ជំពូក 1
1 រីឯសាឡូម៉ូន ជាព្រះរាជបុត្រាដាវីឌ ទ្រង់មានអំណាចក្នុងរាជ្យទ្រង់កាន់តែមាំមួនឡើង ហើយព្រះយេហូវ៉ាជាព្រះនៃទ្រង់ ក៏បានគង់នៅជាមួយ ព្រមទាំងលើកតម្កើងទ្រង់ឡើងយ៉ាងក្រៃលែង
2 សាឡូម៉ូនក៏មានព្រះបន្ទូលនឹងបណ្តាពួកអ៊ីស្រាអែល ពួកមេទ័ពធំតូច ពួកចៅក្រម និងពួកចៅហ្វាយនៃសាសន៍អ៊ីស្រាអែលទាំងប៉ុន្មាន ដែលជាប្រធានលើវង្សរបស់ឪពុកគេ
3 រួចទ្រង់ និងពួកជំនុំទាំងអស់ ក៏នាំគ្នាទៅឯទីខ្ពស់ ដែលនៅត្រង់ក្រុងគីបៀន ដ្បិតត្រសាលជំនុំនៃព្រះ ដែលលោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះយេហូវ៉ា បានធ្វើនៅទីរហោស្ថាន បាននៅទីនោះ
4 តែឯហឹបនៃព្រះ នោះដាវីឌបាននាំយកពីក្រុងគារយ៉ាត់-យារីម ឡើងទៅឯកន្លែងដែលទ្រង់បានរៀបចំទុក ដ្បិតទ្រង់បានដំឡើងត្រសាល១ សម្រាប់ឲ្យហឹបនោះ នៅក្នុងក្រុងយេរូសាឡឹមវិញ
5 រីឯអាសនៈលង្ហិន ដែលបេតសាលាល កូនយូរី ដែលជាកូនហ៊ើរបានធ្វើ នោះក៏នៅមុខរោងឧបោសថផងព្រះយេហូវ៉ា ត្រង់គីបៀន ហើយសាឡូម៉ូន និងពួកជំនុំទាំងអស់គ្នាបានសង្វាតរកអាសនៈនោះ
6 ទ្រង់ឡើងទៅថ្វាយតង្វាយដុតអស់១ពាន់ នៅលើអាសនៈលង្ហិន ដែលនៅចំពោះព្រះយេហូវ៉ា ត្រង់ត្រសាលជំនុំនោះ។
7 ក្នុងពេលយប់នោះ ព្រះទ្រង់លេចមកឯសាឡូម៉ូនមានព្រះបន្ទូលថា ចូរឲ្យឯងសូមចុះ តើចង់ឲ្យអញឲ្យអ្វីដល់ឯង
8 សាឡូម៉ូនទ្រង់ឆ្លើយថា ទ្រង់បានសម្ដែងសេចក្ដីសប្បុរសជាធំ ដល់ដាវីឌ ជាបិតាទូលបង្គំ ក៏បានតាំងទូលបង្គំឡើង ជាស្តេចជំនួសបិតាហើយ
9 ឥឡូវនេះ ឱព្រះយេហូវ៉ាដ៏ជាព្រះអើយ សូមឲ្យសេចក្ដីដែលទ្រង់បានសន្យានឹងដាវីឌ ជាបិតាទូលបង្គំ បានតាំងខ្ជាប់ខ្ជួនឡើង ដ្បិតទ្រង់បានលើកទូលបង្គំឡើង ជាស្តេចលើសាសន៍១មានគ្នាច្រើនដូចជាផង់ធូលីនៅផែនដី
10 ដូច្នេះ សូមប្រោសប្រទានឲ្យទូលបង្គំមានប្រាជ្ញា និងយោបល់ ដើម្បីឲ្យទូលបង្គំបានចេញចូលនាំមុខបណ្តាជននេះ ដ្បិតតើមានអ្នកឯណាអាចនឹងគ្រប់គ្រងលើរាស្ត្ររបស់ទ្រង់ ដែលមានច្រើនទាំងម៉្លេះនេះបាន
11 ព្រះទ្រង់មានព្រះបន្ទូលតបថា ដោយព្រោះឯងបានប្រាថ្នាដូច្នេះ នៅក្នុងចិត្ត ហើយមិនបានសូមឲ្យបានទ្រព្យសម្បត្តិ ឬធនធាន ឬកិត្តិយស ឬការប្រហារជីវិតនៃពួកអ្នកដែលស្អប់ឯង ក៏មិនបានសូមអាយុឲ្យយឺនយូរឡើយ គឺបានសូមឲ្យមានប្រាជ្ញា និងយោបល់វិញ ដើម្បីនឹងគ្រប់គ្រងលើរាស្ត្រអញ ដែលអញបានតាំងឯងឲ្យធ្វើជាស្តេចលើគេ
12 ដូច្នេះ អញឲ្យឯងមានប្រាជ្ញា និងយោបល់ហើយ ថែមទាំងឲ្យមានទ្រព្យសម្បត្តិ ធនធាន និងកិត្តិយសទៀតផង ដល់ម៉្លេះបានជាមុនឯង មិនដែលមានស្តេចណា បានយ៉ាងនោះឡើយ ហើយក្រោយឯងទៅមុខទៀត ក៏មិនមានដែរ
13 ដូច្នេះ សាឡូម៉ូនទ្រង់ក៏វិលត្រឡប់ពីទីខ្ពស់ នៅត្រង់គីបៀន គឺពីមុខត្រសាលជំនុំ មកឯក្រុងយេរូសាឡឹមវិញ ហើយទ្រង់បានសោយរាជ្យលើសាសន៍អ៊ីស្រាអែល។
14 សាឡូម៉ូនទ្រង់ប្រមូលបានរទេះចម្បាំង និងពលសេះ មានរទេះ១ពាន់៤រយ និងពលសេះ១ម៉ឺន២ពាន់ ក៏ដាក់ឲ្យនៅអស់ទាំងទីក្រុងដែលសម្រាប់រទេះចម្បាំង ហើយនៅជាមួយនឹងស្តេច ក្នុងក្រុងយេរូសាឡឹម
15 ហើយនៅទីក្រុងនោះ ទ្រង់ធ្វើឲ្យមានប្រាក់ និងមាសសម្បូរ ដូចជាថ្ម ហើយឲ្យមានដើមតាត្រៅសម្បូរ ដូចជាដើមឧទុម្ពរ ដែលដុះនៅដីទំនាបដែរ
16 ឯសេះទាំងប៉ុន្មានរបស់សាឡូម៉ូន នោះសុទ្ធតែមកពីស្រុកអេស៊ីព្ទ ពួកជំនួញរបស់ស្តេច គេទៅទិញ ដឹកនាំមកទាំងហ្វូងៗ តាមតម្លៃ
17 គេក៏នាំយករទេះពីស្រុកអេស៊ីព្ទមក ១តម្លៃជាប្រាក់៦០០រៀល ហើយសេះ១តម្លៃជាប្រាក់១៥០រៀល គេក៏ដឹករទេះមកយ៉ាងនោះ ឲ្យដល់អស់ទាំងស្តេចនៃសាសន៍ហេត និងស្តេចស្រុកស៊ីរីដែរ។
ជំពូក 2
1 ឯសាឡូម៉ូនទ្រង់ក៏បង្គាប់ឲ្យស្អាងព្រះវិហារ សម្រាប់ព្រះនាមព្រះយេហូវ៉ា និងព្រះរាជវាំងសម្រាប់នគរទ្រង់
2 រួចទ្រង់តម្រូវឲ្យមានមនុស្ស៧ម៉ឺននាក់ សម្រាប់លីសែង និង៨ម៉ឺននាក់ សម្រាប់កាប់ឈើនៅឯភ្នំ ហើយ៣ពាន់៦រយនាក់សម្រាប់ជាអ្នកត្រួតលើគេ
3 ទ្រង់ក៏ចាត់សារទៅឯហ៊ីរ៉ាមជាស្តេចក្រុងទីរ៉ុសថា ពីដើមទ្រង់បានផ្ញើឈើតាត្រៅមកថ្វាយដាវីឌ ជាបិតាទូលបង្គំ សម្រាប់ធ្វើជាដំណាក់ឲ្យទ្រង់គង់ ឥឡូវនេះក៏សូមទ្រង់ប្រោសមេត្តាដល់ទូលបង្គំដូច្នោះដែរ
4 មើល ទូលបង្គំរៀបនឹងស្អាងព្រះវិហារ សម្រាប់ព្រះនាមព្រះយេហូវ៉ាជាព្រះនៃទូលបង្គំ ដើម្បីថ្វាយដល់ទ្រង់ទុកជាទីដុតគ្រឿងមានក្លិនក្រអូប នៅចំពោះទ្រង់ និងជាទីតម្កល់នំបុ័ងតាំងទុកជានិច្ច ព្រមទាំងថ្វាយតង្វាយដុតទាំងពេលព្រឹក និងពេលល្ងាច ហើយនៅថ្ងៃឈប់សម្រាក ថ្ងៃចូលខែ និងនៅអស់ទាំងបុណ្យមានកំណត់នៃព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំរាល់គ្នា ដូចជាបានបង្គាប់មកសាសន៍អ៊ីស្រាអែល ឲ្យធ្វើជាដរាបតទៅ
5 ឯព្រះវិហារដែលទូលបង្គំគិតស្អាង នោះធំណាស់ ដ្បិតព្រះនៃយើងខ្ញុំរាល់គ្នាទ្រង់ធំប្រសើរ លើសជាងអស់ទាំងព្រះ
6 ប៉ុន្តែ តើមានអ្នកឯណាដែលអាចនឹងស្អាងព្រះវិហារថ្វាយទ្រង់បាន ដ្បិតផ្ទៃមេឃ និងអស់ទាំងជាន់នៃផ្ទៃមេឃ មិនល្មមឲ្យទ្រង់គង់ចុះទៅហើយ ដូច្នេះ តើទូលបង្គំជាអ្វី ដែលអាចនឹងស្អាងព្រះវិហារថ្វាយទ្រង់បាន លើកតែល្មមនឹងដុតគ្រឿងក្រអូបនៅចំពោះទ្រង់ប៉ុណ្ណោះ
7 ដូច្នេះ សូមចាត់ជាងម្នាក់មក ជាអ្នកដែលមានថ្វីដៃក្នុងការធ្វើមាស ប្រាក់ លង្ហិន ដែកសំពត់ពណ៌ស្វាយ ពណ៌ក្រហម និងពណ៌ខៀវ ហើយដែលចេះឆ្លាក់ចំឡាក់គ្រប់ជំពូកផង ឲ្យបាននៅជាមួយនឹងពួកជាងប៉ិនប្រសប់ ដែលនៅស្រុកយូដា ហើយនៅក្រុងយេរូសាឡឹម ជាមួយនឹងទូលបង្គំ ជាពួកអ្នកដែលដាវីឌបិតាទូលបង្គំបានផ្គត់ផ្គង់
8 សូមបញ្ជូនឈើតាត្រៅ ឈើកកោះ និងឈើច័ន្ទន៍ ពីភ្នំល្បាណូនមកឲ្យទូលបង្គំ ដ្បិតទូលបង្គំដឹងថា ពួករបស់ទ្រង់គេចេះកាប់ឈើ នៅព្រៃល្បាណូនស្រាប់ មើល ពួកខាងទូលបង្គំនឹងធ្វើការជាមួយនឹងគេ
9 ដើម្បីនឹងត្រៀមឈើទុកឲ្យទូលបង្គំជាបរិបូរ ដ្បិតព្រះវិហារដែលទូលបង្គំបម្រុងនឹងស្អាងនេះ ត្រូវតែបានធំអស្ចារ្យ
10 នោះទូលបង្គំនឹងឲ្យស្រូវភោជ្ជសាលីបញ្ជាន់ស្រាប់២ម៉ឺនរង្វាល់ ស្រូវឱក២ម៉ឺនរង្វាល់ ស្រាទំពាំងបាយជូរ២ម៉ឺនរង្វាល់ និងប្រេង២ម៉ឺនរង្វាល់ ដល់ពួកជាងរបស់ទ្រង់ ដែលកាប់ឈើនោះ។
11 ដូច្នេះ ហ៊ីរ៉ាមជាស្តេចក្រុងទីរ៉ុស ទ្រង់ក៏ធ្វើសារផ្ញើមកឆ្លើយតបនឹងសាឡូម៉ូនថា ព្រះយេហូវ៉ាទ្រង់ស្រឡាញ់រាស្ត្ររបស់ទ្រង់ បានជាតាំងព្រះករុណាឡើង ជាស្តេចលើគេ
12 ក្នុងសារនោះហ៊ីរ៉ាមមានព្រះបន្ទូលទៀតថា សូមឲ្យព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល ដែលបានបង្កើតផ្ទៃមេឃ និងផែនដី ទ្រង់បានព្រះពរ គឺជាព្រះដែលបានប្រទាន ឲ្យស្តេចដាវីឌមានព្រះរាជបុត្រាប្រកបដោយប្រាជ្ញា តម្រិះ និងយោបល់ អាចនឹងស្អាងព្រះវិហារថ្វាយព្រះយេហូវ៉ា និងព្រះរាជវាំងសម្រាប់នគរទ្រង់
13 ឥឡូវទូលបង្គំបានឲ្យជាងជំនាញការម្នាក់ឈ្មោះហ៊ីរ៉ាម ជាជាងរបស់បិតាទូលបង្គំ ជាអ្នកប្រកបដោយយោបល់មក
14 គឺជាកូនរបស់ស្រីស្រុកដាន់ម្នាក់ ដែលឪពុកជាអ្នកក្រុងទីរ៉ុស អ្នកនេះជាអ្នកជំនាញក្នុងការធ្វើមាស ប្រាក់ លង្ហិន ដែក ថ្ម ឈើ និងសំពត់ពណ៌ស្វាយ ពណ៌ខៀវ សំពត់ទេសឯកយ៉ាងម៉ដ្ត ហើយនិងសំពត់ពណ៌ក្រហម ក៏ចេះឆ្លាក់ចំឡាក់គ្រប់Chapter ហើយចេះបង្កើតរបស់គ្រប់យ៉ាងដែរ ដើម្បីឲ្យបានធ្វើការ ជាមួយនឹងពួកជាងយ៉ាងជំនាញរបស់ទ្រង់ ហើយនិងពួកជាងយ៉ាងជំនាញរបស់ដាវីឌ ជាព្រះបិតាទ្រង់ ដែលជាព្រះអម្ចាស់នៃទូលបង្គំផង
15 រីឯស្រូវភោជ្ជសាលី ស្រូវឱក ប្រេង និងស្រាទំពាំងបាយជូរ ដែលព្រះករុណា ជាព្រះអម្ចាស់ បានមានព្រះបន្ទូលនោះ សូមបញ្ជូនមកឲ្យពួកខាងទូលបង្គំចុះ
16 នោះពួកទូលបង្គំនឹងកាប់ឈើនៅព្រៃល្បាណូន តាមដែលទ្រង់ត្រូវការ បញ្ជូនមក ដោយក្បូនតាមសមុទ្រ ដល់ក្រុងយ៉ុបប៉េ ថ្វាយដល់ទ្រង់ ឲ្យទ្រង់នាំឡើងទៅឯក្រុងយេរូសាឡឹមចុះ។
17 ដូច្នេះ សាឡូម៉ូនទ្រង់រាប់ពួកសាសន៍ដទៃ ដែលស្នាក់នៅស្រុកអ៊ីស្រាអែលទាំងអស់ តាមបញ្ជីដែលដាវីឌជាព្រះបិតា បានរាប់កំណត់ទុក ឃើញមានចំនួន១សែន៥ម៉ឺន៣ពាន់៦រយនាក់
18 ទ្រង់ក៏ដាក់ឲ្យ៧ម៉ឺននាក់ធ្វើការលីសែង ៨ម៉ឺននាក់ឲ្យកាប់ឈើនៅភ្នំ ហើយ៣ពាន់៦រយនាក់ឲ្យធ្វើជាអ្នកត្រួតត្រាការ។
ជំពូក 3
1 រួចមក សាឡូម៉ូនទ្រង់ចាប់តាំងស្អាងព្រះវិហារនៃព្រះយេហូវ៉ា នៅលើភ្នំម៉ូរីយ៉ា ក្នុងក្រុងយេរូសាឡឹម ត្រង់កន្លែងដែលព្រះយេហូវ៉ាបានលេចមកឯដាវីឌ ព្រះបិតាទ្រង់ ជាកន្លែងដាវីឌបានតម្រូវទុក នៅទីលានស្រូវរបស់អ័រ៉ៅណាជាសាសន៍យេប៊ូស
2 ទ្រង់ចាប់តាំងស្អាង នៅថ្ងៃទី២ ខែពិសាខ ក្នុងឆ្នាំទី៤នៃរាជ្យទ្រង់
3 រីឯជើងជញ្ជាំងដែលសាឡូម៉ូនបានដាំសម្រាប់នឹងស្អាងព្រះវិហារនៃព្រះ នោះមានបណ្តោយ៦០ហត្ថ និងទទឹង២០ហត្ថ តាមហត្ថពីបុរាណ
4 ឯបាំងសាចដែលនៅពីមុខ នោះបណ្តោយ២០ហត្ថ ឲ្យត្រូវនឹងទទឹងព្រះវិហារ ហើយកំពស់១២០ហត្ថ ទ្រង់ក៏ស្រោបដោយមាសសុទ្ធខាងក្នុង
5 ឯល្វែងធំ ទ្រង់ស្រោបដោយឈើកកោះ រួចស្រោបដោយមាសយ៉ាងល្អ ព្រមទាំងដាប់ជាក្បាច់ដើមលម៉ើរ និងច្រវាក់
6 ទ្រង់តាក់តែងល្វែងនោះ ឲ្យមានលំអ ដោយត្បូងមានតម្លៃ ឯមាសនោះបានមកពីស្រុកផាវែម
7 ទ្រង់ស្រោបព្រះវិហារ ព្រមទាំងធ្នឹម និងក្របទ្វារ ហើយជញ្ជាំង និងផ្ទាំងទ្វារទាំងប៉ុន្មានដោយមាស ហើយឆ្លាក់រូបចេរូប៊ីននៅជញ្ជាំង។
8 ទ្រង់ធ្វើល្វែងទីបរិសុទ្ធបំផុត បណ្តោយ២០ហត្ថត្រូវនឹងទទឹងព្រះវិហារ ដែលមាន២០ហត្ថដែរ រួចស្រោបដោយមាសយ៉ាងល្អ មានទំងន់៦០០ហាប
9 ហើយដែកគោល គឺជាមាស មានទំងន់៥០ដំឡឹង ឯបន្ទប់ខាងលើក៏ស្រោបដោយមាសដែរ។
10 នៅក្នុងល្វែងទីបរិសុទ្ធបំផុត ទ្រង់ធ្វើរូបចេរូប៊ីន២ជារូបឆ្លាក់ ហើយក៏ស្រោបដោយមាស
11 ស្លាបចេរូប៊ីនទាំង២នោះ បានត្រដាងទៅ២០ហត្ថ ឯស្លាបម្ខាងរបស់ចេរូប៊ីន១ មានប្រវែង៥ហត្ថ ត្រដាងទៅទល់នឹងជញ្ជាំងល្វែង ហើយស្លាប១ទៀតប្រវែង៥ហត្ថ ត្រដាងទៅទល់នឹងស្លាបចេរូប៊ីនម្ខាង
12 ឯស្លាបចេរូប៊ីនម្ខាងនោះ ក៏ប្រវែង៥ហត្ថ ត្រដាងទៅទល់នឹងជញ្ជាំងម្ខាងល្វែងនោះ ហើយស្លាប១ទៀត ក៏ប្រវែង៥ហត្ថ ត្រដាងទៅទល់នឹងស្លាបចេរូប៊ីនម្ខាង
13 ដូច្នេះ ស្លាបចេរូប៊ីនទាំង២បានត្រដាងទៅ អស់ប្រវែង២០ហត្ថ ចេរូប៊ីនទាំង២ក៏ឈរ បែរមុខប្រទល់គ្នា
14 ឯវាំងនន ទ្រង់ធ្វើដោយសំពត់ទេសឯកយ៉ាងម៉ដ្ត មានពណ៌ខៀវ ពណ៌ស្វាយ និងពណ៌ក្រហម ហើយក៏ប៉ាក់ជារូបចេរូប៊ីនដែរ។
15 នៅខាងមុខព្រះវិហារ ទ្រង់ធ្វើសសរ២ កំពស់៣៥ហត្ថ ហើយក្បាច់ក្បាល ដែលនៅលើកំពូលសសរទាំង២នោះ មានកំពស់៥ហត្ថទៀត
16 ក៏ធ្វើក្បាច់ច្រវាក់ដូចច្រវាក់នៅក្នុងទីបរិសុទ្ធបំផុត ដាក់ភ្ជាប់នៅក្បាលសសរ រួចក៏ធ្វើរូបផ្លែទទឹម១០០ ដាប់ភ្ជាប់នឹងច្រវាក់
17 ហើយលើកបញ្ឈរសសរទាំង២ ដាក់នៅមុខព្រះវិហារ ១ខាងស្តាំ ១ខាងឆ្វេង ទ្រង់ឲ្យឈ្មោះសសរខាងស្តាំថា យ៉ាគិន ឯសសរខាងឆ្វេងថា បូអូស។
ជំពូក 4
1 ទ្រង់ធ្វើអាសនៈលង្ហិន បណ្តោយ២០ហត្ថ ទទឹង២០ហត្ថ ហើយកំពស់១០ហត្ថ។
2 ក៏សិតធ្វើសមុទ្រមានរាងមូល ទំហំ១០ហត្ថពីមាត់ខាងទៅម្ខាង ហើយកំពស់៥ហត្ថ យកខ្សែវាស់ជុំវិញត្រូវជា៣០ហត្ថ
3 នៅពីក្រោមគែមមាត់សមុទ្រនោះ មានរូបផ្កាក្រពុំ១០ ក្នុង១ហត្ថនៅព័ទ្ធជុំវិញ បានសិតជា២ជួរស្រេច ក្នុងកាលដែលសិតសមុទ្រនោះតែម្តង
4 សមុទ្រនោះដាក់នៅលើរូបគោ១២ ដែលមាន៣បែរទៅខាងជើង ៣បែរទៅខាងលិច ៣បែរទៅខាងត្បូង ហើយ៣បែរទៅខាងកើត សមុទ្រនៅពីលើ ហើយគោទាំងនោះបែរគូថទៅខាងក្នុងទាំងអស់
5 សមុទ្រនោះមានកំរាស់១ទះ ហើយគែមក៏ធ្វើដូចជាមាត់ពែង រាងដូចជាផ្កាច័ន្ធូ ចំណុះបានទឹក៣ពាន់អំរែក
6 ទ្រង់ក៏ធ្វើចានក្លាំ១០ ដាក់៥ខាងស្តាំ និង៥ខាងឆ្វេង សម្រាប់ការលាងសម្អាតរបស់អ្វីដែលត្រូវខាងតង្វាយដុត នោះគេលាងក្នុងចានក្លាំទាំងនោះ តែឯសមុទ្រនោះ សម្រាប់ឲ្យពួកសង្ឃលាងវិញ។
7 ទ្រង់ធ្វើជើងចង្កៀង១០ពីមាស តាមច្បាប់នៃជើងចង្កៀងទាំងនោះ ក៏យកទៅដាក់ក្នុងព្រះវិហារ ៥ខាងស្តាំ ហើយ៥ខាងឆ្វេង
8 ក៏ធ្វើតុ១០ដាក់ក្នុងព្រះវិហារ ៥ខាងស្តាំ ហើយ៥ខាងឆ្វេង រួចធ្វើផ្តិលមាស១០០
9 ទ្រង់ធ្វើទីលានសម្រាប់ពួកសង្ឃ និងទីលានធំ ព្រមទាំងទ្វារសម្រាប់ទីលាន ហើយស្រោបទ្វារទាំងនោះដោយលង្ហិន
10 ទ្រង់ដាក់សមុទ្រនៅខាងស្តាំនៃចុងខាងកើតរបស់ព្រះវិហារ គឺឆៀងទៅខាងត្បូង
11 ហ៊ីរ៉ាមធ្វើឆ្នាំង ចបចូក និងខ្ទះទាំងប៉ុន្មានដែរ ដូច្នេះ ហ៊ីរ៉ាមបានធ្វើសម្រេចការទាំងប៉ុន្មាននោះដែលគាត់ធ្វើថ្វាយស្តេចសាឡូម៉ូន នៅក្នុងព្រះវិហារនៃព្រះ
12 គឺសសរទាំង២ តួក្បាលសសរទាំង២ ដែលនៅលើកំពូលសសរនោះ ព្រមទាំងក្បាច់រាងក្រឡាអួន សម្រាប់បាំងតួក្បាលសសរ ដែលនៅលើកំពូលនោះ
13 និងផ្លែទទឹម៤០០សម្រាប់ក្បាច់ក្រឡាអួនទាំង២ គឺជាផ្លែទទឹម២ជួរក្នុងក្បាច់ក្រឡាអួន១ សម្រាប់នឹងបាំងតួក្បាលសសរ ដែលនៅពីលើនោះ
14 គាត់ក៏ធ្វើគ្រោង និងចានក្លាំ ដាក់នៅលើគ្រោងទាំងនោះ
15 សមុទ្រ១ និងគោ១២ទ្រពីក្រោម
16 ឆ្នាំង ចបចូក សម និងគ្រឿងប្រដាប់ទាំងប៉ុន្មាន ឯបណ្តាការទាំងនោះ ហ៊ីរ៉ាម ជាមេជាង បានធ្វើពីលង្ហិនយ៉ាងភ្លឺ ថ្វាយស្តេចសាឡូម៉ូន សម្រាប់ព្រះវិហារនៃព្រះយេហូវ៉ា
17 ស្តេចទ្រង់បានសិតធ្វើទាំងអស់ នៅក្នុងពុម្ពដីឥដ្ឋត្រង់វាលទន្លេយ័រដាន់ កណ្តាលភូមិសិកូត និងសារថាន
18 គឺយ៉ាងនោះ ដែលសាឡូម៉ូនបានធ្វើប្រដាប់ប្រដាទាំងនោះយ៉ាងសន្ធឹកណាស់ ដ្បិតលង្ហិនទាំងនោះរកដឹងទំងន់មិនបាន។
19 សាឡូម៉ូនទ្រង់ធ្វើគ្រឿងប្រដាប់ទាំងប៉ុន្មាន ដែលនៅក្នុងព្រះវិហារនៃព្រះ គឺអាសនៈមាស និងតុទាំងប៉ុន្មានសម្រាប់ដាក់នំបុ័ងតាំងទុក
20 ហើយនិងជើងចង្កៀង និងតួចង្កៀងពីមាសសុទ្ធ សម្រាប់ដុតតាមច្បាប់ នៅមុខទីទូលសួរដល់ព្រះ
21 ហើយផ្កា ចង្កៀង និងឃ្នាបប្រឆេះ ក៏ធ្វើពីមាសដែរ គឺជាមាសយ៉ាងសុទ្ធបំផុត
22 ឯគ្របប្រឆេះ ចានក្លាំ កូនចាន និងពាន ក៏ធ្វើពីមាសសុទ្ធ ចំណែកទ្វារចូលក្នុងព្រះវិហារ និងទ្វារខាងក្នុងដែលសម្រាប់ចូលទីបរិសុទ្ធបំផុត ព្រមទាំងទ្វារនៃព្រះវិហារទាំងប៉ុន្មាននោះ សុទ្ធតែធ្វើពីមាសទាំងអស់។
ជំពូក 5
1 ដូច្នេះ ការទាំងប៉ុន្មានដែលសាឡូម៉ូនធ្វើ សម្រាប់ព្រះវិហារនៃព្រះយេហូវ៉ា បានធ្វើរួចជាស្រេច ហើយទ្រង់នាំយករបស់ទាំងប៉ុន្មានដែលដាវីឌ ជាព្រះបិតាទ្រង់បានថ្វាយទាំងប្រាក់ទាំងមាស និងគ្រឿងប្រដាប់ទាំងអស់ ចូលទៅដាក់នៅក្នុងឃ្លាំងព្រះវិហារនៃព្រះ។
2 រួចមក សាឡូម៉ូនទ្រង់ប្រមូលពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែល និងពួកចៅហ្វាយនៃពូជអំបូរទាំងអស់ ហើយពួកអ្នកដែលជាកំពូលលើវង្សរបស់ឪពុកគេ ក្នុងពួកកូនចៅអ៊ីស្រាអែល មកឯក្រុងយេរូសាឡឹម ដើម្បីនឹងនាំយកហឹបនៃសេចក្ដីសញ្ញាផងព្រះយេហូវ៉ា ចេញពីក្រុងដាវីឌ គឺជាក្រុងស៊ីយ៉ូនមក
3 ដូច្នេះ បណ្តាមនុស្សសាសន៍អ៊ីស្រាអែលទាំងប៉ុន្មាន ក៏មូលព្រមគ្នាមកឯស្តេច នៅវេលាបុណ្យក្នុងខែអស្សុជ
4 ពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែលទាំងអស់ក៏មកដែរ ហើយពួកលេវីគេលើកសែងហឹប
5 នាំយកទាំងហឹប និងត្រសាលជំនុំ ហើយនិងគ្រឿងប្រដាប់បរិសុទ្ធដែលនៅក្នុងត្រសាលទាំងអស់ឡើងមក គឺជាពួកលេវីដ៏ជាសង្ឃ ដែលសែងយកមកនោះ
6 ឯស្តេចសាឡូម៉ូន និងពួកជំនុំនៃសាសន៍អ៊ីស្រាអែលទាំងប៉ុន្មាន ដែលបានមូលគ្នាមកឯទ្រង់ គេនៅមុខហឹប ទាំងថ្វាយយញ្ញបូជា ជាចៀម និងគោយ៉ាងសន្ធឹក ដែលនឹងរាប់ចំនួនមិនបាន
7 រួចពួកសង្ឃនាំយកហឹបនៃសេចក្ដីសញ្ញាផងព្រះយេហូវ៉ា ចូលទៅឯកន្លែងនៅក្នុងទីទូលសួរដល់ព្រះក្នុងព្រះវិហារ គឺក្នុងល្វែងបរិសុទ្ធបំផុត នៅក្រោមស្លាបនៃចេរូប៊ីន
8 ពីព្រោះចេរូប៊ីនទាំង២ត្រដាងស្លាប ពីលើកន្លែងសម្រាប់ដាក់ហឹប ហើយក៏គ្របពីលើហឹប និងឈើស្នែង
9 ឯឈើស្នែងនោះវែងល្មម បានជាមើលពីត្រង់ទីទូលសួរដល់ព្រះទៅ ឃើញចុងសងខាងចេញមកពីហឹប តែខាងក្រៅមិនឃើញទេ ហើយក៏នៅទីនោះដរាបដល់សព្វថ្ងៃនេះ
10 រីឯនៅក្នុងហឹប ឥតមានអ្វីទេ មានតែបន្ទះថ្ម២ផ្ទាំងប៉ុណ្ណោះ ដែលលោកម៉ូសេបានដាក់ ពីកាលនៅភ្នំហោរែបនៅឡើយ គឺកាលព្រះយេហូវ៉ាទ្រង់តាំងសេចក្ដីសញ្ញានឹងពួកកូនចៅអ៊ីស្រាអែល នៅគ្រាដែលគេចេញពីស្រុកអេស៊ីព្ទមក។
11 រួចកាលពួកសង្ឃបានចេញពីទីបរិសុទ្ធមកវិញ (ដ្បិតពួកសង្ឃទាំងអស់ដែលនៅទីនោះ បានញែកខ្លួនជាបរិសុទ្ធហើយ គេមិនបានចាំធ្វើការងារតាមវេនទេ
12 ឯពួកលេវី ជាពួកអ្នកចម្រៀងទាំងប៉ុន្មាន គឺអេសាភ ហេម៉ាន និងយេឌូថិន ព្រមទាំងពួកកូនចៅ និងពួកបងប្អូន គេស្លៀកពាក់សំពត់ទេសឯកទាំងអស់គ្នា ឈរនៅខាងកើតអាសនៈ កាន់ឈឹង ពិណ និងស៊ុង ហើយមានពួកសង្ឃ១២០នាក់ឈរជាមួយ កំពុងតែផ្លុំត្រែដែរ)
13 នៅខណៈនោះ កាលពួកផ្លុំត្រែ និងពួកចម្រៀង គេប្រគំភ្លេងព្រមគ្នាឮសំឡេងតែ១ ដើម្បីលើកសរសើរ ហើយអរព្រះគុណដល់ព្រះយេហូវ៉ា គឺកាលគេឡើងសំឡេងដោយផ្លុំត្រែ វាយឈឹង ហើយលេងប្រដាប់ភ្លេងទាំងប៉ុន្មាន ព្រមទាំងលើកសរសើរដល់ព្រះយេហូវ៉ា ដោយពាក្យថា ទ្រង់ប្រកបដោយករុណាគុណ សេចក្ដីសប្បុរសទ្រង់នៅអស់កល្បជានិច្ច នោះស្រាប់តែព្រះវិហារព្រះយេហូវ៉ា មានពេញដោយពពក
14 ដល់ម៉្លេះបានជាពួកសង្ឃឈរធ្វើការងារមិនបាន ដោយព្រោះពពកនោះ ដ្បិតសិរីល្អនៃព្រះយេហូវ៉ា នៅពេញក្នុងព្រះវិហារនៃព្រះ។
ជំពូក 6
1 ខណៈនោះ សាឡូម៉ូនពោលថា ព្រះយេហូវ៉ាទ្រង់បានមានព្រះបន្ទូលថា ទ្រង់នឹងគង់នៅក្នុងងងឹតយ៉ាងក្រាស់
2 តែទូលបង្គំបានស្អាងព្រះវិហារនេះ ទុកជាទីលំនៅថ្វាយទ្រង់វិញ គឺជាកន្លែងសម្រាប់ឲ្យទ្រង់គង់នៅអស់កល្បជានិច្ច។
3 រួចស្តេចទ្រង់បែរព្រះភ័ក្ត្រមក ឲ្យពរដល់ពួកជំនុំនៃសាសន៍អ៊ីស្រាអែលទាំងអស់គ្នា ហើយពួកជំនុំនៃសាសន៍អ៊ីស្រាអែលទាំងអស់ក៏ឈរឡើង
4 នោះទ្រង់មានព្រះបន្ទូលថា សូមឲ្យព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល បានព្រះពរ ដែលទ្រង់បានមានព្រះបន្ទូលនឹងដាវីឌ ជាបិតាយើង ដោយព្រះឱស្ឋទ្រង់ ហើយបានសម្រេចសេចក្ដីនោះ ដោយសារព្រះហស្តទ្រង់ ដោយព្រះបន្ទូលថា
5 ចាប់តាំងពីថ្ងៃដែលអញបាននាំរាស្ត្រអញ ចេញពីស្រុកអេស៊ីព្ទមក នោះអញមិនបានរើសទីក្រុងណាមួយ ក្នុងអស់ទាំងពូជអំបូរសាសន៍អ៊ីស្រាអែល ទុកជាទីសម្រាប់ស្អាងព្រះវិហារ ឲ្យឈ្មោះអញបាននៅទីនោះឡើយ ក៏មិនបានរើសមនុស្សណាមួយ ឲ្យបានធ្វើជាស្តេចលើសាសន៍អ៊ីស្រាអែល ជារាស្ត្រអញដែរ
6 តែឥឡូវនេះវិញ អញបានរើសក្រុងយេរូសាឡឹម ដើម្បីឲ្យឈ្មោះអញបាននៅទីនោះ ហើយអញបានរើសដាវីឌឲ្យបានគ្រប់គ្រងលើអ៊ីស្រាអែល ជារាស្ត្រអញ
7 ឯដាវីឌជាបិតាយើង ទ្រង់បានប្រាថ្នាក្នុងព្រះទ័យ ចង់ស្អាងព្រះវិហារសម្រាប់ព្រះនាមព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែលដែរ
8 តែព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងដាវីឌ ជាបិតាយើងថា ដែលឯងបានប្រាថ្នានៅក្នុងចិត្ត ចង់ស្អាងព្រះវិហារសម្រាប់ឈ្មោះអញ នោះក៏ល្អហើយ ដោយកើតមានគំនិតយ៉ាងដូច្នោះ
9 ប៉ុន្តែ ឯងមិនត្រូវស្អាងព្រះវិហារនោះទេ គឺជាកូនដែលឯងនឹងបង្កើតវិញ កូននោះនឹងស្អាងព្រះវិហារ សម្រាប់ឈ្មោះអញ
10 ដូច្នេះ ព្រះយេហូវ៉ាទ្រង់បានសម្រេចតាមព្រះបន្ទូល ដែលទ្រង់មានព្រះបន្ទូលនោះហើយ ដ្បិតយើងបានកើតឡើងជំនួសដាវីឌ ជាបិតា ហើយក៏អង្គុយលើបល្ល័ង្ករាជ្យនៃសាសន៍អ៊ីស្រាអែល ដូចជាព្រះយេហូវ៉ាបានសន្យាទុក ហើយយើងបានស្អាងព្រះវិហារនេះ សម្រាប់ព្រះនាមព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល
11 យើងក៏បានដាក់ហឹប ដែលក្នុងហឹបនោះមានសេចក្ដីសញ្ញាផងព្រះយេហូវ៉ាជាសញ្ញាដែលទ្រង់បានតាំងនឹងពួកកូនចៅអ៊ីស្រាអែល។
12 សាឡូម៉ូនទ្រង់ឈរនៅចំពោះអាសនៈនៃព្រះយេហូវ៉ា នៅមុខពួកជំនុំសាសន៍អ៊ីស្រាអែលទាំងអស់ ក៏លើកព្រះហស្តប្រទូលឡើង
13 (ដ្បិតទ្រង់បានធ្វើទីថ្កល់ពីលង្ហិន បណ្តោយ៥ហត្ថ ទទឹង៥ហត្ថ និងកំពស់៣ហត្ថ ដាក់នៅកណ្តាលទីលាន ហើយទ្រង់ឈរនៅលើទីនោះ ក៏លុតព្រះជង្ឃ នៅមុខពួកជំនុំនៃសាសន៍អ៊ីស្រាអែលទាំងអស់ លើកព្រះហស្តប្រទូលឡើងទៅលើមេឃ)
14 ទូលថា ឱព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែលអើយ គ្មានព្រះឯណាឲ្យដូចទ្រង់ឡើយ ទោះនៅលើមេឃ ឬនៅផែនដីក្តី ទ្រង់កាន់តាមសេចក្ដីសញ្ញា និងសេចក្ដីសប្បុរសដល់ពួកអ្នកបម្រើទ្រង់ ដែលដើរនៅចំពោះទ្រង់ដោយចិត្តស្មោះត្រង់
15 ទ្រង់បានរក្សាសេចក្ដីសន្យា ដែលទ្រង់បានមានព្រះបន្ទូលនឹងអ្នកបម្រើទ្រង់ គឺនឹងដាវីឌ ជាបិតាទូលបង្គំ ទ្រង់បានមានព្រះបន្ទូលដោយព្រះឱស្ឋទ្រង់ ហើយសម្រេចសេចក្ដីនោះ ដោយព្រះហស្តទ្រង់ ដូចជាមានមកសព្វថ្ងៃនេះ
16 ដូច្នេះ ឱព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែលអើយ សូមទ្រង់រក្សាសេចក្ដីដែលទ្រង់បានសន្យានឹងបិតាទូលបង្គំ គឺនឹងដាវីឌ ជាអ្នកបម្រើទ្រង់ថា នឹងមិនដែលខានមានពូជឯងអង្គុយលើបល្ល័ង្ករាជ្យនៃសាសន៍អ៊ីស្រាអែល នៅមុខអញឡើយ ឲ្យតែកូនចៅឯងប្រុងប្រយ័តនឹងផ្លូវខ្លួន ដើម្បីនឹងដើរតាមក្រឹត្យវិន័យរបស់អញ ដូចជាឯងបានដើរនៅមុខអញដែរ
