សាស្តា

1 2 3 4 5 6 7 8 9 10 11 12


ជំពូក 1

1 ពាក្យ​ទាំង​នេះ​ជា​ពាក្យ​របស់​គ្រូ​ប្រដៅ ដែល​ជា​បុត្រ​របស់​ដាវីឌ ស្តេច​នៅ​ក្រុង​យេរូ‌សាឡឹម
2 «ការ​ឥត​ប្រយោជន៍​ទទេៗ» នេះ​ជា​ពាក្យ​របស់​គ្រូ​ប្រដៅ​ពោល​ទុក​ថា ការ​ឥត​ប្រយោជន៍​ទទេៗ គ្រប់​ទាំង​អស់​សុទ្ធ​តែ​អត់​ប្រយោជន៍​ទទេ
3 តើ​មនុស្ស​មាន​កម្រៃ​អ្វី​ខ្លះ ពី​អស់​ទាំង​ការ​ដែល​ខ្លួន​ខំ​ធ្វើ ដោយ​នឿយ​ហត់​នៅ​ក្រោម​ថ្ងៃ
4 មនុស្ស​ដំណ​១​កន្លង​បាត់​ទៅ ហើយ​ដំណ​១​ទៀត​កើត​ឡើង តែ​ផែនដី​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប
5 ថ្ងៃ​ក៏​រះ​ឡើង ហើយ​លិច​ទៅ​វិញ រួច​ប្រញាប់​នឹង​វិល​ទៅ​ឯ​កន្លែង​ដែល​រះ​ឡើង​នោះ​ទៀត
6 ឯ​ខ្យល់​ក៏​បក់​ទៅ​ខាង​ត្បូង រួច​វិល​មក​ខាង​ជើង​វិញ គឺ​វិល​ទៅ​វិល​មក​ជានិច្ច ហើយ​ក៏​ត្រឡប់​មក​តាម​ផ្លូវ​ដដែល​ទៀត
7 ទន្លេ​ទាំង​ប៉ុន្មាន​ហូរ​ធ្លាក់​ទៅ​ក្នុង​សមុទ្រ តែ​សមុទ្រ​មិន​ចេះ​ពេញ​ឡើយ ហើយ​ទឹក​ទន្លេ​ក៏​ត្រឡប់​ទៅ​ហូរ​តាម​ផ្លូវ​ដដែល​វិញ​ទៀត
8 គ្រប់​ទាំង​អស់​ចេះ​តែ​ជញ្ជាន់​ដដែលៗ​ជានិច្ច ទាល់​តែ​មនុស្ស​រក​ថ្លែង​មិន​បាន ភ្នែក​មើល​មិន​ចេះ​ឆ្អែត ហើយ​ត្រចៀក​ស្តាប់​ក៏​មិន​ចេះ​ពេញ​ដែរ
9 របស់​ដែល​មាន​ពី​មុន​មក គឺ​របស់​នោះ​ឯង​ដែល​នឹង​មាន​ត​ទៅ​ទៀត ហើយ​ការ​ដែល​បាន​ធ្វើ​ពី​មុន​មក គឺ​ការ​នោះ​ឯង​ដែល​នឹង​ធ្វើ​រៀង​ត​ទៅ​ដែរ ឥត​មាន​អ្វី​ជា​ថ្មី​នៅ​ក្រោម​ថ្ងៃ​ឡើយ
10 តើ​មាន​អ្វី​ណា​មួយ​ដែល​គេ​អាច​នឹង​ថា មើល នេះ​ជា​របស់​ថ្មី​ទេ ដូច្នេះ​គឺ​សុទ្ធ​តែ​បាន​មាន​នៅ​តាំង​ពី​បុរាណ​មក ក៏​មាន​នៅ​អស់​ទាំង​កល្ប មុន​ដែល​មនុស្ស​យើង​កើត​មក​ផង
11 គ្មាន​អ្នក​ណា​នឹក​ចាំ​ពី​អ្វីៗ​នៅ​ជាន់​មុន​ទេ ហើយ​ជំនាន់​មនុស្ស​ទៅ​ខាង​មុខ ក៏​នឹង​មិន​នឹក​ចាំ​ពី​អ្វីៗ​ដែល​ត្រូវ​មាន​នៅ​ខាង​មុខ​ដែរ។
12 យើង គឺ​ជា​គ្រូ​ប្រដៅ បាន​ធ្វើ​ជា​ស្តេច​នៃ​សាសន៍​អ៊ីស្រា‌អែល នៅ​ក្រុង​យេរូ‌សាឡឹម
13 យើង​បាន​ផ្ចង់​ចិត្ត​ពិនិត្យ​មើល ហើយ​ស្វែង​រក​ដោយ​ប្រាជ្ញា ពី​គ្រប់​ទាំង​អស់​ដែល​កើត​មាន​នៅ​ក្រោម​មេឃ នេះ​ហើយ​ជា​ការ​មាន​ទំងន់​ដែល​ព្រះ​បាន​ប្រគល់​មក​ឲ្យ​មនុស្ស​ជាតិ​ប្រឹង​ធ្វើ
14 យើង​បាន​ឃើញ​បណ្តា‌ការ​ដែល​មាន​ធ្វើ​នៅ​ក្រោម​ថ្ងៃ ហើយ​មើល ការ​ទាំង​នោះ​សុទ្ធ​តែ​ឥត​ប្រយោជន៍​ទទេ ក៏​ជា​អសារ​ឥត​ការ​ផង
15 របស់​ណា​ដែល​វៀច នោះ​នឹង​ធ្វើ​ឲ្យ​ត្រង់​ឡើង​វិញ​មិន​បាន ហើយ​របស់​អ្នក​ណា​ដែល​ខ្វះ‌ខាត នោះ​នឹង​រាប់​មិន​បាន​ដែរ
16 យើង​បាន​នឹក​ក្នុង​ចិត្ត​ថា មើល យើង​បាន​ធំ​ឡើង​ហើយ មាន​ប្រាជ្ញា​លើស​អស់​អ្នក​ណា​ដែល​នៅ​ក្រុង​យេរូ‌សាឡឹម​មុន​យើង​ទៅ​ទៀត អើ ចិត្ត​យើង​បាន​ធ្លាប់​ដឹង​ចំពោះ​ប្រាជ្ញា និង​តម្រិះ​ជា​ច្រើន​ហើយ
17 យើង​ក៏​បាន​ផ្ចង់​ចិត្ត​ឲ្យ​បាន​ស្គាល់​ប្រាជ្ញា ព្រម​ទាំង​សេចក្ដី​ចម្កួត និង​សេចក្ដី​ផ្តេស‌ផ្តាស ក៏​យល់​ឃើញ​ថា ការ​នោះ​ជា​អសារ​ឥត​ការ​ដែរ
18 ដ្បិត​ដែល​មាន​ប្រាជ្ញា​ច្រើន នោះ​ក៏​កើត​ទុក្ខ​ច្រើន ហើយ​អ្នក​ណា​ដែល​ចម្រើន​ចំណេះ នោះ​ក៏​ចម្រើន​សេចក្ដី​ព្រួយ​ឡើង​ដែរ។


