Psalm 1
1 មានពរហើយ អ្នកណាដែលមិនដើរតាមដំបូន្មាន របស់មនុស្សអាក្រក់ ក៏មិនឈរនៅក្នុងផ្លូវរបស់មនុស្សមានបាប ឬអង្គុយនៅជាមួយនឹងពួកមនុស្សដែលមើលងាយ
2 អ្នកនោះត្រេកអរតែនឹងក្រឹត្យវិន័យរបស់ព្រះយេហូវ៉ាវិញ ក៏រំពឹងគិតក្នុងក្រឹត្យវិន័យទ្រង់ទាំងយប់ទាំងថ្ងៃដែរ
3 អ្នកនោះនឹងដូចជាដើមឈើ ដែលដុះនៅក្បែរផ្លូវទឹក ដែលបង្កើតផលតាមរដូវកាល ហើយស្លឹកក៏មិនចេះស្រពោន ឡើយ ឯការអ្វីដែលអ្នកនោះធ្វើ នោះនឹងចម្រើនឡើងទាំងអស់
4 ចំណែកមនុស្សអាក្រក់មិនដូច្នោះទេ គឺគេដូចជាអង្កាមវិញ ដែលខ្យល់ផាត់ខ្ចាត់ខ្ចាយទៅ
5 ដូច្នេះ ពួកមនុស្សអាក្រក់នឹងមិនធន់នៅក្នុងគ្រាជំនុំជម្រះ ទេ ឯពួកមានបាបក៏ឈរក្នុងជំនុំមនុស្សសុចរិតមិនបានដែរ
6 ដ្បិតព្រះយេហូវ៉ាទ្រង់ជ្រាបផ្លូវរបស់មនុស្សសុចរិត តែផ្លូវរបស់មនុស្សអាក្រក់នឹងវិនាសទៅវិញ។
Psalm 2
1 ហេតុអ្វីបានជាអស់ទាំងសាសន៍ជ្រួលជ្រើម ឡើង ហើយសាសន៍ទាំងពួងមានគំនិតជាឥតសារដូច្នេះ
2 ពួកមហាក្សត្រនៅផែនដីលើកគ្នាឡើង ពួកគ្រប់គ្រងទាំងប៉ុន្មានក៏ប្រឹក្សាគ្នាទាស់នឹងព្រះយេហូវ៉ា ហើយទាស់នឹងព្រះអង្គ ដែលទ្រង់បានលាបប្រេង ឲ្យដោយពាក្យថា
3 ចូរយើងផ្តាច់ចំណងទ្រង់ ហើយបោះខ្សែចងរបស់ទ្រង់ពីយើងចេញ
4 ឯព្រះដែលគង់នៅស្ថានសួគ៌ ទ្រង់នឹងសើច ព្រះអម្ចាស់ទ្រង់នឹងចំអកឲ្យគេ
5 រួចទ្រង់នឹងមានព្រះបន្ទូលដល់គេដោយសេចក្ដីក្រោធនៃទ្រង់ ព្រមទាំងបំភ័យគេ ដោយសេចក្ដីឃោរឃៅផង ថា
6 អញបានតាំងស្តេចរបស់អញឡើងហើយ គឺនៅស៊ីយ៉ូន ជាភ្នំបរិសុទ្ធរបស់អញ។
7 ៙ អញនឹងថ្លែងប្រាប់ពីច្បាប់នេះ គឺព្រះយេហូវ៉ាទ្រង់មាន បន្ទូលនឹងអញថា ឯងជាកូនអញ អញបានបង្កើតឯងនៅថ្ងៃនេះ
8 ចូរសូមពីអញ នោះអញនឹងឲ្យសាសន៍ទាំងឡាយដល់ឯង ទុកជាមរដក ហើយអស់ទាំងចុងផែនដីទុកជាកេរអាកររបស់ឯង
9 ឯងនឹងបំបាក់បំបែកគេ ដោយដំបងដែក ព្រមទាំងបោកកម្ទេចគេទៅ ដូចជាភាជនៈរបស់ជាងស្មូន
10 ៙ ដូច្នេះ ឱពួកមហាក្សត្រទាំងប៉ុន្មានអើយ ចូរប្រព្រឹត្តដោយប្រាជ្ញាចុះ ឱពួកអស់ទាំងចៅក្រមនៅផែនដីអើយ ចូរទទួលសេចក្ដីផ្ចាលចុះ
11 ចូរគោរពដល់ព្រះយេហូវ៉ា ដោយកោតខ្លាច ហើយមានសេចក្ដីអំណរ ដោយញ័ររន្ធត់
12 ចូរថើបព្រះរាជបុត្រា ក្រែងទ្រង់ខ្ញាល់ឡើង ហើយឯងរាល់គ្នាត្រូវវិនាសតាមផ្លូវ ដ្បិតបន្តិចទៀត សេចក្ដីខ្ញាល់របស់ទ្រង់នឹងឆួលឡើង មានពរហើយ អស់អ្នកណាដែលយកទ្រង់ជាទីពឹងជ្រក។
Psalm 3
1 ឱព្រះយេហូវ៉ាអើយ ពួកខ្មាំងនៃទូលបង្គំមាន គ្នាកាន់តែច្រើនឡើងយ៉ាងណាហ្ន៎ មានមនុស្សជាច្រើនបានលើកគ្នាទាស់នឹងទូលបង្គំហើយ
2 មានគ្នាច្រើននិយាយពីព្រលឹងទូលបង្គំថា នៅក្នុងព្រះ គ្មានសេចក្ដីសង្គ្រោះដល់វាទៀតទេ។ បង្អង់
3 ៙ ប៉ុន្តែ ឱព្រះយេហូវ៉ាអើយ ទ្រង់ជាខែលបាំងទូលបង្គំជុំវិញ ក៏ជាសិរីល្អនៃទូលបង្គំ ហើយជាអ្នកលើកក្បាលទូលបង្គំឡើងដែរ
4 ខ្ញុំឡើងសំឡេងអំពាវនាវដល់ព្រះយេហូវ៉ា ទ្រង់ក៏ឆ្លើយតបមកខ្ញុំ ពីលើភ្នំបរិសុទ្ធ របស់ទ្រង់។ បង្អង់
5 ៙ ខ្ញុំបានដេកលក់ទៅ ហើយក៏ភ្ញាក់ឡើងវិញ ដ្បិតព្រះយេហូវ៉ាទ្រង់ទប់ទល់ខ្ញុំ
6 ខ្ញុំមិនខ្លាចដល់មនុស្សទាំងសល់សែន ដែលបានតាំងខ្លួនព័ទ្ធជុំវិញទាស់នឹងខ្ញុំឡើយ។
7 ៙ ឱព្រះយេហូវ៉ាអើយ សូមទ្រង់ក្រោកឡើង ឱព្រះនៃទូលបង្គំអើយ សូមទ្រង់ជួយសង្គ្រោះទូលបង្គំផង ដ្បិតគឺទ្រង់ដែលទះកំផ្លៀងអស់ទាំងខ្មាំងសត្រូវនៃទូលបង្គំ ទ្រង់បំបាក់ធ្មេញរបស់ពួកមនុស្សអាក្រក់ដែរ
8 ឯសេចក្ដីសង្គ្រោះ នោះស្រេចនៅព្រះយេហូវ៉ា សូមឲ្យព្រះពរទ្រង់បាននៅលើរាស្ត្រទ្រង់ចុះ។ –បង្អង់
Psalm 4
1 ឱព្រះនៃសេចក្ដីសុចរិតរបស់ទូលបង្គំអើយ កាលណាទូលបង្គំអំពាវនាវ នោះសូមទ្រង់មានព្រះបន្ទូលឆ្លើយមក វេលាណាដែលទូលបង្គំបានកើតមានសេចក្ដីចង្អៀត នោះទ្រង់តែងបន្ធូរឲ្យបានទូលាយវិញ ដូច្នេះ សូមមេត្តាប្រោសដល់ទូលបង្គំ ហើយស្តាប់សេចក្ដីអធិស្ឋានរបស់ទូលបង្គំផង
2 ៙ ឱពួកមនុស្សជាតិអើយ តើឯងរាល់គ្នានឹងធ្វើឲ្យកិត្តិយសរបស់អញ ក្លាយប្រែទៅ ជាអាប់យស ដល់កាលណាទៀត តើនឹងស្រឡាញ់ការឥតប្រយោជន៍ ហើយស្វែងរក សេចក្ដីភូតភរ ដល់កាលណាទៀត។ បង្អង់
3 ៙ ប៉ុន្តែ ត្រូវឲ្យដឹងថា ព្រះយេហូវ៉ាទ្រង់បានញែកមនុស្ស ដែលកោតខ្លាចដល់ទ្រង់ចេញ ទុកសម្រាប់ទ្រង់ ព្រះយេហូវ៉ាទ្រង់នឹងស្តាប់ ក្នុងកាលដែលអញអំពាវនាវដល់ទ្រង់
4 ដូច្នេះ ចូរមានចិត្តញ័រចុះ តែកុំឲ្យធ្វើបាបឡើយ ចូររំពឹងគិតនៅក្នុងចិត្ត ក្នុងកាលដែលដេកលើដំណេក ហើយនៅស្ងៀមចុះ។ បង្អង់
5 ចូរថ្វាយគ្រឿងបូជានៃសេចក្ដីសុចរិត ហើយទុកចិត្តដល់ព្រះយេហូវ៉ាចុះ
6 មានមនុស្សជាច្រើនដែលនិយាយថា តើអ្នកណានឹងសម្ដែងឲ្យយើងឃើញសេចក្ដីល្អ ឱព្រះយេហូវ៉ាអើយ សូមទ្រង់ប្រោសឲ្យរស្មីនៃព្រះភ័ក្ត្រទ្រង់ បានភ្លឺមកលើ យើងខ្ញុំរាល់គ្នា
7 ទ្រង់បានប្រោសឲ្យចិត្តទូលបង្គំមានសេចក្ដីអំណរ លើសជាងពួកទាំងនោះ ក្នុងកាលដែលស្រូវ និងទឹកទំពាំងបាយជូររបស់គេបានសំបូរផង
8 ទូលបង្គំនឹងសម្រាកកាយ ហើយដេកលក់ទៅ ដោយសេចក្ដីស្ងប់ ដ្បិតឱព្រះយេហូវ៉ាអើយ មានតែទ្រង់ទេ ដែលប្រោស ឲ្យទូលបង្គំនៅដោយសាន្តត្រាណបាន។
Psalm 5
1 ឱព្រះយេហូវ៉ាអើយ សូមផ្ទៀងព្រះកាណ៌ស្តាប់ពាក្យរបស់ទូលបង្គំ សូមពិចារណាការរំពឹងគិតរបស់ទូលបង្គំ
2 ឱបរមក្សត្រដ៏ជាព្រះនៃទូលបង្គំអើយ សូមប្រុងស្តាប់សំឡេងនៃពាក្យ ដែលទូលបង្គំអំពាវនាវ ដ្បិតទូលបង្គំអធិស្ឋានដល់ទ្រង់
3 ឱព្រះយេហូវ៉ាអើយ នៅពេលព្រឹក ទ្រង់នឹងឮសំឡេងរបស់ទូលបង្គំ គឺនៅពេលព្រឹក ទូលបង្គំនឹងទូលដល់ទ្រង់ ដោយលំដាប់ ព្រមទាំងរក្សាពេលចាំយាមផង
4 ដ្បិតទ្រង់មិនមែនជាព្រះដែលសព្វព្រះហឫទ័យនឹងសេចក្ដីល្មើសទេ ឯសេចក្ដីអាក្រក់នឹងនៅជាមួយនឹងទ្រង់មិនបាន
5 ពួកឆ្មើងឆ្មៃនឹងឈរនៅចំពោះព្រះនេត្រទ្រង់មិនបានទេ ទ្រង់ក៏ស្អប់បណ្តាអ្នកដែលប្រព្រឹត្តអំពើទុច្ចរិត
6 ទ្រង់នឹងបំផ្លាញពួកអ្នកដែលពោលពាក្យភូតភរ ព្រះយេហូវ៉ាទ្រង់ខ្ពើមឆ្អើមចំពោះមនុស្សដែលតែងតែ កម្ចាយឈាម ហើយបោកប្រាសគេ
7 ឯទូលបង្គំវិញ ទូលបង្គំនឹងចូលទៅក្នុងដំណាក់នៃទ្រង់ ដោយសារសេចក្ដីមេត្តាករុណាដ៏បរិបូររបស់ទ្រង់ ទូលបង្គំនឹងថ្វាយបង្គំនៅក្នុងព្រះវិហារដ៏បរិសុទ្ធរបស់ទ្រង់ ដោយចិត្តកោតខ្លាចដល់ទ្រង់
8 ឱព្រះយេហូវ៉ាអើយ សូមណែនាំទូលបង្គំក្នុងសេចក្ដីសុចរិតរបស់ទ្រង់ ដោយព្រោះពួកខ្មាំងសត្រូវនៃទូលបង្គំ សូមធ្វើឲ្យផ្លូវទ្រង់ត្រង់នៅមុខទូលបង្គំ
9 ដ្បិតនៅក្នុងមាត់ពួកនោះ គ្មានសេចក្ដីពិតឡើយ ខាងក្នុងគេមានសុទ្ធតែសេចក្ដីកាចអាក្រក់ បំពង់កគេជាផ្នូរខ្មោចនៅចំហ គេពោលបញ្ចើចដោយសារអណ្តាត
10 ឱព្រះអង្គអើយ សូមទ្រង់កាត់ទោសដល់គេ សូមឲ្យគេដួលចុះ ដោយឧបាយរបស់ខ្លួនគេ សូមបណ្តេញគេចេញ ដោយព្រោះអំពើរំលងរបស់គេ ដែលច្រើនឥតគណនា ដ្បិតគេបានបះបោរនឹងទ្រង់ហើយ
11 នោះអស់អ្នកដែលពឹងដល់ទ្រង់ គេនឹងរីករាយឡើង គេនឹងច្រៀងដោយអំណរជានិច្ច ពីព្រោះទ្រង់តែង ការពារគេ ហើយអស់អ្នកដែលស្រឡាញ់ព្រះនាមទ្រង់ នឹងបានត្រេកអរ ដោយសារទ្រង់
12 ដ្បិតឱព្រះយេហូវ៉ាអើយ ទ្រង់នឹងប្រទានពរដល់មនុស្សសុចរិត ទ្រង់នឹងបាំងអ្នកទាំងនោះនៅជុំវិញ ដោយព្រះគុណ ទុកដូចជាខែល។
Psalm 6
1 ឱព្រះយេហូវ៉ាអើយ សូមកុំបន្ទោសទូលបង្គំ ក្នុងកាលដែលទ្រង់ខ្ញាល់ ហើយកាលណាទ្រង់មានព្រះហឫទ័យឃោរឃៅ នោះសូមកុំផ្ចាញ់ផ្ចាលទូលបង្គំឡើយ
2 ឱព្រះយេហូវ៉ាអើយ សូមប្រោសមេត្តាដល់ទូលបង្គំផង ដ្បិតទូលបង្គំខ្សោយ ឱព្រះយេហូវ៉ាអើយ សូមប្រោសទូលបង្គំឲ្យជា ដ្បិតឆ្អឹងទូលបង្គំញ័ររន្ធត់
3 ព្រលឹងទូលបង្គំក៏ថប់បារម្ភជាខ្លាំងដែរ ឯទ្រង់ ឱព្រះយេហូវ៉ាអើយ តើដល់កាលណា
4 ឱព្រះយេហូវ៉ាអើយ សូមទ្រង់យាងមកវិញ ហើយប្រោសព្រលឹងទូលបង្គំឲ្យរួច សូមទ្រង់ជួយសង្គ្រោះទូលបង្គំ ដោយយល់ដល់សេចក្ដីសប្បុរសនៃទ្រង់
5 ដ្បិតក្នុងមរណភាព គ្មានសេចក្ដីនឹកចាំពីទ្រង់ទៀតឡើយ នៅស្ថានឃុំព្រលឹងមនុស្សស្លាប់ នោះតើអ្នកណានឹងសរសើរដល់ទ្រង់
6 ទូលបង្គំអស់កម្លាំង ដោយថ្ងូរ ដំណេកទូលបង្គំត្រូវទទឹកជោកទាល់ភ្លឺ ទឹកភ្នែកទូលបង្គំហូរស្រោចដាបគ្រែ
7 ភ្នែកទូលបង្គំស្រវាំងទៅ ដោយថប់ព្រួយ ក៏ទៅជាចាស់ ដោយព្រោះពួកដែលតតាំងនឹងទូលបង្គំ។
8 ៙ នែ អស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិតអើយ ចូរថយចេញពីអញទៅ ដ្បិតព្រះយេហូវ៉ាទ្រង់បានស្តាប់សំឡេងអញយំ
9 ព្រះយេហូវ៉ាបានស្តាប់ពាក្យដែលអញទូលអង្វរហើយ ព្រះយេហូវ៉ាទ្រង់នឹងទទួលពាក្យដែលអញអធិស្ឋានផង
10 អស់ពួកខ្មាំងសត្រូវរបស់អញនឹងត្រូវអៀនខ្មាស ហើយថប់បារម្ភជាខ្លាំង គេនឹងថយចេញ ព្រមទាំងមានសេចក្ដីខ្មាសភ្លាម១រំពេច។
Psalm 7
1 ឱព្រះយេហូវ៉ាជាព្រះនៃទូលបង្គំអើយ ទូលបង្គំយកទ្រង់ជាទីជ្រកកោន សូមទ្រង់ជួយសង្គ្រោះទូលបង្គំឲ្យរួចពីអស់អ្នកដែលដេញតាមទូលបង្គំផង
2 ក្រែងគេហែកព្រលឹងនៃទូលបង្គំ ដូចជាសិង្ហ ព្រមទាំងហែកឲ្យខ្ទេចខ្ទីផង ក្នុងកាលដែលគ្មានអ្នកណានឹងដោះឲ្យរួច
3 ឱព្រះយេហូវ៉ាជាព្រះនៃទូលបង្គំអើយ បើសិនជាទូលបង្គំបានធ្វើដូច្នេះ គឺបើមានអំពើទុច្ចរិតណានៅដៃទូលបង្គំ
4 បើទូលបង្គំធ្វើការអាក្រក់ ស្នងដល់អ្នកណាដែលមេត្រីនឹងទូលបង្គំ បើទូលបង្គំបានរឹបជាន់អ្នកដែលតតាំងនឹងទូលបង្គំ ដោយឥតហេតុ
5 នោះសូមឲ្យខ្មាំងសត្រូវដេញតាមព្រលឹងទូលបង្គំទាន់ចុះ អើ សូមឲ្យគេញាំញីជីវិតទូលបង្គំចុះដល់ដី ហើយបង្អាប់យសទូលបង្គំ នៅក្នុងធូលីដីផង។ បង្អង់
6 ៙ ឱព្រះយេហូវ៉ាអើយ សូមតើនឡើង ដោយសេចក្ដីខ្ញាល់របស់ទ្រង់ សូមងើបឡើង ទាស់នឹងសេចក្ដីឃោរឃៅ របស់ពួកតតាំងនឹងទូលបង្គំ សូមទ្រង់តើនឡើងជួយទូលបង្គំ ដោយសេចក្ដីយុត្តិធម៌ ដែលទ្រង់បានបង្គាប់ហើយ
7 យ៉ាងនោះ ជំនុំនៃបណ្តាជនទាំងឡាយ នឹងមកនៅព័ទ្ធជុំវិញទ្រង់ សូមទ្រង់ឡើងលើទីខ្ពស់ ពីលើគេវិញ
8 ព្រះយេហូវ៉ាទ្រង់តែងជំនុំជម្រះបណ្តាជនទាំងឡាយ ឱព្រះយេហូវ៉ាអើយ សូមទ្រង់ជំនុំជម្រះទូលបង្គំ តាមសេចក្ដីសុចរិត និងសេចក្ដីទៀងត្រង់របស់ទូលបង្គំផង
9 ឱសូមឲ្យការអាក្រក់របស់មនុស្សល្មើសបានផុតទៅ តែសូមតាំងមនុស្សសុចរិតឲ្យខ្ជាប់ខ្ជួនឡើង ដ្បិតព្រះដ៏សុចរិតទ្រង់សាកលចិត្តថ្លើម
10 ខែលនៃទូលបង្គំនៅជាមួយនឹងព្រះ ដែលទ្រង់ជួយសង្គ្រោះមនុស្សមានចិត្តទៀងត្រង់
11 ព្រះទ្រង់ជាចៅក្រមសុចរិត អើ ទ្រង់ជាព្រះដែលមានសេចក្ដីខ្ញាល់ ចំពោះមនុស្សអាក្រក់រាល់តែថ្ងៃ
12 បើអ្នកណាមិនប្រែចិត្ត នោះទ្រង់នឹងសំលៀងដាវ ទ្រង់បានយឹតដំឡើងធ្នូជាស្រេច
13 ទ្រង់ក៏រៀបចំគ្រឿងដែលសម្រាប់សម្លាប់គេ ទុករួចហើយ ទ្រង់ធ្វើព្រួញឆេះ ទុកសម្រាប់បាញ់។
14 ៙ មើល គេឈឺនឹងសម្រាលការទុច្ចរិតរបស់គេ ក៏មានផ្ទៃពោះជាសេចក្ដីអាក្រក់ ហើយសម្រាលចេញជាសេចក្ដីកំភូត
15 គេបានជីកធ្វើរណ្តៅ ហើយខ្លួនគេបានធ្លាក់ទៅក្នុងរណ្តៅ ដែលគេធ្វើនោះ
16 សេចក្ដីអាក្រក់របស់គេនឹងត្រឡប់មកលើក្បាលគេវិញ ហើយសេចក្ដីច្រឡោតរបស់គេ នឹងចុះមកលើក្រយៅក្បាលគេដែរ
17 ខ្ញុំនឹងសរសើរដល់ព្រះយេហូវ៉ា តាមសេចក្ដីសុចរិតទ្រង់ ហើយនិងច្រៀងតម្កើងថ្វាយព្រះនាមព្រះយេហូវ៉ា ដ៏ខ្ពស់បំផុត។
Psalm 8
1 ឱព្រះយេហូវ៉ាជាព្រះអម្ចាស់នៃយើងខ្ញុំអើយ ព្រះនាមទ្រង់ប្រសើរគ្រប់លើផែនដីយ៉ាងណាទៅ ទ្រង់បានតម្កល់សិរីល្អទ្រង់ទុកនៅលើស្ថានសួគ៌
2 ទ្រង់បានតាំងឲ្យមានសេចក្ដីសរសើរ ដោយសារមាត់កូនក្មេង និងកូនដែលនៅបៅដោះ ដោយព្រោះពួកតតាំងនឹងទ្រង់ ដើម្បីនឹងធ្វើឲ្យពួកខ្មាំងសត្រូវ ព្រមទាំងពួកសងសឹក បានស្ងៀមនៅ
3 កាលណាទូលបង្គំពិចារណាមើលផ្ទៃមេឃ ជាការដែលព្រះហស្តទ្រង់បានធ្វើ គឺទាំងខែ និងផ្កាយ ដែលទ្រង់បានប្រតិស្ឋានទុក
4 នោះតើមនុស្សជាអ្វី ដែលទ្រង់នឹករឭកដល់គេ ហើយកូនមនុស្សផង ដែលទ្រង់ប្រោសដូច្នេះ
5 ដ្បិតទ្រង់បានធ្វើឲ្យគេទាបជាងពួកទេវតាតែបន្តិចទេ ក៏បានបំពាក់សិរីល្អ និងកេរ្តិ៍ឈ្មោះឲ្យ ទុកជាមកុដ
6 ទ្រង់បានតាំងគេ ឲ្យត្រួតលើអស់ទាំងការនៃព្រះហស្តទ្រង់ ក៏បានបញ្ចុះបញ្ចូលគ្រប់ទាំងអស់ឲ្យនៅក្រោមជើងគេ
7 គឺអស់ទាំងចៀម និងគោ អើ ទាំងសត្វព្រៃផង
8 អស់ទាំងសត្វហើរលើអាកាស និងត្រីនៅសមុទ្រ គឺសត្វផងទាំងពួងដែលហែលនៅផ្លូវទឹក
9 ឱព្រះយេហូវ៉ាជាព្រះអម្ចាស់នៃយើងខ្ញុំអើយ ព្រះនាមទ្រង់ប្រសើរនៅគ្រប់លើផែនដីយ៉ាងណាទៅ។
Psalm 9
1 ទូលបង្គំនឹងសរសើរដល់ព្រះយេហូវ៉ាអស់អំពីចិត្ត ទូលបង្គំនឹងនិទាន ពីអស់ទាំងការអស្ចារ្យរបស់ទ្រង់
2 ទូលបង្គំនឹងអរសប្បាយ ហើយរីករាយឡើងក្នុងទ្រង់ ឱព្រះដ៏ខ្ពស់បំផុតអើយ ទូលបង្គំនឹងច្រៀងតម្កើងដល់ព្រះនាមទ្រង់
3 កាលណាពួកខ្មាំងសត្រូវទូលបង្គំថយចេញទៅ នោះគេស្លុតជង្គង់ដួល ហើយវិនាសបាត់នៅចំពោះទ្រង់
4 ដ្បិតទ្រង់បានរាំងពារសេចក្ដីទៀងត្រង់ និងរឿងក្តីរបស់ទូលបង្គំ ទ្រង់គង់លើបល្ល័ង្កកំពុងតែជំនុំជម្រះដោយយុត្តិធម៌
5 ទ្រង់បានបន្ទោសដល់សាសន៍ដទៃទាំងប៉ុន្មាន ក៏បានបំផ្លាញពួកមនុស្សអាក្រក់ចេញ ទ្រង់បានលុបឈ្មោះគេ ឲ្យបាត់បង់ទៅជាដរាបរៀងតទៅ
6 ឱខ្មាំងសត្រូវអើយ ការហិនវិនាសបានផុតទៅជានិច្ច ឯទីក្រុងទាំងប៉ុន្មានដែលឯងបានបំផ្លាញ នោះទាំងសេចក្ដីនឹកចាំពីគេបានបាត់ឈឹងទៅដែរ
7 ប៉ុន្តែ ព្រះយេហូវ៉ាទ្រង់គង់នៅអស់កល្បជានិច្ច ទ្រង់បានតាំងបល្ល័ង្កទ្រង់ ទុកសម្រាប់នឹងជំនុំជម្រះហើយ
8 ទ្រង់នឹងជំនុំជម្រះមនុស្សលោកដោយយុត្តិធម៌ ក៏នឹងវិនិច្ឆ័យអស់ទាំងសាសន៍ដោយសេចក្ដីសុចរិត
9 ព្រះយេហូវ៉ាទ្រង់នឹងបានជាទីពឹងជ្រក ដល់អស់អ្នកណាដែលត្រូវគេសង្កត់សង្កិន គឺជាទីពឹងនៅគ្រាលំបាក
10 ឯអស់អ្នកដែលស្គាល់ព្រះនាមទ្រង់ គេនឹងទុកចិត្តដល់ទ្រង់ ដ្បិតឱព្រះយេហូវ៉ាអើយ ទ្រង់មិនបានបោះបង់ចោលពួកអ្នក ដែលស្វែងរកទ្រង់ឡើយ
11 ចូរច្រៀងទំនុកសរសើរដល់ព្រះយេហូវ៉ា ដែលទ្រង់គង់នៅក្រុងស៊ីយ៉ូនចុះ ចូរថ្លែងប្រាប់ពីការនៃទ្រង់ នៅក្នុងចំណោមបណ្តាជនផង
12 ដ្បិតកាលណាទ្រង់ស៊ើបសួរពីឈាម នោះទ្រង់នឹងនឹកចាំពីពួកអ្នកទាំងនោះ ទ្រង់មិនដែលភ្លេចសម្រែករបស់ពួកមនុស្សក្រីក្រឡើយ
13 ឱព្រះយេហូវ៉ាអើយ សូមទ្រង់មេត្តាប្រោសទូលបង្គំ សូមទ្រង់ទតមើលសេចក្ដីទុក្ខលំបាករបស់ទូលបង្គំផង ជាការដែលទូលបង្គំទ្រាំរងនេះ ដោយសារពួកអ្នកដែលស្អប់ទូលបង្គំ គឺទ្រង់ហើយ ដែលលើកទូលបង្គំឡើង ឲ្យរួចពីទ្វារនៃសេចក្ដីស្លាប់
14 ដើម្បីឲ្យទូលបង្គំបានសម្ដែងចេញអស់ទាំងសេចក្ដី សរសើរនៃទ្រង់ នៅគ្រប់ទាំងទ្វារនៃកូនស្រីស៊ីយ៉ូន ទូលបង្គំនឹងរីករាយឡើង ក្នុងសេចក្ដីសង្គ្រោះរបស់ទ្រង់
15 អស់ទាំងសាសន៍ដទៃបានផុងទៅ ក្នុងរណ្តៅដែលខ្លួនបានជីក ជើងគេជាប់នៅក្នុងអន្ទាក់វាត់ ដែលខ្លួនគេបានបង្កប់ទុក
16 ព្រះយេហូវ៉ាទ្រង់បានសម្ដែងមកឲ្យស្គាល់ ទ្រង់បានសម្រេចតាមសេចក្ដីយុត្តិធម៌ ពួកមនុស្សអាក្រក់បានជាប់អន្ទាក់ ដោយការដែលដៃគេធ្វើ។ – វាយភ្លេងស្រងូតទទួល –បង្អង់
17 ៙ ពួកមនុស្សអាក្រក់ នឹងត្រូវបំបែរទៅឯស្ថានឃុំព្រលឹងមនុស្សស្លាប់វិញ គឺគ្រប់ទាំងសាសន៍ដែលភ្លេចព្រះបង់
18 ដ្បិតមនុស្សកំសត់មិនត្រូវគេភ្លេចជាដរាបទេ ហើយសេចក្ដីសង្ឃឹមរបស់មនុស្សទ័លក្រ ក៏មិនត្រូវវិនាសបាត់ជានិច្ចដែរ
19 ឱព្រះយេហូវ៉ាអើយ សូមទ្រង់តើនឡើង សូមកុំឲ្យមនុស្សឈ្នះឡើយ សូមឲ្យសាសន៍ដទៃទាំងប៉ុន្មានត្រូវជំនុំជម្រះនៅចំពោះទ្រង់
20 ឱព្រះយេហូវ៉ាអើយ សូមបណ្តាលឲ្យគេតក់ស្លុត សូមឲ្យគ្រប់សាសន៍បានដឹងខ្លួនថា គេជាមនុស្សទេ។ –បង្អង់
Psalm 10
1 ឱព្រះយេហូវ៉ាអើយ ហេតុអ្វីបានជាទ្រង់គង់នៅឆ្ងាយម៉្លេះ ហេតុអ្វីបានជាទ្រង់ពួនព្រះអង្គ នៅគ្រាដែលមានសេចក្ដី ទុក្ខលំបាកដូច្នេះ
2 មនុស្សអាក្រក់ គេបៀតបៀនដល់មនុស្សក្រីក្រ ដោយសេចក្ដីឆ្មើងឆ្មៃ សូមឲ្យគេជាប់នៅក្នុងឧបាយ ដែលគេបង្កើតនោះ
3 ដ្បិតមនុស្សអាក្រក់ គេអួតពីបំណងក្នុងចិត្តគេ ឯមនុស្សលោភ ក៏លះបង់ព្រះយេហូវ៉ា អើ គេមើលងាយដល់ទ្រង់ផង
4 មនុស្សអាក្រក់ពោលដោយឫកអំនួតរបស់ខ្លួនគេ ថា ព្រះទ្រង់នឹងមិនធ្វើទោសទេ ឯអស់ទាំងគំនិតរបស់គេ នោះតែងគិតថា គ្មានព្រះណាសោះ
5 អស់ទាំងផ្លូវរបស់គេសុទ្ធតែលំបាកជាដរាប ឯអស់ទាំងច្បាប់របស់ទ្រង់ នោះខ្ពស់ហួសពីភ្នែកគេ គេក៏បូញមាត់ឡកឡឺយឲ្យពួកអ្នកដែលតតាំងនឹងគេ
6 គេនឹកក្នុងចិត្តថា អញនឹងមិនត្រូវរង្គើឡើយ ក៏មិនត្រូវអន្តរាយ ដរាបដល់អស់ទាំងដំណមនុស្សតទៅ
7 មាត់គេពេញដោយពាក្យជេរប្រមាថ ព្រមទាំងសេចក្ដីបញ្ឆោត និងសេចក្ដីកំណាចផង នៅក្រោមអណ្តាតគេមានសុទ្ធតែកិច្ចកល និងសេចក្ដីទុច្ចរិត
8 គេអង្គុយនៅអស់ទាំងទីលបចាំនៃភូមិទាំងប៉ុន្មាន នៅត្រង់កន្លែងស្ងាត់កំបាំង នោះគេសម្លាប់មនុស្ស ជាមនុស្សដែលឥតមានទោស ភ្នែកគេរំពៃមើលមនុស្សទុគ៌ត
9 គេឈ្លបលបនៅទីសម្ងាត់ ដូចជាសិង្ហនៅក្នុងរូង គេលបចាំចាប់មនុស្សក្រីក្រ ក៏ចាប់មនុស្សក្រនោះ ក្នុងកាលដែលទាញគេមកក្នុងមង
10 គេបំព្រួញខ្លួន ហើយឱនចុះ នោះមនុស្សទុគ៌តធ្លាក់ទៅក្នុងអំណាចគេ
11 គេគិតក្នុងចិត្តថាព្រះទ្រង់ភ្លេចហើយ ទ្រង់លាក់ព្រះភ័ក្ត្រ ទតមិនឃើញឡើយ
12 ឱព្រះយេហូវ៉ាអើយ សូមទ្រង់ក្រោកឡើង ឱព្រះអើយ សូមលើកព្រះហស្តទ្រង់ឡើង សូមកុំភ្លេចមនុស្សក្រលំបាកឡើយ
13 ហេតុអ្វីបានជាមនុស្សអាក្រក់ គេមើលងាយដល់ព្រះ ហើយគិតក្នុងចិត្តថាទ្រង់មិនធ្វើទោសទេដូច្នេះ
14 ទ្រង់បានទតឃើញហើយ ដ្បិតទ្រង់ទតឃើញកិច្ចកល និងសេចក្ដីរំលោភ ដើម្បីនឹងសងគេដោយព្រះហស្តទ្រង់ មនុស្សទុគ៌ត គេផ្ញើខ្លួននឹងទ្រង់ ដ្បិតទ្រង់បានធ្វើជាអ្នកជំនួយដល់មនុស្សកំព្រា
15 សូមទ្រង់បំបាក់ដៃនៃមនុស្សអាក្រក់ ឯមនុស្សពាល នោះសូមរកអស់ទាំងការអាក្រក់របស់គេ ទាល់តែមិនឃើញមានទៀត
16 ព្រះយេហូវ៉ាទ្រង់ជាមហាក្សត្រដ៏គង់នៅអស់កល្បជានិច្ច អស់ទាំងសាសន៍ដទៃបានសូន្យបាត់ចេញពីផែនដីរបស់ទ្រង់ហើយ
17 ឱព្រះយេហូវ៉ាអើយ ទ្រង់បានស្តាប់សេចក្ដីបំណង របស់មនុស្សរាបទាប ទ្រង់នឹងតាំងចិត្តគេឲ្យមាំមួន ហើយនិងផ្ទៀងព្រះកាណ៌ទ្រង់ស្តាប់ផង
18 ដើម្បីនឹងកាត់សេចក្ដីឲ្យមនុស្សកំព្រា និងមនុស្សដែលត្រូវគេសង្កត់សង្កិន ប្រយោជន៍ឲ្យមនុស្សដែលកើតពីដីមក បានលែងគំហកកំហែងគេតទៅទៀត ។
Psalm 11
1 ញុំយកព្រះយេហូវ៉ាជាទីពឹងជ្រក ធ្វើដូចម្តេចឲ្យអ្នកបាននិយាយនឹងខ្ញុំថា ចូររត់ទៅឯភ្នំរបស់ឯង ដូចជាសត្វហើរចុះ
2 ដ្បិតមើល ពួកមនុស្សអាក្រក់គេយឹតធ្នូ គេដំឡើងព្រួញនៅជាប់នឹងខ្សែ ដើម្បីបាញ់ពីទីងងឹត ចំអស់អ្នកដែលមានចិត្តទៀងត្រង់
3 បើសិនជាគោលប្រធានត្រូវបំផ្លាញ នោះតើមនុស្សសុចរិតនឹងអាចធ្វើអ្វីបាន
4 ព្រះយេហូវ៉ាទ្រង់គង់ក្នុងព្រះវិហារបរិសុទ្ធរបស់ទ្រង់ ឯបល្ល័ង្កនៃព្រះយេហូវ៉ា នោះនៅលើស្ថានសួគ៌ ព្រះនេត្រទ្រង់ទតមើល ត្របកព្រះនេត្រទ្រង់ពិចារណា មើលមនុស្សជាតិទាំងឡាយ
5 ព្រះយេហូវ៉ាទ្រង់ល្បងលមនុស្សសុចរិត តែទ្រង់មានព្រះហឫទ័យស្អប់ដល់មនុស្សអាក្រក់ និងពួកអ្នកដែលចូលចិត្តខាងសេចក្ដីច្រឡោតវិញ
6 ទ្រង់នឹងបង្អុរឲ្យភ្លៀងជាអន្ទាក់មកលើមនុស្សអាក្រក់ គឺជាភ្លើងឆេះ និងស្ពាន់ធ័រ ហើយខ្យល់ក្តៅក្រហាយ នោះនឹងបានជាចំណែកក្នុងពែងរបស់គេ
7 ដ្បិតព្រះយេហូវ៉ាទ្រង់សុចរិត ទ្រង់ក៏ស្រឡាញ់សេចក្ដីសុចរិតដែរ មនុស្សទៀងត្រង់នឹងបានឃើញព្រះភ័ក្ត្រទ្រង់។
Psalm 12
1 ឱព្រះយេហូវ៉ាអើយ សូមទ្រង់ជួយផង ដ្បិតមនុស្សដែលកោតខ្លាចដល់ព្រះ គេកំពុងតែរួញថយទៅ ហើយពួកមនុស្សស្មោះត្រង់ក៏កាន់តែសូន្យបាត់ ពីចំណោមមនុស្សដែរ
2 គ្រប់គ្នាពោលតែសេចក្ដីភូតភរដល់អ្នកជិតខាងខ្លួន គេពោលដោយបបូរមាត់បញ្ចើច ហើយដោយមានចិត្ត២
3 ព្រះយេហូវ៉ាទ្រង់នឹងកាត់អស់ទាំងបបូរមាត់បញ្ចើចចេញ ព្រមទាំងអណ្តាតដែលពោលពាក្យធំនោះផង
4 ជាពួកមនុស្សដែលបានថា យើងនឹងឈ្នះដោយអណ្តាត បបូរមាត់យើងស្រេចនៅយើងទេតើ តើអ្នកណាជាចៅហ្វាយលើយើង
5 ដូច្នេះ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា អញនឹងក្រោកឡើងឥឡូវ ដោយព្រោះមានការសង្កត់សង្កិនដល់មនុស្សក្រលំបាក ហើយដោយព្រោះដំងូររបស់មនុស្សកំសត់ទុគ៌ត អញនឹងដាក់គេឲ្យនៅទីសាន្តត្រាណ ដែលគេដង្ហក់រកនោះ
6 ឯព្រះបន្ទូលនៃព្រះយេហូវ៉ា នោះសុទ្ធស្អាតទាំងអស់ គឺដូចប្រាក់ដែលគេសាកក្នុងបាវធ្វើពីដី ហើយបានសំរងអស់៧ដងផង
7 ឱព្រះយេហូវ៉ាអើយ ទ្រង់នឹងថែរក្សាអ្នកទាំងនោះ ទ្រង់នឹងជួយទំនុកបម្រុងគេ ចាប់តាំងពីដំណនេះជារៀងរាបតទៅ
8 កាលណាមនុស្សលើកតម្កើងសេចក្ដីលាមកអាក្រក់ឡើង នោះមនុស្សអាក្រក់ក៏ដើរតែពាសគ្រប់កន្លែង។
Psalm 13
1 ឱព្រះយេហូវ៉ាអើយ តើទ្រង់នឹងភ្លេចទូលបង្គំដល់កាលណាទៀត តើដល់អស់កល្បឬអី តើនឹងលាក់ព្រះភ័ក្ត្រទ្រង់ចំពោះ ទូលបង្គំដល់កាលណា
2 តើត្រូវឲ្យទូលបង្គំពិគ្រោះនៅតែក្នុងខ្លួនដល់កាលណា ដោយមានចិត្តព្រួយវាល់ព្រឹកវាល់ល្ងាចដូច្នេះ ខ្មាំងសត្រូវនឹងលើកខ្លួនឡើង ទាស់នឹងទូលបង្គំដល់កាលណាទៅ
3 ឱព្រះយេហូវ៉ាជាព្រះនៃទូលបង្គំអើយ សូមពិចារណាមើល ហើយឆ្លើយមកទូលបង្គំផង សូមបំភ្លឺភ្នែកទូលបង្គំ ក្រែងទូលបង្គំដេកលក់ទៅ ក្នុងសេចក្ដីស្លាប់
4 ក្រែងខ្មាំងសត្រូវរបស់ទូលបង្គំថា អញបានឈ្នះវាហើយ ហើយអ្នកដែលតតាំងនឹងទូលបង្គំ មានសេចក្ដីអំណរ ដោយទូលបង្គំត្រូវរឥលចេញ
5 ប៉ុន្តែ ទូលបង្គំបានទុកចិត្តនឹងសេចក្ដីសប្បុរសរបស់ទ្រង់ ចិត្តទូលបង្គំនឹងរីករាយសប្បាយឡើង ដោយសេចក្ដីសង្គ្រោះរបស់ទ្រង់ដែរ
6 ទូលបង្គំនឹងច្រៀងថ្វាយព្រះយេហូវ៉ា ដ្បិតទ្រង់បាន ប្រោសការល្អជាបរិបូរដល់ទូលបង្គំហើយ។
Psalm 14
1 មនុស្សល្ងង់ខ្លៅតែងគិតក្នុងចិត្តថា គ្មានព្រះទេ គេសុទ្ធតែជាមនុស្សខូចអាក្រក់ គេបានប្រព្រឹត្តការដែលគួរស្អប់ខ្ពើម ឥតមានអ្នកណាមួយដែលប្រព្រឹត្តល្អសោះ
2 ព្រះយេហូវ៉ាទ្រង់បានទតមើលពីលើស្ថានសួគ៌ ចំពោះពួកកូនមនុស្ស ដើម្បីឲ្យបានជ្រាបថា មានអ្នកណាខ្លះដែលមានគំនិត ស្វែងរកព្រះឬទេ
3 តែគ្រប់គ្នាបានវង្វេងចេញ បានត្រឡប់ទៅ ជាស្មោកគ្រោកទាំងអស់ គ្មានអ្នកណាមួយដែលប្រព្រឹត្តល្អឡើយ សូម្បីតែ១ក៏គ្មានផង
4 ឯអស់អ្នកដែលប្រព្រឹត្តការទុច្ចរិតដូច្នេះ តើគ្មានប្រាជ្ញាទេឬអី ជាពួកអ្នកដែលស៊ីរាស្ត្រអញ ដូចជាស៊ីអាហារ ហើយមិនដែលអំពាវនាវដល់ព្រះយេហូវ៉ាឡើយ
5 យ៉ាងនោះ គេមានសេចក្ដីភិតភ័យជាខ្លាំង ដ្បិតព្រះទ្រង់គង់នៅនឹងដំណមនុស្សសុចរិត
6 ឯឯងរាល់គ្នាបានបន្ទច់គំនិតនៃមនុស្សក្រីក្រ ឲ្យមានសេចក្ដីខ្មាស ពីព្រោះគេបានពឹងផ្អែកដល់ព្រះយេហូវ៉ា
7 ឱបើសិនជាសេចក្ដីសង្គ្រោះនៃសាសន៍អ៊ីស្រាអែល បានចេញពីស៊ីយ៉ូនមកទៅអេះ ក្នុងកាលដែលព្រះយេហូវ៉ាទ្រង់នាំពួកឈ្លើយ នៃរាស្ត្រទ្រង់មកវិញ នោះយ៉ាកុបនឹងអរសប្បាយឡើង ហើយអ៊ីស្រាអែល នឹងរីករាយសាទរ។
Psalm 15
1 ឱព្រះយេហូវ៉ាអើយ តើអ្នកណានឹងនៅក្នុង រោងឧបោសថរបស់ទ្រង់ តើអ្នកណានឹងនៅលើភ្នំបរិសុទ្ធនៃទ្រង់បាន
2 គឺជាអ្នកណាដែលដើរដោយទៀងត្រង់ ហើយប្រព្រឹត្តសេចក្ដីសុចរិត ព្រមទាំងពោលសេចក្ដីពិតពីក្នុងចិត្តផង
3 ជាអ្នកដែលមិនពោលបង្កាច់ដោយអណ្តាត ឬធ្វើអាក្រក់ដល់មិត្តសំឡាញ់ ឬយករឿងបកកេរ្តិ៍ពីអ្នកជិតខាងខ្លួនឡើយ
4 ជាអ្នកដែលមានភ្នែកមើលមនុស្សពាល ដោយសេចក្ដីស្អប់ខ្ពើម តែលើកមុខអស់អ្នកដែលកោតខ្លាចដល់ព្រះយេហូវ៉ាវិញ ជាអ្នកដែលហ៊ានទាំងស្បថដល់បង់ប្រយោជន៍ខ្លួនផង ឥតប្រែប្រួលឡើយ
5 ជាអ្នកដែលមិនបញ្ចេញប្រាក់ខ្លួន ដើម្បីយកការសោះ ក៏មិនទទួលសំណូក ទាស់នឹងមនុស្សឥតមានទោស អ្នកណាដែលប្រព្រឹត្តយ៉ាងដូច្នេះ អ្នកនោះនឹងមិនត្រូវរង្គើឡើយ។
Psalm 16
1 ឱព្រះអង្គអើយ សូមការពារទូលបង្គំផង ដ្បិតទូលបង្គំយកទ្រង់ជាទីពឹង
2 ខ្ញុំបានទូលដល់ព្រះយេហូវ៉ាថា ទ្រង់ជាព្រះអម្ចាស់នៃទូលបង្គំ ក្រៅពីទ្រង់ ទូលបង្គំរកសេចក្ដីល្អមិនបានឡើយ
3 ចំណែកពួកបរិសុទ្ធដែលនៅផែនដី នោះជាពួកប្រសើរ ដែលគាប់ចិត្តទូលបង្គំគ្រប់Chapter
4 ឯពួកអ្នកដែលអាល័យតែតាមព្រះដទៃ នោះសេចក្ដីទុក្ខលំបាកនឹងចម្រើនជាច្រើនឡើងដល់គេ ទូលបង្គំមិនព្រមច្រួចឈាមថ្វាយដល់ព្រះទាំងនោះឡើយ ក៏មិនព្រមទាំងចេញឈ្មោះរបស់ព្រះទាំងនោះ ដោយបបូរមាត់ទូលបង្គំផង
5 ព្រះយេហូវ៉ាទ្រង់ជាចំណែកនៃមរដក ហើយជាចំណែកក្នុងពែងរបស់ទូលបង្គំ គឺទ្រង់ហើយ ដែលត្រួតមើលចំណែកទូលបង្គំ
6 ខ្សែរង្វាស់បានធ្លាក់នៅទីកន្លែងគាប់ចិត្តឲ្យទូលបង្គំ អើ ទូលបង្គំបានទទួលមរដកល្អណាស់
7 ទូលបង្គំនឹងសរសើរដល់ព្រះយេហូវ៉ា ដែលទ្រង់ជួយគំនិតទូលបង្គំ អើ ចិត្តក៏បង្គាប់ដល់ទូលបង្គំនៅវេលាយប់ដែរ
8 ទូលបង្គំបានតាំងព្រះយេហូវ៉ា នៅមុខទូលបង្គំជាដរាប ហើយដោយព្រោះទ្រង់គង់នៅខាងស្តាំទូលបង្គំ បានជាទូលបង្គំមិនត្រូវរង្គើឡើយ
9 ហេតុនោះចិត្តទូលបង្គំអរសប្បាយ ហើយកិត្តិយសនៃទូលបង្គំបានរីករាយឡើង រូបសាច់នៃទូលបង្គំក៏នឹងនៅដោយសាន្តត្រាណដែរ
10 ដ្បិតទ្រង់មិនទុកឲ្យព្រលឹងទូលបង្គំ នៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់ទេ ក៏មិនព្រមឲ្យ អ្នកបរិសុទ្ធរបស់ទ្រង់ឃើញសេចក្ដីពុករលួយដែរ
11 ទ្រង់នឹងបង្ហាញឲ្យទូលបង្គំឃើញផ្លូវជីវិតវិញ នៅចំពោះទ្រង់មានសេចក្ដីអំណរដ៏ពោរពេញ នៅព្រះហស្តស្តាំទ្រង់មានសេចក្ដីអរសប្បាយ ជាដរាបតទៅ។
Psalm 17
1 ឱព្រះយេហូវ៉ាអើយ សូមស្តាប់សេចក្ដី ដែលទៀងត្រង់ សូមប្រុងស្តាប់សម្រែកនៃទូលបង្គំផង សូមផ្ទៀងព្រះកាណ៌ ស្តាប់សេចក្ដីអធិស្ឋានរបស់ទូលបង្គំ ជាសេចក្ដីអធិស្ឋានដែលមិនចេញពីបបូរមាត់មានពុតទេ
2 សូមឲ្យការសម្រេចក្តីរបស់ទូលបង្គំ បានចេញពីចំពោះទ្រង់មក សូមឲ្យព្រះនេត្រទ្រង់ទតចំពោះសេចក្ដីទៀងត្រង់
3 ទ្រង់បានសាកលចិត្តទូលបង្គំហើយ ទ្រង់បានពិចារណាទូលបង្គំនៅវេលាយប់ ទ្រង់បានពិនិត្យរឿងទូលបង្គំ ឥតឃើញកំហុសអ្វីសោះ ទូលបង្គំបានសម្រេចចិត្តថា មិនឲ្យមាត់រំលងច្បាប់ឡើយ
4 ឯត្រង់ការប្រព្រឹត្តរបស់មនុស្ស នោះទូលបង្គំបានរវាំងខ្លួន ឲ្យរួចពីផ្លូវនៃមនុស្សច្រឡោត ដោយសារព្រះបន្ទូល ពីព្រះឱស្ឋទ្រង់
5 ទូលបង្គំបានឈានជាប់ទៅតាមផ្លូវច្រករបស់ទ្រង់ ជើងទូលបង្គំមិនបានរឥលឡើយ
6 ឱព្រះអង្គអើយ ទូលបង្គំបានអំពាវនាវដល់ទ្រង់ ដ្បិតទ្រង់នឹងមានព្រះបន្ទូលឆ្លើយមកទូលបង្គំ សូមទ្រង់ផ្អៀងព្រះកាណ៌មកស្តាប់ពាក្យរបស់ទូលបង្គំផង
7 ឱព្រះដ៏ជួយសង្គ្រោះដោយព្រះហស្តស្តាំ ចំពោះអស់អ្នកដែលពឹងទ្រង់ ឲ្យគេបានរួចពីអ្នកតតាំងអើយ សូមទ្រង់សម្ដែងសេចក្ដីសប្បុរសដ៏ប្រាកដច្បាស់មកផង
8 សូមការពាររក្សាទូលបង្គំដូចជាប្រស្រីភ្នែក សូមបាំងទូលបង្គំនៅក្រោមម្លប់ចំអេងស្លាបរបស់ទ្រង់
9 ឲ្យទូលបង្គំបានរួចពីមនុស្សអាក្រក់ ដែលសង្កត់សង្កិនទូលបង្គំ ជាពួកសត្រូវយ៉ាងសាហាវ ដែលឡោមព័ទ្ធទូលបង្គំជុំវិញ
10 គេបិទភ្ជិតជុំវិញ ដោយខ្លាញ់របស់គេ ហើយមាត់គេពោលតែពាក្យព្រហើន
11 ឥឡូវនេះ គេបានព័ទ្ធយើងខ្ញុំជុំវិញ នៅអស់ទាំងជំហាន របស់យើងខ្ញុំហើយ គេផ្តោតភ្នែកជាប់នឹងយើងខ្ញុំ ដើម្បីផ្តួលដល់ដី
12 គេដូចជាសត្វសិង្ហ ដែលរវះរវាមនឹងហែកស៊ី ហើយដូចជាកូនសិង្ហ ដែលលបចាំនៅទីស្ងាត់កំបាំង
13 ឱព្រះយេហូវ៉ាអើយ សូមទ្រង់ក្រោកឡើងរាំងផ្លូវគេ សូមផ្តួលគេចុះ ហើយជួយព្រលឹងទូលបង្គំឲ្យរួចពីមនុស្សអាក្រក់ ដោយសារដាវនៃទ្រង់
14 ឲ្យរួចពីមនុស្សដោយព្រះហស្តទ្រង់ ឱព្រះយេហូវ៉ាអើយ គឺឲ្យរួចពីមនុស្សនៅលោកីយ៍នេះ ដែលមានចំណែក របស់គេនៅតែក្នុងជីវិតនេះប៉ុណ្ណោះ ហើយដែលពោះគេបានឆ្អែត ដោយសារទ្រព្យរបស់ទ្រង់ គេបានស្កប់ចិត្តដោយមានកូនច្រើន ហើយក៏ចែកសំណល់នៃសម្បត្តិគេដល់កូនង៉ែតរបស់ខ្លួន
15 ឯទូលបង្គំវិញ ទូលបង្គំនឹងរំពឹងមើលព្រះភ័ក្ត្រទ្រង់ ដោយសេចក្ដីសុចរិត កាលណាទូលបង្គំភ្ញាក់ឡើង នោះនឹងបានស្កប់ចិត្ត ដោយឃើញរូបអង្គទ្រង់។
Psalm 18
1 ឱព្រះយេហូវ៉ាដ៏ជាកម្លាំងនៃទូលបង្គំអើយ ទូលបង្គំស្រឡាញ់ទ្រង់
2 ព្រះយេហូវ៉ាទ្រង់ជាថ្មដា ជាបន្ទាយ ហើយជាអ្នកជួយសង្គ្រោះរបស់ទូលបង្គំ គឺជាព្រះនៃទូលបង្គំ ជាថ្មដាដែលទូលបង្គំយកជាទីពឹង ក៏ជាខែល ជាស្នែងនៃសេចក្ដីសង្គ្រោះរបស់ទូលបង្គំ ហើយជាប៉មយ៉ាងខ្ពស់ផង
3 ទូលបង្គំនឹងអំពាវនាវដល់ព្រះយេហូវ៉ា ដែលទ្រង់គួរសរសើរ យ៉ាងនោះទូលបង្គំនឹងបានសង្គ្រោះ រួចពីពួកសត្រូវរបស់ទូលបង្គំ។
4 ៙ ឯចំណងនៃសេចក្ដីស្លាប់បានរុំជុំវិញទូលបង្គំ ហើយជំនន់នៃសេចក្ដីទុច្ចរិតបានបំភ័យទូលបង្គំ
5 ចំណងនៃស្ថានឃុំព្រលឹងមនុស្សស្លាប់ក៏រួបជុំវិញទូលបង្គំ អន្ទាក់នៃសេចក្ដីស្លាប់បានទាក់ទូលបង្គំ
6 ក្នុងគ្រាដែលទូលបង្គំមានសេចក្ដីវេទនា នោះបានអំពាវនាវដល់ព្រះយេហូវ៉ា ទូលបង្គំបានស្រែកទូលដល់ព្រះនៃទូលបង្គំ ទ្រង់ក៏ឮសំឡេងទូលបង្គំពីក្នុងព្រះវិហារទ្រង់ ហើយសម្រែកដែលទូលបង្គំស្រែកនៅចំពោះទ្រង់ ក៏ឮដល់ព្រះកាណ៌ទ្រង់
7 នោះផែនដីបានកក្រើក ឫសភ្នំទាំងប៉ុន្មានក៏ញ័ររញ្ជួយ ហើយរំពើកឡើង ពីព្រោះទ្រង់មានសេចក្ដីក្រោធ
8 មានផ្សែងហុយចេញពីព្រះនាសាទ្រង់ ហើយមានភ្លើងចេញពីព្រះឱស្ឋទ្រង់មកបញ្ឆេះបំផ្លាញ ក៏កាត់ឡើងជារងើកដែរ
9 ទ្រង់បានបន្ទាបផ្ទៃមេឃ ហើយយាងចុះមក មានងងឹតយ៉ាងក្រាស់ នៅក្រោមព្រះបាទទ្រង់
10 ទ្រង់គង់លើចេរូប៊ីនហោះមក អើ ទ្រង់ក៏សំកាំងនៅលើខ្យល់
11 ទ្រង់បានយកសេចក្ដីងងឹតធ្វើជាទីបាំងអង្គទ្រង់ ជាពន្លានៅព័ទ្ធជុំវិញ គឺជាទីងងឹតនៃទឹក ជាពពកយ៉ាងក្រាស់នៅលើមេឃ
12 ពពកយ៉ាងក្រាស់របស់ទ្រង់ក៏រសាត់ចេញ ដោយរស្មីនៅចំពោះទ្រង់ ព្រមទាំងព្រិល និងរងើកភ្លើងផង
13 ព្រះយេហូវ៉ាទ្រង់បញ្ចេញជាផ្គរនៅលើមេឃ ព្រះដ៏ខ្ពស់បំផុត ទ្រង់បញ្ចេញព្រះសូរសៀង ព្រមទាំងព្រិល និងរងើកភ្លើងផង
14 ក៏បាញ់ព្រួញនៃទ្រង់ទៅកម្ចាត់កម្ចាយគេ និងរន្ទះជាច្រើនទៅបំបាក់ពួកគេ
15 នោះបាតផ្លូវទឹកក៏លេចឡើង ហើយឫសលោកីយ៍បានបើកឲ្យឃើញ ដោយទ្រង់បន្ទោស ឱព្រះយេហូវ៉ាអើយ គឺដោយឮសូរខ្យល់គំហុកចេញពីព្រះនាសាទ្រង់
16 ទ្រង់បានចាត់ពីលើស្ថានដ៏ខ្ពស់មក ចាប់ស្រង់ទូលបង្គំចេញពីទឹកធំ
17 ទ្រង់បានដោះទូលបង្គំឲ្យរួចពីខ្មាំងសត្រូវដ៏ខ្លាំងពូកែ ហើយពីអស់អ្នកដែលស្អប់ទូលបង្គំដែរ ដ្បិតគេមានកម្លាំងជាងទូលបង្គំ
18 នៅថ្ងៃដែលទូលបង្គំត្រូវវេទនា នោះគេបានសង្ខុញ មកលើទូលបង្គំ ប៉ុន្តែ ព្រះយេហូវ៉ាទ្រង់ជាជន្ទល់នៃទូលបង្គំ
19 ទ្រង់បាននាំទូលបង្គំចេញទៅនៅឯទីធំទូលាយ ទ្រង់បានដោះទូលបង្គំឲ្យរួច ដ្បិតទ្រង់ស្រឡាញ់ ដល់ទូលបង្គំ
20 ព្រះយេហូវ៉ាទ្រង់បានប្រទានរង្វាន់មក តាមសេចក្ដីសុចរិតរបស់ទូលបង្គំ ទ្រង់បានសងទូលបង្គំ តាមសេចក្ដីបរិសុទ្ធនៃដៃទូលបង្គំ
21 ដ្បិតទូលបង្គំបានកាន់តាមអស់ទាំងផ្លូវរបស់ព្រះយេហូវ៉ា ហើយមិនបានថយចេញពីព្រះនៃទូលបង្គំ ដោយប្រព្រឹត្តសេចក្ដីអាក្រក់ឡើយ
22 ពីព្រោះគ្រប់ទាំងច្បាប់របស់ទ្រង់ក៏នៅចំពោះមុខទូលបង្គំ ហើយទូលបង្គំមិនបានងាកចេញពីក្រឹត្យណាមួយ របស់ទ្រង់ឡើយ
23 ទូលបង្គំបានគ្រប់លក្ខណ៍នៅចំពោះទ្រង់ ហើយបានរក្សាខ្លួនឲ្យរួចពីសេចក្ដីទុច្ចរិតរបស់ទូលបង្គំ
24 ហេតុនោះ ព្រះយេហូវ៉ាទ្រង់ប្រទានរង្វាន់មកទូលបង្គំ តាមសេចក្ដីសុចរិតរបស់ទូលបង្គំ គឺតាមសេចក្ដីបរិសុទ្ធ នៃដៃទូលបង្គំ នៅចំពោះព្រះនេត្រទ្រង់
25 នៅចំពោះអ្នកមានចិត្តមេត្តា នោះទ្រង់នឹងសម្ដែងអង្គ ទ្រង់ជាអ្នកមានចិត្តមេត្តាដែរ នៅចំពោះមនុស្សគ្រប់លក្ខណ៍ នោះទ្រង់នឹងសម្ដែង អង្គទ្រង់ជាអ្នកគ្រប់លក្ខណ៍
26 នៅចំពោះអ្នកបរិសុទ្ធ នោះទ្រង់នឹងសម្ដែងអង្គទ្រង់ជា អ្នកបរិសុទ្ធដូចគ្នា ហើយនៅចំពោះមនុស្សក្រវិចក្រវៀន នោះទ្រង់នឹង សម្ដែងអង្គទ្រង់ជាអ្នកប្រទាំងនឹងគេវិញ
27 ដ្បិតទ្រង់នឹងជួយសង្គ្រោះមនុស្សដែលរងវេទនា តែឯមនុស្សឆ្មើងឆ្មៃ នោះទ្រង់នឹងបន្ទាបគេចុះវិញ
28 ដ្បិតទ្រង់នឹងអុជប្រទីបរបស់ទូលបង្គំ ព្រះយេហូវ៉ាដ៏ជាព្រះនៃទូលបង្គំ ទ្រង់នឹងធ្វើឲ្យសេចក្ដី ងងឹតនៃទូលបង្គំភ្លឺឡើង
29 ពីព្រោះដោយពឹងទ្រង់ នោះទូលបង្គំនឹងរត់ចូលទៅ តនឹងកងទ័ព ហើយដោយសារព្រះនៃទូលបង្គំ នោះទូលបង្គំនឹងលោត រំលងកំផែងបាន
30 ឯព្រះ ផ្លូវនៃទ្រង់គ្រប់លក្ខណ៍ ព្រះបន្ទូលនៃព្រះយេហូវ៉ាបានសាកមើលហើយ ទ្រង់ជាខែលដល់អស់អ្នកណាដែលពឹងជ្រកក្នុងទ្រង់
31 ដ្បិតតើអ្នកណាជាព្រះ បើមិនមែនជាព្រះយេហូវ៉ាទេ ហើយក្រៅពីព្រះនៃយើងខ្ញុំ នោះតើអ្នកណាជាថ្មដា
32 គឺជាព្រះដែលក្រវាត់ទូលបង្គំដោយកម្លាំង ហើយក៏ធ្វើឲ្យផ្លូវទូលបង្គំបានគ្រប់លក្ខណ៍ដែរ
33 ទ្រង់ធ្វើឲ្យជើងទូលបង្គំបានដូចជាជើងក្តាន់ ក៏ដាក់ទូលបង្គំឲ្យឈរនៅកន្លែងខ្ពស់របស់ទូលបង្គំ
34 ទ្រង់បង្ហាត់ដៃទូលបង្គំឲ្យស្ទាត់ច្បាំង ឲ្យដៃទូលបង្គំអាចដំឡើងធ្នូលង្ហិនបាន។
35 ៙ ទ្រង់បានប្រទានខែលជាសេចក្ដីសង្គ្រោះរបស់ទ្រង់មកទូលបង្គំ ព្រះហស្តស្តាំទ្រង់បានទប់ទល់ទូលបង្គំ ហើយសេចក្ដីស្រទន់របស់ទ្រង់ក៏ធ្វើឲ្យទូលបង្គំបានជាធំ
36 ទ្រង់បានធ្វើឲ្យជំហានទូលបង្គំបានទូលាយចេញទៅ ហើយជើងទូលបង្គំមិនបានរឥលភ្លាត់ឡើយ
37 ទូលបង្គំនឹងដេញតាមពួកខ្មាំងសត្រូវឲ្យទាន់ ក៏មិនងាកបែរមកវិញ ដរាបដល់គេវិនាសបង់អស់រលីង
38 ទូលបង្គំនឹងចាក់ទម្លុះគេ ឲ្យគេក្រោកឡើងវិញមិនរួច គេនឹងដួលនៅក្រោមជើងទូលបង្គំ
39 ដ្បិតទ្រង់បានក្រវាត់ទូលបង្គំដោយកម្លាំង សម្រាប់ធ្វើចម្បាំង ទ្រង់បានបង្ក្រាបពួកអ្នកដែលលើកគ្នាទាស់នឹងទូលបង្គំ ឲ្យគេនៅក្រោមទូលបង្គំវិញ
40 ទ្រង់បានធ្វើឲ្យពួកខ្មាំងសត្រូវបែរខ្នងនៅមុខទូលបង្គំ ដើម្បីឲ្យទូលបង្គំបានប្រហារអស់អ្នកដែលស្អប់ទូលបង្គំ
41 គេបានស្រែកឡើង តែគ្មានអ្នកណាជួយសោះ ក៏អំពាវនាវដល់ព្រះយេហូវ៉ា តែទ្រង់មិនឆ្លើយមកឡើយ
42 ទូលបង្គំបានវាយគេកម្ទេចឲ្យល្អិត ដូចផង់ធូលីដែលផាត់ដោយខ្យល់ ទូលបង្គំបានបោះគេចោលចេញដូចជាភក់ពីផ្លូវ
43 ទ្រង់បានជួយទូលបង្គំ ឲ្យរួចពីសេចក្ដីទាស់ទែងនៃប្រជាជន ទ្រង់បានតាំងទូលបង្គំឡើង ជាកំពូលលើអស់ទាំងនគរ សាសន៍១ដែលទូលបង្គំមិនទាន់ស្គាល់ នឹងមកគោរពប្រតិបត្តិដល់ទូលបង្គំ
44 វេលាណាដែលបានឮនិយាយពីទូលបង្គំ នោះគេនឹងស្តាប់តាមភ្លាម ពួកសាសន៍ដទៃនឹងគោរពចុះចូលចំពោះទូលបង្គំ
45 ពួកសាសន៍ដទៃនឹងត្រូវស្រពោនបាត់ទៅ ហើយនិងចេញពីទីសម្ងាត់របស់ខ្លួន ដោយភ័យញ័រ
46 ព្រះយេហូវ៉ាទ្រង់មានព្រះជន្មរស់នៅ សូមសរសើរដល់ថ្មដានៃទូលបង្គំ ក៏សូមឲ្យព្រះដ៏ជួយសង្គ្រោះរបស់ទូលបង្គំ បានថ្កើងឡើង
47 គឺជាព្រះដ៏ជួយសងសឹកជំនួសទូលបង្គំ ហើយបង្ក្រាបអស់ទាំងសាសន៍ឲ្យបានចំណុះទូលបង្គំដែរ
48 ទ្រង់បានជួយទូលបង្គំ ឲ្យរួចពីពួកខ្មាំងសត្រូវ អើ ទ្រង់បានលើកទូលបង្គំឡើង ខ្ពស់ជាងពួកអ្នក ដែលលើកគ្នាទាស់នឹងទូលបង្គំទៅទៀត ទ្រង់ក៏ជួយសង្គ្រោះទូលបង្គំ ឲ្យរួចពីមនុស្សច្រឡោតផង
49 ហេតុនោះ ឱព្រះយេហូវ៉ាអើយ ទូលបង្គំនឹងអរព្រះគុណដល់ទ្រង់ នៅកណ្តាល អស់ទាំងសាសន៍ដទៃ ហើយនិងច្រៀងសរសើរដល់ព្រះនាមទ្រង់
50 ទ្រង់ប្រោសសេចក្ដីសង្គ្រោះយ៉ាងធំដល់ស្តេចរបស់ទ្រង់ ក៏សម្ដែងសេចក្ដីសប្បុរស ដល់អ្នកដែលទ្រង់បានចាក់ ប្រេងតាំងឲ្យ គឺដល់ដាវីឌ និងពូជពង្សតរៀងទៅ។
Psalm 19
1 ផ្ទៃមេឃសម្ដែងពីសិរីល្អនៃព្រះ ហើយលំហអាកាសក៏បង្ហាញការ ដែលព្រះហស្តទ្រង់ធ្វើ
2 ថ្ងៃ១ពោលប្រាប់តដល់ថ្ងៃ១ទៀត ហើយយប់១ក៏សម្ដែងចំណេះដល់យប់១ទៀតដែរ
3 ឯពាក្យសំដី ឬភាសា នោះគ្មានឮឡើយ គ្មានអ្នកណាដែលឮសំឡេងនៃរបស់ទាំងនោះទេ
4 ប៉ុន្តែ ដំណឹងដែលរបស់ទាំងនោះផ្សាយមក ក៏បានចេញទៅគ្រប់លើផែនដី ហើយសេចក្ដីនោះបានឮទៅដល់ទីបំផុតលោកីយ៍ នៅលើមេឃ ទ្រង់បានដំឡើងត្រសាលសម្រាប់ព្រះអាទិត្យ
5 ដែលទុកដូចជាប្ដីថ្មោងថ្មីកំពុងតែចេញពីបន្ទប់ដេក ទាំងមានសេចក្ដីអំណរនឹងរត់តាមផ្លូវខ្លួន ដូចជាមនុស្សខ្លាំងពូកែ
6 ព្រះអាទិត្យក៏រះពីជើងមេឃម្ខាង ហើយដើរវង់ទៅដល់ជើងមេឃម្ខាង គ្មានរបស់អ្វីលាក់កំបាំងពីកំដៅនៃព្រះអាទិត្យទេ។
7 ៙ ឯក្រឹត្យវិន័យរបស់ព្រះយេហូវ៉ានោះគ្រប់លក្ខណ៍ ក៏កែព្រលឹងឡើងវិញ សេចក្ដីបន្ទាល់នៃព្រះយេហូវ៉ាជាពិត ក៏ធ្វើឲ្យមនុស្សខ្លៅល្ងង់មានប្រាជ្ញា
8 សេចក្ដីបញ្ញត្តរបស់ព្រះយេហូវ៉ាសុទ្ធតែទៀងត្រង់ ក៏បណ្តាលឲ្យចិត្តរីករាយសប្បាយ ក្រឹត្យក្រមនៃព្រះយេហូវ៉ាជាសុទ្ធសាធ ក៏បំភ្លឺភ្នែក
9 សេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា នោះជាបរិសុទ្ធ ក៏នៅជាប់ជារៀងរាបដរាប អស់ទាំងខច្បាប់របស់ព្រះយេហូវ៉ាសុទ្ធតែពិតត្រង់ ហើយសុចរិតគ្រប់Chapter
10 សេចក្ដីទាំងនោះគួរចង់បានលើសជាងមាស អើ ជាជាងមាសសុទ្ធជាច្រើនផង ក៏ផ្អែមជាងទឹកឃ្មុំ ហើយជាងដំណក់ស្រក់ពីសំណុះផង
11 មួយទៀត ទូលបង្គំ ជាអ្នកបម្រើទ្រង់ ក៏ចេះប្រយ័ត ដោយសារសេចក្ដីទាំងនោះដែរ ហើយដែលកាន់តាម នោះក៏មានរង្វាន់យ៉ាងធំ
12 តើអ្នកណានឹងស្គាល់អំពើខុសឆ្គងរបស់ខ្លួនបាន សូមជម្រះទូលបង្គំឲ្យជ្រះស្អាតពីអំពើលាក់កំបាំងផង
13 សូមរាំងរាទូលបង្គំ ជាអ្នកបម្រើទ្រង់ ឲ្យរួចពីបាបដែលធ្វើដោយល្មើសដែរ កុំឲ្យបាបនោះមានអំណាចលើទូលបង្គំឡើយ នោះទូលបង្គំនឹងបានទៀងត្រង់ ហើយនិងបានរួចពីអំពើ រំលងយ៉ាងធំផង
14 ឱព្រះយេហូវ៉ាជាថ្មដា ហើយជាអ្នកប្រោសលោះនៃ ទូលបង្គំអើយ សូមឲ្យពាក្យសំដីដែលចេញមកពីមាត់ទូលបង្គំ និងការរំពឹងគិតក្នុងចិត្តរបស់ទូលបង្គំ បានគួរគាប់នៅព្រះនេត្រទ្រង់។
Psalm 20
1 សូមឲ្យព្រះយេហូវ៉ាមានព្រះបន្ទូលឆ្លើយដល់ ព្រះករុណា នៅថ្ងៃមានចលាចល សូមឲ្យព្រះនាមនៃព្រះរបស់យ៉ាកុប បានតាំងទ្រង់ឡើងនៅលើទីខ្ពស់
2 ព្រមទាំងចាត់សេចក្ដីជំនួយពីទីបរិសុទ្ធមកជួយទ្រង់ ហើយចម្រើនកម្លាំងទ្រង់ពីក្រុងស៊ីយ៉ូនមក
3 ទាំងនឹកចាំពីបណ្តាតង្វាយរបស់ទ្រង់ ហើយទទួលយញ្ញបូជារបស់ទ្រង់ផង។ –បង្អង់
4 ៙ សូមឲ្យព្រះបានប្រោសដល់ទ្រង់តាមបំណងព្រះទ័យ ហើយធ្វើសម្រេចតាមគ្រប់ទាំងគំនិតរបស់ព្រះករុណា
5 យើងខ្ញុំនឹងអរសប្បាយដោយទ្រង់មានជ័យជម្នះ ហើយនិងលើកទង់ជ័យឡើង ដោយនូវព្រះនាមនៃព្រះរបស់យើងខ្ញុំ សូមឲ្យព្រះយេហូវ៉ាធ្វើសម្រេចតាមអស់ទាំង សេចក្ដីសំណូមរបស់ព្រះករុណាផង។
6 ៙ ឥឡូវនេះ ខ្ញុំដឹងហើយថា ព្រះយេហូវ៉ាទ្រង់ជួយ សង្គ្រោះដល់អ្នកដែលទ្រង់បានចាក់ប្រេងតាំងឲ្យ ទ្រង់នឹងមានព្រះបន្ទូលឆ្លើយពីស្ថានសួគ៌ដ៏បរិសុទ្ធរបស់ទ្រង់ ដោយផ្សាយកម្លាំងនៃព្រះហស្តស្តាំដែលតែងតែជួយ
7 អ្នកខ្លះពឹងនឹងរទេះចម្បាំង ខ្លះទៀតពឹងនឹងសេះ តែយើងខ្ញុំនឹងនឹកចាំពីព្រះនាមព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំវិញ
8 ឯអ្នកទាំងនោះ គេត្រូវឱន ហើយដួលចុះ តែយើងខ្ញុំបានក្រោកឈរត្រង់ឡើង
9 ឱព្រះយេហូវ៉ាអើយ សូមជួយសង្គ្រោះផង សូមឲ្យមហាក្សត្របានមានព្រះបន្ទូលឆ្លើយ ក្នុងកាលដែល យើងខ្ញុំអំពាវនាវរកទ្រង់។
Psalm 21
1 ឱព្រះយេហូវ៉ាអើយ ទូលបង្គំដ៏ជាស្តេច នឹងមានសេចក្ដីអំណរចំពោះឫទ្ធានុភាពនៃទ្រង់ ហើយនិងរីករាយសប្បាយជាខ្លាំង ចំពោះសេចក្ដីសង្គ្រោះនៃទ្រង់យ៉ាងណាហ្ន៎
2 ទ្រង់បានប្រោសឲ្យបានដូចបំណង ហើយមិនបានរង់នឹងប្រទាន តាមសេចក្ដីដែលបបូរមាត់សូមឡើយ។ –បង្អង់
3 ៙ ដ្បិតទ្រង់បានស្ទាក់ប្រទានពរនៃព្រះគុណ ទ្រង់បានបំពាក់មកុដមាសសុទ្ធនៅលើក្បាល
4 ទូលបង្គំបានសូមជីវិតពីទ្រង់ ហើយទ្រង់ក៏ប្រទានឲ្យ គឺជាអាយុយឺនយូរដ៏នៅជាប់អស់កល្បជានិច្ចផង
5 សិរីល្អនៃទូលបង្គំបានធំណាស់ ដោយសារសេចក្ដីសង្គ្រោះរបស់ទ្រង់ ទ្រង់ក៏តាំងឲ្យមានកិត្តិយស ហើយនិងអានុភាពដែរ
6 ដ្បិតទ្រង់បានតាំងទូលបង្គំ ឲ្យមានពរយ៉ាងបណ្តាច់ នៅអស់កល្ប ទ្រង់ក៏បណ្តាលឲ្យមានសេចក្ដីអំណរដ៏ពោរពេញ នៅចំពោះទ្រង់
7 ដ្បិតទូលបង្គំដ៏ជាស្តេច បានទុកចិត្តនឹងព្រះយេហូវ៉ា ហើយដោយសេចក្ដីសប្បុរសនៃព្រះដ៏ខ្ពស់បំផុត នោះទូលបង្គំមិនត្រូវរង្គើឡើយ
8 ព្រះហស្តទ្រង់នឹងស្វែងរក ទាល់តែឃើញអស់ទាំង ខ្មាំងសត្រូវរបស់ទ្រង់ ព្រះហស្តស្តាំទ្រង់នឹងរកឃើញអស់អ្នកណាដែលស្អប់ទ្រង់ដែរ
9 នៅវេលាដែលទ្រង់គង់នៅចំពោះគេ នោះទ្រង់នឹងធ្វើ ឲ្យគេបានដូចជាគុកភ្លើងដែលឆេះក្តៅ ព្រះយេហូវ៉ាទ្រង់នឹងលេបគេ ដោយសេចក្ដីក្រោធរបស់ទ្រង់ ហើយភ្លើងនឹងឆេះបំផ្លាញគេអស់ទៅ
10 ទ្រង់នឹងបំផ្លាញជំនួរវង្សគេ ឲ្យវិនាសបាត់ពីផែនដីចេញ ហើយពូជពង្សគេ ពីកណ្តាលពួកមនុស្សជាតិទៅដែរ
11 ដ្បិតគេបានគិតប៉ងអាក្រក់ដល់ទ្រង់ គេកើតមានគំនិតដែលធ្វើទៅមិនបាន
12 ពីព្រោះទ្រង់នឹងធ្វើឲ្យគេត្រឡប់បែរខ្នងវិញ ទ្រង់នឹងដំឡើងធ្នូតម្រង់ចំមុខគេ
13 ឱព្រះយេហូវ៉ាអើយ សូមឲ្យទ្រង់បានថ្កើងឡើង ដោយឥទ្ធិឫទ្ធិរបស់ទ្រង់ នោះយើងខ្ញុំនឹងច្រៀងសរសើរពីព្រះចេស្តានៃទ្រង់។
Psalm 22
1 ឱព្រះនៃទូលបង្គំ ព្រះនៃទូលបង្គំអើយ ហេតុអ្វីបានជាទ្រង់លះចោលទូលបង្គំ ហើយគង់ឆ្ងាយឥតជួយទូលបង្គំ ឬស្តាប់សេចក្ដីដំងូរ របស់ទូលបង្គំដូច្នេះ
2 ឱព្រះនៃទូលបង្គំអើយ ទូលបង្គំអំពាវនាវនៅពេលថ្ងៃ តែទ្រង់មិនមានព្រះបន្ទូលឆ្លើយមកសោះ ក៏ស្រែកនៅពេលយប់ផង តែទូលបង្គំមិនចេះស្រាកស្បើយឡើយ
3 ប៉ុន្តែ ឱព្រះដែលបានតាំងឡើង ក្នុងទំនុកសរសើររបស់ អ៊ីស្រាអែលអើយ ទ្រង់បរិសុទ្ធ
4 ពួកអយ្យកោយើងខ្ញុំបានទុកចិត្តនឹងទ្រង់ គេបានទុកចិត្ត ហើយទ្រង់បានប្រោសឲ្យរួច
5 គេបានអំពាវនាវដល់ទ្រង់ ហើយបានរួចចេញ គេបានទុកចិត្តនឹងទ្រង់ ហើយមិនត្រូវខ្មាសឡើយ
6 ចំណែកទូលបង្គំៗជាដង្កូវ មិនមែនជាមនុស្សទេ ជាទីត្មះតិះដៀលរបស់មនុស្ស ហើយជាទីស្អប់ខ្ពើមនៃពួកបណ្តាជន
7 អស់អ្នកដែលឃើញទូលបង្គំក៏ឡកឡឺយឲ្យ គេបូញមាត់ ហើយគ្រវីក្បាល ដោយថា
8 វាបានទុកចិត្តនឹងព្រះយេហូវ៉ា ថាទ្រង់នឹងប្រោសឲ្យរួច ចូរឲ្យទ្រង់ជួយសង្គ្រោះវាចុះ ដ្បិតវាបានយកទ្រង់ ជាទីគាប់ចិត្តហើយ
9 ប៉ុន្តែ គឺទ្រង់ដែលបានធ្វើឲ្យទូលបង្គំចេញពីផ្ទៃម្តាយមក ទ្រង់បានឲ្យទូលបង្គំទុកចិត្ត ក្នុងកាលដែលនៅបៅដោះ ម្តាយនៅឡើយ
10 ទូលបង្គំបានត្រូវទម្លាក់លើទ្រង់ តាំងពីផ្ទៃម្តាយមក តាំងពីម្តាយសម្រាលទូលបង្គំមក នោះទ្រង់ ជាព្រះនៃទូលបង្គំហើយ
11 សូមកុំគង់ឆ្ងាយពីទូលបង្គំឡើយ ដ្បិតសេចក្ដីទុក្ខមកជិតហើយ ឥតមាន អ្នកណានឹងជួយសោះ
12 មានគោឈ្មោលជាច្រើនបានព័ទ្ធទូលបង្គំជុំវិញ គឺគោឈ្មោលយ៉ាងខ្លាំងពីស្រុកបាសាន វាបានឡោមទូលបង្គំជុំវិញ
13 វាហាមាត់ដាក់ទូលបង្គំ ប្រៀបដូចជាសិង្ហ ដែលហែកស៊ីទាំងគ្រហឹម
14 ទូលបង្គំត្រូវច្រួចចេញ ដូចជាទឹក ហើយអស់ទាំងឆ្អឹងនៃទូលបង្គំសណ្តកចេញពីគ្នា ចិត្តទូលបង្គំទុកដូចជាក្រមួន ដែលរលាយនៅក្នុងខ្លួនហើយ
15 កម្លាំងទូលបង្គំហួតខ្សោះទៅ ដូចអំបែងឆ្នាំង អណ្តាតទូលបង្គំជាប់នៅក្រអូមមាត់ ទ្រង់បាននាំទូលបង្គំចុះទៅក្នុងធូលីនៃសេចក្ដីស្លាប់
16 ព្រោះមានឆ្កែមកឡោមព័ទ្ធទូលបង្គំហើយ មានពួកមនុស្សអាក្រក់ដើរក្រវែលជុំវិញទូលបង្គំ គេបានចាក់ទម្លុះដៃជើងនៃទូលបង្គំ
17 អស់ទាំងឆ្អឹងក្នុងរាងកាយនៃទូលបង្គំរាប់បានទាំងអស់ គេគន់មើល ហើយសម្លឹងមកទូលបង្គំ
18 គេយកសម្លៀកបំពាក់ទូលបង្គំចែកគ្នា ឯអាវវែងរបស់ទូលបង្គំ គេក៏ធ្វើឆ្នោតចាប់យក
19 ឱព្រះយេហូវ៉ាអើយ សូមកុំគង់ឆ្ងាយពីទូលបង្គំឡើយ ឱព្រះដ៏ជាកម្លាំងនៃទូលបង្គំអើយ សូមយាងមកជួយទូលបង្គំជាប្រញាប់ផង
20 សូមដោះព្រលឹងទូលបង្គំឲ្យរួចពីដាវ ហើយដួងជីវិតនៃទូលបង្គំឲ្យរួចពីអំណាចឆ្កែ
21 សូមជួយសង្គ្រោះទូលបង្គំចេញពីមាត់សិង្ហ អើ ឲ្យរួចពីស្នែងគោព្រៃផង ដ្បិតទ្រង់បានស្តាប់ទូលបង្គំហើយ។
