន្ទូលពីដើមឈើទាំងពួង ចាប់តាំងពីដើមតាត្រៅដែលនៅលើភ្នំល្បាណូន រហូតដល់ដើមហ៊ីសុបដែលដុះលើកំផែង ក៏មានព្រះបន្ទូលពីសត្វផ្សេងៗ សត្វស្លាប សត្វលូនវារ ហើយនិងត្រីផង
34 មានមនុស្សមូលមកពីគ្រប់ទាំងសាសន៍ ដើម្បីស្តាប់ប្រាជ្ញារបស់សាឡូម៉ូន គឺមកពីអស់ទាំងស្តេចនៅផែនដី ជាកន្លែងដែលគេបានឮថ្លែងប្រាប់ពីប្រាជ្ញាទ្រង់។
ជំពូក 5
1 រីឯហ៊ីរ៉ាម ជាស្តេចស្រុកទីរ៉ុស ទ្រង់ចាប់ពួកមហាតលិកឲ្យមកគាល់សាឡូម៉ូន ដោយឮថា គេបានចាក់ប្រេងតាំងសាឡូម៉ូនឡើង ជាស្ដេចជំនួសបិតាទ្រង់ ពីព្រោះហ៊ីរ៉ាមទ្រង់បានស្រឡាញ់ដាវីឌ តាំងតែពីដើមមក
2 ចំណែកសាឡូម៉ូន ទ្រង់ចាត់គេឲ្យទៅឯហ៊ីរ៉ាមទូលថា
3 ទ្រង់ជ្រាបហើយថា ដាវីឌ ជាបិតានៃទូលបង្គំ រកស្អាងព្រះវិហារ ថ្វាយព្រះនាមព្រះយេហូវ៉ា ជាព្រះនៃលោកមិនបាន ដោយព្រោះចេះតែមានចម្បាំងនៅគ្រប់ទិសជុំវិញ ដរាបដល់ព្រះយេហូវ៉ាបានបង្ក្រាបគេនៅក្រោមបាទាលោក
4 តែឥឡូវនេះ ព្រះយេហូវ៉ាជាព្រះនៃទូលបង្គំ ទ្រង់បានប្រោសប្រទាន ឲ្យទូលបង្គំបានឈប់សម្រាក នៅគ្រប់ទិសឥតមានសត្រូវ ឬហេតុអាក្រក់ណាកើតឡើងឡើយ
5 ដូច្នេះ មើល ទូលបង្គំបានគិតសម្រេចនឹងស្អាងព្រះវិហារ១ថ្វាយព្រះនាមព្រះយេហូវ៉ាជាព្រះនៃទូលបង្គំ តាមដែលព្រះយេហូវ៉ាបានមានព្រះបន្ទូលនឹងដាវីឌ ជាបិតាទូលបង្គំថា កូនឯងដែលអញនឹងតាំងឲ្យសោយរាជ្យជំនួសឯង នោះនឹងស្អាងវិហារ១សម្រាប់ឈ្មោះអញ
6 ហេតុនេះ សូមព្រះរាជាបង្គាប់ឲ្យគេកាប់ដើមតាត្រៅនៅលើភ្នំល្បាណូនឲ្យទូលបង្គំ ឯពួកបាវទូលបង្គំគេនឹងធ្វើការជាមួយនឹងពួកបាវរបស់ទ្រង់ ហើយទូលបង្គំនឹងចេញឈ្នួលថ្វាយទ្រង់សម្រាប់ពួកបាវទ្រង់ តាមតែទ្រង់មានព្រះបន្ទូល ដ្បិតទ្រង់ជ្រាបហើយថា នៅក្នុងពួកសាសន៍នៃទូលបង្គំ គ្មានអ្នកណាចេះកាប់ឈើដូចជាពួកស៊ីដូនទេ។
7 កាលហ៊ីរ៉ាមបានឮព្រះបន្ទូលរបស់សាឡូម៉ូន នោះទ្រង់មានសេចក្ដីអំណរជាខ្លាំង ក៏មានព្រះបន្ទូលថា នៅថ្ងៃនេះ សូមក្រាបថ្វាយបង្គំដល់ព្រះយេហូវ៉ាដែលទ្រង់បានប្រទានឲ្យដាវីឌមានបុត្រ១ ដែលមានប្រាជ្ញាឲ្យត្រួតលើសាសន៍ដ៏ធំម៉្លេះនេះ
8 ហ៊ីរ៉ាមក៏ចាត់គេឲ្យទៅទូលសាឡូម៉ូនថា ទូលបង្គំបានឮសេចក្ដីដែលទ្រង់ផ្ញើទៅទូលបង្គំហើយ ទូលបង្គំទទួលធ្វើឈើតាត្រៅ និងឈើកកោះ តាមបំណងព្រះទ័យទ្រង់គ្រប់Chapter
9 ពួកបាវរបស់ទូលបង្គំនឹងយកដុលឈើចុះពីភ្នំល្បាណូនដល់សមុទ្រ ចងជាក្បូនបណ្តែតទៅតាមសមុទ្រ រហូតដល់កន្លែងណាដែលទ្រង់កំណត់ទុក រួចទូលបង្គំនឹងឲ្យគេស្រាយថ្វាយដល់ទ្រង់នៅទីនោះ បើទ្រង់ចង់ធ្វើសម្រេចតាមបំណងចិត្តទូលបង្គំវិញ នោះត្រូវឲ្យផ្គត់ផ្គង់ស្បៀងអាហារសម្រាប់ពួកនៅដំណាក់ទូលបង្គំផង
10 ដូច្នេះ ហ៊ីរ៉ាមក៏ថ្វាយឈើតាត្រៅ និងឈើកកោះដល់សាឡូម៉ូន តាមបំណងព្រះទ័យទ្រង់គ្រប់Chapter
11 ហើយសាឡូម៉ូនក៏ថ្វាយស្រូវភោជ្ជសាលី២ម៉ឺនរង្វាល់ ដល់ហ៊ីរ៉ាម ទុកជាស្បៀងអាហារនៃពួកដំណាក់ទ្រង់ និងប្រេងសំរាំង២០រង្វាល់ គឺយ៉ាងនោះដែលសាឡូម៉ូនបញ្ជូនទៅហ៊ីរ៉ាមរាល់ៗតែឆ្នាំ
12 ព្រះយេហូវ៉ាទ្រង់ក៏ប្រទានឲ្យសាឡូម៉ូនមានប្រាជ្ញា ដូចជាទ្រង់បានសន្យា ហើយហ៊ីរ៉ាម និងសាឡូម៉ូនក៏មានមេត្រីនឹងគ្នា ព្រមទាំងចុះសញ្ញានឹងគ្នាទៅវិញទៅមកផង។
13 ស្តេចសាឡូម៉ូនទ្រង់ក៏កេណ្ឌមនុស្សពីគ្រប់ក្នុងពួកអ៊ីស្រាអែល បានចំនួន៣ម៉ឺននាក់
14 រួចទ្រង់ចាត់គេឲ្យទៅឯភ្នំល្បាណូន ដោយវេនក្នុង១ខែ ១ម៉ឺននាក់ គឺគេនៅឯភ្នំល្បាណូន១ខែ ហើយនៅឯផ្ទះ២ខែ មានអ័ដូនីរ៉ាមជាអ្នកត្រួតលើពួកមនុស្ស ដែលត្រូវកេណ្ឌមកធ្វើការនោះ
15 ទ្រង់ក៏មានមនុស្ស៧ម៉ឺននាក់ សម្រាប់លីសែង ហើយ៨ម៉ឺននាក់ សម្រាប់ដាប់ថ្មនៅឯភ្នំ
16 ហើយក្រៅពីពួកនោះ មានពួកនាយរបស់សាឡូម៉ូន សម្រាប់ត្រួតត្រាការចំនួន៣ពាន់៣រយនាក់ទៀត គឺជាពួកអ្នកបង្គាប់ការដែលបណ្តាពួកជាងធ្វើនោះ
17 ស្តេចទ្រង់ក៏ចេញបង្គាប់ ហើយគេដាប់យកថ្មយ៉ាងធំៗមក ជាថ្មមានតម្លៃ សម្រាប់ដាក់ធ្វើជាឫសជញ្ជាំងនៃព្រះវិហារ
18 ឯពួកជាងរបស់សាឡូម៉ូន និងពួកជាងរបស់ហ៊ីរ៉ាម ហើយពួកជាងដាប់ក្រឡាថ្មនោះ គេក៏ត្រៀមឈើ និងថ្ម ទុកសម្រាប់ស្អាងព្រះវិហារ។
ជំពូក 6
1 គ្រាក្រោយដែលពួកកូនចៅអ៊ីស្រាអែល បានចេញពីក្រុងអេស៊ីព្ទមក បាន៤៨០ឆ្នាំហើយ គឺនៅឆ្នាំទី៤ដែលសាឡូម៉ូនសោយរាជ្យលើសាសន៍អ៊ីស្រាអែល ក្នុងខែពិសាខ ជាខែទី២ នោះសាឡូម៉ូនបានចាប់តាំងស្អាងព្រះវិហារនៃព្រះយេហូវ៉ា
2 ឯព្រះវិហារដែលស្តេចសាឡូម៉ូនបានស្អាងថ្វាយព្រះយេហូវ៉ា នោះមានបណ្តោយ៦០ហត្ថ ទទឹង២០ហត្ថ ហើយកំពស់៣០ហត្ថ
3 មានបាំងសាចខាងមុខទីបរិសុទ្ធរបស់ព្រះវិហារ បណ្តោយ២០ហត្ថឲ្យត្រូវទទឹងព្រះវិហារ ហើយទទឹង១០ហត្ថ ចេញពីមុខព្រះវិហារទៅ
4 ទ្រង់ក៏ធ្វើឲ្យមានបង្អួចក្នុងព្រះវិហារ មានចំរ៉ឹងខ្ទាស់គ្នា
5 ឯជាប់នឹងជញ្ជាំងព្រះវិហារ និងទីបរិសុទ្ធបំផុត នោះក៏ធ្វើបន្ទប់យ៉ភ្ជាប់នឹងជញ្ជាំងជាខណ្ឌៗនៅជុំវិញ
6 ឯថ្នាក់ក្រោម នោះទទឹង៥ហត្ថ ថ្នាក់កណ្តាល ទទឹង៦ហត្ថ ហើយថ្នាក់ទី៣ ទទឹង៧ហត្ថ ពីព្រោះខាងក្រៅជញ្ជាំងនៃព្រះវិហារ ទ្រង់ធ្វើឲ្យរៀវទៅជាថ្នាក់ៗនៅជុំវិញ ដើម្បីកុំឲ្យរតចូលទៅក្នុងជញ្ជាំងនោះ
7 មួយទៀតកាលដែលគេស្អាងព្រះវិហារ នោះគេប្រើតែថ្មដាប់ស្រាប់មុនដែលដឹកមក គ្មានឮសូរញញួរ ឬពូថៅ ឬគ្រឿងដែកណាមួយ នៅក្នុងព្រះវិហារកំពុងដែលគេស្អាងឡើងនោះឡើយ
8 ឯទ្វារនៃបន្ទប់ខាងៗថ្នាក់កណ្តាល នោះនៅខាងស្តាំព្រះវិហារ គេឡើងទៅដល់ថ្នាក់កណ្តាលនោះ ហើយពីថ្នាក់កណ្តាលទៅឯថ្នាក់ទី៣ដោយសារជណ្តើរវង់
9 ដូច្នេះ ទ្រង់បានស្អាងព្រះវិហារនោះហើយជាស្រេច រួចទ្រង់ធ្វើគ្រោងដំបូល ហើយប្រក់ដោយឈើតាត្រៅ
10 ក៏ធ្វើបន្ទប់ខាងក្រៅដែលភ្ជាប់នឹងព្រះវិហារជុំវិញ មានកំពស់៥ហត្ថរាល់តែថ្នាក់ បន្ទប់ទាំងនោះមានធ្នឹមឈើតាត្រៅថ្កល់លើជញ្ជាំងព្រះវិហារ។
11 គ្រានោះ ព្រះបន្ទូលនៃព្រះយេហូវ៉ា ក៏មកដល់សាឡូម៉ូនថា
12 ឯព្រះវិហារដែលឯងកំពុងតែស្អាងនេះ បើឯងនឹងប្រព្រឹត្តតាមបញ្ញត្តរបស់អញ ហើយសម្រេចតាមសេចក្ដីយុត្តិធម៌ ព្រមទាំងរក្សាសេចក្ដីបង្គាប់របស់អញទាំងប៉ុន្មាន ដើម្បីនឹងប្រព្រឹត្តតាម នោះអញនឹងសម្រេចដល់ឯង តាមពាក្យដែលអញបានសន្យានឹងដាវីឌជាឪពុកឯង
13 ហើយអញនឹងស្ថិតនៅកណ្តាលពួកកូនចៅអ៊ីស្រាអែល ឥតបោះបង់ចោលរាស្ត្ររបស់អញឡើយ។
14 ដូច្នេះ សាឡូម៉ូន ទ្រង់បានស្អាងព្រះវិហារនោះរួចជាស្រេច
15 គឺទ្រង់ធ្វើជញ្ជាំងខាងក្នុងពីឈើតាត្រៅ ចាប់តាំងពីដីរហូតដល់ពិតាន ខាងក្នុងទាំងអស់សុទ្ធតែស្រោបដោយឈើ ក៏ក្រាលព្រះវិហារដោយក្តារកកោះដែរ
16 ឯទីខាងចុងនៃព្រះវិហារ មានបណ្តោយ២០ហត្ថ នោះទ្រង់ក៏ស្រោបដោយឈើតាត្រៅដូចគ្នា ចាប់តាំងពីដីរហូតដល់ពិដាន ហើយខណ្ឌទុកជាទីបរិសុទ្ធបំផុត សម្រាប់ជាទីទទួលព្រះបន្ទូល
17 ផ្នែកខាងមុខនៃព្រះវិហារ នោះមានបណ្តោយ៤០ហត្ថ
18 ហើយឈើតាត្រៅដែលស្រោបខាងក្នុងព្រះវិហារ នោះក៏ឆ្លាក់ជាផ្កាក្រពុំ និងផ្ការីក គ្រប់ទាំងអស់បានបិទដោយឈើតាត្រៅ ឥតឃើញថ្មឡើយ
19 ទ្រង់ក៏រៀបចំទីបរិសុទ្ធបំផុតក្នុងព្រះវិហារ សម្រាប់ដាក់ហឹបនៃសេចក្ដីសញ្ញាផងព្រះយេហូវ៉ា
20 ឯខាងក្នុងទីបរិសុទ្ធបំផុត នោះមានបណ្តោយ២០ហត្ថ និងទទឹង២០ហត្ថ ហើយកំពស់២០ហត្ថដែរ ទ្រង់ស្រោបទីនោះដោយមាសសុទ្ធ ហើយអាសនៈដែលធ្វើពីឈើតាត្រៅក៏ស្រោបដូច្នោះដែរ
21 ដូច្នេះ សាឡូម៉ូនបានស្រោបប៉ែកខាងក្នុងនៃព្រះវិហារដោយមាសសុទ្ធ ហើយទ្រង់សន្ធឹងច្រវាក់មាស ខាំងពីមុខទីបរិសុទ្ធបំផុត ដែលបានស្រោបមាសដែរ
22 ដូច្នេះ ព្រះវិហារទាំងមូលសុទ្ធតែស្រោបដោយមាស ទាល់តែបានរួចជាស្រេចទាំងអស់ ទោះទាំងអាសនៈទាំងមូលរបស់ផងទីបរិសុទ្ធបំផុត ក៏ស្រោបដោយមាសដែរ។
23 នៅខាងក្នុងទីបរិសុទ្ធបំផុត នោះទ្រង់បានធ្វើរូបចេរូប៊ីន២ ដោយឈើអូលីវ មានកំពស់១០ហត្ថទាំងគូ
24 ស្លាបម្ខាងៗរបស់ចេរូប៊ីន១ មានប្រវែង៥ហត្ថ គឺពីចុងស្លាបម្ខាងទៅដល់ចុងស្លាបម្ខាង ត្រូវជា១០ហត្ថ
25 ឯចេរូប៊ីន១ទៀតនោះ ក៏មាន១០ហត្ថដែរ ចេរូប៊ីនទាំង២មានរាងមានទំហំប៉ុនគ្នា
26 ចេរូប៊ីន១មានកំពស់១០ហត្ថ ហើយ១ទៀតក៏យ៉ាងនោះដែរ
27 ទ្រង់ដាក់ចេរូប៊ីនទាំង២នៅកណ្តាលប៉ែកខាងក្នុងនៃព្រះវិហារ ឯស្លាបនៃចេរូប៊ីនទាំង២ក៏ត្រដាងទៅ ទាល់តែចុងស្លាបចេរូប៊ីន១ ទល់នឹងជញ្ជាំងម្ខាង និងចុងស្លាបចេរូប៊ីន១ទៀតក៏ទល់ជញ្ជាំងម្ខាងដូចគ្នា ហើយចុងស្លាបចេរូប៊ីនទាំង២នៅប្រទល់គ្នាត្រង់កណ្តាលព្រះវិហារ
28 ទ្រង់ក៏ស្រោបចេរូប៊ីនទាំង២ដោយមាសដែរ។
29 ទ្រង់ឆ្លាក់ជារូបចេរូប៊ីន ជាដើមលម៉ើ ហើយជាផ្ការីកនៅនាជញ្ជាំងព្រះវិហារជុំវិញ ទាំងខាងក្នុងខាងក្រៅ
30 ហើយក្តារក្រាលព្រះវិហារ ទាំងខាងក្នុងខាងក្រៅ ទ្រង់ក៏ស្រោបដោយមាសដែរ
31 ត្រង់កន្លែងចូលទៅក្នុងទីបរិសុទ្ធបំផុត នោះទ្រង់ធ្វើទ្វារពីឈើអូលីវ ឯក្របទ្វារនោះមានកំពស់១ភាគក្នុង៥នៃជញ្ជាំង
32 ទ្វារទាំង២នោះធ្វើពីឈើអូលីវ ហើយទ្រង់ក៏ឆ្លាក់ជារូបចេរូប៊ីន ជាដើមលម៉ើ ហើយនិងផ្ការីកដែរ រួចស្រោបដោយមាសទាំងអស់ គឺស្រោបមាសទាំងចេរូប៊ីន និងដើមលម៉ើផង
33 នៅត្រង់ផ្លូវចូលទៅក្នុងព្រះវិហារ នោះទ្រង់ធ្វើក្របទ្វារពីឈើអូលីវបែបដូច្នោះដែរ ឯក្របទ្វារនោះមានកំពស់១ភាគក្នុង៥នៃជញ្ជាំង
34 ហើយផ្ទាំងទ្វារទាំង២ នោះធ្វើពីឈើកកោះ ឲ្យបត់បានគ្រប់សន្ធឹកទាំងសងខាង
35 ទ្រង់ក៏ឆ្លាក់ជារូបចេរូប៊ីន ជាដើមលម៉ើ និងផ្ការីក ហើយស្រោបមាសទ្វារទាំងនោះ ព្រមទាំងចំឡាក់ផង
36 ទ្រង់ធ្វើទីលានខាងក្នុងដោយថ្មដាប់៣ជាន់ និងឈើតាត្រៅ១ជាន់។
37 នៅឆ្នាំទី៤ ខែពិសាខ នោះគេបានដាក់ចុះជើងជញ្ជាំងព្រះវិហារនៃព្រះយេហូវ៉ា
38 រួចដល់ឆ្នាំ១១ ខែកត្តិក គឺជាខែទី៨ គេបានស្អាងព្រះវិហាររួចជាស្រេចសព្វគ្រប់ តាមផែនទីគ្រប់Chapter ដូច្នេះ ទ្រង់ស្អាងព្រះវិហារនោះអស់៧ឆ្នាំទើបបានហើយ។
ជំពូក 7
1 សាឡូម៉ូនទ្រង់ក៏សង់ដំណាក់របស់ទ្រង់ ក្នុងរវាងអស់១៣ឆ្នាំ ទើបបានស្រេចទាំងអស់
2 ទ្រង់បានសង់មន្ទីរនៃព្រៃល្បាណូន មានបណ្តោយ១០០ហត្ថ ទទឹង៥០ហត្ថ និងកំពស់៣០ហត្ថ មានសសរតាត្រៅ៤ជួរ ដាក់ធ្នឹមតាត្រៅនៅលើសសរទាំងនោះ
3 ក៏ប្រក់ដោយឈើតាត្រៅ នៅលើធ្នឹមទាំង៤៥ ដែលដាក់លើសសរទាំងនោះ ឯធ្នឹមទាំងនោះ ក្នុង១ជួរមាន១៥
4 ឯបង្អួចមាន៣ជាន់ នៅប្រទល់គ្នាទាំងសងខាងគ្រប់ទាំង៣ជាន់
5 អស់ទាំងទ្វារ និងក្រប ក៏ធ្វើពីឈើ៤ជ្រុង ព្រមទាំងបង្អួច៣ជាន់ ប្រទល់គ្នានោះដែរ
6 ទ្រង់ក៏ធ្វើបាំងសាចដោយមានសសរ បាំងសាចនោះមានបណ្តោយ៥០ហត្ថ និងទទឹង៣០ហត្ថ ក៏មានរានហាលពីមុខនោះ ដែលមានសសរ និងធ្នឹមពីលើនៅជុំវិញ
7 ទ្រង់ក៏ធ្វើមន្ទីរបាំងសាចសម្រាប់បល្ល័ង្ក ជាកន្លែងដែលទ្រង់ស្តីការ គឺជាព្រះទីនាំងវិនិច្ឆ័យ ហើយក៏បិទដោយក្តារតាត្រៅ ចាប់តាំងពីក្រោមរហូតដល់ពិដាន
8 ឯដំណាក់ដែលទ្រង់គង់នៅ នោះបានធ្វើបែបដូចគ្នា ហើយមានទីធ្លា១ទៀត ក៏នៅខាងអាយមន្ទីរមុននោះ រួចមកទ្រង់ធ្វើដំណាក់១ បែបដូចជាមន្ទីរមុននោះ សម្រាប់បុត្រីផារ៉ោន ដែលទ្រង់បានយកជាភរិយា។
9 ឯរបស់ទាំងអស់នេះបានធ្វើដោយថ្មមានតម្លៃ ជាថ្មដាប់តាមទំហំ ហើយអារដំរឹមដោយរណារ ទាំងក្នុងទាំងក្រៅ ចាប់តាំងពីឫសជញ្ជាំងទៅដល់សំយ៉ាប ហើយខាងក្រៅ រហូតដល់ទីធ្លាធំដែរ
10 ឯឫសជញ្ជាំង នោះសុទ្ធតែធ្វើពីថ្ម មានតម្លៃទាំងអស់ គឺថ្មយ៉ាងធំៗ ខ្លះ១០ហត្ថ ខ្លះ៨ហត្ថ
11 ហើយពីនោះទៅលើក៏មានថ្ម ដែលមានតម្លៃ ដាប់តាមទំហំ និងឈើតាត្រៅផង
12 ឯទីធ្លាធំ នោះមានថ្មដាប់៣ជាន់ និងឈើតាត្រៅ១ជាន់នៅជុំវិញ ដូចជាទីលានខាងក្នុងនៃព្រះវិហារព្រះយេហូវ៉ាហើយដូចជាបាំងសាចនៃព្រះវិហារដែរ។
13 ស្តេចសាឡូម៉ូន ទ្រង់ចាត់គេឲ្យទៅរកហ៊ីរ៉ាមនៅក្រុងទីរ៉ុសនាំមក
14 អ្នកនោះជាកូនរបស់ស្រីមេម៉ាយម្នាក់ក្នុងពូជអំបូរណែបថាលី តែឪពុកជាជាងលង្ហិន នៅស្រុកទីរ៉ុស អ្នកនោះជាអ្នកមានប្រាជ្ញាវាងវៃ ហើយមានថ្វីដៃចេះធ្វើគ្រប់ទាំងរបស់លង្ហិន គាត់ក៏មកឯស្តេចសាឡូម៉ូន ដើម្បីនឹងធ្វើការទាំងអស់នេះថ្វាយទ្រង់
15 គាត់សិតធ្វើសសរ២ដោយលង្ហិន ទាំង២មានកំពស់១៨ហត្ថដូចគ្នា ហើយបើវាស់ជុំវិញ នោះត្រូវជា១២ហត្ថក្នុងសសរមួយៗ
16 គាត់សិតធ្វើក្បាច់លង្ហិន២ដុំ ដាក់លើក្បាលសសរទាំង២ មួយៗមានកំពស់៥ហត្ថដូចគ្នា
17 មានក្បាច់តារាង ដូចជាក្រឡាអួន ហើយមានវង់កំរងច្រវាក់៧នៅក្បាលសសរមួយៗ ក្នុងទាំង២នោះ
18 គឺយ៉ាងនោះដែលគាត់ធ្វើសសរទាំង២ ហើយមានផ្លែទទឹម២ជួរព័ទ្ធជុំវិញ ជាប់នឹងក្បាច់ក្រឡាអួន នោះសម្រាប់នឹងបាំងទីភ្ជាប់ក្បាលសសរដូចគ្នាទាំង២
19 ឯក្បាលសសរនៃបាំងសាចមានកំពស់៤ហត្ថ ក៏មានក្បាច់ជាផ្កាច័ន្ធូ
20 មានក្បាលនៅលើសសរទាំង២នោះដែរ ជាប់ពីគែមត្រង់ក្បាច់ក្រឡាអួន ហើយមានផ្លែទទឹម២០០ រៀបជា២ជួរនៅព័ទ្ធជុំវិញសសរទាំង២នោះដូចគ្នា
21 គាត់ក៏លើកសសរទាំង២នោះបញ្ឈរឡើង នៅត្រង់បាំងសាចនៃព្រះវិហារ កាលគាត់បានលើកសសរខាងស្តាំឡើង នោះក៏ឲ្យឈ្មោះថា យ៉ាគិន រួចកាលគាត់លើកសសរខាងឆ្វេងឡើង នោះក៏ឲ្យឈ្មោះថា បូអូស
22 នៅខាងលើសសរមានក្បាច់ផ្កាច័ន្ធូ ដូច្នេះ ការធ្វើសសរនោះបានរួចជាស្រេច។
23 គាត់ក៏សិតធ្វើជាសមុទ្រ មានរាងមូលទំហំ១០ហត្ថ គឺពីមាត់ម្ខាងទៅដល់ម្ខាង ហើយកំពស់៥ហត្ថ បើយកខ្សែវាស់ជុំវិញ នោះត្រូវជា៣០ហត្ថ
24 នៅក្រោមគែមជុំវិញ មានក្បាច់ផ្កាក្រពុំ១០ក្នុង១ហត្ថ នៅព័ទ្ធជុំវិញ ផ្កាក្រពុំទាំងនោះបានសិតជា២ជួរ ក្នុងកាលដែលគេសិតសមុទ្រនោះតែម្តង
25 ក៏ដាក់លើរូបគោ១២ ដែលមាន៣បែរទៅខាងជើង ៣បែរទៅខាងលិច ៣បែរទៅខាងត្បូង ហើយ៣បែរទៅខាងកើត សមុទ្រនោះបានដាក់តម្កល់លើខ្នងគោ ហើយគូថរបស់គោទាំងនោះ បែរទៅខាងក្នុងទាំងអស់
26 តួសមុទ្រនោះមានកំរាស់១ទះ មានគែមដូចជាមាត់ពែង ហើយរាងដូចផ្កាច័ន្ធូ ក៏មានចំណុះបានទឹក២ពាន់អម្រែក។
27 គាត់ក៏ធ្វើគ្រោងលង្ហិន១០ បណ្តោយ៤ហត្ថ ទទឹង៤ហត្ថ ហើយកំពស់៣ហត្ថ
28 គ្រោងទាំងនោះបានធ្វើយ៉ាងដូច្នេះ គឺមានបន្ទះ ដែលមានក្របជុំវិញ ហើយមានក្របខណ្ឌកណ្តាលទៀត
29 ឯបន្ទះទាំងប៉ុន្មានដែលនៅកណ្តាលក្រប នោះមានធ្លាប់ជារូបសិង្ហ គោ ហើយនិងចេរូប៊ីន ឯនៅខាងលើក្របនោះ មានជើងកំណល់ ហើយក្រោមរូបសិង្ហ និងគោនោះ មានក្បាច់រំយោល
30 គ្រោងមួយៗ នោះមានកង់លង្ហិន៤ និងភ្លៅលង្ហិនដែរ ឯជើងកំណល់របស់គ្រោងទាំងនោះ មានប្រដាប់ទ្រដែលសិតភ្ជាប់ទាំង៤ជ្រុង ពីក្រោមចានក្លាំមានទាំងក្បាច់កំរងខាងៗទាំងអស់
31 ខាងក្នុងគ្រោងនោះ មានកំណល់បែបដូចជាជើងតាំងកំពស់១ហត្ថ រាងមូល១ហត្ថកន្លះ មានក្បាច់ចំឡាក់ផង តែបន្ទះទាំងប៉ុន្មាន ត្រូវជា៤ជ្រុងវិញ មិនមែនមូលទេ
32 ឯខាងក្រោមបន្ទះ នោះមានកង់៤ ភ្លៅកង់ទាំងនោះនៅជាប់នឹងតួគ្រោង កង់១កំពស់១ហត្ថកន្លះ
33 ឯរបៀបធ្វើកង់ទាំងនោះ ក៏ដូចជាធ្វើកង់រទេះចម្បាំង គឺមានទាំងភ្លៅ ទាំងខ្នងកង់ ទាំងកាំ និងដុំផង គ្រឿងទាំងនោះបានសិត ដោយលង្ហិនទាំងអស់
34 នៅត្រង់ជ្រុងទាំង៤របស់គ្រោងទាំងនោះ មានកំណល់ដែលសិតជាប់ជាមួយនឹងតួគ្រោងនោះឯង
35 ហើយពីខាងលើជញ្ជាំងគ្រោងនោះ មានបន្ទះចេញជារាងមូល កំពស់កន្លះហត្ថ ឯខាងលើបន្ទះនោះ និងជើងកំណល់ បានភ្ជាប់ជាមួយគ្នា
36 គាត់ក៏ឆ្លាក់ជារូបចេរូប៊ីន សិង្ហ និងដើមលម៉ើ នៅនឹងបន្ទះ ដែលជាប់នឹងជើងកំណល់ ហើយនិងបន្ទះ ដែលជាប់ក្នុងក្របទាំងនោះ តាមកន្លែងដែលឆ្លាក់បាន ហើយមានក្បាច់រំយោលជុំវិញដែរ
37 គឺយ៉ាងនោះដែលគាត់ធ្វើគ្រោងទាំង១០នោះ ទាំងអស់សិតពីពុម្ពតែ១ មានទំហំមានរាងដូចគ្នា។
38 គាត់ក៏ធ្វើបានក្លាំលង្ហិន១០ ចានមួយៗចំណុះទឹក៤០អម្រែក មានទំហំ៤ហត្ថ ហើយគ្រប់គ្រោងទាំង១០ នោះមានចានក្លាំមួយៗ
39 រួចគាត់ដាក់គ្រោង៥នៅខាងស្តាំព្រះវិហារ ហើយ៥នៅខាងឆ្វេង រួចក៏ដាក់សមុទ្រនោះ ត្រង់ខាងស្តាំព្រះវិហារ ទិសខាងកើត ឆៀងខាងត្បូង។
40 ហ៊ីរ៉ាមក៏ធ្វើចានក្លាំ ចបចូក នឹងខ្ទះទាំងប៉ុន្មាន ដូច្នេះ ហ៊ីរ៉ាមគាត់ធ្វើប្រដាប់ទាំងអស់ជាស្រេច ថ្វាយស្តេចសាឡូម៉ូន សម្រាប់ព្រះវិហារនៃព្រះយេហូវ៉ា
41 គឺសសរទាំង២ តួក្បាលសសរទាំង២ ដែលនៅលើកំពូលសសរ និងក្បាច់ក្រឡាអួន សម្រាប់បិទតួក្បាលសសរ ដែលនៅលើកំពូលសសរនោះជុំវិញ
42 ហើយផ្លែទទឹមទាំង៤០០ សម្រាប់ក្បាច់ក្រឡាអួននោះ គឺផ្លែទទឹម២ជួរសម្រាប់ក្បាច់ក្រឡាអួនមួយៗ ដើម្បីនឹងបាំងទីភ្ជាប់តួក្បាលសសរទាំង២នោះ
43 ព្រមទាំងគ្រោង១០ និងចានក្លាំ១០ ដែលនៅលើគ្រោងទាំងនោះ
44 និងសមុទ្រ១ ហើយគោទាំង១២ ដែលទ្រពីខាងក្រោម
45 ហើយទាំងឆ្នាំង ចបចូក និងខ្ទះទាំងប៉ុន្មាន គឺប្រដាប់ទាំងនោះឯង ដែលហ៊ីរ៉ាមបានធ្វើថ្វាយស្តេចសាឡូម៉ូន សម្រាប់ព្រះវិហារនៃព្រះយេហូវ៉ា នោះសុទ្ធតែធ្វើពីលង្ហិន ហើយខាត់រំលីងផង