ជំពូក 2

1 យើង​បាន​និយាយ​ចំពោះ​ចិត្ត​យើង​ថា មក​ចុះ យើង​នឹង​ល្បង‌ល​ឯង​ដោយ​ការ​អរ​សប្បាយ ឯង​នឹង​បាន​គ្រឹក‌គ្រេង​សប្បាយ​ទទេ តែ​មើល ការ​នោះ​ក៏​ឥត​ប្រយោជន៍​ដែរ
2 យើង​បាន​និយាយ​ពី​ការ​សើច​សប្បាយ​ថា នេះ​ជា​ការ​ចម្កួត​ទទេ ហើយ​ពី​ការ​គ្រឹក‌គ្រេង​ថា តើ​មាន​ផល​អ្វី
3 យើង​បាន​នឹក​រក​ក្នុង​ចិត្ត ពី​បែប​យ៉ាង​ណា​នឹង​ធ្វើ​ឲ្យ​សាច់​ឈាម​បាន​រីក‌រាយ ដោយ​ស្រា​ទំពាំង‌បាយ‌ជូរ ទាំង​នៅ​មាន​ចិត្ត​នាំ​ដោយ​ប្រាជ្ញា​ផង ហើយ​តោង​ជាប់​នឹង​សេចក្ដី​ចម្កួត​ផង ទាល់​តែ​បាន​ឃើញ​ការ​ណា​ដែល​គួរ​ឲ្យ​មនុស្ស​ជាតិ​ធ្វើ​នៅ​ក្រោម​មេឃ​អស់​១​ជីវិត
4 ដូច្នេះ យើង​បាន​ធ្វើ​ការ​យ៉ាង​ធំ គឺ​បាន​សង់​ផ្ទះ​ជា​ច្រើន បាន​ដាំ​ដំណាំ​ទំពាំង‌បាយ‌ជូរ
5 បាន​ធ្វើ​សួន‌ច្បារ និង​សួន​ឈើ​សម្រាប់​ខ្លួន​យើង​ផង បាន​ទាំង​ដាំ​ដើម​ឈើ​មាន​ផ្លែ​គ្រប់​មុខ​ក្នុង​សួន​នោះ​ដែរ
6 យើង​បាន​ជីក​ស្រះ​ទឹក សម្រាប់​នឹង​ស្រោច​ចម្ការ​បណ្តុះ​កូន​ឈើ
7 យើង​បាន​ទិញ​បាវ​ប្រុស​បាវ​ស្រី​ជា​ច្រើន ហើយ​មាន​កូន​របស់​បាវ​កើត​មក​នៅ​ក្នុង​ផ្ទះ​យើង ក៏​មាន​ទ្រព្យ‌សម្បត្តិ ជា​ហ្វូង​គោ ហ្វូង​ចៀម​យ៉ាង​សន្ធឹក លើស​ជាង​អស់​អ្នក​ណា​ដែល​នៅ​ក្រុង​យេរូ‌សាឡឹម​មុន​យើង
8 យើង​បាន​ប្រមូល​ប្រាក់ និង​មាស ហើយ​របស់​ថ្លៃ​វិសេស​ផ្សេងៗ​ដែល​មក​ពី​ពួក​ស្តេច ហើយ​ពី​ខេត្ត​ទាំង​ប៉ុន្មាន ក៏​ប្រមូល​បាន​ពួក​ចម្រៀង​ទាំង​ប្រុស​ទាំង​ស្រី និង​គ្រប់​ទាំង​របស់​អ្វី​ដែល​គាប់​ចិត្ត​មនុស្ស ព្រម​ទាំង​ស្រី​អ្នក‌ម្នាង​ជា​ច្រើន​ផង
9 យ៉ាង​នោះ​យើង​បាន​ជា​ធំ ហើយ​ក៏​ចម្រើន​ឡើង លើស​ជាង​អស់​អ្នក​ដែល​នៅ​ក្រុង​យេរូ‌សាឡឹម​មុន​យើង​ទៅ​ទៀត តែ​ប្រាជ្ញា​របស់​យើង​ក៏​នៅ​ជាប់​នឹង​យើង​ដែរ
10 ហើយ​របស់​អ្វី​ដែល​ភ្នែក​ចង់​បាន នោះ​យើង​មិន​បាន​បង្អត់​ឲ្យ​ឡើយ យើង​មិន​បាន​ហាម​ឃាត់​ចិត្ត មិន​ឲ្យ​មាន​សេចក្ដី​អំណរ​ណា​មួយ​ទេ ដ្បិត​ចិត្ត​យើង​បាន​រីក‌រាយ​នឹង​បណ្តា‌ការ​ដែល​យើង​ធ្វើ​ទាំង​នោះ ហើយ​នោះ​ឯង​ជា​ផល​ដែល​កើត​ពី​អស់​ទាំង​ការ​របស់​យើង
11 គ្រា​នោះ យើង​បាន​ត្រួត​មើល​គ្រប់​ទាំង​ការ​ដែល​ដៃ​យើង​បាន​ធ្វើ និង​ការ​នឿយ​ហត់​ដែល​យើង​បាន​ខំ​បង្កើត​នោះ ហើយ​មើល សុទ្ធ​តែ​ឥត​ប្រយោជន៍ ហើយ​អសារ​ឥត​ការ​ទទេ ឥត​មាន​ផល​ប្រយោជន៍​អ្វី​នៅ​ក្រោម​ថ្ងៃ​ឡើយ។
12 រួច​យើង​ក៏​បែរ​ទៅ​ពិចារណា​មើល​ប្រាជ្ញា ព្រម​ទាំង​សេចក្ដី​ចម្កួត និង​សេចក្ដី​ផ្តេស‌ផ្តាស ដ្បិត​តើ​អ្នក​ដែល​ត​ពី​ស្តេច​នឹង​ធ្វើ​អ្វី​បាន គឺ​នឹង​ធ្វើ​បាន​តែ​ការ​ដែល​បាន​ធ្វើ​ជា​យូរ‌អង្វែង​មក​ហើយ
13 នោះ​យើង​ឃើញ​ពិត​ថា ប្រាជ្ញា​រមែង​វិសេស​ជាង​សេចក្ដី​ផ្តេស‌ផ្តាស ដូច​ជា​ពន្លឺ​ក៏​វិសេស​ជាង​ងងឹត​ដែរ
14 ឯ​ភ្នែក​របស់​មនុស្ស​មាន​ប្រាជ្ញា​នោះ​នៅ​ត្រង់​ក្បាល​គេ តែ​មនុស្ស​ល្ងី‌ល្ងើ​គេ​រមែង​ដើរ​ក្នុង​សេចក្ដី​ងងឹត​វិញ ប៉ុន្តែ យើង​យល់​ឃើញ​ថា មាន​ការ​តែ​មួយ​ទេ ដែល​កើត​ដល់​គ្រប់​គ្នា
15 រួច​យើង​បាន​នឹក​ក្នុង​ចិត្ត​ថា ការ​ដែល​កើត​ដល់​មនុស្ស​ល្ងី‌ល្ងើ នោះ​នឹង​កើត​ដល់​យើង​ដូច​គ្នា​ដែរ ដូច្នេះ ហេតុ​អ្វី​បាន​ជា​យើង​មាន​ប្រាជ្ញា​លើស​ជាង​គេ រួច​យើង​បាន​សម្រេច​ក្នុង​ចិត្ត​ថា នេះ​ក៏​ឥត​មាន​ទំនង​ដែរ
16 ពី​ព្រោះ​អ្នក​មាន​ប្រាជ្ញា​ក៏​ដូច​គ្នា​នឹង​អ្នក​ល្ងី‌ល្ងើ​ដែរ គ្មាន​អ្នក​ណា​នឹក​ចាំ​ពី​១​លើស​ជាង​១​ជា​ដរាប​ទេ ដោយ​ព្រោះ​យល់​ឃើញ​ថា នៅ​គ្រា​ជាន់​ក្រោយ មនុស្ស​នឹង​បាន​ភ្លេច​គេ​ជា​យូរ​លង់​មក​ហើយ ដូច្នេះ មនុស្ស​មាន​ប្រាជ្ញា​គេ​មរណៈ​ជា​យ៉ាង​ណា គឺ​ដូច​ជា​មនុស្ស​ល្ងី‌ល្ងើ​ដែរ
17 ហេតុ​នោះ យើង​បាន​ស្អប់​ជីវិត ពី​ព្រោះ​ការ​ដែល​បាន​ធ្វើ​នៅ​ក្រោម​ថ្ងៃ ជា​ការ​លំបាក​ដល់​យើង ដ្បិត​ការ​ទាំង​អស់​សុទ្ធ​តែ​ឥត​ប្រយោជន៍ ហើយ​ជា​អសារ​ឥត​ការ​ទទេ។
18 យើង​បាន​ស្អប់​បណ្តា‌ការ​នឿយ​ហត់​ទាំង​ប៉ុន្មាន ដែល​យើង​បាន​ខំ​ធ្វើ​នៅ​ក្រោម​ថ្ងៃ ដោយ​យល់​ឃើញ​ថា​យើង​ត្រូវ​ទុក​ទាំង​អស់ ឲ្យ​ដល់​មនុស្ស​ដែល​បន្ត​ក្រោយ​យើង
19 ហើយ​តើ​មាន​អ្នក​ណា​ដឹង​ពី​អ្នក​នោះ ថា​នឹង​ត្រឡប់​ជា​មនុស្ស​មាន​ប្រាជ្ញា ឬ​ជា​មនុស្ស​ល្ងី‌ល្ងើ​វិញ ប៉ុន្តែ អ្នក​នោះ​នឹង​គ្រប់‌គ្រង​លើ​អស់​ទាំង​ការ​ដែល​យើង​បាន​ខំ​ធ្វើ ជា​ការ​ដែល​បាន​ធ្វើ ដើម្បី​សម្ដែង​ខ្លួន​ជា​អ្នក​មាន​ប្រាជ្ញា​នៅ​ក្រោម​ថ្ងៃ នេះ​ក៏​ឥត​មាន​ទំនង​ដែរ
20 ដោយ​ហេតុ​នោះ យើង​បាន​វិល​មក​បណ្តាល​ឲ្យ​ចិត្ត​លែង​សង្ឃឹម​ចំពោះ​ការ​ទាំង​ប៉ុន្មាន ដែល​យើង​បាន​ខំ​ធ្វើ​នៅ​ក្រោម​ថ្ងៃ​ទៅ
21 ដ្បិត​មាន​មនុស្ស​ដែល​ការ​ខ្លួន​ធ្វើ​ទាំង​ប៉ុន្មាន សុទ្ធ​តែ​ធ្វើ​ដោយ​ប្រាជ្ញា ដោយ​តម្រិះ ហើយ​ដោយ​ស្ទាត់​ជំនាញ តែ​អ្នក​នោះ​ត្រូវ​ប្រគល់​ការ​ខ្លួន ទុក​ជា​ចំណែក​ដល់​ម្នាក់​ទៀត ដែល​មិន​បាន​ខំ​ធ្វើ​ឡើយ​នោះ​វិញ នេះ​ជា​ការ​ឥត​មាន​ទំនង ហើយ​ក៏​អាក្រក់​ណាស់​ផង
22 ដ្បិត​ក្នុង​អស់​ទាំង​ការ​ដែល​មនុស្ស​ធ្វើ និង​សេចក្ដី​ដែល​ចិត្ត​ខំ​បង្កើត គឺ​ជា​ការ​នឿយ​ហត់​ដែល​ខ្លួន​ខំ​ធ្វើ​នៅ​ក្រោម​ថ្ងៃ នោះ​តើ​មាន​ផល​អ្វី​ខ្លះ
23 ពី​ព្រោះ​អស់​ទាំង​ថ្ងៃ​នៃ​អ្នក​នោះ​មាន​សុទ្ធ​តែ​សេចក្ដី​ទុក្ខ​ព្រួយ ហើយ​កិច្ច​ធុរៈ​របស់​គេ​សុទ្ធ​តែ​លំបាក​ទទេ អើ ទោះ​ទាំង​ពេល​យប់ ចិត្ត​អ្នក​នោះ​ក៏​មិន​សម្រាក​ដែរ នេះ​ជា​ការ​ឥត​មាន​ទំនង​ដែរ។
24 គ្មាន​អ្វី​វិសេស​ដល់​មនុស្ស​ជា​ជាង​ការ​ស៊ី ហើយ​ផឹក​ទេ ព្រម​ទាំង​ឲ្យ​ចិត្ត​បាន​រីក‌រាយ​សប្បាយ ដោយ​ផល​នៃ​ការ​ដែល​ខ្លួន​បាន​ធ្វើ​ផង យើង​ក៏​បាន​ឃើញ​ដែរ​ថា ការ​នេះ​មក​ពី​ព្រះ‌ហស្ត​នៃ​ព្រះ​ទេ
25 ដ្បិត​តើ​មាន​អ្នក​ណា​អាច​នឹង​បរិភោគ ឬ​នឹង​មាន​សេចក្ដី​អំណរ​ជា​ជាង​យើង​នេះ
26 ពី​ព្រោះ​មនុស្ស​ណា​ដែល​គាប់​ព្រះ‌ហឫទ័យ នោះ​ទ្រង់​ប្រទាន​ឲ្យ​អ្នក​នោះ​មាន​ប្រាជ្ញា តម្រិះ និង​សេចក្ដី​រីក‌រាយ​ផង តែ​ឯ​មនុស្ស​បាប​វិញ ទ្រង់​ប្រទាន​ឲ្យ​មាន​ធុរៈ គឺ​ឲ្យ​បាន​ប្រមូល ហើយ​បង្គរ​ឡើង ទុក​សម្រាប់​ប្រគល់​ដល់​អ្នក​ដែល​គាប់​ព្រះ‌ហឫទ័យ​នៃ​ព្រះ​វិញ នេះ​ក៏​ជា​ការ​ឥត​មាន​ទំនង ហើយ​ជា​អសារ​ឥត​ការ​ទទេ​ដែរ។


ជំពូក 3

1 មាន​ពេល​សម្រាប់​គ្រប់​ទាំង​អស់ គឺ​មាន​ពេល​សម្រាប់​គ្រប់​ការ​ដែល​ចង់​ធ្វើ​នៅ​ក្រោម​មេឃ
2 មាន​ពេល​សម្រាប់​កើត​មក និង​ពេល​សម្រាប់​ស្លាប់​ទៅ មាន​ពេល​សម្រាប់​ដាំ និង​ពេល​ដក​របស់​ដែល​បាន​ដាំ​នោះ
3 មាន​ពេល​សម្រាប់​សម្លាប់ ហើយ​ពេល​សម្រាប់​មើល​ឲ្យ​ជា មាន​ពេល​សម្រាប់​រំលំ​រំលាយ ហើយ​ពេល​សង់​ឡើង
4 មាន​ពេល​យំ និង​ពេល​សើច មាន​ពេល​សម្រាប់​សោយ‌សោក និង​ពេល​សម្រាប់​លោត‌កញ្ឆេង
5 មាន​ពេល​សម្រាប់​បោះ​ថ្ម​ចោល និង​ពេល​ប្រមូល​ថ្ម​មក មាន​ពេល​ដែល​គួរ​ឱប​ថើប និង​ពេល​ដែល​គួរ​លែង​ឱប​ថើប
6 មាន​ពេល​សម្រាប់​ស្វែង​រក ហើយ​ពេល​សម្រាប់​បាត់‌បង់​ទៅ មាន​ពេល​សម្រាប់​រក្សា​ទុក ហើយ​ពេល​សម្រាប់​បោះ‌បង់​ចោល
7 មាន​ពេល​សម្រាប់​ហែក​ចោល ហើយ​ពេល​សម្រាប់​ដេរ​ភ្ជាប់ មាន​ពេល​ដែល​គួរ​នៅ​ស្ងៀម ហើយ​ពេល​សម្រាប់​និយាយ
8 មាន​ពេល​សម្រាប់​ស្រឡាញ់ ហើយ​ពេល​សម្រាប់​ស្អប់ មាន​ពេល​សម្រាប់​ចម្បាំង ហើយ​ពេល​សម្រាប់​សេចក្ដី​សុខ
9 តើ​មនុស្ស​មាន​ផល​ប្រយោជន៍​អ្វី​ពី​ការ​ដែល​គេ​ខំ​ធ្វើ
10 យើង​បាន​ឃើញ​ការ​នឿយ​ហត់​ដែល​ព្រះ​បាន​ប្រគល់​ឲ្យ​មនុស្ស​ជាតិ​ប្រឹង​ធ្វើ
11 ទ្រង់​បាន​បង្កើត​របស់​សព្វ​សារពើ​ឲ្យ​ល្អ​តាម​រដូវ​កាល ទ្រង់​ក៏​ធ្វើ​ឲ្យ​ចិត្ត​គេ​សង្ឃឹម​ដល់​អស់​កល្ប​ទៅ​មុខ យ៉ាង​នោះ​មនុស្ស​នឹង​រក​យល់​មិន​បាន ពី​កិច្ច‌ការ​ដែល​ព្រះ​បាន​ធ្វើ តាំង​ពី​ដើម​ដរាប​ដល់​ចុង​នោះ​ឡើយ
12 យើង​ដឹង​ហើយ​ថា គ្មាន​អ្វី​សម្រាប់​គេ ដែល​វិសេស​ជាង​មាន​ចិត្ត​រីក‌រាយ ហើយ​រក​បាន​សេចក្ដី​ល្អ​ដល់​ខ្លួន អស់​វេលា​ដែល​មាន​ជីវិត​រស់​នៅ​នោះ​ទេ
13 ហើយ​ការ​ដែល​គ្រប់​មនុស្ស​បាន​ស៊ី ហើយ​ផឹក ព្រម​ទាំង​រីក‌រាយ​ដោយ​ផល​ល្អ​ដែល​កើត​ពី​អស់​ទាំង​ការ​នឿយ​ហត់​របស់​ខ្លួន នោះ​ហើយ​ជា​អំណោយ​ទាន​នៃ​ព្រះ​ទេ
14 យើង​ក៏​ដឹង​ដែរ ថា​ការ​អ្វី​ដែល​ព្រះ‌ទ្រង់​ធ្វើ នោះ​នឹង​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប នឹង​បន្ថែម​អ្វី​ចូល ឬ​ដក​អ្វី​ចេញ​មិន​បាន​ឡើយ ១​ទៀត​ព្រះ‌ទ្រង់​ធ្វើ​ការ​នោះ ដើម្បី​ឲ្យ​មនុស្ស​ទាំង‌ឡាយ​បាន​កោត‌ខ្លាច​នៅ​ចំពោះ​ទ្រង់
15 អ្វីៗ​ដែល​មាន​នៅ នោះ​បាន​មាន​ជា​យូរ‌អង្វែង​មក​ហើយ ឯ​អ្វីៗ​ដែល​ត្រូវ​មាន​ខាង​មុខ​ទៀត នោះ​ក៏​បាន​មាន​ជា​យូរ​មក​ហើយ​ដែរ ព្រះ‌ទ្រង់​ស្វែង​រក​អ្វីៗ ដែល​កន្លង​បាត់​ហើយ​ឲ្យ​បាន​មក​វិញ។
16 ១​សោត​ទៀត យើង​បាន​ឃើញ​នៅ​ក្រោម​ថ្ងៃ​ថា នៅ​កន្លែង​វិនិច្ឆ័យ នោះ​មាន​សេចក្ដី​ទុច្ចរិត ហើយ​នៅ​កន្លែង​នៃ​សេចក្ដី​សុចរិត នោះ​មាន​សេចក្ដី​អយុត្តិ‌ធម៌​វិញ
17 យើង​ក៏​នឹក​ក្នុង​ចិត្ត​ថា ព្រះ‌ទ្រង់​ជំនុំ‌ជម្រះ​ទាំង​ពួក​អ្នក​សុចរិត និង​ទុច្ចរិត​ផង ដ្បិត​មាន​ពេល​សម្រាប់​គ្រប់​ទាំង​បំណង​ដែល​ប៉ង​ធ្វើ និង​បណ្តា‌ការ​ទាំង​ពួង​ផង
18 យើង​បាន​នឹក​ក្នុង​ចិត្ត​ពី​មនុស្ស​ជាតិ​ថា នេះ​គឺ​ដោយ​ព្រោះ​ព្រះ‌ទ្រង់​ចង់​ល្បង​ល​នឹង​គេ ហើយ​ឲ្យ​គេ​យល់​ឃើញ​ថា ខ្លួន​គេ​ជា​សត្វ​តិរច្ឆាន​ទេ
19 ពី​ព្រោះ​ការ​ដែល​កើត​ដល់​មនុស្ស​ជាតិ នោះ​ក៏​កើត​ដល់​សត្វ​តិរច្ឆាន​ដែរ មាន​ការ​ដដែល​កើត​ដល់​ទាំង​២​ពួក ពួក​១​ស្លាប់​យ៉ាង​ណា ពួក​១​ទៀត​ក៏​ស្លាប់​យ៉ាង​នោះ អើ គេ​មាន​ដង្ហើម​ជីវិត​ដូច​គ្នា​ទាំង​អស់ ហើយ​មនុស្ស​មិន​វិសេស​ជាង​សត្វ​ទេ ដ្បិត​គ្រប់​ទាំង​អស់​សុទ្ធ​តែ​ឥត​ប្រយោជន៍​ទទេ
20 គ្រប់​ទាំង​អស់​ទៅ​ឯ​កន្លែង​តែ​១​ប៉ុណ្ណោះ ទាំង​អស់​កើត​មក​ពី​ធូលី​ដី ហើយ​ត្រូវ​ត្រឡប់​ទៅ​ឯ​ធូលី​ដី​វិញ​ទៀត
21 តើ​មាន​អ្នក​ណា​ដឹង​បាន​ថា វិញ្ញាណ នៃ​មនុស្ស​ឡើង​ទៅ​លើ ហើយ​វិញ្ញាណ​របស់​សត្វ​ចុះ​ទៅ​ក្នុង​ដី​វិញ​ឬ​ទេ
22 ដូច្នេះ យើង​បាន​យល់​ឃើញ​ថា គ្មាន​អ្វី​ប្រសើរ​ដល់​មនុស្ស ជា​ជាង​ឲ្យ​គេ​មាន​ចិត្ត​រីក‌រាយ ក្នុង​ការ​ដែល​គេ​ធ្វើ​នោះ​ទេ ដ្បិត​នោះ​ហើយ​ជា​ចំណែក​របស់​គេ ពី​ព្រោះ​តើ​អ្នក​ណា​នឹង​នាំ​មនុស្ស​មក​វិញ ដើម្បី​មើល​ការ​ដែល​នឹង​កើត​មក​ក្រោយ​គេ​បាន។


