អេសាយ

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66


ជំពូក 1

1 នេះ​ជា​ការ​ជាក់‌ស្តែង​ដែល​អេសាយ ជា​កូន​អ័ម៉ូស​បាន​ឃើញ​ពី​ដំណើរ​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡឹម ក្នុង​រាជ្យ​អ៊ូសៀស យ៉ូថាម អេហាស ហើយ​និង​ហេសេគា ជា​ស្តេច​ស្រុក​យូដា ។
2 ឱ​ស្ថាន​សួគ៌​អើយ ចូរ​ស្តាប់ ហើយ​ផែនដី​អើយ ចូរ​ផ្ទៀង​ត្រចៀក​ចុះ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​ហើយ​ថា អញ​បាន​ចិញ្ចឹម​បី‌បាច់‌រក្សា​កូន តែ​វា​រាល់​គ្នា​បាន​បះ‌បោរ​នឹង​អញ​វិញ
3 ឯ​គោ​វា​ស្គាល់​ម្ចាស់ ហើយ​លា​ក៏​ស្គាល់​ស្នូក​របស់​ម្ចាស់​វា​ដែរ ប៉ុន្តែ អ៊ីស្រា‌អែល​មិន​ស្គាល់​សោះ រាស្ត្រ​អញ​មិន​ពិចារណា​ទេ
4 ឱ​ហ្ន៎ ប្រទេស​ដ៏​មាន​បាប ជា​សាសន៍​ផ្ទុក​ដោយ​អំពើ​ទុច្ចរិត ជា​ពូជ​មនុស្ស​ដែល​ប្រព្រឹត្ត​អាក្រក់ ជា​ពួក​កូន​ចៅ​ដែល​ប្រព្រឹត្ត​វៀច​កោង គេ​បាន​បោះ‌បង់​ចោល​ព្រះ‌យេហូវ៉ា គេ​បាន​ប្រមាថ​មើល‌ងាយ​ដល់​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រា‌អែល គេ​បាន​ត្រូវ​ព្រាត់​ថយ​ទៅ​ក្រោយ
5 ឯង​រាល់​គ្នា​ចង់​ត្រូវ​រំពាត់​ទៀត​ធ្វើ​អី បាន​ជា​ចេះ​តែ​បះ‌បោរ​កាន់​តែ​ច្រើន​ឡើង​ដូច្នេះ គ្រប់​ទាំង​ក្បាល​ក៏​ឈឺ គ្រប់​ទាំង​ចិត្ត​បាន​ល្វើយ​ផង​ហើយ
6 ចាប់​តាំង​ពី​បាត​ជើង​រហូត​ដល់​កំពូល​ក្បាល នោះ​ឥត​មាន​កន្លែង​ណា​មាំ‌មួន​ឡើយ គឺ​មាន​សុទ្ធ​តែ​របួស និង​ជាំ ហើយ​ស្នាម​រំពាត់​ថ្មី ឥត​បាន​បិទ​ភ្ជិត ឬ​រុំ ឬ​ចាក់​ប្រេង​ឲ្យ​ធូរ​ស្រាក​ទេ
7 ស្រុក​របស់​ឯង​រាល់​គ្នា​បាន​ចោល​ស្ងាត់​ហើយ ទី​ក្រុង​ឯង​ក៏​ត្រូវ​ដុត​បំផ្លាញ​អស់​ទៅ ពួក​សាសន៍​ដទៃ​គេ​ត្របាក់​លេប​ដី​របស់​ឯង នៅ​ចំពោះ​ឯង​ផង ហើយ​ដី​នោះ​ត្រូវ​ចោល​ស្ងាត់​ដោយ​ពួក​សាសន៍​ដទៃ​បំផ្លាញ
8 កូន​ស្រី​របស់​ក្រុង​ស៊ីយ៉ូន នាង​ត្រូវ​លះ​ចោល​ដូច​ជា​បង្ហា​ដែល​នៅ​ចម្ការ​ទំពាំង‌បាយ‌ជូរ ដូច​ជា​ជំរំ​នៅ​ចម្ការ​ត្រសក់ ដូច​ជា​ទី​ក្រុង​ដែល​ត្រូវ​ខ្មាំង​ឡោម‌ព័ទ្ធ​ហើយ
9 បើ‌សិន​ជា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ មិន​បាន​ទុក​ឲ្យ​យើង​មាន​សំណល់​បន្តិច‌បន្តួច​នៅ នោះ​យើង​រាល់​គ្នា​នឹង​បាន​ដូច​ជា​ក្រុង​សូដុម ហើយ​ដូច​ក្រុង​កូម៉ូរ៉ា​ដែរ។
10 ឱ​ពួក​គ្រប់‌គ្រង​លើ​ក្រុង​សូដុម​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ម្នាល​ពួក​ក្រុង​កូម៉ូរ៉ា​អើយ ចូរ​ផ្ទៀង​ត្រចៀក​ស្តាប់​ក្រឹត្យ‌វិន័យ​របស់​ព្រះ​នៃ​យើង​រាល់​គ្នា​ចុះ
11 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា យញ្ញ‌បូជា​ដ៏​មាន​ច្រើន​ម៉្លេះ​របស់​ឯង​រាល់​គ្នា តើ​ជា​អ្វី​ដល់​អញ អញ​ធុញ‌ទ្រាន់​ចំពោះ​ចៀម​ឈ្មោល និង​ខ្លាញ់​នៃ​សត្វ​បំប៉ន ដែល​ឯង​ដុត​ថ្វាយ​ណាស់ អញ​ក៏​មិន​ចូល​ចិត្ត ចំពោះ​ឈាម​នៃ​គោ​ឈ្មោល ឬ​កូន​ចៀម ឬ​ពពែ​នោះ​ទេ
12 កាល​ណា​ឯង​រាល់​គ្នា​លេច​មក​នៅ​ចំពោះ​អញ នោះ​តើ​អ្នក​ណា​បាន​បង្គាប់​ឲ្យ​ឯង​រាល់​គ្នា​ធ្វើ​ដូច្នេះ ដើម្បី​ឲ្យ​បាន​ចូល​មក​ជាន់​ទីលាន​របស់​អញ​នេះ
13 កុំ​ឲ្យ​យក​តង្វាយ​ដ៏​ឥត​ប្រយោជន៍​មក​ទៀត​ឡើយ ឯ​កំញាន​ជា​របស់​ស្អប់​ខ្ពើម​ដល់​អញ ឯ​បុណ្យ​ចូល​ខែ និង​ថ្ងៃ​ឈប់​សម្រាក ព្រម​ទាំង​ការ​ប្រជុំ​ជំនុំ នោះ​អញ​ទ្រាំ​មិន​បាន​ទេ សូម្បី​តែ​បុណ្យ​ប្រជុំ​ជំនុំ​មុត‌មាំ ក៏​ជា​អំពើ​ទុច្ចរិត​ដែរ
14 ចិត្ត​អញ​ស្អប់​ចំពោះ​បុណ្យ​ចូល​ខែ និង​បុណ្យ​មាន​កំណត់​ទាំង​ប៉ុន្មាន​របស់​ឯង​រាល់​គ្នា​ណាស់ ពិធី​ទាំង​នោះ​ជា​បន្ទុក​សង្កត់​លើ​អញ​ជា​ខ្លាំង អញ​ក៏​នឿយ​ណាយ ដោយ​ទ្រាំ​ចំពោះ​ការ​ទាំង​នោះ
15 កាល​ណា​ឯង​រាល់​គ្នា​ប្រទូល​ដៃ​ឡើង នោះ​អញ​នឹង​បែរ​ភ្នែក​ពី​ឯង​ចេញ អើ បើ​កាល​ណា​ឯង​អធិ‌ស្ឋាន​ជា​ច្រើន នោះ​អញ​នឹង​មិន​ស្តាប់​ឡើយ ដ្បិត​ដៃ​ឯង​រាល់​គ្នា​ប្រឡាក់​ពេញ​ដោយ​ឈាម
16 ចូរ​លាង​ចេញ ចូរ​ជម្រះ​ខ្លួន​ឲ្យ​ស្អាត​ចុះ ចូរ​បំបាត់​អំពើ​អាក្រក់​ដែល​ឯង​រាល់​គ្នា​ប្រព្រឹត្ត​ពី​ចំពោះ​ភ្នែក​អញ​ចេញ ហើយ​លែង​ប្រព្រឹត្ត​អំពើ​អាក្រក់​ត​ទៅ
17 ចូរ​ហាត់​រៀន​ធ្វើ​ការ​ល្អ​វិញ ចូរ​ស្វែង​រក​ឲ្យ​បាន​សេចក្ដី​យុត្តិ‌ធម៌ ចូរ​ជួយ​ការ‌ពារ​ចំពោះ​មនុស្ស​ដែល​ត្រូវ​គេ​សង្កត់‌សង្កិន ចូរ​កាត់​ក្តី​ដល់​ពួក​កំព្រា ហើយ​កាន់​ក្តី​ជំនួស​ពួក​ស្រី​មេម៉ាយ​ចុះ។
18 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា មក​ចុះ យើង​នឹង​ពិភាក្សា​ជា​មួយ​គ្នា ទោះ​បើ​អំពើ​បាប​របស់​ឯង​ដូច​ជា​ពណ៌​ក្រហម‌ទែង​ក៏​ដោយ គង់​តែ​នឹង​បាន​ស​ដូច​ហិមៈ ទោះ​បើ​ក្រហម​ឆ្អៅ​ក៏​ដោយ គង់​តែ​នឹង​បាន​ដូច​ជា​រោម​ចៀម​វិញ
19 បើ‌សិន​ជា​ឯង​រាល់​គ្នា​ស្ម័គ្រ​ចិត្ត​តាម ហើយ​ស្តាប់​បង្គាប់ នោះ​នឹង​បាន​បរិភោគ​ផល​ល្អ​នៃ​ស្រុក​ដែរ
20 តែ​បើ​ឯង​មិន​ព្រម​វិញ ហើយ​បះ‌បោរ​ផង នោះ​ឯង​នឹង​ត្រូវ​លេប​បាត់​ដោយ​មុខ​ដាវ ពី​ព្រោះ​ព្រះ‌ឱស្ឋ​នៃ​ព្រះ‌យេហូវ៉ា បាន​មាន​ព្រះ‌បន្ទូល​ស្រេច​ហើយ។
21 ទី​ក្រុង​ស្មោះ‌ត្រង់​បាន​ក្បត់​ជា​សំផឹង​ដូច្នេះ​ដែរ​ហ្ន៎ គឺ​ទី​ក្រុង​ដែល​បាន​ពេញ​ដោយ​សេចក្ដី​យុត្តិ‌ធម៌ ហើយ​មាន​សេចក្ដី​សុចរិត​អាស្រ័យ​នៅ​ក្នុង​នោះ​ដែរ តែ​ឥឡូវ​នេះ មាន​សុទ្ធ​តែ​ពួក​អ្នក​កាប់​សម្លាប់​វិញ
22 ប្រាក់​របស់​ឯង​បាន​ត្រឡប់​ទៅ​ជា​អាចម៍​ប្រាក់​ទៅ​ហើយ ឯ​ស្រា​ទំពាំង‌បាយ‌ជូរ​របស់​ឯង​ក៏​លាយ​ដោយ​ទឹក​ដែរ
23 ពួក​មេ​របស់​ឯង​ជា​ពួក​អ្នក​បះ‌បោរ ហើយ​ជា​ភឿន‌មិត្ត​នឹង​ពួក​ចោរ គ្រប់​គ្នា​ចូល​ចិត្ត​តែ​ស៊ី​សំណូក ហើយ​ក៏​ឧស្សាហ៍​តាម​រក​រង្វាន់ គេ​មិន​កាត់​ក្តី​ឲ្យ​ពួក​កំព្រា​ឡើយ ហើយ​រឿង​ក្តី​របស់​ពួក​មេម៉ាយ​ក៏​មិន​ដែល​មក​ដល់​គេ​ដែរ។
24 ហេតុ​នោះ​បាន​ជា​ព្រះ‌អម្ចាស់ គឺ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​ដ៏​មាន​ព្រះ‌ចេស្តា​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អា៎ អញ​នឹង​ដោះ​ពួក​ត​តាំង​នឹង​អញ​ចេញ​ឲ្យ​ធូរ​ខ្លួន​វិញ អញ​នឹង​សង‌សឹក​ចំពោះ​ពួក​ខ្មាំង​សត្រូវ
25 អញ​នឹង​លូក​ដៃ​ទៅ​លើ​ឯង​ទៀត ហើយ​និង​សម្អាត​មន្ទិល​សៅ‌ហ្មង​របស់​ឯង​ចេញ​ឲ្យ​ស្អាត ព្រម​ទាំង​ដេញ​កំចាត់​គ្រឿង​លាយ​ក្នុង​ចិត្ត​ឯង​ផង
26 រួច​អញ​នឹង​តាំង​ពួក​ចៅ‌ក្រម​របស់​ឯង​ឡើង​ដូច​ដើម​វិញ ហើយ​ពួក​ក្រុម​ប្រឹក្សា​របស់​ឯង ដូច​កាល​ជាន់​មុន​ដែរ ពី​នោះ​ត​ទៅ គេ​នឹង​ហៅ​ឯង​ជា «ទី​ក្រុង​មាន​សេចក្ដី​សុចរិត គឺ​ជា​ទី​ដែល​ស្មោះ‌ត្រង់» វិញ
27 ក្រុង​ស៊ីយ៉ូន​នឹង​បាន​លោះ​ចេញ​ដោយ‌សារ​សេចក្ដី​យុត្តិ‌ធម៌ ហើយ​ពួក​អ្នក​ក្រុង​ដែល​វិល​មក​វិញ នោះ​នឹង​រួច​ដោយ‌សារ​សេចក្ដី​សុចរិត
28 តែ​ឯ​ពួក​អ្នក​រំលង និង​ពួក​មាន​បាប គេ​នឹង​ត្រូវ​បំផ្លាញ​ជា​មួយ​គ្នា ហើយ​ពួក​អ្នក​ដែល​បោះ‌បង់​ចោល​ព្រះ‌យេហូវ៉ា គេ​នឹង​ត្រូវ​វិនាស​ទៅ
29 ដ្បិត​គេ​នឹង​មាន​សេចក្ដី​ខ្មាស ចំពោះ​ដើម​ម៉ៃសាក់ ដែល​ឯង​រាល់​គ្នា​ធ្លាប់​យក​ជា​ទី​រីក‌រាយ​ចិត្ត ហើយ​ឯង​រាល់​គ្នា​នឹង​ឡើង​មុខ​ក្រហម ដោយ​ព្រោះ​សួន‌ច្បារ​ដែល​ឯង​រាល់​គ្នា​បាន​រើស​យក​នោះ
30 ពី​ព្រោះ​ឯង​រាល់​គ្នា​នឹង​បាន​ដូច​ជា​ដើម​ម៉ៃសាក់ ដែល​ស្លឹក​ស្វិត​ក្រៀម​ទៅ ហើយ​ដូច​ជា​សួន‌ច្បារ​ឥត​មាន​ទឹក
31 នោះ​ពួក​មនុស្ស​មាន​កម្លាំង​នឹង​ដូច​ជា​អាចម៍​បន្ទោះ ការ​គេ​ធ្វើ​នឹង​ដូច​ជា​ផ្កា​ភ្លើង ហើយ​ទាំង​២​យ៉ាង​នឹង​ឆេះ​ជា​មួយ​គ្នា ឥត​ដែល​មាន​អ្នក​ណា​ពន្លត់​សោះ​ឡើយ។


ជំពូក 2

1 នេះ​ជា​សេចក្ដី​ដែល​អេសាយ ជា​កូន​អ័ម៉ូស បាន​ឃើញ​ពី​ដំណើរ​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡឹម។
2 នៅ​ជាន់​ក្រោយ​បង្អស់ នោះ​ភ្នំ​ជា​ទី​ស្អាង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា និង​បាន​តាំង​ឡើង​ខ្ពស់​លើស​អស់​ទាំង​ភ្នំ​ធំៗ ហើយ​និង​បាន​តម្កើង​ឡើង​ជា​ប្រសើរ​ជាង​អស់​ទាំង​ភ្នំ​តូចៗ​ដែរ អស់​ទាំង​សាសន៍​នឹង​ចូល​ហូរ‌ហែ​ទៅ​ក្នុង​ទី​នោះ
3 ឯ​ប្រជា‌ជាតិ​ជា​ច្រើន​គេ​នឹង​ទៅ​ដោយ​ពោល​ថា ចូរ​យើង​ឡើង​ទៅ​ឯ​ភ្នំ​នៃ​ព្រះ‌យេហូវ៉ា ដល់​ព្រះ‌វិហារ​នៃ​ព្រះ​របស់​ពួក​យ៉ាកុប​ចុះ ទ្រង់​នឹង​បង្រៀន​យើង​ពី​ផ្លូវ​របស់​ទ្រង់ នោះ​យើង​នឹង​ដើរ​តាម​ផ្លូវ​ទាំង​នោះ ដ្បិត​ក្រឹត្យ‌វិន័យ​នឹង​ចេញ​ពី​ក្រុង​ស៊ីយ៉ូន​ទៅ ហើយ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ពី​ក្រុង​យេរូ‌សាឡឹម​ដែរ
4 ទ្រង់​នឹង​វិនិច្ឆ័យ​រវាង​អស់​ទាំង​នគរ ហើយ​និង​សម្រេច​រឿង​ដល់​សាសន៍​ជា​ច្រើន នោះ​គេ​នឹង​យក​ដាវ​របស់​ខ្លួន​ដំ​ធ្វើ​ជា​ផាល‌នង្គ័ល ហើយ​លំពែង​គេ​ធ្វើ​ជា​ដង្កាវ​វិញ នគរ​១​នឹង​មិន​លើក​ដាវ​ទាស់​នឹង​នគរ​១​ទៀត​ឡើយ ក៏​មិន​ហាត់​រៀន​ធ្វើ​សឹក​សង្គ្រាម​ទៀត​ដែរ
5 ឱ​ពួក​វង្ស​នៃ​យ៉ាកុប​អើយ ចូរ​មក យើង​ដើរ​ក្នុង​ពន្លឺ​នៃ​ព្រះ‌យេហូវ៉ា​ចុះ។
6 ហេតុ​នេះ​បាន​ជា​ទ្រង់​បោះ‌បង់​ចោល​ពួក​វង្ស​យ៉ាកុប​ជា​រាស្ត្រ​ទ្រង់​ចេញ គឺ​ពី​ព្រោះ​មាន​ទំនៀម‌ទម្លាប់​ពី​ស្រុក​ខាង​កើត​បាន​ចូល​មក​ពេញ​ទី​ហើយ គេ​ធ្វើ​ជា​គ្រូ​អាប‌ធ្មប់​ដូច​ជា​សាសន៍​ភីលីស្ទីន ក៏​ចង​សម្ពន្ធ‌មិត្ត​នឹង​ពួក​សាសន៍​ដទៃ
7 ស្រុក​បាន​បរិបូរ​ដោយ​មាស និង​ប្រាក់ ឯ​ទ្រព្យ‌សម្បត្តិ នោះ​រាប់​មិន​អស់​ឡើយ ក៏​មាន​សេះ​ពេញ​ស្រុក ហើយ​រទេះ​ចម្បាំង​ក៏​រាប់​មិន​អស់​ដែរ
8 ស្រុក​បាន​ពេញ​ដោយ​រូប​ព្រះ គេ​ថ្វាយ‌បង្គំ​ចំពោះ​ស្នាដៃ​របស់​ខ្លួន គឺ​ជា​របស់​ដែល​ម្រាម​ដៃ​គេ​បាន​ធ្វើ
9 មនុស្ស​ធម្មតា​បាន​ឱន​ចុះ ឯ​ពួក​អ្នក​ធំ​បាន​បន្ទាប​ខ្លួន​ហើយ ដូច្នេះ សូម​កុំ​ឲ្យ​អត់​ទោស​ដល់​គេ​ឡើយ។
10 ចូរ​ឲ្យ​ចូល​ទៅ​ក្នុង​រូង​ថ្ម ហើយ​ពួន​ខ្លួន​នៅ​ក្នុង​ធូលី​ដី​ចុះ ដើម្បី​ឲ្យ​បាន​រួច​ពី​សេចក្ដី​ស្ញែង‌ខ្លាច​នៃ​ព្រះ‌យេហូវ៉ា ហើយ​ពី​សិរី‌ល្អ​នៃ​ឫទ្ធា‌នុភាព​របស់​ទ្រង់
11 ឫក​ខ្ពស់​របស់​មនុស្ស​នឹង​ត្រូវ​បន្ទាប​ចុះ ហើយ​ចិត្ត​ឆ្មើង‌ឆ្មៃ​របស់​មនុស្ស​នឹង​ត្រូវ​បង្អោន​ទាប​វិញ នៅ​គ្រា​នោះ មាន​តែ​ព្រះ‌យេហូវ៉ា​១​អង្គ​ប៉ុណ្ណោះ​ទេ ដែល​នឹង​បាន​តម្កើង​ឡើង
12 ដ្បិត​នឹង​មាន​ថ្ងៃ​១​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មក​លើ​គ្រប់​ទាំង​ឫក​ខ្ពស់ និង​ចិត្ត​ឆ្មើង‌ឆ្មៃ ព្រម​ទាំង​លើ​គ្រប់​ទាំង​អស់​ដែល​បាន​លើក​ឡើង​ផង ហើយ​នោះ​នឹង​ត្រូវ​បន្ទាប​ចុះ​វិញ
13 គឺ​មក​លើ​អស់​ទាំង​ដើម​តាត្រៅ​នៅ​ភ្នំ​ល្បាណូន ដែល​ខ្ពស់ ហើយ​តម្កើង​ឡើង និង​លើ​គ្រប់​ទាំង​ដើម​ម៉ៃសាក់ នៅ​ស្រុក​បាសាន​ដែរ
14 មក​លើ​អស់​ទាំង​ភ្នំ​ខ្ពស់ និង​ភ្នំ​តូចៗ​ដែល​បាន​តម្កើង​ឡើង
15 មក​លើ​អស់​ទាំង​ប៉ម​យ៉ាង​ខ្ពស់ និង​កំផែង​មាន​គ្រឿង​ចម្បាំង
16 និង​លើ​អស់​ទាំង​នាវា​ស្រុក​តើស៊ីស ហើយ​លើ​អ្វីៗ​ទាំង​អស់​ដែល​គាប់​ដល់​ភ្នែក​ដែរ
17 នោះ​សណ្ឋាន​ខ្ពស់​របស់​មនុស្ស​នឹង​ត្រូវ​បង្អោន​ទាប ឯ​សេចក្ដី​ឆ្មើង‌ឆ្មៃ​របស់​មនុស្ស​ក៏​នឹង​ត្រូវ​បន្ទាប​ចុះ នៅ​គ្រា​នោះ នឹង​មាន​តែ​ព្រះ‌យេហូវ៉ា​១​អង្គ​ប៉ុណ្ណោះ​ទេ ដែល​នឹង​បាន​តម្កើង​ឡើង
18 អស់​ទាំង​រូប​ព្រះ​នឹង​សាប‌សូន្យ​បាត់​ទៅ​អស់​រលីង
19 ឯ​មនុស្ស​គេ​នឹង​ចូល​ទៅ​ក្នុង​រអាង​ថ្ម ហើយ​ក្នុង​រូង​ដី ដើម្បី​ឲ្យ​បាន​រួច​ពី​សេចក្ដី​ស្ញែង‌ខ្លាច​នៃ​ព្រះ‌យេហូវ៉ា និង​ពី​សិរី‌ល្អ​នៃ​ឫទ្ធា‌នុភាព​របស់​ទ្រង់ គឺ​ក្នុង​កាល​ដែល​ទ្រង់​ក្រោក​ឡើង ដើម្បី​នឹង​អង្រួន​ផែនដី ដោយ​ឫទ្ធិ​យ៉ាង​អស្ចារ្យ
20 នៅ​គ្រា​នោះ មនុស្ស​នឹង​បោះ​ចោល​រូប​ព្រះ​របស់​ខ្លួន​ដែល​ធ្វើ​ពី​មាស ហើយ​ពី​ប្រាក់ ជា​របស់​ដែល​គេ​បាន​ធ្វើ​សម្រាប់​នឹង​ថ្វាយ‌បង្គំ ទៅ​ឲ្យ​កណ្តុរ ហើយ​និង​ប្រចៀវ
21 ដើម្បី​នឹង​ចូល​ទៅ​ក្នុង​រអាង​ថ្ម ហើយ​ក្នុង​ក្រហែង​ថ្ម​រខិញ‌រខុញ ឲ្យ​បាន​រួច​ពី​សេចក្ដី​ស្ញែង‌ខ្លាច​នៃ​ព្រះ‌យេហូវ៉ា និង​សិរី‌ល្អ​នៃ​ឫទ្ធា‌នុភាព​របស់​ទ្រង់ ក្នុង​កាល​ដែល​ទ្រង់​ក្រោក​ឡើង​នឹង​អង្រួន​ផែនដី ដោយ​ឫទ្ធិ​យ៉ាង​អស្ចារ្យ
22 ចូរ​លែង​ទុក​ចិត្ត​ដល់​មនុស្ស​ដែល​មាន​តែ​ដង្ហើម​ចេញ​ចូល​តាម​រន្ធ​ច្រមុះ​ទៅ ដ្បិត​តើ​នឹង​ពឹង​ដល់​គេ​ឯ​ណា​បាន។


ជំពូក 3

1 ដ្បិត​មើល ព្រះ‌អម្ចាស់ គឺ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​ដក​យក​ទី​ពឹង ហើយ​និង​បង្អែក​ចេញ​ពី​ក្រុង​យេរូ‌សាឡឹម និង​ស្រុក​យូដា ព្រម​ទាំង​ទី​ពឹង​ជា​ស្បៀង​អាហារ និង​ទឹក​ផឹក​អស់​រលីង​ទៅ
2 អើ ទាំង​មនុស្ស​ខ្លាំង​ពូកែ និង​មនុស្ស​ថ្នឹក​ចម្បាំង ទាំង​ចៅ‌ក្រម និង​ហោរា ទាំង​គ្រូ​ទាយ និង​អ្នក​ចាស់‌ទុំ
3 ទាំង​មេ​ត្រួត​លើ​៥០​នាក់ និង​មនុស្ស​ដែល​មាន​សក្តិ‌យស ទាំង​អ្នក​ប្រឹក្សា និង​ជាង​ប៉ិន‌ប្រសប់ ហើយ​និង​អ្នក​មាន​វោហារ​យ៉ាង​ចំណាន​ផង
4 នោះ​អញ​នឹង​តាំង​ពួក​ក្មេងៗ​ឲ្យ​ធ្វើ​ជា​ចៅ‌ហ្វាយ​លើ​គេ ហើយ​និង​មាន​កូន​តូចៗ​ត្រួត‌ត្រា​លើ​គេ​វិញ
5 បណ្តា‌ជន​ទាំង‌ឡាយ​នឹង​ត្រូវ​សង្កត់‌សង្កិន គឺ​អ្នក​១​នឹង​សង្កត់‌សង្កិន​១​ទៀត ព្រម​ទាំង​អ្នក​ជិត​ខាង​ខ្លួន​ផង ពួក​ក្មេងៗ​នឹង​ប្រព្រឹត្ត​ព្រហើន​ចំពោះ​ចាស់​ព្រឹទ្ធា‌ចារ្យ ហើយ​មនុស្ស​ជាន់​ទាប​នៅ​ចំពោះ​មនុស្ស​ជាន់​ខ្ពស់​ដែរ
6 កាល​ណា​មនុស្ស​ម្នាក់​នឹង​យក​បង​ប្អូន​ពី​ក្នុង​គ្រួ​របស់​ឪពុក​ខ្លួន​មក​និយាយ​ថា អ្នក​ឯង​មាន​សម្លៀក‌បំពាក់ សូម​អ្នក​ធ្វើ​ជា​អ្នក​គ្រប់‌គ្រង​ទៅ សូម​ឲ្យ​ស្រុក​ខ្ទេច‌ខ្ទី​នេះ​នៅ​ក្រោម​អំណាច​អ្នក​ចុះ
7 នៅ​គ្រា​នោះ​គេ​នឹង​ប្រកែក​ថា ខ្ញុំ​មិន​ចង់​ធ្វើ​ជា​អ្នក​មើល​ឲ្យ​ជា​ទេ ពី​ព្រោះ​នៅ​ផ្ទះ​ខ្ញុំ​គ្មាន​អាហារ ឬ​សម្លៀក‌បំពាក់​អ្វី​ឡើយ អ្នក​រាល់​គ្នា​មិន​ត្រូវ​តាំង​ខ្ញុំ​ឡើង ឲ្យ​ធ្វើ​ជា​អ្នក​គ្រប់‌គ្រង​លើ​បណ្តា‌ជន​ទេ
8 ដ្បិត​ក្រុង​យេរូ‌សាឡឹម​ខ្ទេច‌ខ្ទី​ហើយ ស្រុក​យូដា​ក៏​បាន​ដួល​ដែរ ដោយ​ព្រោះ​អណ្តាត​គេ ហើយ​និង​អំពើ​របស់​គេ ដែល​សុទ្ធ​តែ​បង្អុច‌បង្អាល​ដល់​ព្រះ‌នេត្រ​ដ៏​មាន​សិរី​នៃ​ព្រះ‌យេហូវ៉ា
9 ភាព​នៃ​ទឹក​មុខ​គេ​តែង​ធ្វើ​បន្ទាល់​ទាស់​នឹង​គេ ក៏​បើក​បង្ហាញ​អំពើ​បាប​របស់​គេ​ចេញ ដូច​ជា​ក្រុង​សូដុម គេ​មិន​ខំ​បិទ​បាំង​ទេ វេទនា​ដល់​ព្រលឹង​គេ ពី​ព្រោះ​គេ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​ដល់​ខ្លួន​គេ​ហើយ
10 ចូរ​ថ្លែង​ប្រាប់​ថា​មនុស្ស​សុចរិត​នឹង​បាន​សេចក្ដី​សុខ​វិញ ដ្បិត​គេ​នឹង​ទទួល​ផល​នៃ​ការ​ដែល​គេ​ប្រព្រឹត្ត
11 វេទនា​ដល់​មនុស្ស​អាក្រក់ គេ​នឹង​ត្រូវ​សេចក្ដី​ទុក្ខ​ព្រួយ ដ្បិត​ការ​ដែល​ដៃ​គេ​បាន​ធ្វើ​នោះ​នឹង​បាន​សង​ដល់​គេ​វិញ
12 ឯ​រាស្ត្រ​របស់​អញ គឺ​ជា​កូន​ក្មេង​ដែល​សង្កត់‌សង្កិន​គេ ហើយ​គឺ​ជា​ពួក​ស្រីៗ​ដែល​មាន​អំណាច​ត្រួត‌ត្រា​លើ​គេ​ដែរ ឱ​រាស្ត្រ​របស់​អញ​អើយ ពួក​អ្នក​ដែល​នាំ​មុខ​ឯង គេ​នាំ​ឲ្យ​វង្វេង ក៏​បំផ្លាញ​ផ្លូវ​ដែល​ឯង​ដើរ​ដែរ។
13 ព្រះ‌យេហូវ៉ា​ទ្រង់​កំពុង​ឈរ ដើម្បី​តវ៉ា ទ្រង់​ឈរ​ដើម្បី​ជំនុំ‌ជម្រះ​សាសន៍​ទាំង‌ឡាយ
14 ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​កើត​មាន​ក្តី​នឹង​ពួក​ចាស់‌ទុំ​នៃ​រាស្ត្រ​ទ្រង់ ហើយ​និង​ពួក​ចៅ‌ហ្វាយ​ថា គឺ​ឯង​រាល់​គ្នា​ហើយ ដែល​បាន​ស៊ី​បង្ហិន​ចម្ការ​ទំពាំង‌បាយ‌ជូរ ឯ​របឹប​ដែល​រឹប‌ជាន់​យក​ពី​ពួក​អ្នក​ទាល់​ក្រ នោះ​សុទ្ធ​តែ​នៅ​ក្នុង​ផ្ទះ​ឯង​ទាំង​អស់
15 ព្រះ‌អម្ចាស់ គឺ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​ថា តើ​ឯង​រាល់​គ្នា​មាន​ច្បាប់​អី​នឹង​ញាំ‌ញី​រាស្ត្រ​អញ ហើយ​បុក‌បែន​មុខ​របស់​មនុស្ស​ទាល់​ក្រ​ដូច្នេះ។ ព្រះ‌អម្ចាស់​បន្ទោស​ពួក​ជំទាវ​នៅ​ក្រុង​យេរូ‌សាឡឹម
16 មួយ​ទៀត ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ដោយ​ព្រោះ​ពួក​កូន​ស្រី​ក្រុង​ស៊ីយ៉ូន​មាន​ឫក​ខ្ពស់ មាន​ដំណើរ​ងើប‌ងើយ ផាត់​រង្វង់​ភ្នែក ដើរ​យាង‌យាវ ហើយ​បំភ្លៃ​ជើង​ឲ្យ​មាន​សូរ​រ៉ូងរ៉ឺង
17 ហេតុ​នេះ ព្រះ‌អម្ចាស់ ទ្រង់​នឹង​វាយ​ក្រយៅ​ក្បាល​នៃ​ពួក​កូន​ស្រី​ក្រុង​ស៊ីយ៉ូន​ឲ្យ​កើត​កម ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​សំរាត​កេរ្តិ៍ខ្មាស​គេ
18 នៅ​គ្រា​នោះ​ព្រះ‌អម្ចាស់​ទ្រង់​នឹង​ដក​សេចក្ដី​លំអ​នៃ​កង​ជើង សំណាញ់​សក់ កង​ក
19 ទំហូ កង​ដៃ ស្បៃ
20 ក្បាំង​សក់ ខ្សែ​ចង្ក្រង់ ខ្សែ​ក្រវាត់ ក្លង‌ហិត គាថា
21 ចិញ្ចៀន​ត្បូង​តែង​ច្រមុះ
22 សម្លៀក‌បំពាក់​សម្រាប់​បុណ្យ កន្សែង​ទទូរ ផាហ៊ុម កាបូប​យួរ
23 កញ្ចក់ អាវ​សារូ មួក និង​ក្រមា​របស់​គេ​ចេញ
24 នោះ​នឹង​មាន​ក្លិន​ស្អុយ​ជំនួស​ក្រអូប ខ្សែ​ចង ជំនួស​ខ្សែ​ក្រវាត់ ក្បាល​ទំពែក ជំនួស​សក់​សំអាង សំពត់​ធ្មៃ ជំនួស​សំពត់​ល្បើក ស្នាម​ត្រា ជំនួស​លំអ​ខ្លួន
25 ពួក​ប្រុសៗ​របស់​ឯង​នឹង​ដួល​ដោយ​មុខ​ដាវ ហើយ​មនុស្ស​ខ្លាំង​ពូកែ​របស់​ឯង​នឹង​ស្លាប់​ក្នុង​ចម្បាំង
26 នោះ​អស់​ទាំង​ទ្វារ​ក្រុង​នឹង​មាន​ការ​ខ្សឹក‌ខ្សួល ហើយ​សោយ‌សោក ឯ​នាង​នឹង​ត្រូវ​ចោល​នៅ​តែ​ឯង ហើយ​អង្គុយ​នៅ​ដី។


ជំពូក 4

1 នៅ​គ្រា​នោះ ស្រី​៧​នាក់​នឹង​ជាប់​នៅ ជា​មួយ​ប្រុស​ម្នាក់​ដោយ​ពោល​ថា យើង​នឹង​បរិភោគ​អាហារ​របស់​ខ្លួន​យើង ហើយ​និង​រក​ប្រដាប់​ស្លៀក‌ពាក់​ដោយ​ខ្លួន​យើង​ដែរ សូម​តែ​ឲ្យ​យើង​បាន​ឈ្មោះ​ជា​ប្រពន្ធ​របស់​អ្នក​ចុះ ដើម្បី​នឹង​ដោះ​សេចក្ដី​ដំណៀល​ពី​យើង​ចេញ។
2 នៅ​គ្រា​នោះ ខ្នែង​របស់​ព្រះ‌យេហូវ៉ា​នឹង​បាន​ជា​ល្អ​ប្រពៃ ហើយ​រុងរឿង ឯ​ផល​កើត​ពី​ដី​នឹង​បាន​ជា​ប្រសើរ ហើយ​ជា​លំអ​ដល់​សំណល់​ពួក​សាសន៍​អ៊ីស្រា‌អែល​ដែល​បាន​រួច
3 សម័យ​នោះ អ្នក​ណា​ដែល​សល់​នៅ​ក្នុង​ក្រុង​ស៊ីយ៉ូន ជា​អ្នក​ដែល​នៅ​ក្នុង​ក្រុង​យេរូ‌សាឡឹម​នៅ​ឡើយ នោះ​នឹង​បាន​ហៅ​ជា​អ្នក​បរិសុទ្ធ គឺ​គ្រប់​ទាំង​មនុស្ស​ក្នុង​ក្រុង​យេរូ‌សាឡឹម ដែល​មាន​ឈ្មោះ​កត់​ទុក​ក្នុង​ពួក​មនុស្ស​រស់
4 ក្នុង​កាល​ដែល​ព្រះ‌អម្ចាស់​ទ្រង់​បាន​លាង​ជម្រះ​គ្រឿង​លាមក​របស់​ពួក​ស្រីៗ​ក្រុង​ស៊ីយ៉ូន​ចេញ ហើយ​បាន​ចំរាញ់​សម្អាត​ឈាម​នៃ​ក្រុង​យេរូ‌សាឡឹម​ពី​កណ្តាល​ទី​ក្រុង​ទៅ ដោយ​អំណាច​នៃ​សេចក្ដី​យុត្តិ‌ធម៌ និង​អំណាច​នៃ​ភ្លើង​ឆេះ​បន្សុស
5 ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​បង្កើត​ឲ្យ​មាន​ពពក និង​ផ្សែង​នៅ​វេលា​ថ្ងៃ ហើយ​ភ្លើង​ដ៏​ឆេះ​បំភ្លឺ​នៅ​វេលា​យប់ ពី​លើ​ទី​លំនៅ​ទាំង​មូល​នៅ​ភ្នំ​ស៊ីយ៉ូន ហើយ​ពី​លើ​ទី​ប្រជុំ​ទាំង​ប៉ុន្មាន​របស់​គេ ដ្បិត​គ្រប់​ទាំង​ទី​គួរ​គោរព​នឹង​មាន​គំរប​គ្រប​បាំង​ទាំង​អស់
6 ហើយ​និង​មាន​រោង​បារាំ សម្រាប់​ជា​ម្លប់​បាំង​កំដៅ​នៅ​ពេល​ថ្ងៃ និង​សម្រាប់​ជា​ទី​ជ្រក ហើយ​ជា​ទី​បាំង​ខ្លួន​ឲ្យ​រួច​ពី​ព្យុះ និង​ភ្លៀង​ផង។


ជំពូក 5

1 ខ្ញុំ​សូម​ច្រៀង​បទ​ថ្វាយ​ស្ងួន​សំឡាញ់​របស់​ខ្ញុំ គឺ​ជា​បទ​ចម្រៀង ច្រៀង​ពី​ស្ងួន​សំឡាញ់​ខ្ញុំ ខាង​ឯ​ចម្ការ​ទំពាំង‌បាយ‌ជូរ​របស់​ទ្រង់​ថា-ស្ងួន​សំឡាញ់​ខ្ញុំ ទ្រង់​មាន​ចម្ការ​ទំពាំង‌បាយ‌ជូរ នៅលើភ្នំ ដែលមានជីជាតិ
2 ទ្រង់​ក៏​កាប់​គាស់​ដី ហើយ​រើស​យក​ដុំ​ថ្ម​ចេញ រួច​ទ្រង់​ដាំ​ទំពាំង‌បាយ‌ជូរ​យ៉ាង​ល្អ​បំផុត ក៏​សង់​ប៉ម​១​នៅ​ជា​កណ្តាល ហើយ​ធ្វើ​ធុង​ឃ្នាប​គាប​ផ្លែ​ផង ក្រោយ​នោះ ទ្រង់​ប្រាថ្នា​ចង់​ឲ្យ​ទំពាំង‌បាយ‌ជូរ​នោះ​កើត​ផល តែ​បាន​កើត​ផល​ក្លាយ​ជា​ទំពាំង‌បាយ‌ជូរ​ព្រៃ​វិញ។
3 ឥឡូវ​នេះ ឱ​ពួក​ក្រុង​យេរូ‌សាឡឹម និង​សាសន៍​យូដា​អើយ សូម​វិនិច្ឆ័យ​រឿង​អញ​ដែល​កើត​ក្តី​នឹង​ចម្ការ​ទំពាំង‌បាយ‌ជូរ​របស់​អញ​នេះ​ចុះ
4 តើ​គួរ​ឲ្យ​អញ​ធ្វើ​អ្វី​ទៀត​ដល់​ចម្ការ​ទំពាំង‌បាយ‌ជូរ​របស់​អញ ដែល​អញ​លះ‌បង់​មិន​បាន​ធ្វើ​នោះ ដូច្នេះ កាល​អញ​ប្រាថ្នា​ឲ្យ​កើត​មាន​ផល​ល្អ ម្តេច​ក៏​ក្លាយ​ទៅ​ជា​មាន​ផ្លែ​ទំពាំង‌បាយ‌ជូរ​ព្រៃ​វិញ
5 ឥឡូវ​នេះ អញ​នឹង​ប្រាប់​ឲ្យ​ឯង​រាល់​គ្នា​ដឹង​ជា​អញ​នឹង​ធ្វើ​អ្វី​ដល់​ចម្ការ​ទំពាំង‌បាយ‌ជូរ​របស់​អញ​នោះ គឺ​អញ​នឹង​រើ​របង​ចេញ នោះ​សត្វ​នឹង​ចូល​ស៊ី​បំផ្លាញ អញ​នឹង​រំលំ​កំផែង​ចេញ នោះ​ចម្ការ​នឹង​ត្រូវ​ជាន់​ឈ្លី​ទៅ
6 អញ​នឹង​បំផ្លាញ​អស់​រលីង នឹង​គ្មាន​អ្នក​ណា​កាត់​លួស ឬ​ជ្រួយ​ដី​ទៀត​ឡើយ គឺ​នឹង​កើត​មាន​អញ្ចាញ ហើយ​និង​បន្លា​ដុះ​ឡើង​វិញ ហើយ​អញ​នឹង​បង្គាប់​ដល់​មេឃ ហាម​មិន​ឲ្យ​ធ្លាក់​ភ្លៀង​មក​លើ​ចម្ការ​នោះ​ត​ទៅ
7 ពី​ព្រោះ​ចម្ការ​ទំពាំង‌បាយ‌ជូរ​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ នោះ​គឺ​ជា​ពូជ‌ពង្ស​របស់​អ៊ីស្រា‌អែល និង​ពួក​យូដា ជា​ដំណាំ​ដែល​គាប់​ដល់​ព្រះ‌នេត្រ​ទ្រង់ ហើយ​ទ្រង់​ប្រាថ្នា​ចង់​បាន​សេចក្ដី​យុត្តិ‌ធម៌ តែ​មើល បាន​តែ​ការ​កម្ចាយ​ឈាម​វិញ ក៏​ប្រាថ្នា​ចង់​បាន​សេចក្ដី​សុចរិត​ដែរ តែ​មើល​បាន​តែ​សម្រែក​ក្រលួច​វិញ។ ទុក្ខ​ទោស​របស់​អស់​អ្នក​ដែល​បាន​ធ្វើ​ឲ្យ​ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ
8 វេទនា​ដល់​ពួក​អ្នក​ដែល​សង់​ផ្ទះ​ភ្ជាប់​គ្នា ហើយ​កៀរ​ប្រមូល​ស្រែ​ចម្ការ​តៗ​គ្នា ឥត​មាន​ចន្លោះ​ណា​ឡើយ ទាំង​បណ្តាល​ឲ្យ​ឯង​រាល់​គ្នា​នៅ​តែ​ឯង​នា​ញក​ស្រុក​វិញ
9 ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​ព្រះ‌បន្ទូល​ដាក់​ត្រចៀក​ខ្ញុំ​ថា ពិត​ប្រាកដ​ជា​ផ្ទះ​ជា​ច្រើន​នោះ​នឹង​ត្រូវ​ចោល​ទទេ គឺ​ជា​ផ្ទះ​ធំ​ល្អ​ផង ឥត​មាន​អ្នក​ណា​នៅ​ឡើយ
10 ដ្បិត​ចម្ការ​ទំហំ​១០​រ៉ៃ​នឹង​បាន​ទឹក​ទំពាំង‌បាយ‌ជូរ​តែ​២​ប៉ោត ហើយ​ពូជ​ពង្រោះ​១០​ថាំង​នឹង​ច្រូត​បាន​តែ​១​ថាំង​ទេ។
11 វេទនា​ដល់​ពួក​អ្នក​ដែល​ក្រោក​ឡើង ពី​ព្រលឹម​ស្រាង ដើម្បី​តែ​នឹង​រក​គ្រឿង​ស្រវឹង ហើយ​អត់​ងងុយ​ដរាប​ដល់​យប់​ជ្រៅ ទាល់​តែ​ឆេះ​រោល‌រាល ដោយ‌សារ​ស្រា​ទំពាំង‌បាយ‌ជូរ
12 ជា​ពួក​អ្នក​ដែល​មាន​ស៊ុង ពិណ ក្រាប់ ខ្លុយ និង​ស្រា​ទំពាំង‌បាយ‌ជូរ​ក្នុង​ការ​ស៊ី‌លៀង​របស់​គេ តែ​គេ​មិន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ស្នាដៃ​របស់​ព្រះ‌យេហូវ៉ា​ទេ ក៏​មិន​ពិចារណា​ពី​ការ​ដែល​ព្រះ‌ហស្ត​ទ្រង់​ធ្វើ​ដែរ។
13 ហេតុ​នោះ​បាន​ជា​រាស្ត្រ​របស់​អញ​បាន​ត្រូវ​ចាប់​ទៅ​ជា​ឈ្លើយ គឺ​ដោយ​ព្រោះ​គេ​ខ្វះ​ប្រាជ្ញា ពួក​អ្នក​រុងរឿង​ត្រូវ​អត់‌ឃ្លាន​រហិត‌រហៃ​ទៅ ហើយ​ពួក​បណ្តា‌ជន​ណែន‌ណាន់ ក៏​ខះ​ក​ដោយ​ស្រេក​ទឹក
14 ដូច្នេះ ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​បាន​រីក​ធំ​ឡើង ព្រម​ទាំង​ហា​មាត់​ជា​ធំ​ហួស​ប្រមាណ ឯ​ពួក​រុងរឿង​ឧត្តម ពួក​ណែន‌ណាន់​តាន់‌តាប់ ពួក​អ៊ឹក‌ធឹក និង​ពួក​អ្នក​ដែល​រីក‌រាយ​សប្បាយ​ក្នុង​ពួក​គេ ក៏​ចុះ​ទៅ​ឯ​ស្ថាន​នោះ
15 មនុស្ស​ជាន់​ទាប​ត្រូវ​ឱន​ចុះ ហើយ​មនុស្ស​ជាន់​ខ្ពស់​ក៏​ត្រូវ​បន្ទាប​ដែរ ឯ​ភ្នែក​របស់​អ្នក​មាន​ឫក​ខ្ពស់​នឹង​ត្រូវ​សំយុង​ជ្រប់
16 តែ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​បាន​តម្កើង​ឡើង​ដោយ​សេចក្ដី​យុត្តិ‌ធម៌ គឺ​ព្រះ​ដ៏​បរិសុទ្ធ ទ្រង់​បាន​រាប់​ជា​បរិសុទ្ធ​ដោយ​សេចក្ដី​សុចរិត​វិញ
17 នៅ​គ្រា​នោះ​កូន​ចៀម​នឹង​រក​ស៊ី​នៅ​គ្រប់​កន្លែង ដូច​ជា​នៅ​វាល​ស្មៅ​របស់​វា ឯ​មនុស្ស​ដទៃ​គេ​នឹង​ត្របាក់​លេប​ទ្រព្យ‌សម្បត្តិ​បាក់​បែក​របស់​ពួក​អ្នក​ស្តុក‌ស្តម្ភ។
18 វេទនា​ដល់​ពួក​អ្នក​ដែល​អូស‌ទាញ​សេចក្ដី​ទុច្ចរិត ដោយ​ខ្សែ​ជា​សេចក្ដី​ភូត‌ភរ ហើយ​អំពើ​បាប ដោយ​ខ្សែ​លាម​រទេះ
19 ជា​ពួក​អ្នក​ដែល​ថា ចូរ​ឲ្យ​ទ្រង់​ប្រញាប់​ឡើង ឲ្យ​ទ្រង់​បង្ហើយ​ការ​ឲ្យ​ឆាប់​ចុះ ដើម្បី​ឲ្យ​យើង​បាន​ឃើញ​នឹង​ភ្នែក ចូរ​ឲ្យ​គំនិត​របស់​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រា‌អែល​ចូល​មក​ជិត ហើយ​មក​ដល់​ចុះ ឲ្យ​យើង​បាន​ស្គាល់​ផង។
20 វេទនា​ដល់​ពួក​អ្នក​ដែល​រាប់​សេចក្ដី​អាក្រក់​ថា ជា​ល្អ ហើយ​សេចក្ដី​ល្អ​ថា​ជា​អាក្រក់​វិញ ជា​ពួក​អ្នក​ដែល​យក​សេចក្ដី​ងងឹត​ជា​ពន្លឺ ហើយ​យក​ពន្លឺ​ជា​ងងឹត​ក៏​យក​សេចក្ដី​ជូរ​ចត់​ជា​ផ្អែម ហើយ​យក​ផ្អែម​ជា​ជូរ​ចត់​វិញ
21 វេទនា​ដល់​ពួក​អ្នក​ដែល​រាប់​ខ្លួន​ថា ជា​មាន​ប្រាជ្ញា ហើយ​ស្មាន​ថា​ខ្លួន​គេ​មាន​គំនិត​ស្រួច
22 វេទនា​ដល់​ពួក​អ្នក​ដែល​ប៉ិន‌ប្រសប់​នឹង​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ និង​អ្នក​ដែល​ខ្លាំង​ពូកែ​ក្នុង​ការ​លាយ​គ្រឿង​ស្រវឹង
23 ជា​ពួក​អ្នក​ដែល​ស៊ី​សំណូក ដើម្បី​រាប់​មនុស្ស​អាក្រក់​ថា​ជា​សុចរិត​វិញ ហើយ​ដក​សេចក្ដី​សុចរិត​របស់​មនុស្ស​សុចរិត​ចេញ។
24 ហេតុ​ដូច្នោះ បែប​ដូច​ជា​អណ្តាត​ភ្លើង​ឆេះ​បន្សុស​ជញ្ជ្រាំង ហើយ​ស្មៅ​ក្រៀម​ស្រុត​ចុះ​ក្នុង​ភ្លើង​យ៉ាង​ណា នោះ​ឫស​របស់​ពួក​អ្នក​ទាំង​នោះ​នឹង​បាន​ដូច​ជា​អ្វី​ដែល​ពុក‌រលួយ ហើយ​ផ្កា​របស់​គេ​នឹង​ហុយ​ឡើង ដូច​ជា​ធូលី​យ៉ាង​នោះ​ដែរ ដ្បិត​គេ​បាន​លះ​ចោល​បញ្ញត្ត​ច្បាប់​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ព្រម​ទាំង​មើល‌ងាយ​ចំពោះ​ព្រះ‌បន្ទូល​របស់​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រា‌អែល​ផង
25 ហេតុ​នោះ សេចក្ដី​ខ្ញាល់​របស់​ព្រះ‌យេហូវ៉ា​បាន​ឆេះ​ឡើង​ទាស់​នឹង​រាស្ត្រ​នៃ​ទ្រង់ ហើយ​ទ្រង់​បាន​លូក​ព្រះ‌ហស្ត​មក​វាយ​គេ ឯ​ភ្នំ​ទាំង​ប៉ុន្មាន​ក៏​ញ័រ ហើយ​ខ្មោច​គេ​បាន​ត្រឡប់​ដូច​ជា​សំរាម​នៅ​កណ្តាល​ផ្លូវ​ទាំង​ប៉ុន្មាន ទោះ​បើ​យ៉ាង​នោះ​ក៏​ដោយ គង់​តែ​សេចក្ដី​ខ្ញាល់​របស់​ទ្រង់​មិន​ទាន់​បែរ​ចេញ​ទាំង​អស់​ទៅ​ដែរ គឺ​ព្រះ‌ហស្ត​ទ្រង់​ចេះ​តែ​លូក​មក​ទៀត។
26 ទ្រង់​នឹង​លើក​ទង់‌ជ័យ​សម្រាប់​ពួក​សាសន៍​ដែល​នៅ​ទី​ឆ្ងាយ ហើយ​និង​ហួច​ហៅ​ឲ្យ​មក​ពី​ចុង​ផែនដី នោះ​ពួក​ខ្មាំង​នឹង​ខំ​សង្វាត​មក​ដោយ​ប្រញាប់
27 ឥត​មាន​អ្នក​ណា​មួយ​អស់​កម្លាំង ឬ​ចំពប់​ជើង​ឡើយ ឥត​មាន​អ្នក​ណា​មួយ​ងុយ‌ងោក ឬ​ដេក​លក់ ក៏​ឥត​មាន​អ្នក​ណា​មួយ​បន្ធូរ​ខ្សែ​ក្រវាត់ ឬ​ស្រាយ​ខ្សែ​ស្បែក​ជើង​ដែរ
28 ជា​ពួក​អ្នក​ដែល​មាន​ព្រួញ​មុត​ណាស់ ហើយ​ធ្នូ​ទាំង​អស់​ក៏​ដំឡើង​ជា​ស្រេច ឯ​ក្រចក​សេះ នោះ​នឹង​បាន​រាប់​ជា​ថ្ម​ភ្លើង ហើយ​កង់​រទេះ​របស់​គេ​ក៏​ដូច​ជា​ខ្យល់​កួច
29 សូរ​សន្ធឹក​របស់​ពួក​នោះ​នឹង​បាន​ដូច​ជា​សូរ​គ្រហឹម​របស់​មេ​សិង្ហ គេ​នឹង​គ្រហឹម​ដូច​ជា​កូន​សិង្ហ អើ គេ​នឹង​គ្រហឹម ហើយ​ចាប់​រំពា​យក​ទៅ ឥត​មាន​អ្នក​ណា​ជួយ​ឲ្យ​រួច​បាន​ឡើយ
30 នៅ​គ្រា​នោះ គេ​នឹង​គ្រហឹម​ដាក់​ពួក​អ្នក​ទាំង​នោះ​ឲ្យ​ឮ ដូច​ជា​សូរ​គ្រាំ‌គ្រេង​នៃ​សមុទ្រ ហើយ​បើ​អ្នក​ណា​មើល​ទៅ​ក្នុង​ស្រុក នោះ​នឹង​ឃើញ​មាន​តែ​ងងឹត និង​សេចក្ដី​វេទនា​ទទេ ហើយ​ពន្លឺ​ដែល​នៅ​លើ​មេឃ​នឹង​ងងឹត​សូន្យ​ទៅ​ដែរ។


ជំពូក 6

1 នៅ​ឆ្នាំ​ដែល​ស្តេច​អ៊ូសៀស​ទ្រង់​បាន​សុគត នោះ​ខ្ញុំ​ឃើញ​ព្រះ‌អម្ចាស់​ទ្រង់​គង់​លើ​បល្ល័ង្ក​នៅ​ទី​ខ្ពស់ ហើយ​បាន​តម្កើង​ឡើង ឯ​រំភាយ​ព្រះ‌ពស្ត្រ​ទ្រង់​សាយ​មក​ពេញ​ក្នុង​ព្រះ‌វិហារ
2 នៅ​ពី​លើ​ទ្រង់​មាន​ពួក​សេរភីម គ្រប់​គ្នា​មាន​ស្លាប​៦ ក៏​បាំង​មុខ​ដោយ​ស្លាប​២ បាំង​ជើង​ដោយ​ស្លាប​២ ហើយ​ប្រើ​២​សម្រាប់​ហើរ
3 មួយ​បន្លឺ​ទៅ​កាន់​១​ថា បរិសុទ្ធ បរិសុទ្ធ គឺ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​បរិសុទ្ធ ផែនដី​ទាំង​មូល​មាន​ពេញ​ដោយ​សិរី‌ល្អ​នៃ​ទ្រង់
4 ក្រប​ទ្វារ​ក៏​ញ័រ ដោយ​សូរ​សំឡេង​នៃ​សេរភីម​ដែល​បន្លឺ​នោះ ហើយ​ព្រះ‌វិហារ​បាន​ពេញ​ទៅ​ដោយ​ផ្សែង
5 នោះ​ខ្ញុំ​ពោល​ថា វរ‌ហើយ​ខ្ញុំ ខ្ញុំ​ត្រូវ​វិនាស​ជា​ពិត ដ្បិត​ខ្ញុំ​ជា​មនុស្ស​មាន​បបូរ​មាត់​មិន​ស្អាត ហើយ​ខ្ញុំ​នៅ​កណ្តាល​បណ្តា​មនុស្ស​ដែល​មាន​បបូរ​មាត់​មិន​ស្អាត​ដែរ ពី​ព្រោះ​ភ្នែក​ខ្ញុំ​បាន​ឃើញ​មហា‌ក្សត្រ គឺ​ជា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ
6 ខណៈ​នោះ សេរ‌ភីម​១​បាន​ហើរ​មក​ឯ​ខ្ញុំ ដៃ​កាន់​រងើក​ភ្លើង​ដែល​បាន​យក​ពី​អាសនៈ​ដោយ​ដង្កៀប
7 ក៏​ឲ្យ​ប៉ះ​នឹង​មាត់​ខ្ញុំ ដោយ​ពោល​ថា នែ​រងើក​នេះ​បាន​ប៉ះ​នឹង​បបូរ​មាត់​អ្នក​ហើយ ឯ​សេចក្ដី​ទុច្ចរិត​របស់​អ្នក នោះ​បាន​ដក​ចេញ ហើយ​អំពើ​បាប​របស់​អ្នក​បាន​អត់​ទោស​ឲ្យ​ផង។
8 រួច​ខ្ញុំ​ឮ​សូរ‌សៀង​របស់​ព្រះ‌អម្ចាស់ មាន​ព្រះ‌បន្ទូល​មក​ថា តើ​អញ​នឹង​ចាត់​អ្នក​ណា​ឲ្យ​ទៅ តើ​អ្នក​ណា​នឹង​ទៅ​ឲ្យ​អញ នោះ​ខ្ញុំ​ទូល​ឆ្លើយ​ថា ទូល‌បង្គំ​នៅ​ឯ​ណេះ​ហើយ សូម​ចាត់​ទូល‌បង្គំ​ចុះ
9 រួច​ទ្រង់​មាន​ព្រះ‌បន្ទូល​តប​ថា ចូរ​ទៅ​ប្រាប់​ដល់​សាសន៍​នេះ​ថា ចូរ​ឯង​រាល់​គ្នា​ស្តាប់​ចុះ តែ​ឥត​យល់ ហើយ​មើល​ផង តែ​ឥត​ដឹង​ឡើយ
10 ត្រូវ​ធ្វើ​ឲ្យ​ចិត្ត​នៃ​សាសន៍​នេះ​ទៅ​ជា​ស្ពឹក ហើយ​ឲ្យ​ត្រចៀក​គេ​ធ្ងន់ ចូរ​បាំង​ភ្នែក​គេ ក្រែង​គេ​មើល​ឃើញ ដោយ​ភ្នែក ស្តាប់​ឮ​ដោយ​ត្រចៀក ហើយ​យល់​ដោយ​ចិត្ត រួច​ប្រែ​ចិត្ត ដើម្បី​ឲ្យ​បាន​ប្រោស​ឲ្យ​ជា
11 នោះ​ខ្ញុំ​ទូល​សួរ​ថា ឱ​ព្រះ‌អម្ចាស់​អើយ តើ​ដល់​យូរ​ប៉ុន្មាន​ទៅ រួច​ទ្រង់​មាន​ព្រះ‌បន្ទូល​តប​ថា គឺ​ដរាប​ដល់​កាល​ណា​ទី​ក្រុង​ទាំង​ប៉ុន្មាន​ត្រូវ​ចោល​ស្ងាត់ ឥត​មាន​អ្នក​ណា​នៅ​សោះ ហើយ​ផ្ទះ​ទាំង​ប៉ុន្មាន​ផង ឥត​មាន​មនុស្ស​ដរាប​ដល់​ស្រុក​នេះ បាន​ទៅ​ជា​ទី​ស្ងាត់​ឈឹង​ទាំង​អស់​ទៅ
12 ហើយ​ដរាប​ដល់​វេលា​ណា​ដែល​ព្រះ‌យេហូវ៉ា​បាន​រើ​យក​មនុស្ស​ទាំង‌ឡាយ​ចេញ​ទៅ​ឯ​ទី​ឆ្ងាយ ហើយ​មាន​កន្លែង​ច្រើន​ត្រូវ​ចោល​ស្ងាត់​នៅ​កណ្តាល​ស្រុក
13 នោះ ទោះ​បើ​មាន​១​ភាគ​ក្នុង​១០​សល់​នៅ​ក្នុង​ស្រុក គង់​តែ​ចំណែក​នោះ​នឹង​ត្រូវ​វិនាស​បាត់​ទៅ​ដែរ ដូច​ជា​ដើម​ឈើ‌ទាល ហើយ​និង​ដើម​ម៉ៃសាក់​ដែល​សល់​នៅ តែ​គល់​ក្រោយ​ដែល​គេ​កាប់​រំលំ​ហើយ គឺ​ពូជ‌ពង្ស​បរិសុទ្ធ​ជា​គល់​ឈើ​នោះ​ឯង។


ជំពូក 7

1 រីឯ​នៅ​ក្នុង​រាជ្យ​ស្តេច​អេហាស បុត្រ​យ៉ូថាម ដែល​ជា​បុត្រ​អ៊ូសៀស​ស្តេច​ស្រុក​យូដា នោះ​រេស៊ីន ជា​ស្តេច​ស្រុក​ស៊ីរី ហើយ​ពេកា ជា​បុត្រ​រេម៉ាលា ស្តេច​ស្រុក​អ៊ីស្រា‌អែល គេ​លើក​ទ័ព​ឡើង ទៅ​ច្បាំង​នឹង​ក្រុង​យេរូ‌សាឡឹម តែ​ឈ្នះ​យក​មិន​បាន​ទេ
2 គ្រា​នោះ មាន​ដំណឹង​មក​ដល់​ពួក​វង្ស​ដាវីឌ​ថា សាសន៍​ស៊ីរី​បាន​ចូល​ដៃ​នឹង​ពួក​អេប្រា‌អិម​ហើយ ដូច្នេះ ស្តេច​ទ្រង់​មាន​ព្រះ‌ទ័យ​ចំប្រប់ ព្រម​ទាំង​ចិត្ត​របស់​ពួក​រាស្ត្រ​ទ្រង់​ផង ប្រៀប​ដូច​ជា​ដើម​ឈើ​នៅ​ព្រៃ​ដែល​ត្រូវ​ខ្យល់​បក់។
3 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​អេសាយ​ថា ចូរ​ឯង និង​ស្អា-យ៉ាស៊ូប ជា​កូន​ឯង ចេញ​ទៅ​ជួប​នឹង​អេហាស​ត្រង់​ចុង​ប្រឡាយ​បង្ហូរ​ទឹក​មក​ដល់​ស្រះ​ខាង​លើ តាម​ផ្លូវ​ទៅ​ឯ​ទី​វាល​ជាង​ប្រមោក
4 ហើយ​ទូល​ថា ចូរ​រវាំង​ខ្លួន ហើយ​សង្រួម​ចិត្ត កុំ​ឲ្យ​ភ័យ​ឲ្យ​សោះ ក៏​កុំ​ឲ្យ​រា‌ថយ ដោយ​ព្រោះ​កន្ទុយ​ឧស​ទាំង​២​ដែល​ហុយ​ផ្សែង​នោះ​ឡើយ គឺ​ដោយ​ព្រោះ​សេចក្ដី​កំហឹង​ដ៏​សហ័ស​របស់​រេស៊ីន និង​សាសន៍​ស៊ីរី ហើយ​របស់​កូន​រេម៉ាលា​នោះ​ដែរ
5 ពី​ព្រោះ​សាសន៍​ស៊ីរី និង​ពួក​អេប្រា‌អិម ព្រម​ទាំង​កូន​រេម៉ាលា​បាន​គិត​សម្រេច​នឹង​ធ្វើ​អាក្រក់​ដល់​ឯង ដោយ​ពាក្យ​ថា
6 ចូរ​យើង​ឡើង​ទៅ​ច្បាំង​នឹង​ស្រុក​យូដា យើង​នឹង​ធ្វើ​ឲ្យ​គេ​មាន​សេចក្ដី​វេទនា ព្រម​ទាំង​ទម្លាយ​ឲ្យ​មាន​ផ្លូវ​ចូល​បាន រួច​យើង​នឹង​តាំង​ស្តេច​១​ឡើង​នៅ​ក្នុង​ស្រុក​គេ គឺ​ជា​កូន​របស់​តាបបៀល
7 ឯ​ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ការ​នោះ​មិន​បាន​ទេ គេ​នឹង​ធ្វើ​មិន​កើត​ឡើយ
8 ដ្បិត​ក្បាល​របស់​ស្រុក​ស៊ីរី គឺ​ក្រុង​ដាម៉ាស ហើយ​ក្បាល​របស់​ក្រុង​ដាម៉ាស គឺ​រេស៊ីន​នេះ​ហើយ ក្នុង​រវាង​៦៥​ឆ្នាំ នោះ​ពួក​អេប្រា‌អិម​នឹង​ត្រូវ​បែក‌ខ្ញែក​រតាត់‌រតាយ​អស់​ទៅ លែង​បាន​ពូជ‌ពង្ស​ត​ទៅ​ទៀត
9 ឯ​ក្បាល​របស់​ពួក​អេប្រា‌អិម គឺ​ក្រុង​សាម៉ារី ហើយ​ក្បាល​របស់​ក្រុង​សាម៉ារី គឺ​ជា​កូន​រេម៉ាលា​នេះ​ហើយ បើ‌សិន​ជា​ឯង​មិន​ព្រម​ជឿ​ទេ នោះ​ប្រាកដ​ជា​ឯង​មិន​បាន​តាំង​នៅ​ជាប់​ឡើយ។
10 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​អេហាស​ថា
11 ចូរ​ឯង​សូម​ទី​សម្គាល់​១​ពី​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​ចុះ ចូរ​សូម ទោះ​បើ​នៅ​ក្នុង​ទី​ជម្រៅ ឬ​នៅ​ទី​ខ្ពស់​ខាង​លើ​ក្តី
12 តែ​អេហាស​តប​ថា យើង​មិន​ព្រម​សូម​ទេ ក៏​មិន​ព្រម​ល្បង‌ល​ព្រះ‌យេហូវ៉ា​ឡើយ
13 ដូច្នេះ អេសាយ​ទូល​ថា ឱ​ពូជ‌ពង្ស​របស់​ដាវីឌ​អើយ ចូរ​ស្តាប់​ឥឡូវ​ចុះ ការ​ដែល​អ្នក​រាល់​គ្នា​ធ្វើ​ឲ្យ​រំខាន​ចិត្ត​មនុស្ស នោះ​តើ​ជា​ការ​តូច​ឬ​អី បាន​ជា​ចង់​រំខាន​ដល់​ព្រះ‌ហឫទ័យ​នៃ​ព្រះ​របស់​ទូល‌បង្គំ​ទៀត​ផង
14 ដូច្នេះ ព្រះ‌អម្ចាស់​ទ្រង់​នឹង​ប្រទាន​ទី​សម្គាល់​១​មក​អ្នក​រាល់​គ្នា ដោយ​ព្រះ‌អង្គ​ទ្រង់ មើល នាង​ព្រហ្មចារី​នឹង​មាន​គភ៌ ប្រសូត​បាន​បុត្រា​១ ហើយ​និង​ឲ្យ​ព្រះ‌នាម​ថា អេម៉ា‌ញូ‌អែល
15 បុត្រ​នោះ​នឹង​បរិភោគ​ខ្លាញ់​ទឹក​ដោះ ហើយ​និង​ទឹក​ឃ្មុំ ដរាប​ដល់​ចេះ​បដិសេធ​ចោល​របស់​អាក្រក់ ហើយ​រើស​យក​របស់​ល្អ​វិញ
16 ដ្បិត​មុន​ដែល​បុត្រ​នោះ​ចេះ​បដិសេធ​ចោល​របស់​អាក្រក់ ហើយ​រើស​យក​របស់​ល្អ នោះ​ស្រុក​របស់​ស្តេច​ទាំង​២ ដែល​ឯង​ខ្ពើម​នោះ នឹង​ត្រូវ​ចោល​ស្ងាត់​ទៅ
17 ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​នាំ​ហេតុ​ការ​១ មក​លើ​ឯង លើ​រាស្ត្រ​ឯង ហើយ​លើ​ពួក​វង្ស​របស់​ឪពុក​ឯង គឺ​ជា​ស្តេច​ស្រុក​អាសស៊ើរ ជា​ការ​ដែល​មិន​បាន​កើត​មាន ចាប់​តាំង​ពី​គ្រា​ដែល​អេប្រា‌អិម​បែក​ចេញ​ពី​ពួក​យូដា​មក។
18 នៅ​គ្រា​នោះ ព្រះ‌យេហូវ៉ា​នឹង​ហួច​ហៅ​រុយ ដែល​នៅ​ទី​ឆ្ងាយ​បំផុត​នៃ​ទន្លេ​ស្រុក​អេស៊ីព្ទ ព្រម​ទាំង​ឃ្មុំ​ដែល​នៅ​ស្រុក​អាសស៊ើរ​ផង
19 នោះ​វា​នឹង​នាំ​គ្នា​មក​ទំ​នៅ​ក្នុង​ច្រក​ភ្នំ​ដែល​ត្រូវ​ចោល​ស្ងាត់ នៅ​ក្នុង​ក្រហែង​ថ្ម នៅ​លើ​គ្រប់​ទាំង​របង​បន្លា ហើយ​នៅ​អស់​ទាំង​វាល​ស្មៅ​ផង។
20 នៅ​គ្រា​នោះ ព្រះ‌អម្ចាស់​ទ្រង់​នឹង​កោរ​សក់​ក្បាល និង​រោម​ជើង​ផង ដោយ​កាំបិត​ដែល​បាន​ជួល​ពី​ទី​នៅ​ត្រើយ​ខាង​នាយ​ទន្លេ គឺ​ដោយ​ស្តេច​នៃ​ស្រុក​អាសស៊ើរ ហើយ​កាំបិត​នោះ​នឹង​រំលាង​ទាំង​ពុក‌ចង្កា​ផង។
21 នៅ​គ្រា​នោះ មនុស្ស​ម្នាក់​នឹង​ចិញ្ចឹម​គោ​ញី​១ និង​ចៀម​២
22 ហើយ​ដោយ​ព្រោះ​សត្វ​ទាំង​នោះ​មាន​ទឹក​ដោះ​ជា​បរិបូរ បាន​ជា​អ្នក​នោះ​នឹង​បរិភោគ​ខ្លាញ់​ទឹក​ដោះ ដ្បិត​ពួក​អ្នក​ដែល​នៅ​សល់​ក្នុង​ស្រុក​គេ នឹង​បាន​ខ្លាញ់​ទឹក​ដោះ និង​ទឹក​ឃ្មុំ​បរិភោគ​គ្រប់​គ្នា។
23 ហើយ​នៅ​គ្រា​នោះ គ្រប់​ទី​កន្លែង​ណា​ដែល​ពី​ដើម​មាន​ចម្ការ​ទំពាំង‌បាយ‌ជូរ​ចំនួន​១​ពាន់​ដើម មាន​តម្លៃ​ជា​ប្រាក់​១​ពាន់​រៀល នោះ​នឹង​បាន​ជា​ទី​សម្រាប់​អញ្ចាញ និង​បន្លា​វិញ
24 ឯ​អ្នក​ណា​ដែល​ចូល​ទៅ​ក្នុង​ទី​នោះ នឹង​ត្រូវ​កាន់​ព្រួញ និង​ធ្នូ​ផង ដ្បិត​ស្រុក​ទាំង​មូល​នឹង​ដុះ សុទ្ធ​តែ​អញ្ចាញ និង​បន្លា
25 ឯង​ក៏​នឹង​មិន​ឡើង​ទៅ​លើ​ទី​ទួល​ដែល​ពី​ដើម​មាន​គេ​កាប់​គាស់​ដោយ​ចប​ដែរ ដោយ​ខ្លាច​អញ្ចាញ និង​បន្លា ទី​នោះ​នឹង​បាន​សម្រាប់​ជា​ទី​លែង​ហ្វូង​គោ ហើយ​សម្រាប់​ឲ្យ​ហ្វូង​ចៀម​ញាំ‌ញី​ទៅ​ប៉ុណ្ណោះ។


