សុភាសិត

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31


ជំពូក 1

1 នេះ​ជា​សុភាសិត​របស់​សាឡូ‌ម៉ូន ជា​ព្រះ‌រាជ​បុត្រា​នៃ​ដាវីឌ ស្តេច​សាសន៍​អ៊ីស្រា‌អែល
2 សម្រាប់​ឲ្យ​បាន​ស្គាល់​ប្រាជ្ញា និង​សេចក្ដី​ប្រៀន‌ប្រដៅ ហើយ​ឲ្យ​បាន​យល់​អស់​ទាំង​សេចក្ដី​ដែល​ត្រូវ​ខាង​យោបល់
3 ក៏​សម្រាប់​ឲ្យ​ទទួល​សេចក្ដី​បង្រៀន​នៃ​គំនិត​ត្រឹម​ត្រូវ​នៃ​សេចក្ដី​សុចរិត សេចក្ដី​យុត្តិ‌ធម៌ និង​សេចក្ដី​ទៀង​ត្រង់
4 ហើយ​សម្រាប់​ឲ្យ​មនុស្ស​ឆោត​ល្ងង់​មាន​សេចក្ដី​ឆ្លៀវ‌ឆ្លាត និង​ឲ្យ​មនុស្ស​កំលោះ​មាន​តម្រិះ ហើយ​និង​សតិ‌បញ្ញា​នឹង‌ធឹង
5 ប្រយោជន៍​ឲ្យ​មនុស្ស​ប្រាជ្ញ​បាន​ស្តាប់ ហើយ​ចម្រើន​ចំណេះ​ឡើង ឲ្យ​អ្នក​ណា​ដែល​មាន​យោបល់​បាន​ដឹង​ដល់​សេចក្ដី​ទូន្មាន​មាំ‌ទាំ
6 ព្រម​ទាំង​ឲ្យ​បាន​យល់​ពាក្យ​សុភាសិត និង​ប្រស្នា អស់​ទាំង​ពាក្យ​របស់​អ្នក​ប្រាជ្ញ និង​ពាក្យ​អាថ៌‌កំបាំង​ទាំង​ប៉ុន្មាន​ផង។
7 សេចក្ដី​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា នោះ​ជា​ដើម​ចម​នៃ​តម្រិះ តែ​មនុស្ស​ឥត​បើ​គិត គេ​មើល‌ងាយ​ប្រាជ្ញា និង​សេចក្ដី​ប្រៀន‌ប្រដៅ​វិញ។
8 នែ កូន​អើយ ចូរ​ស្តាប់​ពាក្យ​ប្រៀន​ប្រដៅ​របស់​ឪពុក​ចុះ កុំ​ឲ្យ​កូន​បោះ‌បង់​ចោល​សេចក្ដី​ដំបូន្មាន​របស់​ម្តាយ​ឯង​ឡើយ
9 ដ្បិត​សេចក្ដី​នោះ​នឹង​បាន​ជា​គុណ​ពាក់​លើ​ក្បាល​ឯង ទុក​ជា​គ្រឿង​លំអ ហើយ​ជា​ខ្សែ​ប្រដាប់​ពាក់​នៅ​ក​ឯង
10 កូន​អើយ បើ​មនុស្ស​មាន​បាប​បបួល​នាំ​ឯង នោះ​កុំ​ឲ្យ​ព្រម​តាម​គេ​ឡើយ
11 បើ​គេ​ថា ចូរ​មក​ជា​មួយ​នឹង​យើង​ចុះ យើង​នឹង​រង់‌ចាំ​ឱកាស​កម្ចាយ​ឈាម យើង​នឹង​អែប​លប​ដោយ​សម្ងាត់ ដើម្បី​ចាប់​មនុស្ស​ដែល​ឥត​ទោស​ដោយ​ឥត​ហេតុ
12 យើង​នឹង​លេប​គេ​ទាំង​រស់ ដូច​ជា​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ហើយ​ទាំង​មូល​ផង ដូច​ជា​ពួក​អ្នក​ដែល​ចុះ​ទៅ​ក្នុង​រណ្តៅ
13 យើង​នឹង​បាន​ប្រទះ​របស់​មាន​តម្លៃ​គ្រប់​យ៉ាង ក៏​នឹង​បំពេញ​លំនៅ​យើង​ដោយ​របឹប
14 ចូរ​ឯង​ចូល​មក​ក្នុង​ពួក​យើង​ចុះ យើង​នឹង​មាន​ថង់​ប្រាក់​តែ​១​ប៉ុណ្ណោះ
15 កូន​អើយ កុំ​ឲ្យ​ឯង​ដើរ​ក្នុង​ផ្លូវ​ជា​មួយ​នឹង​គេ​ឡើយ ត្រូវ​ឲ្យ​ឃាត់‌ឃាំង​ជើង​ឯង​មិន​ឲ្យ​ចូល​ទៅ​ក្នុង​ផ្លូវ​ច្រក​របស់​គេ​វិញ
16 ដ្បិត​ជើង​គេ​រត់​តាម​តែ​សេចក្ដី​អាក្រក់​ទេ គេ​ក៏​រហ័ស​នឹង​កម្ចាយ​ឈាម​ផង
17 ពី​ព្រោះ​ការ​ដែល​ដាក់​លប់ នៅ​ចំពោះ​សត្វ​ហើរ ឲ្យ​វា​ឃើញ​នោះ​ឥត​ប្រយោជន៍​ទេ
18 ឯ​ពួក​នោះ គេ​រង់‌ចាំ​តែ​នឹង​កម្ចាយ​ឈាម​របស់​ខ្លួន​គេ ហើយ​ក៏​អែប​លប​ដោយ​សម្ងាត់ ដើម្បី​តែ​នឹង​បំផ្លាញ​ជីវិត​ខ្លួន​គេ​វិញ
19 ចំណែក​អស់​អ្នក​ដែល​លោភ​ចង់​បាន​កម្រៃ​ក៏​យ៉ាង​នោះ​ដែរ សេចក្ដី​នោះ​នឹង​ដក​យក​ជីវិត​ចេញ​ពី​អស់​អ្នក​ដែល​បណ្តោយ​តាម​ផង។
20 ប្រាជ្ញា​តែង​បន្លឺ​ឡើង​នៅ​ក្នុង​ផ្លូវ ក៏​បញ្ចេញ​សំឡេង​នៅ​ទី‌ធ្លា
21 ប្រាជ្ញា​ស្រែក​ប្រកាស​នៅ​ទី​ផ្លូវ​ប្រសព្វ​ទ្រហឹង‌អឺង‌កង និង​នៅ​មាត់​ទ្វារ​ក្រុង ឯ​នៅ​ខាង​ក្នុង​ទី​ក្រុង នោះ​ក៏​បញ្ចេញ​ពាក្យ​ថា
22 ឱ​មនុស្ស​ឆោត​ល្ងង់​អើយ តើ​នឹង​ស្រឡាញ់​សេចក្ដី​ឆោត​ល្ងង់​នោះ​ដល់​កាល​ណា​ទៀត ឯ​ពួក​មនុស្ស​ចំអក គេ​នឹង​ចូល​ចិត្ត​ខាង​សេចក្ដី​ឡក‌ឡឺយ ហើយ​មនុស្ស​កំឡៅ​នឹង​ចេះ​តែ​ស្អប់​ដល់​ការ​ចេះ​ដឹង​ដល់​កាល​ណា
23 កាល​ណា​អញ​បន្ទោស នោះ​ចូរ​ឲ្យ​ឯង​រាល់​គ្នា​បែរ​ខ្លួន​ស្តាប់​តាម​ចុះ នែ អញ​នឹង​ចាក់​វិញ្ញាណ​អញ​ទៅ​លើ​ឯង​រាល់​គ្នា ហើយ​ឲ្យ​ឯង​រាល់​គ្នា​បាន​យល់​ពាក្យ​អញ
24 ពី​ព្រោះ​អញ​បាន​ស្រែក​ហៅ តែ​ឯង​រាល់​គ្នា​មិន​ព្រម​ស្តាប់​ទេ អញ​បាន​ហុច​ដៃ​ទៅ តែ​ឥត​មាន​អ្នក​ណា​រវល់​សោះ
25 ឯង​រាល់​គ្នា​ក៏​បោះ‌បង់​ចោល​អស់​ទាំង​ដំបូន្មាន​របស់​អញ​ចេញ ហើយ​មិន​ព្រម​ទទួល​ពាក្យ​បន្ទោស​របស់​អញ​ដែរ
26 ដូច្នេះ អញ​នឹង​សើច​ដែរ ក្នុង​ថ្ងៃ​ដែល​ឯង​រាល់​គ្នា​ត្រូវ​អន្តរាយ អញ​នឹង​ចំអក​ឲ្យ ក្នុង​កាល​ដែល​ឯង​រាល់​គ្នា​កើត​មាន​សេចក្ដី​ភិត‌ភ័យ​ផង
27 គឺ​ក្នុង​កាល​ដែល​សេចក្ដី​ភិត‌ភ័យ​មក​លើ​ឯង​រាល់​គ្នា ដូច​ជា​ព្យុះ​សង្ឃរា ហើយ​សេចក្ដី​អន្តរាយ​របស់​ឯង​រាល់​គ្នា​មក ដូច​ជា​ខ្យល់​កួច ក្នុង​កាល​ដែល​សេចក្ដី​លំបាក និង​សេចក្ដី​ទុក្ខ​ព្រួយ​មក​គ្រប​សង្កត់​លើ​ឯង​រាល់​គ្នា
28 ខណៈ​នោះ គេ​នឹង​អំពាវ‌នាវ​ដល់​អញ តែ​អញ​មិន​ព្រម​ឆ្លើយ​សោះ គេ​នឹង​ស្វែង​រក​អញ​អស់​ពី​ចិត្ត តែ​គេ​នឹង​រក​អញ​មិន​ឃើញ​ឡើយ
29 ពី​ព្រោះ​គេ​បាន​ស្អប់​ការ​ចេះ​ដឹង​ហើយ​មិន​បាន​រើស​យក​សេចក្ដី​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​ទេ
30 គេ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​នឹង​ដំបូន្មាន​របស់​អញ​ឡើយ ក៏​បាន​មើល‌ងាយ​សេចក្ដី​បន្ទោស​របស់​អញ​ដែរ
31 ហេតុ​នោះ​បាន​ជា​ត្រូវ​ឲ្យ​គេ​ស៊ី​ផល​នៃ​ផ្លូវ​របស់​ខ្លួន​គេ​វិញ ហើយ​គេ​នឹង​បាន​ឆ្អែត​ដោយ​កិច្ច‌ការ​របស់​ខ្លួន
32 ដ្បិត​ឯ​ពួក​ឆោត​ល្ងង់​នោះ ការ​ថយ​ទៅ​វិញ​របស់​គេ​នឹង​សម្លាប់​គេ​ទៅ ហើយ​ចំណែក​មនុស្ស​កំឡៅ នោះ​សេចក្ដី​សុខ​ស្រួល​របស់​គេ​នឹង​ឲ្យ​គេ​វិនាស​ដែរ
33 តែ​អ្នក​ណា​ដែល​ស្តាប់​តាម​អញ នោះ​នឹង​នៅ​ដោយ​សេចក្ដី​សុខ​ពិត ហើយ​និង​មាន​សេចក្ដី​សម្រាក ឥត​ភ័យ​ខ្លាច​ចំពោះ​ការ​អាក្រក់​ឡើយ។


ជំពូក 2

1 កូន​អើយ បើ​ឯង​នឹង​ទទួល​ពាក្យ​អញ ហើយ​និង​ប្រមូល​ពាក្យ​បណ្តាំ​របស់​អញ ទុក​នៅ​ជាប់​នឹង​ឯង
2 ដើម្បី​ឲ្យ​បាន​ប្រុង​ត្រចៀក​ស្តាប់​តាម​ប្រាជ្ញា ហើយ​ផ្ចង់​ចិត្ត​ឲ្យ​បាន​យោបល់
3 អើ បើ​ឯង​ស្រែក​ហៅ​រក​តម្រិះ ព្រម​ទាំង​បន្លឺ​សំឡេង​ឡើង សូម​ឲ្យ​បាន​យោបល់
4 បើ​ឯង​ខំ​រក​ដូច​ជា​រក​ប្រាក់ ហើយ​ស្វែង​រក​ដូច​ជា​រក​កំណប់​ទ្រព្យ
5 នោះ​ឯង​នឹង​បាន​យល់​សេចក្ដី​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា ហើយ​ប៉ះ​ប្រទះ​នឹង​សេចក្ដី​ស្គាល់​ដល់​ព្រះ‌អង្គ
6 ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​ប្រទាន​ឲ្យ​មាន​ប្រាជ្ញា ឯ​តម្រិះ និង​យោបល់ នោះ​ចេញ​ពី​ព្រះ‌ឱស្ឋ​របស់​ទ្រង់​មក
7 ទ្រង់​បម្រុង​ទុក​សេចក្ដី​ដែល​មាន​ប្រយោជន៍ សម្រាប់​មនុស្ស​សុចរិត ក៏​ជា​ខែល​ដល់​អស់​អ្នក​ដែល​ដើរ​ក្នុង​សេចក្ដី​ទៀង​ត្រង់
8 ដើម្បី​ឲ្យ​បាន​រក្សា​អស់​ទាំង​ផ្លូវ​ច្រក​នៃ​សេចក្ដី​យុត្តិ‌ធម៌ ហើយ​ការ‌ពារ​ផ្លូវ​របស់​ពួក​បរិសុទ្ធ​របស់​ទ្រង់
9 យ៉ាង​នោះ​ឯង​នឹង​បាន​យល់​សេចក្ដី​សុចរិត សេចក្ដី​យុត្តិ‌ធម៌ និង​សេចក្ដី​ទៀង​ត្រង់ គឺ​គ្រប់​ទាំង​ផ្លូវ​ល្អ
10 ដ្បិត​ប្រាជ្ញា​នឹង​ចូល​មក​ស្ថិត​នៅ​ក្នុង​ចិត្ត​ឯង ហើយ​ការ​ចេះ​ដឹង​នឹង​គាប់​ចិត្ត​ដល់​ឯង
11 គំនិត​វាង‌វៃ​នឹង​ការ‌ពារ​ឯង ហើយ​យោបល់​នឹង​ថែ​រក្សា​ឯង
12 ដើម្បី​នឹង​ជួយ​ឲ្យ​ឯង​រួច​ពី​ផ្លូវ​អាក្រក់ ហើយ​ពី​ពួក​មនុស្ស​ដែល​តែង​តែ​និយាយ​ពាក្យ​វៀច
13 ជា​អ្នក​ដែល​បោះ‌បង់​ចោល​ផ្លូវ​ទៀង​ត្រង់ ដើម្បី​នឹង​ដើរ​តាម​ផ្លូវ​ងងឹត​វិញ
14 ក៏​មាន​ចិត្ត​រីក‌រាយ​ដោយ​ប្រព្រឹត្ត​ការ​អាក្រក់ ហើយ​ត្រេក‌អរ​ដោយ​ចិត្ត​វៀច​របស់​មនុស្ស​អាក្រក់
15 ផ្លូវ​គេ​សុទ្ធ​តែ​ក្ងិក‌ក្ងក់ ហើយ​ផ្លូវ​ច្រក​របស់​គេ​ក៏​ទាស​ចេញ
16 ហើយ​ដើម្បី​នឹង​ជួយ​ឲ្យ​ឯង​រួច​ពី​ស្រី​អាវាសែ គឺ​ឲ្យ​រួច​ពី​មនុស្ស​ស្រី​ដទៃ ដែល​និយាយ​ប្រលោម​ដោយ​ពាក្យ​ផ្អែម‌ល្ហែម
17 ជា​អ្នក​ដែល​លះ​ចោល​គូ​សំឡាញ់ ដែល​បាន​គ្នា​ពី​ក្រមុំ​កំលោះ ក៏​ភ្លេច​សេចក្ដី​សញ្ញា​នៃ​ព្រះ​របស់​ខ្លួន
18 ដ្បិត​ផ្ទះ​របស់​ស្ត្រី​នោះ ទ្រេត​ទៅ​ខាង​សេចក្ដី​ស្លាប់ ហើយ​ផ្លូវ​ច្រក​របស់​វា នាំ​ទៅ​ឯ​ពួក​មនុស្ស​ស្លាប់
19 ឯ​ពួក​អ្នក​ដែល​ទៅ​ឯ​វា នោះ​គ្មាន​អ្នក​ណា​ត្រឡប់​មក​វិញ​ឡើយ ក៏​មិន​ចាប់​កាន់​ផ្លូវ​ច្រក​នៃ​ជីវិត​ដែរ
20 ហើយ​មាន​ប្រយោជន៍​ឲ្យ​ឯង​បាន​ដើរ​ក្នុង​ផ្លូវ​របស់​មនុស្ស​ល្អ ព្រម​ទាំង​រក្សា​ផ្លូវ​ច្រក​នៃ​ពួក​សុចរិត
21 ដ្បិត​មនុស្ស​ទៀង​ត្រង់​នឹង​អាស្រ័យ​នៅ​ផែនដី ហើយ​មនុស្ស​គ្រប់​លក្ខណ៍​នឹង​បាន​នៅ​ជាប់
22 តែ​មនុស្ស​អាក្រក់​នឹង​ត្រូវ​កាត់​ឲ្យ​សូន្យ​ចេញ​ពី​ផែនដី​វិញ ហើយ​មនុស្ស​ប្រទូស‌រ៉ាយ​នឹង​ត្រូវ​រំលើង​ចេញ​ពី​ស្រុក​ទៅ។


ជំពូក 3

1 កូន​អើយ កុំ​ឲ្យ​ភ្លេច​ឱវាទ​អញ​ឡើយ គួរ​ឲ្យ​ចិត្ត​ឯង​កាន់​តាម​បណ្តាំ​របស់​អញ​ទាំង​ប៉ុន្មាន
2 ដ្បិត​សេចក្ដី​ទាំង​នោះ​នឹង​បន្ថែម​ឲ្យ​ឯង​បាន​ថ្ងៃ​វែង និង​អាយុ​យឺន‌យូរ ព្រម​ទាំង​សេចក្ដី​សុខ​ផង
3 កុំ​ឲ្យ​សេចក្ដី​មេត្តា និង​សេចក្ដី​ពិត​ចេញ​ពី​ឯង​បាត់​ឡើយ ចូរ​ចង​សេចក្ដី​ទាំង​២​នោះ​នៅ​ក​ឯង​ចុះ ហើយ​ចារឹក​ទុក​នៅ​ដួង​ចិត្ត​ឯង​ដែរ
4 យ៉ាង​នោះ ឯង​នឹង​បាន​ប្រកប​ដោយ​គុណ និង​បំណង​ល្អ​ចំពោះ​ព្រះ ហើយ​និង​មនុស្ស​ផង
5 ចូរ​ទី​ពឹង​ដល់​ព្រះ‌យេហូវ៉ា​ឲ្យ​អស់​អំពី​ចិត្ត កុំ​ឲ្យ​ពឹង​ផ្អែក​លើ​យោបល់​របស់​ខ្លួន​ឡើយ
6 ត្រូវ​ឲ្យ​ទទួល​ស្គាល់​ទ្រង់​នៅ​គ្រប់​ទាំង​ផ្លូវ​ឯង​ចុះ នោះ​ទ្រង់​នឹង​តម្រង់​អស់​ទាំង​ផ្លូវ​ច្រក​របស់​ឯង
7 កុំ​ឲ្យ​មើល​ខ្លួន​ថា​មាន​ប្រាជ្ញា​ឡើយ ចូរ​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​វិញ ហើយ​ចៀស​ចេញ​ពី​សេចក្ដី​អាក្រក់​ទៅ
8 នោះ​នឹង​បាន​ជា​សេចក្ដី​សុខ​ស្រួល​ដល់​សរសៃ​ឯង ហើយ​ជា​ធាតុ​សើម​ដល់​ឆ្អឹង​ឯង
9 ចូរ​ថ្វាយ​កិត្តិ‌នាម​ដល់​ព្រះ‌យេហូវ៉ា ដោយ​ទ្រព្យ​សម្បត្តិ ហើយ​និង​ផល​ដំបូង ពី​សេចក្ដី​ចម្រើន​របស់​ឯង​ទាំង​អម្បាល‌ម៉ាន​ចុះ
10 យ៉ាង​នោះ អស់​ទាំង​ជង្រុក​ឯង​នឹង​បាន​ពេញ​បរិបូរ ឯ​អស់​ទាំង​ធុង​ឯង នឹង​បាន​ទឹក​ទំពាំង‌បាយ‌ជូរ​ហូរ‌ហៀរ​ផង
11 កូន​អើយ កុំ​ឲ្យ​មើល‌ងាយ​សេចក្ដី​ប្រៀន​របស់​ព្រះ‌យេហូវ៉ា​ឡើយ ក៏​កុំ​ឲ្យ​ណាយ​ចិត្ត​នឹង​សេចក្ដី​បន្ទោស​របស់​ទ្រង់​ដែរ
12 ដ្បិត​អ្នក​ណា​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​ស្រឡាញ់ នោះ​ទ្រង់​ក៏​ស្តី​ប្រដៅ​ផង គឺ​ដូច​ជា​ឪពុក​ធ្វើ​ចំពោះ​កូន ដែល​ជា​ទី​គាប់​ចិត្ត​ដល់​ខ្លួន​ដែរ។
13 សប្បាយ​ហើយ អស់​អ្នក​ណា​ដែល​រក​បាន​ប្រាជ្ញា ហើយ​អ្នក​ណា​ដែល​ខំ​ប្រឹង ទាល់​តែ​បាន​យោបល់
14 ដ្បិត​ការ​ដែល​បាន នោះ​វិសេស​ជាង​បាន​ប្រាក់​ទៅ​ទៀត ហើយ​កម្រៃ​អំពី​នោះ​មក​ក៏​ប្រសើរ​ជាង​មាស​សុទ្ធ​ផង
15 ប្រាជ្ញា​នោះ​មាន​តម្លៃ​ជា​ជាង​ត្បូង​ទទឹម ឥត​មាន​របស់​ណា​ដែល​ចិត្ត​ឯង​ប្រាថ្នា​ចង់​បាន ដែល​នឹង​យក​ទៅ​ផ្ទឹម​ឲ្យ​ស្មើ​បាន​ឡើយ
16 មាន​អាយុ​វែង​នៅ​ដៃ​ស្តាំ ព្រម​ទាំង​ទ្រព្យ​សម្បត្តិ និង​កិត្តិសព្ទ​នៅ​ដៃ​ឆ្វេង​នៃ​ប្រាជ្ញា​នោះ
17 អស់​ទាំង​ផ្លូវ​របស់​ប្រាជ្ញា សុទ្ធ​តែ​ជា​ផ្លូវ​សោមនស្ស ហើយ​អស់​ទាំង​ផ្លូវ​ច្រក​នោះ​ក៏​ជា​សេចក្ដី​សុខ​ដែរ
18 ប្រាជ្ញា​ជា​ដើម​ឈើ​នៃ​ជីវិត​ដល់​អស់​អ្នក​ណា​ដែល​ចាប់​យក​បាន ហើយ​អស់​អ្នក​ណា​ដែល​កាន់​ខ្ជាប់ ក៏​សប្បាយ​ហើយ
19 ព្រះ‌យេហូវ៉ា​បាន​ប្រតិ‌ស្ឋាន​ផែនដី ដោយ‌សារ​ប្រាជ្ញា ក៏​បាន​តាំង​ផ្ទៃ​មេឃ​ដោយ‌សារ​យោបល់​ដែរ
20 ដោយ‌សារ​ព្រះ‌តម្រិះ​ទ្រង់ នោះ​អស់​ទាំង​ទី​ជម្រៅ​បាន​ធ្លាយ​ចេញ ហើយ​ពពក​ក៏​ស្រក់​ទឹក​សន្សើម​មក។ ។
21 កូន​អើយ កុំ​ឲ្យ​សេចក្ដី​ទាំង​នេះ​ចេញ​បាត់​ពី​ភ្នែក​ឯង​ឡើយ ចូរ​រក្សា​សេចក្ដី​ដែល​មាន​ប្រយោជន៍ និង​គំនិត​វាង‌វៃ​ចុះ
22 ដូច្នេះ សេចក្ដី​នោះ​នឹង​បាន​ជា​ជីវិត​ដល់​ព្រលឹង​ឯង ហើយ​ជា​គ្រឿង​លំអ​នៅ​ក​ឯង
23 នោះ​ឯង​នឹង​បាន​ដើរ​តាម​ផ្លូវ​ឯង ដោយ​សេចក្ដី​សុខ ហើយ​ជើង​ឯង​នឹង​មិន​ចំពប់​ឡើយ
24 កាល​ណា​ឯង​ដេក​ទៅ នោះ​នឹង​គ្មាន​ភ័យ​ខ្លាច​អ្វី​សោះ អើ ឯង​នឹង​ដេក​ទៅ ហើយ​លក់​ស្រួល
25 កុំ​ឲ្យ​នឹក​ខ្លាច ក្រែង​លោ​មាន​ហេតុ​ភ័យ​កើត​មក​ឆាប់​ភ្លាម​នោះ​ឡើយ ក៏​កុំ​ឲ្យ​ខ្លាច​ការ​ហិន‌វិនាស​របស់​មនុស្ស​អាក្រក់ ក្នុង​កាល​ដែល​កើត​មក​នោះ​ដែរ
26 ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​បាន​ជា​ទី​ទុក​ចិត្ត​ដល់​ឯង ទ្រង់​នឹង​រក្សា​ជើង​ឯង​មិន​ឲ្យ​ត្រូវ​ជាប់​ឡើយ។
27 កាល​ណា​ឯង​មាន​កម្លាំង​ដៃ​អាច​ធ្វើ​គុណ​ឲ្យ​អ្នក​ណា​ដែល​គួរ​ផ្តល់​ឲ្យ នោះ​កុំ​ឲ្យ​បង្ខាំង​ទុក​ឡើយ
28 បើ​កាល​ណា​ឯង​មាន​របស់​អ្វី​នៅ​ជិត​ឯង ដែល​អ្នក​ជិត​ខាង​ត្រូវ​ការ នោះ​កុំ​ឲ្យ​និយាយ​ឡើយ​ថា ទៅ​សិន​ចុះ ស្អែក​សឹម​មក នោះ​ខ្ញុំ​នឹង​ឲ្យ
29 កុំ​ឲ្យ​បង្កើត​ការ​អាក្រក់​ទាស់​នឹង​អ្នក​ជិត​ខាង​ឯង ដែល​អាស្រ័យ​នៅ​ជិត​ឯង​ដោយ​សុខ​សាន្ត​នោះ​ឡើយ
30 បើ​មនុស្ស​ណា​មិន​បាន​ធ្វើ​ប្រទូស្ត​ដល់​ឯង នោះ​កុំ​ឲ្យ​ត​តាំង​នឹង​គេ​ដោយ​ឥត​ហេតុ​ឲ្យ​សោះ
31 កុំ​ឲ្យ​ច្រណែន​នឹង​មនុស្ស​ច្រឡោត​ឡើយ ក៏​កុំ​ឲ្យ​រើស​យក​ផ្លូវ​ប្រព្រឹត្ត​ណា​មួយ​របស់​គេ​ដែរ
32 ដ្បិត​មនុស្ស​វៀច​ជា​ទី​ខ្ពើម​ឆ្អើម​ដល់​ព្រះ‌យេហូវ៉ា តែ​ឯ​មនុស្ស​ទៀង​ត្រង់ នោះ​ទ្រង់​ជា​មិត្ត​នឹង​គេ​វិញ
33 សេចក្ដី​បណ្តាសា​របស់​ព្រះ‌យេហូវ៉ា នោះ​នៅ​ក្នុង​ផ្ទះ​នៃ​មនុស្ស​អាក្រក់ តែ​ទ្រង់​ប្រទាន​ពរ​ដល់​ទី​លំនៅ​របស់​មនុស្ស​សុចរិត​វិញ
34 ទ្រង់​តែង​មើល‌ងាយ​ដល់​ពួក​អ្នក​ដែល​មើល‌ងាយ តែ​ទ្រង់​ផ្តល់​ព្រះ‌គុណ​ចំពោះ​មនុស្ស​រាបសា​វិញ ។
35 មនុស្ស​ប្រាជ្ញ​នឹង​គ្រង​បាន​សិរី‌ល្អ​ទុក​ជា​មរដក តែ​សេចក្ដី​អាម៉ាស់​ខ្មាស​នឹង​បាន​ជា​រង្វាន់​ដល់​មនុស្ស​ឆោត​ល្ងង់​វិញ។


ជំពូក 4

1 កូន​ទាំង‌ឡាយ​អើយ ចូរ​ស្តាប់​ដំបូន្មាន​របស់​ម្នាក់​ដែល​ជា​ឪពុក ហើយ​ចូរ​ផ្ចង់​ចិត្ត​ឲ្យ​បាន​ស្គាល់​យោបល់
2 ដ្បិត​អញ​ឲ្យ​លទ្ធិ​ដ៏​ល្អ​ដល់​ឯង​រាល់​គ្នា ដូច្នេះ កុំ​ឲ្យ​បោះ‌បង់​ចោល​ឱវាទ​អញ​ឡើយ
3 ដ្បិត​ពី​ដើម​អញ​ជា​កូន​របស់​ឪពុក​អញ​ដែរ គឺ​ជា​កូន​ទន់​ខ្ចី ជា​ទី​ស្រឡាញ់​បណ្តាច់​ដល់​ម្តាយ​អញ
4 ឪពុក​បាន​បង្រៀន​អញ​ដោយ​ពាក្យ​ថា ចូរ​ឲ្យ​ចិត្ត​កូន​រក្សា​ទុក​អស់​ទាំង​ពាក្យ​របស់​ឪពុក​ចុះ ចូរ​រក្សា​អស់​ទាំង​បណ្តាំ​របស់​អញ ដើម្បី​ឲ្យ​កូន​បាន​រស់​នៅ
5 ចូរ​ខំ​ឲ្យ​បាន​ប្រាជ្ញា ចូរ​ខំ​ឲ្យ​បាន​យោបល់ កុំ​ឲ្យ​ភ្លេច​ឡើយ ក៏​កុំ​ឲ្យ​បែរ​ចេញ​ពី​ពាក្យ​ដែល​មាត់​អញ​ពោល​ដែរ
6 កុំ​ឲ្យ​ចោល​ប្រាជ្ញា​ឡើយ នោះ​នឹង​ការ‌ពារ​ឯង ចូរ​ស្រឡាញ់​ប្រាជ្ញា​ចុះ នោះ​នឹង​ទំនុក​បម្រុង​ឯង
7 ប្រាជ្ញា​ជា​សំខាន់​លេខ​១ ដូច្នេះ ចូរ​ខំ​ឲ្យ​បាន​ប្រាជ្ញា​ចុះ អើ​កំពុង​ដែល​ខំ​ឲ្យ​បាន​របស់​ផ្សេងៗ នោះ​ចូរ​ខំ​ឲ្យ​បាន​យោបល់​ផង
8 ចូរ​តម្កើង​ប្រាជ្ញា​ឲ្យ​ខ្ពស់​ឡើង នោះ​នឹង​ឲ្យ​ឯង​ខ្ពស់​ឡើង​ដែរ ក៏​នឹង​នាំ​ឲ្យ​ឯង​បាន​កិត្តិសព្ទ ដោយ​ឯង​ឱប​ក្រសោប​ជាប់
9 ប្រាជ្ញា​នឹង​បំពាក់​គ្រឿង​ដ៏​វិសេស​លើ​ក្បាល​ឯង ហើយ​និង​ឲ្យ​ឯង​ពាក់​សិរី‌ល្អ​ទុក​ជា​មកុដ។
10 ចូរ​ស្តាប់ កូន​អើយ ហើយ​ទទួល​ពាក្យ​របស់​អញ​ចុះ នោះ​ឆ្នាំ​នៃ​អាយុ​ឯង​នឹង​បាន​យឺន‌យូរ
11 អញ​បាន​បង្រៀន​ឯង​ក្នុង​ផ្លូវ​នៃ​ប្រាជ្ញា អញ​បាន​នាំ​ឯង​ទៅ​ក្នុង​អស់​ទាំង​ផ្លូវ​ច្រក​នៃ​សេចក្ដី​ទៀង​ត្រង់
12 កាល​ណា​ឯង​ដើរ​ទៅ នោះ​ជំហាន​ឯង​នឹង​មិន​ទើស‌ទាល់ ហើយ​កាល​ណា​ឯង​រត់ នោះ​ឯង​នឹង​មិន​ចំពប់​ឡើយ
13 ចូរ​តោង​ជាប់​តាម​សេចក្ដី​ដំបូន្មាន កុំ​លែង​ឲ្យ​សោះ ត្រូវ​ឲ្យ​រក្សា​ទុក ដ្បិត​សេចក្ដី​នោះ​ជា​ជីវិត​របស់​ឯង
14 កុំ​ឲ្យ​ចូល​ក្នុង​ផ្លូវ​របស់​មនុស្ស​អាក្រក់​ឡើយ ក៏​កុំ​ឲ្យ​ដើរ​តាម​ផ្លូវ​របស់​មនុស្ស​ដែល​ប្រព្រឹត្ត​អាក្រក់​ដែរ
15 ចូរ​ចៀស​ចេញ កុំ​ឲ្យ​ដើរ​ជិត​ផ្លូវ​នោះ​ឲ្យ​សោះ ត្រូវ​ឲ្យ​ងាក​ចេញ ហើយ​បង្ហួស​ទៅ​ឲ្យ​ផុត
16 ដ្បិត​ពួក​នោះ គេ​មិន​ដេក​ឡើយ ទាល់​តែ​បាន​ធ្វើ​អំពើ​អាក្រក់​ជា​មុន​សិន ហើយ​បើ​គេ​មិន​បាន​ធ្វើ​ឲ្យ​មនុស្ស​ណា​ដួល នោះ​គេ​ក៏​ដេក​មិន​លក់​ដែរ
17 ពី​ព្រោះ​គេ​បរិភោគ​អាហារ ជា​ផល​នៃ​ការ​អាក្រក់ ហើយ​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ ជា​ផល​នៃ​ការ​ច្រឡោត
18 តែ​ផ្លូវ​របស់​មនុស្ស​សុចរិត ធៀប​ដូច​ជា​ពន្លឺ ដែល​កំពុង​តែ​រះ​ឡើង ដែល​ភ្លឺ​កាន់​តែ​ខ្លាំង​ឡើង ដរាប​ដល់​ពេញ​កម្លាំង
19 ឯ​ផ្លូវ​របស់​មនុស្ស​អាក្រក់ នោះ​ធៀប​ដូច​ជា​សេចក្ដី​ងងឹត​វិញ គេ​មិន​ដឹង​ជា​ចំពប់​នឹង​អ្វី​ទេ។
20 កូន​អើយ ចូរ​ប្រុង​ស្តាប់​អស់​ទាំង​ពាក្យ​របស់​អញ ហើយ​ផ្ទៀង​ត្រចៀក​ស្តាប់​សេចក្ដី​ដែល​អញ​ពោល​ទាំង​អម្បាល‌ម៉ាន
21 កុំ​ឲ្យ​សេចក្ដី​ទាំង​នោះ​ឃ្លាត​បាត់​ពី​ភ្នែក​ឯង​ឡើយ ត្រូវ​ឲ្យ​រក្សា​ទុក​នៅ​កណ្តាល​ដួង​ចិត្ត​ឯង​វិញ
22 ដ្បិត​សេចក្ដី​ទាំង​នោះ ជា​ជីវិត​ដល់​អស់​អ្នក​ណា​ដែល​ស្វែង​រក​បាន ក៏​ជា​សេចក្ដី​សុខ​ស្រួល ដល់​ខ្លួន​ប្រាណ​ទាំង​មូល​ផង
23 ចូរ​រក្សា​ចិត្ត ដោយ​អស់​ពី​ព្យាយាម ដ្បិត​អស់​ទាំង​ផល​នៃ​ជីវិត សុទ្ធ​តែ​ចេញ​ពី​ក្នុង​ចិត្ត​មក
24 ចូរ​បោះ‌បង់​ចោល​មាត់​ដែល​ពោល​ពាក្យ​វៀច​ចេញ​ពី​ឯង​ទៅ ព្រម​ទាំង​បបូរ​មាត់​ខូច​ឲ្យ​នៅ​ឆ្ងាយ​ពី​ឯង​ផង
25 ចូរ​ឲ្យ​ភ្នែក​ឯង​មើល​ចំ​ទៅ​មុខ ហើយ​ត្របក​ភ្នែក​ឯង​ត្រង់​ទៅ​មុខ​ដែរ
26 ត្រូវ​ឲ្យ​ពិចារណា​ផ្លូវ​ដែល​ជើង​ឯង​ដើរ ហើយ​ចាត់‌ចែង​ឲ្យ​អស់​ទាំង​ផ្លូវ​ឯង​បាន​ត្រឹម​ត្រូវ​ចុះ
27 កុំ​ឲ្យ​ងាក​បែរ​ទៅ​ខាង​ស្តាំ ឬ​ខាង​ឆ្វេង​ឡើយ ត្រូវ​ឲ្យ​ជើង​ឯង​ចៀស​ចេញ​ពី​សេចក្ដី​អាក្រក់​វិញ។


