នេហេមា

1 2 3 4 5 6 7 8 9 10 11 12 13


ជំពូក 1

1 នេះ​ជា​ពាក្យ​របស់​នេហេមា ជា​កូន​ហាកាលា។ នៅ​ខែ​មិគសិរ ឆ្នាំ​ទី​២០ ក្នុង​រាជ្យ​អើថា‌ស៊ើក‌សេស ដ៏​ជា​ស្តេច កំពុង​ដែល​ខ្ញុំ​នៅ​ស៊ូសាន ជា​ព្រះ‌រាជ‌វាំង
2 នោះ​ហាណានី ជា​ពួក​បង​ប្អូន​ខ្ញុំ និង​មនុស្ស​ខ្លះ​ទៀត ក៏​មក​ដល់​ពី​ស្រុក​យូដា ហើយ​ខ្ញុំ​សួរ​គេ​ពី​ដំណើរ​ពួក​សាសន៍​យូដា ដែល​បាន​រួច ជា​ពួក​អ្នក​ដែល​សល់ ពី​អស់​អ្នក​ដែល​ត្រូវ​ដឹក‌នាំ​ទៅ​ជា​ឈ្លើយ ហើយ​ពី​ដំណើរ​ក្រុង​យេរូ‌សាឡឹម​ផង
3 គេ​ប្រាប់​មក​ខ្ញុំ​ថា ឯ​ពួក​អ្នក​ដែល​ត្រូវ​ដឹក‌នាំ​ទៅ​ជា​ឈ្លើយ ដែល​សល់​នៅ​ក្នុង​ខេត្ត​នោះ គេ​មាន​សេចក្ដី​វេទនា ហើយ​ត្រូវ​សេចក្ដី​ត្មះ‌តិះដៀល​ជា​ខ្លាំង ចំណែក​កំផែង​នៃ​ក្រុង​យេរូ‌សាឡឹម ក៏​បាក់​បែក ហើយ​ទ្វារ​បាន​ឆេះ​អស់​ផង។
4 កាល​ខ្ញុំ​ឮ​ពាក្យ​ទាំង​នោះ ខ្ញុំ​ក៏​អង្គុយ​យំ ហើយ​សៅ‌សោក​នៅ​អស់​ពីរ​បី​ថ្ងៃ ខ្ញុំ​ក៏​តម ហើយ​អធិស្ឋាន នៅ​ចំពោះ​ព្រះ​នៃ​ស្ថាន‌សួគ៌​ថា
5 ឱ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ស្ថាន‌សួគ៌ គឺ​ជា​ព្រះ​ដ៏​ធំ ហើយ​គួរ​ស្ញែង​ខ្លាច ដែល​រក្សា​សេចក្ដី​សញ្ញា និង​សេចក្ដី​សប្បុរស ដល់​អស់​អ្នក​ដែល​ស្រឡាញ់​ដល់​ទ្រង់ ហើយ​កាន់​តាម​អស់​ទាំង​ក្រឹត្យ‌ក្រម​របស់​ទ្រង់​អើយ
6 សូម​ទ្រង់​ផ្ទៀង​ព្រះ‌កាណ៌​មក​ឥឡូវ ហើយ​បើក​ព្រះ‌នេត្រ​ទត​មក ដើម្បី​ឲ្យ​បាន​ស្តាប់​ពាក្យ​អធិស្ឋាន​របស់​ទូល‌បង្គំ ជា​អ្នក​បម្រើ​ទ្រង់ ដែល​អធិស្ឋាន​ដល់​ទ្រង់ ទាំង​យប់​ទាំង​ថ្ងៃ​ក្នុង​គ្រា​នេះ ពី​ដំណើរ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ជា​ពួក​បម្រើ​ទ្រង់ ដោយ​លន់‌តួ​បាប​របស់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ដែល​យើង​ខ្ញុំ​រាល់​គ្នា​បាន​ប្រព្រឹត្ត​នឹង​ទ្រង់ គឺ​ទាំង​ខ្លួន​ទូល‌បង្គំ និង​វង្ស​របស់​អយ្យកោ​ទូល‌បង្គំ​បាន​ធ្វើ​បាប​ផង
7 យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​នឹង​ទ្រង់ ដោយ​ខូច​អាក្រក់​ជា​ខ្លាំង ឥត​រក្សា​ក្រឹត្យ‌ក្រម សេចក្ដី​បញ្ញត្ត និង​សេចក្ដី​យុត្តិ‌ធម៌​របស់​ទ្រង់ ដែល​បាន​បង្គាប់​មក​ដោយ‌សារ​លោក​ម៉ូសេ ជា​អ្នក​បម្រើ​ទ្រង់​ឡើយ
8 សូម​ទ្រង់​នឹក​ចាំ​ពី​ព្រះ‌បន្ទូល ដែល​ទ្រង់​បាន​បង្គាប់​ដល់​លោក​ម៉ូសេ ជា​អ្នក​បម្រើ​ទ្រង់​ថា បើ​ឯង​រាល់​គ្នា​ប្រព្រឹត្ត​រំលង នោះ​អញ​នឹង​កម្ចាត់‌កម្ចាយ​ឯង ឲ្យ​ទៅ​នៅ​ក្នុង​អស់​ទាំង​សាសន៍
9 តែ​បើ​ឯង​រាល់​គ្នា​វិល​មក​ឯ​អញ ព្រម​ទាំង​រក្សា ហើយ​ប្រព្រឹត្ត​តាម​អស់​ទាំង​ក្រឹត្យ‌ក្រម​របស់​អញ​វិញ នោះ​ទោះ​បើ​ពួក​និរទេស​របស់​ឯង​បាន​ត្រូវ​ខ្ចាត់​ខ្ចាយ ទៅ​នៅ​ដល់​ជើង​មេឃ​បំផុត​ក៏​ដោយ គង់​តែ​អញ​នឹង​ប្រមូល​គេ​ពី​នោះ នាំ​មក​ឯ​កន្លែង​ដែល​អញ​បាន​រើស សម្រាប់​ឲ្យ​ឈ្មោះ​អញ​សណ្ឋិត​នៅ​វិញ
10 រីឯ​ពួក​អ្នក​ទាំង​នេះ គេ​ជា​បាវ​បម្រើ ហើយ​ជា​រាស្ត្រ​របស់​ទ្រង់ ដែល​ទ្រង់​បាន​លោះ​មក ដោយ​ព្រះ‌ចេស្តា​ដ៏​ជា​ខ្លាំង និង​ព្រះ‌ហស្ត​ដ៏​មាន​ឥទ្ធិ‌ឫទ្ធិ
11 ឱ​ព្រះ‌អម្ចាស់​អើយ សូម​ទ្រង់​ផ្ទៀង​ព្រះ‌កាណ៌​ស្តាប់​ចំពោះ​សេចក្ដី​អធិស្ឋាន​របស់​ទូល‌បង្គំ និង​សេចក្ដី​អធិស្ឋាន​របស់​ពួក​អ្នក​បម្រើ​ទ្រង់ ដែល​កោត‌ខ្លាច​ដល់​ព្រះ‌នាម​ទ្រង់ ដោយ​អំណរ ហើយ​សូម​ចម្រើន​ដល់​ទូល‌បង្គំ​ជា​អ្នក​បម្រើ​ទ្រង់ ដោយ​ប្រោស​ប្រទាន​ឲ្យ​មនុស្ស​នេះ​មាន​ចិត្ត​មេត្តា​ដល់​ទូល‌បង្គំ​នៅ​ថ្ងៃ​នេះ (រីឯ​ខ្ញុំ​ជា​អ្នក​ថ្វាយ​ពែង​ដល់​ស្តេច)។


ជំពូក 2

1 លុះ​ដល់​ខែ​ចេត្រ ឆ្នាំ​ទី​២០ ក្នុង​រាជ្យ​របស់​ស្តេច​អើថា‌ស៊ើក‌សេស ក្នុង​ពេល​ដែល​មាន​ស្រា​ទំពាំង‌បាយ‌ជូរ​ដាក់​នៅ​ចំពោះ​ស្តេច នោះ​ខ្ញុំ​បាន​លើក​ថ្វាយ​ដល់​ទ្រង់ ឯ​ពី​មុន ខ្ញុំ​មិន​ដែល​មាន​សេចក្ដី​ព្រួយ នៅ​ចំពោះ​ទ្រង់​ឡើយ
2 ដូច្នេះ ស្តេច​ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​ខ្ញុំ​ថា អ្នក​ឥត​មាន​ឈឺ​សោះ ហេតុ​អ្វី​បាន​ជា​មាន​ទឹក​មុខ​ព្រួយ​ដូច្នេះ នេះ​កើត​តែ​ពី​សេចក្ដី​ទុក្ខ​ក្នុង​ចិត្ត​ទេ នោះ​ខ្ញុំ​ក៏​ភ័យ​ខ្លាច​ណាស់
3 តែ​ខ្ញុំ​ទូល​ដល់​ស្តេច​ថា សូម​ឲ្យ​ព្រះ‌ករុណា​ប្រកប​ដោយ​សេចក្ដី​ចម្រើន​ចុះ ធ្វើ​ដូច​ម្តេច​មិន​ឲ្យ​ទូល‌បង្គំ​មាន​ទឹក​មុខ​ព្រួយ​បាន បើ​ទី​ក្រុង ជា​ទី​មាន​ផ្នូរ​ខ្មោច​របស់​ពួក​អយ្យកោ​របស់​ទូល‌បង្គំ​នៅ​តែ​គ្រាំ‌គ្រា ហើយ​ទ្វារ​ក៏​ឆេះ​អស់​ហើយ​ដូច្នេះ
4 ស្តេច​ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​ខ្ញុំ​ថា ដូច្នេះ តើ​អ្នក​ចង់​បាន​អ្វី ខ្ញុំ​ក៏​អធិស្ឋាន​ដល់​ព្រះ​នៃ​ស្ថាន‌សួគ៌
5 រួច​ខ្ញុំ​ទូល​ដល់​ស្តេច​ថា បើ​ព្រះ‌ករុណា​សព្វ​ព្រះ‌ហឫទ័យ​យ៉ាង​នេះ ហើយ​បើ​ទ្រង់​អាណិត​មេត្តា​ដល់​ទូល‌បង្គំ នោះ​សូម​ទ្រង់​ចាត់​ទូល‌បង្គំ​ឲ្យ​ទៅ​ឯ​ស្រុក​យូដា ដល់​ទី​ក្រុង ជា​ទី​មាន​ផ្នូរ​ខ្មោច របស់​អយ្យកោ​ទូល‌បង្គំ ឲ្យ​បាន​សង់​ទី​ក្រុង​នោះ​ឡើង​វិញ​ចុះ
6 ឯ​ស្តេច​ទ្រង់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ កំពុង​ដែល​អគ្គ‌មហេសី​គង់​នៅ​ក្បែរ​ទ្រង់​ថា តើ​អ្នក​ចង់​ទៅ​ជា​យូរ​ប៉ុន្មាន កាល​ណា​នឹង​ត្រឡប់​មក​វិញ ដូច្នេះ ស្តេច​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​នឹង​ចាត់​ឲ្យ​ខ្ញុំ​ទៅ ហើយ​ខ្ញុំ​ក៏​កំណត់​ពេល​ថ្វាយ​ទ្រង់​ជ្រាប
7 មួយ​ទៀត ខ្ញុំ​បាន​ទូល​ដល់​ស្តេច​ថា បើ​ព្រះ‌ករុណា​សព្វ​ព្រះ‌ហឫទ័យ នោះ​សូម​ឲ្យ​ទូល‌បង្គំ​បាន​ព្រះ‌រាជ‌សាសន៍​កាន់​យក​ទៅ ជូន​ពួក​ចៅ‌ហ្វាយ​ខេត្ត​នៅ​ខាង​នាយ​ទន្លេ ឲ្យ​លោក​បាន​បើក​ឲ្យ​ទូល‌បង្គំ​ឆ្លង​ទៅ រហូត​ដល់​ស្រុក​យូដា
8 និង​ព្រះ‌រាជ‌សាសន៍​មួយ​ច្បាប់​ដល់​អេសាភ ជា​មេ​ព្រៃ​ហ្លួង ឲ្យ​លោក​បាន​បើក​ឈើ​ដល់​ទូល‌បង្គំ សម្រាប់​ធ្វើ​ធ្នឹម​ទ្វារ​បន្ទាយ ដែល​នៅ​ក្បែរ​ព្រះ‌វិហារ និង​ទ្វារ​កំផែង​នៃ​ទី​ក្រុង ហើយ​សម្រាប់​ផ្ទះ​ដែល​ទូល‌បង្គំ​ត្រូវ​អាស្រ័យ​នៅ​ផង ស្តេច​ក៏​អនុញ្ញាត​ឲ្យ តាម​ដែល​ព្រះ‌ហស្ត​ល្អ​របស់​ព្រះ​នៃ​ខ្ញុំ​បាន​សណ្ឋិត​លើ​ខ្ញុំ
9 រួច​មក ខ្ញុំ​បាន​ទៅ​ដល់​ពួក​ចៅ‌ហ្វាយ នៅ​ខាង​នាយ​ទន្លេ ជូន​ព្រះ‌រាជ‌សាសន៍​នោះ​ដល់​គេ ឯ​ស្តេច​ទ្រង់​បាន​ចាត់​មេ‌ទ័ព និង​ទ័ព​សេះ ឲ្យ​ទៅ​ជា​មួយ​នឹង​ខ្ញុំ​ដែរ
10 ដូច្នេះ កាល​សាន‌បា‌ឡាត ជា​អ្នក​ស្រុក​ហូរ៉ូ‌ណែម និង​ថូប៊ីយ៉ា សាសន៍​អាំម៉ូន ជា​អ្នក​ជំនិត​លោក​បាន​ឮ​ហើយ សេចក្ដី​នោះ​ក៏​នាំ​ឲ្យ​ទំនាស់​ចិត្ត​គេ​ជា​ខ្លាំង ដោយ​ព្រោះ​មាន​មនុស្ស​មក បម្រុង​ឲ្យ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​សណ្ឋាន​ល្អ​ឡើង។
11 យ៉ាង​នោះ ខ្ញុំ​បាន​មក​ដល់​ក្រុង​យេរូ‌សាឡឹម ក៏​នៅ​ទី​នោះ​អស់​៣​ថ្ងៃ
12 រួច​ខ្ញុំ និង​អ្នក​ខ្លះ​ឯ​ទៀត​ក៏​ក្រោក​ឡើង​ជា​មួយ​គ្នា​នៅ​ពេល​យប់ តែ​ខ្ញុំ​មិន​បាន​ប្រាប់​ឲ្យ​អ្នក​ណា​ដឹង ពី​ការ​ដែល​ព្រះ​នៃ​ខ្ញុំ ទ្រង់​បាន​បណ្តាល​ចិត្ត​ខ្ញុំ​ឲ្យ​ធ្វើ​សម្រាប់​ក្រុង​យេរូ‌សាឡឹម​ឡើយ ក៏​គ្មាន​សត្វ​ណា​នៅ​ជា​មួយ​នឹង​ខ្ញុំ​ដែរ លើក​តែ​សត្វ​មួយ​ដែល​ខ្ញុំ​ជិះ​ប៉ុណ្ណោះ
13 ខ្ញុំ​បាន​ចេញ​ទៅ​ទាំង​យប់ តាម​ទ្វារ​ច្រក​ភ្នំ តម្រង់​ទៅ​ឯ​អណ្តូង​នាគ ដល់​ទ្វារ​សំរាម ពិនិត្យ​មើល​កំផែង​ក្រុង​យេរូ‌សាឡឹម​ដែល​បាក់​បែក និង​ទ្វារ​ទាំង​ប៉ុន្មាន​ដែល​ឆេះ​ហើយ
14 រួច​ខ្ញុំ​ក៏​ហួស​ទៅ​ដល់​ទ្វារ​ក្បាល​ទឹក និង​ស្រះ​ហ្លួង តែ​គ្មាន​ផ្លូវ​ឲ្យ​សត្វ​ដែល​ខ្ញុំ​ជិះ​ដើរ​ទៅ​បាន​ទេ
15 ដូច្នេះ ខ្ញុំ​ក៏​ឡើង​ទៅ​តាម​ជ្រោះ​ទឹក បាន​ពិនិត្យ​មើល​កំផែង​ទាំង​យប់ រួច​វិល​ទៅ​ចូល​តាម​ទ្វារ​ច្រក​ភ្នំ យ៉ាង​នោះ​បាន​ដល់​ផ្ទះ​វិញ
16 ឯ​ពួក​តម្រួួត​ទី​ក្រុង ឥត​បាន​ដឹង​ជា​ខ្ញុំ​ទៅ​ឯ​ណា ឬ​បាន​ធ្វើ​អ្វី​ទេ ខ្ញុំ​ក៏​មិន​ទាន់​បាន​ប្រាប់​ដល់​ពួក​យូដា ពួក​សង្ឃ ឬ​ពួក​អ្នក​មាន​ត្រកូល​ខ្ពស់ ពួក​តម្រួួត ឬ​ពួក​អ្នក​ឯ​ទៀត ដែល​រក​ស៊ី​ធ្វើ​ការ នៅ​ឡើយ​ដែរ។
17 រួច​មក ខ្ញុំ​និយាយ​នឹង​គេ​ថា អ្នក​រាល់​គ្នា​ឃើញ​សណ្ឋាន​អាក្រក់​របស់​យើង​រាល់​គ្នា​នេះ​ហើយ​ថា ក្រុង​យេរូ‌សាឡឹម​នៅ​តែ​គ្រាំ‌គ្រា ហើយ​ទ្វារ​ក្រុង​ទាំង​ប៉ុន្មាន​ភ្លើង​ឆេះ​អស់ ដូច្នេះ ចូរ​មក យើង​សង់​កំផែង​ក្រុង​យេរូ‌សាឡឹម​ឡើង ដើម្បី​កុំ​ឲ្យ​មាន​គេ​ត្មះ‌តិះដៀល​ដល់​យើង​ទៀត
18 រួច​ខ្ញុំ​និយាយ​ប្រាប់​គេ ពី​ព្រះ‌ហស្ត​ដ៏​ល្អ​របស់​ព្រះ​នៃ​ខ្ញុំ ដែល​សណ្ឋិត​នៅ​លើ​ខ្ញុំ និង​ពី​ព្រះ‌បន្ទូល​នៃ​ស្តេច ដែល​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ ដូច្នេះ គេ​ក៏​និយាយ​ឡើង​ថា ចូរ​យើង​លើក​គ្នា​ធ្វើ​ឡើង យ៉ាង​នោះ​គេ​បាន​ចម្រើន​កម្លាំង​គ្នា ដើម្បី​នឹង​ធ្វើ​ការ​ល្អ​នោះ
19 តែ​កាល​សាន‌បា‌ឡាត ជា​អ្នក​ស្រុក​ហូរ៉ូ‌ណែម និង​ថូប៊ីយ៉ា សាសន៍​អាំម៉ូន ជា​ជំនិត​លោក ហើយ​កេសែម ជា​សាសន៍​អារ៉ាប់ បាន​ឮ នោះ​គេ​ក៏​សើច​ចំអក ហើយ​មើល‌ងាយ​ដល់​យើង​ថា តើ​ឯង​រាល់​គ្នា​ធ្វើ​អ្វី​នេះ តើ​គិត​បះ‌បោរ​នឹង​ស្តេច​ឬ​អី
20 ខ្ញុំ​ក៏​ឆ្លើយ​ទៅ​គេ​ថា ព្រះ​នៃ​ស្ថាន‌សួគ៌​ទ្រង់​នឹង​ជួយ​ចម្រើន​ដល់​យើង​រាល់​គ្នា ហេតុ​នោះ យើង​រាល់​គ្នា​ជា​ពួក​បម្រើ​ទ្រង់ នឹង​លើក​គ្នា​ឡើង​ធ្វើ តែ​ឯ​អ្នក​រាល់​គ្នា​វិញ គ្មាន​ចំណែក គ្មាន​ច្បាប់ ឬ​ទី​នឹក‌រឭក​នៅ​ក្រុង​យេរូ‌សាឡឹម​ឡើយ។