46 ស្តេចទ្រង់ឲ្យគេសិតប្រដាប់ទាំងនោះក្នុងពុម្ពដីឥដ្ឋ ដែលនៅវាលទន្លេយ័រដាន់ ត្រង់កណ្តាលភូមិសិកូត និងសារថាន
47 សាឡូម៉ូនទ្រង់មិនបានថ្លឹងរបស់ទាំងនោះទេ ពីព្រោះមានច្រើនក្រៃលែង ហើយដែលលង្ហិនទាំងនោះទំងន់ប៉ុណ្ណា នោះក៏គ្មានអ្នកណារកដឹងបានឡើយ។
48 រួចមក សាឡូម៉ូនក៏ធ្វើគ្រប់អស់ទាំងគ្រឿងប្រដាប់ដែលនៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា គឺជាអាសនៈមាស តុមាសសម្រាប់ដាក់នំបុ័ងតាំងទុក
49 ជើងចង្កៀងមាសសុទ្ធទាំងប៉ុន្មាន ៥ខាងស្តាំ ៥ខាងឆ្វេង នៅមុខទីបរិសុទ្ធបំផុត ព្រមទាំងផ្កា ចង្កៀង និងឃ្នាបប្រឆេះធ្វើពីមាស
50 ហើយទាំងឆ្នាំង ដង្កៀប ចានគោម កូនចាន និងពានធ្វើពីមាសសុទ្ធទាំងអស់ ក៏ធ្វើត្រចៀកទ្វារមាសសម្រាប់ទ្វារនៃព្រះវិហារខាងក្នុង គឺជាទ្វារនៃទីបរិសុទ្ធបំផុត ហើយសម្រាប់ទ្វារព្រះវិហារខាងក្រៅដែរ។
51 ដូច្នេះ អស់ទាំងប្រដាប់ទាំងប៉ុន្មាន ដែលស្តេចសាឡូម៉ូនបានធ្វើសម្រាប់ព្រះវិហារនៃព្រះយេហូវ៉ា នោះបានធ្វើរួចជាស្រេចហើយ ទ្រង់ក៏នាំយករបស់ទាំងប៉ុន្មានដែលដាវីឌ ជាបិតាទ្រង់ បានថ្វាយ ចូលមកដែរ គឺប្រាក់ មាស និងគ្រឿងប្រដាប់ទាំងអស់ ក៏ដាក់ទុកនៅក្នុងឃ្លាំងនៃព្រះវិហារព្រះយេហូវ៉ា។
ជំពូក 8
1 រួចមក សាឡូម៉ូនទ្រង់ប្រមូលពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែល និងពួកអ្នកដែលជាប្រធានលើពូជអំបូរទាំងប៉ុន្មាន ហើយពួកអ្នកដែលកំពូលជាលើវង្សានុវង្សនៃពួកកូនចៅអ៊ីស្រាអែលទាំងអស់ ឲ្យមកឯទ្រង់នៅក្រុងយេរូសាឡឹម ដើម្បីនឹងនាំយកហឹបនៃសេចក្ដីសញ្ញាផងព្រះយេហូវ៉ាពីក្រុងដាវីឌ គឺជាក្រុងស៊ីយ៉ូន ឡើងមក
2 ដូច្នេះ ពួកបណ្តាជនសាសន៍អ៊ីស្រាអែលទាំងអស់ ក៏ប្រជុំគ្នាឯស្តេចសាឡូម៉ូន នៅវេលាបុណ្យក្នុងខែអស្សុជ គឺជាខែទី៧
3 ពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែលទាំងអស់ក៏មក ហើយពួកសង្ឃក៏លើកហឹបសែងទៅ
4 គេនាំយកហឹបនៃព្រះយេហូវ៉ា ព្រមទាំងត្រសាលជំនុំ និងគ្រឿងប្រដាប់បរិសុទ្ធទាំងប៉ុន្មាន ដែលនៅក្នុងត្រសាល ឡើងមកផង គឺពួកសង្ឃ និងពួកលេវីដែលសែងឡើងមក
5 រួចស្តេចសាឡូម៉ូន និងពួកជំនុំសាសន៍អ៊ីស្រាអែលទាំងអស់ ដែលបានប្រជុំគ្នាមកឯទ្រង់ គេនៅជាមួយនឹងទ្រង់ នៅត្រង់មុខហឹប កំពុងតែបូជាថ្វាយចៀម និងគោយ៉ាងសន្ធឹក ដែលនឹងរាប់ចំនួនមិនអស់ឡើយ
6 រួចពួកសង្ឃក៏សែងយកហឹបនៃសេចក្ដីសញ្ញាផងព្រះយេហូវ៉ាចូលទៅ តម្កល់ទុកនៅកន្លែងដែលបម្រុងទុកឲ្យ គឺនៅទីទទួលព្រះបន្ទូល ជាទីបរិសុទ្ធបំផុតត្រង់ក្រោមស្លាបនៃចេរូប៊ីន ក្នុងព្រះវិហារ
7 ដ្បិតចេរូប៊ីនទាំង២ត្រដាងស្លាប ពីលើកន្លែងដែលតម្កល់ទុកហឹបនោះ ចេរូប៊ីនក៏គ្របនៅពីលើហឹប និងឈើស្នែងរបស់ហឹបផង
8 គេបានធ្វើឈើស្នែងនោះឲ្យវែង ដល់ម៉្លេះបានជាមើលឃើញពីត្រង់ទីបរិសុទ្ធ ជាទីដែលនៅមុខទីទទួលព្រះបន្ទូលបាន តែមិនបានឃើញពីខាងក្រៅទេ ហើយក៏នៅទីនោះដរាបដល់សព្វថ្ងៃនេះ
9 ឯនៅក្នុងហឹប នោះមានតែបន្ទះថ្ម២ផ្ទាំងប៉ុណ្ណោះ ដែលលោកម៉ូសេបានដាក់ ពីកាលនៅត្រង់ភ្នំហោរែប នៅគ្រាដែលព្រះយេហូវ៉ាបានតាំងសញ្ញានឹងពួកកូនចៅអ៊ីស្រាអែល ក្រោយដែលគេចេញពីស្រុកអេស៊ីព្ទមក
10 លុះពួកសង្ឃបានចេញពីទីបរិសុទ្ធមកវិញ នោះពពកក៏មកពេញក្នុងព្រះវិហារនៃព្រះយេហូវ៉ា
11 ដល់ម៉្លេះបានជាពួកសង្ឃឈរធ្វើការងារពុំបាន ដោយព្រោះពពកនោះ ដ្បិតសិរីល្អនៃព្រះយេហូវ៉ាបាននៅពេញក្នុងព្រះវិហារនៃព្រះអង្គហើយ។
12 គ្រានោះ សាឡូម៉ូនទ្រង់ពោលថា ព្រះយេហូវ៉ាបានមានព្រះបន្ទូលថា ទ្រង់នឹងគង់នៅក្នុងទីងងឹតយ៉ាងក្រាស់
13 ដូច្នេះ ទូលបង្គំបានស្អាងព្រះវិហារនេះថ្វាយទ្រង់គង់ ទុកជាទីលំនៅឲ្យទ្រង់គង់នៅអស់កល្បជានិច្ច។
14 រួចស្តេចទ្រង់បែរព្រះភ័ក្ត្រមក ប្រទានពរដល់ពួកជំនុំសាសន៍អ៊ីស្រាអែលទាំងអស់ ដែលគេកំពុងតែឈរនៅ
15 ទ្រង់មានព្រះបន្ទូលថា សូមឲ្យព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែលបានប្រកបដោយព្រះពរ ជាព្រះដែលទ្រង់មានព្រះបន្ទូលនឹងដាវីឌ ជាបិតានៃយើង ដោយព្រះឱស្ឋទ្រង់ ហើយបានសម្រេចព្រះបន្ទូលនោះ ដោយសារព្រះហស្តទ្រង់ថា
16 ចាប់តាំងពីថ្ងៃដែលអញបាននាំអ៊ីស្រាអែល ជារាស្ត្រអញចេញពីស្រុកអេស៊ីព្ទមក នោះអញមិនបានរើសទីក្រុងណាមួយ ក្នុងពូជអំបូរសាសន៍អ៊ីស្រាអែលទាំងប៉ុន្មាន ដើម្បីនឹងស្អាងវិហារឲ្យឈ្មោះអញបាននៅទីនោះឡើយ តែអញបានរើសដាវីឌតាំងឡើង ឲ្យគ្រប់គ្រងលើសាសន៍អ៊ីស្រាអែលជារាស្ត្រអញ
17 រីឯបំណងព្រះទ័យនៃដាវីឌជាបិតាយើង នោះទ្រង់ចង់ស្អាងព្រះវិហារ ថ្វាយព្រះនាមព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែលទៅហើយ
18 តែព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងដាវីឌ ជាបិតាយើងថា ដែលឯងមានចិត្តចង់ស្អាងវិហារសម្រាប់ឈ្មោះអញ នោះបានល្អហើយ ដោយឯងមានបំណងចិត្តដូច្នោះ
19 ប៉ុន្តែ មិនត្រូវឲ្យឯងស្អាងវិហារនោះទេ គឺជាកូនដែលឯងនឹងបង្កើតមក កូននោះនឹងស្អាងសម្រាប់ឈ្មោះអញវិញ
20 ដូច្នេះ ព្រះយេហូវ៉ាទ្រង់បានសម្រេចតាមព្រះបន្ទូលនោះហើយ ដ្បិតយើងនេះបានកើតឡើង ជំនួសដាវីឌ ជាបិតាយើង ក៏អង្គុយលើបល្ល័ង្ករាជ្យនៃសាសន៍អ៊ីស្រាអែល ដូចជាព្រះយេហូវ៉ាបានសន្យា ហើយយើងបានស្អាងព្រះវិហារនេះ ថ្វាយព្រះនាមព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល
21 ក៏បានតាំងកន្លែងនៅទីនេះ ទុកសម្រាប់ហឹបដែលមានសេចក្ដីសញ្ញានៃព្រះយេហូវ៉ា ជាសេចក្ដីដែលទ្រង់បានតាំងនឹងពួកអយ្យកោយើង ពីកាលទ្រង់នាំគេចេញពីស្រុកអេស៊ីព្ទ។
22 រួចមក សាឡូម៉ូនទ្រង់ឈរនៅមុខអាសនៈនៃព្រះយេហូវ៉ា ចំពោះមុខពួកជំនុំអ៊ីស្រាអែលទាំងអស់គ្នា ក៏លើកព្រះហស្តប្រទូលទៅលើមេឃថា
23 ឱព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែលអើយ គ្មានព្រះឯណាឲ្យដូចទ្រង់ឡើយ ទោះនៅផ្ទៃមេឃខាងលើ ឬនៅផែនដីខាងក្រោមក្តី ទ្រង់កាន់តាមសេចក្ដីសញ្ញា និងសេចក្ដីសប្បុរសដល់ពួកបាវបម្រើទ្រង់ ដែលខំដើរនៅចំពោះទ្រង់អស់ពីចិត្ត
24 ទ្រង់បានកាន់តាមសេចក្ដីសន្យា ដែលទ្រង់មានព្រះបន្ទូលនឹងដាវីឌ អ្នកបម្រើទ្រង់ ជាបិតាទូលបង្គំ គឺទ្រង់បានមានព្រះបន្ទូលដោយព្រះឱស្ឋ ហើយបានសម្រេចតាម ដោយសារព្រះហស្តទ្រង់ ដូចជាមានសព្វថ្ងៃនេះ
25 ដូច្នេះ ឱព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែលអើយ សូមទ្រង់រក្សាសេចក្ដីនេះទៀត ជាសេចក្ដីដែលទ្រង់បានសន្យានឹងបិតាទូលបង្គំ គឺនឹងដាវីឌ ជាអ្នកបម្រើទ្រង់ថា នឹងមិនដែលខានមានពូជឯងអង្គុយលើបល្ល័ង្ករាជ្យ របស់សាសន៍អ៊ីស្រាអែល នៅមុខអញឡើយ ឲ្យតែកូនចៅឯងបានប្រុងប្រយ័តនឹងដើរតាមផ្លូវ នៅមុខអញ ដូចជាឯងបានដើរនោះដែរ
26 ដូច្នេះ ឱព្រះនៃសាសន៍អ៊ីស្រាអែលអើយ ឥឡូវនេះ សូមទ្រង់បញ្ជាក់ព្រះបន្ទូលនៃទ្រង់ ដែលទ្រង់បានមានព្រះបន្ទូលនឹងបិតាទូលបង្គំ គឺដាវីឌជាអ្នកបម្រើទ្រង់ចុះ
27 យីអើ តើព្រះនឹងគង់លើផែនដីជាប្រាកដឬ មើល ផ្ទៃមេឃ និងអស់ទាំងជាន់នៃផ្ទៃមេឃ នោះមិនល្មមឲ្យទ្រង់គង់ចុះទៅហើយ ចំណង់បើព្រះវិហារដែលទូលបង្គំបានស្អាងនេះ តើនឹងចង្អៀតអម្បាលម៉ានទៅទៀត
28 ប៉ុន្តែ ឱព្រះយេហូវ៉ាជាព្រះនៃទូលបង្គំអើយ សូមទ្រង់ប្រោសមេត្តាទទួលពាក្យដែលទូលបង្គំ ជាបាវបម្រើទ្រង់ អធិស្ឋាន ហើយទូលអង្វរ ដើម្បីនឹងស្តាប់តាមសម្រែក និងសេចក្ដីអធិស្ឋាន ដែលទូលបង្គំទូលសូមចំពោះទ្រង់នៅថ្ងៃនេះ
29 ប្រយោជន៍ឲ្យព្រះនេត្រទ្រង់បានបើកទតមកឯព្រះវិហារនេះទាំងយប់ទាំងថ្ងៃ គឺទតមើលមកទីកន្លែងដែលទ្រង់បានមានព្រះបន្ទូលហើយថា ព្រះនាមទ្រង់នឹងនៅទីនេះ ដើម្បីនឹងស្តាប់សេចក្ដីអធិស្ឋាន ដែលទូលបង្គំ ជាបាវបម្រើទ្រង់នឹងទូលតម្រង់មកឯទីនេះ
30 ហើយកាលណាទូលបង្គំ ជាបាវបម្រើទ្រង់ និងពួកអ៊ីស្រាអែល ជារាស្ត្ររបស់ទ្រង់ នឹងអធិស្ឋានតម្រង់មកឯទីនេះ នោះសូមទ្រង់ស្តាប់សេចក្ដីទូលអង្វរ របស់យើងខ្ញុំផង គឺសូមទ្រង់ស្តាប់ពីលើស្ថានសួគ៌ ជាទីលំនៅរបស់ទ្រង់ លុះកាលណាទ្រង់ព្រះសណ្តាប់ហើយ នោះសូមអត់ទោសឲ្យផង។
31 បើសិនជាអ្នកណាធ្វើបាបចំពោះអ្នកជិតខាងខ្លួន ហើយគេឲ្យអ្នកនោះស្បថ រួចអ្នកនោះក៏មកស្បថនៅមុខអាសនៈនៃទ្រង់ ក្នុងព្រះវិហារនេះ
32 នោះសូមទ្រង់ប្រោសស្តាប់ពីលើស្ថានសួគ៌ ហើយសម្រេចការងារដោយជំនុំជម្រះពួកបាវបម្រើទ្រង់ ទាំងដាក់ទោសដល់មនុស្សអាក្រក់ ដើម្បីនឹងទម្លាក់អំពើអាក្រក់របស់គេ ទៅលើក្បាលគេវិញ ហើយសម្រេចដល់មនុស្សសុចរិតទុកជាសុចរិត ដើម្បីនឹងសងដល់គេ តាមសេចក្ដីសុចរិតរបស់ខ្លួនគេទៅ។
33 បើកាលណាសាសន៍អ៊ីស្រាអែល ជារាស្ត្ររបស់ទ្រង់ ត្រូវចាញ់នៅមុខពួកខ្មាំងសត្រូវ ដោយព្រោះគេបានធ្វើបាបនឹងទ្រង់ នោះបើគេត្រឡប់មកឯទ្រង់វិញ ព្រមទាំងគោរពដល់ព្រះនាមទ្រង់ ហើយអធិស្ឋានទូលអង្វរដល់ទ្រង់ក្នុងព្រះវិហារនេះ
34 នោះសូមទ្រង់ប្រោសស្តាប់ពីលើស្ថានសួគ៌ ហើយអត់ទោសចំពោះអំពើបាបរបស់គេ ពួកអ៊ីស្រាអែលជារាស្ត្រទ្រង់ផង រួចសូមនាំគេត្រឡប់មកនៅក្នុងស្រុកដែលទ្រង់បានប្រទានមកពួកអយ្យកោគេវិញ។
35 បើកាលណាមេឃរាំងភ្លៀង ដោយព្រោះគេបានធ្វើបាបនឹងទ្រង់ នោះបើគេអធិស្ឋានមកឯទីនេះ ព្រមទាំងគោរពដល់ព្រះនាមទ្រង់ ហើយលះបង់ចោលអំពើបាបរបស់គេចេញ ដោយព្រោះទ្រង់បានផ្ចាញ់ផ្ចាលគេ
36 នោះសូមទ្រង់ប្រោសពីលើស្ថានសួគ៌ ហើយអត់ទោសចំពោះអំពើបាបរបស់ពួកបាវបម្រើទ្រង់ គឺពួកអ៊ីស្រាអែល ជារាស្ត្រទ្រង់ ដោយបង្រៀនឲ្យដឹងផ្លូវល្អណាដែលត្រូវដើរ រួចសូមបង្អុរភ្លៀងឲ្យធ្លាក់មកលើស្រុករបស់ទ្រង់ ដែលបានប្រទានមករាស្ត្រទ្រង់ ទុកជាមរដកផង។
37 បើកាលណាកើតមានអំណត់នៅក្នុងស្រុក ឬបើមានអន្តរាយ ស្កកស្រូវ ក្រាចាប់ កណ្តូប ឬដង្កូវស៊ី បើពួកខ្មាំងសត្រូវលុកលុយក្នុងស្រុកឡោមព័ទ្ធទីក្រុង ឬកើតមានសេចក្ដីវេទនាណា ឬជំងឺណាក៏ដោយ
38 នោះទោះបើមនុស្សណាមួយ ឬបណ្តាពួកអ៊ីស្រាអែល ជារាស្ត្រទ្រង់ដែលស្គាល់សេចក្ដីវេទនានៅក្នុងចិត្តខ្លួន គេលើកដៃតម្រង់មកឯព្រះវិហារនេះ ហើយអធិស្ឋាន ឬទូលសូមអ្វីក៏ដោយ
39 នោះសូមទ្រង់ប្រោសស្តាប់ពីលើស្ថានសួគ៌ ជាទីលំនៅរបស់ទ្រង់ ហើយអត់ទោស ព្រមទាំងសម្រេចការ ដោយសងដល់គ្រប់គ្នា តាមផ្លូវគេប្រព្រឹត្ត តាមតែទ្រង់ជ្រាបចិត្តគេ (ដ្បិតគឺទ្រង់តែ១ ដែលជ្រាបចិត្តនៃពួកមនុស្សលោកទាំងអស់)
40 ដើម្បីឲ្យគេបានកោតខ្លាចដល់ទ្រង់នៅគ្រប់១ជីវិត ដែលគេរស់នៅក្នុងស្រុក ដែលទ្រង់បានប្រទានមកពួកអយ្យកោយើងខ្ញុំទាំងឡាយ។
41 មួយទៀត ត្រង់ឯពួកសាសន៍ដទៃ ដែលមិនមែនជាពូជពង្សអ៊ីស្រាអែល ជារាស្ត្រទ្រង់ទេ បើកាលណាគេចាកចេញពីស្រុកឆ្ងាយមក ដោយយល់ដល់ព្រះនាមទ្រង់
42 (ដ្បិតគេនឹងឮនិយាយពីព្រះនាមដ៏ជាធំឧត្តមរបស់ទ្រង់ និងពីព្រះហស្តដ៏ខ្លាំងពូកែ ហើយពីព្រះពាហុដែលលើកសម្រេចដែរ) ហើយគេមកអធិស្ឋានតម្រង់ចំពោះព្រះវិហារនេះ
43 នោះសូមទ្រង់ប្រោសស្តាប់ពីលើស្ថានសួគ៌ ជាទីលំនៅរបស់ទ្រង់ ហើយសម្រេចសព្វគ្រប់ តាមសេចក្ដីដែលសាសន៍ដទៃនោះនឹងសូមដល់ទ្រង់ ដើម្បីឲ្យគ្រប់ទាំងសាសន៍នៅផែនដីបានស្គាល់ព្រះនាមទ្រង់ ប្រយោជន៍ឲ្យគេបានកោតខ្លាចដល់ទ្រង់ ដូចជាសាសន៍អ៊ីស្រាអែល ជារាស្ត្រទ្រង់ដែរ ហើយឲ្យគេបានដឹងថា ព្រះវិហារដែលទូលបង្គំបានស្អាងនេះ បានហៅតាមព្រះនាមទ្រង់។
44 បើកាលណារាស្ត្ររបស់ទ្រង់ចេញទៅច្បាំងនឹងខ្មាំងសត្រូវ តាមផ្លូវណាក៏ដោយ ដែលទ្រង់នឹងចាត់គេឲ្យទៅ ហើយគេអធិស្ឋានដល់ព្រះយេហូវ៉ា ទាំងបែរមកឯទីក្រុងនេះ ដែលទ្រង់បានរើស និងព្រះវិហារនេះ ដែលទូលបង្គំបានស្អាងថ្វាយដល់ព្រះនាមទ្រង់
45 នោះសូមទ្រង់ប្រោសស្តាប់ពីលើស្ថានសួគ៌ ចំពោះពាក្យដែលគេអធិស្ឋាន ហើយទូលអង្វរ ព្រមទាំងសម្រេចតាមសេចក្ដីយុត្តិធម៌ឲ្យគេផង។
46 បើកាលណាគេធ្វើបាបនឹងទ្រង់ (ដ្បិតគ្មានមនុស្សណាមួយដែលមិនធ្វើបាបឡើយ) ហើយទ្រង់កើតមានសេចក្ដីក្រោធនឹងគេ ព្រមទាំងប្រគល់គេដល់ពួកខ្មាំងសត្រូវ ឲ្យបានដឹកនាំទៅជាឈ្លើយនៅស្រុករបស់សត្រូវនោះ ទោះនៅឆ្ងាយឬជិតក្តី
47 នោះបើគេនឹកចាំនៅក្នុងស្រុកដែលបានដឹកនាំទៅជាឈ្លើយនោះ ហើយបែរត្រឡប់ចិត្តមកវិញ ព្រមទាំងទូលអង្វរដល់ទ្រង់ នៅក្នុងស្រុករបស់ពួកសាសន៍ដែលដឹកនាំគេទៅជាឈ្លើយនោះដោយពាក្យថា យើងខ្ញុំបានធ្វើបាបហើយ ក៏បានប្រព្រឹត្តក្រវិចក្រវៀន ហើយធ្វើការអាក្រក់ផង
48 បើសិនជាគេវិលត្រឡប់មកឯទ្រង់ដោយអស់ពីចិត្ត អស់ពីព្រលឹង នៅក្នុងស្រុករបស់ខ្មាំងសត្រូវ ដែលបាននាំគេទៅជាឈ្លើយនោះ ហើយក៏អធិស្ឋានដល់ទ្រង់ ទាំងបែរមកឯស្រុកនេះ ដែលទ្រង់បានប្រទានឲ្យពួកអយ្យកោគេ គឺជាទីក្រុង ដែលទ្រង់បានរើសតាំង និងព្រះវិហារ ដែលទូលបង្គំបានស្អាងថ្វាយព្រះនាមទ្រង់
49 នោះសូមទ្រង់ប្រោសស្តាប់ពីលើស្ថានសួគ៌ ជាទីលំនៅទ្រង់ ចំពោះពាក្យដែលគេអធិស្ឋានហើយទូលអង្វរនោះ ព្រមទាំងសម្រេចសេចក្ដីត្រឹមត្រូវឲ្យគេផង
50 សូមអត់ទោសដល់រាស្ត្រទ្រង់ ដែលបានធ្វើបាបនឹងទ្រង់ដូច្នេះ ហើយអស់ទាំងការរំលងច្បាប់ ដែលគេបានប្រព្រឹត្តទាស់នឹងទ្រង់ដែរ សូមបណ្តាលឲ្យពួកអ្នកដែលនាំគេទៅជាឈ្លើយនោះ បានអាណិតមេត្តាដល់គេវិញ
51 (ដ្បិតគេជារាស្ត្ររបស់ផងទ្រង់ និងជាមរដករបស់ទ្រង់ ដែលទ្រង់បាននាំចេញពីស្រុកអេស៊ីព្ទមក គឺពីកណ្តាលគុករំលាយដែកនោះ)
52 ដើម្បីឲ្យព្រះនេត្រទ្រង់បានបើក សម្រាប់ទតក្នុងវេលាណាដែលទូលបង្គំជាបាវបម្រើទ្រង់ និងសាសន៍អ៊ីស្រាអែលជារាស្ត្រទ្រង់ ទូលអង្វរ ហើយនិងស្តាប់តាមសេចក្ដីដែលគេទូលសូមដល់ទ្រង់
53 ដ្បិតឱព្រះអម្ចាស់យេហូវ៉ាអើយ ទ្រង់បានញែកគេចេញពីអស់ទាំងសាសន៍នៅផែនដី ទុកសម្រាប់ជាមរកដរបស់ទ្រង់ហើយ ដូចជាទ្រង់បានមានព្រះបន្ទូលដោយសារលោកម៉ូសេ ជាបាវបម្រើនៃទ្រង់ ពីកាលទ្រង់បាននាំពួកអយ្យកោយើងខ្ញុំ ចេញពីស្រុកអេស៊ីព្ទមក។
54 កាលសាឡូម៉ូនបានអធិស្ឋាន ហើយទូលអង្វរដល់ព្រះយេហូវ៉ា តាមគ្រប់សេចក្ដីទាំងនោះរួចហើយ នោះទ្រង់ក៏ក្រោកពីមុខអាសនៈនៃព្រះយេហូវ៉ា គឺពីកន្លែងដែលទ្រង់បានលុតព្រះជង្ឃ លើកព្រះហស្តតម្រង់ទៅឯមេឃនោះឡើង
55 ទ្រង់ក៏ឈរឡើង ប្រទានពរ ដល់ពួកជំនុំនៃសាសន៍អ៊ីស្រាអែលទាំងប៉ុន្មាន ដោយព្រះសៀងដ៏ខ្លាំងថា
56 សូមឲ្យព្រះយេហូវ៉ាបានប្រកបដោយព្រះពរ ដែលទ្រង់បានប្រទានសេចក្ដីសម្រាក ដល់ពួកអ៊ីស្រាអែល ជារាស្ត្ររបស់ទ្រង់ តាមគ្រប់ទាំងសេចក្ដីដែលទ្រង់បានសន្យា ឥតមានខ្វះព្រះបន្ទូលណាមួយ ក្នុងគ្រប់សេចក្ដីល្អ ដែលទ្រង់បានសន្យា ដោយសារលោកម៉ូសេ ជាអ្នកបម្រើទ្រង់នោះឡើយ
57 សូមឲ្យព្រះយេហូវ៉ាជាព្រះនៃយើងរាល់គ្នា បានគង់ជាមួយនឹងយើង ដូចជាទ្រង់បានគង់ជាមួយនឹងពួកអយ្យកោយើងដែរ សូមកុំឲ្យទ្រង់លះបង់ ឬទុកយើងរាល់គ្នាចោលឡើយ
58 ដើម្បីឲ្យទ្រង់បានបង្វែរចិត្តយើងទៅឯទ្រង់ ឲ្យយើងបានដើរតាមគ្រប់ទាំងផ្លូវរបស់ទ្រង់ ព្រមទាំងកាន់តាមសេចក្ដីបង្គាប់ និងក្រឹត្យក្រម ហើយនិងបញ្ញត្តទាំងប៉ុន្មានរបស់ទ្រង់ ដែលទ្រង់បានបង្គាប់ដល់ពួកអយ្យកោយើងរាល់គ្នា
59 សូមឲ្យពាក្យទាំងនេះ ដែលយើងបានទូលអង្វរ បាននៅចំពោះព្រះយេហូវ៉ាជាព្រះនៃយើងរាល់គ្នា ទាំងយប់ទាំងថ្ងៃ ដើម្បីឲ្យទ្រង់បានសម្រេចតាមសេចក្ដីត្រឹមត្រូវចំពោះយើង ជាបាវបម្រើទ្រង់ និងពួកអ៊ីស្រាអែល ជារាស្ត្ររបស់ទ្រង់ផង តាមត្រូវការរាល់តែថ្ងៃ
60 ប្រយោជន៍ឲ្យអស់ទាំងសាសន៍នៅផែនដីបានដឹងថា ព្រះយេហូវ៉ាទ្រង់ជាព្រះ ឥតមានព្រះឯណាទៀតសោះឡើយ
61 ដូច្នេះ សូមឲ្យចិត្តឯងរាល់គ្នាបានគ្រប់លក្ខណ៍ចំពោះព្រះយេហូវ៉ាជាព្រះនៃយើងរាល់គ្នា ដើម្បីឲ្យបានប្រព្រឹត្តតាមបញ្ញត្ត ហើយកាន់តាមក្រឹត្យទ្រង់ទាំងប៉ុន្មានដូចជាមានសព្វថ្ងៃនេះ។
62 រួចមក ស្តេច និងពួកអ៊ីស្រាអែលទាំងអស់ ក៏ថ្វាយយញ្ញបូជា នៅចំពោះព្រះយេហូវ៉ា
63 ឯយញ្ញបូជា ដែលសាឡូម៉ូនបានថ្វាយដល់ព្រះយេហូវ៉ា ទុកជាតង្វាយមេត្រី នោះគឺគោ២ម៉ឺន២ពាន់ និងចៀម១សែន២ម៉ឺន គឺយ៉ាងនោះហើយ ដែលស្តេច និងពួកកូនចៅអ៊ីស្រាអែលទាំងអស់គ្នា បានធ្វើបុណ្យឆ្លងព្រះវិហារនៃព្រះយេហូវ៉ា
64 នៅថ្ងៃនោះឯង ស្តេចទ្រង់បានញែកទីលានកណ្តាល ដែលនៅមុខព្រះវិហារនៃព្រះយេហូវ៉ាចេញជាបរិសុទ្ធ ដ្បិតនៅទីនោះ ទ្រង់បានថ្វាយទាំងតង្វាយដុត និងតង្វាយម្សៅ ហើយខ្លាញ់នៃតង្វាយមេត្រី គឺដោយព្រោះអាសនៈលង្ហិនដែលនៅចំពោះព្រះយេហូវ៉ានោះតូចពេក មិនល្មមនឹងដុតអស់ទាំងតង្វាយដុត និងតង្វាយម្សៅ ហើយខ្លាញ់របស់តង្វាយមេត្រីផងបានទេ
65 នៅវេលានោះ សាឡូម៉ូន និងពួកអ៊ីស្រាអែលទាំងអស់គ្នា គឺជាជំនុំយ៉ាងធំ ដែលមូលមក ចាប់តាំងពីទ្វារស្រុកហាម៉ាត រហូតដល់ជ្រោះទឹកនៃស្រុកអេស៊ីព្ទ គេបានធ្វើបុណ្យនោះនៅចំពោះព្រះយេហូវ៉ាជាព្រះនៃយើងរាល់គ្នា អស់៧ថ្ងៃ រួចរាប់៧ថ្ងៃទៀត រួមទាំងអស់ជា១៤ថ្ងៃ