ជំពូក 5

1 កូន​អើយ ចូរ​ផ្ចង់​ចិត្ត​ចំពោះ​ប្រាជ្ញា​របស់​អញ ហើយ​ផ្ទៀង​ត្រចៀក​ចំពោះ​យោបល់​អញ​ដែរ
2 ដើម្បី​ឲ្យ​ឯង​បាន​បម្រុង​ទុក​នូវ​គំនិត​វាង‌វៃ ហើយ​ឲ្យ​បបូរ​មាត់​ឯង​បាន​រក្សា​ទុក​នូវ​តម្រិះ
3 ដ្បិត​បបូរ​មាត់​របស់​ស្ត្រី​ដទៃ រមែង​ស្រក់​ជា​ទឹក​ឃ្មុំ ហើយ​មាត់​វា​រឥល​ជាង​ប្រេង
4 ប៉ុន្តែ ដល់​ចុង​បំផុត​បាន​ល្វីង​ដូច​ជា​ស្លែង ហើយ​មុត​ដូច​ជា​ដាវ​មាន​មុខ​២​វិញ
5 ជើង​វា​ដើរ​ចុះ​ទៅ​ឯ​សេចក្ដី​ស្លាប់ ជំហាន​វា​ឈាន​ទៅ​ជាប់​នៅ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់
6 អស់​ទាំង​ផ្លូវ​ប្រព្រឹត្ត​របស់​វា តែង​តែ​ប្រែ‌ប្រួល ដើម្បី​មិន​ឲ្យ​ឯង​អាច​ស្គាល់​បាន ក្រែង​ឯង​ស្ទង់​មើល​ផ្លូវ​នៃ​ជីវិត​ឃើញ។
7 ដូច្នេះ កូន​ទាំង‌ឡាយ​អើយ ចូរ​ស្តាប់​អញ​ឥឡូវ​ចុះ​កុំ​ឲ្យ​ងាក​បែរ​ចេញ​ពី​អស់​ទាំង​ពាក្យ​ដែល​មាត់​អញ​ពោល​ឡើយ
8 ចូរ​ឯង​ញែក​ផ្លូវ​ដើរ​របស់​ឯង​ឲ្យ​ឆ្ងាយ​ពី​វា​ចេញ កុំ​ឲ្យ​ចូល​ទៅ​ជិត​ទ្វារ​ផ្ទះ​របស់​វា​ឲ្យ​សោះ
9 ក្រែង​ឯង​ប្រគល់​កិត្តិសព្ទ​ឯង​ដល់​អ្នក​ដទៃ ហើយ​អាយុ​ឯង​ដល់​ពួក​សាហាវ
10 ក្រែង​មនុស្ស​ដទៃ​បាន​ឆ្អែត​ដោយ​កម្លាំង​ឯង ហើយ​ការ​នឿយ​លំបាក​របស់​ឯង ត្រូវ​ធ្វើ​នៅ​ក្នុង​ផ្ទះ​របស់​មនុស្ស​ក្រៅ​វិញ
11 រួច​ដល់​ចុង​បំផុត ឯង​នឹង​ត្រូវ​ថ្ងូរ ក្នុង​កាល​ដែល​សាច់​ឈាម ហើយ​ខ្លួន​ប្រាណ​ឯង​រោយ​រុះ​ទៅ
12 ហើយ​ឯង​ថា អុញ​ន៍ អញ​បាន​ស្អប់​សេចក្ដី​ប្រៀន‌ប្រដៅ​ណាស់​ហ្ន៎ ចិត្ត​អញ​ក៏​បាន​ខ្ពើម​សេចក្ដី​បន្ទោស
13 ហើយ​អញ​មិន​បាន​ស្តាប់​តាម​សំដី​នៃ​គ្រូ​របស់​អញ ឬ​ផ្ទៀង​ត្រចៀក​ចំពោះ​ពួក​អ្នក​ដែល​រំឭក​អញ​ផង​ដែរ
14 អញ​ស្ទើរ​តែ​នឹង​ចូល​ទៅ​ក្នុង​អស់​ទាំង​អំពើ​អាក្រក់​ហើយ គឺ​នៅ​កណ្តាល​ចំណោម​មនុស្ស និង​ពួក​ជំនុំ​ផង។
15 ចូរ​ផឹក​ទឹក​ពី​ពាង​របស់​ខ្លួន​ឯង ព្រម​ទាំង​ទឹក​ដែល​ហូរ​ចេញ​ពី​អណ្តូង​របស់​ខ្លួន​ចុះ
16 តើ​គួរ​ឲ្យ​រន្ធ​ទឹក​ឯង​ហូរ​សាច​ចេញ​ទៅ​ក្រៅ ហើយ​គន្លង​ទឹក​ឯង​ហូរ​ទៅ​ក្នុង​ផ្លូវ​ឬ​អី
17 ត្រូវ​ឲ្យ​ទុក​សម្រាប់​ខ្លួន​ឯង​តែ​១​ប៉ុណ្ណោះ មិន​មែន​សម្រាប់​មនុស្ស​ដទៃ​ជា​មួយ​នឹង​ឯង​ផង​នោះ​ទេ
18 សូម​ឲ្យ​រន្ធ​ទឹក​ឯង​បាន​ពរ ចូរ​ឲ្យ​ឯង​បាន​រីក‌រាយ​ចំពោះ​ប្រពន្ធ​ដែល​បាន​គ្នា​ពី​កាល​ក្រមុំ​កំលោះ​ចុះ
19 ប្រៀប​ដូច​ជា​ក្តាន់​ញី​ដែល​គួរ​ស្រឡាញ់ និង​ប្រើស​ញី​សម‌សួន ត្រូវ​ឲ្យ​ដោះ​របស់​នាង​បាន​បំពេញ​ចិត្ត​ឯង​ជា​ដរាប ហើយ​ត្រូវ​ឲ្យ​ឯង​ឈ្លក់​ចិត្ត​នឹង​សេចក្ដី​ស្រឡាញ់​របស់​នាង​ជានិច្ច​ផង
20 ដ្បិត​កូន​អើយ តើ​មាន​ទំនង​ឲ្យ​ឯង​ទៅ​ឈ្លក់​ចិត្ត​ចំពោះ​ស្ត្រី​ដទៃ ហើយ​ឱប​ទ្រូង​នៃ​ស្ត្រី​ក្រៅ​ឬ​អី
21 ពី​ព្រោះ​អស់​ទាំង​ផ្លូវ​របស់​មនុស្ស​សុទ្ធ​តែ​ច្បាស់​នៅ​ចំពោះ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ស្ទង់​មើល​អស់​ទាំង​ផ្លូវ​ច្រក​របស់​គេ​ដែរ
22 អស់​ទាំង​អំពើ​ទុច្ចរិត​របស់​មនុស្ស​អាក្រក់​នឹង​ចាប់​យក​អ្នក​នោះ​ឯង ហើយ​អ្នក​នោះ​នឹង​ត្រូវ​ចង​ជាប់ ដោយ​ចំណង​នៃ​អំពើ​បាប​របស់​ខ្លួន
23 អ្នក​នោះ​នឹង​ត្រូវ​ស្លាប់​ទៅ ដោយ​ឥត​មាន​អ្នក​ណា​នឹង​ប្រៀន​ប្រដៅ ក៏​នឹង​វង្វេង​ចេញ ដោយ​វក់​នឹង​ការ​ចម្កួត​របស់​ខ្លួន។


ជំពូក 6

1 កូន​អើយ បើ​ឯង​បាន​ធានា​ឲ្យ​អ្នក​ជិត​ខាង​ឯង បើ​ឯង​បាន​ចាប់​ដៃ​សន្យា​ជំនួស​អ្នក​ដទៃ
2 នោះ​ឯង​បាន​ជាប់​អន្ទាក់ ដោយ‌សារ​ពាក្យ​សន្យា​របស់​ឯង គឺ​ឯង​បាន​ត្រូវ​ចាប់​ហើយ ដោយ​ពាក្យ​សំដី​ដែល​ចេញ​ពី​មាត់​ឯង​មក
3 យ៉ាង​នោះ កូន​អើយ ចូរ​ធ្វើ​ដូច្នេះ​វិញ ហើយ​ដោះ​ខ្លួន​ឲ្យ​រួច​ចុះ ព្រោះ​ឃើញ​ថា ឯង​បាន​ធ្លាក់​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​អ្នក​ជិត​ខាង​ឯង ដូច្នេះ ចូរ​ឯង​ទៅ​បន្ទាប​ខ្លួន ហើយ​អង្វរ​ដល់​គេ
4 កុំ​ឲ្យ​ភ្នែក​ឯង​ដេក​លក់ ឬ​ឲ្យ​ត្របក​ភ្នែក​ឯង​រលីវ​ឡើយ
5 ចូរ​ឲ្យ​ដោះ​ខ្លួន​ចេញ ដូច​ជា​ប្រើស​រួច​ពី​កណ្តាប់​ដៃ​នាយ​ព្រាន ហើយ​ដូច​សត្វ​ហើរ​រួច​ពី​ដៃ​នៃ​អ្នក​ដែល​ចាប់​វា។
6 ឱ​មនុស្ស​ខ្ជិល​ច្រអូស​អើយ ចូរ​ទៅ​មើល​ស្រមោច​ចុះ ចូរ​ពិចារណា​ផ្លូវ​ទាំង​ប៉ុន្មាន​របស់​វា ហើយ​មាន ប្រាជ្ញា​ឡើង
7 វា​គ្មាន​នាយ គ្មាន​អ្នក​កាន់​កាប់​ការ ឬ​អ្នក​គ្រប់‌គ្រង​ឡើយ
8 គង់​តែ​វា​ផ្គត់‌ផ្គង់​អាហារ​វា​នៅ​ខែ​ប្រាំង ហើយ​ក៏​ប្រមូល​ស្បៀង​ទុក នៅ​ក្នុង​រដូវ​ចម្រូូត​ផង
9 ឱ​មនុស្ស​ខ្ជិល​ច្រអូស​អើយ តើ​ឯង​នឹង​ដេក​ដល់​កាល​ណា តើ​ដល់​កាល​ណា​បាន​ឯង​ក្រោក​ពី​ការ​ដេក​លក់
10 ដេក​បន្តិច ងោក​បន្តិច ឱប​ដៃ​នឹង​ដេក​បន្តិច
11 យ៉ាង​នោះ សេចក្ដី​កំសត់​ទុគ៌ត​របស់​ឯង នឹង​លោមក​ដល់​ដូច​ជា​ចោរ​ប្លន់ ព្រម​ទាំង​សេចក្ដី​ខ្វះ​ខាត ដូច​ជា​អ្នក​កាន់​គ្រឿង​អាវុធ។
12 ឯ​មនុស្ស​ចោល‌ម្សៀត ជា​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត គឺ​ជា​មនុស្ស​ដែល​ប្រើ​មាត់​ពោល​ពាក្យ​វៀច
13 ជា​អ្នក​ដែល​មិច​ភ្នែក ហើយ​ធ្វើ​ជា​ទី​សម្គាល់​ដោយ​ជើង និង​ដៃ
14 ជា​អ្នក​ដែល​មាន​សេចក្ដី​វៀច​នៅ​ក្នុង​ចិត្ត ក៏​តែង​តែ​គិត‌គូរ​បង្កើត​ការ​អាក្រក់​ជានិច្ច ព្រម​ទាំង​សាប‌ព្រោះ​ការ​ទាស់‌ទែង​គ្នា
15 ដូច្នេះ សេចក្ដី​អន្តរាយ​របស់​វា នឹង​លោមក​ភ្លាម​១​រំពេច​ក្នុង​ពេល​បន្ទាន់​នោះ វា​នឹង​ត្រូវ​បាក់​បែក​ឥត​មាន​អ្វី​ជួយ​ផង។
16 មាន​៦​មុខ ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​ស្អប់ អើ មាន​៧​ផង ដែល​ទ្រង់​ខ្ពើម​ឆ្អើម
17 គឺ​ភ្នែក​ឆ្មើង‌ឆ្មៃ​១ អណ្តាត​ភូត‌ភរ​១ ដៃ​ដែល​កម្ចាយ​ឈាម​មនុស្ស​ឥត​ទោស​១
18 ចិត្ត​ដែល​គិត‌គូរ​បង្កើត​អំពើ​អាក្រក់​១ ជើង​ដែល​រហ័ស​រត់​ទៅ​ប្រព្រឹត្ត​អាក្រក់​១
19 និង​សាក្សី​ក្លែង‌ក្លាយ ដែល​ពោល​ពាក្យ​កំភូត​១ ហើយ​មនុស្ស​ដែល​សាប‌ព្រោះ​សេចក្ដី​ទាស់‌ទែង​គ្នា​ក្នុង​ពួក​បង​ប្អូន​១​ដែរ។
20 កូន​អើយ ចូរ​រក្សា​ទុក​នូវ​សេចក្ដី​បណ្តាំ​របស់​ឪពុក​ឯង​ចុះ ក៏​កុំ​ឲ្យ​បោះ‌បង់​ចោល​ដំបូន្មាន​របស់​ម្តាយ​ឯង​ឡើយ
21 ចូរ​ចង​ក្រៀក​នៅ​នឹង​ចិត្ត​ឯង​ជានិច្ច ហើយ​ភ្ជាប់​នៅ​ក​ឯង​ផង
22 កាល​ណា​ឯង​ដើរ​ដំណើរ បណ្តាំ​នោះ​នឹង​នាំ​មុខ​ឯង កាល​ណា​ដេក​លក់ នោះ​នឹង​ចាំ​យាម​រក្សា​ឯង ហើយ​កាល​ណា​ភ្ញាក់ នោះ​នឹង​និយាយ​រក​ឯង
23 ដ្បិត​ពាក្យ​បណ្តាំ​នោះ ជា​ចង្កៀង ហើយ​ដំបូន្មាន​នោះ ជា​ពន្លឺ ឯ​សេចក្ដី​បន្ទោស​នៃ​ពាក្យ​ប្រៀន‌ប្រដៅ នោះ​ជា​ផ្លូវ​ជីវិត​ហើយ
24 ប្រយោជន៍​នឹង​រក្សា​ឯង​ទុក ឲ្យ​រួច​ពី​ស្ត្រី​អាក្រក់ គឺ​ឲ្យ​រួច​ពី​អណ្តាត​បញ្ចើច​របស់​ស្រី​ដទៃ
25 កុំ​ឲ្យ​ឯង​មាន​តណ្ហា​ខ្មួល‌ខ្មាញ់​ចំពោះ​រូប​ឆោម‌ឆាយ​របស់​គេ​ឡើយ ក៏​កុំ​ឲ្យ​គេ​ចាប់​ឯង​ទៅ​ដោយ‌សារ​ត្របក​ភ្នែក​គេ​ដែរ
26 ដ្បិត​ដោយ​ព្រោះ​តែ​ស្រី​សំផឹង នោះ​មាន​មនុស្ស​ដែល​នឹង​ធ្លាក់​ខ្លួន​ទៅ​ជា​មាន​នំបុ័ង​តែ​១​ចំណិត​ប៉ុណ្ណោះ ហើយ​ស្រី​កំផិត​តែង​តែ​ដេញ​ចាប់​ជីវិត​ដ៏​វិសេស
27 តើ​មនុស្ស​នឹង​យក​ភ្លើង​មក​ដាក់​នៅ​នា​ទ្រូង ឥត​ឆេះ​ដល់​ខោ​អាវ​ខ្លួន​បាន​ឬ
28 តើ​នឹង​ដើរ​លើ​រងើក​ភ្លើង​ឥត​រលាក​ដល់​ជើង​បាន​ដែរ​ឬ
29 ដូច្នេះ អ្នក​ណា​ដែល​ចូល​ទៅ​ឯ​ប្រពន្ធ​របស់​អ្នក​ជិត​ខាង នោះ​ក៏​ដូច​គ្នា​ដែរ អ្នក​ណា​ដែល​ប៉ះ​ពាល់​នឹង​នាង នោះ​មិន​រួច​ពី​មាន​ទោស​ឡើយ
30 មនុស្ស​រមែង​មិន​ស្អប់​ដល់​ចោរ គឺ​បើ​វា​លួច ឲ្យ​តែ​បាន​ឆ្អែត​ពោះ​ប៉ុណ្ណោះ ក្នុង​វេលា​ដែល​ស្រេក​ឃ្លាន​នោះ​ទេ
31 តែ​បើ​ទាន់​ឃើញ​វា នោះ​គង់​តែ​ត្រូវ​ឲ្យ​វា​សង​១​ជា​៧​វិញ​ដែរ វា​ត្រូវ​សង​ដល់​ទៅ​គ្រប់​របស់​ដែល​នៅ​ក្នុង​ផ្ទះ​ខ្លួន​ទាំង​អស់​ផង
32 តែ​ឯ​អ្នក​ណា​ដែល​លួច​ប្រពន្ធ​គេ នោះ​ជា​អ្នក​ឥត​មាន​គំនិត​ឡើយ អ្នក​ណា​ដែល​ប្រព្រឹត្ត​អំពើ​យ៉ាង​នោះ ឈ្មោះ​ថា​ចង់​បំផ្លាញ​ជីវិត​ខ្លួន​ហើយ
33 អ្នក​នោះ​នឹង​ត្រូវ​សៅ‌ហ្មង ហើយ​អាប់‌យស និង​លុប​សេចក្ដី​ត្មះ‌តិះដៀល​ចំពោះ​អ្នក​នោះ​ចេញ​មិន​បាត់​ឡើយ
34 ដ្បិត​សេចក្ដី​ប្រចណ្ឌ​ជា​សេចក្ដី​ក្តៅ​ក្រហាយ​របស់​មនុស្ស ហើយ​គេ​នឹង​មិន​ប្រណី​ក្នុង​ថ្ងៃ​សង‌សឹក​ទេ
35 គេ​មិន​ព្រម​ទាំង​ក្រឡេក​មើល​តម្លៃ​លោះ​ណា​មួយ​ផង ហើយ​ទោះ​បើ​ឯង​ជូន​ជំនូន​ដល់​គេ​ជា​ច្រើន​ក៏​ដោយ គង់​តែ​មិន​បាន​រំងាប់​ចិត្ត​ដែរ។


ជំពូក 7

1 កូន​អើយ ចូរ​រក្សា​អស់​ទាំង​ពាក្យ​របស់​អញ ហើយ​ប្រមូល​អស់​ទាំង​បណ្តាំ​អញ​ទុក​នៅ​នឹង​ឯង​ចុះ
2 ត្រូវ​ឲ្យ​រក្សា​បណ្តាំ​អញ​ទាំង​ប៉ុន្មាន ដើម្បី​ឲ្យ​បាន​រស់​នៅ ព្រម​ទាំង​ឱវាទ​អញ ដូច​ជា​រក្សា​ប្រស្រី​ភ្នែក​ឯង​ដែរ
3 ចូរ​ចង​ភ្ជាប់​នៅ​ម្រាម​ដៃ ហើយ​កំណត់​ទុក​នៅ​ក្នុង​ដួង​ចិត្ត​ឯង​ផង
4 ចូរ​និយាយ​ដល់​ប្រាជ្ញា​ថា ឯង​ជា​បង​ស្រី​របស់​អញ ហើយ​ត្រូវ​ហៅ​យោបល់​ថា​ជា​សំឡាញ់​ឯង
5 ដើម្បី​ឲ្យ​សេចក្ដី​ទាំង​២​នោះ បាន​រក្សា​ឯង​ឲ្យ​រួច​ពី​ស្ត្រី​ដទៃ គឺ​ពី​ស្ត្រី​ក្រៅ​ដែល​និយាយ​ប្រលោម ដោយ​ពាក្យ​ផ្អែម‌ល្ហែម
6 ដ្បិត​អញ​បាន​មើល​ពី​បង្អួច ហើយ​តាម​តារាង​ផ្ទះ​អញ​ទៅ
7 ក៏​ពិចារណា​ក្នុង​ពួក​មនុស្ស​ឆោត​ល្ងង់ ឃើញ​ក្នុង​ពួក​កំលោះៗ​មាន​ម្នាក់​ដែល​ឥត​យោបល់
8 កំពុង​តែ​ដើរ​ទៅ​តាម​ជ្រុង​ផ្លូវ​របស់​ស្ត្រី​នោះ ក៏​តម្រង់​ទៅ​ឯ​ផ្ទះ​នាង
9 គឺ​នៅ​ពេល​ព្រលប់ កាល​ពន្លឺ​នៅ​ព្រិលៗ​នៅ​ឡើយ ឬ​នៅ​ពេល​ពាក់​កណ្តាល​អធ្រាត្រ កាល​ងងឹត​សូន្យ​ទៅ​ហើយ
10 នោះ​ឃើញ​មាន​ស្ត្រី​ម្នាក់​មក​ជួប​នឹង​វា នាង​នោះ​តែង​ខ្លួន​របៀប​ជា​ស្រី​សំផឹង ហើយ​មាន​ចិត្ត​ចេះ​ឧបាយ
11 នាង​ធ្វើ​សំឡេង​ឡូៗ ហើយ​ក៏​មាន​ក្បាល​រឹង ជា​អ្នក​ដែល​នៅ​ក្នុង​ផ្ទះ​មិន​ជាប់
12 ជួន‌កាល​នាង​នៅ​ឯ​ផ្ទះ ជួន‌កាល​នៅ​ទី​ផ្សារ ហើយ​ក៏​លប​ចាំ​នៅ​គ្រប់​ទាំង​ជ្រុង​ផ្លូវ​ផង
13 គឺ​យ៉ាង​នោះ​ដែល​នាង​ចាប់​ហើយ​ថើប​វា ក៏​និយាយ​នឹង​វា​ដោយ​មុខ​ក្រាស់​ថា
14 នៅ​ថ្ងៃ​នេះ ខ្ញុំ​បាន​ត្រូវ​ថ្វាយ​យញ្ញ‌បូជា​ជា​តង្វាយ​មេត្រី ក៏​បាន​លា​បំណន់​នោះ​ស្រេច​ហើយ
15 ហេតុ​នោះ​បាន​ជា​ខ្ញុំ​ចេញ​មក​ទទួល​អ្នក ដើម្បី​ខំ​រក​ឲ្យ​ឃើញ​មុខ​អ្នក ក៏​បាន​ឃើញ​ហើយ
16 ខ្ញុំ​បាន​ក្រាល​កម្រាល​ប៉ាក់​នៅ​លើ​គ្រែ​ខ្ញុំ ព្រម​ទាំង​សំពត់​ពណ៌ ធ្វើ​ពី​អំបោះ​ស្រុក​អេស៊ីព្ទ​ផង
17 ខ្ញុំ​បាន​ប្រោះ​ដំណេក​ដោយ​គ្រឿង​ក្រអូប គឺ​ដោយ​ជ័រ​ល្វីង‌ទេស ក្រឹស្នា និង​សម្បុរ​ល្វែង
18 ចូរ​មក យើង​នឹង​បាន​ឆ្អែត​ចិត្ត​ដោយ​សេចក្ដី​ស្នេហា​ដរាប​ដល់​ភ្លឺ ចូរ​យើង​មាន​ចិត្ត​ត្រេក‌ត្រអាល​ក្នុង​សេចក្ដី​ស្រឡាញ់​ចុះ
19 ដ្បិត​ប្ដី​ខ្ញុំ​មិន​នៅ​ផ្ទះ​ទេ គេហ៍​បាន​ធ្វើ​ដំណើរ​ទៅ​ឆ្ងាយ​ហើយ
20 ក៏​យក​ថង់​ប្រាក់​ជាប់​នឹង​ខ្លួន​ទៅ​ដែរ ដល់​ពេញ​បូណ៌​ទើប​ត្រឡប់​មក​វិញ
21 គឺ​ដោយ​ពាក្យ​ផ្អែម‌ល្ហែម​ជា​ច្រើន នាង​បាន​បបួល​ឲ្យ​វា​ព្រម​តាម ហើយ​ដោយ​ពាក្យ​បញ្ចើច​នៃ​បបូរ​មាត់​នាង ក៏​បង្ខំ​ឲ្យ​វា​ទៅ​ផង
22 យ៉ាង​នោះ វា​ក៏​តាម​ជា​១​រំពេច ប្រៀប​ដូច​ជា​គោ​ដែល​ទៅ​ឯ​ទី​សម្លាប់ ឬ​ដូច​ជា​មនុស្ស​ជាប់​ចំណង​ដែល​នាំ​ទៅ​ឯ​ទី​វាយ‌ផ្ចាល​មនុស្ស​ចម្កួត
23 ទាល់​តែ​មាន​ព្រួញ​ទម្លុះ​ថ្លើម​ខ្លួន ឬ​ដូច​សត្វ​ស្លាប​ហើរ​តម្រង់​ទៅ​ជាប់​លប់​ឥត​ដឹង​ថា​នឹង​ចាប់​យក​ជីវិត​ខ្លួន​ទេ។
24 ដូច្នេះ កូន​ទាំង‌ឡាយ​អើយ ចូរ​ស្តាប់​អញ​ឥឡូវ ហើយ​ផ្ចង់​ចិត្ត​ចំពោះ​ពាក្យ​ដែល​ចេញ​ពី​មាត់​អញ​ចុះ
25 កុំ​ឲ្យ​ចិត្ត​ឯង​ងាក​ទៅ​តាម​ផ្លូវ​របស់​ស្រី​យ៉ាង​នោះ​ឡើយ ក៏​កុំ​ឲ្យ​វង្វេង​ទៅ​តាម​ផ្លូវ​ច្រក​របស់​វា​ដែរ
26 ដ្បិត​វា​បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ត្រូវ​របួស​ដួល អើ ពួក​អ្នក​ដែល​វា​បាន​សម្លាប់ នោះ​មាន​សន្ធឹក​ណាស់
27 ផ្ទះ​របស់​វា គឺ​ជា​ផ្លូវ​នាំ​ចុះ​ទៅ​ឯ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ គឺ​នាំ​ចុះ​ទៅ​ដល់​លំនៅ​របស់​សេចក្ដី​ស្លាប់។


ជំពូក 8

1 ឯ​ប្រាជ្ញា នោះ​បន្លឺ​ឡើង ហើយ​យោបល់​ក៏​បញ្ចេញ​សំឡេង​ទេ​តើ
2 ទាំង​២​នោះ​ឈរ​នៅ​កំពូល​នៃ​អស់​ទាំង​ទី​ខ្ពស់​ក្បែរ​ផ្លូវ​ដើរ ហើយ​នៅ​កន្លែង​ដែល​ផ្លូវ​ច្រក​ប្រសព្វ​គ្នា
3 ព្រម​ទាំង​នៅ​មាត់​ទ្វារ ជា​ផ្លូវ​ចូល​ទៅ​ក្នុង​ទី​ក្រុង​ផង គឺ​នៅ​កន្លែង​ដែល​មនុស្ស​ចូល​តាម​ទ្វារ​ក្រុង នោះ​ក៏​ស្រែក​ថា
4 ឱ​មនុស្ស​ទាំង‌ឡាយ​អើយ អញ​ស្រែក​ហៅ​ឯង​រាល់​គ្នា ហើយ​សំឡេង​អញ​ក៏​ហៅ​រក​ដល់​អស់​មនុស្ស​ជាតិ
5 ឱ​មនុស្ស​ឆោត​ល្ងង់​អើយ ចូរ​រៀន​ឲ្យ​ដឹង​សេចក្ដី​ឆ្លៀវ‌ឆ្លាត ឱ​មនុស្ស​ចម្កួត​អើយ ចូរ​ឲ្យ​ចិត្ត​ឯង​មាន​យោបល់​ចុះ
6 ចូរ​ស្តាប់ ដ្បិត​អញ​នឹង​ពោល​សេចក្ដី​ដ៏​ប្រសើរ​វិសេស ហើយ​ដែល​អញ​បើក​បបូរ​មាត់ នោះ​នឹង​បញ្ចេញ​សេចក្ដី​ទៀង​ត្រង់
7 ពី​ព្រោះ​មាត់​អញ​នឹង​ពោល​សេចក្ដី​ពិត ហើយ​បបូរ​មាត់​អញ​នឹង​ខ្ពើម​ចំពោះ​សេចក្ដី​អាក្រក់
8 អស់​ទាំង​ពាក្យ​នៃ​មាត់​អញ សុទ្ធ​តែ​សុចរិត ឥត​មាន​អ្វី​ដែល​ព័ន្ធ‌ពាក់ ឬ​ស្រពិច‌ស្រពិល​ឡើយ
9 គឺ​សុទ្ធ​តែ​ប្រចក្ស​ច្បាស់​ដល់​អស់​អ្នក​ដែល​យល់ ហើយ​ក៏​ទៀង​ត្រង់​ដល់​អស់​អ្នក​ដែល​រក​បាន​តម្រិះ​ដែរ
10 ស៊ូ​ទទួល​យក​ដំបូន្មាន​របស់​អញ ជា​ជាង​ប្រាក់ ហើយ​ទទួល​តម្រិះ ជា​ជាង​មាស​យ៉ាង​វិសេស​បំផុត
11 ដ្បិត​ប្រាជ្ញា​ប្រសើរ​ជាង​ត្បូង​ទទឹម ហើយ​របស់​ទាំង​ប៉ុន្មាន​ដែល​មនុស្ស​នឹង​ប្រាថ្នា​ចង់​បាន នោះ​ក៏​ប្រៀប‌ផ្ទឹម​ឲ្យ​ស្មើ​មិន​បាន​ផង។
12 អញ​នេះ​ជា​តួ​ប្រាជ្ញា អញ​យក​គំនិត​វាង‌វៃ​ទុក​ជា​លំនៅ​របស់​អញ ក៏​មាន​ចំណេះ​ចេះ​គិត​ពិចារណា
13 ឯ​ការ​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា នោះ​ឈ្មោះ​ថា ស្អប់​ដល់​សេចក្ដី​អាក្រក់ ចំណែក​ការ​លើក​ខ្លួន ប្រកាន់​ខ្លួន ប្រព្រឹត្ត​អាក្រក់ ហើយ​និង​មាត់​ពោល​ពាក្យ​វៀច នោះ​អញ​ក៏​ស្អប់​ណាស់
14 ការ​ជួយ​គំនិត​ជា​របស់​ផង​អញ ព្រម​ទាំង​ការ​ទាំង​អស់​ដែល​មាន​ប្រយោជន៍​ផង អញ​ជា​តួ​យោបល់ ក៏​មាន​ឥទ្ធិ‌ឫទ្ធិ​ដែរ
15 ពួក​មហា‌ក្សត្រ​សោយ‌រាជ្យ ហើយ​ពួក​មាន​បណ្តា​សក្តិ​ក៏​សម្រេច​សេចក្ដី​យុត្តិ‌ធម៌​ដោយ‌សារ​អញ
16 ពួក​អ្នក​គ្រប់‌គ្រង និង​ពួក​មាន​ត្រកូល​ខ្ពស់ គឺ​អស់​ទាំង​ចៅ‌ហ្វាយ​ដែល​នៅ​ផែនដី ក៏​គ្រប់‌គ្រង​ដោយ‌សារ​អញ​ដែរ
17 អញ​ស្រឡាញ់​ដល់​អស់​អ្នក​ដែល​ស្រឡាញ់​អញ ហើយ​អស់​ពួក​អ្នក​ដែល​ស្វែង​រក​អញ​អស់​ពី​ចិត្ត នោះ​នឹង​បាន​ជួប
18 មាន​អស់​ទាំង​ទ្រព្យ​សម្បត្តិ និង​កិត្តិយស​នៅ​ជា​មួយ​នឹង​អញ អើ មាន​ទាំង​របស់​ទ្រព្យ​ដ៏​ស្ថិត‌ស្ថេរ និង​សេចក្ដី​សុចរិត​ផង
19 ផល​ដែល​កើត​ពី​អញ នោះ​វិសេស​ជាង​មាស អើ ក៏​ប្រសើរ​ជាង​មាស​យ៉ាង​បរិសុទ្ធ​ផង ហើយ​ផល​កម្រៃ​របស់​អញ​ជា​ជាង​ប្រាក់​យ៉ាង​វិសេស​បំផុត
20 អញ​ដើរ​ក្នុង​ផ្លូវ​នៃ​សេចក្ដី​សុចរិត គឺ​នៅ​កណ្តាល​ផ្លូវ​ច្រក​នៃ​សេចក្ដី​យុត្តិ‌ធម៌
21 ដើម្បី​នឹង​ធ្វើ​ឲ្យ​អស់​អ្នក​ដែល​ស្រឡាញ់​អញ​បាន​ទទួល​របស់​ទាំង​ប៉ុន្មាន​ដែល​មាន ទុក​ជា​មរដក ហើយ​ឲ្យ​អញ​បាន​បំពេញ​ឃ្លាំង​របស់​គេ។
22 ព្រះ‌យេហូវ៉ា​ទ្រង់​បាន​តាំង​អញ​ឡើង ជា​ដើម​ការ​នៃ​ទ្រង់ គឺ​មុន​អស់​ទាំង​កិច្ច‌ការ​របស់​ទ្រង់​ពី​បុរាណ
23 ទ្រង់​បាន​សិត​អញ​តាំង​ពី​អស់‌កល្ប​រៀង​មក គឺ​ពី​កាល​នៅ​ដើម​ឡើយ មុន​ដែល​មាន​ផែនដី​ផង
24 ក្នុង​គ្រា​មុន​ដែល​មាន​ទី​ជម្រៅ​ទឹក នោះ​អញ​បាន​កើត​ហើយ គឺ​កាល​មិន​ទាន់​មាន​រន្ធ​ទឹក​ណា​ដែល​ហូរ​ចេញ​ជា​បរិបូរ​នៅ​ឡើយ
25 មុន​ដែល​ភ្នំ​ទាំង‌ឡាយ​បាន​ហាប់​មាំ‌មួន​នៅ អញ​បាន​កើត​មក​មុន​អស់​ទាំង​ភ្នំ​តូច
26 គឺ​ក្នុង​កាល​ដែល​ទ្រង់​មិន​ទាន់​បង្កើត​ដី ឬ​ស្រែ​ចម្ការ ឬ​ល្អង​ធូលី​មុន​ដំបូង​នៅ​ផែនដី​នៅ​ឡើយ​ផង
27 ក្នុង​កាល​ដែល​ទ្រង់​ប្រតិ‌ស្ឋាន​ផ្ទៃ​មេឃ នោះ​អញ​បាន​នៅ​ឯ​ណោះ​ហើយ កាល​ទ្រង់​បាន​គូស​វង់​នៅ​លើ​ទី​ជម្រៅ​ទឹក
28 កាល​ទ្រង់​បាន​តាំង​ឲ្យ​មាន​ពពក​នៅ​ខាង​លើ និង​រន្ធ​ទឹក​ទាំង​ប៉ុន្មាន​នៅ​ទី​ជម្រៅ​ឲ្យ​បាន​មាន​កម្លាំង
29 កាល​ទ្រង់​បាន​កំណត់​ព្រំ‌ខណ្ឌ​នៃ​សមុទ្រ ដើម្បី​មិន​ឲ្យ​ទឹក​ឡើង​រំលង​បង្គាប់​ទ្រង់ កាល​ទ្រង់​បាន​កំណត់​រាង​ឫស​នៃ​ផែនដី
30 នៅ​គ្រា​នោះ អញ​បាន​នៅ​ជិត​ទ្រង់​ដូច​ជា​មេ​ជាង ហើយ​អញ​ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ទ្រង់​រាល់ៗ​ថ្ងៃ ព្រម​ទាំង​មាន​សេចក្ដី​រីក‌រាយ​នៅ​ចំពោះ​ទ្រង់​ជានិច្ច
31 ក៏​មាន​សេចក្ដី​រីក‌រាយ​ចំពោះ​ផែនដី​ទាំង​ដុំ​មូល​នៃ​ទ្រង់ ហើយ​បាន​សេចក្ដី​អំណរ ដោយ​នៅ​ជា​មួយ​នឹង​ពួក​មនុស្ស​លោក។
32 ដូច្នេះ កូន​ទាំង‌ឡាយ​អើយ ចូរ​ស្តាប់​អញ​ឥឡូវ ដ្បិត​អ្នក​ណា​ដែល​រក្សា​អស់​ទាំង​ផ្លូវ​របស់​អញ នោះ​មាន​ពរ​ហើយ
33 ចូរ​ស្តាប់​ដំបូន្មាន ហើយ​មាន​ប្រាជ្ញា​ចុះ កុំ​ឲ្យ​ប្រកែក​មិន​ព្រម​ទាំង​ទទួល​ឡើយ
34 មាន​ពរ​ហើយ អ្នក​ណា​ដែល​ស្តាប់​អញ ដោយ​ចាំ​យាម​នៅ​មាត់​ទ្វារ​អញ​រាល់​ថ្ងៃ គឺ​ដែល​រង់‌ចាំ​នៅ​ក្រប​ទ្វារ​ផ្ទះ​របស់​អញ
35 ដ្បិត​អ្នក​ណា​ដែល​បាន​អញ នោះ​បាន​ជីវិត ក៏​នឹង​ប្រកប​ដោយ​ព្រះ‌គុណ​នៃ​ព្រះ‌យេហូវ៉ា​ដែរ
36 តែ​ឯ​អ្នក​ណា​ដែល​ធ្វើ​បាប​នឹង​អញ នោះ​ក៏​ប្រទូស្ត​ដល់​ព្រលឹង​ខ្លួន​ដែរ អស់​អ្នក​ណា​ដែល​ស្អប់​អញ នោះ​ឈ្មោះ​ថា​ស្រឡាញ់​សេចក្ដី​ស្លាប់​ហើយ។


ជំពូក 9

1 ប្រាជ្ញា​បាន​សង់​ផ្ទះ​របស់​ខ្លួន​រួច​ហើយ គឺ​បាន​ចាំង​សសរ​ទាំង​៧​ស្រេច
2 ក៏​បាន​សម្លាប់​សត្វ​សម្រាប់​ជប់‌លៀង ព្រម​ទាំង​លាយ​ស្រា​ទំពាំង‌បាយ‌ជូរ និង​រៀប​តុ​ស្រេច​ហើយ
3 បាន​ទាំង​ចាត់​ពួក​ស្រី​បម្រើ​ក្រមុំៗ​ឲ្យ​ចេញ​ទៅ ក៏​ស្រែក​ប្រកាស​នៅ​លើ​ទី​ខ្ពស់​បំផុត​នៃ​ទី​ក្រុង​ថា
4 អ្នក​ណា​ដែល​ឆោត​ល្ងង់ ចូរ​បែរ​ចូល​មក​ក្នុង​ទី​នេះ​ចុះ ឯ​ចំណែក​អ្នក​ណា​ដែល​ឥត​មាន​យោបល់ នោះ​ក៏​ប្រាប់​ថា
5 ចូរ​មក​បរិភោគ​អាហារ​របស់​អញ ហើយ​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ​ដែល​អញ​បាន​លាយ​ហើយ
6 ចូរ​លះ​ចោល​សេចក្ដី​ខ្លៅ​ល្ងង់​ចេញ​នោះ​នឹង​បាន​រស់​នៅ រួច​ឲ្យ​ដើរ​ក្នុង​ផ្លូវ​នៃ​យោបល់​វិញ​ចុះ។ អ្នក​ប្រាជ្ញ និង​អ្នក​វាយ​ឫក​ខ្ពស់
7 អ្នក​ណា​ប្រដៅ​តម្រង់​ដល់​មនុស្ស​ដែល​រមែង​មើល‌ងាយ នោះ​នឹង​បាន​តែ​សេចក្ដី​ត្មះ‌តិះដៀល​វិញ​ទេ ហើយ​អ្នក​ណា​ដែល​បន្ទោស​ដល់​មនុស្ស​អាក្រក់ នោះ​នឹង​បាន​ប្រឡាក់​ជាប់​ដល់​ខ្លួន​ហើយ
8 កុំ​ឲ្យ​បន្ទោស​ដល់​មនុស្ស​ដែល​តែង​តែ​មើល‌ងាយ​ឡើយ ក្រែង​គេ​ស្អប់​ឯង ត្រូវ​ឲ្យ​បន្ទោស​ដល់​មនុស្ស​ប្រាជ្ញ​វិញ គេ​នឹង​ស្រឡាញ់​ឯង
9 ចូរ​ទូន្មាន​មនុស្ស​ប្រាជ្ញ នោះ​គេ​នឹង​មាន​ប្រាជ្ញា​រឹត​តែ​ច្រើន​ឡើង ហើយ​បង្រៀន​ដល់​មនុស្ស​សុចរិត នោះ​គេ​នឹង​មាន​ចំណេះ​ចម្រើន​ឡើង​ដែរ
10 សេចក្ដី​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​ជា​ដើម​ចម​នៃ​ប្រាជ្ញា ហើយ​ការ​ដែល​ស្គាល់​ដល់​ព្រះ​ដ៏​បរិសុទ្ធ នោះ​គឺ​ជា​យោបល់
11 ដ្បិត​ដោយ‌សារ​អញ នោះ​អស់​ទាំង​ថ្ងៃ​របស់​ឯង​នឹង​បាន​ចម្រើន​ជា​ច្រើន​ឡើង ហើយ​អស់​ទាំង​ឆ្នាំ​នៃ​អាយុ​ឯង​នឹង​បាន​យឺន‌យូរ​ទៅ
12 បើ​ឯង​មាន​ប្រាជ្ញា នោះ​គឺ​មាន​សម្រាប់​តែ​ខ្លួន​ឯង​ទេ ឬ​បើ​ឯង​ចំអក នោះ​មាន​តែ​ឯង​១​នឹង​ត្រូវ​រង​ភារៈ​នោះ។ ដំណើរ​លេលា
13 ឯ​ស្ត្រី​ដែល​ល្ងី‌ល្ងើ គេ​តែង​ស្រែក​ឡូៗ ក៏​ល្ងង់​ខ្លៅ​ឥត​ដឹង​អ្វី​សោះ
14 គេ​អង្គុយ​នៅ​មាត់​ទ្វារ​ផ្ទះ​របស់​ខ្លួន ឬ​ទី​អង្គុយ​ត្រង់​ទី​ខ្ពស់​នៃ​ក្រុង
15 ដើម្បី​ហៅ​រក​អស់​អ្នក​ដែល​ដើរ​តាម​ទី​នោះ ជា​ពួក​អ្នក​ដែល​ដើរ​តម្រង់​តាម​ផ្លូវ​ទៅ ដោយ​ពាក្យ​ថា
16 នែ អ្នក​ណា​ដែល​ឆោត​ល្ងង់ ចូល​មក​ទី​នេះ​ចុះ នាង​និយាយ​បបួល​អស់​អ្នក​ដែល​គ្មាន​យោបល់​ថា
17 ទឹក​ដែល​លួច​ពី​គេ នោះ​រមែង​ផ្អែម ឯ​អាហារ​ដែល​បរិភោគ​ដោយ​លួច​លាក់ នោះ​ក៏​រមែង​ឆ្ងាញ់
18 តែ​គេ​មិន​ដឹង​ថា ពួក​អ្នក​ស្លាប់​មាន​នៅ​ទី​នោះ ឬ​ថា​ភ្ញៀវ​របស់​ស្ត្រី​នោះ សុទ្ធ​តែ​នៅ​ក្នុង​ទី​ជម្រៅ​នៃ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ទេ។


