ជំពូក 1
1 នៅឆ្នាំទី១ ក្នុងរាជ្យស៊ីរូស ជាស្តេចពើស៊ី នោះព្រះយេហូវ៉ាទ្រង់បណ្តាលព្រះហឫទ័យស៊ីរូស ជាស្តេចពើស៊ី ឲ្យទ្រង់បានចេញព្រះរាជឱង្ការ ផ្សាយទៅគ្រប់ក្នុងនគរទ្រង់ ដើម្បីឲ្យបានសម្រេចតាមសេចក្ដី ដែលព្រះយេហូវ៉ាបានមានព្រះបន្ទូល ដោយសារមាត់ហោរាយេរេមា ក៏បានកត់សេចក្ដីនោះទុកថា
2 ស៊ីរូស ជាស្តេចពើស៊ី ទ្រង់មានព្រះបន្ទូលដូច្នេះ ព្រះយេហូវ៉ាជាព្រះនៃស្ថានសួគ៌ ទ្រង់បានប្រទានអស់ទាំងនគរនៅផែនដីមកយើងហើយ ក៏បានបង្គាប់ឲ្យយើងស្អាងព្រះវិហារថ្វាយទ្រង់ នៅក្រុងយេរូសាឡឹម ក្នុងស្រុកយូដា
3 ដូច្នេះ នៅក្នុងបណ្តាជនទាំងឡាយ បើមានអ្នកណាជារបស់ផងទ្រង់ នោះសូមឲ្យព្រះនៃអ្នកនោះបានគង់ជាមួយ ហើយឲ្យអ្នកនោះឡើងទៅឯក្រុងយេរូសាឡឹមដែលនៅស្រុកយូដា ដើម្បីនឹងស្អាងព្រះវិហារនៃព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលចុះ គឺជាព្រះដែលគង់នៅក្រុងយេរូសាឡឹមនោះ
4 ឯអស់អ្នកដែលសល់នៅពីសាសន៍នេះ ទោះបើនៅកន្លែងណាក៏ដោយ នោះត្រូវឲ្យពួកមនុស្សនៅទីនោះជួយដល់គេ ជាប្រាក់ ជាមាស ជារបស់មានតម្លៃ ព្រមទាំងសត្វ ក្រៅពីតង្វាយស្ម័គ្រពីចិត្ត ដែលសម្រាប់ព្រះវិហារនៃព្រះ ដែលនៅក្រុងយេរូសាឡឹមផង។
5 ដូច្នេះ ពួកអ្នកដែលជាកំពូលលើវង្សានុវង្សរបស់ពួកយូដា និងពួកបេនយ៉ាមីន ហើយពួកសង្ឃ និងពួកលេវី គឺអស់អ្នកដែលព្រះបានបណ្តាលចិត្ត ឲ្យឡើងទៅស្អាងព្រះវិហារនៃព្រះយេហូវ៉ា នៅក្រុងយេរូសាឡឹមនោះ គេក៏រៀបចំឡើង
6 ហើយអស់អ្នកដែលនៅជុំវិញគេទាំងប៉ុន្មាន ក៏ជួយផ្គត់ផ្គង់ដោយគ្រឿងប្រាក់ គ្រឿងមាស និងវត្ថុឯទៀត ព្រមទាំងសត្វ និងរបស់មានតម្លៃផ្សេងៗ ក្រៅពីតង្វាយទាំងប៉ុន្មាន ដែលបានថ្វាយស្ម័គ្រពីចិត្ត
7 ឯស្តេចស៊ីរូសទ្រង់ក៏បញ្ចេញគ្រឿងប្រដាប់របស់ព្រះវិហារនៃព្រះយេហូវ៉ា ដែលនេប៊ូក្នេសាបាននាំយកពីក្រុងយេរូសាឡឹម មកដាក់ទុកនៅកន្លែងសម្រាប់ព្រះនៃទ្រង់ ក្នុងព្រះរាជដំណាក់
8 គឺស៊ីរូស ជាស្តេចពើស៊ី ទ្រង់បានបង្គាប់ឲ្យមីត្រាដាត ជាមេព្រះឃ្លាំង យកគ្រឿងទាំងនោះចេញមករាប់ប្រគល់ដល់សេសបាសារ ជាចៅហ្វាយនៃពួកយូដា
9 ឯចំនួននៃរបស់ទាំងនោះ គឺជាថាសមាស៣០ ថាសប្រាក់១ពាន់ កាំបិត២៩
10 ពែងមាស៣០ ពែងប្រាក់ថ្នាក់ទី២មាន៤១០ និងគ្រឿងប្រដាប់ឯទៀតៗមួយពាន់
11 រួមគ្រឿងប្រដាប់ទាំងមាសប្រាក់ទាំងអស់ មានចំនួន៥ពាន់៤០០ ហើយសេសបាសារក៏នាំយកគ្រឿងទាំងនោះឡើងមក ក្នុងកាលដែលនាំពួកឈ្លើយត្រឡប់ពីក្រុងបាប៊ីឡូន ឡើងមកឯក្រុងយេរូសាឡឹមវិញ។
ជំពូក 2
1 រីឯពួកអ្នករបស់ខេត្តនោះ ដែលចេញពីសណ្ឋានជាឈ្លើយ ឡើងត្រឡប់ទៅឯក្រុងយេរូសាឡឹម និងស្រុកយូដាគ្រប់គ្នា ដល់ទីក្រុងរបស់គេរៀងខ្លួន ក្នុងពួកអ្នកដែលនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន បាននាំទៅជាឈ្លើយដល់ស្រុកបាប៊ីឡូន
2 គឺជាពួកអ្នកដែលមកជាមួយនឹងសូរ៉ូបាបិល យេសួរ នេហេមា សេរ៉ាយ៉ា រេអេឡាយ៉ា ម៉ាដេកាយ ប៊ីលសាន មីសផា ប៊ីកវ៉ាយ រេហ៊ូម និងប្អាណា នោះមានចំនួនសាសន៍អ៊ីស្រាអែលដូច្នេះ
3 គឺពួកប៉ារ៉ូស មាន២១៧២នាក់
4 ពួកសេផាធា មាន៣៧២នាក់
5 ពួកអើរ៉ាស មាន៧៧៥នាក់
6 ពួកផាហាត-ម៉ូអាប់ខាងកូនចៅយេសួរ និងយ៉ូអាប់ មាន២៨១២នាក់
7 ពួកអេឡាំ មាន១២៥៤នាក់
8 ពួកសាធូរ មាន៩៤៥នាក់
9 ពួកសាកាយ មាន៧៦០នាក់
10 ពួកបានី មាន៦៤២នាក់
11 ពួកបេបាយ មាន៦២៣នាក់
12 ពួកអាសកាឌ មាន១២២២នាក់
13 ពួកអ័ដូនីកាម មាន៦៦៦នាក់
14 ពួកប៊ីកវ៉ាយ មាន២០៥៦នាក់
15 ពួកអេឌីន មាន៤៥៤នាក់
16 ពួកអេធើ ខាងហេសេគា មាន៩៨នាក់
17 ពួកបេសាយ មាន៣២៣នាក់
18 ពួកយ៉ូរ៉ា មាន១១២នាក់
19 ពួកហាស៊ូម មាន២២៣នាក់
20 ពួកគីបារ មាន៩៥នាក់
21 ពួកបេថ្លេហិម មាន១២៣នាក់
22 ពួកនថូផា មាន៥៦នាក់
23 ពួកអាន៉ាថោត មាន១២៨នាក់
24 ពួកអាសម៉ាវែត មាន៤២នាក់
25 ពួកគារយ៉ាត់-អើរីម កេភីរ៉ា និងប្អៀរ៉ុត មាន៧៤៣នាក់
26 ពួករ៉ាម៉ា និងកេបា មាន៦២១នាក់
27 ពួកមីកម៉ាស មាន១២២នាក់
28 ពួកបេត-អែល និងអៃយ មាន២២៣នាក់
29 ពួកនេបូរ មាន៥២នាក់
30 ពួកម៉ាកប៊ីស មាន១៥៦នាក់
31 ពួកនៅក្រុងអេឡាំ១ទៀត មាន១២៥៤នាក់
32 ពួកហារីម មាន៣២០នាក់
33 ពួកឡូឌ ហាឌីឌ និងអូណូរ មាន៧២៥នាក់
34 ពួកយេរីខូ មាន៣៤៥នាក់
35 ពួកសេណាអា មាន៣៦៣០នាក់។
36 ឯពួកសង្ឃ នោះក្នុងពួកកូនចៅយេដាយ៉ាខាងវង្សរបស់យេសួរ មាន៩៧៣នាក់
37 ពួកកូនចៅអ៊ីមមើរ មាន១០៥២នាក់
38 ពួកកូនចៅផាសហ៊ើរ មាន១២៤៧នាក់
39 ពួកកូនចៅហារីម មាន១០១៧នាក់។
40 ចំណែកពួកលេវី នោះក្នុងពួកកូនចៅយេសួរ និងកាឌមាល ខាងវង្សរបស់ហូដាវា មាន៧៤នាក់
41 ឯពួកចម្រៀង ជាពួកកូនចៅអេសាភ នោះមាន១២៨នាក់
42 ឯពួកកូនចៅរបស់ពួកអ្នកឆ្មាំទ្វារ ខាងវង្សរបស់សាលូម អេធើ ថាលម៉ូន អ័កគូប ហាធីថា និងសូបាយ រួមទាំងអស់មាន១៣៩នាក់។
43 ឯពួកនេធីនិម គឺពួកកូនចៅស៊ីហា កូនចៅហាស៊ូផា កូនចៅថាបាអូត
44 កូនចៅកេរ៉ូស កូនចៅស៊ីយ៉ាហា កូនចៅផាដូន
45 កូនចៅលេបាណា កូនចៅហាកាបា កូនចៅអ័កគូប
46 កូនចៅហាកាប កូនចៅសាលម៉ាយ កូនចៅហាណាន
47 កូនចៅគីដេល កូនចៅកាហារ កូនចៅរីអាយ៉ា
48 កូនចៅរេស៊ីន កូនចៅនេកូដា កូនចៅកាសាម
49 កូនចៅអ៊ូសា កូនចៅផាសេហា កូនចៅបេសាយ
50 កូនចៅអាសណា កូនចៅមេហ៊ូនីម កូនចៅនេភូស៊ីម
51 កូនចៅបាកប៊ូក កូនចៅហាគូផា កូនចៅហាហ៊ើរ
52 កូនចៅបាសលូត កូនចៅមេហ៊ីដា កូនចៅហាសា
53 កូនចៅបាកូស កូនចៅស៊ីសេរ៉ា កូនចៅថាម៉ា
54 កូនចៅនេស៊ីយ៉ា និងកូនចៅហាធីផា។
55 រីឯពួកកូនចៅរបស់ពួកមហាតលិកនៃសាឡូម៉ូន គឺកូនចៅសូថាយ កូនចៅសូផេរេត កូនចៅពេរូដា
56 កូនចៅយ្អាឡា កូនចៅដាកុន កូនចៅគីដេល
57 កូនចៅសេផាធា កូនចៅហាធីល កូនចៅផូកេរេត ពីសេបែម និងកូនចៅអាំម៉ូន
58 ឯពួកនេធីនិម និងពួកកូនចៅរបស់ពួកមហាតលិកនៃស្តេចសាឡូម៉ូន រួមទាំងអស់មានចំនួនជា៣៩២នាក់។
59 ឯពួកអ្នកទាំងប៉ុន្មានដែលបានចេញពីក្រុងធេល-មែឡា ក្រុងធេល-ហារេសា ក្រុងកេរូប ក្រុងអ័ដាន និងក្រុងអ៊ីមមើរឡើងទៅ តែពុំអាចនឹងប្រាប់ពីជំនួរវង្ស ឬពីពូជពង្សរបស់ខ្លួន ឲ្យដឹងជាពូជអ៊ីស្រាអែលឬមិនមែនបានទេ