ជំពូក 8

1 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា ចូរ​យក​ក្តារ​ឈ្នួន​១​ធំ ហើយ​សរសេរ​ជា​អក្សរ​របស់​មនុស្ស​ថា ការ​រឹប‌ជាន់​ជិត​ណាស់​ហើយ គេ​រូត‌រះ​មក​ចាប់​រំពា
2 ហើយ​អញ​នឹង​យក​ស្មរ​បន្ទាល់​ស្មោះ‌ត្រង់ គឺ​អ៊ូរី ជា​សង្ឃ និង​សាការី ជា​កូន​បេរេគា ដើម្បី​កត់​សេចក្ដី​ទុក
3 រួច​មក​ខ្ញុំ​បាន​ចូល​ទៅ​ឯ​ហោរា​ស្រី ជា​ប្រពន្ធ​ខ្ញុំ ហើយ​នាង​មាន​ទំងន់​បង្កើត​បាន​កូន​ប្រុស​១ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា ចូរ​ឲ្យ​ឈ្មោះ​កូន​នេះ​ថា ម៉ាហេ-សាឡាល-ហាសបាស
4 ដ្បិត​មុន​ដែល​កូន​នេះ​ចេះ​ហៅ​ថា ឪ​អើយ ម៉ែ​អើយ នោះ​គេ​នឹង​ដឹក​យក​ទ្រព្យ​សម្បត្តិ​របស់​ក្រុង​ដាម៉ាស ហើយ​និង​របឹប​នៅ​ស្រុក​សាម៉ារី នាំ​ទៅ​នៅ​ចំពោះ​ស្តេច​ស្រុក​អាសស៊ើរ​ហើយ។
5 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ទៀត​ថា
6 ដោយ​ព្រោះ​សាសន៍​នេះ​គេ​មិន​ព្រម​យក​ទឹក​ស៊ីឡោម ដែល​ហូរ​គ្រឿនៗ តែ​មាន​សេចក្ដី​រីក‌រាយ​ចំពោះ​រេស៊ីន ហើយ​និង​កូន​របស់​រេម៉ាលា​វិញ
7 នោះ​មើល ព្រះ‌អម្ចាស់​ទ្រង់​នាំ​ទឹក​ទន្លេ​ដែល​ហូរ​ខ្លាំង ហើយ​ច្រើន​មក​លើ​គេ គឺ​ជា​ស្តេច​ស្រុក​អាសស៊ើរ និង​ឫទ្ធា‌នុភាព​ទាំង​ប៉ុន្មាន​របស់​ទ្រង់ ទន្លេ​នោះ​នឹង​ហូរ​ចេញ​តាម​គ្រប់​ទាំង​ព្រែក ហើយ​លិច​ច្រាំង​ទាំង​អស់
8 ក៏​នឹង​សាយ​ចូល​ទៅ​ក្នុង​ស្រុក​យូដា​ដែរ ព្រម​ទាំង​លិច​ហូរ​កាត់​ស្រុក​ឡើង​ត្រឹម​ក ហើយ​និង​ជន់​រាច​ពេញ​ស្រុក​របស់​ឯង ឱ​អេម៉ា‌ញូ‌អែល​អើយ។
9 ឱ​សាសន៍​ទាំង‌ឡាយ​អើយ ចូរ​ស្រែក​សន្ធាប់​ចុះ គង់​តែ​ឯង​រាល់​គ្នា​នឹង​ត្រូវ​បាក់​បែក​ខ្ទេច‌ខ្ទី​វិញ នែ អស់​ទាំង​ស្រុក​ដែល​នៅ​ឆ្ងាយៗ​អើយ ចូរ​ផ្ទៀង​ត្រចៀក​ស្តាប់​ចុះ ចូរ​ក្រវាត់​ចង្កេះ​ខ្លួន​ដែរ នោះ​ឯង​នឹង​ត្រូវ​បាក់​បែក​ខ្ទេច‌ខ្ទី ចូរ​ក្រវាត់​ចង្កេះ​ចុះ នោះ​ឯង​នឹង​ត្រូវ​បាក់​បែក​ខ្ទេច‌ខ្ទី​ទៅ
10 ចូរ​ប្រឹក្សា​គ្នា នោះ​ការ​សម្រេច​របស់​ឯង​នឹង​ត្រូវ​សាប‌សូន្យ​ទៅ ចូរ​ចេញ​វាចា​ចុះ តែ​ពាក្យ​សំដី​នោះ​នឹង​មិន​ស្ថិត‌ស្ថេរ​នៅ​ឡើយ ដ្បិត​ព្រះ‌ទ្រង់​គង់​នៅ​ខាង​យើង​ហើយ។
11 ឯ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​មក ដោយ​ព្រះ‌ហស្ត​សង្កត់​លើ​ខ្ញុំ​ជា​ខ្លាំង ទ្រង់​ដាស់‌តឿន​ខ្ញុំ​មិន​ឲ្យ​ដើរ​តាម​ផ្លូវ​របស់​សាសន៍​នេះ ដោយ​ថា
12 កុំ​ឲ្យ​ឯង​ថា មាន​ការ​ក្បត់ ក្នុង​គ្រប់​ទាំង​ការ​ដែល​សាសន៍​នេះ​ថា មាន​ការ​ក្បត់​នោះ​ឡើយ ក៏​កុំ​ឲ្យ​ភ័យ​ខ្លាច​ចំពោះ​ការ​ដែល​គេ​ភ័យ​ខ្លាច​ដែរ កុំ​ឲ្យ​តក់‌ស្លុត​ឲ្យ​សោះ
13 ត្រូវ​ឲ្យ​រាប់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទុក​ជា​បរិសុទ្ធ ព្រម​ទាំង​យក​ទ្រង់​ជា​ទី​ភ័យ​ខ្លាច ហើយ​តក់‌ស្លុត​វិញ
14 នោះ​ទ្រង់​នឹង​បាន​សម្រាប់​ជា​ទី​បរិសុទ្ធ តែ​ជា​ថ្ម​ចំពប់ ហើយ​ជា​ថ្មដា​ដែល​បង្អាក់‌បង្អន់​ចិត្ត​ដល់​ពួក​អ៊ីស្រា‌អែល​ទាំង​២​វង្ស ហើយ​ជា​អន្ទាក់ និង​ជា​ជង់​ដល់​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡឹម​ទាំង​អស់
15 មនុស្ស​ជា​ច្រើន​នឹង​ចំពប់​នឹង​ថ្ម​នោះ ហើយ​ដួល​ទៅ ព្រម​ទាំង​ត្រូវ​បាក់​បែក ជាប់​អន្ទាក់ ហើយ​ចាប់​បាន​ផង។
16 ចូរ​ចង​សេចក្ដី​បន្ទាល់​ទុក ហើយ​បិទ​ត្រា​បញ្ញត្ត​ច្បាប់​នៅ​ក្នុង​ពួក​សិស្ស​របស់​អញ​ចុះ
17 ឯ​ខ្ញុំៗ​នឹង​ទន្ទឹង​ចាំ​ព្រះ‌យេហូវ៉ា ដែល​ទ្រង់​លាក់​ព្រះ‌‌ភ័ក្ត្រ​នឹង​ពូជ‌ពង្ស​យ៉ាកុប ខ្ញុំ​នឹង​ចាំ​មើល​តែ​ទ្រង់
18 មើល ខ្ញុំ ហើយ​និង​កូន​ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រទាន​មក​ខ្ញុំ យើង​ខ្ញុំ​សម្រាប់​ជា​ទី​សម្គាល់​មក​ពី​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ដែល​ទ្រង់​គង់​នៅ​ភ្នំ​ស៊ីយ៉ូន ហើយ​ជា​ទី​អស្ចារ្យ​នៅ​ក្នុង​ពួក​អ៊ីស្រា‌អែល។
19 កាល​បើ​អ្នក​ណា​ពោល​ដល់​ឯង​ថា ចូរ​រក​ពួក​គ្រូ​ខាប និង​គ្រូ​គាថា ដែល​ចេញ​សំឡេង​អ៊ី‌អ៊ុ ហើយ​ងុមៗ នោះ​ត្រូវ​ឆ្លើយ​ថា គួរ​គប្បី​ឲ្យ​បណ្តា‌ជន​ស្វែង​រក​ព្រះ​របស់​ខ្លួន​វិញ តើ​នឹង​រក​ចំពោះ​រូប​ខ្មោច​ជា​ប្រយោជន៍​ដល់​មនុស្ស​រស់​ធ្វើ​អ្វី
20 ចូរ​ទៅ​បើក​គម្ពីរ​បញ្ញត្ត និង​សេចក្ដី​បន្ទាល់​មើល បើ​គេ​និយាយ​មិន​ត្រូវ​នឹង​ព្រះ‌បន្ទូល​នោះ នោះ​គ្មាន​ពន្លឺ​រះ​ឡើង​នៅ​ក្នុង​ខ្លួន​ទេ
21 គេ​នឹង​ដើរ​ចុះ​ឡើង​ក្នុង​ស្រុក មាន​ទាំង​ទុក្ខ​វេទនា ហើយ​ស្រេក​ឃ្លាន កាល​ណា​គេ​ស្រេក​ឃ្លាន នោះ​នឹង​មាន​ចិត្ត​ក្តៅ​ក្រហាយ ហើយ​និង​ប្រទេច​ផ្តាសា​ដល់​ទាំង​ស្តេច និង​ព្រះ​របស់​ខ្លួន ដោយ​ងើយ​មើល​ទៅ​លើ​មេឃ​ផង
22 រួច​ងាក​មើល​ទៅ​ផែនដី​ឃើញ​មាន​សុទ្ធ​តែ​សេចក្ដី​លំបាក សេចក្ដី​ងងឹត និង​ឈ្លប់​សូន្យ‌សុង​គ្រប​សង្កត់ ដោយ​វេទនា​ចិត្ត ហើយ​និង​ត្រូវ​បណ្តេញ​ទៅ​ក្នុង​សេចក្ដី​ងងឹត​យ៉ាង​ក្រាស់។


ជំពូក 9

1 ប៉ុន្តែ សេចក្ដី​ឈ្លប់​សូន្យ‌សុង​នឹង​មិន​នៅ​លើ​ស្រុក ដូច​នៅ​គ្រា​ដែល​មាន​សេចក្ដី​វេទនា​ចិត្ត​នោះ​ទេ កាល​ពី​ដើម ទ្រង់​បាន​ធ្វើ​ឲ្យ​ស្រុក​សាប់‌យូល៉ូន និង​ស្រុក​ណែប‌ថាលី​ត្រូវ​គេ​មើល‌ងាយ តែ​នៅ​ជាន់​ក្រោយ ទ្រង់​នឹង​ធ្វើ​ឲ្យ​រុងរឿង​ឧត្តម​វិញ គឺ​ជា​ស្រុក​តាម​ផ្លូវ​ទៅ​ឯ​សមុទ្រ​ត្រើយ​ខាង​នាយ​ទន្លេ​យ័រដាន់ ជា​ដែន​ខេត្ត​កាលី‌ឡេ​របស់​សាសន៍​ដទៃ
2 ឯ​បណ្តា‌ជន​ដែល​ដើរ​ក្នុង​សេចក្ដី​ងងឹត គេ​បាន​ឃើញ​ពន្លឺ​យ៉ាង​ធំ ពួក​អ្នក​ដែល​អាស្រ័យ​នៅ​ក្នុង​ស្រុក​នៃ​ម្លប់​សេចក្ដី​ស្លាប់ គេ​មាន​ពន្លឺ​ភ្លឺ​មក​លើ​គេ​ហើយ
3 ទ្រង់​បាន​ប្រោស​ឲ្យ​បណ្តា‌ជន​ចម្រើន​ឡើង ហើយ​បាន​ធ្វើ​ឲ្យ​គេ​មាន​សេចក្ដី​រីក‌រាយ​ជា​ច្រើន​ឡើង​ដែរ គេ​មាន​សេចក្ដី​អំណរ​នៅ​ចំពោះ​ទ្រង់ ដូច​ជា​សេចក្ដី​អំណរ​ក្នុង​រដូវ​ចម្រូូត ហើយ​ដូច​ជា​សេចក្ដី​អំណរ​នៃ​មនុស្ស​ដែល​កំពុង​តែ​ចែក​របឹប​គ្នា
4 ដ្បិត​ទ្រង់​បាន​បំបាក់​នឹម​ដែល​សង្កត់​លើ​គេ និង​ដង្រែក​នៅ​ស្មា​គេ ហើយ​ដំបង​របស់​ពួក​អ្នក​ដែល​សង្កត់‌សង្កិន​គេ​ផង ដូច​ជា​នៅ​គ្រា​នៃ​ពួក​សាសន៍​ម៉ាឌាន​ដែរ
5 ពី​ព្រោះ​គ្រប់​ទាំង​ស្បែក​ជើង​របស់​ពួក​ទាហាន​ក្នុង​ចម្បាំង​យ៉ាង​អ៊ឹក‌ធឹក ហើយ​សម្លៀក‌បំពាក់​ប្រឡាក់​ជោក​ដោយ​ឈាម នោះ​នឹង​បាន​សម្រាប់​ដុត ហើយ​ជា​ចំណី​ដល់​ភ្លើង
6 ដ្បិត​មាន​បុត្រ​១​កើត​ដល់​យើង ព្រះ‌ទ្រង់​ប្រទាន​បុត្រា​១​មក​យើង​ហើយ ឯ​ការ​គ្រប់‌គ្រង​នឹង​នៅ​លើ​ស្មា​របស់​បុត្រ​នោះ ហើយ​គេ​នឹង​ហៅ​ព្រះ‌នាម​ទ្រង់​ថា ព្រះ​ដ៏​ជួយ​គំនិត​យ៉ាង​អស្ចារ្យ ព្រះ​ដ៏​មាន​ព្រះ‌ចេស្តា ព្រះ‌វរបិតា​ដ៏​គង់​នៅ​អស់‌កល្ប និង​ជា​ម្ចាស់​នៃ​មេត្រី‌ភាព
7 ឯ​សេចក្ដី​ចម្រើន​នៃ​រដ្ឋ​បាល​ទ្រង់ និង​សេចក្ដី​សុខ‌សាន្ត​របស់​ទ្រង់ នោះ​នឹង​មិន​ចេះ​ផុត​ពី​បល្ល័ង្ក​របស់​ដាវីឌ និង​នគរ​នៃ​ទ្រង់​ឡើយ ដើម្បី​នឹង​តាំង​ឡើង ហើយ​ទប់‌ទល់​ដោយ​សេចក្ដី​យុត្តិ‌ធម៌ និង​សេចក្ដី​សុចរិត ចាប់​តាំង​ពី​ឥឡូវ​នេះ ជា​រៀង‌រាប​ដរាប​ទៅ គឺ​សេចក្ដី​ឧស្សាហ៍​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​នឹង​សម្រេច​ការ​នេះ។
8 ព្រះ‌អម្ចាស់​ទ្រង់​បាន​ផ្ញើ​ព្រះ‌បន្ទូល​មក​ក្នុង​ពួក​យ៉ាកុប ហើយ​ព្រះ‌បន្ទូល​នោះ​បាន​ធ្លាក់​មក ត្រូវ​សាសន៍​អ៊ីស្រា‌អែល
9 បណ្តា‌ជន​ទាំង​អស់​គ្នា​នឹង​ដឹង​ដែរ ទោះ​ទាំង​ពួក​អេប្រា‌អិម និង​ពួក​អ្នក​នៅ​ស្រុក​សាម៉ារី​ផង ជា​ពួក​អ្នក​ដែល​និយាយ​ដោយ​សេចក្ដី​អំនួត និង​ចិត្ត​ធំ​របស់​គេ​ថា
10 ជញ្ជាំង​ឥដ្ឋ​បាន​រលំ​ហើយ តែ​យើង​នឹង​សង់​ឡើង​ដោយ​ថ្ម​ដាប់​វិញ ដើម​ឧទុម្ពរ​បាន​ត្រូវ​កាប់​អស់​ទៅ​ហើយ តែ​យើង​នឹង​យក​ដើម​តាត្រៅ​មក​ជំនួស​វិញ
11 ដូច្នេះ ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​តាំង​ពួក​ខ្មាំង​សត្រូវ​របស់​រេស៊ីន​ឲ្យ​ទាស់​នឹង​គេ ហើយ​និង​ញុះ‌ញង់​ពួក​សត្រូវ​របស់​គេ​ដែរ
12 គឺ​ពួក​សាសន៍​ស៊ីរី​នៅ​ខាង​មុខ ហើយ​ពួក​សាសន៍​ភីលីស្ទីន​នៅ​ខាង​ក្រោយ ពួក​ទាំង​នោះ​នឹង​ហា​មាត់ ត្របាក់​លេប​សាសន៍​អ៊ីស្រា‌អែល​ទៅ ប៉ុន្តែ ទោះ​បើ​ធ្វើ​ទោស​ជា​ច្រើន​ដល់​ម៉្លេះ​ក៏​ដោយ គង់​តែ​សេចក្ដី​ខ្ញាល់​របស់​ទ្រង់​មិន​ទាន់​បែរ​ចេញ​នៅ​ឡើយ គឺ​ព្រះ‌ហស្ត​ទ្រង់​នៅ​តែ​លូក​មក​ទៀត។
13 រីឯ​បណ្តា‌ជន​ទាំង‌ឡាយ​គេ​មិន​បាន​វិល​មក​ឯ​ព្រះ ដែល​ទ្រង់​បាន​វាយ‌ផ្ចាល​គេ ក៏​មិន​ស្វែង​រក​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ឡើយ
14 ហេតុ​នោះ​បាន​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​កាត់​ទាំង​ក្បាល និង​កន្ទុយ ទាំង​មែក ហើយ​និង​ធាង​របស់​សាសន៍​អ៊ីស្រា‌អែល​ចេញ ក្នុង​ថ្ងៃ​តែ​១
15 ឯ​ក្បាល គឺ​ជា​ពួក​អ្នក​ចាស់‌ទុំ និង​ពួក​មាន​កិត្តិយស ហើយ​កន្ទុយ គឺ​ជា​ពួក​ហោរា​ដែល​បង្រៀន​សេចក្ដី​ភូត‌ភរ
16 ដ្បិត​ពួក​អ្នក​ដែល​ដឹក‌នាំ​សាសន៍​នេះ គេ​នាំ​ឲ្យ​វង្វេង​ទេ ហើយ​ពួក​អ្នក​ដែល​គេ​នាំ​មុខ នោះ​ក៏​ត្រូវ​បំផ្លាញ​ទៅ
17 ដូច្នេះ ព្រះ‌អម្ចាស់​ទ្រង់​នឹង​មិន​រីក‌រាយ​ចំពោះ​ពួក​កំលោះ​គេ​ឡើយ ក៏​មិន​អាសូរ​ករុណា​ចំពោះ​ពួក​កំព្រា និង​ពួក​ស្រី​មេម៉ាយ​របស់​គេ​ដែរ ពី​ព្រោះ​គ្រប់​គ្នា​ជា​អ្នក​ទមិឡ​ល្មើស ហើយ​ជា​អ្នក​ប្រព្រឹត្ត​លាមក​អាក្រក់ គ្រប់​ទាំង​មាត់​ក៏​បញ្ចេញ សុទ្ធ​តែ​សេចក្ដី​ចម្កួត ប៉ុន្តែ ទោះ​បើ​ធ្វើ​ទោស​ជា​ច្រើន​ម៉្លេះ​ក៏​ដោយ គង់​តែ​សេចក្ដី​ខ្ញាល់​របស់​ទ្រង់​មិន​ទាន់​បែរ​ចេញ​នៅ​ឡើយ គឺ​ព្រះ‌ហស្ត​ទ្រង់​នៅ​តែ​លូក​មក​ទៀត។
18 ដ្បិត​អំពើ​អាក្រក់​ឆេះ​ដូច​ជា​ភ្លើង ក៏​ឆេះ​បន្សុស​ទាំង​អញ្ចាញ និង​គុម្ព​បន្លា​អស់​រលីង​ទៅ អើ ភ្លើង​នោះ​ក៏​កាត់​ឡើង​ក្នុង​ទី​ស្តុក​នៅ​ព្រៃ ហើយ​ឆេះ​រាល​ឡើង​ហុយ​ផ្សែង​ទ្រលោម
19 ដោយ​សេចក្ដី​ក្រោធ​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ នោះ​ស្រុក​ត្រូវ​ឆេះ​រលីង​ទៅ ហើយ​បណ្តា‌ជន​ក៏​ដូច​ជា​ចំណី​ភ្លើង គ្មាន​អ្នក​ណា​ប្រណី​ដល់​បង​ប្អូន​ខ្លួន​ទេ
20 ម្នាក់​នឹង​កញ្ឆក់​យក​ពី​ខាង​ស្តាំ ប៉ុន្តែ នឹង​នៅ​តែ​ឃ្លាន​ទៀត ហើយ​ម្នាក់​ខាង​ឆ្វេង​នឹង​ស៊ី​ទៅ​ឥត​បាន​ឆ្អែត​ឡើយ គេ​នឹង​ស៊ី​សាច់​ដើម​ដៃ​ខ្លួន​គ្រប់ៗ​គ្នា
21 គឺ​ម៉ាន៉ាសេ​នឹង​ស៊ី​សាច់​អេប្រា‌អិម ហើយ​អេប្រា‌អិម​នឹង​ស៊ី​សាច់​ម៉ាន៉ាសេ ហើយ​ទាំង​២​ពួក​នោះ​នឹង​ទាស់​ទទឹង​នឹង​ពួក​យូដា ប៉ុន្តែ ទោះ​បើ​ធ្វើ​ទោស​ជា​ច្រើន​ដល់​ម៉្លេះ​ក៏​ដោយ គង់​តែ​សេចក្ដី​ខ្ញាល់​របស់​ទ្រង់​មិន​ទាន់​បែរ​ចេញ​នៅ​ឡើយ គឺ​ព្រះ‌ហស្ត​ទ្រង់​នៅ​តែ​លូក​មក​ទៀត។


ជំពូក 10

1 វេទនា​ដល់​ពួក​អ្នក ដែល​ចេញ​បញ្ញត្ត​ទុច្ចរិត និង​ពួក​អ្នក​ដែល​តែង​ច្បាប់​វៀច‌វេរ
2 ដើម្បី​នឹង​បង្វែរ​ពួក​កំសត់​ទុគ៌ត​ចេញ​ពី​សេចក្ដី​យុត្តិ‌ធម៌ ហើយ​ដក​យក​អំណាច​ច្បាប់​ចេញ​ពី​មនុស្ស​ទាល់​ក្រ ក្នុង​ពួក​រាស្ត្រ​របស់​អញ ឲ្យ​តែ​បាន​ពួក​ស្រី​មេម៉ាយ​ទុក​ជា​របឹប ហើយ​ធ្វើ​ឲ្យ​ពួក​កំព្រា​បាន​ជា​រំពា​ដល់​ខ្លួន
3 តើ​ឯង​រាល់​គ្នា​នឹង​ធ្វើ​ដូច​ម្តេច​ក្នុង​ថ្ងៃ​ពិនិត្យ‌ពិច័យ ហើយ​ក្នុង​ការ​បំផ្លាញ​ដែល​នឹង​មក​ពី​ទី​ឆ្ងាយ តើ​ឯង​រាល់​គ្នា​នឹង​រត់​ទៅ​ពឹង​ដល់​អ្នក​ណា តើ​នឹង​ផ្ញើ​សក្តិ‌យស​របស់​ឯង​ទុក​នៅ​ឯ​ណា
4 នៅ​គ្រា​នោះ ឯង​នឹង​បាន​តែ​កន្លែង​ឱន​ចុះ នៅ​កណ្តាល​ពួក​ឈ្លើយ​ប៉ុណ្ណោះ ហើយ​និង​ត្រូវ​ដួល នៅ​ក្រោម​ខ្មោច​នៃ​ពួក​អ្នក​ដែល​ត្រូវ​គេ​សម្លាប់ ទោះ​បើ​ធ្វើ​ទោស​ជា​ច្រើន​ដល់​ម៉្លេះ​ក៏​ដោយ គង់​តែ​សេចក្ដី​ខ្ញាល់​របស់​ទ្រង់​មិន​ទាន់​បែរ​ចេញ​នៅ​ឡើយ គឺ​ព្រះ‌ហស្ត​ទ្រង់​នៅ​តែ​លូក​មក​ទៀត។
5 វេទនា​ដល់​ពួក​សាសន៍​អាសស៊ើរ ដែល​ជា​ដំបង​នៃ​សេចក្ដី​កំហឹង​របស់​អញ ហើយ​រំពាត់​នៅ​ដៃ​គេ គឺ​ជា​សេចក្ដី​គ្នាន់‌ក្នាញ់​របស់​អញ
6 អញ​នឹង​ចាត់​គេ​ឲ្យ​ទៅ​ទាស់​នឹង​នគរ​១​ដែល​ទមិឡ​ល្មើស ហើយ​និង​បង្គាប់​ការ​ដល់​គេ ឲ្យ​ទាស់​នឹង​សាសន៍១​ដែល​ត្រូវ​សេចក្ដី​ក្រោធ​របស់​អញ ឲ្យ​បាន​ចាប់​យក​របឹប ចាប់​រំពា ហើយ​ជាន់​ឈ្លី​សាសន៍​នោះ​ដូច​ជា​ភក់​នៅ​ផ្លូវ​ផង
7 ប៉ុន្តែ គេ​មិន​យល់​ដូច្នោះ​ទេ ហើយ​ចិត្ត​គេ​ក៏​មិន​គិត​ឃើញ​ដល់​ម៉្លោះ​ដែរ គឺ​មាន​ចិត្ត​ចង់​បំផ្លាញ​វិញ ក៏​ចង់​កាត់​នគរ​ជា​ច្រើន ឲ្យ​សូន្យ​ចេញ មិន​តិច​ឡើយ
8 ដ្បិត​គេ​ថា ឯ​ចៅ‌ហ្វាយ​របស់​អញ​ទាំង​ប៉ុន្មាន តើ​មិន​មែន​ជា​ស្តេច​គ្រប់​គ្នា​ទេ​ឬ​អី
9 ឯ​ក្រុង​កាលនរ តើ​មិន​មែន​ដូច​ជា​ក្រុង​កើកេមីស​ទេ​ឬ​អី ក្រុង​ហាម៉ាត តើ​មិន​មែន​ដូច​ជា​ក្រុង​អើផាឌ ហើយ​ក្រុង​សាម៉ារី តើ​មិន​មែន​ដូច​ជា​ក្រុង​ដាម៉ាស​ទេ​ឬ​អី
10 ដៃ​អញ​បាន​លូក​ទៅ​ចាប់​យក​អស់​ទាំង​នគរ ដែល​គោរព​ដល់​រូប​ព្រះ ជា​ស្រុក​ដែល​មាន​រូប​ឆ្លាក់​វិសេស​ជាង​រូប​ឆ្លាក់​នៅ​ក្រុង​យេរូ‌សាឡឹម និង​ក្រុង​សាម៉ារី​ទៅ​ហើយ
11 ចុះ​តើ​អញ​នឹង​មិន​ធ្វើ​ដល់​ក្រុង​យេរូ‌សាឡឹម និង​រូប​ព្រះ​របស់​គេ ដូច​ជា​បាន​ធ្វើ​ដល់​ក្រុង​សាម៉ារី និង​រូប​ព្រះ​របស់​គេ​ដែរ​ទេ​ឬ​អី។
12 ព្រោះ​ហេតុ​នោះ កាល​ណា​អញ ជា​ព្រះ‌អម្ចាស់​បាន​សម្រេច​គ្រប់​ទាំង​ការ​របស់​អញ នៅ​លើ​ភ្នំ​ស៊ីយ៉ូន និង​ក្រុង​យេរូ‌សាឡឹម​ហើយ នោះ​អញ​នឹង​ធ្វើ​ទោស​ដល់​ស្តេច​អាសស៊ើរ ដោយ​ព្រោះ​ការ​ដែល​សេចក្ដី​អំនួត​របស់​គេ​បាន​ធ្វើ ហើយ​ដល់​សេចក្ដី​អង់‌អាច​នៃ​ឫក​ខ្ពស់​របស់​គេ​ដែរ។
13 ដ្បិត​គេ​បាន​ថា យើង​បាន​ធ្វើ​ការ​នេះ​ដោយ​កម្លាំង​ដៃ​យើង ហើយ​ដោយ​ប្រាជ្ញា​របស់​យើង​ដែរ ដោយ​យើង​មាន​យោបល់​ពិត យើង​បាន​ដក​ព្រំ‌ដែន​នៃ​សាសន៍​ទាំង​ប៉ុន្មាន​ចោល ក៏​បាន​រឹប​យក​ទ្រព្យ‌សម្បត្តិ​គេ ហើយ​បាន​ប្រព្រឹត្ត​ដូច​ជា​មនុស្ស​មាន​ចិត្ត​ក្លាហាន គឺ​បាន​ទម្លាក់​ស្តេច​ដែល​អង្គុយ​លើ​បល្ល័ង្ក​បង់
14 ដៃ​យើង​យក​បាន​ទ្រព្យ‌សម្បត្តិ​នៃ​អស់​ទាំង​សាសន៍ ដូច​ជា​យក​បាន​សំបុក​សត្វ ក៏​ដូច​ជា​ប្រមូល​ពង​សត្វ ដែល​មេ​ចោល​ហើយ​ជា​យ៉ាង​ណា យើង​ក៏​បាន​ប្រមូល​រួប‌រួម​លោក​ទាំង​មូល​យ៉ាង​នោះ​ដែរ ឥត​មាន​ណា​មួយ​កម្រើក​ស្លាប ឬ​ហា​មាត់ ឬ​ស្រែក​ចេច‌ចាច​ឡើយ។
15 ឯ​ពូថៅ តើ​នឹង​អួត​ខ្លួន​ចំពោះ​អ្នក​ដែល​ប្រើ​វា​ឬ​អី តើ​រណារ​នឹង​តម្កើង​ខ្លួន​ចំពោះ​អ្នក​ដែល​អារ​ដែរ​ឬ នេះ​ឧបមា​ដូច​ជា​រំពាត់​ដែល​នឹង​យារ​អ្នក​ដែល​លើក​វា​ឡើង ឬ​ដូច​ជា​ដំបង​នឹង​លើក​មនុស្ស​ឡើង ជា​មនុស្ស​ដែល​មិន​មែន​ធ្វើ​ជា​ឈើ​ផង
16 ព្រោះ​ហេតុ​នោះ ព្រះ‌អម្ចាស់​ជា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​នឹង​ចាត់​សេចក្ដី​ស្គម‌ស្គាំង​ទៅ​កណ្តាល ពួក​ធាត់ៗ​របស់​គេ ហើយ​នៅ​ក្រោម​សិរី‌ល្អ​របស់​គេ នោះ​នឹង​ឆួល​ឡើង​ដូច​ជា​ភ្លើង​ឆេះ
17 ឯ​ពន្លឺ​នៃ​សាសន៍​អ៊ីស្រា‌អែល នោះ​នឹង​បាន​សម្រាប់​ជា​ភ្លើង ហើយ​ព្រះ​ដ៏​បរិសុទ្ធ​របស់​គេ​ជា​អណ្តាត​ភ្លើង ភ្លើង​នោះ​នឹង​ឆេះ​ឡើង ហើយ​បន្សុស​ពួក​បន្លា និង​អញ្ចាញ​របស់​គេ​នៅ​ថ្ងៃ​តែ​១
18 ព្រម​ទាំង​ធ្វើ​ឲ្យ​លំអ​នៃ​ព្រៃ និង​ចម្ការ​ដុះ‌ដាល​របស់​គេ​សាប‌សូន្យ​ទៅ ទាំង​ព្រលឹង និង​រូប​កាយ​របស់​គេ​ផង នោះ​នឹង​បាន​ដូច​ជា​មនុស្ស​កើត​ជំងឺ ដែល​នាំ​ឲ្យ​ខ្លួន​រីងរៃ​ស្លាប់​ទៅ
19 ឯ​សំណល់​ដើម​ឈើ ដែល​សល់​នៅ​ក្នុង​ព្រៃ​របស់​គេ នោះ​នឹង​បាន​តិច​ណាស់ ដល់​ម៉្លេះ​បាន​ជា​កូន​ក្មេង​នឹង​អាច​កត់​ទុក​បាន។
20 នៅ​ថ្ងៃ​នោះ សំណល់​ពួក​សាសន៍​អ៊ីស្រា‌អែល និង​អស់​អ្នក​ក្នុង​ពូជ‌ពង្ស​យ៉ាកុប​ដែល​បាន​រួច​ខ្លួន​មក គេ​នឹង​លែង​ពឹង​ផ្អែក​លើ​មនុស្ស​ដែល​បាន​វាយ​គេ​ត​ទៅ ហើយ​និង​ផ្អែក​លើ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រា‌អែល​ដោយ​ពិត​ត្រង់​វិញ
21 ឯ​ពួក​ដែល​សល់ គឺ​ជា​សំណល់​នៃ​ពួក​យ៉ាកុប គេ​នឹង​ត្រឡប់​មក​ឯ​ព្រះ​ដ៏​មាន​ព្រះ‌ចេស្តា​វិញ
22 ឱ​អ៊ីស្រា‌អែល​អើយ ទោះ​បើ​សាសន៍​ឯង​បាន​ដូច​ជា​ខ្សាច់​នៅ​សមុទ្រ​ក៏​ដោយ គង់​តែ​នឹង​មាន​តែ​សំណល់​ប៉ុណ្ណោះ​ដែល​មក​វិញ ដ្បិត​បាន​សម្រេច​ឲ្យ​មាន​ការ​បំផ្លាញ ដោយ​សេចក្ដី​សុចរិត​ដ៏​លើស‌លន់
23 ពី​ព្រោះ​ព្រះ‌អម្ចាស់​ជា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​នឹង​បង្ហើយ​ការ​បំផ្លាញ​សព្វ​គ្រប់​នៅ​កណ្តាល​ស្រុក​ទាំង​មូល ដូច​ជា​បាន​សម្រេច​ហើយ។
24 ដូច្នេះ ព្រះ‌អម្ចាស់ ជា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ឱ​រាស្ត្រ​អញ ដែល​អាស្រ័យ​នៅ​ក្រុង​ស៊ីយ៉ូន​អើយ កុំ​ឲ្យ​ខ្លាច​ចំពោះ​សាសន៍​អាសស៊ើរ​នោះ​ឡើយ ទោះ‌បី​គេ​វាយ​ឯង​ដោយ​រំពាត់ ហើយ​លើក​ដំបង​ខ្លួន​ឡើង​ទាស់​នឹង​ឯង ដូច​យ៉ាង​សាសន៍​អេស៊ីព្ទ​ក៏​ដោយ
25 ដ្បិត​នៅ​តែ​បន្តិច​ទៀត សេចក្ដី​គ្នាន់‌ក្នាញ់​នឹង​បាន​សម្រេច ហើយ​សេចក្ដី​កំហឹង​របស់​អញ នឹង​បែរ​ទៅ​ជា​បំផ្លាញ​ដល់​គេ​វិញ
26 ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​នឹង​ពន្យុះ​រំពាត់​១​មក​ទាស់​នឹង​គេ បែប​ដូច​ជា​កាល​ប្រហារ​ជីវិត​សាសន៍​ម៉ាឌាន​នៅ​ត្រង់​ថ្ម​អូរិប ទ្រង់​នឹង​យារ​ដំបង​ពី​លើ​ទឹក​សមុទ្រ ដូច​យ៉ាង​របៀប​នៅ​ស្រុក​អេស៊ីព្ទ​ដែរ
27 នៅ​ថ្ងៃ​នោះ បន្ទុក​ដែល​គេ​ដាក់​លើ​ឯង​នឹង​បាត់​ចេញ​ពី​ស្មា​ឯង​ទៅ ហើយ​នឹម​ដែល​គេ​ដាក់​លើ​ឯង​នឹង​បាត់​ចេញ​ពី​ក​ឯង​ដែរ ឯ​នឹម​នោះ​នឹង​ត្រូវ​បំផ្លាញ ដោយ​ព្រោះ​ពិធី​លាប​ប្រេង។
28 គេ​បាន​ឡើង​មក​ដល់​អៃយ៉ាត គេ​បាន​ដើរ​កាត់​ស្រុក​មីករ៉ូន មក​ដាក់​អីវ៉ាន់​របស់​គេ​នៅ​ត្រង់​មីក‌ម៉ាស​ហើយ
29 គេ​បាន​ឆ្លង​មក​ហួស​ផ្លូវ​កាត់​ភ្នំ ហើយ​បាន​ឈប់​ស្នាក់​នៅ​ត្រង់​កេបា ក្រុង​រ៉ាម៉ា​ក៏​ភ័យ‌ញ័រ ហើយ​ពួក​គីបៀរ ជា​ស្រុក​របស់​សូល បាន​រត់​អស់​ហើយ
30 ឱ​កូន​ស្រី​នៃ​ក្រុង​កាលីម​អើយ ចូរ​បន្លឺ​សំឡេង​ឡើង ឱ​ពួក​ក្រុង​ឡាអ៊ីស​អើយ ចូរ​ស្តាប់​ចុះ ឱ​ពួក​ក្រុង​អាន៉ា‌ថោត​អើយ គួរ​អាណិត​ឯង​ណាស់​ហ្ន៎
31 ពួក​ម៉ាត‌មេណា​បាន​រត់​រួច​ទៅ​ហើយ ឯ​ពួក​កេប៊ីម​ក៏​កំពុង​តែ​រត់​ដែរ
32 នៅ​ថ្ងៃ​នេះ​ឯង ពួក​ខ្មាំង​នឹង​ឈប់​ស្នាក់​នៅ​ត្រង់​ក្រុង​ណូប គេ​ជន្ល​ដៃ​កំហែង​ភ្នំ​នៃ​កូន​ស្រី​ក្រុង​ស៊ីយ៉ូន គឺ​ភ្នំ​នៃ​ក្រុង​យេរូ‌សាឡឹម
33 មើល ព្រះ‌អម្ចាស់ ជា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​នឹង​ផ្តាច់​មែក​ឈើ ដោយ​សេចក្ដី​ស្ញែង‌ខ្លាច នោះ​ពួក​ដែល​មាន​កំពស់​នឹង​ត្រូវ​កាប់​រំលំ​ចុះ ហើយ​ពួក​នៅ​ទី​ខ្ពស់ នឹង​ត្រូវ​បន្ទាប​វិញ
34 ទ្រង់​នឹង​ត្រាយ​ព្រៃ​ស្តុក​ដោយ​គ្រឿង​ដែក ហើយ​ព្រៃ​ល្បាណូន​នឹង​ត្រូវ​ដួល​ទៅ ដោយ​អំណាច​នៃ​អ្នក​មាន​អានុ‌ភាព។


ជំពូក 11

1 មាន​លំពង់​១​នឹង​ដុះ​ចេញ​ពី​គល់​របស់​អ៊ីសាយ ហើយ​មែក​១ ដែល​ចេញ​ពី​ឫស​គាត់​នឹង​កើត​មាន​ផល​ផ្លែ
2 ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា​នឹង​សណ្ឋិត​នៅ​លើ​អ្នក​នោះ គឺ​ជា​ព្រះ‌វិញ្ញាណ​នៃ​ប្រាជ្ញា និង​យោបល់ ជា​ព្រះ‌វិញ្ញាណ​នៃ​គំនិត​វាង‌វៃ និង​ឫទ្ធា‌នុភាព ជា​ព្រះ‌វិញ្ញាណ​នៃ​សេចក្ដី​ចេះ​ដឹង និង​សេចក្ដី​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា
3 អ្នក​នោះ​នឹង​វៃ​រហ័ស​ចំពោះ​សេចក្ដី​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា ហើយ​និង​ជំនុំ‌ជម្រះ​មិន​មែន​តាម​ភ្នែក​មើល​ឃើញ ឬ​សម្រេច​សេចក្ដី​តាម​ត្រចៀក​ស្តាប់​ឮ​នោះ​ឡើយ
4 គឺ​នឹង​ជំនុំ‌ជម្រះ​ពួក​ទ័ល‌ក្រ ដោយ​សេចក្ដី​សុចរិត ហើយ​សម្រេច​ក្តី​ឲ្យ​មនុស្ស​រាបសា​នៅ​ផែនដី ដោយ​សេចក្ដី​ទៀង​ត្រង់ ក៏​នឹង​វាយ​ផែនដី​ដោយ​រំពាត់​នៃ​មាត់​ខ្លួន ព្រម​ទាំង​ប្រហារ​ជីវិត​មនុស្ស​ដែល​ប្រព្រឹត្ត​អាក្រក់ ដោយ​ខ្យល់​ដង្ហើម​ពី​បបូរ​មាត់​ផង
5 សេចក្ដី​សុចរិត​នឹង​បាន​ជា​ខ្សែ​ក្រវាត់​ចង្កេះ​របស់​អ្នក​នោះ ហើយ​សេចក្ដី​ស្មោះ‌ត្រង់​ជា​ខ្សែ​ក្រវាត់​កម្លាំង​ផង។
6 នៅ​គ្រា​នោះ ឆ្កែ​ព្រៃ​នឹង​នៅ​ជា​មួយ​នឹង​កូន​ចៀម ឯ​ខ្លា‌រខិន​នឹង​ដេក​នៅ​ជា​មួយ​នឹង​កូន​ពពែ ឯ​កូន​គោ និង​សិង្ហ​ស្ទាវ ព្រម​ទាំង​សត្វ​បំប៉ន​យ៉ាង​ធាត់​នឹង​នៅ​ជា​មួយ​គ្នា ហើយ​ក្មេង​តូចៗ​ជា​អ្នក​គង្វាល​វា
7 គោ​ញី និង​ខ្លា‌ឃ្មុំ​នឹង​រក​ស៊ី​ជា​មួយ​គ្នា ហើយ​កូន​វា​នឹង​ដេក​នៅ​ជា​មួយ​ដែរ ឯ​សិង្ហ​នឹង​ស៊ី​ចំបើង​ដូច​ជា​គោ​វិញ
8 កូន​មនុស្ស​ដែល​នៅ​បៅ​ដោះ​នឹង​លេង​នៅ​ត្រង់​មាត់​រន្ធ​ពស់​ហនុមាន ហើយ​ក្មេង​លែង​ដោះ​នឹង​លូក​ដៃ​ចូល​ទៅ​ក្នុង​រូង​ពស់‌វែក​បាន
9 វា​រាល់​គ្នា​នឹង​មិន​ធ្វើ​ទុក្ខ ឬ​បំផ្លាញ​គ្នា នៅ​គ្រប់​លើ​ភ្នំ​បរិសុទ្ធ​របស់​អញ ដ្បិត​គ្រប់​ទាំង​អស់​នឹង​ស្គាល់​ព្រះ‌យេហូវ៉ា នៅ​ពេញ‌ពាស​លើ​ផែនដី ដូច​ជា​ទឹក​នៅ​ពេញ‌ពាស​ក្នុង​សមុទ្រ​ដែរ
10 នៅ​គ្រា​នោះ ឫស​នៃ​អ៊ីសាយ​នឹង​បាន​តាំង​ឡើង ទុក​ជា​ទង់​ដល់​សាសន៍​ទាំង‌ឡាយ ឯ​គ្រប់​សាសន៍​គេ​នឹង​ស្វែង​រក​អ្នក​នោះ ឯ​ទី​សម្រាក​របស់​អ្នក​នោះ​នឹង​បាន​ជា​ទី​រុងរឿង​ឧត្តម។
11 នៅ​គ្រា​នោះ​ព្រះ‌អម្ចាស់​ទ្រង់​នឹង​លូក​ព្រះ‌ហស្ត​ទ្រង់​ទៅ​ម្តង​ទៀត ដើម្បី​នឹង​ប្រមូល​ពួក​សំណល់​នៃ​រាស្ត្រ​ទ្រង់​ដែល​សល់​នៅ ឲ្យ​មក​ពី​ស្រុក​អាសស៊ើរ ស្រុក​អេស៊ីព្ទ ស្រុក​ប៉ាត្រូស ស្រុក​គូស ស្រុក​អេឡាំ ស្រុក​ស៊ីណើរ ស្រុក​ហាម៉ាត ហើយ​ពី​អស់​ទាំង​កោះ​នៅ​សមុទ្រ​មក​វិញ
12 ទ្រង់​នឹង​លើក​ទង់​១​ឡើង​សម្រាប់​អស់​ទាំង​សាសន៍ ហើយ​និង​ប្រមូល​ពួក​ព្រាត់‌ប្រាស​នៃ​សាសន៍​អ៊ីស្រា‌អែល ព្រម​ទាំង​រួប‌រួម​ពួក​ខ្ចាត់​ខ្ចាយ​របស់​សាសន៍​យូដា​មក​ពី​ទិស​ទាំង​៤​នៃ​ផែនដី
13 ឯ​សេចក្ដី​ច្រណែន​របស់​ពួក​អេប្រា‌អិម នោះ​នឹង​បាត់​ទៅ ហើយ​អស់​អ្នក​ក្នុង​ពួក​យូដា​ដែល​ធ្វើ​ទុក្ខ​គេ​នឹង​ត្រូវ​កាត់​ចេញ ពួក​អេប្រា‌អិម​នឹង​លែង​មាន​សេចក្ដី​ច្រណែន​ចំពោះ​ពួក​យូដា ហើយ​ពួក​យូដា​នឹង​លែង​ធ្វើ​ទុក្ខ​ដល់​ពួក​អេប្រា‌អិម
14 គេ​នឹង​រួម​ចិត្ត​គ្នា​ឆាប​ចុះ​ទៅ​លើ​ស្មា​សាសន៍​ភីលីស្ទីន​នៅ​ទិស​ខាង​លិច ក៏​នឹង​ប្លន់​ពួក​អ្នក​នៅ​ស្រុក​ខាង​កើត​ជា​មួយ​គ្នា គេ​នឹង​លូក​ដៃ​ទៅ​បង្ក្រាប​សាសន៍​អេដុម និង​សាសន៍​ម៉ូអាប់ ឯ​ពួក​កូន​ចៅ​អាំម៉ូន​នឹង​ស្តាប់​បង្គាប់​គេ​ដែរ
15 ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​បំផ្លាញ​ដៃ​សមុទ្រ​អេស៊ីព្ទ​អស់​រលីង ហើយ​និង​លើក​ព្រះ‌ហស្ត​ទៅ​លើ​ទន្លេ បញ្ចេញ​ខ្យល់​ដ៏​ខ្លាំង​របស់​ទ្រង់ ទៅ​វាយ​ទន្លេ​ឲ្យ​បែក​ជា​៧​ផ្លូវ ដើម្បី​ឲ្យ​មនុស្ស​ដែល​ពាក់​ស្បែក​ជើង​ដើរ​ឆ្លង​ទៅ​បាន
16 ហើយ​និង​មាន​ថ្នល់​១​សម្រាប់​ពួក​សំណល់​នៃ​រាស្ត្រ​ទ្រង់ ដែល​រួច​ពី​ស្រុក​អាសស៊ើរ​មក ដូច​ជា​មាន​សម្រាប់​សាសន៍​អ៊ីស្រា‌អែល នៅ​គ្រា​ដែល​គេ​ឡើង​រួច​ពី​ស្រុក​អេស៊ីព្ទ​មក​ដែរ។


ជំពូក 12

1 នៅ​គ្រា​នោះ​ឯង​នឹង​និយាយ​ថា ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​នឹង​អរ​ព្រះ‌គុណ​ដល់​ទ្រង់ ដ្បិត​ទោះ​បើ​ទ្រង់​បាន​ខ្ញាល់​នឹង​ទូល‌បង្គំ​ក៏​ដោយ តែ​ឥឡូវ​នេះ សេចក្ដី​ខ្ញាល់​នោះ​បាន​បែរ​ចេញ​ទៅ​ហើយ ទ្រង់​បាន​កំសាន្ត​ចិត្ត​ទូល‌បង្គំ​វិញ 2មើល ព្រះ‌ទ្រង់​ជា​សេចក្ដី​សង្គ្រោះ​របស់​ខ្ញុំ ខ្ញុំ​នឹង​ទុក​ចិត្ត​ឥត​មាន​សេចក្ដី​ខ្លាច​ឡើយ ពី​ព្រោះ​ព្រះ​ដ៏​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​ជា​កម្លាំង ហើយ​ជា​បទ​ចម្រៀង​របស់​ខ្ញុំ គឺ​ទ្រង់​ដែល​បាន​សង្គ្រោះ​ខ្ញុំ 3ដោយ​ហេតុ​នោះ ឯង​រាល់​គ្នា​នឹង​ដង​ទឹក​ពី​អណ្តូង​នៃ​សេចក្ដី​សង្គ្រោះ​ដោយ​អំណរ 4ហើយ​នៅ​គ្រា​នោះ ឯង​រាល់​គ្នា​នឹង​ពោល​ថា ចូរ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា ចូរ​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ទ្រង់ ចូរ​សរសើរ​ពី​កិច្ច‌ការ​ទាំង​ប៉ុន្មាន​របស់​ទ្រង់​ចុះ នៅ​កណ្តាល​ប្រជា‌ជន​ទាំង‌ឡាយ ចូរ​ប្រកាស​ប្រាប់​ថា ព្រះ‌នាម​ទ្រង់​ខ្ពស់​វិសេស 5ចូរ​ច្រៀង​ថ្វាយ​ព្រះ‌យេហូវ៉ា ពី​ព្រោះ​ទ្រង់​បាន​ធ្វើ​ការ​ដ៏​ប្រសើរ ត្រូវ​ឲ្យ​មនុស្ស​ដឹង​ដំណឹង​នេះ​នៅ​ពេញ​លើ​ផែនដី​ផង 6ឱ​ពួក​អ្នក​នៅ​ក្រុង​ស៊ីយ៉ូន​អើយ ចូរ​បន្លឺ​សំឡេង​ឡើង ហើយ​ស្រែក​ហ៊ោ​ដោយ​អំណរ​ចុះ ដ្បិត​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​ធំ​ប្រសើរ​នៅ​កណ្តាល​ឯង​រាល់​គ្នា។


ជំពូក 13

1 នេះ​ជា​សេចក្ដី​ទំនាយ​យ៉ាង​ធ្ងន់​ដែល​អេសាយ ជា​កូន​អ័ម៉ូស បាន​ឃើញ​ពី​ស្រុក​បាប៊ី‌ឡូន។
2 ចូរ​លើក​ទង់​១​សម្រាប់​ឯង​រាល់​គ្នា នៅ​លើ​ភ្នំ​ត្រងិល​ចុះ ចូរ​បន្លឺ​សំឡេង​ឡើង ហើយ​បោយ​ដៃ​ហៅ ដើម្បី​ឲ្យ​គេ​បាន​ចូល​ទៅ​តាម​ទ្វារ​របស់​ពួក​មនុស្ស​ដ៏​មាន​ត្រកូល​ខ្ពស់
3 អញ​បាន​បង្គាប់​ដល់​ពួក​បរិសុទ្ធ​របស់​អញ អើ អញ​បាន​ហៅ​ពួក​ខ្លាំង​ពូកែ​របស់​អញ សម្រាប់​នឹង​សម្រេច​សេចក្ដី​កំហឹង​របស់​អញ គឺ​ជា​ពួក​អ្នក​ដែល​មាន​សេចក្ដី​អំណរ​ចំពោះ​សេចក្ដី​ខ្ពង់‌ខ្ពស់​របស់​អញ
4 មាន​ឮ​សូរ​គឹក‌កង​របស់​មនុស្ស​កក‌កុញ​នៅ​លើ​ភ្នំ គឺ​ជា​សូរ​ដូច​ជា​ប្រជា‌ជាតិ​យ៉ាង​ធំ ជា​សូរ​អ៊ឹក‌ធឹក​របស់​នគរ​នៃ​សាសន៍​ទាំង​ប៉ុន្មាន​ប្រជុំ​គ្នា គឺ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល​បរិវារ ទ្រង់​កំពុង​តែ​ត្រួត‌ត្រា​មើល​ពល‌ទ័ព​សម្រាប់​ចូល​ច្បាំង
5 គេ​មក​ពី​ស្រុក​ឆ្ងាយ ជា​ប្រទេស​នៅ​ជើង​មេឃ​ទី​បំផុត គឺ​ព្រះ‌យេហូវ៉ា ហើយ​និង​គ្រឿង​អាវុធ​នៃ​សេចក្ដី​គ្នាន់‌ក្នាញ់​របស់​ទ្រង់ ដើម្បី​នឹង​បំផ្លាញ​ស្រុក​នោះ​ទាំង​មូល​ទៅ។
6 ចូរ​ទ្រហោ​សោក​ពិលាប​ចុះ ដ្បិត​ថ្ងៃ​នៃ​ព្រះ‌យេហូវ៉ា​ជិត​ដល់​ហើយ ថ្ងៃ​នោះ​នឹង​មក​ដល់​ទុក​ជា​ការ​បំផ្លាញ​ដែល​មក​ពី​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា
7 ដោយ​ហេតុ​នោះ​បាន​ជា​ដៃ​មនុស្ស​ទាំង​អស់​នឹង​ត្រូវ​ខ្សោយ ហើយ​ចិត្ត​នៃ​មនុស្ស​ទាំង អស់​នឹង​រលត់​ទៅ
8 គេ​នឹង​ស្រយុត​ចិត្ត​ទៅ សេចក្ដី​ឈឺ​ចាប់ និង​សេចក្ដី​ទុក្ខ​លំបាក​នឹង​ចាប់​គេ​បាន គេ​នឹង​ឈឺ​ចាប់ ដូច​ស្ត្រី​ដែល​ហៀប​នឹង​សម្រាល​កូន គេ​នឹង​ស្រឡាំង‌កាំង មើល​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​មាន​ទឹក​មុខ​ស្រមេះ
9 មើល​ថ្ងៃ​នៃ​ព្រះ‌យេហូវ៉ា​កំពុង​តែ​មក​ដល់ ជា​ថ្ងៃ​ដ៏​សហ័ស​ដោយ​សេចក្ដី​ក្រោធ និង​កំហឹង​យ៉ាង​ខ្លាំង ដើម្បី​នឹង​បំផ្លាញ​ស្រុក​ឲ្យ​រលីង ហើយ​និង​ធ្វើ​ឲ្យ​មនុស្ស​មាន​បាប​សូន្យ​ចេញ
10 ពី​ព្រោះ​អស់​ទាំង​ផ្កាយ​នៅ​លើ​មេឃ និង​ផ្កាយ​ចក្រ‌រាសី​នឹង​លែង​បញ្ចេញ​ពន្លឺ ព្រះ‌អាទិត្យ​នឹង​ងងឹត តាំង​តែ​ពី​រះ​ឡើង ហើយ​ព្រះ‌ចន្ទ​ក៏​នឹង​អាប់​រស្មី​ទៅ​ដែរ
11 អញ​នឹង​ធ្វើ​ទោស​ដល់​លោកីយ៍​ដោយ​ព្រោះ​អំពើ​អាក្រក់​របស់​គេ ព្រម​ទាំង​មនុស្ស​ដែល​ប្រព្រឹត្ត​បទ​អាក្រក់ ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​គេ​ផង អញ​នឹង​បំបាត់​សេចក្ដី​ឆ្មើង‌ឆ្មៃ​របស់​ពួក​អំនួត ហើយ​និង​បន្ទាប‌បន្ថោក​ឫក​ខ្ពស់ របស់​មនុស្ស​កាច​អាក្រក់
12 អញ​នឹង​ធ្វើ​ឲ្យ​កម្រ​មាន​មនុស្ស ដូច​ជា​កម្រ​មាន​មាស​សុទ្ធ​ដែរ គឺ​នឹង​ឲ្យ​មនុស្ស​១​នាក់​កម្រ​មាន​ជា​ជាង​មាស​ពី​ស្រុក​អូភារ​ទៅ​ទៀត
13 ដូច្នេះ អញ​នឹង​ធ្វើ​ឲ្យ​ផ្ទៃ​មេឃ​ញាប់‌ញ័រ ហើយ​ផែនដី​នឹង​ត្រូវ​កក្រើក​រំពើក​ចេញ​ពី​កន្លែង​ធម្មតា គឺ​ក្នុង​គ្រា​នៃ​សេចក្ដី​ក្រោធ​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ហើយ​ក្នុង​ថ្ងៃ​នៃ​សេចក្ដី​ខ្ញាល់​ដ៏​សហ័ស​របស់​ទ្រង់
14 នោះ​គេ​នឹង​បាន​ដូច​ជា​ប្រើស​ដែល​ត្រូវ​គេ​ប្រដេញ ហើយ​ដូច​ជា​ហ្វូង​ចៀម​ដែល​ឥត​មាន​អ្នក​គង្វាល គ្រប់​គ្នា​នឹង​វិល​ទៅ​ឯ​សាសន៍​របស់​ខ្លួន​វិញ ហើយ​រត់​ទៅ​ឯ​ស្រុក​របស់​ខ្លួន​គ្រប់ៗ​គ្នា
15 ឯ​អស់​អ្នក​ដែល​ត្រូវ​ប្រទះ​ឃើញ នោះ​នឹង​ត្រូវ​ចាក់​ទម្លុះ ហើយ​អស់​អ្នក​ណា​ដែល​ត្រូវ​ចាប់​បាន នោះ​នឹង​ត្រូវ​ដួល​ដោយ​ដាវ
16 កូន‌ង៉ែត​របស់​គេ​នឹង​ត្រូវ​បោក​ខ្ទេច‌ខ្ទី​នៅ​ចំពោះ​ភ្នែក ផ្ទះ​គេ​នឹង​ត្រូវ​រឹប‌ជាន់ ឯ​ប្រពន្ធ​គេ​នឹង​ត្រូវ​កំហែង​ចិត្ត។
17 មើល អញ​នឹង​ញុះ‌ញង់​សាសន៍​មេឌី​ឲ្យ​ទាស់​នឹង​គេ ជា​សាសន៍​ដែល​មិន​រាប់‌អាន​ប្រាក់ សូម្បី​តែ​មាស​ក៏​មិន​មាន​ចិត្ត​រីក‌រាយ​ដែរ
18 ឯ​ធ្នូ​របស់​សាសន៍​នោះ​នឹង​ផ្តួល​ពួក​កំលោះៗ​អស់​រលីង​ទៅ គេ​នឹង​ឥត​មាន​មេត្តា​ចំពោះ​ផល​កើត​ពី​ផ្ទៃ​ឡើយ ភ្នែក​គេ​មិន​ចេះ​ប្រណី​ដល់​ពួក​ក្មេងៗ​ដែរ
19 នោះ​ក្រុង​បាប៊ី‌ឡូន​ដែល​ជា​សិរី‌ល្អ​នៃ​អស់​ទាំង​នគរ ហើយ​ជា​ទី​លំអ​នៃ​សេចក្ដី​អំនួត​របស់​សាសន៍​ខាល់ដេ នឹង​ត្រូវ​ដូច​ជា​កាល​ព្រះ​បាន​រំលាង​ក្រុង​សូដុម និង​ក្រុង​កូម៉ូរ៉ា​បង់
20 ក្រុង​នោះ​នឹង​គ្មាន​អ្នក​ណា​នៅ​ត​ទៅ​ទៀត​ឡើយ ក៏​មិន​ដែល​មាន​អ្នក​ណា​អាស្រ័យ​នៅ ដរាប​ដល់​អស់​ទាំង​ដំណ​មនុស្ស​ត​ទៅ ទោះ​ទាំង​សាសន៍​អារ៉ាប់ គេ​ក៏​មិន​ដំឡើង​ត្រសាល​នៅ​ទី​នោះ ហើយ​ពួក​គង្វាល​ក៏​មិន​នាំ​ហ្វូង​សត្វ​របស់​គេ​ទៅ​ដេក​នៅ​ទី​នោះ​ដែរ
21 គឺ​នឹង​មាន​តែ​សត្វ​ដែល​នៅ​ទី​រហោ‌ស្ថាន​បាន​ដេក​នៅ​ទី​នោះ​វិញ ឯ​ផ្ទះ​គេ​នឹង​មាន​ពេញ​ដោយ​សំឡេង​សត្វ​យំ សត្វ​អូសទ្រីច​នឹង​អាស្រ័យ​នៅ ហើយ​ពពែ​ព្រៃ​នឹង​លោត‌កញ្ឆេង​នៅ​ទី​នោះ
22 ហ្វូង​ឆ្កែ​ព្រៃ​នឹង​លូ​នៅ​ក្នុង​ដំណាក់​របស់​គេ ហើយ​ស្វាន​នឹង​នៅ​ក្នុង​មន្ទីរ​ជា​ទី​សប្បាយ​របស់​គេ​ដែរ ឯ​ពេល​វេលា​របស់​ទី​ក្រុង​នោះ ក៏​ជិត​ដល់​ហើយ ថ្ងៃ​កំណត់​នឹង​មិន​បន្ថយ​ប៉ុន្មាន​ទេ។


