ជំពូក 1
1 ក្រោយដែលអ័ហាប់សុគតហើយ នោះសាសន៍ម៉ូអាប់ គេបះបោរនឹងពួកអ៊ីស្រាអែល 2នៅខណៈនោះ អ័ហាស៊ីយ៉ាទ្រង់ធ្លាក់ពីភ្នាក់ដៃរានជាន់លើ នៃដំណាក់នៅក្រុងសាម៉ារី ហើយក៏ទ្រង់ប្រឈួន នោះទ្រង់ប្រើគេឲ្យទៅ ដោយបង្គាប់ថា ចូរទៅសួរដល់ព្រះបាល-សេប៊ូប ជាព្រះនៃពួកអេក្រុន តើអញនឹងបានជាពីការឈឺនេះឬទេ 3តែទេវតានៃព្រះយេហូវ៉ា ក៏មកប្រាប់អេលីយ៉ា ជាអ្នកស្រុកធេសប៊ីថា ចូរក្រោកឡើងទៅជួបនឹងពួកអ្នក ដែលស្តេចក្រុងសាម៉ារីចាត់ប្រើទៅនោះ សួរគេថា តើដោយហេតុតែគ្មានព្រះនៅស្រុកអ៊ីស្រាអែលឬអី បានជាឯងរាល់គ្នាទៅសួរដល់ព្រះបាល-សេប៊ូប ជាព្រះនៃពួកអេក្រុនវិញ 4ហេតុនោះ ឥឡូវនេះ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា ឯងនឹងមិនចុះពីដំណេកដែលឯងបានឡើងទៅនោះបានឡើយ គឺនឹងត្រូវស្លាប់ជាពិត រួចអេលីយ៉ាក៏ចេញបាត់ទៅ។ 5ឯពួកអ្នកដែលស្តេចចាត់ប្រើនោះ គេក៏វិលត្រឡប់មកឯទ្រង់វិញ ហើយទ្រង់មានព្រះបន្ទូលសួរថា ហេតុអ្វីបានជាឯងរាល់គ្នាវិលមកវិញដូច្នេះ 6គេក៏ទូលឆ្លើយថា មានមនុស្សម្នាក់ឡើងមកជួបនឹងយើងខ្ញុំប្រាប់ថា ចូរវិលទៅឯស្តេចដែលចាត់ប្រើឯងរាល់គ្នាមក ហើយទូលទ្រង់ថា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ តើដោយហេតុតែគ្មានព្រះនៅស្រុកអ៊ីស្រាអែលឬអី បានជាព្រះករុណាចាត់គេឲ្យទៅសួរដល់ព្រះបាល-សេប៊ូប ជាព្រះនៃពួកអេក្រុនវិញ ហេតុនេះ ទ្រង់នឹងមិនចុះពីដំណេក ដែលបានឡើងទៅនោះបានឡើយ គឺត្រូវសុគតជាពិតវិញ 7ទ្រង់មានព្រះបន្ទូលសួរគេថា មនុស្សដែលឡើងមកជួបនឹងឯងរាល់គ្នា ពោលសេចក្ដីទាំងនេះ តើបែបយ៉ាងណា 8គេទូលតបថា មនុស្សនោះពាក់អាវធ្វើពីរោម ហើយមានខ្សែក្រវាត់ស្បែកនៅចង្កេះ ទ្រង់មានព្រះបន្ទូលថា នោះគឺជាអេលីយ៉ា ជាអ្នកស្រុកធេសប៊ីហើយ។ ស្តេចអ័ហាស៊ីយ៉ារកចាប់ហោរាអេលីយ៉ានោះទ្រង់ចាត់មេទ័ពម្នាក់ និងពួកទាហាន៥០នាក់របស់គាត់ ឲ្យទៅរកអេលីយ៉ា គេក៏ឡើងទៅឯលោកដែលកំពុងអង្គុយនៅលើកំពូលភ្នំ មេទ័ពនោះនិយាយនឹងលោកថា ឱអ្នកសំណប់របស់ព្រះអើយ ស្តេចទ្រង់បង្គាប់ឲ្យអ្នកចុះមក
10 អេលីយ៉ាឆ្លើយទៅមេទ័ពនោះថា បើខ្ញុំជាអ្នកសំណប់របស់ព្រះពិត នោះសូមឲ្យភ្លើងធ្លាក់ពីលើមេឃមកបញ្ឆេះឯង និងពួក៥០នាក់របស់ឯងទៅ នោះក៏មានភ្លើងធ្លាក់ពីលើមេឃ មកបញ្ឆេះទ័ពនោះ និងពួក៥០នាក់របស់គាត់មែន
11 ទ្រង់ក៏ចាត់មេទ័ពម្នាក់ និងពួក៥០នាក់របស់គាត់ ឲ្យទៅរកលោកទៀត មេទ័ពនោះនិយាយនឹងលោកថា ឱអ្នកសំណប់របស់ព្រះអើយ ស្តេចទ្រង់មានព្រះបន្ទូលដូច្នេះថា ចូរចុះមកជាឆាប់
12 អេលីយ៉ាក៏ឆ្លើយទៅគេថា បើខ្ញុំជាអ្នកសំណប់របស់ព្រះពិត នោះសូមឲ្យភ្លើងធ្លាក់ពីលើមេឃមកបញ្ឆេះឯង និងពួក៥០នាក់របស់ឯងទៅ នោះក៏មានភ្លើងនៃព្រះធ្លាក់ពីលើមេឃ មកបញ្ឆេះមេទ័ពនោះ និងពួក៥០នាក់របស់គាត់ដែរ
13 រួចទ្រង់ក៏ចាត់មេទ័ពទី៣ និងពួក៥០នាក់របស់គាត់ ឲ្យទៅថែមទៀត មេទ័ពទី៣នោះក៏ឡើងទៅលុតជង្គង់ក្រាបនៅមុខអេលីយ៉ាអង្វរថា ឱអ្នកសំណប់របស់ព្រះអើយ សូមអាណិតមេត្តាឲ្យជីវិតរបស់ខ្ញុំប្របាទ និងជីវិតរបស់៥០នាក់នេះ បានមានតម្លៃនៅភ្នែកលោកចុះ
14 មើល មានភ្លើងធ្លាក់ចុះពីលើមេឃមកបញ្ឆេះមេទ័ពទាំង២នាក់ និងពួក៥០នាក់របស់គេ ដែលមកមុននោះទៅហើយ តែឥឡូវនេះ សូមឲ្យជីវិតខ្ញុំប្របាទមានតម្លៃនៅភ្នែកលោកវិញ
15 នោះទេវតានៃព្រះយេហូវ៉ាក៏ប្រាប់អេលីយ៉ាថា ចូរចុះទៅជាមួយនឹងគេចុះ កុំឲ្យខ្លាចឡើយ ដូច្នេះ លោកក៏ក្រោកឡើងចុះទៅជាមួយនឹងគេ ចូលទៅគាល់ស្តេច
16 លោកទូលស្តេចថា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ ឯងចាត់ប្រើគេឲ្យទៅសួរដល់ព្រះបាល-សេប៊ូប ជាព្រះនៃពួកអេក្រុន នោះតើមិនមែនដោយព្រោះគ្មានព្រះនៅស្រុកអ៊ីស្រាអែល ដែលល្មមសួរព្រះបន្ទូលទ្រង់បានឬអី ហេតុនេះ ឯងនឹងមិនបានចុះពីដំណេក ដែលបានឡើងទៅនោះឡើយ គឺនឹងត្រូវស្លាប់វិញជាពិត។
17 ទ្រង់ក៏សុគតទៅ តាមព្រះបន្ទូលនៃព្រះយេហូវ៉ាដែលអេលីយ៉ាបានពោលហើយ រួចយ៉ូរ៉ាម ក៏ឡើងសោយរាជ្យជំនួសទ្រង់ គឺក្នុងឆ្នាំទី២នៃរាជ្យយ៉ូរ៉ាម ជាបុត្រនៃយ៉ូសាផាត ស្តេចយូដា ដ្បិតអ័ហាស៊ីយ៉ាគ្មានព្រះរាជបុត្រាទេ
18 រីឯដំណើរឯទៀត ពីអ័ហាស៊ីយ៉ា ដែលទ្រង់បានធ្វើ នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជាពង្សាវតាររបស់ពួកស្តេចអ៊ីស្រាអែលហើយ។
ជំពូក 2
1 ក្រោយមក ក្នុងគ្រាដែលព្រះយេហូវ៉ាទ្រង់សព្វព្រះហឫទ័យនឹងលើកអេលីយ៉ាឡើងទៅស្ថានសួគ៌ ដោយខ្យល់កួច នោះអេលីយ៉ា និងអេលីសេ ក៏ចេញពីក្រុងគីលកាលទៅជាមួយគ្នា
2 ឯអេលីយ៉ា លោកប្រាប់ដល់អេលីសេថា ចូរឯងរង់ចាំនៅទីនេះសិន ដ្បិតព្រះយេហូវ៉ាទ្រង់បានចាត់អញឲ្យទៅឯក្រុងបេត-អែល តែអេលីសេប្រកែកថា ខ្ញុំស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅ ហើយដោយព្រលឹងលោកដ៏រស់នៅដែរថា ខ្ញុំមិនព្រមឃ្លាតពីលោកទេ ដូច្នេះ អ្នកទាំង២ក៏ចុះទៅឯបេត-អែល
3 រីឯពួកសិស្សរបស់ពួកហោរា ដែលនៅក្រុងបេត-អែល គេចេញមកសួរអេលីសេថា តើលោកជ្រាបថា នៅថ្ងៃនេះ ព្រះយេហូវ៉ានឹងលើកគ្រូលោក ពីមុខលោកចេញឬទេ គាត់ឆ្លើយថា អើ ខ្ញុំដឹងហើយ ចូរអ្នករាល់គ្នានៅស្ងៀមទៅ
4 អេលីយ៉ាក៏ប្រាប់គាត់ថា អេលីសេអើយ សូមរង់ចាំនៅទីនេះសិន ដ្បិតព្រះយេហូវ៉ាបានចាត់ខ្ញុំឲ្យទៅឯក្រុងយេរីខូ តែគាត់ប្រកែកថា ខ្ញុំស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅ ហើយដោយព្រលឹងលោកដ៏នៅរស់ដែរថា ខ្ញុំមិនព្រមឃ្លាតពីលោកទេ ដូច្នេះ អ្នកទាំង២ក៏ទៅដល់យេរីខូ
5 រីឯពួកសិស្សរបស់ពួកហោរា ដែលនៅក្រុងយេរីខូ គេមកសួរអេលីសេថា តើលោកជ្រាបថា នៅថ្ងៃនេះ ព្រះយេហូវ៉ានឹងលើកគ្រូលោកពីមុខលោកទៅឬទេ គាត់ឆ្លើយថា អើ ខ្ញុំដឹងហើយ ចូរអ្នករាល់គ្នានៅស្ងៀមទៅ
6 រួចអេលីយ៉ាប្រាប់គាត់ថា សូមឲ្យឯងរង់ចាំនៅទីនេះសិន ដ្បិតព្រះយេហូវ៉ាបានចាត់ខ្ញុំឲ្យទៅឯទន្លេយ័រដាន់ តែគាត់ប្រកែកថា ខ្ញុំស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅ ហើយដោយព្រលឹងលោកដ៏នៅរស់ដែរថា ខ្ញុំមិនព្រមឃ្លាតពីលោកទេ ដូច្នេះ អ្នកទាំង២ក៏ដើរតទៅ
7 មានពួកសិស្ស៥០នាក់នៃពួកហោរា ក៏តាមទៅឈរមើលពីចម្ងាយ តែអ្នកទាំង២ក៏ឈរនៅមាត់ទន្លេយ័រដាន់
8 ឯអេលីយ៉ាលោកយកក្រមារបស់លោកបត់វាយទឹក នោះទឹកក៏ញែកចេញពីគ្នា ឲ្យលោកទាំង២បានដើរឆ្លងទៅនៅដីគោក
9 កាលបានឆ្លងទៅផុតហើយ នោះអេលីយ៉ាប្រាប់អេលីសេថា ចូរឲ្យឯងសូមអ្វីៗដែលចង់ឲ្យអញធ្វើសម្រាប់ឯង ក្នុងពេលមុនដែលព្រះបានលើកអញឡើងពីឯងទៅ អេលីសេឆ្លើយថា សូមឲ្យវិញ្ញាណរបស់លោកបានសណ្ឋិតលើខ្ញុំ ដល់ទៅ២ភាគផង
10 លោកមានប្រសាសន៍ថា ឯងបានសូមសេចក្ដីយ៉ាងពិបាក ប៉ុន្តែ បើឯងឃើញអញ ក្នុងកាលដែលព្រះលើកអញឡើងពីឯងទៅ នោះនឹងបានដូចប្រាថ្នា បើមិនបានឃើញវិញ នោះមិនបានទេ
11 រួចកំពុងដែលអ្នកទាំង២ដើរទៅ ហើយនិយាយគ្នាទៀត នោះស្រាប់តែឃើញរថជាភ្លើង និងសេះជាភ្លើង មកញែកលោកចេញពីគ្នា ហើយអេលីយ៉ាក៏ឡើងទៅឯស្ថានសួគ៌ ដោយខ្យល់កួច
12 អេលីសេក៏បានឃើញ ហើយស្រែកឡើងថា ឱលោកឪពុក លោកឪពុកខ្ញុំអើយ នុ៎ះន៏ ព្រះរាជរថ និងទ័ពសេះរបស់ពួកអ៊ីស្រាអែលហើយ រួចលោកមិនបានឃើញអេលីយ៉ាទៀតឡើយ នោះលោកចាប់អាវខ្លួនហែកចេញជា២ផ្នែក
13 ក៏រើសយកក្រមារបស់អេលីយ៉ា ដែលជ្រុះចុះមក វិលត្រឡប់ទៅវិញ ឈរនៅមាត់ទន្លេយ័រដាន់
14 ហើយក៏យកក្រមារបស់អេលីយ៉ា ដែលជ្រុះមកពីលោកនោះ ទៅវាយទឹក ដោយពាក្យថា តើព្រះយេហូវ៉ាជាព្រះនៃអេលីយ៉ា ទ្រង់គង់នៅឯណា កាលបានវាយទឹកហើយ នោះទឹកក៏ញែកចេញពីគ្នា ហើយអេលីសេឆ្លងផុតទៅ។
15 លុះកាលពួកសិស្សរបស់ពួកហោរា ពីក្រុងយេរីខូ ដែលឈរមើលពីត្រើយម្ខាង បានឃើញហើយ នោះក៏ថា វិញ្ញាណរបស់អេលីយ៉ាបានសណ្ឋិតលើអេលីសេហើយ រួចគេមកទទួលលោក ក៏ក្រាបចុះដល់ដីនៅចំពោះលោក
16 គេជម្រាបលោកថា មើល មានមនុស្សខ្លាំងពូកែ៥០នាក់ នៅជាមួយនឹងយើងខ្ញុំប្របាទនេះ ដូច្នេះ សូមឲ្យគេទៅរកគ្រូរបស់លោកចុះ ក្រែងព្រះវិញ្ញាណនៃព្រះយេហូវ៉ាបានលើកលោកឡើង ទៅបោះចោលលើភ្នំណា ឬក្នុងច្រកណា១ តែលោកប្រកែកថា កុំឲ្យប្រើគេទៅឡើយ
17 តែដោយគេចេះតែទទូចសូម ទាល់តែលោកបានខ្មាស បានជាលោកបណ្តោយទៅថា ចូរឲ្យគេទៅចុះ ដូច្នេះ គេក៏ប្រើ៥០នាក់នោះឲ្យទៅ ហើយគេរកលោកអស់៣ថ្ងៃ ឥតឃើញសោះ
18 រួចគេវិលត្រឡប់មកឯអេលីសេវិញ ដែលលោករង់ចាំនៅក្រុងយេរីខូ ហើយលោកមានប្រសាសន៍ថា តើខ្ញុំមិនបានប្រាប់ថា កុំឲ្យទៅឡើយទេឬអី។
19 រួចមក ពួកមនុស្សនៅទីក្រុងនោះ ក៏និយាយនឹងអេលីសេថា សូមទានលោកមើល កន្លែងសង់ទីក្រុងនេះសប្បាយ ដូចជាលោកម្ចាស់ឃើញហើយ ប៉ុន្តែ ទឹកមិនល្អទេ ហើយដីក៏មិនកើតផលផង
20 ដូច្នេះ លោកប្រាប់ថា ចូរយកក្អមថ្មី១មកឲ្យខ្ញុំ ហើយដាក់អំបិលផង គេក៏យកមក
21 រួចលោកចេញទៅចាក់អំបិលនោះ ទៅក្នុងរន្ធទឹកដោយពាក្យថា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ អញបានកែទឹកនេះ ឲ្យបានល្អឡើងវិញហើយ ពីនេះទៅមុខនឹងគ្មានអ្វីស្លាប់ឬឥតផល ដោយព្រោះទឹកនេះទៀតឡើយ
22 ដូច្នេះ ទឹកនោះក៏បានប្រែជាល្អ ដរាបដល់សព្វថ្ងៃនេះ ដូចជាពាក្យដែលអេលីសេបានពោល។
23 លោកក៏ចេញពីទីនោះឡើងទៅឯក្រុងបេត-អែល កាលលោកកំពុងតែឡើងតាមផ្លូវទៅ នោះមានពួកក្មេងជំទង់ប្រុសៗ ចេញពីទីក្រុងមក ពោលមើលងាយដល់លោកថា អាទំពែកអើយ ចូរឡើងទៅចុះ អាទំពែកអើយ ចូរឡើងទៅចុះ
24 លោកក៏បែរមើលមកក្រោយឃើញ ហើយដាក់បណ្តាសាដល់វា ដោយនូវព្រះនាមព្រះយេហូវ៉ាស្រាប់តែមានខ្លាឃ្មុំញី២ ចេញពីព្រៃមក ហែកក្មេងទាំងនោះ អស់៤២នាក់ទៅ
25 លោកក៏ចេញពីទីនោះ ទៅឯភ្នំកើមែល ហើយពីនោះ លោកវិលត្រឡប់ទៅឯក្រុងសាម៉ារីវិញ។
ជំពូក 3
1 រីឯយ៉ូរ៉ាម ជាបុត្រអ័ហាប់ ទ្រង់ចាប់តាំងសោយរាជ្យលើពួកអ៊ីស្រាអែលនៅក្រុងសាម៉ារី ក្នុងឆ្នាំទី១២នៃរាជ្យយ៉ូសាផាត ជាស្តេចយូដា ក៏សោយរាជ្យបាន១២ឆ្នាំ
2 ទ្រង់ប្រព្រឹត្តដ៏លាមកអាក្រក់នៅព្រះនេត្រព្រះយេហូវ៉ា តែមិនដល់ព្រះបិតា និងព្រះមាតាទ្រង់ទេ ដ្បិតទ្រង់បានបំបាត់រូបព្រះបាល ដែលព្រះបិតាទ្រង់បានធ្វើចេញ
3 ប៉ុន្តែ ទ្រង់នៅតែកាន់តាមអំពើបាបរបស់យេរ៉ូបោម ជាកូននេបាតដែលបាននាំឲ្យពួកអ៊ីស្រាអែលធ្វើតាមផងនៅឡើយ ទ្រង់មិនបានលះបង់អំពើបាបនោះទេ។
4 រីឯមេសាជាស្តេចសាសន៍ម៉ូអាប់ ទ្រង់ជាអ្នកមានហ្វូងចៀមច្រើន ហើយទ្រង់ក៏ឡើងសួយ ជារោមរបស់កូនចៀម១សែន និងរោមរបស់ចៀមឈ្មោល១សែន មកថ្វាយស្តេចអ៊ីស្រាអែល
5 តែកាលអ័ហាប់ទ្រង់សុគតទៅ នោះស្តេចម៉ូអាប់បានបះបោរនឹងស្តេចអ៊ីស្រាអែល
6 គ្រានោះ ស្តេចយ៉ូរ៉ាមក៏ចេញពីក្រុងសាម៉ារី ទៅត្រួតមើលពួកអ៊ីស្រាអែលទាំងអស់ ហើយយាងនាំមុខគេទៅ
7 ទ្រង់ក៏ចាត់សារទៅឯយ៉ូសាផាត ជាស្តេចយូដាថា ស្តេចម៉ូអាប់បានបះបោរនឹងទូលបង្គំហើយ តើទ្រង់សព្វព្រះទ័យចង់ទៅច្បាំងនឹងសាសន៍ម៉ូអាប់ជាមួយនឹងទូលបង្គំឬទេ ទ្រង់មានព្រះបន្ទូលឆ្លើយថា ទូលបង្គំចង់ទៅដែរ ទូលបង្គំក៏ដូចជាទ្រង់ រាស្ត្រទូលបង្គំក៏ដូចជារាស្ត្ររបស់ទ្រង់ ហើយសេះទូលបង្គំក៏ដូចជាសេះរបស់ទ្រង់ដែរ
8 ទ្រង់ក៏សួរថា តើត្រូវឲ្យយើងឡើងទៅតាមផ្លូវណា ស្តេចអ៊ីស្រាអែលឆ្លើយថា តាមផ្លូវកាត់ទីរហោស្ថានស្រុកអេដុម
9 ដូច្នេះ ស្តេចអ៊ីស្រាអែល ព្រមទាំងស្តេចយូដា និងស្តេចអេដុមក៏នាំគ្នាចេញទៅ គេដើរផ្លូវវាងអស់៧ថ្ងៃ ឥតមានទឹកសម្រាប់ពលទ័ព និងហ្វូងសត្វ ដែលតាមគេទៅនោះសោះ
10 ដូច្នេះ ស្តេចអ៊ីស្រាអែលទ្រង់មានព្រះបន្ទូលថា ស្តាយណាស់ ព្រះយេហូវ៉ាទ្រង់បានហៅយើងខ្ញុំ ជាស្តេចទាំង៣អង្គនេះមក ដើម្បីនឹងប្រគល់ទៅក្នុងកណ្តាប់ដៃនៃសាសន៍ម៉ូអាប់ហើយ
11 តែយ៉ូសាផាតមានព្រះបន្ទូលសួរថា នៅទីនេះ តើគ្មានហោរាម្នាក់របស់ព្រះយេហូវ៉ា ឲ្យយើងបានសួរដល់ព្រះអង្គដោយសារអ្នកនោះទេឬអី នោះអ្នកជំនិតម្នាក់របស់ស្តេចអ៊ីស្រាអែលក៏ទូលឆ្លើយឡើងថា អេលីសេ ជាកូនសាផាត ដែលបានចាក់ទឹកលាងដៃអេលីយ៉ា លោកនៅទីនេះដែរ
12 យ៉ូសាផាតក៏មានព្រះបន្ទូលថា ព្រះបន្ទូលនៃព្រះយេហូវ៉ាក៏សណ្ឋិតនៅនឹងលោក ដូច្នេះ ស្តេចអ៊ីស្រាអែល និងយ៉ូសាផាត ហើយស្តេចអេដុម ទាំង៣អង្គ ក៏យាងចុះទៅឯលោក។
13 ឯអេលីសេក៏ទូលដល់ស្តេចអ៊ីស្រាអែលថា តើទ្រង់ និងទូលបង្គំត្រូវការអ្វីនឹងគ្នា ចូរទៅឯពួកហោរារបស់ព្រះបិតា និងព្រះមាតាទ្រង់ចុះ តែស្តេចអ៊ីស្រាអែលមានព្រះបន្ទូលតបថា ទេ ដ្បិតព្រះយេហូវ៉ាបានហៅស្តេចទាំង៣អង្គនេះមក ដើម្បីនឹងប្រគល់ទៅក្នុងកណ្តាប់ដៃនៃពួកម៉ូអាប់ហើយ
14 រួចអេលីសេទូលថា ទូលបង្គំស្បថដោយនូវព្រះយេហូវ៉ានៃពួកពលបរិវារ ដ៏មានព្រះជន្មរស់នៅ ដែលទូលបង្គំឈរនៅចំពោះទ្រង់នេះថា បើទូលបង្គំមិនបានយល់ដល់យ៉ូសាផាត ជាស្តេចយូដា នោះប្រាកដជាទូលបង្គំមិនព្រមទាំងក្រឡេកមើលទៅទ្រង់ ឬឃើញទ្រង់ទេ
15 តែឥឡូវនេះ សូមនាំអ្នកភ្លេងម្នាក់មកឯទូលបង្គំ រួចកាលអ្នកនោះកំពុងតែលេងភ្លេង នោះព្រះហស្តនៃព្រះយេហូវ៉ា ក៏មកលើអេលីសេ
16 ហើយលោកទាយថា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ ចូរជីកប្រឡាយឲ្យពេញក្នុងច្រកភ្នំនេះទៅ
17 ដ្បិតព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា ឯងរាល់គ្នានឹងមិនឃើញខ្យល់បក់ ឬភ្លៀងធ្លាក់ឡើយ តែច្រកភ្នំនេះនឹងមានទឹកពេញ នោះឯងរាល់គ្នានឹងបានទឹកផឹក ព្រមទាំងហ្វូងសត្វ និងសត្វជំនិះរបស់ឯងរាល់គ្នាផង
18 ឯការនេះក៏ជាការយ៉ាងតូច នៅព្រះនេត្រព្រះយេហូវ៉ាទេ គឺព្រះទ្រង់នឹងប្រគល់សាសន៍ម៉ូអាប់មកក្នុងកណ្តាប់ព្រះហស្តនៃទ្រង់ទៀត
19 ត្រូវឲ្យវាយអស់ទាំងទីក្រុងមានកំផែង និងគ្រប់ទាំងទីក្រុងយ៉ាងវិសេស ព្រមទាំងកាប់អស់ទាំងឈើល្អ និងខ្ទប់អស់ទាំងរន្ធទឹក ហើយយកដុំថ្មទៅរាយបង្ខូចអស់ទាំងស្រែចម្ការល្អៗ
20 លុះព្រឹកឡើង នៅពេលថ្វាយតង្វាយ ក៏មានទឹកហូរមកពីខាងស្រុកអេដុម នោះច្រកភ្នំក៏មានទឹកពេញ។
21 រីឯពួកសាសន៍ម៉ូអាប់ កាលគេបានឮថា ស្តេចទាំងនោះបានឡើងមក ដើម្បីច្បាំងនឹងខ្លួន នោះក៏ប្រមូលគ្នា គឺអស់អ្នកណាដែលមានអាយុល្មមនឹងកាន់គ្រឿងសស្ត្រាវុធបាន រហូតឡើងទៅលើ រួចទៅដំរៀបគ្នានៅត្រង់ព្រំប្រទល់
22 ព្រឹកព្រហាមថ្ងៃនោះ ពួកម៉ូអាប់ក្រោកឡើងឃើញពន្លឺថ្ងៃចាំងមកពីលើទឹក ដែលនៅមុខគេនោះ មើលទៅក្រហមដូចជាឈាម
23 គេក៏និយាយគ្នាថា នោះគឺជាឈាមហើយ ពួកស្តេចនោះបានប្រហារជីវិតគ្នា ប្រាកដជាបានសម្លាប់គ្នានឹងគ្នា វិនាសអស់ហើយ ដូច្នេះ ឱពួកម៉ូអាប់អើយ ចូរយើងទៅរឹបជាន់ចាប់យករបឹបរបស់គេចុះ
24 ដូច្នេះ ក៏នាំគ្នាទៅដល់ទីបោះទ័ពនៃពួកអ៊ីស្រាអែល តែពួកអ៊ីស្រាអែលក្រោកឡើង ប្រហារពួកម៉ូអាប់ឲ្យគេរត់ទៅនៅមុខខ្លួន ពួកអ៊ីស្រាអែលក៏ចេះតែដេញតាម វាយពួកម៉ូអាប់ទៅ រហូតដល់ក្នុងស្រុកគេ
25 ក៏វាយរំលំអស់ទាំងទីក្រុង ហើយយកថ្មគ្រប់ៗគ្នា បោះទៅពេញក្នុងអស់ទាំងស្រែចម្ការល្អ ក៏ខ្ទប់រន្ឋទឹកទាំងប៉ុន្មាន ហើយកាប់អស់ទាំងដើមឈើដែលល្អដែរ មានតែក្រុងគារ-ហារ៉ាសែត ប៉ុណ្ណោះទេ ដែលគេបានទុកថ្មឲ្យនៅវិញ ប៉ុន្តែ ពួកបាញ់ក្រួស គេបានឡោមព័ទ្ធវាយទីក្រុងនោះ
26 កាលស្តេចម៉ូអាប់ឃើញថា ចម្បាំងជាខ្លាំងទប់មិនបាន នោះទ្រង់រើសយកទាហាន៧០០នាក់ ដែលកាន់ដាវនាំទៅដោយប្រាថ្នានឹងទម្លាយចូលទៅដល់ស្តេចអេដុម តែធ្វើមិនកើតទេ
27 រួចមកទ្រង់យកបុត្រាច្បង ដែលត្រូវសោយរាជ្យជំនួសទ្រង់ ទៅថ្វាយជាតង្វាយដុត នៅលើកំផែងក្រុង នោះក៏កើតមានសេចក្ដីក្រេវក្រោធចំពោះពួកអ៊ីស្រាអែលជាខ្លាំង ហើយគ្រប់គ្នាថយចេញត្រឡប់ទៅស្រុកគេរៀងខ្លួនវិញ។
ជំពូក 4
1 រីឯមានស្ត្រីម្នាក់ ជាប្រពន្ធនៃពួកសិស្ស របស់ពួកហោរាម្នាក់ នាងបានស្រែកដល់អេលីសេថា ប្ដីខ្ញុំ ជាអ្នកបម្រើលោក បានស្លាប់ហើយ លោកក៏ជ្រាបថា អ្នកបម្រើរបស់លោកបានកោតខ្លាចដល់ព្រះយេហូវ៉ាដែរ ឥឡូវនេះ ម្ចាស់បំណុលបានមក ចង់យកកូនខ្ញុំទាំង២ទៅធ្វើជាបាវបម្រើ
2 អេលីសេសួរនាងថា តើចង់ឲ្យខ្ញុំធ្វើអ្វីឲ្យអ្នក សូមប្រាប់ខ្ញុំចុះ តើអ្នកមានអ្វីនៅផ្ទះ នាងឆ្លើយតបថា នាងខ្ញុំគ្មានអ្វីនៅផ្ទះទេ មានតែដបប្រេង១ប៉ុណ្ណោះ
3 ដូច្នេះ លោកប្រាប់ថា ចូរអ្នកចេញទៅខ្ចីភាជនៈ ពីពួកអ្នកជិតខាងទាំងប៉ុន្មាន គឺជាភាជនៈ ដែលនៅទទេ ហើយកុំឲ្យខ្ចីតិចឡើយ
4 រួចឲ្យអ្នកនាំកូនចូលទៅក្នុងផ្ទះ បិទទ្វារទៅ ហើយចាក់ប្រេងទៅក្នុងភាជនៈទាំងនោះ កាលណាមាន១ណាពេញ នោះចូរដាក់ទុកទៅខាងម្ខាង
5 ដូច្នេះ នាងក៏ចេញពីលោកទៅ នាំកូនចូលទៅក្នុងផ្ទះបិទទ្វារ កូនទាំង២ក៏ហុចភាជនៈមកឲ្យម្តាយ ហើយម្តាយក៏ចាក់ប្រេងដាក់
6 លុះភាជនៈទាំងនោះបានពេញហើយ នោះនាងបង្គាប់កូនថា ចូរហុច១ទៀតមកឲ្យអញ តែកូនឆ្លើយតបថា មានតែប៉ុណ្ណឹងទេ នោះប្រេងក៏ឈប់ហូរទៅ
7 នាងក៏ទៅជម្រាបដល់អ្នកសំណប់របស់ព្រះ ហើយលោកប្រាប់ថា ចូរយកប្រេងនោះទៅលក់ សងបំណុលគេទៅ ឯចំណែកដែលសល់នៅ នោះចូរទុកចិញ្ចឹមខ្លួន និងកូនចុះ។
8 មានកាល១ថ្ងៃទៀត អេលីសេបានដើរទៅឯក្រុងស៊ូណែម រីឯនៅទីនោះមានស្ត្រីអ្នកធំម្នាក់ នាងបានឃាត់លោកឲ្យនៅពិសាបាយ រួចមកវេលាណាដែលលោកទៅតាមទីនោះ លោកតែងតែចូលទៅពិសាបាយនៅផ្ទះនាង
9 នាងក៏និយាយនឹងប្ដីថា មើល ខ្ញុំយល់ឃើញថា មនុស្សដែលតែងធ្លាប់មកផ្ទះយើង ជាញយៗនេះ លោកជាអ្នកបរិសុទ្ធរបស់ព្រះ
10 សូមឲ្យយើងធ្វើបន្ទប់១តូច នៅលើជញ្ជាំង ព្រមទាំងដាក់គ្រែ តុ កៅអី និងជើងទៀន សម្រាប់លោកផង ដូច្នេះ កាលណាលោកមកផ្ទះយើង នោះនឹងនៅក្នុងបន្ទប់នោះ
11 ក្រោយមក មានកាល១ថ្ងៃលោកក៏មកដល់ ហើយចូលទៅសំរាន្តក្នុងបន្ទប់នោះ
12 លោកប្រាប់កេហាស៊ី ជាអ្នកបម្រើលោកថា ចូរហៅស្ត្រីដែលនៅក្រុងស៊ូណែមនេះមក កាលបានហៅស្ត្រីមកដល់ហើយ នោះនាងឈរនៅចំពោះលោក
13 រួចលោកប្រាប់អ្នកបម្រើថា ចូរនិយាយនឹងនាងថា មើល នាងបានចាត់ចែងគោរពដល់យើងជាច្រើនដល់ម៉្លេះ ឥឡូវនេះ តើត្រូវឲ្យយើងសងគុណដល់នាងយ៉ាងណាខ្លះ តើចង់ឲ្យខ្ញុំទូលដល់ស្តេច ឬជម្រាបមេទ័ពធំឲ្យនាងឬទេ តែនាងឆ្លើយតបថា នាងខ្ញុំចូលចិត្តនៅតែកណ្តាលពួកសាសន៍នាងខ្ញុំនេះទេ
14 លោកសួរទៀតថា បើដូច្នេះ តើត្រូវសងគុណដល់នាងយ៉ាងណា កេហាស៊ីឆ្លើយឡើងថា មើលគាត់គ្មានកូនទេ ហើយប្ដីក៏ចាស់ផង
15 លោកប្រាប់ថា ចូរហៅនាងមកនេះ កាលបានហៅមកដល់ហើយ នោះនាងឈរនៅត្រង់មាត់ទ្វារ
16 ហើយលោកប្រាប់ថា ដល់កំណត់ ឆ្នាំក្រោយ នោះនាងនឹងបានបីកូនប្រុស១ តែនាងឆ្លើយថា ទេ លោកម្ចាស់ ជាអ្នកសំណប់របស់ព្រះអើយ សូមកុំកុហកដល់នាងខ្ញុំឡើយ។
17 ស្ត្រីនោះក៏មានទំងន់ ហើយដល់កំណត់ឆ្នាំក្រោយ នាងសម្រាលបានកូនប្រុស១ ដូចពាក្យដែលអេលីសេបានប្រាប់
18 កាលកូននោះបានធំឡើងហើយ នោះមានកាល១ថ្ងៃ វាចេញទៅឯឪពុក ដែលនៅជាមួយនឹងពួកអ្នកច្រូត
19 នោះវាត្អូញប្រាប់ឪពុកថា ខ្ញុំឈឺក្បាល ខ្ញុំឈឺក្បាលណាស់ ឪពុកបង្គាប់ទៅអ្នកបម្រើថា ចូរបីវាយកទៅឲ្យម្តាយវាទៅ
20 អ្នកនោះក៏បីយកទៅឲ្យម្តាយ ហើយវាអង្គុយលើភ្លៅម្តាយ រហូតដល់ថ្ងៃត្រង់ រួចស្លាប់ទៅ
21 ម្តាយក៏ឡើងទៅ ដាក់វាផ្តេកនៅលើដំណេកនៃអ្នកសំណប់របស់ព្រះ ហើយបិទទ្វារចេញទៅ
22 រួចនាងស្រែកទៅប្ដីថា សូមចាត់បម្រើម្នាក់ និងលា១មកសិន ដើម្បីឲ្យខ្ញុំរត់ទៅឯអ្នកសំណប់របស់ព្រះ រួចវិលមកវិញ
23 ប្ដីតបថា ឯងចង់ទៅរកលោកនៅថ្ងៃនេះធ្វើអី នេះមិនមែនជាថ្ងៃចូលខែ ឬថ្ងៃឈប់សម្រាកទេ តែនាងឆ្លើយថា មិនអីទេ
24 នាងក៏ចងកែបលា រួចបង្គាប់អ្នកបម្រើថា ចូរវាយជំរត់វាទៅ កុំបង្អង់ឡើយ លើកតែអញបង្គាប់ គឺយ៉ាងនោះដែលនាងធ្វើដំណើរទៅឯអ្នកសំណប់របស់ព្រះ នៅត្រង់ភ្នំកើមែល។
25 កាលអ្នកសំណប់របស់ព្រះបានឃើញនាងមកពីចម្ងាយ នោះលោកបង្គាប់ទៅកេហាស៊ី ជាអ្នកបម្រើថា នុ៎ះន៏ស្ត្រីស្រុកស៊ូណែម
26 ចូររត់ទៅទទួល ហើយសួរថា តើអ្នកសុខសប្បាយជាទេឬ តើប្ដីរបស់អ្នកជាទេឬ ហើយកូនរបស់អ្នកជាឬទេ តែនាងឆ្លើយថា ជាទេ