17 ដូច្នេះ ឱព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែលអើយ ឥឡូវនេះ សូមទ្រង់បញ្ជាក់ព្រះបន្ទូលដែលទ្រង់បានមានព្រះបន្ទូលនឹងដាវីឌ ជាអ្នកបម្រើទ្រង់ចុះ។
18 យីអើ តើព្រះនឹងគង់នៅជាមួយនឹងមនុស្ស នៅលើផែនដីជាប្រាកដឬ មើល ផ្ទៃមេឃ និងអស់ទាំងជាន់នៃផ្ទៃមេឃ មិនល្មមឲ្យទ្រង់គង់ចុះទៅហើយ ចំណង់បើព្រះវិហារដែលទូលបង្គំបានស្អាងនេះ តើនឹងចង្អៀតអម្បាលម៉ានទៅទៀត
19 ប៉ុន្តែ ឱព្រះយេហូវ៉ាជាព្រះនៃទូលបង្គំអើយ សូមទ្រង់ប្រោសមេត្តាទទួលពាក្យ ដែលទូលបង្គំជាអ្នកបម្រើទ្រង់អធិស្ឋាន ហើយទូលអង្វរ ដើម្បីនឹងស្តាប់តាមសម្រែក និងសេចក្ដីអធិស្ឋាន ដែលទូលបង្គំទូលដល់ទ្រង់ផង
20 ប្រយោជន៍ឲ្យព្រះនេត្រទ្រង់បានបើកទតមកឯព្រះវិហារនេះទាំងយប់ទាំងថ្ងៃ គឺទតមើលមកទីកន្លែងដែលទ្រង់បានមានព្រះបន្ទូលហើយថា ទ្រង់នឹងតាំងព្រះនាមទ្រង់នៅទីនោះ ដើម្បីនឹងស្តាប់សេចក្ដីអធិស្ឋាន ដែលទូលបង្គំនឹងទូលតម្រង់មកឯទីនេះ
21 ហើយកាលណាទូលបង្គំ និងពួកអ៊ីស្រាអែល ជារាស្ត្ររបស់ទ្រង់ អធិស្ឋានមកឯទីនេះ នោះសូមទ្រង់ស្តាប់សេចក្ដីទូលអង្វររបស់យើងខ្ញុំផង គឺសូមទ្រង់ស្តាប់ពីលើស្ថានសួគ៌ ជាទីលំនៅនៃទ្រង់ លុះកាលទ្រង់ព្រះសណ្តាប់ហើយ នោះសូមអត់ទោសឲ្យផង។
22 បើសិនជាអ្នកណាធ្វើបាប ទាស់នឹងអ្នកជិតខាងខ្លួន ហើយគេឲ្យអ្នកនោះស្បថ រួចអ្នកនោះក៏មកស្បថនៅមុខអាសនៈនៃទ្រង់ក្នុងព្រះវិហារនេះ
23 នោះសូមទ្រង់ប្រោសស្តាប់ពីលើស្ថានសួគ៌ ហើយសម្រេចការដោយជំនុំជម្រះពួកបាវបម្រើទ្រង់ ទាំងដាក់ទោសដល់មនុស្សអាក្រក់ ដើម្បីនឹងទម្លាក់អំពើអាក្រក់របស់គេ ទៅលើក្បាលគេវិញ ហើយសម្រេចដល់មនុស្សសុចរិតទុកជាសុចរិត ដើម្បីនឹងសងគេតាមសេចក្ដីសុចរិតរបស់ខ្លួនគេទៅ។
24 បើកាលណាសាសន៍អ៊ីស្រាអែល ជារាស្ត្ររបស់ទ្រង់ ត្រូវចាញ់នៅមុខពួកខ្មាំងសត្រូវ ដោយព្រោះគេបានធ្វើបាបនឹងទ្រង់ នោះបើគេត្រឡប់មកវិញ ព្រមទាំងគោរពដល់ព្រះនាមទ្រង់ ហើយនិងអធិស្ឋានទូលអង្វរនៅចំពោះទ្រង់ក្នុងព្រះវិហារនេះ
25 នោះសូមទ្រង់ប្រោសស្តាប់ពីលើស្ថានសួគ៌ និងអត់ទោសចំពោះអំពើបាបរបស់ពួកអ៊ីស្រាអែល ជារាស្ត្រទ្រង់ផង រួចសូមនាំគេត្រឡប់មកនៅក្នុងស្រុកដែលទ្រង់បានប្រទានដល់គេ និងពួកអយ្យកោគេវិញ។
26 បើកាលណាមេឃរាំងភ្លៀង ដោយព្រោះគេបានធ្វើបាបនឹងទ្រង់ នោះបើគេអធិស្ឋានតម្រង់មកឯទីនេះ ព្រមទាំងគោរពដល់ព្រះនាមទ្រង់ ហើយលះបង់ចោលអំពើបាបរបស់គេចេញ ដោយព្រោះទ្រង់បានផ្ចាញ់ផ្ចាលគេ
27 នោះសូមទ្រង់ប្រោសស្តាប់ពីលើស្ថានសួគ៌ ហើយអត់ទោសចំពោះអំពើបាប របស់ពួកអ្នកបម្រើទ្រង់ គឺជាពួកអ៊ីស្រាអែលជារាស្ត្រទ្រង់ ដោយបង្រៀនឲ្យគេដឹងផ្លូវល្អណាដែលត្រូវដើរ រួចសូមបង្អុរភ្លៀង ឲ្យមកលើស្រុករបស់ទ្រង់ ដែលបានប្រទានមករាស្ត្រទ្រង់ទុកជាមរដកផង។
28 បើកាលណាកើតមានអំណត់នៅក្នុងស្រុក ឬបើមានអន្តរាយស្កកស្រូវ ក្រាចាប់ កណ្តូប ឬដង្កូវស៊ី បើពួកខ្មាំងសត្រូវលុកលុយមកក្នុងស្រុកឡោមព័ទ្ធទីក្រុង ឬកើតមានសេចក្ដីវេទនាណា ឬជំងឺណាក៏ដោយ
29 នោះទោះបើមនុស្សណា ឬបណ្តាពួកអ៊ីស្រាអែលជារាស្ត្រទ្រង់ ដែលស្គាល់សេចក្ដីវេទនា និងសេចក្ដីទុកលំបាក នៅក្នុងចិត្តខ្លួន គេលើកដៃប្រទូលតម្រង់មកឯព្រះវិហារនេះ ហើយអធិស្ឋាន ឬទូលសូមអ្វីក៏ដោយ
30 នោះសូមទ្រង់ប្រោសស្តាប់ពីលើស្ថានសួគ៌ ជាទីលំនៅរបស់ទ្រង់ ហើយអត់ទោស ព្រមទាំងសងដល់គ្រប់គ្នា តាមអំពើប្រព្រឹត្តរបស់គេ តាមតែទ្រង់ជ្រាបចិត្តគេ (ដ្បិតគឺទ្រង់តែមួយដែលជ្រាបចិត្តនៃពួកមនុស្សលោកទាំងអស់)
31 ដើម្បីឲ្យគេបានកោតខ្លាចដល់ទ្រង់ ប្រយោជន៍ឲ្យបានដើរតាមផ្លូវទ្រង់ នៅអស់១ជីវិតដែលគេរស់នៅក្នុងស្រុក ដែលទ្រង់បានប្រទានមកពួកអយ្យកោយើងខ្ញុំរាល់គ្នា។
32 មួយទៀតត្រង់ឯពួកសាសន៍ដទៃ ដែលមិនមែនជាពូជពង្សអ៊ីស្រាអែល ជារាស្ត្រទ្រង់ទេ បើកាលណាគេមកពីស្រុកឆ្ងាយ ដោយព្រោះព្រះនាមទ្រង់ដ៏ជាធំ និងព្រះហស្តដ៏មានឥទ្ធិឫទ្ធិ ហើយព្រះពាហុលើកសម្រេចរបស់ទ្រង់ កាលណាគេអធិស្ឋានតម្រង់មកឯព្រះវិហារនេះ
33 នោះសូមទ្រង់ប្រោសស្តាប់ពីលើស្ថានសួគ៌ គឺពីទីលំនៅរបស់ទ្រង់ ហើយធ្វើសព្វគ្រប់ តាមសេចក្ដីដែលសាសន៍ដទៃនោះនឹងសូមដល់ទ្រង់ផង ដើម្បីឲ្យគ្រប់ទាំងសាសន៍នៅផែនដីបានស្គាល់ព្រះនាមទ្រង់ ហើយកោតខ្លាចដល់ទ្រង់ដូចជាសាសន៍អ៊ីស្រាអែល ជារាស្ត្រទ្រង់ដែរ ហើយឲ្យគេបានដឹងថា ព្រះវិហារដែលទូលបង្គំបានស្អាងនេះ បានហៅតាមព្រះនាមទ្រង់ពិត។
34 បើសិនជារាស្ត្ររបស់ទ្រង់ចេញទៅច្បាំងនឹងខ្មាំងសត្រូវ តាមផ្លូវណាក៏ដោយ ដែលទ្រង់នឹងចាត់គេឲ្យទៅ ហើយគេអធិស្ឋានដល់ទ្រង់ ទាំងបែរមកឯទីក្រុងនេះដែលទ្រង់បានរើស និងព្រះវិហារនេះដែលទូលបង្គំបានស្អាងថ្វាយដល់ព្រះនាមទ្រង់
35 នោះសូមទ្រង់ប្រោសស្តាប់ពីលើស្ថានសួគ៌ ចំពោះពាក្យដែលគេអធិស្ឋាន ហើយទូលអង្វរ ព្រមទាំងសម្រេចតាមសេចក្ដីត្រឹមត្រូវឲ្យគេផង។
36 បើកាលណាគេធ្វើបាបនឹងទ្រង់ (ដ្បិតគ្មានមនុស្សឯណាមួយដែលមិនធ្វើបាបឡើយ) ហើយទ្រង់កើតមានសេចក្ដីក្រោធ ព្រមទាំងប្រគល់គេទៅឲ្យពួកខ្មាំងសត្រូវ ឲ្យបានដឹកនាំទៅជាឈ្លើយ នៅស្រុកណា ទោះឆ្ងាយ ឬជិតក្តី
37 នោះបើគេនឹកចាំនៅក្នុងស្រុក ដែលបានដឹកនាំគេទៅជាឈ្លើយនោះ ហើយបែរត្រឡប់មកវិញ ព្រមទាំងទូលអង្វរដល់ទ្រង់នៅក្នុងស្រុក ដែលគេនៅជាឈ្លើយនោះថា យើងខ្ញុំបានធ្វើបាប ព្រមទាំងប្រព្រឹត្តក្រវិចក្រវៀន ហើយធ្វើការអាក្រក់
38 បើសិនជាគេវិលត្រឡប់មកឯទ្រង់ អស់ពីចិត្ត អស់ពីព្រលឹង នៅក្នុងស្រុកដែលគេនៅជាឈ្លើយ គឺក្នុងស្រុកដែលខ្មាំងសត្រូវបានដឹកនាំទៅនោះ ហើយគេអធិស្ឋានតម្រង់មកឯស្រុកនេះ ដែលទ្រង់បានប្រទានដល់ពួកអយ្យកោគេ និងទីក្រុងនេះដែលទ្រង់បានរើស ហើយព្រះវិហារនេះ ដែលទូលបង្គំបានស្អាងថ្វាយដល់ព្រះនាមទ្រង់
39 នោះសូមទ្រង់ប្រោសស្តាប់ពីលើស្ថានសួគ៌ គឺពីទីលំនៅរបស់ទ្រង់ ចំពោះពាក្យដែលគេអធិស្ឋាន ហើយទូលអង្វរ ព្រមទាំងសម្រេចសេចក្ដីត្រឹមត្រូវឲ្យគេផង ហើយអត់ទោសដល់រាស្ត្រទ្រង់ ដែលបានធ្វើបាបនឹងទ្រង់នោះ។
40 ឥឡូវនេះ ឱព្រះនៃទូលបង្គំអើយ សូមឲ្យព្រះនេត្រទ្រង់បាននៅតែបើក ហើយព្រះកាណ៌ទ្រង់ផ្ទៀងស្តាប់ជានិច្ច ចំពោះសេចក្ដីដែលគេអធិស្ឋាននៅទីនេះ
41 ដូច្នេះ ឱព្រះយេហូវ៉ាដ៏ជាព្រះអើយ សូមទ្រង់ឈរឡើង យាងចូលទៅឯទីសម្រាករបស់ទ្រង់ឥឡូវ ព្រមទាំងហឹបរបស់ឥទ្ធានុភាពរបស់ទ្រង់ផង ឱព្រះយេហូវ៉ាដ៏ជាព្រះអើយ សូមឲ្យពួកសង្ឃនៃទ្រង់បានប្រដាប់ខ្លួន ដោយសេចក្ដីសង្គ្រោះ ហើយឲ្យពួកបរិសុទ្ធរបស់ទ្រង់បានរីករាយសប្បាយ ដោយសេចក្ដីល្អ
42 ឱព្រះយេហូវ៉ាដ៏ជាព្រះអើយ សូមកុំបំបែរមុខនៃអ្នកដែលទ្រង់បានចាក់ប្រេងតាំងចេញឡើយ សូមនឹកចាំពីសេចក្ដីសប្បុរស ដែលទ្រង់បានប្រោសដល់ដាវីឌជាអ្នកបម្រើទ្រង់ផង។ ។
ជំពូក 7
1 កាលសាឡូម៉ូនបានអធិស្ឋានស្រេចហើយ នោះភ្លើងក៏ចុះពីលើមេឃ មកបញ្ឆេះតង្វាយដុត និងយញ្ញបូជាទាំងប៉ុន្មានទៅ ហើយព្រះវិហារបានពេញដោយសិរីល្អនៃព្រះយេហូវ៉ា
2 ពួកសង្ឃចូលទៅក្នុងព្រះវិហារនៃព្រះយេហូវ៉ាមិនបាន ដោយព្រោះសិរីល្អនៃព្រះយេហូវ៉ា នៅពេញក្នុងព្រះវិហារនោះ
3 ឯពួកកូនចៅអ៊ីស្រាអែលទាំងអស់គ្នាគេក៏មើលឃើញ ក្នុងកាលដែលភ្លើងចុះមក និងសិរីល្អនៃទ្រង់បាននៅលើព្រះវិហារដែរ ហើយគេឱនខ្លួនក្រាបចុះផ្កាប់មុខដល់ដី ថ្វាយបង្គំនៅទីក្រាលថ្ម ព្រមទាំងអរព្រះគុណដល់ព្រះយេហូវ៉ាថា ទ្រង់ប្រកបដោយករុណាគុណ ឯសេចក្ដីសប្បុរសរបស់ទ្រង់ ក៏នៅអស់កល្បជានិច្ច។
4 រួចមក ស្តេច និងបណ្តាជនទាំងឡាយ ក៏ថ្វាយយញ្ញបូជានៅចំពោះព្រះយេហូវ៉ា
5 ស្តេចសាឡូម៉ូនទ្រង់ថ្វាយយញ្ញបូជា ជាគោ២ម៉ឺន២ពាន់ និងចៀម១សែន២ម៉ឺន គឺយ៉ាងនោះដែលស្តេច និងពួកជនបានធ្វើបុណ្យឆ្លងព្រះវិហារនៃព្រះ
6 ឯពួកសង្ឃ គេឈរនៅទីតាមដំណែងរបស់គេរៀងខ្លួន ព្រមទាំងពួកលេវីដែរ គេកាន់ប្រដាប់ភ្លេងនៃព្រះយេហូវ៉ា ដែលស្តេចដាវីឌបានធ្វើសម្រាប់នឹងអរព្រះគុណដល់ព្រះយេហូវ៉ា ក្នុងកាលដែលដាវីឌបានសរសើរ ដោយសារពួកនោះថា សេចក្ដីសប្បុរសនៃទ្រង់នៅអស់កល្បជានិច្ច ពួកសង្ឃក៏ផ្លុំត្រែឡើងនៅមុខគេ ហើយពួកអ៊ីស្រាអែលទាំងអស់ក៏ឈរនៅ
7 សាឡូម៉ូនទ្រង់ញែកកន្លែងកណ្តាលទីលាន ដែលនៅមុខព្រះវិហារនៃព្រះយេហូវ៉ាចេញជាបរិសុទ្ធ ដ្បិតគឺនៅទីនោះហើយ ដែលទ្រង់ថ្វាយតង្វាយដុតទាំងប៉ុន្មាន ព្រមទាំងខ្លាញ់តង្វាយមេត្រីផង ពីព្រោះអាសនៈលង្ហិនដែលសាឡូម៉ូនបានធ្វើនោះ មិនល្មមនឹងទទួលអស់ទាំងតង្វាយដុត តង្វាយម្សៅ និងខ្លាញ់ផងបានទេ។
8 នៅគ្រានោះ សាឡូម៉ូន និងពួកអ៊ីស្រាអែលទាំងអស់គ្នា បានធ្វើបុណ្យ អស់៧ថ្ងៃ ជាជំនុំយ៉ាងធំ ដែលមូលមក ចាប់តាំងពីទ្វារចូលស្រុកហាម៉ាត រហូតដល់ជ្រោះស្រុកអេស៊ីព្ទ
9 នៅថ្ងៃទី៨ គេក៏ប្រជុំជាជំនុំមុតមាំ ពីព្រោះគេធ្វើបុណ្យឆ្លងអាសនៈអស់៧ថ្ងៃ និងបុណ្យនោះ៧ថ្ងៃទៀត
10 រួចដល់ថ្ងៃទី២៣ខែអស្សុជ ទ្រង់ឲ្យពួកជនវិលទៅឯទីលំនៅរបស់គេវិញ ដោយរីករាយសប្បាយ ហើយមានចិត្តត្រេកអរ ដោយព្រោះសេចក្ដីសប្បុរស ដែលព្រះយេហូវ៉ាបានប្រោសដល់ដាវីឌ ហើយដល់សាឡូម៉ូន និងអ៊ីស្រាអែលជារាស្ត្ររបស់ទ្រង់។
11 ដូច្នេះ សាឡូម៉ូនបានស្អាងព្រះវិហារនៃព្រះយេហូវ៉ា និងដំណាក់ស្តេចរួចជាស្រេច ហើយរបស់ទាំងប៉ុន្មានដែលសាឡូម៉ូនមានព្រះទ័យចង់ធ្វើ ក្នុងព្រះវិហារនៃព្រះយេហូវ៉ា ហើយក្នុងដំណាក់របស់ទ្រង់ នោះក៏ធ្វើកើតទាំងអស់
12 រួចមក ព្រះយេហូវ៉ាទ្រង់លេចមកឯសាឡូម៉ូននៅវេលាយប់ មានព្រះបន្ទូលថា អញបានទទួលសេចក្ដីអធិស្ឋានរបស់ឯងហើយ ក៏បានរើសទីនេះ ទុកជាទីសម្រាប់អញ ឲ្យបានជាទីថ្វាយយញ្ញបូជា
13 បើកាលណាអញបិទមេឃមិនឲ្យភ្លៀងធ្លាក់ចុះ ឬបើអញបង្គាប់កណ្តូបឲ្យស៊ីបំផ្លាញស្រុក ឬឲ្យមានអាសន្នរោគកើតឡើងក្នុងពួករាស្ត្រអញ
14 នោះបើរាស្ត្រអញ ដែលបានហៅតាមឈ្មោះអញ គេបន្ទាបខ្លួន ហើយអធិស្ឋានរកមុខអញ ព្រមទាំងងាកបែរចេញពីផ្លូវអាក្រក់របស់គេ នោះអញនឹងស្តាប់ពីលើស្ថានសួគ៌ ហើយនិងអត់ទោសអំពើបាបរបស់គេ ទាំងមើលស្រុកគេឲ្យជាផង
15 ឥឡូវនេះ ភ្នែកអញនឹងនៅតែបើក ហើយត្រចៀកអញនឹងនៅតែផ្ទៀងស្តាប់សេចក្ដីដែលគេអធិស្ឋាននៅទីនេះ
16 ដ្បិតឥឡូវនេះ អញបានរើសព្រះវិហារនេះ ហើយញែកចេញជាបរិសុទ្ធ ដើម្បីឲ្យឈ្មោះអញបានតាំងនៅទីនេះជាដរាបទៅ ឯភ្នែក និងចិត្តអញ ក៏នឹងនៅទីនេះជានិច្ច
17 ចំណែកឯង បើសិនជាដើរនៅមុខអញ ដូចជាដាវីឌ ជាឪពុកឯង ព្រមទាំងធ្វើតាមគ្រប់ទាំងសេចក្ដីដែលអញបានបង្គាប់ឯង ហើយរក្សាបញ្ញត្ត និងក្រឹត្យក្រមទាំងប៉ុន្មានរបស់អញ
18 នោះអញនឹងតាំងរាជ្យនៃនគរឯង ឲ្យខ្ជាប់ខ្ជួនឡើង ដូចជាអញបានតាំងសញ្ញានឹងដាវីឌ ជាឪពុកឯងថា នឹងមិនដែលខានមានពូជឯងគ្រប់គ្រងលើអ៊ីស្រាអែលឡើយ
19 ប៉ុន្តែ បើឯងរាល់គ្នាងាកបែរចេញ ហើយបោះបង់ចោលបញ្ញត្ត និងក្រឹត្យក្រមទាំងប៉ុន្មាន ដែលអញបានដាក់សំញែងនៅមុខឯងរាល់គ្នា ទៅគោរពប្រតិបត្តិថ្វាយបង្គំដល់ព្រះដទៃវិញ
20 នោះអញនឹងរំលើងគេ ចេញពីស្រុកដែលអញបានឲ្យដល់គេ រួចព្រះវិហារនេះ ដែលអញបានញែកជាបរិសុទ្ធ ទុកសម្រាប់ឈ្មោះអញ នោះអញនឹងបោះបង់ចោលពីភ្នែកអញចេញ ឲ្យបានត្រឡប់ជាទីប្រៀបផ្ទឹម ហើយជាទីត្មះតិះដៀល នៅក្នុងសាសន៍ដទៃទាំងអស់
21 ហើយព្រះវិហារនេះដែលខ្ពស់ទាំងម៉្លេះ នោះអស់អ្នកណាដែលដើរតាមនេះ នឹងមានសេចក្ដីប្លែកក្នុងចិត្តថា ហេតុអ្វីបានជាព្រះយេហូវ៉ាប្រព្រឹត្តនឹងស្រុកនេះ ហើយនិងព្រះវិហារនេះយ៉ាងដូច្នេះ
22 គេនឹងឆ្លើយឡើងថា គឺដោយព្រោះគេបានបោះបង់ចោលព្រះយេហូវ៉ាជាព្រះនៃពួកអយ្យកោគេ ដែលទ្រង់បាននាំគេចេញពីស្រុកអេស៊ីព្ទមក ហើយបានទៅចាប់កាន់តាមព្រះដទៃ ព្រមទាំងថ្វាយបង្គំ ហើយគោរពប្រតិបត្តិដល់ព្រះទាំងនោះផង ហេតុនោះបានជាទ្រង់បណ្តាលឲ្យសេចក្ដីអាក្រក់ទាំងនេះកើតឡើងដល់គេ។
ជំពូក 8
1 លុះកន្លងទៅបាន២០ឆ្នាំហើយ គឺអស់ពេលដែលសាឡូម៉ូនកំពុងតែស្អាងព្រះវិហារនៃព្រះយេហូវ៉ា ហើយនិងដំណាក់របស់ទ្រង់
2 នោះទ្រង់ក៏សង់អស់ទាំងទីក្រុងឡើង ជាទីក្រុងដែលហ៊ីរ៉ាមបានប្រគល់មកវិញ ហើយឲ្យពួកកូនចៅអ៊ីស្រាអែល អាស្រ័យនៅក្នុងទីក្រុងទាំងនោះ។
3 សាឡូម៉ូនទ្រង់ចេញទៅច្បាំង ហើយយកបានក្រុងហាម៉ាត-សូបា
4 ក៏សង់ក្រុងថាត់ម៉ោរ នៅទីរហោស្ថាន និងអស់ទាំងទីក្រុងសម្រាប់ជាឃ្លាំង ដែលទ្រង់បានធ្វើនៅស្រុកហាម៉ាតនោះដែរ
5 ទ្រង់ក៏សង់ក្រុងបេត-ហូរ៉ុនខាងលើ និងខាងក្រោម ជាទីក្រុងមានបន្ទាយ ហើយមានកំផែង មានទ្វារ និងរនុកផង
6 ព្រមទាំងក្រុងប្អាឡាត និងអស់ទាំងទីក្រុង សម្រាប់ជាឃ្លាំងរបស់សាឡូម៉ូន ហើយទីក្រុងសម្រាប់រទេះចម្បាំង និងទីក្រុងសម្រាប់ពលសេះទ្រង់ ព្រមទាំងអ្វីៗដែលស្តេចប្រាថ្នាចង់ធ្វើ សម្រាប់ជាទីគាប់ព្រះហឫទ័យ នៅក្រុងយេរូសាឡឹម នៅភ្នំល្បាណូន ហើយនៅគ្រប់ក្នុងស្រុកដែលនៅក្រោមអំណាចទ្រង់ផង។
7 ឯពួកជនទាំងប៉ុន្មាន ដែលសល់ពីពួកសាសន៍ហេត សាសន៍អាម៉ូរី សាសន៍ពេរិស៊ីត សាសន៍ហេវី និងសាសន៍យេប៊ូស ដែលមិនមែនជាពូជអ៊ីស្រាអែល
8 ព្រមទាំងពួកកូនចៅគេ ដែលសល់នៅក្នុងស្រុក គឺដែលពួកកូនចៅអ៊ីស្រាអែលមិនបានបំផ្លាញបង់ នោះសាឡូម៉ូនទ្រង់បានកេណ្ឌទុកជាបាវបម្រើ ដរាបដល់សព្វថ្ងៃនេះ
9 តែទ្រង់មិនបានយកអ្នកណាក្នុងពួកកូនចៅអ៊ីស្រាអែល ឲ្យធ្វើជាអ្នកបម្រើសម្រាប់ការទ្រង់ទេ គេសុទ្ធតែជាមនុស្សចម្បាំង និងជាមេលើពួកមេទ័ព ជានាយត្រួតលើរទេះចម្បាំង និងពួកពលសេះរបស់ទ្រង់វិញ
10 ឯពួកមេទ័ពធំរបស់ស្តេចសាឡូម៉ូន ទាំងអស់មាន២៥០នាក់ ដែលត្រួតត្រាលើពួកទ័ព។
11 រួចមក សាឡូម៉ូនទ្រង់នាំព្រះរាជបុត្រីផារ៉ោនចេញពីក្រុងដាវីឌ ឡើងមកឯដំណាក់ដែលទ្រង់បានសង់សម្រាប់ព្រះនាង ដ្បិតទ្រង់នឹកថា ប្រពន្ធរបស់អញមិនត្រូវនៅក្នុងដំណាក់នៃដាវីឌ ជាស្តេចសាសន៍អ៊ីស្រាអែលទេ ពីព្រោះទីកន្លែងដែលហឹបនៃព្រះយេហូវ៉ា បានចូលមក ទាំងនោះសុទ្ធតែបរិសុទ្ធទាំងអស់។
12 គ្រានោះ សាឡូម៉ូនទ្រង់ថ្វាយតង្វាយដុតដល់ព្រះយេហូវ៉ា នៅលើអាសនៈដែលទ្រង់បានស្អាង នៅមុខបាំងសាច
13 តាមកំណត់ដែលត្រូវការរាល់តែថ្ងៃ គឺថ្វាយឲ្យត្រូវនឹងក្រឹត្យក្រមរបស់លោកម៉ូសេ ទាំងថ្ងៃឈប់សម្រាក ថ្ងៃចូលខែ និងថ្ងៃបុណ្យមានកំណត់ ៣ដងក្នុង១ឆ្នាំ ជាបុណ្យនំបុ័ងឥតដំបែ បុណ្យអាទិត្យទី៧ និងនៅបុណ្យបារាំ
14 ទ្រង់ក៏តម្រូវវេនពួកសង្ឃ ឲ្យគេបានធ្វើការងារតាមច្បាប់ ដែលដាវីឌ ជាព្រះបិតាទ្រង់ បានកំណត់ទុក ទ្រង់ឲ្យពួកលេវីមានដំណែងរបស់គេ សម្រាប់នឹងពោលសរសើរ ហើយនិងធ្វើជាជំនួយដល់ពួកសង្ឃ តាមត្រូវការរាល់តែថ្ងៃ ឯពួកឆ្មាំទ្វារក៏ដែរ តាមវេនគេនៅរាល់តែទ្វារ ដ្បិតដាវីឌជាអ្នកសំណប់របស់ព្រះ បានបង្គាប់យ៉ាងដូច្នោះ
15 ហើយគេមិនបានធ្វើខុសពីច្បាប់របស់ស្តេច ដែលទ្រង់បានបង្គាប់ដល់ពួកសង្ឃ និងពួកលេវី ចំពោះការអ្វី ឬខាងឯទ្រព្យវិសេសណាឡើយ។
16 រីឯការទាំងអស់ដែលសាឡូម៉ូនបានធ្វើ នោះសុទ្ធតែបានធ្វើទុកជាស្រេច តាំងពីថ្ងៃដែលគេដាំឫសជញ្ជាំងនៃព្រះវិហារព្រះយេហូវ៉ា រហូតដល់បានហើយ ដូច្នេះ ព្រះវិហារនៃព្រះយេហូវ៉ាបានស្អាងឡើងជាស្រេច។
17 រួចមក សាឡូម៉ូនទ្រង់យាងទៅឯក្រុងអេស៊ាន-គេប៊ើរ និងក្រុងអេឡុត នៅមាត់សមុទ្រ ក្នុងស្រុកអេដុម
18 ចំណែកឯហ៊ីរ៉ាមទ្រង់ផ្ញើសំពៅមក ដោយសារពួកទ្រង់ ព្រមទាំងពួកអ្នកដែលស្គាល់ភាពសមុទ្រ ដល់សាឡូម៉ូន អ្នកទាំងនោះ ក៏ទៅជាមួយនឹងពួករបស់សាឡូម៉ូន ដល់ស្រុកអូភារ ហើយគេយកបានមាស៤៥០ហាបពីស្រុកនោះ មកថ្វាយដល់ស្តេចសាឡូម៉ូន។
ជំពូក 9
1 កាលមហាក្សត្រីនៃស្រុកសេបាបានឮកិត្តិនាមរបស់សាឡូម៉ូន នោះព្រះនាងក៏យាងមកដល់ក្រុងយេរូសាឡឹមដើម្បីល្បងសាឡូម៉ូន ដោយប្រស្នា មានមនុស្សដង្ហែមកយ៉ាងសន្ធឹក ក៏មានសត្វអូដ្ឋជាច្រើន ផ្ទុកដោយគ្រឿងក្រអូប និងមាសជាបរិបូរ ហើយត្បូងមានតម្លៃផង លុះកាលព្រះនាងចូលមកគាល់សាឡូម៉ូនហើយ នោះក៏មានសវនីយ៍សន្ទនានឹងទ្រង់ ពីគ្រប់ទាំងសេចក្ដីដែលមាននៅក្នុងព្រះហឫទ័យ
2 ឯសាឡូម៉ូនទ្រង់ក៏ឆ្លើយស្រាយន័យគ្រប់អស់ទាំងសេចក្ដីដែលព្រះនាងសួរ ឥតមានអ្វីលាក់កំបាំង ដែលទ្រង់មិនបានស្រាយន័យថ្វាយព្រះនាងនោះទេ
3 កាលមហាក្សត្រីស្រុកសេបាបានឃើញប្រាជ្ញារបស់សាឡូម៉ូន និងដំណាក់ដែលទ្រង់បានធ្វើ
4 ព្រមទាំងព្រះស្ងោយនៅលើតុទ្រង់ ទីលំនៅរបស់ពួកបម្រើទ្រង់ សណ្ឋានពួកបរិវាររបស់ទ្រង់ និងគ្រឿងតែងកាយរបស់គេ ហើយពួកបម្រើថ្វាយពែងរបស់ទ្រង់ និងសម្លៀកបំពាក់របស់គេ ហើយនិងតង្វាយដុតដែលទ្រង់ថ្វាយក្នុងព្រះវិហារនៃព្រះយេហូវ៉ា នោះព្រះនាងក៏ភាំងស្មារតី
5 រួចមានសវនីយ៍ទៅស្តេចថា ពាក្យដែលខ្ញុំម្ចាស់បានឮនិយាយនៅស្រុកខ្ញុំម្ចាស់ ពីព្រះរាជកិច្ច និងប្រាជ្ញារបស់ទ្រង់ នោះក៏ពិតប្រាកដមែន
6 ប៉ុន្តែ ខ្ញុំម្ចាស់មិនបានជឿទេ លុះត្រាតែបានមកឃើញ នឹងភ្នែកខ្លួនឯង ហើយមើល ដំណឹងដែលខ្ញុំម្ចាស់បានឮ ពីប្រាជ្ញាដ៏ជាធំរបស់ទ្រង់នោះ គេថ្លែងប្រាប់មិនដល់ត្រឹមទាំងពាក់កណ្តាលផង ទ្រង់លើសហួសពីកិត្តិនាមដែលខ្ញុំម្ចាស់បានឮទៅទៀត
7 មានពរហើយ ពួកទ្រង់ និងពួកអ្នកបម្រើនេះ ដែលឈរនៅចំពោះទ្រង់ជានិច្ច ទាំងស្តាប់ប្រាជ្ញារបស់ទ្រង់
8 សូមឲ្យព្រះយេហូវ៉ាជាព្រះនៃទ្រង់ បានព្រះពរដែលទ្រង់បានសព្វព្រះហឫទ័យនឹងព្រះករុណា ដើម្បីនឹងលើកព្រះករុណាឡើង ឲ្យគង់លើបល្ល័ង្ករាជ្យ ធ្វើជាស្តេចថ្វាយព្រះយេហូវ៉ាជាព្រះនៃទ្រង់ គឺដោយព្រោះព្រះនៃទ្រង់បានស្រឡាញ់សាសន៍អ៊ីស្រាអែល ដោយប្រាថ្នានឹងតាំងគេឲ្យខ្ជាប់ខ្ជួនអស់កល្បជានិច្ច បានជាតាំងទ្រង់ឡើងជាស្តេចលើគេ ដើម្បីនឹងសម្រេចសេចក្ដីយុត្តិធម៌ និងសេចក្ដីសុចរិត
9 រួចព្រះនាងក៏ថ្វាយមាស១២០ហាប ហើយគ្រឿងក្រអូបយ៉ាងសន្ធឹក ព្រមទាំងត្បូងមានតម្លៃ ដល់ស្តេច មិនដែលមានគ្រឿងក្រអូបណា ដូចអស់ទាំងគ្រឿងក្រអូបដែលមហាក្សត្រីស្រុកសេបាបានថ្វាយដល់ស្តេចសាឡូម៉ូននោះឡើយ។
10 រីឯពួកសំពៅរបស់ហ៊ីរ៉ាម និងពួករបស់សាឡូម៉ូន ដែលនាំយកមាសពីស្រុកអូភារមក គេក៏យកឈើច្ទ័នន៍ និងត្បូងមានតម្លៃមកផងដែរ
11 ស្តេចទ្រង់យកឈើច័ន្ទន៍នោះ ធ្វើជាភ្នាក់ដៃសម្រាប់ព្រះវិហារនៃព្រះយេហូវ៉ា ហើយសម្រាប់ដំណាក់ស្តេច ព្រមទាំងស៊ុង និងពិណ សម្រាប់ពួកចម្រៀងផង ពីដើមមិនដែលឃើញមានយ៉ាងដូច្នោះនៅក្នុងស្រុកយូដាឡើយ
12 ស្តេចសាឡូម៉ូនទ្រង់ក៏ប្រទានដល់មហាក្សត្រីស្រុកសេបា តាមបំណងព្រះទ័យព្រះនាង គឺរបស់អ្វីៗដែលព្រះនាងសូម លើសអំពីរបស់ទាំងប៉ុន្មាន ដែលព្រះនាងបានថ្វាយដល់ស្តេច ដូច្នេះ ព្រះនាង ព្រមទាំងពួកបរិវារ ក៏វិលត្រឡប់ទៅឯស្រុករបស់ខ្លួនវិញទៅ។
13 រីឯមាសដែលមកដល់សាឡូម៉ូនក្នុង១ឆ្នាំ នោះមានទំងន់៦៦៦ហាប
14 ក្រៅពីនោះ មានមាសដែលមកដោយសារពួកលក់ដូរថែមទៀត ហើយអស់ទាំងស្តេចស្រុកអារ៉ាប់ និងពួកចៅហ្វាយស្រុក ក៏យកមាស និងប្រាក់មកថ្វាយសាឡូម៉ូនដែរ
15 ស្តេចសាឡូម៉ូនទ្រង់ផែមាសធ្វើខែលយ៉ាងធំ២០០ បានយកមាស៦០០ដំឡឹង ដើម្បីនឹងធ្វើខែលមួយៗ
16 ហើយក៏ផែមាសធ្វើខែលតូច៣០០ ក្នុងខែលមួយៗមានមាស៣០០ដំឡឹង រួចតម្កល់ទុកក្នុងដំណាក់ល្បាណូន
17 មួយទៀត ស្តេចទ្រង់ធ្វើបល្ល័ង្កភ្លុក១យ៉ាងធំ ស្រោបដោយមាសសុទ្ធ
18 មានជណ្តើរ៦ថ្នាក់ឡើងទៅឯបល្ល័ង្ក និងកំណល់កល់ជើងធ្វើពីមាស ដែលជាប់នឹងបល្ល័ង្ក ក៏មានកំណល់ដៃទាំងសងខាងទីអង្គុយ ហើយមានរូបសិង្ហ២ឈរនៅក្បែរកំណល់ដៃនោះ
19 និងរូបសិង្ហ១២ ឈរនៅទាំងសងខាងនៃថ្នាក់ជណ្តើរទាំង៦នោះដែរ មិនដែលបានធ្វើបល្ល័ង្ក នៅក្នុងនគរណាឲ្យដូចឡើយ
20 អស់ទាំងប្រដាប់ដែលសម្រាប់ឲ្យស្តេចសាឡូម៉ូនសោយគ្រឿងទឹក នោះសុទ្ធតែធ្វើពីមាសទាំងអស់ ហើយអស់ទាំងប្រដាប់ប្រដា នៅដំណាក់ល្បាណូន ក៏ធ្វើពីមាសសុទ្ធដែរ នៅក្នុងរាជ្យនៃស្តេចសាឡូម៉ូន នោះប្រាក់មិនសូវមានតម្លៃប៉ុន្មានទេ
21 ដ្បិតស្តេចមានក្រុមនាវា ដែលទៅឯតើស៊ីស ជាមួយនឹងពួកសំពៅរបស់ហ៊ីរ៉ាម ដឹកនាំមាស ប្រាក់ ភ្លុក ទោច និងក្ងោក មករាល់តែ៣ឆ្នាំត្រឡប់មកវិញម្តង។
22 ដូច្នេះ ស្តេចសាឡូម៉ូនទ្រង់មានព្រះរាជទ្រព្យ និងប្រាជ្ញាលើសជាងអស់ទាំងស្តេចនៅផែនដី
23 ហើយអស់ទាំងស្តេចនៅផែនដី ក៏រកចូលទៅគាល់សាឡូម៉ូន ដើម្បីនឹងស្តាប់ប្រាជ្ញា ដែលព្រះបានប្រទានមកក្នុងព្រះទ័យទ្រង់
24 គ្រប់គ្នាក៏យកសួយអាករមកថ្វាយ គឺជាគ្រឿងប្រាក់ គ្រឿងមាស សម្លៀកបំពាក់ គ្រឿងសស្ត្រាវុធ គ្រឿងក្រអូប សេះ និងលាកាត់ តាមកំណត់រាល់តែឆ្នាំ។
25 សាឡូម៉ូនទ្រង់មានរោងសម្រាប់សេះ ហើយរទេះចម្បាំង ៤ពាន់បន្ទប់ ក៏មានពលសេះ១ម៉ឺន២ពាន់នាក់ ទ្រង់ញែកដាក់ឲ្យនៅក្នុងទីក្រុង ដែលសម្រាប់រទេះចម្បាំងទាំងប៉ុន្មាន ហើយនៅជាមួយនឹងទ្រង់ក្នុងក្រុងយេរូសាឡឹមដែរ