ជំពូក 4

1 នោះ​យើង​បាន​វិល​មក​ពិចារណា​មើល​អស់​ទាំង​ការ​សង្កត់‌សង្កិន ដែល​កើត​មក​នៅ​ក្រោម​ថ្ងៃ ក៏​ឃើញ​ទឹក​ភ្នែក​របស់​ពួក​អ្នក​ដែល​ត្រូវ​គេ​សង្កត់‌សង្កិន ហើយ​ឃើញ​ថា គេ​គ្មាន​អ្នក​ណា​នឹង​ជួយ​ដោះ​ទុក្ខ​ឡើយ គេ​ត្រូវ​រឹប‌ជាន់​ដោយ​ពួក​អ្នក​មាន​អំណាច ឥត​អ្នក​ណា​នឹង​ជួយ​ដោះ​ទុក្ខ​ទេ
2 ហេតុ​នោះ យើង​ក៏​សរសើរ​ដល់​មនុស្ស​ដែល​ស្លាប់​ជា​យូរ​មក​ហើយ ជា​ជាង​មនុស្ស​ដែល​នៅ​រស់​នៅ​ឡើយ
3 អើ​អ្នក​ដែល​មិន​ទាន់​កើត​មក​នៅ​ឡើយ ជា​អ្នក​ដែល​មិន​បាន​ឃើញ​ការ​អាក្រក់​ដែល​កើត​នៅ​ក្រោម​ថ្ងៃ នោះ​វិសេស​ជាង​ពួក​ទាំង​២​នោះ​ទៅ​ទៀត។
4 រួច​យើង​បាន​ឃើញ​អស់​ទាំង​ការ​នឿយ​ហត់ និង​គ្រប់​ការ​ដែល​ធ្វើ​បាន​ដោយ​ស្រួល​ថា ជា​ហេតុ​នាំ​ឲ្យ​អ្នក​ជិត​ខាង​មាន​ចិត្ត​ច្រណែន​ដល់​គ្នា​នឹង​គ្នា នេះ​ក៏​ជា​ការ​ឥត​មាន​ទំនង ហើយ​ជា​អសារ​ឥត​ការ​ទទេ។
5 មនុស្ស​ល្ងី‌ល្ងើ​គេ​ឱប​ដៃ ហើយ​ស៊ី​សាច់​របស់​ខ្លួន​គេ
6 បើ​មាន​តែ​១​ក្តាប់ ទាំង​ប្រកប​ដោយ​សេចក្ដី​សុខ នោះ​វិសេស​ជាង​មាន​២​ក្តាប់ ហើយ​មាន​ទាំង​ការ​នឿយ​ហត់ និង​ការ​ខំ​ជា​អសារ​ឥត​ការ​ផង។
7 រួច​យើង​ងាក​បែរ​មក ឃើញ​ការ​ដែល​ឥត​ប្រយោជន៍​នៅ​ក្រោម​ថ្ងៃ
8 គឺ​មាន​ម្នាក់​ដែល​នៅ​តែ​ឯង​ឥត​មាន​គូ អើ​គ្មាន​ទាំង​កូន ឬ​បង​ប្អូន​ផង ប៉ុន្តែ ការ​នឿយ​ហត់​របស់​អ្នក​នោះ​មិន​ចេះ​អស់​មិន​ចេះ​ហើយ​ឡើយ ភ្នែក​គេ​ក៏​មិន​បាន​ស្កប់‌ស្កល់​ដោយ​ទ្រព្យ‌សម្បត្តិ​ដែរ គេ​ក៏​នឹក​ថា អញ​ធ្វើ​ការ​នឿយ​ហត់ ហើយ​បង្អត់​សេចក្ដី​ល្អ​ដល់​ព្រលឹង​ដូច្នេះ នោះ​តើ​សម្រាប់​អ្នក​ណា នេះ​ជា​ការ​ឥត​ប្រយោជន៍​ដែរ ហើយ​ក៏​អាក្រក់​ណាស់​ផង
9 មាន​គ្នា​២​នាក់ នោះ​វិសេស​ជាង​នៅ​តែ​ឯង ពី​ព្រោះ​គេ​មាន​រង្វាន់​យ៉ាង​ល្អ​កើត​ពី​ការ​នឿយ​ហត់​របស់​ខ្លួន
10 ដ្បិត​បើ​ដួល នោះ​ម្នាក់​នឹង​ជ្រោង​គ្នា​ឡើង​វិញ តែ​វរ‌ហើយ អ្នក​ណា​ដែល​ដួល​ក្នុង​កាល​ដែល​នៅ​តែ​ម្នាក់​ឯង ឥត​មាន​គ្នា​នឹង​ជួយ​ជ្រោង​ឡើង​វិញ
11 មួយ​ទៀត បើ​ដេក​មាន​គ្នា​២​នាក់ នោះ​ក៏​បាន​កក់‌ក្តៅ តែ​បើ​ដេក​តែ​ម្នាក់​ឯង នោះ​ធ្វើ​ដូច​ម្តេច​ឲ្យ​កក់‌ក្តៅ​បាន
12 ហើយ​បើ​មាន​ខ្មាំង​ណា​មក ដែល​មាន​កម្លាំង​ជាង នោះ​២​នាក់​នឹង​អាច​ទប់​ទល់​បាន ឯ​ពួរ​៣​ធ្លុង​មិន​ងាយ​ដាច់​ទេ។
13 មនុស្ស​កំលោះ​ដែល​ទាល់​ក្រ តែ​មាន​ប្រាជ្ញា នោះ​វិសេស​ជាង​ស្តេច​ដែល​ចាស់‌ជរា ហើយ​ល្ងី‌ល្ងើ ជា​ស្តេច​ដែល​មិន​ព្រម​ទទួល​សេចក្ដី​ដាស់‌តឿន​ទៀត
14 ដ្បិត​ទោះ​បើ​អ្នក​នោះ​ចេញ​ពី​គុក​មក ឬ​កើត​មក​ជា​អ្នក​ក្រ​ក្នុង​នគរ​ក៏​ដោយ គង់​តែ​នឹង​ឡើង​សោយ‌រាជ្យ​បាន​ដែរ
15 យើង​បាន​ឃើញ​គ្រប់​មនុស្ស​មាន​ជីវិត​រស់ ដែល​ដើរ​នៅ​ក្រោម​ថ្ងៃ​ថា គេ​កាន់​ខាង​មនុស្ស​កំលោះ​នោះ គឺ​ជា​អ្នក​ទី​២​ដែល​បាន​តាំង​ឡើង​ជំនួស​គេ
16 ឯ​បណ្តា‌ជន​ទាំង‌ឡាយ គឺ​ជា​ពួក​មនុស្ស​ដែល​អ្នក​នោះ​គ្រប់‌គ្រង​លើ នោះ​ប្រមាណ​មិន​បាន​ឡើយ ប៉ុន្តែ ពួក​មនុស្ស​ដែល​កើត​មក​ក្រោយ គេ​នឹង​មិន​សុខ​ចិត្ត​ចំពោះ​អ្នក​នោះ​ទេ នេះ​ពិត​ប្រាកដ​ជា​ឥត​មាន​ប្រយោជន៍ ហើយ​អសារ​ឥត​ការ​ទទេ​ដែរ។