66 ដល់ថ្ងៃទី៨ នោះទ្រង់ឲ្យពួករាស្ត្រត្រឡប់ទៅវិញ គេក៏ថ្វាយពរដល់ស្តេច រួចវិលទៅឯទីលំនៅរបស់គេវិញ ដោយមានចិត្តសប្បាយ ហើយត្រេកអរចំពោះអស់ទាំងសេចក្ដីសប្បុរស ដែលព្រះយេហូវ៉ាបានប្រោសដល់ដាវីឌ ជាអ្នកបម្រើទ្រង់ ហើយដល់ពួកអ៊ីស្រាអែល ជារាស្ត្ររបស់ទ្រង់ដែរ។
ជំពូក 9
1 គ្រាក្រោយដែលសាឡូម៉ូនបានស្អាងព្រះវិហារនៃព្រះយេហូវ៉ា និងព្រះរាជវាំងស្រេចហើយ ព្រមទាំងរបស់ទាំងប៉ុន្មាន ដែលទ្រង់សព្វព្រះទ័យចង់ធ្វើ
2 នោះព្រះយេហូវ៉ាក៏លេចមកឲ្យទ្រង់ឃើញម្តងទៀត ដូចជាបានលេចមកឲ្យឃើញនៅត្រង់គីបៀនដែរ
3 ព្រះយេហូវ៉ាមានព្រះបន្ទូលថា អញបានឮសេចក្ដីដែលឯងបានអធិស្ឋាន ហើយទូលអង្វរនៅចំពោះអញនោះ អញក៏បានញែកព្រះវិហារនេះ ដែលឯងបានស្អាងចេញជាបរិសុទ្ធ ទុកសម្រាប់នឹងតាំងឈ្មោះអញ នៅអស់កល្បជានិច្ច ហើយភ្នែក និងចិត្តអញនឹងស្ថិតនៅទីនោះ ជាដរាបតទៅ
4 ឯឯង បើសិនជាឯងនឹងដើរនៅចំពោះអញ ដូចជាដាវីឌជាឪពុកឯង ដោយចិត្តស្មោះ ហើយទៀងត្រង់ ដើម្បីនឹងប្រព្រឹត្តតាមគ្រប់ទាំងសេចក្ដីដែលអញបានបង្គាប់ដល់ឯង ព្រមទាំងកាន់តាមបញ្ញត្ត និងសេចក្ដីយុត្តិធម៌របស់អញទាំងប៉ុន្មាន
5 នោះអញនឹងតាំងរាជ្យឯងលើសាសន៍អ៊ីស្រាអែលឲ្យនៅជាប់ជារៀងរាបតទៅ តាមដែលអញបានសន្យានឹងដាវីឌ ជាឪពុកឯងថា នឹងមិនដែលខានមានពូជឯងអង្គុយលើបល្ល័ង្ករាជ្យនៃសាសន៍អ៊ីស្រាអែលឡើយ
6 តែបើកាលណាឯងបែរចេញលែងប្រព្រឹត្តតាមអញ ទោះទាំងឯង ឬកូនចៅឯងផង ហើយមិនកាន់តាមបញ្ញត្ត និងក្រឹត្យរបស់អញទាំងប៉ុន្មាន ដែលអញបានដាក់នៅមុខឯងទេ គឺនឹងទៅគោរពប្រតិបត្តិ ហើយថ្វាយបង្គំដល់ព្រះដទៃ
7 នោះអញនឹងកាត់សាសន៍អ៊ីស្រាអែលចេញពីស្រុកដែលអញបានឲ្យដល់គេ ហើយព្រះវិហារនេះ ដែលអញបានញែកចេញជាបរិសុទ្ធ សម្រាប់ឈ្មោះអញ នោះអញនឹងបោះបង់ចោលពីមុខអញចេញវិញ ដូច្នេះ សាសន៍អ៊ីស្រាអែលនឹងត្រឡប់ជាសេចក្ដីប្រៀបផ្ទឹម ហើយជាទីដំណៀល នៅក្នុងពួកសាសន៍ទាំងអស់
8 ឯព្រះវិហារនេះ ទោះបើខ្ពស់ដល់ម៉្លេះ គង់តែអស់អ្នកណាដែលដើរទៅមក គេនឹងមានសេចក្ដីអស្ចារ្យក្នុងចិត្ត ហើយនិងចំអកឡកឡឺយឲ្យ ដោយពាក្យថា ហេតុអ្វីបានជាព្រះយេហូវ៉ាទ្រង់ធ្វើដូច្នេះ ដល់ស្រុក និងវិហារនេះ
9 នោះគេនឹងឆ្លើយឡើងថា គឺពីព្រោះគេបានបោះបង់ចោលព្រះយេហូវ៉ាជាព្រះនៃគេ ដែលទ្រង់បាននាំពួកអយ្យកោគេ ចេញពីស្រុកអេស៊ីព្ទមក ហើយគេបានទៅភ្ជាប់ខ្លួននឹងព្រះដទៃ ព្រមទាំងថ្វាយបង្គំ ហើយគោរពប្រតិបត្តិតាម គឺហេតុនោះ បានជាព្រះយេហូវ៉ាទ្រង់បាននាំគ្រប់ទាំងសេចក្ដីអាក្រក់នេះមកលើគេ។
10 លុះផុត២០ឆ្នាំដែលសាឡូម៉ូនស្អាងទាំងព្រះវិហារនៃព្រះយេហូវ៉ា និងព្រះរាជវាំងទាំង២រួចជាស្រេចហើយ
11 (រីឯហ៊ីរ៉ាមជាស្តេចក្រុងទីរ៉ុស ទ្រង់បានផ្គត់ផ្គង់ឈើតាត្រៅ និងឈើកកោះ ហើយមាស ថ្វាយសាឡូម៉ូន តាមព្រះហឫទ័យទ្រង់គ្រប់ជំពូក) នោះស្តេចទ្រង់ក៏ប្រទានទីក្រុង២០ ក្នុងស្រុកកាលីឡេ ឲ្យដល់ហ៊ីរ៉ាម
12 រួចហ៊ីរ៉ាមចេញពីក្រុងទីរ៉ុស ទៅមើលទីក្រុងទាំងប៉ុន្មាន ដែលសាឡូម៉ូនបានប្រទាននោះ តែទ្រង់មិនសព្វព្រះទ័យនឹងក្រុងទាំងនោះទេ
13 ក៏មានព្រះបន្ទូលថា ប្អូនអើយ តើទីក្រុងយ៉ាងណាដែលបានឲ្យមកខ្ញុំនេះ រួចទ្រង់ហៅទីក្រុងទាំងនោះថា ស្រុកកាបួល ដរាបដល់សព្វថ្ងៃនេះ
14 ឯហ៊ីរ៉ាមទ្រង់ក៏ផ្ញើមាស១២០ហាបមកថ្វាយដល់សាឡូម៉ូន។
15 ឯហេតុដែលស្តេចសាឡូម៉ូនបានកេណ្ឌកំណែន នោះគឺដើម្បីនឹងស្អាងព្រះវិហារនៃព្រះយេហូវ៉ា និងព្រះរាជវាំង ព្រមទាំងប៉មមីឡូរ កំផែងក្រុងយេរូសាឡឹម ហើយក្រុងហាសោរ ក្រុងមេគីដោ និងក្រុងកេស៊ើរ
16 ដ្បិតពីមុន ផារ៉ោន ជាស្តេចស្រុកអេស៊ីព្ទ ទ្រង់បានឡើងមកចាប់យកក្រុងកេស៊ើរនោះ ព្រមទាំងដុតនឹងភ្លើង ហើយសម្លាប់ពួកសាសន៍កាណានដែលនៅក្រុងនោះដែរ រួចបានប្រទានទីក្រុងនោះទៅព្រះរាជបុត្រីទ្រង់ ដែលជាភរិយាសាឡូម៉ូន ទុកជាចំណងដៃ
17 ដូច្នេះ សាឡូម៉ូនក៏សង់ក្រុងកេស៊ើរនោះឡើង និងក្រុងបេត-ហូរ៉ូននៅខាងក្រោម
18 ព្រមទាំងក្រុងប្អាឡាត ហើយក្រុងថាត់ម៉ោរ ដែលនៅទីរហោស្ថាន ក្នុងស្រុកនោះ
19 និងអស់ទាំងទីក្រុងសម្រាប់ជាឃ្លាំងរបស់សាឡូម៉ូន និងទីក្រុងសម្រាប់ទុករទេះចម្បាំង ហើយសម្រាប់ពួកពលសេះទ្រង់ ក៏ធ្វើរបស់ទាំងអស់ដែលសាឡូម៉ូនសព្វព្រះទ័យចង់ធ្វើ នៅក្រុងយេរូសាឡឹម នៅភ្នំល្បាណូន ហើយក្នុងគ្រប់ទាំងស្រុកដែលនៅក្រោមអំណាចទ្រង់ផង
20 ចំណែកពួកសាសន៍អាម៉ូរី សាសន៍ហេត សាសន៍ពេរិស៊ីត សាសន៍ហេវី និងសាសន៍យេប៊ូស ដែលនៅសល់ ជាមនុស្សដែលមិនមែនជាពួកកូនចៅអ៊ីស្រាអែល
21 គឺជាកូនចៅរបស់សាសន៍ទាំងប៉ុន្មាន ដែលនៅសល់ក្នុងស្រុក ជាអ្នកដែលពួកកូនចៅអ៊ីស្រាអែលមិនបានបំផ្លាញអស់រលីងទេ នោះសាឡូម៉ូនបានកេណ្ឌគេ មកធ្វើជាពួកអ្នកបម្រើ ដរាបដល់សព្វថ្ងៃនេះ
22 តែឯពួកកូនចៅអ៊ីស្រាអែលវិញ នោះសាឡូម៉ូនមិនបានយកគេធ្វើជាបាវបម្រើទេ គឺគេជាពួកទាហាន ពួកមហាតលិក ជាចៅហ្វាយ ជាមេទ័ព ហើយជានាយរទេះចម្បាំង និងពួកទ័ពសេះទ្រង់វិញ
23 ឯពួកមេដែលត្រួតមើលការរបស់សាឡូម៉ូនទាំងប៉ុន្មាន មានចំនួន៥៥០នាក់ ជានាយបង្គាប់ដល់ពួកអ្នកធ្វើការទាំងនោះ។
24 ចំណែកព្រះរាជបុត្រីផារ៉ោន ព្រះនាងក៏យាងចេញពីក្រុងដាវីឌឡើងមកឯដំណាក់ ជាទីដែលទ្រង់បានសង់ឲ្យ រួចមកទ្រង់ក៏សង់ប៉មមីឡូរ។
25 មាន៣ដងក្នុង១ឆ្នាំ ដែលសាឡូម៉ូនទ្រង់ថ្វាយតង្វាយដុត និងតង្វាយមេត្រី នៅលើអាសនៈដែលទ្រង់បានស្អាងថ្វាយព្រះយេហូវ៉ា ព្រមទាំងដុតកំញានថ្វាយនៅលើអាសនៈដែលនៅចំពោះព្រះយេហូវ៉ាផង គឺយ៉ាងនោះដែលទ្រង់បានស្អាងព្រះវិហាររួចជាស្រេច។
26 ស្តេចសាឡូម៉ូនធ្វើនាវា១ក្រុមនៅត្រង់អេស៊ាន-គេប៊ើរ ជាទីនៅមាត់សមុទ្រក្រហម ជិតអេឡាត ក្នុងស្រុកអេដុម
27 ឯហ៊ីរ៉ាម ទ្រង់ក៏ចាត់ពួកបាវបម្រើទ្រង់ខ្លះ ដែលជាពួកជំនាញខាងជើងទឹក គឺជាអ្នកចំណេះខាងផ្លូវសមុទ្រ ឲ្យទៅក្នុងនាវាទាំងនោះ ជាមួយនឹងពួកបម្រើរបស់សាឡូម៉ូន
28 គេក៏ទៅស្រុកអូភារ យកមាសពីស្រុកនោះមក បាន៤២០ហាបនាំមកថ្វាយស្តេចសាឡូម៉ូន។
ជំពូក 10
1 កាលមហាក្សត្រីស្រុកសេបាបានឮពីកិត្តិនាមរបស់សាឡូម៉ូនខាងព្រះនាមព្រះយេហូវ៉ា នោះព្រះនាងក៏យាងមកល្បងសួរទ្រង់ ដោយប្រស្នាដ៏ជ្រៅ
2 ព្រះនាងយាងមកដល់ក្រុងយេរូសាឡឹម មានមនុស្សដង្ហែមកយ៉ាងសន្ធឹក ក៏មានសត្វអូដ្ឋជាច្រើនផ្ទុកដោយគ្រឿងក្រអូប និងមាសជាច្រើនណាស់ ហើយត្បូងមានតម្លៃផង លុះកាលព្រះនាងបានចូលមកគាល់សាឡូម៉ូនហើយ នោះក៏មានសវនីយ៍សន្ទនានឹងទ្រង់ ពីគ្រប់ទាំងសេចក្ដីដែលមាននៅក្នុងព្រះទ័យ
3 ឯសាឡូម៉ូន ទ្រង់ក៏ឆ្លើយស្រាយន័យគ្រប់ទាំងសេចក្ដីដែលព្រះនាងសួរ ឥតមានអ្វីលាក់កំបាំងដល់ស្តេច ដែលទ្រង់មិនបានស្រាយន័យថ្វាយព្រះនាងនោះទេ
4 កាលមហាក្សត្រីស្រុកសេបាបានឃើញប្រាជ្ញារបស់សាឡូម៉ូនទាំងប៉ុន្មាន និងដំណាក់ដែលទ្រង់ធ្វើ
5 ព្រមទាំងព្រះស្ងោយនៅលើតុទ្រង់ ទីលំនៅរបស់ពួកបម្រើទ្រង់ សណ្ឋានពួកបរិវារបស់ទ្រង់ និងគ្រឿងតែងកាយរបស់គេ ហើយពួកបម្រើថ្វាយពែងរបស់ទ្រង់ និងតង្វាយដុតដែលទ្រង់ថ្វាយក្នុងព្រះវិហារនៃព្រះយេហូវ៉ា នោះព្រះនាងក៏ភាំងស្មារតី
6 ហើយមានសវនីយ៍ទៅស្តេចថា ពាក្យដែលខ្ញុំម្ចាស់បានឮផ្សាយទៅដល់ស្រុកខ្ញុំម្ចាស់ ពីព្រះរាជកិច្ច និងប្រាជ្ញារបស់ទ្រង់ នោះក៏ពិតប្រាកដមែន
7 ប៉ុន្តែ ខ្ញុំម្ចាស់មិនបានជឿទេ លុះត្រាតែបានមកឃើញនឹងភ្នែកខ្លួនឯង ហើយមើល ដំណឹងដែលខ្ញុំម្ចាស់បានឮនោះ មិនទាំងដល់ត្រឹមពាក់កណ្តាលផង គឺប្រាជ្ញា និងសេចក្ដីចម្រើនរបស់ទ្រង់ នោះហួសលើសពីកិត្តិសព្ទដែលខ្ញុំម្ចាស់បានឮទៅទៀត
8 មានពរហើយ ពួកទ្រង់ និងពួកអ្នកបម្រើនេះ ដែលឈរចំពោះទ្រង់ជានិច្ច ទាំងស្តាប់ប្រាជ្ញារបស់ទ្រង់
9 សូមឲ្យព្រះយេហូវ៉ាជាព្រះនៃទ្រង់បានប្រកបដោយព្រះពរ ជាព្រះដែលសព្វព្រះហឫទ័យនឹងទ្រង់ ដើម្បីនឹងតាំងឡើងលើបល្ល័ង្ករាជ្យនៃសាសន៍អ៊ីស្រាអែល គឺដោយព្រោះព្រះយេហូវ៉ាទ្រង់ស្រឡាញ់សាសន៍អ៊ីស្រាអែលអស់កល្បជានិច្ច បានជាតាំងទ្រង់ឡើងឲ្យធ្វើជាស្តេចលើគេ ប្រយោជន៍ឲ្យបានសម្រេចសេចក្ដីយុត្តិធម៌ និងសេចក្ដីសុចរិត
10 រួចព្រះនាងទ្រង់ថ្វាយមាស១២០ហាប និងគ្រឿងក្រអូបយ៉ាងសន្ធឹក ព្រមទាំងត្បូងមានតម្លៃដល់ស្តេច ក្រោយនោះមកមិនដែលមានគ្រឿងក្រអូបជាបរិបូរដល់ម៉្លេះបានចូលមក ឲ្យដូចជាគ្រឿងក្រអូបដែលមហាក្សត្រីស្រុកសេបាបានថ្វាយដល់ស្តេចសាឡូម៉ូននោះទៀតឡើយ។
11 ឯក្រុមនាវារបស់ហ៊ីរ៉ាម ដែលដឹកយកមាសមកពីស្រុកអូភារ នោះក៏ដឹកយកឈើចាន់ជាបរិបូរ និងត្បូងមានតម្លៃ មកពីស្រុកនោះដែរ
12 ស្តេចទ្រង់យកឈើចាន់នោះធ្វើជាភ្នាក់ដៃ នៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា និងក្នុងដំណាក់របស់ស្តេច ព្រមទាំងស៊ុង និងពិណ សម្រាប់ពួកចម្រៀងផង មិនដែលមានឈើចាន់យ៉ាងនោះមកទៀត ក៏មិនដែលឃើញសោះឡើយ ដរាបដល់សព្វថ្ងៃនេះ។
13 ស្តេចសាឡូម៉ូនទ្រង់ក៏ប្រទានដល់មហាក្សត្រីស្រុកសេបា តាមបំណងព្រះទ័យរបស់ព្រះនាង គឺរបស់អ្វីដែលព្រះនាងសូម លើសអំពីព្រះរាជទ្រព្យហ្លួងទាំងប៉ុន្មាន ដែលសាឡូម៉ូនបានប្រទានឲ្យផង ដូច្នេះ ព្រះនាង ព្រមទាំងពួកបរិវារ ក៏វិលត្រឡប់ទៅឯស្រុករបស់ខ្លួនវិញ។ រាជទ្រព្យរបស់ស្តេចសាឡូម៉ូន
14 រីឯមាសដែលមកដល់សាឡូម៉ូនក្នុង១ឆ្នាំ នោះមានទំងន់ជា៦៦៦ហាប
15 ក្រៅពីនោះ មានមាសដែលមកដោយសារពួកអ្នកលក់ដូរ និងការជំនួញ ហើយពីអស់ទាំងស្តេចស្រុកអារ៉ាប់ និងពួកចៅហ្វាយស្រុកទាំងប៉ុន្មានថែមទៀត
16 ស្តេចសាឡូម៉ូនទ្រង់ផែមាសធ្វើខែលធំ២០០គឺយកមាស៦០០ដំឡឹង ដើម្បីធ្វើខែលមួយៗ
17 ទ្រង់ក៏ផែមាសធ្វើខែលតូច៣០០ ក្នុងខែលមួយៗ មានមាស៦នាលិ ហើយទ្រង់តម្កល់ទុកទាំងអស់ក្នុងដំណាក់នៃព្រៃល្បាណូន
18 មួយទៀតស្តេចទ្រង់ធ្វើបល្ល័ង្ក១ធំ ដោយភ្លុក ហើយស្រោបមាសសុទ្ធលេខ១
19 មានជណ្តើរ៦ថ្នាក់ឡើងទៅដល់បល្ល័ង្កនោះ ឯបង្អែកបល្ល័ង្កនោះរាងមូល ហើយមានកំណល់ដៃ នៅទាំងសងខាងទីអង្គុយ មានរូបសិង្ហ២ឈរនៅខាងកំណល់ដៃ
20 ហើយមានសិង្ហ១២ឈរនៅថ្នាក់ជណ្តើរ៦ម្ខាង គ្មានបល្ល័ង្កណានៅក្នុងនគរណាដែលនឹងផ្ទឹមស្មើបានឡើយ
21 ឯអស់ទាំងប្រដាប់សម្រាប់សាឡូម៉ូនសោយគ្រឿងទឹក នោះសុទ្ធតែធ្វើពីមាសទាំងអស់ ហើយអស់ទាំងគ្រឿងប្រដាប់ នៅក្នុងដំណាក់នៃព្រៃល្បាណូន ក៏ធ្វើពីមាសសុទ្ធដែរ គ្មានណាមួយធ្វើពីប្រាក់ទេ នៅក្នុងរាជ្យសាឡូម៉ូន នោះគេមិនសូវរាប់អានប្រាក់ប៉ុន្មានទេ
22 ដ្បិតស្តេចទ្រង់មានក្រុមនាវាតើស៊ីស ដើរផ្លូវសមុទ្រជាមួយនឹងនាវារបស់ហ៊ីរ៉ាម ក្រុមនាវាតើស៊ីសនោះក៏ដឹកយកមាស ប្រាក់ ភ្លុក ទោច និងក្ងោកមកក្នុង៣ឆ្នាំ១ដង។
23 ដូច្នេះ ស្តេចសាឡូម៉ូនទ្រង់មានទ្រព្យសម្បត្តិ និងប្រាជ្ញាលើសជាងអស់ទាំងស្តេចនៅផែនដី
24 ហើយប្រជាជនក្នុងលោកទាំងមូល គេរកចង់ចូលទៅគាល់ស្តេចសាឡូម៉ូន ដើម្បីនឹងស្តាប់ប្រាជ្ញាទ្រង់ ដែលព្រះបានដាក់នៅក្នុងព្រះហឫទ័យ
25 គ្រប់គ្នាក៏នាំយកតង្វាយមកថ្វាយ គឺជាគ្រឿងមាស ប្រាក់ សម្លៀកបំពាក់ គ្រឿងសស្ត្រាវុធ គ្រឿងក្រអូប សេះ និងលាកាត់ តាមកំណត់រាល់តែឆ្នាំ
26 សាឡូម៉ូនក៏ប្រមូលចម្រើនរទេះចម្បាំង និងពលសេះ ទ្រង់មានរទេះចម្បាំង១ពាន់៤០០ ហើយពលសេះ១ម៉ឺន២ពាន់នាក់ ដែលទ្រង់ដាក់ឲ្យនៅក្នុងទីក្រុង សម្រាប់រទេះចម្បាំងទាំងប៉ុន្មាន ហើយនៅជាមួយនឹងស្តេច នៅក្នុងក្រុងយេរូសាឡឹមដែរ
27 ទ្រង់បានធ្វើឲ្យមានប្រាក់សម្បូរ ដូចជាថ្មនៅក្នុងក្រុងយេរូសាឡឹម ហើយឲ្យមានដើមតាត្រៅសម្បូរដូចជាដើមឧទុម្ពរ ដែលដុះនៅដីទំនាប
28 ឯអស់ទាំងសេះរបស់សាឡូម៉ូន នោះបានយកមកពីស្រុកអេស៊ីព្ទ ពួកជំនួញរបស់ស្តេចគេទិញមកទាំងហ្វូង តាមតម្លៃ១ហ្វូងៗ
29 គេក៏នាំរទេះចម្បាំងពីស្រុកអេស៊ីព្ទមក ១ថ្លៃ៦០០រៀល ហើយសេះ១ថ្លៃ១៥០ គេក៏ទិញដឹកនាំមកសម្រាប់ឲ្យអស់ទាំងស្តេចនៃសាសន៍ហេត និងពួកស្តេចស្រុកស៊ីរីយ៉ាងដូច្នោះដែរ។
ជំពូក 11
1 រីឯស្តេចសាឡូម៉ូន ទ្រង់បានស្រឡាញ់ពួកស្រីៗសាសន៍ដទៃជាច្រើន ក្រៅពីព្រះរាជបុត្រីផារ៉ោននោះ គឺជាស្ត្រីសាសន៍ម៉ូអាប់ សាសន៍អាំម៉ូន សាសន៍អេដុម សាសន៍ស៊ីដូន និងសាសន៍ហេត
2 ជាស្ត្រីនៃសាសន៍ផ្សេងៗ ដែលព្រះយេហូវ៉ាបានហាមដល់ពួកកូនចៅអ៊ីស្រាអែលថា មិនត្រូវឯងរាល់គ្នាចូលទៅឯគេ ឬឲ្យគេចូលមកឯងរាល់គ្នាឡើយ ដ្បិតគេនឹងបង្វែរចិត្តឯងរាល់គ្នាឲ្យទៅតាមព្រះគេជាមិនខាន តែសាឡូម៉ូនបានចងពន្ធនឹងគេ ដោយសេចក្ដីស្រឡាញ់វិញ
3 ទ្រង់មានភរិយាទំាងអស់៧០០ សុទ្ធតែជាកូនស្តេចទាំងអស់ ហើយមានស្រីអ្នកម្នាង៣០០ ឯភរិយាទាំងនោះ ក៏នាំបង្វែរព្រះហឫទ័យទ្រង់ចេញ
4 ដ្បិតកាលណាសាឡូម៉ូនទ្រង់ចាស់ហើយ នោះភរិយាទ្រង់បានបង្វែរព្រះហឫទ័យទ្រង់ឲ្យទៅតាមព្រះដទៃវិញ ហើយព្រះហឫទ័យទ្រង់មិនបានស្មោះត្រង់ នៅចំពោះព្រះយេហូវ៉ាជាព្រះនៃទ្រង់ ដូចជាព្រះហឫទ័យរបស់ដាវីឌ ជាបិតាទ្រង់ទេ
5 ពីព្រោះសាឡូម៉ូនទ្រង់ប្រតិបត្តិតាមព្រះអាសថារ៉ូត ជាព្រះនៃពួកស៊ីដូន ហើយតាមព្រះមីលកូម ជាសេចក្ដីគួរខ្ពើមរបស់ពួកអាំម៉ូនដែរ
6 សាឡូម៉ូនក៏ប្រព្រឹត្តការដែលអាក្រក់នៅព្រះនេត្រនៃព្រះយេហូវ៉ា ហើយមិនបានតាមព្រះយេហូវ៉ាដោយពេញខ្នាត ដូចជាដាវីឌ ជាព្រះបិតាទ្រង់ដែរ
7 នៅគ្រានោះ សាឡូម៉ូនទ្រង់ក៏ធ្វើកន្លែងសម្រាប់ថ្វាយបង្គំដល់ព្រះកេម៉ូស ជាសេចក្ដីគួរខ្ពើមរបស់ពួកម៉ូអាប់ នៅលើទីខ្ពស់១ ដែលជាភ្នំនៅទល់មុខនឹងក្រុងយេរូសាឡឹម និងសម្រាប់ព្រះម៉ូឡុក ជាសេចក្ដីគួរខ្ពើមរបស់ពួកកូនចៅអាំម៉ូនដែរ
8 ទ្រង់ក៏ធ្វើយ៉ាងនោះសម្រាប់ដល់គ្រប់ទាំងភរិយារបស់ទ្រង់ ជាសាសន៍ដទៃទាំងនោះ ហើយនាងទាំងនោះក៏ដុតកំញាន ព្រមទាំងថ្វាយយញ្ញបូជាដល់ព្រះរបស់គេ។
9 ដូច្នេះ ព្រះយេហូវ៉ាទ្រង់កើតមានសេចក្ដីខ្ញាល់ចំពោះសាឡូម៉ូន ដោយព្រោះព្រះហឫទ័យទ្រង់បានបែរចេញពីព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល ដែលបានលេចមកឲ្យទ្រង់ឃើញ២ដងហើយ
10 ក៏បានបង្គាប់ដល់ទ្រង់ពីដំណើរនេះដែរ ថា មិនត្រូវឲ្យទ្រង់ប្រតិបត្តិតាមព្រះដទៃឡើយ តែទ្រង់មិនបានរក្សាសេចក្ដីដែលព្រះយេហូវ៉ាបានបង្គាប់មកនោះទេ
11 ហេតុដូច្នោះ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងសាឡូម៉ូនថា ដោយព្រោះឯងបានធ្វើយ៉ាងនេះ ហើយមិនបានរក្សាសេចក្ដីសញ្ញារបស់អញ និងបញ្ញត្តដែលអញបានបង្គាប់ដល់ឯង នោះបានជាអញនឹងកន្ត្រាក់យករាជ្យពីឯងវិញជាពិត ហើយឲ្យទៅអ្នកបម្រើរបស់ឯងវិញ
12 ប៉ុន្តែ អញមិនធ្វើក្នុងគ្រានៃជីវិតឯងទេ ដោយយល់ដល់ដាវីឌ ជាឪពុកឯង គឺអញនឹងកន្ត្រាក់យកពីដៃកូនឯងវិញ
13 អញក៏មិនយកនគរទាំងមូលពីវាដែរ គឺនឹងឲ្យពូជអំបូរ១ដល់កូនឯង ដោយយល់ដល់ដាវីឌ ជាអ្នកបម្រើអញ ហើយយល់ដល់ក្រុងយេរូសាឡឹម ដែលអញបានរើសហើយផង។
14 ព្រះយេហូវ៉ាទ្រង់ក៏បណ្តាលឲ្យមានអ្នកតតាំងនឹងសាឡូម៉ូនម្នាក់ គឺហាដាឌ់ ជាសាសន៍អេដុមដែលជាវង្សានៃស្តេចស្រុកនោះ
15 ពីព្រោះកាលដាវីឌបានទៅស្រុកអេដុម ហើយយ៉ូអាប់ជាមេទ័ពបានឡើងទៅកប់ខ្មោចនៃពួកអ្នកដែលស្លាប់ក្នុងចម្បាំង គឺក្នុងពេលក្រោយដែលបានសម្លាប់ពួកប្រុសៗទាំងអស់នៅសាសន៍អេដុម
16 (ដ្បិតយ៉ូអាប់ និងពួកអ៊ីស្រាអែលទាំងអស់ បាននៅស្រុកនោះអស់៦ខែ ទាល់តែបានសម្លាប់ពួកប្រុសៗនៃសាសន៍អេដុមនោះអស់រលីងទៅ)
17 គ្រានោះ ហាដាឌ់បានរត់រួច ព្រមទាំងសាសន៍អេដុមខ្លះ ដែលជាអ្នកបម្រើរបស់ឪពុកលោកដែរ ក៏រត់ទៅអាស្រ័យនៅស្រុកអេស៊ីព្ទ ក្នុងកាលដែលហាដាឌ់នៅជាកុមារតូចនៅឡើយ
18 គេនាំគ្នាចេញពីស្រុកម៉ាឌានទៅដល់ស្រុកប៉ារ៉ាន ក៏នាំយកមនុស្សខ្លះពីប៉ារ៉ានទៅជាមួយនឹងគេ ចូលទៅក្នុងស្រុកអេស៊ីព្ទ គាល់ផារ៉ោន ជាស្តេចស្រុកនោះ ហើយទ្រង់ក៏ប្រទានផ្ទះ១ឲ្យលោកនៅ និងស្រែចម្ការដែរ ព្រមទាំងផ្គត់ផ្គង់ស្បៀងអាហារផង
19 ឯហាដាឌ់ បានប្រកបដោយគុណរបស់ផារ៉ោនយ៉ាងធំ ដល់ម៉្លេះបានជាទ្រង់ប្រទានប្អូនរបស់ភរិយាទ្រង់ គឺជាប្អូននាងថាផ្នេស ដែលជាអគ្គមហេសី ឲ្យធ្វើជាប្រពន្ធលោក
20 ប្អូនរបស់នាងថាផ្នេសក៏បង្កើតកូនប្រុស១ឲ្យលោក ឈ្មោះថា កេនូបាត ហើយនាងថាផ្នេសក៏ផ្តាច់ដោះ នៅក្នុងដំណាក់ផារ៉ោន រួចកេនូបាតបាននៅក្នុងដំណាក់ផារ៉ោនជាមួយនឹងព្រះរាជបុត្រនៃស្តេច
21 ក្រោយមក កាលហាដាឌ់បានឮនៅស្រុកអេស៊ីព្ទថា ដាវីឌបានផ្ទំលក់ជាមួយនឹងពួកអយ្យកោទ្រង់ហើយ ព្រមទាំងយ៉ូអាប់ជាមេទ័ពដែរ នោះហាដាឌ់ទូលផារ៉ោនថា សូមឲ្យទូលបង្គំត្រឡប់ទៅឯស្រុកទូលបង្គំវិញ
22 តែផារ៉ោនមានព្រះបន្ទូលសួរថា នៅជាមួយនឹងយើងនេះ តើឯងមានខ្វះខាតអ្វី បានជាចង់ត្រឡប់ទៅស្រុកវិញដូច្នេះ លោកទូលឆ្លើយថា គ្មានខ្វះអ្វីទេ ប៉ុន្តែ សូមឲ្យតែទូលបង្គំបានទៅចុះ។