26 ទ្រង់ក៏មានអំណាចលើអស់ទាំងស្តេច ចាប់តាំងពីទន្លេរហូតដល់ស្រុកភីលីស្ទីន ហើយដល់ព្រំស្រុកអេស៊ីព្ទផង
27 ស្តេចទ្រង់ធ្វើឲ្យមានប្រាក់សំបូរ នៅក្រុងយេរូសាឡឹមដូចជាថ្ម ហើយឲ្យមានដើមតាត្រៅជាបរិបូរ ដូចជាដើមឧទុម្ពរដែលដុះនៅស្រុកទំនាប
28 គេក៏នាំយកសេះពីស្រុកអេស៊ីព្ទ ហើយពីស្រុកទាំងអស់មកថ្វាយទ្រង់ដែរ។
29 រីឯដំណើរឯទៀតពីសាឡូម៉ូន ទាំងមុនទាំងក្រោយនោះសុទ្ធតែបានកត់ទុកនៅក្នុងពង្សាវតារ ដែលហោរាណាថាន់ បានតែង និងក្នុងសេចក្ដីទំនាយនៃអ័ហ៊ីយ៉ា ជាអ្នកស្រុកស៊ីឡូរ ហើយក្នុងរឿងពីការជាក់ស្តែងរបស់អ៊ីដោ ជាអ្នកមើលឆុត ដែលលោកឃើញពីដំណើរយេរ៉ូបោមជាកូននេបាតហើយ
30 សាឡូម៉ូនទ្រង់សោយរាជ្យលើពួកអ៊ីស្រាអែលទាំងអស់ នៅក្រុងយេរូសាឡឹមបាន៤០ឆ្នាំ
31 រួចសាឡូម៉ូន ទ្រង់ផ្ទំលក់ទៅជាមួយនឹងពួកអយ្យកោទ្រង់ទៅ ហើយគេបញ្ចុះសពទ្រង់ នៅក្នុងក្រុងរបស់ដាវីឌ ជាព្រះបិតាទ្រង់ នោះរេហូបោម ជាព្រះរាជបុត្រា ក៏ឡើងសោយរាជ្យជំនួសព្រះបិតា។
ជំពូក 10
1 ឯរេហូបោមទ្រង់យាងទៅដល់ក្រុងស៊ីគែម ដ្បិតពួកអ៊ីស្រាអែលទាំងអស់គ្នា បានមូលមកឯក្រុងស៊ីគែម ដើម្បីនឹងតាំងទ្រង់ឡើងជាស្តេច
2 រីឯយេរ៉ូបោម ជាកូននេបាត ដែលនៅស្រុកអេស៊ីព្ទ ជាកន្លែងដែលបានរត់ទៅ ឲ្យរួចពីស្តេចសាឡូម៉ូន កាលបានឮដំណឹងនោះ លោកក៏ចេញពីស្រុកអេស៊ីព្ទមកវិញ
3 ហើយគេចាត់ទៅហៅលោកមក រួចលោក និងពួកអ៊ីស្រាអែលទាំងអស់ ក៏មកគាល់រេហូបោមទូលថា
4 ព្រះបិតាទ្រង់បានធ្វើឲ្យនឹមយើងខ្ញុំធ្ងន់ពេក ដូច្នេះ សូមទ្រង់មេត្តាប្រោសឲ្យការតឹងរ៉ឹងរបស់ព្រះបិតាទ្រង់ និងនឹមយ៉ាងធ្ងន់ ដែលទ្រង់បានដាក់លើយើងខ្ញុំ បានស្រាលចេញ នោះយើងខ្ញុំនឹងប្រតិបត្តិតាមទ្រង់
5 ទ្រង់មានព្រះបន្ទូលឆ្លើយថា ចាំ៣ថ្ងៃទៀត សូមត្រឡប់មកឯយើងវិញ បណ្តាជនទាំងឡាយក៏បង្គំលាទៅ។
6 ស្តេចរេហូបោមទ្រង់ប្រឹក្សានឹងពួកចាស់ៗ ជាពួកជំនិតនៃសាឡូម៉ូន ព្រះបិតាទ្រង់ ក្នុងកាលដែលមានព្រះជន្មនៅឡើយថា តាមគំនិតអ្នករាល់គ្នា នោះតើត្រូវឆ្លើយនឹងពួករាស្ត្រនេះយ៉ាងដូចម្តេច
7 គេក៏ទូលឆ្លើយថា បើសិនជាទ្រង់ប្រព្រឹត្តនឹងបណ្តាជននេះ ដោយសប្បុរស ហើយផ្គាប់ដល់ចិត្តគេ ព្រមទាំងមានព្រះបន្ទូលនឹងគេដោយពាក្យផ្អែមល្ហែម នោះគេនឹងនៅជាអ្នកបម្រើរបស់ទ្រង់ជាដរាបទៅ
8 ប៉ុន្តែ ទ្រង់មិនព្រមតាមគំនិតនៃពួកចាស់ៗទាំងនោះទេ គឺទ្រង់ទៅប្រឹក្សានឹងពួកក្មេងៗស្រករនឹងទ្រង់ ជាពួកជំនិតរបស់ទ្រង់វិញ
9 ដោយព្រះបន្ទូលថា អ្នករាល់គ្នាគិតយ៉ាងណា តើត្រូវឲ្យយើងឆ្លើយនឹងពួករាស្ត្រនេះដូចម្តេច ដែលគេបានសូមយើងថា សូមមេត្តាប្រោស ឲ្យនឹមដែលព្រះបិតាទ្រង់បានដាក់លើយើងរាល់គ្នាបានស្រាលទៅ
10 រួចពួកក្មេងៗដែលស្រករនឹងទ្រង់ គេទូលថា ឯពួករាស្ត្រនេះដែលមកទូលសូមទ្រង់ថា ព្រះបិតាទ្រង់បានធ្វើឲ្យនឹមយើងខ្ញុំរាល់គ្នាធ្ងន់ពេក សូមទ្រង់មេត្តាប្រោសឲ្យបានស្រាលដល់យើងខ្ញុំវិញដូច្នេះ នោះត្រូវឲ្យទ្រង់មានព្រះបន្ទូលឆ្លើយនឹងគេយ៉ាងនេះវិញថា កូនដៃយើងនឹងបានធំជាងភ្លៅរបស់ព្រះបិតាយើង
11 ឯព្រះបិតាយើង ទ្រង់បានដាក់នឹមយ៉ាងធ្ងន់លើឯងរាល់គ្នា តែឥឡូវនេះ យើងនឹងបន្ថែមឲ្យនឹមឯងរាល់គ្នាបានធ្ងន់ជាងទៅទៀត ព្រះបិតាយើងបានវាយផ្ចាលឯងរាល់គ្នាដោយរំពាត់ តែយើងនឹងវាយផ្ចាលឯងរាល់គ្នាដោយខ្យាដំរីវិញ។
12 លុះដល់ថ្ងៃទី៣ យេរ៉ូបោម និងបណ្តាជនទាំងឡាយ ក៏មកគាល់រេហូបោម ដូចជាទ្រង់បង្គាប់ ដោយព្រះបន្ទូលថា ដល់ថ្ងៃទី៣ ចូរឯងរាល់គ្នាត្រឡប់មកឯយើងវិញ
13 នោះស្តេចទ្រង់មានព្រះបន្ទូលឆ្លើយដល់គេជាពាក្យគំរោះគំរើយ ឥតតាមគំនិតរបស់ពួកចាស់ៗឡើយ
14 គឺទ្រង់មានព្រះបន្ទូលទៅគេ តាមគំនិតរបស់ពួកក្មេងៗនោះវិញថា បិតាយើងបានធ្វើឲ្យនឹមឯងរាល់គ្នាមានទំងន់ តែយើងនឹងបន្ថែមឲ្យនឹមឯងរាល់គ្នាបានធ្ងន់ជាងទៅទៀត បិតាយើងបានវាយផ្ចាលឯងរាល់គ្នាដោយរំពាត់ តែយើងនឹងវាយផ្ចាលឯងរាល់គ្នាដោយខ្យាដំរីវិញ
15 ស្តេចទ្រង់មិនព្រមស្តាប់តាមបណ្តាជនទេ ដ្បិតការនោះកើតមកអំពីព្រះយេហូវ៉ា ដើម្បីនឹងសម្រេចតាមសេចក្ដីដែលទ្រង់បានមានព្រះបន្ទូលនឹងយេរ៉ូបោម ជាកូននេបាត ដោយសារអ័ហ៊ីយ៉ា ជាអ្នកស្រុកស៊ីឡូរ។
16 លុះកាលពួកអ៊ីស្រាអែលទាំងប៉ុន្មានបានឃើញថា ស្តេចមិនព្រមស្តាប់តាមគេដូច្នោះ នោះគេទូលតបថា តើយើងរាល់គ្នាមានចំណែកអ្វីខាងដាវីឌ យើងក៏គ្មានមរដកជាមួយនឹងកូនចៅអ៊ីសាយដែរ ឱពួកអ៊ីស្រាអែលអើយ ចូរយើងវិលទៅផ្ទះរៀងខ្លួនវិញទៅ ឥឡូវនេះ ដាវីឌអើយ ចូរមើលព្រះវង្សរបស់ខ្លួនឯងចុះ ដូច្នេះ ពួកអ៊ីស្រាអែលទាំងអស់ក៏ត្រឡប់ទៅឯទីលំនៅគេវិញទៅ
17 តែឯពួកកូនចៅអ៊ីស្រាអែល ដែលនៅក្នុងអស់ទាំងទីក្រុងរបស់ពួកយូដានោះរេហូបោមបានសោយរាជ្យលើគេវិញ
18 រួចមក ស្តេចរេហូបោមទ្រង់ចាត់អ័ដូរ៉ាម ដែលត្រួតលើពួកកំណែនឲ្យទៅ តែពួកអ៊ីស្រាអែលទាំងអស់គ្នា គេចោលលោកនឹងថ្មសម្លាប់ទៅ ដូច្នេះ ស្តេចរេហូបោមក៏ប្រញាប់ប្រញាល់នឹងឡើងព្រះរាជរថ រត់ទៅឯក្រុងយេរូសាឡឹម
19 គឺយ៉ាងនោះ ដែលពួកអ៊ីស្រាអែលបានបះបោរនឹងរាជវង្សនៃដាវីឌដរាបដល់សព្វថ្ងៃនេះ។
ជំពូក 11
1 រីឯកាលរេហូបោមទ្រង់មកដល់យេរូសាឡឹមហើយ នោះទ្រង់ក៏ប្រមូលពូជពង្សយូដាទាំងអស់ និងពូជអំបូរបេនយ៉ាមីនផង រួមទាំងអស់បាន១សែន៨ម៉ឺននាក់ សុទ្ធតែជាអ្នកជ្រើសរើស ហើយថ្នឹកចម្បាំង ដើម្បីលើកទៅច្បាំងនិងពួកអ៊ីស្រាអែល ដោយប្រាថ្នាចង់បង្វិលរាជ្យមកវិញ
2 ប៉ុន្តែ ព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់សេម៉ាយ៉ា ជាអ្នកសំណប់របស់ព្រះថា
3 ចូរទៅប្រាប់ដល់រេហូបោម ជាកូនសាឡូម៉ូន ស្តេចស្រុកយូដា ហើយដល់សាសន៍អ៊ីស្រាអែល នៅខែត្រយូដា និងបេនយ៉ាមីនទាំងអស់ថា
4 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ កុំឲ្យឯងរាល់គ្នាឡើងទៅច្បាំងនឹងពួកបងប្អូនឯងឡើយ ចូរវិលទៅឯទីលំនៅឯងរៀងខ្លួនទៅ ដ្បិតការនេះ គឺអញបានបង្កើតឡើងទេ គេក៏ស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ា គឺគេវិលត្រឡប់ពីផ្លូវដែលគេឡើងទៅទាស់នឹងយេរ៉ូបោមនោះទៅវិញ។
5 ដូច្នេះ ស្តេចរេហូបោមទ្រង់គង់នៅក្រុងយេរូសាឡឹម ហើយក៏សង់ទីក្រុងខ្លះនៅស្រុកយូដា សម្រាប់ការពារស្រុក
6 ទ្រង់សង់ក្រុងបេថ្លេហិម អេថាម ត្កូអា
7 បេត-ស៊ើរ សូគរ អាឌូឡាម
8 កាថ ម៉ារីសា ស៊ីភ
9 អាដូរែម ឡាគីស អាសេកា
10 សូរ៉ាស់ អាយ៉ាឡូន និងហេប្រុន ដែលនៅស្រុកយូដា និងស្រុកបេនយ៉ាមីន សុទ្ធតែជាទីក្រុងមានបន្ទាយទាំងអស់
11 ទ្រង់ក៏ធ្វើបន្ទាយទាំងប៉ុន្មានឲ្យមាំមួនឡើង ហើយដាក់ឲ្យមានមេទ័ព លើគ្រប់បន្ទាយទាំងនោះ ព្រមទាំងឲ្យមានស្បៀងអាហារ ប្រេង និងស្រាទំពាំងបាយជូរផង
12 ហើយនៅគ្រប់ទាំងទីក្រុង ទ្រង់បានបម្រុងទុកខែល និងលំពែង ឲ្យទីក្រុងទាំងនោះបានមានកម្លាំងក្រៃលែង ឯស្រុកយូដា និងស្រុកបេនយ៉ាមីន នោះជារបស់ផងទ្រង់។
13 ឯពួកសង្ឃ និងពួកលេវី ដែលនៅគ្រប់ក្នុងស្រុកអ៊ីស្រាអែល គេក៏ចេញពីស្រុករបស់ខ្លួនមូលមកឯទ្រង់ទាំងអស់
14 ពួកលេវីគេលះចោលទីលំនៅ និងកេរអាកររបស់គេ មូលមកនៅស្រុកយូដា និងក្រុងយេរូសាឡឹមទាំងអស់ ពីព្រោះយេរ៉ូបោម និងកូនចៅទ្រង់ បានបោះបង់ចោលគេចេញ មិនឲ្យគេធ្វើការងារជាសង្ឃថ្វាយព្រះយេហូវ៉ាទេ
15 ហើយក៏តាំងពួកអ្នកដទៃឡើងជាសង្ឃវិញ សម្រាប់អស់ទាំងទីខ្ពស់ រូបពពែឈ្មោល និងកូនគោ ដែលទ្រង់បានធ្វើ
16 ឯពួកអ្នកនៅអស់ទាំងពូជអំបូរនៃសាសន៍អ៊ីស្រាអែល គឺជាអ្នកដែលតាំងចិត្តរកព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល នោះក៏តាមពួកលេវីនោះ មកឯក្រុងយេរូសាឡឹម ដើម្បីនឹងថ្វាយយញ្ញបូជាដល់ព្រះយេហូវ៉ាជាព្រះនៃពួកអយ្យកោគេ
17 យ៉ាងនោះគេបានចម្រើនកម្លាំងដល់រាជ្យយូដា ក៏បានធ្វើឲ្យរេហូបោម ជាបុត្រសាឡូម៉ូនមានកម្លាំងនៅអស់៣ឆ្នាំ ដ្បិតក្នុងរវាង៣ឆ្នាំនោះ គេបានប្រព្រឹត្តតាមផ្លូវរបស់ដាវីឌ និងសាឡូម៉ូន។
18 ឯរេហូបោមទ្រង់យកភរិយា គឺនាងម៉ាហាឡាត់ជាបុត្រីនៃយេរីម៉ូតពូជពង្សដាវីឌ និងនៃអ័ប៊ីហែល ជាបុត្រីអេលាប ដែលជាបុត្រអ៊ីសាយ
19 ព្រះនាងនោះបង្កើតបានបុត្រាថ្វាយទ្រង់ គឺយេអ៊ូស សេម៉ារីយ៉ា និងសាហាំ
20 បន្ទាប់នឹងនាងនោះ ទ្រង់ក៏យកនាងម្អាកា ជាបុត្រីអាប់សាឡំម នាងនោះបង្កើតអ័ប៊ីយ៉ា អ័ថាយ ស៊ីសា និងសឡូមិតថ្វាយទ្រង់
21 រេហូបោមទ្រង់ស្រឡាញ់នាងម្អាកា ជាបុត្រីអាប់សាឡំម លើសជាងអស់ទាំងភរិយា និងពួកអ្នកម្នាងរបស់ទ្រង់ (ដ្បិតទ្រង់បានយកភរិយា១៨ និងអ្នកម្នាង៦០ ក៏បង្កើតបានបុត្រា២៨អង្គ និងបុត្រី៦០អង្គ)
22 រេហូបោមទ្រង់តាំងអ័ប៊ីយ៉ា ជាបុត្រានៃនាងម្អាកា ទុកជាបុត្រធំ គឺជាប្រធានក្នុងពួកបងប្អូនទាំងប៉ុន្មាន ដើម្បីតាំងឡើងជាស្តេច
23 ទ្រង់ក៏ធ្វើដោយឆ្លាត គឺបានចាត់អស់ទាំងបុត្រានៃទ្រង់ ឲ្យទៅនៅគ្រប់ក្នុងស្រុកយូដា និងស្រុកបេនយ៉ាមីន ក្នុងអស់ទាំងទីក្រុងមានបន្ទាយ ក៏ប្រទានឲ្យមានស្បៀងអាហារជាបរិបូរ ហើយរកប្រពន្ធជាច្រើន ឲ្យដល់បុត្រទាំងនោះដែរ។
ជំពូក 12
1 កាលរាជ្យរបស់រេហូបោមបានមាំមួន ហើយទ្រង់មានអំណាចឡើង នោះទ្រង់ និងពួកអ៊ីស្រាអែលទាំងអស់ ក៏បោះបង់ចោលក្រឹត្យវិន័យរបស់ព្រះយេហូវ៉ាចេញ
2 រួចដល់ឆ្នាំទី៥ ក្នុងរាជ្យស្តេចរេហូបោម នោះស៊ីសាក ជាស្តេចស្រុកអេស៊ីព្ទ បានឡើងមកច្បាំងនឹងក្នុងយេរូសាឡឹម ដោយព្រោះគេបានប្រព្រឹត្តរំលងនឹងព្រះយេហូវ៉ា
3 មានទាំងរទេះចម្បាំង១ពាន់២០០ និងពលសេះ៦ម៉ឺននាក់ ឯពលទាហានដែលចេញពីស្រុកអេស៊ីព្ទមកជាមួយនឹងទ្រង់ គឺជាពួកសាសន៍លីប៊ី សាសន៍ស៊ូគី និងសាសន៍អេធីអូពី នោះរាប់មិនបានឡើយ
4 ទ្រង់វាយយកបានអស់ទាំងទីក្រុងមានបន្ទាយនៅស្រុកយូដា ហើយក៏ឡើងទៅត្រឹមក្រុងយេរូសាឡឹមទៀត
5 គ្រានោះ ហោរាសេម៉ាយ៉ាក៏មកឯរេហូបោម និងពួកមេសាសន៍យូដា ដែលបានមូលគ្នានៅក្រុងយេរូសាឡឹម ដោយព្រោះស៊ីសាក លោកមានវាចាថា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ ឯងរាល់គ្នាបានបោះបង់ចោលអញ ហេតុនោះបានជាអញទុកឯងរាល់គ្នាចោល នៅក្នុងកណ្តាប់ដៃនៃស៊ីសាក
6 ដូច្នេះ ពួកមេនៃសាសន៍អ៊ីស្រាអែល និងស្តេច ក៏បន្ទាបខ្លួនចុះពោលថា ព្រះយេហូវ៉ាទ្រង់សុចរិត
7 រួចកាលព្រះយេហូវ៉ាទ្រង់ឃើញថា គេបន្ទាបខ្លួនដូច្នោះ នោះព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មកដល់សេម៉ាយ៉ាថា គេបានបន្ទាបខ្លួនហើយ ដូច្នេះ អញនឹងមិនបំផ្លាញគេទេ តែបន្តិចទៀតអញនឹងប្រោសឲ្យគេរួច ហើយអញមិនចាក់សេចក្ដីក្រោធរបស់អញ ទៅលើក្រុងយេរូសាឡឹម ដោយសារដៃស៊ីសាកឡើយ
8 ប៉ុន្តែ គេនឹងត្រូវចំណុះទ្រង់វិញ ដើម្បីឲ្យគេអាចនឹងផ្ទឹមការបម្រើដល់អញ និងការបម្រើដល់នគរដទៃឲ្យដឹង។
9 ដូច្នេះ ស៊ីសាក ជាស្តេចអេស៊ីព្ទ ទ្រង់ឡើងមកទាស់នឹងក្រុងយេរូសាឡឹម ក៏យកបានអស់ទាំងទ្រព្យវិសេសក្នុងព្រះវិហារនៃព្រះយេហូវ៉ា និងព្រះរាជទ្រព្យ ដែលនៅក្នុងដំណាក់ស្តេចអស់រលីងទៅ ព្រមទាំងខែលមាសទាំងប៉ុន្មាន ដែលសាឡូម៉ូនបានធ្វើផង
10 រួចស្តេចរេហូបោមទ្រង់ធ្វើខែលលង្ហិនជំនួសវិញ ហើយប្រគល់ទុកនៅដៃនៃពួកមេទ័ពរក្សាអង្គ ដែលចាំមាត់ទ្វារដំណាក់ស្តេច
11 នៅវេលាណាដែលស្តេចទ្រង់យាងចូលទៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា នោះពួកទ័ពរក្សាអង្គក៏កាន់ខែលទាំងនោះមក រួចយកទៅទុកក្នុងបន្ទប់នៃពួកទ័ពរក្សាអង្គវិញ
12 នៅគ្រាដែលទ្រង់បានបន្ទាបអង្គ នោះសេចក្ដីក្រោធនៃព្រះយេហូវ៉ាក៏ងាកបែរចេញពីទ្រង់ទៅ ប្រយោជន៍មិនឲ្យទ្រង់ត្រូវវិនាសអស់រលីងឡើយ ហើយ១ទៀត ក្នុងស្រុកយូដាក៏នៅមានសេចក្ដីល្អខ្លះដែរ។
13 ស្តេចរេហូបោមទ្រង់ចម្រើនកម្លាំងឡើង នៅក្រុងយេរូសាឡឹម ហើយក៏សោយរាជ្យតទៅ កាលរេហូបោមចាប់តាំងសោយរាជ្យ នោះទ្រង់មានព្រះជន្ម៤១ឆ្នាំហើយក៏សោយរាជ្យបាន១៧ឆ្នាំនៅក្រុងយេរូសាឡឹម ជាទីក្រុងដែលព្រះយេហូវ៉ាបានរើស ពីគ្រប់ទាំងពូជអំបូរនៃសាសន៍អ៊ីស្រាអែល ដើម្បីនឹងទុកព្រះនាមទ្រង់ ឯព្រះមាតាទ្រង់ព្រះនាមជា ន៉ាអាម៉ា ជាសាសន៍អាំម៉ូន
14 ស្តេចទ្រង់បានប្រព្រឹត្តអំពើដ៏លាមកអាក្រក់ ពីព្រោះទ្រង់មិនបានតាំងព្រះហឫទ័យស្វែងរកព្រះយេហូវ៉ាឡើយ។
15 រីឯដំណើរទាំងប៉ុន្មានពីរេហូបោម ទាំងមុនទាំងក្រោយ នោះសុទ្ធតែបានកត់ទុកក្នុងពង្សាវតារ ដែលហោរាសេម៉ាយ៉ា និងអ៊ីដោ ជាអ្នកមើលឆុត បានតែងតាមរបៀបរឿងរ៉ាវតៗមកហើយ ចំណែករេហូបោម និងយេរ៉ូបោម ទ្រង់ចេះតែច្បាំងគ្នាជានិច្ច
16 រេហូបោមក៏ផ្ទំលក់ទៅជាមួយនឹងពួកអយ្យកោទ្រង់ទៅ ហើយគេបញ្ចុះសពទ្រង់ នៅក្នុងក្រុងដាវីឌ រួចអ័ប៊ីយ៉ា ជាព្រះរាជបុត្រា ក៏ឡើងសោយរាជ្យជំនួសព្រះបិតា។
ជំពូក 13
1 នៅឆ្នាំទី១៨ ក្នុងរាជ្យស្តេចយេរ៉ូបោម នោះអ័ប៊ីយ៉ាចាប់តាំងសោយរាជ្យឡើងលើស្រុកយូដា
2 ទ្រង់ក៏សោយរាជ្យ៣ឆ្នាំ នៅក្រុងយេរូសាឡឹម ព្រះមាតាទ្រង់ព្រះនាមជាមីកាយ៉ា ជាបុត្រីអ៊ូរាល អ្នកក្រុងគីបៀរ អ័ប៊ីយ៉ា និងយេរ៉ូបោមក៏ច្បាំងគ្នាដែរ
3 ឯអ័ប៊ីយ៉ាទ្រង់ចាប់តាំងតចម្បាំង មានពលទ័ពសុទ្ធតែមនុស្សថ្នឹកចម្បាំង ហើយជ្រើសរើស មានចិត្តក្លាហានចំនួន៤សែននាក់ ហើយយេរ៉ូបោមក៏ដំរៀបទ័ពច្បាំងនឹងទ្រង់ មានមនុស្សជ្រើសរើស ហើយក្លាហាន៨សែននាក់
4 ឯអ័ប៊ីយ៉ាទ្រង់ឈរនៅលើភ្នំសេម៉ារែម ដែលនៅស្រុកភ្នំអេប្រាអិម មានព្រះបន្ទូលថា ឱយេរ៉ូបោម និងពួកអ៊ីស្រាអែលទាំងអស់គ្នាអើយ ចូរស្តាប់ចុះ
5 គួរឲ្យឯងរាល់គ្នាដឹងថា ព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល បានប្រទានអំណាចលើសាសន៍អ៊ីស្រាអែលដល់ដាវីឌ ឲ្យសោយរាជ្យជាដរាបទៅ គឺដល់ទ្រង់ និងវង្សានុវង្សរបស់ទ្រង់តទៅ តាមសេចក្ដីសញ្ញាដែលតាំងដោយអំបិល
6 ប៉ុន្តែ យេរ៉ូបោម ជាកូននេបាត ដែលជាអ្នកបម្រើរបស់សាឡូម៉ូន បុត្រាដាវីឌ វាបានលើកខ្លួនឡើងបះបោរនឹងចៅហ្វាយរបស់ខ្លួន
7 ហើយមានមនុស្សជាអសារឥតការ និងមនុស្សចោលម្សៀត បានរួមគ្នាជាមួយនឹងវា ចម្រើនកម្លាំងឡើងទាស់នឹងរេហូបោម ជាបុត្រាសាឡូម៉ូន ក្នុងកាលដែលរេហូបោមនៅខ្ចីគំនិត ហើយចិត្តទន់ មិនអាចទប់នឹងគេបានឡើយ
8 ឥឡូវនេះ ឯងរាល់គ្នាគិតតតាំងនឹងនគររបស់ព្រះយេហូវ៉ា ដែលនៅក្នុងអំណាចកូនចៅដាវីឌទៀត ឯងរាល់គ្នាមានគ្នាសន្ធឹកណាស់ ហើយកូនគោមាសដែលយេរ៉ូបោមបានធ្វើទុកជាព្រះរបស់ឯង ក៏នៅជាមួយនឹងឯងដែរ
9 តើឯងរាល់គ្នាមិនបានបណ្តេញពួកសង្ឃផងព្រះយេហូវ៉ា គឺជាពួកកូនចៅអើរ៉ុន និងពួកលេវីចេញ ហើយបានតាំងពួកអ្នកដទៃឲ្យធ្វើជាពួកសង្ឃ តាមរបៀបអស់ទាំងសាសន៍ដទៃទេឬអី ដល់ម៉្លេះបានជាអ្នកណាក៏ដោយ ដែលយកគោស្ទាវ និងចៀមឈ្មោល៧មកចង់បំបួសខ្លួន នោះនឹងបានធ្វើជាសង្ឃដល់ព្រះទាំងនោះ ដែលមិនមែនជាព្រះទេក៏បាន
10 តែខាងឯយើងរាល់គ្នាវិញ គឺព្រះយេហូវ៉ាទ្រង់ជាព្រះនៃយើង យើងរាល់គ្នាមិនបានបោះបង់ចោលទ្រង់ទេ យើងមានពួកសង្ឃជាពួកកូនចៅអើរ៉ុន និងពួកលេវីដែលធ្វើការងារថ្វាយព្រះយេហូវ៉ាវិញ
11 រាល់តែព្រឹកល្ងាច គេតែងដុតតង្វាយដុត និងគ្រឿងក្រអូបថ្វាយព្រះយេហូវ៉ាជានិច្ច ក៏រៀបនំបុ័ងតាំងទុកដាក់លើតុបរិសុទ្ធ ព្រមទាំងថែជើងចង្កៀងមាស និងចង្កៀងទាំងប៉ុន្មាន ដែលសម្រាប់ដុតរាល់តែល្ងាច ដ្បិតយើងរាល់គ្នារក្សាបញ្ញើរបស់ព្រះយេហូវ៉ាជាព្រះនៃយើង តែឯងរាល់គ្នាបានបោះបង់ចោលទ្រង់វិញ
12 ហើយមើល ព្រះទ្រង់គង់ជាមួយ ក៏ជាអ្នកនាំមុខយើង ពួកសង្ឃរបស់ទ្រង់ក៏កាន់ត្រែ សម្រាប់នឹងផ្លុំឲ្យស្លន់ឡើងទាស់នឹងឯងរាល់គ្នា ឱពួកកូនចៅអ៊ីស្រាអែលអើយ កុំឲ្យច្បាំងនឹងព្រះយេហូវ៉ាជាព្រះនៃពួកអយ្យកោឯងរាល់គ្នាឡើយ ពីព្រោះឯងរាល់គ្នានឹងមិនចម្រើនទេ។
13 តែឯយេរ៉ូបោមទ្រង់ចាត់ពួកទ័ពបង្កប់ ឲ្យវាងទៅខាងក្រោយ ដូច្នេះ មានពួកគេនៅពីខាងមុខ និងពួកទ័ពបង្កប់នៅពីខាងក្រោយនៃពួកយូដា
14 កាលពួកយូដាបានក្រឡេកបែរមើលទៅក្រោយ នោះក៏ឃើញមានចម្បាំងពីមុខពីក្រោយដូច្នេះ គេក៏អំពាវនាវដល់ព្រះយេហូវ៉ា ហើយពួកសង្ឃក៏ផ្លុំត្រែឡើង
15 ពួកទ័ពយូដា គេស្រែកឡើង ហើយកំពុងដែលពួកយូដាស្រែកឡើងដូច្នោះ នោះព្រះទ្រង់ក៏វាយយេរ៉ូបោម និងពួកអ៊ីស្រាអែលទាំងអស់ នៅមុខអ័ប៊ីយ៉ា និងពួកយូដា
16 ពួកកូនចៅអ៊ីស្រាអែល គេបាក់ទ័ពរត់ពីមុខពួកយូដា ហើយព្រះទ្រង់ប្រគល់គេមកក្នុងកណ្តាប់ដៃនៃពួកយូដា
17 អ័ប៊ីយ៉ា និងពួកទ័ពទ្រង់ ក៏ប្រហារសម្លាប់គេយ៉ាងសម្បើម មានពួកអ៊ីស្រាអែល សុទ្ធតែជាមនុស្សជ្រើសរើស បានដួលស្លាប់អស់៥សែននាក់
18 នៅវេលានោះពួកកូនចៅអ៊ីស្រាអែលត្រូវក្រាបចុះ ឯពួកកូនចៅយូដា គេមានជ័យជម្នះ ដោយព្រោះគេបានពឹងដល់ព្រះយេហូវ៉ាជាព្រះនៃពួកអយ្យកោគេ
19 អ័ប៊ីយ៉ាទ្រង់ដេញតាមយេរ៉ូបោម ដណ្តើមយកបានទីក្រុងខ្លះរបស់ទ្រង់ គឺក្រុងបេត-អែល និងតំបន់នៅជុំវិញ ក្រុងយេសាណា និងតំបន់នៅជុំវិញ និងក្រុងអេប្រុន ព្រមទាំងតំបន់នៅជុំវិញដែរ
20 ហើយនៅក្នុងរាជ្យអ័ប៊ីយ៉ា នោះយេរ៉ូបោមមិនបានចម្រើនកម្លាំងឡើងវិញទៀតឡើយ រួចព្រះយេហូវ៉ាប្រហារទ្រង់ឲ្យសុគតទៅ
21 ឯអ័ប៊ីយ៉ាទ្រង់មានអំណាចកាន់តែខ្លាំងឡើង ទ្រង់យកភរិយា១៤ ហើយបង្កើតបានបុត្រា២២អង្គ និងបុត្រី១៦អង្គ
22 រីឯដំណើរឯទៀតពីអ័ប៊ីយ៉ា ហើយពីការរបស់ទ្រង់ និងព្រះបន្ទូលនៃទ្រង់ នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅបរិយាយនៃហោរាអ៊ីដោហើយ។
ជំពូក 14
1 អ័ប៊ីយ៉ាទ្រង់ផ្ទំលក់ទៅជាមួយនឹងពួកអយ្យកោទ្រង់ទៅ ហើយគេបញ្ចុះសពទ្រង់នៅក្នុងក្រុងដាវីឌ រួចអេសា ជាព្រះរាជបុត្រា ក៏ឡើងសោយរាជ្យជំនួសព្រះបិតា ហើយនៅក្នុងរាជ្យរបស់ទ្រង់ នោះស្រុកបានស្ងៀមស្ងប់អស់១០ឆ្នាំ។
2 ឯអេសាទ្រង់ប្រព្រឹត្តសេចក្ដីដែលល្អ ហើយត្រឹមត្រូវនៅព្រះនេត្រព្រះយេហូវ៉ាជាព្រះនៃទ្រង់
3 ដ្បិតទ្រង់បំបាត់អស់ទាំងអាសនៈដទៃ និងទីខ្ពស់ទាំងប៉ុន្មាន ឲ្យសូន្យចេញ ក៏បំបាក់បំបែកបង្គោលថ្មដែលសម្រាប់គោរព ហើយកាប់រំលំរូបព្រះបង់
4 ទ្រង់ក៏បង្គាប់ដល់ពួកយូដា ឲ្យគេស្វែងរកព្រះយេហូវ៉ាជាព្រះនៃពួកអយ្យកោគេ ហើយឲ្យប្រព្រឹត្តតាមក្រឹត្យវិន័យ និងបញ្ញត្តទាំងប៉ុន្មានដែរ
5 ទ្រង់បំបាត់ទីខ្ពស់ទាំងប៉ុន្មាន និងរូបព្រះអាទិត្យ ពីអស់ទាំងទីក្រុងស្រុកយូដាចេញ នោះនគរបានស្ងៀមស្ងប់ នៅចំពោះទ្រង់
6 គ្រានោះទ្រង់សង់ទីក្រុងមានបន្ទាយ នៅក្នុងស្រុកយូដា ដ្បិតស្រុកបានស្ងៀមស្ងប់ ឥតមានចម្បាំងក្នុងប៉ុន្មានឆ្នាំនោះ ពីព្រោះព្រះយេហូវ៉ាបានប្រោសប្រទាន ឲ្យទ្រង់មានសេចក្ដីស្រាកស្រាន្ត
7 ដូច្នេះ ទ្រង់មានព្រះបន្ទូលនឹងពួកយូដាថា ចូរយើងសង់ទីក្រុងទាំងនេះឡើង ហើយធ្វើកំផែងព័ទ្ធជុំវិញ ព្រមទាំងប៉ម ទ្វារ និងរនុកផង ក្នុងពេលដែលគ្មានអ្វីឃាត់ឃាំងនៅមុខយើងក្នុងស្រុកឡើយ ដ្បិតយើងរាល់គ្នាបានស្វែងរកព្រះយេហូវ៉ាជាព្រះនៃយើង អើ យើងរាល់គ្នាបានស្វែងរកទ្រង់ ហើយទ្រង់បានប្រទានឲ្យយើងមានសេចក្ដីស្រាកស្រាន្តនៅព័ទ្ធជុំវិញ ដូច្នេះ គេក៏សង់ឡើង ហើយបានចម្រើនផង
8 អេសាទ្រង់មានពួកពលទ័ព ដែលកាន់ខែល និងលំពែង៣សែននាក់ ជាពួកយូដា ហើយ២សែន៨ម៉ឺននាក់ ជាពួកបេនយ៉ាមីន ដែលកាន់ខែល ហើយបាញ់ធ្នូ សុទ្ធតែជាមនុស្សមានចិត្តក្លាហាន។
9 នៅគ្រានោះ សេរ៉ាស ជាសាសន៍អេធីអូពី ទ្រង់បានលើកទ័ព១លាននាក់ និងរទេះចម្បាំង៣០០ ចេញមកទាស់នឹងពួកយូដា ក៏មកដល់ក្រុងម៉ារីសា
10 ដូច្នេះ អេសាទ្រង់ចេញទៅតទល់នឹងគេ ក៏ដំរៀបគ្នា ដើម្បីច្បាំងនៅក្នុងច្រកភ្នំសេផាថា ត្រង់ក្រុងម៉ារីសា
11 ឯអេសាទ្រង់អំពាវនាវដល់ព្រះយេហូវ៉ាជាព្រះនៃទ្រង់ថា ឱព្រះយេហូវ៉ាអើយ ការជួយឲ្យមានជ័យជម្នះ ដល់ពួកមានគ្នាច្រើន ឬដល់ពួកកំសោយ នោះស្រេចនៅលើទ្រង់ទេ ឱព្រះយេហូវ៉ាជាព្រះនៃយើងរាល់គ្នាអើយ សូមជួយយើងខ្ញុំផង ដ្បិតយើងខ្ញុំផ្អែកលើទ្រង់ជាទីពឹង គឺដោយនៅតែព្រះនាមទ្រង់ប៉ុណ្ណោះ ដែលយើងរាល់គ្នាបានមក ទាស់នឹងពួកមានគ្នាច្រើនទាំងនេះ ឱព្រះយេហូវ៉ាអើយ ទ្រង់ជាព្រះនៃយើងរាល់គ្នា សូមកុំឲ្យមនុស្សឈ្នះទ្រង់ឡើយ
12 ដូច្នេះ ព្រះយេហូវ៉ាទ្រង់ក៏វាយពួកអេធីអូពី នៅចំពោះអេសា និងពួកយូដា ឲ្យគេបាក់ទ័ពរត់ទៅ
13 រួចអេសា និងពួកពលដែលនៅជាមួយ ក៏ដេញតាមទៅ រហូតដល់ក្រុងកេរ៉ា ហើយពួកអេធីអូពី គេដួលស្លាប់ជាច្រើនណាស់ ដល់ម៉្លេះបានជាគេងើបឡើង ឲ្យមានកម្លាំងទៀតមិនបាន ពីព្រោះគេត្រូវបាក់បែក នៅចំពោះព្រះយេហូវ៉ា ហើយចំពោះពលទ័ពរបស់ទ្រង់ ពួកខាងអេសាក៏ចាប់យកបានរបឹបយ៉ាងសន្ធឹក
14 ហើយវាយអស់ទាំងទីក្រុង នៅជុំវិញក្រុងកេរ៉ាដែរ ពីព្រោះសេចក្ដីស្ញែងខ្លាចរបស់ព្រះយេហូវ៉ា បានគ្របសង្កត់លើពួកក្រុងទាំងនោះ ពួកយូដាក៏ប្លន់ទីក្រុងទាំងនោះ យកបានរបស់យ៉ាងសន្ធឹក
15 ហើយវាយទាំងរោងសត្វ នាំយកបានចៀមជាបរិបូរ ព្រមទាំងអូដ្ឋផង រួចត្រឡប់ទៅឯក្រុងយេរូសាឡឹមវិញ។.
