ជំពូក 1
1 អ័ដាម សេត អេណុស
2 កៃណាន ម៉ាលេលាល យ៉ារេឌ
3 ហេណុក មធូសាឡា ឡាមេក
4 ណូអេ សិម ហាំ និងយ៉ាផែត។
5 កូនរបស់យ៉ាផែត គឺកូមើរ ម៉ាកុក ម៉ាដាយ យ៉ាវ៉ាន ទូបាល មែសេក និងទីរ៉ាស
6 កូនរបស់កូមើរ គឺអាសក្នាស រីផាត និងតូកាម៉ា
7 កូនរបស់យ៉ាវ៉ាន គឺអេលីសា តើស៊ីស គីទីម និងដូដានីម។
8 កូនរបស់ហាំ គឺគូស មីសរ៉ែម ពូត និងកាណាន
9 កូនរបស់គូស គឺសេបា ហាវីឡា សាបតា រ៉ាម៉ា និងសាប់តិកា កូនរបស់រ៉ាម៉ា គឺសេបា និងដេដាន់
10 ឯគូសក៏បង្កើតនីមរ៉ូឌ នេះជាអ្នកដែលចាប់តាំងមានអំណាចនៅផែនដី
11 មីសរ៉ែមបង្កើតពួកលូឌីម ពួកអ័ណាមីម ពួកលេហាប៊ីម ពួកណាបធូហ៊ីម
12 ពួកប៉ាទ្រូស៊ីម និងពួកកាសលូហ៊ីម (សាសន៍នោះបង្កើតពួកភីលីស្ទីន) ហើយនិងពួកកាប់ថោរីម
13 កាណានបង្កើតស៊ីដូន ជាកូនច្បង និងហេត
14 ហើយទាំងពួកយេប៊ូស ពួកអាម៉ូរី ពួកគើកាស៊ី
15 ពួកហេវី ពួកអើគី ពួកស៊ីនីត
16 ពួកអើវ៉ាឌីត ពួកសេម៉ារីត និងពួកហាម៉ាធីត។
17 កូនរបស់សិម គឺអេឡាំ អាសស៊ើរ អើប៉ាក់សាឌ លូឌ អើរ៉ាម អ៊ូស ហ៊ុល កេធើរ និងមែសេក
18 អើប៉ាក់សាឌបង្កើតសេឡាៗបង្កើតហេប៊ើរ
19 ឯហេប៊ើរ គាត់បង្កើតបានកូនប្រុស២ មួយឈ្មោះផាលេក ពីព្រោះនៅជំនាន់អ្នកនោះ ផែនដីបានបែកពីគ្នា ហើយប្អូនគាត់ឈ្មោះយ៉ុកថាន
20 យ៉ុកថានបង្កើតអាល់ម៉ូដាឌ សេលែប ហាសាម៉ាវែត យេរ៉ា
21 ហាដូរ៉ាម អ៊ូសាល ឌីកឡា
22 អេបាល អ័ប៊ីម៉ែល សេបា
23 អូភារ ហាវីឡា និងយ៉ូបាប់ អ្នកទាំងនោះសុទ្ធតែជាកូនយ៉ុកថាន។
24 សិម អើប៉ាក់សាឌ សេឡា
25 ហេប៊ើរ ផាលេក រេហ៊ូវ
26 សេរូក ណាឃរ ថេរ៉ា
27 និងអាប់រ៉ាម គឺជាអ័ប្រាហាំ ។
28 ឯកូនអ័ប្រាហាំ គឺអ៊ីសាក និងអ៊ីសម៉ាអែល
29 នេះជាកូនចៅគេ តរៀងទៅ គឺនេបាយ៉ូត ជាកូនច្បងរបស់អ៊ីសម៉ាអែល រួចកេដារ អ័ឌប្អែល មីបសាម
30 មីសម៉ា ឌូម៉ា ម៉ាសា ហាដាឌ់ ថេម៉ា
31 យេធើរ ណាភីស និងកេតម៉ា នោះសុទ្ធតែជាកូនចៅរបស់អ៊ីសម៉ាអែល។
32 ឯកូនរបស់កិទូរ៉ា ជាប្រពន្ធចុងរបស់អ័ប្រាហាំ នាងបង្កើតបានស៊ីមរ៉ាន យ៉ុកសាន មីដាន ម៉ាឌាន អ៊ីសបាក់ និងស៊ូអា ឯកូនរបស់យ៉ុកសាន គឺសេបា និងដេដាន់
33 ឯកូនរបស់ម៉ាឌាន គឺអេផា អេភើរ ហេណុក អ័ប៊ីដា និងអែលដ្អា នោះសុទ្ធតែជាកូនចៅរបស់កិទូរ៉ា។
34 អ័ប្រាហាំបង្កើតអ៊ីសាក ឯកូនអ៊ីសាក គឺអេសាវ និងអ៊ីស្រាអែល
35 ឯកូនរបស់អេសាវ គឺអេលីផាស រេហួល យេអ៊ូស យ៉ាឡាម និងកូរេ
36 កូនរបស់អេលីផាស គឺថេម៉ាន អូម៉ារ សេផូរ កាថាម កេណាស ធីមណា និងអាម៉ាលេក
37 កូនរបស់រេហួល គឺណាហាត់ សេរ៉ាស សាំម៉ា និងមីសសា។
38 កូនរបស់សៀរ គឺឡូថាន សូបាល ស៊ីបៀន អ័ន៉ា ឌីសសុន អេស៊ើរ និងឌីសសាន
39 ឯកូនរបស់ឡូថាន គឺហូរី និងហោម៉ាម ឯធីមណានាងជាប្អូនរបស់ឡូថាន
40 ឯកូនរបស់សូបាល គឺអាលវ៉ាន ម៉ាន៉ាហាត់ អេបាល សេផូរ និងអូណាម ឯកូនរបស់ស៊ីបៀន គឺអៃយ៉ា និងអ័ន៉ា
41 ឯកូនអ័ន៉ា គឺឌីសសុន កូនឌីសសុន គឺហិមដាន់ អែសបាន់ យីតរ៉ាន និងកេរ៉ាន
42 ឯកូនរបស់អេស៊ើរ គឺប៊ីលហាន សាវ៉ាន និងយ៉ាកាន ហើយកូនរបស់ឌីសសាន គឺ អ៊ូស និងអ័រ៉ាន។
43 រីឯស្តេចទាំងប៉ុន្មាន ដែលបានសោយរាជ្យ នៅស្រុកអេដុម មុនដែលមានស្តេចណាសោយរាជ្យលើពួកកូនចៅអ៊ីស្រាអែលនៅឡើយ នោះគឺបេឡា ជាបុត្រាបេអ៊រ ហើយទីក្រុងរបស់ទ្រង់ នោះឈ្មោះឌីនហាបា
44 បេឡាក៏សុគតទៅ រួចយ៉ូបាប់ ជាបុត្រាសេរ៉ាស ពីក្រុងបុសរ៉ា បានឡើងសោយរាជ្យជំនួសទ្រង់
45 យ៉ូបាប់ក៏សុគតទៅ រួចហ៊ូសាម ពីស្រុកសាសន៍ថេម៉ាន បានឡើងសោយរាជ្យជំនួសទ្រង់
46 ហ៊ូសាមក៏សុគតទៅ រួចហាដាឌ់ ជាបុត្រាបេដាឌ់ បានឡើងសោយរាជ្យជំនួសទ្រង់ ទីក្រុងរបស់ទ្រង់ ឈ្មោះអាវីត គឺស្តេចនេះហើយ ដែលវាយសាសន៍ម៉ាឌាននៅវាលស្រុកម៉ូអាប់
47 ហាដាឌ់ក៏សុគតទៅ រួចសាំឡា ជាអ្នកស្រុកម៉ាសរេកា បានឡើងសោយរាជ្យជំនួសទ្រង់
48 សាំឡាក៏សុគតទៅ រួចសូល ជាអ្នកស្រុករេហូបូតដែលនៅមាត់ទន្លេ នោះបានឡើងសោយរាជ្យជំនួសទ្រង់
49 សូលក៏សុគតទៅ រួចបាល-ហាន៉ាន់ ជាបុត្រាអ័កបោរ បានឡើងសោយរាជ្យជំនួសទ្រង់
50 បាល-ហាន៉ាន់ក៏សុគតទៅ រួចហាដាឌ់បានឡើងសោយរាជ្យជំនួសទ្រង់ ទីក្រុងរបស់ទ្រង់ឈ្មោះប៉ាវ ហើយព្រះទេពីទ្រង់ព្រះនាមជាមហេថាបែល ជាបុត្រីម៉ាតរេឌ ដែលជាកូនមេសាហាប់
51 រួចហាដាឌ់ក៏សុគតទៅដែរ។ ឯពួកមេសាសន៍អេដុម នោះគឺធីមណា១ អាលវ៉ា១ យេថេត១
52 អ័ហូលីបាម៉ា១ អេឡា១ ពីណូន១
53 កេណាស១ ថេម៉ាន១ មីបសារ១
54 ម៉ាកឌាល១ និងអ៊ីរ៉ាម១ នោះសុទ្ធតែជាពួកមេនៃសាសន៍អេដុម។
ជំពូក 2
1 នេះជាកូនរបស់អ៊ីស្រាអែល គឺរូបេន ស៊ីម្មាន លេវី យូដា អ៊ីសាខារ សាប់យូល៉ូន
2 ដាន់ យ៉ូសែប បេនយ៉ាមីន ណែបថាលី កាឌ់ និងអេស៊ើរ។
3 ឯកូនរបស់យូដា គឺអ៊ើរ អូណាន់ និងសេឡា ជាកូនទាំង៣ ដែលកូនស្រីរបស់ស៊ូអា សាសន៍កាណាន បានបង្កើតឲ្យគាត់ ឯអ៊ើរ កូនច្បងយូដា គាត់ជាមនុស្សអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ា ហើយទ្រង់ក៏សម្លាប់ចោលទៅ
4 តាម៉ារជាកូនប្រសាស្រីយូដា ក៏បង្កើតពេរេស និងសេរ៉ាសឲ្យគាត់ដែរ ដូច្នេះ កូនរបស់យូដាទាំងអស់មាន៥នាក់។
5 ឯកូនរបស់ពេរេស គឺហេស្រុន និងហាមុល
6 កូនរបស់សេរ៉ាស គឺស៊ីមរី អេថាន ហេម៉ាន កាលកូល និងដារ៉ា ទាំងអស់មាន៥នាក់
7 កូនរបស់កើមី គឺអេកាន ជាអ្នកដែលនាំឲ្យមានសេចក្ដីវេទនា នៅក្នុងពួកអ៊ីស្រាអែល ដោយបានរំលងច្បាប់ ខាងឯរបស់ដែលត្រូវបំផ្លាញអស់រលីង
8 ឯកូនអេថាន គឺអ័សារា។
9 ឯកូនរបស់ហេស្រុន នោះគឺយេរ៉ាម្អែល រ៉ាម និងកាលែប
10 រ៉ាមក៏បង្កើតអ័មីន៉ាដាប់ ហើយអ័មីន៉ាដាប់គាត់បង្កើតណាសូន ដែលជាកំពូលលើពួកកូនចៅយូដា
11 ណាសូនក៏បង្កើតសាលម៉ូនៗបង្កើតបូអូស
12 បូអូសបង្កើតអូបិឌៗបង្កើតអ៊ីសាយ
13 អ៊ីសាយបង្កើតអេលាប ដែលជាកូនច្បងរបស់អ័ប៊ីន៉ាដាប់ ជាកូនទី២ សាំម៉ាទី៣
14 នេថានេលទី៤ រ៉ាដាយទី៥
15 អូសែមទី៦ និងដាវីឌ ជាទី៧
16 ឯបងប្អូនស្រីរបស់អ្នកទាំងនោះ គឺសេរូយ៉ា និងអ័ប៊ីកែល ឯកូននាងសេរូយ៉ា គឺអ័ប៊ីសាយ យ៉ូអាប់ និងអេសាអែល ទាំងអស់មាន៣នាក់
17 ឯនាងអ័ប៊ីកែលក៏បង្កើតអ័ម៉ាសា ឪពុកអ័ម៉ាសាឈ្មោះយេធើ ជាសាសន៍អ៊ីសម៉ាអែល។
18 កាលែប ជាកូនហេស្រុន ក៏បង្កើតកូននឹងអ័ស៊ូបាប្រពន្ធគាត់ ហើយនិងយេរីអូតដែរ កូនរបស់នាងអ័ស៊ូបា គឺយេស៊ើរ សូបាប់ និងអើដូន
19 រួចអ័ស៊ូបានាងស្លាប់ទៅ ហើយកាលែបគាត់យកនាងអេប្រាតាធ្វើជាប្រពន្ធ នាងនោះបង្កើតហ៊ើរឲ្យគាត់
20 ហើយហ៊ើរបង្កើតយូរីៗបង្កើតបេតសាលាល។
21 ក្រោយនោះមក ហេស្រុនក៏ចូលទៅយកកូនស្រីម្នាក់របស់ម៉ាគារ ជាឪពុកកាឡាត ធ្វើជាប្រពន្ធ ក្នុងកាលដែលគាត់បានអាយុ៦០ឆ្នាំហើយ នាងនោះបង្កើតសេគូបឲ្យគាត់
22 សេគូបបង្កើតយ៉ាអ៊ារ ជាអ្នកដែលមានទីក្រុង២៣នៅស្រុកកាឡាត
23 គាត់វាយយកបានស្រុកកេស៊ូរី និងស្រុកអើរ៉ាម ព្រមទាំងទីក្រុងយ៉ាអ៊ារទាំងនោះ និងក្រុងកេណាត ហើយនិងភូមិនៅជុំវិញផង គឺយកបានទីក្រុងពីគេទាំងអស់៦០ ទីក្រុងទាំងនោះជារបស់ផងម៉ាគារឪពុកកាឡាត
24 ក្រោយដែលហេស្រុនបានស្លាប់នៅត្រង់ក្រុងកាលែប-អេប្រាតាហើយ នោះអ័ប៊ីយ៉ា ជាប្រពន្ធគាត់ ក៏សម្រាលកូនឲ្យគាត់ ឈ្មោះអាសហ៊ើរ ដែលជាឪពុកត្កូអា។
25 ឯកូនរបស់យេរ៉ាម្អែល ជាកូនច្បងហេស្រុន នោះគឺរ៉ាម ជាកូនច្បង រួចប៊ូណា អូរេន អូសែម និងអ័ហ៊ីយ៉ា
26 យេរ៉ាម្អែលក៏មានប្រពន្ធ១ទៀតឈ្មោះអ័ថារ៉ា នាងនោះជាម្តាយអូណាម
27 ឯកូនរបស់រ៉ាម ជាកូនច្បងយេរ៉ាម្អែល នោះគឺម៉ាអាស យ៉ាមីន និងអេគើរ
28 កូនរបស់អូណាម គឺសាម៉ាយ និងយ៉ាដា ឯកូនរបស់សាម៉ាយ គឺណាដាប និងអ័ប៊ីស៊ើរ
29 រីឯប្រពន្ធអ័ប៊ីស៊ើរ នោះឈ្មោះអ័ប៊ីហែល នាងនោះបង្កើតអ័បាន់ និងម៉ូលីឌឲ្យគាត់
30 ឯកូនរបស់ណាដាប គឺសេលេឌ និងអ័ផែម តែសេលេឌនេះគាត់ស្លាប់ទៅឥតមានកូន
31 កូនរបស់អ័ផែម គឺអ៊ីស៊ី ហើយកូនរបស់អ៊ីស៊ី គឺសេសាន ជាកូនសេសាន ឯកូនសេសាន គឺអ័ឡាយ
32 ឯកូនរបស់យ៉ាដា ជាប្អូនសាម៉ាយ គឺយេធើ និងយ៉ូណាថាន តែយេធើគាត់ស្លាប់ទៅឥតមានកូន
33 ឯកូនរបស់យ៉ូណាថាន គឺពេលេត និងសាសា នោះសុទ្ធតែជាកូនចៅនៃយេរ៉ាម្អែល
34 រីឯសេសានគាត់គ្មានកូនប្រុសទេ មានសុទ្ធតែកូនស្រីវិញ ក៏មានអ្នកបម្រើសាសន៍អេស៊ីព្ទម្នាក់ឈ្មោះយ៉ារហា
35 ហើយសេសានគាត់ឲ្យកូនស្រីគាត់ ទៅធ្វើជាប្រពន្ធរបស់យ៉ារហា ជាអ្នកបម្រើនោះ នាងបង្កើតអ័ថាយឲ្យគាត់
36 ហើយអ័ថាយបង្កើតណាថាន់ៗបង្កើតសាបាឌ
37 សាបាឌបង្កើតអែបឡាល អែបឡាលបង្កើតអូបិឌ
38 អូបិឌបង្កើតយេហ៊ូវៗបង្កើតអ័សារា
39 អ័សារាបង្កើតហាលេសៗបង្កើតអេឡាសា
40 អេឡាសាបង្កើតអ៊ីសម៉ាយៗបង្កើតសាលូម
41 ឯសាលូម គាត់បង្កើតយេកាមា ហើយយេកាមាបង្កើតអេលីសាម៉ា។
42 ឯកូនរបស់កាលែប ជាប្អូនយេរ៉ាម្អែល នោះគឺមេសា ជាកូនច្បង ដែលជាឪពុកស៊ីភ ហើយកូន១ទៀតឈ្មោះម៉ារីសា ដែលជាឪពុកហេប្រុន
43 កូនរបស់ហេប្រុន គឺកូរេ ថាពួរ រេគេម និងសេម៉ា
44 សេម៉ាបង្កើតរ៉ាហាំ ជាឪពុកយ៉ូរគាម ហើយរេគេមបង្កើតសាម៉ាយ
45 កូនរបស់សាម៉ាយ គឺម៉ាអូន ហើយម៉ាអូន ជាឪពុកបេត-ស៊ើរ
46 ឯអេផា ជាប្រពន្ធចុងរបស់កាលែប នាងបង្កើតបានហារ៉ាន ម៉ូសា និងកាសេស ហើយហារ៉ានបង្កើតកាសេស
47 កូនរបស់យ៉ាដាយ គឺរេគេម យ៉ូថាម កេសាន ពេលេត អេផា និងសាអាប់
48 ឯម្អាកា ជាប្រពន្ធចុងរបស់កាលែប នាងបង្កើតសេប៊ើរ និងទាហាណា
49 នាងនោះក៏បង្កើតសាអាប់ ជាអ្នកតាំងក្រុងម៉ាត់ម៉ាណា ស៊ីវ៉ា ជាអ្នកតាំងក្រុងម៉ាកបេណា ហើយនិងក្រុងគីបៀរដែរ ឯកូនស្រីកាលែបនាងឈ្មោះអាកសា។
50 នេះជាកូនចៅរបស់កាលែប ជាកូនហ៊ើរ ដែលជាកូនច្បងនៃនាងអេប្រាតា គឺសូបាល ជាអ្នកតាំងក្រុងគារយ៉ាត់-យារីម
51 សាលម៉ា ជាអ្នកតាំងក្រុងបេថ្លេហិម ហារេប ជាអ្នកតាំងក្រុងបេត-កាឌើរ
52 ហើយសូបាលជាអ្នកតាំងក្រុងគារយ៉ាត់-យារីម គាត់ក៏មានកូនប្រុសដែរ គឺហារ៉ូអេ និងពួកហាស៊ី-ហាមេនូហូត
53 ឯពួកគ្រួនៅក្រុងគារយ៉ាត់-យារីម គឺពួកយេធើ ពួកពូធី ពួកស៊ូម៉ាធី និងពួកមីសរ៉ា ពួកនោះក៏បង្កើតពួកសូរ៉ាត និងពួកអែសថោល
54 ឯកូនរបស់សាលម៉ា គេបង្កើតពួកបេថ្លេហិម ពួកនថូផា ពួកអាត្រូត-បេត-យ៉ូអាប់ និងពួកហាស៊ី-ហាម៉ាន៉ាធី គឺជាពួកសោរីត
55 ព្រមទាំងគ្រូពួកស្មៀនទាំងប៉ុន្មាន ដែលនៅក្រុងយ៉ាបេស គឺពួកធីរ៉ាត ពួកស៊ីមាត និងពួកស៊ូកាត នេះសុទ្ធតែជាពួកកែនដែលកើតពីហាម៉ាត ជាឪពុកនៃជំនួរវង្សរបស់រេកាប។
ជំពូក 3
1 នេះជាពួកបុត្រារបស់ដាវីឌ ដែលស្តេចទ្រង់បង្កើតនៅក្រុងហេប្រុន គឺអាំណូន ជាបុត្រច្បង ដែលកើតពីនាងអ័ហ៊ីណោម ជាអ្នកស្រុកយេសរាល បុត្រទី២ គឺដានីយ៉ែល ដែលកើតពីនាងអ័ប៊ីកែល ជាអ្នកស្រុកកើមែល
2 ទី៣ គឺអាប់សាឡំម ជាបុត្រនាងម្អាកា ដែលជាបុត្រីតាលម៉ាយ ស្តេចស្រុកកេស៊ូរី ទី៤ គឺអ័ដូនីយ៉ា ជាបុត្រនាងហាគីត
3 ទី៥ គឺសេផាធា ជាបុត្រនាងអ័ប៊ីថាល ទី៦ គឺយីតរាម ដែលកើតពីនាងអេកឡា ជាទេពីទ្រង់
4 ទ្រង់បង្កើតបុត្រទាំង៦នេះ នៅក្រុងហេប្រុន ហើយទ្រង់ក៏សោយរាជ្យនៅក្រុងនោះអស់៧ឆ្នាំ៦ខែ រួចសោយរាជ្យនៅក្រុងយេរូសាឡឹមអស់៣៣ឆ្នាំទៀត
5 នៅក្រុងយេរូសាឡឹម ទ្រង់ក៏បង្កើតកូនទាំងនេះ គឺសាំម៉ា សូបាប់ ណាថាន់ និងសាឡូម៉ូន ទាំងអស់មាន៤អង្គកើតពីនាងបាតសេបា ជាបុត្រីរបស់អាំមាល
6 ហើយនិងយីបហារ អេលីសាម៉ា អេលីផាលេត
7 ណូកា នេផេក យ៉ាភា
8 អេលីសាម៉ា អេលីយ៉ាដា និងអេលីផាលេត ទាំងអស់មាន៩អង្គ
9 នោះសុទ្ធតែជាបុត្រារបស់ដាវីឌទាំងអស់ ទ្រង់ក៏មានបុត្រកើតនឹងពួកអ្នកម្នាងថែមទៀត ហើយមាននាងតាម៉ារ ជាកនិដ្ឋានៃបុត្រទាំងនោះដែរ។
10 ឯបុត្ររបស់សាឡូម៉ូន គឺរេហូបោម ហើយរេហូបោមក៏មានបុត្រ ព្រះនាមជាអ័ប៊ីយ៉ាៗមានបុត្រ ព្រះនាមជា អេសាៗមានបុត្រ ព្រះនាមជា យ៉ូសាផាត
11 យ៉ូសាផាតមានបុត្រ ព្រះនាមជាយ៉ូរ៉ាមៗមានបុត្រ ព្រះនាមជា អ័ហាស៊ីយ៉ាៗមានបុត្រ ព្រះនាមជា យ៉ូអាស
12 យ៉ូអាសមានបុត្រ ព្រះនាមជា អ័ម៉ាស៊ាៗមានបុត្រ ព្រះនាមជាអ័សារាៗមានបុត្រព្រះនាមជា យ៉ូថាម
13 យ៉ូថាមមានបុត្រ ព្រះនាមជា អ័ហាសៗមានបុត្រ ព្រះនាមជា ហេសេគាៗមានបុត្រ ព្រះនាមជា ម៉ាន៉ាសេ
14 ម៉ាន៉ាសេមានបុត្រ ព្រះនាមជា អាំម៉ូនៗមានបុត្រ ព្រះនាមជា យ៉ូសៀស។
15 យ៉ូសៀសក៏មានបុត្រ ឯបុត្រច្បង ព្រះនាមជាយ៉ូហាណាន បុត្រទី២ ព្រះនាមជាយេហូយ៉ាគីម ទី៣សេដេគា ទី៤សាលូម
16 ឯបុត្ររបស់យេហូយ៉ាគីម គឺយេកូនាសៗមានបុត្រ ព្រះនាមជាសេដេគា
17 ឯបុត្ររបស់យេកូនាស ដែលជាប់ជាឈ្លើយ គឺសាលធាល
18 និងម៉ាលគីរ៉ាម ពេដាយ៉ា សេណាសារ យេកាមា ហូសាម៉ា និងនេដាបយ៉ា
19 ឯបុត្ររបស់ពេដាយ៉ា គឺសូរ៉ូបាបិល និងស៊ីម៉ាយ បុត្រសូរ៉ូបាបិល គឺមស៊ូឡាម និងហាណានា ហើយសឡូមិត នាងជាកនិដ្ឋារបស់បុត្រទាំង២នោះ
20 ព្រមទាំងហាស៊ូបា អូហែល បេរេគា ហាសាឌា និងយ៉ាសាប-ហេសេឌ ទាំងអស់មាន៥អង្គ
21 ឯបុត្ររបស់ហាណានា គឺពេឡាធា និងអេសាយ រួចមានបុត្រទាំងប៉ុន្មានរបស់រេផាយ៉ា អើណាន អូបាឌា និងសេកានា
22 ឯបុត្ររបស់សេកានា គឺសេម៉ាយ៉ា ហើយបុត្ររបស់សេម៉ាយ៉ា គឺហាធូស យីកាល បារីយ៉ា នារីយ៉ា និងសាផាត ទាំងអស់មាន៦អង្គ
23 ឯបុត្ររបស់នារីយ៉ា គឺអេលីយ៉ូន៉ាយ ហេសេគា និងអាសរីកាម ទាំងអស់មាន៣អង្គ
24 ឯបុត្ររបស់អេលីយ៉ូន៉ាយ គឺហូដាវា អេលាស៊ីប ពេឡាយ៉ា អ័កកាប យ៉ូហាណាន ដេឡាយ៉ា និងអ័ណានី ទាំងអស់មាន៧អង្គ។
ជំពូក 4
1 ឯកូនរបស់យូដា គឺពេរេស ហេស្រុន កើមី ហ៊ើរ និងសូបាល
2 ឯរីអាយ៉ា ជាកូនសូបាល គាត់បង្កើតយ៉ាហាត ហើយយ៉ាហាតបង្កើតអ័ហ៊ូម៉ាយ និងឡាហាឌ នេះហើយជាគ្រូនៃពួកសូរ៉ាត
3 ឯពួកអ្នកដែលកើតពីឪពុករបស់អេថាម គឺយេសរាល យីសម៉ា និងយីឌបាស ហើយប្អូនស្រីរបស់គេ នាងឈ្មោះហាសលែល-ពូនី
4 ឯពេនួលជាអ្នកតាំងក្រុងកេដោរ ហើយអេស៊ើរជាអ្នកតាំងក្រុងហ៊ូសា នោះសុទ្ធតែជាកូនចៅរបស់ហ៊ើរ ជាកូនច្បងនៃនាងអេប្រាតា ហើយជាអ្នកតាំងក្រុងបេថ្លេហិម។
5 ឯអាសហ៊ើរ ជាអ្នកតាំងក្រុងត្កូអា គាត់មានប្រពន្ធ២ មួយឈ្មោះហេឡា ហើយមួយឈ្មោះណាអារ៉ា
6 នាងណាអារ៉ាបង្កើតបានអ័ហ៊ូសាម ហេភើរ ថេម៉ានី និងអ័ហាសថារីឲ្យគាត់ នោះសុទ្ធតែជាកូនរបស់នាងណាអារ៉ាទាំងប៉ុន្មាន
7 ឯកូនរបស់ហេឡា គឺសេរ៉ែត សូហារ និងអេតណាន
8 ឯកោស គាត់បង្កើតអ័នូប និងសូបេបា ហើយនិងគ្រួអ័ខាហែល ជាកូនហារូម។
9 ឯយ៉ាបេស គាត់ជាមនុស្សដែលគេរាប់អាន លើសជាងពួកបងប្អូនគាត់ ម្តាយបានឲ្យឈ្មោះថា យ៉ាបេស ដោយថា ពីព្រោះខ្ញុំបានបង្កើតវាមក ដោយមានចិត្តព្រួយ
10 យ៉ាបេសនេះ គាត់បានអំពាវនាវដល់ព្រះនៃសាសន៍អ៊ីស្រាអែលថា ឱបើទ្រង់នឹងប្រទានពរមកទូលបង្គំទៅអេះ ព្រមទាំងវាតព្រំដែនរបស់ទូលបង្គំ ឲ្យទូលាយឡើង ហើយឲ្យព្រះហស្តទ្រង់បាននៅជាមួយនឹងទូលបង្គំ ដើម្បីនឹងរក្សាទូលបង្គំ មិនឲ្យប្រព្រឹត្តអាក្រក់ឡើយ ប្រយោជន៍មិនឲ្យទូលបង្គំកើតចិត្តព្រួយ ព្រះទ្រង់ក៏ប្រោសប្រទានដល់គាត់ដូចជាបានសូម
11 ឯកេលូបជាប្អូនស៊ូហា គាត់បង្កើតមហ៊ារ ដែលជាឪពុកអែសថូន
12 អែសថូនបង្កើតបេត-រ៉ាផា ផាសេហា និងថេហ៊ីណា ដែលជាអ្នកតាំងក្រុងណាហាស នោះសុទ្ធតែជាពួកអ្នកនៅត្រង់រេកា
13 ឯកូនរបស់កេណាស គឺអូធ្នាល និងសេរ៉ាយ៉ា កូនរបស់អូធ្នាល គឺហាថាត
14 ឯមេវណូថាយ គាត់បង្កើតអូប្រា សេរ៉ាយ៉ាបង្កើតយ៉ូអាប់ ជាអ្នកតាំងតំបន់នៃពួកនៅច្រកភ្នំហារ៉ាស៊ីម ពីព្រោះគេសុទ្ធតែជាពួកជាងរចនា
15 ឯកូនរបស់កាលែប ជាកូនយេភូនេ គឺអ៊ីរូវ អេឡា និងណាអាម ឯកូនរបស់អេឡា គឺកេណាស
16 ឯកូនរបស់យេហាលែល គឺស៊ីភ ស៊ីផា ធារីយ៉ា និងអ័សើរ៉ែល
17 ឯកូនរបស់អែសរ៉ា គឺយេធើ ម៉ារេឌ អេភើរ និងយ៉ាឡូន ហើយប្រពន្ធរបស់ម៉ារេឌបង្កើតបានម៉ារាម សាម៉ាយ និងយីសបា ដែលជាអ្នកតាំងក្រុងអែសធេម៉ូរ
18 ឯប្រពន្ធគាត់ ដែលជាសាសន៍យូដា នាងបង្កើតយេរេឌជាអ្នកតាំងក្រុងកេដោរ និងហេប៊ើរ ជាអ្នកតាំងក្រុងសូគរ ហើយយេគូធាល ជាអ្នកតាំងក្រុងសាណូអា នេះសុទ្ធតែជាកូនរបស់ប៊ីធា បុត្រីផារ៉ោន ដែលយេរេឌបានយកធ្វើជាប្រពន្ធ
19 ឯកូនរបស់ប្រពន្ធហូឌា ដែលជាប្អូនស្រីណាហាំ នោះជាពួកអ្នកតាំងក្រុងកៃឡា ជាស្រុករបស់ពួកកាមីត និងក្រុងអែសធេម៉ូរ ជាស្រុករបស់ពួកម៉ាកាធី
20 ឯកូនរបស់ស៊ីម៉ូន គឺអាំណូន រីនណា បេន-ហាណាន់ និងធីឡូន ឯកូនរបស់អ៊ីស៊ី គឺសូហេត និងបេន-សូហេត។
21 ឯកូនរបស់សេឡា ដែលជាកូនយូដា គឺអ៊ើរ ជាអ្នកតាំងក្រុងលេកា ហើយឡាអាដា ជាអ្នកតាំងក្រុងម៉ារីសា ហើយជាមេអស់ទាំងគ្រួនៃពួកអ្នក ដែលត្បាញសំពត់ខ្លូតទេសយ៉ាងម៉ដ្ត ក្នុងវង្សរបស់អាសបេអា
22 ព្រមទាំងពួកយ៉ូគីម ជាពួកអ្នកដែលនៅកូសេបា ហើយយ៉ូអាស និងសារ៉ាប ជាអ្នកដែលមានអំណាចនៅស្រុកម៉ូអាប់ ហើយយ៉ាស៊ូប៊ី-លេហែម ឯបញ្ជីនេះតមកពីចាស់បុរាណ
23 ពួកអ្នកទាំងនេះជាពួកជាងស្មូន ហើយក៏នៅកណ្តាលដំណាំ និងសួនច្បារ គេអាស្រ័យនៅទីនោះជិតស្តេច ដើម្បីធ្វើការថ្វាយទ្រង់។
24 ឯកូនរបស់ស៊ីម្មាន គឺនេមួល យ៉ាមីន យ៉ាគិន សេរ៉ាស និងសូល
25 សូលមានកូនឈ្មោះសាលូមៗ មានកូនឈ្មោះមីបសាមៗ មានកូនឈ្មោះមីសម៉ា
26 មីសម៉ាមានកូនឈ្មោះហាមូអែលៗ មានកូនឈ្មោះសាគើរៗមានកូនឈ្មោះស៊ីម៉ាយ
27 ឯស៊ីម៉ាយ គាត់មានកូនប្រុស១៦នាក់ ហើយនិងកូនស្រី៦ តែបងប្អូនគាត់មិនសូវមានកូនច្រើនទេ ពូជពង្សរបស់ស៊ីម្មាន មិនបានចម្រើន ដូចជាពួកកូនចៅយូដាទេ
28 អ្នកទាំងនោះនៅត្រង់ក្រុងបៀរ-សេបា ម៉ូឡាដា ហាសា-ស៊ូអាល
29 ប៊ីលហា អេសែម ថូឡាឌ
30 បេធួល ហោម៉ា ស៊ីកឡាក់
31 បេត-ម៉ារកាបូត ហាសា-ស៊ូសា បេត-ប៊ីរៃ ហើយនៅស្អារ៉ែម នេះហើយជាទីក្រុងរបស់គេ ដរាបដល់រាជ្យដាវីឌ
