នាង​អេសធើរ

1 2 3 4 5 6 7 8 9 10


ជំពូក 1

1 រីឯ​នៅ​គ្រា​អ័ហា‌ស៊ូរុស ជា​ស្តេច​ដែល​សោយ‌រាជ្យ​លើ​១២៧​ខេត្ត ចាប់​តាំង​ពី​ស្រុក​ក្លិង្គ រហូត​ដល់​អេធីយ៉ូពី
2 ក្នុង​គ្រា​នោះ កាល​ស្តេច​អ័ហា‌ស៊ូរុស​ទ្រង់​គង់​លើ​បល្ល័ង្ក‌រាជ្យ​នៅ​ស៊ូសាន ជា​ទី​ក្រុង​ហ្លួង
3 គឺ​នៅ​ឆ្នាំ​ទី​៣​ក្នុង​រាជ្យ​ទ្រង់ នោះ​ទ្រង់​បាន​ជប់‌លៀង​ដល់​ពួក​អ្នក​ជា​ប្រធាន និង​ពួក​ជំនិត​ទ្រង់ មាន​ទាំង​ពួក​មេ‌ទ័ព​សាសន៍​ពើស៊ី និង​សាសន៍​មេឌី ពួក​អ្នក​ធំ និង​ពួក​ចៅ‌ហ្វាយ​ខេត្ត​ទាំង​ប៉ុន្មាន​នៅ​ចំពោះ​ទ្រង់​ដែរ
4 ទ្រង់​ក៏​បង្ហាញ​អស់​ទាំង​មហា‌សម្បត្តិ​នៃ​នគរ​ដ៏​ឧត្តុង្គ‌ឧត្តម​របស់​ទ្រង់ និង​កិត្តិយស​នៃ​អានុ‌ភាព​ដ៏​វិសេស​របស់​ទ្រង់ ឲ្យ​គេ​ឃើញ​ជា​យូរ​ថ្ងៃ គឺ​អស់​១៨០​ថ្ងៃ
5 លុះ​កាល​ផុត​ថ្ងៃ​ទាំង​នោះ​ហើយ ស្តេច​ទ្រង់​ជប់‌លៀង​ដល់​ពួក​ជន​ទាំង​អស់ ទាំង​ធំ​ទាំង​តូច ដែល​នៅ​ស៊ូសាន ជា​ក្រុង​ហ្លួង​អស់​៧​ថ្ងៃ នៅ​ត្រង់​ទីធ្លា​ក្នុង​ព្រះ‌រាជ​ឧទ្យាន​នៃ​ដំណាក់​ស្តេច
6 ដែល​មាន​សំពត់​ស បៃតង និង​ខៀវ ចង​ដោយ​ខ្សែ​ខ្លូត‌ទេស​ពណ៌​ស្វាយ ភ្ជាប់​នឹង​សសរ​ថ្ម​កែវ​ដោយ​ក្រវិល​ប្រាក់ ក៏​មាន​កៅអី​ធ្វើ​ពី​មាស និង​ពី​ប្រាក់ ដាក់​លើ​កម្រាល​ថ្ម​កែវ​ពណ៌​ក្រហម ស លឿង ហើយ​ខ្មៅ​ដែរ
7 គេ​ឲ្យ​ផឹក​ដោយ​ប្រដាប់​មាស​ដែល​ផ្សេង​ពី​គ្នា​ទាំង​អស់ ហើយ​មាន​ស្រា​ទំពាំង‌បាយ‌ជូរ​របស់​ហ្លួង​ជា​បរិបូរ​តាម​សណ្ឋាន​ស្តេច
8 តែ​គ្មាន​អ្នក​ណា​បង្ខំ​ឡើយ ដ្បិត​ស្តេច​ទ្រង់​បាន​ចេញ​ច្បាប់ បង្គាប់​ដល់​ពួក​ភ្នាក់‌ងារ​របស់​ទ្រង់ ឲ្យ​បាន​ធ្វើ​តាម​ចិត្ត​របស់​មនុស្ស​នីមួយៗ។
9 ឯ​ព្រះ‌នាង​វ៉ាសធី ជា​អគ្គ‌មហេសី ក៏​ជប់‌លៀង​ដល់​ពួក​ស្រីៗ នៅ​ក្នុង​ព្រះ‌រាជ‌ដំណាក់​របស់​ស្តេច​អ័ហា‌ស៊ូរុស​ដែរ
10 លុះ​ដល់​ថ្ងៃ​ទី​៧ ក្នុង​កាល​ដែល​ស្តេច​ទ្រង់​មាន​ព្រះ‌ទ័យ​សប្បាយ​ដោយ​ស្រា នោះ​ទ្រង់​បង្គាប់​ដល់​មហ៊ូម៉ាន ប៊ីសថា ហាបូណា ប៊ីកថា អ័បាកថា សេថារ និង​កើកាស ជា​ពួក​ក្រម​វាំង​ទាំង​៧​នាក់ ជា​អ្នក​ដែល​បម្រើ​នៅ​ចំពោះ​ស្តេច​អ័ហា‌ស៊ូរុស
11 ឲ្យ​ទៅ​នាំ​ព្រះ‌នាង​វ៉ាសធី ជា​អគ្គ‌មហេសី​មក​នៅ​ចំពោះ​ទ្រង់ មាន​ទាំង​ពាក់​មកុដ​ផង ដើម្បី​នឹង​សម្ដែង​លំអ​ព្រះ​រូប​ដល់​បណ្តា‌ជន និង​ដល់​ពួក​អ្នក​ជា​ប្រធាន​ទាំង‌ឡាយ ពី​ព្រោះ​ព្រះ‌នាង​មាន​រូប‌ឆោម​ល្អ​ពេក​ណាស់
12 តែ​ព្រះ‌នាង​វ៉ាសធី​មិន​ព្រម​មក​តាម​បង្គាប់​ស្តេច ដោយ‌សារ​ពួក​ក្រម​វាំង​នោះ​ទេ ហេតុ​នោះ​ស្តេច​ទ្រង់​ក្រេវ‌ក្រោធ​ជា​ខ្លាំង ហើយ​សេចក្ដី​កំហឹង​នោះ​ក៏​ឆួល‌ឆេះ​ឡើង​ក្នុង​ព្រះ‌ហឫទ័យ​ទ្រង់។
13 ដូច្នេះ ស្តេច​ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​ដល់​ពួក​អ្នក​ប្រាជ្ញ​ដែល​ស្គាល់​សម័យ​ប្រព្រឹត្ត ដ្បិត​តាម​ទម្លាប់​របស់​ស្តេច​ទ្រង់​តែង​តែ​ពិគ្រោះ​នឹង​ពួក​អ្នក​ដែល​ចេះ​ស្ទាត់​ខាង​ច្បាប់ និង​សេចក្ដី​វិនិច្ឆ័យ
14 រីឯ​បន្ទាប់​នឹង​ទ្រង់ មាន​កើសេណា សេថារ អ័ឌ‌ម៉ាថា តើស៊ីស មេរេស ម៉ាសេណា និង​មមូកាន ជា​នាយក​នៃ​សាសន៍​ពើស៊ី និង​សាសន៍​មេឌី ទាំង​៧​នាក់​ដែល​ធ្លាប់​នៅ​ចំពោះ​ស្តេច ហើយ​ជា​អ្នក​លេខ​១​ក្នុង​នគរ
15 ទ្រង់​សួរ​ថា តាម​ច្បាប់ តើ​ត្រូវ​ធ្វើ​ដូច​ម្តេច​ដល់​ព្រះ‌នាង​វ៉ាសធី ជា​អគ្គ‌មហេសី ដ្បិត​ព្រះ‌នាង​មិន​បាន​ធ្វើ​តាម​បង្គាប់​យើង ដោយ‌សារ​ពួក​ក្រម​វាំង​ទេ
16 នោះ​មមូកាន លោក​ទូល​ឆ្លើយ​នៅ​ចំពោះ​ស្តេច និង​ពួក​នាយក​ទាំង​ប៉ុន្មាន​ថា អគ្គ‌មហេសី ព្រះ‌នាង​បាន​ប្រព្រឹត្ត​ខុស មិន​មែន​ត្រឹម​តែ​នឹង​ព្រះ‌ករុណា​ប៉ុណ្ណោះ គឺ​ដល់​ទាំង​ពួក​អ្នក​ជា​ប្រធាន និង​បណ្តា‌ជន​ទាំង‌ឡាយ ដែល​នៅ​អស់​ទាំង​ខេត្ត​របស់​ព្រះ‌ករុណា​ទៀត​ផង
17 ដ្បិត​ការ​ដែល​អគ្គ‌មហេសី​ប្រព្រឹត្ត​នេះ គឺ​ឮ​ទៅ​ដល់​ពួក​ស្រីៗ ទាំង​អស់ បណ្តាល​ឲ្យ​គេ​មើល‌ងាយ​ដល់​ប្ដី​របស់​ខ្លួន​គ្រប់​គ្នា ដោយ​ដំណឹង​នេះ​បាន​ផ្សាយ​ទៅ​ថា ស្តេច​អ័ហា‌ស៊ូរុស​បាន​បង្គាប់​ឲ្យ​គេ​នាំ​ព្រះ‌នាង ជា​អគ្គ‌មហេសី មក​ចំពោះ​ទ្រង់ តែ​ព្រះ‌នាង​មិន​ព្រម​ស្តេច​មក​ទេ
18 ហើយ​នៅ​ថ្ងៃ​នេះ ពួក​ខុនណាង​សាសន៍​ពើស៊ី និង​សាសន៍​មេឌី​ទាំង​ប៉ុន្មាន ដែល​ឮ​និយាយ​ពី​ការ​អគ្គ‌មហេសី​បាន​ធ្វើ​នេះ គេ​នឹង​ប្រកែក​ដល់​ប្ដី​ខ្លួន ជា​ពួក​ប្រធាន​នៃ​ស្តេច​ដូច្នោះ​ដែរ យ៉ាង​នោះ​នឹង​កើត​មាន​សេចក្ដី​មើល‌ងាយ និង​សេច​ក្តី​កំហឹង​ជា​ច្រើន
19 បើ​សិន​ជា​ព្រះ‌ករុណា​សព្វ​ព្រះ‌ហឫទ័យ នោះ​សូម​ទ្រង់​ចេញ​ព្រះ‌រាជ‌ឱង្ការ ព្រម​ទាំង​ឲ្យ​គេ​កត់​ទុក​ក្នុង​ច្បាប់​របស់​សាសន៍​ពើស៊ី និង​សាសន៍​មេឌី​ផង ដើម្បី​កុំ​ឲ្យ​ផ្លាស់​បាន​ឡើយ ហាម​មិន​ឲ្យ​ព្រះ‌នាង​ចូល​មក​ចំពោះ​ព្រះ‌ករុណា​ទៀត ហើយ​សូម​ព្រះ‌ករុណា​ប្រគល់​ដំណែង​យស​ហ្លួង​របស់​ព្រះ‌នាង ដល់​ស្ត្រី​ម្នាក់​ទៀត​ដែល​វិសេស​ជាង
20 ដូច្នេះ កាល​ណា​ព្រះ‌រាជ‌ឱង្ការ​របស់​ស្តេច​បាន​ប្រកាស​ផ្សាយ​ទៅ​គ្រប់​ក្នុង​នគរ​ទ្រង់ (រីឯ​នគរ​ទ្រង់​នោះ​ធំ​ណាស់) នោះ​ស្ត្រី​ទាំង​អស់​នឹង​គោរព​ប្រតិ‌បត្តិ​ដល់​ប្ដី​ខ្លួន ទោះ​ទាំង​ធំ​ទាំង​តូច​ផង
21 សេចក្ដី​នោះ​ក៏​គាប់​សព្វ​ព្រះ‌ហឫទ័យ​ដល់​ស្តេច និង​ចិត្ត​នៃ​ពួក​នាយក​ផង រួច​ស្ដេច​ទ្រង់​ក៏​ធ្វើ​តាម​ពាក្យ​របស់​មមូកាន
22 ទ្រង់​ផ្ញើ​ព្រះ‌រាជ‌សារ​ទៅ​ដល់​អស់​ទាំង​ខេត្ត​របស់​ស្តេច គឺ​ដល់​គ្រប់​ទាំង​ខេត្ត​តាម​អក្សរ​ជាតិ​របស់​គេ ហើយ​ទៅ​គ្រប់​ទាំង​សាសន៍ តាម​ភាសា​របស់​គេ បង្គាប់​ថា មនុស្ស​ប្រុសៗ​ត្រូវ​ធ្វើ​ជា​ម្ចាស់​លើ​ផ្ទះ​របស់​ខ្លួន ហើយ​សេចក្ដី​នោះ​ក៏​បាន​ប្រកាស​ទួទៅ តាម​ភាសា​របស់​ជន​គ្រប់​ជាតិ។