ជំពូក 10

1 នេះ​ជា​សុភាសិត​របស់​សាឡូ‌ម៉ូន។ កូន​ដែល​មាន​ប្រាជ្ញា​រមែង​ធ្វើ​ឲ្យ​ឪពុក​មាន​ចិត្ត​រីក‌រាយ តែ​កូន​ដែល​ល្ងី‌ល្ងើ នោះ​នាំ​ឲ្យ​ម្តាយ​ធ្ងន់​ទ្រូង​វិញ។
2 ទ្រព្យ​សម្បត្តិ​ដែល​បាន​មក​ដោយ​អំពើ​អាក្រក់ នោះ​គ្មាន​ប្រយោជន៍​ទេ តែ​សេចក្ដី​សុចរិត នោះ​រមែង​ជួយ​ឲ្យ​រួច​ពី​ស្លាប់។
3 ព្រះ‌យេហូវ៉ា​ទ្រង់​មិន​ព្រម​ឲ្យ​ព្រលឹង​នៃ​មនុស្ស​សុចរិត​ត្រូវ​ស្រេក​ឃ្លាន​ទេ តែ​ទ្រង់​ច្រាន​សេចក្ដី​លោភ​របស់​មនុស្ស​អាក្រក់​ចេញ។
4 អ្នក​ណា​ដែល​ធ្វើ​ការ​ដោយ​ដៃ​ខ្ជិល​ច្រអូស នោះ​រមែង​ធ្លាក់​ខ្លួន​ជា​ក្រ តែ​ដៃ​មនុស្ស​ដែល​ឧស្សាហ៍ នាំ​ឲ្យ​មាន​វិញ។
5 ចំណែក​អ្នក​ណា​ដែល​ខំ​ប្រឹង​ប្រមូល​ទុក​នៅ​ក្នុង​រដូវ​ក្តៅ នោះ​ឯង​ជា​កូន​ដែល​មាន​គំនិត តែ​ឯ​អ្នក​ណា​ដែល​រវល់​តែ​ដេក​នៅ​រដូវ​ចម្រូូត​វិញ នោះ​គឺ​ជា​កូន​ដែល​នាំ​ឲ្យ​មាន​សេចក្ដី​ខ្មាស។
6 អំណោយ​ពរ រមែង​ស្ថិត​លើ​ក្បាល​នៃ​មនុស្ស​សុចរិត តែ​សេចក្ដី​ច្រឡោត តែង​ខ្ទប់​មាត់​របស់​មនុស្ស​អាក្រក់​វិញ។
7 សេចក្ដី​នឹក​ចាំ​ពី​មនុស្ស​សុចរិត នោះ​នាំ​ឲ្យ​មាន​ពរ តែ​ឈ្មោះ​របស់​មនុស្ស​អាក្រក់ រមែង​ពុក‌រលួយ​ទៅ។
8 អ្នក​ដែល​មាន​ចិត្ត​ប្រកប​ដោយ​ប្រាជ្ញា នោះ​តែង​ទទួល​បង្គាប់ តែ​មនុស្ស​ល្ងី‌ល្ងើ​ដែល​មាន​មាត់​រពឹស នោះ​នឹង​ត្រូវ​ដួល​វិញ។
9 អ្នក​ណា​ដែល​ប្រព្រឹត្ត​ដោយ​ទៀង​ត្រង់ នោះ​ក៏​ដើរ​ដោយ​ទុក​ចិត្ត តែ​អ្នក​ណា​ដែល​បង្ខូច​ផ្លូវ​ខ្លួន នោះ​មនុស្ស​ទាំង‌ឡាយ​នឹង​ស្គាល់​គេ​ច្បាស់​ដែរ។
10 អ្នក​ណា​ដែល​មិច​ភ្នែក នោះ​រមែង​នាំ​ឲ្យ​កើត​ទុក្ខ ហើយ​មនុស្ស​ល្ងី‌ល្ងើ​ដែល​មាន​មាត់​រពឹស នោះ​ក៏​នឹង​ត្រូវ​ដួល​ចុះ។
11 មាត់​នៃ​មនុស្ស​សុចរិត ជា​អណ្តូង​ជីវិត តែ​សេចក្ដី​ច្រឡោត តែង​ខ្ទប់​មាត់​របស់​មនុស្ស​អាក្រក់។
12 ឯ​សេចក្ដី​សំអប់ នោះ​បណ្តាល​ឲ្យ​កើត​មាន​ហេតុ​ទាស់‌ទែង​គ្នា តែ​សេចក្ដី​ស្រឡាញ់ តែង​គ្រប​បាំង​អស់​ទាំង​អំពើ​កំហុស។
13 នៅ​បបូរ​មាត់​របស់​មនុស្ស​មាន​យោបល់ នោះ​ឃើញ​មាន​ប្រាជ្ញា តែ​មាន​រំពាត់​សម្រាប់​ខ្នង​នៃ​មនុស្ស​ណា​ដែល​ឥត​មាន​តម្រិះ​វិញ។
14 មនុស្ស​ប្រាជ្ញ​តែង​ប្រមូល​ចំណេះ​ទុក តែ​ឯ​មាត់​របស់​មនុស្ស​ល្ងី‌ល្ងើ នោះ​ជា​សេចក្ដី​ហិន‌វិនាស​ដែល​នៅ​បង្កើយ​វិញ។
15 ទ្រព្យ​សម្បត្តិ​របស់​អ្នក​មាន ជា​ទី​ក្រុង​មាំ‌មួន​ដល់​គេ សេចក្ដី​ហិន‌វិនាស​របស់​មនុស្ស​ក្រ គឺ​ជា​សេចក្ដី​ទាល់​ក្រ​របស់​គេ។
16 កិច្ច‌ការ​ដែល​មនុស្ស​សុចរិត​ធ្វើ នោះ​គឺ​សម្រាប់​ចិញ្ចឹម​ជីវិត តែ​ផល​របស់​មនុស្ស​អាក្រក់ សម្រាប់​តែ​ធ្វើ​បាប​វិញ។
17 អ្នក​ណា​ដែល​ស្តាប់​តាម​សេចក្ដី​ប្រៀន‌ប្រដៅ នោះ​ឈ្មោះ​ថា ដើរ​ក្នុង​ផ្លូវ​នៃ​ជីវិត​ហើយ តែ​អ្នក​ណា​ដែល​មិន​ព្រម​ទទួល​សេចក្ដី​បន្ទោស នោះ​ហៅ​ថា វង្វេង​វិញ។
18 អ្នក​ណា​ដែល​លាក់​សេចក្ដី​សំអប់​ទុក នោះ​គឺ​ជា​អ្នក​មាន​បបូរ​មាត់​កុហក ហើយ​អ្នក​ណា​ដែល​និយាយ​ដើម​គេ នោះ​ជា​មនុស្ស​ល្ងី‌ល្ងើ។
19 អ្នក​ណា​ដែល​និយាយ​ច្រើន នោះ​មិន​ខាន​នឹង​មាន​បាប​ឡើយ តែ​អ្នក​ណា​ដែល​ឃាត់​ទប់​បបូរ​មាត់​វិញ នោះ​ជា​មនុស្ស​ប្រព្រឹត្ត​ដោយ​ប្រាជ្ញា។
20 អណ្តាត​របស់​មនុស្ស​សុចរិត ប្រៀប​បី​ដូច​ជា​ប្រាក់​វិសេស​បំផុត តែ​ចិត្ត​របស់​មនុស្ស​អាក្រក់ រមែង​មាន​តម្លៃ​តិច​ណាស់។
21 បបូរ​មាត់​របស់​មនុស្ស​សុចរិត ឃ្វាល​រក្សា​មនុស្ស​ជា​ច្រើន តែ​មនុស្ស​ល្ងី‌ល្ងើ គេ​ស្លាប់​បាត់​ទៅ ដោយ​ខ្វះ​យោបល់​វិញ។
22 អំណោយ​ពរ​នៃ​ព្រះ‌យេហូវ៉ា នោះ​ធ្វើ​ឲ្យ​ទៅ​ជា​មាន ហើយ​ទ្រង់​មិន​បន្ថែម​សេចក្ដី​ទុក្ខ​ព្រួយ​ផង​ទេ។
23 ឯ​ការ​ដែល​មនុស្ស​ល្ងី‌ល្ងើ​ប្រព្រឹត្ត​អាក្រក់ នោះ​ដូច​ជា​ល្បែង​លេង​សប្បាយ​ដល់​គេ តែ​មនុស្ស​ដែល​មាន​តម្រិះ​យោបល់ នោះ​ចូល​ចិត្ត​នឹង​ប្រាជ្ញា​វិញ។
24 សេចក្ដី​ដែល​មនុស្ស​អាក្រក់​ភ័យ​ខ្លាច នោះ​នឹង​កើត​ឡើង​ដល់​គេ​ជា​ពិត ហើយ​សេចក្ដី​ដែល​មនុស្ស​សុចរិត​ប្រាថ្នា​ចង់​បាន នោះ​នឹង​បាន​បើក​ឲ្យ​ដែរ។
25 កាល​ណា​ខ្យល់​កួច​ហួស​បាត់​ទៅ នោះ​មនុស្ស​អាក្រក់​ឥត​មាន​សល់​ឡើយ តែ​មនុស្ស​សុចរិត​មាន​ឫស​ដ៏​ស្ថិត‌ស្ថេរ​នៅ​អស់‌កល្ប​វិញ។
26 ទឹក‌ខ្មេះ​ដល់​ធ្មេញ ហើយ​ផ្សែង​ដល់​ភ្នែក នោះ​ជា​យ៉ាង​ណា ឯ​មនុស្ស​ខ្ជិល​ច្រអូស ក៏​យ៉ាង​នោះ​ដល់​អ្នក​ណា​ដែល​ប្រើ​វា​ដែរ។
27 សេចក្ដី​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា នោះ​ចម្រើន​ថ្ងៃ​អាយុ តែ​អស់​ទាំង​ឆ្នាំ​នៃ​អាយុ​របស់​មនុស្ស​អាក្រក់ នឹង​ត្រូវ​រួញ​ខ្លី​វិញ។
28 ការ​សង្ឃឹម​របស់​មនុស្ស​សុចរិត នោះ​នាំ​ឲ្យ​មាន​ចិត្ត​រីក‌រាយ តែ​សេចក្ដី​ទុក​ចិត្ត​របស់​មនុស្ស​អាក្រក់ និង​សូន្យ​បាត់​ទៅ។
29 ផ្លូវ​ព្រះ‌យេហូវ៉ា​ជា​បន្ទាយ​ដល់​មនុស្ស​ទៀង​ត្រង់​តែ​ជា​សេចក្ដី​វិនាស​វិញ ដល់​អស់​អ្នក​ណា​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់។
30 មនុស្ស​សុចរិត​នឹង​មិន​ត្រូវ​រង្គើ​ឡើយ តែ​មនុស្ស​អាក្រក់​នឹង​អាស្រ័យ​នៅ​ផែនដី​មិន​បាន។
31 មាត់​របស់​មនុស្ស​សុចរិត​តែង​បញ្ចេញ​ប្រាជ្ញា តែ​អណ្តាត​វៀច​នឹង​ត្រូវ​កាត់​ចេញ។
32 បបូរ​មាត់​របស់​មនុស្ស​សុចរិត​រមែង​ដឹង​សេចក្ដី​ដែល​គួរ​គប្បី តែ​មាត់​របស់​មនុស្ស​អាក្រក់ ពោល​តែ​សេចក្ដី​ក្រវិច‌ក្រវៀន​វិញ។


ជំពូក 11

1 ជញ្ជីង​មិន​ត្រឹម​ត្រូវ ជា​ទី​ស្អប់​ខ្ពើម​ដល់​ព្រះ‌យេហូវ៉ា តែ​កូន​ជញ្ជីង​គ្រប់​ទំងន់ ជា​ទី​គាប់​ដល់​ព្រះ‌ហឫទ័យ​ទ្រង់​វិញ។
2 កាល​ណា​កើត​មាន​សេចក្ដី​អំនួត នោះ​ក៏​កើត​មាន​សេចក្ដី​ខ្មាស​ដែរ តែ​ប្រាជ្ញា​តែង​នៅ​នឹង​មនុស្ស​សុភាព។
3 សេចក្ដី​សុចរិត​របស់​មនុស្ស​ទៀង​ត្រង់​នឹង​នាំ​ផ្លូវ​គេ តែ​សេចក្ដី​វៀច​របស់​មនុស្ស​ប្រទូស្ត​នឹង​នាំ​ឲ្យ​វិនាស​វិញ។
4 ឯ​ទ្រព្យ​សម្បត្តិ គ្មាន​ប្រយោជន៍​ក្នុង​ថ្ងៃ​ពិរោធ​ឡើយ តែ​សេចក្ដី​សុចរិត​នឹង​ជួយ​ឲ្យ​រួច​ពី​ស្លាប់​វិញ។
5 សេចក្ដី​សុចរិត​របស់​មនុស្ស​គ្រប់​លក្ខណ៍​នឹង​តម្រង់​ផ្លូវ​ខ្លួន តែ​មនុស្ស​អាក្រក់​នឹង​ដួល​ដោយ‌សារ​អំពើ​អាក្រក់​របស់​ខ្លួន​វិញ។
6 ឯ​សេចក្ដី​សុចរិត​របស់​មនុស្ស​ទៀង​ត្រង់​នឹង​ជួយ​ឲ្យ​ខ្លួន​រួច តែ​មនុស្ស​ប្រទូស្ត​នឹង​ត្រូវ​ជាប់​ក្នុង​ការ​ទុច្ចរិត​របស់​ខ្លួន​វិញ។
7 កាល​ណា​មនុស្ស​អាក្រក់​ស្លាប់​ទៅ នោះ​សេចក្ដី​សង្ឃឹម​របស់​គេ​ក៏​សូន្យ​ទៅ​ដែរ ហើយ​សេចក្ដី​ទុក​ចិត្ត​របស់​មនុស្ស​ទុច្ចរិត​នឹង​ត្រូវ​វិនាស​ទៅ​ផង។
8 មនុស្ស​សុចរិត​រមែង​រួច​ពី​សេចក្ដី​លំបាក ឯ​មនុស្ស​អាក្រក់​ទទួល​រង​ជំនួស​វិញ។
9 មនុស្ស​ទមិឡ​ល្មើស​តែង​បំផ្លាញ​អ្នក​ជិត​ខាង​ដោយ‌សារ​មាត់​ខ្លួន តែ​តម្រិះ​របស់​មនុស្ស​សុចរិត​នឹង​ដោះ​ឲ្យ​ខ្លួន​រួច​វិញ។
10 គ្រា​ដែល​មនុស្ស​សុចរិត​មាន​សេចក្ដី​សុខ​ស្រួល នោះ​ទី​ក្រុង​ក៏​រីក‌រាយ​សាទរ ហើយ​កាល​ណា​មនុស្ស​អាក្រក់​វិនាស​ទៅ នោះ​ឮ​សំឡេង​ហ៊ោ​សប្បាយ។
11 ទី​ក្រុង​បាន​ថ្កុំ‌ថ្កើង​ឡើង​ដោយ‌សារ​ពរ​របស់​មនុស្ស​ទៀង​ត្រង់ តែ​ដោយ‌សារ​មាត់​របស់​មនុស្ស​អាក្រក់ នោះ​ត្រូវ​រលំ​វិញ។
12 អ្នក​ណា​ដែល​មើល‌ងាយ​ចំពោះ​អ្នក​ជិត​ខាង​ខ្លួន នោះ​ឥត​មាន​ប្រាជ្ញា​ទេ តែ​អ្នក​ណា​មាន​យោបល់ រមែង​នៅ​ស្ងៀម​វិញ។
13 អ្នក​ណា​ដែល​ដើរ​ចុះ​ឡើង​និយាយ​បក​កេរ​គេ នោះ​ឈ្មោះ​ថា​បើក​ការ​អាថ៌‌កំបាំង តែ​អ្នក​ណា​ដែល​មាន​ចិត្ត​ស្មោះ‌ត្រង់ នោះ​តែង​គ្រប​បាំង​រឿង‌រ៉ាវ​វិញ។
14 ទី​ណា​ដែល​ឥត​មាន​អ្នក​ប្រាជ្ញ​នាំ​មុខ នោះ​ប្រជា‌ជន​រមែង​ដួល​ទៅ តែ​បើ​មាន​អ្នក​ប្រឹក្សា​ជា​ច្រើន នោះ​មាន​សេចក្ដី​សុខ​វិញ។
15 អ្នក​ណា​ដែល​ធានា​ឲ្យ​អ្នក​ដទៃ នោះ​នឹង​ត្រូវ​ពិបាក​ណាស់ តែ​អ្នក​ណា​ដែល​មិន​ចូល​ចិត្ត​នឹង​ការ​ធានា នោះ​នឹង​បាន​សុខ​វិញ។
16 ស្ត្រី​ណា​ដែល​មាន​អធ្យា‌ស្រ័យ​ល្អ នោះ​តែង​រក្សា​ទុក​នូវ​កិត្តិសព្ទ ដូច​ជា​មនុស្ស​ប្រិត‌ប្រៀប​ដែល​រក្សា​ទ្រព្យ​សម្បត្តិ​ដែរ។
17 មនុស្ស​ដែល​មាន​ចិត្ត​មេត្តា នោះ​តែង​ធ្វើ​ល្អ​ដល់​ជីវិត​ខ្លួន តែ​អ្នក​ណា​ដែល​សាហាវ នោះ​ធ្វើ​ទុក្ខ​ដល់​សាច់​ឈាម​ខ្លួន​វិញ។
18 មនុស្ស​អាក្រក់​បាន​កម្រៃ​ដែល​តែង​តែ​លលួង តែ​អ្នក​ណា​ដែល​ផ្សាយ​សេចក្ដី​សុចរិត នោះ​បាន​រង្វាន់​យ៉ាង​ជាប់‌លាប់។
19 ចំណែក​សេចក្ដី​សុចរិត​តែង​នាំ​ឲ្យ​បាន​ជីវិត តែ​អ្នក​ណា​ដែល​ដេញ​តាម​អំពើ​អាក្រក់ នោះ​រមែង​ធ្វើ​ឲ្យ​ខ្លួន​ស្លាប់​វិញ។
20 អ្នក​ណា​ដែល​មាន​ចិត្ត​វៀច នោះ​ជា​ទី​ស្អប់​ខ្ពើម​ដល់​ព្រះ‌យេហូវ៉ា តែ​អ្នក​ណា​ដែល​គ្រប់​លក្ខណ៍​ក្នុង​ផ្លូវ​ខ្លួន​ប្រព្រឹត្ត នោះ​ជា​ទី​គាប់​ដល់​ព្រះ‌ហឫទ័យ​ទ្រង់​វិញ។
21 ទោះ​បើ​ព្រួត​ដៃ​គ្នា គង់​តែ​មនុស្ស​អាក្រក់​នឹង​មិន​រួច​ពី​ទោស​ឡើយ តែ​ពូជ‌ពង្ស​របស់​មនុស្ស​សុចរិត​នឹង​មាន​ជំនួយ​ជួយ​ឲ្យ​រួច។
22 ស្ត្រី​មាន​រូប​ស្រស់​ល្អ​ដែល​ឥត​មាន​គំនិត​មារយាទ នោះ​ប្រៀប​ដូច​ជា​ក្រវិល​មាស​ដែល​ពាក់​នៅ​ច្រមុះ​ជ្រូក។
23 សេចក្ដី​ប៉ង‌ប្រាថ្នា​របស់​មនុស្ស​សុចរិត នោះ​សុទ្ធ​តែ​ល្អ តែ​សេចក្ដី​សង្ឃឹម​របស់​មនុស្ស​អាក្រក់ នោះ​ត្រូវ​ខាង​សេចក្ដី​ក្រេវ‌ក្រោធ​វិញ។
24 មាន​មនុស្ស​ដែល​ចែក​ផ្សាយ​ទ្រព្យ តែ​ចេះ​តែ​ចម្រើន​កើន​ឡើង ក៏​មាន​មនុស្ស​ដែល​ហួង‌ហែង​ហួស​ខ្នាត តែ​គេ​ចេះ​តែ​ខ្វះ​ខាត​វិញ។
25 មនុស្ស​ដែល​មាន​ចិត្ត​សទ្ធា​នឹង​បាន​បរិបូរ ហើយ​អ្នក​ណា​ដែល​ស្រោច​ទឹក​ដល់​គេ នោះ​នឹង​បាន​គេ​ស្រោច​ទឹក​ដល់​ខ្លួន​ដែរ។
26 ឯ​អ្នក​ណា​ដែល​បង្ខាំង​ទុក​អង្ករ បណ្តា‌ជន​នឹង​ប្រទេច​ផ្តាសា​អ្នក​នោះ តែ​នឹង​មាន​ពរ​ស្ថិត​នៅ​លើ​ក្បាល​នៃ​អ្នក​ណា​ដែល​លក់​ឲ្យ​វិញ។
27 អ្នក​ណា​ដែល​ព្យាយាម​ស្វែង​រក​សេចក្ដី​ល្អ នោះ​រមែង​បាន​គេ​រាប់​អាន​ដល់​ខ្លួន​ដែរ តែ​អ្នក​ណា​ដែល​ស្វែង​រក​តាម​អាក្រក់ ការ​អាក្រក់​នឹង​កើត​ដល់​អ្នក​នោះ​ឯង។
28 អ្នក​ណា​ដែល​ទី​ពឹង​ចំពោះ​ទ្រព្យ​សម្បត្តិ​ខ្លួន នោះ​នឹង​ត្រូវ​ដួល​ចុះ តែ​មនុស្ស​សុចរិត​នឹង​ចម្រើន​ឡើង ដូច​ជា​ស្លឹក​ឈើ​ខៀវ​ខ្ចី។
29 អ្នក​ណា​ដែល​នាំ​ឲ្យ​កើត​វឹកវរ​ក្នុង​ផ្ទះ​ខ្លួន នោះ​នឹង​គ្រង​បាន​ខ្យល់​ជា​មរដក ហើយ​មនុស្ស​ល្ងី‌ល្ងើ​នឹង​ធ្វើ​ជា​បាវ​បម្រើ​ដល់​មនុស្ស​ប្រាជ្ញ។
30 ផល​របស់​មនុស្ស​សុចរិត នោះ​ជា​ដើម​ឈើ​នៃ​ជីវិត ហើយ​អ្នក​ណា​ដែល​មាន​ប្រាជ្ញា នោះ​រមែង​ចាប់​បាន​ព្រលឹង​របស់​មនុស្ស។
31 មើល ពួក​មនុស្ស​អាក្រក់​សុចរិត​នឹង​ទទួល​បាន​រង្វាន់​នៅ​ផែនដី​ទៅ​ហើយ ចុះ​ឯ​មនុស្ស​អាក្រក់ នឹង​មនុស្ស​មាន​បាប តើ​នឹង​ទទួល​សំណង​លើស​ជាង​អម្បាល‌ម៉ាន​ទៅ។


ជំពូក 12

1 អ្នក​ណា​ដែល​ចូល​ចិត្ត​ចំពោះ​សេចក្ដី​ប្រៀន‌ប្រដៅ នោះ​ក៏​ស្រឡាញ់​តម្រិះ តែ​អ្នក​ណា​ដែល​ស្អប់​ដល់​សេចក្ដី​បន្ទោស នោះ​ជា​មនុស្ស​កំរោល​វិញ។
2 មនុស្ស​ល្អ​នឹង​ប្រកប​ដោយ​ព្រះ‌គុណ​នៃ​ព្រះ‌យេហូវ៉ា តែ​ទ្រង់​នឹង​កាត់​ទោស​ដល់​មនុស្ស​ណា​ដែល​គិត​គូរ​បង្កើត​ការ​អាក្រក់។
3 គ្មាន​មនុស្ស​ណា​បាន​តាំង​មាំ‌មួន​ឡើង ដោយ‌សារ​អំពើ​អាក្រក់​ទេ តែ​ឫស​នៃ​មនុស្ស​សុចរិត​មិន​ត្រូវ​រលើង​ឡើយ។
4 ស្ត្រី​មាន​ចិត្ត​បរិសុទ្ធ នោះ​ជា​មកុដ​ដល់​ប្ដី តែ​ស្ត្រី​ណា​ដែល​នាំ​ឲ្យ​មាន​សេចក្ដី​ខ្មាស នោះ​ប្រៀប​ដូច​ជា​សេចក្ដី​ពុក‌រលួយ​នៅ​ក្នុង​ឆ្អឹង​របស់​ប្ដី​វិញ។
5 អស់​ទាំង​គំនិត​របស់​មនុស្ស​សុចរិត នោះ​សុទ្ធ​តែ​ទៀង​ត្រង់ តែ​គំនិត​របស់​មនុស្ស​អាក្រក់ នោះ​ជា​សេចក្ដី​ឆ‌បោក​វិញ។
6 ពាក្យ​សំដី​របស់​មនុស្ស​អាក្រក់ សុទ្ធ​តែ​និយាយ​ពី​ការ​លប​ចាំ​កម្ចាយ​ឈាម តែ​មាត់​របស់​មនុស្ស​ទៀង​ត្រង់​នឹង​ជួយ​ឲ្យ​គេ​រួច​វិញ។
7 មនុស្ស​អាក្រក់​ត្រូវ​ដួល ហើយ​មិន​នៅ​ទៀត​ទេ តែ​ផ្ទះ​របស់​មនុស្ស​សុចរិត​បាន​ស្ថិត‌ស្ថេរ​នៅ​វិញ។
8 មនុស្ស​នឹង​បាន​គេ​សរសើរ​តាម​ប្រាជ្ញា​របស់​ខ្លួន តែ​អ្នក​ណា​ដែល​មាន​ចិត្ត​វៀច នោះ​គេ​នឹង​ស្អប់​វិញ។
9 អ្នក​ណា​ដែល​គេ​រាប់​អាន​តិច តែ​មាន​បាវ​បម្រើ នោះ​វិសេស​ជា​ជាង​មនុស្ស​ណា​ដែល​តំកើង​ខ្លួន ប៉ុន្តែ ខ្វះ​ខាត​អាហារ​វិញ។
10 មនុស្ស​សុចរិត​រមែង​ប្រណី​ដល់​ជីវិត​នៃ​សត្វ​របស់​ខ្លួន តែ​ចិត្ត​របស់​មនុស្ស​អាក្រក់ នោះ​សាហាវ​ណាស់។
11 អ្នក​ណា​ដែល​ធ្វើ​ស្រែ​ខ្លួន នោះ​នឹង​បាន​បាយ​ជា​បរិបូរ តែ​អ្នក​ណា​ដែល​តាម​សេចក្ដី​ឥត​ប្រយោជន៍ នោះ​គ្មាន​យោបល់​វិញ។
12 ឯ​មនុស្ស​អាក្រក់ គេ​ចង់​បាន​របឹប​របស់​មនុស្ស​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់ តែ​ឫស​របស់​មនុស្ស​សុចរិត នោះ​បង្កើត​ផល​ផ្លែ​វិញ។
13 មាន​អន្ទាក់​អាក្រក់​នៅ​ក្នុង​អំពើ​រំលង​របស់​បបូរ​មាត់ តែ​មនុស្ស​សុចរិត​នឹង​ចេញ​រួច​ពី​សេចក្ដី​លំបាក។
14 មនុស្ស​នឹង​បាន​ស្កប់​ចិត្ត​នឹង​សេចក្ដី​ល្អ ដោយ‌សារ​ផល​ដែល​កើត​ពី​មាត់​ខ្លួន ហើយ​កិច្ច‌ការ​ដែល​ដៃ​មនុស្ស​ធ្វើ នោះ​នឹង​បាន​សង​ដល់​អ្នក​នោះ​វិញ។
15 មនុស្ស​ល្ងី‌ល្ងើ រមែង​ឃើញ​ផ្លូវ​របស់​ខ្លួន​ជា​ត្រឹម‌ត្រូវ​ហើយ តែ​អ្នក​ដែល​មាន​ប្រាជ្ញា នោះ​តែង​ស្តាប់​សេចក្ដី​ដំបូន្មាន​វិញ។
16 សេចក្ដី​គ្នាន់‌ក្នាញ់​ក្នុង​ចិត្ត​មនុស្ស​ល្ងី‌ល្ងើ នោះ​បាន​សម្ដែង​មក​ឲ្យ​ឃើញ​ភ្លាម តែ​មនុស្ស​ឆ្លៀវ‌ឆ្លាត​គេ​តែង​គ្រប​បាំង​សេចក្ដី​ខ្មាស​វិញ។
17 អ្នក​ណា​ដែល​ពោល​ពាក្យ​ពិត នោះ​រមែង​សម្ដែង​ចេញ​នូវ​សេចក្ដី​សុចរិត តែ​សាក្សី​ក្លែង‌ក្លាយ នោះ​សម្ដែង​សេចក្ដី​កំភូត​វិញ។
18 មាន​គេ​ដែល​ពោល​ពាក្យ​ឥត​បើ​គិត ដូច​ជា​ចាក់​ដោយ​ដាវ តែ​សំដី​របស់​មនុស្ស​ប្រាជ្ញ​ជា​ថ្នាំ​ផ្សះ​វិញ។
19 បបូរ​មាត់​ដែល​បញ្ចេញ​សេចក្ដី​ពិត នោះ​នឹង​បាន​តាំង​ជាប់​នៅ​ជានិច្ច តែ​អណ្តាត​ភូត‌ភរ នោះ​នៅ​តែ​១​ភ្លែត​ទេ។
20 ការ​ឆ‌បោក​រមែង​នៅ​ក្នុង​ចិត្ត​នៃ​មនុស្ស​ដែល​គិត‌គូរ​បង្កើត​ការ​អាក្រក់ តែ​មាន​សេចក្ដី​អំណរ​សម្រាប់​មនុស្ស​ដែល​ប្រឹក្សា​ឲ្យ​មាន​សេចក្ដី​សុខ។
21 មនុស្ស​សុចរិត​នឹង​មិន​ត្រូវ​កើត​មាន​សេចក្ដី​ភិត‌ភ័យ​អន្តរាយ​ឡើយ តែ​មនុស្ស​ដែល​ប្រព្រឹត្ត​អាក្រក់​នឹង​បាន​ឆ្អែត​ដោយ​ការ​អាក្រក់។
22 បបូរ​មាត់​ដែល​ពោល​ពាក្យ​ភូត‌ភរ ជា​ទី​ស្អប់​ខ្ពើម​ដល់​ព្រះ‌យេហូវ៉ា តែ​ពួក​អ្នក​ដែល​ប្រព្រឹត្ត​ដោយ​ពិត​ត្រង់ នោះ​ជា​ទី​គាប់​ដល់​ព្រះ‌ហឫទ័យ​ទ្រង់​វិញ។
23 មនុស្ស​ដែល​មាន​គំនិត គេ​គ្រប​បាំង​ចំណេះ​របស់​ខ្លួន តែ​ចិត្ត​របស់​មនុស្ស​ល្ងី‌ល្ងើ តែង​តែ​ប្រកាស​ពី​សេចក្ដី​ល្ងង់​វិញ។
24 ដៃ​របស់​មនុស្ស​ព្យាយាម​នឹង​បាន​ឡើង​គ្រប់​គ្រង តែ​មនុស្ស​ខ្ជិល​ច្រអូស​នឹង​ត្រូវ​ទទួល​ការ​បម្រើ​វិញ។
25 ការ​ទុក្ខ​ដែល​គ្រប​សង្កត់​ចិត្ត នោះ​ធ្វើ​ឲ្យ​រួញ​ថយ​ចុះ តែ​ពាក្យ​ល្អ​១​ម៉ាត់​នឹង​ធ្វើ​ឲ្យ​រីក‌រាយ​ឡើង។
26 មនុស្ស​សុចរិត​ជា​អ្នក​ចាំ​ផ្លូវ​ដល់​អ្នក​ជិត​ខាង តែ​ផ្លូវ​របស់​មនុស្ស​អាក្រក់​រមែង​នាំ​ឲ្យ​វង្វេង​វិញ។
27 មនុស្ស​ខ្ជិល​ច្រអូស គេ​មិន​អាំង​សាច់​របស់​សត្វ​ដែល​ខ្លួន​ចាប់​បាន​ទេ តែ​អ្វីៗ​ដែល​មនុស្ស​ឧស្សាហ៍​មាន នោះ​ក៏​រាប់​ជា​វិសេស​វិញ។
28 ជីវិត​ស្ថិត​នៅ​ក្នុង​ផ្លូវ​នៃ​សេចក្ដី​សុចរិត ហើយ​ក្នុង​ផ្លូវ​ច្រក​នោះ​គ្មាន​សេចក្ដី​ស្លាប់​ឡើយ។