32 ហើយភូមិរបស់គេទាំងអស់មាន៥ គឺអេថាម អាយីន រីម៉ូន ថូកែន និងអេសាន
33 ព្រមទាំងភូមិដែលនៅជុំវិញទីក្រុងទាំងនោះ រហូតដល់ក្រុងបាលផង នេះជាទីលំនៅរបស់គេ និងដំណគេតមក
34 ឯមសូបាប់ យ៉ាមលេក និងយ៉ូសា ជាកូនអ័ម៉ាសា
35 ហើយយ៉ូអែល និងយេហ៊ូវ ជាកូនយ៉ូស៊ីបយ៉ា ដែលជាកូនសេរ៉ាយ៉ា ជាកូនអ័ស៊ីអែល
36 ហើយអេលីយ៉ូន៉ាយ យ្អាកូបា យេសូហាយ៉ា អ័សាយ៉ា អ័ឌីអែល យេស៊ីមាល បេណាយ៉ា
37 និងស៊ីសា ជាកូនស៊ីភី ដែលជាកូនអ័ឡូន ជាកូនយេដាយ៉ា ជាកូនស៊ីមរី ដែលជាកូនសេម៉ាយ៉ា
38 អ្នកទាំងនោះដែលមានឈ្មោះកត់ទុកហើយ សុទ្ធតែជាអ្នកប្រធានក្នុងគ្រួគេ ហើយពួកវង្សនៃអយ្យកោគេ ក៏ចម្រើនជាច្រើនឡើង។
39 ពួកនោះបានទៅឯទ្វារចូលស្រុកកេដោរ គឺខាងកើតច្រកភ្នំ ដើម្បីស្វែងរកស្មៅ សម្រាប់ចិញ្ចឹមហ្វូងសត្វ
40 នៅទីនោះ គេឃើញមានស្មៅបរិបូរល្អ ស្រុកនោះក៏ធំទូលាយ ហើយសុខស្រួលផង ដ្បិតពួកសាសន៍ហាំបាននៅឯនោះពីដើម
41 ហើយពួកអ្នកដែលមានឈ្មោះកត់ទុកទាំងនេះបានមក នៅគ្រាហេសេគា ជាស្តេចយូដាបំផ្លាញត្រសាលគេ និងផ្ទះទាំងប៉ុន្មានដែលឃើញមាននៅស្រុកនោះ ព្រមទាំងរំលាយពួកគេអស់រលីង រហូតដល់សព្វថ្ងៃនេះ រួចតាំងទីលំនៅនៅស្រុករបស់គេ ដោយព្រោះទីនោះមានស្មៅសម្រាប់ហ្វូងសត្វ
42 ហើយពួកកូនចៅស៊ីម្មាន៥០០នាក់ ក៏ទៅឯស្រុកសៀរ មានពេឡាធា នារីយ៉ា រេផាយ៉ា និងអ៊ូស៊ាល ជាកូនអ៊ីស៊ី ធ្វើជាមេគេ
43 ហើយគេប្រហារសំណល់ពួកអាម៉ាលេក ដែលបានរួចជីវិតនៅ រួចក៏តាំងទីលំនៅគេនៅស្រុកនោះ រហូតដល់សព្វថ្ងៃនេះ។
ជំពូក 5
1 ឯកូនរបស់រូបេន ជាកូនច្បងអ៊ីស្រាអែល (រូបេននេះជាកូនច្បងមែន តែដោយព្រោះគាត់ធ្វើបង្អាប់ដល់ដំណេកឪពុក បានជាអំណាចរបស់បងច្បងបានឲ្យទៅកូនយ៉ូសែប ដែលជាកូនអ៊ីស្រាអែលវិញ ហើយពង្សាវតារមិនត្រូវរាប់តាមច្បាប់បងច្បងពិតនោះទេ
2 ដ្បិតយូដាគាត់មានអំណាចជាងបងប្អូនគាត់ទាំងអស់ ហើយអ្នកដែលជាប្រធានក៏កើតពីគាត់មក តែអំណាចនៃបងច្បងជារបស់យ៉ូសែបវិញ )
3 ដូច្នេះ កូនរបស់រូបេន ជាកូនច្បងអ៊ីស្រាអែល គឺហេណុក ប៉ាលូវ ហេស្រុន កើមី
4 ឯកូនរបស់យ៉ូអែល គឺសេម៉ាយ៉ាៗមានកូនឈ្មោះកុកៗមានកូនឈ្មោះស៊ីម៉ាយ
5 ស៊ីម៉ាយមានកូនឈ្មោះមីកាៗមានកូនឈ្មោះរីអាយ៉ាៗមានកូនឈ្មោះបាល
6 បាលមានកូនមួយឈ្មោះប្អេរ៉ា ជាអ្នកដែលទីកឡាត-ពីលេស៊ើរ ស្តេចស្រុកអាសស៊ើរបានដឹកនាំទៅជាឈ្លើយ អ្នកនោះជាកំពូលលើពួករូបេន
7 ឯពួកបងប្អូនគាត់តាមគ្រួគេ ក្នុងកាលដែលធ្វើបញ្ជីពង្សាវតារ តាមអស់ទាំងដំណគេ នោះបានរាប់ជាមេ គឺយីអែល និងសាការី
8 ហើយបេឡា ជាកូនអ័សាស ដែលជាកូនសេម៉ា ជាកូនយ៉ូអែល ដែលនៅស្រុកអារ៉ូអ៊ើររហូតដល់នេបូរ និងបាល-មេយ៉ូន
9 ក៏នៅលយទៅខាងកើត ចាប់តាំងពីទន្លេអ៊ើប្រាត រហូតដល់មាត់ទីរហោស្ថាន ពីព្រោះហ្វូងសត្វគេបានចម្រើនជាច្រើនឡើងនៅស្រុកកាឡាត
10 ហើយនៅក្នុងរាជ្យសូល នោះគេបានច្បាំងនឹងពួកហាការេន ពួកនោះក៏ចាញ់គេ រួចគេនៅក្នុងទីលំនៅរបស់ពួកនោះ នៅពេញក្នុងស្រុកកាឡាតប៉ែកខាងកើត។
11 ពួកកូនចៅកាឌ់ ក៏នៅក្នុងស្រុកបាសានជាប់នឹងគេរហូតដល់សាលកា
12 មានយ៉ូអែលជាមេ សាផាមជាបន្ទាប់ រួចយ្អាណាយ និងសាផាត នៅស្រុកបាសាននោះ
13 រីឯពួកបងប្អូនគេ ដែលកើតក្នុងវង្សរបស់ឪពុកគេ នោះគឺមីកែល មស៊ូឡាម សេបា យ៉ូរ៉ាយ យ៉ាកាន ស៊ីអា និងហេប៊ើរ ទាំងអស់មាន៧នាក់
14 នេះសុទ្ធតែជាកូនចៅអ័ប៊ីហែល ជាកូនហ៊ូរី ដែលជាកូនយ៉ារ៉ូអាៗជាកូនកាឡាតៗជាកូនមីកែលៗជាកូនយេស៊ីសាយៗជាកូនយ៉ាដោ ដែលជាកូនប៊ូស
15 ឯអ័ហ៊ី ជាកូនអ័បឌាល ដែលជាកូនគូនី គាត់ជាមេលើវង្សឪពុកគេ
16 ពួកនោះគេនៅស្រុកកាឡាត ក្នុងស្រុកបាសាន ហើយក្នុងទីក្រុងតូចទាំងប៉ុន្មាននៅស្រុកនោះ និងក្នុងភូមិដែលនៅជុំវិញក្រុងសារ៉ុនរហូតដល់ព្រំស្រុកគេ
17 ពួកអ្នកទាំងនោះបានកត់ក្នុងបញ្ជីតាមពង្សាវតាររបស់គេ នៅក្នុងរាជ្យយ៉ូថាម ជាស្តេចយូដា ហើយនៅក្នុងរាជ្យយេរ៉ូបោម ជាស្តេចអ៊ីស្រាអែល។
18 ឯកូនរបស់រូបេន ព្រមទាំងពួកកាឌ់ និងពួកម៉ាន៉ាសេ១ចំហៀង គេមានមនុស្សក្លាហាន ដែលអាចនឹងកាន់ខែល និងដាវ បាញ់ធ្នូ ហើយក៏ថ្នឹកនឹងចម្បាំង គឺចំនួនជា៤ម៉ឺន៤ពាន់៧៦០នាក់ ដែលអាចនឹងចេញទៅច្បាំងបាន
19 គេលើកគ្នាទៅច្បាំងនឹងពួកហាការេន ពួកយេធើរ ពួកណាភីស និងពួកណូដាប់
20 គេក៏មានសេចក្ដីជំនួយជួយ ទាស់នឹងពួកទាំងនោះ ហើយពួកហាការេន ព្រមទាំងអស់អ្នកដែលនៅជាមួយ ក៏ត្រូវប្រគល់មកក្នុងកណ្តាប់ដៃគេ ពីព្រោះគេបានអំពាវនាវដល់ព្រះនៅវេលាចម្បាំង ទ្រង់ក៏ទទួលព្រមតាម ដោយព្រោះគេបានទីពឹងដល់ទ្រង់
21 គេចាប់យកហ្វូងសត្វរបស់ពួកនោះ គឺអូដ្ឋ៥ម៉ឺន ចៀម២សែន៥ម៉ឺន និងលា២ពាន់ ព្រមទាំងមនុស្ស១សែននាក់
22 មានមនុស្សដួលស្លាប់សន្ធឹកណាស់ ដ្បិតចម្បាំងនោះកើតពីព្រះ គេក៏អាស្រ័យនៅក្នុងទីលំនៅរបស់អ្នកទាំងនោះ ដរាបដល់វេលាដែលគេត្រូវជាប់ជាឈ្លើយវិញ។
23 ឯពួកកូនចៅរបស់ពូជអំបូរម៉ាន៉ាសេ១ចំហៀងដែលនៅក្នុងស្រុកនោះ គេក៏ចម្រើនឡើងចាប់តាំងពីស្រុកបាសាន រហូតដល់ស្រុកបាល-ហ៊ើម៉ូន និងសេនារ ហើយភ្នំហ៊ើម៉ូន
24 ឯពួកដែលជាកំពូលលើវង្សរបស់ឪពុកគេ គឺអេភើរ អ៊ីស៊ី អេលាល អាសរាល យេរេមី ហូដាវា និងយ៉ាឌាល នោះសុទ្ធតែជាអ្នកខ្លាំងពូកែ ដែលមានចិត្តក្លាហាន ជាមនុស្សមានល្បីឈ្មោះ ហើយជាកំពូលលើវង្សរបស់ឪពុកគេ។
25 ប៉ុន្តែ គេបានរំលងទាស់នឹងព្រះនៃពួកអយ្យកោគេ ព្រមទាំងផិតតាមអស់ទាំងព្រះរបស់ពួកជន នៅស្រុកដែលព្រះបានបំផ្លាញចេញពីមុខគេ
26 ដូច្នេះ ព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់បានបណ្តាលព្រះទ័យនៃពូល ជាស្តេចស្រុកអាសស៊ើរ និងទីកឡាត-ពីលេស៊ើរ ជាស្តេចស្រុកអាសស៊ើរ ឲ្យដឹកនាំគេទៅ គឺពួករូបេន ពួកកាឌ់ និងពូជអំបូរម៉ាន៉ាសេ១ចំហៀងនោះ ស្តេចទាំង២នោះក៏ដឹកនាំគេទៅនៅឯហាឡា ហាបោរ ហារ៉ា ហើយដល់ទន្លេស្រុកកូសាន ដរាបដល់សព្វថ្ងៃនេះ។
ជំពូក 6
1 ឯកូនរបស់លេវី គឺគើសុន កេហាត់ និងម្រ៉ារី
2 កូនរបស់កេហាត់ គឺអាំរ៉ាម យីតសារ ហេប្រុន និងអ៊ូស៊ាល
3 កូនអាំរ៉ាម គឺអើរ៉ុន ម៉ូសេ និងម៉ារាម ឯកូនចៅរបស់អើរ៉ុន គឺណាដាប អ័ប៊ីហ៊ូវ អេលាសារ និងអ៊ីថាម៉ារ
4 អេលាសារបង្កើតបានភីនេហាសៗបង្កើតអ័ប៊ីសួរ
5 ឯអ័ប៊ីសួរបង្កើតប៊ូកគីៗបង្កើតអ៊ូស៊ី
6 អ៊ូស៊ីបង្កើតសេរ៉ាហ៊ាៗបង្កើតមេរ៉ាយ៉ូត
7 មេរ៉ាយ៉ូតបង្កើតអ័ម៉ារា អ័ម៉ារាបង្កើតអ័ហ៊ីទូប
8 ឯអ័ហ៊ីទូបក៏បង្កើតសាដុកៗបង្កើតអ័ហ៊ីម៉ាស
9 អ័ហ៊ីម៉ាសបង្កើតអ័សារាៗបង្កើតយ៉ូហាណាន
10 យ៉ូហាណានបង្កើតអ័សារា (គឺលោកនោះឯងដែលធ្វើការងារជាសង្ឃ នៅក្នុងព្រះវិហារ ដែលសាឡូម៉ូនបានស្អាង នៅក្រុងយេរូសាឡឹម)
11 ឯអ័សារាក៏បង្កើតអ័ម៉ារា អ័ម៉ារាបង្កើតអ័ហ៊ីទូប
12 អ័ហ៊ីទូបបង្កើតសាដុកៗបង្កើតសាលូម
13 សាលូមបង្កើតហ៊ីលគីយ៉ាៗបង្កើតអ័សារា
14 អ័សារាបង្កើតសេរ៉ាយ៉ាៗបង្កើតយេហូសាដាក
15 យេហូសាដាកក៏ទៅជាឈ្លើយ ក្នុងកាលដែលព្រះយេហូវ៉ាបានដឹកនាំពួកយូដា និងពួកក្រុងយេរូសាឡឹមទៅ ដោយព្រះហស្តនៃនេប៊ូក្នេសា។
16 កូនរបស់លេវី គឺគើសុន កេហាត់ និងម្រ៉ារី
17 ហើយឈ្មោះពួកកូនគើសុន គឺលិបនី និងស៊ីម៉ាយ
18 ឯកូនរបស់កេហាត់ គឺអាំរ៉ាម យីតសារ ហេប្រុន និងអ៊ូស៊ាល
19 កូនរបស់ម្រ៉ារី គឺម៉ាស់លី និងមូស៊ី នេះជាគ្រួទាំងប៉ុន្មាន របស់ពួកលេវី តាមជំនួរវង្សនៃអយ្យកោគេ
20 ខាងឯគើសុន នោះបង្កើតបានលិបនីៗបង្កើតយ៉ាហាតៗបង្កើតស៊ីម៉្មា
21 ស៊ីម៉្មាបង្កើតយ៉ូអាៗបង្កើតអ៊ីដោៗបង្កើតសេរ៉ាសៗបង្កើតយាតរ៉ាយ
22 ឯកូនចៅរបស់កេហាត់ គឺលោកបង្កើតអ័មីន៉ាដាប់ៗបង្កើតកូរេ កូរេបង្កើតអាស់ស៊ា
23 អាស់ស៊ាបង្កើតអែលកាណា អែលកាណាបង្កើតអាស់ស៊ាៗបង្កើតអេបៀសាប់ៗបង្កើតអាស់ស៊ា
24 អាស់ស៊ាបង្កើតថាហាតៗបង្កើតអ៊ូរាល អ៊ូរាលបង្កើតអ៊ូស៊ីយ៉ាៗបង្កើតសូល
25 ឯកូនអែលកាណា គឺអ័ម៉ាសាយ និងអ័ហ៊ីម៉ូត
26 ឯអែលកាណានេះ គាត់មានកូន គាត់បង្កើតបានសូផាយៗបង្កើតណាហាត់
27 ណាហាត់បង្កើតអេលាបៗបង្កើតយេរ៉ូហាំៗបង្កើតអែលកាណា
28 ឯកូនរបស់សាំយូអែល គឺវ៉ាសនី ជាកូនច្បង រួចអ័ប៊ីយ៉ា
29 ឯកូនចៅម្រ៉ារី គឺម៉ាសលីៗបង្កើតលិបនីៗបង្កើតស៊ីម៉ាយៗបង្កើតអ៊ូសា
30 អ៊ូសាបង្កើតសាំម៉ាៗបង្កើតហាគីយ៉ាៗបង្កើតអ័សាយ៉ា។
31 កាលហឹបនៃព្រះបានសេចក្ដីសម្រាកហើយ នោះស្តេចដាវីឌទ្រង់តាំងឲ្យមានពួកអ្នកត្រួតលើការងារចម្រៀងក្នុងព្រះវិហារនៃព្រះយេហូវ៉ា
32 គេបានប្រតិបត្តិក្នុងការចម្រៀងនៅមុខរោងឧបោសថផងត្រសាលជំនុំ ដរាបដល់សាឡូម៉ូនបានស្អាងព្រះវិហារនៃព្រះយេហូវ៉ា នៅក្រុងយេរូសាឡឹម គេក៏ចូលធ្វើការងារគេ តាមវេនរៀងខ្លួន
33 ឯពួកអ្នកដែលធ្វើការងារនោះ និងកូនចៅគេ គឺក្នុងពួកកូនចៅកេហាត់ មានហេម៉ានជាអ្នកចម្រៀង គាត់ជាកូនរបស់យ៉ូអែល ដែលជាកូនសាំយូអែល
34 សាំយូអែល ជាកូនអែលកាណាៗ ជាកូនយេរ៉ូហាំៗ ជាកូនអេលាបៗ ជាកូនណាហាត់
35 ណាហាត់ ជាកូនស៊ូភៗ ជាកូនអែលកាណា អែលកាណាជាកូនម៉ាហាតៗ ជាកូនអ័ម៉ាសាយ
36 អ័ម៉ាសាយ ជាកូនអែលកាណាៗ ជាកូនយ៉ូអែលៗ ជាកូនអ័សារាៗ ជាកូនសេផានា
37 សេផានា ជាកូនថាហាត ថាហាត ជាកូនអាស់ស៊ាៗ ជាកូនអេបៀសាប់ៗ ជាកូនកូរេ
38 កូរេជាកូនយីតសារៗ ជាកូនកេហាត់ៗ ជាកូនលេវីៗ ជាកូនអ៊ីស្រាអែល
39 ហើយមានអេសាភ ជាប្អូនឈរនៅខាងស្តាំ គឺអេសាភ ជាកូនបេរេគា ដែលបេរេគា ជាកូនសាំម៉ា
40 សាំម៉ា ជាកូនមីកែលៗ ជាកូនប្អាសេយ៉ាៗ ជាកូនម៉ាលគា
41 ម៉ាលគា ជាកូនអែតនីៗ ជាកូនសេរ៉ាស សេរ៉ាស ជាកូនអ័ដាយ៉ា
42 អ័ដាយ៉ា ជាកូនអេថានៗ ជាកូនស៊ីម៉្មាៗ ជាកូនស៊ីម៉ាយ
43 ស៊ីម៉ាយ ជាកូនយ៉ាហាត យ៉ាហាត ជាកូនគើសុនៗ ជាកូនលេវី
44 ហើយនៅខាងឆ្វេង មានពួកកូនចៅម្រ៉ារី ជាបងប្អូនគេ គឺអេថាន ជាកូនគីស៊ី ដែលជាកូនអាប់ឌីៗជាកូនម៉ាលូក
45 ម៉ាលូកជាកូនហាសាបយ៉ាៗ ជាកូនអ័ម៉ាស៊ាៗ ជាកូនហ៊ីលគីយ៉ា
46 ហ៊ីលគីយ៉ា ជាកូនអាំស៊ីៗជាកូនបានីៗជាកូនសេមើរ
47 សេមើរ ជាកូនម៉ាសលីៗជាកូនមូស៊ីៗជាកូនម្រ៉ារីៗជាកូនលេវី
48 ហើយគឺពួកលេវី ជាបងប្អូនគេ ដែលបានតម្រូវឲ្យធ្វើការងារទាំងអស់ នៅក្នុងរោងឧបោសថផងព្រះវិហារនៃព្រះ។
49 ឯអើរ៉ុន និងពួកកូនលោក គេថ្វាយតង្វាយនៅលើអាសនៈនៃតង្វាយដុត និងអាសនៈគ្រឿងក្រអូប ក៏ធ្វើសម្រេចការងារទាំងអស់ នៅក្នុងទីបរិសុទ្ធបំផុត និងការថ្វាយតង្វាយឲ្យធួននឹងបាបនៃពួកអ៊ីស្រាអែលផង តាមគ្រប់ទាំងបង្គាប់របស់ម៉ូសេ ជាអ្នកបម្រើនៃព្រះ
50 នេះកូនចៅអើរ៉ុន គឺលោកបង្កើតអេលាសារៗ បង្កើតភីនេហាសៗ បង្កើតអ័ប៊ីសួរ
51 ឯអ័ប៊ីសួរក៏បង្កើតប៊ូកគីៗ បង្កើតអ៊ូស៊ីៗ បង្កើតសេរ៉ាហ៊ា
52 សេរ៉ាហ៊ាបង្កើតមេរ៉ាយ៉ូតៗ បង្កើតអ័ម៉ារាៗ បង្កើតអ័ហ៊ីទូប
53 អ័ហ៊ីទូបបង្កើតសាដុកៗបង្កើតអ័ហ៊ីម៉ាស។
54 ឯទីលំនៅរបស់ពួកកូនចៅអើរ៉ុន តាមទីក្រុង តាមព្រំដែន នោះខាងឯពួកគ្រួកេហាត់ (ដ្បិតពួកគេបានឆ្នោតទី១)
55 បានឲ្យគេមានក្រុងហេប្រុន នៅស្រុកយូដា និងតំបន់នៅជាប់ជុំវិញ
56 តែស្រែចម្ការនៃទីក្រុង និងភូមិនៅជាប់ជុំវិញ នោះបានឲ្យដល់កាលែប ជាកូនយេភូនេវិញ
57 ហើយបានឲ្យទីក្រុងពំនាក់ទាំងប៉ុន្មាន ដល់ពួកកូនចៅអើរ៉ុនដែរ គឺក្រុងហេប្រុន ក្រុងលិបណា និងតំបន់នៅជុំវិញក្រុងយ៉ាទារ ក្រុងអែសថេម៉ូរ និងតំបន់នៅជុំវិញ
58 ក្រុងហូឡូន និងតំបន់នៅជុំវិញ ក្រុងដេបៀរ និងតំបន់នៅជុំវិញ
59 ក្រុងអាសាន និងតំបន់នៅជុំវិញ ក្រុងបេត-សេមែស និងតំបន់នៅជុំវិញ
60 ហើយពីពូជអំបូរបេនយ៉ាមីន នោះក៏ឲ្យក្រុងកេបា និងតំបន់នៅជុំវិញ ក្រុងអាលេមែត និងតំបន់នៅជុំវិញ ហើយក្រុងអាន៉ាថោត និងតំបន់នៅជុំវិញ ទីក្រុងសម្រាប់ពួកគ្រួកេហាត់ទាំងអស់មាន១៣។
61 ឯពួកកូនចៅកេហាត់ ដែលសល់ក្នុងពួកគ្រួទាំងប៉ុន្មានរបស់ពូជអំបូរនោះ នោះតាមឆ្នោតបានឲ្យទីក្រុង១០ពីពូជអំបូរម៉ាន៉ាសេ១ចំហៀងដល់គេ
62 ឯពួកកូនចៅគើសុនតាមគ្រួគេ នោះបានឲ្យទីក្រុង១៣ ពីពូជអំបូរអ៊ីសាខារ អេស៊ើរ ណែបថាលី ហើយពីពូជអំបូរម៉ាន៉ាសេដែលនៅស្រុកបាសាន
63 ចំណែកឯពួកកូនចៅម្រ៉ារីតាមគ្រួគេ នោះតាមឆ្នោតបានឲ្យទីក្រុង១២ ពីពូជអំបូររូបេន កាឌ់ និងសាប់យូល៉ូន
64 ពួកកូនចៅសាសន៍អ៊ីស្រាអែលបានឲ្យទីក្រុងទាំងនោះ ព្រមទាំងតំបន់នៅជុំវិញ ទៅពួកលេវី
65 គេបានចែកទីក្រុងទាំងប៉ុន្មាន ដែលមានឈ្មោះកត់ទុកនេះដល់គេ ពីពូជអំបូរនៃកូនចៅយូដា កូនចៅស៊ីម្មាន និងកូនចៅបេនយ៉ាមីន ដោយចាប់ឆ្នោត។
66 មានពួកគ្រួនៃកូនចៅកេហាត់ខ្លះ គេបានទីក្រុងរបស់ព្រំដែនខ្លួន ពីក្នុងពូជអំបូរអេប្រាអិមវិញ
67 ទីក្រុងពំនាក់ទាំងប៉ុន្មាន ក៏បានឲ្យដល់ពួកកេហាត់ដែរ គឺក្រុងស៊ីគែម ដែលនៅស្រុកភ្នំអេប្រាអិម ព្រមទាំងតំបន់នៅជុំវិញ ក្រុងកេស៊ើរ និងតំបន់នៅជុំវិញ
68 ក្រុងយ៉ុកមាម និងតំបន់នៅជុំវិញ ក្រុងបេត-ហូរ៉ុន និងតំបន់នៅជុំវិញ
69 ក្រុងអាយ៉ាឡូន និងតំបន់នៅជុំវិញ ហើយក្រុងកាថ-រីម៉ូន និងតំបន់នៅជុំវិញ
70 ហើយពីពូជអំបូរម៉ាន៉ាសេ១ចំហៀង នោះក៏ឲ្យក្រុងអាន់នើរ និងតំបន់នៅជុំវិញ ក្រុងប៊ីលាម និងតំបន់នៅជុំវិញ សម្រាប់ពួកគ្រួកូនចៅកេហាត់ដែលសល់ដែរ។
71 ឯពួកកូនចៅគើសុន នោះបានចែកឲ្យមានទីក្រុងរបស់ពូជអំបូរម៉ាន៉ាសេ១ចំហៀង គឺក្រុងកូឡាននៅស្រុកបាសាន និងតំបន់នៅជុំវិញ ហើយក្រុងអាសថារ៉ូត និងតំបន់នៅជុំវិញ
72 ហើយពីពូជអំបូរអ៊ីសាខារ ក៏ឲ្យក្រុងកេដេស និងតំបន់នៅជុំវិញ ក្រុងដាប្រាត និងតំបន់នៅជុំវិញ
73 ក្រុងរ៉ាម៉ូត និងតំបន់នៅជុំវិញ ហើយក្រុងអានេម និងតំបន់នៅជុំវិញ
74 ពីពូជអំបូរអេស៊ើរ ក៏ឲ្យក្រុងម៉ាសាល និងតំបន់នៅជុំវិញ ក្រុងអាប់ដូន និងតំបន់នៅជុំវិញ
75 ក្រុងហ៊ូកូក និងតំបន់នៅជុំវិញ ហើយក្រុងរេហុប និងដប់នៅជុំវិញ
76 ពីពូជអំបូរណែបថាលី ក៏ឲ្យក្រុងកេដេស នៅស្រុកកាលីឡេ និងតំបន់នៅជុំវិញក្រុងហាំម៉ូន និងតំបន់នៅជុំវិញ ហើយក្រុងគារយ៉ាថែម និងតំបន់នៅជុំវិញ។
77 ឯពួកលេវីដែលសល់ គឺជាពួកម្រ៉ារី នោះបានចែកឲ្យគេ ពីពូជអំបូរសាប់យូល៉ូន គឺក្រុងរីម៉ូនរ និងតំបន់នៅជុំវិញ ក្រុងតាបោរ និងតំបន់នៅជុំវិញ
78 និងខាងនាយទន្លេយ័រដាន់ ត្រង់ក្រុងយេរីខូ គឺខាងកើតទន្លេនោះពីពូជអំបូររូបេន ក៏ឲ្យក្រុងបេស៊ើរ ដែលនៅទីរហោស្ថាន និងតំបន់នៅជុំវិញ ក្រុងយ៉ាហាស និងតំបន់នៅជុំវិញ
79 ក្រុងក្តេម៉ូត និងតំបន់នៅជុំវិញ ហើយក្រុងមេផ្អាត និងតំបន់នៅជុំវិញ
80 ពីពូជអំបូរកាឌ់ បានឲ្យក្រុងរ៉ាម៉ូតនៅស្រុកកាឡាត និងតំបន់នៅជុំវិញ ក្រុងម៉ាហាណែម និងតំបន់នៅជុំវិញ
81 ក្រុងហែសបូន និងតំបន់នៅជុំវិញ ហើយក្រុងយ៉ាស៊ើរ និងតំបន់នៅជុំវិញ។
ជំពូក 7
1 ឯកូនរបស់អ៊ីសាខារ គឺថូឡា ពូវ៉ា យ៉ាសុប និងស៊ីមរ៉ុន ទាំងអស់មាន៤នាក់
2 ឯកូនថូឡា គឺអ៊ូស៊ី រេផាយ៉ា យេរីអែល យ៉ាម៉ាយ យីបសាម និងសាំយូអែល នោះសុទ្ធតែជាកំពូលលើពួកវង្សរបស់ឪពុកគេ គឺថូឡានោះឯង ពួកនោះជាមនុស្សខ្លាំងពូកែ ដែលមានចិត្តក្លាហាន តាមដំណគេរៀងខ្លួន ហើយនៅក្នុងរាជ្យដាវីឌនោះ គេមានចំនួន២ម៉ឺន២ពាន់៦០០នាក់
3 ឯកូនរបស់អ៊ូស៊ី គឺយីសរ៉ាហ៊ា ហើយកូនរបស់យីសរ៉ាហ៊ា គឺមីកែល អូបាឌា យ៉ូអែល និងយីសយ៉ា ទាំងអស់មាន៥នាក់ ដែលសុទ្ធតែជាមេ
4 ហើយនៅជាមួយនឹងគេ មានពួកទាហានសម្រាប់ចម្បាំង ចំនួន៣ម៉ឺន៦ពាន់នាក់ តាមដំណតាមវង្សានុវង្សរបស់ពួកអយ្យកោគេ ពីព្រោះគេមានប្រពន្ធមានកូនច្រើន
5 រួមពួកបងប្អូនគេ នៅក្នុងពួកគ្រួអ៊ីសាខារទាំងប៉ុន្មាន ជាមនុស្សខ្លាំងពូកែ មានចិត្តក្លាហាន ដែលរាប់តាមពង្សាវតារគេ នោះមានចំនួន៨ម៉ឺន៧ពាន់នាក់។
6 ឯកូនរបស់បេនយ៉ាមីន គឺបេឡា បេគើរ និងយេឌីអែល ទាំងអស់មាន៣នាក់
7 ឯកូនរបស់បេឡា គឺអេសបូន អ៊ូស៊ី អ៊ូស៊ាល យេរីម៉ូត និងអ៊ីរី ទាំងអស់មាន៥នាក់ ដែលសុទ្ធតែជាកំពូលលើវង្សរបស់ឪពុកគេ ហើយជាមនុស្សខ្លាំងពូកែ មានចិត្តក្លាហាន តាមពង្សាវតាររបស់គេ នោះបានរាប់ចំនួនជា២ម៉ឺន២ពាន់៣៤នាក់
8 ឯកូនរបស់បេគើរ គឺសេមីរ៉ា យ៉ូអាស អេលាស៊ើរ អេលីយ៉ូន៉ាយ អំរី យេរេម៉ូត អ័ប៊ីយ៉ា អ័ណាថូត និងអ័ឡាមែត នេះសុទ្ធតែជាកូនរបស់បេគើរ
9 ក៏បានរាប់គេតាមពង្សាវតារ តាមដំណគេ សុទ្ធតែជាកំពូលលើវង្សរបស់ឪពុកគេ ជាមនុស្សខ្លាំងពូកែ មានចិត្តក្លាហាន ឃើញមានចំនួន២ម៉ឺន២០០នាក់
10 ឯកូនរបស់យេឌីអែល គឺប៊ីលហាន ហើយកូនរបស់ប៊ីលហាន គឺយេអ៊ូស បេនយ៉ាមីន អេហ៊ុឌ ក្នាអាណា សេថាន តើស៊ីស និងអ័ហ៊ីសាហារ
11 នោះសុទ្ធតែជាកូនរបស់យេឌីអែល តាមពួកអ្នកដែលជាកំពូលលើវង្សរបស់ឪពុកគេ ជាមនុស្សខ្លាំងពូកែ មានចិត្តក្លាហាន ដែលអាចនឹងចេញទៅច្បាំងក្នុងពួកពលទ័ពបាន មានចំនួន១ម៉ឺន៧ពាន់២០០នាក់
12 ក៏មានស៊ូភីម និងហ៊ូភីម ជាកូនអ៊ា ហើយហ៊ូស៊ីម ជាកូនអ័ហ៊ើរដែរ។
13 ឯកូនរបស់ណែបថាលី គឺយ៉ាស៊ាល គូនី យេស៊ើរ និងស៊ីលិម សុទ្ធតែជាកូនរបស់នាងប៊ីលហា។
14 ឯកូនរបស់ម៉ាន៉ាសេ គឺអាសរាល ដែលប្រពន្ធចុងរបស់គាត់ ជាស្រីសាសន៍អើរ៉ាម បានបង្កើត នាងក៏បង្កើតម៉ាគារ ជាឪពុកកាឡាត
15 ហើយម៉ាគារបានយកប្រពន្ធឈ្មោះម្អាកា ជាប្អូនស្រីរបស់ពួកហ៊ូភីម និងស៊ូភីម ហើយកូនទី២របស់ម៉ាន៉ាសេ គឺស្លូផិហាត រីឯស្លូផិហាតគាត់មានសុទ្ធតែកូនស្រី
16 ឯនាងម្អាកាជាប្រពន្ធម៉ាគារ នាងបង្កើតបានកូនប្រុស១ ឲ្យឈ្មោះថា ពេរែស ប្អូនគាត់ឈ្មោះសេរែស ហើយកូនរបស់អ្នកនោះ គឺអ៊ូឡាម និងរ៉ាគែម
17 ឯកូនរបស់អ៊ូឡាម គឺបេដាន នេះសុទ្ធតែជាកូនចៅរបស់កាឡាត ដែលជាកូនម៉ាគារ ជាកូនម៉ាន៉ាសេ
18 ហើយហាម៉ូលេកេត ជាប្អូនស្រីគាត់ ក៏បង្កើតអ៊ីសហូឌ អ័បៀស៊ើរ និងម៉ាឡា