22 ៙ ទូលបង្គំនឹងប្រកាសប្រាប់ពីព្រះនាមទ្រង់ ដល់ពួកបងប្អូន ទូលបង្គំនឹងសរសើរតម្កើងទ្រង់ នៅកណ្តាលពួកជំនុំ
23 ឯអ្នករាល់គ្នាដែលកោតខ្លាចដល់ព្រះយេហូវ៉ាអើយ ចូរសរសើរទ្រង់ចុះ អស់អ្នកដែលជាពូជយ៉ាកុបអើយ ចូរតម្កើងទ្រង់ឡើង អស់ពូជពង្សនៃអ៊ីស្រាអែលអើយ ចូរកោតខ្លាចនៅចំពោះទ្រង់ចុះ
24 ដ្បិតទ្រង់មិនបានមើលងាយ ឬខ្ពើមឆ្អើម ចំពោះសេចក្ដីទុក្ខលំបាករបស់មនុស្ស ដែលគេរងទុក្ខនោះឡើយ ក៏មិនបានលាក់ព្រះភ័ក្ត្រនឹងអ្នកនោះដែរ គឺកាលអ្នកនោះបានអំពាវនាវរកទ្រង់ នោះទ្រង់បានស្តាប់តាម
25 ទ្រង់ជាដើមហេតុនៃការដែលទូលបង្គំសរសើរ នៅក្នុងជំនុំធំ ទូលបង្គំនឹងលាបំណន់របស់ទូលបង្គំ នៅចំពោះមុខពួក អ្នកដែលកោតខ្លាចដល់ទ្រង់
26 ឯមនុស្សរាបទាប គេនឹងបានបរិភោគឆ្អែត អស់អ្នកដែលស្វែងរកព្រះយេហូវ៉ា នឹងសរសើរដល់ទ្រង់ សូមឲ្យចិត្តអ្នករាល់គ្នាប្រកបដោយសេចក្ដីចម្រើនជានិច្ច
27 គ្រប់ទាំងទីបំផុតនៃផែនដី នឹងនឹកដល់ព្រះយេហូវ៉ា ហើយត្រឡប់បែរមកឯទ្រង់ អស់ទាំងពូជពង្សនៃនគរទាំងឡាយ នឹងថ្វាយបង្គំនៅចំពោះទ្រង់
28 ដ្បិតអំណាចគ្រប់គ្រងជារបស់ផងព្រះយេហូវ៉ា ទ្រង់ជាចៅហ្វាយលើអស់ទាំងនគរ
29 អស់អ្នកមានចិត្តស្កប់ស្កល់នៅផែនដីនឹងបរិភោគ ព្រមទាំងថ្វាយបង្គំផង អស់អ្នកដែលចុះទៅក្នុងធូលី នឹងឱនក្រាបនៅចំពោះទ្រង់ ហើយទាំងអ្នកដែលមិនអាចនឹងរក្សាជីវិតខ្លួនបានផង
30 នឹងមានពូជពង្ស១គោរពប្រតិបត្តិដល់ទ្រង់ គេនឹងថ្លែងប្រាប់ពីព្រះអម្ចាស់ ដល់ដំណមនុស្ស ក្រោយតទៅ
31 គេនឹងមក ហើយនិងប្រាប់ពីសេចក្ដីសុចរិតរបស់ទ្រង់ ដល់មនុស្ស១ពួកដែលមិនទាន់កើតមកថា គឺទ្រង់ដែលបានធ្វើការនោះ។
Psalm 23
1 ព្រះយេហូវ៉ាទ្រង់ជាអ្នកគង្វាលខ្ញុំ ខ្ញុំនឹងមិនខ្វះអ្វីសោះ
2 ទ្រង់ឲ្យខ្ញុំដេកសម្រាកនៅទីមានស្មៅខៀវខ្ចី ទ្រង់នាំខ្ញុំទៅក្បែរមាត់ទឹកដែលហូរគ្រឿនៗ
3 ទ្រង់កែព្រលឹងខ្ញុំឡើងវិញ ទ្រង់នាំខ្ញុំទៅតាមផ្លូវសុចរិត ដោយយល់ដល់ព្រះនាមទ្រង់។
4 ៙ អើ ទោះបើទូលបង្គំដើរកាត់ច្រកភ្នំនៃម្លប់សេចក្ដីស្លាប់ ក៏ដោយ គង់តែមិនខ្លាចសេចក្ដីអាក្រក់ណាឡើយ ដ្បិតទ្រង់គង់នៅជាមួយនឹងទូលបង្គំ ព្រនង់ ហើយនិងដំបងរបស់ទ្រង់កំសាន្តចិត្តទូលបង្គំ
5 ទ្រង់រៀបតុនៅមុខទូលបង្គំ ចំពោះពួកខ្មាំងសត្រូវផង ទ្រង់ចាក់ប្រេងលាបលើក្បាលទូលបង្គំ ពែងនៃទូលបង្គំក៏ពេញហៀរ។
6 ៙ ប្រាកដជាសេចក្ដីសប្បុរស និងសេចក្ដីមេត្តាករុណា នឹងជាប់តាមខ្ញុំរាល់តែថ្ងៃ ដរាបដល់អស់១ជីវិតខ្ញុំ ហើយខ្ញុំនឹងនៅក្នុងដំណាក់នៃព្រះយេហូវ៉ា ជារៀងដរាបទៅ។
Psalm 24
1 ផែនដី និងសារពើនៅផែនដី ជារបស់ផងព្រះយេហូវ៉ា ព្រមទាំងលោកីយ៍ និងបណ្តាអ្នកដែលនៅលោកីយ៍ផង
2 ដ្បិតទ្រង់បានប្រតិស្ឋានផែនដីនៅលើសមុទ្រ ហើយបានតាំងឲ្យមាំមួននៅលើទឹកទាំងពួង។
3 ៙ តើអ្នកណានឹងឡើងទៅឯភ្នំនៃព្រះយេហូវ៉ា តើអ្នកណានឹងឈរនៅក្នុងទីបរិសុទ្ធរបស់ទ្រង់បាន
4 គឺជាអ្នកដែលមានដៃស្អាត និងចិត្តបរិសុទ្ធ ជាអ្នកដែលមិនបណ្តោយឲ្យព្រលឹងខ្លួនទៅតាម សេចក្ដីភូតភរ ហើយមិនបានស្បថប្រវ័ញ្ចគេឡើយ
5 អ្នកនោះនឹងទទួលពរពីព្រះយេហូវ៉ា ហើយនិងសេចក្ដីសុចរិតពីព្រះដ៏ជួយសង្គ្រោះខ្លួន
6 នោះហើយជាពួកអ្នកដែលរកតាមទ្រង់ គឺដែលស្វែងរកព្រះភ័ក្ត្រទ្រង់ក្នុងពួកយ៉ាកុប។ បង្អង់
7 ៙ ឱទ្វារទាំងឡាយអើយ ចូរងើបក្បាលឡើង ឱទ្វារដ៏នៅអស់កល្បជានិច្ចអើយ ចូរនៅជាចំហចុះ នោះមហាក្សត្រដ៏មានសិរីល្អ ទ្រង់នឹងយាងចូលមក
8 តើមហាក្សត្រដ៏មានសិរីល្អនេះជាអ្នកណា គឺព្រះយេហូវ៉ាដ៏មានព្រះចេស្តា និងឥទ្ធិឫទ្ធិ ជាព្រះយេហូវ៉ាដ៏មានឥទ្ធិឫទ្ធិក្នុងចម្បាំង
9 ឱទ្វារទាំងឡាយអើយ ចូរងើបក្បាលឡើង ឱទ្វារដ៏នៅអស់កល្បជានិច្ចអើយ ចូរនៅជាចំហចុះ នោះមហាក្សត្រដ៏មានសិរីល្អ ទ្រង់នឹងយាងចូលមក
10 តើមហាក្សត្រដ៏មានសិរីល្អនេះជាអ្នកណា គឺព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់ជាមហាក្សត្រដ៏មានសិរីល្អនោះឯង។ –បង្អង់
Psalm 25
1 ឱព្រះយេហូវ៉ាអើយ ទូលបង្គំសូមលើក ព្រលឹងថ្វាយដល់ទ្រង់
2 ឱព្រះនៃទូលបង្គំអើយ ទូលបង្គំទុកចិត្តនឹងទ្រង់ សូមកុំឲ្យទូលបង្គំត្រូវខ្មាសឡើយ សូមកុំឲ្យពួកខ្មាំងសត្រូវមានសេចក្ដីអំណរ ដោយឈ្នះទូលបង្គំឲ្យសោះ
3 ប៉ុន្តែ អស់អ្នកដែលមានចិត្តសង្ឃឹមដល់ទ្រង់ នោះមិនត្រូវខ្មាសឡើយ គឺពួកអ្នកប្រព្រឹត្តក្បត់ ដោយឥតហេតុ ដែលត្រូវខ្មាសវិញ
4 ឱព្រះយេហូវ៉ាអើយ សូមបង្ហាញអស់ទាំងផ្លូវរបស់ទ្រង់ ដល់ទូលបង្គំ សូមបង្រៀនទូលបង្គំក្នុងផ្លូវច្រករបស់ទ្រង់
5 សូមនាំ ហើយបង្រៀនទូលបង្គំ ក្នុងសេចក្ដីពិតរបស់ទ្រង់ផង ដ្បិតទ្រង់ជាព្រះដ៏ជួយសង្គ្រោះទូលបង្គំ ទូលបង្គំសង្ឃឹមដល់ទ្រង់ដរាបរាល់ថ្ងៃ
6 ឱព្រះយេហូវ៉ាអើយ សូមទ្រង់នឹកចាំពីសេចក្ដីមេត្តា ដ៏ទន់សន្តោស និងសេចក្ដីសប្បុរសរបស់ទ្រង់ ដ្បិតសេចក្ដីទាំងនោះមាននៅពីបុរាណរៀងមក
7 សូមកុំនឹកចាំពីបាបដែលទូលបង្គំប្រព្រឹត្តកាលនៅក្មេង ឬអំពើរំលងរបស់ទូលបង្គំនោះឡើយ ឱព្រះយេហូវ៉ាអើយ សូមទ្រង់នឹកចាំពីទូលបង្គំ ដោយសេចក្ដីសប្បុរសនៃទ្រង់វិញ ដោយយល់ដល់ព្រះគុណរបស់ទ្រង់
8 ព្រះយេហូវ៉ាទ្រង់ល្អ ហើយទៀងត្រង់ ដូច្នេះ ទ្រង់នឹងបង្ហាត់មនុស្សមានបាបឲ្យតាមផ្លូវទ្រង់វិញ
9 ទ្រង់នឹងនាំមនុស្សសុភាពក្នុងសេចក្ដីយុត្តិធម៌ ហើយនិងបង្រៀនមនុស្សរាបទាបឲ្យស្គាល់ផ្លូវទ្រង់
10 អស់ទាំងផ្លូវនៃព្រះយេហូវ៉ា សុទ្ធតែប្រកប ដោយសេចក្ដីសប្បុរស និងសេចក្ដីពិត ចំពោះអស់អ្នកដែលកាន់តាមសេចក្ដីសញ្ញា និងសេចក្ដីបន្ទាល់របស់ទ្រង់
11 ឱព្រះយេហូវ៉ាអើយ សូមអត់ទោសការទុច្ចរិត ដ៏មានទំងន់របស់ទូលបង្គំផង ដោយយល់ដល់ព្រះនាមទ្រង់
12 តើមានមនុស្សណាដែលកោតខ្លាចដល់ព្រះយេហូវ៉ា ទ្រង់នឹងបង្ហាញឲ្យអ្នកនោះស្គាល់ផ្លូវដែលត្រូវរើសយក
13 ព្រលឹងអ្នកនោះនឹងនៅដោយសុខសាន្ត ហើយពូជពង្សរបស់អ្នកនោះនឹងបានផែនដីជាមរដក
14 សេចក្ដីមេត្រីមិត្តរបស់ព្រះយេហូវ៉ា នៅជាមួយនឹងអ្នកណាដែលកោតខ្លាចដល់ទ្រង់ ទ្រង់នឹងសម្ដែងឲ្យគេស្គាល់សេចក្ដីសញ្ញារបស់ទ្រង់
15 ភ្នែកទូលបង្គំមើលទៅឯព្រះយេហូវ៉ាជាដរាប ដ្បិតទ្រង់នឹងដោះជើងទូលបង្គំឲ្យរួចពីអន្ទាក់
16 សូមទ្រង់បែរមកមានសេចក្ដីមេត្តាដល់ទូលបង្គំផង ដ្បិតទូលបង្គំនៅតែឯង ហើយមានសេចក្ដីវេទនា
17 សេចក្ដីទុក្ខព្រួយក្នុងចិត្តទូលបង្គំបានកើនឡើងជាខ្លាំង ឱសូមនាំទូលបង្គំចេញពីទុក្ខលំបាកនៃទូលបង្គំ
18 សូមពិនិត្យមើលសេចក្ដីវេទនា និងសេចក្ដីនឿយព្រួយរបស់ទូលបង្គំ ហើយអត់ទោសអស់ទាំងបាបរបស់ទូលបង្គំផង
19 សូមពិចារណាមើលពួកខ្មាំងទូលបង្គំដែលមានគ្នាច្រើន ហើយមានសេចក្ដីសំអប់ដល់ទូលបង្គំ ដោយចិត្តសាហាវណាស់
20 ឱសូមរក្សាព្រលឹងនៃទូលបង្គំ ហើយជួយឲ្យរួចផង សូមកុំឲ្យទូលបង្គំខ្មាសឡើយ ដ្បិតទូលបង្គំពឹងទ្រង់
21 សូមឲ្យសេចក្ដីសុចរិត និងសេចក្ដីទៀងត្រង់ ការពារទូលបង្គំទុក ដ្បិតទូលបង្គំសង្ឃឹមដល់ទ្រង់
22 ឱព្រះអង្គអើយ សូមលោះសាសន៍អ៊ីស្រាអែល ឲ្យរួចពីគ្រប់សេចក្ដីវេទនារបស់គេផង។
Psalm 26
1 ឱព្រះអម្ចាស់អើយ សូមទ្រង់វិនិច្ឆ័យឲ្យទូលបង្គំ ដ្បិតទូលបង្គំបានដើរតាមចិត្តគ្រប់លក្ខណ៍របស់ទូលបង្គំ ក៏បានទុកចិត្តនឹងព្រះយេហូវ៉ាឥតល្អៀងឡើយ
2 ឱព្រះអម្ចាស់អើយ សូមពិនិត្យទូលបង្គំមើល ព្រមទាំងល្បងលទូលបង្គំ ហើយសាកចិត្តថ្លើមរបស់ទូលបង្គំផង
3 ដ្បិតសេចក្ដីសប្បុរសនៃទ្រង់នៅចំពោះភ្នែកទូលបង្គំ ហើយទូលបង្គំបានដើរតាមសេចក្ដីពិតរបស់ទ្រង់
4 ទូលបង្គំមិនបានអង្គុយរួមជាមួយនឹងមនុស្សភូតភរឡើយ ក៏មិនបានសមាគមជាមួយនឹងមនុស្សមានពុតដែរ
5 ទូលបង្គំស្អប់ចំពោះជំនុំនៃពួកមនុស្សដែលប្រព្រឹត្តអាក្រក់ ក៏មិនព្រមអង្គុយជាមួយនឹងពួកមានចិត្តអាក្រក់ឡើយ
6 ទូលបង្គំនឹងមិនលាដៃ ជាសម្គាល់ថា ឥតមានទោសទេ យ៉ាងនោះ ឱព្រះអម្ចាស់អើយ ទូលបង្គំនឹងដើរក្រឡឹងអាសនៈទ្រង់
7 ដើម្បីបានបន្លឺសំឡេងអរព្រះគុណ ហើយថ្លែងប្រាប់ពីគ្រប់ទាំងការអស្ចារ្យរបស់ទ្រង់
8 ឱព្រះយេហូវ៉ាអើយ ទូលបង្គំស្រឡាញ់ទីឈប់សម្រាក នៅដំណាក់ទ្រង់ ជាទីសណ្ឋិតនៅនៃសិរីល្អទ្រង់
9 សូមកុំដកព្រលឹងទូលបង្គំចេញ ជាមួយនឹងពួកមានបាប ឬជីវិតទូលបង្គំ ជាមួយនឹងមនុស្សដែលកម្ចាយឈាម
10 ដែលសុទ្ធតែមានការអាក្រក់ជាប់នៅដៃគេ ហើយដៃស្តាំរបស់គេពេញដោយសំណូកផងនោះឡើយ
11 ចំណែកទូលបង្គំៗនឹងដើរដោយចិត្តគ្រប់លក្ខណ៍ របស់ទូលបង្គំតទៅ សូមលោះ ហើយមេត្តាប្រោសដល់ទូលបង្គំផង
12 ជើងទូលបង្គំឈរនៅក្នុងផ្លូវទៀងត្រង់ហើយ ទូលបង្គំនឹងលើកសរសើរដល់ព្រះយេហូវ៉ា នៅក្នុងពួកជំនុំទាំងប៉ុន្មាន។
Psalm 27
1 ព្រះយេហូវ៉ាទ្រង់ជាពន្លឺ ហើយជាសេចក្ដី សង្គ្រោះរបស់ខ្ញុំ តើខ្ញុំនឹងត្រូវខ្លាចចំពោះអ្នកណា ព្រះយេហូវ៉ាទ្រង់ជាទីពឹងពំនាក់នៃជីវិតខ្ញុំ តើត្រូវឲ្យខ្ញុំភ័យចំពោះអ្នកណា
2 កាលមនុស្សអាក្រក់ គឺជាពួកទាស់ទទឹង ហើយជាខ្មាំងសត្រូវនៃខ្ញុំបានសង្ឃកមកលើខ្ញុំ ដើម្បីនឹងស៊ីសាច់ខ្ញុំ នោះគេបានជំពប់ដួលទាំងអស់គ្នា
3 ទោះបើមានពួកពលមកបោះទ័ពច្បាំងនឹងខ្ញុំ គង់តែចិត្តខ្ញុំមិនភ័យឡើយ ទោះបើកើតមានចម្បាំងទាស់នឹងខ្ញុំ គង់តែខ្ញុំនឹងមានចិត្តសង្ឃឹមបានដែរ
4 ខ្ញុំបានសូមសេចក្ដីតែ១ពីព្រះយេហូវ៉ា ហើយនិងស្វែងរកសេចក្ដីនោះឯង គឺឲ្យខ្ញុំបាននៅក្នុងដំណាក់នៃព្រះយេហូវ៉ា រាល់តែថ្ងៃអស់១ជីវិតខ្ញុំ ដើម្បីនឹងរំពឹងមើលសេចក្ដីលំអនៃព្រះយេហូវ៉ា ហើយនិងពិនិត្យពិចារណានៅក្នុងព្រះវិហាររបស់ទ្រង់
5 ដ្បិតនៅថ្ងៃអាក្រក់ ទ្រង់នឹងថែរក្សាខ្ញុំ ដោយកំបាំងនៅក្នុងព្រះពន្លាទ្រង់ ក៏នឹងបំពួនខ្ញុំនៅទីសម្ងាត់ក្នុងត្រសាលទ្រង់ ហើយនិងលើកខ្ញុំឡើងដាក់លើថ្មដា
6 ឥឡូវនេះ ខ្ញុំបានងើបក្បាលឡើងហើយ គឺខ្ពស់ជាងពួកខ្មាំងសត្រូវដែលព័ទ្ធជុំវិញខ្ញុំទៅទៀត ហើយខ្ញុំនឹងថ្វាយគ្រឿងបូជានៃសេចក្ដីអំណរ នៅក្នុងរោងឧបោសថទ្រង់ ខ្ញុំនឹងច្រៀង អើ ខ្ញុំនឹងច្រៀងសរសើរដល់ព្រះយេហូវ៉ា។
7 ៙ ឱព្រះយេហូវ៉ាអើយ សូមស្តាប់កាលទូលបង្គំអំពាវនាវ សូមអាណិតមេត្តាឆ្លើយតបមកទូលបង្គំផង
8 កាលទ្រង់បានមានព្រះបន្ទូលថា ចូរស្វែងរកមុខអញ នោះ ឱព្រះយេហូវ៉ាអើយ ចិត្តទូលបង្គំបានទូលតបថា ទូលបង្គំនឹងស្វែងរកព្រះភ័ក្ត្រទ្រង់ពិត
9 សូមកុំលាក់ព្រះភ័ក្ត្រនឹងទូលបង្គំ ហើយកុំផាត់អ្នកបម្រើទ្រង់ចេញដោយខ្ញាល់ឡើយ ទ្រង់បានតែងធ្វើជាអ្នកជំនួយរបស់ទូលបង្គំ ឱព្រះដ៏ជួយសង្គ្រោះទូលបង្គំអើយ សូមកុំប្រាសចេញ ឬបោះបង់ចោលទូលបង្គំឡើយ
10 បើកាលណាឪពុកម្តាយលះចោលទូលបង្គំ នោះព្រះយេហូវ៉ាទ្រង់នឹងទទួលទូលបង្គំទុកវិញ
11 ឱព្រះយេហូវ៉ាអើយ សូមបង្រៀនផ្លូវទ្រង់ដល់ទូលបង្គំ ហើយដោយព្រោះមានពួកខ្មាំងសត្រូវ នោះសូមនាំទូលបង្គំទៅតាមផ្លូវរាបស្មើ
12 សូមកុំប្រគល់ទូលបង្គំទៅតាមបំណងចិត្តនៃពួកអ្នក ដែលតតាំងនឹងទូលបង្គំឡើយ ដ្បិតមានស្មរបន្ទាល់ក្លែងបានលើកគ្នាទាស់នឹងទូលបង្គំ ព្រមទាំងមានមនុស្សដែលដកដង្ហើមចេញជាសេចក្ដី ច្រឡោតទទេផង
13 បើសិនជាទូលបង្គំមិនបានជឿ ថា នឹងឃើញសេចក្ដីសប្បុរសនៃព្រះយេហូវ៉ា នៅស្ថានរបស់មនុស្សរស់នេះ នោះតើយ៉ាងណាទៅ
14 ចូររង់ចាំព្រះយេហូវ៉ាចុះ ចូរមានកម្លាំង ហើយឲ្យចិត្តក្លាហានឡើង អើ គួររង់ចាំព្រះយេហូវ៉ាទៅ។
Psalm 28
1 ឱព្រះយេហូវ៉ាអើយ ទូលបង្គំនឹងអំពាវនាវដល់ទ្រង់ ឱថ្មដាទូលបង្គំអើយ សូមកុំព្រងើយចំពោះទូលបង្គំឡើយ បើទ្រង់នៅតែស្ងៀមនឹងទូលបង្គំ នោះក្រែងទូលបង្គំនឹងបានដូចជាអស់អ្នកដែលចុះទៅក្នុងរណ្តៅ
2 សូមស្តាប់សំឡេងដែលទូលបង្គំទូលអង្វរ ក្នុងកាល ដែលទូលបង្គំអំពាវនាវដល់ទ្រង់ គឺក្នុងកាលដែលទូលបង្គំប្រទូលដៃទៅឯ ទីបរិសុទ្ធរបស់ទ្រង់
3 សូមកុំទាញទូលបង្គំទៅជាមួយនឹងមនុស្សអាក្រក់ ឬជាមួយនឹងមនុស្សដែលប្រព្រឹត្តការទុច្ចរិត ជាអ្នកដែលពោលពាក្យដោយមេត្រីនឹងអ្នកជិតខាង តែមានគំនិតកាចអាក្រក់នៅក្នុងចិត្តវិញនោះឡើយ
4 សូមសងគេតាមការដែលគេធ្វើ ហើយតាមសេចក្ដីអាក្រក់នៃអំពើដែលគេប្រព្រឹត្តនោះ សូមសងគេតាមស្នាដៃរបស់គេ ហើយតបឲ្យសំណំនឹងទោសរបស់គេ
5 ដ្បិតគេមិនយកចិត្តទុកដាក់នឹងការនៃព្រះយេហូវ៉ា ឬនឹងស្នាដៃនៃព្រះហស្តទ្រង់នោះឡើយ ទ្រង់មិនស្អាងគេឡើងទេ គឺនឹងរំលំគេទៅវិញ។
6 ៙ សូមលើកសរសើរដល់ព្រះយេហូវ៉ា ពីព្រោះទ្រង់បានឮសំឡេងដែលខ្ញុំទូលអង្វរ
7 ព្រះយេហូវ៉ាទ្រង់ជាកម្លាំង ហើយជាខែលនៃខ្ញុំ ចិត្តខ្ញុំបានសង្ឃឹមដល់ទ្រង់ ហើយបានសេចក្ដីជំនួយ ហេតុនោះចិត្តខ្ញុំមានសេចក្ដីរីករាយជាខ្លាំង ខ្ញុំនឹងសរសើរដល់ទ្រង់ ដោយបទចម្រៀងរបស់ខ្ញុំ
8 ព្រះយេហូវ៉ាទ្រង់ជាកម្លាំង ហើយជាទីមាំមួន សម្រាប់នឹងជួយសង្គ្រោះ ដល់ពួកអ្នក ដែលទ្រង់បានចាក់ប្រេងតាំងឲ្យ
9 សូមទ្រង់ជួយសង្គ្រោះរាស្ត្ររបស់ទ្រង់ ហើយប្រទានពរដល់មរដកនៃទ្រង់ សូមធ្វើជាអ្នកគង្វាលដល់គេ ព្រមទាំងបីទ្រគេជាដរាបតទៅ។
Psalm 29
1 នែ អស់ទាំងកូននៃព្រះដ៏មានឥទ្ធិឫទ្ធិអើយ ចូរសរសើរព្រះយេហូវ៉ា ចូរសរសើរព្រះយេហូវ៉ាថា ទ្រង់មានសិរីល្អ ហើយនិងព្រះចេស្តា
2 ចូរសរសើរពីសិរីល្អនៃព្រះយេហូវ៉ាឲ្យសមនឹងព្រះនាមទ្រង់ ចូរពាក់គ្រឿងលំអបរិសុទ្ធ នាំគ្នាថ្វាយបង្គំដល់ ព្រះយេហូវ៉ាចុះ។
3 ៙ ព្រះសូរសៀង នៃព្រះយេហូវ៉ាខ្ទរតាមទឹក ព្រះដ៏មានសិរីល្អទ្រង់បញ្ចេញផ្គរលាន់ គឺព្រះយេហូវ៉ាទ្រង់គង់លើទឹកធំ
4 ព្រះសូរសៀងរបស់ព្រះយេហូវ៉ាមានអំណាច ព្រះសូរសៀងនៃព្រះយេហូវ៉ាមានឫទ្ធានុភាព
5 ព្រះសូរសៀងរបស់ព្រះយេហូវ៉ាក៏បំបាក់ដើមតាត្រៅ អើ ព្រះយេហូវ៉ាទ្រង់បំបាក់កម្ទេចដើមតាត្រៅ នៅភ្នំល្បាណូន
6 ទ្រង់បណ្តាលឲ្យដើមទាំងនោះបោលលោត ដូចជាកូនគោ ហើយឲ្យភ្នំល្បាណូន និងភ្នំស៊ីរាន បោល ដូចជាគោព្រៃស្ទាវ
7 ព្រះសូរសៀងនៃព្រះយេហូវ៉ាធ្វើឲ្យមាន អណ្តាតភ្លើងផុសឡើង
8 ព្រះសូរសៀងរបស់ព្រះយេហូវ៉ាធ្វើឲ្យទីរហោស្ថាន ញ័រកក្រើក ព្រះយេហូវ៉ាទ្រង់អង្រួនទីរហោស្ថានកាដេស
9 ព្រះសូរសៀងរបស់ព្រះយេហូវ៉ាធ្វើឲ្យក្តាន់ញី សម្រាលកូនមក ក៏ជំរុះស្លឹកឈើនៅព្រៃអស់រលីង ហើយនៅក្នុងព្រះវិហារនៃទ្រង់ នោះសព្វសារពើ ក៏បន្លឺឡើងថា «ស្រីសួស្តី»
10 ព្រះយេហូវ៉ាទ្រង់បានគង់នៅវេលាជំនន់លោកីយ៍ អើ ព្រះយេហូវ៉ាទ្រង់គង់ជាព្រះមហាក្សត្រ នៅអស់កល្បជានិច្ច
11 ព្រះយេហូវ៉ាទ្រង់នឹងចម្រើនកម្លាំងដល់រាស្ត្រទ្រង់ ព្រះយេហូវ៉ាទ្រង់នឹងប្រទានពរដល់រាស្ត្រទ្រង់ ឲ្យបានសេចក្ដីសុខសាន្តត្រាណ។
Psalm 30
1 ឱព្រះយេហូវ៉ាអើយ ទូលបង្គំសរសើរទ្រង់ ដ្បិតទ្រង់បានលើកទូលបង្គំឡើងវិញ មិនបានបើកឲ្យពួកខ្មាំងសត្រូវមានសេចក្ដីអំណរ ដោយឈ្នះទូលបង្គំឡើយ
2 ឱព្រះយេហូវ៉ាជាព្រះនៃទូលបង្គំអើយ ទូលបង្គំបានអំពាវនាវដល់ទ្រង់ ហើយទ្រង់ប្រោសឲ្យទូលបង្គំបានជា
3 ឱព្រះយេហូវ៉ាអើយ ទ្រង់បាននាំព្រលឹងទូលបង្គំឡើង រួចពីស្ថានឃុំព្រលឹងមនុស្សស្លាប់ ទ្រង់បានប្រោសឲ្យទូលបង្គំរស់នៅ ដើម្បីកុំឲ្យទូលបង្គំចុះទៅក្នុងរណ្តៅឡើយ
4 ឱពួកអ្នកបរិសុទ្ធរបស់ទ្រង់អើយ ចូរច្រៀងសរសើរដល់ព្រះយេហូវ៉ាចុះ ចូរអរព្រះគុណ ដោយនឹកចាំពីសេចក្ដីបរិសុទ្ធនៃទ្រង់
5 ដ្បិតសេចក្ដីខ្ញាល់របស់ទ្រង់នៅតែ១ភ្លែតទេ តែព្រះគុណនៃទ្រង់ នោះនៅអស់១ជីវិតវិញ ទឹកភ្នែកនឹងមាននៅជាប់អស់មួយយប់ក៏បាន តែព្រឹកឡើង គង់នឹងមានសេចក្ដីអំណរឡើងដែរ
6 ចំណែកខាងទូលបង្គំៗបានពោលក្នុងគ្រានៃសេចក្ដី ចម្រើនរបស់ទូលបង្គំថា ទូលបង្គំមិនត្រូវរង្គើឡើយ
7 ដ្បិតឱព្រះយេហូវ៉ាអើយ ទ្រង់បានតាំងភ្នំនៃទូលបង្គំឡើងឲ្យមាំមួន ដោយព្រះគុណទ្រង់ កាលទ្រង់បានលាក់ព្រះភ័ក្ត្រទៅ នោះទូលបង្គំមានសេចក្ដីតក់ស្លុត
8 តែ ឱព្រះយេហូវ៉ាអើយ ទូលបង្គំបានអំពាវនាវដល់ទ្រង់ គឺទូលបង្គំបានទូលអង្វរដល់ព្រះយេហូវ៉ាថា
9 តើមានប្រយោជន៍អ្វី ដែលទ្រង់កម្ចាយឈាមទូលបង្គំ ហើយឲ្យទូលបង្គំចុះទៅក្នុងរណ្តៅនោះ តើធូលីដីនឹងសរសើរដល់ទ្រង់ដែរឬ តើនឹងនិទានពីសេចក្ដីស្មោះត្រង់របស់ទ្រង់ឬទេ
10 ឱព្រះយេហូវ៉ាអើយ សូមទ្រង់ស្តាប់ ហើយប្រោសមេត្តាដល់ទូលបង្គំ ឱព្រះយេហូវ៉ាអើយ សូមទ្រង់ធ្វើជាអ្នកជំនួយ ដល់ទូលបង្គំផង
11 នោះទ្រង់បានផ្លាស់ការយំសោករបស់ទូលបង្គំ ឲ្យទៅជាសេចក្ដីត្រេកអរទៅវិញ ទ្រង់បានផ្លាស់សំពត់សម្រាប់កាន់ទុក្ខចេញ ឲ្យទូលបង្គំបានស្លៀកពាក់សេចក្ដីអំណរឡើង
12 ដើម្បីឲ្យចិត្តទូលបង្គំបានច្រៀងសរសើរដល់ទ្រង់ ឥតនៅស្ងៀមឡើយ ឱព្រះយេហូវ៉ាជាព្រះនៃទូលបង្គំអើយ ទូលបង្គំនឹងអរព្រះគុណដល់ទ្រង់ជាដរាបទៅ។
Psalm 31
1 ឱព្រះយេហូវ៉ាអើយ ទូលបង្គំពឹងជ្រកក្នុងទ្រង់ សូមកុំឲ្យទូលបង្គំត្រូវខ្មាសឡើយ សូមជួយទូលបង្គំឲ្យរួច ដោយសេចក្ដីសុចរិតរបស់ទ្រង់
2 សូមផ្ទៀងព្រះកាណ៌មកស្តាប់ទូលបង្គំ ហើយជួយឲ្យទូលបង្គំរួចជាប្រញាប់ សូមទ្រង់ធ្វើជាថ្មដាមាំមួនដល់ទូលបង្គំ គឺជាបន្ទាយសម្រាប់ជួយសង្គ្រោះទូលបង្គំផង
3 ដ្បិតទ្រង់ជាថ្មដា ហើយជាបន្ទាយនៃទូលបង្គំពិត ហេតុនោះ សូមទ្រង់នាំ ហើយតម្រង់ទូលបង្គំ ដោយយល់ដល់ព្រះនាមទ្រង់
4 សូមទ្រង់ដោះទូលបង្គំចេញពីអន្ទាក់ ដែលគេបានដាក់ ដោយលួចលាក់ ដើម្បីនឹងចាប់ទូលបង្គំ ដ្បិតទ្រង់ជាទីពឹងរបស់ទូលបង្គំហើយ
5 ទូលបង្គំប្រគល់ព្រលឹងវិញ្ញាណនៅក្នុងព្រះហស្តទ្រង់ ឱព្រះយេហូវ៉ាជាព្រះនៃសេចក្ដីពិតអើយ ទ្រង់បានលោះទូលបង្គំទុក
6 ទូលបង្គំស្អប់ចំពោះអស់អ្នក ដែលយកចិត្តទុកដាក់នឹងសេចក្ដីភូតភរ ឯទូលបង្គំវិញ បានពឹងដល់ព្រះយេហូវ៉ា
7 ទូលបង្គំនឹងមានចិត្តអំណរ ហើយរីករាយ ដោយសេចក្ដីសប្បុរសរបស់ទ្រង់ ដ្បិតទ្រង់បានឃើញសេចក្ដីវេទនារបស់ទូលបង្គំហើយ ក៏បានជ្រាបពីសេចក្ដីថប់ព្រួយក្នុងព្រលឹងទូលបង្គំដែរ
8 ទ្រង់មិនបានឃុំឃាំងទូលបង្គំ នៅក្នុងកណ្តាប់ដៃនៃពួកខ្មាំងសត្រូវទេ គឺទ្រង់បានដាក់ជើងទូលបង្គំឲ្យនៅទីធំទូលាយវិញ
9 ឱព្រះយេហូវ៉ាអើយ សូមប្រោសមេត្តាចំពោះទូលបង្គំ ដ្បិតទូលបង្គំមានសេចក្ដីទុក្ខលំបាក ភ្នែកទូលបង្គំកាន់តែខ្សោយទៅ ដោយសេចក្ដីសោយសោក ព្រមទាំងចិត្ត និងខ្លួនប្រាណនៃទូលបង្គំផង
10 ដ្បិតជីវិតទូលបង្គំនឹងផុតទៅ ដោយសេចក្ដីទុក្ខព្រួយ ហើយអស់ទាំងឆ្នាំនៃអាយុទូលបង្គំ ដោយដំងូរផង កម្លាំងនៃទូលបង្គំចេះតែខ្សោយទៅ ដោយព្រោះសេចក្ដីទុច្ចរិតនៃទូលបង្គំ ហើយអស់ទាំងឆ្អឹងទូលបង្គំក៏ខ្សោះទៅដែរ
11 ទូលបង្គំបានត្រឡប់ជាទីដៀលត្មះ ដោយព្រោះពួកតតាំងនឹងទូលបង្គំ អើ ដល់ទាំងពួកអ្នកជិតខាងនៃទូលបង្គំជាខ្លាំង ហើយជាសេចក្ដីគួរខ្លាចដល់ពួកដែលធ្លាប់ស្គាល់ ទូលបង្គំផង ពួកអ្នកដែលបានឃើញទូលបង្គំនៅខាងក្រៅ នោះក៏រត់ចេញពីមុខទូលបង្គំទៅ
12 មនុស្សបានភ្លេចទូលបង្គំបង់ ដូចជាគេលែងនឹកពី មនុស្សណាដែលស្លាប់បាត់ហើយ ទូលបង្គំក៏ដូចជាឆ្នាំងដែលបែកធ្លាយដែរ
13 ដ្បិតទូលបង្គំបានឮពាក្យបង្កាច់របស់មនុស្សជាច្រើន មានសេចក្ដីស្ញែងខ្លាចនៅគ្រប់ជុំវិញ ហើយកំពុងដែលគេពិគ្រោះគ្នាទាស់នឹងទូលបង្គំ នោះក៏បង្កើតកិច្ចកលនឹងដកជីវិតទូលបង្គំចេញ
14 តែ ឱព្រះយេហូវ៉ាអើយ ទូលបង្គំបានទុកចិត្តដល់ទ្រង់ ទូលបង្គំបានថា ទ្រង់ជាព្រះនៃទូលបង្គំ
15 ឯថ្ងៃអាយុរបស់ទូលបង្គំ សុទ្ធតែនៅក្នុងព្រះហស្តទ្រង់ សូមជួយទូលបង្គំ ឲ្យរួចពីកណ្តាប់ដៃនៃពួកសត្រូវ របស់ទូលបង្គំ ហើយពីអស់អ្នកដែលបៀតបៀនដល់ទូលបង្គំដែរ
16 សូមឲ្យព្រះភ័ក្ត្រទ្រង់ភ្លឺមកលើអ្នកបម្រើទ្រង់ សូមជួយសង្គ្រោះទូលបង្គំ ដោយសេចក្ដីសប្បុរសនៃទ្រង់
17 ឱព្រះយេហូវ៉ាអើយ សូមកុំឲ្យទូលបង្គំត្រូវខ្មាសឡើយ ដ្បិតទូលបង្គំបានអំពាវនាវដល់ទ្រង់ សូមឲ្យពួកមនុស្សអាក្រក់មានសេចក្ដីខ្មាសវិញ សូមឲ្យគេស្ងៀមនៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់
18 សូមឲ្យបបូរមាត់កំភូតបានទៅជាគ គឺបបូរមាត់ដែលពោលទាស់នឹងមនុស្សសុចរិត ដោយឆ្មើងឆ្មៃ ចិត្តធំ និងសេចក្ដីមើលងាយ
19 ឱសេចក្ដីសប្បុរសនៃទ្រង់ជាធំអំបាលណាទៅ ដែលទ្រង់បានត្រៀមទុកសម្រាប់អស់អ្នកដែល កោតខ្លាចដល់ទ្រង់ ជាសេចក្ដីដែលទ្រង់បានបង្កើតនៅមុខមនុស្សលោក សម្រាប់អស់អ្នកដែលពឹងជ្រកក្នុងទ្រង់
20 ទ្រង់នឹងលាក់គេទុកនៅទីកំបាំងចំពោះទ្រង់ ឲ្យបានរួចពីឧបាយរបស់មនុស្ស ទ្រង់នឹងថែរក្សាគេ ដោយសម្ងាត់ នៅក្នុងពន្លាទ្រង់ ឲ្យរួចពីសេចក្ដីទាស់ទែងនៃអណ្តាតទាំងឡាយ
21 សូមលើកសរសើរដល់ព្រះយេហូវ៉ា ដ្បិតទ្រង់បានសម្ដែងសេចក្ដីសប្បុរសដ៏អស្ចារ្យរបស់ទ្រង់ ដល់ទូលបង្គំនៅក្នុងទីក្រុងមាំមួន
22 ឯទូលបង្គំបាននិយាយដោយប្រញាប់ពេកថា ទូលបង្គំត្រូវកាត់ចេញពីចំពោះព្រះនេត្រទ្រង់ហើយ ប៉ុន្តែ ទ្រង់បានឮសំឡេងដែលទូលបង្គំទូលអង្វរ ក្នុងកាលដែលអំពាវនាវដល់ទ្រង់
23 ឱអស់អ្នកបរិសុទ្ធរបស់ទ្រង់អើយ ចូរស្រឡាញ់ដល់ព្រះយេហូវ៉ាចុះ ព្រះយេហូវ៉ាទ្រង់ការពារមនុស្សស្មោះត្រង់ ហើយក៏សងដល់មនុស្សឆ្មើងឆ្មៃជាបរិបូរ
24 ឱអស់អ្នកដែលសង្ឃឹមដល់ព្រះយេហូវ៉ាអើយ ចូរមានកម្លាំងឡើង ហើយឲ្យចិត្តអ្នករាល់គ្នា បានក្លាហានចុះ។
Psalm 32
1 មានពរហើយ មនុស្សណាដែលការរំលង ច្បាប់របស់ខ្លួនបានអត់ទោសឲ្យ គឺដែលបាបរបស់ខ្លួនបានគ្របបាំងហើយ
2 មានពរហើយ មនុស្សណាដែលព្រះយេហូវ៉ាមិនរាប់ថា ជាអ្នកមានទោស ជាអ្នកដែលគ្មានកលឧបាយនៅក្នុងចិត្តសោះ
3 កាលទូលបង្គំបានស្ងៀមនៅ នោះឆ្អឹងទូលបង្គំ បានខ្សោះទៅ ដោយសារដំងូរដែលទូលបង្គំថ្ងូរជាដរាបរាល់ថ្ងៃ
4 ដ្បិតព្រះហស្តនៃទ្រង់បានសង្កត់លើទូលបង្គំជាធ្ងន់ ទាំងយប់ទាំងថ្ងៃ ធាតុទឹករបស់ទូលបង្គំបានត្រឡប់ទៅជារីងហួត ដូចជារដូវក្តៅ។ –បង្អង់
5 ៙ ទូលបង្គំបានរ៉ាប់ទទួលអំពើបាបរបស់ ទូលបង្គំនៅចំពោះទ្រង់ ឥតលាក់ការទុច្ចរិតរបស់ទូលបង្គំទុកឡើយ ទូលបង្គំបាននិយាយថា ទូលបង្គំនឹងលន់តួអស់ទាំង ការរំលងរបស់ទូលបង្គំដល់ព្រះយេហូវ៉ា ឯទ្រង់ក៏បានអត់ទោសចំពោះអំពើបាបនៃទូលបង្គំទៅ។ –បង្អង់
6 ៙ ដូច្នេះ ត្រូវឲ្យអស់អ្នកដែលកោតខ្លាចដល់ព្រះ បានអធិស្ឋានដល់ទ្រង់ នៅវេលាដែលនឹងរកទ្រង់ឃើញ យ៉ាងនោះ កាលណាជំនន់ធំជន់ឡើង នោះប្រាកដជានឹង មិនដែលលិចមកដល់អ្នកនោះឡើយ
7 ទ្រង់ជាទីពំនួននៃទូលបង្គំ ទ្រង់នឹងការពារទូលបង្គំ ឲ្យរួចពីសេចក្ដីទុក្ខលំបាក ទ្រង់នឹងព័ទ្ធទូលបង្គំជុំវិញ ដោយទំនុកនៃសេចក្ដីសង្គ្រោះ។ –បង្អង់
8 ៙ អញនឹងបង្ហាត់បង្រៀនឲ្យឯងស្គាល់ផ្លូវ ដែលឯងត្រូវដើរ អញនឹងទូន្មានឯង ដោយភ្នែកអញមើលឯងជាប់
9 កុំឲ្យឯងធ្វើដូចជាសេះ ឬលាកាត់ ដែលគ្មានប្រាជ្ញា ដែលគេត្រូវដាក់បង្ខាំ ហើយនិងបង្ហៀរ ដើម្បីទប់វា ក្រែងវាមិនព្រមមកឯឯងនោះឡើយ
10 ឯមនុស្សអាក្រក់គេនឹងមានទុក្ខព្រួយជាច្រើន តែអ្នកណាដែលទុកចិត្តនឹងព្រះយេហូវ៉ា នោះនឹងមានសេចក្ដីសប្បុរសនៅព័ទ្ធជុំវិញខ្លួន
11 ឱមនុស្សសុចរិតរាល់គ្នាអើយ ចូរមានចិត្តសប្បាយ ហើយរីករាយឡើង ក្នុងព្រះយេហូវ៉ាចុះ អស់អ្នកដែលមានចិត្តទៀតត្រង់អើយ ចូរនាំគ្នាស្រែកឡើងដោយអំណរចុះ។
Psalm 33
1 ឱពួកអ្នកសុចរិតអើយ ចូរមានចិត្តរីករាយក្នុងព្រះយេហូវ៉ាចុះ ដ្បិតសេចក្ដីសរសើរ នោះសំណំដល់មនុស្សទៀងត្រង់
2 ចូរអរព្រះគុណដល់ព្រះយេហូវ៉ា ដោយចាប់ស៊ុង ហើយច្រៀងសរសើរថ្វាយទ្រង់ ដោយដេញពិណខ្សែ១០
3 ចូរច្រៀងទំនុកថ្មីថ្វាយទ្រង់ ហើយលេងភ្លេងឲ្យឮរងំ ដោយប៉ិនប្រសប់
4 ដ្បិតព្រះបន្ទូលនៃព្រះយេហូវ៉ាត្រឹមត្រូវ ហើយបណ្តាកិច្ចការនៃទ្រង់បានធ្វើដោយស្មោះត្រង់ដែរ
5 ទ្រង់ស្រឡាញ់សេចក្ដីសុចរិត និងសេចក្ដីយុត្តិធម៌ ផែនដីមានពេញដោយសេចក្ដីសប្បុរសនៃព្រះយេហូវ៉ា
6 ផ្ទៃមេឃបានកើតមក ដោយសារព្រះបន្ទូលព្រះយេហូវ៉ា ហើយពួកបរិវារនៅលើនោះ បានកើតដោយសារខ្យល់ ពីព្រះឱស្ឋទ្រង់
7 ទ្រង់បង្គរទឹកសមុទ្រឡើង ដូចជាគំនរ ទ្រង់យកទីជម្រៅដាក់ទុកក្នុងឃ្លាំង
8 ចូរឲ្យគ្រប់ផែនដីខ្លាចចំពោះព្រះយេហូវ៉ា ហើយឲ្យគ្រប់មនុស្សនៅលោកីយ៍កោតក្រែងដល់ទ្រង់ចុះ
9 ដ្បិតទ្រង់គ្រាន់តែមានព្រះបន្ទូល នោះក៏កើតមានដូច្នោះ ទ្រង់បានបង្គាប់ នោះក៏មាននៅ
10 ព្រះយេហូវ៉ាទ្រង់ធ្វើឲ្យសេចក្ដីប្រឹក្សានៃអស់ទាំងនគរ បានថ្លស់ការ ទ្រង់ធ្វើឲ្យគំនិតនៃជនទាំងឡាយបានទៅជាឥតការ
11 ឯដំបូន្មានផងព្រះយេហូវ៉ាវិញ នោះជាប់ជានិច្ច ហើយតម្រិះក្នុងព្រះហឫទ័យទ្រង់ក៏នៅជាដរាប ដល់អស់ទាំងដំណតទៅ
12 មានពរហើយ នគរណាដែលយកព្រះយេហូវ៉ាទុកជា ព្រះរបស់ខ្លួន គឺសាសន៍ដែលទ្រង់បានរើស ទុកជាមរដករបស់ទ្រង់
13 ព្រះយេហូវ៉ាទ្រង់ទតមកពីលើស្ថានសួគ៌ ទ្រង់ឃើញមនុស្សលោកទាំងអស់
14 ទ្រង់ទតមកពីស្ថានដ៏ជាទីលំនៅរបស់ទ្រង់ ក៏ឃើញអស់អ្នកដែលនៅផែនដីផង
15 គឺទ្រង់ហើយ ដែលស្អាងចិត្តគេ ក៏ពិចារណាមើលអស់ទាំងការដែលគេធ្វើដែរ
16 គ្មានស្តេចណាបានសង្គ្រោះ ដោយមាន ពលទ័ពច្រើនឡើយ មនុស្សខ្លាំងពូកែក៏មិនបានរួច ដោយមាន កម្លាំងយ៉ាងខ្លាំងនោះដែរ
17 ឯសេះ នោះឥតប្រយោជន៍នឹងពឹងឲ្យបានសាន្តត្រាណ ក៏មិនអាចនឹងជួយឲ្យអ្នកណារួចដោយសារកម្លាំងដ៏ខ្លាំង របស់វាដែរ
18 មើល ព្រះនេត្រនៃព្រះយេហូវ៉ាទតមកលើអស់អ្នក ដែលកោតខ្លាចដល់ទ្រង់ គឺមកលើពួកអ្នកដែលសង្ឃឹមដល់សេចក្ដីសប្បុរសទ្រង់
19 ដើម្បីនឹងជួយឲ្យព្រលឹងគេរួចពីស្លាប់ ហើយការពារឲ្យគេរស់នៅក្នុងគ្រាអំណត់
20 ព្រលឹងនៃយើងខ្ញុំសង្ឃឹមដល់ព្រះយេហូវ៉ា ទ្រង់ជាជំនួយ ហើយជាខែល របស់យើងខ្ញុំ
21 ដ្បិតចិត្តយើងខ្ញុំរីករាយឡើងក្នុងទ្រង់ ពីព្រោះយើងខ្ញុំបានទុកចិត្តដល់ព្រះនាមបរិសុទ្ធ របស់ទ្រង់ហើយ
22 ឱព្រះយេហូវ៉ាអើយ សូមឲ្យសេចក្ដីសប្បុរសរបស់ទ្រង់ សណ្ឋិតនៅលើយើងខ្ញុំ តាមដែលយើងខ្ញុំសង្ឃឹមដល់ទ្រង់។
Psalm 34
1 ខ្ញុំនឹងលើកសរសើរដល់ព្រះយេហូវ៉ាគ្រប់ ពេលវេលា សេចក្ដីសរសើរពីទ្រង់នឹងនៅក្នុងមាត់ខ្ញុំជានិច្ច
2 ព្រលឹងរបស់ខ្ញុំនឹងអួតតែពីព្រះយេហូវ៉ា មនុស្សរាបទាបនឹងឮ ហើយនិងមានសេចក្ដីអំណរដែរ
3 ចូរតម្កើងព្រះយេហូវ៉ាជាមួយនឹងខ្ញុំចុះ ចូរយើងព្រមគ្នាលើកព្រះនាមទ្រង់ឡើង
4 ខ្ញុំបានស្វែងរកព្រះយេហូវ៉ា ហើយទ្រង់ក៏ឆ្លើយតបមកខ្ញុំ ក៏ប្រោសឲ្យខ្ញុំរួចពីអស់ទាំងសេចក្ដីភិតភ័យរបស់ខ្ញុំ
5 អ្នកណាដែលពឹងដល់ទ្រង់ នោះក៏មានសេចក្ដីអំណរ ដ៏ព្រោងព្រាយ ហើយមុខគេមិនដែលត្រូវខ្មាសឡើយ
6 ខ្ញុំ ជាមនុស្សវេទនានេះ បានអំពាវនាវទៅ នោះព្រះយេហូវ៉ាទ្រង់បានស្តាប់តាម ហើយជួយសង្គ្រោះឲ្យរួចពីសេចក្ដីលំបាកទាំងប៉ុន្មានរបស់ខ្លួន
7 ទេវតានៃព្រះយេហូវ៉ាចោមរោមនៅជុំវិញនៃអស់អ្នកដែល កោតខ្លាចដល់ទ្រង់ ហើយក៏ជួយគេឲ្យរួច
8 ឱសូមភ្លក់មើលឲ្យដឹងថា ព្រះយេហូវ៉ាទ្រង់ល្អចុះ មានពរហើយ មនុស្សណាដែលពឹងជ្រកក្នុងទ្រង់
9 ឱពួកបរិសុទ្ធរបស់ទ្រង់អើយ សូមកោតខ្លាចដល់ ព្រះយេហូវ៉ា ដ្បិតអស់អ្នកដែលកោតខ្លាចដល់ទ្រង់មិនខ្វះអ្វីឡើយ
10 ឯអស់ទាំងសិង្ហស្ទាវ វាតែងតែខ្វះ ហើយក៏ឃ្លាន តែអស់អ្នកណាដែលស្វែងរកព្រះយេហូវ៉ា នោះនឹងមិនខ្វះអ្វី ដែលល្អឡើយ
11 កូនទាំងឡាយអើយ ចូរមកស្តាប់អញចុះ អញនឹងបង្រៀនឯងរាល់គ្នាពីសេចក្ដីកោតខ្លាចដល់ ព្រះយេហូវ៉ា
12 តើមានអ្នកឯណាដែលចង់បានជីវិត ហើយស្រឡាញ់ អាយុយឺនយូរ ដើម្បីឲ្យបានឃើញសេចក្ដីល្អ
13 ត្រូវឲ្យរក្សាអណ្តាតខ្លួន ឲ្យរួចពីសេចក្ដីអាក្រក់ ហើយបបូរមាត់ផង មិនឲ្យពោលពាក្យកំភូត
14 ចូរថយចេញពីការអាក្រក់ ហើយប្រព្រឹត្តការល្អវិញ ចូរស្វែងរកសេចក្ដីសុខ ហើយដេញជាប់តាមចុះ
15 ព្រះនេត្រព្រះយេហូវ៉ាទតទៅចំពោះមនុស្សសុចរិត ហើយព្រះកាណ៌ទ្រង់ក៏ប្រុងស្តាប់សម្រែករបស់គេ
16 ព្រះភ័ក្ត្រព្រះយេហូវ៉ាទាស់ទទឹងនឹងពួកអ្នក ដែលប្រព្រឹត្តអាក្រក់ ដើម្បីនឹងដកយកសេចក្ដីនឹកចាំចំពោះគេពីផែនដីចេញ
17 ឯមនុស្សសុចរិត គេអំពាវនាវ ហើយព្រះយេហូវ៉ា ទ្រង់ទទួលស្តាប់ ទ្រង់ក៏ប្រោសគេឲ្យរួចពីគ្រប់សេចក្ដីលំបាករបស់គេ
18 ព្រះយេហូវ៉ាទ្រង់គង់ជិតបង្កើយនឹងអស់អ្នក ដែលមានចិត្តសង្រេង ហើយទ្រង់ជួយសង្គ្រោះដល់អស់អ្នក ដែលមានវិញ្ញាណទន់ទាប
19 មនុស្សសុចរិតតែងតែកើតមានសេចក្ដីលំបាកជាច្រើន តែព្រះយេហូវ៉ាទ្រង់ជួយឲ្យរួចពីសេចក្ដីទាំងនោះ
20 ទ្រង់រក្សាអស់ទាំងឆ្អឹងរបស់អ្នកនោះ មិនឲ្យឆ្អឹងណាមួយត្រូវបាក់ឡើយ
21 សេចក្ដីអាក្រក់នឹងសម្លាប់មនុស្សដែលប្រព្រឹត្តអាក្រក់ ហើយពួកអ្នកដែលស្អប់ដល់មនុស្សសុចរិត នឹងត្រូវមានទោស
22 ព្រះយេហូវ៉ាទ្រង់លោះព្រលឹងនៃអស់អ្នកដែលគោរព ប្រតិបត្តិដល់ទ្រង់ ហើយក្នុងពួកអស់អ្នកដែលពឹងជ្រកក្នុងទ្រង់ នោះគ្មានអ្នកណាមួយនឹងត្រូវទោសឡើយ។
Psalm 35
1 ឱព្រះយេហូវ៉ាអើយ សូមទ្រង់ការពារទូលបង្គំចំពោះពួកអ្នកដែល តតាំងនឹងទូលបង្គំ សូមទ្រង់តស៊ូនឹងពួកអ្នកដែលតស៊ូនឹងទូលបង្គំផង
2 សូមចាប់យកទាំងខែលតូចធំ ហើយក្រោកឡើងជួយទូលបង្គំ
3 សូមងាលំពែងរាំងផ្លូវពួកអ្នកដែលដេញតាមទូលបង្គំ សូមមានព្រះបន្ទូលមកព្រលឹងទូលបង្គំថា ព្រះអង្គជាសេចក្ដីសង្គ្រោះនៃទូលបង្គំ
4 សូមឲ្យអស់អ្នកដែលប៉ងអាក្រក់ដល់ព្រលឹងទូលបង្គំ បានទៅជាមានសេចក្ដីខ្មាស ហើយអាប់យសទៅ សូមឲ្យអស់អ្នកដែលគិតប្រទូសរ៉ាយដល់ទូលបង្គំ បានត្រូវថយចេញដោយខ្មាសវិញ
5 សូមឲ្យគេបានដូចជាចំបើងដែលខ្យល់ផាត់ទៅ ហើយឲ្យទេវតានៃព្រះយេហូវ៉ាដេញតាមគេផង
6 សូមឲ្យផ្លូវគេបានងងឹត ហើយរឥល ព្រមទាំងមានទេវតានៃព្រះយេហូវ៉ាដេញតាមគេដែរ
7 ដ្បិតគេបានលាក់អន្ទាក់នៅក្នុងរណ្តៅ ដើម្បីចាប់ទូលបង្គំដោយឥតហេតុ គេបានជីករណ្តៅទាក់ព្រលឹងទូលបង្គំ ដោយឥតហេតុ
8 សូមឲ្យសេចក្ដីហិនវិនាសលោមកលើគេ ដោយឥតដឹងខ្លួន ហើយឲ្យអន្ទាក់ដែលគេបានលាក់នោះ ជាប់ខ្លួនគេវិញ សូមឲ្យគេធ្លាក់ទៅជាប់អន្ទាក់នោះ ហើយវិនាសទៅផង
9 នោះព្រលឹងទូលបង្គំនឹងមានសេចក្ដីអំណរ ក្នុងព្រះយេហូវ៉ា ហើយនិងមានសេចក្ដីរីករាយ ដោយសេចក្ដីសង្គ្រោះរបស់ទ្រង់
10 អស់ទាំងឆ្អឹងនៃទូលបង្គំនឹងពោលថា ឱព្រះយេហូវ៉ាអើយ តើមានអ្នកណាដូចទ្រង់ ដែលទ្រង់ជួយមនុស្សក្រីក្រឲ្យរួចពីអ្នកដែលខ្លាំងជាងខ្លួន អើ ទាំងពួកក្រីក្រ និងមនុស្សកំសត់ឲ្យរួចពីអ្នករឹបជាន់ខ្លួន
11 មានសាក្សីកោងលើកគ្នាឡើង គេចោទសួរពីរឿងដែលទូលបង្គំមិនដឹង
12 គេប្រព្រឹត្តការអាក្រក់ដល់ទូលបង្គំ ស្នងនឹងការល្អ ដើម្បីឲ្យព្រលឹងទូលបង្គំត្រូវនៅតែឯង
13 តែឯទូលបង្គំ កាលគេបានឈឺ នោះទូលបង្គំបានស្លៀកពាក់សំពត់ធ្មៃ ទូលបង្គំបានសម្ដែងសេចក្ដីទុក្ខ ដោយតមអត់អាហារ ហើយសេចក្ដីអធិស្ឋានរបស់ទូលបង្គំ បានត្រឡប់ចូលមកក្នុងទ្រូងខ្លួនវិញ
14 ទូលបង្គំបានប្រព្រឹត្តបែបដូចជាអ្នកនោះជាសំឡាញ់ ឬជាបងប្អូន ទូលបង្គំបានឱនខ្លួនដោយសេចក្ដីសោក ដូចជាអ្នកដែលកាន់ទុក្ខចំពោះម្តាយ
15 តែក្នុងគ្រាដែលទូលបង្គំកើតមានសេចក្ដីទំនាស់ចិត្ត នោះគេបានអរសប្បាយវិញ ព្រមទាំងប្រជុំគ្នាផង មនុស្សចង្រៃនោះ គេប្រជុំគ្នាទាស់នឹងទូលបង្គំ តែទូលបង្គំមិនបានដឹងខ្លួនសោះ គេបានហែកទូលបង្គំឥតឈប់ឈរ
16 គេបានសំញែងធ្មេញដាក់ទូលបង្គំ ដូចជាពួកអ្នកមានពុត ដែលប្រមាថ ក្នុងពេលលៀងលោមគ្នា
17 ឱព្រះអម្ចាស់អើយ តើទ្រង់នឹងព្រងើយចំពោះគេ ដល់កាលណាទៀត សូមដោះព្រលឹងទូលបង្គំឲ្យរួចពីការបំផ្លាញរបស់គេ ហើយដួងជីវិតនៃទូលបង្គំឲ្យរួចពីសិង្ហ
18 ទូលបង្គំនឹងអរព្រះគុណដល់ទ្រង់ នៅក្នុងពួកជំនុំធំ ទូលបង្គំនឹងសរសើរដល់ទ្រង់ នៅកណ្តាលមហាជន
19 សូមកុំឲ្យពួកខ្មាំងសត្រូវរបស់ទូលបង្គំ មានសេចក្ដីអំណរ ដោយឈ្នះទូលបង្គំឡើយ ក៏កុំឲ្យពួកអ្នកដែលស្អប់ទូលបង្គំដោយឥតហេតុ បានមិចភ្នែកដាក់គ្នាដែរ
20 ដ្បិតគេមិននិយាយដោយសេចក្ដីមេត្រីទេ គឺគេគិតតែបង្កើតសេចក្ដីភូតភរ ចំពោះមនុស្សស្ងប់រំងាប់នៅក្នុងស្រុកវិញ
21 អើ គេហាមាត់ធំទាស់នឹងទូលបង្គំ ដោយថា ន៏ ន៏ ភ្នែកយើងបានឃើញច្បាស់ហើយ
22 ឱព្រះយេហូវ៉ាអើយ ទ្រង់បានឃើញដែរ សូមកុំនៅស្ងៀមឡើយ ឱព្រះអម្ចាស់អើយ សូមទ្រង់កុំគង់ឆ្ងាយពីទូលបង្គំឲ្យសោះ
23 សូមទ្រង់រឭកឡើង ហើយតើនមកវិនិច្ឆ័យទូលបង្គំ ដោយយុត្តិធម៌ ឱព្រះដ៏ជាព្រះអម្ចាស់នៃទូលបង្គំអើយ សូមវិនិច្ឆ័យរឿងក្តីនៃទូលបង្គំផង
24 ឱព្រះយេហូវ៉ាដ៏ជាព្រះនៃទូលបង្គំអើយ សូមវិនិច្ឆ័យទូលបង្គំតាមសេចក្ដីសុចរិតរបស់ទ្រង់ សូមកុំឲ្យគេមានសេចក្ដីអំណរ ដោយឈ្នះទូលបង្គំឡើយ
25 កុំឲ្យគេគិតក្នុងចិត្តថា ន៏ សមដូចយើងប្រាថ្នាហើយ កុំឲ្យគេថា យើងបានលេបវាបាត់ហើយ
26 ឯអស់អ្នកដែលអរសប្បាយ ដោយសេចក្ដីអន្តរាយរបស់ទូលបង្គំ នោះសូមឲ្យគេទៅជាមានសេចក្ដីខ្មាស ហើយជ្រប់មុខចុះ ឯអស់អ្នកដែលលើកគ្នាទាស់នឹងទូលបង្គំ នោះសូមឲ្យគេហ៊ុមហដោយសេចក្ដីខ្មាស និងអាប់យសទៅ
27 តែអស់អ្នកដែលកាន់ខាងសេចក្ដីសុចរិតរបស់ទូលបង្គំ សូមឲ្យគេបានស្រែកហ៊ោឡើងដោយអំណរ ហើយសប្បាយវិញ អើ សូមឲ្យគេបានពោលជានិច្ចថា សូមឲ្យព្រះយេហូវ៉ា បានថ្កើងរុងរឿងឡើង ដែលទ្រង់សព្វព្រះហឫទ័យ ចំពោះសេចក្ដីចម្រើននៃអ្នកបម្រើទ្រង់
28 យ៉ាងនោះ អណ្តាតទូលបង្គំនឹងថ្លែងប្រាប់ ពីសេចក្ដីសុចរិតរបស់ទ្រង់ ហើយពីសេចក្ដីសរសើរនៃទ្រង់ជាដរាបរាល់ថ្ងៃ។
Psalm 36
1 ការរំលងច្បាប់របស់មនុស្សអាក្រក់ នោះសម្ដែងក្នុងចិត្តខ្ញុំថា នៅភ្នែកគេគ្មានសេចក្ដីកោតខ្លាចដល់ព្រះទេ
2 ដ្បិតនៅភ្នែកគេក៏មើលខ្លួនជាគួរបញ្ចើចបញ្ចើវិញ ដោយថា សេចក្ដីទុច្ចរិតរបស់ខ្លួន មិនដែលមាន អ្នកណាឃើញ ឬស្អប់ឡើយ
3 អស់ទាំងពាក្យដែលចេញពីមាត់គេ សុទ្ធតែជា សេចក្ដីទុច្ចរិត ហើយភូតភរទទេ គេបានលែងមានប្រាជ្ញា ក៏មិនប្រព្រឹត្តល្អដែរ
4 គេដេកគិតបង្កើតការទុច្ចរិតនៅលើដំណេកខ្លួន ក៏តាំងខ្លួនដើរតាមផ្លូវដែលមិនល្អ គេមិនចេះខ្ពើមការអាក្រក់ឡើយ។
5 ៙ ឱព្រះយេហូវ៉ាអើយ សេចក្ដីសប្បុរសនៃទ្រង់ខ្ពស់ ដល់ផ្ទៃមេឃ សេចក្ដីស្មោះត្រង់នៃទ្រង់ក៏ដល់ពពកផង
6 សេចក្ដីសុចរិតរបស់ទ្រង់ដូចជាភ្នំនៃព្រះ សេចក្ដីវិនិច្ឆ័យរបស់ទ្រង់ដូចមហាសមុទ្រដ៏ជ្រៅ ឱព្រះយេហូវ៉ាអើយ ទ្រង់ទំនុកបម្រុងទាំងមនុស្ស និងសត្វផង
7 ឱព្រះអង្គអើយ សេចក្ដីសប្បុរសនៃទ្រង់ថ្លៃវិសេស យ៉ាងណាហ្ន៎ ពួកមនុស្សលោកក៏ជ្រកនៅម្លប់នៃស្លាបទ្រង់
8 គេនឹងបានឆ្អែត ដោយរបស់ដ៏បរិបូរក្នុងដំណាក់ទ្រង់ ហើយទ្រង់នឹងឲ្យគេផឹកពីទន្លេនៃសេចក្ដីអំណររបស់ទ្រង់
9 ដ្បិតឯជ្រោះនៃជីវិត នោះនៅជាមួយនឹងទ្រង់ នៅក្នុងពន្លឺនៃទ្រង់ នោះយើងខ្ញុំនឹងបានភ្លឺ
10 ឱសូមទ្រង់ចេះតែផ្តល់សេចក្ដីសប្បុរស ដល់អស់អ្នកដែលស្គាល់ទ្រង់តទៅ ហើយសេចក្ដីសុចរិតរបស់ទ្រង់ ដល់អស់អ្នក ដែលមានចិត្តទៀងត្រង់ផង
11 សូមកុំឲ្យជើងរបស់មនុស្សឆ្មើងឆ្មៃ មកទាស់នឹងទូលបង្គំ ឬដៃនៃមនុស្សអាក្រក់មកបណ្តេញទូលបង្គំឡើយ
12 សូមឲ្យពួកអ្នកដែលប្រព្រឹត្តអាក្រក់នោះបានដួលចុះ ឲ្យគេត្រូវទម្លាក់ទៅឥតក្រោកឡើងវិញបានឡើយ។
Psalm 37
1 កុំឲ្យក្តៅចិត្ត ដោយព្រោះមនុស្ស ដែលប្រព្រឹត្តអាក្រក់ឡើយ ក៏កុំឲ្យច្រណែននឹងពួកអ្នកដែលធ្វើការទុច្ចរិតដែរ
2 ដ្បិតនៅបន្តិចទៀត គេនឹងត្រូវច្រូតកាត់ដូចជាស្មៅ ហើយនិងក្រៀមស្វិតទៅដូចជាស្មៅខ្ចីដែរ។
3 ៙ ចូរទុកចិត្តនឹងព្រះយេហូវ៉ា ហើយប្រព្រឹត្តការល្អចុះ យ៉ាងនោះ អ្នកនឹងបាននៅក្នុងស្រុក ហើយចម្អែតខ្លួនដោយសេចក្ដីពិត
4 ចូរយកព្រះយេហូវ៉ាជាសេចក្ដីអំណររបស់អ្នក នោះទ្រង់នឹងប្រទានឲ្យអ្នកបានដូចបំណងចិត្ត
5 ចូរទុកដាក់ផ្លូវអ្នកនឹងព្រះយេហូវ៉ាចុះ ថែមទាំងទុកចិត្តដល់ទ្រង់ផង នោះទ្រង់នឹងប្រោសឲ្យបានសម្រេច
6 ទ្រង់នឹងឲ្យសេចក្ដីសុចរិតរបស់អ្នកបានផ្សាយចេញ ដូចជាពន្លឺ ហើយសេចក្ដីយុត្តិធម៌របស់អ្នក ដូចជាវេលាថ្ងៃត្រង់ផង
7 ចូរស្ងៀមនៅចំពោះព្រះយេហូវ៉ា ហើយរង់ចាំទ្រង់ចុះ កុំឲ្យក្តៅចិត្ត ដោយព្រោះអ្នកដែលចម្រើនក្នុងផ្លូវគេ ឬមនុស្សដែលបង្កើតការអាក្រក់សម្រេចបាននោះឡើយ។
8 ៙ ចូរឈប់ពីសេចក្ដីកំហឹង ហើយបោះបង់សេចក្ដីឃោរឃៅចោលចេញ កុំឲ្យក្តៅចិត្តឡើយ ដ្បិតនោះនឹងនាំឲ្យប្រព្រឹត្តអាក្រក់វិញ
9 ពីព្រោះពួកអ្នកដែលធ្វើអាក្រក់នឹងត្រូវកាត់ចេញ តែអស់អ្នកដែលរង់ចាំព្រះយេហូវ៉ា នោះនឹងបានផែនដីជាមរដក
10 ដល់បន្តិចទៀត មនុស្សអាក្រក់នឹងមិនមានទៀតទេ អើ អ្នកនឹងខំមើលកន្លែងគេ តែគេមិននៅទេ
11 ឯមនុស្សរាបសា គេនឹងបានផែនដីជាមរដក ហើយនិងបានចិត្តរីករាយ ដោយសេចក្ដីក្សេមក្សាន្តដ៏បរិបូរ។
12 ៙ ចំណែកមនុស្សអាក្រក់ គេគិតគូរការទាស់នឹងមនុស្សសុចរិត ក៏សំញែងធ្មេញដាក់អ្នកនោះ
13 តែព្រះអម្ចាស់ទ្រង់នឹងសើចនឹងគេ ដ្បិតទ្រង់ជ្រាបថា ថ្ងៃកំណត់ របស់គេកាន់តែជិតដល់
14 ពួកមនុស្សអាក្រក់បានហូតដាវជាស្រេច ហើយដំឡើងធ្នូទុក ដើម្បីនឹងទម្លាក់មនុស្សទ័លក្រ ហើយនិងមនុស្សកំសត់ទុគ៌ត ព្រមទាំងសម្លាប់អស់អ្នកដែលកាន់តាមផ្លូវទៀងត្រង់
15 តែដាវគេនឹងចាក់ចូលក្នុងចិត្តខ្លួនគេវិញ ហើយធ្នូគេនឹងត្រូវបាក់
16 ឯរបស់បន្តិចបន្តួចនៃមនុស្សសុចរិត នោះវិសេសជាជាងរបស់បរិបូរនៃមនុស្សអាក្រក់ ជាច្រើននាក់ទៅទៀត
17 ដ្បិតដៃនៃមនុស្សអាក្រក់នឹងត្រូវបាក់ តែព្រះយេហូវ៉ាទ្រង់ទប់ទល់មនុស្សសុចរិត។
18 ៙ ព្រះយេហូវ៉ាទ្រង់ជ្រាបនូវអស់ទាំងថ្ងៃរបស់ មនុស្សទៀតត្រង់ ហើយមរដករបស់គេនឹងនៅជាប់ជាដរាប
19 គេនឹងមិនត្រូវខ្មាសក្នុងគ្រាអាក្រក់ឡើយ ហើយនៅវេលាអំណត់ នោះគេនឹងបានឆ្អែត។
20 ៙ តែមនុស្សអាក្រក់នឹងត្រូវវិនាសទៅ ហើយពួកខ្មាំងនៃព្រះយេហូវ៉ានឹងដូចជាខ្លាញ់កូនចៀម គេនឹងត្រូវសូន្យបាត់ទៅ គេនឹងឆេះទៅជាផ្សែងអស់រលីង
21 ឯមនុស្សអាក្រក់គេខ្ចីឥតសងវិញឡើយ តែមនុស្សសុចរិតគេមានគុណ ហើយក៏ឲ្យទានវិញ
22 ដ្បិតអស់អ្នកដែលទទួលព្រះពរពីទ្រង់ នោះនឹងបានផែនដីជាមរដក តែអស់អ្នកដែលទ្រង់ដាក់បណ្តាសាវិញ នោះនឹងបានត្រូវកាត់ចោលចេញ។
23 ៙ គឺព្រះយេហូវ៉ាដែលតម្រូវអស់ទាំងជំហាននៃមនុស្សល្អ ហើយទ្រង់សព្វព្រះហឫទ័យនឹងផ្លូវដែលគេដើរដែរ
24 ទោះបើគេភ្លាត់ដួល គង់តែមិនត្រូវដួលទាំងស្រុងទេ ដ្បិតព្រះយេហូវ៉ាទ្រង់ទ្រអ្នកនោះដោយព្រះហស្ត
25 យើងពីដើមនៅក្មេង ឥឡូវនេះចាស់ហើយ តែមិនដែលឃើញមនុស្សសុចរិតត្រូវលះបង់ចោល ឬពូជពង្សគេសូមទានអាហារឡើយ
26 គេរមែងមានគុណជាដរាបរាល់ថ្ងៃ ព្រមទាំងឲ្យគេខ្ចី ហើយពូជពង្សគេបានពរដែរ។
27 ៙ ចូរគេចចេញពីការអាក្រក់ ហើយប្រព្រឹត្តការល្អចុះ នោះអ្នកនឹងបាននៅជារៀងរាបដរាប
28 ដ្បិតព្រះយេហូវ៉ាទ្រង់សព្វព្រះទ័យនឹងសេចក្ដីយុត្តិធម៌ ក៏មិនដែលបោះបង់ចោលពួកបរិសុទ្ធរបស់ទ្រង់ឡើយ ទ្រង់ថែរក្សាគេអស់កល្បជានិច្ច តែពូជរបស់មនុស្សអាក្រក់នឹងត្រូវកាត់ចេញវិញ
29 ពួកអ្នកសុចរិតនឹងបានស្រុកទុកជាមរដក ហើយនិងនៅក្នុងស្រុកនោះជានិច្ច។
30 ៙ មាត់របស់មនុស្សសុចរិតពោលចេញសុទ្ធតែប្រាជ្ញា ហើយអណ្តាតគេក៏សម្ដែងជាសេចក្ដីយុត្តិធម៌
31 ក្រឹត្យវិន័យរបស់ព្រះនៃគេ នោះនៅក្នុងចិត្ត ឯជំហាននៃគេ ក៏នឹងមិនភ្លាំងភ្លាត់ឡើយ
32 មនុស្សអាក្រក់ឃ្លាំមើលមនុស្សសុចរិត ហើយក៏រកសម្លាប់គេ
33 ព្រះយេហូវ៉ាទ្រង់មិនទុកគេឲ្យនៅក្នុង កណ្តាប់ដៃមនុស្សអាក្រក់ឡើយ ក៏មិនឲ្យគេមានទោសក្នុងកាលដែលត្រូវជំនុំជម្រះដែរ។
34 ៙ ចូររង់ចាំព្រះយេហូវ៉ា ហើយកាន់តាមផ្លូវទ្រង់ចុះ នោះទ្រង់នឹងតម្កើងអ្នក ឲ្យបានផែនដីជាមរដក នៅគ្រាដែលមនុស្សអាក្រក់ត្រូវកាត់ចេញ នោះអ្នកនឹងបានឃើញហើយ
35 យើងបានឃើញមនុស្សអាក្រក់មានអំណាចយ៉ាងសន្ធឹក ហើយកំពុងតែពង្រីកធំឡើង ដូចជាដើមឈើខ្ចី ដែលចម្រើននៅទីកំណើតវា
36 តែគេបាត់ទៅ ហើយមើល មិនមានគេទៀតឡើយ អើ យើងបានស្វែងរកគេ តែមិនប្រទះសោះ។
37 ៙ ចូរចំណាំមើលមនុស្សគ្រប់លក្ខណ៍វិញ ហើយពិចារណាមើលមនុស្សទៀតត្រង់ចុះ ដ្បិតចុងបំផុតនៃមនុស្សនោះមានសេចក្ដីសាន្តត្រាណ
38 ឯពួកមនុស្សរំលងច្បាប់ នឹងត្រូវវិនាសទៅជាមួយគ្នា ឯចុងបំផុតនៃមនុស្សអាក្រក់ នោះនឹងត្រូវកាត់ចេញវិញ
39 ឯសេចក្ដីសង្គ្រោះនៃមនុស្សសុចរិត នោះមកពីព្រះយេហូវ៉ា ក្នុងគ្រាដែលមានសេចក្ដីលំបាក នោះទ្រង់ជាទីអាងដល់គេ
40 ព្រះយេហូវ៉ាទ្រង់ជួយគេ ក៏ប្រោសឲ្យរួច ទ្រង់ប្រោសគេឲ្យរួចពីមនុស្សអាក្រក់ ព្រមទាំងជួយសង្គ្រោះគេផង ពីព្រោះគេបានពឹងជ្រកក្នុងទ្រង់។
Psalm 38
1 ឱព្រះយេហូវ៉ាអើយ សូមកុំបន្ទោសទូលបង្គំ ក្នុងកាលដែលទ្រង់ខ្ញាល់ ក៏កុំវាយផ្ចាលទូលបង្គំ ដោយព្រះហឫទ័យក្តៅឡើយ
2 ដ្បិតព្រួញរបស់ទ្រង់ជាប់គាំងនៅក្នុងខ្លួនទូលបង្គំ ហើយព្រះហស្តទ្រង់ក៏សង្កត់ទូលបង្គំខ្លាំងណាស់ផង
3 គ្មានកន្លែងណាក្នុងរូបសាច់ទូលបង្គំ ដែលមិនឈឺនោះទេ ដោយព្រោះសេចក្ដីខ្ញាល់របស់ទ្រង់ ក៏គ្មានសេចក្ដីសុខនៅក្នុងឆ្អឹងទូលបង្គំដែរ ដោយព្រោះបាបរបស់ទូលបង្គំ
4 ដ្បិតអំពើទុច្ចរិតរបស់ទូលបង្គំ បានឡើងលិចក្បាលទូលបង្គំហើយ ក៏ដូចជាបន្ទុកយ៉ាងធ្ងន់ ដែលទូលបង្គំទ្រាំមិនបាន
5 អស់ទាំងរបួសនៃទូលបង្គំ សុទ្ធតែរលួយ ហើយស្អុយ ដោយព្រោះអំពើឆោតខ្លៅរបស់ទូលបង្គំ
6 ទូលបង្គំឈឺ ហើយកោងខ្លួនចុះជាខ្លាំង ទូលបង្គំដើរទាំងមានទុក្ខគ្រាំជាដរាបរាល់ថ្ងៃ
7 ដ្បិតទូលបង្គំមានសេចក្ដីរោលរាលពេញនៅក្នុងពោះ ហើយគ្មានកន្លែងណាក្នុងរូបសាច់ទូលបង្គំ ដែលមិនឈឺនោះឡើយ
8 ទូលបង្គំហេវ ហើយត្រូវជាំជាខ្លាំង ទូលបង្គំបានថ្ងូរ ដោយព្រោះសេចក្ដីថែថប់ក្នុងចិត្ត។
9 ៙ ឱព្រះអម្ចាស់អើយ អស់ទាំងសេចក្ដីប៉ងប្រាថ្នារបស់ទូលបង្គំនៅចំពោះទ្រង់ ហើយដំងូររបស់ទូលបង្គំក៏មិនលាក់នឹងទ្រង់ដែរ
10 ចិត្តទូលបង្គំកម្រើកជាខ្លាំង ហើយកម្លាំងនៃទូលបង្គំក៏អន់ថយ ឯពន្លឺនៃភ្នែកទូលបង្គំ នោះក៏ងងឹតទៅ
11 ពួកមិត្តសំឡាញ់ និងពួកដែលធ្លាប់ភប់ប្រសព្វនឹងទូលបង្គំ គេឈរឃ្លាតពីសេចក្ដីវេទនារបស់ទូលបង្គំ ហើយទាំងបងប្អូននៃទូលបង្គំក៏ឈរនៅឆ្ងាយដែរ
12 ឯពួកអ្នកដែលស្វែងរកជីវិតទូលបង្គំ គេដាក់អន្ទាក់ ហើយពួកអ្នកដែលប៉ងប្រទូសរ៉ាយនឹងទូលបង្គំ គេពោល ទម្លាក់សេចក្ដីអាក្រក់ ហើយគិតតែឧបាយជា ដរាបរាល់ថ្ងៃ
13 តែទូលបង្គំមិនឮទេ ដូចជាមនុស្សថ្លង់ ក៏មិនហាមាត់ស្តីដែរ ដូចជាមនុស្សគ
14 អើ ទូលបង្គំដូចជាមនុស្សដែលមិនឮសោះ ហើយដែលគ្មានពាក្យសបនៅក្នុងមាត់ឡើយ។
15 ៙ ដ្បិតឱព្រះយេហូវ៉ាអើយ ទូលបង្គំសង្ឃឹមដល់ទ្រង់ ឱព្រះអម្ចាស់ ជាព្រះនៃទូលបង្គំអើយ ទ្រង់នឹងឆ្លើយតបចំពោះគេ
16 ពីព្រោះទូលបង្គំបាននឹកថា ក្រែងគេមានសេចក្ដីអំណរ ដោយទូលបង្គំភ្លាត់ជើង ហើយគេអួតខ្លួនទាស់នឹងទូលបង្គំ
17 ដ្បិតទូលបង្គំជិតដួលហើយ សេចក្ដីទុក្ខព្រួយរបស់ទូលបង្គំនៅមុខទូលបង្គំជានិច្ច
18 ទូលបង្គំនឹងលន់តួអំពើទុច្ចរិតរបស់ទូលបង្គំ ហើយនិងឈឺចិត្ត ដោយព្រោះអំពើបាបរបស់ទូលបង្គំដែរ
19 ប៉ុន្តែ ពួកខ្មាំងសត្រូវនៃទូលបង្គំគេស្វិតស្វាញ ហើយមានកម្លាំង ឯពួកអ្នកដែលស្អប់ទូលបង្គំ ដោយឥតហេតុ ក៏ចម្រើនជាច្រើនឡើង
20 ពួកអ្នកដែលប្រព្រឹត្តការអាក្រក់ស្នងនឹងគុណ គេតតាំងនឹងទូលបង្គំ ដោយព្រោះតែទូលបង្គំប្រព្រឹត្តតាមការល្អ
21 ឱព្រះយេហូវ៉ាអើយ សូមកុំលះចោលទូលបង្គំឡើយ ឱព្រះនៃទូលបង្គំអើយ សូមកុំគង់ឆ្ងាយពីទូលបង្គំឲ្យសោះ
22 ឱព្រះអម្ចាស់ ជាសេចក្ដីសង្គ្រោះនៃទូលបង្គំអើយ សូមប្រញាប់នឹងជួយទូលបង្គំផង។
Psalm 39
1 ខ្ញុំបាននឹកថា ខ្ញុំនឹងប្រយ័តផ្លូវខ្លួន ដើម្បីមិនឲ្យអណ្តាតខ្ញុំធ្វើបាបឡើយ ខ្ញុំនឹងដាក់បង្ខាំទប់មាត់ខ្ញុំ ក្នុងកាលដែលពួកអាក្រក់ នៅចំពោះមុខ
2 ខ្ញុំបាននៅជាគ ឥតនិយាយអ្វីសោះ គឺបាននៅស្ងៀមចំពោះទាំងសេចក្ដីល្អផង នោះសេចក្ដីទុក្ខព្រួយរបស់ខ្ញុំក៏ជ្រួលឡើង
3 ចិត្តខ្ញុំបានក្តៅនៅក្នុងខ្លួន កំពុងដែលខ្ញុំគិតរំពឹង នោះភ្លើងក៏ឆួលឡើង ហើយអណ្តាតខ្ញុំបាននិយាយថា