ជំពូក 13

1 កូន​ដែល​មាន​ប្រាជ្ញា​រមែង​ស្តាប់​តាម​ដំបូន្មាន​របស់​ឪពុក តែ​មនុស្ស​ចំអក​មើល‌ងាយ មិន​ព្រម​ស្តាប់​តាម​ពាក្យ​បន្ទោស​ទេ។
2 មនុស្ស​នឹង​បាន​សេចក្ដី​ល្អ​ដោយ‌សារ​ផល​ដែល​កើត​ពី​មាត់​មក តែ​ព្រលឹង​របស់​មនុស្ស​ក្បត់​នឹង​បាន​តែ​សេចក្ដី​ច្រឡោត​វិញ។
3 អ្នក​ណា​ដែល​រវាំង​មាត់ នោះ​រមែង​រក្សា​ជីវិត​ខ្លួន​តែ​អ្នក​ណា​ដែល​ហា​មាត់​ធំ នោះ​នឹង​ត្រូវ​វិនាស​ទៅ។
4 ព្រលឹង​នៃ​មនុស្ស​ខ្ជិល​ច្រអូស​ប្រាថ្នា​ចង់​បាន តែ​មិន​បាន​អ្វី​សោះ ឯ​ព្រលឹង​នៃ​មនុស្ស​ព្យាយាម នោះ​នឹង​បាន​ជា​បរិបូរ​វិញ។
5 មនុស្ស​សុចរិត​រមែង​ស្អប់​ពាក្យ​ភូត‌ភរ តែ​មនុស្ស​អាក្រក់​គេ​គួរ​ខ្ពើម ហើយ​មាន​សេចក្ដី​ខ្មាស​ផង។
6 សេចក្ដី​សុចរិត​តែង​តែ​ការ‌ពារ​អ្នក​ណា​ដែល​ប្រព្រឹត្ត​តាម​ផ្លូវ​ទៀង​ត្រង់ តែ​អំពើ​អាក្រក់​រមែង​ផ្តួល​មនុស្ស​មាន​បាប​វិញ។
7 មាន​គេ​ដែល​ខំ​ប្រឹង​ឲ្យ​បាន​ជា​អ្នក​ស្តុក‌ស្តម្ភ តែ​គេ​គ្មាន​អ្វី​សោះ ក៏​មាន​មនុស្ស​ដែល​ទៅ​ជា​ក្រ តែ​មាន​ទ្រព្យ​សម្បត្តិ​ច្រើន។
8 ឯ​ទ្រព្យ​សម្បត្តិ​នឹង​ទុក​សម្រាប់​លោះ​ជីវិត​មនុស្ស​បាន តែ​មនុស្ស​ក្រ​គេ​មិន​ដែល​ឮ​ពាក្យ​កំហែង​ទេ។
9 ពន្លឺ​នៃ​មនុស្ស​សុចរិត នោះ​ជា​ទី​សប្បាយ​ហើយ តែ​ចង្កៀង​របស់​មនុស្ស​អាក្រក់​នឹង​រលត់​ទៅ។
10 ផល​នៃ​សេចក្ដី​ឆ្មើង‌ឆ្មៃ នោះ​មាន​តែ​ការ​ទាស់‌ទែង​គ្នា​ប៉ុណ្ណោះ តែ​ប្រាជ្ញា​ស្ថិត​នៅ​នឹង​ពួក​អ្នក​ដែល​ស្តាប់​តាម​សេចក្ដី​ទូន្មាន។
11 ទ្រព្យ​សម្បត្តិ​ដែល​បាន​ដោយ​ការ​មិន​គួរ​គប្បី នោះ​នឹង​ខ្ជះ‌ខ្ជាយ​ទៅ តែ​អ្នក​ណា​ដែល​សន្សំ​ដោយ​ប្រឹង‌ប្រែង​នោះ​នឹង​បាន​ចម្រើន​កើន​ឡើង។
12 សេចក្ដី​សង្ឃឹម​ដែល​ចេះ​តែ​បន្ថយ​ទៅ នោះ​នាំ​ឲ្យ​រអា​ចិត្ត តែ​កាល​ណា​បាន​ដូច​ប្រាថ្នា នោះ​ប្រៀប​ដូច​ជា​ដើម​ឈើ​នៃ​ជីវិត​វិញ។
13 អ្នក​ណា​ដែល​មើល‌ងាយ​ព្រះ‌បន្ទូល នោះ​នឹង​នាំ​ឲ្យ​ខ្លួន​ត្រូវ​វិនាស តែ​អ្នក​ណា​ដែល​កោត‌ខ្លាច​ដល់​ក្រឹត្យ‌វិន័យ​នោះ​នឹង​បាន​រង្វាន់​វិញ។
14 ឱវាទ​របស់​អ្នក​ប្រាជ្ញ​ជា​រន្ធ​ទឹក​នៃ​ជីវិត សម្រាប់​ឲ្យ​បាន​រួច​ពី​អន្ទាក់​នៃ​សេចក្ដី​ស្លាប់។
15 គំនិត​ឆ្លុះ​មុត នោះ​នាំ​ឲ្យ​គេ​រាប់​អាន តែ​ផ្លូវ​របស់​មនុស្ស​ដែល​រំលង​ច្បាប់ នោះ​ពិបាក​វិញ។
16 គ្រប់​ទាំង​មនុស្ស​ដែល​មាន​គំនិត​ឆ្លៀវ​ឆ្លាត រមែង​ប្រព្រឹត្ត​ដោយ​តម្រិះ តែ​មនុស្ស​ល្ងី‌ល្ងើ​គេ​បង្អួត​សេចក្ដី​ចម្កួត​របស់​ខ្លួន​វិញ។
17 មនុស្ស​អាក្រក់​ដែល​នាំ​ដំណឹង នោះ​តែង​ធ្លាក់​ទៅ​ក្នុង​ការ​អាក្រក់ តែ​ទូត​ស្មោះ‌ត្រង់ នោះ​ចម្រើន​សេចក្ដី​សុខ​វិញ។
18 អ្នក​ណា​ដែល​មិន​ព្រម​ស្តាប់​ពាក្យ​ប្រៀន​ប្រដៅ នឹង​ត្រូវ​ក្រ​លំបាក ហើយ​អៀន‌ខ្មាស​ទៅ តែ​អ្នក​ណា​ដែល​ព្រម​ស្តាប់​តាម​សេចក្ដី​បន្ទោស​វិញ នោះ​នឹង​បាន​កិត្តិសព្ទ។
19 ការ​ដែល​បាន​សម្រេច​តាម​បំណង​ចិត្ត នោះ​មាន​រស់​ផ្អែម​ដល់​ព្រលឹង​ហើយ តែ​ដែល​លះ​ចេញ​ពី​អំពើ​អាក្រក់ នោះ​ជា​សេចក្ដី​ស្អប់​ខ្ពើម​ដល់​មនុស្ស​ល្ងី‌ល្ងើ​វិញ។
20 អ្នក​ណា​ដែល​ដើរ​ជា​មួយ​នឹង​មនុស្ស​ប្រាជ្ញ នោះ​នឹង​មាន​ប្រាជ្ញា​ដែរ តែ​អ្នក​ណា​ដែល​ភប់‌ប្រសព្វ​នឹង​មនុស្ស​ល្ងី‌ល្ងើ នោះ​នឹង​ត្រូវ​ខូច​បង់​វិញ។
21 សេចក្ដី​អាក្រក់​ដេញ​ជាប់​តាម​មនុស្ស​មាន​បាប តែ​មនុស្ស​សុចរិត​នឹង​បាន​រង្វាន់​ជា​សេចក្ដី​ល្អ​វិញ។
22 មនុស្ស​ល្អ គេ​តែង​តែ​ទុក​មរដក​ដល់​កូន​ចៅ​របស់​ខ្លួន តែ​ទ្រព្យ​សម្បត្តិ​របស់​មនុស្ស​មាន​បាប នោះ​បាន​ប្រមូល​ទុក​សម្រាប់​មនុស្ស​សុចរិត​វិញ។
23 ការ​ភ្ជួរ‌រាស់​របស់​មនុស្ស​ក្រី‌ក្រ នោះ​រមែង​បង្កើត​អាហារ​ជា​ច្រើន តែ​មាន​គេ​ដែល​ត្រូវ​បំផ្លាញ​វិញ ដោយ​ខ្វះ​សេចក្ដី​យុត្តិ‌ធម៌។
24 អ្នក​ណា​ដែល​មិន‌សូវ​ប្រើ​រំពាត់ នោះ​ឈ្មោះ​ថា ស្អប់​កូន តែ​អ្នក​ណា​ដែល​ស្រឡាញ់​កូន​វិញ នោះ​ឧស្សាហ៍​វាយ‌ផ្ចាល​វា។
25 មនុស្ស​សុចរិត​គេ​បរិភោគ​ទាល់​តែ​ស្កប់‌ស្កល់ តែ​ពោះ​របស់​មនុស្ស​អាក្រក់​នឹង​ត្រូវ​អត់‌ឃ្លាន​វិញ។


ជំពូក 14

1 គ្រប់​ទាំង​ស្រីៗ​ដែល​មាន​ប្រាជ្ញា​រមែង​សង់​ផ្ទះ​របស់​ខ្លួន​ឡើង តែ​ស្ត្រី​ល្ងី‌ល្ងើ​គេ​រំលំ​ផ្ទះ​ដោយ​ដៃ​ខ្លួន​វិញ។
2 អ្នក​ណា​ដែល​ដើរ​ដោយ​សេចក្ដី​ទៀង​ត្រង់​របស់​ខ្លួន នោះ​រមែង​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា តែ​អ្នក​ណា​ដែល​ប្រព្រឹត្ត​តាម​ផ្លូវ​វៀច នោះ​ឈ្មោះ​ថា​មើល‌ងាយ​ទ្រង់​វិញ។
3 នៅ​ក្នុង​មាត់​របស់​មនុស្ស​ល្ងី‌ល្ងើ នោះ​មាន​រំពាត់​សម្រាប់​បង្ក្រាប​សេចក្ដី​អំនួត​របស់​វា តែ​បបូរ​មាត់​មនុស្ស​ប្រាជ្ញ​នឹង​ការ‌ពារ​ខ្លួន​គេ​វិញ។
4 ផ្ទះ​ណា​គ្មាន​គោ នោះ​ក្រោល​រមែង​ស្អាត​ល្អ តែ​គឺ​ដោយ​កម្លាំង​គោ​នោះ​ឯង ដែល​នឹង​ចម្រើន​កើន​ឡើង​បាន។
5 សាក្សី​ស្មោះ‌ត្រង់​នឹង​មិន​កុហក​ឡើយ តែ​សាក្សី​ក្លែង‌ក្លាយ​តែង​តែ​ពោល​ពាក្យ​ភូត‌ភរ​វិញ។
6 មនុស្ស​ចំអក គេ​ខំ​ស្វែង​រក​ប្រាជ្ញា តែ​មិន​បាន​ទេ ឯ​ចំណេះ​វិញ នោះ​ងាយ​ដល់​អ្នក​ណា​ដែល​មាន​យោបល់។
7 ចូរ​ចៀស​ចេញ​ពី​មនុស្ស​ល្ងី‌ល្ងើ​ចុះ ដ្បិត​នឹង​ឃើញ​មាន​ចំណេះ​នៅ​បបូរ​មាត់​វា​មិន​បាន។
8 ឯ​ប្រាជ្ញា​របស់​មនុស្ស​វាង‌វៃ នោះ​គឺ​ឲ្យ​បាន​យល់​ផ្លូវ​របស់​ខ្លួន តែ​សេចក្ដី​ចម្កួត​របស់​មនុស្ស​ល្ងី‌ល្ងើ នោះ​ជា​សេចក្ដី​ឆ‌បោក​ទទេ។
9 មនុស្ស​ល្ងី‌ល្ងើ​រមែង​សើច​ឡក​ចំពោះ​អំពើ​បាប តែ​នៅ​ក្នុង​ពួក​មនុស្ស​សុចរិត​តែង​មាន​សេចក្ដី​រាប់​អាន​គ្នា។
10 ចិត្ត​មនុស្ស​រមែង​ស្គាល់​សេចក្ដី​ជូរ​ចត់​របស់​ខ្លួន ឯ​មនុស្ស​ដទៃ​នឹង​ទទួល​ចំណែក​ក្នុង​សេចក្ដី​អំណរ​របស់​ចិត្ត​នោះ​មិន​បាន។
11 ផ្ទះ​របស់​មនុស្ស​អាក្រក់​នឹង​ត្រូវ​រំលំ តែ​ខ្ទម​របស់​មនុស្ស​ទៀង​ត្រង់​នឹង​ចម្រើន​កើន​ឡើង​វិញ។
12 មាន​ផ្លូវ​មួយ​ដែល​មើល​ទៅ​ដូច​ជា​ត្រឹម​ត្រូវ​ល្អ ដល់​មនុស្ស តែ​ចុង​បំផុត​នៃ​ផ្លូវ​នោះ គឺ​ជា​សេចក្ដី​ស្លាប់​វិញ។
13 នៅ​វេលា​កំពុង​តែ​សើច​សប្បាយ គង់​តែ​ចិត្ត​មាន​សេចក្ដី​សៅ‌សោក​ដែរ ហើយ​ចុង​បំផុត​នៃ​សេចក្ដី​អំណរ គឺ​ជា​ធ្ងន់​ទ្រូង​វិញ។
14 អ្នក​ណា​ដែល​មាន​ចិត្ត​រសាយ​ថយ​ទៅ​វិញ នោះ​នឹង​បាន​ឆ្អែត​ក្នុង​ផ្លូវ​របស់​ខ្លួន តែ​មនុស្ស​ល្អ​នឹង​បាន​ស្កប់‌ស្កល់​អំពី​ក្នុង​ចិត្ត​ខ្លួន​ឯង​វិញ។
15 មនុស្ស​ឆោត​ល្ងង់​គេ​ជឿ​គ្រប់​ពាក្យ​ទាំង​អស់ តែ​មនុស្ស​មាន​គំនិត​វាង‌វៃ​រមែង​មើល​ផ្លូវ​ខ្លួន​ដោយ​ប្រយ័ត។
16 មនុស្ស​ដែល​មាន​ប្រាជ្ញា​រមែង​កោត‌ខ្លាច ហើយ​ក៏​ចៀស​ចេញ​ពី​ផ្លូវ​អាក្រក់ តែ​មនុស្ស​ល្ងី‌ល្ងើ​គេ​មាន​ចិត្ត​ចើង‌ម៉ើង ហើយ​ទុក​ចិត្ត​តែ​នឹង​ខ្លួន​ឯង​វិញ។
17 អ្នក​ណា​ដែល​រហ័ស​ខឹង នោះ​តែង​តែ​ប្រព្រឹត្ត​ឥត​បើ​គិត ហើយ​មនុស្ស​ដែល​គិត‌គូរ​បង្កើត​ការ​អាក្រក់ នោះ​រមែង​ជា​ទី​ស្អប់​ដល់​អ្នក​ដទៃ។
18 មនុស្ស​ឆោត​ល្ងង់ គេ​គ្រង​បាន​សេចក្ដី​ចម្កួត ទុក​ជា​មរដក តែ​មនុស្ស​ឆ្លៀវ‌ឆ្លាត​បាន​ពាក់​តម្រិះ​ជា​មកុដ​វិញ។
19 មនុស្ស​អាក្រក់​រមែង​ឱន​ចុះ​នៅ​ចំពោះ​មនុស្ស​ល្អ ហើយ​មនុស្ស​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់ ក៏​ក្រាប​ចុះ​នៅ​មាត់​ទ្វារ​នៃ​មនុស្ស​សុចរិត​ដែរ។
20 មនុស្ស​ក្រ​ជា​ទី​ស្អប់​ខ្ពើម​ដល់​ទាំង​អ្នក​ជិត​ខាង​ខ្លួន​ផង តែ​ឯ​អ្នក​មាន​វិញ គេ​មាន​មិត្ត​សំឡាញ់​ច្រើន។
21 អ្នក​ណា​ដែល​មើល‌ងាយ​ដល់​អ្នក​ជិត​ខាង នោះ​ឈ្មោះ​ថា​មាន​បាប​ហើយ តែ​អ្នក​ណា​ដែល​មាន​ចិត្ត​មេត្តា​ដល់​មនុស្ស​ទាល់​ក្រ នោះ​រមែង​សប្បាយ​វិញ។
22 មនុស្ស​ដែល​គិត‌គូរ​បង្កើត​ការ​អាក្រក់ នោះ​វង្វេង​ហើយ​ទេ​តើ ប៉ុន្តែ ឯ​មនុស្ស​ដែល​គិត‌គូរ​បង្កើត​ការ​ល្អ​វិញ នោះ​នឹង​បាន​សេចក្ដី​មេត្តា និង​សេចក្ដី​ពិត។
23 អស់​ទាំង​ការ​ដែល​ខំ​ធ្វើ សុទ្ធ​តែ​មាន​កម្រៃ តែ​សំដី​ទទេៗ​នាំ​ឲ្យ​ក្រ​ខ្សត់​វិញ។
24 ទ្រព្យ​សម្បត្តិ​ជា​មកុដ​ដល់​មនុស្ស​ប្រាជ្ញ តែ​សេចក្ដី​ចម្កួត​របស់​មនុស្ស​ល្ងី‌ល្ងើ នោះ​ជា​សេចក្ដី​ចម្កួត​សុទ្ធ។
25 សាក្សី​ទៀង​ត្រង់​រមែង​ដោះ​ព្រលឹង​មនុស្ស​ឲ្យ​រួច តែ​សាក្សី​មិន​ទៀង​ត្រង់​នោះ​ពោល​ពាក្យ​ភូត‌ភរ​វិញ។
26 មនុស្ស​ដែល​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា នោះ​មាន​ទី​ពឹង​មាំ‌មួន ហើយ​កូន​ចៅ​របស់​គេ​នឹង​បាន​ទី​ពំនាក់​ដែរ។
27 សេចក្ដី​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា នោះ​ជា​រន្ធ​ទឹក​នៃ​ជីវិត ប្រយោជន៍​ឲ្យ​បាន​រួច​ពី​អន្ទាក់​នៃ​សេចក្ដី​ស្លាប់។
28 ដែល​ស្តេច​មាន​សិរី‌ល្អ នោះ​គឺ​ដោយ​មាន​រាស្ត្រ​ជា​ច្រើន ឯ​ចៅ‌ហ្វាយ បើ​គ្មាន​បណ្តា‌ជន នោះ​ត្រូវ​ធ្លាក់​ចុះ​វិញ។
29 អ្នក​ណា​ដែល​មិន​ឆាប់​ខឹង នោះ​ឯង​ជា​អ្នក​ប្រកប​ដោយ​យោបល់​ច្រើន តែ​អ្នក​ណា​ដែល​មាន​ចិត្ត​ឆុរ‌ឆេវ​នោះ​សំញែង​សេចក្ដី​ចម្កួត​របស់​ខ្លួន​វិញ។
30 ឯ​ជីវិត​របស់​សាច់​ឈាម នោះ​គឺ​ជា​ចិត្ត​ដែល​ស្ងប់​រំងាប់ តែ​ចិត្ត​ច្រណែន​ជា​សេចក្ដី​ពុក‌រលួយ​ដល់​ឆ្អឹង​វិញ។
31 អ្នក​ណា​ដែល​សង្កត់‌សង្កិន​មនុស្ស​ក្រីក្រ នោះ​ឈ្មោះ​ថា​ប្រកួត​នឹង​ព្រះ​ដ៏​បង្កើត​ខ្លួន​មក តែ​អ្នក​ណា​ដែល​មេត្តា​ដល់​មនុស្ស​កំសត់​ទុគ៌ត នោះ​ជា​អ្នក​លើក​តម្កើង​ទ្រង់​វិញ។
32 មនុស្ស​អាក្រក់​ត្រូវ​ធ្លាក់​ចុះ ដោយ​អំពើ​ខូច​អាក្រក់​របស់​ខ្លួន តែ​មនុស្ស​សុចរិត​មាន​ទី​ពំនាក់​ក្នុង​កាល​ដែល​ស្លាប់​វិញ។
33 មាន​ប្រាជ្ញា​ស្ថិត​នៅ​ក្នុង​ចិត្ត​របស់​មនុស្ស​ដែល​មាន​យោបល់ តែ​សេចក្ដី​ដែល​នៅ​ខាង​ក្នុង​មនុស្ស​ល្ងី‌ល្ងើ​នោះ​រមែង​សម្ដែង​ចេញ​មក។
34 សេចក្ដី​សុចរិត​រមែង​លើក​តម្កើង​នគរ តែ​អំពើ​បាប​ជា​ទី​គួរ​ខ្មាស​ដល់​សាសន៍​ណាៗ​ក៏​ដោយ។
35 មហា‌ក្សត្រ​តែង​ផ្តល់​គុណ​ដល់​អ្នក​បម្រើ​ណា​ដែល​ប្រព្រឹត្ត​ដោយ​អើ‌ពើ តែ​សេចក្ដី​ក្រោធ​របស់​ទ្រង់ នឹង​ទាស់​ចំពោះ​អ្នក​ណា​ដែល​បង្កើត​ហេតុ​ឲ្យ​ខ្មាស​វិញ។


ជំពូក 15

1 ពាក្យ​តប​ឆ្លើយ​ដោយ​ស្រទន់ នោះ​រមែង​រំងាប់​សេចក្ដី​ក្រោធ​ទៅ តែ​ពាក្យ​គំរោះ‌គំរើយ នោះ​បណ្តាល​ឲ្យ​មាន​សេចក្ដី​កំហឹង​វិញ។
2 អណ្តាត​របស់​មនុស្ស​ប្រាជ្ញ​រមែង​ធ្វើ​ឲ្យ​ចំណេះ​បាន​ពី‌រោះ​ស្តាប់ តែ​មាត់​របស់​មនុស្ស​ល្ងី‌ល្ងើ​បង្ហូរ​ចេញ​ជា​សេចក្ដី​ចម្កួត​វិញ។
3 ព្រះ‌នេត្រ​នៃ​ព្រះ‌យេហូវ៉ា​នៅ​គ្រប់​អន្លើ ក៏​យាម​មើល​ឃើញ​ទាំង​អស់ ទោះ​ទាំង​អាក្រក់ និង​ល្អ​ផង។
4 ឯ​អណ្តាត​ដ៏​លំហើយ នោះ​ជា​ដើម​ឈើ​នៃ​ជីវិត តែ​បើ​មាន​សេចក្ដី​វៀច​វិញ នោះ​នាំ​ឲ្យ​វិញ្ញាណ​បាក់​បែក​ទៅ។
5 មនុស្ស​ល្ងី‌ល្ងើ​តែង​តែ​ស្អប់​សេចក្ដី​ប្រៀន‌ប្រដៅ​របស់​ឪពុក តែ​អ្នក​ណា​ដែល​ស្តាប់​តាម​សេចក្ដី​បន្ទោស នោះ​នឹង​បាន​គំនិត​វាង‌វៃ​វិញ។
6 នៅ​ក្នុង​ផ្ទះ​មនុស្ស​សុចរិត​មាន​ទ្រព្យ​សម្បត្តិ​ច្រើន តែ​ក្នុង​កម្រៃ​នៃ​មនុស្ស​អាក្រក់​តែង​តែ​មាន​សេចក្ដី​វេទនា​វិញ។
7 បបូរ​មាត់​របស់​មនុស្ស​ប្រាជ្ញ​រមែង​ផ្សាយ​ចេញ​ជា​ចំណេះ តែ​ចិត្ត​របស់​មនុស្ស​ល្ងី‌ល្ងើ​មិន​មែន​ដូច្នោះ​ទេ។
8 យញ្ញ‌បូជា​របស់​មនុស្ស​អាក្រក់ ជា​សេចក្ដី​ស្អប់​ខ្ពើម​ដល់​ព្រះ‌យេហូវ៉ា តែ​សេចក្ដី​អធិស្ឋាន​នៃ​មនុស្ស​ទៀង‌ត្រង់ ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ដល់​ទ្រង់​វិញ។
9 ផ្លូវ​ប្រព្រឹត្ត​របស់​មនុស្ស​អាក្រក់ ជា​សេចក្ដី​ស្អប់​ខ្ពើម​ដល់​ព្រះ‌យេហូវ៉ា តែ​ទ្រង់​ស្រឡាញ់​ចំពោះ​អ្នក​ណា​ដែល​ដើរ​តាម​សេចក្ដី​សុចរិត​វិញ។
10 មាន​សេចក្ដី​ផ្ចាញ់‌ផ្ចាល​យ៉ាង​សហ័ស បម្រុង​ទុក​សម្រាប់​អ្នក​ណា​ដែល​បោះ‌បង់​ចេញ​ពី​ផ្លូវ ហើយ​អ្នក​ណា​ដែល​ស្អប់​សេចក្ដី​បន្ទោស នោះ​នឹង​ត្រូវ​ស្លាប់។
11 ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ និង​ទី​វិនាស នោះ​ប្រាកដ​ច្បាស់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ទៅ​ហើយ ចំណង់​បើ​ចិត្ត​នៃ​អស់​ទាំង​មនុស្ស​ជាតិ តើ​ច្បាស់​ជា​ជាង​អម្បាល‌ម៉ាន​ទៅ​ទៀត។
12 មនុស្ស​ដែល​ចំអក​មើល‌ងាយ គេ​មិន​ចូល​ចិត្ត​ឲ្យ​អ្នក​ណា​បន្ទោស​ខ្លួន​ឡើយ ក៏​មិន​ដែល​រក​អ្នក​ប្រាជ្ញ​ដែរ។
13 ចិត្ត​រីក‌រាយ​តែង​តែ​បណ្តាល​ឲ្យ​មាន​ទឹក​មុខ​ផូរ‌ផង់ តែ​វិញ្ញាណ​ត្រូវ​បាក់​បែក​ដោយ​កើត​មាន​ទុក្ខ​ព្រួយ​ក្នុង​ចិត្ត។
14 ចិត្ត​របស់​អ្នក​ណា​ដែល​មាន​យោបល់​ហើយ នោះ​រមែង​ស្វែង​រក​ចំណេះ តែ​មាត់​របស់​មនុស្ស​ល្ងី‌ល្ងើ​តែង​តែ​ចិញ្ចឹម​ខ្លួន ដោយ​សេចក្ដី​ចម្កួត​វិញ។
15 អស់​ទាំង​ថ្ងៃ​នៃ​មនុស្ស​រង​ទុក្ខ​វេទនា នោះ​សុទ្ធ​តែ​អាក្រក់​ទាំង​អស់ តែ​អ្នក​ណា​ដែល​មាន​ចិត្ត​ជា​សុខ នោះ​ប្រៀប​ដូច​ជា​មាន​ការ​ស៊ី‌លៀង​នៅ​ជានិច្ច។
16 មាន​ទ្រព្យ​សម្បត្តិ​តិច ហើយ​មាន​សេចក្ដី​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា នោះ​វិសេស​ជាង​មាន​ច្រើន ហើយ​មាន​សេចក្ដី​ទុក្ខ​វិញ។
17 ស៊ូ​ឲ្យ​មាន​តែ​បន្លែ​ជា​ម្ហូប​នៅ​កន្លែង​ណា​ដែល​មាន​សេចក្ដី​ស្រឡាញ់ ជា​ជាង​មាន​សាច់​គោ​ដែល​បំប៉ន​ឲ្យ​ធាត់ ហើយ​មាន​សេចក្ដី​សំអប់​វិញ។
18 មនុស្ស​គំរោះ‌គំរើយ​រមែង​បណ្តាល​ឲ្យ​មាន​សេចក្ដី​ទាស់‌ទែង​គ្នា តែ​អ្នក​ណា​ដែល​យឺត​នឹង​ខឹង នោះ​រំងាប់​សេចក្ដី​ជំលោះ​វិញ។
19 ផ្លូវ​របស់​មនុស្ស​ខ្ជិល​ច្រអូស ធៀប​ដូច​ជា​របង​បន្លា តែ​ផ្លូវ​ច្រក​របស់​មនុស្ស​ទៀង​ត្រង់​ត្រឡប់​ជា​ថ្នល់​ធំ​វិញ។
20 កូន​ដែល​មាន​ប្រាជ្ញា​រមែង​ធ្វើ​ឲ្យ​ឪពុក​សប្បាយ តែ​មនុស្ស​ល្ងី‌ល្ងើ គេ​មើល‌ងាយ​ម្តាយ​ខ្លួន​វិញ។
21 ឯ​ការ​ចម្កួត​ជា​សេចក្ដី​អំណរ​ដល់​មនុស្ស​ដែល​ឥត​ប្រាជ្ញា តែ​មនុស្ស​ដែល​មាន​យោបល់ គេ​រមែង​ដើរ​តាម​ផ្លូវ​ទៀង​ត្រង់​វិញ។
22 ទី​ណា​គ្មាន​ការ​ប្រឹក្សា នោះ​មិន​បាន​តាម​ចិត្ត​ប៉ង​ទេ តែ​បើ​មាន​អ្នក​ជួយ​គំនិត​ជា​ច្រើន នោះ​នឹង​កើត​ការ​វិញ។
23 មនុស្ស​រមែង​មាន​សេចក្ដី​អំណរ​ដោយ​ពាក្យ​ឆ្លើយ​របស់​ខ្លួន ហើយ​ពាក្យ​១​ម៉ាត់​ដែល​នឹង​ពោល​ត្រូវ​ពេល នោះ​ល្អ​ណាស់​ហ្ន៎។
24 ខាង​ឯ​មនុស្ស​មាន​ប្រាជ្ញា នោះ​ផ្លូវ​នៃ​ជីវិត​ចេះ​តែ​នាំ​ឡើង​ទៅ​លើ ដើម្បី​ឲ្យ​បាន​ឃ្លាត​ចេញ​ពី​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ដែល​នៅ​ខាង​ក្រោម។
25 ព្រះ‌យេហូវ៉ា​នឹង​បំផ្លាញ​ផ្ទះ​របស់​មនុស្ស​ឆ្មើង‌ឆ្មៃ តែ​ទ្រង់​នឹង​តាំង​គោល​ចារឹក​នៃ​ស្រី​មេម៉ាយ​ឲ្យ​មាំ‌មួន​វិញ។
26 គំនិត​អាក្រក់​ជា​សេចក្ដី​ស្អប់​ខ្ពើម​ដល់​ព្រះ‌យេហូវ៉ា តែ​ពាក្យ​សំដី​របស់​មនុស្ស​បរិសុទ្ធ នោះ​ពីរោះ​វិញ។
27 អ្នក​ណា​ដែល​លោភ​ចង់​បាន​កម្រៃ នោះ​រមែង​ធ្វើ​ឲ្យ​ផ្ទះ​ខ្លួន​កើត​ទុក្ខ តែ​អ្នក​ណា​ដែល​ស្អប់​សំណូក នោះ​នឹង​រស់​នៅ​វិញ។
28 ចិត្ត​របស់​មនុស្ស​សុចរិត​រំពឹង​គិត​ជា​មុន ទើប​ឆ្លើយ​តែ​មាត់​មនុស្ស​អាក្រក់​បង្ហូរ​ចេញ​ជា​សេចក្ដី​អាក្រក់​វិញ។
29 ព្រះ‌យេហូវ៉ា​ទ្រង់​គង់​នៅ​ឆ្ងាយ​ពី​មនុស្ស​អាក្រក់ តែ​ទ្រង់​ស្តាប់​សេចក្ដី​អធិស្ឋាន​របស់​មនុស្ស​សុចរិត​វិញ។
30 ពន្លឺ​នៃ​ភ្នែក នោះ​នាំ​ឲ្យ​ចិត្ត​រីក‌រាយ ហើយ​ដំណឹង​ដែល​គាប់​ចិត្ត នោះ​រមែង​ចម្រើន​កម្លាំង​ដល់​ឆ្អឹង។
31 ត្រចៀក​ណា​ដែល​ស្តាប់​តាម​សេចក្ដី​បន្ទោស​នៃ​ជីវិត នោះ​នឹង​អាស្រ័យ​នៅ​ជា​កណ្តាល​ពួក​អ្នក​ប្រាជ្ញ។
32 អ្នក​ណា​ដែល​មិន​ព្រម​ទទួល​សេចក្ដី​ប្រៀន‌ប្រដៅ​នោះ​ឈ្មោះ​ថា​ស្អប់​ខ្ពើម​ដល់​ព្រលឹង​ខ្លួន តែ​អ្នក​ណា​ដែល​ស្តាប់​តាម​សេចក្ដី​បន្ទោស នោះ​បាន​យោបល់​វិញ។
33 សេចក្ដី​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​រមែង​បង្រៀន​ឲ្យ​មាន​ប្រាជ្ញា ហើយ​សេចក្ដី​សុភាព‌រាបសា​តែង​តែ​នាំ​មុខ​កិត្តិសព្ទ។


ជំពូក 16

1 គំនិត​ដែល​ចាត់‌ចែង​ក្នុង​ចិត្ត នោះ​ស្រេច​នៅ​មនុស្ស តែ​គឺ​ព្រះ‌យេហូវ៉ា​ដែល​ឆ្លើយ​សម្រេច​ការ​នោះ​វិញ។
2 គ្រប់​ទាំង​ផ្លូវ​របស់​មនុស្ស​សុទ្ធ​តែ​ស្អាត​នៅ​ភ្នែក​ខ្លួន តែ​គឺ​ព្រះ‌យេហូវ៉ា​ដែល​ទ្រង់​ថ្លឹង​អស់​ទាំង​ទឹក​ចិត្ត​វិញ។
3 ចូរ​ទុក​ដាក់​អស់​ទាំង​ការ​ឯង​នៅ​នឹង​ព្រះ‌យេហូវ៉ា​ចុះ នោះ​អស់​ទាំង​គំនិត​របស់​ឯង​នឹង​បាន​សម្រេច។
4 ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ធ្វើ​គ្រប់​របស់​ទាំង​អស់ ឲ្យ​សម​នឹង​ប្រយោជន៍​នៃ​របស់​នោះ​ឯង អើ ទោះ​ទាំង​មនុស្ស​អាក្រក់​ក៏​បាន​កើត​មក​សម្រាប់​ថ្ងៃ​នៃ​សេចក្ដី​អាក្រក់​ដែរ។
5 អស់​អ្នក​ណា​ដែល​មាន​ចិត្ត​ឆ្មើង‌ឆ្មៃ នោះ​ជា​ទី​ស្អប់​ខ្ពើម​ដល់​ព្រះ‌យេហូវ៉ា ទោះ​បើ​ព្រួត​ដៃ​គ្នា គង់​តែ​គេ​មិន​រួច​ពី​ទោស​ឡើយ។
6 ឯ​អំពើ​កំហុស នោះ​នឹង​បាន​ជ្រះ​ស្អាត ដោយ‌សារ​សេចក្ដី​មេត្តា និង​សេចក្ដី​ពិត ហើយ​មនុស្ស​នឹង​រួច​ពី​សេចក្ដី​អាក្រក់​បាន ដោយ​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា។
7 កាល​ណា​ផ្លូវ​ប្រព្រឹត្ត​របស់​មនុស្ស​ណា​ជា​ទី​គាប់​ដល់​ព្រះ‌ហឫទ័យ​នៃ​ព្រះ‌យេហូវ៉ា នោះ​ទ្រង់​ក៏​បណ្តាល​ឲ្យ​ទាំង​ពួក​ខ្មាំង​សត្រូវ​បាន​ជា​មេត្រី​នឹង​អ្នក​នោះ​ដែរ។
8 បើ​មាន​ទ្រព្យ​តិច ហើយ​មាន​សេចក្ដី​សុចរិត នោះ​វិសេស​ជាង​មាន​កម្រៃ​ច្រើន តែ​មាន​សេចក្ដី​ទុច្ចរិត​វិញ។
9 ចិត្ត​របស់​មនុស្ស​រមែង​គិត​សម្រេច​ផ្លូវ​របស់​ខ្លួន តែ​គឺ​ព្រះ‌យេហូវ៉ា​ដែល​ទ្រង់​តម្រង់​ជំហាន​គេ​វិញ។
10 មាន​ពាក្យ​ទំនាយ​នៅ​ព្រះ‌រឹម​នៃ​ស្តេច ហើយ​ព្រះ‌ឱស្ឋ​ទ្រង់​នឹង​មិន​សម្រេច​ខុស​ក្នុង​ការ​វិនិច្ឆ័យ​ឡើយ។
11 ជញ្ជីង ហើយ​និង​ត្រាជូ​ត្រឹម​ត្រូវ នោះ​ជា​របស់​ផង​ព្រះ‌យេហូវ៉ា ឯ​អស់​ទាំង​កូន​ជញ្ជីង​នៅ​ក្នុង​ថង់​ក៏​ជា​ស្នាដៃ​របស់​ទ្រង់​ដែរ។
12 បើ​ស្តេច​ប្រព្រឹត្ត​អំពើ​អាក្រក់ នោះ​ជា​ទី​គួរ​ស្អប់​ខ្ពើម​ហើយ ដ្បិត​រាជ្យ​បាន​តាំង​នៅ​ជាប់ ដោយ‌សារ​តែ​សេចក្ដី​សុចរិត​ទេ។
13 ឯ​បបូរ​មាត់​សុចរិត នោះ​ជា​ទី​គាប់​ដល់​ព្រះ‌ទ័យ​នៃ​ស្តេច​ណាស់ ហើយ​ទ្រង់​ក៏​ស្រឡាញ់​ដល់​អ្នក​ណា​ដែល​ពោល​ដោយ​ត្រឹម​ត្រូវ។
14 សេចក្ដី​ក្រោធ​របស់​ស្តេច ប្រៀប​ដូច​ជា​អ្នក​បម្រើ​នៃ​សេចក្ដី​ស្លាប់ មនុស្ស​មាន​ប្រាជ្ញា​នឹង​ខំ​រំងាប់​សេចក្ដី​ក្រោធ​នោះ​ទៅ។
15 កាល​ណា​ស្តេច​មាន​ព្រះ‌‌ភ័ក្ត្រ​រីក‌រាយ នោះ​ឯង​បាន​ជីវិត​គង់​នៅ​ហើយ ឯ​ព្រះ‌គុណ​ទ្រង់​ក៏​ដូច​ជា​ពពក​នៅ​ចុង​រដូវ​ភ្លៀង។
16 ការ​ដែល​បាន​ប្រាជ្ញា នោះ​វិសេស​ជាង​បាន​មាស​តើ​អម្បាល‌ម៉ាន​ទៅ អើ ការ​ដែល​បាន​យោបល់ នោះ​គួរ​រើស​យក​ជា​ជាង​ប្រាក់​ទៅ​ទៀត។
17 ផ្លូវ​របស់​មនុស្ស​ទៀង​ត្រង់ នោះ​គឺ​ជា​ការ​ចៀស​វាង​ពី​អំពើ​អាក្រក់ អ្នក​ណា​ដែល​រក្សា​ទុក​នូវ​ផ្លូវ​ប្រព្រឹត្ត​របស់​ខ្លួន​នោះ​ឈ្មោះ​ថា​ការ‌ពារ​ព្រលឹង​ខ្លួន។
18 សេចក្ដី​ឆ្មើង‌ឆ្មៃ​នាំ​មុខ​សេចក្ដី​ហិន‌វិនាស ហើយ​ចិត្ត​ព្រហើន​ក៏​នាំ​ឲ្យ​ដួល​ចុះ​ដែរ។
19 ការ​ដែល​មាន​ចិត្ត​សុភាព​ជា​មួយ​នឹង​ពួក​មនុស្ស​រាប​ទាប នោះ​វិសេស​ជាង​ការ​ចែក​របឹប​ជា​មួយ​នឹង​មនុស្ស​អួត​អាង។
20 អ្នក​ណា​ដែល​រំពឹង​គិត​ពី​ដំណើរ​អ្វី នោះ​នឹង​បាន​សេចក្ដី​ល្អ​ចេញ​ពី​នោះ​មក ហើយ​អ្នក​ណា​ដែល​ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា នោះ​សប្បាយ​ហើយ។
21 ឯ​អ្នក​ណា​ដែល​មាន​ចិត្ត​ប្រកប​ដោយ​ប្រាជ្ញា នោះ​នឹង​បាន​ឈ្មោះ​ថា​ជា​អ្នក​ឆ្លៀវ‌ឆ្លាត ហើយ​សេចក្ដី​ផ្អែម‌ល្ហែម​នៃ​បបូរ​មាត់​ក៏​ចម្រើន​ចំណេះ​កាន់​តែ​ច្រើន​ឡើង។
22 អ្នក​ណា​ដែល​មាន​យោបល់​ហើយ យោបល់​នោះ​ឯង​ជា​រន្ធ​ទឹក​នៃ​ជីវិត​ដល់​អ្នក​នោះ ហើយ​ការ​វាយ‌ផ្ចាល​របស់​មនុស្ស​ល្ងី‌ល្ងើ គឺ​ជា​សេចក្ដី​ចម្កួត​របស់​ខ្លួន​គេ។
23 ចិត្ត​របស់​មនុស្ស​ដែល​មាន​ប្រាជ្ញា នោះ​បង្រៀន​មាត់​របស់​ខ្លួន ហើយ​ក៏​បង្កើន​ឲ្យ​បបូរ​មាត់​មាន​ចំណេះ​កាន់​តែ​ច្រើន​ឡើង​ផង។
24 ពាក្យ​សំដី​ពីរោះ នោះ​ធៀប​ដូច​ជា​សំណុំ​ឃ្មុំ ក៏​ផ្អែម​ដល់​ព្រលឹង ហើយ​ជា​ថ្នាំ​ផ្សះ​ដល់​ឆ្អឹង​ផង។
25 មាន​ផ្លូវ​មួយ​ដែល​មើល​ទៅ​ដូច​ជា​ត្រឹម​ត្រូវ​ល្អ ដល់​មនុស្ស តែ​ចុង​បំផុត​នៃ​ផ្លូវ​នោះ គឺ​ជា​សេចក្ដី​ស្លាប់។
26 ការ​ស្រេក​ឃ្លាន​របស់​អ្នក​ណា​ដែល​រក​ស៊ី នោះ​ខំ​ធ្វើ​សម្រាប់​ខ្លួន​អ្នក​នោះ​ឯង ដ្បិត​មាត់​ខ្លួន​បង្ខំ​ឲ្យ​ធ្វើ​ទៅ។
27 មនុស្ស​ចោល‌ម្សៀត​គេ​គិត​គូ​បង្កើត​ការ​អាក្រក់ ហើយ​នៅ​បបូរ​មាត់​គេ​មាន​ភ្លើង​ក្តៅ​ដែរ។
28 មនុស្ស​វៀច​វេរ​គេ​សាប‌ព្រោះ​សេចក្ដី​ទាស់‌ទែង​គ្នា ហើយ​អ្នក​បេះ‌បួយ​ក៏​នាំ​ឲ្យ​ទាំង​មិត្ត​សំឡាញ់​យ៉ាង​ជិត​ស្និទ្ធ​បាក់​បែក​គ្នា​ដែរ។
29 មនុស្ស​ច្រឡោត​គេ​ល្បួង​អ្នក​ជិត​ខាង ហើយ​ក៏​នាំ​ទៅ​ក្នុង​ផ្លូវ​ដែល​មិន​ល្អ។
30 គេ​ធ្មេច​ភ្នែក ដើម្បី​គិត‌គូរ​បង្កើត​ការ​វៀច គេ​ខាំ​មាត់​ខ្លួន ដើម្បី​នឹង​គិត​សម្រេច​ការ​អាក្រក់។
31 ឯ​សក់​ស្កូវ បើ​ឃើញ​នៅ​ក្នុង​ផ្លូវ​សុចរិត នោះ​ជា​មកុដ​នៃ​កិត្តិសព្ទ។
32 អ្នក​ណា​ដែល​យឺត​នឹង​ខឹង នោះ​វិសេស​ជាង​អ្នក​ដែល​មាន​កម្លាំង​ខ្លាំង ហើយ​អ្នក​ណា​ដែល​ឈ្នះ​ចិត្ត​ខ្លួន​ក៏​វិសេស​ជាង​អ្នក​ដែល​ឈ្នះ​យក​បាន​ទី​ក្រុង​ទៅ​ទៀត។
33 មនុស្ស​តែង​បោះ​ឆ្នោត​ទៅ​ក្នុង​ថ្នក់​អាវ ប៉ុន្តែ ដែល​សម្រេច​ទៅ​ជា​យ៉ាង​ណា នោះ​ស្រេច​នៅ​ព្រះ‌យេហូវ៉ា​ទេ។