27 កាលបានមកដល់អ្នកសំណប់របស់ព្រះ នៅលើភ្នំហើយ នោះនាងក៏ចាប់ជើងលោក កេហាស៊ីក៏ចូលទៅ ដើម្បីច្រាននាងចេញ តែអ្នកសំណប់របស់ព្រះឃាត់ថា បណ្តោយតាមនាងចុះ ពីព្រោះនាងមានសេចក្ដីជូរចត់ក្នុងចិត្ត ហើយព្រះយេហូវ៉ាទ្រង់បានលាក់នឹងអញ ឥតសម្ដែងឲ្យអញដឹងសោះ
28 នោះនាងនិយាយឡើងថា តើនាងខ្ញុំបានសូមកូនពីលោកម្ចាស់ឬទេ តើនាងខ្ញុំមិនបានសូមថា កុំបញ្ឆោតនាងខ្ញុំទេឬអី
29 នោះលោកបង្គាប់កេហាស៊ីថា ចូរក្រវាត់ចង្កេះកាន់ដំបងរបស់អញចេញទៅ បើជួបនឹងអ្នកណាតាមផ្លូវ កុំឲ្យគំនាប់គេឡើយ បើអ្នកណាគំនាប់ដល់ឯង ក៏កុំឲ្យគំនាប់តបវិញដែរ ចូរទៅដាក់ដំបងអញនៅលើមុខកូននោះទៅ
30 តែម្តាយរបស់កូននោះនិយាយថា នាងខ្ញុំស្បថ ដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅ ហើយដោយនូវព្រលឹងលោកដ៏នៅរស់ដែរថា នាងខ្ញុំមិនព្រមឃ្លាតចេញពីលោកទេ ដូច្នេះ លោកក៏ក្រោកឡើងទៅតាមនាងទៅ
31 ឯកេហាស៊ីគាត់ក៏ទៅមុន ហើយដាក់ដំបងនៅលើមុខកូន តែគ្មានឮសំឡេង កូនក៏គ្មានស្តាប់អ្វីដែរ ដូច្នេះ គាត់វិលទៅជួបនឹងអេលីសេវិញ ជម្រាបថា កូនមិនបានភ្ញាក់ទេ។
32 កាលអេលីសេបានចូលទៅក្នុងផ្ទះ ក៏ឃើញកូននោះស្លាប់នៅលើដំណេករបស់លោក
33 ដូច្នេះ លោកចូលទៅបិទទ្វារ មានតែគ្នា២នាក់ ហើយក៏អធិស្ឋានដល់ព្រះយេហូវ៉ា
34 រួចលោកឡើងទៅពោបលើកូននោះ ដាក់មាត់លោកទល់នឹងមាត់វា ភ្នែកទល់នឹងភ្នែក ហើយដៃនៅលើដៃដែរ ក៏សន្ធឹងខ្លួនលើវា រួចសាច់កូននោះក៏ក្តៅឧណ្ហឡើង
35 នោះលោកក្រោកចេញទៅ ដើរចុះឡើងនៅក្នុងផ្ទះ រួចឡើងទៅសន្ធឹងខ្លួនលើវាទៀត ហើយវាកណ្តាស់៧ដង រួចបើកភ្នែកឡើង
36 ដូច្នេះ លោកហៅកេហាស៊ីមកបង្គាប់ថា ចូរទៅហៅស្ត្រីដែលនៅក្រុងស៊ូណែមនេះមក គាត់ក៏ហៅ កាលនាងបានចូលមកដល់ហើយ នោះលោកប្រាប់ថា ចូរលើកបីកូននាងឡើង
37 នាងក៏ចូលទៅផ្តួលខ្លួន ក្រាបចុះដល់ដី នៅទៀបជើងលោក រួចលើកកូនបីចេញទៅ។
38 ឯអេលីសេ លោកត្រឡប់ទៅឯក្រុងគីលកាលវិញទៀត ហើយមានអំណត់នៅក្នុងស្រុកនោះ ឯពួកសិស្សរបស់ពួកហោរា គេអង្គុយចំពោះមុខលោក ហើយលោកបង្គាប់អ្នកបម្រើថា ចូរដាក់ថ្លាងធ្វើបបរ ឲ្យពួកសិស្សហោរាទាំងនេះទៅ
39 មានម្នាក់ចេញទៅរកបន្លែឯទីវាល ក៏ឃើញវល្លិព្រៃ ហើយបេះផ្លែពេញថ្នក់អាវ វិលមកកាប់ជាកង់ៗ ដាក់ចុះទៅក្នុងថ្លាង ដ្បិតគេមិនបានស្គាល់ផ្លែនោះទេ
40 រួចគេដួសបបរនោះឲ្យគ្រប់គ្នាបរិភោគ តែកាលគេកំពុងតែបរិភោគ នោះក៏ស្រែកឡើងថា ឱអ្នកសំណប់របស់ព្រះអើយ បបរនេះពុលទេ ហើយគេបរិភោគពុំបាន
41 តែលោកប្រាប់ថា ដូច្នេះ ចូរយកម្សៅមកចុះ រួចលោកក៏ចាក់ទៅក្នុងថ្លាង ហើយប្រាប់ថា ចូរដួសចែកឲ្យគេបរិភោគទៅ នោះក៏គ្មានជាតិពុលនៅក្នុងបបរទៀតឡើយ។
42 នៅគ្រានោះ មានមនុស្សម្នាក់មកពីស្រុកបាល-សាលីសា គាត់យកនំបុ័ងម្សៅឱក២០ដុំធ្វើពីផលដំបូង និងគួរស្រូវស្រស់ មកជូនដល់អ្នកសំណប់របស់ព្រះ នោះលោកប្រាប់ថា ចូរចែកឲ្យបណ្តាជនបរិភោគទៅ
43 អ្នកបម្រើលោកសួរថា តើធ្វើដូចម្តេចឲ្យខ្ញុំដាក់តែប៉ុណ្ណេះ ឲ្យមនុស្ស១០០នាក់បរិភោគបាន តែលោកបង្គាប់ថា ចូរចែកឲ្យគេបរិភោគទៅ ដ្បិតព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា គេនឹងបរិភោគឆ្អែត ហើយនិងនៅមានសល់ផង
44 ដូច្នេះ គាត់ក៏ដាក់ឲ្យគេបរិភោគ ហើយគេបានឆ្អែត រួចនៅមានសល់ ដូចជាព្រះយេហូវ៉ាបានមានព្រះបន្ទូលហើយ។
ជំពូក 5
1 រីឯណាម៉ាន់ជាមេទ័ពរបស់ស្តេចស៊ីរី លោកជាអ្នកធំនៅចំពោះចៅហ្វាយខ្លួន ក៏មានយសខ្ពស់ ដោយព្រោះព្រះយេហូវ៉ាបានប្រោស ឲ្យពួកស៊ីរីមានជ័យជម្នះ ដោយសារលោក លោកក៏ជាមនុស្សខ្លាំងពូកែដែរ តែកើតរោគឃ្លង់
2 គ្រានោះ ពួកទ័ពស៊ីរីបានចេញទៅដោយកងៗ គេចាប់ក្មេងស្រីម្នាក់ នាំមកពីស្រុកអ៊ីស្រាអែល នាងនោះក៏បម្រើប្រពន្ធណាម៉ាន់
3 នាងនិយាយនឹងចៅហ្វាយស្រីរបស់ខ្លួនថា ឱបើជាលោកប្រុស ជាចៅហ្វាយនាងខ្ញុំ បាននៅជាមួយនឹងហោរាដែលនៅក្រុងសាម៉ារីទៅអេះ នោះលោកនឹងមើលរោគឃ្លង់នេះឲ្យជាទៅ
4 នោះមានម្នាក់ចូលទៅជម្រាបចៅហ្វាយខ្លួនថា ក្មេងស្រីដែលមកពីស្រុកអ៊ីស្រាអែល វានិយាយយ៉ាងនេះមួយៗ
5 ដូច្នេះ ស្តេចស៊ីរីមានព្រះបន្ទូលថា ចូរទៅចុះ អញនឹងធ្វើសំបុត្រ១ផ្ញើទៅស្តេចអ៊ីស្រាអែលដែរ នោះលោកក៏ចេញទៅ នាំយកទាំងប្រាក់១០ហាប និងមាស៦ពាន់ ហើយសម្លៀកបំពាក់១០បន្លាស់
6 លោកក៏នាំយកសំបុត្រនោះទៅថ្វាយស្តេចអ៊ីស្រាអែល មានសេចក្ដីថា កាលណាទ្រង់ទទួលសំបុត្រនេះ នោះមើល ទូលបង្គំបានចាត់ណាម៉ាន់ ជាអ្នកជំនិតរបស់ទូលបង្គំមកហើយ ដើម្បីឲ្យទ្រង់បានប្រោសឲ្យគាត់រួចពីរោគឃ្លង់
7 កាលស្តេចអ៊ីស្រាអែលទ្រង់បានទតសំបុត្រនោះរួចហើយ នោះក៏ហែកព្រះពស្ត្រទ្រង់ ដោយព្រះបន្ទូលថា តើយើងជាព្រះដែលអាចនឹងធ្វើឲ្យស្លាប់ ឬឲ្យរស់បានឬ បានជាគេចាត់ឲ្យមនុស្សឃ្លង់នេះមក ចង់ឲ្យយើងមើលរោគឲ្យជាដូច្នេះ ចូរពិចារណាមើល ជាយ៉ាងណា ដែលគេរករឿងនឹងយើងនេះ។
8 កាលអេលីសេ ជាអ្នកសំណប់របស់ព្រះ បានឮថា ស្តេចអ៊ីស្រាអែលបានហែកព្រះពស្ត្រទ្រង់ដូច្នោះ នោះក៏ចាត់គេឲ្យទៅទូលសួរស្តេចថា ហេតុអ្វីបានជាទ្រង់ហែកព្រះពស្ត្រដូច្នេះ សូមឲ្យលោកនោះមកឯទូលបង្គំសិនចុះ នោះលោកនឹងបានជ្រាបថា មានហោរា១នៅពួកអ៊ីស្រាអែលមែន
9 ដូច្នេះ ណាម៉ាន់ក៏មកឈរនៅមាត់ទ្វារផ្ទះរបស់អេលីសេ មានទាំងសេះ និងរទេះផង
10 ឯអេលីសេ លោកចាត់អ្នកបម្រើម្នាក់ ឲ្យទៅជម្រាបថា សូមឲ្យលោកទៅមុជទឹកក្នុងទន្លេយ័រដាន់៧ដងទៅ នោះសាច់របស់លោកនឹងបានជា ហើយលោកនឹងបានស្អាតឡើងវិញ
11 តែណាម៉ាន់មានសេចក្ដីកំហឹង ហើយក៏ចេញទៅ ដោយពោលថា មើល អញស្មានថាប្រាកដជាលោកនឹងចេញមកឯអញ ឈរអំពាវនាវដល់ព្រះនាមព្រះយេហូវ៉ាជាព្រះនៃលោក ហើយរាដៃពីលើដំបៅឲ្យរោគឃ្លង់បានជា
12 ឯទន្លេអាបាណា និងទន្លេផើផើរ ជាទន្លេស្រុកដាម៉ាស តើមិនល្អជាងទឹកទាំងឡាយ នៅស្រុកអ៊ីស្រាអែលទេឬអី បើអញមុជទឹកទន្លេនោះ តើមិនបានស្អាតទេឬអី ដូច្នេះ លោកក៏ត្រឡប់ចេញពីទីនោះទៅ ដោយសេចក្ដីឃោរឃៅជាខ្លាំង
13 តែពួកអ្នកបម្រើលោកក៏អែបចូលជិត ជម្រាបថា លោកឪពុកអើយ បើសិនជាហោរានោះបានប្រាប់ឲ្យលោកធ្វើការអ្វីយ៉ាងធំ នោះតើលោកមិនធ្វើតាមទេឬអី ចំណង់បើលោកគ្រាន់តែឲ្យទៅមុជទឹកប៉ុណ្ណោះ ដើម្បីឲ្យបានស្អាត តើនឹងគួរធ្វើតាមជាជាងអម្បាលម៉ានទៅទៀត
14 ដូច្នេះ លោកក៏ចុះទៅមុជទឹកក្នុងទន្លេយ័រដាន់អស់៧ដង តាមពាក្យនៃអ្នកសំណប់របស់ព្រះ នោះសាច់របស់លោកក៏ដុះឡើងជាថ្មី ដូចជាសាច់របស់ក្មេង ហើយលោកបានជាស្អាត។
15 រួចលោក ព្រមទាំងពួកលោក ក៏វិលទៅឯអ្នកសំណប់របស់ព្រះវិញ ឈរនៅចំពោះមុខជម្រាបថា មើលឥឡូវនេះខ្ញុំដឹងថា នៅផែនដីទាំងមូល គ្មានព្រះឯណាសោះ វៀរតែព្រះនៃសាសន៍អ៊ីស្រាអែល១ប៉ុណ្ណោះ ដូច្នេះ សូមលោកទទួលរង្វាន់ពីខ្ញុំប្របាទចុះ
16 តែលោកឆ្លើយតបថា ខ្ញុំស្បថ ដោយនូវព្រះយេហូវ៉ា ដ៏មានព្រះជន្មរស់នៅ ដែលខ្ញុំឈរនៅចំពោះទ្រង់ថា ខ្ញុំមិនទទួលយកអ្វីសោះឡើយ ណាម៉ាន់ក៏អង្វរឲ្យទទួល តែលោកប្រកែកមិនព្រមទេ
17 ណាម៉ាន់និយាយថា បើដូច្នេះ សូមតែឲ្យដីល្មមផ្ទុកលើលាកាត់២មកខ្ញុំប្របាទចុះ ដ្បិតពីនេះទៅមុខ ខ្ញុំប្របាទនឹងមិនថ្វាយតង្វាយដុត ឬយញ្ញបូជាដល់ព្រះឯណាទៀត ក្រៅពីព្រះយេហូវ៉ាឡើយ
18 តែក្នុងការនេះ សូមព្រះយេហូវ៉ាអត់ទោសដល់ខ្ញុំប្របាទផង គឺកាលចៅហ្វាយខ្ញុំប្របាទព្រយុងខ្លួនមកលើដៃខ្ញុំ ចូលទៅថ្វាយបង្គំក្នុងវិហារព្រះរីម៉ូនវេលាណា ហើយខ្ញុំប្របាទក៏ឱនខ្លួននៅក្នុងវិហារព្រះរីម៉ូន នោះសូមព្រះយេហូវ៉ាអត់ទោសដល់ខ្ញុំប្របាទ ពីការដែលឱនខ្លួននៅក្នុងវិហារព្រះរីម៉ូននោះផង
19 អេលីសេក៏និយាយថា អញ្ជើញទៅដោយសុខសាន្តចុះ ដូច្នេះ ណាម៉ាន់ក៏ចេញពីលោកទៅតាមផ្លូវបន្តិច។
20 ឯកេហាស៊ី ជាអ្នកបម្រើរបស់អេលីសេ ជាអ្នកសំណប់របស់ព្រះ គាត់នឹកថា មើល ចៅហ្វាយអញបានយល់ដល់ណាម៉ាន់ជាសាសន៍ស៊ីរីនោះ ដោយមិនបានទទួលរបស់ស្នងពីដៃលោក ដែលនាំមកជូននោះសោះ អញស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅថា អញនឹងរត់ទៅតាម ហើយទទួលយករបស់ខ្លះពីលោកវិញ
21 ដូច្នោះ កេហាស៊ីក៏ទៅតាមណាម៉ាន់ កាលណាម៉ាន់ឃើញម្នាក់កំពុងរត់មកតាម នោះលោកក៏ចុះពីរទេះទៅទទួល ហើយសួរថា សុខសប្បាយទាំងអស់គ្នាទេឬ
22 គាត់ឆ្លើយថា សុខសប្បាយជាទេ តែចៅហ្វាយខ្ញុំបានចាត់ខ្ញុំឲ្យមកជម្រាបលោកថា មើល មានមនុស្សកំលោះ២នាក់ជាសិស្សនៃពួកហោរា ទើបនឹងមកដល់ ពីស្រុកភ្នំអេប្រាអិម ដូច្នេះ សូមលោកមេត្តាឲ្យប្រាក់១ហាប និងសម្លៀកបំពាក់២បន្លាស់មកសម្រាប់គេ
23 ណាម៉ាន់ឆ្លើយតបថា សូមឲ្យអ្នកបានសុខចិត្តយកដល់ទៅ២ហាបចុះ លោកក៏បង្ខំ រួចដាក់ប្រាក់២ហាបចុះក្នុងការុង២ ព្រមទាំងឲ្យអាវ២បន្លាស់ ដាក់ឲ្យអ្នកបម្រើរបស់លោក២នាក់បានលីទៅខាងមុខកេហាស៊ី
24 លុះដល់ទៅភ្នំហើយ នោះគាត់យកដៃគេទៅដាក់ទុកក្នុងផ្ទះ រួចឲ្យគេទៅវិញ គេក៏ចេញទៅ
25 លំដាប់នោះគាត់ចូលទៅឈរនៅមុខអេលីសេជាចៅហ្វាយខ្លួន ហើយលោកសួរថា កេហាស៊ីអើយ ឯងមកពីណា គាត់ឆ្លើយថា ខ្ញុំប្របាទមិនបានទៅឯណាទេ
26 តែលោកមានប្រសាសន៍ថា តើវិញ្ញាណអញមិនបានទៅតាមឯង ក្នុងកាលដែលលោកនោះចុះពីរទេះមកទទួលឯងទេឬអី នេះតើជាឱកាសគួរនឹងទទួលប្រាក់ និងសម្លៀកបំពាក់ ព្រមទាំងចម្ការអូលីវ ចម្ការទំពាំងបាយជូរ និងចៀម គោ ហើយបាវប្រុសបាវស្រីឬអី
27 ហេតុនេះរោគឃ្លង់របស់ណាម៉ាន់នឹងនៅជាប់នឹងឯងវិញ ព្រមទាំងកូនចៅឯងជារៀងរាបដរាបទៅ ដូច្នេះ គាត់ក៏ចេញពីមុខលោកទៅ កើតមានរោគឃ្លង់សដូចហិមៈតែម្តង។
ជំពូក 6
1 គ្រានោះ ពួកសិស្សរបស់ពួកហោរា គេជម្រាបដល់អេលីសេថា សូមមើល ទីកន្លែងដែលយើងខ្ញុំនៅជាមួយនឹងលោកនេះ ចង្អៀតដល់យើងខ្ញុំពេកណាស់
2 សូមបើកឲ្យយើងខ្ញុំទៅឯទន្លេយ័រដាន់ កាប់យកឈើមួយដើមម្នាក់ ធ្វើជាទីអាស្រ័យនៅទីនោះ លោកឆ្លើយថា ចូរទៅចុះ
3 មានម្នាក់និយាយថា សូមលោកអញ្ជើញទៅជាមួយនឹងយើងខ្ញុំប្របាទផង លោកតបថា អញនឹងទៅដែរ
4 ដូច្នេះ លោកក៏ទៅជាមួយ លុះគេបានទៅដល់ទន្លេយ័រដាន់ហើយ នោះក៏កាប់ឈើ
5 តែកាលម្នាក់កំពុងតែកាប់ នោះផ្លែពូថៅបានរបូតធ្លាក់ទៅក្នុងទឹក រួចអ្នកនោះស្រែកឡើងថា វរហើយ លោកម្ចាស់ខ្ញុំអើយ ដ្បិតពូថៅនេះខ្ញុំបានខ្ចីមកពីគេ
6 អ្នកសំណប់របស់ព្រះសួរថា តើធ្លាក់ត្រង់ណា អ្នកនោះក៏បង្ហាញកន្លែង រួចលោកកាប់មែកឈើ១កំណាត់ បោះទៅក្នុងទឹក ហើយផ្លែពូថៅក៏អណ្តែតឡើងមក
7 នោះលោកបង្គាប់ថា ចូរចាប់យកចុះ អ្នកនោះក៏លូកដៃទៅចាប់យកមក។
8 រីឯស្តេចស្រុកស៊ីរី ទ្រង់កំពុងតែច្បាំងនឹងសាសន៍អ៊ីស្រាអែល ក៏ហៅពួកអ្នកជំនិតទ្រង់មកពិគ្រោះគ្នា រួចបង្គាប់ថា យើងនឹងបោះទ័ពនៅទីណាមួយនោះ
9 ដូច្នេះ អ្នកសំណប់របស់ព្រះ លោកចាត់គេឲ្យទៅទូលដល់ស្តេចអ៊ីស្រាអែលថា សូមទ្រង់ប្រយ័ត កុំយាងទៅតាមទី១នោះឡើយ ដ្បិតពួកស៊ីរីគេចុះមកតាមផ្លូវនោះហើយ
10 ស្តេចអ៊ីស្រាអែលក៏ចាត់គេឲ្យទៅឯកន្លែងណាដែលអ្នកសំណប់របស់ព្រះបានប្រាប់ឲ្យប្រយ័តនោះ ទ្រង់ក៏បានរួចពីសេចក្ដីអន្តរាយនៅទីទាំងនោះ មិនមែនតែម្តង ឬពីរដងប៉ុណ្ណោះទេ
11 ឯស្តេចស្រុកស៊ីរី ទ្រង់មានព្រះទ័យវល់អំពីដំណើរនោះ ក៏ហៅពួកអ្នកជំនិតមកសួរថា តើអ្នករាល់គ្នាមិនព្រមប្រាប់ឲ្យយើងដឹងជាអ្នកណាក្នុងពួកយើង ដែលកាន់ខាងស្តេចអ៊ីស្រាអែលទេឬ
12 នោះអ្នកជំនិតទ្រង់ម្នាក់ទូលតបថា បពិត្រព្រះករុណា ជាព្រះអម្ចាស់នៃទូលបង្គំអើយ ឥតមានអ្នកណាឡើយ គឺជាអេលីសេ ជាហោរា ដែលនៅស្រុកអ៊ីស្រាអែលវិញ គាត់នាំយកអស់ទាំងព្រះបន្ទូល ដែលទ្រង់មានព្រះបន្ទូល នៅក្នុងក្រឡាព្រះបន្ទំរបស់ទ្រង់ ទៅប្រាប់ដល់ស្តេចអ៊ីស្រាអែល
13 រួចទ្រង់បង្គាប់ថា ចូរទៅសង្កេតមើលកន្លែងណាដែលវានៅ ដើម្បីឲ្យអញបានចាត់គេឲ្យទៅចាប់នាំមក នោះមានគេទូលទ្រង់ថា មើល គាត់នៅឯក្រុងដូថាន់។
14 ដូច្នេះ ទ្រង់ក៏ចាត់ពលសេះ រទេះចម្បាំង និងពួកទ័ពសន្ធឹកឲ្យចេញទៅ គេក៏ទៅឡោមព័ទ្ធទីក្រុងនោះទាំងយប់
15 ឯអ្នកបម្រើនៃអ្នកសំណប់របស់ព្រះ កាលបានក្រោកពីព្រលឹមចេញទៅក្រៅ នោះឃើញមានពលទ័ពដែលមានទាំងសេះ និងរទេះចម្បាំង នៅព័ទ្ធជុំវិញទីក្រុង រួចអ្នកបម្រើជម្រាបលោកថា វរហើយ ចៅហ្វាយខ្ញុំអើយ តើយើងនឹងធ្វើដូចម្តេច
16 លោកឆ្លើយតបថា កុំខ្លាចអ្វីឡើយ ដ្បិតពួកដែលនៅខាងយើង មានគ្នាច្រើនជាងពួកដែលនៅខាងគេទៅទៀត
17 នោះអេលីសេក៏អធិស្ឋានថា ឱព្រះយេហូវ៉ាអើយ សូមទ្រង់ប្រោសឲ្យភ្នែកវាបានមើលឃើញ ព្រះយេហូវ៉ាទ្រង់ក៏ប្រោសភ្នែកអ្នកបម្រើនោះ ហើយវាក៏មើលទៅឃើញភ្នំនោះ មានពេញដោយពលសេះ និងរទេះចម្បាំង ដែលសុទ្ធតែជាភ្លើង នៅព័ទ្ធជុំវិញអេលីសេ
18 កាលបានចុះមកដល់អេលីសេហើយ នោះលោកអធិស្ឋានដល់ព្រះយេហូវ៉ាថា សូមព្រះអង្គវាយពួកស៊ីរីនេះ ឲ្យភ្នែកគេត្រូវថ្ពឹនទៅ ដូច្នេះ ទ្រង់ក៏ធ្វើឲ្យភ្នែកគេ ត្រូវថ្ពឹនតាមពាក្យអេលីសេ
19 ហើយអេលីសេប្រាប់គេថា មិនមែនផ្លូវនេះ ហើយមិនមែនទីក្រុងនេះដែរ សូមមកតាមខ្ញុំចុះ ខ្ញុំនឹងនាំអ្នករាល់គ្នាទៅឯមនុស្ស ដែលត្រូវរកនោះ តែលោកនាំគេទៅឯក្រុងសាម៉ារីវិញ។
20 លុះគេបានចូលទៅក្នុងក្រុងសាម៉ារីហើយ នោះអេលីសេអធិស្ឋានថា ឱព្រះយេហូវ៉ាអើយ សូមទ្រង់ធ្វើឲ្យភ្នែកមនុស្សទាំងនេះបានភ្លឺឡើង ដើម្បីឲ្យមើលឃើញវិញ ព្រះយេហូវ៉ាទ្រង់ក៏ប្រោសប្រទានឲ្យភ្នែកគេបានភ្លឺឡើងវិញ ឲ្យគេបានមើលឃើញ នោះក៏ឃើញថា គេនៅកណ្តាលក្រុងសាម៉ារីហើយ
21 កាលស្តេចអ៊ីស្រាអែលបានឃើញគេ នោះទ្រង់មានព្រះបន្ទូលសួរអេលីសេថា លោកឪពុកអើយ តើត្រូវឲ្យប្រហារជីវិតគេ តើត្រូវសម្លាប់គេឬអី
22 លោកទូលឆ្លើយថា មិនត្រូវប្រហារគេទេ តើនឹងវាយសម្លាប់ពួកឈ្លើយ ដែលចាប់ក្នុងការសង្គ្រាមឬអី សូមដាក់នំបុ័ង និងទឹកមក នៅមុខគេឲ្យបរិភោគវិញ រួចឲ្យត្រឡប់ទៅឯចៅហ្វាយគេទៅ
23 ដូច្នេះ ស្តេចក៏ចាត់ចែងភោជនាហារយ៉ាងច្រើនឲ្យគេ កាលគេបានបរិភោគរួចហើយ នោះទ្រង់លែងឲ្យទៅវិញ ហើយគេវិលត្រឡប់ទៅឯចៅហ្វាយខ្លួនទៅ ឯសាសន៍ស៊ីរីក៏លែងទន្ទ្រានចូលក្នុងស្រុកអ៊ីស្រាអែលដោយពួកៗទៀត។
24 ក្រោយនោះមក បេន-ហាដាឌ់ ជាស្តេចស្រុកស៊ីរីទ្រង់ក៏ប្រមូលកងទ័ពទាំងអស់ លើកឡើងទៅឡោមព័ទ្ធច្បាំងនឹងក្រុងសាម៉ារី
25 ដូច្នេះ នៅក្រុងសាម៉ារីមានអំណត់អត់ជាខ្លាំង ពួកស៊ីរីឡោមព័ទ្ធច្បាំងនឹងទីក្រុងនោះទាល់តែក្បាលលា១លក់ថ្លៃ៨០រៀល ហើយអាចម៍ព្រាប១កំប៉ុងលក់ថ្លៃ៥រៀល
26 គ្រានោះ កាលស្តេចអ៊ីស្រាអែលទ្រង់កំពុងតែយាងនៅលើកំផែងក្រុង នោះមានស្ត្រីម្នាក់ស្រែកទូលទ្រង់ថា បពិត្រព្រះករុណា ជាព្រះអម្ចាស់អើយ សូមជួយខ្ញុំម្ចាស់ផង
27 តែទ្រង់មានព្រះបន្ទូលតបថា បើព្រះយេហូវ៉ាមិនជួយអ្នកទេ នោះធ្វើដូចម្តេចឲ្យយើងជួយបាន តើនឹងជួយដោយស្រូវពីទីលាន ឬដោយស្រាទំពាំងបាយជូរពីធុងឃ្នាបឬអី
28 ស្តេចក៏សួរស្ត្រីនោះថា តើអ្នកកើតមានអ្វី ស្ត្រីនោះទូលឆ្លើយថា នាងនេះបាននិយាយមកខ្ញុំម្ចាស់ថា ចូរឲ្យកូនឯងមកឲ្យយើងបរិភោគនៅថ្ងៃនេះ ហើយថ្ងៃស្អែកឡើង នោះយើងនឹងបរិភោគកូនអញវិញ
29 ដូច្នេះ ខ្ញុំម្ចាស់បានស្ងោរកូនខ្ញុំម្ចាស់ រួចយើងខ្ញុំបានបរិភោគទៅ លុះដល់ថ្ងៃក្រោយ ខ្ញុំម្ចាស់បាននិយាយទៅនាងថា ចូរយកកូនឯងមកឲ្យយើងបរិភោគទៀត តែគេបានយកកូនទៅលាក់ទុកវិញ
30 កាលស្តេចបានឮពាក្យរបស់ស្ត្រីនោះហើយ នោះទ្រង់ហែកព្រះពស្ត្រទ្រង់ ហើយកំពុងដែលទ្រង់យាងនៅលើកំផែងហួសទៅ នោះពួករាស្ត្រគេក្រឡេកមើលទៅឃើញថា ទ្រង់ស្លៀកសំពត់ធ្មៃខាងក្នុងជាប់នឹងអង្គទ្រង់
31 នោះទ្រង់មានព្រះបន្ទូលស្បថថា បើក្បាលអេលីសេ កូនសាផាត នៅជាប់លើខ្លួនវានៅថ្ងៃនេះ នោះសូមឲ្យព្រះទ្រង់ប្រព្រឹត្តនឹងយើងយ៉ាងនោះវិញ ហើយលើសទៅទៀតផង។
32 ឯអេលីសេ លោកកំពុងតែអង្គុយនៅក្នុងផ្ទះ មានពួកចាស់ទុំនៅជាមួយ ហើយស្តេចទ្រង់ចាត់មនុស្សម្នាក់ពីចំពោះទ្រង់ ឲ្យទៅរកលោក តែមុនដែលអ្នកនោះមកដល់ នោះលោកមានប្រសាសន៍ទៅពួកចាស់ទុំថា សូមមើលបែបយ៉ាងណា ដែលកូនរបស់អ្នកសម្លាប់គេនេះ បានចាត់មនុស្សមកយកក្បាលខ្ញុំទៅ សូមចាំមើល កាលណាអ្នកនោះមកដល់ ឲ្យបិទទ្វារឲ្យជាប់ កុំឲ្យគេចូលឡើយ តើមិនឮសូរជើងរបស់ចៅហ្វាយគេ មកតាមក្រោយទេឬ
33 កាលលោកកំពុងមានប្រសាសន៍ នឹងអ្នកទាំងនោះនៅឡើយ អ្នកនោះក៏ចុះមកដល់ និយាយថា មើល សេចក្ដីវេទនានេះ មកពីព្រះយេហូវ៉ា តើត្រូវឲ្យយើងនៅចាំព្រះយេហូវ៉ាធ្វើអីទៀត។
ជំពូក 7
1 តែអេលីសេ លោកមានប្រសាសន៍ថា សូមស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាសិន ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា ដល់ថ្ងៃស្អែកវេលាថ្មើរណេះ នោះម្សៅយ៉ាងម៉ដ្ត១រង្វាល់នឹងលក់ថ្លៃតែ១រៀល និងម្សៅឱក២រង្វាល់ថ្លៃតែ១រៀលទេ នៅត្រង់មាត់ទ្វារក្រុងសាម៉ារី
2 ដូច្នេះ មេទ័ពដែលស្តេចទ្រង់ព្រយុងអង្គលើដៃលោក ក៏ឆ្លើយទៅអ្នកសំណប់របស់ព្រះថា បើទោះជាព្រះយេហូវ៉ាទ្រង់ធ្វើទាំងទ្វារនៅលើមេឃផង នោះតើការយ៉ាងនោះនឹងកើតមកដូចម្តេចបាន អេលីសេឆ្លើយតបថា ចាំមើល ភ្នែកលោកនឹងឃើញច្បាស់ តែមិនបានបរិភោគទេ។
3 រីឯនៅមាត់ទ្វារទីក្រុង នោះមានមនុស្សឃ្លង់៤នាក់ គេនិយាយគ្នាទៅវិញទៅមកថា យើងអង្គុយនៅទីនេះទាល់តែស្លាប់ធ្វើអី
4 បើសិនជាយើងសម្រេចថា នឹងចូលទៅក្នុងទីក្រុង នោះទីក្រុងក៏មានអំណត់ ហើយយើងនឹងស្លាប់នៅទីនោះ បើយើងអង្គុយស្ងៀមនៅទីនេះវិញ នោះគង់តែនឹងស្លាប់ដូចគ្នា ដូច្នេះ ចូរយើងចូលទៅខាងឯពួកទ័ពស៊ីរីវិញ បើគេទុកជីវិតដល់យើង នោះយើងនឹងបានរស់នៅ តែបើគេសម្លាប់ នោះយើងនឹងគ្រាន់តែស្លាប់ទៅដូចគ្នា
5 ដូច្នេះ គេក៏ក្រោកឡើងនៅពេលព្រលប់ទៅឯទីបោះទ័ពរបស់ពួកស៊ីរី តែកាលគេទៅដល់ជើងទីបោះទ័ពហើយ នោះមិនឃើញមានអ្នកណាសោះ
6 ពីព្រោះព្រះអម្ចាស់ ទ្រង់បានធ្វើឲ្យពួកទ័ពស៊ីរីបានឮសូរសន្ធឹករទេះចម្បាំង និងសន្ធឹកពលសេះ គឺជាសូរសព្ទនៃកងទ័ពយ៉ាងធំនៅក្នុងទីបោះទ័ពរបស់គេ ក៏និយាយគ្នាថា មើលស្តេចអ៊ីស្រាអែលបានជួលពួកស្តេចនៃសាសន៍ហេត នឹងស្តេចអេស៊ីព្ទឲ្យមកច្បាំងនឹងយើងហើយ
7 ហេតុនោះ គេក៏ក្រោកឡើង រត់ទៅនៅពេលព្រលប់នោះ លះចោលទាំងត្រសាល និងសេះ ហើយលារបស់គេ ទុកទីបោះទ័ពឲ្យនៅដូចដែល ក៏រត់យកតែជីវិតឲ្យរួចទៅប៉ុណ្ណោះ
8 ដូច្នេះ កាលពួកគំលង់នោះបានទៅដល់ជើងទីបោះទ័ព នោះក៏ចូលទៅក្នុងត្រសាលមួយ នាំគ្នាស៊ីផឹកទៅ រួចគេយកមាសប្រាក់ សំពត់អាវ ទៅលាក់ទុក ក៏ត្រឡប់ទៅចូលក្នុងត្រសាល១ទៀត យករបស់ពីនោះទៅលាក់ទុកដែរ។
9 នោះគេនិយាយគ្នាថា យើងប្រព្រឹត្តដូច្នេះមិនល្អទេ ដ្បិតថ្ងៃនេះជាថ្ងៃមានដំណឹងល្អ តែយើងនៅស្ងៀមវិញ បើយើងនៅចាំរហូតដល់ព្រឹកឡើង នោះមុខជានឹងមានទោសមកទាន់ជាមិនខាន ដូច្នេះ ចូរយើងទៅប្រាប់ដល់ពួកដំណាក់ស្តេចឥឡូវចុះ
10 គេក៏ទៅហៅអ្នកឆ្មាំទ្វារទីក្រុងប្រាប់ថា ពួកយើងខ្ញុំបានទៅដល់ទីបោះទ័ពរបស់ពួកស៊ីរី តែមើល គ្មានអ្នកណាមួយសោះ ក៏គ្មានឮសំឡេងមនុស្សណាឡើយ មានតែសេះ និងលាដែលគេបានចងទុក ហើយទាំងត្រសាលគេក៏នៅដូចដែល
11 អ្នកឆ្មាំទ្វារក៏ហៅពួកអ្នកយាម ឲ្យគេបន្តដំណឹងនោះដល់ទៅខាងក្នុងព្រះរាជវាំង
12 ឯស្តេចទ្រង់តើនឡើងទាំងយប់ មានព្រះបន្ទូលនឹងពួកជំនិតទ្រង់ថា យើងនឹងសម្ដែងឲ្យអ្នករាល់គ្នាដឹងពីឧបាយរបស់ពួកស៊ីរី ដែលគេគិតធ្វើដល់យើង គឺគេដឹងថា យើងរាល់គ្នាអត់ឃ្លាន បានជាគេថយចេញពីទីបោះទ័ព ទៅពួននៅឯទីវាល ដោយនឹកថា កាលណាយើងចេញពីក្រុងនេះទៅ នោះគេនឹងចាប់យើងទាំងរស់ ហើយនិងចូលមកក្នុងទីក្រុងបាន
13 តែពួកជំនិតម្នាក់ទូលថា សូមឲ្យគេយកសេះ៥ដែលនៅសល់ ដែលបានទុកក្នុងទីក្រុង (មើល សេះទាំងនោះក៏ដូចជាសាសន៍អ៊ីស្រាអែលទាំងប៉ុន្មាន ដែលនៅក្នុងទីក្រុងនៅឡើយ គឺដូចជាពួកអ៊ីស្រាអែល ដែលកំពុងតែរោយរៀវទៅហើយនេះ) សូមចាត់គេទៅមើលចុះ
14 ដូច្នេះ គេក៏យករទេះចម្បាំង២ទឹមដោយសេះ ហើយស្តេចទ្រង់ចាត់គេឲ្យទៅតាមពលទ័ពស៊ីរី ដោយព្រះបន្ទូលថា ចូរទៅមើលចុះ