60 នោះគឺពួកកូនចៅដេឡាយ៉ា កូនចៅថូប៊ីយ៉ា និងកូនចៅនេកូដា រួមទាំងអស់មាន៦៥២នាក់
61 ហើយខាងកូនចៅពួកសង្ឃ មានកូនចៅហាបាយ៉ា កូនចៅហាកូស កូនចៅបារស៊ីឡាយ ជាអ្នកដែលយកកូនស្រីបារស៊ីឡាយ ជាអ្នកស្រុកកាឡាតធ្វើជាប្រពន្ធ ហើយក៏ត្រូវហៅតាមឈ្មោះគេ
62 ពួកអ្នកទាំងនោះបានរកបញ្ជីជាតិរបស់ខ្លួន ក្នុងពួកអ្នកដែលបានរាប់តាមពង្សាវតារ តែរកមិនឃើញសោះឡើយ ដូច្នេះ គេត្រូវរាប់ទុកដូចជាមានសៅហ្មងហើយ ក៏ត្រូវបណ្តេញចេញពីការងារជាសង្ឃទៅ
63 ហើយលោកចៅហ្វាយបានហាមគេថា មិនត្រូវបរិភោគពីរបស់បរិសុទ្ធបំផុតឡើយ ដរាបដល់គ្រាមានសង្ឃម្នាក់តាំងឡើង ដែលមានយូរីម និងធូមីម។
64 រីឯពួកជំនុំទាំងអស់រួមគ្នា មាន៤ម៉ឺន២ពាន់៣៦០នាក់
65 ឥតរាប់ពួកបាវប្រុសស្រីរបស់គេ ដែលមាន៧៣៣៧នាក់ទៀតឡើង ហើយក្នុងពួកគេក៏មានពួកចម្រៀងប្រុសស្រី២០០នាក់ដែរ
66 ឯសេះរបស់គេ មាន៧៣៦ លាកាត់ មាន២៤៥
67 សត្វអូដ្ឋ មាន៤៣៥ និងលា មាន៦៧២០។
68 ឯពួកអ្នកខ្លះ ជាកំពូលលើវង្សរបស់ឪពុកគេ កាលបានមកដល់ព្រះវិហារព្រះយេហូវ៉ា នៅក្រុងយេរូសាឡឹមហើយ នោះគេក៏ថ្វាយតង្វាយស្ម័គ្រពីចិត្ត សម្រាប់នឹងស្អាងព្រះវិហារនៃព្រះ នៅកន្លែងចាស់ឡើងវិញ
69 គឺគេថ្វាយមាស៦ម៉ឺន១ពាន់ដារីក ប្រាក់៥ពាន់ម៉ានេ និងសម្លៀកបំពាក់ពួកសង្ឃ១០០សម្រាប់ ដាក់ក្នុងឃ្លាំងសម្រាប់ការនោះ តាមកម្លាំងរៀងខ្លួន
70 ដូច្នេះ ពួកសង្ឃ ពួកលេវី ពួកជនខ្លះ ពួកចម្រៀង ពួកឆ្មាំទ្វារ និងពួកនេធីនិម ក៏បាននៅក្នុងទីក្រុងខ្លួន ហើយពួកអ៊ីស្រាអែលទាំងអស់បាននៅក្នុងទីក្រុងរបស់ខ្លួនដែរ។
ជំពូក 3
1 លុះដល់ខែអស្សុជ កាលពួកកូនចៅអ៊ីស្រាអែលទាំងប៉ុន្មាន បាននៅក្នុងទីក្រុងរបស់ខ្លួនហើយ នោះពួកបណ្តាជនក៏មូលគ្នា នៅក្រុងយេរូសាឡឹម មានចិត្តតែ១
2 គ្រានោះ យេសួរ ជាកូនយ៉ូសាដាក ហើយពួកសង្ឃ ជាបងប្អូនលោក និងសូរ៉ូបាបិល ជាកូនសាលធាល ហើយបងប្អូនរបស់លោកក៏នាំគ្នាស្អាងអាសនៈនៃព្រះ ជាព្រះនៃសាសន៍អ៊ីស្រាអែល ដើម្បីឲ្យបានថ្វាយតង្វាយដុត តាមដែលបានកត់ទុកក្នុងក្រឹត្យវិន័យរបស់លោកម៉ូសេ ជាអ្នកសំណប់របស់ព្រះ
3 គេក៏ដាក់អាសនៈនោះ ទៅលើជើងកំណល់ ពីព្រោះគេមានសេចក្ដីភ័យខ្លាចដល់ពួកអ្នកស្រុកនោះ ហើយក៏ថ្វាយតង្វាយដុត ដល់ព្រះយេហូវ៉ានៅលើអាសនៈនោះ គឺតង្វាយដុតថ្វាយទាំងពេលព្រឹក និងពេលល្ងាចផង
4 គេធ្វើបុណ្យបារាំ ដូចជាបានកត់ទុកហើយ ក៏ថ្វាយតង្វាយដុតរាល់តែថ្ងៃ ឲ្យត្រូវចំនួនតាមរបៀប តាមដែលត្រូវការរាល់ៗថ្ងៃ
5 តពីនោះមក ក៏ថ្វាយតង្វាយដុតដែលត្រូវថ្វាយជានិច្ច និងតង្វាយចូលខែ ហើយតង្វាយថ្ងៃបុណ្យមានកំណត់ទាំងប៉ុន្មាននៃព្រះយេហូវ៉ា ដែលបានតាំងឡើងជាបរិសុទ្ធ ព្រមទាំងតង្វាយរបស់អស់អ្នកដែលថ្វាយដល់ព្រះយេហូវ៉ា ដោយស្ម័គ្រពីចិត្តដែរ
6 គេចាប់តាំងថ្វាយតង្វាយដុតដល់ព្រះយេហូវ៉ា គឺពីថ្ងៃដំបូង ក្នុងខែអស្សុជ តែជើងជញ្ជាំងរបស់ព្រះវិហារនៃព្រះយេហូវ៉ាមិនទាន់បានដាក់នៅឡើយ
7 គេជួលពួកជាងថ្ម និងពួកជាងឈើ ក៏ឲ្យស្បៀងអាហារ និងគ្រឿងផឹក ហើយប្រេងដល់ពួកក្រុងស៊ីដូន និងពួកក្រុងទីរ៉ុស ឲ្យគេទៅនាំឈើតាត្រៅពីភ្នំល្បាណូន មកឯក្រុងយ៉ុបប៉េតាមផ្លូវសមុទ្រ ដូចជាស៊ីរូស ជាស្តេចពើស៊ី បានប្រោសអនុញ្ញាតឲ្យ។
8 នៅខែពិសាខ ក្នុងឆ្នាំទី២ តាំងពីគេមកដល់ព្រះវិហារនៃព្រះ នៅក្រុងយេរូសាឡឹម នោះសូរ៉ូបាបិល ជាកូនសាលធាល និងយេសួរ ជាកូនយ៉ូសាដាក ព្រមទាំងពួកសង្ឃ និងពួកលេវី ជាបងប្អូនគេឯទៀត ហើយអស់ពួកអ្នក ដែលបានចេញពីសណ្ឋានជាឈ្លើយ មកដល់ក្រុងយេរូសាឡឹមហើយ គេចាប់តាំងធ្វើការឡើង ក៏តម្រូវឲ្យពួកលេវី ចាប់តាំងពីអាយុ២០ឆ្នាំឡើងទៅ បានចាត់ចែងការរបស់ព្រះវិហារនៃព្រះយេហូវ៉ា
9 នោះយេសួរ និងពួកកូនចៅ ហើយបងប្អូនលោក អ័ឌីអែល និងកូនចៅលោកដែលជាពួកយូដា និងពួកកូនរបស់ហេណាដាឌ ព្រមទាំងកូនចៅគេ និងពួកលេវី ជាបងប្អូនគេផង ក៏ប្រឹងប្រែងត្រួតមើលពួកជាង ដែលធ្វើការក្នុងព្រះវិហារនៃព្រះ។
10 កាលពួកជាងកំពុងតែដាក់ជើងជញ្ជាំងរបស់ព្រះវិហារនៃព្រះយេហូវ៉ាចុះ នោះគេចាត់ពួកសង្ឃឲ្យស្លៀកពាក់ប្រដាប់សង្ឃ ហើយកាន់ត្រែ ព្រមទាំងពួកលេវី ជាកូនចៅអេសាភ ឲ្យកាន់ឈឹង ដើម្បីសរសើរដល់ព្រះយេហូវ៉ា តាមរបៀបរបស់ដាវីឌ ជាស្តេចអ៊ីស្រាអែល
11 គេក៏ច្រៀងឆ្លើយគ្នា ដោយពាក្យសរសើរ ហើយអរព្រះគុណដល់ព្រះយេហូវ៉ាថា ទ្រង់ប្រកបដោយករុណាគុណ សេចក្ដីសប្បុរសនៃទ្រង់នៅអស់កល្បជានិច្ច ដល់ពួកអ៊ីស្រាអែល រួចបណ្តាជនក៏ស្រែកឡើង ជាសម្រែកយ៉ាងខ្លាំង ក្នុងកាលដែលគេសរសើរដល់ព្រះយេហូវ៉ាយ៉ាងនោះ ដោយព្រោះជើងជញ្ជាំងព្រះវិហារនៃព្រះយេហូវ៉ាបានដាក់ស្រេចហើយ
12 តែមានគ្នាច្រើន ក្នុងពួកសង្ឃ ពួកលេវី និងពួកអ្នកជាកំពូលលើវង្សនៃពួកអយ្យកោ ជាមនុស្សចាស់ដែលឃើញព្រះវិហារមុន គេក៏យំជាខ្លាំង ក្នុងកាលដែលឃើញដាក់ជើងជញ្ជាំងព្រះវិហារនេះ ក៏មានគ្នាជាច្រើនបានស្រែកហ៊ោដោយសេចក្ដីរីករាយដែរ
13 ដល់ម៉្លេះបានជាបណ្តាជនរកស្គាល់សូរសំឡេងណាដែលអរសប្បាយ និងសូរសំឡេងរបស់អ្នកដែលយំ នោះមិនបានទេ ពីព្រោះគេស្រែកជាយ៉ាងខ្លាំង ហើយសូរសម្រែកនោះក៏ឮទៅឆ្ងាយផង។
ជំពូក 4
1 រីឯពួកខ្មាំងសត្រូវរបស់ពួកយូដា និងបេនយ៉ាមីនកាលឮថា ពួកអ្នកដែលមកពីសណ្ឋានជាឈ្លើយ គេកំពុងតែស្អាងព្រះវិហារថ្វាយព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែលដូច្នោះ
2 នោះគេក៏ចូលមកឯសូរ៉ូបាបិល និងពួកអ្នកដែលជាកំពូលលើវង្សរបស់ពួកអយ្យកោ និយាយថា សូមឲ្យយើងរាល់គ្នាស្អាងជាមួយនឹងអ្នករាល់គ្នាផង ដ្បិតយើងក៏ស្វែងរកតាមព្រះ នៃអ្នករាល់គ្នា ដូចជាអ្នករាល់គ្នាដែរ យើងរាល់គ្នាបានថ្វាយយញ្ញបូជាដល់ទ្រង់ តាំងពីគ្រាដែលអេសារ-ហាដោន ជាស្តេចស្រុកអាសស៊ើរ បាននាំយើងមកនៅស្រុកនេះ
3 តែសូរ៉ូបាបិល និងយេសួរ ហើយពួកអ្នកឯទៀត ដែលជាកំពូលលើវង្សនៃពួកអយ្យកោនៃសាសន៍អ៊ីស្រាអែល ក៏ឆ្លើយថា ឯការស្អាងព្រះវិហារថ្វាយព្រះនៃយើង នោះមិនជាធុរៈរបស់អ្នករាល់គ្នាទេ គឺយើងនឹងធ្វើការនេះតែគ្នាយើងថ្វាយព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែលវិញ ដូចជាព្រះរាជាស៊ីរូស ជាស្តេចពើស៊ី បានបង្គាប់មកយើងហើយ