4 ឱព្រះយេហូវ៉ាអើយ សូមឲ្យទូលបង្គំដឹងពីចុងបំផុតនៃទូលបង្គំ ហើយពីចំនួនថ្ងៃអាយុនៃទូលបង្គំផង ដើម្បីឲ្យទូលបង្គំបានដឹងជាមានជីវិតស្រួយ អម្បាលម៉ានទៅ
5 មើលទ្រង់បានធ្វើឲ្យថ្ងៃអាយុនៃទូលបង្គំបានខ្លី ប្រវែង១ចំអាមដៃ ហើយជំនួរជីវិតរបស់ទូលបង្គំ ដូចជាឥតមានសោះ នៅចំពោះទ្រង់ មែនហើយ គ្រប់មនុស្ស ទោះទាំងមនុស្សនៅក្នុង សណ្ឋានពេញវ័យ នោះក៏ឥតប្រយោជន៍ទទេដែរ ។ –បង្អង់
6 ៙ ប្រាកដមែន គ្រប់មនុស្សទាំងឡាយដើរ ប្រៀបដូចជាស្រមោលទទេ គេជ្រួលជ្រើមឡើងជាឥតប្រយោជន៍ គេបង្គរទ្រព្យសម្បត្តិឡើង ឥតដឹងជាអ្នកណានឹងទទួលទេ
7 ឥឡូវនេះ ឱព្រះអម្ចាស់អើយ តើទូលបង្គំនៅរង់ចាំអ្វីទៀត ដ្បិតទូលបង្គំសង្ឃឹមដល់ទ្រង់តែ១ប៉ុណ្ណោះ
8 សូមជួយទូលបង្គំឲ្យរួចពីគ្រប់អំពើរំលងរបស់ទូលបង្គំ សូមកុំឲ្យទូលបង្គំបានជាទីដៀលត្មះរបស់ពួកមនុស្ស ឆោតល្ងង់ឡើយ
9 ទូលបង្គំបាននៅជាគ ឥតហើបមាត់សោះ ដ្បិតគឺជាទ្រង់ដែលបានធ្វើការនោះ
10 សូមដករំពាត់របស់ទ្រង់ចេញពីទូលបង្គំ ទូលបង្គំត្រូវវិនាសហើយ ដោយសារព្រះហស្តទ្រង់វាយ
11 កាលណាទ្រង់វាយប្រដៅផ្ចាញ់ផ្ចាលមនុស្ស ដោយព្រោះអំពើទុច្ចរិតរបស់គេ នោះទ្រង់ធ្វើឲ្យសេចក្ដីលំអរបស់គេបាត់ទៅ ដូចជាមេអំបៅ ពិតប្រាកដជាមនុស្សទាំងអស់សុទ្ធតែឥត ប្រយោជន៍ទទេ។ –បង្អង់
12 ៙ ឱព្រះយេហូវ៉ាអើយ សូមស្តាប់ពាក្យ ដែលទូលបង្គំអធិស្ឋាន សូមផ្ទៀងព្រះកាណ៌ស្តាប់សម្រែកទូលបង្គំផង សូមទ្រង់កុំនៅធ្មឹងនឹងទឹកភ្នែកនៃទូលបង្គំឡើយ ដ្បិតទូលបង្គំជាអ្នកដទៃនៅចំពោះទ្រង់ ជាអ្នកស្នាក់នៅដូចជាពួកអយ្យកោ ទូលបង្គំទាំងអស់គ្នាដែរ
13 ឱសូមប្រណីដល់ទូលបង្គំ ដើម្បីឲ្យទូលបង្គំបានមានកម្លាំងឡើង មុនដែលទូលបង្គំចេញបាត់ទៅ ហើយមិនមានទៀត។
Psalm 40
1 ខ្ញុំបានរង់ចាំព្រះយេហូវ៉ា ដោយអំណត់ ទ្រង់ក៏បានផ្អៀងព្រះកាណ៌មកស្តាប់ ហើយទទួលតាមសម្រែករបស់ខ្ញុំ
2 ទ្រង់បានស្រង់ខ្ញុំចេញពីអន្លង់គួរស្បើម ឲ្យរួចពីភក់ស្អិត ក៏ដាក់ជើងខ្ញុំលើថ្មដា ព្រមទាំងតាំងជំហានខ្ញុំឲ្យខ្ជាប់ខ្ជួន
3 ទ្រង់បានបណ្តាលឲ្យមានទំនុកថ្មីនៅក្នុងមាត់ខ្ញុំ គឺជាសេចក្ដីសរសើរដល់ព្រះនៃយើងខ្ញុំ មនុស្សជាច្រើននឹងឃើញ ព្រមទាំងមានសេចក្ដីកោតខ្លាច ហើយនិងទុកចិត្តដល់ព្រះយេហូវ៉ាផង
4 មានពរហើយ អ្នកណាដែលយកព្រះយេហូវ៉ាជាទីពឹង ឥតយល់ដល់មនុស្សឆ្មើងឆ្មៃ ឬពួកអ្នកដែលបែរទៅឯសេចក្ដីភូតភរឡើយ។
5 ៙ ឱព្រះយេហូវ៉ាដ៏ជាព្រះនៃទូលបង្គំអើយ ការអស្ចារ្យដែលទ្រង់បានធ្វើ នោះមានច្រើនណាស់ ព្រមទាំងគំនិតដែលទ្រង់នឹកដល់យើងខ្ញុំផង គ្មានអ្នកណាអាចនឹងរៀបរាប់ដោយលំដាប់ ពីការទាំងនោះ នៅចំពោះទ្រង់បានឡើយ បើទូលបង្គំនឹងចង់និទានប្រាប់ នោះមានច្រើនហួសកំណត់នឹងរាប់បាន
6 ឯយញ្ញបូជា ហើយនិងតង្វាយ នោះទ្រង់មិន សព្វព្រះហឫទ័យទេ ទ្រង់បានបើកត្រចៀកឲ្យទូលបង្គំស្តាប់តាម ទ្រង់មិនចង់បានតង្វាយដុត ឬយញ្ញបូជាលោះបាបនោះទេ
7 បានជាទូលបង្គំទូលថា មើល ទូលបង្គំមកហើយ សេចក្ដីនេះបានកត់ទុកពីទូលបង្គំនៅក្នុងគម្ពីរហើយ
8 គឺថា ឱព្រះនៃទូលបង្គំអើយ ទូលបង្គំមានសេចក្ដីអំណរ នឹងធ្វើតាមព្រះហឫទ័យទ្រង់ អើ ក្រឹត្យវិន័យរបស់ទ្រង់ក៏នៅក្នុងចិត្តទូលបង្គំ
9 ទូលបង្គំបានប្រកាសដំណឹងល្អពីសេចក្ដីសុចរិត នៅក្នុងជំនុំធំ មើល ឱព្រះយេហូវ៉ាអើយ ទ្រង់ជ្រាបហើយថា ទូលបង្គំនឹងមិនទប់មាត់ឡើយ
10 ទូលបង្គំមិនបានលាក់សេចក្ដីសុចរិតរបស់ទ្រង់ នៅក្នុងចិត្តទេ គឺបានថ្លែងប្រាប់ពីសេចក្ដីស្មោះត្រង់ និងសេចក្ដីសង្គ្រោះរបស់ទ្រង់វិញ ក៏មិនបានបំបិទសេចក្ដីសប្បុរស និងសេចក្ដីពិត របស់ទ្រង់ នៅក្នុងជំនុំធំដែរ
11 ឱព្រះយេហូវ៉ាអើយ សូមកុំបង្ខាំងសេចក្ដីមេត្តាករុណា របស់ទ្រង់ចំពោះទូលបង្គំឡើយ សូមឲ្យសេចក្ដីសប្បុរស និងសេចក្ដីពិតត្រង់របស់ទ្រង់ បានថែរក្សាទូលបង្គំជានិច្ច
12 ដ្បិតមានសេចក្ដីអាក្រក់ឥតគណនាព័ទ្ធទូលបង្គំជុំវិញ អំពើទុច្ចរិតរបស់ទូលបង្គំ បានតាមទូលបង្គំទាន់ហើយ បានជាទូលបង្គំមិនអាចនឹងងើបឡើងមើលបានឡើយ អំពើទាំងនោះច្រើនជាងសរសៃសក់លើក្បាលទូលបង្គំ ចិត្តទូលបង្គំក៏អស់សង្ឃឹមទៅ
13 ឱព្រះយេហូវ៉ាអើយ សូមទ្រង់សព្វព្រះហឫទ័យនឹងជួយ ទូលបង្គំឲ្យរួច ឱព្រះយេហូវ៉ាអើយ សូមប្រញាប់នឹងជួយទូលបង្គំផង
14 ឯអស់អ្នកដែលរកបំផ្លាញព្រលឹងទូលបង្គំ នោះសូមឲ្យគេត្រូវមានសេចក្ដីខ្មាស ហើយលាក់មុខ ទាំងអស់គ្នា ឯពួកអ្នកដែលប៉ងប្រទូស្តនឹងទូលបង្គំ នោះសូមឲ្យគេត្រូវថយចេញ ព្រមទាំងមានសេចក្ដីអាប់យសផង
15 ឯអស់អ្នកដែលនិយាយមកទូលបង្គំថា ន៏ ន៏ នោះសូមឲ្យគេត្រូវស្រឡាំងកាំង ដោយសេចក្ដី ខ្មាសរបស់គេទៅ
16 ចំណែកពួកអស់អ្នកដែលស្វែងរកទ្រង់ នោះសូមឲ្យគេបានរីករាយសប្បាយក្នុងទ្រង់ចុះ សូមឲ្យអស់អ្នកដែលស្រឡាញ់សេចក្ដីសង្គ្រោះនៃទ្រង់ បានពោលជានិច្ចថា សូមឲ្យព្រះយេហូវ៉ាបានថ្កើងឡើង
17 ឯទូលបង្គំៗក្រីក្រ ហើយទុគ៌ត ប៉ុន្តែ ព្រះអម្ចាស់ទ្រង់នឹកដល់ទូលបង្គំដែរ ទ្រង់ជាជំនួយ ហើយជាអ្នកប្រោសឲ្យទូលបង្គំរួចផង ឱព្រះនៃទូលបង្គំអើយ សូមកុំបង្អង់ឡើយ។
Psalm 41
1 មានពរហើយ អ្នកណាដល់មានអធ្យាស្រ័យ ដល់ពួកមនុស្សក្រីក្រ ព្រះយេហូវ៉ាទ្រង់នឹងជួយអ្នកនោះ ឲ្យរួចក្នុងថ្ងៃអាក្រក់
2 ព្រះយេហូវ៉ាទ្រង់នឹងជួយទំនុកបម្រុង ហើយថែរក្សាជីវិតអ្នកនោះ គេនឹងបានពរនៅផែនដីនេះ ហើយទ្រង់នឹងមិនប្រគល់គេ ទៅក្នុងបំណងចិត្តនៃពួកខ្មាំងសត្រូវឡើយ
3 ព្រះយេហូវ៉ានឹងទ្រទ្រាំចំពោះគេនៅគ្រាដេកឈឺនៅគ្រែ ទ្រង់ក៏រៀបគ្រែឲ្យនៅគ្រប់វេលាមានធុរៈ។
4 ៙ ខ្ញុំបានទូលថា ឱព្រះយេហូវ៉ាអើយ សូមអាណិតមេត្តាដល់ទូលបង្គំផង សូមប្រោសព្រលឹងទូលបង្គំឲ្យបានជា ដ្បិតទូលបង្គំបានធ្វើបាបនឹងទ្រង់ហើយ
5 ពួកខ្មាំងសត្រូវនៃទូលបង្គំ គេនិយាយសេចក្ដីអាក្រក់ពីទូលបង្គំថា តើវេលាណាវានឹងស្លាប់ ហើយឈ្មោះវាវិនាសបាត់ទៅ
6 បើកាលណាគេមកសួរទូលបង្គំ នោះក៏ពោលតែសេចក្ដីភូតភរទទេ ចិត្តគេប្រមូលសេចក្ដីទុច្ចរិតទុក លុះចេញទៅក្រៅហើយ នោះក៏ផ្សាយប្រាប់សេចក្ដីនោះ
7 ពួកអ្នកដែលស្អប់ទូលបង្គំ គេខ្សឹបខ្សៀវគ្នា ទាស់នឹងទូលបង្គំ គេបង្កើតការប្រទូសរ៉ាយនឹងទូលបង្គំ។
8 ៙ គេថា មានរោគអាក្រក់ជាប់នៅខ្លួនវា ឥឡូវនេះ ដែលវាដេកចុះហើយ មុខជានឹងក្រោកឡើងវិញមិនបានឡើយ
9 អើ ទាំងមិត្តសំឡាញ់ស្និទ្ធស្នាលរបស់ទូលបង្គំ ជាអ្នកដែលទូលបង្គំបានទុកចិត្ត ហើយក៏បានបរិភោគបាយរបស់ទូលបង្គំផង នោះបានលើកកែងជើងចង់ជាន់ឈ្លីទូលបង្គំដែរ
10 តែ ឱព្រះយេហូវ៉ាអើយ សូមទ្រង់អាណិត មេត្តាលើកទូលបង្គំឡើងវិញ ដើម្បីឲ្យទូលបង្គំបានសងតបដល់គេ។
11 ៙ យ៉ាងនោះ ទូលបង្គំនឹងដឹងថា ទ្រង់សព្វព្រះហឫទ័យនឹងទូលបង្គំពិត ដោយពួកសត្រូវមិនមានជ័យជម្នះឈ្នះទូលបង្គំឡើយ
12 ឯទូលបង្គំ ទ្រង់ទប់ទល់ ដោយសេចក្ដីសុចរិតរបស់ទូលបង្គំ ហើយក៏តាំងទូលបង្គំ ឲ្យនៅចំពោះទ្រង់ជាដរាបតទៅ។
13 ៙ សូមលើកសរសើរដល់ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ចាប់តាំងពីអតីត ទៅដល់អនាគត អស់កល្បជានិច្ច អាម៉ែន ហើយអាម៉ែន។
Psalm 42
1 ឱព្រះអង្គអើយ ព្រលឹងទូលបង្គំដង្ហក់រកទ្រង់ ដូចជាក្តាន់ញីដង្ហក់រកជ្រោះទឹក
2 ព្រលឹងទូលបង្គំស្រេករកព្រះ គឺព្រះដ៏មានព្រះជន្មរស់នៅ តើដល់កាលណាបានទូលបង្គំនឹងមកឈរចំពោះទ្រង់
3 ទឹកភ្នែករបស់ទូលបង្គំជាអាហារទូលបង្គំទាំងថ្ងៃទាំងយប់ កំពុងដែលគេសួរមកទូលបង្គំជានិច្ចថា តើព្រះឯងនៅឯណា។
4 ៙ ឯដំណើរដែលទូលបង្គំបានទៅជាមួយនឹងហ្វូងមនុស្ស ព្រមទាំងនាំមុខគេទៅដល់ដំណាក់នៃព្រះ ដោយសំឡេងអរសប្បាយ និងសេចក្ដីសរសើរ គឺជាពួកកកកុញ ដែលកំពុងតែកាន់ថ្ងៃបរិសុទ្ធ កាលណាទូលបង្គំនឹកចាំពីសេចក្ដីនេះ នោះទូលបង្គំក៏ប្លុងព្រលឹងចេញ
5 ឱព្រលឹងអញអើយ ហេតុអ្វីបានជាត្រូវបង្អោនចុះ ហើយមានសេចក្ដីរសាប់រសល់នៅក្នុងខ្លួនដូច្នេះ ចូរសង្ឃឹមដល់ព្រះចុះ ដ្បិតអញនឹងបានសរសើរ ដល់ទ្រង់ទៀត ដោយព្រោះព្រះភ័ក្ត្រទ្រង់ដែលតែងតែជួយ។
6 ៙ ឱព្រះនៃទូលបង្គំអើយ ព្រលឹងទូលបង្គំត្រូវបង្អោន នៅក្នុងខ្លួន ហេតុនោះបានជាទូលបង្គំនឹកចាំពីទ្រង់ នៅក្នុងស្រុក ក្បែរទន្លេយ័រដាន់ ភ្នំហ៊ើម៉ូន និងភ្នំមីតសារ
7 ទីជម្រៅហៅរកទីជម្រៅផងគ្នា ដោយសូរឈូឆរនៃរមូររលក អស់ទាំងរលក និងរំកាញ់ទឹកនៃទ្រង់ បានហូរមកគ្របទូលបង្គំហើយ
8 ប៉ុន្តែ ព្រះយេហូវ៉ានឹងចាត់សេចក្ដីសប្បុរសទ្រង់មក នៅវេលាថ្ងៃ ហើយនៅវេលាយប់ បទចម្រៀងនៃទ្រង់នឹង នៅជាមួយនឹងទូលបង្គំផង គឺជាសេចក្ដីអធិស្ឋានដល់ព្រះនៃជីវិតទូលបង្គំ។
9 ៙ ទូលបង្គំនឹងទូលដល់ព្រះដ៏ជាថ្មដានៃទូលបង្គំថា ហេតុអ្វីបានជាទ្រង់ភ្លេចទូលបង្គំ ហេតុអ្វីបានជាទូលបង្គំត្រូវដើរទាំងទុក្ខព្រួយ ដោយព្រោះការសង្កត់សង្កិនរបស់ខ្មាំងសត្រូវដូច្នេះ
10 ពួកខ្មាំងសត្រូវ គេចំអកឲ្យទូលបង្គំ ប្រៀបដូចជាដាវ ចាក់ក្នុងឆ្អឹងទូលបង្គំ ដោយគេសួរជានិច្ចថា តើព្រះឯងនៅឯណា
11 ឱព្រលឹងអញអើយ ហេតុអ្វីបានជាឯងត្រូវបង្អោនចុះ ហើយមានសេចក្ដីរសាប់រសល់នៅក្នុងខ្លួនដូច្នេះ ចូរសង្ឃឹមដល់ព្រះចុះ ដ្បិតអញនឹងបានសរសើរដល់ទ្រង់ទៀត ដែលទ្រង់ជាសេចក្ដីជំនួយ ហើយជាព្រះនៃអញ។
Psalm 43
1 ឱព្រះអង្គអើយ សូមវិនិច្ឆ័យទូលបង្គំ ហើយកាន់ក្តីរបស់ទូលបង្គំ ទាស់នឹងបណ្តាជន ដែលមិនកោតខ្លាចដល់ព្រះ ឱសូមជួយទូលបង្គំឲ្យរួចពីមនុស្សកំភូត ហើយទុច្ចរិតផង
2 ដ្បិតទ្រង់ជាព្រះដ៏ប្រទានកម្លាំងដល់ទូលបង្គំ ហេតុអ្វីបានជាទ្រង់ចោលទូលបង្គំ ហេតុអ្វីបានជាទូលបង្គំត្រូវទៅទាំងទុក្ខព្រួយ ដោយព្រោះការសង្កត់សង្កិននៃពួកខ្មាំងសត្រូវដូច្នេះ
3 ឱសូមផ្សាយពន្លឺ និងសេចក្ដីពិត ចេញមកនាំមុខទូលបង្គំ ដើម្បីឲ្យបាននាំទូលបង្គំទៅឯភ្នំបរិសុទ្ធ ហើយក្នុងព្រះវិហារនៃទ្រង់
4 នោះទូលបង្គំនឹងទៅឯអាសនៈនៃព្រះ គឺដល់ព្រះដ៏ជាសេចក្ដីអំណរ និងជាសេចក្ដីរីករាយរបស់ទូលបង្គំ ឱព្រះអង្គដ៏ជាព្រះនៃទូលបង្គំអើយ ទូលបង្គំនឹងសរសើរដល់ទ្រង់ដោយចាប់ស៊ុង
5 ឱព្រលឹងអញអើយ ហេតុអ្វីបានជាត្រូវបង្អោន ហើយរសាប់រសល់នៅក្នុងខ្លួនដូច្នេះ ចូរសង្ឃឹមដល់ព្រះចុះ ដ្បិតអញនឹងបានសរសើរ ដល់ទ្រង់ទៀត ដែលទ្រង់ជាសេចក្ដីជំនួយ ហើយជាព្រះនៃអញ ។
Psalm 44
1 ឱព្រះអង្គអើយ យើងខ្ញុំបានឮដោយត្រចៀក ពួកអយ្យកោយើងខ្ញុំ បានថ្លែងប្រាប់មកយើងខ្ញុំ ពីការទាំងប៉ុន្មានដែលទ្រង់បានធ្វើ នៅសម័យចាស់បុរាណក្នុងជំនាន់គេ
2 គឺពីទ្រង់បណ្តេញអស់ទាំងសាសន៍ដទៃចេញ ដោយព្រះហស្តទ្រង់ ហើយបានបណ្តុះពួកអ៊ីស្រាអែលវិញ ទ្រង់បានប្រហារអស់ទាំងសាសន៍ដទៃ តែបានឲ្យអ៊ីស្រាអែលវាតទីចេញទៅ
3 ដ្បិតគេមិនបានចាប់យកស្រុកនោះដោយដាវខ្លួនទេ ក៏មិនមែនជាដៃខ្លួនគេ ដែលបានជួយសង្គ្រោះគេដែរ គឺជាព្រះហស្តស្តាំ និងព្រះពាហុទ្រង់ ព្រមទាំងពន្លឺនៃព្រះភ័ក្ត្រទ្រង់វិញ ដ្បិតទ្រង់បានប្រោសដល់គេ។
4 ៙ ឱព្រះអង្គអើយ ទ្រង់ជាមហាក្សត្រនៃទូលបង្គំ សូមបង្គាប់ឲ្យមានសេចក្ដីសង្គ្រោះដល់ពួកយ៉ាកុប
5 យើងខ្ញុំនឹងច្រានផ្តួលពួកខ្មាំងសត្រូវ ដោយសារទ្រង់ ហើយនិងជាន់ឈ្លីពួកអ្នកដែលលើកគ្នាទាស់នឹងយើងខ្ញុំ ដោយនូវព្រះនាមទ្រង់
6 ដ្បិតទូលបង្គំនឹងមិនពឹងធ្នូរបស់ទូលបង្គំទេ ហើយដាវទូលបង្គំក៏មិនជួយសង្រ្គោះទូលបង្គំដែរ
7 គឺទ្រង់ដែលជួយសង្គ្រោះយើងខ្ញុំ ឲ្យរួចពីពួកសត្រូវវិញ ព្រមទាំងធ្វើឲ្យពួកអ្នកដែលស្អប់យើងខ្ញុំត្រូវខ្មាសផង
8 យើងខ្ញុំបានអួតពីព្រះជាដរាបរាល់ថ្ងៃ ហើយនិងសរសើរដល់ព្រះនាមទ្រង់ជាដរាបទៅ។ –បង្អង់
9 ៙ ប៉ុន្តែ ឥឡូវនេះ ទ្រង់បានបោះបង់ចោលយើងខ្ញុំ ហើយបានធ្វើឲ្យយើងខ្ញុំអាប់យសផង ក៏មិនយាងចេញទៅជាមួយនឹងពលទ័ពយើងខ្ញុំទៀតដែរ
10 ទ្រង់បណ្តាលឲ្យពួកយើងខ្ញុំបែរខ្នងចំពោះពួកខ្មាំងសត្រូវ ហើយពួកអ្នកដែលស្អប់យើងខ្ញុំ គេរឹបជាន់យករបឹបទៅសម្រាប់ខ្លួនគេ
11 ទ្រង់ធ្វើឲ្យយើងខ្ញុំបានដូចជាចៀមដែលសម្រាប់ធ្វើសាច់ ក៏បានកម្ចាត់កម្ចាយយើងខ្ញុំទៅនៅគ្រប់ទាំងសាសន៍ដទៃ
12 ទ្រង់លក់រាស្ត្រទ្រង់ឥតយកថ្លៃ ហើយមិនបានចម្រើនទ្រព្យដោយសារតម្លៃរបស់គេទេ។
13 ៙ ទ្រង់ធ្វើឲ្យយើងខ្ញុំត្រឡប់ជាសេចក្ដីដំណៀល ចំពោះពួកអ្នកជិតខាង ជាទីឡកឡឺយ ហើយជាទីសំណើចដល់អស់អ្នកដែលនៅជុំវិញ
14 ក៏ឲ្យយើងខ្ញុំទៅជាសេចក្ដីប្រៀបធៀបនៅគ្រប់ទាំងនគរ ហើយជាទីគួរគ្រវីក្បាលនៅគ្រប់សាសន៍ដទៃផង
15 សេចក្ដីអាប់យសរបស់ទូលបង្គំនៅមុខទូលបង្គំជានិច្ច ហើយភាពខ្មាសនៃមុខទូលបង្គំ ក៏គ្របទូលបង្គំដែរ
16 ដោយព្រោះសំឡេងនៃពួកអ្នកដែលប្រមាថមើលងាយ ហើយពួកខ្មាំងសត្រូវ និងពួកអ្នកដែលសងសឹងផង។
17 ៙ ការទាំងនោះបានកើតដល់យើងខ្ញុំហើយ ប៉ុន្តែ យើងខ្ញុំមិនបានភ្លេចទ្រង់ឡើយ ក៏មិនបានក្បត់សេចក្ដីសញ្ញាទ្រង់ដែរ
18 ចិត្តយើងខ្ញុំមិនបានថយត្រឡប់ទេ ជំហាននៃយើងខ្ញុំក៏មិនបានទាសចេញពីផ្លូវទ្រង់ដែរ
19 ទោះបើទ្រង់បានបំបាក់បំបែកយើងខ្ញុំនៅទីរបស់ឆ្កែព្រៃ ហើយគ្របយើងខ្ញុំ ដោយម្លប់នៃសេចក្ដីស្លាប់ក៏ដោយ។
20 ៙ បើយើងខ្ញុំបានភ្លេចព្រះនាមនៃព្រះរបស់យើងខ្ញុំ ឬប្រទូលដៃទៅឯព្រះដទៃណាមួយ
21 នោះតើព្រះមិនស៊ើបរកឲ្យឃើញទេឬអី ដ្បិតទ្រង់ជ្រាបទាំងសេចក្ដីលាក់កំបាំងនៅក្នុងចិត្តផង
22 យើងខ្ញុំត្រូវគេសម្លាប់ជាដរាបរាល់ថ្ងៃ ដោយព្រោះទ្រង់ ហើយក៏រាប់ទុកដូចជាចៀមដែលសម្រាប់សម្លាប់ ។
23 ៙ ឱព្រះអម្ចាស់អើយ សូមទ្រង់តើនឡើង ហេតុអ្វីបានជាទ្រង់នៅផ្ទំលក់ សូមទ្រង់តើនឡើង កុំបោះបង់ចោលយើងខ្ញុំជាដរាបឡើយ
24 ហេតុអ្វីបានជាទ្រង់លាក់ព្រះភ័ក្ត្រ ហើយភ្លេចសេចក្ដីវេទនា និងសេចក្ដី ទុក្ខលំបាករបស់យើងខ្ញុំ
25 ដ្បិតព្រលឹងនៃយើងខ្ញុំបានត្រូវឱនដល់ធូលីដីហើយ ខ្លួនប្រាណនៃយើងខ្ញុំក៏ជាប់នៅដីដែរ
26 សូមទ្រង់តើនឡើង ជួយយើងខ្ញុំ ហើយលោះយើងខ្ញុំ ដោយយល់ដល់ សេចក្ដីសប្បុរសរបស់ទ្រង់ផង។
Psalm 45
1 ចិត្តរបស់ខ្ញុំពេញហៀរដោយសេចក្ដីដ៏ល្អ គឺខ្ញុំនិយាយពីសេចក្ដីដែលខ្ញុំបាននិពន្ធ ពីដំណើរមហាក្សត្រ អណ្តាតខ្ញុំជាស្លាបប្រកានៃអ្នកតែងរឿងយ៉ាងជំនាញ។
2 ៙ ទ្រង់ព្រះករុណាល្អវិសេសជាងអស់ទាំងពួកមនុស្ស ព្រះរឹមទ្រង់ប្រកបដោយព្រះគុណ ហេតុនោះបានជាព្រះបានប្រទានពរដល់ទ្រង់ ជាដរាបតទៅ
3 ឱព្រះករុណាដ៏មានឥទ្ធិឫទ្ធិអើយ សូមក្រវាត់ដាវជាប់នៅត្រគាកទ្រង់ ទុកជាគ្រឿងលំអ និងសក្តិយសនៃទ្រង់ផង
4 រួចជិះទៅ ដោយឥទ្ធិឫទ្ធិរបស់ទ្រង់ មានទាំងជ័យជម្នះផង ដើម្បីការពារសេចក្ដីពិត សេចក្ដីសុភាព នូវសេចក្ដីសុចរិត នោះព្រះហស្តស្តាំនៃទ្រង់នឹងបង្រៀនទ្រង់ ពីការដែលគួរកោតខ្លាច
5 ព្រួញទ្រង់មុតឆៀបដល់បេះដូងរបស់ពួកខ្មាំងសត្រូវនៃ ព្រះករុណា សាសន៍ទាំងប៉ុន្មាននឹងដួលចុះនៅក្រោមទ្រង់។
6 ៙ ឱព្រះអង្គអើយ បល្ល័ង្កទ្រង់ស្ថិតស្ថេរនៅអស់កល្ប ជានិច្ចរៀងរាបតទៅ ឯព្រះដំបងពេជ្ររបស់រាជ្យទ្រង់ នោះជាដំបងសុចរិត
7 ទ្រង់បានស្រឡាញ់សេចក្ដីសុចរិត ហើយស្អប់ការទុច្ចរិត ហេតុនោះបានជាព្រះ គឺជាព្រះនៃទ្រង់ បានចាក់ប្រេងថ្វាយទ្រង់ ជាប្រេងនៃសេចក្ដីត្រេកអរសាទរ លើសជាងពួកសំឡាញ់នៃទ្រង់
8 ព្រះពស្ត្រទ្រង់ផ្សាយក្លិនក្រអូប ដោយជ័រល្វីងទេស ក្រឹស្នា និងកំញាន មានឮសូរភ្លេងចេញពីដំណាក់ភ្លុក បណ្តាលឲ្យទ្រង់សប្បាយឡើង
9 មានបុត្រីស្តេចនៅក្នុងពួកស្ត្រីជាន់ខ្ពស់របស់ទ្រង់ ឯអគ្គមហេសីព្រះនាងគង់នៅខាងស្តាំទ្រង់ ប្រដាប់ដោយគ្រឿងមាសពីស្រុកអូភារ ។
10 ៙ កូនស្រីអើយ ចូរស្តាប់ ហើយពិចារណា ចូរផ្ទៀងត្រចៀកស្តាប់ចុះ ចូរភ្លេចសាសន៍ឯង និងផ្ទះឪពុកឯងទៅ
11 នោះស្តេចទ្រង់នឹងគ្រាប់ព្រះទ័យ ដោយសេចក្ដីលំអរបស់ឯង ដ្បិតទ្រង់ជាចៅហ្វាយឯង ដូច្នេះ ត្រូវកោតខ្លាចដល់ទ្រង់
12 ឯបុត្រីក្រុងទីរ៉ុសនាងនឹងនៅទីនោះ ទាំងថ្វាយតង្វាយផង ពួកអ្នកមានក្នុងបណ្តាជន នឹងមករកពឹងគុណនៃឯងដែរ
13 ឯបុត្រីនៃស្តេច ដែលនៅក្នុងដំណាក់ នាងមានសេចក្ដីរុងរឿង ព្រះភូសារបស់នាងចំរុះដោយមាស។
14 ៙ គេនឹងនាំនាងមកថ្វាយព្រះករុណា ប្រដាប់ដោយព្រះភូសាប៉ាក់ ឯពួកព្រហ្មចារី ជាភឿនដែលដង្ហែនាងមក នោះនឹងមកឯទ្រង់ដែរ
15 នឹងមានអ្នកនាំគេចូលមកក្នុងព្រះរាជដំណាក់ ដោយមានសេចក្ដីរីករាយសប្បាយ។
16 ៙ នោះនាងនឹងបានព្រះរាជបុត្រជំនួសឪពុក ហើយនាងនឹងតាំងព្រះរាជបុត្រទាំងនោះ ឲ្យធ្វើជាចៅហ្វាយនៅគ្រប់លើផែនដី
17 អញនឹងធ្វើឲ្យមានសេចក្ដីរឭកនឹកចាំពីឈ្មោះឯង នៅគ្រប់ទាំងដំណមនុស្សតទៅ ហេតុនោះ អស់ទាំងសាសន៍នឹងសរសើរដល់ឯង នៅអស់កល្បជានិច្ចរៀងរាបតទៅ។
Psalm 46
1 ព្រះទ្រង់ជាទីពឹងជ្រក ក៏ជាកម្លាំងនៃយើងខ្ញុំ ជាជំនួយដែលនៅជាប់ជាមួយក្នុងគ្រាអាសន្ន
2 ហេតុនោះ យើងខ្ញុំនឹងមិនខ្លាចឡើយ ទោះបើផែនដីប្រែប្រួលទៅ ហើយភ្នំទាំងប៉ុន្មានត្រូវរើធ្លាក់ចុះ នៅកណ្តាលសមុទ្រក៏ដោយ
3 ទោះបើទឹកសមុទ្របញ្ចេញសូរគឹកកង ហើយរំជួលឡើង ឬភ្នំទាំងឡាយត្រូវកក្រើកញ័រ ដោយរលកលោតចុះឡើងក្តី។ –បង្អង់
4 ៙ មានទន្លេ១ដែលព្រែកទាំងប៉ុន្មាន នាំឲ្យក្រុងនៃព្រះមានសេចក្ដីអំណរ គឺជាទីបរិសុទ្ធនៃពន្លារបស់ព្រះដ៏ខ្ពស់បំផុត
5 ព្រះទ្រង់គង់នៅកណ្តាល ហើយទីក្រុងនោះមិនត្រូវរង្គើឡើយ ព្រះទ្រង់នឹងជួយចាប់តាំងពីព្រលឹមផង
6 អស់ទាំងសាសន៍ដទៃបានជ្រួលជ្រើម ហើយនគរទាំងប៉ុន្មានពពាក់ពពូនឡើង តែទ្រង់បញ្ចេញព្រះសូរសៀង នោះផែនដីក៏រលាយទៅ
7 ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់គង់នៅជាមួយនឹងយើងខ្ញុំ គឺព្រះនៃយ៉ាកុប ទ្រង់ជាទីពឹងជ្រករបស់យើងខ្ញុំ។ –បង្អង់
8 ៙ ចូរមកពិចារណាមើលអស់ទាំងការនៃព្រះយេហូវ៉ា ជាការហិនវិនាស ដែលទ្រង់បានធ្វើនៅផែនដី
9 ទ្រង់បណ្តាលឲ្យការសង្គ្រាមស្ងប់រំងាប់ រហូតដល់ចុងផែនដី ទ្រង់បំបាក់ធ្នូ ហើយកាច់លំពែង ក៏ដុតអស់ទាំងរទេះចម្បាំងនៅក្នុងភ្លើង
10 ចូរបង្អង់សិន ឲ្យបានដឹងថា អញជាព្រះ អញនឹងបានថ្កើងឡើង នៅកណ្តាលពួកសាសន៍ដទៃ អញនឹងបានថ្កើងឡើងនៅផែនដី
11 ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់គង់នៅជាមួយនឹងយើងខ្ញុំ ព្រះនៃយ៉ាកុបជាទីពឹងជ្រកនៃយើងខ្ញុំ។
Psalm 47
1 ម្នាលជនទាំងឡាយអើយ ចូរទះដៃទាំងអស់គ្នាចុះ ចូរស្រែកហ៊ោថ្វាយព្រះ ដោយសំឡេងជាជ័យជម្នះ
2 ដ្បិតព្រះយេហូវ៉ាដ៏ខ្ពស់បំផុត ទ្រង់គួរស្ញែងខ្លាច ទ្រង់ជាមហាក្សត្រយ៉ាងធំលើផែនដីទាំងមូល
3 ទ្រង់បង្ក្រាបជនទាំងឡាយនៅក្រោមអំណាចយើងខ្ញុំ ព្រមទាំងនគរផ្សេងៗ ឲ្យនៅក្រោមជើងយើងខ្ញុំផង
4 គឺទ្រង់ដែលរើសមរដកឲ្យយើងខ្ញុំ គឺជាសិរីល្អរបស់យ៉ាកុប ជាអ្នកដែលទ្រង់ស្រឡាញ់ ។ –បង្អង់
5 ៙ ព្រះទ្រង់បានយាងឡើងដោយសំឡេងហ៊ោ គឺព្រះយេហូវ៉ាបានឡើងទៅដោយសូរផ្លុំត្រែ
6 ចូរច្រៀងសរសើរដល់ព្រះ ចូរច្រៀងសរសើរចុះ ចូរច្រៀងសរសើរដល់មហាក្សត្រនៃយើងខ្ញុំ ចូរច្រៀងសរសើរចុះ
7 ដ្បិតព្រះទ្រង់ជាមហាក្សត្រលើផែនដីទាំងមូល ចូរច្រៀងសរសើរយ៉ាងពីរោះចុះ។
8 ៙ ព្រះទ្រង់គ្រប់គ្រងលើអស់ទាំងសាសន៍ ព្រះទ្រង់គង់លើបល្ល័ង្កបរិសុទ្ធនៃទ្រង់
9 ពួកអស់អ្នកធំនៃសាសន៍ទាំងឡាយបានប្រជុំគ្នា មកឯរាស្ត្ររបស់ព្រះនៃអ័ប្រាហាំ ដ្បិតអស់ទាំងខែលនៅផែនដីជារបស់ផងព្រះ ទ្រង់បានថ្កើងឡើងយ៉ាងក្រៃលែង។
Psalm 48
1 ព្រះយេហូវ៉ាទ្រង់ធំប្រសើរ ហើយគួរសរសើរណាស់ ក្នុងទីក្រុងរបស់ព្រះនៃយើងខ្ញុំ គឺនៅលើភ្នំបរិសុទ្ធនៃទ្រង់
2 ឯភ្នំស៊ីយ៉ូននៅទិសខាងជើង នោះមានលំអ ដោយនៅលើទីខ្ពស់ ជាទីរីករាយចិត្តដល់ផែនដីទាំងមូល គឺជាទីក្រុងនៃមហាក្សត្រដ៏ធំ
3 ព្រះទ្រង់បានសម្ដែងថា ទ្រង់ជាទីពឹងនៅក្នុង ព្រះរាជវាំងនៃក្រុងនោះ។
4 ៙ ដ្បិតមើល ពួកមហាក្សត្រទាំងប៉ុន្មានបានប្រជុំគ្នា ក៏នាំគ្នាយាងទៅតាមទីនោះ
5 គ្រាឃើញទីក្រុង នោះក៏អស្ចារ្យក្នុងចិត្ត គេមានសេចក្ដីតក់ស្លុត រួចរត់ចេញបាត់ទៅ
6 នៅទីនោះគេកើតមានសេចក្ដីភ័យញ័រគ្រប់គ្នា ក៏ឈឺចាប់ដូចជាស្ត្រីដែលសម្រាលកូន
7 ទ្រង់បានបំបាក់បំបែកនាវាតើស៊ីស ដោយខ្យល់ពីទិសខាងកើត
8 នៅក្នុងទីក្រុងរបស់ព្រះនៃពួកពលបរិវារ គឺជាក្រុងរបស់ព្រះនៃយើងខ្ញុំ នោះយើងខ្ញុំបានឃើញមាន ដូចជាបានឮរៀងមកហើយ ព្រះទ្រង់នឹងតាំងទីក្រុងនោះ ឲ្យនៅជាប់ជារៀងរាបដរាបទៅ។ –បង្អង់
9 ៙ ឱព្រះអង្គអើយ នៅកណ្តាលព្រះវិហារនៃទ្រង់ នោះយើងខ្ញុំបាននឹករំពឹងពីសេចក្ដីសប្បុរសរបស់ទ្រង់
10 ឱព្រះអង្គអើយ ដែលល្បីព្រះនាមទ្រង់ បានឮសុសសាយយ៉ាងណា នោះសេចក្ដីសរសើរនៃទ្រង់ក៏បានដល់ចុងផែនដីបំផុត យ៉ាងនោះដែរ ព្រះហស្តស្តាំនៃទ្រង់មានពេញដោយសេចក្ដីសុចរិត
11 គួរឲ្យក្រុងស៊ីយ៉ូនមានសេចក្ដីអំណរ គួរឲ្យពួកកូនស្រីសាសន៍យូដាបានរីករាយឡើង ដោយព្រោះសេចក្ដីយុត្តិធម៌របស់ទ្រង់
12 ចូរដើរសព្វគ្រប់ក្នុងក្រុងស៊ីយ៉ូន ចូរដើរព័ទ្ធជុំវិញផង ហើយរាប់អស់ទាំងប៉មនៃទីក្រុង
13 ចូរសង្កេតមើលកំផែងទាំងប៉ុន្មានឲ្យមែនទែន ហើយពិចារណាព្រះរាជវាំងនោះផង ដើម្បីនឹងថ្លែងប្រាប់ដល់កូនចៅតទៅ
14 ដ្បិតព្រះនេះ ទ្រង់ជាព្រះនៃយើងខ្ញុំនៅអស់កល្បជានិច្ច ទ្រង់នឹងធ្វើជាអ្នកនាំមុខយើងខ្ញុំ ដរាបដល់អស់ជីវិតផង។
Psalm 49
1 អស់ទាំងសាសន៍អើយ ចូរស្តាប់សេចក្ដីនេះ មនុស្សទាំងឡាយនៅលោកីយ៍អើយ ចូរផ្ទៀងត្រចៀកស្តាប់ចុះ
2 គឺទាំងធំទាំងតូច ទាំងមានទាំងក្រគ្រប់គ្នា
3 មាត់ខ្ញុំនឹងបញ្ចេញប្រាជ្ញា ហើយចិត្តខ្ញុំនឹងរំពឹងគិតតែពី សេចក្ដីត្រឹមត្រូវ
4 ខ្ញុំនឹងផ្ទៀងត្រចៀកស្តាប់ពាក្យឧបមា ខ្ញុំនឹងផ្តើមច្រៀងសេចក្ដីអាថ៌កំបាំងរបស់ខ្ញុំតាមសូរស៊ុង។
5 ៙ ហេតុអ្វីបានជាខ្ញុំត្រូវមានចិត្តភ័យខ្លាចក្នុងគ្រាអាក្រក់ គឺកាលណាសេចក្ដីទុច្ចរិត ដែលតាមជាប់កែងជើង បានព័ទ្ធខ្ញុំជុំវិញហើយ
6 ឯក្នុងពួកអស់អ្នកដែលទុកចិត្តនឹងរបស់ទ្រព្យខ្លួន ហើយអួតអាងពីទ្រព្យសម្បត្តិដ៏មានជាបរិបូរ
7 នោះគ្មានអ្នកណាមួយនឹងអាចលោះបងប្អូនខ្លួន ឬយកតម្លៃសម្រាប់លោះគេទៅថ្វាយដល់ព្រះបានឡើយ
8 ដ្បិតតម្លៃលោះព្រលឹងគេ នោះថ្លៃពេកណាស់ ឥតដែលអាចនឹងលោះបានឡើយ
9 នឹងឲ្យគេរស់នៅជាដរាប ឥតឃើញសេចក្ដីពុករលួយ មិនបានទេ។
10 ៙ អើ គេនឹងឃើញពិតថា ពួកមនុស្សប្រាជ្ញក៏ស្លាប់ដែរ ហើយមនុស្សខ្លៅល្ងង់ និងមនុស្សកំរោល គេវិនាស ទៅដូចគ្នា ព្រមទាំងចោលរបស់ខ្លួនទុកឲ្យអ្នកដទៃផង
11 អ្នកទាំងនោះគិតស្មានក្នុងចិត្តថា ពូជពង្សរបស់គេ នឹងនៅជាប់ជានិច្ច ហើយថា ទីលំនៅគេនឹងធន់នៅគ្រប់ទាំងដំណតទៅ គេក៏ដាក់ឈ្មោះស្រុកតាមឈ្មោះរបស់ខ្លួនដែរ
12 ប៉ុន្តែ មនុស្សមិនស្ថិតស្ថេរនៅ ដោយមានកេរ្តិ៍ឈ្មោះទេ គឺគេដូចជាសត្វតិរច្ឆានដែលត្រូវវិនាសវិញ។
13 ៙ ឯផ្លូវគេ នោះសុទ្ធតែផ្តេសផ្តាសទទេ ប៉ុន្តែ មនុស្សដែលកើតមកខាងក្រោយ ក៏ចូលចិត្តនឹងពាក្យសំដីរបស់គេដែរ –បង្អង់
14 គេដូចជាហ្វូងសត្វដែលតម្រង់ទៅឯទីស្លាប់ សេចក្ដីស្លាប់នឹងស៊ីគេ ហើយមនុស្សទៀងត្រង់នឹងជាន់ឈ្លីគេតាំងពីព្រលឹម រូបល្អរបស់គេនឹងត្រូវសូន្យទៅ នៅស្ថានឃុំព្រលឹងមនុស្សស្លាប់ ឥតមានទីអាស្រ័យឡើយ
15 ប៉ុន្តែ ព្រះទ្រង់នឹងលោះព្រលឹងខ្ញុំ ឲ្យរួចពីអំណាចនៃ ស្ថានឃុំព្រលឹងមនុស្សស្លាប់នោះវិញ ដ្បិតទ្រង់នឹងទទួលខ្ញុំទុក។ –បង្អង់
16 ៙ កុំឲ្យភ័យខ្លាច ដោយអ្នក១បានមានឡើង ក្នុងកាលដែលសេចក្ដីរុងរឿងនៅផ្ទះបានបរិបូរនោះឡើយ
17 ដ្បិតកាលណាគេស្លាប់ទៅ នោះនឹងយកអ្វីៗទៅ ផងមិនបាន ហើយសេចក្ដីរុងរឿងរបស់គេនឹងមិនចុះទៅតាមឡើយ
18 ទោះបើអ្នកនោះបានរាប់ខ្លួនជាមានពរ ក្នុងកាលដែលនៅរស់នៅឡើយ ហើយបាននាំឲ្យមនុស្សសរសើរខ្លួន ដោយបាន លៀងជីវិតយ៉ាងល្អក៏ដោយ
19 គង់តែនឹងត្រូវទៅតាមពួកអយ្យកោខ្លួន ដែលមិនឃើញពន្លឺទៀត
20 មនុស្សណាដែលមានកេរ្តិ៍ឈ្មោះ តែឥតមានយោបល់ នោះធៀបដូចជាសត្វតិរច្ឆាន ដែលវិនាសទៅនោះឯង។
Psalm 50
1 ព្រះ គឺជាព្រះដ៏មានឥទ្ធិឫទ្ធិ ព្រះនាមជាព្រះយេហូវ៉ា ទ្រង់បានមានព្រះបន្ទូលហើយ ទ្រង់បានកោះហៅទាំងអស់ដែលនៅលើផែនដី ចាប់តាំងពីទិសខាងថ្ងៃរះទៅដល់ទិសថ្ងៃលិច
2 ព្រះទ្រង់បានភ្លឺមកពីក្រុងស៊ីយ៉ូន ដែលជាទីក្រុងមានលំអដ៏គ្រប់លក្ខណ៍
3 ព្រះនៃយើងខ្ញុំទ្រង់យាងមក ហើយមិននៅស្ងៀមទេ មានភ្លើងឆេះនៅចំពោះទ្រង់ ហើយនៅព័ទ្ធជុំវិញទ្រង់មានព្យុះសង្ឃរា
4 ទ្រង់បង្គាប់ដល់ស្ថានសួគ៌នៅខាងលើ និងដល់ផែនដី ដើម្បីជំនុំជម្រះរាស្ត្ររបស់ទ្រង់ថា
5 ចូរប្រមូលពួកអ្នកបរិសុទ្ធរបស់អញ ឲ្យមកឯណេះ គឺជាពួកដែលបានតាំងសញ្ញានឹងអញ ដោយថ្វាយយញ្ញបូជា
6 នោះផ្ទៃមេឃនឹងសម្ដែងពីសេចក្ដីសុចរិតរបស់ទ្រង់ ដ្បិតគឺព្រះហើយ ដែលជាចៅក្រម។ –បង្អង់
7 ៙ ម្នាលរាស្ត្រអញអើយ ចូរស្តាប់ចុះ អញនឹងពោល ឱអ៊ីស្រាអែលអើយ អញនឹងធ្វើបន្ទាល់ទាស់នឹងឯង អញជាព្រះ គឺជាព្រះនៃឯងហើយ
8 អញនឹងមិនបន្ទោសឯង ដោយព្រោះយញ្ញបូជា ដែលឯងថ្វាយនោះទេ ឯតង្វាយដុតរបស់ឯង នោះក៏នៅចំពោះអញជានិច្ច
9 តែអញមិនយកគោឈ្មោលពីផ្ទះឯង ឬពពែឈ្មោលពីក្រោលឯងឡើយ
10 ដ្បិតអស់ទាំងសត្វនៅព្រៃសុទ្ធតែរបស់អញ ព្រមទាំងហ្វូងសត្វទាំងប៉ុន្មាននៅលើភ្នំទាំងពាន់ផង
11 អញស្គាល់អស់ទាំងសត្វស្លាបនៅលើភ្នំ ហើយសត្វព្រៃទាំងឡាយជារបស់ផងអញដែរ។
12 ៙ បើកាលណាអញឃ្លាន នោះអញមិនប្រាប់ដល់ឯង ពីព្រោះលោកីយ៍ និងរបស់សព្វសារពើក្នុងលោក ជារបស់ផងអញ
13 តើអញនឹងស៊ីសាច់គោឈ្មោល ឬផឹកឈាមពពែឈ្មោលឬអី
14 ចូរថ្វាយតង្វាយជាសេចក្ដីអរព្រះគុណដល់ព្រះវិញ ហើយលាបំណន់ដែលបានបន់ដល់ព្រះដ៏ខ្ពស់បំផុតផង
15 ចូរអំពាវនាវដល់អញនៅថ្ងៃមានសេចក្ដីទុក្ខលំបាក នោះអញនឹងជួយឲ្យរួច ឯឯងនឹងលើកតម្កើងដល់អញ។
16 ៙ តែព្រះទ្រង់មានព្រះបន្ទូលចំពោះមនុស្សអាក្រក់ថា ឯងត្រូវការអ្វីនឹងថ្លែងប្រាប់ពីបញ្ញត្តអញ ហើយយកសញ្ញាអញមកនៅក្នុងមាត់ឯង
17 ដែលឯងជាអ្នកស្អប់សេចក្ដីប្រដៅ ហើយក៏បោះបង់ចោលពាក្យអញទៅក្រោយខ្នងដូច្នេះ
18 កាលឯងបានឃើញចោរ នោះក៏ចូលគំនិតនឹងគេ ហើយមានចំណែកជាមួយនឹងពួកសំផឹងផង
19 ឯងបានប្រគល់មាត់ឯងទៅសេចក្ដីអាក្រក់ ហើយអណ្តាតឯងបង្កើតកលមាយា
20 ឯងអង្គុយនិយាយដើមពីបងប្អូន ឯងនិយាយបង្កាច់ឈ្មោះទាំងកូនពោះ១នឹងឯងផង
21 អំពើនោះឯងបានធ្វើហើយ តែអញបាននៅស្ងៀមវិញ ឯងបានគិតស្មានថា អញដូចឯងតែប៉ុណ្ណោះ អញនឹងបន្ទោស ដោយរៀបរាប់អំពើឯង នៅចំពោះមុខ
22 ដូច្នេះ ឯងរាល់គ្នាដែលភ្លេចព្រះអើយ ចូរពិចារណាសេចក្ដីនេះចុះ ក្រែងអញហែកឯងខ្ទេចខ្ទីទ័លបើជួយផង
23 អ្នកណាដែលថ្វាយតង្វាយជាសេចក្ដីអរព្រះគុណ នោះក៏លើកតម្កើងអញដែរ ហើយអញនឹងសម្ដែងសេចក្ដីសង្គ្រោះរបស់ព្រះ ដល់អ្នកណាដែលរៀបផ្លូវរបស់ខ្លួនឲ្យត្រង់។
Psalm 51
1 ឱព្រះអង្គអើយ សូមអាណិតមេត្តាដល់ទូលបង្គំ តាមសេចក្ដីសប្បុរសរបស់ទ្រង់ ហើយសូមលុបសេចក្ដីរំលងរបស់ទូលបង្គំចេញ ដោយសេចក្ដីមេត្តាករុណាដ៏បរិបូររបស់ទ្រង់
2 សូមលាងទូលបង្គំឲ្យយ៉ាងស្អាត ពីអំពើទុច្ចរិតរបស់ទូលបង្គំផង សូមសម្អាតអំពើបាបរបស់ទូលបង្គំផង
3 ដ្បិតទូលបង្គំទទួលស្គាល់អំពើរំលងរបស់ទូលបង្គំហើយ ឯអំពើបាបរបស់ទូលបង្គំ នោះក៏នៅចំពោះមុខទូលបង្គំជានិច្ច
4 ទូលបង្គំបានធ្វើបាបនឹងទ្រង់ហើយ គឺនឹងទ្រង់តែ១ព្រះអង្គ ព្រមទាំងប្រព្រឹត្តសេចក្ដីដែលអាក្រក់នៅព្រះនេត្រទ្រង់ផង ទូលបង្គំទទួលស្គាល់អំពើទាំងនោះ ដើម្បីឲ្យទ្រង់បានរាប់ជាសុចរិត ក្នុងកាលដែលទ្រង់មានព្រះបន្ទូល ហើយឲ្យបានឥតសៅហ្មង ក្នុងកាលដែលទ្រង់ជំនុំជម្រះ
5 មើល ទូលបង្គំបានកើតមកក្នុងសេចក្ដីទុច្ចរិត ហើយម្តាយទូលបង្គំបានមានទំងន់ បង្កើតទូលបង្គំនៅក្នុងអំពើបាបដែរ
6 មើល ទ្រង់ប្រាថ្នាចង់បានសេចក្ដីពិតនៅចំណែកខាងក្នុង ហើយគឺនៅទីលាក់កំបាំងខាងក្នុង ដែលទ្រង់នឹងធ្វើ ឲ្យទូលបង្គំស្គាល់ប្រាជ្ញាដែរ
7 សូមជម្រះទូលបង្គំដោយមែកហ៊ីសុប នោះទូលបង្គំនឹងបានជ្រះស្អាត សូមដុសលាងទូលបង្គំ នោះនឹងបានសជាងហិមៈ
8 សូមឲ្យទូលបង្គំបានឮសេចក្ដីអំណរ និងសេចក្ដីរីករាយ នោះអស់ទាំងឆ្អឹងដែលទ្រង់បានបំបាក់បំបែក នឹងបានអរសប្បាយវិញ
9 សូមបាំងព្រះភ័ក្ត្រទ្រង់ចេញពីអំពើបាបរបស់ទូលបង្គំ ហើយលុបគ្រប់ទាំងអំពើទុច្ចរិតរបស់ទូលបង្គំចេញ
10 ឱព្រះអង្គអើយ សូមបង្កើតចិត្តបរិសុទ្ធនៅក្នុងទូលបង្គំ ហើយកែវិញ្ញាណក្នុងទូលបង្គំឲ្យត្រឹមត្រូវឡើង
11 សូមកុំចោលទូលបង្គំចេញពីចំពោះទ្រង់ ហើយកុំដកយកព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់ ចេញពីទូលបង្គំឡើយ
12 សូមឲ្យទូលបង្គំមានចិត្តរីករាយចំពោះសេចក្ដីសង្គ្រោះ នៃទ្រង់ឡើងវិញ ហើយទប់ទល់ទូលបង្គំដោយព្រះវិញ្ញាណដ៏សទ្ធានៃទ្រង់
13 នោះទូលបង្គំនឹងបង្រៀនពីអស់ទាំងផ្លូវនៃទ្រង់ ដល់មនុស្សដែលប្រព្រឹត្តអំពើរំលង ដូច្នេះ នឹងមានមនុស្សបាបប្រែចិត្តត្រឡប់មកឯទ្រង់
14 ឱព្រះអង្គ ជាព្រះដ៏ជួយសង្គ្រោះទូលបង្គំអើយ សូមដោះទូលបង្គំឲ្យរួចពីទោសកម្ចាយឈាម នោះអណ្តាតទូលបង្គំនឹងបន្លឺសំឡេង ច្រៀងពីសេចក្ដីសុចរិតរបស់ទ្រង់
15 ឱព្រះអម្ចាស់អើយ សូមបើកបបូរមាត់ទូលបង្គំ នោះមាត់ទូលបង្គំនឹងបានប្រកាសប្រាប់ ពីសេចក្ដីសរសើររបស់ទ្រង់
16 ដ្បិតទ្រង់មិនសព្វព្រះហឫទ័យនឹងយញ្ញបូជាទេ បើសព្វព្រះហឫទ័យវិញ នោះទូលបង្គំនឹងបានថ្វាយហើយ ទ្រង់ក៏មិនពេញព្រះហឫទ័យនឹងតង្វាយដុតដែរ
17 ឯតង្វាយដែលគួរថ្វាយដល់ព្រះ នោះគឺជាវិញ្ញាណខ្ទេចខ្ទាំ ឱព្រះអម្ចាស់អើយ ទ្រង់មិនមើលងាយចំពោះចិត្តខ្ទេចខ្ទាំ ហើយទន់ទាបឡើយ។
18 ៙ សូមទ្រង់ប្រព្រឹត្តដោយសប្បុរសដល់ក្រុងស៊ីយ៉ូន តាមបំណងព្រះហឫទ័យដ៏ល្អរបស់ទ្រង់ សូមសង់កំផែងក្រុងយេរូសាឡឹមឡើង
19 នោះទ្រង់នឹងសព្វព្រះហឫទ័យ ដោយតង្វាយនៃសេចក្ដីសុចរិត គឺជាតង្វាយដុត និងយញ្ញបូជាថ្វាយទាំងមូលផង ដូច្នេះ គេនឹងថ្វាយគោឈ្មោលនៅលើអាសនៈនៃទ្រង់។
Psalm 52
1 ឱមនុស្សខ្លាំងពូកែអើយ ហេតុអ្វីបានជាអួតខ្លួនពីអំពើអាក្រក់ដូច្នេះ សេចក្ដីសប្បុរសនៃព្រះស្ថិតស្ថេរនៅជាដរាប
2 ឯអណ្តាតឯង នោះបង្កើតសេចក្ដីអាក្រក់ ទាំងប្រព្រឹត្តឧបាយឆបោក ដូចជាកាំបិតកោរយ៉ាងមុត
3 ឯងស្រឡាញ់សេចក្ដីអាក្រក់ជាជាងសេចក្ដីល្អ និងការភូតភរជាជាងការសុចរិត។ –បង្អង់
4 ៙ ឱអណ្តាតកំភូតអើយ ឯងស្រឡាញ់គ្រប់អស់ទាំង ពាក្យដែលនាំឲ្យវិនាសបង់
5 ព្រះទ្រង់នឹងបំផ្លាញឯងអស់កល្បជានិច្ច គឺទ្រង់នឹងចាប់យកឯងទៅ និងកន្ត្រាក់ឯងចេញពីទីលំនៅ ហើយរំលើងឯងផុតពីស្ថានរបស់មនុស្សរស់ចេញ។ –បង្អង់
6 ៙ មនុស្សសុចរិតនឹងឃើញដែរ ហើយនិងកោតខ្លាច គេនឹងសើចឡកឲ្យ ដោយពាក្យថា
7 មើល នេះនែបុរសដែលមិនបានយកព្រះជាទីពឹង គឺបានទុកចិត្តនឹងទ្រព្យសម្បត្តិខ្លួនដ៏មានជាបរិបូរ ហើយបានចម្រើនកម្លាំងដោយការអាក្រក់របស់ខ្លួន
8 ឯខ្ញុំវិញ ខ្ញុំដូចជាដើមអូលីវខៀវខ្ចីនៅក្នុងដំណាក់ព្រះ ខ្ញុំទុកចិត្តនឹងសេចក្ដីសប្បុរសនៃព្រះជានិច្ច
9 ទូលបង្គំនឹងសរសើរដល់ទ្រង់ជាដរាប ដោយព្រោះទ្រង់បានសម្រេចការនោះ ហើយទូលបង្គំនឹងសង្ឃឹមដល់ព្រះនាមទ្រង់ ដ្បិតព្រះនាមទ្រង់ល្អវិសេស នៅចំពោះពួកអ្នកបរិសុទ្ធរបស់ទ្រង់។
Psalm 53
1 មនុស្សល្ងង់ខ្លៅបានគិតក្នុងចិត្តថា គ្មានព្រះឡើយ គេសុទ្ធតែជាមនុស្សខូចអាក្រក់ ហើយបានប្រព្រឹត្តការទុច្ចរិតគួរស្អប់ខ្ពើម ឥតមានអ្នកណាមួយដែលប្រព្រឹត្តល្អសោះ
2 ព្រះទ្រង់បានទតមើលពីលើស្ថានសួគ៌ ចំពោះពួកកូនមនុស្ស ដើម្បីឲ្យបានជ្រាបថា មានអ្នកណាខ្លះដែលមានគំនិត គឺដែលស្វែងរកព្រះឬទេ
3 គ្រប់គ្នាបានវង្វេងចេញ បានត្រឡប់ទៅជា ស្មោកគ្រោកទាំងអស់ គ្មានអ្នកណាមួយដែលប្រព្រឹត្តល្អឡើយ សូម្បីតែម្នាក់ក៏គ្មានផង
4 ឯអស់អ្នកដែលប្រព្រឹត្តទុច្ចរិតដូច្នេះ តើគ្មានប្រាជ្ញាទេឬ ជាពួកអ្នកដែលស៊ីរាស្ត្រអញ ដូចជាស៊ីអាហារ ហើយមិនដែលអំពាវនាវដល់ព្រះឡើយ
5 យ៉ាងនោះ គេមានសេចក្ដីភ័យជាខ្លាំង នៅកន្លែងដែល ឥតមានហេតុគួរឲ្យភ័យផង ដ្បិតព្រះទ្រង់បានកម្ចាត់កម្ចាយឆ្អឹងរបស់ពួកអ្នកដែល បោះទ័ពទាស់នឹងឯង ឯងបានធ្វើឲ្យគេអៀនខ្មាស ដោយព្រោះព្រះបាន លះចោលគេហើយ
6 ឱបើសិនជាសេចក្ដីសង្គ្រោះនៃសាសន៍អ៊ីស្រាអែល បានចេញពីស៊ីយ៉ូនមកទៅអេះ កាលណាព្រះទ្រង់នាំពួកឈ្លើយនៃរាស្ត្រទ្រង់មកវិញ នោះយ៉ាកុបនឹងអរសប្បាយឡើង ហើយអ៊ីស្រាអែលនឹងរីករាយសាទរ។
Psalm 54
1 ឱព្រះអង្គអើយ សូមជួយសង្គ្រោះទូលបង្គំ ដោយសារព្រះនាមទ្រង់ ហើយវិនិច្ឆ័យទូលបង្គំ ដោយឥទ្ធិឫទ្ធិរបស់ទ្រង់
2 ឱព្រះអង្គអើយ សូមស្តាប់សេចក្ដីដែលទូលបង្គំអធិស្ឋាន សូមផ្ទៀងព្រះកាណ៌ស្តាប់វាចារបស់ទូលបង្គំផង
3 ដ្បិតមានមនុស្សដទៃ លើកគ្នាឡើងទាស់នឹងទូលបង្គំ ហើយពួកមនុស្សច្រឡោតស្វែងរកជីវិតទូលបង្គំ គេមិនបានតាំងព្រះនៅមុខគេឡើយ ។ –បង្អង់
4 ៙ មើល ព្រះទ្រង់ជាជំនួយនៃទូលបង្គំ ព្រះអម្ចាស់ទ្រង់គង់ជាមួយនឹងពួកអ្នកដែលទប់ទល់ ព្រលឹងនៃទូលបង្គំ
5 ទ្រង់នឹងសងសេចក្ដីអាក្រក់របស់ពួកខ្មាំងសត្រូវ ទូលបង្គំទៅលើគេវិញ សូមបំផ្លាញគេដោយនូវសេចក្ដីស្មោះត្រង់របស់ទ្រង់
6 ទូលបង្គំនឹងយកតង្វាយស្ម័គ្រពីចិត្ត មកបូជាថ្វាយដល់ទ្រង់ ឱព្រះយេហូវ៉ាអើយ ទូលបង្គំនឹងសរសើរដល់ព្រះនាមទ្រង់ ដ្បិតព្រះនាមទ្រង់ល្អវិសេស
7 ពីព្រោះទ្រង់បានជួយទូលបង្គំឲ្យរួចពីគ្រប់សេចក្ដីវេទនា ភ្នែកទូលបង្គំបានឃើញបំណងចិត្តកើតដល់ពួកខ្មាំង សត្រូវរបស់ទូលបង្គំហើយ ។
Psalm 55
1 ឱព្រះអង្គអើយ សូមផ្ទៀងព្រះកាណ៌ ស្តាប់សេចក្ដីដែលទូលបង្គំអធិស្ឋាន សូមកុំលាក់ព្រះអង្គនឹងពាក្យដែលទូលបង្គំទូលអង្វរឡើយ
2 សូមសំកាំងស្តាប់ ហើយឆ្លើយមកទូលបង្គំផង ទូលបង្គំអន្ទះអន្ទែង ហើយថ្ងូរ ដោយសេចក្ដីទុក្ខព្រួយរបស់ទូលបង្គំ
3 គឺដោយព្រោះសំឡេងរបស់ខ្មាំងសត្រូវ និងសេចក្ដីសង្កត់សង្កិនរបស់មនុស្សអាក្រក់ ដ្បិតគេទម្លាក់ការទុច្ចរិតមកលើទូលបង្គំ ព្រមទាំងបៀតបៀនទូលបង្គំដោយសេចក្ដីកំហឹង
4 ចិត្តទូលបង្គំអន្ទះសានៅក្នុងខ្លួន ហើយសេចក្ដីស្ញែងខ្លាចចំពោះសេចក្ដីស្លាប់ បានគ្របសង្កត់លើទូលបង្គំ
5 ទូលបង្គំបានកើតមានសេចក្ដីភ័យខ្លាច ហើយញាប់ញ័រ សេចក្ដីតក់ស្លុតបានបង្គ្របទូលបង្គំហើយ
6 នោះទូលបង្គំបានពោលថា ឱបើសិនណាជាមានស្លាបដូចជាព្រាបទៅរ៉ា នោះអញនឹងហើរចេញទៅ ឲ្យបានសេចក្ដីសុខ
7 អើ យ៉ាងនោះទូលបង្គំនឹងបានទៅឆ្ងាយ ស្នាក់នៅឯទីរហោស្ថានវិញ។
8 ៙ ទូលបង្គំនឹងបានរត់ជាប្រញាប់ទៅឯទីជ្រក ឲ្យបានរួចពីខ្យល់គំហុក និងព្យុះសង្ឃរា
9 ឱព្រះអម្ចាស់អើយ សូមបំផ្លាញគំនិតគេ ឲ្យគេនិយាយសុទ្ធតែខុសគ្នា ដ្បិតទូលបង្គំបានឃើញសេចក្ដីច្រឡោត និងសេចក្ដីទាស់ទែងគ្នា នៅក្នុងទីក្រុង
10 ទាំងយប់ទាំងថ្ងៃ គេប្រព្រឹត្តយ៉ាងនោះ នៅលើកំផែងជុំវិញទីក្រុង នៅខាងក្នុង មានសុទ្ធតែសេចក្ដីនឿយហត់ ហើយព្រួយចិត្ត
11 មានការអាក្រក់នៅកណ្តាលទីក្រុង សេចក្ដីសង្កត់សង្កិន ហើយឆបោក មិនចេះបាត់ពីផ្លូវក្រុងឡើយ។
12 ៙ មិនមែនជាខ្មាំងសត្រូវដែលបកកេរ្តិ៍ខ្ញុំ យ៉ាងនោះខ្ញុំនឹងធន់ទ្រាំបាន ក៏មិនមែនជាអ្នកស្អប់ខ្ញុំដែលលើកខ្លួនទាស់នឹងខ្ញុំ នោះខ្ញុំនឹងបានពួនខ្លួនឲ្យរួចពីគេ
13 គឺជាអ្នកឯងវិញ ជាមនុស្សស្មើគ្នានឹងខ្ញុំ ជាភឿន ហើយជាសំឡាញ់ស្និទ្ធស្នាលនឹងខ្ញុំ
14 យើងបានធ្លាប់ប្រឹក្សាគ្នាយ៉ាងផ្អែមល្ហែម ក៏ដើរជាមួយគ្នា នៅកណ្តាលហ្វូងមនុស្ស ក្នុងដំណាក់ព្រះ
15 សូមឲ្យសេចក្ដីស្លាប់លោមកគ្របលើគេ ឲ្យគេចុះទាំងរស់ទៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់ ដ្បិតមានអំពើអាក្រក់នៅក្នុងទីលំនៅរបស់គេ ហើយនៅខាងក្នុងគេផង
16 ចំណែកខ្ញុំនឹងអំពាវនាវដល់ព្រះ ហើយព្រះយេហូវ៉ាទ្រង់នឹងជួយសង្គ្រោះខ្ញុំ
17 ខ្ញុំនឹងអធិស្ឋាន ហើយស្រែកថ្ងូរ ទាំងពេលល្ងាច ពេលព្រឹក និងថ្ងៃត្រង់ផង ហើយទ្រង់នឹងស្តាប់សំឡេងខ្ញុំជាមិនខាន
18 ទ្រង់បានដោះព្រលឹងខ្ញុំ ឲ្យរួចពីសឹកសង្គ្រាម ដោយសុខសាន្ត ដ្បិតមានគេទាស់ទទឹងខ្ញុំជាច្រើន
19 ព្រះទ្រង់នឹងឮ ហើយនិងធ្វើសបដល់គេ គឺជាព្រះដែលគង់នៅតាំងពីអស់កល្ប រៀងមកនោះហើយ។ –បង្អង់ ៙ គេមិនព្រមប្រែចិត្តសោះ ក៏មិនកោតខ្លាចដល់ព្រះដែរ
20 គេបានលូកដៃទៅទាស់នឹងមិត្ត ដែលជាមេត្រីនឹងគេ គេបានក្បត់ចំពោះសញ្ញារបស់ខ្លួនហើយ
21 មាត់គេរឥលជាងខ្លាញ់ តែចិត្តគេមានពេញដោយការចម្បាំងវិញ វាចាគេទន់ល្វន់ជាងប្រេង ប៉ុន្តែ ពាក្យទាំងនោះសុទ្ធតែជាដាវហូតស្រាប់
22 ចូរផ្ទេរបន្ទុករបស់អ្នកទៅលើព្រះយេហូវ៉ា នោះទ្រង់នឹងជួយទប់ទល់អ្នក ទ្រង់មិនព្រមឲ្យមនុស្សសុចរិតត្រូវរង្គើឡើយ
23 តែឱព្រះអង្គអើយ ទ្រង់នឹងឲ្យគេចុះទៅឯរណ្តៅនៃសេចក្ដីហិនវិនាស ពួកមនុស្សកម្ចាយឈាម ហើយមនុស្សឧបាយកល នឹងរស់នៅមិនដល់ត្រឹមពាក់កណ្តាលអាយុផង តែទូលបង្គំនឹងទុកចិត្តដល់ទ្រង់វិញ។
Psalm 56
1 ឱព្រះអង្គអើយ សូមទ្រង់អាណិតមេត្តាដល់ទូលបង្គំ ដ្បិតមនុស្សចង់លេបបំបាត់ទូលបង្គំហើយ គេសង្កត់សង្កិន ដោយតស៊ូនឹងទូលបង្គំជាដរាបរាល់ថ្ងៃ
2 គឺពួកខ្មាំងសត្រូវចង់តែលេបបំបាត់ទូលបង្គំ ជាដរាបរាល់ថ្ងៃ ដ្បិតមានគ្នាច្រើនដែលតស៊ូនឹងទូលបង្គំ ដោយចិត្តឆ្មើងឆ្មៃ
3 តែវេលាណាដែលទូលបង្គំភ័យ នោះទូលបង្គំនឹងទុកចិត្តដល់ទ្រង់
4 នៅក្នុងព្រះ (ទូលបង្គំនឹងសរសើរព្រះបន្ទូលទ្រង់) គឺសេចក្ដីពឹងពាក់របស់ទូលបង្គំ នោះបានទុកនៅក្នុងព្រះ ទូលបង្គំនឹងមិនខ្លាចឡើយ តើសាច់ឈាមនឹងអាច ធ្វើអ្វីដល់ទូលបង្គំបាន
5 គេមួលបង្កាច់ពាក្យទូលបង្គំវាល់ព្រឹកវាល់ល្ងាច អស់ទាំងគំនិតរបស់គេសុទ្ធតែប៉ងអាក្រក់ដល់ទូលបង្គំ
6 គេប្រជុំគ្នា គេបំពួនខ្លួន គេឃ្លាំមើលអស់ទាំងជំហានរបស់ទូលបង្គំ ដោយចាំសង្គ្រុបចាប់ជីវិតទូលបង្គំ
7 តើគេនឹងគេចរួច ដោយអំពើអាក្រក់យ៉ាងនោះឬ ឱព្រះអង្គអើយ សូមទ្រង់បោះទម្លាក់ពួកទាំងនេះចុះ ដោយសេចក្ដីខ្ញាល់របស់ទ្រង់
8 ទ្រង់រាប់អស់ទាំងការសាត់អណ្តែតរបស់ទូលបង្គំ សូមទ្រង់ដាក់អស់ទាំងទឹកភ្នែករបស់ទូលបង្គំ ទុកនៅក្នុងដបនៃទ្រង់ ទឹកភ្នែកទាំងនោះ តើមិនកត់ទុកក្នុងបញ្ជីទ្រង់ទេឬអី
9 យ៉ាងនោះ នៅថ្ងៃដែលទូលបង្គំអំពាវនាវ នោះពួកខ្មាំងសត្រូវនឹងថយចេញទៅ ទូលបង្គំដឹងហើយ ដ្បិតព្រះទ្រង់គង់នៅខាងទូលបង្គំ
10 នៅក្នុងព្រះ ទូលបង្គំនឹងសរសើរព្រះបន្ទូលទ្រង់ នៅក្នុងព្រះយេហូវ៉ា ទូលបង្គំនឹងសរសើរព្រះបន្ទូលទ្រង់
11 សេចក្ដីពឹងពាក់របស់ទូលបង្គំ នោះបានទុកនៅក្នុងព្រះ ទូលបង្គំនឹងមិនខ្លាចឡើយ តើមនុស្សនឹងអាចធ្វើអ្វីដល់ ទូលបង្គំបាន
12 ឱព្រះអង្គអើយ ទូលបង្គំនៅជាប់បំណន់នឹងទ្រង់ ទូលបង្គំនឹងថ្វាយតង្វាយអរព្រះគុណដល់ទ្រង់
13 ដ្បិតទ្រង់បានជួយជីវិតទូលបង្គំឲ្យរួចពីស្លាប់ ក៏បានជួយជើងទូលបង្គំឲ្យរួចពីជំពប់ដួលដែរ ដើម្បីឲ្យទូលបង្គំបានដើរនៅចំពោះព្រះ ក្នុងពន្លឺនៃមនុស្សរស់វិញ។
Psalm 57
1 សូមអាណិតមេត្តាដល់ទូលបង្គំ ឱព្រះអង្គ អើយ សូមអាណិតមេត្តាទូលបង្គំផង ពីព្រោះព្រលឹងទូលបង្គំពឹងនៅក្នុងទ្រង់ អើ ទូលបង្គំជ្រកនៅក្រោមម្លប់នៃស្លាបទ្រង់ ដរាបដល់សេចក្ដីអន្តរាយទាំងនេះបានបាត់ទៅ
2 ទូលបង្គំនឹងអំពាវនាវដល់ព្រះដ៏ខ្ពស់បំផុត គឺដល់ព្រះដែលទ្រង់សម្រេចគ្រប់ការឲ្យទូលបង្គំ
3 កាលណាមនុស្សដែលចង់លេបបំបាត់ទូលបង្គំ គេត្មះតិះដៀល នោះទ្រង់នឹងចាត់មកពីស្ថានសួគ៌ ដើម្បីជួយសង្គ្រោះទូលបង្គំវិញ។ –បង្អង់ ៙ គឺព្រះទ្រង់នឹងចាត់សេចក្ដីសប្បុរស និងសេចក្ដីពិតរបស់ទ្រង់មក
4 ព្រលឹងទូលបង្គំនៅកណ្តាលហ្វូងសិង្ហ ទូលបង្គំដេកនៅកណ្តាលពួកដែលឆួលឡើងហើយ គឺជាមនុស្សដែលមានធ្មេញទុកជាលំពែង និងព្រួញ ក៏មានអណ្តាតទុកជាដាវយ៉ាងមុតដែរ
5 ឱព្រះអង្គអើយ សូមឲ្យទ្រង់បានថ្កើង ឡើងខ្ពស់ជាងផ្ទៃមេឃ សូមឲ្យសិរីល្អនៃទ្រង់បាននៅពីផែនដីទាំងមូល។
6 ៙ គេបានត្រៀមអន្ទាក់សម្រាប់ទាក់ជើងទូលបង្គំ ព្រលឹងនៃទូលបង្គំបានត្រូវឱនចុះ គេបានជីករណ្តៅនៅមុខទូលបង្គំ តែខ្លួនគេបានធ្លាក់ទៅក្នុងរណ្តៅនោះវិញ។ –បង្អង់
7 ៙ ទូលបង្គំបានតាំងចិត្តជាស្រេច ឱព្រះអង្គអើយ ចិត្តទូលបង្គំបានតាំងស្រេចហើយ ទូលបង្គំនឹងច្រៀង អើ ទូលបង្គំនឹងច្រៀងសរសើរ
8 ឱកិត្តិយសអញអើយ ចូរភ្ញាក់ឡើង ឱពិណ ហើយនិងស៊ុងអញអើយ ចូរភ្ញាក់ឡើង ឯអញក៏នឹងភ្ញាក់ពីព្រលឹមស្រាងដែរ
9 ឱព្រះអម្ចាស់អើយ ទូលបង្គំនឹងប្រទូលដៃដល់ទ្រង់នៅ កណ្តាលពួកជន ទូលបង្គំនឹងច្រៀងសរសើរទ្រង់ នៅកណ្តាលពួកសាសន៍ដទៃ
10 ដ្បិតសេចក្ដីសប្បុរសនៃទ្រង់ខ្ពស់ដល់ស្ថានសួគ៌ ហើយសេចក្ដីពិតរបស់ទ្រង់ក៏ខ្ពស់ដល់ផ្ទៃមេឃ
11 ឱព្រះអង្គអើយ សូមឲ្យទ្រង់បានថ្កើងឡើង ខ្ពស់ជាងស្ថានសួគ៌ ហើយឲ្យសិរីល្អទ្រង់បាននៅពីលើផែនដីទាំងមូលផង។
Psalm 58
1 តើពិតជាអ្នករាល់គ្នាពោលសេចក្ដីសុចរិត ដោយនូវតែស្ងៀមដូច្នេះឬ នែ មនុស្សជាតិអើយ តើអ្នករាល់គ្នាវិនិច្ឆ័យ ដោយទៀងត្រង់ពិតឬ
2 មិនមែនទេ គឺនៅក្នុងចិត្តអ្នករាល់គ្នាប្រព្រឹត្តតែ សេចក្ដីអាក្រក់ទទេ ហើយនៅក្នុងស្រុក នោះក៏ថ្លឹងឲ្យមានការច្រឡោត ដែលដៃអ្នករាល់គ្នាធ្វើវិញ
3 ឯពួកមនុស្សអាក្រក់ គេជាអ្នកដទៃ តាំងតែពីពោះម្តាយមក គេវង្វេង ហើយពោលសេចក្ដីកំភូត តាំងតែពីកើតមក
4 ពិសរបស់គេដូចជាពិសនៃពស់ ដូចជាពស់វែកដំឡង់ដែលបិទត្រចៀក
5 ដែលមិនព្រមស្តាប់សំឡេងរបស់គ្រូអាលម្ពាយ ទោះបើចេះសូត្ររបៀនប្រសប់យ៉ាងណាក៏ដោយ
6 ឱព្រះអង្គអើយ សូមបំបាក់ធ្មេញនៅក្នុងមាត់គេ ឱព្រះយេហូវ៉ាអើយ សូមបំបាក់ចង្កូមនៃពួកសិង្ហស្ទាវ
7 សូមឲ្យគេរលាយហូរទៅដូចជាទឹក កាលណាគេតម្រង់ព្រួញគេ នោះសូមឲ្យព្រួញទាំងនោះ បានដូចជាបាក់វិញ
8 សូមឲ្យគេបានដូចជាខ្យងដែលរលាយបាត់ទៅ ដូចជាកូនរលូតដែលមិនឃើញពន្លឺថ្ងៃឡើយ
9 ឯមុនដែលរំកាច់ឧសបានប៉ះនឹងឆ្នាំង នោះខ្យល់កួចនឹងផាត់យកទៅ ដោយទាំងឧសស្រស់ និងឧសដែលឆេះផង
10 ឯមនុស្សសុចរិត គេនឹងមានសេចក្ដីអំណរ ដោយឃើញសេចក្ដីសងសឹក គេនឹងលាងជើងក្នុងឈាមនៃមនុស្សអាក្រក់
11 បានជាមនុស្សនឹងថា ពិតប្រាកដជាមានរង្វាន់ ដល់មនុស្សសុចរិត ពិតប្រាកដជាមានព្រះ១អង្គ ដែលវិនិច្ឆ័យនៅផែនដីដែរ។
Psalm 59
1 ឱព្រះនៃទូលបង្គំអើយ សូមទ្រង់ជួយឲ្យ ទូលបង្គំរួចពីពួកខ្មាំងសត្រូវ សូមការពារឲ្យរួចពីពួកអ្នក ដែលលើកគ្នាទាស់នឹងទូលបង្គំ
2 សូមជួយទូលបង្គំឲ្យរួច ពីពួកអ្នកដែលប្រព្រឹត្តអាក្រក់ ហើយសង្គ្រោះទូលបង្គំឲ្យរួច ពីមនុស្សដែលកម្ចាយឈាម
3 ដ្បិតមើល ឱព្រះយេហូវ៉ាអើយ គេលបចាប់ជីវិតទូលបង្គំ ពួកមនុស្សខ្លាំងពូកែគេប្រជុំគ្នាទាស់នឹងទូលបង្គំ មិនមែនដោយព្រោះអំពើរំលង ឬអំពើបាបរបស់ទូលបង្គំឡើយ
4 គេរត់មកត្រៀមខ្លួន ឥតទូលបង្គំធ្វើខុសអ្វីផង សូមទ្រង់តើនឡើងមកជួយទូលបង្គំ ហើយពិចារណាមើល
5 ឱព្រះយេហូវ៉ាជាព្រះនៃពួកពលបរិវារ គឺជាព្រះនៃសាសន៍អ៊ីស្រាអែលអើយ សូមទ្រង់តើនឡើងមកដាក់ទោសដល់ពួកសាសន៍ដទៃ សូមកុំអាណិតមេត្តាដល់អ្នកណាមួយ ដែលរំលងដោយកាចអាក្រក់ឡើយ។ –បង្អង់
6 ៙ គេត្រឡប់មកវិញរាល់តែល្ងាច គេលូដូចជាឆ្កែ ព្រមទាំងដើរក្រវែលទីក្រុង
7 មើល គេភើចេញមកពីមាត់គេ ក៏មានដាវនៅបបូរមាត់ ដ្បិតគេថា តើមានអ្នកណានឹងឮ
8 តែឱព្រះយេហូវ៉ាអើយ ទ្រង់នឹងសើចឡកឲ្យគេ ទ្រង់នឹងចំអកឲ្យពួកសាសន៍ដទៃទាំងអស់ផង
9 ហេតុដោយព្រោះគេមានកម្លាំងខ្លាំង បានជាទូលបង្គំសម្លឹងមើលដល់ទ្រង់ ដ្បិតព្រះទ្រង់ជាប៉មយ៉ាងខ្ពស់នៃទូលបង្គំ
10 ព្រះនៃទូលបង្គំ ទ្រង់នឹងយាងមកប្រោស ដោយសេចក្ដីសប្បុរសនៃទ្រង់ ទ្រង់នឹងឲ្យទូលបង្គំឃើញបំណងចិត្ត ធ្លាក់លើពួកខ្មាំងសត្រូវរបស់ទូលបង្គំ