ជំពូក 15
1 គ្រានោះ ព្រះវិញ្ញាណនៃព្រះក៏មកសណ្ឋិតលើអ័សារា ជាកូនអូដេឌ
2 ហើយលោកចេញទៅទទួលអេសាទូលថា បពិត្រព្រះករុណាអេសា ព្រមទាំងពួកយូដា និងពួកបេនយ៉ាមីនទាំងអស់គ្នាអើយ សូមស្តាប់ចុះ កំពុងដែលអ្នករាល់គ្នានៅជាមួយនឹងព្រះយេហូវ៉ា នោះទ្រង់ក៏គង់ជាមួយនឹងអ្នករាល់គ្នាដែរ បើអ្នករាល់គ្នាស្វែងរកទ្រង់ នោះនឹងរកឃើញពិត តែបើអ្នករាល់គ្នាបោះបង់ចោលទ្រង់វិញ ទ្រង់ក៏នឹងបោះបង់ចោលអ្នករាល់គ្នាដែរ
3 រីឯនៅគ្រានោះ ពួកអ៊ីស្រាអែលឥតមានព្រះដ៏ជាពិតទេ ក៏គ្មានពួកសង្ឃដែលបង្ហាត់បង្រៀន ហើយគ្មានក្រឹត្យវិន័យដែរ នៅអស់កាលជាយូរមកហើយ
4 តែកាលកើតមានសេចក្ដីវេទនានោះ ហើយគេបានវិលមកឯព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែលវិញ ព្រមទាំងស្វែងរកទ្រង់ផង នោះក៏រកទ្រង់ឃើញ
5 នៅអស់ទាំងគ្រានោះ គ្មានសេចក្ដីសុខដល់អ្នកណា ដែលចេញចូលទៅឯណាឡើយ គឺមានសុទ្ធតែសេចក្ដីប្រទូសរ៉ាយជាខ្លាំង ដល់អស់អ្នកនៅក្នុងស្រុកទាំងនោះវិញ
6 គេត្រូវបាក់បែកខ្ទេចខ្ទីទៅ គឺនគរ១ទាស់នឹងនគរ១ ហើយទីក្រុង១ទាស់នឹងទីក្រុង១ទៀត ពីព្រោះព្រះទ្រង់ធ្វើឲ្យមានសេចក្ដីប្រទូសរ៉ាយដល់គេ ដោយនូវសេចក្ដីទំនាស់គ្រប់យ៉ាង
7 តែឯអ្នករាល់គ្នា ចូរខំប្រឹងឡើង កុំឲ្យដៃថយកម្លាំងឡើយ ពីព្រោះការដែលអ្នករាល់គ្នាធ្វើ នោះនឹងបានរង្វាន់។
8 លុះកាលអេសាបានឮពាក្យទាំងនោះ គឺជាសេចក្ដីទំនាយរបស់ហោរាអូដេឌហើយ នោះទ្រង់មានព្រះទ័យក្លាហានឡើង ក៏បំបាត់អស់ទាំងរបស់គួរស្អប់ខ្ពើម ពីក្នុងស្រុកយូដា និងស្រុកបេនយ៉ាមីនទាំងអស់ចេញ ហើយពីអស់ទាំងទីក្រុង ដែលទ្រង់ចាប់យកបាននៅស្រុកភ្នំអេប្រាអិមដែរ ទ្រង់ក៏រៀបអាសនៈនៃព្រះយេហូវ៉ា ដែលនៅមុខបាំងសាចព្រះវិហារនៃព្រះយេហូវ៉ាឡើងជាថ្មីវិញ
9 រួចទ្រង់ប្រមូលពួកយូដា និងពួកបេនយ៉ាមីន ព្រមទាំងពួកអេប្រាអិម ម៉ាន៉ាសេ និងស៊ីម្មាន ដែលនៅជាមួយទាំងប៉ុន្មានឲ្យមូលគ្នា ដ្បិតមានពួកអ៊ីស្រាអែលជាច្រើន បានបាក់ចូលមកខាងទ្រង់ ដោយឃើញថា ព្រះយេហូវ៉ាជាព្រះនៃទ្រង់ គង់នៅជាមួយនឹងទ្រង់ពិត
10 ដូច្នេះ គេក៏មូលគ្នាមកឯក្រុងយេរូសាឡឹម នៅខែជេស្ឋ ឆ្នាំទី១៥ ក្នុងរាជ្យអេសា
11 ហើយនៅថ្ងៃនោះឯង គេថ្វាយយញ្ញបូជាដល់ព្រះយេហូវ៉ា ពីរបឹបដែលបាននាំយកមក គឺគោ៧រយ និងចៀម៧ពាន់
12 គេក៏ព្រមព្រៀងគ្នា និងតាំងសេចក្ដីសញ្ញា ឲ្យបានខំប្រឹងស្វែងរកតាមព្រះយេហូវ៉ាជាព្រះនៃពួកអយ្យកោគេ អស់ពីចិត្ត អស់ពីព្រលឹង
13 ហើយថា អ្នកណាដែលមិនព្រមស្វែងរកព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល នោះនឹងត្រូវសម្លាប់បង់ ទោះតូច ឬធំ ប្រុស ឬស្រីក្តី
14 គេក៏ស្បថដល់ព្រះយេហូវ៉ា ដោយសំឡេងដ៏ខ្លាំង ហើយដោយស្រែកហ៊ោ ព្រមទាំងផ្លុំត្រែ និងស្នែងផង
15 ពួកយូដាទាំងអស់គ្នាមានសេចក្ដីអំណរ ដោយសេចក្ដីសម្បថនោះ ពីព្រោះគេបានស្បថដោយចិត្តស្មោះ ហើយស្វែងរកព្រះយេហូវ៉ា ដោយពេញបំណងចិត្ត ក៏រកទ្រង់ឃើញផង ព្រះយេហូវ៉ាទ្រង់ប្រទានឲ្យគេបានសេចក្ដីស្រាកស្រាន្ត នៅព័ទ្ធជុំវិញ។
16 ឯនាងម្អាកា ជាព្រះមាតាស្តេចអេសា ទ្រង់ក៏ដកពីដំណែងជាមាតាហ្លួងចេញ ដោយព្រោះព្រះនាងបានធ្វើរូបគួរស្អប់ខ្ពើមទុកជាព្រះ អេសាទ្រង់ក៏កាប់រំលំរូបនោះកិនកម្ទេចជាផង់ យកទៅដុតចោល នៅត្រង់ជ្រោះកេដ្រុន
17 តែឯទីខ្ពស់ទាំងប៉ុន្មាន នោះមិនបានបំបាត់ចេញពីស្រុកអ៊ីស្រាអែលទេ ប៉ុន្តែ អេសាទ្រង់មានព្រះទ័យស្មោះត្រង់អស់១ព្រះជន្មទ្រង់
18 ទ្រង់ក៏នាំយកអស់ទាំងរបស់ដែលព្រះបិតាទ្រង់បានថ្វាយ និងរបស់ដែលអង្គទ្រង់បានថ្វាយផង មកតម្កល់ទុក ក្នុងព្រះវិហារនៃព្រះ គឺប្រាក់ មាស និងគ្រឿងប្រដាប់ផ្សេងៗ
19 តពីនោះមក គ្មានចម្បាំងទៀតឡើយ ដរាបដល់ឆ្នាំទី៣៥ ក្នុងរាជ្យអេសា។
ជំពូក 16
1 កាលដល់ឆ្នាំទី៣៦ ក្នុងរាជ្យអេសា នោះប្អាសា ជាស្តេចអ៊ីស្រាអែល ក៏ឡើងមកទាស់នឹងពួកយូដា ទ្រង់សង់ក្រុងរ៉ាម៉ា ដើម្បីឃាត់មិនឲ្យអ្នកណាចេញចូលទៅឯអេសា ជាស្តេចយូដាឡើយ
2 ដូច្នេះ អេសាទ្រង់យកប្រាក់ និងមាស ចេញពីឃ្លាំងរបស់ព្រះវិហារនៃព្រះយេហូវ៉ា និងពីក្នុងព្រះរាជដំណាក់ ផ្ញើទៅឯបេន-ហាដាឌ់ ជាស្តេចស្រុកស៊ីរី ដែលនៅឯក្រុងដាម៉ាស ដោយព្រះបន្ទូលថា
3 ទូលបង្គំ និងទ្រង់បានចុះសញ្ញានឹងគ្នាហើយ ដូចជាបិតាទូលបង្គំ និងព្រះបិតានៃទ្រង់ដែរ ឥឡូវនេះ មើល ទូលបង្គំផ្ញើប្រាក់ និងមាសមកថ្វាយទ្រង់ សូមឲ្យទ្រង់ទៅផ្តាច់សញ្ញាដែលទ្រង់បានតាំងនឹងប្អាសា ជាស្តេចពួកអ៊ីស្រាអែលចេញ ដើម្បីឲ្យគេថយចេញពីទូលបង្គំទៅ
4 បេន-ហាដាឌ់ក៏ស្តាប់តាមស្តេចអេសា ទ្រង់ចាត់ពួកមេលើពលទ័ពរបស់ទ្រង់ ឲ្យទៅច្បាំងនឹងអស់ទាំងទីក្រុងនៃពួកអ៊ីស្រាអែល គេក៏វាយក្រុងអ៊ីយ៉ូន ក្រុងដាន់ និងក្រុងអេបិល-ម៉ែម ព្រមទាំងទីក្រុងដែលសម្រាប់ជាឃ្លាំងទាំងប៉ុន្មាន នៅក្នុងស្រុកណែបថាលីផង
5 លុះកាលប្អាសាបានឮហើយ នោះទ្រង់ក៏លែងសង់ក្រុងរ៉ាម៉ា ឈប់ចោលការទាំងនោះទៅ
6 រួចស្តេចអេសាទ្រង់នាំពួកយូដាទាំងអស់ចេញទៅ យកថ្ម និងឈើទាំងប៉ុន្មានពីរ៉ាម៉ា ដែលប្អាសាកំពុងតែសង់ទីក្រុងនោះទៅសង់ក្រុងកេបា និងមីសប៉ាវិញ។
7 នៅវេលានោះ ហាណានី ជាអ្នកមើលឆុត លោកមកឯអេសា ជាស្តេចយូដាទូលថា ដោយព្រោះទ្រង់បានពឹងដល់ស្តេចស៊ីរី មិនបានពឹងដល់ព្រះយេហូវ៉ាជាព្រះនៃទ្រង់ នោះពួកពលទ័ពរបស់ស្តេចស៊ីរី បានរួចពីកណ្តាប់ព្រះហស្តទ្រង់ហើយ
8 ឯពួកសាសន៍អេធីអូពី និងពួកលីប៊ី តើគេមិនមែនជាពួកពលយ៉ាងធំ មានទាំងរទេះចម្បាំង និងពលសេះសន្ធឹកទេឬអី ប៉ុន្តែ ដោយព្រោះទ្រង់បានពឹងដល់ព្រះយេហូវ៉ា បានជាព្រះទ្រង់ប្រគល់គេមកក្នុងកណ្តាប់ព្រះហស្តព្រះករុណាវិញ
9 ដ្បិតព្រះនេត្រនៃព្រះយេហូវ៉ាចេះតែទតច្រវាត់ នៅគ្រប់លើផែនដីទាំងមូល ដើម្បីនឹងសម្ដែងព្រះចេស្តា ជួយដល់អស់អ្នកណាដែលមានចិត្តស្មោះត្រង់ចំពោះទ្រង់ ព្រះករុណាបានប្រព្រឹត្តបែបឆោតល្ងង់ ហើយដ្បិតពីនេះទៅមុខ នឹងចេះតែមានចម្បាំងជានិច្ច
10 នោះអេសាមានសេចក្ដីក្រេវក្រោធនឹងអ្នកមើលឆុត ហើយទ្រង់ចាប់ដាក់គុក ពីព្រោះទ្រង់មានសេចក្ដីឃោរឃៅជាខ្លាំងដោយព្រោះដំណើរនោះ នៅគ្រានោះ អេសាក៏សង្កត់សង្កិនរាស្ត្រខ្លះដែរ។
11 ហើយមើល ដំណើរទាំងប៉ុន្មានពីអេសា ទាំងមុនទាំងក្រោយ នោះបានកត់ទុកក្នុងសៀវភៅ ដែលថ្លែងពីពួកស្តេចយូដា និងអ៊ីស្រាអែលហើយ
12 រីឯក្នុងឆ្នាំទី៣៩នៃរាជ្យអេសា នោះទ្រង់ចាប់ប្រឈួនត្រង់ព្រះបាទ មានអាការៈដ៏ធ្ងន់ ប៉ុន្តែ ក្នុងការប្រឈួននោះ ទ្រង់មិនបានស្វែងរកព្រះយេហូវ៉ាទេ គឺបានរកពឹងដល់ពួកគ្រូពេទ្យវិញ
13 អេសាក៏ផ្ទំលក់ទៅជាមួយនឹងពួកអយ្យកោទ្រង់ទៅ គឺបានសុគតនៅឆ្នាំទី៤១ ក្នុងរាជ្យរបស់ទ្រង់
14 គេបញ្ចុះសពនៅក្នុងផ្នូររបស់ទ្រង់ ដែលបានដាប់ទុកសម្រាប់ទ្រង់នៅក្នុងក្រុងដាវីឌ ក៏តម្កល់សពនៅទីដែលបានអប់ ហើយមានពេញដោយគ្រឿងក្រអូបផ្សេងៗ ដែលពួកផ្សំគ្រឿងក្រអូបបានធ្វើ តាមវិជ្ជារបស់គេ ហើយគេថ្វាយព្រះភ្លើងដល់ទ្រង់ ជាការយ៉ាងធំ។
ជំពូក 17
1 រួចយ៉ូសាផាត ជាព្រះរាជបុត្រា ឡើងសោយរាជ្យជំនួសព្រះបិតា ទ្រង់ក៏ចម្រើនកម្លាំងឡើង ទាស់នឹងពួកអ៊ីស្រាអែល
2 ទ្រង់ដាក់ឲ្យមានពលទ័ព ក្នុងគ្រប់ទាំងក្រុងមានបន្ទាយរបស់ពួកយូដា ហើយក៏ដាក់ឲ្យមានក្រុមរក្សានៅស្រុកយូដា និងក្នុងទីក្រុងទាំងប៉ុន្មានរបស់ពួកអេប្រាអិមជាទីក្រុងដែលអេសាព្រះបិតាទ្រង់ចាប់យកបានដែរ
3 ព្រះយេហូវ៉ាទ្រង់ក៏គង់នៅជាមួយនឹងយ៉ូសាផាត ពីព្រោះស្តេចបានប្រព្រឹត្តតាមអស់ទាំងផ្លូវដើមរបស់ដាវីឌ ជាអយ្យកោទ្រង់ ឥតរកតាមព្រះបាលឡើយ
4 គឺបានស្វែងរកតាមតែព្រះនៃពួកអយ្យកោទ្រង់ ហើយប្រព្រឹត្តតាមបញ្ញត្តទ្រង់វិញ ឥតធ្វើតាមអំពើរបស់សាសន៍អ៊ីស្រាអែលឡើយ
5 ហេតុនោះបានជាព្រះយេហូវ៉ាទ្រង់តាំងរាជ្យឲ្យមាំមួនក្នុងអំណាចយ៉ូសាផាត ហើយពួកយូដាទាំងអស់គ្នាក៏នាំយកគ្រឿងបណ្តាការមកថ្វាយស្តេច ទ្រង់មានព្រះរាជទ្រព្យ និងកិត្តិយសជាបរិបូរ
6 ព្រះហឫទ័យទ្រង់បានតាំងឡើង ក្នុងអស់ទាំងផ្លូវនៃព្រះយេហូវ៉ា មួយទៀត ទ្រង់ក៏បំបាត់អស់ទាំងទីខ្ពស់ និងរូបព្រះចេញពីស្រុកយូដាទៅ។
7 នៅឆ្នាំទី៣ ក្នុងរាជ្យទ្រង់ នោះទ្រង់ចាត់ពួកអ្នកដែលជាប្រធានរបស់ទ្រង់ គឺបេន-ហែល និងអូបាឌា សាការី នេថានេល ហើយមីកាយ៉ា ឲ្យទៅបង្ហាត់បង្រៀនក្នុងអស់ទាំងទីក្រុងនៅស្រុកយូដា
8 ព្រមទាំងពួកលេវីឲ្យទៅជាមួយដែរ គឺសេម៉ាយ៉ា នេថានា សេបាឌា អេសាអែល សេមីរ៉ាម៉ូត យ៉ូណាថាន អ័ដូនីយ៉ា ថូប៊ីយ៉ា និងថូប-អ័ដូនីយ៉ា ដែលសុទ្ធតែពួកលេវី និងអេលីសាម៉ា ហើយយ៉ូរ៉ាម ជាពួកសង្ឃ ឲ្យទៅជាមួយនឹងគេ
9 ពួកអ្នកទាំងនោះក៏បង្ហាត់បង្រៀននៅស្រុកយូដា មានទាំងគម្ពីរក្រឹត្យវិន័យនៃព្រះយេហូវ៉ានៅជាមួយផង គេនាំគ្នាដើរចុះឡើង ដល់គ្រប់ទីក្រុងនៅស្រុកយូដា បង្រៀនដល់បណ្តាជន។
10 សេចក្ដីស្ញែងខ្លាចរបស់ព្រះយេហូវ៉ាក៏មកគ្របសង្កត់លើអស់ទាំងនគរ នៅជុំវិញស្រុកយូដា ហើយគេមិនហ៊ានលើកគ្នាមកច្បាំងនឹងយ៉ូសាផាតទេ
11 មានពួកភីលីស្ទីនខ្លះ នាំយកគ្រឿងបណ្តាការមកថ្វាយយ៉ូសាផាតព្រមទាំងប្រាក់ទុកជាសួយអាករផង ឯពួកអារ៉ាប់ គេក៏នាំយកហ្វូងសត្វមកថ្វាយដែរ គឺចៀមឈ្មោល៧ពាន់៧រយ និងពពែឈ្មោល៧ពាន់៧រយ
12 យ៉ូសាផាតទ្រង់បានចម្រើនឡើងជាធំក្រៃលែង ទ្រង់ក៏សង់ដំណាក់ និងទីក្រុងសម្រាប់ជាឃ្លាំងទាំងប៉ុន្មាននៅស្រុកយូដា
13 ទ្រង់មានក្រសួងការងារជាច្រើន នៅក្នុងទីក្រុងស្រុកយូដាទាំងប៉ុន្មាន ហើយមានមនុស្សថ្នឹកចម្បាំង និងមនុស្សខ្លាំងពូកែ ដែលមានចិត្តក្លាហាននៅក្រុងយេរូសាឡឹម
14 តាមជំនួរវង្សរបស់ឪពុកគេ នោះមានចំនួនដូចខាងក្រោមនេះ គឺខាងពួកយូដា ក្នុងពួកមេទ័ពធំ មានអ័ឌណា ជាមេ នៅក្រោមបង្គាប់លោកមានមនុស្សខ្លាំងពូកែ ដែលមានចិត្តក្លាហាន៣សែននាក់
15 បន្ទាប់មកមានយ៉ូហាណានជាមេ នៅក្រោមបង្គាប់លោកមាន២សែន៨ម៉ឺននាក់
16 បន្ទាប់មកទៀត មានអ័ម៉ាស៊ីយ៉ា ជាកូនស៊ីកគ្រី ដែលបានថ្វាយខ្លួនដល់ព្រះយេហូវ៉ាស្ម័គ្រពីចិត្ត ហើយក្រោមបង្គាប់លោកមានមនុស្សខ្លាំងពូកែ ដែលមានចិត្តក្លាហានចំនួន២សែននាក់
17 ខាងពួកបេនយ៉ាមីន មានអេលីយ៉ាដា ជាមនុស្សខ្លាំងពូកែ មានចិត្តក្លាហាន ហើយក្រោមបង្គាប់លោក មានមនុស្សកាន់ធ្នូ និងខែល២សែននាក់
18 បន្ទាប់មកមានយ៉ូសាបាឌ ហើយក្រោមបង្គាប់លោកមានមនុស្ស១សែន៨ម៉ឺននាក់ ដែលប្រុងប្រៀបនឹងទៅច្បាំងជាស្រេច
19 គឺអ្នកទាំងនេះហើយ ដែលចាំទទួលបម្រើស្តេច ពួកទាំងនេះក៏លើសពីពួកដែលស្តេចបានដាក់ឲ្យនៅអស់ទាំងទីក្រុងមានបន្ទាយពេញក្នុងអាណាខែត្រយូដា។
ជំពូក 18
1 រីឯយ៉ូសាផាតទ្រង់មានទ្រព្យសម្បត្តិ និងកិត្តិយសជាបរិបូរ ហើយទ្រង់ក៏ភ្ជាប់ពន្ធនឹងអ័ហាប់
2 លុះក្រោយមកពីរបីឆ្នាំ នោះទ្រង់យាងចុះទៅឯអ័ហាប់ នៅក្រុងសាម៉ារី ឯអ័ហាប់ក៏សម្លាប់ចៀម និងគោជាបរិបូរ ជប់លៀងទ្រង់ និងពួកអ្នកដែលតាមទ្រង់ទៅផង ក៏បបួលទ្រង់ឲ្យឡើងទៅច្បាំងនឹងក្រុងរ៉ាម៉ូត-កាឡាត
3 អ័ហាប់ជាស្តេចអ៊ីស្រាអែល ទ្រង់ទូលនឹងយ៉ូសាផាត ជាស្តេចយូដាថា តើទ្រង់ចង់ទៅឯក្រុងរ៉ាម៉ូត-កាឡាត ជាមួយនឹងទូលបង្គំឬទេ នោះទ្រង់ទូលឆ្លើយថា ទូលបង្គំក៏ដូចជាទ្រង់ ហើយរាស្ត្ររបស់ទូលបង្គំ ក៏ដូចជារាស្ត្ររបស់ទ្រង់ដែរ យើងរាល់គ្នានឹងនៅជាមួយនឹងទ្រង់ ក្នុងចម្បាំងនេះ។
4 តែយ៉ូសាផាតទូលដល់ស្តេចអ៊ីស្រាអែលថា សូមទ្រង់ទូលសួរព្រះបន្ទូលនៃព្រះយេហូវ៉ាជាមុនសិន
5 ដូច្នេះ ស្តេចអ៊ីស្រាអែលក៏ប្រមូលពួកហោរាបាន៤០០នាក់ មកសួរគេថា តើត្រូវឲ្យយើងចេញទៅច្បាំង នឹងក្រុងរ៉ាម៉ូត-កាឡាតឬឈប់ខាន គេទូលឆ្លើយថា សូមយាងឡើងទៅចុះ ដ្បិតព្រះទ្រង់នឹងប្រគល់គេមក ក្នុងកណ្តាប់ព្រះហស្តនៃព្រះករុណាហើយ
6 តែយ៉ូសាផាតសួរថា នៅទីនេះតើគ្មានហោរាណាម្នាក់របស់ព្រះយេហូវ៉ា ល្មមឲ្យយើងសួរពីគាត់ដែរទេឬអី
7 ស្តេចអ៊ីស្រាអែលទូលឆ្លើយថា មានម្នាក់ទៀត ដែលល្មមឲ្យយើងទូលសួរដល់ព្រះយេហូវ៉ាបានដែរ គឺមីកាយ៉ា ជាកូនយីមឡា តែទូលបង្គំស្អប់វា ដ្បិតវាមិនដែលទាយល្អពីទូលបង្គំសោះ គឺចេះតែទាយអាក្រក់ជាដរាបវិញ យ៉ូសាផាតទូលថា សូមទ្រង់កុំមានព្រះបន្ទូលដូច្នេះឡើយ
8 នោះស្តេចអ៊ីស្រាអែលទ្រង់ហៅមហាតលិកម្នាក់មកបង្គាប់ថា ចូរទៅនាំមីកាយ៉ា ជាកូនយីមឡា មកជាឆាប់ៗ
9 ឯស្តេចអ៊ីស្រាអែល និងយ៉ូសាផាត ជាស្តេចយូដា ទ្រង់ព្រះពស្ត្ររាជ្យគង់លើបល្ល័ង្ករៀងអង្គ ត្រង់ទីធ្លានៅទ្វារក្រុងសាម៉ារី ហើយពួកហោរាក៏ឈរទាយ នៅចំពោះទ្រង់
10 ឯសេដេគា ជាកូនក្នាណា គាត់បានធ្វើស្នែងដែក ហើយក៏ទូលថា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ ព្រះករុណានឹងជល់ពួកស៊ីរីដោយស្នែងនេះ ដរាបដល់គេវិនាសសូន្យទៅ
11 ហើយពួកហោរាទាំងអស់ក៏ទាយដូច្នោះដែរថា សូមយាងឡើងទៅឯរ៉ាម៉ូត-កាឡា ហើយមានជ័យជម្នះចុះ ដ្បិតព្រះយេហូវ៉ាទ្រង់នឹងប្រគល់ក្រុងនោះមកក្នុងកណ្តាប់ព្រះហស្តនៃព្រះករុណាហើយ។
12 រីឯអ្នកដែលទៅហៅមីកាយ៉ាមក ក៏ប្រាប់គាត់ថា មើល ពួកហោរាទាំងអស់សុទ្ធតែទាយល្អដល់ស្តេចព្រមគ្នា ដូច្នេះ សូមឲ្យពាក្យលោកបានដូចជាពាក្យរបស់ហោរាទាំងនោះ ដោយពោលតែសេចក្ដីល្អដែរ
13 តែមីកាយ៉ាឆ្លើយថា ខ្ញុំស្បថដោយនូវព្រះយេហូវ៉ា ដ៏មានព្រះជន្មរស់ថា សេចក្ដីណាដែលព្រះនៃខ្ញុំទ្រង់មានព្រះបន្ទូលមក នោះខ្ញុំនឹងបញ្ចេញតាមសេចក្ដីនោះឯង
14 រួចកាលបានចូលទៅគាល់ស្តេចហើយ នោះទ្រង់មានព្រះបន្ទូលសួរថា មីកាយ៉ាអើយ តើត្រូវឲ្យយើងទៅច្បាំងនឹងរ៉ាម៉ូត-កាឡាត ឬឈប់ខាន គាត់ទូលឡកថា សូមយាងទៅ ហើយមានជ័យជម្នះចុះ ដ្បិតព្រះនឹងប្រគល់គេមកក្នុងកណ្តាប់ព្រះហស្តនៃព្រះករុណាហើយ
15 រួចស្តេចទ្រង់មានព្រះបន្ទូលថា អញបានស្តីឯងប៉ុន្មានដងហើយ ឲ្យបាននិយាយតែសេចក្ដីពិតប៉ុណ្ណោះ ដោយនូវព្រះនាមព្រះយេហូវ៉ា
16 គាត់ទូលឆ្លើយថា ទូលបង្គំបានឃើញពួកអ៊ីស្រាអែលខ្ចាត់ខ្ចាយទៅនៅលើភ្នំ ប្រៀបដូចជាហ្វូងចៀម ដែលគ្មានអ្នកគង្វាល ហើយព្រះយេហូវ៉ាបានមានព្រះបន្ទូលថា ពួកទាំងនេះគ្មានចៅហ្វាយទេ ចូរឲ្យគេត្រឡប់ទៅឯផ្ទះរៀងខ្លួនវិញ ដោយសេចក្ដីសុខចុះ
17 ដូច្នេះ ស្តេចអ៊ីស្រាអែលទ្រង់ទូលទៅយ៉ូសាផាតថា តើទូលបង្គំមិនបានទូលដល់ទ្រង់ទេឬអីថា វាមិនដែលទាយល្អពីទូលបង្គំឡើយ គឺទាយតែអាក្រក់ម្យ៉ាងប៉ុណ្ណោះ
18 នោះមីកាយ៉ាទូលថា ដូច្នេះ សូមស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាសិន ទូលបង្គំបានឃើញព្រះយេហូវ៉ាទ្រង់គង់លើបល្ល័ង្ក មានទាំងពួកពលបរិវារនៃស្ថានសួគ៌ទាំងអស់ ឈរអមអង្គទាំងខាងស្តាំ និងខាងឆ្វេងផង
19 ហើយព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា តើអ្នកណានឹងចង់ទៅបបួលឲ្យអ័ហាប់ ជាស្តេចអ៊ីស្រាអែល ឡើងទៅច្បាំង ហើយដួលស្លាប់នៅត្រង់រ៉ាម៉ូត-កាឡាត ម្នាក់ក៏ថាយ៉ាងនេះ ម្នាក់ក៏ថាយ៉ាងនោះ
20 រួចមានវិញ្ញាណ១ចេញមក ឈរនៅចំពោះព្រះយេហូវ៉ាទូលថា ទូលបង្គំចង់ទៅ ដូច្នេះ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលសួរថា ចុះឯងនឹងធ្វើយ៉ាងណាទៅ
21 វិញ្ញាណនោះទូលថា ទូលបង្គំនឹងទៅធ្វើជាវិញ្ញាណភូតកុហកនៅក្នុងមាត់នៃពួកហោរាទាំងប៉ុន្មានរបស់ស្តេច ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា ចូរចេញទៅធ្វើដូច្នោះចុះ ឯងនឹងបបួលវាឲ្យសម្រេចបាន
22 ដូច្នេះ មើលឥឡូវនេះ ព្រះយេហូវ៉ាទ្រង់បានដាក់វិញ្ញាណភូតកុហកនៅក្នុងមាត់នៃពួកហោរារបស់ព្រះករុណាទាំងនេះ ហើយព្រះយេហូវ៉ាទ្រង់បានមានព្រះបន្ទូល សម្ដែងពីសេចក្ដីអន្តរាយ ដែលនឹងកើតដល់ព្រះករុណា។
23 លំដាប់នោះ សេដេគា ជាកូនក្នាណា ក៏ចូលទៅទះកំផ្លៀងមីកាយ៉ា សួរថា ព្រះវិញ្ញាណនៃព្រះយេហូវ៉ាបានចេញពីអញ ទៅមានព្រះបន្ទូលនឹងឯងតាមផ្លូវណា
24 នោះមីកាយ៉ាឆ្លើយថា ចាំមើល នៅថ្ងៃនោះ ឯងនឹងបានឃើញច្បាស់ ក្នុងកាលដែលឯងរត់ទៅពួននៅក្នុងបន្ទប់ខាងក្នុង
25 ស្តេចអ៊ីស្រាអែលទ្រង់បង្គាប់ថា ចូរនាំយកមីកាយ៉ាទៅឯអាំម៉ូន ជាចៅហ្វាយទីក្រុង និងយ៉ូអាស ជាព្រះរាជបុត្រាវិញទៅ
26 ហើយប្រាប់គេថា ស្តេចទ្រង់បង្គាប់ដូច្នេះ គឺឲ្យដាក់មនុស្សនេះនៅក្នុងគុក ចិញ្ចឹមដោយនំបុ័ង និងទឹកដ៏វេទនា ទាល់តែដល់វេលាអញមកវិញដោយសុខសាន្ត
27 មីកាយ៉ាទូលថា បើសិនណាជាទ្រង់ដែលយាងមកវិញដោយសុខសាន្តពិត នោះគឺព្រះយេហូវ៉ាមិនបានមានព្រះបន្ទូលដោយសារទូលបង្គំទេ រួចគាត់ថែមពាក្យនេះថា ឱជនទាំងឡាយអើយ ចូរស្តាប់ចុះ។
28 ដូច្នេះ ស្តេចអ៊ីស្រាអែល និងយ៉ូសាផាត ជាស្តេចយូដា ក៏ឡើងទៅឯក្រុងរ៉ាម៉ូត-កាឡាត
29 ឯស្តេចអ៊ីស្រាអែលទ្រង់ទូលទៅយ៉ូសាផាតថា ទូលបង្គំនឹងក្លែងខ្លួនចូលទៅច្បាំង តែព្រះអង្គ សូមឲ្យព្រះករុណាទ្រង់គ្រឿងព្រះពស្ត្ររាជ្យរបស់ទ្រង់វិញ ស្តេចអ៊ីស្រាអែលក៏ក្លែងខ្លួនចូលទៅច្បាំងនឹងគេ
30 រីឯខាងស្តេចស៊ីរីបានបង្គាប់ដល់ពួកមេទ័ពរទេះចម្បាំងទ្រង់ថា កុំឲ្យតនឹងអ្នកណា ទោះតូច ឬធំក្តីចូរតតែនឹងស្តេចអ៊ីស្រាអែល១ប៉ុណ្ណោះ
31 ដូច្នេះ កាលពួកមេទ័ពទាំងនោះបានឃើញយ៉ូសាផាត គេក៏នឹកថា នេះជាស្តេចអ៊ីស្រាអែលហើយ គេក៏បែរទៅបម្រុងតនឹងទ្រង់ តែយ៉ូសាផាតទ្រង់ស្រែកឡើង ហើយព្រះយេហូវ៉ាក៏ប្រោសជួយ បណ្តាលឲ្យគេថយចេញពីទ្រង់ទៅ
32 កាលពួកមេទ័ពឃើញថា មិនមែនជាស្តេចអ៊ីស្រាអែលទេ នោះក៏លែងតាមតទៅ
33 តែមានមនុស្សម្នាក់យឹតធ្នូបាញ់ព្រាវទៅ ត្រូវស្តេចអ៊ីស្រាអែល ត្រង់ប្រឡោះអាវក្រោះនៃទ្រង់ ដូច្នេះ ទ្រង់មានព្រះបន្ទូលបង្គាប់ដល់អ្នកបរព្រះរាជរថទ្រង់ថា ចូរញាក់បង្ហៀរត្រឡប់រថនាំយើងចេញពីពលទ័ពទៅ ដ្បិតយើងមានរបួសជាទំងន់
34 នៅថ្ងៃនោះ ចម្បាំងក៏កាន់តែខ្លាំងឡើង ប៉ុន្តែ ស្តេចអ៊ីស្រាអែលទ្រង់ផ្អែកអង្គ នៅក្នុងព្រះរាជរថទ្រង់ តស៊ូនឹងពួកស៊ីរី ដរាបដល់ល្ងាច លុះដល់ពេលប្រហែលជាថ្ងៃលិច នោះទ្រង់ក៏សុគតទៅ។
ជំពូក 19
1 រីឯយ៉ូសាផាត ជាស្តេចយូដា ទ្រង់វិលទៅឯដំណាក់នៅក្រុងយេរូសាឡឹមវិញ ដោយសុខសាន្ត
2 ខណៈនោះ យេហ៊ូវ កូនហាណានី ជាអ្នកមើលឆុត ក៏ចេញទៅទទួលទ្រង់ទូលថា តើគួរគប្បីឲ្យទ្រង់បានទៅជួយមនុស្សអាក្រក់ ហើយស្រឡាញ់ដល់ពួកអ្នកដែលស្អប់ព្រះយេហូវ៉ាឬអី ដោយព្រោះហេតុនេះបានជាមានសេចក្ដីក្រេវក្រោធចេញពីចំពោះព្រះយេហូវ៉ា មកលើទ្រង់ហើយ
3 ប៉ុន្តែ ឃើញមានសេចក្ដីល្អខ្លះនៅក្នុងទ្រង់ដែរ ដោយទ្រង់បានបំបាត់រូបព្រះទាំងប៉ុន្មាន ចេញពីស្រុកទៅ ហើយបានតាំងព្រះទ័យស្វែងរកព្រះពិតវិញ។
4 យ៉ូសាផាតទ្រង់គង់នៅក្រុងយេរូសាឡឹម ហើយទ្រង់យាងចេញទៅកណ្តាលអស់ទាំងពួកជនម្តងទៀត គឺចាប់តាំងពីក្រុងបៀរ-សេបា រហូតដល់ស្រុកភ្នំអេប្រាអិមនាំគេវិលមកឯព្រះយេហូវ៉ាជាព្រះនៃពួកអយ្យកោគេវិញ
5 ទ្រង់ក៏តាំងឲ្យមានចៅក្រមនៅក្នុងស្រុក គឺក្នុងគ្រប់ទាំងទីក្រុងមានបន្ទាយរបស់ពួកយូដា
6 ទ្រង់មានព្រះបន្ទូលទៅចៅក្រមទាំងនោះថា ចូរពិចារណាការដែលអ្នករាល់គ្នាធ្វើចុះ ដ្បិតអ្នករាល់គ្នាមិនមែនជំនុំជម្រះឲ្យគាប់ចិត្តដល់មនុស្សទេ គឺឲ្យព្រះយេហូវ៉ាបានពេញព្រះហឫទ័យវិញ ហើយទ្រង់ក៏គង់នៅជាមួយនឹងអ្នករាល់គ្នា ក្នុងការជំនុំជម្រះនោះដែរ
7 ដូច្នេះ ចូរឲ្យអ្នករាល់គ្នាមានសេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ាចុះ ចូរប្រយ័ត ហើយសម្រេចការនោះទៅ ដ្បិតគ្មានសេចក្ដីទុច្ចរិតណា នៅនឹងព្រះយេហូវ៉ាជាព្រះនៃយើងរាល់គ្នាឡើយ ក៏គ្មានសេចក្ដីលំអៀងទៅខាងអ្នកណា ឬស៊ីសំណូកផង។
8 មួយទៀត យ៉ូសាផាតទ្រង់តាំងឲ្យមានពួកលេវី ពួកសង្ឃ និងពួកអ្នកដែលជាកំពូលលើវង្សានុវង្សនៃសាសន៍អ៊ីស្រាអែល នៅក្រុងយេរូសាឡឹម សម្រាប់ការវិនិច្ឆ័យនៃព្រះយេហូវ៉ា និងការកាត់រឿងក្តី រួចគេត្រឡប់មកនៅក្រុងយេរូសាឡឹមវិញ
9 ទ្រង់ក៏បង្គាប់គេថា គឺយ៉ាងនោះដែលអ្នករាល់គ្នាត្រូវសម្រេចការងារ ដោយសេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ាយ៉ាងទៀងទាត់ ហើយដោយចិត្តស្មោះត្រង់
10 បើកាលណាមានដំណើរក្តី រើមកដល់អ្នករាល់គ្នា អំពីពួកបងប្អូនដែលនៅអស់ទាំងទីក្រុងគេ ជារឿងក្តីពីការកាប់សម្លាប់គ្នា ឬការរំលងច្បាប់ ក្រឹត្យក្រម និងបញ្ញត្ត ឬសេចក្ដីវិនិច្ឆ័យណាមួយ នោះត្រូវឲ្យអ្នករាល់គ្នាប្រាមប្រាប់គេ ដើម្បីកុំឲ្យគេមានទោស នៅចំពោះព្រះយេហូវ៉ា ហើយដោយសារទោសនោះ នឹងមានសេចក្ដីក្រោធមកលើអ្នករាល់គ្នា និងពួកបងប្អូនផងនោះឡើយ ចូរសម្រេចការនេះទៅ នោះអ្នករាល់គ្នានឹងគ្មានទោសទេ
11 ហើយមើល អ័ម៉ារា ជាសម្ដេចសង្ឃ លោកត្រួតលើអ្នករាល់គ្នាក្នុងអស់ទាំងកិច្ចការខាងឯព្រះយេហូវ៉ា ហើយសេបាឌាជាកូនអ៊ីសម៉ាអែល លោកជាចៅហ្វាយលើពូជអំបូរយូដា ក្នុងគ្រប់ទាំងការខាងឯស្តេច ហើយពួកលេវីក៏នៅចំពោះអ្នករាល់គ្នាទុកជាអាជ្ញា ចូរធ្វើការដោយចិត្តក្លាហានចុះ សូមឲ្យព្រះយេហូវ៉ាគង់នៅខាងណាដែលត្រឹមត្រូវផង។
ជំពូក 20
1 ក្រោយនោះមក ពួកកូនចៅម៉ូអាប់ និងពួកកូនចៅអាំម៉ូន ព្រមទាំងពួកម៉ាអូនខ្លះ ក៏លើកគ្នាមកច្បាំងនឹងយ៉ូសាផាត
2 មានគេមកទូលដល់យ៉ូសាផាតថា មានកងទ័ពយ៉ាងសន្ធឹកមកទាស់នឹងទ្រង់ គេមកពីស្រុកស៊ីរី ខាងនាយសមុទ្រ មើល គេមកដល់ហាសាលូន-តាម៉ារហើយ (នោះគឺជាស្រុកអេន-កេឌី)
3 យ៉ូសាផាតទ្រង់ក៏ភ័យខ្លាច ហើយតាំងព្រះហឫទ័យស្វែងរកព្រះយេហូវ៉ាទ្រង់ប្រកាសប្រាប់ឲ្យមានការតមអត់ នៅពេញក្នុងស្រុកយូដា
4 ហើយពួកយូដាក៏មូលគ្នាមករកទីពឹងដល់ព្រះយេហូវ៉ា គឺគេចេញពីអស់ទាំងទីក្រុងរបស់ស្រុកយូដាមក ដើម្បីស្វះស្វែងរកព្រះ។
5 រីឯយ៉ូសាផាតទ្រង់ឈរនៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា ចំមុខទីលានថ្មី នៅកណ្តាលជំនុំពួកយូដា និងពួកក្រុងយេរូសាឡឹម ទូលថា
6 ឱព្រះយេហូវ៉ាជាព្រះនៃពួកអយ្យកោយើងខ្ញុំរាល់គ្នាអើយ តើទ្រង់មិនមែនជាព្រះនៅស្ថានសួគ៌ទេឬអី តើទ្រង់មិនគ្រប់គ្រងលើអស់ទាំងនគររបស់សាសន៍ដទៃទេឬអី ហើយនៅព្រះហស្តទ្រង់ នោះក៏មានព្រះចេស្តា និងឥទ្ធិឫទ្ធិដែរ ដល់ម៉្លេះបានជាគ្មានអ្នកណាអាចនឹងទប់ទល់នឹងទ្រង់បានឡើយ
7 ឱព្រះនៃយើងខ្ញុំរាល់គ្នាអើយ តើទ្រង់មិនបានបណ្តេញពួកអ្នកស្រុកនេះពីមុខពួកអ៊ីស្រាអែល ជារាស្ត្រទ្រង់ចេញ ហើយប្រទានដល់ពូជពង្សរបស់លោកអ័ប្រាហាំ ជាមិត្តសំឡាញ់ទ្រង់ ជាដរាបតទៅទេឬអី
8 គេបានអាស្រ័យនៅ ហើយក៏បានស្អាងទីបរិសុទ្ធនៅស្រុកនេះ សម្រាប់ព្រះនាមទ្រង់ ដោយពាក្យថា
9 បើសិនជាមានសេចក្ដីអាក្រក់ណា មកសង្កត់លើយើងរាល់គ្នា ទោះបើជាដាវ ឬទុក្ខទោស អាសន្នរោគ ឬអំណត់ក្តី បើយើងរាល់គ្នានឹងឈរនៅមុខព្រះវិហារនេះ ហើយនៅចំពោះទ្រង់ (ដ្បិតព្រះនាមទ្រង់នៅក្នុងព្រះវិហារនេះ) ហើយយើងរាល់គ្នាអំពាវនាវដល់ទ្រង់ ក្នុងសេចក្ដីវេទនារបស់យើង នោះទ្រង់នឹងព្រមទទួល ហើយនិងជួយសង្គ្រោះយើង
10 ឥឡូវនេះ មើល មានពួកកូនចៅអាំម៉ូន ម៉ូអាប់ និងពួកភ្នំសៀរ ដែលទ្រង់មិនបើកឲ្យអ៊ីស្រាអែលទន្ទ្រានចូលស្រុកគេ ក្នុងកាលដែលចេញពីស្រុកអេស៊ីព្ទមក គឺបានឲ្យដើរវាងពីគេ ឥតបំផ្លាញគេឡើយ
11 សូមមើលបែបយ៉ាងណាដែលគេសងគុណដល់យើងខ្ញុំរាល់គ្នា គឺគេមកចង់បណ្តេញយើងខ្ញុំរាល់គ្នា ចេញពីកេរអាកររបស់ទ្រង់ ដែលទ្រង់បានប្រទានមក ទុកជាមរដកដល់យើងខ្ញុំ
12 ឱព្រះនៃយើងខ្ញុំរាល់គ្នាអើយ សូមទ្រង់កាត់ទោសដល់គេ ពីព្រោះខ្ញុំរាល់គ្នាគ្មានកម្លាំងនឹងទប់ទល់ចំពោះពួកយ៉ាងធំ ដែលមកទាស់នឹងយើងរាល់គ្នានេះបានទេ យើងខ្ញុំក៏មិនដឹងធ្វើដូចម្តេចដែរ ប៉ុន្តែ ភ្នែកយើងខ្ញុំទន្ទឹងមើលតែទ្រង់ទេ
13 ពួកយូដាទាំងអស់គ្នាក៏ឈរនៅចំពោះព្រះយេហូវ៉ា មានទាំងកូនតូចៗ និងប្រពន្ធហើយក្មេងៗនៅជាមួយផង។
14 គ្រានោះ យ៉ាហាសៀល ជាកូនសាការី ដែលជាកូនបេនណាយ៉ាៗជាកូនយីអែលៗជាកូនម៉ាថានា ដែលជាពួកលេវី ខាងពួកកូនចៅអេសាភ លោកនៅកណ្តាលពួកជំនុំ ហើយព្រះវិញ្ញាណនៃព្រះយេហូវ៉ា ក៏មកសណ្ឋិតលើលោក
15 រួចលោកពោលថា ឱពួកយូដាទាំងអស់គ្នា និងពួកអ្នកនៅក្រុងយេរូសាឡឹម ព្រមទាំងព្រះករុណាយ៉ូសាផាតអើយ ចូរស្តាប់ចុះ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលមកអ្នករាល់គ្នាដូច្នេះថា កុំឲ្យភ័យខ្លាចអ្វីឡើយ ក៏កុំឲ្យស្រយុតចិត្ត ដោយព្រោះពួកធំទាំងម៉្លេះនេះដែរ ដ្បិតចម្បាំងនេះមិនមែនស្រេចនៅអ្នករាល់គ្នាទេ គឺស្រេចនៅព្រះវិញ
16 ស្អែកឡើង ចូរអ្នករាល់គ្នាចុះទៅទាស់នឹងគេចុះ មើល គេកំពុងតែឡើងមកតាមផ្លូវភ្នំស៊ីស អ្នករាល់គ្នានឹងជួបគេនៅចុងច្រកភ្នំ ទល់មុខនឹងទីរហោស្ថានយេរួល