4 ដូច្នេះ ពួកអ្នកស្រុកនោះក៏ខំនាំឲ្យពួកយូដាខ្សោយដៃទៅ ហើយបង្អើលបង្អាក់គេក្នុងការស្អាងនោះ
5 គេជួលពួកអ្នកប្រាជ្ញឲ្យជួយគំនិត ដើម្បីនឹងបង្អាក់ការដែលផ្តើមធ្វើនោះ នៅអស់រវាងព្រះជន្មស៊ីរូស ជាស្តេចពើស៊ី ដរាបដល់ដារីយុស បានគ្រងរាជ្យឡើងនៅស្រុកពើស៊ី
6 លុះដល់រាជ្យអ័ហាស៊ូរុស កាលទ្រង់បានសោយរាជ្យឡើងហើយ នោះគេធ្វើសំបុត្រ ផ្ញើទៅថ្វាយ ពោលទោសពីពួកអ្នកស្រុកយូដា ហើយនិងពួកនៅក្រុងយេរូសាឡឹម។
7 រួចមក នៅក្នុងរាជ្យអើថាស៊ើកសេស នោះប៊ីសឡាំ មីត្រាដាត ថាបេល និងគូកនរបស់គេ ក៏ធ្វើសំបុត្រផ្ញើទៅអើថាស៊ើកសេស ជាស្តេចពើស៊ី មានសេចក្ដីកត់ទុកជាអក្សរតាមភាសាអារ៉ាម
8 គឺចាងហ្វាងរេហ៊ូម និងស្មៀនស៊ីមសាយ គេធ្វើសំបុត្រផ្ញើទៅស្តេចអើថាស៊ើកសេសពោលទោសពីដំណើរក្រុងយេរូសាឡឹម បែបយ៉ាងនេះថា
9 រេហ៊ូម ជាចាងហ្វាង និងស៊ីមសាយជាស្មៀន ហើយពួកយើងខ្ញុំឯទៀត គឺជាពួកឌីណា ពួកអ័ផារសាថាក់ ពួកថើផែល អ័រផារ៉ាស អើកាវេ ពួកបាប៊ីឡូន ពួកស៊ូសាន ពួកដេហាវេ និងពួកអេឡាំ
10 ព្រមទាំងសាសន៍ឯទៀត ដែលអ័ស្នាផារ ដ៏ជាធំឧត្តុង្គឧត្តម លោកបាននាំមក ឲ្យអាស្រ័យនៅក្នុងទីក្រុងស្រុកសាម៉ារីទាំងប៉ុន្មាន និងក្នុងស្រុកឯទៀតនៅខាងនាយទន្លេនេះ។ល។
11 នេះជាសំណៅពីសំបុត្រដែលបានផ្ញើទៅអើថាស៊ើកសេស ជាស្តេច គឺថា យើងខ្ញុំជាពួកអ្នកនៅខាងនាយទន្លេ៘
12 យើងខ្ញុំសូមក្រាបថ្វាយបង្គំចូលមកព្រះករុណា សូមទ្រង់ជ្រាបថា ពួកសាសន៍យូដា ដែលបានចេញពីទ្រង់ឡើងមកឯយើងខ្ញុំ នៅក្រុងយេរូសាឡឹម គេកំពុងតែសង់ទីក្រុងបះបោរ ហើយអាក្រក់នេះឡើងវិញ គេបានធ្វើកំផែងស្រេចហើយ ឥឡូវនេះ កំពុងតែរៀបចំជើងជញ្ជាំងទៀត
13 ដូច្នេះ សូមព្រះករុណាទ្រង់ជ្រាបថា បើទីក្រុងនេះបានសង់ឡើងស្រេចហើយ កំផែងក៏បានលើកឡើងផង នោះគេនឹងលែងបង់សួយអាករ ពន្ធខ្លួន និងពន្ធគយទៅ ហើយដល់ទីបំផុត នឹងបង្កើតខូចខាតដល់ពួកស្តេចផង
14 ឥឡូវនេះ ដោយព្រោះយើងខ្ញុំជ្រកកោនដោយព្រះគុណទ្រង់ ហើយមិនគប្បីឲ្យយើងខ្ញុំព្រងើយ បណ្តោយឲ្យគេបង្អាប់ដល់ព្រះកិត្តិយសរបស់ព្រះករុណាឡើយ បានជាយើងខ្ញុំផ្ញើសំបុត្រនេះមក ទូលដល់ព្រះករុណាថ្វាយទ្រង់ជ្រាបផង
15 ដើម្បីឲ្យមានគេពិនិត្យរកក្នុងសៀវភៅ ជាពង្សាវតារនៃពួកវង្សានុវង្សរបស់ទ្រង់ យ៉ាងនោះ ទ្រង់នឹងទតឃើញក្នុងសៀវភៅទាំងនោះ ហើយជ្រាបថា ទីក្រុងនោះជាទីក្រុងតែងតែបះបោរ ហើយប្រទូសរ៉ាយដល់ពួកស្តេច និងដល់អាណាខេត្តផង ហើយថា កាលពីចាស់បូរាណ គេចេះតែបង្កើតការក្បត់ គឺដោយហេតុនោះបានជាទីក្រុងនោះត្រូវបំផ្លាញចេញទៅ
16 យើងខ្ញុំសូមទូលបញ្ជាក់ដល់ព្រះករុណាថ្វាយទ្រង់ជ្រាបថា បើគេសង់ទីក្រុងនោះឡើងវិញ ហើយបានលើកកំផែងឡើងជាស្រេច នោះនឹងធ្វើឲ្យព្រះករុណាលែងមានចំណែកណា នៅខាងនាយទន្លេទៀតហើយ។
17 ស្តេចទ្រង់ក៏ធ្វើព្រះរាជសាសន៍ តបទៅចាងហ្វាងរេហ៊ូម និងស្មៀនស៊ីមសាយ ព្រមទាំងពួកគូកនគេដែលនៅស្រុកសាម៉ារី និងស្រុកឯទៀត នៅខាងនាយទន្លេថា សូមឲ្យបានប្រកបដោយសេចក្ដីសុខចុះ៘
18 ឯសំបុត្រដែលអ្នករាល់គ្នាបានផ្ញើទៅយើង នោះបានអានមើលប្រែសេចក្ដីយ៉ាងច្បាស់ នៅមុខយើងហើយ
19 យើងក៏បានបង្គាប់ឲ្យគេពិនិត្យរក នោះឃើញថា កាលពីចាស់បូរាណ ទីក្រុងនោះបានលើកគ្នាឡើង ទាស់នឹងពួកស្តេច ក៏បង្កើតការបះបោរ និងការកម្បត់មែន
20 ហើយមានស្តេចដែលមានឫទ្ធិយ៉ាងសន្ធឹក បានសោយរាជ្យនៅក្រុងយេរូសាឡឹម ហើយបានគ្រប់គ្រងលើអស់ទាំងស្រុកនៅខាងនាយទន្លេ មនុស្សក៏បានបង់សួយអាករ ពន្ធខ្លួន និងពន្ធគយថ្វាយស្តេចទាំងនោះដែរ
21 ដូច្នេះ ចូរអ្នករាល់គ្នាចេញបញ្ញត្ត ឲ្យមនុស្សទាំងនោះឈប់ការនោះទៅ កុំឲ្យគេសង់ទីក្រុងនោះឡើងឡើយ ដរាបដល់មានបង្គាប់ចេញពីយើងមកទៀត
22 ហើយត្រូវប្រយ័ត កុំឲ្យអ្នករាល់គ្នាធ្វេសប្រហែសចំពោះការនោះដែរ និងឲ្យមានការខូចខាតកើតឡើងដល់ពួកស្តេចធ្វើអី។
23 កាលគេបានអានមើលព្រះរាជសាសន៍របស់ស្តេចអើថាស៊ើកសេស នៅមុខរេហ៊ូម និងស្មៀនស៊ីមសាយ ព្រមទាំងពួកគូកនគេស្រេចហើយ ស្រាប់តែគេទៅឯពួកសាសន៍យូដា នៅក្រុងយេរូសាឡឹមជាប្រញាប់ ក៏បង្ខំឲ្យគេឈប់ ដោយកម្លាំង និងអំណាច។ កូនចៅយូដានាំគ្នាសង់ព្រះវិហារជាបន្តទៀត
24 ដូច្នេះ គេលែងស្អាងព្រះវិហារនៃព្រះដែលនៅក្រុងយេរូសាឡឹមទៅ ហើយការនោះក៏ខានធ្វើដរាបដល់ឆ្នាំទី២ក្នុងរាជ្យដារីយុស ជាស្តេចពើស៊ី។
ជំពូក 5
1 រីឯហោរាហាកាយ និងហោរាសាការី ជាកូនអ៊ីដោ ក៏ទាយដោយនូវព្រះនាមព្រះនៃសាសន៍អ៊ីស្រាអែល ដល់ពួកយូដាដែលនៅស្រុកយូដា និងក្រុងយេរូសាឡឹម
2 គ្រានោះ សូរ៉ូបាបិល ជាកូនសាលធាល និងយេសួរ ជាកូនយ៉ូសាដាក ក៏នាំគ្នាចាប់តាំងស្អាងព្រះវិហារដែលនៅក្រុងយេរូសាឡឹម ក៏មានពួកហោរានៃព្រះជួយគ្នាដែរ
3 ហើយនៅវេលានោះឯង ថាថ្នាយ ជាចៅហ្វាយខេត្តខាងនាយទន្លេនោះ ព្រមទាំងសេថារ-បូសណាយ និងពួកគូកនលោកក៏មកសួរថា តើអ្នកណាបានចេញបង្គាប់ឲ្យឯងរាល់គ្នាស្អាងវិហារនេះ ហើយធ្វើកំផែងនេះឡើង
4 លោកក៏សួរដូច្នេះទៀតថា មនុស្សដែលធ្វើការនេះ តើមានឈ្មោះអ្វីខ្លះ
5 ប៉ុន្តែ ព្រះនេត្រនៃព្រះបានទតមកលើពួកចាស់ទុំសាសន៍យូដា ហើយលោកចៅហ្វាយមិនបានបញ្ឈប់ការដែលកំពុងតែធ្វើនោះទេ ចាំទំរាំបញ្ជូនរឿងនោះទៅដល់ដារីយុស ហើយមានព្រះរាជសាសន៍តបមកកាត់សេចក្ដី។
6 នេះជាសំណៅនៃសំបុត្រ ដែលថាថ្នាយ ជាចៅហ្វាយខេត្តខាងនាយទន្លេ និងសេថារ-បូសណាយ ព្រមទាំងពួកអ័ផាសាក ជាគូកនលោក នៅខាងនាយទន្លេ បានផ្ញើទៅស្តេចដារីយុស
7 ក្នុងសំបុត្រដែលផ្ញើទៅស្តេចនោះមានសេចក្ដីដូច្នេះថា សូមក្រាបថ្វាយបង្គំចូលមកដល់ព្រះករុណាដារីយុស សូមឲ្យទ្រង់បានប្រកបដោយសេចក្ដីសុខចម្រើន
8 សូមទ្រង់ព្រះករុណាជ្រាបថា យើងខ្ញុំបានទៅក្នុងខេត្តយូដា គឺទៅមើលព្រះវិហារនៃព្រះដ៏ធំ ដែលគេកំពុងតែស្អាង ដោយថ្មយ៉ាងធំៗ ឃើញថាគេដាក់ធ្នឹមលើជញ្ជាំងរួចហើយ ការនោះក៏ធ្វើយ៉ាងឆាប់រហ័ស ហើយចម្រើនឡើង ដោយសារដៃគេដែរ
9 ដូច្នេះ យើងខ្ញុំបានសាកសួរពួកចាស់ទុំរបស់គេថា តើអ្នកណាបានចេញបង្គាប់ឲ្យស្អាងព្រះវិហារនេះ ហើយនិងធ្វើកំផែងនេះឡើង
10 យើងខ្ញុំក៏បានសួរឈ្មោះគេ ដើម្បីនឹងកត់ឈ្មោះមនុស្សទាំងប៉ុន្មាន ដែលជាមេរបស់គេ ផ្ញើមកថ្វាយទ្រង់ឲ្យបានជ្រាប
