ជំពូក 1
1 នៅស្រុកអ៊ូស មានមនុស្សម្នាក់ឈ្មោះយ៉ូប ជាអ្នកគ្រប់លក្ខណ៍ ហើយទៀងត្រង់ ដែលគោរពកោតខ្លាចដល់ព្រះ ក៏ចៀសចេញពីសេចក្ដីអាក្រក់
2 លោកបង្កើតបានកូនប្រុស ៧ និងកូនស្រី៣
3 លោកមានចៀម៧ពាន់ អូដ្ឋ៣ពាន់ គោ៥០០នឹម និងលាញី៥០០ ក៏មានបាវព្រាវយ៉ាងសន្ធឹក បានជាលោកធំជាងអស់ទាំងមនុស្ស នៅប្រទេសខាងកើត។
4 ឯកូនប្រុសៗរបស់លោក គេតែងជប់លៀងគ្នា នៅផ្ទះគេរៀងខ្លួនតាមវេន គេក៏ចាត់ឲ្យទៅហៅប្អូនស្រីគេទាំង៣នាក់ ឲ្យមកបរិភោគជាមួយគ្នា
5 លុះកាលបានជប់លៀងគ្នារួចហើយ នោះយ៉ូបក៏ចាត់ទៅញែកគេចេញជាបរិសុទ្ធ រួចក្រោកឡើងពីព្រលឹមស្រាង ថ្វាយតង្វាយដុតតាមចំនួនកូនទាំងប៉ុន្មាន ដោយនឹកថា ក្រែងកូនអញបានធ្វើបាប ហើយមានចិត្តលះចោលព្រះយ៉ាងណា លោកតែងតែធ្វើដូច្នេះជាដរាប។
6 រីឯមានកាល១ថ្ងៃ ដែលពួកកូនព្រះបានទៅគាល់នៅចំពោះព្រះយេហូវ៉ា ហើយអារក្សសាតាំងក៏មកនៅក្នុងចំណោមគេដែរ
7 នោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលសួរសាតាំងថា ឯងមកពីណា សាតាំងទូលឆ្លើយថា មកពីដើរចុះឡើងទៅមកនៅផែនដី
8 រួចព្រះយេហូវ៉ាទ្រង់សួរសាតាំងថា ឯងបានសង្កេតមើលយ៉ូប ជាអ្នកបម្រើអញឬទេ ដ្បិតគ្មានអ្នកណាមួយ នៅផែនដីឲ្យដូចគាត់ឡើយ ជាអ្នកដែលគ្រប់លក្ខណ៍ហើយទៀងត្រង់ ក៏កោតខ្លាចដល់ព្រះ ហើយចៀសចេញពីសេចក្ដីអាក្រក់ផង
9 សាតាំងទូលឆ្លើយដល់ព្រះយេហូវ៉ាថា ដែលយ៉ូបកោតខ្លាចដល់ព្រះអង្គ តើឥតមានប្រយោជន៍ទេឬ
10 តើទ្រង់មិនបានធ្វើរបងព័ទ្ធជុំវិញ ព្រមទាំងគ្រួ និងរបស់ដែលគាត់មានទាំងប៉ុន្មានផងទេឬអី ទ្រង់បានប្រទានពរដល់ការដែលដៃគាត់ធ្វើ ទ្រព្យសម្បត្តិគាត់ក៏បានចម្រើនឡើងនៅលើផែនដី
11 ដូច្នេះ ចូរទ្រង់គ្រាន់តែលូកព្រះហស្តទៅពាល់របស់ផងគាត់ទាំងប៉ុន្មានចុះ នោះគាត់នឹងប្រមាថដល់ទ្រង់ នៅចំពោះព្រះភ័ក្ត្រ
12 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលតបថា មើល អញប្រគល់របស់ដែលគាត់មានទាំងប៉ុន្មាន ទៅក្នុងអំណាចឯងហើយ កុំឲ្យតែដាក់ដៃលើខ្លួនគាត់ឡើយ ដូច្នេះ សាតាំងក៏ចេញពីចំពោះព្រះយេហូវ៉ាទៅ។
13 មាន១ថ្ងៃ កាលពួកកូនប្រុសកូនស្រីរបស់លោកកំពុងតែបរិភោគ ហើយផឹកស្រាទំពាំងបាយជូរ នៅឯផ្ទះបងច្បង
14 នោះគាប់ជួនជាមានម្នាក់នាំដំណឹងមកជម្រាបយ៉ូបថា កំពុងដែលគោនៅភ្ជួរ ហើយហ្វូងលារកស៊ីជិតខាង
15 នោះស្រាប់តែពួកសាសន៍សេបា មកប្លន់ពង្រត់យកទៅ ក៏បានកាប់សម្លាប់ពួកបាវព្រាវ ដោយមុខដាវ មានតែខ្ញុំ១ទេ ដែលបានរត់រួចមកជម្រាបលោក
16 កាលអ្នកនោះកំពុងនិយាយនៅឡើយ នោះមានម្នាក់ទៀតមកជម្រាបថា ភ្លើងរបស់ព្រះបានធ្លាក់ពីលើមេឃមកបញ្ឆេះហ្វូងចៀម និងពួកបាវព្រាវអស់ទៅហើយ មានតែខ្ញុំ១ទេ ដែលរត់រួចមកជម្រាបលោក
17 កាលអ្នកនោះកំពុងនិយាយនៅឡើយ ក៏មានម្នាក់ទៀតមកជម្រាបថា ពួកសាសន៍ខាល់ដេ បានចែកគ្នាជា៣កង លុកចូលមកប្លន់ពង្រត់យកអូដ្ឋទាំងប៉ុន្មានទៅ ហើយគេកាប់សម្លាប់ពួកបាវព្រាវដោយមុខដាវ មានតែខ្ញុំ១ទេ ដែលរត់រួចមកជម្រាបលោក
18 កាលអ្នកនោះកំពុងនិយាយនៅឡើយ នោះមានម្នាក់ទៀតមកជម្រាបថា ពួកកូនប្រុសកូនស្រីរបស់លោកកំពុងតែបរិភោគ នៅក្នុងផ្ទះបងច្បង
19 ស្រាប់តែមានខ្យល់គំហុកជាខ្លាំងបក់មកពីទីរហោស្ថាន បោកប្រមុំផ្ទះទាំង៤ជ្រុង រំលំទៅលើកូនលោកស្លាប់អស់ទៅហើយ មានតែខ្ញុំ១ទេដែលរួច ដើម្បីមកជម្រាបលោក។
20 នោះយ៉ូបក៏ក្រោកឡើងហែកអាវខ្លួន ហើយកោរសក់ រួចផ្តួលខ្លួនក្រាបចុះដល់ដីថ្វាយបង្គំ
21 ដោយពាក្យថា ទូលបង្គំបានចេញពីផ្ទៃម្តាយមកដោយខ្លួនទទេ ហើយនិងត្រឡប់ទៅវិញដោយទទេដែរ ព្រះយេហូវ៉ាទ្រង់បានប្រទានមក ហើយទ្រង់ក៏បានដកយកទៅវិញ សូមឲ្យព្រះនាមព្រះយេហូវ៉ាបានព្រះពរចុះ
22 ក្នុងគ្រប់សេចក្ដីទាំងនោះ យ៉ូបមិនបានធ្វើបាបឡើយ ក៏មិនបានប្រកាន់ទោសដល់ព្រះដែរ។
ជំពូក 2
1 រួចមក មានកាល១ថ្ងៃទៀត ដែលពួកកូនព្រះបានទៅគាល់នៅចំពោះព្រះយេហូវ៉ា ហើយសាតាំងក៏នៅក្នុងចំណោមនោះ ដើម្បីគាល់ព្រះយេហូវ៉ាដែរ
2 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលសួរសាតាំងថា ឯងមកពីណា សាតាំងទូលឆ្លើយថា មកពីដើរចុះឡើងទៅមកនៅផែនដី
3 រួចព្រះយេហូវ៉ាទ្រង់សួរថា ឯងបានសង្កេតមើលយ៉ូប ជាអ្នកបម្រើអញឬទេ ដ្បិតគ្មានអ្នកណាមួយនៅផែនដីឲ្យដូចគាត់ឡើយ ជាអ្នកដែលគ្រប់លក្ខណ៍ ហើយទៀងត្រង់ ក៏កោតខ្លាចដល់ព្រះ ហើយចៀសចេញពីសេចក្ដីអាក្រក់ផង មួយទៀត ទោះបើឯងបណ្តាលឲ្យអញទាស់នឹងគាត់ ដើម្បីនឹងបំផ្លាញចេញ ដោយឥតហេតុក៏ដោយ គង់តែគាត់នៅរក្សាលក្ខណៈខ្លួនដដែល
4 សាតាំងទូលតបថា ស្បែកឲ្យធួននឹងស្បែកចុះ មនុស្សនឹងសុខចិត្តលះបង់ទាំងអស់ចោល ដើម្បីឲ្យបានជីវិតគង់នៅ
5 ចូរទ្រង់គ្រាន់តែលូកព្រះហស្តទៅពាល់ដល់ឆ្អឹង និងសាច់គាត់ចុះ នោះគាត់នឹងប្រមាថដល់ទ្រង់ នៅចំពោះព្រះភ័ក្ត្រ
6 ព្រះយេហូវ៉ាមានព្រះបន្ទូលថា មើល អញប្រគល់គាត់ទៅក្នុងអំណាចឯងទៀត ចូរប្រណីដល់តែជីវិតគាត់ប៉ុណ្ណោះ។
7 ដូច្នេះ សាតាំងក៏ចេញពីចំពោះព្រះយេហូវ៉ា ទៅវាយយ៉ូបឲ្យកើតដំបៅដ៏អាក្រក់ ចាប់តាំងពីបាតជើងរហូតដល់ក្រយៅក្បាល
8 នោះលោកយកអំបែងឆ្នាំងសម្រាប់កោសខ្លួន ទៅអង្គុយនៅក្នុងផេះ
9 ឯប្រពន្ធលោក នាងនិយាយថា អ្នកនៅតែរក្សាលក្ខណៈខ្លួនទៀតឬ ចូរប្រមាថដល់ព្រះ ហើយស្លាប់ទៅចុះ
10 តែលោកឆ្លើយថា ឯងនិយាយដូចជាស្រីឆោតល្ងង់ទេ ម៉េច យើងទទួលសេចក្ដីល្អមកពីព្រះ តើមិនត្រូវទទួលសេចក្ដីអាក្រក់ដែរទេឬ ក្នុងគ្រប់ទាំងសេចក្ដីទាំងនោះ យ៉ូបមិនបានធ្វើឲ្យខ្លួនសៅហ្មង ដោយបបូរមាត់ទេ។
11 រីឯមិត្តសំឡាញ់របស់យ៉ូបទាំង៣នាក់ កាលបានឮនិយាយពីសេចក្ដីអាក្រក់ទាំងនោះ ដែលកើតដល់លោក នោះគេក៏មកពីលំនៅរបស់គេរៀងខ្លួន គឺអេលីផាស ជាសាសន៍ថេម៉ាន១ ប៊ីលដាឌ ជាសាសន៍ស៊ូអា១ និងសូផារ ជាសាសន៍ន៉ាអាម៉ា១ គេសន្មតគ្នានឹងមករួមទុក្ខជាមួយ ហើយជួយឲ្យលោកក្សាន្តចាកទុក្ខ
12 កាលគេងើបភ្នែកមើលពីចម្ងាយទៅឃើញ តែមិនបានស្គាល់លោក នោះក៏ឡើងសំឡេងយំ ហើយហែកអាវខ្លួនគ្រប់គ្នា ព្រមទាំងបាចធូលីដីទៅលើអាកាស ពីលើក្បាលរបស់ខ្លួនដែរ
13 រួចគេអង្គុយនៅដី ជាមួយនឹងលោកអស់៧យប់៧ថ្ងៃ ឥតមានអ្នកណានិយាយទៅលោក១ម៉ាត់សោះ ដោយឃើញថា លោកមានសេចក្ដីទុក្ខជាទំងន់ណាស់។
ជំពូក 3
1 ក្រោយនោះមក យ៉ូបក៏បើកមាត់ពោលពាក្យប្រទេចផ្តាសាដល់ថ្ងៃកំណើតរបស់ខ្លួន
2 លោកពោលពាក្យថា
3 សូមឲ្យថ្ងៃដែលខ្ញុំកើតមកត្រូវវិនាសទៅ គឺជាយប់ដែលគេប្រកាសថា មានកូនមកចាប់ទំផ្ទៃនោះ
4 សូមឲ្យថ្ងៃនោះបានសូន្យទៅ សូមកុំឲ្យព្រះនឹករកពីស្ថានលើឡើយ ក៏កុំឲ្យមានពន្លឺចាំងមកបំភ្លឺឲ្យសោះ
5 សូមឲ្យសេចក្ដីងងឹត និងម្លប់នៃសេចក្ដីស្លាប់មកទទួលធ្វើជាម្ចាស់ សូមឲ្យមានពពកនៅជាប់ពីលើ ហើយសូមឲ្យសូរ្យគ្រាសមកបំភ័យផង
6 ឯយប់នោះ សូមឲ្យសេចក្ដីងងឹតសូន្យសុងចាប់ទុក កុំឲ្យយប់នោះមានកន្លែងនៅជាមួយនឹងថ្ងៃឯទៀតក្នុងឆ្នាំឡើយ ក៏កុំឲ្យបានរាប់ក្នុងខែនោះដែរ
7 អើ សូមឲ្យយប់នោះបានទៅជាអសារឥតការ ឥតមានឮសូរសៀងអរសប្បាយឡើយ
8 សូមឲ្យពួកអ្នកដែលស្អប់ពេលថ្ងៃ បានដាក់បណ្តាសាដល់យប់នោះ ព្រមទាំងពួកអ្នកដែលប្រុងនឹងដាស់ក្រពើឡើងផង
9 សូមឲ្យអស់ទាំងផ្កាយ ដែលភ្លឺនៅពេលព្រលប់ក្នុងយប់នោះបានងងឹតវិញ ឲ្យបានរកពន្លឺឥតមានឡើយ ក៏កុំឲ្យបានឃើញបើកពន្លឺ នៅពេលបច្ចូសកាលដែរ
10 ពីព្រោះមិនបានបិទទ្វារផ្ទៃម្តាយខ្ញុំទេ ក៏មិនបានបិទបាំងសេចក្ដីវេទនាពីភ្នែកខ្ញុំដែរ។
11 ហេតុអ្វីបានជាខ្ញុំមិនបានស្លាប់ ចាប់តាំងពីក្នុងផ្ទៃ ហើយប្រគល់វិញ្ញាណទៅវិញ ក្នុងកាលដែលម្តាយខ្ញុំបានសម្រាលមកនោះ
12 ម្តេចក៏មានភ្លៅទទួលទ្រខ្ញុំ ហើយនិងដោះឲ្យខ្ញុំបៅ
13 កុំតែមានដូច្នោះ នោះខ្ញុំបានដេកទៅដោយសុខស្រួល ខ្ញុំនឹងបានដេកលក់ទៅ ដោយមានសេចក្ដីស្រាន្តហើយ
14 នៅជាមួយពួកស្តេច និងពួកអ្នកប្រាជ្ញនៃលោកីយ៍ ជាពួកអ្នកដែលបានសង់ទីសម្ងាត់សម្រាប់ខ្លួន
15 ឬនៅជាមួយនឹងពួកអ្នកជាប្រធាន ដែលមានមាស ហើយបានបំពេញផ្ទះគេដោយប្រាក់
16 ឬនឹងឥតមានខ្ញុំសោះ ដូចជាកូនរំលូតលាក់កំបាំង គឺជាកូនដែលមិនបានឃើញពន្លឺឡើយ
17 នៅទីនោះ ពួកអាក្រក់លែងធ្វើទុក្ខ នៅកន្លែងនោះ ពួកនឿយហត់មានសេចក្ដីស្រាកស្រាន្ត
18 នៅទីនោះ ពួកអ្នកទោសមានសេចក្ដីសម្រាកព្រមគ្នា គេមិនឮសូរកំហែងនៃអ្នកនាយតម្រួួតទៀតទេ
19 មានទាំងអ្នកតូចអ្នកធំនៅទីនោះ ហើយបាវក៏បានរួចពីចៅហ្វាយខ្លួនដែរ។
20 ហេតុអ្វីបានជាឲ្យមានពន្លឺភ្លឺ ដល់មនុស្សរងវេទនា ព្រមទាំងឲ្យជីវិតដល់អ្នកដែលមានសេចក្ដីជូរចត់ក្នុងចិត្តដូច្នេះ
21 គេទន្ទឹងចាំតែស្លាប់ តែសេចក្ដីស្លាប់មិនមកដល់សោះ ទោះបើគេសង្វាតរកលើសជាងរកទ្រព្យសម្បត្តិផងក៏ដោយ
22 គេមានសេចក្ដីរីករាយក្រៃលែង ហើយក៏អរសប្បាយ ក្នុងកាលដែលប្រទះនឹងផ្នូរហើយ
23 ហេតុអ្វីបានជាឲ្យពន្លឺភ្លឺដល់មនុស្ស ដែលផ្លូវរបស់ខ្លួនសុទ្ធតែងងឹតដូច្នេះ គឺជាអ្នកដែលព្រះបានធ្វើរបងព័ទ្ធជុំវិញហើយ
24 ព្រោះសេចក្ដីដំអូញរបស់ខ្ញុំ ទុកដូចជាអាហារ ហើយដំងូរខ្ញុំក៏ហូរចេញដូចជាទឹក
25 ដ្បិតសេចក្ដីដែលខ្ញុំខ្លាច នោះបានកើតដល់ខ្ញុំ សេចក្ដីដែលនាំឲ្យខ្ញុំភ័យ នោះក៏មកដល់ខ្ញុំហើយ
26 ខ្ញុំគ្មានសេចក្ដីសុខ គ្មានសេចក្ដីក្សេមក្សាន្ត ក៏គ្មានសេចក្ដីសម្រាកឡើយ គឺមានតែសេចក្ដីទុក្ខប៉ុណ្ណោះ។
ជំពូក 4
1 អេលីផាស ជាសាសន៍ថេម៉ាន គាត់ឆ្លើយតបថា
2 បើសិនជាយើងស៊កឆ្លើយនឹងអ្នក នោះតើអ្នកនឹងអន់ចិត្តឬទេ តែតើអ្នកឯណានឹងទ្រាំមិននិយាយបាន
3 មើលអ្នកបានទូន្មានប្រដៅដល់មនុស្សជាច្រើន ក៏បានធ្វើឲ្យដៃខ្សោយមានកម្លាំងឡើង
4 ពាក្យសំដីរបស់អ្នកបានទប់ទល់ពួកអ្នក ដែលកំពុងតែដួល ហើយអ្នកបានចម្រើនកម្លាំងដល់ជង្គង់ខ្សោយ
5 តែឥឡូវនេះ សេចក្ដីនោះបានមកដល់អ្នកវិញ ហើយអ្នកទ្រាំមិនបាន ក៏ពាល់ប៉ះនឹងអ្នក ហើយអ្នកមានសេចក្ដីស្រយុតចុះ
6 ដែលអ្នកកោតខ្លាចដល់ព្រះ នោះតើមិនមែនជាទីអាងរបស់អ្នក ហើយដែលផ្លូវប្រព្រឹត្តរបស់អ្នកសុទ្ធតែទៀងត្រង់ នោះតើមិនមែនជាទីសង្ឃឹមដល់អ្នកទេឬអី
7 ចូរអ្នកនឹកចាំចុះ បើអ្នកណាឥតទោស តើដែលវិនាសដែរឬអី តើមានកន្លែងណាដែលមនុស្សទៀងត្រង់ត្រូវកាត់ចេញនោះ
8 តាមដែលខ្ញុំបានឃើញ នោះគឺអស់អ្នកដែលភ្ជួរបំផុលសេចក្ដីទុច្ចរិតឡើង ហើយសាបព្រោះសេចក្ដីកំណាចចុះ គេរមែងច្រូតបានសេចក្ដីនោះឯងវិញ
9 គេត្រូវវិនាសទៅ ដោយអស្សាសៈរបស់ព្រះ ហើយខ្យល់ចំហួលនៃសេចក្ដីក្រោធរបស់ទ្រង់ក៏បញ្ឆេះគេអស់ទៅ
10 ឯសូរគ្រហឹមរបស់សិង្ហ និងសំឡេងរបស់សិង្ហសាហាវ នោះត្រូវបាត់ ហើយចង្កូមរបស់សិង្ហស្ទាវត្រូវបាក់
11 ឯសិង្ហចាស់ វាស្លាប់ទៅដោយអត់រំពា ហើយកូនរបស់មេសិង្ហត្រូវខ្ចាត់ខ្ចាយទៅ។
12 រីឯមានសេចក្ដី១បានឮមកដល់ខ្ញុំ ដោយសម្ងាត់ ត្រចៀកខ្ញុំបានទទួលពាក្យខ្សឹបពីដំណើរនោះ
13 នៅវេលាដែលការជាក់ស្តែងកំពុងតែបណ្តាលឲ្យគំនិតកម្រើកឡើង នៅពេលយប់ ក្នុងកាលដែលមនុស្សកំពុងដេកលក់ស៊ប់
14 នោះសេចក្ដីភ័យខ្លាច ហើយញ័ររន្ធត់បានកើតដល់ខ្ញុំ ក៏ធ្វើឲ្យអស់ទាំងឆ្អឹងខ្ញុំរញ្ជួយផង
15 រួចមានវិញ្ញាណ១កាត់មុខខ្ញុំទៅ ខ្ញុំក៏ព្រឺរោមឡើង
16 វិញ្ញាណនោះក៏ឈប់នឹងនៅ តែខ្ញុំរកសម្គាល់ថាជាមានរូបភាពយ៉ាងណាមិនបាន មានតែភាពជារូបនៅមុខខ្ញុំប៉ុណ្ណោះ ខ្ញុំក៏ឮសំឡេងរសាវៗពោលមកថា
17 មនុស្សដែលតែងតែស្លាប់ តើនឹងបានសុចរិតនៅចំពោះព្រះឬ តើនឹងបានបរិសុទ្ធនៅចំពោះព្រះដែលបានបង្កើតខ្លួនមកឬអី
18 មើល ទ្រង់មិនទុកចិត្តនឹងពួកបរិវារទ្រង់ទេ ឯពួកទេវតាទ្រង់ នោះក៏ប្រកាន់ថាមានសេចក្ដីអួតអាងដែរ
19 ចំណង់បើមនុស្សដែលនៅក្នុងភាជនៈដី ដែលមានកំណើតមកពីធូលីដី ហើយដែលត្រូវឈ្លីទៅដូចជាដង្កូវ នោះតើយ៉ាងណាទៅ
20 ពីព្រឹកដល់ល្ងាច វាត្រូវបំផ្លាញទៅ វាសូន្យទៅអស់កល្ប ឥតមានអ្នកណាសង្កេតឡើយ
21 ខ្សែជ្រែងរបស់គេត្រូវដាច់ចេញ ហើយគេក៏ស្លាប់ទៅ ឥតទាន់បានប្រាជ្ញាផង។
ជំពូក 5
1 ចូរអំពាវនាវឥឡូវចុះ តើមានអ្នកណានឹងឆ្លើយមកឬទេ តើអ្នកនឹងបែរទៅរកតួបរិសុទ្ធណាទៀត
2 គឺជាសេចក្ដីមួម៉ៅ ដែលប្រហារមនុស្សឥតបើគិត ហើយសេចក្ដីច្រណែនក៏សម្លាប់មនុស្សឆោតខ្លៅ
3 ខ្ញុំបានឃើញមនុស្សឥតបើគិតចាក់ឫសចុះ តែខ្ញុំបានប្រទេចផ្តាសាដល់ទីលំនៅគេភ្លាម
4 កូនចៅគេនៅឆ្ងាយពីសេចក្ដីសង្គ្រោះ វាត្រូវជាន់ឈ្លីនៅត្រង់ទ្វារក្រុង ឥតមានអ្នកណានឹងជួយឡើយ
5 ឯផលចម្រូូតរបស់គេ នោះពួកអត់ឃ្លានស៊ីអស់រលីងទៅ ពួកនោះច្រូតយក ទាល់តែដល់ក្នុងគុម្ពបន្លាផង ហើយមនុស្សទាល់ក្រលេបទ្រព្យសម្បត្តិគេទៅ
6 ដ្បិតសេចក្ដីទុក្ខលំបាកមិនកើតពីធូលីទេ ហើយសេចក្ដីវេទនាក៏មិនដុះចេញពីដីដែរ
7 មនុស្សកើតមកតែងមានសេចក្ដីវេទនា ដូចជាផ្កាភ្លើងចេះតែហើរទៅលើដែរ។
8 បើជាខ្លួនខ្ញុំវិញ ខ្ញុំនឹងស្វែងរកព្រះ ខ្ញុំនឹងស្នើប្រគល់រឿងខ្ញុំដល់ព្រះ
9 ដែលទ្រង់ធ្វើការយ៉ាងធំ រកគិតមិនយល់ ជាការយ៉ាងអស្ចារ្យឥតគណនា
10 ទ្រង់បង្អុរភ្លៀងមកលើផែនដី ហើយឲ្យទឹកហូរមកក្នុងស្រែ
11 ដើម្បីនឹងលើកមនុស្សទាបថោកដាក់នៅទីខ្ពស់វិញ ហើយឲ្យមនុស្សដែលក្រំក្នុងចិត្ត បានតម្កើងឡើងដល់ទីសុខ
12 ទ្រង់ធ្វើឲ្យថ្លស់ឧបាយរបស់មនុស្សឆ្លាត មិនឲ្យដៃគេសម្រេចការដែលគេផ្តើមធ្វើនោះឡើយ
13 ទ្រង់ចាប់មនុស្សឆ្លៀវឆ្លាត ដោយឧបាយរបស់ខ្លួនគេ ហើយក៏បង្ខូចដំបូន្មានកោងរបស់មនុស្សវាងវៃ
14 អ្នកទាំងនោះប្រទះនឹងសេចក្ដីងងឹតនៅវេលាថ្ងៃ ហើយគេដើរស្ទាបៗនៅពេលថ្ងៃត្រង់ ដូចជានៅពេលយប់
15 តែទ្រង់ជួយឲ្យរួចពីដាវនៃមាត់គេ គឺជាមនុស្សកំសត់ទុគ៌ត ឲ្យរួចពីកណ្តាប់ដៃនៃមនុស្សខ្លាំងពូកែ
16 យ៉ាងនោះមនុស្សក្រខ្សត់មានទីសង្ឃឹម ហើយសេចក្ដីទុច្ចរិតត្រូវបិទមាត់ទៅ។
17 មើល សប្បាយហើយអ្នកណាដែលព្រះទ្រង់បានកែឡើង ដូច្នេះ កុំឲ្យមើលងាយសេចក្ដីផ្ចាញ់ផ្ចាលរបស់ព្រះដ៏មានព្រះចេស្តាបំផុតឡើយ
18 ដ្បិតទ្រង់ធ្វើឲ្យមានរបួស រួចក៏រុំឲ្យ ទ្រង់វាយកម្ទេច ហើយព្រះហស្តទ្រង់ក៏មើលឲ្យជាឡើងវិញ
19 ទ្រង់នឹងប្រោសឲ្យអ្នករួចពីសេចក្ដីវេទនា៦មុខ អើ ដល់គម្រប់៧ផង នោះសេចក្ដីអាក្រក់នឹងមិនមកពាល់ប៉ះអ្នកឡើយ
20 នៅគ្រាអំណត់ ទ្រង់នឹងលោះអ្នកឲ្យរួចពីសេចក្ដីស្លាប់ ហើយនៅគ្រាសឹកសង្គ្រាមឲ្យរួចពីអំណាចដាវផង
21 អ្នកនឹងបានលាក់កំបាំងពីរំពាត់នៃអណ្តាតគេ ហើយកាលគ្រោះថ្នាក់មកដល់ នោះអ្នកមិនត្រូវខ្លាចឡើយ
22 អ្នកនឹងសើចឡកដល់គ្រោះថ្នាក់ និងគ្រាអំណត់ ហើយមិនខ្លាចសត្វកំណាចនៅផែនដីផង
23 ដ្បិតអ្នក និងថ្មនៅស្រែ នឹងបានជាមិត្តនឹងគ្នា ហើយទាំងសត្វព្រៃនឹងនៅជាមេត្រីនឹងអ្នកដែរ
24 អ្នកនឹងបានទុកចិត្តថា លំនៅរបស់អ្នកនឹងមានសេចក្ដីសុខ កាលអ្នកចេញទៅមើលក្រោលសត្វរបស់អ្នក នោះនឹងឃើញថាមិនខ្វះខាតអ្វីឡើយ
25 អ្នកនឹងឃើញពូជពង្សអ្នកចម្រើនជាច្រើនឡើង ហើយកូនចៅអ្នកបានគ្នាច្រើន ដូចជាស្មៅនៅផែនដី
26 លុះអ្នកមានអាយុគ្រប់គ្រាន់ហើយ ទើបនឹងដល់មរណភាពទៅ ឧបមាដូចជាកណ្តាប់ស្រូវ ដែលគេយកចូលមកត្រូវរដូវកាល
27 នេះហើយ ជាសេចក្ដីដែលយើងបានស្ទង់មើលឲ្យដឹងហើយ ក៏ឃើញយ៉ាងនោះពិតមែន ដូច្នេះ ចូរអ្នកស្តាប់យកចុះ ហើយទទួលសម្រាប់ជាប្រយោជន៍ដល់ខ្លួនផង។
ជំពូក 6
1 នោះយ៉ូបលោកឆ្លើយឡើងថា
2 ឱបើសេចក្ដីមួម៉ៅរបស់ខ្ញុំបានថ្លឹងមើល ដោយដាក់នៅជញ្ជីង ជាមួយនឹងសេចក្ដីទុក្ខលំបាករបស់ខ្ញុំទៅអេះ
3 នោះនឹងបានធ្ងន់ជាងខ្សាច់សមុទ្រទៅទៀត គឺហេតុនោះបានជាពាក្យខ្ញុំ បានជ្រួសហួសទៅ
4 ពីព្រោះព្រួញរបស់ព្រះដ៏មានគ្រប់ព្រះចេស្តានៅជាប់ក្នុងខ្លួនខ្ញុំ វិញ្ញាណខ្ញុំក៏អកផឹកថ្នាំពិសនៃព្រួញទាំងនោះទៅ អស់ទាំងសេចក្ដីស្ញែងខ្លាចរបស់ព្រះបានដំរៀបគ្នាទាស់នឹងខ្ញុំហើយ
5 បើលាព្រៃមានស្មៅស៊ី តើវាស្រែកដែរឬ តើគោរោទ៍កំពុងដែលស៊ីចំបើងឬ
6 ឯរបស់ដែលគ្មានរសជាតិ តើនឹងបរិភោគឥតអំបិលបានឬទេ តើសរបស់ពងមានរសឬទេ
7 សេចក្ដីដែលចិត្តខ្ញុំមិនព្រមប៉ះពាល់ នោះទុកដូចជាអាហារដែលគួរឆ្អើមដល់ខ្ញុំ។
8 ឱបើសិនជាខ្ញុំនឹងបានដូចសេចក្ដីសំណូម ហើយព្រះនឹងប្រោសប្រទានឲ្យខ្ញុំបានតាមបំណងចិត្តទៅអេះ
9 គឺឲ្យព្រះបានសព្វព្រះហឫទ័យនឹងកិនកម្ទេចខ្ញុំទៅ ហើយគ្រវីព្រះហស្តទ្រង់ ឲ្យខ្ញុំត្រូវកាត់ដាច់ចេញ
10 យ៉ាងនោះខ្ញុំនឹងនៅមានសេចក្ដីរដោះទុក្ខ ខ្ញុំនឹងមានសេចក្ដីរីករាយក្នុងសេចក្ដីឈឺចាប់នេះ ដែលមិនចេះប្រណីសោះ ពីព្រោះខ្ញុំមិនបានលាក់ទុកព្រះបន្ទូលនៃព្រះដ៏បរិសុទ្ធឡើយ
