ជំពូក 1
1 នេះជាចម្រៀងដែលប្រសើរបំផុតជាងអស់ទាំង ចម្រៀង ជាទំនុករបស់ស្តេចសាឡូម៉ូន។
2 ៙ ឱបើប្ដីនឹងថើបខ្ញុំដោយព្រះឱស្ឋទៅអេះ ពីព្រោះសេចក្ដីស្រឡាញ់របស់ទ្រង់វិសេសជាងស្រា ទំពាំងបាយជូរ
3 ប្រេងអប់របស់ទ្រង់ធុំក្លិនក្រអូបល្អ ព្រះនាមទ្រង់ក៏ដូចជាប្រេងក្រអូបដែលចាក់ចេញហើយ ហេតុនោះបានជាពួកព្រហ្មចារីសុទ្ធតែស្រឡាញ់ដល់ទ្រង់
4 សូមទាញនាំខ្ញុំម្ចាស់ នោះយើងខ្ញុំនឹងរត់តាមទ្រង់។ (ស្តេចទ្រង់បាននាំខ្ញុំចូលទៅក្នុងបន្ទប់ទ្រង់) យើងខ្ញុំនឹងមានចិត្តអំណរ ហើយរីករាយក្នុងអង្គទ្រង់ យើងខ្ញុំនឹងនឹកចាំពីសេចក្ដីស្រឡាញ់របស់ទ្រង់ ជាជាងស្រាទំពាំងបាយជូរ គេស្រឡាញ់ដល់ទ្រង់ នោះគួរណាស់ហើយ។
5 ៙ ឱពួកកូនស្រីនៃក្រុងយេរូសាឡឹមអើយ ខ្ញុំខ្មៅ តែល្អគួរសម ឧបមាដូចជាត្រសាលរបស់ពួកកេដារ ក៏ដូចជាវាំងននរបស់ស្តេចសាឡូម៉ូន
6 សូមកុំឲ្យមើលខ្ញុំ ដោយព្រោះខ្ញុំមានសម្បុរស្រគាំឡើយ ដ្បិតខ្ញុំបានត្រូវហាលថ្ងៃហើយ ពួកប្រុសៗពោះ១នឹងខ្ញុំ គេខឹងនឹងខ្ញុំ គេបានឲ្យខ្ញុំថែរក្សាចម្ការទំពាំងបាយជូរ ឯចម្ការរបស់ខ្លួនខ្ញុំវិញ នោះមិនបានថែរក្សាទេ។
7 ៙ ឱអ្នកដែលចិត្តខ្ញុំម្ចាស់ស្រឡាញ់អើយ សូមប្រាប់ខ្ញុំម្ចាស់ពីទ្រង់ឃ្វាលហ្វូងសត្វនៅត្រង់ណាផង តើនៅកន្លែងណាដែលឲ្យសម្រាកពេលថ្ងៃត្រង់ ដ្បិតតើមានទំនងអ្វីឲ្យខ្ញុំម្ចាស់បានដូចជាស្រីដែលត្រូវ បាំងមុខ នៅជាមួយនឹងហ្វូងសត្វរបស់ពួកភឿន ទ្រង់ដូច្នេះ។
8 ៙ ឱនាងដែលល្អលើសជាងគេក្នុងពួកស្រីៗអើយ បើមិនដឹងទេ នោះមានតែចេញទៅតាមដានជើងរបស់ ហ្វូងសត្វទៅ ហើយឃ្វាលកូនពពែរបស់ឯងក្បែរត្រសាលរបស់ពួក អ្នកគង្វាលចុះ។
9 ៙ ឱមាសសំឡាញ់អើយ អញបានប្រៀបឯងដូចជាសេះទឹមរាជរថរបស់ផារ៉ោន
10 ថ្ពាល់ឯងស្រស់ល្អសមនឹងគ្រឿងតែង ហើយកឯងផង ដែលប្រដាប់ដោយខ្សែដូច្នេះ
11 យើងនឹងធ្វើប្រតោកមាសដាំដោយប្រាក់ឲ្យឯង។
12 ៙ កំពុងដែលស្តេចទ្រង់គង់នៅតុ នោះប្រេងទេព្វិរូរបស់ខ្ញុំបានផ្សាយក្លិនក្រអូបទៅ
13 ស្ងួនសំឡាញ់របស់ខ្ញុំជាកញ្ចប់កំញាន នៅនារវាងដោះខ្ញុំទាំង២ដល់ខ្ញុំ
14 ស្ងួនសំឡាញ់របស់ខ្ញុំក៏ដូចជាកញ្ចុំផ្កាក្រពេនដល់ខ្ញុំ ដែលដុះនៅក្នុងចម្ការទំពាំងបាយជូរស្រុកអេន-កេឌី។
15 ៙ មើល ឯងស្រស់បស់ល្អ មាសសំឡាញ់អើយ មើល ឯងស្រស់បស់ល្អណាស់ ភ្នែកឯងដូចជាភ្នែកព្រាប។
16 ៙ មើល ព្រះអង្គក៏ល្អ ស្ងួនសំឡាញ់អើយ អើ ទ្រង់គួរស្រឡាញ់ណាស់