ជំពូក 17

1 បើ​មាន​តែ​បាយ​ក្រៀម​១​ដុំ ដែល​នឹង​បរិភោគ​ដោយ​សេចក្ដី​សុខ នោះ​វិសេស​ជាង​មាន​ផ្ទះ​ពេញ​ដោយ​ការ​ជប់‌លៀង តែ​មាន​សេចក្ដី​ទាស់‌ទែង​គ្នា​វិញ។
2 បាវ​ដែល​បម្រើ​ដោយ​ប្រាជ្ញា នោះ​នឹង​ត្រួត​លើ​កូន​ដែល​នាំ​ឲ្យ​ឪពុក​មាន​សេចក្ដី​ខ្មាស ហើយ​និង​បាន​ចំណែក​មរដក​ជា​មួយ​នឹង​បង​ប្អូន​របស់​កូន​នោះ​ដែរ។
3 មនុស្ស​ប្រើ​បាវ​ដី​សម្រាប់​សំរង​ប្រាក់ ហើយ​ឡ​សម្រាប់​មាស តែ​គឺ​ព្រះ‌យេហូវ៉ា​ដែល​ទ្រង់​ល​មើល​ចិត្ត​វិញ។
4 មនុស្ស​ដែល​ប្រព្រឹត្ត​អាក្រក់ គេ​តែង​ស្តាប់​តាម​បបូរ​មាត់​អាក្រក់ ហើយ​មនុស្ស​ភូត‌ភរ​ក៏​ផ្ទៀង​ត្រចៀក ស្តាប់​អណ្តាត​កាច។
5 អ្នក​ណា​ដែល​ចំអក​ឲ្យ​មនុស្ស​ក្រ នោះ​ក៏​មើល‌ងាយ​ដល់​ព្រះ​ដែល​បង្កើត​គេ​មក​ដែរ ឯ​អ្នក​ណា​ដែល​ត្រេក‌អរ​ក្នុង​ការ​អន្តរាយ​របស់​គេ នោះ​នឹង​មិន​រួច​ពី​ទោស​ឡើយ។
6 កូន​ចៅ​ជា​មកុដ​ដល់​មនុស្ស​ចាស់ៗ ហើយ​ឪពុក​ជា​ទី​អំនួត​របស់​ពួក​កូន។
7 ពាក្យ​សំដី​ខ្ពស់​ប្រសើរ មិន​សំណំ​នឹង​មនុស្ស​ល្ងី‌ល្ងើ​ទៅ​ហើយ ចំណង់​បើ​បបូរ​មាត់​កំភូត តើ​មិន​សំណំ​នឹង​មនុស្ស​ត្រកូល​ខ្ពស់​ជា​ជាង​យ៉ាង​ណា​ទៅ។
8 សំណូក​រាប់​ដូច​ជា​ត្បូង​មាន​តម្លៃ​ដល់​អ្នក​ណា​ដែល​មាន ទោះ​បើ​ជូន​ទៅ​ខាង​ណា​ក៏​ដោយ គង់​តែ​សម្រេច​ការ​បាន។
9 អ្នក​ណា​ដែល​គ្រប​បាំង​សេចក្ដី​កំហុស​របស់​អ្នក​ដទៃ នោះ​ជា​អ្នក​ស្វែង​រក​សេចក្ដី​រាប់​អាន​គ្នា តែ​អ្នក​ណា​ដែល​ចេះ​តែ​និយាយ​សាំ​ពី​ការ​នោះ នឹង​នាំ​ឲ្យ​មិត្ត​សំឡាញ់​បាក់​បែក​គ្នា​វិញ។
10 ពាក្យ​បន្ទោស​តែ​១​ម៉ាត់ តែង​មុត​ចូល​ទៅ​ក្នុង​ចិត្ត​របស់​មនុស្ស​មាន​យោបល់ ជា​ជាង​ការ​វាយ​មនុស្ស​ល្ងី‌ល្ងើ​១០០​រំពាត់​ទៅ​ទៀត។
11 មនុស្ស​ខូច​អាក្រក់​គេ​រក​តែ​បះ‌បោរ​ម្យ៉ាង​ប៉ុណ្ណោះ ដូច្នេះ នឹង​ត្រូវ​មាន​អ្នក​បម្រើ​យ៉ាង​សាហាវ​ចេញ​មក​ទាស់​នឹង​គេ។
12 ស៊ូ​ឲ្យ​ប្រទះ​នឹង​មេ​ខ្លា‌ឃ្មុំ​ដែល​បាត់​កូន នោះ​គ្រាន់​បើ​ជាង​ប្រទះ​នឹង​មនុស្ស​ល្ងី‌ល្ងើ ដែល​កំពុង​តែ​ប្រព្រឹត្ត​ការ​ចម្កួត​របស់​ខ្លួន។
13 ឯ​អ្នក​ណា​ដែល​សង​ការ​អាក្រក់ ស្នង​នឹង​ការ​ល្អ​សេចក្ដី​អាក្រក់​នឹង​មិន​ឃ្លាត​ចេញ​ពី​ផ្ទះ​អ្នក​នោះ​ឡើយ។
14 ការ​ចាប់​ផ្តើម​ប្រកាន់​គ្នា នោះ​ប្រៀប​ដូច​ជា​បើក​ទំនប់​ទឹក ដូច្នេះ ចូរ​លើក​ការ​ទាស់​គ្នា​ចេញ មុន​ដែល​កើត​មាន​ការ​ប្រឈ្លោះ​គ្នា​ផង។
15 អ្នក​ណា​ដែល​រាប់​មនុស្ស​អាក្រក់​ជា​ឥត​មាន​ទោស ហើយ​អ្នក​ណា​ដែល​កាត់​ទោស​ដល់​មនុស្ស​សុចរិត អ្នក​ទាំង​២​នោះ​ជា​ទី​ស្អប់​ខ្ពើម​ដល់​ព្រះ‌យេហូវ៉ា។
16 ការ​ដែល​មនុស្ស​ល្ងី‌ល្ងើ​មាន​ប្រាក់​នៅ​ដៃ​សម្រាប់​នឹង​រៀន​យក​ប្រាជ្ញា នោះ​តើ​មាន​ប្រយោជន៍​អ្វី បើ​ឃើញ​ថា វា​គ្មាន​ចិត្ត​ចង់​បាន​ទេ។
17 មិត្ត​សំឡាញ់​រមែង​ស្រឡាញ់​គ្នា​នៅ​គ្រប់​វេលា ឯ​បង​ប្អូន​ក៏​កើត​មក​សម្រាប់​គ្រា​លំបាក​ដែរ។
18 មនុស្ស​ដែល​ឥត​មាន​ប្រាជ្ញា គេ​ទទួល​ចាប់​ដៃ ព្រម​ទាំង​ធានា​ពី​ដំណើរ​អ្នក​ជិត​ខាង​ខ្លួន​ផង។
19 អ្នក​ណា​ដែល​ចូល​ចិត្ត​នឹង​ការ​ឈ្លោះ​ប្រកែក នោះ​ឈ្មោះ​ថា​ជា​អ្នក​ស្រឡាញ់​អំពើ​បាប​ហើយ ចំណែក​អ្នក​ណា​ដែល​លើក​ខ្លួន​ឲ្យ​ខ្ពស់ នោះ​ជា​អ្នក​ស្វែង​រក​តែ​សេចក្ដី​ហិន‌វិនាស។
20 អ្នក​ណា​ដែល​មាន​ចិត្ត​វៀច មិន​ដែល​បាន​សេចក្ដី​ល្អ​ទេ ហើយ​អ្នក​ណា​ដែល​មាន​អណ្តាត​ចចើង នោះ​រមែង​ធ្លាក់​ទៅ​ក្នុង​សេចក្ដី​អន្តរាយ។
21 អ្នក​ណា​ដែល​បង្កើត​បាន​កូន​ជា​មនុស្ស​ល្ងី‌ល្ងើ ក៏​កើត​មាន​សេចក្ដី​ទុក្ខ​ព្រួយ ឪពុក​របស់​មនុស្ស​ល្ងី‌ល្ងើ​រមែង​គ្មាន​សេចក្ដី​អំណរ​ឡើយ។
22 ចិត្ត​ដែល​សប្បាយ​ជា​ថ្នាំ​យ៉ាង​វិសេស តែ​វិញ្ញាណ​បាក់​បែក​រមែង​ឲ្យ​ឆ្អឹង​រីង​ស្ងួត​ទៅ។
23 មនុស្ស​អាក្រក់​គេ​តែង​តែ​ទទួល​សំណូក​ដោយ​លួច​លាក់ ដើម្បី​នឹង​បង្ខូច​ផ្លូវ​យុត្តិ‌ធម៌។
24 ឯ​ប្រាជ្ញា​រមែង​នៅ​ចំពោះ​មុខ​មនុស្ស​ដែល​មាន​តម្រិះ តែ​ភ្នែក​មនុស្ស​ល្ងី‌ល្ងើ​មើល​ទៅ​ឯ​ចុង​ផែនដី​បំផុត​វិញ។
25 កូន​ល្ងី‌ល្ងើ​ជា​ហេតុ​ឲ្យ​ឪពុក​កើត​ទុក្ខ​ព្រួយ ហើយ​ជា​ទី​ជូរ​ល្វីង​ដល់​ម្តាយ​ដែល​បង្កើត​វា​មក។
26 ការ​ដែល​ធ្វើ​ទោស​ដល់​មនុស្ស​សុចរិត ឬ​វាយ​អ្នក​ត្រកូល​ខ្ពស់ ដោយ​ព្រោះ​សេចក្ដី​ទៀង​ត្រង់​របស់​គេ នោះ​មិន​ល្អ​ទេ។
27 អ្នក​ណា​ដែល​មាន​តម្រិះ​រមែង​សំចៃ​ទុក​នូវ​ពាក្យ​សំដី ហើយ​អ្នក​ណា​ដែល​មាន​យោបល់ នោះ​ក៏​តែង​តែ​មាន​ចិត្ត​ត្រជាក់​ដែរ។
28 សូម្បី​តែ​មនុស្ស​ឆ្កួត បើ​វា​នៅ​មាត់​ស្ងៀម នោះ​គេ​រាប់​ថា​ជា​អ្នក​មាន​ប្រាជ្ញា​ដែរ ឯ​អ្នក​ណា​ដែល​បិត​បបូរ​មាត់​ខ្លួន​ទុក នោះ​ក៏​រាប់​ជា​អ្នក​ឆ្លៀវ​ឆ្លាត​ហើយ។


ជំពូក 18

1 អ្នក​ណា​ដែល​ញែក​ខ្លួន​ចេញ​ពី​អ្នក​ដទៃ នោះ​ជា​អ្នក​រក​បំពេញ​តែ​ចិត្ត​ខ្លួន​ឯង​ទេ ហើយ​ក៏​មាន​ចិត្ត​គ្នាន់‌ក្នាញ់​ទាស់​នឹង​អស់​ទាំង​សេចក្ដី​ដែល​មាន​ទំនង។
2 ចំណែក​មនុស្ស​ល្ងី‌ល្ងើ​គេ​ឥត​មាន​សេចក្ដី​រីក‌រាយ​ក្នុង​យោបល់​ទេ គឺ​ចូល​ចិត្ត​តែ​នឹង​សម្ដែង​គំនិត​ក្នុង​ចិត្ត​ខ្លួន​ឯង​ចេញ​វិញ។
3 កាល​ណា​មនុស្ស​អាក្រក់​មក​ដល់ នោះ​សេចក្ដី​មើល‌ងាយ​មាន​ជាប់​តាម​មក​ដែរ ហើយ​សេចក្ដី​ត្មះ‌តិះដៀល​ក៏​រមែង​មក​ជា​មួយ​នឹង​សេចក្ដី​អាប់‌យស​ផង។
4 ពាក្យ​សំដី​ដែល​ចេញ​ពី​មាត់​មនុស្ស ធៀប​ដូច​ជា​ទឹក​ជ្រៅ ហើយ​ទី​បញ្ចេញ​ប្រាជ្ញា​ក៏​ដូច​ជា​ជ្រោះ​ទឹក​ហូរ ។
5 ការ​ដែល​យោគ‌យល់​ដល់​មនុស្ស​អាក្រក់ ហើយ​ការ​បង្វែរ​សេចក្ដី​យុត្តិ‌ធម៌​ក្នុង​ការ​វិនិច្ឆ័យ នោះ​មិន​ល្អ​ទេ។
6 បបូរ​មាត់​មនុស្ស​ល្ងី‌ល្ងើ​តែង​តែ​ស៊ក​ចូល​ក្នុង​សេចក្ដី​ឈ្លោះ​ប្រកែក​គ្នា ហើយ​មាត់​វា​តឿន​តែ​រំពាត់​ទេ។
7 មាត់​របស់​មនុស្ស​ល្ងី‌ល្ងើ​ជា​ហេតុ​នាំ​ឲ្យ​ខ្លួន​ត្រូវ​វិនាស​ទៅ ហើយ​បបូរ​មាត់​ក៏​ជា​អន្ទាក់​ដល់​ព្រលឹង​ខ្លួន​ដែរ។
8 ពាក្យ​សំដី​របស់​មនុស្ស​បេះ‌បួយ ធៀប​ដូច​ជា​ម្ហូប​យ៉ាង​ឆ្ងាញ់​១​ម៉ាត់ ដែល​លេប​ចុះ​ទៅ​ក្នុង​ពោះ។
9 អ្នក​ណា​ដែល​ធ្វេស​ប្រហែស​នឹង​ការ​របស់​ខ្លួន នោះ​ឈ្មោះ​ថា​ជា​បង​ប្អូន​នឹង​អ្នក​ដែល​បំផ្លាញ។
10 ព្រះ‌នាម​ព្រះ‌យេហូវ៉ា​ជា​ប៉ម​មាំ‌មួន មនុស្ស​សុចរិត​រត់​ចូល​ទៅ​ពឹង​ជ្រក ហើយ​មាន​សេចក្ដី​សុខ។
11 ឯ​មនុស្ស​អ្នក​មាន​វិញ ទ្រព្យ​សម្បត្តិ​របស់​គេ​ជា​ទី​ក្រុង​មាំ‌មួន ហើយ​តាម​គំនិត​របស់​គេ ក៏​យល់​ថា​ជា​កំផែង​យ៉ាង​ខ្ពស់​ដែរ។
12 មុន​នឹង​ត្រូវ​វិនាស នោះ​ចិត្ត​របស់​មនុស្ស​កើត​មាន​សេចក្ដី​ឆ្មើង‌ឆ្មៃ ឯ​សេចក្ដី​រាបសា នោះ​រមែង​តែ​នាំ​មុខ​កិត្តិយស​វិញ។
13 អ្នក​ណា​ដែល​ឆ្លើយ​មុន​ដែល​បាន​ស្តាប់​រឿង នោះ​រាប់​ជា​ការ​ចម្កួត​ហើយ ក៏​ជា​សេចក្ដី​ខ្មាស​ដល់​ខ្លួន​ផង។
14 វិញ្ញាណ​នៃ​មនុស្ស​នឹង​ទប់‌ទល់​ខ្លួន​ក្នុង​គ្រា​មាន​ធុរៈ​ឈឺ តែ​ឯ​វិញ្ញាណ​បាក់‌បែក តើ​អ្នក​ណា​នឹង​ទ្រាំ​បាន។
15 ចិត្ត​របស់​មនុស្ស​វាង‌វៃ​តែង​តែ​ចម្រើន​ចំណេះ​ឡើង ហើយ​ត្រចៀក​របស់​មនុស្ស​ដែល​មាន​ប្រាជ្ញា​ក៏​ស្វះ‌ស្វែង​រក​ចំណេះ​ដែរ។
16 ជំនូន​របស់​មនុស្ស​រមែង​បើក​ផ្លូវ​ឲ្យ​ដល់​ខ្លួន ក៏​នាំ​ចូល​ទៅ​ដល់​ចំពោះ​អ្នក​ធំ​ផង។
17 អ្នក​ណា​ដែល​និយាយ​មុន​គេ​ក្នុង​ការ​ក្តី នោះ​មើល​ទៅ​ដូច​ជា​ត្រឹម​ត្រូវ​ហើយ តែ​គូ​ក្តី​របស់​អ្នក​នោះ​មក​បើក​សម្ដែង​ឲ្យ​ឃើញ​កំហុស​វិញ។
18 ការ​ចាប់​ឆ្នោត​តែង​នឹង​ធ្វើ​ឲ្យ​សេចក្ដី​ទាស់‌ទែង​គ្នា​បាត់​ទៅ ហើយ​និង​ញែក​មនុស្ស​ដែល​មាន​អំណាច​ចេញ​ពី​គ្នា​ដែរ។
19 បង​ប្អូន​ណា​ដែល​បាន​អន់​ចិត្ត​ហើយ នោះ​ពិបាក​ពង្រាប​ជា​ជាង​ទី​ក្រុង​យ៉ាង​មាំ‌មួន ហើយ​សេចក្ដី​ទាស់‌ទែង​គ្នា​យ៉ាង​នោះ ធៀប​ដូច​ជា​រនុក​ទ្វារ​បន្ទាយ។
20 មនុស្ស​នឹង​បាន​ឆ្អែត​ពោះ ដោយ​ផល​នៃ​មាត់​ខ្លួន គឺ​នឹង​បាន​ស្កប់​ចិត្ត ដោយ​ផល​ចម្រើន​នៃ​បបូរ​មាត់។
21 ទោះ​ទាំង​សេចក្ដី​ស្លាប់ ហើយ​និង​ជីវិត​ក៏​នៅ​ក្នុង​អំណាច​នៃ​អណ្តាត​ដែរ អ្នក​ណា​ដែល​ចូល​ចិត្ត​ប្រើ នោះ​នឹង​ស៊ី​ផល​នៃ​អណ្តាត​នោះ​ឯង។
22 អ្នក​ណា​ដែល​រក​បាន​ប្រពន្ធ នោះ​ឈ្មោះ​ថា​បាន​របស់​ល្អ ហើយ​បាន​ប្រកប​ដោយ​ព្រះ‌គុណ​នៃ​ព្រះ‌យេហូវ៉ា​ដែរ។
23 មនុស្ស​ក្រ​គេ​ពោល​ពាក្យ​អង្វរ តែ​មនុស្ស​អ្នក​មាន​តប​ដោយ​ពាក្យ​គំហក​វិញ។
24 អ្នក​ណា​ដែល​មាន​មិត្ត​ភក្តិ​ច្រើន នោះ​នាំ​ឲ្យ​វិនាស​ខ្លួន​ទេ ប៉ុន្តែ មាន​មិត្ត​សំឡាញ់​ម្យ៉ាង​ដែល​នៅ​ជាប់​ជាង​បង​ប្អូន​ទៅ​ទៀត។


ជំពូក 19

1 ឯ​មនុស្ស​ទាល់​ក្រ​ដែល​ដើរ​តាម​ផ្លូវ​ទៀង​ត្រង់ នោះ​វិសេស​ជាង​មនុស្ស​ដែល​មាន​បបូរ​មាត់​ចចើង ហើយ​ចិត្ត​ល្ងី‌ល្ងើ។
2 មួយ​ទៀត ការ​ដែល​ចិត្ត​ឥត​មាន​ចំណេះ នោះ​មិន​គួរ​គប្បី​ទេ ហើយ​អ្នក​ណា​ដែល​រហ័ស​ឈាន​ទៅ នោះ​ជ្រួស​ផ្លូវ​ហើយ។
3 សេចក្ដី​ចម្កួត​របស់​មនុស្ស​រមែង​បង្ខូច​ផ្លូវ​ខ្លួន​ទៅ ហើយ​អ្នក​នោះ​ក៏​អន់​ចិត្ត​ចំពោះ​ព្រះ‌យេហូវ៉ា​ដែរ។
4 ការ​ដែល​មាន​ទ្រព្យ​សម្បត្តិ នោះ​នាំ​ឲ្យ​មាន​មិត្ត‌ភក្តិ​កើន​ឡើង តែ​មនុស្ស​ក្រ​ត្រូវ​ពង្រាត់​ពី​ពួក​មិត្ត‌ភក្តិ​វិញ។
5 សាក្សី​ភូត‌ភរ​នឹង​មិន​រួច​ចាក​ទោស​ឡើយ ហើយ​អ្នក​ណា​ដែល​ពោល​ពាក្យ​កុហក​ក៏​នឹង​គេច​មិន​រួច​ដែរ។
6 មនុស្ស​ជា​ច្រើន​នឹង​ខំ​យក​ចិត្ត​របស់​មនុស្ស​សទ្ធា ហើយ​អ្នក​ណា​ក៏​ដោយ ក៏​ជា​មិត្ត​សំឡាញ់​នឹង​អ្នក​ដែល​ចែក​អំណោយ​ទាន​ដែរ។
7 អស់​ទាំង​បង​ប្អូន​របស់​អ្នក​ទាល់​ក្រ​ក៏​ស្អប់​អ្នក​នោះ ចំណង់​បើ​មិត្ត‌ភក្តិ តើ​នឹង​ឃ្លាត​ចេញ​ឆ្ងាយ​ពី​អ្នក​នោះ​ជា​ជាង​អម្បាល‌ម៉ាន​ទៅ​ទៀត អ្នក​នោះ​នឹង​តាម​ទៅ​អង្វរ តែ​គេ​គេច​បាត់​ទៅ។
8 អ្នក​ណា​ដែល​បាន​ប្រាជ្ញា នោះ​ជា​អ្នក​ស្រឡាញ់​ដល់​ព្រលឹង​ខ្លួន អ្នក​ណា​ដែល​រក្សា​យោបល់​ទុក នោះ​នឹង​បាន​សេចក្ដី​ល្អ។
9 សាក្សី​ភូត‌ភរ​នឹង​មិន​រួច​ចាក​ពី​ទោស​ឡើយ ហើយ​អ្នក​ណា​ដែល​ពោល​ពាក្យ​កុហក​នឹង​ត្រូវ​វិនាស​ទៅ។
10 ការ​ដែល​អាស្រ័យ​នៅ​ដោយ​រុងរឿង នោះ​មិន​សម​នឹង​មនុស្ស​ល្ងី‌ល្ងើ​ទេ ចំណង់​បើ​ខ្ញុំ​កំដរ ដែល​មាន​អំណាច​លើ​អ្នក​ធំ តើ​មិន​សម​គួរ​ជា​ជាង​អម្បាល‌ម៉ាន​ទៅ។
11 សតិ‌បញ្ញា​របស់​មនុស្ស​នឹង​នាំ​ឲ្យ​យឺត​នឹង​ខឹង អ្នក​នោះ​ក៏​តែង​មាន​ចិត្ត​អរ ដោយ​មិន​ប្រកាន់​ទោស​វិញ។
12 សេចក្ដី​ក្រោធ​នៃ​ស្តេច ធៀប​ដូច​ជា​សូរ​គ្រហឹម​នៃ​សិង្ហ តែ​ព្រះ‌គុណ​ទ្រង់​ដូច​ជា​ទឹក​សន្សើម​នៅ​លើ​ស្មៅ​វិញ។
13 កូន​ល្ងី‌ល្ងើ​ជា​ទី​អន្តរាយ​ដល់​ឪពុក ហើយ​ការ​ឌុក‌ដាន់​របស់​ប្រពន្ធ ក៏​ដូច​ជា​ទឹក​ស្រក់​តក់ៗ​មក​ជានិច្ច។
14 ផ្ទះ‌សំបែង និង​ទ្រព្យ​សម្បត្តិ ជា​មរដក​មក​ពី​ឪពុក​តែ​ប្រពន្ធ​ដែល​ឆ្លៀវ‌ឆ្លាត នោះ​ហើយ​ជា​អំណោយ​ទាន​មក​ពី​ព្រះ‌យេហូវ៉ា។
15 សេចក្ដី​ខ្ជិល​ច្រអូស​រមែង​ធ្វើ​ឲ្យ​មនុស្ស​លក់​ស្និទ្ធ​ទៅ ហើយ​អ្នក​ណា​ដែល​ទទេៗ នោះ​នឹង​ត្រូវ​អត់‌ឃ្លាន។
16 អ្នក​ណា​ដែល​កាន់​តាម​ក្រឹត្យ‌វិន័យ នោះ​ឈ្មោះ​ថា​រក្សា​ព្រលឹង​ខ្លួន តែ​អ្នក​ណា​ដែល​មិន​ប្រយ័ត​នឹង​ផ្លូវ​ប្រព្រឹត្ត​របស់​ខ្លួន នោះ​នឹង​ត្រូវ​ស្លាប់​វិញ។
17 អ្នក​ណា​ដែល​មាន​ចិត្ត​អាណិត​ចែក​ដល់​ពួក​ទាល់​ក្រ នោះ​ឈ្មោះ​ថា​ថ្វាយ​ឲ្យ​ព្រះ‌យេហូវ៉ា​ខ្ចី ទ្រង់​នឹង​តប​ស្នង​សង​គុណ​អ្នក​នោះ​វិញ។
18 ចូរ​វាយ‌ផ្ចាល​កូន ក្នុង​កាល​ដែល​នៅ​មាន​សង្ឃឹម​ឲ្យ​វា​រាង‌ចាល​នៅ​ឡើយ មិន​គួរ​នឹង​លើក​លែង​ចោល​វា​ឲ្យ​ត្រូវ​វិនាស​ទេ។
19 អ្នក​ណា​ដែល​មាន​ចិត្ត​ក្រោធ​ជា​ខ្លាំង នោះ​នឹង​ត្រូវ​រង​ទោស ដ្បិត​បើ​ឯង​ជួយ​វា​ឲ្យ​រួច នោះ​នឹង​ត្រូវ​ជួយ​ត​ទៅ​ទៀត។
20 ចូរ​ស្តាប់​សេចក្ដី​ដំបូន្មាន ហើយ​ទទួល​សេចក្ដី​ប្រៀន‌ប្រដៅ​ចុះ ដើម្បី​ឲ្យ​មាន​ប្រាជ្ញា​ទៅ​ខាង​មុខ។
21 នៅ​ក្នុង​ចិត្ត​មនុស្ស​តែង​មាន​គំនិត​គិត​ធ្វើ​ជា​ច្រើន​យ៉ាង មាន​តែ​ដំបូន្មាន​នៃ​ព្រះ‌យេហូវ៉ា​ប៉ុណ្ណោះ ដែល​នឹង​ស្ថិត‌ស្ថេរ​នៅ។
22 សេចក្ដី​ដែល​នាំ​ឲ្យ​គេ​រក​ពឹង​ដល់​មនុស្ស​ណា នោះ​គឺ​ជា​សេចក្ដី​សប្បុរស​របស់​អ្នក​នោះ​ឯង ហើយ​មនុស្ស​ទាល់​ក្រ​រមែង​វិសេស​ជាង​មនុស្ស​ភូត‌ភរ។
23 សេចក្ដី​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា នោះ​ប្រោស​ឲ្យ​មាន​ជីវិត ហើយ​អ្នក​ណា​ដែល​មាន​សេចក្ដី​នោះ​នឹង​នៅ​តែ​មាន​ចិត្ត​ស្កប់‌ស្កល់​ជានិច្ច ឥត​មាន​សេចក្ដី​អាក្រក់​ណា​មក​លើ​ខ្លួន​ឡើយ។
24 មនុស្ស​ខ្ជិល​ច្រអូស​គេ​លូក​ដៃ​ទៅ​ក្នុង​ចាន ហើយ​មិន​ដក​មក សូម្បី​តែ​នឹង​បញ្ចុក​មាត់​ខ្លួន​ផង។
25 ចូរ​វាយ​មនុស្ស​ចំអក​មើល‌ងាយ នោះ​មនុស្ស​ខ្លៅ​ល្ងង់​នឹង​ចេះ​ប្រយ័ត​ឡើង ចូរ​បន្ទោស​ដល់​អ្នក​ណា​ដែល​មាន​យោបល់ អ្នក​នោះ​នឹង​ស្តាប់​បាន​តាម​លំអាន។
26 អ្នក​ណា​ដែល​បំផ្លាញ​ឪពុក​ខ្លួន ហើយ​បណ្តេញ​ម្តាយ​ចេញ នោះ​ជា​កូន​ដែល​នាំ​ឲ្យ​មាន​សេចក្ដី​ខ្មាស និង​សេចក្ដី​ដំណៀល។
27 កូន​អើយ ចូរ​លែង​ស្តាប់​តាម​សេចក្ដី​ដំបូន្មាន​ដែល​នាំ​ឲ្យ​វង្វេង​ពី​ផ្លូវ​នៃ​តម្រិះ​ចេញ។
28 សាក្សី​កោង‌កាច​គេ​ចំអក​មើល‌ងាយ​ចំពោះ​សេចក្ដី​យុត្តិ‌ធម៌ ហើយ​មាត់​របស់​មនុស្ស​អាក្រក់​ក៏​ត្របាក់​លេប​អំពើ​ទុច្ចរិត​ដែរ។
29 សេចក្ដី​វិនិច្ឆ័យ​បាន​បម្រុង​ជា​ស្រេច​សម្រាប់​មនុស្ស​ចំអក ហើយ​ការ​វាយ​ដោយ​រំពាត់​ក៏​សម្រាប់​ខ្នង​នៃ​មនុស្ស​ល្ងី‌ល្ងើ។


ជំពូក 20

1 ឯ​ស្រា​ទំពាំង‌បាយ‌ជូរ ជា​របស់​បញ្ឆោត​មើល‌ងាយ ហើយ​គ្រឿង​ស្រវឹង​បង្កើត​ការ​ឡូឡា អ្នក​ណា​ដែល​វង្វេង​ដោយ​គ្រឿង​ទាំង​២​នោះ ឈ្មោះ​ថា​គ្មាន​ប្រាជ្ញា។
2 សេចក្ដី​ស្ញែង​ខ្លាច​របស់​ស្តេច នោះ​ប្រៀប​ដូច​ជា​សំឡេង​គ្រហឹម​នៃ​សិង្ហ អ្នក​ណា​ដែល​បណ្តាល​ឲ្យ​ទ្រង់​ខ្ញាល់​ឡើង នោះ​ឈ្មោះ​ថា​ធ្វើ​បាប​ដល់​ជីវិត​ខ្លួន​ហើយ។
3 អ្នក​ណា​ដែល​មិន​ព្រម​បៀត​ខ្លួន​ក្នុង​ការ​ឈ្លោះ​ប្រកែក​គ្នា នោះ​ជា​កិត្តិសព្ទ​ដល់​ខ្លួន​ហើយ ប៉ុន្តែ គ្រប់​ទាំង​មនុស្ស​ល្ងី‌ល្ងើ​គេ​ចេះ​តែ​រក​រឿង​វិញ។
4 មនុស្ស​ខ្ជិល​ច្រអូស​មិន​ព្រម​ភ្ជួរ‌រាស់ ដោយ​ព្រោះ​នៅ​រងា​នៅ​ឡើយ ដូច្នេះ គេ​នឹង​ត្រូវ​សុំទាន​ក្នុង​រដូវ​ចម្រូូត ហើយ​ខ្វះ​ខាត​វិញ។
5 សេចក្ដី​ដំបូន្មាន​នៅ​ក្នុង​ចិត្ត​មនុស្ស នោះ​ធៀប​ដូច​ជា​អណ្តូង​ដ៏​ជ្រៅ តែ​មនុស្ស​ដែល​មាន​យោបល់​គេ​នឹង​ដង​ឡើង​បាន។
6 មនុស្ស​ស្ទើរ​តែ​ទាំង​អស់​សុទ្ធ​តែ​ជា​អ្នក​ប្រកាស​គុណ​របស់​ខ្លួន តើ​អ្នក​ណា​នឹង​រក​មនុស្ស​ទៀង​ត្រង់ សូម្បី​តែ​ម្នាក់​បាន។
7 មនុស្ស​សុចរិត​គេ​ដើរ​តាម​ផ្លូវ​ទៀង​ត្រង់​របស់​ខ្លួន​កូន​ចៅ​របស់​អ្នក​នោះ​មាន​ពរ​ត​រៀង​ទៅ។
8 កាល​ណា​ស្តេច​ឡើង​គង់​នៅ​ទី​វិនិច្ឆ័យ នោះ​ទ្រង់​កំចាត់​អស់​ទាំង​អំពើ​អាក្រក់ ដោយ‌សារ​ព្រះ‌នេត្រ​ទ្រង់។
9 តើ​អ្នក​ណា​អាច​នឹង​និយាយ​បាន​ថា ខ្ញុំ​បាន​ជម្រះ​ចិត្ត​ខ្ញុំ​ឲ្យ​ស្អាត ខ្ញុំ​បាន​បរិសុទ្ធ​រួច​ពី​បាប​របស់​ខ្ញុំ​ហើយ។
10 កូន​ជញ្ជីង​ឆ​ផ្សេងៗ ហើយ​រង្វាល់​កោង​ផ្សេងៗ​ទាំង​២​យ៉ាង​នោះ​ជា​ទី​ស្អប់​ខ្ពើម​ដល់​ព្រះ‌យេហូវ៉ា។
11 សូម្បី​តែ​កូន​ក្មេង​ក៏​សម្ដែង​ខ្លួន​ដោយ‌សារ​កិរិយា​ប្រព្រឹត្ត​របស់​វា​ដែរ ឲ្យ​ដឹង​ជា​កិរិយា​នោះ​បរិសុទ្ធ ហើយ​ត្រឹម​ត្រូវ​ឬ​យ៉ាង​ណា។
12 ការ​ស្តាប់​ឮ​ដោយ​ត្រចៀក ហើយ​មើល​ឃើញ​ដោយ​ភ្នែក នោះ​គឺ​ព្រះ‌យេហូវ៉ា​ដែល​បង្កើត​ទាំង​២​យ៉ាង។
13 កុំ​ឲ្យ​ល្មោភ​ដេក ក្រែង​លោ​ត្រឡប់​ជា​ទាល់​ក្រ ចូរ​បើក​ភ្នែក​ឡើង នោះ​នឹង​បាន​អាហារ​ឆ្អែត។
14 អ្នក​ដែល​ទិញ​រមែង​ថា របស់​នេះ​អាក្រក់ អាក្រក់​ណាស់ តែ​កាល​ណា​ដើរ​ហួស​ទៅ នោះ​ក៏​អួត​ខ្លួន​វិញ។
15 មាស ហើយ​ត្បូង​ទទឹម​មាន​ជា​បរិបូរ តែ​បបូរ​មាត់​ដែល​ប្រកប​ដោយ​ចំណេះ នោះ​ជា​ត្បូង​មាន​តម្លៃ​យ៉ាង​ប្រសើរ​វិញ។
16 ចូរ​ទទួល​បញ្ចាំ​អាវ​របស់​អ្នក​ដែល​ធានា​ឲ្យ​មនុស្ស​ដទៃ ហើយ​ទារ​របស់​បញ្ចាំ​ពី​អ្នក​សន្យា​ជំនួស​អ្នក​ក្រៅ​ចុះ។
17 អាហារ​ដែល​មនុស្ស​ណា​បាន​ដោយ​ការ​កំភូត នោះ​រមែង​ឆ្ងាញ់​ដល់​ខ្លួន តែ​ក្រោយ​មក មាត់​មាន​ពេញ​ទៅ​ដោយ​ក្រួស​វិញ។
18 អស់​ទាំង​គំនិត​ដែល​ចង់​ធ្វើ នោះ​បាន​សម្រេច​មែន‌ទែន ដោយ‌សារ​ការ​ប្រឹក្សា​គ្នា ហើយ​បើ​មាន​អ្នក​ជួយ​គំនិត​ដោយ​ប្រាជ្ញា នោះ​សឹម​ធ្វើ​សង្គ្រាម​ទៅ​ចុះ។
19 អ្នក​ណា​ដែល​ដើរ​ចុះ​ឡើង​និយាយ​ដើម​គេ នោះ​ជា​អ្នក​បើក​សម្ដែង​ការ​លាក់​កំបាំង​ហើយ ដូច្នេះ កុំ​ឲ្យ​ភប់‌ប្រសព្វ​នឹង​អ្នក​ណា​ដែល​មាន​មាត់​ប៉ាច‌រហាច​ឡើយ។
20 អ្នក​ណា​ដែល​ប្រទេច​ផ្តាសា​ឪពុក​ម្តាយ ចង្កៀង​របស់​អ្នក​នោះ​នឹង​ត្រូវ​ពន្លត់​នៅ​ក្នុង​ទី​ងងឹត​សូន្យ‌សុង។
21 ឯ​មរដក​ដែល​ដើម​ដំបូង​បាន​យ៉ាង​រួស‌រាន់ នោះ​ដល់​ចុង​ក្រោយ​មិន​បាន​ពរ​ទេ។
22 កុំ​ឲ្យ​ថា អញ​នឹង​សង‌សឹក​នោះ​ឡើយ ចូរ​រង់‌ចាំ​ព្រះ‌យេហូវ៉ា​ចុះ ទ្រង់​នឹង​ជួយ​សង្គ្រោះ​ឯង​វិញ។
23 កូន​ជញ្ជីង​ឆ​ផ្សេងៗ​ជា​ទី​ស្អប់​ខ្ពើម​ដល់​ព្រះ‌យេហូវ៉ា ហើយ​ត្រាជូ​ក្លែង នោះ​មិន​ល្អ​ទេ។
24 ផ្លូវ​ដើរ​របស់​មនុស្ស នោះ​ស្រេច​នៅ​ព្រះ‌យេហូវ៉ា ដូច្នេះ ធ្វើ​ដូច​ម្តេច​ឲ្យ​មនុស្ស​យល់​ផ្លូវ​ខ្លួន​បាន។
25 ការ​ដែល​និយាយ​ឥត​បើ​គិត​ថា នេះ​ជា​តង្វាយ​ថ្វាយ​ព្រះ​ហើយ រួច​កាល​ណា​បាន​បន់​ព្រះ​ហើយ ទើប​ស៊ើប​សួរ​ជា​ខាង​ក្រោយ នោះ​ជា​អន្ទាក់​ដល់​មនុស្ស​ហើយ។
26 ស្តេច​ដែល​មាន​ប្រាជ្ញា ទ្រង់​កំចាត់​មនុស្ស​អាក្រក់​ចេញ ហើយ​ឲ្យ​កង់​បញ្ជាន់​ស្រូវ​កិន​លើ​គេ។
27 វិញ្ញាណ​របស់​មនុស្ស​ជា​ចង្កៀង​នៃ​ព្រះ‌យេហូវ៉ា ក៏​ស្ទង់​មើល​ទៅ​គ្រប់​ក្នុង​ចំណែក​នៃ​រាង​កាយ។
28 សេចក្ដី​មេត្តា និង​សេចក្ដី​ទៀង​ត្រង់ រមែង​ការ‌ពារ​ស្តេច ហើយ​បល្ល័ង្ក‌រាជ្យ​ទ្រង់​ក៏​ស្ថិត​នៅ ដោយ‌សារ​សេចក្ដី​សប្បុរស​ដែរ។
29 កម្លាំង​កាយ​ជា​សេចក្ដី​អំនួត​របស់​មនុស្ស​កំលោះ ហើយ​សក់​ស្កូវ​ជា​គ្រឿង​លំអ​ដល់​មនុស្ស​ចាស់។
30 ការ​វាយ​ដោយ​រំពាត់​ឲ្យ​ត្រូវ​របួស នោះ​នឹង​សម្អាត​អំពើ​អាក្រក់​ចេញ ហើយ​ការ​វាយ​ដោយ​ដំបង ក៏​នឹង​ចូល​ទៅ​ដល់​ខាង​ក្នុង​ខ្លួន​ដែរ។