11 តើកម្លាំងខ្ញុំជាអ្វី ដែលខ្ញុំនឹងនៅចាំទៀត តើចុងបំផុតខ្ញុំជាយ៉ាងណា បានជាត្រូវឲ្យខ្ញុំទ្រាំអត់
12 តើកម្លាំងខ្ញុំជាកម្លាំងនៃថ្មឬអី ឯសាច់ខ្ញុំ តើជាលង្ហិនដែរឬ
13 នេះតើមិនមែនដោយព្រោះគ្មានទីពឹងក្នុងខ្លួនខ្ញុំទេឬ ហើយប្រាជ្ញាក៏បានត្រូវបណ្តេញឆ្ងាយពីខ្ញុំដែរឬ។
14 ឯអ្នកណាដែលកំពុងតែរងទុក្ខវេទនា នោះគួរឲ្យមិត្តសំឡាញ់ខ្លួនសម្ដែងសេចក្ដីអាណិតអាសូរដែរ ទោះបើជាអ្នកដែលលែងកោតខ្លាចដល់ព្រះដ៏មានគ្រប់ព្រះចេស្តាក៏ដោយ
15 ឯបងប្អូនខ្ញុំវិញ គេបានប្រព្រឹត្តដោយចិត្តវៀចដូចជាជ្រោះទឹក គឺដូចជាបាតនៃជ្រោះទឹកដែលបាត់អស់ទៅ
16 ជាទឹកដែលមើលទៅខ្មៅៗ ដោយព្រោះកកហើយ ក៏មានហិមៈនៅកប់ក្នុងនោះដែរ
17 លុះមានពេលក្តៅក៏រលាយទៅ រួចដល់រដូវក្តៅ ទឹកនោះរីងបាត់ពីកន្លែងអស់រលីង
18 ពួកដំណើរដែលដើរតាមផ្លូវនោះក៏បែរចេញ គេកប់បាត់ទៅក្នុងទីរហោស្ថាន ហើយត្រូវវិនាសសូន្យទៅ
19 ពួកដំណើរសាសន៍ថេម៉ាន គេដើរមករក ពួកសាសន៍សេបាក៏ទន្ទឹងចាំ
20 គេមានសេចក្ដីខ្មាស ដោយព្រោះបានទុកចិត្ត គេបានទៅដល់ទីនោះ តែត្រូវទាល់បើគិត
21 គឺអ្នករាល់គ្នាយ៉ាងនោះឯង អ្នករាល់គ្នាឃើញសេចក្ដីវេទនារបស់ខ្ញុំ ហើយក៏ស្លុតក្នុងចិត្ត
22 តើខ្ញុំបានថា សូមមេត្តាឲ្យអ្វីមកខ្ញុំ ឬថា សូមយកទ្រព្យសម្បត្តិខ្លះរបស់អ្នកថ្វាយជាតង្វាយឲ្យខ្ញុំផងឬអី
23 តើបានថា សូមជួយឲ្យខ្ញុំរួចពីកណ្តាប់ដៃនៃពួកសត្រូវ ឬថា សូមលោះខ្ញុំពីកណ្តាប់ដៃនៃអ្នកដែលសង្កត់សង្កិនឬអី។
24 សូមបង្រៀនខ្ញុំចុះ នោះខ្ញុំនឹងឈប់និយាយហើយ សូមពន្យល់ឲ្យខ្ញុំដឹងជាបានធ្វើខុសឆ្គងអ្វី
25 ពាក្យសំដីត្រឹមត្រូវ នោះពូកែបណ្តាលយ៉ាងណាហ្ន៎ តែសេចក្ដីបន្ទោសរបស់អ្នករាល់គ្នា បានបន្ទោសអ្វីខ្លះ
26 ដែលឃើញថា ពាក្យរបស់មនុស្សឥតសង្ឃឹមជាខ្យល់ទទេ នោះតើអ្នកគិតបន្ទោសដល់ពាក្យសំដីឬអី
27 អើ អ្នករាល់គ្នាគ្របសង្កត់លើពួកកំព្រា ហើយធ្វើទុក្ខបៀតបៀនដល់មិត្តសំឡាញ់ខ្លួនផង
28 ដូច្នេះ ឥឡូវនេះ សូមអ្នករាល់គ្នាមើលមកខ្ញុំឲ្យពេញភ្នែកចុះ ដ្បិតខ្ញុំមិនហ៊ានកុហកប្រទល់មុខនឹងអ្នករាល់គ្នាទេ
29 សូមឲ្យអ្នកគិតជាថ្មីវិញចុះ កុំឲ្យមានសេចក្ដីអយុត្តិធម៌ឡើយ អើ សូមត្រឡប់មកគិតជាថ្មីឡើងវិញចុះ ដំណើរខ្ញុំនៅខាងសេចក្ដីសុចរិតទេ
30 តើមានសេចក្ដីទុច្ចរិតណានៅអណ្តាតខ្ញុំឬ តើខ្ញុំមិនចេះភ្លក់ដឹងសេចក្ដីខូចកាចទេឬអី។
ជំពូក 7
1 តើគ្មានពេលកេណ្ឌមនុស្សដែលនៅផែនដីទេឬ តើជីវិតគេមិនមែនដូចជាជីវិតនៃអ្នកស៊ីឈ្នួលទេឬអី
2 បែបដូចជាអ្នកបម្រើ ដែលទន្ទឹងចាំពេលងងឹត ហើយដូចជាអ្នកស៊ីឈ្នួល ដែលចាំតែបើកប្រាក់ឈ្នួល
3 គឺយ៉ាងនោះដែលការរងវេទនាបានចែកដល់ខ្ញុំទាំងខែៗ ហើយខ្ញុំក៏ប្រកបដោយសេចក្ដីនឿយហត់រាល់តែយប់
4 កាលណាខ្ញុំទៅដេក នោះខ្ញុំតែងតែនឹកថា តើកាលណានឹងដល់វេលាក្រោកឡើង កាលណាហ្ន៎បានវេលាយប់នឹងអស់ទៅ ខ្ញុំក៏ចេះតែប្លាក់ខ្លួនទៅមកដរាបដល់ភ្លឺឡើង
5 សាច់ខ្ញុំស្លៀកពាក់ដោយដង្កូវ និងក្រមរធូលីដី ស្បែកខ្ញុំធ្លាយមក ហើយក៏គួរខ្ពើម
6 អស់ទាំងថ្ងៃអាយុរបស់ខ្ញុំ លឿនជាងត្រល់ដំបាញផង ហើយក៏កន្លងទៅ ឥតមានទីសង្ឃឹមឡើយ។
7 ឱព្រះអើយ សូមនឹកចាំថា ជីវិតទូលបង្គំជាខ្យល់ទទេ ភ្នែកទូលបង្គំនឹងមិនដែលឃើញសេចក្ដីល្អទៀត
8 ឯភ្នែកពួកអ្នកដែលធ្លាប់ឃើញទូលបង្គំ នោះនឹងមិនឃើញទៀតឡើយ ព្រះនេត្រនៃទ្រង់នឹងទតមកលើទូលបង្គំ តែទូលបង្គំមិនមានទៀតទេ
9 អ្នកណាដែលចុះទៅឯស្ថានឃុំព្រលឹងមនុស្សស្លាប់ នោះនឹងមិនដែលឡើងមកវិញឡើយ ឧបមាដូចជាពពកដែលរលាយទៅ ហើយមើលមិនឃើញទៀត
10 អ្នកនោះនឹងមិនដែលត្រឡប់មកឯផ្ទះខ្លួនទៀតឡើយ ទីកន្លែងរបស់គេក៏នឹងលែងស្គាល់គេផង
11 ហេតុនោះ ទូលបង្គំនឹងមិនទប់មាត់ គឺទូលបង្គំនឹងនិយាយដោយសេចក្ដីវេទនា ក្នុងវិញ្ញាណទូលបង្គំ ហើយនិងត្អូញត្អែរដោយសេចក្ដីជូរចត់ នៅក្នុងចិត្តទូលបង្គំដែរ
12 តើខ្ញុំជាសមុទ្រ ឬជាសត្វសម្បើមនៅក្នុងសមុទ្រឬអី បានជាទ្រង់តាំងយាមឲ្យមើលទូលបង្គំ
13 កាលណាទូលបង្គំនឹកថា គ្រែរបស់ទូលបង្គំនឹងជួយរំសាយទុក្ខ ដំណេកទូលបង្គំនឹងកំសាន្តសេចក្ដីតប់ប្រមល់ទៅ
14 នោះទ្រង់បណ្តាលឲ្យទូលបង្គំខ្លាច ដោយពន្យល់សប្តិវិញ ហើយបំភ័យទូលបង្គំ ដោយការជាក់ស្តែងផង
15 បានជាចិត្តនៃទូលបង្គំស៊ូស្លាប់ដោយច្របាច់ក ហើយក៏រើសយកសេចក្ដីស្លាប់ជាជាងឆ្អឹងទាំងនេះ
16 ទូលបង្គំខ្ពើមជីវិតណាស់ ទូលបង្គំនឹងមិនរស់ជាដរាបទេ ដូច្នេះ សូមទុកឲ្យទូលបង្គំចុះ ដ្បិតអស់ទាំងថ្ងៃអាយុរបស់ទូលបង្គំ ជាអសារឥតការទទេ
17 តើមនុស្សជាអ្វី ដែលទ្រង់នឹងរវល់ដល់គេ ហើយតាំងព្រះហឫទ័យនឹកពីគេ
18 ព្រមទាំងមកសួរគេរាល់តែព្រឹក ហើយល្បងលគេរាល់វេលាដូច្នេះ
19 តើដល់កាលណាទើបទ្រង់បែរព្រះនេត្រចេញពីទូលបង្គំ ហើយមិនទុកទូលបង្គំតែឯង ល្មមតែឲ្យលេបទឹកមាត់បានផង
20 ឱព្រះដ៏ចាំយាមមនុស្សអើយ បើទូលបង្គំបានធ្វើបាប នោះតើទូលបង្គំត្រូវធ្វើអ្វីដល់ទ្រង់ ហេតុអ្វីបានជាទ្រង់បានដាក់ទូលបង្គំទុកដូចជាទីបាញ់វង់របស់ទ្រង់ ដល់ម៉្លេះបានជាទូលបង្គំជាបន្ទុកធ្ងន់ដល់ខ្លួនទូលបង្គំផង
21 ហេតុអ្វីបានជាទ្រង់មិនអត់ទោសចំពោះសេចក្ដីរំលងរបស់ទូលបង្គំ ហើយដោះសេចក្ដីទុច្ចរិតរបស់ទូលបង្គំចេញ ដ្បិតទូលបង្គំនឹងដេកទៅក្នុងធូលីដីឥឡូវ នោះទ្រង់នឹងស្វែងរកទូលបង្គំ តែទូលបង្គំមិនមានទៀតទេ។
ជំពូក 8
1 នោះប៊ីលដាឌ សាសន៍ស៊ូអា គាត់ឆ្លើយឡើងថា
2 តើអ្នកនឹងពោលសេចក្ដីយ៉ាងដូច្នេះ ដល់កាលណាទៀត ព្រមទាំងបព្ចោញវាចាដូចជាខ្យល់ព្យុះដូច្នេះ
3 តើព្រះទ្រង់ដែលបង្វែរសេចក្ដីយុត្តិធម៌ចេញឬទេ តើព្រះដ៏មានគ្រប់ព្រះចេស្តា ទ្រង់ដែលបង្វែរសេចក្ដីសុចរិតដែរឬ
4 បើសិនជាកូនទាំងឡាយរបស់អ្នកបានធ្វើបាបនឹងទ្រង់ ហើយទ្រង់បានប្រគល់វា ទៅក្នុងអំណាចនៃសេចក្ដីកំហុសរបស់វា
5 បើអ្នកនឹងស្វែងរកព្រះអស់ពីចិត្ត ហើយទូលអង្វរដល់ព្រះដ៏មានគ្រប់ព្រះចេស្តា
6 បើខ្លួនអ្នកក៏បរិសុទ្ធ ហើយទៀងត្រង់ នោះពិតប្រាកដជាទ្រង់នឹងតើនឡើងជួយដល់អ្នក ព្រមទាំងប្រោសឲ្យទីលំនៅដ៏សុចរិតរបស់អ្នកបានប្រកបដោយសេចក្ដីចម្រើនផង
7 យ៉ាងនោះ ទោះបើខាងដើមនៃអ្នកបានតូចទាបក៏ដោយ គង់តែដល់ចុងបំផុតអ្នកនឹងបានចម្រើនជាធំឡើង។
8 ចូរស៊ើបសួររកពីដំណមនុស្សដែលកន្លងទៅហើយ ត្រូវឲ្យយកចិត្តទុកដាក់នឹងសេចក្ដីដែលពួកអយ្យកោគេបានស្វែងរកឲ្យចេះចុះ
9 ដ្បិតយើងរាល់គ្នាទើបតែនឹងកើតមកពីម្សិលមិញនេះឯង ឥតដឹងអ្វីឡើយ ពីព្រោះអាយុយើងនៅផែនដីនេះ ជាស្រមោលប៉ុណ្ណោះ
10 ឯអ្នកទាំងនោះ តើមិនបង្រៀន ហើយថ្លែងប្រាប់ដល់អ្នក ព្រមទាំងពោលពាក្យបញ្ចេញពីចិត្តគេទេឬអី
11 តើដើមកក់ដុះដោយឥតភក់បានឬ ឯដើមផ្នក់ទឹក តើនឹងដុះដោយឥតទឹកបានឬទេ
12 កាលដើមនោះនៅខៀវស្រស់ ឥតអ្នកណាកាត់នៅឡើយ នោះក៏នឹងស្វិតក្រៀមទៅមុនតិណជាតិឯទៀត
13 ឯអស់ទាំងផ្លូវរបស់មនុស្សដែលភ្លេចព្រះ នោះក៏ដូច្នោះដែរ ហើយសេចក្ដីសង្ឃឹមរបស់មនុស្សទមិឡល្មើសនឹងត្រូវវិនាសទៅដែរ
14 ជាពួកមនុស្សដែលទីពឹងរបស់គេនឹងត្រូវបាក់ដាច់ចេញ ឯទីសង្ឃឹមរបស់គេ គឺជាមងនៃពីងពាងប៉ុណ្ណោះ
15 អ្នកនោះនឹងផ្អែកទៅលើផ្ទះខ្លួន តែផ្ទះនោះនឹងរលំទៅ គេនឹងចាប់យឹតផ្ទះនោះ តែមិនធន់នៅទេ
16 អ្នកនោះខៀវខ្ចី នៅក្រោមពន្លឺថ្ងៃ ក៏បែកមែកលូតទៅក្នុងសួនច្បារ
17 ឯឫសចាក់ស្រេះទៅក្នុងថ្ម ក៏រករហូតដល់បានប្រទះនឹងដុំថ្ម
18 បើកាលណាត្រូវរំលើងចេញពីកន្លែង នោះកន្លែងរបស់វាមិនព្រមស្គាល់ទៀតឡើយ គឺដោយពាក្យថា អញមិនបានឃើញឯងទេ
19 មើល នេះហើយជាផលដែលកើតពីផ្លូវរបស់វា រួចមកមានផ្សេងទៀតពន្លកចេញពីដីឡើង
20 មើល ព្រះទ្រង់មិនដែលលះបង់មនុស្សគ្រប់លក្ខណ៍ ឬទប់ទល់មនុស្សដែលប្រព្រឹត្តអាក្រក់ឡើយ
21 ដល់ចុងបំផុត ទ្រង់នឹងឲ្យមាត់អ្នកបានពេញដោយសេចក្ដីសំណើច ហើយឲ្យបបូរមាត់អ្នកបានស្រែកឡើងដោយអំណរវិញ
22 ឯពួកដែលស្អប់អ្នក គេនឹងមានសេចក្ដីខ្មាសរួបរឹតខ្លួន នោះទីលំនៅរបស់មនុស្សអាក្រក់នឹងសូន្យបាត់ទៅ។
ជំពូក 9
1 នោះយ៉ូបក៏ឆ្លើយឡើងថា
2 ខ្ញុំដឹងប្រាកដថាជាយ៉ាងនោះហើយ ប៉ុន្តែ ធ្វើដូចម្តេចឲ្យមនុស្សបានសុចរិតនៅចំពោះព្រះបាន
3 បើគេចង់តវ៉ានឹងទ្រង់ នោះក្នុង១ពាន់ គេរកឆ្លើយតែ១ក៏មិនបានផង
4 ទ្រង់មានព្រះហឫទ័យប្រកបដោយប្រាជ្ញា ក៏មានឥទ្ធិឫទ្ធិដ៏ក្រៃលែង តើមានអ្នកណាដែលរឹងទទឹងនឹងទ្រង់ ហើយមានសេចក្ដីសុខឬទេ
5 ទ្រង់លើកភ្នំឲ្យឃ្លាតចាកទីទៅឥតឲ្យដឹងផង ទ្រង់ក៏ផ្កាប់វាដោយសេចក្ដីក្រោធរបស់ទ្រង់
6 ទ្រង់ចាប់អង្រួនផែនដីឲ្យចេញពីកន្លែងធម្មតា ហើយអស់ទាំងសសរនៃផែនដីក៏ញ័រ
7 ទ្រង់ហាមដល់ថ្ងៃ នោះថ្ងៃក៏មិនរះ ហើយទ្រង់បិទបាំងអស់ទាំងផ្កាយផង
8 គឺទ្រង់តែ១អង្គឯងដែលលាតត្រដាងមេឃ ហើយយាងទៅលើរលកសមុទ្រ
9 ទ្រង់បានបង្កើតផ្កាយក្រពើ ផ្កាយនាយព្រាន ហើយផ្កាយកូនមាន់ ព្រមទាំងប្រឡោះនៃមេឃខាងត្បូង
10 ទ្រង់ធ្វើការយ៉ាងធំក្រៃលែង ដែលរកយល់មិនបាន និងការអស្ចារ្យឥតគណនា
11 មើល ទ្រង់យាងកាត់មុខខ្ញុំ តែខ្ញុំមិនឃើញទេ ទ្រង់ក៏យាងហួសទៅ តែខ្ញុំមិនដឹងសោះ
12 បើទ្រង់ចាប់យកទៅ តើអ្នកណានឹងឃាត់ទ្រង់បាន តើអ្នកណានឹងហ៊ានទូលសួរទ្រង់ថា តើទ្រង់ធ្វើអ្វីនោះ។
13 ព្រះទ្រង់មិនព្រមដកសេចក្ដីក្រោធទ្រង់ទៅវិញទេ ឯពួកជំនួយដ៏មានចិត្តអួតអាង គេត្រូវក្រាបចុះនៅក្រោមទ្រង់
14 ចំណង់បើខ្ញុំ តើនឹងទូលឆ្លើយដល់ទ្រង់តិចជាងគេអម្បាលម៉ានទៅទៀត ទោះបើខំរើសពាក្យទូលនឹងទ្រង់ក៏ដោយ
15 ឯខ្ញុំ សូម្បីបើខ្ញុំបានសុចរិត គង់តែមិនហ៊ានទូលឆ្លើយដល់ទ្រង់ផង ខ្ញុំនឹងអង្វរដល់ចៅក្រមនៃខ្ញុំវិញ
16 បើសិនជាខ្ញុំបានអំពាវនាវ ហើយទ្រង់បានឆ្លើយមកខ្ញុំ គង់តែខ្ញុំមិនជឿថា ទ្រង់បានទទួលស្តាប់សំឡេងរបស់ខ្ញុំដែរ
17 ដ្បិតទ្រង់បំបែកបំបាក់ខ្ញុំដោយសារខ្យល់ព្យុះ ក៏ចម្រើនរបួសខ្ញុំឲ្យច្រើនឡើងដោយឥតហេតុ
18 ទ្រង់មិនបើកឲ្យខ្ញុំដកទាំងដង្ហើមផង គឺទ្រង់ចម្អែតខ្ញុំដោយសេចក្ដីជូរល្វីងវិញ
19 បើនឹងគិតប្រើកម្លាំង នោះមើល ទ្រង់ក៏ខ្លាំងជាងទៅទៀត ឬបើគិតពីសេចក្ដីជំនុំជម្រះ នោះទ្រង់មានព្រះបន្ទូលមកថា តើអ្នកណានឹងកោះហៅអញ
20 បើខ្ញុំនឹងតាំងខ្លួនជាសុចរិត នោះមាត់ខ្ញុំនឹងបានកាត់ទោសដល់ខ្លួនវិញ បើខ្ញុំថា ខ្ញុំទៀងត្រង់ នោះនឹងបង្ហាញច្បាស់ថា ខ្ញុំវៀចវេរហើយ
21 ទោះបើខ្ញុំបានគ្រប់លក្ខណ៍ គង់តែមិនពឹងដល់ខ្លួនឯងទេ ខ្ញុំស្អប់ជីវិតនៃខ្ញុំ
22 សេចក្ដីទាំងនោះត្រូវគ្នាទាំងអស់ បានជាខ្ញុំថា ទ្រង់បំផ្លាញទាំងមនុស្សគ្រប់លក្ខណ៍ និងមនុស្សអាក្រក់ផង
23 បើសិនជាសេចក្ដីវេទនាណានាំឲ្យស្លាប់ភ្លាម នោះទ្រង់នឹងសើចឡកដល់សេចក្ដីល្បងលរបស់មនុស្សឥតទោស
24 ផែនដីនេះបានប្រគល់ទៅក្នុងកណ្តាប់ដៃនៃមនុស្សអាក្រក់ហើយ ទ្រង់ក៏បាំងមុខពួកចៅក្រមនៃផែនដី បើមិនមែនជាទ្រង់ទេ នោះតើជាអ្នកណាវិញ។
25 ឯថ្ងៃទាំងឡាយនៃអាយុខ្ញុំ នោះលឿនជាងអ្នករត់សំបុត្រ ក៏រត់បាត់ទៅ ឥតដែលឃើញសេចក្ដីល្អអ្វីឡើយ
26 ក៏កន្លងហួសទៅដូចជាទូកធ្វើពីឫស្សី ឧបមាដូចជាឥន្ទ្រីដែលបោះពួយចាប់រំពា
27 បើសិនជាខ្ញុំថា ខ្ញុំនឹងបំភ្លេចសេចក្ដីដំអូញរបស់ខ្ញុំ ក៏នឹងបំផ្លាស់បំប្រែទឹកមុខព្រួយចេញ ហើយនិងមានចិត្តធូរឡើងវិញ
28 នោះខ្ញុំខ្លាចអស់ទាំងសេចក្ដីទុក្ខព្រួយរបស់ខ្ញុំ ហើយដឹងថា អ្នកមិនរាប់ខ្ញុំជាឥតទោសទេ
29 ខ្ញុំនឹងត្រូវមានទោសមែន ដូច្នេះ ខ្ញុំនឹងនឿយហត់ជាឥតប្រយោជន៍ធ្វើអី
30 បើសិនជាខ្ញុំនឹងសម្អាតខ្លួនដោយទឹកហិមៈ ហើយលាងដៃឲ្យស្អាតយ៉ាងណាក៏ដោយ
31 គង់តែអ្នកនឹងបោះខ្ញុំចុះទៅក្នុងភក់ជ្រាំវិញ នោះទាំងសម្លៀកបំពាក់ខ្ញុំនឹងខ្ពើមខ្ញុំផង
32 ដ្បិតព្រះទ្រង់មិនមែនជាមនុស្សដូចជាខ្ញុំ ដែលខ្ញុំនឹងហ៊ានឆ្លើយដល់ទ្រង់ ឬដែលនឹងជួបគ្នាដោយរឿងក្តីនោះទេ
33 គ្មានអ្នកណាជាអ្នកកណ្តាល ដែលនឹងដាក់ដៃលើយើងទាំង២សង្រួបសង្រួមឡើយ
34 ឲ្យទ្រង់ដកដំបងពីខ្ញុំចេញ ហើយកុំឲ្យសេចក្ដីស្ញែងខ្លាចរបស់ទ្រង់មកបំភ័យខ្ញុំទៀត
35 នោះខ្ញុំនឹងទូលដល់ទ្រង់ឥតភ័យខ្លាច ដ្បិតដែលខ្លួនខ្ញុំនៅតែយ៉ាងនេះ នោះខ្ញុំមិនហ៊ានទេ។
ជំពូក 10
1 ចិត្តខ្ញុំជិនណាយនឹងជីវិតរបស់ខ្ញុំ ខ្ញុំនឹងឲ្យសេចក្ដីដំអូញរបស់ខ្ញុំចេញហូរហែ ខ្ញុំនឹងនិយាយ ដោយសេចក្ដីជូរល្វីងក្នុងចិត្ត
2 ខ្ញុំនឹងទូលដល់ព្រះថា សូមកុំកាត់ទោសទូលបង្គំ សូមបង្ហាញហេតុដែលទ្រង់តតាំងនឹងទូលបង្គំវិញ
3 ដែលសង្កត់សង្កិនដូច្នេះ តើមានប្រយោជន៍ដល់ទ្រង់ឬ បានជាទ្រង់មើលងាយដល់ស្នាដៃរបស់ទ្រង់ ហើយប្រោសឲ្យពន្លឺទ្រង់ មកបំភ្លឺគំនិតរបស់មនុស្សអាក្រក់វិញ
4 តើព្រះនេត្រទ្រង់ជាភ្នែកសាច់ឈាម ឬទ្រង់ទតឃើញដូចជាមនុស្សឬអី
5 តើព្រះជន្មនៃទ្រង់ដូចជាអាយុរបស់មនុស្ស ឬអស់ទាំងឆ្នាំនៃទ្រង់ត្រូវនឹងថ្ងៃរបស់មនុស្សឬទេ
6 បានជាទ្រង់ស៊ើបសួររកសេចក្ដីទុច្ចរិតរបស់ទូលបង្គំ ហើយស្វែងរកអំពើបាបនៃទូលបង្គំដូច្នេះ
7 ទ្រង់ជ្រាបហើយថា ទូលបង្គំមិនមែនអាក្រក់ ហើយថា គ្មានអ្នកណាអាចនឹងដោះឲ្យរួចពីព្រះហស្តរបស់ទ្រង់បាន
8 គឺព្រះហស្តនៃទ្រង់ ដែលបង្កើតរាងកាយ ហើយសម្រេចរូបទូលបង្គំឲ្យជាប់គ្នាគ្រប់ផ្នែក តែទ្រង់បំផ្លាញទូលបង្គំវិញ
9 សូមទ្រង់នឹកចាំថា ទ្រង់បានសូនរូបទូលបង្គំ ដូចជាគេសូនដីឥដ្ឋ ចុះតើទ្រង់គិតឲ្យទូលបង្គំត្រឡប់ទៅជាធូលីដីវិញឬ
10 តើទ្រង់មិនបានចាក់ទូលបង្គំចេញដូចជាទឹកដោះ ហើយឲ្យទូលបង្គំកកខន់ដូចជាផែនទឹកដោះទេឬអី
11 ទ្រង់បានបំពាក់ទូលបង្គំដោយសាច់ និងស្បែក ព្រមទាំងថ្ពាន់ទូលបង្គំឲ្យជាប់គ្នាដោយឆ្អឹង និងសរសៃ
12 ទ្រង់បានប្រោសផ្តល់ជីវិត និងសេចក្ដីសប្បុរសដល់ទូលបង្គំ ហើយការឃុំគ្រងរបស់ទ្រង់បានគាំពារជីវិតទូលបង្គំ។
13 ប៉ុន្តែ សេចក្ដីទាំងនេះទ្រង់បានលាក់ទុកនៅក្នុងព្រះហឫទ័យវិញ ទូលបង្គំដឹងហើយថា នេះនៅតែក្នុងទ្រង់ទេ
14 គឺថា បើទូលបង្គំធ្វើបាប នោះទ្រង់ចំណាំទូលបង្គំទុក ហើយទ្រង់មិនលែងឲ្យទូលបង្គំបានរួចពីទោសឡើយ
15 បើទូលបង្គំអាក្រក់មែន នោះវរហើយ តែបើសុចរិតវិញ នោះក៏មិនបានងើបក្បាលឡើងដែរ ដោយមានពេញជាសេចក្ដីខ្មាស ហើយមើលតែសេចក្ដីវេទនារបស់ទូលបង្គំ
16 បើកាលណាក្បាលទូលបង្គំងើបឡើង នោះទ្រង់ដេញទូលបង្គំដូចជាសិង្ហ រួចទ្រង់សម្ដែងព្រះចេស្តាយ៉ាងអស្ចារ្យលើទូលបង្គំទៀត
17 ទ្រង់ចេះតែមានសាក្សីថ្មីទាស់នឹងទូលបង្គំ ក៏ចម្រើនសេចក្ដីគ្នាន់ក្នាញ់ទាស់នឹងទូលបង្គំ គឺមានសេចក្ដីប្រែប្រួល នឹងសេចក្ដីតតាំងនៅជាប់នឹងទូលបង្គំជានិច្ច។
18 យ៉ាងនោះ ម្តេចក៏ទ្រង់បានធ្វើឲ្យទូលបង្គំចេញពីផ្ទៃម្តាយមក ឱបើទូលបង្គំបានស្លាប់វិញ ឥតមានអ្នកណាឃើញទៅអេះ
19 នោះទូលបង្គំនឹងបានដូចជាមិនដែលកើតមកសោះ គេនឹងបាននាំយកទូលបង្គំពីផ្ទៃម្តាយទៅកប់តែម្តង
20 តើអស់ទាំងថ្ងៃអាយុនៃទូលបង្គំមិនមែនតិចណាស់ទេឬអី ដូច្នេះ សូមឈប់ ទុកឲ្យទូលបង្គំនៅតែឯងចុះ ដើម្បីឲ្យបានសម្រាកបន្តិច
21 មុនដែលទូលបង្គំទៅឯទីដែលមិនត្រឡប់មកវិញឡើយ គឺដល់ស្ថាននៃសេចក្ដីងងឹត និងម្លប់នៃសេចក្ដីស្លាប់
22 ជាស្ថានដែលងងឹតឈឹង ដូចជាយប់ជ្រៅ ជាទីម្លប់នៃសេចក្ដីស្លាប់ ដែលឥតមានរបៀបអ្វី ជាកន្លែងដែលទាំងពន្លឺ ក៏ដូចជាកណ្តាលអធ្រាត្រដែរ។
ជំពូក 11
1 នោះសូផារ សាសន៍ន៉ាអាម៉ា ក៏ឆ្លើយឡើងថា
2 ដែលមានពាក្យសំដីជាច្រើនដល់ម៉្លេះ តើមិនគួរឆ្លើយតទេឬអី តើគួររាប់មនុស្សហៃនិយាយទុកជាសុចរិតឬ
3 តើពាក្យអំនួតរបស់អ្នកនឹងធ្វើឲ្យមនុស្សនៅស្ងៀមបានឬ កាលណាអ្នកឡកឡឺយយ៉ាងនេះ តើមិនត្រូវឲ្យមានគេធ្វើឲ្យអ្នកខ្មាសដែរទេឬ
4 ដ្បិតអ្នកថា គោលលទ្ធិរបស់អ្នកជាស្អាតសុទ្ធ ឥតខុសឆ្គងនៅចំពោះព្រះនេត្រនៃព្រះ
5 ឱបើព្រះនឹងមានព្រះបន្ទូលមក ហើយបើកព្រះរឹមទាស់នឹងអ្នក
6 ដើម្បីនឹងបង្ហាញឲ្យអ្នកស្គាល់សេចក្ដីអាថ៌កំបាំងនៃប្រាជ្ញាទៅអេះ នោះអ្នកនឹងឃើញថា ខ្លឹមនៃសេចក្ដីនឹងយល់បានច្រើនយ៉ាង ដូច្នេះ ចូរដឹងថា ព្រះទ្រង់យកទោសស្រាលជាងសេចក្ដីដែលសំណំនឹងអំពើទុច្ចរិតរបស់អ្នកវិញ។
7 បើអ្នកខំស្វែងរក តើអាចនឹងស្គាល់សភាពនៃព្រះបាន ឬយល់ដល់សេចក្ដីគ្រប់លក្ខណ៍របស់ព្រះដ៏មានគ្រប់ព្រះចេស្តាបានដែរឬ