17 ដំណេករបស់យើងខៀវខ្ចី រតផ្ទះរបស់យើងជាដើមតាត្រៅ ហើយធ្នឹមរបស់យើងជាដើមកកោះ។
ជំពូក 2
1 ខ្ញុំជាផ្កាកុឡាបដែលដុះនៅវាលសារ៉ុន ជាផ្កាកំភ្លឹងដែលដុះនៅច្រកភ្នំ។
2 ៙ មាសសំឡាញ់របស់អញនៅកណ្តាលពួកកូនស្រីៗ ប្រៀបដូចជាកំភ្លឹងដុះនៅកណ្តាលគុម្ពបន្លា។
3 ស្ងួនសំឡាញ់របស់ខ្ញុំនៅកណ្តាលពួកកូនប្រុសៗ នោះប្រៀបដូចជាដើមសារី នាកណ្តាលពួកឈើនៅព្រៃ ខ្ញុំបានអង្គុយក្រោមម្លប់នៃទ្រង់ ដោយចិត្តរីករាយជាខ្លាំង ហើយផ្លែរបស់ទ្រង់ក៏មានរសផ្អែមដល់អណ្តាតខ្ញុំ
4 ទ្រង់បាននាំខ្ញុំទៅឯផ្ទះស៊ីលៀង ហើយទង់របស់ទ្រង់ដែលនៅពីលើខ្ញុំ គឺជាសេចក្ដីស្រឡាញ់
5 សូមទប់ទល់ខ្ញុំដោយផែនទំពាំងបាយជូរ ហើយចម្រើនកម្លាំងខ្ញុំដោយផ្លែសារីផង ដ្បិតខ្ញុំឈឺដោយរោគស្រឡាញ់
6 ព្រះហស្តឆ្វេងទ្រង់ទ្រក្បាលខ្ញុំ ហើយព្រះហស្តស្តាំក៏ឱបខ្ញុំ
7 ឱពួកកូនស្រីក្រុងយេរូសាឡឹមអើយ ខ្ញុំចាប់ឲ្យនាងរាល់គ្នាស្បថដោយនូវពួកប្រើស និងពួកក្តាន់នៅវាលថា នាងទាំងឡាយនឹងមិនអង្រួន ឬដាស់ស្ងួនសំឡាញ់ របស់ខ្ញុំឡើយ ចាំទាល់តែទ្រង់សព្វព្រះទ័យ។
8 ៙ នុ៎ះន៏ សំឡេងរបស់ស្ងួនសំឡាញ់ខ្ញុំ មើល ទ្រង់មកហើយ កំពុងតែផ្លោះនៅលើភ្នំ ហើយលោតសំទុះក្អែក នៅលើទួល
9 ស្ងួនសំឡាញ់របស់ខ្ញុំប្រៀបដូចជាប្រើស ឬក្តាន់ស្ទាវ មើល ទ្រង់ឈរនៅខាងក្រៅកំផែងហើយ ទ្រង់អើតមើលតាមបង្អួច ហើយក្រឡេកមើលតាមចន្លោះប្រដឹស។
10 ៙ ស្ងួនសំឡាញ់របស់ខ្ញុំបានមានព្រះបន្ទូលនឹងខ្ញុំថា មាសសំឡាញ់អើយ ចូរក្រោកឡើង ស្រស់ប្រិមប្រិយអើយ ចូរចេញមក
11 ដ្បិតមើល រដូវរងាកន្លងទៅហើយ ភ្លៀងក៏រាំងស្រឡះហើយដែរ
12 ផ្កាទាំងប៉ុន្មានកំពុងតែលេចឡើងនៅផែនដី ពេលដែលសត្វហើរយំកញ្ជ្រៀវបានមកដល់ ក៏ឮសំឡេងលលកនៅក្នុងស្រុកយើងហើយ
13 ដើមល្វាមានផ្លែខ្ចីកំពុងតែទុំ ហើយដើមទំពាំងបាយជូរកំពុងតែផ្កា ក៏ផ្សាយក្លិនក្រអូបឈ្វេង ដូច្នេះ ចូរក្រោកឡើង មាសសំឡាញ់អើយ ឱស្រស់ប្រិមប្រិយអើយ ចូរចេញមក
14 ឱព្រាបអញអើយ ឯងនៅតែក្នុងក្រហែងថ្ម ឯងពួនក្នុងទីកំបាំងត្រង់ភ្នំចោតធ្វើអី សូមឲ្យអញឃើញមុខឯង ហើយស្តាប់សំឡេងឯងផង ដ្បិតសំឡេងឯងផ្អែមពីរោះ មុខឯងក៏ស្រស់បស់ល្អដែរ។
15 ៙ ចូរយើងទៅចាប់ចចក គឺជាកូនចចកទាំងប៉ុន្មាន ដែលបំផ្លាញចម្ការទំពាំងបាយជូរទៅ ដ្បិតទំពាំងបាយជូររបស់យើងកំពុងតែផ្កាហើយ
16 ស្ងួនសំឡាញ់ខ្ញុំជារបស់ផងខ្ញុំ ខ្ញុំក៏ជារបស់ផងទ្រង់ដែរ ទ្រង់ឃ្វាលហ្វូងសត្វនៅទីមានផ្កាកំភ្លឹង