11 គេឆ្លើយមកយើងខ្ញុំដូច្នេះថា យើងខ្ញុំជាពួកអ្នកបម្រើរបស់ព្រះនៃស្ថានសួគ៌ និងផែនដី ហើយយើងខ្ញុំកំពុងតែស្អាងព្រះវិហារនេះឡើងវិញ ជាវិហារដែលស្តេចធំ នៃសាសន៍អ៊ីស្រាអែល១អង្គ បានស្អាងរួចជាស្រេច ជាយូរមកម្តងហើយ
12 តែនៅគ្រាដែលពួកអយ្យកោយើងខ្ញុំបានបណ្តាលឲ្យព្រះនៃស្ថានសួគ៌មានសេចក្ដីក្រោធ នោះទ្រង់បានប្រគល់គេទៅក្នុងកណ្តាប់ព្រះហស្តនៃនេប៊ូក្នេសា ស្តេចបាប៊ីឡូន ជាសាសន៍ខាល់ដេទៅ ស្តេចនោះបានបំផ្លាញព្រះវិហារនេះទៅ ក៏ដឹកនាំពួកបណ្តាជនទៅជាឈ្លើយដល់ក្រុងបាប៊ីឡូន
13 តែនៅឆ្នាំដំបូង ក្នុងរាជ្យស៊ីរូស ជាស្តេចបាប៊ីឡូន នោះស្តេចទ្រង់បានចេញព្រះរាជឱង្ការ១ច្បាប់ឲ្យស្អាងព្រះវិហារនេះឡើងវិញ
14 ហើយគ្រឿងប្រដាប់មាស និងប្រាក់ទាំងប៉ុន្មានរបស់ព្រះវិហារនៃព្រះ ដែលនេប៊ូក្នេសាបានយកចេញពីព្រះវិហារ ដែលនៅក្រុងយេរូសាឡឹម នាំទៅដាក់ក្នុងព្រះវិហារ នៅក្រុងបាប៊ីឡូន នោះស្តេចស៊ីរូសបានយកចេញពីព្រះវិហារនោះ ប្រគល់ទាំងអស់ដល់ម្នាក់ឈ្មោះ សេសបាសារ ដែលទ្រង់បានតាំងឡើងជាចៅហ្វាយខេត្ត
15 ទ្រង់បង្គាប់ដល់លោកថា ចូរយកគ្រឿងប្រដាប់ទាំងនេះ ទៅដាក់ក្នុងព្រះវិហារដែលនៅក្រុងយេរូសាឡឹមទៅ ហើយស្អាងព្រះវិហារនៃព្រះ នៅកន្លែងដដែលនោះឡើងវិញ
16 ដូច្នេះ សេសបាសារក៏ទៅដាក់ជើងជញ្ជាំងព្រះវិហារនៃព្រះ ដែលធ្លាប់មាននៅក្រុងយេរូសាឡឹម ហើយចាប់តាំងពីវេលានោះ ដរាបដល់សព្វថ្ងៃនេះ គេចេះតែធ្វើការស្អាងព្រះវិហារនោះឡើង តែមិនទាន់បានហើយនៅឡើយ
17 ដូច្នេះ បើព្រះករុណាយល់ឃើញថាគួរដែរ នោះសូមឲ្យគេពិនិត្យរកក្នុងមន្ទីរលិខិតហ្លួង នៅក្រុងបាប៊ីឡូននេះ ឲ្យបានដឹងពិតជាស្តេចស៊ីរូសទ្រង់ចេញព្រះរាជឱង្ការ ឲ្យស្អាងព្រះវិហារនោះ ដែលនៅក្រុងយេរូសាឡឹម ឬមិនមែន រួចសូមទ្រង់ព្រះករុណាផ្ញើទៅបង្គាប់ដល់យើងខ្ញុំ ឲ្យដឹងពីដំណើរនេះ តាមទ្រង់សព្វព្រះហឫទ័យចុះ។
ជំពូក 6
1 ដូច្នេះ ស្តេចដារីយុសទ្រង់ចេញបង្គាប់ ហើយគេក៏ពិនិត្យរកក្នុងមន្ទីរលិខិត ជាកន្លែងដែលរក្សាទុកនូវព្រះរាជទ្រព្យក្នុងក្រុងបាប៊ីឡូន
2 ហើយគេឃើញមានក្រាំង១ នៅក្នុងព្រះរាជដំណាក់ នៅក្រុងអាក់មេថា ជាក្រុងធំរបស់ខេត្តមេឌី មានសេចក្ដីកត់ទុកថា
3 នៅឆ្នាំទី១ ក្នុងរាជស៊ីរូស នោះស្តេចទ្រង់បានចេញព្រះរាជឱង្ការ ពីដំណើរព្រះវិហារនៃព្រះ ដែលនៅក្រុងយេរូសាឡឹមថា ត្រូវឲ្យស្អាងព្រះវិហារឡើងវិញ គឺជាកន្លែងដែលសម្រាប់ថ្វាយយញ្ញបូជា ត្រូវឲ្យដាក់ជើងជញ្ជាំងវិហារនោះឲ្យមាំមួន ឯកំពស់ព្រះវិហារ ត្រូវជា៦០ហត្ថ ទទឹង៦០ហត្ថដែរ
4 ដោយថ្មយ៉ាងធំៗ៣ជាន់ និងឈើថ្មី១ជាន់ ឯប្រាក់ចំណាយ នោះត្រូវបើកមកពីឃ្លាំងហ្លួង
5 ចំណែកគ្រឿងប្រដាប់មាសប្រាក់របស់ព្រះវិហារនៃព្រះ ដែលនេប៊ូក្នេសាបានយកពីព្រះវិហារ នៅក្រុងយេរូសាឡឹម នាំមកឯក្រុងបាប៊ីឡូន នោះត្រូវប្រគល់ទៅវិញ ឲ្យបានយកទៅដាក់នៅកន្លែងធម្មតា ក្នុងព្រះវិហារដែលនៅក្រុងយេរូសាឡឹមចុះ ត្រូវដាក់ទាំងអស់ទៅក្នុងព្រះវិហារនៃព្រះ។
6 ដូច្នេះ ត្រូវឲ្យថាថ្នាយ ជាចៅហ្វាយខេត្តនៅខាងនាយទន្លេ ហើយនិងសេថារ-បូសណាយ ព្រមទាំងពួកអ័ផាសាក ជាគូកនគេដែលនៅខាងនាយទន្លេ ឃ្លាតឆ្ងាយពីទីនោះទៅ
7 កុំឲ្យឃាត់ឃាំងការស្អាងព្រះវិហារនេះឡើយ ចូរទុកឲ្យចៅហ្វាយរបស់ពួកយូដា និងពួកចាស់ទុំរបស់គេ ស្អាងព្រះវិហារនេះនៅកន្លែងធម្មតានោះចុះ
8 មួយទៀត យើងចេញបង្គាប់ ពីដំណើរដែលអ្នករាល់គ្នាត្រូវប្រព្រឹត្តនឹងពួកចាស់ទុំរបស់សាសន៍យូដានេះ សម្រាប់នឹងជួយស្អាងព្រះវិហារនៃព្រះជាយ៉ាងណាដែរ គឺត្រូវបើកព្រះរាជទ្រព្យរបស់ស្តេច ពីសួយអាករនៅខាងនាយទន្លេ ដល់អ្នកទាំងនោះទុកសម្រាប់នឹងចំណាយ ដើម្បីកុំឲ្យមានសេចក្ដីអាក់ខានការនោះឡើយ
9 ព្រមទាំងរបស់អ្វីដែលគេត្រូវការផង ទោះទាំងគោស្ទាវ ចៀមឈ្មោល និងកូនចៀមសម្រាប់ជាតង្វាយដុត ថ្វាយដល់ព្រះនៃស្ថានសួគ៌ ឬស្រូវ អំបិល ស្រាទំពាំងបាយជូរ និងប្រេង តាមដែលពួកសង្ឃនៅក្រុងយេរូសាឡឹមនឹងប្រាប់មក នោះត្រូវបើកឲ្យគេរាល់តែថ្ងៃជាកុំខាន
10 ដើម្បីឲ្យគេបានថ្វាយយញ្ញបូជា ទុកជាក្លិនឈ្ងុយដល់ព្រះនៃស្ថានសួគ៌ ហើយអធិស្ឋានឲ្យស្តេច និងពួកព្រះរាជបុត្រាស្តេចបានព្រះជន្មចម្រើន
11 យើងក៏បានចេញបង្គាប់ថា បើអ្នកណាបំផ្លាស់បំប្រែប្រកាសនេះ នោះត្រូវដោះធ្នឹម១ ពីផ្ទះអ្នកនោះ បញ្ឈរឡើងចងកគេភ្ជាប់ទៅ រួចត្រូវប្រើផ្ទះគេទុកជាកន្លែងសម្រាប់នឹងបន្ទោលាមក ដោយព្រោះហេតុនោះឯង
12 ហើយសូមឲ្យព្រះដែលបានប្រោសប្រទាន ឲ្យព្រះនាមទ្រង់សណ្ឋិតនៅទីនេះ បានទម្លាក់អស់ទាំងស្តេចណា និងសាសន៍ណាដែលលូកដៃទៅធ្វើខុសនឹងប្រកាសនេះ ដើម្បីនឹងបំផ្លាញព្រះវិហារនៃព្រះ ដែលនៅក្រុងយេរូសាឡឹមនេះចេញផង យើង ដារីយុសបានចេញប្រកាសហើយ ដូច្នេះ ត្រូវឲ្យសម្រេចសព្វគ្រប់តាមដោយខ្នះខ្នែងចុះ។
13 ដូច្នេះ ថាថ្នាយ ជាចៅហ្វាយខេត្តនៅខាងនាយទន្លេ និងសេថារ-បូសណាយ ព្រមទាំងពួកគូកន គេក៏ធ្វើដោយខ្នះខ្នែង តាមសេចក្ដីដែលស្តេចដារីយុសបានផ្ញើមកគ្រប់ជំពូក។
14 យ៉ាងនោះ ពួកចាស់ទុំនៃសាសន៍យូដាក៏ស្អាងឡើង ដោយមានសេចក្ដីចម្រើន ដោយនូវការទាយរបស់ហោរាហាកាយ និងសាការី ជាកូនអ៊ីដោ គេបានស្អាងឡើង ដរាបដល់ហើយ តាមបង្គាប់ផងព្រះនៃសាសន៍អ៊ីស្រាអែល ហើយតាមព្រះឱង្ការនៃស៊ីរូស ដារីយុស និងអើថាស៊ើកសេស ជាស្តេចពើស៊ីផង
15 នៅថ្ងៃទី៣ ខែផល្គុណ ក្នុងឆ្នាំទី៦នៃរាជ្យស្តេចដារីយុស នោះព្រះវិហារបានស្អាងឡើងរួចជាស្រេច។
16 គ្រានោះ ពួកកូនចៅអ៊ីស្រាអែល ពួកសង្ឃ និងពួកលេវី ព្រមទាំងពួកអ្នកដែលត្រូវនាំទៅជាឈ្លើយឯទៀត ក៏នាំគ្នាធ្វើបុណ្យឆ្លងព្រះវិហារនេះដោយអំណរ
17 គេបានថ្វាយគោឈ្មោល១០០ ចៀមឈ្មោល២០០ និងកូនចៀម៤០០ ជាតង្វាយឆ្លងព្រះវិហារ ហើយនិងពពែ១២ តាមចំនួនពូជអំបូរសាសន៍អ៊ីស្រាអែល សម្រាប់ជាតង្វាយលោះបាបនៃពួកអ៊ីស្រាអែលទាំងអស់
18 គេក៏តាំងពួកសង្ឃឡើង តាមផ្នែកពួកគេ ហើយពួកលេវីតាមវេន សម្រាប់ធ្វើការងារនៃព្រះនៅក្រុងយេរូសាឡឹម ដូចជាបានកត់ទុកក្នុងគម្ពីរលោកម៉ូសេហើយ។