ជំពូក 2

1 ក្រោយ​ការ​ទាំង​នោះ​មក កាល​សេចក្ដី​ក្រោធ​របស់​ស្តេច​អ័ហា‌ស៊ូរុស​បាន​ស្ងប់​ហើយ នោះ​ទ្រង់​ក៏​នឹក​រឭក​ដល់​ព្រះ‌នាង​វ៉ាសធី និង​ការ​ដែល​ព្រះ‌នាង​បាន​ធ្វើ ព្រម​ទាំង​ខ​សេចក្ដី​ដែល​បាន​សម្រេច​ដល់​ព្រះ‌នាង​ផង
2 នោះ​ពួក​មហា‌តលិក​ទាំង‌ឡាយ​ដែល​បម្រើ​ស្តេច​ក៏​ទូល​ទ្រង់​ថា សូម​ទ្រង់​ឲ្យ​គេ​ទៅ​រក​ស្ត្រី​ក្រមុំ ដែល​មាន​រូប​ស្រស់​ល្អ​មក​ថ្វាយ​ទ្រង់
3 សូម​ព្រះ‌ករុណា​ចាត់​តម្រូវ​ឲ្យ​មាន​ភ្នាក់‌ងារ នៅ​គ្រប់​ខេត្ត​ក្នុង​នគរ​ទ្រង់ ដើម្បី​នឹង​ប្រមូល​ស្ត្រី​ក្រមុំ ដែល​ស្រស់​ល្អ​ទាំង​ប៉ុន្មាន មក​ឯ​ស៊ូសាន ជា​ទី​ក្រុង​ហ្លួង ឲ្យ​នៅ​ក្នុង​មន្ទីរ​សម្រាប់​ពួក​ស្រីៗ ក្រោម​អំណាច​ហេកាយ ជា​ក្រម​វាំង​របស់​ស្តេច ជា​អ្នក​រក្សា​ពួក​ស្រីៗ រួច​ឲ្យ​គេ​បើក​គ្រឿង សម្រាប់​ជម្រះ​ខ្លួន​ដល់​នាង​ទាំង​នោះ
4 រួច​មក ឯ​នាង​ណា​ដែល​សព្វ​ព្រះ‌ហឫទ័យ​ដល់​ព្រះ‌ករុណា នោះ​សូម​ទ្រង់​តាំង​ឡើង​ឲ្យ​ធ្វើ​ជា​អគ្គ‌មហេសី ជំនួស​ព្រះ​នាង​វ៉ាសធី​នោះ ស្តេច​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​នឹង​សេចក្ដី​នោះ ហើយ​ក៏​ធ្វើ​តាម​ដូច្នោះ។
5 រីឯ​នៅ​ស៊ូសាន ជា​ទី​ក្រុង​ហ្លួង មាន​សាសន៍​យូដា​ម្នាក់​ឈ្មោះ​ម៉ា‌ដេកាយ ជា​កូន​យ៉ាអ៊ារ ដែល​ជា​កូន​ស៊ីម៉ាយៗ ជា​កូន​គីស ក្នុង​ពូជ​បេន‌យ៉ាមីន
6 គាត់​ត្រូវ​ដឹក‌នាំ​ចេញ​ពី​ទី​ក្រុង​យេរូ‌សាឡឹម ជា​មួយ​នឹង​ពួក​ឈ្លើយ ដែល​បាន​នាំ​ទៅ ក្នុង​គ្រា​ដែល​នេប៊ូ‌ក្នេសា ជា​ស្តេច​បាប៊ី‌ឡូន​បាន​ចាប់​យេកូ‌នាស ជា​ស្តេច​យូដា​នាំ​យក​ទៅ
7 គាត់​បាន​ចិញ្ចឹម​នាង​ហាដាសា គឺ​អេសធើរ ជា​កូន​របស់​មា​គាត់ ដ្បិត​នាង​គ្មាន​ឪពុក​ម្តាយ នាង​មាន​រូប​ឆោម‌ឆាយ ហើយ​មុខ​ស្រស់​ល្អ កាល​ឪពុក​ម្តាយ​នាង​ស្លាប់​ទៅ​ហើយ នោះ​ម៉ា‌ដេកាយ​បាន​យក​នាង​មក​ចិញ្ចឹម​ទុក​ជា​កូន​ខ្លួន។
8 ដូច្នេះ កាល​គេ​បាន​ប្រកាស​ប្រាប់​ព្រះ‌រាជ‌ឱង្ការ និង​ច្បាប់​របស់​ស្តេច ហើយ​បាន​ប្រមូល​ស្រី​ក្រមុំ​ជា​ច្រើន​មក​ឯ​ស៊ូសាន ជា​ក្រុង​ហ្លួង​ប្រគល់​ក្រោម​អំណាច​ហេកាយ នោះ​គេ​ក៏​នាំ​យក​អេសធើរ​ទៅ​ក្នុង​ដំណាក់​ស្តេច ប្រគល់​ក្រោម​អំណាច​ហេកាយ ជា​អ្នក​រក្សា​ពួក​ស្រីៗ​ដែរ
9 នាង​ជា​ទី​ពេញ​ចិត្ត​ដល់​គាត់​ណាស់ គាត់​ក៏​សម្ដែង​សេចក្ដី​សប្បុរស​ដល់​នាង ក៏​ប្រញាប់​នឹង​ចែក​គ្រឿង សម្រាប់​ឲ្យ​នាង​ជម្រះ​ខ្លួន​នឹង​ប្រដាប់​តែង​កាយ ដែល​ជា​ចំណែក​របស់​នាង ព្រម​ទាំង​យក​ស្ត្រី​ក្រមុំ​៧​នាក់ ពី​ព្រះ‌រាជ‌ដំណាក់​មក​ឲ្យ​បម្រើ​នាង ហើយ​គាត់​ក៏​ផ្លាស់​នាង និង​ស្រី​បម្រើ​ទាំង​នោះ ឲ្យ​ទៅ​នៅ​ក្នុង​បន្ទប់​ល្អ​បំផុត ក្នុង​មន្ទីរ​ពួក​ស្រីៗ
10 ឯ​អេសធើរ នាង​មិន​បាន​ប្រាប់​ឲ្យ​អ្នក​ណា​ដឹង​ថា គ្រួ និង​ជំនួស​វង្ស​របស់​នាង​ជា​សាសន៍​អ្វី​ទេ ដ្បិត​ម៉ា‌ដេកាយ​បាន​ហាម​មិន​ឲ្យ​នាង​ប្រាប់​ឲ្យ​គេ​ដឹង​ឡើយ
11 ឯ​ម៉ា‌ដេកាយ គាត់​ក៏​តែង​ដើរ​ទៅ​មក​នៅ​មុខ​ទីធ្លា​មន្ទីរ​ពួក​ស្រីៗ​ជា​រាល់​ថ្ងៃ ដើម្បី​ឲ្យ​ដឹង​ជា​អេសធើរ​ជា​យ៉ាង​ណា ហើយ​និង​បាន​ទៅ​ជា​អ្វី។
12 រីឯ​តាម​ទំនៀម​ពួក​ស្រីៗ នោះ​ពេល​ដែល​ជម្រះ​ខ្លួន​ត្រូវ​អស់​រវាង​១២​ខែ គឺ​៦​ខែ​ដោយ​ប្រេង​ល្វីង‌ទេស ហើយ​៦​ខែ​ដោយ​គ្រឿង​ក្រអូប​ផ្សេងៗ ព្រម​ទាំង​គ្រឿង​អ្វីៗ​ដែល​សម្រាប់​ឲ្យ​ពួក​ស្រីៗ​បាន​ស្អាត​បរិសុទ្ធ​ផង ដូច្នេះ ក្រោយ​ដែល​គេ​បាន​ធ្វើ​ដល់​នាង​ទាំង​នោះ​តាម​ទំនៀម ហើយ​ពេល​ដែល​នាង​ណា​ត្រូវ​ចូល​ទៅ​ឯ​ស្តេច​អ័ហា‌ស៊ូរុស​បាន​មក​ដល់
13 នោះ​នាង​បាន​ចូល​ទៅ​ឯ​ស្តេច​បែប​យ៉ាង​នេះ​ឯង គឺ​អ្វីៗ​ដែល​នាង​ប្រាថ្នា​ចង់​បាន នោះ​ក៏​បាន​បើក​ឲ្យ​នាង ដើម្បី​នឹង​យក​ពី​មន្ទីរ​ពួក​ស្រីៗ​ទៅ​ឯ​ដំណាក់​ស្តេច
14 នៅ​ពេល​ល្ងាច​នាង​បាន​ចេញ​ទៅ ហើយ​ដល់​ព្រឹក​ឡើង​នាង​វិល​មក​វិញ ចូល​ក្នុង​មន្ទីរ​ទី​២​របស់​ពួក​ស្រីៗ នៅ​ក្រោម​អំណាច​ស្អាស‌កាស ជា​ភ្នាក់‌ងារ​របស់​ស្តេច​ដែល​រក្សា​ពួក​ស្រី​អ្នក‌ម្នាង នាង​នោះ​លែង​បាន​ចូល​ទៅ​ចំពោះ​ស្តេច​ទៀត​ហើយ លើក​តែ​ស្តេច​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​នឹង​នាង ហើយ​ហៅ​តាម​ឈ្មោះ​វិញ។
15 ឯ​អេសធើរ កូន​អ័ប៊ី‌ហែល ជា​មា​របស់​ម៉ា‌ដេកាយ​ដែល​បាន​យក​មក​ចិញ្ចឹម​ទុក​ជា​កូន​ខ្លួន កាល​ដល់​ពេល​ដែល​នាង​ត្រូវ​ចូល​ទៅ​ឯ​ស្តេច នោះ​នាង​មិន​បាន​សូម​អ្វី​ក្រៅ​ពី​របស់​ដែល​ហេកាយ ជា​ក្រម​វាំង​របស់​ស្តេច ជា​អ្នក​រក្សា​ពួក​ស្រីៗ​បាន​ឲ្យ​នោះ​ទេ ហើយ​អស់​អ្នក​ណា​ដែល​ឃើញ​នាង ក៏​ពេញ​ចិត្ត​នឹង​នាង
16 គេ​ក៏​នាំ​អេសធើរ​ចូល​ទៅ​ថ្វាយ​ស្តេច​អ័ហា‌ស៊ូរុស នៅ​ក្នុង​ព្រះ‌រាជ‌ដំណាក់ នៅ​ខែ​ទី​១០ គឺ​ជា​ខែ​បុស្ស ក្នុង​ឆ្នាំ​ទី​៧​នៃ​រាជ្យ​ទ្រង់
17 ស្តេច​ទ្រង់​ក៏​ស្រឡាញ់​អេសធើរ​លើស​ជាង​ស្ត្រី​ឯ​ទៀត ហើយ​នាង​ទទួល​បាន​ព្រះ‌គុណ និង​សេចក្ដី​ប្រោស‌ប្រាណ នៅ​ចំពោះ​ទ្រង់ លើស​ជាង​ពួក​ស្រី​ក្រមុំ​ទាំង​ប៉ុន្មាន ដល់​ម៉្លេះ​បាន​ជា​ទ្រង់​បំពាក់​មកុដ‌រាជ្យ តាំង​នាង​ឡើង​ជា​អគ្គ‌មហេសី​ជំនួស​វ៉ាសធី
18 រួច​ស្តេច​ទ្រង់​ជប់‌លៀង​ជា​យ៉ាង​ធំ ដល់​អស់​ទាំង​ពួក​អ្នក​ជា​ប្រធាន និង​ពួក​ជំនិត​ទ្រង់​ទាំង​អស់ គឺ​ជា​ការ​ជប់‌លៀង​របស់​អេសធើរ ទ្រង់​ក៏​ប្រោស​ឲ្យ​មនុស្ស​នៅ​គ្រប់​ខេត្ត​បាន​ឈប់​សម្រាក ហើយ​ទ្រង់​ដាក់​ទាន តាម​សណ្ឋាន​ស្តេច។
19 លុះ​ដល់​ពួក​នាង​ក្រមុំ​បាន​ប្រជុំ​គ្នា​លើក​ទី​២ នោះ​ម៉ា‌ដេកាយ​គាត់​អង្គុយ​នៅ​ត្រង់​មាត់​ទ្វារ​ព្រះ‌រាជ‌វាំង
20 ឯ​អេសធើរ នាង​មិន​បាន​ប្រាប់​ឲ្យ​អ្នក​ណា​ដឹង​ពី​គ្រួ និង​ពី​ជំនួរ​វង្ស​របស់​ខ្លួន​ទេ តាម​បង្គាប់​របស់​ម៉ា‌ដេកាយ ពី​ព្រោះ​នាង​នៅ​តែ​ស្តាប់​បង្គាប់​ម៉ា‌ដេកាយ ដូច​នៅ​គ្រា​ដែល​គាត់​ចិញ្ចឹម​នៅ​ឡើយ
21 រីឯ​នៅ​គ្រា​នោះ កាល​ម៉ា‌ដេកាយ​កំពុង​តែ​អង្គុយ​នៅ​មាត់​ទ្វារ​ព្រះ‌រាជ‌វាំង នោះ​មាន​ភ្នាក់‌ងារ​របស់​ស្តេច​២​នាក់ ឈ្មោះ​ប៊ីកថាន និង​ថេរែស ក្នុង​ពួក​អ្នក​ចាំ​យាម​នៅ​មាត់​ទ្វារ​ព្រះ‌រាជ‌វាំង គេ​មាន​សេចក្ដី​កំហឹង ហើយ​រក​ឱកាស​ដល់​ព្រះ‌ជន្ម​ស្តេច​អ័ហា‌ស៊ូរុស
22 រឿង​នោះ​ក៏​បាន​ដឹង​ដល់​ម៉ា‌ដេកាយ ហើយ​គាត់​ទូល​អេសធើរ​ជា​អគ្គ‌មហេសី រួច​អេសធើរ នាង​ទូល​ដល់​ស្តេច ដោយ​នូវ​ឈ្មោះ​ម៉ា‌ដេកាយ
23 លុះ​កាល​គេ​ស៊ើប​សួរ​រក​ពី​រឿង​នោះ​ទៅ ក៏​ឃើញ​ពិត​ដូច្នោះ​មែន រួច​គេ​ចង​ក​អ្នក​ទាំង​២​ព្យួរ​នៅ​ដើម​ឈើ ហើយ​គេ​កត់​រឿង​នោះ​ទុក​ក្នុង​របា‌ក្សត្រ​នៅ​ចំពោះ​ស្តេច។