ជំពូក 21

1 ព្រះ‌ទ័យ​នៃ​ស្តេច នោះ​នៅ​ក្នុង​ព្រះ‌ហស្ត​ព្រះ‌យេហូវ៉ា ដូច​ជា​ផ្លូវ​នៃ​ទឹក​ហូរ​ទាំង‌ឡាយ ទ្រង់​ឲ្យ​បែរ​ហូរ​ទៅ​ខាង​ណា​ក៏​តាម​តែ​ព្រះ‌ហឫទ័យ។
2 គ្រប់​ទាំង​ផ្លូវ​របស់​មនុស្ស សុទ្ធ​តែ​ត្រឹម​ត្រូវ​នៅ​ភ្នែក​ខ្លួន តែ​ព្រះ‌យេហូវ៉ា​ទ្រង់​ថ្លឹង​ចិត្ត​វិញ។
3 ការ​ដែល​ប្រព្រឹត្ត​តាម​សេចក្ដី​សុចរិត និង​សេចក្ដី​យុត្តិ‌ធម៌ នោះ​ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ដល់​ព្រះ‌យេហូវ៉ា​ជា​ជាង​យញ្ញ‌បូជា​ទៅ​ទៀត។
4 ឫក​ខ្ពស់ និង​ចិត្ត​អំនួត គឺ​ចង្កៀង​របស់​មនុស្ស​អាក្រក់​នោះ​ហៅ​ថា​ជា​អំពើ​បាប​ទាំង​អស់។
5 គំនិត​របស់​មនុស្ស​ឧស្សាហ៍ នោះ​នាំ​ឲ្យ​បាន​បរិបូរ​ឡើង​តែ​ម្យ៉ាង តែ​អស់​អ្នក​ណា​ដែល​មាន​ចិត្ត​រលះ‌រលាំង​នោះ​នឹង​បាន​តែ​សេចក្ដី​ខ្វះ​ខាត​វិញ។
6 ការ​ដែល​ប្រមូល​ទ្រព្យ​សម្បត្តិ ដោយ‌សារ​អណ្តាត​ភូត‌ភរ នោះ​ជា​ចំហាយ​ទឹក​ទទេ ដែល​ផាត់​ទៅ​មក ដោយ​ពួក​អ្នក​ដែល​រក​ស្លាប់។
7 សេចក្ដី​ច្រឡោត​របស់​មនុស្ស​អាក្រក់​នឹង​បោស​ខ្លួន​គេ​ចេញ​ទៅ ដោយ​ព្រោះ​គេ​មិន​ព្រម​ប្រព្រឹត្ត​តាម​សេចក្ដី​យុត្តិ‌ធម៌​សោះ។
8 ផ្លូវ​របស់​មនុស្ស​ណា​ដែល​ផ្ទុក​ដោយ​ទោស​ច្រើន​នោះ​ជា​ផ្លូវ​វៀច​ណាស់ តែ​ចំណែក​មនុស្ស​សុចរិត​វិញ ការ​ដែល​គេ​ប្រព្រឹត្ត​សុទ្ធ​តែ​ទៀង​ត្រង់។
9 ស៊ូ​នៅ​ក្នុង​ទី​កៀន​១​នៅ​លើ​ដំបូល​ផ្ទះ ជា​ជាង​នៅ​ក្នុង​ផ្ទះ​ធំ​ទូលាយ​ជា​មួយ​នឹង​ស្ត្រី​ដែល​ចេះ​តែ​រក​រឿង​វិញ។
10 ព្រលឹង​នៃ​មនុស្ស​អាក្រក់​ប្រាថ្នា​តែ​ការ​អាក្រក់ ទោះ​ទាំង​អ្នក​ជិត​ខាង​ក៏​មិន​ប្រកប​ដោយ​គុណ​អ្នក​នោះ​ដែរ។
11 កាល​មនុស្ស​ចំអក​មើល‌ងាយ​ត្រូវ​ទោស​ហើយ​នោះ​មនុស្ស​ខ្លៅ​ល្ងង់​ក៏​មាន​ប្រាជ្ញា​ឡើង ហើយ​កាល​ណា​មនុស្ស​មាន​ប្រាជ្ញា​បាន​ទទួល​សេចក្ដី​ប្រៀន‌ប្រដៅ នោះ​ក៏​មាន​ចំណេះ​ឡើង​ដែរ។
12 មនុស្ស​សុចរិត​រមែង​ពិចារណា​មើល​វង្ស​នៃ​មនុស្ស​អាក្រក់ ឃើញ​ថា គេ​ត្រូវ​រំលំ​ឲ្យ​វិនាស​បាត់​ទៅ។
13 អ្នក​ណា​ដែល​ចុក​ត្រចៀក​មិន​ស្តាប់​ពាក្យ​អំពាវ‌នាវ​របស់​មនុស្ស​ទាល់​ក្រ អ្នក​នោះ​ឯង​នឹង​ត្រូវ​អំពាវ‌នាវ​ដែរ តែ​មិន​មាន​អ្នក​ណា​ស្តាប់​ឡើយ។
14 អំណោយ​ដែល​ឲ្យ​ដោយ​ស្ងាត់​កំបាំង នោះ​រមែង​រំងាប់​សេចក្ដី​កំហឹង ហើយ​ជំនូន​ដែល​ជូន​ដោយ​លួច​លាក់​ក៏​បំបាត់​សេចក្ដី​ឃោរ‌ឃៅ​ដែរ។
15 ការ​ដែល​ប្រព្រឹត្ត​ដោយ​យុត្តិ‌ធម៌ នោះ​ជា​សេចក្ដី​អំណរ​ដល់​មនុស្ស​សុចរិត តែ​នោះ​ជា​សេចក្ដី​វិនាស​ដល់​មនុស្ស​ដែល​ប្រព្រឹត្ត​ទុច្ចរិត​វិញ។
16 មនុស្ស​ណា​ដែល​វង្វេង​ចេញ​ពី​ផ្លូវ​នៃ​ប្រាជ្ញា នោះ​នឹង​សម្រាក​នៅ​ក្នុង​ចំណោម​មនុស្ស​ស្លាប់​ហើយ។
17 ឯ​អ្នក​ណា​ដែល​ចូល​ចិត្ត​តែ​នឹង​ការ​លេង​សប្បាយ នោះ​នឹង​ត្រូវ​ជា​មនុស្ស​ទាល់​ក្រ​ទៅ អ្នក​ណា​ដែល​ចូល​ចិត្ត​តែ​ស្រា ហើយ​និង​ប្រេង នោះ​មិន​ដែល​ទៅ​ជា​អ្នក​មាន​ទេ។
18 មនុស្ស​អាក្រក់​គេ​សម្រាប់​ជា​ថ្លៃ​លោះ​មនុស្ស​សុចរិត ហើយ​មនុស្ស​ក្បត់​ក៏​ជំនួស​មនុស្ស​ទៀង​ត្រង់​ដែរ។
19 ស៊ូ​អាស្រ័យ​នៅ​ក្នុង​ទី​សូន្យ​ស្ងាត់ ជា​ជាង​នៅ​ជា​មួយ​នឹង​ស្ត្រី​ដែល​ចេះ​តែ​រក​រឿង ហើយ​អុច‌អាល​វិញ។
20 មាន​ទ្រព្យ​វិសេស និង​ប្រេង នៅ​ក្នុង​ទី​លំនៅ​របស់​មនុស្ស​មាន​ប្រាជ្ញា តែ​មនុស្ស​ល្ងី‌ល្ងើ​រមែង​លេប​បង្ហិន​ទាំង​អស់​ទៅ។
21 អ្នក​ណា​ដែល​ប្រព្រឹត្ត​តាម​សេចក្ដី​សុចរិត និង​សេចក្ដី​សប្បុរស នោះ​រមែង​បាន​ជីវិត សេចក្ដី​សុចរិត និង​កិត្តិសព្ទ។
22 ឯ​មនុស្ស​មាន​ប្រាជ្ញា​គេ​ឡើង​ចូល​ក្នុង​ទី​ក្រុង​របស់​មនុស្ស​ខ្លាំង​ពូកែ ហើយ​និង​នាំ​ឲ្យ​កម្លាំង​ដែល​គេ​ពឹង‌ពាក់​ធ្លាក់​ចុះ​វិញ។
23 អ្នក​ណា​ដែល​រក្សា​មាត់ និង​អណ្តាត​ខ្លួន នោះ​ក៏​រក្សា​ព្រលឹង​ខ្លួន​ឲ្យ​រួច​ពី​ទុក្ខ​ព្រួយ​ដែរ។
24 ឯ​មនុស្ស​អំនួត ហើយ​ឆ្មើង‌ឆ្មៃ មាន​ឈ្មោះ​ជា​អ្នក​ចំអក គេ​តែង​តែ​ប្រព្រឹត្ត​ដោយ​សេចក្ដី​ប្រមាថ​មើល‌ងាយ និង​សេចក្ដី​អំនួត​ទទេ។
25 បំណង​ចិត្ត​របស់​មនុស្ស​ខ្ជិល​ច្រអូស នោះ​រមែង​សម្លាប់​ខ្លួន​វិញ ដ្បិត​ដៃ​គេ​មិន​ព្រម​ធ្វើ​ការ​សោះ។
26 មាន​គេ​ដែល​លោភ‌លន់​រាល់​តែ​ថ្ងៃ​ជានិច្ច តែ​ឯ​មនុស្ស​សុចរិត​គេ​ចែក​ចាយ​វិញ ឥត​សំចៃ​ទុក​អ្វី​ឡើយ។
27 យញ្ញ‌បូជា​ដែល​មនុស្ស​អាក្រក់​ថ្វាយ ជា​ទី​ស្អប់​ខ្ពើម​ទៅ​ហើយ ចំណង់​បើ​កាល​ណា​ថ្វាយ​ដោយ​មាន​គំនិត​អាក្រក់ នោះ​នឹង​គួរ​ខ្ពើម​ជា​ជាង​អម្បាល‌ម៉ាន​ទៅ​ទៀត។
28 សាក្សី​ក្លែង‌ក្លាយ​នឹង​ត្រូវ​វិនាស តែ​អ្នក​ណា​ដែល​បាន​ឮ​ច្បាស់ នោះ​នឹង​ធ្វើ​ទី​បន្ទាល់​ជាប់​នៅ​ជា​ដរាប។
29 មនុស្ស​ដែល​ប្រព្រឹត្ត​អាក្រក់​គេ​ធ្វើ​ទឹក​មុខ​រឹង តែ​មនុស្ស​ទៀង​ត្រង់​វិញ គេ​ខំ​ប្រឹង​កែ​ឲ្យ​ផ្លូវ​ខ្លួន​បាន​ត្រឹម​ត្រូវ។
30 គ្មាន​ប្រាជ្ញា​ណា គ្មាន​យោបល់​ណា ឬ​ការ​ប្រឹក្សា​ណា ដែល​អាច​ទាស់​នឹង​ព្រះ‌យេហូវ៉ា​បាន​ឡើយ។
31 គេ​ត្រៀម​សេះ​ទុក​សម្រាប់​ថ្ងៃ​សឹក​សង្គ្រាម តែ​ការ​ដែល​មាន​ជ័យ‌ជម្នះ នោះ​ស្រេច​នៅ​ព្រះ‌យេហូវ៉ា​ទេ។


ជំពូក 22

1 នាម​ឈ្មោះ​ល្អ នោះ​គួរ​រើស​យក ជា​ជាង​ទ្រព្យ​សម្បត្តិ​យ៉ាង​ច្រើន ហើយ​ចិត្ត​ដែល​ប្រកប​ដោយ​គុណ នោះ​វិសេស​ជាង​ប្រាក់ និង​មាស​ផង។
2 ពួក​អ្នក​មាន និង​ពួក​អ្នក​ក្រ​តែង​តែ​ប្រទះ​គ្នា គឺ​ព្រះ‌យេហូវ៉ា​ដែល​ទ្រង់​បង្កើត​គេ​គ្រប់​គ្នា។
3 មនុស្ស​ដែល​មាន​គំនិត​ឆ្លៀវ‌ឆ្លាត គេ​ឃើញ​សេចក្ដី​អាក្រក់​មក ក៏​ពួន​ខ្លួន​ទៅ តែ​មនុស្ស​ខ្លៅ​ល្ងង់​គេ​ចេះ​តែ​ដើរ​ទៅ ហើយ​ត្រូវ​មាន​ទុក្ខ។
4 ផល​នៃ​សេចក្ដី​សុភាព និង​សេចក្ដី​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា នោះ​គឺ​ជា​ទ្រព្យ​សម្បត្តិ កិត្តិសព្ទ និង​ជីវិត។
5 នៅ​ក្នុង​ផ្លូវ​របស់​មនុស្ស​វៀច នោះ​មាន​សុទ្ធ​តែ​បន្លា ហើយ​និង​អន្ទាក់ អ្នក​ដែល​រក្សា​ព្រលឹង​ខ្លួន​នឹង​ចៀស​ឆ្ងាយ​ពី​នោះ​ចេញ។
6 ចូរ​បង្ហាត់​កូន​ក្មេង​ឲ្យ​ប្រព្រឹត្ត​តាម​ផ្លូវ​ដែល​គួរ​ប្រព្រឹត្ត​នោះ​វា​នឹង​មិន​លះ‌បង់​ពី​ផ្លូវ​នោះ​ដរាប​ដល់​ចាស់។
7 មនុស្ស​អ្នក​មាន​គេ​គ្រប់‌គ្រង​លើ​ពួក​អ្នក​ក្រ ហើយ​អ្នក​ណា​ដែល​ខ្ចី​គេ ជា​បាវ​បម្រើ​ដល់​អ្នក​ដែល​ឲ្យ​ខ្ចី​នោះ។
8 អ្នក​ណា​ដែល​សាប‌ព្រោះ​សេចក្ដី​ទុច្ចរិត នោះ​នឹង​ច្រូត​បាន​សេចក្ដី​ទុក្ខ‌ព្រួយ ហើយ​ដំបង​នៃ​សេចក្ដី​កំហឹង​របស់​អ្នក​នោះ​នឹង​សាប‌សូន្យ​ទៅ។
9 អ្នក​ណា​ដែល​មើល​គេ​ដោយ​ចិត្ត​ល្អ នោះ​នឹង​បាន​ពរ ដ្បិត​អ្នក​នោះ​រមែង​ចែក​អាហារ​ខ្លួន​ដល់​មនុស្ស​ទាល់​ក្រ។
10 ចូរ​បណ្តេញ​មនុស្ស​ដែល​ចំអក​មើល‌ងាយ នោះ​សេចក្ដី​ទាស់‌ទែង​គ្នា​នឹង​បាត់​ទៅ អើ សេចក្ដី​ឈ្លោះ​ប្រកែក និង​សេចក្ដី​ត្មះ‌តិះដៀល​នឹង​ស្ងប់​ទៅ​ដែរ។
11 ឯ​អ្នក​ណា​ដែល​ស្រឡាញ់​សេចក្ដី​បរិសុទ្ធ​ខាង​ចិត្ត ហើយ​មាន​បបូរ​មាត់​ប្រកប​ដោយ​គុណ​ដ៏​ល្អ នោះ​ស្តេច​នឹង​បាន​ជា​មិត្ត​សំឡាញ់​របស់​អ្នក​នោះ។
12 ព្រះ‌នេត្រ​នៃ​ព្រះ‌យេហូវ៉ា​រក្សា​ទុក​នូវ​តម្រិះ តែ​ទ្រង់​បំផ្លាញ​ពាក្យ​សំដី​របស់​មនុស្ស​ក្បត់​វិញ។
13 មនុស្ស​ខ្ជិល​ច្រអូស​គេ​ថា មាន​សិង្ហ​១​នៅ​ខាង​ក្រៅ​ហើយ បើ​ខ្ញុំ​ចេញ​ទៅ នោះ​វា​នឹង​សម្លាប់​ខ្ញុំ​នៅ​នា​កណ្តាល​ផ្លូវ។
14 មាត់​របស់​ស្រី​ដទៃ​ជា​រណ្តៅ​យ៉ាង​ជ្រៅ អ្នក​ណា​ដែល​ជា​ទី​ស្អប់​ខ្ពើម​ចំពោះ​ព្រះ‌យេហូវ៉ា នឹង​ធ្លាក់​ទៅ​ក្នុង​រណ្តៅ​នោះ។
15 សេចក្ដី​ចម្កួត​រមែង​នៅ​ជាប់​ក្នុង​ចិត្ត​របស់​កូន​ក្មេង ប៉ុន្តែ រំពាត់​វាយ‌ផ្ចាល​នឹង​បណ្តេញ​សេចក្ដី​នោះ ឲ្យ​បាត់​ចេញ​បាន។
16 អ្នក​ដែល​សង្កត់‌សង្កិន​មនុស្ស​ទាល់​ក្រ ដើម្បី​នឹង​ចម្រើន​ទ្រព្យ​សម្បត្តិ​ខ្លួន​ឡើង ហើយ​អ្នក​ណា​ដែល​ជូន​ជំនូន​ដល់​អ្នក​មាន នោះ​នឹង​ត្រឡប់​ជា​ខ្វះ​ខាត​វិញ។
17 ចូរ​ផ្ទៀង​ត្រចៀក​ស្តាប់​ពាក្យ​សំដី​នៃ​មនុស្ស​ដែល​មាន​ប្រាជ្ញា ហើយ​ផ្ចង់​ចិត្ត​ចំពោះ​តម្រិះ​របស់​អញ​ចុះ
18 ដ្បិត​បើ​ឯង​រក្សា​ទុក​សេចក្ដី​នោះ​នៅ​ក្នុង​ខ្លួន នោះ​សប្បាយ​ហើយ គឺ​បើ​សេចក្ដី​នោះ​ស្ថិត​នៅ​ជាប់​នឹង​បបូរ​មាត់​ឯង
19 អញ​បាន​សម្ដែង​ឲ្យ​ឯង​ដឹង​សេចក្ដី​នោះ​នៅ​ថ្ងៃ​នេះ​ហើយ ដើម្បី​ឲ្យ​ឯង​បាន​ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា
20 អញ​បាន​កំណត់​ទុក​សេចក្ដី​ដ៏​វិសេស​សម្រាប់​ឯង គឺ​ជា​សេចក្ដី​ទូន្មាន ហើយ​និង​តម្រិះ​មិន​មែន​ឬ
21 ប្រយោជន៍​ឲ្យ​ឯង​បាន​ដឹង​ថា ពាក្យ​ដ៏​ពិត​ទាំង​ប៉ុន្មាន​គួរ​ទុក​ជា​ប្រាកដ​ហើយ ដើម្បី​ឲ្យ​ឯង​បាន​នាំ​ពាក្យ​ដ៏​ពិត​នោះ ត្រឡប់​ទៅ​ជា​ជូន​ពួក​អ្នក​ដែល​ចាត់​ឯង​មក។
22 កុំ​ឲ្យ​កេង​យក​របស់​នៃ​មនុស្ស​ក្រ ដោយ​ព្រោះ​តែ​គេ​ក្រ​ឡើយ ក៏​កុំ​ឲ្យ​សង្កត់‌សង្កិន​មនុស្ស​វេទនា​នៅ​ត្រង់​ទ្វារ​ក្រុង​ដែរ
23 ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ជួយ​កាន់​ក្តី​ជំនួស​អ្នក​នោះ ហើយ​ទ្រង់​នឹង​រឹប​យក​ជីវិត​ពួក​អ្នក​ដែល​រឹប​យក​របស់​គេ​ដែរ។
24 កុំ​ឲ្យ​ចង​ជា​មិត្ត​នឹង​មនុស្ស​ណា​ដែល​អាសា​ខឹង​ឡើយ ក៏​កុំ​ឲ្យ​ភប់‌ប្រសព្វ​នឹង​មនុស្ស​មួម៉ៅ​ដែរ
25 ក្រែង​ឯង​ទម្លាប់​តាម​អំពើ​របស់​គេ ហើយ​គេ​ត្រឡប់​ជា​អន្ទាក់​ដល់​ព្រលឹង​ឯង។
26 កុំ​ឲ្យ​ឯង​ចូល​ក្នុង​ពួក​អ្នក​ដែល​ចាប់​ដៃ​គ្នា ឬ​ជា​មួយ​នឹង​មនុស្ស​ដែល​ធានា​បំណុល​ឲ្យ​គេ​ឡើយ
27 បើ​ឯង​គ្មាន​អ្វី​នឹង​សង​គេ នោះ​ចង់​ឲ្យ​គេ​មក​កន្ត្រាក់​យក​គ្រែ​ពី​ក្រោម​ឯង​ទៅ​ធ្វើ​អី។
28 កុំ​ឲ្យ​បន្ថយ​គោល​ចារឹក​ដែល​ពួក​អយ្យកោ​ឯង​បោះ​ទុក​ពី​បុរាណ​ឡើយ។
29 ឯង​ដែល​ឃើញ​មនុស្ស​ខ្នះ‌ខ្នែង​ក្នុង​ការ​រក​ស៊ី​របស់​ខ្លួន​ឬ អ្នក​នោះ​នឹង​បាន​ឈរ​នៅ​ចំពោះ​ស្តេច មិន​ត្រូវ​ឈរ​នៅ​ចំពោះ​មនុស្ស​ដែល​ឥត​បណ្តា​សក្តិ​ឡើយ។


ជំពូក 23

1 កាល​ណា​ឯង​អង្គុយ​បរិភោគ​ភោជ‌នាហារ​ជា​មួយ​នឹង​អ្នក​គ្រប់‌គ្រង នោះ​ត្រូវ​ឲ្យ​ឯង​ពិចារណា​ដល់​អ្នក​ដែល​អង្គុយ​នៅ​ខាង​មុខ​ឯង​ចុះ
2 បើ​ឯង​ជា​មនុស្ស​ល្មោភ​ខ្លាំង នោះ​ចូរ​ផ្ទាប់​កាំបិត​នៅ​បំពង់​ក​ឯង​ទៅ
3 កុំ​ឲ្យ​លោភ​ចង់​បាន​ឱជារស​របស់​គេ​ឡើយ ដ្បិត​ជា​របស់​បញ្ឆោត​ទេ។
4 កុំ​ឲ្យ​នឿយ​ហត់​ដល់​ខ្លួន ដើម្បី​ឲ្យ​បាន​ជា​អ្នក​មាន​ឡើយ ក៏​កុំ​ឲ្យ​ប្រើ​ប្រាជ្ញា​ឲ្យ​បាន​មាន​ឡើង​ដែរ
5 តើ​ចង់​ភ្ជាប់​ភ្នែក​តាម​របស់​ដែល​សោះ​សូន្យ ឬ​ដ្បិត​ទ្រព្យ​សម្បត្តិ​តែង​តែ​ដុះ​ស្លាប​ជា​មិន​ខាន ក៏​នឹង​ហើរ​ទៅ​លើ​មេឃ បែប​ដូច​ជា​ឥន្ទ្រី។
6 កុំ​ឲ្យ​បរិភោគ​ភោជ‌នាហារ​របស់​មនុស្ស​ដែល​មាន​ភ្នែក​អាក្រក់​ឡើយ ក៏​កុំ​ឲ្យ​ប្រាថ្នា​ចង់​បាន​អាហារ​មាន​ឱជារស​របស់​គេ​ដែរ
7 ដ្បិត​គេ​គិត​ក្នុង​ចិត្ត​យ៉ាង​ណា គេ​ក៏​យ៉ាង​នោះ​ដែរ គេ​អញ្ជើញ​ឯង​ថា ពិសា​ចុះ តែ​ចិត្ត​គេ​មិន​មូល​នៅ​ជា​មួយ​នឹង​ឯង​ទេ
8 អាហារ​ដែល​ឯង​បាន​បរិភោគ​ចូល​ទៅ នោះ​នឹង​ក្អួត​មក​វិញ ហើយ​និង​បាត់​ពាក្យ​សំដី​ផ្អែម‌ល្ហែម​របស់​ឯង​ទៅ។
9 កុំ​ឲ្យ​និយាយ​ឲ្យ​មនុស្ស​ល្ងី‌ល្ងើ​ស្តាប់​ឡើយ ដ្បិត​វា​នឹង​មើល‌ងាយ​ចំពោះ​ប្រាជ្ញា​នៃ​ពាក្យ​សំដី​ឯង។
10 កុំ​ឲ្យ​បន្ថយ​គោល​ចារឹក​ពី​បុរាណ​ឡើយ ក៏​កុំ​ឲ្យ​បង្ខិត​ចូល​ទៅ​ក្នុង​ដី​របស់​កូន​កំព្រា​ដែរ
11 ដ្បិត​អ្នក​ដែល​លោះ​គេ នោះ​មាន​កម្លាំង​ខ្លាំង ក៏​នឹង​កាន់​ក្តី​គេ ទាស់​នឹង​ឯង​ដែរ។
12 ចូរ​ផ្ចង់​ចិត្ត​ឯង​ចំពោះ​សេចក្ដី​ប្រៀន‌ប្រដៅ ហើយ​ផ្ទៀង​ត្រចៀក​ចំពោះ​ពាក្យ​ដែល​ប្រកប​ដោយ​តម្រិះ​ចុះ។
13 កុំ​ឲ្យ​ខាន​នឹង​វាយ​ប្រដៅ​កូន​ឡើយ ដ្បិត​បើ​វាយ​នឹង​រំពាត់ គង់​តែ​មិន​ស្លាប់​ដែរ
14 គឺ​ឯង​នឹង​គ្រាន់​តែ​វាយ​ដោយ​រំពាត់​ប៉ុណ្ណោះ ហើយ​យ៉ាង​នោះ នឹង​ជួយ​ព្រលឹង​វា​ឲ្យ​រួច​ពី​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់។
15 កូន​អើយ បើ​ចិត្ត​ឯង​ប្រកប​ដោយ​ប្រាជ្ញា នោះ​ចិត្ត​អញ​នឹង​មាន​សេចក្ដី​អំណរ គឺ​ចិត្ត​របស់​ឪពុក​នេះ​ឯង
16 អើ​ចិត្ត​ថ្លើម​អញ​នឹង​រីក‌រាយ​ឡើង ក្នុង​កាល​ដែល​បបូរ​មាត់​ឯង​ពោល​សេចក្ដី​ដែល​ត្រឹម​ត្រូវ។
17 កុំ​បើក​ឲ្យ​ចិត្ត​ច្រណែន​នឹង​មនុស្ស​មាន​បាប​ឡើយ ចូរ​ឲ្យ​ឯង​ប្រកប​ដោយ​សេចក្ដី​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​ជា​ដរាប​រាល់​ថ្ងៃ
18 ដ្បិត​នឹង​មាន​រង្វាន់​ជា​មិន​ខាន ហើយ​សេចក្ដី​សង្ឃឹម​របស់​ឯង​នឹង​មិន​កាត់​បង់​ឡើយ។
19 កូន​អើយ ចូរ​ប្រុង​ស្តាប់ ហើយ​មាន​ប្រាជ្ញា​ចុះ ត្រូវ​ឲ្យ​តម្រង់​ចិត្ត​ទៅ​តាម​ផ្លូវ
20 កុំ​ឲ្យ​នៅ​កណ្តាល​ពួក​អ្នក​ប្រមឹក​ស្រា ឬ​ក្នុង​ពួក​ល្មោភ​ស៊ី​ឡើយ
21 ដ្បិត​មនុស្ស​ប្រមឹក និង​មនុស្ស​ល្មោភ​នឹង​ទៅ​ជា​ក្រ ហើយ​សេចក្ដី​ងុយ‌ងោក​នឹង​នាំ​ឲ្យ​ស្លៀក‌ពាក់​កណ្តាច។
22 ចូរ​ស្តាប់​តាម​ឪពុក​ដែល​បង្កើត​ឯង​មក ហើយ​កុំ​ឲ្យ​មើល‌ងាយ​ម្តាយ​ឯង​ក្នុង​កាល​ដែល​គាត់​ចាស់​ឡើយ។
23 ចូរ​ទិញ​សេចក្ដី​ពិត​ចុះ កុំ​ឲ្យ​លក់​ចេញ​ឡើយ អើ​ទាំង​ប្រាជ្ញា សេចក្ដី​ដំបូន្មាន និង​យោបល់​ផង។
24 ឪពុក​នៃ​មនុស្ស​សុចរិត​នឹង​មាន​ចិត្ត​រីក‌រាយ​យ៉ាង​ខ្លាំង ហើយ​អ្នក​ណា​ដែល​បង្កើត​កូន​មាន​ប្រាជ្ញា នោះ​នឹង​មាន​សេចក្ដី​អំណរ​ដោយ‌សារ​កូន​នោះ
25 ដូច្នេះ ចូរ​បើក​ឱកាស​ឲ្យ​ឪពុក​ម្តាយ​ឯង​បាន​រីក‌រាយ​ចុះ ហើយ​ឲ្យ​អ្នក​ដែល​សម្រាល​ឯង​មក​នោះ​មាន​ចិត្ត​សប្បាយ​ផង។
26 កូន​អើយ ចូរ​ប្រគល់​ចិត្ត​ឯង​មក​អញ​ចុះ ហើយ​ឲ្យ​ភ្នែក​ឯង​ពេញ​ចិត្ត​នឹង​អស់​ទាំង​ផ្លូវ​របស់​អញ​ដែរ
27 ដ្បិត​ស្រី​សំផឹង​ជា​រណ្តៅ​យ៉ាង​ជ្រៅ ហើយ​ស្រី​ដទៃ​ជា​រំលុង​ដ៏​ចង្អៀត
28 អើ គេ​លប​ចាំ​ដូច​ជា​ចោរ ហើយ​ក៏​ចម្រើន​អ្នក​ក្បត់​នៅ​ក្នុង​ពួក​មនុស្ស​លោក។
29 តើ​អ្នក​ណា​មាន​សេចក្ដី​ពិបាក​ចិត្ត តើ​អ្នក​ណា​កើត​ទុក្ខ​ព្រួយ តើ​អ្នក​ណា​មាន​សេចក្ដី​ទាស់‌ទែង​គ្នា តើ​អ្នក​ណា​ត្អូញ‌ត្អែរ តើ​អ្នក​ណា​ត្រូវ​របួស​ឥត​ហេតុ តើ​អ្នក​ណា​មាន​ភ្នែក​ក្រហម
30 គឺ​ជា​ពួក​អ្នក​ដែល​អង្គុយ​ផឹក​ស្រា​ជា​យូរ ឯ​ពួក​អ្នក​ដែល​ស្វែង​រក​ស្រា​លាយ​នោះ​ឯង
31 កុំ​ឲ្យ​មើល​ស្រា​ទំពាំង‌បាយ‌ជូរ ក្នុង​កាល​ដែល​មាន​ពណ៌​ក្រហម គឺ​ក្នុង​កាល​ដែល​ព្រួច​ពពុះ​នៅ​ក្នុង​កែវ ហើយ​ហូរ​ចុះ​ទៅ​ដោយ​ស្រួល​នោះ​ឡើយ
32 ដ្បិត​ដល់​ចុង​បំផុត​នឹង​ចឹក​ដូច​ជា​ពស់​វិញ ហើយ​អុច​ដូច​ជា​ពស់​ហនុមាន​ផង
33 ភ្នែក​ឯង​នឹង​ឃើញ​ស្រី​ដទៃ ហើយ​ចិត្ត​ឯង​នឹង​ពោល​សេចក្ដី​ខូច​អាក្រក់​ដែរ
34 អើ ឯង​នឹង​បាន​ដូច​ជា​មនុស្ស​ដែល​ដេក​នៅ​កណ្តាល​សមុទ្រ ឬ​ដូច​ជា​មនុស្ស​ដែល​ដេក​នៅ​លើ​ចុង​ដង​ក្តោង
35 ឯង​នឹង​ថា គេ​បាន​វាយ​អញ តែ​អញ​មិន​បាន​ឈឺ​សោះ គេ​បាន​សំពង​អញ តែ​អញ​មិន​ដឹង​ទេ តើ​អញ​នឹង​ភ្ញាក់​ឡើង​វិញ​ដល់​កាល​ណា​ហ្ន៎ អញ​នឹង​ទៅ​រក​ផឹក​ទៀត។