ជំពូក 14

1 ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​អាណិត‌អាសូរ​ដល់​ពួក​យ៉ាកុប ហើយ​និង​រើស​អ៊ីស្រា‌អែល​ទៀត ព្រម​ទាំង​ដាក់​គេ​ឲ្យ​នៅ​ក្នុង​ស្រុក​របស់​គេ​វិញ ឯ​ពួក​អ្នក​ដែល​ស្នាក់​នៅ នោះ​នឹង​ចូល​ពួក​គេ ហើយ​នៅ​ជាប់​នឹង​ពួក​វង្ស​របស់​យ៉ាកុប
2 គឺ​សាសន៍​ទាំង​ប៉ុន្មាន​នឹង​នាំ​យក​គេ​ទៅ​ឯ​កន្លែង​របស់​គេ​វិញ ហើយ​ពួក​វង្ស​របស់​អ៊ីស្រា‌អែល​នឹង​បាន​ពួក​សាសន៍​ទាំង​នោះ​ទុក​ជា​បាវ​ប្រុស​បាវ​ស្រី នៅ​ក្នុង​ស្រុក​របស់​ព្រះ‌យេហូវ៉ា គេ​នឹង​ចាប់​អ្នក​ទាំង​នោះ​ជា​ឈ្លើយ ជា​អ្នក​ដែល​ពី​ដើម​បាន​ចាប់​ខ្លួន​ជា​ឈ្លើយ​នោះ​ឯង ហើយ​និង​គ្រប់‌គ្រង​លើ​ពួក​អ្នក​ដែល​បាន​សង្កត់‌សង្កិន​ខ្លួន​វិញ។
3 នៅ​ថ្ងៃ​ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រោស​ប្រទាន ឲ្យ​ឯង​បាន​សម្រាក​ពី​សេចក្ដី​ទុក្ខ សេចក្ដី​វេទនា ហើយ​ពី​ការ​បម្រើ​យ៉ាង​រឹង‌រូស​ដែល​គេ​បាន​ចាប់​ប្រើ​ឯង
4 នោះ​ឯង​នឹង​ពោល​ពាក្យ​ចំអក​នេះ ដាក់​ស្តេច​ក្រុង​បាប៊ី‌ឡូន​ថា យី​អើ ពួក​សង្កត់‌សង្កិន​បាន​ឈប់​ទ្រឹង​យ៉ាង​ណា​ហ្ន៎ ទី​ក្រុង​មាស​បាន​រលត់​ផុត​យ៉ាង​ណា​ហ្ន៎
5 ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បំបាក់​ដំបង​របស់​មនុស្ស​អាក្រក់ និង​ដំបង​ពេជ្រ​នៃ​អ្នក​គ្រប់‌គ្រង​ហើយ
6 ជា​អ្នក​ដែល​បាន​វាយ​សាសន៍​ទាំង‌ឡាយ ដោយ​ចិត្ត​ក្រេវ‌ក្រោធ​ជានិច្ច ហើយ​បាន​គ្រប់‌គ្រង​លើ​អស់​ទាំង​សាសន៍​ដោយ​សេចក្ដី​កំហឹង ជា​ការ​ញាំ‌ញី​ដែល​ឥត​មាន​អ្នក​ណា​ឃាត់‌ឃាំង​ឡើយ
7 ផែនដី​ទាំង​មូល​បាន​ស្រាក‌ស្រាន្ត​អស់​ហើយ ក៏​ស្ងៀម‌ស្ងប់​ដែរ គេ​ទម្លាយ​សំឡេង​ច្រៀង​ចេញ​មក
8 អើ ទាំង​ដើម​កកោះ​ក៏​រីក‌រាយ​ចំពោះ​ឯង និង​ដើម​តាត្រៅ​នៅ​ភ្នំ​ល្បាណូន​ផង ដោយ​ពាក្យ​ថា តាំង​ពី​ឯង​ត្រូវ​រលំ​ចុះ នោះ​ឥត​មាន​អ្នក​ណា​ឡើង​មក​កាប់​រំលំ​យើង​ទៀត​ទេ
9 ឯ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​នៅ​ខាង​ក្រោម មាន​សេចក្ដី​រំជួល​ដោយ​ព្រោះ​ឯង គឺ​ទាំង​ពួក​អ្នក​ធំ​នៅ​ផែនដី​ផង ក៏​បាន​ឲ្យ​អស់​ទាំង​ស្តេច​នៃ​សាសន៍​ទាំង​ប៉ុន្មាន ក្រោក​ពី​បល្ល័ង្ក​របស់​គេ
10 គេ​នឹង​និយាយ​រចល់​មក​ឯង​គ្រប់​គ្នា​ថា អុញ​ន៏ ឯង​បាន​ទៅ​ជា​ខ្សោយ​ដូច​យើង​ឬ បាន​ត្រឡប់​ដូច​ជា​យើង​ដែរ​ឬ
11 ឯ​សេចក្ដី​រុងរឿង​ឧត្តម​របស់​ឯង បាន​ត្រូវ​នាំ​ចុះ​មក​ដល់​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ព្រម​ទាំង​សូរ​ដេញ​ពិណ​របស់​ឯង​ផង មាន​ដង្កូវ​ក្រាល​ក្រោម​ឯង ហើយ​និង​មាន​ដង្កូវ​គ្រប​ដណ្តប់​ឯង​ដែរ។
12 ឱ​តារា​ប្រចាំ​ថ្ងៃ ជា​ផ្កាយ​ព្រឹក​អើយ ន៏ ឯង​បាន​ធ្លាក់​ចុះ​មក​ពី​លើ​មេឃ​ហើយ ឯង​ដែល​បាន​ផ្តេក​អស់​ទាំង​នគរ​ឲ្យ​រាប ឯង​បាន​ត្រូវ​កាប់​រំលំ​ដល់​ដី​ដែរ​ហ្ន៎
13 ឯង​បាន​គិត​ក្នុង​ចិត្ត​ថា អញ​នឹង​ឡើង​ទៅ​ឯ​ស្ថាន‌សួគ៌ អញ​នឹង​តម្កើង​បល្ល័ង្ក​អញ ឲ្យ​ខ្ពស់​ជាង​អស់​ទាំង​ផ្កាយ​របស់​ព្រះ ហើយ​អញ​នឹង​អង្គុយ​លើ​ភ្នំ​ជា​ទី​ប្រជុំ​ជំនុំ នៅ​ទី​បំផុត​នៃ​ទិស​ខាង​ជើង
14 អញ​នឹង​ឡើង​ទៅ​ផុត​ទី​ខ្ពស់​នៃ​ពពក អញ​នឹង​លើក​ខ្លួន​ឲ្យ​បាន​ដូច​ជា​ព្រះ​ដ៏​ខ្ពស់​បំផុត
15 តែ​ឯង​បាន​ត្រូវ​ទម្លាក់​ចុះ​ដល់​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​វិញ គឺ​ដល់​ទី​ជម្រៅ​នៃ​ជង្ហុក​ធំ
16 ពួក​អ្នក​ដែល​ឃើញ​ឯង គេ​នឹង​សម្លឹង​មើល​ចំ​ឯង ហើយ​ពិចារណា​ឯង​ដោយ​ពាក្យ​ថា តើ​មនុស្ស​នេះ​ឬ​អី ដែល​ធ្លាប់​ធ្វើ​ឲ្យ​ផែនដី​ញាប់‌ញ័រ ហើយ​ឲ្យ​នគរ​ទាំង​ប៉ុន្មាន​កក្រើក​រំពើក​នោះ
17 ជា​អ្នក​ដែល​បាន​ធ្វើ​ឲ្យ​លោកីយ៍​រលីង​ដូច​ជា​សមុទ្រ​ខ្សាច់ ព្រម​ទាំង​បំផ្លាញ​ទី​ក្រុង​ទាំង​ប៉ុន្មាន ឥត​ដែល​លែង​ពួក​ឈ្លើយ​ឲ្យ​ត្រឡប់​ទៅ​ឯ​ផ្ទះ​គេ​វិញ​ឡើយ
18 ឯ​សព​នៃ​អស់​ទាំង​ស្តេច​របស់​សាសន៍​ទាំង​ប៉ុន្មាន សុទ្ធ​តែ​ដេក​នៅ​ក្នុង​ទី​រុងរឿង​នា​ម៉ុង​របស់​គេ​រៀង​ខ្លួន
19 តែ​ឯង​បាន​ត្រូវ​បោះ​ចោល​ចេញ​ឆ្ងាយ​ពី​ម៉ុង​ឯង​ទៅ ដូច​ជា​មែក​ដែល​គួរ​ខ្ពើម​វិញ គឺ​ដូច​ជា​អាវ​របស់​មនុស្ស​ដែល​ត្រូវ​គេ​សម្លាប់ ជា​អ្នក​ដែល​ត្រូវ​គេ​ចាក់​ទម្លុះ​ដោយ​ដាវ ហើយ​ក៏​ចុះ​ទៅ​ដល់​ថ្ម​នៅ​ក្នុង​រណ្តៅ ដូច​ជា​ខ្មោច​ដែល​គេ​ជាន់​ឈ្លី​ដោយ​ជើង
20 ឯង​នឹង​មិន​បាន​មូល​ទៅ​ជា​មួយ​នឹង​គេ​នៅ​ក្នុង​ផ្នូរ​ទេ ពី​ព្រោះ​ឯង​បាន​បំផ្លាញ​ស្រុក​របស់​ឯង ហើយ​បាន​សម្លាប់​ប្រជា‌ជន​របស់​ឯង​ផង ឯ​ពូជ​នៃ​មនុស្ស​អាក្រក់ នឹង​ឥត​មាន​អ្នក​ណា​ចេញ​ឈ្មោះ​គេ​នៅ​អស់‌កល្ប‌ជានិច្ច។
21 ចូរ​ចាត់‌ចែង​ការ​សម្លាប់​ពួក​កូន ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​ឪពុក​វា ដើម្បី​កុំ​ឲ្យ​វា​តាំង​ខ្លួន​ឡើង​ធ្វើ​ជា​ម្ចាស់​ផែនដី​ទៀត ហើយ​សង់​ទី​ក្រុង​ឲ្យ​ពេញ‌ពាស​ក្នុង​លោកីយ៍​ឡើយ
22 ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​នឹង​ក្រោក​ឡើង​ទាស់​នឹង​គេ ហើយ​កាត់​ទាំង​ឈ្មោះ និង​សំណល់​មនុស្ស ទាំង​កូន និង​ចៅ ចេញ​ពី​ក្រុង​បាប៊ី‌ឡូន​ផង នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា
23 ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​នឹង​បំផ្លាស់​ទី​នោះ​ឲ្យ​ទៅ​ជា​លំនៅ​របស់​សត្វ​ប្រមា ហើយ​ជា​ត្រពាំង​ទឹក អញ​ក៏​នឹង​បោស​ដោយ​អំបោស​ជា​ការ​បំផ្លាញ។
24 ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​បាន​ស្បថ​ថា ពិត​ប្រាកដ​ជា​នឹង​កើត​មាន​ដូច​ជា​អញ​បាន​គិត​ហើយ ក៏​នឹង​សម្រេច​ដូច​ជា​អញ​បាន​កំណត់​ទុក​ផង
25 គឺ​អញ​នឹង​បំបាក់​ទ័ព​ពួក​អាសស៊ើរ ដែល​នៅ​ក្នុង​ស្រុក​អញ ហើយ​និង​ជាន់​ឈ្លី​គេ​នៅ​លើ​ភ្នំ​របស់​អញ គ្រា​នោះ នឹម​របស់​គេ​នឹង​បាត់​ទៅ ហើយ​បន្ទុក​របស់​គេ​នឹង​បាត់​ពី​ស្មា​ចេញ
26 នេះ​ហើយ​ជា​ការ​ដែល​បាន​សម្រេច​នឹង​ធ្វើ នៅ​លើ​ផែនដី​ទាំង​មូល ហើយ​នេះ​ជា​ព្រះ‌ហស្ត​ដែល​បាន​សន្ធឹង​ទៅ​លើ​នគរ​ទាំង​ពួង
27 ដ្បិត​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​បាន​សម្រេច​នឹង​ធ្វើ​ហើយ តើ​អ្នក​ណា​នឹង​រំលប់‌រំលាង​បាន ព្រះ‌ហស្ត​នៃ​ទ្រង់​បាន​លូក​ទៅ​ហើយ តើ​អ្នក​ណា​នឹង​បង្វិល​ឲ្យ​ត្រឡប់​ទៅ​វិញ​បាន។
28 នៅ​ឆ្នាំ​ដែល​ស្តេច​អេហាស​សុគត​ទៅ នោះ​មាន​សេចក្ដី​ទំនាយ​យ៉ាង​ធ្ងន់​នេះ
29 គឺ​ថា នែ ពួក​ភីលីស្ទីន​អើយ កុំ​ឲ្យ​រីក‌រាយ​ពេញ​ល្បុង ដោយ​ព្រោះ​រំពាត់​ដែល​ធ្លាប់​វាយ​ឯង​បាន​ចាក់​ហើយ​នោះ​ឡើយ ដ្បិត​នឹង​កើត​មាន​ពស់‌វែក​ចេញ​ពី​ពូជ​សត្វ​ពស់​មក ហើយ​កូន​របស់​វា​នឹង​ទៅ​ជា​ពស់​ភ្លើង​ហោះ
30 នោះ​កូន​ច្បង​របស់​ពួក​មនុស្ស​ទាល់​ក្រ​នឹង​មាន​អាហារ​បរិភោគ ហើយ​មនុស្ស​កំសត់​ទុគ៌ត​នឹង​ដេក​ទៅ​ដោយ​សុខ‌សាន្ត តែ​អញ​នឹង​ធ្វើ​ឲ្យ​ពូជ‌ពង្ស​ឯង​ស្លាប់​ទៅ​ដោយ​អំណត់​អត់​វិញ ហើយ​សំណល់​នៃ​ឯង​នឹង​ត្រូវ​គេ​សម្លាប់​បង់
31 ឱ​ទ្វារ​ក្រុង​អើយ ចូរ​ស្រែក​ទ្រហោ ឱ​ទី​ក្រុង​អើយ ចូរ​យំ​ពិលាប​ចុះ ឱ​ស្រុក​ភីលីស្ទីន​អើយ ឯង​ត្រូវ​រលាយ​ទាំង​អស់​ហើយ ដ្បិត​មាន​ផ្សែង​ចេញ​មក​ពី​ទិស​ខាង​ជើង ឥត​មាន​អ្នក​ណា​មួយ​ក្នុង​កង‌ទ័ព​របស់​គេ ដែល​តាម​គ្នា​មិន​ទាន់​ឡើយ
32 ដូច្នេះ តើ​ត្រូវ​ឆ្លើយ​ដល់​ពួក​រាជ‌ទូត​នៃ​នគរ​នោះ​យ៉ាង​ណា​ទៅ គឺ​ត្រូវ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​បាន​តាំង​ក្រុង​ស៊ីយ៉ូន​ឡើង ហើយ​ពួក​រាស្ត្រ​របស់​ទ្រង់​ដែល​មាន​ទុក្ខ​វេទនា គេ​នឹង​ពឹង​ជ្រក​ក្នុង​ក្រុង​នោះ។


ជំពូក 15

1 នេះ​ជា​សេចក្ដី​ទំនាយ​យ៉ាង​ធ្ងន់​ពី​ស្រុក​ម៉ូអាប់ ពី​ព្រោះ​នៅ​ក្នុង​យប់​១ នោះ​ក្រុង​អើរ របស់​ស្រុក​ម៉ូអាប់ នឹង​ត្រូវ​បំផ្លាញ​ខ្ទេច‌ខ្ទី ហើយ​សាប‌សូន្យ​ទៅ ហើយ​ដោយ​ព្រោះ​នៅ​ក្នុង​យប់​១ ក្រុង​គារ របស់​ស្រុក​ម៉ូអាប់​ត្រូវ​បំផ្លាញ​ខ្ទេច‌ខ្ទី ហើយ​សាប‌សូន្យ​ទៅ​ដែរ 2គេ​បាន​ឡើង​ទៅ​ឯ​វិហារ ហើយ​ក៏​ទៅ​ឯ​ឌីបូន ជា​ទី​ខ្ពស់ ដើម្បី​យំ សាសន៍​ម៉ូអាប់​គេ​ទ្រហោ​ពិលាប​នឹង​ក្រុង​នេបូរ ហើយ​និង​ក្រុង​មេឌីបា គេ​បាន​កោរ​សក់​ក្បាល​គ្រប់​គ្នា ក៏​កាត់​ពុក‌ចង្កា​ទាំង​អស់​គ្នា​ដែរ 3នៅ​តាម​ផ្លូវ គេ​ស្លៀក​សំពត់​ធ្មៃ ហើយ​នៅ​លើ​ដំបូល​ផ្ទះ និង​នៅ​ទី‌ធ្លា គេ​ទ្រហោ​ពិលាប ទាំង​យំ​ជា​ច្រើន 4ក្រុង​ហែសបូន និង​ក្រុង​អេលាលេ គេ​នាំ​គ្នា​ស្រែក​ឡើង សំឡេង​របស់​គេ​បាន​ឮ​រហូត​ទៅ​ដល់​ក្រុង​យ៉ាហាស់ ហេតុ​នោះ​បាន​ជា​ពួក​ទាហាន​របស់​ម៉ូអាប់​គេ​ស្រែក​ជា​ខ្លាំង ចិត្ត​គេ​ញ័រ​ក្នុង​ខ្លួន 5ចិត្ត​ខ្ញុំ​ក៏​ស្រែក​ឡើង​នឹង​ម៉ូអាប់​ដែរ ពួក​គេ​ដែល​រត់​យោង​ខ្លួន ក៏​រត់​រហូត​ដល់​ក្រុង​សូអារ ដូច​ជា​គោ​ឈ្មោល​អាយុ​៣​ខួប គេ​ដើរ​ទៅ​ទាំង​យំ​តាម​ផ្លូវ​ឡើង​ទៅ​ឯ​ក្រុង​លូគីត គេ​ស្រែក​ប្រកាស​ពី​ការ​បំផ្លាញ​តាម​ផ្លូវ​ទៅ​ឯ​ក្រុង​ហូរ៉ូណែម 6ពី​ព្រោះ​ទី​ទឹក​របស់​ក្រុង​នីមរីម​នឹង​ត្រូវ​ចោល​ស្ងាត់ ឯ​ស្មៅ​នឹង​ក្រៀម​ស្វិត​ទៅ ហើយ​ស្មៅ​ខ្ចី​នឹង​រួញ​ទៅ​វិញ ឥត​មាន​អ្វី​ខៀវ​ខ្ចី​ឡើយ 7ដូច្នេះ គេ​នឹង​ប្រមូល​របស់​ទ្រព្យ​ដែល​គេ​បាន​ទាំង​ប៉ុន្មាន ហើយ​ដែល​គេ​បាន​សន្សំ​ទុក ឆ្លង​ជ្រោះ​ដើម​ចាក​ទៅ 8ពី​ព្រោះ​សម្រែក​បាន​ឮ​ព័ទ្ធ​ជុំវិញ​ព្រំ​ស្រុក​ម៉ូអាប់​ហើយ សូរ​ទ្រហោ‌យំ​ក៏​បាន​ឮ​ទៅ​ដល់​ក្រុង​អេក‌ឡែម សូរ​ទ្រហោ‌យំ​នោះ បាន​ឮ​រហូត​ដល់​ក្រុង​ប្អៀរ-អេលីម 9ឯ​ទឹក​នៃ​ក្រុង​ឌីម៉ូន​បាន​ពេញ​ទៅ​ដោយ​ឈាម ពី​ព្រោះ​អញ​នឹង​នាំ​សេចក្ដី​វេទនា​មក​លើ​ក្រុង​ឌីម៉ូន​ទៀត គឺ​ជា​សត្វ​សិង្ហ ឲ្យ​ស្ទុះ​លើ​ពួក​ម៉ូអាប់​ដែល​រត់​រួច​បាន ហើយ​លើ​ពួក​ដែល​សល់​នៅ​ក្នុង​ស្រុក​ដែរ។


ជំពូក 16

1 ចូរ​យក​កូន​ចៀម​ទាំង​ប៉ុន្មាន ដែល​សម្រាប់​អ្នក​គ្រប់‌គ្រង​លើ​ស្រុក ចាប់​តាំង​ពី​ក្រុង​សេឡា រហូត​ដល់​ទី​រហោ‌ស្ថាន ផ្ញើ​ទៅ​ឯ​ភ្នំ​នៃ​ពួក​កូន​ស្រី​ស៊ីយ៉ូន
2 ដ្បិត​ពួក​កូន​ស្រី​សាសន៍​ម៉ូអាប់​នឹង​នៅ​ត្រង់​ផ្លូវ​ឆ្លង​ស្ទឹង​អើណូន ប្រៀប​ដូច​ជា​សត្វ​ស្លាប​ដែល​ហើរ​ទៅ​មក ហើយ​ដូច​ជា​កូន​សត្វ​ដែល​ពង្រាត់​ពី​សំបុក
3 ចូរ​ជួយ​ប្រឹក្សា ហើយ​សម្រេច​សេចក្ដី​យុត្តិ‌ធម៌​ចុះ ចូរ​ធ្វើ​ឲ្យ​ស្រមោល​ឯង​បាន​ដូច​ជា​ពេល​យប់ នៅ​វេលា​ថ្ងៃ​ត្រង់ ចូរ​បំពួន​ពួក​អ្នក​ដែល​ត្រូវ​ពង្រាត់​ចេញ​ពី​ស្រុក ហើយ​កុំ​ឲ្យ​ក្បត់​ពួក​អ្នក​រត់​យោង​ខ្លួន​ឡើយ
4 ចូរ​ឲ្យ​ពួក​របស់​អញ​ដែល​ត្រូវ​ពង្រាត់​នោះ បាន​អាស្រ័យ​នៅ​ជា​មួយ​នឹង​ឯង​ចុះ ចំណែក​ពួក​ម៉ូអាប់ ចូរ​ឲ្យ​ឯង​ធ្វើ​ជា​ទី​គ្រប​បាំង​ឲ្យ​គេ​បាន​ពួន​រួច​ពី​អ្នក​បំផ្លាញ ទាល់​តែ​ពួក​រឹប‌ជាន់​បាន​សូន្យ​បាត់​ទៅ ការ​បំផ្លាញ​បាន​ឈប់​ស្ងប់ ហើយ​ពួក​ញាំ‌ញី​បាន​អន្តរ‌ធាន​ចេញ​ពី​ស្រុក​អស់​ទៅ
5 នោះ​នឹង​មាន​បល្ល័ង្ក​១ តាំង​ឡើង​ដោយ​សេចក្ដី​សប្បុរស ហើយ​ស្តេច​១​អង្គ​ក្នុង​ពូជ‌ពង្ស​របស់​ដាវីឌ​នឹង​គង់​លើ​បល្ល័ង្ក​នោះ ដោយ​សេចក្ដី​ពិត ទាំង​ជំនុំ‌ជម្រះ ហើយ​រក​សម្រេច​សេចក្ដី​យុត្តិ‌ធម៌ ជា​អ្នក​ដែល​រហ័ស​នឹង​ធ្វើ​តាម​សេចក្ដី​សុចរិត។
6 យើង​បាន​ឮ​និយាយ​ពី​សេចក្ដី​អំនួត​របស់​សាសន៍​ម៉ូអាប់​ថា គេ​ជា​អ្នក​អួត‌អាង​ណាស់ គឺ​ពី​សេចក្ដី​ឆ្មើង‌ឆ្មៃ សេចក្ដី​អំនួត និង​សេចក្ដី​ក្រេវ‌ក្រោធ​របស់​គេ​ផង តែ​ការ​អួត‌អាង​របស់​គេ​ជា​អសារ​ឥត​ការ​ទទេ
7 ហេតុ​នោះ​បាន​ជា​សាសន៍​ម៉ូអាប់​នឹង​យំ​ពិលាប​ចំពោះ​សាសន៍​របស់​ខ្លួន គ្រប់​គ្នា​នឹង​ទ្រហោ‌យំ ឯង​រាល់​គ្នា​នឹង​យំ​ស្តាយ ចំពោះ​ផែន​ទំពាំង‌បាយ‌ជូរ​នៃ​ក្រុង​គារ-ហារ៉ា​សែត ដោយ​ចិត្ត​ក្តួល‌ក្តុក
8 ដ្បិត​ចម្ការ​នៃ​ក្រុង​ហែសបូន​សុទ្ធ​តែ​ស្រពោន​ទៅ ព្រម​ទាំង​ដើម​ទំពាំង‌បាយ‌ជូរ​នៃ​ក្រុង​ស៊ីបម៉ា​ដែរ ពួក​ចៅ‌ហ្វាយ​នៃ​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន គេ​បាន​កាច់​បំបាក់​ខ្នែង​ល្អ​បំផុត ដែល​បាន​លូត​រហូត​ដល់​ក្រុង​យ៉ាស៊ើរ ហើយ​វារ​ប្រទាក់​ទៅ​ក្នុង​ទី​រហោ‌ស្ថាន លំពង់​ក៏​លូត​ទៅ​តែ‌ពាស កាត់​ទាំង​សមុទ្រ​ផង
9 ដូច្នេះ អញ​នឹង​យំ​ចំពោះ​ដើម​ទំពាំង‌បាយ‌ជូរ​នៃ​ក្រុង​ស៊ីបម៉ា ដូច​ជា​ការ​យំ​របស់​ពួក​យ៉ាស៊ើរ​ដែរ ឱ​ក្រុង​ហែសបូន និង​ក្រុង​អេលាលេ​អើយ អញ​នឹង​ស្រោច​ឯង​ដោយ​ទឹក​ភ្នែក ដ្បិត​សូរ​សម្រែក​របស់​សឹក​សង្គ្រាម​បាន​ធ្លាក់​មក​ចំ​នឹង​ការ​ប្រមូល​ផល និង​ការ​ច្រូត​កាត់​របស់​ឯង​ហើយ
10 ដូច្នេះ សេចក្ដី​អំណរ និង​សេចក្ដី​រីក‌រាយ​បាន​ដក​ចេញ​ពី​ស្រែ​ចម្ការ​ដ៏​ដុះ‌ដាល​របស់​ឯង នៅ​ក្នុង​ចម្ការ​ទំពាំង‌បាយ‌ជូរ​ឥត​មាន​ឮ​សូរ​ច្រៀង ឬ​សំឡេង​អំណរ​ឡើយ ក៏​នឹង​គ្មាន​អ្នក​ណា​ជាន់​បញ្ចេញ​ទឹក​ទំពាំង‌បាយ‌ជូរ​នៅ​ក្នុង​ធុង​ដែរ អញ​បាន​បញ្ឈប់​សូរ​សម្រែក​នៃ​ការ​ធ្វើ​ទំពាំង‌បាយ‌ជូរ​ហើយ
11 ហេតុ​នោះ ពោះ​អញ​នឹង​បញ្ចេញ​សូរ​ទំនួញ ដូច​សូរ​នៃ​ស៊ុង ដោយ​ព្រោះ​ម៉ូអាប់ ហើយ​ចិត្ត​អញ​ដែរ ពី​ព្រោះ​គារ-ហារ៉ាសែត
12 កាល​ណា​ម៉ូអាប់​ឡើង​ទៅ​ឯ​ទី​ខ្ពស់ ហើយ​នឿយ​ហត់​ដោយ​ការ​ថ្វាយ‌បង្គំ ព្រម​ទាំង​ចូល​ទៅ​អធិ‌ស្ឋាន​ក្នុង​ទី​បរិសុទ្ធ​ផង នោះ​ក៏​មិន​បាន​អ្វី​ឡើយ។
13 នេះ​ហើយ​ជា​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ពី​សាសន៍​ម៉ូអាប់​កាល​ពី​ដើម
14 តែ​ឥឡូវ​នេះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ក្នុង​រវាង​៣​ឆ្នាំ រាប់​តាម​ឆ្នាំ​របស់​កូន​ឈ្នួល នោះ​សេចក្ដី​រុងរឿង​ឧត្តម​របស់​សាសន៍​ម៉ូអាប់​នឹង​ត្រូវ​គេ​មើល‌ងាយ​វិញ ព្រម​ទាំង​ប្រជា‌ជន​កុះ‌ករ​របស់​គេ​ផង ឯ​សំណល់​ដែល​សល់​នៅ នឹង​បាន​តិច‌តួច​ណាស់ ហើយ​ហោច‌ល្អោញ​ផង។


ជំពូក 17

1 នេះ​សេចក្ដី​ទំនាយ​យ៉ាង​ធ្ងន់​ពី​ក្រុង​ដាម៉ាស។ មើល គេ​ដក​ក្រុង​ដាម៉ាស​ចេញ​ពី​ដំណែង​ជា​ទី​ក្រុង​ទៅ ហើយ​និង​ត្រូវ​ត្រឡប់​ជា​គំនរ​បំណែក​ទទេ
2 មនុស្ស​ទាំង‌ឡាយ រត់​ចោល​អស់​ទាំង​ទី​ក្រុង​នៃ​ស្រុក​អារ៉ូ‌អ៊ើរ ហើយ​ទី​ក្រុង​ទាំង​នោះ​នឹង​បាន​សម្រាប់​ជា​ទី​ឃ្វាល​ហ្វូង​ចៀម ដែល​នឹង​ដេក​ទៅ ឥត​មាន​អ្នក​ណា​បង្អើល​វា​ឡើយ
3 ឯ​បន្ទាយ​នឹង​បាត់​ចេញ​ពី​ស្រុក​អេប្រា‌អិម​ទៅ ព្រម​ទាំង​រាជ​អំណាច​ពី​ក្រុង​ដាម៉ាស និង​ពី​សំណល់​សាសន៍​ស៊ីរី​ផង គេ​នឹង​ត្រូវ​ហិន‌ហោច ដូច​ជា​សិរី‌ល្អ​របស់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ដែរ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា នៃ​ពួក​ពល‌បរិវារ។
4 នៅ​គ្រា​នោះ សិរី‌ល្អ​របស់​ពួក​យ៉ាកុប​នឹង​អន់​ថយ​ទៅ ហើយ​សាច់​ធាត់​ធំ​របស់​គេ នឹង​ត្រឡប់​ជា​ស្គាំង‌ស្គម​ទៅ​វិញ
5 ដំណើរ​នោះ​នឹង​បាន​ដូច​ជា​កាល​អ្នក​ចម្រូូត​កំពុង​ត្រកង​ស្រូវ​នៅ​ដៃ រួច​ច្រូត​កាត់​ទៅ អើ នឹង​បាន​ដូច​កាល​គេ​ច្រូត​សន្សំ​នៅ​ក្នុង​ច្រក​ភ្នំ​រេផែម
6 នឹង​មាន​ផល​ខ្លះ​សល់​នៅ​ដែរ ដូច​ជា​កាល​គេ​អង្រួន​ដើម​អូលីវ គង់​តែ​មាន​ផ្លែ​២ ឬ​៣​នៅ​លើ​ចុង​មែក​ដែល​ខ្ពស់​បំផុត ហើយ​៤ ឬ​៥​នៅ​មែក​សំយាយ​នៃ​ដើម​ណា​ដែល​មាន​ផ្លែ​ច្រើន នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល
7 នៅ​គ្រា​នោះ មនុស្ស​ទាំង​ពួង​នឹង​បែរ​ជា​មើល​ទៅ រក​ព្រះ​ដែល​បាន​បង្កើត​ខ្លួន​មក ហើយ​ភ្នែក​របស់​គេ នឹង​មើល​ចំ​ទៅ​ឯ​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រា‌អែល
8 គេ​នឹង​លែង​មើល​ទៅ​រក​អាសនៈ​ជា​ស្នាដៃ​របស់​ខ្លួន​គេ ក៏​មិន​មើល​ចំ​ទៅ​ឯ​រូប​ព្រះ ឬ​រូប​ព្រះ‌អាទិត្យ​ដែល​ម្រាម​ដៃ​គេ​បាន​ធ្វើ​ទៀត​ឡើយ
9 នៅ​គ្រា​នោះ ទី​ក្រុង​មាំ‌មួន​របស់​គេ​នឹង​ត្រឡប់​ដូច​ជា​អស់​ទាំង​ទី​ចោល​ស្ងាត់​នៅ​ក្នុង​ព្រៃ ហើយ​នៅ​លើ​កំពូល​ភ្នំ ជា​កន្លែង​ដែល​គេ​បោះ‌បង់​ចោល នៅ​ចំពោះ​មុខ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ហើយ​ទី​នោះ​នឹង​នៅ​ស្ងាត់​ឈឹង
10 ពី​ព្រោះ​ឯង​បាន​ភ្លេច​ព្រះ​ដែល​ជួយ​សង្គ្រោះ​ឯង ហើយ​មិន​បាន​នឹក​ចាំ​ពី​ព្រះ​ដ៏​ជា​ថ្មដា​នៃ​កម្លាំង​ឯង ហេតុ​នោះ​បាន​ជា​ឯង​ដាំ​ដំណាំ​ដែល​គាប់​ចិត្ត​ឯង ព្រម​ទាំង​ផ្សាំ​មែក​ប្លែកៗ​ផង
11 នៅ​ថ្ងៃ​ដែល​ឯង​ដាំ​នោះ ក៏​បាន​ធ្វើ​របង​ជុំវិញ ហើយ​ព្រឹក​ឡើង ឯង​បាន​ធ្វើ​ឲ្យ​ពូជ​ឯង​បែក​ចេញ​ជា​ប៉ិច តែ​ឯ​ចម្រូូត​វិញ នោះ​នឹង​រំលង​បាត់​ទៅ​ក្នុង​គ្រា​មាន​ទុក្ខ​វេទនា ហើយ​សង្រេង​យ៉ាង​សហ័ស។
12 វរ‌ហើយ មាន​ឮ​សូរ​អ៊ឹក‌ធឹក​របស់​សាសន៍​ជា​ច្រើន ដែល​ឮ​សន្ធឹក​ដូច​ជា​សន្ធឹក​សមុទ្រ និង​សូរ​របស់​សាសន៍​ផ្សេងៗ​ដែល​លឿន​ដូច​ជា​ទឹក​ហូរ​យ៉ាង​ខ្លាំង
13 សាសន៍​ទាំង​ប៉ុន្មាន​នឹង​លឿន​ទៅ​ដូច​ជា​ទឹក​យ៉ាង​ធំ តែ​ព្រះ​ទ្រង់​នឹង​ស្តី​បន្ទោស​គេ នោះ​គេ​នឹង​រត់​ទៅ​ឆ្ងាយ ហើយ​និង​ត្រូវ​បណ្តេញ​ទៅ​ដូច​ជា​ខ្យល់​ផាត់​អង្កាម​ពី​លើ​ភ្នំ ហើយ​ដូច​ជា​ធូលី​ហុយ​ឡើង​ពី​មុខ​ខ្យល់​ព្យុះ
14 នៅ​ពេល​ល្ងាច គេ​នឹង​មាន​ចិត្ត​ស្លុត‌ស្លាំង ហើយ​វេលា​ព្រឹក​មិន​ទាន់​ភ្លឺ​នៅ​ឡើយ នោះ​គេ​នឹង​បាត់​ទៅ នេះ​ហើយ​ជា​សំណង​សង​ដល់​ពួក​អ្នក​ដែល​រឹប‌ជាន់​យើង ហើយ​ជា​ចំណែក​របស់​ពួក​អ្នក​ដែល​ប្លន់​យើង។


ជំពូក 18

1 វេទនា​ដល់​ស្រុក​ដែល​បាំង​ដោយ​ស្លាប​ជា​ស្រុក​នៅ​ត្រើយ​ខាង​នាយ​ទន្លេ​ស្រុក​គូស 2ដែល​ចាត់​រាជ​ទូត​ទៅ​តាម​ផ្លូវ​សមុទ្រ គឺ​ឲ្យ​ជិះ​នាវា​ធ្វើ​ពី​ឫស្សី​ទៅ​លើ​ទឹក​ធំ​ដោយ​បង្គាប់​ថា ចូរ​ទៅ​ចុះ ពួក​បម្រើ​យ៉ាង​លឿន​អើយ ទៅ​ឯ​សាសន៍១​ដែល​មាន​រូប​ខ្ពស់ ហើយ​សាច់​រលីង ជា​ជាតិ​មនុស្ស​គួរ​ស្ញែង‌ខ្លាច​តាំង​ពី​គេ​កើត​មក ជា​សាសន៍​ខ្លាំង​ពូកែ ដែល​ជាន់​ឈ្លី​ទាំង​អស់ ហើយ​មាន​ទន្លេ​ហូរ​កាត់​កណ្តាល​ស្រុក​គេ 3ឱ​មនុស្ស​ទាំង‌ឡាយ​ដែល​នៅ​ក្នុង​លោកីយ៍ និង​ពួក​អ្នក​ដែល​អាស្រ័យ​នៅ​ផែនដី​អើយ កាល​ណា​ដំឡើង​ទង់​១​ឡើង​នៅ​លើ​ភ្នំ នោះ​ចូរ​មើល​ចុះ ហើយ​កាល​ណា​ផ្លុំ​ត្រែ​ឡើង នោះ​ចូរ​ស្តាប់​ដែរ។ 4ព្រះ‌យេហូវ៉ា​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច្នេះ​ថា អញ​នឹង​នៅ​តែ​ស្ងៀម ហើយ​ពិចារណា​មើល​ពី​ទី​លំនៅ​របស់​អញ ដូច​ជា​រស្មី​ត្រចះ​ចាំង​មក​នៅ​ពេល​ព្រឹក ហើយ​ដូច​ជា​ពពក ជា​សន្សើម​នៅ​ពេល​ក្តៅ​កំពុង​រដូវ​ប្រមូល​ផល 5ដ្បិត​កាល​មុន​រដូវ​ប្រមូល​ផល កាល​ផ្កា​បាន​រោយ​រុះ ហើយ​ក្តឹប​ទំពាំង‌បាយ‌ជូរ​កំពុង​តែ​ធំ​ឡើង​ដរាប​ដល់​ទុំ នោះ​ទ្រង់​នឹង​យក​កាំបិត​កាត់​ទង ហើយ​និង​កាត់​ខ្នែង​ចេញ​ដែរ 6ក៏​នឹង​ត្រូវ​បោះ‌បង់​ចោល​ជា​មួយ​គ្នា ដល់​សត្វ​ហើរ​មក​ពី​ភ្នំ ដែល​ស៊ី​គំរង់ ហើយ​ដល់​សត្វ​ព្រៃ​នៅ​ផែនដី​ដែរ ឯ​សត្វ​ហើរ​ទាំង​នោះ​នឹង​អាស្រ័យ​ដោយ‌សារ​ខ្មោច​គេ​អស់​១​រដូវ​ក្តៅ ហើយ​សត្វ​ព្រៃ​នឹង​អាស្រ័យ​ដោយ‌សារ​គេ​អស់​១​រដូវ​រងា 7នៅ​គ្រា​នោះ គេ​នឹង​នាំ​យក​តង្វាយ​១ មក​ថ្វាយ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ពី​សាសន៍១​ដែល​មាន​រូប​ខ្ពស់ ហើយ​សាច់​រលីង ជា​ជាតិ​មនុស្ស​គួរ​ស្ញែង‌ខ្លាច តាំង​ពី​គេ​កើត​មក​ជា​សាសន៍​ខ្លាំង​ពូកែ ដែល​ជាន់​ឈ្លី​ទាំង​អស់ ក៏​មាន​ទន្លេ​ហូរ​កាត់​កណ្តាល​ស្រុក​គេ គឺ​នឹង​នាំ​តង្វាយ​នោះ​មក​ដល់​ភ្នំ​ស៊ីយ៉ូន ជា​ទី​របស់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ។


ជំពូក 19

1 នេះ​សេចក្ដី​ទំនាយ​យ៉ាង​ធ្ងន់​ពី​ស្រុក​អេស៊ីព្ទ។ មើល ព្រះ‌យេហូវ៉ា​ទ្រង់​គង់​លើ​ពពក​យ៉ាង​លឿន​យាង​មក​ឯ​ស្រុក​អេស៊ីព្ទ អស់​ទាំង​រូប​ព្រះ​របស់​ស្រុក​អេស៊ីព្ទ​នឹង​ញាប់‌ញ័រ​នៅ​ចំពោះ​ទ្រង់ ហើយ​ចិត្ត​ពួក​សាសន៍​អេស៊ីព្ទ​នឹង​រលត់​ទៅ​នៅ​ក្នុង​ខ្លួន​គេ
2 អញ​ក៏​នឹង​ញុះ‌ញង់​ពួក​សាសន៍​អេស៊ីព្ទ​ឲ្យ​ទាស់‌ទែង​នឹង​គ្នា​ឯង​ដែរ គេ​នឹង​ច្បាំង​គ្នា​នឹង​គ្នា គឺ​បង​ប្អូន​នឹង​បង​ប្អូន ពួក​អ្នក​ជិត​ខាង​នឹង​អ្នក​ជិត​ខាង ទី​ក្រុង​១​នឹង​ទី​ក្រុង​១​ទៀត ហើយ​នគរ​១​នឹង​នគរ​១​ទៀត​ដែរ
3 គំនិត​របស់​សាសន៍​អេស៊ីព្ទ នឹង​សូន្យ​បាត់​នៅ​កណ្តាល​គេ ហើយ​អញ​នឹង​បំផ្លាញ​សេចក្ដី​ប្រឹក្សា​របស់​គេ​ដែរ នោះ​គេ​នឹង​ទៅ​រក​រូប​ព្រះ គ្រូ​សន្ធាប់ គ្រូ​ខាប និង​ពួក​គ្រូ​គាថា​របស់​គេ
4 ហើយ​អញ​នឹង​ប្រគល់​សាសន៍​អេស៊ីព្ទ​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ម្ចាស់​១​យ៉ាង​សាហាវ ជា​ស្តេច​គួរ​ស្ញែង‌ខ្លាច​ដែល​នឹង​សោយ‌រាជ្យ​លើ​គេ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ។
5 ឯ​ទឹក​ក្នុង​សមុទ្រ នោះ​នឹង​រីង​ស្ងួត​ទៅ ហើយ​ទន្លេ​នឹង​ជ្រាប​បាត់​ទៅ​ជា​ហួត‌ហែង​វិញ
6 ដៃ​ទន្លេ​ទាំង​ប៉ុន្មាន​នឹង​ធុំ​ស្អុយ ហើយ​ព្រែក​ទាំង​ពួង​នៃ​ស្រុក​អេស៊ីព្ទ​នឹង​អន់​ថយ ហើយ​រីង​ស្ងួត​ទៅ ឯ​ដើម​បបុស និង​ដើម​ត្រែង​នឹង​ស្វិត​ក្រៀម
7 បណ្តា​វាល​តាម​ទន្លេ ហើយ​នៅ​មាត់​ច្រាំង និង​ស្រែ​ទាំង​ប៉ុន្មាន​ដែល​គេ​សាប‌ព្រោះ​តាម​មាត់​ទន្លេ នោះ​នឹង​ក្រៀម ហើយ​ផាត់​បាត់​ទៅ
8 ពួក​អ្នក​នេសាទ​នឹង​ថ្ងូរ​ស្តាយ ឯ​ពួក​អ្នក​ដែល​បោះ​សន្ទូច​ក្នុង​ទន្លេ​នឹង​ស្រណោះ‌ស្រណោក ហើយ​ពួក​អ្នក​ដែល​បង់​សំណាញ់​នៅ​លើ​ទឹក គេ​នឹង​រីងរៃ​ទៅ
9 ១​ទៀត ពួក​អ្នក​ដែល​រក​ស៊ី​ធ្វើ​ខ្លូត‌ទេស​យ៉ាង​ម៉ដ្ត ហើយ​ពួក​ដែល​ត្បាញ​សំពត់​ស គេ​នឹង​ត្រូវ​ស្រឡាំង‌កាំង
10 គោល​ចារឹក​ទាំង​ប៉ុន្មាន​នៃ​ស្រុក​នឹង​ត្រូវ​រលាយ​ខ្ទេច​ទៅ ហើយ​ពួក​ជើង​ឈ្នួល​នឹង​ស្លុត​ចិត្ត។
11 ពួក​ចៅ‌ហ្វាយ​នៃ​ក្រុង​សូអាន គេ​សុទ្ធ​តែ​ជា​មនុស្ស​កំរោល​ទទេ គំនិត​របស់​អ្នក​ប្រឹក្សា​ដែល​ស្រៀវ‌ស្រួច​ជាង​គេ​របស់​ផារ៉ោន នោះ​បាន​វង្វេង​ចេញ​ហើយ ធ្វើ​ដូច​ម្តេច​ឲ្យ​ឯង​រាល់​គ្នា​នឹង​ទូល​ទៅ​ផារ៉ោន​បាន​ថា ទូល‌បង្គំ​ជា​កូន​របស់​អ្នក​ប្រាជ្ញ គឺ​ជា​ពូជ‌ពង្ស​នៃ​ស្តេច​ពី​បុរាណ
12 ដូច្នេះ តើ​ពួក​អ្នក​ប្រាជ្ញ​របស់​ទ្រង់​នៅ​ឯ​ណា ចូរ​ឲ្យ​គេ​ជម្រាប​មក​ទ្រង់​ឥឡូវ ឲ្យ​ទ្រង់​បាន​ជ្រាប​ពី​ការ​ដែល​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​បាន​សម្រេច​ពី​ដំណើរ​ស្រុក​អេស៊ីព្ទ​ចុះ
13 ឯ​ពួក​ចៅ‌ហ្វាយ​នៃ​ក្រុង​សូអាន ត្រូវ​បាន​ទៅ​ជា​ល្ងី‌ល្ងើ​ហើយ ពួក​ចៅ‌ហ្វាយ​នៃ​ក្រុង​ណូព គេ​ត្រូវ​បញ្ឆោត ពួក​អ្នក​ដែល​ជា​សសរ​កន្លោង​ក្នុង​ពូជ​អំបូរ គេ​បាន​នាំ​ស្រុក​អេស៊ីព្ទ​ឲ្យ​វង្វេង
14 ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បណ្តោយ​ឲ្យ​មាន​គំនិត​ទទឹង‌ទទែង​លាយ​នៅ​ក្នុង​ពួក​គេ ហើយ​គេ​បាន​នាំ​សាសន៍​អេស៊ីព្ទ​ឲ្យ​ធ្វើ​ខុស​ក្នុង​គ្រប់​ទាំង​កិច្ច‌ការ​របស់​គេ ដូច​ជា​មនុស្ស​ស្រវឹង​ស្រា​ដែល​ដើរ​ទ្រេត‌ទ្រោត​ក្នុង​កំអួត​របស់​ខ្លួន
15 ហើយ​និង​គ្មាន​ការ​អ្វី​សម្រាប់​ឲ្យ​សាសន៍​អេស៊ីព្ទ​ធ្វើ​ដែល​ទោះ​ជា​ក្បាល ឬ​កន្ទុយ ជា​មែក ឬ​ធាង នឹង​អាច​ធ្វើ​បាន នោះ​ឡើយ។
16 នៅ​គ្រា​នោះ សាសន៍​អេស៊ីព្ទ​នឹង​បាន​ដូច​ជា​ស្រីៗ គេ​នឹង​ញ័រ​រន្ធត់ ហើយ​តក់‌ស្លុត ដោយ​ព្រោះ​ការ​ជន្ល​ព្រះ‌ហស្ត​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ដែល​ទ្រង់​ជន្ល​ពី​លើ​គេ
17 ហើយ​ស្រុក​យូដា​នឹង​ត្រឡប់​ជា​ទី​ស្ញែង‌ខ្លាច​ដល់​សាសន៍​អេស៊ីព្ទ អស់​អ្នក​ណា​ដែល​ឮ​និយាយ​ពី​ស្រុក​នោះ​នឹង​ភ័យ​ខ្លាច ដោយ​ព្រោះ​គំនិត​ដែល​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​បាន​សម្រេច​ពី​ដំណើរ​ស្រុក​នោះ​ហើយ។
18 នៅ​គ្រា​នោះ នឹង​មាន​ទី​ក្រុង​៥​នៅ​ក្នុង​ស្រុក​អេស៊ីព្ទ ដែល​និយាយ​ភាសា​របស់​ស្រុក​កាណាន គេ​នឹង​ស្បថ​ដល់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ដែរ ឯ​ទី​ក្រុង​១​នោះ នឹង​បាន​ហៅ​ថា​ក្រុង​ដែល​ត្រូវ​វិនាស។
19 នៅ​គ្រា​នោះ នឹង​មាន​អាសនៈ​១​នៅ​កណ្តាល​ស្រុក​អេស៊ីព្ទ សម្រាប់​បូជា​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ហើយ​នៅ​ត្រង់​ព្រំ‌ដែន​នឹង​មាន​បង្គោល​១ សម្រាប់​រំឭក​ពី​ព្រះ‌យេហូវ៉ា
20 ឯ​បង្គោល​នោះ​នឹង​ជា​ទី​សម្គាល់ ហើយ​ជា​បន្ទាល់​ពី​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ នៅ​ក្នុង​ស្រុក​អេស៊ីព្ទ ដ្បិត​គេ​នឹង​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា ដោយ​ព្រោះ​ពួក​អ្នក​ដែល​សង្កត់‌សង្កិន​គេ ហើយ​ទ្រង់​នឹង​ចាត់​ម្នាក់​ឲ្យ​ទៅ​ជួយ​សង្គ្រោះ​គេ ជា​អ្នក​មាន​សក្តិ​ធំ ដែល​នឹង​ជួយ​ឲ្យ​គេ​រួច​បាន
21 ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​សម្ដែង​អង្គ​ដល់​ស្រុក​អេស៊ីព្ទ​ឲ្យ​គេ​ស្គាល់ ហើយ​នៅ​គ្រា​នោះ សាសន៍​អេស៊ីព្ទ​នឹង​ទទួល​ស្គាល់​ព្រះ‌យេហូវ៉ា អើ គេ​នឹង​ថ្វាយ‌បង្គំ ដោយ​យញ្ញ‌បូជា និង​តង្វាយ ហើយ​គេ​នឹង​បន់​ដល់​ព្រះ‌យេហូវ៉ា ព្រម​ទាំង​លា​បំណន់​នោះ​ដែរ
22 ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ប្រហារ​ស្រុក​អេស៊ីព្ទ គឺ​ទាំង​ប្រហារ ហើយ​មើល​ឲ្យ​ជា​ផង រួច​គេ​នឹង​វិល​ត្រឡប់​មក​ឯ​ព្រះ‌យេហូវ៉ា​វិញ ហើយ​ទ្រង់​នឹង​ទទួល​ពាក្យ​អង្វរ​របស់​គេ ព្រម​ទាំង​ប្រោស​គេ​ឲ្យ​ជា​ដែរ។
23 នៅ​គ្រា​នោះ នឹង​មាន​ថ្នល់​១ ចេញ​ពី​ស្រុក​អេស៊ីព្ទ​ទៅ​ដល់​ស្រុក​អាសស៊ើរ ឯ​សាសន៍​អាសស៊ើរ គេ​នឹង​មក​ឯ​ស្រុក​អេស៊ីព្ទ ហើយ​សាសន៍​អេស៊ីព្ទ​នឹង​ទៅ​ឯ​ស្រុក​អាសស៊ើរ​ដែរ ពួក​សាសន៍​អេស៊ីព្ទ​នឹង​ថ្វាយ‌បង្គំ​ជា​មួយ​នឹង​ពួក​សាសន៍​អាសស៊ើរ។
24 នៅ​គ្រា​នោះ សាសន៍​អ៊ីស្រា‌អែល​នឹង​ជា​សាសន៍​ទី​៣​សម្ពន្ធ​គ្នា​ជា​១​នឹង​សាសន៍​អេស៊ីព្ទ ហើយ​និង​សាសន៍​អាសស៊ើរ គឺ​ជា​ទី​បញ្ចេញ​ពរ នៅ​កណ្តាល​ផែនដី
25 ពី​ព្រោះ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​បាន​ប្រទាន​ពរ​ដល់​គេ ដោយ​ព្រះ‌បន្ទូល​ថា ចូរ​ឲ្យ​សាសន៍​អេស៊ីព្ទ ជា​រាស្ត្រ​របស់​អញ និង​សាសន៍​អាសស៊ើរ ជា​ស្នាដៃ​របស់​អញ ហើយ​សាសន៍​អ៊ីស្រា‌អែល ជា​មរដក​របស់​អញ​បាន​ប្រកប​ដោយ​ពរ​ចុះ។


ជំពូក 20

1 នៅ​ក្នុង​ឆ្នាំ​ដែល​ថើរថាន​បាន​មក​ដល់​ក្រុង​អាសដូឌ ជា​ឆ្នាំ​ដែល​សើកុន ស្តេច​សាសន៍​អាសស៊ើរ​បាន​ចាត់​លោក​ឲ្យ​ទៅ ហើយ​លោក​បាន​ច្បាំង​ចាប់​យក​ក្រុង​អាសដូឌ​នោះ 2នៅ​គ្រា​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​បង្គាប់​ដល់​អេសាយ ជា​កូន​អ័ម៉ូស​ថា ចូរ​ទៅ​បក​សំពត់​ធ្មៃ​ពី​ចង្កេះ​ឯង ហើយ​ដោះ​ស្បែក​ជើង​ចេញ នោះ​លោក​ក៏​ធ្វើ​តាម គឺ​លោក​ដើរ​ខ្លួន​អាក្រាត ហើយ​ជើង​ទទេ 3ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អេសាយ​ជា​អ្នក​បម្រើ​អញ បាន​ដើរ​ខ្លួន​អាក្រាត ហើយ​ជើង​ទទេ​គ្រប់​៣​ឆ្នាំ​នេះ ទុក​ជា​ទី​សម្គាល់ ហើយ​ជា​ទី​អស្ចារ្យ​ពី​ដំណើរ​សាសន៍​អេស៊ីព្ទ និង​សាសន៍​អេធីយ៉ូពី​យ៉ាង​ណា 4នោះ​ស្តេច​អាសស៊ើរ​នឹង​ដឹក​ពួក​ឈ្លើយ ជា​ពួក​ដែល​បំបរ​ចេញ​ពី​ស្រុក​អេស៊ីព្ទ និង​ពី​ស្រុក​អេធីយ៉ូពី ទាំង​ចាស់​ទាំង​ក្មេង នាំ​ទៅ​ទាំង​ខ្លួន​អាក្រាត និង​ជើង​ទទេ ព្រម​ទាំង​គូថ​បើក​ឲ្យ​ឃើញ​ផង យ៉ាង​នោះ​ដែរ ទុក​ជា​សេចក្ដី​ខ្មាស​ដល់​សាសន៍​អេស៊ីព្ទ 5គេ​នឹង​មាន​សេចក្ដី​ស្រយុត ហើយ​ស្រងាក​ចិត្ត ដោយ​ព្រោះ​ស្រុក​អេធីយ៉ូពី ដែល​ជា​ទី​សង្ឃឹម​របស់​គេ និង​ស្រុក​អេស៊ីព្ទ ជា​ទី​អួត​អាង​របស់​គេ​ដែរ 6នៅ​ថ្ងៃ​នោះ ពួក​អ្នក​នៅ​តាម​ឆ្នេរ​សមុទ្រ គេ​នឹង​ពោល​ថា មើល​ចុះ ទី​សង្ឃឹម​ដែល​យើង​បាន​រត់​ទៅ​ពឹង ឲ្យ​បាន​រួច​ពី​ស្តេច​អាសស៊ើរ បាន​ត្រឡប់​ជា​យ៉ាង​នេះ​ទៅ​វិញ​ហ្ន៎ ឯ​យើង ធ្វើ​ដូច​ម្តេច​ឲ្យ​យើង​រួច​បាន។


ជំពូក 21

1 នេះ​ជា​សេចក្ដី​ទំនាយ​យ៉ាង​ធ្ងន់​ពី​ដំណើរ​វាល​រហាល​ក្បែរ​សមុទ្រ។ ការ​នេះ​មក​ពី​វាល​រហាល គឺ​ជា​កន្លែង​គួរ​ស្ញែង‌ខ្លាច​ដូច​ខ្យល់​កំបុត​ត្បូង ដែល​បក់​មក​បោស​កាត់​ស្រុក​ត្បូង​ដែរ
2 មាន​ការ​ជាក់‌ស្តែង​យ៉ាង​ធ្ងន់​បាន​ប្រាកដ​ដល់​ខ្ញុំ​ហើយ គឺ​មនុស្ស​ឧបាយ គេ​ប្រព្រឹត្ត​ដោយ​កិច្ច‌កល​របស់​គេ ពួក​អ្នក​ដែល​ធ្លាប់​បំផ្លាញ ក៏​បំផ្លាញ​ទៅ ឱ​ស្រុក​អេឡាំ​អើយ ចូរ​ឡើង​ទៅ ឱ​សាសន៍​មេឌី​អើយ ចូរ​ឡោម‌ព័ទ្ធ​ច្បាំង​នឹង​គេ​ចុះ អញ​បាន​រំងាប់​ដំងូរ​ចេញ​ពី​នោះ​ហើយ
3 ហេតុ​នោះ​បាន​ជា​ចង្កេះ​ខ្ញុំ​ចុក​សៀត​ជា​ខ្លាំង សេចក្ដី​ឈឺ​ចាប់​បាន​គ្រប​សង្កត់​ខ្ញុំ​ដូច​ជា​ស្ត្រី​ឈឺ​នឹង​សម្រាល ខ្ញុំ​បាន​វល់​គំនិត​ដល់​ម៉្លេះ បាន​ជា​ស្តាប់​អ្វី​មិន​ឮ ក៏​ញ័រ​ខ្លួន​ទទាក់ ដល់​ម៉្លេះ​បាន​ជា​មើល​អ្វី​មិន​ឃើញ
4 ទ្រូង​ខ្ញុំ​ពើត​ខ្ទោកៗ សេចក្ដី​ស្ញែង‌ខ្លាច​យ៉ាង​សម្បើម​បាន​បំភ័យ​ខ្ញុំ វេលា​ព្រលប់​ដែល​ជា​ពេល​សប្បាយ​ដល់​ខ្ញុំ នោះ​បាន​ត្រឡប់​ជា​វេលា​តក់‌ស្លុត​ដល់​ខ្ញុំ​វិញ
5 គឺ​គេ​រៀប​តុ ហើយ​ដាក់​ឲ្យ​ចាំ​យាម រួច​គេ​ស៊ី​គេ​ផឹក ស្រាប់​តែ​ឮ​សម្រែក​ថា ចូរ​ក្រោក​ឡើង​ពួក​មេ​ទាំង‌ឡាយ​អើយ ចូរ​លាប​ខែល​ទៅ
6 ដ្បិត​ព្រះ‌អម្ចាស់​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច្នេះ​ថា ចូរ​ទៅ​ដាក់​អ្នក​ល្បាត​ម្នាក់​ឲ្យ​ចាំ​យាម ឲ្យ​គេ​ប្រាប់​ហេតុ​ការ​អ្វី​ដែល​គេ​ឃើញ
7 គេ​ក៏​ឃើញ​កង‌ទ័ព មាន​ពល​សេះ​ដើរ​ទន្ទឹម​គ្នា​១​គូៗ ព្រម​ទាំង​អ្នក​១​ជិះ​លើ​លា នឹង​អ្នក​១​ជិះ​លើ​អូដ្ឋ​ផង គេ​ក៏​ប្រុង​ស្តាប់​អស់​ពី​ចិត្ត
8 រួច​ស្រែក​មក​ដូច​សិង្ហ​ថា លោក​ម្ចាស់​អើយ នៅ​វេលា​ថ្ងៃ ខ្ញុំ​ឈរ​នៅ​លើ​ប៉ម​ជានិច្ច ហើយ​ក៏​នៅ​ត្រង់​ទី​ចាំ​យាម​របស់​ខ្ញុំ​រាល់​តែ​យប់​ដែរ
9 មើល មាន​កង‌ទ័ព ជា​ពល​សេះ ដើរ​មក​ទាំង​គូៗ រួច​គេ​បន្លឺ​សំឡេង​ឡើង​ទៀត​ថា ដួល​ហើយ ក្រុង​បាប៊ី‌ឡូន​បាន​ដួល​ហើយ អស់​ទាំង​រូប​ព្រះ​ឆ្លាក់​របស់​គេ​បាន​ត្រូវ​បែក​រេល​នៅ​លើ​ដី។
10 ឱ​ពួក​អ្នក​ដែល​ត្រូវ​បញ្ជាន់ ជា​គ្រាប់​ពូជ​នៅ​ទីលាន​របស់​អញ​អើយ សេចក្ដី​ដែល​បាន​ឮ​មក​ពី​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល នោះ​បាន​ប្រាប់​ដល់​ឯង​រាល់​គ្នា​ហើយ។
11 នេះ​សេចក្ដី​ទំនាយ​យ៉ាង​ធ្ងន់​ពី​ដំណើរ​ពួក​ឌូម៉ា។ មាន​ម្នាក់​នៅ​ស្រុក​សៀរ​ស្រែក​មក​រក​ខ្ញុំ​ថា អ្នក​យាម​អើយ តើ​យប់​យ៉ាង​ណា​ទៅ អ្នក​យាម​អើយ តើ​យប់​យ៉ាង​ណា​ទៅ
12 អ្នក​យាម​ក៏​ឆ្លើយ​តប​ថា ពេល​ព្រឹក​កំពុង​តែ​មក ហើយ​យប់​ក៏​មក​ដែរ បើ​ឯង​ចង់​ដឹង ចូរ​សួរ​ចុះ ចូរ​ត្រឡប់​មក​វិញ ចូរ​មក​ចុះ។
13 នេះ​ជា​សេចក្ដី​ទំនាយ​យ៉ាង​ធ្ងន់​ពី​ដំណើរ​ស្រុក​នៃ​ពួក​អារ៉ាប់។ ឱ​ពួក​សាសន៍​ដេដាន់​ដែល​ធ្វើ​ដំណើរ​ដង្ហែ​គ្នា​អើយ ពួក​ឯង​នឹង​ស្នាក់​នៅ​ក្នុង​ដង​ព្រៃ​នៅ​ស្រុក​អារ៉ាប់
14 គេ​បាន​យក​ទឹក​មក​ឲ្យ​ពួក​អ្នក​ដែល​ស្រេក ពួក​អ្នក​នៅ​ស្រុក​ថេម៉ា​បាន​យក​អាហារ​មក​ទទួល​ពួក​អ្នក​ដែល​រត់
15 ដ្បិត​គេ​បាន​រត់​ឲ្យ​រួច​ពី​ដាវ គឺ​ពី​ដាវ​ដែល​ហូត​ស្រាប់ ពី​ធ្នូ​ដែល​ដំឡើង​ជា​ស្រេច ហើយ​ពី​សេចក្ដី​វេទនា​នៃ​ការ​សឹក​សង្គ្រាម
16 ពី​ព្រោះ​ព្រះ‌អម្ចាស់​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច្នេះ​ថា ក្នុង​រវាង​១​ឆ្នាំ រាប់​តាម​ឆ្នាំ​របស់​កូន​ឈ្នួល នោះ​សិរី‌ល្អ​របស់​ពួក​កេដារ​នឹង​សូន្យ​បាត់​ទៅ
17 ហើយ​ពួក​ពល​ធ្នូ ជា​ពួក​មនុស្ស​ខ្លាំង​ពូកែ​ក្នុង​ពួក​កូន​ចៅ​កេដារ ដែល​នៅ​សល់​នឹង​មាន​គ្នា​តិច‌តួច​ទេ ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​ជា​ស្រេច​ហើយ។


ជំពូក 22

1 នេះ​ជា​សេចក្ដី​ទំនាយ​យ៉ាង​ធ្ងន់ ពី​ដំណើរ​ច្រក​ភ្នំ​នៃ​ការ​ជាក់‌ស្តែង។ តើ​មាន​ការ​អ្វី​ហ្នឹង បាន​ជា​ឡើង​ទៅ​លើ​ដំបូល​ផ្ទះ​គ្រប់​គ្នា​ដូច្នេះ
2 ឱ​ឯង​ដែល​ពេញ​ដោយ​សម្រែក ជា​ទី​ក្រុង​អ៊ឹក‌ធឹក​គ្រឹក‌គ្រេង ជា​តំបន់​អរ​សប្បាយ​អើយ ពួក​ឯង​ដែល​ត្រូវ​គេ​សម្លាប់ នោះ​មិន​បាន​ស្លាប់​ដោយ​ដាវ​ទេ ក៏​មិន​បាន​ស្លាប់​ក្នុង​ចម្បាំង​ដែរ
3 ពួក​អ្នក​ដែល​គ្រប់‌គ្រង​លើ​ឯង គេ​បាន​រត់​ទៅ​ជា​មួយ​គ្នា តែ​ពួក​ពល​ធ្នូ​ចាប់​ចង​គេ​បាន​ហើយ ពួក​ឯង​ដែល​គេ​រក​ឃើញ ជា​ពួក​អ្នក​ដែល​បាន​រត់​ទៅ​ឆ្ងាយ​ហើយ នោះ​ក៏​ត្រូវ​គេ​ចាប់​ចង​ជា​មួយ​គ្នា
4 ដូច្នេះ ខ្ញុំ​បាន​និយាយ​ថា ចូរ​បែរ​មុខ​ពី​ខ្ញុំ​ចេញ ខ្ញុំ​នឹង​យំ​យ៉ាង​ក្រំ​ចិត្ត កុំ​ឲ្យ​ខំ​ជួយ​កំសាន្ត​ទុក្ខ​ខ្ញុំ ពី​ដំណើរ​ពួក​កូន​ស្រី​របស់​សាសន៍​ខ្ញុំ​ដែល​ត្រូវ​បំផ្លាញ​ឡើយ
5 ដ្បិត​នេះ​ជា​ថ្ងៃ​ចលាចល ថ្ងៃ​ជាន់​ឈ្លី ហើយ​វល់​គំនិត ដែល​មក​ពី​ព្រះ‌អម្ចាស់​យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ នៅ​ត្រង់​ច្រក​ភ្នំ​នៃ​ការ​ជាក់‌ស្តែង គឺ​ជា​ការ​រំលំ‌រំលាយ​កំផែង ហើយ​ជា​ការ​ស្រែក​ឮ​ខ្ទរ​នៅ​ក្នុង​ភ្នំ។
6 ពួក​អេឡាំ ជា​អ្នក​ស្ពាយ​បំពង់​ព្រួញ គេ​ក៏​មាន​រទេះ​ចម្បាំង​ពេញ​ដោយ​មនុស្ស ហើយ​មាន​ពល​សេះ​ផង ឯ​ពួក​គារ គេ​បាន​ដោះ​ស្រោម​ខែល​ចេញ
7 យ៉ាង​នោះ ច្រក​ភ្នំ​យ៉ាង​ល្អ​បំផុត​របស់​ឯង បាន​ពេញ​ដោយ​រទេះ​ចម្បាំង ហើយ​ពួក​ពល​សេះ​ក៏​ដំរៀប​គ្នា​នៅ​មាត់​ទ្វារ​ក្រុង
8 គេ​ក៏​បើក​ស្បៃ​របាំង​ចេញ​ពី​ស្រុក​យូដា ហើយ​នៅ​ថ្ងៃ​នោះ ឯង​បាន​ទី​ពឹង​ដល់​គ្រឿង​សស្ត្រា‌វុធ​នៅ​ក្នុង​ឃ្លាំង​ដំណាក់​ព្រៃ
9 ឯង​រាល់​គ្នា​បាន​ឃើញ​កន្លែង​រំលំ‌រំលាយ​នៅ​ក្រុង​ដាវីឌ ថា​មាន​ច្រើន​ណាស់ ឯង​រាល់​គ្នា​បាន​ប្រមូល​ទឹក​នៃ​ស្រះ​ខាង​ក្រោម​ទុក
10 ក៏​បាន​រាប់​ចំនួន​ផ្ទះ​នៅ​ក្រុង​យេរូ‌សាឡឹម ហើយ​បាន​រុះ​ផ្ទះ​យក​ថ្ម​ទៅ​ប៉ះ​កំផែង​ក្រុង​ឲ្យ​មាំ‌មួន​ឡើង
11 ឯង​រាល់​គ្នា​បាន​ជីក​ស្រះ​ទឹក នៅ​កណ្តាល​កំផែង​ទាំង​២ សម្រាប់​ទឹក​របស់​ស្រះ​ចាស់ ប៉ុន្តែ ឯង​មិន​បាន​ពឹង‌ពាក់​ដល់​ព្រះ​ដែល​ទ្រង់​ធ្វើ​ការ​ទាំង​នេះ ឬ​ផ្អែក​ដល់​ទ្រង់​ដែល​បាន​សម្រេច​ការ​នេះ​ជា​យូរ​មក​ហើយ​នោះ​ទេ។
12 នៅ​គ្រា​នោះ ព្រះ‌អម្ចាស់​យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​បាន​ហៅ​ឯង​រាល់​គ្នា ឲ្យ​មក​យំ ឲ្យ​មក​សោយ‌សោក កោរ​សក់ ហើយ​ស្លៀក​សំពត់​ធ្មៃ
13 តែ​មើល មាន​សុទ្ធ​តែ​អំណរ ហើយ​រីក‌រាយ​វិញ ជា​ការ​សម្លាប់​គោ និង​ចៀម ស៊ី​សាច់ ហើយ​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ ដោយ​ពោល​ថា ចូរ​យើង​ស៊ី​ហើយ​ផឹក​ទៅ ដ្បិត​នៅ​ថ្ងៃ​ស្អែក​នេះ​យើង​ត្រូវ​ស្លាប់​ហើយ
14 នោះ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​បាន​បើក​សម្ដែង​អង្គ​ទ្រង់​នៅ​ត្រចៀក​ខ្ញុំ​ថា ពិត​ប្រាកដ​ជា​សេចក្ដី​ទុច្ចរិត​នេះ នឹង​មិន​បាន​អត់​ទោស​ឲ្យ​ឯង​រាល់​គ្នា​ឡើយ ដរាប​ដល់​ឯង​រាល់​គ្នា​ស្លាប់​បង់ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ។
15 ព្រះ‌អម្ចាស់ គឺ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ចូរ​ទៅ​រក​អ្នក​ឧកញ៉ា​នោះ​ចុះ គឺ​សេបណា ដែល​ត្រួត‌ត្រា​លើ​ព្រះ‌រាជ‌ដំណាក់ ហើយ​សួរ​ថា
16 ឯង​មាន​ការ​អ្វី​នៅ​ទី​នេះ តើ​មាន​ញាតិ‌សន្តាន​ណា​នៅ​ទី​នេះ បាន​ជា​ឯង​ធ្វើ​ម៉ុង​សម្រាប់​ខ្លួន​ដូច្នេះ ដូច​ជា​អ្នក​ណា​ដែល​ធ្វើ​ម៉ុង​សម្រាប់​ខ្លួន​នៅ​លើ​ទី​ខ្ពស់ គឺ​ដាប់​ទី​លំនៅ​សម្រាប់​ខ្លួន​នៅ​ក្នុង​ថ្ម
17 មើល ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​បោះ​ឯង​ចោល​ទៅ​ដោយ​កម្លាំង អើ ទ្រង់​នឹង​រុំ​ឯង​យ៉ាង​ជិត
18 ទ្រង់​នឹង​រុំ​ឆ្វាក់​ឯង​ជា​ពិត ហើយ​បោះ​ឯង​ទៅ​ក្នុង​ស្រុក​១​ធំ​ទូលាយ ដូច​ជា​គេ​បោះ​របុំ​អំបោះ ឯង​នឹង​ស្លាប់​នៅ​ទី​នោះ​វិញ គឺ​នៅ​ទី​នោះ ដែល​នឹង​មាន​រទេះ​ដ៏​រុងរឿង​របស់​ឯង ឱ​អ្នក​ដែល​នាំ​ឲ្យ​ព្រះ‌រាជ‌វង្ស​នៃ​ចៅ‌ហ្វាយ​ខ្លួន​មាន​សេចក្ដី​ខ្មាស​អើយ
19 អញ​នឹង​បណ្តេញ​ឯង​ពី​ដំណែង​ចេញ ហើយ​ឯង​នឹង​ត្រូវ​ទម្លាក់​ចុះ​ពី​ការ‌ងារ​ទៅ
20 នៅ​គ្រា​នោះ អញ​នឹង​ហៅ​អេលា‌គីម ជា​កូន​ហ៊ីល‌គីយ៉ា ជា​អ្នក​បម្រើ​របស់​អញ​មក
21 ហើយ​និង​យក​អាវ​យស​របស់​ឯង​មក​បំពាក់​ឲ្យ​គាត់​វិញ ព្រម​ទាំង​ឲ្យ​មាន​កម្លាំង​ឡើង ដោយ​ខ្សែ​ក្រវាត់​របស់​ឯង​ផង អញ​នឹង​ប្រគល់​អំណាច​ត្រួត‌ត្រា​របស់​ឯង ទៅ​ក្នុង​កណ្តាប់​ដៃ​គាត់ នោះ​គាត់​នឹង​ធ្វើ​ជា​ឪពុក​ដល់​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡឹម និង​ពូជ‌ពង្ស​យូដា​ដែរ
22 អញ​នឹង​យក​កូន​សោ​នៃ​វង្ស​ដាវីឌ​ដាក់​លើ​ស្មា​គាត់ នោះ​គាត់​នឹង​បើក​ឥត​មាន​អ្នក​ណា​បិទ​បាន​ឡើយ ក៏​នឹង​បិទ​ទៅ ឥត​មាន​អ្នក​ណា​បើក​បាន​ដែរ
23 អញ​នឹង​បោះ​គាត់​ភ្ជាប់​ទៅ ដូច​ជា​បោះ​ដែក​គោល​ជាប់​នៅ​កន្លែង​១​ដែល​ស្ថិត‌ស្ថេរ ហើយ​គាត់​នឹង​បាន​សម្រាប់​ជា​បល្ល័ង្ក​ដ៏​រុងរឿង ដល់​វង្សា​របស់​បិតា​គាត់
24 គេ​នឹង​នាំ​យក​អស់​ទាំង​សិរី‌ល្អ​នៃ​វង្សា​របស់​បិតា​គាត់ មក​បំពាក់​នៅ​លើ​គាត់​វិញ គឺ​ទាំង​ពូជ‌ពង្ស​ជិត​ឆ្ងាយ និង​គ្រឿង​ប្រដាប់​តូចៗ​ទាំង​ប៉ុន្មាន ចាប់​តាំង​ពី​ពែង រហូត​ដល់​ថូ​ទាំង​អស់​ផង
25 ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា នៅ​គ្រា​នោះ ដែក​គោល​ដែល​បាន​បោះ​ភ្ជាប់​នៅ​ទី​ដែល​ស្ថិត‌ស្ថេរ នោះ​នឹង​ត្រូវ​រដក​ចេញ រួច​ត្រូវ​កាប់​ផ្តួល​ចុះ ហើយ​ដួល​ជា​ពិត ឯ​បន្ទុក​ដែល​គេ​បាន​ពាក់​នៅ​លើ​ដែក​គោល​នោះ នឹង​ត្រូវ​កាត់​ផ្តាច់​ចេញ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​ហើយ។