15 អ្នកទាំងនោះក៏ទៅតាមរហូតដល់ទន្លេយ័រដាន់ ឃើញមានសុទ្ធតែអាវ និងភាជនៈផ្សេងៗ ដែលពួកស៊ីរីបានបោះចោលរាយរហូតតាមផ្លូវទៅ ដោយខំរត់ជាប្រញាប់ រួចពួកអ្នកដែលស្តេចចាត់ឲ្យទៅ ក៏វិលមកទូលទ្រង់វិញ។
16 ឯពួកប្រជាជនទាំងឡាយ ក៏ចេញទៅចាប់យករបឹបនៅទីបោះទ័ពនៃពួកស៊ីរី ដូច្នេះ ម្សៅយ៉ាងម៉ដ្ត១រង្វាល់ក៏បានលក់ថ្លៃ១រៀល និងម្សៅឱក២រង្វាល់ក៏បានលក់ថ្លៃ១រៀលដែរ តាមព្រះបន្ទូលនៃព្រះយេហូវ៉ា
17 ហើយស្តេចទ្រង់តម្រូវមេទ័ពម្នាក់ ដែលទ្រង់បានព្រយុងលើដៃលោក ឲ្យចេញទៅត្រួតត្រាមើលការនៅត្រង់មាត់ទ្វារក្រុង តែបណ្តាជន គេជាន់លោកស្លាប់ នៅត្រង់ទ្វារទីក្រុងទៅ ដូចជាអ្នកសំណប់របស់ព្រះបានទាយទុក ក្នុងកាលដែលស្តេចយាងចុះទៅឯលោកនោះ
18 ហើយក៏កើតមាន ដូចជាអ្នកសំណប់របស់ព្រះ បានទូលដល់ស្តេចថា លុះថ្ងៃស្អែកពេលថ្មើរនេះ នោះម្សៅឱក២រង្វាល់នឹងលក់ថ្លៃ១រៀល ហើយម្សៅយ៉ាងម៉ដ្ត១រង្វាល់នឹងលក់ថ្លៃ១រៀលដែរ នៅត្រង់ទ្វារក្រុងសាម៉ារី
19 ឯមេទ័ពដែលបានឆ្លើយតបនឹងអ្នកសំណប់របស់ព្រះថា បើទោះជាព្រះយេហូវ៉ាទ្រង់ធ្វើទាំងទ្វារនៅលើមេឃផង នោះតើការយ៉ាងនោះនឹងកើតមកដូចម្តេចបាន ហើយអេលីសេបានឆ្លើយថា មើល ភ្នែកលោកនឹងឃើញច្បាស់ តែមិនបានបរិភោគទេ
20 នោះក៏កើតដល់មេទ័ពនោះដូច្នោះមែន ដ្បិតបណ្តាជនទាំងឡាយ គេបានជាន់លោកស្លាប់ នៅត្រង់ទ្វារទីក្រុងទៅ។
ជំពូក 8
1 នៅគ្រានោះ អេលីសេបានមានប្រសាសន៍ដល់ស្ត្រីដែលលោកបានធ្វើឲ្យកូនរស់ឡើងវិញនោះថា ចូរអ្នក និងគ្រួរបស់អ្នកទាំងប៉ុន្មាន រៀបចំឡើង ចេញទៅអាស្រ័យនៅទីណា ដែលអាចនឹងអាស្រ័យនៅបានចុះ ដ្បិតព្រះយេហូវ៉ាទ្រង់បានបង្គាប់ឲ្យមានគ្រាអំណត់ អំណត់នោះនឹងមាននៅក្នុងស្រុកគ្រប់៧ឆ្នាំ
2 ដូច្នេះ ស្ត្រីនោះក៏រៀបចំឡើង ធ្វើតាមពាក្យនៃអ្នកសំណប់របស់ព្រះ នាងនាំយកគ្រួរបស់នាង ទៅនៅឯស្រុកភីលីស្ទីនអស់៧ឆ្នាំ
3 កាលគ្រប់៧ឆ្នាំហើយ នោះនាងបានត្រឡប់ពីស្រុកភីលីស្ទីនមកវិញ ក៏ទៅថ្លែងទុក្ខដល់ស្តេច ដើម្បីឲ្យបានផ្ទះសំបែង និងស្រែចម្ការរបស់នាងមកវិញ
4 រីឯនៅគ្រានោះ ស្តេចទ្រង់កំពុងតែមានព្រះបន្ទូលនឹងកេហាស៊ី ជាអ្នកបម្រើនៃអ្នកសំណប់របស់ព្រះថា ចូរប្រាប់យើងពីការយ៉ាងធំទាំងពួង ដែលអេលីសេបានធ្វើ
5 កាលគាត់កំពុងតែថ្លែងទូលស្តេចពីរឿង ដែលលោកបានធ្វើឲ្យកូនដែលស្លាប់បានរស់ឡើងវិញ នោះមើល ស្ត្រីនោះឯងដែលលោកបានធ្វើឲ្យកូននាងរស់ឡើងវិញ ក៏មកថ្លែងទុក្ខដល់ស្តេច ដើម្បីឲ្យបានផ្ទះសំបែង និងស្រែចម្ការរបស់នាងមកវិញ កេហាស៊ីក៏ទូលថា បពិត្រព្រះករុណា ជាព្រះអម្ចាស់នៃទូលបង្គំអើយ គឺស្ត្រីនេះឯង ហើយនេះគឺកូននាង ដែលអេលីសេបានធ្វើឲ្យរស់ឡើងវិញនោះ
6 កាលស្តេចបានសួរដល់ស្ត្រីនោះ នាងក៏ទូលបញ្ជាក់ដល់ទ្រង់ ដូច្នេះ ស្តេចទ្រង់តម្រូវពួករាជការម្នាក់សម្រាប់ជួយនាង ដោយបង្គាប់ថា ចូរប្រគល់របស់ទ្រព្យទាំងប៉ុន្មានរបស់នាងទៅនាងវិញ ព្រមទាំងផលដែលកើតពីស្រែចម្ការរបស់នាង ចាប់តាំងពីថ្ងៃដែលនាងចេញពីស្រុក ដរាបដល់សព្វថ្ងៃនេះផង។
7 ឯអេលីសេ លោកបានទៅឯក្រុងដាម៉ាស នៅគ្រានោះបេន-ហាដាឌ់ ជាស្តេចស្រុកស៊ីរី ទ្រង់ប្រឈួន មានគេទូលទ្រង់ថា មើល អ្នកសំណប់របស់ព្រះបានមកទីនេះហើយ
8 ដូច្នេះ ស្តេចទ្រង់បង្គាប់ដល់ហាសែល ថា សូមនាំយកជំនូននៅដៃ ចេញទៅជួបនឹងអ្នកសំណប់របស់ព្រះ ហើយសួរដល់ព្រះយេហូវ៉ា ដោយសារលោកថា តើយើងនឹងបានជាពីជំងឺនេះឬទេ
9 ដូច្នេះ ហាសែលក៏យកជំនូនជារបស់ប្រសើរនៅក្រុងដាម៉ាសគ្រប់មុខ ល្មមផ្ទុកលើសត្វអូដ្ឋ៤០ចេញទៅ ដើម្បីជួបនឹងលោក ក៏ទៅឈរនៅមុខលោកជម្រាបថា បេន-ហាដាឌ់ ជាកូនលោក ដែលជាស្តេចស្រុកស៊ីរី ទ្រង់បានចាត់ឲ្យខ្ញុំមកសួរលោកថា តើទ្រង់នឹងបានជាពីជំងឺនោះឬទេ
10 អេលីសេក៏តបថា ចូរទៅទូលទ្រង់វិញថា នឹងបានជាៗពិត ប៉ុន្តែ ព្រះយេហូវ៉ាបានសម្ដែងឲ្យខ្ញុំដឹងជាក់ថា ទ្រង់ត្រូវស្លាប់ជាប្រាកដវិញ
11 នោះអ្នកសំណប់របស់ព្រះក៏ផ្តោតភ្នែក សម្លឹងមើលមុខ ហាសែល ទាល់តែខ្មាស រួចលោកក៏យំ
12 នោះហាសែលសួរលោកថា ហេតុអ្វីបានជាលោកម្ចាស់យំដូច្នេះ លោកឆ្លើយថា ពីព្រោះខ្ញុំដឹងពីការអាក្រក់ទាំងប៉ុន្មាន ដែលអ្នកនឹងធ្វើដល់ពួកកូនចៅអ៊ីស្រាអែល គឺទីមាំមួនរបស់គេ នោះអ្នកនឹងដុតចោល ពួកកំលោះៗរបស់គេ អ្នកនឹងសម្លាប់ដោយដាវ អស់ទាំងកូនតូចៗរបស់គេ អ្នកនឹងបោកសម្លាប់ចោល ហើយពួកស្រីៗមានទំងន់ នោះអ្នកនឹងវះពោះគេ
13 នោះហាសែលឆ្លើយតបថា ខ្ញុំប្របាទ ដែលទុកដូចជាឆ្កែ តើជាអ្វីដែលនឹងធ្វើការយ៉ាងធំនេះបាន តែអេលីសេឆ្លើយថា ព្រះយេហូវ៉ាទ្រង់បានសម្ដែងឲ្យខ្ញុំដឹងថា អ្នកនឹងបានធ្វើជាស្តេចលើស្រុកស៊ីរី
14 លោកក៏ចេញពីអេលីសេ ត្រឡប់ទៅឯចៅហ្វាយវិញ ដល់ហើយទ្រង់សួរថា តើអេលីសេបានប្រាប់អ្នកយ៉ាងដូចម្តេច រួចលោកទូលទ្រង់ថា លោកបានប្រាប់ទូលបង្គំថា ទ្រង់នឹងបានជាៗពិត
15 ដល់ថ្ងៃស្អែកឡើង ហាសែលបានយកផួយមួយជ្រលក់ទឹក ទៅខ្ទប់ព្រះភ័ក្ត្រនៃស្តេច ឲ្យទ្រង់សុគតទៅ រួចហាសែលបានសោយរាជ្យឡើងជំនួសទ្រង់។
16 នៅឆ្នាំទី៥ ក្នុងរាជ្យយ៉ូរ៉ាម ជាបុត្រអ័ហាប់ ស្តេចស្រុកអ៊ីស្រាអែល កំពុងដែលយ៉ូសាផាតសោយរាជ្យលើស្រុកយូដា នោះយ៉ូរ៉ាម ជាបុត្រយ៉ូសាផាត ក៏ចាប់តាំងសោយរាជ្យឡើង
17 កាលទ្រង់ចាប់តាំងសោយរាជ្យឡើង នោះទ្រង់មានព្រះជន្ម៣២ឆ្នាំហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡឹមបាន៨ឆ្នាំ
18 ទ្រង់បានដើរតាមផ្លូវនៃពួកស្តេចអ៊ីស្រាអែល ដូចជាជំនួរវង្សអ័ហាប់ ដែរ ពីព្រោះទ្រង់បានយកបុត្រីរបស់អ័ហាប់ ធ្វើជាភរិយា ក៏ប្រព្រឹត្តអំពើដ៏លាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ា
19 ប៉ុន្តែ ព្រះយេហូវ៉ាទ្រង់មិនសព្វព្រះហឫទ័យនឹងបំផ្លាញពួកយូដាទេ ដោយយល់ដល់ដាវីឌ ជាអ្នកបម្រើទ្រង់ ដូចជាបានសន្យាដល់ទ្រង់ថា នឹងប្រោសប្រទានឲ្យទ្រង់មានចង្កៀង១ភ្លឺ សម្រាប់ពួកជំនួរវង្សរបស់ទ្រង់តទៅ ។
20 នៅក្នុងរាជ្យយ៉ូរ៉ាម នោះសាសន៍អេដុមបានបះបោរ ដោះខ្លួនពីក្នុងកណ្តាប់ដៃនៃសាសន៍យូដា ហើយក៏តាំងស្តេច១អង្គ ឲ្យសោយរាជ្យលើខ្លួនគេ
21 គ្រានោះ យ៉ូរ៉ាមទ្រង់យាងទៅឯក្រុងសាអ៊ារ នាំទាំងរទេះចម្បាំងទាំងអស់ទៅជាមួយផង ក៏លើកគ្នាទាំងយប់ទៅវាយពួកអេដុម ដែលឡោមព័ទ្ធទ្រង់ ព្រមទាំងពួកមេទ័ពរបស់រទេះចម្បាំងផង ហើយបណ្តាទ័ពទាំងឡាយក៏រត់ទៅឯទីលំនៅរបស់គេវិញ
22 ប៉ុន្តែ សាសន៍អេដុមគេបះបោរ ដោះខ្លួនពីអំណាចនៃពួកយូដា ដរាបដល់សព្វថ្ងៃនេះ នៅគ្រានោះឯង ក្រុងលិបណាក៏បះបោរដែរ
23 រីឯដំណើរឯទៀតពីយ៉ូរ៉ាម និងការទាំងប៉ុន្មានដែលទ្រង់ធ្វើ នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជាពង្សាវតាររបស់ពួកស្តេចយូដាហើយ
24 យ៉ូរ៉ាមក៏ផ្ទំលក់ទៅជាមួយនឹងពួកអយ្យកោទ្រង់ ហើយគេបញ្ចុះទ្រង់ នៅក្នុងក្រុងដាវីឌ ជាមួយនឹងពួកអយ្យកោទ្រង់ទៅ រួចអ័ហាស៊ីយ៉ា ជាព្រះរាជបុត្រា ក៏ឡើងសោយរាជ្យជំនួសបិតា។
25 នៅឆ្នាំទី១២ក្នុងរាជ្យយ៉ូរ៉ាម ជាបុត្រអ័ហាប់ស្តេចអ៊ីស្រាអែល នោះអ័ហាស៊ីយ៉ា ជាបុត្រយ៉ូរ៉ាមស្តេចយូដា ក៏ចាប់តាំងសោយរាជ្យឡើង
26 កាលអ័ហាស៊ីយ៉ាចាប់តាំងសោយរាជ្យ នោះមានព្រះជន្ម២២ឆ្នាំហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡឹមបាន១ឆ្នាំ មាតាទ្រង់ព្រះនាមជា អ័ថាលា ជាបុត្រីអំរី ដែលបានធ្វើជាស្តេចអ៊ីស្រាអែល
27 ទ្រង់បានដើរតាមផ្លូវនៃជំនួរវង្សរបស់អ័ហាប់ ក៏ប្រព្រឹត្តអំពើដ៏លាមកអាក្រក់នៅព្រះនេត្រព្រះយេហូវ៉ា ដូចជាជំនួរវង្សអ័ហាប់ដែរ ដ្បិតទ្រង់បានចងព័ន្ធនឹងជំនួរវង្សអ័ហាប់
28 ទ្រង់ក៏បានយាងទៅច្បាំងនឹងហាសែល ជាស្តេចស្រុកស៊ីរី នៅក្រុងរ៉ាម៉ូត-កាឡាត ជាមួយនឹងយ៉ូរ៉ាម ជាបុត្រអ័ហាប់ ហើយពួកស៊ីរីបានធ្វើឲ្យយ៉ូរ៉ាមមានរបួស
29 រួចស្តេចយ៉ូរ៉ាមទ្រង់ត្រឡប់ទៅឯក្រុងយេសរាល ដើម្បីនឹងរក្សារបួស ដែលពួកស៊ីរីបានធ្វើដល់ទ្រង់ នៅត្រង់រ៉ាម៉ា ក្នុងកាលដែលទ្រង់ច្បាំងនឹងហាសែល ជាស្តេចស្រុកស៊ីរី ឯអ័ហាស៊ីយ៉ា ជាបុត្រយ៉ូរ៉ាម ស្តេចស្រុកយូដា ទ្រង់ក៏យាងចុះទៅឯក្រុងយេសរាល ដើម្បីនឹងសួរយ៉ូរ៉ាម ជាបុត្រអ័ហាប់ ពីព្រោះទ្រង់ប្រឈួន។
ជំពូក 9
1 គ្រានោះ ហោរាអេលីសេ លោកហៅម្នាក់ក្នុងពួកសិស្សនៃពួកហោរាមកប្រាប់ថា ចូរក្រវាត់ចង្កេះ យកខួចប្រេងនេះកាន់នៅដៃ ទៅឯក្រុងរ៉ាម៉ូត-កាឡាតចុះ
2 កាលណាទៅដល់ហើយ ចូររកយេហ៊ូវ ជាកូនយេហូសាផាត ដែលជាកូននីមស៊ី ហើយចូលទៅហៅលោក ឲ្យក្រោកពីកណ្តាលពួកបងប្អូនលោក នាំទៅឯបន្ទប់ខាងក្នុង
3 រួចយកខួចប្រេងនេះចាក់លើក្បាលលោក ដោយជម្រាបថា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ អញបានចាក់ប្រេងតាំងឯងឡើងជាស្តេច ឲ្យសោយរាជ្យលើស្រុកអ៊ីស្រាអែល រួចហើយចូរឯងបើកទ្វាររត់ទៅ កុំឲ្យបង្អង់ឡើយ
4 ដូច្នេះ មនុស្សកំលោះ ជាអ្នកបម្រើពួកហោរានោះ ក៏ទៅឯរ៉ាម៉ូត-កាឡាតទៅ
5 កាលគាត់ទៅដល់ហើយ នោះឃើញពួកមេទ័ពកំពុងអង្គុយនៅជាមួយគ្នា គាត់ក៏ជម្រាបថា លោកមេទ័ពអើយ ខ្ញុំមានការ១ចំពោះលោក រួចយេហ៊ូវសួរថា តើចំពោះអ្នកណាក្នុងពួកយើងនេះ គាត់ឆ្លើយថា លោកមេទ័ពអើយ គឺចំពោះលោកនេះឯង
6 ដូច្នេះ យេហ៊ូវក៏ក្រោកឡើង ចូលទៅក្នុងផ្ទះ រួចអ្នកនោះចាក់ប្រេងលើក្បាលលោកជម្រាបថា ព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលដូច្នេះ អញបានចាក់ប្រេងតាំងឯងឡើង ជាស្តេចលើសាសន៍អ៊ីស្រាអែល ជារាស្ត្ររបស់អញ
7 ត្រូវឲ្យប្រហារជំនួសវង្សរបស់អ័ហាប់ ជាចៅហ្វាយឯងទៅ ប្រយោជន៍ឲ្យអញបានសងសឹកនឹងយេសិបិល ដោយព្រោះឈាមនៃពួកហោរា ជាអ្នកបម្រើអញ និងឈាមនៃពួកអ្នកបម្រើរបស់អញទាំងអស់ដែរ
8 ដ្បិតជំនួរវង្សរបស់អ័ហាប់ ត្រូវវិនាសទៅអស់រលីង ហើយអញនឹងកាត់កាល់អស់ទាំងកូនប្រុសៗពីអ័ហាប់ចេញ ទោះទាំងអ្នកដែលបិទបាំងទុក និងពួកអ្នកឥតចំណងក្នុងសាសន៍អ៊ីស្រាអែលផង
9 អញនឹងធ្វើឲ្យជំនួរវង្សអ័ហាប់បានដូចជាជំនួរវង្សរបស់យេរ៉ូបោម ជាកូននេបាត ហើយដូចជាជំនួរវង្សនៃប្អាសា ជាកូនអ័ហ៊ីយ៉ាដែរ
10 ឆ្កែនឹងទំពាស៊ីយេសិបិល នៅតំបន់១ ក្នុងក្រុងយេសរាល ឥតមានអ្នកណាកប់នាងឡើយ រួចហើយគាត់ក៏បើកទ្វាររត់ចេញទៅ។
11 បន្ទាប់នោះ យេហ៊ូវក៏ចេញមកឯពួកមេទ័ពរបស់ចៅហ្វាយលោក មានម្នាក់សួរថា តើស្រួលបួលទេឬមនុស្សចម្កួតនេះមករកលោកធ្វើអី លោកឆ្លើយថា លោករាល់គ្នាស្គាល់មនុស្សនោះនឹងរឿងគេហើយ
12 តែពួកនោះឆ្លើយឡើងថា នេះភរទេ សូមប្រាប់យើងឲ្យត្រង់មក លោកក៏ប្រាប់ថា អ្នកនោះបាននិយាយប្រាប់ខ្ញុំយ៉ាងនេះមួយៗដោយពាក្យថា ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះ អញបានចាក់ប្រេងតាំងឯងឡើង ជាស្តេចលើស្រុកអ៊ីស្រាអែលហើយ
13 ដូច្នេះ គេក៏ប្រញាប់ប្រញាល់នឹងយកអាវរបស់គេរៀងខ្លួន ដាក់ឲ្យលោកអង្គុយនៅត្រង់ក្បាលជណ្តើររួចផ្លុំត្រែឡើងថា យេហ៊ូវជាស្តេចហើយ។
14 ដូច្នេះ យេហ៊ូវ ជាកូនយេហូសាផាត ដែលជាកូននីមស៊ី លោកក៏គិតក្បត់នឹងយ៉ូរ៉ាម (រីឯយ៉ូរ៉ាម និងពួកទ័ពអ៊ីស្រាអែលទាំងប៉ុន្មាន គេកំពុងតែការពាររក្សាក្រុងរ៉ាម៉ូត-កាឡាត ដោយព្រោះហាសែល ជាស្តេចស្រុកស៊ីរី
15 តែស្តេចយ៉ូរ៉ាមទ្រង់បានវិលទៅឯយេសរាល ដើម្បីរក្សារបួសដែលពួកស៊ីរីបានធ្វើ ក្នុងកាលដែលទ្រង់ច្បាំងនឹងហាសែលជាស្តេចស៊ីរីនោះ) នោះយេហ៊ូវពោលថា បើអ្នករាល់គ្នាពេញចិត្តដូច្នេះហើយ នោះកុំឲ្យអ្នកណាចេញរួចពីទីក្រុងនេះ នាំដំណឹងទៅប្រាប់ក្នុងក្រុងយេសរាលឡើយ
16 យេហ៊ូវក៏ឡើងជិះរថទៅឯយេសរាល ដ្បិតយ៉ូរ៉ាមទ្រង់ផ្ទំប្រឈួននៅទីនោះ ហើយអ័ហាស៊ីយ៉ា ជាស្តេចយូដា បានយាងចុះមកសួរ។
17 មានអ្នកចាំយាមឈរលើប៉មយេសរាល ក៏ឃើញពួកយេហ៊ូវដែលកំពុងតែមក ហើយគាត់ប្រាប់ថា ខ្ញុំឃើញមនុស្ស១ពួកមក យ៉ូរ៉ាមក៏បង្គាប់ថា ចូរតម្រូវទ័ពសេះម្នាក់ចាត់ឲ្យទៅជួបនឹងគេសួរថា តើមកដោយមេត្រីឬ
18 ដូច្នេះ ទ័ពសេះម្នាក់នោះ ក៏ចេញទៅជួបនឹងគេ ប្រាប់ថា ស្តេចទ្រង់មានព្រះបន្ទូលសួរដូច្នេះ តើមកដោយមេត្រីឬ តែយេហ៊ូវតបថា តើឯងត្រូវការអ្វីនឹងសេចក្ដីមេត្រីនោះ ចូរថយទៅខាងក្រោយយើងទៅ អ្នកចាំយាមក៏ប្រាប់ថា អ្នកដែលចាត់ទៅនោះ បានទៅដល់គេហើយ តែមិនមកវិញសោះ
19 នោះទ្រង់ក៏ចាត់ម្នាក់ទៀតឲ្យជិះសេះទៅ អ្នកនោះបានទៅដល់គេប្រាប់ថា ស្តេចទ្រង់មានព្រះបន្ទូលសួរដូច្នេះថា តើមកដោយមេត្រីឬ តែយេហ៊ូវឆ្លើយតបថា តើឯងត្រូវការអ្វីនឹងសេចក្ដីមេត្រីនោះ ចូរថយទៅខាងក្រោយយើងទៅ
20 ដូច្នេះ អ្នកចាំយាមប្រាប់ថា អ្នកនោះបានទៅដល់គេហើយ តែមិនមកវិញសោះ ឯភាពដែលបររថ នោះមើលទៅដូចជាយេហ៊ូវ ជាកូននីមស៊ី ដ្បិតគេបរមកយ៉ាងលឿនអាក្រក់ណាស់។
21 នោះយ៉ូរ៉ាមបង្គាប់ថា ចូររៀបចំឡើង គេក៏ទឹមព្រះរាជរថថ្វាយទ្រង់ រួចយ៉ូរ៉ាម ជាស្តេចអ៊ីស្រាអែល និងអ័ហាស៊ីយ៉ា ជាស្តេចយូដា ទ្រង់គង់នៅរថ១រៀងអង្គ ចេញទៅជួបនឹងយេហ៊ូវ បានប្រទះគ្នានៅត្រង់តំបន់របស់ណាបោត ជាអ្នកស្រុកយេសរាល
22 កាលយ៉ូរ៉ាមទ្រង់ឃើញយេហ៊ូវ នោះទ្រង់មានព្រះបន្ទូលសួរថា យេហ៊ូវអើយ តើអ្នកមកដោយមេត្រីឬ លោកឆ្លើយតបថា កំពុងដែលមានសេចក្ដីកំផិត និងមន្តអាគមរបស់យេសិបិល ជាមាតាទ្រង់ជាច្រើនម៉្លេះ នោះតើនឹងមានសេចក្ដីមេត្រីឯណាបាន
23 ដូច្នេះ យ៉ូរ៉ាមក៏ញាក់បង្ហៀររត់ទៅ ដោយព្រះបន្ទូលនឹងអ័ហាស៊ីយ៉ាថា អ័ហាស៊ីយ៉ាអើយ នេះជាការក្បត់ទេ
24 យេហ៊ូវក៏យឹតធ្នូពេញកម្លាំង បាញ់ទៅត្រូវទីកណ្តាលខ្នងយ៉ូរ៉ាម ព្រួញក៏ត្រូវត្រង់បេះដូងទ្រង់ ចេញមកខាងក្រៅ ហើយទ្រង់ស្រុតចុះនៅក្នុងព្រះរាជរថ
25 នោះយេហ៊ូវបង្គាប់ទៅប៊ីឌការជាមេទ័ពលោកថា ចូរលើកវាបោះចោលទៅក្នុងតំបន់របស់ចម្ការណាបោត ជាអ្នកស្រុកយេសរាលទៅ ដ្បិតត្រូវឲ្យនឹកចាំពីកាលដែលខ្ញុំ និងអ្នកបានជិះសេះទៅតាមអ័ហាប់ជាបិតាវា នោះព្រះយេហូវ៉ាបានមានព្រះបន្ទូលសេចក្ដីនេះចំលើរូបវាថា
26 ប្រាកដមែន ម្សិលមិញ អញបានឃើញឈាមរបស់ណាបោត និងឈាមរបស់កូនប្រុសវា ដូច្នេះ អញនឹងសងឯងនៅក្នុងចម្ការនេះឯង នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា ដូច្នេះ ចូរលើកវាបោះចោលទៅក្នុងចម្ការនេះ តាមព្រះបន្ទូលនៃព្រះយេហូវ៉ាចុះ។
27 កាលអ័ហាស៊ីយ៉ា ជាស្តេចយូដា បានឃើញការដូច្នោះ នោះទ្រង់ក៏រត់ទៅតាមច្បារ តែយេហ៊ូវដេញតាមដោយបង្គាប់គេថា ចូរវាយសម្លាប់វានៅលើរទេះតែម្តងទៅ ដូច្នេះ គេក៏វាយទ្រង់ត្រង់ផ្លូវឡើងទៅឯគើរ ជិតក្រុងយីបលាម តែទ្រង់រត់ទៅដល់ក្រុងមេគីដោ ហើយសុគតនៅទីនោះ
28 ពួកអ្នកបម្រើទ្រង់ក៏ដឹកនាំសពទៅឯក្រុងយេរូសាឡឹម បញ្ចុះក្នុងផ្នូររបស់ទ្រង់ នៅជាមួយនឹងពួកអយ្យកោទ្រង់ ក្នុងក្រុងដាវីឌទៅ។
29 ឯអ័ហាស៊ីយ៉ាបានចាប់តាំងសោយរាជ្យលើស្រុកយូដា ក្នុងឆ្នាំទី១១នៃរាជ្យយ៉ូរ៉ាមជាបុត្រអ័ហាប់។
30 កាលយេហ៊ូវបានទៅដល់យេសរាលហើយ នោះយេសិបិលក៏ឮ ហើយព្រះនាងក៏ផាត់រង្វង់ភ្នែក និងតែងព្រះកេសា រួចទតមើលតាមបង្អួចមក
31 កាលយេហ៊ូវកំពុងតែចូលតាមទ្វាររបង នោះយេសិបិលស្រែកសួរថា តើមានសេចក្ដីសុខឬអី ស៊ីមរី ជាអ្នកសម្លាប់ចៅហ្វាយខ្លួនអើយ
32 នោះលោកក៏ងើបមើលទៅឯបង្អួចសួរថា តើអ្នកណាកាន់ខាងអញ តើមានអ្នកណាឬទេ ខណៈនោះ មានមនុស្សកំរៀវពីរបីនាក់បានអើតមុខមក
33 ដូច្នេះ លោកបង្គាប់គេថា ចូរបោះវាចុះមក នោះគេក៏បោះទម្លាក់យេសិបិលចុះមក ហើយឈាមខ្លះក៏ខ្ទាតទៅប្រឡាក់នឹងជញ្ជាំង និងសេះ រួចលោកឲ្យសេះជាន់ឈ្លី
34 កាលលោកបានចូលទៅបរិភោគភោជនាហាររួចហើយ នោះក៏បង្គាប់ថា ចូរទៅមើលស្ត្រីដែលត្រូវបណ្តាសានោះ ហើយកប់វាទៅ ដ្បិតវាជាបុត្រស្តេចដែរ
35 គេក៏ទៅដើម្បីនឹងកប់សព តែរកបានតែរលាក្បាល ប្រអប់ជើង និងបាតដៃប៉ុណ្ណោះ
36 ដូច្នេះ គេត្រឡប់មកវិញ ជម្រាបដល់លោក ហើយលោកមានប្រសាសន៍ថា នេះហើយជាព្រះបន្ទូលនៃព្រះយេហូវ៉ា ដែលទ្រង់មានព្រះបន្ទូលដោយសារអេលីយ៉ា ជាអ្នកស្រុកធេសប៊ី ជាអ្នកបម្រើទ្រង់ថា ឆ្កែនឹងទំពាស៊ីសាច់យេសិបិល នៅតំបន់យេសរាល
37 ហើយសពរបស់យេសិបិលនឹងបានជាលាមក នៅលើដី ក្នុងទីតំបន់នៃស្រុកយេសរាល បានជាមិនដែលមានអ្នកណាថា នេះជាសពយេសិបិលនោះឡើយ។
ជំពូក 10
1 ឯអ័ហាប់ទ្រង់មានព្រះរាជបុត្រា៧០អង្គ នៅក្រុងសាម៉ារី ហើយយេហ៊ូវក៏ធ្វើសំបុត្រផ្ញើទៅឯពួកអ្នកដែលជាកំពូល នៅយេសរាល ក្នុងក្រុងសាម៉ារី គឺជាពួកចាស់ទុំ និងពួកអ្នកបីបាច់រក្សាអស់ទាំងបុត្រានៃអ័ហាប់ថា
2 ឥឡូវនេះ ដែលអ្នករាល់គ្នាមានបុត្រាទាំងប៉ុន្មាន នៃចៅហ្វាយរបស់អ្នករាល់គ្នានៅជាមួយនោះ ក៏មានរទេះចម្បាំង និងសេះ ហើយទាំងទីក្រុងដែលមានកំផែង និងគ្រឿងសស្ត្រាវុធផង ដូច្នេះ កាលណាសំបុត្រនេះបានមកដល់អ្នករាល់គ្នាហើយ
3 នោះចូររើសយកអ្នកណាមួយដែលល្អ ហើយសំណំជាងគេក្នុងពួកបុត្រានៃចៅហ្វាយរបស់អ្នករាល់គ្នា តាំងឡើងឲ្យសោយរាជ្យជំនួសបិតាចុះ រួចឲ្យតស៊ូការពារដំណាក់នៃចៅហ្វាយអ្នករាល់គ្នាទៅ
4 តែអ្នកទាំងនោះមានសេចក្ដីភ័យខ្លាចជាខ្លាំង ក៏និយាយថា មើល ស្តេច២អង្គនោះពុំអាចនឹងឈរ នៅមុខលោកបានទៅហើយ ចំណង់បើយើង ធ្វើដូចម្តេចឲ្យយើងឈរនៅបាន
5 ដូច្នេះ ឧកញ៉ាវាំង និងចៅហ្វាយទីក្រុង ព្រមទាំងពួកចាស់ទុំ និងពួកអ្នកដែលបានបីបាច់រក្សាពួកបុត្រា ក៏ចាត់គេឲ្យទៅជម្រាបយេហ៊ូវថា យើងខ្ញុំរាល់គ្នា ជាអ្នកបម្រើរបស់លោក នឹងធ្វើតាមតែលោកបង្គាប់គ្រប់Chapter យើងខ្ញុំមិនព្រមតាំងអ្នកណាឲ្យធ្វើជាស្តេចទេ សូមលោកធ្វើតាមតែសេចក្ដីដែលលោកគិតឃើញថាល្អចុះ
6 រួចលោកក៏ធ្វើសំបុត្រទី២ផ្ញើទៅគេថា បើអ្នករាល់គ្នាកាន់ខាងខ្ញុំ ហើយចង់ស្តាប់តាមបង្គាប់ខ្ញុំមែន នោះចូរកាត់ក្បាលពួកបុត្រានៃចៅហ្វាយរបស់អ្នករាល់គ្នាចុះ រួចដល់ថ្ងៃស្អែកពេលថ្មើរណេះ ត្រូវឲ្យអ្នករាល់គ្នាទៅឯខ្ញុំនៅត្រង់យេសរាល រីឯពួកបុត្រានៃស្តេចទាំង៧០អង្គ នោះសុទ្ធតែនៅជាមួយនឹងពួកអ្នកធំ ក្នុងទីក្រុងដែលបានបីបាច់រក្សា
7 ដូច្នេះ កាលសំបុត្របានទៅដល់ហើយ គេក៏ចាប់ពួកបុត្រាស្តេចទាំង៧០អង្គសម្លាប់ទៅ ដាក់ព្រះសិរគ្រប់អង្គទៅក្នុងកញ្ឆេផ្ញើទៅឯលោក នៅត្រង់យេសរាល
8 នោះមានម្នាក់នាំដំណឹងមកជម្រាបលោកថា គេយកព្រះសិរនៃពួកបុត្រាស្តេចមកហើយ លោកបង្គាប់ថា ចូរដាក់ជា២គំនរ នៅត្រង់មាត់ទ្វារកំផែងរហូតដល់ព្រឹកទៅ
9 លុះដល់ព្រឹកឡើង លោកក៏ចេញទៅឈរ មានប្រសាសន៍នឹងបណ្តាជនទាំងឡាយថា អ្នករាល់គ្នាសុចរិតទេ មើល គឺខ្ញុំហើយដែលបានបះបោរនឹងចៅហ្វាយរបស់ខ្ញុំ ព្រមទាំងសម្លាប់ផង តែអ្នកណាបានសម្លាប់អ្នកទាំងនេះ
10 ដូច្នេះ សូមឲ្យដឹងថា ក្នុងព្រះបន្ទូលនៃព្រះយេហូវ៉ា ដែលបានទាយទាស់នឹងជំនួរវង្សអ័ហាប់ នោះនឹងគ្មានណា១ធ្លាក់ដល់ដីឡើយ ដ្បិតព្រះយេហូវ៉ាទ្រង់បានធ្វើតាមសេចក្ដី ដែលទ្រង់បានមានព្រះបន្ទូល ដោយសារអេលីយ៉ា ជាអ្នកបម្រើទ្រង់ហើយ
11 ដូច្នេះ យេហ៊ូវបានប្រហារជីវិតនៃអស់អ្នកណាដែលសល់នៅ ក្នុងជំនួរវង្សរបស់អ័ហាប់ នៅត្រង់យេសរាល ព្រមទាំងពួកអ្នកធំ និងពួកមិត្តសំឡាញ់ស្និទ្ធស្នាល ហើយពួកសង្ឃរបស់ទ្រង់ផង ឥតទុកឲ្យមានអ្នកណាមួយសល់នៅខាងទ្រង់ឡើយ។
12 ក្រោយមក យេហ៊ូវក៏ក្រោកឡើងចេញទៅឯក្រុងសាម៉ារី កាលបានទៅដល់សាលាដែលនៅតាមផ្លូវនោះ ជាទីដែលពួកគង្វាលចៀមធ្លាប់ប្រជុំគ្នា
13 នោះក៏ប្រទះនឹងពួកបងប្អូនរបស់អ័ហាស៊ីយ៉ា ជាស្តេចយូដា ហើយលោកសួរថា អ្នករាល់គ្នាតើជាអ្នកណា គេឆ្លើយតបថាយើងរាល់គ្នាជាបងប្អូននៃអ័ហាស៊ីយ៉ា យើងចុះទៅជម្រាបសួរដល់ពួកបុត្រនៃក្សត្រាក្សត្រី។
14 នោះលោកបង្គាប់ថា ចូរចាប់គេទាំងរស់ទៅ ពួកលោកក៏ចាប់អ្នកទាំងនោះទាំងរស់ នាំទៅសម្លាប់ទាំង៤២នាក់ នៅត្រង់អណ្តូងរបស់សាលានោះ ឥតទុកឲ្យសល់ដល់ម្នាក់ឡើយ។
15 កាលយេហ៊ូវបានចេញពីទីនោះទៅ នោះក៏ប្រទះនឹងយ៉ូណាដាប ជាកូនរេកាប ដែលដើរមកពីខាងមុខ លោកក៏គំនាប់គាត់សួរថា តើចិត្តអ្នកស្មោះត្រង់ ដូចជាខ្ញុំដែលស្មោះត្រង់ចំពោះអ្នកឬទេ យ៉ូណាដាបឆ្លើយតបថាស្មោះត្រង់ពិត លោកក៏ថា បើដូច្នេះ ចូរហុចដៃមក អ្នកនោះក៏ហុចដៃទៅ ហើយលោកចាប់ទទួលឲ្យឡើងជិះលើរថជាមួយគ្នា