ជំពូក 24

1 កុំ​ឲ្យ​មាន​ចិត្ត​ច្រណែន​នឹង​មនុស្ស​អាក្រក់​សោះ​ឡើយ ក៏​កុំ​ឲ្យ​ចង់​ទៅ​រួម​នៅ​នឹង​គេ​ដែរ
2 ដ្បិត​ចិត្ត​គេ​គិត‌គូរ​តែ​ការ​សង្កត់‌សង្កិន​ទទេ ហើយ​បបូរ​មាត់​គេ​ពោល​តែ​សេចក្ដី​ប្រទូស‌រ៉ាយ។
3 ការ​ដែល​សង់​ផ្ទះ​ឡើង​បាន នោះ​ក៏​ដោយ‌សារ​ប្រាជ្ញា ហើយ​គឺ​ដោយ‌សារ​យោបល់ ដែល​ផ្ទះ​នោះ​នឹង​បាន​តាំង​នៅ​ជា​មាំ‌មួន
4 ហើយ​ដោយ‌សារ​តម្រិះ នោះ​បន្ទប់​ទាំង‌ឡាយ​បាន​ពេញ​ដោយ​គ្រប់​ទាំង​ទ្រព្យ​សម្បត្តិ​ដ៏​វិសេស ជា​របស់​ដែល​គាប់​ចិត្ត។
5 មនុស្ស​មាន​ប្រាជ្ញា​ក៏​មាន​កម្លាំង​ច្រើន អើ មនុស្ស​ដែល​មាន​តម្រិះ​ក៏​ចម្រើន​អំណាច​ខ្លួន​ឡើង
6 ដ្បិត​ដោយ​មាន​ការ​ជួយ​គំនិត​ដែល​ប្រកប​ដោយ​ប្រាជ្ញា នោះ​ឯង​នឹង​អាច​ធ្វើ​សឹក​សង្គ្រាម​បាន ហើយ​ដោយ​មាន​អ្នក​ប្រឹក្សា​ជា​ច្រើន នោះ​ទើប​បាន​ជ័យ‌ជម្នះ។
7 ប្រាជ្ញា​ជា​របស់​ខ្ពស់​ហួស​ល្បត់​មនុស្ស​ល្ងី‌ល្ងើ គេ​មិន​បើក​មាត់​នៅ​ត្រង់​ទ្វារ​ក្រុង​ឡើយ។
8 អ្នក​ណា​ដែល​គិត‌គូរ​បង្កើត​អំពើ​អាក្រក់ នោះ​នឹង​បាន​ឈ្មោះ​ថា​ជា​មនុស្ស​កោង​កាច។
9 គំនិត​គិត​ពី​សេចក្ដី​ចម្កួត នោះ​ជា​អំពើ​បាប ហើយ​អ្នក​ដែល​ចំអក​មើល‌ងាយ ក៏​ជា​ទី​ស្អប់​ខ្ពើម​ដល់​មនុស្ស​ទាំង‌ឡាយ។
10 បើ​ឯង​អន់​ថយ​ក្នុង​ថ្ងៃ​លំបាក នោះ​ឈ្មោះ​ថា​ឯង​មាន​កម្លាំង​តិច​ទេ។
11 ចូរ​ជួយ​សង្គ្រោះ​ពួក​អ្នក ដែល​គេ​ដឹក‌នាំ​ទៅ​ឲ្យ​ត្រូវ​ស្លាប់ ហើយ​រាំង‌រា​ពួក​អ្នក​ដែល​កំពុង​តែ​ទៅ​ឯ​ទី​សម្លាប់​ចុះ
12 បើ​ឯង​ថា មើល យើង​មិន​បាន​ដឹង​ទេ ឯ​ព្រះ​ដែល​ទ្រង់​ថ្លឹង​មើល​ចិត្ត តើ​ទ្រង់​មិន​ពិចារណា​ឃើញ ហើយ​ដែល​ទ្រង់​ថែ​រក្សា​ព្រលឹង​ឯង តើ​មិន​ជ្រាប​ទេ​ឬ តើ​ទ្រង់​នឹង​មិន​សង​ដល់​មនុស្ស​ទាំង‌ឡាយ​តាម​ការ​ដែល​គេ​ប្រព្រឹត្ត​ទេ​ឬ​អី។
13 កូន​អើយ ចូរ​បរិភោគ​ទឹក​ឃ្មុំ​ចុះ ដ្បិត​ជា​របស់​ឆ្ងាញ់ ហើយ​សំណុំ​ឃ្មុំ​ដែល​មាន​រស​ផ្អែម​ដល់​មាត់​ឯង​ផង
14 គឺ​យ៉ាង​នោះ ដែល​ឯង​នឹង​ដឹង​ថា ប្រាជ្ញា​ក៏​ល្អ ដល់​ព្រលឹង​ឯង​ដែរ បើ​ឯង​រក​ប្រាជ្ញា​នោះ​ឃើញ នោះ​នឹង​បាន​រង្វាន់ ហើយ​សេចក្ដី​សង្ឃឹម​របស់​ឯង​នឹង​មិន​ត្រូវ​កាត់​បង់​ឡើយ។
15 នែ មនុស្ស​អាក្រក់​អើយ កុំ​ឲ្យ​លប​ចាំ​ប្រទូស្ត​នឹង​លំនៅ​របស់​មនុស្ស​សុចរិត​ឡើយ កុំ​ឲ្យ​បំផ្លាញ​ទី​ស្នាក់​នៅ​របស់​គេ​ឲ្យ​សោះ
16 ដ្បិត​មនុស្ស​សុចរិត ទោះ​បើ​គេ​ដួល​ដល់​៧​ដង​ក៏​ដោយ គង់​តែ​នឹង​ក្រោក​ឡើង​វិញ​បាន តែ​មនុស្ស​អាក្រក់​ត្រូវ​ទម្លាក់​ទៅ​ក្នុង​សេចក្ដី​អន្តរាយ​វិញ។
17 កុំ​ឲ្យ​មាន​ចិត្ត​រីក‌រាយ​ក្នុង​កាល​ដែល​ខ្មាំង​សត្រូវ​ឯង​ដួល​ចុះ​ឡើយ ក៏​កុំ​ឲ្យ​មាន​ចិត្ត​សប្បាយ​ក្នុង​កាល​ដែល​គេ​ត្រូវ​ទម្លាក់​ទៅ​ដែរ
18 ក្រែង​ព្រះ‌យេហូវ៉ា​ទ្រង់​ទត​ឃើញ ហើយ​ការ​នោះ​មិន​គាប់​ដល់​ព្រះ‌ហឫទ័យ រួច​ទ្រង់​បង្វែរ​សេចក្ដី​ក្រោធ​ចេញ​ពី​អ្នក​នោះ​វិញ។
19 កុំ​ឲ្យ​ក្តៅ​ចិត្ត ដោយ​ព្រោះ​មនុស្ស​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់​ឡើយ ក៏​កុំ​ឲ្យ​ច្រណែន​នឹង​មនុស្ស​កោង​កាច​ដែរ
20 ដ្បិត​នឹង​គ្មាន​រង្វាន់​ណា ឲ្យ​ដល់​មនុស្ស​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់​ឡើយ ហើយ​ចង្កៀង​របស់​មនុស្ស​កោង​កាច​នឹង​ត្រូវ​រលត់​ទៅ។
21 កូន​អើយ ចូរ​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា ហើយ​ដល់​ស្តេច​ផង កុំ​ឲ្យ​ឯង​សេព‌គប់​នឹង​មនុស្ស​ដែល​តែង​តែ​សាវា​ឡើយ
22 ដ្បិត​សេចក្ដី​អន្តរាយ​នឹង​លោ​មក​លើ​គេ​ភ្លាម តើ​អ្នក​ណា​នឹង​អាច​ស្គាល់​ការ​វិនាស ដែល​មក​ពី​ព្រះ​នឹង​ស្តេច​នោះ​បាន។
23 សេចក្ដី​ទាំង​នេះ​ក៏​ជា​ពាក្យ​ពោល​ទុក របស់​ពួក​អ្នក​ប្រាជ្ញ​ដែរ គឺ​ថា ការ​ដែល​យោគ‌យល់​ខាង​អ្នក​ណា​ក្នុង​រឿង​ក្តី នោះ​មិន​ល្អ​ទេ
24 អ្នក​ណា​ដែល​កាត់​ឲ្យ​មនុស្ស​អាក្រក់​ថា ឯង​សុចរិត​ទេ នោះ​បណ្តា‌ជន​នឹង​ប្រទេច​ផ្តាសា​ដល់​អ្នក​នោះ ហើយ​អស់​ទាំង​សាសន៍​នឹង​ស្អប់​ខ្ពើម​អ្នក​នោះ​ដែរ
25 តែ​ឯ​អ្នក​ណា​ដែល​បន្ទោស​ដល់​មនុស្ស​អាក្រក់​វិញ គេ​នឹង​ពេញ​ចិត្ត​ចំពោះ​អ្នក​នោះ ហើយ​និង​មាន​ពរ​យ៉ាង​វិសេស​មក​ស្ថិត​លើ​អ្នក​នោះ​ដែរ
26 អ្នក​ណា​ដែល​តប​ឆ្លើយ​ដោយ​ពាក្យ​ត្រឹម​ត្រូវ នោះ​គេ​នឹង​ថើប​អ្នក​នោះ​ដោយ​បបូរ​មាត់។
27 ចូរ​ត្រៀម​ការ​ឯង​នៅ​ខាង​ក្រៅ​ចុះ ហើយ​រៀប‌ចំ​សម្រាប់​ខ្លួន នៅ​ឯ​វាល​ជា​មុន​សិន ទើប​សង់​ផ្ទះ​ឯង​ឡើង​ជា​ក្រោយ។
28 កុំ​ឲ្យ​ធ្វើ​បន្ទាល់​ទាស់​នឹង​អ្នក​ជិត​ខាង​ដោយ​ឥត​ហេតុ​ឡើយ ក៏​កុំ​ឲ្យ​បញ្ឆោត​ដោយ​បបូរ​មាត់​ឯង​ដែរ
29 កុំ​ឲ្យ​ពោល​ដូច្នេះ​ឡើយ ថា អញ​នឹង​ប្រព្រឹត្ត​ដល់​គេ ដូច​ជា​គេ​បាន​ប្រព្រឹត្ត​ដល់​អញ​ដែរ អញ​នឹង​សង​ដល់​អ្នក​នោះ​តាម​ការ​ដែល​គេ​បាន​ប្រព្រឹត្ត​រួច​ហើយ។
30 យើង​បាន​ដើរ​ក្បែរ​ចម្ការ​របស់​មនុស្ស​ខ្ជិល​ច្រអូស ហើយ​ក្បែរ​ដំណាំ​ទំពាំង‌បាយ‌ជូរ​របស់​មនុស្ស​ដែល​ឥត​មាន​ប្រាជ្ញា
31 នោះ​ឃើញ​ថា មាន​បន្លា​ដុះ​គ្រប​ពេញ​ហើយ ដី​នោះ​ដេរ‌ដាស​ដោយ​ព្រៃ​ទ្រុប‌ទ្រុល ឯ​កំផែង​ក៏​រលំ​ដែរ
32 នោះ​យើង​បាន​រំពឹង​មើល ហើយ​ពិចារណា​ដោយ​ល្អិត ក៏​យល់​ឃើញ ហើយ​ទទួល​សេចក្ដី​បង្រៀន​ថា
33 ដេក​បន្តិច ងោក​បន្តិច ឱប​ដៃ និង​ដេក​បន្តិច
34 យ៉ាង​នោះ​សេចក្ដី​កំសត់​ទុគ៌ត​របស់​ឯង​នឹង​លោ​មក​ដល់​ដូច​ជា​ចោរ​ប្លន់ ព្រម​ទាំង​សេចក្ដី​ខ្វះ​ខាត ដូច​ជា​មនុស្ស​កាន់​គ្រឿង​អាវុធ​ផង។


ជំពូក 25

1 នេះ​ក៏​ជា​សុភាសិត​របស់​ស្តេច​សាឡូ‌ម៉ូន​ដែរ ជា​សេចក្ដី​ដែល​ពួក​ស្មៀន​របស់​ហេសេគា ស្តេច​សាសន៍​យូដា បាន​ចម្លង​ទុក។
2 ការ​ដែល​លាក់​បំបាំង​ន័យ​សេចក្ដី នោះ​ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ដល់​ព្រះ តែ​ពួក​ស្តេច​វិញ ទ្រង់​សព្វ​ព្រះ‌ទ័យ​នឹង​ស្វែង​រក​ឲ្យ​យល់
3 ផ្ទៃ​មេឃ​ខ្ពស់​យ៉ាង​ណា ហើយ​ផែនដី​ជ្រៅ​យ៉ាង​ណា ព្រះ‌ទ័យ​នៃ​ស្តេច​ក៏​ស្ទង់​មើល​ដល់​យ៉ាង​នោះ​ដែរ
4 ចូរ​ដេញ​យក​អាចម៍​ប្រាក់​ចេញ នោះ​នឹង​មាន​គ្រឿង​ចេញ​ពី​ពុម្ព​មក​សម្រាប់​ជាង​ខាត់
5 ក៏​ដក​យក​មនុស្ស​អាក្រក់​ចេញ​ពី​ចំពោះ​ស្តេច នោះ​រាជ្យ​ទ្រង់​នឹង​បាន​តាំង​នៅ​ខ្ជាប់‌ខ្ជួន​ក្នុង​សេចក្ដី​សុចរិត។
6 កុំ​ឲ្យ​ឯង​បញ្ចើ​ខ្លួន​នៅ​ចំពោះ​ស្តេច​ឡើយ ក៏​កុំ​ឲ្យ​ឈរ​នៅ​ទី​របស់​អ្នក​ធំ​ដែរ
7 ដ្បិត​បើ​គេ​មក​និយាយ​នឹង​ឯង​ថា អញ្ជើញ​ឡើង​មក​ឯ​ណេះ នោះ​ល្អ​ជា​ជាង​ត្រូវ​បន្ទាប​នៅ​ចំពោះ​អ្នក​ធំ ដែល​ភ្នែក​ឯង​បាន​ឃើញ​ហើយ​នោះ​វិញ។
8 កុំ​ឲ្យ​ឯង​រហ័ស​នឹង​ចេញ​ទៅ​ត​នឹង​គេ​ឡើយ ក្រែង​ដល់​ចុង​បំផុត កាល​ណា​អ្នក​ជិត​ខាង​បាន​ធ្វើ​ឲ្យ​ឯង​ខ្មាស​ហើយ នោះ​ឯង​មិន​ដឹង​ធ្វើ​អ្វី​ទៀត​ទេ
9 ចូរ​ទៅ​ជជែក​រឿង​របស់​ឯង ចំពោះ​អ្នក​ជិត​ខាង ដោយ​មាន​តែ​គ្នា​២​នាក់​ប៉ុណ្ណោះ កុំ​ឲ្យ​បើក​ការ​សម្ងាត់​របស់​អ្នក​ដទៃ​ឡើយ
10 ក្រែង​អ្នក​ដែល​ឮ​គេ​ធ្វើ​ឲ្យ​ឯង​ខ្មាស​វិញ ហើយ​សេចក្ដី​អាម៉ាស់​របស់​ឯង​នឹង​មិន​ចេះ​បាត់​ឡើយ។
11 ពាក្យ​សំដី​ដែល​និយាយ​ចំ​ពេល នោះ​ធៀប​ដូច​ជា​ផ្លែ​សារី​មាស​ធ្លាក់​ភ្ជាប់​នឹង​ក្បាច់​ប្រាក់
12 អ្នក​ដែល​ចេះ​ស្តី​បន្ទោស​ដោយ​ប្រាជ្ញា នោះ​ក៏​ដូច​ជា​ក្រវិល​មាស និង​គ្រឿង​លំអ​មាស​សុទ្ធ ដល់​ត្រចៀក​ដែល​ព្រម​ស្តាប់​តាម​ដែរ
13 អ្នក​នាំ​សារ​ដែល​ស្មោះ‌ត្រង់ នោះ​ប្រៀប​ដូច​ជា​ត្រជាក់​នៃ​ហិមៈ​នៅ​រដូវ​ចម្រូូត ដល់​ពួក​អ្នក​ដែល​ចាត់​ប្រើ ដ្បិត​អ្នក​នោះ​លំហើយ​ព្រលឹង​របស់​ចៅ‌ហ្វាយ​ខ្លួន។
14 អ្នក​ណា​ដែល​អួត ដោយ​ពាក្យ​កំភូត ពី​ទាន​ដែល​ខ្លួន​ឲ្យ នោះ​ទុក​ដូច​ជា​ពពក ហើយ​និង​ខ្យល់​ដែល​ឥត​មាន​ភ្លៀង។
15 ដោយ​ការ​ខំ​អត់‌ធ្មត់ នោះ​ទើប​នឹង​បន្ទន់​ចិត្ត​របស់​ចៅ‌ហ្វាយ​បាន ហើយ​អណ្តាត​ស្រទន់​នឹង​អាច​បំបាក់​ឆ្អឹង​បាន​ដែរ។
16 តើ​ឯង​រក​បាន​ឃ្មុំ​ហើយ​ឬ ចូរ​បរិភោគ​តែ​ល្មម​សម​គួរ​ចុះ ក្រែង​បរិភោគ​ឆ្អែត​ទៅ​នឹង​ក្អួត​ចេញ​មក​វិញ។
17 កុំ​ឲ្យ​ជើង​ឯង​ចូល​ផ្ទះ​អ្នក​ជិត​ខាង​ជា​ញឹក‌ញយ​ពេក​ឡើយ ក្រែង​គេ​ធុញ‌ទ្រាន់ ហើយ​ស្អប់​ឯង​វិញ។
18 អ្នក​ណា​ដែល​ធ្វើ​បន្ទាល់​ក្លែង​ទាស់​នឹង​អ្នក​ជិត​ខាង​ខ្លួន នោះ​ធៀប​ដូច​ជា​ញញួរ និង​ដាវ ហើយ​និង​ព្រួញ​យ៉ាង​មុត។
19 កាល​ដែល​ទុក​ចិត្ត​ពឹង​ដល់​មនុស្ស​មិន​ស្មោះ នៅ​គ្រា​លំបាក នោះ​ធៀប​ដូច​ជា​ធ្មេញ​បាក់ ហើយ​ជើង​ដែល​ថ្លស់​លាស​ចេញ។
20 អ្នក​ណា​ដែល​ច្រៀង​ចម្រៀង ជូន​ដល់​មនុស្ស​ដែល​មាន​ចិត្ត​កើត​ទុក្ខ ឲ្យ​គេ​ស្តាប់ នោះ​ធៀប​ដូច​ជា​គេ​ដោះ​អាវ​នៅ​រដូវ​រងារ ឬ​ដូច​ជា​ចាក់​ទឹក‌ខ្មេះ​ទៅ​លើ​អំបិល​ក្បុង។
21 បើ​សត្រូវ​ឯង​ឃ្លាន ចូរ​ឲ្យ​វា​ស៊ី​ចុះ បើ​វា​ស្រេក ត្រូវ​ឲ្យ​វា​ផឹក​ផង
22 យ៉ាង​នោះ​នឹង​បាន​ដូច​ជា​បង្គរ​រងើក​ភ្លើង​នៅ​លើ​ក្បាល​វា ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ប្រទាន​រង្វាន់​ដល់​ឯង។
23 ខ្យល់​ខាង​ជើង​រមែង​នាំ​ភ្លៀង​មក ហើយ​អណ្តាត​ដែល​និយាយ​ដើម​គេ ក៏​នាំ​គេ​មាន​មុខ​មួម៉ៅ​ដូច្នោះ​ដែរ។
24 ស៊ូ​នៅ​ក្នុង​ទី​កៀន​១​នៅ​លើ​ដំបូល​ផ្ទះ ជា​ជាង​នៅ​ក្នុង​ផ្ទះ​ធំ​ទូលាយ​ជា​មួយ​នឹង​ស្ត្រី​ដែល​ចេះ​តែ​រក​រឿង។
25 ទឹក​បាន​ត្រជាក់​ដល់​ព្រលឹង​មនុស្ស​ល្វឹង‌ល្វើយ​ជា​យ៉ាង​ណា នោះ​ដំណឹង​ល្អ​ដែល​មក​ពី​ស្រុក​ឆ្ងាយ​ក៏​យ៉ាង​នោះ​ដែរ។
26 មនុស្ស​សុចរិត​ដែល​ចុះ​ចាញ់​ចំពោះ​មនុស្ស​អាក្រក់ នោះ​ធៀប​ដូច​ជា​រន្ធ​ទឹក​ល្អក់ ក៏​ដូច​ជា​ក្បាល​ទឹក​ដែល​ខូច​ហើយ​ដែរ។
27 បើ​បរិភោគ​ទឹក​ឃ្មុំ​ច្រើន​ពេក នោះ​មិន​ល្អ​ទេ មួយ​ទៀត ដែល​ស្វែង​រក​កិត្តិសព្ទ​ដល់​ខ្លួន នោះ​ជា​បន្ទុក​យ៉ាង​ធ្ងន់​ដែរ។
28 បើ​អ្នក​ណា​ដែល​មិន​ចេះ​គ្រប់‌គ្រង​លើ​ចិត្ត​របស់​ខ្លួន នោះ​ធៀប​ដូច​ជា​ទី​ក្រុង​ដែល​រលំ ហើយ​ឥត​មាន​កំផែង។


ជំពូក 26

1 ការ​ដែល​ហិមៈ​ធ្លាក់​នៅ​រដូវ​ក្តៅ ហើយ​ភ្លៀង​ធ្លាក់​នៅ​រដូវ​ចម្រូូត​មិន​សម​យ៉ាង​ណា កិត្តិយស​ក៏​មិន​សម​នឹង​មនុស្ស​ល្ងី‌ល្ងើ​យ៉ាង​នោះ​ដែរ
2 ការ​ដែល​ចាប​ហើរ​ទៅ​បាត់ ហើយ​សត្វ​ត្រចៀក‌កាំ​ចេះ​តែ​ហើរ​ទៅ​មក​យ៉ាង​ណា នោះ​សេចក្ដី​បណ្តាសា​ឥត​ហេតុ មិន​ទំ​ជាប់​ឡើយ​ក៏​យ៉ាង​នោះ​ដែរ
3 មាន​ត្មោង​សម្រាប់​សេះ មាន​បង្ហៀរ​សម្រាប់​លា ហើយ​រំពាត់​ក៏​សម្រាប់​ខ្នង​មនុស្ស​ល្ងី‌ល្ងើ​ដែរ។
4 កុំ​ឲ្យ​ឆ្លើយ​តប​នឹង​មនុស្ស​ល្ងី‌ល្ងើ តាម​សេចក្ដី​ចម្កួត​របស់​វា​ឡើយ ក្រែង​ឯង​ក៏​បាន​ដូច​ជា​វា​ដែរ
5 ចូរ​ឆ្លើយ​តប​នឹង​មនុស្ស​ល្ងី‌ល្ងើ ឲ្យ​ចំ​នឹង​សេចក្ដី​ចម្កួត​របស់​វា​ចុះ ក្រែង​វា​មើល​ខ្លួន​ដោយ​សេចក្ដី​អំនួត​ថា ជា​អ្នក​មាន​ប្រាជ្ញា
6 អ្នក​ណា​ដែល​ប្រើ​មនុស្ស​ល្ងី‌ល្ងើ​ឲ្យ​នាំ​ដំណឹង​ទៅ នោះ​ឈ្មោះ​ថា កាប់​ផ្តាច់​ជើង​របស់​ខ្លួន ហើយ​ក៏​ផឹក​ស្រូប​សេចក្ដី​អន្តរាយ​ដែរ
7 ជើង​របស់​មនុស្ស​ដែល​ដើរ​ចាក់​ខ្ញើច បាន​ខ្សោយ​យ៉ាង​ណា នោះ​ពាក្យ​សុភាសិត​នៅ​ក្នុង​មាត់​មនុស្ស​ល្ងី‌ល្ងើ​ក៏​យ៉ាង​នោះ​ដែរ
8 អ្នក​ដែល​ចង​ក្រួស​ភ្ជាប់​ក្នុង​ខ្សែ​ដង្ហក់​ជា​យ៉ាង​ណា នោះ​អ្នក​ដែល​លើក​មុខ​មនុស្ស​ល្ងី‌ល្ងើ​ក៏​យ៉ាង​នោះ​ដែរ
9 បន្លា​មុត​ចូល​ក្នុង​ដៃ​របស់​មនុស្ស​ស្រវឹង​ជា​យ៉ាង​ណា នោះ​ពាក្យ​សុភាសិត​នៅ​ក្នុង​មាត់​មនុស្ស​ល្ងី‌ល្ងើ​ក៏​យ៉ាង​នោះ​ដែរ
10 ពល​ធ្នូ ម្នាក់​ដែល​ជំនាញ​បាញ់​ឲ្យ​របួស​ទាំង​អស់​ជា​យ៉ាង​ណា អ្នក​ដែល​ជួល​មនុស្ស​ល្ងី‌ល្ងើ និង​មនុស្ស​ដែល​ដើរ​តាម​ផ្លូវ​ក៏​យ៉ាង​នោះ​ដែរ
11 មនុស្ស​ល្ងី‌ល្ងើ​ដែល​ចេះ​តែ​ធ្វើ​អំពើ​ចម្កួត​របស់​វា​ច្រំ‌ដែល​ទៀត នោះ​ធៀប​ដូច​ជា​ឆ្កែ​ដែល​ត្រឡប់​ទៅ​ស៊ី​កំអួត​វា​វិញ
12 ឯង​ដែល​ឃើញ​មនុស្ស​ដែល​ប្រកាន់​ថា ខ្លួន​មាន​ប្រាជ្ញា​ឬ​ទេ មាន​សង្ឃឹម​ចំពោះ​មនុស្ស​ល្ងី‌ល្ងើ​ជា​ជាង​អ្នក​នោះ​ទៅ​ទៀត។
13 មនុស្ស​ខ្ជិល​ច្រអូស​តែង​តែ​ថា មាន​សិង្ហ​១​នៅ​កណ្តាល​ថ្នល់ មាន​សិង្ហ​១​នៅ​ត្រង់​ផ្លូវ
14 មនុស្ស​ខ្ជិល​ច្រអូស​ចេះ​តែ​បំរាស​ននៀល​នៅ​លើ​គ្រែ បែប​ដូច​ទ្វារ​ដែល​បិទ​បើក​ទៅ​មក​ជាប់​នៅ​ត្រចៀក​ដែរ
15 មនុស្ស​ខ្ជិល​ច្រអូស​គេ​លូក​ដៃ​ទៅ​ក្នុង​ចាន ហើយ​ដែល​ដក​មក​បញ្ចុក​មាត់​វិញ​នោះ​ក៏​រួយ​ដៃ​ដល់​គេ​ណាស់
16 មនុស្ស​ខ្ជិល​ច្រអូស​គេ​តែង​ប្រកាន់​ថា ខ្លួន​មាន​ប្រាជ្ញា​ជា​ជាង​មនុស្ស​៧​នាក់​ដែល​តប​ឆ្លើយ​ដោយ​វាង‌វៃ។
17 អ្នក​ណា​ដែល​កំពុង​តែ​ដើរ​តាម​ផ្លូវ ព្រម​ទុក​ឲ្យ​ខ្លួន​ក្តៅ​ក្រហាយ ដោយ​ការ​ឈ្លោះ​ប្រកែក​របស់​អ្នក​ដទៃ នោះ​ធៀប​ដូច​ជា​មនុស្ស​ដែល​ចាប់​ត្រចៀក​ឆ្កែ
18 មនុស្ស​ដែល​បញ្ឆោត​អ្នក​ជិត​ខាង រួច​ពោល​ថា អញ​គ្រាន់​តែ​ធ្វើ​លេង​ទេ​តើ
19 នោះ​ប្រៀប​ដូច​ជា​មនុស្ស​ឆ្កួត​ដែល​បោះ​កម្ចាយ​អង្កត់​ឧស​កំពុង​ឆេះ ព្រម​ទាំង​ព្រួញ និង​សេចក្ដី​ស្លាប់​ផង
20 ទី​ណា​ដែល​ឥត​មាន​ឧស នោះ​ភ្លើង​ក៏​រលត់ ហើយ​ទី​ណា​ដែល​ឥត​មាន​អ្នក​បេះ‌បួយ នោះ​សេចក្ដី​ទាស់‌ទែង​គ្នា​ក៏​បាត់​អស់​ទៅ​ដែរ
21 មនុស្ស​ដែល​ចេះ​តែ​រក​រឿង គេ​រមែង​អុច‌អាល​ឲ្យ​មាន​សេចក្ដី​ទាស់‌ទែង​គ្នា ឧបមា​ដូច​ជា​ដាក់​ធ្យូង​នៅ​លើ​រងើក​ភ្លើង ហើយ​ដូច​ជា​ដាក់​ឧស​នៅ​លើ​ភ្លើង​ដែរ
22 ពាក្យ​សំដី​របស់​មនុស្ស​បេះ‌បួយ ធៀប​ដូច​ជា​ចំណី​ដែល​ឆ្ងាញ់​ពិសា ក៏​ចុះ​ទៅ​ដល់​ខាង​ក្នុង​របស់​មនុស្ស
23 មាន​បបូរ​មាត់​ហៃ​និយាយ ហើយ​ចិត្ត​អាក្រក់ នោះ​ធៀប​ដូច​ជា​ភាជនៈ​ដី​ស្រោប​ដោយ​អាចម៍​ប្រាក់។
24 អ្នក​ណា​ដែល​ស្អប់​គេ នោះ​រមែង​ក្លែង​ពាក្យ​ដោយ​បបូរ​មាត់ នោះ​ក៏​ប្រមូល​ទុក​សេចក្ដី​បញ្ឆោត​នៅ​ក្នុង​ចិត្ត​ដែរ
25 កាល​ណា​អ្នក​នោះ​ពោល​ពាក្យ​ល្អ នោះ​កុំ​ឲ្យ​ជឿ​ឲ្យ​សោះ ដ្បិត​នៅ​ក្នុង​ចិត្ត​គេ​មាន​សេចក្ដី​គួរ​ស្អប់​ខ្ពើម​៧​មុខ
26 ទោះ​បើ​សេចក្ដី​សំអប់​របស់​គេ​បាន​គ្រប​បាំង​ដោយ​ពុត​មាយា​ក៏​ដោយ គង់​តែ​សេចក្ដី​អាក្រក់​របស់​គេ​នឹង​សម្ដែង​ចេញ​ឲ្យ​ច្បាស់ នៅ​ចំពោះ​មុខ​នៃ​ពួក​ជំនុំ​ដែរ
27 អ្នក​ណា​ដែល​ជីក​រណ្តៅ អ្នក​នោះ​នឹង​ធ្លាក់​ទៅ​ក្នុង​រណ្តៅ​នោះ​ឯង ហើយ​អ្នក​ណា​ដែល​ប្រមៀល​ថ្ម ថ្ម​នោះ​នឹង​រមៀល​ត្រឡប់​មក​កិន​ខ្លួន​វិញ
28 ឯ​អណ្តាត​ភូត‌ភរ នោះ​រមែង​ស្អប់​ដល់​ពួក​អ្នក​ដែល​វា​បាន​ធ្វើ​ទុក្ខ​នោះ ហើយ​មាត់​បញ្ចើច​តែង​តែ​បណ្តាល​ឲ្យ​វិនាស។


ជំពូក 27

1 កុំ​ឲ្យ​អួត​ខ្លួន​ពី​ថ្ងៃ​ស្អែក ដ្បិត​ឯង​មិន​ដឹង​ជា​ថ្ងៃ​ណា​នឹង​កើត​មាន​ការ​អ្វី​ទេ។
2 ទុក​ឲ្យ​មនុស្ស​ឯ​ទៀត​សរសើរ​ឯង​ចុះ កុំ​ឲ្យ​មាត់​ឯង​សរសើរ​ខ្លួន​ឡើយ គឺ​ជា​អ្នក​ដទៃ មិន​មែន​ជា​បបូរ​មាត់​របស់​ឯង​ឡើយ។
3 ដុំ​ថ្ម​ជា​របស់​ធ្ងន់ ហើយ​ខ្សាច់​ក៏​មាន​ទំងន់​ដែរ តែ​សេចក្ដី​កំហឹង​របស់​មនុស្ស​ល្ងី‌ល្ងើ នោះ​ធ្ងន់​ជាង​ទាំង​២​មុខ​នោះ​ទៅ​ទៀត។
4 សេចក្ដី​ឃោរ‌ឃៅ ជា​សេចក្ដី​ដែល​សាហាវ​ណាស់ ហើយ​សេចក្ដី​កំហឹង​ក៏​ខ្លាំង‌ក្លា​ដែរ តែ​ឯ​សេចក្ដី​ប្រចណ្ឌ តើ​អ្នក​ណា​នឹង​ទប់‌ទល់​បាន។
5 ការ​ដែល​ត្រូវ​បន្ទោស​នៅ​កណ្តាល​ជំនុំ នោះ​វិសេស​ជាង​សេចក្ដី​ស្រឡាញ់​លាក់​កំបាំង។
6 របួស​ដែល​មិត្ត​សំឡាញ់​ធ្វើ​ដល់​យើង នោះ​តែង​ធ្វើ​ដោយ​ស្មោះ‌ត្រង់​ទេ តែ​ឯ​ការ​ថើប​របស់​ខ្មាំង​សត្រូវ នោះ​ជា​សេចក្ដី​បញ្ឆោត​វិញ។
7 អ្នក​ណា​ដែល​ឆ្អែត​ហើយ ទោះ​ទាំង​សំណុំ​ឃ្មុំ​ក៏​ណាយ​ចិត្ត​ដែរ តែ​ឯ​អ្នក​ណា​ដែល​ឃ្លាន ទោះ​ទាំង​របស់​ជូរ​ល្វីង​ក៏​ផ្អែម​ដល់​គេ​វិញ។
8 មនុស្ស​ណា​ដែល​វង្វេង​ឆ្ងាយ​ពី​ទី​លំនៅ​ខ្លួន នោះ​ប្រៀប​ដូច​ជា​សត្វ​ហើរ ដែល​វង្វេង​ឆ្ងាយ​ពី​សំបុក​វា​ដែរ។
9 ប្រេង​លាប និង​ទឹក​អប់ នោះ​នាំ​ឲ្យ​ចិត្ត​រីក‌រាយ​ឡើង ឯ​សេចក្ដី​ផ្អែម‌ល្ហែម​នៃ​សេចក្ដី​ដាស់‌តឿន​ដ៏​អស់​ពី​ចិត្ត​របស់​ភឿន‌មិត្ត​ក៏​ដូច្នោះ​ដែរ។
10 ឯ​មិត្ត‌ភក្តិ​របស់​ខ្លួន និង​មិត្ត‌ភក្តិ​របស់​ឪពុក នោះ​កុំ​ឲ្យ​បោះ‌បង់​ចោល​ឡើយ ក៏​កុំ​ឲ្យ​ចូល​ផ្ទះ​របស់​បង​ប្អូន​ឯង​ក្នុង​គ្រា​ដែល​ឯង​កើត​មាន​សេចក្ដី​ទុក្ខ​ព្រួយ​ដែរ អ្នក​មួយ​ដែល​នៅ​ជិត​ខាង​ខ្លួន នោះ​វិសេស​ជាង​បង​ប្អូន​ដែល​នៅ​ឆ្ងាយ​វិញ។
11 កូន​អើយ ចូរ​ឲ្យ​ឯង​មាន​ប្រាជ្ញា​ឡើង ហើយ​ឲ្យ​ចិត្ត​អញ​បាន​រីក‌រាយ​ចុះ ដើម្បី​ឲ្យ​អញ​អាច​តប​ឆ្លើយ​ចំពោះ​មនុស្ស​ដែល​ដៀល‌ត្មះ​ដល់​អញ។
12 មនុស្ស​ដែល​មាន​គំនិត​ឆ្លៀវ‌ឆ្លាត​គេ​ឃើញ​ការ​អាក្រក់​មក ក៏​ពួន​ខ្លួន តែ​មនុស្ស​ល្ងង់‌ខ្លៅ​គេ​ចេះ​តែ​ដើរ​ទៅ ហើយ​ក៏​ត្រូវ​មាន​ទុក្ខ។
13 ចូរ​ទទួល​បញ្ចាំ​អាវ​របស់​អ្នក​ដែល​ធានា​ឲ្យ​មនុស្ស​ដទៃ ហើយ​ទទួល​របស់​បញ្ចាំ​ពី​អ្នក​ដែល​សន្យា​ជំនួស​អ្នក​ក្រៅ​ចុះ។
14 បើ​អ្នក​ណា​ក្រោក​ពី​ព្រលឹម​ស្រាង និង​ឲ្យ​ពរ​ដល់​មិត្ត​សំឡាញ់​ដោយ​សំឡេង​ខ្លាំង នោះ​នឹង​បាន​រាប់​ជា​ពាក្យ​ជេរ​ដល់​គេ​វិញ។
15 ទឹក​ដែល​ស្រក់​ចុះ​តក់ៗ​ជានិច្ច នៅ​ថ្ងៃ​ភ្លៀង​ច្រើន ហើយ​ស្ត្រី​ដែល​ចេះ​តែ​រក​រឿង នោះ​ក៏​ដូច​គ្នា
16 អ្នក​ណា​ដែល​ចង់​ឃាត់​នាង នោះ​ឃាត់​តែ​ខ្យល់​ទេ ហើយ​ដៃ​អ្នក​នោះ​ចាប់​ក្តាប់​ប្រេង​ប៉ុណ្ណោះ។
17 ដែក​រមែង​សំលៀង​ដែក ឯ​មនុស្ស​ក៏​ធ្វើ​ឲ្យ​មិត្ត​សំឡាញ់​ខ្លួន​មុត​ស្រួច​យ៉ាង​នោះ​ដែរ។
18 អ្នក​ណា​ដែល​ថែ‌ទាំ​ដើម​ល្វា អ្នក​នោះ​នឹង​បាន​ផ្លែ​បរិភោគ ហើយ​អ្នក​ណា​ដែល​បម្រើ​ចៅ‌ហ្វាយ​ខ្លួន​ដោយ​ល្អ នោះ​នឹង​បាន​កិត្តិសព្ទ។
19 មុខ​ឆ្លុះ​ឃើញ​មុខ​នៅ​ក្នុង​ទឹក​ជា​យ៉ាង​ណា នោះ​ចិត្ត​របស់​មនុស្ស​ក៏​ច្បាស់​ដល់​មនុស្ស​យ៉ាង​នោះ​ដែរ។
20 ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ហើយ​និង​ទី​វិនាស​នោះ​មិន​ចេះ​ស្កប់‌ស្កល់​ឡើយ ឯ​ភ្នែក​នៃ​មនុស្ស​ក៏​មិន​ចេះ​ស្កប់‌ស្កល់​ដូច​គ្នា​ដែរ។
21 មាន​បាវ​ដី​សម្រាប់​សំរង​ប្រាក់ ហើយ​មាន​ឡ​សម្រាប់​មាស តែ​នឹង​ស្គាល់​មនុស្ស​បាន​ដោយ‌សារ​តែ​សេចក្ដី​ដែល​គេ​សរសើរ​ពី​អ្នក​នោះ​ទេ។
22 ទោះ​បើ​នឹង​បុក​មនុស្ស​ល្ងី‌ល្ងើ​នៅ​ក្នុង​ត្បាល់​ជា​មួយ​នឹង​ស្រូវ​ក៏​ដោយ គង់​តែ​សេចក្ដី​ចម្កួត​របស់​វា​មិន​ព្រម​របក​ចេញ​ពី​វា​ឡើយ។
23 ចូរ​មាន​ចិត្ត​ខ្នះ‌ខ្នែង​ឲ្យ​ស្គាល់​សណ្ឋាន​នៃ​ហ្វូង​ចៀម​ឯង ហើយ​ឲ្យ​ថែ​មើល​ហ្វូង​គោ​ឯង​ឲ្យ​ល្អ​ចុះ
24 ដ្បិត​ទ្រព្យ​សម្បត្តិ​មិន​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប​ទេ តើ​មកុដ​ស្តេច​នៅ​ជាប់​អស់​ទាំង​ដំណ​ត​ទៅ​ឬ
25 ឯ​ស្មៅ​ក្រៀម​គេ​ដឹក​យក​ទៅ រួច​ស្មៅ​ខ្ចី​លូត‌លាស់​ឡើង ហើយ​គេ​ប្រមូល​ស្មៅ​ព្រៅ​ពី​ភ្នំ​មក​ដែរ
26 កូន​ចៀម​ទាំង​ប៉ុន្មាន​នឹង​បាន​សម្រាប់​ធ្វើ​ជា​សម្លៀក‌បំពាក់​ដល់​ឯង ឯ​ពពែ​ឈ្មោល​ក៏​សម្រាប់​សង​ថ្លៃ​ចម្ការ​ដែរ
27 ហើយ​និង​មាន​ទឹក​ដោះ​ពពែ ល្មម​ទុក​ជា​អាហារ​ដល់​ឯង គឺ​ជា​អាហារ​សម្រាប់​គ្រួសារ​ឯង ហើយ​សម្រាប់​ចិញ្ចឹម​ពួក​ស្រី​បម្រើ​របស់​ឯង​ទៀត។