23 ព្រះក៏បណ្តាឲ្យមានអ្នកតតាំងនឹងទ្រង់ម្នាក់ទៀត គឺឈ្មោះរេសោន ជាកូនអេលីយ៉ាដា ជាអ្នកដែលបានរត់ពីហាដា-រេស៊ើរ ជាស្តេចសូបា ចៅហ្វាយរបស់ខ្លួន
24 អ្នកនោះក៏ប្រមូលមនុស្សមកតាមខ្លួន ហើយបានធ្វើជាមេទ័ពលើពួកនោះ ក្នុងគ្រាដែលដាវីឌបានសម្លាប់ពួកសូបា រួចគេទៅអាស្រ័យនៅក្រុងដាម៉ាស ហើយបានគ្រប់គ្រងនៅទីនោះ
25 អ្នកនោះក៏ទាស់ទទឹងនឹងសាសន៍អ៊ីស្រាអែល រហូតដល់អស់ព្រះជន្មនៃសាឡូម៉ូន នេះជាការប្រទូសរ៉ាយ ក្រៅពីការដែលហាដាឌ់បានធ្វើ ឯរេសោនបានស្អប់ខ្ពើមដល់សាសន៍អ៊ីស្រាអែល ក៏សោយរាជ្យលើស្រុកស៊ីរី។
26 ឯយេរ៉ូបោម កូននេបាត ជាពួកអេប្រាអិម ពីស្រុកសេរេដា ជាអ្នកបម្រើសាឡូម៉ូន ដែលម្តាយជាស្រីមេម៉ាយឈ្មោះសេរូអា នោះក៏បានលើកដៃឡើងទាស់នឹងស្តេចដែរ
27 ហើយហេតុដែលលើកដៃទាស់នឹងស្តេច នោះគឺពីព្រោះសាឡូម៉ូនទ្រង់បានសង់ប៉មមីឡូរ ព្រមទាំងជួសជុលទីបាក់បែកនៃកំផែងទីក្រុងរបស់ដាវីឌ ជាព្រះបិតាទ្រង់
28 យេរ៉ូបោមនេះ ជាអ្នកក្លាហានស្ទាត់ជំនាញ សាឡូម៉ូនទ្រង់ឃើញថា អ្នកកំលោះនេះមានចិត្តឧស្សាហ៍ធ្វើការ បានជាទ្រង់តាំងឲ្យត្រួតលើការទាំងអស់របស់ពូជពង្សយ៉ូសែប
29 នៅគ្រានោះ មានកាល១ថ្ងៃយេរ៉ូបោមចេញពីក្រុងយេរូសាឡឹមទៅ ហើយហោរាអ័ហ៊ីយ៉ាជាពួកក្រុងស៊ីឡូរ ក៏ប្រទះនឹងលោកនៅកណ្តាលផ្លូវ មានតែគ្នា២នាក់នៅកណ្តាលវាលនោះ
30 ឯអ័ហ៊ីយ៉ា លោកបានពាក់អាវថ្មី ក៏ចាប់អាវថ្មីនោះ ហែកជា១២ផ្នែកទៅ
31 រួចប្រាប់ដល់យេរ៉ូបោមថា ចូរអ្នកយក១០ផ្នែកទៅ ដ្បិតព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់បានមានព្រះបន្ទូលដូច្នេះថា មើល អញនឹងកន្ត្រាក់យករាជ្យពីដៃសាឡូម៉ូន ហើយនិងឲ្យពូជអំបូរ១០ដល់ឯងវិញ
32 (តែសាឡូម៉ូននឹងបានពូជអំបូរ១ ដោយអញយល់ដល់ដាវីឌ ជាអ្នកបម្រើអញ ហើយយល់ដល់ក្រុងយេរូសាឡឹម ដែលអញបានរើសចេញពីអស់ទាំងពូជអំបូរសាសន៍អ៊ីស្រាអែលផង)
33 ពីព្រោះគេបានបោះបង់ចោលអញ ហើយបានក្រាបថ្វាយបង្គំដល់ព្រះអាសថារ៉ូត ជាព្រះនៃសាសន៍ស៊ីដូន និងកេម៉ូស ជាព្រះនៃសាសន៍ម៉ូអាប់ ហើយមីលកូម ជាព្រះនៃពួកកូនចៅអាំម៉ូនវិញ គេមិនបានដើរតាមផ្លូវអញ ដើម្បីនឹងប្រព្រឹត្តសេចក្ដីដែលទៀងត្រង់នៅភ្នែកអញ ហើយកាន់តាមបញ្ញត្ត និងសេចក្ដីយុត្តិធម៌របស់អញ ដូចជាដាវីឌ ជាបិតាទ្រង់ទេ
34 ប៉ុន្តែ អញមិនយករាជ្យទាំងមូលពីដៃទ្រង់ទេ គឺនឹងឲ្យទ្រង់ធ្វើជាស្តេច រហូតដល់អស់ព្រះជន្ម ដោយព្រោះយល់ដល់ដាវីឌ ជាអ្នកបម្រើអញដែលអញបានរើស ជាអ្នកដែលបានកាន់តាមបញ្ញត្ត និងក្រឹត្យក្រមទាំងប៉ុន្មានរបស់អញ
35 អញនឹងយករាជ្យពីដៃរបស់បុត្រទ្រង់វិញ ហើយនិងឲ្យពូជអំបូរ១០មកឯង
36 ឯបុត្ររបស់ទ្រង់ អញនឹងឲ្យពូជអំបូរ១ ដើម្បីឲ្យដាវីឌជាអ្នកបម្រើអញ បានចង្កៀង១ភ្លឺជាដរាបនៅចំពោះអញ ក្នុងក្រុងយេរូសាឡឹម ជាទីក្រុងដែលអញបានរើសសម្រាប់តាំងឈ្មោះអញ
37 អញនឹងយកឯងតាំងឡើង ហើយឯងនឹងគ្រប់គ្រងតាមបំណងចិត្ត ព្រមទាំងសោយរាជ្យលើពួកអ៊ីស្រាអែល
38 ដូច្នេះ បើឯងនឹងស្តាប់តាមគ្រប់ទាំងសេចក្ដីដែលអញបង្គាប់ ហើយដើរតាមអស់ទាំងផ្លូវរបស់អញ ព្រមទាំងប្រព្រឹត្តសេចក្ដីដែលត្រឹមត្រូវនៅភ្នែកអញ ដោយកាន់តាមបញ្ញត្ត និងក្រឹត្យក្រមរបស់អញ ដូចជាដាវីឌជាអ្នកបម្រើអញដែរ នោះអញនឹងនៅជាមួយនឹងឯង ហើយនិងតាំងជំនួរវង្សឯងឡើងឲ្យខ្ជាប់ខ្ជួន ដូចជាអញបានតាំងឲ្យដាវីឌដែរ អញនឹងប្រគល់ពួកអ៊ីស្រាអែលឲ្យដល់ឯង
39 អញនឹងផ្ចាញ់ផ្ចាលវង្សាដាវីឌដោយសារការនោះ តែមិនមែនជាដរាបទេ
40 ដូច្នេះ សាឡូម៉ូនទ្រង់រកសម្លាប់យេរ៉ូបោម តែយេរ៉ូបោមរត់ទៅឯស៊ីសាក ជាស្តេចស្រុកអេស៊ីព្ទ ក៏នៅស្រុកនោះដរាបដល់សាឡូម៉ូនអស់ព្រះជន្មទៅ។
41 រីឯដំណើរឯទៀតពីសាឡូម៉ូន និងការដែលទ្រង់បានធ្វើទាំងប៉ុន្មាន ហើយប្រាជ្ញារបស់ទ្រង់ នោះសុទ្ធតែកត់ទុកក្នុងសៀវភៅ ពីកិច្ចការរបស់សាឡូម៉ូនហើយ
42 សាឡូម៉ូនទ្រង់សោយរាជ្យលើសាសន៍អ៊ីស្រាអែលទាំងមូល នៅក្រុងយេរូសាឡឹមបាន៤០ឆ្នាំ
43 ទ្រង់ក៏ផ្ទំលក់ទៅជាមួយនឹងពួកអយ្យកោទ្រង់ទៅ គេបញ្ចុះសពនៅក្នុងក្រុងរបស់ដាវីឌ ជាបិតាទ្រង់ រួចរេហូបោម ជាបុត្រាក៏សោយរាជ្យឡើងជំនួសបិតា។
ជំពូក 12
1 ឯរេហូបោម ទ្រង់យាងទៅឯស៊ីគែម ដ្បិតសាសន៍អ៊ីស្រាអែលទាំងអស់បានមូលមកឯស៊ីគែម ដើម្បីនឹងតាំងទ្រង់ឡើងជាស្តេច
2 កាលយេរ៉ូបោម ជាកូននេបាតបានឮ ក្នុងកាលដែលលោកកំពុងនៅស្រុកអេស៊ីព្ទ ជាកន្លែងដែលលោកបានរត់ទៅអាស្រ័យនៅ ដើម្បីឲ្យរួចពីស្តេចសាឡូម៉ូន
3 ហើយមានគេចាត់មនុស្សឲ្យទៅហៅលោកមក នោះយេរ៉ូបោម និងពួកជំនុំអ៊ីស្រាអែលទាំងអស់ ក៏មកគាល់រេហូបោមទូលថា
4 ព្រះបិតាទ្រង់បានធ្វើឲ្យនឹមយើងខ្ញុំធ្ងន់ពន់ពេក ដូច្នេះ សូមទ្រង់មេត្តាប្រោសឲ្យការតឹងរ៉ឹងរបស់ព្រះវរបិតាទ្រង់ និងនឹមយ៉ាងធ្ងន់ដែលទ្រង់បានដាក់លើយើងខ្ញុំរាល់គ្នា បានស្រាលចេញ នោះយើងខ្ញុំរាល់គ្នានឹងប្រតិបត្តិតាមទ្រង់
5 ដូច្នេះ ទ្រង់មានព្រះបន្ទូលឆ្លើយថា ចូរទៅសិនចុះ ចាំបីថ្ងៃទៀតសូមត្រឡប់មកវិញ បណ្តាជនទាំងឡាយក៏បង្គំលាទៅ។
6 ស្តេចរេហូបោមក៏ប្រឹក្សានឹងពួកចាស់ៗ ជាពួកជំនិតនៃសាឡូម៉ូន បិតាទ្រង់ ពីកាលទ្រង់គង់ព្រះជន្មនៅឡើយថា តាមគំនិតរបស់លោករាល់គ្នា នោះតើត្រូវយើងឆ្លើយនឹងពួករាស្ត្រនេះយ៉ាងដូចម្តេច
7 លោកទាំងនោះទូលឆ្លើយថា នៅថ្ងៃនេះ បើទ្រង់សព្វព្រះទ័យនឹងធ្វើតាមចិត្តប្រជាជនទាំងឡាយ ហើយយកចិត្តគេ ដោយឆ្លើយនឹងគេជាពាក្យផ្អែមពីរោះ នោះគេនឹងនៅជាបាវបម្រើរបស់ទ្រង់ជាដរាបទៅ
8 ប៉ុន្តែ ទ្រង់មិនព្រមតាមគំនិតនៃពួកចាស់ៗទាំងនោះទេ គឺទ្រង់ទៅប្រឹក្សានឹងពួកមនុស្សស្រករនឹងទ្រង់ ជាពួកជំនិតទ្រង់វិញ
9 ដោយព្រះបន្ទូលថា តើអ្នករាល់គ្នាគិតយ៉ាងណា តើត្រូវឲ្យយើងឆ្លើយនឹងពួករាស្ត្រនេះដូចម្តេច ដែលគេបានមកសូមយើងថា សូមមេត្តាប្រោសឲ្យនឹមដែលព្រះបិតាទ្រង់បានដាក់លើយើងរាល់គ្នា បានស្រាលទៅ
10 រួចពួកដែលស្រករនឹងទ្រង់ គេទូលឆ្លើយថា ឯពួករាស្ត្រនេះ ដែលមកទូលសូមទ្រង់ថា ព្រះបិតាទ្រង់បានធ្វើឲ្យនឹមយើងខ្ញុំរាល់គ្នាធ្ងន់ពន់ពេក សូមទ្រង់មេត្តាប្រោសឲ្យបានស្រាលដល់យើងខ្ញុំវិញដូច្នេះ នោះត្រូវឲ្យទ្រង់មានព្រះបន្ទូលឆ្លើយនឹងគេយ៉ាងនេះថា កូនដៃយើងនឹងបានធំជាងភ្លៅរបស់ព្រះបិតាយើង
11 ឯព្រះបិតាយើង ទ្រង់បានដាក់នឹមយ៉ាងធ្ងន់លើឯងរាល់គ្នា តែឥឡូវនេះ យើងនឹងបន្ថែមឲ្យនឹមឯងរាល់គ្នាបានធ្ងន់ជាងទៅទៀត ព្រះបិតាយើងបានវាយផ្ចាលឯងរាល់គ្នាដោយរំពាត់ តែយើងនឹងវាយផ្ចាលឯងរាល់គ្នាដោយខ្យាដំរីវិញ។
12 លុះដល់ថ្ងៃទី៣ យេរ៉ូបោម និងបណ្តាជនទាំងឡាយ ក៏មូលមកគាល់រេហូបោម ដូចជាស្តេចបានបង្គាប់ដោយព្រះបន្ទូលថា ដល់ថ្ងៃទី៣ ចូរឯងរាល់គ្នាមកឯយើងវិញ
13 នោះស្តេចទ្រង់មានព្រះបន្ទូលឆ្លើយដល់គេជាពាក្យគំរោះគំរើយ ឥតតាមគំនិតរបស់ពួកចាស់ៗឡើយ
14 គឺទ្រង់មានព្រះបន្ទូលទៅគេ តាមគំនិតរបស់ពួកមនុស្សស្រករគ្នាវិញថា ព្រះបិតាយើងបានធ្វើឲ្យនឹមឯងរាល់គ្នាមានទំងន់ តែយើងនឹងបន្ថែម ឲ្យនឹមឯងរាល់គ្នា បានធ្ងន់ជាងទៅទៀត ព្រះបិតាបានវាយផ្ចាលឯងរាល់គ្នាដោយរំពាត់ តែយើងនឹងវាយផ្ចាលឯងរាល់គ្នាដោយខ្យាដំរីវិញ
15 ស្តេចទ្រង់មិនព្រមស្តាប់តាមបណ្តាជនទេ ដ្បិតការនេះកើតមកអំពីព្រះយេហូវ៉ា ដើម្បីនឹងសម្រេចតាមសេចក្ដីដែលទ្រង់បានមានព្រះបន្ទូលនឹងយេរ៉ូបោម ជាកូននេបាត ដោយសារអ័ហ៊ីយ៉ា ជាពួកក្រុងស៊ីឡូរ។
16 កាលពួកអ៊ីស្រាអែលទាំងប៉ុន្មានឃើញថា ស្តេចមិនព្រមស្តាប់តាមគេដូច្នោះ នោះគេទូលឆ្លើយថា តើយើងរាល់គ្នាមានចំណែកអ្វីខាងដាវីឌ យើងក៏គ្មានមរដកជាមួយនឹងកូនចៅអ៊ីសាយដែរ ឱពួកអ៊ីស្រាអែលអើយ ចូរយើងវិលទៅផ្ទះវិញទៅ ឥឡូវនេះដាវីឌ ចូរមើលព្រះវង្សរបស់ខ្លួនឯងចុះ ដូច្នេះ ពួកអ៊ីស្រាអែល ក៏ត្រឡប់ទៅឯទីលំនៅគេវិញទៅ
17 ឯត្រង់ពួកកូនចៅអ៊ីស្រាអែល ដែលនៅក្នុងអស់ទាំងទីក្រុងរបស់ពួកយូដា នោះរេហូបោមបានគ្រងរាជ្យលើគេវិញ
18 រួចមកស្តេចរេហូបោមទ្រង់ចាត់អ័ដូរ៉ាម ដែលត្រួតលើពួកកំណែនឲ្យទៅ តែពួកអ៊ីស្រាអែលទាំងអស់គ្នាគេចោលលោកនឹងថ្មឲ្យស្លាប់ទៅ ដូច្នេះ ស្តេចរេហូបោមក៏ប្រញាប់ប្រញាល់ នឹងឡើងព្រះរាជរថរត់ទៅឯក្រុងយេរូសាឡឹម
19 គឺយ៉ាងនោះ ដែលពួកអ៊ីស្រាអែលបានបះបោរនឹងរាជ្យវង្សរបស់ដាវីឌ ដរាបដល់សព្វថ្ងៃនេះ
20 គ្រានោះ កាលពួកអ៊ីស្រាអែលទាំងអស់គ្នាបានឮថា យេរ៉ូបោមបានត្រឡប់មកវិញហើយ នោះក៏ចាត់គ្នាឲ្យទៅអញ្ចើញលោកមកក្នុងជំនុំគេ រួចគេតាំងលោកឡើងឲ្យធ្វើជាស្តេចលើពួកអ៊ីស្រាអែលទាំងអស់ គ្មានអ្នកណាបានតាមព្រះរាជវង្សរបស់ដាវីឌឡើយ មានតែពូជអំបូរយូដា១ប៉ុណ្ណោះ។
21 លុះកាលរេហូបោមបានមកដល់ក្រុងយេរូសាឡឹម នោះទ្រង់ក៏ប្រមូលពូជពង្សយូដាទាំងអស់ និងពូជអំបូរបេនយ៉ាមីន រួមទាំងអស់បានប្រុសៗ១សែន៨ម៉ឺននាក់ សុទ្ធតែជាអ្នកជ្រើសរើស ហើយថ្នឹកចម្បាំង ដើម្បីលើកទៅច្បាំងនឹងពួកពូជពង្សអ៊ីស្រាអែល ដោយប្រាថ្នាចង់បង្វិលរាជ្យមកឲ្យរេហូបោម ជាកូនសាឡូម៉ូនវិញ
22 ប៉ុន្តែ ព្រះបន្ទូលនៃព្រះបានមកដល់សេម៉ាយ៉ា ជាអ្នកសំណប់របស់ព្រះថា
23 ចូរប្រាប់ដល់រេហូបោម ជាកូនសាឡូម៉ូន ស្តេចស្រុកយូដា ព្រមទាំងពូជពង្សយូដា និងបេនយ៉ាមីន ហើយនិងពួកជនឯទៀតថា
24 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ គឺកុំឲ្យអ្នកឡើងទៅច្បាំងនឹងពួកកូនចៅអ៊ីស្រាអែល ជាបងប្អូនរបស់ឯងរាល់គ្នាឡើយ ចូរវិលទៅឯផ្ទះរបស់ឯងរៀងខ្លួនទៅ ដ្បិតការនេះ គឺអញបានបង្កើតឡើងទេ ដូច្នេះ គេក៏ស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ា ហើយវិលត្រឡប់ទៅតាមផ្លូវគេវិញ តាមព្រះបន្ទូលនៃព្រះយេហូវ៉ាទៅ។
25 ក្រោយនោះមក យេរ៉ូបោមទ្រង់សង់ក្រុងស៊ីគែម នៅស្រុកភ្នំអេប្រាអិម រួចទ្រង់គង់នៅទីនោះ ហើយចេញពីទីនោះទៅសង់ក្រុងពេនួលទៀត។
26 យេរ៉ូបោមទ្រង់ព្រះតម្រិះក្នុងព្រះហឫទ័យថា រាជ្យនេះនឹងត្រឡប់ទៅឯរាជវង្សដាវីឌវិញ
27 បើសិនជាបណ្តាជនទាំងនេះ ចេះតែឡើងទៅថ្វាយយញ្ញបូជា ក្នុងព្រះវិហារនៃព្រះយេហូវ៉ា នៅក្រុងយេរូសាឡឹម នោះចិត្តគេនឹងវិលត្រឡប់ទៅឯចៅហ្វាយគេវិញគឺឯរេហូបោម ជាស្តេចស្រុកយូដា គេនឹងសម្លាប់អញបង់ ហើយត្រឡប់ទៅគោរពតាមរេហូបោម ជាស្តេចស្រុកយូដា
28 ដូច្នេះ ស្តេចទ្រង់ក៏ជំនុំការ រួចធ្វើរូបកូនគោមាស២ ហើយមានព្រះបន្ទូលថា ឱអ៊ីស្រាអែលអើយ ឯងរាល់គ្នាបានឡើងទៅឯក្រុងយេរូសាឡឹម ជាយូរណាស់ហើយ ឥឡូវនេះ មើល នេះនែ ព្រះរបស់ឯងដែលបាននាំឯងរាល់គ្នា ឡើងចេញពីស្រុកអេស៊ីព្ទមក
29 ទ្រង់ក៏តម្កល់ទុក១នៅក្រុងបេត-អែល ហើយ១ទៀតនៅក្រុងដាន់
30 ដំណើរនោះក៏ត្រឡប់ជាហេតុឲ្យមានបាបឡើង ពីព្រោះពួកជនទាំងឡាយ គេខំទៅថ្វាយបង្គំ នៅចំពោះរូប១នោះ ដែលនៅក្រុងដាន់
31 ទ្រង់ក៏ស្អាងវិហារនៅលើទីខ្ពស់ទាំងប៉ុន្មាន ហើយបានយកមនុស្សពីបណ្តាជនទាំងឡាយ ដែលមិនមែនជាពូជលេវី តាំងឡើងឲ្យធ្វើជាសង្ឃ
32 រួចទ្រង់តម្រូវឲ្យមានបុណ្យនៅថ្ងៃ១៥ខែកត្តិក ឲ្យដូចជាបុណ្យដែលគេធ្វើនៅស្រុកយូដាដែរ ហើយទ្រង់ថ្វាយយញ្ញបូជានៅលើអាសនៈ ទ្រង់ក៏ធ្វើដូច្នោះនៅក្រុងបេត-អែលទៀត ព្រមទាំងថ្វាយយញ្ញបូជាដល់រូបគោដែលទ្រង់បានធ្វើផង ទ្រង់ដាក់ពួកសង្ឃដែលបានតាំងឡើង សម្រាប់ទីខ្ពស់ទាំងប៉ុន្មាន ឲ្យនៅក្រុងបេត-អែល
33 ដល់ថ្ងៃ១៥ខែកត្តិក ជាវេលាដែលទ្រង់បានគិតសម្រេចក្នុងព្រះទ័យហើយ នោះទ្រង់ក៏ថ្វាយយញ្ញបូជានៅលើអាសនៈនោះ ដែលទ្រង់បានស្អាង នៅក្រុងបេត-អែល ហើយទ្រង់ក៏តាំងថ្ងៃនោះ ទុកជាថ្ងៃបុណ្យដល់ពួកកូនចៅអ៊ីស្រាអែល រួចទ្រង់ឡើងទៅដុតកំញានថ្វាយ នៅលើអាសនៈផង។
ជំពូក 13
1 ខណៈនោះ មានអ្នកសំណប់របស់ព្រះម្នាក់ចេញពីស្រុកយូដា មកដល់បេត-អែល តាមបង្គាប់នៃព្រះយេហូវ៉ា ឯយេរ៉ូបោម ទ្រង់កំពុងតែឈរនៅមុខអាសនៈ ដើម្បីដុតកំញាន
2 អ្នកនោះស្រែកឡើង ទាស់នឹងអាសនៈដោយព្រះបន្ទូលនៃព្រះយេហូវ៉ាថា ម្នាលអាសនៈៗអើយ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ មើល នឹងមានបុត្រា១កើតមកក្នុងព្រះវង្សរបស់ដាវីឌ ព្រះនាមយ៉ូសៀស ទ្រង់នឹងថ្វាយពួកសង្ឃនៃអស់ទាំងទីខ្ពស់ដែលដុតកំញាននៅលើឯង ទុកជាយញ្ញបូជានៅលើឯង ព្រមទាំងដុតឆ្អឹងមនុស្សនៅលើឯងដែរ
3 អ្នកនោះក៏ប្រាប់ទីសម្គាល់១នៅថ្ងៃនោះដែរ ដោយពាក្យថា នេះជាទីសម្គាល់ដែលព្រះយេហូវ៉ាបានមានព្រះបន្ទូលហើយ មើល អាសនៈនេះនឹងបាក់បែកទៅ ហើយផេះនៅលើ នឹងត្រូវខ្ចាយចេញ
4 កាលស្តេចយេរ៉ូបោមទ្រង់ឮពាក្យ ដែលអ្នកសំណប់របស់ព្រះបានស្រែកទាស់នឹងអាសនៈ នៅក្រុងបេត-អែលដូច្នោះ នោះទ្រង់ក៏ដកព្រះហស្តពីអាសនៈចង្អុលទៅថា ចូរចាប់វាទៅ ឯព្រះហស្តដែលទ្រង់បានចង្អុលទៅគាត់នោះ ក៏ស្វិតទៅកន្ត្រាក់មកវិញមិនបាន
5 អាសនៈនោះក៏បាក់បែក ហើយផេះក៏ខ្ចាត់ខ្ចាយពីលើទៅ តាមទីសម្គាល់ដែលអ្នកសំណប់របស់ព្រះបានប្រាប់ ដោយព្រះបន្ទូលនៃព្រះយេហូវ៉ា
6 នោះស្តេចទ្រង់មានព្រះបន្ទូលទៅអ្នកសំណប់របស់ព្រះថា សូមទូលអង្វរដល់ព្រះយេហូវ៉ាជាព្រះនៃអ្នក ហើយអធិស្ឋានឲ្យខ្ញុំផង ដើម្បីឲ្យដៃខ្ញុំបានជាឡើងវិញ អ្នកសំណប់របស់ព្រះក៏ទូលអង្វរដល់ព្រះយេហូវ៉ា រួចព្រះហស្តស្តេចបានជាឡើងដូចកាលដើមវិញ
7 ដូច្នេះ ស្តេចទ្រង់មានព្រះបន្ទូលទៅអ្នកសំណប់របស់ព្រះថា អញ្ជើញទៅផ្ទះខ្ញុំលំហើយខ្លួនបន្តិចសិន ខ្ញុំនឹងឲ្យរង្វាន់ដល់អ្នក
8 តែអ្នកសំណប់របស់ព្រះទូលឆ្លើយថា បើទុកជាទ្រង់ប្រទានដំណាក់ទ្រង់១ចំហៀងមកទូលបង្គំ ក៏ទូលបង្គំមិនទៅជាមួយនឹងទ្រង់ដែរ ទូលបង្គំមិនព្រមទទួលទាននំបុ័ង ឬទឹកនៅទីនេះឡើយ
9 ដ្បិតព្រះយេហូវ៉ាទ្រង់បានហាមទូលបង្គំថា កុំឲ្យឯងបរិភោគអាហារឬទឹក ហើយកុំឲ្យវិលមកវិញតាមផ្លូវដែលឯងទៅនោះឡើយ
10 ដូច្នេះ គាត់ក៏ចេញទៅតាមផ្លូវ១ទៀត ឥតវិលទៅតាមផ្លូវដែលមកដល់ក្រុងបេត-អែលនោះទេ។
11 រីឯនៅក្រុងបេត-អែល មានហោរាចាស់ម្នាក់ ឯកូនគាត់ម្នាក់ ក៏មកប្រាប់ឪពុកពីគ្រប់ទាំងការដែលអ្នកសំណប់របស់ព្រះបានធ្វើ នៅក្រុងបេត-អែល នាថ្ងៃនោះ ព្រមទាំងពាក្យទាំងប៉ុន្មាន ដែលគាត់បានទូលដល់ស្តេចដែរ
12 ឯផ្លូវដែលអ្នកសំណប់របស់ព្រះ មកពីស្រុកយូដាបានទៅវិញ នោះកូនគាត់ក៏បានឃើញ ដូច្នេះ គាត់សួរកូនថា តើអ្នកនោះបានចេញទៅតាមផ្លូវណា
13 រួចគាត់ប្រាប់កូនថា ចូរចងកែបលាឲ្យអញ កូនក៏ចងកែបលា ហើយគាត់ឡើងជិះទៅ
14 គាត់ទៅតាមអ្នកសំណប់របស់ព្រះ បានទាន់ឃើញកំពុងអង្គុយនៅក្រោមដើមម៉ៃសាក់ ក៏សួរថា តើអ្នកជាអ្នកសំណប់របស់ព្រះ ដែលមកពីស្រុកយូដាឬអី អ្នកនោះឆ្លើយថា គឺខ្ញុំនេះហើយ
15 រួចគាត់និយាយថា សូមអញ្ជើញទៅពិសាអាហារនៅឯផ្ទះជាមួយនឹងខ្ញុំសិន
16 តែអ្នកនោះឆ្លើយតបថា ខ្ញុំគ្មានច្បាប់នឹងត្រឡប់ជាមួយនឹងអ្នក ឬចូលទៅក្នុងផ្ទះអ្នកឡើយ ក៏មិនព្រមទទួលទានអាហារ ឬទឹក ជាមួយនឹងអ្នកនៅស្រុកនេះដែរ
17 ពីព្រោះព្រះយេហូវ៉ាទ្រង់បានហាមថា មិនត្រូវឲ្យបរិភោគអាហារ ឬទឹក នៅស្រុកនោះឡើយ ក៏មិនត្រូវវិលទៅវិញ តាមផ្លូវដែលឯងបានចូលមកនោះដែរ
18 តែគាត់និយាយថា ខ្ញុំក៏ជាហោរាដូចអ្នកដែរ ហើយមានទេវតាប្រាប់ខ្ញុំដោយព្រះបន្ទូលនៃព្រះយេហូវ៉ាថា ចូរទៅនាំអ្នកនោះមកឯផ្ទះជាមួយនឹងឯងវិញ ដើម្បីឲ្យបានបរិភោគភោជន៍ គឺគាត់កុហកដល់អ្នកនោះទេ
19 ដូច្នេះ អ្នកនោះក៏ត្រឡប់ទៅជាមួយ ព្រមទាំងបរិភោគនៅក្នុងផ្ទះគាត់ផង។
20 កាលអ្នកទាំង២កំពុងតែអង្គុយនៅតុ នោះព្រះបន្ទូលនៃព្រះយេហូវ៉ា ក៏មកដល់ហោរាដែលបាននាំគាត់ត្រឡប់មកវិញ
21 ហើយអ្នកនោះបន្លឺវាចាឡើងដល់អ្នកសំណប់របស់ព្រះ ដែលមកពីស្រុកយូដាថា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ ដោយព្រោះឯងមិនបានស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ា ហើយមិនបានកាន់តាមបញ្ញត្តដែលព្រះយេហូវ៉ាជាព្រះនៃឯងបានហាមប្រាម
22 គឺបានវិលមកវិញ ព្រមទាំងបរិភោគនៅក្នុងស្រុកដែលអញបានហាមឯងថា កុំឲ្យបរិភោគភោជន៍ឡើយ នោះខ្មោចរបស់ឯងនឹងមិនបានបញ្ចុះក្នុងផ្នូរ នៃពួកអយ្យកោឯងឡើយ
23 ក្រោយដែលបានបរិភោគរួចហើយ នោះគាត់ក៏ចងកែបលាឲ្យហោរាដែលបាននាំមកវិញ បានចេញទៅ
24 លុះកាលអ្នកនោះបានចេញទៅហើយ ក៏ប្រទះនឹងសិង្ហ១តាមផ្លូវ សិង្ហក៏សម្លាប់គាត់ទៅ ហើយសពរបស់គាត់ដេកនៅកណ្តាលផ្លូវ សត្វលាឈរនៅជិត ឯសិង្ហក៏ឈរនៅក្បែរសពដែរ
25 ហើយមើល មានមនុស្សដើរទៅមកតាមនោះ បានឃើញសពដេកនៅកណ្តាលផ្លូវ និងសិង្ហឈរនៅជិតដូច្នោះ គេក៏ទៅប្រាប់ដល់ក្នុងទីក្រុង ជាទីលំនៅនៃហោរាចាស់នោះ។
26 កាលដំណឹងបានឮទៅដល់ហោរាដែលនាំគាត់ពីផ្លូវមកវិញ គាត់ក៏និយាយថា នេះគឺជាអ្នកសំណប់របស់ព្រះ ដែលមិនបានស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ាហើយ បានជាព្រះយេហូវ៉ាទ្រង់បានប្រគល់ទៅឲ្យសត្វសិង្ហហែកសម្លាប់បង់ តាមសេចក្ដីដែលទ្រង់មានព្រះបន្ទូលប្រាប់នោះ