16 រួចលោកប្រាប់ថា សូមអ្នកទៅជាមួយនឹងខ្ញុំចុះ ដើម្បីមើលសេចក្ដីឧស្សាហ៍របស់ខ្ញុំចំពោះព្រះយេហូវ៉ា ដូច្នេះ គេក៏ឲ្យគាត់ឡើងជិះក្នុងរថរបស់យេហ៊ូវ
17 កាលបានដល់ក្រុងសាម៉ារីហើយ នោះលោកក៏វាយសម្លាប់អស់អ្នកដែលសល់នៅក្នុងជំនួរវង្សអ័ហាប់ ក្នុងក្រុងសាម៉ារី ដរាបដល់បានបំផ្លាញជំនួរវង្សនៃទ្រង់អស់រលីងទៅ តាមព្រះបន្ទូលដែលព្រះយេហូវ៉ាបានមានព្រះបន្ទូលនឹងអេលីយ៉ា។
18 នៅគ្រានោះ យេហ៊ូវក៏ប្រមូលពួកបណ្តាជនទាំងអស់មកប្រាប់ថា អ័ហាប់បានគោរពដល់ព្រះបាលតែបន្តិចទេ តែយេហ៊ូវនឹងគោរពដល់ទ្រង់ជាច្រើនវិញ
19 ដូច្នេះ ចូរហៅពួកហោរារបស់ព្រះបាលទាំងអស់ មកឯយើងឥឡូវ ព្រមទាំងពួកអ្នកដែលថ្វាយបង្គំដល់ទ្រង់ និងអស់ពួកសង្ឃរបស់ទ្រង់ផង កុំឲ្យមានខ្វះអ្នកណាមួយឡើយ ដ្បិតយើងត្រូវថ្វាយយញ្ញបូជាយ៉ាងធំដល់ព្រះបាល បើអ្នកណាខានមក នោះនឹងត្រូវស្លាប់ តែយេហ៊ូវលោកប្រព្រឹត្តដោយឧបាយទេ ប្រយោជន៍ដើម្បីនឹងបំផ្លាញពួកអ្នកដែលថ្វាយបង្គំដល់ព្រះបាលទាំងអស់ចេញ
20 យេហ៊ូវបង្គាប់ឲ្យគេញែកថ្ងៃ១ ទុកជាថ្ងៃបុណ្យមុតមាំថ្វាយព្រះបាល គេក៏ប្រកាសប្រាប់ទួទៅ
21 យេហ៊ូវចាត់គេឲ្យទៅគ្រប់ក្នុងស្រុកអ៊ីស្រាអែល ដូច្នេះ ពួកអ្នកដែលថ្វាយបង្គំព្រះបាលក៏មកទាំងអស់គ្នា ឥតមានសល់ដល់ម្នាក់ឡើយ គេចូលទៅក្នុងព្រះវិហារនៃព្រះបាល ទាល់តែវិហារនោះបានពេញណែន តាំងតែពីចុងម្ខាងរហូតដល់ចុងម្ខាង
22 នោះលោកបង្គាប់ដល់អ្នករក្សាអាវ ដែលសម្រាប់ពាក់ថ្វាយបង្គំថា ចូរយកអាវមកចែកឲ្យពួកអ្នកដែលថ្វាយបង្គំដល់ព្រះបាលទាំងអស់គ្នាទៅ អ្នកនោះក៏ចែកឲ្យគ្រប់គ្នា
23 រួចយេហ៊ូវ និងយ៉ូណាដាប ជាកូនរេកាប ក៏ចូលទៅក្នុងវិហារព្រះបាលប្រាប់ដល់ពួកអ្នកដែលថ្វាយបង្គំថា ចូររកមើល កុំឲ្យមានអ្នកណាដែលថ្វាយបង្គំដល់ព្រះយេហូវ៉ា នៅជាមួយនៅទីនេះឡើយ ឲ្យមានសុទ្ធតែពួកថ្វាយបង្គំព្រះបាលប៉ុណ្ណោះ
24 កាលយេហ៊ូវបានចូលទៅ ដើម្បីនឹងថ្វាយយញ្ញបូជា និងតង្វាយដុត នោះលោកបានតម្រូវឲ្យមនុស្ស៨០នាក់នៅជាខាងក្រៅ ដោយបង្គាប់ថា បើអ្នកណាក្នុងពួកអ្នកដែលខ្ញុំប្រគល់មកក្នុងកណ្តាប់ដៃអ្នករាល់គ្នាបានរត់រួច នោះអ្នកដែលឲ្យគេរួចទៅ នឹងត្រូវស្លាប់ជំនួសអ្នកនោះវិញ។
25 កាលលោកបានថ្វាយតង្វាយដុតរួចហើយ នោះក៏បង្គាប់ដល់ពួកចាំយាម និងពួកមេទ័ពថា ចូរឲ្យចូលទៅសម្លាប់គេចុះ កុំឲ្យអ្នកណាមួយចេញរួចឡើយ ដូច្នេះ គេក៏ប្រហារជីវិតអ្នកទាំងនោះដោយមុខដាវ ឯពួកចាំយាម និងពួកមេទ័ព ក៏បោះខ្មោចចេញទៅក្រៅ រួចគេទៅក្នុងទីក្រុងនៃវិហារព្រះបាលនោះ
26 ក៏យកអស់ទាំងរូបព្រះចេញពីវិហារព្រះបាលមកដុតចោល
27 ហើយវាយបំបាក់រូបព្រះ ព្រមទាំងបំផ្លាញវិហារព្រះបាល ធ្វើឲ្យទៅជាកន្លែងបន្ទោលាមក ដរាបដល់សព្វថ្ងៃនេះ។
28 គឺយ៉ាងនោះដែលយេហ៊ូវបានបំបាត់ព្រះបាល ពីពួកអ៊ីស្រាអែលចេញ។
29 ប៉ុន្តែ ត្រង់ឯអំពើបាបរបស់យេរ៉ូបោមជាកូននេបាត ដែលបាននាំឲ្យពួកអ៊ីស្រាអែលធ្វើបាបតាមនោះដែរ គឺជាកូនគោមាសនៅក្រុងបេត-អែល និងនៅក្រុងដាន់ នោះយេហ៊ូវមិនបានលែងប្រព្រឹត្តតាមទេ
30 រួចព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលមកយេហ៊ូវថា ដោយព្រោះឯងបានប្រព្រឹត្តល្អ ដោយសម្រេចសេចក្ដីដែលត្រឹមត្រូវនៅភ្នែកអញ ហើយបានធ្វើដល់ជំនួរវង្សរបស់អ័ហាប់ តាមគ្រប់ទាំងគំនិតដែលនៅក្នុងចិត្តអញ នោះពួកកូនចៅឯងនឹងបានសោយរាជ្យលើសាសន៍អ៊ីស្រាអែល រហូតដល់អស់៤ដំណ
31 តែយេហ៊ូវមិនបានប្រុងប្រយ័ត និងដើរតាមក្រឹត្យវិន័យរបស់ព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល ឲ្យអស់ពីចិត្តទេ គឺលោកមិនបានលែងប្រព្រឹត្តតាមអំពើបាបរបស់យេរ៉ូបោម ដែលបាននាំឲ្យពួកអ៊ីស្រាអែលធ្វើបាបតាមនោះទេ។
32 នៅគ្រានោះ ព្រះយេហូវ៉ាទ្រង់ចាប់តាំងកាត់ដែនស្រុកចេញពីនគរអ៊ីស្រាអែល គឺហាសែលទ្រង់មកវាយសាសន៍អ៊ីស្រាអែល នៅអស់ទាំងព្រំដែនស្រុករបស់គេ
33 ចាប់តាំងពីទន្លេយ័រដាន់ទៅខាងកើត គឺស្រុកកាឡាតទាំងអស់ ជាស្រុករបស់ពួកកាឌ់ ពួករូបេន និងពួកម៉ាន៉ាសេ ចាប់តាំងពីក្រុងអារ៉ូអ៊ើរដែលនៅមាត់ស្ទឹងអើណូន ជាស្រុកកាឡាត និងស្រុកបាសានទាំងមូល
34 រីឯដំណើរឯទៀតពីយេហ៊ូវ និងការទាំងប៉ុន្មានដែលលោកធ្វើ ហើយពីអំណាចរបស់លោកទាំងអស់ នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជាពង្សាវតាររបស់ពួកស្តេចអ៊ីស្រាអែលហើយ
35 យេហ៊ូវក៏ដេកលក់ទៅជាមួយនឹងពួកអយ្យកោលោកទៅ ហើយគេបញ្ចុះលោកនៅក្រុងសាម៉ារី រួចយ៉ូអាហាស ជាបុត្រា ក៏សោយរាជ្យឡើងជំនួសលោក
36 យេហ៊ូវបានសោយរាជ្យលើស្រុកអ៊ីស្រាអែល នៅក្នុងក្រុងសាម៉ារីអស់២៨ឆ្នាំ។
ជំពូក 11
1 រីឯអ័ថាលា ព្រះមាតានៃអ័ហាស៊ីយ៉ា កាលបានឃើញថា ព្រះរាជបុត្រាសុគតហើយដូច្នោះ នោះព្រះនាងក៏ចាត់ចែងបំផ្លាញជំនួរវង្សនៃស្តេចទាំងប៉ុន្មានទៅ
2 តែយ៉ូសេបា ជាបុត្រីស្តេចយ៉ូរ៉ាម ហើយជាកនិដ្ឋារបស់អ័ហាស៊ីយ៉ា នាងបានលួចយកយ៉ូអាស ជាបុត្រារបស់អ័ហាស៊ីយ៉ា ចេញពីពួកបុត្រារបស់ស្តេច ដែលត្រូវស្លាប់នោះ ព្រមទាំងមេនំផង ទៅលាក់ទុកក្នុងបន្ទប់ដេក ឲ្យរួចពីអ័ថាលា មិនឲ្យត្រូវស្លាប់
3 បុត្រនោះក៏នៅជាមួយនឹងនាង លាក់ទុកក្នុងព្រះវិហារនៃព្រះយេហូវ៉ាអស់៦ឆ្នាំ ឯព្រះនាងអ័ថាលាបានសោយរាជ្យលើនគរ។
4 លុះដល់ឆ្នាំទី៧ នោះយេហូយ៉ាដាក៏ចាត់គេឲ្យទៅនាំពួកមេទ័ព ពួកនាយ និងពួកថ្មើរជើង មកឯលោកនៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា លោកក៏តាំងសញ្ញានឹងគេ ហើយឲ្យគេស្បថ នៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា រួចបង្ហាញឲ្យគេឃើញបុត្រានៃស្តេចនោះ
5 លោកបង្គាប់គេថា ត្រូវឲ្យអ្នករាល់គ្នាធ្វើយ៉ាងនេះ គឺពួកអ្នករាល់គ្នា១ភាគក្នុង៣ ដែលចូលវេននៅថ្ងៃឈប់សម្រាក នោះត្រូវត្រួតលើការចាំយាម រក្សានៅមន្ទីររបស់ស្តេច
6 ត្រូវឲ្យ១ភាគក្នុង៣ទៀត នៅត្រង់មាត់ទ្វារស៊ើរ ហើយ១ភាគក្នុង៣ទៀត នៅត្រង់ទ្វារខាងក្រោយទីនៃពួកចាំយាម អ្នករាល់គ្នាត្រូវចាំយាមរក្សាព្រះវិហារយ៉ាងនោះ កុំឲ្យអ្នកណាចូលឡើយ
7 ឯអ្នករាល់គ្នាទាំង២កង ដែលចេញវេននៅថ្ងៃឈប់សម្រាក នោះត្រូវចាំយាមរក្សាព្រះវិហារនៃព្រះយេហូវ៉ា នៅព័ទ្ធជុំវិញស្តេច
8 ត្រូវឲ្យអ្នករាល់គ្នាកាន់គ្រឿងសស្រ្តាវុធ នៅដៃរៀងខ្លួនចោមព័ទ្ធស្តេច បើមានអ្នកណាចូលហួសថែវអ្នករាល់គ្នាមក នោះត្រូវសម្លាប់ចេញ ហើយត្រូវឲ្យអ្នករាល់គ្នានៅជាមួយនឹងស្តេច ក្នុងកាលដែលទ្រង់យាងចេញទៅ និងចូលមកផង។
9 ពួកមេទ័ព គេធ្វើតាមបង្គាប់យេហូយ៉ាដាដ៏ជាសង្ឃគ្រប់Chapter គេនាំយកពួកកងគេរៀងខ្លួន ជាពួកដែលចូលវេននៅថ្ងៃឈប់សម្រាក និងពួកដែលចេញវេននៅថ្ងៃឈប់សម្រាកដែរ មកឯយេហូយ៉ាដាដ៏ជាសង្ឃ
10 លោកក៏ចែកលំពែង និងខែលរបស់ស្តេចដាវីឌ ដែលនៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា ដល់ពួកមេទ័ព
11 ដូច្នេះ ពួកចាំយាមគេក៏កាន់គ្រឿងសស្រ្តាវុធនៅដៃរៀងខ្លួន ឈរនៅព័ទ្ធជុំវិញស្តេច ចាប់តាំងពីខាងស្តាំព្រះវិហារ រហូតដល់ខាងឆ្វេងតាមក្បែរអាសនៈព្រះវិហារ
12 នោះលោកនាំព្រះរាជបុត្រានៃស្តេចចេញមក ហើយបំពាក់មកុដរាជ្យថ្វាយទ្រង់ ព្រមទាំងប្រគល់សេចក្ដីបន្ទាល់ដល់ទ្រង់ តាំងឡើងជាស្តេច ហើយចាក់ប្រេងថ្វាយ នោះគេក៏ទះដៃបន្លឺឡើងថា សូមឲ្យព្រះករុណាប្រកបដោយសេចក្ដីចម្រើន។
13 កាលព្រះនាងអ័ថាលាបានឮសូរអឺងកងនៃពួកចាំយាម និងបណ្តាជនទាំងប៉ុន្មាន នោះព្រះនាងយាងចូលទៅឯគេ នៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា
14 ក៏ទតមើលទៅឃើញស្តេចទ្រង់ប្រថាប់នៅលើទីថ្កល់ តាមទំនៀម មានទាំងពួកមេទ័ព និងពួកផ្លុំត្រែ ឈរនៅជិតផង ពួកបណ្តាជន ជាអ្នកស្រុកនោះទាំងអស់ ក៏រីករាយសប្បាយឡើង ទាំងផ្លុំត្រែផង ដូច្នេះ ព្រះនាងអ័ថាលាទ្រង់ហែកព្រះពស្រ្តស្រែកឡើងថា នេះជាការក្បត់ ជាការក្បត់ហើយ
15 តែយេហូយ៉ាដាដ៏ជាសង្ឃ លោកបង្គាប់ដល់ពួកមេទ័ពដែលត្រួតលើពលទ័ពថា ចូរនាំព្រះនាងចេញទៅក្រៅទៅ ហើយបើអ្នកណាតាមព្រះនាង នោះត្រូវសម្លាប់គេដោយដាវ នោះគឺពីព្រោះសង្ឃបានប្រាប់ថា កុំឲ្យសម្លាប់ព្រះនាងនៅក្នុងព្រះវិហារនៃព្រះយេហូវ៉ាឡើយ
16 ដូច្នេះ គេក៏ចៀសបើកផ្លូវឲ្យព្រះនាងយាងចេញ ហើយព្រះនាងយាងចេញទៅតាមផ្លូវសេះ ដែលចូលទៅឯដំណាក់ស្តេច រួចគេធ្វើគុតនៅទីនោះទៅ។
17 រួចមកយេហូយ៉ាដា លោកឲ្យស្តេច និងពួកជនចុះសញ្ញានឹងព្រះយេហូវ៉ាថា គេនឹងធ្វើជារាស្ត្ររបស់ផងព្រះយេហូវ៉ា ហើយឲ្យស្តេច និងពួករាស្ត្រ ចុះសញ្ញាគ្នាដែរ
18 ក្រោយនោះ ពួកបណ្តាជនទាំងឡាយដែលនៅក្នុងស្រុក គេចូលទៅបំផ្លាញវិហារព្រះបាល បំបាក់បំបែកអស់ទាំងអាសនៈ ព្រមទាំងរូបព្រះអស់រលីង ក៏សម្លាប់ម៉ាត់ថាន ជាសង្ឃនៃព្រះបាល នៅត្រង់មុខអាសនៈ រួចយេហូយ៉ាដាដ៏ជាសង្ឃ លោកតាំងឲ្យមានពួកត្រួតត្រាក្នុងព្រះវិហារនៃព្រះយេហូវ៉ា
19 លោកក៏នាំយកពួកមេទ័ព ពួកនាយ និងពួកថ្មើរជើង ព្រមទាំងពួកបណ្តាជនទាំងប៉ុន្មាននៅក្នុងស្រុក ទៅដង្ហែស្តេចចុះពីព្រះវិហារនៃព្រះយេហូវ៉ា ចូលទៅក្នុងដំណាក់ហ្លួង តាមផ្លូវទ្វារកំផែង ជាទីរបស់ពួកចាំយាម ហើយទ្រង់ក៏ឡើងគង់លើបល្ល័ង្ករាជ្យ
20 ដូច្នេះ ពួកបណ្តាជនទាំងឡាយនៅក្នុងស្រុក គេរីករាយសប្បាយឡើងទាំងអស់គ្នា ហើយទីក្រុងក៏មានសេចក្ដីសុខសាន្តត្រាណ ឯអ័ថាលា គេបានធ្វើគុតព្រះនាងដោយដាវ នៅត្រង់ដំណាក់ស្តេចទៅ។
21 កាលយ៉ូអាសចាប់តាំងសោយរាជ្យឡើង នោះទ្រង់មានព្រះជន្ម៧ឆ្នាំហើយ
ជំពូក 12
1 គឺនៅឆ្នាំទី៧ក្នុងរាជ្យយេហ៊ូវ ដែលយ៉ូអាសចាប់តាំងសោយរាជ្យឡើង ក៏សោយរាជ្យនៅក្រុងយេរូសាឡឹមបាន៤០ឆ្នាំ ព្រះមាតាទ្រង់ព្រះនាមជាស៊ីបយ៉ា ជាអ្នកស្រុកបៀរ-សេបា
2 រីឯយ៉ូអាស ទ្រង់ប្រព្រឹត្តសេចក្ដីដែលត្រឹមត្រូវ នៅព្រះនេត្រព្រះយេហូវ៉ា រហូតដល់អស់វេលា ដែលយេហូយ៉ាដាដ៏ជាសង្ឃបង្រៀនទ្រង់
3 ប៉ុន្តែ មិនបានបំបាត់អស់ទាំងទីខ្ពស់ចេញទេ ហើយពួកបណ្តាជន គេនៅតែថ្វាយយញ្ញបូជា ព្រមទាំងដុតកំញាន នៅលើទីខ្ពស់ទាំងនោះនៅឡើយ។
4 យ៉ូអាស ទ្រង់មានព្រះបន្ទូលទៅពួកសង្ឃថា ឯអស់ទាំងប្រាក់ ជាតម្លៃនៃតង្វាយទាំងប៉ុន្មាន ដែលគេយកមកថ្វាយក្នុងព្រះវិហារនៃព្រះយេហូវ៉ា និងប្រាក់របស់មនុស្សនីមួយៗដែលកត់ទុកក្នុងបញ្ជី គឺជាតង្វាយនៃគ្រប់គ្នាតាមច្បាប់ ហើយអស់ទាំងប្រាក់ ដែលអ្នកណាកើតមានចិត្តចង់យកមកថ្វាយ ក្នុងព្រះវិហារនៃព្រះយេហូវ៉ា
5 នោះត្រូវឲ្យពួកសង្ឃទទួលប្រាក់នោះ គឺត្រូវឲ្យគ្រប់គ្នាទទួលយកពីពួកអ្នកដែលខ្លួនស្គាល់ ដើម្បីជួសជុលត្រង់កន្លែងបាក់បែកក្នុងព្រះវិហារ ទោះបើឃើញមានបាក់បែកនៅត្រង់ណាក៏ដោយ
6 ប៉ុន្តែ ដល់ឆ្នាំទី២៣ ក្នុងរាជ្យស្តេចយ៉ូអាស នោះពួកសង្ឃមិនទាន់បានជួសជុលកន្លែងបាក់បែកក្នុងព្រះវិហារនៅឡើយ
7 ដូច្នេះ ស្តេចយ៉ូអាសទ្រង់ហៅយេហូយ៉ាដាដ៏ជាសង្ឃ និងពួកសង្ឃឯទៀតមកសួរថា ហេតុអ្វីបានជាមិនបានជួសជុលកន្លែងបាក់បែកក្នុងព្រះវិហារដូច្នេះ ឥឡូវនេះ មិនត្រូវឲ្យយកប្រាក់ពីពួកអ្នកដែលស្គាល់ទៀតទេ គឺត្រូវប្រគល់ប្រាក់នោះទៅ សម្រាប់ជួសជុលកន្លែងបាក់បែកក្នុងព្រះវិហារវិញ
8 ពួកសង្ឃក៏យល់ព្រមថា មិនត្រូវទទួលប្រាក់ពីពួកបណ្តាជនទៀត ក៏មិនត្រូវជួសជុលកន្លែងបាក់បែកក្នុងព្រះវិហារដែរ។
9 ឯយេហូយ៉ាដាដ៏ជាសង្ឃ លោកយកហឹប១មកចោះប្រហោងត្រង់គ្រប រួចដាក់ហឹបនៅខាងស្តាំអាសនៈ តាមផ្លូវចូលទៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា នោះពួកសង្ឃដែលរក្សាត្រង់មាត់ទ្វារ ក៏យកអស់ទាំងប្រាក់ ដែលគេយកមកថ្វាយក្នុងព្រះវិហារនៃព្រះយេហូវ៉ា ទៅដាក់ក្នុងហឹបនោះ
10 រួចមកកាលឃើញថា មានប្រាក់ច្រើននៅក្នុងហឹបហើយ នោះស្មៀនហ្លួង និងសម្ដេចសង្ឃ ក៏ឡើងទៅរាប់ប្រាក់ ដែលនៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា ហើយច្រកក្នុងបាវទុក
11 ឯប្រាក់ដែលបានថ្លឹងប្រគល់មកក្នុងអំណាចសម្ដេចសង្ឃ នោះលោកក៏ចំណាយដល់ពួកជាងដែលធ្វើការ គឺជាពួកអ្នកដែលត្រួតត្រាការ នៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា ហើយអ្នកទាំងនោះក៏ចេញឲ្យ ដល់ពួកជាងឈើ និងពួកជាងផ្សេងៗ ដែលជួសជុលព្រះវិហារនៃព្រះយេហូវ៉ា
12 ហើយដល់ពួកជាងរៀបថ្ម និងពួកជាងដាប់ថ្ម ហើយសម្រាប់ទិញឈើ និងថ្មដាប់ស្រាប់ សម្រាប់នឹងជួសជុលត្រង់កន្លែងបាក់បែក ក្នុងព្រះវិហារនៃព្រះយេហូវ៉ា ក៏សម្រាប់អស់ទាំងការចំណាយ ដែលត្រូវចាយ ដើម្បីជួសជុលព្រះវិហារឡើង
13 ប៉ុន្តែ មិនបានយកប្រាក់ដែលគេយកមកថ្វាយក្នុងព្រះវិហារនៃព្រះយេហូវ៉ា ទៅធ្វើជាគ្រឿងមាស គ្រឿងប្រាក់ ដូចជាពែង គ្របប្រឆេះ ចានក្លាំ ឬត្រែឡើយ
14 ដ្បិតគេបានឲ្យដល់ពួកជាង ដែលធ្វើការវិញ សម្រាប់នឹងប្រើការជួសជុលព្រះវិហារព្រះយេហូវ៉ា
15 មួយទៀតគេមិនបានគិតនឹងពួកអ្នក ដែលគេប្រគល់ប្រាក់នោះទៅឲ្យ សម្រាប់ចំណាយដល់ពួកជាងដែលធ្វើការនោះទេ ពីព្រោះអ្នកទាំងនោះបានប្រព្រឹត្តដោយចិត្តស្មោះត្រង់
16 ឯប្រាក់ ជាតម្លៃនៃតង្វាយដោយព្រោះការរំលង និងប្រាក់ជាតម្លៃនៃតង្វាយលោះបាប នោះមិនបានយកទៅទុកក្នុងវិហារព្រះយេហូវ៉ាទេ ប្រាក់នោះទុកជាចំណែកដល់ពួកសង្ឃវិញ។
17 នៅគ្រានោះ ហាសែលជាស្តេចស្រុកស៊ីរី ក៏ឡើងទៅច្បាំងនឹងក្រុងកាថ ហើយចាប់យកបាន រួចហាសែលតម្រង់ព្រះភ័ក្ត្រឆ្ពោះទៅឯក្រុងយេរូសាឡឹមទៀត
18 នោះយ៉ូអាស ជាស្តេចយូដា ទ្រង់យកអស់ទាំងរបស់បរិសុទ្ធ ដែលពួកស្តេចយូដា គឺយ៉ូសាផាត យ៉ូរ៉ាម និងអ័ហាស៊ីយ៉ាជាពួកអយ្យកោទ្រង់បានថ្វាយ និងរបស់ទាំងប៉ុន្មានដែលអង្គទ្រង់បានថ្វាយ ព្រមទាំងមាសទាំងអស់ ដែលនៅក្នុងឃ្លាំងព្រះវិហារនៃព្រះយេហូវ៉ា ហើយក្នុងដំណាក់ស្តេចផង ផ្ញើទៅថ្វាយហាសែលជាស្តេចស៊ីរី ដូច្នេះ ហាសែលក៏ថយចេញពីក្រុងយេរូសាឡឹមទៅ។
19 រីឯដំណើរឯទៀតពីយ៉ូអាស និងការទាំងប៉ុន្មានដែលទ្រង់ធ្វើ នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជាពង្សាវតាររបស់ពួកស្តេចយូដាហើយ
20 ពួកអ្នកបម្រើរបស់យ៉ូអាសក៏លើកគ្នាក្បត់ទ្រង់ ហើយប្រហារសម្លាប់នៅត្រង់ប៉មមីឡូរ តាមផ្លូវដែលចុះទៅឯតំបន់ស៊ីឡា
21 គឺយ៉ូសាការ ជាកូនស៊ីមាត និងយ៉ូសាបាឌ ជាកូនសូមើរជាអ្នកបម្រើ ដែលវាយទ្រង់ ហើយទ្រង់ក៏សុគតទៅ រួចគេបញ្ចុះទ្រង់នៅក្នុងក្រុងដាវីឌ ជាមួយនឹងពួកអយ្យកោទ្រង់ នោះអ័ម៉ាស៊ីយ៉ា ជាព្រះរាជបុត្រាទ្រង់ ក៏ឡើងសោយរាជ្យជំនួសបិតា។
ជំពូក 13
1 នៅឆ្នាំទី២៣ ក្នុងរាជ្យនៃយ៉ូអាស ជាបុត្រអ័ហាស៊ីយ៉ា ស្តេចយូដា នោះយ៉ូអាហាស ជាបុត្រយេហ៊ូវក៏ចាប់តាំងសោយរាជ្យ លើស្រុកអ៊ីស្រាអែល នៅក្រុងសាម៉ារី ហើយបានសោយរាជ្យអស់១៧ឆ្នាំ
2 ទ្រង់ប្រព្រឹត្តអំពើដ៏លាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ា ព្រមទាំងប្រព្រឹត្តតាមអំពើបាបរបស់យេរ៉ូបោមជាកូននេបាត ដែលបាននាំឲ្យពួកអ៊ីស្រាអែលធ្វើបាបតាមនោះដែរ ទ្រង់មិនវៀរបង់លែងធ្វើឡើយ
3 នោះសេចក្ដីក្រោធនៃព្រះយេហូវ៉ាក៏កាត់ឡើងទាស់នឹងពួកអ៊ីស្រាអែល ហើយទ្រង់ប្រគល់គេទៅក្នុងកណ្តាប់ដៃនៃហាសែល ជាស្តេចស៊ីរី និងក្នុងកណ្តាប់ដៃនៃបេន-ហាដាឌ់ ជាបុត្រហាសែលតទៅ
4 តែយ៉ូអាហាសទ្រង់អំពាវនាវដល់ព្រះយេហូវ៉ា ហើយព្រះយេហូវ៉ាទ្រង់ក៏ស្តាប់តាម ដ្បិតទ្រង់បានទតឃើញការដែលស្តេចស៊ីរីសង្កត់សង្កិនដល់ពួកអ៊ីស្រាអែល
5 (រីឯព្រះយេហូវ៉ាទ្រង់ប្រោសប្រទានឲ្យពួកអ៊ីស្រាអែលមានអ្នកជួយសង្គ្រោះម្នាក់ ឲ្យគេបានរួចពីអំណាចសាសន៍ស៊ីរី រួចពួកកូនចៅអ៊ីស្រាអែល គេក៏នៅក្នុងផ្ទះរបស់ខ្លួនដូចដើមវិញ
6 ប៉ុន្តែ គេមិនលែងធ្វើតាមអំពើបាបរបស់ជំនួរវង្សយេរ៉ូបោម ដែលនាំឲ្យពួកអ៊ីស្រាអែលធ្វើបាបនោះទេ គឺគេចេះតែប្រព្រឹត្តតាមអំពើទាំងនោះវិញ ហើយនៅក្នុងក្រុងសាម៉ារីក៏មានអស់ទាំងរូបព្រះនៅឡើយដែរ)
7 ដ្បិតស្តេចស៊ីរីបានទុកឲ្យយ៉ូអាហាស មានពលទ័ពតែប៉ុណ្ណេះ គឺឲ្យមានពលសេះ៥០នាក់ រទេះចម្បាំង១០ និងពលថ្មើរជើង១ម៉ឺននាក់ ពីព្រោះស្តេចស៊ីរីបានរំលាងបំផ្លាញគេអស់ទៅហើយ ទាំងធ្វើឲ្យគេដូចជាលំអងធូលី ដែលនៅទីលានបញ្ជាន់ស្រូវ
8 រីឯដំណើរឯទៀតពីយ៉ូអាហាស ហើយការទាំងប៉ុន្មានដែលទ្រង់ធ្វើ និងអំណាចរបស់ទ្រង់ នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជាពង្សាវតាររបស់ពួកស្តេចអ៊ីស្រាអែលហើយ
9 ចំណែកយ៉ូអាហាស ក៏ផ្ទំលក់ទៅជាមួយនឹងពួកអយ្យកោទ្រង់ គេបញ្ចុះទ្រង់នៅក្នុងក្រុងសាម៉ារី រួចយ៉ូអាស ជាព្រះរាជបុត្រា ក៏ឡើងសោយរាជ្យជំនួសបិតា។
10 នៅឆ្នាំទី៣៧ ក្នុងរាជ្យយ៉ូអាសជាស្តេចយូដា នោះយ៉ូអាស ជាបុត្រយ៉ូអាហាស ក៏ចាប់តាំងសោយរាជ្យឡើង លើស្រុកអ៊ីស្រាអែលនៅក្រុងសាម៉ារី ក៏សោយរាជ្យបាន១៦ឆ្នាំ
11 ទ្រង់ប្រព្រឹត្តអំពើដ៏លាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ាទ្រង់មិនបានវៀរបង់លែងប្រព្រឹត្តតាមអស់ទាំងអំពើបាប របស់យេរ៉ូបោម ជាកូននេបាត ដែលបាននាំឲ្យពួកអ៊ីស្រាអែលធ្វើបាបតាមនោះទេ គឺទ្រង់បានប្រព្រឹត្តតាមអំពើទាំងនោះវិញ
12 រីឯដំណើរឯទៀតពីយ៉ូអាស និងការទាំងប៉ុន្មានដែលទ្រង់ធ្វើ និងអំណាចទ្រង់ដែលបានប្រើ ដើម្បីច្បាំងនឹងអ័ម៉ាស៊ីយ៉ា ស្តេចយូដា នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជាពង្សាវតាររបស់ពួកស្តេចអ៊ីស្រាអែលហើយ
13 យ៉ូអាសក៏ផ្ទំលក់ទៅជាមួយនឹងពួកអយ្យកោទ្រង់ទៅ រួចយេរ៉ូបោមបានសោយរាជ្យឡើងជំនួសទ្រង់ ហើយគេបញ្ចុះសពយ៉ូអាសនៅក្រុងសាម៉ារី ជាមួយនឹងពួកស្តេចអ៊ីស្រាអែល។
14 នៅគ្រានោះ អេលីសេលោកចាប់ឈឺ ដោយជំងឺដែលនាំឲ្យលោកស្លាប់ ហើយយ៉ូអាសជាស្តេចអ៊ីស្រាអែល ទ្រង់យាងចុះទៅសួរលោក ក៏ឈ្ងោកយំនឹងលោក ដោយព្រះបន្ទូលថា ឱលោកឪពុក លោកឪពុកខ្ញុំអើយ នេះគឺជាព្រះរាជរថ និងទ័ពសេះរបស់ពួកអ៊ីស្រាអែលហើយ
15 អេលីសេទូលតបថា សូមយកធ្នូ និងព្រួញមក ទ្រង់ក៏យកធ្នូ និងព្រួញមកឯលោក
16 រួចទូលថា សូមទ្រង់ដំឡើងធ្នូទៅ នោះទ្រង់ក៏ដំឡើង ហើយអេលីសេដាក់ដៃលើព្រះហស្តស្តេច
17 រួចលោកទូលថា សូមបើកបង្អួចខាងកើតទៅ ទ្រង់ក៏បើក អេលីសេទូលថា សូមបាញ់ទៅ ហើយទ្រង់ក៏បាញ់ លោកទូលថា នេះហើយជាព្រួញជ័យនៃព្រះយេហូវ៉ា គឺជាព្រួញជ័យជម្នះដែលឈ្នះពួកសាសន៍ស៊ីរី ដ្បិតទ្រង់នឹងប្រហារពួកស៊ីរីនៅត្រង់អាផែក ទាល់តែគេវិនាសសាបសូន្យទៅ
18 រួចលោកទូលថា សូមចាប់យកព្រួញទាំងនោះទៅ ទ្រង់ក៏ចាប់យក លោកក៏ទូលទៀតថា សូមបាញ់ទៅដីទៅ ទ្រង់ក៏បាញ់អស់គម្រប់៣ដង រួចឈប់
19 នោះអ្នកសំណប់របស់ព្រះក៏ខឹងនឹងស្តេច ហើយទូលថា គួរតែទ្រង់បានបាញ់ដល់ទៅ៥ ឬ៦ដងចុះ នោះទ្រង់នឹងបានវាយពួកស៊ីរី ទាល់តែបានបំផ្លាញគេឲ្យសូន្យបាត់ទៅ តែឥឡូវនេះ ទ្រង់នឹងវាយគេបានត្រឹមតែ៣ដងប៉ុណ្ណោះ។
20 ឯអេលីសេ លោកក៏ស្លាប់ទៅ ហើយគេបញ្ចុះសពលោក រួចដល់ចូលឆ្នាំថ្មី នោះពួកកងនៃសាសន៍ម៉ូអាប់ក៏ទន្រ្ទានចូលមកក្នុងស្រុក
21 ហើយកាលមនុស្សកំពុងតែកប់ខ្មោចរបស់មនុស្សម្នាក់ នោះក៏ឃើញពួកកង១ រួចគេបោះខ្មោចនោះទៅក្នុងផ្នូររបស់អេលីសេ កាលខ្មោចនោះបានប៉ះនឹងឆ្អឹងអេលីសេហើយ ស្រាប់តែរស់ឡើងវិញ រួចក្រោកឈរឡើង។
22 ឯហាសែល ជាស្តេចស្រុកស៊ីរី ទ្រង់ចេះតែសង្កត់សង្កិនពួកអ៊ីស្រាអែល ដរាបដល់អស់ព្រះជន្មយ៉ូអាហាស
23 ប៉ុន្តែ ព្រះយេហូវ៉ាទ្រង់មានព្រះហឫទ័យសប្បុរសដល់គេ ក៏មានសេចក្ដីមេត្តាករុណា ហើយយល់ដល់គេ ដោយព្រោះសេចក្ដីសញ្ញាដែលទ្រង់តាំងនឹងអ័ប្រាហាំ អ៊ីសាក និងយ៉ាកុប ទ្រង់មិនសព្វព្រះហឫទ័យនឹងបំផ្លាញគេទេ ហើយលុះដល់វេលានោះ ទ្រង់ក៏មិនទាន់បោះបង់ចោលគេចេញពីចំពោះទ្រង់នៅឡើយដែរ