19 ហើយកូនរបស់សេមីដា គឺអ័សយ៉ាន ស៊ីគែម លីកហ៊ី អ័នីយ៉ាម។
20 ឯកូនរបស់អេប្រាអិម គឺស៊ុថេឡាៗបង្កើតបេរេឌ បេរេឌបង្កើតថាហាតៗ បង្កើតអេឡាដាៗ បង្កើតថាហាត
21 ថាហាតគាត់បង្កើតសាបាឌៗ បង្កើតស៊ុថេឡាៗបង្កើតអេសើរ និងអេលាឌ ដែលពួកអ្នកកើតនៅស្រុកកាថបានសម្លាប់ ដោយព្រោះអ្នកទាំង២នោះបានចុះទៅ ចង់យកហ្វូងសត្វរបស់គេ
22 ឯអេប្រាអិមជាឪពុក ក៏កាន់ទុក្ខជាយូរថ្ងៃ ហើយពួកបងប្អូនក៏មកជួយរំដោះទុក្ខ
23 រួចគាត់ចូលទៅឯប្រពន្ធ ហើយនាងមានទំងន់ បង្កើតបានកូនប្រុស១ គាត់ឲ្យឈ្មោះថា បេរា ដោយព្រោះកើតមានសេចក្ដីអាក្រក់ដល់គ្រួគាត់
24 កូនស្រីរបស់គាត់ គឺសេអេរ៉ា ជាអ្នកសង់ក្រុងបេត-ហូរ៉ុនខាងក្រោម ហើយខាងលើផង និងក្រុងអ៊ូសេន-សេអេរ៉ាដែរ
25 បេរាបង្កើតរេផា និងរេសែប រេផាបង្កើតថេឡាៗ បង្កើតថាហាន
26 ថាហានបង្កើតឡាអាដានៗ បង្កើតអាំមីហ៊ូតៗបង្កើតអេលីសាម៉ា
27 អេលីសាម៉ាបង្កើតនុនៗបង្កើតយ៉ូស្វេ។
28 ឯកេរអាករ និងទីលំនៅរបស់គេ នោះគឺនៅក្រុងបេត-អែល និងភូមិនៅជុំវិញ ហើយទៅខាងកើតដល់ក្រុងណាអារ៉ាន និងខាងលិចដល់ក្រុងកេស៊ើរ និងភូមិជុំវិញ ព្រមទាំងក្រុងស៊ីគែម និងភូមិនៅជុំវិញ រហូតដល់ក្រុងកាសា និងភូមិនៅជុំវិញទាំងប៉ុន្មាន
29 ហើយតាមព្រំដែននៃពួកកូនចៅម៉ាន៉ាសេ នោះមានក្រុងបេត-សៀន និងភូមិនៅជុំវិញ ក្រុងត្អាណាក និងភូមិនៅជុំវិញ ក្រុងមេគីដោ និងភូមិនៅជុំវិញ ក្រុងដោរ និងភូមិនៅជុំវិញទាំងប៉ុន្មាន ពួកកូនចៅយ៉ូសែប ជាកូនអ៊ីស្រាអែល គេនៅក្នុងទីក្រុងទាំងនោះ។
30 ឯកូនរបស់អេស៊ើរ គឺយីមន៉ា យីសវ៉ា យីសវី បេរា និងសេរ៉ា ជាប្អូនស្រីគេ
31 ឯកូនបេរា គឺហេប៊ើរ និងម៉ាលគាល ជាឪពុកប៊ីសាវីត
32 ហើយហេប៊ើរបង្កើតយ៉ាផ្លេត សូមើរ ហូថាម និងស៊ូអា ដែលជាប្អូនស្រីគេ
33 ឯកូនរបស់យ៉ាផ្លេត គឺផាសាក់ ប៊ីមហាល និងអ័សវ៉ាត នេះសុទ្ធតែជាកូនយ៉ាផ្លេត
34 ឯកូនរបស់សូមើរ គឺអ័ហ៊ី រ៉ូកា ហ៊ូបបា និងអើរ៉ាម
35 កូនរបស់ហេលេមជាប្អូនគាត់ គឺសូផា យីមន៉ា សេលេស និងអាំម៉ាល
36 ឯកូនរបស់សូផា គឺស៊ូអា ហានេភើរ ស៊ូអាល បេរី យីមរ៉ា
37 បេស៊ើរ ហូឌ សាំម៉ា ស៊ីលសា យីតរ៉ាន និងប្អេរ៉ា
38 ឯកូនរបស់យេធើ គឺយេភូនេ ពីសផា និងអើរ៉ា
39 កូនរបស់អ៊ូឡា គឺអើរ៉ាស ហានាស និងរីសយ៉ា
40 នោះសុទ្ធតែជាកូនចៅរបស់អេស៊ើរ ជាកំពូលលើវង្សរបស់ឪពុកគេ ជាមនុស្សជ្រើសរើស ហើយខ្លាំងពូកែ មានចិត្តក្លាហាន ជាមេលើពួកចៅហ្វាយ ដែលបានរាប់តាមពង្សាវតារ សម្រាប់ក្រសួងខាងចម្បាំង មានចំនួនជា២ម៉ឺន៦ពាន់នាក់។
ជំពូក 8
1 ឯបេនយ៉ាមីន គាត់បង្កើតបេឡាជាកូនច្បង រួចអ័សបេល ជាកូនទី២ អ័ហ៊ីរ៉ាមទី៣
2 ណូហាទី៤ រ៉ាផាទី៥
3 ឯបេឡាក៏មានកូន គឺអ័តដើរ កេរ៉ា អ័ប៊ីហ៊ូឌ
4 អ័ប៊ីសួរ ណាម៉ាន អ័ហូអា
5 កេរ៉ា សេភូផាន និងហ៊ូរ៉ាម
6 ឯកូនរបស់អេហ៊ុឌ ជាពួកអ្នកដែលជាកំពូលលើវង្សរបស់ឪពុកគេ ក្នុងពួកអ្នកស្រុកកេបា ដែលត្រូវផ្លាស់ទៅនៅក្រុងម៉ាន៉ាហាត់វិញ
7 គឺណាម៉ាន អ័ហ៊ីយ៉ា និងកេរ៉ា គឺកេរ៉ានេះ ដែលនាំគេផ្លាស់ទៅនោះ ហើយគាត់ក៏បង្កើតអ៊ូសា និងអ័ហ៊ីហ៊ូឌ
8 ឯសាហារែម គាត់បង្កើតកូននៅស្រុកម៉ូអាប់ ក្រោយដែលបានឲ្យគេទៅ ឯប្រពន្ធគាត់ គឺហ៊ូស៊ីម និងប្អារ៉ា
9 ហើយគាត់បង្កើតកូន និងហូដេស ជាប្រពន្ធគាត់ គឺយ៉ូបាប់ ស៊ីបយ៉ា មេសា ម៉ាលកាម
10 យេអ៊ូស សុកយ៉ា និងមារម៉ា នោះសុទ្ធតែជាកូនគាត់ ជាកំពូលលើវង្សរបស់ឪពុកគេ
11 គាត់ក៏បង្កើតកូននឹងហ៊ូស៊ីមដែរ គឺអ័ប៊ីធូប និងអែលផ្អាល
12 ឯកូនរបស់អែលផ្អាល គឺហេប៊ើរ មីសាម សេមើរ ជាអ្នកដែលសង់ក្រុងអូណូរ និងក្រុងឡូឌ ព្រមទាំងភូមិនៅជុំវិញទាំងប៉ុន្មានផង
13 ហើយបេរា និងសេម៉ា ដែលជាកំពូលលើវង្សរបស់ឪពុកគេ ជាពួកអ្នកស្រុកអាយ៉ាឡូន គេបានឈ្នះ ធ្វើឲ្យពួកអ្នកស្រុកកាថរត់ចេញ
14 ហើយអ័ហ៊ីយ៉ូរ សាសាក់ យេរេម៉ូត
15 សេបាឌា អើរ៉ាត អេឌើរ
16 មីកែល យីសប៉ា និងយ៉ូហា នោះសុទ្ធតែជាកូនរបស់បេរា
17 ឯសេបាឌា មស៊ូឡាម ហ៊ីសគី ហេប៊ើរ
18 យីសមេរ៉ាយ យីសលា និងយ៉ូបាប់ នោះសុទ្ធតែជាកូនរបស់អែលផ្អាល
19 ឯយ៉ាគីម ស៊ីកគ្រី សាប់ឌី
20 អេលីយេណាយ ស៊ីលថាយ អេលាល
21 អ័ដាយ៉ា បេរ៉ាយ៉ា និងស៊ីមរ៉ាត សុទ្ធតែជាកូនរបស់ស៊ីម៉ាយ
22 ឯយីសផាន ហេប៊ើរ អេលាល
23 អាបដូន ស៊ីកគ្រី ហាណាន
24 ហាណានា អេឡាំ អាន់ថូធីយ៉ា
25 យីបដេយ៉ា និងពេនួល សុទ្ធតែជាកូនរបស់សាសាក់
26 ឯសាំសេរ៉ាយ សេហារា អ័ថាលា
27 យ៉ារេសយ៉ា អេលីយ៉ា និងស៊ីកគ្រី នោះសុទ្ធតែជាកូនរបស់យេរ៉ូហាំ
28 នេះសុទ្ធតែជាពួកអ្នកដែលជាកំពូលលើវង្សរបស់ឪពុកគេ តាមដំណគេរៀងខ្លួន ជាពួកមេទាំងអស់ ហើយជាអ្នកនៅក្រុងយេរូសាឡឹម។
29 ឯអ្នកដែលតាំងក្រុងគីបៀន ក៏នៅក្រុងនោះឯង ប្រពន្ធគាត់ឈ្មោះម្អាកា
30 ឯកូនច្បង គឺអាបដូន រួចស៊ើរ គីស បាល ណាដាប
31 កេដោរ អ័ហ៊ីយ៉ូរ និងសាការី
32 ឯមីកឡូត ក៏បង្កើតសាំម៉ា អ្នកទាំងនោះក៏នៅក្រុងយេរូសាឡឹមជាមួយនឹងបងប្អូនគេដែរ។
33 ឯនើរ ក៏បង្កើតគីស ហើយគីសបង្កើតសូល ឯសូល ក៏បង្កើតយ៉ូណាថាន ម៉ាលគី-ស៊ូអា អ័ប៊ីន៉ាដាប់ និងអែស-បាល
34 ឯកូនរបស់យ៉ូណាថាន គឺមេរីប-បាល ហើយមេរីប-បាលនេះ ក៏បង្កើតមីកា
35 ឯកូនរបស់មីកា គឺពីថូន មែលេក ថាក់រា និងអ័ហាស
36 ឯអ័ហាសបង្កើតយេហូអាដាៗបង្កើតអ័លេមេត អាសម៉ាវែត និងស៊ីមរី ឯស៊ីមរីបង្កើតម៉ូសា
37 ម៉ូសាបង្កើតប៊ីនា ប៊ីនាមានកូនឈ្មោះ រេផាយ៉ាៗមានកូនឈ្មោះ អេលាសារ អេលាសារមានកូនឈ្មោះ អ័សេល
38 ឯអ័សេលគាត់មានកូនប្រុស៦នាក់ឈ្មោះ អាសរីកាម បូករូវ អ៊ីសម៉ាអែល ស្អារា អូបាឌា និងហាណាន នោះសុទ្ធតែជាកូនរបស់អ័សេល
39 ឯកូនរបស់អេសែក ជាប្អូនគាត់ គឺអ៊ូឡាមជាកូនច្បង រួចយេអ៊ូសជាកូនទី២ អេលីផាលេតទី៣
40 ឯកូនរបស់អ៊ូឡាម សុទ្ធតែជាអ្នកខ្លាំងពូកែ មានចិត្តក្លាហាន ស្ទាត់ក្នុងការបាញ់ធ្នូ ហើយគេមានកូន មានចៅជាច្រើន រួមទាំងអស់មាន១៥០នាក់ នេះសុទ្ធតែជាកូនចៅរបស់បេនយ៉ាមីន។
ជំពូក 9
1 គឺយ៉ាងនោះដែលបានរាប់សាសន៍អ៊ីស្រាអែលទាំងអស់ តាមពង្សាវតាររបស់គេ ហើយបានកត់ទុកក្នុងបញ្ជីរបស់ពួកស្តេចសាសន៍អ៊ីស្រាអែល រួចមក ពួកយូដាត្រូវដឹកនាំទៅជាឈ្លើយដល់ស្រុកបាប៊ីឡូន ដោយព្រោះអំពើរំលងរបស់គេ។
2 រីឯពួកដែលបាននៅក្នុងទីក្រុងទាំងប៉ុន្មាន ដែលជាកេរអាកររបស់គេមុនបង្អស់ នោះគឺពួកអ៊ីស្រាអែល ពួកសង្ឃ ពួកលេវី និងពួកនេធីនិម
3 ឯពួកកូនចៅយូដា ពួកកូនចៅបេនយ៉ាមីន ពួកកូនចៅអេប្រាអិម និងម៉ាន៉ាសេ គេសុទ្ធតែនៅក្រុងយេរូសាឡឹម
4 ក្នុងពួកកូនរបស់ពេរេស ជាកូនយូដា នោះមានអ៊ូថាយ ជាកូនអាំមីហ៊ូត ដែលជាកូនអំរីៗ ជាកូនអ៊ីមរីៗ ជាកូនបានី
5 ហើយក្នុងពួកស៊ីឡូរ នោះមានអ័សាយ៉ា ជាកូនច្បង និងកូនចៅគាត់ទាំងអស់
6 ក្នុងពួកកូនសេរ៉ាស នោះមានយេអួល និងពួកបងប្អូនគាត់ រួមទាំងអស់មាន៦៩០នាក់
7 ក្នុងពួកកូនចៅបេនយ៉ាមីន នោះមានសាលូវ ជាកូនមស៊ូឡាម ជាកូនហូដាវា ជាកូនហាសេនួរ
8 ព្រមទាំងយីបនេយ៉ា ជាកូនយេរ៉ូហាំ និងអេឡា ជាកូនអ៊ូស៊ី ដែលជាកូនមីករីៗជាកូនមស៊ូឡាមៗ ជាកូនសេផាធាៗ ជាកូនរេហួលៗជាកូនយីបនីយ៉ា
9 និងពួកបងប្អូនគេ តាមពូជដំណគេរៀងខ្លួនទាំងអស់មាន៩៥៦នាក់ អ្នកទាំងនោះសុទ្ធតែជាកំពូលលើវង្សរបស់ឪពុកគេ តាមជំនួរវង្សឪពុកគេរៀងខ្លួន។
10 ក្នុងពួកសង្ឃ នោះមានយេដាយ៉ា យេហូយ៉ារីប យ៉ាគិន
11 អ័សារាជាកូនហ៊ីលគីយ៉ា ដែលជាកូនរបស់មស៊ូឡាមៗ ជាកូនសាដុកៗ ជាកូនមេរ៉ាយ៉ូតៗ ជាកូនអ័ហ៊ីទូប ដែលជាអ្នកត្រួតត្រាក្នុងព្រះវិហារនៃព្រះ
12 ព្រមទាំងអ័ដាយ៉ា ជាកូនយេរ៉ូហាំ ដែលជាកូនផាសហ៊ើរៗ ជាកូនម៉ាលគា ហើយមានម្អាសាយ ជាកូនអ័ឌីអែល ដែលជាកូនយ៉ាសេរ៉ាៗជាកូនមស៊ូឡាមៗជាកូនមស៊ីលេមីតៗជាកូនអ៊ីមមើរ
13 ហើយនិងបងប្អូនគេ ដែលសុទ្ធតែជាកំពូលលើវង្សរបស់ឪពុកគេ ទាំងអស់មាន១៧៦០នាក់ ជាពួកមនុស្សស្ទាត់ណាស់ ក្នុងការងារខាងព្រះវិហារនៃព្រះ។
14 ក្នុងពួកលេវី នោះមានសេម៉ាយ៉ា ជាកូនហាស៊ូប ដែលជាកូនអាសរីកាមៗ ជាកូនហាសាបយ៉ា ក្នុងពួកកូនចៅម្រ៉ារី
15 ព្រមទាំងបាកបាការ ហេរេស កាឡាល និងម៉ាថានា ជាកូនមីកា ដែលជាកូនស៊ីកគ្រីៗ ជាកូនអេសាភ
16 ហើយអូបាឌា ជាកូនសេម៉ាយ៉ា ដែលជាកូនកាឡាលៗ ជាកូនយេឌូថិន ហើយមានបេរេគា ជាកូនអេសា ដែលជាកូនអែលកាណា នៅភូមិទាំងប៉ុន្មាននៃពួកនថូផា។
17 ក្នុងពួកអ្នកឆ្មាំទ្វារ នោះមានសាលូម អ័កគូប ថាលម៉ូន អ័ហ៊ីម៉ាន និងបងប្អូនគេ ឯសាលូមនេះ គាត់ជាមេគេ
18 ពីដើមរៀងមក អ្នកទាំងនោះតែងតែចាំទ្វារស្តេច ជាទ្វារទិសខាងកើត ពួកអ្នកទាំងនោះសុទ្ធតែជាពួកឆ្មាំទ្វារ ក្នុងពួកកូនចៅលេវី
19 ឯសាលូម ជាកូនកូរ៉ា ដែលជាកូនអេបៀសាប់ៗជាកូនកូរេ និងពួកបងប្អូនដែលជាជំនួរវង្សឪពុកគាត់ គឺជាពួកកូរេ គេត្រួតត្រាលើការងាររបស់ពួកឆ្មាំទ្វារនៃត្រសាល ឯពួកអយ្យកោគេក៏បានត្រួតត្រាលើត្រសាលនៃព្រះយេហូវ៉ា គឺជាពួកឆ្មាំទ្វារដែរ
20 ហើយពីដើមភីនេហាស ជាកូនអេលាសារ គាត់ជាអ្នកត្រួតត្រាលើគេ ព្រះយេហូវ៉ាទ្រង់បានគង់ជាមួយនឹងគាត់
21 ឯសាការី ជាកូនមសេលេមា គាត់ជាអ្នកឆ្មាំទ្វារនៃត្រសាលជំនុំ
22 អស់ពួកអ្នកទាំងនេះ ដែលបានរើសឲ្យធ្វើជាអ្នកឆ្មាំទ្វារ ទាំងអស់មាន២១២នាក់ បានរាប់គេតាមពង្សាវតារ នៅក្នុងភូមិគេទាំងប៉ុន្មាន ជាពួកអ្នកដែលដាវីឌ និងសាំយូអែល ជាអ្នកមើលឆុត បានតាំងឡើងឲ្យធ្វើការងារនោះ
23 ដូច្នេះ គេ និងពួកកូនចៅគេ មានអំណាចត្រួតត្រាលើទ្វារព្រះវិហារនៃព្រះយេហូវ៉ា គឺជាត្រសាលនៃរោងឧបោសថ តាមលំដាប់វេន
24 មានពួកឆ្មាំទ្វារ នៅគ្រប់ទាំង៤ទិស គឺខាងកើត ខាងលិច ខាងជើង និងខាងត្បូង
25 ឯពួកបងប្អូនគេដែលនៅឯភូមិគេរៀងខ្លួន ក៏ត្រូវចូលមកនៅជាមួយម្តងៗអស់៧ថ្ងៃ
26 ដ្បិតពួកលេវីទាំង៤នាក់ ដែលជាមេពួកឆ្មាំទ្វារ គេជាប់ធ្វើការងារគេ ហើយក៏ត្រួតលើបន្ទប់ និងលើរបស់ថ្លៃវិសេសក្នុងព្រះវិហារនៃព្រះ
27 គេមានទីអាស្រ័យនៅជុំវិញព្រះវិហារនៃព្រះ ដ្បិតការងារបើកទ្វាររាល់ព្រឹក នោះស្រេចនៅលើគេ។
28 មានពួកគេខ្លះ ជាអ្នកថែរក្សាភាជនៈ ដែលសម្រាប់ការងារ ដ្បិតកាលណាគេយកគ្រឿងទាំងនោះចេញចូល នោះក៏ត្រូវរាប់គ្រប់ពេលវេលា
29 មានខ្លះទៀតបានតាំងឡើង ឲ្យត្រួតមើលប្រដាប់ទាំងប៉ុន្មាន និងភាជនៈរបស់ទីបរិសុទ្ធ ព្រមទាំងម្សៅយ៉ាងម៉ដ្ត ស្រាទំពាំងបាយជូរ និងប្រេង កំញាន ហើយនិងគ្រឿងក្រអូបផង
30 មានអ្នកខ្លះជាកូនរបស់ពួកសង្ឃ ធ្វើជាអ្នកផ្សំគ្រឿងក្រអូប
31 ឯម៉ាធិធា ជាពួកលេវីម្នាក់ ដែលជាកូនច្បងរបស់សាលូមក្នុងពួកកូរេ គាត់មានការងារត្រួតមើលនំទាំងប៉ុន្មាន ដែលចំអិនក្នុងជើងក្រាន
32 ហើយបងប្អូនគេខ្លះ ដែលជាពួកកេហាត់ដូចគ្នា ក៏ត្រួតមើលការធ្វើនំបុ័ងតាំងទុករាល់តែថ្ងៃឈប់សម្រាក។
33 ឯពួកអ្នកចម្រៀង ដែលសុទ្ធតែជាកំពូលលើវង្សរបស់ពួកឪពុកក្នុងពួកលេវី គេអាស្រ័យនៅក្នុងបន្ទប់ទាំងប៉ុន្មាន ហើយក៏ទំនេរពីការឯទៀត ដ្បិតគេធ្វើការងាររបស់គេទាំងយប់ទាំងថ្ងៃ
34 នេះជាពួកអ្នកដែលជាកំពូល លើវង្សនៃពួកឪពុកក្នុងពួកលេវី តាមពង្សាវតារគេ គឺជាមេទាំងអស់ ហើយគេអាស្រ័យនៅក្នុងក្រុងយេរូសាឡឹម។
35 ឯយេហ៊ីអែល ជាអ្នកតាំងក្រុងគីបៀន ក៏នៅក្នុងទីក្រុងនោះឯង ប្រពន្ធគាត់ឈ្មោះម្អាកា
36 ឯកូនច្បង គឺអាបដូន រួចស៊ើរ គីស បាល នើរ ណាដាប
37 កេដោរ អ័ហ៊ីយ៉ូរ សាការី និងមីកឡូត
38 ឯមីកឡូតក៏បង្កើតសាំម៉ា ពួកអ្នកទាំងនោះក៏អាស្រ័យនៅជាមួយនឹងបងប្អូនគេ នៅក្នុងក្រុងយេរូសាឡឹមដែរ។
39 ឯនើរគាត់បង្កើតគីស គីសបង្កើតសូលៗបង្កើតយ៉ូណាថាន ហើយម៉ាលគី-ស៊ូអា អ័ប៊ីន៉ាដាប់ និងអែស-បាល
40 កូនរបស់យ៉ូណាថាន គឺមេរីប-បាលៗបង្កើតមីកា
41 ឯកូនរបស់មីកា គឺពីថូន មែលេក ថាក់រា និងអ័ហាស
42 ឯអ័ហាសគាត់បង្កើតយ៉ារ៉ាៗបង្កើតអ័លេមេត អាសម៉ាវែត និងស៊ីមរីៗបង្កើតម៉ូសា
43 ម៉ូសាបង្កើតប៊ីនា រួចប៊ីនាមានកូនឈ្មោះរេផាយ៉ា រេផាយ៉ាមានកូនឈ្មោះអេលាសារ ហើយអេលាសារមានកូនឈ្មោះអ័សេល
44 ឯអ័សេលមានកូនប្រុស៦ ឈ្មោះរបស់គេគឺ អាសរីកាម បូករូវ អ៊ីសម៉ាអែល ស្អារា អូបាឌា និងហាណាន នោះសុទ្ធតែជាកូនចៅរបស់អ័សេល។
ជំពូក 10
1 រីឯពួកភីលីស្ទីន គេច្បាំងនឹងពួកអ៊ីស្រាអែល ហើយពួកខាងអ៊ីស្រាអែលក៏បាក់ទ័ពរត់ពីមុខពួកភីលីស្ទីនចេញ គេដួលស្លាប់នៅលើភ្នំគីលបោ
2 ពួកភីលីស្ទីនក៏ដេញតាមសូល និងពួកបុត្រាទ្រង់យ៉ាងប្រកិត បានធ្វើគុតយ៉ូណាថាន អ័ប៊ីន៉ាដាប់ និងម៉ាលគី-ស៊ូអា ជាបុត្រាសូលទៅ
3 ចម្បាំងនោះបានប្រែជាសាហាវណាស់ដល់សូល ពួកពលធ្នូក៏តាមទ្រង់ទាន់ ហើយទ្រង់មានសេចក្ដីវេទនាដោយព្រោះគេ
4 ដូច្នេះ សូលមានព្រះបន្ទូលទៅអ្នកដែលកាន់គ្រឿងសស្ត្រាវុធទ្រង់ថា ចូរហូតដាវឯងមកចាក់ទម្លុះអញទៅ ក្រែងពួកមិនកាត់ស្បែកនេះ គេមកមើលងាយអញ តែអ្នកនោះមិនហ៊ានទេ ដ្បិតគាត់ភ័យខ្លាចជាខ្លាំង ដូច្នេះ សូលក៏ហូតយកដាវរបស់ទ្រង់ ផ្តួលអង្គទៅលើ
5 រួចកាលអ្នកកាន់គ្រឿងសស្ត្រាវុធទ្រង់បានឃើញថា សូលសុគតហើយដូច្នោះ នោះគាត់ក៏ផ្តួលខ្លួនទៅលើដាវរបស់ខ្លួន ស្លាប់ទៅដែរ
6 គឺយ៉ាងនោះ ដែលសូល និងបុត្រាទ្រង់ទាំង៣ ព្រមទាំងពួកវង្សទ្រង់ទាំងអស់ បានស្លាប់ទៅជាមួយគ្នា។
7 កាលពួកសាសន៍អ៊ីស្រាអែល ដែលនៅច្រកភ្នំបានឃើញថា ពួកពលបែករត់ទៅ ហើយថា សូល និងពួកបុត្រាទ្រង់បានសុគតហើយ នោះគេលះចោលទីក្រុងរបស់គេ រត់ទៅដែរ រួចពួកភីលីស្ទីនបានមកអាស្រ័យនៅក្នុងទីក្រុងទាំងនោះ
8 ដល់ថ្ងៃស្អែក កាលពួកភីលីស្ទីនបានទៅដោះអស់ទាំងរបស់ពីខ្មោចទាំងនោះ ក៏ឃើញសពសូល និងបុត្រាទ្រង់ទាំង៣ ដែលបានដួលសុគត នៅលើភ្នំគីលបោ
9 រួចគេដោះគ្រឿងពីទ្រង់ ព្រមទាំងកាត់យកព្រះសិរ និងគ្រឿងសស្ត្រាវុធទ្រង់ ចាត់គេឲ្យនាំដំណឹងទៅឯស្រុកភីលីស្ទីន ប្រាប់ដល់ទាំងរូបព្រះគេ និងពួកបណ្តាជនផង
10 គេដាក់គ្រឿងសស្ត្រាវុធរបស់ទ្រង់ នៅក្នុងវិហាររបស់គេ ហើយបោះព្រះសិរទ្រង់ភ្ជាប់ក្នុងព្រះវិហារនៃព្រះដាកុន
11 កាលពួកក្រុងយ៉ាបេស-កាឡាតបានឮពីគ្រប់ទាំងការដែលពួកភីលីស្ទីនបានធ្វើដល់សូល
12 នោះពួកមនុស្សក្លាហានទាំងប៉ុន្មាន ក៏ក្រោកឡើងទៅយកព្រះសពរបស់សូល និងពួកបុត្រាទ្រង់ នាំត្រឡប់ទៅឯក្រុងយ៉ាបេសវិញ រួចបញ្ចុះអដ្ឋិទ្រង់ក្រោមដើមម៉ៃសាក់ នៅត្រង់ក្រុងយ៉ាបេស ហើយនាំគ្នាតមអស់៧ថ្ងៃ។
13 ដូច្នេះ សូលបានសុគត ដោយព្រោះអំពើដែលទ្រង់បានប្រព្រឹត្តរំលងទាស់នឹងព្រះយេហូវ៉ា ដោយមិនបានកាន់តាមព្រះបន្ទូលនៃព្រះយេហូវ៉ា ហើយដោយព្រោះទ្រង់បានសួរទំនាយនឹងស្រីជាគ្រូខាប
14 ឥតទូលសួរដល់ព្រះយេហូវ៉ា ហេតុនោះបានជាព្រះធ្វើឲ្យទ្រង់សុគត ព្រមទាំងបង្វែររាជ្យទៅឲ្យដាវីឌ ជាបុត្រអ៊ីសាយវិញ។
ជំពូក 11
1 គ្រានោះ សាសន៍អ៊ីស្រាអែលទាំងអស់គ្នា ក៏ប្រមូលគ្នាមកឯដាវីឌ នៅក្រុងហេប្រុន ទូលថា មើល យើងខ្ញុំរាល់គ្នាជាសាច់ឈាមជាមួយនឹងលោក
2 កាលពីដើមដែលសូលធ្វើជាស្តេចនៅឡើយ នោះគឺលោកហើយ ដែលនាំពួកអ៊ីស្រាអែលចេញចូល ហើយព្រះយេហូវ៉ាជាព្រះនៃលោក ទ្រង់បានមានព្រះបន្ទូលដល់លោកថា គឺឯងហើយ ដែលត្រូវឃ្វាលសាសន៍អ៊ីស្រាអែល ព្រមទាំងធ្វើជាអ្នកនាំមុខនៃរាស្ត្រអញផង
3 គឺយ៉ាងនោះ ដែលពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែល បានមកឯស្តេច នៅក្រុងហេប្រុន ហើយដាវីឌក៏តាំងសញ្ញានឹងគេ នៅចំពោះព្រះយេហូវ៉ា ត្រង់ក្រុងហេប្រុន រួចគេចាក់ប្រេងតាំងដាវីឌឡើង ឲ្យធ្វើជាស្តេចលើពួកអ៊ីស្រាអែល តាមព្រះបន្ទូលនៃព្រះយេហូវ៉ា ដោយសារសាំយូអែល។
4 លំដាប់នោះ ដាវីឌ និងពួកអ៊ីស្រាអែលទាំងអស់ក៏ទៅឯក្រុងយេរូសាឡឹម (គឺជាក្រុងយេប៊ូស) ឯពួកសាសន៍យេប៊ូស ជាពួកអ្នករបស់ស្រុកនោះ ក៏នៅទីក្រុងនោះនៅឡើយ
5 ហើយពួកអ្នកក្រុងយេប៊ូស គេស្តីដល់ដាវីឌថា ឯងនឹងចូលមកក្នុងទីនេះមិនបានឡើយ ប៉ុន្តែ ដាវីឌវាយចាប់យកទីមាំមួនស៊ីយ៉ូនបាន នោះគឺជាក្រុងរបស់ដាវីឌ
6 រួចទ្រង់មានព្រះបន្ទូលថា អ្នកណាដែលវាយពួកយេប៊ូសមុនគេ អ្នកនោះនឹងបានធ្វើជាអ្នកមុខ ហើយជាមេទ័ពធំ ដូច្នេះ យ៉ូអាប់ ជាកូនសេរូយ៉ា ក៏ឡើងទៅជាមុនគេ ហើយបានតាំងឡើងឲ្យធ្វើជាមេទ័ព
7 ឯដាវីឌទ្រង់គង់នៅក្នុងទីមាំមួន ហេតុនោះបានជាគេហៅទីនោះថា ក្រុងដាវីឌ
8 ទ្រង់ក៏សង់ទីក្រុងនោះឡើងនៅជុំវិញ ចាប់តាំងពីប៉មមីឡូរព័ទ្ធជុំវិញ ហើយយ៉ូអាប់លោកក៏ជួសជុលទីក្រុងត្រង់កន្លែងឯទៀត
9 ចំណែកដាវីឌបានកាន់តែថ្កុំថ្កើងឡើង ហើយព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់ក៏គង់ជាមួយ។
10 រីឯពួកប្រធានក្នុងពួកខ្លាំងពូកែរបស់ដាវីឌ ដែលកាន់ខ្ជាប់ខាងទ្រង់ ជាមួយនឹងពួកអ៊ីស្រាអែលទាំងអស់ ដើម្បីនឹងតាំងនគរឡើង តាមព្រះបន្ទូលនៃព្រះយេហូវ៉ា ពីដំណើរសាសន៍អ៊ីស្រាអែល
11 ឯពួកអ្នកខ្លាំងពូកែរបស់ដាវីឌ នោះបានរាប់ដូចជាមានឈ្មោះខាងក្រោមនេះស្រាប់ គឺយ៉ាសុបៀម ជាកូនរបស់ពួកហាក់ម៉ូនីម្នាក់ លោកជាមេលើពួក៣០នាក់ ហើយបានពួយលំពែង សម្លាប់មនុស្ស៣០០នាក់តែ១គ្រា
12 បន្ទាប់នោះ មានកូនដូដូរ ឈ្មោះអេលាសារ ជាពួកអ័ហូអា ដែលជាម្នាក់ក្នុងពួកមនុស្សខ្លាំងពូកែទាំង៣នាក់
13 លោកបាននៅជាមួយនឹងដាវីឌ នៅត្រង់ផាស់-ដាំមីម ក្នុងកាលដែលពួកភីលីស្ទីនបានមូលគ្នាមកច្បាំង នៅកន្លែងដែលមានស្រែស្រូវឱក ហើយពួកទ័ពបានរត់ពីមុខពួកភីលីស្ទីនទៅ
14 តែពួកនោះ គេឈរនៅកណ្តាលស្រែនោះ ហើយបានការពារ ព្រមទាំងសម្លាប់ពួកភីលីស្ទីនបង់ ព្រះយេហូវ៉ាទ្រង់បានជួយសង្គ្រោះគេ ដោយជ័យជម្នះយ៉ាងធំ