ជំពូក 28

1 មនុស្ស​អាក្រក់​គេ​រត់​ក្នុង​កាល​ដែល​គ្មាន​អ្នក​ណា​ដេញ​តាម​សោះ តែ​មនុស្ស​សុចរិត​មាន​ចិត្ត​ក្លាហាន​ដូច​សិង្ហ​វិញ។
2 កាល​ណា​មាន​ការ​បះ‌បោរ​កើត​ឡើង​ក្នុង​ស្រុក នោះ​រមែង​មាន​ចៅ‌ហ្វាយ​ជា​ច្រើន តែ​បើ​មាន​មនុស្ស​ម្នាក់​ដែល​មាន​យោបល់ ហើយ​និង​តម្រិះ នោះ​នគរ​នឹង​ស្ថិត‌ស្ថេរ​នៅ​ត​ទៅ​បាន។
3 មនុស្ស​ក្រ​ដែល​ពាន​លើ​មនុស្ស​កំសត់​ទុគ៌ត នោះ​ធៀប​ដូច​ជា​ភ្លៀង​យ៉ាង​ខ្លាំង ដែល​បោស​រំលីង​មិន​ឲ្យ​មាន​អាហារ​សល់​ឡើយ។
4 ពួក​អ្នក​ដែល​បោះ​បង់​ចោល​បញ្ញត្ត​ច្បាប់ គេ​រមែង​សរសើរ​មនុស្ស​អាក្រក់ តែ​អស់​អ្នក​ដែល​ប្រព្រឹត្ត​តាម​បញ្ញត្ត​ច្បាប់​វិញ នោះ​តែង​តែ​ត​តាំង​នឹង​គេ។
5 មនុស្ស​អាក្រក់​មិន​យល់​សេចក្ដី​យុត្តិ‌ធម៌​ទេ តែ​ពួក​អ្នក​ដែល​ស្វែង​រក​ព្រះ‌យេហូវ៉ា គេ​យល់​គ្រប់​ទាំង​អស់​វិញ។
6 មនុស្ស​ក្រីក្រ​ដែល​ប្រព្រឹត្ត​តាម​ផ្លូវ​ទៀង​ត្រង់​របស់​ខ្លួន នោះ​វិសេស​ជាង​មនុស្ស​ក្រវិច‌ក្រវៀន ក្នុង​គ្រប់​ទាំង​ផ្លូវ​របស់​គេ ទោះ​បើ​ជា​អ្នក​មាន​ក៏​ដោយ។
7 អ្នក​ណា​ដែល​ប្រព្រឹត្ត​តាម​បញ្ញត្ត​ច្បាប់ នោះ​ជា​កូន​ដែល​មាន​ប្រាជ្ញា តែ​អ្នក​ណា​ដែល​ភប់‌ប្រសព្វ​នឹង​មនុស្ស​ល្មោភ​ស៊ី​ផឹក នោះ​នាំ​ឲ្យ​ឪពុក​មាន​សេចក្ដី​ខ្មាស​វិញ។
8 អ្នក​ណា​ដែល​ចម្រើន​សម្បត្តិ​ទ្រព្យ​ខ្លួន ដោយ​យក​ការ ហើយ​ដោយ​ដាក់​បុល នោះ​គឺ​ប្រមូល​ទុក​សម្រាប់​មនុស្ស​ដែល​មាន​ចិត្ត​មេត្តា​ដល់​មនុស្ស​ទាល់​ក្រ​ទេ។
9 អ្នក​ណា​ដែល​បែរ​ត្រចៀក​ចេញ​មិន​ព្រម​ស្តាប់​បញ្ញត្ត​ច្បាប់ នោះ​ទោះ​ទាំង​ពាក្យ​អធិស្ឋាន​របស់​អ្នក​នោះ ក៏​ជា​ទី​ស្អប់​ខ្ពើម​ដែរ។
10 អ្នក​ណា​ដែល​នាំ​ឲ្យ​មនុស្ស​ទៀង​ត្រង់​វង្វេង​តាម​ផ្លូវ​អាក្រក់ អ្នក​នោះ​ឯង​នឹង​ធ្លាក់​ទៅ​ក្នុង​រណ្តៅ​ដែល​ខ្លួន​បាន​ជីក​វិញ តែ​មនុស្ស​ទៀង​ត្រង់​នឹង​គ្រង​បាន​សេចក្ដី​ល្អ​ជា​មរដក។
11 មនុស្ស​អ្នក​មាន​គេ​តែង​ប្រកាន់​ថា ខ្លួន​មាន​ប្រាជ្ញា តែ​មនុស្ស​ក្រ​ដែល​មាន​យោបល់​នឹង​ស្ទង់​មើល ឲ្យ​ស្គាល់​គេ​បាន។
12 កាល​ណា​មនុស្ស​សុចរិត​មាន​ជ័យ‌ជម្នះ នោះ​បណ្តា‌ជន​មាន​សេចក្ដី​អំណរ​ជា​ខ្លាំង​ក្រៃ‌លែង តែ​បើ​កាល​ណា​មនុស្ស​អាក្រក់​បាន​តាំង​ឡើង នោះ​ជន​ទាំង‌ឡាយ​នាំ​គ្នា​ពួន​ខ្លួន​វិញ។
13 អ្នក​ណា​ដែល​គ្រប់​បាំង​ការ​រំលង​របស់​ខ្លួន នោះ​នឹង​មិន​ចម្រើន​ឡើង​ទេ តែ​អ្នក​ណា​ដែល​លន់‌តួ ហើយ​លះ‌បង់​អំពើ​នោះ នឹង​ប្រទះ​បាន​សេចក្ដី​មេត្តា‌ករុណា​វិញ។
14 សប្បាយ​ហើយ អ្នក​ណា​ដែល​មាន​ចិត្ត​កោត‌ខ្លាច​ជានិច្ច តែ​អ្នក​ណា​ដែល​តាំង​ចិត្ត​រឹង‌ទទឹង នោះ​នឹង​ធ្លាក់​ទៅ​ក្នុង​សេចក្ដី​អន្តរាយ​វិញ។
15 មនុស្ស​អាក្រក់​ដែល​គ្រប់‌គ្រង​លើ​ប្រជា‌ជន​ទាល់​ក្រ នោះ​ធៀប​ដូច​ជា​សិង្ហ​ដែល​គ្រហឹម​គំរាម ហើយ​ដូច​ខ្លា‌ឃ្មុំ​ដែល​កំពុង​ស្វែង​រក​អាហារ។
16 ចៅ‌ហ្វាយ​ណា​ដែល​ខ្វះ​យោបល់ នោះ​តែង​តែ​សង្កត់‌សង្កិន​ជន​ជា​យ៉ាង​ខ្លាំង តែ​អ្នក​ណា​ដែល​ស្អប់​សេចក្ដី​លោភ នោះ​នឹង​បាន​ចម្រើន​អាយុ​យឺន‌យូរ​វិញ។
17 ឯ​មនុស្ស​ដែល​មាន​ទោស​ជា​អ្នក​កម្ចាយ​ឈាម​គេ នោះ​នឹង​រត់​ចុះ​ទៅ​ក្នុង​រណ្តៅ កុំ​ឲ្យ​អ្នក​ណា​ឃាត់​វា​ឡើយ។
18 អ្នក​ណា​ដែល​ដើរ​ដោយ​ទៀង​ត្រង់ នោះ​នឹង​បាន​ប្រោស​ឲ្យ​រួច តែ​អ្នក​ណា​ដែល​កាន់​តាម​ផ្លូវ​វៀច នោះ​នឹង​ត្រូវ​ធ្លាក់​ចុះ​ដោយ​ឆាប់​រហ័ស។
19 អ្នក​ណា​ដែល​ធ្វើ​ស្រែ​ខ្លួន នោះ​នឹង​បាន​អាហារ​ជា​បរិបូរ តែ​អ្នក​ណា​ដែល​ជាប់​តាម​មនុស្ស​ចោល‌ម្សៀត នោះ​នឹង​បាន​សេចក្ដី​កំសត់​យ៉ាង​ឆ្អែត​វិញ។
20 មនុស្ស​ស្មោះ‌ត្រង់​នឹង​បាន​ពរ​ជា​បរិបូរ តែ​អ្នក​ណា​ដែល​ប្រញាប់‌ប្រញាល់​ឲ្យ​បាន​ជា​អ្នក​មាន នោះ​នឹង​មិន​រួច​ចាក​ពី​ទោស​ឡើយ។
21 ការ​ដែល​យោគ‌យល់​ខាង​មនុស្ស​ណា នោះ​មិន​ល្អ​ទេ ហើយ​ដែល​ប្រព្រឹត្ត​រំលង​ច្បាប់​ឲ្យ​តែ​បាន​អាហារ​បន្តិច‌បន្តួច នោះ​ក៏​មិន​ល្អ​ដូច​គ្នា។
22 អ្នក​ណា​ដែល​មាន​ភ្នែក​អាក្រក់ នោះ​កំពុង​តែ​រួស‌រាន់​ដេញ​តាម​ទ្រព្យ​សម្បត្តិ ឥត​ដឹង​ឡើយ​ថា សេចក្ដី​ខ្វះ‌ខាត​នឹង​តាម​ខ្លួន​ទាន់។
23 អ្នក​ណា​ដែល​បន្ទោស​ដល់​មនុស្ស នោះ​នៅ​ជាន់​ក្រោយ​នឹង​មាន​គេ​រាប់​អាន​ខ្លួន ជា​ជាង​អ្នក​ដែល​បញ្ចើច​ដោយ​អណ្តាត​ទៅ​ទៀត។
24 អ្នក​ណា​ដែល​លួច​យក​របស់​ឪពុក​ឬ​ម្តាយ​ខ្លួន រួច​ពោល​ថា មិន​មែន​ជា​បាប​ទេ អ្នក​នោះ​ឯង​ជា​សំឡាញ់​នឹង​ពួក​អ្នក​បំផ្លាញ​ហើយ។
25 អ្នក​ណា​ដែល​មាន​ចិត្ត​ធំ នោះ​បណ្តាល​ឲ្យ​មាន​សេចក្ដី​ទាស់‌ទែង​គ្នា ឯ​អ្នក​ណា​ដែល​ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា​វិញ នោះ​ទើប​នឹង​បាន​ថ្កុំ‌ថ្កើង​ឡើង។
26 អ្នក​ណា​ដែល​ទី​ពឹង​តែ​ចិត្ត​ខ្លួន​ឯង នោះ​ជា​អ្នក​ល្ងី‌ល្ងើ​ហើយ តែ​អ្នក​ណា​ដែល​ប្រព្រឹត្ត​ដោយ​ប្រាជ្ញា​វិញ នោះ​នឹង​បាន​ប្រោស​ឲ្យ​រួច។
27 អ្នក​ណា​ដែល​ចែក‌ចាយ​ឲ្យ​ដល់​ពួក​ទាល់​ក្រ អ្នក​នោះ​នឹង​មិន​ខ្វះ​ខាត​ឡើយ តែ​អ្នក​ណា​ដែល​គេច​ភ្នែក​ចេញ នោះ​នឹង​ត្រូវ​ពាក្យ​ប្រទេច​ផ្តាសា​ជា​ច្រើន។
28 បើ​កាល​ណា​ពួក​មនុស្ស​អាក្រក់​បាន​តាំង​ខ្លួន​ឡើង នោះ​មនុស្ស​ទាំង‌ឡាយ​នាំ​គ្នា​ពួន​ខ្លួន​អស់ តែ​កាល​ណា​ពួក​នោះ​វិនាស​បាត់​ទៅ​វិញ នោះ​មនុស្ស​សុចរិត​រមែង​ចម្រើន​ឡើង​វិញ។


ជំពូក 29

1 អ្នក​ណា​ដែល​ត្រូវ​បន្ទោស​ជា​ញយៗ តែ​តាំង​ចិត្ត​រឹង​វិញ នោះ​ត្រូវ​វិនាស​ក្នុង​១​រំពេច ទាល់​បើ​ជួយ​ផង។
2 កាល​ណា​មនុស្ស​សុចរិត​មាន​អំណាច​ឡើង នោះ​ជន​ទាំង‌ឡាយ​រមែង​មាន​ចិត្ត​រីក‌រាយ តែ​កាល​ណា​មនុស្ស​អាក្រក់​គ្រប់‌គ្រង​វិញ នោះ​បណ្តា‌ជន​ស្រែក​ថ្ងូរ​ឡើង។
3 អ្នក​ណា​ដែល​ស្រឡាញ់​ដល់​ប្រាជ្ញា នោះ​រមែង​នាំ​ឲ្យ​ឪពុក​រីក‌រាយ​សប្បាយ តែ​អ្នក​ណា​ដែល​គប់​រក​ស្រី​សំផឹង នោះ​ស៊ី​បង្ហិន​ទ្រព្យ​សម្បត្តិ​គាត់​វិញ។
4 ស្តេច​រមែង​តាំង​នគរ​ឲ្យ​មាំ‌មួន ដោយ‌សារ​សេចក្ដី​យុត្តិ‌ធម៌ តែ​ស្តេច​ណា​ដែល​សង្កត់‌សង្កិន​យក​តង្វាយ នោះ​ធ្វើ​ឲ្យ​ស្រុក​វិនាស​វិញ។
5 អ្នក​ណា​ដែល​បញ្ចើច​ដល់​អ្នក​ជិត​ខាង នោះ​ឈ្មោះ​ថា ដាក់​លប់​សម្រាប់​ចាប់​ជើង​គេ​ទេ។
6 មាន​អន្ទាក់​នៅ​ក្នុង​អំពើ​រំលង​របស់​មនុស្ស​អាក្រក់ តែ​មនុស្ស​សុចរិត​គេ​ច្រៀង​ដោយ​អរ​សប្បាយ​វិញ។
7 មនុស្ស​សុចរិត​រមែង​ពិចារណា​យល់​ហេតុ​នៃ​មនុស្ស​ទាល់​ក្រ តែ​មនុស្ស​អាក្រក់​គ្មាន​យោបល់​យល់​បាន​ទេ។
8 មនុស្ស​ចំអក​មើល‌ងាយ​គេ​អុច‌អាល​ឲ្យ​ទី​ក្រុង​ឆេះ​ឡើង តែ​មនុស្ស​មាន​ប្រាជ្ញា​គេ​បង្វែរ​បណ្តេញ​សេចក្ដី​ក្រោធ​ចេញ​វិញ។
9 បើ​អ្នក​មាន​ប្រាជ្ញា​គេ​កើត​មាន​រឿង​នឹង​មនុស្ស​ចម្កួត ទោះ​បើ​អ្នក​នោះ​ខឹង ឬ​សើច​ក្តី គង់​តែ​ឥត​មាន​សេចក្ដី​សុខ​វិញ​ឡើយ។
10 ពួក​មនុស្ស​ដែល​កម្ចាយ​ឈាម នោះ​រមែង​តែ​ស្អប់​ដល់​មនុស្ស​ត្រឹម​ត្រូវ តែ​មនុស្ស​ទៀង​ត្រង់​រក​ជួយ​សង្គ្រោះ​ព្រលឹង​អ្នក​នោះ​វិញ។
11 ពួក​ល្ងី‌ល្ងើ​សម្ដែង​ចេញ​អស់​ទាំង​កំហឹង​របស់​ខ្លួន តែ​មនុស្ស​មាន​ប្រាជ្ញា​គេ​ទប់​ចិត្ត ហើយ​រំងាប់​ចេញ​វិញ។
12 បើ​អ្នក​គ្រប់‌គ្រង​តែង​ស្តាប់​តាម​ពាក្យ​ភូត‌ភរ នោះ​ពួក​អ្នក​បម្រើ​របស់​គេ​ក៏​ជា​មនុស្ស​អាក្រក់​ដែរ។
13 មនុស្ស​ទាល់​ក្រ និង​មនុស្ស​ដែល​សង្កត់‌សង្កិន គេ​តែង​តែ​ប្រទះ​គ្នា តែ​គឺ​ព្រះ‌យេហូវ៉ា ដែល​បំភ្លឺ​ភ្នែក​របស់​អ្នក​ទាំង​២​នោះ។
14 ឯ​ស្តេច​ណា​ដែល​វិនិច្ឆ័យ​ក្តី​របស់​មនុស្ស​ទាល់​ក្រ​ដោយ​ឥត​មន្ទិល បល្ល័ង្ក‌រាជ្យ​របស់​ស្តេច​នោះ​នឹង​បាន​តាំង​ឲ្យ​ជាប់​ជា​ដរាប។
15 រំពាត់ និង​សេចក្ដី​ប្រៀន​ប្រដៅ រមែង​ឲ្យ​កើត​មាន​ប្រាជ្ញា តែ​កូន​ណា​ដែល​បណ្តោយ​ឲ្យ​ប្រព្រឹត្ត​តាម​អំពើ​ចិត្ត នោះ​តែង​ធ្វើ​ឲ្យ​ម្តាយ​មាន​សេចក្ដី​ខ្មាស​វិញ។
16 កាល​ណា​មនុស្ស​អាក្រក់​ចម្រើន​ជា​ច្រើន​ឡើង នោះ​សេចក្ដី​រំលង​ច្បាប់​ក៏​ចម្រើន​ឡើង​ដែរ ប៉ុន្តែ ពួក​សុចរិត​នឹង​ឃើញ​គ្រា​ដែល​គេ​ដួល​ចុះ​ទៅ​វិញ។
17 ចូរ​ស្តី​ប្រដៅ​កូន​ឯង​ចុះ នោះ​វា​នឹង​ឲ្យ​ឯង​បាន​សម្រាក​ចិត្ត អើ វា​នឹង​ឲ្យ​ឯង​មាន​ចិត្ត​រីក‌រាយ​ផង។
18 គ្រា​ណា​ដែល​ឥត​មាន​ការ​បើក​សម្ដែង នោះ​បណ្តា‌ជន​រមែង​លែង​ទប់​ចិត្ត តែ​អ្នក​ណា​ដែល​ប្រព្រឹត្ត​តាម​បញ្ញត្ត​ច្បាប់ នោះ​សប្បាយ​ហើយ។
19 ខ្ញុំ​កំដរ​នឹង​រាង‌ចាល ដោយ‌សារ​តែ​ពាក្យ​បន្ទោស​មិន​បាន ដ្បិត​ទោះ​បើ​វា​ស្តាប់​បាន គង់​តែ​មិន​យក​ចិត្ត​ទុក​ដាក់​ឡើយ។
20 ឯង​ដែល​ឃើញ​មនុស្ស​រហ័ស​នឹង​បញ្ចេញ​សំដី​ឬ​មាន​សេចក្ដី​សង្ឃឹម ចំពោះ​មនុស្ស​ល្ងី‌ល្ងើ ជា​ជាង​អ្នក​នោះ​ទៅ​ទៀត។
21 អ្នក​ណា​ដែល​ចិញ្ចឹម​បាវ​បម្រើ​ដោយ​ថ្នម តាំង​ពី​តូច​មក នោះ​ដល់​ជាន់​ក្រោយ​នឹង​បាន​អ្នក​នោះ​ដូច​ជា​កូន​វិញ។
22 មនុស្ស​មួម៉ៅ​រមែង​អុច‌អាល ឲ្យ​កើត​មាន​សេចក្ដី​ទាស់‌ទែង​គ្នា ហើយ​មនុស្ស​មាន​ចិត្ត​ក្រោធ នោះ​រំលង​ច្បាប់​ជា​ច្រើន។
23 ចិត្ត​ឆ្មើង‌ឆ្មៃ​របស់​មនុស្ស​នឹង​នាំ​ឲ្យ​ទាប‌ថោក​ទៅ តែ​អ្នក​ណា​ដែល​មាន​ចិត្ត​សុភាព​រាប‌ទាប នោះ​នឹង​បាន​កិត្តិសព្ទ​វិញ។
24 អ្នក​ណា​ដែល​ចូល​ដៃ​នឹង​ចោរ នោះ​ឈ្មោះ​ថា​ស្អប់​ដល់​ព្រលឹង​ខ្លួន វា​ឮ​គេ​ដាក់​បណ្តាសា​ដល់​ខ្លួន ប៉ុន្តែ មិន​ពោល​តប​ឡើយ។
25 ការ​ដែល​ខ្លាច​ចំពោះ​មនុស្ស នោះ​នាំ​ឲ្យ​ជាប់​អន្ទាក់ តែ​អ្នក​ណា​ដែល​ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា​ពិត នោះ​នឹង​បាន​សុខ​វិញ។
26 មាន​មនុស្ស​ជា​ច្រើន​ដែល​ស្វែង​រក ឲ្យ​បាន​ប្រកប​ដោយ​គុណ​នៃ​អ្នក​គ្រប់‌គ្រង តែ​សេចក្ដី​វិនិច្ឆ័យ​ដល់​មនុស្ស​នោះ​ស្រេច​នៅ​ព្រះ‌យេហូវ៉ា​វិញ។
27 ឯ​មនុស្ស​ទុច្ចរិត​គេ​ជា​ទី​ស្អប់​ខ្ពើម​ដល់​ពួក​សុចរិត ហើយ​អ្នក​ណា​ដែល​ប្រព្រឹត្ត​ដោយ​ទៀង​ត្រង់ នោះ​ក៏​ជា​ទី​ស្អប់​ខ្ពើម​ដល់​មនុស្ស​អាក្រក់​ដែរ។


ជំពូក 30

1 ពាក្យ​ទាំង​នេះ ជា​ពាក្យ​របស់​អេគើរ ជា​កូន​យ៉ាកេ គឺ​ជា​សេចក្ដី​ទំនាយ​ដែល​អ្នក​នោះ​បាន​ពោល​ដល់​អ៊ីធាល គឺ​ដល់​អ៊ីធាល និង​យូកាល​ផង​ថា___
2 ពិត​ប្រាកដ​ជា​ខ្ញុំ​ល្ងង់​ជាង​អស់​ទាំង​មនុស្ស ក៏​ឥត​មាន​យោបល់​របស់​មនុស្ស​ដែរ
3 ខ្ញុំ​មិន​បាន​រៀន​ឲ្យ​មាន​ប្រាជ្ញា​ទេ ក៏​គ្មាន​តម្រិះ​របស់​ព្រះ​ដ៏​បរិសុទ្ធ​ផង។
4 តើ​អ្នក​ណា​បាន​ឡើង​ទៅ​ឯ​ស្ថាន‌សួគ៌ រួច​ត្រឡប់​ចុះ​មក​វិញ តើ​អ្នក​ណា​បាន​កើប​ប្រមូល​ខ្យល់​ក្តាប់​នៅ​ដៃ​អាវ តើ​អ្នក​ណា​បាន​ដក់​ក្របួច​អស់​ទាំង​ទឹក នៅ​ក្នុង​ថ្នក់​អាវ​របស់​ខ្លួន តើ​អ្នក​ណា​បាន​ប្រតិ‌ស្ឋាន​ចុង​ផែនដី​ទាំង​ប៉ុន្មាន តើ​ព្រះ‌អង្គ​នោះ​មាន​ព្រះ‌នាម​ជា​អ្វី ហើយ​ព្រះ‌រាជ​បុត្រា​របស់​ទ្រង់​តើ​មាន​ព្រះ‌នាម​ជា​អ្វី បើ​ឯង​ដឹង ចូរ​ប្រាប់​មក។
5 គ្រប់​ទាំង​ព្រះ‌បន្ទូល​នៃ​ព្រះ​សុទ្ធ​តែ​បរិសុទ្ធ ទ្រង់​ជា​ខែល​ដល់​អស់​អ្នក​ដែល​ពឹង​ជ្រក​ក្នុង​ទ្រង់
6 កុំ​ឲ្យ​បន្ថែម​បញ្ចូល​ក្នុង​ព្រះ‌បន្ទូល​ទ្រង់​ឡើយ ក្រែង​ទ្រង់​បន្ទោស​ដល់​ឯង ហើយ​ឃើញ​ថា ឯង​ជា​មនុស្ស​ភូត‌ភរ។
7 ទូល‌បង្គំ​បាន​សូម​សេចក្ដី​២​ប្រការ​ពី​ទ្រង់ សូម​កុំ​ខាន​នឹង​ប្រទាន​សេចក្ដី​ទាំង​២​នោះ​ដល់​ទូល‌បង្គំ មុន​ដែល​ទូល‌បង្គំ​ស្លាប់​ឡើយ
8 គឺ​សូម​កំចាត់​សេចក្ដី​ភូត‌ភរ និង​ពាក្យ​កុហក​ឲ្យ​ឆ្ងាយ​ពី​ទូល‌បង្គំ​ទៅ ហើយ​សូម​កុំ​ឲ្យ​ទូល‌បង្គំ​មាន​សេចក្ដី​ទាល់​ក្រ ឬ​ជា​អ្នក​មាន​ដែរ សូម​គ្រាន់​តែ​ចិញ្ចឹម​ទូល‌បង្គំ​ដោយ​អាហារ​ដែល​ត្រូវ​ការ​ប៉ុណ្ណោះ
9 ក្រែង​ទូល‌បង្គំ​បាន​ឆ្អែត ហើយ​បោះ‌បង់​ចោល​ទ្រង់​ដោយ​ពាក្យ​ថា ព្រះ‌យេហូវ៉ា​ជា​អ្នក​ណា​ហ្ន៎ ឬ​ក្រែង​ទូល‌បង្គំ​មាន​សេចក្ដី​ទាល់​ក្រ ហើយ​ទៅ​ជា​លួច​គេ ព្រម​ទាំង​ប្រើ​ព្រះ‌នាម​នៃ​ព្រះ​ជា​ទី​មើល‌ងាយ​ផង។
10 កុំ​ឲ្យ​និយាយ​បង្កាច់​បាវ​បម្រើ​ដល់​ចៅ‌ហ្វាយ​វា​ឡើយ ក្រែង​គេ​ជេរ​ឯង ហើយ​ឯង​ជាប់​មាន​ទោស​វិញ
11 មាន​សម័យ​១ ដែល​មនុស្ស​ហ៊ាន​ជេរ​ដល់​ឪពុក​ខ្លួន ហើយ​មិន​ឲ្យ​ពរ​ដល់​ម្តាយ​ផង
12 មាន​សម័យ​១ ដែល​មនុស្ស​មើល​ខ្លួន​ឯង​ស្មាន​ថា​បរិសុទ្ធ ប៉ុន្តែ គេ​មិន​ទាន់​បាន​លាង​ជម្រះ​សេចក្ដី​ស្មោក‌គ្រោក​របស់​គេ​ចេញ​នៅ​ឡើយ​ទេ
13 មាន​សម័យ​១ ដែល​មនុស្ស​មាន​ឫក​ខ្ពស់​យ៉ាង​ណា​ហ្ន៎ ហើយ​មាន​ភ្នែក​ឆ្មើង‌ឆ្មៃ​ផង
14 មាន​សម័យ​១ ដែល​មនុស្ស​មាន​ធ្មេញ​ដូច​ជា​ដាវ ហើយ​មាន​ថ្គាម​ដូច​ជា​កាំបិត ដើម្បី​ខាំ​ស៊ី​មនុស្ស​ទាល់​ក្រ​ឲ្យ​បាត់​ចេញ​ពី​លើ​ផែនដី​ទៅ ព្រម​ទាំង​ពួក​កំសត់​ទុគ៌ត​ពី​កណ្តាល​ចំណោម​មនុស្ស​លោក​ផង។
15 ឈ្លើង​មាន​កូន​ញី​២ វា​ស្រែក​ថា ចូរ​ឲ្យ ចូរ​ឲ្យ​មក​ចុះ មាន​សេចក្ដី​៣​មុខ ដែល​មិន​ចេះ​ស្កប់​ចិត្ត​ឡើយ​ក៏​មាន​៤​ផង ដែល​មិន​ចេះ​ថា «ល្មម»នោះ​ឡើយ
16 គឺ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​១ ពោះ​ស្ត្រី​អារ​១ ដី​ដែល​មិន​បាន​ទឹក​ជោក​១ ហើយ​និង​ភ្លើង​ដែល​មិន​ចេះ​ថា«ល្មម​ហើយ»១​ដែរ។
17 ឯ​ភ្នែក​ដែល​ចំអក​ឲ្យ​ឪពុក ហើយ​ប្រមាថ​មើល‌ងាយ​មិន​ស្តាប់​បង្គាប់​ម្តាយ នោះ​ក្អែក​នៅ​ច្រក​ភ្នំ​នឹង​ចឹក​ភ្នែក​នោះ​ចេញ ហើយ​ត្មាត​នឹង​ជញ្ជែង​ស៊ី​ទៅ។
18 មាន​សេចក្ដី​៣​មុខ ដែល​អស្ចារ្យ​ហួស​គំនិត​ខ្ញុំ អើ​ក៏​មាន​៤​ផង ដែល​ខ្ញុំ​រក​ស្គាល់​មិន​បាន
19 គឺ​ជា​ដំណើរ​របស់​ឥន្ទ្រី​ហើរ​នៅ​លើ​អាកាស​១ ដំណើរ​នៃ​ពស់​លូន​នៅ​លើ​ថ្ម​១ ដំណើរ​នាវា​បើក​នៅ​កណ្តាល​សមុទ្រ​១ ហើយ​ដំណើរ​មនុស្ស​កំលោះ​នៅ​ចំពោះ​ស្ត្រី​ក្រមុំ​១។
20 ឯ​ដំណើរ​របស់​ស្រី​សំផឹង​រមែង​យ៉ាង​ដូច្នេះ គឺ​វា​ស៊ី​ហើយ​ជូត​មាត់ រួច​ពោល​ថា ខ្ញុំ​គ្មាន​ធ្វើ​បាប​អ្វី​សោះ។
21 មាន​សេចក្ដី​៣​មុខ ដែល​ធ្វើ​ឲ្យ​ផែនដី​ញ័រ ក៏​មាន​៤​ផង ដែល​ផែនដី​ទ្រាំ​មិន​បាន
22 គឺ​បាវ​បម្រើ​ដែល​បាន​ឡើង​ធ្វើ​ជា​ស្តេច​១ មនុស្ស​ឥត​របប ដែល​បាន​អាហារ​បរិបូរ​១
23 ស្ត្រី​គួរ​ខ្ពើម​ដែល​យក​ប្ដី​នោះ​១ ហើយ​ខ្ញុំ​ស្រី​ដែល​ជា​អ្នក​ស៊ី​មរដក​ចៅ‌ហ្វាយ​វា​១។
24 មាន​សត្វ​៤​យ៉ាង ដែល​តូច​ទាប​ណាស់​នៅ​លើ​ផែនដី តែ​មាន​ប្រាជ្ញា​ដ៏​លើស‌លុប
25 គឺ​ស្រមោច​១ ជា​ពួក​សត្វ​ដែល​មាន​កម្លាំង​ខ្សោយ តែ​វា​តែង​តែ​ប្រមូល​ទុក​អាហារ​នៅ​រដូវ​ក្តៅ
26 ទន្សាយ​ថ្ម​១ ជា​ពួក​សត្វ​មិន‌សូវ​មាន​កម្លាំង​ទេ តែ​វា​តាំង​លំនៅ​វា​នៅ​ក្នុង​រូង​ថ្ម
27 កណ្តូប​១ ជា​ពួក​សត្វ​ឥត​មាន​ស្តេច​ទេ តែ​វា​លើក​គ្នា​ចេញ​ទៅ​ដោយ​ហ្វូងៗ
28 ជីង‌ចក់​១ ជា​សត្វ​ដែល​ចាប់​ដោយ​ដៃ​បាន តែ​វា​នៅ​ក្នុង​ដំណាក់​ស្តេច​ផង។
29 មាន​៣​មុខ ដែល​មាន​ដំណើរ​រុងរឿង ក៏​មាន​៤​ផង ដែល​មាន​ដំណើរ​យ៉ាង​ល្អ
30 គឺ​ជា​សិង្ហ​១ ជា​សត្វ​ខ្លាំង​ពូកែ​លើស​ជាង​អស់​ទាំង​ពួក​សត្វ វា​មិន​ព្រម​ចៀស​ផ្លូវ​ដល់​សត្វ​ណា​ឡើយ
31 សេះ​ចម្បាំង​១ ពពែ​ឈ្មោល​១​ហើយ​មហា‌ក្សត្រ​១ ជា​អ្នក​ដែល​គ្មាន​អ្នក​ណា​ហ៊ាន​លើក​ខ្លួន​ទាស់​ទទឹង​នឹង​ទ្រង់​ឡើយ។
32 បើ​ឯង​បាន​ប្រព្រឹត្ត​បែប​ចម្កួត ដោយ​លើក​ខ្លួន​ឡើង ឬ​បើ​ឯង​បាន​គិត​គំនិត​អាក្រក់ នោះ​ចូរ​យក​ដៃ​ខ្ទប់​មាត់​ចុះ
33 ដ្បិត​ការ​គ្រលុក​ទឹក​ដោះ​គោ នោះ​ធ្វើ​ឲ្យ​ចេញ​ជា​ខ្លាញ់ ហើយ​ការ​ដែល​ចាប់​មួល​ច្រមុះ នោះ​ធ្វើ​ឲ្យ​ចេញ​ឈាម​មក យ៉ាង​នោះ​ការ​ចាក់‌រុក​ដោយ​ក្រោធ ក៏​នាំ​ឲ្យ​មាន​ការ​ឈ្លោះ​ប្រកែក​គ្នា​ដែរ។


ជំពូក 31

1 ឯ​ពាក្យ​ទាំង​នេះ គឺ​ជា​ព្រះ‌បន្ទូល​របស់​ស្តេច​លេមយួល ជា​សេចក្ដី​ទំនាយ ដែល​ព្រះ‌មាតា​ទ្រង់​បាន​បង្រៀន​ទ្រង់​ទុក។
2 ម៉េច​កូន​អើយ ម៉េច​កូន​ដែល​កើត​ពី​ផ្ទៃ​អញ​អើយ ឱ​កូន​នៃ​បំណន់​អញ​អើយ តើ​ត្រូវ​ឲ្យ​អញ​ប្រាប់​ឯង​ដូច​ម្តេច
3 គឺ​កុំ​ឲ្យ​បង់​កម្លាំង​ឯង​ប្រគល់​ពួក​ស្រី ឬ​អំពើ​ឯង​ដល់​ការ ដែល​បំផ្លាញ​ពួក​ស្តេច​ឡើយ
4 ឱ​លេមយួល​អើយ មិន​គួរ​ឲ្យ​ពួក​ស្តេច​បាន​សោយ​ស្រា​ទំពាំង‌បាយ‌ជូរ គឺ​មិន​គួរ​សោះ​ឡើយ ក៏​មិន​គួរ​ឲ្យ​អ្នក​ដែល​ជា​កំពូល​ប្រាថ្នា​គ្រឿង​ស្រវឹង​ដែរ
5 ក្រែង​ផឹក​ទៅ​ហើយ នោះ​ភ្លេច​បញ្ញត្ត​ច្បាប់ ហើយ​បង្វែរ​សេចក្ដី​យុត្តិ‌ធម៌​ពី​មនុស្ស​ដែល​កើត​ទុក្ខ​វេទនា​ចេញ។
6 ចូរ​ឲ្យ​គ្រឿង​ស្រវឹង​ដល់​អ្នក​ណា​ដែល​ហៀប​នឹង​វិនាស​ទៅ ហើយ​ស្រា​ទំពាំង‌បាយ‌ជូរ​ដល់​អ្នក​ដែល​មាន​ចិត្ត​ជូរ​ល្វីង​វិញ
7 ឲ្យ​គេ​ផឹក​ចុះ ដើម្បី​ឲ្យ​បាន​ភ្លេច​សេចក្ដី​កំសត់​ទុគ៌ត​របស់​គេ ឥត​នឹក​ចាំ​ពី​ទុក្ខ​លំបាក​របស់​ខ្លួន​ត​ទៅ​ទៀត
8 ចូរ​បើក​មាត់​និយាយ​ជំនួស​មនុស្ស​គ ក្នុង​រឿង​ក្តី​របស់​ពួក​អ្នក​ដែល​ឥត​មាន​អ្នក​ណា​ជួយ
9 ចូរ​បើក​មាត់​វិនិច្ឆ័យ​តាម​សេចក្ដី​សុចរិត ហើយ​សម្រេច​សេចក្ដី​យុត្តិ‌ធម៌​ដល់​មនុស្ស​កំសត់​ទុគ៌ត និង​មនុស្ស​ក្រ​លំបាក​ដែរ។
10 ឯ​ស្ត្រី​គ្រប់​លក្ខណ៍ តើ​អ្នក​ណា​នឹង​រក​បាន ដ្បិត​ស្ត្រី​យ៉ាង​នោះ​មាន​តម្លៃ​ជា​ជាង​ពួក​ត្បូង​ទទឹម​ទៅ​ទៀត
11 ប្ដី​នាង​នឹង​ទុក​ចិត្ត​ចំពោះ​នាង ហើយ​មិន​ត្រូវ​ខ្វះ​ខាត​អ្វី​ឡើយ
12 នាង​ធ្វើ​ឲ្យ​ប្ដី​បាន​សេចក្ដី​ល្អ មិន​មែន​អាក្រក់​ឡើយ រហូត​ដល់​អស់​១​ជីវិត​នាង
13 នាង​រក​រោម​ចៀម និង​ខ្លូត‌ទេស ក៏​ធ្វើ​ការ​ដោយ​ដៃ​យ៉ាង​ស្ម័គ្រ​ពី​ចិត្ត
14 នាង​ធៀប​ដូច​ជា​នាវា​ដឹក​ទំនិញ គឺ​នាង​នាំ​យក​អាហារ​មក​ពី​ទី​ឆ្ងាយ
15 នាង​ក្រោក​ពី​ដេក​តាំង​ពី​នៅ​ងងឹត​នៅ​ឡើយ ក៏​ចាត់‌ចែង​អាហារ​ឲ្យ​ពួក​ផ្ទះ ហើយ​បង្គាប់​ការ​ដល់​ពួក​បាវ​ស្រី​ទាំង​ប៉ុន្មាន
16 នាង​ពិចារណា​មើល​ចម្ការ​១ ហើយ​ក៏​ទិញ​ទុក រួច​យក​ផល​នៃ​ស្នាដៃ​នាង ទៅ​ដាំ​ដំណាំ​ទំពាំង‌បាយ‌ជូរ
17 នាង​ទម្លាប់​ចង្កេះ​ឲ្យ​មាន​កម្លាំង ហើយ​ឲ្យ​ដៃ​បាន​ខ្លាំង​ឡើង​ដែរ
18 នាង​ឃើញ​ថា ទំនិញ​របស់​នាង​សុទ្ធ​តែ​មាន​កម្រៃ ហើយ​យប់ៗ​ចង្កៀង​នាង​មិន​រលត់​ទេ
19 នាង​ចាប់​យក​ហុង ហើយ​ម្រាម​ដៃ​ក៏​កាន់​ខ្នារ
20 នាង​ឈោង​ដៃ​ដល់​មនុស្ស​កំសត់​ទុគ៌ត អើ នាង​ហុច​ដៃ​ទៅ​ជួយ​មនុស្ស​ក្រ​លំបាក​ផង
21 ចំណែក​ពួក​ផ្ទះ​នាង នោះ​នាង​មិន​ខ្លាច​ចំពោះ​ហិមៈ​ទេ ដ្បិត​គេ​សុទ្ធ​តែ​ស្លៀក‌ពាក់​សំពត់​ស‌ក្លាត​ពណ៌​ក្រហម
22 នាង​ត្បាញ​សំពត់​ដណ្តប់​ខ្លួន សម្លៀក‌បំពាក់​របស់​នាង​សុទ្ធ​តែ​ធ្វើ​ពី​សំពត់​ខ្លូត‌ទេស​យ៉ាង​ម៉ដ្ត មាន​ពណ៌​ស្វាយ
23 កាល​ណា​ប្ដី​នាង​ទៅ​អង្គុយ​ត្រង់​ទ្វារ​ក្រុង​ក្នុង​ចំណោម​នៃ​ពួក​ចាស់‌ទុំ​ក្នុង​ស្រុក នោះ​គេ​ក៏​ស្គាល់​រាប់​អាន​គាត់​ដែរ
24 នាង​ក៏​ធ្វើ​អាវ​ខ្លូត‌ទេស​សម្រាប់​លក់ ហើយ​ធ្វើ​ខ្សែ​ក្រវាត់​ឲ្យ​ដល់​អ្នក​ជំនួញ
25 នាង​មាន​កម្លាំង និង​លំអ​ជា​គ្រឿង​អម្ពរ ក៏​នឹក​សើច​ពី​ហេតុ​ណា​ដែល​កើត​បាន​នៅ​ខាង​មុខ
26 នាង​ពោល​ដោយ​ប្រាជ្ញា ហើយ​នៅ​អណ្តាត​នាង​មាន​សេចក្ដី​សប្បុរស
27 នាង​ថែ​មើល​អស់​ទាំង​ផ្លូវ​របស់​ពួក​ផ្ទះ​នាង​យ៉ាង​ល្អ ឥត​ដែល​បរិភោគ​អាហារ​ដោយ​សេចក្ដី​កំជិល​ឡើយ
28 កូន​របស់​នាង​ទាំង​ប៉ុន្មាន​ក្រោក​ឈរ​ឡើង​គោរព​ដល់​ម្តាយ ថា​ជា​អ្នក​មាន​ពរ ប្ដី​ក៏​ក្រោក​ឈរ​ឡើង​សរសើរ​ដល់​នាង​ដែរ​ថា
29 មាន​ស្រីៗ​ជា​ច្រើន​បាន​ប្រព្រឹត្ត​ដោយ​គ្រប់​លក្ខណ៍ តែ​នាង​បាន​វិសេស​លើស​ជាង​គេ​ទាំង​អស់។
30 រូប​ឆោម‌ឆាយ​ជា​សេចក្ដី​បញ្ឆោត ហើយ​មុខ​ស្រស់​ល្អ​ក៏​ឥត​ប្រយោជន៍​ដែរ តែ​ស្ត្រី​ណា​ដែល​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា នោះ​នឹង​មាន​គេ​សរសើរ​វិញ
31 ចូរ​ថ្លែង​ពី​ផល​ដែល​ដៃ​នាង​បាន​បង្កើត ហើយ​ទុក​ឲ្យ​ស្នាដៃ​របស់​នាង​បាន​ជា​ទី​សរសើរ​ដល់​នាង​នៅ​ទ្វារ​ក្រុង​ចុះ។:៚