24 រួចមកហាសែលជាស្តេចស៊ីរីក៏សុគតទៅ នោះបេន-ហាដាឌ់ ជាព្រះរាជបុត្រាក៏សោយរាជ្យឡើងជំនួសបិតា
25 រួចយ៉ូអាស ជាបុត្រនៃយ៉ូអាហាស ក៏ចាប់យកអស់ទាំងទីក្រុង ដែលហាសែលបានច្បាំងចាប់យកពីកណ្តាប់ព្រះហស្តនៃព្រះបិតា ចេញពីកណ្តាប់ដៃនៃបេន-ហាដាឌ់ ជាបុត្រហាសែល មកវិញ យ៉ូអាសទ្រង់វាយគេអស់៣ដង ហើយក៏បានទីក្រុងទាំងប៉ុន្មាននៃពួកអ៊ីស្រាអែលមកវិញ។
ជំពូក 14
1 នៅឆ្នាំទី២ ក្នុងរាជ្យនៃយ៉ូអាស ជាបុត្រយ៉ូអាហាស ស្តេចអ៊ីស្រាអែល នោះអ័ម៉ាស៊ីយ៉ា ជាបុត្រយ៉ូអាស ស្តេចយូដា ក៏ចាប់តាំងសោយរាជ្យឡើង
2 កាលទ្រង់បានចាប់តាំងសោយរាជ្យឡើង នោះទ្រង់មានព្រះជន្ម២៥ឆ្នាំហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡឹមបាន២៩ឆ្នាំ ព្រះមាតាទ្រង់ព្រះនាមជា យ៉ូអាដាន ជាអ្នកក្រុងយេរូសាឡឹម
3 ទ្រង់បានប្រព្រឹត្តសេចក្ដីដែលត្រឹមត្រូវ នៅព្រះនេត្រព្រះយេហូវ៉ា តែមិនដល់ដាវីឌជាអយ្យកោទ្រង់ទេ ទ្រង់បានប្រព្រឹត្តតាមគ្រប់ទាំងការដែលយ៉ូអាស ជាព្រះបិតាបានធ្វើ
4 ប៉ុន្តែ មិនបានបំបាត់អស់ទាំងទីខ្ពស់ចោលចេញទេ ពួកបណ្តាជននៅតែថ្វាយយញ្ញបូជា ហើយដុតកំញាននៅលើទីខ្ពស់ទាំងនោះនៅឡើយ
5 កាលរាជ្យបានជាប់នៅក្នុងអំណាចទ្រង់ហើយ នោះទ្រង់ក៏សម្លាប់ពួកបម្រើ ដែលបានធ្វើគុតស្តេច ជាព្រះបិតាទ្រង់ទៅ
6 តែឯកូនចៅនៃពួកអ្នកដែលធ្វើគុតស្តេចនោះ ទ្រង់មិនបានសម្លាប់គេទេ តាមសេចក្ដីដែលចែងទុកមក ក្នុងគម្ពីរក្រឹត្យវិន័យរបស់លោកម៉ូសេ ដូចជាព្រះយេហូវ៉ាបានបង្គាប់មកថា «ឪពុកមិនត្រូវទោសដល់ស្លាប់ ដោយព្រោះកូន ហើយកូនក៏មិនត្រូវទោសដល់ស្លាប់ ដោយព្រោះឪពុកដែរ គឺគ្រប់មនុស្សត្រូវស្លាប់ ដោយព្រោះតែអំពើបាបរៀងខ្លួនវិញ»។
7 ទ្រង់ក៏ប្រហារពួកសាសន៍អេដុមអស់១ម៉ឺននាក់ នៅត្រង់ច្រកភ្នំអំបិល ក៏ច្បាំងចាប់យកក្រុងសេឡា រួចដាក់ឈ្មោះទីក្រុងនោះថា យ៉ុកធាល ដរាបដល់សព្វថ្ងៃនេះ
8 ក្រោយនោះមក អ័ម៉ាស៊ីយ៉ាទ្រង់ចាត់សារទៅឯយ៉ូអាស ជាបុត្រយ៉ូអាហាស ដែលជាបុត្រយេហ៊ូវ ស្តេចអ៊ីស្រាអែលទូលថា ចូរចេញមក យើងល្បងលគ្នាមើល
9 តែយ៉ូអាស ជាស្តេចអ៊ីស្រាអែល ទ្រង់ចាត់សារឲ្យទៅឯអ័ម៉ាស៊ីយ៉ា ជាស្តេចយូដាវិញ ទូលថា ដើមបន្លាដែលដុះនៅលើភ្នំល្បាណូន បានចាត់សារទៅឯដើមតាត្រៅនៅលើភ្នំល្បាណូនថា ចូរលើកកូនស្រីឯងមកឲ្យធ្វើជាប្រពន្ធរបស់កូនប្រុសអញ ក៏មានសត្វព្រៃសាហាវ ដែលនៅភ្នំល្បាណូនមកតាមនោះ ជាន់ឈ្លីដើមបន្លានោះទៅ
10 ឯទ្រង់ បានវាយឈ្នះពួកសាសន៍អេដុមពិតមែនហើយ ព្រះទ័យទ្រង់បានតម្កើងទ្រង់ឡើង ចូរអួតពីដំណើរនោះចុះ ហើយនៅឯដំណាក់ទ្រង់ទៅ តើចង់រករឿងដែលនឹងនាំឲ្យមានអន្តរាយ ឲ្យទ្រង់ត្រូវដួល ព្រមទាំងពួកយូដាផងធ្វើអី។
11 ប៉ុន្តែ អ័ម៉ាស៊ីយ៉ា ទ្រង់មិនព្រមស្តាប់តាមទេ ដូច្នេះយ៉ូអាស ជាស្តេចអ៊ីស្រាអែល ទ្រង់ក៏យាងឡើងទៅ រួចទ្រង់ និងអ័ម៉ាស៊ីយ៉ា ជាស្តេចយូដា ក៏ល្បងលគ្នានៅត្រង់ក្រុងបេត-សេមែស ជាទីក្រុងរបស់ពួកយូដា
12 ពួកយូដាក៏ចាញ់ពួកអ៊ីស្រាអែល ហើយរត់ទៅឯទីលំនៅគេរៀងខ្លួនវិញ
13 ឯយ៉ូអាស ជាស្តេចអ៊ីស្រាអែល ទ្រង់ចាប់អ័ម៉ាស៊ីយ៉ា ស្តេចយូដា ជាបុត្រយ៉ូអាស ដែលជាបុត្រអ័ហាស៊ីយ៉ា នៅត្រង់បេត-សេមែស រួចទ្រង់យាងទៅដល់ក្រុងយេរូសាឡឹម រំលំកំផែងទីក្រុងបង់ ចាប់តាំងពីទ្វារអេប្រាអិម រហូតដល់ទ្វារជ្រុងកំផែង អស់៤០០ហត្ថ
14 ទ្រង់ក៏យកមាសប្រាក់ទាំងអស់ និងគ្រប់គ្រឿងប្រដាប់ទាំងប៉ុន្មាន ដែលឃើញមាននៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា ហើយនៅក្នុងព្រះរាជទ្រព្យទាំងប៉ុន្មាន ព្រមទាំងចាប់មនុស្សបញ្ចាំទុក រួចនាំទាំងអស់ត្រឡប់ទៅឯក្រុងសាម៉ារីវិញ។
15 រីឯដំណើរឯទៀតពីយ៉ូអាស ដែលទ្រង់បានធ្វើ និងអំណាចរបស់ទ្រង់ ហើយពីទ្រង់ច្បាំងនឹងអ័ម៉ាស៊ីយ៉ា ជាស្តេចស្រុកយូដាយ៉ាងណា នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជាពង្សាវតាររបស់ពួកស្តេចអ៊ីស្រាអែលហើយ
16 យ៉ូអាសក៏ផ្ទំលក់ទៅជាមួយនឹងពួកអយ្យកោទ្រង់ ហើយគេបញ្ចុះទ្រង់ នៅក្រុងសាម៉ារី ជាមួយនឹងពួកស្តេចអ៊ីស្រាអែលទៅ រួចយេរ៉ូបោម ជាព្រះរាជបុត្រា ក៏ឡើងសោយរាជ្យជំនួសបិតា។
17 ក្រោយដែលយ៉ូអាស ជាបុត្រយ៉ូអាហាស ស្តេចអ៊ីស្រាអែល បានសុគតទៅ នោះអ័ម៉ាស៊ីយ៉ា ជាបុត្រយ៉ូអាស ស្តេចយូដា ទ្រង់មានព្រះជន្មរស់នៅបាន១៥ឆ្នាំទៀត
18 រីឯដំណើរឯទៀតពីអ័ម៉ាស៊ីយ៉ា នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជាពង្សាវតាររបស់ពួកស្តេចយូដាហើយ
19 មានគេគិតក្បត់នឹងទ្រង់ នៅក្រុងយេរូសាឡឹម ហើយទ្រង់រត់ទៅឯក្រុងឡាគីស តែគេចាត់មនុស្សឲ្យទៅឯក្រុងឡាគីសតាមទ្រង់ ក៏ធ្វើគុតនៅទីនោះ
20 គេដាក់សពទ្រង់លើសេះ នាំមកបញ្ចុះនៅក្រុងដាវីឌជាមួយនឹងពួកអយ្យកោទ្រង់វិញ គឺនៅក្រុងយេរូសាឡឹម
21 នោះពួកបណ្តាជនទាំងឡាយ គេក៏លើកអ័សារា ដែលទ្រង់មានព្រះជន្ម១៦ឆ្នាំ តាំងឡើង ឲ្យធ្វើជាស្តេច ជំនួសអ័ម៉ាស៊ីយ៉ា បិតាទ្រង់
22 គឺស្តេចនេះហើយ ដែលសង់ក្រុងអេឡាតឡើង ហើយបានបង្វិលមកខាងយូដាវិញ ក្រោយមក ស្តេចក៏ផ្ទំលក់ទៅជាមួយនឹងពួកអយ្យកោទ្រង់ទៅ។
23 នៅឆ្នាំទី១៥ ក្នុងរាជ្យអ័ម៉ាស៊ីយ៉ា ជាបុត្រយ៉ូអាសស្តេចយូដា នោះយេរ៉ូបោម ជាបុត្រាយ៉ូអាស ស្តេចអ៊ីស្រាអែល ក៏ចាប់តាំងសោយរាជ្យឡើង នៅក្រុងសាម៉ារី ក៏សោយរាជ្យបាន៤១ឆ្នាំ
24 ទ្រង់បានប្រព្រឹត្តអំពើដ៏លាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ាទ្រង់មិនបានលះបង់លែងប្រព្រឹត្តតាមអស់ទាំងអំពើបាបរបស់យេរ៉ូបោម ជាកូននេបាត ដែលបាននាំឲ្យពួកអ៊ីស្រាអែលធ្វើបាបតាមនោះទេ
25 តែទ្រង់បានតាំងព្រំស្រុកអ៊ីស្រាអែលឡើងវិញ ចាប់តាំងពីទ្វារចូលស្រុកហាម៉ាត រហូតដល់សមុទ្រនៅស្រុកវាល តាមព្រះបន្ទូលដែលព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល បានមានព្រះបន្ទូលដោយសារហោរាយ៉ូណាស ជាកូនអ័មីថាយ ជាអ្នកបម្រើទ្រង់ ដែលនៅកាថ-ហេភើរ
26 ដ្បិតព្រះយេហូវ៉ាទ្រង់ទតឃើញសេចក្ដីវេទនារបស់ពួកអ៊ីស្រាអែល ថាជាជូរចត់ណាស់ ដ្បិតគ្មានអ្នកណាបិទបាំងទុក ឬអ្នកណាដែលឥតចំណងឡើយ ក៏គ្មានអ្នកណាសម្រាប់ជួយសង្គ្រោះដល់ពួកសាសន៍អ៊ីស្រាអែលដែរ
27 ឯព្រះយេហូវ៉ាទ្រង់មិនបានថា ទ្រង់នឹងលុបឈ្មោះពួកអ៊ីស្រាអែលចេញពីក្រោមមេឃនោះទេ បានជាទ្រង់ជួយសង្គ្រោះគេ ដោយសារព្រះហស្តយេរ៉ូបោម ជាបុត្រយ៉ូអាសវិញ។
28 រីឯដំណើរឯទៀតពីយេរ៉ូបោម និងការដែលទ្រង់ធ្វើទាំងប៉ុន្មាន ហើយពីអំណាចទ្រង់ ដែលទ្រង់បានច្បាំង ព្រមទាំងការដែលចាប់យកក្រុងដាម៉ាស និងក្រុងហាម៉ាត ជាទីក្រុងនៃពួកយូដា មកខាងពួកអ៊ីស្រាអែលវិញជាយ៉ាងណា នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជាពង្សាវតាររបស់ពួកស្តេចអ៊ីស្រាអែលហើយ
29 យេរ៉ូបោមក៏ផ្ទំលក់ទៅជាមួយនឹងពួកអយ្យកោ គឺជាពួកស្តេចអ៊ីស្រាអែលទាំងប៉ុន្មានទៅ រួចសាការី ជាព្រះរាជបុត្រា ក៏ឡើងសោយរាជ្យជំនួសបិតា។
ជំពូក 15
1 នៅឆ្នាំទី២៧ ក្នុងរាជ្យយេរ៉ូបោម ស្តេចអ៊ីស្រាអែល នោះអ័សារា ជាបុត្រអ័ម៉ាស៊ីយ៉ា ស្តេចយូដា ក៏ចាប់តាំងសោយរាជ្យឡើង
2 កាលទ្រង់ចាប់តាំងសោយរាជ្យឡើង នោះទ្រង់មានព្រះជន្ម១៦ឆ្នាំហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡឹមបាន៥២ឆ្នាំ ព្រះមាតាទ្រង់ព្រះនាមជាយេកូលា ជាអ្នកក្រុងយេរូសាឡឹម
3 ទ្រង់បានប្រព្រឹត្តអំពើដ៏ត្រឹមត្រូវ នៅព្រះនេត្រព្រះយេហូវ៉ា តាមគ្រប់ទាំងសេចក្ដីដែលអ័ម៉ាស៊ីយ៉ា ជាបិតាទ្រង់ បានធ្វើដែរ
4 ប៉ុន្តែ មិនបានបំបាត់អស់ទាំងទីខ្ពស់ចោលចេញទេ ពួកបណ្តាជននៅតែថ្វាយយញ្ញបូជា ហើយដុតកំញាននៅលើទីខ្ពស់ទាំងនោះនៅឡើយ
5 ព្រះយេហូវ៉ាទ្រង់បានធ្វើឲ្យស្តេចកើតរោគឃ្លង់ ដរាបដល់អស់ព្រះជន្ម ហើយទ្រង់ត្រូវគង់នៅដំណាក់១ដោយខ្លួន ឯយ៉ូថាម ជាព្រះរាជបុត្រា ក៏ត្រួតត្រាការទាំងអស់ក្នុងព្រះរាជវាំង ព្រមទាំងគ្រប់គ្រងលើបណ្តាជននៅស្រុកនោះផង
6 រីឯដំណើរឯទៀតពីអ័សារា និងការទាំងប៉ុន្មានដែលទ្រង់ធ្វើ នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជាពង្សាវតារនៃពួកស្តេចយូដាហើយ
7 អ័សារាក៏ផ្ទំលក់ទៅជាមួយនឹងពួកអយ្យកោទ្រង់ ហើយគេបញ្ចុះទ្រង់នៅក្រុងដាវីឌ ជាមួយនឹងពួកអយ្យកោទ្រង់ រួចយ៉ូថាមជាព្រះរាជបុត្រា ក៏ឡើងសោយរាជ្យជំនួសបិតា។
8 នៅឆ្នាំទី៣៨ ក្នុងរាជ្យអ័សារា ជាស្តេចយូដា នោះសាការី ជាបុត្រយេរ៉ូបោម ចាប់តាំងសោយរាជ្យឡើង លើស្រុកអ៊ីស្រាអែលនៅក្រុងសាម៉ារី ក៏សោយរាជ្យបាន៦ខែ
9 ទ្រង់ប្រព្រឹត្តអំពើដ៏លាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ា ដូចជាពួកអយ្យកោទ្រង់បានធ្វើដែរ ទ្រង់មិនបានលះបង់លែងតាមអំពើបាបរបស់យេរ៉ូបោម ជាកូនរបស់នេបាត ដែលបាននាំឲ្យពួកអ៊ីស្រាអែលធ្វើបាបតាមនោះទេ
10 គ្រានោះ សាលូម ជាកូនយ៉ាបេស បានក្បត់ ហើយធ្វើគត់ទ្រង់នៅចំពោះប្រជាជនទាំងឡាយ រួចឡើងសោយរាជ្យជំនួសទ្រង់
11 រីឯដំណើរឯទៀតពីសាការី នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជាពង្សាវតាររបស់ពួកស្តេចអ៊ីស្រាអែលហើយ
12 នេះហើយជាសេចក្ដីដែលព្រះយេហូវ៉ាទ្រង់បានមានព្រះបន្ទូលនឹងយេហ៊ូវថា គឺពួកកូនចៅឯងនឹងបានសោយរាជ្យលើពួកអ៊ីស្រាអែល ដរាបដល់៤តំណ ការនោះក៏កើតមកដូច្នោះមែន។
13 ឯសាលូម ជាកូនយ៉ាបេស ទ្រង់ចាប់តាំងសោយរាជ្យ នៅឆ្នាំទី៣៩ ក្នុងរាជ្យអ័សារា ជាស្តេចយូដា ក៏សោយរាជ្យនៅក្រុងសាម៉ារីបាន១ខែ
14 រួចមណាហិមជាកូនកាឌី ក៏ចេញពីក្រុងធើសា ឡើងទៅឯក្រុងសាម៉ារី សម្លាប់សាលូម ជាកូនយ៉ាបេសបង់ នៅក្រុងសាម៉ារីទៅ ហើយឡើងសោយរាជ្យជំនួសទ្រង់
15 រីឯដំណើរឯទៀតពីសាលូម និងការក្បត់ដែលទ្រង់បង្កើត នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជាពង្សាវតាររបស់ពួកស្តេចអ៊ីស្រាអែលហើយ
16 គ្រានោះ មណាហិមទ្រង់វាយក្រុងធីពសា និងមនុស្សទាំងអស់ដែលនៅក្នុងក្រុងនោះ ព្រមទាំងស្រុកនៅជុំវិញ ចាប់តាំងពីធើសាទៅ ពីព្រោះគេមិនបានបើកទ្វារក្រុងទទួលទ្រង់ទេ បានជាទ្រង់ប្រហារជីវិតគេ ហើយវះពោះពួកស្រីៗដែលមានទំងន់ទាំងប៉ុន្មានផង។
17 នៅឆ្នាំទី៣៩ ក្នុងរាជ្យអ័សារា ជាស្តេចយូដា នោះមណាហិម ជាកូនកាឌី ចាប់តាំងសោយរាជ្យលើពួកអ៊ីស្រាអែល ក៏សោយរាជ្យនៅក្រុងសាម៉ារីបាន១០ឆ្នាំ
18 ទ្រង់ប្រព្រឹត្តអំពើដ៏លាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ា គឺដរាបដល់អស់ព្រះជន្មទ្រង់ នោះទ្រង់មិនបានវៀរបង់លែងតាមអំពើបាបដែលយេរ៉ូបោម ជាកូននេបាតបានធ្វើ ទាំងនាំឲ្យពួកអ៊ីស្រាអែលធ្វើតាមនោះឡើយ
19 នៅគ្រានោះ ពូល ជាស្តេចស្រុកអាសស៊ើរ ក៏ទន្ទ្រានចូលក្នុងស្រុក ហើយមណាហិម ទ្រង់ថ្វាយប្រាក់១ពាន់ហាបដល់ពូល ឲ្យបានពួតដៃជួយឲ្យរាជ្យបានខ្ជាប់ខ្ជួននៅក្នុងអំណាចខ្លួន
20 ឯមណាហិម ទ្រង់ទារប្រាក់នោះពីពួកសាសន៍អ៊ីស្រាអែលវិញ គឺពីពួកអ្នកមាន ក្នុងម្នាក់ៗ៥០រៀល សម្រាប់នឹងថ្វាយដល់ស្តេចស្រុកអាសស៊ើរ ដូច្នេះ ស្តេចអាសស៊ើរ ទ្រង់ក៏ថយចេញទៅវិញ មិនបាននៅជាប់ក្នុងស្រុកនោះទេ
21 រីឯដំណើរឯទៀតពីមណាហិម និងការទាំងប៉ុន្មានដែលទ្រង់ធ្វើ នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជាពង្សាវតាររបស់ពួកស្តេចអ៊ីស្រាអែលហើយ
22 មណាហិមក៏ផ្ទំលក់ទៅជាមួយនឹងពួកអយ្យកោទ្រង់ទៅ រួចពេកាហ៊ា ជាព្រះរាជបុត្រា ក៏ឡើងសោយរាជ្យជំនួសបិតា។
23 នៅឆ្នាំទី៥០ ក្នុងរាជ្យអ័សារា ស្តេចយូដា នោះពេកាហ៊ា ជាបុត្រមណាហិម ក៏ចាប់តាំងសោយរាជ្យឡើង លើស្រុកអ៊ីស្រាអែល នៅក្រុងសាម៉ារី ក៏សោយរាជ្យបាន២ឆ្នាំ
24 ទ្រង់ប្រព្រឹត្តអំពើដ៏លាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ាទ្រង់មិនបានវៀរបង់លែង តាមអំពើបាបរបស់យេរ៉ូបោម ជាកូននេបាត ដែលបាននាំឲ្យពួកអ៊ីស្រាអែលធ្វើបាបតាមនោះទេ
25 ឯពេកា កូនរេម៉ាលា ជាមេទ័ពរបស់ទ្រង់ និងអើកុប ហើយអើរីយេ ក៏ក្បត់ធ្វើគុតទ្រង់ នៅឯដំណាក់ក្នុងព្រះរាជវាំង នៅក្រុងសាម៉ារីទៅ ក៏មានពួកកាឡាត៥០នាក់ នៅជាមួយនឹងលោកដែរ លោកបានប្រហារជីវិតស្តេច ហើយឡើងសោយរាជ្យជំនួសទ្រង់
26 រីឯដំណើរឯទៀតពីពេកាហ៊ា និងការទាំងប៉ុន្មានដែលទ្រង់ធ្វើ នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជាពង្សាវតាររបស់ពួកស្តេចអ៊ីស្រាអែលហើយ។
27 នៅឆ្នាំទី៥២ ក្នុងរាជ្យអ័សារា ស្តេចយូដា នោះពេកា ជាកូនរេម៉ាលា ក៏ចាប់តាំងសោយរាជ្យលើពួកអ៊ីស្រាអែល នៅក្រុងសាម៉ារី ហើយទ្រង់សោយរាជ្យបាន២០ឆ្នាំ
28 ទ្រង់ប្រព្រឹត្តអំពើដ៏លាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ាទ្រង់មិនបានវៀរបង់ លែងតាមអំពើបាបរបស់យេរ៉ូបោម ជាកូននេបាត ដែលនាំឲ្យពួកអ៊ីស្រាអែលធ្វើបាបតាមនោះទេ។
29 នៅក្នុងរាជ្យពេកា ជាស្តេចអ៊ីស្រាអែល នោះទីកឡាត-ពីលេស៊ើរ ជាស្តេចស្រុកអាសស៊ើរ ក៏មកចាប់យកក្រុងអ៊ីយ៉ូន ក្រុងអេបិល-បេត-ម្អាកា ក្រុងយ៉ាណូហា ក្រុងកេដេស ក្រុងហាសោរ និងស្រុកកាឡាត ហើយស្រុកកាលីឡេ ព្រមទាំងស្រុកណែបថាលីទាំងមូល ក៏ដឹកនាំពួកអ្នកស្រុកទាំងនោះ ទៅជាឈ្លើយដល់ស្រុកអាសស៊ើរ
30 នោះហូស៊ា ជាកូនអេឡា បង្កើតការកម្បត់នឹងពេកា ជាកូនរេម៉ាលា ក៏ធ្វើគុតទ្រង់ទៅ ហើយឡើងសោយរាជ្យជំនួស ក្នុងឆ្នាំទី២០នៃរាជ្យយ៉ូថាម ជាបុត្រអ័សារា
31 រីឯដំណើរឯទៀតពីពេកា និងការទាំងប៉ុន្មានដែលទ្រង់ធ្វើ នោះសុទ្ធតែបានកត់ក្នុងសៀវភៅ ជាពង្សាវតាររបស់ពួកស្តេចអ៊ីស្រាអែលហើយ។
32 នៅឆ្នាំទី២ ក្នុងរាជ្យពេកា ជាកូនរេម៉ាលា ស្តេចអ៊ីស្រាអែល នោះយ៉ូថាម ជាបុត្រអ័សារា ស្តេចយូដា ក៏ចាប់តាំងសោយរាជ្យឡើង
33 កាលទ្រង់ឡើងសោយរាជ្យ នោះទ្រង់មានព្រះជន្ម២៥ឆ្នាំហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡឹមបាន១៦ឆ្នាំ ព្រះមាតាទ្រង់ព្រះនាមជា យេរូសា បុត្រីសាដុក
34 ទ្រង់ប្រព្រឹត្តអំពើដ៏ត្រឹមត្រូវនៅព្រះនេត្រព្រះយេហូវ៉ា គឺទ្រង់ប្រព្រឹត្តតាមគ្រប់ទាំងសេចក្ដីដែលអ័សារា ជាបិតាទ្រង់បានធ្វើ
35 ប៉ុន្តែ មិនបានបំបាត់អស់ទាំងទីខ្ពស់ចោលចេញទេ ពួកបណ្តាជនគេនៅតែថ្វាយយញ្ញបូជា ហើយដុតកំញាននៅលើទីខ្ពស់ទាំងនោះនៅឡើយ គឺស្តេចនេះហើយ ដែលធ្វើទ្វារកំផែងខាងលើរបស់ព្រះវិហារនៃព្រះយេហូវ៉ា
36 រីឯដំណើរឯទៀតពីយ៉ូថាម និងការទាំងប៉ុន្មានដែលទ្រង់ធ្វើ នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជាពង្សាវតាររបស់ពួកស្តេចយូដាហើយ។
37 នៅគ្រានោះ ព្រះយេហូវ៉ាទ្រង់ចាប់តាំងចាត់រេស៊ីន ជាស្តេចស៊ីរី និងពេកា ជាកូនរេម៉ាលា ឲ្យទៅទាស់នឹងពួកយូដា
38 យ៉ូថាមក៏ផ្ទំលក់ទៅជាមួយនឹងពួកអយ្យកោទ្រង់ទៅ ហើយគេបញ្ចុះទ្រង់ជាមួយនឹងពួកអយ្យកោ នៅក្នុងក្រុងដាវីឌ ជាអយ្យកោ រួចអ័ហាស ជាព្រះរាជបុត្រា ក៏សោយរាជ្យឡើងជំនួសបិតា។
ជំពូក 16
1 នៅឆ្នាំទី១៧ ក្នុងរាជ្យពេកា ជាកូនរេម៉ាលា នោះអ័ហាស ជាបុត្រយ៉ូថាម ស្តេចយូដា ក៏ចាប់តាំងសោយរាជ្យឡើង
2 កាលអ័ហាសសោយរាជ្យឡើង នោះទ្រង់មានព្រះជន្ម២០ឆ្នាំហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡឹមបាន១៦ឆ្នាំ ទ្រង់មិនបានប្រព្រឹត្តអំពើដ៏ត្រឹមត្រូវនៅព្រះនេត្រព្រះយេហូវ៉ាជាព្រះនៃទ្រង់ ដូចជាដាវីឌ ជាអយ្យកោទ្រង់ទេ
3 គឺទ្រង់ប្រព្រឹត្តតាមផ្លូវរបស់ពួកស្តេចអ៊ីស្រាអែលវិញ ព្រមទាំងធ្វើឲ្យព្រះរាជបុត្រាទ្រង់ឆ្លងកាត់ភ្លើងផង តាមទម្លាប់គួរស្អប់ខ្ពើមរបស់សាសន៍ដទៃ ដែលព្រះយេហូវ៉ាទ្រង់បានបណ្តេញពីមុខពួកកូនចៅអ៊ីស្រាអែលចេញ
4 ទ្រង់ក៏ថ្វាយយញ្ញបូជា ហើយដុតកំញាននៅលើអស់ទាំងទីខ្ពស់ ហើយនៅលើភ្នំ និងនៅក្រោមដើមឈើខ្ចីទាំងប៉ុន្មានដែរ
5 នៅគ្រានោះ រេស៊ីន ជាស្តេចស៊ីរី និងពេកា ជាកូនរេម៉ាលា ស្តេចអ៊ីស្រាអែល បានឡើងមកច្បាំងនឹងអ័ហាស ក៏ឡោមព័ទ្ធក្រុងយេរូសាឡឹម តែពុំអាចនឹងឈ្នះទ្រង់បានទេ
6 នៅវេលានោះ រេស៊ីន ជាស្តេចស៊ីរី ទ្រង់ចាប់យកក្រុងអេឡាត បង្វិលឲ្យទៅខាងពួកស៊ីរីវិញ ហើយបណ្តេញពួកសាសន៍យូដាពីក្រុងអេឡាតចេញ រួចពួកសាសន៍ស៊ីរី គេមកតាំងទីលំនៅៗក្រុងនោះ ដរាបដល់សព្វថ្ងៃនេះ។
7 ដូច្នេះ អ័ហាសទ្រង់ចាត់សារឲ្យទៅឯទីកាឡាត-ពីលេស៊ើរ ជាស្តេចស្រុកអាសស៊ើរថា ទូលបង្គំនេះជាអ្នកបម្រើ ហើយជាបុត្ររបស់ទ្រង់ ហេតុនេះ សូមទ្រង់ឡើងមកជួយទូលបង្គំ ឲ្យរួចពីកណ្តាប់ដៃនៃស្តេចស៊ីរី និងស្តេចអ៊ីស្រាអែល ដែលគេបានលើកគ្នាមកទាស់នឹងទូលបង្គំផង
8 អ័ហាសក៏យកមាសនឹងប្រាក់ ដែលឃើញមាននៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា ហើយនៅក្នុងឃ្លាំងព្រះរាជទ្រព្យផ្ញើទៅថ្វាយជាតង្វាយ ដល់ស្តេចស្រុកអាសស៊ើរ
9 ឯស្តេចអាសស៊ើរក៏ស្តាប់តាម រួចទ្រង់ឡើងទៅទាស់នឹងក្រុងដាម៉ាស ទ្រង់ច្បាំងចាប់យកបាន ហើយដឹកនាំពួកអ្នកក្រុងនោះ ទៅជាឈ្លើយដល់ស្រុកគារ ព្រមទាំងធ្វើគុតរេស៊ីនផង។
10 រួចមក ស្តេចអ័ហាសទ្រង់យាងទៅឯក្រុងដាម៉ាស ដើម្បីជួបនឹងទីកឡាត-ពីលេស៊ើរ ជាស្តេចស្រុកអាសស៊ើរ អ័ហាសទ្រង់ឃើញអាសនៈ១ ដែលនៅក្រុងដាម៉ាសនោះ រួចទ្រង់ផ្ញើគំរូ និងទ្រង់ទ្រាយនៃអាសនៈនោះ តាមរបៀបរចនាគ្រប់យ៉ាងទៅអ៊ូរីយ៉ាដ៏ជាសង្ឃ
11 រួចអ៊ូរីយ៉ាដ៏ជាសង្ឃក៏ស្អាងអាសនៈ១ តាមគំរូដែលស្តេចអ័ហាសបានផ្ញើមកពីក្រុងដាម៉ាសនោះគ្រប់Chapter អ៊ូរីយ៉ាក៏ធ្វើឲ្យទាន់ស្តេចអ័ហាសយាងត្រឡប់មកពីក្រុងដាម៉ាសវិញ
12 កាលស្តេចបានយាងមកពីក្រុងដាម៉ាសវិញហើយ ទ្រង់ក៏ឃើញ ហើយទ្រង់យាងទៅឯអាសនៈនោះ ដើម្បីនឹងថ្វាយតង្វាយ
13 ទ្រង់ក៏ដុតតង្វាយដុត និងតង្វាយម្សៅ នៅលើអាសនៈនោះ ព្រមទាំងច្រួចតង្វាយច្រួច ហើយប្រោះឈាមនៃតង្វាយមេត្រីផង
14 ឯអាសនៈលង្ហិនដែលនៅចំពោះព្រះយេហូវ៉ា នោះទ្រង់ក៏យកចេញពីល្វែងមុខនៃព្រះវិហារ គឺពីកណ្តាលអាសនៈទ្រង់ ហើយនិងទីបរិសុទ្ធបំផុត ទៅដាក់នៅទិសខាងជើងនៃអាសនៈរបស់ទ្រង់វិញ
15 ស្តេចអ័ហាសក៏បង្គាប់ដល់អ៊ូរីយ៉ាដ៏ជាសង្ឃថា ត្រូវដុតតង្វាយដុតពេលព្រឹក និងតង្វាយម្សៅពេលល្ងាច ព្រមទាំងតង្វាយដុតរបស់ស្តេច និងតង្វាយម្សៅទ្រង់ ហើយទាំងតង្វាយដុត តង្វាយម្សៅ និងតង្វាយច្រួចរបស់ពួកជនទាំងឡាយ នៅលើអាសនៈធំនោះ ក៏ត្រូវប្រោះឈាមតង្វាយដុត និងឈាមនៃយញ្ញបូជានៅលើនោះដែរ តែអាសនៈលង្ហិននោះ ត្រូវទុកសម្រាប់ឲ្យយើងទូលសួរដល់ព្រះ
16 អ៊ូរីយ៉ាជាសង្ឃក៏ធ្វើដូច្នោះ តាមគ្រប់ទាំងបង្គាប់របស់ស្តេចអ័ហាស។
17 ស្តេចអ័ហាសទ្រង់កាត់បន្ទះលង្ហិន ចេញពីគ្រោងជើងនៃចានក្លាំ ក៏យកចានក្លាំពីលើជើងទាំងនោះចេញ ហើយយកសមុទ្រពីលើរូបគោលង្ហិន ដែលទ្រពីក្រោម ទៅដាក់លើកម្រាលថ្មវិញ
18 ឯបាំងសាចដែលគេបានធ្វើនៅឯព្រះវិហារ សម្រាប់ថ្ងៃឈប់សម្រាក និងទ្វារនៃស្តេចខាងក្រៅ នោះទ្រង់ក៏រើចេញ ដោយព្រោះស្តេចស្រុកអាសស៊ើរ
19 រីឯដំណើរឯទៀតពីអ័ហាស ជាការដែលទ្រង់បានធ្វើ នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជាពង្សាវតាររបស់ពួកស្តេចយូដាហើយ
20 អ័ហាសក៏ផ្ទំលក់ទៅជាមួយនឹងពួកអយ្យកោទ្រង់ទៅ ហើយគេបញ្ចុះទ្រង់នៅក្នុងក្រុងដាវីឌ ជាមួយនឹងពួកអយ្យកោ រួចហេសេគា ជាព្រះរាជបុត្រា ក៏ឡើងសោយរាជ្យជំនួសបិតា។
ជំពូក 17
1 នៅឆ្នាំទី១២ ក្នុងរាជ្យស្តេចអ័ហាស ជាស្តេចយូដា នោះហូស៊ា ជាកូនអេឡា ក៏ចាប់តាំងសោយរាជ្យឡើង លើស្រុកអ៊ីស្រាអែល នៅក្រុងសាម៉ារី ក៏សោយរាជ្យបាន៩ឆ្នាំ
2 ទ្រង់ប្រព្រឹត្តអំពើដ៏លាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ា តែមិនបានដល់ពួកស្តេចអ៊ីស្រាអែល ដែលនៅមុនទ្រង់នោះទេ
3 សាលម៉ានេស៊ើរ ជាស្តេចស្រុកអាសស៊ើរ បានឡើងមកទាស់នឹងហូស៊ានេះ ហើយទ្រង់ក៏ចុះចូល ព្រមទាំងបង់សួយអាករថ្វាយផង