8 នោះខ្ពស់ជាងស្ថានសួគ៌ទៅទៀត តើអ្នកអាចនឹងធ្វើយ៉ាងណាបាន ក៏ជ្រៅជាងស្ថានឃុំព្រលឹងមនុស្សស្លាប់ផង ធ្វើដូចម្តេចឲ្យអ្នកយល់បាន
9 បើនឹងវាស់ នោះក៏វែងជាងផែនដី ហើយធំជាងសមុទ្រទៅទៀត
10 បើទ្រង់យាងកាត់ទៅ ហើយកោះឃុំអ្នកណា ព្រមទាំងហៅប្រជុំជំនុំជម្រះ នោះតើអ្នកណាអាចនឹងឃាត់ទ្រង់បាន
11 ដ្បិតទ្រង់ស្គាល់មនុស្សកំភូត ទ្រង់ក៏ឃើញសេចក្ដីទុច្ចរិត ឥតចាំពិចារណាផង
12 មនុស្សមោឃគេឥតមានយោបល់សោះ អើ មនុស្សសុទ្ធតែកើតមកដូចជាកូនលាព្រៃ ។
13 បើអ្នកតាំងចិត្តត្រឹមត្រូវឡើង ហើយប្រវាដៃទៅឯទ្រង់
14 ព្រមទាំងបោះបង់សេចក្ដីអាក្រក់ដែលនៅដៃអ្នកចេញ ហើយមិនឲ្យមានសេចក្ដីទុច្ចរិតណានៅក្នុងទីលំនៅរបស់អ្នកឡើយ
15 នោះប្រាកដជាអ្នកនឹងងើបមុខឡើងឥតមានប្រឡាក់អ្វីសោះ អើ អ្នកនឹងបានមាំមួនឥតភ័យខ្លាចអ្វីផង
16 ដ្បិតអ្នកនឹងភ្លេចសេចក្ដីវេទនារបស់អ្នកទៅ រួចអ្នកនឹងនឹកចាំពីសេចក្ដីនោះ ដូចជាចាំពីទឹកដែលហូរបាត់ហើយ
17 នោះជីវិតនៃអ្នកនឹងបានត្រចះថ្លាជាងពេលថ្ងៃត្រង់ បើសិនជាមានសេចក្ដីងងឹតខ្លះ នោះនឹងបានដូចជាពេលព្រឹកព្រាងឡើងវិញ
18 អ្នកនឹងបានសាន្តត្រាណ ដោយព្រោះមានទីសង្ឃឹម អើ អ្នកនឹងស្វែងរកជុំវិញ រួចនឹងដេកសម្រាកទៅដោយសុខសាន្ត
19 អ្នកនឹងដេកទៅឥតមានអ្នកណាបំភ័យអ្នកឡើយ ហើយមនុស្សជាច្រើននឹងមកអង្វរដល់អ្នក
20 ឯភ្នែកនៃពួកមនុស្សអាក្រក់វិញ នោះនឹងត្រូវងងឹតទៅ គេនឹងរកទីពឹងគ្មាន ហើយសេចក្ដីសង្ឃឹមរបស់គេនឹងបានជាសេចក្ដីស្លាប់នោះឯង។
ជំពូក 12
1 នោះយ៉ូបក៏ឆ្លើយឡើងថា
2 គ្មានផ្លូវសង្ស័យឡើយ មានតែអ្នករាល់គ្នាទេដែលជាមនុស្ស ហើយប្រាជ្ញានឹងរលត់ទៅជាមួយនឹងអ្នករាល់គ្នាជាពិត
3 ប៉ុន្តែ ខ្ញុំក៏មានយោបល់ដូចជាអ្នករាល់គ្នាដែរ ខ្ញុំមិនថោកថយជាងអ្នករាល់គ្នាទេ តើមានអ្នកណាដែលមិនស្គាល់សេចក្ដីយ៉ាងនោះ
4 ខ្ញុំជាទីសើចឡកដល់មិត្តសំឡាញ់ខ្ញុំ ជាអ្នកដែលបានអំពាវនាវដល់ព្រះ ហើយទ្រង់ក៏ឆ្លើយមកផង គឺជាមនុស្សសុចរិតត្រឹមត្រូវ ដែលត្រូវគេសើចឡកឲ្យ
5 ក្នុងគំនិតនៃអ្នកដែលមានសេចក្ដីសុខ នោះតែងមានសេចក្ដីមើលងាយចំពោះគ្រោះថ្នាក់គេ សេចក្ដីនោះឯងប្រុងប្រៀបសម្រាប់អ្នកណាដែលភ្លាត់ជើង
6 ទីលំនៅរបស់ពួកចោរចេះតែមានសេចក្ដីចម្រើន ហើយពួកអ្នកដែលធ្វើឲ្យព្រះថ្នាំងថ្នាក់ព្រះហឫទ័យ ក៏តែងមានសេចក្ដីសុខ គឺជាពួកអ្នកដែលទទួលតែអំណាចរបស់ខ្លួនទុកជាព្រះហើយ។
7 ចូរអ្នកសួរសត្វតិរច្ឆានឥឡូវចុះ វានឹងបង្រៀនអ្នក ហើយសត្វស្លាបដែលហើរលើអាកាសផង វានឹងប្រាប់ឲ្យអ្នកដឹង
8 ឬឲ្យនិយាយនឹងដីចុះ នោះនឹងបង្រៀនអ្នកដែរ ហើយត្រីនៅសមុទ្រនឹងថ្លែងប្រាប់មកអ្នក
9 ក្នុងពួកទាំងនោះ តើមានណាមួយដែលមិនដឹងថា ព្រះហស្តនៃព្រះយេហូវ៉ាបានបង្កើតទាំងអស់
10 ដែលជីវិតនៃសត្វទាំងឡាយ សុទ្ធតែនៅក្នុងព្រះហស្តទ្រង់ ព្រមទាំងខ្យល់ដង្ហើមរបស់មនុស្សផងដូច្នេះ
11 ឯត្រចៀក តើមិនស្តាប់យល់ពាក្យសំដី ដូចជាមាត់ភ្លក់ឲ្យដឹងរសអាហារដែរទេឬអី
12 មនុស្សចាស់ៗតែងមានប្រាជ្ញា ហើយមនុស្សមានអាយុយឺន ទើបមានយោបល់។
13 ឯព្រះទ្រង់មានទាំងប្រាជ្ញា និងឥទ្ធិឫទ្ធិផង ទ្រង់ក៏មានព្រះតម្រិះ និងយោបល់ដែរ
14 មើល ទ្រង់រំលំ ហើយគេនឹងសង់ឡើងវិញមិនបាន ទ្រង់រាំងផ្លូវដល់មនុស្ស ហើយគ្មានអ្នកណាអាចនឹងបើកបានឡើយ
15 មើល ទ្រង់ទប់ទឹក ហើយទាំងអស់ក៏រីងស្ងួតទៅ រួចទ្រង់បើកវិញ នោះក៏ហូរបង្ខូចផែនដីអស់
16 ទ្រង់មានកម្លាំងឫទ្ធិ ហើយនិងប្រាជ្ញា ក៏កំរាបបានទាំងមនុស្សឆោត និងមនុស្សឆបោកផង
17 ទ្រង់ដឹកនាំពួកអ្នកជួយគំនិតទៅតែខ្លួនទទេ ហើយប្រគល់ពួកចៅក្រមទៅក្នុងសេចក្ដីល្ងីល្ងើ
18 ទ្រង់រំលាយអំណាចនៃពួកស្តេច ហើយចងខ្សែភ្ជាប់នៅចង្កេះផង
19 ទ្រង់ក៏ដឹកនាំពួកសង្ឃទៅតែខ្លួនទទេ ហើយទម្លាក់ងារពួកមានអំណាច
20 ទ្រង់ដកពាក្យសំដីពីពួកអ្នកដែលគួរទុកចិត្តបាន ហើយក៏ដោះយកយោបល់ពីពួកចាស់ទុំចេញ
21 ទ្រង់ចាក់សេចក្ដីមើលងាយទៅលើពួកសេដ្ឋី ក៏បន្ធូរខ្សែក្រវាត់នៃពួកខ្លាំងពូកែ
22 ទ្រង់បើកអស់ទាំងសេចក្ដីជ្រៅជ្រះចេញពីងងឹតមក ក៏នាំយកម្លប់សេចក្ដីស្លាប់ចេញមកដាក់នៅពន្លឺដែរ
23 ទ្រង់ចម្រើនសាសន៍ទាំងប៉ុន្មាន ហើយក៏បំផ្លាញគេវិញ ទ្រង់ពង្រីកឲ្យគេធំឡើង រួចក៏ដឹកនាំគេទៅជាឈ្លើយ
24 ទ្រង់ដកប្រាជ្ញាពីពួកអ្នកជាប្រធាននៃបណ្តាជននៅផែនដីចេញ ហើយបណ្តាលឲ្យគេដើរសាត់ព្រាត់ នៅទីរហោស្ថានដែលឥតមានផ្លូវសោះ
25 គេដើរទ្រាបក្នុងទីងងឹតឥតមានពន្លឺសោះ ទ្រង់ក៏ធ្វើឲ្យគេដើរទ្រេតទ្រោតដូចជាមនុស្សស្រវឹងផង។
ជំពូក 13
1 មើល គ្រប់ទាំងអស់នេះភ្នែកខ្ញុំបានឃើញហើយ ត្រចៀកខ្ញុំក៏បានឮ ហើយយល់ផង
2 អ្វីៗដែលអ្នករាល់គ្នាដឹង នោះខ្ញុំក៏ដឹងដែរ ខ្ញុំមិនថោកថយជាងអ្នករាល់គ្នាទេ
3 តែខ្ញុំចង់ទូលដល់ព្រះដ៏មានគ្រប់ព្រះចេស្តាវិញ ខ្ញុំប៉ងនឹងតតបនឹងព្រះតែម្តង
4 ឯអ្នករាល់គ្នាសុទ្ធតែជាអ្នកបង្កើតសេចក្ដីកំភូតទទេ អ្នករាល់គ្នាជាគ្រូពេទ្យឥតប្រយោជន៍ទាំងអស់
5 ឱបើអ្នករាល់គ្នានឹងនៅស្ងៀមវិញទៅអេះ នោះនឹងសម្ដែងថា អ្នករាល់គ្នាមានប្រាជ្ញាមែន
6 ដូច្នេះ ចូរស្តាប់សេចក្ដីតតបរបស់ខ្ញុំ ហើយផ្ទៀងត្រចៀកស្តាប់សេចក្ដីអង្វររបស់បបូរមាត់ខ្ញុំសិន
7 តើអ្នករាល់គ្នានឹងនិយាយសេចក្ដីទុច្ចរិត ដោយយល់ដល់ព្រះ ព្រមទាំងសេចក្ដីកំភូតផងឬអី
8 តើចង់យោគយល់ខាងព្រះ ហើយតាំងខ្លួនជាអ្នកកាន់ក្តីជំនួសទ្រង់ឬ
9 អ្នករាល់គ្នាសុខចិត្តឲ្យទ្រង់ស្ទង់ចិត្តនៃអ្នកឬទេ ឬអ្នករាល់គ្នាគិតបញ្ឆោតទ្រង់ដូចជាបញ្ឆោតមនុស្សដែរ
10 បើអ្នករាល់គ្នាលំអៀងទៅខាងណាដោយសម្ងាត់ នោះប្រាកដជាទ្រង់នឹងបន្ទោសដល់អ្នករាល់គ្នាហើយ
11 តើតេជានុភាពរបស់ទ្រង់មិននាំឲ្យអ្នករាល់គ្នាកោតខ្លាច ហើយសេចក្ដីស្ញែងខ្លាចរបស់ទ្រង់មិនគ្របលើអ្នករាល់គ្នាទេឬ
12 សេចក្ដីដែលអ្នករាល់គ្នាពោលអាង នោះសុទ្ធតែជាផេះទាំងអស់ សេចក្ដីដោះសារបស់អ្នករាល់គ្នា សុទ្ធតែជាភក់ទទេ។
13 សូមនៅស្ងៀមសិន កុំធ្វើខ្ញុំ ខ្ញុំចង់និយាយនឹងអ្នករាល់គ្នា រួចតាមតែកើតជាយ៉ាងណាក៏ដោយចុះ
14 ខ្ញុំនឹងចាប់ពាំសាច់របស់ខ្ញុំ ហើយកាន់ជីវិតរបស់ខ្ញុំទុកនៅដៃដូច្នេះធ្វើអី
15 ទោះបើទ្រង់សម្លាប់ខ្ញុំក៏ដោយ គង់តែខ្ញុំនឹងទុកចិត្តដល់ទ្រង់ដែរ ប៉ុន្តែ ខ្ញុំនឹងចេះតែជជែកពីសេចក្ដីសុចរិតនៃផ្លូវខ្ញុំនៅចំពោះទ្រង់
16 ហើយនេះនឹងបានជាសេចក្ដីសង្គ្រោះដល់ខ្ញុំដែរ គឺថាមនុស្សទមិឡល្មើសនឹងចូលទៅនៅចំពោះទ្រង់មិនបាន
17 ចូរប្រុងស្តាប់សេចក្ដីរបស់ខ្ញុំចុះ ហើយឲ្យសេចក្ដីថ្លែងប្រាប់របស់ខ្ញុំបានចូលក្នុងត្រចៀកអ្នករាល់គ្នាផង
18 មើល ឥឡូវនេះ ខ្ញុំបានរៀបរៀងរឿងខ្ញុំដោយលំដាប់ ខ្ញុំដឹងហើយថា ខ្ញុំនៅខាងសុចរិត
19 តើមានអ្នកណាហ៊ានតវ៉ានឹងខ្ញុំ បើមាន នោះខ្ញុំនឹងនៅស្ងៀម ហើយព្រមប្រគល់វិញ្ញាណទៅវិញ។
20 ឱសូមព្រះទ្រង់ប្រោសសេចក្ដីតែ២មុខនេះ ដល់ទូលបង្គំចុះ នោះទូលបង្គំនឹងមិនលាក់ខ្លួនពីព្រះភ័ក្ត្រទ្រង់ឡើយ
21 គឺសូមទ្រង់ដកព្រះហស្តឲ្យឆ្ងាយពីទូលបង្គំចេញ ហើយសូមកុំឲ្យសេចក្ដីស្ញែងខ្លាចរបស់ទ្រង់ មកបំភ័យទូលបង្គំទៀត
22 នោះសូមទ្រង់ហៅទូលបង្គំចុះ ទូលបង្គំនឹងឆ្លើយតប ឬសូមឲ្យទូលបង្គំទូលដល់ទ្រង់ ហើយទ្រង់មានព្រះបន្ទូលឆ្លើយមកវិញ
23 តើសេចក្ដីទុច្ចរិត និងអំពើបាបរបស់ទូលបង្គំមានប៉ុន្មាន សូមទ្រង់សម្ដែងឲ្យទូលបង្គំបានស្គាល់អស់ទាំងសេចក្ដីរំលង និងអំពើបាបរបស់ទូលបង្គំផង
24 ហេតុអ្វីបានជាទ្រង់លាក់ព្រះភ័ក្ត្រ ហើយទុកទូលបង្គំដូចជាខ្មាំងសត្រូវដូច្នេះ
25 ទ្រង់នឹងវាយស្លឹកឈើដែលខ្យល់ផាត់ទៅមកធ្វើអី ហើយដេញតាមចំបើងក្រៀមឬអី
26 ហេតុអ្វីបានជាទ្រង់បានកត់ទុកអស់ទាំងសេចក្ដីជូរល្វីងទាស់នឹងទូលបង្គំ ហើយឲ្យទូលបង្គំទទួលទោសនៃបាបដែលបានធ្វើពីកាលនៅក្មេងមកដូច្នេះ
27 ទ្រង់ដាក់ជើងទូលបង្គំជាប់នៅខ្នោះ ក៏ចំណាំមើលអស់ទាំងផ្លូវច្រកនៃទូលបង្គំ ហើយទ្រង់គូសព្រំដែន មិនឲ្យដានជើងទូលបង្គំរំលងឡើយ
28 ទោះបើទូលបង្គំប្រៀបដូចជាឈើដែលខ្មូតស៊ីសុស ហើយដូចជាអាវដែលកន្លាតបានកាត់អស់ហើយផង។
ជំពូក 14
1 មនុស្សដែលកើតពីស្រីមក សុទ្ធតែមានអាយុខ្លីទាំងអស់ ហើយក៏មានសេចក្ដីលំបាកជានិច្ចផង
2 គេចេញមកដូចជាផ្កា រួចត្រូវកាត់ដាច់ទៅ គេរួញថយបាត់ទៅ ដូចជាស្រមោល ឥតនៅស្ថិតស្ថេរឡើយ
3 តើទ្រង់បើកព្រះនេត្រទតមកលើមនុស្សបែបយ៉ាងទូលបង្គំនេះ និងកោះនាំទូលបង្គំទៅជាគូក្តីនឹងទ្រង់ឬ
4 តើអ្នកណាអាចនឹងដកយករបស់ស្អាតចេញពីរបស់ស្មោកគ្រោកបាន គ្មានអ្នកណាធ្វើបានឡើយ
5 បើថ្ងៃអាយុរបស់មនុស្សនោះបានកំណត់ស្រេច ហើយចំនួនអស់ទាំងខែនៃជីវិតរបស់គេបានកត់នៅនឹងទ្រង់ បើទ្រង់បានតម្រូវព្រំខណ្ឌរបស់គេ មិនឲ្យគេរំលងហួសឡើយ
6 នោះសូមទ្រង់បែរព្រះភ័ក្ត្រចេញពីគេទៅ ដើម្បីឲ្យគេបានឈប់សម្រាកចុះ គឺបែរចេញដរាបដល់គេបានសម្រេចពេលកំណត់ ដូចជាជើងឈ្នួល
7 ដ្បិតបើដើមឈើត្រូវកាប់រំលំទៅ នោះមានសង្ឃឹមថា នឹងពន្លកឡើងទៀត ហើយថា នឹងមិនខានមានមែកខ្ចីទៀតឡើយ
8 ហើយទោះបើឫសក្រៀមទៅ ហើយគល់ងាប់នៅក្នុងដី
9 គង់តែនឹងប៉ិចឡើង ដោយធុំក្លិនទឹក ព្រមទាំងបែកមែកដូចជាដើមថ្មីវិញ
10 ឯមនុស្សវិញ គេស្លាប់ ហើយក៏ពុករលួយទៅ អើ មនុស្សប្រគល់វិញ្ញាណទៅ នោះតើគេនៅឯណា
11 ឯទឹកភ្លៀងខានមកពីសមុទ្រ រួចស្ទឹងរីងស្ងួតទៅយ៉ាងណា
12 នោះមនុស្សក៏ដេកទៅឥតក្រោកឡើងទៀតយ៉ាងនោះដែរ គេនឹងមិនភ្ញាក់ឡើងវិញ ឬអ្នកណាដាស់ឲ្យគេភ្ញាក់ពីដេកឡើងឡើយ ដរាបដល់ផ្ទៃមេឃសូន្យបាត់ទៅ។
13 ឱបើទ្រង់នឹងលាក់ទូលបង្គំនៅស្ថានឃុំព្រលឹងមនុស្សស្លាប់ទៅអេះ ហើយទុកទូលបង្គំនៅទីស្ងាត់កំបាំងដរាបដល់សេចក្ដីក្រោធរបស់ទ្រង់ កន្លងបាត់ទៅ ហើយតម្រូវឲ្យមានពេលកំណត់ដល់ទូលបង្គំ រួចនឹកចាំពីទូលបង្គំផង
14 បើមនុស្សស្លាប់ទៅ តើនឹងមានជីវិតរស់ឡើងទៀតឬ បើមាន នោះទូលបង្គំនឹងរង់ចាំអស់រវាងសង្គ្រាមវេទនារបស់ទូលបង្គំ ដរាបដល់កំណត់ដែលទូលបង្គំបានរឥលចេញទៅ
15 នោះទ្រង់នឹងហៅ ហើយទូលបង្គំនឹងទូលតប ហើយទ្រង់នឹងមានបំណងព្រះហឫទ័យដល់ស្នាដៃដែលទ្រង់បានធ្វើ
16 តែសព្វថ្ងៃនេះ ទ្រង់រាប់អស់ទាំងជំហានទូលបង្គំវិញ តើទ្រង់មិនត្រួតមើលអស់ទាំងអំពើបាបរបស់ទូលបង្គំផងទេឬអី
17 សេចក្ដីរំលងរបស់ទូលបង្គំបានខ្ចប់បិទត្រាទុក ហើយទ្រង់បិទភ្ជាប់អំពើអាក្រក់របស់ទូលបង្គំផង។
18 ឯភ្នំដែលរលុះបាក់ចុះ នោះត្រូវខ្ទេចខ្ទី ហើយថ្មត្រូវខ្ចាត់ចេញពីកន្លែងទៅ
19 ឯទឹកក៏ហូរបន្សឹកថ្ម ហើយជំនន់ក៏ហូរចំរោះដី គឺយ៉ាងនោះដែលទ្រង់បំផ្លាញសេចក្ដីសង្ឃឹមរបស់មនុស្សទៅ
20 ទ្រង់កំរាបគេជាដរាប រួចគេបាត់ទៅ ទ្រង់បំផ្លាស់បំប្រែភាពរបស់គេ ហើយកំចាត់គេទៅ
21 កូនចៅរបស់គេមានកិត្តិយសឡើង តែគេមិនដឹងទេ វាត្រូវបន្ទាបចុះ តែគេមិនសម្គាល់ដឹងអ្វីសោះ
22 គេដឹងឈឺតែចំពោះខ្លួនគេ ហើយមានសេចក្ដីទុក្ខព្រួយតែចំពោះចិត្តខ្លួនប៉ុណ្ណោះ។
ជំពូក 15
1 នោះអេលីផាស សាសន៍ថេម៉ាន ក៏ឆ្លើយឡើងថា
2 តើគួរឲ្យអ្នកប្រាជ្ញឆ្លើយ ដោយសេចក្ដីចេះដឹងអសារឥតការ ឬបំពេញចិត្តដោយខ្យល់ពីខាងកើតឬទេ
3 តើគួរនឹងជជែកដោយសំដីឥតប្រយោជន៍ ឬដោយពាក្យអធិប្បាយដែលបង្កើតសេចក្ដីល្អមិនបានឬអី
4 អើ អ្នកបំផ្លាញសេចក្ដីកោតខ្លាចដល់ព្រះ ហើយឃាត់ឃាំងសេចក្ដីនឹកជញ្ជឹង នៅចំពោះព្រះផង
5 ដ្បិតសេចក្ដីអាក្រក់របស់អ្នកបញ្ចេះឲ្យមាត់អ្នកនិយាយចេញមក ហើយអ្នកប្រើពាក្យសំដីរបស់មនុស្សឧបាយអាក្រក់
6 គឺមាត់របស់អ្នកដែលកាត់ទោសដល់ខ្លួនហើយ មិនមែនជាខ្ញុំទេ អើ បបូរមាត់របស់អ្នកធ្វើបន្ទាល់ទាស់នឹងខ្លួនអ្នក។
7 តើអ្នកជាមនុស្សដំបូងដែលកើតមកឬ តើអ្នកបានលេចមកមុនអស់ទាំងភ្នំដែរឬ
8 តើអ្នកបានឮសេចក្ដីប្រឹក្សាដ៏កំបាំងរបស់ព្រះឬ តើអ្នកស្មានថា មានតែខ្លួនអ្នក១ទេ ដែលមានប្រាជ្ញាឬអី
9 តើអ្នកចេះអ្វីដែលពួកយើងមិនចេះដែរ ឬយល់អ្វីដែលពួកយើងមិនបានយល់ផងនោះ
10 ខាងយើងមានទាំងមនុស្សក្បាលស្កូវ និងមនុស្សអាយុច្រើន ដែលចាស់ជាងឪពុកអ្នកទៅទៀត
11 តើអ្នករាប់សេចក្ដីកំសាន្តរបស់ព្រះថា មិនគ្រាន់ដល់អ្នក ព្រមទាំងសេចក្ដីដែលទ្រង់មានព្រះបន្ទូលមកអ្នក ដោយផ្អែមពីរោះផងឬអី
12 ហេតុអ្វីបានជាអ្នកបណ្តោយទៅតាមចិត្ត ហើយមិចភ្នែកដូច្នេះ
13 ហេតុអ្វីបានជាអ្នកបំបែរចិត្តទៅទាស់នឹងព្រះ ហើយបណ្តោយឲ្យមាត់ពោលសេចក្ដីយ៉ាងនេះចេញមក
14 តើមនុស្សជាអ្វីដែលនឹងត្រូវបានបរិសុទ្ធ ជាមនុស្សកើតមកពីមនុស្សស្រី ដែលនឹងត្រូវបានសុចរិតនោះ
15 មើល ទ្រង់មិនទុកចិត្តនឹងពួកបរិសុទ្ធរបស់ទ្រង់ ហើយផ្ទៃមេឃក៏មិនបរិសុទ្ធ នៅព្រះនេត្រទ្រង់ដែរ
16 ចំណង់បើម្នាក់ដែលគួរតែខ្ពើម ហើយស្មោកគ្រោក ជាអ្នកដែលផឹកសេចក្ដីអាក្រក់ដូចជាទឹក តើនឹងជាយ៉ាងណាទៅ។
17 ខ្ញុំនឹងសម្ដែងឲ្យអ្នកដឹង ចូរស្តាប់ចុះ ខ្ញុំនឹងថ្លែងប្រាប់ពីសេចក្ដីដែលខ្ញុំបានឃើញហើយ
18 គឺជាសេចក្ដីដែលពួកអ្នកប្រាជ្ញបានពោលតមក តាំងតែពីពួកអយ្យកោគេ ឥតលាក់ទុកឡើយ
19 ជាពួកតែ១ដែលបានទទួលគ្រងស្រុក ឥតមានសាសន៍ដទៃណាចូលមកក្នុងពួកគេឡើយ
20 គឺថា មនុស្សអាក្រក់រមែងរងទុក្ខ ដោយឈឺចាប់គ្រប់១ជីវិតរបស់គេ ឯអស់ចំនួនឆ្នាំគេបានលាក់ទុកសម្រាប់មនុស្សគំហកកំហែង
21 មានសូរគួរស្ញែងខ្លាចឮដល់ត្រចៀកគេ ក្នុងពេលដែលកំពុងតែចម្រើន នោះមេបំផ្លាញនឹងមកលើគេ
22 គេគ្មានសង្ឃឹមនឹងត្រឡប់ពីទីងងឹតមកវិញទេ ហើយក៏ស្មានថា មានដាវនៅរង់ចាំគេដែរ
23 គេដើរចេញទៅឯទីនេះផងនោះផង រកអាហារបរិភោគទាំងសួរថា តើនៅឯណា គេស្មានប្រាកដថា វេលាលំបាកជិតមកដល់គេហើយ
24 មានទុក្ខលំបាក និងសេចក្ដីចង្អៀតចិត្តមកបំភ័យគេ ក៏បង្គ្របឈ្នះគេដូចជាស្តេចណាដែលរៀបជាស្រេចនឹងទៅច្បាំង
25 ពីព្រោះគេបានលូកដៃទៅទាស់នឹងព្រះ ហើយក៏ប្រព្រឹត្តដោយឆ្មើងឆ្មៃ នៅចំពោះព្រះដ៏មានគ្រប់ព្រះចេស្តា
26 គេរត់ទៅលើទ្រង់ដោយកត្រង់ ហើយបាំងខ្លួននឹងពកខែលយ៉ាងក្រាស់
27 ព្រោះគេមានសាច់មុខធាត់ពេញ ហើយបានឡើងសាច់ខ្នន់ៗនៅចង្កេះផង
28 គេអាស្រ័យនៅក្នុងទីក្រុងស្ងាត់ឈឹង ក្នុងផ្ទះឥតមានមនុស្សនៅ ដែលហៀបនឹងរលំហើយ
29 គេនឹងមិនដែលបានជាអ្នកមាន ហើយទ្រព្យសម្បត្តិគេក៏មិនគង់នៅដែរ ឯធនធានរបស់គេក៏មិនបានដុះដាលនៅផែនដីឡើយ
30 គេនឹងចេញពីសេចក្ដីងងឹតមិនរួច អណ្តាតភ្លើងនឹងធ្វើឲ្យមែកគេស្វិតក្រៀមទៅ ហើយគេនឹងត្រូវផាត់បាត់ទៅ ដោយខ្យល់ពីព្រះឱស្ឋនៃទ្រង់
31 កុំបីឲ្យគេបញ្ឆោតខ្លួន ដោយទុកចិត្តនឹងសេចក្ដីអសារឥតការឡើយ ដ្បិតយ៉ាងនោះ សេចក្ដីអសារឥតការនឹងបានជារង្វាន់ដល់គេ
32 ការនោះនឹងបានសម្រេចមុនពេលកំណត់របស់គេផង ឯមែក គេនឹងមិនបានខៀវស្រស់ទៀតទេ
33 គេនឹងរលាស់ជំរុះផ្លែខ្ចីរបស់ខ្លួនអស់ទៅ ដូចជាដើមទំពាំងបាយជូរ ហើយនិងឲ្យផ្កាខ្លួនជ្រុះចុះ ដូចជាដើមអូលីវដែរ
34 ដ្បិតពួកមនុស្សទមិឡល្មើសនឹងកើតផលមិនបាន ហើយភ្លើងនឹងឆេះបន្សុសទីលំនៅរបស់ពួកដែលស៊ីសំណូកផង
35 គេមានគភ៌បង្កើតជាសេចក្ដីអាក្រក់ ហើយក៏សម្រាលចេញមកជាសេចក្ដីទុច្ចរិត ឯចិត្តគេ តែងតែរៀបឧបាយទុក។
ជំពូក 16
1 នោះយ៉ូបក៏ឆ្លើយឡើងថា
2 ខ្ញុំបានឮសេចក្ដីយ៉ាងនោះជាច្រើនហើយ អ្នករាល់គ្នាសុទ្ធតែជាអ្នកកំសាន្តចិត្ត ដែលនាំឲ្យល្វើយវិញ
3 តើពាក្យជាអសារឥតការទាំងនេះនឹងចប់ចុះត្រឹមណា តើមានអ្វីបណ្តាលឲ្យអ្នករាល់គ្នាតបមកដូច្នេះ
4 ខ្ញុំក៏និយាយដូចជាអ្នករាល់គ្នាបានដែរ បើសិនជាព្រលឹងនៃអ្នករាល់គ្នា នៅក្នុងសណ្ឋាននៃព្រលឹងខ្ញុំ នោះខ្ញុំនឹងប្រមុំពាក្យមកទាស់នឹងអ្នករាល់គ្នា ព្រមទាំងគ្រវីក្បាលនឹងអ្នកបានដែរ
5 ប៉ុន្តែ ខ្ញុំនឹងបញ្ចេញពាក្យចម្រើនកម្លាំងដល់អ្នករាល់គ្នាវិញ ហើយបបូរមាត់ខ្ញុំនឹងរកបន្ធូរទុក្ខរបស់អ្នករាល់គ្នាដែរ។
6 តែឥឡូវនេះ ទោះបើខ្ញុំនិយាយទៅ គង់តែសេចក្ដីទុក្ខព្រួយរបស់ខ្ញុំមិនអន់ថយដែរ ហើយបើស្ងៀមនៅ នោះតើខ្ញុំបានធូរយ៉ាងណា
7 ព្រះទ្រង់បានធ្វើឲ្យខ្ញុំល្វើយទៅ ឱព្រះអង្គអើយ ទ្រង់បានបំភាំងពួកមិត្តរបស់ទូលបង្គំទាំងអស់ហើយ
8 ក៏បានធ្វើឲ្យទូលបង្គំជ្រួញសាច់ នោះជាទីបន្ទាល់១ ហើយអាការៈស្គាំងស្គមរបស់ទូលបង្គំ ក៏ឡើងធ្វើបន្ទាល់នៅមុខទូលបង្គំទៀត
9 ព្រះទ្រង់បានហែកហួរខ្ញុំ ដោយសេចក្ដីកំហឹងរបស់ទ្រង់ ព្រមទាំងស្អប់ខ្ញុំផង ទ្រង់សង្កៀតធ្មេញដាក់ខ្ញុំ ខ្មាំងសត្រូវរបស់ខ្ញុំបានសំលៀងភ្នែកទាស់នឹងខ្ញុំ