ជំពូក 23

1 


ជំពូក 24

1 មើល ព្រះ‌យេហូវ៉ា​ទ្រង់​ធ្វើ​ផែនដី​នៅ​ទទេ​សោះ ហើយ​ឲ្យ​ស្ងាត់​សូន្យ ក៏​ធ្វើ​ឲ្យ​ត្រឡប់‌ត្រឡិន ព្រម​ទាំង​កម្ចាត់‌កម្ចាយ​អស់​ពួក​អ្នក​ដែល​នៅ​ផែនដី​ផង
2 នៅ​គ្រា​នោះ ពួក​សង្ឃ​នឹង​រង​ទុក្ខ​ដូច​ជា​មនុស្ស​ធម្មតា ចៅ‌ហ្វាយ​ប្រុស​នឹង​រង​ទុក្ខ​ដូច​ជា​បាវ​ប្រុស ចៅ‌ហ្វាយ​ស្រី​នឹង​រង​ទុក្ខ​ដូច​ជា​បាវ​ស្រី អ្នក​លក់​ដូរ​នឹង​រង​ទុក្ខ​ដូច​ជា​អ្នក​ទិញ ម្ចាស់​បំណុល​នឹង​រង​ទុក្ខ​ដូច​ជា​កូន​បំណុល ហើយ​អ្នក​ដែល​ឲ្យ​ខ្ចី​យក​ការ​នឹង​រង​ទុក្ខ​ដូច​ជា​អ្នក​ដែល​ឲ្យ​ការ​ស្មើ​គ្នា​ទាំង​អស់
3 ផែនដី​នឹង​ត្រូវ​ផ្ទីង​ឲ្យ​នៅ​ទទេ​ធេង ហើយ​ស្ងាត់​សូន្យ​ឈឹង ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ហើយ
4 ផែនដី​កំពុង​តែ​សោយ‌សោក ហើយ​ស្វិត​ក្រៀម​ទៅ ឯ​លោកីយ៍​ក៏​កំពុង​តែ​រោយ‌រៀវ ហើយ​ស្វិត​ក្រៀម​ដែរ ពួក​អ្នក​ជាន់​ខ្ពស់​នៅ​ផែនដី​គេ​រោយ‌រៀវ​ទៅ
5 ផែនដី​ត្រូវ​ស្មោក‌គ្រោក​ដោយ‌សារ​ពួក​អ្នក​ដែល​អាស្រ័យ​នៅ ពី​ព្រោះ​គេ​បាន​រំលង​អស់​ទាំង​ក្រឹត្យ‌ក្រម គេ​បាន​ធ្វើ​ខុស​នឹង​ច្បាប់​ទាំង​ប៉ុន្មាន ហើយ​ផ្តាច់​សេចក្ដី​សញ្ញា​ដ៏​នៅ​អស់​កល្ប‌ជានិច្ច​ចេញ
6 ហេតុ​ដូច្នោះ​បាន​ជា​សេចក្ដី​បណ្តាសា​បាន​លេប​ស៊ី​ផែនដី ហើយ​ពួក​អ្នក​ដែល​អាស្រ័យ​នៅ​ក៏​មាន​ទោស​ទាំង​អស់​គ្នា បាន​ជា​ពួក​អ្នក​អាស្រ័យ​នៅ​នោះ គេ​ត្រូវ​ឆេះ​អស់​រលីង​ទៅ មាន​មនុស្ស​សល់​នៅ​តែ​បន្តិច‌បន្តួច​ទេ
7 ទឹក​ទំពាំង‌បាយ‌ជូរ​កំពុង​តែ​សោយ‌សោក ហើយ​ដើម​ទំពាំង‌បាយ‌ជូរ​ក៏​ស្វិត​ក្រៀម​ដែរ ឯ​អស់​អ្នក​ដែល​មាន​ចិត្ត​រីក‌រាយ គេ​ដក​ដង្ហើម​ធំ​វិញ
8 ការ​សប្បាយ​ដោយ​វាយ​ក្រាប់​បាន​បាត់‌ឈឹង សំឡេង​របស់​ពួក​អ្នក​ដែល​កំពុង​តែ​រីក‌រាយ​ក៏​ផុត ហើយ​សេចក្ដី​អំណរ​ដោយ​ដេញ​ស៊ុង​ក៏​អស់​ទៅ
9 គេ​នឹង​មិន​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ​ទាំង​ច្រៀង​ទៀត​ឡើយ ឯ​គ្រឿង​ស្រវឹង នឹង​ទៅ​ជា​ល្វីង ដល់​អស់​អ្នក​ដែល​ធ្លាប់​ផឹក
10 ទី​ក្រុង​ដែល​ចោល​ស្ងាត់​នឹង​ត្រូវ​រំលំ‌រំលាង គ្រប់​ទាំង​ផ្ទះ​បាន​បិទ​ទ្វារ មិន​ឲ្យ​មាន​អ្នក​ណា​ចូល​ឡើយ
11 នៅ​តាម​ផ្លូវ​មាន​ឮ​សំឡេង​គេ​ស្រែក​រក​ស្រា​ទំពាំង‌បាយ‌ជូរ សេចក្ដី​អំណរ​ទាំង​អស់​បាន​ងងឹត​ទៅ ហើយ​សេចក្ដី​រីក‌រាយ​នៅ​ក្នុង​ស្រុក​ក៏​បាត់​អស់​ដែរ
12 នៅ​ក្នុង​ទី​ក្រុង​សុទ្ធ​តែ​ស្ងាត់​ឈឹង​ទទេ ហើយ​ទ្វារ​ក្រុង​ក៏​ត្រូវ​វាយ​បំបាក់​ចុះ
13 ដ្បិត​នៅ​ក្នុង​បណ្តា‌សាសន៍​ដែល​នៅ​កណ្តាល​ផែនដី​នឹង​ត្រូវ​បាន​ដូច្នោះ ដូច​ជា​ការ​អង្រួន​ដើម​អូលីវ ហើយ​ដូច​ការ​បេះ​សន្សំ​ផ្លែ​ទំពាំង‌បាយ‌ជូរ ក្រោយ​ដែល​បេះ​រួច​ពី​ជាន់​ដើម​ជា​ស្រេច​ហើយ។
14 ពួក​អ្នក​ទាំង​នេះ​នឹង​បន្លឺ​ឡើង ហើយ​ស្រែក​ដោយ​អំណរ គេ​នឹង​ស្រែក​ឡើង​ជា​ខ្លាំង​ពី​ខាង​សមុទ្រ ដោយ​ព្រោះ​ឫទ្ធា‌នុភាព​នៃ​ព្រះ‌យេហូវ៉ា
15 ដូច្នេះ ចូរ​លើក​តម្កើង​ព្រះ‌យេហូវ៉ា​នៅ​ទិស​ខាង​កើត​ដែរ គឺ​លើក​ព្រះ‌នាម​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល នៅ​ស្រុក​ក្បែរ​សមុទ្រ
16 យើង​បាន​ឮ​បទ​ចម្រៀង​មក​ពី​ចុង​ផែនដី​បំផុត​ថា សិរី​សួស្តី​ចូរ​មាន​ដល់​ព្រះ​ដ៏​សុចរិត តែ​ខ្ញុំ​បាន​និយាយ​ថា ខ្ញុំ​កំពុង​តែ​រីងរៃ​ទៅ វរ‌ហើយ​ខ្ញុំៗ​កំពុង​តែ​រីងរៃ​ទៅ ពួក​មនុស្ស​ឧបាយ​គេ​បាន​ប្រព្រឹត្ត​ដោយ​កិច្ច‌កល​របស់​គេ អើ ពួក​មនុស្ស​ឧបាយ​គេ​បាន​ប្រព្រឹត្ត​ដោយ​កិច្ច‌កល​ជា​ខ្លាំង
17 ឱ​មនុស្ស​នៅ​ផែនដី​អើយ សេចក្ដី​តក់‌ស្លុត រណ្តៅ និង​អន្ទាក់​គ្រប​លើ​ឯង​ហើយ
18 ដូច្នេះ អ្នក​ណា​ដែល​រត់​ពី​សូរ​ដែល​នាំ​ឲ្យ​តក់‌ស្លុត នោះ​នឹង​ធ្លាក់​ទៅ​ក្នុង​រណ្តៅ ហើយ​អ្នក​ណា​ដែល​ឡើង​រួច​ពី​រណ្តៅ នោះ​នឹង​ជាប់​អន្ទាក់​វិញ ពី​ព្រោះ​បង្អួច​នៅ​ស្ថាន​លើ​បាន​បើក​ចំហ​ហើយ ឯ​ឫស​ផែនដី​ក៏​ញាប់‌ញ័រ​ដែរ
19 ឯ​ផែនដី​ត្រូវ​បែក​បាក់​អស់​រលីង ផែនដី​ត្រូវ​អង្រួន​ជា​ខ្លាំង
20 ផែនដី​នឹង​ទ្រេត‌ទ្រោត ដូច​ជា​មនុស្ស​ស្រវឹង ហើយ​និង​ត្រូវ​យោល​ទៅ​ដូច​ជា​អង្រឹង ឯ​អំពើ​រំលង​របស់​មនុស្ស​លោក​នឹង​សង្កត់​លើ​ជា​យ៉ាង​ធ្ងន់ គេ​នឹង​ត្រូវ​ដួល​ឥត​ងើប​ឡើង​វិញ​ឡើយ។
21 នៅ​គ្រា​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ផ្ចាញ់‌ផ្ចាល​នៅ​លើ​មេឃ ចំពោះ​ពួក​ពល‌បរិវារ​នៃ​ស្ថាន​ខ្ពស់ ព្រម​ទាំង​ពួក​ស្តេច​នៃ​លោកីយ៍​នៅ​ផែនដី​ដែរ
22 គេ​នឹង​ត្រូវ​ប្រមូល​គ្នា​ដូច​ជា​ឈ្លើយ​ដែល​ប្រមូល​ទុក​ក្នុង​រំលុង ហើយ​និង​ត្រូវ​ឃុំ​នៅ​ក្នុង​គុក ក្រោយ​មក​ជា​យូរ​ថ្ងៃ គេ​ត្រូវ​រង​ទោស
23 គ្រា​នោះ ព្រះ‌ចន្ទ​នឹង​ត្រូវ​ជ្រប់​មុខ ហើយ​ព្រះ‌អាទិត្យ​នឹង​ត្រូវ​អៀន‌ខ្មាស ដោយ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​សោយ‌រាជ្យ​នៅ​លើ​ភ្នំ​ស៊ីយ៉ូន នា​ក្រុង​យេរូ‌សាឡឹម នោះ​នឹង​មាន​សិរី‌ល្អ​នៅ​ចំពោះ​មុខ​ពួក​ចាស់‌ទុំ​របស់​ទ្រង់។


ជំពូក 25

1 ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​ជា​ព្រះ​នៃ​ទូល‌បង្គំ ទូល‌បង្គំ​នឹង​លើក​តម្កើង​ទ្រង់​ឡើង ទូល‌បង្គំ​នឹង​សរសើរ​ដល់​ព្រះ‌នាម​ទ្រង់ ពី​ព្រោះ​ទ្រង់​បាន​ធ្វើ​ការ​យ៉ាង​អស្ចារ្យ គឺ​ជា​ការ​ដែល​បាន​គិត​សម្រេច​នឹង​ធ្វើ​តាំង​ពី​បុរាណ​មក ដោយ​សេចក្ដី​ស្មោះ‌ត្រង់​ពិត​ប្រាកដ
2 ដ្បិត​ទ្រង់​បាន​ធ្វើ​ឲ្យ​ទី​ក្រុង​ទៅ​ជា​គំនរ​ថ្ម ឲ្យ​ទី​ក្រុង​មាន​បន្ទាយ​ទៅ​ជា​ធារ​បំណែក ឲ្យ​ទី​មាំ‌មួន​របស់​សាសន៍​ដទៃ​បាន​លែង​ធ្វើ​ជា​ទី​ក្រុង​រៀង​ត​ទៅ ហើយ​ឥត​មាន​អ្នក​ណា​សង់​ឡើង​វិញ​ឡើយ
3 ហេតុ​នោះ​នឹង​មាន​សាសន៍១​ដែល​មាន​កម្លាំង​ខ្លាំង គេ​នឹង​សរសើរ‌តម្កើង​ទ្រង់ ទី​ក្រុង​របស់​នគរ​គួរ​ស្ញែង‌ខ្លាច​ទាំង​ប៉ុន្មាន គេ​នឹង​ភ័យ​ញ័រ​ចំពោះ​ទ្រង់
4 ដ្បិត​ទ្រង់​បាន​ធ្វើ​ជា​ទី​មាំ‌មួន​ដល់​មនុស្ស​កំសត់​ទុគ៌ត ក្នុង​គ្រា​ដែល​មាន​ទុក្ខ​លំបាក ជា​ទី​ជ្រក​កោន​ឲ្យ​រួច​ពី​ព្យុះ​សង្ឃរា​ជា​ម្លប់​បាំង​កំដៅ ក្នុង​កាល​ដែល​ខ្យល់​គំហុក​របស់​ពួក​គួរ​ស្ញែង‌ខ្លាច បាន​ដូច​ជា​មាន​ព្យុះ​បក់​ប៉ះ​នឹង​ជញ្ជាំង
5 ទ្រង់​នឹង​បន្ទាប​សូរ​របស់​ពួក​សាសន៍​ដទៃ​នោះ ដូច​ជា​ចំហាយ​ក្តៅ​នៅ​កន្លែង​ហួត‌ហែង ហើយ​ដូច​ជា​កំដៅ​បាន​អន់​ថយ​ដោយ‌សារ​ម្លប់​ពពក នោះ​បទ​ច្រៀង​ជ័យ​របស់​ពួក​គួរ​ស្ញែង‌ខ្លាច​នឹង​ត្រូវ​អន់​ទៅ​ដូច្នោះ​ដែរ។
6 នៅ​លើ​ភ្នំ​នេះ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​នឹង​ចាត់‌ចែង​ជប់‌លៀង​ដល់​គ្រប់​ទាំង​សាសន៍ ដោយ​ម្ហូប​មាន​ឱជារស​យ៉ាង​វិសេស និង​ស្រា​ទំពាំង‌បាយ‌ជូរ​សំរាំង ជា​ម្ហូប​យ៉ាង​វិសេស​ដោយ​ខួរ​ឆ្អឹង​ជោក ហើយ​និង​ស្រា​ទំពាំង‌បាយ‌ជូរ​សំរាំង​យ៉ាង​ល្អ
7 នៅ​លើ​ភ្នំ​នេះ ទ្រង់​នឹង​បំផ្លាញ​ស្បៃ​ដែល​បាំង​មុខ​គ្រប់​ទាំង​សាសន៍ ព្រម​ទាំង​គំរប​ដែល​គ្រប​លើ​សាសន៍​ទាំង​ប៉ុន្មាន​ផង
8 ទ្រង់​នឹង​បំផ្លាញ​សេចក្ដី​ស្លាប់​ឲ្យ​សូន្យ​បាត់​ទៅ​ជា​ដរាប នោះ​ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​នឹង​ជូត​ទឹក​ភ្នែក​ពី​មុខ​មនុស្ស​ទាំង​អស់ ហើយ​ទ្រង់​នឹង​ដក​សេចក្ដី​ត្មះ‌តិះដៀល​ចំពោះ​រាស្ត្រ​ទ្រង់​ពី​ផែនដី​ទាំង​មូល​ចេញ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ហើយ។
9 នៅ​គ្រា​នោះ គេ​នឹង​ពោល​ថា មើល នេះ​គឺ​ជា​ព្រះ​នៃ​យើង​រាល់​គ្នា យើង​បាន​រង់‌ចាំ​ទ្រង់ ហើយ​ទ្រង់​នឹង​ជួយ​សង្គ្រោះ​យើង នេះ​គឺ​ជា​ព្រះ‌យេហូវ៉ា​ហើយ យើង​បាន​រង់‌ចាំ​ទ្រង់ យើង​នឹង​មាន​ចិត្ត​រីក‌រាយ ហើយ​ត្រេក‌អរ ដោយ​សេចក្ដី​សង្គ្រោះ​របស់​ទ្រង់
10 ដ្បិត​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​នឹង​សណ្ឋិត​នៅ​លើ​ភ្នំ​នេះ ឯ​សាសន៍​ម៉ូអាប់​នឹង​ត្រូវ​ជាន់​ឈ្លី​នៅ​ក្នុង​ស្រុក​របស់​គេ ដូច​ជា​ចំបើង​ដែល​ត្រូវ​ជាន់​ឈ្លី​នៅ​គំនរ​អាចម៍​ដែរ
11 ហើយ​គេ​នឹង​កាង​ដៃ​នៅ​កណ្តាល​ស្រុក​គេ ដូច​ជា​អ្នក​ដែល​កាង​ដៃ​ហែល​ទឹក ប៉ុន្តែ ទ្រង់​នឹង​បន្ទាប​សេចក្ដី​អំនួត​របស់​គេ ព្រម​ទាំង​កល‌ឧបាយ​របស់​ដៃ​គេ​ដែរ
12 ឯ​បន្ទាយ​យ៉ាង​ខ្ពស់​នៅ​លើ​កំផែង​ឯង នោះ​ទ្រង់​បាន​រំលំ​ចុះ​មក​ដល់​ដី​វិញ គឺ​នៅ​ក្នុង​ធូលី​ដី​ផង។


ជំពូក 26

1 នៅ​គ្រា​នោះ គេ​នឹង​ច្រៀង​បទ​នេះ​នៅ​ក្នុង​ស្រុក​យូដា​ថា យើង​មាន​ទី​ក្រុង​១​ដ៏​មាំ‌មួន ទ្រង់​នឹង​តម្រូវ​ឲ្យ​មាន​សេចក្ដី​សង្គ្រោះ​ទុក​ជា​កំផែង ហើយ​ជា​ទី​ការ‌ពារ​យើង
2 ចូរ​បើក​ទ្វារ ដើម្បី​ឲ្យ​សាសន៍​សុចរិត​ដែល​រក្សា​សេចក្ដី​ស្មោះ‌ត្រង់​បាន​ចូល​មក​ចុះ
3 ឯ​អ្នក​ណា​ដែល​មាន​គំនិត​ជាប់​តាម​ទ្រង់ នោះ​ទ្រង់​នឹង​ថែ​រក្សា​អ្នក​នោះ ឲ្យ​មាន​សេចក្ដី​សុខ​ពេញ​ខ្នាត ដោយ​ព្រោះ​គេ​ទុក​ចិត្ត​នឹង​ទ្រង់
4 ចូរ​ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា​ជា​ដរាប​ចុះ ដ្បិត​ព្រះ​ដ៏​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​ជា​ថ្មដា​ដ៏​នៅ​អស់​កល្ប‌ជានិច្ច
5 ទ្រង់​បាន​ទម្លាក់​ពួក​អ្នក​ដែល​នៅ​ទី​ខ្ពស់ ឯ​ទី​ក្រុង​យ៉ាង​ខ្ពស់​ទ្រង់​រំលំ​ចុះ គឺ​ទ្រង់​រំលំ​ក្រុង​នោះ​ចុះ​ដល់​ដី ក៏​បន្ទាប​ទៅ​ដល់​ធូលី​ដី​ផង
6 ជើង​មនុស្ស​នឹង​ដើរ​ជាន់ គឺ​ទាំង​ជើង​របស់​មនុស្ស​ទាល់​ក្រ និង​ជំហាន​របស់​មនុស្ស​កំសត់​ទុគ៌ត​ផង
7 សេចក្ដី​ទៀង​ត្រង់​ជា​ផ្លូវ​នៃ​មនុស្ស​សុចរិត គឺ​ទ្រង់ ឱ​ព្រះ​ដ៏​ទៀង​ត្រង់​អើយ ទ្រង់​ពិនិត្យ​ពិចារណា​អស់​ទាំង​ផ្លូវ​ច្រក​របស់​មនុស្ស​សុចរិត។
8 ហ្នឹង​ហើយ ឱ​ព្រះ‌យេហូវ៉ា​អើយ យើង​ខ្ញុំ​បាន​រង់‌ចាំ​ទ្រង់ នៅ​ក្នុង​ផ្លូវ​នៃ​សេចក្ដី​យុត្តិ‌ធម៌​របស់​ទ្រង់ ព្រលឹង​យើង​ខ្ញុំ​ប្រាថ្នា​ដល់​ព្រះ‌នាម​ទ្រង់ គឺ​ដល់​សេចក្ដី​ដែល​រំឭក​ពី​ទ្រង់
9 នៅ​វេលា​យប់ ព្រលឹង​នៃ​ទូល‌បង្គំ​ប្រាថ្នា​ដល់​ទ្រង់​ហ្នឹង​ហើយ វិញ្ញាណ​នៅ​ក្នុង​ខ្លួន​ទូល‌បង្គំ​នឹង​ស្វែង​រក​ទ្រង់​ដោយ​ខ្មី‌ឃ្មាត​ដែរ ដ្បិត​កំពុង​ដែល​សេចក្ដី​យុត្តិ‌ធម៌​របស់​ទ្រង់​នៅ​លើ​ផែនដី នោះ​ពួក​មនុស្ស​នៅ​លោកីយ៍​គេ​រៀន​តាម​សេចក្ដី​សុចរិត
10 បើ‌សិន​ជា​ធ្វើ​គុណ​ដល់​មនុស្ស​អាក្រក់ នោះ​គេ​ក៏​មិន​រៀន​តាម​សេចក្ដី​សុចរិត​ដែរ គេ​នឹង​ប្រព្រឹត្ត​សេចក្ដី​កំហុស​នៅ​ក្នុង​ស្រុក​ទៀង​ត្រង់​ផង ឥត​ដែល​ពិចារណា​មើល​ឫទ្ធា‌នុភាព​នៃ​ព្រះ‌យេហូវ៉ា​ឡើយ។
11 ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌ហស្ត​ទ្រង់​បាន​លើក​ឡើង​ជា​ស្រេច តែ​គេ​មិន​ព្រម​ឃើញ​ទេ ប៉ុន្តែ គេ​នឹង​ត្រូវ​ឃើញ​សេចក្ដី​ឧស្សាហ៍​របស់​ទ្រង់​ចំពោះ​បណ្តា‌ជន​វិញ នោះ​គេ​នឹង​មាន​សេចក្ដី​ខ្មាស ភ្លើង​នឹង​ឆេះ​បន្សុស​ពួក​ខ្មាំង​សត្រូវ​ទ្រង់​អស់​រលីង​ទៅ
12 ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​នឹង​តាំង​ឲ្យ​មាន​សេចក្ដី​សុខ​សម្រាប់​យើង​ខ្ញុំ ដ្បិត​អស់​ទាំង​ការ​ដែល​យើង​ខ្ញុំ​ធ្វើ នោះ​គឺ​ជា​ទ្រង់​ដែល​បាន​សម្រេច​ការ​នោះ​ឲ្យ​យើង​ខ្ញុំ
13 ឱ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ​អើយ ពី​ដើម​មាន​ចៅ‌ហ្វាយ​ឯ​ទៀត​ក្រៅ​ពី​ទ្រង់ បាន​ត្រួត‌ត្រា​លើ​យើង​ខ្ញុំ តែ​ឥឡូវ​នេះ ដោយ‌សារ​ទ្រង់ នោះ​យើង​ខ្ញុំ​នឹង​អំពាវ‌នាវ​ដល់​តែ​ព្រះ‌នាម​ទ្រង់​វិញ
14 គេ​បាន​ស្លាប់​អស់​ហើយ ឥត​រស់​មក​វិញ​ទៀត​ឡើយ គេ​កន្លង​បង់​ហើយ ឥត​ងើប​ឡើង​វិញ​ទេ ដូច្នេះ ទ្រង់​បាន​ធ្វើ​ទោស ហើយ​បំផ្លាញ​គេ ព្រម​ទាំង​ធ្វើ​ឲ្យ​សេចក្ដី​នឹក​ចាំ​ពី​គេ​សូន្យ​បាត់​ទៅ
15 ទ្រង់​បាន​ចម្រើន​សាសន៍​នេះ ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​បាន​ចម្រើន​សាសន៍​នេះ​ហើយ គេ​លើក​តម្កើង​ទ្រង់​ឡើង ទ្រង់​បាន​វាត​ព្រំ​ស្រុក​ឲ្យ​ធំ​ទូលាយ​ទៅ។
16 ឱ​ព្រះ‌យេហូវ៉ា​អើយ ក្នុង​គ្រា​ដែល​មាន​ទុក្ខ នោះ​គេ​បាន​រក​ទ្រង់ គេ​បាន​បញ្ចេញ​ពាក្យ​អធិ‌ស្ឋាន​ជា​ហូរ‌ហែ​ក្នុង​កាល​ដែល​ទ្រង់​វាយ‌ផ្ចាល​គេ
17 ឱ​ព្រះ‌យេហូវ៉ា​អើយ ស្ត្រី​មាន​គភ៌​ដែល​ហៀប​នឹង​សម្រាល នាង​ឈឺ​ចាប់ ហើយ​ស្រែក​ដោយ​ឈឺ​ជា​ខ្លាំង​យ៉ាង​ណា ឯ​យើង​ខ្ញុំ​ក៏​ដូច្នោះ​នៅ​ចំពោះ​ទ្រង់​ដែរ
18 យើង​ខ្ញុំ​ក៏​បាន​មាន​ភគ៌ យើង​ខ្ញុំ​បាន​ឈឺ​ចាប់ តែ​បាន​សម្រាល​ចេញ​ជា​ខ្យល់​ទទេ យើង​ខ្ញុំ​មិន​បាន​បង្កើត​ការ​ជួយ​ចម្រើន​អ្វី​នៅ​ផែនដី​សោះ ហើយ​មនុស្ស​នៅ​លោកីយ៍​ក៏​មិន​ទាន់​ដួល​នៅ​ឡើយ​ដែរ។
19 ឯ​ពួក​ស្លាប់​របស់​ឯង​គេ​នឹង​រស់​ទៀត គេ​នឹង​រស់​ឡើង​វិញ​ជា​មួយ​នឹង​សព​របស់​អញ ឯង​រាល់​គ្នា​ដែល​អាស្រ័យ​នៅ​ក្នុង​ធូលី​ដី​អើយ ចូរ​ភ្ញាក់​ឡើង ហើយ​ច្រៀង​ចុះ ដ្បិត​ទឹក​សន្សើម​របស់​ឯង​ប្រៀប​ដូច​ជា​ទឹក​សន្សើម​ពេល​ព្រលឹម ឯ​ដី​នឹង​បញ្ចេញ​មនុស្ស​ស្លាប់​មក។
20 ចូរ​មក សាសន៍​ខ្ញុំ​អើយ ចូរ​ឲ្យ​ចូល​ទៅ​ក្នុង​បន្ទប់​ខ្លួន ហើយ​បិទ​ទ្វារ​ចុះ ត្រូវ​ឲ្យ​ពួន​ខ្លួន​បន្តិច​សិន ទាល់​តែ​សេចក្ដី​ក្រោធ​បាន​កន្លង​ហួស​ទៅ
21 ដ្បិត​មើល ព្រះ‌យេហូវ៉ា​ទ្រង់​យាង​ចេញ​ពី​ស្ថាន​របស់​ទ្រង់​មក ដើម្បី​នឹង​សម្រេច​ទោស​ដល់​មនុស្ស​នៅ​ផែនដី ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​គេ ឯ​ដី​នឹង​បើក​បង្ហាញ​ឈាម​គេ​ឲ្យ​ឃើញ ឥត​គ្រប​បាំង​មនុស្ស​ដែល​ត្រូវ​គេ​សម្លាប់​ទៀត​ឡើយ។


ជំពូក 27

1 នៅ​គ្រា​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​យក​ដាវ​មុត​ក្លា​ដ៏​ធំ ហើយ​មាន​កម្លាំង​របស់​ទ្រង់​ទៅ​ធ្វើ​ទោស​ដល់​សត្វ​សម្បើម ជា​នាគ​ដែល​រត់​ពួន គឺ​សត្វ​សម្បើម ជា​នាគ​ក្ងិច‌ក្ងក់​នោះ​ឯង ហើយ​ទ្រង់​នឹង​សម្លាប់​សត្វ​សម្បើម​ដែល​នៅ​ក្នុង​សមុទ្រ​នោះ។
2 នៅ​គ្រា​នោះ នឹង​មាន​ចម្ការ​សម្រាប់​ធ្វើ​ស្រា​ទំពាំង‌បាយ‌ជូរ ចូរ​ច្រៀង​ជូន​ថា
3 អញ​នេះ គឺ​ព្រះ‌យេហូវ៉ា​ជា​អ្នក​ថែ​រក្សា អញ​នឹង​ស្រោច​ទឹក​ជានិច្ច ហើយ​និង​ថែ​មើល​ទាំង​យប់​ទាំង​ថ្ងៃ ក្រែង​អ្នក​ណា​ធ្វើ​ឲ្យ​អន្តរាយ
4 អញ​មិន​ចេះ​ឃោរ‌ឃៅ​ទេ តែ​បើ​មាន​អញ្ចាញ និង​បន្លា​មក​ច្បាំង​នឹង​អញ នោះ​អញ​នឹង​ដើរ​ជាន់​លើ​វា ហើយ​និង​ដុត​បញ្ឆេះ​វា​អស់​រលីង
5 បើ​ពុំ​នោះ ឲ្យ​គេ​មក​ពឹង‌ពាក់​កម្លាំង​អញ​វិញ ដើម្បី​ឲ្យ​បាន​ជា​មេត្រី​នឹង​អញ ចូរ​ឲ្យ​គេ​ជា​មេត្រី​នឹង​អញ​ចុះ
6 នៅ​គ្រា​ខាង​មុខ នោះ​ពួក​យ៉ាកុប​នឹង​ចាក់​ឫស​ទៅ ពួក​អ៊ីស្រា‌អែល​នឹង​ពន្លក​ចេញ​ឡើង ហើយ​គេ​នឹង​បង្កើត​ផល​ផ្សាយ​ទៅ​ពេញ​លើ​ផែនដី។
7 តើ​ទ្រង់​បាន​វាយ​គេ ដូច​ជា​វាយ​សាសន៍១​ដែល​បាន​វាយ​គេ​ដែរ​ឬ តើ​គេ​បាន​ត្រូវ​ប្រហារ​បង់ ដូច​ជា​ការ​ប្រហារ​ដល់​ពួក​អ្នក​ដែល​ទ្រង់​បាន​ប្រហារ​នោះ​ឬ​អី
8 គឺ​ទ្រង់​បាន​ធ្វើ​ទោស​ដល់​គេ​តាម​ព្រះ‌ហឫទ័យ​សន្តោស​វិញ ដោយ​បណ្តេញ​គេ​ទៅ គឺ​ទ្រង់​បាន​ផាត់​គេ​ចេញ ដោយ​ខ្យល់​គំហុក​របស់​ទ្រង់ នៅ​ថ្ងៃ​ដែល​ខ្យល់​ពី​ទិស​ខាង​កើត​បក់​មក
9 ដូច្នេះ អំពើ​ទុច្ចរិត​របស់​ពួក​យ៉ាកុប​នឹង​បាន​ជម្រះ​ដោយ​ការ​នោះ​ឯង ហើយ​នេះ​ជា​ផល​ដែល​កើត​ពី​ការ​ដោះ​បាប​គេ​ចេញ គឺ​ទ្រង់​នឹង​ធ្វើ​ឲ្យ​ថ្ម​ទាំង​ប៉ុន្មាន​នៃ​អាសនៈ​បាន​ដូច​ជា​ដី​ស​ដែល​ត្រូវ​កិន​កម្ទេច ដើម្បី​ឲ្យ​រូប​ព្រះ​ទាំង​ប៉ុន្មាន និង​រូប​ព្រះ‌អាទិត្យ បាន​ងើប​ឡើង​វិញ​មិន​រួច​ជា​ដរាប
10 ដ្បិត​ទី​ក្រុង​មាន​បន្ទាយ​បាន​ចោល​ស្ងាត់​ទៅ គឺ​ជា​ទី​លំនៅ​ដែល​គេ​លែង​នៅ ព្រម​ទាំង​បោះ‌បង់​ចោល​ហើយ ប្រៀប​ដូច​ជា​ទី​រហោ‌ស្ថាន នៅ​ទី​នោះ កូន​គោ​នឹង​រក​ស៊ី ហើយ​ដេក​នៅ វា​នឹង​ស៊ី​មែក​ខ្ចី​ដែល​នៅ​ទី​នោះ
11 កាល​ណា​មែក​ស្វិត​ក្រៀម​ទៅ​ហើយ នោះ​នឹង​ត្រូវ​កាច់​ចេញ ហើយ​ពួក​ស្រីៗ​នឹង​មក​ដុត​ចោល ពី​ព្រោះ​សាសន៍​នេះ​ឥត​មាន​យោបល់ ហេតុ​ដូច្នេះ ព្រះ​ដែល​បាន​បង្កើត​គេ ទ្រង់​នឹង​មិន​ប្រណី​ដល់​គេ​ឡើយ ព្រះ​ដែល​បាន​សូន​គេ​ឡើង ទ្រង់​នឹង​មិន​ផ្តល់​ព្រះ‌គុណ​ដល់​គេ​សោះ។
12 នៅ​គ្រា​នោះ ឱ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​អើយ ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​វាយ​ជំរុះ​ផល​គេ ចាប់​តាំង​ពី​ទឹក​ទន្លេ​រហូត​ដល់​ស្ទឹង​ស្រុក​អេស៊ីព្ទ គ្រា​នោះ ឯង​រាល់​គ្នា​នឹង​បាន​រួម​មូល​គ្នា​មក​ម្នាក់​ម្តង​ម្នាក់​ម្តង
13 ហើយ​នៅ​គ្រា​នោះ នឹង​ឮ​សូរ​ត្រែ​ធំ​ផ្លុំ​ឡើង នោះ​ពួក​អ្នក​នៅ​ក្នុង​ស្រុក​អាសស៊ើរ​ដែល​ហៀប​នឹង​វិនាស​បាត់ និង​ពួក​អ្នក​ដែល​ត្រូវ​បំបរ‌បង់​ចេញ​ទៅ​ឯ​ស្រុក​អេស៊ីព្ទ គេ​នឹង​វិល​មក​ថ្វាយ‌បង្គំ​ព្រះ‌យេហូវ៉ា​នៅ​លើ​ភ្នំ​បរិសុទ្ធ ត្រង់​ក្រុង​យេរូ‌សាឡឹម។


ជំពូក 28

1 វេទនា​ដល់​មកុដ​នៃ​សេចក្ដី​អំនួត របស់​ពួក​ប្រមឹក​ក្នុង​ពួក​អេប្រា‌អិម ដែល​គេ​យក​ជា​ទី​អួត ហើយ​ដល់​ផ្កា​ដែល​កំពុង​តែ​ស្រពោន ជា​សេចក្ដី​លំអ​ដ៏​រុងរឿង​របស់​គេ ដែល​នៅ​លើ​ក្បាល​ច្រក​ភ្នំ​ដុះ‌ដាល​របស់​ពួក​អ្នក​ដែល​ស្រវឹង​ស្រា​ទំពាំង‌បាយ‌ជូរ​ហើយ
2 មើល ព្រះ‌អម្ចាស់​ទ្រង់​មាន​អ្នក​ខ្លាំង​ពូកែ​ដ៏​មាន​ឫទ្ធិ​ម្នាក់ អ្នក​នោះ​នឹង​ពង្រាប​ចុះ​ដល់​ដី ដោយ​អំណាច​នៃ​ដៃ ដូច​ជា​ព្យុះ‌ព្រិល ជា​ព្យុះ​សង្ឃរា​ដែល​បំផ្លាញ ហើយ​ដូច​ជា​ព្យុះ​ភ្លៀង​ធំ​ឲ្យ​ទឹក​ហូរ​ជន់​លិច
3 ឯ​មកុដ​នៃ​សេចក្ដី​អំនួត​របស់​ពួក​ប្រមឹក​ក្នុង​ពួក​អេប្រា‌អិម ដែល​គេ​យក​ជា​ទី​អំនួត នោះ​នឹង​ត្រូវ​ជាន់​ឈ្លី​នៅ​ក្រោម​ជើង
4 ហើយ​ផ្កា​ដែល​កំពុង​តែ​ស្រពោន ជា​សេចក្ដី​លំអ​ដ៏​រុងរឿង​របស់​គេ ដែល​នៅ​លើ​ក្បាល​ច្រក​ភ្នំ​ដុះ‌ដាល នោះ​នឹង​បាន​ដូច​ជា​ផ្លែ​ល្វា​ដែល​ទុំ​ជា​ដំបូង​មុន​រដូវ​ក្តៅ ដែល​កាល​ណា​គេ​ក្រឡេក​ទៅ​ឃើញ នោះ​ក៏​បេះ​មក​ដល់​ដៃ​ពម​ចូល​ទៅ​ភ្លាម
5 នៅ​គ្រា​នោះ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​នឹង​ជា​មកុដ​ដ៏​រុងរឿង ហើយ​ជា​គ្រឿង​លំអ​ដល់​សំណល់​នៃ​រាស្ត្រ​ទ្រង់
6 ហើយ​ជា​គំនិត​យុត្តិ‌ធម៌​ដល់​អ្នក​ដែល​អង្គុយ​ជំនុំ‌ជម្រះ និង​ជា​ឫទ្ធិ​កម្លាំង​ដល់​អ្នក​ដែល​បណ្តេញ​ពួក​ពល​ខ្មាំង​ឲ្យ​ថយ​ចេញ​ពី​ទ្វារ​ក្រុង។
7 ឯ​ពួក​អ្នក​ទាំង​នោះ​គេ​ក៏​វិល​ទៅ​មក​ដោយ​ស្រា​ទំពាំង‌បាយ‌ជូរ ហើយ​ទ្រេត‌ទ្រោត​ដោយ​គ្រឿង​ស្រវឹង​ដែរ គឺ​ទាំង​ពួក​សង្ឃ និង​ពួក​ហោរា ក៏​វិល​ទៅ​មក​ដោយ​គ្រឿង​ស្រវឹង គេ​ត្រូវ​បំផ្លាញ​ទៅ​ដោយ​ស្រា​ទំពាំង‌បាយ‌ជូរ គេ​ទ្រេត‌ទ្រោត​ដោយ​គ្រឿង​ស្រវឹង ក្នុង​ការ​ជាក់‌ស្តែង​គេ​យល់​ខុស​ទទេ ក៏​រមឹល​ក្នុង​ការ​ជំនុំ‌ជម្រះ
8 ដ្បិត​តុ​ទាំង​អស់​ប្រឡាក់​ពេញ​ដោយ​កំអួត ហើយ​កខ្វក់ ឥត​មាន​កន្លែង​ណា​ស្អាត​ឡើយ។
9 ដូច្នេះ តើ​ទ្រង់​នឹង​បង្រៀន​ចំណេះ​ដល់​អ្នក​ណា តើ​ទ្រង់​នឹង​ធ្វើ​ឲ្យ​អ្នក​ណា​យល់​ដំណឹង គឺ​ពួក​ដែល​ទើប​នឹង​លែង​បៅ ជា​ពួក​អ្នក​ដែល​ទើប​នឹង​ផ្តាច់​ដោះ​វិញ
10 ដ្បិត​ត្រូវ​បង្រៀន​ច្បាប់​មួយ​ម្តងៗ ហើយ​ឃ្លា​មួយ​ម្តងៗ មុខ​នេះ​បន្តិច មុខ​នោះ​បន្តិច។
11 ទ្រង់​នឹង​មាន​ព្រះ‌បន្ទូល​ដល់​សាសន៍​នេះ ដោយ​សំដី​រឡប់ ហើយ​និង​ភាសា​ដទៃ
12 ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​នឹង​គេ​ថា នេះ​នែ​ជា​សេចក្ដី​សម្រាក ចូរ​ឲ្យ​ពួក​អ្នក​ដែល​នឿយ​ហត់​បាន​សម្រាក​ចុះ នេះ​ឯង​ជា​ទី​លំហើយ តែ​គេ​មិន​ព្រម​ស្តាប់​តាម​សោះ
13 ហេតុ​ដូច្នោះ ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​នឹង​បាន​ដល់​គេ ដោយ​ច្បាប់​មួយ​ម្តងៗ ហើយ​និង​ឃ្លា​មួយ​ម្តងៗ មុខ​នេះ​បន្តិច មុខ​នោះ​បន្តិច ដើម្បី​ឲ្យ​គេ​ចេញ​ទៅ​ដួល​ផ្ងារ​ចុះ ព្រម​ទាំង​ត្រូវ​បាក់​បែក ជាប់​អន្ទាក់ ហើយ​ត្រូវ​ចាប់​បាន​ផង។
14 ដូច្នេះ ឱ​ពួក​ចំអក​ឡក‌ឡឺយ​ដែល​គ្រង​លើ​បណ្តា‌ជន​នៅ​ក្រុង​យេរូ‌សាឡឹម​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ចុះ
15 ដោយ​ព្រោះ​អ្នក​រាល់​គ្នា​បាន​ពោល​ថា យើង​រាល់​គ្នា​បាន​ចុះ​សញ្ញា​នឹង​សេចក្ដី​ស្លាប់ ក៏​ព្រម‌ព្រៀង​គ្នា​នឹង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ហើយ កាល​ណា​សេចក្ដី​ភ័យ​អន្តរាយ​ដ៏​ជន់​លិច​ច្រាំង​បាន​ហូរ​កាត់​មក នោះ​នឹង​មិន​ដល់​យើង​ទេ ពី​ព្រោះ​យើង​បាន​ពឹង‌ពាក់​ដល់​សេចក្ដី​កុហក ហើយ​ពួន​ខ្លួន​ក្នុង​សេចក្ដី​ភូត‌ភរ
16 ហេតុ​នោះ​បាន​ជា​ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា មើល អញ​ដាក់​ថ្ម​១​នៅ​ក្រុង​ស៊ីយ៉ូន ទុក​ជា​ជើង​ជញ្ជាំង ជា​ថ្ម​ដែល​បាន​ល្បង‌ល​ហើយ ជា​ថ្ម​ទី​ជ្រុង​ដ៏​មាន​តម្លៃ​ដែល​បាន​ដាក់​យ៉ាង​មាំ‌មួន ឯ​អ្នក​ណា​ដែល​ជឿ នោះ​មិន​ត្រូវ​រួស‌រាន់​ឡើយ
17 អញ​នឹង​យក​សេចក្ដី​យុត្តិ‌ធម៌​ធ្វើ​ជា​ខ្សែ​បន្ទាត់ ហើយ​និង​សេចក្ដី​សុចរិត​ជា​កូន​តឹង រួច​ព្យុះ​ព្រិល​នឹង​បោស​រំលីង​ទី​ជ្រក​នៃ​សេចក្ដី​ភូត‌ភរ​ទៅ ហើយ​ទឹក​នឹង​ជន់​ឡើង លិច​ទី​ពំនួន​បង់
18 នោះ​សេចក្ដី​សញ្ញា​ដែល​ឯង​រាល់​គ្នា​បាន​តាំង​នឹង​សេចក្ដី​ស្លាប់ ក៏​នឹង​ត្រូវ​លើក​ចោល​ចេញ ហើយ​ការ​ព្រម‌ព្រៀង​គ្នា​នឹង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ នោះ​មិន​ស្ថិត‌ស្ថេរ​នៅ​ដែរ ដូច្នេះ កាល​ណា​សេចក្ដី​អន្តរាយ​ដ៏​ជន់​លិច​ច្រាំង​បាន​ហូរ​កាត់​មក នោះ​អ្នក​រាល់​គ្នា​នឹង​ត្រូវ​ញាំ‌ញី​ទៅ
19 សេចក្ដី​អន្តរាយ​នោះ​ហូរ​កាត់​មក​វេលា​ណា ក៏​នឹង​កៀរ​យក​អ្នក​រាល់​គ្នា​ទៅ​តែ​ម្តង ដ្បិត​រាល់​តែ​ព្រឹក​នឹង​ហូរ​កាត់​មក ហើយ​ទាំង​ថ្ងៃ​ទាំង​យប់​ផង ការ​ដែល​គ្រាន់​តែ​ឮ​ដំណឹង នោះ​នឹង​បាន​ជា​សេចក្ដី​គួរ​ស្ញែង‌ខ្លាច​ហើយ
20 ដ្បិត​គ្រែ​ខ្លី​ពេក នឹង​ដេក​សណ្តូក​ខ្លួន​មិន​បាន ហើយ​ផួយ​ក៏​តូច​ផង មិន​ល្មម​នឹង​ដណ្តប់​ខ្លួន​ដែរ
21 ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ក្រោក​ឈរ​ឡើង ដូច​ជា​នៅ​ត្រង់​ភ្នំ​ពេរ៉ា‌ស៊ីម ទ្រង់​នឹង​មាន​សេចក្ដី​ក្រោធ ដូច​ជា​នៅ​ក្នុង​ច្រក​ភ្នំ​គីបៀន ដើម្បី​ឲ្យ​ទ្រង់​បាន​ធ្វើ​ការ​របស់​ទ្រង់ គឺ​ជា​ការ​យ៉ាង​ប្លែក ហើយ​និង​សម្រេច​កិច្ច​របស់​ទ្រង់ គឺ​ជា​កិច្ច​យ៉ាង​ប្លែក
22 ដូច្នេះ កុំ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​ជា​អ្នក​ចំអក​ឡក‌ឡឺយ​ទៀត ក្រែង​ចំណង​របស់​អ្នក​រាល់​គ្នា​ត្រូវ​រឹត‌រួត​កាន់​តែ​ខ្លាំង​ឡើង ព្រោះ​ខ្ញុំ​បាន​ឮ​ពី​ព្រះ‌អម្ចាស់​យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ​ថា បាន​សម្រេច​ឲ្យ​មាន​ការ​បំផ្លាញ​នៅ​គ្រប់​លើ​ផែនដី​ហើយ។
23 ចូរ​ផ្ទៀង​ត្រចៀក​ស្តាប់​សំឡេង​ខ្ញុំ​ចុះ ចូរ​ផ្ចង់​ចិត្ត​ស្តាប់​ពាក្យ​របស់​ខ្ញុំ
24 ឯ​អ្នក​ដែល​ភ្ជួរ‌រាស់​ដើម្បី​សាប‌ព្រោះ តើ​គេ​នៅ​តែ​ភ្ជួរ​ជានិច្ច​ឬ តើ​គេ​ចេះ​តែ​បំបែក​ដី ហើយ​រាស់​ស្រែ​របស់​ខ្លួន​ជា​ដរាប​ឬ
25 កាល​ណា​គេ​បាន​ពង្រាប​ដី​ហើយ នោះ​តើ​មិន​ព្រោះ​ល្ង​ស ហើយ​បាច​ល្ង​ខ្មៅ ព្រម​ទាំង​រោយ​ស្រូវ​ភោជ្ជ‌សាលី​ទៅ​ជា​ជួរៗ ហើយ​ស្រូវ​ឱក​នៅ​កន្លែង​ដែល​បាន​តម្រូវ​ទុក និង​ស្រូវ​អេប៉ូត​តាម​ក្បែរ​ភ្លឺ​ផង​ទេ​ឬ​អី
26 ដ្បិត​ព្រះ​នៃ​គេ​ទ្រង់​បង្ហាត់​បង្រៀន​ឲ្យ​គេ​មាន​គំនិត​យល់ ហើយ​ក៏​បង្ហាញ​ឲ្យ​ចេះ​ធ្វើ
27 ពី​ព្រោះ​ឯ​ល្ង​ស នោះ​មិន​ត្រូវ​វាយ​ដោយ​ប្រដាប់​មុត​ទេ ក៏​មិន​ត្រូវ​ឲ្យ​កង់​រទេះ​កិន​ល្ង​ខ្មៅ​ដែរ គឺ​ត្រូវ​គោះ​ល្ង​ស​ដោយ​រំពាត់ ហើយ​ល្ង​ខ្មៅ​ដោយ​ដំបង
28 ឯ​ស្រូវ​សម្រាប់​ធ្វើ​នំបុ័ង នោះ​គេ​បញ្ជាន់​វិញ ពី​ព្រោះ​គេ​មិន​ចង់​វាយ​ប្រឡេះ​ជា​ដរាប​ទេ គឺ​គេ​បញ្ជាន់​ដោយ​កង់​រទេះ ឬ​ដោយ​សេះ​វិញ
29 តម្រិះ​នេះ​ក៏​មក​ពី​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល​បរិវារ ដែល​ទ្រង់​ប្រឹក្សា​យ៉ាង​អស្ចារ្យ ហើយ​មាន​ប្រាជ្ញា​យ៉ាង​វិសេស​ផង។


ជំពូក 29

1 វេទនា​ដល់​អើរាល គឺ​អើរាល ជា​ទី​ក្រុង​ដែល​ដាវីឌ​បាន​គង់​នៅ ចូរ​ឲ្យ​គេ​ធ្វើ​បុណ្យ​ទាំង​ខួបៗ​រាល់​តែ​ឆ្នាំ​ត​ទៅ​ចុះ
2 នោះ​អញ​នឹង​ធ្វើ​ទុក្ខ​ដល់​អើរាល ហើយ​គេ​នឹង​កើត​មាន​សេចក្ដី​សោយ‌សោក និង​ការ​យំ​ទួញ ឯ​ទី​ក្រុង​នឹង​បាន​ដូច​ជា​ជើង‌ក្រាន​នៃ​អាសនៈ​ដល់​អញ
3 អញ​នឹង​បោះ​ទ័ព​ឡោម‌ព័ទ្ធ​ឯង ព្រម​ទាំង​ដាក់​ទាហាន​បង្ខាំង​នៅ​ជុំវិញ ហើយ​ចាត់‌ចែង​គ្រឿង​ចម្បាំង​ច្បាំង​នឹង​ឯង
4 នោះ​ឯង​នឹង​ត្រូវ​បន្ទាប​ចុះ ហើយ​និយាយ​ចេញ​ពី​ដី​មក សំដី​ឯង​នឹង​ឮ​ខ្សាវៗ​មក​ពី​ធូលី​ដី សំឡេង​ឯង​នឹង​ចេញ​ពី​ដី​មក​ដូច​ជា​សំឡេង​របស់​គ្រូ​ខាប គឺ​សំដី​ឯង​នឹង​ឮ​ខ្សឹប​ចេញ​ពី​ធូលី​ដី​មក​យ៉ាង​នោះ​ឯង។
5 ប៉ុន្តែ ពួក​ខ្មាំង​សត្រូវ​ដ៏​មាន​ច្រើន​ក្រៃ‌លែង​របស់​ឯង នឹង​ដូច​ជា​ផង់​ធូលី​ដី ហើយ​ពួក​គួរ​ស្ញែង‌ខ្លាច​ដ៏​មាន​ច្រើន​ក្រៃ‌លែង គេ​នឹង​ដូច​ជា​អង្កាម​ដែល​កន្លង​បាត់​ទៅ អើ ការ​នោះ​នឹង​កើត​មក​ភ្លាម​១​រំពេច​ផង
6 ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​នឹង​ធ្វើ​ទោស​ដល់​ទី​ក្រុង​ដោយ​ផ្គរ កក្រើក​ដី សូរ​គ្រាំ‌គ្រេង ខ្យល់​កួច ព្យុះ​សង្ឃរា និង​អណ្តាត​ភ្លើង​ដែល​ឆេះ​បំផ្លាញ
7 នោះ​ពួក​ដ៏​មាន​ច្រើន​ក្រៃ‌លែង ពី​គ្រប់​ទាំង​សាសន៍​ដែល​ច្បាំង​នឹង​អើរាល គឺ​អស់​អ្នក​ដែល​ច្បាំង​នឹង​ទី​ក្រុង ហើយ​និង​បន្ទាយ​ផង ជា​ពួក​អ្នក​ដែល​ធ្វើ​ទុក្ខ​ដល់​ទី​ក្រុង គេ​នឹង​ប្រៀប​ដូច​ជា​សប្តិ គឺ​ជា​ការ​ជាក់‌ស្តែង​នៅ​ពេល​យប់​ទេ
8 នោះ​នឹង​បាន​ដូច​ជា​កាល​មនុស្ស​ឃ្លាន គេ​យល់​សប្តិ​ឃើញ​ថា ខ្លួន​បាន​បរិភោគ តែ​លុះ​ភ្ញាក់​ឡើង នោះ​ចិត្ត​នឹក​ឃ្លាន​វិញ ឬ​ដូច​ជា​កាល​ណា​មនុស្ស​ដែល​ស្រេក​បាន​យល់​សប្តិ​ឃើញ​ថា ខ្លួន​កំពុង​តែ​ផឹក តែ​គេ​ភ្ញាក់​ឡើង ហើយ​មើល គេ​ល្វើយ ហើយ​ចិត្ត​នឹក​ស្រេក​ណាស់ ឯ​ពួក​ដ៏​មាន​ច្រើន​ក្រៃ‌លែង​ពី​គ្រប់​ទាំង​សាសន៍​ដែល​ច្បាំង​នឹង​ភ្នំ​ស៊ីយ៉ូន គេ​នឹង​ដូច្នោះ​ដែរ។
9 ចូរ​ឲ្យ​អ្នក​រាល់​គ្នា​នៅ​ជា​ស្ទាក់‌ស្ទើរ ហើយ​ភាំង​ឆ្ងល់​ចុះ ចូរ​ឲ្យ​បិទ​ភ្នែក ហើយ​ធ្វើ​ជា​មនុស្ស​ខ្វាក់​ទៅ គេ​ស្រវឹង តែ​មិន​មែន​ដោយ​ស្រា​ទំពាំង‌បាយ‌ជូរ​ទេ គេ​ទ្រេត‌ទ្រោត​ទៅ តែ​មិន​មែន​ដោយ​គ្រឿង​ស្រវឹង​ឡើយ
10 ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ចាក់​វិញ្ញាណ​ដែល​បណ្តាល​ឲ្យ​លក់​ស៊ប់​មក​លើ​អ្នក​រាល់​គ្នា ក៏​បាន​បិទ​ភ្នែក​អ្នក​រាល់​គ្នា ជា​ពួក​ហោរា ហើយ​បាន​គ្រប​ភ្ជិត​ក្បាល​អ្នក​រាល់​គ្នា ជា​ពួក​មើល‌ឆុត
11 ការ​ជាក់‌ស្តែង​ទាំង​អស់​បាន​ត្រឡប់​ដូច​ជា​ពាក្យ​ក្នុង​សៀវភៅ​ដែល​បិទ​ត្រា​ហើយ​ដល់​អ្នក​រាល់​គ្នា ជា​សៀវភៅ​ដែល​គេ​ជូន​ដល់​ម្នាក់​មាន​ចំណេះ ដោយ​ពាក្យ​ថា សូម​អ្នក​មើល​សៀវភៅ​នេះ​ទៅ តែ​អ្នក​នោះ​ឆ្លើយ​តប​ថា ខ្ញុំ​មើល​មិន​បាន​ទេ ពី​ព្រោះ​បិទ​ត្រា​ហើយ
12 រួច​គេ​បញ្ជូន​ឲ្យ​ដល់​ម្នាក់​ដែល​គ្មាន​ចំណេះ ដោយ​ពាក្យ​ថា សូម​អ្នក​មើល​សៀវភៅ​នេះ តែ​អ្នក​នោះ​ឆ្លើយ​តប​មក​វិញ​ថា ខ្ញុំ​មិន​ចេះ​អក្សរ​ទេ។
13 ព្រះ‌អម្ចាស់​ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​ថា ហេតុ​ដោយ​ព្រោះ​សាសន៍​នេះ​គេ​ចូល​មក​ជិត​អញ ហើយ​គោរព​ប្រតិ‌បត្តិ​ដល់​អញ ដោយ​សំដី នឹង​បបូរ​មាត់​របស់​គេ តែ​បាន​ដក​ចិត្ត​ចេញ​ទៅ​ឆ្ងាយ​ពី​អញ ហើយ​ការ​ដែល​គេ​កោត‌ខ្លាច​ដល់​អញ​គ្រាន់​តែ​ជា​បង្គាប់​របស់​មនុស្ស​ដែល​បង្រៀន​គេ​ប៉ុណ្ណោះ
14 ហេតុ​នោះ មើល អញ​នឹង​ធ្វើ​ការ​១​យ៉ាង​អស្ចារ្យ​នៅ​កណ្តាល​សាសន៍​នេះ​ទៀត ជា​ការ​អស្ចារ្យ ហើយ​ចម្លែក នោះ​ប្រាជ្ញា​នៃ​ពួក​អ្នក​ប្រាជ្ញ​របស់​គេ​នឹង​ត្រូវ​សាប‌សូន្យ​ទៅ ហើយ​យោបល់​នៃ​ពួក​វាង‌វៃ​របស់​គេ​នឹង​ត្រូវ​បិទ​បាំង​ដែរ។
15 វេទនា​ដល់​ពួក​អ្នក​ដែល​លាក់​គំនិត​របស់​ខ្លួន​ពី​ព្រះ‌យេហូវ៉ា ហើយ​ដែល​ធ្វើ​ការ​នៅ​ក្នុង​ទី​កំបាំង ដោយ​ថា តើ​មាន​អ្នក​ណា​បាន​ឃើញ តើ​មាន​អ្នក​ណា​បាន​ស្គាល់​យើង
16 យី​អើ អ្នក​រាល់​គ្នា​យល់​ផ្ទុយ​អី​ម៉្លេះ តើ​នឹង​រាប់​ជាង​ស្មូន​ទុក​ដូច​ជា​ដី​ឥដ្ឋ​ដែរ​ឬ បាន​ជា​របស់​ដែល​គេ​បាន​បង្កើត​មក​ហើយ នឹង​ពោល​ពី​អ្នក​ដែល​បាន​បង្កើត​ខ្លួន​ថា គេ​មិន​បាន​បង្កើត​អញ​ទេ ឬ​របស់​ដែល​គេ​សូន​ធ្វើ​ឡើង នឹង​ពោល​ពី​អ្នក​ដែល​បាន​សូន​ធ្វើ​នោះ​ថា គេ​ឥត​មាន​តម្រិះ​យោបល់​អ្វី​ឡើយ​ដូច្នេះ។
17 នៅ​តែ​បន្តិច​ទៀត​ប៉ុណ្ណោះ​ទេ នោះ​ព្រៃ​ល្បាណូន នឹង​ត្រឡប់​ទៅ​ជា​ចម្ការ​ដុះ‌ដាល ហើយ​ចម្ការ​ដុះ‌ដាល​នឹង​បាន​រាប់​ទុក​ដូច​ជា​ព្រៃ​វិញ
18 នៅ​គ្រា​នោះ មនុស្ស​ត្រចៀក​ថ្លង់​នឹង​ឮ​ព្រះ‌បន្ទូល​ក្នុង​គម្ពីរ ហើយ​ភ្នែក​របស់​មនុស្ស​ខ្វាក់​នឹង​មើល​ឃើញ​ពី​ក្នុង​សភាព​ជា​ងងឹត ហើយ​សូន្យ‌សុង
19 មនុស្ស​រាបសា​នឹង​មាន​សេចក្ដី​អំណរ​ចម្រើន​ឡើង​ក្នុង​ព្រះ‌យេហូវ៉ា ហើយ​ពួក​អ្នក​ក្រីក្រ​ក្នុង​បណ្តា​មនុស្ស គេ​នឹង​រីក‌រាយ​ដោយ‌សារ​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រា‌អែល
20 ពី​ព្រោះ​មនុស្ស​ដែល​គួរ​ស្ញែង‌ខ្លាច​បាន​សូន្យ​បាត់​ទៅ ហើយ​ក៏​លែង​មាន​មនុស្ស​ចំអក​មើល‌ងាយ ឯ​ពួក​មនុស្ស​ដែល​រក​តែ​ឱកាស​នឹង​ធ្វើ​ការ​ទុច្ចរិត គេ​នឹង​ត្រូវ​កាត់​ចេញ​អស់​រលីង
21 គឺ​ជា​ពួក​អ្នក​ដែល​ចាប់​ពាក្យ​មនុស្ស​ឲ្យ​គេ​មាន​ទោស ហើយ​ដាក់​អន្ទាក់​សម្រាប់​ចាប់​ពួក​មនុស្ស​ដែល​ក្រើន​រំឭក​នៅ​ត្រង់​ទ្វារ​ក្រុង ព្រម​ទាំង​បង្វែរ​មនុស្ស​សុចរិត​ចេញ ដោយ​រឿង​ដែល​មិន​ជា​ហេតុ​ផង។
22 ហេតុ​នោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​ដែល​ប្រោស​លោះ​អ័ប្រា‌ហាំ ទ្រង់​មាន​ព្រះ‌បន្ទូល​ពី​ដំណើរ​ពួក​វង្ស​យ៉ាកុប​ថា ឥឡូវ​នេះ ពួក​យ៉ាកុប​មិន​ត្រូវ​ខ្មាស​ទៀត​ឡើយ ក៏​មិន​ត្រូវ​ស្លុត‌ស្លាំង​ទៀត​ដែរ
23 តែ​កាល​ណា​កូន​ចៅ​គេ​បាន​ឃើញ​ការ​ដែល​ដៃ​អញ​នឹង​ធ្វើ​នៅ​កណ្តាល​ពួក​គេ នោះ​គេ​នឹង​រាប់​ឈ្មោះ​អញ​ជា​បរិសុទ្ធ អើ ក៏​នឹង​រាប់​ព្រះ​ដ៏​បរិសុទ្ធ​នៃ​យ៉ាកុប​ទុក​ជា​បរិសុទ្ធ​ដែរ ព្រម​ទាំង​កោត‌ខ្លាច​ដល់​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​ផង
24 ឯ​ពួក​អ្នក​ដែល​ប្រព្រឹត្ត​ខុស​ខាង​វិញ្ញាណ គេ​នឹង​មាន​យោបល់​វិញ ហើយ​មនុស្ស​ដែល​រទូ‌រទាំ​នឹង​ទទួល​សេចក្ដី​ប្រៀន‌ប្រដៅ។