ជំពូក 3

1 គ្រា​នោះ អេលី‌យ៉ាស៊ីប ជា​សម្ដេច​សង្ឃ និង​ពួក​សង្ឃ ជា​បង​ប្អូន​លោក ក៏​នាំ​គ្នា​សង់​ទ្វារ​ចៀម​ឡើង គេ​ក៏​ធ្វើ​ពិធី​ឆ្លង​ទ្វារ​នោះ ហើយ​ដាក់​ផ្ទាំង​សន្លឹក​ទ្វារ​ឡើង គេ​ក៏​ធ្វើ​ពិធី​ឆ្លង​នោះ រហូត​ដល់​ប៉ម​ហាមេអា ហើយ​ដល់​ប៉ម​ហា‌ណា‌នាល​ផង
2 បន្ទាប់​នឹង​គេ មាន​ពួក​ក្រុង​យេរីខូ​បាន​សង់ ហើយ​បន្ទាប់​ពី​នោះ មាន​សាគើរ ជា​កូន​អ៊ីមរី​បាន​សង់។
3 ឯ​ទ្វារ​ត្រី​នោះ ពួក​កូន​ចៅ​សេណាអា​ក៏​សង់ គេ​បាន​ដាក់​ធ្នឹម​ឡើង ហើយ​ដាក់​ផ្ទាំង​សន្លឹក​ទ្វារ ព្រម​ទាំង​គន្លឹះ ហើយ​និង​រនុក​ផង
4 បន្ទាប់​ពី​ពួក​នោះ ម្រេម៉ូត ជា​កូន​អ៊ូរីយ៉ា ដែល​ជា​កូន​ហាកូស គាត់​ក៏​ជួស‌ជុល ហើយ​បន្ទាប់​នឹង​គាត់ មាន​មស៊ូឡាម ជា​កូន​បេរេគា ដែល​ជា​កូន​មសេ‌សាបេល គាត់​ជួស‌ជុល ហើយ​បន្ទាប់​ពី​គាត់​មាន​សាដុក ជា​កូន​ប្អាណា​បាន​ជួស‌ជុល
5 បន្ទាប់​ពី​នោះ​ទៅ មាន​ពួក​ត្កូអា​បាន​ជួស‌ជុល តែ​ពួក​អ្នក​មាន​ត្រកូល​ខ្ពស់​ក្នុង​ពួក​គេ ឥត​បាន​ជួយ​ធ្វើ​ការ​របស់​ព្រះ‌អម្ចាស់​នៃ​គេ​ឡើយ។
6 យ៉ូយ៉ាដា ជា​កូន​ផាសេហា និង​មស៊ូឡាម ជា​កូន​បេសូឌា​បាន​ជួស‌ជុល​ទ្វារ​ចាស់ គេ​ដាក់​ធ្នឹម និង​ផ្ទាំង​សន្លឹក​ទ្វារ ទាំង​គន្លឹះ ហើយ​និង​រនុក​ឡើង
7 បន្ទាប់​នឹង​គេ​មាន​មេឡាទា ជា​អ្នក​ក្រុង​គីបៀន និង​យ៉ាដោន ជា​អ្នក​ក្រុង​មេរ៉ុន ពួក​ក្រុង​គីបៀន និង​ពួក​ក្រុង​មីសប៉ា ជា​ស្រុក​ដែល​នៅ​ក្រោម​អំណាច​របស់​ចៅ‌ហ្វាយ​ខេត្ត នៅ​ខាង​នាយ​ទន្លេ គេ​បាន​ជួស‌ជុល
8 បន្ទាប់​ពី​នោះ មាន​អ៊ូស៊ាល ជា​កូន​ហារហាយ៉ា ជា​ពួក​ជាង​ទង​បាន​ជួស‌ជុល ហើយ​បន្ទាប់​នឹង​គាត់ មាន​ហាណានា ជា​ម្នាក់​ក្នុង​ពួក​លាយ​គ្រឿង​ក្រអូប គាត់​បាន​ជួស‌ជុល គេ​ធ្វើ​ឲ្យ​ក្រុង​យេរូ‌សាឡឹម​បាន​មាំ‌មួន​រហូត​ដល់​កំផែង​ធំ
9 បន្ទាប់​នឹង​គេ មាន​រេផាយ៉ា ជា​កូន​ហ៊ើរ ដែល​ជា​នាយ​តម្រួួត​លើ​ស្រុក​យេរូ‌សាឡឹម​១​ចំហៀង គាត់​បាន​ជួស‌ជុល
10 បន្ទាប់​ពី​គាត់ មាន​យេដាយ៉ា ជា​កូន​ហារូម៉ាប គាត់​ជួស‌ជុល​ប្រទល់​មុខ​នឹង​ផ្ទះ​គាត់ ហើយ​បន្ទាប់​នឹង​គាត់ នោះ​មាន​ហាធូស ជា​កូន​ហាសាបនា បាន​ជួស‌ជុល
11 ម៉ាលគា ជា​កូន​ហារីម និង​ហាស៊ូប ជា​កូន​ផាហាត-ម៉ូអាប់ គេ​បាន​ជួស‌ជុល​មួយ​ដុំ​ទៀត ព្រម​ទាំង​ប៉ម​ត្រង់​គុក​ភ្លើង
12 បន្ទាប់​ពី​នោះ សាលូម ជា​កូន​របស់​ហាឡូ‌ហេស ជា​នាយ​តម្រួួត​លើ​ស្រុក​យេរូ‌សាឡឹម​១​ចំហៀង គឺ​គាត់ និង​ពួក​កូន​ស្រី​របស់​គាត់​បាន​ជួស‌ជុល។
13 ឯ​ទ្វារ​ច្រក​ភ្នំ គឺ​ហានូន និង​ពួក​ស្រុក​សាណូអា​បាន​ជួស‌ជុល គេ​បាន​សង់​ទ្វារ​នោះ ហើយ​ដាក់​ផ្ទាំង​សន្លឹក​ទ្វារ ព្រម​ទាំង​គន្លឹះ និង​រនុក​ឡើង ក៏​ធ្វើ​កំផែង​១​ពាន់​ហត្ថ រហូត​ដល់​ទ្វារ​សំរាម​ទៀត។
14 ឯ​ទ្វារ​សំរាម​នោះ គឺ​ម៉ាលគា កូន​រេកាប ជា​នាយ​តម្រួួត​ឃុំ​បេត-ហា‌កេរែម​បាន​ជួស‌ជុល គាត់​បាន​សង់​ទ្វារ​នោះ ហើយ​ដាក់​ផ្ទាំង​សន្លឹក​ទ្វារ ព្រម​ទាំង​គន្លឹះ និង​រនុក​ឡើង។
15 ឯ​ទ្វារ​ក្បាល​ទឹក គឺ​សាលូន កូន​កុល-ហូសេ ជា​នាយ​តម្រួួត​ឃុំ​មីសប៉ា​បាន​ជួស‌ជុល គាត់​បាន​សង់ ហើយ​ប្រក់​ដំបូល​ទ្វារ​នោះ ក៏​ដាក់​ផ្ទាំង​សន្លឹក​ទ្វារ ព្រម​ទាំង​គន្លឹះ និង​រនុក​ឡើង រួច​គាត់​ធ្វើ​កំផែង​ត្រង់​ស្រះ​ស៊ីឡោម ដែល​នៅ​ក្បែរ​សួន‌ច្បារ​ស្តេច រហូត​ដល់​ជណ្តើរ​ដែល​ចុះ​ពី​ទី​ក្រុង​ដាវីឌ
16 បន្ទាប់​នឹង​គាត់​មាន​នេហេមា កូន​អាសប៊ូក ជា​នាយ​តម្រួួត​ឃុំ​បេត-ស៊ើរ​មួយ​ចំហៀង គេ​បាន​ជួស‌ជុល​រហូត​ដល់​ទល់​មុខ​នឹង​ផ្នូរ​ដាវីឌ ហើយ​ដល់​ស្រះ​ដែល​គេ​បាន​ជីក និង​ដល់​ផ្ទះ​ពួក​មនុស្ស​ខ្លាំង​ពូកែ
17 បន្ទាប់​នឹង​គាត់​មាន​ពួក​លេវី គឺ​រេហ៊ូម ជា​កូន​របស់​បានី​បាន​ជួស‌ជុល ហើយ​បន្ទាប់​មក​ទៀត មាន​ហាសាបយ៉ា ជា​នាយ​តម្រួួត​លើ​ឃុំ​កៃឡា​មួយ​ចំហៀង បាន​ជួស‌ជុល​ជំនួស​ពួក​អ្នក​ស្រុក​គាត់
18 បន្ទាប់​នឹង​គាត់ មាន​ពួក​បង​ប្អូន​របស់​គេ​បាន​ជួស‌ជុល គឺ​បាវ៉ាយ កូន​ហេណា‌ដាឌ ជា​នាយ​តម្រួួត​ឃុំ​កៃឡា​មួយ​ចំហៀង
19 បន្ទាប់​នឹង​គាត់ មាន​អេស៊ើរ កូន​យេសួរ ជា​នាយ​តម្រួួត​លើ​ស្រុក​មីសប៉ា គេ​បាន​ជួស‌ជុល​មួយ​ដុំ​ទៀត​ទល់​មុខ​នឹង​ផ្លូវ​ឡើង​ទៅ​ឯ​ឃ្លាំង​គ្រឿង​សស្ត្រា‌វុធ ត្រង់​រំពត់‌កំផែង
20 បន្ទាប់​នឹង​គាត់ មាន​បារូក ជា​កូន​សាប់‌បាយ បាន​ខ្នះ‌ខ្នែង​ធ្វើ​មួយ​ដុំ​ទៀត ចាប់​តាំង​ពី​រំពត់‌កំផែង រួច​ដល់​ទ្វារ​ផ្ទះ​អេលី‌យ៉ាស៊ីប ជា​សម្ដេច​សង្ឃ
21 បន្ទាប់​ពី​គាត់ មាន​ម្រេម៉ូត កូន​អ៊ូរីយ៉ា ដែល​ជា​កូន​ហាកូស បាន​ជួស‌ជុល​មួយ​ដុំ​ទៀត គឺ​ចាប់​តាំង​ពី​ទ្វារ​ផ្ទះ​អេលី‌យ៉ាស៊ីប រហូត​ដល់​ចុង​ផ្ទះ​លោក
22 បន្ទាប់​នឹង​គាត់ មាន​ពួក​សង្ឃ​បាន​ជួស‌ជុល គឺ​ជា​ពួក​សង្ឃ​ដែល​នៅ​ស្រុក​ជុំវិញ
23 បន្ទាប់​នឹង​គេ មាន​បេន‌យ៉ាមីន និង​ហាស៊ូប​បាន​ជួស‌ជុល ទល់​មុខ​នឹង​ផ្ទះ​ខ្លួន ហើយ​បន្ទាប់​នឹង​គេ នោះ​មាន​អ័សារា កូន​ម្អាសេយ៉ា ដែល​ជា​កូន​អ័ណានា​បាន​ជួស‌ជុល​ក្បែរ​ផ្ទះ​ខ្លួន
24 បន្ទាប់​នឹង​គាត់ មាន​ប៊ីនុយ ជា​កូន​ហេណា‌ដាឌ​បាន​ជួស‌ជុល​មួយ​ដុំ​ទៀត គឺ​ចាប់​តាំង​ពី​ផ្ទះ​អ័សារា​រហូត​ដល់​រំពត់‌កំផែង ហើយ​ទៅ​ដល់​ទី​ជ្រុង​ផង
25 ប៉ាឡាល ជា​កូន​អ៊ូសាយ​បាន​ធ្វើ​នៅ​មុខ​រំពត់‌កំផែង និង​ប៉ម​ដែល​លយ​ចេញ​ពី​ដំណាក់​ស្តេច​ខាង​លើ ដែល​នៅ​ក្បែរ​ទី‌ធ្លា​របស់​ក្រុម​រក្សា​អង្គ ហើយ​បន្ទាប់​នឹង​គាត់ មាន​ពេដាយ៉ា ជា​កូន​ប៉ារ៉ូស​បាន​ធ្វើ
26 រីឯ​ពួក​នេធីនិម ដែល​នៅ​ត្រង់​អូផែល គេ​ក៏​ធ្វើ​រហូត​ដល់​ទី​ទល់​មុខ​នឹង​ទ្វារ​ទឹក​ខាង​កើត ហើយ​មក​ដល់​ប៉ម​ដែល​លយ​ចេញ​នោះ
27 បន្ទាប់​នោះ មាន​ពួក​ត្កូអា​បាន​ជួស‌ជុល​មួយ​ដុំ​ទៀត ទល់​មុខ​នឹង​ប៉ម​ធំ ដែល​លយ​ចេញ​រហូត​ដល់​កំផែង​អូផែល។
28 ឯ​ខាង​លើ​ទ្វារ​សេះ នោះ​ពួក​សង្ឃ​បាន​ជួស‌ជុល​ទល់​មុខ​នឹង​ផ្ទះ​គេ​រៀង​ខ្លួន
29 បន្ទាប់​នឹង​គេ នោះ​មាន​សាដុក ជា​កូន​អ៊ីមមើរ បាន​ជួស‌ជុល​ទល់​មុខ​នឹង​ផ្ទះ​ខ្លួន ហើយ​បន្ទាប់​នឹង​គាត់ មាន​សេម៉ាយ៉ា កូន​សេកានា ជា​អ្នក​ឆ្មាំ​ទ្វារ​ទិស​ខាង​កើត បាន​ជួស‌ជុល
30 បន្ទាប់​នឹង​គាត់ មាន​ហាណានា ជា​កូន​សេលេមា និង​ហានូន ជា​កូន​ទី​៦​របស់​សាឡាប គេ​បាន​ជួស‌ជុល​មួយ​ដុំ​ទៀត បន្ទាប់​នឹង​គេ នោះ​មាន​មស៊ូឡាម ជា​កូន​បេរេគា បាន​ជួស‌ជុល​ទល់​មុខ​នឹង​បន្ទប់​របស់​ខ្លួន
31 បន្ទាប់​នឹង​គាត់ មាន​ម៉ាលគា ជា​ម្នាក់​ក្នុង​ពួក​ជាង​ទង​បាន​ជួស‌ជុល រហូត​ដល់​ផ្ទះ​ពួក​នេធីនិម និង​ពួក​ជំនួញ ទល់​មុខ​នឹង​ទ្វារ​មីបកាឌ ហើយ​ដល់​ផ្លូវ​ឡើង​ត្រង់​ជ្រុង​កំផែង
32 ហើយ​មួយ​ដុំ​នៅ​កណ្តាល​ទី​ជណ្តើរ​ឡើង​ត្រង់​ជ្រុង​កំផែង និង​ទ្វារ​ចៀម នោះ​គឺ​ពួក​ជាង​ទង និង​ពួក​ជំនួញ​បាន​ជួស‌ជុល​ឡើង។


ជំពូក 4

1 កាល​សាន‌បា‌ឡាត​បាន​ឮ​ថា យើង​កំពុង​តែ​សង់​កំផែង​ឡើង​ដូច្នោះ នោះ​លោក​មាន​ចិត្ត​ក្រោធ ហើយ​គ្នាន់‌ក្នាញ់​ក្នុង​ចិត្ត​ជា​ខ្លាំង ព្រម​ទាំង​ចំអក​ឡក‌ឡឺយ​ដល់​ពួក​យូដា
2 ក៏​និយាយ​នៅ​មុខ​ពួក​បង​ប្អូន​ខ្លួន និង​ពួក​ពល​ទ័ព​ស្រុក​សាម៉ារី​ថា ពួក​យូដា​កំសោយ​នេះ​ធ្វើ​អ្វី​ដូច្នេះ គេ​គិត​ការ‌ពារ​ខ្លួន​ឬ តើ​គេ​នឹង​ថ្វាយ​យញ្ញ‌បូជា​ដែរ​ឬ តើ​គេ​នឹង​ធ្វើ​បង្ហើយ​ក្នុង​មួយ​ថ្ងៃ​បាន​ឬ តើ​គេ​នឹង​ធ្វើ​ឲ្យ​ថ្ម​ទាំង​ប៉ុន្មាន​ចេញ​ពី​គំនរ​សំរាម ដែល​ឆេះ​អស់​ហើយ បាន​កើត​ឡើង​ដែរ​ឬ
3 នោះ​ថូប៊ីយ៉ា ជា​សាសន៍​អាំម៉ូន ដែល​ឈរ​ជិត​លោក ក៏​និយាយ​ឡើង​ថា បើ​គ្រាន់​តែ​មាន​ចចក​មួយ​ឡើង​ទៅ​លើ​កំផែង​ថ្ម ដែល​គេ​កំពុង​តែ​ធ្វើ​នោះ​នឹង​ធ្វើ​ឲ្យ​រលំ​ទៅ​ហើយ។
4 ឱ​ព្រះ​នៃ​យើង​ខ្ញុំ​អើយ សូម​ទ្រង់​ស្តាប់​ចុះ ដ្បិត​គេ​មើល‌ងាយ​យើង​ខ្ញុំ​ណាស់ សូម​ទម្លាក់​សេចក្ដី​ដំណៀល​របស់​គេ ទៅ​លើ​ក្បាល​គេ​វិញ ហើយ​ប្រគល់​គេ​ទៅ​ឲ្យ​ត្រូវ​រឹប​ជាន់ នៅ​ក្នុង​ស្រុក​ដែល​គេ​ត្រូវ​ដឹក‌នាំ​ទៅ​ជា​ឈ្លើយ​នោះ
5 សូម​ទ្រង់​កុំ​គ្រប​បាំង​សេចក្ដី​ទុច្ចរិត​របស់​គេ ឬ​លុប​បាប​គេ ពី​ចំពោះ​ទ្រង់​ចេញ​ឡើយ ពី​ព្រោះ​គេ​បាន​បណ្តាល​ឲ្យ​មាន​សេចក្ដី​កំហឹង នៅ​ចំពោះ​ពួក​អ្នក​ដែល​ធ្វើ​ការ
6 ដូច្នោះ យើង​ខ្ញុំ​បាន​សង់​កំផែង​ឡើង ដរាប​ដល់​បាន​ជាប់​ជុំវិញ ត្រឹម​កំពស់​ពាក់​កណ្តាល​ធម្មតា ដ្បិត​ពួក​បណ្តា‌ជន​គេ​មាន​ចិត្ត​ឧស្សាហ៍។
7 កាល​សាន‌បា‌ឡាត និង​ថូប៊ីយ៉ា ព្រម​ទាំង​ពួក​អារ៉ាប់ និង​ពួក​អាំម៉ូន ហើយ​ពួក​អាសដូឌ​បាន​ឮ​ថា​ការ​ជួស‌ជុល​កំផែង​ក្រុង​យេរូ‌សាឡឹម​ចេះ​តែ​បាន​ចម្រើន​ឡើង ហើយ​ថា​កន្លែង​បាក់​បែក​បាន​ចាប់​តាំង​បិត‌ភ្ជិត​ទៅ​វិញ នោះ​គេ​ក៏​មាន​សេចក្ដី​ក្រោធ​ជា​ខ្លាំង
8 ហើយ​គេ​ប្រឹក្សា​ព្រម​គ្នា​នឹង​មក​ច្បាំង​នឹង​ក្រុង​យេរូ‌សាឡឹម ឲ្យ​បង្កើត​ការ​ច្របល់​ឡើង
9 ហើយ​ដោយ​ព្រោះ​គេ បាន​ជា​យើង​ខ្ញុំ​អធិស្ឋាន​ដល់​ព្រះ​នៃ​យើង​រាល់​គ្នា ហើយ​តាំង​ពួក​ចាំ​យាម ឲ្យ​រវាំង​ទាំង​យប់​ទាំង​ថ្ងៃ
10 ឯ​ពួក​យូដា​គេ​និយាយ​ថា កម្លាំង​របស់​ពួក​អ្នក​លី‌សែង​បាន​អន់​ថយ​ទៅ​ហើយ សំរាម​ក៏​មាន​យ៉ាង​សន្ធឹក ដល់​ម៉្លេះ​បាន​ជា​យើង​នឹង​សង់​កំផែង​ឡើង​វិញ​ពុំ​បាន
11 មួយ​ទៀត ពួក​ខ្មាំង​សត្រូវ​របស់​យើង គេ​និយាយ​ថា យើង​នឹង​លោ​ចូល​ទៅ​ដល់​កណ្តាល​គេ រួច​សម្លាប់​គេ​បង់ ហើយ​បញ្ឈប់​ការ​នោះ មុន​ដែល​គេ​ដឹង​ខ្លួន ឬ​ឃើញ​អ្វី​ផង
12 ឯ​ពួក​សាសន៍​យូដា​ដែល​មាន​ទី​លំនៅ​នៅ​ជិត​គេ នោះ​ក៏​មក​ពី​គ្រប់​ទី​កន្លែង​របស់​ខ្លួន ប្រាប់​យើង​រាល់​គ្នា​ដល់​ទាំង​១០​ដង​ថា គេ​នឹង​សង្ឃក​មក​លើ​យើង
13 ដូច្នេះ ខ្ញុំ​ក៏​ដាក់​ពួក​បណ្តា‌ជន​ឲ្យ​កាន់​ដាវ លំពែង និង​ធ្នូ​របស់​គេ ឈរ​នៅ​ត្រង់​កន្លែង​កំផែង​ទាបៗ ហើយ​នៅ​ខាង​លើ​ផង តាម​វង្ស​របស់​គេ
14 ខ្ញុំ​ក៏​ត្រួត​មើល រួច​ចូល​ទៅ​ជិត ប្រាប់​ដល់​ពួក​អ្នក​ធំ និង​ពួក​មេ ព្រម​ទាំង​ពួក​បណ្តា‌ជន​ទាំង​ប៉ុន្មាន​ថា កុំ​ឲ្យ​ខ្លាច​គេ​ឡើយ ចូរ​នឹក​រឭក​ដល់​ព្រះ‌អម្ចាស់​ដែល​ទ្រង់​ធំ ហើយ​គួរ​ស្ញែង‌ខ្លាច​វិញ រួច​តស៊ូ​ការ‌ពារ​ពួក​បង​ប្អូន កូន​ប្រុស​កូន​ស្រី ហើយ​ប្រពន្ធ និង​ផ្ទះ‌សំបែង​របស់​អ្នក​រាល់​គ្នា​ចុះ។
15 កាល​ពួក​ខ្មាំង​សត្រូវ​បាន​ឮ​ថា យើង​រាល់​គ្នា​ដឹង​ក្នុង​គំនិត​គេ ហើយ​ថា ព្រះ​បាន​នាំ​ឲ្យ​សេចក្ដី​ប្រឹក្សា​របស់​គេ​ខូច​បង់​ទៅ​ដូច្នោះ នោះ​យើង​ទាំង​អស់​គ្នា​ក៏​វិល​ទៅ​ធ្វើ​កំផែង តាម​ការ​យើង​រៀង​ខ្លួន
16 ដូច្នេះ ចាប់​តាំង​ពី​វេលា​នោះ​ទៅ ពួក​របស់​ខ្ញុំ​ពាក់​កណ្តាល​ក៏​ធ្វើ​ការ ហើយ​ពាក់​កណ្តាល​ទៀត ក៏​កាន់​លំពែង ខែល ធ្នូ និង​អាវ​ក្រោះ ឯ​ពួក​មេ​ក៏​ជួយ​ទប់‌ទល់​ពួក​វង្ស​របស់​យូដា​ទាំង​ប៉ុន្មាន​ដែរ
17 ចំណែក​ពួក​អ្នក ដែល​ធ្វើ​កំផែង និង​ពួក​អ្នក​ដែល​លី‌សែង ហើយ​ពួក​អ្នក​ដែល​ជញ្ជូន​ដាក់ គេ​ធ្វើ​ការ​ដោយ​ដៃ​ម្ខាង ហើយ​ដៃ​ម្ខាង​ទៀត​កាន់​គ្រឿង​សស្ត្រា‌វុធ
18 ពួក​ជាង​ថ្ម​គេ​ក្រវាត់​ដាវ​នៅ​ចង្កេះ ហើយ​ក៏​ធ្វើ​ការ​ទាំង​ដូច្នោះ ឯ​អ្នក​ដែល​ផ្លុំ​ត្រែ នោះ​ក៏​នៅ​ជិត​ខ្ញុំ
19 ហើយ​ខ្ញុំ​ប្រាប់​ដល់​ពួក​អ្នក​ធំ ពួក​មេ និង​ពួក​បណ្តា‌ជន​ទាំង​ពួង​ថា ការ​នេះ​ជា​ការ​ធំ​វែង​ពេក​ណាស់ យើង​រាល់​គ្នា​ឃ្លាត​ឆ្ងាយ​ពី​គ្នា នៅ​លើ​កំផែង​ផង
20 ដូច្នេះ នៅ​កន្លែង​ណា​ដែល​អ្នក​រាល់​គ្នា​ឮ​សូរ​ត្រែ នោះ​ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​មូល​មក​ឯ​យើង​នៅ​ទី​នោះ ព្រះ​នៃ​យើង​រាល់​គ្នា ទ្រង់​នឹង​តស៊ូ​ជំនួស​យើង។
21 យ៉ាង​នោះ យើង​រាល់​គ្នា​ចេះ​តែ​ធ្វើ​ការ​ទៅ មនុស្ស​ពាក់​កណ្តាល​បាន​កាន់​លំពែង​ចាប់​តាំង​ពី​ថ្ងៃ​រះ ដរាប​ដល់​ផ្កាយ​លេច​ចេញ​មក
22 នៅ​គ្រា​នោះ ខ្ញុំ​ក៏​ប្រាប់​ពួក​ជន​ថា ត្រូវ​ឲ្យ​គ្រប់​គ្នា ព្រម​ទាំង​ពួក​អ្នក​បម្រើ​ខ្លួន ដេក​នៅ​ក្នុង​ក្រុង​យេរូ‌សាឡឹម ដើម្បី​នឹង​ជួយ​ការ‌ពារ​យើង​រាល់​គ្នា​នៅ​ពេល​យប់ ហើយ​ធ្វើ​ការ​នៅ​ពេល​ថ្ងៃ
23 ដូច្នេះ ទោះ​ខ្ញុំ ឬ​បង​ប្អូន ពួក​អ្នក​បម្រើ​ខ្ញុំ ឬ​ពួក​ចាំ​យាម​ដែល​តាម​ខ្ញុំ​ក្តី គ្មាន​អ្នក​ណា​បាន​ដោះ​សម្លៀក‌បំពាក់​ចេញ​ឡើយ លើក​តែ​មាន​ការ​បោក​ទឹក​ប៉ុណ្ណោះ។