17 ឱស្ងួនសំឡាញ់អើយ សូមវិលទៅវិញ ធ្វើដូចជាប្រើស ឬក្តាន់ស្ទាវ នៅលើភ្នំបេធើរ ចាំដល់ថ្ងៃត្រជាក់ ហើយស្រមោលបាត់ទៅសិន។
ជំពូក 3
1 នៅរាត្រីយប់ កំពុងដេកនៅលើដំណេក នោះខ្ញុំក៏ស្វែងរកព្រះអង្គដែលដួងចិត្តខ្ញុំស្រឡាញ់ ខ្ញុំខំស្វែងរក ប៉ុន្តែ មិនឃើញទ្រង់សោះ
2 ដូច្នេះ ក៏នឹងថា អញនឹងក្រោកឡើងដើរទៅមកក្នុងទីក្រុង អញនឹងស្វែងរកព្រះអង្គដែលដួងចិត្តអញស្រឡាញ់ នៅតាមផ្លូវទាំងប៉ុន្មាន ហើយនៅទីធ្លាផង ខ្ញុំក៏ខំស្វែងរក ប៉ុន្តែ មិនឃើញទ្រង់សោះ
3 ពួកយាមល្បាតដែលដើរក្រវែលក្នុងទីក្រុង គេប្រទះនឹងខ្ញុំ ហើយខ្ញុំសួរគេថា អ្នករាល់គ្នាបានឃើញព្រះអង្គដែល ដួងចិត្តខ្ញុំស្រឡាញ់ឬទេ
4 ខ្ញុំបានដើរហួសពីគេតែបន្តិចទេ ស្រាប់តែប្រទះនឹងព្រះអង្គដែលដួងចិត្តខ្ញុំស្រឡាញ់ ខ្ញុំបានចាប់អង្គទ្រង់ មិនព្រមឲ្យទ្រង់ឃ្លាតទៅឡើយ ទាល់តែខ្ញុំបាននាំចូលទៅក្នុងផ្ទះរបស់ម្តាយខ្ញុំ គឺក្នុងបន្ទប់របស់អ្នកដែលមានគភ៌បង្កើតខ្ញុំមក។
5 ៙ ឱពួកកូនស្រីក្រុងយេរូសាឡឹមអើយ ខ្ញុំចាប់ឲ្យនាងរាល់គ្នាស្បថដោយនូវពួកប្រើស និងពួកក្តាន់នៅវាលថា នាងទាំងឡាយនឹងមិនអង្រួន ឬដាស់ស្ងួនសំឡាញ់របស់ ខ្ញុំឡើយ ចាំទាល់តែទ្រង់សព្វព្រះទ័យ។
6 ៙ តើអ្នកណានុ៎ះ ដែលឡើងពីទីរហោស្ថានមក មានហុយដូចជាផ្សែង មានអប់ខ្លួនដោយខ្លឹមចន្ទន៍ និងកំញាន ព្រមទាំងម្សៅក្រអូបគ្រប់យ៉ាងរបស់ពួកជំនួញដូច្នេះ
7 នុ៎ះន៍ គឺជាព្រះវសែងរបស់សាឡូម៉ូន មានមនុស្សស្ទាត់ជំនួញក្នុងពួកខ្លាំងពូកែនៃសាសន៍ អ៊ីស្រាអែល៦០នាក់ហែហមទ្រង់
8 គ្រប់គ្នាមានដាវ ហើយក៏ថ្នឹកខាងចម្បាំង គ្រប់គ្នានែបដាវនៅត្រគាក ក្រែងមានហេតុភ័យនៅរាត្រីយប់។
9 ស្តេចសាឡូម៉ូនបានធ្វើព្រះវ១សម្រាប់ទ្រង់ ដោយឈើពីព្រៃល្បាណូន
10 ទ្រង់ធ្វើសសរដោយប្រាក់ ក្រាលកម្រាលដោយមាស ទីគង់បានធ្វើពីសំពត់ពណ៌ស្វាយ ហើយខាងក្នុងមានសំពត់ដែលពួកកូនស្រីៗ ក្រុងយេរូសាឡឹមបានប៉ាក់ដោយសេចក្ដីស្រឡាញ់។
11 ៙ ឱពួកកូនស្រីក្រុងស៊ីយ៉ូនអើយ ចូរចេញទៅមើលស្តេចសាឡូម៉ូនចុះ ទ្រង់ពាក់មកុដដែលព្រះមាតាបានបំពាក់ថ្វាយ ក្នុងថ្ងៃវិវាហមង្គលទ្រង់ គឺនៅថ្ងៃដែលទ្រង់មានព្រះទ័យរីករាយសប្បាយ។
ជំពូក 4
1 មាសសំឡាញ់អើយ ឯងស្រស់បស់ល្អណាស់ហ្ន៎ មើល ឯងជាស្រីស្រស់បស់ល្អ ភ្នែកឯងដែលបាំងដោយស្បៃ មើលទៅដូចជាភ្នែកព្រាប សក់ឯងមានភាពដូចជាហ្វូងពពែ ដែលដេកនៅចង្កេះភ្នំ កាឡាត