10 ពួកគេបានហាមាត់គំរាមខ្ញុំ គេបានទះកំផ្លៀងបង្អៀនខ្ញុំ ហើយប្រមូលគ្នាទាស់នឹងខ្ញុំ
11 ព្រះទ្រង់បានប្រគល់ខ្ញុំទៅឯអាទមិឡល្មើស ហើយបានបោះបង់ចោលខ្ញុំទៅក្នុងកណ្តាប់ដៃនៃមេកំណាច
12 ពីដើមខ្ញុំមានសេចក្ដីសុខ តែទ្រង់បានបំបាក់បំបែកខ្ញុំ អើ ទ្រង់បានចាប់កញ្ចឹងកខ្ញុំ ទាំងបោកខ្ញុំកម្ទេចផង ក៏បានបញ្ឈរខ្ញុំឡើងទុកជាទីវង់របស់ទ្រង់
13 ពួកពលធ្នូរបស់ទ្រង់ឡោមព័ទ្ធខ្ញុំ ទ្រង់ពុះចិត្តថ្លើមខ្ញុំជា២ ឥតត្រាប្រណីឡើយ ទាំងចាក់ទឹកប្រមាត់ខ្ញុំចុះដល់ដី
14 ទ្រង់ទម្លាយខ្ញុំជាចន្លោះខ្ជាន់ៗ ក៏រត់ចូលមកលើខ្ញុំ ដូចជាមនុស្សខ្លាំងពូកែ
15 ខ្ញុំបានដេរសំពត់ធ្មៃភ្ជាប់លើសាច់ខ្ញុំ ហើយបានដាក់អំណាចខ្ញុំចុះក្នុងធូលីដី
16 មុខខ្ញុំក្រហមដោយយំ ហើយមានម្លប់នៃសេចក្ដីស្លាប់នៅត្របកភ្នែកខ្ញុំ
17 ទោះបើខ្ញុំគ្មានសេចក្ដីអយុត្តិធម៌នៅក្នុងដៃ ហើយសេចក្ដីអធិស្ឋានខ្ញុំជាបរិសុទ្ធក៏ដោយ។
18 ផែនដីអើយ កុំគ្របបាំងឈាមខ្ញុំឡើយ ហើយកុំឲ្យសម្រែករបស់ខ្ញុំបានឈប់ឈរនៅកន្លែងណាឡើយ
19 ឥឡូវនេះ មើលចុះ ទីបន្ទាល់របស់ខ្ញុំនៅលើស្ថានសួគ៌ហើយ សាក្សីរបស់ខ្ញុំនៅលើស្ថានដ៏ខ្ពស់
20 ឯពួកមិត្តរបស់ខ្ញុំគេឡកឡឺយឲ្យខ្ញុំ តែខ្ញុំស្រក់ទឹកភ្នែកនៅចំពោះព្រះវិញ
21 ព្រមទាំងសូមឲ្យទ្រង់ធ្វើជាអ្នកកណ្តាលនៃមនុស្ស និងព្រះ ហើយកណ្តាលមនុស្សជាតិ១ និងអ្នកជិតខាងខ្លួនផង
22 ដ្បិតកាលណាកំណត់ឆ្នាំតែបន្តិចនេះ បានមកដល់ហើយ នោះខ្ញុំនឹងទៅតាមផ្លូវដែលមិនត្រឡប់មកវិញឡើយ។
ជំពូក 17
1 ជីវិតខ្ញុំស្បើយអស់ហើយ ថ្ងៃអាយុខ្ញុំក៏ផុតទៅ ផ្នូរក៏រង់ចាំខ្ញុំ
2 នៅជាមួយនឹងខ្ញុំមានសុទ្ធតែជាមនុស្សឡកឡឺយ ហើយភ្នែកខ្ញុំត្រូវមើលសេចក្ដីចាក់រុករបស់គេជានិច្ច។
3 សូមទ្រង់ប្រោសមេត្តា ធានាឲ្យទូលបង្គំចំពោះព្រះអង្គទ្រង់ផង បើពុំនោះ តើមានអ្នកណានឹងចាប់ដៃយល់ព្រមនឹងទូលបង្គំបាន
4 ដ្បិតទ្រង់បានបង្ខាំងចិត្តគេចេញពីយោបល់ ហេតុនោះ ទ្រង់នឹងមិនតម្កើងគេឡើងឡើយ
5 គេលួងលោមមិត្តសំឡាញ់ខ្លួនឲ្យតែបានរបឹប ហើយកូនចៅគេកាន់តែងងឹតភ្នែកទៅ។
6 ប៉ុន្តែ ទ្រង់បានធ្វើឲ្យខ្ញុំទៅជាសេចក្ដីប្រៀបធៀបដល់មនុស្សទួទៅ ហើយគេស្តោះដាក់ចំមុខខ្ញុំ
7 ភ្នែកខ្ញុំក៏ស្រវាំង ដោយសេចក្ដីទុក្ខព្រួយ ហើយអវយវៈរូបកាយខ្ញុំទាំងអស់ទុកដូចជាស្រមោលទទេ
8 មនុស្សទៀងត្រង់នឹងមានសេចក្ដីអស្ចារ្យពីដំណើរនេះ ហើយមនុស្សផូរផង់ គេនឹងលើកគ្នាទាស់នឹងមនុស្សទមិឡល្មើស
9 ចំណែកអ្នកសុចរិត គេនឹងព្យាយាមក្នុងផ្លូវគេ ហើយអ្នកណាដែលមានដៃស្អាត អ្នកនោះនឹងមានកម្លាំងកាន់តែខ្លាំងឡើង
10 ត្រង់ឯអ្នករាល់គ្នា អញ្ជើញមកវិញ អើ សូមមកចុះ តែក្នុងពួកអ្នករាល់គ្នា ខ្ញុំមិនឃើញអ្នកណាមួយដែលមានប្រាជ្ញាឡើយ
11 អស់ទាំងថ្ងៃនៃអាយុខ្ញុំបានកន្លងហួសទៅ ឯសេចក្ដីតាំងចិត្តរបស់ខ្ញុំ គឺអស់ទាំងបំណងរបស់ខ្ញុំបានកាត់ផ្តាច់ហើយ
12 ក៏ធ្វើឲ្យយប់ដូចជាថ្ងៃវិញ ឯពន្លឺក៏ប្រហែលគ្នានឹងងងឹតដែរ
13 បើកាលណាខ្ញុំសង្ឃឹមនឹងឲ្យបានស្ថានឃុំព្រលឹងមនុស្សស្លាប់ទុកជាទីលំនៅខ្ញុំ បើខ្ញុំក្រាលកន្ទេលដេករបស់ខ្ញុំនៅស្ថានងងឹត
14 បើខ្ញុំពោលដល់ផ្នូរថា ឯងជាឪពុកអញ ហើយដល់ដង្កូវថា ឯងជាម្តាយ ឬជាបងប្អូនស្រីអញ
15 យ៉ាងនោះតើមានសេចក្ដីសង្ឃឹមឯណា ចំណែកឯសេចក្ដីសង្ឃឹមរបស់ខ្ញុំ តើអ្នកណានឹងឃើញបាន
16 នោះនឹងចុះទៅឯទ្វារនៃស្ថានឃុំព្រលឹងមនុស្សស្លាប់ ក្នុងកាលដែលយើងបានសម្រាកជាមួយគ្នាក្នុងធូលីដី។
ជំពូក 18
1 នោះប៊ីលដាឌ សាសន៍ស៊ូអា ក៏ឆ្លើយឡើងថា
2 តើអ្នករាល់គ្នានឹងនៅតែនិយាយដល់កាលណាទៀត ចូរពិចារណាចុះ រួចមកសឹមយើងនិយាយ
3 ហេតុអ្វីបានជាយើងត្រូវរាប់ទុកដូចជាសត្វតិរច្ឆាន ហើយបានត្រឡប់ជាស្មោកគ្រោកនៅភ្នែកអ្នកដូច្នេះ
4 ឱអ្នកដែលហែកហួរខ្លួនដោយសេចក្ដីកំហឹង តើផែនដីត្រូវចោលស្ងាត់ដោយព្រោះអ្នក ឬថ្មត្រូវរើចេញពីកន្លែងទៅឬអី។
5 ឯពន្លឺនៃមនុស្សអាក្រក់នឹងរលត់ទៅ ហើយរងើកភ្លើងរបស់គេនឹងលែងភ្លឺ
6 ពន្លឺនៅក្នុងទីលំនៅគេនឹងត្រូវងងឹតវិញ ហើយចង្កៀងនៅពីលើគេនឹងរលត់ទៅ
7 អស់ទាំងជំហាននៃកម្លាំងគេនឹងកាន់តែអន់ថយ ហើយគំនិតរបស់ខ្លួននឹងផ្តួលគេផង
8 ដ្បិតជើងខ្លួនគេនាំឲ្យគេជាប់មង គេដើរលើរង្វង់អន្ទាក់ជានិច្ច
9 អន្ទាក់នឹងរូតជាប់កែងជើងគេ ហើយអន្ទាក់សាងនឹងវាត់ឡើងជាប់គេ
10 មានខ្សែរូតបង្កប់ក្នុងដីសម្រាប់ចាប់គេ ហើយមានអង្គប់រង់ចាំគេនៅផ្លូវ
11 សេចក្ដីស្ញែងខ្លាចនឹងបំភ័យគេនៅគ្រប់ទិស ហើយនិងដេញតាមប្រកិតនៅកែងជើងគេ
12 កម្លាំងគេហេវទៅដោយអត់ឃ្លាន ហើយសេចក្ដីអន្តរាយនឹងប្រុងប្រៀបជាស្រេចនៅខាងគេ
13 អវយវៈរូបកាយគេនឹងត្រូវលេបបាត់ទៅ គឺកូនច្បងនៃសេចក្ដីស្លាប់ នឹងស៊ីអវយវៈគេអស់រលីង
14 គេនឹងត្រូវរលើងចេញពីទីលំនៅ ដែលបានយកជាទីពឹង ហើយនិងត្រូវនាំទៅចំពោះស្តេចនៃសេចក្ដីស្ញែងខ្លាច
15 មនុស្សក្រៅវង្សត្រកូលរបស់គេ នឹងមកនៅក្នុងទីលំនៅគេវិញ ហើយនិងមានស្ពាន់ធ័ររោយចុះមកលើទីអាស្រ័យរបស់គេ
16 នៅខាងក្រោម ឫសគេនឹងត្រូវក្រៀមស្ងួតទៅ ហើយខាងលើ មែកគេនឹងត្រូវកាច់ចេញ
17 ទាំងសេចក្ដីនឹកចាំពីគេនឹងសូន្យបាត់ពីផែនដីទៅ ហើយនិងលែងឮនិយាយពីឈ្មោះគេតាមផ្លូវតទៅ
18 គេនឹងត្រូវដេញចេញពីពន្លឺទៅក្នុងទីងងឹត ហើយត្រូវប្រដេញចេញពីលោកីយ៍ផង
19 គេនឹងគ្មានកូនឬចៅក្នុងវង្សត្រកូលរបស់គេ ឬអ្នកណាសល់នៅ ក្នុងកន្លែងដែលគេអាស្រ័យនោះឡើយ
20 ពួកជំនាន់ក្រោយនឹងមានសេចក្ដីអស្ចារ្យពីប្រវត្តិរបស់គេ ដូចជាជំនាន់មុនបានភ័យខ្លាចដែរ
21 ប្រាកដជាយ៉ាងនោះហើយ ដែលជាទីលំនៅរបស់មនុស្សអាក្រក់ នេះហើយជាកន្លែងនៃអ្នកដែលមិនស្គាល់ព្រះ។
ជំពូក 19
1 នោះយ៉ូបក៏ឆ្លើយឡើងថា
2 អ្នករាល់គ្នានឹងធ្វើទុក្ខដល់ព្រលឹងខ្ញុំ ហើយឈ្លីឈ្លក់ខ្ញុំដោយពាក្យសំដីដល់កាលណាទៀត
3 មានទាំង១០ដងនេះហើយ ដែលអ្នករាល់គ្នាបានដៀលត្មះខ្ញុំ ព្រមទាំងបញ្ឈឺចិត្តខ្ញុំដោយឥតខ្មាស
4 បើសិនជាខ្ញុំបានធ្វើខុសមែន សេចក្ដីកំហុសនោះក៏នៅជាប់តែនឹងខ្លួនខ្ញុំទេ
5 បើសិនជាអ្នករាល់គ្នាចង់ធ្វើធំលើខ្ញុំ ហើយជជែកយកខុសត្រូវពីសេចក្ដីអាម៉ាស់ខ្មាសរបស់ខ្ញុំនេះ
6 នោះត្រូវដឹងថា គឺព្រះដែលបានផ្តួលខ្ញុំ ហើយបានព័ទ្ធខ្ញុំជុំវិញដោយមងរបស់ទ្រង់។
7 មើល ខ្ញុំស្រែកឡើងថា ខ្ញុំត្រូវគេធ្វើអាក្រក់ហើយ តែគ្មានអ្នកណាឮសោះ ខ្ញុំស្រែកឲ្យគេជួយ តែគ្មានសេចក្ដីយុត្តិធម៌ឡើយ
8 ទ្រង់បានធ្វើរបងរាំងផ្លូវខ្ញុំ មិនឲ្យទៅណាបាន ក៏បានធ្វើឲ្យផ្លូវច្រករបស់ខ្ញុំងងឹតទៅ
9 ទ្រង់បានដោះកេរ្តិ៍ឈ្មោះខ្ញុំចេញ ព្រមទាំងចាប់យកមកុដពីក្បាលខ្ញុំចេញផង
10 ទ្រង់បានបំផ្លាញខ្ញុំពីគ្រប់ទិស ហើយខ្ញុំកំពុងតែទៅបាត់ ឯសេចក្ដីសង្ឃឹមរបស់ខ្ញុំ នោះទ្រង់បានរំលើងចេញ ដូចជាដើមឈើ
11 ទ្រង់បានបង្កាត់សេចក្ដីក្រោធរបស់ទ្រង់ទាស់នឹងខ្ញុំ ក៏រាប់ខ្ញុំទុកដូចជាសត្រូវនឹងទ្រង់
12 ពលទ័ពរបស់ទ្រង់ចូលមកព្រមៗគ្នា ហើយលើកថ្នល់មកទាស់នឹងខ្ញុំ ក៏បោះទ័ពព័ទ្ធជុំវិញទីលំនៅរបស់ខ្ញុំដែរ។
13 ទ្រង់បានញែកពួកបងប្អូនខ្ញុំចេញឆ្ងាយពីខ្ញុំ ហើយពួកអ្នកដែលខ្ញុំស្គាល់ ក៏ត្រឡប់ទៅជាអ្នកដទៃទាំងអស់
14 ញាតិសន្តានខ្ញុំបានទុកខ្ញុំចោល ហើយមិត្តសំឡាញ់ដែលជិតស្និទ្ធក៏ភ្លេចខ្ញុំអស់ហើយ
15 ទាំងពួកអ្នកនៅផ្ទះខ្ញុំ និងបាវស្រី ក៏ទុកខ្ញុំដូចជាអ្នកដទៃ ខ្ញុំដូចជាអ្នកកន្ទៀតដល់ភ្នែកគេ
16 ខ្ញុំហៅអ្នកបម្រើខ្ញុំ តែវាមិនឆ្លើយសោះ ទោះបើខ្ញុំសូមអង្វរវាផង
17 ខ្យល់មាត់របស់ខ្ញុំជាទីស្អប់ខ្ពើមដល់ប្រពន្ធខ្ញុំ ហើយសេចក្ដីអង្វររបស់ខ្ញុំជាទីខ្ពើមដល់បងប្អូនពោះ១នឹងខ្ញុំដែរ
18 ទោះទាំងកូនក្មេងក៏មើលងាយដល់ខ្ញុំ បើកាលណាខ្ញុំក្រោកឡើង នោះវានិយាយបង្កាច់ខ្ញុំ
19 ពួកមិត្តសំឡាញ់ជិតស្និទ្ធក៏ខ្ពើមឆ្អើមខ្ញុំ ហើយទាំងពួកអ្នកដែលខ្ញុំបានស្រឡាញ់ថ្នម ក៏ប្រែជាទាស់នឹងខ្ញុំវិញ
20 ឆ្អឹងខ្ញុំនៅជាប់នឹងស្បែក ហើយនិងសាច់ខ្ញុំ ខ្ញុំរួចបានតែជីវិតប៉ុណ្ណោះ
21 ឱអ្នករាល់គ្នាជាសំឡាញ់ខ្ញុំអើយ សូមអាណិតខ្ញុំ សូមអាណិតខ្ញុំផង ដ្បិតព្រះហស្តនៃព្រះបានពាល់ខ្ញុំហើយ
22 ហេតុអ្វីបានជាអ្នករាល់គ្នាដេញតាមខ្ញុំដូចជាព្រះដែរ ហើយមិនទាន់ឆ្អែតនឹងសាច់ខ្ញុំទៀត
23 ឱបើសិនជាពាក្យខ្ញុំបានសរសេរចុះ ឱបើបានកត់ទុកក្នុងសៀវភៅទៅអេះ
24 គឺបានឆ្លាក់នៅនឹងថ្មដោយដែកឆ្លាក់ ហើយនិងសំណទុកជារៀងរាបតទៅ
25 ប៉ុន្តែ ឯខ្ញុំៗដឹងថា អ្នកដែលលោះខ្ញុំទ្រង់មានព្រះជន្មរស់នៅ ហើយដល់ជាន់ក្រោយ ទ្រង់នឹងមកឈរនៅលើផែនដី
26 ហើយក្រោយដែលសំបកកាយខ្ញុំនេះត្រូវរលាយទៅ គឺក្រៅពីរាងកាយនោះខ្ញុំនឹងបានឃើញព្រះ
27 ដែលខ្ញុំ គឺខ្លួនខ្ញុំនេះ នឹងឃើញដោយខ្លួនខ្ញុំ មិនមែនអ្នកណាទៀត គឺភ្នែកខ្លួនខ្ញុំនឹងបានឃើញទ្រង់ ចិត្តខ្ញុំក៏ហេវទៅនៅក្នុងខ្លួន ដោយរង់ចាំពេលនោះ
28 ដូច្នេះ បើអ្នករាល់គ្នាពោលថា ចាំមើលយើងនឹងធ្វើទុក្ខវាយ៉ាងណា ដោយយល់ឃើញថា ដើមហេតុនៃសេចក្ដីនេះនៅក្នុងខ្លួនខ្ញុំ
29 យ៉ាងនោះត្រូវឲ្យខ្លាចចំពោះដាវចុះ ដ្បិតសេចក្ដីក្តៅក្រហាយនឹងនាំឲ្យមានទោសដោយដាវនោះឯង ដើម្បីឲ្យអ្នករាល់គ្នាបានដឹងថា មានសេចក្ដីយុត្តិធម៌ដែរ។
ជំពូក 20
1 នោះសូផារ ជាសាសន៍ន៉ាអាម៉ា ក៏ឆ្លើយឡើងថា
2 គឺដោយហេតុនោះបានជាគំនិតខ្ញុំបណ្តាលឲ្យឆ្លើយ ដោយព្រោះសេចក្ដីរួសរាន់នៅក្នុងចិត្តខ្ញុំ
3 ខ្ញុំបានឮសេចក្ដីបន្ទោសនោះ ដែលជាសេចក្ដីទំនាស់ចិត្តខ្ញុំ វិញ្ញាណនៃសេចក្ដីចេះដឹងរបស់ខ្ញុំក៏បណ្តាលឲ្យខ្ញុំឆ្លើយឡើង
4 តើអ្នកមិនបានដឹងសេចក្ដីនេះទេឬអី ថាតាំងពីចាស់បុរាណមក គឺពីកាលព្រះបានដាក់មនុស្សឲ្យមាននៅផែនដី
5 នោះការជ័យជម្នះរបស់មនុស្សអាក្រក់នៅមិនយូរប៉ុន្មាន ហើយសេចក្ដីរីករាយរបស់មនុស្សទមិឡល្មើសក៏នៅតែ១ភ្លែតទេ
6 ទោះបើគេមានកំពស់ដល់ផ្ទៃមេឃ ហើយក្បាលគេលូតឡើងដល់ពពកក៏ដោយ
7 គង់តែនឹងត្រូវវិនាសទៅជានិច្ច ដូចជាលាមករបស់ខ្លួនគេដែរ ឯពួកអ្នកដែលធ្លាប់ឃើញគេ នោះនឹងសួរថា តើគេនៅឯណា
8 គេនឹងហោះហើរទៅបាត់ដូចជាសប្តិ ឥតមានអ្នកណាឃើញទៀតឡើយ អើ នឹងត្រូវបណ្តេញទៅដូចជាការជាក់ស្តែងនៅពេលយប់ផង
9 នោះភ្នែកដែលធ្លាប់ឃើញគេ នឹងមិនឃើញគេទៀតទេ ហើយទីកន្លែងរបស់គេនឹងលែងឃើញគេដែរ
10 កូនចៅគេនឹងសូមអង្វរដល់ពួកទាល់ក្រ ដៃរបស់ខ្លួនគេនឹងត្រូវប្រគល់ទ្រព្យសម្បត្តិទៅវិញ
11 ឆ្អឹងគេពេញកម្លាំងដោយសណ្ឋាននៅក្មេង ប៉ុន្តែ នឹងត្រូវដេកចុះទៅក្នុងធូលីដីជាមួយនឹងខ្លួនគេដែរ។
12 ទោះបើសេចក្ដីអាក្រក់មានរសផ្អែមនៅក្នុងមាត់គេ ទោះបើគេលាក់សេចក្ដីនោះនៅក្រោមអណ្តាត
13 ទោះបើលៃលកសំចៃទុក មិនចង់លេបចុះទៅ គឺបៀមទុកនៅតែក្នុងមាត់វិញក៏ដោយ
14 គង់តែអាហារនៅក្នុងពោះគេបានប្រែក្លាយទៅ ឲ្យបានជាពិសនៃពស់ហនុមាននៅក្នុងខ្លួនគេដែរ
15 គេបានលេបទ្រព្យសម្បត្តិចូលទៅ ហើយនិងត្រូវក្អួតចេញមកវិញ ព្រះទ្រង់នឹងកំចាត់របស់ទាំងនោះចេញពីពោះគេ
16 គេនឹងជញ្ជក់ពិសរបស់ពស់ហនុមាន ហើយនិងស្លាប់ដោយសារអណ្តាតពស់វែក
17 គេនឹងលែងមើលទឹកឃ្មុំដែលហូរដូចទឹកទន្លេ និងទឹកដោះដែលហូរដូចទឹកស្ទឹងទៀត
18 អ្វីៗដែលគេខ្វល់ខ្វាយរកបាន នោះនឹងត្រូវប្រគល់ទៅវិញ ឥតទំពាលេបបានទេ គេនឹងប្រគល់ទៅវិញតាមចំនួន ឥតដែលបានសប្បាយចិត្តដោយសាររបស់ទាំងនោះឡើយ
19 ពីព្រោះគេបានសង្កត់សង្កិន ឥតរមិលដល់ពួកទាល់ក្រ ក៏បានរឹបជាន់យកផ្ទះ១ដែលខ្លួនមិនបានសង់ផង។
20 មុខជាគេគ្មានសេចក្ដីសុខនៅក្នុងចិត្តទេ ហើយនិងទុករបស់ដែលគេពេញចិត្ត ឲ្យគង់នៅមិនបានឡើយ
21 គ្មានសល់អ្វីដែលគេមិនត្របាក់លេបចូលទៅនោះទេ ហេតុនោះសេចក្ដីចម្រើនរបស់គេនឹងមិនស្ថិតស្ថេរឡើយ
22 កាលណាដល់កំពូលនៃសេចក្ដីបរិបូរ នោះគេនឹងត្រូវខ្វះខាតវិញ ដៃនៃអស់អ្នកដែលមានសេចក្ដីលំបាកនឹងមកលើគេ
23 ព្រះទ្រង់នឹងបោះសេចក្ដីក្រោធដ៏សហ័ស មកសម្រាប់ចម្អែតពោះគេ ហើយនិងទម្លាក់មកលើគេ ទុកសម្រាប់ជាអាហារ
24 គេនឹងរត់ចេញពីគ្រឿងដែក ហើយធ្នូលង្ហិននឹងបាញ់ទម្លុះខ្លួន
25 គេនឹងដកចេញពីខ្លួនមក អើ មុខព្រួញដែលភ្លឺផ្លេកនឹងចេញពីពោះគេមក នោះសេចក្ដីតក់ស្លុតនឹងកើតឡើងដល់គេ
26 អស់ទាំងសេចក្ដីងងឹតបានមកបង្ខូចទ្រព្យសម្បត្តិគេ នឹងមានភ្លើងដែលឥតមនុស្សផ្លុំបានឆេះបំផ្លាញគេ ព្រមទាំងបន្សុសទាំងអស់ដែលសល់នៅក្នុងទីលំនៅគេផង
27 ឯផ្ទៃមេឃក៏នឹងសម្ដែងពីសេចក្ដីទុច្ចរិតរបស់គេ ហើយទាំងផែនដីនឹងក្រោកឡើងទាស់នឹងគេដែរ
28 ផលចម្រើននៃពួកគ្រួគេនឹងចាកចេញទៅ ទាំងអស់នឹងហូរទៅបាត់នៅថ្ងៃនៃសេចក្ដីក្រោធរបស់ទ្រង់
29 នេះហើយជាចំណែកដែលមនុស្សអាក្រក់ត្រូវទទួលអំពីព្រះ ជាមរដកដែលព្រះទ្រង់ចែកឲ្យដល់គេ។
ជំពូក 21
1 នោះយ៉ូបក៏ឆ្លើយឡើងថា
2 សូមផ្ចង់ចិត្តស្តាប់ពាក្យខ្ញុំសិន ឲ្យខ្ញុំក្សាន្តទុក្ខត្រឹមប៉ុណ្ណេះ
3 សូមទ្រាំឲ្យខ្ញុំនិយាយខ្លះផង រួចក្រោយដែលខ្ញុំបាននិយាយចប់ហើយ នោះសឹមឡកឡឺយចុះ
4 ចំណែកខ្ញុំ តើសេចក្ដីដំអូញខ្ញុំបានតម្រង់ដល់មនុស្សឬអី បើដូច្នេះ ធ្វើដូចម្តេចនឹងឲ្យខ្ញុំមិនមានសេចក្ដីអន់ចិត្តបាន
5 ចូរចំណាំមើលខ្ញុំ ហើយមានសេចក្ដីអស្ចារ្យចុះ រួចដាក់ដៃខ្ទប់មាត់ទៅ
6 កាលណាខ្ញុំនឹកពីសេចក្ដីទាំងនេះ នោះខ្ញុំមានសេចក្ដីតក់ស្លុត ហើយសេចក្ដីភ័យខ្លាចក៏បំព្រឺសាច់ខ្ញុំ
7 គឺថា ហេតុអ្វីបានជាពួកមនុស្សអាក្រក់មានជីវិតរស់នៅ អាយុក៏វែង អើ គេក៏ឡើងជាមានអំណាចយ៉ាងធំផង
8 ពូជពង្សរបស់គេក៏បានតាំងឡើងជាមួយ នៅភ្នែកគេ ហើយកូនចៅគេនៅចំពោះគេដែរ
9 ទីលំនៅគេនៅជាសុខឥតភ័យខ្លាច ហើយដំបងនៃព្រះមិនដែលប៉ះពាល់គេឡើយ
10 គោឈ្មោលរបស់គេវាជាន់មេឥតខាន គោញីក៏សម្រាលកូនឥតរលូតដែរ
11 គេឲ្យកូនតូចៗរបស់គេចេញទៅដូចជាហ្វូងចៀម ហើយកូនធំៗក៏លោតកញ្ឆាត់កញ្ឆេងផង
12 វារាល់គ្នាច្រៀងតាមចង្វាក់គែន និងស៊ុង ហើយក៏អរសប្បាយតាមសំឡេងខ្លុយ
13 រាល់តែថ្ងៃ គេតែងបង្អស់ពេលទៅ ដោយអ្វីៗដែលគេពេញចិត្ត ហើយក្នុង១រំពេច គេចុះទៅឯស្ថានឃុំព្រលឹងមនុស្សស្លាប់
14 គេទូលដល់ព្រះថា ចូរថយចេញពីយើងទៅ ពីព្រោះយើងមិនចូលចិត្តស្គាល់ផ្លូវទ្រង់ទេ
15 តើព្រះដ៏មានគ្រប់ព្រះចេស្តាជាអ្វី ដែលយើងត្រូវគោរពដល់ទ្រង់ ហើយបើយើងអធិស្ឋានដល់ទ្រង់ តើនឹងមានប្រយោជន៍អ្វី
16 ដូច្នេះ ធ្វើដូចម្តេចទៅ គឺសេចក្ដីចម្រើនរបស់គេមិនស្រេចនៅដៃគេទេ ឱសូមឲ្យគំនិតនៃពួកមនុស្សអាក្រក់បាននៅឆ្ងាយពីខ្ញុំទៅ។
17 សេចក្ដីនេះក៏កើតឡើងជាញឹកញយដែរទេតើ គឺចង្កៀងនៃមនុស្សអាក្រក់រលត់ទៅ ក៏មានសេចក្ដីលំបាកកើតដល់គេ ដ្បិតព្រះទ្រង់ចែកសេចក្ដីវេទនា ដោយសេចក្ដីក្រោធរបស់ទ្រង់ដែរ
18 គឺជាច្រើនដង គេដូចជាចំបើងបណ្តោយខ្យល់ ហើយដូចជាអង្កាមដែលខ្យល់ព្យុះផាត់យកទៅ
19 មនុស្សថា ព្រះទ្រង់ប្រមូលទុកសេចក្ដីទុច្ចរិតរបស់មនុស្សសម្រាប់កូនចៅតទៅ តែត្រូវឲ្យទ្រង់ដាក់ទោសដល់ខ្លួនអ្នកនោះវិញ ឲ្យគេបានដឹងផង
20 ត្រូវឲ្យភ្នែករបស់អ្នកនោះឯងឃើញសេចក្ដីវិនាសរបស់ខ្លួន ព្រមទាំងផឹកស្រូបសេចក្ដីក្រោធ របស់ព្រះដ៏មានគ្រប់ព្រះចេស្តាផង
21 ដ្បិតកាលណាចំនួនអស់ទាំងខែនៃជីវិតគេបានផុតទៅហើយ នោះតើគេនឹងរវល់អ្វីដល់ពួកវង្សខ្លួនដែលនៅខាងក្រោយ
22 តើនឹងមានអ្នកណាបង្រៀនចំណេះដល់ព្រះឬទេ ដ្បិតគឺទ្រង់ហើយ ដែលជំនុំជម្រះដល់ទាំងពួកអ្នកធំៗផង
23 អ្នក១ដែលមានសេចក្ដីស្រណុក ហើយសុខសាន្ត ក៏ស្លាប់បាត់ទៅ ក្នុងកាលដែលនៅមានកម្លាំងពេញប្រាណ
24 គឺក្នុងកាលដែលសាច់គេនៅស្រស់ល្អ ហើយខួរឆ្អឹងក៏នៅសើមៗនៅឡើយ
25 ម្នាក់ទៀតស្លាប់ទៅទាំងមានចិត្តជូរល្វីង ឥតដែលភ្លក់រសនៃសេចក្ដីល្អឡើយ
26 ទាំង២ពួកដេកទៅក្នុងធូលីដីដូចគ្នា ហើយដង្កូវក៏ចុះពេញខ្មោចគេដែរ។
27 នែ ខ្ញុំស្គាល់គំនិតរបស់អ្នករាល់គ្នាហើយ ក៏យល់ឧបាយដែលគិតធ្វើអាក្រក់ដល់ខ្ញុំដែរ
28 ដ្បិតអ្នករាល់គ្នាថា តើផ្ទះរបស់សេដ្ឋីនៅឯណាឥឡូវ គឺជាទីលំនៅរបស់មនុស្សអាក្រក់នោះ តើនៅឯណា
29 តើអ្នករាល់គ្នាមិនបានសួរពួកអ្នកដំណើរដូច្នេះទេឬអី តើមិនបានស្គាល់គោលគំនិតរបស់គេដែរទេឬអី
30 គឺថា មនុស្សអាក្រក់ត្រូវបម្រុងទុកដល់ថ្ងៃអន្តរាយ គេត្រូវនាំចេញទៅឯថ្ងៃនៃសេចក្ដីឃោរឃៅ
31 តើអ្នកណានឹងប្រាប់ផ្ទាល់រូបគេពីផ្លូវរបស់គេ តើអ្នកណានឹងសងគេ តាមការដែលគេបានប្រព្រឹត្ត