ជំពូក 30

1 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា វេទនា​ដល់​ពួក​កូន​ចៅ​ដែល​រឹង‌ចចេស ជា​ពួក​អ្នក​ប្រឹក្សា​គ្នា តែ​មិន​មែន​នឹង​អញ ហើយ​តាំង​សញ្ញា តែ​មិន​មែន​តាម​វិញ្ញាណ​របស់​អញ​ទេ គឺ​ជា​ការ​ដែល​បន្ថែម​អំពើ​បាប​ទៅ​លើ​បាប​របស់​គេ​ទៀត
2 គេ​រៀប‌ចំ​ដំណើរ​នឹង​ចុះ​ទៅ​ឯ​ស្រុក​អេស៊ីព្ទ ឥត​សួរ​ផ្ទាល់​មាត់​នឹង​អញ​ឡើយ គេ​គិត​ចម្រើន​កម្លាំង​ដោយ​ពឹង​ដល់​កម្លាំង​ផារ៉ោន ហើយ​និង​ជ្រក​នៅ​ក្រោម​ម្លប់​នៃ​ស្រុក​អេស៊ីព្ទ
3 ដូច្នេះ កម្លាំង​របស់​ផារ៉ោន​នឹង​បាន​ជា​សេចក្ដី​ខ្មាស​ដល់​ឯង​រាល់​គ្នា​វិញ ហើយ​ការ​ជ្រក​កោន​ក្រោម​ម្លប់​នៃ​ស្រុក​អេស៊ីព្ទ​នឹង​បាន​ជា​សេចក្ដី​វិល‌វល់​ដល់​ឯង​ដែរ
4 ដ្បិត​ពួក​ចៅ‌ហ្វាយ​របស់​គេ​សុទ្ធ​តែ​នៅ​ក្រុង​សូអាន​ហើយ ឯ​ពួក​រាជ‌ទូត​របស់​គេ​ក៏​បាន​មក​ដល់​ក្រុង​ហានេស​ដែរ
5 គេ​នឹង​មាន​សេចក្ដី​ខ្មាស​ទាំង​អស់​គ្នា ពី​ដំណើរ​សាសន៍​នោះ ដែល​មិន​អាច​នឹង​មាន​ប្រយោជន៍​ដល់​គេ​ឡើយ ជា​សាសន៍​ដែល​មិន​មែន​ជា​ជំនួយ ឬ​ជា​ប្រយោជន៍​សោះ គឺ​នាំ​ឲ្យ​មាន​សេចក្ដី​ខ្មាស និង​សេចក្ដី​ដំណៀល​វិញ។
6 នេះ​ជា​សេចក្ដី​ទំនាយ​យ៉ាង​ធ្ងន់​ពី​ពួក​សត្វ​នៅ​ស្រុក​ត្បូង គេ​ផ្ទុក​ទ្រព្យ​របស់​គេ​នៅ​លើ​ខ្នង​លា​ស្ទាវ ហើយ​ផ្ទុក​សម្បត្តិ​របស់​គេ​នៅ​លើ​បូក​សត្វ​អូដ្ឋ ដឹក‌នាំ​កាត់​ស្រុក​ដែល​មាន​សេចក្ដី​លំបាក និង​សេចក្ដី​ថប់​ព្រួយ ជា​ទី​មាន​សិង្ហ​ញី សិង្ហ​ឈ្មោល ពស់‌វែក និង​ពស់​ភ្លើង​ហោះ ដើម្បី​ទៅ​ឯ​សាសន៍​មួយ​ដែល​នឹង​គ្មាន​ប្រយោជន៍​ដល់​គេ​សោះ
7 ពី​ព្រោះ​សាសន៍​អេស៊ីព្ទ​គេ​ជួយ​ជា​ឥត​អំពើ ហើយ​ជា​ឥត​ប្រយោជន៍​ទទេ ហេតុ​នោះ​បាន​ជា​អញ​បាន​ហៅ​គេ​ថា រ៉ាហាប ជា​អ្នក​ដែល​អង្គុយ​នៅ​តែ​ស្ងៀម។
8 ចូរ​ទៅ​ឥឡូវ ឲ្យ​ចារឹក​សេចក្ដី​នេះ​ចុះ​នៅ​នឹង​បន្ទះ​ថ្ម ហើយ​កត់​ទុក​ក្នុង​សៀវភៅ​ទៅ ដើម្បី​នឹង​ទុក​សម្រាប់​ពេល​ទៅ​មុខ​ជា​រៀង‌រាប​ដរាប
9 ដ្បិត​សាសន៍​នេះ​គេ​រឹង​ចចេស ជា​ពួក​កូន​ចៅ​ភូត‌កុហក គឺ​ជា​កូន​ចៅ ដែល​មិន​ព្រម​ផ្ចង់​ចិត្ត​ស្តាប់​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌យេហូវ៉ា​ទេ
10 គេ​ប្រាប់​ដល់​ពួក​មើល‌ឆុត​ថា កុំ​ឲ្យ​មើល​ឡើយ ហើយ​ដល់​ពួក​ហោរា​ថា កុំ​ឲ្យ​ទាយ​ពី​សេចក្ដី​ទៀង​ត្រង់ ឲ្យ​យើង​ស្តាប់​ឲ្យ​សោះ គឺ​ត្រូវ​និយាយ​ពី​សេចក្ដី​ស្រួល‌បួល​វិញ ត្រូវ​ទាយ​ជា​សេចក្ដី​ភូត‌ភរ​ចុះ
11 ចូរ​លែង​តាម​ផ្លូវ​នេះ ហើយ​បែរ​ចេញ​ពី​ផ្លូវ​ច្រក​នេះ​ទៅ ឲ្យ​បំបាត់​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រា‌អែល​ពី​មុខ​យើង​ចេញ
12 ហេតុ​នោះ ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រា‌អែល​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ដោយ​ព្រោះ​ឯង​រាល់​គ្នា​ស្អប់​ខ្ពើម​ចំពោះ​ពាក្យ​នេះ ហើយ​ទុក​ចិត្ត​នឹង​ការ​ឆ‌បោក និង​ការ​ទទឹង‌ទទែង ព្រម​ទាំង​ផ្អែក​ខ្លួន​ទៅ​លើ​ការ​ទាំង​នោះ
13 បាន​ជា​អំពើ​ទុច្ចរិត​នេះ​នឹង​បាន​ដូច​ជា​កំផែង​បាក់​បែក ដែល​ហៀប​នឹង​រលំ​ដល់​ឯង​រាល់​គ្នា ជា​កន្លែង​ទ្រេត​ក្នុង​កំផែង​យ៉ាង​ខ្ពស់ ដែល​ស្រាប់​តែ​បាក់​ចុះ​មក​ភ្លាម​១​រំពេច
14 ហើយ​ទ្រង់​នឹង​បំបែក​ទៅ ដូច​ជា​គេ​បំបែក​ឆ្នាំង​នៃ​ជាង​ស្មូន គឺ​នឹង​បំបែក​ឲ្យ​ខ្ទេច‌ខ្ទី ឥត​ប្រណី​ឡើយ ទាល់​តែ​រក​បំណែក​ណា​មួយ​ល្មម​នឹង​ដាក់​រងើក​ភ្លើង​ពី​ជើង‌ក្រាន ឬ​នឹង​ដួស​យក​ទឹក​ពី​ពាង​មិន​បាន​ផង។
15 ដ្បិត​ព្រះ‌អម្ចាស់​យេហូវ៉ា ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​ពួក​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ឯង​រាល់​គ្នា​នឹង​បាន​សង្គ្រោះ​ដោយ​វិល​មក​វិញ ហើយ​ផ្អាក​សម្រាក ឯង​រាល់​គ្នា​នឹង​មាន​កម្លាំង​ដោយ​នៅ​តែ​ស្ងៀម ហើយ​មាន​សេចក្ដី​ទុក​ចិត្ត តែ​ឯង​រាល់​គ្នា​មិន​ចូល​ចិត្ត​ទេ
16 គឺ​បាន​សប​ឆ្លើយ​ថា ទេ យើង​នឹង​ជិះ​សេះ​រត់​ទៅ ដូច្នេះ ឯង​រាល់​គ្នា​នឹង​ត្រូវ​រត់​ទៅ​មែន ហើយ​ឯង​ថា យើង​នឹង​ជិះ​សត្វ​លឿន​ដែរ ដូច្នេះ គេ​ដែល​ដេញ​តាម​ឯង​នឹង​បាន​លឿន​ដូច​គ្នា
17 មួយ​ពាន់​នាក់​នឹង​រត់​ទៅ ដោយ​មាន​តែ​ម្នាក់​កំហែង​គេ ហើយ​បើ​មាន​៥​នាក់​កំហែង នោះ​ឯង​រាល់​គ្នា​នឹង​រត់​ទៅ ទាល់​តែ​សំណល់​នៃ​ឯង​បាន​ដូច​ជា​បង្គោល​មួយ​ដោត​នៅ​លើ​ភ្នំ​ធំ ហើយ​ដូច​ជា​ទង់​នៅ​លើ​ភ្នំ​តូច​ប៉ុណ្ណោះ។
18 ទោះ​បើ​យ៉ាង​នោះ គង់​តែ​ព្រះ‌យេហូវ៉ា​ទ្រង់​រង់‌ចាំ​ឱកាស​នឹង​ផ្តល់​ព្រះ‌គុណ​ដល់​ឯង​រាល់​គ្នា​ដែរ ហើយ​ទោះ​បើ​យ៉ាង​នោះ​ក៏​ដោយ គង់​តែ​ទ្រង់​នឹង​ចាំ​ឯង​លើក​តម្កើង​ទ្រង់​ឡើង ដើម្បី​ឲ្យ​ទ្រង់​មាន​សេចក្ដី​អាណិត​មេត្តា​ដល់​ឯង ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​ជា​ព្រះ​ដ៏​ប្រកប​ដោយ​យុត្តិ‌ធម៌។ មាន​ពរ​ហើយ អស់​អ្នក​ណា​ដែល​រង់‌ចាំ​ទ្រង់
19 អើ ឱ​សាសន៍​នៅ​ក្រុង​ស៊ីយ៉ូន ជា​ពួក​អ្នក​ដែល​អាស្រ័យ​នៅ​ក្រុង​យេរូ‌សាឡឹម​អើយ ឯង​នឹង​មិន​ត្រូវ​យំ​ទៀត​ឡើយ ទ្រង់​នឹង​មាន​ព្រះ‌គុណ​ចំពោះ​ឯង ដោយ​ឮ​សំឡេង​ឯង​ស្រែក​កាល​ណា​ទ្រង់​ឮ នោះ​ទ្រង់​នឹង​ឆ្លើយ​មក​ឯង
20 ហើយ​ទោះ​បើ​ព្រះ‌អម្ចាស់​ទ្រង់​ឲ្យ​ឯង​រាល់​គ្នា​ស៊ី​សេចក្ដី​ទំនាស់​ទុក​ជា​អាហារ ហើយ​ផឹក​សេចក្ដី​រឹប‌ជាន់​ទុក​ជា​ទឹក​ក៏​ដោយ គង់​តែ​ពួក​គ្រូ​របស់​ឯង​មិន​ត្រូវ​លាក់​ពី​ឯង​ទៀត គឺ​ភ្នែក​ឯង​នឹង​ឃើញ​ពួក​គ្រូ​នោះ​វិញ
21 ហើយ​កាល​ណា​ឯង​រាល់​គ្នា​បែរ​ទៅ​ខាង​ស្តាំ ឬ​ខាង​ឆ្វេង នោះ​ត្រចៀក​នឹង​ឮ​ពាក្យ​ពី​ក្រោយ​ឯង​ថា គឺ​ផ្លូវ​នេះ​ទេ ចូរ​ដើរ​តាម​នេះ​វិញ
22 នោះ​ឯង​រាល់​គ្នា​នឹង​រាប់​ប្រាក់​ដែល​ស្រោប​រូប​ឆ្លាក់​របស់​ឯង និង​មាស​ដែល​ស្រោប​រូប​សិត​ឯង ទុក​ជា​របស់​ស្មោក‌គ្រោក​វិញ ឯង​នឹង​បោះ​រូប​ទាំង​នោះ​ចោល​ចេញ ដូច​ជា​កំណាត់​គគ្រក់​ដោយ​ពាក្យ​ថា ចូរ​ចេញ​ឲ្យ​ផុត​ទៅ។
23 យ៉ាង​នោះ ទ្រង់​នឹង​ប្រទាន​ឲ្យ​មាន​ភ្លៀង​ធ្លាក់​មក​សម្រាប់​ពូជ​ឯង ដើម្បី​ឲ្យ​ឯង​បាន​សាប‌ព្រោះ​នៅ​ដី ហើយ​អាហារ​ជា​ផល​ចម្រើន​ពី​ដី នោះ​នឹង​មាន​ឱជារស ហើយ​សម្បូរ​ផង នៅ​គ្រា​នោះ ហ្វូង​សត្វ​របស់​ឯង​នឹង​រក​ស៊ី​នៅ​វាល​ស្មៅ​ធំ​ទូលាយ
24 ឯ​គោ និង​លា​ស្ទាវ ដែល​ភ្ជួរ‌រាស់​វា​នឹង​បាន​អាហារ​ស៊ី​យ៉ាង​ឆ្ងាញ់ ដែល​គេ​បាន​រំសោះ​ដោយ​ចប‌ចូក និង​សម​ធំ
25 ហើយ​និង​មាន​ជ្រោះ និង​ផ្លូវ​ទឹក​នៅ​លើ​គ្រប់​ទាំង​ភ្នំ​ធំ​ខ្ពស់ និង​ភ្នំ​តូច​ទាំង​ប៉ុន្មាន គឺ​ក្នុង​គ្រា​ដែល​មាន​ការ​ប្រហារ​ជីវិត​យ៉ាង​ធំ ក្នុង​កាល​ដែល​អស់​ទាំង​ប៉ម​រលំ​មក​នោះ
26 មួយ​ទៀត​ពន្លឺ​នៃ​ព្រះ‌ចន្ទ​នឹង​បាន​ដូច​ជា​ពន្លឺ​ព្រះ‌អាទិត្យ ហើយ​ពន្លឺ​នៃ​ព្រះ‌អាទិត្យ​នឹង​ភ្លឺ​ជាង​ធម្មតា​១​ជា​៧ គឺ​ដូច​ជា​ពន្លឺ​នៃ​ថ្ងៃ​៧​រួម​មក​តែ​១ នៅ​គ្រា​ដែល​ព្រះ‌យេហូវ៉ា​បាន​រុំ​កន្លែង​បាក់​បែក​នៃ​រាស្ត្រ​ទ្រង់ ហើយ​ប្រោស​ឲ្យ​កន្លែង​ដែល​គេ​ត្រូវ​វាយ​បាន​ជា​វិញ។
27 មើល ព្រះ‌នាម​ព្រះ‌យេហូវ៉ា​មក​ពី​ចម្ងាយ កំពុង​តែ​ឆេះ​ដោយ​សេចក្ដី​ខ្ញាល់​របស់​ទ្រង់ ហើយ​មាន​ទាំង​ផ្សែង​យ៉ាង​ក្រាស់​ហុយ​ឡើង ព្រះ‌រឹម​ទ្រង់​មាន​ពេញ​ដោយ​សេចក្ដី​គ្នាន់‌ក្នាញ់ ហើយ​ព្រះ‌ជិវ្ហា​របស់​ទ្រង់​ក៏​ដូច​ជា​ភ្លើង​ឆេះ​បន្សុស
28 ឯ​អស្សាសៈ​របស់​ទ្រង់ នោះ​ដូច​ជា​ផ្លូវ​ទឹក​ដែល​ជន់​លិច​ឡើង​ដល់​ត្រឹម​ក ដើម្បី​នឹង​រែង​អស់​ទាំង​សាសន៍ ដោយ​កញ្ច្រែង​ជា​សេចក្ដី​វិនាស ហើយ​និង​ដាក់​បង្ហៀរ​បង្ខាំ​ដែល​នាំ​ឲ្យ​វង្វេង ទៅ​ក្នុង​មាត់​នៃ​សាសន៍​ទាំង‌ឡាយ
29 នោះ​ឯង​រាល់​គ្នា​នឹង​ច្រៀង​ចម្រៀង ដូច​នៅ​ពេល​យប់​ណា​ដែល​ធ្វើ​បុណ្យ​រំលង ហើយ​និង​មាន​សេចក្ដី​រីក‌រាយ​ក្នុង​ចិត្ត ដូច​ជា​វេលា​ដែល​ដើរ​ផ្លុំ​ខ្លុយ​ទៅ​ឯ​ភ្នំ​នៃ​ព្រះ‌យេហូវ៉ា គឺ​ទៅ​ឯ​ព្រះ​ដ៏​ជា​ថ្មដា​នៃ​សាសន៍​អ៊ីស្រា‌អែល
30 ឯ​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​បន្លឺ​ព្រះ‌សូរ‌សៀង​ដ៏​រុងរឿង​ឧត្តម​របស់​ទ្រង់​ឲ្យ​ឮ ហើយ​និង​បង្ហាញ​ព្រះ‌ពាហុ​ដែល​ធ្វើ​ទោស ដោយ​សេចក្ដី​គ្នាន់‌ក្នាញ់​របស់​សេចក្ដី​ខ្ញាល់​ទ្រង់ និង​អណ្តាត​ភ្លើង​ដ៏​ឆេះ​បន្សុស ព្រម​ទាំង​សន្ទុះ​ខ្យល់​ព្យុះ​សង្ឃរា និង​ដុំ​ព្រិល​ផង
31 ដ្បិត​ដោយ‌សារ​ព្រះ‌សូរ‌សៀង​នៃ​ព្រះ‌យេហូវ៉ា នោះ​សាសន៍​អាសស៊ើរ​នឹង​ស្រយុត​ចិត្ត ទ្រង់​នឹង​វាយ​គេ​ដោយ​ដំបង​របស់​ទ្រង់
32 ហើយ​គ្រប់ៗ​រយៈ​ដំបង​ដែល​ព្រះ‌យេហូវ៉ា​បាន​តម្រូវ​ឲ្យ​ត្រូវ​វាយ​គេ នោះ​នឹង​ឮ​សូរ​ក្រាប់ និង​ស៊ុង​ប្រគំ​ឡើង​ជា​ដរាប ឯ​ក្នុង​គ្រប់​ទាំង​ពេល​ត​គ្នា​នោះ ទ្រង់​នឹង​ច្បាំង​នឹង​គេ ដោយ​ព្រះ‌ពាហុ​លើក​សម្រេច
33 ដ្បិត​មាន​ទី​ដុត​ខ្មោច​ត្រៀម​ទុក​តាំង​ពី​បូរាណ​មក អើ ទី​នោះ​បាន​រៀប‌ចំ​សម្រាប់​ស្តេច​នោះ​ឯង ជា​ទី​យ៉ាង​ជ្រៅ ហើយ​ធំ​ទូលាយ មាន​ឧស​គរ​ឡើង​ជា​ច្រើន ពេញ​ហើយ​ដោយ​ភ្លើង គឺ​ជា​អស្សាសៈ​នៃ​ព្រះ‌យេហូវ៉ា ដែល​ដូច​ជា​ជ្រោះ​ស្ពាន់‌ធ័រ​ហូរ​មក​បង្កាត់​ភ្លើង​នោះ។


ជំពូក 31

1 វេទនា​ដល់​ពួក​អ្នក​ដែល​ចុះ​ទៅ​ឯ​ស្រុក​អេស៊ីព្ទ​ដើម្បី​រក​គេ​ជួយ ព្រម​ទាំង​ពឹង​ដល់​សេះ ហើយ​ទុក​ចិត្ត​នឹង​រទេះ​ចម្បាំង ដោយ​ព្រោះ​គេ​មាន​ជា​ច្រើន ហើយ​និង​ពល​សេះ​ផង ដោយ​ព្រោះ​គេ​មាន​កម្លាំង​ណាស់ ឥត​សង្ឃឹម​ដល់​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រា‌អែល ឬ​ស្វែង​រក​ព្រះ‌យេហូវ៉ា​សោះ 2ឯ​ទ្រង់​វិញ ទ្រង់​ក៏​មាន​ប្រាជ្ញា​ដែរ ទ្រង់​នឹង​នាំ​សេចក្ដី​វេទនា​មក ហើយ​មិន​ព្រម​ដក​ព្រះ‌បន្ទូល​ទ្រង់​វិញ​ឡើយ គឺ​ទ្រង់​នឹង​ក្រោក​ឡើង​ទាស់​នឹង​ពួក​វង្ស​របស់​អ្នក​ដែល​ប្រព្រឹត្ត​អាក្រក់ ហើយ​ទាស់​នឹង​អស់​អ្នក​ដែល​ចូល​ដៃ​ជា​មួយ​នឹង​ពួក​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​នោះ 3រីឯ​ពួក​សាសន៍​អេស៊ីព្ទ​គេ​គ្រាន់​តែ​ជា​មនុស្ស​ប៉ុណ្ណោះ មិន​មែន​ជា​ព្រះ​ទេ ហើយ​សេះ​របស់​គេ​គ្រាន់​តែ​ជា​សាច់​ឈាម​ដែរ មិន​មែន​ជា​វិញ្ញាណ​ឡើយ ដូច្នេះ កាល​ណា​ព្រះ‌យេហូវ៉ា​ទ្រង់​លូក​សន្ធឹង​ព្រះ‌ហស្ត​ទៅ នោះ​ទោះ​ទាំង​អ្នក​ដែល​ជួយ​ក៏​នឹង​ចំពប់ ហើយ​អ្នក​ដែល​គេ​ជួយ ក៏​នឹង​ដួល​ដែរ គេ​នឹង​ត្រូវ​វិនាស​ទៅ​ទាំង​អស់​គ្នា។ 4ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច្នេះ​ថា ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​នឹង​យាង​ចុះ​មក​ច្បាំង​លើ​ភ្នំ​ស៊ីយ៉ូន ហើយ​លើ​ទី​ទួល​នៃ​ភ្នំ​នោះ ប្រៀប​ដូច​ជា​សិង្ហ និង​កូន​វា ដែល​គ្រហឹម​ពី​លើ​រំពា ទោះ​បើ​គេ​ហៅ​ពួក​អ្នក​គង្វាល​ជា​ច្រើន​មក​បង្ក្រាប​វា​ក៏​ដោយ គង់​តែ​វា​មិន​ភ័យ​ខ្លាច​ដោយ​ឮ​សំឡេង​គេ ឬ​ក្រាប​ចុះ ដោយ​ព្រោះ​សូរ​យុក‌យាក់​របស់​គេ​ឡើយ 5ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​នឹង​ការ‌ពារ​ក្រុង​យេរូ‌សាឡឹម ដូច​ជា​សត្វ​ស្លាប​ដែល​ហើរ​រេរា​ការ‌ពារ​សំបុក​ដែរ ទ្រង់​នឹង​ការ‌ពារ ហើយ​ជួយ​ឲ្យ​រួច ទ្រង់​នឹង​ហោះ​ពី​លើ ហើយ​រារាំង​ផង 6ឱ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​អើយ ចូរ​ត្រឡប់​មក​ឯ​ព្រះ‌អង្គ ដែល​អ្នក​រាល់​គ្នា​បាន​បះ‌បោរ​នឹង​ទ្រង់​ជា​ខ្លាំង​ទៅ​ហើយ 7ពី​ព្រោះ​នៅ​គ្រា​នោះ គ្រប់​មនុស្ស​ទាំង​អស់​នឹង​បោះ​ចោល​រូប​ព្រះ​ធ្វើ​ពី​ប្រាក់ ហើយ​ពី​មាស ដែល​ដៃ​អ្នក​រាល់​គ្នា​បាន​ធ្វើ​សម្រាប់​ខ្លួន ជា​ការ​ដែល​រាប់​ជា​អំពើ​បាប​ពិត 8នោះ​ពួក​អាសស៊ើរ​នឹង​ដួល​ស្លាប់​ដោយ​ដាវ មិន​មែន​ជា​ដាវ​របស់​មនុស្ស​ដែរ ហើយ​ដាវ​នោះ​ដែល​មិន​មែន​ជា​របស់​មនុស្ស​នឹង​ផ្តិល​គេ​បង់ គេ​នឹង​រត់​ពី​ដាវ ហើយ​ពួក​កំលោះៗ​របស់​គេ​នឹង​ត្រូវ​ធ្វើ​ជា​ឈ្លើយ 9ឯ​ថ្មដា​របស់​គេ​នឹង​បាត់​ទៅ ដោយ​ព្រោះ​សេចក្ដី​តក់‌ស្លុត ហើយ​ពួក​ចៅ‌ហ្វាយ​របស់​គេ​នឹង​ស្រយុត​ចិត្ត ដោយ​ព្រោះ​ទង់‌ជ័យ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដែល​ភ្លើង​របស់​ទ្រង់​កំពុង​ឆេះ​នៅ​ក្រុង​ស៊ីយ៉ូន ហើយ​គុក​ភ្លើង​របស់​ទ្រង់​ក៏​នៅ​ក្រុង​យេរូ‌សាឡឹម​ដែរ។


ជំពូក 32

1 មើល នឹង​មាន​ស្តេច​១​អង្គ​សោយ‌រាជ្យ​ដោយ​សុចរិត ពួក​ចៅ‌ហ្វាយ​នឹង​គ្រប់‌គ្រង​ដោយ​យុត្តិ‌ធម៌
2 ហើយ​មនុស្ស​ម្នាក់​នឹង​បាន​ដូច​ជា​ទី​បាំង​ឲ្យ​រួច​ពី​ខ្យល់ និង​ជា​ទី​ជ្រក​ឲ្យ​រួច​ពី​ព្យុះ​សង្ឃរា ដូច​ផ្លូវ​ទឹក​ហូរ​នៅ​ទី​ហួត‌ហែង ហើយ​ដូច​ជា​ម្លប់​នៃ​ថ្មដា​យ៉ាង​ធំ​នៅ​ទី​ខ្សោះ​ល្វើយ
3 ឯ​ភ្នែក​នៃ​ពួក​អ្នក​ដែល​មើល​ឃើញ នោះ​នឹង​មិន​នៅ​ជា​ព្រិលៗ​ទៀត ហើយ​ត្រចៀក​នៃ​ពួក​អ្នក​ដែល​ស្តាប់​ឮ​នឹង​ប្រុង​ស្តាប់
4 ចិត្ត​របស់​ពួក​រួស‌រាន់​នឹង​មាន​តម្រិះ ហើយ​អណ្តាត​នៃ​ពួក​ដែល​និយាយ​ជាប់ នោះ​នឹង​ប្រុង‌ប្រៀប​និយាយ​ឡើង​យ៉ាង​ច្បាស់​វិញ
5 គេ​នឹង​មិន​ហៅ​មនុស្ស​ល្ងី‌ល្ងើ​ថា​ជា​អ្នក​សទ្ធា​ទៀត ក៏​មិន​ហៅ​មនុស្ស​ទ្រឹស្តិ‌ស្មូរ​ថា​ជា​មាន​គុណ​ឡើយ
6 ដ្បិត​មនុស្ស​ល្ងី‌ល្ងើ​នឹង​បញ្ចេញ​តែ​សេចក្ដី​ចម្កួត ហើយ​ចិត្ត​របស់​គេ​នឹង​ប្រព្រឹត្ត​អំពើ​ទុច្ចរិត ដើម្បី​តែ​នឹង​សម្រេច​អំពើ​សៅ‌ហ្មង ហើយ​និង​ពោល​ពាក្យ​ខុស‌ឆ្គង​ទាស់​នឹង​ព្រះ‌យេហូវ៉ា ដោយ​ប្រាថ្នា​នឹង​ធ្វើ​ឲ្យ​ព្រលឹង​មនុស្ស​ឃ្លាន​បាន​ទៅ​ទទេ ហើយ​បំបាត់​គ្រឿង​ផឹក​ពី​អ្នក​ដែល​ស្រេក​ចេញ
7 គ្រឿង​ប្រដាប់​របស់​មនុស្ស​ទ្រឹស្តិ‌ស្មូរ​សុទ្ធ​តែ​អាក្រក់ វា​គិត‌គូរ​ការ​អាក្រក់​ដើម្បី​នឹង​បំផ្លាញ​មនុស្ស​រាបសា ដោយ​ពាក្យ​កំភូត ទោះ​ទាំង​វេលា ដែល​មនុស្ស​កំសត់​និយាយ​ដោយ​ត្រឹម‌ត្រូវ​ផង
8 តែ​ឯ​អ្នក​មាន​ចិត្ត​សទ្ធា​វិញ គេ​គិត‌គូរ​ការ​ជា​សគុណ​វិញ ហើយ​អ្នក​នោះ​នឹង​ស្ថិត‌ស្ថេរ​នៅ​ដោយ​ការ​នោះ​ឯង។
9 ឱ​ពួក​ស្រីៗ​ដែល​នៅ​ដោយ​ឥត​កង្វល់​អើយ ចូរ​ក្រោក​ឡើង ហើយ​ស្តាប់​សំឡេង​ខ្ញុំ​ចុះ ឯ​អ្នក​រាល់​គ្នា ជា​កូន​ស្រី​ដែល​នៅ​ព្រងើយ​អើយ ចូរ​ផ្ទៀង​ត្រចៀក​ស្តាប់​ពាក្យ​ខ្ញុំ
10 ឱ​អ្នក​រាល់​គ្នា​ដែល​នៅ​ព្រងើយ​ដូច្នេះ​អើយ នៅ​១​ឆ្នាំ​ប៉ុន្មាន​ថ្ងៃ​ទៀត នោះ​នឹង​មាន​សេចក្ដី​ថប់​ព្រួយ​វិញ ដ្បិត​នឹង​ខាន​មាន​ការ​បេះ​ទំពាំង‌បាយ‌ជូរ​ទៀត ហើយ​រដូវ​ប្រមូល​ផល​ក៏​មិន​មក​ដល់​ដែរ
11 ឱ​ពួក​ស្រីៗ​ដែល​នៅ​ដោយ​ឥត​កង្វល់​អើយ ចូរ​ញាប់‌ញ័រ​ចុះ ឱ​ពួក​អ្នក​ដែល​នៅ​ព្រងើយ​អើយ ចូរ​មាន​សេចក្ដី​ថប់​ព្រួយ​ចុះ ចូរ​ដោះ​សម្លៀក‌បំពាក់​ចេញ​ឲ្យ​ខ្លួន​នៅ​ទទេ រួច​ស្លៀក​សំពត់​ធ្មៃ​វិញ​ទៅ
12 គេ​នឹង​គក់​ទ្រូង​យំ​ទួញ​នឹង​ចម្ការ​ដែល​គាប់​ចិត្ត ហើយ​និង​ដើម​ទំពាំង‌បាយ‌ជូរ​ដែល​ដុះ‌ដាល
13 នៅ​ក្នុង​ស្រុក​របស់​រាស្ត្រ​អញ នោះ​នឹង​មាន​ដុះ​សុទ្ធ​តែ​បន្លា និង​អញ្ចាញ អើ នៅ​លើ​គ្រប់​ទាំង​ផ្ទះ​សម្រាប់​ត្រេក‌អរ​នៅ​ទី​ក្រុង​ដ៏​សប្បាយ​ផង
14 ពី​ព្រោះ​ព្រះ‌រាជ‌វាំង​នឹង​ត្រូវ​ចោល​ស្ងាត់ ហើយ​ទី​ក្រុង​ដែល​មាន​មនុស្ស​ណែន‌ណាន់​នឹង​ត្រូវ​ចោល​ទទេ ឯ​បន្ទាយ និង​ប៉ម​ចាំ​យាម នោះ​នឹង​បាន​សម្រាប់​ជា​រូង​នៅ​ជា​ដរាប គឺ​ជា​ទី​សប្បាយ​ដល់​លា​ព្រៃ ហើយ​ជា​វាល​ស្មៅ​សម្រាប់​ហ្វូង​សត្វ។
15 ដរាប​ដល់​ព្រះ‌វិញ្ញាណ​បាន​ចាក់​មក​លើ​យើង​រាល់​គ្នា ពី​ស្ថាន​ដ៏​ខ្ពស់ ហើយ​ទី​រហោ‌ស្ថាន​បាន​ត្រឡប់​ជា​ចម្ការ​ដុះ‌ដាល ហើយ​ចម្ការ​ដុះ‌ដាល​បាន​រាប់​ទុក​ជា​ព្រៃ​វិញ។
16 នៅ​គ្រា​នោះ សេចក្ដី​យុត្តិ‌ធម៌​នឹង​ស្ថិត​នៅ​ក្នុង​ទី​រហោ‌ស្ថាន ហើយ​សេចក្ដី​សុចរិត​នឹង​អាស្រ័យ​នៅ ក្នុង​ចម្ការ​ដុះ‌ដាល
17 ឯ​ការ​នៃ​សេចក្ដី​សុចរិត នោះ​នឹង​បាន​ជា​សន្តិ‌សុខ ហើយ​ផល​នៃ​សេចក្ដី​សុចរិត នោះ​នឹង​បាន​ជា​សេចក្ដី​ស្រាក‌ស្រាន្ត និង​ជា​សេចក្ដី​ទុក​ចិត្ត​ជា​ដរាប​ទៅ
18 ឯ​រាស្ត្រ​អញ​គេ​នឹង​អាស្រ័យ​ក្នុង​ទី​លំនៅ​ដ៏​មាន​សន្តិ‌សុខ ហើយ​នៅ​ផ្ទះ‌សំបែង​មាំ‌មួន ជា​ទី​សម្រាក​ក្សេម‌ក្សាន្ត
19 តែ​នឹង​ត្រូវ​ធ្លាក់​ព្រិល​មក​បំបាក់​ព្រៃ ហើយ​ទី​ក្រុង​នឹង​ត្រូវ​រលំ​អស់​រលីង
20 មាន​ពរ​ហើយ អ្នក​រាល់​គ្នា​ដែល​សាប‌ព្រោះ​ក្បែរ​គ្រប់​ទាំង​ផ្លូវ​ទឹក ហើយ​លែង​គោ និង​លា ឲ្យ​ដើរ​រក​ស៊ី​តាម​ចិត្ត។


ជំពូក 33

1 វេទនា​ដល់​ឯង​ដែល​បំផ្លាញ​គេ ឥត​ដែល​មាន​អ្នក​ណា​បំផ្លាញ​ឯង ហើយ​ដែល​ក្បត់​គេ ឥត​មាន​អ្នក​ណា​ក្បត់​នឹង​ឯង​ឡើយ កាល​ណា​ឯង​បាន​លែង​បំផ្លាញ​ហើយ នោះ​ឯង​នឹង​ត្រូវ​បំផ្លាញ​វិញ កាល​ណា​ឯង​បាន​សម្រេច​ការ​ក្បត់​ហើយ នោះ​នឹង​មាន​គេ​ក្បត់​នឹង​ឯង​ដែរ។
2 ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​ផ្តល់​ព្រះ‌គុណ​ដល់​យើង​ខ្ញុំ​រាល់​គ្នា យើង​ខ្ញុំ​បាន​រង់‌ចាំ​ទ្រង់ សូម​ទ្រង់​ការ‌ពារ​យើង​ខ្ញុំ ដោយ​ព្រះ‌ពាហុ​រាល់ៗ​ព្រឹក ហើយ​ជួយ​សង្គ្រោះ​យើង​ខ្ញុំ​នៅ​ក្នុង​គ្រា​វេទនា​ដែរ
3 អស់​ទាំង​សាសន៍​បាន​រត់​ទៅ​ដោយ​ឮ​សូរ​អ៊ឹក‌ធឹក ហើយ​អស់​ទាំង​សាសន៍​បាន​ត្រូវ​ខ្ចាត់​ខ្ចាយ ដោយ​ទ្រង់​លើក​អង្គ​ទ្រង់​ឡើង
4 របឹប​របស់​អ្នក​រាល់​គ្នា​នឹង​បាន​ប្រមូល​ទុក ដូច​ជា​ចង្រិត​ប្រមូល​ទុក ហើយ​មនុស្ស​នឹង​លោត​សង្គ្រុប​លើ ដូច​ជា​កណ្តូប​លោត​ដែរ
5 ព្រះ‌យេហូវ៉ា​បាន​ថ្កើង​ឡើង​ហើយ ដ្បិត​ទ្រង់​គង់​នៅ​ស្ថាន​ដ៏​ខ្ពស់ ទ្រង់​បាន​ធ្វើ​ឲ្យ​ក្រុង​ស៊ីយ៉ូន​មាន​ពេញ​ដោយ​សេចក្ដី​យុត្តិ‌ធម៌ និង​សេចក្ដី​សុចរិត
6 នឹង​មាន​សេចក្ដី​សុខ​ស្រួល​នៅ​ក្នុង​គ្រា​ឯង ព្រម​ទាំង​សេចក្ដី​សង្គ្រោះ ប្រាជ្ញា និង​តម្រិះ​ជា​បរិបូរ​ដែរ សេចក្ដី​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា នោះ​នឹង​បាន​ជា​ឃ្លាំង​របស់​ឯង។
7 មើល ពួក​ទាហាន​ស្ទាត់​ជំនាញ​របស់​គេ​ក៏​ស្រែក​នៅ​ខាង​ក្រៅ​ហើយ ឯ​ពួក​រាជ‌ទូត​ដែល​សូម​មេត្រី​ភាព គេ​យំ​អណ្តឺត‌អណ្តក
8 ថ្នល់​ទាំង​ប៉ុន្មាន​នៅ​ស្ងាត់‌ច្រៀប ឥត​ឃើញ​មាន​មនុស្ស​ដើរ​ដំណើរ​ទៀត​ឡើយ ពួក​ខ្មាំង​សត្រូវ​គេ​បាន​ផ្តាច់​សេចក្ដី​សញ្ញា​ហើយ គេ​បាន​មើល‌ងាយ​ដល់​អស់​ទាំង​ទី​ក្រុង ហើយ​មិន​យោគ‌យល់​ដល់​អ្នក​ណា​ឡើយ
9 ស្រុក​កំពុង​តែ​យំ​សោក ហើយ​ថយ​កម្លាំង​ទៅ ព្រៃ​ល្បាណូន​មាន​សេចក្ដី​ខ្មាស ហើយ​ស្រពោន​ទៅ ស្រុក​សារ៉ុន​បាន​ដូច​ជា​ទី​រហោ‌ស្ថាន ឯ​ស្រុក​បាសាន និង​ភ្នំ​កើមែល នោះ​ក៏​ជំរុះ​ស្លឹក​ចុះ
10 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ឥឡូវ​នេះ អញ​នឹង​ក្រោក​ឡើង ឥឡូវ​នេះ អញ​នឹង​លើក​ខ្លួន​ឡើង ឥឡូវ​នេះ អញ​នឹង​បាន​តម្កើង​ឡើង​ហើយ
11 ឯង​រាល់​គ្នា​នឹង​មាន​គភ៌​ជា​ស្មៅ​ក្រៀម ហើយ​និង​បង្កើត​បាន​ជា​ជញ្ជ្រាំង​វិញ ខ្យល់​ដង្ហើម​របស់​ឯង​រាល់​គ្នា​ជា​ភ្លើង​ដែល​នឹង​ឆេះ​បំផ្លាញ​ខ្លួន
12 ហើយ​អស់​ទាំង​ប្រជា‌ជាតិ​នឹង​បាន​ដូច​ជា​ការ​ដុត​ធ្វើ​កំបោរ គឺ​ដូច​ជា​គុម្ព​បន្លា​ដែល​កាប់​យក​ទៅ​ដុត​ក្នុង​ភ្លើង។
13 ឱ​ឯង​រាល់​គ្នា​ដែល​នៅ​ឆ្ងាយ​អើយ ចូរ​ស្តាប់​ពី​ការ​ដែល​អញ​បាន​ធ្វើ ហើយ​ឯង​រាល់​គ្នា​ដែល​នៅ​ជិត​ដែរ ចូរ​ទទួល​ស្គាល់​ឫទ្ធិ​របស់​អញ​ចុះ
14 ពួក​មនុស្ស​មាន​បាប​នៅ​ក្រុង​ស៊ីយ៉ូន គេ​ភ័យ​ខ្លាច សេចក្ដី​ញាប់‌ញ័រ​បាន​ចាប់​ពួក​មនុស្ស​គគ្រក់​ហើយ តើ​មាន​អ្នក​ណា​ក្នុង​ពួក​យើង​អាច​នឹង​នៅ​ចំពោះ​ភ្លើង​ដ៏​ឆេះ​បន្សុស​នេះ​បាន ក្នុង​ពួក​យើង​តើ​មាន​អ្នក​ណា​អាច​នឹង​នៅ​ចំពោះ​ការ​ដ៏​ឆេះ​នៅ​អស់​កល្ប‌ជានិច្ច​បាន
15 គឺ​អ្នក​ណា​ដែល​ដើរ​ដោយ​សុចរិត ហើយ​ពោល​សេចក្ដី​ទៀង​ត្រង់ ជា​អ្នក​ដែល​ស្អប់​កម្រៃ​ដែល​បាន​មក​ដោយ​សង្កត់‌សង្កិន ហើយ​រា​ដៃ​មិន​ព្រម​ទទួល​សំណូក ក៏​ចុក​ត្រចៀក​មិន​ស្តាប់​រឿង​ពី​ការ​កម្ចាយ​ឈាម ហើយ​ដែល​ធ្មេច​ភ្នែក​មិន​ព្រម​មើល​ការ​អាក្រក់​ផង
16 អ្នក​នោះ​នឹង​បាន​នៅ​ក្នុង​ទី​ខ្ពស់ ទី​ពំនាក់​របស់​អ្នក​នោះ​នឹង​នៅ​លើ​ថ្មដា​ដ៏​មាំ‌មួន ឯ​អាហារ​នឹង​បាន​ប្រទាន​មក​អ្នក​នោះ ហើយ​ទឹក​របស់​អ្នក​នោះ​នឹង​ចេះ​តែ​មាន​នៅ។
17 ភ្នែក​ឯង​នឹង​បាន​ឃើញ​មហា‌ក្សត្រ​មាន​ទាំង​សេចក្ដី​លំអ​រុងរឿង​របស់​ទ្រង់ គេ​នឹង​មើល​ទៅ​ឃើញ​ស្រុក ដល់​ទី​ឆ្ងាយ​បំផុត
18 ចិត្ត​ឯង​នឹង​នឹក‌ជញ្ជឹង​ពី​ការ​ដែល​បាន​នាំ​ឲ្យ​ឯង​ភ័យ​ខ្លាច​នោះ​ថា តើ​ស្មៀន​កត់‌ត្រា​នៅ​ឯ​ណា អ្នក​ដែល​ថ្លឹង​សួយ‌អាករ​នៅ​ឯ​ណា ហើយ​អ្នក​ដែល​បាន​រាប់​អស់​ទាំង​ប៉ម តើ​នៅ​ឯ​ណា
19 ឯង​នឹង​លែង​ឃើញ​សាសន៍​ដ៏​សហ័ស​នោះ ជា​សាសន៍​ដែល​មាន​សំដី​យ៉ាង​ជ្រៅ ដែល​ឯង​រក​ស្តាប់​មិន​បាន ជា​ភាសា​រឡប់​ដែល​ឯង​យល់​មិន​បាន
20 ចូរ​ពិនិត្យ​មើល​ក្រុង​ស៊ីយ៉ូន គឺ​ជា​កន្លែង​ដែល​ធ្លាប់​ធ្វើ​បុណ្យ​មុត‌មាំ​របស់​យើង​រាល់​គ្នា នោះ​ភ្នែក​ឯង​នឹង​ឃើញ​ក្រុង​យេរូ‌សាឡឹម ជា​ទី​លំនៅ ដ៏​ស្ងប់​រំងាប់ ជា​ត្រសាល​ដែល​មិន​ត្រូវ​រើរុះ​ទៅ​ឯ​ណា​ឡើយ ឯ​ចំរ៉ឹង​មិន​ត្រូវ​ដក​ចេញ ហើយ​ខ្សែ​ណា​មួយ​ក៏​មិន​ត្រូវ​ដាច់​ផង
21 គឺ​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​គង់​ជា​មួយ​នឹង​យើង​រាល់​គ្នា​នៅ​ទី​នោះ មាន​ទាំង​តេជា‌នុភាព គឺ​ជា​កន្លែង​មាន​ទន្លេ និង​ផ្លូវ​ទឹក​យ៉ាង​ធំ ឥត​មាន​សំពៅ​ដែល​ចែវ ឬ​នាវា​ដ៏​រុងរឿង​ណា​ចេញ​ចូល​ឡើយ
22 ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​ជា​ចៅ‌ក្រម​នៃ​យើង​រាល់​គ្នា ព្រះ‌យេហូវ៉ា​ទ្រង់​ជា​អ្នក​តែង​ច្បាប់​ឲ្យ​យើង​រាល់​គ្នា ព្រះ‌យេហូវ៉ា​ទ្រង់​ជា​មហា‌ក្សត្រ​នៃ​យើង​រាល់​គ្នា ទ្រង់​នឹង​ជួយ​សង្គ្រោះ​យើង​ផង
23 ខ្សែ​ជ្រែង​របស់​ឯង​ធូរ​ហើយ មិន​អាច​នឹង​ទប់​ជើង​ដង​ក្តោង​ឲ្យ​មាំ​បាន​ទេ ពួក​នាវា​បង្ហូត​ក្តោង​មិន​បាន​ដែរ ដូច្នេះ គេ​បាន​ចាប់​របឹប​យ៉ាង​សន្ធឹក​ចែក​គ្នា គឺ​ជា​ពួក​ខ្វិន​ដែល​ចាប់​យក​បាន
24 ឯ​ពួក​អ្នក​ដែល​នៅ​ក្នុង​ក្រុង គេ​នឹង​មិន​ថា​ខ្ញុំ​ឈឺ​ទៀត​ឡើយ ព្រះ‌ទ្រង់​នឹង​អត់​ទោស​ចំពោះ​អំពើ​ទុច្ចរិត​របស់​ប្រជា‌ជន​ផង។


ជំពូក 34

1 ឱ​អស់​ទាំង​សាសន៍​អើយ ចូរ​ឲ្យ​ចូល​មក​ជិត និង​ស្តាប់​ចុះ អស់​ទាំង​ប្រជា‌ជាតិ​អើយ ចូរ​ផ្ទៀង​ត្រចៀក​ចុះ ត្រូវ​ឲ្យ​ផែនដី និង​របស់​សព្វ​សារពើ​នៅ​លើ​ផែនដី​ស្តាប់​ដែរ ព្រម​ទាំង​លោកីយ៍ និង​របស់​ទាំង​ប៉ុន្មាន​ដែល​កើត​ចេញ​ពី​នោះ​ផង
2 ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​សេចក្ដី​គ្នាន់‌ក្នាញ់​នឹង​គ្រប់​ទាំង​សាសន៍ ហើយ​ទ្រង់​ក្រោធ​ចំពោះ​ពល‌ទ័ព​ទាំង​ប៉ុន្មាន​របស់​គេ​ដែរ ទ្រង់​បាន​បំផ្លាញ​គេ​អស់​រលីង ក៏​បាន​ប្រគល់​គេ​ទៅ​ឲ្យ​ត្រូវ​ស្លាប់
3 ខ្មោច​របស់​គេ​ដែល​ត្រូវ​សម្លាប់​នោះ នឹង​បាន​បោះ​ចោល​ទៅ ក្លិន​ស្អុយ​ពី​សាក‌សព​ទាំង​នោះ​នឹង​សាយ​ឡើង ហើយ​ភ្នំ​ទាំង​ប៉ុន្មាន​នឹង​ត្រូវ​រលាយ​ទៅ​ដោយ​ឈាម​គេ
4 ឯ​បណ្តា​ពល‌បរិវារ​នៅ​លើ​មេឃ​នឹង​ត្រូវ​រៀវ‌សូន្យ​ទៅ ផ្ទៃ​មេឃ​នឹង​ត្រូវ​មូរ​ឡើង​ដូច​ជា​រមូរ​សៀវភៅ ហើយ​គ្រប់​ទាំង​ពួក​ពល‌បរិវារ នោះ​នឹង​រោយ​រុះ​ទៅ ដូច​ជា​ស្លឹក​ទំពាំង‌បាយ‌ជូរ​ក្រៀម​ជ្រុះ​ចាក​ដើម ក៏​ដូច​ជា​ស្លឹក​ស្រពោន​ជ្រុះ​ចាក​ដើម​ល្វា​ដែរ
5 ដ្បិត​ដាវ​របស់​អញ​បាន​ឆ្អែត​ហើយ នៅ​លើ​មេឃ មើល នឹង​ចុះ​មក​លើ​ស្រុក​អេដុម គឺ​លើ​សាសន៍​ដែល​អញ​បាន​ដាក់​បណ្តាសា ដើម្បី​នឹង​ធ្វើ​ទោស​ដល់​គេ​ទៀត
6 ដាវ​របស់​ព្រះ‌យេហូវ៉ា បាន​ប្រឡាក់​ឈាម​ដាប ក៏​ជោក​ដោយ​ខ្លាញ់ គឺ​ដោយ​ឈាម​កូន​ចៀម និង​ពពែ ព្រម​ទាំង​ខ្លាញ់​ដែល​ជាប់​នៅ​អង្គញ់​នៃ​ចៀម​ឈ្មោល ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ការ​ថ្វាយ​យញ្ញ‌បូជា​នៅ​ក្រុង​បុសរ៉ា ក៏​មាន​ការ​សង្ហារ​យ៉ាង​សម្បើម​នៅ​ក្នុង​ស្រុក​អេដុម
7 ឯ​ពួក​ទន្សោង​នឹង​ដួល​ចុះ​ជា​មួយ​នឹង​គេ ព្រម​ទាំង​គោ​ស្ទាវ និង​គោ​ចាស់​ផង ស្រុក​គេ​នឹង​បាន​ដាប​ដោយ​ឈាម ហើយ​ធូលី​ដី​នឹង​បាន​ជោក​ដោយ​ខ្លាញ់។
8 ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ថ្ងៃ​សម្រាប់​សង‌សឹក មាន​ឆ្នាំ​សម្រាប់​ស្នង​ដល់​គេ​ជំនួស​ក្រុង​ស៊ីយ៉ូន
9 ជ្រោះ​ទឹក​នៅ​ស្រុក​អេដុម​នឹង​ត្រឡប់​ជា​ជ័រ ធូលី​ដី​នឹង​ត្រឡប់​ជា​ស្ពាន់‌ធ័រ ហើយ​ស្រុក​គេ​នឹង​មាន​ពេញ​ជា​ជ័រ​ឆេះ
10 ភ្លើង​នោះ​នឹង​មិន​រលត់​ទាំង​យប់​ទាំង​ថ្ងៃ ហើយ​ផ្សែង​នឹង​ហុយ​ឡើង​ជា​ដរាប​ទៅ ស្រុក​នោះ​នឹង​នៅ​ជា​កំឡោច​គ្រប់​ទាំង​ដំណ​នៃ​មនុស្ស​ត​ទៅ ឥត​ដែល​មាន​អ្នក​ណា​ដើរ​កាត់​តាម​នោះ​ទៀត​ឡើយ
11 តែ​ទុង និង​ប្រមា នឹង​បាន​ស្រុក​នោះ​ជា​លំនៅ​វិញ ហើយ​គូក និង​ក្អែក នឹង​អាស្រ័យ​នៅ​ទី​នោះ​ដែរ ទ្រង់​នឹង​សន្ធឹង​ខ្សែ​វាស់​នៅ​លើ​ស្រុក​នោះ ឲ្យ​ត្រូវ​ខូច​បង់ ហើយ​ស្ទង់​កូន​តឹង ឲ្យ​ត្រូវ​សូន្យ​ទទេ
12 គេ​នឹង​ហៅ​ពួក​ត្រកូល​ខ្ពស់​មក​ឲ្យ​តាំង​រាជ្យ​ឡើង តែ​នឹង​គ្មាន​អ្នក​ណា​មក​ឡើយ ឯ​ពួក​ចៅ‌ហ្វាយ​ទាំង​ប៉ុន្មាន​នឹង​ផុត​អស់​ទៅ
13 បន្លា​នឹង​ដុះ​ឡើង​នៅ​ក្នុង​ព្រះ‌រាជ‌ដំណាក់ ហើយ​អញ្ចាញ និង​ដំបង‌យក្ខ នឹង​ដុះ​នៅ​ក្នុង​បន្ទាយ​របស់​គេ​ដែរ ស្រុក​នោះ​នឹង​បាន​ជា​ទី​លំនៅ​នៃ​ឆ្កែ​ព្រៃ ហើយ​ជា​ព្រះ‌រាជ​រោង​សម្រាប់​សត្វ​អូសទ្រីច
14 អស់​ទាំង​សត្វ​ដែល​នៅ​ទី​រហោ‌ស្ថាន​នឹង​ជួប‌ជុំ​ជា​មួយ​នឹង​ហ្វូង​ចចក ហើយ​ពពែ​ព្រៃ​នឹង​ស្រែក​ឆ្លើយ​គ្នា ឯ​ឪឡ​នឹង​ចុះ​មក​ទំ​នៅ​ទី​នោះ ហើយ​និង​ធ្វើ​សំបុក​នៅ​ដែរ
15 ពស់‌វែក​នឹង​ធ្វើ​សំបុក​នៅ​ទី​នោះ ព្រម​ទាំង​ពង ហើយ​ញាស់​កូន​ផង រួច​ប្រមូល​កូន​មក​ការ‌ពារ អើ ពួក​រអាត​នឹង​មក​ទាំង​គូៗ​ប្រជុំ​នៅ​ទី​នោះ​ដែរ។
16 ចូរ​ស្វែង​រក​ក្នុង​គម្ពីរ​របស់​ព្រះ‌យេហូវ៉ា ហើយ​មើល​ចុះ នឹង​គ្មាន​សត្វ​ណា​មួយ​នេះ​ខាន​មក ហើយ​និង​គ្មាន​ណា​មួយ​ឥត​គូ​ឡើយ ពី​ព្រោះ​ព្រះ‌ឱស្ឋ​ទ្រង់​បាន​បង្គាប់​ហើយ ព្រះ‌វិញ្ញាណ​ទ្រង់​ក៏​បាន​ប្រមូល​មក​ដែរ
17 ទ្រង់​បាន​បោះ​ឆ្នោត​ឲ្យ​ពួក​សត្វ​ទាំង​នោះ ហើយ​ព្រះ‌ហស្ត​ទ្រង់​បាន​វាស់​ចែក​ស្រុក​ឲ្យ វា​រាល់​គ្នា​នឹង​បាន​ស្រុក​នោះ ជា​រៀង‌រាប​ដរាប ហើយ​និង​អាស្រ័យ​នៅ ដរាប​ដល់​អស់​ទាំង​ដំណ​មនុស្ស​ត​រៀង​ទៅ។


ជំពូក 35

1 ទី​រហោ‌ស្ថាន ហើយ​ទី​ហួត‌ហែង នឹង​មាន​សេចក្ដី​អំណរ ឯ​សមុទ្រ​ខ្សាច់​នឹង​រីក‌រាយ ហើយ​ផ្កា​ឡើង​ដូច​ជា​កុលាប
2 គឺ​នឹង​ផ្កា​ឡើង​យ៉ាង​សន្ធឹក ក៏​នឹង​រីក‌រាយ​ដោយ​សេចក្ដី​អំណរ និង​បទ​ចម្រៀង​ផង គេ​នឹង​លើក​សេចក្ដី​សរសើរ​ពី​លំអ​នៃ​ព្រៃ​ល្បាណូន​ផ្ទេរ​ទៅ​ឲ្យ​ដល់​សមុទ្រ​ខ្សាច់​វិញ ព្រម​ទាំង​សេចក្ដី​រុងរឿង​នៃ​ភ្នំ​កើមែល និង​វាល​សារ៉ុន​ផង គេ​នឹង​ឃើញ​សិរី‌ល្អ​របស់​ព្រះ‌យេហូវ៉ា គឺ​ជា​សេចក្ដី​រុងរឿង​របស់​ព្រះ​នៃ​យើង​រាល់​គ្នា។
3 ចូរ​ចម្រើន​កម្លាំង​ដៃ​ដែល​ខ្សោយ ហើយ​ឲ្យ​ក្បាល​ជង្គង់​ដែល​ញ័រ​បាន​មាំ‌មួន​ឡើង
4 ត្រូវ​ឲ្យ​ប្រាប់​ដល់​ពួក​អ្នក​ដែល​មាន​ចិត្ត​ភ័យ​ខ្លាច​ថា ចូរ​ឲ្យ​មាន​កម្លាំង​ចុះ កុំ​ឲ្យ​ខ្លាច​ឡើយ មើល ព្រះ​នៃ​អ្នក​រាល់​គ្នា​ទ្រង់​នឹង​យាង​មក​សង‌សឹក ហើយ​និង​យក​រង្វាន់​របស់​ព្រះ​មក ទ្រង់​នឹង​យាង​មក​ជួយ​សង្គ្រោះ​អ្នក​រាល់​គ្នា។
5 គ្រា​នោះ ភ្នែក​របស់​មនុស្ស​ខ្វាក់​នឹង​បាន​ភ្លឺ​ឡើង ហើយ​ត្រចៀក​របស់​មនុស្ស​ថ្លង់​នឹង​ឮ​បាន
6 គ្រា​នោះ ពួក​មនុស្ស​ខ្វិន​នឹង​លោត​ដូច​ជា​ប្រើស ហើយ​អណ្តាត​របស់​មនុស្ស​គ​នឹង​ច្រៀង​ឡើង ដ្បិត​នៅ​ទី​រហោ‌ស្ថាន​នឹង​មាន​ក្បាល​ទឹក​ផុស​ចេញ ហើយ​និង​មាន​ផ្លូវ​ទឹក​ហូរ​នៅ​សមុទ្រ​ខ្សាច់​ដែរ
7 ខ្សាច់​ដែល​ក្តៅ​ព្រោចៗ​នឹង​ត្រឡប់​ជា​ត្រពាំង​ទឹក ហើយ​ដី​ហួត‌ហែង​នឹង​មាន​ក្បាល​ទឹក​ហូរ នៅ​ត្រង់​ទី​លំនៅ​របស់​ចចក ជា​កន្លែង​ដែល​វា​ដេក នោះ​នឹង​មាន​ដុះ​ស្មៅ ព្រម​ទាំង​បបុស និង​កក់​ផង
8 ហើយ​នៅ​ទី​នោះ​នឹង​មាន​ថ្នល់​១ ជា​ផ្លូវ​ដែល​គេ​នឹង​ហៅ​ថា «ផ្លូវ​បរិសុទ្ធ» ពួក​មនុស្ស​ស្មោក‌គ្រោក​នឹង​មិន​ដែល​ដើរ​តាម​ផ្លូវ​នោះ​ឡើយ គឺ​ផ្លូវ​នោះ​នឹង​ទុក​សម្រាប់​តែ​ពួក​អ្នក​ដែល​បាន​ប្រោស​លោះ​ប៉ុណ្ណោះ ឯ​មនុស្ស​ដែល​ដើរ​ដំណើរ ទោះ​បើ​ជា​មនុស្ស​ល្ងី‌ល្ងើ​ក៏​ដោយ គង់​តែ​មិន​វង្វេង​ដែរ
9 នឹង​គ្មាន​សិង្ហ ឬ​សត្វ​កំណាច​ណា ឡើង​មក​តាម​នោះ​ឡើយ គេ​ក៏​នឹង​មិន​ដែល​ប្រទះ​ឃើញ​វា​ដែរ គឺ​មាន​តែ​ពួក​ប្រោស​លោះ​ដែល​នឹង​ដើរ​តាម​នោះ
10 ឯ​ពួក​អ្នក​ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រោស​ឲ្យ​រួច គេ​នឹង​វិល​មក​វិញ គេ​នឹង​មក​ដល់​ក្រុង​ស៊ីយ៉ូន​ដោយ​ច្រៀង ហើយ​និង​មាន​សេចក្ដី​អំណរ​ដ៏​នៅ​អស់​កល្ប‌ជានិច្ច​ពាក់​នៅ​លើ​ក្បាល​គេ គេ​នឹង​បាន​សេចក្ដី​ត្រេក‌អរ និង​សេចក្ដី​រីក‌រាយ ឯ​អស់​ទាំង​សេចក្ដី​ទុក្ខ​ព្រួយ និង​ដំងូរ​ទាំង​ប៉ុន្មាន​នោះ​នឹង​រត់​បាត់​ទៅ។


ជំពូក 36

1 រីឯ​នៅ​ឆ្នាំ​ទី​១៤​ក្នុង​រាជ្យ​ស្តេច​ហេសេគា នោះ​សាន‌ហេ‌រីប ជា​ស្តេច​ស្រុក​អាសស៊ើរ ទ្រង់​ឡើង​មក​ច្បាំង​យក​បាន​អស់​ទាំង​ទី​ក្រុង​មាន​កំផែង​នៅ​ស្រុក​យូដា
2 រួច​ស្តេច​អាសស៊ើរ​ទ្រង់​ចាត់​រ៉ាបសាកេ ឲ្យ​នាំ​ពល‌ទ័ព​យ៉ាង​ធំ​ពី​ក្រុង​ឡាគីស ទៅ​ឯ​ស្តេច​ហេសេគា នៅ​ក្រុង​យេរូ‌សាឡឹម លោក​ក៏​ឈរ​នៅ​ត្រង់​ប្រឡាយ​ទឹក​នៃ​ស្រះ​ខាង​លើ តាម​ផ្លូវ​ទៅ​ឯ​ចម្ការ​ជាង​ប្រមោក
3 នោះ​អេលា‌គីម កូន​ហ៊ីល‌គីយ៉ា​ជា​ឧកញ៉ា​វាំង និង​សេបណា ជា​ស្មៀន​ហ្លួង ហើយ​យ៉ូអា​កូន​អេសាភ ជា​អ្នក​តែង​ពង្សាវតារ ក៏​ចេញ​ទៅ​ឯ​លោក។
4 រ៉ាបសាកេ​ប្រាប់​គេ​ថា ចូរ​ទៅ​ប្រាប់​ហេសេគា​ឥឡូវ ថា​ស្តេច​ដ៏​ជា​ធំ គឺ​ស្តេច​ស្រុក​អាសស៊ើរ ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ តើ​ទី​ពឹង​ណា​ដែល​ឯង​ទុក​ចិត្ត​នេះ
5 អញ​ថា គំនិត​របស់​ឯង និង​កម្លាំង​សម្រាប់​ច្បាំង នោះ​ជា​ឥត​ប្រយោជន៍​ទទេ ចុះ​តើ​ឯង​ពឹង​ដល់​អ្នក​ណា បាន​ជា​ឯង​បះ‌បោរ​នឹង​អញ​ដូច្នេះ
6 មើល ឯង​ពឹង​ដល់​ស្រុក​អេស៊ីព្ទ​ទុក​ជា​ឈើ​ច្រត់ គឺ​ជា​ដើម​ត្រែង​កំបាក់​នោះ ដែល​បើ​កាល​ណា​ផ្អែក​ទៅ​លើ នោះ​នឹង​ចាក់​ទម្លុះ​ដៃ​វិញ គឺ​ផារ៉ោន ជា​ស្តេច​អេស៊ីព្ទ គេ​បែប​យ៉ាង​នោះ ដល់​អស់​អ្នក​ណា​ដែល​ពឹង​ដល់​គេ
7 តែ​បើ​ឯង​និយាយ​មក​អញ​ថា យើង​រាល់​គ្នា​ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​វិញ នោះ​តើ​មិន​មែន​ជា​ព្រះ​នោះ​ឯង ដែល​ហេសេគា​បាន​បំបាត់​អស់​ទាំង​ទី​ខ្ពស់ និង​អាសនៈ​ទ្រង់​ចេញ​ទេ​ឬ​អី ដោយ​ប្រាប់​ដល់​ពួក​សាសន៍​យូដា និង​ពួក​ក្រុង​យេរូ‌សាឡឹម​ថា ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ថ្វាយ‌បង្គំ​នៅ​មុខ​អាសនៈ​១​នេះ​វិញ
8 ដូច្នេះ ចូរ​ឯង​ចុះ​សន្យា​នឹង​ស្តេច​ស្រុក​អាសស៊ើរ ជា​ចៅ‌ហ្វាយ​របស់​អញ​ឥឡូវ​ចុះ នោះ​អញ​នឹង​ឲ្យ​សេះ​២​ពាន់​ដល់​ឯង បើ​ឯង​រក​អ្នក​ជិះ​បាន
9 បើ​យ៉ាង​នោះ ធ្វើ​ដូច​ម្តេច​ឲ្យ​ឯង​ឈ្នះ​មេ‌ទ័ព​១​យ៉ាង​តូច ក្នុង​ពួក​អ្នក​បម្រើ​របស់​ចៅ‌ហ្វាយ​អញ​បាន ទាំង​ទុក​ចិត្ត​នឹង​ស្រុក​អេស៊ីព្ទ​ឲ្យ​បាន​រទេះ​ចម្បាំង និង​ទ័ព​សេះ​ទៀត
10 តើ​អញ​បាន​ឡើង​មក​ច្បាំង​បំផ្លាញ​ស្រុក​នេះ ដោយ​ឥត​ព្រះ‌យេហូវ៉ា​ឬ​អី គឺ​ព្រះ‌យេហូវ៉ា​ទេ​តើ ដែល​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​បង្គាប់​អញ​ថា ចូរ​ឡើង​ទៅ​ច្បាំង​បំផ្លាញ​ស្រុក​នេះ​ចុះ។
11 ឯ​អេលា‌គីម សេបណា និង​យ៉ូអា ក៏​ឆ្លើយ​តប​ទៅ​រ៉ាបសាកេ​ថា សូម​មាន​ប្រសាសន៍​ជា​ភាសា​អើរ៉ាម​មក​យើង​ខ្ញុំ​ប្របាទ​វិញ ដ្បិត​យើង​ខ្ញុំ​ស្តាប់​បាន សូម​កុំ​មាន​ប្រសាសន៍​ជា​ភាសា​យូដា​មក​យើង​ខ្ញុំ ឲ្យ​ពួក​បណ្តា‌ជន​ដែល​នៅ​លើ​កំផែង​ស្តាប់​ផង​នោះ​ឡើយ
12 តែ​រ៉ាបសាកេ​តប​ថា ចុះ​តើ​ចៅ‌ហ្វាយ​អញ​បាន​ចាត់​អញ ឲ្យ​មក​និយាយ​សេចក្ដី​ទាំង​នេះ ចំពោះ​តែ​ចៅ‌ហ្វាយ​ឯង ហើយ​និង​ខ្លួន​ឯង​ប៉ុណ្ណោះ​ឬ​អី គឺ​បាន​ចាត់​អញ​ឲ្យ​មក និយាយ​នឹង​មនុស្ស​ដែល​អង្គុយ​នៅ​លើ​កំផែង​វិញ​ទេ​តើ ដើម្បី​ឲ្យ​គេ​បាន​ស៊ី​លាមក ហើយ​ផឹក​ទឹក​នោម​របស់​ខ្លួន ជា​មួយ​នឹង​ឯង​ដែរ។
13 នោះ​រ៉ាបសាកេ​ក៏​ឈរ​បន្លឺ​ឡើង ជា​ភាសា​របស់​ពួក​សាសន៍​យូដា ប្រាប់​ថា ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ស្តេច​ដ៏​ជា​ធំ គឺ​ស្តេច​អាសស៊ើរ​ចុះ
14 ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា កុំ​បណ្តោយ​ឲ្យ​ហេសេគា​បញ្ឆោត​ឯង​រាល់​គ្នា​ឡើយ ដ្បិត​វា​មិន​អាច​នឹង​ជួយ​ឲ្យ​ឯង​រាល់​គ្នា​រួច​បាន​ទេ
15 ក៏​កុំ​ឲ្យ​ហេសេគា​នាំ​ឲ្យ​ឯង​រាល់​គ្នា​ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា ដោយ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ជួយ​ឲ្យ​យើង​រាល់​គ្នា​រួច​ជា​មិន​ខាន ទី​ក្រុង​នេះ​នឹង​មិន​ត្រូវ​ប្រគល់​ទៅ ក្នុង​កណ្តាប់​ដៃ​នៃ​ស្តេច​អាសស៊ើរ​នោះ​ឡើយ
16 កុំ​ឲ្យ​ស្តាប់​តាម​ហេសេគា​ឲ្យ​សោះ ដ្បិត​ស្តេច​អាសស៊ើរ​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ចូរ​ចង​ជា​ស្ពាន​មេត្រី​នឹង​អញ ហើយ​ចេញ​មក​ឯ​អញ​ចុះ នោះ​នឹង​បាន​ស៊ី​ផល​ចម្ការ​ទំពាំង‌បាយ‌ជូរ និង​ផល​ដើម​ល្វា ក៏​នឹង​ផឹក​ទឹក​អណ្តូង​របស់​ខ្លួន​គ្រប់​គ្នា
17 ដរាប​ដល់​អញ​មក​នាំ​ឯង​រាល់​គ្នា​ទៅ​នៅ​ឯ​ស្រុក​១ ដូច​ជា​ស្រុក​របស់​ឯង​រាល់​គ្នា​នេះ ជា​ស្រុក​មាន​ស្រូវ និង​ទឹក​ទំពាំង‌បាយ‌ជូរ ជា​ស្រុក​មាន​នំបុ័ង និង​ចម្ការ​ទំពាំង‌បាយ‌ជូរ​ផង
18 ចូរ​ប្រយ័ត​ក្រែង​ហេសេគា​បបួល​ឯង​រាល់​គ្នា​ដោយ​ពាក្យ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ជួយ​ឲ្យ​រួច​ជា​មិន​ខាន តើ​មាន​ព្រះ​របស់​សាសន៍​ដទៃ​ណា ដែល​ជួយ​ស្រុក​គេ ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​ស្តេច​អាសស៊ើរ​បាន
19 តើ​ព្រះ​របស់​ពួក​ក្រុង​ហាម៉ាត និង​ក្រុង​អើផាឌ​នៅ​ឯ​ណា តើ​ព្រះ​របស់​ពួក​ក្រុង​សេផា‌វែម​នៅ​ឯ​ណា តើ​ព្រះ​ទាំង​នោះ​ជួយ​ពួក​សាម៉ារី​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​អញ​បាន​ឬ
20 ក្នុង​បណ្តា​ព្រះ​ទាំង​ប៉ុន្មាន​នោះ តើ​មាន​ព្រះ​ណា​ដែល​ជួយ​ស្រុក​គេ ឲ្យ​រួច​ពី​កណ្តាប់​ដៃ​អញ​បាន បាន​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ជួយ​ឲ្យ​ក្រុង​យេរូ‌សាឡឹម រួច​ពី​កណ្តាប់​ដៃ​អញ​បាន​ដែរ។
21 ប៉ុន្តែ គេ​នៅ​តែ​ស្ងៀម ឥត​ឆ្លើយ​ដល់​លោក​សូម្បី​តែ​១​ម៉ាត់​ផង ដ្បិត​ស្តេច​ទ្រង់​បាន​ហាម​ថា កុំ​ឲ្យ​ឆ្លើយ​នឹង​គេ​ឡើយ
22 នោះ​អេលា‌គីម កូន​ហ៊ីល‌គីយ៉ា ជា​ឧកញ៉ា​វាំង និង​សេបណា ជា​ស្មៀន​ហ្លួង ហើយ​យ៉ូអា កូន​អេសាភ ជា​អ្នក​តែង​ពង្សាវតារ គេ​វិល​មក​គាល់​ហេសេគា​វិញ ទាំង​អាវ​រហែក ក៏​ទូល​ទ្រង់​តាម​ពាក្យ​របស់​រ៉ាបសាកេ​ទាំង​អស់។