4 តែស្តេចអាសស៊ើរទ្រង់បានជ្រាបថា ហូស៊ាគិតក្បត់ហើយ ដ្បិតហូស៊ាបានចាត់សារទៅឯសូរ ជាស្តេចស្រុកអេស៊ីព្ទ ហើយលែងបង់សួយអាករថ្វាយទ្រង់ ដូចជារាល់ឆ្នាំទៀត ហេតុនោះបានជាស្តេចអាសស៊ើរក៏ចាប់ចងទ្រង់ឃុំទុកក្នុងគុក
5 រួចមកស្តេចអាសស៊ើរទ្រង់យាងមកសព្វគ្រប់ក្នុងស្រុក ក៏ឡើងទៅឡោមព័ទ្ធច្បាំងនឹងក្រុងសាម៉ារីអស់៣ឆ្នាំ
6 នៅឆ្នាំទី៩ ក្នុងរាជ្យហូស៊ា នោះស្តេចអាសស៊ើរក៏វាយយកក្រុងសាម៉ារីបាន ហើយទ្រង់ដឹកនាំពួកអ៊ីស្រាអែលទៅឯស្រុកអាសស៊ើរ ដាក់ឲ្យនៅត្រង់ក្រុងហាឡានៅមាត់ទន្លេហាបោ ជាទន្លេរបស់ស្រុកកូសាន ហើយនៅក្នុងទីក្រុងរបស់សាសន៍មេឌីទាំងប៉ុន្មានដែរ។
7 ការនោះកើតមក ដោយព្រោះតែពួកកូនចៅអ៊ីស្រាអែលបានធ្វើបាបនឹងព្រះយេហូវ៉ាជាព្រះនៃគេ ដែលទ្រង់បាននាំគេឡើងចេញពីស្រុកអេស៊ីព្ទ ឲ្យរួចពីកណ្តាប់ដៃនៃផារ៉ោន ជាស្តេចស្រុកអេស៊ីព្ទមក ហើយដោយព្រោះគេបានកោតខ្លាចដល់ព្រះដទៃ
8 ព្រមទាំងប្រព្រឹត្តតាមអស់ទាំងទំនៀមទម្លាប់នៃពួកសាសន៍ដទៃ ដែលព្រះយេហូវ៉ាបានបណ្តេញពីមុខពួកកូនចៅអ៊ីស្រាអែលចេញ និងតាមច្បាប់ដែលពួកស្តេចអ៊ីស្រាអែលបានតាំងដែរ
9 ពួកកូនចៅអ៊ីស្រាអែលបានប្រព្រឹត្តអំពើដែលមិនត្រឹមត្រូវ ដោយលួចលាក់ ទាស់នឹងព្រះយេហូវ៉ាជាព្រះនៃគេ ក៏ធ្វើទីខ្ពស់សម្រាប់ខ្លួន នៅគ្រប់ទាំងទីក្រុង ចាប់តាំងពីភូមិដែលមានតែប៉មចាំយាម រហូតដល់ទីក្រុងមានកំផែង
10 គេបានធ្វើបង្គោលសម្រាប់គោរព និងរូបព្រះ នៅលើអស់ទាំងទីភ្នំ ហើយនៅក្រោមដើមឈើខ្ចីទាំងប៉ុន្មានផង
11 ឯនៅលើអស់ទាំងទីខ្ពស់នោះ គេក៏ដុតកំញានដូចជាសាសន៍ដទៃ ដែលព្រះយេហូវ៉ាបានបណ្តេញពីមុខគេចេញ គេប្រព្រឹត្តអំពើដ៏លាមកអាក្រក់ ជាការដែលនាំឲ្យព្រះយេហូវ៉ាទ្រង់មានសេចក្ដីក្រោធ
12 គេគោរពប្រតិបត្តិតាមរូបព្រះដែលព្រះយេហូវ៉ាទ្រង់ហាមថា ឯងរាល់គ្នាមិនត្រូវធ្វើយ៉ាងនោះឡើយ
13 ប៉ុន្តែ ព្រះយេហូវ៉ាទ្រង់បានធ្វើបន្ទាល់ ដល់ពួកអ៊ីស្រាអែល និងពួកយូដា ដោយសារគ្រប់ទាំងពួកហោរា និងអ្នកមើលឆុតថា ចូរឲ្យឯងរាល់គ្នាបែរចេញពីផ្លូវអាក្រក់របស់ឯងទៅ ហើយកាន់តាមក្រឹត្យក្រម និងបញ្ញត្តអញទាំងប៉ុន្មាន តាមច្បាប់ទាំងអស់ដែលអញបានបង្គាប់ដល់ពួកអយ្យកោឯង ហើយដែលអញបានផ្ញើមកឯងរាល់គ្នា ដោយសារពួកហោរា ជាពួកអ្នកបម្រើរបស់អញ
14 ប៉ុន្តែ គេមិនព្រមស្តាប់ទេ គឺបានតាំងចិត្តរឹងវិញ ដូចជាពួកអយ្យកោគេ ដែលមិនបានជឿដល់ព្រះយេហូវ៉ាជាព្រះនៃគេដែរ
15 គេបោះបង់ចោលបញ្ញត្តរបស់ទ្រង់ និងសេចក្ដីសញ្ញា ដែលទ្រង់បានតាំងនឹងពួកអយ្យកោគេចេញ ព្រមទាំងសេចក្ដីបន្ទាល់ ដែលទ្រង់បានមានព្រះបន្ទូលនឹងគេផង គេដើរតាមតែសេចក្ដីជាអសារឥតការវិញ ហើយខ្លួនគេក៏ត្រឡប់ជាអសារឥតការដែរ គេប្រព្រឹត្តតាមពួកសាសន៍ដទៃនៅជុំវិញ ដែលព្រះយេហូវ៉ាហាមថា កុំឲ្យត្រាប់តាមអ្នកទាំងនោះឡើយ
16 គេបោះបង់ចោលអស់ទាំងក្រឹត្យក្រមរបស់ព្រះយេហូវ៉ាជាព្រះនៃខ្លួន ក៏សិតធ្វើរូប គឺជារូបកូនគោ២ ហើយធ្វើរូបព្រះ ព្រមទាំងថ្វាយបង្គំដល់អស់ទាំងពលបរិវារនៅលើមេឃ ហើយគោរពប្រតិបត្តិដល់ព្រះបាលផង
17 គេធ្វើឲ្យកូនប្រុសកូនស្រីគេឆ្លងកាត់ភ្លើង ហើយប្រើរបៀនផ្សេងៗ និងការមន្តអាគម ព្រមទាំងលក់ខ្លួនគេទៅ ឲ្យបានប្រព្រឹត្តអំពើដ៏លាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ាជាការដែលនាំឲ្យទ្រង់មានសេចក្ដីក្រោធ
18 ដោយហេតុនោះបានជាព្រះយេហូវ៉ាទ្រង់មានសេចក្ដីក្រេវក្រោធជាខ្លាំង ចំពោះពួកអ៊ីស្រាអែល ក៏រើគេចេញចំពោះព្រះនេត្រទ្រង់ទៅ សល់នៅតែពូជអំបូរយូដាតែ១ប៉ុណ្ណោះ។
19 ឯពួកយូដា គេក៏មិនបានកាន់តាមក្រឹត្យក្រមរបស់ព្រះយេហូវ៉ាជាព្រះនៃគេដែរ គឺគេដើរតាមទំនៀមដែលពួកអ៊ីស្រាអែលធ្លាប់ប្រព្រឹត្តមកវិញ
20 ហេតុនោះបានជាព្រះយេហូវ៉ាទ្រង់បោះបង់ចោលពូជអ៊ីស្រាអែលទាំងអស់ ក៏ធ្វើទុក្ខគេ ហើយប្រគល់គេទៅក្នុងកណ្តាប់ដៃរបស់ពួកអ្នកដែលបំផ្លាញគេ ដរាបដល់ទ្រង់បានបោះគេចោល ពីចំពោះព្រះភ័ក្ត្រទ្រង់ចេញ
21 ទ្រង់បានហែកពួកអ៊ីស្រាអែលផ្តាច់ចេញពីជំនួរវង្សដាវីឌ ក៏លើកយេរ៉ូបោម ជាកូននេបាត តាំងឡើងឲ្យធ្វើជាស្តេចវិញ ឯយេរ៉ូបោមក៏បានញាក់ទាញពួកអ៊ីស្រាអែលចេញពីព្រះយេហូវ៉ា ព្រមទាំងបណ្តាលឲ្យគេធ្វើបាបជាទំងន់
22 ពួកកូនចៅអ៊ីស្រាអែលក៏បានដើរតាមអស់ទាំងអំពើបាប ដែលយេរ៉ូបោមបានប្រព្រឹត្តទាំងនោះ គេមិនបានវៀរបង់លែងប្រព្រឹត្តតាមអំពើទាំងនោះឡើយ
23 ដរាបដល់ព្រះយេហូវ៉ាទ្រង់បណ្តេញគេពីចំពោះព្រះភ័ក្ត្រទ្រង់ចេញ ដូចជាទ្រង់បានមានព្រះបន្ទូលដោយសារអស់ទាំងហោរា ជាអ្នកបម្រើទ្រង់ ដូច្នេះ អ៊ីស្រាអែលក៏ត្រូវគេដឹកនាំចេញពីស្រុករបស់ខ្លួន ទៅនៅឯស្រុកអាសស៊ើរ ដរាបដល់សព្វថ្ងៃនេះ។
24 រួចមកស្តេចអាសស៊ើរ ទ្រង់នាំយកមនុស្សពីក្រុងបាប៊ីឡូន ក្រុងគូថា ក្រុងអាវ៉ា ក្រុងហាម៉ាត និងក្រុងសេផាវែម ទៅដាក់ឲ្យនៅក្នុងអស់ទាំងទីក្រុងស្រុកសាម៉ារី ជំនួសពួកកូនចៅអ៊ីស្រាអែលវិញ អ្នកទាំងនោះបានស្រុកសាម៉ារីជារបស់ផងគេ ហើយក៏អាស្រ័យនៅក្នុងអស់ទាំងទីក្រុងស្រុកនោះ
25 កាលគេចាប់តាំងនៅក្នុងស្រុក គេមិនបានកោតខ្លាចដល់ព្រះយេហូវ៉ាទេ ហេតុនោះ ព្រះយេហូវ៉ាទ្រង់ប្រើសត្វសិង្ហឲ្យទៅនៅកណ្តាលគេ សិង្ហទាំងនោះបានសម្លាប់អ្នកខ្លះបង់
26 ដូច្នេះ គេទូលដល់ស្តេចអាសស៊ើរថា ពួកសាសន៍ទាំងប៉ុន្មាន ដែលទ្រង់បាននាំយកទៅ ទុកឲ្យនៅក្នុងអស់ទាំងទីក្រុងស្រុកសាម៉ារី គេមិនស្គាល់ច្បាប់នៃព្រះរបស់ស្រុកនោះទេ បានជាព្រះទ្រង់ឲ្យសត្វសិង្ហ ទៅនៅកណ្តាលគេ ហើយមើល សត្វទាំងនោះកំពុងតែសម្លាប់គេទៅ ដោយព្រោះគេមិនស្គាល់ច្បាប់នៃព្រះរបស់ស្រុកនោះ។
27 នោះស្តេចអាសស៊ើរទ្រង់បង្គាប់ថា ចូរនាំយកពួកសង្ឃម្នាក់ ដែលបានដឹកនាំចេញមកពីស្រុកនោះ ឲ្យទៅនៅឯណោះវិញចុះ ដើម្បីនឹងបង្រៀនគេពីច្បាប់នៃព្រះរបស់ស្រុកនោះ
28 ដូច្នេះ ពួកសង្ឃម្នាក់ដែលគេបានដឹកនាំចេញពីស្រុកសាម៉ារីមក ក៏វិលទៅនៅឯក្រុងបេត-អែលបង្ហាត់បង្រៀនគេ ពីបែបដែលត្រូវកោតខ្លាចដល់ព្រះយេហូវ៉ា
29 ប៉ុន្តែ គ្រប់ទាំងសាសន៍នោះបានធ្វើព្រះសម្រាប់គេរៀងខ្លួន ដាក់ទុកនៅក្នុងអស់ទាំងវិហារនៅទីខ្ពស់ ដែលពួកសាម៉ារីបានធ្វើ គឺគ្រប់ទាំងសាសន៍នោះ តាមទីក្រុងដែលគេអាស្រ័យនៅ
30 ពួកដែលមកពីក្រុងបាប៊ីឡូន គេធ្វើព្រះសិកូត-បេណូត ពួកក្រុងគូថា គេធ្វើព្រះនើកាល ពួកក្រុងហាម៉ាត គេធ្វើព្រះអ័ស៊ីម៉ា
31 ពួកក្រុងអាវ៉ា គេធ្វើព្រះនីបហាស និងព្រះថើថាក ហើយពួកសេផាវែម គេដុតកូនរបស់គេក្នុងភ្លើង ថ្វាយព្រះអ័ឌរ៉ាម៉ាលេក និងព្រះអ័ណាម៉ាលេក ជាព្រះរបស់ពួកសេផាវែមនោះ
32 យ៉ាងនោះ គេបានកោតខ្លាចដល់ព្រះយេហូវ៉ា ព្រមទាំងតាំងពួកគេខ្លះឡើង ឲ្យធ្វើជាសង្ឃនៃអស់ទាំងទីខ្ពស់ សម្រាប់ខ្លួនគេផង ពួកសង្ឃនោះក៏ថ្វាយយញ្ញបូជារបស់គេ នៅក្នុងអស់ទាំងវិហារនៃទីខ្ពស់ទាំងនោះ
33 គេបានកោតខ្លាចដល់ព្រះយេហូវ៉ាផង ហើយគោរពប្រតិបត្តិតាមព្រះរបស់ខ្លួនផង តាមទម្លាប់របស់សាសន៍ទាំងប៉ុន្មាន នៅស្រុកកំណើតគេរៀងខ្លួន
34 គេនៅតែប្រព្រឹត្តតាមបែបនោះ ដរាបដល់សព្វថ្ងៃនេះ គេមិនមែនកោតខ្លាចដល់ព្រះយេហូវ៉ាជាពិតទេ ហើយមិនមែនប្រព្រឹត្តតាមបញ្ញត្ត តាមវិន័យរបស់ខ្លួនគេដែរ ឬតាមច្បាប់ និងក្រឹត្យក្រម ដែលព្រះយេហូវ៉ាបានបង្គាប់ ដល់ពួកកូនចៅយ៉ាកុប ជាអ្នកដែលទ្រង់ឲ្យឈ្មោះថា អ៊ីស្រាអែល នោះផង
35 ព្រះយេហូវ៉ាទ្រង់បានតាំងសេចក្ដីសញ្ញានឹងពួកកូនចៅយ៉ាកុបនោះ ហើយហាមថា ឯងរាល់គ្នាមិនត្រូវកោតខ្លាចដល់ព្រះដទៃឡើយ ក៏មិនត្រូវក្រាបគោរពដល់ព្រះទាំងនោះ ឬប្រតិបត្តិតាម ឬថ្វាយយញ្ញបូជាដល់វាដែរ
36 គឺត្រូវកោតខ្លាចដល់ព្រះយេហូវ៉ាតែ១ប៉ុណ្ណោះ ដែលទ្រង់បាននាំឯងរាល់គ្នា ឡើងចេញពីស្រុកអេស៊ីព្ទមក ដោយព្រះចេស្តាដ៏ធំ និងព្រះហស្តលើកសម្រេច ហើយត្រូវក្រាបគោរពដល់ទ្រង់ ព្រមទាំងថ្វាយយញ្ញបូជារបស់ឯងដល់ទ្រង់តែ១ព្រះអង្គប៉ុណ្ណោះ
37 ឯអស់ទាំងបញ្ញត្ត និងវិន័យ ហើយច្បាប់ និងក្រឹត្យក្រមទាំងប៉ុន្មាន ដែលទ្រង់បានកត់ទុកឲ្យឯងរាល់គ្នា នោះត្រូវរក្សាទុក ហើយប្រព្រឹត្តតាមជាដរាបតទៅ ឥតកោតខ្លាចដល់ព្រះដទៃឡើយ
38 ក៏មិនត្រូវភ្លេចសេចក្ដីសញ្ញា ដែលអញបានតាំងនឹងឯងរាល់គ្នាដែរ គឺមិនត្រូវឲ្យកោតខ្លាចដល់ព្រះដទៃណាឲ្យសោះ
39 ត្រូវឲ្យកោតខ្លាចដល់ព្រះយេហូវ៉ាជាព្រះនៃឯងវិញ នោះទ្រង់នឹងជួយឲ្យឯងរាល់គ្នារួចពីកណ្តាប់ដៃនៃពួកខ្មាំងសត្រូវទាំងអស់
40 ប៉ុន្តែ គេមិនបានស្តាប់តាមសោះ គឺបានប្រព្រឹត្តតាមតែបែបដើមនោះវិញ
41 យ៉ាងនោះហើយដែលសាសន៍ទាំងនោះបានកោតខ្លាចដល់ព្រះយេហូវ៉ាផង ហើយគោរពប្រតិបត្តិតាមព្រះឆ្លាក់របស់ខ្លួនគេផង ឯកូនចៅរបស់គេ នោះក៏ប្រព្រឹត្តដូចជាឪពុករៀងតមក ដរាបដល់សព្វថ្ងៃនេះដែរ។
ជំពូក 18
1 នៅឆ្នាំទី៣ ក្នុងរាជ្យហូស៊ា ជាបុត្រអេឡា ស្តេចអ៊ីស្រាអែល នោះហេសេគា ជាបុត្រអ័ហាស ស្តេចយូដា ក៏ចាប់តាំងសោយរាជ្យឡើង
2 កាលទ្រង់សោយរាជ្យឡើង នោះទ្រង់មានព្រះជន្ម២៥ឆ្នាំហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡឹមបាន២៩ឆ្នាំ ព្រះមាតាទ្រង់ព្រះនាមជាអ័ប៊ីយ៉ា បុត្រីសាការី
3 ទ្រង់ប្រព្រឹត្តអំពើដ៏ត្រឹមត្រូវនៅព្រះនេត្រព្រះយេហូវ៉ា តាមគ្រប់ទាំងសេចក្ដីដែលដាវីឌ ជាអយ្យកោទ្រង់បានធ្វើដែរ
4 ទ្រង់បំបាត់អស់ទាំងទីខ្ពស់ចេញ ក៏បំបាក់បំបែកបង្គោលដែលសម្រាប់គោរព រំលំរូបព្រះទាំងប៉ុន្មានចោល ហើយបំបែកកម្ទេចពស់លង្ហិនដែលលោកម៉ូសេបានធ្វើផង ពីព្រោះពួកកូនចៅអ៊ីស្រាអែលបានដុតកំញាន ថ្វាយដល់រូបពស់នោះ ដរាបដល់គ្រានោះក៏ឲ្យឈ្មោះថា នេហ៊ូសថាន់
5 ទ្រង់ទុកចិត្តដល់ព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល ដល់ម៉្លេះបានជាក្នុងពួកស្តេចយូដាក្រោយមក នោះគ្មានស្តេចណាឲ្យដូចទ្រង់ឡើយ ហើយមុនទ្រង់គ្មានដែរ
6 ដ្បិតទ្រង់កាន់ខ្ជាប់តាមព្រះយេហូវ៉ា ឥតលះបង់លែងតាមទ្រង់ឡើយ គឺបានកាន់តាមអស់ទាំងក្រឹត្យក្រម ដែលព្រះយេហូវ៉ាបានបង្គាប់ដល់លោកម៉ូសេ
7 ព្រះយេហូវ៉ាក៏គង់ជាមួយនឹងទ្រង់ដែរ ហើយកន្លែងណាដែលទ្រង់យាងទៅ នោះក៏បានកើតការ ទ្រង់បះបោរ លែងចុះចូលនឹងស្តេចស្រុកអាសស៊ើរ
8 ទ្រង់វាយពួកភីលីស្ទីន រហូតដល់ក្រុងកាសា និងខែត្រដែលនៅជុំវិញ ចាប់ជុំវិញតាំងពីភូមិដែលមានតែប៉មចាំយាម រហូតដល់ទីក្រុងមានកំផែង។
9 នៅឆ្នាំទី៤ ក្នុងរាជ្យស្តេចហេសេគា ត្រូវនឹងឆ្នាំទី៧នៃរាជ្យហូស៊ា ជាបុត្រអេឡា ស្តេចអ៊ីស្រាអែល នោះសាលម៉ានេស៊ើរ ជាស្តេចស្រុកអាសស៊ើរ ទ្រង់ឡើងមកឡោមព័ទ្ធច្បាំងនឹងក្រុងសាម៉ារី
10 លុះច្បាំងគ្រប់៣ឆ្នាំហើយ ទើបចាប់យកក្រុងនោះបាន គឺក្នុងឆ្នាំទី៦ នៃរាជ្យហេសេគា ដែលត្រូវនឹងឆ្នាំទី៩នៃរាជ្យហូស៊ា ស្តេចអ៊ីស្រាអែល នោះគេចាប់យកក្រុងសាម៉ារីបាន
11 ស្តេចស្រុកអាសស៊ើរទ្រង់ក៏ដឹកនាំពួកអ៊ីស្រាអែល ទៅឯស្រុកអាសស៊ើរ ដាក់ឲ្យនៅត្រង់ក្រុងហាឡា ដែលនៅមាត់ទន្លេហាបោរ ជាទន្លេរបស់ស្រុកកូសាន ហើយនៅទីក្រុងរបស់សាសន៍មេឌីទាំងប៉ុន្មានដែរ
12 ដោយព្រោះគេមិនព្រមស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ាជាព្រះនៃគេ គឺបានរំលងសេចក្ដីសញ្ញានៃទ្រង់ ជាសេចក្ដីទាំងប៉ុន្មានដែលលោកម៉ូសេ ជាអ្នកបម្រើព្រះយេហូវ៉ា បានបង្គាប់មក គេមិនព្រមស្តាប់ ឬធ្វើតាមសញ្ញានោះឡើយ។
13 ដល់ឆ្នាំទី១៤ ក្នុងរាជ្យស្តេចហេសេគា នោះសានហេរីប ជាស្តេចស្រុកអាសស៊ើរ ក៏ឡើងមកច្បាំងយកបានអស់ទាំងទីក្រុងមានកំផែងនៅស្រុកយូដា
14 ឯហេសេគា ជាស្តេចយូដា ទ្រង់ចាត់សារឲ្យទៅឯស្តេចស្រុកអាសស៊ើរ នៅត្រង់ក្រុងឡាគីសថា ទូលបង្គំបានធ្វើខុសហើយ សូមទ្រង់ថយចេញពីទូលបង្គំទៅ ទូលបង្គំនឹងទទួលរ៉ាប់រងតាមបង្គាប់របស់ទ្រង់ទាំងអស់ ដូច្នេះ ស្តេចអាសស៊ើរក៏បង្គាប់ឲ្យហេសេគា ជាស្តេចស្រុកយូដា បង់ប្រាក់៣០០ហាប និងមាស៣០ហាប
15 ហេសេគាក៏យកប្រាក់ទាំងអស់ ដែលឃើញមានក្នុងព្រះវិហារនៃព្រះយេហូវ៉ា និងក្នុងឃ្លាំងព្រះរាជទ្រព្យទាំងប៉ុន្មាន ទៅថ្វាយដល់ទ្រង់
16 វេលានោះហេសេគាក៏កាត់យកមាសពីទ្វារព្រះវិហារនៃព្រះយេហូវ៉ា និងពីសសរដែលទ្រង់បានស្រោបទៅថ្វាយដល់ស្តេចអាសស៊ើរដែរ។
17 ឯស្តេចអាសស៊ើរទ្រង់ចាត់ថើថាន និងរ៉ាប-សារី ហើយរ៉ាបសាកេ ពីក្រុងឡាគីស នាំទាំងពលទ័ពជាច្រើនឲ្យទៅឯហេសេគា នៅក្រុងយេរូសាឡឹម គេក៏ឡើងទៅ កាលគេមកដល់ក្រុងយេរូសាឡឹមហើយ នោះគេឈរក្បែរប្រឡាយនៃស្រះខាងលើ ដែលនៅតាមផ្លូវវាលនៃជាងប្រមោក
18 កាលបានហៅរកស្តេច នោះអេលាគីម កូនហ៊ីលគីយ៉ា ជាឧកញ៉ាវាំង និងសេបណា ជាស្មៀនហ្លួង ហើយយ៉ូអា កូនអេសាភ ជាអ្នកតែងពង្សាវតារក៏ចេញទៅឯគេ។
19 រ៉ាបសាកេប្រាប់គេថា ចូរទៅប្រាប់ដល់ហេសេគាថា ស្តេចដ៏ជាធំ គឺជាស្តេចស្រុកអាសស៊ើរ ទ្រង់មានព្រះបន្ទូលដូច្នេះ តើទីពឹងណាដែលឯងទុកចិត្តនេះ
20 ឯងនិយាយថា យើងមានគំនិត មានកម្លាំង ដើម្បីនឹងច្បាំងបាន (តែពាក្យឯងជាឥតអំពើសោះ) ចុះតើឯងពឹងដល់អ្នកណា បានជាឯងបះបោរនឹងអញដូច្នេះ
21 មើល ឯងពឹងដល់ស្រុកអេស៊ីព្ទ ជាដើមត្រែងកំបាក់នោះ ទុកជាឈើច្រត់ ដែលបើកាលណាផ្អែកទៅលើ នោះនឹងចាក់ទម្លុះដៃវិញ គឺផារ៉ោន ជាស្តេចស្រុកអេស៊ីព្ទ គេបែបយ៉ាងនោះ ដល់អស់អ្នកណាដែលពឹងដល់គេ
22 តែបើឯងរាល់គ្នានិយាយមកអញថា យើងរាល់គ្នាទុកចិត្តដល់ព្រះយេហូវ៉ាជាព្រះនៃយើងវិញ នោះតើមិនមែនជាព្រះនោះឯង ដែលហេសេគាបានបំបាត់អស់ទាំងទីខ្ពស់ និងអាសនៈនៃទ្រង់ចេញទេឬអី ដោយប្រាប់ដល់ពួកសាសន៍យូដា និងពួកក្រុងយេរូសាឡឹមថា ត្រូវឲ្យឯងរាល់គ្នាថ្វាយបង្គំនៅមុខអាសនៈ១នេះ នៅក្រុងយេរូសាឡឹមវិញ
23 ដូច្នេះ ចូរឯងចុះសន្យានឹងស្តេចអាសស៊ើរ ជាចៅហ្វាយអញឥឡូវចុះ នោះអញនឹងឲ្យសេះ២ពាន់ដល់ឯង បើឯងរកអ្នកជិះបាន
24 បើដូច្នេះ ធ្វើដូចម្តេចឲ្យឯងឈ្នះមេទ័ព១យ៉ាងតូច ក្នុងពួកអ្នកបម្រើរបស់ចៅហ្វាយអញបាន ហើយទុកចិត្តនឹងស្រុកអេស៊ីព្ទ ឲ្យបានរទេះចម្បាំង និងទ័ពសេះទៀត
25 តើអញបានឡើងមក ដើម្បីច្បាំងបំផ្លាញទីនេះ ដោយឥតព្រះយេហូវ៉ាឬអី គឺព្រះយេហូវ៉ាទេតើ ដែលទ្រង់បានមានព្រះបន្ទូលបង្គាប់អញថា ចូរឡើងទៅច្បាំងបំផ្លាញស្រុកនេះចុះ។
26 ឯអេលាគីម ជាកូនហ៊ីលគីយ៉ា និងសេបណា ហើយយ៉ូអាក៏ឆ្លើយតបទៅរ៉ាបសាកេថា សូមលោកមានប្រសាសន៍ជាភាសាអារ៉ាម មកយើងខ្ញុំប្របាទវិញ ដ្បិតយើងខ្ញុំស្តាប់បាន សូមកុំមានប្រសាសន៍ជាភាសារបស់ពួកយូដា ឲ្យពួកបណ្តាជនដែលនៅលើកំផែងស្តាប់ផងនោះឡើយ
27 តែរ៉ាបសាកេតបថា ចុះតើចៅហ្វាយអញបានចាត់អញ ឲ្យមកនិយាយសេចក្ដីទាំងនេះ ចំពោះតែនឹងចៅហ្វាយឯង ហើយនិងខ្លួនឯងប៉ុណ្ណោះឬអី គឺបានចាត់អញ ឲ្យមកនិយាយនឹងមនុស្ស ដែលអង្គុយនៅលើកំផែងវិញទេតើ ដើម្បីឲ្យគេបានស៊ីលាមក ហើយផឹកទឹកនោមរបស់ខ្លួន ជាមួយនឹងឯងដែរ
28 នោះរ៉ាបសាកេក៏ឈរបន្លឺឡើង ជាភាសារបស់ពួកសាសន៍យូដា ប្រាប់ថា ចូរស្តាប់ព្រះបន្ទូលនៃស្តេចដ៏ជាធំឧត្តម គឺស្តេចអាសស៊ើរចុះ
29 ទ្រង់មានព្រះបន្ទូលដូច្នេះថា កុំបណ្តោយឲ្យហេសេគាបញ្ឆោតឯងរាល់គ្នាឡើយ ដ្បិតវាពុំអាចនឹងជួយឯងរាល់គ្នា ឲ្យរួចពីកណ្តាប់ដៃអញបានទេ
30 ក៏កុំឲ្យហេសេគានាំឲ្យឯងរាល់គ្នា ទុកចិត្តដល់ព្រះយេហូវ៉ាដែរ ដោយថា ព្រះយេហូវ៉ាទ្រង់នឹងជួយឲ្យយើងរាល់គ្នា រួចជាមិនខាន ហើយទីក្រុងនេះនឹងមិនត្រូវប្រគល់ទៅ ក្នុងកណ្តាប់ដៃនៃស្តេចអាសស៊ើរនោះឡើយ
31 កុំឲ្យស្តាប់តាមហេសេគាឲ្យសោះ ដ្បិតស្តេចអាសស៊ើរមានព្រះបន្ទូលដូច្នេះថា ចូរចងជាស្ពានមេត្រីនឹងអញ ហើយចេញមកឯអញចុះ នោះគ្រប់គ្នានឹងបានស៊ីផលចម្ការទំពាំងបាយជូរ និងផលដើមល្វា ហើយផឹកទឹកអណ្តូងរបស់ខ្លួនគ្រប់គ្នា
32 ដរាបដល់អញមកនាំយកឯងរាល់គ្នាទៅនៅឯស្រុក១ ដូចជាស្រុករបស់ឯងនេះ ជាស្រុកមានស្រូវ និងទឹកទំពាំងបាយជូរ ហើយនំបុ័ង ព្រមទាំងចម្ការទំពាំងបាយជូរ ចម្ការអូលីវ ហើយនិងទឹកឃ្មុំផង ដើម្បីឲ្យឯងរាល់គ្នាបានរស់នៅឥតស្លាប់ កុំឲ្យឯងរាល់គ្នាស្តាប់តាមហេសេគា ដែលវាបញ្ចុះបញ្ចូលឯងរាល់គ្នាថា ព្រះយេហូវ៉ាទ្រង់នឹងជួយឲ្យរួចនោះឡើយ
33 តើមានព្រះរបស់សាសន៍ដទៃណា ដែលជួយស្រុកគេឲ្យរួចពីកណ្តាប់ដៃនៃស្តេចអាសស៊ើរបាន
34 តើព្រះនៃពួកក្រុងហាម៉ាត និងក្រុងអើផាឌនៅឯណា ហើយព្រះរបស់ពួកក្រុងសេផាវែម ពួកក្រុងហេណា និងពួកក្រុងអ៊ីវ៉ា នោះតើព្រះទាំងនោះនៅឯណា តើបានជួយឲ្យស្រុកសាម៉ារីរួចពីកណ្តាប់ដៃអញបានឬទេ
35 ក្នុងបណ្តាព្រះរបស់ស្រុកទាំងប៉ុន្មាននោះ តើមានព្រះណាដែលជួយឲ្យស្រុកគេរួចពីកណ្តាប់ដៃអញបាន បានជាព្រះយេហូវ៉ានឹងជួយសង្គ្រោះក្រុងយេរូសាឡឹម ឲ្យរួចពីកណ្តាប់ដៃអញបានដែរ។
36 ប៉ុន្តែ ពួកបណ្តាជន គេនៅតែស្ងៀម ឥតឆ្លើយអ្វីសោះ ដ្បិតស្តេចទ្រង់បានហាមថា កុំឲ្យឆ្លើយទៅគេឡើយ
37 នោះអេលាគីម កូនហ៊ីលគីយ៉ា ជាឧកញ៉ាវាំង និងសេបណា ជាស្មៀនហ្លួង ហើយយ៉ូអា កូនអេសាភ ជាអ្នកតែងពង្សាវតារ គេវិលមកគាល់ហេសេគាវិញ ទាំងអាវរហែក ក៏ទូលទ្រង់តាមពាក្យរបស់រ៉ាបសាកេទាំងអស់។
ជំពូក 19
1 លុះកាលស្តេចហេសេគាបានស្តាប់ពាក្យទាំងនោះហើយ នោះទ្រង់ក៏ហែកព្រះពស្ត្រ ហើយស្លៀកពាក់សំពត់ធ្មៃវិញ ចូលទៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា
2 រួចទ្រង់ចាត់អេលាគីម ជាឧកញ៉ាវាំង និងសេបណា ជាស្មៀនហ្លួង ហើយពួកចាស់ទុំក្នុងពួកសង្ឃ ឲ្យស្លៀកពាក់សំពត់ធ្មៃ ទៅឯហោរាអេសាយ ជាកូនអ័ម៉ូស
3 គេក៏ជម្រាបដល់លោកថា ហេសេគាទ្រង់មានព្រះបន្ទូលដូច្នេះ ថ្ងៃនេះជាថ្ងៃមានសេចក្ដីវេទនា សេចក្ដីផ្ចាញ់ផ្ចាល និងសេចក្ដីដំណៀល ប្រៀបដូចជាកូនគ្រប់ខែហើយ តែគ្មានកម្លាំងនឹងសម្រាលមកសោះ
4 ប្រហែលជាព្រះយេហូវ៉ាជាព្រះនៃលោក ទ្រង់នឹងឮអស់ពាក្យទាំងប៉ុន្មានរបស់រ៉ាបសាកេនេះ ដែលស្តេចអាសស៊ើរ ជាចៅហ្វាយគេ បានចាត់ឲ្យមកប្រកួតនឹងព្រះដ៏មានព្រះជន្មរស់នៅ ហើយនិងបន្ទោសដល់គេ ដោយព្រោះពាក្យទាំងនេះ ដែលព្រះយេហូវ៉ាជាព្រះនៃលោក បានឮហើយទេដឹង ដូច្នេះ សូមអធិស្ឋានឲ្យសំណល់ដែលនៅសល់ចុះ
5 នោះពួកជំនិតស្តេចហេសេគាក៏មកឯអេសាយ
6 ហើយអេសាយលោកមានប្រសាសន៍ថា ត្រូវឲ្យអ្នករាល់គ្នាទូលដល់ចៅហ្វាយរបស់អ្នកថា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ កុំឲ្យខ្លាចចំពោះពាក្យសំដី ដែលឯងបានឮ ជាពាក្យដែលពួកបម្រើរបស់ស្តេចអាសស៊ើរ បានប្រមាថដល់អញនោះឡើយ
7 មើល អញនឹងបណ្តាលគំនិតវាឲ្យសម្រេចនឹងត្រឡប់ទៅស្រុកវាវិញ ដោយបានឮដំណឹងមួយ រួចអញនឹងឲ្យវាដួលស្លាប់ដោយដាវ នៅក្នុងស្រុករបស់វាទៅ។
8 ឯរ៉ាបសាកេក៏ត្រឡប់ទៅរកស្តេចអាសស៊ើរ ឃើញកំពុងតែច្បាំងនឹងក្រុងលិបណាវិញ ដ្បិតលោកឮថា ទ្រង់បានថយពីក្រុងឡាគីសទៅហើយ
9 រួចកាលមានដំណឹងឮមកដល់ទ្រង់ថា ទារហាកា ជាស្តេចស្រុកអេធីយ៉ូពី បានចេញមកច្បាំងនឹងទ្រង់ហើយ នោះទ្រង់ក៏ចាត់សារឲ្យទៅឯហេសេគា ដោយពាក្យថា
10 ចូរឯងរាល់គ្នាប្រាប់ដល់ហេសេគា ជាស្តេចយូដាដូច្នេះថា កុំឲ្យព្រះរបស់ផងឯង ដែលឯងទុកចិត្តនោះ បញ្ឆោតឯងដោយថា ក្រុងយេរូសាឡឹមនឹងមិនត្រូវប្រគល់ទៅក្នុងកណ្តាប់ដៃនៃស្តេចអាសស៊ើរនោះឡើយ
11 មើល ឯងបានឮនិយាយពីការដែលស្តេចអាសស៊ើរបានធ្វើដល់ស្រុកទាំងប៉ុន្មានហើយ គឺដែលទ្រង់បានបំផ្លាញគេអស់រលីងទៅ ដូច្នេះ តើឯងនឹងបានរួចឬ
12 ឯសាសន៍ដទៃទាំងប៉ុន្មាន ដែលពួកអយ្យកោអញបានបំផ្លាញ គឺពួកក្រុងកូសាន ក្រុងខារ៉ានក្រុងរេសែភ និងពួកកូនចៅអេដែន ដែលនៅក្នុងស្រុកធេឡាសើរ តើព្រះរបស់គេបានជួយឲ្យគេរួចឬទេ
13 តើស្តេចក្រុងហាម៉ាត ស្តេចក្រុងអើផាឌ និងស្តេចនៃក្រុងសេផាវែម ក្រុងហេណា និងក្រុងអ៊ីវ៉ានៅឯណា។
14 ហេសេគាក៏ទទួលសំបុត្រនោះ ពីដៃរបស់ពួកទូតទៅអានមើល រួចទ្រង់យាងឡើងទៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា លាសំបុត្រនោះនៅចំពោះព្រះអង្គ