32 ប៉ុន្តែ នឹងត្រូវសែងគេនាំយកទៅឯទីកប់ខ្មោច ហើយនិងមានមនុស្សចាំយាមផ្នូរដែរ
33 គំនរដុំដីនៅច្រកភ្នំនឹងបានស្រួលដល់គេ ហើយអស់ទាំងមនុស្សនឹងទៅតាមគេ ដូចជាមានមនុស្សឥតគណនាបានទៅមុខគេដែរ
34 ចុះអ្នករាល់គ្នាយកសេចក្ដីឥតប្រយោជន៍មក ចង់ជួយកំសាន្តចិត្តខ្ញុំធ្វើអី ដែលពាក្យចម្លើយរបស់អ្នករាល់គ្នាសុទ្ធតែជាសេចក្ដីកំភូតដូច្នេះ។
ជំពូក 22
1 នោះអេលីផាស សាសន៍ថេម៉ាន ក៏ឆ្លើយឡើងថា
2 តើមនុស្សនឹងមានប្រយោជន៍ដល់ព្រះបានឬទេ ឯមនុស្សប្រាជ្ញ គេមានប្រយោជន៍ចំពោះតែខ្លួនគេប៉ុណ្ណោះ
3 បើអ្នកជាមនុស្សសុចរិត នោះតើចម្រើនសេចក្ដីអំណរដល់ព្រះដ៏មានគ្រប់ព្រះចេស្តាឬអី បើអ្នកកែផ្លូវអ្នកឲ្យត្រឹមត្រូវឡើង នោះតើជាកម្រៃដល់ទ្រង់ឬ
4 តើដោយព្រោះតែអ្នកមានសេចក្ដីកោតខ្លាចដល់ព្រះ បានជាទ្រង់បន្ទោសអ្នក ហើយរួមចូលជាគូក្តីជាមួយនឹងអ្នកឬ
5 ឯអំពើអាក្រក់របស់អ្នក តើមិនមែនធំសម្បើមវិញទេឬអី ហើយសេចក្ដីទុច្ចរិតរបស់អ្នកក៏មិនចេះអស់ដែរ
6 ដ្បិតអ្នកបានបង្អត់ដល់បងប្អូនអ្នកដោយឥតហេតុ ហើយបានសំរាតយកពីមនុស្សកំសត់ទុគ៌តផង
7 អ្នកមិនបានឲ្យទឹកដល់មនុស្សហេវផឹកឡើយ ក៏បានបង្អត់អាហារដល់មនុស្សឃ្លានដែរ
8 មនុស្សខ្លាំងពូកែបានជាម្ចាស់លើផែនដី មនុស្សមានបណ្តាសក្តិបានតាំងទីលំនៅនៅក្នុងស្រុក
9 អ្នកបានបណ្តេញស្រីមេម៉ាយឲ្យទៅដោយដៃទទេ ហើយបានបំបាក់ដៃនៃពួកកំព្រា
10 ហេតុនោះបានជាមានអន្ទាក់នៅព័ទ្ធជុំវិញអ្នក ហើយមានសេចក្ដីស្ញែងខ្លាចភ្លាមៗមកបំភ័យអ្នក
11 ឬជាសេចក្ដីងងឹតឲ្យអ្នកមើលមិនឃើញ ឬជាទឹកជន់សាយមកគ្របលើអ្នកវិញ។
12 ឯព្រះ តើទ្រង់មិនគង់នៅជាន់ខ្ពស់ នៅស្ថានសួគ៌ទេឬអី ចូរមើលផ្កាយដ៏ខ្ពស់ទាំងប៉ុន្មាន ដែលជាខ្ពស់ដល់ណាទៅ
13 អ្នកពោលថា តើព្រះទ្រង់ជ្រាបអ្វីខ្លះ តើទ្រង់អាចទតទម្លុះសេចក្ដីងងឹតមកជំនុំជម្រះបានដែរឬ
14 មានពពកយ៉ាងក្រាស់នៅហ៊ុមទ្រង់ជុំវិញ មិនឲ្យឃើញអ្វីឡើយ ហើយទ្រង់ក៏យាងនៅតែលើផ្ទៃមេឃ
15 តើអ្នករក្សាទុកផ្លូវចាស់ ដែលមនុស្សអាក្រក់បានដើរហើយឬអី
16 ជាពួកមនុស្សដែលត្រូវឆក់យកទៅមុនកំណត់ ដែលទីពឹងគេ បានហូរទៅបាត់ដូចជាទឹកជ្រោះ
17 គេបានទូលដល់ព្រះថា ចូរថយចេញពីយើងទៅ ហើយថា តើព្រះដ៏មានគ្រប់ព្រះចេស្តា ទ្រង់អាចនឹងប្រោសដល់យើងយ៉ាងណាបាន
18 ប៉ុន្តែ គឺទ្រង់ដែលបានបំពេញផ្ទះគេ ដោយអស់ទាំងរបស់ល្អផង តែសូមឲ្យគំនិតនៃមនុស្សអាក្រក់នៅឆ្ងាយពីខ្ញុំទៅ
19 ពួកមនុស្សសុចរិតក៏ឃើញ ហើយមានសេចក្ដីអំណរ ពួកមនុស្សផូរផង់នឹងសើចឡកឲ្យគេថា
20 ពួកអ្នកដែលបានលើកគ្នាទាស់នឹងយើង គេត្រូវសាបសូន្យហើយ ឯសំណល់របស់គេ នោះភ្លើងបានឆេះអស់ទៅ។
21 ដូច្នេះ ចូរអ្នកផ្គាប់ផ្គុនទ្រង់ ហើយមានសេចក្ដីមេត្រីនឹងទ្រង់ចុះ នោះនឹងបានចម្រើនប្រយោជន៍ដល់ខ្លួន
22 ខ្ញុំសូមឲ្យអ្នកទទួលសេចក្ដីបង្រៀនពីព្រះឱស្ឋទ្រង់ ហើយប្រមូលទុកអស់ទាំងព្រះបន្ទូលនៃទ្រង់នៅក្នុងចិត្តចុះ
23 បើអ្នកវិលត្រឡប់មកឯព្រះដ៏មានគ្រប់ព្រះចេស្តាវិញ នោះនឹងបានតាំងឡើងហើយ គឺបើអ្នកកំចាត់សេចក្ដីទុច្ចរិតឲ្យឆ្ងាយចេញពីទីលំនៅរបស់អ្នកទៅ
24 ហើយបោះបង់ចោលទ្រព្យវិសេសរបស់អ្នកទៅក្នុងធូលីដី ព្រមទាំងមាសពីស្រុកអូភារទៅក្នុងថ្មនៅបាតជ្រោះទឹកផង
25 នោះព្រះដ៏មានគ្រប់ព្រះចេស្តា ទ្រង់នឹងបានជាទ្រព្យវិសេស និងជាប្រាក់មានសាច់សុទ្ធដល់អ្នកហើយ
26 ដ្បិតយ៉ាងនោះអ្នកនឹងបានពេញចិត្ត ដោយសារព្រះដ៏មានគ្រប់ព្រះចេស្តាវិញ ក៏នឹងអាចងើបមុខមើលចំទៅឯទ្រង់ផង
27 អ្នកនឹងអធិស្ឋានដល់ទ្រង់ ហើយទ្រង់នឹងទទួល យ៉ាងនោះអ្នកនឹងបានលាបំណន់របស់អ្នក
28 កាលណាអ្នកសម្រេចនឹងធ្វើការអ្វី នោះនឹងបានសម្រេចដូចបំណង នឹងមានពន្លឺភ្លឺមកលើផ្លូវរបស់អ្នកដែរ
29 កាលណាគេបន្ទាបទៅ នោះអ្នកនឹងនឹកថា មានការលើកឡើងវិញ ឯមនុស្សសុភាពទ្រង់នឹងជួយសង្គ្រោះ
30 ទ្រង់នឹងជួយទាំងមនុស្សដែលមិនមែនឥតទោសឲ្យរួចផង អើ អ្នកនោះនឹងបានរួចដោយសារសេចក្ដីបរិសុទ្ធរបស់ដៃអ្នក។
ជំពូក 23
1 នោះយ៉ូបក៏ឆ្លើយឡើងថា
2 នៅថ្ងៃនេះ សេចក្ដីដំអូញរបស់ខ្ញុំទុកជាសេចក្ដីបះបោរទៀត តែព្រះហស្តដែលសង្កត់លើខ្ញុំ នោះធ្ងន់ជាងអស់ទាំងដំងូរខ្ញុំផង
3 ឱបើខ្ញុំបានដឹងជាប្រទះឃើញទ្រង់នៅទីណា ដើម្បីឲ្យខ្ញុំបានទៅដល់បល្ល័ង្កទ្រង់ទៅអេះ
4 នោះខ្ញុំនឹងបានរៀបរាប់ពីដំណើរខ្ញុំដោយលំដាប់ទូលនៅចំពោះទ្រង់ ហើយនិងបំពេញមាត់ខ្ញុំដោយសេចក្ដីជជែកតវ៉ា
5 ខ្ញុំនឹងបានស្គាល់ពាក្យណាដែលទ្រង់នឹងឆ្លើយមកខ្ញុំ ហើយយល់សេចក្ដីដែលទ្រង់ចង់មានព្រះបន្ទូលតប
6 តើទ្រង់នឹងតវ៉ានឹងខ្ញុំ ដោយនូវអំណាចទ្រង់ដ៏ធំឬអី ទេ គឺទ្រង់នឹងប្រុងស្តាប់ខ្ញុំវិញជាពិត
7 នៅទីនោះ មនុស្សទៀងត្រង់នឹងប្រឹក្សានឹងទ្រង់បាន យ៉ាងនោះខ្ញុំនឹងបានរួចជាដរាប ពីអំណាចចៅក្រមដែលជំនុំជម្រះខ្ញុំ
8 តែមើល ខ្ញុំដើរទៅខាងមុខ តែទ្រង់មិនមែននៅទីនោះក៏ថយទៅក្រោយ តែរកសម្គាល់ទ្រង់មិនបាន
9 ក៏ទៅខាងឆ្វេងក្នុងកាលដែលទ្រង់ប្រកបកិច្ចការ តែខ្ញុំមើលទ្រង់មិនឃើញ ហើយទ្រង់ពួននៅខាងស្តាំ មិនឲ្យខ្ញុំឃើញឡើយ។
10 ប៉ុន្តែ ទ្រង់ស្គាល់ផ្លូវដើររបស់ខ្ញុំ ហើយកាលណាទ្រង់បានសាកលខ្ញុំស្រេចហើយ នោះខ្ញុំនឹងចេញមកដូចជាមាស
11 ជើងខ្ញុំបានដើរជាប់តាមជំហានទ្រង់ ខ្ញុំបានកាន់តាមផ្លូវទ្រង់ ឥតងាកបែរទៅខាងណាឡើយ
12 ខ្ញុំមិនដែលគេចថយចេញពីបង្គាប់នៃព្រះរឹមទ្រង់ទេ ខ្ញុំបានខំប្រមូលទុកព្រះបន្ទូលនៃព្រះឱស្ឋទ្រង់ ជាជាងអាហារដែលខ្ញុំត្រូវការផង
13 ទ្រង់មានគំនិតតែ១ តើអ្នកណានឹងបំផ្លាស់បំប្រែព្រះហឫទ័យទ្រង់បាន ការអ្វីដែលទ្រង់ចង់ធ្វើ នោះក៏ធ្វើទៅ
14 ដ្បិតទ្រង់ធ្វើសម្រេចសេចក្ដីដែលបានតម្រូវទុកសម្រាប់ខ្ញុំ ហើយមានសេចក្ដីយ៉ាងនោះជាច្រើនទៀតនៅនឹងទ្រង់ដែរ
15 ដូច្នេះ ខ្ញុំក៏ភ័យស្លុតនៅចំពោះទ្រង់ បើកាលណាខ្ញុំគ្រាន់តែនឹកពិចារណា នោះខ្ញុំខ្លាចទ្រង់ណាស់
16 ដ្បិតព្រះទ្រង់បានធ្វើឲ្យខ្ញុំស្រយុតចិត្ត ព្រះដ៏មានគ្រប់ព្រះចេស្តា ទ្រង់បានធ្វើឲ្យខ្ញុំស្ញែងខ្លាច
17 ដោយព្រោះទ្រង់មិនបានកាត់ខ្ញុំចេញពីមុខសេចក្ដីងងឹតនេះ ក៏មិនបានលាក់សេចក្ដីងងឹតយ៉ាងក្រាស់នេះនឹងខ្ញុំដែរ។
ជំពូក 24
1 អស់ទាំងពេលវេលា មិនបានលាក់នឹងព្រះដ៏មានគ្រប់ព្រះចេស្តាទេ ចុះហេតុអ្វីបានជាអស់ពួកអ្នកដែលស្គាល់ទ្រង់ មិនដែលឃើញថ្ងៃរបស់ទ្រង់ខ្លះ
2 មានពួកមនុស្សដែលបន្ថយគោលចារឹក គេរឹបជាន់យកហ្វូងចៀមទៅចិញ្ចឹមវិញ
3 គេពង្រត់សត្វលារបស់ពួកកំព្រាទៅបាត់ គេទទួលបញ្ចាំយកគោរបស់ស្រីមេម៉ាយ
4 គេបង្ខំមនុស្សកំសត់ឲ្យចៀសពីផ្លូវចេញ ពួកអ្នកក្រីក្រនៅផែនដី ក៏គេចពួនទាំងអស់គ្នា
5 មើល អ្នកទាំងអស់នោះប្រៀបដូចជាលាព្រៃនៅទីរហោស្ថាន គេចេញទៅឯការរបស់គេ ហើយខំខ្មីឃ្មាតរករបឹប គេបានអាហារសម្រាប់ខ្លួនគេ និងពួកកូនចៅគេ អំពីទីរហោស្ថាននោះមក
6 គេច្រូតសំណល់ស្រូវដែលសល់នៅក្នុងស្រែ ក៏បេះសន្សំផលទំពាំងបាយជូររបស់មនុស្សអាក្រក់នោះ
7 គេដេកនៅខ្លួនទទេ១យប់ទាល់ភ្លឺ ឥតមានអ្វីដណ្តប់ខ្លួននៅពេលរងា
8 គេត្រូវហាលភ្លៀងដែលមកពីភ្នំ ក៏អែបនឹងថ្មដា ដោយឥតមានទីជ្រកឡើយ
9 មានមនុស្សដែលកន្ត្រាក់យកកូនកំព្រាឪពុកចេញពីដោះម្តាយ ហើយទទួលបញ្ចាំទុកទាំងសម្លៀកបំពាក់របស់ពួកអ្នកក្រីក្រផង
10 ជាពួកដែលត្រូវដើរសាត់ព្រាត់នៅខ្លួនទទេ ឥតមានអ្វីពាក់សោះ ហើយដោយព្រោះឃ្លាន បានជាត្រូវរែកជញ្ជូនកណ្តាប់ស្រូវ
11 គេត្រូវចំរាញ់ធ្វើប្រេងនៅខាងក្នុងរបងនៃមនុស្សទាំងនោះ ព្រមទាំងជាន់ធុងទំពាំងបាយជូរ ដោយរងសំរេក
12 មានឮមនុស្សថ្ងូរពីក្នុងទីក្រុង ហើយព្រលឹងនៃមនុស្សដែលត្រូវរបួសក៏ស្រែកឡើង ប៉ុន្តែ ព្រះទ្រង់មិនយកព្រះហឫទ័យទុកដាក់នឹងការអាក្រក់នោះឡើយ។
13 ពួកនេះជាពួកអ្នកដែលមិនព្រមទទួលពន្លឺ គេមិនស្គាល់អស់ទាំងផ្លូវនោះ ឬកាន់ខ្ជាប់តាមផ្លូវច្រកនៃពន្លឺនោះឡើយ
14 មនុស្សឃាតកម្មគេក្រោកពីព្រលឹមស្រាង ក៏សម្លាប់មនុស្សក្រីក្រ និងមនុស្សកំសត់ទុគ៌ត ហើយនៅពេលយប់គេធ្វើជាចោរវិញ
15 ភ្នែករបស់មនុស្សកំផិតក៏រង់ចាំពេលព្រលប់ ដោយនឹកថា គ្មានអ្នកណាឃើញអញទេ គេក៏គ្រលុំក្បាលទៅ
16 នៅពេលងងឹតគេគាស់ទម្លុះផ្ទះចូល ហើយនៅវេលាថ្ងៃគេពួនលាក់ខ្លួន ឥតដែលស្គាល់ពន្លឺឡើយ
17 ពេលព្រឹកទុកដូចជាម្លប់នៃសេចក្ដីស្លាប់ដល់ពួកទាំងនោះ ដ្បិតគេស្គាល់សេចក្ដីស្ញែងខ្លាចរបស់ម្លប់នៃសេចក្ដីស្លាប់នោះហើយ។
18 គេអណ្តែតលើទឹកទៅបាត់យ៉ាងឆាប់ ឯចំណែករបស់គេនៅផែនដី នោះមានតែសេចក្ដីបណ្តាសាទេ គេមិនដែលបែរទៅ ចូលតាមផ្លូវចម្ការទំពាំងបាយជូរឡើយ
19 បែបដូចជាទឹកពីហិមៈរីងហួតទៅ ដោយរាំងរឹះ ហើយក្តៅយ៉ាងណា នោះស្ថានឃុំព្រលឹងមនុស្សស្លាប់ ក៏ស្រូបមនុស្សមានបាបទៅយ៉ាងនោះដែរ
20 ផ្ទៃម្តាយនឹងភ្លេចអ្នកនោះទៅ ហើយដង្កូវនឹងចុះគេដោយឆ្ងាញ់ និងគ្មានអ្នកណានឹកចាំពីគេតទៅ យ៉ាងនោះសេចក្ដីទុច្ចរិតនឹងត្រូវកាច់ផ្តាច់ចេញ ដូចជាដើមឈើ។
21 គេចិញ្ចឹមស្រីអារដែលមិនបង្កើតកូន តែឥតមេត្តាដល់ស្រីមេម៉ាយឡើយ
22 ឯព្រះទ្រង់ធ្វើឲ្យពួកធំៗទាំងនោះមានអាយុវែង ដោយសារព្រះចេស្តាទ្រង់ ចំណែកពួកអ្នកដែលគ្មានសង្ឃឹមក្នុងជីវិតនេះ គេបានឡើងជាធំ
23 ទ្រង់ប្រទានឲ្យគេបានសេចក្ដីសុខ ហើយគេពឹងពាក់លើសេចក្ដីនោះ តែព្រះនេត្រទ្រង់ទតឃើញអស់ទាំងផ្លូវរបស់គេ
24 គេបានឡើងជាធំ ប៉ុន្តែ ក្នុងពេលតែ១ភ្លែតទេ គេនឹងបាត់ទៅ អើ គេត្រូវធ្លាក់ចុះ ហើយសែងយកទៅដូចជាមនុស្សដទៃទាំងអស់ គេត្រូវកាត់ចេញដូចជាគួរស្រូវតែម្តង
25 បើមិនមែនដូច្នោះទេ នោះតើអ្នកណានឹងហ៊ានថា ខ្ញុំកុហក ហើយធ្វើឲ្យសំដីខ្ញុំនេះ ឥតខ្លឹមសារបាន។
ជំពូក 25
1 នោះប៊ីលដាឌ សាសន៍ស៊ូអា គាត់ឆ្លើយឡើងថា 2ព្រះចេស្តា និងសេចក្ដីស្ញែងខ្លាចនៅនឹងទ្រង់ ក៏ធ្វើឲ្យមានសេចក្ដីសុខនៅស្ថានដ៏ខ្ពស់របស់ទ្រង់ 3ឯចំនួនពលទ័ពទ្រង់ តើនឹងរាប់បានឬ តើមានអ្នកឯណាដែលពន្លឺទ្រង់មិនរះឡើងបំភ្លឺដល់គេនោះ 4ដូច្នេះ ធ្វើដូចម្តេចឲ្យមនុស្សបានសុចរិតនៅចំពោះព្រះបាន ឬធ្វើដូចម្តេចឲ្យមនុស្សដែលកើតពីស្ត្រីមកបានបរិសុទ្ធ 5មើល ទាំងខែក៏មិនភ្លឺដែរ ហើយផ្កាយទាំងប៉ុន្មានក៏មិនជ្រះថ្លានៅព្រះនេត្រទ្រង់ផង 6ចំណង់បើមនុស្សដែលជាដង្កូវទទេ និងកូនមនុស្សដែលជាដង្កូវដែរ តើនឹងបានយ៉ាងណាទៅ។
ជំពូក 26
1 នោះយ៉ូបក៏ឆ្លើយឡើងថា
2 អ្នកពូកែមែន អ្នកបានជួយមនុស្សដែលគ្មានអំណាច បានទប់ទល់ដៃដែលគ្មានកម្លាំង
3 បានទាំងទូន្មានមនុស្សដែលគ្មានប្រាជ្ញា ក៏បានផ្សាយប្រាជ្ញាសុសសាយហើយ
4 តើអ្នកបានពោលពាក្យទាំងនេះដល់អ្នកណា តើជាវិញ្ញាណរបស់អ្នកណាដែលបណ្តាលឲ្យអ្នកនិយាយ។
5 ទោះទាំងមនុស្សស្លាប់ ក៏ញ័ររន្ធត់នៅចំពោះព្រះ គឺនៅក្នុងស្ថានក្រោមទឹក ព្រមទាំងពួកនៅទីនោះផង
6 ស្ថានឃុំព្រលឹងមនុស្សស្លាប់ក៏អាក្រាតទទេនៅចំពោះព្រះ ហើយទីជង្ហុកជ្រៅគ្មានអ្វីគ្របបាំងឡើយ
7 ទ្រង់ត្រដាងទិសខាងជើងពីលើទីល្ហល្ហេវ ហើយក៏ព្យួរផែនដីនៅទទេធេង
8 ទ្រង់ចងទប់ទឹកនៅក្នុងពពកយ៉ាងក្រាស់របស់ទ្រង់ ហើយពពកមិនធ្លាយពីក្រោមទេ
9 ទ្រង់បាំងខាងមុខបល្ល័ង្កទ្រង់ ហើយត្រដាងពពករបស់ទ្រង់ពីលើ
10 ទ្រង់បានធ្វើរបងព័ទ្ធជុំវិញទឹក ដរាបដល់ពន្លឺ ហើយនិងងងឹតផុតទៅហើយ
11 សសរនៃផ្ទៃមេឃញញ័រ ហើយមានសេចក្ដីអស្ចារ្យ ដោយទ្រង់បន្ទោស
12 ទ្រង់ធ្វើឲ្យសមុទ្រកម្រើកឡើង ដោយឥទ្ធិឫទ្ធិរបស់ទ្រង់ ហើយក៏វាយកម្ទេចសេចក្ដីឆ្មើងឆ្មៃ
13 ទ្រង់តុបតែងផ្ទៃមេឃ ដោយសារព្រះវិញ្ញាណទ្រង់ ហើយព្រះហស្តទ្រង់បានចាក់ទម្លុះពស់ ដែលកំពុងតែលឿនទៅ
14 មើល ការទាំងនេះគ្រាន់តែជាកិច្ចខាងក្រៅរបស់ទ្រង់ទេ ហើយយើងឮនិយាយពីទ្រង់ ជាសំឡេងខ្សាវៗយ៉ាងណាទៅ ឯសំឡេងលាន់ឮពីឥទ្ធិឫទ្ធិរបស់ទ្រង់ នោះតើអ្នកណានឹងយល់បាន។
ជំពូក 27
1 ឯយ៉ូបក៏បន្តសេចក្ដីអធិប្បាយរបស់លោកទៅទៀតថា
2 ខ្ញុំស្បថដោយនូវព្រះដ៏មានព្រះជន្មរស់នៅ ដែលទ្រង់បានដកសេចក្ដីយុត្តិធម៌ពីខ្ញុំចេញ គឺជាព្រះដ៏មានគ្រប់ព្រះចេស្តា ដែលទ្រង់បានធ្វើឲ្យព្រលឹងខ្ញុំជូរចត់ ថា
3 កាលខ្ញុំនៅមានដង្ហើមចេញចូល ហើយមានខ្យល់វិញ្ញាណនៃព្រះនៅក្នុងរន្ធច្រមុះខ្ញុំនៅឡើយ
4 នោះបបូរមាត់ខ្ញុំនឹងមិនពោលសេចក្ដីអាក្រក់ ហើយអណ្តាតខ្ញុំក៏មិនបញ្ចេញពាក្យភូតភរឡើយ
5 ដែលខ្ញុំនឹងព្រមថា អ្នករាល់គ្នានិយាយត្រូវ នោះសូមឲ្យនៅឆ្ងាយពីខ្ញុំទៅ ខ្ញុំមិនព្រមលះចោលសំដីដែលថាខ្លួនខ្ញុំត្រឹមត្រូវឡើយ ដរាបដល់ខ្ញុំស្លាប់ផង
6 ខ្ញុំនឹងប្រកាន់សេចក្ដីសុចរិតរបស់ខ្ញុំ ឲ្យជាប់លាប់ឥតលែងតទៅ ក្នុងកាលដែលខ្ញុំរស់នៅឡើយ នោះចិត្តមិនប្រកាន់ទោសខ្ញុំជាដរាប។
7 សូមឲ្យសត្រូវខ្ញុំបានរាប់ជាមនុស្សអាក្រក់ចុះ ហើយឲ្យអ្នកដែលទាស់នឹងខ្ញុំបានរាប់ជាទុច្ចរិតផង
8 ដ្បិតទោះបើមនុស្សទមិឡល្មើសបានកម្រៃក៏ដោយ នោះតើនឹងមានសេចក្ដីសង្ឃឹមអ្វី ក្នុងកាលដែលព្រះទ្រង់ដកយកព្រលឹងគេទៅ
9 តើព្រះនឹងឮសម្រែករបស់គេ ក្នុងកាលដែលគេកើតមានសេចក្ដីលំបាកឬ
10 តើគេនឹងយកព្រះដ៏មានគ្រប់ព្រះចេស្តាជាទីពេញចិត្តដល់គេ ហើយអំពាវនាវដល់ទ្រង់រាល់ពេលវេលាដែរឬ
11 ខ្ញុំនឹងបង្ហាញឲ្យអ្នករាល់គ្នាយល់ពីដំណើរព្រះហស្តនៃព្រះ ឯអ្វីៗដែលមាននៅនឹងព្រះដ៏មានគ្រប់ព្រះចេស្តា នោះខ្ញុំមិនគ្របបាំងឡើយ
12 មើល អ្នករាល់គ្នាក៏បានឃើញសេចក្ដីទាំងនេះហើយ ដូច្នេះ ហេតុអ្វីបានជាអ្នករាល់គ្នាកើតមានគំនិតផ្តេសផ្តាសអីម៉្លេះ។
13 នេះហើយជាចំណែកដែលព្រះបម្រុងទុកដល់មនុស្សអាក្រក់ គឺជាសេចក្ដីដែលមនុស្សសង្កត់សង្កិន ត្រូវទទួលពីព្រះដ៏មានគ្រប់ព្រះចេស្តា
14 បើកាលណាកូនចៅគេបានចម្រើនជាច្រើនឡើង នោះគឺសម្រាប់តែដាវប៉ុណ្ណោះ ហើយពូជពង្សគេមិនបានបរិភោគឆ្អែតទេ
15 ពួកគេដែលសល់នៅនឹងត្រូវស្លាប់ ហើយកប់ទៅ ឯប្រពន្ធដែលនៅមេម៉ាយ នោះមិនយំសោកទេ
16 ទោះបើគេប្រមូលប្រាក់ទុកដូចជាធូលីដី ក៏ត្រៀមទុកសម្លៀកបំពាក់ដូចជាភក់
17 នោះគេនឹងរៀបចំបាន តែគឺពួកសុចរិតជាអ្នកស្លៀកពាក់វិញ ហើយពួកអ្នកដែលផូរផង់គេនឹងចែកប្រាក់គ្នា
18 ពួកអាក្រក់នោះគេសង់ផ្ទះខ្លួន ដូចជាមេអំបៅ ហើយដូចជាបង្ហាដែលអ្នកចាំយាមធ្វើ
19 គេដេកទៅទាំងមានទ្រព្យ តែគ្មានអ្នកណារៀបចំកប់ឲ្យទេ គេបើកភ្នែកឡើង ហើយគ្មានខ្លួនគេទៀត
20 សេចក្ដីស្ញែងខ្លាចក៏តាមគេទាន់ ដូចជាទឹកជន់ ខ្យល់កួចនាំយកគេទៅបាត់ទាំងយប់
21 ខ្យល់ពីខាងកើតផាត់យកគេ ឲ្យគេបាត់ទៅ ក៏បោសរំលីងគេចេញពីទីកន្លែងរបស់គេ
22 ព្រះទ្រង់បោះទៅលើគេឥតប្រណី គេចង់រត់គេចចេញឲ្យរួចពីព្រះហស្តទ្រង់ទៅ
23 មនុស្សទាំងឡាយទះដៃនឹងគេ ព្រមទាំងធ្វើស៊ីសស៊ូស បណ្តេញគេចេញពីកន្លែងទៅផង។
ជំពូក 28
1 ពិតប្រាកដជាមានកន្លែងជីករកប្រាក់បាន ក៏មានទីដែលរកបានមាស សម្រាប់យកទៅសំរង
2 ឯដែកគេយកពីដីមក ហើយទង់ដែង គេរំលាយមកពីថ្ម
3 មនុស្សគេកំចាត់សេចក្ដីងងឹតចេញ គេស្វែងរកថ្មលាក់កំបាំងក្នុងទីងងឹតសូន្យសុង រហូតដល់ទីជ្រៅបំផុត
4 គេជីករន្ធនៅឆ្ងាយពីទីលំនៅរបស់មនុស្ស ជើងមនុស្សដើរពីលើឥតមានដឹងឡើយ គេត្រូវសម្រូតចុះទៅនៅឆ្ងាយពីមនុស្សជាតិ ហើយក៏រត់ទៅរត់មកនៅទីនោះ
5 ពីក្នុងដីនោះ មានចេញជាអាហារ ហើយនៅខាងក្រោមក៏ត្រឡប់ត្រឡិន ដូចជាត្រូវភ្លើងឆេះ
6 ក្នុងថ្មទាំងនោះជាកន្លែងមានត្បូងកណ្តៀង ហើយក៏មានផង់មាសដែរ
7 ផ្លូវច្រកនោះគ្មានសត្វហើរណាដែលចាប់រំពាបានស្គាល់ទេ ឯភ្នែករអាតក៏មើលមិនឃើញផង
8 អស់ទាំងសត្វក្លាហានមិនដែលបានជាន់ ឯសិង្ហកំណាចក៏មិនបានដើរនៅទីនោះឡើយ
9 មនុស្សគេលូកដៃទៅឯថ្មរឹង ក៏គាស់ភ្នំឲ្យបាតត្រឡប់ឡើងទៅលើវិញ
10 គេចោះរូងទៅក្នុងថ្មដា ហើយភ្នែកគេក៏ឃើញគ្រប់ទាំងអស់ដែលមានតម្លៃ
11 គេទប់រន្ធទឹកមិនឲ្យហូរចូល ឯរបស់ដែលនៅកំបាំង គេនាំយកចេញមកដាក់នៅពន្លឺ។
12 ប៉ុន្តែ ចំណែកប្រាជ្ញា តើនឹងរកឯណាបាន ហើយយោបល់ តើមានកន្លែងនៅឯណា
13 មនុស្សលោកមិនស្គាល់តម្លៃនៃប្រាជ្ញាទេ ក៏រកមិនឃើញនៅក្នុងស្ថានរបស់មនុស្សរស់ដែរ
14 ទីជម្រៅពោលថា មិនមែននៅក្នុងខ្ញុំទេ ហើយសមុទ្រក៏ថា មិនមែននៅនឹងខ្ញុំដែរ
15 នឹងទិញយកដោយមាសមិនបាន គេក៏មិនថ្លឹងប្រាក់ចេញថ្លៃឲ្យបានដែរ
16 នឹងយកមាសពីស្រុកអូភារ ឬត្បូងអូនីក្ស ត្បូងកណ្តៀងមករាប់តម្លៃនៃប្រាជ្ញាមិនបាន