15 ក៏មាន៣នាក់ក្នុងពួកប្រធានទាំង៣០នាក់នោះ គេបានចុះទៅដាវីឌត្រង់ថ្មដា ក្នុងរអាងអាឌូឡាម នៅគ្រានោះ ពួកភីលីស្ទីនបានបោះទ័ពនៅច្រកភ្នំរេផែម
16 ហើយដាវីឌទ្រង់គង់នៅក្នុងទីមាំមួន ឯពួកភីលីស្ទីន គេមានទ័ព១កងរក្សាស្រុក នៅឯក្រុងបេថ្លេហិម
17 ចំណែកដាវីឌ ទ្រង់នឹកកន្លេងក្នុងព្រះទ័យ ហើយមានព្រះបន្ទូលថា ឱបើសិនជាមានអ្នកណាយកទឹកពីអណ្តូង ដែលនៅមាត់ទ្វារក្រុងបេថ្លេហិមមក ឲ្យអញផឹកទៅអេះ
18 រួចអ្នកទាំង៣នោះក៏បំបែកពួកទ័ពភីលីស្ទីន កាត់ចូលទៅដងទឹកពីអណ្តូងនៅមាត់ទ្វារក្រុងបេថ្លេហិមនោះ នាំយកមកថ្វាយដល់ដាវីឌ តែទ្រង់មិនព្រមសោយទេ គឺទ្រង់ចាក់ច្រួចថ្វាយព្រះយេហូវ៉ាវិញ
19 ដោយព្រះបន្ទូលថា សូមឲ្យព្រះនៃទូលបង្គំឃាត់មិនឲ្យទូលបង្គំធ្វើដូច្នោះឡើយ តើទូលបង្គំនឹងផឹកឈាមរបស់មនុស្សទាំងនេះ ដែលបានប្រថុយជីវិតយ៉ាងនេះឬអី ដ្បិតគេបានយកទឹកនេះមក ដោយប្រថុយជីវិតរបស់គេពិត ហេតុនោះបានជាទ្រង់មិនព្រមសោយឡើយ គឺការយ៉ាងនោះឯង ដែលមនុស្សខ្លាំងពូកែទាំង៣នាក់នោះបានធ្វើ
20 ឯអ័ប៊ីសាយ ប្អូនយ៉ូអាប់ ជាកូនសេរូយ៉ា លោកជាមេលើអ្នកទាំង៣នាក់នោះ ពីព្រោះលោកបានពួយលំពែងសម្លាប់មនុស្ស៣០០នាក់ ហើយមានល្បីឈ្មោះក្នុងពួក៣នាក់នោះ
21 ក្នុងពួក៣នាក់នោះ គេរាប់អានលោកជាជាង២នាក់ឯទៀត ហើយក៏តាំងឡើងធ្វើជាមេលើគេ ប៉ុន្តែ លោកមិនដល់ពួក៣នាក់ខាងដើមនោះទេ។
22 ឯបេណាយ៉ា ជាកូនយេហូយ៉ាដា ដែលជាកូនរបស់អ្នកខ្លាំងពូកែម្នាក់ នៅក្រុងកាបសៀល លោកជាអ្នកដែលបានធ្វើការយ៉ាងពូកែ លោកបានសម្លាប់កូនទាំង២របស់អ័រាល ជាសាសន៍ម៉ូអាប់ ហើយក៏ចុះទៅក្នុងរណ្តៅសម្លាប់សត្វសិង្ហ១ នៅថ្ងៃមានហិមៈ
23 ក៏សម្លាប់សាសន៍អេស៊ីព្ទម្នាក់ ជាមនុស្សធំសម្បើមកំពស់៥ហត្ថ សាសន៍អេស៊ីព្ទនោះកាន់លំពែង១ប៉ុនផ្សំដំបាញ តែលោកចុះទៅឯវា កាន់តែដំបងទេ ក៏កន្ត្រាក់យកលំពែងពីដៃរបស់មនុស្សសាសន៍អេស៊ីព្ទនោះ រួចចាក់សម្លាប់ដោយលំពែងរបស់វាទៅ
24 គឺការយ៉ាងនោះដែលបេណាយ៉ាជាកូនយេហូយ៉ាដាបានធ្វើ ហើយមានល្បីឈ្មោះនៅក្នុងពួកខ្លាំងពូកែទាំង៣នាក់នោះ
25 គេបានរាប់អានលោកជាជាងពួក៣០នាក់នោះ តែលោកមិនដល់ពួក៣នាក់ខាងដើមទេ ដាវីឌទ្រង់ក៏តាំងលោកឲ្យត្រួតលើពួកទាហានរក្សាអង្គ។
26 ឯមនុស្សខ្លាំងពូកែក្នុងពួកពលទ័ពទាំងប៉ុន្មាន គឺអេសាអែល ជាប្អូនយ៉ូអាប់ អែលហាណាន ជាកូនដូដូរ ដែលនៅក្រុងបេថ្លេហិម
27 សាំម៉ូត ជាអ្នកស្រុកហារ៉ូ ហេលែស ជាអ្នកស្រុកពេឡូន
28 អ៊ីរ៉ា ជាកូនអ៊ីកកែស ជាអ្នកក្រុងត្កូអា អ័បៀស៊ើរ ជាអ្នកនៅក្រុងអាន៉ាថោត
29 ស៊ីបាកាយ ជាអ្នកស្រុកហ៊ូសាយ អ៊ីឡាយ ជាអ្នកស្រុកអ័ហូអា
30 ម៉ាហារ៉ាយ ជាអ្នកក្រុងនថូផា ហេលែបកូនប្អាណា ជាអ្នកក្រុងនថូផា
31 អ៊ីតតាយ កូនរីបាយ ជាអ្នកក្រុងគីបៀន ក្នុងពួកកូនចៅបេនយ៉ាមីន បេណាយ៉ាជាអ្នកស្រុកពីរ៉ាថូន
32 ហ៊ូរ៉ាយ ជាអ្នកស្រុកណាហាលេ-កាអាស អ័បៀល ជាអ្នកស្រុកអើរ៉ាបា
33 អាសម៉ាវែត ជាអ្នកស្រុកបាហ៊ូរីម អេលីយ៉ាបា ជាអ្នកស្រុកស្អាឡាប៊ីន
34 និងពួកកូនហាសេម ជាអ្នកស្រុកគីសូន យ៉ូណាថាន កូនសាកេ ជាអ្នកស្រុកហារ៉ារី
35 អ័ហ៊ីយ៉ាម កូនសាកើរជាអ្នកស្រុកហារ៉ារី អេលីផាល ជាកូនអ៊ើរ
36 ហេភើរ ជាអ្នកស្រុកមេកេរ៉ា អ័ហ៊ីយ៉ា ជាអ្នកស្រុកពេឡូន
37 ហែស្រូ ជាអ្នកស្រុកកើមែល ណ្អារ៉ាយ ជាកូនអែសបាយ
38 យ៉ូអែល ជាប្អូនណាថាន់ មីបហា ជាកូនហាគ្រី
39 សេលេក ជាសាសន៍អាំម៉ូន ណាហារ៉ាយ ជាអ្នកស្រុកបេរ៉ូត ដែលកាន់គ្រឿងសស្ត្រាវុធឲ្យយ៉ូអាប់ ជាកូនសេរូយ៉ា
40 អ៊ីរ៉ា ជាអ្នកស្រុកយេធើ ការេប ជាអ្នកស្រុកយេធើ
41 អ៊ូរី ជាសាសន៍ហេត សាបាឌ ជាកូនអ័ឡាយ
42 អ័ឌីណា ជាកូនស៊ីសា ក្នុងពួករូបេន ជាអ្នកប្រធានក្នុងពួករូបេន ព្រមទាំង៣០នាក់នៅជាមួយផង
43 ហាណាន ជាកូនម្អាកា យេហូសាផាត ជាអ្នកស្រុកមីតនី
44 អ៊ូស៊ីយ៉ា ជាអ្នកស្រុកអាសថារ៉ូត សាម៉ា និងយេហ៊ីអែល កូនហូថាម ជាអ្នកស្រុកអារ៉ូអ៊ើរ
45 យេឌីអែល ជាកូនស៊ីមរី និងយ៉ូហាជាប្អូនគាត់ ជាអ្នកស្រុកធីសា
46 អេលាល ជាអ្នកស្រុកម៉ាហាវីម យេរីបាយ និងយ៉ូសាវា ជាកូនអែលណ្អាម យីតម៉ា ជាសាសន៍ម៉ូអាប់
47 អេលាល អូបិឌ និងយ្អាសៀល ជាពួកអ្នកស្រុកមេសូបាយ៉ា។
ជំពូក 12
1 រីឯពួកអ្នកដែលបានមកឯដាវីឌ នៅត្រង់ក្រុងស៊ីកឡាក់ ក្នុងគ្រាដែលទ្រង់កំពុងតែពួននឹងសូល ជាបុត្រគីសនៅឡើយ ជាពួកអ្នកខ្លាំងពូកែ ដែលបានជួយទ្រង់ក្នុងចម្បាំង
2 សុទ្ធតែមានធ្នូ ហើយក៏ស្ទាត់បាញ់គ្រួស និងព្រួញ ដោយដៃឆ្វេងដៃស្តាំបានផង ជាជំនួរវង្សរបស់បងប្អូនសូល ក្នុងពូជអំបូរបេនយ៉ាមីន
3 នោះអ្នកដែលជាមេលើគេ គឺអ័ហ៊ីយេស៊ើរ បន្ទាប់មកមានយ៉ូអាស ជាកូនសេម៉ាអា ជាអ្នកក្រុងគីបៀរ យេស៊ាល និងពេលេត ជាកូនអាសម៉ាវែត បេរ៉ាកា យេហ៊ូ ជាអ្នកក្រុងអាន៉ាថោត
4 យីសម៉ាយ៉ា ជាអ្នកក្រុងគីបៀន ដែលជាមនុស្សខ្លាំងពូកែក្នុងពួក៣០នាក់នោះ ហើយជាមេលើគេ និងយេរេមី យ៉ាហាសៀល យ៉ូហាណាន យ៉ូសាបាឌ ជាអ្នកស្រុកកេដេរ៉ា
5 អេលូសាយ យេរេម៉ូត ប្អាលា សេម៉ារីយ៉ា សេផាធា ជាអ្នកស្រុកហារ៉ូប
6 អែលកាណា យីសយ៉ា អ័សារាល យ៉ូអេស៊ើរ យ៉ាសុបៀម ជាពួកកូរេ
7 ហើយយ៉ូអេឡា និងសេបាឌា ជាកូនយេរ៉ូហាំ ជាអ្នកស្រុកកេដោរ។
8 ក៏មានមនុស្សក្នុងពួកកាឌ់ បានញែកខ្លួនទៅខាងដាវីឌ ក្នុងទីពំនួននៅទីរហោស្ថាន គេសុទ្ធតែជាមនុស្សខ្លាំងពូកែ មានចិត្តក្លាហាន ហើយស្ទាត់ក្នុងចម្បាំង ក៏ចេះប្រើទាំងខែល និងលំពែង គេមានមុខដូចជាមុខសិង្ហ ហើយក៏រហ័ស ដូចជាឈ្លូសនៅលើភ្នំ
9 នោះគឺអេស៊ើរ ជាមេ អូបាឌា ជាទី២ អេលាប ជាទី៣
10 មីសម៉ាណា ជាទី៤ យេរេមី ជាទី៥
11 អ័ថាយ ជាទី៦ អេលាល ជាទី៧
12 យ៉ូហាណាន ជាទី៨ អែលសាបាឌ ជាទី៩
13 យេរេមី ជាទី១០ ម៉ាបាណាយ ជាទី១១
14 ពួកកូនចៅកាឌ់ទាំងនោះ សុទ្ធតែជាមេលើពលទ័ព ឯអ្នកដែលខ្សោយជាងគេ នោះក៏ស្មើនឹង១០០នាក់ ហើយអ្នកដែលខ្លាំងជាងក៏ស្មើនឹង១ពាន់នាក់
15 នេះជាពួកអ្នក ដែលបានឆ្លងទន្លេយ័រដាន់នៅខែចេត្រ ក្នុងវេលាដែលទន្លេបានឡើងលិចច្រាំងទាំងអស់ រួចគេច្បាំងនឹងពួកមនុស្សនៅច្រកភ្នំទាំងអស់ នៅខាងកើត និងខាងលិចផង ក៏បំបាក់ទ័ពឲ្យគេរត់ទៅ។
16 ក៏មានពួកកូនចៅបេនយ៉ាមីន និងយូដា មកឯដាវីឌ នៅទីពំនួននោះដែរ
17 ឯដាវីឌទ្រង់ចេញទៅទទួលគេ ដោយព្រះបន្ទូលថា បើអ្នករាល់គ្នាបានមកដោយមេត្រី ដើម្បីនឹងជួយខ្ញុំពិត នោះចិត្តខ្ញុំនឹងមូលជាប់នឹងអ្នករាល់គ្នា តែបើសិនជាមក ដើម្បីក្បត់បញ្ជូនខ្ញុំដល់ពួកខ្មាំងសត្រូវ ដែលខ្ញុំគ្មានធ្វើខុសអ្វីឡើយនោះ សូមឲ្យព្រះនៃពួកអយ្យកោយើងរាល់គ្នាទតមើលផង ហើយកាត់សម្រេចចុះ
18 ព្រះវិញ្ញាណក៏មកសណ្ឋិតនៅលើអ័ម៉ាសាយ ជាមេលើពួក៣០នាក់ ហើយលោកទូលថា ឱដាវីឌអើយ យើងខ្ញុំរាល់គ្នាជារបស់ផងលោក ឱកូនអ៊ីសាយអើយ យើងខ្ញុំកាន់ខាងលោកហើយ សូមឲ្យលោកបានប្រកបដោយសេចក្ដីសុខចម្រើន ព្រមទាំងពួកអ្នកដែលជួយខាងលោកផង ដ្បិតព្រះនៃលោក ទ្រង់ជួយដល់លោក ដូច្នេះ ដាវីឌក៏ទទួលគេ ហើយតាំងគេឡើងឲ្យធ្វើជាមេលើកងទាហាន។
19 ក្នុងពួកម៉ាន៉ាសេក៏មានអ្នកខ្លះរវាតមក ចូលខាងដាវីឌដែរ គឺក្នុងវេលាដែលទ្រង់ចេញទៅ ដើម្បីច្បាំងនឹងសូល ជាមួយនឹងពួកភីលីស្ទីន តែមិនបានជួយគេទេ ពីព្រោះពួកមេរបស់សាសន៍ភីលីស្ទីន គេបានពិគ្រោះគ្នា រួចបង្គាប់ឲ្យទ្រង់ទៅវិញ ដោយថា ក្រែងវារវាតចេញទៅខាងសូល ជាចៅហ្វាយវា ហើយនាំឲ្យអន្តរាយដល់ក្បាលយើងវិញ
20 ដូច្នេះ កំពុងដែលទ្រង់វិលទៅឯក្រុងស៊ីកឡាក់វិញ នោះមានពួកម៉ាន៉ាសេខ្លះចូលខាងទ្រង់ គឺអ័ឌណា យ៉ូសាបាឌ យេឌីអែល មីកែល យ៉ូសាបាឌ អេលីហ៊ូវ និងស៊ីលថាយ ដែលសុទ្ធតែជាមេលើទ័ពនៃពួកម៉ាន៉ាសេ១ពាន់នាក់
21 អ្នកទាំងនោះក៏ជួយដាវីឌទាស់នឹងពួកចោរ ដ្បិតសុទ្ធតែជាមនុស្សខ្លាំងពូកែ មានចិត្តក្លាហាន ហើយជាមេទ័ពផង
22 ហើយសឹងតែរាល់ថ្ងៃ ក៏មានមនុស្សមកឯដាវីឌ ដើម្បីជួយទ្រង់ ដរាបដល់មានពួកទ័ពយ៉ាងសន្ធឹក គឺដូចជាពួកពលនៃព្រះ។
23 ឯពួកមេទាំងប៉ុន្មាន ជាអ្នកកាន់គ្រឿងសស្ត្រាវុធដែលមកឯដាវីឌ នៅក្រុងហេប្រុន ដើម្បីនឹងបង្វែររាជ្យរបស់សូលមកឯដាវីឌវិញ តាមព្រះបន្ទូលនៃព្រះយេហូវ៉ា នោះមានចំនួនដូចកត់ទុកខាងក្រោមនេះ
24 គឺពួកកូនចៅយូដា ដែលកាន់ខែល និងលំពែង ប្រុងនឹងទៅច្បាំងហើយ នោះមាន៦ពាន់៨រយនាក់
25 ខាងពួកកូនចៅស៊ីម្មាន នោះមានពួកមនុស្សខ្លាំងពូកែ សម្រាប់ចេញទៅច្បាំង៧ពាន់១រយនាក់
26 ខាងពួកកូនចៅលេវីមាន៤ពាន់៦រយនាក់
27 ហើយយេហូយ៉ាដា ជាមេពួកវង្សអើរ៉ុន ក៏មាន៣ពាន់៧រយនាក់មកជាមួយនឹងលោកដែរ
28 ហើយមានសាដុកជាមនុស្សកំលោះខ្លាំងពូកែ មានចិត្តក្លាហាន ព្រមទាំងមេទ័ព២២នាក់ មកពីជំនួរវង្សរបស់ឪពុកលោកផង
29 ខាងឯពួកកូនចៅបេនយ៉ាមីន ជាបងប្អូនសូល នោះមាន៣ពាន់នាក់ ដ្បិតដរាបដល់គ្រានោះ ចំណែកពួកបេនយ៉ាមីនជាច្រើនគ្នា គេបាននៅតែស្មោះត្រង់នឹងពួកវង្សរបស់សូល
30 ខាងពួកកូនចៅអេប្រាអិម មាន២ម៉ឺន៨រយនាក់ សុទ្ធតែជាមនុស្សខ្លាំងពូកែ មានចិត្តក្លាហាន ដែលមានល្បីឈ្មោះ នៅក្នុងជំនួរវង្សរបស់ឪពុកគេ
31 ខាងឯពូជអំបូរម៉ាន៉ាសេ១ចំហៀងនោះ មាន១ម៉ឺន៨ពាន់នាក់ ដែលបានតម្រូវដោយឈ្មោះ ឲ្យមកតាំងដាវីឌឡើងជាស្តេច
32 ខាងពួកកូនចៅអ៊ីសាខារ នោះមានមនុស្សដែលស្គាល់សម័យអាចនឹងដឹងជាសាសន៍អ៊ីស្រាអែលត្រូវធ្វើយ៉ាងណា ឯអ្នកដែលជាប្រធានក្នុងពួកគេ នោះមាន២០០នាក់ ហើយពួកបងប្អូនគេក៏ទទួលតាមបង្គាប់គេទាំងអស់
33 ខាងពួកសាប់យូល៉ូន មាន៥ម៉ឺននាក់ ដែលអាចនឹងចេញទៅច្បាំង សុទ្ធតែមានគ្រឿងសស្ត្រាវុធគ្រប់មុខ ហើយគេប្រុងប្រៀបទៅច្បាំងដោយចិត្តស្មោះ
34 ខាងពួកណែបថាលីមានមេទ័ព១ពាន់នាក់ ហើយមាន៣ម៉ឺន៧ពាន់នាក់ដែលកាន់ខែល និងលំពែងមកជាមួយនឹងគេដែរ
35 ខាងពួកដាន់ មាន២ម៉ឺន៨ពាន់៦០០នាក់ ដែលថ្នឹកច្បាំងហើយ
36 ខាងឯពួកអេស៊ើ នោះមាន៤ម៉ឺននាក់ដែលអាចនឹងចេញទៅជាមួយនឹងពលទ័ព ជាមនុស្សថ្នឹកច្បាំងដែរ
37 ឯខាងនាយទន្លេយ័រដាន់ ក្នុងពួករូបេន ពួកកាឌ់ និងពូជអំបូរម៉ាន៉ាសេ១ចំហៀង នោះមានចំនួន១សែន២ម៉ឺននាក់ ដែលមានគ្រឿងចម្បាំងគ្រប់មុខ។
38 ពួកអ្នកទាំងនោះ ដែលសុទ្ធតែជាមនុស្សថ្នឹកច្បាំង ក៏មកឯដាវីឌនៅត្រង់ក្រុងហេប្រុន ដោយចិត្តស្មោះត្រង់ ដើម្បីនឹងតាំងទ្រង់ឡើងឲ្យធ្វើជាស្តេចលើសាសន៍អ៊ីស្រាអែលទាំងមូល ហើយពួកអ៊ីស្រាអែលឯទៀតទាំងប៉ុន្មានក៏ស្រុះចិត្តគ្នានឹងតាំងដាវីឌឡើងជាស្តេចដែរ
39 គេនៅទីនោះជាមួយនឹងដាវីឌ ដោយការលៀងលោមគ្នាអស់៣ថ្ងៃ ដ្បិតពួកបងប្អូនគេបានរៀបចំឲ្យ
40 មួយទៀត ពួកណាដែលនៅជិតល្មមត្រឹមពួកអ៊ីសាខារ ពួកសាប់យូល៉ូន និងពួកណែបថាលី គេក៏យកស្បៀងអាហារផ្ទុកលើសត្វលា អូដ្ឋ លាកាត់ និងគោមកដែរ គឺជានំបុ័ង ផែនល្វាក្រៀម ចង្កោមទំពាំងបាយជូរ ស្រាទំពាំងបាយជូរ ប្រេង គោ ហើយនិងចៀមយ៉ាងសន្ធឹក ដ្បិតមានសេចក្ដីអំណរអរនៅក្នុងពួកអ៊ីស្រាអែល។
ជំពូក 13
1 ដាវីឌទ្រង់បានពិគ្រោះជាមួយនឹងពួកមេទ័ពធំតូច គឺជាអ្នកនាំមុខទាំងអស់
2 ហើយទ្រង់មានព្រះបន្ទូលនឹងពួកជំនុំអ៊ីស្រាអែលទាំងអស់ថា បើការនេះពេញចិត្តដល់អ្នករាល់គ្នា ហើយក៏កើតអំពីព្រះយេហូវ៉ាជាព្រះនៃយើងរាល់គ្នាដែរ នោះចូរយើងចាត់គេឲ្យទៅពេញក្នុងស្រុក ដល់ពួកបងប្អូនយើង ដែលនៅសល់ក្នុងពួកអ៊ីស្រាអែល ហើយដល់ពួកសង្ឃ និងពួកលេវី ដែលនៅអស់ទាំងទីក្រុង និងភូមិគេទាំងប៉ុន្មាន ដើម្បីឲ្យគេមូលគ្នា មកឯយើងផងចុះ
3 ហើយចូរយើងនាំហឹបរបស់ព្រះនៃយើង មកឯយើងដែរ ដ្បិតយើងរាល់គ្នាមិនបាននឹកដល់ហឹបនោះ ក្នុងគ្រាសូលឡើយ
4 ពួកជំនុំទាំងអស់គ្នា ក៏យល់ព្រមនឹងធ្វើដូច្នោះ ដ្បិតការនោះជាទីពេញចិត្តដល់ពួកជនទាំងឡាយ
5 ដូច្នេះ ដាវីឌក៏ប្រមូលពួកអ៊ីស្រាអែលទាំងអស់មក ចាប់តាំងពីស្ទឹងស៊ីហោររបស់ស្រុកអេស៊ីព្ទ រហូតដល់ទ្វារចូលស្រុកហាម៉ាត ដើម្បីនឹងយកហឹបនៃព្រះពីក្រុងគារយ៉ាត់-យារីមមក
6 ដាវីឌ និងពួកអ៊ីស្រាអែលទាំងអស់ ក៏ឡើងទៅឯក្រុងបាឡា គឺជាគារយ៉ាត់-យារីមរបស់ពួកយូដា ដើម្បីនឹងយកហឹបនៃព្រះយេហូវ៉ាដ៏ជាព្រះមក ដែលទ្រង់គង់នៅកណ្តាលចេរូប៊ីនទាំង២ ដែលហឹបនោះបានហៅតាមព្រះនាមទ្រង់
7 គេក៏យកហឹបនៃព្រះដាក់លើរទេះថ្មី នាំចេញពីផ្ទះអ័ប៊ីន៉ាដាប់មក មានអ៊ុសា និងអ័ហ៊ីយ៉ូរជាអ្នកបរ
8 ឯដាវីឌ និងពួកអ៊ីស្រាអែលទាំងអស់គ្នា គេក៏ប្រគំភ្លេងនៅចំពោះព្រះ អស់ពីកម្លាំង ព្រមទាំងច្រៀងចម្រៀងផង ដោយស៊ុង ពិណ ក្រាប់ ឈឹង និងត្រែ។
9 តែកាលគេទៅដល់លានស្រូវរបស់គីដូន នោះអ៊ុសាលូកដៃទៅចាប់ទប់ហឹប ពីព្រោះគោកញ្ជ្រោលឡើង
10 ដូច្នេះ ព្រះយេហូវ៉ាទ្រង់មានសេចក្ដីក្រោធនឹងអ៊ុសា ក៏ប្រហារគាត់បង់ ដោយព្រោះគាត់បានលូកដៃទៅពាល់ហឹប គាត់ក៏ស្លាប់នៅទីនោះចំពោះព្រះទៅ
11 ឯដាវីឌទ្រង់មានព្រះទ័យទោមនស្ស ដោយព្រោះព្រះយេហូវ៉ាទ្រង់បានប្រហារជីវិតអ៊ុសា រួចទ្រង់ហៅកន្លែងនោះ ឈ្មោះថា ពេរេស-អ៊ុសា ដរាបដល់សព្វថ្ងៃនេះ
12 នៅថ្ងៃនោះ ដាវីឌក៏មានសេចក្ដីកោតខ្លាចដល់ព្រះ ហើយមានព្រះបន្ទូលថា ធ្វើដូចម្តេចឲ្យយើងនាំយកហឹបនៃព្រះមកឯយើងបាន
13 ដូច្នេះ ដាវីឌទ្រង់មិនបាននាំយកហឹបមកឯទ្រង់ ក្នុងក្រុងរបស់ទ្រង់ទេ គឺបានយកទៅដាក់ក្នុងផ្ទះអូបិឌ-អេដុម ជាអ្នកក្រុងកាថវិញ
14 ហើយហឹបនៃព្រះក៏នៅជាមួយនឹងគ្រួអូបិឌ-អេដុម ក្នុងផ្ទះគាត់អស់៣ខែ ព្រះយេហូវ៉ាទ្រង់ក៏ប្រទានពរដល់គ្រួរបស់អូបិឌ-អេដុម ព្រមទាំងបណ្តារបស់ទ្រព្យគាត់ទាំងអស់ផង។
ជំពូក 14
1 រីឯហ៊ីរ៉ាម ជាស្តេចក្រុងទីរ៉ុស ទ្រង់ចាត់សារមកឯដាវីឌ ព្រមទាំងផ្ញើឈើតាត្រៅ និងជាងរៀបថ្ម ហើយជាងឈើ ដើម្បីនឹងសង់ដំណាក់ថ្វាយទ្រង់
2 ដាវីឌក៏យល់ឃើញថា ព្រះយេហូវ៉ាបានតាំងទ្រង់ឡើងជាស្តេចលើសាសន៍អ៊ីស្រាអែលពិត ពីព្រោះរាជ្យទ្រង់បានថ្កុំថ្កើងឡើងយ៉ាងខ្ពស់ ដោយព្រះអង្គយល់ដល់អ៊ីស្រាអែលជារាស្ត្ររបស់ទ្រង់។
3 នៅក្រុងយេរូសាឡឹម ដាវីឌទ្រង់បានយកភរិយាថែម ហើយក៏បង្កើតបានបុត្រាបុត្រីទៀត
4 នេះជានាមនៃបុត្រទាំងប៉ុន្មាន ដែលទ្រង់បង្កើតនៅក្រុងយេរូសាឡឹម គឺសាំមួរ សូបាប់ ណាថាន់ សាឡូម៉ូន
5 យីបហារ អេលីសួរ អែលផាលេត
6 ណូកា នេផេក យ៉ាភា
7 អេលីសាម៉ា ប្អេលីយ៉ាដា និងអេលីផាលេត។
8 កាលពួកភីលីស្ទីនឮថា គេបានចាក់ប្រេងតាំងដាវីឌឡើងឲ្យធ្វើជាស្តេច លើសាសន៍អ៊ីស្រាអែលទាំងមូលហើយ នោះពួកភីលីស្ទីនទាំងអស់ក៏លើកគ្នាឡើងទៅរកដាវីឌ ដាវីឌទ្រង់ក៏ជ្រាប រួចទ្រង់ចេញទៅទាស់នឹងគេ
9 ឯគេបានទន្ទ្រានចូលមកក្នុងច្រកភ្នំរេផែមហើយ
10 ដូច្នេះ ដាវីឌទ្រង់ទូលសួរដល់ព្រះថា តើត្រូវឲ្យទូលបង្គំឡើងទៅច្បាំងនឹងពួកភីលីស្ទីននេះឬទេ តើទ្រង់នឹងប្រគល់គេមកក្នុងកណ្តាប់ដៃទូលបង្គំឬ ព្រះយេហូវ៉ាទ្រង់ឆ្លើយថា ចូរឡើងទៅចុះ ដ្បិតអញនឹងប្រគល់គេមកក្នុងកណ្តាប់ដៃឯងពិត
11 គេក៏ឡើងមកដល់បាល-ពេរ៉ាស៊ីម ហើយដាវីឌទ្រង់ប្រហារគេនៅទីនោះ រួចទ្រង់មានព្រះបន្ទូលថា ព្រះទ្រង់បានទម្លាយមកលើពួកខ្មាំងសត្រូវរបស់យើង ដោយសារដៃយើង ដូចជាទឹកធ្លាយទំនប់ ហេតុនោះបានជាគេហៅទីនោះឈ្មោះថា បាល-ពេរ៉ាស៊ីម
12 គេក៏លះចោលអស់ទាំងរូបព្រះរបស់គេនៅទីនោះ រួចដាវីឌចេញបង្គាប់ឲ្យដុតរូបព្រះទាំងនោះចោល។
13 ពួកភីលីស្ទីនក៏ទន្ទ្រានចូលមកក្នុងច្រកភ្នំនោះម្តងទៀត
14 ហើយដាវីឌទ្រង់ទូលសួរដល់ព្រះដូចមុន តែព្រះទ្រង់មានព្រះបន្ទូលថា កុំឲ្យឡើងទៅតាមគេឡើយ គឺត្រូវបែរចេញពីគេ ឡើងទៅទាស់នឹងគេ ទល់មុខនឹងចម្ការមនវិញ
15 រួចកាលណាឯងឮសូរសន្ធឹកនៅលើចុងដើមមន ដូចជាពួកពលដើរ នោះត្រូវឲ្យឯងចេញទៅច្បាំងចុះ ដ្បិតព្រះទ្រង់នឹងចេញទៅនៅមុខឯង ដើម្បីនឹងវាយពួកពលភីលីស្ទីនហើយ
16 ដាវីឌទ្រង់ក៏ធ្វើដូចជាព្រះបានបង្គាប់ ហើយប្រហារពួកពលទ័ពភីលីស្ទីន ចាប់តាំងពីក្រុងគីបៀនរហូតដល់ក្រុងកេស៊ើរ
17 ដូច្នេះ កិត្តិនាមរបស់ដាវីឌក៏ល្បីសុសសាយទួទៅគ្រប់ស្រុក ហើយព្រះយេហូវ៉ាទ្រង់បណ្តាល ឲ្យគ្រប់ទាំងសាសន៍ខ្លាចដល់ទ្រង់។
ជំពូក 15
1 ដាវីឌទ្រង់ក៏សង់ដំណាក់ សម្រាប់ទ្រង់នៅក្នុងក្រុងដាវីឌ ហើយក៏រៀបចំកន្លែង សម្រាប់ហឹបនៃព្រះ គឺបានដំឡើងត្រសាល សម្រាប់ហឹបនោះ
2 រួចដាវីឌទ្រង់មានព្រះបន្ទូលថា មិនត្រូវឲ្យអ្នកណាសែងហឹបនៃព្រះឡើយ លើកតែពួកលេវីប៉ុណ្ណោះ ដ្បិតព្រះយេហូវ៉ាទ្រង់បានរើសគេ ទុកជាអ្នកសែងហឹបនៃព្រះ ហើយឲ្យធ្វើការងារថ្វាយទ្រង់ ជាដរាប
3 ដូច្នេះ ដាវីឌទ្រង់ប្រមូលពួកអ៊ីស្រាអែលទាំងអស់មកឯក្រុងយេរូសាឡឹម ដើម្បីនឹងនាំយកហឹបនៃព្រះយេហូវ៉ា មកឯកន្លែងដែលទ្រង់បានរៀបសម្រាប់
4 ទ្រង់ក៏ប្រមូលពួកកូនចៅអើរ៉ុន និងពួកលេវី
5 គឺក្នុងពួកកូនចៅកេហាត់ មានអ៊ូរាលជាមេ និងបងប្អូនលោក១២០នាក់
6 ក្នុងពួកកូនចៅម្រ៉ារី មានអ័សាយ៉ាជាមេ និងបងប្អូនលោក២២០នាក់
7 ក្នុងពួកកូនចៅគើសុន មានយ៉ូអែលជាមេ និងបងប្អូនលោក១៣០នាក់
8 ក្នុងពួកកូនចៅអេលីសាផាន មានសេម៉ាយ៉ាជាមេ និងបងប្អូនលោក២០០នាក់
9 ក្នុងពួកកូនចៅហេប្រុន មានអេលាលជាមេ និងបងប្អូនលោក៨០នាក់
10 ក្នុងពួកកូនចៅអ៊ូស៊ាល មានអ័មីន៉ាដាប់ជាមេ និងបងប្អូនលោក១១២នាក់
11 ដាវីឌទ្រង់ក៏ហៅសាដុក និងអ័បៀថើរដ៏ជាសង្ឃមក ព្រមទាំងពួកលេវី គឺអ៊ូរាល អ័សាយ៉ា យ៉ូអែល សេម៉ាយ៉ា អេលាល និងអ័មីន៉ាដាប់ផង
12 ទ្រង់មានព្រះបន្ទូលទៅគេថា អ្នករាល់គ្នាជាប្រធានលើវង្សានុវង្សរបស់ឪពុកនៃពួកលេវីទាំងប៉ុន្មាន ដូច្នេះ ចូរញែកខ្លួនចេញជាបរិសុទ្ធចុះ ព្រមទាំងបងប្អូនអ្នករាល់គ្នាផង ដើម្បីនឹងនាំយកហឹបនៃព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល មកឯកន្លែងដែលយើងបានរៀបចំ