ជំពូក 5

1 ចូរ​រក្សា​ជើង​ឯង ក្នុង​កាល​ដែល​ចូល​ទៅ​ក្នុង​ដំណាក់​នៃ​ព្រះ ដ្បិត​ដែល​ចូល​ទៅ​ជិត​ដើម្បី​ស្តាប់ នោះ​វិសេស​ជាង​ថ្វាយ​យញ្ញ‌បូជា​របស់​មនុស្ស​ល្ងី‌ល្ងើ ពី​ព្រោះ​គេ​មិន​ដឹង​ជា​គេ​ធ្វើ​អាក្រក់​ទេ។
2 កុំ​ឲ្យ​ចិត្ត​ឯង​រហ័ស​ពេក ក៏​កុំ​ឲ្យ​មាត់​ឯង​ពោល​ឥត​បើ​គិត​នៅ​ចំពោះ​ព្រះ​ឡើយ ដ្បិត​ព្រះ‌ទ្រង់​គង់​នៅ​ឯ​ស្ថាន​សួគ៌ ហើយ​ឯង​នៅ​ផែនដី​ទេ ដូច្នេះ ត្រូវ​ឲ្យ​ឯង​មាន​សំដី​តិច​វិញ
3 ដ្បិត​ការ​ដែល​យល់​សប្តិ នោះ​កើត​មក​ដោយ​មាន​រវល់​ជា​ច្រើន ហើយ​សំឡេង​របស់​មនុស្ស​ល្ងី‌ល្ងើ​ក៏​ឮ​ដោយ​មាន​ពាក្យ​សំដី​ច្រើន​ដែរ
4 កាល​ណា​ឯង​បន់​ព្រះ នោះ​កុំ​ឲ្យ​បង្អង់​នឹង​លា​បំណន់​នោះ​ឡើយ ពី​ព្រោះ​ទ្រង់​មិន​សព្វ​ព្រះ‌ហឫទ័យ​នឹង​មនុស្ស​ល្ងី‌ល្ងើ​ទេ ចូរ​សង​តាម​ដែល​ឯង​បាន​បន់​ចុះ
5 ស៊ូ​កុំ​ឲ្យ​ឯង​បាន​បន់ ជា​ជាង​បន់​ហើយ តែ​មិន​លា​បំណន់​នោះ​វិញ
6 កុំ​បើក​ឲ្យ​មាត់​ឯង​បណ្តាល​ឲ្យ​រូប​សាច់​ឯង​ធ្វើ​បាប​ឡើយ ក៏​កុំ​ឲ្យ​ពោល​នៅ​មុខ​ទេវតា​ថា នេះ​ជា​ការ​ច្រឡំ​ទេ តើ​ចង់​ឲ្យ​ព្រះ​មាន​សេចក្ដី​ខ្ញាល់ ដោយ​សំឡេង​ឯង ហើយ​បំផ្លាញ​ការ​នៃ​ដៃ​ឯង​ធ្វើ​អី
7 ដ្បិត​ក្នុង​ការ​យល់​សប្តិ​ច្រើន ហើយ​ក្នុង​ពាក្យ​ពោល​ជា​ច្រើន នោះ​តែង​មាន​សេចក្ដី​ឥត​ប្រយោជន៍ គួរ​ឲ្យ​កោត‌ខ្លាច​ដល់​ព្រះ​វិញ។
8 បើ‌សិន​ជា​ឯង​ឃើញ​គេ​សង្កត់‌សង្កិន​មនុស្ស​ទាល់​ក្រ ឬ​ពួក​ច្រឡោត​កំពុង​តែ​បង្វែរ​សេចក្ដី​យុត្តិ‌ធម៌ និង​សេចក្ដី​សុចរិត​នៅ​ក្នុង​ស្រុក​ណា នោះ​កុំ​ឲ្យ​ឆ្ងល់​ពី​ការ​នោះ​ឡើយ ដ្បិត​មាន​អ្នក​មួយ​ដែល​ខ្ពស់​ជាង គេ​ត្រួត​មើល​អ្នក​ធំ​នោះ ហើយ​ក៏​មាន​ដែល​ខ្ពស់​ជាង​គេ​ទៅ​ទៀត​ផង
9 ១​ទៀត​ផល​កើត​ពី​ដី នោះ​សម្រាប់​គ្រប់​គ្នា ទោះ​ទាំង​ស្តេច​ក៏​បាន​ស្បៀង​អាហារ​ពី​ចម្ការ​មក​ដែរ។
10 អ្នក​ណា​ដែល​ស្រឡាញ់​ប្រាក់ នោះ​នឹង​មិន​ស្កប់​ចិត្ត​ដោយ​ប្រាក់​ប៉ុណ្ណោះ​ទេ ឬ​អ្នក​ណា​ដែល​ចូល​ចិត្ត​នឹង​ទ្រព្យ​ដ៏​បរិបូរ នោះ​ក៏​មិន​ស្កប់​ចិត្ត​ដោយ​ផល​ចម្រើន​ប៉ុណ្ណោះ​ដែរ នេះ​ក៏​ជា​ការ​ឥត​ប្រយោជន៍​ទទេ
11 កាល​ណា​របស់​ទ្រព្យ​បាន​ចម្រើន​ឡើង នោះ​ពួក​អ្នក​ដែល​ស៊ី​ទ្រព្យ​នោះ ក៏​មាន​គ្នា​ច្រើន​ឡើង​ដែរ ដូច្នេះ តើ​មាន​ប្រយោជន៍​អ្វី​ដល់​ម្ចាស់​នៃ​ទ្រព្យ‌សម្បត្តិ​នោះ លើក​តែ​បាន​ឃើញ​ដោយ​ភ្នែក​ប៉ុណ្ណោះ
12 ឯ​ការ​ដេក​លក់​នៃ​មនុស្ស​ដែល​ធ្វើ​ការ​នឿយ​ហត់ នោះ​ស្រួល​ឆ្ងាញ់ ទោះ​បើ​បាន​បរិភោគ​តិច​ឬ​ច្រើន​ក្តី ប៉ុន្តែ ការ​បរិភោគ​ហួស​ប្រមាណ​របស់​អ្នក​មាន នោះ​មិន​ឲ្យ​គេ​ដេក​លក់​បាន​ទេ។
13 មាន​ការ​អាក្រក់​យ៉ាង​ធ្ងន់​១​មុខ ដែល​យើង​បាន​ឃើញ​នៅ​ក្រោម​ថ្ងៃ គឺ​មាន​ទ្រព្យ‌សម្បត្តិ​ដែល​ម្ចាស់​រក្សា​ទុក​ដរាប​ដល់​កើត​អន្តរាយ​ដល់​ខ្លួន
14 ហើយ​ទ្រព្យ‌សម្បត្តិ​នោះ​រមែង​បាត់​ទៅ ដោយ​គ្រោះ​អាក្រក់​ណា​មួយ បើ​អ្នក​នោះ​បាន​បង្កើត​កូន​ប្រុស​១ នោះ​គ្មាន​សល់​អ្វី​នៅ​ដៃ​វា​ទេ
15 អ្នក​នោះ​សម្រាល​ចេញ​ពី​ផ្ទៃ​ម្តាយ​មក​យ៉ាង​ណា នោះ​ក៏​ត្រូវ​ត្រឡប់​ទៅ​វិញ​ខ្លួន​ទទេ ដូច​ជា​បាន​មក​នោះ​ដែរ ឥត​យក​អ្វី​ពី​ការ​នឿយ​ហត់​របស់​ខ្លួន​ជាប់​នៅ​ដៃ​ទៅ​ជា​មួយ​បាន​ឡើយ
16 នេះ​ក៏​ជា​ការ​អាក្រក់​យ៉ាង​ធ្ងន់​ដែរ គឺ​ដែល​កើត​មក​យ៉ាង​ណា នោះ​ត្រូវ​ទៅ​វិញ​យ៉ាង​នោះ​ឯង ការ​ដែល​បាន​ធ្វើ​ដោយ​នឿយ​ហត់ ជា​អសារ‌ឥត‌ការ​ដូច្នេះ នោះ​តើ​មាន​ប្រយោជន៍​អ្វី​ដល់​ខ្លួន
17 គ្រប់​១​ជីវិត នោះ​ត្រូវ​រោយ‌រៀវ​ទៅ​ក្នុង​សេចក្ដី​ងងឹត ក៏​កើត​មាន​ទុក្ខ​ព្រួយ​ច្រើន ព្រម​ទាំង​មាន​ជំងឺ​បៀត‌បៀន និង​ក្រហល់‌ក្រហាយ​ចិត្ត​ផង។
18 នេះ​ហើយ​ជា​ការ​ដែល​យើង​បាន​គិត​ឃើញ​ថា​ល្អ ហើយ​គួរ​សម គឺ​ឲ្យ​មនុស្ស​បាន​ស៊ី ហើយ​ផឹក ព្រម​ទាំង​មាន​ចិត្ត​រីក‌រាយ​ក្នុង​អស់​ទាំង​ការ​ដែល​ខ្លួន​ធ្វើ ដោយ​នឿយ​ហត់​នៅ​ក្រោម​ថ្ងៃ ដរាប​ដល់​អស់​១​ជីវិត ដែល​ព្រះ​បាន​ប្រទាន​មក​ខ្លួន ដ្បិត​នោះ​ហើយ​ជា​ចំណែក​របស់​ខ្លួន
19 ឯ​អស់​អ្នក​ណា​ដែល​ព្រះ​បាន​ប្រទាន​ឲ្យ​មាន​ទ្រព្យ‌សម្បត្តិ និង​ធន‌ធាន ព្រម​ទាំង​ឲ្យ​មាន​អំណាច​នឹង​បរិភោគ​ផល​នៃ​របស់​ទាំង​នោះ និង​ទទួល​យក​ចំណែក​របស់​ខ្លួន​បាន ហើយ​រីក‌រាយ​ក្នុង​ការ​ដែល​ខ្លួន​ធ្វើ​ដែរ នេះ​ឯង​ជា​អំណោយ​ទាន​ពី​ព្រះ
20 ដ្បិត​អ្នក​នោះ​នឹង​មិន​នឹក​ចាំ​ពី​អស់​ទាំង​ថ្ងៃ​នៃ​អាយុ​ខ្លួន​ប៉ុន្មាន​ទេ ពី​ព្រោះ​ព្រះ‌ទ្រង់​ផ្សាយ​សេចក្ដី​អំណរ​មក​ក្នុង​ចិត្ត​ហើយ។


ជំពូក 6

1 មាន​ការ​អាក្រក់​១​ទៀត ដែល​យើង​បាន​ឃើញ​នៅ​ក្រោម​ថ្ងៃ ជា​ការ​ដែល​មាន​ជា​ញឹក‌ញយ​នៅ​ក្នុង​ពួក​មនុស្ស​លោក​ដែរ
2 គឺ​មាន​មនុស្ស​ដែល​ព្រះ‌ទ្រង់​ប្រទាន​ឲ្យ​មាន​ទ្រព្យ‌សម្បត្តិ និង​ធន‌ធាន ហើយ​កិត្តិយស ដល់​ម៉្លេះ​បាន​ជា​គេ​មិន​ខ្វះ‌ខាត​អ្វី ក្នុង​គ្រប់​ទាំង​របស់​ដែល​ចិត្ត​ប្រាថ្នា​ចង់​បាន​ឡើយ តែ​ព្រះ‌ទ្រង់​មិន​ប្រទាន​ឲ្យ​មាន​អំណាច​អាច​នឹង​បរិភោគ​បាន​ទេ គឺ​មាន​អ្នក​ដទៃ​បរិភោគ​វិញ នេះ​ជា​ការ​ឥត​មាន​ទំនង ហើយ​ជា​គ្រោះ​ថ្នាក់​យ៉ាង​អាក្រក់​ផង
3 បើ‌សិន​ជា​មនុស្ស​ណា​បង្កើត​បាន​កូន​១០០​នាក់ ហើយ​រស់​នៅ​ជា​យូរ​ឆ្នាំ ដល់​ម៉្លេះ​បាន​ជា​មាន​អាយុ​យឺន‌យូរ តែ​មិន​បាន​ស្កប់​ចិត្ត​ដោយ​សេចក្ដី​ល្អ ហើយ​ឥត​មាន​ពិធី​បញ្ចុះ​សព​ខ្លួន​ផង នោះ​យើង​ថា កូន​ដែល​រលូត​មក​មុន​កំណត់​ក៏​វិសេស​ជាង​អ្នក​នោះ
4 ដ្បិត​វា​កើត​មក​ជា​ឥត​ប្រយោជន៍ ហើយ​ក៏​បាត់​ទៅ​ក្នុង​សេចក្ដី​ងងឹត ឯ​ឈ្មោះ​ក៏​គ្រប​បាំង​ដោយ​ងងឹត​ដែរ
5 ១​ទៀត វា​មិន​បាន​ឃើញ​ពន្លឺ​ថ្ងៃ ឬ​ដឹង​អ្វី​សោះ នេះ​ឯង​បាន​សេចក្ដី​ស្រាក‌ស្រាន្ត​ជាង​អ្នក​១​នោះ
6 អើ ទោះ​បើ​អ្នក​នោះ​រស់​នៅ​១​ពាន់​ឆ្នាំ ឬ​ថា​ទ្វេ​ជា​២​ផង តែ​ឥត​ដែល​មាន​សេចក្ដី​ល្អ​សោះ នោះ​គង់​តែ​ទាំង​អស់​នឹង​ចុះ​ទៅ​ឯ​កន្លែង​តែ​១​ដែរ​ទេ​តើ។
7 អស់​ទាំង​កិច្ច‌ការ​របស់​មនុស្ស នោះ​សុទ្ធ​តែ​សម្រាប់​មាត់​ខ្លួន​ទេ បើ​ទុក​ជា​ដូច្នោះ គង់​តែ​មិន​ចេះ​ឆ្អែត​ផង
8 ដ្បិត​ឯ​មនុស្ស​មាន​ប្រាជ្ញា តើ​មាន​អ្វី​លើស​ជាង​មនុស្ស​ល្ងី‌ល្ងើ​យ៉ាង​ណា ឬ​មនុស្ស​ទាល់​ក្រ តើ​មាន​អ្វី​លើស​ជាង​គេ បាន​ជា​អាច​ដើរ​នៅ​ចំពោះ​មនុស្ស​មាន​ជីវិត​រស់​ដូច្នេះ
9 ការ​ដែល​មើល​ឃើញ​ដោយ​ភ្នែក នោះ​វិសេស​ជាង​មាន​ចិត្ត​ប៉ង​សាវា​វិញ នេះ​ជា​ការ​ឥត​ប្រយោជន៍ ហើយ​ក៏​អសារ​ឥត​ការ​ដែរ។
10 របស់​អ្វីៗ​ដែល​មាន​ស្រាប់ នោះ​បាន​មាន​ឈ្មោះ​តាំង​ពី​យូរ​មក​ហើយ ក៏​មាន​ដឹង​ជា​មនុស្ស​បែប​យ៉ាង​ណា​ដែរ ហើយ​គេ​ពុំ​អាច​នឹង​ត​តាំង​នឹង​អ្នក​ដែល​ពូកែ​ជាង​ខ្លួន​បាន​ឡើយ
11 មាន​សេចក្ដី​ជា​ច្រើន​មុខ ដែល​នាំ​ឲ្យ​ការ​ឥត​ប្រយោជន៍​ចម្រើន​កើន​ឡើង ដូច្នេះ តើ​មនុស្ស​បាន​ផល​ប្រយោជន៍​អ្វី​ខ្លះ
12 ដ្បិត​តើ​មាន​អ្នក​ណា​ដឹង​ពី​អ្វីៗ​ដែល​ល្អ​សម្រាប់​មនុស្ស​ក្នុង​ជីវិត​នេះ គឺ​ក្នុង​អស់​ទាំង​ថ្ងៃ​នៃ​អាយុ​ដ៏​ឥត​ប្រយោជន៍ ដែល​រស់​នៅ​ដូច​ជា​ស្រមោល​នេះ ដ្បិត​តើ​អ្នក​ណា​អាច​នឹង​ប្រាប់​ដល់​មនុស្ស​បាន អំពី​អ្វីៗ​ដែល​នឹង​កើត​មក​ក្រោយ​ខ្លួន​នៅ​ក្រោម​ថ្ងៃ​នេះ។