ជំពូក 3

1 ក្រោយ​នោះ​មក ស្តេច​អ័ហា‌ស៊ូរុស​ទ្រង់​លើក​តម្កើង​ហាម៉ាន កូន​ហាំម្តាថា ជា​សាសន៍​អ័កាក់ ទាំង​លើក​លោក​ឡើង តាំង​ឲ្យ​មាន​ងារ​ជា​ធំ​លើស​អស់​ទាំង​អ្នក​ជា​ប្រធាន​ដែល​នៅ​ចំពោះ​ទ្រង់
2 ដូច្នេះ ពួក​មហា‌តលិក​របស់​ស្តេច ដែល​នៅ​ត្រង់​មាត់​ទ្វារ​ព្រះ‌រាជ‌វាំង គេ​ឱន​ខ្លួន​ចុះ​គោរព​ដល់​ហាម៉ាន​ទាំង​អស់​គ្នា ពី​ព្រោះ​ស្តេច​ទ្រង់​បាន​ចេញ​បង្គាប់​ពី​ដំណើរ​លោក​យ៉ាង​នោះ តែ​ម៉ា‌ដេកាយ​មិន​បាន​ឱន​ខ្លួន​ទេ ក៏​មិន​គោរព​ផង
3 ដូច្នេះ ពួក​មហា‌តលិក​របស់​ស្តេច​ដែល​នៅ​ត្រង់​មាត់​ទ្វារ​ព្រះ‌រាជ​វាំង គេ​សួរ​គាត់​ថា ហេតុ​អ្វី​បាន​ជា​អ្នក​ទទឹង​នឹង​បង្គាប់​ស្តេច​ដូច្នេះ
4 រួច​កាល​គេ​បាន​រំឭក​ដល់​គាត់​រាល់​តែ​ថ្ងៃ តែ​គាត់​មិន​ព្រម​ស្តាប់​តាម នោះ​គេ​ក៏​ជម្រាប​ដល់​ហាម៉ាន ដើម្បី​នឹង​ល​មើល​បើ​សេចក្ដី​ដែល​ម៉ា‌ដេកាយ​ប្រព្រឹត្ត​ដូច្នោះ នឹង​បាន ឬ​មិន​បាន​ពី​ព្រោះ​គាត់​បាន​ប្រាប់​ឲ្យ​គេ​ដឹង​ហើយ ថា​គាត់​ជា​សាសន៍​យូដា
5 កាល​ហាម៉ាន​ឃើញ​ថា ម៉ា‌ដេកាយ​មិន​ឱន​គោរព​ដល់​ខ្លួន​ទេ នោះ​លោក​មាន​ចិត្ត​ពេញ​ដោយ​សេចក្ដី​ក្រោធ
6 តែ​លោក​តោះ‌តើយ និង​ចង់​ចាប់​ម៉ា‌ដេកាយ​តែ​១​ប៉ុណ្ណោះ ដ្បិត​គេ​បាន​ជម្រាប​ឲ្យ​លោក​ជ្រាប​ពី​សាសន៍​របស់​ម៉ា‌ដេកាយ​ហើយ បាន​ជា​លោក​រក​ឱកាស​នឹង​បំផ្លាញ​សាសន៍​យូដា​ទាំង​អស់​បង់ ដែល​មាន​នៅ​ពេញ​ក្នុង​នគរ​របស់​អ័ហា‌ស៊ូរុស​ទាំង​មូល​វិញ គឺ​ជា​ជាតិ​របស់​ម៉ា‌ដេកាយ​ទាំង​ប៉ុន្មាន។
7 រីឯ​នៅ​ឆ្នាំ​១២ ក្នុង​រាជ្យ​អ័ហា‌ស៊ូរុស គឺ​នៅ​ខែ​ទី​១ ជា​ខែ​ចេត្រ នោះ​គេ​វាយ​លេខ​តាម​របៀន «ពោរ» នៅ​មុខ​ហាម៉ាន ដេញ​រក​ថ្ងៃ​ខែ ទៅ​ទល់​នឹង​ខែ​១២ ទើប​ត្រូវ គឺ​ជា​ខែ​ផល្គុន
8 នោះ​ហាម៉ាន​ទូល​ដល់​ស្តេច​អ័ហា‌ស៊ូរុស​ថា មាន​សាសន៍១ ដែល​ខ្ចាត់​ខ្ចាយ​នៅ​កណ្តាល​សាសន៍​ទាំង​ប៉ុន្មាន ក្នុង​គ្រប់​ទាំង​អាណា​ខេត្ត​របស់​ទ្រង់ គេ​មាន​ច្បាប់​ខុស​ពី​ច្បាប់​នៃ​សាសន៍​ទាំង​អស់ ក៏​មិន​កាន់​តាម​ច្បាប់​របស់​ព្រះ‌ករុណា​ផង ដូច្នេះ មិន​គួរ​ឲ្យ​ព្រះ‌ករុណា​ទុក​ឲ្យ​គេ​នៅ​ទៀត​ទេ
9 បើ​សិន​ជា​ព្រះ‌ករុណា​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ នោះ​សូម​ទ្រង់​បង្គាប់​ឲ្យ​មាន​ច្បាប់​កត់​ទុក ឲ្យ​បំផ្លាញ​ពួក​នោះ​ចេញ យ៉ាង​នោះ​ទូល‌បង្គំ​នឹង​ប្រគល់​ប្រាក់​១​ម៉ឺន​ហាប​ទៅ​ក្នុង​ឃ្លាំង​ហ្លួង​ទាំង​ប៉ុន្មាន សម្រាប់​ពួក​អ្នក​ដែល​ចាត់‌ចែង​ការ​នោះ
10 ដូច្នោះ ស្តេច​ទ្រង់​ដោះ​ព្រះ‌ទម្រង់​ពី​ព្រះ‌ហស្ត​ប្រគល់​ដល់​ហាម៉ាន ជា​កូន​ហាំម្តាថា សាសន៍​អ័កាក់ ជា​ខ្មាំង​សត្រូវ​ពួក​យូដា
11 ដោយ​ព្រះ‌បន្ទូល​ថា ប្រាក់​នោះ​យើង​បាន​អនុញ្ញាត​ឲ្យ​អ្នក​ហើយ ព្រម​ទាំង​សាសន៍​នោះ​ផង ដើម្បី​ឲ្យ​អ្នក​ធ្វើ​ដល់​គេ តាម​តែ​គិត​ឃើញ​ថា​ល្អ​ចុះ។
12 នៅ​ថ្ងៃ​១៣ ខែ​ចេត្រ គេ​បាន​ហៅ​ពួក​ស្មៀន​ហ្លួង​មក កត់​គ្រប់​ទាំង​សេចក្ដី​ដែល​ហាម៉ាន​បង្គាប់​ដល់​ពួក​ចៅ‌ហ្វាយ​ខេត្ត​របស់​ស្តេច ពួក​ចៅ‌ហ្វាយ​ដែល​ត្រួត​នៅ​គ្រប់​តែ​ស្រុក និង​ពួក​មេ​នៃ​គ្រប់​ទាំង​សាសន៍ គឺ​ដល់​គ្រប់​ខេត្ត​តាម​អក្សរ​ជាតិ​របស់​គេ ហើយ​ដល់​គ្រប់​សាសន៍ តាម​ភាសា​របស់​គេ ច្បាប់​នោះ​បាន​កត់​ទុក​ដោយ​នូវ​ព្រះ‌នាម​ស្តេច​អ័ហា‌ស៊ូរុស ក៏​បោះ​ត្រា​ដោយ​ព្រះ‌ទម្រង់​របស់​ស្តេច​ដែរ
13 ហើយ​គេ​ផ្ញើ​សំបុត្រ​ទាំង​នោះ ទៅ​គ្រប់​ទាំង​ខេត្ត​របស់​ស្តេច ដោយ‌សារ​ពួក​អ្នក​រត់​សំបុត្រ បង្គាប់​ឲ្យ​បំផ្លាញ​សម្លាប់ ហើយ​ធ្វើ​ឲ្យ​ពួក​សាសន៍​យូដា​ទាំង​អស់​វិនាស​បង់ ទោះ​ទាំង​ចាស់​ទាំង​ក្មេង និង​កូន‌ង៉ែត ហើយ​ស្ត្រីៗ​ផង ក្នុង​រវាង​១​ថ្ងៃ​កំណត់​នោះ ដែល​ត្រូវ​ជា​ថ្ងៃ​១៣ ខែ​១២ គឺ​ជា​ខែ​ផល្គុន ព្រម​ទាំង​រឹប​ជាន់​យក​ទ្រព្យ​សម្បត្តិ​គេ​ផង
14 ឯ​សំបុត្រ​ទាំង​នោះ​មាន​ចំឡង​ព្រះ‌រាជ‌ឱង្ការ ដែល​ត្រូវ​ប្រកាស​ប្រាប់​ដល់​គ្រប់​ទាំង​សាសន៍ នៅ​អស់​ទាំង​ខេត្ត​ផង ឲ្យ​គេ​បាន​ប្រុង‌ប្រៀប​ជា​ស្រេច​នៅ​ថ្ងៃ​នោះ
15 ពួក​រត់​សំបុត្រ​ក៏​ចេញ​ទៅ​ជា​ប្រញាប់ តាម​បង្គាប់​របស់​ស្តេច ហើយ​ព្រះ‌រាជ‌ឱង្ការ​នោះ​បាន​ប្រកាស​ប្រាប់ នៅ​ក្នុង​ស៊ូសាន ជា​ក្រុង​ហ្លួង​ដែរ រួច​ស្តេច និង​ហាម៉ាន​ក៏​នាំ​គ្នា​បរិភោគ​ស្រា តែ​ទី​ក្រុង​ស៊ូសាន​មាន​សេចក្ដី​ស្រឡាំង‌កាំង​នៅ។