11 សូមកុំសម្លាប់គេ ក្រែងរាស្ត្រទូលបង្គំភ្លេច តែ ឱព្រះអម្ចាស់ដ៏ជាខែលនៃយើងខ្ញុំអើយ សូមកម្ចាត់កម្ចាយគេ ដោយព្រះចេស្តាទ្រង់ ហើយទម្លាក់គេចុះវិញ
12 សូមឲ្យគេជាប់ទោស ដោយសេចក្ដីអំនួតរបស់គេ ដោយព្រោះបាបរបស់មាត់គេ និងពាក្យដែលចេញពីបបូរមាត់ ព្រមទាំងសេចក្ដីបណ្តាសា និងសេចក្ដីភូតភរ ដែលគេពោលនោះផង
13 សូមបំផ្លាញគេ ដោយសេចក្ដីក្រោធរបស់ទ្រង់ សូមបំផ្លាញគេ ដើម្បីកុំឲ្យមានទៀតឡើយ ហើយឲ្យគេដឹងថា ព្រះទ្រង់គ្រប់គ្រងនៅលើពួកយ៉ាកុប រហូតដល់ចុងផែនដីបំផុត។ –បង្អង់
14 ៙ នោះឲ្យគេត្រឡប់មកលូរាល់តែល្ងាចដូចជាឆ្កែ ឲ្យគេដើរក្រវែលទីក្រុងចុះ
15 គេនឹងដើរចុះឡើងរកអាហារ ហើយបើគេមិនបានឆ្អែត នោះឲ្យគេអាស្រ័យដរាបដល់ភ្លឺទៀត
16 តែទូលបង្គំនឹងច្រៀងពីព្រះចេស្តានៃទ្រង់ អើ ចាប់តាំងពីព្រលឹមស្រាង នោះទូលបង្គំនឹងបន្លឺសំឡេង ច្រៀងពីសេចក្ដីសប្បុរសរបស់ទ្រង់ ដ្បិតទ្រង់ជាប៉មយ៉ាងខ្ពស់នៃទូលបង្គំ ហើយជាទីជ្រក នៅថ្ងៃដែលទូលបង្គំមានសេចក្ដីវេទនា
17 ឱព្រះដ៏ជាកម្លាំងនៃទូលបង្គំអើយ ទូលបង្គំនឹងច្រៀងសរសើរដល់ទ្រង់ ដ្បិតព្រះទ្រង់ជាប៉មយ៉ាងខ្ពស់នៃទូលបង្គំ ក៏ប្រកបដោយមេត្តាករុណាចំពោះទូលបង្គំផង។
Psalm 60
1 ឱព្រះអង្គអើយ ទ្រង់បានបោះបង់ចោលយើងខ្ញុំ ទ្រង់បានទម្លាយទម្លុះយើងខ្ញុំហើយ ទ្រង់បានមានសេចក្ដីខ្ញាល់ ឱសូមឲ្យយើងខ្ញុំបានដូចដើមវិញ
2 ទ្រង់បានធ្វើឲ្យស្រុកញាប់ញ័រ ព្រមទាំងបំបែកចេញផង សូមកែទីធ្លុះធ្លាយឡើងវិញ ដ្បិតកំពុងតែទ្រេតទ្រោតទៅ
3 ទ្រង់បានធ្វើឲ្យរាស្ត្រទ្រង់ឃើញការពិបាកណាស់ ទ្រង់បានធ្វើឲ្យយើងខ្ញុំផឹកស្រាជាសេចក្ដីងេងងោង
4 តែទ្រង់បានប្រទានទង់ជ័យ១ដល់ពួកអ្នកដែលកោត ខ្លាចទ្រង់ ដើម្បីឲ្យបានលើកឡើងឲ្យឃើញ ដោយព្រោះសេចក្ដីពិត ។ –បង្អង់
5 ៙ សូមជួយសង្គ្រោះយើងខ្ញុំ ដោយសារព្រះហស្តស្តាំនៃទ្រង់ ហើយស្តាប់យើងផង ដើម្បីឲ្យអ្នកស្ងួនភ្ងារបស់ទ្រង់ បានសេចក្ដីប្រោសឲ្យរួច
6 ព្រះទ្រង់បានមានព្រះបន្ទូលដោយសេចក្ដីបរិសុទ្ធ របស់ទ្រង់ហើយ យើងនឹងត្រេកអរឡើង យើងនឹងបែងចែកក្រុងស៊ីគែម ហើយនិងវាស់ច្រកភ្នំសិកូត
7 ឯស្រុកកាឡាតជារបស់ផងយើង ហើយខេត្តម៉ាន៉ាសេផង ខេត្តអេប្រាអិមជាទីមាំមួនដែលការពារក្បាលយើង ហើយស្រុកយូដាជាអ្នកតែងច្បាប់របស់យើង
8 ស្រុកម៉ូអាប់ជាអាងសម្រាប់ឲ្យយើងងូតទឹក ហើយយើងនឹងបោះស្បែកជើងទៅលើស្រុកអេដុម នែ ស្រុកភីលីស្ទីន ចូរស្រែកហ៊ោឡើង ដោយព្រោះយើង។
9 ៙ តើអ្នកណានឹងនាំទូលបង្គំចូលក្នុងទីក្រុងមាំមួនបាន តើអ្នកណានឹងនាំទូលបង្គំទៅឯស្រុកអេដុម
10 ឱព្រះអង្គអើយ តើមិនមែនទ្រង់ទេឬអី ដែលទ្រង់បានចោលយើងខ្ញុំហើយ ឱព្រះអង្គអើយ ទ្រង់ក៏មិនយាងចេញទៅជាមួយនឹង ពលទ័ពរបស់យើងខ្ញុំទៀតដែរ
11 សូមទ្រង់ប្រោសមេត្តាជួយយើងខ្ញុំទាស់នឹងពួកសត្រូវ ដ្បិតសេចក្ដីជំនួយរបស់មនុស្ស នោះឥតប្រយោជន៍ទេ
12 ដោយពឹងដល់ព្រះ នោះយើងខ្ញុំនឹងតស៊ូយ៉ាងរឹងប៉ឹងវិញ ដ្បិតគឺទ្រង់ហើយ ដែលនឹងជាន់ឈ្លីពួកសត្រូវ របស់យើងខ្ញុំបង់។
Psalm 61
1 ឱព្រះអង្គអើយ សូមស្តាប់សេចក្ដីអំពាវនាវ របស់ទូលបង្គំ សូមទ្រង់សំកាំងស្តាប់ពាក្យទូលបង្គំអធិស្ឋានផង
2 កាលណាចិត្តទូលបង្គំត្រូវបង្គ្រប នោះទូលបង្គំនឹងអំពាវនាវដល់ទ្រង់ពីចុងផែនដីផង សូមនាំទូលបង្គំទៅឯថ្មដាដែលខ្ពស់ជាងទូលបង្គំ
3 ដ្បិតទ្រង់បានធ្វើជាទីជ្រកឲ្យទូលបង្គំ គឺជាប៉មយ៉ាងមាំ ឲ្យរួចពីខ្មាំងសត្រូវ
4 ទូលបង្គំនឹងអាស្រ័យនៅក្នុងពន្លារបស់ទ្រង់ជានិច្ច ទូលបង្គំនឹងជ្រកនៅទីកំបាំង ក្រោមស្លាបទ្រង់។ –បង្អង់
5 ៙ ដ្បិតឱព្រះអង្គអើយ ទ្រង់បានឮសេចក្ដី ដែលទូលបង្គំបន់ហើយ ទ្រង់បានប្រោសប្រទានឲ្យទូលបង្គំបានមរដក ដែលត្រូវ ខាងពួកអ្នកដែលកោតខ្លាចដល់ព្រះនាមទ្រង់
6 ទ្រង់នឹងចម្រើនជីវិតទូលបង្គំដ៏ជាស្តេចឲ្យវែង អស់ទាំងឆ្នាំនៃជីវិតទូលបង្គំ នឹងបានដូចជាអាយុ របស់មនុស្សជាច្រើនដំណតទៅ
7 ទូលបង្គំនឹងអាស្រ័យនៅចំពោះព្រះជាដរាបតទៅ ឱសូមរៀបសេចក្ដីសប្បុរស និងសេចក្ដីពិតឲ្យបាន រក្សាទូលបង្គំផង
8 យ៉ាងនោះ ទូលបង្គំនឹងច្រៀងសរសើរដល់ ព្រះនាមទ្រង់ជាដរាប ដើម្បីឲ្យបានលាបំណន់របស់ទូលបង្គំរាល់តែថ្ងៃ។
Psalm 62
1 ព្រលឹងខ្ញុំរង់ចាំព្រះអង្គតែមួយ ដោយស្ងៀមស្ងាត់ សេចក្ដីសង្គ្រោះរបស់ខ្ញុំក៏មកតែពីទ្រង់ដែរ
2 គឺទ្រង់តែមួយព្រះអង្គដែលជាថ្មដា ហើយជាសេចក្ដីសង្គ្រោះនៃខ្ញុំ ក៏ជាប៉មយ៉ាងខ្ពស់របស់ខ្ញុំៗមិនត្រូវរង្គើជាខ្លាំងឡើយ
3 តើអ្នករាល់គ្នានឹងសង្ខុញចូលទៅលើមនុស្ស ទាំងចង់សម្លាប់គេដល់កាលណាទៀត ប្រៀបដូចជាកំផែងដែលទ្រេត ដូចជារបងដែលចង់រលំហើយ
4 គេប្រឹក្សាគ្នា ដើម្បីតែនឹងទម្លាក់អ្នកនោះចុះពីយសរបស់ខ្លួន គេចូលចិត្តនឹងសេចក្ដីភូតភរ មាត់គេឲ្យពរ តែនៅក្នុងចិត្ត គេប្រទេចផ្តាសាវិញ។ –បង្អង់
5 ៙ ព្រលឹងខ្ញុំអើយ ចូរនៅស្ងៀមចាំតែព្រះចុះ ដ្បិតសេចក្ដីសង្ឃឹមរបស់ខ្ញុំ នោះមកតែពីទ្រង់ទេ
6 គឺទ្រង់តែ១ព្រះអង្គដែលជាថ្មដា ហើយជាសេចក្ដីសង្គ្រោះនៃខ្ញុំ ក៏ជាប៉មយ៉ាងខ្ពស់របស់ខ្ញុំៗមិនត្រូវរង្គើឡើយ
7 សេចក្ដីសង្គ្រោះ និងសិរីល្អរបស់ខ្ញុំ នោះនៅនឹងព្រះ ឯថ្មដានៃកម្លាំងខ្ញុំ និងទីពឹងជ្រករបស់ខ្ញុំ ក៏នៅក្នុងព្រះដែរ
8 ជនទាំងឡាយអើយ ចូរទុកចិត្តនឹងទ្រង់ជានិច្ច ចូរអ្នករាល់គ្នាប្លុងចិត្តនៅចំពោះទ្រង់ ព្រះទ្រង់ជាទីពឹងជ្រកសម្រាប់យើងខ្ញុំ។ –បង្អង់
9 ៙ ប្រាកដមែន មនុស្សធម្មតាជាអសារឥតការ ហើយមនុស្សមាំទាំជាសេចក្ដីបោកប្រាស់ បើនឹងថ្លឹងគេនៅជញ្ជីង នោះទាំងអស់រួចគ្នាស្រាលជាងខ្យល់ដង្ហើមទៅទៀត
10 កុំឲ្យទុកចិត្តនឹងសេចក្ដីសង្កត់សង្កិនឡើយ ក៏កុំឲ្យអួតខ្លួនក្នុងការលួចប្លន់ដែរ បើកាលណាមានទ្រព្យសម្បត្តិចម្រើនឡើង នោះកុំឲ្យទុកចិត្តនឹងរបស់ទាំងនោះឲ្យសោះ
11 ព្រះទ្រង់បានមានព្រះបន្ទូលម្តងហើយ ខ្ញុំបានឮសេចក្ដីនេះ២ដងផង គឺថា ឫទ្ធានុភាពសម្រេចនៅលើព្រះ
12 ឱព្រះអម្ចាស់អើយ សេចក្ដីសប្បុរសក៏ជារបស់ផងទ្រង់ដែរ ដ្បិតទ្រង់សងដល់គ្រប់មនុស្សទាំងអស់ តាមការប្រព្រឹត្តរបស់គេ។
Psalm 63
1 ឱព្រះអង្គអើយ ទ្រង់ជាព្រះនៃទូលបង្គំ ទូលបង្គំនឹងស្វែងរកទ្រង់អស់ពីចិត្ត ព្រលឹងទូលបង្គំស្រេករកទ្រង់ រូបសាច់ទូលបង្គំរឭកចង់បានទ្រង់ នៅក្នុងស្រុករីងស្ងួត ហើយហួតហែង ដែលគ្មានទឹក សោះ
2 ដើម្បីឲ្យបានឃើញឥទ្ធិឫទ្ធិ និងសិរីល្អរបស់ទ្រង់ ដូចជាទូលបង្គំបានឃើញនៅក្នុងទីបរិសុទ្ធដែរ
3 ដ្បិតសេចក្ដីសប្បុរសនៃទ្រង់ នោះវិសេសជាងជីវិត បបូរមាត់ទូលបង្គំនឹងសរសើរដល់ទ្រង់
4 គឺយ៉ាងនោះ ដែលទូលបង្គំនឹងលើកតម្កើងទ្រង់ ក្នុងកាលដែលនៅរស់នៅឡើយ ទូលបង្គំនឹងប្រទូលដៃឡើង ដោយនូវព្រះនាមទ្រង់
5 នោះព្រលឹងទូលបង្គំនឹងបានឆ្អែត ដូចជាបានបរិភោគខួរឆ្អឹង ហើយនិងខ្លាញ់ផង មាត់ទូលបង្គំក៏នឹងសរសើរទ្រង់ ដោយបបូរមាត់រីករាយ
6 ដោយទូលបង្គំនឹកដល់ទ្រង់ នៅលើដំណេក ហើយរំពឹងគិតពីទ្រង់ នៅអស់ទាំងយាមយប់
7 ដ្បិតទ្រង់បានធ្វើជាជំនួយដល់ទូលបង្គំ ទូលបង្គំនឹងមានចិត្តរីករាយនៅក្រោមម្លប់ស្លាបទ្រង់
8 ព្រលឹងទូលបង្គំតាមទ្រង់ប្រកិត ព្រះហស្តស្តាំនៃទ្រង់ក៏ទប់ទល់ទូលបង្គំ
9 តែអស់អ្នកដែលរកបំផ្លាញព្រលឹងនៃទូលបង្គំ នោះនឹងចុះទៅក្នុងជម្រៅនៃផែនដី
10 គេនឹងត្រូវប្រគល់ទៅក្នុងអំណាចដាវ គេនឹងបានជាអាហារដល់ឆ្កែព្រៃ
11 តែទូលបង្គំ ជាក្សត្រ នឹងរីករាយក្នុងព្រះវិញ អស់អ្នកណាដែលស្បថដោយនូវទ្រង់ នោះនឹងបានសរសើរដោយអរសាទរ ពីព្រោះមាត់នៃពួកមនុស្សកំភូតនឹងត្រូវបិទ។
Psalm 64
1 ឱព្រះអង្គអើយ សូមស្តាប់សំឡេងទូលបង្គំ ដែលទូលបង្គំពោលដំអូញ សូមការពារជីវិតទូលបង្គំ ឲ្យរួចពីការភ័យខ្លាចចំពោះ ពួកខ្មាំងសត្រូវ
2 សូមលាក់ទូលបង្គំ ឲ្យកំបាំងពីសេចក្ដីដែលពួកប្រព្រឹត្ត អាក្រក់ប្រឹក្សាដោយសម្ងាត់ និងពីការចលាចលរបស់មនុស្ស ដែលប្រព្រឹត្តអំពើទុច្ចរិត
3 ជាពួកអ្នកដែលបានសំលៀងអណ្តាតដូចជាសំលៀងដាវ ព្រមទាំងតម្រង់ព្រួញគេ គឺជាពាក្យជូរចត់
4 ដើម្បីនឹងបាញ់ពីទីកំបាំង ឲ្យត្រូវមនុស្សគ្រប់លក្ខណ៍ គេស្រាប់តែបាញ់អ្នកនោះ ឥតខ្លាចអ្វីសោះ
5 គេជំរុញចិត្តគ្នាក្នុងការអាក្រក់ ក៏ពិគ្រោះគ្នាអំពីការដាក់អន្ទាក់ដោយស្ងាត់កំបាំង គេថា តើអ្នកណានឹងឃើញ
6 គេស្វែងរកអំពើទុច្ចរិត គេថា យើងបានស្វែងរកអស់ពីចិត្តជាស្រេចហើយ ឯគំនិតខាងក្នុង និងចិត្តរបស់គេ សុទ្ធតែមានជម្រៅណាស់
7 ប៉ុន្តែ ព្រះទ្រង់នឹងបាញ់ចំគេ លោតែគេនឹងត្រូវរបួសដោយព្រួញណាមួយ
8 គឺអណ្តាតខ្លួនគេនឹងនាំឲ្យគេដួល ហើយអស់អ្នកណាដែលឃើញនឹងគ្រវីក្បាល
9 នោះមនុស្សទាំងអស់នឹងភ័យខ្លាច ហើយនិងប្រកាសប្រាប់ពីកិច្ចការរបស់ព្រះ ព្រមទាំងពិចារណាដោយប្រាជ្ញាពីការដែលទ្រង់ធ្វើ
10 ពួកមនុស្សសុចរិតនឹងអរសប្បាយ ដោយនូវព្រះយេហូវ៉ា គេនឹងពឹងជ្រកក្នុងទ្រង់ អស់អ្នកណាដែលមានចិត្តទៀតត្រង់ គេនឹងអួតសរសើរ។
Psalm 65
1 ឱព្រះអង្គអើយ សេចក្ដីសរសើរចាំតែទ្រង់ នៅក្រុងស៊ីយ៉ូន នោះគេនឹងលាបំណន់ចំពោះទ្រង់
2 ឱព្រះដែលស្តាប់សេចក្ដីអធិស្ឋានអើយ អស់ទាំងមនុស្ស នឹងមូលមកឯទ្រង់
3 អស់ទាំងសេចក្ដីទុច្ចរិតតែងតែឈ្នះទូលបង្គំ ឯការរំលងរបស់យើងខ្ញុំ នោះទ្រង់នឹងជម្រះចោលចេញ
4 មានពរហើយ អ្នកណាដែលទ្រង់រើស ហើយនាំមកនៅចំពោះទ្រង់ ដើម្បីឲ្យបានអាស្រ័យនៅក្នុងព្រះលានទ្រង់ យើងខ្ញុំនឹងបានស្កប់ចិត្តដោយសេចក្ដីលំអ នៃដំណាក់ទ្រង់ គឺជាព្រះវិហារដ៏បរិសុទ្ធរបស់ទ្រង់
5 ឱព្រះដ៏ជួយសង្គ្រោះយើងខ្ញុំអើយ ទ្រង់នឹងឆ្លើយមកយើងខ្ញុំ ដោយការគួរស្ញែងខ្លាចតាម សេចក្ដីសុចរិត ទ្រង់ជាទីទុកចិត្តសង្ឃឹមស្មោះ នៃគ្រប់ទាំងចុងផែនដីបំផុត ហើយនិងចុងសមុទ្រនៅទីឆ្ងាយផង
6 ទ្រង់បានតាំងអស់ទាំងភ្នំឲ្យមាំមួន ដោយឥទ្ធិឫទ្ធិនៃទ្រង់ ទ្រង់ក្រវាត់ដោយឫទ្ធានុភាព
7 ទ្រង់ធ្វើឲ្យសូរសន្ធឹកនៃសមុទ្របានស្ងប់ឈឹង ព្រមទាំងសូរសន្ធឹកនៃរលក និងការជ្រួលជ្រើមនៃបណ្តាជនទាំងឡាយផង
8 ឯពួកអ្នកដែលនៅទីឆ្ងាយបំផុត គេក៏ខ្លាចដោយការអស្ចារ្យរបស់ទ្រង់ ទ្រង់បណ្តាលឲ្យពេលព្រលឹមស្រាង និងពេលល្ងាច ព្រលប់ បានអរសប្បាយផងគ្នា
9 ទ្រង់ក៏ថែរក្សា ហើយស្រោចស្រប់ផែនដី ព្រមទាំងធ្វើឲ្យមានផលកាន់តែច្រើនឡើង ដោយទន្លេនៃព្រះមានទឹកពេញ រួចទ្រង់ផ្គត់ផ្គង់ឲ្យមានស្រូវ ដោយរៀបចំផែនដីយ៉ាងនោះ
10 ទ្រង់ស្រោចគន្លងទាំងប៉ុន្មានជាបរិបូរ ក៏ពង្រាបអាចម៍បំណះ ហើយធ្វើឲ្យដីទន់ ដោយទឹកភ្លៀង ក៏ប្រទានពរដល់ពន្លក
11 ទ្រង់ប្រោសប្រទានឲ្យឆ្នាំបានប្រកបដោយ សេចក្ដីសប្បុរសនៃទ្រង់វិលខួប ហើយអស់ទាំងផ្លូវទ្រង់ក៏ស្រក់ជាសេចក្ដីបរិបូរ
12 នោះក៏ស្រក់មកលើដីឃ្វាលសត្វនៅទីរហោស្ថាន ហើយអស់ទាំងទួលក៏ព័ទ្ធដោយសេចក្ដីអំណរដែរ
13 អស់ទាំងដីឃ្វាលសត្វបានប្រដាប់ដោយហ្វូងចៀម ឯច្រកភ្នំទាំងប៉ុន្មាន នោះក៏មានស្រូវដាសពាសពេញ ទីទាំងនោះបន្លឺឡើង ដោយអំណរ ហើយក៏ច្រៀងផង។
Psalm 66
1 នែ ផែនដីទាំងមូលអើយ ចូរបន្លឺឡើង ដោយអំណរ ថ្វាយព្រះចុះ
2 ចូរច្រៀងពីកិត្តិយសនៃព្រះនាមទ្រង់ ឲ្យសេចក្ដីសរសើរទ្រង់បានរុងរឿងឡើង
3 ចូរទូលដល់ព្រះថា អស់ទាំងកិច្ចការរបស់ ទ្រង់គួរស្ញែងខ្លាចយ៉ាងណាទៅ ពួកខ្មាំងសត្រូវនឹងចុះចូលចំពោះទ្រង់ ដោយព្រោះឥទ្ធិឫទ្ធិដ៏ជាធំរបស់ទ្រង់
4 ផែនដីទាំងមូលនឹងថ្វាយបង្គំ ហើយនិងច្រៀងថ្វាយទ្រង់ផង គេនឹងច្រៀងសរសើរដល់ព្រះនាមទ្រង់។ –បង្អង់
5 ៙ មកនេះ ចូរមកមើលការទាំងប៉ុន្មានរបស់ព្រះ ទ្រង់គួរស្ញែងខ្លាច ក្នុងការដែលទ្រង់ ធ្វើដល់ពួកមនុស្សជាតិ
6 ទ្រង់បំផ្លាស់បំប្រែសមុទ្រឲ្យទៅជាដីគោក គេក៏បានដើរកាត់ទន្លេទៅ នៅទីនោះយើងខ្ញុំបានរីករាយដោយសារទ្រង់
7 ទ្រង់សោយរាជ្យជារៀងរាបតទៅ ដោយសារព្រះចេស្តានៃទ្រង់ ព្រះនេត្រទ្រង់រំពៃមើលអស់ទាំងសាសន៍ មិនត្រូវឲ្យពួកបះបោរលើកគ្នាឡើងឡើយ។ –បង្អង់
8 ៙ ម្នាលជនទាំងឡាយអើយ ចូរលើកតម្កើងព្រះនៃយើងរាល់គ្នា ហើយបន្លឺឡើងឲ្យបានឮសេចក្ដីសរសើរទ្រង់ទួទៅ
9 គឺព្រះដែលរក្សាជីវិតយើងឲ្យរស់នៅ ក៏មិនឲ្យជើងយើងត្រូវរឥលឡើយ
10 ដ្បិតឱព្រះអង្គអើយ ទ្រង់បានល្បងលយើងខ្ញុំហើយ ក៏បានសាកយើងខ្ញុំដូចជាគេសាកប្រាក់ដែរ
11 ទ្រង់បាននាំយើងខ្ញុំឲ្យជាប់មង ហើយបានផ្ទុកបន្ទុកយ៉ាងធ្ងន់នៅលើចង្កេះយើងខ្ញុំ
12 ទ្រង់បានឲ្យមនុស្សជិះក្បាលយើងខ្ញុំ យើងខ្ញុំបានដើរលុយភ្លើង និងទឹកទៅ ប៉ុន្តែ ទ្រង់បាននាំយើងខ្ញុំចេញមកនៅទីដ៏មានជាបរិបូរវិញ
13 ទូលបង្គំនឹងយកតង្វាយដុត ចូលទៅក្នុងដំណាក់ទ្រង់ ហើយនិងលាបំណន់របស់ទូលបង្គំ
14 ជាបំណន់ដែលបបូរមាត់ទូលបង្គំបានបន់ទុក ហើយដែលមាត់ទូលបង្គំមានវាចា ក្នុងកាលដែលមានសេចក្ដីវេទនា
15 ទូលបង្គំនឹងថ្វាយចៀមយ៉ាងធាត់ ជាតង្វាយដុតដល់ទ្រង់ ព្រមទាំងក្លិនឈ្ងុយរបស់ចៀមឈ្មោលផង ទូលបង្គំនឹងថ្វាយទាំងកូនគោ និងពពែឈ្មោលដែរ។ –បង្អង់
16 ៙ មកនេះ ចូរស្តាប់ចុះ អស់អ្នក ដែលកោតខ្លាចដល់ព្រះអើយ ខ្ញុំនឹងថ្លែងប្រាប់ពីការដែលទ្រង់បានប្រោសដល់ព្រលឹងខ្ញុំ
17 មាត់ខ្ញុំបានអំពាវនាវដល់ទ្រង់ ហើយអណ្តាតខ្ញុំបានសរសើរតម្កើងទ្រង់
18 បើប្រសិនជាខ្ញុំឃើញមានសេចក្ដីទុច្ចរិតនៅក្នុងចិត្ត នោះព្រះអម្ចាស់ទ្រង់មិនព្រមស្តាប់ខ្ញុំទេ
19 ប៉ុន្តែ ព្រះទ្រង់បានស្តាប់ខ្ញុំហើយ ទ្រង់បានប្រុងស្តាប់ពាក្យខ្ញុំអធិស្ឋាន
20 សូមសរសើរព្រះអង្គ ដែលទ្រង់មិនបានបែរចេញពី សេចក្ដីអធិស្ឋានរបស់ខ្ញុំ ក៏មិនបានបង្វែរសេចក្ដីសប្បុរសទ្រង់ពីខ្ញុំចេញដែរ។
Psalm 67
1 សូមព្រះអង្គអាណិតមេត្តាដល់យើងខ្ញុំ ហើយប្រទានពរផង សូមឲ្យព្រះភ័ក្ត្រទ្រង់ភ្លឺមកដល់យើងខ្ញុំ។ –បង្អង់
2 ៙ ដើម្បីឲ្យមនុស្សលោកបានស្គាល់ផ្លូវរបស់ទ្រង់ ហើយឲ្យអស់ទាំងសាសន៍ដទៃបានស្គាល់សេចក្ដី សង្គ្រោះរបស់ទ្រង់ដែរ
3 ឱព្រះអង្គអើយ សូមឲ្យជនទាំងឡាយសរសើរដល់ទ្រង់ ឲ្យជនទាំងអស់សរសើរដល់ទ្រង់
4 ឱសូមឲ្យអស់ទាំងនគរបានអរសប្បាយ ហើយច្រៀងដោយអំណរចុះ ដ្បិតទ្រង់នឹងជំនុំជម្រះអស់ទាំងសាសន៍ដោយទៀងត្រង់ ហើយគ្រប់គ្រងអស់ទាំងនគរដែលនៅផែនដី។ បង្អង់
5 ៙ ឱព្រះអង្គអើយ សូមឲ្យជនទាំងឡាយសរសើរដល់ទ្រង់ ឲ្យជនទាំងអស់សរសើរទ្រង់ចុះ
6 នោះដីនឹងបង្កើតផលឡើង ហើយព្រះដ៏ជាព្រះនៃយើងខ្ញុំ ទ្រង់នឹងប្រទានពរមកយើងខ្ញុំ
7 ព្រះទ្រង់នឹងប្រទានពរមកយើងខ្ញុំជាពិត ហើយអស់ទាំងចុងផែនដីបំផុត នឹងកោតខ្លាចដល់ទ្រង់។
Psalm 68
1 សូមព្រះអង្គទ្រង់ឈរឡើង ឲ្យពួកខ្មាំងសត្រូវទ្រង់ត្រូវខ្ចាត់ខ្ចាយទៅ ហើយឲ្យអស់អ្នកដែលស្អប់ទ្រង់ រត់ពីចំពោះទ្រង់ចេញ
2 សូមទ្រង់បណ្តេញគេចេញ ដូចជាផ្សែងត្រូវផាត់បាត់ទៅដែរ សូមឲ្យពួកមនុស្សអាក្រក់វិនាសបាត់ពីចំពោះព្រះទៅ ដូចជាក្រមួនដែលរលាយទៅ នៅចំពោះភ្លើង
3 តែសូមឲ្យមនុស្សសុចរិតបានរីករាយសប្បាយវិញ ឲ្យគេបានត្រេកអរនៅចំពោះព្រះចុះ អើ សូមឲ្យគេបានរីករាយឡើងដោយសេចក្ដីអំណរផង
4 ចូរច្រៀងថ្វាយព្រះ ចូរច្រៀងសរសើរដល់ព្រះនាមទ្រង់ ចូរលើកថ្នល់ឡើងថ្វាយព្រះ ដែលទ្រង់ជិះយាងកាត់ ទីរហោស្ថានមក ទ្រង់ព្រះនាមជាព្រះយេហូវ៉ា ចូរលោតកញ្ឆេងនៅចំពោះទ្រង់ចុះ
5 ឯព្រះដែលគង់នៅក្នុងទីលំនៅបរិសុទ្ធ ទ្រង់ជាឪពុកដល់ពួកកំព្រា និងជាចៅក្រមដល់ពួកមេម៉ាយ
6 ព្រះទ្រង់ប្រោសមនុស្សត្រមោចឲ្យបែកជាគ្រួសារ ឡើង ទ្រង់នាំពួកឈ្លើយឲ្យចេញមកឯសេចក្ដីចម្រើន តែពួករឹងចចេសត្រូវអាស្រ័យនៅស្រុកហួតហែងវិញ។
7 ៙ ឱព្រះអង្គអើយ កាលទ្រង់បានយាងចេញនាំមុខ រាស្ត្រទ្រង់ទៅ នៅវេលាដែលទ្រង់បានយាងកាត់ទីហោស្ថាន។ បង្អង់
8 នោះផែនដីក៏ញ័រ ហើយមេឃក៏ធ្លាក់មកជាភ្លៀង នៅចំពោះទ្រង់ ភ្នំស៊ីណាយក៏កក្រើកញ័រនៅចំពោះព្រះ គឺជាព្រះ នៃសាសន៍អ៊ីស្រាអែល
9 ឱព្រះអង្គអើយ ទ្រង់បានបង្អុរភ្លៀងជាបរិបូរ ក៏បានតាំងមរដកទ្រង់ដែលហេវនោះ ឲ្យជាប់មាំមួនឡើង
10 ពួកកងរបស់ទ្រង់បានអាស្រ័យនៅស្រុកនោះ ឱព្រះអង្គអើយ ទ្រង់បានផ្គត់ផ្គង់ដល់ពួកមនុស្សក្រីក្រ ដោយសេចក្ដីសប្បុរសនៃទ្រង់
11 ព្រះអម្ចាស់ទ្រង់ប្រទានព្រះបន្ទូល ហើយពួកអ្នកដែលប្រកាសប្រាប់ដំណឹង នោះមានគ្នាច្រើនណាស់
12 ពួកស្តេចនៃកងទ័ពក៏រត់ គេរត់ទៅ ហើយពួកស្រីៗដែលនៅផ្ទះក៏ចែករបឹបគ្នា
13 ទោះបើអ្នករាល់គ្នាបានដេកនៅកណ្តាលក្រោលសត្វ គង់តែនឹងមានស្លាបដូចជាព្រាបដែលស្រោបដោយប្រាក់ ហើយរោមក៏ស្រោបដោយមាសលឿង
14 នៅវេលាដែលព្រះដ៏មានព្រះចេស្តាបំផុត ទ្រង់កំចាត់ ពួកស្តេចនៅក្នុងស្រុក នោះបានដូចជាវេលាដែលហិមៈធ្លាក់នៅលើភ្នំសាលម៉ូន។
15 ភ្នំបាសានជាភ្នំនៃព្រះ ភ្នំបាសានក៏មានកំពូលខ្ពស់
16 ឱភ្នំដ៏មានកំពូលខ្ពស់អើយ ហេតុអ្វីបានជាមើល ដោយច្រណែន ដល់ភ្នំដែលព្រះសព្វព្រះហឫទ័យយកជាទីលំនៅដូច្នេះ អើ ព្រះយេហូវ៉ាទ្រង់នឹងគង់នៅភ្នំនោះអស់កល្បជានិច្ច
17 អស់ទាំងរាជរថរបស់ព្រះ នោះមានចំនួន២ម៉ឺន គឺទាំងពាន់ៗ ព្រះអម្ចាស់ទ្រង់ក៏គង់នៅកណ្តាល ដូចក្នុងទីបរិសុទ្ធ នៅភ្នំស៊ីណាយ
18 ទ្រង់បានយាងឡើងទៅឯស្ថានខ្ពស់ ទ្រង់បានចាប់ ពួកឈ្លើយនាំទៅជាឈ្លើយ ព្រមទាំងទទួលអំណោយទានសម្រាប់ចែកឲ្យដល់មនុស្ស គឺដល់ទាំងមនុស្សបះបោរផង ដើម្បីឲ្យព្រះ ដ៏ជាព្រះយេហូវ៉ាបានគង់នៅជាមួយនឹងគេ
19 សូមឲ្យព្រះអម្ចាស់បានប្រកបដោយព្រះពរ ដែលទ្រង់ទទួលយកបន្ទុកយើងខ្ញុំរាល់ៗថ្ងៃ គឺជាព្រះដ៏ជាទីសង្គ្រោះដល់យើងខ្ញុំ។ –បង្អង់
20 ៙ ព្រះទ្រង់ជាព្រះដែលប្រោសឲ្យយើងខ្ញុំរួច ហើយសេចក្ដីរួចពីស្លាប់ក៏ស្រេចនៅព្រះយេហូវ៉ា ជាព្រះអម្ចាស់ដែរ
21 តែព្រះទ្រង់នឹងវាយបំបែកក្បាលពួកខ្មាំងសត្រូវទ្រង់ និងស្បែកក្បាលរបស់អស់អ្នកដែលចេះតែដើរក្នុងសេចក្ដីកំហុសរបស់ខ្លួនដែរ
22 ព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលថា អញនឹងនាំគេត្រឡប់មកពីស្រុកបាសាន អញនឹងនាំគេឲ្យវិលពីបាតសមុទ្រមកវិញ
23 ដើម្បីឲ្យឯងបានជាន់ឈ្លីគេ ព្រមទាំងជ្រលក់ជើងឯងក្នុងឈាមផង ប្រយោជន៍ឲ្យអណ្តាតឆ្កែបានចំណែកនៃខ្មាំងសត្រូវ របស់ទ្រង់ដែរ
24 ឱព្រះអង្គអើយ គេបានឃើញការយាងយាសនៃទ្រង់ ជាដំណើររបស់ព្រះនៃទូលបង្គំ គឺជាស្តេចនៃទូលបង្គំ ដែលទ្រង់យាងចូលទៅក្នុងទីបរិសុទ្ធ
25 ពួកចម្រៀងបានដើរនាំមុខ ពួកភ្លេងបានដើរតាមក្រោយ នៅកណ្តាលពួកស្រីក្រមុំដែលវាយក្រាប់
26 ឱអស់អ្នកដែលកើតពីទីកំណើតនៃអ៊ីស្រាអែលអើយ ចូរលើកតម្កើងព្រះ គឺជាព្រះអម្ចាស់ នៅក្នុងពួកជំនុំ
27 នៅទីនោះមានបេនយ៉ាមីន ជាពៅបង្អស់ ដែលគ្រប់គ្រងលើគេ ពួកចៅហ្វាយនៃយូដា និងក្រុមជំនុំរបស់គេ ព្រមទាំងពួកចៅហ្វាយនៃសាប់យូល៉ូន ហើយពួកចៅហ្វាយនៃណែបថាលីផង
28 ព្រះនៃឯង ទ្រង់បានបង្គាប់ឲ្យផ្តល់កម្លាំងដល់ឯង ឱព្រះអង្គអើយ សូមចម្រើនកម្លាំង ចំពោះអស់ទាំងការ ដែលទ្រង់បានប្រោសដល់យើងខ្ញុំផង
29 ឯពួកស្តេច គេនឹងនាំយកតង្វាយមកថ្វាយទ្រង់ ដោយយល់ដល់ព្រះវិហារនៃទ្រង់ ដែលនៅក្រុងយេរូសាឡឹម
30 សូមស្តីបន្ទោសដល់សត្វ ដែលនៅកណ្តាលដើមត្រែង និងហ្វូងគោឈ្មោល ព្រមទាំងកូនគោនៃសាសន៍ ទាំងឡាយផង ឲ្យគ្រប់គ្នាមកក្រាបចុះ ថ្វាយប្រាក់ទាំងដុំៗ ទ្រង់បានកម្ចាត់កម្ចាយអស់ទាំងសាសន៍ ដែលពេញចិត្តនឹងការសឹកសង្គ្រាម
31 ពួកអ្នកធំនឹងចេញពីស្រុកអេស៊ីព្ទមក ឯស្រុកអេធីយ៉ូពី នឹងប្រញាប់ប្រវាដៃទៅឯព្រះដែរ។
32 ៙ អស់ទាំងនគរនៅផែនដីអើយ ចូរច្រៀងថ្វាយព្រះ ឱចូរច្រៀងសរសើរដល់ព្រះអម្ចាស់ចុះ –បង្អង់
33 គឺដល់ព្រះដែលទ្រង់យាងលើផ្ទៃមេឃនៃអស់ទាំងជាន់ ផ្ទៃមេឃដ៏នៅតាំងពីបូរាណមក ន៏ ទ្រង់បញ្ចេញព្រះសូរសៀង គឺជាសំនៀងដ៏ខ្លាំងក្រៃលែង
34 ចូរសរសើរថា ព្រះទ្រង់មានព្រះចេស្តា ឫទ្ធានុភាពនៃទ្រង់គ្របលើសាសន៍អ៊ីស្រាអែល ហើយព្រះចេស្តាទ្រង់ក៏នៅលើលើផ្ទៃមេឃ
35 ឱព្រះអង្គ ទ្រង់គួរស្ញែងខ្លាចនៅក្នុងទីបរិសុទ្ធរបស់ទ្រង់ ព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់ប្រទានកម្លាំង និងអំណាចដល់រាស្ត្រទ្រង់ សូមឲ្យព្រះបានប្រកបដោយព្រះពរចុះ។
Psalm 69
1 ឱព្រះអង្គអើយ សូមជួយសង្គ្រោះទូលបង្គំ ដ្បិតទឹកបានហូរចូល ដល់ព្រលឹង នៃទូលបង្គំហើយ
2 ទូលបង្គំផុងចុះក្នុងល្បាប់ដ៏ជ្រៅ ជាកន្លែងដែលគ្មានទីឈរសោះ ទូលបង្គំបានមកដល់ក្នុងទីទឹកជ្រៅ ហើយរលកក៏បោកគ្របលើទូលបង្គំ
3 ទូលបង្គំល្វើយ ដោយការអំពាវនាវរបស់ទូលបង្គំ បំពង់កនៃទូលបង្គំខះហើយ ភ្នែកទូលបង្គំស្រវាំងទៅ ដោយរង់ចាំមើលផ្លូវព្រះនៃទូលបង្គំ។
4 ៙ ពួកអ្នកដែលស្អប់ទូលបង្គំដោយឥតហេតុ នោះមានច្រើនជាងសក់ក្បាលនៃទូលបង្គំទៅទៀត អស់អ្នកដែលចង់បំផ្លាញទូលបង្គំ គឺជាពួកខ្មាំងសត្រូវ នឹងទូលបង្គំដោយឥតរឿង គេមានកម្លាំងណាស់ គេចាប់ឲ្យទូលបង្គំសងរបស់ដែលទូលបង្គំ មិនបានយកសោះ
5 ឱព្រះអង្គអើយ ទ្រង់ជ្រាបសេចក្ដីចម្កួតរបស់ទូលបង្គំ ឯអំពើបាបនៃទូលបង្គំក៏មិនបិទបាំងនឹងទ្រង់ដែរ។
6 ៙ ឱព្រះយេហូវ៉ាជាព្រះអម្ចាស់នៃពួកពលបរិវារអើយ សូមកុំឲ្យពួកអ្នកដែលពឹងពាក់ដល់ទ្រង់ត្រូវខ្មាស ដោយព្រោះទូលបង្គំឡើយ ឱព្រះនៃសាសន៍អ៊ីស្រាអែលអើយ សូមកុំឲ្យពួកអ្នកដែលស្វែងរកទ្រង់បានត្រូវអាប់យស ដោយព្រោះទូលបង្គំឲ្យសោះ
7 ដ្បិតគឺដោយយល់ដល់ទ្រង់ហើយ បានជាទូលបង្គំធន់ទ្រាំនឹងសេចក្ដីត្មះតិះដៀល ហើយសេចក្ដីអៀនខ្មាសបានគ្របមុខទូលបង្គំផង
8 ទូលបង្គំបានត្រឡប់ដូចជាអ្នកដទៃចំពោះបងប្អូនទូលបង្គំ គឺដូចជាសាសន៍ក្រៅដល់ពួកអ្នកពោះ១នឹងទូលបង្គំ។
9 ៙ ដ្បិតសេចក្ដីឧស្សាហ៍ដល់ដំណាក់ទ្រង់ បានស៊ីបង្ហិន ទូលបង្គំ ឯសេចក្ដីត្មះតិះដៀលទាំងប៉ុន្មានដែលគេដៀលដល់ទ្រង់ នោះបានធ្លាក់មកលើទូលបង្គំវិញ
10 កាលទូលបង្គំបានយំ ហើយបញ្ឈឺចិត្ត ដោយតមអត់ នោះហើយជាហេតុឲ្យគេត្មះតិះដៀលដល់ទូលបង្គំ
11 កាលណាទូលបង្គំយកសំពត់ធ្មៃ ទុកជាសម្លៀកបំពាក់ នោះក៏ត្រឡប់ជាពាក្យប្រៀបផ្ទឹមរបស់គេវិញ
12 ពួកអ្នកដែលអង្គុយនៅទីទ្វារក្រុង គេនិយាយដើមពីទូលបង្គំ ហើយទូលបង្គំជាទំនុកច្រៀងដល់ពួកប្រមឹកស្រា។
13 ៙ ប៉ុន្តែ ឯទូលបង្គំ ឱព្រះយេហូវ៉ាអើយ សេចក្ដីអធិស្ឋានរបស់ទូលបង្គំតម្រង់ទៅឯទ្រង់ ក្នុងវេលាដែលទ្រង់សព្វព្រះហឫទ័យ ឱព្រះអង្គអើយ សូមឆ្លើយតបមកទូលបង្គំ ដោយសេចក្ដីសង្គ្រោះដ៏ពិតរបស់ទ្រង់ តាមសេចក្ដីសប្បុរសដ៏បរិបូររបស់ទ្រង់
14 សូមស្រង់ទូលបង្គំឡើងចេញពីល្បាប់ កុំឲ្យទូលបង្គំផុងចុះទៅឡើយ សូមប្រោសឲ្យទូលបង្គំបានរួចពីពួកដែលស្អប់ទូលបង្គំ ហើយពីទឹកជ្រៅផង
15 សូមកុំឲ្យទឹកជន់មកពន្លិចទូលបង្គំ ឬឲ្យទីជម្រៅលេបទូលបង្គំបាត់ ឬឲ្យរណ្តៅ បិទមាត់ពីលើទូលបង្គំឡើយ។
16 ៙ ឱព្រះយេហូវ៉ាអើយ សូមឆ្លើយតបមកទូលបង្គំផង ដ្បិតសេចក្ដីសប្បុរសរបស់ទ្រង់ល្អណាស់ហើយ សូមបែរមកឯទូលបង្គំ តាមសេចក្ដីមេត្តាករុណា ដ៏បរិបូររបស់ទ្រង់
17 សូមកុំលាក់ព្រះភ័ក្ត្រនឹងអ្នកបម្រើរបស់ទ្រង់ឡើយ សូមឆ្លើយមកទូលបង្គំជាប្រញាប់ផង ដ្បិតទូលបង្គំមានសេចក្ដីវេទនាហើយ។
18 ៙ សូមទ្រង់ចូលមកជិត លោះព្រលឹងនៃទូលបង្គំ សូមដោះទូលបង្គំឲ្យរួច ដោយព្រោះពួកខ្មាំងសត្រូវ
19 ទ្រង់ជ្រាបសេចក្ដីដំណៀល សេចក្ដីខ្មាស និងសេចក្ដីអាប់យសរបស់ទូលបង្គំហើយ ពួកអ្នកដែលតតាំងនឹងទូលបង្គំសុទ្ធតែនៅចំពោះទ្រង់ គ្រប់ទាំងអស់
20 សេចក្ដីត្មះតិះដៀលបានញាំញីចិត្តទូលបង្គំ ក៏មានសេចក្ដីទំងន់សង្កត់នៅពេញក្នុងខ្លួនហើយ ទូលបង្គំបានគន់រកអ្នកណាដែលនឹងអាណិតមេត្តា តែឥតមាន១សោះ ក៏ស្វែងរកអ្នកណាដែលនឹងកំសាន្តចិត្ត តែមិនឃើញ១ទេ
21 គេបានឲ្យថ្នាំស្ពឹកមកទូលបង្គំសម្រាប់ជាអាហារ ហើយកាលទូលបង្គំស្រេក នោះគេយកទឹកខ្មេះមកឲ្យផឹក
22 ៙ សូមឲ្យតុរបស់គេត្រឡប់ជាអន្ទាក់ដល់គេ ហើយកាលណាគេមានសេចក្ដីសុខ នោះសូមឲ្យប្រែជាអង្គប់ដល់គេវិញ
23 សូមឲ្យភ្នែកគេងងឹតទៅ រហូតដល់មើលមិនឃើញ ហើយឲ្យចង្កេះគេញ័រជានិច្ច
24 សូមចាក់សេចក្ដីក្តៅក្រហាយរបស់ទ្រង់ទៅលើគេ ហើយឲ្យសេចក្ដីក្រោធដ៏សហ័សនៃទ្រង់តាមគេទាន់
25 សូមឲ្យលំនៅរបស់គេត្រូវចោលស្ងាត់ ឥតមានអ្នកណាអាស្រ័យនៅក្នុងត្រសាលគេឡើយ
26 ដ្បិតគេធ្វើទុក្ខបៀតបៀនអ្នកដែលទ្រង់បានវាយហើយ ក៏ថ្លែងពីសេចក្ដីឈឺចាប់របស់ពួកអ្នកដែលទ្រង់បាន ធ្វើឲ្យមានរបួសផង
27 សូមបន្ថែមទោសទៅលើទោសរបស់គេ ហើយកុំឲ្យគេចូលមកក្នុងសេចក្ដីសុចរិតរបស់ទ្រង់ឡើយ
28 សូមឲ្យគេបានលុបចេញពីបញ្ជីជីវិតទៅ កុំឲ្យកត់នៅជាមួយនឹងពួកមនុស្សសុចរិតឡើយ ។
29 ៙ ចំណែកទូលបង្គំមានសេចក្ដីវេទនា ហើយឈឺចាប់ ឱព្រះអង្គអើយ សូមឲ្យសេចក្ដីសង្គ្រោះរបស់ទ្រង់ មកលើទូលបង្គំឡើង ដាក់នៅទីខ្ពស់វិញ។
30 ៙ ទូលបង្គំនឹងច្រៀងទំនុកសរសើរ ដល់ព្រះនាមរបស់ព្រះ ហើយនិងលើកតម្កើងទ្រង់ដោយអរព្រះគុណ
31 យ៉ាងនោះ នឹងបានជាទីសព្វព្រះហឫទ័យ ដល់ព្រះយេហូវ៉ាជាជាងថ្វាយគោឈ្មោល១ គឺជាជាងគោឈ្មោលដែលថ្វាយទាំងស្នែង និងក្រចកផង
32 ពួកមនុស្សមានចិត្តរាបទាបបានឃើញ ហើយក៏មានសេចក្ដីអំណរ អ្នករាល់គ្នាដែលស្វែងរកព្រះអើយ ចូរឲ្យចិត្តអ្នករាល់គ្នាបានភ្ងារឡើង
33 ពីព្រោះព្រះយេហូវ៉ាទ្រង់ប្រោសស្តាប់មនុស្សកំសត់ទុគ៌ត ហើយមិនដែលមើលងាយដល់ពួកអ្នករបស់ទ្រង់ ដែលត្រូវគេចាប់ចងឡើយ។
34 ចូរឲ្យផ្ទៃមេឃ និងផែនដី ព្រមទាំងសមុទ្រ ហើយសត្វទាំងប៉ុន្មាន ដែលរវើកនៅក្នុងនោះ បានសរសើរដល់ទ្រង់ចុះ
35 ពីព្រោះព្រះទ្រង់នឹងជួយសង្គ្រោះក្រុងស៊ីយ៉ូន ហើយនិងសង់អស់ទាំងទីក្រុងស្រុកយូដាឡើង ដូច្នេះ គេនឹងអាស្រ័យនៅស្រុកនោះ ហើយនិងបានទុកជាកេរអាកររបស់គេ
36 ពូជពង្សនៃពួកអ្នកបម្រើទ្រង់ នឹងគ្រងបានទុកជាមរដក ហើយអស់អ្នកដែលស្រឡាញ់ដល់ព្រះនាមទ្រង់ នឹងបានអាស្រ័យនៅក្នុងស្រុកនោះ។
Psalm 70
1 ឱព្រះអង្គអើយ សូមទ្រង់ប្រោសឲ្យទូលបង្គំរួច ឱព្រះយេហូវ៉ាអើយ សូមប្រញាប់នឹងជួយទូលបង្គំផង
2 សូមឲ្យពួកអ្នកដែលប្រាថ្នាជីវិតទូលបង្គំ បានត្រូវអៀនខ្មាស ហើយទុញទាល់នៅ សូមឲ្យពួកអ្នកដែលរីករាយក្នុងហេតុអាក្រក់ ដែលកើតដល់ទូលបង្គំ បានត្រូវថយចេញ ហើយអាប់យសទៅ
3 ឯពួកអ្នកដែលសើចឡកថា ហាស ហាៗ នោះសូមឲ្យគេត្រូវថយចេញ ដោយកើតមានសេចក្ដីខ្មាសវិញ
4 សូមឲ្យអស់អ្នកដែលស្វែងរកទ្រង់បានរីករាយ ហើយមានសេចក្ដីអំណរចំពោះទ្រង់ ហើយឲ្យពួកអ្នកដែលស្រឡាញ់សេចក្ដីសង្គ្រោះនៃទ្រង់ បានពោលជានិច្ចថា សូមឲ្យព្រះបានលើកតម្កើងឡើង
5 ចំណែកទូលបង្គំមានសេចក្ដីវេទនា ហើយកំសត់ទុគ៌ត ឱព្រះអង្គអើយ សូមទ្រង់ប្រញាប់នឹងមកឯទូលបង្គំ គឺទ្រង់ជាជំនួយ ហើយជាអ្នកប្រោសឲ្យទូលបង្គំរួច ឱព្រះយេហូវ៉ាអើយ សូមកុំបង្អង់ឡើយ។
Psalm 71
1 ឱព្រះយេហូវ៉ាអើយ ទូលបង្គំពឹងជ្រកនៅក្នុងទ្រង់ សូមកុំឲ្យទូលបង្គំត្រូវខ្មាសឡើយ
2 សូមទ្រង់ដោះទូលបង្គំឲ្យរួច ហើយស្រោចស្រង់ ដោយសេចក្ដីសុចរិតរបស់ទ្រង់ សូមផ្ទៀងព្រះកាណ៌មកស្តាប់ ហើយជួយសង្គ្រោះ ទូលបង្គំផង
3 សូមឲ្យទ្រង់ធ្វើជាថ្មដា សម្រាប់ជាទីលំនៅដល់ទូលបង្គំ ជាកន្លែងដែលទូលបង្គំទៅមកជានិច្ចបាន ទ្រង់បានចេញបង្គាប់ឲ្យជួយសង្គ្រោះទូលបង្គំហើយ ដ្បិតទ្រង់ជាថ្មដា ហើយជាបន្ទាយរបស់ទូលបង្គំ។
4 ៙ ឱព្រះនៃទូលបង្គំអើយ សូមស្រោចស្រង់ទូលបង្គំ ឲ្យរួចពីកណ្តាប់ដៃនៃមនុស្សអាក្រក់ គឺឲ្យចេញរួចពីកណ្តាប់ដៃនៃមនុស្សទុច្ចរិតដ៏សាហាវផង
5 ដ្បិតឱព្រះអម្ចាស់យេហូវ៉ាអើយ ទ្រង់ជាទីសង្ឃឹមនៃទូលបង្គំ ទ្រង់ជាទីទុកចិត្តដល់ទូលបង្គំតាំងតែពីក្មេងមក
6 គឺទ្រង់ហើយដែលថែរក្សាទូលបង្គំ តាំងពីផ្ទៃម្តាយមក ទ្រង់បានគាំទូលបង្គំឲ្យចេញចាកពីពោះម្តាយ ទូលបង្គំនឹងសរសើរពីទ្រង់ជានិច្ច។
7 ៙ ទូលបង្គំជាទីអស្ចារ្យដល់មនុស្សជាច្រើន តែគឺទ្រង់ជាទីពឹងមាំមួនរបស់ទូលបង្គំទេ
8 មាត់ទូលបង្គំនឹងពេញដោយសេចក្ដីសរសើរដល់ទ្រង់ ហើយនិងពោលពីកិត្តិសព្ទនៃព្រះនាមទ្រង់ដរាបរាល់ថ្ងៃ
9 សូមកុំបោះបង់ចោលទូលបង្គំ ក្នុងកាលដែលចាស់ជរាឡើយ ហើយកុំលះបង់ទូលបង្គំ ក្នុងកាលដែលមានកម្លាំងអន់ថយនោះដែរ
10 ដ្បិតពួកខ្មាំងសត្រូវ គេនិយាយដើមពីទូលបង្គំ ហើយពួកអ្នកដែលចាំមើលជីវិតទូលបង្គំ គេជំនុំគ្នាថា
11 ព្រះបានបោះបង់ចោលវាហើយ ចូរយើងដេញតាមចាប់វាចុះ ដ្បិតគ្មានអ្នកណានឹងជួយវាសោះ។
12 ៙ ឱព្រះអង្គអើយ សូមកុំគង់ឆ្ងាយពីទូលបង្គំឡើយ ឱព្រះនៃទូលបង្គំអើយ សូមប្រញាប់មកជួយទូលបង្គំផង
13 សូមឲ្យពួកអ្នកដែលទាស់ទទឹងនឹងជីវិតទូលបង្គំ បានត្រូវអៀនខ្មាស ហើយវិនាសសូន្យទៅ ឯពួកអ្នកដែលរកប្រទូស្តនឹងទូលបង្គំ នោះសូមឲ្យគេបានគ្របពេញដោយសេចក្ដីដំណៀល និងអាប់យសវិញ
14 ឯទូលបង្គំនឹងមានសង្ឃឹមជានិច្ច ហើយនិងសរសើរដល់ទ្រង់កាន់តែច្រើនឡើង
15 មាត់ទូលបង្គំនឹងថ្លែងប្រាប់ពីសេចក្ដីសុចរិត និងពីសេចក្ដីសង្គ្រោះរបស់ទ្រង់ជាដរាបរាល់ថ្ងៃ ពីព្រោះទូលបង្គំមិនដឹងជាមានចំនួនប៉ុន្មានទេ
16 ទូលបង្គំនឹងទៅដោយព្រះចេស្តារបស់ ព្រះអម្ចាស់យេហូវ៉ា ហើយនិងដំណាលពីសេចក្ដីសុចរិតរបស់ទ្រង់ គឺរបស់ទ្រង់តែ១ប៉ុណ្ណោះ។
17 ៙ ឱព្រះអង្គអើយ ទ្រង់បានបង្ហាត់បង្រៀនទូលបង្គំ តាំងតែពីក្មេងមក ហើយដរាបដល់ឥឡូវនេះ ទូលបង្គំបានសម្ដែង ពីអស់ទាំងការអស្ចារ្យរបស់ទ្រង់
18 ឱព្រះអង្គអើយ សូមកុំលះបង់ចោលទូលបង្គំឡើយ ទោះទាំងវេលាដែលទូលបង្គំចាស់សក់ស្កូវហើយផង ដរាបដល់ទូលបង្គំបានថ្លែងប្រាប់ពីព្រះចេស្តាទ្រង់ ដល់ដំណមនុស្សជាន់ក្រោយ និងពីឥទ្ធានុភាពទ្រង់ ដល់ពួកអ្នកដែលត្រូវកើតខាងមុខ
19 ឯសេចក្ដីសុចរិតរបស់ទ្រង់ ឱព្រះអង្គអើយ នោះខ្ពស់ណាស់ ចំណែកឯទ្រង់ដែលបានធ្វើការយ៉ាងធំ ឱព្រះអង្គអើយ តើមានអ្នកណាដូចទ្រង់។
20 ៙ ទ្រង់បានឲ្យយើងខ្ញុំឃើញសេចក្ដីវេទនាដ៏លំបាក ជាច្រើនហើយ តែទ្រង់នឹងប្រោសឲ្យមានជីវិតចម្រើនឡើងវិញ ទ្រង់នឹងនាំយើងខ្ញុំឡើងចេញពីទីជម្រៅនៃផែនដី
21 សូមលើកសេចក្ដីខ្ពង់ខ្ពស់នៃទូលបង្គំឡើង ហើយវិលមកជួយកំសាន្តទូលបង្គំវិញ។
22 ៙ ឱព្រះនៃទូលបង្គំអើយ ទូលបង្គំនឹងសរសើរទ្រង់ ដោយពិណដែរ គឺនឹងសរសើរពីសេចក្ដីពិតរបស់ទ្រង់ ឱព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែលអើយ ទូលបង្គំនឹងច្រៀងសរសើរថ្វាយទ្រង់តាមស៊ុង
23 កាលណាទូលបង្គំច្រៀងសរសើរដល់ទ្រង់ នោះបបូរមាត់នៃទូលបង្គំនឹងបន្លឺឡើងដោយអំណរ ព្រមទាំងព្រលឹងនៃទូលបង្គំដែលទ្រង់បានលោះនោះផង
24 ឯអណ្តាតរបស់ទូលបង្គំ នឹងនិទាន ពីសេចក្ដីសុចរិតរបស់ទ្រង់ ជាដរាបរាល់ថ្ងៃ ដ្បិតពួកអ្នកដែលរកប្រទូស្តនឹងទូលបង្គំ គេបានត្រូវអៀនខ្មាសមូរមុខចុះហើយ។
Psalm 72
1 ឱព្រះអង្គអើយ សូមទ្រង់ប្រទានបញ្ញត្តច្បាប់ នៃទ្រង់មកទូលបង្គំជាស្តេច ហើយសេចក្ដីសុចរិតនៃទ្រង់ដល់ព្រះរាជបុត្រាផង
2 ឲ្យព្រះរាជបុត្រាបានគ្រប់គ្រងលើរាស្ត្ររបស់ព្រះ ដោយសុចរិត ហើយលើពួកក្រីក្រដោយទៀងត្រង់
3 នោះអស់ទាំងភ្នំធំតូច នឹងចម្រើនសេចក្ដីសុខ ដល់បណ្តាជន ដោយសេចក្ដីសុចរិត
4 សូមឲ្យទ្រង់បានសម្រេចក្តីដល់ពួកកំសត់ក្នុងបណ្តាជន ហើយជួយសង្គ្រោះដល់ពួកកូនរបស់មនុស្សក្រីក្រ ព្រមទាំងវាយពួកអ្នកសង្កត់សង្កិនឲ្យខ្ទេចខ្ទីទៅ។
5 ៙ យ៉ាងនោះ គេនឹងកោតខ្លាចដល់ទ្រង់ដ៏ជាព្រះ អស់អំឡុងដែលនៅមានព្រះអាទិត្យភ្លឺតទៅ ព្រមទាំងព្រះចន្ទផង ដរាបដល់អស់ទាំងដំណតរៀងទៅ
6 សូមឲ្យទ្រង់បានដូចជាភ្លៀងធ្លាប់ចុះមកលើវាល ដែលច្រូតស្មៅហើយ គឺដូចជាភ្លៀង១មេៗដែលស្រោចដី
7 នៅក្នុងគ្រាព្រះរាជបុត្រា នោះមនុស្សសុចរិតនឹងមានសេចក្ដីចម្រើនឡើង ហើយនិងមានសេចក្ដីសុខជាបរិបូរ ដរាបដល់ព្រះចន្ទរលត់សូន្យទៅ។
8 ៙ ទ្រង់នឹងមានអំណាច ចាប់តាំងពីសមុទ្រម្ខាងទៅដល់សមុទ្រម្ខាង ហើយពីទន្លេ រហូតដល់ទីបំផុតផែនដី
9 ឯពួកមនុស្សដែលអាស្រ័យនៅទីរហោស្ថាន គេនឹងក្រាបចុះនៅចំពោះទ្រង់ ហើយពួកខ្មាំងសត្រូវរបស់ទ្រង់ នឹងក្រាបលិទ្ធធូលីដី
10 ពួកក្សត្រនៃស្រុកតើស៊ីស និងកោះទាំងប៉ុន្មាន នឹងថ្វាយសួយអាករ ពួកក្សត្រនៃស្រុកសេបា និងស្រុកសាបា នឹងថ្វាយគ្រឿងបណ្ណាការដែរ
11 អើ ពួកក្សត្រទាំងអស់នឹងផ្តួលខ្លួនក្រាបចុះ នៅចំពោះទ្រង់ ហើយអស់ទាំងនគរនឹងចំណុះទ្រង់ដែរ
12 ដ្បិតទ្រង់នឹងជួយពួកក្រីក្រឲ្យរួច ក្នុងកាលដែលថ្លែងទុក្ខ ព្រមទាំងពួកកំសត់ ដែលឥតមានអ្នកណាជួយនោះផង
13 ទ្រង់នឹងមានសេចក្ដីអាណិតមេត្តា ដល់មនុស្សរហេមរហាម និងមនុស្សទុគ៌ត ក៏នឹងជួយសង្គ្រោះជីវិតនៃមនុស្សក្រីក្រផង
14 ទ្រង់នឹងលោះជីវិតគេ ឲ្យរួចពីការសង្កត់សង្កិន និងការច្រឡោត ឯឈាមគេនឹងបានវិសេសនៅព្រះនេត្រទ្រង់ដែរ។
15 ៙ ដូច្នេះ គេនឹងរស់នៅ ហើយនិងមានតង្វាយ ជាមាសពីស្រុកសេបា ឲ្យបានថ្វាយដល់ទ្រង់ មនុស្សទាំងឡាយនឹងអធិស្ឋានឲ្យទ្រង់ជានិច្ច ហើយនិងថ្វាយពរដល់ទ្រង់ជាដរាបរាល់ថ្ងៃ
16 ដូច្នេះ នឹងមានស្រូវជាបរិបូរនៅក្នុងស្រុក រហូតដល់កំពូលភ្នំ ឯគួរស្រូវ នោះនឹងទ្រេតចុះឡើង ដូចជាដើមឈើនៅភ្នំល្បាណូន ហើយមនុស្សនឹងចម្រើនឡើងនៅក្នុងទីក្រុង ដូចជាស្មៅនៅដីដែរ
17 នាមទ្រង់នឹងស្ថិតស្ថេរនៅជាដរាប គឺនឹងមាននៅអស់អំឡុងដែលនៅមានព្រះអាទិត្យភ្លឺតទៅ ហើយមនុស្សទាំងឡាយនឹងបានពរដោយសារទ្រង់ អស់ទាំងសាសន៍នឹងហៅទ្រង់ថា ជាអ្នកមានពរ។
18 ៙ សូមក្រាបថ្វាយបង្គំដល់ព្រះយេហូវ៉ាដ៏ជាព្រះ គឺជាព្រះនៃសាសន៍អ៊ីស្រាអែល ជាព្រះតែ១អង្គដែលធ្វើការអស្ចារ្យ
19 សូមឲ្យព្រះនាមដ៏រុងរឿងរបស់ទ្រង់បានប្រកប ដោយព្រះពរ នៅអស់កល្បជានិច្ច សូមឲ្យផែនដីទាំងស្រុងបានពេញដោយសិរីល្អនៃទ្រង់ អាម៉ែនៗ។
20 ៙ ពាក្យអធិស្ឋានរបស់ដាវីឌ ជាបុត្រអ៊ីសាយ ចប់តែប៉ុណ្ណេះ។
Psalm 73
1 ប្រាកដមែន ព្រះទ្រង់ប្រព្រឹត្តល្អ ដល់សាសន៍អ៊ីស្រាអែល គឺដល់អស់អ្នកដែលមានចិត្តត្រចះ
2 តែឯជើងទូលបង្គំ បានកន្ធែកចេញហៀបនឹងផុតទីហើយ ជំហាននៃទូលបង្គំបានហៀបនឹងរឥលភ្លាត់ទៅ
3 ដ្បិតទូលបង្គំមានសេចក្ដីច្រណែនចំពោះមនុស្សអំនួត ដោយឃើញសេចក្ដីចម្រើន របស់មនុស្សអាក្រក់នោះ។
4 ៙ ពីព្រោះកាលគេស្លាប់ នោះគ្មានឈឺចាប់អ្វីសោះ គឺកម្លាំងគេនៅតែមាំមួនដដែល
5 គេមិនមានទុក្ខដូចជាមនុស្សធម្មតាឡើយ ក៏មិនត្រូវវេទនាដូចមនុស្សដទៃដែរ
6 ហេតុនោះបានជាសេចក្ដីអំនួតរបស់គេ ប្រៀបដូចជាខ្សែច្រវាក់ពាក់នៅក ហើយគេប្រដាប់ខ្លួនដោយសេចក្ដីច្រឡោត
7 ភ្នែកគេលៀនចេញ ដោយមានសាច់ច្រើន គេមានច្រើនលើសជាងចិត្តប្រាថ្នាទៅទៀត
8 គេចំអកឡកឡឺយ ហើយពោលជាការគំហកកំហែង ដោយចិត្តអាក្រក់ ក៏និយាយដោយពាក្យធំខ្ពស់
9 គេតាំងមាត់ពោលទាស់នឹងស្ថានសួគ៌ ហើយអណ្តាតគេបង្វិលទៅមកពេញលើផែនដី។
10 ៙ ហេតុនោះបានជារាស្ត្ររបស់ទ្រង់វិលមកឯណេះ ក៏ផឹកសំរេងទឹកដែលពេញពែងផង
11 គេសួរថា ធ្វើដូចម្តេចឲ្យព្រះជ្រាបបាន តើព្រះដ៏ខ្ពស់បំផុតទ្រង់ប្រកបដោយតម្រិះដែរឬ
12 នេះហើយដែលហៅថាមនុស្សអាក្រក់ ហើយដោយព្រោះគេចេះតែនៅដោយសុខស្រួល បានជាទ្រព្យសម្បត្តិគេចម្រើនឡើង
13 យ៉ាងនោះ ការដែលទូលបង្គំបានជម្រះចិត្ត ហើយលាងដៃឲ្យឥតមានសៅហ្មង នោះឥតប្រយោជន៍ទទេ
14 ដ្បិតទូលបង្គំត្រូវរងរំពាត់ជាដរាបរាល់ថ្ងៃ ហើយត្រូវវាយផ្ចាលរាល់តែព្រឹកជានិច្ច។
15 ៙ បើសិនជាទូលបង្គំបានពោលថា អញនឹងនិយាយដូច្នេះដែរ នោះឈ្មោះថាបានក្បត់ពូជពង្សនៃកូនចៅទ្រង់ហើយ
16 កាលទូលបង្គំបានពិចារណា ដើម្បីចង់ដឹងច្បាស់ពីសេចក្ដីនេះ នោះក៏ពិបាកដល់ទូលបង្គំណាស់
17 ទាល់តែទូលបង្គំបានចូលទៅក្នុងទីបរិសុទ្ធរបស់ព្រះ ហើយបានពិចារណាពីចុងបំផុតរបស់គេ
18 ពិតប្រាកដជាទ្រង់ឲ្យគេឈរនៅកន្លែងដ៏រឥល ទ្រង់ក៏បោះគេចុះទៅឲ្យត្រូវហិនវិនាស
19 យីអើ គេត្រូវអន្តរធានទៅជាឆាប់អីម៉្លេះ គេត្រូវសាបសូន្យទៅ ដោយហេតុគួរស្ញែងខ្លាច
20 នេះបែបដូចជាកាលណាយល់សប្តិរួចភ្ញាក់ឡើង ឱព្រះអម្ចាស់អើយ កាលណាទ្រង់តើនឡើង នោះទ្រង់នឹងតោះតើយចំពោះរូបគេដែរ។
21 ៙ ដូច្នេះ កាលទូលបង្គំមានសេចក្ដីកម្រើកក្នុងចិត្ត ហើយមានសេចក្ដីចាក់ចុចក្នុងថ្លើម
22 នោះទូលបង្គំជាមនុស្សឆោត ហើយល្ងង់ខ្លៅ គឺទូលបង្គំដូចជាសត្វតិរច្ឆាននៅចំពោះទ្រង់
23 ប៉ុន្តែ ទូលបង្គំនៅជាប់នឹងទ្រង់ជានិច្ច ទ្រង់បានកាន់ដៃស្តាំនៃទូលបង្គំ
24 ទ្រង់នឹងនាំទូលបង្គំ ដោយដំបូន្មានរបស់ទ្រង់ រួចនឹងទទួលទូលបង្គំចូលក្នុងសិរីល្អ
25 ឯនៅស្ថានសួគ៌ តើទូលបង្គំមានអ្នកឯណាក្រៅពីទ្រង់ ហើយនៅផែនដីទូលបង្គំប្រាថ្នាចង់បានតែទ្រង់ទេ
26 ឯសាច់ និងចិត្តទូលបង្គំ នោះនឹងសាបសូន្យទៅបាន ប៉ុន្តែ ព្រះទ្រង់ជាទីពឹងនៃចិត្ត ហើយជាចំណែកមរដក នៃទូលបង្គំជាដរាបដែរ។
27 ៙ ដ្បិតមើល អស់អ្នកដែលនៅឆ្ងាយពីទ្រង់ គេនឹងត្រូវវិនាស ទ្រង់បំផ្លាញអស់អ្នកដែលផិតចេញពីទ្រង់
28 ឯទូលបង្គំ ដែលទូលបង្គំចូលទៅជិតព្រះ នោះជាការល្អដល់ទូលបង្គំ ទូលបង្គំបានយកព្រះអម្ចាស់យេហូវ៉ាទុកជាទីពឹងហើយ ដើម្បីឲ្យបានថ្លែងប្រាប់ពីអស់ទាំងការរបស់ទ្រង់។
Psalm 74
1 ឱព្រះអង្គអើយ ហេតុអ្វីបានជា ទ្រង់បោះបង់ចោលយើងខ្ញុំជាដរាប ហេតុអ្វីបានជាសេចក្ដីខ្ញាល់របស់ទ្រង់ហុយផ្សែងឡើង ទាស់នឹងហ្វូងចៀមដែលនៅទីវាលរបស់ទ្រង់ដូច្នេះ
2 សូមនឹកចាំពីពួកជំនុំ ដែលទ្រង់រើសបាន ពីកាលចាស់បុរាណ ជាពួកដែលទ្រង់បានលោះសម្រាប់ជាពូជអំបូរ ដែលទ្រង់នឹងគ្រងជាមរដក គឺភ្នំស៊ីយ៉ូន ជាកន្លែងដែលទ្រង់បានគង់នៅ
3 សូមទ្រង់លើកព្រះបាទយាងមកឯកន្លែងដែលនៅ បាក់បែកជានិច្ច គឺមកឯការអាក្រក់ទាំងប៉ុន្មាន ដែលពួកខ្មាំងសត្រូវ បានធ្វើនៅក្នុងទីបរិសុទ្ធ។
4 ៙ ពួកដែលតតាំងនឹងទ្រង់ បានស្រែកហ៊ោ នៅកណ្តាលជំនុំរបស់ទ្រង់ គេបានលើកទង់របស់គេឡើងជាទីសម្គាល់
5 គេមើលទៅដូចជាមនុស្សដែលលើកពូថៅឡើង ប្រុងនឹងកាប់ព្រៃញឹក
6 ឥឡូវនេះ គេបំបាក់បំបែកអស់ទាំងក្បាច់ចំឡាក់ ដោយពូថៅ និងញញួរ
7 ក៏បានយកភ្លើងទៅដុតទីបរិសុទ្ធរបស់ទ្រង់ ព្រមទាំងបង្អាប់ទីលំនៅនៃព្រះនាមទ្រង់ឲ្យរាបចុះដល់ដី
8 ដោយនឹកក្នុងចិត្តថា ចូរយើងកម្ទេចចេញឲ្យអស់ គេក៏ដុតបំផ្លាញអស់ទាំងសាលាប្រជុំនៃព្រះ ដែលនៅក្នុងស្រុកដែរ។
9 ៙ យើងខ្ញុំមិនឃើញទង់របស់យើងខ្ញុំទៀតទេ ក៏គ្មានហោរាណាទៀតឡើយ ហើយឥតមានអ្នកណាក្នុងពួកយើងខ្ញុំ ដែលដឹងជាការនេះ នឹងបានដល់យូរប៉ុណ្ណាដែរ
10 ឱព្រះអង្គអើយ ពួកទាស់ទទឹងនឹងដៀលត្មះ ដល់កាលណា តើពួកខ្មាំងសត្រូវនឹងប្រមាថដល់ព្រះនាមទ្រង់ជាដរាបឬ
11 ហេតុអ្វីបានជាទ្រង់ដកព្រះហស្ត គឺព្រះហស្តស្តាំនៃទ្រង់ចេញដូច្នេះ សូមទ្រង់ដកព្រះហស្តចេញពីព្រះឧរាមក ហើយបំផ្លាញគេចុះ។
12 ៙ ប៉ុន្តែ ព្រះទ្រង់ជាមហាក្សត្រនៃទូលបង្គំ តាំងតែពីបុរាណមក ទ្រង់ក៏ប្រោសប្រទានសេចក្ដីសង្គ្រោះនៅកណ្តាលផែនដី
13 ទ្រង់បានញែកទឹកសមុទ្រដោយឫទ្ធិរបស់ទ្រង់ ក៏បានបំបែកក្បាលអស់ទាំងសត្វសម្បើមនៅក្នុងទឹក
14 ទ្រង់បានកិនកម្ទេចក្បាលរបស់ក្រពើ ព្រមទាំងប្រទានសាច់វាទុកជាអាហារ ដល់ពួកមនុស្សដែលនៅទីរហោស្ថាន
15 ទ្រង់បានវាយបំប្រេះថ្ម ឲ្យមានក្បាលទឹក និងទឹកជ្រោះចេញមក ក៏ធ្វើឲ្យទន្លេដែលហូរជានិច្ច បានរីងស្ងួតទៅផង
16 ពេលថ្ងៃជារបស់ផងទ្រង់ ហើយពេលយប់ក៏ដែរ ទ្រង់បានបង្កើតពន្លឺ និងដួងព្រះអាទិត្យ
17 ទ្រង់បានតាំងព្រំខណ្ឌទាំងប៉ុន្មាននៃផែនដី ហើយកំណត់ឲ្យមានរដូវក្តៅ និងរដូវត្រជាក់។
18 ៙ ឱព្រះយេហូវ៉ាអើយ សូមទ្រង់នឹកចាំថា ពួកខ្មាំងសត្រូវបានត្មះតិះដៀល ហើយថា សាសន៍១ដែលល្ងីល្ងើ បានប្រមាថដល់ព្រះនាមទ្រង់ហើយ
19 ឱសូមកុំប្រគល់ជីវិតនៃលលកទ្រង់ដល់សត្វព្រៃ សូមកុំភ្លេចពួកមនុស្សកំសត់របស់ទ្រង់ជាដរាបឡើយ
20 សូមទ្រង់យល់ដល់សេចក្ដីសញ្ញា ដ្បិតអស់ទាំងទីងងឹតនៅផែនដី បានពេញដោយទីអាស្រ័យនៃសេចក្ដីច្រឡោតហើយ
21 ឱសូមកុំឲ្យពួកអ្នកដែលត្រូវគេសង្កត់សង្កិនបានមកវិញ ទាំងមានសេចក្ដីខ្មាសនោះឡើយ សូមឲ្យមនុស្សក្រីក្រ ហើយកំសត់ទុគ៌ត បានសរសើរដល់ព្រះនាមទ្រង់វិញ។
22 ៙ ឱព្រះអង្គអើយ សូមឈរឡើង ផ្ចាញ់គេពីដំណើរទ្រង់ សូមនឹកចាំពីបែបយ៉ាងណា ដែលមនុស្សល្ងីល្ងើបានត្មះតិះដៀលដល់ទ្រង់ រាល់ថ្ងៃជានិច្ច
23 សូមកុំភ្លេចពីសូរសម្រែករបស់ពួកតតាំងនឹងទ្រង់ ឬសូរទ្រហឹងអឺងកងរបស់ពួកអ្នកដែលលើកគ្នា មកទាស់នឹងទ្រង់ ដែលចេះតែឮឡើងជានិច្ចនោះឡើយ។
Psalm 75
1 ឱព្រះអង្គអើយ យើងខ្ញុំអរព្រះគុណដល់ទ្រង់ យើងខ្ញុំអរព្រះគុណដោយព្រោះព្រះនាមទ្រង់ ស្ថិតនៅជិត មនុស្សទាំងឡាយប្រកាសប្រាប់ពីការអស្ចារ្យរបស់ទ្រង់។
2 ៙ កាលណាដល់វេលាដែលកំណត់ទុកហើយ នោះអញនឹងជំនុំជម្រះដោយសុចរិត
3 ផែនដី និងអស់ទាំងមនុស្សនៅផែនដីត្រូវរលាយទៅ គឺអញដែលបានតាំងសសរផែនដីឡើង។ –បង្អង់
4 ៙ ទូលបង្គំបាននិយាយទៅពួកអំនួតថា កុំឲ្យអួតខ្លួនឡើយ ហើយទៅមនុស្សអាក្រក់ថា កុំឲ្យតម្កើងខ្លួនឲ្យសោះ
5 មិនត្រូវលើកខ្លួនឡើងឲ្យខ្ពស់ ឬនិយាយដោយប្រហើនឡើយ
6 ដ្បិតការតម្កើងឡើង នោះមិនមែនមកពីទិសខាងកើត ឬខាងលិច ក៏មិនមកពីទីរហោស្ថាននោះទេ។
7 ៙ គឺព្រះដែលជាចៅក្រម ទ្រង់បន្ទាបម្នាក់ចុះ ហើយលើកម្នាក់ទៀតឡើង
8 ពីព្រោះព្រះយេហូវ៉ាទ្រង់កាន់ពែង១នៅព្រះហស្ត ដែលមានស្រាកំពុងតែពពុះឡើង ពែងនោះពេញដោយស្រាលាយ ហើយទ្រង់ក៏ចាក់ចេញ ឯមនុស្សអាក្រក់ទាំងប៉ុន្មាន ដែលនៅផែនដី គេនឹងផឹកសំរេងកាកក្នុងពែងនោះជាមិនខាន។
9 ៙ តែទូលបង្គំនឹងប្រកាសប្រាប់ការទាំងនេះជាដរាប ទូលបង្គំនឹងច្រៀងសរសើរថ្វាយព្រះនៃយ៉ាកុប
10 ទូលបង្គំនឹងកាត់អំណាចទាំងប៉ុន្មាននៃមនុស្ស អាក្រក់ចេញ តែអំណាចរបស់មនុស្សសុចរិត នឹងបានតម្កើងឡើងវិញ។
Psalm 76
1 នៅស្រុកយូដាគេស្គាល់ព្រះហើយ ព្រះនាមទ្រង់ក៏ធំ នៅក្នុងសាសន៍អ៊ីស្រាអែល
2 រោងឧបោសថរបស់ទ្រង់នៅក្រុងសាឡិម ហើយទីលំនៅទ្រង់នៅភ្នំស៊ីយ៉ូន
3 នៅទីនោះ ទ្រង់បានបំបាក់ព្រួញ ធ្នូ ខែល និងដាវ ហើយអស់ទាំងគ្រឿងចម្បាំងបង់។ –បង្អង់
4 ៙ ទ្រង់រុងរឿងឧត្តម ហើយមានលំអប្រសើរ ជាងភ្នំរំពា ទាំងប៉ុន្មាន
5 ពួកអ្នកដែលមានចិត្តក្លាហាន គេបានត្រឡប់ជារំពាវិញ គេបានដេកអស់ពេលដេករបស់គេហើយ ក្នុងពួកអ្នកខ្លាំងពូកែទាំងប៉ុន្មាន គ្មានអ្នកណាមួយអាច លើកដៃឡើងបានឡើយ
6 ឱព្រះនៃយ៉ាកុបអើយ កាលណាទ្រង់បន្ទោស នោះទាំងរទេះចម្បាំង និងសេះផង ក៏ត្រូវលក់ស៊ប់ទាំងអស់គ្នា
7 គឺទ្រង់ ទ្រង់តែ១ប៉ុណ្ណោះ ដែលគួរស្ញែងខ្លាច កាលណាទ្រង់មានសេចក្ដីខ្ញាល់ នោះតើអ្នកណាអាចនឹងឈរនៅចំពោះទ្រង់បាន
8 ទ្រង់បានឲ្យឮពាក្យកាត់ទោសពីលើស្ថានសួគ៌មក ផែនដីក៏ភ័យខ្លាច ហើយស្ងៀមឈឹងនៅ
9 គឺក្នុងកាលដែលព្រះទ្រង់ឈរឡើង ដើម្បីជំនុំជម្រះ ប្រយោជន៍នឹងជួយសង្គ្រោះដល់ពួកមនុស្សរាបសា នៅផែនដី។ –បង្អង់
10 ៙ ពិតប្រាកដជាសេចក្ដីឃោរឃៅរបស់មនុស្ស នឹងសរសើរទ្រង់ ឯសំណល់នៃសេចក្ដីឃោរឃៅ នោះទ្រង់នឹងរួបរឹតទុកវិញ
11 ចូរបន់ព្រះយេហូវ៉ាជាព្រះនៃឯងរាល់គ្នា ហើយលាបំណន់នោះចុះ ចូរឲ្យអស់អ្នកដែលនៅជុំវិញទ្រង់ យកតង្វាយមកថ្វាយដល់ព្រះដ៏គួរស្ញែងខ្លាច
12 ទ្រង់នឹងកាត់វិញ្ញាណនៃពួកត្រកូលខ្ពស់ចេញ ទ្រង់ជាទីគួរតក់ស្លុតដល់ពួកក្សត្រនៅផែនដី។
Psalm 77
1 ខ្ញុំបន្លឺសំឡេងអំពាវនាវដល់ព្រះ ខ្ញុំបន្លឺសំឡេងឡើងដល់ព្រះ ហើយទ្រង់ក៏ស្តាប់ខ្ញុំ
2 នៅថ្ងៃដែលខ្ញុំមានសេចក្ដីវេទនា នោះខ្ញុំបានស្វែងរកព្រះអម្ចាស់ នៅពេលយប់ នោះខ្ញុំបានប្រទូលដៃឡើងឥតឈប់ឈរ ព្រលឹងខ្ញុំមិនព្រមក្សាន្តទុក្ខទេ
3 ខ្ញុំនឹកពីព្រះ នោះខ្ញុំមានចិត្តទុរន់ទុរា ខ្ញុំនឹកជញ្ជឹង នោះវិញ្ញាណខ្ញុំក៏ល្វើយទៅ។ –បង្អង់
4 ៙ ទ្រង់ទល់ភ្នែកទូលបង្គំមិនឲ្យលក់ ទូលបង្គំមានសេចក្ដីទុក្ខប្រដេញ ទាល់តែរកនិយាយមិនចេញ