ជំពូក 7

1 នាម​ឈ្មោះ​ល្អ នោះ​វិសេស​ជាង​ប្រេង​ក្រអូប​ដ៏​មាន​តម្លៃ ហើយ​ថ្ងៃ​មរណៈ​ក៏​វិសេស​ជាង​ថ្ងៃ​កើត​ដែរ
2 ស៊ូ​ទៅ​ឯ​ផ្ទះ​ដែល​មាន​ការ​កាន់​ទុក្ខ ជា​ជាង​ទៅ​ឯ​ផ្ទះ​ដែល​មាន​ការ​ជប់‌លៀង ដ្បិត​មរណ‌ភាព​ជា​ចុង​បំផុត​របស់​មនុស្ស​ទាំង‌ឡាយ ហើយ​មនុស្ស​ដែល​នៅ​រស់​នឹង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សេចក្ដី​នោះ
3 សេចក្ដី​សោយ‌សោក​មាន​ប្រយោជន៍​ជាង​សេចក្ដី​សំណើច ដ្បិត​ទឹក​មុខ​ព្រួយ​រមែង​បណ្តាល​ឲ្យ​ចិត្ត សប្បាយ​ឡើង
4 ដូច្នេះ ចិត្ត​របស់​មនុស្ស​មាន​ប្រាជ្ញា​នោះ​តែង‌តែ​នៅ​ក្នុង​ផ្ទះ​ដែល​មាន​ការ​សោយ‌សោក តែ​ចិត្ត​របស់​មនុស្ស​ល្ងី‌ល្ងើ​តែង​នៅ​ក្នុង​ផ្ទះ​ដែល​មាន​ការ​សប្បាយ​រីក‌រាយ​វិញ។
5 ឯ​ការ​ដែល​ស្តាប់​ពាក្យ​បន្ទោស​នៃ​មនុស្ស​មាន​ប្រាជ្ញា​នោះ​វិសេស​ដល់​មនុស្ស ជា​ជាង​ស្តាប់​បទ​ចម្រៀង​របស់​ពួក​ល្ងី‌ល្ងើ
6 ដ្បិត​សំណើច​របស់​មនុស្ស​ល្ងី‌ល្ងើ នោះ​ឮ​ដូច​ជា​សូរ​គុក‌គឹក ពី​បន្លា​ដែល​ឆេះ​ក្រោម​ឆ្នាំង នេះ​ក៏​ជា​ការ​ឥត​ប្រយោជន៍​ទទេ
7 ពិត​ប្រាកដ​ជា​ការ​សង្កត់‌សង្កិន​រមែង​បណ្តាល​ឲ្យ​មនុស្ស​ដែល​មាន​ប្រាជ្ញា ទៅ​ជា​ក្រឡក​ចិត្ត​វិញ ហើយ​សំណូក​ក៏​បង្ខូច​គំនិត​ផង។
8 ការ​បង្ហើយ​អ្វីៗ នោះ​វិសេស​ជាង​ចាប់​ផ្តើម​ការ​ទៅ​ទៀត ហើយ​ដែល​មាន​ចិត្ត​អត់‌ធ្មត់ នោះ​វិសេស​ជាង​មាន​ចិត្ត​អំនួត​ដែរ
9 កុំ​ឲ្យ​មាន​ចិត្ត​រហ័ស​ខឹង​ឡើយ ដ្បិត​សេចក្ដី​កំហឹង​រមែង​នៅ​ក្នុង​ទ្រូង​របស់​មនុស្ស​ល្ងី‌ល្ងើ​ទេ
10 កុំ​ឲ្យ​សួរ​ថា ហេតុ​អ្វី​បាន​ជា​សម័យ​ជាន់​មុន​ល្អ​ជាង​សម័យ​សព្វ​ថ្ងៃ​នេះ ដ្បិត​ដែល​សួរ​ដូច្នេះ នោះ​មិន​មែន​ដោយ​ប្រាជ្ញា​ទេ។
11 ឯ​ប្រាជ្ញា​នោះ​ល្អ​ស្មើ​នឹង​មរដក អើ ក៏​វិសេស​ជាង​ដល់​ពួក​អ្នក​ដែល​ឃើញ​ពន្លឺ​ថ្ងៃ​ផង
12 ដ្បិត​ប្រាជ្ញា​ជា​គ្រឿង​ការ‌ពារ​ខ្លួន ដូច​ជា​ប្រាក់​ក៏​ជា​គ្រឿង​ការ‌ពារ​ខ្លួន​ដែរ ប៉ុន្តែ ការ​ដែល​វិសេស​ជាង​ខាង​ចំណេះ គឺ​ថា​ប្រាជ្ញា​រមែង​តែ​រក្សា​ជីវិត​របស់​ពួក​អ្នក​ប្រាជ្ញ​ឲ្យ​គង់​នៅ
13 ចូរ​ពិចារណា​ស្នាដៃ​របស់​ព្រះ ដ្បិត​របស់​អ្វី​ដែល​ទ្រង់​បាន​ធ្វើ​ឲ្យ​ក្ងិច‌ក្ងក់ នោះ​តើ​អ្នក​ណា​អាច​នឹង​ធ្វើ​ឲ្យ​ត្រង់​វិញ​បាន
14 នៅ​គ្រា​ដែល​មាន​សេចក្ដី​ចម្រើន នោះ​ចូរ​ឲ្យ​មាន​ចិត្ត​អរ​សប្បាយ​ចុះ ហើយ​នៅ​គ្រា​ក្រក្រី នោះ​ចូរ​ពិចារណា​វិញ អើ ព្រះ‌ទ្រង់​បាន​ដាក់​ទាំង​២​នោះ​នៅ​ទន្ទឹម​គ្នា ប្រយោជន៍​ឲ្យ​មនុស្ស​ស្វែង​រក ឲ្យ​យល់​មិន​បាន​ចំពោះ​ការ​ដែល​កើត​មក​ខាង​ក្រោយ។
15 ក្នុង​អាយុ​ឥត​ប្រយោជន៍​របស់​យើង នោះ​យើង​បាន​ឃើញ​សេចក្ដី​ទាំង​នេះ គឺ​ថា​មាន​មនុស្ស​សុចរិត​ដែល​វិនាស​ទៅ​ក្នុង​សេចក្ដី​សុចរិត​របស់​ខ្លួន ហើយ​ក៏​មាន​មនុស្ស​អាក្រក់​ដែល​មាន​ជីវិត​ចម្រើន​នៅ​យូរ ក្នុង​អំពើ​អាក្រក់​របស់​ខ្លួន​ដែរ
16 ដូច្នេះ កុំ​ឲ្យ​ប្រព្រឹត្ត​ជា​មនុស្ស​សុចរិត​ហួស​ល្បត់​ឡើយ ក៏​កុំ​ឲ្យ​ធ្វើ​ខ្លួន​ឲ្យ​មាន​ប្រាជ្ញា​លើស‌លន់​ដែរ តើ​ចង់​បំផ្លាញ​ខ្លួន​ធ្វើ​អី
17 ម្យ៉ាង​ទៀត កុំ​ឲ្យ​ប្រព្រឹត្ត​អាក្រក់​ហួស​ល្បត់ ក៏​កុំ​ឲ្យ​ល្ងី‌ល្ងើ​ពេក​ដែរ ឯង​ចង់​ស្លាប់​មុន​កំណត់​ធ្វើ​អី
18 ល្អ​ណាស់​ហើយ បើ​ឯង​ចាប់​យក​សេចក្ដី​១​នេះ ហើយ​កុំ​ឲ្យ​ដក​ដៃ​ពី​សេចក្ដី​១​នោះ​ផង ដ្បិត​អ្នក​ណា​ដែល​កោត‌ខ្លាច​ដល់​ព្រះ នឹង​ចៀស​ចេញ​រួច​ពី​សេចក្ដី​ទាំង​នេះ​បាន។
19 ប្រាជ្ញា​រមែង​ជា​កម្លាំង​ដល់​មនុស្ស​ប្រាជ្ញ ជា​ជាង​អ្នក​គ្រប់‌គ្រង​១០​នាក់​ដែល​នៅ​ក្នុង​ទី​ក្រុង​១
20 ពិត​ប្រាកដ​ជា​គ្មាន​មនុស្ស​សុចរិត​ណា​នៅ​ផែនដី ដែល​ប្រព្រឹត្ត​សុទ្ធ​តែ​ល្អ​ឥត​ធ្វើ​បាប​ឡើយ​នោះ​ទេ
21 ១​ទៀត​កុំ​ឲ្យ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ពាក្យ​ទាំង​អស់​ដែល​គេ​ពោល​ឡើយ ក្រែង​ឯង​ឮ​បាវ​បម្រើ​ជេរ​ដល់​ឯង
22 ដ្បិត​ចិត្ត​ឯង​ក៏​ដឹង​ហើយ​ថា ឯង​បាន​ជេរ​គេ​ដូច្នោះ​ជា​ច្រើន​ដង​ដែរ។
23 យើង​បាន​ល​មើល​ឲ្យ​ដឹង​សេចក្ដី​ទាំង​នេះ​ច្បាស់​ដោយ​ប្រាជ្ញា​ហើយ យើង​បាន​សម្រេច​ថា យើង​នឹង​បាន​ប្រាជ្ញា ប៉ុន្តែ ប្រាជ្ញា​បាន​នៅ​ឆ្ងាយ​ពី​យើង​ទេ
24 ប្រាជ្ញា​ដែល​មាន​ទាំង​ប៉ុន្មាន នោះ​នៅ​ឆ្ងាយ ហើយ​ក៏​ជ្រៅ​ណាស់​ផង តើ​នរណា​អាច​ស្ទង់​យល់​បាន
25 ដូច្នេះ យើង​ក៏​វិល​មក​ផ្ចង់​ចិត្ត​ឲ្យ​បាន​ដឹង ឲ្យ​ស្វះ‌ស្វែង ហើយ​សួរ​រក​ប្រាជ្ញា និង​ហេតុ​ការ​ផ្សេងៗ ហើយ​ឲ្យ​បាន​ដឹង​ថា អំពើ​អាក្រក់​ជា​សេចក្ដី​ល្ងី‌ល្ងើ ហើយ​ថា សេចក្ដី​ល្ងី‌ល្ងើ​នោះ​ជា​សេចក្ដី​ចម្កួត​ផង
26 យើង​ក៏​បាន​ឃើញ​ថា ស្ត្រី​ដែល​មាន​ចិត្ត​ជា​អន្ទាក់​ជា​លប់ ហើយ​ដែល​ដៃ​ជា​ចំណង​ផង នាង​នោះ​ជា​ទី​ជូរ​ចត់​ជាង​សេចក្ដី​ស្លាប់​ទៅ​ទៀត អ្នក​ណា​ដែល​គាប់​ដល់​ព្រះ‌ហឫទ័យ​នៃ​ព្រះ​នឹង​បាន​គេច​រួច​ពី​ស្ត្រី​នោះ តែ​មនុស្ស​មាន​បាប​នឹង​ត្រូវ​វា​ចាប់​បាន​វិញ
27 ឯ​គ្រូ​ប្រដៅ​លោក​មាន​ប្រសាសន៍​ថា មើល ឯ​សេចក្ដី​នោះ យើង​បាន​ស្វែង​រក​ឃើញ​ហើយ ដោយ​បូក​រួម​សេចក្ដី​នេះ​១​នោះ​១ ដើម្បី​ឲ្យ​បាន​ដឹង​ហេតុ
28 ក៏​មាន​សេចក្ដី​នេះ​ទៀត ដែល​ចិត្ត​យើង​កំពុង​តែ​រក តែ​មិន​ទាន់​ឃើញ​នៅ​ឡើយ ក្នុង​១​ពាន់​នាក់ យើង​រក​បាន​ប្រុស​ពិត​តែ​ម្នាក់​ទេ តែ​ក្នុង​ពួក​អ្នក​ទាំង​នោះ យើង​រក​ស្រី​ពិត​តែ​១​ក៏​មិន​បាន​ផង
29 មើល យើង​បាន​ឃើញ​តែ​ប៉ុណ្ណោះ គឺ​ថា​ព្រះ‌ទ្រង់​បាន​បង្កើត​មនុស្ស​មក​ជា​ទៀង​ត្រង់ ប៉ុន្តែ គេ​បាន​ស្វែង​រក​បង្កើត​ការ​អាក្រក់​ជា​ច្រើន​វិញ។