27 រួចគាត់បង្គាប់ទៅកូនថា ចូរចងកែបលាឲ្យអញ កូនក៏ចងឲ្យ
28 នោះគាត់ក៏ចេញទៅ ឃើញសពដេកនៅកណ្តាលផ្លូវ និងសត្វលា ហើយសិង្ហកំពុងតែឈរនៅជិត សិង្ហនោះមិនបានស៊ីសពឬហែកលាឡើយ
29 ដូច្នេះ ហោរាចាស់ក៏លើកដាក់លើលា នាំត្រឡប់ទៅឯទីក្រុងរបស់ខ្លួន ដើម្បីនឹងកាន់ទុក្ខ ហើយបញ្ចុះសពនៃអ្នកសំណប់របស់ព្រះ
30 គាត់ក៏បញ្ចុះនៅក្នុងផ្នូររបស់ខ្លួន ហើយនាំគ្នាកាន់ទុក្ខ ដោយពាក្យថា ស្តាយណាស់ប្អូនអើយ
31 កាលក្រោយដែលបានបញ្ចុះរួចហើយ នោះគាត់ផ្តាំកូនថា កាលណាអញស្លាប់ទៅ ត្រូវឲ្យបញ្ចុះសពអញនៅក្នុងផ្នូរដែលបានបញ្ចុះអ្នកសំណប់របស់ព្រះនេះដែរ ចូរដាក់ឆ្អឹងអញនៅទន្ទឹមគ្នា
32 ពីព្រោះពាក្យដែលគាត់បានស្រែក ដោយនូវព្រះបន្ទូលនៃព្រះយេហូវ៉ា ទាស់នឹងអាសនៈនៅក្រុងបេត-អែល ហើយទាស់នឹងអស់ទាំងវិហារនៅទីខ្ពស់ ដែលនៅក្នុងក្រុងស្រុកសាម៉ារីទាំងប៉ុន្មាន នោះនឹងកើតមកជាពិត។
33 ក្រោយការនោះមក យេរ៉ូបោមក៏នៅតែមិនព្រមបែរចេញពីផ្លូវអាក្រក់របស់ទ្រង់ឡើយ គឺទ្រង់ចេះតែយកមនុស្សពីបណ្តាជនទាំងឡាយ តាំងឡើងឲ្យធ្វើជាសង្ឃនៃអស់ទាំងទីខ្ពស់ទៀត ឯអ្នកណាដែលចង់ធ្វើជាសង្ឃ នោះទ្រង់ក៏ប្រោសតាំងឲ្យអ្នកនោះធ្វើជាសង្ឃនៃអស់ទាំងទីខ្ពស់ទៅ
34 ដំណើរនោះក៏ត្រឡប់ជាបាបដល់ព្រះវង្សាយេរ៉ូបោម រហូតដល់ត្រូវកាត់កាល់ ហើយលាញចេញពីផែនដីទៅ។
ជំពូក 14
1 នៅគ្រានោះ អ័ប៊ីយ៉ា ជាបុត្រយេរ៉ូបោម ទ្រង់ចាប់ប្រឈួន
2 ហើយយេរ៉ូបោមមានព្រះបន្ទូលនឹងភរិយាថា ចូរឲ្យឯងក្រោកឡើងក្លែងខ្លួន ដើម្បីកុំឲ្យគេស្គាល់ឯងថាជាប្រពន្ធអញឡើយ រួចទៅឯក្រុងស៊ីឡូរទៅ នៅទីនោះ មានហោរាអ័ហ៊ីយ៉ា ដែលបានទាយពីដំណើរដែលអញនឹងសោយរាជ្យលើបណ្តាជននេះ
3 ចូរនាំយកនំបុ័ង១០ដុំ និងនំផ្អែមខ្លះ ហើយពួច១ពេញដោយទឹកឃ្មុំ ទៅឯលោក លោកនឹងប្រាប់ឯង ឲ្យដឹងជាកូននេះនឹងទៅជាយ៉ាងណា
4 ភរិយារបស់យេរ៉ូបោមក៏ធ្វើដូច្នោះ នាងក្រោកឡើងទៅឯផ្ទះអ័ហ៊ីយ៉ា នៅក្រុងស៊ីឡូរ រីឯអ័ហ៊ីយ៉ា លោកមើលមិនឃើញទេ ពីព្រោះភ្នែកងងឹតដោយចាស់ណាស់ហើយ
5 តែព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដល់អ័ហ៊ីយ៉ាថា មើល ភរិយារបស់យេរ៉ូបោមមកសួរឯង ពីដំណើរកូនដែលឈឺ ត្រូវឲ្យឯងប្រាប់នាងដូច្នេះមួយៗ ដ្បិតកាលណានាងចូលមក នោះនាងនឹងធ្វើភាពជាស្ត្រីផ្សេងទៀត។
6 ដូច្នេះ កាលអ័ហ៊ីយ៉ាបានឮសូរជើងនាង កំពុងតែចូលមកតាមទ្វារនោះ ក៏ពោលថា ភរិយារបស់យេរ៉ូបោមអើយ សូមអញ្ជើញចូលមកចុះ ព្រះនាងធ្វើភាពជាមនុស្សផ្សេងទៀតធ្វើអី ទូលបង្គំបានទទួលបង្គាប់ ដើម្បីមកថ្វាយដំណឹងដ៏ធ្ងន់នេះដល់ព្រះនាង
7 សូមទៅទូលយេរ៉ូបោមថា ព្រះយេហូវ៉ាជាព្រះនៃពួកអ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលដូច្នេះថា ដោយព្រោះអញបានលើកឯង ពីកណ្តាលពួកប្រជាជន តាំងឡើងឲ្យធ្វើជាស្តេចលើអ៊ីស្រាអែល ជារាស្ត្រអញ
8 ព្រមទាំងកន្ត្រាក់យករាជ្យពីព្រះវង្សាដាវីឌមកឲ្យឯងវិញ តែឯងមិនបានដូចដាវីឌ ជាអ្នកបម្រើអញ ដែលបានកាន់តាមបញ្ញត្តអញ ហើយដើរតាមអញដោយអស់ពីចិត្ត ដើម្បីនឹងប្រព្រឹត្តតែសេចក្ដីដែលទៀងត្រង់នៅភ្នែកអញទេ
9 គឺឯងបានប្រព្រឹត្តនៅចំពោះអញ ដោយអាក្រក់លើសជាងអស់អ្នកដែលនៅមុនឯងវិញ ព្រមទាំងធ្វើព្រះដទៃ និងរូបសិតផង ជាការដែលបណ្តាលឲ្យអញខឹង ហើយឯងបានបោះបង់ចោលអញ ទៅខាងក្រោយខ្នងឯង
10 នោះបានជាអញនឹងនាំសេចក្ដីអាក្រក់មកលើពូជពង្សយេរ៉ូបោម ហើយនិងកាត់គ្រប់ទាំងកូនប្រុសៗពីវង្សារបស់យេរ៉ូបោមចេញ ទោះទាំងអ្នកដែលបិទបាំងទុក ឬជាអ្នកឥតមានចំណង ក្នុងពួកអ៊ីស្រាអែលក្តី ហើយអញនឹងបោសពួកវង្សរបស់យេរ៉ូបោមទៅ ដូចជាគេបោសអាចម៍សត្វចោល ទាល់តែអស់រលីង
11 អ្នកណាក្នុងវង្សយេរ៉ូបោម ដែលស្លាប់នៅក្នុងទីក្រុង នោះឆ្កែនឹងទំពាស៊ីខ្មោច ហើយអ្នកណាដែលស្លាប់នៅទីវាល នោះសត្វហើរលើអាកាសនឹងចឹកស៊ីខ្មោចនោះ ដ្បិតព្រះយេហូវ៉ាទ្រង់បានមានព្រះបន្ទូលហើយ
12 ដូច្នេះ សូមព្រះនាងក្រោកឡើង យាងទៅឯដំណាក់ទៅ កាលណាព្រះបាទបានឈានចូលទៅក្នុងទីក្រុងហើយ នោះបុត្រនឹងសុគតទៅ
13 ពួកអ៊ីស្រាអែលទាំងអស់គ្នានឹងកាន់ទុក្ខ ហើយបញ្ចុះសពទ្រង់ ដ្បិតក្នុងវង្សារបស់យេរ៉ូបោម នោះមានតែបុត្រនេះ១ប៉ុណ្ណោះ ដែលនឹងបានបញ្ចុះក្នុងផ្នូរ ពីព្រោះក្នុងវង្សាយេរ៉ូបោម មានតែបុត្រមួយនេះទេ ដែលឃើញមានសេចក្ដីល្អខ្លះចំពោះព្រះយេហូវ៉ាជាព្រះនៃពួកអ៊ីស្រាអែល
14 មួយទៀត ព្រះយេហូវ៉ាទ្រង់នឹងតាំងឲ្យមានស្តេច១ផ្សេងសោយរាជ្យលើពួកអ៊ីស្រាអែល ជាអ្នកដែលនឹងធ្វើឲ្យវង្សារបស់យេរ៉ូបោមសាបសូន្យទៅក្នុងថ្ងៃនោះ តើកាលណាទៅ គឺឥឡូវនេះហើយ
15 ដ្បិតព្រះយេហូវ៉ាទ្រង់នឹងវាយពួកអ៊ីស្រាអែល ដូចជាដើមបបុសដែលញ័រនៅក្នុងទឹក ហើយទ្រង់នឹងរំលើងពួកអ៊ីស្រាអែលចេញពីដីល្អនេះ ដែលទ្រង់បានប្រទានដល់ពួកអយ្យកោគេ ក៏នឹងកម្ចាត់កម្ចាយគេទៅខាងនាយទន្លេ ដោយព្រោះគេបានធ្វើអស់ទាំងរូបព្រះសម្រាប់ខ្លួន ដែលបណ្តាលឲ្យព្រះយេហូវ៉ាមានសេចក្ដីក្រោធ
16 ទ្រង់នឹងបោះបង់ពួកអ៊ីស្រាអែលចោល ដោយព្រោះអំពើបាបរបស់យេរ៉ូបោម ជាការដែលស្តេចបានធ្វើហើយ ព្រមទាំងនាំឲ្យពួកអ៊ីស្រាអែលធ្វើបាបផង ដោយសារការនោះឯង។
17 ដូច្នេះ ភរិយារបស់យេរ៉ូបោមក៏ក្រោកឡើង យាងចេញទៅឯក្រុងធើសា កាលព្រះនាងបានដល់មាត់ទ្វារដំណាក់ហើយ បុត្រនោះក៏សុគតទៅ
18 រួចពួកអ៊ីស្រាអែលទាំងអស់គ្នាក៏បញ្ចុះសពទ្រង់ ហើយកាន់ទុក្ខតាមសេចក្ដីដែលព្រះយេហូវ៉ាបានមានព្រះបន្ទូល ដោយសារហោរាអ័ហ៊ីយ៉ា ជាអ្នកបម្រើទ្រង់។
19 រីឯដំណើរឯទៀតពីយេរ៉ូបោម គឺពីទ្រង់ធ្វើចម្បាំងយ៉ាងណា ហើយសោយរាជ្យយ៉ាងណា នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជាពង្សាវតារនៃពួកស្តេចអ៊ីស្រាអែលហើយ
20 យេរ៉ូបោមបានសោយរាជ្យអស់២២ឆ្នាំ រួចក៏ផ្ទំលក់ទៅជាមួយនឹងពួកអយ្យកោទ្រង់ទៅ ហើយណាដាបព្រះរាជបុត្រាទ្រង់ ក៏សោយរាជ្យឡើងជំនួសបិតា។
21 ឯរេហូបោម ជាព្រះរាជបុត្រានៃសាឡូម៉ូន ទ្រង់បានសោយរាជ្យនៅស្រុកយូដា កាលរេហូបោមបានចាប់តាំងសោយរាជ្យឡើង នោះទ្រង់បានព្រះជន្ម៤១ឆ្នាំហើយ ក៏សោយរាជ្យបាន១៧ឆ្នាំ នៅក្រុងយេរូសាឡឹម ជាទីក្រុងដែលព្រះយេហូវ៉ាទ្រង់បានរើសចេញពីពូជអំបូរសាសន៍អ៊ីស្រាអែលទាំងអម្បាលម៉ាន សម្រាប់ជាទីតាំងព្រះនាមទ្រង់ ឯមាតារេហូបោម ព្រះនាងនាមជាន៉ាអាម៉ា ជាសាសន៍អាំម៉ូន
22 ពួកយូដាក៏ប្រព្រឹត្តអាក្រក់លាមកនៅចំពោះព្រះនេត្រព្រះយេហូវ៉ា ហើយគេបណ្តាលឲ្យទ្រង់មានសេចក្ដីប្រចណ្ឌ ដោយសារអំពើបាបដែលគេប្រព្រឹត្តលើសជាងពួកអយ្យកោរបស់គេទៅទៀត
23 ដ្បិតគេបានធ្វើទីខ្ពស់ បង្គោលសម្រាប់គោរព និងរូបព្រះ សម្រាប់ខ្លួនគេ នៅលើគ្រប់ទាំងកំពូលភ្នំ ហើយនៅក្រោមគ្រប់ទាំងដើមឈើខ្ចីៗ
24 ក៏តាំងឲ្យមានកូនជឹងនៅក្នុងស្រុកដែរ គេប្រព្រឹត្ត តាមអស់ទាំងអំពើគួរស្អប់ខ្ពើម របស់ពួកសាសន៍ដទៃ ដែលព្រះយេហូវ៉ាទ្រង់បានបណ្តេញ ពីមុខពួកកូនចៅអ៊ីស្រាអែលចេញ។
25 លុះឆ្នាំទី៥ ក្នុងរាជ្យស្តេចរេហូបោម នោះស៊ីសាកជាស្តេចស្រុកអេស៊ីព្ទ បានឡើងមកច្បាំងនឹងក្រុងយេរូសាឡឹម
26 ក៏យកអស់ទាំងទ្រព្យសម្បត្តិនៃព្រះវិហារព្រះយេហូវ៉ា និងទ្រព្យសម្បត្តិក្នុងដំណាក់ស្តេចទាំងអស់ទៅ ហើយយកទាំងខែលមាសដែលសាឡូម៉ូនបានធ្វើផងដែរ
27 រួចមកស្តេចរេហូបោមទ្រង់ធ្វើខែលលង្ហិនជំនួសខែលទាំងនោះ ក៏ប្រគល់ទៅក្នុងអំណាចនៃមេទ័ព ដែលរក្សាមាត់ទ្វារដំណាក់ស្តេច
28 ដូច្នេះ កាលស្តេចទ្រង់យាងចូលទៅក្នុងព្រះវិហារព្រះយេហូវ៉ាវេលាណា នោះពួករក្សាអង្គក៏កាន់ខែលទាំងនោះ រួចយកទៅទុកក្នុងបន្ទប់របស់ពួករក្សាអង្គវិញ។
29 រីឯដំណើរឯទៀតពីរេហូបោម និងការទាំងប៉ុន្មានដែលទ្រង់ធ្វើ នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជាពង្សាវតាររបស់ពួកស្តេចយូដាហើយ
30 ឯរេហូបោម និងយេរ៉ូបោម ទ្រង់ចេះតែច្បាំងគ្នាជានិច្ច
31 រេហូបោមក៏ផ្ទំលក់ជាមួយនឹងពួកអយ្យកោទ្រង់ទៅ គេបញ្ចុះទ្រង់នៅជាមួយនឹងពួកអយ្យកោទ្រង់ ក្នុងទីក្រុងរបស់ដាវីឌ ឯមាតាទ្រង់ នោះមានព្រះនាមជាន៉ាអាម៉ា សាសន៍អាំម៉ូន លំដាប់នោះ អ័ប៊ីយ៉ា ជាព្រះរាជបុត្រាទ្រង់ ក៏សោយរាជ្យឡើងជំនួសបិតា។
ជំពូក 15
1 លុះដល់ឆ្នាំទី១៨ ក្នុងរាជ្យយេរ៉ូបោម ជាបុត្រនេបាត នោះអ័ប៊ីយ៉ាក៏ចាប់តាំងសោយរាជ្យឡើងនៅស្រុកយូដា
2 ទ្រង់គ្រងរាជ្យបាន៣ឆ្នាំនៅក្រុងយេរូសាឡឹម ឯមាតា ព្រះនាមជាម្អាកា បុត្រីអ័ប៊ីសាឡូម
3 ទ្រង់ក៏ប្រព្រឹត្តតាមអស់ទាំងអំពើបាប ដែលព្រះបិតាបានប្រព្រឹត្តពីមុនមកដែរ ព្រះហឫទ័យទ្រង់មិនបានស្មោះត្រង់ដល់ព្រះយេហូវ៉ាជាព្រះនៃទ្រង់ ដូចជាព្រះហឫទ័យដាវីឌ ជាអយ្យកោទ្រង់ទេ
4 ប៉ុន្តែ ដោយព្រោះយល់ដល់ដាវីឌ បានជាព្រះយេហូវ៉ាជាព្រះនៃទ្រង់ បានប្រទានឲ្យមានចង្កៀង១ភ្លឺ នៅក្រុងយេរូសាឡឹម គឺបានតាំងព្រះរាជបុត្រាទ្រង់ឲ្យសោយរាជ្យឡើងជំនួសបិតា ដើម្បីនឹងប្រោសឲ្យក្រុងយេរូសាឡឹមនៅជាប់តទៅ
5 ពីព្រោះដាវីឌបានប្រព្រឹត្តសេចក្ដីដែលទៀងត្រង់នៅព្រះនេត្រព្រះយេហូវ៉ា ដោយឥតបែរចេញពីសេចក្ដីបង្គាប់ណាមួយរបស់ទ្រង់ ដរាបអស់ព្រះជន្ម លើកតែក្នុងរឿងពីអ៊ូរី ជាសាសន៍ហេតប៉ុណ្ណោះ
6 ឯរេហូបោម និងយេរ៉ូបោម ទ្រង់ចេះតែច្បាំងគ្នាដរាបដល់អស់ព្រះជន្ម។
7 រីឯដំណើរឯទៀតពីអ័ប៊ីយ៉ា និងការទាំងប៉ុន្មានដែលទ្រង់ធ្វើ នោះសុទ្ធតែកត់ទុកក្នុងសៀវភៅ ជាពង្សាវតារនៃពួកស្តេចយូដាហើយ អ័ប៊ីយ៉ា និងយេរ៉ូបោម ក៏តែងតែច្បាំងគ្នា
8 អ័ប៊ីយ៉ាទ្រង់ផ្ទំលក់ទៅជាមួយនឹងពួកអយ្យកោទ្រង់ទៅ គេបញ្ចុះទ្រង់នៅក្នុងទីក្រុងរបស់ដាវីឌ រួចអេសាជាព្រះរាជបុត្រា ក៏សោយរាជ្យឡើងជំនួសបិតា។
9 លុះដល់ឆ្នាំទី២០ ក្នុងរាជ្យយេរ៉ូបោម ជាស្តេចពួកអ៊ីស្រាអែល នោះអេសាចាប់តាំងសោយរាជ្យឡើង នៅស្រុកយូដា
10 ទ្រង់សោយរាជ្យនៅក្រុងយេរូសាឡឹមបាន៤១ឆ្នាំ ឯមាតា ទ្រង់ ព្រះនាមជាម្អាកា បុត្រីអ័ប៊ីសាឡូម
11 អេសានេះទ្រង់បានប្រព្រឹត្តទៀងត្រង់ នៅព្រះនេត្រព្រះយេហូវ៉ា ដូចជាដាវីឌ ជាអយ្យកោទ្រង់ដែរ
12 ទ្រង់កំចាត់ពួកកូនជឹងពីនគរចេញ ក៏បំបាត់អស់ទាំងរូបព្រះដែលវង្សានុវង្សទ្រង់បានធ្វើបង់
13 ទ្រង់ដកម្អាកា ជាមាតា ពីដំណែងជាមាតាហ្លួង ដោយព្រោះព្រះនាងបានធ្វើរូប១ ដែលគួរស្អប់ខ្ពើម ទុកសម្រាប់ជាព្រះ ហើយអេសាក៏កាប់រូបនោះ យកទៅដុតនៅត្រង់ជ្រោះកេដ្រុន
14 តែឯទីខ្ពស់ទាំងប៉ុន្មាន នោះមិនបានបំបាត់ចេញទេ ប៉ុន្តែ ទ្រង់មានព្រះហឫទ័យស្មោះត្រង់ដល់ព្រះយេហូវ៉ា រហូតដល់អស់ព្រះជន្ម
15 ហើយគ្រឿងប្រដាប់ទាំងប៉ុន្មាន ដែលព្រះបិតាបានថ្វាយ និងរបស់ដែលអង្គទ្រង់បានថ្វាយ គឺជាប្រាក់ មាស និងគ្រឿងប្រដាប់ផ្សេងៗ នោះទ្រង់ក៏យកទៅដាក់ក្នុងព្រះវិហារនៃព្រះយេហូវ៉ា។
16 អេសានេះ និងប្អាសា ជាស្តេចស្រុកអ៊ីស្រាអែល ទ្រង់ច្បាំងគ្នា រហូតដល់អស់ព្រះជន្ម
17 ឯប្អាសា ជាស្តេចស្រុកអ៊ីស្រាអែល ទ្រង់ឡើងទៅទាស់នឹងពួកយូដា ក៏សង់ក្រុងរ៉ាម៉ាឡើង ដើម្បីកុំឲ្យមានអ្នកណាចេញចូលទៅខាងអេសា ជាស្តេចស្រុកយូដាបានឡើយ
18 ដូច្នេះ អេសាទ្រង់យកអស់ទាំងប្រាក់មាស ដែលនៅសល់ក្នុងឃ្លាំងនៃព្រះវិហារព្រះយេហូវ៉ា និងទ្រព្យសម្បត្តិទាំងប៉ុន្មានដែលនៅក្នុងដំណាក់ស្តេច ប្រគល់ទៅក្នុងដៃនៃពួកមហាតលិកទ្រង់ ចាត់គេទៅឯបេន-ហាដាឌ់ ជាបុត្រថាបរីម៉ូន ដែលជាបុត្រហេសយ៉ូន ស្តេចស្រុកស៊ីរី ដែលនៅក្រុងដាម៉ាស ដោយពាក្យថា
19 ទ្រង់ ហើយនិងទូលបង្គំមានសេចក្ដីសញ្ញានឹងគ្នាមកហើយ ព្រមទាំងព្រះបិតាទូលបង្គំ និងព្រះបិតារបស់ទ្រង់ផង នោះនែ ទូលបង្គំផ្ញើតង្វាយ ជាប្រាក់ មាស មកថ្វាយដល់ទ្រង់ សូមឲ្យទ្រង់ទៅផ្តាច់សេចក្ដីសញ្ញា ដែលទ្រង់មានចំពោះប្អាសា ជាស្តេចស្រុកអ៊ីស្រាអែលទៅ ដើម្បីឲ្យគេថយពីទូលបង្គំចេញ
20 បេន-ហាដាឌ់ក៏ស្តាប់តាមស្តេចអេសា ទ្រង់ចាត់ពួកពលទ័ពទៅច្បាំងនឹងអស់ទាំងទីក្រុងនៅស្រុកអ៊ីស្រាអែល គេក៏វាយក្រុងអ៊ីយ៉ូន ក្រុងដាន់ និងក្រុងអេបិល-បេត-ម្អាកា ព្រមទាំងស្រុកគីនេរ៉ែតទាំងមូល ហើយស្រុកណែបថាលីទាំងអស់
21 កាលប្អាសាបានជ្រាប នោះទ្រង់ក៏លែងសង់ក្រុងរ៉ាម៉ា ទៅអាស្រ័យនៅឯក្រុងធើសាវិញ
22 គ្រានោះ ស្តេចអេសាទ្រង់ចេញព្រះរាជឱង្ការ ប្រកាសដល់ពួកយូដាទាំងអស់គ្នា ឥតប្រោសទុកអ្នកណាមួយឡើយ ហើយគេក៏ទៅយកទាំងថ្ម និងឈើ ដែលប្អាសាបានប្រើ ដើម្បីនឹងសង់ក្រុងរ៉ាម៉ាមក រួចស្តេចអេសាក៏យកទៅសង់ក្រុងកេបានៅខែត្របេនយ៉ាមីន ព្រមទាំងក្រុងមីសប៉ាវិញ។
23 រីឯដំណើរឯទៀត ពីអេសា និងអំណាចរបស់ទ្រង់ ហើយការដែលទ្រង់ធ្វើទាំងប៉ុន្មាន ព្រមទាំងទីក្រុងទាំងអស់ដែលទ្រង់បានសង់ នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជាពង្សាវតាររបស់ពួកស្តេចយូដាហើយ តែកាលស្តេចទ្រង់ព្រះជរាហើយ នោះក៏កើតព្រះរោគឡើងត្រង់ព្រះបាទ
24 អេសា ទ្រង់ក៏ផ្ទំលក់ទៅមួយនឹងពួកអយ្យកោទ្រង់ទៅ គេបញ្ចុះទ្រង់ នៅជាមួយនឹងពួកអយ្យកោទ្រង់ ក្នុងទីក្រុងរបស់ដាវីឌ ជាអយ្យកោ រួចយ៉ូសាផាត ជាព្រះរាជបុត្រាក៏សោយរាជ្យឡើងជំនួសបិតា។
25 លុះដល់ឆ្នាំទី២ ក្នុងរាជ្យអេសា ជាស្តេចស្រុកយូដា នោះណាដាប ជាព្រះរាជបុត្រាយេរ៉ូបោម ទ្រង់ចាប់តាំងសោយរាជ្យនៅស្រុកអ៊ីស្រាអែល ទ្រង់គ្រងរាជ្យនៅស្រុកអ៊ីស្រាអែលបាន២ឆ្នាំ
26 ទ្រង់ប្រព្រឹត្តអំពើដ៏លាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ា ហើយប្រតិបត្តិតាមផ្លូវ និងតាមអំពើបាបរបស់ព្រះបិតា ជាការដែលនាំឲ្យពួកអ៊ីស្រាអែលធ្វើបាបដែរ
27 រួចប្អាសា ជាកូនអ័ហ៊ីយ៉ា ក្នុងពូជអំបូរអ៊ីសាខារ ក៏ក្បត់ទ្រង់ ហើយប្រហារសម្លាប់ទ្រង់នៅត្រង់គីបថោន ជាទីក្រុងរបស់ពួកភីលីស្ទីនទៅ ដ្បិតនៅគ្រានោះ ណាដាប និងពួកអ៊ីស្រាអែលទាំងអស់ គេកំពុងឡោមព័ទ្ធច្បាំងនឹងក្រុងគីបថោន
28 គឺនៅឆ្នាំទី៣ ក្នុងរាជ្យអេសាជាស្តេចស្រុកយូដា ដែលប្អាសាបានធ្វើគុតណាដាប រួចក៏សោយរាជ្យឡើងជំនួសទ្រង់
29 លុះបានតាំងឡើងជាស្តេចហើយ នោះទ្រង់ក៏ប្រហារជីវិតនៃពួកវង្សារបស់យេរ៉ូបោមទាំងអស់បង់ ឥតមានទុកឲ្យពូជពង្សយេរ៉ូបោមណាមួយ មានដង្ហើមនៅរស់ទៀតឡើយ រហូតដល់បានធ្វើឲ្យវិនាសអស់រលីងទៅ តាមសេចក្ដីដែលព្រះយេហូវ៉ាបានមានព្រះបន្ទូល ដោយសារអ័ហ៊ីយ៉ា ជាអ្នកបម្រើទ្រង់ ដែលនៅក្រុងស៊ីឡូរ
30 ដោយព្រោះអំពើបាបដែលយេរ៉ូបោមបានធ្វើ ព្រមទាំងឲ្យពួកអ៊ីស្រាអែលប្រព្រឹត្តតាមដែរ ជាអំពើដែលបណ្តាលឲ្យព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល មានសេចក្ដីក្រោធ។
31 រីឯដំណើរឯទៀតពីណាដាប និងការទាំងប៉ុន្មានដែលទ្រង់ធ្វើ នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជាពង្សាវតាររបស់ពួកស្តេចអ៊ីស្រាអែលហើយ
32 អេសា និងប្អាសា ជាស្តេចអ៊ីស្រាអែល ក៏ច្បាំងគ្នាដរាបដល់អស់ព្រះជន្ម។
33 លុះដល់ឆ្នាំទី៣ ក្នុងរាជ្យអេសា ជាស្តេចយូដា នោះប្អាសា ជាកូនអ័ហ៊ីយ៉ា ចាប់តាំងសោយរាជ្យលើស្រុកអ៊ីស្រាអែលទាំងមូលនៅក្រុងធើសា ទ្រង់បានសោយរាជ្យអស់២៤ឆ្នាំ
34 ទ្រង់ក៏ប្រព្រឹត្តអំពើដ៏លាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ា ហើយបានប្រតិបត្តិតាមផ្លូវ និងអំពើបាប ដែលយេរ៉ូបោមបានធ្វើ ជាការដែលនាំឲ្យពួកអ៊ីស្រាអែលធ្វើបាបដែរ។
ជំពូក 16
1 នៅគ្រានោះ ព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់យេហ៊ូវ ជាកូនហាណានីទាស់នឹងប្អាសាថា
2 ដោយព្រោះអញបានលើកឯងពីធូលីដីឡើង តាំងឲ្យធ្វើជាស្តេចលើអ៊ីស្រាអែលជារាស្ត្រអញ តែឯងបានដើរតាមផ្លូវរបស់យេរ៉ូបោមវិញ ព្រមទាំងបណ្តាលឲ្យអ៊ីស្រាអែល ជារាស្ត្រអញធ្វើបាបដែរ ជាការដែលនាំឲ្យអញខឹង ដោយសារអំពើបាបរបស់គេ
3 នេះនែ អញនឹងបោសឯង និងពូជពង្សឯងចេញអស់រលីង ឲ្យបានដូចជាពូជពង្សរបស់យេរ៉ូបោម ជាកូននេបាតដែរ
4 អ្នកណាក្នុងវង្សប្អាសា ដែលស្លាប់នៅក្នុងទីក្រុង នោះឆ្កែនឹងទំពាស៊ី ហើយអ្នកណាដែលស្លាប់នៅទីវាល នោះសត្វហើរលើអាកាសនឹងចឹកស៊ីទៅ។
5 រីឯដំណើរឯទៀតពីប្អាសា ហើយការដែលទ្រង់ធ្វើ និងពីអំណាចទ្រង់ នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅជាពង្សាវតាររបស់ពួកស្តេចអ៊ីស្រាអែលហើយ
6 ប្អាសាក៏ផ្ទំលក់ ទៅជាមួយនឹងពួកអយ្យកោទ្រង់ទៅ គេបញ្ចុះទ្រង់នៅក្រុងធើសា រួចអេឡា ជាព្រះរាជបុត្រា ក៏សោយរាជ្យឡើងជំនួសបិតា