2 ធ្មេញឯងក៏ដូចជាហ្វូងចៀមដែលទើបនឹងកាត់រោម រួចឡើងមកពីការលាងជម្រះវិញ ជាសត្វដែលមានកូនភ្លោះរៀងរាល់តួ ឥតមានណាមួយដែលបាត់កូនឡើយ
3 បបូរមាត់ឯងដូចជាអំបោះក្រហម មាត់ឯងក៏ល្អមើល តើកឯងដែលបាំងដោយស្បៃ មើលទៅដូចជាផ្លែទទឹម ១ចំហៀង
4 កឯងដូចជាប៉មនៃស្តេចដាវីឌ ដែលសង់ឡើងសម្រាប់ជាទីទុកគ្រឿងអាវុធ ជាកន្លែងដែលមានខែល១ពាន់ព្យួរទុក គឺជាខែលទាំងប៉ុន្មានរបស់ពួកស្ទាត់ជំនាញ
5 ដោះឯងទាំង២ដូចជាកូនក្តាន់២ ដែលជាកូនភ្លោះរបស់មេ១ ដែលកំពុងរកស៊ីនៅទីមានផ្កាកំភ្លឹង។
6 ៙ អញនឹងចេញទៅឯភ្នំចន្ទន៍ ហើយដល់ទួលកំញាន ចាំទាល់តែថ្ងៃត្រជាក់ ហើយស្រមោលបាត់ទៅសិន។
7 ៙ ឱមាសសំឡាញ់អើយ ឯងស្រស់បស់ល្អសព្វសារពាង្គ ឥតមានខ្ចោះនៅខ្លួននាងឡើយ
8 ប្រពន្ធអើយ ចូរមកពីភ្នំល្បាណូនជាមួយនឹងអញចុះ គឺពីភ្នំល្បាណូនទៅមើលពីកំពូលភ្នំអាម៉ាណា ពីកំពូលភ្នំសេនារ ហើយនិងកំពូលភ្នំហ៊ើរម៉ូនផង គឺពីរូងសត្វសិង្ហ ហើយពីភ្នំរបស់ខ្លារខិន
9 ឱប្អូន ជាប្រពន្ធអើយ ឯងបានចាប់យកដួងចិត្តអញទៅហើយ ឯងបានចាប់យកដួងចិត្តអញទៅដោយភ្នែកឯងតែ១ ដោយសារខ្សែករបស់ឯងតែ១ប៉ុណ្ណោះ
10 ឱប្អូន ជាប្រពន្ធអើយ សេចក្ដីស្រឡាញ់របស់នាង ល្អវិសេសណាស់ហ្ន៎ សេចក្ដីស្រឡាញ់របស់ឯងឆ្ងាញ់ជាងស្រាទំពាំងបាយជូរ ហើយក្លិនប្រេងអប់របស់ឯងក៏ក្រអូបជាងគ្រឿងក្រអូប ទាំងឡាយ
11 ឱប្រពន្ធអើយ បបូរមាត់ឯងស្រក់មកជាទឹកឃ្មុំ មានទឹកឃ្មុំ នឹងទឹកដោះគោនៅក្រោមអណ្តាតឯង ហើយក្លិនសម្លៀកបំពាក់របស់ឯងដូចជាក្លិនក្រអូប នៃព្រៃល្បាណូន
12 ប្អូន ជាប្រពន្ធរបស់អញ ប្រៀបដូចជាសួនច្បារ ដែលរាំងផ្លូវចូល ជារន្ធទឹកដែលគេហួងហែង ជាទឹកផុសដែលគេបិទខ្ទប់
13 ត្រួយឯងជាចម្ការទទឹម មានផ្លែដ៏វិសេស ក៏មានដើមក្រពេន និងដើមទេព្វិរូ
14 គឺទេព្វិរូ និងរមៀត ដើមកន្ធាយ ហើយសម្បុរល្វែង នូវដើមឈើទាំងប៉ុន្មានដែលសម្រាប់ធ្វើគ្រឿងក្រអូបដែរ និងជ័រល្វីងទេស ក្រឹស្នា ហើយគ្រឿងក្រអូបយ៉ាង សំខាន់ទាំងអស់
15 ឯងជាក្បាលទឹកដែលស្រោចសួនច្បារ ជាអណ្តូង មានទឹករស់ ជាជ្រោះទឹកហូរមកពីភ្នំល្បាណូន។
16 ៙ ឱខ្យល់ខាងជើងអើយ ចូរភ្ញាក់ឡើង ហើយខ្យល់ខាងត្បូងអើយ ចូរមកចុះ ចូរបក់មកលើសួនច្បាររបស់ខ្ញុំ ដើម្បីឲ្យក្លិនក្រអូប ផ្សាយចេញទៅ សូមឲ្យស្ងួនសំឡាញ់របស់ខ្ញុំចូលមកក្នុងសួនច្បារទ្រង់ ហើយសោយផលដ៏មានឱជារសរបស់ទ្រង់ចុះ។