ជំពូក 8

1 តើ​មាន​អ្នក​ណា​ដូច​អ្នក​ប្រាជ្ញ តើ​អ្នក​ណា​ចេះ​កាត់​ស្រាយ​ន័យ​សេចក្ដី​អ្វីៗ ប្រាជ្ញា​របស់​មនុស្ស​រមែង​ធ្វើ​ឲ្យ​ទឹក​មុខ​គេ​ផូរ‌ផង់​ឡើង ហើយ​ទឹក​មុខ​រឹង​របស់​គេ​ក៏​ផ្លាស់​ប្រែ​ទៅ
2 យើង​សូម​រំឭក​ថា ចូរ​ប្រព្រឹត្ត​តាម​បង្គាប់​នៃ​ស្តេច​ចុះ នោះ​គឺ​ដោយ​យល់​ដល់​សម្បថ ដែល​ខ្លួន​បាន​ស្បថ​ដល់​ព្រះ​ផង
3 កុំ​ឲ្យ​ប្រញាប់​នឹង​ថយ​ចេញ​ពី​ចំពោះ​ស្តេច​ឡើយ ក៏​កុំ​ឲ្យ​ស្អិត​ចិត្ត​ក្នុង​អំពើ​អាក្រក់​ណា​ដែរ ដ្បិត​ស្តេច​ទ្រង់​ធ្វើ​តាម​តែ​ព្រះ‌ទ័យ​ទ្រង់
4 ពី​ព្រោះ​ព្រះ‌បន្ទូល​នៃ​ស្តេច​មាន​ឫទ្ធិ​អំណាច តើ​មាន​អ្នក​ណា​ហ៊ាន​ទូល​ដល់​ទ្រង់​ថា តើ​ទ្រង់​ធ្វើ​អី​នោះ
5 អ្នក​ណា​ដែល​ប្រព្រឹត្ត​តាម​បញ្ញត្ត​ច្បាប់ នោះ​នឹង​មិន​ស្គាល់​ការ​អាក្រក់​ណា​ឡើយ ១​ទៀត ចិត្ត​របស់​មនុស្ស​មាន​ប្រាជ្ញា​រមែង​យល់​ពេល​ដែល​ស្រួល និង​សេចក្ដី​វិនិច្ឆ័យ
6 ក៏​មាន​ពេល​វេលា និង​សេចក្ដី​វិនិច្ឆ័យ សម្រាប់​គ្រប់​ការ​ទាំង​អស់ ពី​ព្រោះ​សេចក្ដី​អាក្រក់​របស់​មនុស្ស​តែង‌តែ​សង្កត់​លើ​ខ្លួន​គេ​ជា​ធ្ងន់
7 ដ្បិត​គេ​មិន​ដឹង​ជា​នឹង​កើត​មាន​អ្វី​ទេ តើ​អ្នក​ណា​នឹង​ប្រាប់​ឲ្យ​គេ​ដឹង​ជា​នឹង​កើត​មាន​អ្វី​បាន
8 គ្មាន​អ្នក​ណា​មាន​អំណាច​ត្រួត​លើ​វិញ្ញាណ ដើម្បី​នឹង​ឃាត់​វិញ្ញាណ​បាន​ទេ ក៏​គ្មាន​អ្នក​ណា​មាន​អំណាច​លើ​ថ្ងៃ​មរណៈ​ដែរ គ្មាន​ផ្លូវ​នឹង​គេច​រួច​ចេញ​ពី​ចម្បាំង​ទេ ហើយ​សេចក្ដី​អាក្រក់​ក៏​មិន​ជួយ​ឲ្យ​អ្នក​ណា​ដែល​ប្រគល់​ខ្លួន​ទៅ​ឲ្យ​ប្រព្រឹត្ត​តាម​បាន​រួច​ដែរ។
9 បណ្តា‌ការ​ទាំង​នេះ យើង​បាន​ឃើញ​អស់​ហើយ ក៏​បាន​ផ្ចង់​ចិត្ត​ចំពោះ​គ្រប់​ទាំង​ការ​ដែល​កើត​មាន​នៅ​ក្រោម​ថ្ងៃ មាន​គ្រា​ដែល​មនុស្ស​ម្នាក់ មាន​អំណាច​លើ​ម្នាក់​ទៀត ឲ្យ​គេ​ត្រូវ​វេទនា
10 តាម​ដំណើរ​នោះ យើង​បាន​ឃើញ​គេ​ហែ​ខ្មោច​មនុស្ស​អាក្រក់​ទៅ​កប់ តែ​ចំណែក​ពួក​អ្នក​ត្រឹម‌ត្រូវ​វិញ គេ​បាត់​ចេញ​ពី​ទី​បរិសុទ្ធ ហើយ​មនុស្ស​នៅ​ក្នុង​ទី​ក្រុង​ក៏​ភ្លេច​គេ​ទៅ នេះ​ក៏​ជា​ការ​ឥត​មាន​ទំនង​ដែរ
11 ចិត្ត​របស់​ពួក​មនុស្ស​ជាតិ​បាន​ផ្តាច់​ទៅ ឲ្យ​ប្រព្រឹត្ត​តាម​អំពើ​អាក្រក់​ជានិច្ច ដោយ​ព្រោះ​តែ​ការ​ធ្វើ​ទោស ចំពោះ​អំពើ​អាក្រក់ មិន​បាន​សម្រេច​ជា​យ៉ាង​ឆាប់
12 ទោះ​បើ​មនុស្ស​មាន​បាប​ប្រព្រឹត្ត​អំពើ​អាក្រក់​ដល់​ទៅ​១០០​ដង ហើយ​ចម្រើន​អាយុ​យឺន‌យូរ​ក៏​ដោយ គង់​តែ​យើង​ដឹង​ថា ពួក​អ្នក​ដែល​កោត‌ខ្លាច​ដល់​ព្រះ គឺ​ដែល​កោត‌ខ្លាច​នៅ​ចំពោះ​ទ្រង់ គេ​នឹង​មាន​សេចក្ដី​សុខ​ស្រួល​វិញ
13 តែ​មិន​បាន​សេចក្ដី​សុខ​ស្រួល ដល់​មនុស្ស​អាក្រក់​ទេ ឯ​អាយុ​គេ ដែល​ធៀប​ដូច​ជា​ស្រមោល នោះ​ក៏​មិន​បាន​យឺន‌យូរ​ដែរ ពី​ព្រោះ​គេ​មិន​កោត‌ខ្លាច​ដល់​ព្រះ​ឡើយ។
14 មាន​ការ​ឥត​មាន​ទំនង​ម្យ៉ាង ដែល​តែង‌តែ​មាន​នៅ​ផែនដី គឺ​មាន​មនុស្ស​សុចរិត​ដែល​ទទួល​សំណង​តាម​អំពើ​របស់​មនុស្ស​អាក្រក់​វិញ ១​ទៀត មាន​មនុស្ស​អាក្រក់​ដែល​ទទួល​សំណង​តាម​អំពើ​របស់​មនុស្ស​សុចរិត​ដែរ យើង​ថា​សេចក្ដី​នោះ​ជា​ការ​ឥត​មាន​ទំនង​សោះ
15 រួច​យើង​បាន​និយម​ខាង​សេចក្ដី​សប្បាយ ពី​ព្រោះ​នៅ​ក្រោម​ថ្ងៃ មនុស្ស​ឥត​មាន​អ្វី​ល្អ​ជាង​ការ​ស៊ី​ផឹក ហើយ​មាន​ចិត្ត​រីក‌រាយ​នោះ​ទេ ដ្បិត​មាន​តែ​ការ​ប៉ុណ្ណោះ ជា​ផល​ពី​ការ​នឿយ​ហត់​របស់​ខ្លួន ដែល​នឹង​នៅ​ជាប់​រាល់​តែ​ថ្ងៃ​អស់​១​ជីវិត​ខ្លួន ដែល​ព្រះ‌ទ្រង់​បាន​ប្រទាន​ឲ្យ​រស់​នៅ​ក្រោម​ថ្ងៃ។
16 កាល​យើង​បាន​ផ្ចង់​ចិត្ត​ឲ្យ​ស្គាល់​ប្រាជ្ញា ហើយ​និង​ពិចារណា​ពី​អស់​ទាំង​ការ​ដែល​កើត​មាន​នៅ​ផែនដី ឃើញ​ថា មាន​មនុស្ស​ដែល​មិន​ចេះ​ដេក​លក់ ទោះ​ទាំង​យប់ ឬ​ថ្ងៃ​ផង
17 នោះ​យើង​បាន​យល់​ពី​ការ​របស់​ព្រះ​ថា មនុស្ស​នឹង​ស្វែង​រក​ឲ្យ​ដឹង​ពី​អស់​ទាំង​ការ ដែល​កើត​មាន​នៅ​ក្រោម​ថ្ងៃ​មិន​បាន ដ្បិត​ទោះ​បើ​ខំ​ប្រឹង​ស្វែង​រក​យ៉ាង​ណា គង់​តែ​មិន​ដែល​ប្រទះ​យល់​ដែរ ហើយ​ទោះ​បើ​មាន​មនុស្ស​ប្រាជ្ញ​ណា​ស្មាន​ថា​នឹង​រក​ស្គាល់​បាន ក៏​គង់​តែ​មិន​អាច​នឹង​យល់​បាន​ដែរ។