15 ហើយទ្រង់អធិស្ឋាននៅចំពោះព្រះយេហូវ៉ាថា ឱព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល ដែលទ្រង់គង់ពីលើចេរូប៊ីនអើយ គឺទ្រង់តែ១ព្រះអង្គទ្រង់ ដែលជាព្រះនៃអស់ទាំងសាសន៍នៅផែនដីនេះ ទ្រង់បានបង្កើតផ្ទៃមេឃ និងផែនដី
16 ឱព្រះយេហូវ៉ាអើយ សូមទ្រង់ផ្ទៀងព្រះកាណ៌ស្តាប់ ឱព្រះយេហូវ៉ាអើយ សូមបើកព្រះនេត្រទត សូមស្តាប់អស់ទាំងពាក្យរបស់សានហេរីប ដែលបានផ្ញើមកប្រកួតដល់ទ្រង់ ជាព្រះដ៏មានព្រះជន្មរស់ចុះ
17 ឱព្រះយេហូវ៉ាអើយ ស្តេចអាសស៊ើរបានបំផ្លាញអស់ទាំងសាសន៍ និងស្រុកគេជាប្រាកដមែន
18 ក៏បានបោះចោលព្រះរបស់គេទៅក្នុងភ្លើងដែរ ដ្បិតមិនមែនជាព្រះទេ គឺជាស្នាដៃដែលមនុស្សធ្វើមកពីឈើ ពីថ្មវិញ ហេតុនោះបានជាគេបំផ្លាញទៅបាន
19 ដូច្នេះ ឱព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំអើយ សូមទ្រង់ជួយសង្គ្រោះយើងខ្ញុំ ឲ្យរួចពីកណ្តាប់ដៃគេផង ដើម្បីឲ្យគ្រប់ទាំងសាសន៍នៅផែនដីបានដឹងថា គឺទ្រង់ ជាព្រះយេហូវ៉ា ដែលជាព្រះតែ១ព្រះអង្គទេ។
20 គ្រានោះ អេសាយ ជាកូនអ័ម៉ូស ក៏ចាត់គេ ឲ្យទៅឯហេសេគាទូលថា ព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលដូច្នេះ សេចក្ដីដែលឯងបានអធិស្ឋានដល់អញ ពីដំណើរសានហេរីប ជាស្តេចអាសស៊ើរ នោះអញបានយល់ព្រមហើយ
21 នេះជាព្រះបន្ទូលដែលព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលពីដំណើរស្តេចនោះ គឺថា នាងក្រមុំនៃក្រុងស៊ីយ៉ូនបានស្អប់ខ្ពើមដល់ឯង ហើយបានមើលងាយដល់ឯង កូនស្រីនៃក្រុងយេរូសាឡឹមបានគ្រវីក្បាលដល់ឯង
22 តើឯងបានប្រកួត ហើយប្រមាថដល់អ្នកណា តើទាស់នឹងអ្នកណាដែលឯងបានដំឡើងសំឡេង ហើយងើបភ្នែកឡើងជាខ្ពស់ដូច្នេះ គឺទាស់នឹងព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែលទេតើ
23 ឯងប្រកួតនឹងព្រះអម្ចាស់ដោយពួកអ្នកដែលចាត់មកនោះ ដោយថា អញបានឡើងទៅឯកំពូលភ្នំទាំងប៉ុន្មាន ដោយសាររទេះចម្បាំងអញ ក៏ដល់ទីជ្រៅបំផុតនៃព្រៃល្បាណូនផង អញនឹងកាប់អស់ទាំងដើមតាត្រៅដែលខ្ពស់ និងដើមកកោះដែលល្អជាងគេនៅទីនោះ អញនឹងចូលទៅដល់ទីលំនៅផុតស្រុករបស់គេ គឺដល់ចម្ការរបស់គេ ដែលដុះដាលដូចជាព្រៃ
24 អញបានជីក ហើយបានផឹកទឹកនៅស្រុកដទៃ ហើយអញនឹងធ្វើ ឲ្យអស់ទាំងទន្លេស្រុកអេស៊ីព្ទរីងស្ងួតទៅ ដោយបាតជើងអញ។
25 តើឯងមិនបានឮថា អញបានគិតជាស្រេច និងធ្វើការទាំងប៉ុន្មាននេះ តាំងពីយូរមកហើយ ព្រមទាំងចាត់ចែងតាំងពីចាស់បុរាណទេឬអី ឥឡូវនេះ អញបានសម្រេចការនេះ គឺបានឲ្យឯងបំផ្លាញទីក្រុងមានកំផែង ឲ្យទៅជាគំនរបំណែក
26 ហេតុនោះបានជាពួកអ្នកក្រុងទាំងនោះខ្សោយកម្លាំង គេបានស្រយុតចិត្ត ហើយទ្រឹងនៅ គេក៏ដូចជាស្មៅនៅវាល និងពន្លកខ្ចី ហើយដូចជាស្មៅដែលដុះនៅលើដំបូលផ្ទះ និងស្រូវដែលស្វិតក្រៀម មុនដែលដុះពេញកម្លាំង
27 អញដឹងកន្លែងដែលឯងអង្គុយ និងវេលាណាដែលឯងចេញចូល ក៏ស្គាល់សេចក្ដីដែលឯងខឹងក្តៅនឹងអញដែរ
28 ដោយព្រោះឯងខឹងនឹងអញដូច្នេះ ហើយដោយព្រោះសេចក្ដីព្រហើនរបស់ឯង បានឮមកដល់ត្រចៀកអញ នោះអញនឹងដាក់កន្លុះរបស់អញនៅច្រមុះឯង និងដែកបង្ខាំងរបស់អញនៅមាត់ឯង ហើយអញនឹងញាក់ឯង ឲ្យវិលទៅតាមផ្លូវដែលឯងបានមកនោះវិញ។
29 ការនេះនឹងបានជាទីសម្គាល់ដល់ឯងរាល់គ្នា គឺនៅឆ្នាំនេះ ឯងរាល់គ្នានឹងបរិភោគផលដែលដុះឯង ដល់ឆ្នាំទី២ នោះនឹងបរិភោគផលដែលកើតពីនោះទៀត តែដល់ឆ្នាំទី៣ ត្រូវឲ្យឯងរាល់គ្នាសាបព្រោះ ច្រូតកាត់ ហើយដាំចម្ការទំពាំងបាយជូរ រួចបរិភោគពីផលទាំងនោះទៅ
30 ឯសំណល់នៃពួកកូនចៅយូដាដែលរួចជីវិត គេនឹងចាក់ឫសទៅក្រោម ហើយនិងបង្កើតផលទៅលើ
31 ដ្បិតនឹងមានសំណល់ចេញពីក្រុងយេរូសាឡឹមទៅ ព្រមទាំងពួកអ្នកដែលរួចជីវិត ចេញពីក្រុងស៊ីយ៉ូនដែរ សេចក្ដីឧស្សាហ៍របស់ព្រះយេហូវ៉ា នៃពួកពលបរិវារនឹងធ្វើការនោះ
32 ហេតុនោះបានជាព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលពីដំណើរស្តេចអាសស៊ើរដូច្នេះថា គេនឹងមិនចូលមកក្នុងក្រុងនេះឡើយ ក៏មិនបាញ់ព្រួញ ឬកាន់ខែលនៅមុខទីក្រុងនេះ ឬជីកស្នាមភ្លោះច្បាំងនឹងទីនេះដែរ
33 គឺគេនឹងវិលទៅវិញតាមផ្លូវដដែល ដែលគេបានមកនោះ ឥតចូលមកក្នុងទីក្រុងនេះឡើយ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា
34 ដ្បិតអញនឹងការពារក្រុងនេះ រក្សាទុកសម្រាប់ខ្លួនអញ គឺដោយយល់ដល់ដាវីឌ ជាអ្នកបម្រើអញផង។
35 ដូច្នេះ នៅពេលយប់នោះ ទេវតានៃព្រះយេហូវ៉ាក៏ចេញទៅប្រហារទីបោះទ័ពរបស់ពួកសាសន៍អាសស៊ើរ សម្លាប់មនុស្សអស់១សែន៨ម៉ឺន៥ពាន់នាក់ បានជាកាលគេក្រោកពីព្រឹកឡើង នោះឃើញមនុស្សទាំងនោះសុទ្ធតែខ្មោចស្លាប់ទាំងអស់
36 ហេតុនោះ សានហេរីប ជាស្តេចអាសស៊ើរ ក៏ត្រឡប់ទៅអាស្រ័យនៅឯក្រុងនីនីវេវិញ
37 រួចកាលទ្រង់កំពុងតែថ្វាយបង្គំនៅក្នុងវិហាររបស់ព្រះនីសរូក ជាព្រះនៃទ្រង់ នោះអ័ឌរ៉ាម៉ាលេក និងសារេស៊ើរជាបុត្រទ្រង់ បានធ្វើគុតទ្រង់ដោយដាវ ហើយរត់រួចទៅឯស្រុកអារ៉ារ៉ាតទៅ នោះអេសារ-ហាដោន ជាព្រះរាជបុត្រាក៏ឡើងសោយរាជ្យជំនួសបិតា។
ជំពូក 20
1 នៅគ្រានោះ ហេសេគាទ្រង់ប្រឈួនហៀបនឹងសុគត ហើយហោរាអេសាយ ជាកូនអ័ម៉ូស ក៏មកគាល់ទ្រង់ទូលថា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ ចូរផ្តាំដល់វង្សារបស់ឯងចុះ ដ្បិតឯងត្រូវស្លាប់ហើយ មិនរស់ទេ
2 នោះទ្រង់ក៏បែរព្រះភ័ក្ត្រទៅឯជញ្ជាំង អធិស្ឋានដល់ព្រះយេហូវ៉ាថា
3 ឱព្រះយេហូវ៉ាអើយ សូមទ្រង់នឹកចាំពីទូលបង្គំ ដែលបានដើរនៅចំពោះទ្រង់ ដោយពិតត្រង់ ហើយដោយចិត្តស្មោះចំពោះ ព្រមទាំងប្រព្រឹត្តអំពើដ៏ល្អ នៅព្រះនេត្រទ្រង់ជាយ៉ាងណា រួចហេសេគាទ្រង់ព្រះកន្សែងជាខ្លាំង
4 ឯអេសាយ លោកបានចេញទៅ មិនទាន់ដល់ទីធ្លាកណ្តាលនៅឡើយ នោះព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មកដល់លោកថា
5 ចូរត្រឡប់ទៅទូលដល់ហេសេគា ជាមេលើរាស្ត្រអញថា ព្រះយេហូវ៉ាជាព្រះនៃដាវីឌអយ្យកោឯង ទ្រង់មានព្រះបន្ទូលដូច្នេះ អញបានឮពាក្យអធិស្ឋានរបស់ឯង ក៏បានឃើញទឹកភ្នែកឯងហើយ មើល អញនឹងប្រោសឲ្យឯងបានជា រួចដល់ថ្ងៃទី៣ ឯងនឹងឡើងទៅក្នុងព្រះវិហារនៃព្រះយេហូវ៉ាបាន
6 អញនឹងចម្រើនអាយុឯងឡើង១៥ឆ្នាំទៀត ហើយនិងដោះឯង និងទីក្រុងនេះ ឲ្យរួចពីកណ្តាប់ដៃនៃស្តេចអាសស៊ើរ ព្រមទាំងការពារទីក្រុងនេះ រក្សាទុកសម្រាប់ខ្លួនអញ គឺដោយយល់ដល់ដាវីឌ ជាអ្នកបម្រើអញផង
7 អេសាយក៏ទូលថា សូមយកផ្លែល្វា១ផែនមក នោះគេក៏យកមកបិទលើបូសនោះ រួចទ្រង់បានជាឡើង។
8 ហេសេគាទ្រង់មានព្រះបន្ទូលសួរអេសាយថា តើមានទីសម្គាល់ណាឲ្យខ្ញុំដឹងថា ព្រះយេហូវ៉ានឹងប្រោសឲ្យខ្ញុំបានជា ហើយដែលខ្ញុំនឹងឡើងទៅក្នុងព្រះវិហារនៃព្រះយេហូវ៉ានៅថ្ងៃទី៣ដូច្នេះ
9 អេសាយទូលតបថា នេះជាទីសម្គាល់ពីព្រះយេហូវ៉ា ឲ្យទ្រង់បានជ្រាបថា ព្រះយេហូវ៉ាទ្រង់នឹងសម្រេចតាមសេចក្ដីដែលមានព្រះបន្ទូលហើយ តើទ្រង់សព្វព្រះទ័យឲ្យស្រមោលធ្លាក់ទៅមុខ១០ចុច ឬថយក្រោយ១០ចុចវិញ
10 នោះហេសេគាមានព្រះបន្ទូលឆ្លើយថា ដែលស្រមោលជ្រេទៅ១០ចុចនោះស្រណុកទេ សូមឲ្យបានថយមកវិញ១០ចុចចុះ
11 ដូច្នេះ ហោរាអេសាយលោកអំពាវនាវដល់ព្រះយេហូវ៉ា ហើយទ្រង់ក៏ធ្វើឲ្យស្រមោលដែលបានជ្រេទៅ នៅនាឡិកាថ្ងៃរបស់ស្តេចអ័ហាស បានថយមកក្រោយវិញ១០ចុច។
12 គ្រានោះ ម្រដាក់-បាឡាដាន ជាបុត្របាឡាដាន ស្តេចស្រុកបាប៊ីឡូន ក៏ផ្ញើសំបុត្រ និងតង្វាយ មកថ្វាយហេសេគា ដោយព្រោះទ្រង់ឮថា ហេសេគាបានប្រឈួន
13 ហេសេគាក៏ស្តាប់តាមគេ គឺទ្រង់បង្ហាញឃ្លាំងនៃព្រះរាជទ្រព្យទាំងប៉ុន្មាន គឺជាមាស ប្រាក់ គ្រឿងក្រអូប និងប្រេងវិសេស ហើយឃ្លាំងគ្រឿងសស្ត្រាវុធរបស់ទ្រង់ទាំងអស់ និងគ្រប់ទាំងអស់ដែលឃើញមានក្នុងឃ្លាំងទ្រង់ផង គ្មានអ្វីនៅក្នុងព្រះរាជវាំង ឬនៅក្រោមអំណាចទ្រង់ទាំងអស់ ដែលហេសេគាមិនបានបង្ហាញដល់គេនោះឡើយ
14 នោះហោរាអេសាយ លោកមកគាល់ស្តេចហេសេគា ទូលសួរថា អ្នកទាំងនោះបាននិយាយអ្វីខ្លះ ហើយមកពីណាដែលមកគាល់ទ្រង់ដូច្នេះ ហេសេគាទ្រង់តបថា គេមកពីប្រទេសឆ្ងាយណាស់ គឺពីស្រុកបាប៊ីឡូន
15 រួចលោកទូលសួរទៀតថា គេបានឃើញអ្វីខ្លះ នៅក្នុងព្រះរាជវាំង ហេសេគាឆ្លើយថា គេបានឃើញរបស់ទាំងអស់ ដែលនៅក្នុងដំណាក់យើង ហើយក្នុងព្រះរាជទ្រព្យយើងទាំងអម្បាលម៉ាន គ្មានអ្វីដែលយើងមិនបានបង្ហាញដល់គេនោះឡើយ។
16 ដូច្នេះ អេសាយលោកទូលដល់ហេសេគាថា សូមស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាសិន
17 មើល នឹងមានគ្រាមកដល់ ដែលគេនឹងមកយកអស់ទាំងរបស់ទ្រព្យ ដែលនៅក្នុងព្រះរាជវាំង និងរបស់ទាំងប៉ុន្មានដែលពួកអយ្យកោទ្រង់បានសន្សំទុក រហូតដល់សព្វថ្ងៃនេះ នាំទៅឯក្រុងបាប៊ីឡូន ឥតទុកឲ្យមានអ្វីសល់នៅឡើយ នេះឯងជាព្រះបន្ទូលនៃព្រះយេហូវ៉ា
18 ឯពួកបុត្រាទាំងប៉ុន្មាន ដែលនឹងកើតពីទ្រង់មក នោះនឹងត្រូវដឹកនាំទៅ ឲ្យធ្វើជាមនុស្សកំរៀវនៅក្នុងដំណាក់នៃស្តេចស្រុកបាប៊ីឡូន
19 ហេសេគាទ្រង់មានព្រះបន្ទូលទៅអេសាយថា ព្រះបន្ទូលនៃព្រះយេហូវ៉ាដែលបានថានោះជាល្អហើយ រួចមានព្រះបន្ទូលទៀតថា បើមានសេចក្ដីសុខសាន្ត និងសេចក្ដីពិតនៅក្នុងគ្រាយើងនេះ តើមិនមែនជាការល្អទេឬ
20 រីឯដំណើរឯទៀតពីហេសេគា និងពីអំណាចទ្រង់ទាំងប៉ុន្មាន ហើយដែលទ្រង់បានធ្វើស្រះទឹក និងប្រឡាយបង្ហូរទឹកចូលមកក្នុងទីក្រុងជាយ៉ាងណា នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជាពង្សាវតាររបស់ពួកស្តេចយូដាហើយ
21 ហេសេគាក៏ផ្ទំលក់ទៅជាមួយនឹងពួកអយ្យកោទ្រង់ទៅ រួចម៉ាន៉ាសេ ជាព្រះរាជបុត្រា ក៏ឡើងសោយរាជ្យជំនួសបិតា។
ជំពូក 21
1 លុះកាលម៉ាន៉ាសេចាប់តាំងសោយរាជ្យឡើង នោះទ្រង់មានព្រះជន្ម១២ឆ្នាំហើយ ទ្រង់ក៏សោយរាជ្យនៅក្រុងយេរូសាឡឹមបាន៥៥ឆ្នាំ ព្រះមាតាទ្រង់ព្រះនាមជាហែបស៊ីបា
2 ទ្រង់ប្រព្រឹត្តអំពើដ៏លាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ា តាមអស់ទាំងអំពើគួរស្អប់ខ្ពើមរបស់ពួកសាសន៍ដទៃ ដែលព្រះយេហូវ៉ាបានបណ្តេញពីមុខពួកកូនចៅអ៊ីស្រាអែលចេញ
3 ដ្បិតទ្រង់បានស្អាងអស់ទាំងទីខ្ពស់ ដែលហេសេគា ជាព្រះបិតាទ្រង់ បានបំផ្លាញចេញនោះឡើងវិញ ក៏ដំឡើងអាសនៈថ្វាយព្រះបាល ហើយធ្វើរូបព្រះដូចជាអ័ហាប់ ជាស្តេចអ៊ីស្រាអែលបានធ្វើដែរ ព្រមទាំងថ្វាយបង្គំ ហើយគោរពប្រតិបត្តិតាមអស់ទាំងពួកពលបរិវានៅលើមេឃផង
4 ទ្រង់ក៏ស្អាងអាសនៈ នៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា ដែលព្រះយេហូវ៉ាទ្រង់បានមានព្រះបន្ទូលថា អញនឹងតាំងឈ្មោះអញ នៅក្រុងយេរូសាឡឹមនោះ
5 ទ្រង់ធ្វើអាសនៈសម្រាប់អស់ទាំងពួកពលបរិវារ ដែលនៅលើមេឃ នៅក្នុងទីលានទាំង២របស់ព្រះវិហារនៃព្រះយេហូវ៉ា
6 ទ្រង់ធ្វើឲ្យបុត្រាទ្រង់ឆ្លងកាត់ភ្លើង ក៏កាន់នក្ខត្តឫក្ស ហើយអង្គុយធម៌ ព្រមទាំងប្រកបនឹងគ្រូខាប ហើយគ្រូគាថាផង ទ្រង់ប្រព្រឹត្តអំពើដ៏លាមកអាក្រក់យ៉ាងច្រើន នៅព្រះនេត្រព្រះយេហូវ៉ាជាអំពើដែលនាំឲ្យព្រះមានសេចក្ដីក្រោធ
7 ទ្រង់ក៏យករូបព្រះឆ្លាក់ ដែលទ្រង់បានធ្វើ ទៅតាំងនៅក្នុងព្រះវិហារ ដែលព្រះយេហូវ៉ាបានមានព្រះបន្ទូលនឹងដាវីឌ ហើយនិងសាឡូម៉ូន ជាបុត្រទ្រង់ថា អញនឹងតាំងឈ្មោះអញ ឲ្យនៅក្នុងព្រះវិហារនេះ ហើយនៅក្នុងក្រុងយេរូសាឡឹម ដែលអញបានរើសពីគ្រប់ទាំងពូជអំបូរសាសន៍អ៊ីស្រាអែល ឲ្យនៅជាដរាបតទៅ
8 ហើយនិងមិនដែលឲ្យជើងសាសន៍អ៊ីស្រាអែល ដើរសាត់ព្រាត់ចេញពីស្រុក ដែលអញបានឲ្យដល់ពួកអយ្យកោគេទៀតឡើយ ឲ្យតែគេបានប្រយ័តនឹងកាន់តាមគ្រប់ទាំងសេចក្ដីដែលអញបានបង្គាប់ដល់គេ ហើយតាមក្រឹត្យវិន័យទាំងអស់ដែលម៉ូសេ ជាអ្នកបម្រើអញ បានបង្គាប់ដល់គេផង
9 តែគេមិនបានស្តាប់តាមសោះ ហើយម៉ាន៉ាសេក៏ល្បួងគេ ឲ្យប្រព្រឹត្តអំពើដ៏លាមកអាក្រក់ លើសជាងសាសន៍ទាំងប៉ុន្មាន ដែលព្រះយេហូវ៉ាបានបំផ្លាញពីមុខពួកកូនចៅអ៊ីស្រាអែលចេញទៅទៀត។
10 ព្រះយេហូវ៉ាទ្រង់បានមានព្រះបន្ទូលដោយសារពួកហោរា ជាអ្នកពួកបម្រើទ្រង់ថា
11 ដោយព្រោះម៉ាន៉ាសេជាស្តេចយូដា បានធ្វើការដែលគួរស្អប់ខ្ពើមទាំងអស់នេះ ហើយបានប្រព្រឹត្តអំពើដ៏លាមកអាក្រក់ លើសជាងគ្រប់ទាំងអំពើរបស់សាសន៍អាម៉ូរីដែលនៅមុនគេ ព្រមទាំងបណ្តាលឲ្យពួកយូដាធ្វើបាបតាមរូបព្រះខ្លួនផង
12 នោះបានជាព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលដូច្នេះថា មើល អញនឹងបណ្តាឲ្យកើតមានសេចក្ដីអាក្រក់ នៅក្រុងយេរូសាឡឹម ហើយនៅស្រុកយូដា ដល់ម៉្លេះបានជាអ្នកណាដែលឮនិយាយ នោះត្រចៀកគេទាំងសងខាងនឹងខ្ទរខ្ទ័រ
13 អញនឹងវាស់ក្រុងយេរូសាឡឹម ដោយខ្សែសិនរបស់ក្រុងសាម៉ារី ហើយដោយកូនតឹងនៃជំនួរវង្សអ័ហាប់ អញនឹងជូតក្រុងយេរូសាឡឹម ដូចជាគេជូតចាន គឺទាំងជូត ហើយដាក់ផ្កាប់ផង
14 អញនឹងបោះបង់ចោលសំណល់នៃមរដករបស់អញទៅ ព្រមទាំងប្រគល់គេទៅក្នុងកណ្តាប់ដៃនៃពួកខ្មាំងសត្រូវ ហើយគេនឹងត្រឡប់ជារំពា និងរបឹប ដល់អស់ទាំងពួកខ្មាំងសត្រូវគេ
15 គឺដោយព្រោះគេបានប្រព្រឹត្តអំពើដ៏លាមកអាក្រក់នៅភ្នែកអញ ព្រមទាំងបណ្តាលឲ្យអញមានសេចក្ដីក្រោធ ចាប់តាំងពីថ្ងៃដែលពួកអយ្យកោគេ បានចេញពីស្រុកអេស៊ីព្ទមក ដរាបដល់ថ្ងៃនេះ។
16 មួយទៀត ម៉ាន៉ាសេទ្រង់បានកម្ចាយឈាម ដែលឥតទោសជាច្រើន ទាល់តែបានធ្វើឲ្យក្រុងយេរូសាឡឹមពេញដោយឈាមនោះ ចាប់តាំងពីម្ខាងទៅដល់ម្ខាង នេះក្រៅពីអំពើបាបដែលទ្រង់បានធ្វើ ដែលនាំឲ្យពួកយូដាធ្វើតាម ដោយប្រព្រឹត្តអំពើដ៏លាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ា
17 រីឯដំណើរឯទៀតពីម៉ាន៉ាសេ និងការទាំងប៉ុន្មានដែលទ្រង់ធ្វើ ហើយអំពើបាបដែលទ្រង់ប្រព្រឹត្ត នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជាពង្សាវតាររបស់ពួកស្តេចយូដាហើយ
18 ម៉ាន៉ាសេក៏ផ្ទំលក់ទៅ ជាមួយនឹងពួកអយ្យកោទ្រង់ទៅ ហើយគេបញ្ចុះទ្រង់ នៅក្នុងច្បារនៃដំណាក់ទ្រង់ គឺក្នុងច្បាប់របស់អ៊ូសា រួចអាំម៉ូន ជាព្រះរាជបុត្រា ក៏ឡើងសោយរាជ្យជំនួសបិតា។
19 កាលអាំម៉ូនចាប់តាំងសោយរាជ្យឡើង នោះទ្រង់មានព្រះជន្ម២២ឆ្នាំហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡឹមបាន២ឆ្នាំ ព្រះមាតាទ្រង់ព្រះនាមថា មស៊ូលេមេត បុត្រីរបស់ហារូស ជាអ្នកស្រុកយ៉ុតបា
20 ទ្រង់ប្រព្រឹត្តអំពើដ៏លាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ា ដូចជាម៉ាន៉ាសេ ជាព្រះបិតាទ្រង់ដែរ
21 ទ្រង់បានដើរតាមអស់ទាំងផ្លូវរបស់ព្រះបិតា ព្រមទាំងគោរពប្រតិបត្តិ ហើយថ្វាយបង្គំដល់អស់ទាំងរូបព្រះរបស់ព្រះបិតា
22 ទ្រង់បោះបង់ចោលព្រះយេហូវ៉ាជាព្រះនៃពួកអយ្យកោទ្រង់ ឥតដើរតាមផ្លូវរបស់ព្រះយេហូវ៉ាឡើយ
23 ពួកអ្នកបម្រើរបស់អាំម៉ូនគេគិតក្បត់ ហើយក៏ធ្វើគុតទ្រង់នៅក្នុងព្រះរាជដំណាក់ទៅ
24 តែបណ្តាជននៅស្រុកនោះ គេសម្លាប់អស់អ្នកដែលបានក្បត់នឹងស្តេចអាំម៉ូនវិញ រួចគេលើកយ៉ូសៀសជាព្រះរាជបុត្រាទ្រង់ តាំងឡើងឲ្យធ្វើជាស្តេចជំនួសព្រះបិតា
25 រីឯដំណើរឯទៀតពីអាំម៉ូន ដែលទ្រង់បានធ្វើ នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជាពង្សាវតាររបស់ពួកស្តេចយូដាហើយ
26 គេបញ្ចុះសពក្នុងផ្នូររបស់ទ្រង់ នៅច្បាររបស់អ៊ូសា រួចយ៉ូសៀស ជាព្រះរាជបុត្រា ក៏ឡើងសោយរាជ្យជំនួសបិតា។
ជំពូក 22
1 រីឯកាលយ៉ូសៀសចាប់តាំងសោយរាជ្យឡើង នោះទ្រង់មានព្រះជន្ម៨ឆ្នាំហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡឹមបាន៣១ឆ្នាំ ព្រះមាតាព្រះនាមជា យេឌីដា បុត្រីរបស់អ័ដាយ៉ា ជាអ្នកស្រុកបូសកាត់
2 ទ្រង់ប្រព្រឹត្តអំពើដ៏ត្រឹមត្រូវ នៅព្រះនេត្រព្រះយេហូវ៉ា ហើយក៏ដើរតាមគ្រប់ទាំងផ្លូវរបស់ដាវីឌ ជាអយ្យកោទ្រង់ ឥតបែរចេញទៅខាងស្តាំ ឬខាងឆ្វេងឡើយ។
3 នៅឆ្នាំទី១៨ក្នុងរាជ្យស្តេចយ៉ូសៀស នោះទ្រង់ចាត់សាផានដ៏ជាស្មៀន ជាកូនអ័សាលា ដែលជាកូនមស៊ូឡាម ឲ្យទៅឯព្រះវិហារនៃព្រះយេហូវ៉ា ដោយថា
4 ចូរឡើងទៅឯហ៊ីលគីយ៉ា ជាសម្ដេចសង្ឃ ឲ្យលោកយកប្រាក់ដែលគេបាននាំយកមកថ្វាយ ក្នុងព្រះវិហារនៃព្រះយេហូវ៉ាជាប្រាក់ដែលពួកអ្នកឆ្មាំទ្វារបានទទួល ពីពួកបណ្តាជន
5 ហើយប្រគល់ទៅក្នុងអំណាចនៃពួកអ្នកដែលត្រួតមើលការ ក្នុងព្រះវិហារនៃព្រះយេហូវ៉ា ដើម្បីឲ្យគេបានចំណាយដល់ពួកជាង ដែលធ្វើការជួសជុលកន្លែងបាក់បែក ក្នុងព្រះវិហារនៃព្រះយេហូវ៉ាចុះ
6 គឺដល់ពួកជាងឈើ ពួកជាងរៀបថ្ម និងពួកជាងផ្សេងៗ សម្រាប់នឹងទិញឈើ និងថ្មដាប់ស្រាប់ មកជួសជុលព្រះវិហារ
7 ប៉ុន្តែ គេមិនបានគិតប្រាក់ ដែលបានប្រគល់ទៅក្នុងអំណាចនៃអ្នកទាំងនោះទេ ដ្បិតគេធ្វើការដោយស្មោះត្រង់។
8 ឯហ៊ីលគីយ៉ា ជាសម្ដេចសង្ឃ លោកប្រាប់ដល់សាផាន ជាស្មៀនថា ខ្ញុំបានប្រទះឃើញគម្ពីរក្រឹត្យវិន័យ នៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា ហ៊ីលគីយ៉ាក៏ប្រគល់គម្ពីរនោះទៅសាផាន ហើយសាផានបានអានមើល
9 រួចនាំដំណឹងវិលទៅវិញ ទូលស្តេចថា ពួកលោកជាអ្នកបម្រើទ្រង់បានចាក់ប្រាក់ដែលឃើញមានក្នុងព្រះវិហារចេញពីហឹប ប្រគល់ទៅក្នុងអំណាចនៃពួកអ្នកដែលត្រួតមើលការក្នុងព្រះវិហារនៃព្រះយេហូវ៉ាហើយ
10 រួចសាផានដ៏ជាស្មៀនក៏ទូលស្តេចថា ហ៊ីលគីយ៉ា ជាសម្ដេចសង្ឃ បានឲ្យគម្ពីរនេះមកទូលបង្គំ ដូច្នេះ សាផានក៏អានមើលថ្វាយស្តេច។
11 កាលស្តេចទ្រង់បានឮអស់ទាំងព្រះបន្ទូល ក្នុងគម្ពីរក្រឹត្យវិន័យនោះ នោះទ្រង់ក៏ហែកព្រះពស្ត្រ
12 រួចបង្គាប់ដល់ហ៊ីលគីយ៉ា ជាសម្ដេចសង្ឃ អ័ហ៊ីកាម ជាកូនសាផាន អ័កបោរ ជាកូនមីកាយ៉ា និងសាផានដ៏ជាស្មៀន ហើយអ័សាយ៉ា ជាអ្នកជំនិតស្តេចថា
13 ចូរឲ្យអ្នករាល់គ្នាទៅទូលសួរដល់ព្រះយេហូវ៉ា ពីដំណើរព្រះបន្ទូលដែលមានក្នុងគម្ពីរ ដែលគេបានប្រទះឃើញនេះ ឲ្យយើង និងពួកបណ្តាជន ជាពួកយូដាទាំងអស់គ្នាផង ដ្បិតសេចក្ដីក្រេវក្រោធរបស់ព្រះយេហូវ៉ា ដែលកើតឡើងទាស់នឹងយើងរាល់គ្នា នោះខ្លាំងក្រៃលែង ពីព្រោះពួកអយ្យកោយើងរាល់គ្នា មិនបានស្តាប់តាមព្រះបន្ទូលក្នុងគម្ពីរនេះ ដើម្បីនឹងប្រព្រឹត្តតាមគ្រប់ទាំងសេចក្ដីដែលបានបង្គាប់មកយើងរាល់គ្នាទេ។
14 ដូច្នេះ ហ៊ីលគីយ៉ា ជាសម្ដេចសង្ឃ និងអ័ហ៊ីកាម អ័កបោរ សាផាន ហើយអ័សាយ៉ា គេក៏ទៅឯហោរាស្រីឈ្មោះហ៊ុលដា ជាប្រពន្ធរបស់សាលូម ជាកូនធីកវ៉ា ដែលជាកូនហារហាស អ្នករក្សាព្រះពស្ត្រស្តេច (ហោរាស្រីនោះនៅឃុំលេខ២ក្នុងក្រុងយេរូសាឡឹម) ហើយគេស្នើការនឹងនាង
15 នាងប្រាប់គេថា ព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលដូច្នេះ ចូរទៅប្រាប់ដល់មនុស្សដែលចាត់អ្នករាល់គ្នាមកឯខ្ញុំថា
16 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា មើល អញនឹងនាំសេចក្ដីអាក្រក់មកលើទីនេះ ហើយលើបណ្តាជនដែលនៅក្រុងនេះដែរ គឺគ្រប់ទាំងសេចក្ដីក្នុងគម្ពីរ ដែលស្តេចយូដាបានទតនោះ
17 ពីព្រោះគេបានបោះបង់ចោលអញ ហើយបានដុតកំញានថ្វាយដល់ព្រះដទៃ ជាការដែលនាំឲ្យអញមានសេចក្ដីក្រោធ ដោយសារការទាំងប៉ុន្មានដែលដៃគេធ្វើ ដោយហេតុនោះបានជាសេចក្ដីក្រោធរបស់អញ នឹងឆេះឆួលឡើងទាស់នឹងទីនេះ ហើយនិងពន្លត់មិនបានផង
18 តែត្រូវឲ្យអ្នករាល់គ្នាទូលដល់ស្តេចយូដា ដែលចាត់អ្នករាល់គ្នាឲ្យទៅទូលសួរព្រះយេហូវ៉ាថា ព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលដូច្នេះ ត្រង់ឯពាក្យដែលឯងបានឮ
19 នោះដោយព្រោះឯងមានចិត្តទន់ ហើយបានបន្ទាបខ្លួននៅចំពោះព្រះយេហូវ៉ា ក្នុងកាលដែលឯងបានឮសេចក្ដីដែលអញបានទាយទាស់នឹងទីនេះ ហើយទាស់នឹងបណ្តាជនដែលនៅក្រុងនេះថា គេនឹងត្រូវសាបសូន្យ ហើយត្រូវត្រឡប់ជាសេចក្ដីបណ្តាសា ហើយដោយព្រោះឯងបានហែកសម្លៀកបំពាក់ ព្រមទាំងយំនៅមុខអញដូច្នេះ នោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា អញក៏បានឮហើយ