17 មាស ហើយនិងពេជ្រនឹងផ្ទឹមស្មើមិនបាន ឬនឹងប្តូរដោយគ្រឿងមាសសុទ្ធក៏មិនបានដែរ
18 មិនបាច់នឹងនិយាយដល់ផ្កាថ្ម ឬពីកែវមុក្តាទេ ដ្បិតប្រាជ្ញាមានតម្លៃច្រើនលើសជាងត្បូងទទឹមទៅទៀត
19 ត្បូងទោបុ័តពីស្រុកអេធីយ៉ូពីក៏មិនស្មើផង ហើយតម្លៃនោះនឹងរាប់ដោយមាសមិនបាន
20 ដូច្នេះ តើប្រាជ្ញាមកពីណា ហើយទីកន្លែងរបស់យោបល់នៅឯណា
21 ដ្បិតទីនោះកំបាំងនឹងភ្នែករបស់មនុស្ស ហើយបិទទុកមិនឲ្យសត្វហើរលើអាកាសឃើញឡើយ
22 ស្ថានវិនាស និងស្ថានស្លាប់ពោលថា ត្រចៀករបស់យើងបានគ្រាន់តែឮនិយាយប៉ុណ្ណោះ។
23 ព្រះទ្រង់ជ្រាបផ្លូវនៃប្រាជ្ញា ហើយក៏ស្គាល់ទីកន្លែងដែរ
24 ដ្បិតទ្រង់ទតមើលទៅដល់ចុងផែនដីបំផុត ក៏ឃើញទាំងអស់ដែលនៅក្រោមផ្ទៃមេឃ
25 ទ្រង់បានធ្វើឲ្យខ្យល់មានកំណត់ទំងន់ ហើយបានកំណត់រង្វាល់ទឹកដែរ
26 ក្នុងកាលដែលទ្រង់បានដាក់កម្រិតដល់ទឹកភ្លៀង ហើយឲ្យមានផ្លូវសម្រាប់ផ្លេកបន្ទោរនៃផ្គរលាន់
27 ក្នុងកាលនោះ ទ្រង់បានឃើញប្រាជ្ញាហើយ ក៏ថ្លែងប្រាប់ឲ្យស្គាល់ដែរ គឺទ្រង់ដែលតាំងឲ្យមានប្រាជ្ញា អើ ទ្រង់បានស្វែងប្រមូលទុក
28 រួចមានព្រះបន្ទូលដល់មនុស្សយើងថា មើល សេចក្ដីកោតខ្លាចដល់ព្រះអម្ចាស់ នោះហើយជាប្រាជ្ញា ហើយដែលថយឆ្ងាយពីការអាក្រក់ នោះឯងជាយោបល់។
ជំពូក 29
1 យ៉ូបក៏បន្តសេចក្ដីអធិប្បាយរបស់លោកតទៅទៀតថា
2 ឱបើសិនជាខ្ញុំបានដូចជាកាលពីដើម ដូចនៅគ្រាដែលព្រះទ្រង់ការពាររក្សាខ្ញុំទៅអេះ
3 គឺកាលចង្កៀងនៃទ្រង់បានភ្លឺមកលើក្បាលខ្ញុំ ហើយខ្ញុំបានដើរកាត់ទីងងឹតដោយសារពន្លឺទ្រង់
4 គឺដូចកាលខ្ញុំនៅក្នុងវ័យនៃជីវិត ហើយមានមិត្តភាពនៃព្រះ នៅក្នុងទីលំនៅរបស់ខ្ញុំ
5 ក្នុងគ្រាដែលព្រះដ៏មានគ្រប់ព្រះចេស្តា ទ្រង់គង់ជាមួយនឹងខ្ញុំនៅឡើយ ហើយខ្ញុំមានកូនចៅនៅជុំវិញ
6 ជាវេលាដែលខ្ញុំបានលាងជើងដោយខ្លាញ់ទឹកដោះ ហើយទាំងថ្មក៏បញ្ចេញប្រេងហូរមកឲ្យខ្ញុំ
7 គ្រានោះ ខ្ញុំបានចេញទៅឯទ្វារទីក្រុង ហើយបានរៀបចំទីអង្គុយនៅទីធ្លា
8 ពួកកំលោះៗបានឃើញខ្ញុំ ហើយក៏រំលៀកចេញ ពួកចាស់ៗបានក្រោកឈរឡើង
9 ពួកដែលជាកំពូលក៏ឈប់និយាយ ហើយយកដៃខ្ទប់មាត់
10 សំឡេងនៃពួកអ្នកមានត្រកូលខ្ពស់ក៏ពោលដោយខ្សឹបគ្នា អណ្តាតគេបានជាប់នៅនឹងក្រអូមមាត់ផង
11 ដ្បិតកាលត្រចៀកបានឮខ្ញុំ នោះក៏ឲ្យពរដល់ខ្ញុំ ហើយកាលភ្នែកបានឃើញខ្ញុំ នោះក៏ធ្វើបន្ទាល់ពីខ្ញុំ
12 ពីព្រោះខ្ញុំបានជួយដោះមនុស្សក្រីក្រឲ្យបានរួច ដែលគេស្រែកឡើង ព្រមទាំងពួកកំព្រាដែលគ្មានអ្នកណាជួយផង
13 ពររបស់មនុស្សដែលហៀបនឹងវិនាសទៅ ក៏ផ្តល់មកខ្ញុំ ខ្ញុំក៏បណ្តាលឲ្យចិត្តស្រីមេម៉ាយច្រៀងដោយអំណរ
14 ខ្ញុំបានតែងកាយដោយសេចក្ដីសុចរិត ហើយសេចក្ដីនោះក៏ហ៊ុមបាំងខ្ញុំ សេចក្ដីយុត្តិធម៌របស់ខ្ញុំបានប្រៀបដូចជាអាវ និងមកុដដល់ខ្ញុំ
15 ខ្ញុំជាភ្នែកដល់មនុស្សខ្វាក់ ហើយជាជើងដល់មនុស្សខ្វិន
16 ក៏ជាឪពុកដល់ពួកអ្នកកំសត់ ហើយខ្ញុំក៏ខំពិនិត្យរកខុសត្រូវ ក្នុងរឿងក្តីរបស់អ្នកដែលខ្ញុំមិនស្គាល់ផង
17 ខ្ញុំបានបំបាក់ថ្គាមរបស់មនុស្សទុច្ចរិត ព្រមទាំងកន្ត្រាក់យករំពាពីធ្មេញរបស់គេចេញ
18 នោះខ្ញុំបាននឹកថា ខ្ញុំនឹងស្លាប់ក្នុងសំបុកខ្ញុំ ហើយនិងចម្រើនថ្ងៃអាយុខ្ញុំដូចជាខ្សាច់
19 ឫសខ្ញុំបានចាក់ទៅដល់ទឹកហើយ ទឹកសន្សើមក៏នៅលើមែកខ្ញុំទាល់ព្រឹក
20 កិត្តិនាមខ្ញុំចេះតែនៅថ្មី ហើយធ្នូខ្ញុំក៏ចេះតែចម្រើនកម្លាំងនៅដៃខ្ញុំជានិច្ច
21 មនុស្សបានផ្ទៀងត្រចៀកស្តាប់ខ្ញុំ គេនៅស្ងៀមចាំស្តាប់គំនិតខ្ញុំ
22 កាលខ្ញុំពោលចប់ហើយ នោះគេឥតថាអ្វីទៀត ពាក្យខ្ញុំបានស្រក់ជោកទៅលើគេ
23 គេបានរង់ចាំខ្ញុំដូចជាចាំភ្លៀង ព្រមទាំងហាមាត់យ៉ាងធំ បែបដូចជាទន្ទឹងចាំទទួលភ្លៀងចុងរដូវ
24 កាលគេឥតមានទីសង្ឃឹម នោះខ្ញុំបានញញឹមដល់គេ ហើយគេមិនបានធ្វើឲ្យភាពមុខរីករាយរបស់ខ្ញុំបាត់ចេញឡើយ
25 ខ្ញុំបានរើសផ្លូវឲ្យគេ ហើយបានអង្គុយជាប្រធាន ក៏នៅកណ្តាលគេដូចជាស្តេចនៅកណ្តាលកងទ័ព ក៏ជាអ្នកជួយកំសាន្តចិត្តនៃពួកអ្នកសោកសៅ។
ជំពូក 30
1 ប៉ុន្តែ ឥឡូវនេះ ពួកអ្នកដែលក្មេងជាងខ្ញុំ គេចំអកឲ្យ ជាពួកអ្នកដែលខ្ញុំមិនព្រមទាំងដាក់ឪពុកគេឲ្យនៅជាមួយនឹងឆ្កែរក្សាហ្វូងសត្វរបស់ខ្ញុំផង
2 អើ កម្លាំងដៃគេ តើដែលមានប្រយោជន៍អ្វីដល់ខ្ញុំ គេនឹងរស់ដរាបដល់ចាស់មិនបានទេ
3 គេស្គាំងស្គមដោយខ្វះខាត ហើយនិងពេលអំណត់ គេទេះស៊ីនៅទីហួតហែង ដែលពីដើមជាកន្លែងសូន្យឈឹង ហើយចោលស្ងាត់
4 គេបេះស្លឹកប្រង់ដែលដុះនៅក្បែរគុម្ពឈើតូចៗ ហើយមានតែមើមក្តួចជាអាហារដល់គេ
5 គេត្រូវបណ្តេញចេញពីចំណោមមនុស្ស ហើយមនុស្សស្រែកដេញតាមគេ ដូចជាស្រែកតាមចោរ
6 ឲ្យទៅនៅក្នុងហប់ភ្នំគួរស្ញែងខ្លាច ក្នុងរូងដី ហើយរអាងថ្ម
7 គេស្រែកឡើងនៅកណ្តាលគុម្ពឈើ ដូចជាសត្វលា គេប្រជុំគ្នានៅនាគុម្ពផ្អាវ
8 គេសុទ្ធតែជាកូនរបស់មនុស្សដែលឥតគំនិត អើ ជាកូននៃមនុស្សទាបថោកបំផុត គេត្រូវបណ្តេញចេញពីស្រុកទៅ។
9 ឥឡូវនេះ ខ្ញុំបានត្រឡប់ទៅជាបទចម្រៀងរបស់គេ ហើយជាពាក្យដែលគេពោលបង្អាប់
10 គេខ្ពើមឆ្អើមខ្ញុំ ក៏ឈរឃ្លាតឆ្ងាយពីខ្ញុំ ហើយក៏ស្តោះដាក់មុខខ្ញុំឥតទប់មាត់ឡើយ
11 ពីព្រោះព្រះទ្រង់បានដំឡោះខ្សែធ្នូបាញ់ធ្វើទុក្ខខ្ញុំ ឯគេបានលែងចោលខ្សែបង្ហៀរនៅមុខខ្ញុំ
12 នៅខាងស្តាំ ខ្ញុំកើតមានពួកពាល គេមកទង្គិចជើងខ្ញុំ ហើយបង្កើតផ្លូវវិនាសរបស់គេទាស់នឹងខ្ញុំ
13 គេបំផ្លាញផ្លូវច្រករបស់ខ្ញុំ គេបញ្ជឿនសេចក្ដីអន្តរាយដល់ខ្ញុំ ឥតត្រូវការមានអ្នកណាជួយគេឡើយ
14 គេចូលមកទាស់នឹងខ្ញុំតាមកន្លែងបាក់បែកយ៉ាងធំ ហើយនៅក្នុងកន្លែងបាក់បែកគ្រាំគ្រា នោះគេប្រមៀលខ្លួនគ្របមកលើខ្ញុំ
15 មានសេចក្ដីស្ញែងខ្លាចសង្ខុញចូលមកលើខ្ញុំ ក៏ដេញតាមកិត្តិនាមរបស់ខ្ញុំ ដូចជាខ្យល់ ហើយសេចក្ដីសុខរបស់ខ្ញុំ បានរលាយបាត់ទៅដូចជាពពក។
16 ឥឡូវនេះ ព្រលឹងខ្ញុំត្រូវរលាយទៅ នៅក្នុងខ្លួនខ្ញុំ ហើយគ្រាវេទនាបានចាប់តោងខ្ញុំជាប់
17 នៅវេលាយប់ ឆ្អឹងនៅក្នុងខ្លួនខ្ញុំ ត្រូវចាក់ទម្លុះ ហើយសេចក្ដីឈឺចាប់ដែលស៊ីរេះខ្ញុំ នោះមិនចេះសម្រាកទេ
18 អាវខ្ញុំត្រូវផ្លាស់ភាពទៅដោយអំណាចនៃរោគនេះ ក៏រឹតរួតខ្លួនខ្ញុំ ដូចជាកអាវខ្ញុំ
19 ទ្រង់បានបោះខ្ញុំទៅក្នុងទីល្បាប់ ខ្ញុំក៏បានត្រឡប់ទៅដូចជាធូលីដី និងផេះហើយ
20 ឱព្រះអង្គអើយ ទូលបង្គំអំពាវនាវរកទ្រង់ តែទ្រង់មិនឆ្លើយមកទូលបង្គំសោះ ទូលបង្គំឈរឡើង តែទ្រង់គ្រាន់តែសម្លឹងមើលទូលបង្គំប៉ុណ្ណោះ
21 ទ្រង់បានត្រឡប់ទៅជាសាហាវដល់ទូលបង្គំ ក៏បៀតបៀនទូលបង្គំ ដោយអានុភាពនៃព្រះហស្តទ្រង់
22 ទ្រង់លើកទូលបង្គំឡើងឲ្យត្រូវខ្យល់ ហើយបណ្តែតទូលបង្គំទៅតាម ទ្រង់រំលាយទូលបង្គំដោយខ្យល់ព្យុះ
23 ដ្បិតទូលបង្គំដឹងថា ទ្រង់នឹងនាំទូលបង្គំឲ្យត្រូវស្លាប់ គឺឲ្យទៅឯទីសំណាក់ដែលទុកសម្រាប់ឲ្យមនុស្សរស់ទាំងអស់ចូលទៅ។
24 ប៉ុន្តែ កាលមនុស្សដួលចុះ តើមិនយកដៃទប់ខ្លួនទេឬអី ឬកាលណាមានសេចក្ដីអន្តរាយ តើមិនស្រែករកគេជួយដែរឬ
25 ឯខ្ញុំ តើមិនបានស្រក់ទឹកភ្នែកនឹងមនុស្សដែលមានសេចក្ដីលំបាក ហើយព្រួយចិត្តនឹងពួកអ្នកទុគ៌តទេឬអី
26 តែកាលខ្លួនខ្ញុំសង្ឃឹមនឹងបានសេចក្ដីល្អ នោះសេចក្ដីអាក្រក់បានមកដល់ កាលខ្ញុំបានទន្ទឹងចាំពន្លឺ នោះមានសុទ្ធតែសេចក្ដីងងឹតវិញ
27 ចិត្តខ្ញុំខ្ជោលចុះឡើងឥតឈប់ឈរ មានគ្រាលំបាកបានមកលើខ្ញុំហើយ
28 ខ្ញុំដើរទៅដោយមានមុខខ្មៅ ដែលមិនមែនខ្មៅដោយថ្ងៃចាំងទេ ខ្ញុំក្រោកឡើងនៅកណ្តាលជំនុំ ស្រែករកគេជួយ
29 ខ្ញុំជាបងប្អូននឹងឆ្កែព្រៃ ហើយជាភឿនមិត្តនឹងសត្វអូសទ្រីចផង
30 សាច់ខ្ញុំខ្មៅ ហើយក៏របេះពីខ្ញុំទៅ ឆ្អឹងខ្ញុំក៏ឆេះ ដោយគ្រុនក្តៅ
31 ហេតុនោះបានជាស៊ុងខ្ញុំបានត្រឡប់ជាសេចក្ដីសោកសៅ ហើយខ្លុយខ្ញុំបានទៅជាសំឡេងនៃពួកអ្នកដែលយំទួញវិញ។
ជំពូក 31
1 ខ្ញុំបានតាំងសញ្ញានឹងភ្នែកខ្ញុំហើយ ដូច្នេះ ធ្វើដូចម្តេចឲ្យខ្ញុំមើលស្ត្រីក្រមុំដោយចាប់ចិត្តបាន
2 ដ្បិតយ៉ាងនោះ តើនឹងមានចំណែកអ្វីពីព្រះដ៏គង់នៅស្ថានលើ ហើយតើនឹងមានមរដកអ្វី ពីព្រះដ៏មានគ្រប់ព្រះចេស្តា នៅស្ថានដ៏ខ្ពស់នោះ
3 តើមិនមែនជាសេចក្ដីអន្តរាយដល់មនុស្សទុច្ចរិត ហើយជាសេចក្ដីវេទនាដល់ពួកអ្នកដែលប្រព្រឹត្តអាក្រក់ទេឬអី
4 តើទ្រង់មិនឃើញផ្លូវខ្ញុំ ហើយរាប់អស់ទាំងជំហាននៃខ្ញុំទេឬអី។
5 បើខ្ញុំបានដើរដោយសេចក្ដីភូតភរ ហើយជើងខ្ញុំបានរហ័សទៅតាមសេចក្ដីល្បួង
6 នោះសូមឲ្យព្រះថ្លឹងខ្ញុំ ដោយជញ្ជីងត្រឹមត្រូវ ដើម្បីឲ្យទ្រង់បានជ្រាបគំនិតទៀងត្រង់របស់ខ្ញុំ
7 បើជើងខ្ញុំបានឈានចេញពីផ្លូវ ហើយចិត្តបានទៅតាមភ្នែក បើមានសេចក្ដីស្មោកគ្រោកអ្វីជាប់នៅដៃខ្ញុំ
8 នោះសូមឲ្យខ្ញុំសាបព្រោះ ហើយម្នាក់ទៀតស៊ីផលចុះ អើ ខ្ញុំសុខចិត្តឲ្យគេរំលើងផលក្នុងស្រែចម្ការខ្ញុំទាំងអស់ទៅផង
9 បើចិត្តខ្ញុំបានចុះចូលនឹងសេចក្ដីលួងលោមរបស់ស្ត្រីណា ហើយខ្ញុំបានលបចាំនៅមាត់ទ្វារអ្នកជិតខាងខ្ញុំ
10 នោះសូមឲ្យប្រពន្ធខ្ញុំបានកិនស្រូវឲ្យម្នាក់ទៀត ហើយឲ្យមនុស្សឯទៀតរួមរស់ជាមួយចុះ
11 ដ្បិតយ៉ាងនោះជាការមានទោសយ៉ាងធ្ងន់ ជាសេចក្ដីទុច្ចរិតដែលគួរឲ្យពួកចៅក្រមធ្វើទោស
12 នោះជាភ្លើងដែលឆេះបន្សុសរហូតដល់ស្ថានវិនាស ហើយនិងរំលើងអស់ទាំងផលចម្រើនរបស់ខ្ញុំ
13 បើខ្ញុំដែលមើលងាយរឿងរបស់បាវប្រុសបាវស្រីខ្ញុំ ក្នុងកាលដែលវាបានតវ៉ានឹងខ្ញុំ
14 យ៉ាងនោះ តើខ្ញុំនឹងធ្វើដូចម្តេច ក្នុងកាលដែលព្រះទ្រង់ក្រោកឡើង កាលណាទ្រង់ពិចារណាសួរខ្ញុំ នោះតើខ្ញុំនឹងឆ្លើយដល់ទ្រង់ដូចម្តេច
15 ឯព្រះដែលបានបង្កើតខ្ញុំនៅក្នុងពោះម្តាយ តើមិនបានបង្កើតបាវនោះដែរទេឬ តើមិនមែនជាព្រះតែ១ដែលស្អាងយើងទាំង២នៅក្នុងផ្ទៃម្តាយទេឬអី។
16 បើខ្ញុំបានឃាត់មិនឲ្យពួកក្រីក្របានតាមបំណងចិត្ត ឬបានធ្វើឲ្យភ្នែកនៃស្រីមេម៉ាយស្រវាំងទៅ
17 ឬបើបានទទួលទានអាហារតែឯងម្នាក់ ឥតចែកឲ្យដល់ពួកកំព្រាផង
18 (ប៉ុន្តែ គ្មានទេ គឺតាំងពីខ្ញុំនៅក្មេងមក គេបានធំឡើងជាមួយនឹងខ្ញុំ ដូចជានៅនឹងឪពុកជាមួយគ្នា ហើយតាំងពីខ្ញុំចេញពីផ្ទៃម្តាយមក នោះខ្ញុំតែងតែនាំផ្លូវស្រីមេម៉ាយវិញ)
19 បើខ្ញុំដែលឃើញអ្នកណាវិនាសទៅ ដោយឥតមានអ្វីស្លៀកពាក់ ឬអ្នកកំសត់ទុគ៌តឥតមានអ្វីដណ្តប់ខ្លួន
20 បើចង្កេះគេមិនបានឲ្យពរដល់ខ្ញុំ បើគេមិនបានកក់ក្តៅដោយរោមចៀមរបស់ខ្ញុំទេ
21 បើខ្ញុំបានលើកដៃទាស់នឹងពួកកំព្រា ដោយឃើញមនុស្សដែលបានជួយខ្ញុំនៅមាត់ទ្វារ
22 នោះសូមឲ្យស្មាខ្ញុំបានសណ្តកចេញ ពីឆ្អឹងស្លាបប្រចៀវ ហើយឲ្យដៃខ្ញុំភ្លាត់ពីឆ្អឹងចេញចុះ
23 ដ្បិតសេចក្ដីអន្តរាយដែលមកពីព្រះ នោះនាំឲ្យខ្ញុំស្ញែងខ្លាចណាស់ ហើយដោយព្រោះទ្រង់ខ្ពស់ទាំងម៉្លេះបានជាខ្ញុំធ្វើអ្វីមិនកើត
24 បើសិនជាខ្ញុំបានយកមាសជាទីសង្ឃឹម ហើយបានពោលដល់មាសសុទ្ធថា ឯងជាទីទុកចិត្តរបស់អញ
25 បើខ្ញុំបានរីករាយសប្បាយដោយព្រោះមានទ្រព្យសម្បត្តិច្រើន ហើយដោយព្រោះដៃខ្ញុំបានប្រមូលជាបរិបូរ
26 បើខ្ញុំបានមើលទៅព្រះអាទិត្យក្នុងកាលដែលចាំងមក ឬទៅព្រះចន្ទដែលភ្លឺត្រសែតទៅ
27 រួចចិត្តខ្ញុំមានសេចក្ដីល្បួងដោយសម្ងាត់ ហើយមាត់ក៏បានថើបដៃរបស់ខ្ញុំ
28 យ៉ាងនោះក៏ជាការគួរឲ្យពួកចៅក្រមធ្វើទោសដែរ ដ្បិតដូច្នោះ ខ្ញុំបានលះចោលព្រះដែលគង់នៅស្ថានលើហើយ
29 បើខ្ញុំដែលរីករាយសប្បាយ ដោយឃើញសេចក្ដីហិនវិនាសរបស់អ្នកដែលស្អប់ខ្ញុំ ឬបំប៉ោងចិត្តឡើង ក្នុងកាលដែលសេចក្ដីអាក្រក់បានមកដល់គេ
30 (ប៉ុន្តែ គ្មានទេ គឺខ្ញុំមិនបានឲ្យមាត់ធ្វើបាប ដោយដាក់បណ្តាសាដល់ជីវិតគេឡើយ)
31 បើសិនណាជាពួកមនុស្សនៅទីលំនៅខ្ញុំមិនបានពោលថា តើមានអ្នកឯណាដែលមិនបានឆ្អែតដោយអាហាររបស់គាត់
32 (សូម្បីតែពួកដំណើរក៏មិនបានដេកនៅនាផ្លូវដែរ ដ្បិតខ្ញុំបានបើកទ្វារទទួលគេឲ្យស្នាក់នៅវិញ)
33 បើខ្ញុំបានគ្របបាំងសេចក្ដីរំលងរបស់ខ្ញុំ ដូចជាមនុស្សលោក ដោយលាក់សេចក្ដីអាក្រក់ខ្ញុំនៅក្នុងទ្រូង
34 ព្រោះតែខ្លាចចំពោះហ្វូងមនុស្ស ហើយសេចក្ដីមើលងាយរបស់គ្រួផ្សេងៗបាននាំឲ្យខ្ញុំភ័យ ដល់ម៉្លេះបានជាខ្ញុំនៅស្ងៀម ឥតដែលចេញតាមមាត់ទ្វារសោះ
35 ឱបើមានអ្នកណាមួយស្តាប់ខ្ញុំទៅអេះ មើល ខ្ញុំចុះឈ្មោះហើយ សូមឲ្យព្រះដ៏មានគ្រប់ព្រះចេស្តាឆ្លើយមកខ្ញុំចុះ ឱបើអ្នកដែលតតាំងនឹងខ្ញុំបានធ្វើពាក្យថ្លែងការទៅអេះ
36 នោះប្រាកដជាខ្ញុំនឹងយកទៅដោយភ្ជាប់នឹងស្មា ហើយចងភ្ជាប់នៅក្បាលដូចជាក្បាំង
37 ខ្ញុំនឹងទូលទ្រង់ពីចំនួនជំហានខ្ញុំ ហើយនិងចូលទៅជិតទ្រង់ដូចអ្នកប្រធានណាមួយ
38 បើសិនជាដីរបស់ខ្ញុំស្រែកឡើងទាស់នឹងខ្ញុំ ហើយគន្លងទាំងប៉ុន្មានយំជាមួយគ្នា
39 បើខ្ញុំបានបរិភោគផលនៃដីនោះឥតបង់ថ្លៃ ឬបានធ្វើឲ្យម្ចាស់ដើមបង់ជីវិតទៅ
40 នោះសូមឲ្យមានតែបន្លាដុះឡើងជំនួសស្រូវភោជ្ជសាលី ហើយស្រងែជំនួសស្រូវឱកវិញចុះ។ ពាក្យរបស់យ៉ូបចប់តែប៉ុណ្ណេះ។
ជំពូក 32
1 ដូច្នេះ អ្នកទាំង៣នោះក៏លែងឆ្លើយនឹងយ៉ូប ពីព្រោះលោករាប់ខ្លួនថាជាសុចរិតហើយ
2 នៅខណៈនោះ អេលីហ៊ូវ ជាកូនបារ៉ាគាល សាសន៍ប៊ូស ក្នុងពូជពង្សរ៉ាមក៏កើតមានសេចក្ដីកំហឹងឡើង គឺគាត់ខឹងនឹងយ៉ូប ដោយព្រោះលោករាប់ខ្លួនជាសុចរិតនៅចំពោះព្រះ
3 គាត់ក៏ខឹងនឹងសំឡាញ់របស់យ៉ូបទាំង៣នាក់នោះដែរ ពីព្រោះគេបានកាត់ទោសដល់យ៉ូប តែរកឆ្លើយតបនឹងលោកមិនបាន
4 រីឯអេលីហ៊ូវ គាត់បានរង់ចាំឱកាសនឹងនិយាយជាមួយនឹងយ៉ូប ពីព្រោះគេសុទ្ធតែចាស់ៗជាងខ្លួន
5 ដូច្នេះ កាលអេលីហ៊ូវឃើញថា អ្នកទាំង៣នោះរកឆ្លើយមិនបាន នោះគាត់ក៏កើតមានសេចក្ដីកំហឹងឡើង។
6 នោះអេលីហ៊ូវ ជាកូនបារ៉ាគាល សាសន៍ប៊ូស គាត់ឆ្លើយឡើងថា ខ្ញុំនៅក្មេង ហើយអ្នករាល់គ្នាមានអាយុច្រើន ហេតុនោះបានជាខ្ញុំខ្លាចមិនហ៊ានសម្ដែងគំនិតខ្ញុំ
7 ខ្ញុំបាននឹកថា គប្បីឲ្យចាស់ៗនិយាយ ហើយគួរឲ្យអ្នកដែលមានអាយុច្រើនបង្រៀនពីប្រាជ្ញា
8 ប៉ុន្តែ មនុស្សលោកសុទ្ធតែមានវិញ្ញាណសណ្ឋិតនៅ ហើយខ្យល់ដង្ហើមនៃព្រះដ៏មានគ្រប់ព្រះចេស្តាក៏ឲ្យមានយោបល់
9 មិនមែនសុទ្ធតែជាអ្នកសំខាន់ៗដែលមានប្រាជ្ញា ឬជាពួកចាស់ៗប៉ុណ្ណោះដែលយល់សេចក្ដីយុត្តិធម៌នោះទេ
10 ហេតុនោះបានជាខ្ញុំថា សូមស្តាប់ខ្ញុំសិន ខ្ញុំនឹងសម្ដែងគំនិតរបស់ខ្ញុំដែរ។
11 មើល ខ្ញុំបានរង់ចាំពាក្យអ្នករាល់គ្នា ខ្ញុំបានប្រុងស្តាប់ហេតុផលទាំងប៉ុន្មានរបស់អ្នករាល់គ្នា កំពុងដែលអ្នករាល់គ្នាស្វែងរកសេចក្ដីដែលត្រូវនិយាយ
12 អើ ខ្ញុំបានប្រុងស្តាប់អ្នករាល់គ្នាឲ្យយល់ដែរ ហើយមើល គ្មានអ្នកណាមួយក្នុងពួកអ្នករាល់គ្នាបានអធិប្បាយផ្ចាញ់យ៉ូប ឬឆ្លើយសបនឹងសំដីលោកទេ
13 ប៉ុន្តែ កុំឲ្យថា យើងបានរកប្រាជ្ញាឃើញហើយនោះឡើយ ដ្បិតព្រះទ្រង់នឹងឈ្នះលោកបាន ឯមនុស្សឈ្នះមិនបានទេ
14 លោកមិនបានពោលពាក្យមកចំលើខ្ញុំទេ ហើយខ្ញុំក៏មិនឆ្លើយតបតាមពាក្យរបស់អ្នករាល់គ្នាដែរ
15 ដូច្នេះ អ្នកទាំង៣នោះក៏គាំងនៅ ឥតមានឆ្លើយទៀតឡើយ គេរកផ្លូវនឹងនិយាយមិនបានផង។
16 តើគួរឲ្យខ្ញុំរង់ចាំទៀត ដោយព្រោះតែគេមិនពោលទៀត ហើយស្ងៀមនៅ ឥតឆ្លើយតទៅទៀតឬអី
17 ទេ ចំណែកខាងខ្ញុំ ចង់ឆ្លើយដែរ ខ្ញុំនឹងសម្ដែងគំនិតរបស់ខ្ញុំ
18 ដ្បិតខ្ញុំមានពេញហើយ ដោយខសេចក្ដី ឯវិញ្ញាណដែលសណ្ឋិតនៅនឹងខ្ញុំ ក៏បណ្តាលខ្ញុំផង
19 មើល ចិត្តខ្ញុំប្រៀបដូចជាស្រាទំពាំងបាយជូរ ដែលឥតមានផ្លូវឲ្យខ្យល់ចេញ ដូចជាថង់ស្បែកថ្មីដែលរៀបនឹងធ្លាយហើយ
20 ខ្ញុំនឹងនិយាយចេញ ដើម្បីឲ្យបានធូរចិត្ត ខ្ញុំនឹងបើកបបូរមាត់ឆ្លើយតបទៅ
21 សូមកុំឲ្យខ្ញុំយល់ដល់មុខអ្នកណា ឬលើកមុខអ្នកណាដោយពាក្យបញ្ចើចឡើយ
22 ដ្បិតខ្ញុំមិនចេះបញ្ចើចបញ្ចើទេ បើយ៉ាងនោះ ព្រះដែលបង្កើតខ្ញុំ ទ្រង់នឹងដកយកខ្ញុំចេញទៅភ្លាម។
ជំពូក 33
1 ដូច្នេះ លោកយ៉ូបអើយ ខ្ញុំសូមឲ្យលោកស្តាប់សេចក្ដីអធិប្បាយរបស់ខ្ញុំ ហើយផ្ទៀងត្រចៀកចំពោះអស់ទាំងពាក្យរបស់ខ្ញុំចុះ
2 មើល ខ្ញុំបានបើកមាត់ហើយ អណ្តាតក៏បានរលាស់និយាយនៅក្នុងមាត់ខ្ញុំ
3 ពាក្យសំដីខ្ញុំនឹងសម្ដែងចេញ ជាសេចក្ដីទៀងត្រង់នៃចិត្តខ្ញុំ ហើយបបូរមាត់ខ្ញុំនឹងនិយាយយ៉ាងច្បាស់ ពីសេចក្ដីដែលខ្ញុំដឹង
4 ព្រះវិញ្ញាណនៃព្រះបានបង្កើតខ្ញុំ ហើយខ្យល់ដង្ហើមនៃព្រះដ៏មានគ្រប់ព្រះចេស្តាបានប្រោសឲ្យខ្ញុំមានជីវិត