ជំពូក 5

1 នៅ​គ្រា​នោះ មាន​សូរ​សម្រែក​ជា​ខ្លាំង​នៃ​ពួក​ជន និង​ប្រពន្ធ​គេ កើត​ឡើង​ទាស់​នឹង​ពួក​បង​ប្អូន ជា​សាសន៍​យូដា
2 មាន​ខ្លះ​និយាយ​ថា ពួក​យើង​ខ្ញុំ និង​កូន​ប្រុស​កូន​ស្រី​យើង​ខ្ញុំ មាន​គ្នា​ច្រើន សូម​ឲ្យ​យើង​បាន​អាហារ ដើម្បី​ទទួល​ទាន ហើយ​រស់​នៅ
3 មាន​ខ្លះ​ទៀត​ថា យើង​ខ្ញុំ​បាន​បញ្ចាំ​ស្រែ​ចម្ការ និង​ផ្ទះ‌សំបែង​របស់​យើង​ខ្ញុំ​ហើយ សូម​ឲ្យ​យើង​ខ្ញុំ​បាន​អាហារ​ទទួល​ទាន នៅ​គ្រា​អំណត់​នេះ​ផង
4 ហើយ​មាន​ខ្លះ​ផ្សេង​ទៀត​ថា យើង​ខ្ញុំ​បាន​បញ្ចាំ​ស្រែ​ចម្ការ​របស់​យើង​ខ្ញុំ ដើម្បី​យក​ប្រាក់​បង់​ពន្ធ​ថ្វាយ​ស្តេច
5 ប៉ុន្តែ យើង​ខ្ញុំ និង​ពួក​បង​ប្អូន​នោះ មាន​សាច់​ដូច​គ្នា កូន​ចៅ​យើង​ខ្ញុំ​ក៏​ដូច​ជា​កូន​ចៅ​របស់​គេ​ដែរ តែ​មើល យើង​ខ្ញុំ​នាំ​ឲ្យ​កូន​ប្រុស​កូន​ស្រី​យើង​ខ្ញុំ​ទៅ​ជា​ខ្ញុំ​គេ ហើយ​កូន​ស្រី​របស់​យើង​ខ្ញុំ ខ្លះ​ក៏​បាន​ជាប់​ជា​ខ្ញុំ​គេ​ហើយ យើង​ខ្ញុំ​ក៏​ចៀស​មិន​រួច​ដែរ ដ្បិត​អ្នក​ឯ​ទៀត​បាន​ស្រែ​ចម្ការ​របស់​យើង​ខ្ញុំ​ទៅ​ហើយ។
6 កាល​ខ្ញុំ​បាន​ឮ​សម្រែក​របស់​គេ និង​ពាក្យ​ទាំង​នោះ​ហើយ នោះ​ខ្ញុំ​ក៏​មាន​ចិត្ត​ឈឺ‌ចាប់​ជា​ខ្លាំង
7 ខ្ញុំ​ក៏​ពិចារណា​ក្នុង​ខ្លួន រួច​បន្ទោស​ដល់​ពួក​អ្នក​ធំ និង​ពួក​មេ​ទាំង​ប៉ុន្មាន​ដោយ​ពាក្យ​ថា អ្នក​រាល់​គ្នា​តែង​តែ​យក​ការ គឺ​គ្រប់​គ្នា​យក​ពី​ពួក​បង​ប្អូន​ផង ខ្ញុំ​ក៏​ប្រជុំ​ជំនុំ​យ៉ាង​ធំ​ទាស់​នឹង​គេ
8 រួច​ខ្ញុំ​និយាយ​ទៅ​គេ​ថា តាម​កម្លាំង​របស់​យើង​រាល់​គ្នា នោះ​យើង​បាន​លោះ​ពួក​បង​ប្អូន​ជា​សាសន៍​យូដា ដែល​ត្រូវ​លក់​ដល់​សាសន៍​ដទៃ ឲ្យ​រួច​មក​វិញ ចុះ​តើ​អ្នក​រាល់​គ្នា​ចង់​លក់​បង​ប្អូន​ខ្លួន​ទៀត​ឬ​អី ដែល​នឹង​លក់​គេ​ក្នុង​ពួក​គ្នា​យើង នោះ​តើ​គួរ​គប្បី​ដែល​ឬ ដូច្នេះ គេ​ក៏​ស្ងៀម​នៅ រក​ឆ្លើយ​មិន​បាន
9 ខ្ញុំ​ក៏​និយាយ​ថា ការ​ដែល​អ្នក​រាល់​គ្នា​ធ្វើ​នេះ​មិន​ល្អ​ទេ គួរ​គប្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​ដោយ​សេចក្ដី​កោត‌ខ្លាច​ដល់​ព្រះ​នៃ​យើង​រាល់​គ្នា​វិញ​ទេ​តើ គឺ​ដោយ​ព្រោះ​សេចក្ដី​ត្មះ‌តិះដៀល​នៃ​ពួក​សាសន៍​ដទៃ ជា​ខ្មាំង​សត្រូវ​យើង
10 ចំណែក​ខ្ញុំ ពួក​បង​ប្អូន និង​ពួក​អ្នក​បម្រើ​ខ្ញុំ ក៏​អាច​នឹង​ឲ្យ​គេ​ខ្ចី​ប្រាក់ និង​ស្រូវ ឲ្យ​បាន​ការ​ដូច​គ្នា​បាន​ដែរ ដូច្នេះ ខ្ញុំ​សូម​ឲ្យ​អ្នក​រាល់​គ្នា​លែង​យក​ការ​ទៅ
11 សូម​ប្រគល់​ស្រែ​ចម្ការ ដំណាំ និង​ផ្ទះ​គេ​ទៅ​គេ​វិញ នៅ​ថ្ងៃ​នេះ​ឯង ព្រម​ទាំង​១​ភាគ​ក្នុង​១០០​នៃ​ប្រាក់ ស្រូវ ទឹក​ទំពាំង‌បាយ‌ជូរ និង​ប្រេង​ដែល​អ្នក​រាល់​គ្នា​បាន​យក​ការ​ពី​គេ​ផង
12 នោះ​គេ​ឆ្លើយ​ថា យើង​ខ្ញុំ​នឹង​ប្រគល់​ទៅ​វិញ ហើយ​និង​លែង​យក​ការ​ពី​គេ​ត​រៀង​ទៅ យើង​ខ្ញុំ​នឹង​ធ្វើ​ដូច​ជា​លោក​មាន​ប្រសាសន៍ រួច​ខ្ញុំ​ហៅ​ពួក​សង្ឃ​មក ចាប់​ឲ្យ​អ្នក​ទាំង​នោះ​ស្បថ​ថា នឹង​ធ្វើ​តាម​ពាក្យ​សន្យា​នោះ
13 ខ្ញុំ​ក៏​រលាស់​ថ្នក់​អាវ​ខ្ញុំ​ពោល​ថា បើ​អ្នក​ណា​មិន​ប្រព្រឹត្ត​តាម​ពាក្យ​សន្យា​នេះ នោះ​សូម​ឲ្យ​ព្រះ​រលាស់​អ្នក​នោះ ចេញ​ពី​ផ្ទះ និង​ពី​ការ​របស់​ខ្លួន​យ៉ាង​នេះ​ដែរ សូម​តែ​ឲ្យ​គេ​រលាស់​ចេញ​ចុះ ហើយ​ចោល​នៅ​ទទេ​ផង ពួក​ជំនុំ​ទាំង​អស់​គ្នា​ក៏​ឆ្លើយ​ឡើង​ថា អាម៉ែន ហើយ​គេ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា រួច​ក៏​ធ្វើ​តាម​ពាក្យ​សន្យា​នោះ។
14 រីឯ​ចាប់​តាំង​ពី​ថ្ងៃ​ដែល​ស្តេច​បាន​តាំង​ខ្ញុំ​ឡើង​ធ្វើ​ជា​ចៅ‌ហ្វាយ​លើ​គេ​នៅ​ស្រុក​យូដា គឺ​ពី​ឆ្នាំ​ទី​២០​ដរាប​ដល់​ឆ្នាំ​៣២ ក្នុង​រាជ្យ​ស្តេច​អើថា‌ស៊ើក‌សេស រួម​ជា​១២​ឆ្នាំ នោះ​ខ្ញុំ និង​បង​ប្អូន​ខ្ញុំ​មិន​បាន​ទទួល​ទាន​ភោជ‌នាហារ ដោយ​អាង​បុណ្យ​ជា​ចៅ‌ហ្វាយ​នោះ​ទេ
15 ឯ​ពួក​ចៅ‌ហ្វាយ​ដែល​នៅ​មុន​ខ្ញុំ នោះ​បាន​នៅ​ដោយ‌សារ​ពួក​រាស្ត្រ គេ​បាន​ទារ​យក​អាហារ និង​ស្រា​ទំពាំង‌បាយ‌ជូរ​របស់​ខ្លួន​ពី​រាស្ត្រ ព្រម​ទាំង​ប្រាក់​៤០​រៀង​ផង អើ សូម្បី​តែ​ពួក​អ្នក​បម្រើ​របស់​គេ​ក៏​មាន​អំណាច​លើ​បណ្តា‌ជន​ដែរ តែ​ខ្ញុំ​មិន​បាន​ធ្វើ​ដូច្នោះ​ទេ ដោយ​មាន​សេចក្ដី​កោត‌ខ្លាច​ដល់​ព្រះ​វិញ
16 ប្រការ​មួយ​ទៀត ខ្ញុំ​បាន​នៅ​ជាប់​នឹង​ការ​សង់​កំផែង​នេះ​ឡើង​ដែរ យើង​រាល់​គ្នា​មិន​បាន​ទាំង​ទិញ​ដី​ឯ​ណា​ផង ហើយ​ពួក​បម្រើ​របស់​ខ្ញុំ​បាន​មូល​មក ជួយ​ធ្វើ​ការ​នេះ​ដែរ
17 ហើយ​នេះ​ទៀត មាន​ពួក​យូដា និង​ពួក​នាយ​តម្រួួត​១៥០​នាក់ បរិភោគ​អាហារ​នៅ​តុ​ខ្ញុំ​ផង ឥត​រាប់​ពួក​អ្នក​ដែល​មក​ឯ​យើង​រាល់​គ្នា ពី​ពួក​សាសន៍​ដទៃ​នៅ​ជុំវិញ​ឡើយ
18 រីឯ​ភោជ‌នាហារ​ដែល​ត្រូវ​រៀប​ក្នុង​១​ថ្ងៃ នោះ​គឺ​គោ​១ និង​ចៀម​សំរាំង​៦ ព្រម​ទាំង​សត្វ​បក្សី ដែល​គេ​រៀប​ឲ្យ​ខ្ញុំ​ដែរ ហើយ​ក្នុង​១០​ថ្ងៃ នោះ​គេ​យក​ស្រា​ទំពាំង‌បាយ‌ជូរ​គ្រប់​យ៉ាង​មក​១​ដង ប៉ុន្តែ ទុក​ជា​ច្រើន​ដល់​ម៉្លេះ គង់​តែ​ខ្ញុំ​មិន​បាន​អាង​បុណ្យ​ជា​ចៅ‌ហ្វាយ និង​ទារ​ភោជ‌នាហារ​ដែរ ពី​ព្រោះ​ពួក​បណ្តា‌ជន​មាន​បន្ទុក​ធ្ងន់​ណាស់​ទៅ​ហើយ
19 ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ សូម​ទ្រង់​នឹក‌រឭក ដោយ​ចម្រើន​ព្រះ‌គុណ​ដល់​ទូល‌បង្គំ​ផង ដោយ​ព្រោះ​គ្រប់​ទាំង​សេចក្ដី​ដែល​ទូល‌បង្គំ​បាន​អនុ‌គ្រោះ​ដល់​បណ្តា‌ជន​នេះ។


ជំពូក 6

1 លុះ​កាល​ដំណឹង​បាន​ឮ​ទៅ​ដល់​សាន‌បា‌ឡាត និង​ថូប៊ីយ៉ា ព្រម​ទាំង​កេសែម ជា​សាសន៍​អារ៉ាប់ និង​ពួក​ខ្មាំង​សត្រូវ​យើង​ឯ​ទៀត​ថា ខ្ញុំ​បាន​ធ្វើ​កំផែង​រួច​ជា​ស្រេច ឥត​មាន​ទី​បាក់​បែក​ណា​នៅ​សល់​ទៀត​ឡើយ ទោះ​បើ​គ្រា​នោះ​មិន​ទាន់​បាន​ដាក់​ផ្ទាំង​សន្លឹក​ទ្វារ​ឡើង ក្នុង​អស់​ទាំង​ទ្វារ​នៅ​ឡើយ​ក៏​ដោយ
2 នោះ​សាន‌បា‌ឡាត និង​កេសែម​ចាត់​គេ​មក​ឯ​ខ្ញុំ​និយាយ​ថា អញ្ជើញ​មក យើង​នឹង​ពិគ្រោះ​គ្នា​នៅ​ភូមិ​ណា​មួយ​ក្នុង​ច្រក​ភ្នំ​អូណូរ គឺ​គេ​គិត​ប្រទូស្ត​ដល់​ខ្ញុំ​ទេ
3 តែ​ខ្ញុំ​ចាត់​មនុស្ស​ឲ្យ​ទៅ​ប្រាប់​វិញ​ថា ខ្ញុំ​កំពុង​តែ​ធ្វើ​ការ​មួយ​យ៉ាង​ធំ ខ្ញុំ​នឹង​ចុះ​មក​មិន​បាន និង​ឲ្យ​ខ្ញុំ​លះ​ចោល​ការ​នេះ​ឲ្យ​ឈប់​នៅ ដើម្បី​នឹង​ចុះ​ទៅ​ឯ​អ្នក​ធ្វើ​អី
4 គេ​ក៏​ចាត់​មនុស្ស​មក​និយាយ​នឹង​ខ្ញុំ​យ៉ាង​នោះ​អស់​វារៈ​៤​ដង ហើយ​ខ្ញុំ​ក៏​ឆ្លើយ​ពាក្យ​ដដែល​ដល់​គេ
5 រួច​មក​សាន‌បា‌ឡាត​ចាត់​អ្នក​បម្រើ​ម្នាក់​មក​ឯ​ខ្ញុំ តាម​បែប​ដដែល នោះ​ជា​គម្រប់​៥​ដង មាន​ទាំង​សំបុត្រ​បើក​ចំហ​នៅ​ដៃ​ផង
6 ក្នុង​សំបុត្រ​នោះ​មាន​សេចក្ដី​ថា មាន​ឮ​ដំណឹង​នៅ​គ្រប់​ទាំង​សាសន៍ ហើយ​លោក​កេសែម​ជា​សាក្សី​ថា អ្នក ហើយ​និង​ពួក​យូដា​គិត​បះ‌បោរ បាន​ជា​សង់​កំផែង​នេះ​ឡើង គឺ​ថា អ្នក​ចង់​ធ្វើ​ជា​ស្តេច​គេ តាម​ដែល​ឮ​និយាយ​នោះ
7 អ្នក​ក៏​បាន​តម្រូវ​ឲ្យ​មាន​ពួក​ហោរា​ប្រកាស​ប្រាប់​ពី​អ្នក នៅ​ក្រុង​យេរូ‌សាឡឹម​ថា មាន​ស្តេច​គ្រង​រាជ្យ​នៅ​ស្រុក​យូដា​ហើយ ពាក្យ​យ៉ាង​នោះ​យើង​នឹង​បញ្ជូន​ដល់​ស្តេច​ឥឡូវ ដូច្នេះ ចូរ​មក​ឲ្យ​យើង​បាន​ពិគ្រោះ​គ្នា​សិន
8 ខ្ញុំ​តប​ទៅ​ថា គ្មាន​អ្វី​ដូច​ជា​អ្នក​ថា​នោះ​ទេ គឺ​អ្នក​បង្កើត​រឿង​នេះ តាម​តែ​ចិត្ត​អ្នក​វិញ​ប៉ុណ្ណោះ
9 ពួក​អ្នក​ទាំង​នោះ​ចង់​តែ​គំរាម ឲ្យ​យើង​ភ័យ​ខ្លាច ដោយ​គិត​ថា យើង​នឹង​ថយ​កម្លាំង​ដៃ ឲ្យ​សម្រេច​ការ​មិន​បាន ឥឡូវ​នេះ ឱ​ព្រះ‌អង្គ​អើយ សូម​ចម្រើន​កម្លាំង​ដៃ​ទូល‌បង្គំ​វិញ។
10 គ្រា​នោះ ខ្ញុំ​បាន​ទៅ​ឯ​ផ្ទះ​របស់​សេម៉ាយ៉ា កូន​ដេឡាយ៉ា ដែល​ជា​កូន​មហេ‌ថា‌បែល គាត់​កំពុង​បំពួន​ខ្លួន គាត់​និយាយ​ឡើង​ថា សូម​យើង​ទៅ​ជួប​គ្នា នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ គឺ​ក្នុង​ទី​បរិសុទ្ធ ហើយ​បិទ​ទ្វារ​ភ្ជិត​ទៅ ដ្បិត​គេ​នឹង​មក​សម្លាប់​លោក គឺ​គេ​នឹង​មក​នៅ​ពេល​យប់​ជា​មិន​ខាន ដើម្បី​នឹង​សម្លាប់​លោក​បង់
11 តែ​ខ្ញុំ​ឆ្លើយ​ថា គួរ​គប្បី​ឲ្យ​មនុស្ស​បែប​យ៉ាង​ខ្ញុំ​រត់​ឬ​អី តើ​មាន​អ្នក​ឯ​ណា​មួយ​ដូច​ខ្ញុំ ដែល​នឹង​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ ឲ្យ​តែ​រួច​ជីវិត​នោះ ខ្ញុំ​មិន​ព្រម​ចូល​ទៅ​ទេ
12 ខ្ញុំ​ក៏​ពិចារណា​យល់​ឃើញ​ថា មិន​មែន​ជា​ព្រះ​ដែល​បង្គាប់​ដល់​គាត់​ដូច្នោះ​ទេ គឺ​គាត់​បាន​ទាយ​ទំនាយ​នេះ ទាស់​នឹង​ខ្ញុំ​វិញ ហើយ​គឺ​ថូប៊ីយ៉ា និង​សាន‌បា‌ឡាត​បាន​ជួល​គាត់​ផង
13 គេ​បាន​ជួល​គាត់ ប្រាថ្នា​ចង់​គំរាម​ឲ្យ​ខ្ញុំ​ភ័យ ដើម្បី​ឲ្យ​ខ្ញុំ​បាន​ធ្វើ​តាម ហើយ​មាន​បាប​ដូច្នោះ ប្រយោជន៍​ឲ្យ​គេ​បាន​រឿង​នឹង​បង្ខូច​ឈ្មោះ​ខ្ញុំ ហើយ​ត្មះ‌តិះដៀល​ដល់​ខ្ញុំ
14 ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ សូម​ទ្រង់​នឹក​ចាំ​ពី​ថូប៊ីយ៉ា និង​សាន‌បា‌ឡាត តាម​ការ​ដែល​គេ​ធ្វើ​ទាំង​នេះ ហើយ​ពី​នាង​ណូអាឌា ជា​ហោរា និង​ពួក​ហោរា​ឯ​ទៀត ដែល​ចង់​ឲ្យ​ទូល‌បង្គំ​កើត​មាន​សេចក្ដី​ភ័យ​ខ្លាច​ផង។
15 ដូច្នេះ នៅ​ថ្ងៃ​២៥ ខែ​ភទ្រ‌បទ នោះ​កំផែង​បាន​ធ្វើ​រួច​ជា​ស្រេច គឺ​ក្នុង​រវាង​៥២​ថ្ងៃ
16 កាល​ពួក​ខ្មាំង​សត្រូវ​របស់​យើង​ទាំង​ប៉ុន្មាន​បាន​ឮ នោះ​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន​ដែល​នៅ​ជុំវិញ​យើង​ក៏​ភ័យ​ខ្លាច ហើយ​គេ​ទ្រោម​ចុះ​ជា​ខ្លាំង​នៅ​ភ្នែក​ខ្លួន​គេ ដោយ​យល់​ឃើញ​ថា ការ​នោះ​កើត​ឡើង​អំពី​ព្រះ​នៃ​យើង​ទេ
17 ក្នុង​រវាង​នោះ ពួក​អ្នក​ធំ​ក្នុង​សាសន៍​យូដា គេ​ក៏​ផ្ញើ​សំបុត្រ​ជា​ច្រើន​ច្បាប់​ទៅ​ថូប៊ីយ៉ា ហើយ​មាន​សំបុត្រ​របស់​ថូប៊ីយ៉ា​មក​ដល់​គេ​វិញ​ដែរ
18 ដ្បិត​មាន​មនុស្ស​ជា​ច្រើន​នៅ​ស្រុក​យូដា បាន​ស្បថ​នឹង​គាត់ ដោយ​ព្រោះ​គាត់​ជា​កូន​ប្រសា​របស់​សេកានា ជា​កូន​អើរ៉ាស មួយ​ទៀត​យ៉ូហា‌ណាន ជា​កូន​ប្រុស​របស់​គាត់ បាន​យក​កូន​ស្រី​របស់​មស៊ូឡាម ជា​កូន​បេរេគា ធ្វើ​ជា​ប្រពន្ធ
19 គេ​ក៏​និយាយ​ពី​ការ​ល្អ​របស់​គាត់ នៅ​ចំពោះ​មុខ​ខ្ញុំ ហើយ​ក៏​នាំ​យក​ពាក្យ​ខ្ញុំ​ទៅ​ប្រាប់​គាត់​ដែរ គឺ​ថូប៊ីយ៉ា​នេះ​ហើយ ដែល​ផ្ញើ​សំបុត្រ​មក​គំរាម​ឲ្យ​ខ្ញុំ​ភ័យ។