17 អ្នករាល់គ្នាមិនបាច់នឹងតស៊ូក្នុងចម្បាំងនេះទេ ឲ្យគ្រាន់តែដំរៀបគ្នាឈរស្ងៀម ហើយចាំមើលសេចក្ដីសង្គ្រោះ ដែលព្រះយេហូវ៉ានឹងប្រោសដល់អ្នករាល់គ្នាប៉ុណ្ណោះឱពួកយូដា និងពួកអ្នកនៅក្រុងយេរូសាឡឹមអើយ កុំឲ្យភ័យខ្លាចអ្វីឡើយ ក៏កុំឲ្យស្រយុតចិត្តដែរ ស្អែកនេះ ចូរចេញទៅទាស់នឹងគេចុះ ពីព្រោះព្រះយេហូវ៉ាទ្រង់គង់នៅជាមួយនឹងអ្នករាល់គ្នាហើយ
18 នោះយ៉ូសាផាតទ្រង់ក្រាបព្រះភ័ក្ត្រចុះដល់ដី ហើយពួកយូដា និងពួកអ្នកនៅក្រុងយេរូសាឡឹមទាំងអស់គ្នា ក៏ក្រាបថ្វាយបង្គំនៅចំពោះព្រះយេហូវ៉ាដែរ
19 ឯពួកលេវី ខាងពួកកូនចៅកេហាត់ និងពួកកូនចៅកូរេ គេឈរឡើង សរសើរដល់ព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល ដោយសំឡេងយ៉ាងខ្លាំងក្រៃលែង។
20 ស្អែកឡើង គេក្រោកពីព្រលឹមស្រាង ចេញទៅឯទីរហោស្ថានត្កូអា កំពុងដែលគេចេញទៅ នោះយ៉ូសាផាតទ្រង់ឈរមានព្រះបន្ទូលថា ពួកយូដា និងពួកអ្នកនៅក្រុងយេរូសាឡឹមអើយ ចូរស្តាប់យើងចុះ ចូរឲ្យមានសេចក្ដីជំនឿជឿដល់ព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា ទើបអ្នករាល់គ្នានឹងបានខ្ជាប់ខ្ជួន ចូរជឿតាមពួកហោរារបស់ទ្រង់ ទើបអ្នករាល់គ្នានឹងប្រកប ដោយសេចក្ដីចម្រើន
21 រួចកាលទ្រង់បានពិគ្រោះនឹងបណ្តាជនហើយ នោះទ្រង់ក៏តម្រូវឲ្យមានពួកអ្នក ដែលត្រូវច្រៀងថ្វាយព្រះយេហូវ៉ា ហើយពោលសរសើរ ដោយស្លៀកពាក់ជាប្រដាប់បរិសុទ្ធ ក្នុងកាលដែលគេនាំមុខពួកទ័ពចេញទៅ ដោយពោលថា ចូរអរព្រះគុណដល់ព្រះយេហូវ៉ាចុះ ដ្បិតសេចក្ដីសប្បុរសទ្រង់នៅជាប់អស់កល្បជានិច្ច
22 ដូច្នេះ កាលគេចាប់តាំងច្រៀង ហើយសរសើរឡើង នោះព្រះយេហូវ៉ាទ្រង់បង្កប់ទ័ពទាស់នឹងពួកកូនចៅអាំម៉ូន ម៉ូអាប់ និងពួកភ្នំសៀរ ដែលមកចង់ច្បាំងនឹងពួកយូដា ឲ្យគេត្រូវចាញ់
23 ដ្បិតពួកកូនចៅអាំម៉ូន និងម៉ូអាប់ គេលើកគ្នាបំផ្លាញពួកអ្នកនៅស្រុកភ្នំសៀរអស់រលីងទៅ រួចកាលគេបានបំផ្លាញពួកនោះអស់ហើយ នោះក៏ព្រួតគ្នាបំផ្លាញដល់គ្នាទៅវិញទៅមកទៀត។
24 ដូច្នេះ កាលពួកយូដាមកដល់ប៉មចាំយាម នៅត្រង់ទីរហោស្ថាន នោះគេក្រឡេកមើលទៅពួកធំនោះ ក៏ឃើញគេសុទ្ធតែជាខ្មោចដេករដូកនៅដី គ្មានអ្នកណាមួយបានរួចជីវិតឡើយ
25 រួចកាលយ៉ូសាផាត និងពលទ័ពរបស់ទ្រង់បានទៅដល់ ដើម្បីយករបឹប នោះក៏ឃើញមានទាំងរបស់ទ្រព្យ សម្លៀកបំពាក់ និងប្រដាប់មានតម្លៃយ៉ាងសន្ធឹក ហើយនាំគ្នាដោះចេញទុកសម្រាប់ខ្លួន លើសពីកម្លាំងនឹងយកទៅបាន មានរបឹបជាច្រើន ដល់ម៉្លេះបានជាគេប្រមូលយកអស់រវាង៣ថ្ងៃទើបហើយ
26 នៅថ្ងៃទី៤ គេប្រជុំគ្នានៅច្រកភ្នំបេរ៉ាកា គឺដោយព្រោះនៅទីនោះគេបានសូមឲ្យព្រះយេហូវ៉ាបានព្រះពរ បានជាគេហៅទីនោះថា ច្រកភ្នំបេរ៉ាកា ដរាបដល់សព្វថ្ងៃនេះ
27 រួចមក ពួកយូដា និងអស់ពួកអ្នកនៅក្រុងយេរូសាឡឹមទាំងអស់គ្នា មានទាំងយ៉ូសាផាតយាងនាំមុខគេ ក៏វិលត្រឡប់ទៅឯក្រុងយេរូសាឡឹមវិញដោយអំណរ ពីព្រោះព្រះយេហូវ៉ាទ្រង់បានបណ្តាលឲ្យគេមានសេចក្ដីរីករាយសប្បាយ ពីដំណើរពួកខ្មាំងសត្រូវរបស់គេ
28 គេក៏ចូលទៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា នៅក្រុងយេរូសាឡឹម ដោយលេងពិណ ស៊ុង ហើយផ្លុំត្រែផង
29 កាលពួកនគរដែលនៅអស់ទាំងស្រុកបានឮថា ព្រះយេហូវ៉ាទ្រង់ច្បាំងនឹងពួកខ្មាំងសត្រូវរបស់អ៊ីស្រាអែលដូច្នោះ នោះគេក៏កើតមានសេចក្ដីស្ញែងខ្លាចដល់ព្រះទាំងអស់គ្នា
30 ដូច្នេះ នគររបស់យ៉ូសាផាតបានសុខសាន្ត ពីព្រោះព្រះនៃទ្រង់បានប្រោសប្រទាន ឲ្យទ្រង់មានសេចក្ដីស្រាកស្រាន្ត នៅព័ទ្ធជុំវិញ។
31 ឯយ៉ូសាផាតទ្រង់បានសោយរាជ្យនៅស្រុកយូដា កាលទ្រង់ចាប់តាំងសោយរាជ្យ នោះមានព្រះជន្ម៣៥ឆ្នាំហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡឹមបាន២៥ឆ្នាំ ព្រះមាតាទ្រង់ព្រះនាមជា អ័ស៊ូបា ជាបុត្រីស៊ីលហ៊ី
32 ទ្រង់ដើរតាមផ្លូវរបស់អេសា ជាព្រះបិតាទ្រង់ ឥតងាកបែរចេញឡើយ ក៏ប្រព្រឹត្តអំពើដែលត្រឹមត្រូវ នៅព្រះនេត្រព្រះយេហូវ៉ា
33 ប៉ុន្តែ មិនបានបំបាត់អស់ទាំងទីខ្ពស់ចេញឡើយ ហើយពួកបណ្តាជនក៏មិនទាន់បានតាំងចិត្តដល់ព្រះនៃពួកអយ្យកោគេនៅឡើយដែរ
34 រីឯដំណើរទាំងប៉ុន្មានឯទៀតពីយ៉ូសាផាត ទាំងមុនទាំងក្រោយ នោះសុទ្ធតែបានកត់ទុកក្នុងសេចក្ដីបរិយាយ ដែលយេហ៊ូវ ជាកូនហាណានី បានតែង ដែលគេបានកត់បញ្ចូលក្នុងពង្សាវតារនៃពួកស្តេចអ៊ីស្រាអែលហើយ។
35 ក្រោយនោះមក យ៉ូសាផាត ជាស្តេចយូដា ទ្រង់ក៏ចូលហ៊ុនជាមួយនឹងអ័ហាស៊ីយ៉ា ស្តេចអ៊ីស្រាអែល ដែលជាអ្នកប្រព្រឹត្តលាមកអាក្រក់
36 ទ្រង់ចូលហ៊ុនគ្នា ដើម្បីនឹងធ្វើនាវាទៅឯស្រុកតើស៊ីស គេក៏ធ្វើនាវាទាំងនោះនៅត្រង់ក្រុងអេស៊ាន-គេប៊ើរ
37 គ្រានោះ អេលាស៊ើរ ជាកូនដូដាវ៉ា អ្នកស្រុកម៉ារីសា លោកទាយទាស់នឹងយ៉ូសាផាតថា ដោយព្រោះព្រះករុណាបានចូលហ៊ុននឹងអ័ហាស៊ីយ៉ា នោះព្រះយេហូវ៉ាទ្រង់បានបំផ្លាញការដែលព្រះករុណាបានធ្វើនេះទាំងអស់ចេញ ឯនាវានោះក៏ត្រូវបាក់បែកទៅ នឹងទៅស្រុកតើស៊ីសមិនបានឡើយ។
ជំពូក 21
1 ឯយ៉ូសាផាតទ្រង់ផ្ទំលក់ទៅជាមួយនឹងពួកអយ្យកោទ្រង់ គេបញ្ចុះសពនៅជាមួយនឹងពួកអយ្យកោទ្រង់ នៅក្នុងក្រុងដាវីឌ រួចយ៉ូរ៉ាម ជាព្រះរាជបុត្រា ក៏ឡើងសោយរាជ្យជំនួសព្រះបិតា។
2 យ៉ូរ៉ាមមានកនិដ្ឋា ជាបុត្រារបស់យ៉ូសាផាត គឺអ័សារា យេហ៊ីអែល សាការី អ័សារា មីកែល និងសេផាធា នេះសុទ្ធតែជាបុត្រារបស់យ៉ូសាផាត ស្តេចសាសន៍អ៊ីស្រាអែល ។
3 ព្រះបិតាទ្រង់ក៏ចែករបស់ទ្រព្យជាច្រើនដល់បុត្រទាំងនោះ គឺប្រាក់ មាស និងរបស់មានតម្លៃ ព្រមទាំងទីក្រុងមានបន្ទាយនៅស្រុកយូដាផង តែត្រង់ឯរាជ្យ នោះបានប្រទានដល់យ៉ូរ៉ាមវិញ ពីព្រោះទ្រង់ជាព្រះរាជបុត្រច្បង
4 កាលយ៉ូរ៉ាមបានឡើងគ្រប់គ្រងរាជ្យរបស់ព្រះបិតា ហើយមានអំណាចចម្រើនឡើង នោះទ្រង់ក៏សម្លាប់កនិដ្ឋាទាំងប៉ុន្មានដោយដាវទៅ ព្រមទាំងពួកដែលជាប្រធាន ក្នុងសាសន៍អ៊ីស្រាអែលជាច្រើនដែរ
5 កាលយ៉ូរ៉ាមចាប់តាំងសោយរាជ្យឡើង នោះទ្រង់ក៏មានព្រះជន្ម៣២ឆ្នាំហើយ ក៏សោយរាជ្យ នៅក្រុងយេរូសាឡឹមបាន៨ឆ្នាំ
6 ទ្រង់បានដើរតាមផ្លូវរបស់ពួកស្តេចអ៊ីស្រាអែល គឺបានប្រព្រឹត្តដូចជាវង្សារបស់អ័ហាប់ដែរ ដ្បិតទ្រង់បានយកបុត្រីរបស់អ័ហាប់ ធ្វើជាភរិយា ទ្រង់ក៏ប្រព្រឹត្តអំពើដ៏លាមកអាក្រក់ នៅព្រះនេត្រនៃព្រះយេហូវ៉ា
7 ប៉ុន្តែ ព្រះយេហូវ៉ាទ្រង់មិនសព្វព្រះហឫទ័យ នឹងបំផ្លាញពួកវង្សរបស់ដាវីឌទេ ដោយព្រោះសេចក្ដីសញ្ញាដែលទ្រង់បានតាំងនឹងដាវីឌ ហើយដោយព្រោះបានសន្យានឹងទ្រង់ថា នឹងប្រោសប្រទានចង្កៀង១ដល់ទ្រង់ និងពួកកូនចៅទ្រង់ជាដរាបទៅ។
8 នៅក្នុងរាជ្យយ៉ូរ៉ាម នោះសាសន៍អេដុមបានបះបោរដកខ្លួនពីអំណាចសាសន៍យូដាចេញ ហើយគេក៏តាំងឲ្យមានស្តេចគ្រប់គ្រងលើខ្លួនវិញ
9 នោះទ្រង់យាងឆ្លងទៅឯគេ មានទាំងពួកមេទ័ព និងរទេះចម្បាំងទាំងប៉ុន្មានរបស់ទ្រង់ផង ទ្រង់ក្រោកឡើងទាំងយប់ ទៅវាយពលទ័ព និងពួកមេរទេះចម្បាំងរបស់សាសន៍អេដុម ដែលបានមកឡោមព័ទ្ធទ្រង់នោះ
10 ប៉ុន្តែ សាសន៍អេដុមបានបះបោរ ដកខ្លួនពីអំណាចសាសន៍យូដា ដរាបដល់សព្វថ្ងៃនេះ គ្រានោះ ពួកក្រុងលិបណាក៏បះបោរដកខ្លួនពីក្រោមអំណាចទ្រង់ដែរ ពីព្រោះទ្រង់បានបោះបង់ចោលព្រះយេហូវ៉ាជាព្រះនៃពួកអយ្យកោទ្រង់
11 មួយទៀត ទ្រង់ក៏ធ្វើទីខ្ពស់នៅភ្នំស្រុកយូដាទាំងប៉ុន្មាន ក៏បានបណ្តាលឲ្យពួកក្រុងយេរូសាឡឹមផិតព្រះ ព្រមទាំងប្រទាញនាំពួកយូដាឲ្យវង្វេងដែរ។
12 នោះមានសំបុត្រមកពីហោរាអេលីយ៉ាដល់ទ្រង់ថា ព្រះយេហូវ៉ាជាព្រះនៃដាវីឌ ព្រះបិតាទ្រង់ បានមានព្រះបន្ទូលថា ដោយព្រោះទ្រង់មិនបានដើរតាមផ្លូវរបស់យ៉ូសាផាត ជាព្រះបិតាទ្រង់ និងផ្លូវរបស់អេសា ជាស្តេចយូដា
13 គឺបានដើរតាមផ្លូវរបស់ពួកស្តេចអ៊ីស្រាអែលវិញ ព្រមទាំងបណ្តាលឲ្យពួកយូដា និងពួកអ្នកនៅក្រុងយេរូសាឡឹមផិតព្រះ ដូចជាពួកវង្សរបស់អ័ហាប់ដែរ ហើយដោយព្រោះទ្រង់បានសម្លាប់កនិដ្ឋាទាំងប៉ុន្មាន ជាព្រះវង្សរបស់ព្រះបិតាទ្រង់ ដែលសុទ្ធតែល្អជាងទ្រង់ផង
14 នោះមើល ព្រះយេហូវ៉ាទ្រង់នឹងវាយរាស្ត្រទ្រង់ ដោយសេចក្ដីវេទនាជាខ្លាំងព្រមទាំងពួកបុត្រ និងភរិយាទ្រង់ទាំងប៉ុន្មាន ហើយរបស់ទ្រព្យនៃទ្រង់ផង
15 ឯទ្រង់ នឹងកើតមានជំងឺក្នុងពោះវៀនជាទំងន់ ឈឺរាល់តែថ្ងៃ ដរាបដល់ពោះវៀនធ្លាក់ចេញមកដោយសារជំងឺនោះ។
16 ព្រះយេហូវ៉ាទ្រង់ក៏បណ្តាលចិត្តពួកភីលីស្ទីន និងពួកអារ៉ាប់ ដែលនៅជិតសាសន៍អេធីអូពី ឲ្យគេកម្រើកឡើងទាស់នឹងយ៉ូរ៉ាមដែរ
17 គេឡើងសង្ខុញចូលមកក្នុងស្រុកយូដា ប្លន់យកអស់ទាំងរបស់ទ្រព្យដែលឃើញមានក្នុងព្រះរាជដំណាក់ទៅ ព្រមទាំងនាំយកពួកបុត្រ និងភរិយារបស់ទ្រង់ទាំងប៉ុន្មានផង បានជាគ្មានបុត្រណានៅសល់ដល់ទ្រង់ មានតែអ័ហាស៊ីយ៉ា ជាបុត្រពៅរបស់ទ្រង់ប៉ុណ្ណោះ។
18 ក្រោយការទាំងនោះមក ព្រះយេហូវ៉ាទ្រង់ប្រហារស្តេចឲ្យមានជំងឺក្នុងពោះវៀន ដែលមើលមិនចេះជាឡើយ
19 លុះវេលាកន្លងមកបាន២ឆ្នាំ នោះពោះវៀនទ្រង់ក៏ធ្លាក់ចេញមក ដោយជំងឺនោះ ហើយទ្រង់សុគតទៅ ដោយរោគយ៉ាងអាក្រក់ណាស់ ឯពួករាស្ត្រទ្រង់មិនបានថ្វាយព្រះភ្លើងដល់ទ្រង់ ដូចបានថ្វាយដល់ពួកអយ្យកោទ្រង់ទេ
20 កាលទ្រង់ចាប់តាំងសោយរាជ្យឡើង នោះមានព្រះជន្ម៣២ឆ្នាំហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡឹមបាន៨ឆ្នាំ រួចទ្រង់លាចាកលោកទៅ ឥតមានអ្នកណាស្តាយឡើយ គេបញ្ចុះសពទ្រង់នៅក្នុងក្រុងដាវីឌ តែមិនមែនក្នុងផ្នូររបស់ពួកស្តេចទេ។
ជំពូក 22
1 ពួកអ្នកក្រុងយេរូសាឡឹម គេតាំងអ័ហាស៊ីយ៉ា ជាព្រះរាជបុត្រាពៅរបស់ទ្រង់ ឡើងធ្វើជាស្តេចជំនួសព្រះបិតា ដោយព្រោះកងទ័ពខាងសាសន៍អារ៉ាប់ ដែលឡើងមកឯទីបោះទ័ព គេបានសម្លាប់ព្រះជេដ្ឋាទ្រង់ទាំងអស់ទៅ គឺយ៉ាងនោះដែលអ័ហាស៊ីយ៉ា ជាព្រះរាជបុត្រាយ៉ូរ៉ាម ស្តេចយូដា បានសោយរាជ្យឡើង
2 កាលអ័ហាស៊ីយ៉ាចាប់តាំងសោយរាជ្យឡើង នោះទ្រង់មានព្រះជន្ម៤២ឆ្នាំ ហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡឹមបាន១ឆ្នាំ ព្រះមាតាទ្រង់ព្រះនាមជា អ័ថាលា ជាបុត្រីអំរី
3 ទ្រង់ក៏ដើរតាមផ្លូវរបស់ពួកវង្សអ័ហាប់ដែរ ពីព្រោះព្រះមាតាទ្រង់ ជាអ្នកជួយគំនិតឲ្យធ្វើអំពើអាក្រក់
4 ហើយទ្រង់ប្រព្រឹត្តអំពើដ៏លាមកអាក្រក់ នៅព្រះនេត្រនៃព្រះយេហូវ៉ា ដូចជាពួកវង្សរបស់អ័ហាប់ដែរ ដ្បិតក្រោយដែលព្រះបិតាទ្រង់បានសុគតទៅហើយ ពួកនោះជាអ្នកដឹកនាំគំនិតទ្រង់ ដរាបដល់ទ្រង់ត្រូវវិនាស
5 ទ្រង់ចេះតែប្រព្រឹត្តតាមដំបូន្មានរបស់គេ ក៏ទៅជាមួយនឹងយ៉ូរ៉ាម ជាព្រះរាជបុត្រាអ័ហាប់ស្តេចអ៊ីស្រាអែល ដើម្បីច្បាំងនឹងហាសែល ជាស្តេចស្រុកស៊ីរីត្រង់ក្រុងរ៉ាម៉ូត-កាឡាតដែរ ឯពួកស៊ីរី គេធ្វើឲ្យយ៉ូរ៉ាមមានរបួស
6 រួចទ្រង់វិលទៅឯក្រុងយេសរាលវិញ ដើម្បីមើលរបួសឲ្យជា ដែលគេបានធ្វើទ្រង់នៅត្រង់រ៉ាម៉ា ក្នុងកាលដែលទ្រង់ច្បាំងនឹងហាសែលស្តេចស៊ីរី រួចអ័ហាស៊ីយ៉ា ជាព្រះរាជបុត្រាយ៉ូរ៉ាម ស្តេចយូដា ទ្រង់ក៏យាងទៅដល់យេសរាល គាល់យ៉ូរ៉ាម ជាព្រះរាជបុត្រាអ័ហាប់ ដែលទ្រង់ប្រឈួន
7 រីឯការដែលអ័ហាស៊ីយ៉ាបានទៅគាល់យ៉ូរ៉ាម នោះកើតមកអំពីព្រះទេ ដើម្បីឲ្យទ្រង់ត្រូវវិនាស ដ្បិតកាលទ្រង់បានទៅដល់ហើយ នោះក៏យាងចេញទៅជាមួយនឹងយ៉ូរ៉ាម ទាស់នឹងយេហ៊ូវ ជាកូននីមស៊ី ជាអ្នកដែលព្រះយេហូវ៉ាបានចាក់ប្រេងតាំងឡើង ឲ្យបានបំផ្លាញវង្សរបស់អ័ហាប់ចេញ
8 ហើយកាលយេហ៊ូវកំពុងតែសម្រេចទោសដល់វង្សរបស់អ័ហាប់ នោះលោកក៏ប្រទះឃើញពួកអ្នកខ្លះ ដែលជាពូជពង្សស្តេចយូដា គឺជាបុត្ររបស់ពួកជេដ្ឋាអ័ហាស៊ីយ៉ាដែលជាជំនិតទ្រង់ ហើយលោកសម្លាប់គេទាំងអស់ទៅ
9 លោកក៏រកអ័ហាស៊ីយ៉ាដែលពួននៅក្នុងក្រុងសាម៉ារីដែរ ហើយគេចាប់ទ្រង់ នាំមកដល់យេហ៊ូវ រួចគេសម្លាប់បង់ ហើយកប់សពទ្រង់ទៅ ដោយថា ទ្រង់ជាបុត្រយ៉ូសាផាត ដែលបានស្វែងរកព្រះយេហូវ៉ាអស់ពីព្រះទ័យ ដូច្នេះ ក្នុងវង្សរបស់អ័ហាស៊ីយ៉ា គ្មានអ្នកណាមួយអាចនឹងគ្រប់គ្រងរាជ្យបានឡើយ។
10 ឯព្រះនាងអ័ថាលា ជាព្រះមាតាអ័ហាស៊ីយ៉ា កាលឃើញថា ព្រះរាជបុត្របានសុគតហើយ នោះព្រះនាងក៏ចាត់ចែងបំផ្លាញពូជពង្សហ្លួង ក្នុងវង្សានុវង្សនៃពួកយូដាទាំងអស់ទៅ
11 ប៉ុន្តែ យ៉ូសេបា ជាព្រះរាជបុត្រីស្តេច នាងលួចយកយ៉ូអាស ជាបុត្រាអ័ហាស៊ីយ៉ា ចេញពីពួកព្រះរាជបុត្រាដែលត្រូវគេសម្លាប់ទាំងប៉ុន្មាននោះ ទៅបំពួនទុក ព្រមទាំងមេនំនៅក្នុងបន្ទប់ គឺយ៉ាងនោះដែលយ៉ូសេបា ជាព្រះរាជបុត្រីស្តេចយ៉ូរ៉ាម ប្រពន្ធរបស់យេហូយ៉ាដាដ៏ជាសង្ឃ ត្រូវជាកនិដ្ឋារបស់អ័ហាស៊ីយ៉ា បានបំពួនទ្រង់ឲ្យរួចពីព្រះនាងអ័ថាលា ដើម្បីកុំឲ្យត្រូវស្លាប់
12 ទ្រង់ក៏នៅជាមួយនឹងគេ លាក់ទុកក្នុងព្រះវិហារនៃព្រះ អស់៦ឆ្នាំ កំពុងដែលព្រះនាងអ័ថាលាគ្រប់គ្រងរាជ្យនៅ។
ជំពូក 23
1 នៅឆ្នាំទី៧ នោះយេហូយ៉ាដា លោកចម្រើនអំណាចឡើង ក៏នាំឲ្យពួកមេទ័ពចុះសញ្ញានឹងលោក គឺអ័សារា ជាកូនយេរ៉ូហាំ អ៊ីសម៉ាអែល ជាកូនយ៉ូហាណាន អ័សារា ជាកូនអូបិឌ ម្អាសេយ៉ា ជាកូនអ័ដាយ៉ា និងអេលីសាផាត ជាកូនស៊ីកគ្រី
2 គេក៏ដើរទៅមកក្នុងស្រុកយូដា ប្រមូលពួកលេវីពីគ្រប់ទាំងទីក្រុងស្រុកយូដា ព្រមទាំងពួកជាប្រធានក្នុងវង្សានុវង្សនៃសាសន៍អ៊ីស្រាអែល ឲ្យមូលមកឯក្រុងយេរូសាឡឹម
3 រួចពួកជំនុំទាំងអស់គ្នាក៏ចុះសញ្ញានឹងស្តេច នៅក្នុងព្រះវិហារនៃព្រះ យេហូយ៉ាដាក៏ពោលឡើងថា មើល ត្រូវឲ្យព្រះរាជបុត្រានៃស្តេច បានសោយរាជ្យឡើង ដូចជាព្រះយេហូវ៉ាបានមានព្រះបន្ទូលហើយពីដំណើរពួកវង្សាដាវីឌ
4 ឯអ្នករាល់គ្នាត្រូវធ្វើយ៉ាងដូច្នេះ ចំណែកពួកសង្ឃ និងពួកលេវី ក្នុងពួកអ្នករាល់គ្នាដែលចូលមកនៅថ្ងៃឈប់សម្រាក នោះត្រូវឲ្យ១ភាគក្នុង៣ចាំយាមនៅមាត់ទ្វារ
5 មួយភាគក្នុង៣ទៀត ត្រូវនៅឯដំណាក់នៃស្តេច ហើយមួយភាគក្នុង៣ទៀត ត្រូវនៅត្រង់ទ្វារជើងជញ្ជាំង ឯបណ្តាជនទាំងឡាយ ត្រូវនៅក្នុងទីលានរបស់ព្រះវិហារនៃព្រះយេហូវ៉ាវិញ
6 កុំឲ្យអ្នកណាចូលទៅក្នុងព្រះវិហារនៃព្រះយេហូវ៉ាឡើយ លើកតែពួកសង្ឃ និងពួកអ្នកដែលជាជំនួយដល់ពួកលេវីប៉ុណ្ណោះ អ្នកទាំងនោះចូលទៅបាន ពីព្រោះគេបរិសុទ្ធទាំងអស់ តែបណ្តាជនទាំងឡាយត្រូវរក្សាបញ្ញើនៃព្រះយេហូវ៉ាវិញ
7 ត្រូវឲ្យពួកលេវីឈរព័ទ្ធជុំវិញស្តេច ដោយកាន់គ្រឿងសស្ត្រាវុធគ្រប់ៗគ្នា បើមានអ្នកណាចូលមកក្នុងព្រះវិហារ នោះត្រូវសម្លាប់បង់ ត្រូវឲ្យអ្នករាល់គ្នានៅជាប់នឹងស្តេច នៅអស់វេលាដែលទ្រង់យាងចេញចូល។
8 ដូច្នេះ ពួកលេវី និងពួកយូដាទាំងអស់គ្នា ក៏ធ្វើតាមបង្គាប់យេហូយ៉ាដាដ៏ជាសង្ឃគ្រប់Chapter គេនាំយកពួកគេរៀងខ្លួន ទាំងពួកដែលត្រូវចូលនៅថ្ងៃឈប់សម្រាក និងពួកដែលចេញនៅថ្ងៃឈប់សម្រាកដែរ ដ្បិតយេហូយ៉ាដាដ៏ជាសង្ឃ លោកមិនឲ្យពួកវេនណាឈប់ទេ
9 លោកប្រគល់លំពែង និងខែលធំតូច ជារបស់ស្តេចដាវីឌពីដើម ដែលទុកនៅក្នុងព្រះវិហារនៃព្រះ ដល់ពួកមេទ័ព
10 រួចលោកដាក់មនុស្សទាំងអស់ឲ្យឈរព័ទ្ធនៅជុំវិញស្តេច ទាំងកាន់គ្រឿងសស្ត្រាវុធរបស់គេរៀងខ្លួន ចាប់តាំងពីខាងស្តាំព្រះវិហារ រហូតទៅដល់ខាងឆ្វេង ក្បែរអាសនៈ និងព្រះវិហារ
11 នោះគេនាំព្រះរាជបុត្រានៃស្តេចចេញមក បំពាក់មកុដលើទ្រង់ ហើយថ្វាយសេចក្ដីបន្ទាល់ រួចតាំងទ្រង់ឡើងជាស្តេច ឯយេហូយ៉ាដា និងពួកកូនលោកក៏ចាក់ប្រេងថ្វាយទ្រង់ ហើយពោលថា សូមឲ្យព្រះរាជាបានប្រកប ដោយសេចក្ដីចម្រើនចុះ។
12 លុះកាលព្រះនាងអ័ថាលាបានឮសូរអឺងកងពីពួកបណ្តាជនដែលរត់ទៅមក ទាំងសរសើរដល់ស្តេច នោះព្រះនាងក៏យាងចូលទៅឯគេ ក្នុងព្រះវិហារនៃព្រះយេហូវ៉ា
13 ព្រះនាងទតទៅ ឃើញស្តេចទ្រង់ឈរនៅលើទីថ្កល់ត្រង់ផ្លូវចូល ព្រមទាំងពួកមេទ័ព និងពួកផ្លុំត្រែនៅអមទ្រង់ ឯពួកអ្នកស្រុកទាំងអស់គ្នា គេមានសេចក្ដីអំណរ ហើយផ្លុំត្រែឡើង ពួកចម្រៀងក៏កាន់ប្រដាប់ភ្លេង ហើយនាំមុខគេច្រៀងទំនុកសរសើរ នោះព្រះនាងក៏ហែកព្រះពស្ត្រ ដោយព្រះបន្ទូលថា នេះជាការក្បត់ គឺជាការក្បត់ហើយ
14 ឯយេហូយ៉ាដាដ៏ជាសង្ឃ លោកនាំពួកមេដែលត្រួតលើកងទ័ពចេញមកប្រាប់ថា ចូរនាំព្រះនាងចេញទៅក្រៅទៅ ហើយបើអ្នកណាតាមព្រះនាង នោះត្រូវសម្លាប់គេចោលចេញ ដ្បិតលោកបានហាមថា កុំឲ្យសម្លាប់ព្រះនាង នៅក្នុងព្រះវិហារនៃព្រះយេហូវ៉ាឡើយ
15 ដូច្នេះ គេក៏ចៀសផ្លូវឲ្យព្រះនាងចេញទៅ ហើយព្រះនាងយាងចេញទៅតាមទ្វារ ដែលសេះចូលទៅឯដំណាក់ស្តេច រួចគេធ្វើគុតនៅទីនោះ។
16 រីឯយេហូយ៉ាដា លោកនាំឲ្យខ្លួនលោក និងពួកបណ្តាជន ហើយនិងស្តេចចុះសញ្ញាគ្នាថា នឹងធ្វើជារាស្ត្ររបស់ផងព្រះយេហូវ៉ា
17 បន្ទាប់មក បណ្តាជនទាំងឡាយគេចូលទៅរំលំវិហាររបស់ព្រះបាលអស់ទៅ ហើយបំបាក់បំបែកអស់ទាំងអាសនៈ និងរូបព្រះឲ្យខ្ទេចខ្ទី ក៏សម្លាប់ម៉ាត់ថាន ជាសង្ឃរបស់ព្រះបាល នៅមុខអាសនៈនោះដែរ
18 យេហូយ៉ាដា លោកក៏តាំងឲ្យមានពួកអ្នកថែទាំមើលព្រះវិហារនៃព្រះយេហូវ៉ា នៅក្រោមបង្គាប់នៃពួកលេវីដ៏ជាសង្ឃ ដែលដាវីឌបានតម្រូវឲ្យមានដំណែង ក្នុងព្រះវិហារនៃព្រះយេហូវ៉ា សម្រាប់នឹងថ្វាយតង្វាយដុតដល់ព្រះយេហូវ៉ា ដូចជាមានសេចក្ដីចែងទុកក្នុងក្រឹត្យវិន័យរបស់លោកម៉ូសេ គឺដោយសេចក្ដីរីករាយសប្បាយ ហើយច្រៀងចម្រៀង តាមបង្គាប់ដាវីឌ
19 លោកក៏ដាក់ពួកឆ្មាំទ្វារ នៅអស់ទាំងទ្វារព្រះវិហារនៃព្រះយេហូវ៉ា ដើម្បីនឹងឃាត់មិនឲ្យអ្នកណាដែលមិនស្អាតក្នុងការអ្វីមួយ បានចូលទៅឡើយ
20 រួចមក លោកប្រមូលពួកមេទ័ព ពួកអ្នកធំ ពួកចៅហ្វាយលើបណ្តាជន និងពួកអ្នកស្រុកទាំងអម្បាលម៉ានមក ហើយនាំស្តេចចុះពីព្រះវិហារនៃព្រះយេហូវ៉ា ដង្ហែចូលទៅក្នុងព្រះរាជដំណាក់តាមទ្វារខាងលើ លើកតម្កល់លើបល្ល័ង្ករាជ្យ
21 ដូច្នេះ ពួកអ្នកស្រុកទាំងអស់គ្នា ក៏មានសេចក្ដីរីករាយសប្បាយ ហើយទីក្រុងបានសេចក្ដីសាន្តត្រាណ ឯព្រះនាងអ័ថាលា គេបានធ្វើគុតដោយដាវទៅ។
ជំពូក 24
1 កាលយ៉ូអាសទ្រង់ចាប់តាំងសោយរាជ្យឡើង នោះមានព្រះជន្ម៧ឆ្នាំហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡឹមបាន៤០ឆ្នាំ ព្រះមាតាទ្រង់ព្រះនាម ជាស៊ីបយ៉ា ជាអ្នកក្រុងបៀរ-សេបា
2 យ៉ូអាសទ្រង់ប្រព្រឹត្តសេចក្ដីដ៏ត្រឹមត្រូវនៅព្រះនេត្រព្រះយេហូវ៉ា គ្រប់១ជីវិតយេហូយ៉ាដាដ៏ជាសង្ឃ
3 យេហូយ៉ាដាក៏រកបាននាង២នាក់ថ្វាយទ្រង់ជាភរិយា ហើយទ្រង់បង្កើតបានបុត្រាបុត្រី។
4 ក្រោយនោះមក យ៉ូអាសទ្រង់មានព្រះទ័យនឹកចង់ជួសជុលព្រះវិហារនៃព្រះយេហូវ៉ាឡើងដូចដើម
5 ទ្រង់ក៏ប្រមូលពួកសង្ឃ និងពួកលេវីមកបង្គាប់ថា ចូរចេញទៅឯអស់ទាំងទីក្រុងស្រុកយូដា រៃប្រាក់ពីពួកអ៊ីស្រាអែលទាំងអស់រាល់តែឆ្នាំ ដើម្បីនឹងជួសជុលព្រះវិហាររបស់ព្រះនៃអ្នករាល់គ្នា ហើយប្រឹងប្រែងឡើងផង ប៉ុន្តែ ពួកលេវីមិនបានប្រឹងប្រែងឡើយ
6 ដូច្នេះ ស្តេចទ្រង់ហៅយេហូយ៉ាដាដ៏ជាសម្ដេចសង្ឃមកសួរថា ហេតុដូចម្តេចបានជាលោកមិនបង្ខំឲ្យពួកលេវីទៅហូតពន្ធពីពួកយូដា និងពួកក្រុងយេរូសាឡឹមដូចជាលោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះយេហូវ៉ា និងពួកជំនុំនៃសាសន៍អ៊ីស្រាអែលបានបង្គាប់ ទុកសម្រាប់ត្រសាលនៃសេចក្ដីបន្ទាល់ដូច្នេះ
7 ដ្បិតពួកបុត្ររបស់នាងអ័ថាលា ជាស្រីដ៏អាក្រក់នោះ បានបំបាក់បំបែកព្រះវិហារនៃព្រះហើយ ព្រមទាំងយកគ្រឿងប្រដាប់បរិសុទ្ធទាំងប៉ុន្មាន ដែលនៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា ទៅថ្វាយដល់ព្រះបាលវិញ។
8 ដូច្នេះ ស្តេចទ្រង់ចេញបង្គាប់ ហើយគេក៏ធ្វើហឹប១ដាក់នៅមាត់ទ្វារព្រះវិហារនៃព្រះយេហូវ៉ា
9 រួចប្រកាសប្រាប់នៅគ្រប់ក្នុងស្រុកយូដា និងនៅក្រុងយេរូសាឡឹម ឲ្យគេយកពន្ធមកថ្វាយព្រះយេហូវ៉ា ដូចជាលោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះ បានបង្គាប់ដល់ពួកអ៊ីស្រាអែល នៅទីរហោស្ថានដែរ
10 នោះពួកអ្នកដែលជាប្រធាន និងបណ្តាជនទាំងឡាយក៏រីករាយសប្បាយ ហើយយកប្រាក់មកដាក់ក្នុងហឹប ដរាបដល់បានគ្រប់
11 វេលាណាដែលពួកលេវីឃើញមានប្រាក់ច្រើនហើយ នោះក៏នាំយកហឹបចូលទៅឯពួកភ្នាក់ងាររបស់ស្តេច ហើយស្មៀនហ្លួង និងអ្នកដំណាងសម្ដេចសង្ឃ ក៏ចូលមកចាក់ចេញយកប្រាក់ទៅទុក រួចគេយកហឹបទៅដាក់នៅកន្លែងដើមវិញ គេធ្វើដូច្នោះរាល់តែថ្ងៃ ហើយបានប្រាក់ជាបរិបូរ
12 ស្តេច និងយេហូយ៉ាដា ក៏ប្រគល់ប្រាក់នោះ ឲ្យដល់ពួកអ្នកដែលត្រួតមើលការងារក្នុងព្រះវិហារនៃព្រះយេហូវ៉ា អ្នកទាំងនោះក៏ជួលជាងដាប់ថ្ម និងជាងឈើ ឲ្យរៀបចំព្រះវិហារនៃព្រះយេហូវ៉ាឡើងជាថ្មី ព្រមទាំងពួកជាងដែក ជាងលង្ហិន ឲ្យជួសជុលព្រះវិហារនៃព្រះយេហូវ៉ាដែរ
13 ដូច្នេះ ពួកអ្នកទាំងនោះក៏ធ្វើការទៅ ហើយការជួសជុលក៏ចម្រើនឡើង ដោយសារដៃគេ គេបានរៀបចំព្រះវិហារនៃព្រះតាមសណ្ឋានដើមវិញ ព្រមទាំងធ្វើឲ្យមាំមួនជាងទៅទៀត
14 កាលគេបានធ្វើការស្រេចហើយ នោះក៏យកប្រាក់ដែលសល់នៅ ទៅថ្វាយដល់ស្តេច និងយេហូយ៉ាដា ហើយប្រាក់នោះក៏យកទៅធ្វើជាគ្រឿងប្រដាប់សម្រាប់ព្រះវិហារនៃព្រះយេហូវ៉ា គឺជាគ្រឿងសម្រាប់ប្រើធ្វើការងារ ហើយថ្វាយតង្វាយ ព្រមទាំងកូនចាន និងគ្រឿងប្រដាប់ឯទៀត ធ្វើពីមាស និងប្រាក់ រួចការថ្វាយតង្វាយដុតនៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា ក៏មាននៅជានិច្ច គ្រប់១ជីវិតរបស់យេហូយ៉ាដា។
15 តែយេហូយ៉ាដា លោកកាន់តែចាស់ទៅ លោកបានស្កប់ចិត្តនឹងអាយុលោក ហើយក៏ស្លាប់ទៅ កាលលោកស្លាប់ នោះមានអាយុ១៣០ឆ្នាំហើយ
16 គេបញ្ចុះសពលោក នៅជាមួយនឹងពួកស្តេច នៅក្នុងក្រុងដាវីឌ ពីព្រោះលោកបានធ្វើល្អក្នុងសាសន៍អ៊ីស្រាអែល ហើយចំពោះព្រះ និងព្រះវិហារទ្រង់ផង
17 រីឯកាលយេហូយ៉ាដាបានស្លាប់ទៅហើយ នោះពួកដែលជាប្រធានក្នុងស្រុកយូដា គេចូលមកក្រាបថ្វាយបង្គំដល់ស្តេច ហើយទ្រង់ក៏ស្តាប់តាមគេ
18 ដូច្នេះ គេបោះបង់ចោលព្រះវិហាររបស់ព្រះយេហូវ៉ាជាព្រះនៃពួកអយ្យកោគេ ទៅគោរពប្រតិបត្តិតាមរូបព្រះ និងអ្នកតាវិញ ហើយមានសេចក្ដីក្រោធមកលើពួកយូដា និងពួកក្រុងយេរូសាឡឹម ដោយព្រោះការកំហុសដែលគេប្រព្រឹត្តនោះ
19 ប៉ុន្តែ ទ្រង់ក៏ចាត់ពួកហោរាទៅឯគេដែរ ដើម្បីនឹងទាញនាំគេមកឯព្រះយេហូវ៉ាវិញ ឯពួកហោរានោះ លោកក៏ចាប់ទោសគេ តែគេមិនព្រមទទួលស្តាប់ឡើយ។
20 គ្រានោះ ព្រះវិញ្ញាណនៃព្រះទ្រង់មកសណ្ឋិតលើសាការី ជាកូនយេហូយ៉ាដាដ៏ជាសង្ឃ លោកឈរនៅមុខបណ្តាជនពោលថា ព្រះទ្រង់មានព្រះបន្ទូលដូច្នេះ ហេតុអ្វីបានជាអ្នករាល់គ្នារំលងអស់ទាំងក្រឹត្យក្រម នៃព្រះយេហូវ៉ាដូច្នេះ ធ្វើយ៉ាងនោះមិនចម្រើនទេ គឺដោយព្រោះអ្នករាល់គ្នាបានបោះបង់ចោលព្រះយេហូវ៉ាចេញ បានជាទ្រង់បោះបង់ចោលអ្នករាល់គ្នាដែរ
21 តែគេរួមគំនិតគ្នាគិតប្រទូស្តនឹងលោកវិញ ក៏ចោលលោកនឹងថ្ម នៅក្នុងទីលានព្រះវិហារនៃព្រះយេហូវ៉ា តាមបង្គាប់ស្តេច
22 គឺយ៉ាងនោះដែលស្តេចយ៉ូអាសបានរមឹលគុណរបស់យេហូយ៉ាដា ជាឪពុកសាការី ដែលលោកបានផ្តល់ចំពោះទ្រង់ គឺទ្រង់បានសម្លាប់កូនលោកវិញ កាលសាការីហៀបនឹងស្លាប់ទៅនោះក៏ពោលថា សូមឲ្យព្រះយេហូវ៉ាទ្រង់ទតមើល ហើយសម្រេចតាមយុត្តិធម៌ចុះ។
23 ដល់ចុងឆ្នាំនោះឯង នោះកងទ័ពសាសន៍ស៊ីរី គេឡើងមកច្បាំងនឹងទ្រង់ គេលុកចូលមកក្នុងស្រុកយូដា និងក្រុងយេរូសាឡឹម ក៏បំផ្លាញពួកដែលជាប្រធាន ក្នុងបណ្តាជនទាំងអស់ទៅ ហើយអស់ទាំងរបឹបដែលគេចាប់បាននោះ គេផ្ញើទៅថ្វាយដល់ស្តេចក្រុងដាម៉ាស
24 ពួកពលទ័ពស៊ីរីបានមកមានគ្នាតែបន្តិចទេ តែព្រះយេហូវ៉ាទ្រង់ប្រគល់ពលទ័ពយ៉ាងសន្ធឹក ទៅក្នុងកណ្តាប់ដៃគេ ដោយព្រោះពួកខាងយ៉ូអាសបានបោះបង់ចោលព្រះយេហូវ៉ាជាព្រះនៃពួកអយ្យកោខ្លួនហើយ គឺយ៉ាងនោះដែលបានសម្រេចទោសដល់យ៉ូអាស។
25 កាលពួកស៊ីរីបានថយចេញពីទ្រង់ទៅ ទុកទ្រង់ឲ្យនៅទាំងឈឺខ្លាំង នោះពួកមហាតលិកទ្រង់មានគំនិតគិតក្បត់ចំពោះទ្រង់ ដោយព្រោះឈាមនៃកូនយេហូយ៉ាដាដ៏ជាសង្ឃ ក៏ធ្វើគុតទ្រង់ដែលកំពុងផ្ទំលើបន្ទំទី គេបញ្ចុះសពទ្រង់នៅក្នុងក្រុងដាវីឌ តែមិនមែនក្នុងផ្នូររបស់ពួកស្តេចទេ
26 ឯពួកអ្នកដែលគិតក្បត់ចំពោះទ្រង់នោះ គឺសាបាឌ ជាកូននាងស៊ីមាត សាសន៍អាំម៉ូន១ និងយ៉ូសាបាឌ ជាកូននាងស៊ីមរីត សាសន៍ម៉ូអាប់១
27 រីឯដំណើរពីពួកព្រះរាជបុត្រាទ្រង់ និងបន្ទុកយ៉ាងធ្ងន់ដែលបានពោលពីទ្រង់ ព្រមទាំងការតាំងព្រះវិហារនៃព្រះឡើងជាថ្មីផង នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅបរិយាយពីពួកស្តេចហើយ រួចអ័ម៉ាស៊ីយ៉ា ជាព្រះរាជបុត្រា ក៏ឡើងសោយរាជ្យជំនួសព្រះបិតា។
ជំពូក 25