5 បើលោកអាចនឹងឆ្លើយបាន នោះសូមឆ្លើយមកចុះ សូមរៀបលំដាប់សេចក្ដីនៅមុខខ្ញុំ រួចឈរឡើង
6 មើល លោក ហើយនិងខ្ញុំក៏ដូចគ្នានៅចំពោះព្រះ ខ្ញុំបានកើតពីដីឥដ្ឋមកដែរ
7 មើល ខ្ញុំឥតមានសេចក្ដីស្ញែងខ្លាចណា នឹងនាំឲ្យលោកភ័យទេ ហើយអំណាចខ្ញុំក៏នឹងមិនសង្កត់លើលោកជាធ្ងន់ដែរ។
8 ប៉ុន្តែ លោកបាននិយាយឲ្យត្រចៀកខ្ញុំឮ ហើយខ្ញុំបានឮសំឡេងនៃពាក្យលោកថា
9 លោកស្អាត ឥតមានមន្ទិលឡើយ លោកគ្មានទោស ក៏គ្មានសេចក្ដីទុច្ចរិតណានៅក្នុងខ្លួនដែរ
10 មើល ព្រះទ្រង់រកហេតុទាស់នឹងលោក ហើយក៏រាប់លោកទុកដូចជាខ្មាំងសត្រូវដល់ទ្រង់
11 ទ្រង់បានដាក់ជើងលោកភ្ជាប់ដោយខ្នោះ ហើយក៏ចំណាំមើលអស់ទាំងផ្លូវរបស់លោក
12 ដូច្នេះ ខ្ញុំនឹងឆ្លើយដល់លោកថា ក្នុងសេចក្ដីនេះលោកមិនសុចរិតទេ ដ្បិតព្រះទ្រង់ធំជាងមនុស្ស
13 ហេតុអ្វីបានជាលោកតតាំងនឹងទ្រង់ ដ្បិតទ្រង់មិនបាច់នឹងរៀបរាប់ប្រាប់ពីការណាមួយរបស់ទ្រង់ទេ
14 តែព្រះទ្រង់ក៏មានព្រះបន្ទូលមកម្តង ២ដងផង ឥតមានអ្នកណាស្វែងរកន័យសេចក្ដីទេ
15 គឺក្នុងពេលយល់សប្តិ ឬក្នុងការជាក់ស្តែងនៅពេលយប់ ក្នុងកាលដែលមនុស្សដេកលក់ស៊ប់នៅដំណេកហើយ
16 នៅវេលានោះ ទ្រង់បើកត្រចៀកមនុស្ស ហើយក៏បោះត្រាសេចក្ដីដែលទ្រង់ប្រដៅគេ
17 ដើម្បីនឹងទាញមនុស្សចេញពីការដែលគេគិតធ្វើ ហើយរាំងរាគេពីសេចក្ដីអំនួត
18 ទ្រង់ឃាំងព្រលឹងគេឲ្យរួចពីជង្ហុក ហើយជីវិតគេឲ្យរួចពីការវិនាសដោយដាវ។
19 គេត្រូវវាយផ្ចាល ដោយឈឺចាប់ដេកនៅដំណេក ហើយអស់ទាំងឆ្អឹងគេក៏ឈឺដែរ
20 ដល់ម៉្លេះបានជាជីវិតគេធុំអាហារ ហើយព្រលឹងគេក៏ខ្ពើមចំណី
21 សាច់គេក៏ស្គាំងស្គមទៅ ហើយឆ្អឹងគេដែលពីដើមមើលមិនឃើញ នោះក៏លេចឡើងរគាម
22 អើ ព្រលឹងគេចូលទៅជិតរណ្តៅស្លាប់ ហើយជីវិតគេក៏ជិតដល់មេបំផ្លាញហើយ។
23 បើសិនជាមានទេវតា១នៅនឹងគេ ដើម្បីថ្លែងការ គឺ១ក្នុង១ពាន់ សម្រាប់នឹងបង្ហាញឲ្យមនុស្សស្គាល់ផ្លូវដែលត្រូវប្រព្រឹត្ត
24 នោះទ្រង់ប្រោសមេត្តាដល់គេ ដោយព្រះបន្ទូលថា ចូរជួយឲ្យរួច កុំឲ្យធ្លាក់ចុះក្នុងរណ្តៅឡើយ ដ្បិតអញរកបានថ្លៃលោះគេហើយ
25 យ៉ាងនោះសាច់គេនឹងបានស្រស់ជាងសាច់របស់កូនក្មេង ក៏នឹងប្រែទៅដូចកាលនៅក្មេងវិញ
26 គេនឹងអធិស្ឋានដល់ព្រះ ហើយទ្រង់នឹងប្រោសដល់គេ ឲ្យគេបានឃើញព្រះភ័ក្ត្រទ្រង់ដោយសេចក្ដីរីករាយ ហើយទ្រង់នឹងប្រគល់សេចក្ដីសុចរិតដល់គេវិញ
27 នោះគេនឹងច្រៀងនៅមុខមនុស្ស ដោយពាក្យថា ខ្ញុំបានធ្វើបាប ហើយរំលងនឹងសេចក្ដីត្រឹមត្រូវ ជាការដែលឥតមានប្រយោជន៍ដល់ខ្ញុំឡើយ
28 ប៉ុន្តែ ទ្រង់បានលោះព្រលឹងខ្ញុំមិនឲ្យធ្លាក់ទៅក្នុងរណ្តៅទេ ជីវិតខ្ញុំក៏នឹងឃើញពន្លឺដែរ។
29 មើល បណ្តាការទាំងនេះ គឺព្រះទ្រង់ធ្វើ ទ្រង់ធ្វើដល់មនុស្ស២ដង ហើយ៣ដងផង
30 ដើម្បីនឹងទាញព្រលឹងគេពីរណ្តៅមកវិញ ប្រយោជន៍ឲ្យគេបានភ្លឺដោយពន្លឺនៃមនុស្សរស់
31 ឱយ៉ូបអើយ សូមផ្ទៀងត្រចៀកស្តាប់ខ្ញុំសិន សូមឲ្យលោកស្ងៀមនៅ នោះខ្ញុំនឹងនិយាយ
32 បើលោកមានអ្វីនឹងពោល សូមឆ្លើយតបមកចុះ សូមពោលចេញមក ដ្បិតខ្ញុំចង់កែឲ្យលោកបានសុចរិតវិញ
33 បើគ្មានទេ នោះសូមស្តាប់ខ្ញុំចុះ សូមលោកស្ងៀមនៅ ខ្ញុំនឹងបង្រៀនឲ្យលោកមានប្រាជ្ញា។
ជំពូក 34
1 អេលីហ៊ូវក៏ពោលឡើងទៀតថា
2 ឱមនុស្សប្រាជ្ញរាល់គ្នាអើយ សូមស្តាប់ពាក្យខ្ញុំ ឱពួកអ្នកដែលមានយោបល់អើយ សូមផ្ទៀងត្រចៀកចំពោះខ្ញុំចុះ
3 ដ្បិតត្រចៀកតែងតែល្បងលពាក្យសំដី ដូចជាមាត់តែងភ្លក់រសជាតិអាហារដែរ
4 សូមឲ្យយើងរាល់គ្នារើសយកសេចក្ដីណាដែលត្រឹមត្រូវសម្រាប់ពួកយើង ហើយឲ្យយើងបានស្គាល់សេចក្ដីដែលល្អនៅក្នុងចំណោមយើង
5 ដ្បិតលោកយ៉ូបបានពោលថា លោកសុចរិត ឯព្រះទ្រង់បានដកយកសេចក្ដីយុត្តិធម៌ចេញពីលោកហើយ
6 ទោះបើលោកសុចរិត គង់តែបានរាប់ជាអ្នកកំភូតវិញ របួសរបស់លោកមើលមិនជាទេ ទោះបើលោកឥតទោសក៏ដោយ
7 តើមានអ្នកឯណាដូចលោកយ៉ូបនេះ ដែលលោកផឹកសេចក្ដីឡកឡឺយដូចជាផឹកទឹក
8 លោកសេពគប់នឹងពួកអ្នកដែលប្រព្រឹត្តការទុច្ចរិត ក៏ដើរជាមួយនឹងមនុស្សអាក្រក់
9 ដ្បិតលោកពោលថា ដែលមនុស្សបានពេញចិត្តនឹងព្រះ នោះគ្មានប្រយោជន៍សោះ។
10 ដូច្នេះ ឱមនុស្សមានយោបល់អើយ សូមស្តាប់ខ្ញុំចុះ កុំឲ្យយើងថាព្រះទ្រង់ធ្វើអាក្រក់ ឬថាព្រះដ៏មានគ្រប់ព្រះចេស្តា ទ្រង់ប្រព្រឹត្តសេចក្ដីទុច្ចរិតនោះឡើយ
11 ដ្បិតទ្រង់នឹងសងដល់មនុស្សតាមការដែលគេធ្វើ ហើយនិងឲ្យគ្រប់គ្នាបានទទួលតាមផ្លូវរបស់ខ្លួន
12 អើ ពិតប្រាកដជាព្រះទ្រង់មិនដែលប្រព្រឹត្តអាក្រក់ឡើយ ព្រះដ៏មានគ្រប់ព្រះចេស្តាទ្រង់នឹងមិនបង្វែរសេចក្ដីយុត្តិធម៌ដែរ
13 តើអ្នកណាបានតម្រូវឲ្យទ្រង់គ្រប់គ្រងផែនដី ឬផ្ទុកលោកីយ៍ទាំងមូលទៅលើទ្រង់
14 បើទ្រង់ផ្ចង់ព្រះហឫទ័យចំពោះតែព្រះអង្គទ្រង់ ហើយប្រមូលវិញ្ញាណ និងខ្យល់ដង្ហើមទ្រង់ ត្រឡប់ទៅវិញ
15 នោះគ្រប់ទាំងសាច់នឹងត្រូវវិនាសទៅទាំងអស់ ហើយមនុស្សនឹងត្រូវត្រឡប់ទៅជាធូលីដីវិញ។
16 ឥឡូវនេះ បើមានយោបល់ពិត នោះសូមស្តាប់សេចក្ដីនេះទៀត សូមផ្ទៀងត្រចៀកចំពោះសំឡេងនៃពាក្យរបស់ខ្ញុំចុះ
17 ឯអ្នកណាដែលស្អប់សេចក្ដីសុចរិត តើនឹងគ្រប់គ្រងបានឬ តើអ្នកហ៊ានថា ព្រះដ៏សុចរិតជាទីបំផុតទ្រង់មានទោសឬ
18 ឯអ្នកណាដែលទូលដល់ស្តេចថា ទ្រង់ជាមនុស្សចោលម្សៀត ឬចំពោះពួកត្រកូលខ្ពស់ថា លោករាល់គ្នាជាមនុស្សអាក្រក់
19 អ្នកណាដែលមិនកោតខ្លាចដល់ពួកអ្នកជាប្រធាន ឬមិនយល់ដល់ពួកអ្នកមានជាជាងអ្នកក្រ ដោយព្រោះគេសុទ្ធតែជាការនៃព្រះហស្តទ្រង់ធ្វើទាំងអស់
20 អ្នកនោះនឹងត្រូវស្លាប់ទៅក្នុង១រំពេចភ្លាមនៅកណ្តាលអធ្រាត្រ ពួកជននឹងរន្ធត់ ហើយបាត់ទៅ ឯមនុស្សសំខាន់ៗក៏ត្រូវដកចេញទៅ ដោយឥតមានដៃអ្នកណាធ្វើដែរ។
21 រីឯព្រះនេត្រទ្រង់បានទតមើលគ្រប់ទាំងផ្លូវរបស់មនុស្ស ក៏ឃើញអស់ទាំងដំណើរដែលគេដើរដែរ
22 គ្មានទីងងឹត ឬម្លប់យ៉ាងក្រាស់ឯណា ដែលពួកអ្នកប្រព្រឹត្តការទុច្ចរិតនឹងពួនខ្លួនបានទេ
23 ដ្បិតព្រះមិនចាំបាច់ពិចារណាមើលមនុស្សជាយូរ ឲ្យបានកោះនាំគេមកជំនុំជម្រះនៅចំពោះទ្រង់នោះទេ
24 ទ្រង់សង្ហារមនុស្សសំខាន់ៗបែបរកយល់មិនបាន រួចទ្រង់តាំងម្នាក់ទៀតឡើងជំនួសគេ
25 គឺដោយព្រោះទ្រង់ជ្រាបអស់ទាំងអំពើរបស់គេ ទ្រង់ក៏ធ្វើឲ្យការទាំងនោះត្រឡប់ត្រឡិន ឲ្យគេវិនាសទៅ
26 ទ្រង់ប្រហារគេទុកដូចជាមនុស្សអាក្រក់ នៅកណ្តាលជំនុំ ចំពោះមុខគេ
27 ដោយព្រោះគេបានបែរចេញមិនតាមទ្រង់ទៀត ហើយមិនព្រមប្រព្រឹត្តតាមផ្លូវណាមួយរបស់ទ្រង់ឡើយ
28 ដល់ម៉្លេះបានជាគេបណ្តាលឲ្យដំងូររបស់មនុស្សក្រីក្រ បានឮទៅដល់ទ្រង់ ទ្រង់ក៏បានឮសម្រែករបស់មនុស្សដែលត្រូវសង្កត់សង្កិនដែរ
29 កាលណាទ្រង់ប្រោសឲ្យមានសេចក្ដីស្រាកស្រាន្តហើយ នោះតើអ្នកណានឹងបណ្តាលឲ្យកម្រើកឡើងទៀតបាន កាលណាទ្រង់លាក់ព្រះភ័ក្ត្រ នោះតើអ្នកណានឹងមើលទ្រង់ឃើញ ហើយនេះក៏ដូចគ្នា ទោះបើនិយាយចំពោះនគរទាំងមូល ឬចំពោះមនុស្សតែម្នាក់ក្តី
30 ដើម្បីកុំឲ្យមានមនុស្សទមិឡល្មើសបានគ្រប់គ្រងឡើង ប្រយោជន៍កុំឲ្យមានអ្នកណាដាក់អន្ទាក់ចាប់ពួកជនឡើយ។
31 ដ្បិតគួរឲ្យទូលដល់ព្រះថា ទូលបង្គំបានទ្រាំរងទោសហើយ ទូលបង្គំលែងធ្វើខុសទៀត
32 បទណាដែលទូលបង្គំមិនដឹង នោះសូមទ្រង់បង្រៀនដល់ទូលបង្គំផង បើទូលបង្គំបានប្រព្រឹត្តអំពើទុច្ចរិត នោះទូលបង្គំនឹងមិនធ្វើទៀតទេ
33 តើទ្រង់ត្រូវប្រទានរង្វាន់មក ឲ្យត្រូវតាមបំណងចិត្តលោកឬ បានជាលោកមិនព្រមទទួលដូច្នេះ ឯការដែលទទួល ឬមិនទទួល នោះស្រេចនៅលោក មិនមែនស្រេចនឹងខ្ញុំទេ ដូច្នេះ សេចក្ដីដែលលោកជ្រាប សូមពោលមកចុះ
34 ឯមនុស្សដែលមានយោបល់ គេនឹងនិយាយមកខ្ញុំ អើ គ្រប់ទាំងមនុស្សមានប្រាជ្ញាដែលស្តាប់ខ្ញុំ គេនឹងថា
35 លោកយ៉ូបពោលពាក្យឥតបើគិត សេចក្ដីរបស់លោកឥតខ្លឹមសារផង
36 ខ្ញុំចូលចិត្តឲ្យលោកយ៉ូបទ្រាំរងសេចក្ដីល្បង រហូតដល់ចុង ដោយព្រោះចម្លើយរបស់លោក ប្រៀបដូចជាពាក្យពោលរបស់មនុស្សអាក្រក់
37 ដ្បិតលោកបន្ថែមសេចក្ដីបះបោរទៅលើអំពើបាបរបស់លោកទៀត លោកទះដៃបង្អាប់នៅកណ្តាលពួកយើង ហើយក៏ចម្រើនពាក្យពោលទាស់នឹងព្រះផង។
ជំពូក 35
1 មួយទៀត អេលីហ៊ូវនិយាយថា
2 សេចក្ដីនេះលោកស្មានថា គួរគប្បីឬ ដែលលោកចង់ថា សេចក្ដីសុចរិតរបស់លោក នោះលើសជាងសេចក្ដីសុចរិតរបស់ព្រះ
3 ដោយពាក្យថា តើមានប្រយោជន៍អ្វីដល់ខ្ញុំ ហើយបើខ្ញុំមិនបានធ្វើបាប នោះតើនឹងបានកម្រៃជាជាងយ៉ាងណាទៅ
4 ខ្ញុំនឹងតបឆ្លើយដល់លោក ហើយដល់ពួកម៉ាករបស់លោកនេះដែរ
5 សូមពិចារណាមើលស្ថានសួគ៌ចុះ ហើយរំពឹងមើលផ្ទៃមេឃ ដែលខ្ពស់ជាងលោកជាយ៉ាងណា
6 បើលោកបានធ្វើបាប នោះតើលោកបានធ្វើឲ្យដាបដល់ទ្រង់យ៉ាងណាខ្លះ បើអំពើរំលងរបស់លោកបានចម្រើនកាន់តែច្រើនឡើង នោះតើលោកបានធ្វើឲ្យដាបដល់ទ្រង់ជាយ៉ាងណា
7 ឬបើលោកសុចរិតវិញ នោះតើលោកបានបន្ថែមអ្វីដល់ទ្រង់ ឬទ្រង់ទទួលអ្វីពីដៃលោក
8 អំពើអាក្រក់របស់លោកអាចនឹងធ្វើបង្ខូចដល់អ្នកដទៃបានជាមនុស្សដូចជាលោកដែរ ហើយសេចក្ដីសុចរិតរបស់លោកនឹងមានប្រយោជន៍ដល់កូនរបស់មនុស្សដទៃបានដែរ។
9 មានគេថ្ងូរ ដោយព្រោះសេចក្ដីសង្កត់សង្កិនយ៉ាងសន្ធឹក ក៏មានគេស្រែករកមនុស្សជួយ ដោយព្រោះតែដៃរបស់មនុស្សមានអំណាចមែន
10 តែឥតមានអ្នកណាថា ឯព្រះដ៏ជាព្រះអង្គបង្កើតខ្ញុំមក ដែលទ្រង់បណ្តាលឲ្យច្រៀងនៅវេលាយប់
11 ហើយបង្រៀនដល់យើង ជាជាងសត្វតិរច្ឆាននៅផែនដី ក៏ឲ្យមានប្រាជ្ញាលើសជាងសត្វហើរលើអាកាស តើទ្រង់នៅឯណា នោះទេ
12 គេស្រែកនៅទីនេះ ឥតមានអ្នកណាឆ្លើយឡើយ ដោយព្រោះសេចក្ដីឆ្មើងឆ្មៃរបស់មនុស្សអាក្រក់
13 ពិតប្រាកដជាព្រះទ្រង់មិនព្រមស្តាប់សម្រែកដែលស្រែកជាទទេៗដែរ ព្រះដ៏មានគ្រប់ព្រះចេស្តា ទ្រង់មិនព្រមទាំងក្រឡេកមើលផង
14 ចំណង់បើលោកដែលពោលថា លោកមើលទ្រង់មិនឃើញ នោះតើយ៉ាងណាទៅ ឯរឿងរ៉ាវនោះក៏នៅចំពោះទ្រង់ ហើយគឺលោកវិញដែលត្រូវរង់ចាំទ្រង់ទេតើ
15 ប៉ុន្តែ ឥឡូវនេះដែលយ៉ូបថា ទ្រង់មិនធ្វើទោសដោយសេចក្ដីក្រោធទេ ក៏មិនសូវរវល់នឹងសេចក្ដីឆ្មើងឆ្មៃដែរ
16 នោះខ្ញុំថា លោកបានបើកមាត់បញ្ចេញតែសេចក្ដីឥតប្រយោជន៍ ហើយបានចម្រើនពាក្យសំដីឥតបើគិតវិញ។
ជំពូក 36
1 អេលីហ៊ូវក៏ពោលតទៅថា
2 សូមទ្រាំចាំខ្ញុំបន្តិចសិន ខ្ញុំនឹងបង្ហាញលោក ដ្បិតខ្ញុំនៅមានសេចក្ដីខ្លះនឹងពោលតម្កើងពីព្រះ
3 ខ្ញុំនឹងនាំយកសេចក្ដីចេះដឹងរបស់ខ្ញុំមកពីចម្ងាយ ហើយនិងសម្ដែងច្បាស់ថា ព្រះដែលបង្កើតខ្ញុំទ្រង់សុចរិត
4 ដ្បិតពិតជាពាក្យខ្ញុំ មិនមែនជាពាក្យកំភូតទេ គឺមានព្រះដ៏មានតម្រិះសព្វគ្រប់ ទ្រង់គង់នៅជាមួយនឹងខ្ញុំវិញ
5 មើល ព្រះទ្រង់មានព្រះចេស្តា តែទ្រង់មិនមើលងាយដល់អ្នកណាឡើយ ទ្រង់មានឥទ្ធិឫទ្ធិដោយកម្លាំងនៃព្រះតម្រិះ
6 ទ្រង់មិនគាំពារជីវិតរបស់មនុស្សអាក្រក់ នោះទេ តែទ្រង់ប្រោសមនុស្សដែលត្រូវវេទនាតាមត្រឹមត្រូវ
7 ទ្រង់មិនដកព្រះនេត្រចេញពីមនុស្សសុចរិតឡើយ គឺទ្រង់តាំងឲ្យគេអង្គុយលើបល្ល័ង្ក ជាមួយនឹងពួកស្តេច ឲ្យនៅអស់កល្បជានិច្ចវិញ ហើយគេបានថ្កើងឡើង
8 បើកាលណាគេត្រូវជាប់ច្រវាក់ ឬជាប់ចំណងនៃសេចក្ដីវេទនា
9 នោះទ្រង់ក៏បង្ហាញឲ្យគេឃើញអំពើរបស់គេ ព្រមទាំងសេចក្ដីរំលងរបស់គេ ដែលគេប្រព្រឹត្តដោយហួសល្បត់
10 ទ្រង់ក៏បើកត្រចៀកគេឲ្យស្តាប់សេចក្ដីដំបូន្មាន ហើយបង្គាប់ឲ្យគេវេះចេញពីសេចក្ដីទុច្ចរិតវិលមកវិញ
11 បើគេស្តាប់តាម ហើយគោរពប្រតិបត្តិដល់ទ្រង់ នោះគេនឹងរស់នៅអស់ទាំងថ្ងៃនៃអាយុគេ ដោយសេចក្ដីរុងរឿង ហើយអស់ទាំងឆ្នាំគេ ដោយសេចក្ដីអំណរ
12 ប៉ុន្តែ បើគេមិនស្តាប់វិញ នោះគេនឹងត្រូវវិនាសទៅដោយដាវ ហើយនិងស្លាប់ទៅដោយខ្វះប្រាជ្ញា
13 ឯពួកអ្នកដែលមានចិត្តទមិឡល្មើស គេប្រមូលទុកសេចក្ដីខ្ញាល់ ហើយកាលណាទ្រង់ចងគេ នោះគេមិនអំពាវនាវទេ
14 ព្រលឹងគេស្លាប់ទៅក្នុងវ័យនៅក្មេងនៅឡើយ ហើយជីវិតគេក៏នៅរួមនឹងពួកស្មោកគ្រោក
15 ទ្រង់ជួយអ្នកដែលមានសេចក្ដីទុក្ខ ឲ្យរួចដោយការរងទុក្ខរបស់គេនោះ ក៏បើកត្រចៀកគេក្នុងគ្រាដែលកើតមានសេចក្ដីសង្កត់សង្កិន
16 អើ ទ្រង់សព្វព្រះហឫទ័យចង់នាំលោកចេញពីទីចង្អៀត ទៅឯទីធំទូលាយវិញ ជាទីគ្មានសេចក្ដីត្បៀតត្បុលឡើយ យ៉ាងនោះ អាហារដែលបានដាក់លើតុលោក នឹងបានជារបស់មានរសដ៏ប្រសើរ។
17 ប៉ុន្តែ លោកបានសម្រេចពេញទី តាមសេចក្ដីជំនុំជម្រះរបស់មនុស្សអាក្រក់ ដូច្នេះ សេចក្ដីយុត្តិធម៌ និងសេចក្ដីសុចរិតបានចាប់លោកហើយ
18 កុំបីលោកទុកឲ្យសេចក្ដីក្រោធបណ្តាលឲ្យទាស់ទទឹងនឹងការរាងចាលឡើយ ក៏កុំឲ្យថ្លៃលោះយ៉ាងធំក្រៃលែងនេះ នាំឲ្យលោកវង្វេងចេញដែរ
19 តើសម្រែករបស់លោក ឬឫទ្ធិនៃកម្លាំងលោកនឹងបានល្មម អាចនឹងជួយឲ្យលោករួចពីសេចក្ដីទុក្ខនេះបានឬទេ
20 កុំឲ្យសង្វាតចង់បានពេលយប់ ជាពេលដែលពួកជនត្រូវដកចេញពីកន្លែងគេនោះឡើយ
21 ត្រូវឲ្យប្រយ័ត និងចៀសចេញពីសេចក្ដីទុច្ចរិត ដ្បិតលោកបានរើសសេចក្ដីនោះជំនួសការរងទុក្ខវិញ។
22 មើល ព្រះទ្រង់ធ្វើការយ៉ាងខ្ពស់វិសេស ដោយឫទ្ធិរបស់ទ្រង់ តើមានគ្រូឯណាដែលប្រៀបផ្ទឹមនឹងទ្រង់បាន
23 តើអ្នកណាបានបង្គាប់បង្ហាញផ្លូវដែលទ្រង់ត្រូវដើរ ឬអ្នកណាហ៊ានថា ទ្រង់បានប្រព្រឹត្តការទុច្ចរិត
24 ត្រូវឲ្យលោកនឹកចាំ និងលើកតម្កើងការទ្រង់វិញ គឺជាការដែលមនុស្សលោកបានច្រៀងសរសើរដែរ
25 មនុស្សផងទាំងឡាយរំពឹងមើលការនោះ តែគេមើលពីចម្ងាយទេ
26 មើល ព្រះទ្រង់ធំណាស់ យើងរាល់គ្នាមិនស្គាល់ទ្រង់ទេ ចំនួនឆ្នាំនៃព្រះជន្មទ្រង់ នោះរកកំណត់មិនបាន
27 គឺទ្រង់ដែលជក់ទឹកទៅលើ ឲ្យប្រែជាចំហាយ រួចទម្លាក់ជាភ្លៀងវិញ
28 ជាទឹកដែលពពកចាក់ចុះមក ឲ្យធ្លាក់ជាបរិបូរ ស្រោចស្រពលើមនុស្សលោក
29 អើ តើមានអ្នកណាយល់ពីការរាចពពក ឬពីសៀងផ្គរនៅឯពន្លារបស់ទ្រង់បាន
30 មើល ទ្រង់បំព្រាចពន្លឺរស្មីព័ទ្ធជុំវិញទ្រង់ ហើយក៏គ្របបាំងទាំងបាតសមុទ្រផង
31 ដ្បិតគឺដោយសារការទាំងនោះ ដែលទ្រង់ពិចារណាមើលអស់ទាំងសាសន៍ ទ្រង់ប្រោសប្រទានអាហារឲ្យជាបរិបូរ
32 ទ្រង់យករន្ទះកាន់នៅព្រះហស្ត ហើយក៏បាញ់ទៅចំពួកខ្មាំងសត្រូវ
33 សូរគ្រាំគ្រេងនោះសម្ដែងពីទ្រង់ ដូចជាក៏ឲ្យពពួកសត្វដឹងពេលដែលត្រូវភ្លៀងផ្គរនោះដែរ។
ជំពូក 37
1 អើ ដំណើរនេះធ្វើឲ្យចិត្តខ្ញុំញ័រ ក៏ឲ្យកម្រើកឃ្លាតពីកន្លែងទៅ
2 ចូរស្តាប់ ឱសូមស្តាប់សូរគឹកកងនៃសំឡេងទ្រង់ផង គឺជាសូររំពងពីព្រះឱស្ឋទ្រង់
3 ទ្រង់តែងកម្ចាយឲ្យឮពេញក្រោមផ្ទៃមេឃ ទ្រង់ឲ្យឃើញផ្លេកបន្ទោររបស់ទ្រង់ទៅដល់ចុងផែនដីបំផុត
4 រួចមកមានឮសូរគំរាមគ្រាំគ្រេង ទ្រង់បញ្ចេញផ្គរដោយសំឡេងនៃឫទ្ធានុភាពទ្រង់ រួចទ្រង់មិនឃាត់ផ្លេកបន្ទោរ ក្នុងកាលដែលសំឡេងទ្រង់បានឮនោះទេ
5 ព្រះទ្រង់បញ្ចេញសំឡេងជាផ្គរលាន់យ៉ាងអស្ចារ្យ ក៏ធ្វើការយ៉ាងធំដែលយើងរាល់គ្នារកយល់មិនបាន
6 ដ្បិតទ្រង់បង្គាប់ដល់ហិមៈថា ចូរធ្លាក់ទៅលើផែនដី ក៏បង្គាប់ដល់ភ្លៀង១មេ និងភ្លៀងធំរបស់ទ្រង់យ៉ាងដូច្នោះដែរ
7 នោះទ្រង់បំបិទដៃនៃមនុស្សទាំងឡាយ ដើម្បីឲ្យមនុស្សទាំងប៉ុន្មានដែលទ្រង់បានបង្កើតបានដឹង
8 គ្រានោះ សត្វព្រៃរកទីជ្រក ហើយក៏នៅតែក្នុងរូងរបស់វា
9 ខ្យល់ព្យុះផាត់មកពីទិសខាងត្បូង ហើយរងាក៏មកពីខាងជើង
10 ព្រះទ្រង់ប្រទានឲ្យមានទឹកកក ដោយសារខ្យល់ដង្ហើមទ្រង់ ឯទីទឹកទាំងប៉ុន្មានក៏កករួញទៅដែរ
11 ទ្រង់ផ្ទុកពពកយ៉ាងក្រាស់ ដោយចំហាយទឹក ហើយទ្រង់ផ្សាយពពកនៃផ្លេកបន្ទោរទ្រង់ឲ្យសុសសាយ
12 ពពកនោះក៏អណ្តែតត្រសែតទៅតាមព្រះហឫទ័យទ្រង់ ដើម្បីឲ្យបានធ្វើគ្រប់ទាំងអស់ដែលទ្រង់បង្គាប់ នៅលើទីផ្សេងៗនៅផែនដី ដែលមានមនុស្សនៅ
13 ទ្រង់ធ្វើឲ្យកើតយ៉ាងដូច្នេះ ដើម្បីជាការផ្ចាញ់ផ្ចាល ឬសម្រាប់ស្រោចដីគេ ដោយសេចក្ដីសប្បុរសរបស់ទ្រង់។
14 ឱយ៉ូបអើយ សូមស្តាប់សេចក្ដីនេះចុះ សូមឈរឲ្យនឹង ហើយពិចារណាអស់ទាំងការអស្ចារ្យរបស់ព្រះសិន
15 តើលោកជ្រាបពីព្រះទ្រង់ដាក់កម្រិតរបស់ទាំងនោះជាយ៉ាងណា ពីទ្រង់ធ្វើឲ្យផ្លេកបន្ទោរនៃពពកទ្រង់ភ្លឺផ្លេកៗដូចម្តេចឬទេ
16 តើលោកយល់ពីទំងន់នៃពពកជាយ៉ាងណា គឺជាកិច្ចការអស្ចារ្យរបស់ព្រះដ៏មានតម្រិះសព្វគ្រប់ឬទេ
17 តើលោកជ្រាបឬ ពីហេតុអ្វីដែលសម្លៀកបំពាក់លោកក្តៅពេក ក្នុងកាលដែលផែនដីស្ងប់ដោយខ្យល់បក់មកពីខាងត្បូង
18 តើលោកអាចនឹងជួយទ្រង់ក្នុងការផែផ្ទៃមេឃដែលរឹងជាងផែនកញ្ចក់សិតបានឬទេ