5 ទូលបង្គំបានពិចារណាពីអស់ទាំងថ្ងៃកន្លងទៅហើយ និងអស់ទាំងឆ្នាំពីកាលមុន
6 ទូលបង្គំនឹកឃើញទំនុកដែលធ្លាប់ច្រៀងនៅពេលយប់ នោះទូលបង្គំបានត្រិះរិះក្នុងចិត្ត ហើយវិញ្ញាណទូលបង្គំ ក៏ស្វែងរកសេចក្ដីចម្លើយដែរ
7 តើព្រះអម្ចាស់ទ្រង់នឹងបោះបង់ចោលជាដរាបឬ តើទ្រង់មិនព្រមប្រោសប្រាណទៀតទេឬ
8 តើសេចក្ដីសប្បុរសនៃទ្រង់អស់រលីងជាដរាបទៅឬ តើសេចក្ដីសន្យាទ្រង់អាក់ខានទៅជានិច្ចឬ
9 តើព្រះទ្រង់ភ្លេចប្រព្រឹត្តដោយករុណារបស់ទ្រង់ហើយឬ តើទ្រង់បានបិទបាំងសេចក្ដីអាណិតមេត្តារបស់ទ្រង់ទុក ដោយសេចក្ដីខ្ញាល់ដែរឬអី។ –បង្អង់
10 ៙ នោះទូលបង្គំបាននឹកថា នេះហើយជាសេចក្ដីទុក្ខរបស់ទូលបង្គំ តែទូលបង្គំនឹងនឹកចាំពីគ្រាដែលព្រះហស្តស្តាំ នៃព្រះដ៏ខ្ពស់បំផុតបានប្រោសវិញ
11 ទូលបង្គំនឹងរឭកពីអស់ទាំងការនៃព្រះយេហូវ៉ា ដ្បិតទូលបង្គំនឹកឃើញអស់ទាំងការអស្ចារ្យ ដែលទ្រង់បានធ្វើកាលពីដើម
12 ទូលបង្គំនឹងរំពឹងគិតពីគ្រប់ទាំងការរបស់ទ្រង់ ហើយពិចារណាពីកិច្ចដែលទ្រង់ធ្វើទាំងប៉ុន្មាន
13 ឱព្រះអង្គអើយ ផ្លូវទ្រង់ជាផ្លូវបរិសុទ្ធ តើមានព្រះឯណាដែលធំដូចជាទ្រង់
14 ទ្រង់ជាព្រះដែលធ្វើការយ៉ាងអស្ចារ្យ ទ្រង់បានសម្ដែងឲ្យស្គាល់ឥទ្ធានុភាពនៃទ្រង់ នៅកណ្តាលអស់ទាំងសាសន៍
15 ទ្រង់បានប្រោសបណ្តារាស្ត្រឲ្យរួច ដោយព្រះហស្តរបស់ទ្រង់ គឺជាពួកកូនចៅយ៉ាកុប និងយ៉ូសែបផង។ –បង្អង់
16 ៙ ឱព្រះអង្គអើយ ទឹកទាំងប៉ុន្មានបានឃើញទ្រង់ គឺទឹកទាំងប៉ុន្មានបានឃើញទ្រង់ ហើយមានសេចក្ដីភិតភ័យ អស់ទាំងទីជម្រៅក៏ញ័រដែរ
17 អស់ទាំងពពកបានចាក់ទឹកចេញ ផ្ទៃមេឃក៏បញ្ចេញសូររំពង ហើយព្រួញរបស់ទ្រង់បានហើរទៅគ្រប់អន្លើដែរ
18 សូរសៀងនៃផ្គររបស់ទ្រង់ក៏នៅក្នុងខ្យល់កួច ផ្លេកបន្ទោរបានបំភ្លឺលោកីយ៍ ឯផែនដីក៏ញ័រកក្រើក
19 ផ្លូវដែលទ្រង់យាង នោះនៅក្នុងសមុទ្រ ហើយផ្លូវច្រករបស់ទ្រង់ក៏នៅទីមានទឹកច្រើន ឥតមានអ្នកណាឃើញដានព្រះបាទទ្រង់ឡើយ
20 ទ្រង់បាននាំរាស្ត្រទ្រង់ ដូចជាហ្វូងចៀម គឺដោយដៃរបស់ម៉ូសេ និងអើរ៉ុន។
Psalm 78
1 ឱសាសន៍របស់ខ្ញុំអើយ ចូរប្រុងត្រចៀកស្តាប់សេចក្ដីបង្រៀនរបស់ខ្ញុំ ហើយផ្ទៀងត្រចៀកស្តាប់អស់ទាំងពាក្យ ដែលចេញពីមាត់ខ្ញុំចុះ
2 ខ្ញុំនឹងបើកមាត់បញ្ចេញជាសេចក្ដីប្រៀបធៀប ហើយនិងពោលជាសេចក្ដីអាថ៌កំបាំងពីចាស់បូរាណ
3 ជាសេចក្ដីដែលពួកយើងធ្លាប់បានឮបានដឹងហើយ ដែលឪពុកយើងបានប្រាប់តៗមក
4 យើងក៏មិនលាក់សេចក្ដីទាំងនោះទុកចំពោះកូនចៅ របស់គាត់ដែរ គឺនឹងប្រកាសពីអស់ទាំងសេចក្ដីសរសើរនៃព្រះយេហូវ៉ា ដល់ដំណមនុស្សជាន់ក្រោយឲ្យបានស្តាប់ ព្រមទាំងឥទ្ធានុភាព និងការអស្ចារ្យ ដែលទ្រង់បានធ្វើផង។
5 ៙ ដ្បិតទ្រង់បានតាំងឲ្យមានទីបន្ទាល់នៅក្នុងពួកយ៉ាកុប ក៏បានតម្រូវឲ្យមានក្រឹត្យវិន័យនៅក្នុងពួកអ៊ីស្រាអែល ជាច្បាប់ដែលទ្រង់បានបង្គាប់ដល់ពួកអយ្យកោរបស់យើង ប្រយោជន៍នឹងបង្រៀនឲ្យពួកកូនចៅបានដឹងតរៀងទៅ
6 ដើម្បីឲ្យដំណមនុស្សជាន់ក្រោយបានស្គាល់ គឺទាំងកូនចៅដែលត្រូវកើតតទៅ ជាពួកអ្នកដែលនឹងកើតឡើង ហើយប្រាប់ដល់កូនចៅគេតទៅទៀត
7 សម្រាប់ឲ្យគេបានតាំងចិត្តសង្ឃឹមដល់ព្រះ ឥតភ្លេចអស់ទាំងការនៃទ្រង់ឡើយ គឺកាន់តាមអស់ទាំងសេចក្ដីបង្គាប់របស់ទ្រង់វិញ
8 ដើម្បីកុំឲ្យគេបានដូចជាពួកអយ្យកោ ជាដំណមនុស្សរឹងរូស ហើយបះបោរ ជាដំណមនុស្សដែលមិនបានតាំងចិត្តឲ្យទៀងត្រង់ ហើយវិញ្ញាណគេក៏មិនស្មោះចំពោះព្រះនោះឡើយ។
9 ៙ ឯពួកកូនចៅអេប្រាអិមដែលមានគ្រឿងធ្នូ ហើយក៏ប្រសប់បាញ់ គេបានបែរខ្នងនៅថ្ងៃសឹកសង្គ្រាម
10 គេមិនបានកាន់តាមសេចក្ដីសញ្ញារបស់ព្រះ ក៏មិនព្រមប្រព្រឹត្តតាមក្រឹត្យវិន័យទ្រង់សោះ
11 គេបានភ្លេចអស់ទាំងកិច្ចដែលទ្រង់ធ្វើ ព្រមទាំងការអស្ចារ្យដែលទ្រង់បានសម្ដែង ឲ្យគេឃើញដែរ
12 ទ្រង់បានធ្វើការចម្លែកនៅភ្នែកពួកអយ្យកោគេ នៅស្រុកអេស៊ីព្ទ ត្រង់វាលសូអាន
13 ទ្រង់បានវែកសមុទ្រ បើកជាផ្លូវឲ្យគេដើរឆ្លងទៅ ក៏បានធ្វើឲ្យទឹកឈរឡើងដូចជាកំផែង
14 នៅវេលាថ្ងៃទ្រង់បាននាំគេដោយពពក ហើយវេលាយប់ទាល់ព្រឹក បាននាំដោយពន្លឺនៃភ្លើងវិញ
15 ទ្រង់បំប្រេះថ្មដានៅទីរហោស្ថាន ឲ្យគេបានផឹកទឹកជាបរិបូរ ដូចជាហូរចេញពីទីជម្រៅមក
16 ទ្រង់បានធ្វើឲ្យមានទឹកចេញពីថ្ម ហូរចុះមកដូចជាទន្លេ។
17 ៙ ទោះបើយ៉ាងនោះ គង់តែគេនៅតែធ្វើបាប នឹងទ្រង់ទៀត ជាការបះបោរនឹងព្រះដ៏ខ្ពស់បំផុតត្រង់ទីរហោស្ថាន
18 គេបានល្បងលព្រះនៅក្នុងចិត្តគេ ដោយសូមអាហារតាមគេប្រាថ្នា
19 អើ គេបាននិយាយទំនាស់នឹងព្រះ ដោយពាក្យថា តើព្រះទ្រង់អាចនឹងចាត់ចែងឲ្យមានអាហារបរិភោគ នៅទីរហោស្ថាននេះបានឬ
20 មើល ទ្រង់បានវាយថ្មដា ឲ្យមានទឹកផុលចេញ ហើយឲ្យជ្រោះមានទឹកជន់លិចច្រាំង ដូច្នេះ តើទ្រង់អាចនឹងប្រទានឲ្យមាននំបុ័ងដែរឬ តើទ្រង់នឹងផ្គត់ផ្គង់ឲ្យរាស្ត្រទ្រង់មានសាច់បរិភោគឬអី
21 ហេតុនោះ ព្រះយេហូវ៉ាទ្រង់ក៏ឮ ហើយមានសេចក្ដីក្រោធ រួចមានភ្លើងឆួលឡើង បញ្ឆេះពួកយ៉ាកុប មានសេចក្ដីខ្ញាល់ចេញទៅទាស់នឹងអ៊ីស្រាអែល
22 ដោយព្រោះគេមិនបានជឿដល់ព្រះ ក៏មិនបានទុកចិត្តនឹងសេចក្ដីសង្គ្រោះរបស់ទ្រង់ផង
23 ទ្រង់បានបង្គាប់ដល់ផ្ទៃមេឃនៅខាងលើ ក៏បានបើកទ្វារនៃស្ថានសួគ៌
24 ហើយបង្អុរនំម៉ាន៉ាឲ្យធ្លាក់មកលើគេ ដូចជាភ្លៀង សម្រាប់គេបរិភោគ គឺទ្រង់ប្រទានអាហារពីស្ថានសួគ៌ដល់គេ
25 គេបានបរិភោគនំរបស់ពួកទេវតាទាំងអស់គ្នា ទ្រង់បានផ្ញើអាហារមកគេឲ្យបានឆ្អែត។
26 ៙ ទ្រង់បានធ្វើឲ្យខ្យល់ពីទិសខាងកើតបក់នៅលើមេឃ ហើយបាននាំខ្យល់ពីទិសខាងត្បូង ដោយព្រះចេស្តារបស់ទ្រង់
27 ក៏ទម្លាក់សាច់មកលើគេដូចជាធូលីដី គឺជាសត្វស្លាបជាច្រើន ដូចជាខ្សាច់នៅសមុទ្រ
28 ទ្រង់ឲ្យធ្លាក់នៅព័ទ្ធជុំវិញលំនៅរបស់គេ គឺនៅកណ្តាលទីដំឡើងត្រសាល
29 ដូច្នេះ គេក៏បរិភោគទៅ ហើយបានឆ្អែតពេញបន្ទុក ទ្រង់បានប្រទានឲ្យ តាមបំណងចិត្តគេ
30 គឺគេមិនទាន់អស់អាល័យក្នុងចិត្ត ហើយកាលអាហារនោះនៅក្នុងមាត់គេនៅឡើយ
31 នោះសេចក្ដីខ្ញាល់របស់ព្រះបានឆួលឡើងទាស់នឹងគេ ព្រមទាំងសម្លាប់អស់អ្នកដែលធាត់ៗក្នុងពួកគេ ហើយវាយផ្តួលពួកកំលោះៗ នៃសាសន៍អ៊ីស្រាអែលផង។
32 ៙ ទោះបើយ៉ាងនោះក៏ដោយ គង់តែគេនៅតែធ្វើបាបទៀត គេមិនព្រមជឿការអស្ចារ្យរបស់ទ្រង់ឡើយ
33 ហេតុនោះ ទ្រង់បានធ្វើឲ្យអស់ទាំងថ្ងៃរបស់គេ កន្លងទៅជាឥតប្រយោជន៍ ហើយអស់ទាំងឆ្នាំគេ ដោយសេចក្ដីស្ញែងខ្លាច
34 វេលាណាដែលទ្រង់ប្រហារពួកគេ ទើបគេសួររកទ្រង់ ហើយត្រឡប់មកស្វែងរកព្រះអស់ពីចិត្ត
35 គេក៏នឹកចាំថា ព្រះទ្រង់ជាថ្មដារបស់ខ្លួនគេ គឺព្រះដ៏ខ្ពស់បំផុត ទ្រង់ជាអ្នកប្រោសលោះដល់គេ។
36 ៙ គេបានលើកបញ្ចើចទ្រង់ដោយមាត់គេ តែអណ្តាតរបស់គេបានកុហកទ្រង់ទេ
37 ដ្បិតចិត្តគេមិនបានទៀងត្រង់នៅចំពោះទ្រង់ ក៏មិនស្មោះចំពោះនឹងសេចក្ដីសញ្ញាទ្រង់ដែរ
38 ប៉ុន្តែ ចំណែកទ្រង់មានសេចក្ដីមេត្តាករុណា បានជាទ្រង់អត់ទោសចំពោះសេចក្ដីទុច្ចរិតរបស់គេ ហើយមិនបានបំផ្លាញគេទេ អើ ទ្រង់បានបង្វែរសេចក្ដីខ្ញាល់ទ្រង់ចេញជាញយៗ ឥតឲ្យសេចក្ដីក្រោធរបស់ទ្រង់ផុលឡើងទាំងអស់ឡើយ
39 ទ្រង់បាននឹកចាំថា គេគ្រាន់តែជាសាច់ឈាមប៉ុណ្ណោះ គឺជាខ្យល់ដែលបក់កន្លងហួសទៅ ឥតមកវិញឡើយ។
40 ៙ ប៉ុន្មានដងហើយដែលគេបះបោរនឹងទ្រង់ នៅទីរហោស្ថាន ហើយនាំឲ្យព្រួយព្រះហឫទ័យនៅទីល្ហល្ហេវ
41 គឺគេបានបែរជាល្បងលព្រះវិញទៀត ហើយគេបិទផ្លូវព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល
42 គេមិនបាននឹកចាំពីព្រះហស្តទ្រង់ ឬពីថ្ងៃដែលទ្រង់បានដោះគេចេញពីខ្មាំងសត្រូវ
43 ឬពីបែបយ៉ាងណាដែលទ្រង់បានសម្ដែងទីសម្គាល់ របស់ទ្រង់នៅស្រុកអេស៊ីព្ទ និងការអស្ចារ្យ នៅទីវាលសូអានឡើយ
44 ទ្រង់បានធ្វើឲ្យទន្លេ និងព្រែក របស់សាសន៍អេស៊ីព្ទត្រឡប់ទៅជាឈាម ឲ្យគេផឹកទឹកនោះមិនបាន
45 ទ្រង់បានចាត់ហ្វូងរុយមកបង្ហិននៅកណ្តាលគេ និងកង្កែបមកបំផ្លាញគេផង
46 ទ្រង់បានប្រគល់ផលរបស់គេឲ្យចង្រិតកាត់ ហើយការរបស់គេដល់កណ្តូប
47 ទ្រង់បានបំផ្លាញដើមទំពាំងបាយជូរគេដោយព្រិល ហើយដើមឧទុម្ពរដោយសន្សើមកក
48 ទ្រង់ក៏ប្រគល់ហ្វូងគោគេឲ្យត្រូវព្រិល ហើយហ្វូងចៀមគេឲ្យត្រូវរន្ទះបាញ់ដែរ
49 ទ្រង់បានបោះសេចក្ដីខ្ញាល់ដ៏សហ័សទៅលើគេ ព្រមទាំងសេចក្ដីក្រោធ សេចក្ដីគ្នាន់ក្នាញ់ និងសេចក្ដីវេទនាផង គឺជាសេចក្ដីអាក្រក់ទាំងហ្វូង ដែលទ្រង់ចាត់មក
50 ទ្រង់បានពង្រាបផ្លូវ សម្រាប់សេចក្ដីខ្ញាល់របស់ទ្រង់ ទ្រង់មិនបានប្រណីព្រលឹងគេឲ្យរួចពីស្លាប់ទេ គឺបានប្រគល់ជីវិតគេដល់ជំងឺអាសន្នរោគ
51 ក៏បានប្រហារអស់ទាំងកូនច្បងនៅស្រុកអេស៊ីព្ទ គឺជាដើមកម្លាំងរបស់ហាំនៅក្នុងត្រសាលគេ។
52 ៙ ប៉ុន្តែ ទ្រង់បានកៀងនាំរាស្ត្រទ្រង់ចេញដូចជាចៀម ហើយដឹកនាំគេនៅក្នុងទីរហោស្ថាន ដូចជាហ្វូងសត្វ
53 ទ្រង់ក៏នាំគេទៅដោយសុខសាន្ត មិនឲ្យភ័យខ្លាចឡើយ តែសមុទ្របានគ្របលើពួកខ្មាំងសត្រូវគេវិញ
54 ទ្រង់បាននាំគេទៅដល់ព្រំស្រុកបរិសុទ្ធរបស់ទ្រង់ គឺដល់ភ្នំនេះដែលព្រះហស្តស្តាំទ្រង់បានវាយយក
55 ទ្រង់បានបណ្តេញអស់ទាំងសាសន៍ដទៃពីមុខគេចេញ ក៏វាស់ស្រុកនេះ ចែកដល់គេទុកជាមរដក ព្រមទាំងឲ្យពូជអំបូរសាសន៍អ៊ីស្រាអែលទាំងប៉ុន្មាន អាស្រ័យនៅក្នុងលំនៅរបស់សាសន៍ទាំងនោះ
56 ប៉ុន្តែ គេបានល្បងលព្រះដ៏ខ្ពស់បំផុត ហើយបះបោរនឹងទ្រង់វិញ ឥតកាន់តាមសេចក្ដីបញ្ញត្តទ្រង់ឡើយ
57 គឺបានថយចេញ ហើយប្រព្រឹត្តដោយក្បត់ ដូចជាពួកអយ្យកោគេដែរ គេក្រឡាច់រមួលដូចជាធ្នូមិនត្រង់
58 គេបានធ្វើឲ្យព្រះហឫទ័យទ្រង់ថ្នាំងថ្នាក់ ដោយទីខ្ពស់របស់គេ ព្រមទាំងបណ្តាលឲ្យទ្រង់ប្រចណ្ឌ ដោយរូបឆ្លាក់របស់គេផង។
59 ៙ កាលព្រះទ្រង់បានជ្រាបហើយ នោះទ្រង់មានសេចក្ដីក្រោធ ហើយបានស្អប់ខ្ពើមដល់សាសន៍អ៊ីស្រាអែលជាខ្លាំង
60 ដល់ម៉្លេះបានជាទ្រង់លះបង់រោងឧបោសថ ដែលនៅត្រង់ស៊ីឡូរ គឺជាត្រសាលដែលទ្រង់បានតាំងឲ្យនៅកណ្តាល ពួកមនុស្សលោក
61 ទ្រង់ក៏ប្រគល់ឥទ្ធិឫទ្ធិរបស់ទ្រង់ឲ្យទៅជាឈ្លើយ ហើយសិរីល្អទ្រង់ទៅក្នុងកណ្តាប់ដៃនៃពួកខ្មាំងសត្រូវ
62 ទ្រង់បានប្រគល់រាស្ត្រទ្រង់ដល់អំណាចដាវដែរ ហើយមានសេចក្ដីក្រោធចំពោះមរដក ទ្រង់
63 មានភ្លើងឆេះបំផ្លាញពួកកំលោះគេ ឯពួកក្រមុំរបស់គេ ឥតមានអ្នកណាដណ្តឹងឡើយ
64 ពួកសង្ឃរបស់គេក៏ដួលស្លាប់ដោយដាវ តែប្រពន្ធរបស់គេមិនបានយំសោកសោះ។
65 ៙ គ្រានោះ ព្រះអម្ចាស់ទ្រង់តើនឡើង ដូចជាមនុស្សដែលភ្ញាក់ពីដេកលក់ គឺដូចជាមនុស្សខ្លាំងពូកែដែលស្រែកហ៊ោ ដោយអំណាចស្រាទំពាំងបាយជូរ
66 រួចទ្រង់វាយពួកដែលតតាំងនឹងទ្រង់ ឲ្យថយក្រោយ ទ្រង់ឲ្យគេមានសេចក្ដីខ្មាសនៅជានិច្ច
67 មួយទៀត ទ្រង់មិនបានទទួលត្រសាលរបស់ ពួកយ៉ូសែបឡើយ ក៏មិនបានរើសពូជអំបូរអេប្រាអិមដែរ
68 គឺទ្រង់បានរើសពូជអំបូរយូដា និងភ្នំស៊ីយ៉ូន ដែលទ្រង់ស្រឡាញ់នោះវិញ
69 ទ្រង់ក៏ស្អាងទីបរិសុទ្ធនៃទ្រង់ ដូចជាអស់ទាំងកំពូលខ្ពស់ គឺដូចជាផែនដីដែលទ្រង់បានតាំងឲ្យជាប់ ជាដរាបនោះផង។
70 ៙ ទ្រង់ក៏រើសដាវីឌ ជាអ្នកបម្រើទ្រង់ ហើយនាំយកលោកចេញពីក្រោលចៀមមក
71 គឺទ្រង់នាំយកលោកពីការឃ្វាលមេចៀមដែលមានកូន ដើម្បីឲ្យធ្វើជាអ្នកគង្វាលដល់ពួកយ៉ាកុប ជារាស្ត្រទ្រង់ គឺពួកអ៊ីស្រាអែលដែលជាមរដករបស់ទ្រង់វិញ
72 ដូច្នេះ លោកក៏ធ្វើជាអ្នកគង្វាលឃ្វាលគេ ដោយចិត្តទៀងត្រង់ ព្រមទាំងនាំផ្លូវគេ ដោយថ្វីដៃដ៏ជំនាញ។
Psalm 79
1 ឱព្រះអង្គអើយ ពួកសាសន៍ដទៃ បានចូលរុករានក្នុងមរដកទ្រង់ ហើយ គេបានបង្អាប់ព្រះវិហារបរិសុទ្ធនៃទ្រង់ ហើយបានបំផ្លាញក្រុងយេរូសាឡឹម ឲ្យទៅជាគំនរថ្ម
2 គេបានប្រគល់ខ្មោចនៃពួកអ្នកបម្រើទ្រង់ ទុកជាអាហារដល់សត្វហើរលើអាកាស និងសាច់នៃពួកអ្នកបរិសុទ្ធរបស់ទ្រង់ដល់សត្វនៅផែនដី
3 គេបានកម្ចាយឈាមរបស់អ្នកទាំងនោះ ដូចជាទឹកនៅជុំវិញក្រុងយេរូសាឡឹម ឥតមានអ្នកណាកប់ខ្មោចឡើយ
4 យើងខ្ញុំបានត្រឡប់ជាទីដៀលត្មះដល់ពួកអ្នកជិតខាង ហើយជាទីស្អប់ខ្ពើម និងជាទីសើចឡកដល់ពួកអស់អ្នកដែលនៅជុំវិញផង
5 ឱព្រះយេហូវ៉ាអើយ តើដល់កាលណាទៀត តើទ្រង់នឹងមានសេចក្ដីខ្ញាល់ជានិច្ចឬអី តើសេចក្ដីប្រចណ្ឌនៃទ្រង់នឹងឆេះដូចជាភ្លើងឬ
6 សូមចាក់សេចក្ដីក្រោធរបស់ទ្រង់ទៅលើសាសន៍ដទៃ ដែលមិនស្គាល់ទ្រង់ ហើយលើអស់ទាំងនគរដែលមិនអំពាវនាវ ដល់ព្រះនាមទ្រង់វិញ
7 ដ្បិតគេបានស៊ីបង្ហិនពួកយ៉ាកុប ព្រមទាំងបំផ្លាញទីលំនៅរបស់គេហើយ
8 សូមកុំនឹកចាំពីការទុច្ចរិតដែលយើងខ្ញុំធ្វើពីដើមឡើយ សូមឲ្យសេចក្ដីសប្បុរសទ្រង់ មកប្រោសយើងខ្ញុំ ជាប្រញាប់វិញ ដ្បិតយើងខ្ញុំបានត្រឡប់ជាទាបថោកណាស់
9 ឱព្រះដ៏ជួយសង្រ្គោះយើងខ្ញុំអើយ សូមជួយយើងខ្ញុំ ដោយយល់ដល់សិរីល្អនៃព្រះនាមទ្រង់ សូមប្រាសឲ្យយើងខ្ញុំរួច ហើយអត់ទោសអំពើបាប របស់យើងខ្ញុំផង ដោយយល់ដល់ព្រះនាមទ្រង់
10 តើគួរគប្បីឲ្យពួកសាសន៍ដទៃប្រមាថសួរថា ព្រះរបស់គេនៅឯណាឬអី សូមឲ្យការសងសឹកចំពោះឈាមនៃពួកអ្នកបម្រើទ្រង់ ដែលត្រូវកម្ចាយនោះ បានស្គាល់ច្បាស់ នៅកណ្តាលពួកសាសន៍ដទៃ ឲ្យយើងខ្ញុំបានឃើញផង
11 សូមឲ្យដំងូររបស់ពួកឈ្លើយបានឮមកដល់ទ្រង់ ហើយដោយព្រះហស្តដ៏មានព្រះចេស្តារបស់ទ្រង់ នោះសូមជួយទំនុកបម្រុង ដល់អស់អ្នកដែលបានតម្រូវឲ្យត្រូវស្លាប់ផង
12 ឱព្រះអម្ចាស់អើយ ឯការដែលពួកអ្នកជិតខាងយើងខ្ញុំ បានត្មះតិះដៀលដល់ទ្រង់ នោះសូមសងទៅលើទ្រូងគេ១ជា៧វិញ
13 យ៉ាងនោះ យើងខ្ញុំ ជារាស្ត្ររបស់ទ្រង់ ហើយជាហ្វូងចៀមនៅទីគង្វាលទ្រង់ យើងខ្ញុំនឹងអរព្រះគុណដល់ទ្រង់ជាដរាបតទៅ យើងខ្ញុំនឹងសម្ដែងសេចក្ដីសរសើររបស់ទ្រង់ នៅអស់ទាំងដំណតរៀងទៅ។generations.
Psalm 80
1 ឱព្រះដ៏ឃ្វាលសាសន៍អ៊ីស្រាអែល ជាព្រះដែលនាំមុខពួកយ៉ូសែប ដូចជា នាំហ្វូងចៀមអើយ សូមផ្ទៀងព្រះកាណ៌ស្តាប់ ឱព្រះដែលគង់នៅកណ្តាលចេរូប៊ីនអើយ សូមភ្លឺមក
2 សូមបណ្តាលឥទ្ធិឫទ្ធិរបស់ទ្រង់ឡើង នៅចំពោះពួក អេប្រាអិម បេនយ៉ាមីន និងម៉ាន៉ាសេ ហើយយាងមកជួយសង្គ្រោះយើងខ្ញុំផង
3 ឱព្រះអង្គអើយ សូមបង្វិលយើងខ្ញុំមកវិញ សូមឲ្យព្រះភ័ក្ត្រទ្រង់ភ្លឺមក នោះយើងខ្ញុំនឹងបានរួចហើយ។
4 ៙ ឱព្រះយេហូវ៉ាជាព្រះនៃពួកពលបរិវារអើយ តើទ្រង់នឹងខ្ញាល់ទាស់នឹងសេចក្ដីអធិស្ឋានរបស់ រាស្ត្រទ្រង់ដល់កាលណា
5 ទ្រង់បានឲ្យគេបរិភោគនំបុ័ងដែលនាំឲ្យស្រក់ទឹកភ្នែក ព្រមទាំងឲ្យគេផឹកទឹកភ្នែកពេញរង្វាល់ហើយ
6 ទ្រង់បានធ្វើឲ្យយើងខ្ញុំត្រឡប់ជាសេចក្ដីទាស់ទែងគ្នា ដល់ពួកអ្នកជិតខាង ពួកខ្មាំងសត្រូវរបស់យើងខ្ញុំក៏សើចឡកក្នុងពួកគេ
7 ឱព្រះនៃពួកពលបរិវារអើយ សូមបង្វិលយើងខ្ញុំមកវិញ សូមឲ្យព្រះភ័ក្ត្រទ្រង់ភ្លឺមក នោះយើងខ្ញុំនឹងបានរួចហើយ។
8 ៙ ទ្រង់បានយកដើមទំពាំងបាយជូរ១ពីស្រុកអេស៊ីព្ទមក ក៏បណ្តេញអស់ទាំងសាសន៍ដទៃចេញ ហើយបានដាំដើមនោះវិញ
9 ទ្រង់បានរៀបកន្លែងនៅជុំវិញ ហើយដើមនោះក៏ចាក់ឫសបែកសាយទៅពេញក្នុងស្រុក
10 ម្លប់ដើមនោះបានគ្របពេញលើអស់ទាំងភ្នំ ហើយខ្នែងក៏បានដូចជាដើមតាត្រៅនៃព្រះ
11 បានបោះខ្នែងរហូតដល់សមុទ្រ ហើយលំពង់ដល់ទន្លេ
12 ហេតុអ្វីបានជាទ្រង់រំលំរបងចេញ ឲ្យអស់អ្នកដើរតាមនោះ បានបោចបំផ្លាញដូច្នេះ
13 ជ្រូកក៏ចេញពីព្រៃមកឈ្មុស ហើយសត្វនៅវាលក៏ស៊ីបំផ្លាញដែរ
14 ឱព្រះនៃពួកពលបរិវារអើយ យើងខ្ញុំអង្វរដល់ទ្រង់ សូមបែរមកវិញ ហើយទតពីលើស្ថានសួគ៌មកមើល ព្រមទាំងប្រោសដើមទំពាំងបាយជូរនេះផង
15 គឺជាដើមដែលព្រះហស្តស្តាំទ្រង់បានដាំ ជាខ្នែងដែលទ្រង់បានធ្វើឲ្យមានកម្លាំងសម្រាប់អង្គទ្រង់
16 ដើមនេះត្រូវភ្លើងឆេះ ហើយត្រូវកាប់ចេញ គេត្រូវវិនាសដោយព្រះភ័ក្ត្រទ្រង់ទតបន្ទោស
17 សូមឲ្យព្រះហស្តទ្រង់ថែរក្សាដល់អ្នក ដែលព្រះហស្តស្តាំទ្រង់បានតាំងឡើង គឺជាកូនមនុស្សដែលទ្រង់បានធ្វើឲ្យមានកម្លាំង សម្រាប់អង្គទ្រង់
18 យ៉ាងនោះ យើងខ្ញុំនឹងមិនថយចេញពីទ្រង់ឡើយ សូមប្រោសឲ្យយើងខ្ញុំមានជីវិតឡើងវិញ នោះយើងខ្ញុំនឹងអំពាវនាវដល់ព្រះនាមទ្រង់
19 ឱព្រះយេហូវ៉ាជាព្រះនៃពួកពលបរិវារអើយ សូមបង្វិលយើងខ្ញុំមកវិញ សូមឲ្យព្រះភ័ក្ត្រទ្រង់ភ្លឺមក នោះយើងខ្ញុំនឹងបានរួចហើយ។
Psalm 81
1 ចូរបន្លឺសំឡេងឡើង ច្រៀងថ្វាយព្រះដ៏ជាកម្លាំងនៃយើងខ្ញុំ ចូរបញ្ចេញសំឡេងអំណរថ្វាយព្រះនៃយ៉ាកុបចុះ
2 ចូរច្រៀងទំនុក ហើយវាយក្រាប់ចុះ ព្រមទាំងចាប់ស៊ុងដ៏ពីរោះ និងដេញពិណផង
3 ចូរផ្លុំត្រែក្នុងថ្ងៃដើមខែ ថ្ងៃពេញបូណ៌ និងថ្ងៃបុណ្យរបស់យើងខ្ញុំផង
4 ដ្បិតនោះហើយជាច្បាប់សម្រាប់សាសន៍អ៊ីស្រាអែល គឺជាបញ្ញត្តរបស់ព្រះនៃយ៉ាកុប
5 ទ្រង់តាំងច្បាប់នោះ ទុកជាទីបន្ទាល់នៅក្នុងពួកយ៉ូសែប ក្នុងកាលដែលទ្រង់ចេញទៅទាស់នឹងស្រុកអេស៊ីព្ទ វេលានោះ ខ្ញុំបានឮសំឡេង១ដែលខ្ញុំមិនស្គាល់ទេ
6 សំឡេងនោះក៏ថា អញបានដាក់បន្ទុកចុះពីស្មាវា ហើយឲ្យដៃវារួចពីការកាន់កញ្ច្រែង
7 នៅគ្រាដែលមានសេចក្ដីវេទនា នោះឯងបានអំពាវនាវ ហើយអញបានជួយឯងឲ្យរួច អញបានតបដល់ឯងពីទីសម្ងាត់នៃផ្គរ អញបានល្បងលឯងនៅត្រង់ទឹកមេរីបា ។ –បង្អង់
8 ៙ ឱរាស្ត្រអញអើយ ចូរស្តាប់ចុះ អញនឹងធ្វើបន្ទាល់ដល់ឯង ឱអ៊ីស្រាអែលអើយ នេះបើឯងនឹងព្រមស្តាប់អញ
9 មិនត្រូវឲ្យមានព្រះដទៃណានៅក្នុងពួកឯងឡើយ ក៏មិនត្រូវឲ្យឯងថ្វាយបង្គំ ដល់ព្រះនៃសាសន៍ដទៃណាមួយដែរ
10 អញនេះ គឺព្រះយេហូវ៉ាជាព្រះនៃឯង ដែលបាននាំឯងឡើងចេញពីស្រុកអេស៊ីព្ទមក ចូរឯងហាមាត់ឲ្យធំចុះ នោះអញនឹងបំពេញឲ្យ
11 ប៉ុន្តែ រាស្ត្រអញមិនបានស្តាប់តាមអញឡើយ សាសន៍អ៊ីស្រាអែលមិនព្រមតាមអញសោះ
12 ដូច្នេះ អញបានបណ្តោយឲ្យគេទៅតាមចិត្តរឹងចចេស របស់គេទៅ ឲ្យគេបានប្រព្រឹត្តតាមសេចក្ដីដំបូន្មានរបស់ខ្លួនគេ
13 ឱបើប្រសិនណាជារាស្ត្រអញនឹងស្តាប់តាមអញ ឱបើអ៊ីស្រាអែលនឹងដើរតាមផ្លូវអញទៅអេះ
14 នោះអញនឹងបង្ក្រាបខ្មាំងសត្រូវគេជាយ៉ាងឆាប់ ព្រមទាំងបែរដៃទៅទាស់នឹងពួកដែលតតាំងនឹងគេវិញ
15 គួរឲ្យអស់អ្នកដែលស្អប់ដល់ព្រះយេហូវ៉ា បានចុះចូលចំពោះទ្រង់ ប៉ុន្តែ ពេលវេលារបស់អ៊ីស្រាអែល នឹងស្ថិតស្ថេរនៅជាដរាបតទៅ
16 ទ្រង់នឹងចិញ្ចឹមគេដោយស្រូវសាលីល្អបំផុត ហើយនិងចម្អែតគេដោយទឹកឃ្មុំពីថ្មដា។
Psalm 82
1 ព្រះទ្រង់ឈរនៅក្នុងពួកជំនុំ ដ៏ខ្លាំងពូកែ គឺទ្រង់ដែលវិនិច្ឆ័យ នៅកណ្តាលពួកអ្នកមានអំណាច
2 តើឯងរាល់គ្នានឹងជំនុំជម្រះដោយទុច្ចរិត ហើយយល់មុខមនុស្សអាក្រក់ដល់កាលណា។ –បង្អង់
3 ៙ ចូរការពារដល់មនុស្សក្រីក្រ និងមនុស្សកំព្រា ហើយកាត់ក្តីដល់មនុស្សវេទនា និងមនុស្សកំសត់ ដោយយុត្តិធម៌ចុះ
4 ចូរជួយសង្គ្រោះមនុស្សក្រីក្រ និងមនុស្សកំសត់ទុគ៌តដែរ ត្រូវជួយគេឲ្យរួចពីកណ្តាប់ដៃនៃមនុស្សអាក្រក់
5 គេមិនដឹង ក៏មិនយល់សោះ គេតែងដើរទៅមកក្នុងសេចក្ដីងងឹត អស់ទាំងឫសផែនដីក៏ត្រូវកក្រើករំពើក
6 អញបានពោលថា ឯងរាល់គ្នាសុទ្ធតែជាអ្នកមានអំណាច ហើយជាកូននៃព្រះដ៏ខ្ពស់បំផុត ទាំងអស់គ្នា
7 ប៉ុន្តែ ឯងនឹងស្លាប់ទៅ ដូចជាមនុស្សធម្មតាដែរ គឺនឹងត្រូវដួលដូចជាមេណាមួយ
8 ឱព្រះអង្គអើយ សូមទ្រង់ឈរឡើងជំនុំជម្រះផែនដីចុះ ដ្បិតទ្រង់នឹងបានអស់ទាំងនគរទុកជាមរដក។
Psalm 83
1 ឱព្រះអង្គអើយ សូមកុំឲ្យទ្រង់នៅស្ងៀមឡើយ ឱព្រះអង្គអើយ សូមកុំឲ្យសំងំ ឬព្រងើយនៅឲ្យសោះ
2 ដ្បិតមើល ពួកខ្មាំងសត្រូវទ្រង់ គេកំពុងតែអ៊ូអែ ហើយពួកអ្នកដែលស្អប់ទ្រង់ គេធ្វើក្រអឺតក្រអោង
3 គេប្រឹក្សាគ្នាបង្កើតឧបាយទាស់នឹងរាស្ត្រទ្រង់ ហើយគិតគូរគ្នា ទាស់នឹងអស់អ្នកដែលទ្រង់ខាខាំង
4 គេបានថា ចូរយើងកាត់គេចេញ មិនឲ្យធ្វើជានគរទៀតបាន ហើយកុំឲ្យមានសេចក្ដីនឹកចាំពីឈ្មោះអ៊ីស្រាអែលទៀតឡើយ
5 ដ្បិតគេបានពិគ្រោះព្រមព្រៀងគ្នាហើយ គេបានតាំងសញ្ញាទាស់នឹងទ្រង់
6 គឺអស់ទាំងពួកសាសន៍អេដុម សាសន៍អ៊ីសម៉ាអែល សាសន៍ម៉ូអាប់ និងសាសន៍ហាការេន
7 សាសន៍កេបាល សាសន៍អាំម៉ូន សាសន៍អាម៉ាលេក សាសន៍ភីលីស្ទីន ព្រមទាំងពួកអ្នកនៅស្រុកទីរ៉ុសផង
8 ឯស្រុកអាសស៊ើរ បានពួតដៃជាមួយនឹងគេដែរ សាសន៍ទាំងនោះក៏ចូលដៃជួយពួកកូនចៅឡុត។ បង្អង់
9 ៙ សូមទ្រង់ធ្វើដល់គេ ដូចបានធ្វើដល់សាសន៍ម៉ាឌាន គឺដូចជាបានធ្វើដល់ស៊ីសេរ៉ា និងយ៉ាប៊ីន នៅត្រង់ស្ទឹងគីសុន
10 ជាអ្នកដែលវិនាសទៅ នៅត្រង់អេន-ដោរ ហើយបានត្រឡប់ដូចជាលាមកនៅដី
11 សូមធ្វើឲ្យពួកមានត្រកូលខ្ពស់របស់គេ បានដូចជាអូរិប និងសៀប អើ សូមឲ្យអស់ពួកចៅហ្វាយក្នុងសាសន៍ទាំងនោះ បានដូចជាសេបា ហើយនិងសាលមូន៉ា
12 ជាអ្នកដែលនិយាយថា ចូរយើងចាប់យកអស់ទាំងទីលំនៅរបស់ព្រះ ទុកជាកេរអាកររបស់យើងចុះ
13 ឱព្រះនៃទូលបង្គំអើយ សូមធ្វើឲ្យគេបានដូចជាធូលីកួច ដូចជាកម្ទេចចំបើងដែលផាត់ទៅដោយខ្យល់
14 ដូចភ្លើងដែលឆេះព្រៃ ហើយដូចជាអណ្តាតភ្លើងដែលរាលឡើងឆេះភ្នំផង
15 សូមដេញតាមគេដោយខ្យល់គំហុករបស់ទ្រង់ ហើយធ្វើឲ្យគេភ័យញ័រ ដោយព្យុះសង្ឃរារបស់ទ្រង់យ៉ាងនោះឯង
16 សូមគ្របមុខគេដោយសេចក្ដីអៀនខ្មាស ដើម្បីឲ្យគេបានស្វែងរកព្រះនាមទ្រង់ ឱព្រះយេហូវ៉ាអើយ
17 សូមឲ្យគេត្រូវខ្មាស ហើយភ័យស្លុតជាដរាប អើ សូមឲ្យគេត្រូវស្រឡាំងកាំង ហើយវិនាសទៅ
18 ដើម្បីឲ្យគេបានដឹងថា គឺទ្រង់តែ១អង្គ ព្រះនាមជាយេហូវ៉ា ដែលជាព្រះដ៏ខ្ពស់បំផុតលើផែនដីទាំងមូល។
Psalm 84
1 ឱព្រះយេហូវ៉ានៃពួកពលបរិវារអើយ អស់ទាំងទីដែលទ្រង់ស្ថិតនៅ នោះគួរស្រឡាញ់ណាស់ហ្ន៎
2 ព្រលឹងទូលបង្គំរឭក អើ ក៏កន្លេងចិត្ត ដោយនឹកដល់ទីលាននៃព្រះយេហូវ៉ា ចិត្ត និងសាច់ឈាមទូលបង្គំ ស្រែកអាល័យដល់ព្រះដ៏មានព្រះជន្មរស់នៅ
3 ឱព្រះយេហូវ៉ានៃពួកពលបរិវារ ដែលជាមហាក្សត្រ ហើយជាព្រះនៃទូលបង្គំអើយ ទោះទាំងចាបក៏រកទីនៅបាន ហើយសត្វត្រចៀកកាំ ក៏បានសំបុកសម្រាប់ខ្លួន ជាកន្លែងដែលដាក់កូនបានដែរ គឺជាអាសនៈនៃទ្រង់
4 មានពរហើយ អស់អ្នកណាដែលអាស្រ័យនៅ ក្នុងដំណាក់ទ្រង់ គេនឹងចេះតែសរសើរដល់ទ្រង់ជានិច្ច។ –បង្អង់
5 ៙ មានពរហើយ មនុស្សណាដែលយកទ្រង់ជាកម្លាំង របស់ខ្លួន ជាអ្នកដែលមានគ្រប់ទាំងផ្លូវរៀបចំក្នុងចិត្តហើយ
6 កាលណាអ្នកនោះដើរកាត់ច្រកនៃសេចក្ដីយំសោក ក៏ធ្វើឲ្យច្រកនោះត្រឡប់ទៅជាទីមានក្បាលទឹកហូរ អើ ទឹកភ្លៀងក៏គ្របដោយពរដែរ
7 ពួកនោះដើរទៅទាំងមានកម្លាំងខ្លាំងឡើងបណ្តើរ គ្រប់គ្នាក៏លេចមកនៅចំពោះព្រះ ត្រង់ស៊ីយ៉ូន
8 ឱព្រះយេហូវ៉ាជាព្រះនៃពួកពលបរិវារអើយ សូមស្តាប់សេចក្ដីអធិស្ឋានរបស់ទូលបង្គំ ឱព្រះនៃយ៉ាកុបអើយ សូមផ្ទៀងព្រះកាណ៌ផង។ បង្អង់
9 ៙ ឱព្រះដ៏ជាខែលនៃយើងខ្ញុំអើយ សូមទ្រង់ទតមក សូមមើលចំមុខរបស់អ្នកដែលទ្រង់បានចាក់ប្រេងតាំងឲ្យ
10 ដ្បិត១ថ្ងៃនៅក្នុងព្រះលាននៃទ្រង់ នោះវិសេសជាង១ពាន់ថ្ងៃណាទៀត ទូលបង្គំស៊ូធ្វើជាអ្នកឆ្មាំទ្វារ នៅក្នុងដំណាក់របស់ព្រះនៃទូលបង្គំ ជាជាងនៅក្នុងលំនៅនៃសេចក្ដីអាក្រក់
11 ពីព្រោះព្រះយេហូវ៉ាដ៏ជាព្រះ ទ្រង់ជាព្រះអាទិត្យ ហើយជាខែល ព្រះយេហូវ៉ាទ្រង់នឹងផ្តល់ព្រះគុណ ព្រមទាំងកិត្តិយស ទ្រង់នឹងមិនសំចៃទុករបស់ល្អអ្វី ដល់ពួកអ្នកដែលដើរដោយទៀងត្រង់ឡើយ
12 ឱព្រះយេហូវ៉ានៃពួកពលបរិវារអើយ មនុស្សណាដែលទុកចិត្តនឹងទ្រង់ នោះមានពរហើយ។
Psalm 85
1 ឱព្រះយេហូវ៉ានៃពួកពលបរិវារអើយ ឱព្រះយេហូវ៉ាអើយ ទ្រង់បានមេត្តាប្រោសដល់ស្រុកទ្រង់ ហើយបាននាំពួកយ៉ាកុបដែលជាឈ្លើយមកវិញ
2 ទ្រង់បានអត់ទោសចំពោះការទុច្ចរិតរបស់រាស្ត្រទ្រង់ ក៏បានគ្របបាំងអស់ទាំងបាបរបស់គេហើយ។ បង្អង់
3 ៙ ទ្រង់បានដកសេចក្ដីក្រោធនៃទ្រង់ចេញអស់ហើយ ទ្រង់បានបែរចេញពីសេចក្ដីខ្ញាល់ដ៏សហ័សរបស់ទ្រង់
4 ឱព្រះដ៏ជួយសង្គ្រោះយើងខ្ញុំអើយ សូមបង្វិលយើងខ្ញុំមកវិញ សូមទ្រង់លែងមានសេចក្ដីគ្នាន់ក្នាញ់ចំពោះយើងខ្ញុំផង
5 តើទ្រង់នឹងខ្ញាល់ចំពោះយើងខ្ញុំជាដរាបឬ តើនឹងបន្លាយសេចក្ដីខ្ញាល់ទ្រង់ ដរាបដល់គ្រប់ទាំងដំណតទៅឬអី
6 តើទ្រង់មិនប្រោសឲ្យយើងខ្ញុំមានជីវិតឡើងវិញ ដើម្បីឲ្យរាស្ត្ររបស់ទ្រង់បានរីករាយក្នុងទ្រង់ទេឬអី
7 ឱព្រះយេហូវ៉ាអើយ សូមសម្ដែងសេចក្ដីសប្បុរសរបស់ ទ្រង់ឲ្យយើងខ្ញុំឃើញ ហើយប្រោសសេចក្ដីសង្គ្រោះនៃទ្រង់ដល់យើងខ្ញុំផង។
8 ៙ ខ្ញុំនឹងស្តាប់សេចក្ដីដែលព្រះយេហូវ៉ាដ៏ជាព្រះ ទ្រង់នឹងមានព្រះបន្ទូលមក ដ្បិតទ្រង់នឹងមានព្រះបន្ទូលពីសេចក្ដីសុខដល់រាស្ត្រទ្រង់ និងពួកអ្នកបរិសុទ្ធរបស់ទ្រង់ កុំឲ្យតែគេវិលត្រឡប់ទៅឯសេចក្ដីចម្កួតទៀតឡើយ
9 ពិតប្រាកដជាសេចក្ដីសង្គ្រោះរបស់ទ្រង់ នៅជិតនឹងអស់អ្នកដែលកោតខ្លាចដល់ទ្រង់ ដើម្បីឲ្យមានសេចក្ដីរុងរឿងនៅក្នុងស្រុករបស់យើង
10 សេចក្ដីសប្បុរស និងសេចក្ដីពិតត្រង់ បានជួបគ្នា សេចក្ដីសុចរិត និងសេចក្ដីមេត្រី បានថើបគ្នា
11 សេចក្ដីពិតត្រង់ពន្លកចេញពីដីមក ហើយសេចក្ដីសុចរិតក៏មើលពីលើស្ថានសួគ៌ដែរ
12 អើ ព្រះយេហូវ៉ាទ្រង់នឹងប្រោសប្រទានសេចក្ដីដ៏ល្អ ហើយស្រុកយើងនឹងបង្កើតផលចម្រើន
13 សេចក្ដីសុចរិតនឹងដើរនៅចំពោះទ្រង់ ហើយនិងដាក់យើងនៅក្នុងផ្លូវ តាមដានព្រះបាទទ្រង់។
Psalm 86
1 ឱព្រះយេហូវ៉ាអើយ សូមផ្ទៀងព្រះកាណ៌មកស្តាប់ ហើយតបមកទូលបង្គំផង ពីព្រោះទូលបង្គំទាល់ក្រ ហើយខ្វះខាត
2 សូមការពារព្រលឹងទូលបង្គំ ដ្បិតទូលបង្គំជាអ្នកជ្រះថ្លា ឱព្រះនៃទូលបង្គំអើយ សូមជួយសង្គ្រោះអ្នកបម្រើដែលទុកចិត្តដល់ទ្រង់
3 ឱព្រះអម្ចាស់អើយ សូមអាណិតមេត្តាដល់ទូលបង្គំផង ដ្បិតទូលបង្គំអំពាវនាវដល់ទ្រង់ជាដរាបរាល់ថ្ងៃ
4 សូមបណ្តាលឲ្យព្រលឹងនៃអ្នកបម្រើទ្រង់ បានរីករាយឡើង ពីព្រោះ ឱព្រះអម្ចាស់អើយ ទូលបង្គំលើកព្រលឹងថ្វាយដល់ទ្រង់
5 ដ្បិតឱព្រះអម្ចាស់អើយ ទ្រង់ល្អ ទ្រង់បម្រុងតែនឹងអត់ទោស ក៏មានសេចក្ដីសប្បុរសជាបរិបូរ ចំពោះអស់អ្នកណាដែលអំពាវនាវដល់ទ្រង់
6 ឱព្រះយេហូវ៉ាអើយ សូមផ្ទៀងព្រះកាណ៌មក ចំពោះសេចក្ដីអធិស្ឋានរបស់ទូលបង្គំ ហើយស្តាប់សំឡេងដែលទូលបង្គំអង្វរផង
7 នៅថ្ងៃវេទនា នោះទូលបង្គំនឹងអំពាវនាវដល់ទ្រង់ ពីព្រោះទ្រង់នឹងឆ្លើយតបមក
8 ឱព្រះអម្ចាស់អើយ នៅក្នុងអស់ទាំងពួកព្រះ គ្មានណាមួយឲ្យដូចជាទ្រង់ឡើយ ក៏គ្មានការអ្វីឲ្យដូចជាការរបស់ទ្រង់ដែរ
9 ឱព្រះអម្ចាស់អើយ អស់ទាំងសាសន៍ដែលទ្រង់បានបង្កើត គេនឹងមកក្រាបថ្វាយបង្គំនៅចំពោះទ្រង់ ហើយគេនឹងលើកតម្កើងព្រះនាមទ្រង់
10 ដ្បិតទ្រង់ធំប្រសើរ ហើយក៏ធ្វើការយ៉ាងអស្ចារ្យ ទ្រង់ជាព្រះតែមួយអង្គឯង
11 ឱព្រះយេហូវ៉ាអើយ សូមបង្រៀនទូលបង្គំឲ្យស្គាល់ផ្លូវនៃទ្រង់ ទូលបង្គំនឹងដើរក្នុងសេចក្ដីពិតរបស់ទ្រង់ សូមបំព្រួមចិត្តទូលបង្គំមកឲ្យកោតខ្លាចដល់ព្រះនាមទ្រង់
12 ឱព្រះអម្ចាស់ ជាព្រះនៃទូលបង្គំអើយ ទូលបង្គំនឹងសរសើរទ្រង់ឲ្យអស់ពីចិត្ត ហើយនិងលើកតម្កើងព្រះនាមទ្រង់ជាដរាបតទៅ
13 ដ្បិតទ្រង់មានសេចក្ដីសប្បុរសយ៉ាងខ្លាំង ចំពោះទូលបង្គំ ទ្រង់បានប្រោសព្រលឹងទូលបង្គំ ឲ្យរួចពីស្ថានឃុំព្រលឹងមនុស្សស្លាប់ដ៏ជ្រៅបំផុត
14 ឱព្រះអង្គអើយ មនុស្សឆ្មើងឆ្មៃបានលើកគ្នាឡើង ទាស់នឹងទូលបង្គំហើយ មានពួកមនុស្សច្រឡោតស្វែងរកជីវិតទូលបង្គំ គេមិនបានតាំងទ្រង់នៅមុខគេទេ
15 តែឱព្រះអម្ចាស់អើយ ទ្រង់ជាព្រះដ៏ប្រកបដោយមេត្តា ករុណា និងអាណិតអាសូរ ក៏ទ្រង់យឺតនឹងខ្ញាល់ ហើយមានសេចក្ដីសប្បុរស និងសេចក្ដីពិតត្រង់ជាបរិបូរ
16 ឱសូមវិលមកឯទូលបង្គំវិញ ហើយអាណិតមេត្តាដល់ទូលបង្គំផង សូមប្រទានកម្លាំងរបស់ទ្រង់ មកទូលបង្គំជាអ្នកបម្រើទ្រង់ ហើយជួយសង្គ្រោះកូនរបស់ស្ត្រីជាអ្នកបម្រើទ្រង់ដែរ
17 សូមសម្ដែងទីសម្គាល់១ពីសេចក្ដីល្អ ដែលនឹងប្រោសដល់ទូលបង្គំ ដើម្បីឲ្យពួកអ្នកដែលស្អប់ទូលបង្គំបានឃើញ ហើយមានសេចក្ដីខ្មាសវិញ ដោយព្រោះទ្រង់ ឱព្រះយេហូវ៉ាអើយ ទ្រង់បានជួយ ហើយកំសាន្តចិត្តនៃទូលបង្គំហើយ។
Psalm 87
1 ព្រះយេហូវ៉ាបានតាំងទីលំនៅរបស់ទ្រង់ នៅលើភ្នំបរិសុទ្ធ
2 ទ្រង់ស្រឡាញ់អស់ទាំងទ្វារក្រុងស៊ីយ៉ូន ជាជាងអស់ទាំងទីអាស្រ័យរបស់យ៉ាកុប
3 ឱទីក្រុងរបស់ព្រះអង្គអើយ គេថ្លែងប្រាប់សេចក្ដីឧត្តុង្គឧត្តមពីឯង។ –បង្អង់
4 ៙ អញនឹងដំណាលពីរ៉ាហាប ហើយពីបាប៊ីឡូន ទុកជាពួកដែលស្គាល់អញ នុ៎ះន៍ សាសន៍ភីលីស្ទីន សាសន៍ទីរ៉ុស និងសាសន៍អេធីយ៉ូពីដែរ គឺនៅក្នុងក្រុងស៊ីយ៉ូនដែលគេបានកើតមក
5 អើ គេនឹងនិយាយពីក្រុងស៊ីយ៉ូនថា អ្នកនេះ១ អ្នកនោះ១ បានកើតនៅក្រុងនោះ ហើយគឺព្រះដ៏ខ្ពស់បំផុតដែលនឹងតាំងឲ្យមាំមួនដែរ
6 កាលណាព្រះយេហូវ៉ាទ្រង់ចុះបញ្ជីអស់ទាំងសាសន៍ នោះទ្រង់នឹងរាប់ថា អ្នកនោះបានកើតនៅក្រុងនោះឯង។ –បង្អង់
7 ហើយពួកអ្នកចម្រៀង និងពួកអ្នកលេងភ្លេង គេនឹងថា អស់ទាំងដើមហេតុនៃខ្ញុំនៅក្នុងឯងដែរ។
Psalm 88
1 ឱព្រះយេហូវ៉ា ជាព្រះដ៏ជួយសង្គ្រោះទូលបង្គំអើយ ទូលបង្គំបានអំពាវនាវនៅចំពោះទ្រង់ ទាំងយប់ទាំងថ្ងៃ
2 សូមឲ្យសេចក្ដីអធិស្ឋានរបស់ទូលបង្គំ បានចូលមកនៅចំពោះទ្រង់ សូមផ្ទៀងព្រះកាណ៌ស្តាប់ពាក្យទូលបង្គំទូលអង្វរផង
3 ដ្បិតព្រលឹងនៃទូលបង្គំមានពេញដោយសេចក្ដីវេទនា ជីវិតនៃទូលបង្គំក៏កាន់តែជិតស្ថានឃុំព្រលឹងមនុស្សស្លាប់
4 គេរាប់ទូលបង្គំជាមួយនឹងពួកអ្នកដែលកំពុងតែ ចុះទៅក្នុងរណ្តៅ ទូលបង្គំក៏ដូចជាមនុស្សដែលគ្មានកម្លាំង
5 ត្រូវបោះបង់ចោលនៅកណ្តាលពួកមនុស្សស្លាប់ហើយ ដូចជាអ្នក១ដែលត្រូវគេកាប់សម្លាប់ ដែលដេកនៅក្នុងផ្នូរ ជាអ្នកដែលទ្រង់មិននឹកចាំទៀតសោះ ហើយត្រូវកាត់ចេញពីព្រះហស្តទ្រង់ទៅ
6 ទ្រង់បានផ្តេកទូលបង្គំនៅក្នុងរណ្តៅជ្រៅបំផុត គឺក្នុងទីងងឹត នៅទីជម្រៅ
7 សេចក្ដីក្រោធរបស់ទ្រង់កំពុងតែសង្កត់លើទូលបង្គំជាធ្ងន់ ទ្រង់បានធ្វើទុក្ខទូលបង្គំ ដោយអស់ទាំងរលកទ្រង់។ –បង្អង់
8 ៙ ទ្រង់បានធ្វើឲ្យពួកមិត្តភក្តិរបស់ទូលបង្គំឃ្លាតឆ្ងាយទៅ ក៏បានធ្វើឲ្យទូលបង្គំត្រឡប់ជាទីខ្ពើមឆ្អើមដល់គេ ទូលបង្គំត្រូវបង្ខាំងនៅ និងចេញមកមិនរួច
9 ភ្នែកទូលបង្គំស្រវាំងទៅ ដោយសេចក្ដីទុក្ខព្រួយ ឱព្រះយេហូវ៉ាអើយ ទូលបង្គំបានទូលអង្វរដល់ទ្រង់រាល់តែថ្ងៃជានិច្ច ទូលបង្គំបានប្រទូលដៃចំពោះទ្រង់
10 តើទ្រង់នឹងសម្ដែងការអស្ចារ្យ ដល់មនុស្សដែលស្លាប់ហើយឬ តើអ្នកដែលស្លាប់នឹងងើបឡើងសរសើរដល់ទ្រង់ដែរឬ។ –បង្អង់
11 ៙ តើនឹងមានគេថ្លែងពីសេចក្ដីសប្បុរសទ្រង់នៅក្នុងផ្នូរ ឬពីសេចក្ដីស្មោះត្រង់របស់ទ្រង់ នៅទីហិនវិនាសដែរអី
12 តើនឹងមានអ្នកណាស្គាល់ការអស្ចារ្យរបស់ទ្រង់ នៅក្នុងទីងងឹត ឬសេចក្ដីសុចរិតទ្រង់នៅស្ថានភ្លេចភ្លាំងបានឬទេ
13 ប៉ុន្តែ ឱព្រះយេហូវ៉ាអើយ ទូលបង្គំបានអំពាវនាវដល់ទ្រង់ នៅពេលព្រឹកសេចក្ដីអធិស្ឋានរបស់ទូលបង្គំ នឹងមកចំពោះទ្រង់
14 ឱព្រះយេហូវ៉ាអើយ ហេតុអ្វីបានជាទ្រង់បោះបង់ព្រលឹងនៃទូលបង្គំចោល ម្តេចក៏ទ្រង់លាក់ព្រះភ័ក្ត្រនឹងទូលបង្គំដូច្នេះ
15 ទូលបង្គំមានទុក្ខវេទនា ហើយប្រុងប្រៀបនឹងស្លាប់ តាំងតែពីក្មេងមក កាលទូលបង្គំកំពុងតែរងទ្រាំអស់ទាំងសេចក្ដីស្ញែងខ្លាច របស់ទ្រង់ នោះទូលបង្គំមានចិត្តស្ពឹកស្រពន់
16 សេចក្ដីក្រោធដ៏សហ័សរបស់ទ្រង់បានហូរគ្រប លើទូលបង្គំហើយ សេចក្ដីស្ញែងខ្លាចរបស់ទ្រង់បានកាត់ទូលបង្គំចេញ
17 សេចក្ដីទាំងនោះបានឡោមព័ទ្ធទូលបង្គំជុំវិញ ដូចជាទឹក ជាដរាបរាល់ថ្ងៃ ក៏នាំគ្នារឹតរួតទូលបង្គំទាំងអស់
18 ទ្រង់បានធ្វើឲ្យទាំងអ្នកដែលស្រឡាញ់ទូលបង្គំ និងពួកភឿនឃ្លាតឆ្ងាយពីទូលបង្គំទៅ ពួកមិត្តភក្តិរបស់ទូលបង្គំក៏បាត់ទៅ ក្នុងសេចក្ដីងងឹតហើយ។
Psalm 89
1 ទូលបង្គំនឹងច្រៀងពីព្រះគុណនៃព្រះយេហូវ៉ា ជាដរាប មាត់ទូលបង្គំនឹងសម្ដែងឲ្យស្គាល់សេចក្ដីស្មោះត្រង់ របស់ទ្រង់ រហូតដល់អស់ទាំងដំណតទៅ
2 ដ្បិតទូលបង្គំបានពោលហើយថា ព្រះគុណនឹងបានតាំងឡើង ឲ្យនៅអស់កល្បជានិច្ច ទ្រង់ក៏នឹងតាំងសេចក្ដីស្មោះត្រង់របស់ទ្រង់ នៅលើស្ថានសួគ៌ផង។
3 ៙ អញបានតាំងសញ្ញានឹងអ្នកដែលអញបានរើសតាំង អញបានស្បថនឹងដាវីឌជាអ្នកបម្រើអញថា
4 អញនឹងតាំងពូជពង្សឯង ឲ្យនៅអស់កល្បជានិច្ច ក៏នឹងតម្កល់រាជ្យឯង ឲ្យនៅគ្រប់ទាំងដំណតទៅ ។ បង្អង់
5 ៙ ឱព្រះយេហូវ៉ាអើយ ផ្ទៃមេឃនឹងសរសើរការអស្ចារ្យ របស់ទ្រង់ ព្រមទាំងសេចក្ដីស្មោះត្រង់ទ្រង់ផង នៅក្នុងពួកជំនុំនៃអស់អ្នកបរិសុទ្ធ
6 ដ្បិតតើមានអ្នកណានៅលើមេឃ ដែលផ្ទឹមនឹងព្រះយេហូវ៉ាបាន ក្នុងអស់ពួកខ្លាំងពូកែ តើមានអ្នកណាឲ្យដូចព្រះយេហូវ៉ា
7 ជាព្រះដែលគួរស្ញែងខ្លាចណាស់ នៅក្នុងទីប្រជុំនៃអស់អ្នកបរិសុទ្ធ ក៏គួរកោតខ្លាច លើសជាងអស់អ្នកនៅជុំវិញទ្រង់ផង
8 ឱព្រះយេហូវ៉ាជាព្រះនៃពួកពលបរិវារអើយ តើមានអ្នកណាខ្លាំងពូកែដូចជាទ្រង់ ឱព្រះយេហូវ៉ាអើយ សេចក្ដីស្មោះត្រង់របស់ទ្រង់ ក៏នៅព័ទ្ធជុំវិញទ្រង់
9 ទ្រង់បង្ក្រាបការលើកកំពស់នៃសមុទ្រ កាលណារលកកម្រើកឡើង នោះទ្រង់បន្ទ្រោមចុះឲ្យស្ងប់វិញ
10 ទ្រង់បានកម្ទេចកំទីពួករ៉ាហាប ដូចជាមនុស្សដែលគេវាយសម្លាប់ ទ្រង់បានកម្ចាត់កម្ចាយពួកខ្មាំងសត្រូវទៅ ដោយព្រះពាហុដ៏មានឫទ្ធិ
11 ផ្ទៃមេឃជារបស់ផងទ្រង់ ព្រមទាំងផែនដីផង ឯលោកីយ៍ និងសព្វសារពើដែលនៅក្នុងលោកីយ៍ នោះគឺទ្រង់បានសង់ឡើងដែរ
12 ទ្រង់បានបង្កើតទិសខាងជើង និងទិសខាងត្បូង ឯភ្នំតាបោរ និងភ្នំហ៊ើម៉ូន នោះក៏បានរីករាយចំពោះព្រះនាមទ្រង់
13 ទ្រង់មានព្រះពាហុខ្លាំងពូកែ ព្រះហស្តទ្រង់មានឫទ្ធិខ្លាំង ព្រះហស្តស្តាំទ្រង់ក៏ខ្ពស់ណាស់
14 សេចក្ដីសុចរិត និងសេចក្ដីយុត្តិធម៌ ជាជើងថ្កល់នៃបល្ល័ង្កទ្រង់ សេចក្ដីសប្បុរស និងសេចក្ដីពិតត្រង់ ដើរនាំមុខទ្រង់
15 មានពរហើយ សាសន៍ណាដែលស្គាល់សំឡេង រីករាយនោះ ឱព្រះយេហូវ៉ាអើយ គេដើរនៅក្នុងពន្លឺនៃព្រះភ័ក្ត្រទ្រង់
16 គេមានចិត្តរីករាយ ដោយព្រះនាមទ្រង់ជាដរាបរាល់ថ្ងៃ ហើយគេបានតម្កើងឡើង ដោយសេចក្ដីសុចរិតរបស់ទ្រង់
17 ដ្បិតទ្រង់ជាសិរីល្អនៃកម្លាំងគេ ហើយទ្រង់នឹងលើកអំណាចយើងខ្ញុំឡើងដោយព្រះគុណ
18 ដ្បិតព្រះយេហូវ៉ាទ្រង់ជាខែលរបស់យើងខ្ញុំ ហើយព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ទ្រង់ជាមហាក្សត្រនៃយើងខ្ញុំ ។
19 ៙ គ្រានោះ ទ្រង់មានព្រះបន្ទូលដល់អ្នកបរិសុទ្ធទ្រង់ ដោយការជាក់ស្តែងថា អញបានបន្ថែមសេចក្ដីជំនួយដល់អ្នក១ដែលខ្លាំងពូកែ អញបានរើសយកអ្នកមួយ ។ចេញពីរាស្ត្រតាំងឡើងហើយ
20 គឺអញបានរកឃើញដាវីឌ ជាអ្នកបម្រើអញ ក៏បានចាក់ប្រេងតាំងឡើង ដោយប្រេងបរិសុទ្ធរបស់អញ
21 ដៃអញនឹងទប់ទល់ ឯដើមដៃអញ នឹងចម្រើនកម្លាំងឲ្យ
22 ពួកខ្មាំងសត្រូវនឹងមិនដែលទារអាករ ហើយពួកមនុស្សអាក្រក់ក៏មិនដែលសង្កត់សង្កិនឡើយ
23 អញនឹងវាយពួកតតាំងនឹងដាវីឌ ឲ្យដួលនៅចំពោះមុខ ហើយនិងវាយអស់អ្នកដែលស្អប់ផងដែរ
24 សេចក្ដីស្មោះត្រង់ និងសេចក្ដីសប្បុរសរបស់អញ នឹងនៅជាមួយ ហើយអំណាចរបស់ដាវីឌនឹងបានតម្កើងឡើង ដោយឈ្មោះអញ
25 អញនឹងតាំងឲ្យមានអំណាចនៅលើសមុទ្រ ហើយឲ្យដៃស្តាំបានគ្រប់គ្រងលើអស់ទាំងទន្លេ
26 ដាវីឌនឹងអំពាវនាវដល់អញថា ទ្រង់ជាព្រះវរបិតានៃទូលបង្គំ គឺជាព្រះនៃទូលបង្គំ ហើយជាថ្មដាដ៏ជួយសង្គ្រោះ ទូលបង្គំផង
27 ឯអញៗនឹងតាំងឡើង ឲ្យធ្វើជាកូនច្បងរបស់អញ គឺជាមហាក្សត្រយ៉ាងខ្ពស់បំផុតនៅផែនដី
28 អញនឹងបម្រុងទុកសេចក្ដីសប្បុរសរបស់អញ សម្រាប់ដាវីឌនៅអស់កល្បជានិច្ច ហើយសេចក្ដីសញ្ញារបស់អញនឹងនៅជាប់ជាមួយ
29 អញនឹងធ្វើឲ្យពូជពង្សដាវីឌនៅជាប់ជាដរាប ហើយឲ្យរាជ្យបាននៅអស់កាលដែលផ្ទៃមេឃ មាននៅផង
30 បើកូនចៅរបស់ដាវីឌបោះបង់ចោលច្បាប់អញ ឥតប្រតិបត្តិតាមបញ្ញត្តអញ
31 បើគេក្បត់ក្រឹត្យក្រមរបស់អញ ឥតរក្សាសេចក្ដីបង្គាប់ឡើយ
32 នោះអញនឹងធ្វើទោសចំពោះការរំលងរបស់គេ ដោយដំបង ហើយចំពោះការទុច្ចរិតរបស់គេដោយស្នាមរំពាត់។
33 ៙ ប៉ុន្តែ អញនឹងមិនដកសេចក្ដីសប្បុរសរបស់អញចេញ ពីដាវីឌឡើយ ក៏មិនឲ្យសេចក្ដីស្មោះត្រង់របស់អញខាតខានដែរ
34 អញនឹងមិនក្បត់សេចក្ដីសញ្ញារបស់អញ ឬបំផ្លាស់បំប្រែសេចក្ដីដែលបានចេញពីបបូរមាត់អញឡើយ
35 អញបានស្បថម្តងហើយ ដោយនូវសេចក្ដីបរិសុទ្ធ របស់អញថា អញមិនព្រមពោលកុហកដល់ដាវីឌឡើយ
36 ពូជពង្សដាវីឌនឹងស្ថិតស្ថេរនៅជារៀងរាបដរាប ហើយរាជ្យនឹងជាប់នៅចំពោះអញដូចជាព្រះអាទិត្យដែរ
37 រាជ្យនោះនឹងបានតាំងនៅជាប់អស់កល្បជានិច្ច ដូចជាព្រះចន្ទ គឺដូចជាទីសម្គាល់ស្មោះត្រង់ដែលនៅលើមេឃ។ បង្អង់
38 ៙ ប៉ុន្តែ ទ្រង់បានបោះបង់ចោល ហើយបណ្តេញទៅ ទ្រង់មានសេចក្ដីក្រោធនឹងអ្នកដែលទ្រង់ចាក់ប្រេងតាំងឲ្យ
39 ទ្រង់បានលើកចោលសេចក្ដីសញ្ញានៃអ្នកបម្រើទ្រង់ ក៏បានបង្អាប់មកុដ ដោយបោះចុះទៅដី
40 ទ្រង់បានរំលំរបងចេញ ហើយបានបំផ្លាញទីមាំមួនអស់រលីង
41 អស់អ្នកដែលដើរតាមផ្លូវក៏ប្លន់ អ្នកបម្រើទ្រង់បានត្រឡប់ជាទីត្មះតិះដៀល ដល់ពួកអ្នកជិតខាង
42 ទ្រង់បានលើកដៃស្តាំនៃពួកតតាំងឡើង ក៏បានឲ្យពួកខ្មាំងសត្រូវមានសេចក្ដីរីករាយសាទរ
43 ទ្រង់បានធ្វើឲ្យមុខដាវត្រឡប់មកវិញ ហើយមិនបានឲ្យអ្នកបម្រើទ្រង់ ឈរមាំនៅក្នុងទីចម្បាំងឡើយ
44 ទ្រង់បានផ្តាច់សេចក្ដីរុងរឿងចេញ ព្រមទាំងទម្លាក់បល្ល័ង្កទៅដី
45 ទ្រង់បានបំព្រួញវ័យក្មេងរបស់អ្នកបម្រើទ្រង់ឲ្យរួញជាខ្លី ហើយបានបង្គ្រប ដោយសេចក្ដីខ្មាសផង។ –បង្អង់
46 ៙ ឱព្រះយេហូវ៉ាអើយ តើដល់កាលណាទៅ តើទ្រង់នឹងពួនអង្គទ្រង់នៅជានិច្ចឬ សេចក្ដីក្រោធរបស់ទ្រង់នឹងឆួលឆេះដូចជាភ្លើង ដល់កាលណាទៀត
47 ឱសូមទ្រង់នឹកចាំពីអាយុទូលបង្គំដែលខ្លីម៉្លេះនេះ ហើយពីជីវិតនៃអស់ទាំងមនុស្សជាតិ ដែលឥតប្រយោជន៍ជាយ៉ាងណា
48 តើមានមនុស្សឯណា ដែលនឹងរស់នៅឥតឃើញ សេចក្ដីស្លាប់ឡើយ ឬដែលដោះព្រលឹងខ្លួន ឲ្យរួចពីអំណាចនៃស្ថាន ឃុំព្រលឹងមនុស្សស្លាប់ទៅបាន។ –បង្អង់
49 ៙ ឱព្រះអម្ចាស់អើយ អស់ទាំងសេចក្ដីសប្បុរស ដែលទ្រង់ប្រោសកាលពីដើម ជាសេចក្ដីដែលទ្រង់បានស្បថដល់ដាវីឌ ដោយសេចក្ដីស្មោះត្រង់របស់ទ្រង់នោះ ឥឡូវនេះ តើនៅឯណា
50 ឱព្រះអម្ចាស់អើយ សូមទ្រង់នឹកចាំពីសេចក្ដីដែល គេត្មះតិះដៀលដល់ពួកអ្នកបម្រើទ្រង់ ហើយពីទូលបង្គំទ្រាំរងសេចក្ដីដំណៀលរបស់បណ្តាជន ទាំងឡាយនៅក្នុងទ្រូងផង
51 ឱព្រះយេហូវ៉ាអើយ ពួកខ្មាំងបានយកសេចក្ដីដំណៀលនោះឯង មកត្មះតិះដៀលដល់ទូលបង្គំដែរ គឺគេបានត្មះតិះដៀលដល់អស់ទាំងជំហាននៃអ្នក ដែលទ្រង់បានចាក់ប្រេងតាំងឲ្យ។
52 ៙ សូមឲ្យព្រះយេហូវ៉ាបានប្រកបដោយព្រះពរ នៅអស់កល្បជានិច្ច អាម៉ែន ហើយអាម៉ែន។
Psalm 90
1 ឱព្រះអម្ចាស់អើយ ទ្រង់បានធ្វើជាទីអាស្រ័យនៅនៃយើងខ្ញុំ នៅអស់ទាំងដំណតមក
2 គឺមុនដែលអស់ទាំងភ្នំបានកើតឡើង ក្នុងកាលដែលទ្រង់មិនទាន់បង្កើតផែនដី និងមនុស្សលោកនៅឡើយ ចាប់តាំងពីអស់កល្បរៀងទៅ ដល់អស់កល្បជានិច្ច នោះគឺទ្រង់ហើយជាព្រះ
3 ទ្រង់ធ្វើឲ្យមនុស្សត្រឡប់ទៅជាធូលីដីវិញ ដោយព្រះបន្ទូលថា អស់ទាំងមនុស្សជាតិអើយ ចូរត្រឡប់វិលទៅវិញចុះ
4 ដ្បិតនៅព្រះនេត្រទ្រង់ នោះ១ពាន់ឆ្នាំរាប់ដូចជាថ្ងៃម្សិល ដែលកន្លងហួសទៅហើយ ក៏ដូចជាយាម១ក្នុងវេលាយប់ប៉ុណ្ណោះ
5 ទ្រង់កៀរយកគេទៅ ដូចជាទឹកជន់ ដូចជាដេកលក់មួយស្របក់ប៉ុណ្ណោះ នៅពេលព្រឹកគេធៀបដូចជាស្មៅដែលលាស់ឡើង
6 គឺនៅពេលព្រឹកវារីកផ្កា ហើយលាស់ឡើង ដល់ល្ងាចគេត្រូវច្រូតកាត់ទៅ ហើយក៏ក្រៀមស្វិតវិញ
7 ដ្បិតយើងខ្ញុំត្រូវវិនាសទៅដោយសេចក្ដីខ្ញាល់របស់ទ្រង់ ហើយសេចក្ដីក្រោធរបស់ទ្រង់ក៏បំភ័យយើងខ្ញុំ
8 ទ្រង់បានដាក់អស់ទាំងអំពើទុច្ចរិត របស់យើងខ្ញុំនៅចំពោះទ្រង់ ព្រមទាំងអំពើបាបដែលយើងខ្ញុំប្រព្រឹត្តដោយលាក់កំបាំង ឲ្យនៅក្នុងពន្លឺនៃព្រះភ័ក្ត្រទ្រង់ផង
9 ដ្បិតអស់ទាំងថ្ងៃអាយុរបស់យើងខ្ញុំបានកន្លងបាត់ទៅ ដោយសេចក្ដីក្រោធនៃទ្រង់ យើងខ្ញុំបង្ហើយអាយុយើងខ្ញុំដូចជាសូរថ្ងូរ
10 កំណត់អាយុនៃយើងខ្ញុំ គឺបានត្រឹម៧០ឆ្នាំទេ ឬបើមានកម្លាំងច្រើន នោះបានដល់៨០ឆ្នាំប៉ុណ្ណោះ គង់តែអ្វីៗដែលជាទីអួតក្នុងឆ្នាំទាំងនោះ សុទ្ធតែជាការនឿយលំបាក និងសេចក្ដីទុក្ខព្រួយទទេ ដ្បិតអាយុយើងខ្ញុំឆាប់កន្លងទៅ ហើយយើងខ្ញុំហើរទៅបាត់
11 តើមានអ្នកណាដែលស្គាល់អំណាចនៃសេចក្ដីខ្ញាល់ និងសេចក្ដីក្រោធរបស់ទ្រង់ តាមដែលគួរកោតខ្លាចដល់ទ្រង់នោះ
12 ដូច្នេះ សូមបង្រៀនឲ្យយើងខ្ញុំចេះកំណត់រាប់ថ្ងៃអាយុ នៃយើងខ្ញុំ ដើម្បីឲ្យយើងខ្ញុំមានចិត្តខ្មីឃ្មាត ឲ្យបានសតិបញ្ញា
13 ឱព្រះយេហូវ៉ាអើយ សូមវិលមកវិញ តើដល់កាលណាទៅ សូមសម្រាលព្រះហឫទ័យចំពោះពួកអ្នកបម្រើទ្រង់ផង
14 ឱសូមចម្អែតយើងខ្ញុំ ដោយសេចក្ដីសប្បុរសនៃទ្រង់ នៅពេលព្រឹក ដើម្បីឲ្យយើងខ្ញុំបានរីករាយឡើង ហើយមានសេចក្ដីអំណររហូតដល់អស់១ជីវិត
15 សូមឲ្យយើងខ្ញុំបានថ្ងៃអរសប្បាយ ឲ្យស្មើនឹងថ្ងៃ ដែលទ្រង់បានធ្វើទុក្ខដល់យើងខ្ញុំហើយ គឺឲ្យស្មើនឹងអស់ទាំងឆ្នាំ ដែលយើងខ្ញុំទ្រាំរង សេចក្ដីអាក្រក់នោះ
16 សូមឲ្យកិច្ចការរបស់ទ្រង់សម្ដែងមកច្បាស់ ដល់ពួកអ្នកបម្រើទ្រង់ ហើយឲ្យឃើញសិរីល្អនៃទ្រង់ស្ថិតលើកូនចៅគេផង
17 សូមឲ្យព្រះគុណនៃព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំ បានសណ្ឋិតលើយើងខ្ញុំ ហើយតាំងការនៃដៃយើងខ្ញុំឲ្យខ្ជាប់ខ្ជួនឡើង អើ សូមតាំងការនៃដៃយើងខ្ញុំឲ្យស្ថិតស្ថេរចុះ។
Psalm 91
1 អ្នកណាដែលនៅជាប់ក្នុងទីកំបាំង នៃព្រះដ៏ខ្ពស់បំផុត នោះនឹងបានជ្រកនៅក្រោមម្លប់នៃព្រះដ៏មានគ្រប់ ព្រះចេស្តា។
2 ឯទូលបង្គំនឹងពោលពីព្រះយេហូវ៉ាថា ទ្រង់ជាទីពឹងពំនាក់ ជាបន្ទាយនៃទូលបង្គំ គឺជាព្រះនៃទូលបង្គំហើយ ទូលបង្គំទុកចិត្តនឹងទ្រង់។
3 ៙ ពិតប្រាកដជាទ្រង់នឹងជួយឲ្យឯងរួច ពីលប់របស់នាយព្រាន ហើយពីសេចក្ដីវេទនាដែលនាំឲ្យអន្តរាយ
4 ទ្រង់នឹងក្រុងឯងដោយស្លាបទ្រង់ ហើយឯងនឹងជ្រកនៅក្រោមចំអេងស្លាបរបស់ទ្រង់ សេចក្ដីពិតរបស់ទ្រង់ជាខែល ហើយជាអាវក្រោះ
5 ឯងនឹងមិនភ័យខ្លាចអ្វីឡើយ ទោះទាំងសេចក្ដីស្ញែងខ្លាចនៅពេលយប់ ឬព្រួញដែលហើរនៅពេលថ្ងៃ
6 ឬសេចក្ដីវេទនាដែលតែងមាននៅក្នុងទីងងឹត ឬសេចក្ដីហិនវិនាសដែលបំផ្លាញនៅពេលថ្ងៃត្រង់ផង
7 នឹងមានមនុស្ស១ពាន់នាក់ដួលស្លាប់នៅក្បែរឯង ហើយ១ម៉ឺននាក់នៅខាងដៃស្តាំឯងដែរ តែសេចក្ដីនោះនឹងមិនមកជិតឯងឡើយ
8 ឯងនឹងបានក្រឡេកឃើញការតបស្នង ដល់ពួកមនុស្សអាក្រក់ ដោយភ្នែកតែប៉ុណ្ណោះទេ
9 ពីព្រោះឯងបានថា ព្រះយេហូវ៉ាជាទីពឹងជ្រកនៃឯង គឺបានយកព្រះដ៏ខ្ពស់បំផុតជាទីលំនៅរបស់ឯង
10 យ៉ាងនោះ នឹងគ្មានសេចក្ដីអាក្រក់ណាកើតឡើង ដល់ឯងឡើយ ក៏គ្មានវេទនាណាមកជិតទីលំនៅរបស់ឯងដែរ
11 ដ្បិតទ្រង់នឹងបង្គាប់ដល់ពួកទេវតារបស់ទ្រង់ ពីដំណើរឯង ឲ្យបានថែរក្សាឯង ក្នុងគ្រប់ទាំងផ្លូវរបស់ឯង
12 ទេវតាទាំងនោះនឹងទ្រឯងដោយដៃ ក្រែងជើងឯងទង្គិចនឹងថ្ម
13 ឯងនឹងជាន់លើទាំងសត្វសិង្ហ និងពស់ហនុមានផង ឯសិង្ហស្ទាវ និងនាគ នោះឯងនឹងអាចជាន់ឈ្លីដោយជើងបាន។
14 ៙ ដោយព្រោះវាបានយកអញជាទីស្រឡាញ់ នោះអញនឹងជួយឲ្យរួច អញនឹងតាំងឡើងយ៉ាងខ្ពស់ ពីព្រោះវាបានស្គាល់ឈ្មោះអញ
15 វានឹងអំពាវនាវដល់អញ ហើយអញនឹងឆ្លើយតប អញនឹងនៅជាមួយនឹងវាក្នុងគ្រាទុក្ខលំបាក ក៏នឹងដោះឲ្យរួចចេញ ហើយនិងលើកមុខឲ្យ
16 អញនឹងឲ្យវាស្កប់ចិត្តដោយអាយុយឺនវែង ហើយនិងបង្ហាញឲ្យឃើញសេចក្ដីសង្គ្រោះរបស់អញ។
Psalm 92
1 នេះជាការល្អហើយ គឺដែលនឹងអរព្រះគុណដល់ព្រះយេហូវ៉ា ហើយច្រៀងសរសើរដល់ព្រះនាមនៃទ្រង់ ជាព្រះដ៏ខ្ពស់បំផុត
2 ព្រមទាំងសម្ដែងពីសេចក្ដីសប្បុរសនៃទ្រង់នៅពេលព្រឹក ហើយពីសេចក្ដីស្មោះត្រង់របស់ទ្រង់រាល់តែយប់