ជំពូក 7

1 រីឯ​កាល​កំផែង​បាន​សង់​ឡើង​ជា​ស្រេច ហើយ​ខ្ញុំ​បាន​ដាក់​ផ្ទាំង​សន្លឹក​ទ្វារ​ទាំង​ប៉ុន្មាន រួច​បាន​តម្រូវ​ពួក​ឆ្មាំ​ទ្វារ ពួក​ចម្រៀង និង​ពួក​លេវី ឲ្យ​ធ្វើ​ការ‌ងារ​ទៅ
2 នោះ​ខ្ញុំ​បាន​ប្រគល់​អំណាច​ត្រួត‌ត្រា​ក្រុង​យេរូ‌សាឡឹម ដល់​ហាណានី ជា​បង​ប្អូន​ខ្ញុំ និង​ហា‌ណា‌នា ជា​មេ​បន្ទាយ ដ្បិត​គាត់​ជា​មនុស្ស​ស្មោះ‌ត្រង់ ក៏​កោត‌ខ្លាច​ដល់​ព្រះ​លើស​ជាង​មនុស្ស​ជា​ច្រើន
3 ហើយ​ខ្ញុំ​បាន​ហាម​គេ​ថា កុំ​ឲ្យ​បើក​ទ្វារ​ក្រុង​យេរូ‌សាឡឹម មុន​ដែល​ថ្ងៃ​ភ្លឺ​ក្តៅ​ឡើយ ហើយ​កាល​គេ​នៅ​ចាំ​យាម នោះ​ត្រូវ​បិទ ហើយ​ខ្ទាស់​រនុក​ទៅ​វិញ ក៏​ត្រូវ​តម្រូវ​ពួក​អ្នក​ខ្លះ​នៅ​ក្រុង​យេរូ‌សាឡឹម ឲ្យ​ចាំ​យាម​តាម​វេន​គេ នៅ​ទល់​មុខ​នឹង​ផ្ទះ​គេ​រៀង​ខ្លួន
4 រីឯ​ទី​ក្រុង​ក៏​ធំ​ទូលាយ​ណាស់ តែ​បណ្តា‌ជន​មាន​គ្នា​តិច​ពេក ហើយ​ផ្ទះ‌សំបែង​មិន​ទាន់​បាន​សង់​នៅ​ឡើយ។
5 គ្រា​នោះ ព្រះ​នៃ​ខ្ញុំ​ទ្រង់​បណ្តាល​ចិត្ត​ខ្ញុំ ឲ្យ​ប្រមូល​ពួក​អ្នក​ធំ ពួក​មេ និង​ពួក​ជន ដើម្បី​នឹង​រាប់​គេ​តាម​ពង្សាវតារ ខ្ញុំ​ក៏​រក​ឃើញ​បញ្ជី​ពង្សាវតារ​នៃ​ពួក​អ្នក​ដែល​ឡើង​មក​ជាន់​មុន ហើយ​ខ្ញុំ​ឃើញ​មាន​សេចក្ដី​កត់​ទុក​ក្នុង​បញ្ជី​នោះ​ថា
6 នេះ​ជា​ពួក​អ្នក​ស្រុក​ដែល​ចេញ​ពី​សណ្ឋាន​ជា​ឈ្លើយ ពី​ពួក​អស់​អ្នក​ដែល​នេប៊ូ‌ក្នេសា ជា​ស្តេច​បាប៊ី‌ឡូន បាន​ដឹក‌នាំ​ទៅ​នោះ ហើយ​បាន​វិល​មក​ឯ​ក្រុង​យេរូ‌សាឡឹម និង​ស្រុក​យូដា​វិញ គ្រប់​គ្នា​ដល់​ទី​ក្រុង​របស់​គេ​រៀង​ខ្លួន
7 ជា​ពួក​អ្នក​ដែល​បាន​មក​ជា​មួយ​នឹង​សូរ៉ូ‌បា‌បិល យេសួរ នេហេមា អ័សារា រ៉ាអាមា ណាហា‌ម៉ានី ម៉ាដេ‌កាយ ប៊ីល‌សាន មីស‌ពេរែត ប៊ីកវ៉ាយ នេហ៊ូម និង​ប្អាណា។
8 នេះ​ជា​ចំនួន​នៃ​ពួក​មនុស្ស​សាសន៍​អ៊ីស្រា‌អែល គឺ​ពួក​ប៉ារ៉ូស មាន​២១៧២​នាក់
9 ពួក​សេផាធា មាន​៣៧២​នាក់
10 ពួក​អើរ៉ាស មាន​៦៥២​នាក់
11 ពួក​ផាហាត-ម៉ូអាប់ ខាង​កូន​ចៅ​យេសួរ និង​យ៉ូអាប់ មាន​២៨១៨​នាក់
12 ពួក​អេឡាំ មាន​១២៥៤​នាក់
13 ពួក​សាធូរ មាន​៨៤៥​នាក់
14 ពួក​សាកាយ មាន​៧៦០​នាក់
15 ពួក​ប៊ីនុយ មាន​៦៤៨​នាក់
16 ពួក​បេបាយ មាន​៦២៨​នាក់
17 ពួក​អាស‌កាឌ មាន​២៣២២​នាក់
18 ពួក​អ័ដូ‌នី‌កាម មាន​៦៦៧​នាក់
19 ពួក​ប៊ីកវ៉ាយ មាន​២០៦៧​នាក់
20 ពួក​អេឌីន មាន​៦៥៥​នាក់
21 ពួក​អេធើ ខាង​ហេសេគា មាន​៩៨​នាក់
22 ពួក​ហាស៊ូម មាន​៣២៨​នាក់
23 ពួក​បេសាយ មាន​៣២៤​នាក់
24 ពួក​ហារេប មាន​១១២​នាក់
25 ពួក​គីបៀន មាន​៩៥​នាក់
26 ពួក​បេថ្លេ‌ហិម និង​ពួក​នថូផា មាន​១៨៨​នាក់
27 ពួក​អាន៉ា‌ថោត មាន​១២៨​នាក់
28 ពួក​បេត-អាស‌ម៉ាវែត មាន​៤២​នាក់
29 ពួក​គារយ៉ាត់-យារីម កេភីរ៉ា និង​ប្អៀរ៉ុត មាន​៧៤៣​នាក់
30 ពួក​រ៉ាម៉ា និង​កេបា មាន​៦២១​នាក់
31 ពួក​មីក‌ម៉ាស មាន​១២២​នាក់
32 ពួក​បេត-អែល និង​អៃយ មាន​១២៣​នាក់
33 ពួក​នៅ​ក្រុង​នេបូរ​១​ទៀត មាន​៥២​នាក់
34 ពួក​អេឡាំ​១​ទៀត​មាន​១២៥៤​នាក់
35 ពួក​ហារីម មាន​៣២០​នាក់
36 ពួក​យេរីខូ មាន​៣៤៥​នាក់
37 ពួក​ឡូឌ ហាឌីឌ និង​អូណូរ មាន​៧២១​នាក់
38 ពួក​សេណាអា មាន​៣៩៣០​នាក់។
39 ឯ​ពួក​សង្ឃ ក្នុង​ពួក​កូន​ចៅ​យេដាយ៉ា ខាង​វង្ស​របស់​យេសួរ មាន​៩៧៣​នាក់
40 កូន​ចៅ​អ៊ីមមើរ មាន​១០៥២​នាក់
41 កូន​ចៅ​ផាស‌ហ៊ើរ មាន​១២៤៧​នាក់
42 កូន​ចៅ​ហារីម មាន​១០១៧​នាក់។
43 ឯ​ពួក​លេវី ក្នុង​ពួក​កូន​ចៅ​យេសួរ និង​កាឌមាល​ខាង​វង្ស​របស់​ហូដាវា មាន​៧៤​នាក់
44 ឯ​ពួក​ចម្រៀង ក្នុង​ពួក​កូន​ចៅ​អេសាភ មាន​១៤៨​នាក់
45 ឯ​ពួក​ឆ្មាំ​ទ្វារ ក្នុង​ពួក​កូន​ចៅ​សាលូម កូន​ចៅ​អេធើ កូន​ចៅ​ថាលម៉ូន កូន​ចៅ​អ័កគូប កូន​ចៅ​ហាធីថា និង​កូន​ចៅ​សូបាយ រួម​ទាំង​អស់ មាន​១៣៨​នាក់។
46 ឯ​ពួក​នេធីនិម គឺ​មាន​ពួក​កូន​ចៅ​ស៊ីហា កូន​ចៅ​ហាស៊ូផា និង​កូន​ចៅ​ថាបាអូត
47 កូន​ចៅ​កេរ៉ូស កូន​ចៅ​ស៊ី‌យ៉ាហា កូន​ចៅ​ផាដូន
48 កូន​ចៅ​លេបាណា កូន​ចៅ​ហាកាបា កូន​ចៅ​សាល‌ម៉ាយ
49 កូន​ចៅ​ហាណាន កូន​ចៅ​គីដេល កូន​ចៅ​កាហារ
50 កូន​ចៅ​រីអាយ៉ា កូន​ចៅ​រេស៊ីន កូន​ចៅ​នេកូដា
51 កូន​ចៅ​កាសាម កូន​ចៅ​អ៊ូសា កូន​ចៅ​ផាសេហា
52 កូន​ចៅ​បេសាយ កូន​ចៅ​មេហ៊ូ‌នីម កូន​ចៅ​នេភូ‌ស៊ីម
53 កូន​ចៅ​បាកប៊ូក កូន​ចៅ​ហាគូផា កូន​ចៅ​ហាហ៊ើរ
54 កូន​ចៅ​បាស‌លូត កូន​ចៅ​មេហ៊ីដា កូន​ចៅ​ហាសា
55 កូន​ចៅ​បាកូស កូន​ចៅ​ស៊ីសេរ៉ា កូន​ចៅ​ថាម៉ា
56 កូន​ចៅ​នេស៊ីយ៉ា និង​កូន​ចៅ​ហាធីផា។
57 ឯ​ពួក​កូន​ចៅ​របស់​ពួក​អ្នក​បម្រើ​សាឡូ‌ម៉ូន គឺ​កូន​ចៅ​សូថាយ កូន​ចៅ​សូផេ‌រេត កូន​ចៅ​ពេរូដា
58 កូន​ចៅ​យ្អាឡា កូន​ចៅ​ដាកុន កូន​ចៅ​គីដេល
59 កូន​ចៅ​សេផាធា កូន​ចៅ​ហាធីល កូន​ចៅ​ផូកេ‌រេត ពីសេ‌បែម និង​កូន​ចៅ​អាំម៉ូន
60 ឯ​ពួក​នេធីនិម និង​កូន​ចៅ​របស់​ពួក​អ្នក​បម្រើ​សាឡូ‌ម៉ូន ទាំង​អស់​រួម​គ្នា មាន​៣៩២​នាក់។
61 ឯ​ពួក​អ្នក​ដែល​ចេញ​ពី​ក្រុង​ធេល-មែឡា ធេល-ហា‌រេសា កេរូប អ័ដាន និង​អ៊ីមមើរ តែ​ពុំ​អាច​នឹង​បង្ហាញ​ពី​ពង្សាវតារ ឬ​ចំនួន​វង្ស​របស់​ខ្លួន ថា​ជា​ពូជ​អ៊ីស្រា‌អែល ឬ​មិន​មែន
62 នោះ​គឺ​ពួក​កូន​ចៅ​ដេឡាយ៉ា កូន​ចៅ​ថូប៊ីយ៉ា និង​កូន​ចៅ​នេកូដា ទាំង​អស់​មាន​៦៤២​នាក់
63 ហើយ​ខាង​ពួក​សង្ឃ មាន​កូន​ចៅ​ហាបាយ៉ា កូន​ចៅ​ហាគូស កូន​ចៅ​បារស៊ី‌ឡាយ ជា​អ្នក​ដែល​បាន​យក​ពួក​កូន​ស្រី​របស់​បារស៊ី‌ឡាយ នៅ​ស្រុក​កាឡាត ធ្វើ​ជា​ប្រពន្ធ ហើយ​ក៏​ត្រូវ​ហៅ​តាម​ឈ្មោះ​គេ
64 អ្នក​ទាំង​នោះ​បាន​រក​ពង្សាវតារ​ជាតិ​របស់​ខ្លួន​មិន​ឃើញ​សោះ ហេតុ​នោះ គេ​ត្រូវ​បណ្តេញ​ចេញ​ពី​ការ‌ងារ​ជា​សង្ឃ ទុក​ដូច​ជា​មាន​សៅ‌ហ្មង
65 ហើយ​លោក​ចៅ‌ហ្វាយ​ក៏​ប្រាប់​គេ​ថា មិន​ត្រូវ​ឲ្យ​គេ​បរិភោគ​ពី​របស់​បរិសុទ្ធ​បំផុត​ឡើយ ចាំ​ទំរាំ​ដល់​មាន​សង្ឃ​ម្នាក់​តាំង​ឡើង ដែល​មាន​យូរីម និង​ធូមីម។
66 ពួក​ជំនុំ​ទាំង​អស់​គ្នា​មាន​៤​ម៉ឺន​២​ពាន់​៣៦០​នាក់
67 ឥត​រាប់​ពួក​អ្នក​បម្រើ​ប្រុស​ស្រី​របស់​គេ ដែល​មាន​ចំនួន​៧៣៣៧​នាក់​ទៀត​នោះ​ទេ ក៏​មាន​ពួក​ចម្រៀង​ទាំង​ប្រុស​ទាំង​ស្រី​ចំនួន​២៤៥​នាក់​ដែរ
68 ឯ​សេះ​របស់​គេ មាន​៧៣៦ លា​កាត់ មាន​២៤៥
69 អូដ្ឋ មាន​៤៣៥ និង​លា មាន​៦៧២០។
70 មាន​ពួក​អ្នក​ជា​កំពូល​លើ​វង្ស​ឪពុក​គេ​ខ្លះ បាន​ថ្វាយ​តង្វាយ​សម្រាប់​ការ​នោះ លោក​ចៅ‌ហ្វាយ​ថ្វាយ​ដាក់​ក្នុង​ឃ្លាំង ជា​មាស​១​ពាន់​ដារីក ពែង​មាស​៥០ សម្លៀក‌បំពាក់​ពួក​សង្ឃ​៥៣០​សម្រាប់
71 ហើយ​ពួក​អ្នក​ជា​កំពូល​លើ​វង្ស​របស់​ឪពុក​ខ្លះ ក៏​ថ្វាយ​មាស​២​ម៉ឺន​ដារីក និង​ប្រាក់​២២០០​នាលិ ដាក់​ក្នុង​ឃ្លាំង​សម្រាប់​ការ
72 ឯ​តង្វាយ​របស់​ពួក​បណ្តា‌ជន​ឯ​ទៀត គឺ​មាស​២​ម៉ឺន​ដារីក ប្រាក់​២​ពាន់​នាលិ ហើយ​សម្លៀក‌បំពាក់​ពួក​សង្ឃ​៦៧​សម្រាប់
73 ដូច្នេះ ពួក​សង្ឃ ពួក​លេវី ពួក​ឆ្មាំ​ទ្វារ ពួក​ចម្រៀង ពួក​បណ្តា‌ជន​ខ្លះ ពួក​នេធីនិម និង​ពួក​អ៊ីស្រា‌អែល ទាំង​អស់​បាន​នៅ​ក្នុង​ទី​ក្រុង​របស់​គេ​រៀង​ខ្លួន​ហើយ។


ជំពូក 8

1 លុះ​ដល់​ខែ​អស្សុជ នោះ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​គេ​នៅ​ក្នុង​ទី​ក្រុង​គេ​ទាំង​អស់ ហើយ​បណ្តា‌ជន​ទាំង‌ឡាយ​ក៏​មូល​គ្នា​មក នៅ​ទី‌ធ្លា​ដែល​នៅ​មុខ​ទ្វារ​ទឹក ដោយ​មាន​ចិត្ត​តែ​មួយ ហើយ​គេ​សូម​ស្មៀន​អែសរ៉ា ឲ្យ​យក​គម្ពីរ​ក្រឹត្យ‌វិន័យ​របស់​លោក​ម៉ូសេ ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​ដល់​ពួក​អ៊ីស្រា‌អែល​មក
2 រួច​នៅ​ថ្ងៃ​ដំបូង​ខែ​អស្សុជ នោះ​អែសរ៉ា​ដ៏​ជា​សង្ឃ លោក​យក​ក្រឹត្យ‌វិន័យ​មក នៅ​ចំពោះ​មុខ​នៃ​ពួក​ជំនុំ​ទាំង​ប្រុស​ទាំង​ស្រី និង​អស់​អ្នក​ដែល​ល្មម​នឹង​ស្តាប់​បាន
3 ហើយ​ចាប់​តាំង​ពី​ព្រលឹម ដរាប​ដល់​ថ្ងៃ​ត្រង់ នោះ​លោក​ក៏​អាន​មើល​ក្នុង​គម្ពីរ​នោះ នៅ​មុខ​គេ​ទាំង​អស់​គ្នា ត្រង់​ទី‌ធ្លា​ដែល​នៅ​មុខ​ទ្វារ​ទឹក ឯ​បណ្តា‌ជន​ទាំង‌ឡាយ គេ​ក៏​ផ្ទៀង​ត្រចៀក​ស្តាប់ ក្នុង​គម្ពីរ​ក្រឹត្យ‌វិន័យ​នោះ
4 ស្មៀន​អែសរ៉ា លោក​ឈរ​លើ​ទី​ថ្កល់​ធ្វើ​ពី​ឈើ ដែល​គេ​បាន​ធ្វើ​សម្រាប់​ការ​នោះ មាន​ម៉ាធិធា សេម៉ា អ័ណា‌យ៉ា អ៊ូរីយ៉ា ហ៊ីល‌គីយ៉ា និង​ម្អាសេយ៉ា ឈរ​នៅ​ខាង​ស្តាំ​លោក ហើយ​ពេដាយ៉ា មីសា‌អែល ម៉ាលគា ហាស៊ូម ហាស‌បា‌ដាន៉ា សាការី និង​មស៊ូឡាម ក៏​ឈរ​នៅ​ខាង​ឆ្វេង​លោក
5 អែសរ៉ា​ក៏​បើក​គម្ពីរ នៅ​មុខ​បណ្តា‌ជន​ទាំង‌ឡាយ ដ្បិត​លោក​នៅ​ខ្ពស់​ជាង​គេ​ទាំង​អស់ កាល​លោក​បាន​បើក​គម្ពីរ​ឡើង នោះ​ពួក​បណ្តា‌ជន​ទាំង‌ឡាយ​ក៏​ក្រោក​ឈរ
6 រួច​អែសរ៉ា​លោក​ក៏​សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​ដ៏​ធំ បាន​ប្រកប​ដោយ​ព្រះ‌ពរ ពួក​បណ្តា‌ជន​ក៏​ទទួល​ថា អាម៉ែនៗ ដោយ​ប្រទូល​ដៃ​ឡើង រួច​ឱន​ក្បាល ហើយ​ក្រាប​ចុះ​ផ្កាប់​មុខ​ដល់​ដី ថ្វាយ‌បង្គំ​ដល់​ព្រះ‌យេហូវ៉ា
7 ឯ​យេសួរ បានី សេរេ‌ប៊ីយ៉ា យ៉ាមីន អ័កគូប សាបថាយ ហូឌា ម្អាសេយ៉ា កេលីថា អ័សារា យ៉ូសា‌បាឌ ហាណាន ពេឡាយ៉ា និង​ពួក​លេវី គេ​ពន្យល់​ក្រឹត្យ‌វិន័យ​ដល់​ពួក​ជន កំពុង​ដែល​ពួក​ជន​ឈរ​នឹង នៅ​កន្លែង​របស់​គេ
8 ពួក​អ្នក​ទាំង​នោះ​បាន​អាន​មើល ក្នុង​គម្ពីរ​ក្រឹត្យ‌វិន័យ​របស់​ព្រះ ព្រម​ទាំង​ស្រាយ​ន័យ​សេចក្ដី​ឲ្យ​គេ​បាន​យល់​បទ​ដែល​អាន​មើល​នោះ។
9 ឯ​នេហេមា​ដែល​ជា​ចៅ‌ហ្វាយ​ទី​ក្រុង និង​ស្មៀន​អែសរ៉ា​ដ៏​ជា​សង្ឃ ព្រម​ទាំង​ពួក​លេវី​ដែល​បង្ហាត់​បង្រៀន​ដល់​ពួក​ជន គេ​ក៏​និយាយ​នឹង​ពួក​ជន​ទាំង‌ឡាយ​ថា ថ្ងៃ​នេះ​ជា​ថ្ងៃ​បរិសុទ្ធ​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​រាល់​គ្នា កុំ​ឲ្យ​សុប‌សៅ ឬ​យំ‌យែក​អ្វី​ឡើយ នេះ​ដ្បិត​ជន​ទាំង‌ឡាយ​បាន​យំ ដោយ​ឮ​ពាក្យ​ក្នុង​ក្រឹត្យ‌វិន័យ​នោះ
10 លោក​ក៏​ប្រាប់​ដល់​គេ​ថា ចូរ​ទៅ​ចុះ ចូរ​បរិភោគ​របស់​ចំងាញ់ និង​គ្រឿង​បង្អែម​ទៅ ហើយ​ជូន​ខ្លះ​ដល់​អ្នក​ណា​ដែល​គ្មាន​អ្វី​រៀប​ឲ្យ​ផង ដ្បិត​ថ្ងៃ​នេះ​ជា​ថ្ងៃ​បរិសុទ្ធ ដល់​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា ក៏​កុំ​ឲ្យ​មាន​ចិត្ត​ព្រួយ​ឡើយ ពី​ព្រោះ​សេចក្ដី​អំណរ​របស់​ព្រះ‌យេហូវ៉ា​ជា​កម្លាំង​នៃ​អ្នក​រាល់​គ្នា
11 យ៉ាង​នោះ​ពួក​លេវី​បាន​លួង‌លោម​ឲ្យ​បណ្តា‌ជន​នៅ​ស្ងៀម ដោយ​ពាក្យ​ថា ចូរ​អ្នក​រាល់​គ្នា​ស្ងៀម​ទៅ ដ្បិត​ថ្ងៃ​នេះ​ជា​ថ្ងៃ​បរិសុទ្ធ កុំ​ឲ្យ​ព្រួយ​ចិត្ត​ឡើយ
12 ដូច្នេះ ពួក​ជន​ក៏​នាំ​គ្នា​ទៅ​បរិភោគ​ភោជន៍ ព្រម​ទាំង​ជូន​ជំនូន​ដល់​គេ ហើយ​តាំង​ចិត្ត​អរ​សប្បាយ​ឡើង​ជា​ខ្លាំង ដោយ​ព្រោះ​បាន​យល់​ន័យ​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​បាន​ថ្លែង​ប្រាប់​ដល់​ខ្លួន។
13 លុះ​ដល់​ថ្ងៃ​ទី​២ នោះ​ពួក​អ្នក​ជា​កំពូល​លើ​វង្ស​របស់​ឪពុក​ក្នុង​ពួក​ជន ព្រម​ទាំង​ពួក​សង្ឃ និង​ពួក​លេវី ក៏​មូល​គ្នា​មក​ឯ​ស្មៀន​អែសរ៉ា ដើម្បី​ផ្ចង់​ចិត្ត​ស្តាប់​ពាក្យ​ក្នុង​ក្រឹត្យ‌វិន័យ
14 ហើយ​គេ​ឃើញ​មាន​សេចក្ដី​កត់​ទុក​ក្នុង​ក្រឹត្យ‌វិន័យ ជា​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បង្គាប់​មក​ដោយ‌សារ​លោក​ម៉ូសេ​ថា ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ត្រូវ​នៅ​ក្នុង​បារាំ​នៅ​វេលា​បុណ្យ​ខែ​អស្សុជ
15 ហើយ​ត្រូវ​ប្រកាស​ប្រាប់​នៅ​អស់​ទាំង​ទី​ក្រុង​គេ និង​នៅ​ក្រុង​យេរូ‌សាឡឹម​ថា ចូរ​ចេញ​ទៅ​ឯ​ភ្នំ កាប់​យក​មែក​ដើម​អូលីវ​ស្រុក និង​ដើម​អូលីវ​ព្រៃ មែក​យីថោ ធាង​ចាក និង​មែក​ឈើ​ញឹក‌ស្និទ្ធ​មក​ធ្វើ​បារាំ តាម​សេចក្ដី​ដែល​បាន​ចែង​ទុក​មក
16 ដូច្នេះ ពួក​ជន​ក៏​ចេញ​ទៅ​កាប់​យក​មែក​ទាំង​នោះ​មក​ធ្វើ​បារាំ នៅ​លើ​ដំបូល​ផ្ទះ​គេ​រៀង​ខ្លួន នៅ​ទី‌ធ្លា​ផ្ទះ​គេ នៅ​ទី​លាន​ព្រះ‌វិហារ​នៃ​ព្រះ នៅ​ទី‌ធ្លា​ត្រង់​ទ្វារ​ទឹក និង​នៅ​ទី‌ធ្លា​ត្រង់​ទ្វារ​អេប្រា‌អិម
17 ពួក​ជំនុំ​ទាំង​អស់​ដែល​បាន​វិល​ពី​សណ្ឋាន​ជា​ឈ្លើយ​មក​វិញ ក៏​ធ្វើ​បារាំ​គ្រប់ៗ​គ្នា ហើយ​គេ​អាស្រ័យ​នៅ​ក្នុង​បារាំ​ទាំង​នោះ ដ្បិត​ចាប់​តាំង​ពី​គ្រា​យ៉ូស្វេ ជា​កូន​នុន ដរាប​ដល់​វេលា​នោះ ពួក​កូន​ចៅ​អ៊ីស្រា‌អែល​មិន​ដែល​បាន​ធ្វើ​ដូច្នោះ​ឡើយ ដូច្នេះ មាន​សេចក្ដី​រីក‌រាយ​កើត​ឡើង​ជា​ខ្លាំង
18 ហើយ​រាល់ៗ​ថ្ងៃ ចាប់​តាំង​ពី​ថ្ងៃ​ដំបូង ដរាប​ដល់​ថ្ងៃ​ចុង​បំផុត នោះ​លោក​ក៏​អាន​មើល​ក្នុង​គម្ពីរ​ក្រឹត្យ‌វិន័យ​របស់​ព្រះ គេ​ធ្វើ​បុណ្យ​នោះ​អស់​៧​ថ្ងៃ រួច​ដល់​ថ្ងៃ​ទី​៨ នោះ​ក៏​ប្រជុំ​ជំនុំ​មុត‌មាំ​តាម​របៀប។