13 ដ្បិតដោយព្រោះកាលពីជាន់មុន អ្នករាល់គ្នាមិនបានសែងទេ បានជាព្រះយេហូវ៉ាជាព្រះនៃយើងរាល់គ្នា ទ្រង់បានប្រហារពួកយើងទៅ គឺពីព្រោះយើងរាល់គ្នាមិនបានរកទ្រង់ ឲ្យត្រូវតាមច្បាប់
14 ដូច្នេះ ពួកសង្ឃ និងពួកលេវី ក៏ញែកខ្លួនជាបរិសុទ្ធ ដើម្បីនឹងនាំយកហឹបនៃព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែលឡើងមក
15 ពួកកូនចៅលេវីបានសែងហឹបនៃព្រះទៅដោយឈើស្នែង ដូចជាលោកម៉ូសេបានបង្គាប់មក តាមព្រះបន្ទូលនៃព្រះយេហូវ៉ា។
16 ដាវីឌក៏ប្រាប់ឲ្យមេពួកលេវីតម្រូវឲ្យពួកចម្រៀង ជាបងប្អូនគេ កាន់ប្រដាប់ភ្លេង គឺពិណ ស៊ុង និងឈឹង លេងឲ្យឮសូរក្រលួច ហើយឡើងសំឡេងច្រៀងដោយអំណរ
17 ពួកលេវីក៏តម្រូវឲ្យមានពួកអ្នកនេះ គឺហេម៉ាន ជាកូនយ៉ូអែល ហើយក្នុងពួកបងប្អូនរបស់លោក គឺអេសាភ ជាកូនរេបេគា ឯក្នុងពួកម្រ៉ារី ជាបងប្អូនលោក គឺអេថាន ជាកូនគូសាយ៉ា
18 ហើយពួកបងប្អូនគេ ដែលជាថ្នាក់ទី២ឲ្យបាននៅជាមួយដែរ គឺសាការី បេន យ្អាស៊ាល សេមីរ៉ាម៉ូត យេហ៊ីអែល អ៊ូនី អេលាប បេណាយ៉ា ម្អាសេយ៉ា ម៉ាធិធា អេលីផាលេ មីកនេយ៉ា អូបិឌ-អេដុម និងយីអែល ដែលសុទ្ធតែជាពួកអ្នកឆ្មាំទ្វារ
19 ដូច្នេះ ពួកអ្នកចម្រៀង គឺហេម៉ាន អេសាភ និងអេថាន ក៏កាន់ឈឹងលង្ហិន សម្រាប់វាយឲ្យឮរងំ
20 ហើយសាការី យ្អាស៊ាល សេមីរ៉ាម៉ូត យីអែល អ៊ូនី អេលាប ម្អាសេយ៉ា និងបេណាយ៉ា ក៏កាន់ពិណ សម្រាប់ដេញ តាមសំឡេងស្រួច
21 ហើយម៉ាធិធា អេលីផាលេ មីកនេយ៉ា អូបិឌ-អេដុម យីអែល និងអ័សាស៊ា ក៏កាន់ស៊ុងខ្សែ៨ សម្រាប់នឹងចាប់នាំមុខពួកចម្រៀង
22 ហើយកេណានា ជាមេពួកលេវី លោកត្រួតលើការចម្រៀង គឺលោកដែលបង្ហាត់ការនោះ ពីព្រោះលោកជាអ្នកប្រសប់
23 ឯបេរេគា និងអែលកាណា គេជាអ្នកឆ្មាំទ្វារ សម្រាប់បើកឲ្យហឹបចូល
24 សេបានា យេហូសាផាត នេថានេល អ័ម៉ាសាយ សាការី បេណាយ៉ា អេលាស៊ើរ ដ៏ជាពួកសង្ឃ គេក៏ផ្លុំត្រែនៅចំពោះហឹបនៃព្រះ ឯអូបិឌ-អេដុម និងយេហ៊ីយ៉ា គេជាអ្នកឆ្មាំទ្វារសម្រាប់បើកឲ្យហឹបចេញ។
25 ដូច្នេះ ដាវីឌ ពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែល និងពួកមេទ័ព ក៏ទៅនាំយកហឹបនៃសេចក្ដីសញ្ញាផងព្រះយេហូវ៉ាពីផ្ទះអូបិឌ-អេដុម មកដោយអរសប្បាយ
26 រួចដោយព្រោះព្រះទ្រង់ប្រោសមេត្តាដល់ពួកលេវី ដែលសែងហឹបនៃសេចក្ដីសញ្ញាផងព្រះយេហូវ៉ា បានជាគេថ្វាយកូនគោ៧ និងពពែ៧ ទុកជាយញ្ញបូជា
27 ឯដាវីឌទ្រង់ព្រះពស្ត្រសំពត់ខ្លូតទេសយ៉ាងម៉ដ្ត ព្រមទាំងពួកលេវីដែលសែងហឹប ពួកចម្រៀង និងកេណានា ជាមេលើពួកចម្រៀងផង ហើយដាវីឌក៏ពាក់អេផូឌ ធ្វើពីសំពត់ខ្លូតទេសដែរ
28 គឺយ៉ាងនោះ ដែលពួកអ៊ីស្រាអែលទាំងអស់បាននាំយកហឹបនៃសេចក្ដីសញ្ញាផងព្រះយេហូវ៉ាឡើងមក ដោយសម្រែកអរសប្បាយ និងសូរស្នែង ត្រែ ហើយនិងឈឹង ព្រមទាំងដេញពិណ ហើយចាប់ស៊ុងផង។
29 កាលហឹបនៃសេចក្ដីសញ្ញាផងព្រះយេហូវ៉ា បានចូលមកក្នុងទីក្រុងដាវីឌហើយ នោះមីកាល ជាបុត្រីសូល នាងទតទៅតាមបង្អួច ឃើញស្តេចដាវីឌកំពុងតែលោតកញ្ឆេង ហើយលេងភ្លេង រួចនាងមានព្រះទ័យប្រមាថមើលងាយដល់ទ្រង់។
ជំពូក 16
1 គេនាំយកហឹបនៃព្រះមក ដាក់នៅកណ្តាលត្រសាល ដែលដាវីឌបានដំឡើងទុកសម្រាប់ រួចក៏ថ្វាយតង្វាយដុត និងតង្វាយមេត្រី នៅចំពោះព្រះ
2 កាលដាវីឌបានថ្វាយតង្វាយដុត និងតង្វាយមេត្រីទាំងនោះរួចហើយ នោះទ្រង់ក៏ប្រទានពរដល់ពួកជន ដោយនូវព្រះនាមព្រះយេហូវ៉ា
3 រួចទ្រង់ចែកនំបុ័ង១ដុំ សាច់១ដុំ និងផ្លែទំពាំងបាយជូរ១ផែន ឲ្យដល់សាសន៍អ៊ីស្រាអែលគ្រប់ៗគ្នា ទាំងប្រុសទាំងស្រី។
4 ទ្រង់ក៏តម្រូវពួកលេវីខ្លះ ឲ្យធ្វើការងារនៅចំពោះហឹបនៃព្រះយេហូវ៉ា ដើម្បីនឹងរំឭក អរព្រះគុណ ហើយនិងសរសើរដល់ព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល
5 គឺអេសាភជាមេ ហើយបន្ទាប់មកមានសាការី យីអែល សេមីរ៉ាម៉ូត យេហ៊ីអែល ម៉ាធិធា អេលាប បេណាយ៉ា អូបិឌ-អេដុម និងយីអែល សុទ្ធតែកាន់ពិណ និងស៊ុង ហើយអេសាភជាអ្នកវាយឈឹងឲ្យឮរងំ
6 ឯបេណាយ៉ា និងយ៉ាហាសៀល ជាពួកសង្ឃ ក៏ផ្លុំត្រែជានិច្ច នៅចំពោះហឹបនៃសេចក្ដីសញ្ញាផងព្រះ។
7 នៅថ្ងៃនោះឯង ដាវីឌបានបង្គាប់មុនដំបូង ឲ្យមានការអរព្រះគុណដល់ព្រះយេហូវ៉ា ដោយសារអេសាភ និងពួកបងប្អូនលោកថា
8 ចូរអរព្រះគុណដល់ព្រះយេហូវ៉ា ចូរអំពាវនាវដល់ព្រះនាមទ្រង់ចុះ ចូរសម្ដែងពីអស់ទាំងការនៃទ្រង់ នៅកណ្តាលគ្រប់ទាំងសាសន៍
9 ចូរច្រៀងថ្វាយទ្រង់ ចូរច្រៀងសរសើរដល់ទ្រង់ចុះ ចូរនឹកថ្លែងពីអស់ទាំងការអស្ចារ្យរបស់ទ្រង់
10 ចូរមានចិត្តរីករាយ ដោយនូវព្រះនាមបរិសុទ្ធរបស់ទ្រង់ ចូរឲ្យអស់អ្នកដែលស្វែងរកព្រះយេហូវ៉ា មានចិត្តអរសប្បាយឡើង
11 ចូរសង្កិនរកព្រះយេហូវ៉ា និងឥទ្ធានុភាពរបស់ទ្រង់ ចូររកព្រះភ័ក្ត្រទ្រង់ជានិច្ច
12 ចូរនឹកចាំពីអស់ទាំងការអស្ចារ្យដែលទ្រង់បានធ្វើ គឺពីការចម្លែករបស់ទ្រង់ និងពីសេចក្ដីយុត្តិធម៌ដែលចេញពីព្រះឱស្ឋទ្រង់មក
13 ឱអ្នករាល់គ្នាជាពូជពង្សអ៊ីស្រាអែល ជាពួកបម្រើទ្រង់ គឺពួកកូនចៅយ៉ាកុប ជាពួកអ្នកជ្រើសរើសរបស់ទ្រង់អើយ
14 ទ្រង់ជាព្រះយេហូវ៉ាជាព្រះនៃយើងរាល់គ្នា សេចក្ដីបញ្ញត្តទាំងប៉ុន្មាននៃទ្រង់ នៅពេញពាសលើផែនដី
15 ចូរនឹកចាំពីសេចក្ដីសញ្ញារបស់ទ្រង់ជាដរាប គឺជាព្រះបន្ទូល ដែលទ្រង់បានបង្គាប់ដល់មនុស្សទាំងពាន់ដំណ
16 ជាសេចក្ដីសញ្ញា ដែលទ្រង់បានតាំងនឹងអ័ប្រាហាំ ហើយជាសេចក្ដីសម្បថ ដែលទ្រង់បានស្បថនឹងអ៊ីសាក
17 ព្រមទាំងបញ្ជាក់សេចក្ដីនោះឯង ទុកជាច្បាប់ដល់យ៉ាកុប ហើយដល់អ៊ីស្រាអែល សម្រាប់ជាសញ្ញាដ៏នៅអស់កល្បជានិច្ច
18 ដោយព្រះបន្ទូលថា អញ និងឲ្យស្រុកកាណានដល់ឯង ទុកជាចំណែកមរដករបស់ឯង
19 ក្នុងកាលដែលអ្នករាល់គ្នានៅគ្នាតិចនៅឡើយ គឺមានគ្នាតិចណាស់ ក៏គ្រាន់តែស្នាក់នៅស្រុកនេះប៉ុណ្ណោះផង
20 គេចេញដំណើរពីនគរ១ទៅនគរ១ ហើយពីសាសន៍១ដល់សាសន៍១ទៀត
21 ទ្រង់មិនបើកឲ្យមនុស្សណាសង្កត់សង្កិនគេឡើយ ទ្រង់បានបន្ទោសដល់ទាំងពួកស្តេចដោយព្រោះគេផង
22 ដោយព្រះបន្ទូលថា កុំពាល់ពួកដែលអញបានចាក់ប្រេងឲ្យឡើយ ក៏កុំឲ្យធ្វើបាបដល់ពួកហោរារបស់អញដែរ
23 ឱលោកីយ៍ទាំងមូលអើយ ចូរច្រៀងថ្វាយព្រះយេហូវ៉ាចុះ ហើយសម្ដែងពីសេចក្ដីសង្គ្រោះរបស់ទ្រង់រាល់ៗថ្ងៃ
24 ចូរថ្លែងប្រាប់ពីសិរីល្អនៃទ្រង់ នៅក្នុងគ្រប់ទាំងនគរ ហើយពីការអស្ចារ្យរបស់ទ្រង់ នៅកណ្តាលអស់ទាំងសាសន៍
25 ដ្បិតព្រះយេហូវ៉ាទ្រង់ជាធំ ក៏គួរសរសើរណាស់ ហើយគួរស្ញែងខ្លាចលើសជាងអស់ទាំងព្រះ
26 ពីព្រោះអស់ទាំងព្រះនៃសាសន៍ដទៃ សុទ្ធតែជារូបទទេ តែឯព្រះយេហូវ៉ាវិញ ទ្រង់បានបង្កើតផ្ទៃមេឃ
27 ឯសេចក្ដីរុងរឿង ហើយសិរីលំអ នោះនៅចំពោះទ្រង់ ឥទ្ធានុភាព និងសេចក្ដីអំណរក៏នៅទីកន្លែងរបស់ទ្រង់
28 ឱអស់ទាំងសាសន៍អើយ ចូរទទួលថ្លែងពីព្រះយេហូវ៉ា ចូរទទួលថ្លែងប្រាប់ថា ព្រះយេហូវ៉ាទ្រង់មានសិរីល្អ និងព្រះចេស្តា
29 ចូរទទួលថ្លែងប្រាប់ពីសិរីល្អនៃព្រះយេហូវ៉ា ឲ្យសំណំនឹងព្រះនាមទ្រង់ ចូរនាំយកតង្វាយ១មកនៅចំពោះព្រះយេហូវ៉ាចុះ ហើយថ្វាយបង្គំដល់ទ្រង់ ដោយសិរីលំអនៃសេចក្ដីបរិសុទ្ធ
30 គ្រប់ផែនដីអើយ ចូរភ័យញ័រនៅចំពោះទ្រង់ចុះ ឯលោកីយ៍ នោះក៏បានតាំងជាមាំមួនហើយ នឹងកក្រើករញ្ជួយមិនបានឡើយ
31 ចូរឲ្យផ្ទៃមេឃមានសេចក្ដីអំណរ ហើយឲ្យផែនដីបានត្រេកអរឡើង ឲ្យបានថ្លែងនៅគ្រប់ទាំងសាសន៍ថា ព្រះយេហូវ៉ាទ្រង់សោយរាជ្យ
32 ចូរឲ្យសមុទ្រ និងបណ្តាដែលនៅក្នុងនោះទាំងប៉ុន្មាន បានឮកងរំពងឡើង ចូរឲ្យស្រែចម្ការ និងរបស់ដែលមាននៅទីនោះទាំងប៉ុន្មាន មានសេចក្ដីរីករាយអរសប្បាយផង
33 ចូរឲ្យដើមឈើនៅព្រៃបញ្ចេញសូរយ៉ាងសប្បាយ នៅចំពោះព្រះយេហូវ៉ា ដ្បិតទ្រង់យាងមក ដើម្បីជំនុំជំនះផែនដី
34 ចូរអរព្រះគុណដល់ព្រះយេហូវ៉ា ដ្បិតទ្រង់ល្អ ពីព្រោះសេចក្ដីសប្បុរសនៃទ្រង់នៅអស់កល្បជានិច្ច
35 ចូរទូលថា ឱព្រះនៃសេចក្ដីសង្គ្រោះនៃយើងខ្ញុំអើយ សូមជួយសង្គ្រោះយើងខ្ញុំផង សូមប្រមូលបំប្រួមយើងខ្ញុំ ហើយប្រោសយើងខ្ញុំឲ្យរួចពីពួកសាសន៍ដទៃ ប្រយោជន៍ឲ្យបានពោលពាក្យអរព្រះគុណ ដល់ព្រះនាមបរិសុទ្ធនៃទ្រង់ ហើយមានសេចក្ដីរីករាយ ក្នុងសេចក្ដីសរសើរតម្កើងដល់ទ្រង់
36 សូមក្រាបថ្វាយបង្គំដល់ព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល ចាប់តាំងពីអស់កល្ប ដរាបដល់អស់កល្បជានិច្ច។ ស្រេចហើយ បណ្តាជនទាំងអស់គ្នាក៏ទទួលឡើងថា អាម៉ែន ហើយក៏សរសើរតម្កើងដល់ព្រះយេហូវ៉ាដែរ។
37 ដូច្នេះ ដាវីឌទ្រង់ទុកឲ្យអេសាភ និងបងប្អូនលោកនៅចំពោះហឹបនៃសេចក្ដីសញ្ញាផងព្រះយេហូវ៉ា ឲ្យបានធ្វើការងារនៅទីនោះ តាមដែលត្រូវការ រាល់តែថ្ងៃជានិច្ច
38 ឯអូបិឌ-អេដុម ជាកូនយេឌូថិន និងហូសា ព្រមទាំងបងប្អូនលោកចំនួន៦៨នាក់ បានតាំងឡើងឲ្យធ្វើជាអ្នកឆ្មាំទ្វារ
39 ចំណែកសាដុកដ៏ជាសង្ឃ និងបងប្អូនលោក ជាពួកសង្ឃ បានតាំងឲ្យនៅមុខរោងឧបោសថនៃព្រះយេហូវ៉ា ដែលនៅលើទីខ្ពស់ត្រង់គីបៀន
40 ដើម្បីនឹងថ្វាយតង្វាយដល់ព្រះយេហូវ៉ា នៅលើអាសនៈ ដែលសម្រាប់តង្វាយដុត រាល់ព្រឹករាល់ល្ងាចជានិច្ច តាមគ្រប់ទាំងសេចក្ដីដែលបានចែងទុកមកក្នុងក្រឹត្យវិន័យព្រះយេហូវ៉ា ដែលទ្រង់បានបង្គាប់ដល់ពួកអ៊ីស្រាអែល
41 មានទាំងហេម៉ាន និងយេឌូថិននៅជាមួយដែរ ព្រមទាំងពួកអ្នកឯទៀត ដែលបានតម្រូវដោយឈ្មោះផង ដើម្បីនឹងអរព្រះគុណដល់ព្រះយេហូវ៉ា ដោយព្រោះសេចក្ដីសប្បុរសទ្រង់នៅអស់កល្បជានិច្ច
42 ហេម៉ាន និងយេឌូថិននេះ គេមានត្រែ និងឈឹង សម្រាប់ពួកអ្នកភ្លេង និងប្រដាប់ឯទៀតសម្រាប់ប្រកបភ្លេងថ្វាយព្រះ ហើយពួកកូនចៅយេឌូថិន គេនៅត្រង់មាត់ទ្វារ
43 រួចបណ្តាជនក៏វិលទៅផ្ទះគេរៀងខ្លួនទៅ ហើយដាវីឌទ្រង់ក៏ត្រឡប់ទៅ ដើម្បីឲ្យពរដល់ពួកវង្សាញាតិរបស់ទ្រង់។
ជំពូក 17
1 លុះកាលដាវីឌបានគង់នៅក្នុងដំណាក់ទ្រង់ហើយ នោះទ្រង់មានព្រះបន្ទូលទៅហោរាណាថាន់ថា មើល ខ្ញុំនៅក្នុងដំណាក់ធ្វើពីឈើតាត្រៅ តែឯហឹបនៃសេចក្ដីសញ្ញាផងព្រះយេហូវ៉ា មានតែសំពត់បាំងប៉ុណ្ណោះ
2 ដូច្នេះ ណាថាន់ទូលថា សូមទ្រង់ធ្វើតាមគ្រប់ទាំងសេចក្ដីប្រាថ្នាដែលនៅក្នុងព្រះទ័យចុះ ដ្បិតព្រះទ្រង់គង់ជាមួយនឹងទ្រង់ហើយ
3 តែនៅវេលាយប់នោះឯង ព្រះបន្ទូលនៃព្រះបានមកដល់ណាថាន់ថា
4 ចូរទៅប្រាប់ដល់ដាវីឌ ជាអ្នកបម្រើអញថា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ មិនត្រូវឲ្យឯងស្អាងព្រះវិហារ ឲ្យអញបាននៅនោះឡើយ
5 ដ្បិតតាំងពីអញនាំសាសន៍អ៊ីស្រាអែលឡើងមក ដរាបដល់សព្វថ្ងៃនេះ នោះអញមិនបាននៅក្នុងព្រះវិហារណាទេ គឺបានទៅពីត្រសាល១ដល់ត្រសាល១ ហើយពីរោងឧបោសថ១ដល់រោងឧបោសថ១ទៀត
6 នៅគ្រប់ទីកន្លែងដែលអញដើរជាមួយនឹងពួកអ៊ីស្រាអែល នោះតើអញដែលនិយាយ១ម៉ាត់ នឹងពួកចៅហ្វាយនៃសាសន៍អ៊ីស្រាអែលណាមួយ ដែលអញបានបង្គាប់ឲ្យឃ្វាលរាស្ត្រអញថា ហេតុអ្វីបានជាឯងមិនបានស្អាងព្រះវិហារ ពីឈើតាត្រៅឲ្យអញឬទេ
7 ដូច្នេះ ត្រូវឲ្យឯងនិយាយនឹងដាវីឌ ជាអ្នកបម្រើអញថា ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលដូច្នេះ អញបានយកឯងពីក្រោលសត្វ គឺពីការឃ្វាលហ្វូងចៀមមក ឲ្យធ្វើជាអ្នកនាំមុខសាសន៍អ៊ីស្រាអែល ជារាស្ត្រអញ
8 អញបាននៅជាមួយនឹងឯង នៅគ្រប់ទីកន្លែងណាដែលឯងបានទៅដែរ ក៏បានដកពួកខ្មាំងសត្រូវទាំងអស់ពីមុខឯងចេញ ហើយបានលើកឈ្មោះឯងជាធំ ដូចជាឈ្មោះនៃអស់អ្នកធំ ដែលនៅផែនដី
9 អញបានតម្រូវឲ្យពួកអ៊ីស្រាអែល ជារាស្ត្រអញ មានទីលំនៅ ដើម្បីឲ្យគេបាននៅជាប់ក្នុងស្រុករបស់ផងគេ ឥតដែលត្រូវរើទៅឯណាទៀត ពួកខូចអាក្រក់នឹងមិនពង្រេចពង្រឹលគេ ដូចកាលពីមុន
10 គឺដូចជាគ្រាកាលចាប់តាំងពីថ្ងៃ ដែលអញបានតាំងពួកចៅហ្វាយ ឲ្យគ្រប់គ្រងលើអ៊ីស្រាអែល ជារាស្ត្រអញនោះឡើយ អញបានបង្ក្រាបអស់ទាំងខ្មាំងសត្រូវឯងហើយ (មួយទៀតទូលបង្គំក្រាបទូលថា ព្រះយេហូវ៉ាទ្រង់នឹងតាំងព្រះវង្សាទ្រង់ឡើង)
11 កាលណាឯងបានរស់នៅគ្រប់កំណត់អាយុហើយ នៅខណៈដែលឯងត្រូវទៅជួបជុំនឹងពួកអយ្យកោឯង នោះអញនឹងតាំងពូជពង្សឯងឡើង គឺជាម្នាក់ក្នុងពួកកូនឯង ហើយនិងតាំងរាជ្យរបស់អ្នកនោះឲ្យខ្ជាប់ខ្ជួនឡើង
12 អ្នកនោះនឹងស្អាងព្រះវិហារ១ឲ្យអញ ហើយអញនឹងប្រោសឲ្យរាជ្យអ្នកនោះបានស្ថិតស្ថេរនៅ ជារៀងរាបដរាបទៅ
13 អញនឹងធ្វើជាឪពុកដល់អ្នកនោះ ហើយអ្នកនោះនឹងធ្វើជាកូនរបស់អញ អញមិនដែលដកសេចក្ដីសប្បុរសរបស់អញ ចេញពីអ្នកនោះ ដូចជាបានដកចេញពីអ្នកដែលនៅមុខឯងនោះឡើយ
14 គឺនឹងតាំងអ្នកនោះ នៅក្នុងព្រះវិហារ ហើយក្នុងនគររបស់អញឲ្យនៅជាដរាប ហើយរាជ្យអ្នកនោះនឹងបាននៅជាប់ ជារៀងរាបដរាបទៅ
15 ណាថាន់ក៏ទូលដល់ដាវីឌ តាមគ្រប់ទាំងព្រះបន្ទូលនេះ ហើយតាមការជាក់ស្តែងនេះ គ្រប់ជំពូក។
16 ដូច្នេះ ស្តេចដាវីឌទ្រង់ចូលទៅគង់នៅចំពោះព្រះយេហូវ៉ា ទូលថា ឱព្រះយេហូវ៉ាដ៏ជាព្រះអើយ តើទូលបង្គំជាអ្វី តើកូនចៅទូលបង្គំជាអ្វី បានជាទ្រង់ប្រោសឲ្យទូលបង្គំបានដល់ត្រឹមនេះ
17 ប៉ុន្តែ ឱព្រះអង្គអើយ នេះជាការយ៉ាងតូច នៅព្រះនេត្រទ្រង់ទេ បានជាទ្រង់មានព្រះបន្ទូលពីពូជពង្សនៃទូលបង្គំ រហូតដល់យូរអង្វែងទៅមុខទៀត ឱព្រះយេហូវ៉ាដ៏ជាព្រះអើយ ទ្រង់បានទតមកទូលបង្គំ តាមសណ្ឋានមនុស្សជាន់ខ្ពស់
18 តើដាវីឌទូលបង្គំនឹងទូលដល់ទ្រង់យ៉ាងដូចម្តេចទៀត ពីកិត្តិយសដែលទ្រង់បានប្រទានមកទូលបង្គំ ដ្បិតទ្រង់ស្គាល់ទូលបង្គំហើយ
19 ឱព្រះយេហូវ៉ាអើយ ទ្រង់បានធ្វើការធំទាំងនេះ ដោយយល់ដល់ទូលបង្គំ ហើយតាមបំណងព្រះហឫទ័យទ្រង់ ដើម្បីនឹងសម្ដែង ឲ្យស្គាល់អស់ទាំងការដ៏ធំទាំងនេះ
20 ឱព្រះយេហូវ៉ាអើយ គ្មានព្រះឯណាឲ្យដូចទ្រង់ឡើយ ហើយតាមគ្រប់ទាំងសេចក្ដីដែលត្រចៀកទូលបង្គំរាល់គ្នាបានឮ នោះក៏គ្មានព្រះឯណាក្រៅពីទ្រង់ដែរ
21 តើមានសាសន៍ឯណាមួយ នៅផែនដី ឲ្យដូចអ៊ីស្រាអែល ជារាស្ត្ររបស់ផងទ្រង់នេះ ដែលព្រះបានយាងទៅប្រោសលោះ ទុកជារាស្ត្ររបស់ទ្រង់ ដើម្បីឲ្យបានល្បីព្រះនាម ដោយការយ៉ាងធំ ហើយគួរស្ញែងខ្លាច ដោយបណ្តេញសាសន៍ដទៃ ពីមុខរាស្ត្រទ្រង់ចេញ ជារាស្ត្រដែលទ្រង់បានលោះពីស្រុកអេស៊ីព្ទមកដូច្នេះ
22 ដ្បិតទ្រង់បានយកអ៊ីស្រាអែល ជារាស្ត្រទ្រង់ ធ្វើជារបស់ផងទ្រង់ នៅជារៀងរាបដរាបទៅហើយ ឱព្រះយេហូវ៉ាអើយ ទ្រង់ក៏បានត្រឡប់ជាព្រះដល់គេដែរ
23 ឥឡូវនេះ ឱព្រះយេហូវ៉ាអើយ សូមឲ្យសេចក្ដីដែលទ្រង់បានមានព្រះបន្ទូល ពីដំណើរទូលបង្គំ និងពីពូជពង្សរបស់ទូលបង្គំ បានជាប់នៅជាដរាបតទៅ ហើយសូមទ្រង់សម្រេច ដូចជាទ្រង់បានមានព្រះបន្ទូលនោះ
24 សូមឲ្យសេចក្ដីនោះបានតាំងឡើង ដើម្បីឲ្យព្រះនាមទ្រង់បានតម្កើងឡើងជាដរាប ដោយពាក្យថា ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់ជាព្រះនៃសាសន៍អ៊ីស្រាអែល គឺជាព្រះដល់ពួកអ៊ីស្រាអែល ហើយពូជពង្សរបស់ដាវីឌក៏បានខ្ជាប់ខ្ជួននៅចំពោះទ្រង់ដែរ
25 ដ្បិតឱព្រះនៃទូលបង្គំអើយ ទ្រង់បានសម្ដែងឲ្យទូលបង្គំដឹងថា ទ្រង់នឹងតាំងវង្សទូលបង្គំឡើង ហេតុនោះបានជាទូលបង្គំបាននឹកក្នុងចិត្តចង់អធិស្ឋាននៅចំពោះទ្រង់
26 ឥឡូវនេះ ឱព្រះយេហូវ៉ាអើយ ទ្រង់ជាព្រះ ហើយទ្រង់បានមានព្រះបន្ទូលសេចក្ដីល្អនេះដល់ទូលបង្គំ
27 ឥឡូវនេះ ទ្រង់បានសព្វព្រះហឫទ័យនឹងប្រទានពរដល់វង្សរបស់ទូលបង្គំ ឲ្យបាននៅជាប់ចំពោះទ្រង់ជាដរាបទៅ ដ្បិតឱព្រះយេហូវ៉ាអើយ ទ្រង់បានប្រទានពរហើយ ដូច្នេះ វង្សទូលបង្គំនឹងបានពរពិតជាដរាបទៅ។
ជំពូក 18
1 ក្រោយនោះមក ដាវីឌទ្រង់វាយបង្ក្រាបពួកភីលីស្ទីន ហើយក៏ចាប់យកក្រុងកាថ និងស្រុកនៅជុំវិញពីកណ្តាប់ដៃនៃពួកភីលីស្ទីននោះ
2 ទ្រង់ក៏វាយស្រុកម៉ូអាប់ ហើយសាសន៍ម៉ូអាប់ គេចំណុះដល់ដាវីឌ ព្រមទាំងបង់សួយអាករផង។
3 ដាវីឌក៏វាយហាដារេស៊ើរ ជាស្តេចសូបា រហូតដល់ក្រុងហាម៉ាត ក្នុងគ្រាដែលលោកកំពុងទៅ ដើម្បីតាំងអំណាចនៅទន្លេអ៊ើប្រាត
4 ដាវីឌទ្រង់ចាប់បានរទេះចម្បាំង១ពាន់ និងទ័ពសេះ៧ពាន់នាក់ ហើយពលថ្មើរជើង២ម៉ឺននាក់របស់ស្តេចនោះ ទ្រង់ក៏កាប់សរសៃកជើងសេះដែលសម្រាប់រទេះចម្បាំងទាំងអស់ បានទុកឲ្យល្មមតែទឹមរទេះ១០០ប៉ុណ្ណោះ។
5 កាលពួកសាសន៍ស៊ីរី ពីក្រុងដាម៉ាស បានមកជួយហាដារេស៊ើរ ជាស្តេចសូបា នោះដាវីឌក៏ប្រហារពួកស៊ីរីនោះ អស់២ម៉ឺន២ពាន់នាក់
6 រួចទ្រង់តាំងឲ្យមានពួកទាហានរក្សាស្រុក នៅស្រុកស៊ីរី ប៉ែកខាងក្រុងដាម៉ាស ហើយពួកស៊ីរីក៏ចំណុះដាវីឌ ព្រមទាំងឡើងសួយអាករមកថ្វាយផង ព្រះយេហូវ៉ាទ្រង់ប្រោស ឲ្យដាវីឌមានជ័យជម្នះនៅគ្រប់ទីកន្លែងណាដែលទ្រង់យាងទៅ
7 ដាវីឌក៏យកអស់ទាំងខែលមាសរបស់ពួកទាហាននៃហាដារេស៊ើរ នាំមកឯក្រុងយេរូសាឡឹម
8 ហើយពីក្រុងបេថាស និងក្រុងគូន ជាទីក្រុងរបស់ហាដារេស៊ើរ នោះដាវីឌក៏យកលង្ហិនសន្ធឹកដែរ ដែលសាឡូម៉ូនបានប្រើធ្វើសមុទ្រលង្ហិន សសរ និងគ្រឿងប្រដាប់លង្ហិនទាំងប៉ុន្មាន។
9 កាលថូអ៊ី ជាស្តេចក្រុងហាម៉ាត បានឮថា ដាវីឌបានប្រហារពួកទ័ពរបស់ហាដារេស៊ើរ ជាស្តេចសូបា ទាំងអស់ហើយ
10 នោះលោកក៏ចាត់យ៉ូរ៉ាម ជាបុត្រទ្រង់ ឲ្យទៅគាល់ស្តេចដាវីឌ ដើម្បីនឹងគំនាប់ ហើយចម្រើនពរថ្វាយ ដោយព្រោះទ្រង់បានច្បាំងឈ្នះហាដារេស៊ើរ ដ្បិតហាដារេស៊ើរចេះតែច្បាំងនឹងថូអ៊ីជានិច្ច យ៉ូរ៉ាមក៏នាំយកប្រដាប់មាស ប្រាក់ និងលង្ហិនគ្រប់មុខ ទៅថ្វាយដែរ
11 ស្តេចដាវីឌទ្រង់ក៏ថ្វាយរបស់ទាំងនោះ ដល់ព្រះយេហូវ៉ាជាមួយនឹងប្រាក់ ហើយមាសទាំងប៉ុន្មាន ដែលទ្រង់បាននាំយកមកពីអស់ទាំងសាសន៍ដទៃ គឺពីសាសន៍អេដុម សាសន៍ម៉ូអាប់ ពួកកូនចៅអាំម៉ូន សាសន៍ភីលីស្ទីន និងសាសន៍អាម៉ាលេក។