3 ដោយប្រដាប់ភ្លេងមានខ្សែ១០ និងពិណ ហើយដោយសូរចាប់ស៊ុងយ៉ាងរងំ
4 ដ្បិតឱព្រះយេហូវ៉ាអើយ ទ្រង់បានឲ្យទូលបង្គំមាន សេចក្ដីអំណរ ដោយកិច្ចការរបស់ទ្រង់ ទូលបង្គំនឹងបន្លឺឡើងដោយអំណរ ចំពោះការនៃព្រះហស្តទ្រង់
5 ឱព្រះយេហូវ៉ាអើយ អស់ទាំងកិច្ចការរបស់ទ្រង់ធំណាស់ហ្ន៎ ឯអស់ទាំងព្រះតម្រិះទ្រង់ក៏ជ្រៅណាស់ផង
6 មនុស្សកំរោលមិនដឹងទេ ហើយមនុស្សឥតបើគិតក៏មិនយល់សេចក្ដីនេះដែរ
7 វេលាណាដែលមនុស្សអាក្រក់ដុះដាលឡើងដូចជាស្មៅ ហើយអស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិតលូតលាស់ឡើង នោះគឺសម្រាប់តែឲ្យគេត្រូវវិនាសទៅ អស់កល្បជានិច្ចប៉ុណ្ណោះ
8 ប៉ុន្តែ ឯទ្រង់ ឱព្រះយេហូវ៉ាអើយ ទ្រង់ជាព្រះដ៏ខ្ពស់បំផុតដរាបដល់អស់កល្បរៀងទៅ
9 ដ្បិតឱព្រះយេហូវ៉ាអើយ សូមទតមើលពួកខ្មាំងសត្រូវទ្រង់ មើល ពួកខ្មាំងសត្រូវទ្រង់ គេត្រូវវិនាសហើយ អស់ពួកអ្នកដែលប្រព្រឹត្តអំពើទុច្ចរិត គេនឹងត្រូវខ្ចាត់ខ្ចាយទៅ
10 តែទ្រង់បានតម្កើងស្នែងរបស់ទូលបង្គំឡើង ដូចជាស្នែងនៃគោព្រៃ ទូលបង្គំមានប្រេងថ្មីចាក់លាបលើខ្លួនហើយ
11 ភ្នែកទូលបង្គំនឹងឃើញបំណងចិត្តកើតដល់ពួកខ្មាំង ហើយត្រចៀកទូលបង្គំនឹងឮនិយាយពីការ ដែលកើតដល់ពួកមនុស្សអាក្រក់ ជាពួកអ្នកដែលលើកគ្នាឡើងទាស់នឹងទូលបង្គំ
12 ឯមនុស្សសុចរិត គេនឹងលូតលាស់ឡើង ដូចជាដើមលម៉ើរ ក៏នឹងធំឡើង ដូចជាដើមតាត្រៅនៅលើភ្នំល្បាណូនដែរ
13 គេត្រូវដាំនៅក្នុងដំណាក់នៃព្រះយេហូវ៉ា គេដុះដាលឡើងនៅក្នុងទីលានរបស់ព្រះនៃយើងខ្ញុំ
14 កាលណាចាស់ហើយ នោះគេនឹងនៅតែកើតផល គេនឹងមានជ័រជាបរិបូរ ហើយនៅតែខៀវស្រស់
15 ដើម្បីនឹងសម្ដែងឲ្យឃើញថា ព្រះយេហូវ៉ាទ្រង់ទៀងត្រង់ ទ្រង់ជាថ្មដានៃខ្ញុំ គ្មានសេចក្ដីទុច្ចរិតណានៅក្នុងទ្រង់ឡើយ។
Psalm 93
1 ព្រះយេហូវ៉ាទ្រង់ជាអ្នកគ្រប់គ្រង ទ្រង់ប្រដាប់អង្គដោយភាពដ៏រុងរឿងឧត្តម ព្រះយេហូវ៉ាទ្រង់ប្រដាប់អង្គដោយតេជានុភាព ព្រមទាំងក្រវាត់អង្គដោយសេចក្ដីនោះដែរ ឯលោកីយ៍នោះបានតាំងមាំមួន នឹងរង្គើមិនបានឡើយ
2 បល្ល័ង្កទ្រង់បានតាំងនៅ ចាប់តាំងពីចាស់បូរាណ គឺមានទ្រង់តាំងតែពីអស់កល្បរៀងមក
3 ឱព្រះយេហូវ៉ាអើយ អស់ទាំងជំនន់បានជន់ឡើងជាធំ ជំនន់ទាំងប៉ុន្មានបានបន្លឺសំឡេងឡើង ជំនន់ទាំងនោះបានកម្រើកឡើងជារលកផ្ទប់ច្រាំង
4 ព្រះយេហូវ៉ាដ៏គង់នៅស្ថានខ្ពស់ ទ្រង់មានឫទ្ធិ ជាជាងសូរគ្រាំគ្រេងនៃទឹកធំ គឺជាងរលកគំហុកនៃសមុទ្រផង
5 ឱព្រះយេហូវ៉ាអើយ អស់ទាំងសេចក្ដីបន្ទាល់របស់ទ្រង់ សុទ្ធតែពិតប្រាកដ សេចក្ដីបរិសុទ្ធសំណំនៅដំណាក់ទ្រង់ នៅអស់កល្បតទៅផង។
Psalm 94
1 ឱព្រះយេហូវ៉ាជាព្រះនៃសេចក្ដីសងសឹកអើយ ឱព្រះនៃសេចក្ដីសងសឹកអើយ សូមភ្លឺមក
2 ឱចៅក្រមនៃផែនដីអើយ សូមទ្រង់ក្រោកឡើង សូមសងដល់ពួកឆ្មើងឆ្មៃតាមសមគួរ
3 មនុស្សអាក្រក់នឹងនៅមានជ័យជម្នះដល់កាលណាទៀត ឱព្រះយេហូវ៉ាអើយ តើដល់កាលណាទៅ
4 គេបង្ហូរចេញជាពាក្យព្រហើន ហើយពោលតែពាក្យ ឆ្មើងឆ្មៃប៉ុណ្ណោះ គឺអស់អ្នកដែលប្រព្រឹត្តអំពើអាក្រក់ គេរមែងអួតខ្លួន
5 ឱព្រះយេហូវ៉ាអើយ គេញាំញីរាស្ត្ររបស់ទ្រង់ ហើយធ្វើទុក្ខដល់មរដកទ្រង់
6 គេសម្លាប់ស្រីមេម៉ាយ និងពួកអ្នកស្នាក់នៅ ព្រមទាំងប្រហារជីវិតនៃពួកកំព្រាផង
7 ហើយពោលថា ព្រះយេហូវ៉ាមិនឃើញទេ ព្រះនៃយ៉ាកុប ទ្រង់មិនពិចារណាឡើយ
8 ឱពួកអ្នកកំរោលក្នុងបណ្តាជនអើយ ចូរពិចារណាចុះ ឱមនុស្សឥតបើគិតអើយ តើកាលណានឹងមានប្រាជ្ញាឡើង
9 ឯព្រះដែលទ្រង់បង្កើតត្រចៀក តើទ្រង់មិនឮទេឬ ព្រះដែលសូនធ្វើភ្នែក តើទ្រង់មិនឃើញទេឬ
10 ព្រះដែលវាយប្រដៅដល់អស់ទាំងសាសន៍ តើទ្រង់មិនផ្ចាលឯងទេឬអី គឺព្រះនោះឯង ដែលបង្រៀនឲ្យមនុស្សមានចំណេះ
11 ព្រះយេហូវ៉ាទ្រង់ជ្រាបអស់ទាំងគំនិតរបស់មនុស្សថា សុទ្ធតែឥតប្រយោជន៍ទទេ
12 ឱព្រះយេហូវ៉ាអើយ មានពរហើយ មនុស្សណាដែល ទ្រង់វាយផ្ចាល ហើយបង្ហាត់បង្រៀនតាមក្រឹត្យវិន័យទ្រង់ផង
13 គឺដើម្បីឲ្យទ្រង់បានប្រោស ឲ្យអ្នកនោះមានសេចក្ដី សម្រាកនៅថ្ងៃអាក្រក់ ទំរាំតែគេជីករណ្តៅសម្រាប់មនុស្សប្រព្រឹត្តទំនាស់
14 ដ្បិតព្រះយេហូវ៉ាទ្រង់នឹងមិនចោលរាស្ត្រទ្រង់ឡើយ ក៏មិនលះបង់មរដកទ្រង់ដែរ
15 ពីព្រោះសេចក្ដីវិនិច្ឆ័យនឹងត្រឡប់តាមសុចរិតវិញ ហើយអស់អ្នកដែលមានចិត្តទៀងត្រង់ គេនឹងប្រព្រឹត្តតាមដែរ
16 តើអ្នកណានឹងក្រោកឡើងជំនួសខ្ញុំ ដើម្បីទាស់នឹងពួក អ្នកដែលប្រព្រឹត្តការអាក្រក់ តើអ្នកណានឹងឈរឡើងជំនួសខ្ញុំ ដើម្បីទប់ទល់នឹងពួក ដែលប្រព្រឹត្តការទុច្ចរិត
17 បើប្រសិនជាព្រះយេហូវ៉ាទ្រង់មិនបានជួយខ្ញុំទេ នោះព្រលឹងខ្ញុំនឹងបានទៅនៅក្នុងទីស្ងាត់ឈឹង ដោយឆាប់ហើយ
18 កាលទូលបង្គំបានពោលថា ជើងទូលបង្គំរអិលភ្លាត់ហើយ នោះ ឱព្រះយេហូវ៉ាអើយ សេចក្ដីសប្បុរសនៃទ្រង់ បានទប់ទល់ទូលបង្គំ
19 គ្រាដែលទូលបង្គំមានគំនិតសាន់វុ័ណ្តក្នុងចិត្តជាច្រើន នោះសេចក្ដីកំសាន្តចិត្តនៃទ្រង់ក៏ជាទីរីករាយដល់ ព្រលឹងទូលបង្គំវិញ
20 តើបល្ល័ង្កនៃសេចក្ដីអាក្រក់ នឹងអាចមានសេចក្ដីប្រកប នឹងទ្រង់បានដែរឬ គឺជាពួកអ្នកដែលបង្កើតការប្រទូសរ៉ាយ ដោយអាងមាត្រាច្បាប់
21 គេលើកគ្នាទាស់នឹងជីវិតនៃមនុស្សសុចរិត ហើយក៏កាត់ទោសដល់ឈាមដែលឥតមានទោសផង 22ប៉ុន្តែ ព្រះយេហូវ៉ាទ្រង់ជាទីពឹងយ៉ាងខ្ពស់នៃទូលបង្គំ គឺព្រះនៃទូលបង្គំ ទ្រង់ជាថ្មដា ដែលទូលបង្គំពឹងពាក់បាន
23 ទ្រង់បានទម្លាក់ការទុច្ចរិតរបស់គេទៅលើគេវិញ ហើយនិងកាត់គេចេញ ដោយអំពើអាក្រក់របស់ខ្លួនគេ គឺព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំ ទ្រង់នឹងកាត់កាល់គេចេញ។
Psalm 95
1 មកចុះ យើងនឹងច្រៀងថ្វាយព្រះយេហូវ៉ា ចូរយើងឡើងសំឡេងដោយអំណរ ដល់ថ្មដានៃសេចក្ដីសង្គ្រោះរបស់យើង
2 ចូរយើងចូលទៅចំពោះទ្រង់ ដោយអរព្រះគុណ ចូរយើងឡើងសំឡេងថ្វាយទ្រង់ ដោយទំនុកតម្កើងចុះ
3 ដ្បិតព្រះយេហូវ៉ាទ្រង់ជាព្រះយ៉ាងធំ ហើយជាមហាក្សត្រយ៉ាងខ្ពស់លើអស់ទាំងព្រះ
4 អស់ទាំងទីជម្រៅនៃផែនដីនៅក្នុងព្រះហស្តទ្រង់ ហើយកំពូលភ្នំទាំងប៉ុន្មាន សុទ្ធតែជារបស់ផងទ្រង់ដែរ
5 សមុទ្រជារបស់ផងទ្រង់ គឺទ្រង់ដែលបានបង្កើតមក ហើយគឺព្រះហស្តទ្រង់ដែលបានសូនធ្វើដីគោក
6 មកចុះ ចូរយើងឱនកាយថ្វាយបង្គំទាំងអស់គ្នា ចូរយើងលុតជង្គង់នៅចំពោះព្រះយេហូវ៉ា ជាព្រះដ៏បង្កើតយើងខ្ញុំ
7 ដ្បិតទ្រង់ជាព្រះនៃយើងខ្ញុំហើយ យើងខ្ញុំក៏ជាហ្វូងចៀមនៅទីគង្វាលរបស់ទ្រង់ គឺជារាស្ត្រដែលនៅក្នុងព្រះហស្តទ្រង់ នៅថ្ងៃនេះ បើឯងរាល់គ្នាឮសំឡេងទ្រង់
8 នោះកុំឲ្យតាំងចិត្តរឹងរូស ដូចកាលនៅត្រង់មេរីបា ឬដូចកាលថ្ងៃនៅត្រង់ម៉ាសា ក្នុងទីរហោស្ថាននោះឡើយ
9 ជាគ្រាដែលពួកអយ្យកោឯងរាល់គ្នាបានល្បងអញ ព្រមទាំងលអញមើល ហើយបានឃើញការរបស់អញ
10 អញមានចិត្តជិនទ្រាន់នឹងមនុស្សដំណនោះអស់៤០ឆ្នាំ ហើយក៏ថា នេះជាបណ្តាមនុស្សដែលតែងតែមានចិត្តវង្វេង ឥតដែលស្គាល់ផ្លូវរបស់អញឡើយ
11 ដូច្នេះ អញបានស្បថ ដោយសេចក្ដីក្រោធរបស់អញថា វារាល់គ្នានឹងមិនដែលចូលមកក្នុងសេចក្ដីសម្រាក របស់អញឡើយ។
Psalm 96
1 ចូរច្រៀងបទថ្មីថ្វាយព្រះយេហូវ៉ា ចូរឲ្យជនទាំងឡាយ នៅផែនដីច្រៀងថ្វាយព្រះយេហូវ៉ាចុះ
2 ចូរច្រៀងថ្វាយព្រះយេហូវ៉ា ហើយក្រាបថ្វាយបង្គំដល់ព្រះនាមទ្រង់ ចូរសម្ដែងចេញនូវសេចក្ដីសង្គ្រោះ របស់ទ្រង់រាល់តែថ្ងៃតទៅ
3 ចូរថ្លែងប្រាប់ពីសិរីល្អទ្រង់ នៅកណ្តាលអស់ទាំងសាសន៍ ហើយពីការអស្ចារ្យរបស់ទ្រង់ នៅកណ្តាលបណ្តាជនទាំងឡាយ
4 ដ្បិតព្រះយេហូវ៉ាទ្រង់ធំប្រសើរ ហើយក៏គួរសរសើរណាស់ ទ្រង់ជាទីគួរកោតខ្លាចលើសជាងអស់ទាំងព្រះ
5 ពីព្រោះអស់ទាំងព្រះរបស់សាសន៍ដទៃ សុទ្ធតែជារបស់ឥតប្រយោជន៍ តែព្រះយេហូវ៉ាវិញ ទ្រង់បានបង្កើតផ្ទៃមេឃ
6 កិត្តិយស និងតេជានុភាពនៅចំពោះទ្រង់ ឥទ្ធិឫទ្ធិ និងភាពលំអនៅក្នុងទីបរិសុទ្ធរបស់ទ្រង់
7 ចូរថ្លែងប្រាប់ពីព្រះយេហូវ៉ា អស់ទាំងពូជពង្សនៃសាសន៍ទាំងឡាយអើយ ចូរថ្លែងប្រាប់ពីព្រះយេហូវ៉ាថា ទ្រង់មានសិរីល្អ និងព្រះចេស្តា
8 ចូរថ្លែងប្រាប់ពីព្រះយេហូវ៉ាថា ព្រះនាមទ្រង់មានសិរីល្អ ចូរនាំយកតង្វាយចូលមកក្នុងទីលានរបស់ទ្រង់
9 ចូរថ្វាយបង្គំដល់ព្រះយេហូវ៉ា ដោយពាក់គ្រឿងដ៏បរិសុទ្ធ ឱផែនដីទាំងមូលអើយ ចូរញាប់ញ័រនៅចំពោះទ្រង់ចុះ
10 ចូរពោលនៅកណ្តាលអស់ទាំងសាសន៍ ថាព្រះយេហូវ៉ាគ្រប់គ្រង ឯលោកីយ៍ក៏បានតាំងមាំមួននៅ និងរង្គើមិនបានឡើយ ទ្រង់នឹងជំនុំជម្រះគ្រប់ទាំងសាសន៍ដោយទៀងត្រង់
11 ចូរឲ្យផ្ទៃមេឃមានសេចក្ដីអំណរ ហើយឲ្យផែនដីបានរីករាយឡើង ឲ្យសមុទ្រលាន់ឮរំពងឡើង ព្រមទាំងរបស់សព្វសារពើនៅក្នុងនោះដែរ
12 ចូរឲ្យស្រែចម្ការ និងរបស់ទាំងប៉ុន្មាន ដែលមាននៅ ទីនោះ បានសប្បាយឡើងយ៉ាងក្រៃលែង នោះអស់ទាំងដើមឈើនៅព្រៃនឹងច្រៀង ដោយអំណរដែរ
13 គឺនៅចំពោះព្រះយេហូវ៉ា ដ្បិតទ្រង់យាងមក គឺទ្រង់យាងមក ដើម្បីជំនុំជម្រះផែនដី ទ្រង់នឹងជំនុំជម្រះលោកីយ៍ ដោយសេចក្ដីសុចរិត ព្រមទាំងសាសន៍ទាំងប៉ុន្មាន ដោយសេចក្ដីពិតត្រង់របស់ទ្រង់។
Psalm 97
1 ព្រះយេហូវ៉ាទ្រង់គ្រប់គ្រង គួរឲ្យផែនដីអរសប្បាយឡើង គួរឲ្យពួកកោះដ៏មានជាច្រើន មានសេចក្ដីអំណរដែរ
2 មានពពក និងសេចក្ដីងងឹតបាំងជុំវិញទ្រង់ សេចក្ដីសុចរិត និងសេចក្ដីយុត្តិធម៌ ជាជើងថ្កល់បល្ល័ង្កទ្រង់
3 មានភ្លើងចេញទៅនៅចំពោះទ្រង់ ឆេះបំផ្លាញពួកដែលតតាំងនឹងទ្រង់នៅជុំវិញ
4 ផ្លេកបន្ទោររបស់ទ្រង់ក៏បំភ្លឺលោកីយ៍ ផែនដីបានឃើញ ហើយញាប់ញ័រ
5 អស់ទាំងភ្នំបានរលាយទៅ ដូចជាក្រមួន នៅចំពោះព្រះយេហូវ៉ា គឺនៅចំពោះព្រះអម្ចាស់នៃផែនដីទាំងមូល
6 ផ្ទៃមេឃប្រកាសប្រាប់ពីសេចក្ដីសុចរិតរបស់ទ្រង់ ហើយគ្រប់ទាំងសាសន៍បានឃើញសិរីល្អនៃទ្រង់
7 សូមឲ្យអស់អ្នកដែលគោរពប្រតិបត្តិដល់រូបឆ្លាក់ មានសេចក្ដីខ្មាស គឺជាពួកអ្នកដែលអួតពីរូបព្រះទាំងប៉ុន្មាន នែ ព្រះទាំងឡាយ ចូរថ្វាយបង្គំដល់ទ្រង់ចុះ
8 ឱព្រះយេហូវ៉ាអើយ ក្រុងស៊ីយ៉ូនបានឮ ហើយក៏មានសេចក្ដីអំណរ ពួកកូនស្រីនៃសាសន៍យូដាបានរីករាយឡើង ដោយព្រោះបញ្ញត្តទាំងប៉ុន្មានរបស់ទ្រង់
9 ដ្បិតឱព្រះយេហូវ៉ាអើយ ទ្រង់ជាព្រះខ្ពស់បំផុត នៅលើផែនដីទាំងមូល ទ្រង់ថ្កើងឡើងយ៉ាងវិសេសជាងអស់ទាំងព្រះ
10 ឱពួកអ្នកដែលស្រឡាញ់ព្រះយេហូវ៉ាអើយ ចូរស្អប់ការអាក្រក់ចុះ ទ្រង់ទំនុកបម្រុងព្រលឹងនៃពួកអ្នកបរិសុទ្ធរបស់ទ្រង់ ក៏ជួយគេឲ្យរួចពីកណ្តាប់ដៃនៃពួកមនុស្សអាក្រក់
11 មានពន្លឺបានសាបព្រោះទៅ សម្រាប់មនុស្សសុចរិត និងសេចក្ដីអំណរ សម្រាប់មនុស្សដែលមានចិត្តទៀងត្រង់
12 ឱមនុស្សសុចរិតអើយ ចូរមានសេចក្ដីរីករាយ ក្នុងព្រះយេហូវ៉ា ហើយអរព្រះគុណ ឲ្យជាទីរឭកដល់សេចក្ដីបរិសុទ្ធ របស់ទ្រង់ចុះ។
Psalm 98
1 ចូរច្រៀងបទថ្មីថ្វាយព្រះយេហូវ៉ា ពីព្រោះទ្រង់បានធ្វើការយ៉ាងអស្ចារ្យ ព្រះហស្តស្តាំ និងព្រះពាហុដ៏បរិសុទ្ធរបស់ទ្រង់ បាននាំឲ្យទ្រង់មានជ័យជម្នះ
2 ព្រះយេហូវ៉ាទ្រង់បានសម្ដែងឲ្យស្គាល់សេចក្ដីសង្គ្រោះ របស់ទ្រង់ ទ្រង់ធ្វើឲ្យសេចក្ដីសុចរិតរបស់ទ្រង់បានប្រាកដច្បាស់ នៅចំពោះភ្នែកនៃអស់ទាំងសាសន៍
3 ទ្រង់បាននឹកចាំពីសេចក្ដីសប្បុរស និងសេចក្ដីស្មោះត្រង់ របស់ទ្រង់ ចំពោះវង្សអ៊ីស្រាអែលហើយ អស់ទាំងចុងផែនដីបានឃើញសេចក្ដីសង្គ្រោះរបស់ព្រះ នៃយើងខ្ញុំ
4 ចូរឡើងសំឡេងដោយអំណរថ្វាយព្រះយេហូវ៉ា ឱផែនដីទាំងមូលអើយ ចូរទម្លាយច្រៀងដោយអំណរ អើ ចូរច្រៀងសរសើរចុះ
5 ចូរច្រៀងបទសរសើរថ្វាយព្រះយេហូវ៉ាតាមស៊ុង គឺដោយចាប់ស៊ុង ហើយដោយសំឡេងដ៏ពីរោះ
6 ដោយត្រែ និងសូរស្នែងផង ចូរឡើងសំឡេងដោយអំណរ នៅចំពោះព្រះយេហូវ៉ាដ៏ជាមហាក្សត្រ
7 ចូរឲ្យសមុទ្រលាន់ឮរំពង ព្រមទាំងរបស់សព្វសារពើដែលនៅក្នុងនោះ ហើយលោកីយ៍ និងអស់អ្នកដែលនៅលោកីយ៍ផង
8 ចូរឲ្យអស់ទាំងទន្លេទះដៃ ហើយឲ្យភ្នំទាំងប៉ុន្មានច្រៀងជាមួយគ្នាដោយអំណរ
9 គឺនៅចំពោះព្រះយេហូវ៉ា ដ្បិតទ្រង់យាងមក ដើម្បីជំនុំជម្រះផែនដី ទ្រង់នឹងជំនុំជម្រះលោកីយ៍ ដោយសេចក្ដីសុចរិត ហើយអស់ទាំងសាសន៍ ដោយសេចក្ដីទៀងត្រង់។
Psalm 99
1 ព្រះយេហូវ៉ាទ្រង់គ្រប់គ្រង ត្រូវឲ្យអស់ទាំងសាសន៍ញាប់ញ័រ ទ្រង់គង់ពីលើចេរូប៊ីន ត្រូវឲ្យផែនដីកក្រើករំពើកចុះ
2 ព្រះយេហូវ៉ាទ្រង់ធំប្រសើរក្នុងក្រុងស៊ីយ៉ូន ទ្រង់ខ្ពស់លើសអស់ទាំងបណ្តាជន
3 ចូរឲ្យគេសរសើរដល់ព្រះនាមដ៏ធំ ហើយគួរស្ញែងខ្លាចរបស់ទ្រង់ចុះ ដ្បិតទ្រង់បរិសុទ្ធ។
4 ៙ ឯកម្លាំងនៃមហាក្សត្រ នោះគឺដោយស្រឡាញ់ សេចក្ដីយុត្តិធម៌ គឺទ្រង់ដែលតាំងឲ្យមានសេចក្ដីទៀងត្រង់ ទ្រង់ក៏សម្រេចតាមសេចក្ដីយុត្តិធម៌ និងសេចក្ដីសុចរិតនៅក្នុងពួកយ៉ាកុប
5 ចូរលើកតម្កើងព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំ ហើយថ្វាយបង្គំនៅទៀបកំណល់កល់ព្រះបាទទ្រង់ ដ្បិតទ្រង់បរិសុទ្ធ។
6 ៙ ឯម៉ូសេ និងអើរ៉ុន ក្នុងពួកសង្ឃ ហើយសាំយូអែល ក្នុងពួកអ្នកដែលអំពាវនាវដល់ព្រះនាមទ្រង់ គេបានអំពាវនាវដល់ព្រះនាមព្រះយេហូវ៉ា ហើយទ្រង់ក៏ទទួលព្រម
7 ទ្រង់មានព្រះបន្ទូលនឹងអ្នកទាំងនោះ នៅក្នុងបង្គោលពពក គេបានរក្សាសេចក្ដីបន្ទាល់របស់ទ្រង់ ព្រមទាំងក្រឹត្យក្រមដែលទ្រង់ប្រទានឲ្យផង
8 ឱព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំអើយ ទ្រង់បានមានព្រះបន្ទូលតបនឹងអ្នកទាំងនោះ ទ្រង់ជាព្រះដែលអត់ទោសឲ្យគេ ទោះបើទ្រង់បានធ្វើទោសចំពោះអំពើរបស់គេក៏ដោយ
9 ចូរលើកតម្កើងព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំ ហើយថ្វាយបង្គំនៅត្រង់ភ្នំបរិសុទ្ធរបស់ទ្រង់ចុះ ដ្បិតព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំ ទ្រង់បរិសុទ្ធ។
Psalm 100
1 ម្នាលបណ្តាជននៅផែនដីអើយ ចូរឡើងសំឡេងដោយអំណរថ្វាយ ព្រះយេហូវ៉ា
2 ចូរគោរពប្រតិបត្តិដល់ព្រះយេហូវ៉ា ដោយអរសប្បាយ ឲ្យចូលមកនៅចំពោះទ្រង់ ដោយច្រៀងចម្រៀងចុះ
3 ត្រូវឲ្យដឹងថា ព្រះយេហូវ៉ាទ្រង់ជាព្រះ គឺទ្រង់ដែលបានបង្កើតយើងខ្ញុំ យើងខ្ញុំជារបស់ផងទ្រង់ យើងខ្ញុំជារាស្ត្ររបស់ទ្រង់ ហើយជាហ្វូងចៀម នៅទីគង្វាលរបស់ទ្រង់
4 ចូរនាំគ្នាចូលតាមទ្វារទ្រង់ ដោយពោលពាក្យអរព្រះគុណ ហើយចូលទៅក្នុងទីលានទ្រង់ ដោយបទសរសើរ ចូរអរព្រះគុណដល់ទ្រង់ ហើយសរសើរព្រះនាមទ្រង់ចុះ
5 ពីព្រោះព្រះយេហូវ៉ាទ្រង់ល្អ សេចក្ដីសប្បុរសនៃទ្រង់ស្ថិតស្ថេរនៅជានិច្ច ហើយសេចក្ដីស្មោះត្រង់របស់ទ្រង់ ក៏នៅអស់ទាំងដំណមនុស្សតទៅ។
Psalm 101
1 ទូលបង្គំនឹងច្រៀងពីសេចក្ដីសប្បុរស និងសេចក្ដីយុត្តិធម៌ ឱព្រះយេហូវ៉ាអើយ ទូលបង្គំនឹងច្រៀងសរសើរទ្រង់
2 ទូលបង្គំនឹងប្រព្រឹត្តតាមផ្លូវគ្រប់លក្ខណ៍ដោយប្រាជ្ញា ឱកាលណាបានទ្រង់យាងមកឯទូលបង្គំ ទូលបង្គំនឹងប្រព្រឹត្តដោយចិត្តទៀងត្រង់នៅក្នុងផ្ទះទូលបង្គំ
3 ទូលបង្គំនឹងមិនតាំងរបស់អាក្រក់អ្វី នៅចំពោះភ្នែកទូលបង្គំឡើយ ទូលបង្គំខ្ពើមកិច្ចការរបស់ពួកអ្នកដែលមិនទៀង កិច្ចការទាំងនោះនឹងមិនជាប់នៅក្នុងខ្លួនទូលបង្គំឡើយ
4 ចិត្តវៀចកោងនឹងត្រូវថយចេញពីទូលបង្គំទៅ ទូលបង្គំមិនព្រមស្គាល់សេចក្ដីអាក្រក់ទេ
5 ឯអ្នកណាដែលបង្កាច់អ្នកជិតខាងខ្លួនដោយសម្ងាត់ នោះទូលបង្គំនឹងបំផ្លាញចេញ ហើយអ្នកណាដែលមានឫកខ្ពស់ និងចិត្តឆ្មើងឆ្មៃ នោះទូលបង្គំនឹងទ្រាំមិនបានឡើយ
6 ឯភ្នែកទូលបង្គំនឹងនៅលើពួកអ្នកស្មោះត្រង់ក្នុងស្រុក ដើម្បីឲ្យគេបាននៅជាមួយនឹងទូលបង្គំវិញ អ្នកណាដែលប្រព្រឹត្តតាមផ្លូវទៀងត្រង់ អ្នកនោះឯងនឹងបម្រើទូលបង្គំ
7 ឯអ្នកណាដែលប្រព្រឹត្តដោយភូតភរ នោះនឹងនៅក្នុងផ្ទះទូលបង្គំមិនបាន អ្នកណាដែលពោលកុហកក៏មិនធន់នៅចំពោះមុខទូលបង្គំដែរ
8 រាល់តែព្រឹកទូលបង្គំនឹងបំផ្លាញអស់ពួកមនុស្សអាក្រក់ ចេញពីស្រុកទៅ ដើម្បីនឹងកាត់កាល់អស់ទាំងមនុស្សដែលប្រព្រឹត្ត សេចក្ដីទុច្ចរិត ចេញពីទីក្រុងនៃព្រះយេហូវ៉ាបង់។
Psalm 102
1 ឱព្រះយេហូវ៉ាអើយ សូមស្តាប់ សេចក្ដីអធិស្ឋានរបស់ទូលបង្គំ សូមឲ្យពាក្យដែលទូលបង្គំអំពាវនាវបានឮដល់ទ្រង់
2 សូមកុំលាក់ព្រះភ័ក្ត្រទ្រង់នឹងទូលបង្គំ ក្នុងថ្ងៃ ដែលទូលបង្គំមានសេចក្ដីទុក្ខលំបាកឡើយ សូមផ្ទៀងព្រះកាណ៌ទ្រង់មកឯទូលបង្គំ ក្នុងថ្ងៃដែលទូលបង្គំស្រែកទូល នោះសូមឆ្លើយមកទូលបង្គំជាប្រញាប់
3 ដ្បិតអស់ទាំងថ្ងៃនៃទូលបង្គំ រសាត់ទៅដូចជាផ្សែង ហើយអស់ទាំងឆ្អឹងរបស់ទូលបង្គំ ក៏ឆេះក្តៅដូចជាកន្ទុយឧស
4 ចិត្តទូលបង្គំត្រូវកាត់ចុះដូចជាស្មៅ ហើយក៏ស្រពោនទៅ ដរាបដល់ទូលបង្គំភ្លេចទាំងទទួលទានអាហារផង
5 អស់ទាំងឆ្អឹងរបស់ទូលបង្គំជាប់ជិតនឹងសាច់ ដោយព្រោះដំងូរដែលទូលបង្គំថ្ងូរជានិច្ច
6 ទូលបង្គំប្រៀបដូចជាសត្វទុងនៅទីរហោស្ថាន ក៏បានត្រឡប់ដូចជាមៀមនៅទីសូន្យស្ងាត់
7 ទូលបង្គំចាំយាម ក៏ដូចជាចាបឥតគូ នៅលើដំបូលផ្ទះ
8 ពួកខ្មាំងសត្រូវពោលប្រទេចចំពោះទូលបង្គំជាដរាប រាល់ថ្ងៃ ហើយពួកអ្នកដែលស្អប់ទូលបង្គំ គេយកឈ្មោះទូលបង្គំជាសេចក្ដីផ្តាសា
9 ទូលបង្គំបានទទួលទានផេះទុកជាអាហារ ហើយបានលាយគ្រឿងផឹករបស់ទូលបង្គំដោយទឹកភ្នែក
10 ដោយព្រោះសេចក្ដីថ្នាំងថ្នាក់ និងសេចក្ដីក្រោធរបស់ទ្រង់ ដ្បិតទ្រង់បានលើកទូលបង្គំឡើង ហើយបោះចោលវិញ
11 អស់ទាំងថ្ងៃអាយុនៃទូលបង្គំ ដូចជាស្រមោលដែលជ្រេទៅ ហើយទូលបង្គំក្រៀមទៅដូចជាស្មៅ។
12 ៙ ប៉ុន្តែ ឱព្រះយេហូវ៉ាអើយ ទ្រង់នឹងគង់សោយរាជ្យ នៅអស់កល្បជានិច្ច ហើយនិងមានសេចក្ដីនឹកចាំពីទ្រង់ នៅអស់ទាំងដំណមនុស្សតទៅ
13 ទ្រង់នឹងក្រោកឡើង ហើយមានសេចក្ដីមេត្តាករុណា ដល់ក្រុងស៊ីយ៉ូន ដ្បិតដល់វេលាហើយ ដែលគួរប្រោសមេត្តាដល់ទីក្រុង អើ ពេលកំណត់បានមកដល់ហើយ
14 ពីព្រោះពួកអ្នកបម្រើទ្រង់គេអាល័យដល់អស់ទាំងថ្ម ហើយក៏ស្តាយស្រណោះដល់ធូលីដីនៃទីក្រុង
15 យ៉ាងនោះ ពួកសាសន៍ដទៃនឹងកោតខ្លាច ដល់ព្រះនាមព្រះយេហូវ៉ា ហើយអស់ទាំងស្តេចនៅផែនដីនឹងក្រែងខ្លាច ដល់សិរីល្អនៃទ្រង់
16 ដ្បិតព្រះយេហូវ៉ាទ្រង់នឹងសង់ក្រុងស៊ីយ៉ូនឡើងវិញ ហើយនិងលេចមកក្នុងសិរីល្អនៃទ្រង់
17 ទ្រង់តែងតែទទួលសេចក្ដីអធិស្ឋានរបស់មនុស្សវេទនា ឥតដែលមើលងាយចំពោះពាក្យសូមអង្វររបស់គេឡើយ
18 សេចក្ដីនេះនឹងបានកត់ទុកសម្រាប់ដំណមនុស្ស ជាន់ក្រោយ ឲ្យបណ្តាមនុស្សដែលនឹងកើតឡើង បានសរសើរតម្កើងដល់ព្រះយេហូវ៉ា
19 ដ្បិតទ្រង់បានក្រឡេកទតពីជាន់ខ្ពស់នៃទីបរិសុទ្ធទ្រង់ គឺព្រះយេហូវ៉ាបានទតពីស្ថានសួគ៌មក ពិចារណាមើលផែនដី
20 ដើម្បីនឹងស្តាប់ដំងូររបស់ពួកឈ្លើយ ហើយនិងស្រាយលែងអស់អ្នកដែលបានតម្រូវឲ្យត្រូវស្លាប់
21 ប្រយោជន៍ឲ្យមនុស្សទាំងឡាយបានប្រកាសព្រះនាម នៃព្រះយេហូវ៉ានៅក្រុងស៊ីយ៉ូន និងសេចក្ដីសរសើរទ្រង់នៅក្រុងយេរូសាឡឹម
22 ក្នុងកាលដែលអស់ទាំងសាសន៍បានប្រជុំមូលគ្នា ព្រមទាំងនគរទាំងប៉ុន្មានផង ដើម្បីនឹងគោរពប្រតិបត្តិដល់ព្រះយេហូវ៉ា។
23 ៙ ទ្រង់បានធ្វើឲ្យកម្លាំងរបស់ទូលបង្គំអន់ថយទៅ នៅកណ្តាលផ្លូវ ទ្រង់បានពង្រួញថ្ងៃអាយុរបស់ទូលបង្គំហើយ
24 ទូលបង្គំបានទូលថា ឱព្រះនៃទូលបង្គំអើយ ទ្រង់មានព្រះជន្មស្ថិតស្ថេរនៅ ដរាបដល់អស់ទាំងដំណមនុស្សតទៅ សូមកុំដកទូលបង្គំចេញ នៅវេលាកណ្តាលអាយុ ទូលបង្គំឡើយ
25 កាលដើមដំបូង ទ្រង់បានតាំងឫសផែនដី ហើយផ្ទៃមេឃក៏ជាស្នាដៃរបស់ព្រះហស្តទ្រង់ដែរ
26 របស់ទាំងនោះនឹងវិនាសសូន្យទៅពិត តែទ្រង់នឹងស្ថិតស្ថេរនៅវិញ អើ របស់ទាំងនោះនឹងចាស់ទៅ ដូចជាសម្លៀកបំពាក់ ហើយទ្រង់នឹងផ្លាស់ចេញដូចជាផ្លាស់អាវ ដូច្នេះ នឹងបានផ្លាស់ចេញជាពិត
27 ប៉ុន្តែ ឯទ្រង់ៗនៅដដែល ហើយព្រះជន្មទ្រង់មិនចេះផុតឡើយ
28 ចំណែកកូនចៅរបស់ពួកអ្នកបម្រើទ្រង់ គេនឹងចេះតែមាននៅ ហើយពូជពង្សរបស់គេនឹងបានតាំងនៅចំពោះទ្រង់។
Psalm 103
1 ឱព្រលឹងអញអើយ ចូរសរសើរដល់ព្រះយេហូវ៉ា ហើយគ្រប់ទាំងអស់ដែលរួមនៅក្នុងខ្លួនអញ ចូរសរសើរដល់ព្រះនាមបរិសុទ្ធនៃទ្រង់ដែរ
2 ព្រលឹងអញអើយ ចូរសរសើរដល់ព្រះយេហូវ៉ាចុះ ហើយកុំឲ្យភ្លេចបណ្តាព្រះគុណណាមួយរបស់ទ្រង់ឡើយ
3 ដែលទ្រង់អត់ទោសចំពោះអស់ទាំងការទុច្ចរិតរបស់ឯង ទ្រង់ប្រោសជំងឺទាំងប៉ុន្មានរបស់ឯងឲ្យជា
4 ក៏ជួយជីវិតឯងឲ្យរួចពីរណ្តៅ ហើយយកសេចក្ដីសប្បុរស និងសេចក្ដីមេត្តាករុណា បំពាក់ជាមកុដឲ្យឯងវិញ
5 ព្រមទាំងប្រោសប្រទានឲ្យសំបកកាយនៃឯង បានស្កប់ស្កល់ដោយរបស់ល្អ ប្រយោជន៍ឲ្យវ័យក្មេងឯងបានកែឡើងជាថ្មី ដូចជាឥន្ទ្រី
6 ព្រះយេហូវ៉ាទ្រង់សម្រេចកិច្ចការដ៏សុចរិត ហើយនិងសេចក្ដីយុត្តិធម៌ ចំពោះអស់អ្នកណាដែលត្រូវគេសង្កត់សង្កិន
7 ទ្រង់បានសម្ដែងឲ្យម៉ូសេស្គាល់អស់ទាំងផ្លូវរបស់ទ្រង់ ហើយឲ្យពួកកូនចៅអ៊ីស្រាអែលស្គាល់អស់ទាំងកិច្ចការ របស់ទ្រង់ដែរ
8 ព្រះយេហូវ៉ាទ្រង់មានសេចក្ដីមេត្តាករុណា ហើយនិងអាណិតអាសូរ ទ្រង់យឺតនឹងខ្ញាល់ ហើយមានសេចក្ដីសប្បុរសដ៏បរិបូរ
9 ទ្រង់នឹងមិនបន្ទោសជាដរាប ក៏មិនប្រកាន់ជារៀងរាបតទៅដែរ
10 ទ្រង់មិនបានប្រព្រឹត្តនឹងយើង តាមអំពើបាបរបស់យើងទេ ក៏មិនបានសងតាមអំពើទុច្ចរិតរបស់យើងដែរ
11 ដ្បិតដែលផ្ទៃមេឃខ្ពស់ជាងផែនដីច្រើនប៉ុណ្ណា សេចក្ដីសប្បុរសរបស់ទ្រង់ក៏ធំច្រើនប៉ុណ្ណោះ ចំពោះអស់អ្នកដែលកោតខ្លាចដល់ទ្រង់
12 ឯទិសខាងកើតនៅឆ្ងាយពីទិសខាងលិចយ៉ាងណា ទ្រង់បានដកយកអស់ទាំងការល្មើសនៃយើង ឲ្យឃ្លាតឆ្ងាយពីយើងយ៉ាងនោះដែរ
13 ព្រះយេហូវ៉ាទ្រង់មានព្រះហឫទ័យអាណិតដល់អស់អ្នក ដែលកោតខ្លាចទ្រង់ ដូចជាឪពុកមានចិត្តអាសូរដល់កូនរបស់ខ្លួនដែរ
14 ដ្បិតទ្រង់ស្គាល់រាងកាយរបស់យើង ក៏នឹកចាំថា យើងគ្រាន់តែជាធូលីដីប៉ុណ្ណោះ
15 ចំណែកឯមនុស្ស ថ្ងៃអាយុរបស់គេធៀបដូចជាស្មៅ គេរីកឡើងដូចជាផ្កានៅទីវាល
16 ដ្បិតកាលណាខ្យល់បក់មកត្រូវ នោះក៏សូន្យបាត់ទៅ ហើយកន្លែងនោះមិនស្គាល់វាទៀត
17 តែសេចក្ដីសប្បុរសនៃព្រះយេហូវ៉ាស្ថិតស្ថេរនៅ តាំងពីអស់កល្បដរាបដល់អស់កល្បជានិច្ច ចំពោះអស់អ្នកដែលកោតខ្លាចដល់ទ្រង់ សេចក្ដីសុចរិតរបស់ទ្រង់ ក៏នៅរហូតដល់កូនចៅគេតទៅ
18 គឺដល់អស់អ្នកដែលកាន់តាមសេចក្ដីសញ្ញាទ្រង់ និងពួកអ្នកដែលនឹកចាំពីអស់ទាំងសេចក្ដីបញ្ញត្តទ្រង់ ដើម្បីនឹងប្រព្រឹត្តតាម
19 ព្រះយេហូវ៉ាទ្រង់បានតាំងបល្ល័ង្កទ្រង់នៅលើស្ថានសួគ៌ ហើយរាជ្យទ្រង់ក៏គ្រប់គ្រងលើទាំងអស់
20 ចូរសរសើរដល់ព្រះយេហូវ៉ា អស់ពួកទេវតា របស់ទ្រង់អើយ ជាអ្នកដែលមានឥទ្ធិឫទ្ធិខ្លាំង ហើយក៏ប្រតិបត្តិតាមបង្គាប់ទ្រង់ ដោយស្តាប់តាមព្រះសូរសៀងនៃព្រះបន្ទូលទ្រង់
21 ចូរសរសើរដល់ព្រះយេហូវ៉ា អស់ពួកពលបរិវារ របស់ទ្រង់អើយ ជាពួកអ្នកបម្រើទ្រង់ដែលធ្វើតាមព្រះហឫទ័យ
22 អស់ទាំងស្នាដៃរបស់ទ្រង់អើយ ចូរសរសើរដល់ព្រះយេហូវ៉ា នៅគ្រប់ទីកន្លែងដែលទ្រង់មានអំណាច ព្រលឹងអញអើយ ចូរសរសើរដល់ព្រះយេហូវ៉ាចុះ។
Psalm 104
1 ឱព្រលឹងអញអើយ ចូរសរសើរដល់ព្រះយេហូវ៉ា ឱព្រះយេហូវ៉ាជាព្រះនៃទូលបង្គំអើយ ទ្រង់ធំក្រៃលែង ទ្រង់ប្រដាប់អង្គដោយយសសក្តិ និងតេជានុភាព
2 ក៏ហ៊ុមអង្គដោយពន្លឺ ដូចជាទ្រង់ព្រះភូសា គឺទ្រង់ដែលលាតផ្ទៃមេឃ ដូចជាលាតបារាំ
3 ទ្រង់ដាក់ឫសដំណាក់ទ្រង់នៅក្នុងទឹក ក៏យកពពកធ្វើជារថរបស់ទ្រង់ ហើយទ្រង់យាងលើស្លាបខ្យល់
4 ទ្រង់យកខ្យល់ធ្វើជាអ្នកជូនដំណឹងរបស់ទ្រង់ ហើយយកអណ្តាតភ្លើងធ្វើជាពួកបម្រើទ្រង់
5 ទ្រង់បានតាំងឫសផែនដី ដើម្បីឲ្យបានមាំ មិនឲ្យត្រូវរញ្ជួយនៅអស់កល្ប
6 ទ្រង់បានគ្របផែនដីដោយទឹកជ្រៅ ដូចជាគ្របដោយអាវ ទឹកនោះក៏គ្របអស់ទាំងភ្នំផង
7 កាលទ្រង់បង្គាប់ នោះទឹកបានហូរទៅ ក៏ប្រញាប់ទៅដោយសូរផ្គររបស់ទ្រង់
8 អស់ទាំងភ្នំបានដុះឡើង ហើយច្រកទាំងប៉ុន្មានក៏ស្រុតទៅ គឺនៅត្រង់កន្លែងដែលទ្រង់បានកំណត់ឲ្យ
9 ទ្រង់បានដាក់ព្រំខណ្ឌ មិនឲ្យទឹកហូររំលងឡើយ ដើម្បីកុំឲ្យឡើងលិចផែនដីទៀត
10 ទ្រង់ធ្វើឲ្យមានក្បាលទឹកផុះឡើងនៅក្នុងច្រកភ្នំ ទឹកនោះហូរនៅកណ្តាលភ្នំ
11 ក៏ឲ្យគ្រប់ទាំងសត្វនៅវាលមានទឹកផឹក ឯលាព្រៃក៏ផឹកឆ្អែតដែរ
12 អស់ទាំងសត្វហើរលើអាកាសធ្វើសំបុក តាមផ្លូវទឹកទាំងនោះ ហើយកញ្ជ្រៀវលេងនៅលើមែកឈើ
13 ទ្រង់ស្រោចអស់ទាំងភ្នំពីដំណាក់ទ្រង់ ហើយផែនដីបានពេញដោយផលនៃស្នាដៃទ្រង់
14 ទ្រង់ធ្វើឲ្យស្មៅដុះឡើងសម្រាប់សត្វ ហើយបន្លែសម្រាប់មនុស្ស ដើម្បីឲ្យទាំង២បានអាហារពីផែនដីមក
15 ព្រមទាំងស្រាទំពាំងបាយជូរ ដែលនាំឲ្យចិត្តមនុស្សបានសប្បាយ និងប្រេង សម្រាប់ឲ្យមុខគេបានរលើបភ្លឺ ហើយអាហារផង សម្រាប់ចម្រើនកម្លាំងចិត្តមនុស្ស
16 អស់ទាំងដើមឈើរបស់ព្រះយេហូវ៉ាបានឆ្អែត គឺដើមតាត្រៅនៅភ្នំល្បាណូន ជាដើមដែលទ្រង់បានដាំ
17 ជាកន្លែងដែលសត្វស្លាបធ្វើសំបុកនៅ ឯសត្វកុកវាបានដើមកកោះជាទីអាស្រ័យ
18 អស់ទាំងភ្នំខ្ពស់ជាទីសម្រាប់ពពែព្រៃ ហើយអស់ទាំងថ្មជាទីពឹងជ្រកនៃទន្សាយថ្ម
19 ទ្រង់បានតម្រូវព្រះចន្ទទុកសម្រាប់ជាទីកំណត់រដូវ ចំណែកព្រះអាទិត្យក៏ដឹងពេលដែលត្រូវលិចដែរ
20 ទ្រង់ធ្វើឲ្យងងឹត នោះគឺជាយប់ហើយ ជាពេលដែលគ្រប់ទាំងសត្វនៅព្រៃរមែងចេញមក
21 អស់ទាំងសិង្ហស្ទាវគ្រហឹមរកចាប់រំពា ក៏សូមអាហារពីព្រះមក
22 លុះថ្ងៃរះឡើងកាលណា វាក៏បាត់ទៅ ចូលទៅដេកក្នុងរូងវាវិញ
23 ឯមនុស្សគេចេញមកឯកិច្ចធុរៈរបស់ខ្លួន ហើយក៏ធ្វើការដរាបដល់ល្ងាច
24 ឱព្រះយេហូវ៉ាអើយ អស់ទាំងស្នាដៃរបស់ទ្រង់មាន ច្រើនប្រការណាស់ហ្ន៎ ទ្រង់បានធ្វើទាំងអស់ដោយប្រាជ្ញា ផែនដីបានពេញដោយរបស់ដែលទ្រង់បង្កើត
25 នុ៎ះន៏ សមុទ្រដ៏ធំ ហើយទូលាយ នៅក្នុងទឹកនោះមានរបស់រវើកឥតគណនា ជាសត្វទាំងតូចទាំងធំ
26 ក៏មាននាវាបើកទៅមក ហើយមានសត្វធំសម្បើម ដែលទ្រង់ បានបង្កើតឲ្យលេងក្នុងទឹក
27 គ្រប់សត្វទាំងនោះសង្ឃឹមចាំតែទ្រង់ ឲ្យទ្រង់បានប្រទានចំណីដល់វាតាមត្រូវពេល
28 ទ្រង់ក៏ប្រទានឲ្យ ហើយវាទទួលយក កាលទ្រង់លាព្រះហស្តទៅ នោះវាបានឆ្អែតដោយរបស់ល្អ
29 កាលទ្រង់លាក់ព្រះភ័ក្ត្រ នោះវាបានថប់ព្រួយវិញ កាលទ្រង់ដកយកដង្ហើមចេញ នោះវាក៏ស្លាប់ ហើយត្រឡប់ទៅជាធូលីដីវិញ
30 ទ្រង់ចាត់ព្រះវិញ្ញាណរបស់ទ្រង់ទៅ នោះវាកើតឡើង ទ្រង់កែប្រែផែនដីឡើងជាថ្មី
31 សូមឲ្យសិរីល្អនៃព្រះយេហូវ៉ានៅជាប់ជានិច្ច សូមឲ្យព្រះយេហូវ៉ាបានរីករាយឡើងដោយសារស្នាដៃទ្រង់
32 កាលណាទ្រង់ក្រឡេកទតមកផែនដី នោះផែនដីក៏ញ័រ កាលណាទ្រង់ពាល់ភ្នំ នោះភ្នំក៏ហុយផ្សែងឡើង
33 កាលនៅមានជីវិតនៅឡើយ នោះទូលបង្គំនឹងច្រៀងថ្វាយព្រះយេហូវ៉ាជាដរាប កាលទូលបង្គំមាននៅៗឡើយ នោះនឹងច្រៀងសរសើរដល់ព្រះនៃទូលបង្គំ
34 សូមឲ្យសេចក្ដីនឹកជញ្ជឹងរបស់ទូលបង្គំ បានផ្អែមត្រចៀកដល់ទ្រង់ ទូលបង្គំនឹងរីករាយក្នុងព្រះយេហូវ៉ា
35 សូមឲ្យពួកអ្នកមានបាបសូន្យចេញពីផែនដីទៅ ហើយកុំឲ្យមានមនុស្សអាក្រក់នៅសល់ឡើយ ចូរសរសើរដល់ព្រះយេហូវ៉ា ព្រលឹងអញអើយ ចូរសរសើរដល់ព្រះយេហូវ៉ាចុះ។
Psalm 105
1 ឱសូមអរព្រះគុណដល់ព្រះយេហូវ៉ា ហើយអំពាវនាវដល់ព្រះនាមទ្រង់ ចូរសម្ដែងពីអស់ទាំងការរបស់ទ្រង់ នៅកណ្តាលសាសន៍ទាំងប៉ុន្មាន
2 ចូរច្រៀងថ្វាយទ្រង់ ចូរច្រៀងសរសើរដល់ទ្រង់ចុះ ឲ្យគិតរំពឹងពីអស់ទាំងការអស្ចារ្យរបស់ទ្រង់
3 ចូរយកព្រះនាមបរិសុទ្ធរបស់ទ្រង់ជាទីអំណរព្រឺព្រួចចុះ ត្រូវឲ្យអស់អ្នកដែលស្វែងរកព្រះយេហូវ៉ា មានចិត្តរីករាយឡើង
4 ចូររកព្រះយេហូវ៉ា និងព្រះចេស្តារបស់ទ្រង់ ចូររកព្រះភ័ក្ត្រទ្រង់ជានិច្ច
5 ត្រូវឲ្យនឹកចាំពីការអស្ចារ្យដែលទ្រង់បានធ្វើ ហើយពីការចម្លែក និងបញ្ញត្តទាំងប៉ុន្មាន ដែលចេញពីព្រះឱស្ឋទ្រង់មក
6 ឱពូជពង្សនៃអ័ប្រាហាំ ជាអ្នកបម្រើទ្រង់ គឺអស់ទាំងកូនចៅរបស់យ៉ាកុប ជាពួកអ្នករើសតាំងរបស់ទ្រង់អើយ
7 ទ្រង់ជាព្រះនៃយើងខ្ញុំ ព្រះនាមជាព្រះយេហូវ៉ា ឯបញ្ញត្តទាំងប៉ុន្មានរបស់ទ្រង់ក៏នៅពេញពាសលើផែនដី
8 ទ្រង់បាននឹកចាំពីសេចក្ដីសញ្ញាទ្រង់ជានិច្ច គឺជាព្រះបន្ទូលដែលទ្រង់បានបង្គាប់ដល់មនុស្សទាំងពាន់ដំណ
9 ជាសេចក្ដីសញ្ញាដែលទ្រង់បានតាំងនឹងអ័ប្រាហាំ និងសម្បថដែលទ្រង់បានស្បថនឹងអ៊ីសាកផង
10 ក៏បានតាំងសេចក្ដីនោះដល់យ៉ាកុបទុកជាច្បាប់ គឺដល់អ៊ីស្រាអែល សម្រាប់ជាសេចក្ដីសញ្ញា ដ៏នៅអស់កល្បជានិច្ច
11 ដោយព្រះបន្ទូលថា អញនឹងឲ្យស្រុកកាណានដល់ឯង ទុកជាចំណែកមរដករបស់ឯង
12 គ្រានោះ គេមានគ្នាចំនួនតិច អើ មានតិចណាស់ ហើយក៏គ្រាន់តែស្នាក់នៅក្នុងស្រុកនោះផង
13 គេជាអ្នកដើរចុះឡើង ពីនគរ១ទៅនគរ១ ហើយពីស្រុក១ទៅដល់សាសន៍១ទៀត
14 តែទ្រង់មិនបើកឲ្យអ្នកណាសង្កត់សង្កិនគេឡើង អើ ទ្រង់បានផ្ចាលទាំងពួកស្តេច ដោយយល់ដល់គេ
15 ដោយថា កុំឲ្យប៉ះពាល់នឹងអ្នក ដែលអញបានចាក់ប្រេងតាំងឲ្យ ហើយកុំឲ្យប្រទូសរ៉ាយដល់ពួកហោរារបស់អញឡើយ
16 ទ្រង់បានបង្គាប់ឲ្យមានអំណត់កើតឡើងក្នុងស្រុក ក៏បានផ្តាច់អស់ទាំងអាហារផង
17 ទ្រង់បានចាត់មនុស្សម្នាក់ឲ្យទៅមុនគេ គឺយ៉ូសែប ដែលត្រូវលក់ទៅធ្វើជាខ្ញុំបម្រើ
18 ជើងគាត់ត្រូវរឹតរួតជាប់ដោយចំណង ហើយមានច្រវាក់ដែកជាប់នៅប្រាណ
19 ព្រះបន្ទូលនៃព្រះយេហូវ៉ាបានល្បងលគាត់ ដរាបដល់កំណត់ដែលពាក្យគាត់បានសម្រេច
20 ទើបស្តេចបានចាត់គេទៅដោះលែងគាត់ចេញ គឺជាអ្នកដែលគ្រប់គ្រងលើសាសន៍ផ្សេងៗបានស្រាយគាត់ឲ្យរួច
21 ក៏បានតាំងគាត់ឡើងឲ្យធ្វើជាម្ចាស់លើដំណាក់ ហើយជាអ្នកគ្រប់គ្រងលើព្រះរាជទ្រព្យទាំងអស់
22 ឲ្យមានអំណាចនឹងចាប់ចងពួកវង្សនៃស្តេចតាមចិត្តបាន ហើយនិងបង្ហាត់បង្រៀនឲ្យពួកចាស់ទុំនៃស្តេច មានប្រាជ្ញា
23 ឯអ៊ីស្រាអែលក៏ចូលមកក្នុងស្រុកអេស៊ីព្ទដែរ គឺយ៉ាកុបបានស្នាក់នៅក្នុងស្រុករបស់ហាំ
24 ព្រះទ្រង់ក៏ចម្រើនរាស្ត្រទ្រង់ឲ្យច្រើនឡើងក្រៃលែង ព្រមទាំងឲ្យមានកម្លាំងលើសជាងពួក ដែលតតាំងនឹងគេផង
25 ទ្រង់បានបំផ្លាស់បំប្រែចិត្តសាសន៍នោះ ឲ្យស្អប់ដល់រាស្ត្រទ្រង់វិញ ឲ្យគេបានប្រព្រឹត្តដោយកិច្ចកលចំពោះពួកបម្រើទ្រង់
26 រួចទ្រង់ចាត់ប្រើម៉ូសេ ជាអ្នកបម្រើទ្រង់ និងអើរ៉ុន ដែលទ្រង់បានរើសយក
27 លោកទាំង២នោះក៏សម្ដែងទីសម្គាល់របស់ទ្រង់ នៅកណ្តាលសាសន៍នោះ និងការយ៉ាងអស្ចារ្យនៅក្នុងស្រុករបស់ហាំ
28 ទ្រង់ចាត់ប្រើសេចក្ដីងងឹតមកបណ្តាលឲ្យស្រុកងងឹតទៅ លោកមិនបានទទឹងនឹងព្រះបន្ទូលរបស់ទ្រង់ទេ
29 ទ្រង់ក៏ធ្វើឲ្យទឹកនៅស្រុកគេត្រឡប់ទៅជាឈាម ហើយឲ្យត្រីទាំងអស់ស្លាប់ទៅ
30 ស្រុកគេមានដេរដាសទៅដោយកង្កែប រហូតដល់ទៅក្នុងបន្ទប់នៃស្តេចផង
31 ទ្រង់មានព្រះបន្ទូល នោះក៏មានរុយទាំងហ្វូងៗមក ក៏មានចៃនៅគ្រប់ក្នុងព្រំស្រុកគេ
32 ទ្រង់ប្រទានឲ្យគេមានព្រិលជំនួសភ្លៀង ហើយភ្លើងក៏ឆេះនៅក្នុងស្រុកគេ
33 ទ្រង់បានវាយអស់ទាំងដើមទំពាំងបាយជូរ និងដើមល្វារបស់គេ ក៏បំបាក់អស់ទាំងដើមឈើនៅព្រំទីរបស់គេ
34 ទ្រង់មានព្រះបន្ទូល នោះក៏មានកណ្តូបមក ព្រមទាំងចង្រិតឥតគណនា
35 សត្វទាំងនោះបានស៊ីអស់ទាំងដំណាំក្នុងស្រុក ក៏ស៊ីទាំងផលកើតពីដីរបស់គេដែរ
36 ទ្រង់បានប្រហារអស់ទាំងកូនច្បងនៅក្នុងស្រុកគេ គឺជាដើមកម្លាំងរបស់គេទាំងប៉ុន្មាន
37 ទ្រង់បាននាំរាស្ត្រទ្រង់ចេញមក មានជាប់ទាំងប្រាក់នឹងមាសផង ឯក្នុងអស់ទាំងពូជអំបូរនោះ គ្មានអ្នកណាមួយ គ្រាកចិត្តឡើយ
38 កាលគេបានចេញទៅផុតហើយ នោះពួកសាសន៍ អេស៊ីព្ទក៏អរសប្បាយ ដ្បិតមានសេចក្ដីស្ញែងខ្លាចចំពោះពួកអ៊ីស្រាអែលជាខ្លាំង
39 ទ្រង់បានលាតពពកសម្រាប់គ្របបាំងគេ ព្រមទាំងភ្លើងសម្រាប់បំភ្លឺនៅពេលយប់
40 គេទូលសូម នោះទ្រង់ក៏នាំហ្វូងក្រួចមក ហើយបានចម្អែតគេដោយអាហារនៃស្ថានសួគ៌
41 ទ្រង់បំប្រេះថ្មដា នោះមានទឹកផុលចេញមក ហូរសាយតាមកន្លែងហួតហែងដូចជាទន្លេ
42 ដ្បិតទ្រង់បាននឹកចាំពីព្រះបន្ទូលដ៏បរិសុទ្ធរបស់ទ្រង់ ហើយពីអ័ប្រាហាំ ជាអ្នកបម្រើទ្រង់ដែរ
43 ទ្រង់បាននាំរាស្ត្រទ្រង់ចេញមក ដោយសេចក្ដីរីករាយ គឺជាពួកអ្នករើសតាំងរបស់ទ្រង់ ដោយច្រៀងបណ្តើរ
44 ទ្រង់ក៏ប្រទានស្រុករបស់នគរដទៃទាំងប៉ុន្មានឲ្យដល់គេ គេបានចាប់យកផលនៃស្នាដៃរបស់សាសន៍ទាំងនោះ ទុកជារបស់ផងខ្លួន
45 ដើម្បីឲ្យបានកាន់តាមសេចក្ដីបញ្ញត្តទ្រង់ ហើយប្រព្រឹត្តតាមក្រឹត្យវិន័យរបស់ទ្រង់ផង ចូរសរសើរដល់ព្រះយេហូវ៉ាចុះ។
Psalm 106
1 ចូរសរសើរដល់ព្រះយេហូវ៉ា ឱសូមអរព្រះគុណដល់ព្រះយេហូវ៉ា ដ្បិតទ្រង់ល្អ សេចក្ដីសប្បុរសនៃទ្រង់ស្ថិតស្ថេរនៅជានិច្ច
2 តើមានអ្នកណាអាចនឹងពណ៌នាពីការខ្លាំងពូកែរបស់ ព្រះយេហូវ៉ា ឬសម្ដែងពីសេចក្ដីសរសើររបស់ទ្រង់ទាំងអស់បាន
3 មានពរហើយ អស់អ្នកដែលរក្សាសេចក្ដីយុត្តិធម៌ ហើយអ្នកដែលប្រព្រឹត្តតាមសេចក្ដីសុចរិត គ្រប់ពេលគ្រប់វេលា
4 ឱព្រះយេហូវ៉ាអើយ សូមទ្រង់នឹកចាំ និងប្រោសទូលបង្គំ ដោយសេចក្ដីសប្បុរស ដែលទ្រង់ផ្តល់ដល់រាស្ត្រទ្រង់ ឱសូមប្រោសទូលបង្គំ ដោយសេចក្ដីសង្រ្គោះនៃទ្រង់ផង
5 ដើម្បីឲ្យទូលបង្គំបានឃើញសេចក្ដីចម្រើន នៃពួករើសតាំងរបស់ទ្រង់ ឲ្យទូលបង្គំបានរីករាយ ដោយសេចក្ដីអំណនៃរាស្ត្រទ្រង់ ហើយឲ្យបានអរព្រឺព្រួចជាមួយនឹងមរដករបស់ទ្រង់។
6 ៙ យើងខ្ញុំរាល់គ្នាបានធ្វើបាប ដូចជាពួកអយ្យកោយើងខ្ញុំដែរ ក៏បានប្រព្រឹត្តអំពើទុច្ចរិត ហើយធ្វើការអាក្រក់ផង
7 ពួកអយ្យកោយើងខ្ញុំមិនបានពិចារណាយល់ ពីការអស្ចារ្យរបស់ទ្រង់នៅស្រុកអេស៊ីព្ទទេ ក៏មិនបាននឹកចាំពីសេចក្ដីសប្បុរសដ៏បរិបូររបស់ទ្រង់ដែរ គេបានបះបោរនៅត្រង់មាត់សមុទ្រវិញ គឺជាសមុទ្រក្រហម
8 ទោះបើយ៉ាងនោះ គង់តែទ្រង់បានជួយសង្គ្រោះគេដែរ ដោយយល់ដល់ព្រះនាមទ្រង់ ដើម្បីនឹងធ្វើឲ្យព្រះចេស្តាដ៏ខ្លាំងពូកែរបស់ទ្រង់ បានប្រាកដច្បាស់
9 ទ្រង់បានបង្គាប់ដល់សមុទ្រក្រហម សមុទ្រនោះក៏រីងទៅ យ៉ាងនោះ ទ្រង់បាននាំគេដើរកាត់ទីជម្រៅ ដូចជាដើរនៅទីគោក
10 ទ្រង់បានជួយឲ្យរួចពីកណ្តាប់ដៃនៃពួកអ្នកដែលស្អប់គេ ក៏លោះគេឲ្យរួចពីកណ្តាប់ដៃនៃពួកខ្មាំងសត្រូវ
11 ទឹកសមុទ្របានហូរគ្របលើពួកតតាំងនឹងគេ ឥតមាននៅសល់ដល់មួយឡើយ
12 នោះទើបគេបានជឿព្រះបន្ទូលទ្រង់ ហើយច្រៀងសរសើរដល់ទ្រង់។
13 ៙ តែមិនយូរប៉ុន្មាន ក៏ភ្លេចកិច្ចការរបស់ទ្រង់ទៅ ហើយមិនបានរង់ចាំស្តាប់សេចក្ដីដំបូន្មានរបស់ទ្រង់ទេ
14 គឺគេមានចិត្តខ្មួលខ្មាញ់នៅទីរហោស្ថាន ក៏ល្បងលព្រះនៅទីហួតហែងវិញ
15 ទ្រង់ក៏ព្រមប្រទានតាមសេចក្ដីសំណូមរបស់គេ តែទ្រង់ឲ្យមានសេចក្ដីក្រៀមស្ងួតនៅក្នុងចិត្តគេវិញ
16 គេក៏មានសេចក្ដីច្រណែននឹងម៉ូសេ នៅក្នុងទីដំឡើងត្រសាល ហើយនិងអើរ៉ុន ដែលជាអ្នកបរិសុទ្ធរបស់ព្រះយេហូវ៉ាដែរ
17 នោះផែនដីក៏ប្រេះហា ស្រូបយកដាថានទៅ ហើយគ្របលើអ័ប៊ីរ៉ាម និងពួកគាត់
18 មានភ្លើងឆេះឡើងក្នុងពួកគេ អណ្តាតភ្លើងនោះក៏បញ្ឆេះមនុស្សអាក្រក់ទៅ។
19 ៙ គេបានធ្វើរូបកូនគោនៅត្រង់ភ្នំហោរែប ហើយបានក្រាបថ្វាយបង្គំចំពោះរូបសិតនោះ
20 គឺយ៉ាងនោះដែលគេបានប្តូរព្រះដ៏ជាសិរីល្អនៃគេ ឲ្យបានជារូបដូចគោដែលស៊ីស្មៅវិញ
21 គេបានភ្លេចព្រះដែលជួយសង្គ្រោះគេ ជាព្រះដែលបានធ្វើការយ៉ាងធំសម្បើមនៅស្រុកអេស៊ីព្ទ
22 គឺជាការយ៉ាងអស្ចារ្យនៅស្រុកហាំ និងការគួរស្ញែងខ្លាចនៅត្រង់សមុទ្រក្រហម
23 ដូច្នេះ ទ្រង់បានមានព្រះបន្ទូលថានឹងបំផ្លាញគេបង់ ប៉ុន្តែ ម៉ូសេ ជាអ្នករើសតាំងរបស់ទ្រង់ លោកបានឈរនៅចំពោះទ្រង់ ក្នុងដំណើររំលងនោះ ដើម្បីនឹងបង្វែរសេចក្ដីក្រោធរបស់ទ្រង់ចេញ ក្រែងទ្រង់បំផ្លាញគេមែន។
24 ៙ អើ គេបានមើលងាយស្រុកដ៏សប្បាយនោះ គេមិនបានជឿព្រះបន្ទូលទ្រង់ទេ
25 គឺបានរទូរទាំនៅក្នុងត្រសាលគេវិញ ឥតស្តាប់តាមព្រះសូរសៀងនៃព្រះយេហូវ៉ាឡើយ
26 ដូច្នេះ ទ្រង់ក៏លើកព្រះហស្តឡើងស្បថនឹងគេថា ទ្រង់នឹងឲ្យគេដួលនៅក្នុងទីរហោស្ថាន
27 ហើយថា នឹងឲ្យពូជពង្សគេដួលនៅកណ្តាល អស់ទាំងសាសន៍ ព្រមទាំងកម្ចាត់កម្ចាយគេ ឲ្យទៅនៅពេញពាសក្នុងប្រទេសដទៃទាំងប៉ុន្មាន។
28 ៙ គេក៏បានទៅភ្ជាប់ខ្លួននឹងព្រះបាល-ពេអរ ហើយបានបរិភោគអស់ទាំងគ្រឿងបូជា ដែលថ្វាយដល់រូបព្រះឥតជីវិត
29 គឺយ៉ាងនោះដែលគេបានបណ្តាលឲ្យទ្រង់ខ្ញាល់ ដោយសារអំពើរបស់គេ ហើយមានការប្រហារជីវិតកើតឡើងនៅក្នុងពួកគេ
30 គ្រានោះ ភីនេហាសក៏ក្រោកឡើងសម្រេចទោសដល់គេ រួចការប្រហារជីវិតនោះក៏អាក់ខានទៅ
31 ការនោះបានរាប់ជាសេចក្ដីសុចរិតដល់ភីនេហាស ដរាបដល់គ្រប់ទាំងដំណមនុស្ស ជារៀងរាបតទៅ។
32 ៙ គេក៏បណ្តាលឲ្យទ្រង់ខ្ញាល់ នៅត្រង់ទឹកមេរីបាទៀត ការនោះជាហេតុនាំឲ្យម៉ូសេកើតមានទោសដែរ ដោយព្រោះគេ
33 ដ្បិតគេបានរំអុកដល់ចិត្តលោក ហើយបបូរមាត់លោកបាននិយាយឥតបើគិត។
34 ៙ គេក៏មិនបានបំផ្លាញសាសន៍ដទៃទាំងប៉ុន្មាន ដូចជាព្រះយេហូវ៉ាបានបង្គាប់ដែរ
35 គឺគេបានទៅប្រព្រឹត្តច្របូកច្របល់ជាមួយ ព្រមទាំងរៀនតាមកិរិយារបស់សាសន៍ដទៃទាំងនោះវិញ
36 ក៏គោរពប្រតិបត្តិដល់រូបព្រះរបស់សាសន៍ដទៃទាំងនោះដែរ ជាការដែលត្រឡប់ជាអន្ទាក់ដល់គេ
37 អើ គេបានទាំងបូជាថ្វាយនូវកូនប្រុសកូនស្រីគេដល់ ពួកអារក្សផង
38 ក៏កម្ចាយឈាមដែលគ្មានទោស គឺជាឈាមរបស់កូនប្រុសកូនស្រីគេ ដែលគេបូជាថ្វាយដល់អស់ទាំងរូបព្រះនៅស្រុកកាណាន ដូច្នេះ ស្រុកក៏ត្រឡប់ជាស្មោកគ្រោកដោយសារឈាម
39 គឺយ៉ាងនោះដែលគេបានធ្វើឲ្យខ្លួនមានសៅហ្មង ដោយសារកិរិយារបស់គេ ព្រមទាំងប្រព្រឹត្តសេចក្ដីកំផិត ដោយអំពើរបស់គេផង។
40 ៙ ហេតុនោះបានជាសេចក្ដីក្រោធរបស់ព្រះយេហូវ៉ា បានឆួលឡើងទាស់នឹងរាស្ត្រទ្រង់ ហើយទ្រង់ក៏ស្អប់ខ្ពើមពួកដែលជាមរដករបស់ទ្រង់វិញ
41 ទ្រង់ប្រគល់គេទៅក្នុងកណ្តាប់ដៃនៃសាសន៍ដទៃ ហើយពួកអ្នកដែលស្អប់គេ បានគ្រប់គ្រងលើគេវិញ
42 ពួកខ្មាំងសត្រូវបានសង្កត់សង្កិន ហើយគេត្រូវចុះចាញ់នៅក្រោមកណ្តាប់ដៃពួកសត្រូវនោះ
43 ទ្រង់បានប្រោសគេឲ្យរួចជាច្រើនដងច្រើនគ្រា ប៉ុន្តែ សេចក្ដីដំបូន្មានរបស់គេបានទាស់ទទឹងនឹងទ្រង់ ហើយគេត្រូវធ្លាក់ទៅជាទាបថោកក្នុងអំពើទុច្ចរិតរបស់គេ
44 ទោះបើយ៉ាងនោះ គង់តែទ្រង់បានទតមើល សេចក្ដីវេទនារបស់គេ ក្នុងកាលដែលគេអំពាវនាវរកទ្រង់ដែរ
45 ទ្រង់ក៏នឹកចាំពីសេចក្ដីសញ្ញារបស់ទ្រង់ចំពោះគេ ហើយបានប្រែគំនិតទៅ ដោយសេចក្ដីសប្បុរសដ៏បរិបូររបស់ទ្រង់
46 ទ្រង់បណ្តាលឲ្យពួកអ្នកដែលដឹកនាំគេទៅជាឈ្លើយ ត្រឡប់ជាមានសេចក្ដីអាណិតមេត្តាដល់គេវិញ។
47 ៙ ឱព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំអើយ សូមជួយសង្គ្រោះយើងខ្ញុំផង សូមប្រមូលយើងខ្ញុំពីកណ្តាលពួកសាសន៍ដទៃមក ដើម្បីឲ្យយើងខ្ញុំបានលើកតម្កើងព្រះនាមបរិសុទ្ធនៃទ្រង់ ព្រមទាំងយកការសរសើរដល់ទ្រង់ ទុកជាសេចក្ដីអំណររបស់យើងខ្ញុំផង។
48 ៙ សូមសរសើរដល់ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ចាប់តាំងពីអស់កល្បរៀងទៅដល់អស់កល្បជានិច្ច ត្រូវឲ្យបណ្តាជនទាំងឡាយពោលថា អាម៉ែន ចូរលើកតម្កើងព្រះយេហូវ៉ាចុះ។
Psalm 107
1 ឱសូមអរព្រះគុណដល់ព្រះយេហូវ៉ា ដ្បិតទ្រង់ល្អ សេចក្ដីសប្បុរសនៃទ្រង់ស្ថិតស្ថេរនៅជានិច្ច
2 គួរឲ្យពួកអ្នកដែលព្រះយេហូវ៉ាបានប្រោសលោះ បានថាដូច្នេះដែរ គឺអស់អ្នកដែលទ្រង់បានលោះ ឲ្យរួចពីកណ្តាប់ដៃនៃពួកខ្មាំងសត្រូវនោះ
3 ហើយប្រមូលមកពីគ្រប់ទាំងស្រុក គឺពីទិសខាងកើត ទិសខាងលិច ទិសខាងជើង ហើយទិសខាងត្បូងផង។
4 ៙ គេបានដើរសាត់អណ្តែត តាមផ្លូវស្ងាត់ឈឹង ក្នុងទីរហោស្ថាន គេរកទីក្រុងណាដែលល្មមអាស្រ័យនៅមិនបានឡើយ
5 ព្រលឹងគេក៏ហេវទៅ ដោយស្រេកឃ្លាន
6 គ្រានោះ គេបានអំពាវនាវដល់ព្រះយេហូវ៉ា ដោយសេចក្ដីវេទនារបស់គេ ហើយទ្រង់ក៏ប្រោសឲ្យរួចពីសេចក្ដីលំបាកនោះ
7 ទ្រង់បាននាំគេតាមផ្លូវត្រង់វិញ ដើម្បីឲ្យគេចូលដល់ទីក្រុងដែលអាស្រ័យនៅបាន
8 ឱសូមឲ្យមនុស្សទាំងឡាយសរសើរដល់ព្រះយេហូវ៉ា ដោយព្រោះសេចក្ដីសប្បុរសរបស់ទ្រង់ ហើយដោយព្រោះអស់ទាំងការអស្ចារ្យ ដែលទ្រង់បានប្រោសដល់មនុស្សជាតិ
9 ដ្បិតទ្រង់ប្រោសព្រលឹងដែលសង្វាត ឲ្យបានស្កប់ស្កល់ ហើយទ្រង់ចម្អែតព្រលឹងដែលស្រេកឃ្លាន ដោយសេចក្ដីល្អ។
10 ៙ ឯអស់អ្នកដែលអង្គុយនៅទីងងឹត ហើយក្នុងម្លប់នៃសេចក្ដីស្លាប់ ជាពួកអ្នកដែលជាប់មានសេចក្ដីវេទនា ហើយនិងចំណងច្រវាក់
11 ដោយព្រោះគេបានបះបោរនឹងព្រះបន្ទូលនៃព្រះ ហើយបានមើលងាយដល់សេចក្ដីដំបូន្មាន របស់ព្រះដ៏ខ្ពស់បំផុត
12 បានជាទ្រង់បន្ទាបចិត្តគេ ដោយការនឿយហត់ គេបានដួលចុះ ឥតមានអ្នកណាជួយឡើយ
13 គ្រានោះ គេបានអំពាវនាវដល់ព្រះយេហូវ៉ា ដោយសេចក្ដីវេទនារបស់គេ ហើយទ្រង់ក៏ប្រោសឲ្យរួចពីសេចក្ដីលំបាកនោះ
14 ទ្រង់បាននាំគេចេញពីទីងងឹត និងម្លប់នៃសេចក្ដីស្លាប់ ព្រមទាំងបណ្តាច់ចំណងគេផង
15 ឱសូមឲ្យមនុស្សទាំងឡាយសរសើរដល់ព្រះយេហូវ៉ា ដោយព្រោះសេចក្ដីសប្បុរសរបស់ទ្រង់ ហើយដោយព្រោះអស់ទាំងការអស្ចារ្យ ដែលទ្រង់បានប្រោសដល់មនុស្សជាតិ
16 ដ្បិតទ្រង់បានទម្លាយអស់ទាំងទ្វារលង្ហិន ហើយបំបាក់រនុកដែកដែរ។
17 ៙ ឯពួកមនុស្សមោហោ គេរមែងមានទុក្ខ ដោយព្រោះការរំលងច្បាប់ និងអំពើទុច្ចរិតរបស់គេ
18 ព្រលឹងគេតែងតែខ្ពើមអាហារគ្រប់មុខ ហើយគេចូលទៅជិតទ្វារនៃសេចក្ដីស្លាប់
19 គ្រានោះ គេអំពាវនាវដល់ព្រះយេហូវ៉ា ដោយសេចក្ដីវេទនារបស់គេ ហើយទ្រង់ក៏ប្រោសឲ្យរួចពីសេចក្ដីលំបាកនោះ
20 ទ្រង់ចាត់ព្រះបន្ទូលទៅប្រោសគេឲ្យជា ក៏ដោះឲ្យគេរួចពីសេចក្ដីវិនាស
21 ឱសូមឲ្យមនុស្សទាំងឡាយសរសើរដល់ព្រះយេហូវ៉ា ដោយព្រោះសេចក្ដីសប្បុរសរបស់ទ្រង់ ហើយដោយព្រោះអស់ទាំងការអស្ចារ្យ ដែលទ្រង់ប្រោសដល់មនុស្សជាតិ
22 ដូច្នេះ គួរឲ្យគេថ្វាយតង្វាយនៃសេចក្ដីអរព្រះគុណ ហើយប្រកាសពីស្នាដៃនៃទ្រង់ ដោយចម្រៀងអរសប្បាយចុះ។
23 ៙ ឯពួកអ្នកដែលចុះនាវាដើរផ្លូវសមុទ្រ ជាអ្នកដែលរកស៊ីទទួលការតាមផ្លូវទឹកធំ
24 ពួកនោះគេឃើញអស់ទាំងការនៃព្រះយេហូវ៉ា និងការអស្ចារ្យរបស់ទ្រង់នៅទីជម្រៅ
25 ដ្បិតទ្រង់បង្គាប់ទៅ នោះក៏កើតមានខ្យល់ព្យុះ ដែលបណ្តាលឲ្យរលកកម្រើកឡើង
26 រលកទាំងនោះផាត់ឡើងដល់ផ្ទៃមេឃ ក៏ធ្លាក់ទៅវិញដល់ទីជម្រៅ នោះព្រលឹងគេក៏រលាយទៅ ដោយសេចក្ដីអន្តរាយ
27 គេឃ្លេងឃ្លោងចុះឡើង ហើយដើរទទ្រេតទទ្រោត ដូចជាមនុស្សស្រវឹង គេក៏ទាល់ប្រាជ្ញាទៅ
28 គ្រានោះ គេអំពាវនាវដល់ព្រះយេហូវ៉ា ដោយសេចក្ដីវេទនារបស់គេ ហើយទ្រង់ក៏ប្រោសឲ្យរួចពីសេចក្ដីលំបាកនោះ
29 ទ្រង់ធ្វើឲ្យព្យុះសង្ឃរាបានស្ងាត់ឈឹងទៅវិញ ហើយឲ្យរលកស្ងប់ស្ងៀមដែរ
30 នោះគេមានសេចក្ដីអំណរដោយព្រោះស្ងប់ច្រៀបហើយ ទ្រង់ក៏នាំគេទៅដល់ទ្វារសមុទ្រ ដែលគេប្រាថ្នាចង់ទៅ
31 ឱសូមឲ្យមនុស្សទាំងឡាយសរសើរដល់ព្រះយេហូវ៉ា ដោយព្រោះសេចក្ដីសប្បុរសរបស់ទ្រង់ ហើយដោយព្រោះអស់ទាំងការអស្ចារ្យ ដែលទ្រង់ប្រោសដល់មនុស្សជាតិ
32 គួរឲ្យគេលើកតម្កើងទ្រង់នៅក្នុងជំនុំនៃជនទាំងឡាយ ហើយសរសើរទ្រង់នៅទីអង្គុយរបស់ពួកចាស់ទុំដែរ។
33 ៙ ទ្រង់ធ្វើឲ្យទន្លេត្រឡប់ទៅជាទីហួតហែង ហើយឲ្យក្បាលទឹកប្រែទៅជាដីខ្សោះទៅវិញ
34 ក៏ឲ្យស្រុកដុះដាលទៅជាមានដីប្រៃ ដោយព្រោះអំពើអាក្រក់របស់ពួកអ្នកដែលនៅស្រុកនោះ
35 ទ្រង់ក៏បំផ្លាស់ទីហួតហែងឲ្យទៅជាត្រពាំង ហើយដីស្ងួតធេងឲ្យមានក្បាលទឹកវិញ
36 ទ្រង់តាំងមនុស្សអត់ឃ្លានឲ្យនៅទីនោះ ដើម្បីឲ្យគេបានសង់ទីក្រុងសម្រាប់អាស្រ័យនៅ
37 ព្រមទាំងធ្វើស្រែ ហើយធ្វើចម្ការទំពាំងបាយជូរ ឲ្យបានមានផលចម្រើនឡើង
38 ទ្រង់ក៏ប្រទានពរដល់គេដែរ ដើម្បីឲ្យគេបានចម្រើនជាច្រើនឡើង ហើយទ្រង់មិនឲ្យហ្វូងសត្វរបស់គេថយចុះឡើយ