1 ឯអ័ម៉ាស៊ីយ៉ា កាលចាប់តាំងសោយរាជ្យឡើង នោះទ្រង់មានព្រះជន្ម២៥ឆ្នាំហើយ ក៏សោយរាជ្យនៅក្នុងក្រុងយេរូសាឡឹមបាន២៩ឆ្នាំ ព្រះមាតាទ្រង់ព្រះនាមជាយ៉ូអាដាន ជាអ្នកក្រុងយេរូសាឡឹម
2 ទ្រង់ប្រព្រឹត្តសេចក្ដីដែលត្រឹមត្រូវ នៅព្រះនេត្រព្រះយេហូវ៉ា តែមិនមែនដោយព្រះទ័យស្មោះចំពោះទេ
3 កាលរាជ្យបានតាំងនៅជាប់ ក្នុងអំណាចទ្រង់ហើយ នោះទ្រង់ក៏សម្លាប់ពួកបម្រើដែលបានធ្វើគុតស្តេច ជាព្រះបិតាទ្រង់ទៅ
4 តែមិនបានសម្លាប់កូនចៅគេទេ គឺបានធ្វើតាមសេចក្ដីដែលចែងទុកមក ក្នុងគម្ពីរក្រឹត្យវិន័យរបស់លោកម៉ូសេវិញ ជាសេចក្ដីដែលព្រះយេហូវ៉ាបានបញ្ញត្តថា ឪពុកមិនត្រូវស្លាប់ដោយព្រោះកូន ឬកូនដោយព្រោះឪពុកឡើយ គឺគ្រប់គ្នាត្រូវស្លាប់ដោយព្រោះអំពើបាបរបស់ខ្លួនរៀងខ្លួនវិញ។
5 មួយទៀត អ័ម៉ាស៊ីយ៉ាទ្រង់ប្រមូលពួកយូដាឲ្យមូលគ្នា រួមផ្គុំគេតាមវង្សានុវង្សរបស់ឪពុកគេ នៅក្រោមអំណាចនៃមេលើ១ពាន់នាក់ និងមេលើ១រយនាក់ គឺទាំងពួកយូដា និងពួកបេនយ៉ាមីនទាំងអស់ផង ក៏រាប់គេចាប់តាំងពីអាយុ២០ឆ្នាំឡើងទៅលើ ឃើញមានមនុស្សជ្រើសរើស៣សែននាក់ ដែលសុទ្ធតែអាចនឹងទៅច្បាំងបាន ហើយចេះកាន់លំពែង និងខែលផង
6 ទ្រង់ក៏ជួលមនុស្សខ្លាំងពូកែ មានចិត្តក្លាហាន ពីស្រុកអ៊ីស្រាអែល បានចំនួន១សែននាក់ អស់តម្លៃជាប្រាក់១០០ហាប
7 តែមានអ្នកសំណប់របស់ព្រះម្នាក់មកគាល់ទ្រង់ទូលថា បពិត្រព្រះករុណាអើយ កុំបើកឲ្យពលទ័ពរបស់ពួកអ៊ីស្រាអែលទៅជាមួយនឹងទ្រង់ឡើយ ដ្បិតព្រះយេហូវ៉ាទ្រង់មិនគង់នៅជាមួយនឹងពួកអ៊ីស្រាអែល គឺនឹងពួកកូនចៅអេប្រាអិមទាំងអម្បាលម៉ានទេ
8 តែបើទ្រង់នាំគេទៅ នោះស្រេចនឹងព្រះហឫទ័យចុះ ត្រូវខំប្រឹងឲ្យមានកម្លាំងឡើង សម្រាប់នឹងច្បាំងទៅ ព្រះនឹងធ្វើឲ្យទ្រង់ដួលនៅមុខពួកខ្មាំងសត្រូវ ដ្បិតព្រះទ្រង់អាចនឹងជួយ ឬធ្វើឲ្យដួលក៏បាន
9 រួចអ័ម៉ាស៊ីយ៉ាទ្រង់សួរតបទៅអ្នកសំណប់របស់ព្រះថា ចុះចំណែកប្រាក់១០០ហាប ដែលយើងបានប្រគល់ទៅឲ្យពួកទ័ពអ៊ីស្រាអែល នោះដូចម្តេចទៅ អ្នកសំណប់របស់ព្រះទូលឆ្លើយថា ព្រះយេហូវ៉ាទ្រង់អាចនឹងប្រទាន ឲ្យទ្រង់បានជាច្រើនលើសជាងនេះទៅទៀត
10 ដូច្នេះ អ័ម៉ាស៊ីយ៉ាក៏ញែកគេចេញពីគ្នា គឺញែកពួកទ័ពដែលមកពីស្រុកអេប្រាអិម ឲ្យគេត្រឡប់ទៅឯផ្ទះវិញ គេក៏កើតមានសេចក្ដីកំហឹងឆួលក្តៅឡើងនឹងពួកយូដា ហើយគេត្រឡប់ទៅវិញ ដោយសេចក្ដីឃោរឃៅជាខ្លាំង
11 ឯអ័ម៉ាស៊ីយ៉ាទ្រង់មានព្រះទ័យក្លាឡើង ក៏លើកទ័ពចេញទៅឯច្រកភ្នំអំបិល ប្រហារសម្លាប់ពួកកូនចៅសៀរ អស់១ម៉ឺននាក់
12 ហើយ១ម៉ឺនទៀត ពួកកូនចៅយូដា ក៏ចាប់ទាំងរស់ដឹកនាំទៅឯកំពូលថ្មភ្នំ បោះទម្លាក់ទៅក្រោមឲ្យបាក់បែកខ្ទេចខ្ទីអស់ទៅ
13 តែឯពួកទ័ពដែលអ័ម៉ាស៊ីយ៉ាបានឲ្យទៅវិញ មិនឲ្យទៅច្បាំងជាមួយនោះ គេក៏ចូលទៅវាយទីក្រុងស្រុកយូដាទាំងប៉ុន្មាន ចាប់តាំងពីស្រុកសាម៉ារីរហូតដល់ក្រុងបេត-ហូរ៉ុន ប្រហារសម្លាប់មនុស្សអស់៣ពាន់នាក់ ហើយចាប់យករបឹបបានជាច្រើនដែរ។
14 រីឯអ័ម៉ាស៊ីយ៉ា កាលទ្រង់ត្រឡប់មកពីការប្រហារសម្លាប់ពួកអេដុមវិញ នោះទ្រង់នាំយកអស់ទាំងព្រះរបស់ពួកកូនចៅសៀរមក តាំងឡើងជាព្រះរបស់ទ្រង់ ក៏ក្រាបថ្វាយបង្គំ ហើយដុតកំញានថ្វាយដល់ព្រះទាំងអស់នោះ
15 ហេតុនោះសេចក្ដីក្រេវក្រោធរបស់ព្រះយេហូវ៉ាបានឆួលឡើង ទាស់នឹងអ័ម៉ាស៊ីយ៉ា ក៏ចាត់ហោរាម្នាក់ឲ្យទៅឯទ្រង់ទូលថា ម្តេចក៏ទ្រង់រកតាមព្រះរបស់សាសន៍នោះ ដែលមិនអាចនឹងជួយពួកគេឲ្យរួចពីកណ្តាប់ព្រះហស្តទ្រង់ផងដូច្នេះ
16 គ្រាកាលលោកកំពុងតែទូលនឹងស្តេចនៅឡើយ នោះទ្រង់មានព្រះបន្ទូលកាត់ថា តើយើងបានតាំងឯងឲ្យធ្វើជាអ្នកជួយគំនិតស្តេចឬ ចូរនៅស្ងៀមទៅ ឯងចង់ឲ្យគេប្រហារឯងបង់ធ្វើអី ដូច្នេះ លោកក៏លែងពោល ដោយពាក្យនេះថា ទូលបង្គំដឹងពិតថា ព្រះទ្រង់បានសម្រេចនឹងបំផ្លាញព្រះករុណាទៅ ដោយព្រោះបានធ្វើអំពើយ៉ាងនេះ ហើយមិនស្តាប់តាមសេចក្ដីដាស់តឿនរបស់ទូលបង្គំ។
17 នៅគ្រានោះ អ័ម៉ាស៊ីយ៉ា ជាស្តេចយូដា ទ្រង់ទទួលព្រមតាមសេចក្ដីប្រឹក្សារបស់គេ ក៏ចាត់សារឲ្យទៅឯយ៉ូអាហាស ដែលជាបុត្រាយេហ៊ូវ ស្តេចពួកអ៊ីស្រាអែលថា ចូរចេញមក យើងមើលមុខគ្នា
18 តែយ៉ូអាស ជាស្តេចអ៊ីស្រាអែល ទ្រង់ចាត់សារទៅឯអ័ម៉ាស៊ីយ៉ា ជាស្តេចយូដាវិញថា ដើមបន្លាដែលដុះនៅលើភ្នំល្បាណូន បានចាត់សារទៅឯដើមតាត្រៅនៅភ្នំល្បាណូនថា ចូរលើកកូនស្រីឯងមក ឲ្យធ្វើជាប្រពន្ធរបស់កូនប្រុសអញ ក៏មានសត្វព្រៃដែលនៅភ្នំល្បាណូនមកតាមនោះ ជាន់ឈ្លីដើមបន្លានោះទៅ
19 ទ្រង់មានព្រះបន្ទូលថា មើល យើងបានវាយឈ្នះពួកសាសន៍អេដុម ហើយព្រះទ័យទ្រង់បានតម្កើងទ្រង់ឡើងឲ្យបានអួតខ្លួន ចូរនៅឯដំណាក់ទ្រង់ទៅ តើចង់រករឿង ដែលនឹងនាំឲ្យមានអន្តរាយ ឲ្យទ្រង់ត្រូវដួល ព្រមទាំងពួកយូដាផងធ្វើអី។
20 តែអ័ម៉ាស៊ីយ៉ាទ្រង់មិនព្រមស្តាប់តាមទេ ដ្បិតការនោះកើតមកពីព្រះ ដើម្បីឲ្យទ្រង់បានប្រគល់សាសន៍យូដាទៅក្នុងកណ្តាប់ដៃគេ ដោយព្រោះបានស្វែងរកតាមអស់ទាំងព្រះរបស់សាសន៍អេដុម
21 ដូច្នេះ យ៉ូអាស ជាស្តេចអ៊ីស្រាអែល ទ្រង់ក៏យាងឡើងទៅ រួចទ្រង់ និងអ័ម៉ាស៊ីយ៉ាជាស្តេចយូដា ក៏មើលមុខគ្នា នៅត្រង់ក្រុងបេត-សេមែសជាក្រុងរបស់ពួកយូដា
22 ពួកយូដាក៏ចាញ់ពួកអ៊ីស្រាអែល ហើយរត់ទៅឯទីលំនៅគេរៀងខ្លួនវិញ
23 ឯយ៉ូអាស ជាស្តេចអ៊ីស្រាអែល ទ្រង់ចាប់អ័ម៉ាស៊ីយ៉ា ស្តេចយូដា ជាបុត្រយ៉ូអាស ដែលជាបុត្រអ័ហាស៊ីយ៉ា នៅត្រង់បេត-សេមែសបាន ក៏នាំទៅឯក្រុងយេរូសាឡឹម ហើយរំលំកំផែងក្រុងយេរូសាឡឹម ចាប់តាំងពីទ្វារអេប្រាអិម រហូតដល់ទ្វារជ្រុងកំផែងអស់៤០០ហត្ថ
24 ទ្រង់ក៏យកអស់ទាំងមាស ប្រាក់ និងគ្រឿងប្រដាប់ទាំងប៉ុន្មាន ដែលឃើញមាន នៅក្រោមអំណាចអូបិឌ-អេដុម ក្នុងព្រះវិហារនៃព្រះ ហើយនៅក្នុងព្រះរាជទ្រព្យទាំងប៉ុន្មាន ព្រមទាំងចាប់មនុស្សបញ្ចាំទុក រួចនាំទាំងអស់ត្រឡប់ទៅឯក្រុងសាម៉ារីវិញ។
25 ក្រោយដែលយ៉ូអាស ជាបុត្រាយ៉ូអាហាស ស្តេចអ៊ីស្រាអែលបានសុគតហើយ នោះអ័ម៉ាស៊ីយ៉ា ជាបុត្រាយ៉ូអាស ស្តេចយូដា ទ្រង់មានព្រះជន្មរស់នៅបាន១៥ឆ្នាំទៀត
26 រីឯដំណើរឯទៀតពីអ័ម៉ាស៊ីយ៉ា ទាំងមុនទាំងក្រោយ នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅពីពួកស្តេចយូដា និងអ៊ីស្រាអែលហើយ
27 រីឯអ័ម៉ាស៊ីយ៉ា ចាប់តាំងពីវេលាដែលទ្រង់បានបែរចេញ លែងតាមព្រះយេហូវ៉ាទៅ នោះមានគេកើតមានគំនិតគិតក្បត់នឹងទ្រង់ នៅក្រុងយេរូសាឡឹម ទ្រង់ក៏រត់ទៅឯក្រុងឡាគីស តែគេចាត់មនុស្សឲ្យទៅតាម ហើយធ្វើគុតទ្រង់នៅទីនោះ
28 រួចគេនាំយកសពទ្រង់ដាក់លើសេះមកវិញ បញ្ចុះនៅក្រុងដាវីឌជាមួយនឹងពួកអយ្យកោទ្រង់ទៅ។
ជំពូក 26
1 ពួកជនទាំងឡាយនៅស្រុកយូដា ក៏លើកអូសៀស ដែលមានព្រះជន្ម១៦ឆ្នាំហើយ តាំងឡើងជាស្តេចជំនួសអ័ម៉ាស៊ីយ៉ា ជាព្រះបិតា
2 អូសៀសក៏សង់ក្រុងអេឡុត បញ្ចូលមកខាងពួកយូដាវិញ ក្នុងវេលាក្រោយដែលព្រះបិតាបានផ្ទំលក់ទៅជាមួយនឹងពួកអយ្យកោទ្រង់
3 កាលអូសៀសចាប់តាំងសោយរាជ្យឡើង នោះទ្រង់មានព្រះជន្ម១៦ឆ្នាំហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡឹមបាន៥២ឆ្នាំ ព្រះមាតាទ្រង់ព្រះនាមជា យេកូលា ជាអ្នកក្រុងយេរូសាឡឹម។
4 ទ្រង់ប្រព្រឹត្តសេចក្ដីដែលត្រឹមត្រូវ នៅព្រះនេត្រព្រះយេហូវ៉ា តាមគ្រប់ទាំងសេចក្ដីដែលអ័ម៉ាស៊ីយ៉ា ជាព្រះបិតាទ្រង់បានធ្វើ។
5 ទ្រង់ក៏តាំងព្រះទ័យស្វែងរកព្រះយេហូវ៉ា ចាប់តាំងពីគ្រាសាការី ជាអ្នកយល់ក្នុងការជាក់ស្តែងពីព្រះតទៅ ហើយនៅវេលាដែលទ្រង់ស្វែងរកព្រះយេហូវ៉ា អស់រវាងប៉ុណ្ណា នោះព្រះក៏បានធ្វើឲ្យទ្រង់បានចម្រើនឡើងយូរប៉ុណ្ណោះដែរ។
6 ទ្រង់ក៏ចេញទៅច្បាំងនឹងពួកភីលីស្ទីន ហើយទ្រង់បំបាក់រំលំកំផែងក្រុងកាថ និងកំផែងក្រុងយ៉ាបនេ ហើយកំផែងក្រុងអាសដូឌផង រួចទ្រង់សង់ទីក្រុងក្នុងក្រវល់របស់អាសដូឌ និងនៅកណ្តាលពួកភីលីស្ទីន
7 ព្រះទ្រង់ក៏ជួយទាស់នឹងពួកភីលីស្ទីន ពួកអារ៉ាប់ដែលនៅស្រុកគើរ-បាល និងពួកម៉ាអូនផង
8 ឯពួកអាំម៉ូនគេក៏យកសួយអាករមកថ្វាយអូសៀសដែរ ហើយទ្រង់មានកិត្តិនាមល្បីឮទួទៅ រហូតដល់ប្រទល់ដែនចូលស្រុកអេស៊ីព្ទ ដ្បិតទ្រង់មានព្រះចេស្តាកាន់តែខ្លាំងឡើងក្រៃលែង
9 មួយទៀត អូសៀសទ្រង់សង់ប៉ម នៅក្រុងយេរូសាឡឹម ត្រង់ទ្វារជ្រុង ទ្វារច្រកភ្នំ ហើយនៅត្រង់រំពត់កំផែង ព្រមទាំងធ្វើឲ្យមាំមួនណាស់
10 ទ្រង់ក៏សង់ប៉មនៅទីរហោស្ថានជាច្រើនកន្លែង ព្រមទាំងជីកអណ្តូងផង ពីព្រោះទ្រង់មានហ្វូងសត្វយ៉ាងសន្ធឹកនៅស្រុកទំនាប និងស្រុកវាល ក៏មានពួកអ្នកធ្វើចម្ការ និងពួកអ្នកថែរក្សាដើមទំពាំងបាយជូរ នៅលើភ្នំ និងនៅស្រុកកើមែលដែរ ដ្បិតទ្រង់សព្វព្រះទ័យខាងឯការក្សេត្រកម្ម
11 មួយទៀត អូសៀសទ្រង់មានពលទ័ព សុទ្ធតែជាមនុស្សចេះតស៊ូ ដែលចេញទៅច្បាំងដោយកងៗ តាមចំនួនគេ ដែលយីអែល ជាស្មៀន និងម្អាសេយ៉ា ជានាយ បានរាប់នៅក្រោមអំណាចហាណានា ជាមេទ័ពរបស់ស្តេច
12 ឯពួកអ្នកដែលជាកំពូលលើវង្សរបស់ឪពុកគេទាំងប៉ុន្មាន គឺជាមនុស្សខ្លាំងពូកែដែលមានចិត្តក្លាហាន នោះមានចំនួន២ពាន់៦រយនាក់
13 ហើយនៅក្រោមអំណាចគេ មានពលទ័ព៣សែន៧ពាន់៥រយនាក់ ដែលចេញទៅច្បាំងដោយមានកម្លាំងយ៉ាងរឹងរបឹង សម្រាប់នឹងជួយស្តេចរាំងរាខ្មាំងសត្រូវ
14 អូសៀសទ្រង់ក៏ចាត់ចែងធ្វើខែល លំពែង មួកសឹក និងអាវក្រោះ ព្រមទាំងធ្នូ និងក្រួសសម្រាប់បាញ់ឲ្យគេ គឺឲ្យពួកពលទ័ពទាំងអស់នោះ
15 ហើយនៅក្រុងយេរូសាឡឹមទ្រង់ក៏ធ្វើយន្ត ដែលមនុស្សប៉ិនប្រសប់បានបង្កើតឡើងដាក់លើប៉ម លើកំផែង សម្រាប់បាញ់ព្រួញ និងថ្មធំៗ នោះព្រះនាមទ្រង់ក៏លាន់ឮទួទៅឆ្ងាយ ពីព្រោះទ្រង់មានសេចក្ដីជំនួយយ៉ាងអស្ចារ្យ ដរាបដល់ទ្រង់មានកម្លាំងខ្លាំង។
16 កាលទ្រង់មានកម្លាំងឡើងហើយ នោះព្រះទ័យទ្រង់ក៏ប៉ោងធំឡើង ត្រឡប់ជាខូចអស់ទៅ ទ្រង់ក៏ប្រព្រឹត្តរំលងនឹងព្រះយេហូវ៉ាជាព្រះនៃទ្រង់ ដ្បិតទ្រង់បានយាងចូលទៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា ដុតកំញាននៅលើអាសនៈគ្រឿងក្រអូប
17 តែអ័សារាដ៏ជាសង្ឃ លោកចូលទៅតាម នាំទាំងពួកសង្ឃនៃព្រះយេហូវ៉ា ដែលសុទ្ធតែមានចិត្តមុតមាំ៨០នាក់ទៅជាមួយ
18 សង្ឃទាំងនោះបានឃាត់ស្តេចអូសៀស ដោយពាក្យថា ឱព្រះករុណាអូសៀសអើយ ការដុតកំញានថ្វាយព្រះយេហូវ៉ា នោះមិនសម្រេចនៅទ្រង់ទេ គឺជាការងាររបស់ពួកកូនចៅអើរ៉ុនដ៏ជាសង្ឃដែលបានញែកជាបរិសុទ្ធ សម្រាប់នឹងដុតកំញានវិញទេតើ ចូរចេញពីទីបរិសុទ្ធនេះទៅ ពីព្រោះទ្រង់បានរំលងច្បាប់ហើយ ការនេះក៏មិនបានរាប់ជាកិត្តិនាមដល់ទ្រង់ នៅចំពោះព្រះយេហូវ៉ាដ៏ជាព្រះដែរ
19 ដូច្នេះ អូសៀសក៏ក្រេវក្រោធ រីឯព្រះហស្តទ្រង់កាន់ពាន ប្រុងនឹងដុតកំញាន ហើយកំពុងដែលទ្រង់ក្រេវក្រោធនឹងពួកសង្ឃដូច្នេះ នោះរោគឃ្លង់ក៏លេចឡើងត្រង់ព្រះនលាដទ្រង់ នៅមុខពួកសង្ឃក្បែរអាសនៈគ្រឿងក្រអូប នៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា
20 អ័សារា ជាសម្ដេចសង្ឃ និងពួកសង្ឃឯទៀត លោកបានពិនិត្យមើល ឃើញទ្រង់កើតឃ្លង់នៅត្រង់ព្រះនលាដដូច្នោះហើយ ក៏ច្រានទ្រង់ចេញពីទីនោះទៅជាប្រញាប់ ឯទ្រង់ក៏ប្រញាប់ប្រញាល់នឹងចេញទៅដែរ ដោយព្រោះព្រះយេហូវ៉ាបានដាក់ទោសដល់ទ្រង់
21 ស្តេចអូសៀសទ្រង់មានរោគឃ្លង់ដរាបដល់ថ្ងៃសុគត ក៏គង់នៅក្នុងរោងទីទៃពីគេ ដោយព្រោះកើតឃ្លង់ ដ្បិតទ្រង់បានត្រូវកាត់កាល់ចេញពីព្រះវិហារព្រះយេហូវ៉ា រួចយ៉ូថាម ជាព្រះរាជបុត្រាក៏ត្រួតលើព្រះរាជវាំង ព្រមទាំងជំនុំជម្រះពួកអ្នកស្រុកផង
22 រីឯដំណើរឯទៀតពីអូសៀស ទាំងមុនទាំងក្រោយ នោះហោរាអេសាយ ជាកូនអ័ម៉ូស លោកបានកត់ទុកទាំងអស់ហើយ
23 អូសៀសទ្រង់ផ្ទំលក់ទៅជាមួយនឹងពួកអយ្យកោទ្រង់ ហើយគេបញ្ចុះសពទ្រង់ នៅទីបញ្ចុះសពរបស់ពួកស្តេច ជាមួយនឹងពួកអយ្យកោទ្រង់ទៅ ដ្បិតគេថា ទ្រង់មានរោគឃ្លង់ រួចយ៉ូថាម ជាព្រះរាជបុត្រា ក៏ឡើងសោយរាជ្យជំនួសព្រះបិតា។
ជំពូក 27
1 កាលយ៉ូថាមចាប់តាំងសោយរាជ្យឡើង នោះទ្រង់មានព្រះជន្ម២៥ឆ្នាំហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡឹមបាន១៦ឆ្នាំ ព្រះមាតាទ្រង់ព្រះនាមជា យេរូសា ជាបុត្រីសាដុក 2ទ្រង់ប្រព្រឹត្តសេចក្ដីដែលត្រឹមត្រូវ នៅព្រះនេត្រព្រះយេហូវ៉ា តាមគ្រប់ទាំងសេចក្ដីដែលអូសៀសជាព្រះបិតាបានធ្វើដែរ តែទ្រង់មិនបានយាងចូលទៅក្នុងព្រះវិហារនៃព្រះយេហូវ៉ាទេ ឯបណ្តាជន គេនៅតែប្រព្រឹត្តខូចអាក្រក់នៅឡើយ។ 3ទ្រង់ធ្វើទ្វារខាងលើរបស់ព្រះវិហារនៃព្រះយេហូវ៉ា ក៏សង់កំផែងអូផែលឡើងជាច្រើន 4១ទៀតទ្រង់សង់ទីក្រុងខ្លះនៅស្រុកភ្នំយូដា ហើយនៅក្រុងព្រៃ ទ្រង់ក៏សង់បន្ទាយ និងប៉មផង 5ទ្រង់ក៏ច្បាំងឈ្នះស្តេចនៃពួកកូនចៅអាំម៉ូន ហើយឆ្នាំនោះឯងពួកកូនចៅអាំម៉ូនក៏ថ្វាយប្រាក់១០០ហាប ស្រូវភោជ្ជសាលី១ម៉ឺនរង្វាល់ និងស្រូវឱក១ម៉ឺនរង្វាល់ដល់ទ្រង់ ដល់ឆ្នាំទី២ ហើយទី៣ គេក៏ថ្វាយប៉ុណ្ណោះដល់ទ្រង់ទៀត 6ដូច្នេះ យ៉ូថាមមានកម្លាំងកាន់តែខ្លាំងឡើង ពីព្រោះទ្រង់បានរៀបផ្លូវទ្រង់ឲ្យត្រឹមត្រូវនៅចំពោះព្រះយេហូវ៉ាជាព្រះនៃទ្រង់ 7រីឯដំណើរឯទៀតពីយ៉ូថាម និងអស់ទាំងការចម្បាំងរបស់ទ្រង់ ហើយអំពើប្រព្រឹត្តទាំងប៉ុន្មានរបស់ទ្រង់ នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជារឿងពីពួកស្តេចអ៊ីស្រាអែល និងយូដាហើយ 8កាលទ្រង់ចាប់តាំងសោយរាជ្យឡើង នោះទ្រង់មានព្រះជន្ម២៥ឆ្នាំហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡឹមបាន១៦ឆ្នាំ 9យ៉ូថាមទ្រង់ផ្ទំលក់ទៅជាមួយនឹងពួកអយ្យកោទ្រង់ ហើយគេបញ្ចុះសពទ្រង់ នៅក្នុងក្រុងដាវីឌ រួចអ័ហាស ជាព្រះរាជបុត្រាក៏ឡើងសោយរាជ្យជំនួសព្រះបិតា។
ជំពូក 28
1 កាលអ័ហាសទ្រង់ចាប់តាំងសោយរាជ្យឡើង នោះទ្រង់មានព្រះជន្ម២០ឆ្នាំហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡឹមបាន១៦ឆ្នាំ តែទ្រង់មិនបានប្រព្រឹត្តសេចក្ដីដែលត្រឹមត្រូវ នៅព្រះនេត្រព្រះយេហូវ៉ា ដូចជាដាវីឌ ជាអយ្យកោទ្រង់ទេ
2 គឺទ្រង់បានដើរតាមផ្លូវរបស់ពួកស្តេចអ៊ីស្រាអែលវិញ ហើយបានសិតធ្វើរូបទុកជាព្រះ
3 មួយទៀតទ្រង់បានដុតកំញាននៅច្រកភ្នំរបស់កូនហ៊ីនណំម ព្រមទាំងដុតបុត្រទ្រង់ក្នុងភ្លើង តាមទម្លាប់គួរស្អប់ខ្ពើមរបស់សាសន៍ដទៃ ដែលព្រះយេហូវ៉ាបានបណ្តេញពីមុខពួកកូនចៅអ៊ីស្រាអែលចេញ
4 ក៏ថ្វាយយញ្ញបូជា ហើយដុតកំញាននៅលើអស់ទាំងទីខ្ពស់ នៅលើភ្នំ ហើយនៅក្រោមគ្រប់ទាំងដើមឈើខ្ចីផង។
5 ហេតុនោះបានជាព្រះយេហូវ៉ាជាព្រះនៃទ្រង់ ក៏ប្រគល់ទ្រង់ទៅក្នុងកណ្តាប់ដៃនៃស្តេចស្រុកស៊ីរី គេក៏វាយពួកទ្រង់ ហើយចាប់យកជាច្រើន នាំទៅជាឈ្លើយដល់ក្រុងដាម៉ាស ហើយទ្រង់ត្រូវប្រគល់ទៅក្នុងកណ្តាប់ដៃនៃស្តេចអ៊ីស្រាអែលដែរ ដែលស្តេចនោះក៏វាយពួកទ្រង់ ប្រហារសម្លាប់មនុស្សយ៉ាងសន្ធឹក
6 ដ្បិតពេកា ជាបុត្រារេម៉ាលា ទ្រង់បានសម្លាប់មនុស្សដែលមានចិត្តក្លាហាន នៅស្រុកយូដា អស់១សែន២ម៉ឺននាក់ក្នុង១ថ្ងៃ ពីព្រោះគេបានបោះបង់ចោលព្រះយេហូវ៉ាជាព្រះនៃពួកអយ្យកោ
7 ហើយស៊ីកគ្រី ជាមនុស្សខ្លាំងពូកែ ពីស្រុកអេប្រាអិម ក៏សម្លាប់ម្អាសេយ៉ា ជាបុត្រាស្តេច ហើយនិងអាសរីកាម ជាឧកញ៉ាវាំង ព្រមទាំងអែលកាណា ជាឧបរាជស្តេចទៅផង។
8 ពួកកូនចៅអ៊ីស្រាអែលក៏ដឹកនាំពួកបងប្អូនគេទៅជាឈ្លើយអស់២សែននាក់ មានទាំងស្រីៗ និងកូនប្រុសកូនស្រីរបស់គេ និងរបឹបជាច្រើនផង ទៅឯក្រុងសាម៉ារី
9 ប៉ុន្តែ នៅទីនោះមានហោរាម្នាក់របស់ព្រះយេហូវ៉ា ឈ្មោះអូដេឌ លោកចេញទៅជួបនឹងពលទ័ព ដែលវិលមកឯក្រុងសាម៉ារី ពោលថា មើល ដោយព្រោះព្រះយេហូវ៉ាជាព្រះនៃពួកអយ្យកោអ្នករាល់គ្នា ទ្រង់មានសេចក្ដីក្រោធដល់ពួកយូដា បានជាទ្រង់ប្រគល់គេមកក្នុងកណ្តាប់ដៃនៃអ្នករាល់គ្នា ហើយអ្នករាល់គ្នាបានប្រហារជីវិតគេ ដោយមោហោចិត្ត ដែលគរឡើងដល់ផ្ទៃមេឃហើយ
10 ឥឡូវនេះ អ្នករាល់គ្នាគិតបង្ក្រាបពួកកូនចៅយូដា និងពួកក្រុងយេរូសាឡឹម ទុកជាបាវប្រុសបាវស្រីរបស់អ្នករាល់គ្នាទៀត តែឯអ្នករាល់គ្នា តើមិនមានអំពើរំលងចំពោះព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នាដែរទេឬអី
11 ដូច្នេះ ចូរស្តាប់ខ្ញុំឥឡូវចុះ ត្រូវបើកឲ្យពួកបងប្អូនរបស់អ្នករាល់គ្នា ដែលបាននាំមកជាឈ្លើយនេះ ត្រឡប់ទៅវិញទៅ ដ្បិតសេចក្ដីក្រេវក្រោធដ៏សហ័សផងព្រះយេហូវ៉ា បានគ្របលើអ្នករាល់គ្នាហើយ
12 ដូច្នេះ ពួកមេខ្លះក្នុងពួកអេប្រាអិម គឺអ័សារា ជាកូនយ៉ូហាណាន បេរេគា ជាកូនមស៊ីលេម៉ូត យេហ៊ីសេគា ជាកូនសាលូម និងអ័ម៉ាសា ជាកូនហាឌឡាយ គេលើកគ្នាទាស់នឹងពួកអ្នកដែលមកពីច្បាំងនោះថា
13 មិនត្រូវឲ្យឯងរាល់គ្នានាំពួកឈ្លើយចូលមកក្នុងស្រុកនេះទេ ដ្បិតឯងរាល់គ្នាគិតធ្វើការដែលនឹងនាំឲ្យយើងមានទោស នៅចំពោះព្រះយេហូវ៉ា ទាំងបន្ថែមការនេះមកលើអំពើបាប និងការរំលងរបស់យើងរាល់គ្នាទៀត ដ្បិតទោសរបស់យើងធ្ងន់ណាស់ហើយ ក៏មានសេចក្ដីក្រេវក្រោធយ៉ាងសហ័សគ្របលើពួកអ៊ីស្រាអែលដែរ
14 ដូច្នេះ ពួកទាហានក៏លះបង់ឈ្លើយទាំងនោះ និងរបឹបចោលនៅមុខពួកចៅហ្វាយ និងពួកជំនុំទាំងអស់គ្នា
15 ឯពួកអ្នកដែលចេញឈ្មោះហើយ គេក្រោកឡើងនាំពួកឈ្លើយមក រួចរើយកសម្លៀកបំពាក់ពីក្នុងរបឹបនោះ ចែកដល់អស់អ្នកណាដែលអាក្រាត ឲ្យគេស្លៀកពាក់ ព្រមទាំងឲ្យមានស្បែកជើងពាក់ផង រួចចែកអាហារដល់គេឲ្យបរិភោគ ក៏ចាក់ប្រេងលាបឲ្យផង ឯអស់អ្នកណាដែលមានកម្លាំងតិច នោះគេបញ្ជិះលើសត្វលា បញ្ជូនត្រឡប់ទៅឯពួកបងប្អូនគេ ត្រឹមក្រុងយេរីខូ ជាទីក្រុងដើមលម៉ើរទៅ រួចគេវិលមកឯក្រុងសាម៉ារីវិញ។
16 នៅគ្រានោះ ស្តេចអ័ហាសទ្រង់ចាត់សារទៅ សូមឲ្យពួកស្តេចស្រុកអាសស៊ើរមកជួយ
17 ពីព្រោះពួកអេដុមបានមកវាយស្រុកយូដាម្តងទៀត ព្រមទាំងនាំមនុស្សទៅជាឈ្លើយផង
18 ឯពួកភីលីស្ទីនគេក៏បានលុកលុយចូលទីក្រុងទាំងប៉ុន្មាន នៅស្រុកទំនាប ហើយនិងប៉ែកស្រុកយូដាខាងត្បូង គេវាយយកបានក្រុងបេត-សេមែស ក្រុងអាយ៉ាឡូន ក្រុងកេដេរ៉ូត ក្រុងសូគរ និងតំបន់នៅជុំវិញក្រុងធីមណា និងតំបន់នៅជុំវិញ ព្រមទាំងក្រុងគីមសូរ និងតំបន់នៅជុំវិញផង រួចគេក៏អាស្រ័យនៅទីក្រុងទាំងនោះ
19 ដ្បិតព្រះយេហូវ៉ាទ្រង់បាននាំឲ្យពួកយូដាបានទាបថោកដោយព្រោះអ័ហាស ស្តេចសាសន៍អ៊ីស្រាអែល ពីព្រោះស្តេចបាននាំឲ្យពួកយូដាលែងមានសេចក្ដីទប់ចិត្តខ្លាចបាប ហើយបានប្រព្រឹត្តរំលងល្មើសយ៉ាងធំ ចំពោះព្រះយេហូវ៉ា
20 គ្រានោះ ទីកឡាត-ពីលេស៊ើរ ជាស្តេចស្រុកអាសស៊ើរក៏មកឯទ្រង់ តែមិនបានជួយចម្រើនកម្លាំងទ្រង់ទេ គឺបានធ្វើឲ្យទ្រង់មានសេចក្ដីលំបាកវិញ
21 ដ្បិតអ័ហាសបានបែងយកចំណែក ពីព្រះវិហារនៃព្រះយេហូវ៉ា ពីព្រះរាជដំណាក់ ហើយពីពួកចៅហ្វាយ ទៅថ្វាយដល់ស្តេចអាសស៊ើរ តែការនោះក៏មិនបានជួយដល់ទ្រង់ដែរ។
22 ហើយនៅគ្រាដែលមានសេចក្ដីទុក្ខវេទនា នោះស្តេច គឺអ័ហាសនេះឯង ទ្រង់បានប្រព្រឹត្តរំលងនឹងព្រះយេហូវ៉ាថែមទៀត
23 គឺទ្រង់បានថ្វាយយញ្ញបូជា ដល់អស់ទាំងព្រះនៃពួកក្រុងដាម៉ាស ដែលគេបានវាយទ្រង់ ដោយនឹកថា ដោយព្រោះព្រះនៃពួកស្តេចស៊ីរីបានជួយគេ នោះយើងនឹងថ្វាយយញ្ញបូជាដល់ព្រះទាំងនោះដែរ ដើម្បីឲ្យបានជួយខាងយើង ប៉ុន្តែ ព្រះទាំងនោះជាហេតុនាំឲ្យទ្រង់ និងពួកអ៊ីស្រាអែលទាំងអស់រួញថយវិញ
24 អ័ហាសក៏ប្រមូលអស់ទាំងគ្រឿងប្រដាប់របស់ព្រះវិហារនៃព្រះមកកាត់ផ្តាច់ជាដុំៗ ទ្រង់ក៏បិទទ្វារព្រះវិហារនៃព្រះយេហូវ៉ាចោល ហើយធ្វើអាសនៈសម្រាប់ទ្រង់ នៅគ្រប់ទីកៀនក្នុងក្រុងយេរូសាឡឹមដែរ
25 ឯនៅគ្រប់ទាំងទីក្រុងស្រុកយូដា ទ្រង់ក៏ធ្វើទីខ្ពស់ សម្រាប់នឹងដុតកំញានថ្វាយព្រះដទៃ ទ្រង់បានបណ្តាលឲ្យព្រះយេហូវ៉ាជាព្រះនៃពួកអយ្យកោទ្រង់ មានសេចក្ដីក្រោធ
26 រីឯដំណើរឯទៀតពីទ្រង់ និងគ្រប់ទាំងអំពើដែលទ្រង់ប្រព្រឹត្ត ទាំងមុនទាំងក្រោយ នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ពីពួកស្តេចយូដា និងអ៊ីស្រាអែលហើយ
27 អ័ហាសក៏ផ្ទំលក់ទៅជាមួយនឹងពួកអយ្យកោទ្រង់ ហើយគេបញ្ចុះសពទ្រង់នៅក្នុងទីក្រុង គឺក្នុងក្រុងយេរូសាឡឹម តែមិនមែនក្នុងផ្នូររបស់ពួកស្តេចសាសន៍អ៊ីស្រាអែលទេ រួចហេសេគា ជាព្រះរាជបុត្រា ក៏ឡើងសោយរាជ្យជំនួសព្រះបិតា។
ជំពូក 29
1 រីឯកាលហេសេគាចាប់តាំងសោយរាជ្យឡើង នោះទ្រង់មានព្រះជន្ម២៥ឆ្នាំហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡឹមបាន២៩ឆ្នាំ ព្រះមាតាទ្រង់ព្រះនាមជា អ័ប៊ីយ៉ា ជាបុត្រីសាការី
2 ទ្រង់បានប្រព្រឹត្តសេចក្ដីដែលត្រឹមត្រូវនៅព្រះនេត្រព្រះយេហូវ៉ា តាមគ្រប់ទាំងសេចក្ដីដែលដាវីឌជាអយ្យកោទ្រង់បានធ្វើដែរ
3 នៅខែចេត្រ ក្នុងឆ្នាំទី១នៃរាជ្យទ្រង់ នោះទ្រង់ក៏បើកទ្វារព្រះវិហារនៃព្រះយេហូវ៉ា ព្រមទាំងជួសជុលទ្វារទាំងនោះឡើងវិញផង
4 រួចទ្រង់នាំពួកសង្ឃ និងពួកលេវីមកឲ្យមូលគ្នា នៅទីធ្លាខាងកើត
5 មានព្រះបន្ទូលថា ឱពួកលេវីអើយ ចូរស្តាប់តាមយើងចុះ ឥឡូវនេះ ចូរអ្នករាល់គ្នាញែកខ្លួនចេញជាបរិសុទ្ធ ព្រមទាំងនាំយករបស់ស្មោកគ្រោកចេញពីទីបរិសុទ្ធ ហើយញែកព្រះវិហារនៃព្រះយេហូវ៉ាជាព្រះនៃពួកអយ្យកោអ្នករាល់គ្នាចេញជាបរិសុទ្ធដែរ
6 ដ្បិតបិតាទាំងឡាយរបស់យើងរាល់គ្នាបានរំលង ដោយប្រព្រឹត្តអំពើដ៏លាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ាជាព្រះនៃយើង ព្រមទាំងបោះបង់ចោលទ្រង់ ហើយងាកមុខចេញពីទីលំនៅនៃព្រះយេហូវ៉ា បែរខ្នងទៅឲ្យវិញ
7 គេបានទាំងបិទទ្វារទីបាំងសាច ហើយពន្លត់ចង្កៀង ក៏មិនបានដុតកំញាន ឬថ្វាយតង្វាយដុតក្នុងទីបរិសុទ្ធ ដល់ព្រះនៃសាសន៍អ៊ីស្រាអែលឡើយ
8 ហេតុនោះបានជាសេចក្ដីក្រោធរបស់ព្រះយេហូវ៉ាមកគ្របលើពួកយូដា និងពួកក្រុងយេរូសាឡឹម ហើយទ្រង់ប្រគល់គេឲ្យត្រូវមានចលាចល ឲ្យត្រូវសេចក្ដីអស្ចារ្យ និងសេចក្ដីចំអកឡកឡឺយរបស់គេ ដូចជាអ្នករាល់គ្នាឃើញស្រាប់
9 ដ្បិតមើល ដោយហេតុនោះបានជាពួកឪពុកយើងរាល់គ្នាបានដួលដោយដាវ កូនប្រុស កូនស្រី និងប្រពន្ធយើងរាល់គ្នាបានត្រូវដឹកនាំទៅជាឈ្លើយ
10 ឥឡូវនេះ យើងមានចិត្តចង់តាំងសញ្ញានឹងព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល ដើម្បីឲ្យសេចក្ដីក្រោធដ៏សហ័សរបស់ទ្រង់បានបែរចេញពីយើងរាល់គ្នាទៅ
11 ដូច្នេះ ឱកូនទាំងឡាយអើយ កុំឲ្យធ្វេសប្រហែសឡើយ ដ្បិតព្រះយេហូវ៉ាបានរើសអ្នករាល់គ្នា ឲ្យឈរធ្វើការងារនៅចំពោះទ្រង់ ហើយឲ្យបានទទួលភ្នាក់ងារ ជាអ្នកដុតកំញានរបស់ទ្រង់។
12 នោះពួកលេវីក៏ប្រុងប្រៀបខ្លួន គឺក្នុងពួកកូនចៅកេហាត់ មានម៉ាហាត ជាកូនអ័ម៉ាសាយ និងយ៉ូអែល ជាកូនអ័សារា ក្នុងពួកកូនចៅម្រ៉ារី មានគីស ជាកូនអាប់ឌី និងអ័សារា ជាកូនយេហាលែល ហើយក្នុងពួកគើសុនមានយ៉ូអា ជាកូនស៊ីម៉្មា និងអេដែន ជាកូនយ៉ូអា
13 ក្នុងពួកកូនចៅអេលីសាផាន មានស៊ីមរី និងយីអែល ក្នុងពួកកូនចៅអេសាភ មានសាការី និងម៉ាថានា
14 ក្នុងពួកកូនចៅហេម៉ាន មានយីអែល និងស៊ីម៉ាយ ក្នុងពួកកូនចៅយេឌូថិន មានសេម៉ាយ៉ា និងអ៊ូស៊ាល
15 អ្នកទាំងនោះក៏ប្រមូលពួកបងប្អូនគេ ហើយញែកខ្លួនចេញជាបរិសុទ្ធ រួចចូលទៅសម្អាតព្រះវិហារនៃព្រះយេហូវ៉ា តាមព្រះបន្ទូលនៃព្រះយេហូវ៉ាដោយសារស្តេច
16 ពួកសង្ឃគេចូលទៅក្នុងព្រះវិហារនៃព្រះយេហូវ៉ាប៉ែកខាងក្នុង ដើម្បីនឹងសម្អាតទីនោះ ក៏នាំយករបស់ស្មោកគ្រោកទាំងអស់ ដែលឃើញមានក្នុងព្រះវិហារនៃព្រះយេហូវ៉ា ចេញមកឯទីលានព្រះវិហារ រួចពួកលេវីនាំគ្នាជញ្ជូនពីទីនោះ យកទៅចោលនៅត្រង់ជ្រោះកេដ្រុន
17 គេចាប់តាំងញែកជាបរិសុទ្ធ នៅថ្ងៃដំបូងខែចេត្រ ហើយដល់ថ្ងៃទី៨ក្នុងខែនោះ គេបានសម្អាតមកដល់ទីបាំងសាចផងព្រះយេហូវ៉ា ដូច្នេះ គេបានញែកព្រះវិហារនៃព្រះយេហូវ៉ា ចេញជាបរិសុទ្ធ ក្នុងរវាង៨ថ្ងៃ លុះដល់ថ្ងៃ១៦ខែនោះឯង គេបានធ្វើការទាំងអស់រួចជាស្រេច
18 រួចគេចូលទៅក្នុងព្រះរាជដំណាក់ គាល់ស្តេចហេសេគា ទូលថា យើងខ្ញុំរាល់គ្នាបានសម្អាតព្រះវិហារនៃព្រះយេហូវ៉ាស្រេចហើយ ព្រមទាំងអាសនៈតង្វាយដុត និងគ្រឿងប្រដាប់នៃអាសនៈទាំងអស់ តុសម្រាប់នំបុ័ងតាំងទុក និងគ្រឿងប្រដាប់នៃតុនោះទាំងអស់ផង
19 មួយទៀត អស់ទាំងគ្រឿងប្រដាប់ដែលស្តេចអ័ហាសបានចោលចេញក្នុងរាជ្យទ្រង់ នៅវេលាដែលទ្រង់បានប្រព្រឹត្តល្មើស នោះយើងខ្ញុំបានចាត់ចែង ហើយញែកជាបរិសុទ្ធរួចជាស្រេច មើល របស់ទាំងនោះនៅមុខអាសនៈនៃព្រះយេហូវ៉ាស្រាប់។
20 ឯស្តេចហេសេគាទ្រង់ក្រោកឡើងពីព្រលឹម ទៅប្រមូលពួកអ្នកជាប្រធានក្នុងទីក្រុង នាំគ្នាឡើងទៅឯព្រះវិហារព្រះយេហូវ៉ា