ជំពូក 5
1 ឱប្អូន ជាប្រពន្ធអើយ អញបានចូលមកក្នុងសួនច្បារអញហើយ អញបានបេះជ័រល្វីងទេស និងគ្រឿងក្រអូបរបស់អញ អញបានបរិភោគសំណុំ និងទឹកឃ្មុំរបស់អញ អញបានផឹកស្រាទំពាំងបាយជូរ និងទឹកដោះគោហើយ ឱសំឡាញ់រាល់គ្នាអើយ ចូរពិសាចុះ ឱមាសសំឡាញ់អើយ ចូរផឹកចុះ អើ ផឹកឲ្យបរិបូរទៅ។
2 ៙ ខ្ញុំបានដេកលក់ហើយ តែចិត្តខ្ញុំនៅភ្ញាក់ទេ នោះឮសំឡេងរបស់ស្ងួនសំឡាញ់ខ្ញុំ ទ្រង់គោះទ្វារថា ឱប្អូន ជាមាសសំឡាញ់ ឱព្រាបរបស់អញ ជាអ្នករិសុទ្ធរបស់អញអើយ ចូរបើកទ្វារឲ្យអញផង ដ្បិតក្បាលអញទទឹកជោកដោយសន្សើម សរសៃសក់អញផង ដោយទឹកដែលធ្លាក់នៅពេលយប់
3 អញបានដោះអាវអញចេញហើយ ធ្វើដូចម្តេចឲ្យអញ ពាក់វិញបាន អញបានលាងជើងហើយ ធ្វើដូចម្តេចឲ្យអញប្រឡាក់ ទៀតបាន
4 ស្ងួនសំឡាញ់ខ្ញុំក៏បញ្ចូលព្រះហស្តតាមប្រហោងទ្វារ ហើយចិត្តខ្ញុំមានសេចក្ដីរំជួលដល់ទ្រង់
5 ខ្ញុំបានក្រោកឡើង ដើម្បីទៅបើកទ្វារឲ្យស្ងួនសំឡាញ់ខ្ញុំ គ្រឿងក្រអូបបានស្រក់ចេញពីដៃខ្ញុំ ហើយប្រេងក្រអូបក៏ស្រក់ពីម្រាមដៃខ្ញុំ ទៅលើគន្លឹះទ្វារ
6 ខ្ញុំបានបើកឲ្យស្ងួនសំឡាញ់ខ្ញុំ តែស្ងួនសំឡាញ់ខ្ញុំ ទ្រង់បានចេញទៅបាត់ហើយ ក្នុងកាលដែលទ្រង់មានព្រះបន្ទូលហៅ នោះខ្ញុំមានចិត្តរំជួល ខ្ញុំខំស្វែងរក តែរកទ្រង់មិនឃើញសោះ ខ្ញុំបានស្រែកហៅ តែទ្រង់មិនឆ្លើយតបឡើយ
7 ពួកយាមល្បាតដែលដើរក្រវែលក្នុងទីក្រុង ក៏ប្រទះនឹងខ្ញុំ គេវាយខ្ញុំ ហើយធ្វើឲ្យខ្ញុំរបួស ពួករក្សាកំផែង គេកន្ត្រាក់យកស្បៃពីខ្ញុំចេញ
8 ឱពួកកូនស្រីក្រុងយេរូសាឡឹមអើយ ខ្ញុំចាប់ឲ្យនាងរាល់គ្នាស្បថថា បើឃើញស្ងួនសំឡាញ់ខ្ញុំ នោះនាងទាំងឡាយនឹងទូលដល់ទ្រង់ថា ខ្ញុំឈឺដោយរោគស្រឡាញ់។
9 ៙ ឱនាងដែលល្អលើសជាងគេក្នុងពួកស្រីៗអើយ តើស្ងួនសំឡាញ់របស់នាងវិសេសជាងស្ងួនសំឡាញ់ ណាទៀតយ៉ាងណា បានជានាងចាប់ឲ្យយើងស្បថដូច្នេះ តើស្ងួនសំឡាញ់របស់នាងវិសេសជាងស្ងួនសំឡាញ់ ណាទៀតយ៉ាងណាទៅ។
10 ៙ ស្ងួនសំឡាញ់របស់ខ្ញុំសម្បុរស មានថ្ពាល់ក្រហម ទ្រង់ជាឯកអង្គក្នុងពួក១ម៉ឺននាក់
11 ព្រះសិរទ្រង់ល្អ ដូចជាមាសនព្វគុណ ព្រះកេសាទ្រង់រំកាញ់ ហើយខ្មៅដូចសារិកា
12 ព្រះនេត្រទ្រង់ដូចជាព្រាបនៅមាត់ផ្លូវទឹក ដែលលាងដោយទឹកដោះ ហើយដាំក្នុងគ្រោង យ៉ាងសមល្អ
13 ព្រះគណ្ឌៈទ្រង់ដូចជាទីដាំគ្រឿងក្រអូប ដូចជាដំណាំស្មៅមានក្លិនផ្អែម ព្រះរឹមទ្រង់ដូចជាផ្កាកំភ្លឹងដែលស្រក់ទឹកក្រអូប