12 ឯអ័ប៊ីសាយ ជាកូនសេរូយ៉ាក៏ប្រហារពួកសាសន៍អេដុមអស់១ម៉ឺន៨ពាន់នាក់ នៅត្រង់ច្រកភ្នំអំបិល
13 ក៏ដាក់កងទ័ពឲ្យរក្សានៅស្រុកអេដុម ដូច្នេះ ពួកអេដុមទាំងអស់បានចំណុះដាវីឌ ព្រះយេហូវ៉ាទ្រង់ក៏ប្រោសឲ្យដាវីឌមានជ័យជម្នះ នៅគ្រប់ទីកន្លែងណាដែលទ្រង់យាងទៅ។
14 ឯដាវីឌ ទ្រង់បានសោយរាជ្យលើសាសន៍អ៊ីស្រាអែលទាំងមូល ហើយក៏សម្រេចការទាំងអស់ដល់បណ្តាជនដោយយុត្តិធម៌ និងសេចក្ដីសុចរិត
15 មានយ៉ូអាប់ ជាកូនសេរូយ៉ា ធ្វើជាមេត្រួតត្រាលើបណ្តាពលទ័ពទាំងអស់ និងយេហូសាផាត ជាកូនអ័ហ៊ីលូឌ ធ្វើជាអ្នកកត់ទុកនូវពង្សាវតារ
16 សាដុក ជាកូនអ័ហ៊ីទូប និងអ័ហ៊ីម៉ាលេក ជាកូនអ័បៀថើរ ធ្វើជាសង្ឃ សេរ៉ាយ៉ា ជាស្មៀនហ្លួង
17 បេណាយ៉ា កូនយេហូយ៉ាដា ធ្វើជាមេលើពួកកេរេធីម ហើយនិងពួកពេលេធីម ហើយបុត្រាទាំងប៉ុន្មានរបស់ដាវីឌក៏ធ្វើជាសេនាបតី។
ជំពូក 19
1 ក្រោយនោះមក ណាហាស ជាស្តេចពួកកូនចៅអាំម៉ូន ទ្រង់សុគតទៅ ហើយបុត្រាទ្រង់ក៏ឡើងសោយរាជ្យជំនួស
2 នោះដាវីឌទ្រង់ព្រះតម្រិះថា អញនឹងសម្ដែងសេចក្ដីសប្បុរសដល់ហានូន ជាកូនណាហាស ដ្បិតឪពុកបានសម្ដែងសេចក្ដីសប្បុរសដល់អញដែរ ដូច្នេះ ដាវីឌក៏ចាត់ពួករាជទូត ឲ្យទៅជួយកំសាន្តទុក្ខទ្រង់ ពីដំណើរបិតាសុគត ពួករាជទូតរបស់ដាវីឌក៏ចូលទៅក្នុងស្រុករបស់ពួកកូនចៅអាំម៉ូន ដល់ហានូន ដើម្បីជួយកំសាន្តទុក្ខទ្រង់
3 ប៉ុន្តែ ពួកមេរបស់កូនចៅអាំម៉ូនទូលដល់ហានូនថា ទ្រង់ជឿថា ដាវីឌចង់លើកមុខបិតាទ្រង់ ដោយចាត់ពួកនេះមកជួយកំសាន្តទុក្ខទ្រង់ឬអី ដែលពួកទូតនេះបានមកឯទ្រង់ដូច្នេះ គឺដើម្បីតែនឹងឈ្លបលប ហើយសង្កេតមើលស្រុកប៉ុណ្ណោះ រួចបំផ្លាញវិញទេតើ
4 ដូច្នេះ ហានូនក៏ចាប់ពួកទូតរបស់ដាវីឌមកកោរ ហើយកាត់អាវគេផ្តាច់ផ្នែកខាងក្រោម នៅត្រឹមគូថ រួចលែងឲ្យទៅវិញ
5 មានមនុស្សមកទូលដល់ដាវីឌ ពីការដែលគេប្រព្រឹត្តនឹងពួកទូតទាំងនោះ ដូច្នេះ ទ្រង់ចាត់មនុស្សឲ្យទៅទទួល ដ្បិតគេមានសេចក្ដីខ្មាសណាស់ ហើយស្តេចទ្រង់មានព្រះបន្ទូលថា ចូរស្នាក់នៅក្រុងយេរីខូសិនចុះ ចាំទំរាំពុកចង្កាបានដុះជាថ្មីឡើង រួចសឹមត្រឡប់មកវិញ។
6 លុះកាលពួកកូនចៅអាំម៉ូនឃើញថា គេបាននាំឲ្យដាវីឌខ្ពើមដល់ខ្លួនហើយ នោះហានូន និងពួកកូនចៅអាំម៉ូន ក៏ផ្ញើប្រាក់១ពាន់ហាប ទៅជួលរទេះចម្បាំង និងទ័ពសេះពីស្រុកមេសូប៉ូតាមា ស្រុកស៊ីរី-ម្អាកា និងពីស្រុកសូបាមកជួយ
7 យ៉ាងនោះ គេជួលបានរទេះ៣ម៉ឺន២ពាន់ ព្រមទាំងស្តេចស្រុកម្អាកា និងបណ្តារាស្ត្ររបស់ទ្រង់ផង ពួកទាំងនោះក៏មកបោះទ័ព នៅមុខក្រុងមេឌីបា ឯពួកកូនចៅអាំម៉ូនក៏ចេញពីទីក្រុងខ្លួនទាំងប៉ុន្មាន មូលមកច្បាំង
8 កាលដាវីឌបានជ្រាប នោះទ្រង់ចាត់យ៉ូអាប់ និងពួកពលទ័ពខ្លាំងពូកែទាំងអស់ ឲ្យចេញទៅ
9 ពួកកូនចៅអាំម៉ូនក៏ចេញមកត្រៀមពល នៅត្រង់មាត់ទ្វារក្រុងដើម្បីច្បាំង ហើយពួកស្តេចដែលមកជួយ គេក៏នៅឯវាលដោយខ្លួន។
10 រីឯយ៉ូអាប់ កាលឃើញថា គេឡោមច្បាំងនឹងលោកពីខាងមុខខាងក្រោយដូច្នេះ នោះលោកក៏យកពួកជ្រើសរើស ក្នុងពួកអ៊ីស្រាអែល ដាក់ឲ្យដំរៀបគ្នាតនឹងពួកស៊ីរី
11 ឯបណ្តាទ័ពដែលសល់ នោះក៏ប្រគល់ទៅក្នុងអំណាចអ័ប៊ីសាយ ជាប្អូន ហើយគេក៏ដំរៀបគ្នាតនឹងពួកកូនចៅ អាំម៉ូន
12 លោកប្រាប់ថា បើសិនជាពួកស៊ីរីមានកម្លាំងហួសពេក អញឈ្នះគេមិនបាន នោះចូរឯងមកជួយអញផង បើពួកកូនចៅអាំម៉ូនមានកម្លាំងហួសពេក ឯងឈ្នះគេមិនបាន នោះអញនឹងទៅជួយឯងវិញ
13 ចូរយើងមានចិត្តក្លាហានឡើង ហើយមានកម្លាំងចុះ ដោយព្រោះសាសន៍យើង និងទីក្រុងរបស់ព្រះនៃយើងផង សូមព្រះយេហូវ៉ាទ្រង់សម្រេចសេចក្ដីតាមព្រះហឫទ័យទ្រង់ចុះ
14 ដូច្នេះ យ៉ូអាប់ និងពួកពលដែលនៅជាមួយ ក៏ចូលទៅតស៊ូនឹងពួកស៊ីរី ហើយគេបាក់ទ័ពរត់ពីមុខលោកចេញទៅ
15 កាលពួកកូនចៅអាំម៉ូនឃើញថា ពួកស៊ីរីបានបាក់ទ័ពហើយ នោះគេក៏រត់ពីមុខអ័ប៊ីសាយ ជាប្អូនយ៉ូអាប់ដែរ នាំគ្នាចូលទៅក្នុងទីក្រុង រួចយ៉ូអាប់ក៏ត្រឡប់ទៅឯក្រុងយេរូសាឡឹមវិញ។
16 កាលពួកស៊ីរីឃើញថា បានចាញ់ពួកអ៊ីស្រាអែលហើយ នោះក៏ចាត់ទូតឲ្យទៅអង្វរបានពួកស៊ីរី ដែលនៅខាងនាយទន្លេ នាំចេញមកជួយ មានសូបាក ជាមេទ័ពរបស់ហាដារេស៊ើរ ជាអ្នកនាំមុខ
17 កាលដាវីឌទ្រង់បានជ្រាប នោះទ្រង់ប្រមូលពួកទ័ពអ៊ីស្រាអែលទាំងអស់ឆ្លងទន្លេយ័រដាន់ទៅប្រទះនឹងគេ ហើយក៏ដំរៀបគ្នាច្បាំង កាលដាវីឌបានដំរៀបទ័ពច្បាំងនឹងពួកស៊ីរីដូច្នេះ នោះគេក៏តនឹងទ្រង់
18 តែពួកស៊ីរីគេបាក់ទ័ព រត់ពីពួកអ៊ីស្រាអែលចេញទៅ ហើយដាវីឌបានសម្លាប់ពួកទ័ពស៊ីរី ដែលនៅរទេះចម្បាំងអស់៧ពាន់ និងពលថ្មើរជើង៤ម៉ឺននាក់ ក៏សម្លាប់សូបាក ជាមេទ័ពដែរ
19 កាលពួកពលទ័ពរបស់ហាដារេស៊ើរបានឃើញថា គេចាញ់ពួកអ៊ីស្រាអែលហើយ នោះក៏តាំងមេត្រីនឹងដាវីឌ ហើយចំណុះទ្រង់ ដូច្នេះ ពួកស៊ីរីមិនព្រមជួយពួកកូនចៅអាំម៉ូនទៀតឡើយ។
ជំពូក 20
1 ដល់១ខួបក្រោយមក ក្នុងរដូវដែលល្មមឲ្យស្តេចទាំងប៉ុន្មានចេញទៅច្បាំងបាន នោះយ៉ូអាប់លោកនាំពលទ័ពចេញទៅ បំផ្លាញស្រុករបស់ពួកកូនចៅអាំម៉ូន ក៏ឡោមព័ទ្ធច្បាំងនឹងក្រុងរ៉ាបាត តែដាវីឌទ្រង់គង់នៅឯក្រុងយេរូសាឡឹមវិញ យ៉ូអាប់ក៏ច្បាំងឈ្នះក្រុងរ៉ាបាតនោះ 2ឯដាវីឌ ទ្រង់យកមកុដពីព្រះសិរស្តេចរបស់គេ មកថ្លឹងមើល ឃើញមានទំងន់ជាមាស១ហាប ក៏មានដាំត្បូងមានតម្លៃផង ហើយគេបំពាក់ថ្វាយទ្រង់វិញ ទ្រង់ក៏យករបឹបពីទីក្រុងនោះមកយ៉ាងសន្ធឹកដែរ 3រួចនាំពួក ដែលនៅក្រុងនោះ ចេញមកដាក់ឲ្យកាប់រំលំ ហើយអារឈើ ព្រមទាំងភ្ជួររាស់ផង ទ្រង់ក៏ធ្វើយ៉ាងនោះដល់អស់ទាំងទីក្រុងរបស់ពួកកូនចៅអាំម៉ូនដែរ រួចទ្រង់ និងពួកទ័ពទាំងប៉ុន្មាន ក៏ត្រឡប់ទៅឯក្រុងយេរូសាឡឹមវិញ។ 4ក្រោយនោះមក ក៏កើតមានចម្បាំងនឹងពួកភីលីស្ទីននៅត្រង់ក្រុងកេស៊ើរ នៅគ្រានោះ ស៊ីបាកាយ ជាពូជហ៊ូសាយ គាត់បានសម្លាប់ស៊ីផាយ ជាកូននៃម្នាក់នោះ ដែលមានមាឌធំបង់ ហើយគេត្រូវចុះចូល 5ក៏កើតមានចម្បាំងនឹងពួកភីលីស្ទីនម្តងទៀត នោះអែលហាណាន ជាកូនយ៉ាអ៊ារ គាត់សម្លាប់ឡាមី ជាប្អូនកូលីយ៉ាត ជាអ្នកក្រុងកាថទៅ ឯដងលំពែងរបស់អ្នកនោះ មានទំហំប៉ុនផ្សំដំបាញ 6ហើយកើតមានចម្បាំងនៅក្រុងកាថទៀត នៅទីនោះ មានមនុស្សមានមាឌធំណាស់ មានម្រាម២៤ គឺម្រាមដៃ៦ទាំងសងខាង និងម្រាមជើង៦ទាំងសងខាងដែរ ជាអ្នកកើតពីពូជមនុស្សមានមាឌធំ 7កាលវាបានប្រកួតនឹងសាសន៍អ៊ីស្រាអែល នោះយ៉ូណាថាន ជាកូនសាំម៉ា ជេដ្ឋាដាវីឌ ក៏សម្លាប់វាបង់ 8អ្នកទាំងនោះសុទ្ធតែជាពូជមនុស្សមានមាឌធំ ដែលនៅក្រុងកាថ ហើយក៏ស្លាប់ដោយព្រះហស្តដាវីឌ និងដៃនៃពួកទ័ពទ្រង់ទៅ។
ជំពូក 21
1 គ្រានោះ សាតាំងក៏ឈរឡើង ទាស់នឹងពួកអ៊ីស្រាអែល បណ្តាលឲ្យដាវីឌរាប់ចំនួនបណ្តារាស្ត្រទាំងឡាយ
2 ដាវីឌទ្រង់មានព្រះបន្ទូលទៅយ៉ូអាប់ និងពួកជាប្រធានលើបណ្តាជនថា ចូរទៅរាប់ចំនួនសាសន៍អ៊ីស្រាអែល ចាប់តាំងពីក្រុងបៀរ-សេបា រហូតដល់ក្រុងដាន់ទៅ រួចមកប្រាប់យើងឲ្យបានដឹងចំនួនផង
3 យ៉ូអាប់តបថា សូមឲ្យព្រះយេហូវ៉ាចម្រើនពួកជនរបស់ទ្រង់ ឲ្យបាន១ជា១០០ភាគឡើង តែបពិត្រព្រះករុណាជាព្រះអម្ចាស់នៃទូលបង្គំ តើគេមិនមែនសុទ្ធតែជាអ្នកបម្រើរបស់ទ្រង់ព្រះករុណាទេឬអី ចុះហេតុអ្វីបានជាទ្រង់ព្រះករុណាបង្គាប់ឲ្យធ្វើការនេះ ទ្រង់ចង់បណ្តាលឲ្យអ៊ីស្រាអែលមានទោសធ្វើអី
4 ប៉ុន្តែ ព្រះបន្ទូលនៃស្តេចបានឈ្នះវិញ បានជាយ៉ូអាប់លោកបង្គំលាចេញទៅ ដើរគ្រប់ក្នុងស្រុកអ៊ីស្រាអែល រួចត្រឡប់មកឯក្រុងយេរូសាឡឹមវិញ
5 នោះយ៉ូអាប់ក៏បង្ហាញចំនួននៃជនទាំងឡាយ ដែលបានរាប់នោះថ្វាយដាវីឌ គឺពួកអ៊ីស្រាអែលទាំងអស់ ដែលចេះកាន់ដាវ នោះមាន១លាន១សែននាក់ ហើយពួកយូដាដែលចេះកាន់ដាវ នោះមាន៤សែន៧ម៉ឺននាក់
6 តែពួកលេវី និងពួកបេនយ៉ាមីន លោកមិនបានរាប់ក្នុងពួកគេទេ ដ្បិតព្រះបន្ទូលនៃស្តេចជាទីទំនាស់ចិត្ត ដល់យ៉ូអាប់
7 ហើយព្រះក៏មិនសព្វព្រះហឫទ័យនឹងការនោះដែរ ហេតុដូច្នោះ ទ្រង់ក៏ប្រហារសាសន៍អ៊ីស្រាអែល
8 ឯដាវីឌទ្រង់ទូលដល់ព្រះថា ទូលបង្គំបានធ្វើបាបមានទំងន់ណាស់ ដោយធ្វើការនេះ តែឥឡូវនេះ សូមទ្រង់អត់ទោសចំពោះការអាក្រក់របស់ទូលបង្គំផង ដ្បិតទូលបង្គំបានប្រព្រឹត្តដោយបែបចម្កួតណាស់។
9 ខណៈនោះ ព្រះយេហូវ៉ាទ្រង់បង្គាប់ដល់កាឌ់ ជាអ្នកមើលឆុតរបស់ដាវីឌ
10 ឲ្យចូលទៅប្រាប់ដាវីឌថា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ អញដាក់សេចក្ដីទាំង៣នេះឲ្យឯង ចូររើសយក១ចុះ ឲ្យអញបានធ្វើយ៉ាងនោះដល់ឯង
11 កាឌ់ក៏ចូលទៅទូលនឹងដាវីឌថា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ ចូររើសយក១ចុះ
12 ទោះបើជាសេចក្ដីអំណត់អស់៣ឆ្នាំ ឬឲ្យពួកខ្មាំងសត្រូវបំផ្លាញ ក្នុងរវាង៣ខែ កំពុងដែលដាវរបស់ពួកខ្មាំងតាមឯងទាន់ ឬជាដាវនៃព្រះយេហូវ៉ា នៅរវាង៣ថ្ងៃវិញ គឺជាជំងឺអាសន្នរោគកើតឡើងក្នុងស្រុក និងទេវតានៃព្រះយេហូវ៉ាបំផ្លាញទួទៅអស់ទាំងដែនស្រុកអ៊ីស្រាអែល ដូច្នេះ សូមពិចារណាឥឡូវនេះចុះ តើចង់ឲ្យទូលបង្គំឆ្លើយដល់ព្រះដែលចាត់ឲ្យទូលបង្គំមកជាយ៉ាងណា
13 ដាវីឌទ្រង់មានព្រះបន្ទូលទៅកាឌ់ថា យើងមានសេចក្ដីចង្អៀតចិត្តជាខ្លាំង សូមឲ្យយើងធ្លាក់ទៅក្នុងព្រះហស្តនៃព្រះយេហូវ៉ាវិញចុះ ដ្បិតសេចក្ដីមេត្តាករុណារបស់ទ្រង់ធំណាស់ កុំឲ្យយើងធ្លាក់ទៅក្នុងកណ្តាប់ដៃនៃមនុស្សឡើយ
14 ដូច្នេះ ព្រះយេហូវ៉ាទ្រង់បណ្តាលឲ្យមានជំងឺអាសន្នរោគកើតឡើង ក្នុងពួកអ៊ីស្រាអែល ហើយពួកអ៊ីស្រាអែលក៏ដួលស្លាប់អស់៧ម៉ឺននាក់
15 ព្រះទ្រង់ក៏ចាត់ទេវតា១ទៅបំផ្លាញក្រុងយេរូសាឡឹម តែកាលទេវតានោះហៀបនឹងបំផ្លាញទៅ នោះព្រះយេហូវ៉ាទ្រង់ទតឃើញ ក៏មានព្រះហឫទ័យរំជួល ថយចេញពីការអាក្រក់នោះ ហើយមានព្រះបន្ទូលទៅទេវតាដែលបំផ្លាញថា ល្មមហើយ ចូរបញ្ឈប់ដៃឥឡូវចុះ ខណៈនោះ ទេវតានៃព្រះយេហូវ៉ាកំពុងតែឈរ នៅជិតលានស្រូវរបស់អ័រ៉ៅណា ជាសាសន៍យេប៊ូស
16 ដាវីឌទ្រង់ងើបព្រះនេត្រឡើង ឃើញទេវតានៃព្រះយេហូវ៉ាកំពុងឈរ នៅកណ្តាលមេឃ និងផែនដី មានដាវហូតជាស្រេចនៅដៃ លូកទៅលើក្រុងយេរូសាឡឹម នោះដាវីឌ និងពួកចាស់ទុំដែលស្លៀកសំពត់ធ្មៃក៏ផ្តួលខ្លួនក្រាបចុះផ្កាប់មុខ
17 ហើយដាវីឌទ្រង់ទូលដល់ព្រះថា គឺទូលបង្គំទេតើ ដែលបង្គាប់ឲ្យរាប់ចំនួនជនទាំងឡាយ គឺទូលបង្គំដែលបានធ្វើបាប ហើយប្រព្រឹត្តដោយការល្មើស តែពួកចៀមទាំងនេះវិញ តើគេបានធ្វើខុសអ្វី ឱព្រះយេហូវ៉ាជាព្រះនៃទូលបង្គំអើយ សូមឲ្យព្រះហស្តទ្រង់បានទាស់នឹងទូលបង្គំ ហើយនិងពួកវង្សរបស់ទូលបង្គំចុះ សូមកុំឲ្យទាស់នឹងរាស្ត្ររបស់ទ្រង់ ឲ្យគេត្រូវវេទនាឡើយ។
18 នោះទេវតានៃព្រះយេហូវ៉ាបង្គាប់ដល់កាឌ់ ឲ្យទៅទូលដាវីឌ ឲ្យទ្រង់ឡើងទៅស្អាងអាសនៈ១ ថ្វាយព្រះយេហូវ៉ា ត្រង់លានស្រូវរបស់អ័រ៉ៅណា ជាសាសន៍យេប៊ូស
19 ដូច្នេះ ដាវីឌក៏ឡើងទៅ តាមពាក្យដែលកាឌ់បានទូលដោយនូវព្រះនាមព្រះយេហូវ៉ា
20 កាលអ័រ៉ៅណាកំពុងតែបញ្ជាន់ស្រូវ នោះស្រាប់តែបែរមកឃើញទេវតា ឯកូនគាត់ទាំង៤នាក់ដែលនៅជាមួយ ក៏ពួនខ្លួន
21 ហើយកំពុងដែលដាវីឌយាងមកឯអ័រ៉ៅណា នោះគាត់ក៏ក្រឡេកទៅឃើញ រួចចេញពីទីលានមក ក្រាបផ្កាប់មុខចុះដល់ដីនៅចំពោះដាវីឌ
22 ឯដាវីឌ ទ្រង់មានព្រះបន្ទូលនឹងគាត់ថា សូមឲ្យដីទីលាននេះមកយើងចុះ ដើម្បីនឹងស្អាងអាសនៈ១ថ្វាយព្រះយេហូវ៉ា ចូរលក់ឲ្យយើងពេញថ្លៃចុះ ប្រយោជន៍ដើម្បីឲ្យសេចក្ដីវេទនានេះ បានបាត់ចេញពីបណ្តាជនទៅ
23 អ័រ៉ៅណាគាត់ទូលតបថា បពិត្រព្រះករុណា សូមទ្រង់ទទួលយកចុះ ហើយសូមឲ្យព្រះអម្ចាស់ទ្រង់ធ្វើតាមតែបំណងព្រះហឫទ័យទ្រង់ចុះ មើល ទូលបង្គំក៏ថ្វាយគោ សម្រាប់តង្វាយដុត ប្រដាប់បញ្ជាន់ស្រូវ សម្រាប់ជាឧស និងស្រូវនេះ សម្រាប់ជាតង្វាយម្សៅផង ទូលបង្គំថ្វាយទាំងអស់
24 តែស្តេចដាវីឌទ្រង់មានព្រះបន្ទូលនឹងអ័រ៉ៅណាថា កុំឡើយ គឺយើងចង់ទិញដោយពេញថ្លៃវិញ យើងមិនព្រមយករបស់ឯង ទៅថ្វាយដល់ព្រះយេហូវ៉ា ឬថ្វាយតង្វាយដុតណា ដោយឥតបង់ថ្លៃទិញនោះឡើយ
25 ដូច្នេះ ដាវីឌក៏ថ្លឹងមាសតម្លៃ៦០០រៀល ឲ្យដល់អ័រ៉ៅណា ប្តូរនឹងទីលាន
26 រួចទ្រង់ស្អាងអាសនៈ១ ថ្វាយព្រះយេហូវ៉ានៅទីនោះ ក៏ថ្វាយតង្វាយដុត និងតង្វាយមេត្រី ហើយអំពាវនាវដល់ព្រះយេហូវ៉ា ព្រះទ្រង់ក៏តបពីស្ថានសួគ៌មក ដោយភ្លើងនៅលើអាសនៈតង្វាយដុត
27 ព្រះយេហូវ៉ាទ្រង់បង្គាប់ទៅ ហើយទេវតាក៏ស៊កដាវទៅក្នុងស្រោមវិញ។
28 នៅវេលានោះ កាលដាវីឌឃើញថា ព្រះយេហូវ៉ាបានមានព្រះបន្ទូលតបមកទ្រង់ នៅត្រង់ទីលានរបស់អ័រ៉ៅណាជាសាសន៍យេប៊ូសដូច្នេះ នោះទ្រង់ក៏ថ្វាយយញ្ញបូជានៅទីនោះ
29 ដ្បិតរោងឧបោសថនៃព្រះយេហូវ៉ា ដែលលោកម៉ូសេបានធ្វើនៅទីរហោស្ថាន ហើយអាសនៈតង្វាយដុតនោះនៅលើទីខ្ពស់ត្រង់ក្រុងគីបៀនវិញ
30 ដាវីឌយាងទៅឯមុខអាសនៈនោះ ដើម្បីទូលសួរដល់ព្រះមិនបាន ដោយភ័យខ្លាច ដល់ដាវរបស់ទេវតានៃព្រះយេហូវ៉ា។
ជំពូក 22
1 ដាវីឌក៏មានព្រះបន្ទូលថា នេះគឺជាព្រះវិហារនៃព្រះយេហូវ៉ាដ៏ជាព្រះ ហើយនេះជាអាសនៈនៃតង្វាយដុតសម្រាប់ពួកអ៊ីស្រាអែលហើយ។
2 គ្រានោះ ទ្រង់បង្គាប់ឲ្យប្រមូលពួកសាសន៍ដទៃទាំងអម្បាលម៉ាន ដែលអាស្រ័យនៅក្នុងស្រុកអ៊ីស្រាអែល ហើយចាត់ជាងឲ្យទៅដាប់ថ្ម សម្រាប់ស្អាងព្រះវិហារនៃព្រះ
3 ទ្រង់ក៏រៀបចំដែកយ៉ាងសន្ធឹក ដើម្បីធ្វើដែកគោលសម្រាប់សន្លឹក និងក្របទ្វារ ហើយសម្រាប់ត្រចៀកទ្វារផង និងលង្ហិនយ៉ាងសន្ធឹក ដែលថ្លឹងមិនបានដែរ
4 ព្រមទាំងឈើតាត្រៅឥតគណនា ដ្បិតពួកសាសន៍ស៊ីដូន និងពួកអ្នកក្រុងទីរ៉ុស គេនាំឈើតាត្រៅយ៉ាងសន្ធឹក មកថ្វាយដាវីឌ
5 ហើយទ្រង់មានព្រះបន្ទូលថា សាឡូម៉ូន បុត្រយើង នៅក្មេងខ្ចីពេកណាស់ ហើយព្រះវិហារដែលត្រូវស្អាងថ្វាយព្រះយេហូវ៉ា នោះត្រូវតែបានរុងរឿងយ៉ាងក្រៃលែង ព្រមទាំងមានសិរីលំអ និងល្បីឮទួទៅ នៅគ្រប់ទាំងនគរផង ដូច្នេះ យើងនឹងរៀបចំឲ្យ យ៉ាងនោះដាវីឌក៏ត្រៀមប្រដាប់ទុកជាបរិបូរ មុនដែលទ្រង់អស់ព្រះជន្មទៅ។
6 រួចមក ទ្រង់ហៅសាឡូម៉ូន ជាព្រះរាជបុត្រា មកផ្តាំឲ្យស្អាងព្រះវិហារ ថ្វាយព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល
7 ដាវីឌក៏មានព្រះបន្ទូលនឹងសាឡូម៉ូនថា កូនអើយ ក្នុងចិត្តអញមានគំនិតចង់ស្អាងព្រះវិហារថ្វាយដល់ព្រះនាមព្រះយេហូវ៉ាជាព្រះនៃអញហើយ
8 តែព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់អញថា ឯងបានកម្ចាយឈាមជាច្រើន ហើយបានច្បាំងចម្បាំងយ៉ាងធំ មិនត្រូវឲ្យឯងស្អាងព្រះវិហារ សម្រាប់ឈ្មោះអញទេ ពីព្រោះបានកម្ចាយឈាមជាច្រើន នៅលើផែនដី នៅចំពោះអញ
9 មើល នឹងមានកូនប្រុស១កើតដល់ឯង កូននោះនឹងបានជាមនុស្សទំនេរនៅ ហើយអញនឹងឲ្យវាមានសេចក្ដីសម្រាក ពីពួកខ្មាំងសត្រូវនៅជុំវិញ ដ្បិតវានឹងមានឈ្មោះថា សាឡូម៉ូន ហើយនៅជំនាន់វា អញនឹងឲ្យពួកអ៊ីស្រាអែលបានសេចក្ដីសុខសាន្ត និងសេចក្ដីស្រាកស្រាន្ត
10 កូននោះនឹងស្អាងព្រះវិហារសម្រាប់ឈ្មោះអញវិញ វានឹងធ្វើជាកូនរបស់អញ អញក៏នឹងធ្វើជាឪពុកដល់វា ហើយនិងតាំងរាជ្យវា លើនគរអ៊ីស្រាអែលជាដរាបទៅ
11 ដូច្នេះ កូនអើយ សូមឲ្យព្រះយេហូវ៉ាគង់ជាមួយនឹងឯង ហើយសូមឲ្យឯងបានចម្រើនឡើង ដើម្បីស្អាងព្រះវិហារនៃព្រះយេហូវ៉ាជាព្រះនៃឯង ដូចជាទ្រង់បានមានព្រះបន្ទូលពីដំណើរឯងហើយ
12 សូមតែឲ្យព្រះយេហូវ៉ាទ្រង់ប្រទានប្រាជ្ញា និងយោបល់ ដល់ឯង ហើយបង្គាប់បញ្ជាឯងពីដំណើរសាសន៍អ៊ីស្រាអែល ដើម្បីឲ្យឯងបានកាន់តាមក្រឹត្យវិន័យរបស់ព្រះយេហូវ៉ាជាព្រះនៃឯង
13 យ៉ាងនោះ ឯងនឹងបានចម្រើនឡើង គឺបើឯងរក្សា ហើយប្រព្រឹត្តតាមច្បាប់ និងបញ្ញត្តទាំងប៉ុន្មាន ដែលព្រះយេហូវ៉ាទ្រង់បានបង្គាប់ដល់លោកម៉ូសេ ពីដំណើរពួកអ៊ីស្រាអែលជាពិត ចូរឲ្យឯងមានកម្លាំងចុះ ហើយឲ្យចិត្តក្លាហានដែរ កុំឲ្យខ្លាច ឬរសាយចិត្តឡើយ
14 ឥឡូវនេះ មើល ក្នុងអស់ទាំងសេចក្ដីទុក្ខលំបាករបស់អញ នោះអញបានចាត់ចែងទុក ជាមាស១សែនហាប និងប្រាក់១លានហាប ព្រមទាំងលង្ហិន និងដែកដែលថ្លឹងមិនបានផង ដ្បិតច្រើនហួសកំណត់ណាស់ ក៏បានចាត់ចែងឈើ និងថ្មដែរ ហើយឯងនឹងចង់បន្ថែមទៀតក៏បាន
15 មួយទៀត មានពួកជាងនៅជាមួយនឹងឯងជាបរិបូរដែរ គឺមានជាងដាប់ថ្ម ជាងអារឈើ ហើយគ្រប់ទាំងមនុស្សដែលជំនាញក្នុងការគ្រប់មុខ
16 ខាងឯមាស ប្រាក់ លង្ហិន និងដែក នោះមានជាច្រើនឥតគណនា ដូច្នេះ ចូរឯងរៀបចំឡើង ចាប់ធ្វើចុះ សូមឲ្យព្រះយេហូវ៉ាគង់នៅជាមួយនឹងឯងផង។
17 ដាវីឌក៏បង្គាប់ដល់ពួកអ្នកដែលជាកំពូលរបស់សាសន៍អ៊ីស្រាអែលដែរ ឲ្យគេត្រូវជួយសាឡូម៉ូន ជាព្រះរាជបុត្រាទ្រង់
18 ដោយព្រះបន្ទូលថា តើព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា មិនគង់នៅជាមួយទេឬអី តើទ្រង់មិនបានឲ្យអ្នករាល់គ្នាឈប់សម្រាក នៅគ្រប់ទិសដែរទេឬ ដ្បិតទ្រង់បានប្រគល់ពួកអ្នកស្រុកនេះមកក្នុងកណ្តាប់ដៃយើងហើយ ស្រុកនេះបានចុះចូលនៅចំពោះព្រះយេហូវ៉ា និងពួករាស្ត្ររបស់ទ្រង់
19 ដូច្នេះ ចូរអ្នករាល់គ្នាតាំងចិត្ត តាំងព្រលឹង ដើម្បីរកតាមព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នាចុះ ចូរខំប្រឹងឡើង ស្អាងទីបរិសុទ្ធផងព្រះយេហូវ៉ាដ៏ជាព្រះ ដើម្បីនឹងនាំហឹបនៃសេចក្ដីសញ្ញាផងព្រះយេហូវ៉ា ព្រមទាំងគ្រឿងប្រដាប់បរិសុទ្ធរបស់ទ្រង់ មកក្នុងព្រះវិហារ ដែលនឹងត្រូវស្អាងសម្រាប់ព្រះនាមទ្រង់។
ជំពូក 23
1 រីឯដាវីឌ កាលទ្រង់មានវ័យកន្លង បានស្កប់ស្កល់នឹងព្រះជន្មទ្រង់ហើយ នោះទ្រង់តាំងសាឡូម៉ូន ជាព្រះរាជបុត្រា ឡើងជាស្តេចលើពួកអ៊ីស្រាអែល