7 ឯព្រះបន្ទូលនៃព្រះយេហូវ៉ា នោះបានសម្ដែងមក ទាស់នឹងប្អាសា ហើយនិងព្រះរាជវង្សទ្រង់ ដោយសារហោរាយេហ៊ូវ ជាកូនហាណានី គឺដោយព្រោះការដ៏លាមកអាក្រក់ទាំងប៉ុន្មាន ដែលទ្រង់បានប្រព្រឹត្តនៅព្រះនេត្រព្រះយេហូវ៉ាជាការដែលបណ្តាលឲ្យទ្រង់ក្រោធដោយសារអំពើដែលបានធ្វើ ដោយប្រព្រឹត្តដូចជាព្រះវង្សាយេរ៉ូបោមនោះ ហើយដោយព្រោះទ្រង់បានប្រហារជីវិតគេថែមទៀត។
8 លុះដល់ឆ្នាំទី២៦ ក្នុងរាជ្យអេសា ជាស្តេចយូដា នោះអេឡា ជាកូនប្អាសា ចាប់តាំងសោយរាជ្យឡើង លើស្រុកអ៊ីស្រាអែលនៅក្រុងធើសា ក៏សោយរាជ្យបាន២ឆ្នាំ
9 រួចស៊ីមរី ជាមេទ័ពរស់ទ្រង់ ដែលត្រួតលើរទេះចម្បាំងទ្រង់ពាក់កណ្តាល លោកបានក្បត់ទ្រង់ រីឯកាលទ្រង់គង់នៅក្រុងធើសា កំពុងតែសោយស្រាស្រវឹង ក្នុងផ្ទះរបស់អើសា ជាឧកញ៉ាវាំងនៅក្រុងធើសា
10 នោះស៊ីមរីក៏ចូលទៅធ្វើគុតទ្រង់ ក្នុងឆ្នាំទី២៧នៃរាជ្យអេសា ជាស្តេចយូដា រួចឡើងសោយរាជ្យជំនួសទ្រង់
11 លុះបានគង់លើបល្ល័ង្កឡើងសោយរាជ្យហើយ នោះក៏ប្រហារជីវិតនៃវង្សានុវង្សរបស់ប្អាសាទាំងអស់ទៅ ឥតទុកពួកប្រុសៗណាមួយខាងប្អាសា ទោះទាំងវង្សា ឬជាមិត្តសំឡាញ់របស់ទ្រង់ឲ្យនៅសល់ឡើយ
12 គឺយ៉ាងនោះដែលស៊ីមរីបានរំលាយពួកវង្សរបស់ប្អាសាទាំងអស់ទៅ តាមសេចក្ដីដែលព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលទាស់នឹងប្អាសា ដោយសារហោរាយេហ៊ូវ
13 ដោយព្រោះអំពើបាបរបស់ប្អាសា និងអំពើបាបរបស់អេឡា ជាបុត្រទ្រង់ ដែលទ្រង់បានប្រព្រឹត្ត ព្រមទាំងបណ្តាលឲ្យពួកអ៊ីស្រាអែលធ្វើបាបដែរ ជាការដែលនាំឲ្យព្រះយេហូវ៉ាជាព្រះនៃពួកអ៊ីស្រាអែល មានសេចក្ដីក្រោធដោយសាររបស់ជាអសារឥតការរបស់គេ
14 រីឯដំណើរឯទៀតពីអេឡា និងការទាំងប៉ុន្មានដែលទ្រង់ធ្វើ នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជាពង្សាវតាររបស់ពួកស្តេចអ៊ីស្រាអែលហើយ។
15 លុះដល់ឆ្នាំទី២៧ ក្នុងរាជ្យអេសា ជាស្តេចយូដា នោះស៊ីមរីបានសោយរាជ្យអស់៧ថ្ងៃ នៅក្រុងធើសា រីឯពួកពលទ័ព គេកំពុងតែច្បាំងនឹងគីបថោន ជាទីក្រុងរបស់ពួកភីលីស្ទីន
16 ហើយពួកទាំងនោះក៏ឮថា ស៊ីមរីបានក្បត់ស្តេច ហើយធ្វើគុតទ្រង់ផង ដូច្នេះ ពួកអ៊ីស្រាអែលទាំងអស់គ្នាក៏លើកអំរីជាមេទ័ពធំតាំងឡើងជាស្តេចលើពួកអ៊ីស្រាអែល នៅឯទីបោះទ័ពក្នុងថ្ងៃនោះឯង
17 ដូច្នេះ អំរី និងពួកអ៊ីស្រាអែលទាំងអស់គ្នា ក៏ចេញពីក្រុងគីបថោន ឡើងទៅឡោមព័ទ្ធក្រុងធើសាវិញ
18 កាលស៊ីមរីបានឃើញថា គេចាប់បានទីក្រុងហើយ នោះក៏ចូលទៅក្នុងដំណាក់ស្តេច ក្នុងរាជវាំង រួចដុតដំណាក់ ហើយខ្លួនក៏ស្លាប់ក្នុងភ្លើងនោះទៅ
19 ដោយព្រោះអំពើបាបដែលបានធ្វើ ដោយប្រព្រឹត្តលាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ា ព្រមទាំងដើរតាមផ្លូវនឹងអំពើបាប ដែលយេរ៉ូបោមបានធ្វើ ជាការដែលនាំឲ្យពួកអ៊ីស្រាអែលធ្វើបាបតាមដែរ
20 រីឯដំណើរឯទៀតពីស៊ីមរី និងការដែលលោកក្បត់ នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជាពង្សាវតាររបស់ពួកស្តេចអ៊ីស្រាអែលហើយ។
21 គ្រានោះ ប្រជាជនទាំងឡាយជាសាសន៍អ៊ីស្រាអែល គេបែកគ្នាជា២ពួក ពួក១កាន់ខាងធីបនី ជាកូនគីណាត ប្រាថ្នានឹងលើកឡើងជាស្តេច ហើយពួក១ទៀតកាន់ខាងអំរី
22 តែបណ្តាជនដែលចូលដៃខាងអំរី គេឈ្នះពួកខាងធីបនីជាកូនគីណាត ដូច្នេះ ធីបនីក៏ស្លាប់ទៅ ហើយអំរីសោយរាជ្យឡើង។
23 គឺនៅឆ្នាំទី៣១ ក្នុងរាជ្យអេសា ជាស្តេចយូដា ដែលអំរីចាប់តាំងសោយរាជ្យឡើងលើស្រុកអ៊ីស្រាអែល ក៏សោយរាជ្យបាន១២ឆ្នាំ ទ្រង់សោយរាជ្យនៅក្រុងធើសាបាន៦ឆ្នាំ
24 រួចទ្រង់ទិញភ្នំសាម៉ារីពីសេមើរ តម្លៃ២ហាបប្រាក់ ទ្រង់ក៏សង់ទីក្រុងនៅលើភ្នំនោះ ឲ្យឈ្មោះថា សាម៉ារី តាមឈ្មោះសេមើរជាម្ចាស់ភ្នំ
25 ឯអំរីទ្រង់ប្រព្រឹត្តដ៏លាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ា ក៏ធ្វើអាក្រក់លើសជាងអស់អ្នកណាដែលនៅមុនទ្រង់ទៅទៀត
26 ដ្បិតទ្រង់បានប្រតិបត្តិតាមអស់ទាំងផ្លូវ និងអំពើបាប របស់យេរ៉ូបោម ជាកូននេបាត ជាអ្នកដែលបណ្តាលឲ្យពួកអ៊ីស្រាអែលធ្វើបាបតាមដែរ គឺជាការដែលនាំឲ្យព្រះយេហូវ៉ាជាព្រះនៃពួកអ៊ីស្រាអែលមានសេចក្ដីក្រោធ ដោយសាររបស់ជាអសារឥតការរបស់គេ
27 រីឯដំណើរឯទៀត ដែលអំរីធ្វើ និងអំណាចទ្រង់ នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជាពង្សាវតាររបស់ពួកស្តេចអ៊ីស្រាអែលហើយ
28 អំរីក៏ផ្ទំលក់ ទៅជាមួយនឹងពួកអយ្យកោទ្រង់ទៅ ហើយគេបញ្ចុះទ្រង់នៅក្នុងក្រុងសាម៉ារី រួចអ័ហាប់ ជាព្រះរាជបុត្រា បានសោយរាជ្យឡើងជំនួសបិតា។
29 លុះដល់ឆ្នាំទី៣៨ ក្នុងរាជ្យអេសា ជាស្តេចយូដា នោះអ័ហាប់ ជាបុត្រអំរី ចាប់តាំងសោយរាជ្យឡើងលើស្រុកអ៊ីស្រាអែល ទ្រង់គ្រងរាជ្យលើពួកអ៊ីស្រាអែល នៅក្រុងសាម៉ារីបាន២២ឆ្នាំ
30 អ័ហាប់ ជាបុត្រអំរី ទ្រង់ប្រព្រឹត្តលាមកអាក្រក់នៅព្រះនេត្រព្រះយេហូវ៉ា លើសជាងអស់អ្នកណាដែលនៅមុនទ្រង់ទៅទៀត
31 ទ្រង់ក៏យកនាងយេសិបិល ជាបុត្រីអេតបាល ស្តេចពួកស៊ីដូន ធ្វើជាភរិយា ព្រមទាំងទៅគោរពប្រតិបត្តិថ្វាយបង្គំដល់ព្រះបាលផង ទុកដូចជាការ ដែលទ្រង់ប្រព្រឹត្តតាមអំពើបាបរបស់យេរ៉ូបោម ជាបុត្រនេបាតនោះ ជាការយ៉ាងស្រាលវិញ
32 ទ្រង់ក៏ស្អាងអាសនៈមួយថ្វាយព្រះបាល នៅក្នុងវិហារព្រះបាលដែលទ្រង់បានស្អាងនៅក្រុងសាម៉ារី
33 អ័ហាប់ទ្រង់ធ្វើរូបព្រះ ហើយប្រព្រឹត្តអំពើអាក្រក់ លើសជាងអស់ទាំងស្តេចដែលនៅមុនទ្រង់ទៅទៀត ជាការដែលបណ្តាលឲ្យព្រះយេហូវ៉ាជាព្រះនៃពួកអ៊ីស្រាអែលមានសេចក្ដីក្រោធ
34 នៅក្នុងរាជ្យទ្រង់ នោះហ៊ីអែល ជាអ្នកក្រុងបេត-អែល ក៏សង់ក្រុងយេរីខូឡើងវិញ កាលគាត់ដាក់ជើងកំផែងចុះ នោះអ័ប៊ីរ៉ាម ជាកូនច្បងក៏ស្លាប់ទៅ ហើយកាលរៀបចំទ្វារក្រុងឡើង នោះសេគូបជាកូនពៅក៏ស្លាប់ទៅ តាមសេចក្ដីដែលព្រះយេហូវ៉ាបានមានព្រះបន្ទូល ដោយសារយ៉ូស្វេជាកូននុន ។
ជំពូក 17
1 គ្រានោះ អេលីយ៉ា ជាអ្នកស្រុកធេសប៊ី ដែលនៅជាមួយនឹងពួកស្រុកកាឡាត លោកទូលនឹងអ័ហាប់ថា ទូលបង្គំស្បថដោយនូវព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែលដ៏មានព្រះជន្មរស់ ដែលទូលបង្គំឈរនៅចំពោះទ្រង់នេះថា ក្នុងប៉ុន្មានឆ្នាំទៅមុខនេះនឹងគ្មានភ្លៀង គ្មានសន្សើមឡើយ វៀរតែដោយសារពាក្យទូលបង្គំប៉ុណ្ណោះ
2 រួចព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មកបង្គាប់លោកថា
3 ចូរចេញពីទីនេះ បែរទៅខាងកើត ហើយពួនខ្លួននៅឯជ្រោះកេរីត ដែលនៅប្រទល់មុខនឹងទន្លេយ័រដាន់ទៅ
4 ឯងនឹងផឹកទឹកជ្រោះនោះ ហើយអញបានបង្គាប់ឲ្យក្អែកចិញ្ចឹមឯងនៅទីនោះដែរ
5 ដូច្នេះ លោកក៏ធ្វើតាមព្រះបន្ទូលនៃព្រះយេហូវ៉ា គឺទៅអាស្រ័យនៅក្បែរជ្រោះកេរីត ដែលនៅប្រទល់មុខទន្លេយ័រដាន់
6 ហើយរាល់ព្រឹករាល់ល្ងាច ក្អែកតែងពាំនំបុ័ង និងសាច់មកជូនលោក លោកក៏ផឹកទឹកពីជ្រោះនោះ។
7 លុះកន្លងយូរបន្តិចមក ទឹកជ្រោះក៏រីងទៅ ពីព្រោះមិនមានភ្លៀងធ្លាក់នៅស្រុកនោះសោះ។
8 នោះព្រះបន្ទូលនៃព្រះយេហូវ៉ា ក៏មកបង្គាប់លោកថា
9 ចូរក្រោកឡើង ទៅឯសារិបតា ជាទីក្រុងរបស់ពួកស៊ីដូន អាស្រ័យនៅទីនោះវិញចុះ អញបានបង្គាប់ស្រីមេម៉ាយម្នាក់នៅទីនោះ ឲ្យចិញ្ចឹមឯង
10 ដូច្នេះ លោកក៏ក្រោកឡើងទៅឯក្រុងសារិបតា កាលបានទៅដល់មាត់ទ្វារក្រុងហើយ នោះឃើញមានស្រីមេម៉ាយម្នាក់ កំពុងតែរើសរំកាច់ឈើ លោកក៏ហៅនាងថា សូមយកទឹកក្នុងផ្តិលមកឲ្យខ្ញុំផឹកបន្តិច
11 កាលនាងកំពុងតែទៅយកទឹក នោះលោកស្រែកផ្តាំថា សូមយកនំបុ័ងបន្តិចមកឲ្យខ្ញុំផង
12 តែនាងឆ្លើយថា ខ្ញុំស្បថដោយនូវព្រះយេហូវ៉ាជាព្រះនៃអ្នកដ៏មានព្រះជន្មរស់នៅថា ខ្ញុំគ្មាន១ដុំឡើយ មានតែម្សៅ១ក្តាប់នៅក្នុងខាប់ និងប្រេងបន្តិចបន្តួចនៅដបប៉ុណ្ណោះ មើលនែ ខ្ញុំកំពុងតែរើសរំកាច់ឈើ២នេះ ដើម្បីចូលទៅចំអិនសម្រាប់ខ្ញុំ និងកូន យើងនឹងបរិភោគតែប៉ុណ្ណោះ រួចស្លាប់ទៅ
13 តែអេលីយ៉ាប្រាប់នាងថា កុំឲ្យខ្លាចឡើយ សូមទៅធ្វើដូចជាអ្នកបានថាចុះ តែសូមធ្វើនំ១យ៉ាងតូចមកឲ្យខ្ញុំជាមុនសិន រួចសឹមធ្វើសម្រាប់អ្នក និងកូនអ្នកចុះ
14 ដ្បិតព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលដូច្នេះថា ម្សៅក្នុងខាប់នោះនឹងមិនដែលផុតទៅ ហើយប្រេងក្នុងដបក៏មិនដែលរលោះឡើយ ដរាបដល់ថ្ងៃដែលព្រះយេហូវ៉ានឹងបង្អុរភ្លៀងមកលើផែនដី
15 ដូច្នេះ នាងក៏ទៅធ្វើតាមបង្គាប់របស់អេលីយ៉ា រួចទាំងនាង និងលោក ព្រមទាំងកូននាង គ្រប់គ្នាបានបរិភោគ តមកជាយូរថ្ងៃ
16 ឯម្សៅក្នុងខាប់នោះ មិនដែលអស់ទៅ ហើយប្រេងក្នុងដបក៏មិនចេះរលោះឡើយ ដូចជាសេចក្ដីដែលព្រះយេហូវ៉ាបានមានព្រះបន្ទូល ដោយសារអេលីយ៉ា។
17 ក្រោយនោះមក មានកាល១ថ្ងៃ កូនរបស់នាងម្ចាស់ផ្ទះនោះចាប់ជំងឺឈឺ ជំងឺនោះមានទំងន់ណាស់ ដល់ម៉្លេះបានជាគ្មានដង្ហើមក្នុងខ្លួនទៀតឡើយ
18 ដូច្នេះ នាងនិយាយទៅអេលីយ៉ាថា ឱអ្នកសំណប់របស់ព្រះអើយ តើខ្ញុំ និងលោកមានការណ៍អ្វីនឹងគ្នា លោកបានមកឯណេះ ដើម្បីរំឭកពីអំពើបាបរបស់ខ្ញុំ ហើយនិងសម្លាប់កូនខ្ញុំឬ
19 តែលោកឆ្លើយតបថា សូមឲ្យកូនអ្នកមកខ្ញុំចុះ រួចលោកក៏ទទួលកូនពីទ្រូងនាង បីឡើងចូលទៅក្នុងបន្ទប់ដែលលោកអាស្រ័យនៅ ហើយផ្តេកនៅលើដំណេករបស់លោក
20 រួចអំពាវនាវដល់ព្រះយេហូវ៉ាថា ឱព្រះយេហូវ៉ាជាព្រះនៃទូលបង្គំអើយ តើទ្រង់បាននាំសេចក្ដីអាក្រក់មកលើស្រីមេម៉ាយនេះ ដែលទូលបង្គំអាស្រ័យនៅជាមួយ ដោយសម្លាប់កូននាងដែរឬ
21 លោកក៏ទ្រោបលើកូននោះ៣ដង ទាំងអំពាវនាវដល់ព្រះយេហូវ៉ាថា ឱព្រះយេហូវ៉ាជាព្រះនៃទូលបង្គំអើយ សូមឲ្យព្រលឹងរបស់កូននេះត្រឡប់ចូលមកក្នុងខ្លួនវាវិញចុះ
22 ព្រះយេហូវ៉ាទ្រង់ស្តាប់តាមអេលីយ៉ា ហើយព្រលឹងរបស់កូននោះ ក៏ត្រឡប់ចូលមកក្នុងខ្លួនវា ឲ្យរស់ឡើងវិញ
23 នោះអេលីយ៉ាក៏បីកូននោះចុះពីបន្ទប់មក ចូលទៅក្នុងផ្ទះប្រគល់ដល់ម្តាយវិញ ដោយពាក្យថា មើល កូនអ្នកមានជីវិតរស់
24 នាងនិយាយឡើងថា ឥឡូវនេះ ខ្ញុំដឹងហើយថា លោកជាអ្នកសំណប់របស់ព្រះពិត ហើយថា ព្រះបន្ទូលនៃព្រះយេហូវ៉ាដែលនៅមាត់លោក នោះជាសេក្តីពិតមែន។
ជំពូក 18
1 កាលកន្លងជាយូរហើយ គឺដល់ឆ្នាំទី៣ នោះព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់អេលីយ៉ាថា ចូរទៅបង្ហាញខ្លួនឲ្យអ័ហាប់ឃើញ នោះអញនឹងបង្អុរឲ្យភ្លៀងធ្លាក់ចុះមកលើផែនដី
2 ដូច្នេះ អេលីយ៉ាក៏ទៅ ដើម្បីបង្ហាញខ្លួនដល់អ័ហាប់ រីឯនៅស្រុកសាម៉ារី មានអំណត់អត់ជាខ្លាំងណាស់
3 ចំណែកអ័ហាប់ទ្រង់ហៅអូបាឌា ជាឧកញ៉ាវាំងមក រីឯអូបាឌានេះ លោកកោតខ្លាចដល់ព្រះយេហូវ៉ាណាស់
4 ដ្បិតកាលយេសិបិលបានសម្លាប់ពួកហោរានៃព្រះយេហូវ៉ា នោះលោកក៏នាំយកពួកហោរានោះ១០០នាក់ ទៅបំពួននៅក្នុងរអាង ក្នុង១ពួក៥០នាក់ ហើយបានចិញ្ចឹម ដោយនំបុ័ង និងទឹក។
5 អ័ហាប់មានព្រះបន្ទូលទៅអូបាឌាថា ចូរឯងទៅអស់ទាំងរន្ធទឹក និងជ្រោះទឹកទាំងអស់ដែលនៅក្នុងស្រុក ប្រហែលជាយើងនឹងរកបានស្មៅល្មមនឹងចិញ្ចឹមសេះ ហើយនិងលាកាត់ឲ្យរស់នៅបាន ដើម្បីកុំឲ្យហ្វូងសត្វស្លាប់ទៅទាំងអស់ឡើយ
6 ដូច្នេះ គេក៏ចែកស្រុកគ្នា ដើម្បីនឹងដើរទៅមក គឺអ័ហាប់បានដើរផ្លូវ១តែឯងទៅ ហើយអូបាឌាក៏ទៅតាមផ្លូវ១ទៀតតែឯងដែរ។
7 កាលអូបាឌាកំពុងតែដើរទៅ នោះអេលីយ៉ាមកប្រទះ ហើយលោកក៏ស្គាល់អេលីយ៉ា រួចក្រាបផ្កាប់មុខចុះសួរថា នេះគឺលោកអេលីយ៉ា ជាម្ចាស់ខ្ញុំឬអី
8 លោកឆ្លើយតបថា គឺខ្ញុំនេះហើយ សូមទៅទូលចៅហ្វាយអ្នកថា មើល អេលីយ៉ាមកហើយ
9 តែអូបាឌាប្រកែកថា តើខ្ញុំបានធ្វើបាបអ្វី បានជាលោកចង់ប្រគល់ខ្ញុំប្របាទទៅក្នុងកណ្តាប់ដៃនៃអ័ហាប់ ឲ្យសម្លាប់ខ្ញុំដូច្នេះ
10 ខ្ញុំស្បថដោយនូវព្រះយេហូវ៉ាជាព្រះនៃលោកដ៏មានព្រះជន្មរស់នៅថា គ្មានសាសន៍ណា ឬនគរណាមួយ ដែលចៅហ្វាយខ្ញុំមិនបានចាត់គេឲ្យទៅរកលោកនោះឡើយ ហើយកាលណាគេថា លោកមិននៅទីនេះទេ នោះទ្រង់ក៏ឲ្យពួកសាសន៍នោះ ឬនគរនោះស្បថថា គេមិនបានឃើញលោកមែន
11 ឥឡូវនេះ លោកមានប្រសាសន៍ថា សូមទៅទូលចៅហ្វាយរបស់អ្នកថា មើល អេលីយ៉ាមកហើយ
12 រួចកាលណាខ្ញុំចេញពីលោកទៅ នោះព្រះវិញ្ញាណនៃព្រះយេហូវ៉ានឹងយកលោកទៅកន្លែងណាក៏មិនដឹង ដូច្នេះ កាលខ្ញុំទៅទូលដល់អ័ហាប់ ហើយទ្រង់រកលោកមិនឃើញ នោះទ្រង់នឹងសម្លាប់ខ្ញុំចោល ប៉ុន្តែ ខ្ញុំប្របាទនេះបានកោតខ្លាចដល់ព្រះយេហូវ៉ា តាំងតែពីក្មេងមក
13 តើគេមិនបានជម្រាបដល់លោក ជាម្ចាស់ខ្ញុំទេឬអី ពីការដែលខ្ញុំបានធ្វើ ក្នុងកាលដែលយេសិបិលសម្លាប់ពួកហោរានៃព្រះយេហូវ៉ា ថាខ្ញុំបានបំពួនពួកហោរានៃព្រះយេហូវ៉ា ចំនួន១០០នាក់នៅក្នុងរអាងភ្នំ ក្នុង១ពួកៗ៥០នាក់ ព្រមទាំងចិញ្ចឹមគេដោយនំបុ័ងហើយទឹកផង
14 ឥឡូវនេះ លោកមានប្រសាសន៍ឲ្យខ្ញុំទៅទូលចៅហ្វាយថា មើលអេលីយ៉ាមកហើយ ដូច្នេះ ទ្រង់នឹងសម្លាប់ខ្ញុំជាមិនខាន
15 តែអេលីយ៉ាតបថា ខ្ញុំស្បថដោយនូវព្រះយេហូវ៉ាជាព្រះនៃពួកពលបរិវារដ៏មានព្រះជន្មរស់នៅ ដែលខ្ញុំឈរនៅចំពោះទ្រង់ដែរ ថា នៅថ្ងៃនេះ ខ្ញុំនឹងបង្ហាញខ្លួនឲ្យស្តេចឃើញជាពិតប្រាកដ។
16 ដូច្នេះ អូបាឌាក៏ទៅជួបនឹងអ័ហាប់ ទូលឲ្យទ្រង់ជ្រាប រួចអ័ហាប់ទ្រង់យាងទៅជួបនឹងអេលីយ៉ា
17 កាលអ័ហាប់ឃើញអេលីយ៉ាហើយ នោះទ្រង់មានព្រះបន្ទូលសួរថា ឱអ្នកដែលធ្វើឲ្យមានសេចក្ដីវេទនា ដល់ពួកអ៊ីស្រាអែលអើយ តើឯងឬអី
18 តែលោកឆ្លើយថា ទូលបង្គំមិនបានធ្វើឲ្យពួកអ៊ីស្រាអែលមានសេចក្ដីវេទនាទេ គឺទ្រង់ និងវង្សានុវង្សនៃព្រះបិតាទ្រង់វិញទេតើ ពីព្រោះទ្រង់បានបោះបង់ចោលអស់ទាំងបញ្ញត្តនៃព្រះយេហូវ៉ា ព្រមទាំងប្រតិបត្តិតាមព្រះបាលវិញ
19 ដូច្នេះ ឥឡូវនេះ សូមចាត់គេទៅប្រមូលពួកអ៊ីស្រាអែលទាំងអស់គ្នាមកឯទូលបង្គំ នៅត្រង់ភ្នំកើមែល ព្រមទាំងពួកហោរានៃព្រះបាលទាំង៤៥០នាក់ និងពួកហោរានៃរូបព្រះទាំង៤០០នាក់ ដែលបរិភោគនៅតុរបស់ព្រះនាងយេសិបិលមកផង។
20 អ័ហាប់ក៏ចាត់គេឲ្យទៅឯពួកកូនចៅអ៊ីស្រាអែលទាំងអស់ បានប្រមូលទាំងពួកហោរាមកឯភ្នំកើមែលដែរ
21 រួចអេលីយ៉ាក៏ចូលទៅជិតពួកជនសួរថា តើអ្នករាល់គ្នានៅតែស្ទាក់ស្ទើរនាកណ្តាលផ្លូវទាំង២នេះ ដល់កាលណាទៀត បើព្រះយេហូវ៉ាទ្រង់ជាព្រះ នោះចូរដើរតាមទ្រង់ទៅ តែបើព្រះបាលជាព្រះវិញ នោះចូរប្រតិបត្តិតាមចុះ តែពួកបណ្តាជនមិនបានឆ្លើយ សូម្បី១ម៉ាត់ឡើយ
22 នោះអេលីយ៉ាមានប្រសាសន៍ទៅបណ្តាជនថា ក្នុងពួកហោរានៃព្រះយេហូវ៉ា នោះសល់នៅតែខ្ញុំម្នាក់ឯងទេ ឯហោរារបស់ព្រះបាលវិញ មានចំនួន៤៥០នាក់
23 ដូច្នេះ សូមយកគោឈ្មោល២មកឲ្យយើង ឲ្យគេរើសយក១សម្រាប់ពួកគេ ហើយកាប់ជាដុំៗដាក់លើឧសទៅ តែកុំឲ្យដាក់ភ្លើងឡើយ រួចខ្ញុំនឹងរៀបគោ១ទៀតដាក់លើឧស ឥតដាក់ភ្លើងដែរ
24 ហើយចូរឲ្យអ្នករាល់គ្នាអំពាវនាវដល់ព្រះនាមព្រះរបស់អ្នករាល់គ្នាចុះ ឯក៏ខ្ញុំនឹងអំពាវនាវដល់ព្រះនាមព្រះយេហូវ៉ាវិញ បើព្រះណាឆ្លើយមកដោយសារភ្លើង នោះចូរឲ្យរាប់ព្រះនោះទុកជាព្រះពិតចុះ ពួកបណ្តាជនទាំងឡាយក៏ឆ្លើយឡើងថា ស្រួលហើយ។
25 ដូច្នេះ អេលីយ៉ាក៏ប្រាប់ដល់ពួកហោរារបស់ព្រះបាលថា ចូររើសគោ១សម្រាប់អ្នករាល់គ្នាចុះ ហើយរៀបដាក់ជាមុនទៅ ដ្បិតខាងអ្នករាល់គ្នាមានគ្នាច្រើន រួចចូរអំពាវនាវដល់ព្រះនាមនៃព្រះរបស់អ្នករាល់គ្នាចុះ តែកុំឲ្យដាក់ភ្លើងឡើយ
26 គេក៏ទទួលយកគោ១ ដែលបានឲ្យដល់គេ រួចគេរៀបចំ ហើយអំពាវនាវដល់ព្រះនាមនៃព្រះបាល ចាប់តាំងពីព្រឹករហូតដល់ថ្ងៃត្រង់ថា ឱព្រះបាលអើយ សូមឆ្លើយមកយើងខ្ញុំរាល់គ្នាផង ប៉ុន្តែ គ្មានឮសំឡេង ឬចម្លើយណាឆ្លើយមកសោះ គេក៏លោតព័ទ្ធជុំវិញអាសនៈ ដែលគេបានធ្វើនោះ
27 គ្រាដល់ពេលថ្ងៃត្រង់ហើយ នោះអេលីយ៉ាពោលចំអកថា ចូរស្រែកឲ្យខ្លាំងឡើង ដ្បិតលោកជាព្រះ ប្រហែលជាកំពុងរំពឹងគិត ឬបានថយចេញ១ភ្លែត ឬធ្វើដំណើរ ឬប្រហែលជាដេកលក់ទេដឹង ត្រូវដាស់លោកឡើង
28 គេក៏ស្រែកខ្លាំងឡើង ព្រមទាំងយកកាំបិតឆូតសាច់តាមទម្លាប់របស់គេ ទាល់តែឈាមហូរប្រឡាក់កាយ
29 លុះកាលហួសថ្ងៃត្រង់ហើយ នោះគេក៏ថ្វាយបង្គំ រហូតដល់ពេលថ្វាយតង្វាយល្ងាច តែគ្មានឮសំឡេង ឬចម្លើយណាឆ្លើយសោះ ក៏គ្មានអ្នកណាស្តាប់ផង។
30 បន្ទាប់នោះ អេលីយ៉ាមានប្រសាសន៍ទៅបណ្តាជនថា សូមចូលមកជិតខ្ញុំវិញ ជនទាំងឡាយក៏អែបចូលមកជិតលោក រួចលោកជួសជុលអាសនៈនៃព្រះយេហូវ៉ាដែលបានរំលំហើយ
31 អេលីយ៉ាលោកយកថ្ម១២តាមចំនួនពូជអំបូរពួកកូនចៅយ៉ាកុប ដែលព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់លោកនោះថា ឈ្មោះឯងត្រូវហៅថាអ៊ីស្រាអែលវិញ
32 លោកក៏យកថ្មទាំងនោះ ស្អាងអាសនៈ១ថ្វាយព្រះនាមព្រះយេហូវ៉ា ក៏ជីកប្រឡាយព័ទ្ធជុំវិញ មានទំហំល្មមដាក់ពូជស្រូវ២រង្វាល់
33 រួចលោកដាក់ឱសជាលំដាប់ ក៏កាប់គោនោះជាដុំៗ ដាក់ពីលើ ហើយប្រាប់ថា ចូរដងទឹកពេញ៤ក្អម យកមកចាក់លើតង្វាយ និងឧសនេះ
34 រួចលោកប្រាប់ថា ចូរចាក់ម្តងទៀត នោះគេក៏ចាក់ម្តងទៀត រួចលោកប្រាប់ថា ចូរចាក់ម្តងទៀត គេក៏ចាក់ម្តងទៀត គេក៏ចាក់ជាគម្រប់៣ដង