19 ឯពួកអ្នកដែលត្រូវនាំទៅជាឈ្លើយនោះ គេក៏ធ្វើបុណ្យរំលងនៅថ្ងៃ១៤ខែចេត្រដែរ
20 ដ្បិតពួកសង្ឃ និងពួកលេវីបានសម្អាតខ្លួនទាំងអស់គ្នារួចជាស្រេច គេសុទ្ធតែបានបរិសុទ្ធហើយ ដូច្នេះ គេបានសម្លាប់ចៀមសម្រាប់ធ្វើបុណ្យរំលង ឲ្យពួកអ្នកដែលបាននាំទៅជាឈ្លើយទាំងប៉ុន្មាន ព្រមទាំងឲ្យពួកសង្ឃ ជាបងប្អូនគេ និងខ្លួនគេផង
21 រួចពួកកូនចៅអ៊ីស្រាអែលដែលបានចេញពីសណ្ឋានជាឈ្លើយមកវិញ និងអស់អ្នកដែលញែកខ្លួនចេញពីសេចក្ដីស្មោកគ្រោករបស់ពួកសាសន៍ដទៃ ដើម្បីនឹងស្វែងរកព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល គេក៏បរិភោគបុណ្យនោះ
22 គេធ្វើបុណ្យនំបុ័ងឥតដំបែអស់៧ថ្ងៃ ដោយអំណរ ដ្បិតព្រះយេហូវ៉ាបានធ្វើឲ្យរីករាយសប្បាយ ដោយបំបែរព្រះទ័យស្តេចស្រុកអាសស៊ើរ មកកាន់ខាងគេ ដើម្បីនឹងចម្រើនកម្លាំងដៃគេ ក្នុងការរបស់ព្រះវិហារនៃព្រះដ៏ជាព្រះនៃសាសន៍អ៊ីស្រាអែល។
ជំពូក 7
1 ក្រោយការទាំងនោះមក ក្នុងរាជ្យអើថាស៊ើកសេស ជាស្តេចពើស៊ី នោះអែសរ៉ា កូនសេរ៉ាយ៉ា ដែលជាកូនអ័សារាៗ ជាកូន ហ៊ីលគីយ៉ា
2 ហ៊ីលគីយ៉ា ជាកូនសាលូម សាលូមជាកូនសាដុកៗ ជាកូនអ័ហ៊ីទូប
3 អ័ហ៊ីទូប ជាកូនអ័ម៉ារាៗ ជាកូនអ័សារាៗ ជាកូនមេរ៉ាយ៉ូត
4 មេរ៉ាយ៉ូត ជាកូនសេរ៉ាហ៊ាៗ ជាកូនអ៊ូស៊ីៗ ជាកូនប៊ូកគី
5 ប៊ូកគី ជាកូនអ័ប៊ីសួរៗ ជាកូនភីនេហាសៗ ជាកូនអេលាសារៗ ជាកូនអើរ៉ុនដ៏ជាសម្ដេចសង្ឃ
6 អែសរ៉ានេះ លោកឡើងមកពីក្រុងបាប៊ីឡូន លោកជាស្មៀនស្ទាត់ជំនាញខាងក្រឹត្យវិន័យលោកម៉ូសេ ដែលព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែលបានប្រទានមក ហើយដោយព្រោះព្រះហស្តនៃព្រះយេហូវ៉ាជាព្រះនៃលោក បានសណ្ឋិតលើលោក បានជាស្តេចទ្រង់អនុញ្ញាតគ្រប់ទាំងសេចក្ដីដែលលោកសូម
7 ក៏មានពួកកូនចៅអ៊ីស្រាអែល ពួកសង្ឃ ពួកលេវី ពួកចម្រៀង ពួកឆ្មាំទ្វារ និងពួកនេធីនិមខ្លះ ឡើងទៅឯក្រុងយេរូសាឡឹម នៅឆ្នាំទី៧ក្នុងរាជ្យស្តេចអើថាស៊ើកសេសដែរ
8 លោកបានមកដល់ក្រុងយេរូសាឡឹម ក្នុងខែស្រាពណ៌ នៅឆ្នាំទី៧ក្នុងរាជ្យស្តេចនោះ
9 ដ្បិតលោកបានចេញពីក្រុងបាប៊ីឡូន នៅថ្ងៃ១ខែចេត្រ ក៏មកដល់ក្រុងយេរូសាឡឹមនៅថ្ងៃទី១ ខែស្រាពណ៌ ដោយព្រះហស្តល្អរបស់ព្រះនៃលោក បានសណ្ឋិតលើលោក
10 ពីព្រោះអែសរ៉ាបានតាំងចិត្តស្វែងរកក្នុងក្រឹត្យវិន័យរបស់ព្រះយេហូវ៉ា ដើម្បីនឹងប្រព្រឹត្តតាម ហើយបង្ហាត់បង្រៀនតាមបញ្ញត្ត និងសេចក្ដីយុត្តិធម៌ក្នុងពួកអ៊ីស្រាអែល។
11 នេះជាសំណៅពីសំបុត្រ ដែលអើថាស៊ើកសេសដ៏ជាស្តេច ទ្រង់បានប្រទានដល់អែសរ៉ាដ៏ជាសង្ឃ ជាស្មៀនចម្លងអស់ទាំងព្រះបន្ទូល ក្នុងក្រឹត្យក្រមទាំងប៉ុន្មាននៃព្រះយេហូវ៉ា និងបញ្ញត្តនៃទ្រង់ ដល់ពួកអ៊ីស្រាអែល មានសេចក្ដីថា
12 អើថាស៊ើកសេស ជាស្តេចលើអស់ទាំងស្តេច ប្រទានដល់អែសរ៉ាដ៏ជាសង្ឃ ជាស្មៀនចម្លងក្រឹត្យវិន័យរបស់ព្រះនៃស្ថានសួគ៌ ៘
13 យើងចេញព្រះរាជឱង្ការថា ឯអស់អ្នកណាក្នុងពួកសាសន៍អ៊ីស្រាអែល ឬពួកសង្ឃ និងពួកលេវី នៅក្នុងនគរយើង ដែលចង់ទៅឯក្រុងយេរូសាឡឹម ជាមួយនឹងអ្នក ដោយស្ម័គ្រពីចិត្ត នោះចូរឲ្យគេទៅចុះ
14 ពីព្រោះស្តេច និងពួកសេនាបតីទាំង៧ បានចាត់អ្នកទៅត្រួតត្រាមើល ក្នុងស្រុកយូដា និងក្រុងយេរូសាឡឹម តាមក្រឹត្យវិន័យរបស់ព្រះនៃអ្នក ជាច្បាប់ដែលនៅក្នុងកណ្តាប់ដៃអ្នក
15 ហើយឲ្យនាំយកប្រាក់ និងមាសដែលយើងជាស្តេច និងពួកសេនាបតីទាំង៧ បានថ្វាយស្ម័គ្រពីចិត្ត ដល់ព្រះនៃសាសន៍អ៊ីស្រាអែល ជាព្រះដែលគង់នៅក្រុងយេរូសាឡឹម
16 ព្រមទាំងប្រាក់ មាសទាំងប៉ុន្មានដែលអ្នកនឹងរៃបាន ពីគ្រប់ក្នុងខេត្តបាប៊ីឡូន ជាមួយនឹងបណ្ណាការដែលពួកជនទាំងអម្បាលម៉ាន និងពួកសង្ឃថ្វាយដោយស្ម័គ្រពីចិត្ត សម្រាប់ព្រះវិហាររបស់ព្រះនៃលោក ដែលនៅក្រុងយេរូសាឡឹមទៅជាមួយផង
17 ដូច្នេះ ត្រូវឲ្យអ្នកមានចិត្តខ្នះខ្នែង យកប្រាក់នោះទៅទិញគោ ចៀមឈ្មោល និងកូនចៀម ព្រមទាំងគ្រឿងតង្វាយម្សៅ និងតង្វាយច្រួចនោះផង នាំទៅថ្វាយនៅលើអាសនៈ ក្នុងព្រះវិហារនៃព្រះរបស់អ្នករាល់គ្នា ដែលនៅក្រុងយេរូសាឡឹមចុះ
18 ឯប្រាក់ និងមាសដែលសល់នៅ នោះត្រូវឲ្យអ្នក និងពួកបងប្អូនអ្នក ប្រើការតាមតែគិតឃើញថាត្រឹមត្រូវ តាមព្រះហឫទ័យនៃព្រះរបស់អ្នករាល់គ្នាចុះ
19 ហើយឯគ្រឿងប្រដាប់ទាំងប៉ុន្មាន ដែលបានឲ្យដល់អ្នក សម្រាប់ការងារក្នុងព្រះវិហារនៃព្រះរបស់អ្នក នោះចូរអ្នកយកទៅប្រគល់ នៅចំពោះព្រះនៃក្រុងយេរូសាឡឹមទៅ
20 ហើយរបស់អ្វីផ្សេងទៀតដែលខ្វះខាតក្នុងព្រះវិហារនៃព្រះរបស់អ្នក ដែលអ្នកត្រូវការបញ្ចេញប្រាក់ទិញ នោះត្រូវបញ្ចេញយកពីឃ្លាំងហ្លួងចុះ
21 មួយទៀត យើង អើថាស៊ើកសេសជាស្តេច យើងចេញព្រះរាជឱង្ការ បង្គាប់ដល់គ្រប់ទាំងមេឃ្លាំង នៅខាងនាយទន្លេថា របស់អ្វីៗដែលអែសរ៉ាដ៏ជាសង្ឃ ជាស្មៀនចម្លងក្រឹត្យវិន័យរបស់ព្រះនៃស្ថានសួគ៌ លោកនឹងសូមក៏ដោយ នោះត្រូវតែឃ្មាតខ្មីនឹងឲ្យចុះ
22 ទោះដល់ទៅប្រាក់១០០ហាប ស្រូវ១០០រង្វាល់ ស្រាទំពាំងបាយជូរ២០០ប៉ោត ប្រេង២០០ប៉ោត និងអំបិលឥតមានកំណត់ក្តី
23 ត្រូវឲ្យធ្វើសម្រេចគ្រប់ទាំងអស់ ដែលព្រះនៃស្ថានសួគ៌ទ្រង់បង្គាប់មក ដោយត្រូវចំពោះ សម្រាប់ព្រះវិហាររបស់ព្រះនៃស្ថានសួគ៌ចុះ តើនឹងឲ្យមានសេចក្ដីក្រោធ ចំពោះរាជ្យស្តេច និងព្រះរាជបុត្រាទ្រង់ធ្វើអី
24 មួយទៀត យើងបញ្ជាក់ដល់អ្នករាល់គ្នាថា ចំណែកពួកសង្ឃ ពួកលេវី ពួកចម្រៀង ពួកឆ្មាំទ្វារ ពួកនេធីនិម និងពួកអ្នកបម្រើ ក្នុងព្រះវិហារនៃព្រះនេះ នោះមិនត្រូវឲ្យទារសួយអាករ ពន្ធខ្លួន ឬពន្ធគយ ពីអ្នកទាំងនោះឡើយ
25 ឯអែសរ៉ាឯង តាមប្រាជ្ញារបស់ព្រះនៃអ្នកដែលសណ្ឋិតលើអ្នក នោះត្រូវឲ្យអ្នកតាំងពួកអ្នកឡើង ដែលជាអ្នកជំនាញក្នុងក្រឹត្យវិន័យរបស់ព្រះនៃអ្នក ឲ្យធ្វើជាចៅក្រម និងសុភា ឲ្យជំនុំជម្រះ ដល់អ្នកទាំងសាសន៍នៅខាងនាយទន្លេ ហើយត្រូវបង្ហាត់បង្រៀនក្រឹត្យវិន័យ ដល់អស់អ្នកណាដែលមិនស្គាល់ផង
26 ឯអ្នកណាដែលមិនព្រមប្រព្រឹត្តតាមក្រឹត្យវិន័យរបស់ព្រះនៃអ្នក ហើយនិងច្បាប់របស់ស្តេចផង នោះត្រូវតែកាត់ទោសជាប្រញាប់ចុះ ទោះដល់ស្លាប់ ឬនិរទេស ឬរឹបយករបស់ទ្រព្យគេ ឬដាក់គុកក្តី។