2 ទ្រង់បានប្រមូលពួកអ្នក ដែលជាកំពូលលើសាសន៍អ៊ីស្រាអែលទាំងប៉ុន្មាន ព្រមទាំងពួកសង្ឃ និងពួកលេវីមក
3 ឯពួកលេវី នោះបានរាប់ ចាប់តាំងពីអាយុ៣០ឆ្នាំ ឡើងទៅលើ ហើយដែលរាប់ម្នាក់ៗគ្រប់គ្នា នោះមានចំនួន៣ម៉ឺន៨ពាន់នាក់
4 ក្នុងពួកនោះ មាន២ម៉ឺន៤ពាន់នាក់ ដែលត្រូវត្រួតត្រាការ ក្នុងព្រះវិហារនៃព្រះយេហូវ៉ា ហើយមាន៦ពាន់នាក់ ដែលជាចៅក្រម និងសុភា
5 មាន៤ពាន់នាក់ ជាអ្នកឆ្មាំទ្វារ ៤ពាន់នាក់ទៀត ជាអ្នកច្រៀងសរសើរដល់ព្រះយេហូវ៉ា ដោយប្រដាប់ភ្លេង ដែលដាវីឌបានធ្វើសម្រាប់ការច្រៀងសរសើរ
6 រួចដាវីឌទ្រង់ញែកគេចេញជាវេនតាមពួកវង្សរបស់លេវី គឺគើសុន កេហាត់ ហើយនិងម្រ៉ារី។
7 ក្នុងពួកកូនរបស់គើសុន មានឡាអាដាន និងស៊ីម៉ាយ
8 ឯកូនរបស់ឡាអាដាន គឺយេហ៊ីអែល ជាមេ រួចសេថាម និងយ៉ូអែល ទាំងអស់៣នាក់
9 ឯកូនរបស់ស៊ីម៉ាយ គឺសឡូមិត ហាស៊ាល និងហារ៉ាន ទាំងអស់៣នាក់ នេះហើយជាមេ ក្នុងពួកវង្សខាងឡាអាដាន
10 ឯកូនស៊ីម៉ាយ គឺយ៉ាហាត ស៊ីណា យេអ៊ូស និងបេរាអ្នកទាំង៤នេះ ជាកូនស៊ីម៉ាយ
11 ហើយយ៉ាហាត ជាមេស៊ីណា ជាអ្នកបន្ទាប់ តែយេអ៊ូស និងបេរា គេមិនសូវមានកូនច្រើនទេ បានជាគេរាប់ទុកជាវង្សាតែ១វិញ។
12 ឯកូនរបស់កេហាត់ គឺអាំរ៉ាម យីតសារ ហេប្រុន និងអ៊ូស៊ាល ទាំងអស់៤នាក់នេះ
13 ឯកូនរបស់អាំរ៉ាម គឺអើរ៉ុន និងម៉ូសេ ហើយអើរ៉ុន និងកូនលោកទាំងប៉ុន្មានបានត្រូវញែកចេញ ទុកជាបរិសុទ្ធជាដរាបទៅ ដើម្បីនឹងដុតគ្រឿងក្រអូប នៅចំពោះព្រះយេហូវ៉ា ព្រមទាំងធ្វើការងារថ្វាយទ្រង់ ហើយសរសើរតម្កើងដល់ព្រះនាមទ្រង់ជាដរាបទៅ
14 តែឯកូនរបស់ម៉ូសេ ជាអ្នកសំណប់របស់ព្រះ នោះបានរាប់បញ្ចូលក្នុងពូជអំបូរលេវី
15 ឯកូនរបស់ម៉ូសេ គឺគើសុន និងអេលាស៊ើរ
16 ជាកូនរបស់គើសុន គឺសេបួល ជាមេ
17 កូនរបស់អេលាស៊ើរ គឺរេហាបយ៉ា ជាមេ ហើយអេលាស៊ើរគ្មានកូនប្រុសណាទៀតទេ តែរេហាបយ៉ាមានកូនច្រើនណាស់
18 ឯកូនរបស់យីតសារ គឺសឡូមិត ជាមេ
19 កូនរបស់ហេប្រុន គឺយេរីយ៉ា ជាមេ អ័ម៉ារា ជាអ្នកទី២ យ៉ាហាសៀលទី៣ និងយេកាមាមទី៤
20 ឯកូនរបស់អ៊ូស៊ាល គឺមីកា ជាមេ និងយីសយ៉ា ជាទី២។
21 ឯកូនរបស់ម្រ៉ារី គឺម៉ាស់លី និងមូស៊ី កូនរបស់ម៉ាស់លី គឺអេលាសារ និងគីស
22 ឯអេលាសារគាត់ស្លាប់ទៅ ឥតមានកូនប្រុសទេ មានតែកូនស្រីៗ ហើយកូនចៅគីស ជាបងប្អូនគេក៏យកនាងទាំងនោះ ធ្វើជាប្រពន្ធ
23 ឯកូនរបស់មូស៊ី គឺម៉ាស់លី អេឌើរ និងយេរេម៉ូត ទាំងអស់៣នាក់។
24 ពួកនោះសុទ្ធតែជាកូនចៅរបស់លេវី តាមវង្សនៃឪពុកគេ គឺជាមេលើវង្សនៃឪពុកគេ ក្នុងពួកអ្នកដែលបានរាប់តាមឈ្មោះគេរៀងរាល់ខ្លួន ជាពួកអ្នកដែលធ្វើការងារក្នុងព្រះវិហារនៃព្រះយេហូវ៉ា ចាប់តាំងពីអាយុ២០ឆ្នាំឡើងទៅលើ
25 ដ្បិតដាវីឌទ្រង់បានមានព្រះបន្ទូលថា ព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់បានប្រោសប្រទានឲ្យរាស្ត្រទ្រង់បានសេចក្ដីស្រាកស្រាន្ត ហើយទ្រង់នឹងគង់នៅក្រុងយេរូសាឡឹម ជារៀងរាបដរាបទៅ
26 ឯពួកលេវី គេមិនត្រូវការសែងរោងឧបោសថ និងគ្រឿងប្រដាប់ សម្រាប់ការងារនៃរោងនោះទៀតឡើយ
27 ដ្បិតតាមពាក្យបង្គាប់ក្រោយបង្អស់របស់ដាវីឌ នោះគេបានរាប់ចំនួនពួកកូនចៅលេវី ចាប់តាំងពីអាយុ២០ឆ្នាំឡើងទៅលើ
28 ពីព្រោះការងាររបស់គេ គឺឲ្យបម្រើពួកកូនចៅអើរ៉ុន សម្រាប់ការងារក្នុងព្រះវិហារនៃព្រះយេហូវ៉ា ព្រមទាំងនៅទីលាន ហើយក្នុងបន្ទប់ទាំងប៉ុន្មាន និងការសម្អាតរបស់បរិសុទ្ធទាំងអស់ គឺជាការងាររបស់ព្រះវិហារនៃព្រះ
29 ហើយគឺជាអ្នកធ្វើនំបុ័ងតាំងទុក ម្សៅយ៉ាងម៉ដ្ត សម្រាប់តង្វាយម្សៅ ទោះបើធ្វើនំក្រៀបឥតដំបែ ឬនំដែលចំអិនក្នុងពុម្ព ឬដែលចៀនក្តី ហើយនិងការវាល់វាស់ទាំងប៉ុន្មានផង
30 គេត្រូវឈររាល់តែព្រឹក ដើម្បីនឹងអរព្រះគុណ ហើយសរសើរដល់ព្រះយេហូវ៉ា ព្រមទាំងពេលល្ងាចផង
31 ក៏ត្រូវថ្វាយគ្រប់ទាំងតង្វាយដុតដល់ព្រះយេហូវ៉ា នៅរាល់តែថ្ងៃឈប់សម្រាក ថ្ងៃចូលខែ និងថ្ងៃបុណ្យ នៅចំពោះព្រះយេហូវ៉ាជានិច្ច តាមចំនួន តាមរបៀបនៃពេលទាំងនោះ
32 ព្រមទាំងរក្សាបញ្ញើ ជាត្រសាលជំនុំ និងទីបរិសុទ្ធ ហើយបញ្ញើរបស់ពួកកូនចៅអើរ៉ុន ជាបងប្អូនគេ ដែលសម្រាប់ការងាររបស់ព្រះវិហារនៃព្រះយេហូវ៉ាផង។
ជំពូក 24
1 ឯផ្នែករបស់ពួកកូនចៅអើរ៉ុន គឺយ៉ាងនេះ ក្នុងពួកកូនរបស់អើរ៉ុននោះ មានណាដាប អ័ប៊ីហ៊ូវ អេលាសារ និងអ៊ីថាម៉ារ
2 តែណាដាប និងអ័ប៊ីហ៊ូវ គេស្លាប់មុនឪពុកទៅ ឥតមានកូនទេ ដូច្នេះ អេលាសារ និងអ៊ីថាម៉ារបានធ្វើការងារជាសង្ឃវិញ
3 ឯដាវីឌ និងសាដុកជាវង្សអេលាសារ ហើយអ័ហ៊ីម៉ាលេក ជាវង្សអ៊ីថាម៉ារ ក៏ញែកគេចេញជាពួក តាមវេនការងារគេ
4 រីឯខាងពួកវង្សអេលាសារ នោះមានមេច្រើនជាងខាងពួកវង្សអ៊ីថាម៉ារ ហើយគេត្រូវចែកជាពួកៗ យ៉ាងនេះ គឺក្នុងពួកវង្សរបស់អេលាសារ មានមេលើវង្សរបស់ឪពុកគេ ១៦នាក់ ហើយក្នុងវង្សរបស់អ៊ីថាម៉ារ មាន៨នាក់តាមវង្សារបស់ឪពុកគេ
5 រួចបានញែកគេចេញជាពួកៗ ស្មើគ្នារៀងរាល់ពួក ដ្បិតមានពួកមេលើទីបរិសុទ្ធ និងពួកមេសម្រាប់ការងារនៃព្រះ នៅពួកទាំងសងខាង គឺខាងពួកវង្សអេលាសារ និងខាងពួកវង្សអ៊ីថាម៉ារផង
6 ឯសេម៉ាយ៉ា កូននេថានេលដ៏ជាស្មៀន ជាអ្នកក្នុងពួកលេវី លោកបានកត់ឈ្មោះគេ នៅចំពោះស្តេច និងពួកមេ ព្រមទាំងសាដុកដ៏ជាសង្ឃ និងអ័ហ៊ីម៉ាលេក ជាកូនអ័បៀថើរ ហើយពួកអ្នកជាកំពូលលើវង្សរបស់ឪពុកគេ ក្នុងពួកសង្ឃ និងពួកលេវីផង គេបានរើសយកពួកវង្ស១ សម្រាប់អេលាសារ ហើយ១ សម្រាប់អ៊ីថាម៉ារ ។
7 ឆ្នោតទី១ ត្រូវលើឈ្មោះយេហូយ៉ារីប ទី២ ត្រូវលើយេដាយ៉ា
8 ទី៣ ត្រូវហារីម ទី៤ ត្រូវសេអូរីម
9 ទី៥ ត្រូវម៉ាលគា ទី៦ត្រូវមីយ៉ាមីន
10 ទី៧ ត្រូវហាកូស ទី៨ ត្រូវអ័ប៊ីយ៉ា
11 ទី៩ ត្រូវយេសួរ ទី១០ ត្រូវសេកានា
12 ទី១១ត្រូវអេលីយ៉ាស៊ីប ទី១២ត្រូវយ៉ាគីម
13 ទី១៣ត្រូវហ៊ូផា ទី១៤ត្រូវយេសេបៀប
14 ទី១៥ ត្រូវប៊ីលកា ទី១៦ ត្រូវអ៊ីមមើរ
15 ទី១៧ ត្រូវហេស៊ារ ទី១៨ ត្រូវហាភីសេស
16 ទី១៩ ត្រូវពេថាហ៊ីយ៉ា ទី២០ ត្រូវយេហេសិគាល
17 ទី២១ ត្រូវលើយ៉ាគិន ទី២២ ត្រូវលើកាមូល
18 ឯទី២៣ នោះត្រូវលើដេឡាយ៉ា ហើយទី២៤ ត្រូវម្អាស៊ា
19 នេះហើយជារបៀបវេនរបស់គេ តាមការងាររៀងខ្លួន ដើម្បីឲ្យបានចូលទៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា តាមកំណត់ដែលអើរ៉ុន ជាអយ្យកោគេ បានចែកឲ្យ ដូចជាព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល បានបង្គាប់ដល់លោក។
20 ឯពួកកូនចៅលេវីដែលសល់នៅ គឺក្នុងពួកកូនរបស់អាំរ៉ាម មានសេបួល ក្នុងពួកកូនរបស់សេបួល មានយេដាយ៉ា
21 ខាងឯរេហាបយ៉ា គឺកូនគាត់ឈ្មោះយីសយ៉ា ជាមេ
22 ខាងឯពួកយីតសារ នោះមានសឡូមិតកូនរបស់សឡូមិត គឺយ៉ាហាត
23 ឯពួកកូនរបស់ហេប្រុន គឺយេរីយ៉ា ជាទី១ អ័ម៉ារា ជាទី២ យ៉ាហាសៀល ជាទី៣ យេកាមាម ជាទី៤
24 ឯកូនរបស់អ៊ូស៊ាល គឺមីកា កូនរបស់មីកា គឺសាមារ
25 ឯប្អូនរបស់មីកា គឺយីសយ៉ា ហើយកូនរបស់យីសយ៉ា គឺសាការី
26 ឯពួកចៅរបស់ម្រ៉ារី គឺម៉ាស់លី និងមូស៊ី ហើយកូនរបស់យ្អាស៊ា ដែលជាកូនរបស់អ្នកនោះ
27 គឺកូនចៅរបស់ម្រ៉ារីខាងយ្អាស៊ា ជាកូនគាត់ នោះមានសូហាំ សាគើរ និងអ៊ីបរី
28 ខាងម៉ាស់លី មានអេលាសារ ដែលឥតមានកូនប្រុស
29 ខាងគីស នោះកូនរបស់គាត់ គឺយេរ៉ាម្អែល
30 ហើយខាងឯកូនរបស់មូស៊ី មានម៉ាស់លី អេឌើរ និងយេរេម៉ូត នោះសុទ្ធតែជាកូនចៅរបស់លេវី តាមវង្សរបស់ឪពុកគេ
31 ពួកនោះក៏បានចាប់ឆ្នោតដែរ គឺនៅចំពោះស្តេចដាវីឌ និងសាដុក អ័ហ៊ីម៉ាលេក ហើយនៅមុខពួកអ្នកដែលជាកំពូលលើវង្សរបស់ពួកសង្ឃ និងពួកលេវី ដូចជាកូនចៅអើរ៉ុន ជាបងប្អូនគេដែរ ឯពួកវង្សរបស់អ្នកណាដែលជាមេ និងវង្សរបស់អ្នកណាដែលជាបន្ទាប់ នោះបានស្មើគ្នាទាំងអស់។
ជំពូក 25
1 ដាវីឌ និងពួកមេទ័ព ក៏ញែកពួកកូនចៅអេសាភ ហេម៉ាន និងយេឌូថិនខ្លះ ចេញទុកសម្រាប់ការងារ ឲ្យបានពោលតាមស៊ុង ពិណ និងឈឹង ពួកអ្នកដែលធ្វើការងារនោះ មានចំនួនដូច្នេះ
2 គឺក្នុងពួកកូនចៅអេសាភ មានសាគើរ យ៉ូសែប នេថានា និងអ័សារេឡា សុទ្ធតែជាកូនអេសាភ ក៏នៅក្នុងបង្គាប់អេសាភដែរ គឺជាអ្នកដែលពោលតាមបង្គាប់ស្តេច
3 ខាងឯយេឌូថិន ពួកកូនចៅលោក គឺកេដាលា សេរី យេសាយ៉ា ហាសាបយ៉ា ម៉ាធិធា និងស៊ីម៉ាយ ទាំងអស់មាន៦នាក់ គេកាន់ស៊ុងនៅក្នុងបង្គាប់យេឌូថិន ជាឪពុកគេ ដែលជាអ្នកពោលពំនោល ដោយពាក្យអរព្រះគុណ និងពាក្យសរសើរដល់ព្រះយេហូវ៉ា
4 ខាងឯហេម៉ាន ពួកកូនចៅលោក គឺប៊ូកគា ម៉ាថានា អ៊ូស៊ាល សេបួល យេរីម៉ូត ហាណានា ហាណានី អេលាថា គីដាលធី រ៉ូម៉ាមធី-អេស៊ើរ យ៉ូសបេកាសា ម៉ាឡូធី ហូធារ និងម៉ាហាស៊ីយ៉ូត
5 នោះសុទ្ធតែជាកូនរបស់ហេម៉ាន ជាអ្នកមើលឆុតរបស់ស្តេច ខាងឯព្រះបន្ទូលនៃព្រះ សម្រាប់លើកស្នែងឡើងផ្លុំ ព្រះទ្រង់ប្រោសឲ្យហេម៉ានបានកូនប្រុស១៤ និងកូនស្រី៣
6 អ្នកទាំងនោះសុទ្ធតែនៅក្នុងបង្គាប់របស់ឪពុក សម្រាប់ការចម្រៀងក្នុងព្រះវិហារនៃព្រះយេហូវ៉ា ដោយលេងឈឹង ពិណ និងស៊ុង ដើម្បីធ្វើការងាររបស់ព្រះវិហារនៃព្រះ ឯអេសាភ យេឌូថិន និងហេម៉ាន លោកនៅក្នុងបង្គាប់របស់ស្តេច
7 អ្នកទាំងនោះ និងបងប្អូនគេដែលបានហាត់ច្រៀងថ្វាយព្រះយេហូវ៉ា គឺអស់អ្នកដែលប្រសប់ នោះមានចំនួន២៨៨នាក់
8 គេបានចាប់ឆ្នោត ឲ្យបានការងាររបស់គេរៀងខ្លួន ទាំងតូចទាំងធំ ហើយទាំងគ្រូ និងសិស្ស ក៏ដូចគ្នាទាំងអស់។
9 ឆ្នោតមុនដំបូង ត្រូវលើឈ្មោះយ៉ូសែប សម្រាប់ពួកអេសាភ ទី២ ត្រូវលើកកេដាលា ដែលខ្លួនគាត់ បងប្អូន និងកូនគាត់ ទាំងអស់មាន១២នាក់
10 ទី៣ ត្រូវសាគើរ ដែលកូនគាត់ និងបងប្អូន ទាំងអស់មាន១២នាក់
11 ទី៤ ត្រូវយីសរី ដែលកូនគាត់ និងបងប្អូន ទាំងអស់មាន១២នាក់
12 ទី៥ ត្រូវនេថានា ដែលកូនគាត់ និងបងប្អូនទាំងអស់មាន១២នាក់
13 ទី៦ ត្រូវប៊ូកគា ដែលកូនគាត់ និងបងប្អូន ទាំងអស់មាន១២នាក់
14 ទី៧ ត្រូវយេសារេឡា ដែលកូនគាត់ និងបងប្អូន ទាំងអស់មាន១២នាក់
15 ទី៨ ត្រូវយេសាយ៉ា ដែលកូនគាត់ និងបងប្អូន ទាំងអស់មាន១២នាក់
16 ទី៩ ត្រូវម៉ាថានា ដែលកូនគាត់ និងបងប្អូន ទាំងអស់មាន១២នាក់
17 ទី១០ ត្រូវស៊ីម៉ាយ ដែលកូនគាត់ និងបងប្អូនទាំងអស់ មាន១២នាក់
18 ទី១១ ត្រូវអ័សារាល ដែលកូនគាត់ និងបងប្អូនទាំងអស់ មាន១២នាក់
19 ទី១២ ត្រូវហាសាបយ៉ា ដែលកូនគាត់ និងបងប្អូនទាំងអស់ មាន១២នាក់
20 ទី១៣ ត្រូវស៊ូបាអែល ដែលកូនគាត់ និងបងប្អូនទាំងអស់ មាន១២នាក់
21 ទី១៤ ត្រូវម៉ាធិធា ដែលកូនគាត់ និងបងប្អូនទាំងអស់ មាន១២នាក់
22 ទី១៥ ត្រូវយេរេម៉ូត ដែលកូនគាត់ និងបងប្អូនទាំងអស់ មាន១២នាក់
23 ទី១៦ ត្រូវហាណានា ដែលកូនគាត់ និងបងប្អូនទាំងអស់ មាន១២នាក់
24 ទី១៧ ត្រូវយ៉ូសបេកាសា ដែលកូនគាត់ និងបងប្អូនទាំងអស់ មាន១២នាក់
25 ទី១៨ត្រូវហាណានី ដែលកូនគាត់ និងបងប្អូនទាំងអស់ មាន១២នាក់
26 ទី១៩ ត្រូវម៉ាឡូធី ដែលកូនគាត់ និងបងប្អូនទាំងអស់ មាន១២នាក់
27 ទី២០ ត្រូវអេលាថា ដែលកូនគាត់ និងបងប្អូនទាំងអស់ មាន១២នាក់
28 ទី២១ ត្រូវហូធារ ដែលកូនគាត់ និងបងប្អូនទាំងអស់ មាន១២នាក់
29 ទី២២ ត្រូវគីដាលធី ដែលកូនគាត់ និងបងប្អូនទាំងអស់ មាន១២នាក់
30 ទី២៣ ត្រូវម៉ាហាស៊ីយ៉ូត ដែលកូនគាត់ និងបងប្អូនទាំងអស់ មាន១២នាក់
31 ទី២៤ ត្រូវរ៉ូម៉ាមធី-អេស៊ើរ ដែលកូនគាត់ និងបងប្អូនទាំងអស់ មាន១២នាក់។
ជំពូក 26
1 ឯផ្នែករបស់ពួកឆ្មាំទ្វារ នោះក្នុងពួកកូរេមានមសេលេមា ជាកូនកូរេ ក្នុងវង្សារបស់អេសាភ
2 ហើយមសេលេមាមានកូន គឺសាការី ជាកូនច្បង យេឌីអែល ជាទី២ សេបាឌា ទី៣ យ៉ាតនាល ទី៤
3 អេឡាំ ទី៥ យ៉ូហាណាន ទី៦ និងអេលីយ៉ូន៉ាយ ទី៧
4 ឯអូបិឌ-អេដុមក៏មានកូន គឺសេម៉ាយ៉ា ជាកូនច្បង យ៉ូសាបាឌ ជាទី២ យ៉ូអា ទី៣ សាកើរ ទី៤ នេថានេល ទី៥
5 អាំមាល ទី៦ អ៊ីសាខារ ទី៧ និងពេអ៊ូលថាយ ទី៨ ដ្បិតព្រះបានប្រទានពរដល់លោក
6 ហើយសេម៉ាយ៉ា ជាកូនលោក ក៏បានកូនដែរ អ្នកទាំងនោះបានត្រួតត្រាលើវង្សរបស់ឪពុកគេ ដ្បិតគេសុទ្ធតែជាមនុស្សខ្លាំងពូកែ មានចិត្តក្លាហាន
7 ឯកូនរបស់សេម៉ាយ៉ា គឺអូតនី រេផែល អូបិឌ អែលសាបាឌ និងបងប្អូនគេ ដែលជាមនុស្សក្លាហាន គឺអេលីហ៊ូវ និងសេម៉ាគា
8 នោះសុទ្ធតែជាកូនចៅរបស់អូបិឌ-អេដុមដែលខ្លួនគេ កូនចៅ និងបងប្អូនគេ សុទ្ធតែជាមនុស្សមានកម្លាំងជំនាញក្នុងការងារ មាន៦២នាក់ ដែលកើតពីអូបិឌ-អេដុម
9 ឯមសេលេមា គាត់មានកូន និងបងប្អូន១៨នាក់ ដែលសុទ្ធតែជាមនុស្សក្លាហាន
10 ហើយហូសាក្នុងវង្សម្រ៉ារីក៏មានកូន គឺស៊ីមរី ជាមេ (ដ្បិតទោះបើគាត់មិនមែនជាកូនច្បង គង់តែឪពុកបានតាំងឡើងឲ្យធ្វើជាមេដែរ)
11 ហ៊ីលគីយ៉ា ជាទី២ ថេបាលយ៉ា ទី៣ សាការីទី៤ ឯកូនចៅ និងបងប្អូនរបស់ហូសាទាំងអស់ មាន១៣នាក់។
12 ក្នុងបណ្តាអ្នកទាំងនោះ បានរើសយកអ្នកឆ្មាំទ្វារសម្រាប់ជាវេនតគ្នា ព្រមទាំងពួកមេដែលមានការងារ ដូចជាបងប្អូនគេដែរនោះផង ដើម្បីនឹងរក្សាក្នុងព្រះវិហារនៃព្រះយេហូវ៉ា
13 គេក៏ចាប់ឆ្នោត ទាំងតូចទាំងធំ តាមវង្សរបស់ឪពុកគេ ឲ្យបានត្រូវទ្វារនីមួយៗ
14 ឆ្នោតដែលត្រូវទ្វារទិសខាងកើត នោះត្រូវលើសេលេមា រួចមកគេចាប់ឆ្នោតឲ្យសាការី ជាកូនគាត់ ដែលជាអ្នកជំនួយគំនិតយ៉ាងចំណាន ហើយឆ្នោតគាត់ត្រូវត្រង់ទ្វារខាងជើង
15 ឯឆ្នោតរបស់អូបិឌ-អេដុម ត្រូវត្រង់ទ្វារខាងត្បូង ហើយឆ្នោតរបស់ពួកកូនគាត់ ត្រូវខាងឃ្លាំង
16 ឆ្នោតរបស់ស៊ូភីម និងហូសា នោះត្រូវត្រង់ទ្វារខាងលិច និងទ្វារសាលេគែត ត្រង់ថ្នល់ដែលឡើងទៅ ឲ្យគ្រប់គ្នាបានចាំយាមទល់មុខគ្នា
17 ឯខាងកើត មានពួកលេវី៦នាក់ ខាងជើងមាន៤នាក់រាល់តែថ្ងៃ ខាងត្បូងមាន៤នាក់រាល់តែថ្ងៃ ហើយខាងឃ្លាំងមាន៤នាក់
18 ត្រង់ទ្វារប៉ារបើរខាងលិច មាន៤នាក់ចាំនៅត្រង់ថ្នល់ ហើយ២នាក់នៅត្រង់ទ្វារប៉ារបើរនោះ
19 នេះហើយជាវេនរបស់ពួកឆ្មាំទ្វារ ក្នុងពួកកូនចៅកូរេ និងពួកកូនចៅម្រ៉ារី។
20 ហើយក្នុងពួកលេវី មានអ័ហ៊ីយ៉ា ជាអ្នកត្រួតលើទ្រព្យវិសេសនៃព្រះវិហាររបស់ព្រះ ហើយលើឃ្លាំងនៃរបស់ដែលបានថ្វាយទាំងប៉ុន្មាន
21 ចំណែកឯកូនចៅរបស់ឡាអាដាន គឺជាកូនចៅនៃពួកគើសុន ដែលកើតដោយសារឡាអាដាន ជាពួកមេលើវង្សរបស់ឪពុកគេរៀងខ្លួន ដែលត្រូវខាងឡាអាដាន ជាពួកគើសុន នោះមានយីអែលី
22 ឯកូនរបស់យីអែលី គឺសេថាម និងយ៉ូអែល ជាប្អូនគេ បានត្រួតលើទ្រព្យវិសេសនៃព្រះវិហាររបស់ព្រះយេហូវ៉ា
23 ហើយក្នុងពួកអាំរ៉ាម ពួកយីតសារ ពួកហេប្រុន និងពួកអ៊ូស៊ាល
24 ព្រមទាំងសេបួល ជាកូនគើសុន ដែលជាកូនម៉ូសេ នោះសុទ្ធតែជាអ្នកត្រួតលើទ្រព្យវិសេសទាំងអស់
25 ឯបងប្អូនគាត់ដែលកើតដោយសារអេលាស៊ើរ នោះគឺរេហាបយ៉ា ដែលបង្កើតយេសាយ៉ាៗបង្កើតយ៉ូរ៉ាម យ៉ូរ៉ាមបង្កើតសីកគ្រីៗបង្កើតសឡូមិត
26 គឺសឡូមិតនេះ និងបងប្អូនគាត់ ជាអ្នកត្រួតលើឃ្លាំងនៃរបស់ដែលបានថ្វាយទាំងប៉ុន្មាន ជារបស់ដែលស្តេចដាវីឌ អស់ទាំងមេលើពួកវង្សានុវង្ស ពួកមេលើទាហាន១ពាន់នាក់ និងលើ១០០នាក់ ហើយពួកមេទ័ពធំបានថ្វាយ
27 គឺជារបស់គេថ្វាយពីរបឹបដែលចាប់យកបានក្នុងចម្បាំង សម្រាប់នឹងជួសជុលព្រះវិហារនៃព្រះយេហូវ៉ា
28 ហើយរបស់ទាំងប៉ុន្មាន ដែលសាំយូអែល ជាអ្នកមើលឆុត សូល ជាបុត្រគីស អ័ប៊ីនើរ ជាកូននើរ និងយ៉ូអាប់ ជាកូនសេរូយ៉ា បានថ្វាយដែរ របស់អ្វីដែលអ្នកណាបានថ្វាយក៏ដោយ នោះសុទ្ធតែនៅក្រោមអំណាចរបស់សឡូមិត និងបងប្អូនគាត់ទាំងអស់។
29 ខាងឯពួកយីតសារ នោះកេណានា និងកូនចៅគាត់ ជាអ្នកសម្រាប់ការងារខាងក្រៅ ជាការត្រួតត្រាលើពួកអ៊ីស្រាអែល គឺជាចៅក្រម និងសុភា
30 ក្នុងពួកហេប្រុនមានហាសាបយ៉ា និងបងប្អូនគាត់ ដែលសុទ្ធតែជាមនុស្សក្លាហាន ចំនួន១៧០០នាក់ គេជាអ្នកត្រួតត្រាលើពួកអ៊ីស្រាអែល ដែលនៅខាងនាយទន្លេយ័រដាន់ ទិសខាងលិច សម្រាប់កិច្ចការទាំងប៉ុន្មានរបស់ព្រះយេហូវ៉ា និងសម្រាប់ការខាងស្តេចផង
31 ក្នុងពួកហេប្រុន មានយេរីយ៉ា ជាមេលើពួកហេប្រុននោះ តាមអស់ទាំងដំណនៃវង្សរបស់ឪពុកគេ នៅឆ្នាំទី៤០ក្នុងរាជ្យដាវីឌ នោះគេរកពួកអ្នកនោះ ក៏បានឃើញមានមនុស្សខ្លាំងពូកែ មានចិត្តក្លាហានក្នុងពួកគេនៅក្រុងយ៉ាស៊ើរ ស្រុកកាឡាត
32 ឯបងប្អូនយេរីយ៉ា ដែលសុទ្ធតែជាមនុស្សក្លាហាន នោះមានចំនួន២៧០០នាក់ជាមេលើវង្សឪពុកគេ ជាអ្នកដែលស្តេចដាវីឌបានតាំងឲ្យត្រួតត្រាលើពួករូបេន ពួកកាឌ់ និងពូជអំបូរម៉ាន៉ាសេ១ចំហៀង ខាងឯគ្រប់ការរបស់ព្រះ និងការរបស់ស្តេចទាំងប៉ុន្មានផង។
ជំពូក 27
1 រីឯពួកកូនចៅអ៊ីស្រាអែល តាមចំនួនគេ គឺតាមពួកមេលើវង្សឪពុកគេ និងពួកមេទ័ពធំតូច ហើយពួកនាយដែលបម្រើស្តេច ក្នុងគ្រប់ទាំងការ ខាងឯវេនគេដែលចេញចូលរាល់តែខែ នៅពេញក្នុងឆ្នាំ ដែលរាល់តែវេនមាន២ម៉ឺន៤ពាន់នាក់
2 នោះមានយ៉ាសុបៀម ជាកូនសាបឌាល ជាអ្នកត្រួតលើពួកវេនទី១ នៅខែចេត្រ ហើយក្នុងវេនលោកមាន២ម៉ឺន៤ពាន់នាក់
3 លោកកើតក្នុងពូជពង្សពេរេស ជាមេលើពួកមេទ័ព សម្រាប់ខែដំបូង
4 ដូដាយ ជាពួកអ័ហូអា ជាអ្នកត្រួតលើពួកវេនខែពិសាខ ហើយមីកឡូត ជាមេលើពួកវេនរបស់លោក ក្នុងពួកវេននេះមាន២ម៉ឺន៤ពាន់នាក់
5 មេទី៣ ជាមេធំលើពួកទ័ព នៅខែជេស្ឋ គឺបេណាយ៉ា ជាកូនយេហូយ៉ាដាដ៏ជាសង្ឃ ហើយនៅវេននេះមាន២ម៉ឺន៤ពាន់នាក់
6 គឺបេណាយ៉ានេះ ជាមនុស្សខ្លាំងពូកែក្នុងពួក៣០នាក់នោះ ហើយបានត្រួតលើគេផង ឯអាំមីសាបាឌ ជាកូនលោក ក៏នៅក្នុងវេននេះដែរ