35 ទឹកនោះបានហូរព័ទ្ធជុំវិញអាសនៈ គេក៏ចាក់ទឹករហូតដល់ពេញប្រឡាយដែរ
36 លុះដល់ពេលថ្វាយតង្វាយល្ងាច នោះហោរាអេលីយ៉ាក៏ចូលមកជិតទូលថា ឱព្រះយេហូវ៉ាជាព្រះនៃអ័ប្រាហាំ នៃអ៊ីសាក ហើយនៃអ៊ីស្រាអែលអើយ សូមឲ្យមនុស្សបានដឹងនៅថ្ងៃនេះថា ទ្រង់ជាព្រះនៃពួកអ៊ីស្រាអែល ហើយថា ទូលបង្គំជាអ្នកបម្រើទ្រង់ ព្រមទាំងថា ទូលបង្គំបានធ្វើការទាំងនេះ ដោយស្តាប់តាមព្រះបន្ទូលទ្រង់ផង
37 សូមស្តាប់ទូលបង្គំ ឱព្រះយេហូវ៉ាអើយ សូមស្តាប់ទូលបង្គំ ដើម្បីឲ្យប្រជាជននេះបានដឹងថា គឺទ្រង់ ឱព្រះយេហូវ៉ាអើយ ដែលជាព្រះ ហើយថា គឺទ្រង់ដែលនាំចិត្តគេត្រឡប់មកវិញ
38 ខណៈនោះ ភ្លើងនៃព្រះយេហូវ៉ាក៏ធ្លាក់ចុះមកបញ្ឆេះតង្វាយ ព្រមទាំងឧស ថ្ម និងធូលីដី ហើយក៏លិទ្ធទឹកដែលនៅក្នុងប្រឡាយអស់ទៅដែរ
39 កាលពួកជនទាំងឡាយបានឃើញ នោះគេក៏ក្រាបផ្កាប់មុខពោលថា ព្រះយេហូវ៉ាទ្រង់ជាព្រះ ព្រះយេហូវ៉ាទ្រង់ជាព្រះពិតហើយ
40 រួចអេលីយ៉ាប្រាប់គេថា ចូរចាប់ពួកហោរារបស់ព្រះបាលទៅ កុំឲ្យអ្នកណាមួយរួចឡើយ គេក៏ចាប់ ហើយអេលីយ៉ាលោកនាំចុះទៅឯជ្រោះគីសុនសម្លាប់ចោលទាំងអស់នៅទីនោះទៅ។
41 រួចមកអេលីយ៉ាទូលដល់អ័ហាប់ថា សូមស្តេចឡើងទៅសោយព្រះស្ងោយចុះ ដ្បិតមានសូរសន្ធឹកភ្លៀងជាធំមកហើយ
42 ដូច្នេះ អ័ហាប់ក៏ឡើងទៅសោយ ឯអេលីយ៉ា លោកឡើងទៅលើកំពូលភ្នំកើមែលវិញ ក៏ក្រាបខ្លួនចុះដល់ដី ដាក់មុខនៅកណ្តាលក្បាលជង្គង់
43 រួចប្រាប់អ្នកបម្រើថា ចូរឡើងទៅមើលខាងសមុទ្រឥឡូវ អ្នកបម្រើក៏ឡើងទៅមើល រួចជម្រាបថា គ្មានអ្វីឡើយ លោកប្រាប់ថា ចូរទៅឲ្យអស់វារៈ៧ដងទៀត
44 លុះដល់គម្រប់៧ដង នោះក៏ជម្រាបថា ឃើញមានពពកតូចប៉ុនបាតដៃមនុស្សឡើងពីសមុទ្រមក នោះលោកបង្គាប់ថា ចូរឡើងទៅទូលអ័ហាប់ថា សូមទឹមរទេះ ហើយចុះទៅចុះ ដើម្បីកុំឲ្យអាក់ដំណើរដោយសារភ្លៀង
45 បន្ទាប់នោះបន្តិចមក មេឃត្រឡប់ជាខ្មៅ ដោយពពក និងខ្យល់ ក៏ធ្លាក់ភ្លៀងជាខ្លាំង ឯអ័ហាប់ទ្រង់ជិះរទេះទៅឯយេសរាល
46 ហើយព្រះហស្តនៃព្រះយេហូវ៉ាបានសណ្ឋិតនៅលើអេលីយ៉ា លោកក៏ក្រវាត់ចង្កេះ រត់ទៅខាងមុខអ័ហាប់ទៅ រហូតដល់មាត់ទ្វារក្រុងយេសរាល។
ជំពូក 19
1 អ័ហាប់ទ្រង់ប្រាប់ដល់យេសិបិល ពីគ្រប់ទាំងការ ដែលអេលីយ៉ាបានធ្វើ ហើយពីការដែលលោកបានសម្លាប់ហោរាទាំងប៉ុន្មានដោយដាវ
2 ដូច្នេះ យេសិបិល ព្រះនាងចាត់គេឲ្យនាំពាក្យទៅប្រាប់អេលីយ៉ាថា ដល់ស្អែកនេះ ពេលថ្មើរនេះ បើយើងមិនបានធ្វើឲ្យជីវិតឯងបានដូចជាជីវិតនៃអ្នកទាំងនោះទេ នោះសូមឲ្យអស់ទាំងព្រះធ្វើដល់យើងដូច្នោះវិញ ហើយលើសទៅទៀតផង
3 កាលលោកបានជ្រាបដូច្នោះហើយ នោះក៏ក្រោកឡើងរត់ទៅឲ្យរួចជីវិត បានដល់ទៅបៀរ-សេបា ជាស្រុករបស់ពួកយូដា លោកក៏ទុកអ្នកបម្រើនៅទីនោះ
4 តែខ្លួនលោកដើរពេញ១ថ្ងៃ ចូលក្នុងទីរហោស្ថាន ទៅអង្គុយនៅក្រោមដើមដង្កោ រួចទូលសូមឲ្យខ្លួនស្លាប់ទៅ ដោយពាក្យថា ល្មមហើយ ឱព្រះយេហូវ៉ាអើយ សូមយកព្រលឹងទូលបង្គំទៅឥឡូវចុះ ដ្បិតទូលបង្គំមិនវិសេសជាងពួកអយ្យកោទូលបង្គំទេ
5 លោកក៏ប្រះខ្លួនដេកលក់ នៅក្រោមដើមដង្កោនោះទៅ នោះមានទេវតាមកដាស់លោកប្រាប់ថា ចូរក្រោកឡើងបរិភោគសិន
6 លោកក្រឡេកមើលទៅឃើញនៅក្បាលដំណេក មាននំដុតឆ្អិននៅលើធ្យូងភ្លើង ហើយមានទឹក១ក្អមផង នោះលោកក៏បរិភោគនំ និងទឹកនោះ រួចដេកទៅវិញ
7 ទេវតានៃព្រះយេហូវ៉ាក៏មកដាស់ម្តងទៀតប្រាប់ថា ចូរក្រោកឡើងបរិភោគទៅ ដ្បិតផ្លូវដែលត្រូវដើរ នោះហួសកម្លាំងឯងណាស់
8 លោកក៏ក្រោកឡើងបរិភោគទៅ ហើយដោយសារកម្លាំងដែលបានពីអាហារនោះ លោកក៏ដើរទៅអស់៤០ថ្ងៃ៤០យប់ បានដល់ទៅភ្នំហោរែប ជាភ្នំនៃព្រះ។
9 កាលលោកបានទៅដល់ហើយ នោះក៏ចូលទៅអាស្រ័យក្នុងរអាង១នៅទីនោះ គ្រានោះ ឮព្រះបន្ទូលនៃព្រះយេហូវ៉ាមកសួរថា អេលីយ៉ាអើយ តើធ្វើអីនៅទីនេះ
10 លោកទូលថា ទូលបង្គំបានមានចិត្តឈឺឆ្អាលនឹងព្រះយេហូវ៉ាជាព្រះនៃពួកពលបរិវារជាខ្លាំង ដ្បិតពួកកូនចៅអ៊ីស្រាអែល គេបានបោះបង់ចោលសេចក្ដីសញ្ញាទ្រង់ គេបានរំលំអស់ទាំងអាសនៈរបស់ទ្រង់ ហើយបានសម្លាប់ពួកហោរាទ្រង់ដោយដាវផង នៅសល់តែទូលបង្គំម្នាក់ឯងប៉ុណ្ណោះ ហើយគេរកជីវិតទូលបង្គំថែមទៀត
11 ទ្រង់មានព្រះបន្ទូលទៅថា ចូរឯងចេញទៅឈរលើភ្នំនៅចំពោះព្រះយេហូវ៉ាចុះ នោះមើល ព្រះយេហូវ៉ាទ្រង់យាងទៅតាមទីនោះ ហើយកើតមានខ្យល់ព្យុះគំហុកជាខ្លាំង បក់មកប៉ះបំបាក់ភ្នំបំបែកថ្មខ្ទេចខ្ទីនៅចំពោះព្រះយេហូវ៉ា តែព្រះយេហូវ៉ាទ្រង់មិនមែនគង់នៅក្នុងខ្យល់នោះទេ ក្រោយខ្យល់នោះមក ក៏មានកក្រើកដី តែព្រះយេហូវ៉ាទ្រង់មិនមែនគង់នៅក្នុងការកក្រើកដីនោះទេ
12 បន្ទាប់ពីការកក្រើកដីនោះមក នោះមានភ្លើងឆេះ តែព្រះយេហូវ៉ាទ្រង់មិនមែនគង់នៅក្នុងភ្លើងនោះទេ ក្រោយពីភ្លើងនោះមក មានឮសំឡេងតូចរហៀងៗ
13 កាលអេលីយ៉ាបានឮហើយ នោះលោកក៏យកក្រមាគ្រលុំមុខ ចេញមកឈរនៅមាត់រអាង នោះមានឮសំឡេងមកដល់លោកថា អេលីយ៉ាអើយ តើឯងធ្វើអ្វីនៅទីនេះ
14 លោកទូលឆ្លើយថា ទូលបង្គំបានមានចិត្តឈឺឆ្អាលនឹងព្រះយេហូវ៉ាជាព្រះនៃពួកពលបរិវារជាខ្លាំង ដ្បិតពួកកូនចៅអ៊ីស្រាអែល គេបានបោះបង់ចោលសេចក្ដីសញ្ញាទ្រង់ គេបានរំលំអស់ទាំងអាសនៈទ្រង់ ហើយបានសម្លាប់ពួកហោរាទ្រង់ ដោយដាវផង នៅសល់តែទូលបង្គំម្នាក់ឯងប៉ុណ្ណោះ ហើយគេស្វែងរកជីវិតទូលបង្គំថែមទៀត។
15 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលទៅលោកថា ចូរឯងត្រឡប់ទៅតាមផ្លូវដែលកាត់ទីរហោស្ថាន ទៅឯក្រុងដាម៉ាសទៅ កាលណាបានដល់ហើយ នោះចូរចាក់ប្រេងតាំងហាសែលឡើង ឲ្យធ្វើជាស្តេចស្រុកស៊ីរីចុះ
16 ហើយត្រូវចាក់ប្រេងតាំងយេហ៊ូវ ជាកូននីមស៊ីឡើងឲ្យធ្វើជាស្តេច សោយរាជ្យលើស្រុកអ៊ីស្រាអែលដែរ ឯអេលីសេ ជាកូនសាផាត ដែលនៅអេបិល-មហូឡា នោះត្រូវចាក់ប្រេងតាំងឲ្យធ្វើជាហោរាជំនួសឯង
17 ដូច្នេះ អ្នកណាដែលរួចពីដាវរបស់ហាសែល នោះយេហ៊ូវនឹងសម្លាប់គេវិញ ហើយអ្នកណាដែលរួចពីដាវរបស់យេហ៊ូវ នោះអេលីសេនឹងសម្លាប់បង់
18 ប៉ុន្តែ អញនឹងទុកឲ្យមានមនុស្ស៧ពាន់នាក់សល់នៅក្នុងពួកអ៊ីស្រាអែល ជាពួកអ្នកដែលមិនបានលុតជង្គង់ក្រាបនៅចំពោះព្រះបាល ឬថើបវាឡើយ។
19 ដូច្នេះ លោកក៏ចេញពីទីនោះ ទៅរកអេលីសេ ជាកូនសាផាត ឃើញកំពុងតែភ្ជួរ មានគោ១២នឹមភ្ជួរនៅខាងមុខគាត់ គឺគាត់ដែលភ្ជួរដោយនឹមក្រោយបង្អស់ នៅខណៈនោះ អេលីយ៉ាក៏ដើរតម្រង់ទៅឯគាត់ ហើយបោះក្រមាខ្លួនទៅលើ
20 គាត់ក៏លះបង់គោចោល រត់ទៅតាមអេលីយ៉ា ដោយពាក្យថា សូមអនុញ្ញាតឲ្យខ្ញុំទៅថើបលាឪពុកម្តាយខ្ញុំសិន នោះខ្ញុំនឹងមកតាមលោក តែអេលីយ៉ាឆ្លើយតបថា ចូរទៅវិញទៅ តើអញបានធ្វើអ្វីដល់ឯង
21 ដូច្នេះ គាត់ក៏ត្រឡប់ទៅវិញ យកគោ១នឹមសម្លាប់ទៅ ហើយស្ងោរដោយគ្រឿងប្រដាប់ទឹមគោ រួចចែកគ្នាបរិភោគទៅ រួចហើយគាត់ក្រោកឡើងទៅតាមអេលីយ៉ា ដើម្បីបម្រើលោក។
ជំពូក 20
1 គ្រានោះ បេន-ហាដាឌ់ ជាស្តេចស្រុកស៊ីរី ទ្រង់ប្រជុំពួកពលទ័ពរបស់ទ្រង់មក មានស្តេចរង៣២អង្គនៅជាមួយនឹងទ្រង់ ព្រមទាំងសេះ និងរទេះចម្បាំងផង ទ្រង់ឡើងទៅឡោមព័ទ្ធច្បាំងនឹងក្រុងសាម៉ារី
2 ក៏ចាត់រាជទូតទៅក្នុងទីក្រុង ទូលដល់អ័ហាប់ ជាស្តេចអ៊ីស្រាអែលថា បេន-ហាដាឌ់ទ្រង់មានព្រះបន្ទូលដូច្នេះថា
3 មាសប្រាក់របស់ឯងជារបស់ផងអញវិញ ហើយប្រពន្ធកូនទាំងប៉ុន្មានរបស់ឯង ដែលមានរូបល្អបំផុត នោះសុទ្ធតែរបស់ផងអញដែរ
4 ស្តេចអ៊ីស្រាអែលក៏តបទៅថា បពិត្រស្តេចជាម្ចាស់អើយ តាមព្រះបន្ទូលទ្រង់ នោះខ្លួនទូលបង្គំ ព្រមទាំងសព្វសារពើដែលទូលបង្គំមាន ក៏ជារបស់ផងទ្រង់ដែរ
5 រួចពួករាជទូតក៏មកម្តងទៀត ទូលថា បេន-ហាដាឌ់ទ្រង់មានព្រះបន្ទូលម្តងហើយថា អញបានចាត់ទូតឲ្យមកឯងប្រាប់ថា ត្រូវឲ្យឯងប្រគល់មាស ប្រាក់ និងប្រពន្ធកូនឯងមកអញ
6 តែដល់ថ្ងៃស្អែកពេលថ្មើរនេះ នោះអញនឹងចាត់ពួកអញឲ្យមកឯឯង គេនឹងឆែកមើលក្នុងដំណាក់ឯង ហើយក្នុងផ្ទះពួកបម្រើឯង ឯរបស់ណាដែលជាទីគាប់ភ្នែកឯង នោះគេនឹងចាប់កាន់នៅដៃយកទៅ។
7 ដូច្នេះ ស្តេចអ៊ីស្រាអែលក៏ហៅពួកចាស់ទុំក្នុងស្រុកមក មានព្រះបន្ទូលថា សូមអ្នករាល់គ្នាពិចារណាមើល ដែលមនុស្សនេះរករឿងហេតុនឹងយើងជាយ៉ាងណា ដ្បិតវាបានចាត់ទូតឲ្យមកទារយកប្រពន្ធកូន និងមាសប្រាក់របស់យើងទៅ យើងក៏ឥតមានប្រកែកឡើយ
8 នោះពួកចាស់ទុំ និងប្រជាជនទាំងឡាយទូលឆ្លើយឡើងថា សូមទ្រង់កុំស្តាប់ ឬព្រមតាមគេឡើយ
9 ហេតុដូច្នេះ ទ្រង់ឆ្លើយប្រាប់ទៅពួករាជទូតរបស់បេន-ហាដាឌ់ថា ចូរទៅទូលស្តេចជាម្ចាស់យើងថា គ្រប់ទាំងសេចក្ដីដែលទ្រង់បានចាត់មកបង្គាប់ឲ្យខ្ញុំធ្វើជាន់មុន នោះខ្ញុំសុខចិត្តធ្វើហើយ តែសេចក្ដីក្រោយនេះខ្ញុំមិនអាចនឹងធ្វើបានទេ ពួករាជទូតក៏នាំពាក្យនោះទៅទូលដល់បេន-ហាដាឌ់វិញ
10 ដូច្នេះ ទ្រង់ចាត់គេឲ្យមកទូលថា បើមានធូលីក្នុងក្រុងសាម៉ារីល្មម១កំបង់ដៃ ដល់ពួកអ្នកដែលតាមអញមកគ្រប់គ្នា នោះសូមឲ្យអស់ទាំងព្រះធ្វើដល់អញយ៉ាងដូច្នេះ ហើយលើសទៅទៀតផង
11 រួចស្តេចអ៊ីស្រាអែលមានព្រះបន្ទូលឆ្លើយថា ចូរទៅប្រាប់បេន-ហាឌាឌ់វិញថា កុំបីឲ្យអ្នកដែលកំពុងតែពាក់គ្រឿងក្រោះអួតអាងខ្លួន ដូចជាអ្នកដែលដោះគ្រឿងចេញនោះឡើយ
12 បេន-ហាឌាឌ់បានឮពាក្យនោះ ក្នុងវេលាកំពុងដែលសោយស្រានៅក្នុងពន្លា ជាមួយនឹងពួកស្តេចរង នោះទ្រង់ប្រាប់ដល់ពួកពលទ័ពទ្រង់ថា ចូររៀបចំឡើង គេក៏ដំរៀបគ្នារៀបច្បាំងនឹងទីក្រុង។
13 ខណៈនោះ មានហោរាម្នាក់ចូលទៅគាល់អ័ហាប់ ជាស្តេចអ៊ីស្រាអែល ទូលថា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា តើឃើញហ្វូងទ័ពធំនេះឬទេ មើល នៅថ្ងៃនេះ អញនឹងប្រគល់គេមកក្នុងកណ្តាប់ដៃឯងហើយ នោះឯងនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត
14 អ័ហាប់មានព្រះបន្ទូលសួរថា តើដោយសារអ្នកណា រួចគាត់ទូលឆ្លើយថា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ គឺដោយសារពួកទ័ពរបស់ចៅហ្វាយខែត្រទាំងប៉ុន្មាន ស្តេចក៏សួរទៀតថា តើអ្នកណាត្រូវនាំទៅបះនឹងគេជាមុន គាត់ទូលឆ្លើយថា គឺជាទ្រង់ព្រះករុណា
15 ដូច្នេះ ស្តេចក៏ចេញទៅ ត្រួតមើលពួកទ័ពរបស់ចៅហ្វាយខែត្រទាំងប៉ុន្មាន ឃើញមានគ្នា២៣២នាក់ បន្ទាប់មក ស្តេចក៏ត្រួតមើលបណ្តាជន ជាពួកកូនចៅអ៊ីស្រាអែលទាំងអស់ ឃើញមាន៧ពាន់នាក់។
16 គេក៏ចេញទៅនៅពេលថ្ងៃត្រង់ ឯបេន-ហាឌាឌ់ និងពួកស្តេចរងទាំង៣២អង្គ ដែលមកជួយទ្រង់ គេកំពុងតែសោយស្រាស្រវឹង នៅក្នុងពន្លា
17 ហើយពួកពលទ័ពរបស់ចៅហ្វាយខែត្រទាំងប៉ុន្មានក៏នាំមុខចេញទៅ បេន-ហាដាឌ់ក៏ចាត់ម្នាក់ឲ្យទៅក្រៅមើល អ្នកនោះមកទូលដល់ទ្រង់វិញថា មានពួកមនុស្សចេញពីក្រុងសាម៉ារីមកហើយ
18 នោះទ្រង់បង្គាប់ថា ទោះបើគេចេញមកដោយមេត្រី ឬដោយចង់ធ្វើសង្គ្រាមក៏ដោយ គង់តែត្រូវចាប់គេមកទាំងរស់ដែរ
19 យ៉ាងនោះពួកទ័ពរបស់ចៅហ្វាយខែត្រទាំងប៉ុន្មាន និងកងទ័ពដែលទៅតាមក្រោយក៏ចេញពីទីក្រុងទៅ
20 គ្រប់គ្នាក៏សម្លាប់ខ្មាំងសត្រូវដែលតនឹងខ្លួន ដូច្នេះ ពួកស៊ីរីគេបែកខ្ញែករត់ទៅ ហើយពួកអ៊ីស្រាអែលក៏ដេញតាមឯបេន-ហាឌាឌ់ ជាស្តេចស្រុកស៊ីរី ទ្រង់ជិះសេះរត់រួចជាមួយនឹងពួកទ័ពសេះ
21 នេះគឺស្តេចអ៊ីស្រាអែល ទ្រង់ចេញទៅវាយទាំងពួកទ័ពសេះ និងរទេះចម្បាំង ប្រហារជីវិតពួកស៊ីរីយ៉ាងសន្ធឹក។
22 រួចមក ហោរានោះក៏ចូលទៅឯស្តេចអ៊ីស្រាអែលទូលថា សូមទ្រង់ទៅចម្រើនកម្លាំងឡើង ហើយខំប្រឹងមើលការដែលទ្រង់ធ្វើ ដ្បិតដល់ចូលឆ្នាំថ្មី ស្តេចស៊ីរីនឹងឡើងមកច្បាំងនឹងទ្រង់ទៀត។ ស្តេចអ័ហាប់ទទួលជ័យជម្នះជាថ្មី
23 ឯពួកជំនិតខាងស្តេចស៊ីរីគេទូលស្តេចរបស់ខ្លួនថា ព្រះរបស់គេជាព្រះនៃភ្នំ បានជាម្តងនេះគេពូកែជាងយើងរាល់គ្នា ដូច្នេះ សូមយើងរាល់គ្នាតនឹងគេនៅស្រុកវាលចុះ នោះប្រាកដជាយើងនឹងបានពូកែជាងគេវិញ
24 ហើយត្រូវធ្វើដូច្នេះ គឺត្រូវដកពួកស្តេចទាំងប៉ុន្មានពីចំណែករបស់ទ្រង់ចេញ ហើយតាំងឲ្យមានមេទ័ពឡើងជំនួសវិញ
25 រួចសូមលើកពលទ័ពឲ្យស្មើនឹងពលទ័ពដែលទើបនឹងបាត់នោះ គឺចំនួនសេះស្មើគ្នា និងចំនួនរទេះក៏ស្មើគ្នា នោះយើងរាល់គ្នានឹងច្បាំងនឹងគេនៅស្រុកវាល ប្រាកដជាយើងនឹងមានកម្លាំងជាងគេ ទ្រង់ក៏យល់ព្រមតាមពាក្យគេ ហើយបានធ្វើដូច្នោះ។
26 លុះដល់ចូលឆ្នាំថ្មី បេន-ហាដាឌ់ក៏ត្រួតមើលពួកទ័ពស៊ីរី ហើយឡើងទៅដល់ក្រុងអាផែក ដើម្បីច្បាំងនឹងពួកអ៊ីស្រាអែល
27 ពួកកូនចៅអ៊ីស្រាអែលក៏មានគេត្រួតត្រាមើល ហើយចែកស្បៀងអាហារឲ្យដែរ រួចគេចេញទៅទាស់នឹងពួកស៊ីរី ឯពួកកូនចៅអ៊ីស្រាអែល គេបោះទ័ពទល់មុខនឹងពួកស៊ីរី ដូចជាកូនពពែ២ហ្វូងយ៉ាងតូច តែពួកស៊ីរី គេនៅពេញពាស ក្នុងស្រុកនោះ
28 គ្រានោះ មានអ្នកសំណប់របស់ព្រះម្នាក់ បានចូលមកទូលដល់ស្តេចអ៊ីស្រាអែលថា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ ដោយព្រោះពួកស៊ីរីបាននិយាយថា ព្រះយេហូវ៉ាទ្រង់ជាព្រះនៃភ្នំ មិនមែនជាព្រះនៃស្រុកវាលទេ បានជាអញនឹងប្រគល់ហ្វូងទ័ពធំទាំងនេះ មកក្នុងកណ្តាប់ដៃឯង ហើយឯងនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត
29 គេក៏បោះទ័ពប្រទល់មុខគ្នាអស់៧ថ្ងៃ ដល់ថ្ងៃទី៧ នោះគេចូលតយុទ្ធគ្នា ក្នុង១ថ្ងៃនោះឯង ពួកកូនចៅអ៊ីស្រាអែលក៏សម្លាប់ពួកពលថ្មើរជើងរបស់សាសន៍ស៊ីរី អស់១សែននាក់
30 ឯសំណល់ដែលសល់នៅ គេបានរត់ចូលទៅក្នុងក្រុងអាផែក ហើយកំផែងក្រុងនោះក៏រលំមក សង្កត់ស្លាប់អស់២ម៉ឺន៧ពាន់នាក់ទៀត ឯបេន-ហាឌាឌ់ទ្រង់រត់ចូលទៅក្នុងទីក្រុង ពួននៅក្នុងបន្ទប់ខាងក្នុង។
31 ពួកជំនិតទ្រង់ទូលថា យើងខ្ញុំបានឮថា អស់ទាំងស្តេចនៃពួកអ៊ីស្រាអែល សុទ្ធតែជាស្តេចមានសេចក្ដីមេត្តាករុណា ដូច្នេះ សូមយើងរាល់គ្នាស្លៀកសំពត់ធ្មៃ ហើយដាក់ខ្សែរូតនៅក ចេញទៅគាល់ស្តេចអ៊ីស្រាអែល ប្រហែលទ្រង់នឹងទុកជីវិតដល់ព្រះករុណាទេដឹង
32 ដូច្នេះ គេក៏ស្លៀកសំពត់ធ្មៃ ព្រមទាំងដាក់ខ្សែរូតនៅក ចេញទៅគាល់ស្តេចអ៊ីស្រាអែលទូលថា បេន-ហាឌាឌ់ជាអ្នកបម្រើទ្រង់ទូលថា សូមទុកជីវិតឲ្យទូលបង្គំនៅរស់ផង ស្តេចអ៊ីស្រាអែលទ្រង់សួរថា ដូច្នេះ តើលោកនៅរស់នៅឡើយឬ លោកជាបងប្អូននឹងយើងដែរ
33 អ្នកទាំងនោះបានយកពាក្យនោះទុកជាផ្នូលល្អ ក៏ទូលតបភ្លាមថា ហ្នឹងហើយបងប្អូនទ្រង់ រួចទ្រង់ប្រាប់គេថា ចូរទៅនាំលោកមក ដូច្នេះ បេន-ហាឌាឌ់ក៏ចេញមកគាល់ទ្រង់ ហើយទ្រង់ឲ្យឡើងជិះលើរាជរថជាមួយនឹងទ្រង់
34 នោះបេន-ហាដាឌ់ទូលទ្រង់ថា អស់ទាំងទីក្រុងដែលព្រះបិតាទូលបង្គំបានរឹបយកពីព្រះបិតាទ្រង់ នោះទូលបង្គំនឹងប្រគល់ថ្វាយទាំងអស់វិញ ហើយទ្រង់នឹងធ្វើថ្នល់សម្រាប់ទ្រង់នៅក្រុងដាម៉ាសបាន ដូចជាព្រះបិតាទូលបង្គំបានធ្វើនៅក្រុងសាម៉ារីដែរ អ័ហាប់មានព្រះបន្ទូលឆ្លើយថា ឯខ្ញុំៗនឹងឲ្យលោកទៅវិញ ដោយសេចក្ដីសញ្ញានេះ ដូច្នេះ ទ្រង់ក៏តាំងសេចក្ដីសញ្ញានឹងគ្នា រួចលែងឲ្យទៅវិញ។
35 បន្ទាប់មក មានម្នាក់ជាសិស្សពួកហោរា គាត់និយាយទៅគូកន ដោយព្រះបន្ទូលព្រះយេហូវ៉ាថា សូមឲ្យវាយខ្ញុំចុះ តែអ្នកនោះមិនព្រមវាយទេ
36 គាត់ក៏ប្រាប់ថា ដោយព្រោះអ្នកមិនបានស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ានោះមើល កាលណាអ្នកចេញពីខ្ញុំទៅ នឹងមានសិង្ហមកសម្លាប់អ្នក ដូច្នេះ កាលអ្នកនោះបានចេញពីគាត់ទៅ ក៏មានសិង្ហ១មកប្រទះ ហើយសម្លាប់ទៅ
37 រួចគាត់ជួបនឹងម្នាក់ទៀត ប្រាប់ថា សូមឲ្យអ្នកវាយខ្ញុំចុះ អ្នកនោះក៏វាយគាត់ឲ្យមានរបួស
38 នោះហោរាក៏ក្លែងខ្លួន ដោយយកសំពត់ឈ្នួតមកបិទភ្នែក រួចទៅនៅចាំស្តេចយាងមកតាមផ្លូវ
39 កាលស្តេចទ្រង់យាងមកតាមផ្លូវ នោះគាត់ស្រែកឡើងទូលថា ទូលបង្គំបានចេញទៅឯកណ្តាលទីចម្បាំង ហើយមើល មានម្នាក់ទៀតបែរមក នាំមនុស្សម្នាក់មកឯទូលបង្គំ ដោយបង្គាប់ថា ចូររក្សាមនុស្សនេះទុក បើវាបាត់ទៅដោយហេតុណា នោះត្រូវយកជីវិតឯងជំនួសវាវិញ ឬត្រូវឲ្យឯងសងអញជាប្រាក់១ហាប
40 តែកាលទូលបង្គំកំពុងតែរវល់នេះផងនោះផង អ្នកនោះក៏បាត់ទៅ ឯស្តេចអ៊ីស្រាអែលមានព្រះបន្ទូលតបថា ទោសឯងត្រូវដូច្នោះហើយ គឺខ្លួនឯងបានកាត់សេចក្ដីនោះស្រាប់
41 គាត់ក៏ប្រញាប់នឹងបកសំពត់ពីភ្នែកចេញ រួចស្តេចអ៊ីស្រាអែលទ្រង់ស្គាល់ថា ជាពួកហោរា
42 គាត់ក៏ទូលដល់ស្តេចថា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះហើយថា ដោយព្រោះឯងបានលែងមនុស្ស ឲ្យរួចពីដៃឯង ដែលអញបានកាត់ទោសថា ត្រូវវិនាស នោះត្រូវយកជីវិតឯងជំនួសវាវិញ ហើយរាស្ត្រឯងជំនួសរាស្ត្រវា
43 ដូច្នេះ ស្តេចអ៊ីស្រាអែលក៏យាងត្រឡប់ទៅឯដំណាក់នៅក្រុងសាម៉ារីវិញ ដោយអន់អាក់ថ្នាំងថ្នាក់ព្រះហឫទ័យ។
ជំពូក 21
1 រីឯណាបោត ជាអ្នកស្រុកយេសរាល គាត់មានចម្ការទំពាំងបាយជូរ នៅស្រុកយេសរាល ជិតបង្កើយនឹងដំណាក់អ័ហាប់ ជាស្តេចនៃក្រុងសាម៉ារី