ជំពូក 4

1 ចំណែក​ម៉ា‌ដេកាយ កាល​បាន​ដឹង​ពី​ការ​ដែល​កើត​មក​ទាំង​នោះ​ហើយ នោះ​គាត់​ហែក​អាវ​ខ្លួន ហើយ​ស្លៀក​សំពត់​ធ្មៃ​រោយ​ផេះ​ផង រួច​ចេញ​ទៅ​កណ្តាល​ទី​ក្រុង​ស្រែក​ឡើង ជា​សម្រែក​យ៉ាង​ខ្លាំង ហើយ​ជូរ​ចត់
2 គាត់​ក៏​ទៅ​រហូត​ដល់​មុខ​ទ្វារ​ព្រះ‌រាជ‌វាំង ដ្បិត​គ្មាន​ច្បាប់​នឹង​ចូល​ទៅ​ក្នុង​ព្រះ‌រាជ‌វាំង​ទាំង​ស្លៀក​សំពត់​ធ្មៃ​បាន​ឡើយ
3 ហើយ​នៅ​គ្រប់​តែ​ខេត្ត ត្រង់​កន្លែង​ណា​ក៏​ដោយ ដែល​ព្រះ‌រាជ‌ឱង្ការ និង​បង្គាប់​នៃ​ស្តេច​បាន​ទៅ​ដល់ នោះ​មាន​សេចក្ដី​សៅ‌សោក​ជា​ខ្លាំង នៅ​ក្នុង​ពួក​សាសន៍​យូដា ព្រម​ទាំង​ការ​តម​អត់​យំ‌យែក ហើយ​ស្រែក​ទ្រហោ ក៏​មាន​គ្នា​ច្រើន​បាន​គ្រលំ​ដោយ​សំពត់​ធ្មៃ ដេក​នៅ​គំនរ​ផែះ​ផង។
4 ពួក​ស្រី​បម្រើ និង​ពួក​ភ្នាក់‌ងារ​របស់​អគ្គ‌មហេសី នាង​អេសធើរ ក៏​មក​ទូល​សេចក្ដី​នោះ​ដល់​ព្រះ‌នាង ដូច្នេះ ព្រះ‌នាង​មាន​សេចក្ដី​ថប់​ព្រួយ​ជា​ខ្លាំង ក៏​ផ្ញើ​សម្លៀក‌បំពាក់​ទៅ​ជូន​ដល់​ម៉ា‌ដេកាយ ដើម្បី​ឲ្យ​គាត់​បាន​ផ្លាស់​សំពត់​ធ្មៃ​ចេញ តែ​គាត់​មិន​ព្រម​ទទួល​ទេ
5 អេសធើរ​ក៏​ហៅ​ហាថាក់ ជា​ភ្នាក់‌ងារ​របស់​ស្តេច ដែល​ទ្រង់​បាន​តម្រូវ​ឲ្យ​បម្រើ​ព្រះ‌នាង​មក​បង្គាប់​ឲ្យ​ទៅ​ឯ​ម៉ា‌ដេកាយ ដើម្បី​នឹង​សួរ​ឲ្យ​ដឹង​ពី​រឿង​នោះ ហើយ​ពី​ហេតុ​អ្វី​បាន​ជា​កើត​ដូច្នេះ
6 ហាថាក់​ក៏​ចេញ​ទៅ​ឯ​ម៉ា‌ដេកាយ នៅ​ត្រង់​ទីធ្លា​ក្រុង ដែល​នៅ​មុខ​ព្រះ‌រាជ‌វាំង
7 ហើយ​ម៉ា‌ដេកាយ​ប្រាប់​គាត់ ពី​គ្រប់​ទាំង​ដំណើរ​ដែល​បាន​កើត​មក​ដល់​ខ្លួន និង​ពី​ចំនួន​ប្រាក់​ដែល​ហាម៉ាន​បាន​សន្យា​បញ្ចេញ​ទៅ​ឯ​ឃ្លាំង​ហ្លួង​ទាំង​ប៉ុន្មាន ឲ្យ​បាន​បំផ្លាញ​ដល់​ពួក​សាសន៍​យូដា
8 ក៏​ឲ្យ​សំណៅ​ព្រះ‌រាជ‌ឱង្ការ​១​ច្បាប់ ជា​សេចក្ដី​ដែល​បាន​ប្រកាស​ប្រាប់​នៅ​ក្រុង​ស៊ូសាន បង្គាប់​ឲ្យ​សម្លាប់​គេ ដល់​ភ្នាក់‌ងារ​នោះ ឲ្យ​នាំ​យក​ទៅ​បង្ហាញ​ដល់​អេសធើរ ហើយ​រាប់​រៀប​ទូល​ព្រះ‌នាង​ឲ្យ​ជ្រាប ព្រម​ទាំង​ផ្តាំ​ឲ្យ​ព្រះ‌នាង​ចូល​ទៅ​ទូល​អង្វរ​ចំពោះ​ស្តេច ថ្វាយ​ពាក្យ​សំណូម​ជំនួស​សាសន៍​របស់​ខ្លួន​ផង។
9 ហាថាក់​ក៏​ទៅ​ក្រាប​ទូល​ដល់​អេសធើរ តាម​ពាក្យ​របស់​ម៉ា‌ដេកាយ
10 រួច​អេសធើរ​មាន​សវនីយ៍​នឹង​ហាថាក់​ផ្តាំ​ឲ្យ​ទៅ​ជម្រាប​ម៉ា‌ដេកាយ​ថា
11 អស់​ទាំង​ពួក​បម្រើ​របស់​ស្តេច និង​ពួក​បណ្តា‌ជន នៅ​គ្រប់​ទាំង​ខេត្ត​របស់​ទ្រង់ សុទ្ធ​តែ​ដឹង​ថា បើ​ស្តេច​មិន​បាន​ហៅ​រក នោះ​អ្នក​ណា​ក៏​ដោយ ទោះ​ប្រុស ឬ​ស្រី​ក្តី ដែល​នឹង​ចូល​ទៅ​ឯ​ស្តេច ក្នុង​ព្រះ‌រាជ‌រោង​ខាង​ក្នុង នោះ​មាន​ច្បាប់​តែ​១​ចំពោះ​អ្នក​នោះ គឺ​ត្រូវ​សម្លាប់​បង់ លើក​តែ​អ្នក​ណា​ដែល​ទ្រង់​នឹង​ហុច​ព្រះ​ដំបង​មាស មក​ប្រោស​ឲ្យ​បាន​រស់​ប៉ុណ្ណោះ តែ​ស្តេច​មិន​បាន​ហៅ​ខ្ញុំ​ចូល​ទៅ​ចំពោះ​ទ្រង់​អស់​៣០​ថ្ងៃ​នេះ​ហើយ
12 រួច​គេ​ក៏​ទៅ​ជម្រាប​ម៉ា‌ដេកាយ តាម​ពាក្យ​របស់​អេសធើរ​វិញ។
13 ឯ​ម៉ា‌ដេកាយ ក៏​ប្រាប់​ឲ្យ​គេ​ចូល​ទៅ​ទូល​ឆ្លើយ​នឹង​អេសធើរ​ថា កុំ​ឲ្យ​គិត​ស្មាន​ថា ព្រះ‌នាង​នឹង​រួច​ជីវិត នៅ​ក្នុង​ដំណាក់​ស្តេច ជា​ជាង​ពួក​សាសន៍​យូដា​ឯ​ទៀត​នោះ​ឡើយ
14 ដ្បិត​បើ​ព្រះ‌នាង​នឹង​ស្ងៀម​នៅ​ក្នុង​វេលា​នេះ នោះ​នឹង​កើត​មាន​សេចក្ដី​សង្គ្រោះ និង​សេចក្ដី​ប្រោស​ឲ្យ​រួច ដល់​ពួក​យូដា​ពី​កន្លែង​ផ្សេង​ទៀត តែ​ព្រះ‌នាង និង​ញាតិ‌វង្ស​របស់​បិតា​នៃ​ព្រះ‌នាង នឹង​ត្រូវ​វិនាស​វិញ ហើយ​ប្រហែល​ជា​ព្រះ‌នាង បាន​តាំង​ឡើង​ក្នុង​រាជ្យ សម្រាប់​ពេល​នេះ​ឯង​ទេ​ដឹង
15 ដូច្នេះ អេសធើរ​ក៏​បង្គាប់ ឲ្យ​គេ​ទៅ​ជម្រាប​ម៉ា‌ដេកាយ​ថា
16 សូម​ទៅ​ប្រមូល​ពួក​សាសន៍​យូដា ដែល​នៅ​ក្រុង​ស៊ូសាន​ឲ្យ​ប្រជុំ​គ្នា​តម​អត់​ឲ្យ​ខ្ញុំ កុំ​ឲ្យ​បរិភោគ​អ្វី​ទាំង​យប់​ទាំង​ថ្ងៃ​អស់​រវាង​៣​ថ្ងៃ ឯ​ខ្ញុំ និង​ពួក​ស្រី​បម្រើ​របស់​ខ្ញុំ ក៏​នឹង​តម​ដូច្នោះ​ដែរ យ៉ាង​នោះ ខ្ញុំ​នឹង​ចូល​ទៅ​គាល់​ស្តេច ដែល​ជា​ការ​ខុស​ច្បាប់ ហើយ​បើ​ខ្ញុំ​ត្រូវ​ស្លាប់ ក៏​ស្លាប់​ទៅ​ចុះ
17 នោះ​ម៉ា‌ដេកាយ​ក៏​ទៅ​ធ្វើ​តាម​គ្រប់​សេចក្ដី ដែល​អេសធើរ​បាន​បង្គាប់​មក។