7 មេទី៤ ដែលសម្រាប់ខែអាសាឍ គឺអេសាអែល ជាប្អូនយ៉ូអាប់ ហើយបន្ទាប់មក មានសេបាឌា ជាកូនលោក ក្នុងវេននេះមាន២ម៉ឺន៤ពាន់នាក់
8 មេទី៥ សម្រាប់ខែស្រាពណ៍ គឺសាមហ៊ូត ជាពួកយីសរ៉ា ក្នុងវេននេះមាន២ម៉ឺន៤ពាន់នាក់
9 មេទី៦ សម្រាប់ខែភទ្របទ គឺអ៊ីរ៉ា ជាកូនអ៊ីកគែស ជាអ្នកក្រុងត្កូអា ក្នុងវេននេះមាន២ម៉ឺន៤ពាន់នាក់
10 មេទី៧ សម្រាប់ខែអស្សុជ គឺហេលែស ជាពួកពេឡូន ក្នុងពួកកូនចៅអេប្រាអិម ក្នុងវេននេះមាន២ម៉ឺន៤ពាន់នាក់
11 មេទី៨ សម្រាប់ខែកត្តិក គឺស៊ីបាកាយ ជាពួកហ៊ូសាយ ក្នុងពូជពង្សសេរ៉ាស ក្នុងវេននេះមាន២ម៉ឺន៤ពាន់នាក់
12 មេទី៩ សម្រាប់ខែមិគសិរ គឺអ័បៀស៊ើរ ជាអ្នកក្រុងអាន៉ាថោត ពូជអំបូរបេនយ៉ាមីន ក្នុងវេននេះមាន២ម៉ឺន៤ពាន់នាក់
13 មេទី១០ សម្រាប់ខែបុស្ស គឺម៉ាហារ៉ាយ ជាអ្នកស្រុកនថូផា ពូជពង្សសេរ៉ាស ក្នុងវេននេះមាន២ម៉ឺន៤ពាន់នាក់
14 មេទី១១ សម្រាប់ខែមាឃ គឺបេណាយ៉ា ជាអ្នកស្រុកពីរ៉ាថូន ក្នុងពូជអំបូរអេប្រាអិម ក្នុងវេននេះមាន២ម៉ឺន៤ពាន់នាក់
15 មេទី១២ សម្រាប់ខែផល្គុណ គឺហេលដាយ ជាអ្នកស្រុកនថូផា ពូជពង្សអូធ្នាល ក្នុងវេននេះក៏មាន២ម៉ឺន៤ពាន់នាក់ដែរ។
16 ឯពួកចៅហ្វាយក្នុងពូជអំបូរសាសន៍អ៊ីស្រាអែលទាំងប៉ុន្មាន នោះដូច្នេះ គឺក្នុងពួករូបេន មានអេលាស៊ើរ កូនស៊ីកគ្រី ជាចៅហ្វាយ ក្នុងពួកស៊ីម្មាន គឺសេផាធា កូនម្អាកា
17 ក្នុងពួកលេវី គឺហាសាបយ៉ា ជាកូនកេមយួល ក្នុងវង្សរបស់អើរ៉ុន មានសាដុក
18 ក្នុងពួកយូដា គឺអេលីហ៊ូវ ជាជេដ្ឋាដាវីឌ ក្នុងពួកអ៊ីសាខារ គឺអំរី ជាកូនមីកែល
19 ក្នុងពួកសាប់យូល៉ូន គឺយីសម៉ាយ៉ា ជាកូនអូបាឌា ក្នុងពួកណែបថាលី គឺយេរីម៉ូត ជាកូនអាសរាល
20 ក្នុងពួកកូនចៅអេប្រាអិម គឺហូសេ ជាកូនអ័សាស៊ា ក្នុងពូជអំបូរម៉ាន៉ាសេ១ចំហៀង គឺយ៉ូអែល ជាកូនពេដាយ៉ា
21 ក្នុងពូជអំបូរម៉ាន៉ាសេ១ចំហៀង នៅស្រុកកាឡាត គឺយីដូរ ជាកូនសាការី ក្នុងពួកបេនយ៉ាមីន គឺយ្អាសៀល ជាកូនអ័ប៊ីនើរ
22 ក្នុងពួកដាន់ គឺអ័សារាល ជាកូនរបស់យេរ៉ូហាំ នេះសុទ្ធតែជាចៅហ្វាយនៃអស់ទាំងពូជអំបូរសាសន៍អ៊ីស្រាអែលទាំងអម្បាលម៉ាន
23 តែដាវីឌមិនបានរាប់ចំនួនគេពីត្រឹមអាយុ២០ឆ្នាំចុះទៅក្រោមទេ ដ្បិតព្រះយេហូវ៉ាទ្រង់បានមានព្រះបន្ទូលថា ទ្រង់នឹងចម្រើនពួកអ៊ីស្រាអែលឲ្យមានគ្នាច្រើន ដូចជាផ្កាយដែលនៅលើមេឃ
24 យ៉ូអាប់ ជាកូនសេរូយ៉ា លោកចាប់តាំងរាប់ តែមិនបានបង្ហើយទេ ដ្បិតដំណើរនោះ បានបណ្តាលឲ្យមានសេចក្ដីក្រោធ មកលើសាសន៍អ៊ីស្រាអែល ហើយចំនួនពួកគេ នោះមិនបានកត់ទុក ក្នុងបញ្ជីពង្សាវតារនៃស្តេចដាវីឌទេ។
25 ឯអ្នករក្សាព្រះរាជទ្រព្យរបស់ស្តេច គឺអាសម៉ាវែត ជាកូនអ័ឌីអែល ហើយយ៉ូណាថាន ជាកូនអ៊ូស៊ីយ៉ា ជាអ្នកត្រួតលើទ្រព្យសម្បត្តិ នៅស្រែចម្ការ នៅទីក្រុង និងភូមិ ហើយនៅដំណាក់ទាំងប៉ុន្មាន
26 អែសរី កូនកេលូបជាអ្នកត្រួតលើពួកអ្នកភ្ជួររាស់ នៅស្រែចម្ការ
27 ស៊ីម៉ាយដែលនៅក្រុងរ៉ាម៉ា ជាអ្នកត្រួតត្រាលើចម្ការទំពាំងបាយជូរ ហើយសាប់ឌី ក្នុងពួកសេផាម ជាអ្នកត្រួតលើឃ្លាំងស្រាទំពាំងបាយជូរ ដែលនៅឯចម្ការ
28 បាលហាន៉ាន់ ដែលនៅក្រុងកេឌើរ ជាអ្នកត្រួតលើចម្ការអូលីវ និងដើមឧទុម្ពរដែលដុះនៅស្រុកទំនាប ហើយយ៉ូអាស ជាអ្នកត្រួតលើឃ្លាំងប្រេងអូលីវ
29 ស៊ីតរ៉ាយដែលនៅស្រុកសារ៉ុន ជាអ្នកត្រួតលើហ្វូងសត្វ ដែលរកស៊ីនៅស្រុកសារ៉ុន ហើយសាផាត កូនអ័ឌឡាយ ជាអ្នកត្រួតលើហ្វូងសត្វ ដែលនៅច្រកភ្នំទាំងប៉ុន្មាន
30 អូប៊ីល សាសន៍អ៊ីសម៉ាអែល ជាអ្នកត្រួតលើហ្វូងអូដ្ឋ យេដាយ៉ាដែលនៅស្រុកមេរ៉ុន ជាអ្នកត្រួតលើហ្វូងលា យ៉ាស៊ីស ក្នុងពួកហាក់រេន ជាអ្នកត្រួតលើហ្វូងចៀម
31 អ្នកទាំងនេះសុទ្ធតែជាអ្នកត្រួតលើព្រះរាជទ្រព្យរបស់ស្តេចដាវីឌ។
32 ឯយ៉ូណាថាន ជាញាតិវង្សនឹងដាវីឌ ជាអ្នកជួយគំនិត ជាមនុស្សមានយោបល់ និងប្រាជ្ញា យេហ៊ីអែលជាកូនហាក់ម៉ូនី ជាអ្នកនៅជាមួយនឹងពួកបុត្ររបស់ស្តេច
33 អ័ហ៊ីថូផែល ជាអ្នកដែលជួយគំនិតដល់ស្តេច ហើយហ៊ូសាយ ជាពួកអើគី ជាអ្នកជិតស្និទ្ធនឹងស្តេច
34 បន្ទាប់ពីអ័ហ៊ីថូផែលមក នោះមានយេហូយ៉ាដា ជាកូនបេណាយ៉ា និងអ័បៀថើរ ហើយយ៉ូអាប់ ជាមេទ័ពធំរបស់ស្តេច។
ជំពូក 28
1 គ្រានោះ ដាវីឌទ្រង់ប្រមូលពួកអ្នក ដែលជាប្រធានក្នុងសាសន៍អ៊ីស្រាអែល ពួកចៅហ្វាយនៃពូជអំបូរទាំងប៉ុន្មាន ពួកនាយដែលត្រួតលើពួកអ្នកផ្គត់ផ្គង់ស្បៀងថ្វាយស្តេចតាមវេន ពួកមេទ័ពធំតូច ពួកអ្នកដែលត្រួតលើព្រះរាជទ្រព្យរបស់ស្តេច និងពួកបុត្រាទ្រង់ទាំងប៉ុន្មាន និងពួកឧកញ៉ា គឺជាពួកខ្លាំងពូកែ មានចិត្តក្លាហានទាំងអស់មកប្រជុំគ្នានៅក្រុងយេរូសាឡឹម
2 រួចស្តេចដាវីឌទ្រង់ក្រោកឈរឡើងមាន ព្រះបន្ទូលថា ឱបងប្អូន ជារាស្ត្ររបស់យើងអើយ ចូរស្តាប់ចុះ ឯយើងបានមានបំណងចង់ស្អាងព្រះវិហារ សម្រាប់ឲ្យហឹបនៃសេចក្ដីសញ្ញាផងព្រះយេហូវ៉ាបានសម្រាកនៅ ហើយទុកជាទីកំណល់កល់ព្រះបាទរបស់ព្រះនៃយើងរាល់គ្នា យើងក៏បានត្រៀមទុកសម្រាប់ការស្អាងនោះដែរ
3 តែព្រះទ្រង់មានព្រះបន្ទូលមកយើងថា ឯងមិនត្រូវស្អាងព្រះវិហារ សម្រាប់ឈ្មោះអញឡើយ ដ្បិតឯងជាមនុស្សធ្លាប់ធ្វើចម្បាំងមក ហើយបានកម្ចាយឈាមផង
4 ប៉ុន្តែ ព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់បានរើសយើងចេញពីពួកវង្សរបស់បិតាយើងទាំងប៉ុន្មាន ឲ្យបានធ្វើជាស្តេចលើពួកអ៊ីស្រាអែលជាដរាបទៅ ដ្បិតទ្រង់បានរើសពួកយូដាទុកជាមេ ហើយក្នុងពួកវង្សយូដា នោះទ្រង់បានរើសយកវង្សរបស់បិតាយើង ហើយក្នុងពួកបុត្ររបស់បិតាយើង នោះទ្រង់បានសព្វព្រះហឫទ័យនឹងយើង ដើម្បីលើកឡើងជាស្តេចលើសាសន៍អ៊ីស្រាអែលទាំងអស់
5 ហើយក្នុងពួកបុត្រយើងទាំងប៉ុន្មាន (ដ្បិតព្រះយេហូវ៉ាទ្រង់បានប្រោស ឲ្យយើងបានបុត្រជាច្រើន) នោះទ្រង់បានរើសសាឡូម៉ូន ជាបុត្រយើង ឲ្យបានគង់លើបល្ល័ង្ករាជ្យនៃព្រះយេហូវ៉ា ដើម្បីគ្រប់គ្រងលើសាសន៍អ៊ីស្រាអែល
6 ទ្រង់បានមានព្រះបន្ទូលមកយើងថា សាឡូម៉ូន ជាកូនឯង នឹងស្អាងព្រះវិហារ ព្រមទាំងទីលានឲ្យអញ ដ្បិតអញបានរើសវា ឲ្យបានធ្វើជាកូនអញ ហើយអញនឹងធ្វើជាឪពុកដល់វា
7 អញនឹងតាំងរាជ្យវា ឲ្យនៅជាប់ជានិច្ចទៅ គឺបើវាកាន់ខ្ជាប់តាមក្រឹត្យក្រម និងបញ្ញត្តទាំងប៉ុន្មានរបស់អញ ដូចជាសព្វថ្ងៃនេះ
8 ឥឡូវនេះ អ្នករាល់គ្នានៅចំពោះពួកអ៊ីស្រាអែលទាំងអម្បាលម៉ាន ជាពួកជំនុំនៃព្រះយេហូវ៉ា ហើយនៅចំពោះព្រះនៃយើងរាល់គ្នា ដូច្នេះ ចូរអ្នករាល់គ្នាស្វែងរក ហើយកាន់តាមអស់ទាំងក្រឹត្យក្រមនៃព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នាចុះ ដើម្បីឲ្យបានស្រុកល្អនេះ ទុកជាកេរអាករនៃអ្នករាល់គ្នា ហើយទុកជាមរដកដល់កូនចៅអ្នករាល់គ្នាខាងក្រោយតទៅ។
9 ហើយឯឯង ឱសាឡូម៉ូន ជាកូនអញអើយ ចូរឲ្យឯងបានស្គាល់ព្រះនៃឪពុកឯងចុះ ព្រមទាំងប្រតិបត្តិតាមទ្រង់ ដោយអស់ពីចិត្ត ហើយស្ម័គ្រស្មោះផង ដ្បិតព្រះយេហូវ៉ាទ្រង់ស្ទង់អស់ទាំងចិត្ត ក៏យល់អស់ទាំងសេចក្ដីដែលយើងគិតដែរ បើឯងរកទ្រង់ នោះនឹងបានឃើញមែន តែបើឯងបោះបង់ចោលទ្រង់វិញ នោះទ្រង់ក៏នឹងបោះបង់ចោលឯងជាដរាបទៅ
10 ឥឡូវនេះ ចូរឯងប្រុងប្រយ័ត ដ្បិតព្រះយេហូវ៉ាបានរើសឯង ឲ្យបានស្អាងព្រះវិហារ ទុកជាទីបរិសុទ្ធ ដូច្នេះ ចូរឯងមានកម្លាំងឡើង ហើយធ្វើសម្រេចចុះ។
11 នោះដាវីឌក៏ប្រគល់គំរូនៃរបស់ទាំងប៉ុន្មាន ដល់សាឡូម៉ូន ជាបុត្រទ្រង់ គឺជាគំរូនៃបាំងសាច មន្ទីរទាំងប៉ុន្មាន ឃ្លាំង បន្ទប់ខាងលើ បន្ទប់ខាងក្នុង និងកន្លែងដាក់ទីសន្តោសប្រោះ
12 ហើយនិងគំរូនៃរបស់ទាំងប៉ុន្មានដែលទ្រង់បានដោយព្រះវិញ្ញាណ សម្រាប់ទីលានរបស់ព្រះវិហារនៃព្រះយេហូវ៉ា អស់ទាំងបន្ទប់នៅជុំវិញ ដែលសម្រាប់ជាឃ្លាំងរបស់ព្រះវិហារនៃព្រះ និងឃ្លាំងនៃតង្វាយបរិសុទ្ធទាំងប៉ុន្មាន
13 ហើយសម្រាប់វេនពួកសង្ឃ និងពួកលេវី ហើយសម្រាប់កិច្ចការនៃការងារទាំងអស់ ក្នុងព្រះវិហារនៃព្រះយេហូវ៉ា ព្រមទាំងគ្រឿងប្រដាប់ដែលប្រើក្នុងព្រះវិហារនៃព្រះយេហូវ៉ាដែរ
14 ដាវីឌទ្រង់ក៏ប្រគល់គំរូនៃប្រដាប់ដែលត្រូវធ្វើពីមាសសម្រាប់ប្រើគ្រប់យ៉ាង ព្រមទាំងទំងន់នៃប្រដាប់នីមួយៗនោះ និងគំរូនៃប្រដាប់ ដែលត្រូវធ្វើពីប្រាក់សម្រាប់ប្រើគ្រប់យ៉ាង ព្រមទាំងទំងន់នៃប្រដាប់នីមួយៗនោះដែរ
15 គឺកំណត់ទំងន់មាស សម្រាប់ធ្វើជើងចង្កៀងមាស និងតួចង្កៀងនោះ គឺជាទំងន់ជើងចង្កៀងនីមួយៗ និងតួចង្កៀងនីមួយៗ ហើយកំណត់ទំងន់ប្រាក់ សម្រាប់ធ្វើជើងចង្កៀងប្រាក់ ទាំងជើង និងតួចង្កៀងនោះផង តាមរបៀបប្រើជើងចង្កៀងនីមួយៗនោះ
16 ហើយមាសសម្រាប់ធ្វើតុនំបុ័ងតាំងទុក និងប្រាក់សម្រាប់អស់ទាំងតុធ្វើពីប្រាក់ដែរ
17 ព្រមទាំងសម ចានគោម និងពែងដែលធ្វើពីមាសសុទ្ធ និងផ្តិលមាស តាមទំងន់នីមួយៗ ហើយផ្តិលប្រាក់ទាំងប៉ុន្មានតាមទំងន់
18 និងមាសសុទ្ធសម្រាប់អាសនៈគ្រឿងក្រអូបតាមទំងន់ផង ទ្រង់ក៏ប្រគល់គំរូដែលសម្រាប់ធ្វើរទេះ និងចេរូប៊ីន ដែលត្រដាងស្លាបគ្របពីលើហឹបនៃសេចក្ដីសញ្ញាផងព្រះយេហូវ៉ាដែរ
19 រួចទ្រង់មានព្រះបន្ទូលថា បណ្តាបែបយ៉ាងទាំងនេះបានកត់ទុក ដោយព្រះហស្តព្រះយេហូវ៉ា ឲ្យអញបានយល់ហើយ គឺអស់ទាំងរបៀបនៃគំរូទាំងនេះឯង។
20 ដាវីឌទ្រង់មានព្រះបន្ទូលនឹងសាឡូម៉ូនជាព្រះរាជបុត្រាថា ចូរមានកម្លាំង និងចិត្តក្លាហានឡើង ហើយធ្វើសម្រេចចុះ កុំឲ្យខ្លាច ឬរសាយចិត្តឡើយ ដ្បិតព្រះយេហូវ៉ាដ៏ជាព្រះ គឺជាព្រះនៃអញ ទ្រង់គង់នៅជាមួយនឹងឯង ទ្រង់មិនដែលខាននឹងជួយឯងឡើយ ក៏មិនបោះបង់ចោលឯងដែរ ដរាបដល់អស់ទាំងការដែលធ្វើព្រះវិហារនៃព្រះយេហូវ៉ានេះបានសម្រេច
21 ហើយមើល មានវេនពួកសង្ឃ និងពួកលេវី សម្រាប់គ្រប់ទាំងការងារក្នុងព្រះវិហារនៃព្រះដែរ ឯអស់អ្នកណាដែលស្ម័គ្រចិត្ត ហើយមានថ្វីដៃខាងឯការអ្វីក៏ដោយ គេនឹងនៅជាមួយនឹងឯង ដើម្បីនឹងសម្រេចការនេះ ចំណែកពួកចៅហ្វាយ និងបណ្តាជនទាំងអស់គ្នា គេនឹងនៅក្នុងបង្គាប់ឯងដែរ។
ជំពូក 29
1 លំដាប់មក ស្តេចដាវីឌទ្រង់មានព្រះបន្ទូលដល់ពួកជំនុំទាំងអស់គ្នាថា សាឡូម៉ូន ជាបុត្រយើងនេះ គឺជាបុត្រ១ដែលព្រះបានរើសទុក ទ្រង់នៅក្មេងខ្ចីនៅឡើយ ហើយការនេះធំណាស់ ដ្បិតព្រះវិហារនេះមិនមែនសម្រាប់មនុស្ស គឺសម្រាប់ព្រះយេហូវ៉ាដ៏ជាព្រះវិញ
2 យើងបានត្រៀមការអស់ពីចិត្ត សម្រាប់ព្រះវិហាររបស់ព្រះនៃយើង គឺជាមាសសម្រាប់ប្រដាប់ធ្វើពីមាស ប្រាក់សម្រាប់ប្រដាប់ធ្វើពីប្រាក់ លង្ហិនសម្រាប់ប្រដាប់ធ្វើពីលង្ហិន ដែកសម្រាប់ប្រដាប់ធ្វើពីដែក ឈើសម្រាប់ប្រដាប់ធ្វើពីឈើ ថ្មអូនីក្ស និងត្បូងសម្រាប់បញ្ចុះ ដែលមានពណ៌ផ្សេងៗ និងត្បូងមានតម្លៃគ្រប់មុខ ព្រមទាំងថ្មកែវជាបរិបូរ
3 មួយទៀត ដោយព្រោះយើងមានចិត្តស្រឡាញ់ដល់ព្រះវិហាររបស់ព្រះនៃយើង បានជាយើងប្រគល់មាស និងប្រាក់ទាំងប៉ុន្មាន ដែលជារបស់ផងខ្លួនយើង សម្រាប់ព្រះវិហាររបស់ព្រះនៃយើង ក្រៅអំពីរបស់ទាំងប៉ុន្មាន ដែលយើងបានត្រៀមទុកសម្រាប់ទីបរិសុទ្ធនេះ
4 គឺមាស៣ពាន់ហាប ជាមាសស្រុកអូភារ ប្រាក់ដែលសំរងស្រាប់៧ពាន់ហាប សម្រាប់នឹងស្រោបជញ្ជាំងមន្ទីរទាំងប៉ុន្មាន
5 ហើយមាសសម្រាប់ប្រដាប់ធ្វើពីមាស និងប្រាក់សម្រាប់ប្រដាប់ធ្វើពីប្រាក់ ហើយសម្រាប់គ្រប់ទាំងការដែលពួកជាងមានស្នាដៃនឹងធ្វើ ដូច្នេះ នៅថ្ងៃនេះ តើមានអ្នកណាចូលចិត្ត ចង់ថ្វាយដល់ព្រះយេហូវ៉ាដែរឬទេ។
6 គ្រានោះ ពួកអ្នកដែលជាកំពូលលើវង្សរបស់ឪពុកគេ ពួកចៅហ្វាយនៃពូជអំបូរអ៊ីស្រាអែលទាំងប៉ុន្មាន និងពួកមេធំតូច ហើយពួកនាយដែលត្រួតការរបស់ស្តេច គេក៏ថ្វាយដោយស្ម័គ្រពីចិត្ត
7 គេថ្វាយសម្រាប់ការងារក្នុងព្រះវិហារនៃព្រះ ជាមាស៥ពាន់ហាប និង១ម៉ឺនជី ប្រាក់១ម៉ឺនហាប លង្ហិន១ម៉ឺន៨ពាន់ហាប និងដែក១សែនហាប
8 ហើយអ្នកណាដែលមានត្បូង នោះក៏ថ្វាយទៅក្នុងឃ្លាំងព្រះវិហារនៃព្រះយេហូវ៉ា ក្រោមអំណាចយេហ៊ីអែល ជាពួកគើសុន
9 នោះបណ្តាជនទាំងឡាយក៏រីករាយសប្បាយដោយបានថ្វាយស្ម័គ្រពីចិត្ត ពីព្រោះគេបានថ្វាយស្ម័គ្រពីចិត្តដល់ព្រះយេហូវ៉ា ដោយចិត្តស្មោះ ហើយស្តេចដាវីឌទ្រង់ក៏រីករាយសប្បាយ ដោយអំណរជាខ្លាំងដែរ។
10 ហេតុនោះ ដាវីឌទ្រង់ក៏បង្គំទូលដល់ព្រះយេហូវ៉ា នៅចំពោះពួកជំនុំទាំងអស់គ្នាថា ឱព្រះយេហូវ៉ាជាព្រះនៃអ៊ីស្រាអែល អយ្យកោយើងរាល់គ្នាអើយ សូមឲ្យទ្រង់បានព្រះពរនៅអស់កល្បជានិច្ច
11 ឱព្រះយេហូវ៉ាអើយ ភាពដ៏ធំ និងព្រះចេស្តា សិរីល្អ ជ័យជម្នះ និងតេជានុភាព នោះសុទ្ធតែជារបស់ផងទ្រង់ ដ្បិតគ្រប់ទាំងអស់ដែលនៅលើមេឃ និងនៅផែនដី ជារបស់ផងទ្រង់ ឱព្រះយេហូវ៉ាអើយ រាជ្យនេះក៏ជារបស់ផងទ្រង់ដែរ ហើយទ្រង់បានតម្កើងឡើង ជាប្រធានលើទាំងអស់
12 ទ្រព្យសម្បត្តិ និងកេរ្តិ៍ឈ្មោះក៏មកអំពីទ្រង់ ហើយគឺទ្រង់ដែលគ្រប់គ្រងលើទាំងអស់ នៅព្រះហស្តទ្រង់មានទាំងព្រះចេស្តា និងឥទ្ធិឫទ្ធិ ហើយទ្រង់មានអំណាចនឹងលើកជាធំ ហើយប្រោសឲ្យមានកម្លាំងដល់មនុស្សទាំងអស់
13 ដូច្នេះ ឱព្រះនៃយើងរាល់គ្នាអើយ យើងខ្ញុំអរព្រះគុណដល់ទ្រង់ ហើយក៏លើកសរសើរព្រះនាមទ្រង់ដ៏មានសិរីល្អ
14 តែតើទូលបង្គំជាអ្វី ហើយរាស្ត្ររបស់ទូលបង្គំនេះជាអ្វី ដែលយើងខ្ញុំរាល់គ្នាអាចនឹងថ្វាយតង្វាយយ៉ាងនេះ ដោយស្ម័គ្រពីចិត្តបាន ដ្បិតគ្រប់របស់ទាំងអស់មកពីទ្រង់ យើងខ្ញុំរាល់គ្នាបានយកតែពីព្រះហស្តទ្រង់ ថ្វាយដល់ទ្រង់វិញ
15 ពីព្រោះយើងខ្ញុំរាល់គ្នាជាអ្នកដទៃសុទ្ធនៅចំពោះទ្រង់ ហើយជាពួកអ្នកដែលគ្រាន់តែស្នាក់នៅប៉ុណ្ណោះ ដូចជាពួកអយ្យកោយើងខ្ញុំរាល់គ្នាដែរ វេលាអាយុយើងខ្ញុំរាល់គ្នានៅផែនដីនេះ នោះប្រៀបដូចជាស្រមោលទេ គ្មានអ្វីជាជាប់ស្ថិតស្ថេរបានឡើយ
16 ឱព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំរាល់គ្នាអើយ អស់ទាំងរបស់បរិបូរទាំងនេះ ដែលយើងខ្ញុំរាល់គ្នាបានត្រៀមទុក ដើម្បីនឹងស្អាងព្រះវិហារថ្វាយដល់ទ្រង់ សម្រាប់ព្រះនាមបរិសុទ្ធទ្រង់ នោះសុទ្ធតែមកពីព្រះហស្តទ្រង់ទេ ហើយជារបស់ផងទ្រង់ទាំងអស់ដែរ
17 ឱព្រះនៃទូលបង្គំអើយ ទូលបង្គំក៏ដឹងហើយថា គឺទ្រង់ដែលល្បងលចិត្ត ហើយទ្រង់សព្វព្រះហឫទ័យនឹងសេចក្ដីទៀងត្រង់ ចំណែកទូលបង្គំ គឺដោយចិត្តទៀងត្រង់នោះឯង ដែលទូលបង្គំបានថ្វាយរបស់ទាំងនេះស្ម័គ្រពីចិត្ត ហើយឥឡូវនេះ ទូលបង្គំមានសេចក្ដីអំណរ ដោយឃើញរាស្ត្ររបស់ទ្រង់ ដែលប្រជុំនៅទីនេះ គេថ្វាយដល់ទ្រង់ដោយស្ម័គ្រពីចិត្តដែរ
18 ឱព្រះយេហូវ៉ាជាព្រះនៃអ័ប្រាហាំ អ៊ីសាក និងអ៊ីស្រាអែល ជាអយ្យកោយើងខ្ញុំរាល់គ្នាអើយ សូមទ្រង់រក្សាទុកគំនិតនេះ នៅក្នុងចិត្តរបស់ពួករាស្ត្រទ្រង់ ឲ្យគេបានគិតឃើញជារៀងរាបដរាបទៅ ហើយសូមទ្រង់តាំងចិត្តគេ ឲ្យនៅជាប់នឹងទ្រង់
19 ហើយសូមប្រទានឲ្យសាឡូម៉ូន ជាបុត្រទូលបង្គំ មានចិត្តស្មោះត្រង់ ដើម្បីឲ្យបានកាន់តាមអស់ទាំងក្រឹត្យក្រម សេចក្ដីបន្ទាល់ និងបញ្ញត្តនៃទ្រង់ទាំងប៉ុន្មាន ព្រមទាំងប្រព្រឹត្តតាមសេចក្ដីទាំងនេះ ហើយស្អាងព្រះវិហារនេះដែលទូលបង្គំបានត្រៀមទុកឲ្យ។
20 ឯដាវីឌទ្រង់មានព្រះបន្ទូលដល់ពួកជំនុំទាំងអស់គ្នាថា ចូរអ្នករាល់គ្នាបង្គំទូលដល់ព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នាចុះ ដូច្នេះ ពួកជំនុំទាំងអស់ក៏សូមឲ្យព្រះយេហូវ៉ាជាព្រះនៃពួកអយ្យកោគេបានព្រះពរ រួចគេឱនក្បាលថ្វាយបង្គំដល់ព្រះយេហូវ៉ា និងស្តេចផង។
21 ដល់ថ្ងៃស្អែកឡើង គេក៏ថ្វាយយញ្ញបូជា និងតង្វាយដុតដល់ព្រះយេហូវ៉ា គឺគោឈ្មោល១ពាន់ ចៀមឈ្មោល១ពាន់ កូនចៀម១ពាន់ និងតង្វាយច្រួចនៃតង្វាយទាំងនោះ ហើយយញ្ញបូជាឯទៀតជាបរិបូរ សម្រាប់ពួកអ៊ីស្រាអែលទាំងអស់
22 គេក៏បរិភោគនៅចំពោះព្រះយេហូវ៉ា ដោយសេចក្ដីអំណរជាខ្លាំងនៅថ្ងៃនោះឯង។ រួចគេតាំងសាឡូម៉ូន ជាព្រះរាជបុត្រានៃដាវីឌ ឡើងម្តងនេះទៀត ឲ្យធ្វើជាស្តេច ក៏ចាក់ប្រេងញែកទ្រង់ចេញ ថ្វាយដល់ព្រះយេហូវ៉ា ទុកជាអ្នកគ្រប់គ្រង ហើយសាដុកផង ឲ្យធ្វើជាសង្ឃ
23 នោះសាឡូម៉ូនក៏ឡើងគង់លើបល្ល័ង្កនៃព្រះយេហូវ៉ាជាស្តេចជំនួសដាវីឌ ព្រះបិតាទ្រង់ ក៏ថ្កុំថ្កើងឡើង ហើយពួកអ៊ីស្រាអែលទាំងអស់បានស្តាប់បង្គាប់ទ្រង់
24 ចំណែកពួកអ្នកដែលជាកំពូលទាំងអស់ និងពួកខ្លាំងពូកែ ព្រមទាំងបុត្រាទាំងប៉ុន្មានរបស់ស្តេចដាវីឌ នោះក៏ចុះចូលនឹងស្តេចសាឡូម៉ូនទាំងអស់ដែរ
25 ព្រះយេហូវ៉ាទ្រង់ក៏តម្កើងសាឡូម៉ូនឡើងយ៉ាងក្រៃលែង នៅភ្នែកនៃពួកអ៊ីស្រាអែលទាំងអស់ ព្រមទាំងប្រោសប្រទានឲ្យទ្រង់មានតេជានុភាពដ៏ខ្ពង់ខ្ពស់ផង ដល់ម៉្លេះបានជាកាលមុនជំនាន់ទ្រង់ មិនដែលមានស្តេចណាក្នុងពួកអ៊ីស្រាអែលដែលមានយ៉ាងនោះឡើយ។
26 រីឯដាវីឌ ជាបុត្រអ៊ីសាយ ទ្រង់បានសោយរាជ្យលើសាសន៍អ៊ីស្រាអែលទាំងមូល
27 ហើយពេលវេលាដែលទ្រង់សោយរាជ្យលើគេ នោះរួមទាំងអស់បាន៤០ឆ្នាំ គឺទ្រង់សោយរាជ្យនៅក្រុងហេប្រុនបាន៧ឆ្នាំ ហើយនៅក្រុងយេរូសាឡឹមបាន៣៣ឆ្នាំ
28 រួចទ្រង់ក៏សុគតទៅបានព្រះជន្មវែងល្អ ហើយបានស្កប់ស្កល់នឹងព្រះជន្ម ទ្រព្យសម្បត្តិ និងកិត្តិយសផង នោះសាឡូម៉ូន ជាព្រះរាជបុត្រាក៏ឡើងសោយរាជ្យជំនួសព្រះបិតា
29 រីឯកិច្ចការរបស់ស្តេចដាវីឌទាំងអស់ ចាប់តាំងពីដើមរហូតដល់ចុង នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅរបស់សាំយូអែល ជាអ្នកមើលឆុត និងក្នុងសៀវភៅរបស់ហោរាណាថាន់ ហើយក្នុងសៀវភៅរបស់កាឌ់ ជាអ្នកមើលឆុតហើយ
30 ព្រមទាំងរឿងពីរាជ្យ និងឥទ្ធានុភាពរបស់ទ្រង់ ពីជំនាន់ទ្រង់ និងពួកអ៊ីស្រាអែល ហើយអស់ទាំងរាជ្យរបស់នគរផ្សេងៗនោះផង។:៚