2 ហើយក្រោយការទាំងនោះមក អ័ហាប់ក៏មានព្រះបន្ទូលនឹងណាបោតថា ចូរឲ្យចម្ការទំពាំងបាយជូររបស់ឯងមកយើងចុះ ដើម្បីឲ្យយើងបានធ្វើច្បារបន្លែ ដ្បិតនៅជិតដំណាក់របស់យើង យើងនឹងឲ្យចម្ការ១ល្អជាងដល់ឯង ឬបើឯងចូលចិត្តនឹងប្រាក់ នោះយើងនឹងឲ្យតាមតម្លៃចម្ការនោះវិញ
3 តែណាបោតទូលតបថា សូមព្រះយេហូវ៉ាទ្រង់ឃាត់ កុំឲ្យទូលបង្គំថ្វាយមរដករបស់ពួកអយ្យកោទូលបង្គំ ដល់ព្រះករុណាឡើយ
4 អ័ហាប់ក៏ត្រឡប់ទៅឯដំណាក់ទ្រង់វិញ មានព្រះហឫទ័យអន់អាក់ ថ្នាំងថ្នាក់ ដោយព្រោះពាក្យដែលណាបោត ជាអ្នកស្រុកយេសរាល បានទូលដល់ទ្រង់ថា ទូលបង្គំមិនថ្វាយមរដករបស់ពួកអយ្យកោទូលបង្គំ ដល់ព្រះករុណាទេ ហើយទ្រង់ក៏ប្រះផ្ទំលើព្រះទែនបន្ទំ បែរព្រះភ័ក្ត្រចេញ មិនព្រមសោយព្រះស្ងោយឡើយ។
5 ឯយេសិបិល ជាភរិយាទ្រង់ ក៏មកទូលសួរថា ហេតុអ្វីបានជាព្រួយព្រះហឫទ័យ មិនសោយព្រះស្ងោយដូច្នេះ
6 ទ្រង់មានព្រះបន្ទូលតបថា គឺពីព្រោះអញបាននិយាយនឹងណាបោត ជាអ្នកស្រុកយេសរាលថា ចូរលក់ចម្ការទំពាំងបាយជូរឯងមកឲ្យយើង ឬបើឯងចូលចិត្ត នោះយើងនឹងឲ្យចម្ការ១ផ្សេងទៀតប្តូរនឹងចម្ការនេះ តែវាឆ្លើយមកថា ទូលបង្គំមិនថ្វាយចម្ការទូលបង្គំដល់ទ្រង់ទេ
7 នោះយេសិបិល ជាភរិយា ក៏ទូលថា ឥឡូវនេះ ទ្រង់សោយរាជ្យនៅនគរអ៊ីស្រាអែលមិនមែនឬ សូមតើនឡើង សោយព្រះស្ងោយទៅ ឲ្យព្រះហឫទ័យបានរីករាយសប្បាយចុះ ខ្ញុំម្ចាស់នឹងថ្វាយចម្ការទំពាំងបាយជូររបស់ណាបោត ជាអ្នកស្រុកយេសរាលដល់ទ្រង់
8 នោះព្រះនាងក៏ធ្វើសំបុត្រដោយនូវព្រះនាមអ័ហាប់ ហើយប្រថាប់ត្រាផែនដី រួចផ្ញើទៅពួកចាស់ទុំ និងពួកអ្នកមានត្រកូលខ្ពស់ ដែលនៅក្នុងទីក្រុង ជាមួយនឹងណាបោត
9 ក្នុងសំបុត្រនោះ ព្រះនាងបង្គាប់ថា ចូរប្រកាសប្រាប់ឲ្យមានបុណ្យត្រណម ហើយតាំងណាបោត ឲ្យអង្គុយនៅលើទីដ៏ប្រសើរកណ្តាលពួកជន
10 រួចនាំមនុស្សខូចអាក្រក់២នាក់មក ឲ្យឈរនៅមុខវា ដើម្បីធ្វើបន្ទាល់ទាស់នឹងវាថា វាបានប្រមាថដល់ព្រះ ហើយដល់ស្តេចផង ស្រេចហើយ ចូរនាំវាចេញទៅក្រៅ ចោលនឹងថ្មសម្លាប់ទៅ។
11 ពួកមនុស្សនៅក្រុងរបស់គាត់ គឺជាពួកចាស់ទុំ និងពួកអ្នកមានត្រកូលខ្ពស់ ដែលនៅទីក្រុងជាមួយនឹងគាត់ គេក៏ធ្វើតាមសេចក្ដីដែលយេសិបិលបានបង្គាប់ ដូចជាសេចក្ដីដែលព្រះនាងបានសរសេរចុះក្នុងសំបុត្រ ផ្ញើទៅគេ
12 គេក៏ប្រកាសប្រាប់ឲ្យមានបុណ្យត្រណម ហើយដាក់ណាបោត ឲ្យអង្គុយនៅទីដ៏ប្រសើរកណ្តាលពួកជន
13 រួចមានមនុស្សខូចអាក្រក់២នាក់ ចូលមកអង្គុយខាងមុខណាបោត ធ្វើបន្ទាល់ទាស់នឹងគាត់នៅមុខបណ្តាជនថា ណាបោតនេះបានប្រមាថដល់ព្រះ ហើយដល់ស្តេចផង ដូច្នេះ គេនាំយកគាត់ចេញទៅឯក្រៅទីក្រុង ហើយចោលសម្លាប់នឹងថ្មទៅ
14 រួចហើយគេចាត់មនុស្សឲ្យទៅទូលយេសិបិល ឲ្យជ្រាបថា បានចោលសម្លាប់ណាបោតនឹងថ្មហើយ
15 កាលយេសិបិលបានឮថា គេបានចោលសម្លាប់ណាបោតនឹងថ្មហើយដូច្នោះ នោះព្រះនាងក៏ទូលអ័ហាប់ថា សូមតើនឡើង ទៅទទួលយកចម្ការរបស់ណាបោត ជាអ្នកស្រុកយេសរាល ដែលវាមិនព្រមលក់ថ្វាយនោះ មកទុកជារបស់ផងទ្រង់វិញចុះ ពីព្រោះណាបោតមិននៅរស់ទៀតទេ គឺវាស្លាប់ហើយ
16 ដូច្នេះ កាលអ័ហាប់បានជ្រាបថាណាបោតបានស្លាប់ នោះទ្រង់ក៏តើនឡើង ដើម្បីចុះទៅឯចម្ការរបស់ណាបោត ជាអ្នកស្រុកយេសរាល ប្រយោជន៍នឹងយកធ្វើជារបស់ផងទ្រង់ទៅ។
17 ខណៈនោះ ព្រះបន្ទូលនៃព្រះយេហូវ៉ា ក៏មកដល់អេលីយ៉ា ជាអ្នកស្រុកធេសប៊ីថា
18 ចូរក្រោកឡើងចុះទៅជួបនឹងអ័ហាប់ ជាស្តេចអ៊ីស្រាអែល ដែលគង់នៅក្រុងសាម៉ារីទៅ មើល ទ្រង់នៅក្នុងចម្ការរបស់ណាបោត ទ្រង់បានចុះទៅទទួលយកចម្ការនោះ ទុកជារបស់ផងទ្រង់
19 ដូច្នេះ ឯងត្រូវទូលថា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ តើឯងបានសម្លាប់ ហើយបានទាំងរឹបជាន់យករបស់ទ្រព្យផងមែនឬ ក៏ត្រូវទូលដូច្នេះទៀតថា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា នៅកន្លែងដែលឆ្កែបានលិទ្ធឈាមរបស់ណាបោត នោះនឹងលិទ្ធឈាមរបស់ឯងដែរ
20 អ័ហាប់មានព្រះបន្ទូលតបថា ឱខ្មាំងសត្រូវយើងអើយ តើឯងមកតាមយើងទាន់ហើយឬ លោកទូលឆ្លើយថា ទាន់ហើយ ពីព្រោះព្រះករុណាបានលក់ព្រះអង្គទ្រង់ ឲ្យធ្វើអំពើដ៏លាមកអាក្រក់នៅព្រះនេត្រព្រះយេហូវ៉ា
21 មើល អញនឹងនាំសេចក្ដីវេទនាមកលើឯង អញនឹងបោសឯងចេញអស់រលីង ហើយនិងកាត់អស់ទាំងកូនប្រុសៗពីអ័ហាប់ចេញ ព្រមទាំងអ្នកបិទបាំងទុក និងអ្នកដែលឥតមានចំណង ក្នុងពួកអ៊ីស្រាអែលផង
22 អញនឹងធ្វើឲ្យជំនួរវង្សរបស់ឯងបានដូចជាជំនួរវង្សរបស់យេរ៉ូបោម ជាកូននេបាត ហើយដូចជាជំនួរវង្សរបស់ប្អាសា ជាកូនអ័ហ៊ីយ៉ា ដោយព្រោះការប្រទាំង ដែលឯងបានធ្វើឲ្យអញបានក្នាញ់ក្នុងព្រះហឫទ័យ ហើយបានបណ្តាលឲ្យពួកអ៊ីស្រាអែលធ្វើបាបដែរ
23 ព្រះយេហូវ៉ាក៏មានព្រះបន្ទូលពីដំណើរយេសិបិលដែរថា ឆ្កែនឹងទំពាស៊ីយេសិបិល នៅជិតកំផែងក្រុងយេសរាល
24 អ្នកណាក្នុងពូជពង្សអ័ហាប់ ដែលស្លាប់នៅក្នុងទីក្រុង នោះឆ្កែនឹងទំពាស៊ី ហើយអ្នកណាដែលស្លាប់នៅទីវាល នោះសត្វហើរលើអាកាសនឹងចឹកស៊ីវិញ
25 រីឯអ័ហាប់ គ្មានអ្នកណាមួយឲ្យដូចទ្រង់ ដែលបានលក់ខ្លួនឲ្យធ្វើអំពើដ៏លាមកអាក្រក់នៅព្រះនេត្រព្រះយេហូវ៉ា ដែលយេសិបិល ជាភរិយាបានញុះញង់នោះទេ
26 ទ្រង់បានប្រព្រឹត្តបែបគួរស្អប់ខ្ពើមណាស់ ដោយគោរពប្រតិបត្តិតាមអស់ទាំងរូបព្រះ តាមគ្រប់ទាំងទំនៀមរបស់សាសន៍អាម៉ូរី ដែលព្រះយេហូវ៉ាទ្រង់បានបណ្តេញ ពីមុខពួកកូនចៅអ៊ីស្រាអែលចេញ។
27 កាលអ័ហាប់បានឮពាក្យទាំងនោះហើយ នោះទ្រង់ក៏ហែកព្រះពស្ត្រទ្រង់ រួចស្លៀកសំពត់ធ្មៃវិញ ហើយតមព្រះស្ងោយ ទ្រង់ផ្ទំទាំងសំពត់ធ្មៃនោះ ហើយក៏យាងមួយៗ
28 នោះព្រះបន្ទូលនៃព្រះយេហូវ៉ា ក៏មកដល់អេលីយ៉ា ជាអ្នកស្រុកធេសប៊ីថា
29 ឯងបានឃើញឬទេ អ័ហាប់បន្ទាបខ្លួននៅមុខអញហើយ ដូច្នេះ ដោយព្រោះបានបន្ទាបខ្លួននៅមុខអញ នោះអញមិននាំសេចក្ដីវេទនានោះ មកក្នុងគ្រាព្រះជន្មទ្រង់ទេ គឺអញនឹងនាំសេចក្ដីវេទនានោះ មកលើជំនួរវង្សទ្រង់ក្នុងគ្រានៃបុត្រទ្រង់វិញ។
ជំពូក 22
1 ក្នុងរវាង៣ឆ្នាំនោះ សាសន៍ស៊ីរី និងសាសន៍អ៊ីស្រាអែល ឥតមានចម្បាំងនឹងគ្នាឡើយ
2 តែដល់ឆ្នាំទី៣ នោះយ៉ូសាផាត ជាស្តេចយូដា ទ្រង់យាងចុះមកគាល់ស្តេចអ៊ីស្រាអែល
3 ហើយស្តេចអ៊ីស្រាអែលទ្រង់មានព្រះបន្ទូលនឹងពួកជំនិតទ្រង់ថា អ្នករាល់គ្នាដឹងហើយថា ក្រុងរ៉ាម៉ូត-កាឡាតជារបស់ផងយើង ចុះហេតុអ្វីបានជាយើងនៅតែស្ងៀម ឥតទៅចាប់យកពីកណ្តាប់ដៃស្តេចស៊ីរីមកវិញដូច្នេះ
4 រួចទ្រង់ទូលសួរយ៉ូសាផាតថា តើទ្រង់នឹងទៅច្បាំងនឹងក្រុងរ៉ាម៉ូត-កាឡាត ជាមួយនឹងទូលបង្គំឬទេ យ៉ូសាផាតទូលឆ្លើយថា ទូលបង្គំក៏ដូចជាទ្រង់ រាស្ត្ររបស់ទូលបង្គំក៏ដូចជារាស្ត្ររបស់ទ្រង់ ហើយសេះរបស់ទូលបង្គំទាំងប៉ុន្មាន ក៏ដូចជាសេះរបស់ទ្រង់ដែរ។
5 តែយ៉ូសាផាតទូលដល់ស្តេចអ៊ីស្រាអែលថា សូមទ្រង់ទូលសួរព្រះបន្ទូលនៃព្រះយេហូវ៉ាជាមុនសិន
6 ដូច្នេះ ស្តេចអ៊ីស្រាអែលក៏ប្រមូលពួកហោរាប្រហែលជា៤០០នាក់មកសួរថា តើត្រូវឲ្យយើងចេញទៅ ច្បាំងនឹងរ៉ាម៉ូត-កាឡាត ឬឈប់ខាន គេទូលឆ្លើយថា សូមយាងឡើងទៅចុះ ដ្បិតព្រះអម្ចាស់ទ្រង់នឹងប្រគល់គេ មកក្នុងកណ្តាប់ព្រះហស្តនៃព្រះករុណាហើយ
7 តែយ៉ូសាផាតសួរថា នៅទីនេះ តើគ្មានហោរាណាម្នាក់របស់ព្រះយេហូវ៉ា ល្មមឲ្យយើងសួរគាត់ដែរទេឬ
8 ស្តេចអ៊ីស្រាអែលទូលឆ្លើយថា មានម្នាក់ទៀត ដែលល្មមឲ្យយើងទូលសួរដល់ព្រះយេហូវ៉ាបាន គឺឈ្មោះមីកាយ៉ា ជាកូនយីមឡា តែទូលបង្គំស្អប់វា ដ្បិតវាមិនដែលទាយល្អពីទូលបង្គំសោះ គឺចេះតែទាយអាក្រក់វិញ យ៉ូសាផាតទូលថា សូមទ្រង់កុំមានព្រះបន្ទូលដូច្នោះឡើយ។
9 នោះស្តេចអ៊ីស្រាអែល ទ្រង់ហៅមហាតលិកម្នាក់មកបង្គាប់ថា ចូរទៅនាំមីកាយ៉ា ជាកូនយីមឡា មកនេះជាឆាប់ៗ
10 ឯស្តេចអ៊ីស្រាអែល និងយ៉ូសាផាត ជាស្តេចស្រុកយូដា ទ្រង់ព្រះពស្ត្ររាជ្យគង់លើបល្ល័ង្ករៀងអង្គ ត្រង់ទីធ្លា នៅទ្វារក្រុងសាម៉ារី ហើយពួកហោរាក៏ឈរទាយនៅចំពោះទ្រង់
11 ឯសេដេគា ជាកូនក្នាណា គាត់បានធ្វើស្នែងដែក ហើយក៏ទូលថា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ ព្រះករុណានឹងជល់ពួកស៊ីរីដោយស្នែងនេះ ដរាបដល់វិនាសសូន្យទៅ
12 ហើយពួកហោរាទាំងអស់ក៏ទាយដូច្នោះដែរថា សូមយាងឡើងទៅឯរ៉ាម៉ូត-កាឡាត ហើយមានជ័យជម្នះចុះ ដ្បិតព្រះយេហូវ៉ាទ្រង់នឹងប្រគល់ក្រុងនោះ មកក្នុងកណ្តាប់ព្រះហស្តនៃព្រះករុណាហើយ។
13 រីឯអ្នកដែលទៅហៅមីកាយ៉ាមក ក៏ប្រាប់គាត់ថា មើល ពួកហោរាទាំងអស់សុទ្ធតែទាយល្អដល់ស្តេចព្រមគ្នា ដូច្នេះ សូមឲ្យពាក្យលោកបានដូចជាពាក្យរបស់ហោរាទាំងនោះដែរ ដោយពោលតែសេចក្ដីល្អចុះ
14 តែមីកាយ៉ាឆ្លើយថា ខ្ញុំស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់ថា សេចក្ដីណាដែលព្រះយេហូវ៉ាមានព្រះបន្ទូលមកខ្ញុំ នោះខ្ញុំនឹងបញ្ចេញតាមសេចក្ដីនោះ
15 រួចកាលបានចូលទៅគាល់ស្តេចហើយ នោះទ្រង់មានព្រះបន្ទូលសួរថា មីកាយ៉ាអើយ តើត្រូវឲ្យយើងទៅច្បាំងនឹងរ៉ាម៉ូត-កាឡាត ឬឈប់ខាន គាត់ទូលឡកថា សូមយាងទៅ ហើយមានជ័យជម្នះចុះ ដ្បិតព្រះយេហូវ៉ាទ្រង់នឹងប្រគល់គេមកក្នុងកណ្តាប់ព្រះហស្តនៃព្រះករុណាហើយ
16 ដូច្នេះ ស្តេចទ្រង់មានព្រះបន្ទូលថា អញបានស្តីឯងប៉ុន្មានដងហើយ ឲ្យនិយាយតែសេចក្ដីពិតប៉ុណ្ណោះ ដោយនូវព្រះនាមព្រះយេហូវ៉ា
17 គាត់ទូលឆ្លើយថា ទូលបង្គំបានឃើញពួកអ៊ីស្រាអែលត្រូវខ្ចាត់ខ្ចាយនៅលើភ្នំ ប្រៀបដូចជាហ្វូងចៀមដែលគ្មានអ្នកគង្វាល ហើយព្រះយេហូវ៉ាបានមានព្រះបន្ទូលថា ពួកទាំងនេះគ្មានចៅហ្វាយទេ ចូរឲ្យគេត្រឡប់ទៅផ្ទះរៀងខ្លួនវិញ ដោយសេចក្ដីសុខចុះ
18 ដូច្នេះ ស្តេចអ៊ីស្រាអែលទ្រង់ទូលទៅយ៉ូសាផាតថា តើទូលបង្គំមិនបានទូលទ្រង់ទេឬអី ថាវាមិនដែលទាយល្អពីទូលបង្គំទេ គឺទាយតែអាក្រក់ប៉ុណ្ណោះ
19 នោះមីកាយ៉ាទូលថា ដូច្នេះ សូមស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាសិន ទូលបង្គំបានឃើញព្រះយេហូវ៉ាទ្រង់គង់លើបល្ល័ង្ក មានទាំងពួកពលបរិវារនៃស្ថានសួគ៌ទាំងអស់ ឈរអមអង្គ ទាំងខាងស្តាំ និងខាងឆ្វេង
20 ហើយព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា តើអ្នកណានឹងទៅបបួលអ័ហាប់ ឲ្យឡើងទៅច្បាំង ហើយដួលស្លាប់នៅត្រង់រ៉ាម៉ូត-កាឡាត ម្នាក់ក៏ថាយ៉ាងនេះ ម្នាក់ក៏ថាយ៉ាងនោះ
21 រួចមានវិញ្ញាណ១ចេញមកឈរនៅចំពោះព្រះយេហូវ៉ាទូលថា ទូលបង្គំចង់ទៅ
22 ដូច្នេះ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលសួរថា នឹងធ្វើយ៉ាងណាទៅ វិញ្ញាណនោះទូលថា ទូលបង្គំនឹងចេញទៅធ្វើជាវិញ្ញាណភូតកុហក នៅក្នុងមាត់នៃពួកហោរាទាំងប៉ុន្មានរបស់ស្តេច ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា ចូរចេញទៅធ្វើដូច្នោះចុះ ឯងនឹងបបួលវាឲ្យសម្រេចបាន
23 ដូច្នេះ មើល ឥឡូវនេះព្រះយេហូវ៉ាទ្រង់ដាក់វិញ្ញាណភូតកុហកនៅក្នុងមាត់នៃពួកហោរារបស់ព្រះករុណាទាំងនេះ ហើយព្រះយេហូវ៉ាបានមានព្រះបន្ទូលពីសេចក្ដីអន្តរាយ ដែលនឹងកើតដល់ព្រះករុណាវិញ។
24 លំដាប់នោះសេដេគាជាកូនក្នាណា ក៏ចូលទៅទះកំផ្លៀងមីកាយ៉ាសួរថា ព្រះវិញ្ញាណនៃព្រះយេហូវ៉ាបានចេញពីអញ ទៅមានព្រះបន្ទូលនឹងឯងតាមណា
25 មីកាយ៉ាឆ្លើយថា ចាំមើល នៅថ្ងៃនោះឯងនឹងបានឃើញ ក្នុងកាលដែលឯងរត់ទៅពួននៅក្នុងបន្ទប់ខាងក្នុង
26 ស្តេចអ៊ីស្រាអែលទ្រង់បង្គាប់ថា ចូរនាំយកមីកាយ៉ាត្រឡប់ទៅឯអាំម៉ូន ជាចៅហ្វាយទីក្រុង និងយ៉ូអាស ជាព្រះរាជបុត្រទៅ
27 ហើយបង្គាប់ថា ស្តេចទ្រង់មានព្រះបន្ទូលដូច្នេះ គឺឲ្យដាក់មនុស្សនេះក្នុងគុក ចិញ្ចឹមដោយនំបុ័ង និងទឹកដ៏វេទនា ដរាបដល់អញមកវិញដោយសុខសាន្ត
28 នោះមីកាយ៉ាទូលថា បើសិនជាទ្រង់ដែលយាងមកវិញ ដោយសុខសាន្ត នោះគឺព្រះយេហូវ៉ាមិនបានមានព្រះបន្ទូលដោយសារទូលបង្គំទេ រួចគាត់ថែមពាក្យនេះថា ឱជនទាំងឡាយអើយ ចូរស្តាប់ចុះ។
29 ដូច្នេះ ស្តេចអ៊ីស្រាអែល និងយ៉ូសាផាត ជាស្តេចយូដា ក៏ឡើងទៅឯក្រុងរ៉ាម៉ូត-កាឡាត
30 ស្តេចអ៊ីស្រាអែលទ្រង់ទូលទៅយ៉ូសាផាតថា ទូលបង្គំនឹងក្លែងខ្លួនចូលទៅច្បាំង តែព្រះអង្គ សូមឲ្យទ្រង់គ្រឿងព្រះពស្ត្ររាជ្យរបស់ទ្រង់វិញ ស្តេចអ៊ីស្រាអែលក៏ក្លែងខ្លួនចូលទៅច្បាំងនឹងគេ
31 រីឯខាងស្តេចស៊ីរី បានបង្គាប់ដល់ពួកមេទ័ពរទេះចម្បាំងទ្រង់ទាំង៣២នាក់ថា កុំឲ្យតនឹងអ្នកណា ទោះតូច ឬធំក្តី ចូរតតែនឹងស្តេចអ៊ីស្រាអែល១ប៉ុណ្ណោះ
32 ដូច្នេះ កាលពួកមេទ័ពទាំងនោះបានឃើញយ៉ូសាផាត គេក៏បែរទៅបម្រុងតនឹងទ្រង់ ដោយស្មានថា នេះប្រាកដជាស្តេចអ៊ីស្រាអែលហើយ តែយ៉ូសាផាតទ្រង់ស្រែកឡើង
33 កាលពួកមេទ័ពឃើញថា មិនមែនជាស្តេចអ៊ីស្រាអែលទេ នោះក៏លែងតាមតទៅ
34 តែមានមនុស្សម្នាក់យឹតធ្នូ បាញ់ព្រាវទៅ ត្រូវស្តេចអ៊ីស្រាអែលត្រង់ប្រឡោះអាវក្រោះទ្រង់ ដូច្នេះ ទ្រង់មានព្រះបន្ទូលបង្គាប់ដល់អ្នកបរព្រះរាជរថទ្រង់ថា ចូរញាក់បង្ហៀរត្រឡប់រថ នាំយើងចេញពីពលទ័ពទៅ ដ្បិតយើងមានរបួសជាទំងន់
35 នៅថ្ងៃនោះ ចម្បាំងក៏កាន់តែខ្លាំងឡើង តែគេគ្រាហ៍គាំស្តេចនៅក្នុងព្រះរាជរថ ដើម្បីតស៊ូនឹងពួកស៊ីរី លុះដល់ពេលល្ងាច ទ្រង់សុគតទៅ ហើយឈាមពីរបួសនោះក៏ហូរទៅក្នុងបាតព្រះរាជរថ
36 រួចដល់ពេលថ្ងៃលិច នោះក៏មានឮសម្រែកនៅពេញក្នុងពួកទ័ពថា ចូរគ្រប់គ្នាត្រឡប់ទៅឯទីក្រុង និងស្រុករបស់ខ្លួនវិញទៅ។
37 គឺយ៉ាងនោះដែលស្តេចទ្រង់សុគត ហើយគេក៏នាំសពទ្រង់មកវិញ បញ្ចុះនៅក្នុងក្រុងសាម៉ារី
38 គេលាងព្រះរាជរថនៅត្រង់ស្រះទឹកនៃក្រុងសាម៉ារី ហើយមានឆ្កែលិទ្ធឈាម (រីឯនៅទីនោះពួកស្រីសំផឹងតែងងូតទឹក) តាមសេចក្ដីដែលព្រះយេហូវ៉ាបានមានព្រះបន្ទូលទុក
39 ឯដំណើរឯទៀតពីអ័ហាប់ និងការទាំងប៉ុន្មានដែលទ្រង់ធ្វើ ព្រមទាំងដំណាក់ភ្លុកដែលទ្រង់បានធ្វើ និងអស់ទាំងទីក្រុងដែលទ្រង់បានសង់ នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជាពង្សាវតាររបស់ពួកស្តេចអ៊ីស្រាអែលហើយ
40 គឺយ៉ាងនោះ ដែលអ័ហាប់បានផ្ទំលក់ទៅជាមួយនឹងពួកអយ្យកោទ្រង់ រួចអ័ហាស៊ីយ៉ា ជាព្រះរាជបុត្រា ក៏ឡើងសោយរាជ្យជំនួសបិតា។
41 រីឯនៅឆ្នាំទី៤ ក្នុងរាជ្យអ័ហាប់ ស្តេចអ៊ីស្រាអែល នោះយ៉ូសាផាត ជាកូនអេសា ក៏ចាប់តាំងសោយរាជ្យឡើងលើស្រុកយូដា
42 កាលយ៉ូសាផាតចាប់តាំងសោយរាជ្យ នោះទ្រង់មានព្រះជន្ម៣៥ឆ្នាំហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡឹមបាន២៥ឆ្នាំ ព្រះមាតាទ្រង់ព្រះនាមជាអ័ស៊ូបា បុត្រីស៊ីលហ៊ី
43 ទ្រង់ក៏ដើរតាមគ្រប់ទាំងផ្លូវរបស់អេសា ជាព្រះបិតាទ្រង់ ឥតងាកបែរចេញឡើយ គឺបានប្រព្រឹត្តសេចក្ដីដែលត្រឹមត្រូវនៅព្រះនេត្រព្រះយេហូវ៉ា ប៉ុន្តែ មិនបានបំបាត់អស់ទាំងទីខ្ពស់ចេញទេ ពួកបណ្តាជនគេនៅតែថ្វាយយញ្ញបូជា ហើយដុតកំញាននៅលើទីខ្ពស់ទាំងនោះនៅឡើយ
44 យ៉ូសាផាតទ្រង់ក៏បានចងស្ពានមេត្រីនឹងស្តេចអ៊ីស្រាអែលដែរ។
45 រីឯដំណើរឯទៀតពីយ៉ូសាផាត និងអំណាចដែលទ្រង់បានសម្ដែង ហើយពីការសង្គ្រាមរបស់ទ្រង់ នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជាពង្សាវតាររបស់ពួកស្តេចយូដាហើយ
46 ឯសំណល់ពួកកូនជឹង ដែលនៅសល់ពីក្នុងរាជ្យអេសា ជាព្រះបិតា នោះទ្រង់ក៏បណ្តេញគេចេញពីស្រុកទៅ
47 គ្រានោះ នៅស្រុកអេដុមគ្មានស្តេចទេ មានតែអ្នកដំណាងរាជការ ដែលកាន់កាប់ត្រួតត្រាប៉ុណ្ណោះ
48 យ៉ូសាផាតក៏បានធ្វើក្រុមនាវាតើស៊ីស ដើម្បីនឹងទៅយកមាសពីស្រុកអូភារមក តែនាវាទាំងនោះមិនបានចេញទៅទេ ពីព្រោះត្រូវបាក់បែកទាំងអស់ នៅត្រង់ក្រុងអេស៊ាន-គេប៊ើរវិញ
49 គ្រានោះ អ័ហាស៊ីយ៉ា ជាបុត្រអ័ហាប់ ក៏ទូលដល់យ៉ូសាផាតថា សូមឲ្យពួកបម្រើទូលបង្គំ បានចុះនាវាទៅជាមួយនឹងពួកបម្រើទ្រង់ផង តែយ៉ូសាផាតទ្រង់មិនព្រមទេ
50 រួចមកយ៉ូសាផាតក៏ផ្ទំលក់ទៅជាមួយនឹងពួកអយ្យកោទ្រង់ទៅ គេបញ្ចុះទ្រង់នៅជាមួយនឹងពួកអយ្យកោទ្រង់ ក្នុងក្រុងរបស់ដាវីឌ ជាអយ្យកោ រួចយ៉ូរ៉ាម ជាព្រះរាជបុត្រា ក៏ឡើងសោយរាជ្យជំនួសបិតា។
51 ឯអ័ហាស៊ីយ៉ា ជាបុត្រអ័ហាប់ ទ្រង់ចាប់តាំងសោយរាជ្យនៅក្រុងសាម៉ារី លើពួកអ៊ីស្រាអែល ក្នុងឆ្នាំទី១៧នៃរាជ្យយ៉ូសាផាត ជាស្តេចយូដា ក៏សោយរាជ្យលើពួកអ៊ីស្រាអែលបាន២ឆ្នាំ
52 ទ្រង់បានប្រព្រឹត្តអំពើដ៏លាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ា ក៏ដើរតាមផ្លូវរបស់ព្រះបិតា និងព្រះមាតាទ្រង់ ហើយតាមផ្លូវរបស់យេរ៉ូបោម ជាកូននេបាត ដែលបានបណ្តាលឲ្យពួកអ៊ីស្រាអែលធ្វើបាបនោះដែរ
53 ទ្រង់បានគោរពប្រតិបត្តិ ហើយថ្វាយបង្គំដល់ព្រះបាល ជាការដែលនាំឲ្យព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល មានសេចក្ដីក្រោធ ដូចជាព្រះបិតាបានធ្វើដែរ។:៚