ជំពូក 5

1 លុះ​ដល់​ថ្ងៃ​ទី​៣ នោះ​អេសធើរ​ក៏​ទ្រង់​គ្រឿង​មហេសី​ចូល​ទៅ ឈរ​ក្នុង​ព្រះ‌រាជ‌រោង​ខាង​ក្នុង ដែល​ទល់​មុខ​នឹង​ដំណាក់​ស្តេច ឯ​ស្តេច​ទ្រង់​គង់​លើ​បល្ល័ង្ក‌រាជ្យ ក្នុង​មហា‌មន្ទីរ ប្រឈម​នឹង​ផ្លូវ​ចូល​ទៅ​ឯ​ព្រះ‌រាជ‌ដំណាក់
2 កាល​ស្តេច​ទ្រង់​ទត​ឃើញ​អេសធើរ ជា​អគ្គ‌មហេសី ឈរ​ក្នុង​ព្រះ‌រាជ‌រោង​ដូច្នោះ នោះ​ទ្រង់​ក៏​ប្រោស​ដល់​ព្រះ‌នាង ហើយ​ហុច​ព្រះ‌ដំបង​មាស ដែល​កាន់​នៅ​ព្រះ‌ហស្ត ទៅ​ឯ​ព្រះ‌នាង រួច​ព្រះ‌នាង​យាង​ចូល​ទៅ​ពាល់​ចុង​ព្រះ‌ដំបង​នោះ
3 ស្តេច​ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​ថា អេសធើរ អគ្គ‌មហេសី​អើយ តើ​ព្រះ‌នាង​មក​ចង់​បាន​អ្វី តើ​គិត​ចង់​សូម​អ្វី យើង​នឹង​បើក​ឲ្យ​តាម​ព្រះ‌នាង​សូម ទោះ​បើ​ដល់​នគរ​១​ចំហៀង​ផង
4 អេសធើរ​ទូល​ថា បើ​ព្រះ‌ករុណា​សព្វ​ព្រះ‌ហឫទ័យ នោះ​សូម​ព្រះ‌ករុណា និង​ហាម៉ាន​យាង​ទៅ​សោយ​លៀង ដែល​ខ្ញុំ​ម្ចាស់​បាន​រៀប​ថ្វាយ​នៅ​ថ្ងៃ​នេះ។
5 ដូច្នេះ ស្តេច​ទ្រង់​ក៏​បង្គាប់​គេ​ថា ចូរ​ទៅ​ប្រាប់​ហាម៉ាន​ឲ្យ​ប្រញាប់​ឡើង ដើម្បី​ឲ្យ​បាន​សម្រេច​ដូច​ព្រះ‌នាង​បាន​ថា យ៉ាង​នោះ ស្តេច និង​ហាម៉ាន​បាន​មក​សោយ​លៀង ដែល​អេសធើរ​បាន​រៀប‌ចំ​ថ្វាយ
6 កំពុង​តែ​លៀង​ស្រា​ទំពាំង‌បាយ‌ជូរ នោះ​ស្តេច​មាន​ព្រះ‌បន្ទូល​សួរ​អេសធើរ​ថា តើ​ព្រះ‌នាង​ចង់​បាន​អ្វី យើង​នឹង​បើក​ឲ្យ តើ​គិត​សូម​អ្វី ទោះ​បើ​ដល់​នគរ​១​ចំហៀង​ក៏​ដោយ គង់​តែ​បាន​សម្រេច​ឲ្យ​ព្រះ‌នាង​ដែរ
7 អេសធើរ​ទូល​ឆ្លើយ​ថា សេចក្ដី​សំណូម​របស់​ខ្ញុំ​ម្ចាស់ និង​សេចក្ដី​ដែល​ខ្ញុំ​ម្ចាស់​ចង់​បាន
8 គឺ​បើ​ព្រះ‌ករុណា​ប្រោស​មេត្តា​ដល់​ខ្ញុំ​ម្ចាស់ ហើយ​បើ​ព្រះ‌ករុណា​សព្វ​ព្រះ‌ហឫទ័យ​នឹង​ប្រោស​ប្រទាន​ដល់​ខ្ញុំ​ម្ចាស់ តាម​សេចក្ដី​សំណូម ហើយ​សម្រេច​តាម​សេចក្ដី​ដែល​ខ្ញុំ​ម្ចាស់​ចង់​បាន​ដែរ នោះ​សូម​ព្រះ‌ករុណា និង​ហាម៉ាន​យាង​មក​សោយ​លៀង​ដែល​ខ្ញុំ​ម្ចាស់ និង​រៀប‌ចំ​ថ្វាយ​នៅ​ថ្ងៃ​ស្អែក​ទៀត នោះ​ខ្ញុំ​ម្ចាស់​នឹង​ធ្វើ​តាម​ដែល​ព្រះ‌ករុណា​បាន​មាន​ព្រះ‌បន្ទូល​ហើយ។
9 នៅ​ថ្ងៃ​នោះ ហាម៉ាន​ក៏​ចេញ​ទៅ ដោយ​មាន​ចិត្ត​អំណរ​អរ​រីក‌រាយ តែ​កាល​លោក​ឃើញ​ម៉ា‌ដេកាយ​នៅ​ត្រង់​មាត់​ទ្វារ​ព្រះ‌រាជ‌វាំង ដែល​មិន​ឈរ​ឡើង ឬ​កម្រើក​គោរព​នៅ​មុខ​ខ្លួន នោះ​លោក​មាន​ពេញ​ដោយ​សេចក្ដី​ឃោរ‌ឃៅ​ចំពោះ​ម៉ា‌ដេកាយ
10 ប៉ុន្តែ លោក​ទ្រាំ​អត់​នៅ ហួស​ទៅ​ឯ​ផ្ទះ​ខ្លួន​ទៅ រួច​ចាត់​គេ​ឲ្យ​ទៅ​ហៅ​ពួក​មិត្ត​សំឡាញ់ និង​សេរែស ជា​ប្រពន្ធ​ខ្លួន​មក
11 ហើយ​ថ្លែង​ពី​សេចក្ដី​រុងរឿង​នៃ​ទ្រព្យ​សម្បត្តិ​ខ្លួន ពី​កូន​ចៅ​ដែល​មាន​ច្រើន​ដល់​ម៉្លេះ និង​ពី​ស្តេច​បាន​តម្កើង​ងារ​ខ្លួន ហើយ​តាំង​ឡើង​ខ្ពស់​ជាង​អស់​ពួក​អ្នក​ជា​ប្រធាន និង​ពួក​ជំនិត​ទ្រង់​ទាំង​ប៉ុន្មាន
12 លោក​ក៏​ថ្លែង​នេះ​ទៀត​ថា អេសធើរ អគ្គ‌មហេសី មិន​បើក​ឲ្យ​អ្នក​ណា​ចូល​ទៅ​ជា​មួយ​នឹង​ស្តេច ដើម្បី​បរិភោគ​លៀង​ដែល​ព្រះ‌នាង​រៀប‌ចំ​នោះ​ទេ បើក​ឲ្យ​តែ​អញ​១​ប៉ុណ្ណោះ ហើយ​ដល់​ថ្ងៃ​ស្អែក ព្រះ‌នាង​ក៏​អញ្ជើញ​អញ​ទៅ​ជា​មួយ​នឹង​ស្តេច​ម្តង​ទៀត
13 ប៉ុន្តែ ដែល​អញ​នៅ​ឃើញ​ម៉ា‌ដេកាយ ជា​សាសន៍​យូដា​នោះ អង្គុយ​នៅ​មាត់​ទ្វារ​ព្រះ‌រាជ‌វាំង​ដរាប​ណា នោះ​ស‌គុណ​ទាំង​ប៉ុន្មាន​នេះ​មិន​ជា​អ្វី​ដល់​អញ​ទេ
14 នោះ​សេរែស ជា​ប្រពន្ធ​លោក និង​ពួក​សំឡាញ់​ទាំង​ប៉ុន្មាន​ក៏​និយាយ​ឡើង​ថា ត្រូវ​ឲ្យ​គេ​ដំឡើង​ឈើ​កំពស់​៥០​ហត្ថ រួច​ដល់​ព្រឹក​ឡើង ឲ្យ​ចូល​ទៅ​ទូល​សូម​ច្បាប់​ស្តេច ដើម្បី​យក​ម៉ា‌ដេកាយ​នេះ​ទៅ​ចង​ក​ព្យួរ​ទៅ ដូច្នេះ លោក​នឹង​ចូល​ទៅ​ពិសា​លៀង​ជា​មួយ​នឹង​ស្តេច ដោយ​អំណរ​បាន ដំណើរ​នោះ​បាន​ពេញ​ចិត្ត​ដល់​ហាម៉ាន លោក​ក៏​ឲ្យ​គេ​ដំឡើង​ឈើ​សម្រាប់​ព្យួរ​នោះ​ឡើង។


ជំពូក 6

1 នៅ​វេលា​យប់​ថ្ងៃ​នោះ​ឯង ស្តេច​ទ្រង់​ផ្ទំ​មិន​លក់​ទេ ដូច្នេះ ទ្រង់​បង្គាប់​ឲ្យ​គេ​យក​សៀវភៅ ដែល​កត់​អស់​ទាំង​រឿង​ទុក​សម្រាប់​ពង្សាវតារ​មក រួច​គេ​ក៏​អាន​មើល​ថ្វាយ​ស្តេច
2 នោះ​ឃើញ​មាន​សេចក្ដី​កត់​ទុក​ពី​ម៉ា‌ដេកាយ​បាន​ប្តឹង​ពី​ប៊ីកថាន និង​ថេរែស ជា​ភ្នាក់‌ងារ​២​នាក់​របស់​ស្តេច ក្នុង​ពួក​អ្នក​ឆ្មាំ​ទ្វារ ដែល​បាន​រក​ឱកាស​ដល់​ព្រះ‌ជន្ម​នៃ​ស្តេច​អ័ហា‌ស៊ូរុស
3 ស្តេច​មាន​ព្រះ‌បន្ទូល​សួរ​ថា តើ​បាន​ប្រោស​ឲ្យ​ម៉ា‌ដេកាយ​នេះ​បាន​រង្វាន់ និង​យស​ជា​យ៉ាង​ណា​ខ្លះ ដោយ​ព្រោះ​ការ​នោះ ពួក​មហា‌តលិក​ដែល​បម្រើ​ស្តេច​ទូល​តប​ថា មិន​បាន​ប្រោស​អ្វី​ដល់​គាត់​ឡើយ
4 ខណៈ​នោះ ស្តេច​មាន​ព្រះ‌បន្ទូល​សួរ​ថា តើ​អ្នក​ណា​នៅ​ឯ​ទីធ្លា​នោះ រីឯ​ហាម៉ាន​បាន​មក​ដល់​ទីធ្លា​ខាង​ក្រៅ​នៃ​ព្រះ‌រាជ‌ដំណាក់​ហើយ ចង់​សូម​ច្បាប់​ស្តេច​ឲ្យ​ចង​ក​ម៉ា‌ដេកាយ​ព្យួរ​នឹង​ឈើ ដែល​លោក​បាន​ដំឡើង​ទុក​នោះ​ទៅ
5 ដូច្នេះ ពួក​មហា‌តលិក​ទូល​ទ្រង់​ថា គឺ​ជា​លោក​ហាម៉ាន​ដែល​ឈរ​នៅ​ទីធ្លា​នោះ ស្តេច​មាន​ព្រះ‌បន្ទូល​ថា ចូរ​ឲ្យ​លោក​ចូល​មក​ចុះ
6 ហាម៉ាន​ក៏​ចូល​មក រួច​ស្តេច​ទ្រង់​សួរ​ថា តើ​គួរ​ប្រោស​ជា​យ៉ាង​ណា ដល់​អ្នក​ដែល​ស្តេច​សព្វ​ព្រះ‌ហឫទ័យ​ចង់​លើក​មុខ ហាម៉ាន​នឹក​ក្នុង​ចិត្ត​ថា តើ​មាន​អ្នក​ណា​ក្រៅ​ពី​អញ ដែល​ស្តេច​សព្វ​ព្រះ‌ហឫទ័យ​នឹង​លើក​មុខ​ឲ្យ
7 ដូច្នេះ ហាម៉ាន​ទូល​ឆ្លើយ​ថា ឯ​មនុស្ស​ដែល​ព្រះ‌ករុណា​សព្វ​ព្រះ‌ហឫទ័យ​ចង់​លើក​មុខ​ឲ្យ
8 នោះ​គួរ​តែ​យក​ព្រះ‌ពស្ត្រា‌រាជ្យ ដែល​ព្រះ‌ករុណា​ធ្លាប់​ទ្រង់ និង​សេះ​ដែល​ព្រះ‌ករុណា​គង់ ព្រម​ទាំង​មកុដ‌រាជ្យ ដែល​ពាក់​លើ​ព្រះ‌សិរ​មក
9 ហើយ​ប្រគល់​ប្រដាប់​ទាំង​នោះ និង​សេះ​ដល់​ម្នាក់ ជា​អ្នក​ប្រធាន​វិសេស​បំផុត​របស់​ស្តេច ឲ្យ​គេ​បំពាក់​ដល់​អ្នក​ដែល​ព្រះ‌ករុណា​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​ចង់​លើក​មុខ​នោះ រួច​បញ្ជិះ​សេះ​បណ្តើរ​នាំ​ទៅ​តាម​ផ្លូវ​ទី​ក្រុង ហើយ​ស្រែក​ប្រកាស​នៅ​មុខ​អ្នក​នោះ​ថា អ្នក​ដែល​ស្តេច​សព្វ​ព្រះ‌ហឫទ័យ​ចង់​លើក​មុខ​នោះ​បាន​ដូច្នេះ​ហើយ
10 ដូច្នេះ ស្តេច​ទ្រង់​មាន​ព្រះ‌បន្ទូល​បង្គាប់​ហាម៉ាន​ថា ចូរ​ប្រញាប់​ឡើង ទៅ​យក​ព្រះ‌ពស្ត្រា‌រាជ្យ និង​សេះ ដូច​ជា​អ្នក​បាន​ថា​នោះ ទៅ​ធ្វើ​ដូច្នោះ​ដល់​ម៉ា‌ដេកាយ ជា​សាសន៍​យូដា ដែល​អង្គុយ​នៅ​មាត់​ទ្វារ​ព្រះ‌រាជ‌វាំង កុំ​ឲ្យ​ខាន​ធ្វើ​អ្វី​មួយ​ដែល​អ្នក​បាន​ថា​នោះ​ឲ្យ​សោះ
11 ហាម៉ាន​ក៏​យក​ព្រះ‌ពស្ត្រា‌រាជ្យ និង​សេះ​នោះ​មក រួច​បំពាក់​ឲ្យ​ម៉ា‌ដេកាយ ហើយ​បញ្ជិះ​គាត់​បណ្តើរ​នាំ​ទៅ​តាម​ផ្លូវ​ទី​ក្រុង ដោយ​ស្រែក​ប្រកាស​នៅ​មុខ​គាត់​ថា អ្នក​ដែល​ស្តេច​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​ចង់​លើក​មុខ នោះ​បាន​ដូច្នេះ​ហើយ
12 រួច​ហើយ ម៉ា‌ដេកាយ​ក៏​វិល​ត្រឡប់​មក​ឯ​ទ្វារ​ព្រះ‌រាជ‌វាំង​វិញ តែ​ឯ​ហាម៉ាន​លោក​ប្រញាប់‌ប្រញាល់​ទៅ​ឯ​ផ្ទះ ដោយ​សៅ‌សោក ហើយ​គ្រលំ​ក្បាល
13 លោក​ក៏​រាប់​រៀប​ប្រាប់​ដល់​សេរែស ជា​ប្រពន្ធ និង​ពួក​មិត្ត​សំឡាញ់​ទាំង​ប៉ុន្មាន​ពី​អស់​ទាំង​ការ​ដែល​បាន​កើត​មក​ដល់​ខ្លួន ដូច្នោះ ពួក​អ្នក​ប្រាជ្ញ​របស់​លោក និង​សេរែស ជា​ប្រពន្ធ ក៏​និយាយ​ទៅ​លោក​ថា បើ​សិន​ជា​ម៉ា‌ដេកាយ​នេះ​ជាតិ​ជា​សាសន៍​យូដា ដែល​លោក​បាន​ចាប់​តាំង​ដួល​នៅ​ចំពោះ​គាត់​ហើយ នោះ​លោក​នឹង​ឈ្នះ​គាត់​មិន​បាន​ឡើយ គឺ​នឹង​ត្រូវ​ដួល​នៅ​ចំពោះ​គាត់​ជា​ពិត​ប្រាកដ
14 កាល​គេ​កំពុង​តែ​និយាយ​នឹង​លោក​នៅ​ឡើយ នោះ​មាន​ពួក​ភ្នាក់‌ងារ​របស់​ស្តេច​មក​ដល់ ដាស់‌តឿន​ហាម៉ាន ឲ្យ​ទៅ​បរិភោគ​លៀង ដែល​អេធើរ​បាន​រៀប‌ចំ​ទុក។