20 ហេតុនោះបានជាអញនឹងឲ្យឯងទៅជួបជុំនឹងពួកអយ្យកោឯង ហើយគេនឹងបញ្ចុះឯង នៅក្នុងផ្នូរដោយសុខសាន្ត ភ្នែកឯងនឹងមិនឃើញអស់ទាំងសេចក្ដីអាក្រក់ ដែលអញនឹងនាំមកលើទីនេះទេ ដូច្នេះ គេក៏នាំយកពាក្យទាំងនោះទៅទូលដល់ស្តេចវិញ។
ជំពូក 23
1 ស្តេចទ្រង់ក៏ចាត់គេឲ្យទៅប្រមូលពួកចាស់ទុំទាំងប៉ុន្មាននៃស្រុកយូដា និងក្រុងយេរូសាឡឹមមកប្រជុំគ្នា
2 រួចស្តេចទ្រង់យាងឡើងទៅឯព្រះវិហារនៃព្រះយេហូវ៉ា ព្រមទាំងពួកស្រុកយូដាទាំងអស់ ហើយពួកអ្នកនៅក្រុងយេរូសាឡឹមទាំងប៉ុន្មាន និងពួកសង្ឃ ពួកហោរា ហើយនិងអស់ទាំងបណ្តាជន ទាំងតូចទាំងធំផង នោះទ្រង់ក៏អានមើលអស់ទាំងព្រះបន្ទូលនៅក្នុងគម្ពីរ ជាសេចក្ដីសញ្ញាដែលបានប្រទះឃើញ ក្នុងព្រះវិហារនៃព្រះយេហូវ៉ា ឲ្យគេស្តាប់
3 ស្តេចទ្រង់ឈរនៅលើទីថ្កល់ ចុះសញ្ញានឹងព្រះយេហូវ៉ា ឲ្យបានដើរតាមព្រះយេហូវ៉ា ហើយកាន់តាមក្រឹត្យក្រម និងសេចក្ដីបន្ទាល់ ហើយនិងបញ្ញត្តរបស់ទ្រង់ទាំងប៉ុន្មាន អស់អំពីចិត្ត ហើយអស់អំពីព្រលឹងទ្រង់ ដើម្បីនឹងសម្រេចតាមអស់ទាំងពាក្យនៃសញ្ញា ដែលកត់ទុកនៅក្នុងគម្ពីរនេះ ហើយបណ្តាជនទាំងឡាយ គេក៏យល់ព្រមតាមដែរ។
4 ស្តេចទ្រង់បង្គាប់ដល់ហ៊ីលគីយ៉ា ជាសម្ដេចសង្ឃ និងពួកសង្ឃជាបន្ទាប់ ព្រមទាំងពួកអ្នកឆ្មាំទ្វារ ឲ្យយកអស់ទាំងប្រដាប់ប្រដា ដែលបានធ្វើសម្រាប់ព្រះបាល និងសម្រាប់រូបព្រះ ហើយសម្រាប់ពួកពលនៅលើមេឃ ចេញពីព្រះវិហារនៃព្រះយេហូវ៉ាទៅ រួចទ្រង់ដុតចោលទាំងអស់ នៅខាងក្រៅក្រុងយេរូសាឡឹម ត្រង់វាលក្បែរជ្រោះកេដ្រុន ហើយក៏យកផែះទៅឯក្រុងបេត-អែល
5 ទ្រង់បំបាត់ពួកសង្ឃនៃរូបព្រះ ដែលពួកស្តេចយូដាបានតាំង ឲ្យដុតកំញាននៅលើទីខ្ពស់ទាំងប៉ុន្មាន នៅទីក្រុងនៃស្រុកយូដា ហើយនៅទីជុំវិញក្រុងយេរូសាឡឹមទាំងអស់ ព្រមទាំងពួកសង្ឃដែលដុតកំញានថ្វាយដល់ព្រះបាល ព្រះអាទិត្យ ព្រះចន្ទ ចក្ររាសី និងពួកពលបរិវារនៅលើមេឃទាំងប៉ុន្មានផង
6 ទ្រង់ក៏យករូបព្រះចេញពីព្រះវិហារនៃព្រះយេហូវ៉ា ទៅដល់ជ្រោះកេដ្រុន ខាងក្រៅក្រុងយេរូសាឡឹម ដុតនៅទីនោះ រួចវាយកម្ទេចជាផង់ធូលី ហើយបាចទៅលើផ្នូររបស់ពួកអ្នកស្រុក
7 ទ្រង់បានបំផ្លាញអស់ទាំងផ្ទះរបស់ពួកកូនជឹង ដែលនៅក្នុងព្រះវិហារនៃព្រះយេហូវ៉ាជាកន្លែងដែលពួកស្រីៗត្បាញពិតាន សម្រាប់រូបព្រះទាំងប៉ុន្មានចេញ
8 រួចទ្រង់នាំពួកសង្ឃចេញពីទីក្រុងស្រុកយូដាទាំងអស់ ទៅធ្វើបង្អាប់ដល់អស់ទាំងទីខ្ពស់ ដែលពួកសង្ឃបានដុតកំញាន ចាប់តាំងពីក្រុងកេបា រហូតដល់បៀរ-សេបា ទ្រង់ក៏បំផ្លាញទីខ្ពស់នៃទ្វារក្រុង ដែលនៅខាងឆ្វេងដៃនៃខ្លោងទ្វាររបស់យ៉ូស្វេ ជាចៅហ្វាយក្រុង
9 ឯអស់ទាំងសង្ឃនៃទីខ្ពស់ទាំងនោះ គេមិនបានឡើងទៅឯអាសនៈព្រះយេហូវ៉ានៅក្រុងយេរូសាឡឹមទេ តែគេបរិភោគនំបុ័ងឥតដំបែ នៅជាមួយនឹងពួកបងប្អូនគេដែរ
10 ទ្រង់ក៏ធ្វើបង្អាប់ដល់តំបន់តូផែត ដែលនៅក្នុងច្រកភ្នំរបស់ពួកកូនចៅហ៊ីនណំម ដើម្បីមិនឲ្យមានអ្នកណាធ្វើឲ្យកូនប្រុស ឬកូនស្រី ឆ្លងកាត់ភ្លើងថ្វាយព្រះម៉ូឡុកទៀតឡើយ
11 ទ្រង់បំបាត់សេះទាំងប៉ុន្មាន ដែលពួកស្តេចយូដាបានថ្វាយដល់ព្រះអាទិត្យ ដែលនៅមាត់ទ្វារព្រះវិហារនៃព្រះយេហូវ៉ា ក្បែរបន្ទប់របស់នេថាន-មេលេក ជាមេដែលនៅតំបន់ក្រៅ ហើយក៏ដុតរថនៃព្រះអាទិត្យចោល
12 ឯអាសនៈដែលពួកស្តេចយូដាបានធ្វើ នៅលើដំបូលបន្ទប់ខាងលើរបស់អ័ហាស និងអាសនៈដែលម៉ាន៉ាសេបានធ្វើនៅក្នុងទីលានទាំង២របស់ព្រះវិហារនៃព្រះយេហូវ៉ា នោះស្តេចក៏បំបែកបំបាក់យកចេញពីនោះ បោះចោលផង់កម្ទេចទៅក្នុងជ្រោះកេដ្រុនទៅ
13 ហើយទីខ្ពស់ទាំងប៉ុន្មាន នៅមុខក្រុងយេរូសាឡឹម គឺនៅខាងស្តាំភ្នំអសោច ដែលសាឡូម៉ូន ជាស្តេចសាសន៍អ៊ីស្រាអែល បានធ្វើថ្វាយដល់ព្រះអាសថារ៉ូត ជាព្រះគួរស្អប់ខ្ពើមរបស់សាសន៍ស៊ីដូន និងថ្វាយដល់ព្រះកេម៉ូស ជាព្រះគួរស្អប់ខ្ពើមរបស់សាសន៍ម៉ូអាប់ ហើយថ្វាយតង្វាយដល់ព្រះមីលកូម ជាព្រះគួរស្អប់ខ្ពើមរបស់សាសន៍អាំម៉ូន នោះស្តេចទ្រង់ក៏ធ្វើបង្អាប់ទាំងអស់ដែរ
14 ក៏បំបាក់បំបែកអស់ទាំងបង្គោល ដែលសម្រាប់គោរព ហើយរំលំរូបព្រះ រួចយកឆ្អឹងមនុស្សមករាយពេញកន្លែងនោះ។
15 ឯអាសនៈដែលនៅត្រង់ក្រុងបេត-អែល និងទីខ្ពស់ ដែលយេរ៉ូបោម កូននេបាត ជាអ្នកដែលនាំឲ្យពួកអ៊ីស្រាអែលធ្វើបាបបានធ្វើ ទ្រង់ក៏បំបែកបំបាក់អាសនៈ និងទីខ្ពស់ ព្រមទាំងដុតទីខ្ពស់នោះ វាយកម្ទេចជាផង់ធូលី ហើយដុតរូបព្រះផង
16 កាលយ៉ូសៀសបែរទតទៅ នោះក៏ឃើញផ្នូរខ្មោចនៅភ្នំ រួចទ្រង់ចាត់គេឲ្យទៅយកឆ្អឹងពីផ្នូរទាំងនោះ មកដុតលើអាសនៈ ធ្វើបង្អាប់ដល់អាសនៈនោះ តាមព្រះបន្ទូលនៃព្រះយេហូវ៉ា ដែលអ្នកសំណប់របស់ព្រះបានប្រកាសទុក គឺជាអ្នកដែលបានទាយប្រាប់ពីការទាំងនោះ
17 រួចទ្រង់មានព្រះបន្ទូលសួរថា តើម៉ុងអី ដែលអញឃើញឯណោះ ពួកអ្នកក្រុងនោះគេទូលឆ្លើយថា នោះគឺជាម៉ុងនៃអ្នកសំណប់របស់ព្រះ ដែលមកពីស្រុកយូដា ហើយបានទាយពីការទាំងប៉ុន្មាន ដែលទ្រង់បានធ្វើសម្រេចដល់អាសនៈបេត-អែលនេះ
18 ទ្រង់មានព្រះបន្ទូលថា ទុកចុះ កុំឲ្យអ្នកណាទៅរើឆ្អឹងគាត់ឡើយ ដូច្នេះ គេក៏ទុកឆ្អឹងគាត់នៅ ព្រមទាំងឆ្អឹងនៃហោរាដែលមកពីសាម៉ារីនោះដែរ
19 ហើយអស់ទាំងវិហារនៃទីខ្ពស់ ក្នុងទីក្រុងនៃស្រុកសាម៉ារីទាំងប៉ុន្មាន ដែលពួកស្តេចអ៊ីស្រាអែលបានធ្វើ ជាការដែលនាំឲ្យព្រះយេហូវ៉ាមានសេចក្ដីក្រោធ នោះស្តេចយ៉ូសៀសក៏បំបាត់ចេញ ព្រមទាំងធ្វើដល់ទីទាំងនោះ តាមគ្រប់ទាំងសេចក្ដីដែលទ្រង់បានធ្វើនៅត្រង់បេត-អែលដែរ
20 ទ្រង់សម្លាប់ពួកសង្ឃទាំងអស់នៃទីខ្ពស់ ដែលនៅក្នុងស្រុកនោះ នៅលើអាសនៈ ព្រមទាំងដុតឆ្អឹងខ្មោចនៅលើអាសនៈនោះផង រួចទ្រង់វិលត្រឡប់ទៅឯក្រុងយេរូសាឡឹមវិញ។
21 ស្តេចទ្រង់បង្គាប់ដល់បណ្តាជនទាំងឡាយថា ចូរធ្វើបុណ្យរំលងថ្វាយព្រះយេហូវ៉ាជាព្រះនៃឯងរាល់គ្នា ដូចជាបានចែងទុកមកក្នុងគម្ពីរសញ្ញានេះចុះ
22 ពិតប្រាកដជាមិនដែលមានបុណ្យរំលងយ៉ាងនោះឡើយ ចាប់តាំងពីគ្រាពួកចៅហ្វាយ ជាអ្នកដែលគ្រប់គ្រងលើពួកអ៊ីស្រាអែល រហូតមកដល់គ្រាពួកស្តេចអ៊ីស្រាអែល និងពួកស្តេចយូដាទាំងប៉ុន្មានផង
23 គឺនៅឆ្នាំទី១៨ នៃរាជ្យស្តេចយ៉ូសៀស ដែលគេធ្វើបុណ្យរំលងនោះ ថ្វាយព្រះយេហូវ៉ានៅត្រង់ក្រុងយេរូសាឡឹម។
24 មួយទៀត យ៉ូសៀសក៏បំបាត់ពួកគ្រូខាប គ្រូគាថា ព្រមទាំងរូបឆ្លាក់ និងព្រះទាំងប៉ុន្មាន ហើយគ្រប់ទាំងសេចក្ដីគួរស្អប់ខ្ពើម ដែលឃើញមាននៅស្រុកយូដា និងនៅក្រុងយេរូសាឡឹមទាំងអស់ចេញ ដើម្បីឲ្យបានសម្រេចតាមពាក្យនៃក្រឹត្យវិន័យកត់ទុកក្នុងគម្ពីរ ដែលហ៊ីលគីយ៉ាជាសម្ដេចសង្ឃ បានប្រទះឃើញក្នុងព្រះវិហារនៃព្រះយេហូវ៉ា
25 នៅមុនទ្រង់នោះគ្មានស្តេចណាឲ្យដូចទ្រង់ ដែលបានត្រឡប់មកឯព្រះយេហូវ៉ា ឲ្យអស់ពីចិត្ត អស់ពីព្រលឹម ហើយអស់ពីកម្លាំង តាមគ្រប់ទាំងក្រឹត្យវិន័យរបស់លោកម៉ូសេឡើយ ហើយកាលក្រោយទ្រង់មក ក៏មិនដែលកើតមានដែរ។
26 ប៉ុន្តែ ព្រះយេហូវ៉ាទ្រង់មិនបានអន់ថយ ពីសេចក្ដីក្រោធដ៏ជាខ្លាំង ដែលទ្រង់កើតមានដល់ពួកយូដា ដោយព្រោះអស់ទាំងសេចក្ដីចាក់រុក ដែលម៉ាន៉ាសេបានប្រព្រឹត្តនឹងទ្រង់នោះឡើយ
27 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា អញនឹងដកពួកយូដាពីមុខអញចេញ ដូចជាអញបានដកពួកអ៊ីស្រាអែលចេញដែរ ហើយអញនឹងបោះបង់ចោលក្រុងយេរូសាឡឹមនេះ ដែលអញបានរើស និងព្រះវិហារដែលអញបានថា ឈ្មោះអញនឹងនៅទីនេះនោះផង។
28 រីឯដំណើរឯទៀតពីយ៉ូសៀស និងការទាំងប៉ុន្មានដែលទ្រង់ធ្វើ នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជាពង្សាវតាររបស់ពួកស្តេចយូដាហើយ
29 នៅក្នុងរាជ្យទ្រង់ នោះផារ៉ោន-នេកោ ជាស្តេចស្រុកអេស៊ីព្ទ ក៏ឡើងទៅច្បាំងនឹងស្តេចស្រុកអាសស៊ើរ ត្រង់ទន្លេអ៊ើប្រាត ឯស្តេចយ៉ូសៀសទ្រង់ក៏ចេញទៅស្ទាក់ផ្លូវ តែកាលផារ៉ោន-នេកោបានឃើញ នោះក៏សម្លាប់ទ្រង់នៅត្រង់មេគីដោទៅ។
30 ពួកអ្នកបម្រើទ្រង់ក៏ដឹកសពទ្រង់ក្នុងរទេះ ពីមេគីដោ ទៅដល់ក្រុងយេរូសាឡឹមវិញ បញ្ចុះនៅក្នុងផ្នូររបស់ទ្រង់ រួចពួកអ្នកស្រុកគេលើកយ៉ូអាហាស ជាព្រះរាជបុត្រារបស់យ៉ូសៀស ចាក់ប្រេងតាំងឡើងជាស្តេចជំនួសបិតា។
31 លុះកាលយ៉ូអាហាសចាប់តាំងសោយរាជ្យឡើង នោះទ្រង់មានព្រះជន្ម២៣ឆ្នាំហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡឹមបាន៣ខែ ព្រះមាតាព្រះនាមជា ហាមូថាលបុត្រីយេរេមី ជាអ្នកស្រុកលិបណា
32 ទ្រង់ប្រព្រឹត្តអំពើដ៏លាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ា តាមគ្រប់ទាំងអំពើដែលពួកអយ្យកោទ្រង់បានប្រព្រឹត្តដែរ
33 ឯផារ៉ោន-នេកោក៏ចាប់ចងទ្រង់ នៅត្រង់ក្រុងរីបឡា ក្នុងស្រុកហាម៉ាត ដើម្បីមិនឲ្យទ្រង់សោយរាជ្យ នៅក្រុងយេរូសាឡឹមទៀត ក៏តម្រូវឲ្យស្រុកនោះត្រូវបង់សួយជាប្រាក់១០០ហាប និងមាស១ហាប
34 រួចផារ៉ោន-នេកោទ្រង់លើកអេលាគីម ជាបុត្រយ៉ូសៀស តាំងឡើងជាស្តេចជំនួសយ៉ូសៀស ជាព្រះបិតា ហើយផ្លាស់ព្រះនាមទ្រង់ទៅជាយេហូយ៉ាគីមវិញ ទ្រង់ក៏នាំយកយ៉ូអាហាសទៅនៅស្រុកអេស៊ីព្ទ ហើយយ៉ូអាហាសសុគតនៅស្រុកនោះ
35 ឯយេហូយ៉ាគីមទ្រង់ថ្វាយប្រាក់ និងមាសនោះ ដល់ផារ៉ោន តែទ្រង់ទារពន្ធអាករពីពួកអ្នកស្រុក ដើម្បីឲ្យបានប្រាក់នោះថ្វាយ តាមបង្គាប់ផារ៉ោន ទ្រង់បានទារមាសប្រាក់នោះ ពីពួកអ្នកស្រុកគ្រប់គ្នា តាមពន្ធរៀងខ្លួន ដើម្បីនឹងថ្វាយដល់ផារ៉ោន-នេកោ។
36 លុះកាលយេហូយ៉ាគីមចាប់តាំងសោយរាជ្យឡើង នោះទ្រង់មានព្រះជន្ម២៥ឆ្នាំហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡឹមបាន១១ឆ្នាំ ព្រះមាតាទ្រង់ព្រះនាមជាសេប៊ូដា បុត្រីពេដាយ៉ា ជាអ្នកស្រុករូម៉ា
37 ទ្រង់ប្រព្រឹត្តអំពើដ៏លាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ា តាមគ្រប់ទាំងអំពើដែលពួកអយ្យកោទ្រង់បានប្រព្រឹត្តដែរ។
ជំពូក 24
1 នៅរាជ្យទ្រង់ នោះនេប៊ូក្នេសា ជាស្តេចស្រុកបាប៊ីឡូនក៏ឡើងមក ហើយយេហូយ៉ាគីមក៏ចុះចូលជាអ្នកបម្រើទ្រង់អស់៣ឆ្នាំ ក្រោយមកបែរជាបះបោរនឹងទ្រង់វិញ
2 គ្រានោះ ព្រះយេហូវ៉ាទ្រង់ចាត់ប្រើពួកកងសាសន៍ខាល់ដេ សាសន៍ស៊ីរី សាសន៍ម៉ូអាប់ និងពួកកូនចៅអាំម៉ូន ឲ្យមកទាស់នឹងទ្រង់ ដើម្បីនឹងបំផ្លាញស្រុកយូដាទៅ តាមសេចក្ដីដែលព្រះយេហូវ៉ាបានមានព្រះបន្ទូល ដោយសារពួកហោរា ជាអ្នកបម្រើទ្រង់
3 ពិតប្រាកដជាសេចក្ដីទាំងនោះកើតមកដល់ស្រុកយូដា ដោយបង្គាប់នៃព្រះយេហូវ៉ា ដើម្បីនឹងដកគេពីចំពោះទ្រង់ចេញ ដោយព្រោះអំពើបាបរបស់ម៉ាន៉ាសេ ដែលទ្រង់បានប្រព្រឹត្តទាំងប៉ុន្មាន
4 ហើយដោយព្រោះឈាមឥតទោស ដែលទ្រង់បានកម្ចាយផង ដ្បិតទ្រង់បានធ្វើឲ្យក្រុងយេរូសាឡឹមពេញដោយឈាមដែលឥតទោសនោះ ហើយព្រះយេហូវ៉ាទ្រង់មិនព្រមអត់ទោសឲ្យទេ
5 រីឯដំណើរឯទៀតពីយេហូយ៉ាគីម និងការទាំងប៉ុន្មានដែលទ្រង់បានធ្វើ នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជាពង្សាវតាររបស់ពួកស្តេចយូដាស្រេចហើយ
6 យេហូយ៉ាគីមក៏ផ្ទំលក់ទៅជាមួយនឹងពួកអយ្យកោទ្រង់ រួចយ៉ូយ៉ាគីន ជាព្រះរាជបុត្រា ក៏ឡើងសោយរាជ្យជំនួសព្រះបិតា
7 ឯស្តេចស្រុកអេស៊ីព្ទ ទ្រង់មិនបានចេញពីស្រុកទ្រង់មកទៀតទេ ដ្បិតស្តេចស្រុកបាប៊ីឡូនទ្រង់បានវាយយកស្រុករបស់ស្តេចអេស៊ីព្ទទាំងប៉ុន្មាន ចាប់តាំងពីជ្រោះស្រុកអេស៊ីព្ទ រហូតដល់ទន្លេអ៊ើប្រាតហើយ។
8 កាលយ៉ូយ៉ាគីនចាប់តាំងសោយរាជ្យឡើង នោះទ្រង់មានព្រះជន្ម១៨ឆ្នាំហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡឹមបាន៣ខែ ព្រះមាតាទ្រង់ព្រះនាមជានេហ៊ូសថា បុត្រីអែលណាថាន ជាអ្នកក្រុងយេរូសាឡឹម
9 ទ្រង់ប្រព្រឹត្តអំពើដ៏លាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ា តាមគ្រប់ទាំងអំពើដែលព្រះបិតាទ្រង់បានប្រព្រឹត្តដែរ។
10 នៅគ្រានោះ ពួកពលទ័ពរបស់នេប៊ូក្នេសា ជាស្តេចស្រុកបាប៊ីឡូន ក៏ឡើងមកឡោមព័ទ្ធច្បាំងនឹងក្រុងយេរូសាឡឹម
11 ឯនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន ទ្រង់ក៏ឡើងមកដល់ទីក្រុង កំពុងដែលពួកពលទ័ពទ្រង់ឡោមព័ទ្ធនោះ
12 ហើយយ៉ូយ៉ាគីន ជាស្តេចយូដា ព្រមទាំងព្រះមាតា ពួកជំនិត ពួកអ្នកធំ និងពួកមេទ័ពរបស់ទ្រង់ផង ក៏ចេញទៅគាល់ស្តេចបាប៊ីឡូន គឺនៅឆ្នាំទី៨ក្នុងរាជ្យទ្រង់នោះឯង ដែលស្តេចបាប៊ីឡូនចាប់យកបាន
13 នេប៊ូក្នេសាក៏នាំយកអស់ទាំងទ្រព្យវិសេស ពីព្រះវិហារនៃព្រះយេហូវ៉ា ហើយពីព្រះរាជវាំងចេញមក ក៏យកអស់ទាំងគ្រឿងប្រដាប់មាស ដែលសាឡូម៉ូន ជាស្តេចអ៊ីស្រាអែលបានធ្វើ នៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា កាត់ជាដុំៗ ដូចជាព្រះយេហូវ៉ាបានមានព្រះបន្ទូល
14 ទ្រង់ក៏ដឹកនាំពួកក្រុងយេរូសាឡឹមទាំងអស់ទៅ ព្រមទាំងពួកអ្នកធំ និងពួកខ្លាំងពូកែ ដែលមានចិត្តក្លាហានទៅផង ឯពួកឈ្លើយទាំងអស់មានចំនួន១ម៉ឺននាក់ រួមទាំងពួករចនា និងពួកជាងទាំងអស់ដែរ សល់នៅតែមនុស្សទាល់ក្របំផុត នៅក្នុងស្រុកប៉ុណ្ណោះ
15 ទ្រង់ក៏ដឹកនាំយ៉ូយ៉ាគីន ព្រមទាំងព្រះមាតា និងភរិយា ហើយពួកមេទ័ព និងពួកអ្នកធំក្នុងស្រុកនោះផង ទៅឯស្រុកបាប៊ីឡូន គឺទ្រង់នាំគេចេញពីក្រុងយេរូសាឡឹម ទៅជាឈ្លើយដល់ស្រុកបាប៊ីឡូននោះ
16 ឯអស់ទាំងមនុស្សខ្លាំងពូកែ ចំនួនជា៧ពាន់នាក់ និងពួករចនា ហើយពួកជាង ចំនួនជា១ពាន់នាក់ ដែលសុទ្ធតែជាមនុស្សពេញកម្លាំងល្មមច្បាំងបាន នោះស្តេចបាប៊ីឡូនបាននាំទៅជាឈ្លើយ ដល់ស្រុកបាប៊ីឡូនទាំងអស់
17 រួចស្តេចបាប៊ីឡូនទ្រង់លើកម៉ាថានា ជាមារបស់យ៉ូយ៉ាគីន តាំងឡើងឲ្យបានសោយរាជ្យជំនួស ក៏ផ្លាស់ព្រះនាមទៅជាសេដេគា។
18 កាលសេដេគាចាប់តាំងសោយរាជ្យឡើង នោះទ្រង់មានព្រះជន្ម២១ឆ្នាំហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡឹមបាន១១ឆ្នាំ ព្រះមាតាទ្រង់ព្រះនាមជា ហាមូថាល បុត្រីយេរេមី ជាអ្នកស្រុកលិបណា
19 ទ្រង់ប្រព្រឹត្តអំពើដ៏លាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ា តាមគ្រប់ទាំងអំពើដែលយេហូយ៉ាគីមបានប្រព្រឹត្តដែរ
20 គឺយ៉ាងនោះដែលសេចក្ដីក្រោធនៃព្រះយេហូវ៉ា បានកើតឡើងទាស់នឹងក្រុងយេរូសាឡឹម ហើយនិងស្រុកយូដា ដរាបដល់ទ្រង់បានបោះគេចោលពីចំពោះទ្រង់ចេញ។
ជំពូក 25
1 រួចមក សេដេគាទ្រង់បះបោរនឹងស្តេចស្រុកបាប៊ីឡូន ហើយដល់ឆ្នាំទី៩ ក្នុងរាជ្យទ្រង់ នៅថ្ងៃ១០ ខែបុស្ស នោះនេប៊ូក្នេសា ជាស្តេចស្រុកបាប៊ីឡូនក៏មក នាំទាំងពួកពលទ័ពរបស់ទ្រង់ទាំងប៉ុន្មាន មកបោះទ័ពច្បាំងនឹងក្រុងយេរូសាឡឹម ក៏លើកបន្ទាយនៅព័ទ្ធជុំវិញ
2 ដូច្នេះ ទីក្រុងក៏មានគេឡោមព័ទ្ធច្បាំង រហូតដល់ឆ្នាំទី១១ ក្នុងរាជ្យស្តេចសេដេគា
3 ហើយដល់ថ្ងៃ៩ ខែអាសាធ នោះអំណត់អត់បានខ្លាំងណាស់ នៅក្នុងទីក្រុង ដល់ម៉្លេះបានជាគ្មាននំបុ័ងសម្រាប់ពួកជនបរិភោគឡើយ
4 វេលានោះ ពួកខ្មាំងក៏បំបាក់ទម្លាយកំផែងក្រុង១ដុំ រួចពួកទាហានទាំងអស់រត់ចេញទាំងយប់ តាមផ្លូវទ្វារដែលនៅកណ្តាលកំផែងទាំង២ ជិតច្បារស្តេច ទៅតាមផ្លូវស្រុកវាល ឯពួកខាល់ដេគេឡោមព័ទ្ធទីក្រុង
5 ហើយពួកទ័ពខាល់ដេដេញតាមស្តេចទាន់ នៅត្រង់វាលក្រុងយេរីខូ ហើយពួកពលរបស់ទ្រង់ទាំងប៉ុន្មាន ក៏បែកខ្ចាត់ខ្ចាយពីទ្រង់អស់រលីង
6 គេចាប់ស្តេចនាំឡើងទៅឯស្តេចបាប៊ីឡូន នៅត្រង់រីបឡា រួចគេកាត់ទោសទ្រង់
7 ក៏សម្លាប់ពួកបុត្រារបស់សេដេគានៅចំពោះទ្រង់ រួចចាក់បង្ខូចព្រះនេត្រទ្រង់ ហើយដាក់ច្រវាក់លង្ហិន ដឹកនាំទ្រង់ទៅឯក្រុងបាប៊ីឡូនទៅ។
8 ដល់ថ្ងៃ៧ ខែស្រាពណ៍ គឺនៅឆ្នាំទី១៩ ក្នុងរាជ្យស្តេចនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន នោះនេប៊ូសារ៉ាដាន ជាមេទ័ពធំរបស់ស្តេចបាប៊ីឡូន បានទៅឯក្រុងយេរូសាឡឹម
9 ក៏ដុតព្រះវិហារនៃព្រះយេហូវ៉ា និងព្រះរាជវាំង ហើយផ្ទះទាំងអស់នៅក្រុងយេរូសាឡឹមទៅ លោកដុតចោលអស់ទាំងផ្ទះធំៗ
10 រួចពួកទ័ពខាល់ដេទាំងអស់ដែលនៅជាមួយនឹងមេទ័ពធំ ក៏រំលំកំផែងក្រុងយេរូសាឡឹមគ្រប់ជុំវិញ
11 ហើយសំណល់ជនដែលនៅសល់ក្នុងទីក្រុង និងពួកអ្នកដែលបានរត់ទៅពឹងស្តេចបាប៊ីឡូន និងមនុស្សឯទៀតដែលនៅៗឡើយ នោះនេប៊ូសារ៉ាដានក៏ដឹកនាំទៅជាឈ្លើយទាំងអស់
12 តែបានទុកពួកទាល់ក្រនៅក្នុងស្រុកឲ្យគេរក្សាចម្ការទំពាំងបាយជូរ ហើយធ្វើស្រែចម្ការវិញ។
13 រីឯសសរលង្ហិន និងជើងកំណល់ ហើយសមុទ្រលង្ហិន ដែលនៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា នោះពួកខាល់ដេក៏បំបែកជាដុំៗ ដឹកយកលង្ហិនទាំងនោះទៅដល់ស្រុកបាប៊ីឡូន
14 ហើយឆ្នាំង ចបចូក ដង្កៀប កូនចាន និងគ្រឿងប្រដាប់លង្ហិន ទាំងប៉ុន្មាន ដែលសម្រាប់ការងារនោះគេក៏យកទៅដែរ
15 ឯជើងក្រាន និងចានក្លាំ គឺរបស់ដែលធ្វើពីមាស និងរបស់ដែលធ្វើពីប្រាក់ផង នោះមេទ័ពធំ លោកក៏យកទាំងអស់ទៅ
16 ចំណែកសសរទាំង២ និងសមុទ្រសិទ្ធ ហើយជើងកំណល់ទាំងប៉ុន្មានដែលសាឡូម៉ូនធ្វើសម្រាប់ព្រះវិហារនៃព្រះយេហូវ៉ា នោះបានធ្វើពីលង្ហិន មានទំងន់ថ្លឹងមិនបានឡើយ
17 សសរ១កំពស់១៨ហត្ថ ហើយក្បាលសសរលង្ហិន នៅពីលើនោះក៏កំពស់៣ហត្ថទៀត មានទាំងក្បាច់ក្រឡាអួន និងផ្លែទទឹមនៅជុំវិញ ធ្វើសុទ្ធតែពីលង្ហិនផង ឯសសរទី២ក៏ដូចគ្នា មានទាំងក្បាច់ក្រឡាអួនដែរ។
18 ឯមេទ័ពធំ លោកចាប់យកសេរ៉ាយ៉ា ជាសម្ដេចសង្ឃ និងសេផានា ជាសង្ឃបន្ទាប់ ហើយពួកឆ្មាំទ្វារទាំង៣នាក់
19 ក៏ចាប់យកមេទ័ពម្នាក់ពីទីក្រុង ជាអ្នកត្រួតលើពលទ័ព និងមនុស្ស៥នាក់ ជាអ្នកធ្លាប់ឃើញព្រះភ័ក្ត្រស្តេច ដែលឃើញមាននៅក្នុងក្រុង ហើយស្មៀនរបស់មេទ័ព ជាអ្នកធ្វើបញ្ជីកត់ពួកអ្នកស្រុក ព្រមទាំងពួកអ្នកស្រុក៦០នាក់ ដែលឃើញមានក្នុងក្រុងដែរ
20 លោកនាំទៅឯស្តេចបាប៊ីឡូន នៅត្រង់រីបឡា
21 ស្តេចបាប៊ីឡូនក៏សម្លាប់អ្នកទាំងនោះ នៅត្រង់រីបឡា ក្នុងស្រុកហាម៉ាតទៅ ដូច្នេះ ពួកយូដាត្រូវដឹកនាំទៅជាឈ្លើយ ក្រៅពីស្រុករបស់ខ្លួន។
22 ឯពួកជនដែលនេប៊ូក្នេសា ជាស្តេចបាប៊ីឡូនបានទុកឲ្យសល់នៅក្នុងស្រុកយូដា នោះទ្រង់ក៏តាំងកេដាលាជាកូនអ័ហ៊ីកាម ដែលជាកូនសាផាន ឲ្យធ្វើជាចៅហ្វាយលើគេ
23 រីឯពួកមេទ័ពទាំងប៉ុន្មាន និងពួកទាហានរបស់គេ កាលបានឮថា ស្តេចបាប៊ីឡូនបានតាំងកេដាលាឲ្យធ្វើជាចៅហ្វាយដូច្នោះ នោះគេក៏មកឯកេដាលា នៅក្រុងមីសប៉ា គឺអ៊ីសម៉ាអែល ជាកូននេថានា១ យ៉ូហាណានជាកូនការា១ សេរ៉ាយ៉ា ជាកូនថានហ៊ូមែត ជាអ្នកស្រុកនថូផា១ និងយ្អាសានា ជាកូនរបស់អ្នកស្រុកម៉ាកាធីម្នាក់១ ព្រមទាំងពួកទាហានរបស់គេផង
24 កេដាលាក៏ស្បថនឹងគេ ហើយនិងពួកគេទាំងប៉ុន្មាន ដោយពាក្យថា កុំឲ្យខ្លាច ដោយព្រោះពួកអ្នកដែលចុះចូលខាងពួកខាល់ដេឡើយ ចូរនៅក្នុងស្រុក ហើយចុះចូលចំពោះស្តេចបាប៊ីឡូនចុះ នោះអ្នករាល់គ្នានឹងបានសេចក្ដីសុខ
25 ប៉ុន្តែ ដល់ខែអស្សុជ នោះអ៊ីសម៉ាអែល កូននេថានា ដែលជាកូនអេលីសាម៉ា ជាពូជស្តេច បាននាំមនុស្ស១០នាក់មកជាមួយ ប្រហារជីវិតកេដាលាទៅ ព្រមទាំងពួកយូដា និងពួកខាល់ដេ ដែលនៅជាមួយនឹងលោក នៅក្រុងមីសប៉ាផង
26 នោះពួកបណ្តាជនទាំងឡាយ ទាំងតូច ទាំងធំ និងពួកមេទ័ព ក៏នាំគ្នាទៅឯស្រុកអេស៊ីព្ទទៅ ពីព្រោះគេខ្លាចពួកខាល់ដេ។
27 រីឯនៅឆ្នាំទី៣៧ ដែលយ៉ូយ៉ាគីន ជាស្តេចយូដានៅជាប់ជាឈ្លើយនៅឡើយ ក្នុងថ្ងៃ២៧ខែផល្គុណ នោះអេវីល-មេរូដាក ជាស្តេចស្រុកបាប៊ីឡូន ទ្រង់ចាប់តាំងសោយរាជ្យឡើង ហើយក៏ប្រោសមេត្តាដល់យ៉ូយ៉ាគីនជាស្តេចយូដា ដោះចេញពីគុក នៅឆ្នាំនោះឯង
28 ក៏មានព្រះបន្ទូលនឹងទ្រង់ដោយផ្អែមពីរោះ ព្រមទាំងតាំងបល្ល័ង្កទ្រង់ឲ្យខ្ពស់ជាងពួកស្តេច ដែលនៅជាមួយ នៅក្រុងបាប៊ីឡូនផង
29 ហើយបំផ្លាស់សម្លៀកបំពាក់គុកពីទ្រង់ចេញ ដូច្នេះ យ៉ូយ៉ាគីនក៏សោយព្រះស្ងោយនៅចំពោះទ្រង់ជានិច្ច ដរាបដល់អស់ព្រះជន្ម
30 ស្តេចបាប៊ីឡូនក៏ផ្គត់ផ្គង់ថ្វាយរាល់តែថ្ងៃជានិច្ច ដរាបដល់អស់ព្រះជន្មទ្រង់។:៚