ជំពូក 9

1 លុះ​ដល់​ថ្ងៃ​២៤ ក្នុង​ខែ​នោះ​ឯង ពួក​កូន​ចៅ​អ៊ីស្រា‌អែល គេ​បាន​មូល​គ្នា​កាន់​ត្រណម ដោយ​ស្លៀក‌ពាក់​សំពត់​ធ្មៃ ហើយ​ព្រលាំង​ដី​នៅ​ខ្លួន
2 ឯ​ពូជ​អ៊ីស្រា‌អែល​ក៏​ញែក​ខ្លួន​ចេញ​ពី​ពួក​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន ហើយ​ឈរ​ឡើង​លន់‌តួ​អំពើ​បាប​របស់​ខ្លួន ព្រម​ទាំង​សេចក្ដី​ទុច្ចរិត​របស់​ពួក​អយ្យកោ​ផង
3 រួច​គេ​ឈរ​នៅ​កន្លែង​គេ​រៀង​ខ្លួន ហើយ​ពេល​ថ្ងៃ​នោះ​១​ភាគ​ក្នុង​៤ មាន​ម្នាក់​អាន​មើល​ក្នុង​គម្ពីរ​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ខ្លួន រួច​ពេល​១​ភាគ​ក្នុង​៤​ទៀត​ក៏​លន់‌តួ ព្រម​ទាំង​ថ្វាយ‌បង្គំ​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ខ្លួន
4 ខណៈ​នោះ យេសួរ បានី អ័ឌីអែល សេបានា ប៊ូននី សេរេ‌ប៊ីយ៉ា បានី និង​កេណានី ជា​ពួក​លេវី ក៏​ឈរ​លើ​ថ្នាក់​ជណ្តើរ បន្លឺ​សំឡេង​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ខ្លួន។
5 រួច​យេសួរ កាឌមាល បានី ហាសាបនា សេរេ‌ប៊ីយ៉ា ហូឌា សេបានា និង​ពេថា‌ហ៊ីយ៉ា ជា​ពួក​លេវី គេ​ប្រកាស​ថា ចូរ​ឈរ​ឡើង សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា ដែល​គង់​នៅ​អស់‌កល្ប រៀង​ទៅ ដល់​អស់‌កល្ប‌ជានិច្ច បាន​ប្រកប​ដោយ​ព្រះ‌ពរ ត្រូវ​តែ​សូម​ឲ្យ​ព្រះ‌នាម​របស់​ទ្រង់ ជា​ព្រះ‌នាម​ដ៏​រុងរឿង បាន​ពរ​ដែរ ជា​ពរ​ដែល​ខ្ពស់​លើស​ជាង​អស់​ទាំង​ពរ និង​សេចក្ដី​សរសើរ​ផង
6 គឺ​ទ្រង់​តែ​១​ដែល​ជា​ព្រះ‌ឯក‌អង្គ ទ្រង់​បាន​បង្កើត​ផ្ទៃ​មេឃ និង​អស់​ទាំង​ជាន់​នៃ​ផ្ទៃ​មេឃ ព្រម​ទាំង​ពួក​ពល‌បរិវារ​នៅ​លើ​នោះ និង​ផែនដី ហើយ​សមុទ្រ និង​របស់​សព្វ​សារពើ​ដែល​នៅ​ស្ថាន​ទាំង​នោះ​ផង ទ្រង់​ក៏​ទប់‌ទល់​ជីវិត​នៃ​របស់​ទាំង​នោះ ហើយ​ពួក​ពល​នៅ​លើ​មេឃ​ក៏​ថ្វាយ‌បង្គំ​ដល់​ទ្រង់
7 ឱ​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​អើយ គឺ​ទ្រង់​ហើយ ដែល​បាន​រើស​អាប់រ៉ាម ព្រម​ទាំង​នាំ​លោក​ចេញ​ពី​ក្រុង​អ៊ើរ​របស់​ពួក​សាសន៍​ខាល់ដេ ហើយ​ប្រទាន​ឲ្យ​លោក​មាន​ឈ្មោះ​ជា​អ័ប្រា‌ហាំ​វិញ
8 ទ្រង់​បាន​ឃើញ​ថា លោក​មាន​ចិត្ត​ស្មោះ‌ត្រង់​នៅ​ចំពោះ​ទ្រង់ រួច​តាំង​សញ្ញា​នឹង​លោក​ថា នឹង​ប្រទាន​ស្រុក​របស់​ពួក​សាសន៍​កាណាន សាសន៍​ហេត សាសន៍​អាម៉ូរី សាសន៍​ពេរិស៊ីត សាសន៍​យេប៊ូស និង​សាសន៍​គើកាស៊ី ដល់​ពូជ​របស់​លោក ទ្រង់​ក៏​បាន​សម្រេច​តាម​ព្រះ‌បន្ទូល​ទ្រង់​ហើយ ដ្បិត​ទ្រង់​សុចរិត។
9 ទ្រង់​បាន​ទត​ឃើញ​សេចក្ដី​វេទនា​របស់​ពួក​អយ្យកោ​យើង​ខ្ញុំ នៅ​ស្រុក​អេស៊ីព្ទ ហើយ​បាន​ឮ​សម្រែក ដែល​គេ​ស្រែក​នៅ​ត្រង់​សមុទ្រ​ក្រហម
10 ក៏​សម្ដែង​ទី​សម្គាល់ និង​ការ​អស្ចារ្យ​ទៅ​លើ​ផារ៉ោន ពួក​មហា‌តលិក និង​បណ្តា‌ជន​នៃ​ស្រុក​នោះ​ទាំង​អស់ ដោយ​ជ្រាប​ថា គេ​បាន​ប្រព្រឹត្ត​នឹង​ពួក​អយ្យកោ​ទាំង​នោះ​ដោយ​ចិត្ត​ព្រហើន ហើយ​ទ្រង់​បាន​ល្បី​ព្រះ‌នាម ដូច​មាន​សព្វ​ថ្ងៃ​នេះ
11 ទ្រង់​បាន​ធ្វើ​ឲ្យ​សមុទ្រ​ញែក​ចេញ​ជា​ពីរ នៅ​មុខ​អ្នក​ទាំង​នោះ ឲ្យ​បាន​ឆ្លង​ទៅ​នៅ​កណ្តាល​សមុទ្រ ដោយ​ដី​គោក តែ​ទ្រង់​បាន​បោះ​ពួក​អ្នក​ដែល​ដេញ​តាម ចោល​ទៅ​ក្នុង​ទី​ជម្រៅ ដូច​ជា​បោះ​ថ្ម​ទៅ​ក្នុង​ទឹក​ដ៏​មាន​កម្លាំង
12 មួយ​ទៀត នៅ​ពេល​ថ្ងៃ ទ្រង់​បាន​នាំ​ពួក​អយ្យកោ​នោះ ដោយ‌សារ​បង្គោល​ពពក ហើយ​ពេល​យប់ ដោយ‌សារ​បង្គោល​ភ្លើង ដើម្បី​នឹង​បំភ្លឺ​ផ្លូវ​ដែល​គេ​ត្រូវ​ដើរ
13 ទ្រង់​បាន​យាង​ចុះ​មក​លើ​ភ្នំ​ស៊ី‌ណាយ ហើយ​មាន​ព្រះ‌បន្ទូល​នឹង​គេ​ពី​លើ​មេឃ​មក ព្រម​ទាំង​ប្រទាន​ឲ្យ​មាន​ច្បាប់​យុត្តិ‌ធម៌​ដ៏​ត្រឹម​ត្រូវ និង​ក្រឹត្យ‌វិន័យ​ដ៏​ពិត ហើយ​បញ្ញត្ត និង​ក្រឹត្យ‌ក្រម​ដ៏​ល្អ​ដល់​គេ
14 ទ្រង់​បាន​ធ្វើ​ឲ្យ​គេ​ស្គាល់​ថ្ងៃ​ឈប់​សម្រាក​ដ៏​បរិសុទ្ធ​របស់​ទ្រង់ ព្រម​ទាំង​តាំង​ឲ្យ​គេ​មាន​ក្រឹត្យ‌ក្រម បញ្ញត្ត និង​វិន័យ ដោយ‌សារ​លោក​ម៉ូសេ ជា​អ្នក​បម្រើ​ទ្រង់
15 ទ្រង់​បាន​ប្រទាន​នំបុ័ង​ពី​លើ​មេឃ​មក​ចម្អែត​ដល់​គេ ហើយ​បណ្តាល​ឲ្យ​មាន​ទឹក​ហូរ​ចេញ​ពី​ថ្ម​មក ឲ្យ​គេ​ផឹក ក៏​បាន​បង្គាប់​ឲ្យ​គេ​ចូល​ទៅ​ចាប់​យក​ស្រុក ដែល​ទ្រង់​បាន​ស្បថ​ថា​នឹង​ឲ្យ​ដល់​គេ។
16 ប៉ុន្តែ គេ និង​ពួក​អយ្យកោ​របស់​យើង​ខ្ញុំ​ត​រៀង​មក បាន​ប្រព្រឹត្ត​ដោយ​ចិត្ត​ព្រហើន ព្រម​ទាំង​តាំង​ក​រឹង ឥត​ស្តាប់​តាម​ក្រឹត្យ‌ក្រម​ទាំង​ប៉ុន្មាន​របស់​ទ្រង់​ទេ
17 គេ​មិន​ព្រម​ធ្វើ​តាម​បង្គាប់​ឡើយ ក៏​មិន​នឹក​ចាំ​ពី​អស់​ទាំង​ការ​អស្ចារ្យ​ដែល​ទ្រង់​បាន​ធ្វើ នៅ​កណ្តាល​ពួក​គេ​ផង គឺ​គេ​បាន​តាំង​ក​រឹង​វិញ ក្នុង​គ្រា​បះ‌បោរ​នោះ គេ​បាន​តម្រូវ​ម្នាក់​ឲ្យ​ធ្វើ​ជា​មេ ដើម្បី​នឹង​នាំ​វិល​ទៅ​ឯ​សណ្ឋាន​ជា​បាវ​បម្រើ​វិញ តែ​ទ្រង់​ជា​ព្រះ​ដែល​ប្រុង​នឹង​អត់​ទោស ទ្រង់​ក៏​សន្តោស ហើយ​មេត្តា‌ករុណា ទ្រង់​យឺត​នឹង​ខ្ញាល់ ហើយ​មាន​សេចក្ដី​សប្បុរស​ជា​បរិបូរ បាន​ជា​ទ្រង់​មិន​បោះ‌បង់​ចោល​គេ​ឡើយ
18 ទោះ​ទាំង​កាល​ដែល​គេ​បាន​បណ្តាល​ទំនាស់​ទ្រង់​ជា​ខ្លាំង ដោយ​សិត​ធ្វើ​រូប​កូន​គោ ហើយ​និយាយ​ថា នេះ​ជា​ព្រះ​របស់​យើង ដែល​បាន​នាំ​យើង​ឡើង​ពី​ស្រុក​អេស៊ីព្ទ មក​ដូច្នេះ​ក្តី
19 គង់​តែ​ទ្រង់​មិន​បាន​បោះ‌បង់​ចោល​គេ​នៅ​ទី​រហោ‌ស្ថាន​ដែរ គឺ​ដោយ​ទ្រង់​មាន​សេចក្ដី​មេត្តា‌ករុណា​ដ៏​ក្រៃ‌លែង ឯ​បង្គោល​ពពក​មិន​បាន​ថយ​ចេញ លែង​នាំ​ផ្លូវ​គេ​នៅ​វេលា​ថ្ងៃ​ឡើយ ហើយ​បង្គោល​ភ្លើង​ក៏​មិន​លែង​បំភ្លឺ​គេ​នៅ​វេលា​យប់ ដើម្បី​នឹង​បង្ហាញ​ផ្លូវ ដែល​គេ​ត្រូវ​ដើរ​ដែរ
20 ទ្រង់​បាន​ប្រទាន​ព្រះ‌វិញ្ញាណ​ដ៏​ល្អ​របស់​ទ្រង់ មក​បង្ហាត់​បង្រៀន​គេ ទ្រង់​មិន​ដែល​បង្អត់​នំ​ម៉ាន៉ា​ចំពោះ​គេ​ទេ ហើយ​បាន​ប្រទាន​ទឹក ឲ្យ​គេ​ផឹក​ផង
21 គឺ​ទ្រង់​បាន​ចិញ្ចឹម​គេ នៅ​ទី​រហោ‌ស្ថាន អស់​៤០​ឆ្នាំ គេ​ឥត​មាន​ខ្វះ​ខាត​អ្វី​ឡើយ សម្លៀក‌បំពាក់​របស់​គេ​ក៏​មិន​ដែល​សឹក ហើយ​ជើង​គេ​មិន​ពុរពង​ដែរ
22 មួយ​ទៀត​ទ្រង់​បាន​ប្រទាន​នគរ និង​សាសន៍​ផ្សេងៗ ហើយ​ចែក​ស្រុក​ទាំង​នោះ​ដល់​គេ គឺ​យ៉ាង​នោះ​ដែល​គេ​បាន​ស្រុក​របស់​ស៊ីហុន ជា​ស្រុក​របស់​ស្តេច​ក្រុង​ហែសបូន និង​ស្រុក​របស់​អុក ជា​ស្តេច​ស្រុក​បាសាន
23 ទ្រង់​ក៏​ធ្វើ​ឲ្យ​គេ​កើត​កូន​ចម្រើន​ឡើង ដូច​ជា​ផ្កាយ​នៅ​លើ​មេឃ ហើយ​បាន​នាំ​គេ​ចូល​មក​ក្នុង​ស្រុក ដែល​ទ្រង់​ប្រាប់​ដល់​ពួក​អយ្យកោ​ថា ត្រូវ​ឲ្យ​គេ​ចូល​ទៅ​ចាប់​យក​នេះ
24 ដូច្នេះ ពួក​កូន​ចៅ​គេ​ក៏​ចូល​ទៅ​ចាប់​យក​ស្រុក ហើយ​ទ្រង់​បាន​បង្ក្រាប​សាសន៍​កាណាន ជា​ពួក​អ្នក​ស្រុក​នេះ នៅ​មុខ​គេ ព្រម​ទាំង​ប្រគល់​ពួក​នោះ និង​ស្តេច ហើយ​បណ្តា‌ជន​ទាំង‌ឡាយ មក​ក្នុង​កណ្តាប់​ដៃ​គេ ឲ្យ​បាន​ប្រព្រឹត្ត​នឹង​សាសន៍​នោះ តាម​អំពើ​ចិត្ត
25 គេ​ចាប់​យក​បាន​ទាំង​ទី​ក្រុង​មាន​បន្ទាយ និង​ស្រុក​មាន​ជី‌ជាតិ ក៏​បាន​ផ្ទះ​ជា​ច្រើន ពេញ​ដោយ​របស់​ល្អ​គ្រប់​មុខ និង​អណ្តូង​ជីក​ស្រាប់ ចម្ការ​ទំពាំង‌បាយ‌ជូរ ដំណាំ​អូលីវ និង​ដើម​ឈើ​ផ្លែ​ជា​បរិបូរ យ៉ាង​នោះ​គេ​បាន​បរិភោគ​ឆ្អែត ហើយ​ត្រឡប់​ជា​មាន​សាច់​ធាត់ ក៏​មាន​ចិត្ត​រីក‌រាយ ដោយ‌សារ​សេចក្ដី​សប្បុរស​ដ៏​ជា​ធំ​របស់​ទ្រង់។
26 ប៉ុន្តែ គេ​មាន​ចិត្ត​រឹង‌ចចេស ហើយ​បាន​បះ‌បោរ​នឹង​ទ្រង់​វិញ គេ​បោះ‌បង់​ចោល​ក្រឹត្យ‌វិន័យ​ទ្រង់​ទៅ​ក្រោយ​ខ្នង ហើយ​បាន​សម្លាប់​ពួក​ហោរា​ទ្រង់ ដែល​ធ្វើ​បន្ទាល់​ដល់​គេ ដោយ​ប្រាថ្នា​ចង់​នាំ​គេ​មក​ឯ​ទ្រង់​វិញ គេ​ក៏​ប្រព្រឹត្ត​ទំនាស់​ជា​ខ្លាំង​ដែរ
27 ហេតុ​នោះ ទ្រង់​បាន​ប្រគល់​គេ​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​សត្រូវ ដែល​ញាំ‌ញី​សង្កត់‌សង្កិន​គេ តែ​កាល​គេ​កើត​មាន​សេចក្ដី​វេទនា ហើយ​បាន​អំពាវ‌នាវ​រក​ទ្រង់ នោះ​ទ្រង់​ក៏​ឮ​ពី​លើ​មេឃ ហើយ​បាន​ប្រទាន​ឲ្យ​គេ​មាន​ពួក​អ្នក​ជួយ​សង្គ្រោះ ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​ពួក​សត្រូវ​នោះ ដោយ​សេចក្ដី​មេត្តា‌ករុណា​ដ៏​ក្រៃ‌លែង​របស់​ផង​ទ្រង់
28 តែ​កាល​គេ​មាន​សេចក្ដី​ស្រាក‌ស្រាន្ត​បន្តិច នោះ​គេ​បាន​ប្រព្រឹត្ត​សេចក្ដី​អាក្រក់ នៅ​ចំពោះ​ទ្រង់​វិញ​ទៀត បាន​ជា​ទ្រង់​ទុក​គេ​នៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ ឲ្យ​ពួក​នោះ​មាន​អំណាច​លើ​គេ ប៉ុន្តែ កាល​គេ​បាន​វិល​មក​អំពាវ‌នាវ​រក​ទ្រង់​ទៀត នោះ​ទ្រង់​ក៏​ឮ​ពី​លើ​មេឃ​ដែរ ហើយ​បាន​ប្រោស​ឲ្យ​គេ​រួច​ជា​ច្រើន​ដង តាម​សេចក្ដី​មេត្តា‌ករុណា​របស់​ទ្រង់
29 ទ្រង់​បាន​ធ្វើ​បន្ទាល់​ដល់​គេ ដើម្បី​នឹង​នាំ​គេ​មក​ឯ​ក្រឹត្យ‌វិន័យ​ទ្រង់​វិញ ទោះ​បើ​យ៉ាង​នោះ គង់​តែ​គេ​បាន​ប្រព្រឹត្ត​ដោយ​ចិត្ត​ព្រហើន ឥត​ព្រម​ស្តាប់​តាម​ក្រឹត្យ‌ក្រម​នៃ​ទ្រង់​ដែរ គឺ​បាន​ធ្វើ​បាប​ទទឹង​ច្បាប់​យុត្តិ‌ធម៌​របស់​ទ្រង់ (ជា​ច្បាប់​ដែល​អ្នក​ណា​ប្រព្រឹត្ត​តាម នោះ​នឹង​បាន​រស់​នៅ​ដោយ​សេចក្ដី​នោះ​ឯង ) ហើយ​គេ​ដក​ស្មា​ចេញ តាំង​ក​រឹង មិន​ព្រម​ស្តាប់​តាម​ឡើយ
30 ប៉ុន្តែ ទ្រង់​បាន​អត់​ទ្រាំ​នឹង​គេ​ជា​យូរ​ឆ្នាំ ព្រម​ទាំង​ធ្វើ​បន្ទាល់​ដល់​គេ ដោយ‌សារ​ព្រះ‌វិញ្ញាណ​ទ្រង់ ដែល​សណ្ឋិត​លើ​ពួក​ហោរា ទោះ​បើ​យ៉ាង​នោះ គង់​តែ​គេ​មិន​ផ្ទៀង​ត្រចៀក​ស្តាប់​ដែរ បាន​ជា​ទ្រង់​ប្រគល់​គេ​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​អស់​ទាំង​សាសន៍​របស់​ស្រុក​ដទៃ
31 ប៉ុន្តែ ដោយ​ព្រោះ​សេចក្ដី​មេត្តា‌ករុណា​ដ៏​ក្រៃ‌លែង​របស់​ទ្រង់ បាន​ជា​ទ្រង់​មិន​បាន​បំផ្លាញ​គេ​អស់​រលីង​ទៅ ឬ​បោះ‌បង់​ចោល​គេ​ឡើយ ដ្បិត​ទ្រង់​ជា​ព្រះ​ដ៏​មាន​ព្រះ‌ហឫទ័យ​សន្តោស ហើយ​មេត្តា‌ករុណា។
32 ដូច្នេះ ឱ​ព្រះ​នៃ​យើង​ខ្ញុំ​រាល់​គ្នា ជា​ព្រះ​ដ៏​ធំ ហើយ​មាន​ឥទ្ធា‌នុភាព ដែល​គួរ​ស្ញែង​ខ្លាច​ដល់​ទ្រង់ ជា​ព្រះ​ដែល​រក្សា​សេចក្ដី​សញ្ញា និង​សេចក្ដី​សប្បុរស​អើយ ឯ​សេចក្ដី​វេទនា​ទាំង​ប៉ុន្មាន ដែល​បាន​កើត​ដល់​យើង​ខ្ញុំ ព្រម​ទាំង​ស្តេច ពួក​មេ ពួក​សង្ឃ ពួក​ហោរា ពួក​អយ្យកោ​យើង​ខ្ញុំ និង​ពួក​រាស្ត្រ​របស់​ទ្រង់ ចាប់​តាំង​ពី​គ្រា​ពួក​ស្តេច​នៃ​ស្រុក​អាសស៊ើរ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ នោះ​សូម​ទ្រង់​កុំ​រាប់​ថា ជា​ការ​តិច‌តួច​ឡើយ
33 ប៉ុន្តែ ក្នុង​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​បាន​កើត​ដល់​យើង​ខ្ញុំ នោះ​ទ្រង់​សុចរិត​ទេ ដ្បិត​ទ្រង់​បាន​ប្រព្រឹត្ត​ដោយ​ស្មោះ‌ត្រង់ តែ​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត ដោយ​លាមក​អាក្រក់​វិញ
34 ទោះ​ទាំង​ស្តេច​នៃ​យើង​ខ្ញុំ ឬ​ពួក​មេ​ពួក​សង្ឃ និង​ពួក​អយ្យកោ​របស់​យើង​ខ្ញុំ​ក៏​មិន​បាន​រក្សា​ក្រឹត្យ‌វិន័យ​របស់​ទ្រង់ ឬ​ស្តាប់​តាម​ក្រឹត្យ‌ក្រម និង​សេចក្ដី​បន្ទាល់​ដែល​ទ្រង់​បាន​ធ្វើ​នៅ​ចំពោះ​គេ​ដែរ
35 ពី​ព្រោះ​គេ​មិន​បាន​គោរព​ប្រតិ‌បត្តិ​ដល់​ទ្រង់ នៅ​ក្នុង​នគរ​នៃ​ខ្លួន នៅ​កណ្តាល​អស់​ទាំង​សេចក្ដី​ល្អ​ក្រៃ‌លែង ដែល​ទ្រង់​បាន​ប្រោស​ដល់​គេ នៅ​ក្នុង​ស្រុក​ធំ​ទូលាយ មាន​ជី‌ជាតិ ដែល​ទ្រង់​បាន​ដាក់​នៅ​មុខ​គេ​នោះ​ឡើយ គេ​ក៏​មិន​បាន​បែរ​ចេញ​ពី​អំពើ​អាក្រក់​របស់​ខ្លួន​ដែរ
36 មើល យើង​ខ្ញុំ​រាល់​គ្នា​ជា​បាវ​បម្រើ​របស់​គេ​ដរាប​ដល់​សព្វ​ថ្ងៃ​នេះ គឺ​ជា​បាវ​បម្រើ នៅ​ក្នុង​ស្រុក​នេះ ដែល​ទ្រង់​បាន​ប្រទាន​ដល់​ពួក​អយ្យកោ​យើង​ខ្ញុំ ឲ្យ​បាន​បរិភោគ​ផល និង​សេចក្ដី​ល្អ​នោះ​ផង
37 ស្រុក​នេះ​ក៏​បង្កើត​ផល​ជា​ច្រើន ដល់​ពួក​ស្តេច​ដែល​ទ្រង់​បាន​តាំង​ឲ្យ​គ្រប់‌គ្រង​លើ​យើង​ខ្ញុំ ដោយ​ព្រោះ​អំពើ​បាប​របស់​យើង​ខ្ញុំ ស្តេច​ទាំង​នោះ​មាន​អំណាច​លើ​ទាំង​ខ្លួន​ប្រាណ​យើង​ខ្ញុំ និង​ហ្វូង​សត្វ​របស់​យើង​ខ្ញុំ​ផង តាម​តែ​ព្រះ‌ទ័យ ហើយ​យើង​ខ្ញុំ​មាន​សេចក្ដី​វេទនា​ជា​ខ្លាំង។
38 ទោះ​បើ​មាន​សេចក្ដី​យ៉ាង​នោះ​ក៏​ដោយ គង់​តែ​យើង​ខ្ញុំ​រាល់​គ្នា​ចុះ​សញ្ញា​មាំ‌មួន ហើយ​ក៏​កត់​ទុក​ផង មាន​ទាំង​ពួក​មេ ពួក​លេវី និង​ពួក​សង្ឃ​របស់​យើង​ខ្ញុំ ជា​អ្នក​បោះ​ត្រា​ចំពោះ​សេចក្ដី​សញ្ញា​នោះ។