ជំពូក 37

1 លុះ​កាល​ស្តេច​ហេសេគា​បាន​ស្តាប់​ពាក្យ​ទាំង​នោះ​ហើយ នោះ​ទ្រង់​ក៏​ហែក​ព្រះ‌ពស្ត្រ ហើយ​ស្លៀក‌ពាក់​សំពត់​ធ្មៃ​វិញ រួច​យាង​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា
2 ទ្រង់​ចាត់​អេលា‌គីម ជា​ឧកញ៉ា​វាំង និង​សេបណា ជា​ស្មៀន​ហ្លួង ហើយ​ពួក​ចាស់‌ទុំ​ក្នុង​ពួក​សង្ឃ ឲ្យ​ស្លៀក‌ពាក់​សំពត់​ធ្មៃ ទៅ​ឯ​ហោរា​អេសាយ ជា​កូន​អ័ម៉ូស
3 គេ​ក៏​ជម្រាប​ដល់​លោក​ថា ហេសេគា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ថ្ងៃ​នេះ​ជា​ថ្ងៃ​មាន​សេចក្ដី​វេទនា សេចក្ដី​ផ្ចាញ់‌ផ្ចាល និង​សេចក្ដី​ដំណៀល ប្រៀប​ដូច​ជា​កូន​ដែល​គ្រប់​ខែ តែ​គ្មាន​កម្លាំង​នឹង​សម្រាល​មក​សោះ
4 ប្រហែល​ជា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​ទ្រង់​នឹង​ឮ​អស់​ទាំង​ពាក្យ​របស់​រ៉ាបសាកេ​នេះ​ទេ​ដឹង ជា​ពាក្យ​ដែល​ស្តេច​អាសស៊ើរ ជា​ចៅ‌ហ្វាយ​គេ បាន​ចាត់​ឲ្យ​មក​ប្រកួត​នឹង​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ ហើយ​ទ្រង់​នឹង​បន្ទោស​ដល់​គេ ដោយ​ព្រោះ​ពាក្យ​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក ទ្រង់​បាន​ឮ​ហើយ ដូច្នេះ សូម​អធិ‌ស្ឋាន​ឲ្យ​សំណល់​ដែល​នៅ​សល់​ចុះ។
5 ពួក​ជំនិត​របស់​ស្តេច​ហេសេគា​ក៏​មក​ឯ​អេសាយ
6 ហើយ​អេសាយ​លោក​មាន​ប្រសាសន៍​ថា ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​ទូល​ដល់​ចៅ‌ហ្វាយ​អ្នក​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ កុំ​ឲ្យ​ខ្លាច​ចំពោះ​ពាក្យ​សំដី​ដែល​ឯង​បាន​ឮ ជា​ពាក្យ​ដែល​ពួក​បម្រើ​របស់​ស្តេច​អាសស៊ើរ បាន​ប្រមាថ​ដល់​អញ​នោះ​ឡើយ
7 មើល អញ​នឹង​បណ្តាល​គំនិត​វា ឲ្យ​សម្រេច​នឹង​ត្រឡប់​ទៅ​ឯ​ស្រុក​វា​វិញ ដោយ​វា​ឮ​ដំណឹង​១ រួច​អញ​នឹង​ឲ្យ​វា​ដួល​ស្លាប់​ដោយ​ដាវ នៅ​ក្នុង​ស្រុក​របស់​វា​ទៅ។
8 ចំណែក​រ៉ាបសាកេ​ក៏​ត្រឡប់​ទៅ​រក​ស្តេច​អាសស៊ើរ​ឃើញ​កំពុង​តែ​ច្បាំង​នឹង​ក្រុង​លិបណា ដ្បិត​លោក​បាន​ឮ​ថា ទ្រង់​ថយ​ពី​ក្រុង​ឡាគីស​ទៅ​ហើយ
9 ស្តេច​បាន​ឮ​និយាយ​ពី​ទារ‌ហា‌កា ជា​ស្តេច​អេធីយ៉ូពី ថា​ចេញ​មក​ច្បាំង​នឹង​ទ្រង់​ហើយ លុះ​ទ្រង់​បាន​ឮ​ដូច្នោះ ក៏​ចាត់​សារ​ទៅ​ឯ​ហេសេគា​ដោយ​ពាក្យ​ថា
10 ចូរ​ឯង​រាល់​គ្នា​ប្រាប់​ដល់​ហេសេគា​ជា​ស្តេច​យូដា​ដូច្នេះ កុំ​ឲ្យ​ព្រះ​របស់​ឯង ដែល​ឯង​ទុក​ចិត្ត​នោះ​បញ្ឆោត​ឯង​ដោយ​ថា ក្រុង​យេរូ‌សាឡឹម​នឹង​មិន​ត្រូវ​ប្រគល់​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ស្តេច​អាសស៊ើរ នោះ​ឡើយ
11 មើល​ឯង​បាន​ឮ​និយាយ​ពី​ការ​ដែល​ស្តេច​អាសស៊ើរ​បាន​ធ្វើ​ដល់​ស្រុក​ទាំង​ប៉ុន្មាន​ហើយ គឺ​ដែល​ទ្រង់​បាន​បំផ្លាញ​គេ​អស់​រលីង​ទៅ ដូច្នេះ តើ​ឯង​នឹង​បាន​រួច​ឬ
12 ឯ​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន ដែល​ពួក​អយ្យ‌កោ​អញ​បាន​បំផ្លាញ គឺ​ពួក​ក្រុង​កូសាន ក្រុង​ខារ៉ាន ក្រុង​រេសែភ និង​ពួក​កូន​ចៅ​អេដែន​ដែល​នៅ​ស្រុក​ធេឡា‌សើរ តើ​ព្រះ​របស់​គេ​បាន​ជួយ​ឲ្យ​គេ​រួច​ឬ​ទេ
13 តើ​ស្តេច​ស្រុក​ហាម៉ាត ស្តេច​ក្រុង​អើផាឌ និង​ស្តេច​ក្រុង​សេផា‌វែម ក្រុង​ហេណា និង​ក្រុង​អ៊ីវ៉ា​នៅ​ឯ​ណា។
14 ហេសេគា​ក៏​ទទួល​សំបុត្រ​នោះ ពី​ដៃ​របស់​ពួក​ទូត​ទៅ​អាន​មើល រួច​ទ្រង់​យាង​ឡើង​ទៅ​ឯ​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា លា​សំបុត្រ​នោះ​នៅ​ចំពោះ​ទ្រង់
15 ហេសេគា​ទ្រង់​ក៏​អធិ‌ស្ឋាន​ដល់​ព្រះ‌យេហូវ៉ា​ថា
16 ឱ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ដែល​គង់​ពី​លើ​ចេរូប៊ីន​អើយ គឺ​ទ្រង់​តែ​១​ព្រះ‌អង្គ ដែល​ជា​ព្រះ​នៃ​អស់​ទាំង​សាសន៍​នៅ​ផែនដី ទ្រង់​បាន​បង្ក‌បង្កើត​ផ្ទៃ​មេឃ និង​ផែនដី
17 ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​ផ្ទៀង​ព្រះ‌កាណ៌​ស្តាប់ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​បើក​ព្រះ‌នេត្រ​ទត សូម​ស្តាប់​អស់​ទាំង​ពាក្យ​របស់​សាន‌ហេ‌រីប ដែល​បាន​ចាត់​គេ​មក​ប្រកួត​នឹង​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ
18 ឱ​ព្រះ‌យេហូវ៉ា​អើយ ស្តេច​អាសស៊ើរ​បាន​បំផ្លាញ​អស់​ទាំង​ប្រទេស និង​ស្រុក​របស់​គេ​ជា​ប្រាកដ​មែន
19 ក៏​បាន​បោះ​ចោល​ព្រះ​របស់​គេ​ទៅ​ក្នុង​ភ្លើង​ដែរ ដ្បិត​មិន​មែន​ជា​ព្រះ​ទេ គឺ​ជា​ស្នាដៃ​ដែល​មនុស្ស​ធ្វើ​មក​ពី​ឈើ និង​ពី​ថ្ម​វិញ ហេតុ​នោះ​បាន​ជា​គេ​បំផ្លាញ​ទៅ​បាន
20 ដូច្នេះ ឱ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ​រាល់​គ្នា​អើយ សូម​ទ្រង់​ជួយ​សង្គ្រោះ​យើង​ខ្ញុំ ឲ្យ​រួច​ពី​កណ្តាប់​ដៃ​របស់​គេ​ផង ដើម្បី​ឲ្យ​គ្រប់​ទាំង​សាសន៍​នៅ​ផែនដី​បាន​ដឹង​ថា ទ្រង់​ជា​ព្រះ‌យេហូវ៉ា គឺ​ទ្រង់​តែ​១​ព្រះ‌អង្គ​ទេ។
21 គ្រា​នោះ​អេសាយ​ជា​កូន​អ័ម៉ូស ក៏​ចាត់​គេ​ឲ្យ​ទៅ​ឯ​ហេសេគា ទូល​ថា ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ដោយ​ព្រោះ​ឯង​បាន​អធិ‌ស្ឋាន​ដល់​អញ ពី​ដំណើរ​សាន‌ហេ‌រីប​ជា​ស្តេច​សាសន៍​អាសស៊ើរ
22 បាន​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ពាក្យ​ទាំង​នេះ ពី​ដំណើរ​ស្តេច​នោះ គឺ​ថា នាង​ក្រមុំ​នៃ​ក្រុង​ស៊ីយ៉ូន​បាន​ស្អប់​ខ្ពើម​ដល់​ឯង ហើយ​បាន​មើល‌ងាយ​ដល់​ឯង កូន​ស្រី​នៃ​ក្រុង​យេរូ‌សាឡឹម​បាន​គ្រវី​ក្បាល​ដល់​ឯង​ហើយ
23 តើ​ឯង​បាន​ប្រកួត ហើយ​ប្រមាថ​ដល់​អ្នក​ណា តើ​ទាស់​នឹង​អ្នក​ណា ដែល​ឯង​បាន​ដំឡើង​សំឡេង ហើយ​ងើប​ភ្នែក​ឡើង​ជា​ខ្ពស់​ដូច្នេះ គឺ​ទាស់​នឹង​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រា‌អែល​ទេ​តើ
24 ឯង​បាន​ប្រកួត​នឹង​ព្រះ‌អម្ចាស់ ដោយ​ពួក​អ្នក​ដែល​ចាត់​ឲ្យ​មក​នោះ ដោយ​ថា អញ​បាន​ឡើង​ទៅ​ឯ​កំពូល​ភ្នំ​ទាំង​ប៉ុន្មាន ដោយ‌សារ​រទេះ​ចម្បាំង​អញ ហើយ​ដល់​ទី​ជ្រៅ​បំផុត​នៃ​ព្រៃ​ល្បាណូន​ផង អញ​នឹង​កាប់​អស់​ទាំង​ដើម​តាត្រៅ​ដែល​ខ្ពស់ និង​ដើម​កកោះ​ដែល​ល្អ​ជាង​គេ​នៅ​ទី​នោះ អញ​នឹង​ចូល​ទៅ​ដល់​ទី​ខ្ពស់​នៅ​ចុង​ស្រុក​គេ គឺ​ដល់​ចម្ការ​របស់​គេ ដែល​ដុះ‌ដាល​ដូច​ជា​ព្រៃ
25 អញ​បាន​ជីក ហើយ​បាន​ផឹក​ទឹក អញ​ក៏​នឹង​ធ្វើ​ឲ្យ​អស់​ទាំង​ទន្លេ​ស្រុក​អេស៊ីព្ទ​រីង​ស្ងួត​ទៅ ដោយ​បាត​ជើង​របស់​អញ។
26 តើ​ឯង​មិន​បាន​ឮ​ថា អញ​បាន​គិត​ជា​ស្រេច នឹង​ធ្វើ​ការ​ទាំង​ប៉ុន្មាន​នេះ​តាំង​ពី​យូរ​មក​ហើយ ព្រម​ទាំង​ចាត់‌ចែង​តាំង​ពី​ចាស់​បុរាណ​ផង​ទេ​ឬ​អី ឥឡូវ​នេះ អញ​បាន​សម្រេច​ការ​នេះ​ហើយ គឺ​បាន​ឲ្យ​ឯង​បំផ្លាញ​ទី​ក្រុង​មាន​កំផែង​ឲ្យ​ទៅ​ជា​គំនរ​បំណែក
27 ហេតុ​នោះ​បាន​ជា​ពួក​អ្នក​ក្រុង​ទាំង​នោះ​ខ្សោយ​កម្លាំង គេ​បាន​ស្រយុត​ចិត្ត ហើយ​ទ្រឹង​នៅ គេ​ក៏​ដូច​ជា​ស្មៅ​នៅ​វាល និង​ពន្លក​ខ្ចី គឺ​ដូច​ជា​ស្មៅ​ដែល​ដុះ​នៅ​លើ​ដំបូល​ផ្ទះ និង​ស្រែ​ពេញ​ដោយ​ស្រូវ​ដែល​មិន​ទាន់​ចាស់
28 អញ​ដឹង​កន្លែង​ដែល​ឯង​អង្គុយ និង​វេលា​ណា​ដែល​ឯង​ចេញ​ចូល ក៏​ស្គាល់​សេចក្ដី​ដែល​ឯង​ខឹង​ក្តៅ​នឹង​អញ​ដែរ
29 ដោយ​ព្រោះ​ឯង​ខឹង​នឹង​អញ​ដូច្នេះ ហើយ​ដោយ​ព្រោះ​សេចក្ដី​ព្រហើន​របស់​ឯង បាន​ឮ​មក​ដល់​ត្រចៀក​អញ នោះ​អញ​នឹង​ដាក់​កន្លុះ​របស់​អញ​នៅ​ច្រមុះ​ឯង និង​ដែក​បង្ខាំ​របស់​អញ​នៅ​មាត់​ឯង ហើយ​អញ​នឹង​ញាក់​ឯង​ឲ្យ​វិល​ត្រឡប់​ទៅ​តាម​ផ្លូវ​ដដែល​ដែល​ឯង​បាន​មក​នោះ​វិញ។
30 ការ​នេះ​នឹង​បាន​ជា​ទី​សម្គាល់​ដល់​ឯង​រាល់​គ្នា គឺ​នៅ​ឆ្នាំ​នេះ ឯង​រាល់​គ្នា​នឹង​បរិភោគ​ផល​ដែល​ដុះ​ឯង ដល់​ឆ្នាំ​ទី​២ នោះ​នឹង​បរិភោគ​ផល​ដែល​កើត​ពី​នោះ​ទៀត តែ​ដល់​ឆ្នាំ​ទី​៣ ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​សាប‌ព្រោះ ច្រូត​កាត់ ហើយ​ដាំ​ចម្ការ​ទំពាំង‌បាយ‌ជូរ​ទៅ រួច​បរិភោគ​ផល​ទាំង​នោះ​វិញ
31 ឯ​សំណល់​នៃ​ពួក​កូន​ចៅ​យូដា​ដែល​រួច​ជីវិត គេ​នឹង​ចាក់​ឫស​ទៅ​ក្រោម ហើយ​និង​បង្កើត​ផល​ទៅ​លើ
32 ដ្បិត​នឹង​មាន​សំណល់​ចេញ​ពី​ក្រុង​យេរូ‌សាឡឹម​ទៅ ព្រម​ទាំង​ពួក​អ្នក​ដែល​រួច​ជីវិត​ពី​ក្រុង​ស៊ីយ៉ូន​ដែរ សេចក្ដី​ឧស្សាហ៍​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​នឹង​ធ្វើ​ការ​នោះ។
33 ហេតុ​នោះ​បាន​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ពី​ដំណើរ​ស្តេច​អាសស៊ើរ​ដូច្នេះ​ថា គេ​នឹង​មិន​ចូល​មក​ក្នុង​ក្រុង​នេះ​ឡើយ ក៏​មិន​បាញ់​ព្រួញ ឬ​កាន់​ខែល​នៅ​មុខ​ទី​ក្រុង​នេះ ឬ​ជីក​ស្នាម​ភ្លោះ​ច្បាំង​នឹង​ទី​នេះ​ដែរ
34 គឺ​គេ​នឹង​វិល​ទៅ​វិញ តាម​ផ្លូវ​ដដែល ដែល​គេ​បាន​មក​នោះ ឥត​ចូល​មក​ក្នុង​ទី​ក្រុង​នេះ​ឡើយ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា
35 ដ្បិត​អញ​នឹង​ការ‌ពារ​ក្រុង​នេះ រក្សា​ទុក​សម្រាប់​ខ្លួន​អញ គឺ​ដោយ​យល់​ដល់​ដាវីឌ ជា​អ្នក​បម្រើ​អញ​ផង។
36 គ្រា​នោះ ទេវតា​នៃ​ព្រះ‌យេហូវ៉ា​ក៏​ចេញ​ទៅ​វាយ​ទី​បោះ​ទ័ព​របស់​ពួក​សាសន៍​អាសស៊ើរ សម្លាប់​មនុស្ស​អស់​១​សែន​៨​ម៉ឺន​៥​ពាន់​នាក់ បាន​ជា​កាល​គេ​ក្រោក​ពី​ព្រឹក​ឡើង នោះ​ឃើញ​មនុស្ស​ទាំង​នោះ​សុទ្ធ​តែ​ជា​ខ្មោច​ស្លាប់​ទាំង​អស់
37 ហេតុ​នោះ សាន‌ហេ‌រីប ជា​ស្តេច​អាសស៊ើរ​ក៏​ត្រឡប់​ទៅ​អាស្រ័យ​នៅ​ឯ​ក្រុង​នីនីវេ​វិញ
38 រួច​កាល​ទ្រង់​កំពុង​តែ​ថ្វាយ‌បង្គំ​នៅ​ក្នុង​វិហារ​របស់​ព្រះ‌នីសរូក ជា​ព្រះ​នៃ​ទ្រង់ នោះ​អ័ឌរ៉ា‌ម៉ា‌លេក និង​សារេ‌ស៊ើរ ជា​បុត្រ​របស់​ទ្រង់ បាន​ធ្វើ​គុត​ទ្រង់​ដោយ​ដាវ ហើយ​រត់​រួច​ទៅ​ឯ​ស្រុក​អារ៉ារ៉ាត​ទៅ នោះ​អេសារ-ហាដោន ជា​ព្រះ‌រាជ‌បុត្រា ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​ព្រះ‌បិតា។


ជំពូក 38

1 នៅ​គ្រា​នោះ​ហេសេគា​ទ្រង់​ព្រះ​ប្រឈួន​ហៀប​នឹង​សុគត ហើយ​ហោរា​អេសាយ ជា​កូន​អ័ម៉ូស ក៏​មក​គាល់​ទ្រង់​ទូល​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ចូរ​ផ្តាំ​ដល់​វង្សា​របស់​ឯង​ចុះ ដ្បិត​ឯង​ត្រូវ​ស្លាប់​ហើយ មិន​រស់​ទេ
2 នោះ​ហេសេគា​ទ្រង់​ក៏​បែរ​ព្រះ‌‌ភ័ក្ត្រ​ទៅ​ឯ​ជញ្ជាំង ក៏​អធិ‌ស្ឋាន​ដល់​ព្រះ‌យេហូវ៉ា​ថា
3 ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​នឹក​ចាំ​ពី​ទូល‌បង្គំ​ដែល​បាន​ដើរ​នៅ​ចំពោះ​ទ្រង់ ដោយ​ពិត​ត្រង់ ហើយ​ដោយ​ចិត្ត​ស្មោះ​ចំពោះ ព្រម​ទាំង​ប្រព្រឹត្ត​អំពើ​ដ៏​ល្អ​នៅ​ព្រះ‌នេត្រ​ទ្រង់​ជា​យ៉ាង​ណា រួច​ហេសេគា​ទ្រង់​ព្រះ‌កន្សែង​ជា​ខ្លាំង
4 នោះ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ក៏​មក​ដល់​អេសាយ​ថា
5 ចូរ​ទៅ​ប្រាប់​ហេសេគា​ថា ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ដាវីឌ អយ្យកោ​ឯង ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ អញ​បាន​ឮ​ពាក្យ​អធិ‌ស្ឋាន​របស់​ឯង ក៏​បាន​ឃើញ​ទឹក​ភ្នែក​ឯង​ហើយ មើល អញ​នឹង​ចម្រើន​អាយុ​ឯង​ឡើង​១៥​ឆ្នាំ​ទៀត
6 ហើយ​និង​ដោះ​ឯង និង​ទី​ក្រុង​នេះ ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​ស្តេច​អាសស៊ើរ ព្រម​ទាំង​ការ‌ពារ​ទី​ក្រុង​នេះ​ផង
7 នេះ​នឹង​បាន​ទុក​ជា​ទី​សម្គាល់​ពី​ព្រះ‌យេហូវ៉ា​ដល់​ឯង ថា​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​សម្រេច​ការ​នេះ ដែល​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​ហើយ
8 គឺ​អញ​នឹង​ធ្វើ​ឲ្យ​ស្រមោល​ដែល​បាន​ជ្រេ​ទៅ​នៅ​នាឡិកា​ថ្ងៃ​របស់​ស្តេច​អ័ហាស បាន​ថយ​មក​វិញ ដូច្នេះ ស្រមោល​ក៏​ថយ​មក​វិញ​១០​ចុច តាម​ដែល​បាន​ជ្រេ​ទៅ​ហើយ។
9 នេះ​ជា​ពាក្យ​ដែល​ហេសេគា ជា​ស្តេច​យូដា បាន​សរសេរ ក្នុង​កាល​ដែល​ទ្រង់​ប្រឈួន ហើយ​បាន​ជា​ឡើង​វិញ។
10 យើង​បាន​ពោល​ថា យើង​នឹង​ទៅ​ឯ​ទ្វារ​នៃ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ក្នុង​កាល​ដែល​នៅ​ពាក់​កណ្តាល​អាយុ​ទេ សំណល់​នៃ​ឆ្នាំ​អាយុ​បាន​បង្អត់​ដល់​យើង​ហើយ
11 យើង​បាន​ពោល​ថា យើង​នឹង​លែង​ឃើញ​ព្រះ គឺ​ជា​ព្រះ‌យេហូវ៉ា នៅ​ស្ថាន​របស់​មនុស្ស​រស់​នេះ​ទៀត យើង​នឹង​ខាន​ឃើញ​មនុស្ស​ដែល​នៅ​កណ្តាល​ពួក​មនុស្ស​លោក​ត​ទៅ
12 ជីវិត​របស់​យើង​បាន​ត្រូវ​រើរុះ​ចេញ គឺ​បាន​លើក​យក​ចេញ​ពី​យើង ដូច​ជា​ត្រសាល​របស់​អ្នក​គង្វាល យើង​បាន​មូរ​បំព្រួញ​ជីវិត ដូច​ជា​អ្នក​ត្បាញ ទ្រង់​នឹង​កាត់​យើង​ចេញ​ពី​តំបាញ តាំង​ពី​ថ្ងៃ​ដរាប​ដល់​យប់ ទ្រង់​នឹង​ផ្តាច់​ជីវិត​យើង​ទៅ
13 ដរាប​ដល់​ពេល​ព្រឹក យើង​បាន​គិត​ថា ទ្រង់​នឹង​បំបាក់​អស់​ទាំង​ឆ្អឹង​យើង ដូច​ជា​សិង្ហ តាំង​ពី​ថ្ងៃ​ដរាប​ដល់​យប់ ទ្រង់​ផ្តាច់​ជីវិត​យើង
14 យើង​បាន​យំ​ចេច‌ចាច​ដូច​ជា​សត្វ​ត្រចៀក‌កាំ ឬ​ដូច​ជា​ក្រសារ ក៏​បាន​ថ្ងូរ​ដូច​ព្រាប​ដែរ ឯ​ភ្នែក​យើង​បាន​ស្រវាំង​ទៅ ដោយ​ងើយ​មើល​ទៅ​លើ ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​ត្រូវ​សង្កត់‌សង្កិន សូម​ធានា​ឲ្យ​ទូល‌បង្គំ​ផង
15 តើ​ទូល‌បង្គំ​នឹង​ថា​ដូច​ម្តេច ទ្រង់​បាន​ទាំង​មាន​ព្រះ‌បន្ទូល​មក​ទូល‌បង្គំ ហើយ​បាន​សម្រេច​តាម​សំដី​ផង ទូល‌បង្គំ​បាន​ដើរ​សន្សឹមៗ​គ្រប់​១​ជីវិត ដោយ​ព្រោះ​សេចក្ដី​ជូរ​ចត់​នៅ​ក្នុង​ចិត្ត
16 ឱ​ព្រះ‌អម្ចាស់​អើយ គឺ​ដោយ​សេចក្ដី​ទាំង​នេះ​ហើយ ដែល​មនុស្ស​រស់​នៅ ហើយ​ជីវិត​នៃ​វិញ្ញាណ​ទូល‌បង្គំ ក៏​នៅ​ទាំង​មូល​ក្នុង​សេចក្ដី​ទាំង​នេះ​ឯង ដូច្នេះ សូម​ទ្រង់​ប្រោស​ឲ្យ​ទូល‌បង្គំ​បាន​ជា ហើយ​ឲ្យ​ទូល‌បង្គំ​បាន​រស់​វិញ
17 មើល ទូល‌បង្គំ​មាន​សេចក្ដី​ជូរ​ចត់​យ៉ាង​ខ្លាំង នោះ​គឺ​ឲ្យ​ទូល‌បង្គំ​មាន​សេចក្ដី​សុខ​ទេ ទ្រង់​បាន​ប្រោស​ឲ្យ​ទូល‌បង្គំ​រួច​ពី​រណ្តៅ​នៃ​សេចក្ដី​ពុក‌រលួយ ដោយ​សេចក្ដី​ស្រឡាញ់​ដល់​ព្រលឹង​ទូល‌បង្គំ ដ្បិត​ទ្រង់​បាន​បោះ​ចោល​អស់​ទាំង​អំពើ​បាប​របស់​ទូល‌បង្គំ ទៅ​ក្រោយ​ទ្រង់​ហើយ
18 ពី​ព្រោះ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ នឹង​ឈោង​ដៃ​រក​ទ្រង់​មិន​បាន ហើយ​សេចក្ដី​ស្លាប់​ក៏​នឹង​អួត​សរសើរ​ទ្រង់​មិន​បាន​ដែរ ពួក​អ្នក​ដែល​ចុះ​ទៅ​ក្នុង​រណ្តៅ នឹង​សង្ឃឹម​ដល់​សេចក្ដី​ពិត​របស់​ទ្រង់​មិន​បាន​ឡើយ
19 ឯ​មនុស្ស​រស់ គឺ​ជា​មនុស្ស​រស់​ហើយ ដែល​នឹង​សរសើរ​ដល់​ទ្រង់ ដូច​ជា​ទូល‌បង្គំ​នៅ​ថ្ងៃ​នេះ​ដែរ ឪពុក​នឹង​បន្ត​សេចក្ដី​ពិត​របស់​ទ្រង់​ឲ្យ​កូន​ស្គាល់​ត​ទៅ
20 ព្រះ‌យេហូវ៉ា​ទ្រង់​ជួយ​សង្គ្រោះ​ទូល‌បង្គំ ដូច្នេះ យើង​ខ្ញុំ​នឹង​ច្រៀង​បទ​របស់​ទូល‌បង្គំ តាម​ប្រដាប់​ភ្លេង​មាន​ខ្សែ នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ដរាប​ដល់​អស់​១​អាយុ​នៃ​យើង​ខ្ញុំ។
21 រីឯ​អេសាយ​លោក​បាន​ប្រាប់​ថា ត្រូវ​ឲ្យ​គេ​យក​ផែន​ល្វា​១​មក​បិទ​លើ​បូស នោះ​ទ្រង់​នឹង​បាន​ជា
22 ហើយ​ហេសេគា​ទ្រង់​ក៏​បាន​មាន​ព្រះ‌បន្ទូល​ថា តើ​មាន​ទី​សម្គាល់​ណា​ឲ្យ​យើង​បាន​ដឹង​ថា យើង​នឹង​ឡើង​ទៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​បាន។


ជំពូក 39

1 នៅ​គ្រា​នោះ ម្រដាក់-បាឡាដាន ជា​បុត្រ​នៃ​បាឡា‌ដាន ស្តេច​ស្រុក​បាប៊ី‌ឡូន ក៏​ផ្ញើ​សំបុត្រ និង​តង្វាយ​មក​ថ្វាយ​ហេសេគា ដោយ​ឮ​ថា ទ្រង់​បាន​ប្រឈួន ហើយ​បាន​ជា​វិញ 2ហេសេគា​ទ្រង់​ក៏​មាន​សេចក្ដី​អំណរ​នឹង​គេ ហើយ​ទ្រង់​បង្ហាញ​ឃ្លាំង​នៃ​ព្រះ‌រាជ‌ទ្រព្យ​ទាំង​ប៉ុន្មាន គឺ​ជា​មាស ប្រាក់ គ្រឿង​ក្រអូប និង​ប្រេង​វិសេស ហើយ​ឃ្លាំង​គ្រឿង​សស្ត្រា‌វុធ​របស់​ទ្រង់​ទាំង​អស់ និង​គ្រប់​ទាំង​អស់​ដែល​ឃើញ​មាន​ក្នុង​ឃ្លាំង​ទ្រង់ គ្មាន​អ្វី​នៅ​ក្នុង​ព្រះ‌រាជ‌វាំង ឬ​នៅ​ក្រោម​អំណាច​ទ្រង់ ដែល​ហេសេគា​មិន​បាន​បង្ហាញ​ដល់​គេ​នោះ​ឡើយ 3នោះ​ហោរា​អេសាយ​លោក​មក​គាល់​ស្តេច​ហេសេគា ទូល​សួរ​ថា អ្នក​ទាំង​នោះ​បាន​និយាយ​អ្វី​ខ្លះ គេ​មក​ពី​ណា​ដែល​មក​គាល់​ទ្រង់​នេះ ហេសេគា​ទ្រង់​តប​ថា គេ​មក​ពី​ប្រទេស​ឆ្ងាយ​ណាស់ គឺ​ពី​ស្រុក​បាប៊ី‌ឡូន 4រួច​លោក​ទូល​សួរ​ទៀត​ថា គេ​បាន​ឃើញ​អ្វី​ខ្លះ​នៅ​ក្នុង​ព្រះ‌រាជ‌វាំង ហេសេគា​ឆ្លើយ​ថា គេ​បាន​ឃើញ​របស់​ទាំង​អស់​ដែល​នៅ​ក្នុង​ដំណាក់​យើង​ហើយ ក្នុង​ព្រះ‌រាជ‌ទ្រព្យ​យើង​ទាំង​ប៉ុន្មាន គ្មាន​អ្វី​ដែល​យើង​មិន​បាន​បង្ហាញ​ដល់​គេ​នោះ​ឡើយ 5ដូច្នេះ អេសាយ​លោក​ទូល​ដល់​ហេសេគា​ថា សូម​ស្តាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​សិន 6មើល នឹង​មាន​គ្រា​មក​ដល់ ដែល​គេ​នឹង​មក​យក​អស់​ទាំង​របស់​ទ្រព្យ​នៅ​ក្នុង​ព្រះ‌រាជ‌វាំង និង​របស់​ទាំង​ប៉ុន្មាន​ដែល​ពួក​អយ្យកោ​ទ្រង់​បាន​សន្សំ​ទុក ដរាប​ដល់​សព្វ​ថ្ងៃ​នេះ នាំ​ទៅ​ឯ​ក្រុង​បាប៊ី‌ឡូន ឥត​ទុក​ឲ្យ​មាន​សល់​អ្វី​ឡើយ នេះ​ឯង​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា 7ឯ​ពួក​បុត្រា​ទាំង​ប៉ុន្មាន​ដែល​នឹង​កើត​ពី​ទ្រង់​មក នោះ​គេ​នឹង​ដឹក‌នាំ​ទៅ ឲ្យ​ធ្វើ​ជា​មនុស្ស​កំរៀវ​នៅ​ក្នុង​ដំណាក់​នៃ​ស្តេច​ស្រុក​បាប៊ី‌ឡូន 8ហេសេគា​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​អេសាយ​ថា ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ដែល​បាន​ថា​នោះ​ក៏​ល្អ​ហើយ ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​ទៀត​ថា គឺ​ពី​ព្រោះ​នៅ​ក្នុង​ជីវិត​យើង នោះ​នឹង​មាន​សេចក្ដី​សន្តិ‌សុខ ហើយ​និង​សេចក្ដី​ពិត​វិញ។


ជំពូក 40

1 ព្រះ​នៃ​ឯង​រាល់​គ្នា ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ចូរ​កំសាន្ត​ទុក្ខ ចូរ​កំសាន្ត​ទុក្ខ​រាស្ត្រ​អញ​ចុះ
2 ត្រូវ​ឲ្យ​លួង‌លោម​ចិត្ត​នៃ​ក្រុង​យេរូ‌សាឡឹម ហើយ​ស្រែក​ប្រាប់​គេ​ថា គ្រា​ធ្វើ​សឹក​សង្គ្រាម​របស់​គេ​បាន​សម្រេច​ហើយ អំពើ​ទុច្ចរិត​របស់​គេ​ក៏​បាន​អត់​ទោស​ឲ្យ ហើយ​គេ​បាន​ទទួល​សំណង​១​ជា​២​ពី​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា ឲ្យ​ស្នង​នឹង​អំពើ​បាប​គេ​ដែរ។
3 មាន​ឮ​សំឡេង​១​កំពុង​តែ​ស្រែក​នៅ​ទី​រហោ‌ស្ថាន​ថា ចូរ​រៀប‌ចំ​ផ្លូវ​សម្រាប់​ទទួល​ព្រះ‌យេហូវ៉ា ចូរ​ធ្វើ​ឲ្យ​មាន​ថ្នល់​រាប​ស្មើ​នៅ​ទី​ស្ងាត់ ថ្វាយ​ព្រះ​នៃ​យើង​រាល់​គ្នា​ចុះ
4 ឯ​គ្រប់​ទាំង​ច្រក​ភ្នំ នោះ​នឹង​ត្រូវ​លើក​ឡើង ហើយ​គ្រប់​ទាំង​ភ្នំ​ធំ​តូច​នឹង​ត្រូវ​ពង្រាប​ទៅ នៅ​កន្លែង​ណា​ដែល​គ្រលិក‌គ្រលុក នោះ​ត្រូវ​ធ្វើ​ឲ្យ​ស្មើ ហើយ​កន្លែង​ណា​ដែល​រដិប‌រដុប​នឹង​ត្រូវ​ធ្វើ​ឲ្យ​រាប​ចុះ
5 នោះ​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា​នឹង​សម្ដែង​មក គ្រប់​មនុស្ស​ទាំង‌ឡាយ​នឹង​បាន​ឃើញ​ព្រម​គ្នា ដ្បិត​ព្រះ‌ឱស្ឋ​នៃ​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ហើយ។
6 មាន​ឮ​សំឡេង​១​កំពុង​តែ​ថា ចូរ​ប្រកាស​ចុះ នោះ​មាន​ម្នាក់​សួរ​ថា តើ​ត្រូវ​ឲ្យ​ស្រែក​ថា​ដូច​ម្តេច ចូរ​ថា មនុស្ស​ជាតិ​ទាំង‌ឡាយ​ប្រៀប​ដូច​ជា​ស្មៅ ហើយ​អំពើ​ដ៏​ល្អ​ទាំង​ប៉ុន្មាន​របស់​គេ​ក៏​ដូច​ជា​ផ្កា​នៅ​ទី​វាល
7 ឯ​ស្មៅ​ក៏​ស្វិត​ក្រៀម​ទៅ ហើយ​ផ្កា​រោយ‌រុះ​ចុះ ដោយ​ព្រោះ​ខ្យល់​នៃ​ព្រះ‌យេហូវ៉ា​បក់​មក​ត្រូវ ឯ​បណ្តា‌ជន​គេ​ពិត​ដូច​ជា​ស្មៅ​ដែរ
8 ស្មៅ​ក៏​ស្វិត​ក្រៀម ហើយ​ផ្កា​រោយ​រុះ​ចុះ តែ​ព្រះ‌បន្ទូល​របស់​ព្រះ​នៃ​យើង​រាល់​គ្នា​វិញ នោះ​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប។
9 ឱ​អ្នក​ដែល​នាំ​ដំណឹង​ល្អ​មក​ដល់​ក្រុង​ស៊ីយ៉ូន​អើយ ចូរ​ឡើង​ទៅ​ប្រកាស​ប្រាប់​ពី​លើ​ភ្នំ​ខ្ពស់​ចុះ ឱ​អ្នក​ដែល​នាំ​ដំណឹង​ល្អ​មក​ដល់​ក្រុង​យេរូ‌សាឡឹម​អើយ ចូរ​បន្លឺ​សំឡេង​ឡើង​ជា​ខ្លាំង ចូរ​បន្លឺ​ឡើង កុំ​ខ្លាច​ឡើយ ចូរ​ប្រាប់​ដល់​ទី​ក្រុង​នៃ​ស្រុក​យូដា​ទាំង​ប៉ុន្មាន​ថា មើល​ន៏ ព្រះ​នៃ​អ្នក​រាល់​គ្នា
10 មើល ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​នឹង​យាង​មក ដោយ​មាន​ព្រះ‌ចេស្តា ហើយ​ព្រះ‌ពាហុ​នៃ​ទ្រង់​នឹង​កាន់‌កាប់​ត្រួត‌ត្រា​ឲ្យ​ទ្រង់ មើល ទ្រង់​នាំ​យក​រង្វាន់​មក​ជា​មួយ ហើយ​បំណាច់​ដែល​ទ្រង់​សង​ដល់​គេ​ក៏​នៅ​ចំពោះ​ទ្រង់
11 ទ្រង់​នឹង​ឃ្វាល​ហ្វូង​របស់​ទ្រង់​ដូច​ជា​អ្នក​គង្វាល ទ្រង់​នឹង​ប្រមូល​អស់​ទាំង​កូន​ចៀម​មក​បី​នៅ​ព្រះ‌ពាហុ ហើយ​លើក​ផ្ទាប់​នៅ​ព្រះ‌ឧរា ក៏​នឹង​នាំ​ពួក​មេៗ​ដែល​មាន​កូន​ខ្ចី​ទៅ​ដោយ​ថ្នម។
12 តើ​អ្នក​ណា​បាន​វាល់​ទឹក​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ទូក​ដៃ ហើយ​វាស់​ផ្ទៃ​មេឃ​ដោយ​ចំអាម​ដែរ ព្រម​ទាំង​ដាក់​ធូលី​ដី​ទាំង​អស់​ចុះ​ក្នុង​រង្វាល់ ហើយ​ថ្លឹង​អស់​ទាំង​ភ្នំ​ធំ ដោយ​ជញ្ជីង និង​ភ្នំ​តូច​ទាំង​ប៉ុន្មាន​ដោយ​ត្រាជូ
13 តើ​អ្នក​ណា​បាន​ស្ទង់​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា ឬ​បាន​បង្រៀន​ទ្រង់​ដោយ​ខ្លួន​ធ្វើ​ជា​អ្នក​ជួយ​ប្រឹក្សា
14 តើ​ទ្រង់​បាន​ប្រឹក្សា​នឹង​អ្នក​ណា ហើយ​អ្នក​ណា​បាន​ពន្យល់​ទ្រង់ ឬ​បង្រៀន​ទ្រង់​ក្នុង​ផ្លូវ​យុត្តិ‌ធម៌ ឬ​ឲ្យ​ទ្រង់​មាន​ចំណេះ ឬ​បង្ហាញ​ផ្លូវ​នៃ​យោបល់​ដល់​ទ្រង់
15 មើល អស់​ទាំង​សាសន៍​ប្រៀប​ដូច​ជា​ទឹក​១​ដំណក់​នៅ​ក្នុង​ថាំង ហើយ​ក៏​រាប់​ទុក​ដូច​ជា​លំអង​ធូលី​នៅ​លើ​ថាស​ជញ្ជីង​ដែរ មើល ទ្រង់​លើក​កោះ​ទាំង​ប៉ុន្មាន​ឡើង ដូច​ជា​របស់​យ៉ាង​តិច‌តួច
16 ឯ​ព្រៃ​ល្បាណូន​នោះ​មិន​គ្រាន់​នឹង​ដុត ហើយ​សត្វ​ទាំង​ប៉ុន្មាន​នៅ​ព្រៃ​នោះ​ក៏​មិន​ល្មម​នឹង​ធ្វើ​ជា​តង្វាយ​ដុត​ផង
17 អស់​ទាំង​សាសន៍​រាប់​ដូច​ជា​ទទេ​សោះ​នៅ​ចំពោះ​ទ្រង់ ទ្រង់​រាប់​គេ​ទុក​ដូច​ជា​តិច​ជាង​សូន្យ​ទៅ​ទៀត ហើយ​ជា​ឥត​ប្រយោជន៍​ផង។
18 ដូច្នេះ តើ​អ្នក​រាល់​គ្នា​នឹង​ធៀប​ផ្ទឹម​ព្រះ​ដូច​ជា​អ្នក​ណា ឬ​ប្រៀប​ទ្រង់​នឹង​ភាព​អ្វី
19 ឯ​រូប​ព្រះ គឺ​មាន​ជាង​ម្នាក់​បាន​សិត​ធ្វើ​ទេ ហើយ​ជាង​ទង​គេ​ស្រោប​ដោយ​មាស ក៏​ធ្វើ​ខ្សែ​ប្រាក់​ឲ្យ​ផង
20 ចំណែក​អ្នក​ណា​ដែល​ខ្វះ‌ខាត​គ្មាន​ល្មម​នឹង​ធ្វើ​ដូច្នោះ​បាន គេ​ក៏​រើស​យក​ឈើ​ដែល​មិន​ចេះ​ពុក​វិញ គេ​រក​ជាង​មាន​ស្នាដៃ​ឲ្យ​មក​ឆ្លាក់​ធ្វើ​រូប​១​តម្កល់​ឡើង​ជាប់ មិន​ឲ្យ​ត្រូវ​រើ​ចេញ​ឡើយ
21 តើ​អ្នក​រាល់​គ្នា​មិន​បាន​ដឹង​ទេ​ឬ តើ​មិន​បាន​ឮ តើ​ឥត​មាន​អ្នក​ណា​ប្រាប់​ដល់​អ្នក​រាល់​គ្នា​តាំង​ពី​ដើម​មក តើ​អ្នក​រាល់​គ្នា​មិន​បាន​យល់​សេចក្ដី​តាំង​ពី​កំណើត​លោកីយ៍​រៀង​មក​ទេ​ឬ​អី
22 គឺ​ព្រះ​ដែល​គង់​ពី​លើ​រង្វង់​ផែនដី ហើយ​មនុស្ស​នៅ​ផែនដី​ប្រៀប​ដូច​ជា​កណ្តូប​វិញ គឺ​ទ្រង់​ដែល​លាត​ផ្ទៃ​មេឃ ដូច​ជា​លាត​បារាំ ហើយ​សន្ធឹង​ទៅ ដូច​ជា​ត្រសាល​សម្រាប់​អាស្រ័យ​នៅ
23 ទ្រង់​ទម្លាក់​ងារ​ពួក​អ្នក​គ្រប់‌គ្រង​ឲ្យ​សូន្យ​ទៅ ក៏​ធ្វើ​ឲ្យ​ពួក​ចៅ‌ក្រម​នៅ​ផែនដី​ទៅ​ជា​ឥត​ប្រយោជន៍​ដែរ
24 អើ​ពួក​ទាំង​នោះ​នឹង​មិន​ដែល​បាន​ដាំ​ចុះ​ឡើយ ក៏​នឹង​បាន​សាប‌ព្រោះ​សឹង​តែ​មិន​ទាន់​ផង អើ ដើម​គេ​នឹង​មិន​ដែល​ចាក់​ឫស​ចុះ​ក្នុង​ដី​ឡើយ ទ្រង់​នឹង​ផ្លុំ​ខ្យល់​ទៅ នោះ​គេ​នឹង​ស្វិត​ក្រៀម រួច​ខ្យល់​កួច​នឹង​ផាត់​យក​គេ​ទៅ ដូច​ជា​ជញ្ជ្រាំង
25 ដូច្នេះ ព្រះ​ដ៏​បរិសុទ្ធ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ឯង​រាល់​គ្នា​នឹង​ប្រៀប‌ផ្ទឹម​អញ​ដូច​ជា​អ្នក​ណា ឲ្យ​អញ​បាន​ស្មើ​នឹង​គេ​នោះ
26 ចូរ​ងើយ​ភ្នែក​ឯង​មើល​ទៅ​លើ ហើយ​ពិចារណា​ពី​អ្នក​ណា​ដែល​បាន​បង្កើត​របស់​ទាំង​នេះ ដែល​នាំ​ឲ្យ​ពួក​ពល‌បរិវារ​ចេញ​មក​តាម​ចំនួន​ដូច្នេះ ទ្រង់​ក៏​ហៅ​របស់​ទាំង​នោះ​តាម​ឈ្មោះ​រៀង​រាល់​តួ ដោយ​ព្រះ‌ចេស្តា​ដ៏​ធំ​របស់​ទ្រង់ ហើយ​គ្មាន​ណា​មួយ​ខាន​ឡើយ ដោយ​ព្រោះ​តេជា‌នុភាព​ដ៏​ខ្លាំង‌ក្លា​ដែរ។
27 ឱ​ពួក​យ៉ាកុប​អើយ ហេតុ​អ្វី​បាន​ជា​និយាយ ឱ​ពួក​អ៊ីស្រា‌អែល​អើយ ហេតុ​អ្វី​បាន​ជា​ថា ផ្លូវ​ដែល​ឯង​ប្រព្រឹត្ត នោះ​លាក់​កំបាំង​នឹង​ព្រះ‌យេហូវ៉ា ហើយ​រឿង‌រ៉ាវ​របស់​ឯង​បាន​រំលង​ផុត​ពី​ព្រះ​នៃ​ឯង​ដូច្នេះ
28 តើ​ឯង​មិន​បាន​ដឹង តើ​មិន​បាន​ឮ​ទេ​ឬ​អី ថា​ព្រះ​ដ៏​គង់​នៅ​អស់​កល្ប‌ជានិច្ច គឺ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​ដែល​បាន​បង្កើត​ផែនដី រហូត​ដល់​ចុង​បំផុត ទ្រង់​មិន​ដែល​ល្វើយ​ឡើយ ក៏​មិន​ដែល​អស់​កម្លាំង​ផង គ្មាន​អ្នក​ណា​អាច​ស្ទង់​យល់​យោបល់​របស់​ទ្រង់​បាន​ទេ
29 ទ្រង់​រមែង​ចម្រើន​កម្លាំង​ដល់​អ្នក​ដែល​ល្វើយ ហើយ​ចំណែក​អ្នក​ដែល​គ្មាន​កម្លាំង​សោះ នោះ​ទ្រង់​ក៏​ប្រទាន​ឲ្យ
30 ទោះ​ទាំង​ពួក​ជំទង់​គេ​នឹង​ល្វើយ ហើយ​នឿយ​ហត់​ទៅ​បាន ពួក​កំលោះ​ក៏​នឹង​ដួល​ជ្រលាក​បាន​ផង
31 តែ​អស់​អ្នក​ណា​ដែល​សង្ឃឹម​ដល់​ព្រះ‌យេហូវ៉ា​វិញ នោះ​នឹង​មាន​កម្លាំង​ចម្រើន​ជានិច្ច គេ​នឹង​ហើរ​ឡើង​ទៅ​លើ ដោយ​ស្លាប ដូច​ជា​ឥន្ទ្រី គេ​នឹង​រត់​ទៅ​ឥត​ដែល​ហត់ ហើយ​និង​ដើរ​ឥត​ដែល​ល្វើយ​ឡើយ។


ជំពូក 41

1 ឱ​កោះ​ទាំង​ប៉ុន្មាន​អើយ ចូរ​នៅ​ស្ងៀម​នៅ​មុខ​អញ​ចុះ ហើយ​ឲ្យ​ប្រជា‌ជាតិ​ទាំង‌ឡាយ​បាន​ចម្រើន​កម្លាំង​ឡើង ត្រូវ​ឲ្យ​គេ​ចូល​មក​ជិត រួច​សឹម​ឲ្យ​គេ​និយាយ​ចុះ ចូរ​ឲ្យ​យើង​មូល​គ្នា​មក​វិនិច្ឆ័យ​សម្រេច​ក្តី​យើង
2 តើ​អ្នក​ណា​បាន​លើក​ម្នាក់​ឡើង​ពី​ទិស​ខាង​កើត ទាំង​ហៅ​មក​ដល់​ជើង​ខ្លួន​ក្នុង​សេចក្ដី​សុចរិត ព្រម​ទាំង​ប្រគល់​អស់​ទាំង​សាសន៍​ដល់​អ្នក​នោះ ហើយ​លើក​ឲ្យ​គ្រប់‌គ្រង​លើ​អស់​ទាំង​ស្តេច​ផង ក៏​យក​គេ​ដូច​ជា​ធូលី ប្រគល់​ដល់​ដាវ​របស់​អ្នក​នោះ ហើយ​ដូច​ជា​ជញ្ជ្រាំង ដែល​ត្រូវ​ផាត់​ដោយ​ខ្យល់ ដល់​ធ្នូ​ដែរ
3 អ្នក​នោះ​ដេញ​តាម​គេ ក៏​ដើរ​ដោយ​សុខ‌សាន្ត ទៅ​តាម​ផ្លូវ​ដែល​ជើង​ខ្លួន​មិន​ដែល​ជាន់​ឡើយ
4 តើ​អ្នក​ណា​បាន​ធ្វើ ហើយ​សម្រេច​ការ​នេះ ដោយ​ហៅ​អស់​ទាំង​ដំណ​មនុស្ស​តាំង​ពី​ដើម​មក គឺ​អញ យេហូវ៉ា​នេះ ដែល​ជា​ដើម ហើយ​ជា​អ្នក​នៅ​ជា​មួយ​នឹង​មនុស្ស​ជាន់​ក្រោយ​បង្អស់​ដែរ គឺ​អញ​នេះ​ហើយ
5 កោះ​ទាំង​ប៉ុន្មាន​បាន​ឃើញ ហើយ​ក៏​ភ័យ​ខ្លាច អស់​ទាំង​ចុង​ផែនដី​ក៏​ញាប់‌ញ័រ គេ​នាំ​គ្នា​ចូល​មក​ជិត
6 គេ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​គ្រប់​គ្នា​និយាយ​ដល់​បង​ប្អូន​ខ្លួន​ថា ចូរ​មាន​ចិត្ត​ក្លាហាន​ឡើង
7 ដូច្នេះ ជាង​ឈើ​គេ​កំឡា​ចិត្ត​ជាង​ទង ហើយ​អ្នក​ដែល​ផែ​ដោយ​ញញួរ ក៏​កំឡា​ចិត្ត​ដល់​អ្នក​ដែល​ដំ​ដែក ដោយ​និយាយ​ពី​ការ​ផ្សា​ថា នេះ​ល្អ​ហើយ រួច​ក៏​វាយ​ភ្ជាប់​ដោយ​ដែក​គោល ដើម្បី​មិន​ឲ្យ​រើ​ទៅ​ឯ​ណា​ឡើយ។
8 តែ​ឯង ឱ​អ៊ីស្រា‌អែល ជា​អ្នក​បម្រើ​អញ​អើយ ព្រម​ទាំង​យ៉ាកុប​ដែល​អញ​បាន​រើស ជា​ពូជ​អ័ប្រា‌ហាំ​ដ៏​ជា​សំឡាញ់​របស់​អញ​ផង
9 គឺ​ឯង​ដែល​អញ​បាន​ចាប់​នាំ​មក​ពី​ចុង​ផែនដី ហើយ​បាន​ហៅ​មក​ពី​ទី​ឆ្ងាយ​បំផុត ដោយ​និយាយ​នឹង​ឯង​ថា ឯង​ជា​អ្នក​បម្រើ​របស់​អញ អញ​បាន​រើស​ឯង មិន​មែន​បោះ‌បង់​ចោល​ឯង​ទេ
10 កុំ​ឲ្យ​ភ័យ​ខ្លាច​ឡើយ ដ្បិត​អញ​នៅ​ជា​មួយ​នឹង​ឯង កុំ​ឲ្យ​ស្រយុត​ចិត្ត​ឲ្យ​សោះ ពី​ព្រោះ​អញ​ជា​ព្រះ​នៃ​ឯង អញ​នឹង​ចម្រើន​កម្លាំង​ដល់​ឯង អើ អញ​នឹង​ជួយ​ឯង អើ អញ​នឹង​ទ្រ​ឯង​ដោយ​ដៃ​ស្តាំ​ដ៏​សុចរិត​របស់​អញ
11 មើល អស់​អ្នក​ដែល​ខឹង​ក្តៅ​ក្រហាយ​នឹង​ឯង គេ​នឹង​ត្រូវ​ខ្មាស ហើយ​ជ្រប់​មុខ​នៅ ពួក​អ្នក​ដែល​ត​តាំង​នឹង​ឯង គេ​នឹង​បាន​ដូច​ជា​ទទេ​សោះ ហើយ​និង​ត្រូវ​វិនាស​សូន្យ​ទៅ
12 ឯង​នឹង​រក​គេ គឺ​ពួក​អ្នក​ដែល​ត​តាំង​នឹង​ឯង​នោះ តែ​មិន​ប្រទះ​ឃើញ​ឡើយ ឯ​ពួក​អ្នក​ដែល​ច្បាំង​នឹង​ឯង គេ​នឹង​បាន​ដូច​ជា​ទទេ​សោះ ហើយ​ដូច​ជា​របស់​ដែល​គ្មាន​ផង
13 ដ្បិត​អញ​នេះ គឺ​យេហូវ៉ា​ជា​ព្រះ​នៃ​ឯង អញ​នឹង​កាន់​ដៃ​ស្តាំ​ឯង ដោយ​ពោល​នឹង​ឯង​ថា កុំ​ឲ្យ​ភ័យ​ខ្លាច​ឡើយ អញ​នឹង​ជួយ​ឯង
14 ឱ​យ៉ាកុប​ជា​ដង្កូវ​អើយ កុំ​ឲ្យ​ខ្លាច​ឡើយ ហើយ​ឯង​រាល់​គ្នា ជា​ពូជ‌ពង្ស​អ៊ីស្រា‌អែល​ដែរ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​នឹង​ជួយ​ឯង ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​ជា​អ្នក​ប្រោស​លោះ​ឯង
15 មើល អញ​បាន​យក​ឯង​ធ្វើ​ជា​គ្រឿង​បញ្ជាន់​យ៉ាង​ថ្មី ហើយ​មុត ដែល​មាន​ធ្មេញ ឯង​នឹង​បញ្ជាន់​អស់​ទាំង​ភ្នំ​ធំ ព្រម​ទាំង​វាយ​កម្ទេច ហើយ​និង​ធ្វើ​ឲ្យ​ភ្នំ​តូច​ទាំង​ប៉ុន្មាន​ដូច​ជា​អង្កាម​ផង
16 ឯង​នឹង​រោយ​គេ ហើយ​ខ្យល់​នឹង​ផាត់​បាត់​ទៅ ឯ​ខ្យល់​កួច​នឹង​កម្ចាត់‌កម្ចាយ​គេ​អស់​ទៅ​ដែរ នោះ​ឯង​នឹង​មាន​សេចក្ដី​រីក‌រាយ​ក្នុង​ព្រះ‌យេហូវ៉ា ឯង​នឹង​យក​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រា‌អែល​ជា​ទី​អួត​របស់​ឯង។
17 ពួក​ក្រីក្រ និង​ពួក​កំសត់​ទុគ៌ត គេ​រក​ទឹក តែ​គ្មាន​សោះ គេ​ខះ​ក​ដោយ​ស្រេក​ទឹក ឯ​អញ គឺ​យេ‌ហូវ៉ា អញ​នឹង​តប​ឆ្លើយ​នឹង​គេ អញ​នេះ គឺ​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល អញ​នឹង​មិន​បោះ‌បង់​ចោល​គេ​ឡើយ
18 អញ​នឹង​បើក​ផ្លូវ​ទឹក​ឲ្យ​ហូរ​នៅ​លើ​ទី​ខ្ពស់​ត្រងិល ហើយ​និង​ទឹក​ផុស​នៅ​កណ្តាល​ច្រក​ភ្នំ អញ​នឹង​ធ្វើ​ឲ្យ​ទី​រហោ‌ស្ថាន​ត្រឡប់​ទៅ​ជា​ត្រពាំង​ទឹក ហើយ​ឲ្យ​ដី​ហួត‌ហែង​មាន​រន្ធ​ទឹក​ហូរ
19 អញ​នឹង​ធ្វើ​ឲ្យ​ដើម​តាត្រៅ ដើម​នាង‌នួន ដើម​ពពាល​ខែ និង​ដើម​សំរោង ដុះ​នៅ​ទី​រហោ‌ស្ថាន អញ​នឹង​ដាំ​ដើម​កកោះ ដើម​ស្រល់ ហើយ​និង​ដើម​ស្រឡៅ ជា​មួយ​គ្នា​នៅ​ទី​សមុទ្រ​ខ្សាច់
20 ដើម្បី​ឲ្យ​គេ​បាន​ឃើញ ហើយ​ដឹង ព្រម​ទាំង​ពិចារណា​យល់​ជា​មួយ​គ្នា​ថា គឺ​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​ដែល​បាន​សម្រេច​ការ​នោះ គឺ​ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រា‌អែល​ដែល​បង្កើត​ឡើង។
21 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ចូរ​សម្ដែង​ដើម​ហេតុ​នៃ​រឿង​ឯង​មក មហា‌ក្សត្រ​នៃ​ពួក​យ៉ាកុប​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ចូរ​រៀប‌រាប់​តាម​លំអាន​របស់​ឯង​ទាំង​ប៉ុន្មាន​ចុះ
22 ត្រូវ​ឲ្យ​គេ​បញ្ចេញ​សេចក្ដី​ទាំង​នោះ​មក ហើយ​ប្រាប់​យើង​រាល់​គ្នា​ពី​ការ​ដែល​កើត​ឡើង​ឲ្យ​បាន​ដឹង ចូរ​ស​ប្រាប់​ពី​កាល​ដែល​កើត​មាន​កាល​ពី​ដើម ជា​យ៉ាង​ណា​ផង ដើម្បី​ឲ្យ​យើង​រាល់​គ្នា​បាន​ពិចារណា ឲ្យ​ដឹង​ចុង​បំផុត​នៃ​ការ​ទាំង​នោះ ឬ​បង្ហាញ​ឲ្យ​យើង​ឃើញ​ពី​ការ​នៅ​ខាង​មុខ​ចុះ
23 ចូរ​សម្ដែង​ប្រាប់​ពី​ការ​ដែល​ត្រូវ​កើត​មក​នៅ​ខាង​មុខ​នោះ ដើម្បី​ឲ្យ​យើង​រាល់​គ្នា​បាន​ដឹង​ថា ឯង​រាល់​គ្នា​ជា​ព្រះ​មែន អើ ចូរ​ធ្វើ​ការ​អ្វី​មួយ ទោះ​ល្អ​ឬ​អាក្រក់​ក្តី ដើម្បី​ឲ្យ​យើង​រាល់​គ្នា​បាន​ស្ងើច ហើយ​ឃើញ​ជា​មួយ​គ្នា
24 មើល ឯង​រាល់​គ្នា​មិន​មែន​ជា​អ្វី​ទេ ហើយ​ការ​របស់​ឯង​រាល់​គ្នា​ក៏​ជា​ទទេ​សោះ អ្នក​ណា​ដែល​រើស​យក​ឯង​រាល់​គ្នា នោះ​គួរ​ខ្ពើម​ឆ្អើម​ហើយ។
25 អញ​បាន​តាំង​ម្នាក់​ពី​ទិស​ខាង​ជើង​ឡើង អ្នក​នោះ​បាន​មក​ដល់​ហើយ អ្នក​នោះ​នឹង​អំពាវ‌នាវ​ដល់​ឈ្មោះ​អញ​ពី​ទិស​ខាង​កើត ក៏​នឹង​ញាំ‌ញី​ពួក​គ្រប់‌គ្រង ដូច​ជា​គេ​ជាន់​បាយអ ហើយ​ដូច​ជា​ជាង​ស្មូន​ជាន់​ដី​ឥដ្ឋ
26 តើ​អ្នក​ណា​បាន​សម្ដែង​សេចក្ដី​តាំង​ពី​ដើម​មក ដើម្បី​ឲ្យ​យើង​រាល់​គ្នា​បាន​ដឹង ហើយ​មុន​កំណត់ ដើម្បី​ឲ្យ​យើង​បាន​ពោល​ថា អ្នក​នោះ​និយាយ​ត្រូវ​មែន អើ គ្មាន​អ្នក​ណា​សម្ដែង​ទេ អើ គ្មាន​អ្នក​ណា​បង្ហាញ​សោះ អើ គ្មាន​អ្នក​ណា​ឮ​ពាក្យ​សំដី​របស់​ឯង​រាល់​គ្នា​ឡើយ
27 គឺ​អញ​ដើម​ដំបូង ដែល​ប្រាប់​ដល់​ក្រុង​ស៊ីយ៉ូន​ថា មើល​ន៏ គេ​មក​ហើយ អញ​នឹង​ឲ្យ​ម្នាក់​ដល់​ក្រុង​យេរូ‌សាឡឹម ជា​អ្នក​ដែល​នឹង​នាំ​ដំណឹង​ល្អ​មក
28 អញ​បាន​សង្កេត​មើល តែ​មិន​ឃើញ​មនុស្ស​ណា​មួយ​សោះ ទោះ​ទាំង​នៅ​ក្នុង​ពួក​ទាំង​នោះ ក៏​ឥត​មាន​ណា​មួយ​ជា​អ្នក​ប្រឹក្សា ដែល​កាល​ណា​អញ​នឹង​សួរ នោះ​នឹង​អាច​ឆ្លើយ​១​ម៉ាត់​បាន​ឡើយ
29 មើល គេ​សុទ្ធ​តែ​ឥត ប្រយោជន៍​ទទេ ហើយ​ការ​របស់​គេ​ក៏​អសារ​ឥត​ការ​ដែរ រូប​សិត​របស់​គេ​សុទ្ធ​តែ​ជា​ខ្យល់ ហើយ​សូន្យ​ទទេ។