ជំពូក 7

1 ដូច្នេះ ស្តេច និង​ហាម៉ាន ក៏​ចូល​ទៅ​សោយ​ជា​មួយ​នឹង​អេសធើរ ជា​អគ្គ‌មហេសី
2 ហើយ​នៅ​ថ្ងៃ​ទី​២​នោះ​កំពុង​ពេល​លៀង​ស្រា​ទំពាំង‌បាយ‌ជូរ នោះ​ស្តេច​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​អេសធើរ​ម្តង​ទៀត​ថា អេសធើរ អគ្គ‌មហេសី​អើយ ព្រះ‌នាង​ចង់​បាន​អ្វី យើង​នឹង​បើក​ឲ្យ តើ​គិត​សូម​អ្វី ទោះ​បើ​ដល់​នគរ​១​ចំហៀង​ក៏​ដោយ គង់​តែ​នឹង​បាន​សម្រេច​ឲ្យ
3 នោះ​អេសធើរ ជា​អគ្គ‌មហេសី ទូល​ឆ្លើយ​ថា បពិត្រ​ព្រះ‌ករុណា បើ​ទ្រង់​ប្រោស​មេត្តា​ដល់​ខ្ញុំ​ម្ចាស់ ហើយ​បើ​ព្រះ‌ករុណា​សព្វ​ព្រះ‌ហឫទ័យ នោះ​សូម​ប្រោស​ឲ្យ​ខ្ញុំ​ម្ចាស់​បាន​រួច​ជីវិត តាម​សេចក្ដី​សំណូម ព្រម​ទាំង​សាសន៍​ខ្ញុំ​ម្ចាស់​ផង តាម​សេចក្ដី​បំណង​របស់​ខ្ញុំ​ម្ចាស់
4 ដ្បិត​មាន​គេ​លក់​ខ្ញុំ​ម្ចាស់ និង​ពួក​សាសន៍​របស់​ខ្ញុំ​ម្ចាស់​ហើយ ឲ្យ​យើង​ខ្ញុំ​ត្រូវ​បំផ្លាញ​សម្លាប់ ហើយ​វិនាស​អស់​ទៅ បើ​សិន​ជា​គេ​បាន​លក់​យើង​ខ្ញុំ​ឲ្យ​គ្រាន់​តែ​ធ្វើ​ជា​បាវ​ប្រុស​ស្រី​ប៉ុណ្ណោះ នោះ​ខ្ញុំ​ម្ចាស់​ឥត​បើ​ថា​ទេ ទោះ​បើ​ខ្មាំង​សត្រូវ​នឹង​សង​ការ​ខូច​ខាត ដែល​នឹង​កើត​ឡើង​ដល់​ស្តេច​មិន​បាន​ក៏​ដោយ
5 ស្តេច​អ័ហា‌ស៊ូរុស​ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​ព្រះ‌នាង​អេសធើរ ជា​អគ្គ‌មហេសី​ថា តើ​អ្នក​ណា​ដែល​ហ៊ាន​ធ្វើ​ការ​ដូច្នោះ តើ​គេ​នៅ​ឯ​ណា
6 នោះ​អេសធើរ​ទូល​តប​ថា នុ៎ះ​ន៍ អ្នក​ដែល​ធ្វើ​ទុក្ខ ហើយ​ស្អប់​ដល់​យើង​ខ្ញុំ គឺ​ហាម៉ាន ជា​មនុស្ស​អាក្រក់​នេះ​ឯង ដូច្នេះ ហាម៉ាន​ក៏​ភ័យ​ស្លុត នៅ​ចំពោះ​ស្តេច និង​អគ្គ‌មហេសី
7 ឯ​ស្តេច​ទ្រង់​មាន​សេចក្ដី​ក្រោធ ដល់​ម៉្លេះ​បាន​ជា​ទ្រង់​ក្រោក​ពី​ទី​លៀង​ស្រា​ទំពាំង‌បាយ‌ជូរ យាង​ចេញ​ទៅ​ឯ​សួន‌ច្បារ​ក្នុង​ព្រះ‌រាជ‌វាំង ហើយ​ហាម៉ាន​លោក​ឈរ​ឡើង សូម​អង្វរ​ដល់​អេសធើរ ជា​អគ្គ‌មហេសី ឲ្យ​បាន​រួច​ជីវិត ពី​ព្រោះ​លោក​យល់​ឃើញ​ថា ស្តេច​ទ្រង់​បាន​សម្រេច​នឹង​ធ្វើ​ទោស​ដល់​ខ្លួន​ហើយ
8 បាន​ជា​ផ្តួល​ខ្លួន​ក្រាប​ចុះ​នៅ​លើ​ព្រះ‌ទែន ដែល​អេសធើរ​ផ្អែក ខណៈ​នោះ​ឯង ស្តេច​ទ្រង់​យាង​ត្រឡប់​ពី​សួន‌ច្បារ​ចូល​មក​ក្នុង​ទី​លៀង​វិញ ឃើញ​ដូច្នោះ ក៏​មាន​ព្រះ‌បន្ទូល​ថា យើះ វា​គិត​ទាំង​បង្ខូច​អគ្គ‌មហេសី​អញ នៅ​មុខ​អញ​ក្នុង​ដំណាក់​ផង​ឬ កាល​ស្តេច​កំពុង​មាន​ព្រះ‌បន្ទូល​នៅ​ឡើយ នោះ​គេ​ក៏​គ្រប​មុខ​ហាម៉ាន
9 រួច​ហាបូណា ជា​ពួក​ភ្នាក់‌ងារ​ម្នាក់​ទូល​នៅ​ចំពោះ​ស្តេច​ថា ហ្ន៍ មាន​ឈើ​កំពស់​៥០​ហត្ថ​ដែល​ហាម៉ាន​បាន​ដំឡើង ទុក​សម្រាប់​ព្យួរ​ម៉ា‌ដេកាយ ជា​អ្នក​ដែល​បាន​ទូល​ជា​គុណ​ដល់​ព្រះ‌ករុណា នោះ​នៅ​ឯ​ផ្ទះ​វា​ស្រាប់ ស្តេច​ទ្រង់​មាន​ព្រះ‌បន្ទូល​តប​ថា ដូច្នោះ ចូរ​ព្យួរ​វា​នឹង​ឈើ​នោះ​ទៅ
10 គេ​ក៏​ចង​ក​ហាម៉ាន​ព្យួរ​នៅ​ឈើ ដែល​លោក​បាន​ដំឡើង​សម្រាប់​ចង​ព្យួរ​ម៉ា‌ដេកាយ​នោះ​ទៅ ដូច្នេះ សេចក្ដី​ក្រោធ​របស់​ស្តេច​ក៏​ស្ងប់​បង់។