ជំពូក 10

1 រីឯ​ពួក​អ្នក​ដែល​បោះ​ត្រា នោះ​គឺ​នេហេមា កូន​ហាកាលា ជា​ចៅ‌ហ្វាយ​ទី​ក្រុង បន្ទាប់​មក សេដេគា
2 រួច​សេរ៉ាយ៉ា អ័សារា យេរេមា
3 ផាស‌ហ៊ើរ អ័ម៉ារា ម៉ាលគា
4 ហាធូស សេបានា ម៉ាលូក
5 ហារីម ម្រេម៉ូត អូបាឌា
6 ដានី‌យ៉ែល គីនេ‌ថោន បារូក
7 មស៊ូឡាម អ័ប៊ីយ៉ា មីយ៉ា‌មីន
8 ម្អាស៊ា ប៊ីល‌កាយ សេម៉ាយ៉ា នោះ​សុទ្ធ​តែ​ជា​ពួក​សង្ឃ។
9 ឯ​ពួក​លេវី គឺ​យេសួរ ជា​កូន​អ័សានា និង​ប៊ីនុយ ឯ​ខាង​ពួក​កូន​ចៅ​ហេណា‌ដាឌ មាន​កាឌមាល
10 និង​ពួក​បង​ប្អូន​គេ គឺ​សេបានា ហូឌា កេលីថា ពេឡាយ៉ា ហាណាន
11 មីកា រេហុប ហាសាបយ៉ា
12 សាគើរ សេរេ‌ប៊ីយ៉ា សេបានា
13 ហូឌា បានី និង​បេនីនូ។
14 ឯ​ពួក​ដែល​ជា​កំពូល​លើ​បណ្តា‌ជន នោះ​គឺ​ប៉ារ៉ូស ផាហាត-ម៉ូអាប់ អេឡាំ សាធូរ បានី
15 ប៊ូននី អាស‌កាឌ បេបាយ
16 អ័ដូ‌នីយ៉ា ប៊ីកវ៉ាយ អេឌីន
17 អេធើ ហេសេគា អ័ស៊ើរ
18 ហូឌា ហាស៊ូម បេសាយ
19 ហារីប អ័ណា‌ថូត នេបាយ
20 ម៉ាក‌ពី‌អាស មស៊ូឡាម ហេស៊ារ
21 មសេ‌សាបេល សាដុក យ៉ាដួរ
22 ពេឡាធា ហាណាន អ័ណាយ៉ា
23 ហូសេ ហា‌ណា‌នា ហាស៊ូប
24 ហាឡូ‌ហេស ពីឡាហា សូបេក
25 រេហ៊ូម ហា‌សាប‌ណា ម្អាសេយ៉ា
26 អ័ហ៊ីយ៉ា ហាណាន អ័ណាន
27 ម៉ាលូក ហារីម និង​ប្អាណា។
28 ឯ​ពួក​បណ្តា‌ជន​ឯ​ទៀត ពួក​សង្ឃ ពួក​លេវី ពួក​ឆ្មាំ​ទ្វារ ពួក​ចម្រៀង ពួក​នេធីនិម និង​អស់​អ្នក​ដែល​បាន​ញែក​ខ្លួន​ចេញ​ពី​ពួក​សាសន៍​នៃ​ស្រុក​ទាំង​នោះ ចូល​ខាង​ក្រឹត្យ‌វិន័យ​របស់​ព្រះ​វិញ ព្រម​ទាំង​ប្រពន្ធ និង​កូន​ប្រុស​កូន​ស្រី​គេ គឺ​អស់​អ្នក​ណា​ដែល​មាន​ចំណេះ មាន​យោបល់
29 គេ​ក៏​កាន់​ខ្ជាប់​តាម​បង​ប្អូន និង​ពួក​អ្នក​មាន​ត្រកូល​ខ្ពស់​ក្នុង​ពួក​គេ​ដែរ គេ​តាំង​សេចក្ដី​ផ្តាសា​ដល់​ខ្លួន ដោយ​ស្បថ​ថា នឹង​កាន់​តាម​ក្រឹត្យ‌វិន័យ​របស់​ព្រះ ដែល​បាន​ប្រទាន​មក ដោយ‌សារ​លោក​ម៉ូសេ ជា​អ្នក​បម្រើ​ទ្រង់ ហើយ​ឲ្យ​រក្សា និង​ប្រព្រឹត្ត​តាម​គ្រប់​ទាំង​ក្រឹត្យ‌ក្រម​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា ព្រម​ទាំង​ច្បាប់​យុត្តិ‌ធម៌ និង​បញ្ញត្ត​ទ្រង់​ផង
30 ហើយ​ថា យើង​មិន​ឲ្យ​កូន​ស្រី​យើង​ទៅ​សាសន៍​ទាំង​ប៉ុន្មាន​ដែល​នៅ​ក្នុង​ស្រុក ឬ​យក​កូន​ស្រី​របស់​គេ​មក​ឲ្យ​កូន​ប្រុស​យើង​ឡើយ
31 ហើយ​បើ​សាសន៍​ដទៃ ដែល​នៅ​ក្នុង​ស្រុក គេ​យក​ទំនិញ ឬ​ស្រូវ​អង្ករ​អ្វី​មក​លក់ នៅ​ថ្ងៃ​ឈប់​សម្រាក នោះ​យើង​មិន​ព្រម​ទិញ​ពី​គេ​នៅ​ថ្ងៃ​នោះ ឬ​នៅ​ថ្ងៃ​បរិសុទ្ធ​ណា​ឡើយ ហើយ​ថា យើង​រាល់​គ្នា​នឹង​ផ្អាក​ទុក​ឆ្នាំ​ទី​៧ ព្រម​ទាំង​លើក​លែង​ទារ​បំណុល​ទាំង​អស់​ផង។
32 មួយ​ទៀត យើង​រាល់​គ្នា​ក៏​តាំង​ច្បាប់ ឲ្យ​ត្រូវ​បង់​១​ភាគ​ក្នុង​៣ ក្នុង​១​រៀល​រាល់​តែ​ឆ្នាំ សម្រាប់​ការ‌ងារ​ព្រះ‌វិហារ​របស់​ព្រះ​នៃ​យើង​រាល់​គ្នា
33 ជា​តម្លៃ​នៃ​នំបុ័ង​តាំង​ទុក​តង្វាយ​ម្សៅ​ដែល​ថ្វាយ​ជានិច្ច និង​តង្វាយ​ដុត​ជានិច្ច ហើយ​នៅ​ថ្ងៃ​ឈប់​សម្រាក ថ្ងៃ​ចូល​ខែ និង​បុណ្យ​មាន​កំណត់​ទាំង​ប៉ុន្មាន ព្រម​ទាំង​របស់​បរិសុទ្ធ តង្វាយ​លោះ​បាប ដែល​ថ្វាយ​ឲ្យ​ធួន​នឹង​បាប​ពួក​អ៊ីស្រា‌អែល និង​គ្រប់​ទាំង​ការ‌ងារ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ​នៃ​យើង​រាល់​គ្នា​ទាំង​អស់​ផង
34 យើង​រាល់​គ្នា ជា​ពួក​សង្ឃ ពួក​លេវី និង​ពួក​បណ្តា‌ជន​ក៏​ចាប់​ឆ្នោត​ពី​ដំណើរ​តង្វាយ​ឧស ដើម្បី​នឹង​យក​មក​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ​នៃ​យើង តាម​វង្ស​របស់​ឪពុក​យើង តាម​ពេល​កំណត់​រាល់​តែ​ឆ្នាំ សម្រាប់​នឹង​ដុត​នៅ​លើ​អាសនៈ​នៃ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​យើង ដូច​មាន​សេចក្ដី​កត់​ទុក​ក្នុង​ក្រឹត្យ‌វិន័យ
35 ហើយ​ឲ្យ​យក​ផល​ដំបូង ពី​ស្រែ​ចម្ការ​របស់​យើង និង​ផល​ដំបូង​ពី​ឈើ​គ្រប់​មុខ មក​ឯ​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​រាល់ៗ​ឆ្នាំ
36 ព្រម​ទាំង​កូន​ច្បង​របស់​ខ្លួន​យើង និង​របស់​សត្វ​យើង​ផង ដូច​ជា​បាន​កត់​ទុក​ក្នុង​ក្រឹត្យ‌វិន័យ​ហើយ និង​កូន​ច្បង​ក្នុង​ហ្វូង​គោ ហ្វូង​ចៀម​របស់​យើង មក​ឯ​ព្រះ‌វិហារ​របស់​ព្រះ​នៃ​យើង ឲ្យ​ដល់​ពួក​សង្ឃ​ដែល​ធ្វើ​ការ‌ងារ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ​នៃ​យើង
37 ហើយ​ឲ្យ​យក​ផល​នៃ​ម្សៅ​លាយ​ដំបូង តង្វាយ​លើក​ចុះ​ឡើង ផ្លែ​ឈើ​គ្រប់​មុខ ទឹក​ទំពាំង‌បាយ‌ជូរ និង​ប្រេង មក​ឲ្យ​ពួក​សង្ឃ នៅ​ក្នុង​បន្ទប់​ព្រះ‌វិហារ​របស់​ព្រះ​នៃ​យើង ព្រម​ទាំង​តង្វាយ​១​ភាគ​ក្នុង​១០​ពី​ផល​ដី​យើង មក​ឲ្យ​ពួក​លេវី​ផង ដ្បិត​នៅ​ក្នុង​ទី​ក្រុង​ទាំង​ប៉ុន្មាន នោះ​គឺ​ជា​ពួក​លេវី ដែល​ទទួល​យក​តង្វាយ​១​ភាគ​ក្នុង​១០​ពី​ផល​នៃ​ស្រែ​ចម្ការ​យើង
38 ហើយ​ពួក​កូន​ចៅ​អើរ៉ុន​ដ៏​ជា​សង្ឃ ក៏​នៅ​ជា​មួយ​នឹង​ពួក​កូន​ចៅ​លេវី ក្នុង​កាល​ដែល​គេ​ទទួល​យក​តង្វាយ​១​ភាគ​ក្នុង​១០​នោះ​ដែរ រួច​ពួក​លេវី​ត្រូវ​យក​១​ភាគ​ក្នុង​១០ ពី​តង្វាយ​១​ភាគ​ក្នុង​១០​នោះ ឯ​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង ដាក់​ក្នុង​បន្ទប់ ជា​ឃ្លាំង​នៃ​ព្រះ‌វិហារ​ដែរ
39 ដ្បិត​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ព្រម​ទាំង​ពួក​កូន​ចៅ​លេវី ត្រូវ​យក​តង្វាយ​លើក​ចុះ​ឡើង ពី​ស្រូវ ទឹក​ទំពាំង‌បាយ‌ជូរ និង​ប្រេង​មក​ដាក់​ក្នុង​បន្ទប់ ជា​កន្លែង​ដែល​ទុក​គ្រឿង​ប្រដាប់​របស់​ទី​បរិសុទ្ធ​ទាំង​ប៉ុន្មាន ហើយ​ពួក​សង្ឃ​ដែល​ធ្វើ​ការ‌ងារ ពួក​ឆ្មាំ​ទ្វារ និង​ពួក​ចម្រៀង​ក៏​នៅ​ទី​នោះ​ដែរ យើង​រាល់​គ្នា​មិន​ព្រម​បោះ‌បង់​ចោល​ព្រះ‌វិហារ​របស់​ព្រះ​នៃ​យើង​ឡើយ។