14 ព្រះហស្តទ្រង់ដូចជាចិញ្ចៀនមាសដាំដោយត្បូងបេរីល ព្រះកាយទ្រង់ដូចជារចនាភ្លុកស្រោបដោយនិលរតន៍
15 ព្រះបាទទ្រង់ដូចជាសសរថ្មកែវ តម្កល់នៅលើជើងមាសនព្វគុណ ឯភាពទ្រង់មានលំអដូចជាភ្នំល្បាណូន វិសេសដូចជាដើមតាត្រៅ
16 ព្រះឱស្ឋទ្រង់ក៏ផ្អែមក្រអូប អើ ទ្រង់គួរស្រឡាញ់ពេញទីហើយ ឱពួកកូនស្រីក្រុងយេរូសាឡឹមអើយ នេះហើយជាស្ងួនសំឡាញ់ ហើយជាភឿនជីវិតរបស់ខ្ញុំ។
ជំពូក 6
1 ឱនាងដែលល្អលើសជាងគេក្នុងពួកស្រីៗអើយ តើស្ងួនសំឡាញ់របស់នាងបានទៅឯណា ដើម្បីឲ្យយើងស្វែងរកទ្រង់ជាមួយនឹងនាងផង តើស្ងួនសំឡាញ់របស់នាងបានបែរទៅខាងណា។
2 ៙ ស្ងួនសំឡាញ់របស់ខ្ញុំបានចុះទៅឯសួនច្បាររបស់ទ្រង់ គឺទៅឯទីដាំគ្រឿងក្រអូប ដើម្បីឃ្វាលសត្វនៅក្នុងសួនច្បារ ហើយនិងបេះផ្កាកំភ្លឹង
3 ខ្ញុំជារបស់ផងស្ងួនសំឡាញ់នៃខ្ញុំ ហើយទ្រង់ ជារបស់ផងខ្ញុំដែរ ទ្រង់ឃ្វាលហ្វូងសត្វនៅទីមានផ្កាកំភ្លឹង។
4 ៙ ឱមាសសំឡាញ់អើយ ឯងស្រស់បស់ល្អដូចក្រុងធើសា ហើយស្រស់ប្រិមប្រិយដូចជាក្រុងយេរូសាឡឹម ក៏គួរស្ញែងខ្លាចដូចជាពលទ័ព មានទាំងទង់ជ័យផង
5 ចូរបែរភ្នែកចេញពីអញទៅ ដ្បិតភ្នែកឯងឈ្នះអញហើយ សក់របស់ឯងប្រៀបដូចជាហ្វូងពពែ ដែលដេកនៅចង្កេះភ្នំកាឡាត
6 ធ្មេញឯងដូចជាហ្វូងចៀមដែលទើបនឹងកាត់រោម រួចឡើងមកពីការលាងជម្រះវិញ ជាសត្វដែលមានកូនភ្លោះរៀងរាល់តួ ឥតមានណាមួយដែលបាត់កូនឡើយ
7 តើកឯងដែលបាំងដោយស្បៃ នោះមើលទៅដូចជាផ្លែទទឹម១ចំហៀង
8 មានពួកភរិយា៦០នាក់ និងអ្នកម្នាង៨០នាក់ ក៏មានស្រីក្រមុំៗឥតគណនា
9 ប៉ុន្តែ មានតែ១ទេ ដែលជាព្រាប ជាអ្នកបរិសុទ្ធរបស់អញ នាងជាកូនពន្លករបស់ម្តាយ ជាកូនសំឡាញ់ របស់អ្នកដែលបង្កើតនាងមក ពួកកូនស្រីទាំងឡាយបានឃើញនាង ហើយក៏ហៅថាជាអ្នកមានពរ អើ ព្រមទាំងពួកភរិយា និងពួកអ្នកម្នាង ក៏សរសើរនាងដែរ។
10 ៙ តើនាងណានុ៎ះ ដែលលេចចេញមកដូចជាអរុណរះ ស្រស់ល្អដូចជាព្រះចន្ទ ហើយភ្លឺត្រចះដូចជាព្រះអាទិត្យ ក៏គួរស្ញែងខ្លាចដូចជាពលទ័ព មានទាំងទង់ជ័យផងដូច្នេះ។
11 ៙ ខ្ញុំបានចុះទៅឯចម្ការឈើមានផ្លែគ្រាប់ ដើម្បីមើលកូនឈើខៀវខ្ចីដែលដុះនៅក្នុងច្រកភ្នំ ហើយឲ្យដឹងបើទំពាំងបាយជូរប៉ិចឡើងឬនៅ ហើយបើទទឹមមានផ្កាផង
12 រីឯមុនដែលខ្ញុំដឹងខ្លួន នោះចិត្តបាននាំខ្ញុំ ទៅដាក់នៅក្នុងព្រះរាជរថនៃសាសន៍ដ៏សទ្ធារបស់ខ្ញុំ។