27 សូមសរសើរតម្កើងដល់ព្រះយេហូវ៉ាជាព្រះនៃពួកអយ្យកោយើងរាល់គ្នា ដែលទ្រង់បានបណ្តាលព្រះទ័យស្តេច ឲ្យសម្រេចនឹងតាក់តែងព្រះវិហារនៃព្រះយេហូវ៉ា ដែលនៅក្រុងយេរូសាឡឹមឲ្យល្អឡើងដូច្នេះ
28 ព្រមទាំងប្រោសផ្តល់សេចក្ដីសប្បុរសរបស់ទ្រង់ ដល់ខ្ញុំនៅចំពោះស្តេច ពួកសេនាបតីទ្រង់ ហើយពួកអ្នកប្រធានដ៏មានអំណាចរបស់ស្តេចផង ខ្ញុំក៏មានកម្លាំងចម្រើនឡើង ដោយនូវព្រះហស្តនៃព្រះយេហូវ៉ាជាព្រះនៃខ្ញុំ ដែលសណ្ឋិតលើខ្ញុំ ហើយខ្ញុំបានទៅប្រមូលពួកអ្នក ដែលជាកំពូលក្នុងសាសន៍អ៊ីស្រាអែល ឲ្យឡើងទៅជាមួយ។
ជំពូក 8
1 រីឯពួកអ្នកជាប្រធានលើវង្សរបស់ឪពុក ហើយតាមពង្សាវតាររបស់ពួកអ្នក ដែលចេញពីក្រុងបាប៊ីឡូន ឡើងទៅជាមួយនឹងខ្ញុំ ក្នុងរាជ្យស្តេចអើថាស៊ើកសេស
2 នោះក្នុងពួកកូនចៅភីនេហាស មានគើសុន ក្នុងពួកកូនចៅអ៊ីថាម៉ារ មានដានីយ៉ែល ក្នុងពួកកូនចៅដាវីឌ មានហាធូស
3 ក្នុងពួកកូនចៅសេកានា ខាងកូនចៅប៉ារ៉ូសនោះមានសាការី ហើយតាមបញ្ជីជាតិ នោះរាប់បានពួកប្រុសៗ១៥០នាក់ ដែលទៅជាមួយ
4 ក្នុងពួកកូនចៅផាហាត-ម៉ូអាប់ មានអេលីយ៉ូន៉ាយ ជាកូនសេរ៉ាហ៊ា ហើយមានពួកប្រុសៗ២០០នាក់ទៅជាមួយ
5 ក្នុងពួកកូនចៅសេកានា មានកូនរបស់យ៉ាហាសៀល ហើយមានពួកប្រុសៗ៣០០នាក់ទៅជាមួយ
6 ក្នុងពួកកូនចៅអេឌីន មានអេបេឌ ជាកូនយ៉ូណាថាន ហើយមានពួកប្រុសៗ៥០នាក់ទៅជាមួយ
7 ក្នុងពួកកូនចៅអេឡាំ មានយេសាយ៉ា ជាកូនអ័ថាលា ហើយមានពួកប្រុសៗ៧០នាក់ទៅជាមួយ
8 ក្នុងពួកកូនចៅសេផាធា មានសេបាឌា ជាកូនមីកែល ហើយមានពួកប្រុសៗ៨០នាក់ទៅជាមួយ
9 ក្នុងពួកកូនចៅយ៉ូអាប់ មានអូបាឌា ជាកូនយេហ៊ីអែល ហើយមានពួកប្រុសៗ២១៨នាក់ទៅជាមួយ
10 ក្នុងពួកកូនចៅសឡូមិត មានកូនរបស់យ៉ូសិភា ហើយមានពួកប្រុស១៦០នាក់ទៅជាមួយ
11 ក្នុងពួកកូនចៅបេបាយ មានសាការី ជាកូនបេបាយ ហើយមានពួកប្រុសៗ២៨នាក់ទៅជាមួយ
12 ក្នុងពួកកូនចៅអាសកាឌ មានយ៉ូហាណាន ជាកូនហាកាថាន ហើយមានពួកប្រុសៗ១១០នាក់ទៅជាមួយ
13 ក្នុងពួកកូនចៅអ័ដូនីកាមដែលនៅក្រោយគេ នោះមានឈ្មោះដូច្នេះ គឺអេលីផាលេត យីអែល និងសេម៉ាយ៉ា ហើយមានពួកប្រុសៗ៦០នាក់ទៅជាមួយ
14 ក្នុងពួកកូនចៅប៊ីកវ៉ាយ មានអ៊ូថាយ និងសាប៊ូឌ ហើយមានពួកប្រុសៗ៧០នាក់ទៅជាមួយ។
15 ខ្ញុំបានប្រមូលអ្នកទាំងនោះមកត្រង់មាត់ទន្លេ ដែលហូរទៅឯក្រុងអាហាវ៉ា យើងរាល់គ្នាក៏ដំឡើងត្រសាលនៅទីនោះ៣ថ្ងៃ កំពុងដែលខ្ញុំត្រួតមើលបណ្តាជន និងពួកសង្ឃ តែឥតមានឃើញពួកកូនចៅលេវីណាមួយនៅទីនោះឡើយ
16 ដូច្នេះ ខ្ញុំចាត់គេឲ្យទៅហៅអេលាស៊ើរ អើរាល សេម៉ាយ៉ា អែលណាថាន យ៉ារីប អែលណាថាន ណាថាន់ សាការី និងមស៊ូឡាម ជាពួកប្រធានមក ព្រមទាំងយ៉ូយ៉ារីប និងអែលណាថាន ជាមនុស្សដែលប្រកបដោយប្រាជ្ញា
17 រួចខ្ញុំចាត់ពួកអ្នកទាំងនោះ ឲ្យទៅឯអ៊ីដោជាមេ ដែលនៅកន្លែងហៅថា កាសិភា ដោយបង្គាប់ពាក្យដែលគេត្រូវជម្រាបដល់អ៊ីដោ និងពួកនេធីនិម ជាបងប្អូនលោក នៅត្រង់កាសិភានោះ ដើម្បីនឹងនាំពួកអ្នកសម្រាប់ធ្វើការងារ ក្នុងព្រះវិហាររបស់ព្រះនៃយើងរាល់គ្នាមកជា១ផង
18 ហើយតាមដែលព្រះហស្តល្អរបស់ព្រះនៃយើងរាល់គ្នា បានសណ្ឋិតលើយើង នោះគេបាននាំមនុស្សម្នាក់ប្រកបដោយប្រាជ្ញា មកឯយើង ពីពួកម៉ាស់លី ជាកូនលេវី ដែលជាកូនអ៊ីស្រាអែល ព្រមទាំងសេរេប៊ីយ៉ា និងកូនចៅ ហើយបងប្អូនទាំងអស់មាន១៨នាក់
19 និងហាសាបយ៉ា ហើយមានយេសាយ៉ា ពីពួកកូនចៅម្រ៉ារី និងបងប្អូន ហើយកូនចៅ ទាំងអស់រួមគ្នា២០នាក់ មកជាមួយ
20 ឯពួកនេធីនិមដែលដាវីឌ និងអ្នកជាប្រធានបានថ្វាយសម្រាប់ជួយការងារពួកលេវី នោះមាន២២០នាក់ ដែលសុទ្ធតែបានតម្រូវដោយឈ្មោះរៀងខ្លួន។
21 រួចមក ខ្ញុំបានប្រកាសប្រាប់ ឲ្យមានការតមនៅមាត់ទន្លេអាហាវ៉ានោះ ដើម្បីឲ្យយើងបានបន្ទាបខ្លួននៅចំពោះព្រះនៃយើងរាល់គ្នា ប្រយោជន៍នឹងសូមទ្រង់ឲ្យតម្រង់ផ្លូវយើង និងកូនចៅ ហើយរបស់ទ្រព្យយើងទាំងអស់ផង
22 ដ្បិតដែលសូមទាហាន និងពលសេះពីស្តេច ឲ្យទៅរាំងរាពួកខ្មាំងសត្រូវតាមផ្លូវ នោះនឹងនាំឲ្យខ្ញុំមានសេចក្ដីខ្មាស ពីព្រោះយើងបានទូលស្តេចហើយថា ព្រះហស្តនៃព្រះរបស់យើងរាល់គ្នា សណ្ឋិតនៅនឹងអស់អ្នកដែលស្វែងរកទ្រង់ ដើម្បីនឹងប្រោសឲ្យបានសេចក្ដីល្អ តែព្រះចេស្តា និងសេចក្ដីក្រេវក្រោធនៃទ្រង់ នោះទាស់នឹងអស់អ្នកដែលបោះបង់ចោលទ្រង់វិញ
23 ដូច្នេះ យើងរាល់គ្នាបានតម ហើយសូមអង្វរដល់ព្រះនៃយើងពីដំណើរនេះ ហើយទ្រង់ក៏ទទួលស្តាប់តាមយើង។
24 រួចមក ខ្ញុំក៏ញែកមេពួកសង្ឃ១២នាក់ចេញទុក គឺសេរេប៊ីយ៉ា និងហាសាបយ៉ា ព្រមទាំងបងប្អូនគេ១០នាក់ឯទៀត
25 រួចខ្ញុំថ្លឹងប្រាក់ មាស និងគ្រឿងប្រដាប់ទាំងប៉ុន្មាន ប្រគល់ដល់គេ គឺជាតង្វាយសម្រាប់ព្រះវិហារនៃព្រះរបស់យើង ដែលស្តេច ពួកសេនាបតី ពួកអ្នកជាប្រធានរបស់ទ្រង់ និងពួកអ៊ីស្រាអែលទាំងអស់ ដែលនៅទីនោះបានថ្វាយ
26 ខ្ញុំថ្លឹងប្រាក់៦៥០ហាប គ្រឿងប្រាក់១០០ហាប និងមាស១០០ហាប
27 ព្រមទាំងពែងមាស២០ មានតម្លៃ១ពាន់ដារីក ហើយប្រដាប់ប្រដាធ្វើពីទង់ដែងយ៉ាងភ្លឺ ដែលមានតម្លៃដូចជាមាស ប្រគល់ដល់ដៃគេ
28 រួចខ្ញុំនិយាយទៅគេថា អ្នករាល់គ្នាជាមនុស្សបរិសុទ្ធដល់ព្រះយេហូវ៉ា ហើយគ្រឿងប្រដាប់ទាំងនេះក៏បរិសុទ្ធដែរ ឯប្រាក់ និងមាសនេះ ជាតង្វាយដែលថ្វាយស្ម័គ្រពីចិត្តដល់ព្រះយេហូវ៉ាជាព្រះនៃពួកអយ្យកោអ្នករាល់គ្នា
29 ដូច្នេះ ចូរប្រុងប្រយ័ត និងថែរក្សារបស់ទាំងនេះ ដរាបដល់អ្នករាល់គ្នាបានថ្លឹងទាំងអស់ នៅក្រុងយេរូសាឡឹម ប្រគល់នៅចំពោះមេពួកសង្ឃ និងពួកលេវី ហើយនិងពួកដែលជាកំពូលលើវង្សរបស់ឪពុកសាសន៍អ៊ីស្រាអែល ដាក់ទៅក្នុងបន្ទប់នៃព្រះវិហាររបស់ព្រះយេហូវ៉ារួចជាស្រេច
30 ពួកសង្ឃ ហើយនិងពួកលេវី ក៏ទទួលយកប្រាក់មាស និងគ្រឿងប្រដាប់ទាំងនោះ តាមទំងន់ ដើម្បីនឹងយកទៅដាក់ក្នុងព្រះវិហារនៃព្រះ ជាព្រះរបស់យើងរាល់គ្នា នៅក្រុងយេរូសាឡឹម។
31 រួចមក នៅថ្ងៃទី១២ខែចេត្រ នោះយើងរាល់គ្នាបានធ្វើដំណើរចេញពីទន្លេអាហាវ៉ា ដើម្បីនឹងទៅឯក្រុងយេរូសាឡឹម ព្រះហស្តនៃព្រះរបស់យើងក៏សណ្ឋិតនៅជាមួយ ហើយទ្រង់ជួយឲ្យយើងរួចពីកណ្តាប់ដៃនៃពួកខ្មាំងសត្រូវ និងពួកចោរដែលបង្កប់ខ្លួនតាមផ្លូវផង