ជំពូក 11

1 ឯ​ពួក​ប្រធាន​ក្នុង​បណ្តា‌ជន នោះ​ក៏​នៅ​ក្នុង​ក្រុង​យេរូ‌សាឡឹម ហើយ​ពួក​បណ្តា‌ជន​ឯ​ទៀត គេ​ចាប់​ឆ្នោត​យក​១​នាក់​ក្នុង​១០ ឲ្យ​មក​នៅ​ក្រុង​យេរូ‌សាឡឹម ជា​ទី​ក្រុង​បរិសុទ្ធ​ដែរ ហើយ​៩​នាក់ ឲ្យ​នៅ​អស់​ទាំង​ទី​ក្រុង​ឯ​ទៀត
2 ពួក​បណ្តា‌ជន​ក៏​ឲ្យ​ពរ​ដល់​មនុស្ស​ទាំង​ប៉ុន្មាន​ដែល​ប្រគល់​ខ្លួន ឲ្យ​មក​នៅ​ក្រុង​យេរូ‌សាឡឹម ដោយ​ស្ម័គ្រ​ពី​ចិត្ត។
3 នេះ​ជា​ពួក​នាយ​ក្នុង​ខេត្ត ដែល​អាស្រ័យ​នៅ​ក្រុង​យេរូ‌សាឡឹម ឯ​ទី​ក្រុង​នៃ​ស្រុក​យូដា​ឯ​ទៀត នោះ​គ្រប់​គ្នា​ក៏​នៅ​ក្នុង​កេរ‌អាករ ត្រង់​ទី​ក្រុង​របស់​គេ​រៀង​ខ្លួន គឺ​ទាំង​ពួក​អ៊ីស្រា‌អែល ពួក​សង្ឃ ពួក​លេវី ពួក​នេធីនិម និង​កូន​ចៅ​របស់​ពួក​អ្នក​បម្រើ​របស់​សាឡូ‌ម៉ូន​ផង
4 ឯ​នៅ​ក្នុង​ក្រុង​យេរូ‌សាឡឹម នោះ​មាន​ពួក​កូន​ចៅ​យូដា និង​ពួក​កូន​ចៅ​បេន‌យ៉ាមីន​ខ្លះ​ដែរ ខាង​កូន​ចៅ​យូដា មាន​អ័ថា‌យ៉ា ជា​កូន​អ៊ូស៊ីយ៉ា ដែល​ជា​កូន​សាការីៗ​ជា​កូន​អ័ម៉ារាៗ​ជា​កូន​សេផាធាៗ​ជា​កូន​ម៉ាលេ‌លាល នេះ​ក្នុង​ពួក​កូន​ចៅ​ពេរេស
5 និង​ម្អាសេយ៉ា ជា​កូន​បារូក ដែល​ជា​កូន​កុល-ហូសេៗ ជា​កូន​ហា‌សា‌យ៉ាៗ ជា​កូន​អ័ដា‌យ៉ាៗ ជា​កូន​យ៉ូយ៉ា‌រីបៗ ជា​កូន​សាការីៗ ជា​កូន​ស៊ី‌ឡូនី
6 អស់​ទាំង​កូន​ចៅ​របស់​ពេរេស​ដែល​នៅ​ក្រុង​យេរូ‌សាឡឹម នោះ​មាន​មនុស្ស​ក្លាហាន​ចំនួន​៤៦៨​នាក់។
7 ឯ​ពួក​កូន​ចៅ​របស់​បេន‌យ៉ាមីន គឺ​សាលូវ ជា​កូន​មស៊ូឡាម ដែល​ជា​កូន​យ៉ូអេឌៗ ជា​កូន​ពេដាយ៉ាៗ​ជា​កូន​កូឡាយ៉ាៗ​ជា​កូន​ម្អាសេយ៉ាៗ​ជា​កូន​អីធាលៗ​ជា​កូន​យេសាយ៉ា
8 ហើយ​បន្ទាប់​នឹង​គាត់ នោះ​មាន​កាបាយ និង​សាឡាយ រួម​ទាំង​អស់​មាន​៩២៨​នាក់
9 ហើយ​យ៉ូអែល ជា​កូន​ស៊ីកគ្រី លោក​ជា​អ្នក​ត្រួត​លើ​គេ និង​យូដា​ជា​កូន​សេនួរ លោក​ជា​ភូឈួយ​នៃ​ទី​ក្រុង។
10 ក្នុង​ពួក​សង្ឃ នោះ​មាន​យេដាយ៉ា ជា​កូន​យ៉ូយ៉ា‌រីប និង​យ៉ាគិន
11 សេរ៉ាយ៉ា ជា​កូន​ហ៊ីល‌គីយ៉ា ដែល​ជា​កូន​មស៊ូឡាមៗ​ជា​កូន​សាដុកៗ​ជា​កូន​មេរ៉ាយ៉ូតៗ​ជា​កូន​អ័ហ៊ី‌ទូប ដែល​ជា​មេ​ត្រួត​លើ​ព្រះ‌វិហារ​នៃ​ព្រះ
12 ព្រម​ទាំង​ពួក​បង​ប្អូន​គេ ដែល​ធ្វើ​ការ​នៅ​ព្រះ‌វិហារ ទាំង​អស់​មាន​៨២២​នាក់ ហើយ​មាន​អ័ដាយ៉ា ជា​កូន​យេរ៉ូហាំ ដែល​ជា​កូន​ពេឡា‌លាៗ ជា​កូន​អាំស៊ីៗ ជា​កូន​សាការីៗ ជា​កូន​ផាស‌ហ៊ើរៗ​ជា​កូន​ម៉ាលគា
13 ហើយ​ពួក​បង​ប្អូន​លោក​ដែល​ជា​កំពូល​លើ​វង្ស​របស់​ឪពុក​គេ រួម​ទាំង​អស់ មាន​២៤២​នាក់ ហើយ​មាន​អ័ម៉ា‌សាយ ជា​កូន​អ័សារាល​ដែល​ជា​កូន​របស់​អ័ហា‌សាយៗ ជា​កូន​មស៊ី‌លេម៉ូតៗ​ជា​កូន​អ៊ីមមើរ
14 ហើយ​ពួក​បង​ប្អូន​គេ​ជា​អ្នក​ខ្លាំង​ពូកែ​មាន​ចិត្ត​ក្លាហាន រួម​ទាំង​អស់​មាន​១២៨​នាក់ ឯ​អ្នក​ដែល​ត្រួត​លើ​គេ គឺ​សាប‌ឌាល ជា​កូន​កេដូ‌លីម។
15 ក្នុង​ពួក​លេវី មាន​សេម៉ាយ៉ា ជា​កូន​ហាស៊ូប ដែល​ជា​កូន​របស់​អាស‌រី‌កាមៗ​ជា​កូន​ហាសាបយ៉ាៗ​ជា​កូន​ប៊ូននី
16 ព្រម​ទាំង​សាបថាយ និង​យ៉ូសា‌បាឌ ជា​ពួក​មេ​ក្នុង​ពួក​លេវី ដែល​ត្រួត‌ត្រា​លើ​ការ‌ងារ​ខាង​ក្រៅ​ព្រះ‌វិហារ​នៃ​ព្រះ
17 ហើយ​ម៉ាថានា ជា​កូន​មីកា ដែល​ជា​កូន​សាប់ឌីៗ​ជា​កូន​អេសាភៗ​ជា​មេ​នាំ​គេ ក្នុង​ការ​អរ​ព្រះ‌គុណ​កំពុង​ដែល​អធិស្ឋាន និង​បាក‌ប៊ូគា ជា​អ្នក​បន្ទាប់​ក្នុង​ពួក​បង​ប្អូន​ខ្លួន ហើយ​អាប់ដា ជា​កូន​សាំមួរ ដែល​ជា​កូន​កាឡាលៗ​ជា​កូន​យេឌូថិន
18 ឯ​ពួក​លេវី​ទាំង​ប៉ុន្មាន ដែល​នៅ​ក្នុង​ក្រុង​បរិសុទ្ធ នោះ​មាន​២៨៤​នាក់។
19 ឯ​ពួក​ឆ្មាំ​ទ្វារ នោះ​មាន​អ័កគូប ថាលម៉ូន និង​បង​ប្អូន​គេ ដែល​ចាំ​យាម​នៅ​មាត់​ទ្វារ​ផ្សេងៗ ទាំង​អស់​មាន​១៧២​នាក់
20 ឯ​ពួក​អ៊ីស្រា‌អែល ខាង​ពួក​សង្ឃ និង​ពួក​លេវី​ដែល​សល់ គេ​នៅ​អស់​ទាំង​ទី​ក្រុង​ក្នុង​ស្រុក​យូដា គ្រប់​គ្នា​តាម​មរដក​គេ​រៀង​ខ្លួន
21 តែ​ពួក​នេធីនិម គេ​នៅ​ត្រង់​អូផែល មាន​ស៊ីហា និង​គីសប៉ា ជា​អ្នក​ត្រួត​លើ​គេ។
22 ឯ​អ្នក​ដែល​ត្រួត​លើ​ពួក​លេវី នៅ​ក្រុង​យេរូ‌សាឡឹម នោះ​គឺ​អ៊ូស៊ី ជា​កូន​បានី ដែល​ជា​កូន​ហាសាបយ៉ាៗ​ជា​កូន​ម៉ាថានាៗ​ជា​កូន​មីកា ក្នុង​ពួក​កូន​ចៅ​អេសាភ ដែល​ជា​ពួក​ចម្រៀង ជា​អ្នក​ត្រួត‌ត្រា​លើ​កិច្ច‌ការ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ
23 ដ្បិត​មាន​ច្បាប់​ដែល​ស្តេច​បាន​តាំង​ពី​ដំណើរ​ពួក​នោះ ជា​ច្បាប់​យ៉ាង​តឹង‌រ៉ឹង ឲ្យ​ចែក​ស្បៀង​អាហារ​ដល់​ពួក​ចម្រៀង តាម​ដែល​គេ​ត្រូវ​ការ​រាល់ៗ​ថ្ងៃ
24 ហើយ​មាន​ពេថា‌ហ៊ីយ៉ា ជា​កូន​មសេ‌សាបេល ក្នុង​ពួក​កូន​ចៅ​សេរ៉ាស ជា​កូន​យូដា លោក​ជា​អ្នក​ជំនិត​ស្តេច ក្នុង​គ្រប់​ការ​ចំពោះ​ពួក​រាស្ត្រ។
25 ត្រង់​ឯ​ទី​ក្រុង​ទាំង​ប៉ុន្មាន និង​ស្រែ​ចម្ការ​ជុំវិញ នោះ​មាន​ពួក​យូដា​ខ្លះ នៅ​ត្រង់​គារយ៉ាត់-អើបា និង​តំបន់​នៅ​ជុំវិញ នៅ​ឌីបូន និង​តំបន់​នៅ​ជុំវិញ នៅ​យេកាប‌សៀល និង​តំបន់​នៅ​ជុំវិញ
26 នៅ​ត្រង់​យេសួរ ម៉ូឡាដា បេត-ផាលែត
27 ហាសា-ស៊ូអាល បៀរ-សេបា និង​តំបន់​នៅ​ជុំវិញ
28 នៅ​ស៊ីក‌ឡាក់ មេកូណា និង​តំបន់​នៅ​ជុំវិញ
29 នៅ​អេន-រីម៉ូន សូរ៉ាស់ យ៉ារមុត
30 សាណូអា អាឌូឡាម និង​តំបន់​នៃ​ក្រុង​ទាំង​នោះ ឡាគីស និង​ស្រែ​ចម្ការ​នៅ​ជុំវិញ អាសេកា និង​តំបន់​នៅ​ជុំវិញ ដូច្នេះ គេ​បាន​តាំង​ទី​លំនៅ ចាប់​តាំង​ពី​បៀរ-សេបា រហូត​ដល់​ច្រក​ភ្នំ​ហ៊ីនណំម
31 ហើយ​ពួក​កូន​ចៅ​បេន‌យ៉ាមីន គេ​នៅ​ចាប់​តាំង​ពី​កេបា​រៀង​ទៅ គឺ​នៅ​មីក‌ម៉ាស អៃយ បេត-អែល និង​តំបន់​នៅ​ជុំវិញ
32 និង​នៅ​អាន៉ា‌ថោត ណូប ហា‌ណា‌នា
33 ហាសោរ រ៉ាម៉ា គីថែម
34 ហាឌីឌ សេបោម នេបា‌ឡាត
35 ឡូឌ អូណូរ ហើយ​នៅ​ក្នុង​ច្រក​ភ្នំ​ពួក​ជាង​រចនា
36 ចំណែក​ខាង​ពួក​លេវី នោះ​មាន​ខ្លះ​ដែល​ត្រូវ​ខាង​ស្រុក​យូដា គេ​បាន​ទៅ​នៅ​ខាង​ស្រុក​បេន‌យ៉ាមីន​វិញ។


ជំពូក 12

1 រីឯ​ពួក​សង្ឃ និង​ពួក​លេវី ដែល​ឡើង​មក​ជា​មួយ​នឹង​សូរ៉ូ‌បា‌បិល ជា​កូន​សាល‌ធាល ហើយ​និង​យេសួរ គឺ​សេរ៉ាយ៉ា យេរេមា អែសរ៉ា
2 អ័ម៉ារា ម៉ាលូក ហាធូស
3 សេកានា រេហ៊ូម ម្រេម៉ូត
4 អ៊ីដោ គីនេ‌ថោន អ័ប៊ីយ៉ា
5 មីយ៉ា‌មីន ម្អាឌា ប៊ីលកា
6 សេម៉ាយ៉ា យ៉ូយ៉ា‌រីប យេដាយ៉ា
7 សាលូវ អ័ម៉ុក ហ៊ីល‌គីយ៉ា និង​យេដាយ៉ា នោះ​សុទ្ធ​តែ​ជា​មេ​ពួក​សង្ឃ ហើយ​និង​បង​ប្អូន​គេ​នៅ​ក្នុង​គ្រា​យេសួរ។
8 ឯ​ពួក​លេវី នោះ​មាន​យេសួរ ប៊ីនុយ កាឌមាល សេរេ‌ប៊ីយ៉ា យូដា និង​ម៉ាថានា គឺ​លោក​នេះ និង​បង​ប្អូន​លោក ដែល​ត្រួត​លើ​ការ‌ងារ​អរ​ព្រះ‌គុណ
9 ក៏​មាន​បាក‌ប៊ូគា និង​អ៊ូនី ជា​បង​ប្អូន​គេ ដែល​ឈរ​ប្រទល់​មុខ​នឹង​អ្នក​ទាំង​នោះ ក្នុង​ការ‌ងារ​របស់​គេ
10 ឯ​យេសួរ លោក​បង្កើត​យ៉ូយ៉ា‌គីមៗ បង្កើត​អេលី‌យ៉ាស៊ីបៗ បង្កើត​យ៉ូយ៉ាដា
11 យ៉ូយ៉ាដា​បង្កើត​យ៉ូណា‌ថាន ហើយ​យ៉ូណា‌ថាន​បង្កើត​យ៉ាដួរ។
12 នៅ​គ្រា​យ៉ូយ៉ា‌គីម ក៏​មាន​ពួក​សង្ឃ ជា​កំពូល​លើ​ពួក​វង្ស​របស់​ឪពុក​គេ ខាង​វង្ស​សេរ៉ាយ៉ា មាន​មេរ៉ាយា ខាង​យេរេមា មាន​ហាណានា
13 ខាង​អែសរ៉ា មាន​មស៊ូឡាម ខាង​អ័ម៉ារា មាន​យ៉ូហា‌ណាន
14 ហើយ​ខាង​មេលីគូរ មាន​យ៉ូណា‌ថាន ខាង​សេបានា មាន​យ៉ូសែប
15 ខាង​ហារីម មាន​អ័ឌណា ខាង​មេរ៉ាយ៉ូត មាន​ហេលកាយ
16 ខាង​អ៊ីដោ មាន​សាការី ខាង​គីនេ‌ថោន មាន​មស៊ូឡាម
17 ខាង​អ័ប៊ីយ៉ា មាន​ស៊ីកគ្រី ខាង​មីន‌យ៉ា‌មីន គឺ​ខាង​ម៉ូអាឌា មាន​ពីល‌ថាយ
18 ខាង​ប៊ីលកា មាន​សាំមួរ ខាង​សេម៉ាយ៉ា មាន​យ៉ូណា‌ថាន
19 ខាង​យ៉ូយ៉ា‌រីប មាន​ម៉ាថ្នាយ ខាង​យេដាយ៉ា មាន​អ៊ូស៊ី
20 ខាង​សាឡាយ មាន​កាឡាយ ខាង​អ័ម៉ុក មាន​ហេប៊ើរ
21 ខាង​ហ៊ីល‌គីយ៉ា មាន​ហាសាបយ៉ា ហើយ​ខាង​យេដាយ៉ា មាន​នេថា‌នេល។
22 ចំណែក​ពួក​លេវី ក្នុង​គ្រា​អេលី‌យ៉ាស៊ីប យ៉ូយ៉ាដា យ៉ូហា‌ណាន និង​យ៉ាដួរ នោះ​បាន​កត់​ឈ្មោះ​ពួក​ដែល​ជា​កំពូល​លើ​វង្ស​របស់​ឪពុក​គេ ព្រម​ទាំង​ពួក​សង្ឃ​ដែរ ដរាប​ដល់​រាជ្យ​ដារី‌យុស ជា​ស្តេច​សាសន៍​ពើស៊ី
23 ពួក​កូន​ចៅ​លេវី​នោះ ដែល​ជា​កំពូល​លើ​វង្ស​របស់​ឪពុក​គេ បាន​កត់​ទុក​ក្នុង​សៀវភៅ​របា‌ក្សត្រ​ហើយ ដរាប​ដល់​គ្រា​យ៉ូហា‌ណាន​ជា​កូន​អេលី‌យ៉ាស៊ីប
24 ឯ​ពួក​មេ​ក្នុង​ពួក​លេវី នោះ​គឺ​ហាសាបយ៉ា សេរេ‌ប៊ីយ៉ា និង​យេសួរ ជា​កូន​កាឌមាល ហើយ​មាន​ពួក​បង​ប្អូន​គេ​ឈរ​ប្រទល់​មុខ​នឹង​គេ ដើម្បី​នឹង​សរសើរ ហើយ​អរ​ព្រះ‌គុណ ដោយ​ពួក ទល់​មុខ​គ្នា តាម​បង្គាប់​របស់​ដាវីឌ ជា​អ្នក​សំណប់​របស់​ព្រះ
25 ឯ​ម៉ាថានា បាក‌ប៊ូគា អូបាឌា មស៊ូឡាម ថាលម៉ូន និង​អ័កគូប គេ​ជា​អ្នក​ឆ្មាំ​ទ្វារ ដែល​ចាំ​យាម​នៅ​ឃ្លាំង​ត្រង់​មាត់​ទ្វារ
26 ពួក​អ្នក​ទាំង​នោះ​មាន​នៅ​ក្នុង​គ្រា​យ៉ូយ៉ា‌គីម ជា​កូន​របស់​យេសួរ ដែល​ជា​កូន​យ៉ូសា‌ដាក និង​គ្រា​នេហេមា ជា​ចៅ‌ហ្វាយ​ទី​ក្រុង ហើយ​និង​គ្រា​ស្មៀន​អែសរ៉ា​ដ៏​ជា​សង្ឃ។
27 នៅ​គ្រា​ដែល​គេ​ធ្វើ​ពិធី​ឆ្លង​កំផែង​ក្រុង​យេរូ‌សាឡឹម នោះ​គេ​ស្វែង​រក​ពួក​លេវី ពី​គ្រប់​កន្លែង​របស់​គេ នាំ​មក​ឯ​ក្រុង​យេរូ‌សាឡឹម ដើម្បី​នឹង​ធ្វើ​បុណ្យ​ឆ្លង​នោះ​ដោយ​អំណរ ព្រម​ទាំង​មាន​ពាក្យ​អរ​ព្រះ‌គុណ និង​ការ​ចម្រៀង​ផ្សំ ដោយ​ឈឹង ពិណ និង​ស៊ុង​ផង
28 ឯ​កូន​ចៅ​របស់​ពួក​ចម្រៀង​គេ​ក៏​មូល​គ្នា​ពី​ស្រុក​ជុំវិញ​ក្រុង​យេរូ‌សាឡឹម ហើយ​ពី​អស់​ទាំង​ភូមិ​នៃ​ពួក​នថូផា
29 ពី​បេត-គីល‌កាល ពី​ស្រុក​ស្រែ​ចម្ការ​កេបា និង​អាស‌ម៉ាវែត​ដែរ ពី​ព្រោះ​ពួក​ចម្រៀង គេ​បាន​ធ្វើ​ភូមិ​នៅ​ព័ទ្ធ​ជុំវិញ​ក្រុង​យេរូ‌សាឡឹម
30 ពួក​សង្ឃ និង​ពួក​លេវី​បាន​ញែក​ខ្លួន​ជា​បរិសុទ្ធ រួច​ក៏​ញែក​ពួក​បណ្តា‌ជន ព្រម​ទាំង​ទ្វារ​ទាំង​ប៉ុន្មាន និង​កំផែង​ផង ចេញ​ជា​បរិសុទ្ធ។
31 គ្រា​នោះ ខ្ញុំ​បាន​នាំ​ពួក​អ្នក​ជា​ប្រធាន ក្នុង​ពួក​យូដា​ឡើង​ទៅ​លើ​កំផែង ក៏​តម្រូវ​ឲ្យ​មាន​២​ពួក​ធំៗ ដែល​ពោល​ពាក្យ​អរ​ព្រះ‌គុណ ហើយ​ដង្ហែ​គ្នា ពួក​១​ទៅ​ខាង​ស្តាំ នៅ​លើ​កំផែង តម្រង់​ទៅ​ឯ​ទ្វារ​ចាក់​សំរាម
32 មាន​ហូសាយ៉ា និង​ពួក​ជា​ប្រធាន​លើ​ពួក​យូដា​ពាក់​កណ្តាល គេ​ដើរ​តាម​ក្រោយ
33 ព្រម​ទាំង​អ័សារា អែសរ៉ា មស៊ូឡាម
34 យូដា បេន‌យ៉ាមីន សេម៉ាយ៉ា និង​យេរេមា​ដែរ
35 ហើយ​កូន​ចៅ​ពួក​សង្ឃ​ខ្លះ​ដែល​កាន់​ត្រែ គឺ​សាការី ជា​កូន​យ៉ូណា‌ថាន ដែល​ជា​កូន​សេម៉ាយ៉ាៗ​ជា​កូន​ម៉ាថានាៗ​ជា​កូន​មីកាយ៉ាៗ ជា​កូន​សាគើរៗ ជា​កូន​អេសាភ
36 និង​ពួក​បង​ប្អូន​លោក គឺ​សេម៉ាយ៉ា អ័សារាល មីឡា‌ឡាយ គីឡា‌ឡាយ ម៉ាអាយ នេថា‌នេល យូដា និង​ហាណានី ដែល​កាន់​ប្រដាប់​ភ្លេង​របស់​ដាវីឌ ជា​អ្នក​សំណប់​របស់​ព្រះ ហើយ​មាន​ស្មៀន​អែសរ៉ា ជា​អ្នក​នាំ​មុខ
37 គេ​ក៏​ដង្ហែ​គ្នា​តាម​ទ្វារ​ក្បាល​ទឹក​តម្រង់​ទៅ​ខាង​មុខ ឡើង​ជណ្តើរ​នៃ​ទី​ក្រុង​ដាវីឌ តាម​កន្លែង​ឡើង​ទៅ​លើ​កំផែង ត្រង់​ពី​លើ​ព្រះ‌រាជ‌ដំណាក់​ដាវីឌ រហូត​ទៅ​ដល់​ទ្វារ​ទឹក​ដែល​នៅ​ខាង​កើត
38 ឯ​ពួក​១​ទៀត ដែល​ពោល​ពាក្យ​អរ​ព្រះ‌គុណ នោះ​ក៏​ដង្ហែ​ទៅ​ជួប​គ្នា ខ្ញុំ​ក៏​ដើរ​តាម​ពួក​នេះ មាន​ទាំង​បណ្តា‌ជន​ពាក់​កណ្តាល​នៅ​លើ​កំផែង ត្រង់​ពី​លើ​ប៉ម​គុក​ភ្លើង រហូត​ដល់​ទី​ខ្នង​កំផែង​ធំ​ទូលាយ
39 ហើយ​ពី​លើ​ទ្វារ​អេប្រា‌អិម និង​ត្រង់​ទ្វារ​ចាស់ ទ្វារ​ត្រី ប៉ម​ហា‌ណា‌នាល និង​ប៉ម​ហាមេអា រហូត​ដល់​ទ្វារ​ចៀម រួច​ដល់​ទ្វារ​គុក​នោះ ក៏​ឈប់​ឈរ​នៅ
40 យ៉ាង​នោះ ពួក​អ្នក​ដែល​ពោល​ពាក្យ​អរ​ព្រះ‌គុណ ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ ទាំង​២​ពួក​ក៏​ឈរ​នៅ​ដំរៀប​គ្នា មាន​ទាំង​ខ្ញុំ និង​ពួក​មេ​ពាក់​កណ្តាល ដែល​នៅ​ជា​មួយ​នឹង​ខ្ញុំ​ផង
41 ក៏​មាន​ពួក​សង្ឃ គឺ​អេលា‌គីម ម្អាសេយ៉ា មីន‌យ៉ា‌មីន មីកាយ៉ា អេលី‌យ៉ូ‌ន៉ាយ សាការី និង​ហា‌ណា‌នា ដែល​កាន់​ត្រែ​ដែរ
42 ហើយ​ម្អាសេយ៉ា សេម៉ាយ៉ា អេលាសារ អ៊ូស៊ី យ៉ូហា‌ណាន ម៉ាលគា អេឡាំ និង​អេស៊ើរ​ដែរ ឯ​ពួក​ចម្រៀង គេ​ក៏​ច្រៀង​ឡើង​ជា​ខ្លាំង តាម​យីស‌រ៉ាហ៊ា ដែល​នាំ​មុខ​គេ
43 នៅ​ថ្ងៃ​នោះ គេ​ក៏​ថ្វាយ​តង្វាយ​យ៉ាង​សន្ធឹក ហើយ​មាន​សេចក្ដី​រីក‌រាយ ពី​ព្រោះ​ព្រះ​ទ្រង់​បាន​ធ្វើ​ឲ្យ​គេ​អរ​សប្បាយ​យ៉ាង​ខ្លាំង ឯ​ពួក​ស្រីៗ និង​កូន​ក្មេង ក៏​សប្បាយ​ព្រម​គ្នា ដល់​ម៉្លេះ​បាន​ជា​សេចក្ដី​អំណរ​ដែល​មាន​នៅ​ក្រុង​យេរូ‌សាឡឹម បាន​ឮ​ផ្សាយ​ទៅ​ឆ្ងាយ។
44 នៅ​ថ្ងៃ​នោះ គេ​ក៏​តាំង​មនុស្ស​ឲ្យ​ត្រួត‌ត្រា​លើ​បន្ទប់​ដែល​សម្រាប់​របស់​ថ្ងៃ​វិសេស តង្វាយ​លើក​ចុះ​ឡើង ផល​ដំបូង និង​តង្វាយ​១​ភាគ​ក្នុង​១០ ដើម្បី​នឹង​ប្រមូល​ចំណែក​ដែល​ក្រឹត្យ‌វិន័យ​បាន​តម្រូវ​ឲ្យ​ទុក​សម្រាប់​ពួក​សង្ឃ និង​ពួក​លេវី ពី​អស់​ទាំង​ស្រែ​ចម្ការ និង​ទី​ក្រុង មក​ទុក​ក្នុង​បន្ទប់​ទាំង​នោះ ដ្បិត​ពួក​យូដា​គេ​មាន​សេចក្ដី​អំណរ​ចំពោះ​ពួក​សង្ឃ និង​ពួក​លេវី ដែល​ឈរ​នៅ​ដំណែង​គេ
45 ព្រម​ទាំង​រក្សា​បញ្ញើ​របស់​ព្រះ​នៃ​គេ និង​ការ‌ងារ​ញែក​ជា​បរិសុទ្ធ ពួក​ចម្រៀង និង​ពួក​ឆ្មាំ​ទ្វារ​ក៏​ធ្វើ​ដូច្នោះ​ដែរ តាម​បង្គាប់​ដាវីឌ និង​សាឡូ‌ម៉ូន ជា​ព្រះ‌រាជ​បុត្រា​ទ្រង់
46 ដ្បិត​កាល​ពី​ដើម​ក្នុង​គ្រា​ដាវីឌ និង​អេសាភ នោះ​មាន​មេ​លើ​ពួក​ចម្រៀង ក៏​មាន​ទំនុក​ច្រៀង​សរសើរ‌តម្កើង ហើយ​អរ​ព្រះ‌គុណ​ដល់​ព្រះ
47 ហើយ​នៅ​គ្រា​សូរ៉ូ‌បា‌បិល និង​នេហេមា នោះ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​ក៏​ថ្វាយ​ចំណែក​សម្រាប់​ពួក​ចម្រៀង និង​ពួក​ឆ្មាំ​ទ្វារ តាម​ដែល​ត្រូវ​ការ​រាល់ៗ​ថ្ងៃ គេ​ក៏​លៃ​ទុក​១​ចំណែក​ឲ្យ​ពួក​លេវី ហើយ​ពួក​លេវី​ក៏​លៃ​ទុក​១​ចំណែក​ឲ្យ​ពួក​កូន​ចៅ​អើរ៉ុន។