ជំពូក 9

1 អើ គ្រប់​សេចក្ដី​ទាំង​នេះ យើង​បាន​ពិចារណា​នៅ​ក្នុង​ចិត្ត ដើម្បី​ឲ្យ​បាន​យល់​ច្បាស់ នោះ​ឃើញ​ថា មនុស្ស​សុចរិត និង​មនុស្ស​ប្រាជ្ញ ព្រម​ទាំង​កិច្ច‌ការ​របស់​គេ​ទាំង​ប៉ុន្មាន សុទ្ធ​តែ​នៅ​ក្នុង​អំណាច​ព្រះ‌ហស្ត​នៃ​ព្រះ ទោះ​បើ​ការ​នោះ​មក​ដោយ​សេចក្ដី​ស្រឡាញ់ ឬ​សេចក្ដី​សំអប់​ក្តី នោះ​មនុស្ស​មិន​យល់​ទេ ប៉ុន្តែ ទាំង​អស់​ក៏​ច្បាស់​នៅ​ចំពោះ​មុខ​គេ
2 គ្រប់​ទាំង​អស់​កើត​ដល់​មនុស្ស​ទាំង​អស់​ដូច​គ្នា មាន​ការ​តែ​១​មុខ​កើត​ដល់​ទាំង​មនុស្ស​សុចរិត និង​មនុស្ស​ទុច្ចរិត មនុស្ស​ល្អ មនុស្ស​ស្អាត និង​មនុស្ស​ដែល​មិន​ស្អាត ហើយ​មនុស្ស​ដែល​ថ្វាយ​យញ្ញ‌បូជា និង​មនុស្ស​ដែល​មិន​ថ្វាយ​ផង គឺ​មនុស្ស​ល្អ​យ៉ាង​ណា មនុស្ស​មាន​បាប​ក៏​យ៉ាង​នោះ​ដែរ ហើយ​អ្នក​ណា​ដែល​ហ៊ាន​ផ្តាសា​ដល់​ខ្លួន ក៏​ដូច​ជា​អ្នក​ដែល​ខ្លាច​ពាក្យ​ផ្តាសា​ដែរ
3 នេះ​ជា​ការ​អាក្រក់​១​ក្នុង​អស់​ទាំង​ការ​ដែល​កើត​មក​នៅ​ក្រោម​ថ្ងៃ គឺ​ដែល​មាន​សេចក្ដី​តែ​១​ដដែល កើត​ដល់​មនុស្ស​ទាំង​អស់ អើ ចិត្ត​នៃ​មនុស្ស​ជាតិ​ក៏​ពេញ​ដោយ​សេចក្ដី​អាក្រក់ ហើយ​ក៏​មាន​សេចក្ដី​ចម្កួត​ក្នុង​ចិត្ត អស់​ពេល​ដែល​រស់​នៅ ក្រោយ​នោះ​ក៏​ទៅ​ឯ​ពួក​មនុស្ស​ស្លាប់
4 ដ្បិត​មាន​សេចក្ដី​សង្ឃឹម​ចំពោះ​អ្នក​ណា​ដែល​នៅ​ជាប់​ក្នុង​ពួក​មនុស្ស​រស់​នៅ​ឡើយ ពី​ព្រោះ​ថា សូម្បី​តែ​ឆ្កែ​រស់ គង់​វិសេស​ជាង​សិង្ហ​ស្លាប់​ដែរ
5 ដ្បិត​មនុស្ស​ដែល​រស់​គេ​ដឹង​ថា​ខ្លួន​នឹង​ស្លាប់​ជា​មិន​ខាន តែ​មនុស្ស​ស្លាប់​ឥត​ដឹង​អ្វី​ឡើយ គេ​ក៏​គ្មាន​រង្វាន់​អ្វី​ទៀត​ដែរ ពី​ព្រោះ​សេចក្ដី​នឹក​ចាំ​ពី​គេ​បាន​សូន្យ​បាត់​ហើយ
6 ទោះ​ទាំង​សេចក្ដី​ស្រឡាញ់ សេចក្ដី​សំអប់ និង​សេចក្ដី​ឈ្នានីស​របស់​គេ​ក៏​វិនាស​សូន្យ​បាត់​ជា​យូរ​មក​ហើយ គេ​ក៏​ឥត​មាន​ចំណែក​ណា ក្នុង​ការ​អ្វី​ដែល​ធ្វើ​នៅ​ក្រោម​ថ្ងៃ​ជា​ដរាប​ត​ទៅ​មុខ​ដែរ។
7 ដូច្នេះ ចូរ​ទៅ​ចុះ ឲ្យ​បរិភោគ​អាហារ​របស់​ឯង​ដោយ​អំណរ ហើយ​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ​របស់​ឯង​ដោយ​ចិត្ត​រីក‌រាយ​ផង ដ្បិត​ព្រះ‌ទ្រង់​បាន​ទទួល​ការ​របស់​ឯង​ហើយ
8 ចូរ​ឲ្យ​សម្លៀក‌បំពាក់​របស់​ឯង​បាន​ស​នៅ​ជានិច្ច ហើយ​កុំ​ឲ្យ​ខាន​មាន​ប្រេង​នៅ​លើ​ក្បាល​ឯង​ដែរ
9 ចូរ​រស់​នៅ​ដោយ​អំណរ​ជា​មួយ​នឹង​ប្រពន្ធ​ជា​ទី​ស្រឡាញ់​របស់​ឯង​ដរាប​ពេល​ដែល​ឯង​រស់​នៅ ក្នុង​ជីវិត​ដ៏​ឥត​ប្រយោជន៍​នេះ ដែល​ទ្រង់​បាន​ប្រទាន​មក​ឯង​នៅ​ក្រោម​ថ្ងៃ​ចុះ គឺ​គ្រប់​មួយ​អាយុ​ឥត​ប្រយោជន៍​របស់​ឯង ដ្បិត​នោះ​ហើយ​ជា​ចំណែក​របស់​ឯង​នៅ​ក្នុង​ជីវិត​នេះ ហើយ​ក្នុង​ការ​នឿយ​ហត់​ដែល​ឯង​ខំ​ធ្វើ​នៅ​ក្រោម​ថ្ងៃ​ផង
10 ការ​អ្វី​ដែល​ដៃ​ឯង​អាច​ធ្វើ​បាន នោះ​ចូរ​ធ្វើ​ដោយ​អស់​ពី​កម្លាំង​ចុះ ដ្បិត​នៅ​ក្នុង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ជា​កន្លែង​ដែល​ឯង​ត្រូវ​នៅ នោះ​គ្មាន​ការ​ធ្វើ គ្មាន​ការ​គិត‌គូរ គ្មាន​តម្រិះ ឬ​ប្រាជ្ញា​ឡើយ។
11 យើង​ក៏​វិល​មក​មើល​នៅ​ក្រោម​ថ្ងៃ ឃើញ​ថា ការ​រត់​ប្រណាំង​មិន​សម្រេច​នឹង​មនុស្ស​ដែល​រត់​លឿន ការ​ចម្បាំង​ក៏​មិន​សម្រេច​នឹង​មនុស្ស​ដែល​មាន​កម្លាំង​ដែរ ឯ​នំបុ័ង​មិន​សម្រេច​នឹង​មនុស្ស​មាន​ប្រាជ្ញា ឬ​ទ្រព្យ‌សម្បត្តិ​នឹង​មនុស្ស​មាន​យោបល់ ឬ​គុណ​នឹង​មនុស្ស​ស្ទាត់​ជំនាញ​នោះ​ដែរ គ្រប់​ទាំង​អស់​ស្រេច​នៅ​ពេល​វេលា និង​ឱកាស​វិញ
12 ពី​ព្រោះ​មនុស្ស​ក៏​មិន​ដឹង​ពេល​កំណត់​របស់​ខ្លួន​ដែរ ឧបមា​ដូច​ជា​ត្រី​ដែល​ជាប់​នៅ​ក្នុង​សំណាញ់​ដ៏​អាក្រក់ ហើយ​សត្វ​ហើរ​ជាប់​ក្នុង​អន្ទាក់ គឺ​យ៉ាង​នោះ​ដែល​មនុស្ស​ជាតិ​ត្រូវ​ជាប់​នៅ​ក្នុង​ពេល​វេលា​ដ៏​អាក្រក់ ក្នុង​កាល​មាន​គ្រោះ​កើត​ដល់​ខ្លួន​ភ្លាម​១​រំពេច​ដែរ។ ប្រាជ្ញា​របស់​ជន​ក្រីក្រ
13 យើង​ក៏​ឃើញ​ប្រាជ្ញា​បែប​យ៉ាង​នេះ​ទៀត​នៅ​ក្រោម​ថ្ងៃ ហើយ​ប្រាជ្ញា​នោះ​ក៏​មើល​ទៅ​ដូច​ជា​ធំ​ប្រសើរ​ដល់​យើង​ដែរ
14 គឺ​មាន​ទី​ក្រុង​១​តូច ហើយ​មាន​មនុស្ស​តិច​ណាស់​ផង រួច​មាន​ស្តេច​ធំ​១​មក​ទាស់ ក៏​ឡោម‌ព័ទ្ធ​ហើយ​សង់​បន្ទាយ​យ៉ាង​ធំ​ច្បាំង​នឹង​ទី​ក្រុង​នោះ
15 រីឯ​នៅ​ក្រុង​នោះ មាន​មនុស្ស​ក្រ​ម្នាក់​ដែល​មាន​ប្រាជ្ញា អ្នក​នោះ​ក៏​ជួយ​ទី​ក្រុង​ឲ្យ​រួច ដោយ​ប្រាជ្ញា​របស់​ខ្លួន តែ​គ្មាន​អ្នក​ណា​នឹក​គុណ​ពី​មនុស្ស​ក្រ​នោះ​សោះ
16 នោះ​យើង​បាន​ថា ប្រាជ្ញា​វិសេស​ជាង​កម្លាំង ប៉ុន្តែ គេ​តែង​មើល‌ងាយ​ចំពោះ​ប្រាជ្ញា​របស់​មនុស្ស​ក្រ​វិញ ក៏​មិន​ស្តាប់​តាម​ពាក្យ​របស់​អ្នក​នោះ​ដែរ
17 ការ​ដែល​ស្តាប់​ពាក្យ​របស់​មនុស្ស​មាន​ប្រាជ្ញា​នៅ​ក្នុង​ទី​ស្ងាត់ នោះ​វិសេស​ជាង​សម្រែក​របស់​អ្នក​ណា​ដែល​គ្រប់‌គ្រង​លើ​ពួក​មនុស្ស​ល្ងី‌ល្ងើ
18 ប្រាជ្ញា​តែង​វិសេស​ជាង​គ្រឿង​ចម្បាំង តែ​មនុស្ស​មាន​បាប​តែ​ម្នាក់​រមែង​បំផ្លាញ​ការ​ល្អ​ទៅ​ជា​ច្រើន​វិញ។


ជំពូក 10

1 រុយ​ស្លាប់​ធ្វើ​ឲ្យ​ប្រេង​ក្រអូប​របស់​អ្នក​អប់​ប្រេង​ទៅ​ជា​មាន​ក្លិន​ស្អុយ ហើយ​សេចក្ដី​ចម្កួត​តែ​បន្តិច​បន្តួច​ក៏​បង្ខូច​ប្រាជ្ញា និង​កិត្តិយស​ដូច្នោះ​ដែរ
2 ចិត្ត​របស់​មនុស្ស​មាន​ប្រាជ្ញា​រមែង​នៅ​ខាង​ដៃ​ស្តាំ តែ​ចិត្ត​របស់​មនុស្ស​ល្ងី‌ល្ងើ​នៅ​ខាង​ដៃ​ឆ្វេង​វិញ
3 អើ នេះ​១​ទៀត កាល​ណា​មនុស្ស​ល្ងី‌ល្ងើ​ដើរ​តាម​ផ្លូវ នោះ​ប្រាជ្ញា​លះ‌បង់​ចោល​វា​បាត់ ហើយ​វា​ប្រាប់​ដល់​គ្រប់​គ្នា​ថា​ជា​មនុស្ស​ល្ងី‌ល្ងើ​ទេ
4 បើ​អ្នក​គ្រប់‌គ្រង​កើត​មាន​ចិត្ត​មួម៉ៅ​នឹង​ឯង នោះ​កុំ​ឲ្យ​ថយ​ចេញ​ពី​ទី​របស់​ឯង​ឡើយ ពី​ព្រោះ​សេចក្ដី​សំឡូត​រមែង​រំងាប់​ទោស​យ៉ាង​ធំ។
5 មាន​ការ​អាក្រក់​១ ដែល​យើង​បាន​ឃើញ​នៅ​ក្រោម​ថ្ងៃ មើល​ទៅ​ដូច​ជា​ការ​កំហុស​ដែល​កើត​ជីវិត​ពី​អ្នក​គ្រប់‌គ្រង​ដែរ
6 គឺ​ថា ពួក​ល្ងី‌ល្ងើ​បាន​តាំង​ឡើង​នៅ​ទី​ខ្ពស់ តែ​ពួក​ដែល​មាន​ត្រកូល​ខ្ពស់ គេ​អង្គុយ​នៅ​កន្លែង​ទាប​ថោក​វិញ
7 យើង​បាន​ឃើញ​បាវ​បម្រើ​កំពុង​តែ​ជិះ​សេះ ហើយ​កូន​ស្តេច​កំពុង​តែ​ដើរ​នៅ​ដី​ដូច​ជា​បាវ​វិញ។
8 អ្នក​ណា​ដែល​ជីក​រណ្តៅ នោះ​នឹង​ធ្លាក់​ចុះ​ក្នុង​រណ្តៅ​នោះ​ឯង ហើយ​អ្នក​ណា​ដែល​ទម្លុះ​កំផែង​គេ នោះ​សត្វ​ពស់​នឹង​ចឹក​ខ្លួន
9 អ្នក​ណា​ដែល​រើ​ថ្ម​ចេញ នោះ​នឹង​ត្រូវ​របួស​ដោយ​ថ្ម​នោះ ហើយ​អ្នក​ណា​ដែល​ពុះ​ឧស នោះ​ក៏​មាន​អន្តរាយ​ដោយ‌សារ​ការ​នោះ​ឯង
10 បើ​ដែក​រិល​ហើយ ម្ចាស់​មិន​សំលៀង​មុខ​ទេ នោះ​ត្រូវ​តែ​បព្ចោញ​កម្លាំង​លើស​ជាង​ទៅ​ទៀត ឯ​ប្រាជ្ញា​មាន​ប្រយោជន៍​នឹង​តម្រង់​ការ
11 បើ​ពស់​បាន​ចឹក​មុន​ដែល​គ្រូ​អាយ‌លម្ពាយ​មក នោះ​តើ​មាន​ប្រយោជន៍​អ្វី​ដោយ​គ្រូ​អាយ‌លម្ពាយ។
12 ឯ​ពាក្យ​ដែល​ចេញ​ពី​មាត់​របស់​មនុស្ស​មាន​ប្រាជ្ញា នោះ​សុទ្ធ​តែ​ប្រកប​ដោយ​គុណ តែ​បបូរ​មាត់​របស់​មនុស្ស​ល្ងី‌ល្ងើ​នឹង​ពន្លិច​ខ្លួន​វិញ
13 កាល​ចាប់​ផ្តើម​បព្ចោញ​ពាក្យ នោះ​សុទ្ធ​តែ​ជា​ពាក្យ​ល្ងី‌ល្ងើ តែ​ដល់​ចុង​បំផុត​ពាក្យ​សំដី​វា​ជា​សេចក្ដី​ចម្កួត​យ៉ាង​សហ័ស
14 មនុស្ស​ល្ងី‌ល្ងើ​ក៏​ពង្រីក​ពាក្យ​ពោល​ជា​ច្រើន ឯ​មនុស្ស​លោក​គេ​មិន​ដឹង​ជា​នឹង​កើត​មាន​អ្វី​ទេ ហើយ​ការ​អ្វី​ដែល​នឹង​កើត​មក​ខាង​ក្រោយ​ខ្លួន នោះ​តើ​អ្នក​ណា​នឹង​ថ្លែង​ប្រាប់​បាន
15 ការ​ដែល​មនុស្ស​ល្ងី‌ល្ងើ​ខំ​ធ្វើ នោះ​ធ្វើ​ឲ្យ​ខ្លួន​នឿយ​ហត់​គ្រប់​គ្នា ពី​ព្រោះ​គេ​មិន​ដឹង​ទៅ​ឯ​ទី​ក្រុង​តាម​ផ្លូវ​ណា​ទេ។
16 ឱ​ស្រុក​អើយ វរ‌ហើយ កាល​ណា​ស្តេច​របស់​ឯង​ជា​កូន​ក្មេង ហើយ​ពួក​អ្នក​ដែល​ជា​កំពូល​លើ​ឯង គេ​បរិភោគ​ធំ​ពី​ព្រលឹម
17 មាន​ពរ​ហើយ ឱ​ស្រុក​អើយ កាល​ណា​ស្តេច​ឯង​ជា​ពូជ‌ពង្ស​មាន​ត្រកូល​ខ្ពស់ ហើយ​ពួក​អ្នក​ដែល​ជា​កំពូល​លើ​ឯង គេ​បរិភោគ​តាម​ត្រូវ​ពេល​វិញ ដើម្បី​ឲ្យ​តែ​បាន​កម្លាំង មិន​មែន​ឲ្យ​បាន​ស្រវឹង​ទេ
18 ឯ​ដំបូល​ផ្ទះ​រមែង​ស្រុត​ធ្លាក់ ដោយ​ព្រោះ​តែ​សេចក្ដី​ខ្ជិល​ច្រអូស​ទេ ហើយ​ដោយ​ព្រោះ​នៅ​ដៃ​ទទេៗ បាន​ជា​ទឹក​ភ្លៀង​លេច​ចូល​ក្នុង​ផ្ទះ​ដែរ
19 មនុស្ស​តែង​ជប់‌លៀង ដើម្បី​ឲ្យ​បាន​សើច​សប្បាយ ហើយ​ស្រា​ទំពាំង‌បាយ‌ជូរ​នាំ​ចិត្ត​ឲ្យ​រីក‌រាយ តែ​ប្រាក់​នឹង​ធ្វើ​ឲ្យ​សម្រេច​ទាំង​អស់​បាន
20 កុំ​ឲ្យ​ជេរ​ប្រមាថ​ដល់​ស្តេច​ឡើយ សូម្បី​តែ​នៅ​ក្នុង​គំនិត​ឯង​ក៏​កុំ​ដែរ ហើយ​កុំ​ឲ្យ​ជេរ​ប្រមាថ​ដល់​ពួក​អ្នក​មាន ទោះ​ទាំង​នៅ​ក្នុង​បន្ទប់​ដេក​របស់​ខ្លួន​ផង ខ្លាច​ក្រែង​សត្វ​ហើរ​លើ​អាកាស​នាំ​យក​សំឡេង​នោះ​ទៅ ហើយ​សត្វ​ដែល​មាន​ស្លាប​វា​ថ្លែង​ប្រាប់​តាម​រឿង​នោះ។