32 យើងរាល់គ្នាក៏បានដល់ក្រុងយេរូសាឡឹម ហើយបាននៅទីនោះអស់៣ថ្ងៃ
33 លុះដល់ថ្ងៃទី៤ នោះយើងថ្លឹងប្រាក់ មាស និងគ្រឿងប្រដាប់ទាំងប៉ុន្មាន ប្រគល់ដល់ដៃម្រេម៉ូត ជាកូនអ៊ូរីយ៉ាដ៏ជាសង្ឃ នៅក្នុងព្រះវិហារនៃព្រះរបស់យើងរាល់គ្នា មានអេលាសារ ជាកូនភីនេហាស ព្រមទាំងយ៉ូសាបាឌ ជាកូនយេសួរ និងណូអាឌា ជាកូនប៊ីនុយ ជាពួកលេវី នៅជាមួយដែរ
34 គេត្រួតមើលទាំងអស់តាមចំនួនតាមទំងន់ ហើយក៏កត់ទុកនៅវេលានោះឯង។
35 ឯពួកអ្នកដែលបានត្រឡប់ពីសណ្ឋានជាឈ្លើយមកវិញ គេក៏ថ្វាយតង្វាយដុតដល់ព្រះនៃសាសន៍អ៊ីស្រាអែល គឺគោឈ្មោល១២ឲ្យពួកអ៊ីស្រាអែលទាំងអស់ ព្រមទាំងចៀមឈ្មោល៩៦ កូនចៀម៧៧ និងពពែ១២ សម្រាប់ជាតង្វាយលោះបាប នោះសុទ្ធតែជាតង្វាយដុតថ្វាយដល់ព្រះយេហូវ៉ាទាំងអស់
36 គេក៏ប្រគល់ព្រះរាជសាសន៍ដល់នាយកដំណាងស្តេច និងចៅហ្វាយខេត្តនៅខាងនាយទន្លេ ហើយលោកទាំងនោះ ក៏ជួយចម្រើនដល់ពួកបណ្តាជន និងព្រះវិហារនៃព្រះ។
ជំពូក 9
1 កាលការទាំងនោះបានសម្រេចអស់ហើយ នោះពួកអ្នកជាប្រធានក៏មកឯខ្ញុំនិយាយថា ពួកអ៊ីស្រាអែលទាំងប៉ុន្មាន ព្រមទាំងពួកសង្ឃ និងពួកលេវី មិនបានញែកខ្លួនចេញពីពួកអ្នកស្រុកនេះទេ គឺគេប្រព្រឹត្តតាមអំពើគួរស្អប់ខ្ពើមរបស់ពួកសាសន៍កាណាន សាសន៍ហេត សាសន៍ពេរិស៊ីត សាសន៍យេប៊ូស សាសន៍អាំម៉ូន សាសន៍ម៉ូអាប់ សាសន៍អេស៊ីព្ទ និងសាសន៍អាម៉ូរីវិញ
2 ដ្បិតគេបានយកកូនស្រីក្រមុំនៃសាសន៍ទាំងនោះសម្រាប់ខ្លួនគេ និងសម្រាប់កូនប្រុសគេដែរ យ៉ាងនោះពូជបរិសុទ្ធបានលាយឡំនឹងពួកអ្នកស្រុកទាំងនេះ ហើយគឺពួកអ្នកជាប្រធាន និងពួកចៅហ្វាយជាលេខ១ ក្នុងការរំលងនេះដែរ
3 កាលខ្ញុំបានឮសេចក្ដីនោះ ខ្ញុំក៏ហែកសម្លៀកបំពាក់ បោចសក់ក្បាល និងពុកចង្ការបស់ខ្ញុំ ហើយស្លុតចិត្តអង្គុយនៅ
4 គ្រានោះ អស់អ្នកណាដែលញាប់ញ័រចំពោះព្រះបន្ទូលនៃព្រះរបស់សាសន៍អ៊ីស្រាអែល គេក៏មូលគ្នាមកឯខ្ញុំ ដោយព្រោះអំពើរំលងរបស់ពួកអ្នកដែលមកពីឈ្លើយនោះ តែខ្ញុំស្លុតចិត្តអង្គុយនៅ ដរាបដល់ពេលតង្វាយល្ងាច។
5 នៅពេលថ្វាយតង្វាយល្ងាច នោះខ្ញុំបានក្រោកពីទុក្ខព្រួយនោះឡើង មានទាំងអាវក្នុង និងអាវក្រៅរហែក រួចខ្ញុំផ្តួលខ្លួនក្រាបចុះ លើកដៃប្រទូលទៅឯព្រះយេហូវ៉ាជាព្រះនៃខ្ញុំ ទូលថា
6 ឱព្រះនៃទូលបង្គំអើយ ទូលបង្គំមានសេចក្ដីខ្មាស ហើយក៏ក្រហមមុខ និងងើបមើលទៅទ្រង់ ជាព្រះនៃទូលបង្គំផង ពីព្រោះការទុច្ចរិតរបស់យើងខ្ញុំបានចម្រើនជាច្រើនឡើងដល់លិចក្បាលយើងខ្ញុំ ហើយទោសរបស់យើងខ្ញុំក៏កើនឡើង ដល់ផ្ទៃមេឃដែរ
7 ចាប់តាំងពីគ្រាពួកអយ្យកោយើងខ្ញុំ ដរាបមកដល់សព្វថ្ងៃនេះ យើងខ្ញុំមានទោសជាទំងន់ក្រៃពេក ហើយដោយព្រោះអំពើទុច្ចរិតរបស់យើងខ្ញុំ បានជាយើងខ្ញុំ ព្រមទាំងពួកស្តេច និងពួកសង្ឃរបស់យើងខ្ញុំ បានត្រូវប្រគល់ទៅក្នុងកណ្តាប់ដៃនៃពួកស្តេចស្រុកដទៃ ដល់ដាវ ដល់សណ្ឋានជាឈ្លើយ ដល់ការរឹបជាន់ ហើយដល់សេចក្ដីអាម៉ាស់ខ្មាស ដូចជាមានសព្វថ្ងៃនេះ
8 ហើយឥឡូវ នៅវេលា១ភ្លែតនេះ មានព្រះគុណសម្ដែងមកដល់យើងខ្ញុំ អំពីព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំ ឲ្យបានអ្នកខ្លះរួចចេញ ហើយឲ្យបានបង្គោល១នៅក្នុងទីបរិសុទ្ធរបស់ទ្រង់ ប្រយោជន៍ឲ្យព្រះនៃយើងខ្ញុំបានបំភ្លឺភ្នែកយើងខ្ញុំ ហើយប្រោសឲ្យយើងខ្ញុំបានរស់ឡើងវិញបន្តិច នៅក្នុងការបម្រើគេនេះ
9 ដ្បិតយើងខ្ញុំជាបាវបម្រើគេមែន តែព្រះនៃយើងខ្ញុំមិនបានបោះបង់ចោលយើងខ្ញុំ កំពុងដែលនៅបម្រើគេនោះទេ គឺបានផ្តល់សេចក្ដីសប្បុរសមកយើងខ្ញុំ ឲ្យបានរស់ឡើងវិញបន្តិច នៅភ្នែកនៃពួកស្តេចសាសន៍ពើស៊ីផង ដើម្បីនឹងតាំងព្រះវិហារនៃព្រះរបស់យើងខ្ញុំ ហើយជួសជុលទីបាក់បែកឡើងវិញ ព្រមទាំងឲ្យមានកំផែង នៅស្រុកយូដា និងក្រុងយេរូសាឡឹមឡើងផង
10 តែឥឡូវនេះ ឱព្រះនៃយើងខ្ញុំអើយ ដែលមានការយ៉ាងនេះ នោះតើយើងខ្ញុំនឹងថាដូចម្តេចទៅ ដ្បិតយើងខ្ញុំបានបោះបង់ចោលក្រឹត្យក្រមទាំងប៉ុន្មានរបស់ទ្រង់ចេញ
11 ជាសេចក្ដីដែលទ្រង់បានបង្គាប់មក ដោយសារពួកហោរា ជាអ្នកបម្រើទ្រង់ថា ស្រុកដែលឯងរាល់គ្នាចូលទៅចាប់យកនោះ ជាស្រុកស្មោកគ្រោក ដោយព្រោះការស្មោកគ្រោករបស់ពួកសាសន៍ដទៃ ដែលនៅស្រុកនោះ ហើយដោយព្រោះការគួរស្អប់ខ្ពើម ដែលគេបានប្រព្រឹត្ត ឲ្យស្រុកនោះបានពេញដោយសេចក្ដីស្មោកគ្រោករបស់គេ ចាប់តាំងពីចុងម្ខាងដល់ចុងម្ខាង
12 ដូច្នេះ កុំឲ្យឯងរាល់គ្នាលើកកូនស្រីរបស់ខ្លួនឲ្យទៅកូនប្រុសរបស់គេឡើយ ក៏កុំឲ្យយកកូនស្រីរបស់គេមកឲ្យកូនប្រុសរបស់ឯង ឬរកសេចក្ដីសុខដល់គេ ឬឲ្យគេបានចម្រើនឡើងដែរ ប្រយោជន៍ឲ្យឯងរាល់គ្នាមានកម្លាំង ហើយឲ្យបានចម្អែត ដោយផលល្អរបស់ស្រុកនោះ ព្រមទាំងទុកជាមរដកដល់កូនចៅឯងរាល់គ្នាតរៀងទៅ
13 ដូច្នេះ ក្រោយអស់ទាំងការដែលបានកើតដល់យើងខ្ញុំ ដោយព្រោះអំពើអាក្រក់ និងទោសរបស់យើងខ្ញុំ ដែលមានទំងន់ជាខ្លាំងម៉្លេះ ទោះបើទ្រង់ ឱព្រះនៃយើងខ្ញុំអើយ ទ្រង់មិនបានធ្វើទោសដល់យើងខ្ញុំ ឲ្យស្មើនឹងការទុច្ចរិតរបស់យើងខ្ញុំទេ ហើយបានទាំងប្រោសឲ្យយើងខ្ញុំមានសំណល់រួចចេញដូច្នេះផង
14 ឥឡូវនេះ តើយើងខ្ញុំនឹងវិលទៅ ប្រព្រឹត្តរំលងក្រឹត្យក្រមរបស់ទ្រង់ទៀត ដោយភ្ជាប់ញាតិនឹងពួកសាសន៍នោះឯង ដែលប្រព្រឹត្តការគួរស្អប់ខ្ពើមទាំងនោះឬអី បើធ្វើដូច្នោះ តើទ្រង់មិនមានសេចក្ដីក្រោធដល់យើងខ្ញុំ ដរាបដល់ទ្រង់បានបំផ្លាញអស់រលីងទេឬអី ឥតឲ្យមានសំណល់សល់ ឬអ្នកណាឲ្យបានរួចឡើយ
15 ឱព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែលអើយ ទ្រង់សុចរិត ដ្បិតយើងខ្ញុំមានតែសំណល់ ដែលបានរួចប៉ុណ្ណោះទេ ដូចជាសព្វថ្ងៃនេះ មើល យើងខ្ញុំនៅចំពោះទ្រង់ មានជាប់ទាំងទោសផង ដ្បិតក្នុងអំពើយ៉ាងនេះ គ្មានអ្នកណានឹងឈរនៅចំពោះទ្រង់បានឡើយ។
ជំពូក 10
1 កាលអែសរ៉ាកំពុងតែអធិស្ឋាន ហើយលន់តួដោយយំ ហើយផ្តួលខ្លួនក្រាបចុះ នៅមុខព្រះវិហារនៃព្រះដូច្នោះ នោះមានពួកអ៊ីស្រាអែលយ៉ាងសន្ធឹក ទាំងប្រុសទាំងស្រី និងក្មេងៗប្រជុំគ្នាមកឯលោក ពីព្រោះពួកបណ្តាជនក៏យំជាខ្លាំងដែរ