ជំពូក 8

1 នៅ​ថ្ងៃ​នោះ​ឯង ស្តេច​អ័ហា‌ស៊ូរុស​ទ្រង់​ប្រទាន​ផ្ទះ​របស់​ហាម៉ាន ជា​ខ្មាំង​សត្រូវ​របស់​សាសន៍​យូដា ដល់​អេសធើរ​ជា​អគ្គ‌មហេសី ឯ​ម៉ា‌ដេកាយ​ក៏​ចូល​ទៅ​ចំពោះ​ស្តេច ពី​ព្រោះ​អេសធើរ​បាន​ទូល​ពី​គាត់​ជា​អ្វី​ដល់​ព្រះ‌នាង
2 ស្តេច​ទ្រង់​ក៏​ដោះ​ព្រះ‌ទម្រង់ ដែល​បាន​ដក​យក​ពី​ហាម៉ាន​ប្រគល់​ទៅ​ម៉ា‌ដេកាយ​វិញ ហើយ​អេសធើរ​ក៏​តាំង​លោក​ឡើង ឲ្យ​ត្រួត​លើ​ផ្ទះ​របស់​ហាម៉ាន។
3 អេសធើរ​ក៏​ទូល​នៅ​ចំពោះ​ស្តេច​ម្តង​ទៀត ដោយ​ក្រាប​នៅ​ទៀប​ព្រះ‌បាទ​ទ្រង់ អង្វរ​ទាំង​ទឹក​ភ្នែក ឲ្យ​ទ្រង់​លើក​ចោល​ការ​អាក្រក់​របស់​ហាម៉ាន ជា​សាសន៍​អ័កាក់ ព្រម​ទាំង​ឧបាយ ដែល​វា​បាន​បង្កើត ទាស់​នឹង​ពួក​យូដា
4 ខណៈ​នោះ ស្តេច​ទ្រង់​ក៏​ហុច​ព្រះ​ដំបង​មាស​ដល់​អេសធើរ ដូច្នេះ ព្រះ‌នាង​ក្រោក​ឡើង ឈរ​នៅ​ចំពោះ​ស្តេច
5 ទូល​ថា បើ​ព្រះ‌ករុណា​សព្វ​ព្រះ‌ទ័យ ហើយ​បើ​ទ្រង់​ប្រោស​មេត្តា​ដល់​ខ្ញុំ​ម្ចាស់ ព្រម​ទាំង​រាប់​សេចក្ដី​នេះ​ថា​ជា​គួរ ហើយ​បើ​ខ្ញុំ​ម្ចាស់​ជា​ទី​ពេញ​ព្រះ‌ទ័យ​ដល់​ទ្រង់ នោះ​សូម​ទ្រង់​ចេញ​ព្រះ‌រាជ‌ឱង្ការ​១​ច្បាប់ លើក​ចោល​សំបុត្រ​ទាំង​ប៉ុន្មាន ដែល​ហាម៉ាន ជា​កូន​ហាំម្តាថា សាសន៍​អ័កាក់ បាន​ធ្វើ​នោះ ជា​សំបុត្រ​ដែល​វា​ផ្ញើ​ទៅ​បង្គាប់​ឲ្យ​បំផ្លាញ​ពួក​សាសន៍​យូដា នៅ​គ្រប់​ទាំង​ខេត្ត​របស់​ព្រះ‌ករុណា
6 ដ្បិត​ធ្វើ​ដូច​ម្តេច​ឲ្យ​ខ្ញុំ​ម្ចាស់​ទ្រាំ​មើល​សេចក្ដី​វេទនា ដែល​នឹង​កើត​ដល់​ជាតិ​របស់​ខ្ញុំ​ម្ចាស់ ឬ​ទ្រាំ​មើល​ញាតិ​សន្តាន​របស់​ខ្ញុំ​ម្ចាស់​ត្រូវ​វិនាស​ទៅ​បាន
7 នោះ​ស្តេច​អ័ហា‌ស៊ូរុស​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​អេសធើរ​អគ្គ‌មហេសី និង​ម៉ា‌ដេកាយ ជា​សាសន៍​យូដា​ថា នេះ​នែ យើង​បាន​ឲ្យ​ផ្ទះ​របស់​ហាម៉ាន​ដល់​អេសធើរ​ហើយ ក៏​បាន​ចង​ក​វា​ព្យួរ​នឹង​ឈើ​ផង ដោយ​ព្រោះ​វា​លូក​ដៃ​ទៅ​ទាស់​នឹង​សាសន៍​យូដា
8 ឥឡូវ​នេះ ចូរ​សរសេរ​ដោយ​ព្រះ‌នាម​យើង​ផ្ញើ​ទៅ​សាសន៍​យូដា តាម​តែ​ចិត្ត​ចុះ ហើយ​ប្រថាប់​ត្រា​ដោយ​ព្រះ‌ទម្រង់​យើង​ផង ដ្បិត​សេចក្ដី​ណា​ដែល​បាន​កត់​ចុះ​ដោយ​នូវ​ព្រះ‌នាម​នៃ​ស្តេច ហើយ​ប្រថាប់​ត្រា​ដោយ​ព្រះ‌ទម្រង់​រាជ្យ នោះ​នឹង​លើក​ចោល​ចេញ​ពុំ​បាន​ឡើយ។
9 ដូច្នេះ នៅ​វេលា​នោះ​ឯង គឺ​ថ្ងៃ​២៣ ខែ​ទី​៣ ជា​ខែ​ជេស្ឋ នោះ​គេ​បាន​ហៅ​ពួក​ស្មៀន​ហ្លួង​មក កត់​អស់​ទាំង​សេចក្ដី​ដែល​ម៉ា‌ដេកាយ​បង្គាប់​ដល់​ពួក​សាសន៍​យូដា ពួក​ចៅ‌ហ្វាយ​ខេត្ត និង​ពួក​ចៅ‌ហ្វាយ​ស្រុក ហើយ​ពួក​អ្នក​ជា​ប្រធាន​នៅ​គ្រប់​ទាំង​១២៧​ខេត្ត ចាប់​តាំង​ពី​ស្រុក​ក្លិង្គ​រហូត​ដល់​ស្រុក​អេធីយ៉ូពី គឺ​ដល់​គ្រប់​ទាំង​ខេត្ត​តាម​អក្សរ​ជាតិ និង​ដល់​គ្រប់​ទាំង​សាសន៍ តាម​ភាសា​របស់​គេ ហើយ​ដល់​ពួក​សាសន៍​យូដា​តាម​អក្សរ តាម​ភាសា​របស់​គេ​ដែរ
10 លោក​បាន​ធ្វើ​សំបុត្រ​នោះ ដោយ​នូវ​ព្រះ‌នាម​នៃ​ស្តេច​អ័ហា‌ស៊ូរុស ព្រម​ទាំង​ប្រថាប់​ត្រា​ដោយ​ព្រះ‌រាជ​ទម្រង់ រួច​ផ្ញើ​ទៅ ដោយ‌សារ​ពួក​អ្នក​រត់​សំបុត្រ ដែល​ជិះ​សេះ ជា​សត្វ​យ៉ាង​លឿន ដែល​នៅ​ក្នុង​ក្រសួង​ស្តេច
11 ឯ​ក្នុង​សំបុត្រ​ទាំង​នោះ ស្តេច​ទ្រង់​អនុញ្ញាត​ឲ្យ​ពួក​សាសន៍​យូដា ដែល​នៅ​គ្រប់​ទី​ក្រុង​បាន​មូល​គ្នា ដើម្បី​ការ‌ពារ​ជីវិត​ខ្លួន ហើយ​ឲ្យ​បំផ្លាញ សម្លាប់ និង​ធ្វើ​ឲ្យ​វិនាស​ដល់​គ្រប់​ទាំង​អំណាច​របស់​បណ្តា‌ជន នៅ​ខេត្ត​ណា​ដែល​នឹង​លើក​គ្នា​មក​ធ្វើ​បាប​ខ្លួន ទោះ​ទាំង​កូន​ក្មេង និង​ពួក​ស្រីៗ​ផង ហើយ​ឲ្យ​រឹប​ជាន់​យក​ទ្រព្យ​សម្បត្តិ​របស់​គេ​ទុក​ជា​របឹប​ដែរ
12 នៅ​គ្រប់​ទាំង​អាណា​ខេត្ត​នៃ​ស្តេច​អ័ហា‌ស៊ូរុស ក្នុង​ថ្ងៃ​១​នោះ​ឯង គឺ​ជា​ថ្ងៃ​១៣​ខែ​១២ ដែល​ជា​ខែ​ផល្គុន
13 សំបុត្រ​ទាំង​នោះ​មាន​ចំឡង​ព្រះ‌រាជ‌ឱង្ការ ដែល​ត្រូវ​ប្រកាស​ប្រាប់​ដល់​គ្រប់​ទាំង​សាសន៍ នៅ​អស់​ទាំង​ខេត្ត​ផង ថា ពួក​សាសន៍​យូដា​ត្រូវ​ប្រុង‌ប្រៀប​នឹង​សង‌សឹក​ដល់​ពួក​ខ្មាំង​សត្រូវ​របស់​ខ្លួន នៅ​ថ្ងៃ​នោះ​ឯង
14 ដូច្នេះ ពួក​អ្នក​រត់​សំបុត្រ​ទាំង​នោះ ដែល​ជិះ​សត្វ​យាង​លឿន ជា​សត្វ​ដែល​ប្រើ​ក្នុង​ក្រសួង​នៃ​ស្តេច គេ​រួស‌រាន់​ចេញ​ទៅ ដោយ​ប្រញាប់‌ប្រញាល់ មាន​ទាំង​បង្គាប់​ស្តេច​បង្ខំ​ផង ហើយ​ព្រះ‌រាជ‌ឱង្ការ​នោះ ក៏​បាន​ផ្សាយ​ចេញ​ទៅ នៅ​ត្រង់​ស៊ូសាន ជា​ទី​ក្រុង​ហ្លួង​ដែរ។
15 ឯ​ម៉ា‌ដេកាយ​លោក​ចេញ​ពី​ចំពោះ​ស្តេច​ទៅ ទាំង​ស្លៀក‌ពាក់​ប្រដាប់​របស់​ក្រម​ហ្លួង​ពណ៌​ខៀវ ហើយ​ស មាន​ពាក់​មកុដ​មាស​យ៉ាង​ធំ និង​អាវ​វែង សំពត់​ខ្លូត‌ទេស​ពណ៌​ស្វាយ​ផង នោះ​ពួក​អ្នក​ក្រុង​ស៊ូសាន​ក៏​ស្រែក​ឡើង ដោយ​អំណរ
16 ដូច្នេះ ពួក​សាសន៍​យូដា​គេ​មាន​ចិត្ត​ជ្រះ‌ថ្លា​រីក‌រាយ​សប្បាយ ព្រម​ទាំង​មាន​សេចក្ដី​ថ្កុំ‌ថ្កើង​ផង
17 ហើយ​នៅ​គ្រប់​ទាំង​ខេត្ត និង​ទី​ក្រុង នៅ​កន្លែង​ណា​ដែល​បាន​ប្រកាស​ប្រាប់​ព្រះ‌រាជ‌ឱង្ការ និង​បង្គាប់​របស់​ស្តេច នោះ​ពួក​សាសន៍​យូដា​ក៏​មាន​សេចក្ដី​រីក‌រាយ​សាទរ ព្រម​ទាំង​ជប់‌លៀង ហើយ​មាន​ថ្ងៃ​សប្បាយ មាន​ពួក​សាសន៍​ដទៃ​ជា​ច្រើន ដែល​នៅ​ក្នុង​ស្រុក បាន​ចូល​ជាតិ​ជា​សាសន៍​យូដា ដោយ​កើត​មាន​សេចក្ដី​កោត‌ខ្លាច​ដល់​គេ។