21 គេក៏នាំយកគោ៧ ចៀមឈ្មោល៧ កូនចៀម៧ និងពពែឈ្មោល៧ទៅផង សម្រាប់ជាតង្វាយលោះបាបនៃនគរ ទីបរិសុទ្ធ និងពួកយូដាទាំងប៉ុន្មាន ទ្រង់ក៏បង្គាប់ដល់ពួកសង្ឃ ជាកូនចៅអើរ៉ុន ឲ្យថ្វាយសត្វទាំងនោះនៅលើអាសនៈនៃព្រះយេហូវ៉ា
22 ដូច្នេះ គេក៏បានសម្លាប់គោទាំងនោះ ហើយពួកសង្ឃទទួលយកឈាមទៅប្រោះលើអាសនៈ រួចគេសម្លាប់ចៀមឈ្មោល យកឈាមទៅប្រោះលើអាសនៈ ក៏សម្លាប់កូនចៀម យកឈាមទៅប្រោះលើអាសនៈដែរ
23 បន្ទាប់មក គេនាំពពែឈ្មោល ដែលសម្រាប់តង្វាយលោះបាបទាំងនោះ មកនៅចំពោះស្តេច និងពួកជំនុំ ហើយអ្នកទាំងនោះក៏ដាក់ដៃលើ
24 ពួកសង្ឃសម្លាប់វាថ្វាយជាតង្វាយលោះបាប មានជាប់ទាំងឈាម នៅលើអាសនៈ ដើម្បីឲ្យធួននឹងបាបនៃពួកអ៊ីស្រាអែលទាំងអស់ ដ្បិតស្តេចទ្រង់បានបង្គាប់ ឲ្យថ្វាយតង្វាយដុត និងតង្វាយលោះបាបទាំងនោះ សម្រាប់ពួកអ៊ីស្រាអែលទាំងអស់។
25 ទ្រង់ក៏តាំងពួកលេវីឲ្យកាន់ឈឹង ពិណ និងស៊ុងនៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា តាមបង្គាប់ដាវីឌ និងកាឌ់ជាអ្នកមើលឆុតរបស់ទ្រង់ ហើយនិងហោរាណាថាន់ ដ្បិតសេចក្ដីបង្គាប់នោះបានកើតមកពីព្រះយេហូវ៉ា ដោយសារពួកហោរាទ្រង់
26 ដូច្នេះ ពួកលេវីក៏ឈរនៅ មានទាំងប្រដាប់ភ្លេងរបស់ដាវីឌ ហើយពួកសង្ឃក៏មានត្រែ
27 រួចហេសេគាទ្រង់បង្គាប់ឲ្យថ្វាយតង្វាយដុតនៅលើអាសនៈ រីឯកាលចាប់តាំងដុតតង្វាយ នោះចម្រៀងនៃព្រះយេហូវ៉ាក៏ផ្តើមឮឡើង ព្រមទាំងត្រែ និងគ្រឿងភ្លេងរបស់ដាវីឌ ជាស្តេចសាសន៍អ៊ីស្រាអែលផង
28 ពួកជំនុំទាំងអស់គ្នា គេក្រាបថ្វាយបង្គំ ពួកចម្រៀងក៏ច្រៀង ពួកផ្លុំត្រែក៏ផ្លុំឡើងព្រមគ្នា ដរាបដល់តង្វាយដុតបានសុសហើយ។
29 កាលបានថ្វាយតង្វាយដុតរួចជាស្រេច នោះស្តេច និងពួកអ្នកដែលនៅជាមួយទាំងប៉ុន្មាន ក៏ឱនខ្លួនក្រាបចុះថ្វាយបង្គំ
30 មួយទៀត ស្តេចហេសេគា និងពួកអ្នកជាប្រធាន ក៏បង្គាប់ពួកលេវីឲ្យច្រៀងសរសើរថ្វាយព្រះយេហូវ៉ា ដោយទំនុករបស់ដាវីឌ និងរបស់អេសាភ ជាអ្នកមើលឆុត គេក៏ច្រៀងសរសើរដោយចិត្តរីករាយសប្បាយ រួចឱនក្បាលថ្វាយបង្គំ។
31 នៅខណៈនោះ ហេសេគាទ្រង់មានព្រះបន្ទូលឡើងថា ឥឡូវនេះ អ្នករាល់គ្នាបានថ្វាយខ្លួនដល់ព្រះយេហូវ៉ាហើយ ដូច្នេះ ចូរមកជិតនាំទាំងយញ្ញបូជា និងតង្វាយអរព្រះគុណ ចូលមកក្នុងព្រះវិហារនៃព្រះយេហូវ៉ា ពួកជំនុំក៏នាំយកយញ្ញបូជា និងតង្វាយអរព្រះគុណមក ហើយអស់អ្នកណាដែលស្ម័គ្រពីចិត្ត ក៏នាំយកតង្វាយដុតមកដែរ
32 ឯតង្វាយដុតដែលពួកជំនុំបានយកមក នោះមានចំនួនជាគោ៧០ ចៀមឈ្មោល១០០ និងកូនចៀម២០០ នោះឯងសុទ្ធតែសម្រាប់ជាតង្វាយដុតថ្វាយដល់ព្រះយេហូវ៉ាទាំងអស់
33 ហើយតង្វាយដែលថ្វាយដាច់ទៅព្រះ នោះគឺគោ៦០០ និងចៀម៣ពាន់
34 ប៉ុន្តែ មានពួកសង្ឃតិច មិនល្មមនឹងពន្លាត់ស្បែកតង្វាយដុតទាំងអស់បាន បានជាពួកលេវី ជាបងប្អូនគេ ក៏ជួយ រហូតដល់ការនោះបានសម្រេច និងដល់វេលាដែលពួកសង្ឃបានញែកខ្លួនជាបរិសុទ្ធហើយ ដ្បិតពួកលេវីមានចិត្តស្មោះត្រង់ជាងពួកសង្ឃ ដើម្បីនឹងញែកខ្លួនចេញជាបរិសុទ្ធ
35 មួយទៀត មានតង្វាយដុតជាច្រើន ព្រមទាំងខ្លាញ់តង្វាយមេត្រី និងតង្វាយច្រួច សម្រាប់គ្រប់ទាំងតង្វាយដុតផង ដូច្នេះ ការងារក្នុងព្រះវិហារនៃព្រះយេហូវ៉ាបានតាំងឡើងវិញដូចដើម
36 ហើយហេសេគា និងពួកជនទាំងឡាយ ក៏មានសេចក្ដីរីករាយសប្បាយ ដោយព្រោះព្រះបានបណ្តាលឲ្យគេមានចិត្តព្រមព្រៀងគ្នាធ្វើឡើង ដ្បិតការនោះស្រាប់តែធ្វើភ្លាម។
ជំពូក 30
1 ហេសេគាក៏ចាត់គេឲ្យទៅឯពួកអ៊ីស្រាអែល ហើយនិងពួកយូដាទាំងអស់ ក៏ផ្ញើព្រះរាជសាសន៍ដល់ពួកអេប្រាអិម និងពួកម៉ាន៉ាសេ ឲ្យមកឯព្រះវិហារនៃព្រះយេហូវ៉ា នៅក្រុងយេរូសាឡឹម ដើម្បីនឹងធ្វើបុណ្យរំលងថ្វាយព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល
2 ដ្បិតស្តេច និងពួកអ្នកជាប្រធាន ហើយនិងពួកជំនុំទាំងអស់គ្នា ដែលនៅក្រុងយេរូសាឡឹម បានប្រឹក្សាសម្រេចនឹងធ្វើបុណ្យរំលងនៅខែទី២
3 ពីព្រោះគេធ្វើនៅវេលានោះឯងពុំបាន ដោយព្រោះពួកសង្ឃមិនទាន់ញែកខ្លួនចេញជាបរិសុទ្ធ ឲ្យបានគ្នាល្មមនៅឡើយ ហើយពួកបណ្តាជនក៏មិនទាន់បានមូលគ្នានៅក្រុងយេរូសាឡឹមផង
4 តែដំណើរនោះ ស្តេច ព្រមទាំងពួកជំនុំទាំងអស់គ្នា ក៏យល់ឃើញថាត្រឹមត្រូវដែរ
5 ដូច្នេះ ក៏ចេញច្បាប់ ឲ្យប្រកាសប្រាប់ នៅពេញក្នុងស្រុកអ៊ីស្រាអែល ចាប់តាំងពីក្រុងបៀរ-សេបា រហូតដល់ក្រុងដាន់ ឲ្យមកធ្វើបុណ្យរំលងថ្វាយព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល នៅក្រុងយេរូសាឡឹម ដ្បិតជាយូរយារមកហើយ គេមិនបានធ្វើបុណ្យនោះ ដូចជាមានសេចក្ដីចែងទុកមកនោះទេ
6 ដូច្នេះ ពួករត់សំបុត្រក៏ទទួលយកសំបុត្រពីព្រះហស្តស្តេច និងពីពួកអ្នកជាប្រធាន ចេញទៅពេញក្នុងស្រុកអ៊ីស្រាអែល និងស្រុកយូដា តាមបង្គាប់ស្តេចដោយពាក្យថា ពួកកូនចៅអ៊ីស្រាអែលអើយ ចូរត្រឡប់មកឯព្រះយេហូវ៉ាជាព្រះនៃអ័ប្រាហាំនៃអ៊ីសាក និងអ៊ីស្រាអែលវិញ ដើម្បីឲ្យទ្រង់បានវិលមកឯសំណល់ពួកអ្នករាល់គ្នា ដែលបានរួចពីកណ្តាប់ដៃនៃពួកស្តេចស្រុកអាសស៊ើរ
7 កុំឲ្យអ្នករាល់គ្នាធ្វើដូចជាពួកឪពុក និងពួកបងប្អូនអ្នករាល់គ្នា ដែលរំលងនឹងព្រះយេហូវ៉ាជាព្រះនៃពួកអយ្យកោគេ ដល់ម៉្លេះបានជាទ្រង់បោះបង់ចោលគេឲ្យត្រូវវិងស៊ុង ដូចជាឯងរាល់គ្នាបានឃើញស្រាប់នោះឡើយ
8 ឥឡូវនេះ កុំឲ្យអ្នករាល់គ្នាមានចិត្តរឹងរូស ដូចជាឪពុកអ្នករាល់គ្នាឡើយ គឺត្រូវឲ្យប្រគល់ខ្លួនដល់ព្រះយេហូវ៉ាវិញ ហើយចូលមកក្នុងទីបរិសុទ្ធរបស់ទ្រង់ ដែលទ្រង់បានញែកជាបរិសុទ្ធទុកជាដរាបទៅ ហើយត្រូវគោរពប្រតិបត្តិដល់ព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា ដើម្បីឲ្យសេចក្ដីក្រោធរបស់ទ្រង់បានបែរពីអ្នករាល់គ្នាទៅ
9 ដ្បិតបើអ្នករាល់គ្នាវិលមកឯព្រះយេហូវ៉ាវិញ នោះទាំងបងប្អូន និងកូនចៅអ្នករាល់គ្នាផង នឹងបានសេចក្ដីមេត្តាករុណា នៅចំពោះពួកអ្នកដែលបាននាំឯងទៅជាឈ្លើយ ហើយនិងត្រឡប់វិលមកឯស្រុកនេះវិញ ពីព្រោះព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា ទ្រង់មានព្រះហឫទ័យទន់សន្តោស ហើយមេត្តាករុណា បើសិនជាអ្នករាល់គ្នាវិលមកឯទ្រង់វិញ នោះទ្រង់នឹងមិនបែរព្រះភ័ក្ត្រចេញពីអ្នករាល់គ្នាឡើយ។
10 ដូច្នេះ ពួករត់សំបុត្រក៏ទៅពីក្រុង១ដល់ក្រុង១កាត់ទាំងស្រុកអេប្រាអិម និងស្រុកម៉ាន៉ាសេផង រហូតដល់ស្រុកសាប់យូល៉ូន តែអ្នកស្រុកទាំងនោះ គេសើចឡកឲ្យ ហើយមើលងាយផង
11 ប៉ុន្តែ មានមនុស្សខ្លះក្នុងពួកអេស៊ើរ ពួកម៉ាន៉ាសេ និងពួកសាប់យូល៉ូន ដែលបន្ទាបខ្លួនក៏មកឯក្រុងយេរូសាឡឹមដែរ
12 ហើយព្រះហស្តនៃព្រះក៏មក បណ្តាលឲ្យពួកយូដាមានចិត្តព្រមព្រៀងគ្នា នឹងធ្វើតាមបង្គាប់នៃស្តេច និងពួកអ្នកជាប្រធាន តាមព្រះបន្ទូលនៃព្រះយេហូវ៉ា។
13 ដូច្នេះ មានមនុស្សជាច្រើនមកប្រជុំគ្នា នៅក្រុងយេរូសាឡឹម ជាជំនុំយ៉ាងធំ ដើម្បីនឹងធ្វើបុណ្យនំបុ័ងឥតដំបែរនៅខែទី២នោះ
14 គេក៏ប្រុងប្រៀបនាំគ្នាទៅយកអស់ទាំងអាសនៈ ដែលនៅក្រុងយេរូសាឡឹម និងទាំងអាសនៈទាំងប៉ុន្មាន ដែលសម្រាប់ដុតកំញាន បោះចោលទៅក្នុងជ្រោះកេដ្រុន
15 រួចសម្លាប់ចៀមធ្វើបុណ្យរំលង នៅថ្ងៃ១៤ក្នុងខែពិសាខ ឯពួកសង្ឃ និងពួកលេវី គេមានសេចក្ដីខ្មាស ក៏មកញែកខ្លួនចេញជាបរិសុទ្ធ រួចយកតង្វាយដុតមក ក្នុងព្រះវិហារនៃព្រះយេហូវ៉ា
16 គេក៏ឈរនៅកន្លែងរបស់គេ តាមរបៀប តាមក្រឹត្យវិន័យរបស់លោកម៉ូសេ ជាអ្នកសំណប់របស់ព្រះ គឺពួកសង្ឃគេទទួលឈាមពីដៃពួកលេវីយកទៅប្រោះ
17 ដ្បិតមានគ្នាច្រើនក្នុងជំនុំនោះដែលមិនទាន់ញែកខ្លួនជាបរិសុទ្ធនៅឡើយ ដូច្នេះ ពួកលេវីត្រូវត្រួតលើការសម្លាប់ចៀមធ្វើបុណ្យរំលង ឲ្យអស់អ្នកណាដែលមិនស្អាត ដើម្បីនឹងញែកគេចេញជាបរិសុទ្ធថ្វាយព្រះយេហូវ៉ា
18 មានបណ្តាជនយ៉ាងសន្ធឹកក្នុងពួកអេប្រាអិម ពួកម៉ាន៉ាសេ ពួកអ៊ីសាខារ និងពួកសាប់យូល៉ូន ដែលមិនបានសម្អាតខ្លួនទេ ប៉ុន្តែ គេបានបរិភោគបុណ្យរំលងនោះដែរ ខុសនឹងរបៀបដែលចែងទុកមក ប៉ុន្តែ ហេសេគាទ្រង់អធិស្ឋានឲ្យគេថា
19 សូមព្រះយេហូវ៉ាដ៏ប្រកបដោយករុណាគុណ ទ្រង់អត់ទោសដល់អស់អ្នកណាដែលតាំងចិត្តស្វែងរកព្រះ គឺជាព្រះយេហូវ៉ាជាព្រះនៃពួកអយ្យកោគេ ទោះបើមិនបានសម្អាតខ្លួនតាមរបៀបនៃទីបរិសុទ្ធក៏ដោយ
20 ព្រះយេហូវ៉ាក៏ស្តាប់តាមហេសេគា ទ្រង់ប្រោសឲ្យគេបានជា
21 ពួកកូនចៅអ៊ីស្រាអែលដែលបានមកឯក្រុងយេរូសាឡឹម គេធ្វើបុណ្យនំបុ័ងឥតដំបែនោះអស់៧ថ្ងៃ ដោយសេចក្ដីរីករាយជាខ្លាំង ហើយពួកលេវី និងពួកសង្ឃ ក៏ច្រៀងសរសើរថ្វាយព្រះយេហូវ៉ារាល់ៗថ្ងៃ ផ្សំដោយភ្លេងមានសូរយ៉ាងខ្លាំង ថ្វាយព្រះយេហូវ៉ា
22 ឯហេសេគាទ្រង់ក៏មានព្រះបន្ទូលព្រលួងព្រលោមចិត្តនៃពួកលេវីទាំងប៉ុន្មាន ដែលមានចំណេះចេះស្ទាត់ក្នុងការងារនៃព្រះយេហូវ៉ា យ៉ាងនោះគេបានបរិភោគគ្រប់ទាំង៧ថ្ងៃនៃបុណ្យនោះ ហើយបានថ្វាយយញ្ញបូជាទុកជាតង្វាយមេត្រី ព្រមទាំងលន់តួដល់ព្រះយេហូវ៉ាជាព្រះនៃពួកអយ្យកោគេ។
23 ពួកជំនុំទាំងអស់គ្នាក៏ប្រឹក្សា សម្រេចនឹងធ្វើបុណ្យនោះ៧ថ្ងៃទៀត ដូច្នេះ គេក៏ធ្វើ៧ថ្ងៃទៀត ដោយរីករាយសប្បាយ
24 ដ្បិតហេសេគា ជាស្តេចយូដា ទ្រង់បានប្រទានគោ១ពាន់ និងចៀម៧ពាន់ ដល់ពួកជំនុំសម្រាប់ជាតង្វាយ ហើយពួកអ្នកជាប្រធានក៏ឲ្យគោ១ពាន់ និងចៀម១ម៉ឺនដល់គេដែរ ក៏មានពួកសង្ឃជាច្រើនបានញែកខ្លួនជាបរិសុទ្ធ
25 នោះជំនុំទាំងមូលនៃពួកយូដា ព្រមទាំងពួកសង្ឃ និងពួកលេវី ហើយពួកជំនុំទាំងប៉ុន្មាន ដែលមកពីស្រុកអ៊ីស្រាអែល និងពួកអ្នកដែលបានចេញពីស្រុកអ៊ីស្រាអែល មកតាំងទីលំនៅក្នុងស្រុកយូដា គេក៏នាំគ្នាអរសប្បាយឡើង
26 ដូច្នេះ មានសេចក្ដីអំណរជាខ្លាំង នៅក្នុងក្រុងយេរូសាឡឹម ដ្បិតចាប់តាំងពីគ្រាសាឡូម៉ូន បុត្រដាវីឌ ជាស្តេចអ៊ីស្រាអែលមក នោះមិនដែលមានការយ៉ាងនោះ នៅក្នុងក្រុងយេរូសាឡឹមឡើយ
27 រួចមកពួកសង្ឃ និងពួកលេវី ក៏ក្រោកឡើងឲ្យពរដល់ជនទាំងឡាយ ឯសេចក្ដីអធិស្ឋានរបស់គេ ក៏ឡើងទៅដល់ទីលំនៅបរិសុទ្ធរបស់ព្រះ គឺដល់ស្ថានសួគ៌តែម្តង ហើយទ្រង់ក៏ទទួលស្តាប់តាម។
ជំពូក 31
1 រីឯវេលាដែលការទាំងនោះបានរួចជាស្រេចហើយ នោះពួកអ៊ីស្រាអែលដែលមកប្រជុំគ្នា ក៏ចេញទៅឯអស់ទាំងទីក្រុងស្រុកយូដា បំបាក់បំបែកបង្គោលថ្មទាំងប៉ុន្មានដែលសម្រាប់គោរព ហើយកាប់រំលំរូបព្រះ ព្រមទាំងបំផ្លាញទីខ្ពស់ និងអាសនៈទាំងប៉ុន្មាន នៅពេញក្នុងស្រុកយូដា ស្រុកបេនយ៉ាមីន ស្រុកអេប្រាអិម និងស្រុកម៉ាន៉ាសេដែរ ដរាបដល់បានលាញចេញទាំងអស់ទៅ រួចមក ពួកកូនចៅអ៊ីស្រាអែលក៏វិលត្រឡប់ទៅឯកេរអាករនៅក្នុងទីក្រុងរបស់គេរៀងខ្លួនវិញ។
2 ហេសេគាទ្រង់ក៏តាំងវេនពួកសង្ឃ និងពួកលេវីតាមផ្នែកពួកគេ គឺគ្រប់គ្នាតាមការងារដែលខ្លួនត្រូវធ្វើ ទាំងពួកសង្ឃ និងពួកលេវីដែរ ដើម្បីឲ្យបានថ្វាយតង្វាយដុត តង្វាយមេត្រី ហើយធ្វើការងារផ្សេងៗ ព្រមទាំងពោលពាក្យអរព្រះគុណ និងពាក្យសរសើរ នៅត្រង់អស់ទាំងទ្វារទីលំនៅនៃព្រះយេហូវ៉ា
3 ទ្រង់ក៏ថ្វាយព្រះរាជទ្រព្យ១ចំណែក ទុកសម្រាប់ជាតង្វាយដុត គឺតង្វាយដុតពេលព្រឹក និងពេលល្ងាច តង្វាយដុតនៅថ្ងៃឈប់សម្រាក និងនៅថ្ងៃចូលខែ ហើយនៅថ្ងៃបុណ្យដែលមានកំណត់ ដូចជាបានកត់ទុកក្នុងក្រឹត្យវិន័យព្រះយេហូវ៉ា
4 មួយទៀត ទ្រង់បង្គាប់ដល់ពួកមនុស្ស នៅក្រុងយេរូសាឡឹម ឲ្យគេចែកឲ្យពួកសង្ឃ និងពួកលេវីមានចំណែកដែរ ដើម្បីឲ្យអ្នកទាំងនោះបានកាន់ខ្ជាប់ តាមក្រឹត្យវិន័យព្រះយេហូវ៉ា
5 កាលសេចក្ដីបង្គាប់នោះបានឮសុសសាយទៅ ស្រាប់តែពួកកូនចៅអ៊ីស្រាអែលក៏ថ្វាយតង្វាយជាបរិបូរ គឺជាផលដំបូង ពីស្រូវ ពីទឹកទំពាំងបាយជូរ ពីប្រេង ពីទឹកឃ្មុំ ហើយពីផលនៃចម្ការទាំងអស់ គេក៏យក១ភាគក្នុង១០ ពីរបស់ទាំងអស់មកជាបរិបូរដែរ
6 ឯពួកកូនចៅអ៊ីស្រាអែល និងយូដា ដែលនៅអស់ទាំងទីក្រុងស្រុកយូដា គេក៏យក១ភាគក្នុង១០ពីហ្វូងគោ ហ្វូងចៀម និង១ភាគក្នុង១០ពីរបស់បរិសុទ្ធ ដែលបានថ្វាយដល់ព្រះយេហូវ៉ាជាព្រះនៃគេ មកគរឡើងជាគំនរដែរ
7 គេចាប់តាំងគរគំនរទាំងនោះ នៅក្នុងខែជេស្ឋ រួចដល់ខែអស្សុជទើបបានហើយ
8 កាលហេសេគា និងពួកអ្នកជាប្រធាន បានមកឃើញគំនរទាំងនោះ គេក៏សរសើរតម្កើងដល់ព្រះយេហូវ៉ា ព្រមទាំងអ៊ីស្រាអែល ជារាស្ត្រទ្រង់
9 ហើយហេសេគាទ្រង់សាកសួរពួកសង្ឃ និងពួកលេវីពីដំណើរគំនរតង្វាយទាំងនោះ
10 នោះអ័សារា ជាសម្ដេចសង្ឃ ដែលជាវង្សសាដុក លោកទូលថា ចាប់តាំងពីវេលាដែលគេផ្តើមនាំយកតង្វាយមក ក្នុងព្រះវិហារនៃព្រះយេហូវ៉ា នោះយើងខ្ញុំបានទទួលទានឆ្អែត ហើយមាននៅសល់ជាបរិបូរផង ដ្បិតព្រះយេហូវ៉ាទ្រង់បានប្រទានពរដល់រាស្ត្រទ្រង់ ហើយសំណល់ដែលសល់នោះ គឺជាគំនរយ៉ាងធំទាំងនេះឯង។
11 ដូច្នេះ ហេសេគាក៏បង្គាប់ឲ្យរៀបចំបន្ទប់ នៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា គេក៏រៀបចំ
12 រួចនាំយកតង្វាយស្ម័គ្រពីចិត្ត តង្វាយ១ភាគក្នុង១០ និងតង្វាយបរិសុទ្ធមកទុកក្នុងបន្ទប់នោះ ដោយស្មោះត្រង់ មានកូណានា ជាពួកលេវី ជាអ្នកត្រួតលើរបស់ទាំងនោះ និងស៊ីម៉ាយប្អូនលោកជាអ្នកទី២
13 រួចយេហ៊ីអែល អ័សាស៊ា ណាហាត់ អេសាអែល យេរីម៉ូត យ៉ូសាបាឌ អេសាល យីសម៉ាគា ម៉ាហាត និងបេណាយ៉ា គេសុទ្ធតែជាអ្នកត្រួតលើការនោះ នៅក្រោមអំណាចកូណានា និងស៊ីម៉ាយ ប្អូនលោក តាមបង្គាប់ស្តេចហេសេគា និងអ័សារា ជាអ្នកគ្រប់គ្រងនៅព្រះវិហារនៃព្រះ
14 ហើយកូរេ កូនយីមន៉ា ជាពួកលេវី ដែលចាំទ្វារខាងកើត លោកត្រួតលើតង្វាយដែលថ្វាយដល់ព្រះដោយស្ម័គ្រពីចិត្ត ដើម្បីនឹងចែកតង្វាយរបស់ផងព្រះយេហូវ៉ា ព្រមទាំងរបស់បរិសុទ្ធបំផុត
15 នៅក្រោមអំណាចលោក នោះមានអេដែន មីនយ៉ាមីន យេសួរ សេម៉ាយ៉ា អ័ម៉ារា និងសេកានា ដែលនៅអស់ទាំងទីក្រុងរបស់ពួកសង្ឃ ជាអ្នកចែកដល់បងប្អូនគេទាំងធំទាំងតូច តាមវេនឲ្យស្មើគ្នា ដោយចិត្តស្មោះត្រង់
16 គឺជាពួកប្រុសៗដែលបានកត់ក្នុងបញ្ជី ចាប់តាំងពីអាយុ៣ឆ្នាំឡើងទៅលើ ជាពួកអ្នកដែលចូលទៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា តាមតែត្រូវការរាល់តែថ្ងៃ សម្រាប់ការងារដែលផ្ញើទុកនឹងគេតាមវេនរៀងខ្លួន
17 និងពួកអ្នកដែលបានរាប់តាមពង្សាវតារនៃពួកសង្ឃ តាមវង្សរបស់ឪពុកគេ ហើយនិងពួកលេវី ចាប់តាំងពីអាយុ២០ឆ្នាំឡើងទៅលើ តាមការងារ តាមវេនគេ
18 ព្រមទាំងពួកអ្នកដែលបានរាប់តាមពង្សាវតារនៃពួកកូនតូចៗ ប្រពន្ធ និងកូនប្រុស កូនស្រីរបស់គេ នៅគ្រប់ក្នុងពួកជំនុំ ដ្បិតអ្នកទាំងនោះបានញែកខ្លួនចេញជាបរិសុទ្ធ ខំធ្វើការងារនោះដោយឥតសៅហ្មង
19 ហើយចំណែកពួកកូនចៅអើរ៉ុន ជាពួកសង្ឃដែលនៅចម្ការ ក្នុងក្រវល់ជុំវិញទីក្រុងរបស់គេ នោះមានមនុស្សដែលបានចេញឈ្មោះជាស្រេច នៅគ្រប់ទាំងទីក្រុង ទុកសម្រាប់នឹងចែកចំណែកឲ្យដល់ពួកប្រុសៗក្នុងពួកសង្ឃនោះ និងដល់អស់អ្នកដែលបានរាប់តាមពង្សាវតារពួកលេវី។
20 ហេសេគាទ្រង់បានធ្វើដូច្នោះ នៅគ្រប់ក្នុងស្រុកយូដា ទ្រង់ប្រព្រឹត្តសេចក្ដីដែលល្អត្រឹមត្រូវ ហើយស្មោះត្រង់នៅចំពោះព្រះយេហូវ៉ាជាព្រះនៃទ្រង់
21 ហើយគ្រប់ទាំងការដែលទ្រង់ចាប់តាំងធ្វើសម្រាប់ការងារក្នុងព្រះវិហារនៃព្រះ និងខាងឯក្រឹត្យវិន័យ ហើយបញ្ញត្តទាំងប៉ុន្មានផង ដើម្បីនឹងស្វែងរកតាមព្រះនៃទ្រង់ នោះទ្រង់ក៏បានធ្វើដោយអស់ពីព្រះហឫទ័យ ហើយបានចម្រើនដែរ។
ជំពូក 32
1 ក្រោយគ្រប់ទាំងការជាអំពើស្មោះត្រង់ទាំងនោះមក នោះសានហេរីប ជាស្តេចស្រុកអាសស៊ើរ ទ្រង់ទន្ទ្រានចូលមកក្នុងស្រុកយូដា បោះទ័ពច្បាំង និងអស់ទាំងទីក្រុងមានបន្ទាយ ដោយប្រាថ្នាចង់ចាប់យកទីក្រុងទាំងនោះ
2 កាលហេសេគាទ្រង់ឃើញថា សានហេរីបបានមកដូច្នោះ ហើយមុខជាគិតមកច្បាំងនឹងក្រុងយេរូសាឡឹមដែរ
3 នោះទ្រង់ក៏ប្រឹក្សានឹងពួកអ្នកជាប្រធាន ហើយនិងពួកមនុស្សខ្លាំងពូកែរបស់ទ្រង់ សម្រេចនឹងទប់ប្រឡាយទឹកទាំងប៉ុន្មាន ដែលនៅខាងក្រៅទីក្រុង ហើយពួកអ្នកទាំងនោះក៏ជួយ
4 គេប្រមូលមនុស្សជាច្រើនមកទប់អស់ទាំងប្រឡាយទឹក និងជ្រោះទឹកដែលហូរកាត់ស្រុកនោះ ដោយនិយាយគ្នាថា នឹងទុកឲ្យពួកស្តេចអាសស៊ើរមកដល់ទីនេះឃើញមានទឹកជាច្រើនធ្វើអី
5 ទ្រង់មានព្រះហឫទ័យក្លាឡើង ក៏សង់កំផែងដែលបាក់បែកឡើងវិញ ហើយឲ្យស្មើនឹងប៉មទាំងប៉ុន្មាន ព្រមទាំងសង់កំផែងមួយទៀត នៅខាងក្រៅ ហើយធ្វើឲ្យប៉មមីឡូរ ដែលនៅក្នុងក្រុងដាវីឌ បានមាំមួនឡើងផង ក៏ធ្វើគ្រឿងសស្ត្រាវុធ និងខែលជាបរិបូរ
6 ទ្រង់តាំងឲ្យមានមេក្រសួងសឹកត្រួតលើបណ្តាជន ក៏ប្រមូលជនទាំងឡាយមកឯទ្រង់ នៅទីធ្លាត្រង់មាត់ទ្វារទីក្រុង មានព្រះបន្ទូលកំសាន្តចិត្តគេថា
7 ចូរមានកម្លាំងឡើង ហើយចិត្តក្លាហានចុះ កុំឲ្យភ័យខ្លាច ឬស្រយុតចិត្ត ដោយព្រោះស្តេចអាសស៊ើរ និងពួកពលទាំងហ្វូងដែលមកជាមួយនោះឡើយ ដ្បិតនៅខាងយើង មាន១អង្គដែលពូកែជាងពួកគេទៅទៀត
8 ចំណែកគេ មានតែដៃខាងសាច់ឈាមប៉ុណ្ណោះ តែខាងយើងវិញ មានព្រះយេហូវ៉ាជាព្រះនៃយើងរាល់គ្នា សម្រាប់នឹងជួយ ហើយធ្វើចម្បាំងជំនួសយើង ពួកបណ្តាជនក៏ផ្អែកចិត្តទៅលើព្រះបន្ទូលនៃហេសេគា ជាស្តេចយូដា។
9 ក្រោយនោះមក សានហេរីប ជាស្តេចអាសស៊ើរទ្រង់ចាត់រាជទូតទៅឯក្រុងយេរូសាឡឹម (ចំណែកឯទ្រង់ និងពលទ័ពទាំងអស់របស់ទ្រង់ ក៏នៅមុខក្រុងឡាគីស) រាជទូតនោះក៏មកឯហេសេគា ជាស្តេចយូដា និងពួកយូដាទាំងប៉ុន្មាន ជាពួកអ្នកនៅក្រុងយេរូសាឡឹម និយាយថា
10 សានហេរីប ជាស្តេចអាសស៊ើរ ទ្រង់មានព្រះបន្ទូលដូច្នេះថា តើឯងរាល់គ្នាទុកចិត្តអាងដល់អ្វី បានជាចេះតែនៅក្នុងក្រុងយេរូសាឡឹមនេះ ចង់ឲ្យយើងមកឡោមព័ទ្ធឯងដូច្នេះ
11 តើហេសេគាមិនបញ្ចុះបញ្ចូលឯងរាល់គ្នា ដើម្បីតែនឹងប្រគល់ឯងឲ្យត្រូវស្លាប់ ដោយអត់បាយ អត់ទឹកទេឬអី ដោយពាក្យថា ព្រះយេហូវ៉ាជាព្រះនៃយើងរាល់គ្នា ទ្រង់នឹងប្រោសឲ្យយើងរួចពីកណ្តាប់ដៃនៃស្តេចអាសស៊ើរ
12 តើមិនមែនហេសេគានេះឯង ដែលបានបំបាត់អស់ទាំងទីខ្ពស់ និងអាសនៈរបស់ព្រះនោះទេឬអី ហើយក៏បានបង្គាប់ពួកយូដា និងពួកក្រុងយេរូសាឡឹមថា ត្រូវឲ្យឯងរាល់គ្នាថ្វាយបង្គំនៅមុខអាសនៈ១នេះតែប៉ុណ្ណោះ ព្រមទាំងដុតកំញាននៅលើនោះផង
13 ឯងរាល់គ្នាមិនដឹងទេឬអី ពីការដែលអញ និងបិតាអញបានធ្វើ ដល់អស់ទាំងសាសន៍ដែលនៅស្រុកឯទៀតទាំងប៉ុន្មាន ឯព្រះទាំងប៉ុន្មានរបស់សាសន៍ដទៃដែលនៅគ្រប់ស្រុកទាំងនោះ តើអាចនឹងជួយស្រុកគេឲ្យរួចពីកណ្តាប់ដៃនៃអញបានឬទេ
14 តើមានព្រះណាមួយក្នុងពួកព្រះរបស់សាសន៍ដទៃទាំងប៉ុន្មាន ដែលបិតាអញបានបំផ្លាញអស់រលីងនោះ បានអាចនឹងជួយសាសន៍គេឲ្យរួចពីកណ្តាប់ដៃអញបានឬ បានជាព្រះរបស់ឯងរាល់គ្នានឹងជួយឯងឲ្យរួចពីកណ្តាប់ដៃអញទៅបាន
15 ដូច្នេះ កុំឲ្យហេសេគាល្បួងបញ្ឆោតឯងរាល់គ្នា ឬបញ្ចុះបញ្ចូលឯងបែបយ៉ាងនេះទៀតឡើយ កុំឲ្យជឿឲ្យសោះ ដ្បិតគ្មានព្រះណាមួយរបស់សាសន៍ ឬនគរឯណាដែលបានអាចនឹងជួយរាស្ត្រគេ ឲ្យរួចពីកណ្តាប់ដៃអញ ឬពីកណ្តាប់ដៃនៃបិតាអញបានឡើយ ចំណង់បើព្រះរបស់ឯងរាល់គ្នា តើនឹងជួយឲ្យឯងរាល់គ្នារួចពីកណ្តាប់ដៃអញឯណាបាន។
16 ពួករាជទូតរបស់ស្តេចនោះ ក៏ប្រមាថមើលងាយដល់ព្រះយេហូវ៉ាដ៏ជាព្រះ និងហេសេគា ជាអ្នកបម្រើទ្រង់ជាច្រើនតទៅទៀត។
17 ក៏ធ្វើសំបុត្រមួលបង្កាច់ដល់ព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល ព្រមទាំងពោលទាស់នឹងព្រះ ដោយថា ឯព្រះរបស់សាសន៍ដទៃទាំងប៉ុន្មាន នៅស្រុកផ្សេងៗ មិនបានជួយរាស្ត្រគេឲ្យរួចពីកណ្តាប់ដៃអញយ៉ាងណា នោះព្រះរបស់ហេសេគាក៏មិនអាចនឹងជួយរាស្ត្រខ្លួន ឲ្យរួចពីកណ្តាប់ដៃអញបានដូច្នោះដែរ
18 ពួកទូតនោះក៏ស្រែកយ៉ាងខ្លាំង ជាភាសារបស់ពួកយូដា ដល់ពួកក្រុងយេរូសាឡឹម ដែលនៅលើកំផែង ដើម្បីនឹងគំរាមបំភ័យឲ្យគេវល់គំនិត ប្រយោជន៍ឲ្យអាចនឹងយកទីក្រុងបាន
19 គេបាននិយាយពីព្រះនៃក្រុងយេរូសាឡឹម ទុកដូចជាអស់ទាំងព្រះរបស់សាសន៍ដទៃទាំងប៉ុន្មាននៅផែនដី ជាព្រះដែលជាស្នាដៃរបស់មនុស្សលោកទេ។
20 ដូច្នេះ ស្តេចហេសេគា និងហោរាអេសាយ ជាកូនអ័ម៉ូស ក៏អធិស្ឋានពីដំណើរនោះ ហើយអំពាវនាវដល់ស្ថានសួគ៌
21 រួចព្រះយេហូវ៉ាទ្រង់ចាត់ទេវតាឲ្យមកបំផ្លាញមនុស្សខ្លាំងពូកែ ដែលមានចិត្តក្លាហានក្នុងទីបោះទ័ពរបស់ស្តេចអាសស៊ើរ ព្រមទាំងពួកអ្នកនាំមុខ និងពួកមេទ័ពទាំងអស់ទៅ នោះស្តេចទ្រង់ក៏វិលទៅឯនគររបស់ទ្រង់វិញ ដោយសេចក្ដីអៀនខ្មាស ហើយកាលទ្រង់បានចូលទៅក្នុងវិហារនៃព្រះរបស់ទ្រង់ នោះបុត្របង្កើតរបស់ទ្រង់ក៏ធ្វើគុតទ្រង់ ដោយដាវនៅទីនោះ
22 គឺយ៉ាងនោះដែលព្រះយេហូវ៉ាទ្រង់ជួយសង្គ្រោះហេសេគា និងពួកអ្នកនៅក្រុងយេរូសាឡឹម ឲ្យរួចពីកណ្តាប់ដៃនៃសានហេរីប ជាស្តេចស្រុកអាសស៊ើរ ហើយពីកណ្តាប់ដៃនៃសត្រូវឯទៀត ព្រមទាំងការពារគេនៅគ្រប់ទិសផង
23 ក៏មានមនុស្សជាច្រើននាំយកតង្វាយមកថ្វាយដល់ព្រះយេហូវ៉ា នៅក្រុងយេរូសាឡឹម និងរបស់មានតម្លៃផ្សេងៗ ថ្វាយដល់ហេសេគាជាស្តេចយូដាដែរ ដល់ម៉្លេះបានជាទ្រង់បានថ្កុំថ្កើងឡើងនៅភ្នែកនៃអស់ទាំងសាសន៍ដទៃតរៀងទៅ។
24 នៅគ្រានោះ ហេសេគាទ្រង់ចាប់ប្រឈួនជាធ្ងន់ហៀបនឹងសុគត តែទ្រង់អធិស្ឋានដល់ព្រះយេហូវ៉ា ហើយព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលមក ព្រមទាំងប្រាប់ទីសម្គាល់ដល់ស្តេច
25 ប៉ុន្តែ ហេសេគាទ្រង់មិនបានសងព្រះគុណតាមដែលព្រះបានប្រោសដល់ទ្រង់នោះទេ ដ្បិតទ្រង់មានព្រះទ័យកម្រើកធំឡើង បានជាមានសេចក្ដីក្រោធមកគ្របលើទ្រង់ និងពួកយូដា ហើយពួកក្រុងយេរូសាឡឹមវិញ
26 ប៉ុន្តែ ហេសេគាទ្រង់បានបន្ទាបព្រះទ័យចុះ ពីការដែលមានចិត្តធំនោះទៅ ព្រមទាំងពួកអ្នកនៅក្រុងយេរូសាឡឹមផង បានជាសេចក្ដីក្រោធរបស់ព្រះយេហូវ៉ាមិនបានធ្លាក់មកលើគេ នៅក្នុងគ្រាហេសេគាឡើយ។
27 ឯហេសេគាទ្រង់មានព្រះរាជទ្រព្យ និងកិត្តិនាមយ៉ាងក្រៃលែង ទ្រង់បានធ្វើឃ្លាំងសម្រាប់ដាក់ប្រាក់ មាស ត្បូងមានតម្លៃ គ្រឿងក្រអូប និងខែល ហើយនិងគ្រឿងប្រដាប់ល្អគ្រប់មុខ
28 ក៏ធ្វើឃ្លាំងដាក់ស្រូវ ទឹកទំពាំងបាយជូរ និងប្រេង ព្រមទាំងរោងសម្រាប់ដាក់សត្វគ្រប់មុខ និងក្រោលសម្រាប់ហ្វូងចៀម
29 ក៏សង់ទីក្រុងផ្សេងៗសម្រាប់ទ្រង់ ហើយមានហ្វូងគោ ហ្វូងចៀមជាបរិបូរ ដ្បិតព្រះបានប្រោសប្រទានឲ្យទ្រង់មានទ្រព្យសម្បត្តិជាច្រើនណាស់
30 គឺហេសេគានេះឯង ដែលបានទប់រន្ធទឹកខាងលើនៃជ្រោះគីហុន បង្ហូរតម្រង់ចុះមកដល់ខាងលិចទីក្រុងដាវីឌ ទ្រង់ចេះតែបានចម្រើនឡើង ក្នុងគ្រប់ការទាំងអស់
31 ប៉ុន្តែ ក្នុងការដែលរាជទូតនៃស្តេចបាប៊ីឡូន បានមកស៊ើបសួរទ្រង់ ពីការអស្ចារ្យដែលកើតឡើងក្នុងស្រុក នោះព្រះបានទុកទ្រង់ចោល ដើម្បីនឹងល្បងលទ្រង់ ឲ្យបានជ្រាបគ្រប់ទាំងគំនិតដែលមាននៅក្នុងព្រះទ័យទ្រង់។
32 រីឯដំណើរឯទៀតពីហេសេគា និងការល្អទាំងប៉ុន្មានដែលទ្រង់ធ្វើ នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅពីពួកស្តេចយូដា និងអ៊ីស្រាអែល ជាមួយនឹងការជាក់ស្តែងរបស់ហោរាអេសាយ ជាកូនអ័ម៉ូសហើយ
33 ហេសេគាក៏ផ្ទំលក់ទៅជាមួយនឹងពួកអយ្យកោទ្រង់ ហើយគេបញ្ចុះសពទ្រង់នៅទីខ្ពស់ តាមផ្លូវឡើងទៅឯផ្នូររបស់ពួកវង្សនៃដាវីឌ ឯពួកយូដា និងពួកអ្នកនៅក្រុងយេរូសាឡឹមទាំងអស់គ្នា ក៏តម្កើងទ្រង់ឡើង ក្នុងខណៈដែលសុគតនោះ រួចម៉ាន៉ាសេ ជាព្រះរាជបុត្រា ក៏ឡើងសោយរាជ្យជំនួសព្រះបិតា។
ជំពូក 33
1 លុះកាលម៉ាន៉ាសេចាប់តាំងសោយរាជ្យឡើង នោះទ្រង់មានព្រះជន្ម១២ឆ្នាំហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡឹមបាន៥៥ឆ្នាំ
2 ទ្រង់ប្រព្រឹត្តអំពើដ៏លាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ា តាមអស់ទាំងការគួរស្អប់ខ្ពើមរបស់សាសន៍ដទៃទាំងប៉ុន្មាន ដែលព្រះយេហូវ៉ាបានបណ្តេញចេញ ពីមុខពួកកូនចៅអ៊ីស្រាអែល
3 ដ្បិតទ្រង់បានធ្វើអស់ទាំងទីខ្ពស់ឡើងវិញ ដែលហេសេគា ជាព្រះបិតាទ្រង់បានរំលងទៅនោះ ហើយក៏ស្អាងអាសនៈថ្វាយព្រះបាល ព្រមទាំងធ្វើរូបព្រះ ហើយថ្វាយបង្គំគោរពដល់អស់ទាំងពួកពលបរិវារនៅលើមេឃផង
4 ទ្រង់ក៏ស្អាងអាសនៈនៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា ដែលព្រះយេហូវ៉ាបានមានព្រះបន្ទូលពីទីនោះថា ឈ្មោះអញនឹងនៅក្រុងយេរូសាឡឹមជាដរាបតទៅ
5 ទ្រង់ធ្វើអាសនៈសម្រាប់គោរពដល់អស់ទាំងពួកពលបរិវារនៅលើមេឃ ត្រង់ទីលានទាំង២នៃព្រះវិហារព្រះយេហូវ៉ា
6 ក៏ធ្វើឲ្យបុត្រទ្រង់ឆ្លងកាត់ភ្លើង នៅក្នុងច្រកភ្នំរបស់កូនហ៊ីនណំម ក៏ប្រព្រឹត្តនក្ខត្តឫក្ស អង្គុយធម៌ អាបធ្មប់ ហើយរកគ្រូខាប និងគ្រូគាថា ទ្រង់ប្រព្រឹត្តអំពើដ៏អាក្រក់ជាច្រើន នៅព្រះនេត្រព្រះយេហូវ៉ាជាហេតុដែលបណ្តាលឲ្យព្រះមានសេចក្ដីក្រោធ