ជំពូក 42

1 មើល នេះ​នែ​អ្នក​បម្រើ​របស់​អញ ដែល​អញ​ទប់‌ទល់ គឺ​ជា​អ្នក​ជ្រើស‌រើស​របស់​អញ ដែល​ជា​ទី​រីក‌រាយ​ដល់​ចិត្ត​អញ អញ​បាន​ដាក់​វិញ្ញាណ​អញ​ឲ្យ​សណ្ឋិត​លើ​ទ្រង់ ហើយ​ទ្រង់​នឹង​សម្ដែង​ចេញ ឲ្យ​គ្រប់​ទាំង​សាសន៍​បាន​ឃើញ​សេចក្ដី​យុត្តិ‌ធម៌
2 ទ្រង់​នឹង​មិន​ស្រែក ឬ​បន្លឺ​ឡើង ឬ​ឲ្យ​អ្នក​ណា​ឮ​សំឡេង​នៅ​ក្នុង​ផ្លូវ​ឡើយ
3 ទ្រង់​នឹង​មិន​ផ្តាច់​ដើម​ត្រែង​ដែល​បាក់​ទេ ក៏​មិន​លត់​ប្រឆេះ​ដែល​នៅ​ហុយ​ដែរ ទ្រង់​នឹង​សម្ដែង​ចេញ​នូវ​សេចក្ដី​យុត្តិ‌ធម៌ ដោយ​សេចក្ដី​ពិត
4 ទ្រង់​នឹង​មិន​ដែល​អន់​ថយ ឬ​រសាយ​ចិត្ត​ដរាប​ដល់​បាន​តាំង​សេចក្ដី​យុត្តិ‌ធម៌​ឡើង​នៅ​ផែនដី ហើយ​កោះ​ទាំង​ប៉ុន្មាន​នឹង​សង្ឃឹម​ដល់​ក្រឹត្យ‌ក្រម​របស់​ទ្រង់។
5 ឯ​ព្រះ​ដ៏​ជា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​ដែល​បាន​បង្កើត​អស់​ទាំង​ជាន់​ផ្ទៃ​មេឃ ហើយ​បាន​លាត​ផង គឺ​ជា​ព្រះ​ដែល​បាន​ក្រាល​ផែនដី និង​របស់​សព្វ​សារពើ​ដែល​ចេញ​ពី​នោះ​មក គឺ​ព្រះ‌អង្គ​ដែល​ប្រទាន​ឲ្យ​ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន​នៅ​ផែនដី​មាន​ដង្ហើម ព្រម​ទាំង​ឲ្យ​មនុស្ស​ទាំង‌ឡាយ​ដែល​ដើរ​ក្នុង​លោក​មាន​វិញ្ញាណ​ផង ទ្រង់​មាន​ព្រះ‌បន្ទូល​ថា
6 អញ​នេះ​គឺ​ជា​យេហូវ៉ា អញ​បាន​ហៅ​ឯង​មក​ដោយ​សេចក្ដី​សុចរិត អញ​នឹង​កាន់​ដៃ​ឯង ហើយ​ថែ​រក្សា​ឯង អញ​នឹង​តាំង​ឯង​ឡើង ទុក​ជា​សេចក្ដី​សញ្ញា​ដល់​បណ្តា‌ជន ហើយ​ជា​ពន្លឺ​ភ្លឺ​ដល់​អស់​ទាំង​សាសន៍
7 ដើម្បី​នឹង​ធ្វើ​ឲ្យ​ភ្នែក​មនុស្ស​ខ្វាក់​បាន​ភ្លឺ​ឡើង និង​នាំ​ពួក​ត្រូវ​ចាប់​ចង​ចេញ​ពី​គុក​ងងឹត ហើយ​ឲ្យ​ពួក​អ្នក​ដែល​អង្គុយ​នៅ​ក្នុង​ទី​ងងឹត បាន​ចេញ​រួច​ពី​ទី​ឃុំ‌ឃាំង
8 អញ​ជា​យេហូវ៉ា នេះ​ហើយ​ជា​ឈ្មោះ​របស់​អញ អញ​មិន​ព្រម​ប្រគល់​សិរី‌ល្អ​របស់​អញ​ដល់​អ្នក​ណា​ទៀត ឬ​ឲ្យ​សេចក្ដី​សរសើរ​របស់​អញ​ដល់​រូប​ឆ្លាក់​ឡើយ
9 មើល​ការ​ខាង​ដើម​ទាំង​ប៉ុន្មាន​បាន​កន្លង​ទៅ​ហើយ គឺ​ជា​ការ​ថ្មី​ដែល​អញ​ថ្លែង​ប្រាប់​នេះ អញ​ប្រាប់​ពី​ការ​ទាំង​នោះ ដល់​ឯង​រាល់​គ្នា មុន​ដែល​កើត​មក​ផង។
10 ឯង​រាល់​គ្នា​ដែល​ចុះ​ទៅ​ឯ​សមុទ្រ ហើយ​ទាំង​អស់​ដែល​នៅ​ក្នុង​នោះ ព្រម​ទាំង​កោះ និង​ពួក​អ្នក​នៅ​កោះ​ទាំង​នោះ​ផង ចូរ​ច្រៀង​បទ​ថ្មី​ថ្វាយ​ព្រះ‌យេហូវ៉ា ហើយ​សេចក្ដី​សរសើរ​ដល់​ទ្រង់​ពី​ចុង​ផែនដី​ចុះ
11 ឯ​ទី​រហោ‌ស្ថាន និង​ទី​អាស្រ័យ​នៅ​ក្នុង​នោះ​ទាំង​ប៉ុន្មាន ចូរ​បន្លឺ​ឡើង ព្រម​ទាំង​បណ្តា​ភូមិ​ដែល​ពួក​កេដារ​នៅ​ទាំង​អស់​ផង ត្រូវ​ឲ្យ​ពួក​អ្នក​នៅ​ក្រុង​សេឡា​ច្រៀង​ឡើង ត្រូវ​ឲ្យ​គេ​ស្រែក​ពី​កំពូល​ភ្នំ​ចុះ
12 ត្រូវ​ឲ្យ​គេ​ថ្វាយ​កិត្តិសព្ទ​ដល់​ព្រះ‌យេហូវ៉ា ហើយ​បញ្ចេញ​សេចក្ដី​សរសើរ​របស់​ទ្រង់​ដល់​អស់​ទាំង​កោះ
13 ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​យាង​ចេញ​ទៅ ដូច​ជា​មនុស្ស​ខ្លាំង​ពូកែ ទ្រង់​នឹង​បណ្តាល​សេចក្ដី​ឧស្សាហ៍​ឡើង​ដូច​ជា​មនុស្ស​ថ្នឹក​ចម្បាំង ទ្រង់​នឹង​ស្រែក​ឡើង អើ ទ្រង់​នឹង​ស្រែក​ជា​ខ្លាំង ហើយ​និង​បង្ក្រាប​ពួក​សត្រូវ​ដោយ​ឫទ្ធា‌នុភាព។
14 អញ​បាន​អត់​ទ្រាំ​ជា​យូរ​មក​ហើយ អញ​បាន​នៅ​ស្ងៀម ហើយ​បាន​ទប់​ចិត្ត ឥឡូវ​នេះ អញ​នឹង​ស្រែក​ឡើង​ដូច​ជា​ស្រី​ដែល​ឈឺ​នឹង​សម្រាល​កូន អញ​នឹង​ដក​ដង្ហើម​គំហុក​ចូល រួច​ទម្លាយ​ចេញ​តែ​ម្តង
15 អញ​នឹង​បំផ្លាញ​ទាំង​ភ្នំ​ធំ និង​ភ្នំ​តូច ហើយ​ឲ្យ​ស្មៅ​នៅ​លើ​នោះ​ស្វិត​ក្រៀម​ទៅ អញ​នឹង​ធ្វើ​ឲ្យ​ទន្លេ​ទាំង​ប៉ុន្មាន​ទៅ​ជា​កោះ​វិញ ហើយ​ឲ្យ​អស់​ទាំង​ត្រពាំង​ទឹក​រីង​គោក​ទៅ
16 អញ​នឹង​នាំ​ពួក​មនុស្ស​ខ្វាក់​តាម​ផ្លូវ​១​ដែល​គេ​មិន​ស្គាល់ អញ​នឹង​ដឹក​គេ​តាម​ផ្លូវ​ច្រក​ដែល​គេ​មិន​ធ្លាប់​ដើរ អញ​នឹង​ធ្វើ​ឲ្យ​សេចក្ដី​ងងឹត​បាន​ភ្លឺ​ឡើង​នៅ​មុខ​គេ ហើយ​ផ្លូវ​ក្ងិច‌ក្ងក់​ឲ្យ​ទៅ​ជា​ត្រង់​វិញ គឺ​ការ​ទាំង​នេះ​ដែល​អញ​នឹង​ធ្វើ ហើយ​មិន​បោះ‌បង់​ចោល​គេ​ឡើយ
17 ឯ​ពួក​អ្នក​ដែល​ទុក​ចិត្ត​នឹង​រូប​ឆ្លាក់ ហើយ​ដែល​និយាយ​ទៅ​រូប​សិត​ថា លោក​ជា​ព្រះ​របស់​យើង​ខ្ញុំ នោះ​នឹង​ត្រូវ​បែរ​ខ្នង​ចេញ​វិញ ហើយ​និង​មាន​សេចក្ដី​ខ្មាស​ជ្រប់​មុខ​ផង។
18 ឱ​មនុស្ស​ដំឡង់​អើយ ចូរ​ស្តាប់​ចុះ ហើយ​ពួក​កង្វាក់​អើយ ចូរ​មើល ដើម្បី​ឲ្យ​បាន​ឃើញ
19 តើ​អ្នក​ណា​ជា​អ្នក​ខ្វាក់ បើ​មិន​មែន​ជា​អ្នក​បម្រើ​របស់​អញ ឬ​ថ្លង់ ដូច​ជា​អ្នក​នាំ​ដំណឹង​ដែល​អញ​ចាត់​ប្រើ តើ​អ្នក​ណា​ខ្វាក់​ភ្នែក​ដូច​ជា​អ្នក​ដែល​មេត្រី​នឹង​អញ ហើយ​ខ្វាក់​ដូច​ជា​អ្នក​បម្រើ​របស់​ព្រះ‌យេហូវ៉ា
20 ឯង​ឃើញ​ការ​ជា​ច្រើន​យ៉ាង តែ​មិន​ពិចារណា​ទេ ត្រចៀក​នៅ​ចំហ តែ​ស្តាប់​មិន​ឮ​សោះ
21 ព្រះ‌យេហូវ៉ា​ទ្រង់​បាន​សព្វ​ព្រះ‌ហឫទ័យ នឹង​លើក​តម្កើង​ក្រឹត្យ‌វិន័យ ហើយ​ឲ្យ​មាន​កិត្តិសព្ទ ដោយ​យល់​ដល់​សេចក្ដី​សុចរិត​របស់​ទ្រង់
22 ប៉ុន្តែ សាសន៍​នេះ​ជា​សាសន៍ ដែល​ត្រូវ​គេ​រឹប‌ជាន់ ហើយ​ប្លន់​យក គេ​សុទ្ធ​តែ​ជាប់​អន្ទាក់​នៅ​ក្នុង​រូង ហើយ​ក៏​លាក់​ទុក​នៅ​ក្នុង​គុក គេ​សម្រាប់​ជា​រំពា ឥត​មាន​អ្នក​ណា​ដោះ​ឲ្យ​រួច ហើយ​សម្រាប់​ជា​របឹប ឥត​មាន​អ្នក​ណា​ថា ចូរ​ប្រគល់​ទៅ​ឲ្យ​គេ​វិញ​នោះ​ឡើយ។
23 តើ​មាន​អ្នក​ណា​ក្នុង​ពួក​ឯង​រាល់​គ្នា ដែល​នឹង​ផ្ទៀង​ត្រចៀក​ស្តាប់​សេចក្ដី​ទាំង​នេះ ដែល​នឹង​ប្រុង​ស្តាប់ ហើយ​ឮ​សម្រាប់​គ្រា​ទៅ​ខាង​មុខ​នោះ
24 តើ​អ្នក​ណា​បាន​ប្រគល់​ពួក​យ៉ាកុប​ឲ្យ​ទៅ​ជា​របឹប ហើយ​ពួក​អ៊ីស្រា‌អែល​ដល់​ពួក​ចោរ​ដូច្នេះ តើ​មិន​មែន​ជា​ព្រះ‌យេហូវ៉ា​ទេ​ឬ ដែល​យើង​រាល់​គ្នា​បាន​ធ្វើ​បាប​នឹង​ទ្រង់ ឥត​ព្រម​ដើរ​តាម​ផ្លូវ​ទ្រង់ ឬ​ស្តាប់​តាម​ក្រឹត្យ‌វិន័យ​ទ្រង់​ឡើយ
25 គឺ​ហេតុ​នោះ​បាន​ជា​ទ្រង់​ចាក់​ភ្លើង​នៃ​សេចក្ដី​ក្រោធ​របស់​ទ្រង់​ទៅ​លើ​គេ ហើយ​និង​អំណាច​នៃ​សង្គ្រាម​ផង នោះ​ក៏​បញ្ឆេះ​គេ​នៅ​ព័ទ្ធ​ជុំវិញ តែ​មិន​បាន​ដឹង​ទេ ភ្លើង​នោះ​បាន​បញ្ឆេះ​គេ តែ​គេ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ឡើយ។


ជំពូក 43

1 ប៉ុន្តែ ឱ​ពួក​យ៉ាកុប​អើយ ឥឡូវ​នេះ ព្រះ‌យេហូវ៉ា​ជា​ព្រះ​ដែល​បង្កើត​ឯង​មក ហើយ​ឱ​ពួក​អ៊ីស្រា‌អែល​អើយ ព្រះ​ដែល​ជប​សូន​ឯង ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា កុំ​ឲ្យ​ខ្លាច​ឡើយ ដ្បិត​អញ​បាន​លោះ​ឯង​ហើយ អញ​បាន​ហៅ​ចំ​ឈ្មោះ​ឯង ឯង​ជា​របស់​ផង​អញ
2 កាល​ណា​ឯង​ដើរ​កាត់​ទឹក​ធំ នោះ​អញ​នឹង​នៅ​ជា​មួយ កាល​ណា​ដើរ​កាត់​ទន្លេ នោះ​ទឹក​នឹង​មិន​លិច​ឯង​ឡើយ កាល​ណា​ឯង​លុយ​កាត់​ភ្លើង នោះ​ឯង​នឹង​មិន​ត្រូវ​រលាក ហើយ​អណ្តាត​ភ្លើង​ក៏​មិន​ឆាប់​ឆេះ​ឯង​ដែរ
3 ដ្បិត​អញ​នេះ គឺ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង អញ​ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រា‌អែល គឺ​ជា​ព្រះ​ដ៏​សង្គ្រោះ​របស់​ឯង អញ​បាន​ឲ្យ​ស្រុក​អេស៊ីព្ទ​ទុក​ជា​ថ្លៃ​លោះ​ឯង ព្រម​ទាំង​ស្រុក​អេធីយ៉ូពី និង​ស្រុក​សេបា ជំនួស​ឯង​ផង
4 អញ​នឹង​ឲ្យ​មនុស្ស​ដទៃ​ជំនួស​ឯង ហើយ​ប្រជា‌ជាតិ​ផ្សេងៗ​ស្នង​នឹង​ជីវិត​ឯង ដោយ​ព្រោះ​ឯង​មាន​តម្លៃ​វិសេស​នៅ​ភ្នែក​អញ ក៏​គួរ​លើក​តម្កើង ហើយ​ជា​ទី​ស្រឡាញ់​ដល់​អញ​ផង
5 កុំ​ឲ្យ​ខ្លាច​ឡើយ ដ្បិត​អញ​នៅ​ជា​មួយ អញ​នឹង​នាំ​ពូជ‌ពង្ស​ឯង​មក​ពី​ទិស​ខាង​កើត ហើយ​និង​ប្រមូល​គេ​មក​ពី​ទិស​ខាង​លិច
6 អញ​នឹង​បង្គាប់​ដល់​ទិស​ខាង​ជើង​ថា ចូរ​ប្រគល់​គេ​មក ហើយ​ដល់​ទិស​ខាង​ត្បូង​ថា កុំ​ឃាត់​គេ​ទុក​ឡើយ ចូរ​នាំ​អស់​ទាំង​កូន​ប្រុស​របស់​អញ​មក​ពី​ទី​ឆ្ងាយ ហើយ​ពួក​កូន​ស្រី​អញ​មក​ពី​ចុង​ផែនដី​ចុះ
7 គឺ​គ្រប់​មនុស្ស​ដែល​បាន​ហៅ​តាម​នាម​ឈ្មោះ​អញ ជា​អ្នក​ដែល​អញ​បាន​បង្កើត​មក​សម្រាប់​សិរី‌ល្អ​នៃ​អញ គឺ​ជា​អ្នក​ដែល​អញ​បាន​ជប​សូន អើ ជា​អ្នក​ដែល​អញ​បាន​តែង‌តាំង​ឡើង។
8 ចូរ​នាំ​មនុស្ស​ខ្វាក់​ដែល​មាន​ភ្នែក និង​មនុស្ស​ថ្លង់​ដែល​មាន​ត្រចៀក​ចេញ​មក
9 ត្រូវ​ឲ្យ​អស់​ទាំង​សាសន៍​ប្រជុំ​គ្នា ហើយ​ឲ្យ​ប្រជា‌ជាតិ​ទាំង​ពួង​ជំនុំ​គ្នា​ចុះ ក្នុង​ពួក​គេ តើ​មាន​អ្នក​ណា​ដែល​អាច​នឹង​ទាយ​ពី​ការ​នេះ​បាន ឬ​អាច​នឹង​សម្ដែង​ឲ្យ​យើង​ដឹង​ពី​ដំណើរ​ដែល​កន្លង​មក​ហើយ​នោះ ចូរ​ឲ្យ​គេ​នាំ​ស្មរ​បន្ទាល់​របស់​គេ​មក ដើម្បី​តាំង​ខ្លួន​ជា​ត្រឹម‌ត្រូវ បើ​មិន​ដូច្នោះ​ទេ នោះ​ត្រូវ​ថា នេះ​ពិត​មែន​វិញ
10 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ឯង​រាល់​គ្នា​ជា​ស្មរ​បន្ទាល់​របស់​អញ ហើយ​ជា​អ្នក​បម្រើ​ដែល​អញ​បាន​រើស​តាំង ដើម្បី​ឲ្យ​បាន​ស្គាល់ ហើយ​ជឿ​ដល់​អញ ព្រម​ទាំង​យល់​ថា គឺ​អញ​នេះ​ហើយ ឥត​មាន​ព្រះ​ណា​កើត​មក​មុន​អញ​ទេ ហើយ​ក្រោយ​អញ​ក៏​ឥត​មាន​ដែរ
11 គឺ​អញ អញ​នេះ​ហើយ​ជា​យេហូវ៉ា ក្រៅ​ពី​អញ គ្មាន​អ្នក​សង្គ្រោះ​ណា​ទៀត​ឡើយ
12 អញ​បាន​ទាយ​ប្រាប់ អញ​បាន​ជួយ​សង្គ្រោះ អញ​បាន​សម្ដែង​ឲ្យ​ឃើញ​ហើយ ឥត​មាន​ព្រះ​ដទៃ​ណា​នៅ​កណ្តាល​ឯង​រាល់​គ្នា​ឡើយ ហេតុ​ដូច្នោះ ឯង​រាល់​គ្នា​ជា​ស្មរ​បន្ទាល់​របស់​អញ ហើយ​គឺ​អញ​នេះ​ដែល​ជា​ព្រះ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា
13 អើ ចាប់​តាំង​ពី​មាន​ពេល​ថ្ងៃ​ឡើង​វេលា​ណា នោះ​គឺ​ជា​អញ​នេះ​ហើយ ឥត​មាន​អ្នក​ណា​អាច​នឹង​ដោះ​ឲ្យ​រួច​ពី​ដៃ​អញ​បាន​ទេ ឯ​ការ​ដែល​អញ​ធ្វើ តើ​អ្នក​ណា​នឹង​ឃាត់​បាន។
14 ព្រះ‌យេហូវ៉ា​ជា​ព្រះ​ដ៏​ប្រោស​លោះ​ឯង​រាល់​គ្នា គឺ​ជា​ព្រះ​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ដោយ​យល់​ដល់​ឯង​រាល់​គ្នា នោះ​អញ​ចាត់​មនុស្ស​ទៅ​ឯ​ក្រុង​បាប៊ី‌ឡូន ហើយ​និង​ទម្លាក់​គេ​ទាំង​អស់​គ្នា គេ​នឹង​រត់​រតាត់‌រតាយ​ទៅ ឯ​ពួក​ខាល់ដេ​ក៏​ចុះ​នាវា​ដែល​គេ​យក​ជា​ទី​សប្បាយ​របស់​គេ
15 អញ​នេះ គឺ​យេហូវ៉ា អញ​ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​ឯង​រាល់​គ្នា គឺ​ជា​ព្រះ​ដែល​បង្កើត​សាសន៍​អ៊ីស្រា‌អែល ហើយ​ជា​មហា‌ក្សត្រ​របស់​ឯង​រាល់​គ្នា​ផង
16 ព្រះ‌យេហូវ៉ា​ដែល​ទ្រង់​ធ្វើ​ឲ្យ​មាន​ផ្លូវ​ក្នុង​សមុទ្រ និង​ផ្លូវ​ច្រក​នៅ​ទី​ទឹក​ធំ
17 ជា​ព្រះ​ដែល​នាំ​រទេះ​ចម្បាំង និង​ពល​សេះ​ចេញ​មក ព្រម​ទាំង​កង‌ទ័ព និង​មនុស្ស​ស្ទាត់​ជំនាញ​ផង (ពួក​ទាំង​នោះ​នឹង​ដេក​ទៅ​ទាំង​អស់​គ្នា ឥត​ក្រោក​ឡើង​វិញ​ឡើយ គេ​នឹង​សាប‌សូន្យ ហើយ​ត្រូវ​រលត់​ទៅ ដូច​ជា​ប្រឆេះ) ទ្រង់​មាន​ព្រះ‌បន្ទូល​ថា
18 កុំ​ឲ្យ​ឯង​រាល់​គ្នា​នឹក​ចាំ​ពី​ការ​ទាំង​ប៉ុន្មាន​ដែល​កន្លង​ទៅ​ហើយ ឬ​រិះ‌គិត​ពី​អស់​ទាំង​ការ​ពី​ចាស់​បុរាណ​នោះ​ឡើយ
19 មើល អញ​នឹង​ធ្វើ​ការ​១​ថ្មី​វិញ ការ​នោះ​នឹង​លេច​ឡើង​ឥឡូវ តើ​ឯង​រាល់​គ្នា​នឹង​មិន​ស្គាល់​ទេ​ឬ អញ​នឹង​ធ្វើ​ផ្លូវ​១​នៅ​ទី​រហោ‌ស្ថាន ហើយ​ទន្លេ​នៅ​សមុទ្រ​ខ្សាច់
20 ឯ​ពួក​សត្វ​តិរច្ឆាន​ទាំង​ប៉ុន្មាន​នឹង​សរសើរ​ដល់​អញ គឺ​ទាំង​ចចក និង​សត្វ​អូសទ្រីច​ផង ពី​ព្រោះ​អញ​ឲ្យ​មាន​ទឹក​នៅ​ក្នុង​ទី​រហោ‌ស្ថាន និង​ទន្លេ​នៅ​សមុទ្រ​ខ្សាច់ ដើម្បី​ឲ្យ​រាស្ត្រ​អញ គឺ​ជា​ពួក​ជ្រើស‌រើស​នោះ​បាន​ទឹក​ផឹក
21 ជា​រាស្ត្រ​ដែល​អញ​បាន​ជប‌សូន​សម្រាប់​តែ​ខ្លួន​អញ ដើម្បី​ឲ្យ​គេ​បាន​សម្ដែង​ចេញ​ជា​សេចក្ដី​សរសើរ​របស់​អញ​ផង។
22 ទោះ​បើ​យ៉ាង​នោះ ឱ​ពួក​យ៉ាកុប​អើយ គង់​តែ​ឯង​មិន​បាន​អំពាវ‌នាវ​ដល់​អញ​ដែរ គឺ​ឯង​បាន​ណាយ​ចិត្ត​នឹង​អញ​វិញ ឱ​អ៊ីស្រា‌អែល​អើយ
23 ឯង​មិន​បាន​នាំ​យក​ចៀម​របស់​ឯង មក​ថ្វាយ​ជា​តង្វាយ​ដុត​ដល់​អញ​ទេ ក៏​មិន​បាន​លើក​មុខ​អញ ដោយ​យញ្ញ‌បូជា​របស់​ឯង​ដែរ អញ​មិន​បាន​ផ្ទុក​ឯង​ដោយ​តង្វាយ ឬ​ឲ្យ​ឯង​នឿយ​ហត់​ដោយ​ដុត​កំញាន​ទេ
24 ឯង​មិន​បាន​ចំណាយ​ប្រាក់​ទិញ​គ្រឿង​ក្រអូប​ណា​ឲ្យ​អញ​សោះ ក៏ មិន​បាន​ឲ្យ​អញ​ឆ្អែត ដោយ​ខ្លាញ់​នៃ​យញ្ញ‌បូជា​របស់​ឯង​ដែរ គឺ​ឯង​បាន​ផ្ទុក​អញ​ដោយ​អំពើ​បាប​របស់​ឯង​វិញ ហើយ​បាន​នាំ​ឲ្យ​អញ​នឿយ​ហត់ ដោយ​អំពើ​ទុច្ចរិត​របស់​ឯង​ផង។
25 គឺ​អញ អញ​នេះ​ហើយ​ជា​អ្នក​ដែល​លុប​អំពើ​រំលង​របស់​ឯង​ចេញ ដោយ​យល់​ដល់​ខ្លួន​អញ ហើយ​អញ​មិន​នឹក​ចាំ​អំពើ​បាប​របស់​ឯង​ទៀត​ឡើយ
26 ចូរ​រំឭក​អញ​ចុះ ឲ្យ​យើង​បាន​តវ៉ា​គ្នា ចូរ​រាប់‌រៀប​ប្រាប់​ពី​ហេតុ​របស់​ឯង​មក ដើម្បី​ឲ្យ​ឯង​បាន​តាំង​ឡើង​ជា​សុចរិត
27 ឯ​ឪពុក​ដើម​របស់​ឯង​បាន​ធ្វើ​បាប ហើយ​ពួក​គ្រូ​ឯង​បាន​រំលង​ច្បាប់​អញ​ដែរ
28 ហេតុ​នោះ អញ​បាន​បន្ទាប​ពួក​មេ​នៃ​ទី​បរិសុទ្ធ ក៏​បាន​ប្រគល់​ពួក​យ៉ាកុប​ទៅ​ឲ្យ​ត្រូវ​បណ្តាសា ហើយ​ឲ្យ​ពួក​អ៊ីស្រា‌អែល​ត្រូវ​គេ​ត្មះ‌តិះដៀល។


ជំពូក 44

1 ប៉ុន្តែ ឱ​ពួក​យ៉ាកុប ជា​អ្នក​បម្រើ​អញ ហើយ​ពួក​អ៊ីស្រា‌អែល ដែល​អញ​បាន​ជ្រើស‌រើស​អើយ ចូរ​ស្តាប់​ឥឡូវ​ចុះ
2 ព្រះ‌យេហូវ៉ា​ដែល​ទ្រង់​បាន​បង្កើត​ឯង​មក ហើយ​បាន​ជប‌សូន​ឯង​ចាប់​តាំង​ពី​នៅ​ក្នុង​ផ្ទៃ​ម្តាយ គឺ​ជា​អ្នក​ដែល​នឹង​ជួយ​ឯង ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ឱ​ពួក​យ៉ាកុប ជា​អ្នក​បម្រើ​អញ ហើយ​ឯង​ដែរ យេស៊ូរុន​ដែល​អញ​បាន​រើស​អើយ​កុំ​ឲ្យ​ខ្លាច​ឡើយ
3 ដ្បិត​អញ​នឹង​ចាក់​ទឹក​ទៅ​លើ​អ្នក​ណា​ដែល​កំពុង​ស្រេក ព្រម​ទាំង​បង្ហូរ​ទឹក​ទៅ​លើ​ដី​ហួត‌ហែង​ផង អញ​នឹង​ចាក់​វិញ្ញាណ​អញ​ទៅ​លើ​ពូជ‌ពង្ស​របស់​ឯង ហើយ​ពរ​របស់​អញ​ទៅ​លើ​កូន​ចៅ​របស់​ឯង
4 នោះ​គេ​នឹង​ពន្លក​ឡើង​នៅ​ក្នុង​ស្មៅ ដូច​ជា​ដើម​ចាក​តាម​មាត់​ទឹក
5 អ្នក​១​នឹង​ថា ខ្ញុំ​នេះ​ជា​របស់​ផង​ព្រះ‌យេហូវ៉ា ម្នាក់​ទៀត​នឹង​ហៅ​ខ្លួន​តាម​ឈ្មោះ​យ៉ាកុប ឯ​ម្នាក់​១​ទៀត​នឹង​ចុះ​ឈ្មោះ​ដោយ​ដៃ​ខ្លួន​ថា ខ្ញុំ​ជា​របស់​ផង​ព្រះ‌យេហូវ៉ា ហើយ​និង​យក​ឈ្មោះ​អ៊ីស្រា‌អែល​ជា​នាម​ត្រកូល​របស់​ខ្លួន។
6 ព្រះ‌យេហូវ៉ា​ដ៏ ជា​មហា‌ក្សត្រ​នៃ​សាសន៍​អ៊ីស្រា‌អែល​ហើយ​ជា​អ្នក​ដែល​ប្រោស​លោះ​គេ គឺ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា អញ​ជា​ដើម ហើយ​ជា​ចុង ក្រៅ​ពី​អញ​គ្មាន​ព្រះ​ណា​ទៀត​ឡើយ
7 តើ​មាន​អ្នក​ណា​ដូច​អញ ចូរ​ឲ្យ​គេ​ប្រកាស​ខ្លួន​មក ហើយ​សម្ដែង​ភស្តុ‌តាង​ឲ្យ​ច្បាស់​ចុះ រួច​រាប់‌រៀប​ប្រាប់​ឲ្យ​អញ​ស្តាប់​ពី​អ្វីៗ​ដែល​បាន​កើត​ឡើង តាំង​តែ​ពី​អញ​បាន​តាំង​មនុស្ស​ឡើង ពី​កាល​ដើម​ព្រម​ទាំង​អ្វីៗ​ដែល​កំពុង​តែ​កើត និង​អ្វីៗ​ដែល​ត្រូវ​កើត​មក​ទៅ​មុខ​ទៀត ចូរ​ឲ្យ​គេ​ប្រាប់​មក​ចុះ
8 កុំ​ឲ្យ​ភ័យ​ឡើយ ក៏​កុំ​ឲ្យ​ខ្លាច​ដែរ តើ​អញ​មិន​បាន​ប្រាប់ ហើយ​បង្ហាញ​ដល់​ឯង​តាំង​តែ​ពី​ដើម​មក​ទេ​ឬ គឺ​ឯ​រាល់​គ្នា​ជា​ស្មរ​បន្ទាល់​របស់​អញ តើ​មាន​ព្រះ​ណា​ក្រៅ​ពី​អញ​ឬ​ទេ អើ គ្មាន​ថ្មដា​ណា​ទៀត​ឡើយ អញ​មិន​ស្គាល់​ណា​មួយ​សោះ។
9 ពួក​អ្នក​ដែល​ឆ្លាក់​ធ្វើ​រូប​ព្រះ គេ​សុទ្ធ​តែ​អសារ​ឥត​ការ​ទាំង​អស់ ហើយ​របស់​ទាំង​ប៉ុន្មាន​ដែល​គេ​ចូល​ចិត្ត​នោះ ក៏​គ្មាន​ប្រយោជន៍​ដូច​គ្នា ស្មរ​បន្ទាល់​របស់​គេ​មើល​មិន​ឃើញ ក៏​មិន​ដឹង​អ្វី​ផង ជា​ការ​ដែល​នាំ​ឲ្យ​គេ​ត្រូវ​មាន​សេចក្ដី​ខ្មាស
10 តើ​អ្នក​ណា​នឹង​សូន​ធ្វើ​ព្រះ ឬ​សិត​ធ្វើ​រូប​ដែល​ឥត​មាន​ប្រយោជន៍​ដូច្នេះ
11 មើល ពួក​អ្នក​ដែល​គោរព​តាម​នឹង​ត្រូវ​ខ្មាស​ទាំង​អស់​ដែរ ហើយ​ពួក​ជាង នោះ​គ្រាន់​តែ​ជា​មនុស្ស​ប៉ុណ្ណោះ ឲ្យ​គេ​ប្រជុំ​គ្នា រួច​ឈរ​ឡើង​ចុះ គេ​នឹង​ត្រូវ​ភ័យ ហើយ​មាន​សេចក្ដី​ខ្មាស​ទាំង​អស់​គ្នា។
12 ឯ​ជាង​ដែក គាត់​ធ្វើ​ពូថៅ​១ គាត់​ធ្វើ​ការ​ដោយ​ធ្យូង គាត់​យក​ញញួរ​ដំឡើង​ជា​រាង ទាំង​ធ្វើ​ការ​ដោយ​ដើម​ដៃ​ដ៏​មាន​កម្លាំង​របស់​ខ្លួន អើ គាត់​ក៏​ឃ្លាន ហើយ​អស់​កម្លាំង គាត់​មិន​បាន​ផឹក​ទឹក ហើយ​ក៏​ហេវ​ទៅ
13 ឯ​ជាង​ឈើ​គាត់​វាយ​បន្ទាត់ ក៏​គូរ​រាង​ដោយ​ខ្មៅ​ដៃ គាត់​ឈូស​យក​រាង ហើយ​គូស​ដោយ​ប្រពាយ រួច​ឆ្លាក់​ឲ្យ​ដូច​ជា​រូប​មនុស្ស តាម​លំអ​របស់​មនុស្ស ដើម្បី​នឹង​តាំង​នៅ​ក្នុង​ផ្ទះ
14 គាត់​កាប់​ដើម​តាត្រៅ​១ ក៏​យក​ដើម​ចន្ទន៍​ក្រឹស្នា និង​ដើម​ម៉ៃសាក់ គឺ​គាត់​រើស​យក​តែ​ឈើ​ណា​ដែល​ជាប់ៗ​នៅ​ក្នុង​ព្រៃ ឬ​គាត់​ដាំ​ដើម​ខ្វាវ​ដែល​ដុះ​លាស់​ឡើង​ដោយ‌សារ​ទឹក​ភ្លៀង
15 ទាំង​អស់​នេះ​មាន​ប្រយោជន៍​ដល់​មនុស្ស​សម្រាប់​ធ្វើ​ឧស​ដុត គេ​ក៏​យក​ខ្លះ​មក​ដុត​អាំង អើ ក៏​យក​ខ្លះ​បង្កាត់​ភ្លើង​ដុត​នំបុ័ង អើ ក៏​ធ្វើ​ព្រះ​១​ឡើង រួច​ក្រាប​ថ្វាយ‌បង្គំ គឺ​គាត់​ឆ្លាក់​ធ្វើ​ជា​រូប ហើយ​ក្រាប​ចុះ​គោរព​ដល់​រូប​នោះ
16 ដូច្នេះ គាត់​យក​ខ្លះ​ធ្វើ​ឧស​ដុត ខ្លះ​ទៀត​ដុត​ធ្វើ​ម្ហូប គឺ​គាត់​អាំង​សាច់ ហើយ​ស៊ី​ឆ្អែត អើ គាត់​កំដៅ​ខ្លួន​ដែរ ដោយ​ពោល​ថា អៃយ៉ា ក្តៅ​ស្រួល​ហ្ន៎ ខ្ញុំ​អាំង​ភ្លើង​ហើយ
17 ឯ​ឈើ​ដែល​សល់ នោះ​គាត់​យក​ទៅ​ធ្វើ​ជា​រូប​ឆ្លាក់​សម្រាប់​ខ្លួន ក៏​ក្រាប​ចុះ​ថ្វាយ‌បង្គំ ហើយ​អធិ‌ស្ឋាន​ដល់​រូប​នោះ​ដោយ​ពាក្យ​ថា សូម​ជួយ​សង្គ្រោះ​ខ្ញុំ​ផង ពី​ព្រោះ​លោក​ជា​ព្រះ​នៃ​ខ្ញុំ។
18 ពួក​នោះ​មិន​ដឹង​ទេ ក៏​មិន​យល់​សោះ ដ្បិត​ភ្នែក​គេ​ត្រូវ​បាំង​មិន​ឲ្យ​មើល​ឃើញ ហើយ​ចិត្ត​គេ​ផង ដើម្បី​មិន​ឲ្យ​យល់​បាន
19 គ្មាន​អ្នក​ណា​មួយ​នឹក​ឃើញ គេ​ឥត​មាន​តម្រិះ ឬ​យោបល់​នឹង​នឹក​ថា ខ្លះ​បាន​យក​ទៅ​ដុត​ហើយ ខ្លះ​ប្រើ​យក​រងើក​ដុត​ធ្វើ​នំបុ័ង អើ អញ​បាន​អាំង​សាច់​ស៊ី​ផង​ដូច្នេះ ឈើ​ដែល​សល់​នៅ តើ​នឹង​យក​ទៅ​ធ្វើ​ជា​របស់​គួរ​ស្អប់​ខ្ពើម​ឬ តើ​គួរ​ឲ្យ​អញ​ក្រាប​ចុះ​ចំពោះ​ដុំ​ឈើ​ឬ​អី
20 អ្នក​នោះ​ស៊ី​តែ​ផេះ​ទទេ ចិត្ត​ដែល​ត្រូវ​បញ្ឆោត​បាន​នាំ​គេ​ឲ្យ​វង្វេង អ្នក​នោះ​នឹង​ដោះ​ព្រលឹង​ខ្លួន​ឲ្យ​រួច​មិន​បាន ក៏​មិន​ចេះ​ថា ខ្ញុំ​កាន់​របស់​ភូត‌ភរ​នៅ​ដៃ​ស្តាំ​ទេ​តើ នោះ​ឡើយ។
21 ឱ​ពួក​យ៉ាកុប និង​ពួក​អ៊ីស្រា‌អែល​អើយ ចូរ​នឹក​ចាំ​ពី​សេចក្ដី​ទាំង​នេះ​ចុះ ដ្បិត​ឯង​ជា​អ្នក​បម្រើ​របស់​អញ អញ​បាន​សូន​បង្កើត​ឯង ដូច្នេះ ឯង​ជា​អ្នក​បម្រើ​របស់​អញ ឱ​ពួក​អ៊ីស្រា‌អែល​អើយ អញ​នឹង​មិន​ភ្លេច​ឯង​ឡើយ
22 អញ​បាន​លុប​អំពើ​រំលង​របស់​ឯង​ចេញ ដូច​ជា​ពពក​យ៉ាង​ក្រាស់ និង​អំពើ​បាប​ឯង​ដូច​ជា​ពពក​ផង ចូរ​វិល​មក​ឯ​អញ​វិញ ពី​ព្រោះ​អញ​បាន​លោះ​ឯង​ហើយ
23 ឱ​ផ្ទៃ​មេឃ​អើយ ចូរ​ច្រៀង​ឡើង ដ្បិត​ព្រះ‌យេហូវ៉ា​បាន​សម្រេច​ការ​ហើយ ឱ​ផែនដី​ដ៏​ទាប​អើយ ចូរ​ស្រែក​ឡើង ឱ​ភ្នំ​ទាំង‌ឡាយ ឱ​ព្រៃ និង​អស់​ទាំង​ដើម​ឈើ​ក្នុង​ព្រៃ​អើយ ចូរ​ធ្លាយ​ចេញ​ជា​បទ​ចម្រៀង​ចុះ ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រោស​លោះ​ពួក​យ៉ាកុប​ទាំង​អស់​ហើយ ទ្រង់​នឹង​តម្កើង​អង្គ​ទ្រង់​ឡើង​នៅ​ក្នុង​ពួក​អ៊ីស្រា‌អែល​ផង។
24 ព្រះ‌យេហូវ៉ា​ជា​ព្រះ​ដែល​ប្រោស​លោះ​ឯង គឺ​ជា​ព្រះ​ដែល​ជប​សូន​ឯង តាំង​ពី​នៅ​ក្នុង​ផ្ទៃ​ម្តាយ ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា អញ​ជា​យេហូវ៉ា ជា​ព្រះ​ដែល​បង្កើត​របស់​សព្វ​សារពើ អញ​លាត​សន្ធឹង​ផ្ទៃ​មេឃ​តែ​ម្នាក់​ឯង ហើយ​បាន​ក្រាល​ផែនដី​ដោយ​ខ្លួន​អញ
25 អញ​លើក​ទី​សម្គាល់​របស់​ពួក​មនុស្ស​ភូត‌ភរ​ចោល​ចេញ ហើយ​ក៏​ធ្វើ​ឲ្យ​គ្រូ​ទាយ​ទៅ​ជា​ឆ្កួត ជា​ពួក​អ្នក​ដែល​បំបែរ​មនុស្ស​មាន​ប្រាជ្ញា​ឲ្យ​វិល​ទៅ​ក្រោយ ឲ្យ​ចំណេះ​របស់​គេ​ទៅ​ជា​ល្ងី‌ល្ងើ​វិញ
26 អញ​បញ្ជាក់​ពាក្យ​សំដី​ដែល​និយាយ​នឹង​អ្នក​បម្រើ​អញ ហើយ​សម្រេច​តាម​សេចក្ដី​ប្រឹក្សា​របស់​ពួក​អ្នក​ដែល​អញ​ចាត់​ប្រើ​អញ​និយាយ​ពី​ក្រុង​យេរូ‌សាឡឹម​ថា ទី​ក្រុង​នោះ​នឹង​មាន​មនុស្ស​អាស្រ័យ​នៅ ហើយ​និយាយ​ពី​អស់​ទាំង​ទី​ក្រុង​នៃ​ស្រុក​យូដា​ថា ទី​ក្រុង​ទាំង​នោះ​នឹង​បាន​សង់​ឡើង​វិញ អញ​នឹង​លើក​អស់​ទាំង​ទី​បាក់​បែក​នោះ​ឡើង
27 អញ​ក៏​បង្គាប់​ដល់​ទី​ជម្រៅ​ថា ចូរ​ឲ្យ​រីង​ស្ងួត​ទៅ ហើយ​អញ​នឹង​ធ្វើ​ឲ្យ​ទន្លេ​ទាំង​ប៉ុន្មាន​ហួត‌ហៀវ​ទៅ​ដែរ
28 អញ​និយាយ​ពី​ស៊ីរូស​ថា​ជា​អ្នក​គង្វាល​របស់​អញ ជា​អ្នក​ដែល​នឹង​សម្រេច​តាម​បំណង​ចិត្ត​អញ​ទាំង​ប៉ុន្មាន ហើយ​បង្គាប់​ឲ្យ​ក្រុង​យេរូ‌សាឡឹម​បាន​សង់​ឡើង​វិញ និង​ឲ្យ​ជើង​ជញ្ជាំង​នៃ​ព្រះ‌វិហារ​បាន​ដាក់​ចុះ។


ជំពូក 45

1 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដល់​ស៊ីរូស ដែល​ទ្រង់​បាន​ចាក់​ប្រេង​តាំង​ឡើង​ហើយ ជា​អ្នក​ដែល​ទ្រង់​កាន់​ដៃ​ស្តាំ ដើម្បី​ឲ្យ​បាន​បង្ក្រាប​អស់​ទាំង​សាសន៍​នៅ​មុខ​ខ្លួន ហើយ​និង​បន្ធូរ​ចង្កេះ​ពួក​ស្តេច ព្រម​ទាំង​បើក​ទ្វារ​នៅ​មុខ​ខ្លួន រួច​ទ្វារ​ទាំង​នោះ​នឹង​មិន​ត្រូវ​បិទ​វិញ​ឡើយ
2 គឺ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា អញ​នឹង​ដើរ​ទៅ​ខាង​មុខ​ឯង ហើយ​និង​ពង្រាប​អស់​ទាំង​ទី​រដិប‌រដុប​ឲ្យ​ស្មើ អញ​នឹង​បំបែក​អស់​ទាំង​ទ្វារ​លង្ហិន​ឲ្យ​ខ្ទេច‌ខ្ទី ហើយ​និង​បំបាត់​រនុក​ដែក​ដែរ
3 អញ​នឹង​ឲ្យ​ឃ្លាំង​លាក់​កំបាំង និង​ទ្រព្យ‌សម្បត្តិ​ដែល​កប់​ទុក​ដល់​ឯង ដើម្បី​ឲ្យ​ឯង​បាន​ដឹង​ថា អញ​នេះ គឺ​យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ដែល​ហៅ​ឯង​តាម​ឈ្មោះ
4 អញ​បាន​ហៅ​ឯង​តាម​ឈ្មោះ​ឯង​នេះ ដោយ​យល់​ដល់​ពួក​យ៉ាកុប​ជា​អ្នក​បម្រើ​អញ និង​អ៊ីស្រា‌អែល ជា​អ្នក​ដែល​អញ​បាន​ជ្រើស‌រើស អញ​បាន​កំណត់​នាម​ត្រកូល​ដល់​ឯង​ហើយ ទោះ​បើ​ឯង​មិន​បាន​ស្គាល់​អញ​ក៏​ដោយ
5 អញ​នេះ​ជា​យេហូវ៉ា គ្មាន​ព្រះ​ណា​ដទៃ​ឡើយ ក្រៅ​ពី​អញ​ឥត​មាន​ព្រះ​ណា​ទៀត​សោះ អញ​នឹង​ក្រវាត់​ឲ្យ​ឯង ទោះ​បើ​ឯង​មិន​ស្គាល់​អញ​ក៏​ដោយ
6 ដើម្បី​ឲ្យ​មនុស្ស​ទាំង‌ឡាយ ចាប់​តាំង​ពី​ទិស​ខាង​ថ្ងៃ​រះ​រហូត​ដល់​ទិស​ខាង​ថ្ងៃ​លិច​បាន​ដឹង​ថា ក្រៅ​ពី​អញ​គ្មាន​ព្រះ​ណា​ផ្សេង​ទៀត​ឡើយ គឺ​អញ​នេះ​ជា​ព្រះ‌យេហូវ៉ា ឥត​មាន​ព្រះ​ណា​ទៀត​សោះ
7 គឺ​អញ​ដែល​បង្កើត​ពន្លឺ ហើយ​ក៏​ធ្វើ​ឲ្យ​មាន​ងងឹត​ផង អញ​ធ្វើ​ឲ្យ​មាន​សន្តិ‌សុខ ហើយ​ឲ្យ​មាន​សេចក្ដី​វេទនា​ដែរ គឺ​អញ​នេះ​ហើយ ជា​យេហូវ៉ា ដែល​ធ្វើ​គ្រប់​ការ​ទាំង​នេះ។
8 ឱ​ផ្ទៃ​មេឃ​អើយ ចូរ​ស្រក់​ទឹក​ពី​លើ​មក ហើយ​ឲ្យ​ពពក​ចាក់​សេចក្ដី​សុចរិត​ចុះ​មក ចូរ​ឲ្យ​ផែនដី​ហា​ឡើង ឲ្យ​បាន​បង្កើត​ផល​ជា​សេចក្ដី​សង្គ្រោះ ហើយ​ឲ្យ​សេចក្ដី​សុចរិត​ពន្លក​ឡើង​ជា​មួយ​គ្នា ឯ​អញ គឺ​យេហូវ៉ា អញ​បាន​បង្កើត​សេចក្ដី​នោះ​ឡើង។
9 វេទនា​ដល់​អ្នក​ណា​ដែល​ត​តាំង​នឹង​ព្រះ​ដែល​បាន​បង្កើត​ខ្លួន​មក គេ​ជា​អំបែង​ឆ្នាំង​១​នៅ​ក្នុង​អស់​ទាំង​អំបែង​នៅ​ផែនដី តើ​ដី​ឥដ្ឋ​នឹង​ប្រកែក​ចំពោះ​ជាង​ស្មូន​ថា តើ​ធ្វើ​អ្វី​ដូច្នេះ ឬ​ការ​ដែល​ឯង​ធ្វើ​នឹង​ហ៊ាន​ថា គេ​គ្មាន​ថ្វី‌ដៃ​ទេ​ឬ​អី
10 វេទនា​ដល់​អ្នក​ណា​ដែល​សួរ​ដល់​ឪពុក​ថា តើ​បាន​បង្កើត​អ្វី​ដូច្នេះ ឬ​ដល់​ម្តាយ​ខ្លួន​ថា តើ​បាន​សម្រាល​អ្វី​មក​យ៉ាង​នេះ។
11 ព្រះ‌យេហូវ៉ា​ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​ពួក​សាសន៍​អ៊ីស្រា‌អែល គឺ​ជា​ព្រះ​ដែល​បង្កើត​គេ​មក ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ចូរ​សួរ​អញ​ពី​អស់​ទាំង​ការ​ដែល​ត្រូវ​មក​ខាង​មុខ ចូរ​បង្គាប់​មក​អញ ពី​ដំណើរ​កូន​អញ​ទាំង​ប៉ុន្មាន ហើយ​ពី​ដំណើរ​ការ​ដែល​ដៃ​អញ​ធ្វើ​ផង
12 អញ​បាន​រៀប‌ចំ​ផែនដី ហើយ​បង្កើត​មនុស្ស​ឲ្យ​អាស្រ័យ​នៅ គឺ​ដៃ​អញ​ដែល​បាន​លាត​ផ្ទៃ​មេឃ ហើយ​អញ​បាន​បង្គាប់​ដល់​អស់​ទាំង​ពល‌បរិវារ ដែល​នៅ​លើ​ស្ថាន​នោះ​ដែរ
13 អញ​បាន​លើក​ស៊ីរូស​នេះ​ឡើង​ដោយ​សេចក្ដី​សុចរិត អញ​នឹង​ធ្វើ​ឲ្យ​គ្រប់​ទាំង​ផ្លូវ​របស់​គេ​បាន​ត្រង់ គេ​នឹង​សង់​ទី​ក្រុង​របស់​អញ​ឡើង ហើយ​និង​លែង​ពួក​បំបរ‌បង់​របស់​អញ​ឲ្យ​វិល​មក​វិញ មិន​មែន​ដោយ​ទទួល​ថ្លៃ​លោះ ឬ​រង្វាន់​ណា​ទេ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ។
14 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា កម្រៃ​នៃ​ស្រុក​អេស៊ីព្ទ ហើយ​ផល​ចម្រើន​នៃ​ពួក​អេធីយ៉ូពី និង​ពួក​សេបា ជា​មនុស្ស​មាន​មាឌ​ធំ នោះ​នឹង​មក​ឯ​ឯង ហើយ​ខ្លួន​គេ​នឹង​បាន​ជា​របស់​ផង​ឯង​ដែរ គេ​នឹង​ដើរ​តាម​ក្រោយ​ឯង គេ​នឹង​ឆ្លង​មក​ទាំង​ជាប់​ច្រវាក់ ហើយ​ទម្លាក់​ខ្លួន​ក្រាប​ចុះ​អង្វរ​ចំពោះ​ឯង ដោយ​ពាក្យ​ថា ព្រះ‌ទ្រង់​គង់​ជា​មួយ​នឹង​លោក​ជា​ពិត គ្មាន​ព្រះ​ឯ​ណា​ទៀត​ក្រៅ​ពី​ទ្រង់​ឡើយ
15 ឱ​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ជា​ព្រះ​ដ៏​ជួយ​សង្គ្រោះ​អើយ ប្រាកដ​ជា​ទ្រង់​ជា​ព្រះ​ដែល​ពួន​អង្គ
16 ឯ​អស់​ពួក​អ្នក​ដែល​ធ្វើ​រូប​ព្រះ គេ​នឹង​ត្រូវ​ខ្មាស ហើយ​ជ្រប់​មុខ​ទាំង​អស់​គ្នា គេ​នឹង​ត្រូវ​គ្រប​ឃ្លុប​ដោយ​សេចក្ដី​អៀន‌ខ្មាស​ទាំង​អស់​គ្នា
17 តែ​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ជួយ​សង្គ្រោះ​សាសន៍​អ៊ីស្រា‌អែល​ឲ្យ​រួច ដោយ​សេចក្ដី​សង្គ្រោះ​ដ៏​ស្ថិត‌ស្ថេរ​អស់​កល្ប‌ជានិច្ច ឯង​រាល់​គ្នា​នឹង​មិន​ត្រូវ​ខ្មាស ឬ​ជ្រប់​មុខ​ដរាប​ដល់​អស់​កល្ប​ត​រៀង​ទៅ។
18 ដ្បិត​ព្រះ‌យេហូវ៉ា​ដែល​បាន​បង្កើត​ផ្ទៃ​មេឃ ជា​ព្រះ​ដែល​ទ្រង់​សូន​ធ្វើ ហើយ​ប្រតិ‌ស្ឋាន​ផែនដី ក៏​តាំង​ឡើង មិន​មែន​បង្កើត​មក​ឲ្យ​នៅ​ទទេ​ទេ គឺ​បាន​ជប‌សូន​បង្កើត​ឲ្យ​ជា​ទី​អាស្រ័យ​នៅ ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា គឺ​អញ​នេះ​ជា​យេហូវ៉ា ឥត​មាន​ព្រះ​ឯ​ណា​ទៀត​ឡើយ
19 អញ​មិន​បាន​ពោល​ដោយ​សម្ងាត់ ក្នុង​ទី​ងងឹត​នៅ​ផែនដី​ទេ អញ​មិន​បាន​បង្គាប់​ដល់​ពួក​ពូជ‌ពង្ស​នៃ​យ៉ាកុប​ថា ចូរ​ខំ​ស្វែង​រក​អញ​ដោយ​ពោល​ជា​ឥត​ប្រយោជន៍​នោះ​ទេ គឺ​អញ ព្រះ‌យេហូវ៉ា​នេះ អញ​និយាយ​តាម​សុចរិត អញ​ថ្លែង​ប្រាប់​សេចក្ដី​ដែល​ត្រឹម‌ត្រូវ។
20 ពួក​អ្នក​ដែល​រួច​ពី​សាសន៍​ដទៃ​អើយ ចូរ​មូល​មក ហើយ​ចូល​ឲ្យ​ជិត​ចុះ ពួក​អ្នក​ដែល​លើក​យក​ដុំ​ឈើ​ជា​រូប​ព្រះ​ឆ្លាក់​របស់​គេ​ទៅ ហើយ​អធិ‌ស្ឋាន​ដល់​ព្រះ​ដែល​ជួយ​សង្គ្រោះ​ខ្លួន​មិន​បាន នោះ​ជា​អ្នក​អាប់​ឥត​ប្រាជ្ញា​ទេ
21 ចូរ​ថ្លែង​ប្រាប់ ហើយ​សម្ដែង​ហេតុ​ចេញ​ចុះ ត្រូវ​ឲ្យ​ប្រឹក្សា​គ្នា​ផង តើ​អ្នក​ណា​បាន​ប្រាប់​ពី​ការ​នេះ ចាប់​តាំង​ពី​ចាស់​បុរាណ​មក តើ​អ្នក​ណា​បាន​ទាយ​ទុក​តាំង​ពី​យូរ​មក​ហើយ តើ​មិន​មែន​អញ ជា​យេហូវ៉ា ទេ​ឬ​អី ក្រៅ​ពី​អញ គ្មាន​ព្រះ​ឯ​ណា​ទៀត ដែល​ជា​ព្រះ​សុចរិត ហើយ​ជា​ព្រះ‌អង្គ​សង្គ្រោះ​ទេ គ្មាន​ណា​មួយ​ក្រៅ​ពី​អញ​ឡើយ
22 អស់​ទាំង​មនុស្ស​នៅ​ចុង​ផែនដី​អើយ ចូរ​មើល​មក​អញ ហើយ​ទទួល​សេចក្ដី​សង្គ្រោះ​ចុះ ដ្បិត​អញ​នេះ​ជា​ព្រះ ឥត​មាន​ណា​ទៀត​ឡើយ
23 អញ​បាន​ស្បថ​ដោយ​ខ្លួន​អញ ពាក្យ​នោះ​បាន​ចេញ​ពី​មាត់​អញ ដោយ​សេចក្ដី​សុចរិត​ហើយ ក៏​មិន​ដែល​ប្រែ‌ប្រួល​ដែរ គឺ​ថា គ្រប់​ទាំង​ជង្គង់​នឹង​លុត​ចុះ​នៅ​មុខ​អញ ហើយ​គ្រប់​ទាំង​អណ្តាត​នឹង​ស្បថ​ពី​ដំណើរ​អញ​ថា
24 សេចក្ដី​សុចរិត និង​អានុ‌ភាព នោះ​មាន​នៅ​ក្នុង​ព្រះ‌យេហូវ៉ា​តែ​១​ទេ មនុស្ស​ទាំង‌ឡាយ​នឹង​មក​ឯ​ទ្រង់ ហើយ​អស់​អ្នក​ដែល​បាន​ក្តៅ​ក្រហាយ​នឹង​ទ្រង់ គេ​នឹង​ត្រូវ​ខ្មាស​វិញ
25 ឯ​អស់​ទាំង​ពូជ‌ពង្ស​នៃ​អ៊ីស្រា‌អែល​នឹង​បាន​សុចរិត​ក្នុង​ព្រះ‌យេហូវ៉ា ហើយ​គេ​នឹង​អួត​សរសើរ។


ជំពូក 46

1 ព្រះ‌បាល​ឱន​ចុះ​ហើយ ព្រះ‌នេបូរ​ក៏​កោង​ចុះ​ដែរ គេ​ផ្ទុក​រូប​ព្រះ​នោះ​លើ​សត្វ​ពាហនៈ និង​លើ​គោ របស់​ទាំង​នោះ​ដែល​ឯង​ដឹក​ទៅ​មក ជា​បន្ទុក​សង្កត់​យ៉ាង​ធ្ងន់​លើ​សត្វ​នឿយ​ហត់
2 វា​ឱន​ចុះ ក៏​កោង​ចុះ​ហើយ វា​ជួយ​បន្ទុក​របស់​វា​ឲ្យ​រួច​ពុំ​បាន គឺ​ទាំង​ខ្លួន​វា​ក៏​ត្រូវ​ចាប់​នាំ​ទៅ​ជា​ឈ្លើយ​ដែរ។
3 ឱ​ពួក​វង្សា​របស់​យ៉ាកុប​អើយ និង​អ្នក​រាល់​គ្នា​ជា​សំណល់​នៃ​វង្សា​អ៊ីស្រា‌អែល​ដែរ ជា​ពួក​ដែល​អញ​បាន​ទទួល​ជា​បន្ទុក​តាំង​ពី​កំណើត​ឯង ហើយ​បាន​បី​ឯង​តាំង​ពី​ផ្ទៃ​ម្តាយ​មក ចូរ​ស្តាប់​អញ​ចុះ
4 គឺ​អញ​នេះ​ពិត រហូត​ដល់​ឯង​ចាស់‌ជរា​ផង អញ​នឹង​បី​ឯង ដរាប​ដល់​ឯង​មាន​សក់​ស គឺ​អញ​បាន​បង្កើត ហើយ​អញ​នឹង​ទទួល​ឯង​ជា​បន្ទុក អើ អញ​នឹង​បី ហើយ​និង​ជួយ​ឯង​ឲ្យ​រួច​ផង
5 តើ​ឯង​រាល់​គ្នា​នឹង​ធៀប​អញ​ដូច​ជា​អ្នក​ណា និង​ផ្ទឹម​អញ​ឲ្យ​ស្មើ​នឹង​អ្នក​ណា ឬ​ប្រៀប​អញ​ឲ្យ​បាន​ដូច​ជា​អ្នក​ណា
6 ឯ​ពួក​អ្នក​ដែល​ចាយ​មាស​ពី​ថង់​ដោយ​ឥត​ស្តាយ ហើយ​ថ្លឹង​ប្រាក់​ដោយ​ជញ្ជីង គេ​ជួល​ជាង​មាស ជាង​នោះ​ក៏​ធ្វើ​ជា​ព្រះ​១​ឲ្យ​គេ រួច​គេ​ទម្លាក់​ខ្លួន​ក្រាប​ចុះ ថ្វាយ‌បង្គំ​ចំពោះ​រូប​នោះ
7 គេ​លី​យក​រូប​នោះ​ទៅ​តម្កល់​ទុក​នៅ​ទី​កន្លែង ហើយ​រូប​នោះ​ក៏​ឈរ​នៅ ឥត​ឃ្លាត​ចេញ​ទៅ​ឯ​ណា​ឡើយ អើ ទោះ​បើ​អ្នក​ណា​អំពាវ‌នាវ​ដល់​រូប​នោះ គង់​តែ​មិន​ចេះ​តប​ឆ្លើយ ឬ​ជួយ​សង្គ្រោះ​ឲ្យ​រួច​ពី​សេចក្ដី​ទុក្ខ​វេទនា​ទៅ​បាន​ឡើយ។
8 ចូរ​នឹក​ចាំ​ពី​សេចក្ដី​នេះ ហើយ​សម្ដែង​ខ្លួន​ជា​បុរស​ចុះ ម្នាល​ពួក​សៃយ​សាសន៍​អើយ ចូរ​នឹក​ពី​សេចក្ដី​នេះ​នៅ​ក្នុង​ចិត្ត​ឯង​ឡើង​វិញ
9 ចូរ​នឹក​ចាំ​ពី​ការ​ដែល​កន្លង​ទៅ​ហើយ តាំង​ពី​បុរាណ ដ្បិត​អញ​នេះ​ហើយ​ជា​ព្រះ ឥត​មាន​ណា​ទៀត​ឡើយ អញ​ជា​ព្រះ ហើយ​គ្មាន​អ្នក​ណា​ដូច​អញ​សោះ
10 តាំង​តែ​ពី​ដើម​ដំបូង អញ​រមែង​សម្ដែង​ប្រាប់​ពី​ការ​ដែល​ត្រូវ​មក​ខាង​ចុង​បំផុត ហើយ​តាំង​ពី​ចាស់​បុរាណ​ក៏​ប្រាប់​ពី​ការ​ដែល​មិន​ទាន់​មាន​មក​ដែរ ដោយ​ពាក្យ​ថា គំនិត​សម្រេច​របស់​អញ​នឹង​ស្ថិត‌ស្ថេរ​នៅ អញ​នឹង​ធ្វើ​តាម​បំណង​ចិត្ត​អញ​គ្រប់​ប្រការ
11 អញ​បាន​ហៅ​ឥន្ទ្រី​១​មក​ពី​ទិស​ខាង​កើត ជា​មនុស្ស​ដែល​នឹង​សម្រេច​តាម​គំនិត​របស់​អញ ឲ្យ​មក​ពី​ស្រុក​ឆ្ងាយ អើ អញ​បាន​ចេញ​វាចា​ហើយ អញ​នឹង​ធ្វើ​ឲ្យ​ការ​នោះ​កើត​ឡើង​ផង អញ​បាន​គិត​សម្រេច​ស្រេច​ហើយ អញ​នឹង​ធ្វើ​ការ​នោះ​ឯង។
12 ឱ​ពួក​អ្នក​មាន​ចិត្ត​រឹង ដែល​ឃ្លាត​ឆ្ងាយ​ពី​សេចក្ដី​សុចរិត​អើយ ចូរ​ស្តាប់​អញ​ចុះ
13 អញ​នាំ​សេចក្ដី​សុចរិត​របស់​អញ​មក​ជិត សេចក្ដី​នោះ​នឹង​មិន​នៅ​ឆ្ងាយ​ឡើយ ឯ​សេចក្ដី​សង្គ្រោះ​របស់​អញ​ក៏​មិន​បង្អង់​ដែរ អញ​នឹង​តាំង​សេចក្ដី​សង្គ្រោះ​របស់​អញ​នៅ​ក្រុង​ស៊ីយ៉ូន សម្រាប់​ពួក​អ៊ីស្រា‌អែល​ដែល​ជា​សិរី‌ល្អ​របស់​អញ។


ជំពូក 47

1 ឱ​នាង​ក្រមុំ ជា​កូន​នៃ​ក្រុង​បាប៊ី‌ឡូន​អើយ ចូរ​ចុះ​មក​អង្គុយ​នៅ​ធូលី​ដី ឪ​កូន​ស្រី​នៃ​សាសន៍​ខាល់ដេ​អើយ ចូរ​អង្គុយ​នៅ​ដី ឥត​មាន​បល្ល័ង្ក​ចុះ ដ្បិត​គេ​នឹង​លែង​ហៅ​ឯង​ថា ជា​អ្នក​ល្វន់‌ល្វត ហើយ​ទន់‌ភ្លន់​ទៀត
2 ចូរ​យក​ត្បាល់​កិន ហើយ​កិន​ម្សៅ​ទៅ ត្រូវ​ឲ្យ​ដោះ​ស្បៃ​ឯង​ចេញ ហើយ​បក​សំលៀក​ឯង​ចុះ ចូរ​សើយ​សំពត់​ឯង​ឡើង​លុយ​កាត់​ទន្លេ​ទៅ
3 កាយ​អាក្រាត​របស់​ឯង​នឹង​ត្រូវ​បើក​ចំហ អើ គេ​នឹង​ឃើញ​កេរ្តិ៍‌ខ្មាស​ឯង​ផង អញ​នឹង​សង‌សឹក ឥត​ប្រណី​ដល់​អ្នក​ណា​ឡើយ
4 ឯ​ព្រះ​ដែល​ប្រោស​លោះ​យើង ទ្រង់​ព្រះ‌នាម​ជា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ គឺ​ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រា‌អែល
5 ឱ​កូន​ស្រី​នៃ​ពួក​ខាល់ដេ​អើយ ចូរ​ឲ្យ​ឯង​អង្គុយ​ស្ងៀម ហើយ​ចូល​ទៅ​ឯ​ទី​ងងឹត​ចុះ ដ្បិត​គេ​នឹង​លែង​ហៅ​ឯង​ជា​ម្ចាស់​នៃ​អស់​ទាំង​សាសន៍​ទៀត
6 អញ​បាន​ក្រោធ​ចំពោះ​រាស្ត្រ​របស់​អញ ក៏​បាន​ឲ្យ​មរដក​អញ​ត្រូវ​ទាប​ចុះ ព្រម​ទាំង​ប្រគល់​គេ​ទៅ ក្នុង​កណ្តាប់​ដៃ​របស់​ឯង ឯ​ឯង​មិន​បាន​អាណិត​មេត្តា​ដល់​គេ​ទេ ឯង​បាន​ដាក់​នឹម​ឯង​ទៅ​លើ​ពួក​ចាស់ៗ​យ៉ាង​ធ្ងន់
7 ហើយ​បាន​គិត​ថា ឯង​នឹង​ធ្វើ​ជា​ម្ចាស់​ជា​ដរាប​ទៅ បាន​ជា​ឯង​មិន​បាន​យក​ចិត្ត​ទុក​ដាក់​នឹង​សេចក្ដី​ទាំង​នេះ ក៏​មិន​បាន​គិត​ដល់​ចុង​បំផុត​ដែរ។
8 ដូច្នេះ ចូរ​ស្តាប់​សេចក្ដី​នេះ​ឥឡូវ ឯង​ដែល​អាល័យ​តែ​លេង​សប្បាយ ហើយ​នៅ​ដោយ​ឥត​កង្វល់ ឯង​នឹក​ក្នុង​ចិត្ត​ថា គឺ​អញ​នេះ​ហើយ ឥត​មាន​អ្នក​ណា​ទៀត​ឡើយ អញ​នឹង​មិន​ដែល​អង្គុយ​ជា​ស្រី​មេម៉ាយ ក៏​មិន​ដែល​ស្គាល់​ការ​ប្រាស‌ចាក​កូន​ឡើយ
9 តែ​សេចក្ដី​ទាំង​២​មុខ​នេះ​នឹង​កើត​ដល់​ឯង​ជា​១​រំពេច នៅ​ថ្ងៃ​ដដែល គឺ​ទាំង​ការ​ប្រោស​ចាក​កូន ហើយ​នៅ​ជា​មេម៉ាយ​ផង នោះ​នឹង​កើត​ដល់​ឯង​ពេញ​ទី ទោះ​បើ​ឯង​មាន​របៀន​ជា​ច្រើន ហើយ​វេទ‌មន្ត​ជា​បរិបូរ​យ៉ាង​ណា​ក៏​ដោយ
10 ពី​ព្រោះ​ឯង​បាន​ទុក​ចិត្ត​នឹង​អំពើ​កំណាច​របស់​ឯង ឯង​បាន​គិត​ថា គ្មាន​អ្នក​ណា​ឃើញ​ឯង​ទេ ឯ​ប្រាជ្ញា និង​ចំណេះ​របស់​ឯង នោះ​បាន​បង្ខូច​ចិត្ត​ឯង​ហើយ ឯង​បាន​នឹក​ក្នុង​ចិត្ត​ថា គឺ​អញ​នេះ​ហើយ ឥត​មាន​អ្នក​ណា​ទៀត​ឡើយ
11 ដោយ​ហេតុ​នោះ​នឹង​មាន​ការ​អាក្រក់​កើត​ដល់​ឯង ដែល​ឯង​នឹង​មិន​ដឹង​ជា​កើត​មក​ពី​ណា​ផង ហើយ​និង​មាន​សេចក្ដី​វេទនា​ធ្លាក់​មក​លើ​ឯង ដែល​ឯង​នឹង​បង្វែរ​ចេញ​មិន​បាន​ឡើយ ក៏​នឹង​មាន​សេចក្ដី​វិនាស​លោ​មក​លើ​ឯង​ភ្លាម ជា​សេចក្ដី​ដែល​ឯង​នឹង​មិន​ដែល​បាន​ស្គាល់​ឡើយ។
12 ចូរ​ឈរ​ឡើង​ឥឡូវ ដោយ​ពឹង​ដល់​វេទ‌មន្ត និង​របៀន​របស់​ឯង​ដែល​មាន​ជា​ច្រើន​នោះ ជា​វិជ្ជា​ដែល​ឯង​បាន​ខំ​ប្រព្រឹត្ត​តាម​តាំង​តែ​ពី​ក្មេង​មក ហើយ​ល​មើល បើ​ឯង​នឹង​បាន​ប្រយោជន៍​ណា​ខ្លះ ឬ​បើ​ឯង​នឹង​អាច​ឈ្នះ​បាន
13 ឯង​បាន​ណាយ​ចិត្ត​ហើយ ដោយ​សេចក្ដី​ប្រឹក្សា​ដ៏​បរិបូរ​របស់​ឯង ចូរ​ឲ្យ​ពួក​គ្រូ​ទាយ ពួក​គ្រូ​ជតា‌រាសី និង​ពួក​គ្រូ​ទាយ​ដោយ​ខែ​ពេញ​បូណ៌ ឈរ​ឡើង​ឥឡូវ ហើយ​ជួយ​សង្គ្រោះ​ឯង​ឲ្យ​រួច​ពី​ការ​ដែល​ត្រូវ​មក​លើ​ឯង​ចុះ
14 មើល គេ​នឹង​បាន​ដូច​ជា​ជញ្ជ្រាំង ភ្លើង​នឹង​ឆេះ​គេ​អស់​ទៅ គេ​នឹង​ដោះ​ខ្លួន​ឲ្យ​រួច​ពី​អំណាច​ភ្លើង​មិន​បាន ភ្លើង​នោះ​នឹង​មិន​បាន​ជា​រងើក ដែល​គ្រាន់​តែ​ល្មម​នឹង​អាំង​កំដៅ​ខ្លួន ឬ​ជា​ភ្លើង​ដែល​នឹង​អង្គុយ​ជុំវិញ​ប៉ុណ្ណោះ​ទេ
15 របស់​ទាំង​ប៉ុន្មាន​ដែល​ឯង​បាន​ខំ​តាម​នោះ នឹង​បាន​ដូច្នោះ​ឯង ហើយ​ពួក​អ្នក​ដែល​បាន​ខំ​តាម​ជា​មួយ​នឹង​ឯង​តាំង​តែ​ពី​ក្មេង​មក គេ​នឹង​ងេង‌ងោង​ទៅ​តាម​ផ្លូវ​របស់​គេ​រៀង​ខ្លួន ហើយ​និង​គ្មាន​អ្នក​ណា​សម្រាប់​ជួយ​សង្គ្រោះ​ឯង​ឡើយ។