39 បើជាគេត្រូវថយចុះវិញ ហើយត្រូវអាប់ឱន ដោយមានគេសង្កត់សង្កិន ធ្វើទុក្ខបុកម្នេញ ហើយឲ្យមានសេចក្ដីព្រួយលំបាក
40 នោះទ្រង់ចាក់សេចក្ដីមើលងាយទៅលើពួកអ្នកធំ ហើយបណ្តាលឲ្យគេដើរសាត់ព្រាត់នៅទីស្ងាត់ឈឹង ដែលឥតមានផ្លូវវិញ
41 ទ្រង់ក៏តាំងមនុស្សកំសត់ទុគ៌តឡើង ឲ្យរួចពីសេចក្ដីវេទនា ព្រមទាំងឲ្យគ្រួសារគេសាយគ្រាយឡើង ដូចជាហ្វូងសត្វ
42 ពួកមនុស្សទៀងត្រង់ក៏ឃើញ ហើយមានសេចក្ដីអំណរឡើង ឯសេចក្ដីទុច្ចរិតនឹងត្រូវបាត់មាត់ទៅ
43 បើអ្នកណាមានប្រាជ្ញា នោះនឹងរក្សាទុកនូវ សេចក្ដីទាំងនេះ ហើយនិងពិចារណាពីសេចក្ដីសប្បុរសរបស់ ព្រះយេហូវ៉ា។
Psalm 108
1 ឱព្រះអង្គអើយ ចិត្តទូលបង្គំបានតាំងនៅមាំហើយ ទូលបង្គំនឹងច្រៀង អើ នឹងច្រៀងសរសើរ ដោយសារកិត្តិយសរបស់ទូលបង្គំដែរ
2 ឱពិណ ហើយនិងស៊ុងអើយ ចូរភ្ញាក់ឡើង ឯទូលបង្គំនឹងភ្ញាក់ពីព្រលឹមដែរ
3 ឱព្រះយេហូវ៉ាអើយ ទូលបង្គំអរព្រះគុណដល់ទ្រង់ នៅកណ្តាលជនទាំងឡាយ ទូលបង្គំនឹងច្រៀងសរសើរទ្រង់ នៅកណ្តាលសាសន៍ដទៃទាំងប៉ុន្មាន
4 ដ្បិតសេចក្ដីសប្បុរសរបស់ទ្រង់ធំខ្ពស់ជាងផ្ទៃមេឃ ហើយសេចក្ដីពិតរបស់ទ្រង់ក៏ខ្ពស់ដល់ពពកដែរ
5 ឱព្រះអង្គអើយ សូមឲ្យទ្រង់បានថ្កើងឡើងខ្ពស់ជាងផ្ទៃមេឃ ហើយឲ្យសិរីល្អនៃទ្រង់ផ្សាយទៅពេញលើផែនដី
6 ដើម្បីឲ្យអស់អ្នកស្ងួនភ្ងារបស់ទ្រង់ បានប្រោសឲ្យរួច សូមជួយសង្គ្រោះ ដោយព្រះហស្តស្តាំនៃទ្រង់ ហើយឆ្លើយមកយើងខ្ញុំផង
7 ព្រះទ្រង់បានមានព្រះបន្ទូលដោយសេចក្ដីបរិសុទ្ធរបស់ទ្រង់ ថា យើងនឹងត្រេកអរឡើង ក៏នឹងបែងចែកស្រុកស៊ីគែម ហើយនិងវាស់ច្រកភ្នំសិកូត
8 ឯស្រុកកាឡាត ជាស្រុករបស់ផងយើង ហើយខេត្តម៉ាន៉ាសេផង ខេត្តអេប្រាអិម ជាទីមាំមួនការពារក្បាលយើង ហើយស្រុកយូដា ជាអ្នកតែងច្បាប់របស់យើង
9 ស្រុកម៉ូអាប់ ជាអាងសម្រាប់ឲ្យយើងងូតទឹក ហើយយើងបោះស្បែកជើងទៅលើស្រុកអេដុម យើងនឹងស្រែកឡើងពីលើស្រុកភីលីស្ទីន
10 តើអ្នកណានឹងនាំទូលបង្គំចូលទៅក្នុងទីក្រុងមាំមួនបាន តើអ្នកណានឹងនាំទូលបង្គំទៅឯស្រុកអេដុម
11 ឱព្រះអង្គអើយ តើមិនមែនទ្រង់ទេឬអី ជាព្រះដែលបានចោលយើងខ្ញុំហើយផង ឱព្រះអង្គអើយ ទ្រង់ក៏មិនយាងចេញទៅជាមួយ នឹងពលទ័ពរបស់យើងខ្ញុំទៀតដែរ
12 សូមទ្រង់ប្រោសមេត្តាជួយយើងខ្ញុំទាស់នឹងពួកសត្រូវ ដ្បិតសេចក្ដីជំនួយរបស់មនុស្ស នោះឥតប្រយោជន៍ទេ
13 ដោយពឹងដល់ព្រះ នោះយើងខ្ញុំនឹងតស៊ូយ៉ាងរឹងប៉ឹងវិញ ដ្បិតគឺទ្រង់ហើយ ដែលនឹងជាន់ឈ្លីពួកសត្រូវ របស់យើងខ្ញុំបង់។
Psalm 109
1 ឱព្រះនៃសេចក្ដីសរសើរ របស់ទូលបង្គំអើយ សូមទ្រង់កុំគង់ស្ងៀមស្ងាត់ឡើយ
2 ដ្បិតមាត់របស់មនុស្សអាក្រក់ និងមាត់មាយា បានហាឡើងទាស់នឹងទូលបង្គំហើយ គេបាននិយាយនឹងទូលបង្គំ ដោយអណ្តាតកំភូត
3 គេបានឡោមព័ទ្ធទូលបង្គំជុំវិញ ដោយពាក្យសំអប់ ក៏តយុទ្ធនឹងទូលបង្គំ ដោយឥតហេតុ
4 គេជាសត្រូវស្នងនឹងសេចក្ដីស្រឡាញ់របស់ទូលបង្គំ ប៉ុន្តែ ទូលបង្គំផ្ចង់ចិត្តនឹងអធិស្ឋានវិញ
5 គេបានសងការអាក្រក់ដល់ទូលបង្គំ ស្នងនឹងការល្អ ហើយស្នងសេចក្ដីសំអប់ ចំពោះសេចក្ដីស្រឡាញ់របស់ទូលបង្គំ
6 សូមទ្រង់តាំងអ្នកអាក្រក់ឲ្យគ្រប់គ្រងលើវា ហើយឲ្យសាតាំងឈរនៅខាងស្តាំវា
7 កាលណាវាត្រូវជំនុំជម្រះ នោះសូមឲ្យវាមានទោស ហើយឲ្យសេចក្ដីអធិស្ឋានរបស់វាត្រឡប់ជាអំពើបាបវិញ
8 សូមឲ្យថ្ងៃអាយុរបស់វាបានខ្លីចុះ ហើយឲ្យមានម្នាក់ទៀតទទួលយកការងាររបស់វា
9 សូមឲ្យកូនចៅវានៅជាកំព្រាឪពុក ហើយឲ្យប្រពន្ធវានៅជាមេម៉ាយ
10 សូមឲ្យកូនចៅវាធ្វើជាមនុស្សអាវាសែ ទាំងដើរសុំទាន ឲ្យគេរកស៊ីតាមទីច្រកល្ហករបស់គេ
11 សូមឲ្យម្ចាស់បំណុលរឹបយករបស់វាទាំងអស់ទៅ ហើយឲ្យមនុស្សដទៃដណ្តើមយកផលនៃការរបស់វា
12 សូមកុំឲ្យមានអ្នកណាអាណិតមេត្តាដល់វាឡើយ ក៏កុំឲ្យមានអ្នកណាអាសូរដល់កូនកំព្រារបស់វាដែរ
13 សូមឲ្យពូជវាត្រូវផុតចេញ លុះដល់ដំណជាន់ក្រោយ សូមឲ្យឈ្មោះ វាត្រូវសូន្យបាត់ទៅ
14 សូមឲ្យព្រះយេហូវ៉ានឹកចាំពីសេចក្ដីទុច្ចរិត របស់ពួកអយ្យកោវា ហើយកុំឲ្យបាបរបស់ម្តាយវាត្រូវលុបចេញឡើយ
15 សូមឲ្យសេចក្ដីទាំងនោះនៅចំពោះព្រះយេហូវ៉ាជានិច្ច ដើម្បីឲ្យទ្រង់បានផ្តាច់សេចក្ដីនឹកចាំពីគេចេញពីផែនដីទៅ
16 ពីព្រោះវាមិនបាននឹកចាំនឹងសម្ដែងសេចក្ដីមេត្តាទេ គឺបានសង្កត់សង្កិនមនុស្សក្រលំបាក និងមនុស្សកំសត់ទុគ៌ត ព្រមទាំងមនុស្សដែលមានចិត្តសង្រេងវិញ ដើម្បីនឹងសម្លាប់គេបង់
17 អើ វាបានចូលចិត្តនឹងការជេរប្រទេច ហើយការនោះក៏កើតមកដល់ខ្លួនវា វាមិនចូលចិត្តនឹងការឲ្យពរទេ ហើយការនោះក៏នៅឆ្ងាយពីវា
18 វាបានប្រដាប់ខ្លួនដោយការជេរប្រទេច ដូចជាពាក់អាវ ហើយការនោះក៏ចូលទៅដល់ខាងក្នុងវាដូចជាទឹក ហើយបានជ្រាបទៅក្នុងឆ្អឹងវាដូចជាប្រេង
19 សូមឲ្យការនោះបានសម្រាប់វា ដូចជាសម្លៀកបំពាក់ ដែលវាតែងស្លៀកពាក់ ហើយជាខ្សែក្រវាត់ដែលវារឹតនៅចង្កេះជានិច្ចដែរ
20 នេះហើយជារង្វាន់ដែលព្រះយេហូវ៉ាទ្រង់ប្រទានដល់ពួកខ្មាំងសត្រូវនៃទូលបង្គំ ហើយដល់អស់អ្នកដែលនិយាយបង្កាច់ដល់ព្រលឹង នៃទូលបង្គំដែរ
21 តែឱព្រះយេហូវ៉ាជាព្រះអម្ចាស់អើយ សូមទ្រង់ប្រោសទូលបង្គំ ដោយយល់ដល់ព្រះនាមទ្រង់ សូមប្រោសឲ្យទូលបង្គំបានរួច ដោយព្រោះសេចក្ដី សប្បុរសដ៏ប្រសើររបស់ទ្រង់
22 ដ្បិតទូលបង្គំជាអ្នកក្រលំបាក ហើយកំសត់ទុគ៌ត ហើយចិត្តនៅក្នុងខ្លួនទូលបង្គំមានរបួសផង
23 ទូលបង្គំទៅបាត់ ដូចជាស្រមោលដែលជ្រេទៅ ទូលបង្គំត្រូវគេដេញចុះឡើងដូចជាកណ្តូប
24 ក្បាលជង្គង់នៃទូលបង្គំញ័រ ដោយតមអាហារ ហើយរូបសាច់ទូលបង្គំក៏ស្គមស្គាំងទៅ
25 ទូលបង្គំបានត្រឡប់ជាទីត្មះតិះដៀលដល់គេ កាលណាគេប្រទះឃើញទូលបង្គំ នោះគេគ្រវីក្បាល
26 ឱព្រះយេហូវ៉ាជាព្រះនៃទូលបង្គំអើយ សូមជួយទូលបង្គំផង ឱសូមជួយសង្គ្រោះទូលបង្គំ តាមសេចក្ដីសប្បុរសនៃទ្រង់
27 ដើម្បីឲ្យគេបានដឹងថា ការនេះគឺជាព្រះហស្តទ្រង់ធ្វើទេ គឺជាទ្រង់ ឱព្រះយេហូវ៉ាអើយ ដែលបានធ្វើការនេះ
28 ឲ្យគេជេរប្រទេចចុះ តែសូមទ្រង់ប្រទានពរវិញ កាលណាគេលើកគ្នាឡើង នោះគេនឹងត្រូវមាន សេចក្ដីខ្មាស តែអ្នកបម្រើទ្រង់នឹងអរសប្បាយវិញ
29 សូមឲ្យពួកសត្រូវនៃទូលបង្គំ បានត្រូវប្រដាប់ខ្លួន ដោយសេចក្ដីអាប់យស ឲ្យគេគ្រលុំខ្លួន ដោយសេចក្ដីអាម៉ាស់ខ្មាស ដូចជាពាក់អាវ
30 មាត់ទូលបង្គំនឹងអរព្រះគុណដល់ ព្រះយេហូវ៉ាយ៉ាងក្រៃលែង អើ ទូលបង្គំនឹងសរសើរដល់ទ្រង់ នៅកណ្តាលជនទាំងឡាយ
31 ដ្បិតទ្រង់ឈរនៅខាងស្តាំនៃមនុស្សកំសត់ទុគ៌ត ដើម្បីនឹងជួយឲ្យរួចពីពួកអ្នកដែលប្រកាន់ទោស ចំពោះព្រលឹងគេ។
Psalm 110
1 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូល ដល់ព្រះអម្ចាស់នៃទូលបង្គំថា ចូរឲ្យឯងអង្គុយនៅខាងស្តាំអញ ទាល់តែអញដាក់ពួកខ្មាំងសត្រូវឯង ឲ្យធ្វើជាកំណល់កល់ជើងឯង
2 ព្រះយេហូវ៉ាទ្រង់នឹងសន្ធឹងដំបងនៃព្រះចេស្តាឯង ចេញពីក្រុងស៊ីយ៉ូន ឲ្យឯងគ្រប់គ្រងនៅកណ្តាលពួកខ្មាំងសត្រូវផង
3 រាស្ត្ររបស់ឯងគេថ្វាយខ្លួនស្ម័គ្រពីចិត្ត នៅថ្ងៃដែលឯងដំរៀបក្បួនទ័ពដ៏ប្រដាប់ ដោយគ្រឿងបរិសុទ្ធ ពួកកំលោះរបស់ឯងនឹងបានដូចជាទឹកសន្សើម ដែលចេញពីផ្ទៃនៃបច្ចូសកាលមក
4 ព្រះយេហូវ៉ាទ្រង់បានស្បថហើយ ថាឯងជាសង្ឃ នៅអស់កល្បជានិច្ច តាមរបៀបលោកម៉ិលគីស្សាដែក ទ្រង់នឹងមិនប្រែព្រះហឫទ័យឡើយ
5 ព្រះអម្ចាស់ដែលគង់នៅខាងស្តាំឯង ទ្រង់នឹងវាយលំអិតស្តេចទាំងប៉ុន្មាន នៅថ្ងៃនៃសេចក្ដីក្រោធរបស់ទ្រង់
6 ទ្រង់នឹងជំនុំជម្រះនៅកណ្តាលអស់ទាំងសាសន៍ ឲ្យមានពេញដោយសាកសព ទ្រង់នឹងវាយបំបែកក្បាលនៃនគរជាច្រើន
7 ទ្រង់នឹងសោយទឹកពីជ្រោះតាមផ្លូវ ដូច្នេះ ទ្រង់នឹងបានងើបព្រះសិរឡើង។
Psalm 111
1 ចូរសរសើរដល់ព្រះយេហូវ៉ា ខ្ញុំនឹងអរព្រះគុណដល់ព្រះយេហូវ៉ា ដោយអស់ពីចិត្ត នៅក្នុងចំណោមនៃមនុស្សទៀងត្រង់ ហើយក្នុងពួកជំនុំជន
2 អស់ទាំងស្នាដៃនៃព្រះយេហូវ៉ាសុទ្ធតែធំវិសេស គួរឲ្យអស់អ្នកណាដែលចូលចិត្តនឹងការទាំងនោះ បានស្វែងរកតាម
3 ឯស្នាដៃនៃទ្រង់ នោះល្អប្រពៃ ហើយរុងរឿងឧត្តម សេចក្ដីសុចរិតរបស់ទ្រង់ក៏ស្ថិតស្ថេរនៅជាដរាប
4 ទ្រង់បានធ្វើឲ្យមានសេចក្ដីនឹកចាំពីការអស្ចារ្យរបស់ទ្រង់ ព្រះយេហូវ៉ាទ្រង់ប្រកបដោយមេត្តាករុណា និងអាណិតអាសូរ
5 ទ្រង់បានប្រទានអាហារដល់អស់អ្នកដែលកោតខ្លាចទ្រង់ ក៏នឹងនឹកចាំពីសេចក្ដីសញ្ញាទ្រង់ជានិច្ចដែរ
6 ទ្រង់បានសម្ដែងព្រះចេស្តានៃការទ្រង់ ឲ្យរាស្ត្រទ្រង់ឃើញ ដោយប្រទានឲ្យគេគ្រងបានមរដកនៃអស់ទាំងសាសន៍
7 អស់ទាំងស្នាដៃនៃព្រះហស្តទ្រង់សុទ្ធតែពិតត្រង់ ហើយសុចរិត បញ្ញត្តទាំងប៉ុន្មាននៃទ្រង់សុទ្ធតែម៉ត់ចត់
8 ក៏បានតាំងឲ្យនៅអស់កល្បជានិច្ច ហើយបានសម្រេចដោយសេចក្ដីពិត និងសេចក្ដីទៀងត្រង់
9 ទ្រង់បានចាត់ប្រើសេចក្ដីប្រោសលោះដល់រាស្ត្រទ្រង់ ទ្រង់បានសម្រេចសេចក្ដីសញ្ញាទ្រង់ ឲ្យនៅជាដរាប ព្រះនាមទ្រង់បរិសុទ្ធ ហើយគួរគោរព
10 ឯសេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា នោះជាដើមចមនៃប្រាជ្ញា អស់អ្នកដែលកាន់តាម នោះមានយោបល់ល្អ សេចក្ដីសរសើរនៃទ្រង់ជាប់នៅអស់កល្បជានិច្ច។
Psalm 112
1 ចូរសរសើរដល់ព្រះយេហូវ៉ា មានពរហើយ អ្នកណាដែលកោតខ្លាច ដល់ព្រះយេហូវ៉ា ហើយមានសេចក្ដីអំណរជាខ្លាំង ចំពោះសេចក្ដីបង្គាប់របស់ទ្រង់
2 ពូជពង្សរបស់អ្នកនោះនឹងបានពូកែនៅផែនដី ឯដំណមនុស្សទៀងត្រង់គេនឹងបានពរ
3 ចំណែកធនធាន និងទ្រព្យសម្បត្តិ រមែងមាននៅក្នុងផ្ទះគេ ហើយសេចក្ដីសុចរិតរបស់អ្នកនោះក៏គង់នៅជាដរាប
4 មានពន្លឺភ្លឺឡើង ក្នុងទីងងឹត សម្រាប់មនុស្សទៀងត្រង់ គេជាអ្នកមានចិត្តប្រកបដោយមេត្តាករុណា អាណិតអាសូរ ហើយសុចរិត
5 អ្នកណាដែលមានចិត្តមេត្តា ឲ្យគេខ្ចី នោះបានសប្បាយហើយ អ្នកនោះនឹងរក្សាទុកនូវកិច្ចការខ្លួន តាមសេចក្ដីយុត្តិធម៌
6 ដ្បិតគេមិនត្រូវរង្គើឡើយ និងចេះតែមានសេចក្ដីនឹកចាំពីមនុស្សសុចរិត នៅជារៀងរាបដរាប
7 អ្នកនោះនឹងមិនខ្លាចដំណឹងអាក្រក់ឡើយ ចិត្តគេបានមាំមួនហើយ ដោយទុកចិត្តនឹងព្រះយេហូវ៉ា
8 ចិត្តគេបានតាំងខ្ជាប់ខ្ជួន គេនឹងមិនភ័យខ្លាចឡើយ ដរាបដល់បានឃើញបំណងចិត្តកើតដល់ពួកសត្រូវខ្លួន
9 គេបានចែកចាយ គឺបានចែកឲ្យដល់មនុស្សកំសត់ សេចក្ដីសុចរិតរបស់គេគង់នៅជាដរាប មនុស្សទាំងឡាយនឹងលើកមុខអ្នកនោះ ឲ្យមានកិត្តិសព្ទ
10 ពួកមនុស្សអាក្រក់នឹងមើលឃើញ ហើយនិងមានចិត្តក្នាញ់ គេនឹងសង្កៀតធ្មេញ ហើយរលាយបាត់ទៅ បំណងចិត្តនៃមនុស្សអាក្រក់នោះ នឹងវិនាសសូន្យទៅវិញ។
Psalm 113
1 ចូរសរសើរដល់ព្រះយេហូវ៉ា ឱពួកអ្នកបម្រើនៃព្រះយេហូវ៉ាអើយ ចូរសរសើរចុះ ចូរសរសើរដល់ព្រះនាមព្រះយេហូវ៉ា
2 សូមឲ្យព្រះនាមព្រះយេហូវ៉ាបានព្រះពរ ចាប់តាំងពីឥឡូវនេះ ដរាបដល់អស់កល្បតទៅ
3 ចាប់តាំងពីទីថ្ងៃរះរហូតដល់ទីថ្ងៃលិច នោះព្រះនាមព្រះយេហូវ៉ាគួរសរសើរ
4 ព្រះយេហូវ៉ាទ្រង់ស្ថិតនៅទីខ្ពស់លើគ្រប់ទាំងសាសន៍ ហើយសិរីល្អនៃទ្រង់ក៏ខ្ពស់ជាងផ្ទៃមេឃ
5 តើមានអ្នកឯណាឲ្យដូចជាព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំ ជាព្រះដែលគង់នៅស្ថានដ៏ខ្ពស់នោះ
6 ទ្រង់ឱនព្រះនេត្រ ដើម្បីទតមើលផ្ទៃមេឃ និងផែនដី
7 ទ្រង់លើកមនុស្សក្រីក្រឡើងចេញពីធូលីដី ហើយមនុស្សកំសត់ទុគ៌តចេញពីគំនរសំរាម
8 ដើម្បីនឹងតាំងឲ្យគេអង្គុយជាមួយនឹងពួកអ្នកធំ គឺជាមួយនឹងពួកអ្នកធំនៃរាស្ត្រទ្រង់
9 ទ្រង់ក៏ប្រោសឲ្យស្រីអារបានផ្ទះសំបែង ហើយឲ្យមានកូនដោយរីករាយវិញ ចូរសរសើរដល់ព្រះយេហូវ៉ាចុះ។
Psalm 114
1 កាលសាសន៍អ៊ីស្រាអែល បានចេញពីស្រុកអេស៊ីព្ទ គឺកាលពូជពង្សនៃយ៉ាកុប បានចេញពីសាសន៍ ដែលមានភាសាទីទៃ
2 នោះពួកយូដាបានត្រឡប់ជាទីបរិសុទ្ធរបស់ទ្រង់ ហើយពួកអ៊ីស្រាអែលបានធ្វើជាអាណាខេត្តរបស់ទ្រង់
3 សមុទ្របានឃើញ ហើយក៏រត់បាត់ទៅ ទន្លេយ័រដាន់ក៏ហូរថយច្រាសវិញ
4 អស់ទាំងភ្នំធំៗក៏លោតដូចជាចៀមឈ្មោល ហើយភ្នំតូចៗដូចជាកូនចៀម
5 ឱសមុទ្រអើយ តើវាថ្វី បានជារត់ទៅដូច្នេះ ហើយទន្លេយ័រដាន់ឯងដែរ បានជាហូរថយច្រាសទៅ
6 នឹងអស់ទាំងភ្នំធំៗអើយ បានជាលោតដូចជាចៀមឈ្មោល ហើយឯងដែរ ភ្នំតូចៗអើយ បានជាលោត ដូចជាកូនចៀមដូច្នេះ
7 ឱផែនដីអើយ ចូរញ័ររន្ធត់នៅចំពោះព្រះអម្ចាស់ គឺនៅចំពោះព្រះនៃយ៉ាកុបចុះ
8 ជាព្រះដែលធ្វើឲ្យថ្មដាប្រែទៅជាត្រពាំងទឹក គឺថ្មរឹងឲ្យទៅជាក្បាលទឹកហូរ។
Psalm 115
1 មិនមែនយើងខ្ញុំ ឱព្រះយេហូវ៉ាអើយ មិនមែនយើងខ្ញុំដែលគួរលើកតម្កើងទេ សូមទ្រង់លើកតម្កើងព្រះនាមនៃទ្រង់វិញ ដោយយល់ដល់សេចក្ដីសប្បុរស និងសេចក្ដីពិតត្រង់របស់ទ្រង់
2 តើមានទំនងអ្វីឲ្យពួកសាសន៍ដទៃសួរថា តើព្រះគេនៅឯណា
3 ចំណែកព្រះនៃយើងខ្ញុំ ទ្រង់គង់នៅស្ថានសួគ៌ ទ្រង់បានធ្វើការដែលគាប់ដល់ព្រះហឫទ័យទ្រង់ហើយ
4 ឯព្រះរបស់គេ នោះសុទ្ធតែជារូប ធ្វើពីប្រាក់ និងមាស ជាស្នាដៃដែលមនុស្សធ្វើ
5 រូបទាំងនោះមានមាត់ តែមិនចេះនិយាយ មានភ្នែក តែមើលមិនឃើញ
6 មានត្រចៀក តែស្តាប់មិនឮ មានច្រមុះ តែធុំក្លិនមិនបាន
7 មានដៃ តែចាប់កាន់មិនបាន មានជើង តែមិនចេះដើរឡើយ ក៏មិនចេះបញ្ចេញសំឡេងតាមបំពង់កផង
8 ជាងដែលធ្វើ អើ អស់អ្នកដែលទុកចិត្តនឹងរូបទាំងនោះ គេនឹងបានដូចជារូបនោះដែរ
9 ឱអ៊ីស្រាអែលអើយ ចូរទុកចិត្តនឹងព្រះយេហូវ៉ាចុះ ទ្រង់ជាអ្នកជួយ និងជាខែលរបស់ឯង
10 ឱពួកវង្សអើរ៉ុនអើយ ចូរទុកចិត្តនឹងព្រះយេហូវ៉ាចុះ ទ្រង់ជាអ្នកជួយ និងជាខែលរបស់ឯង
11 ឱពួកអ្នកដែលកោតខ្លាចដល់ព្រះយេហូវ៉ាអើយ ចូរទុកចិត្តនឹងព្រះយេហូវ៉ាចុះ ទ្រង់ជាអ្នកជួយ និងជាខែលរបស់ឯង
12 ព្រះយេហូវ៉ាទ្រង់បាននឹកចាំពីយើងខ្ញុំ ទ្រង់នឹងប្រទានពរពិត ទ្រង់នឹងប្រទានពរដល់ពួក វង្សអ៊ីស្រាអែល ទ្រង់នឹងប្រទានពរដល់ពួកវង្សអើរ៉ុន
13 ទ្រង់នឹងប្រទានពរដល់អស់អ្នក ទាំងតូចទាំងធំ ដែលកោតខ្លាចចំពោះព្រះយេហូវ៉ា
14 សូមព្រះយេហូវ៉ាចម្រើនឯងរាល់គ្នា ឲ្យកាន់តែច្រើនឡើង គឺឯងរាល់គ្នា ហើយនិងកូនចៅរបស់ឯងរាល់គ្នាផង
15 ឯងរាល់គ្នាបានពរពីព្រះយេហូវ៉ាជាព្រះដែលបាន បង្កើតផ្ទៃមេឃ និងផែនដី
16 ឯស្ថានសួគ៌ គឺជាស្ថានរបស់ព្រះយេហូវ៉ា ចំណែកផែនដីវិញ នោះទ្រង់បានប្រគល់ដល់មនុស្សជាតិ
17 មនុស្សស្លាប់រមែងមិនសរសើរដល់ព្រះយេហូវ៉ាទេ ព្រមទាំងមនុស្សដែលចុះទៅនៅឯស្ថានស្ងាត់ឈឹងផង
18 តែចំណែកយើងខ្ញុំ នឹងសូមឲ្យព្រះយេហូវ៉ាបានប្រកប ដោយព្រះពរ ចាប់តាំងពីឥឡូវនេះ ដរាបដល់អស់កល្បតទៅ ចូរសរសើរដល់ព្រះយេហូវ៉ាចុះ។
Psalm 116
1 ខ្ញុំស្រឡាញ់ព្រះយេហូវ៉ា ដ្បិតទ្រង់តែងស្តាប់សំឡេងខ្ញុំ និងពាក្យដែលខ្ញុំទូលអង្វរ
2 ហេតុព្រោះទ្រង់បានផ្អៀងព្រះកាណ៌មកស្តាប់ខ្ញុំ បានជាខ្ញុំនឹងអំពាវនាវដល់ទ្រង់អស់១ជីវិត
3 ចំណងនៃសេចក្ដីស្លាប់បានរុំព័ទ្ធខ្ញុំ ហើយសេចក្ដីឈឺចាប់នៃស្ថានឃុំព្រលឹងមនុស្សស្លាប់ បានចាប់ខ្ញុំ ខ្ញុំក៏កើតមានទុក្ខវេទនា និងព្រួយបារម្ភ
4 នោះខ្ញុំបានអំពាវនាវដល់ព្រះនាមព្រះយេហូវ៉ាថា ឱព្រះយេហូវ៉ាអើយ ទូលបង្គំសូមអង្វរដល់ទ្រង់ សូមប្រោសព្រលឹងទូលបង្គំឲ្យរួចផង
5 ព្រះយេហូវ៉ាទ្រង់ប្រកបដោយសេចក្ដីមេត្តាករុណា និងសេចក្ដីសុចរិត អើ ព្រះនៃយើងខ្ញុំ ទ្រង់មានសេចក្ដីអាណិតអាសូរ
6 ព្រះយេហូវ៉ាទ្រង់ជួយទំនុកបម្រុងមនុស្សឆោតល្ងង់ ឯខ្ញុំក៏បានត្រូវគេបន្ទាបបន្ថោកម្តង ហើយទ្រង់បានជួយសង្គ្រោះខ្ញុំ
7 ឱព្រលឹងខ្ញុំអើយ ចូរត្រឡប់ទៅឯទីសម្រាករបស់ខ្លួនវិញ ដ្បិតព្រះយេហូវ៉ាទ្រង់បានប្រព្រឹត្ត ដោយគុណដ៏ប្រសើរ
8 គឺទ្រង់បានប្រោសជីវិតខ្ញុំឲ្យរួចពីស្លាប់ និងឲ្យខ្ញុំរួចពីការស្រក់ទឹកភ្នែក ហើយឲ្យជើងខ្ញុំរួចពីការចំពប់ដួលផង
9 ខ្ញុំនឹងដើរនៅចំពោះព្រះយេហូវ៉ា នៅក្នុងស្ថាននៃមនុស្សរស់
10 ខ្ញុំបានជឿហើយ បានជាខ្ញុំថា ខ្ញុំមានទុក្ខខ្លាំងណាស់
11 ក្នុងការរួសរាន់របស់ខ្ញុំ នោះខ្ញុំបានថា មនុស្សទាំងអស់សុទ្ធតែភូតកុហក
12 តើត្រូវឲ្យខ្ញុំយកអ្វីតបស្នងព្រះយេហូវ៉ា ចំពោះព្រះគុណដែលទ្រង់បានផ្តល់មកខ្ញុំទាំងប៉ុន្មាន
13 គឺខ្ញុំនឹងទទួលយកពែងនៃសេចក្ដីសង្គ្រោះ ហើយនិងអំពាវនាវដល់ព្រះនាមព្រះយេហូវ៉ា
14 ខ្ញុំនឹងលាបំណន់របស់ខ្ញុំចំពោះព្រះយេហូវ៉ា អើ នៅមុខបណ្តាជនទាំងប៉ុន្មានរបស់ទ្រង់ផង
15 ការស្លាប់របស់ពួកអ្នកបរិសុទ្ធនៃព្រះយេហូវ៉ា ជាការវិសេសដល់ព្រះនេត្រទ្រង់
16 ឱព្រះយេហូវ៉ាអើយ ទូលបង្គំជាទាសារបស់ទ្រង់ពិត គឺជាទាសារបស់ទ្រង់ ហើយជាកូននៃទាសីរបស់ទ្រង់ តែទ្រង់បានស្រាយចំណងរបស់ទូលបង្គំចេញហើយ
17 ទូលបង្គំនឹងថ្វាយតង្វាយជាសេចក្ដីអរព្រះគុណដល់ព្រះយេហូវ៉ា ហើយនិងអំពាវនាវដល់ព្រះនាមទ្រង់
18 ខ្ញុំនឹងលាបំណន់របស់ខ្ញុំចំពោះព្រះយេហូវ៉ា អើ នៅមុខបណ្តាជនទាំងប៉ុន្មានរបស់ទ្រង់ផង
19 គឺនៅក្នុងព្រះលាននៃដំណាក់ព្រះយេហូវ៉ា គឺនៅកណ្តាលឯង ឱក្រុងយេរូសាឡឹមអើយ ចូរសរសើរដល់ព្រះយេហូវ៉ាចុះ។
Psalm 117
1 ឱសាសន៍ទាំងឡាយអើយ ចូរសរសើរដល់ព្រះយេហូវ៉ា ឱជនរាល់គ្នាអើយ ចូរតម្កើងទ្រង់ចុះ
2 ដ្បិតសេចក្ដីសប្បុរសនៃទ្រង់ចំពោះយើងរាល់គ្នា នោះធំក្រៃលែង ហើយសេចក្ដីពិតនៃព្រះយេហូវ៉ា ក៏ស្ថិតស្ថេរនៅជាដរាប ចូរសរសើរដល់ព្រះយេហូវ៉ាចុះ។
Psalm 118
1 ចូរអរព្រះគុណដល់ព្រះយេហូវ៉ា ដ្បិតទ្រង់ល្អ សេចក្ដីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប
2 ឥឡូវនេះ គួរឲ្យសាសន៍អ៊ីស្រាអែលពោលថា សេចក្ដីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប
3 ឥឡូវនេះ គួរឲ្យពូជពង្សនៃអើរ៉ុនពោលថា សេចក្ដីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប
4 ឥឡូវនេះ គួរឲ្យអស់អ្នក ដែលកោតខ្លាចដល់ព្រះយេហូវ៉ាបានពោលថា សេចក្ដីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប
5 ខ្ញុំបានអំពាវនាវដល់ព្រះយេហូវ៉ា ដោយសេចក្ដីវេទនារបស់ខ្ញុំ ព្រះយេហូវ៉ាទ្រង់ក៏ទទួលស្តាប់ ហើយបានដាក់ខ្ញុំទុកនៅទីធំទូលាយ
6 ព្រះយេហូវ៉ាទ្រង់កាន់ខាងខ្ញុំៗនឹងមិនខ្លាចអ្វីឡើយ តើមនុស្សអាចនឹងធ្វើអ្វីដល់ខ្ញុំបាន
7 ព្រះយេហូវ៉ាទ្រង់កាន់ខាងខ្ញុំ ជាមួយនឹងពួកអ្នកដែលជួយខ្ញុំដែរ ដូច្នេះ ខ្ញុំនឹងឃើញការកើតដល់ពួកអ្នកដែលស្អប់ខ្ញុំ តាមបំណងចិត្តខ្ញុំ
8 ស៊ូពឹងជ្រកនៅព្រះយេហូវ៉ាជាជាងទុកចិត្តនឹងមនុស្ស
9 ស៊ូពឹងជ្រកនៅព្រះយេហូវ៉ាជាជាងទុកចិត្តនឹងពួកអ្នកធំ។
10 ៙ សាសន៍ទាំងប៉ុន្មានបានឡោមព័ទ្ធខ្ញុំ តែដោយនូវព្រះនាមព្រះយេហូវ៉ា ខ្ញុំនឹងបំផ្លាញគេចេញ
11 គេបានឡោមព័ទ្ធខ្ញុំ អើ បានឡោមព័ទ្ធខ្ញុំពិត តែដោយនូវព្រះនាមព្រះយេហូវ៉ា ខ្ញុំនឹងបំផ្លាញគេចេញ
12 គេបានឡោមព័ទ្ធខ្ញុំជុំវិញ ដូចជាហ្វូងឃ្មុំ តែគេត្រូវរលត់ទៅ ដូចជាភ្លើងដែលឆេះបន្លា ដោយនូវព្រះនាមព្រះយេហូវ៉ា ខ្ញុំនឹងបំផ្លាញគេចេញ
13 គេបានច្រានយ៉ាងខ្លាំង ចង់ឲ្យខ្ញុំដួល ប៉ុន្តែ ព្រះយេហូវ៉ាទ្រង់បានជួយខ្ញុំ
14 ព្រះយេហូវ៉ាទ្រង់ជាកម្លាំង ហើយជាទំនុកច្រៀងរបស់ខ្ញុំ ក៏បានត្រឡប់ជាសេចក្ដីសង្គ្រោះរបស់ខ្ញុំដែរ។
15 ៙ នៅក្នុងលំនៅរបស់មនុស្សសុចរិត នោះមានឮសំឡេងច្រៀង ដោយអំណរពីសេចក្ដីសង្គ្រោះ ព្រះហស្តស្តាំនៃព្រះយេហូវ៉ាសម្ដែងឥទ្ធិឫទ្ធិ
16 ព្រះហស្តស្តាំនៃព្រះយេហូវ៉ាបានថ្កើងឡើង ព្រះហស្តស្តាំនៃព្រះយេហូវ៉ាសម្ដែងឥទ្ធិឫទ្ធិ។
17 ៙ ខ្ញុំនឹងមិនស្លាប់ទេ គឺនឹងរស់នៅវិញ ហើយខ្ញុំនឹងប្រកាសពីអស់ទាំងស្នាដៃនៃព្រះយេហូវ៉ា
18 ព្រះយេហូវ៉ាបានវាយផ្ចាលខ្ញុំយ៉ាងខ្លាំង តែមិនបានបណ្តោយឲ្យខ្ញុំស្លាប់ទេ
19 សូមបើកទ្វារនៃសេចក្ដីសុចរិតឲ្យខ្ញុំ នោះខ្ញុំនឹងចូលទៅ ហើយនិងអរព្រះគុណដល់ព្រះយេហូវ៉ា
20 នេះហើយជាទ្វារនៃព្រះយេហូវ៉ា ពួកមនុស្សសុចរិតនឹងចូលតាមទ្វារនេះ
21 ទូលបង្គំនឹងអរព្រះគុណដល់ទ្រង់ ដ្បិតទ្រង់បានឆ្លើយមកទូលបង្គំ ហើយបានត្រឡប់ជាសេចក្ដីសង្គ្រោះដល់ទូលបង្គំ។
22 ៙ ឯថ្មដែលពួកជាងសង់ផ្ទះបានចោលចេញ នោះបានត្រឡប់ជាថ្មជ្រុងយ៉ាងឯកហើយ
23 នេះគឺជាការដែលព្រះយេហូវ៉ាទ្រង់ធ្វើ ហើយក៏អស្ចារ្យនៅភ្នែកនៃយើងខ្ញុំ
24 ថ្ងៃនេះជាថ្ងៃដែលព្រះយេហូវ៉ាបានកំណត់ទុក នៅថ្ងៃនេះ យើងរាល់គ្នានឹងរីករាយសប្បាយឡើង។
25 ៙ ឱព្រះយេហូវ៉ាអើយ យើងខ្ញុំទូលអង្វរដល់ទ្រង់ សូមជួយសង្គ្រោះឥឡូវ ឱព្រះយេហូវ៉ាអើយ យើងខ្ញុំទូលអង្វរដល់ទ្រង់ សូមចាត់សេចក្ដីចម្រើនមកឥឡូវ
26 សូមឲ្យព្រះអង្គដែលយាងមកដោយនូវព្រះនាម ព្រះយេហូវ៉ា បានប្រកបដោយព្រះពរ យើងខ្ញុំបានសូមឲ្យទ្រង់បានព្រះពរ អំពីដំណាក់នៃព្រះយេហូវ៉ា
27 ព្រះយេហូវ៉ាទ្រង់ជាព្រះ ទ្រង់បានប្រទានពន្លឺមកយើងខ្ញុំ ចូរចងយញ្ញបូជាភ្ជាប់នឹងស្នែងអាសនៈដោយខ្សែចុះ
28 ទ្រង់ជាព្រះនៃទូលបង្គំ ហើយទូលបង្គំនឹងអរព្រះគុណដល់ទ្រង់ ទ្រង់ជាព្រះនៃទូលបង្គំៗនឹងតម្កើងទ្រង់ឡើង។
29 ៙ ចូរសរសើរដល់ព្រះយេហូវ៉ាចុះ ដ្បិតទ្រង់ល្អ សេចក្ដីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប។
Psalm 119
1 មានពរហើយអស់អ្នកដែលផ្លូវប្រព្រឹត្ត របស់ខ្លួនបានគ្រប់លក្ខណ៍ គឺជាអ្នកដែលដើរតាមក្រឹត្យវិន័យរបស់ព្រះយេហូវ៉ា
2 មានពរហើយ អស់អ្នកដែលរក្សាទុកនូវសេចក្ដីបន្ទាល់ របស់ទ្រង់ ជាអ្នកដែលស្វែងរកទ្រង់ឲ្យអស់ពីចិត្ត
3 អើ ពួកនោះមិនដែលប្រព្រឹត្តអំពើទុច្ចរិតឡើយ គឺគេដើរតាមផ្លូវរបស់ទ្រង់វិញ
4 ទ្រង់បានប្រកាសសេចក្ដីបញ្ញត្តរបស់ទ្រង់មក ដើម្បីឲ្យយើងខ្ញុំបានកាន់តាមដោយម៉ត់ចត់
5 ឱបើសិនណាជាផ្លូវទាំងប៉ុន្មានរបស់ទូលបង្គំ បានរៀបចំទៅអេះ ដើម្បីឲ្យបានកាន់តាមច្បាប់ទ្រង់
6 កាលណាទូលបង្គំរាប់អានអស់ទាំងសេចក្ដីបង្គាប់របស់ទ្រង់ នោះទូលបង្គំនឹងមិនត្រូវខ្មាសឡើយ
7 កាលណាទូលបង្គំបានរៀនអស់ទាំងខច្បាប់ដ៏សុចរិត របស់ទ្រង់ នោះទូលបង្គំនឹងអរព្រះគុណដល់ទ្រង់ ដោយចិត្តទៀងត្រង់
8 ទូលបង្គំនឹងកាន់តាមច្បាប់របស់ទ្រង់ ឱសូមកុំលះចោលទូលបង្គំឲ្យអស់រលីងឡើយ។
9 ៙ មនុស្សកំលោះនឹងសម្អាតផ្លូវដែលខ្លួនប្រព្រឹត្ត ដោយសារអ្វី គឺដោយប្រយ័ត និងប្រព្រឹត្តតាមព្រះបន្ទូលនៃទ្រង់
10 ទូលបង្គំបានស្វែងរកទ្រង់អស់ពីចិត្ត ឱសូមកុំឲ្យទូលបង្គំវង្វេងចេញពីសេចក្ដីបង្គាប់ របស់ទ្រង់ឡើយ
11 ទូលបង្គំបានកំណត់ចាំព្រះបន្ទូលទ្រង់ទុកនៅក្នុងចិត្ត ប្រយោជន៍កុំឲ្យទូលបង្គំធ្វើបាបនឹងទ្រង់ឡើយ
12 ឱព្រះយេហូវ៉ាអើយ ទ្រង់មានពរហើយ សូមបង្រៀនអស់ទាំងបញ្ញត្តរបស់ទ្រង់ដល់ទូលបង្គំ
13 បបូរមាត់ទូលបង្គំបានសម្ដែងពីគ្រប់ទាំងច្បាប់ ដែលចេញពីព្រះឱស្ឋទ្រង់មក
14 ទូលបង្គំបានត្រេកអរក្នុងផ្លូវប្រព្រឹត្តតាម សេចក្ដីបន្ទាល់របស់ទ្រង់ ឲ្យស្មើនឹងសេចក្ដីអំណរចំពោះទ្រព្យសម្បត្តិគ្រប់យ៉ាង
15 ទូលបង្គំនឹងរំពឹងគិតពីសេចក្ដីបញ្ញត្តរបស់ទ្រង់ ហើយនិងស្រឡាញ់រាប់អានអស់ទាំងផ្លូវរបស់ទ្រង់
16 ទូលបង្គំនឹងមានចិត្តរីករាយចំពោះបញ្ញត្តទ្រង់ទាំងប៉ុន្មាន ឥតភ្លេចព្រះបន្ទូលទ្រង់ឡើយ។
17 ៙ សូមប្រោសអ្នកបម្រើរបស់ទ្រង់ ដោយគុណដ៏ប្រសើរ ប្រយោជន៍ឲ្យទូលបង្គំបានរស់នៅ ហើយកាន់តាមព្រះបន្ទូលទ្រង់
18 សូមបំភ្លឺភ្នែកទូលបង្គំ ឲ្យបានឃើញសេចក្ដីអស្ចារ្យ នៅក្នុងក្រឹត្យវិន័យរបស់ទ្រង់
19 ទូលបង្គំជាមនុស្សគ្រាន់តែស្នាក់នៅផែនដីតែប៉ុណ្ណោះ សូមកុំលាក់សេចក្ដីបង្គាប់របស់ទ្រង់នឹងទូលបង្គំឡើយ
20 ព្រលឹងទូលបង្គំសង្រេង ដោយនឹករឭកដល់ច្បាប់ទ្រង់គ្រប់ពេលវេលា
21 ទ្រង់បានបន្ទោសមនុស្សឆ្មើងឆ្មៃ ដែលត្រូវបណ្តាសាហើយ ជាពួកអ្នកដែលវង្វេងចេញពីសេចក្ដីបង្គាប់របស់ទ្រង់
22 សូមដកយកការដំណៀល និងការមើលងាយពីទូលបង្គំចេញ ដ្បិតទូលបង្គំបានរក្សាសេចក្ដីបន្ទាល់របស់ទ្រង់ទុក
23 មានទាំងពួកអ្នកធំបានអង្គុយប្រឹក្សាគ្នា ទាស់នឹងទូលបង្គំដែរ អ្នកបម្រើរបស់ទ្រង់បាននឹករំពឹងតែពីសេចក្ដីបញ្ញត្ត របស់ទ្រង់វិញ
24 ទូលបង្គំយកសេចក្ដីបន្ទាល់ទ្រង់ ទុកជាសេចក្ដីអំណររបស់ខ្លួន ហើយជាសេចក្ដីដំបូន្មានផង។
25 ៙ ព្រលឹងទូលបង្គំឈ្លក់នៅនឹងធូលីដី សូមប្រោសទូលបង្គំឲ្យភ្ងារឡើង តាមព្រះបន្ទូលទ្រង់
26 ទូលបង្គំបានទូលសម្ដែងពីផ្លូវប្រព្រឹត្តរបស់ទូលបង្គំ ហើយទ្រង់បានឆ្លើយមក សូមបង្រៀនអស់ទាំងបញ្ញត្តទ្រង់មកទូលបង្គំផង
27 សូមឲ្យទូលបង្គំបានយល់ក្នុងផ្លូវឱវាទរបស់ទ្រង់ យ៉ាងនោះទូលបង្គំនឹងនឹករំពឹងពីការអស្ចារ្យរបស់ទ្រង់
28 ព្រលឹងទូលបង្គំរលាយទៅ ដោយសេចក្ដីធ្ងន់ចិត្ត សូមចម្រើនកម្លាំងដល់ទូលបង្គំ តាមព្រះបន្ទូលនៃទ្រង់
29 សូមដកការប្រព្រឹត្តដោយភូតភរពីទូលបង្គំចេញ ហើយអនុញ្ញាតប្រទានក្រឹត្យវិន័យរបស់ទ្រង់មកទូលបង្គំ ដោយព្រះគុណ
30 ទូលបង្គំបានរើសយកផ្លូវស្មោះត្រង់ហើយ ទូលបង្គំបានតាំងច្បាប់របស់ទ្រង់នៅចំពោះភ្នែកដែរ
31 ទូលបង្គំកាន់ខ្ជាប់តាមសេចក្ដីបន្ទាល់របស់ទ្រង់ ឱព្រះយេហូវ៉ាអើយ សូមកុំឲ្យទូលបង្គំត្រូវខ្មាសឡើយ
32 ទូលបង្គំនឹងរត់ទៅតាមផ្លូវនៃសេចក្ដីបង្គាប់ទ្រង់ ដ្បិតទ្រង់បានពង្រីកចិត្តទូលបង្គំឡើងហើយ។
33 ៙ ឱព្រះយេហូវ៉ាអើយ សូមបង្រៀនផ្លូវ នៃអស់ទាំងបញ្ញត្តទ្រង់មកទូលបង្គំ នោះទូលបង្គំនឹងកាន់តាមដរាបដល់ចុងបំផុត
34 សូមប្រទានឲ្យទូលបង្គំមានយោបល់ នោះទូលបង្គំ នឹងកាន់តាមក្រឹត្យវិន័យទ្រង់ អើ ទូលបង្គំនឹងរក្សាទុកឲ្យអស់ពីចិត្តផង
35 សូមបណ្តាលឲ្យទូលបង្គំដើរទៅតាមផ្លូវច្រកនៃសេចក្ដីបង្គាប់ របស់ទ្រង់ ដ្បិតទូលបង្គំមានសេចក្ដីរីករាយក្នុងផ្លូវនោះ
36 សូមធ្វើឲ្យចិត្តទូលបង្គំល្អៀងទៅខាងសេចក្ដីបន្ទាល់ របស់ទ្រង់ កុំឲ្យល្អៀងទៅខាងសេចក្ដីលោភឡើយ
37 សូមបង្វែរភ្នែកទូលបង្គំមិនឲ្យមើលការឥតប្រយោជន៍ ហើយប្រោសឲ្យទូលបង្គំមានកម្លាំងឡើងក្នុងផ្លូវទ្រង់
38 សូមសម្រេចដល់អ្នកបម្រើទ្រង់តាមព្រះបន្ទូល ជាសេចក្ដីដែលទុកសម្រាប់ពួកអ្នកកោតខ្លាចដល់ទ្រង់
39 សូមបង្វែរសេចក្ដីដំណៀលដែលទូលបង្គំខ្លាចនោះ ចេញពីទូលបង្គំទៅ ដ្បិតច្បាប់នៃទ្រង់សុទ្ធតែល្អ
40 មើល ទូលបង្គំបាននឹកអាល័យដល់បញ្ញត្តទាំងប៉ុន្មាន របស់ទ្រង់ សូមប្រោសឲ្យទូលបង្គំមានកម្លាំងឡើង ដោយសេចក្ដីសុចរិតរបស់ទ្រង់។
41 ៙ ឱព្រះយេហូវ៉ាអើយ សូមឲ្យសេចក្ដីសប្បុរសទ្រង់ផ្សាយមកដល់ខ្លួនទូលបង្គំ គឺជាសេចក្ដីសង្គ្រោះរបស់ទ្រង់ តាមព្រះបន្ទូលទ្រង់
42 យ៉ាងនោះ ទូលបង្គំនឹងមានពាក្យចម្លើយដល់អ្នកណា ដែលត្មះតិះដៀលទូលបង្គំ ដ្បិតទូលបង្គំទុកចិត្តនឹងព្រះបន្ទូលទ្រង់
43 សូមកុំដកព្រះបន្ទូលដ៏ពិតចេញពីមាត់ទូលបង្គំ អស់រលីងឡើយ ដ្បិតទូលបង្គំបានសង្ឃឹមដល់ច្បាប់នៃទ្រង់
44 យ៉ាងនោះ ទូលបង្គំនឹងកាន់តាមក្រឹត្យវិន័យទ្រង់ជានិច្ច នៅអស់កល្បជានិច្ចរៀងតទៅ
45 ទូលបង្គំនឹងដើរទៅដោយសេរីភាព ដ្បិតទូលបង្គំបានស្វែងរកអស់ទាំងបញ្ញត្តនៃទ្រង់
46 ទូលបង្គំនឹងពោលពីសេចក្ដីបន្ទាល់របស់ទ្រង់ នៅចំពោះពួកស្តេច ឥតដែលត្រូវខ្មាសឡើយ
47 ទូលបង្គំនឹងមានចិត្តរីករាយ ដោយសារសេចក្ដីបង្គាប់ របស់ទ្រង់ ជាសេចក្ដីដែលទូលបង្គំបានស្រឡាញ់
48 ទូលបង្គំនឹងលើកដៃប្រណម្យចំពោះសេចក្ដីបង្គាប់ របស់ទ្រង់ ដែលទូលបង្គំបានស្រឡាញ់ ហើយនិងរំពឹងគិតពីបញ្ញត្តទ្រង់។
49 ៙ សូមទ្រង់នឹកចាំពីសេចក្ដីដែលទ្រង់មានព្រះបន្ទូល ដល់អ្នកបម្រើទ្រង់ ជាសេចក្ដីដែលនាំឲ្យទូលបង្គំមានសេចក្ដីសង្ឃឹម
50 នេះហើយជាសេចក្ដីកំសាន្តចិត្តដល់ទូលបង្គំ ក្នុងវេលាដែលទូលបង្គំកើតទុក្ខព្រួយ គឺព្រះបន្ទូលទ្រង់បានប្រោស ឲ្យទូលបង្គំមានកម្លាំងឡើង
51 ពួកអ្នកឆ្មើងឆ្មៃបានមើលងាយទូលបង្គំពន់ពេក ប៉ុន្តែ ទូលបង្គំមិនបានបែរចេញពីក្រឹត្យវិន័យទ្រង់ឡើយ
52 ឱព្រះយេហូវ៉ាអើយ ទូលបង្គំបាននឹកចាំពីបញ្ញត្តទ្រង់ ដ៏មានពីបុរាណមក ជាការនាំឲ្យទូលបង្គំបានក្សាន្តចិត្ត
53 ទូលបង្គំមានសេចក្ដីគ្នាន់ក្នាញ់មកគ្របសង្កត់ចិត្ត ដោយព្រោះមនុស្សអាក្រក់ ដែលបោះបង់ចោល ក្រឹត្យវិន័យរបស់ទ្រង់
54 អស់ទាំងបញ្ញត្តទ្រង់ជាបទចម្រៀងរបស់ទូលបង្គំ នៅក្នុងផ្ទះដែលទូលបង្គំអាស្រ័យនៅ
55 ឱព្រះយេហូវ៉ាអើយ ទូលបង្គំបាននឹកចាំពីព្រះនាមទ្រង់ នៅវេលាយប់ ហើយបានកាន់តាមក្រឹត្យវិន័យទ្រង់
56 សេចក្ដីនេះបានកើតដល់ទូលបង្គំ ដោយព្រោះបានរក្សាទុកនូវបញ្ញត្តរបស់ទ្រង់។
57 ៙ ឯចំណែកនៃទូលបង្គំ ឱព្រះយេហូវ៉ាអើយ ទូលបង្គំបានពោលថា ត្រូវឲ្យទូលបង្គំរក្សាអស់ទាំង ព្រះបន្ទូលនៃទ្រង់
58 ទូលបង្គំបានទូលអង្វរដល់ទ្រង់អស់ពីចិត្ត សូមទ្រង់មេត្តាប្រោសដល់ទូលបង្គំ តាមព្រះបន្ទូលទ្រង់
59 ទូលបង្គំបាននឹកពីផ្លូវប្រព្រឹត្តរបស់ខ្លួន នោះបានបំបែរជើងទៅតាមសេចក្ដីបន្ទាល់របស់ទ្រង់វិញ
60 ទូលបង្គំមិនបានបង្អែបង្អង់ឡើយ គឺបានប្រញាប់នឹងរក្សាអស់ទាំងសេចក្ដីបង្គាប់របស់ទ្រង់
61 ចំណងរបស់មនុស្សអាក្រក់បានរុំព័ទ្ធទូលបង្គំជុំវិញ តែទូលបង្គំមិនបានភ្លេចក្រឹត្យវិន័យរបស់ទ្រង់ឡើយ
62 នៅកណ្តាលអធ្រាត្រ ទូលបង្គំនឹងក្រោកឡើង ដើម្បីអរព្រះគុណដល់ទ្រង់ ដោយព្រោះអស់ទាំងច្បាប់ដ៏សុចរិតរបស់ទ្រង់
63 ទូលបង្គំជាមិត្តភក្តិនឹងអស់អ្នកដែលកោតខ្លាចដល់ទ្រង់ ហើយនិងអស់អ្នកដែលរក្សាបញ្ញត្តទ្រង់ដែរ
64 ឱព្រះយេហូវ៉ាអើយ ផែនដីមានពេញដោយ សេចក្ដីសប្បុរសរបស់ទ្រង់ សូមបង្រៀនសេចក្ដីបញ្ញត្តទ្រង់ដល់ទូលបង្គំផង។
65 ៙ ឱព្រះយេហូវ៉ាអើយ ទ្រង់បានប្រោសអ្នកបម្រើទ្រង់ ដោយល្អ តាមព្រះបន្ទូលនៃទ្រង់
66 សូមបង្រៀនឲ្យទូលបង្គំមានប្រាជ្ញាឆ្លុះយល់ ហើយចេះដឹងយ៉ាងល្អ ដ្បិតទូលបង្គំបានជឿចំពោះសេចក្ដីបង្គាប់នៃទ្រង់ហើយ
67 កាលមុនដែលទូលបង្គំកើតទុក្ខព្រួយ នោះទូលបង្គំបានវង្វេងទៅ តែឥឡូវនេះ ទូលបង្គំកាន់តាមព្រះបន្ទូលទ្រង់វិញ
68 ទ្រង់ល្អប្រសើរ ហើយក៏ធ្វើការល្អដែរ សូមបង្រៀនបញ្ញត្តទ្រង់ដល់ទូលបង្គំ
69 ពួកមនុស្សឆ្មើងឆ្មៃបានបង្កើតសេចក្ដីភូតភរ ទាស់នឹងទូលបង្គំ តែទូលបង្គំនឹងរក្សាទុកនូវបញ្ញត្តទ្រង់យ៉ាងអស់ពីចិត្ត
70 ចិត្តគេស្ពឹកដូចជាមនុស្សមានខ្លាញ់ខន់ តែទូលបង្គំមានចិត្តអំណរចំពោះក្រឹត្យវិន័យទ្រង់វិញ
71 ការដែលទូលបង្គំកើតមានទុក្ខព្រួយ នោះគឺជាប្រយោជន៍ដល់ទូលបង្គំហើយ ដើម្បីឲ្យទូលបង្គំបានរៀនយកបញ្ញត្តរបស់ទ្រង់
72 ក្រឹត្យវិន័យដែលចេញពីព្រះឱស្ឋទ្រង់មក នោះវិសេសដល់ទូលបង្គំ ជាជាងមាសប្រាក់ ទាំងពាន់ផង។
73 ៙ ព្រះហស្តនៃទ្រង់បានបង្កើត ហើយតាំងទូលបង្គំឡើង សូមប្រោសឲ្យទូលបង្គំមានយោបល់ ដើម្បីនឹងរៀនឲ្យបានស្គាល់សេចក្ដីបង្គាប់របស់ទ្រង់
74 ពួកអ្នកដែលកោតខ្លាចដល់ទ្រង់ គេនឹងឃើញទូលបង្គំ ហើយមានសេចក្ដីអំណរ ដោយព្រោះទូលបង្គំបាន សង្ឃឹមដល់ព្រះបន្ទូលនៃទ្រង់
75 ឱព្រះយេហូវ៉ាអើយ ទូលបង្គំដឹងហើយថា អស់ទាំងខច្បាប់របស់ទ្រង់សុទ្ធតែសុចរិត ហើយថា ទ្រង់បានធ្វើឲ្យទូលបង្គំកើតមានទុក្ខ ដោយសេចក្ដីស្មោះត្រង់របស់ទ្រង់ទេ
76 ទូលបង្គំទូលអង្វរដល់ទ្រង់ សូមឲ្យសេចក្ដីសប្បុរស របស់ទ្រង់ផ្សាយមកជួយដោះទុក្ខទូលបង្គំ តាមសេចក្ដីដែលទ្រង់មានព្រះបន្ទូលដល់អ្នកបម្រើទ្រង់ហើយ
77 សូមប្រទានសេចក្ដីមេត្តាករុណារបស់ទ្រង់មកទូលបង្គំ ដើម្បីទូលបង្គំមានជីវិតស្ថិតស្ថេរនៅ ដ្បិតទូលបង្គំយកក្រឹត្យវិន័យទ្រង់ជាសេចក្ដីអំណរដល់ខ្លួន
78 សូមឲ្យពួកមនុស្សឆ្មើងឆ្មៃត្រូវមានសេចក្ដីខ្មាសវិញ ដ្បិតគេបានប្រព្រឹត្តក្រវិចក្រវៀននឹងទូលបង្គំ ដោយឥតហេតុ តែទូលបង្គំនឹងរំពឹងគិតពីបញ្ញត្តទ្រង់
79 សូមឲ្យអស់អ្នកដែលកោតខ្លាចដល់ទ្រង់ បានបែរមកឯទូលបង្គំ នោះគេនឹងស្គាល់សេចក្ដីបន្ទាល់របស់ទ្រង់ផង
80 សូមឲ្យចិត្តទូលបង្គំបានជាប់ស៊ប់នឹងបញ្ញត្តទ្រង់ ដើម្បីកុំឲ្យទូលបង្គំត្រូវខ្មាសឡើយ។
81 ៙ ព្រលឹងនៃទូលបង្គំភ្លឹកទៅ ដោយប្រាថ្នាចង់បាន សេចក្ដីសង្គ្រោះរបស់ទ្រង់ ទូលបង្គំក៏សង្ឃឹមដល់ព្រះបន្ទូលទ្រង់
82 ភ្នែកទូលបង្គំស្រវាំងទៅ ដោយចង់បានព្រះបន្ទូលនៃទ្រង់ ហើយទូលបង្គំនិយាយថា តើកាលណាបានទ្រង់ ដោះទុក្ខទូលបង្គំទៅ
83 ដ្បិតទូលបង្គំបានត្រឡប់ដូចជាថង់ស្បែកដែលត្រូវផ្សែង តែទូលបង្គំមិនភ្លេចបញ្ញត្តទ្រង់ឡើយ
84 តើថ្ងៃអាយុនៃអ្នកបម្រើទ្រង់បានប៉ុន្មានទៅ តើដល់កាលណាបានទ្រង់សម្រេចទោស ដល់ពួកអ្នកដែលបៀតបៀនទូលបង្គំ
85 ពួកមនុស្សឆ្មើងឆ្មៃបានជីករណ្តៅសម្រាប់ចាប់ទូលបង្គំ ជាការប្រព្រឹត្តលើ្មសចំពោះក្រឹត្យវិន័យទ្រង់
86 អស់ទាំងសេចក្ដីបង្គាប់របស់ទ្រង់សុទ្ធតែស្មោះត្រង់ ឯគេៗបៀតបៀនទូលបង្គំដោយឥតហេតុ សូមជួយទូលបង្គំផង
87 គេបានធ្វើឲ្យទូលបង្គំហៀបតែនឹងសូន្យបាត់ពីផែនដីទៅ ប៉ុន្តែ ទូលបង្គំមិនបានបោះបង់ចោលបញ្ញត្តទ្រង់ទេ
88 សូមចម្រើនកម្លាំងនៃទូលបង្គំ តាមសេចក្ដីសប្បុរស របស់ទ្រង់ យ៉ាងនោះទូលបង្គំនឹងបានរក្សាសេចក្ដីបន្ទាល់ ដែលចេញពីព្រះឱស្ឋទ្រង់មក។
89 ឱព្រះយេហូវ៉ាអើយ ព្រះបន្ទូលទ្រង់បានតាំងនៅស្ថានសួគ៌ ដរាបដល់អស់កល្បជានិច្ច
90 សេចក្ដីស្មោះត្រង់របស់ទ្រង់ក៏ស្ថិតស្ថេរនៅ គ្រប់ទាំងដំណមនុស្សតទៅ ទ្រង់បានប្រតិស្ឋានផែនដី ហើយផែនដីក៏តាំងនៅជាប់
91 ទាំងអស់ស្ថិតស្ថេរនៅ ដរាបដល់សព្វថ្ងៃនេះ តាមច្បាប់ទ្រង់ ដ្បិតទាំងអស់សម្រាប់បម្រើទ្រង់
92 បើទូលបង្គំមិនបានរីករាយក្នុងក្រឹត្យវិន័យរបស់ទ្រង់ នោះទូលបង្គំនឹងបានវិនាសទៅក្នុងសេចក្ដីទុក្ខព្រួយ របស់ទូលបង្គំហើយ
93 ទូលបង្គំនឹងមិនដែលភ្លេចបញ្ញត្តទ្រង់ឡើយ ដ្បិតទ្រង់បានប្រោសឲ្យទូលបង្គំមានកម្លាំងឡើង ដោយសារបញ្ញត្តទាំងនោះឯង
94 ទូលបង្គំជារបស់ផងទ្រង់ហើយ សូមជួយសង្គ្រោះទូលបង្គំផង ដ្បិតទូលបង្គំបានស្វែងរកបញ្ញត្តទ្រង់
95 ពួកមនុស្សអាក្រក់គេបានរង់ចាំនឹងធ្វើឲ្យទូលបង្គំវិនាស តែទូលបង្គំនឹងពិចារណាសេចក្ដីបន្ទាល់របស់ទ្រង់
96 ទូលបង្គំបានឃើញចុងនៃសេចក្ដីគ្រប់លក្ខណ៍ហើយ តែសេចក្ដីបង្គាប់របស់ទ្រង់ធំទូលាយលើសទៅទៀត។
97 ៙ ឱទូលបង្គំស្រឡាញ់ក្រឹត្យវិន័យរបស់ទ្រង់ណាស់ហ្ន៎ ទូលបង្គំរំពឹងគិតពីក្រឹត្យវិន័យនោះជាដរាបរាល់ថ្ងៃ
98 សេចក្ដីបង្គាប់របស់ទ្រង់ក៏ធ្វើឲ្យទូលបង្គំមានប្រាជ្ញា លើសជាងខ្មាំងសត្រូវ ដ្បិតបាននៅជាប់ជាមួយនឹងទូលបង្គំជាដរាប
99 ទូលបង្គំមានយោបល់ជាងអស់ទាំងគ្រូរបស់ទូលបង្គំទៅទៀត ដ្បិតសេចក្ដីបន្ទាល់ទ្រង់ជាទីនឹករំពឹងរបស់ទូលបង្គំ
100 ទូលបង្គំយល់បានច្រើនជាងពួកចាស់ៗ ពីព្រោះទូលបង្គំបានរក្សាអស់ទាំងបញ្ញត្តរបស់ទ្រង់
101 ទូលបង្គំបានបង្ខាំងជើងឲ្យវៀរចាកពីផ្លូវអាក្រក់ ដើម្បីឲ្យទូលបង្គំបានកាន់តាមព្រះបន្ទូលនៃទ្រង់
102 ទូលបង្គំមិនបានបែរចេញពីច្បាប់ទ្រង់ឡើយ ដ្បិតទ្រង់បានបង្រៀនទូលបង្គំ
103 ព្រះបន្ទូលនៃទ្រង់ផ្អែមនៅអណ្តាតទូលបង្គំណាស់ហ្ន៎ អើ ក៏ផ្អែមជាងទឹកឃ្មុំដល់មាត់ទូលបង្គំទៅទៀត
104 ទូលបង្គំបានមានយោបល់ដោយសារបញ្ញត្តទ្រង់ ហេតុនោះបានជាទូលបង្គំស្អប់ដល់អស់ទាំងផ្លូវកំភូត។
105 ៙ ព្រះបន្ទូលនៃទ្រង់ជាចង្កៀងដល់ជើងទូលបង្គំ ហើយជាពន្លឺបំភ្លឺផ្លូវទូលបង្គំផង
106 ទូលបង្គំបានស្បថហើយ ក៏នឹងសម្រេចតាមថា ទូលបង្គំនឹងកាន់តាមបញ្ញត្តដ៏សុចរិតរបស់ទ្រង់
107 ទូលបង្គំមានទុក្ខព្រួយជាច្រើនណាស់ ព្រះយេហូវ៉ាអើយ សូមប្រោសឲ្យទូលបង្គំមាន កម្លាំងឡើង តាមព្រះបន្ទូលទ្រង់
108 ឱព្រះយេហូវ៉ាអើយ ទូលបង្គំសូមអង្វរឲ្យទ្រង់ទទួល តង្វាយនៃមាត់ទូលបង្គំ ដែលថ្វាយដោយស្ម័គ្រពីចិត្ត ហើយសូមបង្រៀនអស់ទាំងច្បាប់ទ្រង់ដល់ទូលបង្គំផង
109 ជីវិតនៃទូលបង្គំមានអន្តរាយឥតឈប់ឈរ តែទូលបង្គំមិនភ្លេចក្រឹត្យវិន័យរបស់ទ្រង់ឡើយ
110 ពួកមនុស្សអាក្រក់បានដាក់អន្ទាក់ ចង់ចាប់ទូលបង្គំ ប៉ុន្តែ ទូលបង្គំមិនបានវង្វេងចេញពីបញ្ញត្តទ្រង់ទេ
111 ទូលបង្គំបានទទួលយកសេចក្ដីបន្ទាល់ទ្រង់ ទុកជាមរដកនៅជាដរាប ដ្បិតសេចក្ដីទាំងនោះនាំឲ្យចិត្តទូលបង្គំបានរីករាយ
112 ទូលបង្គំបានលំអៀងចិត្តទៅឲ្យសម្រេចតាមបញ្ញត្តទ្រង់ នៅជាដរាប រហូតដល់ចុងបំផុត។
113 ៙ ទូលបង្គំស្អប់ចំពោះអស់អ្នកដែលមានចិត្ត២ តែទូលបង្គំស្រឡាញ់ដល់ក្រឹត្យវិន័យទ្រង់វិញ
114 ទ្រង់ជាទីពឹងជ្រក ហើយជាខែលរបស់ទូលបង្គំ ទូលបង្គំសង្ឃឹមដល់ព្រះបន្ទូលនៃទ្រង់
115 នែ អ្នករាល់គ្នាដែលប្រព្រឹត្តអាក្រក់អើយ ចូរថយពីអញចេញ ដើម្បីឲ្យអញបានរក្សាសេចក្ដីបង្គាប់របស់ព្រះនៃអញ
116 សូមទប់ទល់ទូលបង្គំតាមព្រះបន្ទូលនៃទ្រង់ ឲ្យទូលបង្គំបានរស់នៅ សូមកុំឲ្យទូលបង្គំត្រូវខ្មាស ដោយព្រោះសេចក្ដីសង្ឃឹមរបស់ទូលបង្គំឡើយ
117 សូមទ្រង់ធ្វើជាបង្អែកនៃទូលបង្គំ ឲ្យទូលបង្គំបានសេចក្ដីសុខ នោះទូលបង្គំនឹងគោរពរាប់អានចំពោះបញ្ញត្តទ្រង់ជានិច្ច
118 ទ្រង់បានលើកថ្លឹងនូវអស់អ្នកដែលវង្វេងចេញ ពីបញ្ញត្តទ្រង់ ដ្បិតសេចក្ដីឆបោករបស់គេជាសេចក្ដីកំភូតទទេ
119 ទ្រង់ធ្វើឲ្យពួកមនុស្សអាក្រក់បាត់ចេញពីផែនដី ដូចជាគេដួសពពុះចេញពីឆ្នាំង ហេតុនោះបានជាទូលបង្គំស្រឡាញ់ដល់សេចក្ដីបន្ទាល់ របស់ទ្រង់
120 រូបសាច់ទូលបង្គំញ័រញាក់ ដោយភ័យខ្លាចដល់ទ្រង់ ទូលបង្គំក៏ខ្លាចចំពោះសេចក្ដីវិនិច្ឆ័យរបស់ទ្រង់ដែរ។
121 ៙ ទូលបង្គំបានសម្រេចតាមសេចក្ដីយុត្តិធម៌ និងសេចក្ដីសុចរិត សូមកុំបោះបង់ចោលទូលបង្គំ ទៅក្នុងអំណាចនៃពួកអ្នកដែលសង្កត់សង្កិនឡើយ
122 សូមទ្រង់ធានាឲ្យអ្នកបម្រើទ្រង់បានសេចក្ដីល្អ សូមកុំឲ្យពួកមនុស្សឆ្មើងឆ្មៃសង្កត់សង្កិនទូលបង្គំឡើយ
123 ភ្នែកទូលបង្គំស្រវាំងទៅ ដោយទន្ទឹង ចាំឲ្យបានសេចក្ដីសង្គ្រោះ និងព្រះបន្ទូលដ៏សុចរិតរបស់ទ្រង់
124 សូមប្រព្រឹត្តនឹងអ្នកបម្រើទ្រង់ តាមសេចក្ដីសប្បុរសរបស់ទ្រង់ ហើយបង្រៀនអស់ទាំងបញ្ញត្តរបស់ទ្រង់ដល់ទូលបង្គំ
125 ទូលបង្គំជាអ្នកបម្រើទ្រង់ហើយ សូមប្រទានឲ្យទូលបង្គំមានយោបល់ ដើម្បីឲ្យបានស្គាល់សេចក្ដីបន្ទាល់របស់ទ្រង់
126 នេះជាវេលាដែលគួរឲ្យព្រះយេហូវ៉ាសម្រេចការហើយ ដ្បិតគេបានរំលងល្មើសចំពោះក្រឹត្យវិន័យរបស់ទ្រង់
127 ហេតុនោះបានជាទូលបង្គំស្រឡាញ់ ដល់សេចក្ដីបង្គាប់របស់ទ្រង់ច្រើនជាងមាស អើ ក៏ស្រឡាញ់ច្រើនជាងមាសសុទ្ធផង
128 ដូច្នេះ ទូលបង្គំរាប់អស់ទាំងបញ្ញត្តទ្រង់ថា ជាត្រឹមត្រូវគ្រប់ប្រការ តែទូលបង្គំស្អប់ដល់គ្រប់ទាំងផ្លូវកំភូតវិញ។
129 ៙ សេចក្ដីបន្ទាល់របស់ទ្រង់សុទ្ធតែអស្ចារ្យ ហេតុនោះបានជាព្រលឹងនៃទូលបង្គំគោរពកាន់តាម
130 ការបើកសម្ដែងព្រះបន្ទូលទ្រង់ នោះផ្សាយពន្លឺចេញ ក៏ធ្វើឲ្យមនុស្សឆោតល្ងង់មានយោបល់
131 ទូលបង្គំបានហាមាត់ដកដង្ហើមធំ ដោយនឹករឭកដល់សេចក្ដីបង្គាប់របស់ទ្រង់
132 សូមទ្រង់បែរមកមានសេចក្ដីអាណិតមេត្តា ដល់ទូលបង្គំ ដូចជាទ្រង់តែងធ្លាប់ធ្វើដល់អស់អ្នក ដែលស្រឡាញ់ព្រះនាមទ្រង់
133 សូមតាំងជំហាននៃទូលបង្គំឲ្យដើរតាមព្រះបន្ទូលទ្រង់ សូមកុំឲ្យសេចក្ដីទុច្ចរិតណាមានអំណាច លើទូលបង្គំឡើយ
134 សូមលោះទូលបង្គំឲ្យរួចពីការសង្កត់សង្កិន របស់មនុស្ស នោះទូលបង្គំនឹងកាន់តាមបញ្ញត្តទ្រង់
135 សូមឲ្យព្រះភ័ក្ត្រទ្រង់ភ្លឺមកលើអ្នកបម្រើទ្រង់ ហើយបង្រៀនអស់ទាំងបញ្ញត្តទ្រង់ដល់ទូលបង្គំផង
136 ទឹកភ្នែកទូលបង្គំហូររហាម ពីព្រោះគេមិនកាន់តាមក្រឹត្យវិន័យរបស់ទ្រង់។
137 ៙ ឱព្រះយេហូវ៉ាអើយ ទ្រង់សុចរិត ហើយសេចក្ដីវិនិច្ឆ័យរបស់ទ្រង់ក៏សុទ្ធតែទៀងត្រង់
138 ទ្រង់បានតាំងសេចក្ដីបន្ទាល់របស់ទ្រង់នៅលើ សេចក្ដីយុត្តិធម៌ ហើយលើសេចក្ដីស្មោះត្រង់ដ៏ពិតផង
139 សេចក្ដីឧស្សាហ៍របស់ទូលបង្គំបានស៊ីបង្ហិនទូលបង្គំ ពីព្រោះពួកអ្នកតតាំងនឹងទូលបង្គំ គេបានភ្លេចព្រះបន្ទូលទ្រង់
140 ព្រះបន្ទូលទ្រង់បានត្រូវសំរងយ៉ាងបរិសុទ្ធ ជាទីបំផុតហើយ ហេតុនោះអ្នកបម្រើរបស់ទ្រង់ក៏ស្រឡាញ់ណាស់
141 ឯទូលបង្គំជាអ្នកតូច ហើយត្រូវគេមើលងាយ ប៉ុន្តែ ទូលបង្គំមិនភ្លេចបញ្ញត្តរបស់ទ្រង់ឡើយ 1
142 សេចក្ដីសុចរិតរបស់ទ្រង់ជាសេចក្ដីសុចរិត ដ៏នៅអស់កល្បជានិច្ច ហើយក្រឹត្យវិន័យទ្រង់ជាសេចក្ដីពិត
143 សេចក្ដីទុក្ខ និងសេចក្ដីលំបាក បានមកគ្របសង្កត់ លើទូលបង្គំហើយ ទោះបើយ៉ាងនោះ គង់តែសេចក្ដីបង្គាប់របស់ទ្រង់ ជាទីរីករាយដល់ទូលបង្គំដែរ
144 សេចក្ដីបន្ទាល់របស់ទ្រង់ សុទ្ធតែសុចរិតនៅជាដរាប សូមប្រោសឲ្យទូលបង្គំមានយោបល់ នោះទូលបង្គំនឹងបានរស់នៅ។
145 ៙ ទូលបង្គំបានអំពាវនាវដល់ទ្រង់អស់ពីចិត្ត ឱព្រះយេហូវ៉ាអើយ សូមឆ្លើយមកទូលបង្គំផង ទូលបង្គំនឹងរក្សាអស់ទាំងបញ្ញត្តរបស់ទ្រង់
146 ទូលបង្គំបានអំពាវនាវដល់ទ្រង់ហើយ សូមជួយសង្គ្រោះទូលបង្គំផង នោះទូលបង្គំនឹងកាន់តាមសេចក្ដីបន្ទាល់របស់ទ្រង់
147 ទូលបង្គំបានភ្ញាក់មុនពេលព្រលឹមស្រាង ហើយបានបន្លឺឡើងថា ទូលបង្គំបានសង្ឃឹមដល់ព្រះបន្ទូលទ្រង់
148 ទូលបង្គំភ្ញាក់មុនអស់ទាំងយាមយប់ ហើយបើកភ្នែក ដើម្បីរំពឹងគិតពីព្រះបន្ទូលទ្រង់
149 សូមស្តាប់សំឡេងទូលបង្គំ តាមសេចក្ដីសប្បុរស របស់ទ្រង់ ឱព្រះយេហូវ៉ាអើយ សូមប្រោសឲ្យទូលបង្គំ មានកម្លាំងឡើង តាមច្បាប់របស់ទ្រង់
150 ពួកអ្នកដែលរត់តាមសេចក្ដីអាក្រក់ គេមកកាន់តែជិត គេនៅឆ្ងាយពីក្រឹត្យវិន័យទ្រង់ទេ
151 ឯទ្រង់ ឱព្រះយេហូវ៉ាអើយ ទ្រង់គង់នៅជិតដែរ ហើយគ្រប់ទាំងសេចក្ដីបង្គាប់របស់ទ្រង់ សុទ្ធតែពិតត្រង់
152 តាំងពីយូរមកហើយ ទូលបង្គំបានដឹង ដោយសារសេចក្ដីបន្ទាល់របស់ទ្រង់ថា ទ្រង់បានតាំងសេចក្ដីទាំងនោះឲ្យនៅអស់កល្បជានិច្ច។
153 ៙ សូមទតមើលសេចក្ដីទុក្ខព្រួយរបស់ទូលបង្គំ ហើយជួយឲ្យរួចផង ដ្បិតទូលបង្គំមិនភ្លេចក្រឹត្យវិន័យរបស់ទ្រង់ឡើយ
154 សូមការពាររឿងក្តីរបស់ទូលបង្គំ ហើយលោះទូលបង្គំផង សូមប្រោសឲ្យទូលបង្គំមានកម្លាំង តាមព្រះបន្ទូលទ្រង់
155 សេចក្ដីសង្គ្រោះរមែងនៅឆ្ងាយពីពួកមនុស្សអាក្រក់ ពីព្រោះគេមិនស្វែងរកបញ្ញត្តរបស់ទ្រង់
156 ឱព្រះយេហូវ៉ាអើយ សេចក្ដីមេត្តាករុណា ដ៏ទន់សន្តោសរបស់ទ្រង់ នោះលើសលុប សូមប្រោសឲ្យទូលបង្គំមានកម្លាំង តាមច្បាប់របស់ទ្រង់
157 ឯពួកអ្នកដែលបៀតបៀន ហើយតតាំងនឹងទូលបង្គំ គេមានគ្នាច្រើន ប៉ុន្តែ ទូលបង្គំមិនបានបែរចេញ ពីសេចក្ដីបន្ទាល់របស់ទ្រង់ឡើយ
158 ទូលបង្គំបានពិចារណាមើលមនុស្សក្បត់ ហើយក៏ស្អប់ខ្ពើមគេ ដោយព្រោះមិនកាន់តាមព្រះបន្ទូលទ្រង់សោះ
159 សូមទ្រង់ពិចារណាដែលទូលបង្គំស្រឡាញ់ ដល់អស់ទាំងបញ្ញត្តរបស់ទ្រង់ជាយ៉ាងណា ឱព្រះយេហូវ៉ាអើយ សូមប្រោសឲ្យទូលបង្គំមាន កម្លាំងឡើង តាមសេចក្ដីសប្បុរសរបស់ទ្រង់
160 បូករួមទាំងអស់ព្រះបន្ទូលនៃទ្រង់ទៅឃើញថា ពិតត្រង់ទាំងអស់ ហើយគ្រប់ទាំងច្បាប់ដ៏សុចរិតរបស់ទ្រង់ ក៏ស្ថិតស្ថេរនៅអស់កល្បជានិច្ចដែរ។
161 ៙ ពួកអ្នកធំបានបៀតបៀនទូលបង្គំដោយឥតហេតុ ប៉ុន្តែ ចិត្តទូលបង្គំនៅតែភ័យញ័រចំពោះព្រះបន្ទូលទ្រង់
162 ទូលបង្គំមានសេចក្ដីរីករាយចំពោះព្រះបន្ទូលទ្រង់ ប្រៀបដូចជាមនុស្សណាដែលប្រទះនឹងរបឹបជាច្រើន
163 ទូលបង្គំជិនណាយ ហើយក៏ស្អប់ខ្ពើមសេចក្ដីកំភូត តែស្រឡាញ់ដល់ក្រឹត្យវិន័យទ្រង់វិញ
164 ទូលបង្គំសរសើរដល់ទ្រង់ក្នុង១ថ្ងៃ៧ដង ដោយព្រោះច្បាប់ដ៏សុចរិតរបស់ទ្រង់
165 ពួកអ្នកដែលស្រឡាញ់ក្រឹត្យវិន័យទ្រង់ នោះមានសេចក្ដីសុខដ៏លើសលុប ហើយគ្មានហេតុនឹងចំពប់ដួលឡើយ
166 ឱព្រះយេហូវ៉ាអើយ ទូលបង្គំបានសង្ឃឹមដល់សេចក្ដី សង្គ្រោះរបស់ទ្រង់ ក៏បានប្រព្រឹត្តតាមបង្គាប់របស់ទ្រង់ដែរ
167 ព្រលឹងទូលបង្គំបានកាន់តាមសេចក្ដីបន្ទាល់របស់ទ្រង់ ទូលបង្គំក៏ស្រឡាញ់សេចក្ដីបន្ទាល់នោះយ៉ាងក្រៃលែង