13 ៙ សូមវិលមក វិលមកវិញ ឱនាងសាសន៍ស៊ូឡាមអើយ សូមត្រឡប់មក ត្រឡប់មកចុះ ដើម្បីឲ្យយើងខ្ញុំ បានមើលនាងផង។ ៙ តើអ្នករាល់គ្នាចង់មើលនាងសាសន៍ស៊ូឡាមធ្វើអី តើដូចជាមើលការរាំរបស់ពួករបាំ២ពួកឬ។
ជំពូក 7
1 ឱនាង ជាអ្នកមានត្រកូលខ្ពស់អើយ ជើងនាងល្អណាស់ហ្ន៎ ដោយពាក់ស្បែកជើងដូច្នេះ ត្រគាកដែលរៀវក្លំរបស់នាងដូចជាត្បូង ជាស្នាដៃនៃជាងឆ្នៃយ៉ាងជំនាញ
2 ផ្ចិតនាងរាងដូចជាកែវក្រពុំ ដែលឥតខ្វះស្រាទំពាំងបាយជូរលាយណាឡើយ ពោះនាងប្រៀបដូចជាគំនរស្រូវសាលី មានផ្កាកំភ្លឹងដោតជុំវិញ
3 ដោះនាងទាំង២ដូចជាកូនក្តាន់២ ដែលជាកូនភ្លោះរបស់មេ១
4 កនាងប្រៀបដូចជាប៉មធ្វើពីភ្លុក ភ្នែកនាងដូចស្រះទឹកនៅក្រុងហែសបូន ដែលនៅជិតទ្វារបាត-រ៉ាប៊ីម ច្រមុះនាងដូចជាប៉មល្បាណូន ដែលបែរទៅខាងដាម៉ាស
5 ក្បាលដែលនៅលើខ្លួននាងដូចជាភ្នំកើមែល សក់ក្បាលនាងមើលទៅដូចជាពណ៌ស្វាយ ស្តេច ទ្រង់ជាប់ចិត្តដោយដុំសក់នោះ។
6 ៙ ឱមាសសំឡាញ់អើយ ឯងស្រស់បស់ល្អ ហើយប្រិមប្រិយ គួររីករាយណាស់ហ្ន៎
7 កំពស់ឯងដូចជាដើមលម៉ើ ហើយដោះឯងដូចជាចង្កោមផ្លែលម៉ើ
8 អញបានថា អញនឹងឡើងដើមនោះ អញនឹងចាប់ធាងតោងឡើង សូមឲ្យដោះឯងបានដូចជាចង្កោមទំពាំងបាយជូរ ហើយក្លិនខ្យល់ដង្ហើមឯងបានដូចជាផ្លែសារី
9 និងមាត់ឯងក្រអូបដូចជាស្រាទំពាំងបាយជូរយ៉ាងឯក ដែលហូរចុះទៅដោយស្រួល សម្រាប់មាសសំឡាញ់អញ ក៏ធ្វើឲ្យបបូរមាត់មនុស្សដេកលក់បាននិយាយឡើង។
10 ៙ ខ្ញុំម្ចាស់ជារបស់ផងស្ងួនសំឡាញ់នៃខ្ញុំ ហើយទ្រង់មានសេចក្ដីប៉ងប្រាថ្នាចំពោះរូបខ្ញុំម្ចាស់
11 ឱស្ងួនសំឡាញ់អើយ សូមមក យើងនឹងចេញទៅឯវាល សូមឲ្យយើងស្នាក់នៅតាមភូមិគេ
12 យើងនឹងឡើងទៅឯចម្ការទំពាំងបាយជូរពីព្រលឹម សូមឲ្យយើងទៅមើលបើទំពាំងបាយជូរបានប៉ិចឡើង ឬមានផ្កាហើយឬនៅ ហើយបើដើមទទឹមកំពុងផ្កាឬទេ នៅទីនោះ ខ្ញុំម្ចាស់នឹងប្រគល់សេចក្ដីស្រឡាញ់ថ្វាយទ្រង់
13 ផ្លែស្នេហ៍ ផ្សាយក្លិនក្រអូបសុសសាយទៅ ឱស្ងួនសំឡាញ់ខ្ញុំម្ចាស់អើយ នៅមាត់ទ្វាផ្ទះយើងមានផលយ៉ាងវិសេសគ្រប់មុខ ទាំងថ្មី និងចាស់ផង ដែលខ្ញុំម្ចាស់បានប្រមូលទុក សម្រាប់ទ្រង់។
ជំពូក 8
1 ឱបើទ្រង់ជាប្អូនប្រុសនៃខ្ញុំម្ចាស់ទៅអេះ ជាអ្នកដែលបានបៅដោះម្តាយរបស់ខ្ញុំម្ចាស់ ដូច្នេះ កាលណាខ្ញុំម្ចាស់ប្រទះនឹងទ្រង់នៅខាងក្រៅ នោះខ្ញុំម្ចាស់នឹងថើបទ្រង់ចេះតែបាន ឥតមានអ្នកណាមើលងាយខ្ញុំម្ចាស់ផង