ជំពូក 11

1 ចូរ​បោះ​នំបុ័ង​របស់​ឯង​ទៅ​លើ​ទឹក ដ្បិត​យូរ​ថ្ងៃ​ក្រោយ​មក ឯង​នឹង​បាន​សគុណ​នោះ​មក​វិញ
2 ចូរ​ចែក​ឲ្យ​ដល់​៧​នាក់​ចុះ ហើយ​ដល់​៨​នាក់​ផង ដ្បិត​ឯង​មិន​ដឹង​ជា​នឹង​កើត​មាន​សេចក្ដី​អាក្រក់​យ៉ាង​ណា​នៅ​ផែនដី​ទេ
3 បើ​កាល​ណា​ពពក​ពេញ​ដោយ​ទឹក នោះ​នឹង​ចាក់​ភ្លៀង​ឲ្យ​ធ្លាក់​ចុះ​មក​លើ​ផែនដី ហើយ​បើ​ដើម​ឈើ​ណា​រលំ​ដួល​ទៅ​ខាង​ត្បូង ឬ​ទៅ​ខាង​ជើង​ក្តី នោះ​នឹង​ដេក​នៅ​ត្រង់​កន្លែង​ដែល​បាន​ដួល​នោះ​ឯង
4 អ្នក​ណា​ដែល​សង្កេត​មើល​តែ​ខ្យល់ នោះ​នឹង​មិន​សាប‌ព្រោះ​ទេ ហើយ​អ្នក​ណា​សង្កេត​មើល​ពពក នោះ​ក៏​មិន​ច្រូត​កាត់​ឡើយ
5 ឯង​មិន​ស្គាល់​ផ្លូវ​នៃ​វិញ្ញាណ​ដែល​បណ្តាល​ឲ្យ​កូន​កើត​ឡើង នៅ​ក្នុង​ផ្ទៃ​របស់​ស្ត្រី​ដែល​មាន​ទំងន់​ជា​យ៉ាង​ណា នោះ​ក៏​មិន​ស្គាល់​ការ​របស់​ព្រះ ដែល​ទ្រង់​ធ្វើ​គ្រប់​ទាំង​អស់​យ៉ាង​នោះ​ដែរ
6 នៅ​ពេល​ព្រឹក ចូរ​សាប‌ព្រោះ​ពូជ​របស់​ឯង​ចុះ ហើយ​នៅ​ពេល​ល្ងាច កុំ​ឲ្យ​ទប់​ដៃ​ឯង​ឡើយ ដ្បិត​ឯង​មិន​ដឹង​ជា​ខាង​ណា​នឹង​ចម្រើន​ឡើង ទោះ​បើ​ខាង​ណេះ ឬ​ខាង​ណោះ​ក្តី ឬ​បើ​ទាំង​២​នឹង​ចម្រើន​បាន​ល្អ​ដូច​គ្នា​ផង
7 ពន្លឺ​ជា​គ្រឿង​ល្អ ហើយ​ដែល​ភ្នែក​បាន​ឃើញ​ពន្លឺ​ថ្ងៃ នោះ​ក៏​ស្រួល
8 អើ បើ​មនុស្ស​ណា​រស់​នៅ​ជា​យូរ​ឆ្នាំ នោះ​គួរ​ឲ្យ​មាន​សេចក្ដី​អំណរ​ចំពោះ​គ្រប់​ឆ្នាំ​ទាំង​នោះ​ចុះ តែ​ត្រូវ​ឲ្យ​នឹក​ដល់​អស់​ទាំង​ថ្ងៃ ដែល​មាន​សេចក្ដី​ងងឹត​ដែរ ពី​ព្រោះ​នឹង​មាន​ជា​ច្រើន​ទៀត គ្រប់​ទាំង​អស់​ដែល​ត្រូវ​មក សុទ្ធ​តែ​ជា​ការ​ឥត​ប្រយោជន៍​ទទេ។
9 ឱ​មនុស្ស​កំលោះ​អើយ ចូរ​ឲ្យ​មាន​ចិត្ត​រីក‌រាយ​ក្នុង​វ័យ​កំលោះ​របស់​ឯង​ចុះ ហើយ​ឲ្យ​ចិត្ត​ឯង​បណ្តាល​ឲ្យ​អរ​សប្បាយ ក្នុង​ជំនាន់​ដែល​ឯង​នៅ​ក្មេង​ផង ចូរ​ដើរ​តាម​ផ្លូវ​នៃ​ចិត្ត​ឯង ហើយ​តាម​តែ​ភ្នែក​ឯង​មើល​ឃើញ​ដែរ ប៉ុន្តែ ត្រូវ​ឲ្យ​ដឹង​ថា ព្រះ​ទ្រង់​នឹង​ហៅ​ឯង​មក​ជំនុំ‌ជម្រះ ដោយ​ព្រោះ​អំពើ​ទាំង​នេះ​ជា​មិន​ខាន
10 ដូច្នេះ ចូរ​កាត់​សេចក្ដី​ក្នាញ់​ក្តៅ​ចេញ​ពី​ចិត្ត​ឯង​ទៅ ហើយ​បណ្តេញ​សេចក្ដី​អាក្រក់​ឲ្យ​ឆ្ងាយ​ពី​សាច់​ឈាម​ឯង​ផង ដ្បិត​គ្រា​នៅ​កំលោះ ហើយ​វ័យ​ក្មេង​រមែង​ជា​ឥត​ប្រយោជន៍​ទទេ។


ជំពូក 12

1 ចូរ​នឹក​ចាំ​ពី​ព្រះ​ដ៏​បង្កើត​ខ្លួន ក្នុង​គ្រា​ដែល​ឯង​នៅ​ក្មេង មុន​ដែល​អស់​ទាំង​ថ្ងៃ​អាក្រក់​មក​ដល់ ហើយ​អស់​ទាំង​ឆ្នាំ​មក​ជិត ដែល​ឯង​នឹង​ថា អញ​អស់​សប្បាយ​ហើយ
2 គឺ​មុន​ដែល​ថ្ងៃ ពន្លឺ ខែ និង​ផ្កាយ​ទាំង​ប៉ុន្មាន​ទៅ​ជា​ងងឹត ហើយ​ពពក​វិល​មក​ក្រោយ​ដែល​ភ្លៀង
3 នៅ​ថ្ងៃ​ដែល​ពួក​អ្នក​ចាំ​ផ្ទះ​ត្រូវ​ញាប់‌ញ័រ ពួក​មនុស្ស​ខ្លាំង​ពូកែ​ត្រូវ​ឱន​ខ្លួន​ចុះ ពួក​ស្រី​ដែល​កិន​ស្រូវ​ត្រូវ​ឈប់ ដោយ​ព្រោះ​មាន​គ្នា​តិច​ពេក ពួក​អ្នក​ដែល​មើល​តាម​បង្អួច​ត្រូវ​ងងឹត​ទៅ
4 ហើយ​ទ្វារ​ដែល​បើក​ទៅ​ឯ​ថ្នល់​ត្រូវ​បិទ ជា​ពេល​ដែល​អន់​ឮ​សូរ​ត្បាល់​កិន កាល​គេ​ស្ទុះ​ក្រោក​ឡើង ដោយ​ឮ​សំឡេង​សត្វ​ហើរ​យំ ហើយ​អស់​ទាំង​ពួក​ស្រីៗ​ដែល​ធ្លាប់​ច្រៀង​ត្រូវ​ទាប​ថោក​វិញ
5 អើ គេ​នឹង​ភ័យ​ខ្លាច​ចំពោះ​អន្តរាយ​ដែល​មក​ពី​ខាង​លើ ក៏​នឹង​មាន​សេចក្ដី​ស្ញែង‌ខ្លាច​តាម​ផ្លូវ ឯ​ដើម​ចំបក់​នឹង​ផ្កា​ឡើង ហើយ​កណ្តូប​នឹង​សង្កត់​លើ​គេ​ជា​ធ្ងន់ សេចក្ដី​ប៉ង‌ប្រាថ្នា​នឹង​រសាយ​អស់​ទៅ ដោយ​ព្រោះ​មនុស្ស​រមែង​ទៅ​ឯ​ទី​លំនៅ​ដ៏​នៅ​អស់​កល្ប‌ជានិច្ច ហើយ​ពួក​អ្នក​កាន់​ទុក្ខ​ដើរ​ទៅ​មក​តាម​ផ្លូវ
6 គឺ​មុន​ដែល​ខ្សែ​ប្រាក់​ដាច់ ចាន​មាស​បែក ក្អម​បែក​នៅ​ឯ​ក្បាល​ទឹក ឬ​រហាត់​ទឹក​នៅ​អណ្តូង​ខូច​ទៅ
7 ហើយ​ធូលី​ត្រឡប់​ជា​ដី​ដូច​ដើម​វិញ និង​វិញ្ញាណ ត្រឡប់​ទៅ​ឯ​ព្រះ ដែល​ទ្រង់​បាន​ប្រទាន​មក​នោះ
8 «ការ​ឥត​ប្រយោជន៍​ទទេៗ» នេះ​ហើយ​ជា​ពាក្យ​ដែល​គ្រូ​ប្រដៅ​ពោល​ទុក​ថា គ្រប់​ទាំង​អស់​សុទ្ធ​តែ​ឥត​ប្រយោជន៍​ទទេ។
9 ហើយ​១​ទៀត ដោយ​ព្រោះ​គ្រូ​ប្រដៅ​មាន​ប្រាជ្ញា​បាន​ជា​លោក​បង្រៀន​ប្រជា‌ជន​ឲ្យ​មាន​តម្រិះ​ទៅ​ទៀត អើ​លោក​បាន​រំពឹង​គិត ព្រម​ទាំង​ស្វែង​រក ហើយ​តែង​ពាក្យ​សុភាសិត​ជា​ច្រើន​តាម​របៀប​គ្រូ​ប្រដៅ
10 លោក​បាន​ស្វែង​រក​ពាក្យ​ពីរោះ និង​សេចក្ដី​ដែល​បាន​តែង​ទុក​យ៉ាង​ត្រឹម‌ត្រូវ គឺ​ជា​ពាក្យ​ដ៏​ពិត​ទាំង​អស់។
11 ពាក្យ​របស់​មនុស្ស​មាន​ប្រាជ្ញា ធៀប​ដូច​ជា​ជន្លួញ ហើយ​ពាក្យ​របស់​ពួក​អ្នក​ដែល​ប្រមូល​កត់​ទុក​ពាក្យ​ប្រាជ្ញ នោះ​ក៏​ដូច​ជា​ដែក​គោល​បោះ​ភ្ជាប់ ជា​ពាក្យ​ដែល​មក​ពី​អ្នក​គង្វាល​តែ​១
12 ១​ទៀត កូន​អើយ ចូរ​ទទួល​ដំបូន្មាន​ចុះ ដ្បិត​ការ​ដែល​ធ្វើ​សៀវភៅ​ជា​ច្រើន នោះ​មិន​ចេះ​អស់​មិន​ចេះ​ហើយ​ឡើយ ហើយ​ការ​ដែល​រៀន​ជា​ច្រើន នោះ​រមែង​នាំ​ឲ្យ​អផ្សុក​ដល់​រូប​សាច់។
13 សេចក្ដី​នេះ​ចប់​តែ​ប៉ុណ្ណេះ ទាំង​អស់​បាន​សម្ដែង​ទុក​ហើយ ដូច្នេះ ចូរ​កោត‌ខ្លាច​ដល់​ព្រះ ហើយ​កាន់​តាម​បញ្ញត្ត​ទ្រង់​ចុះ ដ្បិត​ប៉ុណ្ណេះ​ឯង​ជា​កិច្ច​ទាំង​មូល​ដែល​មនុស្ស​ត្រូវ​ធ្វើ
14 ពី​ព្រោះ​ព្រះ‌ទ្រង់​នឹង​នាំ​គ្រប់​ការ​ទាំង​អស់​មក​ដើម្បី​ជំនុំ‌ជម្រះ ព្រម​ទាំង​អ្វីៗ​ដែល​លាក់​កំបាំង​ផង ទោះ​ល្អ ឬ​អាក្រក់​ក្តី។:៚