168 ទូលបង្គំបានកាន់តាមអស់ទាំងបញ្ញត្ត និងសេចក្ដីបន្ទាល់របស់ទ្រង់ ពីព្រោះអស់ទាំងផ្លូវដែលទូលបង្គំប្រព្រឹត្ត នោះសុទ្ធតែនៅចំពោះទ្រង់ហើយ។
169 ៙ ឱព្រះយេហូវ៉ាអើយ សូមឲ្យសម្រែករបស់ទូលបង្គំ បានចូលមកជិតនៅចំពោះទ្រង់ សូមប្រទានឲ្យទូលបង្គំមានយោបល់តាមព្រះបន្ទូលទ្រង់
170 សូមឲ្យពាក្យអង្វររបស់ទូលបង្គំបានមកនៅចំពោះទ្រង់ សូមប្រោសទូលបង្គំឲ្យបានរួច តាមព្រះបន្ទូលទ្រង់ផង
171 សូមអនុញ្ញាតឲ្យបបូរមាត់ទូលបង្គំ បានពោល ពាក្យសរសើរ ដ្បិតទ្រង់បង្រៀនអស់ទាំងបញ្ញត្តរបស់ទ្រង់ដល់ទូលបង្គំ
172 សូមឲ្យអណ្តាតទូលបង្គំបានច្រៀងពីព្រះបន្ទូលទ្រង់ ពីព្រោះគ្រប់ទាំងសេចក្ដីបង្គាប់របស់ទ្រង់ សុទ្ធតែសុចរិតទាំងអស់
173 សូមឲ្យព្រះហស្តទ្រង់បានប្រុងប្រៀបនឹងជួយទូលបង្គំ ព្រោះទូលបង្គំបានរើសយកបញ្ញត្តរបស់ទ្រង់
174 ឱព្រះយេហូវ៉ាអើយ ទូលបង្គំបាននឹករឭកដល់ សេចក្ដីសង្គ្រោះរបស់ទ្រង់ ហើយក្រឹត្យវិន័យរបស់ទ្រង់ជាទីរីករាយដល់ទូលបង្គំ
175 សូមអនុញ្ញាតឲ្យព្រលឹងទូលបង្គំរស់នៅ នោះនឹង បានសរសើរដល់ទ្រង់ ហើយសូមឲ្យច្បាប់របស់ទ្រង់ជួយទូលបង្គំផង
176 ទូលបង្គំបានវង្វេងទៅ ដូចជាចៀមបាត់បង់ សូមដេញរកអ្នកបម្រើទ្រង់ផង ដ្បិតទូលបង្គំមិនភ្លេចសេចក្ដីបង្គាប់របស់ទ្រង់ឡើយ។
Psalm 120
1 កាលខ្ញុំមានសេចក្ដីវេទនា នោះបានអំពាវនាវដល់ព្រះយេហូវ៉ា ហើយទ្រង់បានតបមកខ្ញុំ
2 ឱព្រះយេហូវ៉ាអើយ សូមជួយព្រលឹងទូលបង្គំ ឲ្យរួចពីបបូរមាត់ដ៏កំភូត ហើយពីអណ្តាតដែលបញ្ឆោត
3 ឱអណ្តាតដែលបញ្ឆោតអើយ តើត្រូវឲ្យអ្វីដល់ឯង តើត្រូវធ្វើអ្វីទៀតដល់ឯង
4 គឺព្រួញមុតរបស់មនុស្សខ្លាំងពូកែ និងរងើកភ្លើងឈើដង្កោផង
5 វេទនាដល់ខ្ញុំ ព្រោះអាស្រ័យនៅស្រុកមែសេក គឺដែលខ្ញុំនៅកណ្តាលត្រសាលនៃសាសន៍កេដារ
6 ជាយូរមកហើយ ព្រលឹងនៃខ្ញុំបាននៅជាមួយនឹងពួកអ្នក ដែលស្អប់សេចក្ដីសុខ
7 ខ្ញុំចូលចិត្តខាងសេចក្ដីសុខ តែកាលណាខ្ញុំថាទៅ នោះគេចូលចិត្តតែចង់ច្បាំងវិញ។
Psalm 121
1 ញុំនឹងងើបភ្នែកមើលទៅឯភ្នំ តែសេចក្ដីជំនួយជួយដល់ខ្ញុំមកពីណា
2 សេចក្ដីជំនួយរបស់ខ្ញុំមកតែពីព្រះយេហូវ៉ាទេ គឺជាព្រះដែលបង្កើតផ្ទៃមេឃ និងផែនដី។
3 ៙ ទ្រង់នឹងមិនឲ្យជើងអ្នករឥលភ្លាត់ឡើយ ព្រះអង្គដែលរក្សាអ្នក ទ្រង់នឹងមិនផ្ទំរលីវឡើយ
4 មើល ព្រះអង្គដែលរក្សាអ៊ីស្រាអែល ទ្រង់នឹងមិនដែលងោកងុយ ក៏មិនដែលផ្ទំលក់ឡើយ
5 ព្រះយេហូវ៉ាទ្រង់ជាព្រះដែលថែរក្សាអ្នក ព្រះយេហូវ៉ាទ្រង់ជាម្លប់នៅខាងស្តាំអ្នក។
6 ៙ នៅពេលថ្ងៃអ្នកនឹងមិនត្រូវព្រះអាទិត្យធ្វើទុក្ខឡើយ ហើយនៅពេលយប់ក៏មិនត្រូវព្រះចន្ទធ្វើទុក្ខដែរ
7 ព្រះយេហូវ៉ានឹងរក្សាអ្នក ឲ្យរួចពីគ្រប់ទាំងសេចក្ដីអាក្រក់ ទ្រង់នឹងថែរក្សាព្រលឹងរបស់អ្នក
8 ឯដំណើរដែលអ្នកចេញចូលទៅមក នោះព្រះយេហូវ៉ាទ្រង់នឹងរក្សា ចាប់តាំងពីឥឡូវនេះរៀងតទៅ។
Psalm 122
1 កាលគេនិយាយមកខ្ញុំថា ចូរយើង ចូលទៅក្នុងដំណាក់នៃព្រះយេហូវ៉ា នោះខ្ញុំមានសេចក្ដីអំណរអរណាស់
2 ឱក្រុងយេរូសាឡឹមអើយ ជើងយើងឈរនៅខាងក្នុងទ្វាររបស់ឯងហើយ
3 យេរូសាឡឹមអើយ ឯងបានសង់ឡើង ដូចជាទីក្រុងដែលណែនណាន់ជាប់គ្នា
4 ជាកន្លែងដែលអស់ទាំងពូជអំបូរ គឺពូជអំបូរនៃព្រះយេហូវ៉ា គេឡើងទៅតាមទម្លាប់នៃសាសន៍អ៊ីស្រាអែល ដើម្បីនឹងអរព្រះគុណដល់ព្រះនាមព្រះយេហូវ៉ា
5 ដ្បិតនៅទីនោះ មានបល្ល័ង្កតាំងឡើង សម្រាប់ការវិនិច្ឆ័យ គឺជាបល្ល័ង្កទាំងប៉ុន្មាននៃរាជវង្សដាវីឌ
6 ចូរអធិស្ឋានឲ្យក្រុងយេរូសាឡឹមបានសេចក្ដីសុខចុះ សូមឲ្យអស់អ្នកដែលស្រឡាញ់ឯង បានសេចក្ដីចម្រើន
7 សូមឲ្យមានសេចក្ដីសុខនៅខាងក្នុងកំផែងឯង ហើយសេចក្ដីចម្រើននៅក្នុងព្រះរាជវាំងរបស់ឯង
8 ព្រោះយល់ដល់ពួកបងប្អូន និងពួកមិត្តសំឡាញ់ របស់អញ បានជានឹងពោលឥឡូវថា សូមឲ្យមានសេចក្ដីសុខ នៅខាងក្នុងឯងចុះ
9 ដោយយល់ដល់ដំណាក់នៃព្រះយេហូវ៉ា ជាព្រះនៃយើងរាល់គ្នា នោះអញនឹងស្វែងរកសេចក្ដីល្អដល់ឯង។
Psalm 123
1 ឱព្រះដែលគង់នៅស្ថានសួគ៌អើយ ទូលបង្គំងើបភ្នែកមើលដល់ទ្រង់ ដោយសង្ឃឹម
2 មើល ភ្នែកពួកទាសាក្រឡេកមើលទៅដៃចៅហ្វាយខ្លួន ហើយភ្នែកនៃទាសីក្រឡេកមើលទៅដៃចៅហ្វាយ ស្រីរបស់ខ្លួនយ៉ាងណា នោះភ្នែកយើងខ្ញុំក៏ក្រឡេកមើលទៅព្រះយេហូវ៉ា ជាព្រះនៃយើងខ្ញុំយ៉ាងនោះដែរ ទំរាំតែទ្រង់ផ្តល់សេចក្ដីមេត្តាករុណាដល់យើងខ្ញុំ
3 ឱព្រះយេហូវ៉ាអើយ សូមទ្រង់មេត្តាប្រោសដល់យើងខ្ញុំ សូមមេត្តាប្រោសយើងខ្ញុំផង ដ្បិតយើងខ្ញុំឆ្អែតចំពោះ សេចក្ដីមើលងាយយ៉ាងក្រៃលែង
4 ព្រលឹងនៃយើងខ្ញុំឆ្អែតចំពោះសេចក្ដីចំអក របស់មនុស្សដែលនៅដោយឥតកង្វល់ និងសេចក្ដីមើលងាយរបស់មនុស្សឆ្មើងឆ្មៃ។
Psalm 124
1 បើមិនមែនជាព្រះយេហូវ៉ាដែលកាន់ ខាងពួកយើង នោះគួរឲ្យអ៊ីស្រាអែលនិយាយឥឡូវថា
2 បើមិនមែនជាព្រះយេហូវ៉ាដែលកាន់ខាងយើងទេ ក្នុងកាលដែលមនុស្សបានលើកគ្នាទាស់នឹងយើង
3 នោះប្រាកដជាគេបានលេបយើងទាំងអស់ហើយ គឺក្នុងកាលដែលសេចក្ដីក្រោធរបស់គេ បានក្តៅឡើងទាស់នឹងពួកយើង
4 យ៉ាងនោះ ប្រាកដជាទឹកជំនន់បានលិចយើង គឺទឹកជ្រោះបានហូរមកគ្របលើព្រលឹងយើងហើយ
5 អើ ទឹកវល់ច្របល់បានហូរមកគ្របលើព្រលឹងយើង
6 សូមឲ្យព្រះយេហូវ៉ាបានប្រកបដោយព្រះពរ ដែលទ្រង់មិនបានប្រគល់ពួកយើង ឲ្យជារំពាដល់ធ្មេញគេ
7 ព្រលឹងយើងបានរួច ដូចជាសត្វស្លាបដែលហើរ រួចពីអន្ទាក់របស់នាយព្រាន អន្ទាក់គេបានដាច់ ហើយយើងបានរួចចេញ
8 ឯសេចក្ដីជំនួយរបស់យើង គឺដោយពឹងដល់ ព្រះនាមព្រះយេហូវ៉ា ដែលទ្រង់បានបង្កើតផ្ទៃមេឃ និងផែនដី។
Psalm 125
1 ពួកអ្នកដែលទុកចិត្តនឹងព្រះយេហូវ៉ា គេដូចជាភ្នំស៊ីយ៉ូន ដែលនឹងរង្គើមិនបាន គឺបានជាប់នៅជាដរាប
2 មានភ្នំនៅព័ទ្ធជុំវិញក្រុងយេរូសាឡឹមយ៉ាងណា នោះព្រះយេហូវ៉ាក៏គង់នៅជុំវិញរាស្ត្រទ្រង់យ៉ាងនោះដែរ ចាប់តាំងពីឥឡូវនេះ ដរាបដល់អស់កល្បជានិច្ច
3 ពីព្រោះដំបងនៃសេចក្ដីអាក្រក់ នឹងមិនគ្របលើចំណែកនៃមនុស្សសុចរិតឡើយ ប្រយោជន៍កុំឲ្យមនុស្សសុចរិតលូកដៃទៅចាប់ សេចក្ដីទុច្ចរិតឲ្យសោះ
4 ឱព្រះយេហូវ៉ាអើយ សូមប្រោសសេចក្ដីល្អដល់មនុស្សល្អ ហើយដល់ពួកអ្នកដែលមានចិត្តទៀងត្រង់ផង
5 តែចំណែកមនុស្សដែលបែរទៅ តាមផ្លូវខ្វិចខ្វៀនរបស់ខ្លួនវិញ នោះព្រះយេហូវ៉ាទ្រង់នឹងនាំគេចេញទៅ ជាមួយនឹងពួកអ្នកដែលប្រព្រឹត្តអំពើទុច្ចរិត សូមឲ្យសេចក្ដីសុខគ្របលើសាសន៍អ៊ីស្រាអែលផង។
Psalm 126
1 កាលព្រះយេហូវ៉ាទ្រង់បាននាំពួក ឈ្លើយមកឯក្រុងស៊ីយ៉ូនវិញ នោះយើងរាល់គ្នាបានដូចជាមនុស្សដែលយល់សប្តិទេ
2 គ្រានោះ មាត់យើងបានពេញដោយការសើចសប្បាយ ហើយអណ្តាតក៏ពេញដោយបទចម្រៀង នោះនៅគ្រប់ទាំងសាសន៍មានគេថា ព្រះយេហូវ៉ាទ្រង់បានធ្វើការយ៉ាងធំសម្រាប់ពួកនោះពិត
3 ព្រះយេហូវ៉ាបានធ្វើការយ៉ាងធំសម្រាប់យើងមែន ហើយក៏អរណាស់ដែរ
4 ឱព្រះយេហូវ៉ាអើយ សូមនាំពួកយើងខ្ញុំដែលជាឈ្លើយ ឲ្យត្រឡប់មកវិញ ដូចជាទឹកជ្រោះនៅស្រុកខាងត្បូង
5 អស់អ្នកដែលសាបព្រោះដោយស្រក់ទឹកភ្នែក នោះនឹងបានច្រូតវិញដោយច្រៀងអរសប្បាយ
6 ឯអ្នកដែលកណ្តៀតពូជសម្រាប់សាបព្រោះ ចេញទៅទាំងយំ នោះប្រាកដជានឹងចូលមកវិញដោយអំណរ ព្រមទាំងយកកណ្តាប់មកផង។
Psalm 127
1 បើគ្មានព្រះយេហូវ៉ាសង់ផ្ទះឡើង នោះពួកជាងដែលសង់ គេធ្វើការជាឥតប្រយោជន៍ទេ បើគ្មានព្រះយេហូវ៉ាថែរក្សាទីក្រុង នោះពួកយាមល្បាតគេចាំយាមជាឥតប្រយោជន៍ដែរ
2 ការដែលឯងក្រោកឡើងមុនកំណត់ ហើយក្រចូលដេកពេលយប់ ព្រមទាំងបរិភោគដោយធ្វើការនឿយហត់ផង នោះជាការឥតប្រយោជន៍ទៀត ដ្បិតទ្រង់ប្រោសប្រទានឲ្យពួកស្ងួនភ្ងារបស់ទ្រង់ បានដេកលក់សប្បាយ
3 មើល កូនចៅជាមរដកមកពីព្រះយេហូវ៉ា ហើយផលកើតពីផ្ទៃ ក៏ជារង្វាន់ដែលទ្រង់ប្រទានដែរ
4 កូនដែលឯងបង្កើតពីកាលនៅក្មេង នោះធៀបដូចជាព្រួញនៅដៃនៃមនុស្សខ្លាំងពូកែ
5 សប្បាយហើយ អ្នកណាដែលមានបំពង់ព្រួញពេញ ដោយព្រួញយ៉ាងនោះ កាលណាត្រូវការនិយាយនឹងខ្មាំងសត្រូវនៅមាត់ទ្វារក្រុង នោះឯងមិនត្រូវខ្មាសឡើយ។
Psalm 128
1 មានពរហើយអស់អ្នកដែល កោតខ្លាចដល់ព្រះយេហូវ៉ា ជាពួកអ្នកដែលដើរតាមផ្លូវរបស់ទ្រង់
2 ដ្បិតឯងនឹងបានបរិភោគផលនៃកម្លាំងដៃឯង ឯងនឹងបានសប្បាយ ហើយនិងមានសេចក្ដីសុខផង
3 ប្រពន្ធឯងនឹងបានដូចជាដើមទំពាំងបាយជូរមានផ្លែ ដែលដាំនៅក្នុងទីធ្លានៃផ្ទះឯង កូនឯងទាំងប៉ុន្មាន នឹងបានដូចជាដើមអូលីវនៅជុំវិញតុ របស់ឯង
4 មើល មនុស្សដែលកោតខ្លាចដល់ព្រះយេហូវ៉ា នឹងបានពរយ៉ាងនោះហើយ
5 ព្រះយេហូវ៉ាទ្រង់នឹងប្រទានពរដល់ឯងពីក្រុងស៊ីយ៉ូនមក ហើយឯងនឹងបានឃើញសេចក្ដីល្អ ដែលផ្សាយមកលើក្រុងយេរូសាឡឹម ដរាបដល់អស់មួយជីវិតឯង
6 អើ ឯងនឹងបានឃើញចៅរបស់ឯងដែរ សូមឲ្យមានសេចក្ដីសុខគ្របលើ សាសន៍អ៊ីស្រាអែលផង។
Psalm 129
1 គួរឲ្យសាសន៍អ៊ីស្រាអែលនិយាយ ឥឡូវថា តាំងពីខ្ញុំនៅក្មេង គេបានធ្វើទុក្ខខ្ញុំជាច្រើនដងហើយ
2 គឺតាំងពីខ្ញុំនៅក្មេង គេបានធ្វើទុក្ខខ្ញុំជាច្រើនដងមែន តែគេមិនបានឈ្នះខ្ញុំឡើយ
3 ពួកអ្នកភ្ជួរបានភ្ជួរខ្នងខ្ញុំ គេបានធ្វើគន្លងគេឲ្យវែង
4 តែព្រះយេហូវ៉ាទ្រង់សុចរិត ទ្រង់បានកាត់បណ្តាច់អស់ទាំងចំណង របស់ពួកមនុស្សអាក្រក់ចេញ
5 សូមឲ្យអស់អ្នកដែលស្អប់ក្រុងស៊ីយ៉ូនបានត្រូវខ្មាស ហើយត្រឡប់ថយក្រោយទៅ
6 សូមឲ្យគេបានដូចជាស្មៅដែលដុះនៅលើដំបូលផ្ទះ ដែលស្វិតក្រៀមទៅ មុនដែលធំដុះឡើងផង
7 ជាស្មៅដែលមិនបានបំពេញដល់ដៃនៃអ្នកច្រូតឡើយ ក៏មិនបានបំពេញឱបនៃអ្នកដែលចងបាច់ដែរ
8 ហើយពួកអ្នកដែលដើរតាមទីនោះ ក៏មិនថា សូមឲ្យព្រះពរនៃព្រះយេហូវ៉ានៅលើឯងចុះ យើងឲ្យពរដល់ឯង ដោយនូវព្រះនាមព្រះយេហូវ៉ា នោះឡើយ។
Psalm 130
1 ឱព្រះយេហូវ៉ាអើយ ទូលបង្គំបានអំពាវនាវដល់ទ្រង់ ពីទីជម្រៅមក
2 ឱព្រះអម្ចាស់អើយ សូមស្តាប់សំឡេងទូលបង្គំ សូមឲ្យព្រះកាណ៌ទ្រង់ប្រុងស្តាប់ពាក្យទូលបង្គំទូលអង្វរ
3 ឱព្រះយេហូវ៉ាអើយ បើសិនជាទ្រង់កត់ចំណាំអស់ ទាំងអំពើទុច្ចរិត នោះ ឱព្រះអម្ចាស់អើយ តើអ្នកណានឹងធន់នៅបាន
4 ប៉ុន្តែ ទ្រង់មានព្រះហឫទ័យអត់ទោសវិញ ដើម្បីឲ្យគេបានកោតខ្លាចដល់ទ្រង់
5 ទូលបង្គំរង់ចាំព្រះយេហូវ៉ា គឺព្រលឹងទូលបង្គំរង់ចាំទ្រង់ ទូលបង្គំសង្ឃឹមដល់ព្រះបន្ទូលនៃទ្រង់
6 ព្រលឹងនៃទូលបង្គំរង់ចាំព្រះអម្ចាស់ ជាជាងពួកយាមល្បាតរង់ចាំភ្លឺឡើង អើ ជាជាងពួកយាមល្បាតរង់ចាំភ្លឺឡើងទៅទៀត
7 ឱអ៊ីស្រាអែលអើយ ចូរសង្ឃឹមដល់ព្រះយេហូវ៉ាចុះ ដ្បិតមានសេចក្ដីសប្បុរសនៅនឹងព្រះយេហូវ៉ា ហើយមានសេចក្ដីប្រោសលោះជាបរិបូរនៅនឹងទ្រង់ដែរ
8 ទ្រង់នឹងលោះសាសន៍អ៊ីស្រាអែល ឲ្យរួចពីគ្រប់ទាំងសេចក្ដីទុច្ចរិតរបស់ខ្លួន។
Psalm 131
1 ឱព្រះយេហូវ៉ាអើយ ចិត្តទូលបង្គំមិនមែនឆ្មើងឆ្មៃ ហើយភ្នែកទូលបង្គំក៏មិនប្រកាន់យស ទូលបង្គំមិនយកចិត្តទុកដាក់ក្នុងការដ៏ធំ ឬក្នុងដំណើរដែលអស្ចារ្យហួសល្បត់ទូលបង្គំឡើយ
2 ទូលបង្គំបានរំងាប់ ហើយព្រលួងព្រលឹងទូលបង្គំជាស្រេច ដូចជាក្មេងដែលម្តាយបានផ្តាច់ដោះឲ្យ គឺដូចជាក្មេងដែលលែងដោះនៅជាមួយនឹងម្តាយ អើ ព្រលឹងនៅក្នុងខ្លួនទូលបង្គំ ប្រៀបដូចជាកូនដែលលែងដោះហើយ
3 ឱអ៊ីស្រាអែលអើយ ចូរសង្ឃឹមដល់ព្រះយេហូវ៉ា ចាប់តាំងពីឥឡូវនេះ ដរាបដល់អស់កល្បជានិច្ចចុះ។
Psalm 132
1 ឱព្រះយេហូវ៉ាអើយ សូមទ្រង់នឹកចាំពីដាវីឌ ហើយពីគ្រប់ទាំងសេចក្ដីទុក្ខព្រួយរបស់លោក
2 ដែលលោកបានស្បថនឹងព្រះយេហូវ៉ា ហើយបន់ដល់ព្រះដ៏ខ្លាំងពូកែនៃយ៉ាកុបថា
3 ពិតប្រាកដជាទូលបង្គំនឹងមិនចូលទៅក្នុងផ្ទះ ជាទីលំនៅរបស់ទូលបង្គំ ឬឡើងទៅដេក នៅលើគ្រែឡើយ
4 ក៏មិនព្រមឲ្យភ្នែកទូលបង្គំដេកលក់ ឬឲ្យត្របកភ្នែកធ្មេចឡើយ
5 ដរាបដល់ទូលបង្គំរកបានទីកន្លែងសម្រាប់ព្រះយេហូវ៉ា គឺជាពន្លាសម្រាប់ព្រះដ៏ខ្លាំងពូកែនៃយ៉ាកុប
6 មើល យើងខ្ញុំបានឮនិយាយនៅភូមិអេប្រាតា ក៏ប្រទះឃើញនៅវាលយ៉ាអើរ
7 យើងខ្ញុំនឹងចូលទៅក្នុងពន្លារបស់ទ្រង់ យើងខ្ញុំនឹងក្រាបថ្វាយបង្គំ នៅមុខទីកំណល់កល់ព្រះបាទទ្រង់
8 សូមក្រោកឡើង ឱព្រះយេហូវ៉ាអើយ សូមយាងចូលទៅក្នុងទីសម្រាករបស់ទ្រង់ គឺទ្រង់ ព្រមទាំងហឹបដ៏ជាព្រះចេស្តានៃទ្រង់ផង
9 សូមឲ្យពួកសង្ឃរបស់ទ្រង់បានប្រដាប់ខ្លួន ដោយសេចក្ដីសុចរិត ហើយឲ្យពួកអ្នកបរិសុទ្ធទាំងប៉ុន្មានរបស់ទ្រង់ ស្រែកឡើងដោយអំណរ
10 សូមកុំបំបែរមុខនៃអ្នកដែលទ្រង់បានចាក់ប្រេងតាំង ចេញឡើយ គឺដោយយល់ដល់ដាវីឌ ជាអ្នកបម្រើទ្រង់
11 ព្រះយេហូវ៉ាទ្រង់បានស្បថនឹងដាវីឌដោយសេចក្ដីពិត ទ្រង់ក៏មិនព្រមប្រែចេញវិញឡើយ គឺថា អញនឹងយកម្នាក់ ជាផលដែលកើតពីខ្លួនឯង តាំងឡើងឲ្យអង្គុយលើបល្ល័ង្ករបស់ឯង
12 បើសិនជាកូនចៅរបស់ឯងរក្សាសេចក្ដីសញ្ញារបស់អញ និងសេចក្ដីបន្ទាល់ដែលអញនឹងបង្រៀនដល់គេ នោះកូនចៅគេនឹងអង្គុយលើបល្ល័ង្កឯងជាដរាបតរៀងទៅ
13 ដ្បិតព្រះយេហូវ៉ាទ្រង់បានរើសក្រុងស៊ីយ៉ូន ទ្រង់សព្វព្រះហឫទ័យចង់បាន សម្រាប់ជាលំនៅរបស់ទ្រង់
14 នេះជាទីសម្រាករបស់អញនៅអស់កល្បជានិច្ច អញនឹងអាស្រ័យនៅទីនេះ ដ្បិតអញមានចិត្តចង់បានហើយ
15 អញនឹងឲ្យពរជាបរិបូរ ដល់ស្បៀងអាហាររបស់ក្រុងនេះ ហើយនិងចម្អែតមនុស្សក្រនៅក្រុងនេះ ដោយអាហារដ៏គ្រប់គ្រាន់
16 ឯពួកសង្ឃ អញនឹងតាក់តែងដោយសេចក្ដីសង្គ្រោះ ហើយពួកបរិសុទ្ធនឹងស្រែកហ៊ោដោយអំណរ
17 នៅទីនេះ អញនឹងធ្វើឲ្យស្នែងរបស់ដាវីឌប៉ិចឡើង អញបានចាត់ចែងចង្កៀង១ សម្រាប់អ្នកដែលអញ បានចាក់ប្រេងតាំងឲ្យ
18 អញនឹងយកសេចក្ដីខ្មាសតាក់តែងឲ្យពួកខ្មាំងសត្រូវ របស់លោក តែនៅលើក្បាលលោកវិញ នោះនឹងមានមកុដដ៏រុងរឿង។
Psalm 133
1 មើល ដែលបងប្អូននៅមូលជាមួយគ្នា ដោយចិត្តព្រមព្រៀង នោះជាការល្អ ហើយសមគួរយ៉ាងណាទៅ
2 នោះធៀបដូចជាប្រេងដ៏វិសេសដែលចាក់លើក្បាល ក៏ហូរចុះមកដល់ពុកចង្កា គឺជាពុកចង្ការបស់អើរ៉ុន រួចស្រក់ទៅដល់ជាយអាវរបស់លោកផង
3 ក៏ធៀបដូចជាទឹកសន្សើមនៅលើភ្នំហ៊ើម៉ូន ដែលធ្លាក់មកលើភ្នំនៃក្រុងស៊ីយ៉ូន ដ្បិតនៅទីនោះព្រះយេហូវ៉ាបានប្រទានព្រះពរ គឺជាជីវិតដ៏នៅអស់កល្បជានិច្ច។
Psalm 134
1 នែ អស់អ្នកបម្រើរបស់ព្រះយេហូវ៉ា ដែលឈរនៅក្នុងដំណាក់ទ្រង់ នៅពេលយប់អើយ ចូរថ្វាយពរដល់ព្រះយេហូវ៉ាចុះ
2 ចូរប្រណម្យដៃទៅឯទីបរិសុទ្ធ ហើយសូមឲ្យព្រះយេហូវ៉ាបានព្រះពរចុះ
3 សូមឲ្យព្រះយេហូវ៉ា ដែលទ្រង់បង្កើតផ្ទៃមេឃ និងផែនដី ទ្រង់ប្រទានពរដល់អ្នករាល់គ្នា ពីក្រុងស៊ីយ៉ូនមកផង។
Psalm 135
1 ចូរសរសើរដល់ព្រះយេហូវ៉ា ចូរសរសើរដល់ព្រះនាមព្រះយេហូវ៉ា ឱពួកអ្នកបម្រើរបស់ព្រះយេហូវ៉ាអើយ ចូរសរសើរទ្រង់ចុះ
2 ពួកអ្នករាល់គ្នាដែលឈរនៅក្នុងដំណាក់នៃព្រះយេហូវ៉ា គឺក្នុងទីព្រះលាននៃដំណាក់របស់ព្រះនៃយើងខ្ញុំអើយ
3 ចូរសរសើរដល់ព្រះយេហូវ៉ា ដ្បិតព្រះយេហូវ៉ាទ្រង់ល្អ ចូរច្រៀងសរសើរដល់ព្រះនាមទ្រង់ ដ្បិតនោះពីរោះហើយ
4 ព្រោះព្រះយេហូវ៉ាបានរើសយ៉ាកុបទុកសម្រាប់ទ្រង់ គឺអ៊ីស្រាអែល ឲ្យបានដាច់ជារបស់ផងទ្រង់
5 ពីព្រោះខ្ញុំដឹងថា ព្រះយេហូវ៉ាទ្រង់ធំ ហើយថា ព្រះអម្ចាស់នៃយើងខ្ញុំ ទ្រង់ខ្ពស់លើសជាងអស់ទាំងព្រះ
6 ការអ្វីក៏ដោយ ដែលព្រះយេហូវ៉ាសព្វព្រះហឫទ័យចង់ធ្វើ នោះក៏បានធ្វើទៅ ទាំងនៅលើមេឃ នៅផែនដី នៅក្នុងសមុទ្រ ហើយនៅទីជម្រៅទាំងប៉ុន្មានផង
7 ទ្រង់បណ្តាលឲ្យចំហាយទឹកឡើងពីចុងផែនដីមក ទ្រង់ធ្វើឲ្យមានផ្លេកបន្ទោរសម្រាប់ភ្លៀង ក៏បញ្ចេញខ្យល់ពីឃ្លាំងទ្រង់មកដែរ
8 គឺទ្រង់ដែលបានប្រហារអស់ទាំងកូនច្បង របស់សាសន៍អេស៊ីព្ទ ទាំងមនុស្ស ហើយនិងសត្វផង។
9 ៙ ឱស្រុកអេស៊ីព្ទអើយ ទ្រង់បានចាត់ប្រើទីសម្គាល់ និងការអស្ចារ្យទៅកណ្តាលឯងហើយ គឺឲ្យកើតដល់ផារ៉ោន និងពួកមហាតលិកទាំងអស់គ្នា
10 ទ្រង់ក៏បានប្រហារសាសន៍ដទៃជាច្រើន ព្រមទាំងសម្លាប់ស្តេចជាច្រើនអង្គ ដែលមានអានុភាពខ្លាំងផង
11 គឺស៊ីហុន ជាស្តេចសាសន៍អាម៉ូរី និងអុក ជាស្តេចស្រុកបាសាន ហើយអស់ទាំងនគរនៅស្រុកកាណានទៀត
12 ទ្រង់ក៏ប្រទានស្រុករបស់គេទុកជាមរដក គឺជាមរដកដល់អ៊ីស្រាអែល ជារាស្ត្ររបស់ទ្រង់។
13 ៙ ឱព្រះយេហូវ៉ាអើយ ព្រះនាមទ្រង់ស្ថិតស្ថេរ នៅជាដរាប ឱព្រះយេហូវ៉ាអើយ សេចក្ដីនឹកចាំពីទ្រង់ក៏ស្ថិតស្ថេរនៅ ដរាបដល់អស់ទាំងដំណមនុស្សតទៅ
14 ដ្បិតព្រះយេហូវ៉ាទ្រង់នឹងវិនិច្ឆ័យរាស្ត្រទ្រង់ ហើយនិងប្រែព្រះហឫទ័យចំពោះពួកអ្នកបម្រើទ្រង់។
15 ៙ អស់ទាំងព្រះរបស់សាសន៍ដទៃសុទ្ធតែជារូប ធ្វើពីប្រាក់ និងមាសប៉ុណ្ណោះ ជារបស់ដែលដៃមនុស្សបានធ្វើមក
16 រូបទាំងនោះមានមាត់ តែមិនចេះនិយាយ មានភ្នែក តែមើលមិនឃើញ
17 មានត្រចៀក តែស្តាប់មិនឮ ក៏គ្មានខ្យល់ដង្ហើមនៅក្នុងមាត់ផង
18 ពួកជាងដែលធ្វើរូបទាំងនោះក៏ដូចជារូបនោះឯង ព្រមទាំងពួកអ្នកដែលទុកចិត្តនឹងរូបនោះផង។
19 ៙ ឱពូជពង្សអ៊ីស្រាអែលអើយ ចូរសូមឲ្យព្រះយេហូវ៉ា បានប្រកបដោយព្រះពរ ឱវង្សអើរ៉ុនអើយ ចូរសូមឲ្យព្រះយេហូវ៉ា បានប្រកបដោយព្រះពរ
20 ឱវង្សលេវីអើយ ចូរសូមឲ្យព្រះយេហូវ៉ា បានប្រកបដោយព្រះពរ ហើយអស់អ្នកដែលកោតខ្លាចដល់ព្រះយេហូវ៉ាអើយ ចូរសូមឲ្យព្រះយេហូវ៉ាបានប្រកបដោយព្រះពរចុះ
21 សូមឲ្យព្រះយេហូវ៉ាបានប្រកបដោយព្រះពរ ពីក្រុងស៊ីយ៉ូនមក ជាព្រះដែលទ្រង់គង់នៅក្រុងយេរូសាឡឹម ចូរសរសើរដល់ព្រះយេហូវ៉ាចុះ។
Psalm 136
1 ឱសូមអរព្រះគុណដល់ព្រះយេហូវ៉ា ដ្បិតទ្រង់ល្អ សេចក្ដីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប
2 ឱសូមអរព្រះគុណដល់ព្រះដ៏ធំលើអស់ទាំងព្រះ ដ្បិតសេចក្ដីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប
3 ឱសូមអរព្រះគុណដល់ព្រះអម្ចាស់ ដ៏ធំលើអស់ទាំងព្រះអម្ចាស់ ដ្បិតសេចក្ដីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប
4 គឺដល់ទ្រង់ដែលធ្វើការអស្ចារ្យយ៉ាងធំតែ១អង្គទ្រង់ ដ្បិតសេចក្ដីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប
5 គឺដល់ទ្រង់ដែលបានបង្កើតផ្ទៃមេឃ ដោយប្រាជ្ញា ដ្បិតសេចក្ដីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប
6 គឺដល់ទ្រង់ដែលបានក្រាលផែនដីនៅលើទឹក ដ្បិតសេចក្ដីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប
7 គឺដល់ទ្រង់ដែលបានបង្កើតតួពន្លឺយ៉ាងធំទាំងប៉ុន្មាន ដ្បិតសេចក្ដីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប
8 គឺព្រះអាទិត្យសម្រាប់បំភ្លឺនៅពេលថ្ងៃ ដ្បិតសេចក្ដីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប
9 និងព្រះចន្ទ ហើយផ្កាយទាំងប៉ុន្មាន សម្រាប់បំភ្លឺ នៅពេលយប់ ដ្បិតសេចក្ដីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប
10 គឺដល់ទ្រង់ដែលបានប្រហារស្រុកអេស៊ីព្ទ ចំលើអស់ទាំងកូនច្បងរបស់គេ ដ្បិតសេចក្ដីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប
11 ព្រមទាំងនាំសាសន៍អ៊ីស្រាអែលចេញពីកណ្តាលគេមក ដ្បិតសេចក្ដីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប
12 ដោយព្រះហស្តខ្លាំងពូកែ និងព្រះពាហុលើកសម្រេច ដ្បិតសេចក្ដីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប
13 គឺដល់ទ្រង់ដែលបានវែកសមុទ្រក្រហមចេញជា២ ដ្បិតសេចក្ដីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប
14 ក៏ឲ្យសាសន៍អ៊ីស្រាអែលដើរកាត់កណ្តាលសមុទ្រនោះ ដ្បិតសេចក្ដីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប
15 តែបានរលាស់ទម្លាក់ផារ៉ោន ព្រមទាំងពលទ័ពទៅក្នុងសមុទ្រក្រហម ដ្បិតសេចក្ដីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប
16 គឺដល់ទ្រង់ដែលបាននាំរាស្ត្រទ្រង់ដើរកាត់ទីរហោស្ថាន ដ្បិតសេចក្ដីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប
17 គឺដល់ទ្រង់ដែលបានប្រហារស្តេចដ៏ធំទាំងប៉ុន្មាន ដ្បិតសេចក្ដីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប
18 ហើយបានសម្លាប់ពួកស្តេចដែលមានល្បីឈ្មោះផង ដ្បិតសេចក្ដីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប
19 គឺស៊ីហុន ជាស្តេចនៃសាសន៍អាម៉ូរី ដ្បិតសេចក្ដីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប
20 ហើយនិងអុក ជាស្តេចស្រុកបាសាន ដ្បិតសេចក្ដីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប
21 ព្រមទាំងប្រទានស្រុកគេទុកជាមរដក ដ្បិតសេចក្ដីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប
22 គឺជាមរដកដល់អ៊ីស្រាអែល ជាអ្នកបម្រើទ្រង់ ដ្បិតសេចក្ដីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប
23 ជាព្រះដែលបាននឹកចាំពីយើងខ្ញុំ ក្នុងកាលដែលនៅក្នុងសណ្ឋានទាបថោកនៅឡើយ ដ្បិតសេចក្ដីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប
24 ហើយបានប្រោសយើងខ្ញុំឲ្យរួចពីពួកខ្មាំងសត្រូវ ដ្បិតសេចក្ដីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប
25 ជាព្រះដែលប្រទានឲ្យគ្រប់ទាំងសាច់មានអាហារ ដ្បិតសេចក្ដីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប
26 ឱសូមអរព្រះគុណដល់ព្រះនៃស្ថានសួគ៌ចុះ ដ្បិតសេចក្ដីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប។
Psalm 137
1 យើងបានអង្គុយចុះ នៅមាត់ទន្លេស្រុកបាប៊ីឡូន អើ យើងបានយំ ដោយនឹករឭកដល់ក្រុងស៊ីយ៉ូន
2 យើងបានពាក់ព្យួរស៊ុងរបស់យើងនៅដើមចាក នាកណ្តាលស្រុកនោះ
3 ដ្បិតនៅទីនោះ ពួកអ្នកដែលនាំយើងទៅជាឈ្លើយ គេបង្ខំឲ្យយើងច្រៀងបទ គឺពួកអ្នកដែលបំផ្លាញយើង គេឲ្យយើងលេង ឲ្យគេបានអរសប្បាយ ដោយពាក្យថា ចូរច្រៀងបទ១របស់ក្រុងស៊ីយ៉ូនមក ឲ្យយើងស្តាប់មើល
4 តែយើងនឹងច្រៀងបទនៃព្រះយេហូវ៉ា នៅក្នុងប្រទេសដទៃដូចម្តេចបាន
5 ឱក្រុងយេរូសាឡឹមអើយ បើសិនជាខ្ញុំភ្លេចឯង នោះសូមឲ្យដៃស្តាំខ្ញុំភ្លេចថ្វីដៃទៅផង
6 បើសិនជាខ្ញុំមិនរឭកដល់ឯង គឺបើខ្ញុំមិនចូលចិត្តនឹងក្រុងយេរូសាឡឹម ជាជាងសេចក្ដីអំណរយ៉ាងសំខាន់របស់ខ្ញុំ នោះសូមឲ្យអណ្តាតខ្ញុំជាប់នៅក្រអូមមាត់ចុះ
7 ឱព្រះយេហូវ៉ាអើយ សូមទ្រង់នឹកចាំពីពួកសាសន៍អេដុមថា នៅថ្ងៃលំបាកនៃក្រុងយេរូសាឡឹម នោះគេបានស្រែកថា ចូររំលំវា ចូររំលំវាទៅ រហូតដល់ឫសជញ្ជាំងផង
8 ឱកូនស្រីនៃបាប៊ីឡូនអើយ ឯងនឹងត្រូវបំផ្លាញហើយ សប្បាយហើយ អ្នកណាដែលសងដល់ឯង តាមការដែលឯងបានប្រព្រឹត្តនឹងយើង
9 សប្បាយហើយ អ្នកណាដែលនឹងចាប់កូនតូចរបស់ឯង ទៅបោកនឹងថ្មផង។
Psalm 138
1 ទូលបង្គំនឹងអរព្រះគុណដល់ទ្រង់ អស់អំពីចិត្ត ទូលបង្គំនឹងច្រៀងសរសើរទ្រង់ នៅចំពោះមុខនៃអស់ទាំងព្រះ
2 ទូលបង្គំនឹងក្រាបថ្វាយបង្គំ តម្រង់ទៅឯព្រះវិហារបរិសុទ្ធនៃទ្រង់ ព្រមទាំងអរព្រះគុណដល់ព្រះនាមទ្រង់ផង ដោយព្រោះសេចក្ដីសប្បុរស និងសេចក្ដីពិតរបស់ទ្រង់ ដ្បិតទ្រង់បានតម្កើងព្រះបន្ទូលទ្រង់ ឲ្យធំលើព្រះនាមទ្រង់ទៅទៀត
3 នៅថ្ងៃដែលទូលបង្គំបានអំពាវនាវ នោះទ្រង់បានឆ្លើយតបមកទូលបង្គំ ទ្រង់បានកំឡាចិត្តទូលបង្គំ ដោយចម្រើនកម្លាំងនៃព្រលឹងទូលបង្គំ
4 ឱព្រះយេហូវ៉ាអើយ អស់ទាំងស្តេចនៅផែនដីនឹងអរ ព្រះគុណដល់ទ្រង់ ដ្បិតគេបានឮព្រះបន្ទូល ដែលចេញពីព្រះឱស្ឋទ្រង់មកហើយ
5 អើ គេនឹងច្រៀងពីអស់ទាំងផ្លូវនៃព្រះយេហូវ៉ា ពីព្រោះសិរីល្អនៃព្រះយេហូវ៉ា នោះធំក្រៃលែង
6 ដ្បិតទោះបើព្រះយេហូវ៉ាទ្រង់ខ្ពស់ គង់តែទ្រង់យល់ដល់ពួកអ្នករាបសាដែរ តែឯមនុស្សឆ្មើងឆ្មៃ ទ្រង់ស្គាល់គេពីចម្ងាយហើយ
7 ទោះបើទូលបង្គំដើរនៅកណ្តាលសេចក្ដីទុក្ខវេទនា គង់តែទ្រង់នឹងចម្រើនកម្លាំងដល់ទូលបង្គំផង ទ្រង់នឹងលើកព្រះហស្តឡើង ទាស់នឹងសេចក្ដីក្រេវក្រោធរបស់ពួកខ្មាំងសត្រូវទូលបង្គំ ហើយព្រះហស្តស្តាំនៃទ្រង់នឹងជួយសង្គ្រោះទូលបង្គំដែរ
8 ព្រះយេហូវ៉ាទ្រង់នឹងធ្វើឲ្យជំនឿនរបស់ទូលបង្គំបាន ពេញខ្នាតឡើង ឱព្រះយេហូវ៉ាអើយ សេចក្ដីសប្បុរសរបស់ទ្រង់ ស្ថិតស្ថេរនៅជាដរាប សូមទ្រង់កុំបោះបង់ចោលអស់ទាំងស្នាដៃនៃព្រះហស្ត ទ្រង់ឡើយ។
Psalm 139
1 ឱព្រះយេហូវ៉ាអើយ ទ្រង់បានពិនិត្យមើល ហើយបានស្គាល់ទូលបង្គំផង
2 ទ្រង់ជ្រាបការដែលទូលបង្គំអង្គុយចុះ និងការដែលទូលបង្គំក្រោកឡើងផង ទ្រង់ក៏យល់គំនិតរបស់ទូលបង្គំពីចម្ងាយដែរ
3 ទ្រង់ពិនិត្យពិចារណាផ្លូវច្រក និងទីដេករបស់ទូលបង្គំ ក៏ស្គាល់អស់ទាំងផ្លូវប្រព្រឹត្តរបស់ទូលបង្គំដែរ
4 ដ្បិតឱព្រះយេហូវ៉ាអើយ ពាក្យសំដីមិនទាន់មាននៅអណ្តាតទូលបង្គំនៅឡើយ នោះទ្រង់ក៏ជ្រាបគ្រប់ជំពូកហើយ
5 ទ្រង់បានព័ទ្ធទូលបង្គំជិតពីមុខពីក្រោយ ហើយបានដាក់ព្រះហស្តលើទូលបង្គំ
6 ការដឹងច្បាស់យ៉ាងនេះ ក៏អស្ចារ្យហួសល្បត់ទូលបង្គំ ហើយខ្ពស់ដល់ម៉្លេះ បានជាទូលបង្គំ ឈោងមិនដល់សោះ
7 តើទូលបង្គំនឹងទៅឯណា ឲ្យរួចពីព្រះវិញ្ញាណទ្រង់ តើនឹងរត់ទៅឯណា ឲ្យរួចពីព្រះភ័ក្ត្រទ្រង់
8 ទោះបើទូលបង្គំនឹងឡើងទៅឯស្ថានសួគ៌ ក៏មានទ្រង់សណ្ឋិតនៅទីនោះ ទោះបើទូលបង្គំនឹងរៀបដំណេកនៅស្ថានឃុំ ព្រលឹងមនុស្សស្លាប់ នោះក៏ឃើញមានទ្រង់សណ្ឋិតនៅដែរ
9 ទោះបើទូលបង្គំនឹងយកស្លាបនៃបច្ចូសកាល ហោះទៅនៅឯទីបំផុតនៃសមុទ្រ
10 គង់តែព្រះហស្តទ្រង់នឹងនាំទូលបង្គំនៅទីនោះ ហើយព្រះហស្តស្តាំទ្រង់នឹងក្តាប់ទូលបង្គំដែរ
11 បើទូលបង្គំថា សេចក្ដីងងឹតនឹងគ្របបាំង ទូលបង្គំជាប្រាកដ ហើយពន្លឺដែលភ្លឺនៅជុំវិញទូលបង្គំនឹងត្រឡប់ទៅជាយប់វិញ
12 ដូច្នេះ ទាំងសេចក្ដីងងឹតនោះឯង មិនលាក់ពីទ្រង់ឡើយ ទោះទាំងយប់ក៏ភ្លឺដូចជាពេលថ្ងៃដែរ ឯសេចក្ដីងងឹត និងពន្លឺភ្លឺ នោះស្មើគ្នានៅចំពោះទ្រង់
13 ដ្បិតគឺទ្រង់ដែលបានបង្កើតចិត្តថ្លើមនៃទូលបង្គំ ហើយបានផ្សំគ្រឿងនៃទូលបង្គំនៅក្នុងផ្ទៃម្តាយ
14 ទូលបង្គំនឹងអរព្រះគុណដល់ទ្រង់ ដ្បិតទ្រង់បានបង្កើតទូលបង្គំមកយ៉ាងគួរកោត គួរអស្ចារ្យ ឯស្នាដៃនៃទ្រង់ក៏សុទ្ធតែអស្ចារ្យទាំងអស់ ព្រលឹងទូលបង្គំក៏ដឹងច្បាស់ហើយ
15 កាលទូលបង្គំកើតមាននៅទីកំបាំង ហើយបានសូន្យធ្វើបែបចម្លែកៗនៅទីទាបនៃផែនដី នោះគ្រោងកាយរបស់ទូលបង្គំមិនកំបាំងនឹងទ្រង់ទេ
16 ព្រះនេត្រទ្រង់បានឃើញធាតុនៃទូលបង្គំ ក្នុងកាលដែលមិនទាន់មានរូបរាងនៅឡើយ ទាំងអស់បានកត់ទុកក្នុងបញ្ជីរបស់ទ្រង់ គឺអស់ទាំងថ្ងៃអាយុ ដែលបានតម្រូវឲ្យទូលបង្គំរស់នៅ ក្នុងកាលដែលមិនទាន់មានថ្ងៃណាមួយនោះនៅឡើយ
17 ឱព្រះអង្គអើយ ព្រះតម្រិះរបស់ទ្រង់មានតម្លៃវិសេស ដល់ទូលបង្គំណាស់ហ្ន៎ ក៏មានចំនួនច្រើនណាស់ផង
18 បើសិនជាទូលបង្គំនឹងខំរាប់ចំនួន នោះមានច្រើនជាងគ្រាប់ខ្សាច់ទៅទៀត កាលណាទូលបង្គំភ្ញាក់ឡើង នោះទូលបង្គំនៅជាមួយនឹងទ្រង់នៅឡើយ
19 ឱព្រះអង្គអើយ ទ្រង់នឹងប្រហារពួក មនុស្សអាក្រក់ជាមិនខាន នែ ពួកមនុស្សដែលកម្ចាយឈាមអើយ ចូរថយចេញពីអញទៅ
20 ដ្បិតគេពោលយ៉ាងអាក្រក់ទាស់នឹងទ្រង់ ហើយពួកខ្មាំងសត្រូវរបស់ទ្រង់ គេចេញព្រះនាម ទ្រង់ជាអសារឥតការ
21 ឱព្រះយេហូវ៉ាអើយ ទូលបង្គំស្អប់ដល់ពួកអ្នក ដែលស្អប់ទ្រង់ ក៏ខ្ពើមដល់ពួកអ្នកដែលលើកគ្នាទាស់នឹងទ្រង់ដែរទេតើ
22 គឺទូលបង្គំស្អប់គេពេញទីហើយ គេបានត្រឡប់ជាខ្មាំងសត្រូវដល់ទូលបង្គំដែរ
23 ឱព្រះអង្គអើយ សូមពិនិត្យមើល ឲ្យបានស្គាល់ចិត្តទូលបង្គំផង សូមល្បងលឲ្យបានជ្រាបអស់ទាំងគំនិតនៃទូលបង្គំចុះ
24 សូមទតមើលបើមានអំពើអាក្រក់ណានៅក្នុងទូលបង្គំ ហើយនាំទូលបង្គំតាមផ្លូវដ៏នៅអស់កល្បជានិច្ច។
Psalm 140
1 ឱព្រះយេហូវ៉ាអើយ សូមប្រោសទូលបង្គំ ឲ្យរួចពីមនុស្សអាក្រក់ សូមការពារទូលបង្គំឲ្យរួចពីមនុស្សច្រឡោត
2 ជាអ្នកដែលតែងមានចិត្តគិតគូរការអាក្រក់ ហើយចេះតែលើកគ្នាចង់ធ្វើចម្បាំងជានិច្ច
3 គេបានសំលៀងអណ្តាតគេ ឲ្យស្រួចដូចជាអណ្តាតពស់ ក៏មានពិសពស់ហនុមាននៅក្រោមបបូរមាត់គេ។ –បង្អង់
4 ឱព្រះយេហូវ៉ាអើយ សូមថែរក្សាទូលបង្គំឲ្យរួចពីដៃនៃមនុស្សអាក្រក់ សូមការពារទូលបង្គំឲ្យរួចពីមនុស្សច្រឡោត ជាអ្នកដែលបានសម្រេចចិត្តនឹងធ្វើឲ្យទូលបង្គំភ្លាត់ ក្នុងផ្លូវប្រព្រឹត្ត
5 ពួកឆ្មើងឆ្មៃបានដាក់អន្ទាក់ចង់ចាប់ទូលបង្គំ ព្រមទាំងខ្សែរូតផង គេបានលាតមងតាមផ្លូវ និងអង្គប់ផង ដើម្បីចាប់ទូលបង្គំ។ –បង្អង់
6 ៙ ខ្ញុំបានទូលដល់ព្រះយេហូវ៉ាថា ទ្រង់ជាព្រះនៃទូលបង្គំ ឱព្រះយេហូវ៉ាអើយ សូមផ្ទៀងព្រះកាណ៌ស្តាប់ពាក្យ ដែលទូលបង្គំទូលអង្វរ
7 ឱព្រះយេហូវ៉ាជាព្រះអម្ចាស់ ដែលទ្រង់ជាកម្លាំង នៃសេចក្ដីសង្គ្រោះរបស់ទូលបង្គំអើយ ទ្រង់បានគ្របក្បាលទូលបង្គំនៅថ្ងៃសង្គ្រាម
8 ឱព្រះយេហូវ៉ាអើយ សូមទ្រង់កុំអនុញ្ញាតដល់ពួកមនុស្សអាក្រក់ តាមអំពើចិត្តគេឡើយ ក៏កុំឲ្យកិច្ចកលរបស់គេបានជឿនទៅដែរ ក្រែងគេអួតខ្លួន។ –បង្អង់
9 ៙ ឯក្បាលនៃពួកអ្នកដែលព័ទ្ធទូលបង្គំជុំវិញ នោះសូមឲ្យអំពើអាក្រក់របស់បបូរមាត់គេ បានធ្លាក់ទៅលើគេវិញ
10 សូមឲ្យមានរងើកភ្លើងឆេះ ធ្លាក់ទៅលើគេ ហើយឲ្យគេត្រូវបោះទៅក្នុងភ្លើង គឺទៅក្នុងរណ្តៅយ៉ាងជ្រៅ នឹងឡើងមកមិនរួចឡើយ
11 មនុស្សដែលមានអណ្តាតអាក្រក់ នោះមិនដែលបានតាំងឡើង ឲ្យមាំមួននៅផែនដីឡើយ ឯមនុស្សច្រឡោតនឹងមានសេចក្ដីអាក្រក់ដេញតាម បំផ្លាញគេ
12 ទូលបង្គំដឹងថា ព្រះយេហូវ៉ានឹងកាន់ក្តីរបស់មនុស្សមានទុក្ខវេទនា ព្រមទាំងសម្រេចសេចក្ដីយុត្តិធម៌ ដល់មនុស្សកំសត់ទុគ៌តផង
13 ពួកមនុស្សសុចរិតនឹងអរព្រះគុណដល់ព្រះនាមទ្រង់ ហើយមនុស្សទៀងត្រង់ នឹងនៅចំពោះទ្រង់ជាមិនខាន។
Psalm 141
1 ឱព្រះយេហូវ៉ាអើយ ទូលបង្គំបានអំពាវនាវដល់ទ្រង់ហើយ សូមប្រញាប់នឹងយាងមកឯទូលបង្គំ សូមផ្ទៀងព្រះកាណ៌ស្តាប់សំឡេងទូលបង្គំ ក្នុងកាលដែលទូលបង្គំអំពាវនាវផង
2 សូមឲ្យសេចក្ដីអធិស្ឋានរបស់ទូលបង្គំបានផ្សាយឡើង ដូចជាគ្រឿងក្រអូបនៅចំពោះទ្រង់ និងការលើកដៃប្រណម្យរបស់ទូលបង្គំ បានដូចជាយញ្ញបូជាពេលល្ងាច
3 ឱព្រះយេហូវ៉ាអើយ សូមទ្រង់ដាក់ការយាម នៅមាត់ទូលបង្គំ ហើយថែរក្សាទ្វារបបូរមាត់របស់ទូលបង្គំផង
4 សូមកុំឲ្យចិត្តទូលបង្គំល្អៀងទៅខាងសេចក្ដីអាក្រក់ណា ដើម្បីប្រព្រឹត្តការអាក្រក់ជាមួយនឹងមនុស្ស ដែលតែងតែធ្វើការទុច្ចរិតឡើយ ហើយកុំឲ្យទូលបង្គំទទួលទានចំណីឆ្ងាញ់របស់គេ ឲ្យសោះ
5 សូមឲ្យមនុស្សសុចរិតវាយទូលបង្គំចុះ នោះនឹងបានជាគុណ ហើយឲ្យគេប្រដៅទូលបង្គំផង នោះនឹងបានដូចជាប្រេងចាក់លាបលើក្បាល ឯក្បាលរបស់ទូលបង្គំនឹងមិនប្រកែកទេ ដ្បិតទូលបង្គំនឹងនៅតែអធិស្ឋាន ក្នុងកាលដែលកើតមានសេចក្ដីអាក្រក់ផង
6 ពួកចៅក្រមរបស់គេបានត្រូវបោះចុះទៅ ដល់ជើងថ្មដាហើយ គេនឹងឮពាក្យសំដីរបស់ទូលបង្គំ ដ្បិតពាក្យទាំងនោះផ្អែមល្ហែម
7 អស់ទាំងឆ្អឹងរបស់យើងរាល់គ្នាបានខ្ចាត់ខ្ចាយ នៅមាត់ទ្វារស្ថានឃុំព្រលឹងមនុស្សស្លាប់ ដូចជាកាលគេកាប់ ហើយពុះឱសនៅលើដី
8 ដ្បិតឱព្រះយេហូវ៉ាជាព្រះអម្ចាស់អើយ ភ្នែកទូលបង្គំមើលចំទៅឯទ្រង់ ទូលបង្គំពឹងជ្រកនៅក្នុងទ្រង់ សូមកុំបោះបង់ចោលព្រលឹងនៃទូលបង្គំឡើយ
9 សូមរក្សាទូលបង្គំឲ្យរួចពីអន្ទាក់ ដែលគេបានដាក់សម្រាប់ចាប់ទូលបង្គំ ហើយពីអស់ទាំងអង្គប់របស់ពួកអ្នក ដែលប្រព្រឹត្តអំពើទុច្ចរិតផង
10 សូមឲ្យមនុស្សអាក្រក់ធ្លាក់ទៅក្នុងមងរបស់ខ្លួនគេ តែឲ្យទូលបង្គំបានរួចវិញ។
Psalm 142
1 ទូលបង្គំស្រែកទូលដល់ព្រះយេហូវ៉ា ដោយសំឡេងនៃទូលបង្គំ គឺដោយសំឡេងរបស់ទូលបង្គំ ដែលទូលបង្គំទូលអង្វរដល់ព្រះយេហូវ៉ា
2 ទូលបង្គំបង្ហូរសេចក្ដីទំនួញរបស់ទូលបង្គំចេញ នៅចំពោះទ្រង់ ហើយក្រាបទូលពីសេចក្ដីទុក្ខលំបាករបស់ទូលបង្គំ នៅចំពោះទ្រង់ដែរ
3 កាលវិញ្ញាណទូលបង្គំបានអន់ថយនៅក្នុងខ្លួន នោះទ្រង់បានស្គាល់ផ្លូវច្រករបស់ទូលបង្គំ គេបានដាក់អន្ទាក់លាក់កំបាំងក្នុងផ្លូវដែលទូលបង្គំដើរ
4 សូមទតទៅខាងស្តាំមើល ដ្បិតគ្មានអ្នកណាស្គាល់ទូលបង្គំសោះ គ្រប់ទាំងទីពឹងបានបាត់ពីទូលបង្គំចេញហើយ ឥតមានអ្នកណារវល់នឹងព្រលឹងទូលបង្គំឡើយ
5 ឱព្រះយេហូវ៉ាអើយ ទូលបង្គំបានអំពាវនាវដល់ទ្រង់ ទូលបង្គំបានពោលថា ទ្រង់ជាទីពឹងរបស់ទូលបង្គំ គឺជាចំណែកនៃទូលបង្គំនៅក្នុងស្ថានរបស់មនុស្សរស់នេះ
6 សូមប្រុងស្តាប់ពាក្យអំពាវនាវរបស់ទូលបង្គំ ដ្បិតទូលបង្គំត្រូវទាបថោកណាស់ហើយ សូមប្រោសឲ្យរួចពីពួកអ្នកដែលបៀតបៀនទូលបង្គំ ដ្បិតគេខ្លាំងជាងទូលបង្គំ
7 សូមនាំព្រលឹងទូលបង្គំចេញពីគុកទៅ ដើម្បីឲ្យបានអរព្រះគុណដល់ព្រះនាមទ្រង់ ពួកមនុស្សសុចរិតនឹងព័ទ្ធទូលបង្គំជុំវិញ ពីព្រោះទ្រង់នឹងប្រោសទូលបង្គំយ៉ាងល្អជាបរិបូរ។
Psalm 143
1 ឱព្រះយេហូវ៉ាអើយ សូមស្តាប់ពាក្យ អធិស្ឋានរបស់ទូលបង្គំ សូមផ្ទៀងព្រះកាណ៌ស្តាប់សេចក្ដីទូលអង្វររបស់ទូលបង្គំ សូមឆ្លើយតបមកទូលបង្គំផង ដោយសេចក្ដីស្មោះត្រង់ និងសេចក្ដីសុចរិតរបស់ទ្រង់
2 សូមកុំឲ្យកើតក្តីនឹងអ្នកបម្រើទ្រង់ឡើយ ដ្បិតនៅព្រះនេត្រទ្រង់គ្មានមនុស្សរស់ណាមួយ ដែលសុចរិតទេ
3 ដ្បិតខ្មាំងសត្រូវបានបៀតបៀនព្រលឹងនៃទូលបង្គំ គេបានវាយជីវិតទូលបង្គំចុះដល់ដីហើយ ក៏ធ្វើឲ្យទូលបង្គំអាស្រ័យនៅក្នុងទីងងឹត ដូចជាពួកអ្នកដែលបានស្លាប់ជាយូរមកហើយ
4 ហេតុនោះបានជាវិញ្ញាណនៅក្នុងខ្លួន ទូលបង្គំត្រូវអន់ថយទៅ ហើយចិត្តនៅក្នុងទូលបង្គំក៏នៅតែលតោល
5 ទូលបង្គំនឹកចាំពីអស់ទាំងថ្ងៃដែលកន្លងទៅហើយ ក៏រំពឹងគិតពីអស់ទាំងកិច្ចការរបស់ទ្រង់ ហើយនឹកជញ្ជឹងពីអស់ទាំងស្នាដៃនៃព្រះហស្តទ្រង់ដែរ
6 ទូលបង្គំលើកដៃប្រណម្យដល់ទ្រង់ ព្រលឹងទូលបង្គំស្រេករកទ្រង់ ដូចជាដីហួត ហែងស្រេករកទឹក។ –បង្អង់
7 ៙ ឱព្រះយេហូវ៉ាអើយ សូមប្រញាប់នឹងឆ្លើយមកទូលបង្គំ ដ្បិតវិញ្ញាណទូលបង្គំអន់ថយហើយ សូមកុំលាក់ព្រះភ័ក្ត្រនឹងទូលបង្គំឡើយ ក្រែងទូលបង្គំនឹងត្រឡប់ដូចជាពួកអ្នក ដែលចុះទៅក្នុងរណ្តៅ
8 សូមឲ្យទូលបង្គំបានឮសេចក្ដីសប្បុរសរបស់ទ្រង់ នៅពេលព្រឹក ដ្បិតទូលបង្គំទុកចិត្តនឹងទ្រង់ សូមឲ្យទូលបង្គំបានស្គាល់ផ្លូវដែលគួរដើរ ពីព្រោះទូលបង្គំបានលើកព្រលឹងទៅរកទ្រង់
9 ឱព្រះយេហូវ៉ាអើយ សូមប្រោសទូលបង្គំ ឲ្យរួចពីពួកខ្មាំងសត្រូវ ទូលបង្គំរត់មកពឹងជ្រកនៅទ្រង់
10 សូមបង្ហាត់បង្រៀនឲ្យទូលបង្គំបានប្រព្រឹត្តតាម ព្រះហឫទ័យទ្រង់ ដ្បិតទ្រង់ជាព្រះនៃទូលបង្គំពិត សូមឲ្យព្រះវិញ្ញាណដ៏ល្អរបស់ទ្រង់ នាំទូលបង្គំចូលទៅ ក្នុងស្រុក ដែលប្រកបដោយសេចក្ដីទៀងត្រង់
11 ឱព្រះយេហូវ៉ាអើយ សូមចម្រើនកម្លាំងដល់ទូលបង្គំ ដោយយល់ដល់ព្រះនាមទ្រង់ សូមនាំព្រលឹងទូលបង្គំចេញពីសេចក្ដីវេទនា ដោយសេចក្ដីសុចរិតរបស់ទ្រង់
12 ហើយសូមកាត់ពួកខ្មាំងសត្រូវទូលបង្គំចេញ ដោយសេចក្ដីសប្បុរសរបស់ទ្រង់ ព្រមទាំងបំផ្លាញអស់អ្នកដែលសង្កត់សង្កិន ព្រលឹងទូលបង្គំផង ដ្បិតទូលបង្គំជាអ្នកបម្រើទ្រង់ហើយ។
Psalm 144
1 សូមឲ្យព្រះយេហូវ៉ាជាថ្មដានៃទូលបង្គំ បានប្រកបដោយព្រះពរ ជាព្រះដែលបង្ហាត់បង្វឹកដៃទូលបង្គំឲ្យចេះច្បាំង ហើយម្រាមដៃរបស់ទូលបង្គំឲ្យធ្វើសង្រ្គាម
2 ទ្រង់ជាសេចក្ដីសប្បុរស ហើយជាបន្ទាយនៃទូលបង្គំ ជាប៉មយ៉ាងខ្ពស់ ហើយជាអ្នកដែលប្រោសឲ្យទូលបង្គំរួច ក៏ជាខែលនៃទូលបង្គំ ហើយទូលបង្គំពឹងជ្រកនៅក្នុងទ្រង់ គឺទ្រង់ដែលបង្ក្រាបរាស្ត្រនៅក្រោមអំណាចទូលបង្គំ
3 ឱព្រះយេហូវ៉ាអើយ តើមនុស្សជាអ្វី បានជាទ្រង់យកចិត្តទុកដាក់នឹងគេ ឬកូនមនុស្ស បានជាទ្រង់រាប់អានដូច្នេះ
4 មនុស្សធៀបដូចជាខ្យល់ដង្ហើមទេ អស់ទាំងថ្ងៃអាយុរបស់គេ ដូចជាស្រមោល ដែលតែងបាត់ទៅ
5 ឱព្រះយេហូវ៉ាអើយ សូមទ្រង់បង្អោនស្ថានសួគ៌ ហើយយាងចុះមក សូមពាល់ភ្នំទាំងប៉ុន្មាន នោះនឹងមានផ្សែងហុយឡើង
6 សូមចាត់ប្រើផ្លេកបន្ទោរចុះមកកម្ចាត់កម្ចាយគេ សូមបាញ់អស់ទាំងព្រួញរបស់ទ្រង់ចេញទៅបំបាក់ទ័ពគេ
7 សូមទ្រង់លូកព្រះហស្តចុះមកពីលើ កន្ត្រាក់ជួយ ឲ្យទូលបង្គំរួច ហើយប្រោសទូលបង្គំឲ្យរួចពីទឹកធំ គឺពីកណ្តាប់ដៃនៃពួកសាសន៍ដទៃ
8 ដែលមាត់គេពោលតែពាក្យកលឧបាយ ហើយដៃស្តាំរបស់គេក៏ប្រព្រឹត្តតែសេចក្ដីភូតភរទទេ
9 ឱព្រះអង្គអើយ ទូលបង្គំនឹងច្រៀងបទថ្មីថ្វាយទ្រង់ ទូលបង្គំនឹងច្រៀងសរសើរដល់ទ្រង់ ដោយដេញពិណខ្សែ១០
10 គឺទ្រង់ដែលប្រោសសេចក្ដីសង្គ្រោះដល់ពួកស្តេច ក៏ប្រោសដាវីឌជាអ្នកបម្រើទ្រង់ ឲ្យរួចពីដាវដ៏អាក្រក់
11 សូមកន្ត្រាក់ជួយទូលបង្គំ ហើយប្រោសឲ្យរួចពីកណ្តាប់ដៃនៃពួកសាសន៍ដទៃ ដែលមាត់គេពោលតែពាក្យកលឧបាយ ហើយដៃស្តាំរបស់គេប្រព្រឹត្តតែសេចក្ដីភូតភរទទេ។
12 ៙ កូនប្រុសៗរបស់យើងខ្ញុំនឹងបានដូចជាដើមណា ដែលចម្រើនធំឡើងពីកាលនៅក្មេង ហើយកូនស្រីៗរបស់យើងខ្ញុំនឹងបានដូចជាថ្មសីមា ដែលដាប់ធ្វើតាមរបៀបព្រះរាជវាំង
13 ជង្រុករបស់យើងខ្ញុំនឹងបានពេញ ដោយស្បៀងអាហារគ្រប់មុខ ហ្វូងចៀមរបស់យើងខ្ញុំនឹងកើតកូនទាំងពាន់ទាំងម៉ឺន ចម្រើនឡើងនៅឯវាល
14 គោរបស់យើងខ្ញុំនឹងមានកម្លាំងធ្វើការយ៉ាងធ្ងន់ នឹងគ្មានខ្មាំងរុករានចូល ឬនាំយើងខ្ញុំចេញទៅជាឈ្លើយឡើយ ក៏នឹងគ្មានឮសម្រែកដោយភ័យនៅក្នុងផ្លូវយើងខ្ញុំដែរ
15 សប្បាយហើយ សាសន៍ណាដែលមានសណ្ឋានដូច្នេះ អើ សាសន៍ណាដែលយកព្រះយេហូវ៉ា ទុកជាព្រះរបស់ខ្លួន នោះសប្បាយហើយ។
Psalm 145
1 ឱព្រះដ៏ជាមហាក្សត្រនៃទូលបង្គំអើយ ទូលបង្គំនឹងលើកតម្កើងទ្រង់ ហើយនិងសូមឲ្យព្រះនាមទ្រង់បានពរអស់កល្បជានិច្ច
2 ទូលបង្គំនឹងសូមឲ្យទ្រង់បានប្រកបដោយព្រះពររាល់ៗថ្ងៃ ព្រមទាំងសរសើរដល់ព្រះនាមទ្រង់អស់កល្បជានិច្ច
3 ព្រះយេហូវ៉ាទ្រង់ធំប្រសើរ គឺគួរសរសើរយ៉ាងក្រៃលែង ឯសណ្ឋានធំប្រសើររបស់ទ្រង់ នោះនឹងរកយល់មិនបាន
4 មនុស្សដំណ១នឹងសរសើរស្នាដៃរបស់ទ្រង់ ដល់ដំណ១ទៀត ព្រមទាំងប្រកាសប្រាប់ពីការឥទ្ធិឫទ្ធិរបស់ទ្រង់ផង
5 ទូលបង្គំនឹងរំពឹងគិតពីឫទ្ធានុភាពដ៏រុងរឿងឧត្តម ហើយពីការអស្ចារ្យរបស់ទ្រង់ដែរ
6 មនុស្សទាំងឡាយនឹងថ្លែងពីឫទ្ធិនៃការដ៏គួរស្ញែងខ្លាច របស់ទ្រង់ ឯទូលបង្គំនឹងប្រកាសពីសណ្ឋានដ៏ធំវិសេសនៃទ្រង់ដែរ
7 គេនឹងបញ្ចេញសេចក្ដីដែលនឹកចាំពីព្រះហឫទ័យ ដ៏ល្អប្រសើរ ហើយច្រៀងពីសេចក្ដីសុចរិតរបស់ទ្រង់
8 ព្រះយេហូវ៉ាទ្រង់ប្រកបដោយមេត្តាករុណា និងអាណិតអាសូរ ទ្រង់យឺតនឹងខ្ញាល់ ក៏មានសេចក្ដីសប្បុរសដ៏ធំទូលាយ
9 ព្រះយេហូវ៉ាទ្រង់ល្អដល់មនុស្សទាំងអស់ ហើយព្រះហឫទ័យទន់សន្តោសរបស់ទ្រង់ ក៏គ្របលើកិច្ចការរបស់ទ្រង់ទាំងប៉ុន្មាន
10 ឱព្រះយេហូវ៉ាអើយ អស់ទាំងស្នាដៃរបស់ទ្រង់នឹងអរព្រះគុណដល់ទ្រង់ ហើយពួកអ្នកបរិសុទ្ធរបស់ទ្រង់នឹងសូមឲ្យទ្រង់បានប្រកប ដោយព្រះពរ
11 គេនឹងថ្លែងពីសិរីល្អនៃនគរទ្រង់ និងពីតេជានុភាពរបស់ទ្រង់
12 ប្រយោជន៍ឲ្យពួកមនុស្សជាតិបានស្គាល់ អស់ទាំងការឥទ្ធិឫទ្ធិរបស់ទ្រង់ ហើយនិងសិរីល្អនៃឫទ្ធានុភាពរបស់រាជ្យទ្រង់
13 រាជ្យទ្រង់ស្ថិតស្ថេរនៅអស់កល្បជានិច្ច ហើយអំណាចទ្រង់ក៏នៅ ដរាបដល់អស់ទាំងដំណតទៅ
14 ព្រះយេហូវ៉ាទ្រង់គាំទ្រដល់អស់អ្នកដែលដួល ក៏លើកពួកអ្នកដែលត្រូវឱនឡើងវិញ
15 ភ្នែករបស់មនុស្សទាំងអស់រង់ចាំតែទ្រង់ ហើយទ្រង់ក៏ប្រទានអាហារដល់គេតាមត្រូវពេល
16 ទ្រង់លាព្រះហស្ត ក៏បំពេញចិត្តប្រាថ្នានៃជីវិតទាំងឡាយ
17 ព្រះយេហូវ៉ាទ្រង់សុចរិតក្នុងគ្រប់ទាំងផ្លូវទ្រង់ ក៏សប្បុរសក្នុងគ្រប់ទាំងកិច្ចការរបស់ទ្រង់ដែរ
18 ព្រះយេហូវ៉ាទ្រង់គង់នៅជិតនឹងអស់អ្នក ដែលអំពាវនាវដល់ទ្រង់ គឺអស់អ្នកដែលអំពាវនាវដល់ទ្រង់ដោយពិតត្រង់
19 ទ្រង់នឹងបំពេញបំណងចិត្តនៃអស់អ្នកដែលកោតខ្លាច ដល់ទ្រង់ ក៏នឹងឮពាក្យអំពាវនាវរបស់គេ ព្រមទាំងជួយសង្គ្រោះគេផង
20 ព្រះយេហូវ៉ាទ្រង់រមែងការពារអស់អ្នក ដែលស្រឡាញ់ទ្រង់ តែនឹងបំផ្លាញពួកមនុស្សអាក្រក់វិញ
21 មាត់ទូលបង្គំនឹងពោលពាក្យសរសើរពីព្រះយេហូវ៉ា គួរឲ្យមនុស្សទាំងឡាយបានសូមឲ្យព្រះនាមបរិសុទ្ធ របស់ទ្រង់បានពរ នៅអស់កល្បជានិច្ចដែរ។
Psalm 146
1 ចូរសរសើរដល់ព្រះយេហូវ៉ា នែ ព្រលឹងអញអើយ ចូរសរសើរដល់ព្រះយេហូវ៉ាចុះ
2 កាលខ្ញុំកំពុងរស់នៅឡើយ នោះខ្ញុំនឹងសរសើរដល់ព្រះយេហូវ៉ា ខ្ញុំនឹងច្រៀងសរសើរដល់ព្រះនៃខ្ញុំ ក្នុងកាលដែលនៅមានជីវិតតទៅ
3 កុំឲ្យទុកចិត្តនឹងអ្នកធំ ឬនឹងពូជពង្សនៃមនុស្សណាឡើយ គេនឹងជួយឯងមិនបានទេ
4 គេផុតដង្ហើមទៅ ហើយត្រឡប់ទៅជាដីវិញ នៅថ្ងៃនោះឯង អស់ទាំងគំនិតរបស់គេក៏សូន្យបាត់ទៅ
5 សប្បាយហើយ អ្នកណាដែលមានព្រះនៃយ៉ាកុប ជាជំនួយរបស់ខ្លួន ជាអ្នកដែលសង្ឃឹមដល់ព្រះយេហូវ៉ាជាព្រះនៃខ្លួន
6 ជាព្រះដែលបង្កើតផ្ទៃមេឃ និងផែនដី ព្រមទាំងសមុទ្រ និងរបស់សព្វសារពើ ដែលនៅស្ថានទាំងនោះផង ទ្រង់ក៏រក្សាសេចក្ដីពិតត្រង់ជាដរាប
7 ទ្រង់សម្រេចសេចក្ដីសុចរិតដល់ពួកអ្នក ដែលត្រូវគេសង្កត់សង្កិន ក៏ប្រទានអាហារដល់អស់អ្នកដែលឃ្លានដែរ ព្រះយេហូវ៉ាទ្រង់ស្រាយពួកអ្នក ដែលជាប់ចំណង ឲ្យរួចចេញ
8 ព្រះយេហូវ៉ាទ្រង់បំភ្លឺភ្នែករបស់មនុស្សខ្វាក់ ព្រះយេហូវ៉ាទ្រង់លើកអស់អ្នកដែលត្រូវឱន ឲ្យត្រង់ឡើងវិញ ព្រះយេហូវ៉ាទ្រង់ស្រឡាញ់ពួកមនុស្សសុចរិត
9 ព្រះយេហូវ៉ាទ្រង់ការពារពួកអ្នកប្រទេសដទៃ ទ្រង់ទប់ទល់ពួកកូនកំព្រា និងស្រីមេម៉ាយ តែឯផ្លូវរបស់មនុស្សអាក្រក់ នោះទ្រង់បំបត់បំបែនវិញ
10 ព្រះយេហូវ៉ាទ្រង់នឹងសោយរាជ្យនៅអស់កល្បជានិច្ច គឺព្រះនៃឯង ឱក្រុងស៊ីយ៉ូនអើយ ទ្រង់នឹងសោយរាជ្យ ដរាបដល់អស់ទាំងដំណតទៅ ចូរសរសើរដល់ព្រះយេហូវ៉ាចុះ។
Psalm 147
1 ចូរសរសើរដល់ព្រះយេហូវ៉ា ដ្បិតការដែលច្រៀងសរសើរ ដល់ព្រះនៃយើងខ្ញុំ នោះជាការសំណំហើយ ក៏ពីរោះផង សេចក្ដីសរសើរជាការគួរគប្បី
2 ព្រះយេហូវ៉ាទ្រង់កំពុងតែសង់ក្រុងយេរូសាឡឹមឡើង ទ្រង់កំពុងតែប្រមូលពួកសាសន៍អ៊ីស្រាអែល ដែលត្រូវបំបរទៅជាឈ្លើយមកវិញ
3 ទ្រង់ប្រោសអស់អ្នកដែលមានចិត្តសង្រេងឲ្យបានជា ក៏រុំរបួសឲ្យគេផង
4 ទ្រង់រាប់ចំនួននៃអស់ទាំងផ្កាយ ក៏ហៅបានតាមឈ្មោះទាំងអស់
5 ព្រះអម្ចាស់នៃយើងខ្ញុំទ្រង់ធំប្រសើរ ហើយមានឫទ្ធានុភាពក្រៃលែង ឯប្រាជ្ញាញាណរបស់ទ្រង់ក៏យល់គ្រប់ទាំងអស់
6 ព្រះយេហូវ៉ាទ្រង់ទប់ទល់មនុស្សរាបសា តែបង្ក្រាបពួកមនុស្សអាក្រក់ចុះដល់ដីវិញ
7 ចូរច្រៀងថ្វាយព្រះយេហូវ៉ា ដោយពាក្យអរព្រះគុណ ចូរច្រៀងបទសរសើរដល់ព្រះនៃយើងខ្ញុំ ដោយចាប់ស៊ុង
8 ទ្រង់បាំងមេឃដោយពពក ក៏ចាត់ចែងភ្លៀងសម្រាប់ផែនដី ហើយធ្វើឲ្យមានស្មៅដុះឡើងនៅលើភ្នំ
9 ទ្រង់ប្រទានអាហារដល់សត្វទាំងប៉ុន្មាន ព្រមទាំងដល់កូនក្អែកដែលយំផង
10 ទ្រង់មិនសព្វព្រះហឫទ័យនឹងកម្លាំងនៃសេះទេ ក៏មិនត្រូវការនឹងជើងមនុស្សដែរ
11 គឺព្រះយេហូវ៉ាទ្រង់សព្វព្រះហឫទ័យតែនឹងអស់អ្នក ដែលកោតខ្លាចទ្រង់ ហើយនិងអស់អ្នកដែលសង្ឃឹមដល់សេចក្ដីសប្បុរស របស់ទ្រង់ប៉ុណ្ណោះ
12 ឱក្រុងយេរូសាឡឹមអើយ ចូរសរសើរដល់ព្រះយេហូវ៉ា ឱក្រុងស៊ីយ៉ូនអើយ ចូរសរសើរដល់ព្រះនៃឯងចុះ
13 ដ្បិតទ្រង់បានធ្វើឲ្យរនុកទ្វារឯងបានមាំមួនឡើង ក៏បានប្រទានពរដល់កូនចៅនៅកណ្តាលឯងដែរ
14 ទ្រង់ធ្វើឲ្យមានសេចក្ដីសុខ នៅក្នុងដែនខេត្តរបស់ឯង ទ្រង់ចម្អែតឯង ដោយស្រូវសាលីយ៉ាងល្អបំផុត
15 ទ្រង់ចាត់ព្រះរាជបញ្ជាមកលើផែនដី ព្រះបន្ទូលទ្រង់ក៏រត់លឿនណាស់ផង
16 ទ្រង់ប្រទានហិមៈមកឲ្យដូចជារោមចៀម ក៏បាចសាចសន្សើមកកដូចជាផេះ
17 ទ្រង់បោះទឹកកករបស់ទ្រង់មកជាដុំៗ តើមានអ្នកណានឹងទ្រាំចំពោះពេលរងារបស់ទ្រង់បាន
18 ទ្រង់បញ្ចេញព្រះបន្ទូលទៅរំលាយទាំងអស់វិញ ទ្រង់ធ្វើឲ្យខ្យល់របស់ទ្រង់បកមក