ជំពូក 9

1 លុះ​ដល់​ថ្ងៃ​១៣ នៅ​ខែ​១២ ជា​ខែ​ផល្គុន កាល​ព្រះ‌រាជ‌ឱង្ការ និង​បង្គាប់​របស់​ស្តេច​បាន​ជិត​ដល់​កម្រិត​ហើយ គឺ​ជា​ថ្ងៃ​ដែល​ពួក​ខ្មាំង​សត្រូវ​របស់​សាសន៍​យូដា បាន​សង្ឃឹម​ថា នឹង​ឡើង​មាន​អំណាច​លើ​គេ​បាន (តែ​ពួក​យូដា​បាន​ត្រឡប់​ជា​មាន​អំណាច​លើ​ពួក​អ្នក​ដែល​ស្អប់​ដល់​គេ​វិញ)
2 នោះ​ពួក​សាសន៍​យូដា​ក៏​មូល​គ្នា​នៅ​ទី​ក្រុង​ខ្លួន​ទាំង​ប៉ុន្មាន នៅ​អស់​ទាំង​អាណា​ខេត្ត​របស់​ស្តេច​អ័ហា‌ស៊ូរុស ដើម្បី​នឹង​តស៊ូ​ចំពោះ​ពួក​អ្នក​ដែល​រក​ធ្វើ​បាប​ដល់​គេ ហើយ​គ្មាន​អ្នក​ណា​អាច​នឹង​ទ្រាំ​នៅ​ចំពោះ​គេ​បាន​ឡើយ ដ្បិត​សាសន៍​ទាំង​អស់​បាន​កើត​មាន​សេចក្ដី​កោត‌ខ្លាច​ដល់​គេ​ហើយ
3 ឯ​ពួក​អ្នក​ជា​ប្រធាន នៅ​គ្រប់​ទាំង​ខេត្ត ពួក​ចៅ‌ហ្វាយ​ខេត្ត ពួក​ចៅ‌ហ្វាយ​ស្រុក និង​ពួក​រាជ​ការ​ទាំង​ប៉ុន្មាន ក៏​ជួយ​ដល់​ពួក​យូដា ដោយ​មាន​សេចក្ដី​កោត‌ខ្លាច​ដល់​ម៉ា‌ដេកាយ
4 ពី​ព្រោះ​ម៉ា‌ដេកាយ​បាន​ឡើង​ជា​អ្នក​ធំ ក្នុង​រាជ​ដំណាក់ ហើយ​កិត្តិ‌នាម​របស់​លោក​ក៏​ផ្សាយ​សុស‌សាយ​ទួទៅ គ្រប់​ទាំង​ខេត្ត ដ្បិត​ម៉ា‌ដេកាយ​នេះ​បាន​កាន់​តែ​មាន​អំណាច​ឡើង​ជា​ដរាប
5 ដូច្នេះ ពួក​សាសន៍​យូដា​បាន​ប្រហារ​ពួក​ខ្មាំង​សត្រូវ​ដោយ​ដាវ ព្រម​ទាំង​សម្លាប់​បំផ្លាញ​គេ ហើយ​បាន​ប្រព្រឹត្ត​នឹង​ពួក​អ្នក​ដែល​ស្អប់​ខ្លួន​តាម​តែ​អំពើ​ចិត្ត
6 នៅ​ស៊ូសាន ជា​ទី​ក្រុង​ហ្លួង ពួក​សាសន៍​យូដា​ក៏​បាន​សម្លាប់ ហើយ​បំផ្លាញ​មនុស្ស​អស់​៥០០​នាក់​ដែរ
7 ឯ​ផើសាន‌ដាថា ដាល‌ផូន អ័ស‌ផាថា
8 ផូរ៉ាថា អ័ដាលា អើរី‌ដាថា
9 ផើម៉ាសថា អើរី‌សាយ អើរី‌ដាយ និង​វ៉ាយេ‌សាថា
10 ជា​កូន​ទាំង​១០​របស់​ហាម៉ាន កូន​ហាំម្តាថា ដែល​ជា​ខ្មាំង​សត្រូវ​នឹង​ពួក​សាសន៍​យូដា នោះ​គេ​ក៏​សម្លាប់​ទៅ​ដែរ តែ​គេ​មិន​បាន​ប៉ះ‌ពាល់​ដល់​របឹប​ទេ។
11 នៅ​ថ្ងៃ​នោះ​ឯង គេ​មក​ទូល​ដល់​ស្តេច ពី​ចំនួន​មនុស្ស​ដែល​គេ​បាន​សម្លាប់​នៅ​ក្នុង​ស៊ូសាន ជា​ក្រុង​ហ្លួង
12 រួច​ស្តេច​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​អេសធើរ ជា​អគ្គ‌មហេសី​ថា ពួក​សាសន៍​យូដា​បាន​សម្លាប់ ហើយ​បំផ្លាញ​មនុស្ស អស់​៥០០​នាក់ នៅ​ស៊ូសាន ជា​ក្រុង​ហ្លួង ព្រម​ទាំង​កូន​របស់​ហាម៉ាន​ទាំង​១០​ផង ដូច្នេះ នៅ​ព្រះ‌រាជ‌ខេត្ត​ឯ​ទៀត ដែល​បាន​ធ្វើ​យ៉ាង​ណា​ទៅ ឥឡូវ​នេះ តើ​ព្រះ‌នាង​ចង់​សូម​អ្វី​ទៀត យើង​នឹង​បើក​ឲ្យ តើ​ប្រាថ្នា​ចង់​បាន​អ្វី នោះ​នឹង​បាន​សម្រេច
13 អេសធើរ​ទូល​ថា បើ​ព្រះ‌ករុណា​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ នោះ​សូម​បើក​ឲ្យ​ពួក​យូដា ដែល​នៅ​ក្រុង​ស៊ូសាន បាន​ធ្វើ​តាម​ច្បាប់​ដដែល​នៅ​ថ្ងៃ​ស្អែក​ទៀត ហើយ​ឲ្យ​គេ​ព្យួរ​ខ្មោច​កូន​របស់​ហាម៉ាន​ទាំង​១០​នាក់​នឹង​ឈើ​ទៅ
14 ស្តេច​ទ្រង់​ក៏​បង្គាប់​ឲ្យ​ធ្វើ​ដូច្នោះ ហើយ​គេ​ប្រកាស​ប្រាប់​ព្រះ‌រាជ‌ឱង្ការ​នៅ​ក្រុង​ស៊ូសាន រួច​បាន​ព្យួរ​ខ្មោច​កូន​ហាម៉ាន​ទាំង​១០​នាក់​នោះ​ទៅ
15 ពួក​សាសន៍​យូដា​ដែល​នៅ​ក្រុង​ស៊ូសាន​ក៏​មូល​គ្នា នៅ​ថ្ងៃ​១៤ ខែ​ផល្គុន​នោះ​ឯង ហើយ​គេ​សម្លាប់​មនុស្ស​៣០០​នាក់​ទៀត នៅ​ស៊ូសាន តែ​គេ​មិន​ប៉ះ‌ពាល់​ដល់​របឹប​ទេ
16 ឯ​ពួក​យូដា​ឯ​ទៀត​ទាំង​ប៉ុន្មាន ដែល​នៅ​អស់​ទាំង​ព្រះ‌រាជ‌ខេត្ត គេ​បាន​មូល​គ្នា ដើម្បី​ការ‌ពារ​ជីវិត​ខ្លួន ហើយ​គេ​មាន​សេចក្ដី​សាន្ត‌ត្រាណ ពី​ពួក​ខ្មាំង​សត្រូវ​របស់​គេ​ត​ទៅ គេ​បាន​សម្លាប់​ពួក​អ្នក​ដែល​ស្អប់​គេ​អស់​៧​ម៉ឺន​៥​ពាន់​នាក់ តែ​ឥត​បាន​ប៉ះ‌ពាល់​ដល់​របឹប​ទេ។
17 គេ​បាន​ធ្វើ​ការ​នោះ​នៅ​ថ្ងៃ​១៣ ខែ​ផល្គុន លុះ​ដល់​ថ្ងៃ​១៤ ទើប​គេ​ឈប់​សម្រាក ហើយ​ក៏​តាំង​ថ្ងៃ​នោះ ជា​ថ្ងៃ​សម្រាប់​ជប់‌លៀង ហើយ​មាន​សេចក្ដី​រីក‌រាយ​សាទរ
18 តែ​ពួក​សាសន៍​យូដា ដែល​នៅ​ក្រុង​ស៊ូសាន គេ​បាន​មូល​គ្នា​នៅ​ថ្ងៃ​១៣ ក្នុង​ខែ​នោះ និង​នៅ​ថ្ងៃ​១៤​ដែរ លុះ​ដល់​ថ្ងៃ​១៥ ទើប​គេ​ឈប់​សម្រាក ហើយ​តាំង​ថ្ងៃ​នោះ​ឡើង​សម្រាប់​ជា​ថ្ងៃ​ជប់‌លៀង ហើយ​មាន​សេចក្ដី​រីក‌រាយ​សាទរ
19 គឺ​ដោយ​ហេតុ​នោះ​បាន​ជា​ពួក​សាសន៍​យូដា ដែល​នៅ​អស់​ទាំង​ទី​ក្រុង​ឥត​កំផែង​នៅ​ស្រុក​ក្រៅ គេ​កាន់​ថ្ងៃ​១៤ ខែ​ផល្គុន ជា​ថ្ងៃ​សម្រាប់​រីក‌រាយ​សាទរ ហើយ​ជប់‌លៀង ជា​ថ្ងៃ​សប្បាយ ហើយ​ជា​ពេល​ជូន​ជំនូន​ទៅ​វិញ​ទៅ​មក។
20 ឯ​ម៉ា‌ដេកាយ លោក​ក៏​តែង​សេចក្ដី​ទាំង​នេះ​ទុក ហើយ​ផ្ញើ​សំបុត្រ​ទៅ​ដល់​ពួក​សាសន៍​យូដា​ទាំង​អស់ ដែល​នៅ​គ្រប់​ទាំង​ខេត្ត​នៃ​ស្តេច​អ័ហា‌ស៊ូរុស ទាំង​ជិត​ទាំង​ឆ្ងាយ
21 ដើម្បី​នឹង​បញ្ជាក់​ដល់​គេ ឲ្យ​បាន​កាន់​ថ្ងៃ​១៤ ខែ​ផល្គុន និង​ថ្ងៃ​១៥​ផង រាល់​តែ​ឆ្នាំ
22 ទុក​ជា​ថ្ងៃ​ដែល​ពួក​សាសន៍​យូដា​បាន​សេចក្ដី​សាន្ត‌ត្រាណ ពី​ពួក​ខ្មាំង​សត្រូវ​របស់​គេ និង​ជា​ខែ​ដែល​សេចក្ដី​ទុក្ខ​ព្រួយ​របស់​គេ​បាន​ត្រឡប់​ទៅ​ជា​សេចក្ដី​រីក‌រាយ​សាទរ ហើយ​សេចក្ដី​សោក‌សៅ​បាន​ទៅ​ជា​ថ្ងៃ​សប្បាយ​វិញ ប្រយោជន៍​ឲ្យ​គេ​បាន​តាំង​ថ្ងៃ​ទាំង​២​នោះ​ទុក​ជា​ថ្ងៃ​សម្រាប់​ជប់‌លៀង ហើយ​មាន​សេចក្ដី​រីក‌រាយ​សាទរ ព្រម​ទាំង​ជូន​ជំនូន​ទៅ​វិញ​ទៅ​មក ហើយ​ដាក់​ទាន​ដល់​មនុស្ស​ទាល់​ក្រ​ផង
23 ដូច្នេះ ពួក​សាសន៍​យូដា​ក៏​សម្រេច​នឹង​ធ្វើ​តាម ដូច​ជា​គេ​បាន​ចាប់​តាំង​ធ្វើ​មក​ហើយ គឺ​ដូច​ជា​ម៉ា‌ដេកាយ​បាន​សរសេរ​ផ្ញើ​មក​ដែរ
24 ពី​ព្រោះ​ហាម៉ាន ជា​កូន​ហាំម្តាថា សាសន៍​អ័កាក់ ដែល​ជា​ខ្មាំង​សត្រូវ​នឹង​ពួក​សាសន៍​យូដា​បាន​បង្កើត​ឧបាយ​នឹង​បំផ្លាញ​គេ ក៏​បាន​វាយ​លេខ​តាម​របៀន‌ពោរ គឺ​បាន​បោះ​ឆ្នោត ដើម្បី​នឹង​បំផ្លាញ​គេ ហើយ​ធ្វើ​ឲ្យ​គេ​វិនាស​បង់
25 តែ​កាល​ព្រះ‌នាង​អេសធើរ​បាន​ចូល​ទៅ​គាល់​ស្តេច នោះ​ទ្រង់​ក៏​ចេញ​បង្គាប់​ដោយ​សំបុត្រ ឲ្យ​ឧបាយ​ដ៏​អាក្រក់ ដែល​ហាម៉ាន​បាន​បង្កើត​ទាស់​នឹង​ពួក​យូដា​នោះ បាន​វិល​ជះ​ទៅ​លើ​ក្បាល​វា​វិញ ហើយ​ឲ្យ​ព្យួរ​វា និង​ពួក​កូន​វា​ទាំង​អស់​ភ្ជាប់​លើ​ឈើ​ផង
26 ហេតុ​នោះ​បាន​ជា​គេ​ហៅ​ថ្ងៃ​ទាំង​២​នោះ​ថា «បុណ្យ​ពោរ» តាម​ពាក្យ «ពោរ»នោះ​ឯង ហើយ​ដោយ​ព្រោះ​សេចក្ដី​ទាំង​ប៉ុន្មាន​ក្នុង​សំបុត្រ​នោះ និង​ការ​ទាំង​ប៉ុន្មាន​ដែល​គេ​បាន​ឃើញ​ពី​ដំណើរ​នោះ ព្រម​ទាំង​ការ​ដែល​បាន​កើត​ដល់​គេ​ផង
27 បាន​ជា​ពួក​សាសន៍​យូដា គេ​តាំង​ទំនៀម​នោះ​ទុក ហើយ​ក៏​ទទួល​ថា ខ្លួន​គេ ពួក​កូន​ចៅ និង​អស់​អ្នក​ណា​ដែល​ចូល​សាសន៍​គេ នឹង​រក្សា​ថ្ងៃ​ទាំង​២​នោះ តាម​សេចក្ដី​ដែល​បាន​សរសេរ​ទុក ហើយ​តាម​វេលា​កំណត់​នោះ​រាល់​តែ​ឆ្នាំ​ឥត​ខាន​ឡើយ
28 ហើយ​ថា គេ​នឹង​នឹក​ចាំ ហើយ​រក្សា​ថ្ងៃ​ទាំង​២​នោះ នៅ​គ្រប់​ទាំង​ដំណ គ្រប់​ទាំង​គ្រួ នៅ​អស់​ទាំង​ខេត្ត និង​ទី​ក្រុង​ទាំង​ប៉ុន្មាន​ជា​ដរាប​ទៅ មិន​ឲ្យ​បាត់​ពី​ពួក​សាសន៍​យូដា​ឡើយ ឬ​ឲ្យ​កូន​ចៅ​គេ​លែង​នឹក​ចាំ​ពី​ថ្ងៃ​នោះ​ដែរ។
29 គ្រា​នោះ អេសធើរ​ដ៏​ជា​អគ្គ‌មហេសី ជា​បុត្រី​អ័ប៊ី‌ហែល ព្រម​ទាំង​ម៉ា‌ដេកាយ ជា​សាសន៍​យូដា ក៏​សរសេរ​ម្តង​ទៀត ផ្ញើ​ទៅ​ដោយ​អាង​គ្រប់​អំណាច​របស់​ខ្លួន ដើម្បី​នឹង​តាំង​សំបុត្រ​ពី​បុណ្យ​ពោរ​នោះ ទុក​ជា​ច្បាប់​ត​ទៅ
30 លោក​ក៏​ផ្ញើ​សំបុត្រ​ទៅ​ពួក​សាសន៍​យូដា​ទាំង​អស់ ដែល​នៅ​ក្នុង​អាណា​ខេត្ត​ទាំង​១២៧​នៃ​នគរ​របស់​អ័ហា‌ស៊ូរុស មាន​ទាំង​ពាក្យ​ស្រគត់‌ស្រគំ និង​ពាក្យ​ដ៏​ទៀង​ត្រង់​ពិត​ផង
31 ដើម្បី​នឹង​បញ្ជាក់​ថ្ងៃ​បុណ្យ​ពោរ នៅ​វេលា​កំណត់ ដូច​ជា​ម៉ា‌ដេកាយ ជា​សាសន៍​យូដា និង​អេសធើរ អគ្គ‌មហេសី​បាន​តាំង​ឡើង​ដល់​គេ​ហើយ ដូច​ជា​គេ​ក៏​បាន​តាំង​ឡើង​សម្រាប់​ខ្លួន​គេ និង​កូន​ចៅ​គេ​ត​ទៅ ខាង​ឯ​ដំណើរ​ការ​តម​អត់ និង​អំពាវ‌នាវ​របស់​គេ​ដែរ
32 ដូច្នេះ ក្រឹត្យ​របស់​ព្រះ‌នាង​អេសធើរ​បាន​បញ្ជាក់​ពី​របៀប​បុណ្យ​ពោរ​នោះ ហើយ​ក្រឹត្យ​នោះ​ក៏​បាន​កត់​ចុះ​ទុក​ក្នុង​សៀវភៅ។


ជំពូក 10

1 ឯ​ស្តេច​អ័ហា‌ស៊ូរុស​ទ្រង់​ដាក់​ឲ្យ​មាន​ពន្ធ‌ដារ​ដល់​ពួក​អ្នក​ស្រុក និង​ពួក​ដែល​នៅ​កោះ​សមុទ្រ​ទាំង​ប៉ុន្មាន 2រីឯ​អស់​ទាំង​កិច្ច‌ការ​នៃ​ព្រះ‌ចេស្តា និង​ឥទ្ធិ‌ឫទ្ធិ​របស់​ទ្រង់ ព្រម​ទាំង​រឿង​សព្វ​គ្រប់​ពី​សក្តិ‌យស​របស់​ម៉ា‌ដេកាយ ដែល​ស្តេច​បាន​តាំង​លោក​ឡើង​ដល់​ថ្នាក់​ណា នោះ​សុទ្ធ​តែ​បាន​កត់​ទុក ក្នុង​សៀវភៅ​របា‌ក្សត្រ​របស់​ពួក​ស្តេច​សាសន៍​មេឌី និង​សាសន៍​ពើស៊ី​ហើយ 3ដ្បិត​ម៉ា‌ដេកាយ ជា​សាសន៍​យូដា លោក​ជា​អ្នក​បន្ទាប់​នឹង​ស្តេច​អ័ហា‌ស៊ូរុស​នោះ​ឯង ហើយ​ក៏​ជា​អ្នក​ធំ​ក្នុង​ពួក​សាសន៍​យូដា ព្រម​ទាំង​មាន​ពួក​បង​ប្អូន​លោក​យ៉ាង​សន្ធឹក​រាប់​អាន​ផង ដោយ​លោក​រក​តែ​សេចក្ដី​ល្អ​ដល់​សាសន៍​របស់​ខ្លួន ហើយ​និយាយ​ជា​ពាក្យ​ស្រគត់‌ស្រគំ​ដល់​ជាតិ​ផង។:៚