2 នោះសេកានា កូនយេហ៊ីអែល ជាកូនចៅអេឡាំ គាត់និយាយទៅអែសរ៉ាថា យើងរាល់គ្នាបានរំលងទាស់នឹងព្រះនៃយើងខ្ញុំហើយ ដោយបានយកប្រពន្ធជាស្រីសាសន៍ដទៃ ជាពួកស្រីនៅស្រុកនេះ ប៉ុន្តែ នៅមានទីសង្ឃឹមដល់ពួកអ៊ីស្រាអែល ពីដំណើរនេះដែរ
3 ដូច្នេះ សូមឲ្យយើងរាល់គ្នាចុះសញ្ញានឹងព្រះនៃយើងឥឡូវ ឲ្យលែងអស់ទាំងប្រពន្ធ និងកូនទាំងប៉ុន្មានដែលកើតពីនាងទាំងនោះ តាមឱវាទនៃលោកម្ចាស់ខ្ញុំ និងពួកអ្នកដែលញាប់ញ័រចំពោះក្រឹត្យក្រមរបស់ព្រះនៃយើងខ្ញុំ សូមឲ្យការនោះបានសម្រេចតាមក្រឹត្យវិន័យ
4 សូមលោកក្រោកឡើង ពីព្រោះការនេះស្រេចនៅលោក ហើយយើងខ្ញុំក៏នៅជាមួយនឹងលោកដែរ សូមឲ្យមានចិត្តក្លាហានឡើង ហើយសម្រេចការទៅ។
5 ដូច្នេះ អែសរ៉ាក៏ក្រោកឡើង ឲ្យអស់ទាំងមេពួកសង្ឃ ពួកលេវី និងពួកអ៊ីស្រាអែលទាំងអស់ ស្បថនឹងធ្វើតាមពាក្យនោះ គេក៏ស្បថ
6 រួចអែសរ៉ាក្រោកឡើងនៅមុខព្រះវិហារនៃព្រះ ចូលទៅក្នុងបន្ទប់របស់យ៉ូហាណាន ជាកូនរបស់អេលីយ៉ាស៊ីបទៅ តែកាលលោកបានចូលទៅហើយ លោកមិនបានបរិភោគអាហារអ្វីឡើយ ដ្បិតលោកមានសេចក្ដីសៅសោក ដោយព្រោះអំពើរំលងរបស់ពួកអ្នកដែលមកពីសណ្ឋានជាឈ្លើយ
7 ដូច្នេះ គេក៏ប្រកាសប្រាប់ទួទៅគ្រប់ក្នុងស្រុកយូដា និងក្រុងយេរូសាឡឹម ដល់ពួកអ្នកទាំងប៉ុន្មាន ដែលរួចពីសណ្ឋានជាឈ្លើយ ឲ្យគេមូលមកឯក្រុងយេរូសាឡឹមគ្រប់គ្នា
8 ហើយបើអ្នកណាមិនមកក្នុងកំណត់៣ថ្ងៃ តាមបង្គាប់របស់ពួកអ្នកជាប្រធាន និងពួកចាស់ទុំ នោះនឹងត្រូវរឹបយកទ្រព្យសម្បត្តិរបស់អ្នកនោះអស់រលីងទៅ ហើយខ្លួនអ្នកនោះនឹងត្រូវកាត់ចេញពីពួកជំនុំរបស់ពួកអ្នកដែលរួចពីសណ្ឋានជាឈ្លើយផង។
9 ដូច្នេះ ពួកយូដា និងបេនយ៉ាមីន ក៏មូលគ្នាមកឯក្រុងយេរូសាឡឹមទាំងអស់ ក្នុងកំណត់៣ថ្ងៃនោះ គឺត្រូវជាថ្ងៃ២០ ខែមិគសិរ ឯមនុស្សទាំងនោះគេអង្គុយត្រង់ទីធ្លា នៅមុខព្រះវិហារនៃព្រះ ទាំងញ័រ ដោយព្រោះដំណើរនោះ ហើយដោយព្រោះភ្លៀងធំផង
10 នោះអែសរ៉ាដ៏ជាសង្ឃ លោកឈរឡើងនិយាយទៅគេថា អ្នករាល់គ្នាបានប្រព្រឹត្តរំលង ដោយយកប្រពន្ធជាស្រីសាសន៍ដទៃ ជាការដែលចម្រើនទោសដល់សាសន៍អ៊ីស្រាអែល
11 ដូច្នេះ ចូរលន់តួដល់ព្រះយេហូវ៉ាជាព្រះនៃពួកអយ្យកោអ្នករាល់គ្នាឥឡូវទៅ ហើយប្រព្រឹត្តតាមដែលទ្រង់សព្វព្រះហឫទ័យចុះ ត្រូវឲ្យញែកខ្លួនពីពួកអ្នកនៅស្រុកនេះ ហើយពីស្រីសាសន៍ដទៃចេញ
12 ពួកជំនុំទាំងអស់គ្នាក៏ឆ្លើយតបឡើង ដោយសំឡេងយ៉ាងខ្លាំងថា យើងខ្ញុំត្រូវតែធ្វើតាម ដូចជាលោកមានប្រសាសន៍ហើយ
13 ប៉ុន្តែ បណ្តាជននេះមានគ្នាច្រើនណាស់ ហើយនេះជារដូវភ្លៀងច្រើនផង យើងខ្ញុំឈរនៅខាងក្រៅពុំបានទេ ហើយនេះក៏មិនមែនជាការដែលសម្រេចបានក្នុង១ថ្ងៃ ឬ២ថ្ងៃដែរ ពីព្រោះយើងខ្ញុំបានរំលងយ៉ាងសន្ធឹក ក្នុងដំណើរនេះហើយ
14 ដូច្នេះ សូមឲ្យពួកអ្នកជាប្រធានក្នុងពួកយើងខ្ញុំបានឈរដំណាងពួកជំនុំទាំងអស់ រួចឲ្យអស់អ្នកនៅទីក្រុងយើងខ្ញុំទាំងប៉ុន្មាន ដែលបានយកប្រពន្ធជាស្រីសាសន៍ដទៃ មកតាមវេលាកំណត់ ហើយឲ្យមានពួកចាស់ទុំក្នុងទីក្រុងនីមួយៗ និងពួកចៅក្រមមកជាមួយផង ដរាបដល់សេចក្ដីក្រេវក្រោធដ៏សហ័សរបស់ព្រះនៃយើងខ្ញុំ បានបែរចេញពីយើងខ្ញុំក្នុងដំណើរនេះទៅ
15 មានតែយ៉ូណាថាន ជាកូនអេសាអែល ហើយនិងយ៉ាហាសយ៉ា ជាកូនធីកវ៉ា ដែលតាំងខ្លួនទាស់នឹងដំណើរនោះ ហើយមានមស៊ូឡាម និងសាបថាយ ជាពួកលេវី បានជួយខាង២នាក់នោះដែរ។
16 ពួកអ្នកដែលមកពីសណ្ឋានជាឈ្លើយក៏ធ្វើដូច្នោះ គេរើសអែសរ៉ាដ៏ជាសង្ឃ និងពួកអ្នកជាកំពូលលើវង្សរបស់ឪពុក ហើយតាមគ្រួឪពុកគេ តាមឈ្មោះរៀងខ្លួន ហើយអ្នកទាំងនោះក៏ប្រជុំគ្នាពិភាក្សារឿងនោះ នៅថ្ងៃ១ ខែបុស្ស
17 លុះដល់ថ្ងៃ១ ខែចេត្រ នោះក៏បានសម្រេចដល់ពួកអ្នកទាំងអស់ ដែលបានយកប្រពន្ធជាស្រីសាសន៍ដទៃនោះ។
18 រីឯក្នុងបណ្តាកូនចៅពួកសង្ឃ នោះឃើញមានខ្លះបានយកប្រពន្ធជាស្រីសាសន៍ដទៃដែរ គឺក្នុងពួកកូនចៅយេសួរ ជាកូនយ៉ូសាដាក និងបងប្អូនលោក មានម្អាសេយ៉ា អេលាស៊ើរ យ៉ារីប និងកេដាលា
19 អ្នកទាំងនោះក៏សន្យាយ៉ាងមុតមាំនឹងលែងប្រពន្ធចេញ ហើយដោយព្រោះមានទោស បានជាគេថ្វាយចៀមឈ្មោល១សម្រាប់លោះទោសខ្លួន
20 ក្នុងពួកកូនចៅអ៊ីមមើរ នោះមានហាណានី និងសេបាឌា
21 ក្នុងពួកកូនចៅហារីម មានម្អាសេយ៉ា អេលីយ៉ា សេម៉ាយ៉ា យេហ៊ីអែល និងអ៊ូស៊ីយ៉ា
22 ក្នុងពួកកូនចៅរបស់ប៉ាសហ៊ើរ នោះមានអេលីយ៉ូន៉ាយ ម្អាសេយ៉ា អ៊ីសម៉ាអែល នេថានេល យ៉ូសាបាឌ និងអេលាសា។
23 ខាងពួកលេវី នោះមានយ៉ូសាបាឌ និងស៊ីម៉ាយ កេឡាយ៉ា (អ្នកនោះគឺជាកេលីថា) ពេថាហ៊ីយ៉ា យូដា ហើយអេលាស៊ើរ។
24 ខាងពួកចម្រៀង មានអេលីយ៉ាស៊ីប ហើយខាងពួកឆ្មាំទ្វារ មានសាលូម ថេលែម និងអ៊ូរី។
25 ខាងពួកអ៊ីស្រាអែល គឺក្នុងពួកកូនចៅប៉ារ៉ូស នោះមានរ៉ាម៉ា យីសយ៉ា ម៉ាលគា មីយ៉ាមីន អេលាសារ ម៉ាលគា និងបេណាយ៉ា
26 ក្នុងពួកកូនចៅអេឡាំ មានម៉ាថានា សាការី យេហ៊ីអែល អាប់ឌី យេរេម៉ូត និងអេលីយ៉ា
27 ក្នុងពួកកូនចៅសាធូរ មានអេលីយ៉ូន៉ាយ អេលីយ៉ាស៊ីប ម៉ាថានា យេរេម៉ូត សាបាឌ និងអ័ស៊ីសា
28 ក្នុងពួកកូនចៅបេបាយ មានយ៉ូហាណាន ហាណានា សាប់បាយ និងអ័តឡាយ
29 ក្នុងពួកកូនចៅបានី នោះមានមស៊ូឡាម ម៉ាលូក អ័ដាយ៉ា យ៉ាសុប ស្អាល និងរ៉ាម៉ូត
30 ក្នុងពួកកូនចៅផាហាត-ម៉ូអាប់ នោះមានអ័ឌណា កេឡាល បេណាយ៉ា ម្អាសេយ៉ា ម៉ាថានា បេតសាលាល ប៊ីនុយ និងម៉ាន៉ាសេ
31 ក្នុងពួកកូនចៅហារីម នោះមានអេលាស៊ើរ យីសយ៉ា ម៉ាលគា សេម៉ាយ៉ា ស៊ីម្មាន
32 បេនយ៉ាមីន ម៉ាលូក និងសេម៉ារីយ៉ា
33 ក្នុងពួកកូនចៅហាស៊ូម នោះមានម៉ាថ្នាយ ម៉ាត់ថាត់ថា សាបាឌ អេលីផាលេត យេរេម៉ាយ ម៉ាន៉ាសេ និងស៊ីម៉ាយ
34 ក្នុងពួកកូនចៅបានី នោះមានម្អាដាយ អាំរ៉ាម អ៊ូអែល
35 បេណាយ៉ា បេឌីយ៉ា កេលូហ៊ូវ
36 វ៉ានីយ៉ា ម្រេម៉ូត អេលីយ៉ាស៊ីប
37 ម៉ាថានា ម៉ាថ្នាយ យ្អាសាយ
38 បានី ប៊ីនុយ ស៊ីម៉ាយ
39 សេលេមា ណាថាន់ អ័ដាយ៉ា
40 ម៉ាកណាឌបាយ សាសាយ សារ៉ាយ
41 អ័សារាល សេលេមា សេម៉ារីយ៉ា
42 សាលូម អ័ម៉ារា និងយ៉ូសែប
43 ក្នុងពួកកូនចៅនេបូរ នោះមានយីអែល ម៉ាធិធា សាបាឌ សេប៊ីណា យ៉ាដាយ យ៉ូអែល និងបេណាយ៉ា
44 ឯមនុស្សទាំងនោះ គេបានយកប្រពន្ធ ជាស្រីសាសន៍ដទៃ ប្រពន្ធគេខ្លះក៏បានបង្កើតកូនហើយ។:៚