2 ខ្ញុំនឹងនាំទ្រង់ចូលទៅក្នុងផ្ទះម្ដាយរបស់ខ្ញុំម្ចាស់ ម្តាយនឹងបង្រៀនដល់ខ្ញុំម្ចាស់ ខ្ញុំម្ចាស់នឹងយកស្រាដែលលាយគ្រឿងក្រអូប ជាស្រាធ្វើពីទឹកទទឹមមកថ្វាយទ្រង់សោយ
3 នោះព្រះហស្តឆ្វេងទ្រង់នឹងទ្រក្បាលខ្ញុំម្ចាស់ ហើយព្រះហស្តស្តាំនឹងឱបខ្ញុំម្ចាស់
4 ឱពួកកូនស្រីក្រុងយេរូសាឡឹមអើយ ខ្ញុំចាប់ឲ្យនាងរាល់គ្នាស្បថថា នាងទាំងឡាយនឹងមិនអង្រួន ឬដាស់ស្ងួនសំឡាញ់ខ្ញុំឡើយ ចាំទាល់តែទ្រង់សព្វព្រះហឫទ័យ។
5 ៙ តើនាងណានុ៎ះ ដែលឡើងមកពីទីរហោស្ថាន កំពុងផ្អែកលើអ្នកស្ងួនសំឡាញ់របស់នាងដូច្នេះ។ ៙ អញបានបណ្តាលឲ្យឯងមានសេចក្ដីស្រឡាញ់នៅ ក្រោមដើមសារី ជាទីដែលម្តាយឯងបានឈឺនឹងសម្រាល ជាទីដែលអ្នកឈឺនឹងសម្រាលបានបង្កើតឯងមក។
6 ៙ សូមផ្ដិតខ្ញុំម្ចាស់និត្យនៅព្រះហឫទ័យទ្រង់ដូចជាត្រា គឺជាស្នាមត្រានៅលើព្រះពាហុទ្រង់ផង ដ្បិតសេចក្ដីស្រឡាញ់មានកម្លាំង ដូចជាសេចក្ដីស្លាប់ ហើយសេចក្ដីប្រចណ្ឌក៏សាហាវ ដូចជាស្ថានឃុំព្រលឹង មនុស្សស្លាប់ ហើយជំហួលនៃសេចក្ដីនោះក៏ជាជំហួលនៃភ្លើង ជាអណ្តាតភ្លើងយ៉ាងសហ័សដែលមកពីព្រះ
7 ទឹកជាច្រើនយ៉ាងណាក៏មិនអាចនឹងពន្លត់សេចក្ដី ស្រឡាញ់បានឡើយ ទឹកជំនន់នឹងពន្លិចក៏មិនបានដែរ ទោះបើអ្នកណានឹងចំណាយទ្រព្យសម្បត្តិនៅផ្ទះខ្លួនអស់ រលីងឲ្យបានសេចក្ដីស្រឡាញ់ គង់តែអ្នកនោះនឹងត្រូវបានសេចក្ដីមើលងាយ ទទេៗវិញ។
8 ៙ យើងមានប្អូនស្រី១ មិនទាន់ដុះដោះនៅឡើយ តើយើងនឹងធ្វើយ៉ាងណាចំពោះប្អូនយើង នៅថ្ងៃដែលមានគេមកដណ្តឹង។
9 ៙ បើនាងជាកំផែង យើងនឹងធ្វើប៉មពីប្រាក់នៅពីលើ បើសិនជានាងជាផ្ទាំងទ្វារ នោះយើងនឹងធ្វើក្របពីឈើ តាត្រៅឲ្យនាង។
10 ៙ ឯខ្ញុំជាកំផែងពិត ដោះរបស់ខ្ញុំជាប៉មហើយ តាំងពីនោះខ្ញុំនៅចំពោះព្រះនេត្រទ្រង់ ដូចជាអ្នកដែល បណ្តាលឲ្យមានសេចក្ដីសុខ
11 ស្តេចសាឡូម៉ូនទ្រង់មានចម្ការទំពាំងបាយជូរ នៅត្រង់បាល-ហាម៉ូន ទ្រង់បានប្រវាស់ទៅឲ្យពួកអ្នកដទៃធ្វើ ដែលពួកនោះគ្រប់ៗគ្នាត្រូវនាំយកប្រាក់ ១ពាន់ដួងមកថ្វាយ ដើម្បីឲ្យបានផលចម្ការនោះ
12 ឯចម្ការដែលជារបស់ផងខ្ញុំម្ចាស់ នោះនៅខាងមុខ ខ្ញុំម្ចាស់នេះហើយ ឯទ្រង់ ឱសាឡូម៉ូនអើយ ទ្រង់នឹងបានប្រាក់១ពាន់នោះ ហើយពួកអ្នកដែលធ្វើចម្ការនឹងបានដល់២រយដែរ
13 ឱនាងដែលអាស្រ័យនៅក្នុងសួនអើយ ពួកភឿនរង់ចាំស្តាប់សំឡេងឯង សូមឲ្យអញបានឮផង។
14 ៙ ឱស្ងួនសំឡាញ់របស់ខ្ញុំម្ចាស់អើយ សូមឆាប់ៗធ្វើដូចជាប្រើស ឬក្តាន់ស្ទាវ នៅលើភ្នំគ្រឿងក្រអូបទៅ។:៚