ជំពូក 13

1 នៅ​ថ្ងៃ​នោះ​ឯង គេ​បាន​អាន​មើល​ក្នុង​គម្ពីរ​លោក​ម៉ូសេ នៅ​ចំពោះ​បណ្តា‌ជន ហើយ​គេ​ប្រទះ​ឃើញ​សេចក្ដី​ដែល​ចែង​ទុក​មក​ថា ពួក​សាសន៍​អាំម៉ូន និង​ពួក​សាសន៍​ម៉ូអាប់ មិន​ត្រូវ​ចូល​ទៅ​ក្នុង​ពួក​ជំនុំ​នៃ​ព្រះ​ឡើយ
2 ដោយ​ព្រោះ​គេ​មិន​បាន​រាក់‌ទាក់​ទទួល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ដោយ​នំបុ័ង និង​ទឹក​ទេ គឺ​បាន​ជួល​បាឡាម ឲ្យ​មក​ដាក់​បណ្តាសា​ដល់​គេ​វិញ ប៉ុន្តែ ព្រះ​នៃ​យើង​រាល់​គ្នា ទ្រង់​បាន​បំផ្លាស់​សេចក្ដី​បណ្តាសា​នោះ ឲ្យ​ទៅ​ជា​ពរ​វិញ
3 ដូច្នេះ កាល​គេ​បាន​ឮ​ក្រឹត្យ‌វិន័យ​នោះ​ហើយ គេ​ក៏​ញែក​ពួក​លាយ​ពូជ​ចេញ​ពី​សាសន៍​អ៊ីស្រា‌អែល​ទៅ។
4 រីឯ​កាល​មុន​ដំណើរ​នេះ អេលី‌យ៉ាស៊ីប​ដ៏​ជា​សង្ឃ​ដែល​បាន​តាំង​ឡើង ឲ្យ​ត្រួត​លើ​បន្ទប់​ព្រះ‌វិហារ​របស់​ព្រះ​នៃ​យើង​រាល់​គ្នា លោក​បាន​ភ្ជាប់​ញាតិ​នឹង​ថូប៊ីយ៉ា
5 ដូច្នេះ លោក​បាន​រៀប‌ចំ​បន្ទប់​ធំ​១ ទុក​សម្រាប់​ថូប៊ីយ៉ា ជា​បន្ទប់​ដែល​ពី​ដើម​គេ​ដាក់​តង្វាយ​ម្សៅ កំញាន គ្រឿង​ប្រដាប់​ទាំង​ប៉ុន្មាន និង​តង្វាយ​១​ភាគ​ក្នុង​១០ ពី​ស្រូវ ទឹក​ទំពាំង‌បាយ‌ជូរ និង​ប្រេង ដែល​គេ​យក​មក​ថ្វាយ តាម​បង្គាប់​សម្រាប់​ពួក​លេវី ពួក​ចម្រៀង និង​ពួក​ឆ្មាំ​ទ្វារ ព្រម​ទាំង​តង្វាយ​លើក​ចុះ​ឡើង សម្រាប់​ពួក​សង្ឃ​ដែរ
6 តែ​នៅ​អស់​រវាង​វេលា​នោះ ខ្ញុំ​មិន​បាន​នៅ​ក្រុង​យេរូ‌សាឡឹម​ទេ ដ្បិត​នៅ​ឆ្នាំ​ទី​៣២​ក្នុង​រាជ្យ​អើថា‌ស៊ើក‌សេស ជា​ស្តេច​បាប៊ី‌ឡូន នោះ​ខ្ញុំ​បាន​វិល​ទៅ​ឯ​ស្តេច រួច​ក្រោយ​យូរ​បន្តិច​មក ខ្ញុំ​បាន​សូម​ច្បាប់​ស្តេច​ឲ្យ​បាន​មក​វិញ
7 កាល​ខ្ញុំ​មក​ដល់​ក្រុង​យេរូ‌សាឡឹម​ហើយ នោះ​ខ្ញុំ​ឃើញ​ការ​អាក្រក់​ដែល​អេលី‌យ៉ាស៊ីប​បាន​ធ្វើ ដោយ​រៀប‌ចំ​បន្ទប់​១​សម្រាប់​ថូប៊ីយ៉ា នៅ​ក្នុង​ទី​លាន​ព្រះ‌វិហារ​នៃ​ព្រះ
8 ការ​នោះ​បាន​ទំនាស់​ចិត្ត​ខ្ញុំ​ជា​ខ្លាំង ហេតុ​នោះ​ខ្ញុំ​ក៏​យក​អស់​ទាំង​ប្រដាប់‌ប្រដា​របស់​ថូប៊ីយ៉ា បោះ​ទៅ​ខាង​ក្រៅ​បន្ទប់​ចេញ
9 ខ្ញុំ​ក៏​បង្គាប់​ឲ្យ​គេ​សម្អាត​បន្ទប់ រួច​ខ្ញុំ​យក​គ្រឿង​ប្រដាប់​របស់​ព្រះ‌វិហារ​នៃ​ព្រះ ព្រម​ទាំង​តង្វាយ​ម្សៅ និង​កំញាន ទៅ​ដាក់​ទុក​ក្នុង​នោះ​វិញ។
10 ខ្ញុំ​ក៏​យល់​ឃើញ​ថា គេ​មិន​បាន​ចែក​ចំណែក​ឲ្យ​ដល់​ពួក​លេវី​ទេ បាន​ជា​ពួក​លេវី និង​ពួក​ចម្រៀង ដែល​ធ្វើ​ការ‌ងារ គេ​បាន​រត់​ទៅ​ឯ​ស្រែ​ចម្ការ​របស់​ខ្លួន​វិញ
11 ដូច្នេះ ខ្ញុំ​បាន​តវ៉ា​ដល់​ពួក​មេ​ថា ហេតុ​អ្វី​បាន​ជា​បោះ‌បង់​ចោល​ព្រះ‌វិហារ​នៃ​ព្រះ​ដូច្នេះ រួច​ខ្ញុំ​ក៏​ប្រមូល​ពួក​លេវី មក​តាំង​ទុក​នៅ​ដំណែង​របស់​គេ​វិញ
12 ហើយ​ពួក​យូដា​ទាំង​អស់​គ្នា គេ​យក​តង្វាយ​១​ភាគ​ក្នុង​១០ ពី​ស្រូវ ទឹក​ទំពាំង‌បាយ‌ជូរ និង​ប្រេង​មក​ដាក់​ក្នុង​ឃ្លាំង
13 ហើយ​ខ្ញុំ​ក៏​តាំង​ឲ្យ​មាន​ពួក​អ្នក​ត្រួត​លើ​ឃ្លាំង​ទាំង​នោះ គឺ​សេលេមា​ដ៏​ជា​សង្ឃ ស្មៀន​សាដុក ហើយ​ពេដាយ៉ា ជា​ពួក​លេវី បន្ទាប់​មក​មាន​ហាណាន ជា​កូន​សាគើរ ដែល​ជា​កូន​ម៉ាថានា ដ្បិត​អ្នក​ទាំង​នោះ​បាន​រាប់​ជា​មនុស្ស​ស្មោះ‌ត្រង់ ហើយ​ការ‌ងារ​របស់​គេ គឺ​ជា​អ្នក​ចែក​ចំណែក​ដល់​បង​ប្អូន​ខ្លួន
14 ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ សូម​នឹក​រឭក​ដល់​ទូល‌បង្គំ ពី​ដំណើរ​ការ‌ងារ​នេះ​ផង សូម​កុំ​លុប​អំពើ​ល្អ​ដែល​ទូល‌បង្គំ​បាន​ធ្វើ សម្រាប់​ព្រះ‌វិហារ​របស់​ព្រះ​នៃ​ទូល‌បង្គំ និង​សម្រាប់​ការ​ដែល​ត្រូវ​ធ្វើ​ក្នុង​ទី​នោះ​ចេញ​ឡើយ។
15 នៅ​គ្រា​នោះ ខ្ញុំ​បាន​ឃើញ​មនុស្ស​ខ្លះ​នៅ​ស្រុក​យូដា​កំពុង​តែ​ជាន់​ធុង​ផ្លែ​ទំពាំង‌បាយ‌ជូរ នៅ​ថ្ងៃ​ឈប់​សម្រាក ព្រម​ទាំង​ដឹក​កណ្តាប់​ស្រូវ​ចូល​មក និង​ផ្ទុក​សត្វ​លា ដោយ​ស្រា​ទំពាំង‌បាយ‌ជូរ ផ្លែ​ទំពាំង‌បាយ‌ជូរ ផ្លែ​ល្វា និង​បន្ទុក​គ្រប់​មុខ​ដែល​គេ​ដឹក​មក​ក្នុង​ក្រុង​យេរូ‌សាឡឹម នៅ​ថ្ងៃ​ឈប់​សម្រាក ខ្ញុំ​បាន​ធ្វើ​បន្ទាល់​ដល់​គេ នៅ​ថ្ងៃ​ដែល​គេ​លក់​ស្បៀង​អាហារ
16 ក៏​មាន​មនុស្ស​ពី​ក្រុង​ទីរ៉ុស នៅ​ក្នុង​ទី​ក្រុង​ដែរ គេ​តែង​យក​ត្រី និង​ទំនិញ​គ្រប់​មុខ មក​លក់​ឲ្យ​ពួក​កូន​ចៅ​យូដា នៅ​ក្នុង​ក្រុង​យេរូ‌សាឡឹម​ក្នុង​ថ្ងៃ​ឈប់​សម្រាក
17 នោះ​ខ្ញុំ​តវ៉ា​ដល់​ពួក​អ្នក​ធំ​នៃ​សាសន៍​យូដា​ថា ហេតុ​ដូច​ម្តេច​បាន​ជា​អ្នក​រាល់​គ្នា​បង្អាប់​ដល់​ថ្ងៃ​ឈប់​សម្រាក
18 ដោយ​ប្រព្រឹត្ត​អំពើ​អាក្រក់​យ៉ាង​នេះ​ធ្វើ​អី ឯ​ពួក​អយ្យកោ​របស់​អ្នក​រាល់​គ្នា តើ​មិន​បាន​ធ្វើ​ដូច្នេះ​ទេ​ឬ​អី ហេតុ​នោះ​បាន​ជា​ព្រះ​នៃ​យើង​រាល់​គ្នា ទ្រង់​បាន​នាំ​អស់​ទាំង​សេចក្ដី​អាក្រក់​នេះ មក​លើ​យើង និង​លើ​ទី​ក្រុង​នេះ​ផង ប៉ុន្តែ អ្នក​រាល់​គ្នា​នាំ​ឲ្យ​មាន​សេចក្ដី​ក្រោធ មក​លើ​ពួក​អ៊ីស្រា‌អែល​ថែម​ទៀត ដោយ​បង្អាប់​ដល់​ថ្ងៃ​ឈប់​សម្រាក​ដូច្នេះ។
19 ក្រោយ​នោះ​មក កាល​ណា​អស់​ទាំង​ទ្វារ​នៃ​ក្រុង​យេរូ‌សាឡឹម​ចាប់​តាំង​ងងឹត ហៀប​នឹង​ចូល​ថ្ងៃ​ឈប់​សម្រាក​ហើយ នោះ​ខ្ញុំ​ក៏​បង្គាប់​ឲ្យ​បិទ​ទ្វារ ហើយ​ហាម​មិន​ឲ្យ​បើក​ដរាប​ដល់​ផុត​ថ្ងៃ​ឈប់​សម្រាក​នោះ ខ្ញុំ​ក៏​ដាក់​ពួក​អ្នក​បម្រើ​របស់​ខ្ញុំ​ខ្លះ ឲ្យ​ត្រួត​លើ​ទ្វារ​ទាំង​ប៉ុន្មាន ដើម្បី​កុំ​ឲ្យ​មាន​អ្នក​ណា​យក​បន្ទុក​អ្វី ចូល​មក​នៅ​ថ្ងៃ​ឈប់​សម្រាក​ឡើយ
20 នោះ​ពួក​ឈ្មួញ និង​ពួក​អ្នក​ដែល​លក់​ដូរ​ផ្សេងៗ ក៏​ដេក​នៅ​ខាង​ក្រៅ​ក្រុង​យេរូ‌សាឡឹម​ម្តង​ពីរ​ដែរ
21 រួច​ខ្ញុំ​បាន​ធ្វើ​បន្ទាល់​ដល់​គេ​ថា អ្នក​រាល់​គ្នា​ដេក​នៅ​ក្បែរ​កំផែង​នេះ​ធ្វើ​អី បើ​នៅ​តែ​ធ្វើ​ដូច្នេះ​ទៀត នោះ​ខ្ញុំ​នឹង​ចាប់​អ្នក​រាល់​គ្នា​ហើយ តាំង​ពី​នោះ​ត​ទៅ គេ​ក៏​លែង​មក​នៅ​ថ្ងៃ​ឈប់​សម្រាក​ទៀត
22 ខ្ញុំ​ក៏​បង្គាប់​ដល់​ពួក​លេវី ឲ្យ​គេ​បាន​ញែក​ខ្លួន​ចេញ​ជា​បរិសុទ្ធ ហើយ​ឲ្យ​គេ​មក​ចាំ​យាម នៅ​អស់​ទាំង​ទ្វារ​ក្រុង ដើម្បី​ញែក​ថ្ងៃ​ឈប់​សម្រាក​ចេញ​ជា​បរិសុទ្ធ ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ សូម​នឹក​ចាំ​ពី​ទូល‌បង្គំ​ក្នុង​ការ​នេះ​ផង ហើយ​សូម​អាណិត​មេត្តា​ដល់​ទូល‌បង្គំ ដោយ​សេចក្ដី​សប្បុរស​ទ្រង់​ដ៏​ធំ។
23 នៅ​គ្រា​នោះ ខ្ញុំ​ក៏​ឃើញ​ពួក​យូដា​ខ្លះ ដែល​បាន​យក​ប្រពន្ធ​ជា​ស្រី​សាសន៍​អាសដូឌ អាំម៉ូន និង​ម៉ូអាប់
24 ហើយ​កូន​គេ​ពាក់​កណ្តាល​និយាយ​ជា​ភាសា​អាសដូឌ ឥត​ចេះ​និយាយ​ភាសា​របស់​ពួក​យូដា​ឡើយ គឺ​គេ​និយាយ​តាម​តែ​ភាសា​របស់​សាសន៍​គេ​រៀង​ខ្លួន
25 ខ្ញុំ​ក៏​តវ៉ា​នឹង​គេ ព្រម​ទាំង​ដាក់​បណ្តាសា ក៏​វាយ​គេ​ខ្លះ ហើយ​បោច​សក់​គេ​ផង ខ្ញុំ​ចាប់​ឲ្យ​គេ​ស្បថ​ដោយ​នូវ​ព្រះ‌នាម​របស់​ព្រះ ហើយ​ហាម​គេ​ថា មិន​ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​ឲ្យ​កូន​ស្រី​ទៅ​កូន​ប្រុស​របស់​គេ ឬ​យក​កូន​ស្រី​របស់​គេ​មក​ឲ្យ​កូន​ប្រុស​របស់​ខ្លួន ឬ​សម្រាប់​ខ្លួន​នោះ​ឡើយ
26 តើ​សាឡូ‌ម៉ូន ជា​ស្តេច​សាសន៍​អ៊ីស្រា‌អែល មិន​បាន​ធ្វើ​បាប ដោយ​អំពើ​យ៉ាង​នោះ​ឯង​ទេ​ឬ​អី នៅ​ក្នុង​អស់​ទាំង​សាសន៍​ដទៃ គ្មាន​ស្តេច​ណា​១​ដូច​ទ្រង់​ឡើយ ហើយ​ព្រះ​នៃ​ទ្រង់​ក៏​បាន​ស្រឡាញ់​ទ្រង់ ព្រម​ទាំង​តាំង​ឡើង​ឲ្យ​ធ្វើ​ជា​ស្តេច​លើ​សាសន៍​អ៊ីស្រា‌អែល​ទាំង​មូល​ផង ប៉ុន្តែ ស្ត្រី​សាសន៍​ដទៃ​បាន​នាំ​ឲ្យ​ទ្រង់​ធ្វើ​បាប​ដែរ
27 ដូច្នេះ តើ​គួរ​ឲ្យ​យើង​ស្តាប់​តាម​អ្នក​រាល់​គ្នា និង​ប្រព្រឹត្ត​សេចក្ដី​អាក្រក់​ជា​ធំ​ទាំង​នេះ ហើយ​ប្រព្រឹត្ត​រំលង​នឹង​ព្រះ​នៃ​យើង ដោយ​យក​ប្រពន្ធ​ជា​សាសន៍​ដទៃ​ឬ​អី។
28 ឯ​យ៉ូយ៉ាដា ជា​កូន​អេលី‌យ៉ាស៊ីប ជា​សម្ដេច​សង្ឃ លោក​មាន​កូន​ប្រុស​១ ដែល​ជា​កូន​ប្រសា​សាន‌បា‌ឡាត ជា​អ្នក​ស្រុក​ហូរ៉ូ‌ណែម ហេតុ​នោះ ខ្ញុំ​ក៏​បណ្តេញ​វា​ចេញ​ពី​ខ្ញុំ​ទៅ
29 ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ សូម​ទ្រង់​នឹក​ចាំ​ពី​គេ ពី​ព្រោះ​គេ​បាន​បង្អាប់​ការ‌ងារ​ជា​សង្ឃ និង​សេចក្ដី​សញ្ញា​នៃ​ការ‌ងារ​នោះ និង​ពួក​លេវី​ដែរ។
30 គឺ​យ៉ាង​ដូច្នេះ​ដែល​ខ្ញុំ​បាន​ញែក​សម្អាត​គេ ពី​គ្រប់​ទាំង​សាសន៍​ដទៃ ហើយ​ក៏​តាំង​ការ‌ងារ​ដែល​ពួក​សង្ឃ និង​ពួក​លេវី​ត្រូវ​រក្សា​ទុក​ឡើង​វិញ គ្រប់​គ្នា​តាម​ដំណែង​គេ​រៀង​ខ្លួន
31 ហើយ​សម្រាប់​តង្វាយ​ឧស​នៅ​វេលា​កំណត់ និង​សម្រាប់​ផល​ផ្លែ​ដំបូង​ដែរ ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ សូម​ទ្រង់​នឹក​ចាំ​ពី​ទូល‌បង្គំ ដើម្បី​នឹង​ប្រោស​ឲ្យ​ទូល‌បង្គំ​បាន​ប្រកប​ដោយ​សេចក្ដី​ល្អ​ផង។:៚