19 សូមបង្ហាញសេចក្ដីដែលយើងរាល់គ្នាត្រូវទូលដល់ទ្រង់ ដ្បិតនៅក្នុងសេចក្ដីងងឹតដែលគ្របលើយើង នោះយើងមិនចេះរៀបចំពាក្យសំដីទេ
20 តើត្រូវឲ្យមានអ្នកណាទូលទ្រង់ពីខ្ញុំកំពុងតែទូលឬអី បើអ្នកណាទូល នោះនឹងត្រូវលេបបាត់ជាពិតប្រាកដ។
21 រីឯមនុស្ស គេមើលថ្ងៃដែលភ្លឺនៅលើមេឃមិនឃើញទេ ទាល់តែមានខ្យល់បក់មកផាត់ពពកឲ្យស្រឡះទៅ
22 ពីទិសខាងជើងមានចេញជារស្មីដ៏រុងរឿង តែព្រះទ្រង់មានឫទ្ធានុភាពគួរស្ញែងខ្លាច
23 ឯព្រះដ៏មានគ្រប់ព្រះចេស្តា យើងរាល់គ្នាពុំអាចនឹងរកទ្រង់ឃើញទេ ទ្រង់មានតេជានុភាពដ៏ខ្ពស់បំផុត តែដោយទ្រង់មានសេចក្ដីយុត្តិធម៌ និងសេចក្ដីសុចរិតពោរពេញ បានជាទ្រង់នឹងមិនធ្វើទុក្ខទេ
24 ហេតុនោះបានជាមនុស្សតែងតែកោតខ្លាច នៅចំពោះទ្រង់ តែទ្រង់មិនយោគយល់អ្នកណា ដោយគេមានចិត្តប្រាជ្ញព្រោកទេ។
ជំពូក 38
1 ខណៈនោះ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលពីក្នុងខ្យល់កួចតបនឹងយ៉ូបថា
2 តើអ្នកណានេះដែលបង្អាប់ព្រះតម្រិះ ដោយសារពាក្យសំដីឥតប្រាជ្ញាដូច្នេះ
3 ចូរក្រវាត់ចង្កេះឯង ដូចជាមនុស្សក្លាហានឥឡូវចុះ អញនឹងសួរឯង ហើយឯងត្រូវប្រាប់ដល់អញ
4 តើឯងនៅឯណាក្នុងកាលដែលអញចាប់តាំងបង្កផែនដីឡើង ចូរប្រាប់មក បើឯងមានយោបល់
5 បើឯងដឹង តើអ្នកណាបានកំណត់ទំហំផែនដី តើអ្នកណាបានសន្ធឹងខ្សែទៅវាស់
6 តើឫសផែនដីបានជាប់នៅលើអ្វី តើអ្នកណាបានបញ្ចុះថ្មជ្រុងនោះ
7 ក្នុងកាលដែលផ្កាយព្រឹកបានច្រៀងជាមួយគ្នា ហើយអស់ទាំងកូនព្រះបានស្រែកអរសាទរ។
8 តើអ្នកណាបានបិទទ្វារទប់សមុទ្រទុក ក្នុងកាលដែលធ្លាយចេញមក បែបដូចជាសម្រាលចេញពីផ្ទៃម្តាយ
9 គឺក្នុងកាលដែលអញបានហ៊ុមដោយពពក ទុកដូចជាអាវ ហើយរុំព័ទ្ធនឹងសេចក្ដីងងឹតជាយ៉ាងក្រាស់ ទុកជាកន្សែង
10 ព្រមទាំងដាក់គោលចារឹកឲ្យ ហើយក៏ដាក់រនុក និងទ្វារផង
11 ដោយពាក្យថា ឯងនឹងមកបានតែត្រឹមនេះ និងហួសទៅទៀតមិនបាន រលកដ៏អង់អាចរបស់ឯងត្រូវឈប់នៅទីនេះ។
12 តាំងពីឯងកើតមក តើឯងដែលបង្គាប់ដល់ពេលព្រឹក ឬឲ្យបច្ចូសកាលដឹងកំណត់
13 ដើម្បីឲ្យបានចាប់ចុងផែនដីបំផុត ឲ្យមនុស្សអាក្រក់ត្រូវរលាស់ចេញទៅឬទេ
14 ពន្លឺនោះក៏ប្រែទៅបែបដូចជាដីឥដ្ឋនៅក្រោមត្រា ហើយផែនដីមានភាពដូចជាពាក់អាវ
15 ឯពួកមនុស្សអាក្រក់ គេត្រូវបង្អត់ពន្លឺ ហើយដៃគេដែលបានលើកឡើងជាស្រេច នោះបានត្រូវបាក់វិញ។
16 តើឯងដែលចូលទៅក្នុងរន្ធនៃទឹកសមុទ្រ ឬបានដើរចុះទៅរកទីជម្រៅនៃបាតសមុទ្រឬទេ
17 ឯទ្វារនៃសេចក្ដីស្លាប់ តើបានសម្ដែងមកឲ្យឯងឃើញ ឬឯងបានឃើញទ្វារនៃម្លប់សេចក្ដីស្លាប់ហើយឬនៅ
18 តើឯងបានពិចារណាឃើញទទឹងបណ្តោយនៃផែនដីឬ ចូរប្រាប់មកចុះ បើឯងដឹងសេចក្ដីទាំងអស់នេះហើយ។
19 តើផ្លូវឯណាដែលនាំទៅដល់សំណាក់នៃពន្លឺ ឯសេចក្ដីងងឹត តើមានកន្លែងនៅឯណា
20 ដើម្បីឲ្យឯងបាននាំទៅដល់ព្រំដែន ហើយឲ្យឯងបានស្គាល់ផ្លូវទៅឯទីលំនៅនៃសេចក្ដីនោះ
21 ប្រាកដជាឯងដឹងមែន ដ្បិតនៅគ្រានោះ ឯងបានកើតមកហើយ ឯអាយុឯង ក៏វែងយូរណាស់ផង
22 តើឯងបានចូលទៅក្នុងឃ្លាំងនៃហិមៈហើយឬ តើបានឃើញឃ្លាំងនៃព្រិល
23 ដែលអញបានបម្រុងទុកសម្រាប់គ្រាអន្តរាយឬ គឺដល់ថ្ងៃតតាំងគ្នាក្នុងគ្រាមានចម្បាំង
24 តើពន្លឺបានចែកទៅ ឬខ្យល់ពីខាងកើតបានផ្សាយទៅលើផែនដីតាមផ្លូវណា។
25 តើអ្នកណាបានជីកផ្លូវឲ្យទឹកធំហូរមក ឬផ្លូវឲ្យផ្លេកបន្ទោរនៃផ្គរ
26 ដើម្បីនឹងបង្អុរភ្លៀងមកលើស្រុកដែលឥតមានអ្នកណានៅ ឬមកលើទីរហោស្ថាន ដែលគ្មានមនុស្សអាស្រ័យនោះឡើយ
27 ប្រយោជន៍តែនឹងចម្អែតដីចោលទទេ ហើយហួតហែង និងធ្វើឲ្យស្មៅពន្លកដុះឡើងនោះ
28 តើភ្លៀងមានឪពុកឬ តើអ្នកណាបានបង្កើតដំណក់សន្សើម
29 តើទឹកកកបានចេញពីផ្ទៃអ្នកណា តើអ្នកណាបានបង្កើតសន្សើមកកដែលមកពីលើមេឃ
30 ឯទឹកក៏ក្លាយទៅដូចជាថ្ម ហើយខាងលើទីជម្រៅ នោះទឹកបានកកហើយ។
31 តើឯងអាចនឹងចងទុកនូវកញ្ចុំនៃផ្កាយកូនមាន់ ឬស្រាយចំណងនៃផ្កាយនាយព្រានបានឬ
32 តើឯងអាចនឹងនាំរាសីច័ក្រទាំងប៉ុន្មានចេញតាមរដូវបាន ឬ និងតម្រង់ផ្កាយក្រពើ ព្រមទាំងកូនផងបានឬ
33 តើឯងស្គាល់របៀបនៅលើផ្ទៃមេឃហើយឬ តើឯងនឹងបង្គាប់អំណាចនៃរបស់ទាំងនោះលើផែនដីបានដែរឬ។
34 តើឯងនឹងបន្លឺសំឡេងឡើង បង្គាប់ដល់ពពក ឲ្យបានទឹកជាបរិបូរធ្លាក់មកលើឯងបានឬ
35 តើអាចនឹងបញ្ចេញផ្លេកបន្ទោរ ឲ្យបានចេញទៅ ដោយឆ្លើយមកឯងថា «បាទ» បានឬទេ
36 តើអ្នកណាបានដាក់ប្រាជ្ញានៅក្នុងចិត្ត ឬឲ្យមានយោបល់នៅក្នុងវិញ្ញាណ
37 តើអ្នកណានឹងរាប់ពពកដោយប្រាជ្ញាបាន ឬនឹងផ្អៀងដបនៃផ្ទៃមេឃឲ្យទឹកចេញមក
38 ដើម្បីឲ្យធូលីបានហូរប្រសព្វគ្នា ហើយឲ្យដុំដីបានរលាយជាប់គ្នាវិញ។
39 តើឯងនឹងរករំពាឲ្យសិង្ហញី ឬចម្អែតដល់កូនសិង្ហដែលឃ្លាន
40 ក្នុងកាលដែលដេកនៅក្នុងរូងរបស់វា ឬម៉បចាំសង្គ្រុបនៅទីកំបាំងបានឬទេ
41 តើអ្នកណាផ្គត់ផ្គង់អាហារឲ្យក្អែក ក្នុងកាលដែលកូនវាស្រែកសូមដល់ព្រះ ហើយហើរចុះឡើង ដោយព្រោះខ្វះអាហារ។
ជំពូក 39
1 តើឯងដឹងជាវេលាណាដែលពពែព្រៃ នៅភ្នំថ្មសម្រាលកូន ឬនឹងចំណាំបានពេលដែលក្តាន់ញីទម្លាក់កូនឬទេ
2 តើឯងនឹងកំណត់ដឹងជាវាត្រូវមានទំងន់ប៉ុន្មានខែ ឬរដូវដែលនឹងកើតកូនមកឬទេ
3 វាចំកោងខ្លួនសម្រាលកូនមក រួចផុតពីសេចក្ដីឈឺចាប់របស់វា
4 កូនវាត្រឡប់ជារឹងប៉ឹង ហើយក៏ធំឡើងនៅវាលស្រឡះ រួចឃ្លាតចេញពីមេទៅ ឥតត្រឡប់មកវិញឡើយ។
5 តើអ្នកណាបានលែងលាព្រៃឲ្យមានសេរីភាព ឬអ្នកណាបានស្រាយចំណងលាផ្លាង
6 ដែលអញបានឲ្យមានទីកន្លែងនៅទីរហោស្ថាន ហើយទីមានដីប្រៃជាលំនៅវា
7 វាតោះតើយនឹងការអ៊ឹកធឹកនៅទីក្រុង ក៏មិនឮសម្រែកនៃអ្នកបញ្ចេរវាឡើយ
8 ដងភ្នំជាទីរកស៊ីរបស់វា វាខំស្វែងរកអស់ទាំងស្លឹកខៀវខ្ចី។
9 តើគោព្រៃនឹងសុខចិត្តឲ្យឯងប្រើឬ តើវានឹងនៅជាប់ក្បែរទ្រុងស្មៅរបស់ឯងឬ
10 ឯងអាចនឹងចងគោព្រៃឲ្យភ្ជួរតាមគន្លងបានឬទេ តើវានឹងព្រមរាស់វាលច្រកភ្នំតាមឯងទៅឬទេ
11 តើឯងនឹងទុកចិត្តដល់វា ដោយព្រោះមានកម្លាំងខ្លាំង ឬនឹងទុកការឯងឲ្យវាធ្វើបានឬទេ
12 តើឯងនឹងពឹងវាឲ្យដឹកស្រូវឯងចូលមក ព្រមទាំងប្រមូលស្រូវនៅលានឯងឬទេ។
13 ឯស្លាបសត្វអូសទ្រីច ញី វាទទះដោយអំណរ តែចំអេងនឹងស្លាបវា តើជារបស់សត្វកុកឬ
14 វាពងចោលនៅលើដី ក៏បង្ហប់ពងឲ្យក្តៅដោយសារខ្សាច់
15 ដោយឥតនឹកថា ជើងគេនឹងជាន់បំបែកបង់ ឬសត្វព្រៃណានឹងជាន់ឈ្លីទៅទេ
16 វាទុរជនចំពោះកូន ដូចជាមិនមែនរបស់ខ្លួនទេ ហើយដែលវាពងជាឥតប្រយោជន៍នោះ ក៏មិនរវល់ផង
17 ពីព្រោះព្រះទ្រង់បង្អត់ប្រាជ្ញាដល់វា ក៏មិនបានប្រទានឲ្យវាមានយោបល់ដែរ
18 វេលាណាដែលវាចំអើតខ្លួនខ្ពស់ឡើង នោះវាមើលងាយដល់ទាំងសេះ និងអ្នកជិះផង។
19 តើឯងឬអី ដែលឲ្យសេះមានកម្លាំង តើឯងឬអីដែលតាក់តែងឲ្យសេះមានសក់ដែលរលាស់ដោយខ្យល់
20 តើឯងឬអី ដែលធ្វើឲ្យវាអាចលោតដូចជាកណ្តូប ឯអាការៈកំញើញរបស់វា នោះគួរស្ញែងខ្លាច
21 វាកាយបូលដីនៅវាលច្រកភ្នំ ហើយក៏អរសប្បាយដោយកម្លាំងវា ក៏ចេញទៅប្រទល់នឹងមនុស្សដែលពាក់គ្រឿងសស្ត្រាវុធ
22 វាមើលងាយសេចក្ដីភិតភ័យ ហើយមិនចេះរុញរាឡើយ ក៏មិនដែលគេចចេញពីដាវដែរ
23 បំពង់ព្រួញក៏ឮក្រុកក្រាក់នៅលើវា ព្រមទាំងលំពែងដែលភ្លឺផ្លេកៗ និងដែកពួយផង
24 វាកញ្ជ្រោលអន្ទះសាទាំងតន្ត្រំដី ហើយកាលឮសូរត្រែ នោះទប់វាមិនបានឡើយ
25 វេលាណាដែលវាឮសូរត្រែ នោះវាស្រែកថា ហេះហេ វាស្រងក្លិនចម្បាំងពីចម្ងាយ ក៏ស្គាល់សម្រែកនៃពួកមេទ័ព និងសូរទ្រហឹងអឺងអាប់។
26 តើអកហើរសំកាំងស្លាប ហើយត្រដាងស្លាបវាទៅទិសខាងត្បូង ដោយប្រាជ្ញារបស់ឯងឬ
27 តើឥន្ទ្រីហើរទៅលើ ហើយធ្វើសំបុកនៅទីខ្ពស់តាមបង្គាប់ឯងឬអី
28 វានៅលើទីចំហុងភ្នំ ក៏ធ្វើសំបុកនៅទីនោះ គឺនៅទីបំផុតនៃញកភ្នំជាទីមាំមួន
29 ពីទីនោះវាក្រឡេកគន់រករំពា ភ្នែកវាមើលទៅឃើញឆ្ងាយ
30 កូនវាក៏ជញ្ជក់ស៊ីឈាម ឯកន្លែងណាដែលមានគេសម្លាប់គ្នា នោះវាក៏មាននៅទីនោះ។
ជំពូក 40
1 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដល់យ៉ូបទៀតថា
2 ឯងដែលប្រកាន់ទោសដូច្នេះ តើនឹងធ្វើឲ្យព្រះដ៏មានគ្រប់ព្រះចេស្តារាងចាលឬ ឯងដែលបន្ទោសដល់ព្រះដូច្នេះ ចូរឆ្លើយមកចុះ។
3 នោះយ៉ូបទូលឆ្លើយដល់ព្រះយេហូវ៉ាថា
4 មើល ទូលបង្គំថោកទាបណាស់ តើនឹងទូលដល់ទ្រង់ដូចម្តេចបាន ទូលបង្គំនឹងដាក់ដៃខ្ទប់មាត់វិញ
5 ទូលបង្គំបាននិយាយម្តងហើយ ឥឡូវមិនឆ្លើយទៀតឡើយ អើ បាននិយាយ២ដងផង តែលែងពោលអ្វីទៀតហើយ។
6 នោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលពីក្នុងខ្យល់កួច តបដល់យ៉ូបថា
7 ចូរក្រវាត់ចង្កេះឯង ដូចជាមនុស្សក្លាហានឥឡូវចុះ ដ្បិតអញនឹងសួរឯង ហើយឯងត្រូវប្រាប់ដល់អញ
8 តើឯងចង់រំលុបរំលាងទាំងសេចក្ដីវិនិច្ឆ័យរបស់អញផងឬ តើឯងនឹងកាត់ទោសដល់អញឲ្យតែឯងបានសុចរិតឬអី
9 តើឯងមានដៃដូចព្រះដែរឬ តើឯងចេះបញ្ចេញសំឡេងជាផ្គរដូចជាទ្រង់បានឬទេ។
10 ចូរឯងតែងខ្លួនដោយសេចក្ដីរុងរឿង និងសេចក្ដីខ្ពង់ខ្ពស់ឥឡូវ ចូរប្រដាប់ខ្លួនដោយកិត្តិយស និងសិរីល្អចុះ
11 ចូរឲ្យឯងកម្ចាយសេចក្ដីកំហឹងឯង ឲ្យសុសសាយទៅ ហើយបង្ក្រាបគ្រប់ទាំងមនុស្សដែលមានឫកខ្ពស់ ដោយ១ក្រឡេកភ្នែកចុះ
12 ចូរមើលទៅគ្រប់ទាំងមនុស្សឆ្មើងឆ្មៃ ហើយបន្ទាបគេ ចូរជាន់ឈ្លីពួកមនុស្សអាក្រក់នៅកន្លែងដែលគេឈរតែម្តង
13 ចូរកប់គេទាំងអស់គ្នានៅក្នុងដី ហើយចង់គ្រលុំមុខគេ ទុកក្នុងទីងងឹតនៃផ្នូរ
14 នោះអញនឹងថ្លែងប្រាប់ពីឯងថា ដៃស្តាំនៃឯងអាចនឹងជួយសង្គ្រោះឯងបាន។
15 មើលដំរីទឹកដែលអញបានបង្កើតមកដូចឯងដែរ វាស៊ីស្មៅដូចគោ
16 មើល កម្លាំងវានៅត្រង់ចង្កេះ ហើយសេចក្ដីប្រឹងប្រែងរបស់វានៅត្រង់សរសៃពោះ
17 វាបក់កន្ទុយ ដូចជាដើមតាត្រៅ ហើយអស់ទាំងសរសៃលោងរបស់វាព័ន្ធពាក់លើគ្នា
18 ឆ្អឹងវាដូចជាបំពង់លង្ហិន ហើយឆ្អឹងជំនីរដូចជាចំរ៉ឹងដែក
19 វាជាការយ៉ាងសំខាន់របស់ព្រះ ហើយព្រះដែលបង្កើតវាក៏បានប្រទានឲ្យមានចង្កូម
20 ឯអាហារវា ក៏ដុះនៅលើភ្នំ ជាកន្លែងដែលសត្វព្រៃទាំងឡាយប្រឡែងគ្នា
21 វាដេកនៅក្រោមម្លប់ឈើ ជាទីកំបាំងក្នុងព្រៃកក់
22 ដើមឈើបាំងម្លប់គ្របលើវា ហើយដើមចាកតាមមាត់ទឹកក៏ព័ទ្ធវាជុំវិញ
23 មើល បើកាលណាទន្លេជន់ឡើង វាមិនភ័យទេ ទោះបើទន្លេដូចយ៉ាងទន្លេយ័រដាន់ឡើងលិចមាត់ច្រាំងក៏ដោយ គង់តែវាមានចិត្តរឹងត្អឹងដែរ
24 តើនឹងចាប់បានក្នុងកាលដែលកំពុងនៅភ្នែកបើក ឬនឹងខ្លុះច្រមុះវាដោយដែកចោះបានឬទេ។
ជំពូក 41
1 តើឯងនឹងស្ទូចចាប់ក្រពើបាន ឬនឹងយកខ្សែទៅចងអណ្តាតវាបានឬទេ
2 តើឯងនឹងដាក់កន្លុះនៅច្រមុះវា ឬយកទំពក់ថ្ពក់ថ្គាមវាបានឬ
3 តើវានឹងអង្វរឯងជាច្រើន ឬនឹងនិយាយពាក្យស្រទន់ដល់ឯងឬទេ
4 តើវានឹងចុះសន្យានឹងឯង ឲ្យឯងបានយកវាទៅបម្រើជាដរាបឬ
5 តើឯងនឹងលេងជាមួយនឹងវា ដូចជាលេងនឹងចាប ឬចងវាទុក ឲ្យពួកទាសីឯងឬទេ
6 តើពួកនេសាទនឹងចាប់វាលក់ដោយបែងចំណែកទៅឲ្យពួកឈ្មួញឬអី
7 តើឯងអាចនឹងចាក់ស្បែកវាពេញដោយផ្លែច្បូក ឬក្បាលវាដោយស្នចាក់ត្រីបានឬទេ
8 ចូរឯងដាក់ដៃពាល់វាមើល រួចឲ្យនឹកចាំទុក កុំឲ្យធ្វើទៀត
9 មើល ដែលចាំចាប់វា នោះស៊ុនខ្លួនហើយ គ្រាន់តែឃើញភាពវាប៉ុណ្ណោះ នោះល្មមស្លុតចិត្តទៅ
10 គ្មានអ្នកណាអាចហ៊ានដាស់វាឡើងឡើយ បើដូច្នេះ តើមានអ្នកណាអាចឈរនៅមុខអញបាន
11 តើអ្នកណាដែលឲ្យអ្វីមកអញជាមុន បានជាអញត្រូវសងគេវិញ សារពើទាំងប៉ុន្មានដែលនៅក្រោមមេឃជារបស់ផងអញទេតើ។
12 អញមិនទាន់ឈប់និយាយពីជើង និងកម្លាំងវា ឬពីរាងដ៏សមសួនរបស់វានៅឡើយ
13 តើមានអ្នកណាអាចនឹងពន្លាត់ស្បែកវាបាន តើអ្នកណាហ៊ានដាក់បង្ហៀរក្នុងមាត់វា
14 តើអ្នកណាអាចនឹងបើកមាត់វាបាន ធ្មេញវានៅព័ទ្ធជុំវិញគួរស្ញែងខ្លាច
15 ស្រកាវាជាទីអំនួតដល់វា ក៏ជាប់គ្នាដូចជាត្រា
16 មួយៗជិតស្និទ្ធគ្នា ដល់ម៉្លេះបានជាខ្យល់ចូលមិនបានផង
17 មួយប្រទល់នឹងមួយ ហើយក៏ជាប់ៗគ្នា និងផ្តាច់ចេញពីគ្នាមិនបានឡើយ
18 កាលណាវាព្រួសទឹកចេញ នោះក៏បែកជាពន្លឺ ភ្នែកវាក៏ដូចជាអរុណរះ
19 មានអណ្តាតភ្លើងចេញពីមាត់វា ហើយផ្កាភ្លើងហើរចេញមកដែរ
20 មានផ្សែងចេញពីរន្ធច្រមុះវាដូចពីឆ្នាំង ឬពីថ្លាងដែលពុះ
21 ខ្យល់ដង្ហើមវាបង្កាត់ភ្លើងឡើង ហើយមានអណ្តាតភ្លើងចេញពីមាត់វាមក
22 នៅត្រង់កវាមានកម្លាំងណាស់ ហើយសេចក្ដីស្ញែងខ្លាចក៏លោតកញ្ឆេងនៅមុខវា
23 សាច់ស្រទាប់របស់វាក៏ជាប់ៗគ្នា ក៏មាំណាស់ និងបកចេញមិនបាន
24 បេះដូងវារឹងដូចជាថ្ម អើ ក៏រឹងដូចថ្មត្បាល់កិន
25 កាលណាវាចំកោងខ្លួនឡើង នោះមនុស្សខ្លាំងពូកែក៏ភ័យខ្លាច ហើយរត់ទៅដោយភាំងស្លុត
26 បើអ្នកណានឹងយកដាវទៅកាប់វា ក៏មិនឈ្នះ ហើយលំពែង ដែកពួយ ឬស្នក៏ឥតប្រយោជន៍
27 វារាប់ដែកដូចជាចំបើង ហើយលង្ហិនដូចជាឈើពុក
28 ព្រួញនឹងធ្វើឲ្យវារត់មិនបាន ហើយថ្មបាញ់ក៏ត្រឡប់ដូចជាជញ្ជ្រាំងដល់វា
29 វារាប់មោងដូចជាចំបើង ហើយក៏សើចឡកដល់ដែកដែលគេពួយមក
30 ពោះវាមានដូចជាអំបែងឆ្នាំង ក៏ធ្វើស្នាមដូចជារនាស់នៅលើភក់
31 វាធ្វើឲ្យទឹកជ្រៅចេញពពុះឡើងដូចជាឆ្នាំង ក៏ធ្វើឲ្យទឹកសមុទ្រត្រឡប់ដូចជាក្រឡពេញដោយកាវយក់
32 វាធ្វើឲ្យមានផ្លូវភ្លឺតាមក្រោយវា គេនឹងស្មានថាទីជម្រៅមានសក់ស្កូវហើយ
33 នៅលើផែនដីគ្មានសត្វណាដូចវាឡើយ ជាសត្វដែលកើតមកឥតមានភ័យខ្លាច
34 វាមើលទៅឃើញគ្រប់ទាំងអស់ដែលខ្ពស់ ជាសត្វដែលគ្រប់គ្រងលើអស់ទាំងសត្វដែលមានសេចក្ដីអំនួត។
ជំពូក 42
1 លំដាប់នោះ យ៉ូបក៏ទូលឆ្លើយដល់ព្រះយេហូវ៉ាថា
2 ទូលបង្គំដឹងថាទ្រង់ធ្វើទាំងអស់កើត ហើយថា នឹងឃាត់ព្រះតម្រិះទ្រង់ណាមួយមិនបាន
3 តើអ្នកណានេះដែលបង្អាប់ព្រះតម្រិះដោយឥតប្រាជ្ញាដូច្នេះ គឺទូលបង្គំនេះឯងបានពោលពាក្យដែលទូលបង្គំមិនបានយល់ ជាសេចក្ដីដែលអស្ចារ្យហួសល្បត់ទូលបង្គំ ដែលទូលបង្គំមិនបានស្គាល់ឡើយ
4 ទ្រង់មានព្រះបន្ទូលថា ចូរស្តាប់ចុះ អញនឹងនិយាយសិន អញនឹងសួរឯង ចូរឯងឆ្លើយប្រាប់អញ
5 កាលពីដើម ត្រចៀកទូលបង្គំបានគ្រាន់តែឮថ្លែងពីទ្រង់ប៉ុណ្ណោះ តែឥឡូវនេះ ភ្នែកទូលបង្គំបានឃើញទ្រង់ជាក់វិញ
6 បានជាទូលបង្គំខ្ពើមដល់ខ្លួន ហើយក៏ប្រែចិត្ត ដោយក្រាបនៅក្នុងធូលីដី ហើយនិងផេះ។
7 ក្រោយដែលព្រះយេហូវ៉ាបានមានព្រះបន្ទូលពាក្យទាំងនេះដល់យ៉ូបហើយ នោះទ្រង់មានព្រះបន្ទូលដល់អេលីផាស ជាសាសន៍ថេម៉ានថា អញមានសេចក្ដីកំហឹងខឹងនឹងឯងហើយ ព្រមទាំងគូកនឯងទាំង២នេះផង ដ្បិតឯងរាល់គ្នាមិនបាននិយាយសេចក្ដីដែលត្រឹមត្រូវពីអញ ដូចជាយ៉ូប ជាអ្នកបម្រើអញទេ
8 ដូច្នេះ ចូរឯងរាល់គ្នាយកគោឈ្មោល៧ និងពពែឈ្មោល៧នាំទៅឯយ៉ូប ជាអ្នកបម្រើអញឥឡូវ រួចថ្វាយតង្វាយដុតសម្រាប់ខ្លួនទៅ នោះយ៉ូប ជាអ្នកបម្រើអញនឹងអធិស្ឋានឲ្យឯងរាល់គ្នា ដ្បិតអញនឹងទទួលវា ក្រែងអញប្រព្រឹត្តនឹងឯងរាល់គ្នាតាមអំពើចម្កួតរបស់ឯង ពីព្រោះឯងរាល់គ្នាមិនបាននិយាយសេចក្ដីដែលត្រឹមត្រូវពីអញ ដូចជាយ៉ូប ជាអ្នកបម្រើអញទេ
9 ដូច្នេះ អេលីផាស សាសន៍ថេម៉ាន ប៊ីលដាឌ សាសន៍ស៊ូអា និងសូផារ សាសន៍ន៉ាអាម៉ា គេក៏ទៅធ្វើតាមបង្គាប់ព្រះយេហូវ៉ា ហើយទ្រង់ក៏ទទួលព្រមតាមយ៉ូប។
10 កាលយ៉ូបបានអធិស្ឋានឲ្យពួកមិត្តសំឡាញ់ខ្លួនហើយ នោះព្រះយេហូវ៉ាទ្រង់ប្រោសឲ្យលោករួចពីចំណងទៅ ហើយទ្រង់ប្រទានឲ្យមានលើសជាងដើម១ជា២ផង
11 គ្រានោះ ពួកបងប្អូនប្រុសស្រីរបស់លោក និងពួកអ្នកទាំងប៉ុន្មានដែលលោកបានស្គាល់កាលពីដើម គេមកសួរលោក ក៏បរិភោគនៅក្នុងផ្ទះជាមួយនឹងលោក គេសម្ដែងសេចក្ដីអាសូរដល់លោក ហើយក៏ជួយកំសាន្តចិត្តពីគ្រប់ទាំងការអាក្រក់ ដែលព្រះយេហូវ៉ាបានឲ្យកើតដល់លោក គ្រប់គ្នាក៏ឲ្យប្រាក់១ដុំៗ និងកង់មាសមួយវង់ៗ ដល់លោករៀងខ្លួន។
12 ព្រះយេហូវ៉ាទ្រង់បានប្រទានពរដល់យ៉ូប នៅជាន់ក្រោយនេះ ជាជាងជាន់ដើមទៅទៀត លោកក៏មានចៀម១ម៉ឺន៤ពាន់ អូដ្ឋ៦ពាន់ គោ១ពាន់នឹម និងលាញី១ពាន់
13 លោកក៏បង្កើតបានកូនប្រុស៧ កូនស្រី៣ទៀត
14 កូនស្រីទី១ លោកឲ្យឈ្មោះយេមីម៉ា ទី២ឈ្មោះកេស៊ីយ៉ា ហើយទី៣ឈ្មោះកេរេន-ហាពូក
15 រីឯនៅគ្រប់ក្នុងស្រុកនោះ គ្មានឃើញស្ត្រីណាដែលមានរូបឆោមពិសី ដូចជាកូនស្រីរបស់យ៉ូបនោះទេ ហើយឪពុកក៏បែងចែកមរដកដល់កូនស្រីទាំងនោះ ដូចជាដល់បងប្អូនប្រុសដែរ
16 ក្រោយពីនោះមក យ៉ូបរស់នៅបាន១៤០ឆ្នាំទៀត លោកក៏ឃើញកូនចៅខ្លួនតទៅដល់៤ដំណ
17 នោះយ៉ូបស្លាប់ទៅ ដោយមានអាយុជាយឺនយូរ ហើយស្កប់ស្កល់នឹងជីវិតផង។:៚