7 ទ្រង់យករូបឆ្លាក់ ជារូបដែលព្រះទ្រង់បានធ្វើ ទៅតម្កល់ក្នុងព្រះវិហារនៃព្រះជាទីដែលព្រះបានមានព្រះបន្ទូលនឹងដាវីឌ ហើយនិងសាឡូម៉ូនជាព្រះរាជបុត្រាទ្រង់ថា អញនឹងតាំងឈ្មោះអញនៅក្នុងព្រះវិហារនេះ នៅក្រុងយេរូសាឡឹម ជាទីដែលអញបានរើសក្នុងគ្រប់ទាំងពូជអំបូរសាសន៍អ៊ីស្រាអែល ឲ្យនៅជាដរាបតទៅ
8 ហើយអញក៏មិនដែលដកជើងនៃពួកអ៊ីស្រាអែលចេញពីស្រុក ដែលអញបានឲ្យដល់ពួកអយ្យកោឯងរាល់គ្នាទៀតឡើយ ឲ្យតែគេរក្សា ហើយធ្វើតាមគ្រប់ទាំងសេចក្ដីដែលអញបានបង្គាប់ដល់គេ គឺជាក្រឹត្យវិន័យទាំងមូល និងបញ្ញត្ត ហើយច្បាប់ទាំងប៉ុន្មាន ដែលអញបានឲ្យដោយសារម៉ូសេប៉ុណ្ណោះចុះ
9 តែម៉ាន៉ាសេទ្រង់ព្រលួងពួកយូដា និងពួកអ្នកក្រុងយេរូសាឡឹម ឲ្យបានធ្វើការអាក្រក់ លើសជាងសាសន៍ដទៃទាំងប៉ុន្មានទៅទៀត ជាសាសន៍ដែលព្រះយេហូវ៉ាបានបំផ្លាញ ពីមុខពួកកូនចៅអ៊ីស្រាអែលចេញ។
10 ព្រះយេហូវ៉ាទ្រង់ក៏មានព្រះបន្ទូលនឹងម៉ាន៉ាសេ ហើយនិងរាស្ត្រទ្រង់ដែរ តែគេមិនព្រមទទួលស្តាប់តាមឡើយ
11 ហេតុនោះបានជាព្រះយេហូវ៉ាទ្រង់បណ្តាលឲ្យពួកមេទ័ពរបស់ស្តេចអាសស៊ើរ លើកគ្នាមកច្បាំងនឹងគេ ពួកនោះចាប់ម៉ាន៉ាសេដាក់ខ្នោះដាក់ច្រវាក់ នាំទៅឯក្រុងបាប៊ីឡូន
12 តែកាលទ្រង់មានសេចក្ដីវេទនា នោះក៏ទូលអង្វរដល់ព្រះយេហូវ៉ានៃទ្រង់ ព្រមទាំងបន្ទាបព្រះទ័យចុះជាខ្លាំង នៅចំពោះព្រះនៃពួកអយ្យកោទ្រង់វិញ
13 ក៏អធិស្ឋាន ហើយព្រះក៏ទន់ព្រះហឫទ័យ ស្តាប់តាមសេចក្ដីដែលទ្រង់ទូលអង្វរ ប្រោសនាំទ្រង់មកឯរាជ្យក្នុងក្រុងយេរូសាឡឹមវិញ ដូច្នេះ ទើបម៉ាន៉ាសេបានជ្រាបថា ព្រះយេហូវ៉ាទ្រង់ជាព្រះពិត។
14 ក្រោយនោះ ទ្រង់សង់កំផែង នៅខាងក្រៅកំផែងក្រុងដាវីឌទៀត គឺត្រង់ច្រកភ្នំខាងលិចជ្រោះគីហុន រហូតដល់មាត់ទ្វារផ្សារត្រី ក៏ធ្វើព័ទ្ធជុំវិញប៉មអូផែលដែរ ហើយបានធ្វើឲ្យមានកំពស់ឡើងជាច្រើន រួចទ្រង់តម្រូវឲ្យមានមេទ័ពនៅអស់ទាំងទីក្រុង មានបន្ទាយនៅស្រុកយូដា
15 ទ្រង់យកអស់ទាំងព្រះនៃសាសន៍ដទៃ និងរូបព្រះនោះចេញពីព្រះវិហារនៃព្រះយេហូវ៉ា ព្រមទាំងអាសនៈទាំងប៉ុន្មានដែលទ្រង់បានស្អាង នៅលើភ្នំនៃព្រះវិហារព្រះយេហូវ៉ា និងនៅក្រុងយេរូសាឡឹម ទៅបោះចោលនៅខាងក្រៅទីក្រុង
16 រួចទ្រង់ស្អាងអាសនៈព្រះយេហូវ៉ាឡើងវិញ ហើយថ្វាយយញ្ញបូជា ជាតង្វាយមេត្រី និងតង្វាយអរព្រះគុណ នៅលើអាសនៈនោះ ក៏បង្គាប់ឲ្យពួកយូដាគោរពប្រតិបត្តិតាមព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល
17 ប៉ុន្តែ ពួកបណ្តាជននៅតែថ្វាយយញ្ញបូជានៅលើអស់ទាំងទីខ្ពស់នៅឡើយតែគេថ្វាយដល់ព្រះយេហូវ៉ាជាព្រះនៃគេវិញ។
18 រីឯដំណើរឯទៀតពីម៉ាន៉ាសេ និងសេចក្ដីដែលទ្រង់អធិស្ឋានដល់ព្រះនៃទ្រង់ ព្រមទាំងពាក្យទាំងប៉ុន្មានដែលពួកអ្នកមើលឆុតបានទូលទ្រង់ ដោយនូវព្រះនាមព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ពីកិច្ចការរបស់ពួកស្តេចអ៊ីស្រាអែលហើយ
19 ឯសេចក្ដីអធិស្ឋានរបស់ទ្រង់ និងការដែលព្រះបានទន់ព្រះហឫទ័យទទួលតាមទ្រង់ ព្រមទាំងអំពើបាប និងការរំលងរបស់ទ្រង់ទាំងប៉ុន្មាន អស់ទាំងកន្លែងដែលទ្រង់បានធ្វើទីខ្ពស់ ហើយតម្កល់រូបព្រះ និងរូបឆ្លាក់ មុនដែលទ្រង់បានបន្ទាបព្រះទ័យចុះ នោះសុទ្ធតែបានកត់ទុកក្នុងពង្សាវតារ ដែលពួកអ្នកមើលឆុតបានចារឹកទុកហើយ
20 ម៉ាន៉ាសេក៏ផ្ទំលក់ទៅជាមួយនឹងពួកអយ្យកោរបស់ទ្រង់ហើយគេបញ្ចុះសពទ្រង់ នៅក្នុងដំណាក់ទ្រង់ រួចអាំម៉ូនជាព្រះរាជបុត្រា ក៏ឡើងសោយរាជ្យជំនួសព្រះបិតា។
21 កាលអាំម៉ូនចាប់តាំងសោយរាជ្យឡើង នោះទ្រង់មានព្រះជន្ម២២ឆ្នាំហើយ ទ្រង់សោយរាជ្យនៅក្រុងយេរូសាឡឹមបាន២ឆ្នាំ
22 ទ្រង់ប្រព្រឹត្តអំពើដ៏លាមកអាក្រក់នៅព្រះនេត្រព្រះយេហូវ៉ា ដូចជាម៉ាន៉ាសេ ជាព្រះបិតាបានប្រព្រឹត្តដែរ អាំម៉ូនទ្រង់ក៏ថ្វាយយញ្ញបូជា ហើយគោរពដល់អស់ទាំងរូបឆ្លាក់ ដែលម៉ាន៉ាសេ ជាព្រះបិតា បានធ្វើ
23 ឥតបន្ទាបព្រះទ័យចុះនៅចំពោះព្រះយេហូវ៉ា ដូចជាម៉ាន៉ាសេ ជាព្រះបិតាទ្រង់បានបន្ទាបនោះឡើយ គឺអាំម៉ូននេះទ្រង់បានប្រព្រឹត្តរំលងកាន់តែច្រើនឡើង
24 ឯពួកអ្នកបម្រើទ្រង់ គេលើកគ្នាធ្វើគុតទ្រង់ នៅក្នុងព្រះរាជដំណាក់ទៅ
25 តែពួកអ្នកស្រុកគេសម្លាប់អស់អ្នកដែលបានលើកគ្នាក្បត់នឹងស្តេចអាំម៉ូននោះវិញ គេលើកយ៉ូសៀសជាព្រះរាជបុត្រា តាំងឡើងជាស្តេចជំនួសព្រះបិតា។
ជំពូក 34
1 ឯយ៉ូសៀស កាលចាប់តាំងសោយរាជ្យឡើង នោះទ្រង់មានព្រះជន្ម៨ឆ្នាំហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡឹមបាន៣១ឆ្នាំ
2 ទ្រង់ប្រព្រឹត្តសេចក្ដីដែលត្រឹមត្រូវ នៅព្រះនេត្រព្រះយេហូវ៉ា ព្រមទាំងដើរតាមអស់ទាំងផ្លូវរបស់ដាវីឌ ជាអយ្យកោទ្រង់ផង ឥតងាកបែរទៅខាងស្តាំឬខាងឆ្វេងឡើយ
3 ដ្បិតនៅឆ្នាំទី៨ក្នុងរាជ្យទ្រង់ កាលទ្រង់នៅក្មេងនៅឡើយ នោះទ្រង់ក៏ចាប់តាំងស្វែងរកតាមព្រះនៃដាវីឌ ជាអយ្យកោទ្រង់ លុះដល់ឆ្នាំទី១២ នោះទ្រង់ផ្តើមជម្រះសម្អាតស្រុកយូដា និងក្រុងយេរូសាឡឹម ឲ្យរួចពីអស់ទាំងទីខ្ពស់ រូបព្រះ រូបឆ្លាក់ និងរូបសិតទាំងប៉ុន្មានចេញ
4 គេក៏បំបាក់បំបែកអាសនៈព្រះបាល នៅចំពោះទ្រង់ ក៏កាប់រំលំរូបព្រះអាទិត្យដែលនៅខ្ពស់ពីលើគេ ព្រមទាំងរូបព្រះ រូបឆ្លាក់ និងរូបសិតទាំងប៉ុន្មានផង ហើយកិនកម្ទេចជាផង់ធូលី រួចរោយរុះលើផ្នូរខ្មោចរបស់ពួកអ្នកដែលបានថ្វាយយញ្ញបូជាដល់ព្រះទាំងនោះ
5 ទ្រង់យកឆ្អឹងពួកសង្ឃទាំងនោះ ទៅដុតលើអាសនៈរបស់គេ ដូច្នេះ ទ្រង់បានជម្រះសម្អាតស្រុកយូដា និងក្រុងយេរូសាឡឹមរួចហើយ
6 ទ្រង់ក៏ធ្វើយ៉ាងនោះនៅអស់ទាំងទីក្រុងរបស់ពួកម៉ាន៉ាសេ ពួកអេប្រាអិម និងពួកស៊ីម្មាន រហូតដល់ស្រុករបស់ពួកណែបថាលី និងកន្លែងបាក់បែកនៅជុំវិញទាំងប៉ុន្មានដែរ
7 ក៏រំលំអាសនៈ បំបាក់បំបែករូបព្រះ និងរូបឆ្លាក់ឲ្យទៅជាផង់ធូលី កាប់រំលំអស់ទាំងរូបព្រះអាទិត្យនៅគ្រប់ក្នុងស្រុកអ៊ីស្រាអែលចេញ រួចទ្រង់វិលត្រឡប់មកឯក្រុងយេរូសាឡឹមវិញ។
8 លុះដល់ឆ្នាំទី១៨ ក្នុងរាជ្យទ្រង់ កាលគេបានជម្រះសម្អាតស្រុក និងព្រះវិហាររួចជាស្រេចហើយ នោះទ្រង់ចាត់សាផាន ជាកូនអ័សាលា ម្អាសេយ៉ា ជាចៅហ្វាយទីក្រុង និងយ៉ូអា កូនយ៉ូអាហាស ជាអ្នកតែងពង្សាវតារ ឲ្យទៅជួសជុលព្រះវិហារនៃព្រះយេហូវ៉ាជាព្រះនៃទ្រង់
9 គេក៏ទៅឯហ៊ីលគីយ៉ា ជាសម្ដេចសង្ឃ ប្រគល់ប្រាក់ដែលគេបាននាំយកមកក្នុងព្រះវិហារនៃព្រះ ជាប្រាក់ដែលពួកលេវីជាអ្នកឆ្មាំទ្វារ បានប្រមូលពីពួកម៉ាន៉ាសេ ពួកអេប្រាអិម និងសំណល់ពួកអ៊ីស្រាអែលទាំងប៉ុន្មាន ហើយពីពួកយូដា ពួកបេនយ៉ាមីន និងពួកអ្នកនៅក្នុងក្រុងយេរូសាឡឹមផង
10 គេប្រគល់ប្រាក់នោះ ទៅក្នុងអំណាចនៃពួកមេជាង ជាអ្នកដែលត្រួតលើការក្នុងព្រះវិហារនៃព្រះយេហូវ៉ា ហើយពួកអ្នកទាំងនោះក៏ប្រគល់ដល់ពួកជាងដែលធ្វើការក្នុងព្រះវិហារនៃព្រះយេហូវ៉ា សម្រាប់នឹងជួសជុល ហើយរៀបចំព្រះវិហារជាថ្មីឡើងវិញ
11 គឺប្រគល់ដល់ពួកជាងឈើ និងពួកជាងរៀបថ្ម ឲ្យគេទិញថ្មដាប់ស្រាប់ និងឈើសម្រាប់ជាធ្នឹម និងផ្លាន ធ្វើមន្ទីរទាំងប៉ុន្មាន ដែលពួកស្តេចយូដាបានបំផ្លាញទៅ
12 ពួកជាងទាំងនោះគេធ្វើការដោយស្មោះត្រង់ ឯអ្នកដែលត្រួតលើគេ គឺយ៉ាហាត និងអូបាឌា ជាពួកលេវីខាងពួកកូនចៅម្រ៉ារី ហើយសាការី និងមស៊ូឡាមខាងពួកកូនចៅកេហាត់ ដើម្បីនឹងបញ្ជឿនការនោះ ហើយមានពួកលេវីដែលប៉ិនប្រសប់នឹងលេងភ្លេងដែរ
13 គេក៏ត្រួតលើពួកអ្នកដែលលីសែង ហើយលើអស់អ្នកដែលធ្វើការគ្រប់មុខផង ឯក្នុងពួកលេវីទាំងនោះមានស្មៀន និងនាយ ហើយនិងអ្នកឆ្មាំទ្វារដែរ។
14 កាលកំពុងតែយកប្រាក់ដែលគេបានយកមកក្នុងព្រះវិហារនៃព្រះយេហូវ៉ាចេញទៅ នោះហ៊ីលគីយ៉ាដ៏ជាសង្ឃ លោកប្រទះឃើញគម្ពីរក្រឹត្យវិន័យរបស់ព្រះយេហូវ៉ា ដែលបានប្រទានមកដោយសារលោកម៉ូសេ
15 លោកក៏ប្រាប់ដល់ស្មៀនសាផានថា ខ្ញុំបានប្រទះឃើញគម្ពីរក្រឹត្យវិន័យ នៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា រួចលោកប្រគល់គម្ពីរនោះទៅសាផាន
16 ហើយសាផាននាំយកទៅថ្វាយដល់ស្តេច ទូលថា ឯការទាំងអស់ដែលទ្រង់បានប្រគល់ដល់ពួកអ្នកបម្រើទ្រង់ នោះគេកំពុងតែធ្វើហើយ
17 គេបានចាក់ប្រាក់ដែលឃើញមាននៅក្នុងព្រះវិហារនៃព្រះយេហូវ៉ាចេញ ប្រគល់ទៅក្នុងអំណាចនៃពួកមេជាង និងពួកជាងធ្វើការ
18 រួចស្មៀនសាផានទូលទៀតថា ហ៊ីលគីយ៉ាដ៏ជាសង្ឃបានប្រគល់គម្ពីរនេះមកទូលបង្គំ ហើយសាផានក៏អានមើលក្នុងគម្ពីរនោះថ្វាយស្តេច។
19 កាលស្តេចទ្រង់ឮពាក្យរបស់ក្រឹត្យវិន័យហើយ នោះទ្រង់ក៏ហែកព្រះពស្ត្រ
20 ហើយបង្គាប់ដល់ហ៊ីលគីយ៉ា អ័ហ៊ីកាម ជាកូនសាផាន អាបដូន ជាកូនមីកាយ៉ា ស្មៀនសាផាន និងអ័សាយ៉ា ជាអ្នកជំនិតទ្រង់ថា
21 ចូរទៅសួរដល់ព្រះយេហូវ៉ាឲ្យយើង និងពួកអ្នកដែលសល់នៅក្នុងពួកអ៊ីស្រាអែល ហើយនិងពួកយូដា ឲ្យយើងបានដឹងពីដំណើរពាក្យនៃគម្ពីរ ដែលប្រទះឃើញនេះ ដ្បិតសេចក្ដីក្រេវក្រោធរបស់ព្រះយេហូវ៉ាដែលបានចាក់មកលើយើងរាល់គ្នា នោះសម្បើមណាស់ ពីព្រោះពួកអយ្យកោយើងរាល់គ្នាមិនបានកាន់តាមព្រះបន្ទូលនៃព្រះយេហូវ៉ា ដើម្បីនឹងប្រព្រឹត្តតាមគ្រប់ទាំងសេចក្ដីដែលកត់ទុកក្នុងគម្ពីរនេះទេ។
22 ដូច្នេះ ហ៊ីលគីយ៉ា និងពួកអ្នកដែលស្តេចបានចាត់ប្រើនោះ ក៏ទៅឯនាងហ៊ុលដា ជាហោរា ប្រពន្ធសាលូម កូនធីកវ៉ា ដែលជាកូនហារហាស អ្នករក្សាព្រះពស្ត្ររាជ្យ (នាងនោះអាស្រ័យនៅឃុំលេខ២ ក្នុងក្រុងយេរូសាឡឹម) និយាយនឹងនាងតាមដំណើររឿងនោះ
23 រួចនាងតបដល់គេថា ព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលដូច្នេះ ចូរទៅប្រាប់ដល់អ្នកដែលចាត់ឯងរាល់គ្នាឲ្យមកឯអញថា
24 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ មើល អញនឹងធ្វើឲ្យមានសេចក្ដីអាក្រក់មកលើទីនេះ ហើយលើពួកអ្នកដែលនៅទីនេះផង គឺគ្រប់ទាំងសេចក្ដីបណ្តាសាកត់ទុកក្នុងគម្ពីរ ដែលគេបានអានមើលថ្វាយស្តេចពួកយូដា
25 ដោយព្រោះគេបានបោះបង់ចោលអញ ហើយបានដុតកំញានថ្វាយព្រះដទៃ ដើម្បីនឹងបណ្តាលឲ្យអញខឹង ដោយអស់ទាំងការដែលដៃគេធ្វើទាំងប៉ុន្មាន ហេតុនោះបានជាសេចក្ដីកំហឹងរបស់អញបានចាក់មកលើទីនេះ ហើយនិងពន្លត់មិនបានផង
26 តែឯស្តេចយូដាដែលចាត់ឲ្យឯងរាល់គ្នាមកសួរដល់ព្រះយេហូវ៉ា នោះត្រូវទូលទ្រង់ថា ព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលពីដំណើរពាក្យដែលទ្រង់បានឮនោះថា
27 ដោយព្រោះឯងមានចិត្តទន់ ហើយបានបន្ទាបខ្លួននៅចំពោះព្រះ ដោយឮព្រះបន្ទូលដែលទ្រង់មានព្រះបន្ទូលទាស់នឹងទីនេះ ហើយនិងពួកអ្នកនៅទីនេះផង ព្រមទាំងបន្ទ្រោមខ្លួនចុះនៅមុខអញក៏ហែកអាវ ហើយយំនៅមុខអញដូច្នេះ នោះអញបានទទួលស្តាប់តាមឯងហើយ នេះហើយជាព្រះបន្ទូលនៃព្រះយេហូវ៉ា
28 មើល អញនឹងប្រមូលឯងទៅជាមួយនឹងពួកអយ្យកោឯង ឯងនឹងទៅមូលគ្នា នៅក្នុងផ្នូរដោយសុខសាន្ត ភ្នែកឯងនឹងមិនឃើញអស់ទាំងសេចក្ដីអាក្រក់ដែលអញនឹងនាំមកលើទីនេះ និងលើពួកអ្នកនៅទីនេះឡើយ ដូច្នេះ គេក៏នាំយកពាក្យនោះទៅទូលដល់ស្តេចវិញ។
29 នោះស្តេចទ្រង់ចាត់គេ ឲ្យទៅប្រមូលពួកចាស់ទុំនៃស្រុកយូដា និងក្រុងយេរូសាឡឹមមកប្រជុំគ្នា
30 រួចស្តេចទ្រង់យាងឡើងទៅឯព្រះវិហារនៃព្រះយេហូវ៉ា មានទាំងពួកស្រុកយូដា និងពួកអ្នកនៅក្រុងយេរូសាឡឹមទាំងអស់គ្នា ហើយពួកសង្ឃ ពួកលេវី និងបណ្តាជនទាំងឡាយ ទាំងធំ ទាំងតូចផង នោះទ្រង់ក៏អានមើល ឲ្យគេស្តាប់អស់ទាំងពាក្យនៅក្នុងគម្ពីរនៃសេចក្ដីសញ្ញា ដែលបានប្រទះឃើញក្នុងព្រះវិហារនៃព្រះយេហូវ៉ា
31 ឯស្តេចទ្រង់ឈរនៅកន្លែងទ្រង់ ក៏ចុះសញ្ញានឹងព្រះយេហូវ៉ា ឲ្យបានដើរតាមព្រះយេហូវ៉ា ព្រមទាំងកាន់តាមក្រឹត្យក្រមសេចក្ដីបន្ទាល់ និងបញ្ញត្តរបស់ទ្រង់ទាំងប៉ុន្មាន អស់ពីចិត្ត អស់ពីព្រលឹង ដើម្បីនឹងសម្រេចតាមអស់ទាំងពាក្យនៃសញ្ញាដែលបានកត់ទុកក្នុងគម្ពីរនោះ
32 ទ្រង់ក៏បង្គាប់ដល់អស់អ្នកដែលមាននៅក្នុងក្រុងយេរូសាឡឹម ហើយស្រុកបេនយ៉ាមីន ឲ្យកាន់តាមសេចក្ដីសញ្ញានោះ ដូច្នេះ ពួកក្រុងយេរូសាឡឹមក៏ធ្វើតាមសេចក្ដីសញ្ញាផងព្រះ ជាព្រះនៃពួកអយ្យកោគេ
33 រួចយ៉ូសៀសទ្រង់ដកយកអស់ទាំងរបស់គួរស្អប់ខ្ពើមចេញពីស្រុកទាំងប៉ុន្មាន ដែលជារបស់ផងពួកកូនចៅអ៊ីស្រាអែល ហើយក៏បង្គាប់ឲ្យអស់អ្នកដែលនៅស្រុកអ៊ីស្រាអែលគោរពដល់ព្រះយេហូវ៉ាជាព្រះនៃគេ ដូច្នេះ នៅអស់រវាងព្រះជន្មទ្រង់ នោះគេមិនបានបែរចេញពីការគោរពតាមព្រះយេហូវ៉ាជាព្រះនៃពួកអយ្យកោគេឡើយ។
ជំពូក 35
1 យ៉ូសៀសទ្រង់ក៏ធ្វើបុណ្យរំលងថ្វាយព្រះយេហូវ៉ា នៅក្រុងយេរូសាឡឹម គេសម្លាប់ចៀមធ្វើបុណ្យរំលងនោះ នៅថ្ងៃ១៤ក្នុងខែចេត្រ
2 ទ្រង់តាំងពួកសង្ឃឲ្យធ្វើការងារក្នុងដំណែងគេ ហើយក៏ណែនាំគេឲ្យតាំងចិត្តធ្វើការងារ ក្នុងព្រះវិហារនៃព្រះយេហូវ៉ា
3 ទ្រង់មានព្រះបន្ទូលទៅពួកលេវី ជាអ្នកដែលបង្ហាត់បង្រៀនពួកអ៊ីស្រាអែលទាំងប៉ុន្មាន គឺជាពួកអ្នកបរិសុទ្ធដល់ព្រះវិហារថា ចូរយកហឹបបរិសុទ្ធ ទៅតាំងនៅក្នុងព្រះវិហារដែលសាឡូម៉ូន ជាព្រះរាជបុត្រាដាវីឌ ស្តេចអ៊ីស្រាអែលបានស្អាង មិនចាំបាច់ឲ្យឯងរាល់គ្នាសែងទៀតឡើយ ឥឡូវនេះ ចូរបម្រើដល់ព្រះយេហូវ៉ាជាព្រះនៃឯងរាល់គ្នា ហើយដល់អ៊ីស្រាអែល ជារាស្ត្រទ្រង់ផង
4 ចូរបម្រុងខ្លួនជាស្រេច តាមវង្សនៃឪពុកឯងរាល់គ្នា ដោយវេនៗ ឲ្យត្រូវតាមសេចក្ដី ដែលដាវីឌ ជាស្តេចអ៊ីស្រាអែល និងសាឡូម៉ូន ជាព្រះរាជបុត្រាទ្រង់បានកត់ទុក
5 ហើយឈរនៅក្នុងទីបរិសុទ្ធ តាមផ្នែកពួកវង្សរបស់ឪពុកនៃបងប្អូនឯងរាល់គ្នា ដែលជាកូនចៅនៃបណ្តាជន តាមដំណែងការងារពួកវង្សរបស់ឪពុកនីមួយៗក្នុងពួកលេវី
6 រួចសម្លាប់ចៀមសម្រាប់បុណ្យរំលង ហើយញែកខ្លួនចេញជាបរិសុទ្ធ រួចមករៀបចំឲ្យពួកបងប្អូនចុះ ដើម្បីនឹងធ្វើតាមសេចក្ដី ដែលព្រះយេហូវ៉ាបានមានព្រះបន្ទូលដោយសារលោកម៉ូសេ។
7 យ៉ូសៀសទ្រង់ប្រទានកូនចៀម និងកូនពពែ ពីហ្វូងសត្វមានចំនួន៣ម៉ឺន និងគោ៣ពាន់ ដែលសុទ្ធតែជាព្រះរាជទ្រព្យ ដល់ពួកអ្នកក្នុងបណ្តាជនទាំងឡាយ គឺដល់អស់អ្នកដែលប្រជុំគ្នានៅទីនោះ សម្រាប់ជាតង្វាយបុណ្យរំលង
8 ឯពួកអ្នកដែលជាប្រធានរបស់ទ្រង់ គេឲ្យដល់ពួកជន ពួកសង្ឃ និងពួកលេវីដោយស្ម័គ្រពីចិត្តដែរ ហើយហ៊ីលគីយ៉ា សាការី និងយេហ៊ីអែល ជាពួកមេលើព្រះវិហារនៃព្រះ ក៏ឲ្យចៀម២ពាន់៦រយ និងគោ៣រយ ដល់ពួកសង្ឃសម្រាប់ជាតង្វាយនៃបុណ្យរំលង
9 ឯកូណានា និងសេម៉ាយ៉ា ហើយនេថានេល ជាបងប្អូនលោក ព្រមទាំងហាសាបយ៉ា យីអែល និងយ៉ូសាបាឌ ជាមេពួកលេវី គេក៏ឲ្យចៀម៥ពាន់ និងគោ៥០០ដល់ពួកលេវី សម្រាប់ជាតង្វាយបុណ្យរំលងទៀត។
10 យ៉ាងនោះ ការងារទាំងអស់បានរៀបចំជាស្រេចពួកសង្ឃគេឈរនៅកន្លែងគេ ហើយពួកលេវីតាមវេនគេដែរ តាមបង្គាប់ស្តេច
11 ពួកលេវីបានសម្លាប់ចៀមបុណ្យរំលង ហើយពួកសង្ឃក៏យកឈាមពីដៃគេទៅប្រោះ ពួកលេវីក៏ពន្លាត់ស្បែក
12 រួចគេរើយកតង្វាយទាំងនោះ ទៅដំរៀបដាក់តាមផ្នែកពួកវង្សរបស់ឪពុកនៃអស់អ្នកក្នុងបណ្តាជន ដើម្បីនឹងដុតថ្វាយដល់ព្រះយេហូវ៉ា តាមសេចក្ដីដែលចែងទុកមកក្នុងគម្ពីរលោកម៉ូសេ គេក៏ធ្វើដូច្នោះនឹងគោទាំងនោះដែរ
13 គេអាំងតង្វាយបុណ្យរំលងតាមរបៀប ហើយស្ងោរតង្វាយបរិសុទ្ធទាំងប៉ុន្មានក្នុងឆ្នាំង ថ្លាង និងខ្ទះ រួចយកទៅចែកឲ្យដល់ពួកអស់អ្នកក្នុងបណ្តាជនជាប្រញាប់
14 ទើបរៀបចំសម្រាប់ខ្លួនគេ និងពួកសង្ឃជាខាងក្រោយ ដ្បិតពួកសង្ឃ ជាកូនចៅអើរ៉ុន គេនៅជាប់ការថ្វាយតង្វាយដុត និងខ្លាញ់ទាំងប៉ុន្មាន ដរាបដល់យប់ បានជាពួកលេវីរៀបចំសម្រាប់ខ្លួនគេ និងពួកសង្ឃ ជាកូនចៅអើរ៉ុនដែរ
15 ឯពួកកូនចៅអេសាភ ជាពួកអ្នកចម្រៀង គេក៏ឈរនៅកន្លែងគេតាមបង្គាប់ដាវីឌ អេសាភ ហេម៉ាន និងយេឌូថិន ជាអ្នកមើលឆុតរបស់ស្តេច ហើយពួកឆ្មាំទ្វារក៏នៅចាំរៀងរាល់តែទ្វារ មិនចាំបាច់នឹងលែងធ្វើការងាររបស់គេទេ ដ្បិតពួកលេវីជាបងប្អូនគេរៀបចំឲ្យ។
16 ដូច្នេះ ការងារនៃព្រះយេហូវ៉ាទាំងអស់បានរៀបចំជាស្រេចនៅថ្ងៃនោះឯង ដើម្បីនឹងធ្វើបុណ្យរំលង ហើយនិងថ្វាយតង្វាយដុតនៅលើអាសនៈព្រះយេហូវ៉ា តាមបង្គាប់ស្តេចយ៉ូសៀស
17 ឯពួកកូនចៅអ៊ីស្រាអែលដែលនៅទីនោះ គេក៏ធ្វើបុណ្យរំលងនៅវេលានោះ ព្រមទាំងបុណ្យនំបុ័ងឥតដំបែអស់៧ថ្ងៃ
18 មិនដែលមានបុណ្យរំលងយ៉ាងនោះ នៅក្នុងស្រុកអ៊ីស្រាអែលឡើយ ចាប់តាំងពីគ្រាហោរាសាំយូអែលរៀងមក ក៏មិនដែលមានស្តេចនៃពួកអ៊ីស្រាអែលណាមួយ បានធ្វើបុណ្យរំលង ឲ្យដូចជាបុណ្យរំលង ដែលយ៉ូសៀស ពួកសង្ឃ ពួកលេវី ហើយពួកយូដា និងពួកអ៊ីស្រាអែលទាំងអស់ដែលបានប្រជុំគ្នា ព្រមទាំងពួកអ្នកដែលនៅក្រុងយេរូសាឡឹមបានធ្វើនោះដែរ
19 គេបានធ្វើបុណ្យរំលងនោះ នៅក្នុងឆ្នាំ១៨នៃរាជ្យយ៉ូសៀស។
20 ក្រោយការទាំងនោះមក ក្នុងកាលដែលយ៉ូសៀសបានរៀបចំព្រះវិហារហើយ នោះនេកោ ជាស្តេចអេស៊ីព្ទ ទ្រង់ឡើងទៅច្បាំងនឹងក្រុងកើកេមីស នៅមាត់ទន្លេអ៊ើប្រាត ហើយយ៉ូសៀសទ្រង់យាងចេញទៅស្ទាក់ផ្លូវ
21 តែនេកោទ្រង់ចាត់រាជទូតមកទូលថា ឱស្តេចយូដាអើយ តើយើងមានរឿងអ្វីនឹងគ្នា នៅថ្ងៃនេះ យើងមិនមែនមកទាស់នឹងទ្រង់ទេ គឺទៅទាស់តែនឹងពួកវង្ស១ ដែលយើងមានសង្គ្រាមនឹងគេទេតើ ព្រះក៏បានបង្គាប់ឲ្យយើងប្រញាប់នឹងធ្វើដែរ ដូច្នេះ កុំឲ្យឃាត់ឃាំងព្រះ ដែលគង់ជាមួយនឹងយើងឡើយ ក្រែងព្រះបំផ្លាញទ្រង់ទៅ
22 ប៉ុន្តែ យ៉ូសៀសមិនព្រមថយបែរចេញពីនេកោទេ គឺបានក្លែងព្រះអង្គដើម្បីឲ្យបានច្បាំងនឹងទ្រង់វិញ ឥតស្តាប់តាមពាក្យរបស់នេកោ ដែលមកពីព្រះឱស្ឋនៃព្រះឡើយ ហើយយាងទៅច្បាំងនៅត្រង់ច្រកភ្នំមេគីដោ
23 ពួកពលធ្នូក៏បាញ់ត្រូវស្តេចយ៉ូសៀស រួចស្តេចបង្គាប់ដល់ពួកទ័ពទ្រង់ថា ចូរនាំយកអញចេញទៅ ដ្បិតអញត្រូវរបួសជាទំងន់ណាស់
24 ដូច្នេះ ពួកទ័ពទ្រង់ក៏លើកយកទ្រង់ចេញពីព្រះរាជរថ ទៅដាក់លើព្រះរាជរថ១ទៀត នាំទៅឯក្រុងយេរូសាឡឹម ទ្រង់ក៏សុគតទៅ គេបញ្ចុះសពទ្រង់នៅក្នុងផ្នូររបស់ពួកអយ្យកោទ្រង់ ឯពួកយូដា និងពួកក្រុងយេរូសាឡឹមទាំងអស់គ្នាក៏កាន់ទុក្ខនឹងយ៉ូសៀស
25 ឯយេរេមា លោកលើកបទទំនួញទួញពីយ៉ូសៀស ហើយពួកចម្រៀងប្រុសស្រីក៏ច្រៀងបទទំនួញពីយ៉ូសៀស ដរាបដល់សព្វថ្ងៃនេះ ក៏តាំងការនោះទុកជាទម្លាប់ក្នុងពួកអ៊ីស្រាអែលតទៅ មើល បទទាំងនោះបានកត់ទុកក្នុងគម្ពីរបរិទេវហើយ
26 រីឯដំណើរឯទៀត ពីយ៉ូសៀសដែលទ្រង់ប្រព្រឹត្តសេចក្ដីល្អ ឲ្យត្រូវនឹងសេចក្ដីដែលកត់ទុកក្នុងក្រឹត្យវិន័យព្រះយេហូវ៉ា
27 និងពីកិច្ចការទ្រង់ទាំងមុនទាំងក្រោយ នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅពីពួកស្តេចអ៊ីស្រាអែល និងយូដាហើយ។
ជំពូក 36
1 រួចពួកអ្នកស្រុកក៏លើកយ៉ូអាហាស ជាព្រះរាជបុត្រាយ៉ូសៀស តាំងឡើងជាស្តេចជំនួសព្រះបិតា នៅក្រុងយេរូសាឡឹម
2 កាលយ៉ូអាហាសចាប់តាំងសោយរាជ្យឡើង នោះទ្រង់មានព្រះជន្ម២៣ឆ្នាំហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡឹមបាន៣ខែ
3 រួចនេកោ ជាស្តេចអេស៊ីព្ទ ក៏ទម្លាក់ទ្រង់ចុះពីរាជ្យ នៅក្រុងយេរូសាឡឹម ហើយពិន័យលក់ស្រុកនោះ ឲ្យបង់ប្រាក់១០០ហាប និងមាស១ហាប
4 ហើយស្តេចអេស៊ីព្ទទ្រង់លើកអេលាគីម ជាជេដ្ឋាយ៉ូអាហាសឡើង ជាស្តេចលើពួកយូដា និងពួកក្រុងយេរូសាឡឹម ក៏ផ្លាស់ព្រះនាមទ្រង់ទៅជា យេហូយ៉ាគីមវិញ រួចនេកោទ្រង់នាំយកយ៉ូអាហាស ជាកនិដ្ឋា ទៅឯស្រុកអេស៊ីព្ទទៅ។
5 លុះកាលយេហូយ៉ាគីមចាប់តាំងសោយរាជ្យ ឡើង នោះទ្រង់មានព្រះជន្ម២៥ឆ្នាំហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡឹមបាន១១ឆ្នាំ ទ្រង់បានប្រព្រឹត្តអំពើដ៏លាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ាជាព្រះនៃទ្រង់
6 ហើយនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន បានឡើងមកទាស់នឹងទ្រង់ ចាប់ដាក់ច្រវាក់ នាំទៅឯស្រុកបាប៊ីឡូន
7 នេប៊ូក្នេសាក៏យកគ្រឿងប្រដាប់ខ្លះនៃព្រះវិហារព្រះយេហូវ៉ា ទៅឯក្រុងបាប៊ីឡូន ដាក់ក្នុងព្រះរាជដំណាក់របស់ទ្រង់
8 រីឯដំណើរឯទៀត ពីយេហូយ៉ាគីម និងការគួរស្អប់ខ្ពើមទាំងប៉ុន្មានដែលទ្រង់បានប្រព្រឹត្ត ហើយទោសទាំងប៉ុន្មាន ដែលឃើញមាន នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ពីពួកស្តេចអ៊ីស្រាអែល និងយូដាហើយ រួចយ៉ូយ៉ាគីន ជាព្រះរាជបុត្រា ក៏ឡើងសោយរាជ្យជំនួសព្រះបិតា។
9 កាលយ៉ូយ៉ាគីនចាប់តាំងសោយរាជ្យឡើង នោះទ្រង់មានព្រះជន្ម១៨ឆ្នាំហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡឹមបាន៣ខែ១០ថ្ងៃ ទ្រង់បានប្រព្រឹត្តអំពើដ៏លាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ា
10 ដល់ចូលឆ្នាំថ្មី នោះស្តេចនេប៊ូក្នេសាចាត់គេឲ្យទៅនាំទ្រង់មកឯក្រុងបាប៊ីឡូន ហើយក៏យកគ្រឿងប្រដាប់យ៉ាងល្អទាំងប៉ុន្មាននៃព្រះវិហារនៃព្រះយេហូវ៉ាមកផង រួចលើកសេដេគា ជាបិតុលាទ្រង់ ឡើងជាស្តេចលើពួកយូដា និងពួកក្រុងយេរូសាឡឹមវិញ។ ស្តេចយ៉ូយ៉ាគីនសោយរាជ្យលើស្រុកយូដា
11 កាលសេដេគាចាប់តាំងសោយរាជ្យឡើង នោះទ្រង់មានព្រះជន្ម២១ឆ្នាំហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡឹមបាន១១ឆ្នាំ
12 ទ្រង់បានប្រព្រឹត្តអំពើដ៏លាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ាជាព្រះនៃទ្រង់ ឥតបន្ទាបព្រះហឫទ័យនៅមុខហោរាយេរេមា ដែលលោកពោលសេចក្ដីដែលមកពីព្រះឱស្ឋព្រះយេហូវ៉ាឡើយ
13 ទ្រង់ក៏បះបោរចំពោះស្តេចនេប៊ូក្នេសា ដែលស្តេចនោះបានចាប់ឲ្យទ្រង់ស្បថដោយនូវព្រះ តែសេដេគាបានធ្វើករឹង ហើយតាំងព្រះហឫទ័យរឹងរបឹង មិនព្រមបែរមកឯព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែលទេ
14 មួយទៀត អស់ទាំងមេនៃពួកសង្ឃ និងពួកបណ្តាជន ក៏ប្រព្រឹត្តរំលងយ៉ាងខ្លាំង តាមអស់ទាំងអំពើគួរស្អប់ខ្ពើមរបស់ពួកសាសន៍ដទៃ គេធ្វើបង្អាប់ដល់ព្រះវិហារនៃព្រះយេហូវ៉ា ដែលទ្រង់បានញែកជាបរិសុទ្ធ នៅក្រុងយេរូសាឡឹម
15 ព្រះយេហូវ៉ាជាព្រះនៃពួកអយ្យកោគេ ទ្រង់បានចាត់ទូតទ្រង់ឲ្យទៅឯគេ ទាំងក្រោកពីព្រលឹមនឹងចាត់គេផង ដ្បិតទ្រង់មានព្រះហឫទ័យអាណិតមេត្តាដល់រាស្ត្រទ្រង់ ហើយដល់ទីលំនៅទ្រង់
16 តែគេចំអកឲ្យពួកទូតនៃព្រះ ក៏មើលងាយដល់ព្រះបន្ទូលទ្រង់ ព្រមទាំងឡកឡឺយឲ្យពួកហោរាទ្រង់វិញ ដរាបដល់សេចក្ដីក្រោធរបស់ព្រះយេហូវ៉ា បានឆួលឡើងទាស់នឹងគេទាល់តែរកកែខៃមិនបានឡើយ។
17 ហេតុនោះ ព្រះទ្រង់នាំស្តេចពួកខាល់ដេមកលើគេ ស្តេចនោះបានសម្លាប់ពួកកំលោះៗរបស់គេដោយដាវ នៅក្នុងព្រះវិហារ ជាទីបរិសុទ្ធរបស់គេ ឥតមានមេត្តាករុណាដល់ ទោះទាំងកំលោះ ក្រមុំ ចាស់ទុំ ឬសក់ស្កូវណាឡើយ ទ្រង់បានប្រគល់គេទាំងអស់ ទៅក្នុងកណ្តាប់ព្រះហស្តនៃស្តេចនោះ
18 ឯអស់ទាំងគ្រឿងប្រដាប់របស់ព្រះវិហារនៃព្រះ ទាំងធំទាំងតូច និងរបស់ថ្លៃវិសេសទាំងប៉ុន្មាន ក្នុងព្រះវិហារនៃព្រះយេហូវ៉ា ព្រមទាំងព្រះរាជទ្រព្យនៃស្តេច និងទ្រព្យរបស់ពួកអ្នកជាប្រធានរបស់ទ្រង់ នោះក៏នាំយកទៅឯក្រុងបាប៊ីឡូនទាំងអស់
19 គេដុតព្រះវិហារនៃព្រះបង់ ហើយរំលំកំផែងក្រុងយេរូសាឡឹម ក៏ដុតអស់ទាំងព្រះរាជដំណាក់ ហើយបំផ្លាញគ្រឿងប្រដាប់មានតម្លៃ នៅក្នុងដំណាក់ទាំងនោះដែរ
20 ឯអស់អ្នកដែលបានរួចពីដាវ នោះទ្រង់ដឹកនាំទៅឯស្រុកបាប៊ីឡូន ហើយគេក៏ធ្វើជាអ្នកបម្រើទ្រង់ និងវង្សានុវង្សរបស់ទ្រង់តទៅ ដរាបដល់នគរពើស៊ីបានគ្រប់គ្រងរាជ្យឡើង
21 ដើម្បីឲ្យបានសម្រេចតាមព្រះបន្ទូលនៃព្រះយេហូវ៉ា ដែលមកដោយសារមាត់ហោរាយេរេមា ទាល់តែស្រុកនោះបានគម្រប់ពេលដែលត្រូវឈប់សម្រាកឲ្យបានគ្រប់៧០ឆ្នាំ ដ្បិតក្នុងរវាងដែលចោលទទេ នោះស្រុកបានឈប់សម្រាកទៅ។
22 រីឯនៅឆ្នាំដំបូងក្នុងរាជ្យស៊ីរូស ជាស្តេចស្រុកពើស៊ី នោះព្រះយេហូវ៉ាទ្រង់បានបណ្តាលព្រះទ័យទ្រង់ឡើង ដើម្បីឲ្យស្តេចបានធ្វើសម្រេចតាមព្រះបន្ទូលនៃព្រះយេហូវ៉ា ដែលមកដោយសារមាត់ហោរាយេរេមា គឺឲ្យទ្រង់បានចេញប្រកាសដល់អាណាខែត្ររបស់ទ្រង់ ហើយឲ្យសេចក្ដីនោះបានកត់ទុកផងថា
23 ស៊ីរូស ជាស្តេចពើស៊ី ទ្រង់មានព្រះរាជឱង្ការដូច្នេះថា ព្រះយេហូវ៉ាជាព្រះនៃស្ថានសួគ៌ ទ្រង់បានប្រទានអស់ទាំងនគរនៅផែនដីមកយើងហើយ ទ្រង់បានបង្គាប់ឲ្យយើងស្អាងព្រះវិហារថ្វាយទ្រង់ នៅក្រុងយេរូសាឡឹម ក្នុងស្រុកយូដា ដូច្នេះ នៅក្នុងពួកប្រជាជនទាំងឡាយ បើមានអ្នកណាជារបស់ផងព្រះយេហូវ៉ា នោះសូមឲ្យព្រះនៃអ្នកនោះបានគង់ជាមួយ ហើយឲ្យអ្នកនោះឡើងទៅចុះ។:៚