ជំពូក 48

1 ចូរ​ស្តាប់​សេចក្ដី​នេះ ឱ​ពួក​វង្ស​យ៉ាកុប​អើយ ជា​ពួក​អ្នក​ដែល​បាន​ហៅ​តាម​ឈ្មោះ​អ៊ីស្រា‌អែល ហើយ​បាន​ចេញ​ពី​ទឹក​របស់​យូដា​មក ជា​ពួក​អ្នក​ដែល​ស្បថ​ដោយ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ព្រម​ទាំង​ដំណាល​ពី​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​ផង តែ​មិន​មែន​ដោយ​ស្មោះ​ចំពោះ ឬ​ដោយ​សុចរិត​ទេ
2 (ពី​ព្រោះ​គេ​ហៅ​ខ្លួន​ជា​អ្នក​ក្រុង​បរិសុទ្ធ ហើយ​ផ្អែក​ទៅ​លើ​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ដែល​ព្រះ‌នាម​ទ្រង់​ជា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ)
3 ឯ​ការ​ដែល​បាន​កើត​ឡើង​តាំង​តែ​ពី​ដើម​មក នោះ​អញ​បាន​ថ្លែង​ប្រាប់​ចាប់​តាំង​ពី​បុរាណ​ហើយ អើ សេចក្ដី​នោះ​បាន​ចេញ​ពី​មាត់​អញ​ទៅ ហើយ​អញ​បាន​សម្ដែង​ច្បាស់ ឯ​ការ​ទាំង​នោះ អញ​បាន​ធ្វើ​ភ្លាម​១​រំពេច ដូច្នេះ ការ​ទាំង​នោះ​បាន​កើត​ឡើង​ហើយ
4 ដ្បិត​អញ​បាន​ដឹង​ថា ឯង​ជា​មនុស្ស​រឹង‌ចចេស ហើយ​មាន​ក​ដូច​ជា​ចំរ៉ឹង​ដែក ឯ​ថ្ងាស​ឯង​ក៏​ជា​លង្ហិន
5 ហេតុ​នោះ​បាន​ជា​អញ​ថ្លែង​ប្រាប់​សេចក្ដី​នោះ​ដល់​ឯង​តាំង​ពី​បុរាណ ហើយ​បាន​បង្ហាញ​ឲ្យ​ឯង​ដឹង​មុន​ដែល​ការ​នោះ​កើត​មក​ផង ក្រែង​ឯង​និយាយ​ថា គឺ​ជា​រូប​ព្រះ​របស់​ឯង​ដែល​ធ្វើ​ការ​នោះ​វិញ ហើយ​រូប​ឆ្លាក់ និង​រូប​សិត​របស់​ឯង ដែល​បង្គាប់​ការ​នោះ​ឡើង
6 ឯង​បាន​ឮ​ហើយ ចូរ​ពិចារណា​ការ​ទាំង​នេះ​ចុះ ឯ​ឯង តើ​មិន​ព្រម​ថ្លែង​ប្រាប់​ដែរ​ឬ ឥឡូវ​នេះ អញ​បាន​បង្ហាញ​ឲ្យ​ឯង​ឃើញ​ការ​ថ្មី​ទៀត គឺ​ជា​ការ​លាក់​កំបាំង​ដែល​ឯង​មិន​បាន​ស្គាល់​ផង
7 ការ​ទាំង​នោះ​ទើប​នឹង​កើត​ឡើង​ឥឡូវ មិន​មែន​កាល​ពី​បុរាណ​ទេ ហើយ​កាល​មុន​ថ្ងៃ​នេះ ឯង​មិន​ដែល​បាន​ឮ​និយាយ​ពី​ការ​ទាំង​នោះ​ឡើយ ក្រែង​ឯង​និយាយ​ថា មើល ខ្ញុំ​បាន​ដឹង​ការ​នោះ​ហើយ
8 អើ ឯង​មិន​បាន​ឮ​សោះ អើ មិន​បាន​ដឹង​ផង អើ តាំង​ពី​បុរាណ​មក ត្រចៀក​ឯង​មិន​ទាន់​បាន​បើក​ឡើង​នៅ​ឡើយ ដ្បិត​អញ​បាន​ដឹង​ថា ឯង​នឹង​ប្រព្រឹត្ត​ដោយ​ចិត្ត​ក្បត់ ហើយ​ឯង​មាន​ឈ្មោះ​ថា ជា​អ្នក​បះ‌បោរ​តាំង​ពី​តែ​ផ្ទៃ​ម្តាយ​មក
9 ប៉ុន្តែ អញ​នឹង​ផ្អាក​សេចក្ដី​កំហឹង​ដោយ​យល់​ដល់​ឈ្មោះ​អញ និង​ដោយ​យល់​ដល់​សេចក្ដី​សរសើរ​របស់​អញ នោះ​អញ​នឹង​ឈប់​លែង​ដំណើរ​ឯង ក្រែង​អញ​កាត់​ឯង​ចេញ​ទៅ
10 មើល អញ​បាន​សំរង​ឯង តែ​មិន​មែន​ដូច​ជា​សំរង​ប្រាក់​ទេ គឺ​អញ​បាន​រើស​ឯង​នៅ​ក្នុង​ឡ​នៃ​សេចក្ដី​វេទនា​វិញ
11 អញ​នឹង​ធ្វើ​ការ​នោះ ដោយ​យល់​ដល់​ខ្លួន​អញ គឺ​ដោយ​យល់​ដល់​ខ្លួន​អញ​ហើយ ដ្បិត​ធ្វើ​ដូច​ម្តេច​ឲ្យ​ឈ្មោះ​អញ​ត្រូវ​បង្អាប់​បាន ឯ​សិរី‌ល្អ​របស់​អញៗ​មិន​ព្រម​លើក​ឲ្យ​ទៅ​អ្នក​ដទៃ​ឡើយ។
12 ឱ​ពួក​យ៉ាកុប និង​អ៊ីស្រា‌អែល ជា​អ្នក​ដែល​អញ​បាន​ហៅ​អើយ ចូរ​ស្តាប់​អញ​ចុះ គឺ​អញ​នេះ​ហើយ អញ​ជា​ដើម ហើយ​ជា​ចុង​ដែរ
13 អើ ដៃ​អញ​បាន​ដាក់​ឫស​នៃ​ផែនដី ហើយ​ដៃ​ស្តាំ​របស់​អញ​បាន​លាត​ផ្ទៃ​មេឃ កាល​ណា​អញ​ហៅ នោះ​ទាំង​២​ក៏​ឈរ​ឡើង​ជា​មួយ​គ្នា
14 ចូរ​ឲ្យ​ឯង​រាល់​គ្នា​ប្រជុំ​ទាំង​អស់ ហើយ​ស្តាប់​ចុះ ក្នុង​ពួក​គេ​តើ​មាន​អ្នក​ណា​ដែល​ថ្លែង​ប្រាប់​ពី​ការ​ទាំង​នេះ​ឬ អ្នក​១​នោះ​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​ស្រឡាញ់ គេ​នឹង​សម្រេច​ដល់​ក្រុង​បាប៊ី‌ឡូន តាម​បំណង​ព្រះ‌ហឫទ័យ​ទ្រង់ ដៃ​របស់​គេ​នឹង​សង្កត់​លើ​ពួក​ខាល់ដេ
15 អញ គឺ​អញ​នេះ​ហើយ អញ​បាន​ពោល អើ អញ​បាន​ហៅ​គេ អញ​បាន​នាំ​គេ​មក ហើយ​គេ​នឹង​បញ្ជឿន​ការ​ខ្លួន​ឲ្យ​កើត​ឡើង​ផង
16 ចូរ​ឲ្យ​ឯង​រាល់​គ្នា​ចូល​មក​ជិត​អញ ហើយ​ស្តាប់​សេចក្ដី​នេះ​ចុះ តាំង​តែ​ពី​ដើម​ដំបូង​មក អញ​មិន​បាន​និយាយ​ដោយ​សម្ងាត់​ទេ តាំង​ពី​ការ​នោះ​ចាប់​ផ្តើម​កើត​ឡើង នោះ​អញ​ក៏​មាន​នៅ​ហើយ ឥឡូវ​នេះ ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​បាន​ចាត់​ខ្ញុំ​ជា​មួយ​នឹង​ព្រះ‌វិញ្ញាណ​ទ្រង់​ឲ្យ​មក។
17 ព្រះ‌យេហូវ៉ា​ជា​ព្រះ​ដ៏​ប្រោស​លោះ​ឯង គឺ​ជា​ព្រះ​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា អញ​នេះ គឺ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង ជា​អ្នក​ដែល​បង្រៀន​ឲ្យ​ឯង​បាន​ទទួល​ប្រយោជន៍ ហើយ​ក៏​នាំ​ឯង​ទៅ​ក្នុង​ផ្លូវ​ដែល​ឯង​គួរ​ដើរ
18 ឱ​បើ​ឯង​បាន​ស្តាប់​តាម​បញ្ញត្ត​ទាំង​ប៉ុន្មាន​របស់​អញ​ទៅ​អេះ នោះ​សេចក្ដី​សុខ​របស់​ឯង​នឹង​បាន​ដូច​ជា​ទន្លេ សេចក្ដី​សុចរិត​របស់​ឯង នឹង​បាន​ដូច​ជា​រលក​នៃ​សមុទ្រ​ហើយ
19 ឯ​ពូជ‌ពង្ស​ឯង​ក៏​នឹង​បាន​ច្រើន​ដូច​ជា​ខ្សាច់ ហើយ​ផល​ដែល​កើត​ពី​ឯង​មក នោះ​នឹង​បាន​ដូច​ជា​គ្រាប់​ខ្សាច់​ទាំង​ប៉ុន្មាន ឯ​ឈ្មោះ​គេ​ក៏​មិន​ត្រូវ​កាត់​ចេញ ឬ​បំផ្លាញ​ពី​មុខ​អញ​ឡើយ។
20 ចូរ​ចេញ​ពី​ក្រុង​បាប៊ី‌ឡូន​ទៅ ហើយ​រត់​ពី​កណ្តាល​ពួក​ខាល់ដេ​ចេញ ចូរ​ប្រកាស​ប្រាប់ ដោយ​ឡើង​សំឡេង​ច្រៀង ចូរ​ថ្លែង​ពី​រឿង​នេះ ហើយ​បញ្ជូន​រហូត​ដល់​ចុង​ផែនដី​ផង ចូរ​ប្រាប់​ថា ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រោស​លោះ​ពួក​យ៉ាកុប ជា​អ្នក​បម្រើ​ទ្រង់​ហើយ
21 គេ​មិន​បាន​ស្រេក​ឡើយ កំពុង​ដែល​ទ្រង់​នាំ​គេ​ដើរ​កាត់​សមុទ្រ​ខ្សាច់ គឺ​ទ្រង់​បាន​ធ្វើ​ឲ្យ​មាន​ទឹក​ហូរ​ចេញ​ពី​ថ្មដា​សម្រាប់​គេ ទ្រង់​ក៏​បំប្រេះ​ថ្មដា ឲ្យ​ទឹក​ផុស​ចេញ​មក
22 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា គ្មាន​សេចក្ដី​សុខ​សោះ ដល់​ពួក​មនុស្ស​ដែល​ប្រព្រឹត្ត​អាក្រក់។


ជំពូក 49

1 ម្នាល​កោះ​ទាំង‌ឡាយ​អើយ ចូរ​ស្តាប់​អញ​ចុះ ឱ​ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន​នៅ​ឆ្ងាយ​អើយ ចូរ​ប្រុង​ស្តាប់​ចុះ ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ហៅ​ខ្ញុំ តាំង​ពី​ផ្ទៃ​ម្តាយ ទ្រង់​បាន​ដំណាល​ពី​ឈ្មោះ​ខ្ញុំ តាំង​ពី​នៅ​ក្នុង​ពោះ​ម្តាយ​មក
2 ទ្រង់​បាន​ធ្វើ​ឲ្យ​មាត់​ខ្ញុំ​បាន​ដូច​ជា​ដាវ​ដ៏​មុត ក៏​បាន​លាក់​ខ្ញុំ​នៅ​ក្រោម​ម្លប់​នៃ​ព្រះ‌ហស្ត​ទ្រង់ ក៏​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ដូច​ជា​តួ​ព្រួញ​ដែល​ខាត់​រំលីង ព្រម​ទាំង​ដាក់​ខ្ញុំ​ទុក​ភ្ជិត​នៅ​ក្នុង​បំពង់​ព្រួញ​របស់​ទ្រង់
3 ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា ឯង​ជា​អ្នក​បម្រើ​របស់​អញ គឺ​អ៊ីស្រា‌អែល ដែល​អញ​នឹង​បាន​សិរី‌ល្អ​ដោយ‌សារ​ឯង
4 តែ​ខ្ញុំ​បាន​ពោល​ថា ខ្ញុំ​បាន​ខំ​ប្រឹង​ធ្វើ​ជា​ឥត​ប្រយោជន៍ ខ្ញុំ​បាន​បង់​កម្លាំង​ខ្ញុំ​ទៅ​ទទេៗ​ជា​អសារ​ឥត​ការ ប៉ុន្តែ សេចក្ដី​យុត្តិ‌ធម៌​ដែល​គួរ​ដល់​ខ្ញុំ នោះ​នៅ​នឹង​ព្រះ‌យេហូវ៉ា ហើយ​រង្វាន់​របស់​ខ្ញុំ​ក៏​នៅ​នឹង​ព្រះ​នៃ​ខ្ញុំ​ដែរ។
5 ឥឡូវ​នេះ ទ្រង់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ គឺ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​ដែល​ជប​បង្កើត​ខ្ញុំ​នៅ​ក្នុង​ផ្ទៃ​ម្តាយ ដើម្បី​ឲ្យ​បាន​ធ្វើ​ជា​អ្នក​បម្រើ​ទ្រង់ សម្រាប់​នឹង​នាំ​ពួក​យ៉ាកុប​មក​ឯ​ទ្រង់​វិញ ហើយ​ឲ្យ​ពួក​អ៊ីស្រា‌អែល​បាន​មូល​មក​ឯ​ទ្រង់ ដ្បិត​ខ្ញុំ​ជា​ទី​រាប់‌អាន​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ហើយ​ព្រះ​នៃ​ខ្ញុំ​ទ្រង់​ជា​កម្លាំង​នៃ​ខ្ញុំ
6 អើ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ការ​ដែល​ឯង​ធ្វើ​ជា​អ្នក​បម្រើ​របស់​អញ ដើម្បី​លើក​អស់​ទាំង​ពូជ​អំបូរ​នៃ​យ៉ាកុប​ឡើង ហើយ​និង​នាំ​ពួក​បម្រុង​ទុក​ក្នុង​សាសន៍​អ៊ីស្រា‌អែល​ឲ្យ​មក​វិញ នោះ​ជា​ការ​តិច‌តួច​ពេក​ដល់​ឯង អញ​នឹង​បន្ថែម​ការ​នេះ​ឲ្យ​ឯង​បាន​ធ្វើ​ជា​ពន្លឺ​ដល់​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន​ទៀត ដើម្បី​ឲ្យ​ឯង​បាន​ធ្វើ​ជា​អ្នក​ជួយ​សង្គ្រោះ​របស់​អញ រហូត​ដល់​ចុង​ផែនដី​បំផុត
7 ព្រះ‌យេហូវ៉ា​ជា​ព្រះ​ដ៏​ប្រោស​លោះ​សាសន៍​អ៊ីស្រា‌អែល ហើយ​ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​គេ ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ដល់​អ្នក​នោះ ដែល​មនុស្ស​ទាំង‌ឡាយ​មិន​អើ‌ពើ ដែល​ជា​ទី​ស្អប់​ខ្ពើម​ដល់​សាសន៍​នេះ គឺ​ជា​អ្នក​បម្រើ​របស់​ពួក​អ្នក​ដែល​គ្រប់‌គ្រង​ថា បណ្តា​ក្សត្រ​នឹង​ឃើញ ហើយ​ក្រោក​ឈរ​ឡើង ព្រម​ទាំង​ពួក​ចៅ‌ហ្វាយ​ដែរ គេ​នឹង​ក្រាប​ថ្វាយ‌បង្គំ ដោយ​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​ជា​ព្រះ​ដ៏​ស្មោះ‌ត្រង់ គឺ​ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រា‌អែល ដែល​ទ្រង់​បាន​រើស​ឯង។
8 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ដល់​វេលា​ដែល​គាប់​ចិត្ត​អញ នោះ​អញ​បាន​ឆ្លើយ​ដល់​ឯង ហើយ​នៅ​ថ្ងៃ​សម្រាប់​សង្គ្រោះ នោះ​អញ​បាន​ជួយ​ឯង អញ​នឹង​ទំនុក​បម្រុង​ឯង ហើយ​តាំង​ឯង​ឡើង​ទុក​ជា​សេចក្ដី​សញ្ញា​ដល់​បណ្តា‌ជន ប្រយោជន៍​នឹង​រៀប‌ចំ​ផែនដី​ឡើង ឲ្យ​គេ​បាន​គ្រង​ទី​ដែល​ចោល​ស្ងាត់ ទុក​ជា​មរដក
9 ព្រម​ទាំង​ប្រាប់​ដល់​ពួក​អ្នក​ដែល​ជាប់​ចំណង​ថា ចូរ​ចេញ​ទៅ ហើយ​ដល់​ពួក​អ្នក​ដែល​នៅ​ក្នុង​សេចក្ដី​ងងឹត​ថា ចូរ​សម្ដែង​ខ្លួន​ចេញ​មក​ចុះ គេ​នឹង​មាន​អាហារ​ស៊ី​តាម​ផ្លូវ ហើយ​នៅ​លើ​កំពូល​ត្រងិល​ទាំង​ប៉ុន្មាន នឹង​បាន​ជា​ទី​រក​ស៊ី​ដល់​គេ
10 គេ​នឹង​មិន​ដែល​ស្រេក​ឃ្លាន​ទៀត ឯ​ចំហាយ​ក្តៅ ឬ​ព្រះ‌អាទិត្យ នឹង​មិន​ធ្វើ​ទុក្ខ​គេ ដ្បិត​ព្រះ​ដែល​ផ្តល់​សេចក្ដី​មេត្តា​ដល់​គេ ទ្រង់​នឹង​នាំ​គេ​ទៅ អើ ទ្រង់​នឹង​ដឹក​ដៃ​គេ​នាំ​ទៅ​តាម​ទី​មាន​ក្បាល​ទឹក
11 អញ​នឹង​ធ្វើ​អស់​ទាំង​ភ្នំ​របស់​អញ​ឲ្យ​ជា​ផ្លូវ ឯ​អស់​ទាំង​ថ្នល់​របស់​អញ​នឹង​បាន​លើក​ឡើង
12 មើល ពួក​នេះ​នឹង​មក​ពី​ទី​ចម្ងាយ ហើយ​មើល ពួក​នោះ​នឹង​មក​ពី​ទិស​ខាង​ជើង និង​ពី​ទិស​ខាង​លិច ហើយ​ពួក​១​នេះ​ពី​ស្រុក​ស៊ីនីម
13 ឱ​ផ្ទៃ​មេឃ​អើយ ចូរ​ច្រៀង​ឡើង ឱ​ផែនដី​អើយ ចូរ​ឲ្យ​អរ​សប្បាយ​ចុះ ឱ​ភ្នំ​ទាំង‌ឡាយ​អើយ ចូរ​ធ្លាយ​ចេញ​ជា​បទ​ចម្រៀង ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​កំសាន្ត​ចិត្ត​រាស្ត្រ​ទ្រង់​ហើយ ទ្រង់​នឹង​មាន​ព្រះ‌ហឫទ័យ​អាណិត‌អាសូរ​ដល់​ពួក​របស់​ទ្រង់​ដែល​ត្រូវ​រង​ទុក្ខ​វេទនា​ផង។
14 តែ​ក្រុង​ស៊ីយ៉ូន​បាន​ថា ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បោះ‌បង់​ចោល​ខ្ញុំ​ទេ គឺ​ព្រះ‌អម្ចាស់​ទ្រង់​បាន​ភ្លេច​ខ្ញុំ​ហើយ
15 ចុះ​តើ​ស្ត្រី​នឹង​ភ្លេច​កូន​ដែល​កំពុង​បៅ​ដោះ ឥត​មាន​អាណិត​ដល់​កូន​ដែល​ចេញ​ពី​ផ្ទៃ​ខ្លួន​មក​បាន​ដែរ​ឬ អើ គេ​នឹង​ភ្លេច​បាន ប៉ុន្តែ អញ​មិន​ដែល​ភ្លេច​ឯង​ឡើយ
16 មើល អញ​បាន​ចារឹក​ឯង​ទុក​នៅ​ផ្ទៃ​បាត​ដៃ​របស់​អញ​ហើយ អស់​ទាំង​កំផែង​ឯង​នៅ​ចំពោះ​ភ្នែក​អញ​ជានិច្ច
17 ពួក​កូន​ចៅ​របស់​ឯង​នឹង​ប្រញាប់​ឡើង ពួក​ដែល​បំផ្លាញ​ឯង ហើយ​ពួក​ដែល​រំលាង​ឯង គេ​នឹង​ចេញ​ពី​ឯង​ទៅ
18 ចូរ​ងើប​ភ្នែក​ឡើង​មើល​ជុំវិញ​ចុះ ពួក​ទាំង​នេះ​គេ​មូល​គ្នា​ចូល​មក​ឯ​ឯង ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ អញ​ស្បថ​នឹង​ជីវិត​អញ​ថា ប្រាកដ​ជា​ឯង​នឹង​បាន​ប្រដាប់​កាយ​ដោយ​អ្នក​ទាំង​នោះ ដូច​ជា​ពាក់​គ្រឿង​លំអ ហើយ​ក្រវាត់​ខ្លួន ដោយ​អ្នក​ទាំង​នោះ ដូច​ជា​ប្រពន្ធ​ថ្មោង‌ថ្មី​ដែល​តែង​ខ្លួន​ដែរ
19 ដ្បិត​ឯ​ទី​កន្លែង​ដែល​រំលាង ហើយ​ចោល​ស្ងាត់ និង​ស្រុក​ឯង​ដែល​ត្រូវ​បំផ្លាញ​នោះ ឥឡូវ​នេះ នឹង​បាន​ជា​ទី​ចង្អៀត​ណែន​ដល់​ពួក​អ្នក​ដែល​អាស្រ័យ​នៅ​វិញ ហើយ​ពួក​អ្នក​ដែល​បាន​លេប​ឯង គេ​នឹង​នៅ​ឆ្ងាយ​ពី​ឯង​ហើយ
20 ពួក​កូន​ចៅ​ឯង​ដែល​កើត​ក្នុង​សេចក្ដី​ទុក្ខ​លំបាក​របស់​ឯង គេ​នឹង​និយាយ​ដាក់​ត្រចៀក​ឯង​ថា ទី​នេះ​ចង្អៀត​ដល់​យើង​ខ្ញុំ​ណាស់ សូម​ឲ្យ​មាន​ទី​អាស្រ័យ​នៅ​ផង
21 នោះ​ឯង​នឹង​នឹក​ក្នុង​ចិត្ត​ថា តើ​អ្នក​ណា​បាន​បង្កើត​កូន​ទាំង​នេះ​ឲ្យ​អញ ដ្បិត​អញ​បាន​បាត់​កូន​ចៅ​អញ​អស់​ទៅ ហើយ​អញ​ក៏​នៅ​ឯក​ឯង​ដូច្នេះ គឺ​ជា​អ្នក​ដែល​ត្រូវ​បំបរ‌បង់ ហើយ​ដើរ​រសាត់‌ព្រាត់​ផង តើ​អ្នក​ណា​បាន​ចិញ្ចឹម​កូន​ទាំង​នេះ មើល អញ​បាន​ត្រូវ​ចោល​នៅ​តែ​ឯង ដូច្នេះ តើ​កូន​ទាំង​នេះ​បាន​នៅ​ឯ​ណា។
22 ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា មើល អញ​នឹង​បោយ​ដៃ​ហៅ​អស់​ទាំង​សាសន៍ ហើយ​និង​លើក​ទង់‌ជ័យ​អញ​ឡើង សម្រាប់​ប្រជា‌ជាតិ​ទាំង‌ឡាយ រួច​គេ​នឹង​បី​យក​កូន​ប្រុសៗ​របស់​ឯង​មក ហើយ​និង​បញ្ជិះ​កូន​ស្រីៗ​របស់​ឯង​នៅ​លើ​ស្មា​គេ
23 ពួក​មហា‌ក្សត្រ​នឹង​ធ្វើ​ជា​ឪពុក​ចិញ្ចឹម​ឯង ហើយ​ពួក​អគ្គ‌មហេសី​នឹង​ធ្វើ​ជា​ម្តាយ​បំបៅ​ឯង គេ​នឹង​ក្រាប​ផ្កាប់​មុខ​ដល់​ដី​នៅ​មុខ​ឯង ហើយ​និង​លិទ្ធ​ធូលី​ដី​ដែល​ជាប់​ជើង​ឯង នោះ​ឯង​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា ហើយ​អស់​អ្នក​ដែល​សង្ឃឹម​ដល់​អញ​នឹង​មិន​ត្រូវ​ខ្មាស​ឡើយ។
24 តើ​នឹង​ឆក់​យក​របឹប​ពី​អ្នក​ខ្លាំង​ពូកែ ឬ​ដោះ​ពួក​ឈ្លើយ​ដែល​ចាប់​មក​តាម​ច្បាប់​ចេញ​បាន​ឬ​ទេ
25 តែ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ទោះ​ទាំង​ពួក​ឈ្លើយ​របស់​មនុស្ស​ខ្លាំង​ពូកែ​ក៏​នឹង​ត្រូវ​ឆក់​យក​ទៅ ហើយ​របឹប​របស់​ពួក​គួរ​ស្ញែង‌ខ្លាច​នឹង​បាន​ដោះ​ចេញ​ផង ដ្បិត​អញ​នឹង​ត​តាំង​ចំពោះ​អ្នក​ដែល​ត​តាំង​នឹង​ឯង ហើយ​អញ​នឹង​ជួយ​សង្គ្រោះ​កូន​ចៅ​ឯង​ដែរ
26 អញ​នឹង​ធ្វើ​ឲ្យ​ពួក​អ្នក​ដែល​សង្កត់‌សង្កិន​ឯង​ត្រូវ​ស៊ី​សាច់​របស់​ខ្លួន​គេ​វិញ ហើយ​គេ​នឹង​ត្រូវ​ស្រវឹង​ដោយ​ឈាម​របស់​ខ្លួន ដូច​ជា​ស្រវឹង​ដោយ​ស្រា​ទំពាំង‌បាយ‌ជូរ​ថ្មី នោះ​គ្រប់​ទាំង​មនុស្ស​នឹង​ដឹង​ថា អញ​នេះ គឺ​យេហូវ៉ា ជា​ព្រះ‌អង្គ​សង្គ្រោះ​នៃ​ឯង ហើយ​ជា​ព្រះ​ដ៏​ប្រោស​លោះ​ឯង គឺ​ជា​ព្រះ​ដ៏​មាន​ឥទ្ធិ‌ឫទ្ធិ​នៃ​យ៉ាកុប។


ជំពូក 50

1 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា សំបុត្រ​លះ‌លែង​ដែល​អញ​ឲ្យ​ដល់​ម្តាយ​ឯង ដើម្បី​បណ្តេញ​ចេញ​នោះ​តើ​នៅ​ឯ​ណា ឬ​តើ​អញ​បាន​លក់​ឯង​ដល់​ម្ចាស់​បំណុល​របស់​អញ​ណា​មួយ មើល ដែល​ឯង​ត្រូវ​លក់​ទៅ​នោះ ក៏​ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​ឯង​ទេ ហើយ​ដែល​ម្តាយ​ឯង​ត្រូវ​បណ្តេញ​នោះ ក៏​ដោយ​ព្រោះ​អំពើ​រំលង​របស់​ឯង​រាល់​គ្នា​ដែរ
2 ដូច្នេះ កាល​អញ​បាន​មក​ដល់ ហេតុ​អ្វី​បាន​ជា​គ្មាន​អ្នក​ណា​មួយ​សោះ កាល​អញ​បាន​ហៅ​នោះ ហេតុ​អ្វី​បាន​ជា​គ្មាន​អ្នក​ណា​ឆ្លើយ​តប តើ​ដៃ​អញ​បាន​រួញ​ខ្លី​នឹង​ជួយ​លោះ​ឯង​មិន​បាន​ឬ តើ​អញ​គ្មាន​អំណាច​នឹង​ដោះ​ឲ្យ​រួច​ទេ​ឬ​អី មើល កាល​ណា​អញ​ស្តី​ឲ្យ នោះ​សមុទ្រ​ក៏​រីង​ស្ងួត​ទៅ ហើយ​ទន្លេ​ក៏​ទៅ​ជា​ទី​ហួត‌ហែង ឯ​ត្រី​ក៏​ធុំ​ស្អុយ ដោយ​គ្មាន​ទឹក ហើយ​និង​ស្លាប់​ទៅ​ដោយ​ស្រេក​ដែរ
3 អញ​បំពាក់​ផ្ទៃ​មេឃ​ដោយ​ពពក​ខ្មៅ ហើយ​ក៏​ដណ្តប់​ទៅ​ដោយ​សំពត់​ធ្មៃ​ផង។
4 ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​បាន​ប្រទាន​ឲ្យ​ខ្ញុំ​មាន​វោហារ ដូច​ជា​អ្នក​ដែល​បាន​រៀន‌សូត្រ​ហើយ ដើម្បី​ឲ្យ​ខ្ញុំ​បាន​ចេះ​ប្រើ​ពាក្យ​សំដី និង​ជ្រោង​មនុស្ស​គ្រាក‌ចិត្ត​ឡើង ទ្រង់​ដាស់​ខ្ញុំ​រាល់​តែ​ព្រឹក គឺ​ទ្រង់​ដាស់​ត្រចៀក​ខ្ញុំ ដើម្បី​ឲ្យ​ខ្ញុំ​ស្តាប់ ដូច​ជា​អ្នក​ដែល​កំពុង​តែ​រៀន‌សូត្រ
5 ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​បាន​បើក​ត្រចៀក​ខ្ញុំ​ហើយ ខ្ញុំ​មិន​បាន​រឹង‌ចចេស ឬ​បែរ​ក្រោយ​ឡើយ
6 ខ្ញុំ​បាន​ប្រគល់​ខ្នង​ទៅ​ឲ្យ​ពួក​អ្នក​ដែល​វាយ ហើយ​ថ្ពាល់​ខ្ញុំ​ទៅ​ឲ្យ​ពួក​ដែល​បោច​ពុក‌ចង្កា ខ្ញុំ​មិន​បាន​គេច​មុខ​ពី​សេចក្ដី​អាម៉ាស់​ខ្មាស ឬ​ពី​ការ​ស្តោះ​ទឹក​មាត់​ទេ
7 ពី​ព្រោះ​ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​នឹង​ជួយ​ខ្ញុំ ហេតុ​នោះ​បាន​ជា​ខ្ញុំ​មិន​ត្រូវ​ជ្រប់​មុខ ហើយ​ដោយ​ហេតុ​នោះ​ខ្ញុំ​បាន​កាត់​ចិត្ត​ឲ្យ​រឹង​ដូច​ថ្ម​ដែក​ភ្លើង​ហើយ ខ្ញុំ​ដឹង​ថា ខ្ញុំ​មិន​ត្រូវ​ខ្មាស​ឡើយ
8 ព្រះ​ដែល​តាំង​ខ្ញុំ​ជា​សុចរិត ទ្រង់​គង់​នៅ​ជិត តើ​អ្នក​ណា​នឹង​តវ៉ា​ចំពោះ​ខ្ញុំ​ទៀត ចូរ​យើង​ឈរ​ឡើង​ជា​មួយ​គ្នា តើ​អ្នក​ណា​ដែល​ជា​ទំនាស់​នឹង​ខ្ញុំ ត្រូវ​ឲ្យ​អ្នក​នោះ​ចូល​មក​ជិត​ខ្ញុំ​ចុះ
9 មើល ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​នឹង​ជួយ​ខ្ញុំ តើ​អ្នក​ណា​នឹង​ពោល​ទោស​ខ្ញុំ​បាន មើល គេ​នឹង​ចាស់​ទៅ​ទាំង​អស់​គ្នា ដូច​ជា​សម្លៀក‌បំពាក់ ហើយ​កន្លាត​នឹង​កាត់​គេ​អស់​ទៅ។
10 ក្នុង​ពួក​ឯង​រាល់​គ្នា តើ​មាន​អ្នក​ណា​ដែល​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា ដែល​ស្តាប់​តាម​សំឡេង​របស់​អ្នក​បម្រើ​ទ្រង់ ឯ​អ្នក​ដែល​ដើរ​ក្នុង​សេចក្ដី​ងងឹត ឥត​មាន​ពន្លឺ​សោះ ត្រូវ​ឲ្យ​អ្នក​នោះ​ទុក​ចិត្ត​ដល់​ព្រះ‌នាម​នៃ​ព្រះ‌យេហូវ៉ា ហើយ​ផ្អែក​ទៅ​លើ​ព្រះ​នៃ​ខ្លួន​ចុះ
11 នែ អស់​អ្នក​ដែល​បង្កាត់​ភ្លើង ជា​អ្នក​ដែល​ក្រវាត់​ខ្លួន​ដោយ​កន្ទុយ​ឧស​អើយ ចូរ​ឲ្យ​ឯង​រាល់​គ្នា​ដើរ​ក្នុង​អណ្តាត​ភ្លើង​របស់​ឯង ហើយ​កណ្តាល​កន្ទុយ​ឧស​ដែល​ឯង​បាន​បង្កាត់​នោះ​ចុះ ឯង​នឹង​បាន​តែ​ប៉ុណ្ណោះ​ពី​ដៃ​អញ ហើយ​ឯង​រាល់​គ្នា​នឹង​ត្រូវ​ដេក​ទៅ​ដោយ​ទុក្ខ​វេទនា។


ជំពូក 51

1 ឱ​ឯង​រាល់​គ្នា​ដែល​ខំ​ដេញ​តាម​សេចក្ដី​សុចរិត ហើយ​ស្វែង​រក​ព្រះ‌យេហូវ៉ា​អើយ ចូរ​ស្តាប់​តាម​អញ​ចុះ ចូរ​មើល​ចំ​ទៅ​ឯ​ថ្មដា ជា​ទី​ដែល​បាន​ដាប់​ឯង​រាល់​គ្នា​ចេញ​មក ហើយ​ទៅ​ឯ​រំលុង គឺ​ជា​រណ្តៅ​ដែល​ជា​កន្លែង​បាន​ជីក​យក​ឯង​ឡើង​មក​នោះ
2 ចូរ​មើល​ទៅ​ឯ​អ័ប្រា‌ហាំ ជា​អយ្យកោ​ឯង ហើយ​ទៅ​ឯ​សារ៉ា​ដែល​បង្កើត​ឯង​មក ដ្បិត​កាល​អ័ប្រា‌ហាំ​នៅ​តែ​ម្នាក់​ឯង នោះ​អញ​បាន​ហៅ​មក ក៏​បាន​ឲ្យ​ពរ​ផង ហើយ​បាន​ចម្រើន​ឲ្យ​មាន​គ្នា​ជា​ច្រើន​វិញ
3 ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​កំសាន្ត​ចិត្ត​ក្រុង​ស៊ីយ៉ូន ទ្រង់​បាន​ដោះ​ទុក្ខ​អស់​ទាំង​កន្លែង​ខូច​បង់​របស់​គេ ក៏​បាន​ធ្វើ​ឲ្យ​ទី​ស្ងាត់​ឈឹង​បាន​ដូច​ជា​ច្បារ​អេដែន ហើយ​ឲ្យ​វាល​ព្រៃ​នោះ​ត្រឡប់​ដូច​ជា​សួន​របស់​ព្រះ‌យេហូវ៉ា​ដែរ នឹង​មាន​សេចក្ដី​អំណរ និង​សេចក្ដី​រីក‌រាយ​នៅ​ក្នុង​ទី​ក្រុង​នោះ ព្រម​ទាំង​ការ​អរ​ព្រះ‌គុណ និង​សំឡេង​ពីរំ‌ពីរោះ​ផង។
4 ឱ​រាស្ត្រ​អញ​អើយ ចូរ​ប្រុង​ស្តាប់​តាម​អញ ឱ​សាសន៍​របស់​អញ​អើយ ចូរ​ផ្ទៀង​ត្រចៀក​ចំពោះ​អញ​ចុះ ដ្បិត​នឹង​មាន​ច្បាប់​១​ចេញ​ពី​អញ​ទៅ ហើយ​អញ​នឹង​តាំង​សេចក្ដី​យុត្តិ‌ធម៌​របស់​អញ ទុក​ជា​ពន្លឺ​ដល់​អស់​ទាំង​សាសន៍
5 ឯ​សេចក្ដី​សុចរិត​របស់​អញ​បាន​មក​ជិត សេចក្ដី​សង្គ្រោះ​របស់​អញ​បាន​ផ្សាយ​ចេញ​ទៅ​ហើយ ដើម​ដៃ​អញ​នឹង​ជំនុំ‌ជម្រះ​អស់​ទាំង​សាសន៍ ឯ​បណ្តា​កោះ​ទាំង​ប៉ុន្មាន គេ​នឹង​សង្ឃឹម​ដល់​អញ ហើយ​និង​ទុក​ចិត្ត​នឹង​ដៃ​អញ​ដែរ
6 ចូរ​ងើយ​ភ្នែក​មើល​ទៅ​លើ​មេឃ ហើយ​មើល​ចុះ​មក​ផែនដី​ខាង​ក្រោម​នេះ​ទៀត ដ្បិត​ផ្ទៃ​មេឃ​នឹង​សូន្យ​បាត់​ទៅ​ដូច​ជា​ផ្សែង ហើយ​ផែនដី​នឹង​ចាស់​ទៅ​ដូច​ជា​សម្លៀក‌បំពាក់ ឯ​ពួក​អ្នក​ដែល​នៅ​ស្ថាន​នេះ នឹង​ស្លាប់​ទៅ​បែប​ដូច្នោះ​ដែរ តែ​សេចក្ដី​សង្គ្រោះ​របស់​អញ​នឹង​នៅ​ជា​ដរាប ហើយ​សេចក្ដី​សុចរិត​របស់​អញ​នឹង​មិន​ត្រូវ​លើក​ចោល​ឡើយ។
7 ឯង​រាល់​គ្នា​ដែល​ស្គាល់​សេចក្ដី​សុចរិត ជា​សាសន៍​ដែល​មាន​ច្បាប់​របស់​អញ​នៅ​ក្នុង​ចិត្ត​អើយ ចូរ​ស្តាប់​តាម​អញ​ចុះ កុំ​ឲ្យ​ខ្លាច​សេចក្ដី​ត្មះ‌តិះដៀល​របស់​មនុស្ស​ឡើយ ក៏​កុំ​ឲ្យ​ស្រយុត​ចិត្ត​ដោយ​ពាក្យ​បង្កាច់​របស់​គេ​ដែរ
8 ពី​ព្រោះ​កន្លាត​នឹង​កាត់​ស៊ី​គេ ដូច​ជា​កាត់​អាវ ហើយ​ដង្កូវ​នឹង​ចុះ​គេ ដូច​ជា​ចុះ​សំពត់​រោម​ចៀម តែ​សេចក្ដី​សុចរិត​របស់​អញ​នឹង​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប ហើយ​សេចក្ដី​សង្គ្រោះ​ផង ដរាប​ដល់​អស់​ទាំង​ដំណ​មនុស្ស​ត​ទៅ។
9 ឱ​ព្រះ‌ពាហុ​នៃ​ព្រះ‌យេហូវ៉ា​អើយ សូម​តើន​ឡើង សូម​តើន​ឡើង ហើយ​ពាក់​ជា​ឥទ្ធិ‌ឫទ្ធិ សូម​តើន​ឡើង ដូច​ជា​កាល​ពី​ចាស់​បុរាណ ក្នុង​គ្រា​ដំណ​មនុស្ស​ពី​ដើម តើ​មិន​មែន​ទ្រង់​ដែល​កាត់​រ៉ាហាប​ខ្ទេច‌ខ្ទី ដែល​ចាក់​ទម្លុះ​សត្វ​សម្បើម​នោះ​ទេ​ឬ​អី
10 តើ​មិន​មែន​ទ្រង់​ទេ​ឬ​អី ដែល​ពង្រីង​ទឹក​សមុទ្រ គឺ​ជា​ទឹក​នៃ​ទី​ជម្រៅ​ធំ ហើយ​បាន​ធ្វើ​ឲ្យ​បាត​សមុទ្រ​ត្រឡប់​ជា​ផ្លូវ សម្រាប់​ឲ្យ​ពួក​មនុស្ស​ដែល​ប្រោស​លោះ​បាន​ដើរ​ឆ្លង​ទៅ
11 ឯ​ពួក​អ្នក​ប្រោស​លោះ​របស់​ព្រះ‌យេហូវ៉ា គេ​នឹង​វិល​មក​វិញ ហើយ​មក​ដល់​ក្រុង​ស៊ីយ៉ូន​ដោយ​ច្រៀង​ចម្រៀង គេ​នឹង​មាន​សេចក្ដី​អំណរ​ដ៏​នៅ​អស់​កល្ប‌ជានិច្ច​ពាក់​លើ​ក្បាល គេ​នឹង​ទទួល​បាន​សេចក្ដី​រីក‌រាយ និង​សេចក្ដី​អំណរ ឯ​សេចក្ដី​ទុក្ខ​ព្រួយ និង​ដំងូរ នោះ​នឹង​ខ្ចាត់​បាត់​ទៅ។
12 អញ គឺ​អញ​នេះ​ហើយ ជា​អ្នក​ដែល​កំសាន្ត​ចិត្ត​ឯង​រាល់​គ្នា តើ​ឯង​ជា​អ្វី បាន​ជា​ឯង​ខ្លាច​ចំពោះ​មនុស្ស​ដែល​ត្រូវ​តែ​ស្លាប់ ហើយ​ចំពោះ​ពួក​អ្នក​ដែល​កើត​ពី​មនុស្ស​មក​ដូច្នេះ ដែល​គេ​នឹង​ត្រូវ​ក្រៀម​ទៅ​ដូច​ជា​ស្មៅ​នោះ
13 ឯង​បាន​ទាំង​ភ្លេច​ព្រះ‌យេហូវ៉ា​ជា​ព្រះ​ដែល​បង្កើត​ឯង​មក ដែល​ទ្រង់​បាន​លាត​ផ្ទៃ​មេឃ ក៏​ដាក់​ឫស​ផែនដី​ផង ហើយ​រាល់​តែ​ថ្ងៃ​ឯង​មាន​សេចក្ដី​ភ័យ​វិញ ដោយ​ខ្លាច​ចំពោះ​សេចក្ដី​ក្រោធ​របស់​អ្នក​ដែល​សង្កត់‌សង្កិន ហាក់​ដូច​ជា​គេ​រៀប​នឹង​បំផ្លាញ​ឯង​បង់ តែ​សេចក្ដី​ក្រោធ​របស់​គេ​នោះ​តើ​នៅ​ឯ​ណា
14 បន្តិច​ទៀត ពួក​អ្នក​ដែល​ជាប់​ជា​ឈ្លើយ​នឹង​បាន​រួច​ចេញ​ពី​ចំណង​គេ​ជា​យ៉ាង​ឆាប់ គេ​នឹង​មិន​ត្រូវ​ស្លាប់ ចុះ​ទៅ​ក្នុង​រណ្តៅ​ឡើយ ក៏​មិន​ខ្វះ‌ខាត​អាហារ​ដែរ
15 ដ្បិត​អញ ជា​យេហូវ៉ា គឺ​ជា​ព្រះ​នៃ​ឯង ជា​ព្រះ​ដែល​បង្ក្រាប​សមុទ្រ​ក្នុង​កាល​ដែល​រលក​កម្រើក​ឡើង​ឮ​សន្ធឹក នាម​អញ គឺ​យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ
16 អញ​បាន​ដាក់​ពាក្យ‌ពេចន៍​របស់​អញ​នៅ​ក្នុង​មាត់​ឯង ហើយ​បាន​គ្រប​បាំង​ឯង​ដោយ​ស្រមោល​នៃ​ដៃ​អញ ដើម្បី​ឲ្យ​អញ​បាន​រៀប‌ចំ​ផ្ទៃ​មេឃ ហើយ​ដាក់​ឫស​ផែនដី រួច​និយាយ​ដល់​ពួក​ក្រុង​ស៊ីយ៉ូន​ថា ឯង​ជា​រាស្ត្រ​របស់​អញ។
17 ឱ​ក្រុង​យេរូ‌សាឡឹម​ដែល​ព្រះ‌យេហូវ៉ា​បាន​ឲ្យ​ផឹក​ពី​ពែង​នៃ​សេចក្ដី​ក្រោធ​របស់​ទ្រង់​អើយ ចូរ​ភ្ញាក់​ឡើង ចូរ​ភ្ញាក់​ឈរ​ឡើង​ចុះ ឯង​បាន​ផឹក​ស្រូប​ទាំង​កាក​ក្នុង​ពែង ជា​សេចក្ដី​ទ្រេត‌ទ្រោត​អស់​រលីង​ហើយ
18 ក្នុង​ពួក​កូន​ប្រុសៗ​ដែល​កើត​ចេញ​ពី​ទី​ក្រុង​នោះ​មក គ្មាន​ណា​មួយ​សម្រាប់​ដឹក‌នាំ​មុខ​គេ​ឡើយ ហើយ​ក្នុង​ពួក​កូន​ប្រុសៗ​ដែល​ទីក្រុង​នោះ​បាន​ចិញ្ចឹម ក៏​គ្មាន​ណា​មួយ​ចាប់​ដៃ​ដឹក​ទៅ​ដែរ
19 សេចក្ដី​ទាំង​២​មុខ​នេះ បាន​ធ្លាក់​មក​លើ​ឯង​ហើយ គឺ​សេចក្ដី​រឹប‌ជាន់ និង​សេចក្ដី​បំផ្លាញ តើ​អ្នក​ឯ​ណា​នឹង​សោក​ស្តាយ​នឹង​ឯង ក៏​មាន​សេចក្ដី​អំណត់ និង​ដាវ​ផង ធ្វើ​ដូច​ម្តេច​ឲ្យ​អញ​កំសាន្ត​ចិត្ត​ឯង​បាន
20 ពួក​កូន​ប្រុស​ឯង​បាន​សន្លប់​ទៅ​ហើយ គេ​ដេក​តាម​ក្បាល​អស់​ទាំង​ផ្លូវ ដូច​ជា​ប្រើស​ដែល​ជាប់​បង្កាត់ គេ​មាន​ពេញ​ដោយ​សេចក្ដី​ក្រោធ​របស់​ព្រះ‌យេហូវ៉ា គឺ​ជា​សេចក្ដី​បន្ទោស​របស់​ព្រះ​នៃ​ឯង។
21 ដូច្នេះ ឯង​ដែល​ត្រូវ​រង​ទុក្ខ​វេទនា ហើយ​ក៏​ស្រវឹង តែ​មិន​មែន​ដោយ​ស្រា​ទំពាំង‌បាយ‌ជូរ​ទេ ចូរ​ស្តាប់​សេចក្ដី​នេះ​ឥឡូវ
22 ព្រះ‌អម្ចាស់​នៃ​ឯង គឺ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​ដែល​កាន់​ក្តី​ជំនួស​រាស្ត្រ​ទ្រង់ ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា មើល អញ​បាន​ដក​យក​ពែង​ដែល​នាំ​ឲ្យ​ទ្រេត‌ទ្រោត គឺ​ជា​កាក​នៅ​ក្នុង​ពែង​នៃ​សេចក្ដី​ក្រោធ​របស់​អញ ចេញ​ពី​ដៃ​ឯង​ហើយ ឯង​នឹង​មិន​ត្រូវ​ផឹក​ទៀត​ឡើយ
23 អញ​នឹង​ដាក់​ពែង​នោះ​ទៅ​ក្នុង​ដៃ​របស់​ពួក​អ្នក​ដែល​ធ្វើ​ទុក្ខ​ឯង​វិញ ជា​ពួក​អ្នក​ដែល​បាន​និយាយ​ទៅ​ព្រលឹង​ឯង​ថា ចូរ​ឱន​ចុះ ដើម្បី​ឲ្យ​យើង​បាន​ដើរ​លើ ហើយ​ឯង​បាន​ដេក​ទៅ ឲ្យ​ខ្នង​ឯង​បាន​រាប​ដូច​ជា​ដី សម្រាប់​ជា​ថ្នល់​ឲ្យ​គេ​ដើរ​លើ។


ជំពូក 52

1 ចូរ​ភ្ញាក់​ឡើង ចូរ​ភ្ញាក់​ឡើង ឱ​ក្រុង​ស៊ីយ៉ូន​អើយ ចូរ​ពាក់​កម្លាំង​របស់​ឯង ឱ​យេរូ‌សាឡឹម​ជា​ទី​ក្រុង​បរិសុទ្ធ​អើយ ចូរ​ប្រដាប់​ដោយ​សម្លៀក‌បំពាក់​ដ៏​រុងរឿង​របស់​ឯង​ចុះ ដ្បិត​ពី​នេះ​ទៅ​មុខ​នឹង​គ្មាន​ពួក​មិន​កាត់​ស្បែក ឬ​ពួក​ស្មោក‌គ្រោក​ចូល​មក​ក្នុង​ឯង​ទៀត​ឡើយ
2 ឱ​ក្រុង​យេរូ‌សាឡឹម​អើយ ចូរ​រលាស់​ធូលី​ដី​ពី​ឯង​ចេញ ហើយ​ក្រោក​អង្គុយ​ឡើង ឱ​កូន​ស្រី​នៃ​ក្រុង​ស៊ីយ៉ូន​ដែល​ជា​ឈ្លើយ​អើយ ចូរ​ដោះ​ចំណង​ពី​ក​ឯង​ចេញ។
3 ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ឯង​រាល់​គ្នា​បាន​ត្រូវ​លក់​ខ្លួន​ឥត​យក​ថ្លៃ ហើយ​និង​បាន​លោះ​មក​វិញ​ឥត​បង់​ប្រាក់​ដែរ
4 ដ្បិត​ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ កាល​ដើម​ដំបូង​រាស្ត្រ​អញ​បាន​ចុះ​ទៅ​ឯ​ស្រុក​អេស៊ីព្ទ ដើម្បី​អាស្រ័យ​នៅ ហើយ​ពួក​សាសន៍​អាសស៊ើរ​បាន​សង្កត់‌សង្កិន​គេ​ដោយ​ឥត​ហេតុ
5 ដូច្នេះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា តើ​អញ​ធ្វើ​អ្វី​នៅ​ទី​នេះ​ឥឡូវ ដែល​ឃើញ​ថា រាស្ត្រ​អញ​បាន​ត្រូវ​យក​ចេញ​ទៅ​ដោយ​ឥត​ថ្លៃ​ដូច្នេះ ឯ​ពួក​អ្នក​ដែល​ឃុំ​គ្រង​លើ​គេ​ក៏​ស្រែក​គំហក ហើយ​រាល់​តែ​ថ្ងៃ នាម​អញ​ត្រូវ​ប្រមាថ​ជានិច្ច នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា
6 ហេតុ​នោះ រាស្ត្រ​អញ​នឹង​ស្គាល់​នាម​អញ ហេតុ​នោះ គេ​នឹង​ដឹង​ក្នុង​ថ្ងៃ​នោះ​ថា គឺ​អញ​នេះ​ហើយ ដែល​ចេញ​វាចា មើល គឺ​អញ​នេះ​ហើយ។
7 អើ ល្អ​ណាស់​ហ្ន៎ គឺ​ជើង​នៃ​អ្នក​នោះ​ដែល​ដើរ​លើ​ភ្នំ ជា​អ្នក​ដែល​នាំ​ដំណឹង​ល្អ​មក ហើយ​ប្រកាស​ប្រាប់​ពី​សេចក្ដី​មេត្រី ជា​អ្នក​ដែល​នាំ​ដំណឹង​ល្អ​ពី​ការ​ប្រសើរ​មក ហើយ​ថ្លែង​ប្រាប់​ពី​សេចក្ដី​សង្គ្រោះ គឺ​ជា​អ្នក​ដែល​ពោល​ដល់​ក្រុង​ស៊ីយ៉ូន​ថា ព្រះ​នៃ​ឯង​ទ្រង់​សោយ‌រាជ្យ
8 មាន​ឮ​សំឡេង​ពួក​ចាំ​យាម​របស់​ឯង គេ​បន្លឺ​ឡើង​ច្រៀង​ជា​មួយ​គ្នា ដ្បិត​គេ​នឹង​ឃើញ​ដោយ​ភ្នែក​របស់​ខ្លួន​គេ ក្នុង​កាល​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​យាង​មក​ឯ​ក្រុង​ស៊ីយ៉ូន​វិញ
9 អស់​ទាំង​ទី​ខូច​បង់​នៃ​ក្រុង​យេរូ‌សាឡឹម​អើយ ចូរ​ធ្លាយ​ចេញ​ដោយ​សេចក្ដី​អំណរ ចូរ​ច្រៀង​ជា​មួយ​គ្នា​ចុះ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​កំសាន្ត​ទុក្ខ​របស់​រាស្ត្រ​ទ្រង់ ក៏​បាន​ប្រោស​លោះ​ក្រុង​យេរូ‌សាឡឹម​ហើយ
10 ព្រះ‌យេហូវ៉ា​ទ្រង់​បាន​លាត់​ព្រះ‌ពាហុ​បរិសុទ្ធ​របស់​ទ្រង់ នៅ​ភ្នែក​នៃ​គ្រប់​ទាំង​សាសន៍ ហើយ​អស់​ទាំង​ចុង​ផែនដី បាន​ឃើញ​សេចក្ដី​សង្គ្រោះ​របស់​ព្រះ​នៃ​យើង​រាល់​គ្នា។
11 ចូរ​ចេញ​ទៅ ចូរ​ចេញ​ទៅ ចូរ​ឲ្យ​ឯង​រាល់​គ្នា​ចេញ​ពី​ទី​នេះ​ទៅ​ចុះ កុំ​ឲ្យ​ពាល់​របស់​អ្វី​ដែល​មិន​ស្អាត​ឡើយ ចូរ​ចេញ​ពី​កណ្តាល​ទី​ក្រុង​នេះ​ទៅ ឱ​ពួក​អ្នក​ដែល​លើក​យក​គ្រឿង​នៃ​ព្រះ‌យេហូវ៉ា​អើយ ចូរ​ញែក​ខ្លួន​ចេញ​ជា​ស្អាត​ចុះ
12 ដ្បិត​ឯង​រាល់​គ្នា​នឹង​មិន​ចេញ​ទៅ​ដោយ​រួស‌រាន់​ទេ ក៏​មិន​ត្រូវ​រត់​ចេញ​ឲ្យ​រួច​ខ្លួន​ដែរ ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​យាង​នាំ​មុខ​ឯង ហើយ​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​ទ្រង់​នឹង​ការ‌ពារ​នៅ​ខាង​ក្រោយ​ឯង​ផង។
13 មើល អ្នក​បម្រើ​របស់​អញ​នឹង​ប្រព្រឹត្ត​ដោយ​ប្រយ័ត‌ប្រយែង ទ្រង់​នឹង​បាន​តម្កើង​ឡើង គេ​នឹង​លើក​ទ្រង់​ឡើង​ឲ្យ​គង់​នៅ​ទី​ខ្ពស់​ណាស់
14 មាន​មនុស្ស​ជា​ច្រើន​ប៉ុណ្ណា​បាន​ត្រូវ​ស្រឡាំង‌កាំង​ដោយ​ឃើញ​ទ្រង់ (ដ្បិត​ព្រះ‌‌ភ័ក្ត្រ​ទ្រង់​ត្រូវ​ខូច​ទៅ​ខុស​ជាង​ធម្មតា​មនុស្ស ហើយ​រាង​កាយ​ទ្រង់​ក៏​ខុស​នឹង​រាង​កាយ​របស់​មនុស្ស​ជាតិ​ទាំង​ពួង​ផង)
15 នោះ​ទ្រង់​នឹង​ប្រោស​លើ​សាសន៍​ជា​ច្រើន​ប៉ុណ្ណោះ​ដែរ ពួក​មហា‌ក្សត្រ​នឹង​បិទ​មាត់​នៅ​ចំពោះ​ទ្រង់ ដ្បិត​គេ​នឹង​ឃើញ​ការ​ដែល​ឥត​មាន​អ្នក​ណា​ប្រាប់​ដល់​គេ​ឡើយ ហើយ​សេចក្ដី​ដែល​គេ​មិន​បាន​ឮ​ថ្លែង​ប្រាប់​មក​សោះ នោះ​គេ​នឹង​បាន​យល់​ច្បាស់​វិញ។


ជំពូក 53

1 តើ​មាន​អ្នក​ណា​បាន​ជឿ​ដំណឹង ដែល​យើង​ប្រាប់ ហើយ​ព្រះ‌ពាហុ​នៃ​ព្រះ‌យេហូវ៉ា​បាន​សម្ដែង​ចេញ​ឲ្យ​អ្នក​ណា​ឃើញ
2 ដ្បិត​ទ្រង់​បាន​ចម្រើន​ធំ​ឡើង​នៅ​ចំពោះ​ព្រះ‌អង្គ ដូច​ជា​លំពង់​ទន់​ខ្ចី ហើយ​ដូច​ជា​ឫស​ដែល​ពន្លក​ចេញ​ពី​ដី​ហួត‌ហែង ទ្រង់​ឥត​មាន​ទ្រង់‌ទ្រាយ​ល្អ ឬ​សណ្ឋាន​រុងរឿង​ទេ ហើយ​កាល​យើង​បាន​មើល​ទ្រង់ នោះ​ក៏​គ្មាន​ភាព​លំអ​ណា​ដែល​ឲ្យ​យើង​រីក‌រាយ​ចិត្ត​ដែរ
3 ទ្រង់​ត្រូវ​គេ​មើល‌ងាយ ហើយ​ត្រូវ​មនុស្ស​បោះ‌បង់​ចោល ទ្រង់​ជា​មនុស្ស​ទូទុក្ខ ហើយ​ក៏​ធ្លាប់​ស្គាល់​សេចក្ដី​ឈឺ​ចាប់ ទ្រង់​ត្រូវ​គេ​មើល‌ងាយ ដូច​ជា​អ្នក​ណា​ដែល​មនុស្ស​គេច​មុខ​ចេញ ហើយ​យើង​រាល់​គ្នា​មិន​បាន​រាប់‌អាន​ទ្រង់​សោះ។
4 ទ្រង់​បាន​ទ្រាំ‌ទ្រ រង​អស់​ទាំង​សេចក្ដី​ឈឺ​ចាប់​របស់​យើង ហើយ​បាន​ទទួល​ផ្ទុក​អស់​ទាំង​សេចក្ដី​ទុក្ខ​ព្រួយ​របស់​យើង​ជា​ពិត ប៉ុន្តែ យើង​រាល់​គ្នា​បាន​រាប់​ទ្រង់​ទុក​ជា​អ្នក​មាន​ទោស​វិញ គឺ​ជា​អ្នក​ដែល​ព្រះ​បាន​វាយ ជា​អ្នក​ដែល​រង​វេទនា
5 តែ​ទ្រង់​ត្រូវ​របួស ដោយ​ព្រោះ​អំពើ​រំលង​របស់​យើង ក៏​ត្រូវ​វាយ​ជាំ ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​យើង​ទេ ឯ​ការ​វាយ‌ផ្ចាល​ដែល​នាំ​ឲ្យ​យើង​បាន​ជា​មេត្រី នោះ​បាន​ធ្លាក់​ទៅ​លើ​ទ្រង់ ហើយ​យើង​រាល់​គ្នា​បាន​ប្រោស​ឲ្យ​ជា ដោយ‌សារ​ស្នាម​រំពាត់​នៅ​អង្គ​ទ្រង់
6 យើង​ទាំង​អស់​គ្នា​បាន​ទាស​ចេញ​ដូច​ជា​ចៀម គឺ​យើង​បាន​បែរ​ចេញ​ទៅ​តាម​ផ្លូវ​យើង​រៀង​ខ្លួន ហើយ​ព្រះ‌យេហូវ៉ា​បាន​ទម្លាក់​អំពើ​ទុច្ចរិត​របស់​យើង​ទាំង​អស់​គ្នា​ទៅ​លើ​ទ្រង់។
7 ទ្រង់​ត្រូវ​គេ​សង្កត់‌សង្កិន ហើយ​ធ្វើ​ទុក្ខ តែ​ទ្រង់​មិន​បាន​ហើប​ព្រះ‌ឱស្ឋ​សោះ គឺ​ដូច​ជា​កូន​ចៀម​ដែល​គេ​ដឹក​ទៅ​សម្លាប់ ហើយ​ដូច​ជា​ចៀម​ដែល​គ​នៅ​ចំពោះ​ពួក​អ្នក​កាត់​រោម​យ៉ាង​ណា ទ្រង់​ក៏​មិន​បាន​ហើប​ព្រះ‌ឱស្ឋ​សោះ​យ៉ាង​នោះ​ដែរ
8 ទ្រង់​ត្រូវ​ដក​ចេញ​ពី​អំណាច​ការ‌ពារ ហើយ​ពី​សេចក្ដី​យុត្តិ‌ធម៌ ឯ​សម័យ​ជំនាន់​ទ្រង់ តើ​មាន​អ្នក​ណា​រំពឹង​គិត​ឃើញ​ថា ទ្រង់​បាន​ត្រូវ​កាត់​ចេញ​ពី​ស្ថាន​របស់​មនុស្ស​រស់​នេះ ហើយ​ត្រូវ​វាយ ដោយ​ព្រោះ​អំពើ​រំលង​របស់​សាសន៍​ខ្ញុំ​នោះ
9 ហើយ​ក្នុង​កាល​ដែល​ទ្រង់​សុគត នោះ​គេ​ក៏​បញ្ចុះ​សព​ទ្រង់​នៅ​ជា​មួយ​នឹង​ពួក​អាក្រក់ ហើយ​នៅ​ក្នុង​ផ្នូរ​របស់​អ្នក​មាន​ម្នាក់ ទោះ​បើ​ទ្រង់​មិន​ដែល​ធ្វើ​អំពើ​ទុច្ចរិត​ណា​មួយ​ក៏​ដោយ ក៏​មិន​ដែល​មាន​ការ​បញ្ឆោត​នៅ​ក្នុង​ព្រះ‌ឱស្ឋ​ទ្រង់​ឡើយ​ផង។
10 ទោះ​បើ​យ៉ាង​នោះ គង់​តែ​ព្រះ‌យេហូវ៉ា​បាន​សព្វ​ព្រះ‌ហឫទ័យ​នឹង​វាយ​ទ្រង់​ឲ្យ​ជាំ ហើយ​ឲ្យ​ឈឺ​ចាប់ កាល​ណា​ព្រះ‌ជន្ម​ទ្រង់​បាន​ត្រូវ​ថ្វាយ​ទុក្ខ​ជា​យញ្ញ‌បូជា​លោះ​បាប​ហើយ នោះ​ទ្រង់​នឹង​បាន​ឃើញ​ពូជ‌ពង្ស​របស់​ទ្រង់ ហើយ​និង​ចម្រើន​ព្រះ‌ជន្ម​ទ្រង់​ឲ្យ​យឺន‌យូរ​ត​ទៅ ឯ​បំណង​ព្រះ‌ហឫទ័យ​នៃ​ព្រះ‌យេហូវ៉ា នោះ​នឹង​ជឿន​ឡើង​ដោយ​ព្រះ‌ហស្ត​ទ្រង់
11 ទ្រង់​នឹង​ឃើញ​ផល​នៃ​ការ​ដែល​ព្រលឹង​ទ្រង់​រង​វេទនា នោះ​នឹង​បាន​ស្កប់‌ស្កល់​ផង អ្នក​ដ៏​សុចរិត គឺ​ជា​អ្នក​បម្រើ​របស់​អញ ទ្រង់​នឹង​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​បាន​សុចរិត ដោយ​គេ​ស្គាល់​ដល់​ទ្រង់ ហើយ​ទ្រង់​នឹង​ទទួល​រង​ទោស​ចំពោះ​អំពើ​ទុច្ចរិត​របស់​គេ
12 ហេតុ​នោះ អញ​នឹង​ឲ្យ​ទ្រង់​មាន​ចំណែក​ជា​មួយ​នឹង​ពួក​អ្នក​ធំ ហើយ​ទ្រង់​នឹង​ចែក​របឹប​ជា​មួយ​នឹង​ពួក​អ្នក​ដ៏​ខ្លាំង​ពូកែ ពី​ព្រោះ​ទ្រង់​បាន​ច្រួច​ព្រលឹង​ចេញ រហូត​ដល់​ស្លាប់ គេ​បាន​រាប់​ទ្រង់​ទុក​ជា​អ្នក​ទទឹង​ច្បាប់ ប៉ុន្តែ ទ្រង់​បាន​ទទួល​រង​ទោស​នៃ​អំពើ​បាប​របស់​មនុស្ស​ជា​ច្រើន ហើយ​បាន​អង្វរ​ជំនួស​មនុស្ស​ដែល​ទទឹង​ច្បាប់​វិញ។


ជំពូក 54

1 ឱ​ស្ត្រី​អារ​ដែល​មិន​បាន​បង្កើត​កូន​អើយ ចូរ​ច្រៀង​ឡើង ឱ​អ្នក​ដែល​មិន​បាន​ឈឺ​ចាប់​នឹង​សម្រាល​អើយ ចូរ​ធ្លាយ​ចេញ​ជា​បទ​ចម្រៀង ហើយ​បន្លឺ​ឡើង​ចុះ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា កូន​របស់​ស្ត្រី​ដែល​បង់​ខ្លួន​នៅ​តែ​ឯង នោះ​មាន​ច្រើន​ជាង​កូន​របស់​ស្ត្រី​ដែល​មាន​ប្ដី​ទៅ​ទៀត
2 ចូរ​ពង្រីក​ទី​ដំឡើង​ត្រសាល​ឯង​ឲ្យ​ធំ​ឡើង ហើយ​ឲ្យ​វា​រាល់​គ្នា​សន្ធឹង​សំយាយ​សំពត់​ត្រសាល​របស់​ឯង​ទៅ កុំ​ឲ្យ​សំចៃ​ឡើយ ត្រូវ​ឲ្យ​បន្ត​ខ្សែ​ឲ្យ​វែង ហើយ​បោះ​ចំរ៉ឹង​ឲ្យ​មាំ​ឡើង​ចុះ
3 ដ្បិត​ឯង​នឹង​បាន​រាន​ទី​ចេញ​ទៅ​ខាង​ស្តាំ និង​ខាង​ឆ្វេង ហើយ​ពូជ‌ពង្ស​របស់​ឯង​នឹង​ចាប់​បាន​អស់​ទាំង​សាសន៍​ជា​របស់​ផង​ខ្លួន និង​ឲ្យ​អស់​ទាំង​ទី​ក្រុង​ដែល​ចោល​ស្ងាត់​បាន​មាន​មនុស្ស​អាស្រ័យ​នៅ​វិញ។
4 កុំ​ឲ្យ​ខ្លាច​ឲ្យ​សោះ ដ្បិត​ឯង​នឹង​មិន​ដែល​ត្រូវ​ខ្មាស​ឡើយ ក៏​កុំ​ឲ្យ​រង្កៀស​ចិត្ត​ដែរ ពី​ព្រោះ​ឯង​នឹង​មិន​ដែល​ត្រូវ​មាន​សេចក្ដី​ខ្មាស​ទេ ឯង​នឹង​ភ្លេច​សេចក្ដី​ខ្មាស​ដែល​ឯង​មាន​ពី​កាល​នៅ​វ័យ​ក្មេង ហើយ​ឯង​នឹង​មិន​នឹក​ចាំ​ពី​សេចក្ដី​ដែល​គេ​ត្មះ‌តិះដៀល ពី​កាល​នៅ​មេម៉ាយ​ត​ទៅ​ទៀត​ដែរ
5 ដ្បិត​ព្រះ​ដែល​បង្កើត​ឯង​មក ទ្រង់​ជា​ប្ដី​របស់​ឯង​ហើយ ព្រះ‌នាម​ទ្រង់ គឺ​យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ហើយ​ព្រះ​ដ៏​ប្រោស​លោះ​ឯង គឺ​ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រា‌អែល គេ​នឹង​ហៅ​ទ្រង់​ថា ជា​ព្រះ​នៃ​លោកីយ៍​ទាំង​មូល
6 ដ្បិត​ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ហៅ​ឯង​ទុក​ដូច​ជា​ស្ត្រី​ដែល​ប្ដី​បោះ‌បង់​ចោល​ហើយ ដែល​មាន​ចិត្ត​គ្នាន់‌ក្នាញ់ គឺ​ជា​ប្រពន្ធ​ក្រមុំ​កំលោះ ដែល​ត្រូវ​បង់​ចោល​ហើយ
7 អ្នក​បាន​បោះ‌បង់​ចោល​ឯង​តែ​១​ភ្លែត​ទេ តែ​អញ​នឹង​ទទួល​ឯង​មក​វិញ ដោយ​សេចក្ដី​មេត្តា​ជា​ខ្លាំង
8 ព្រះ‌យេហូវ៉ា​ជា​ព្រះ​ដ៏​ប្រោស​លោះ​ឯង ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​បាន​គេច​មុខ​ចេញ​ពី​ឯង​នៅ​តែ​១​ភ្លែត​នោះ ដោយ​មាន​សេចក្ដី​ក្រោធ​ដ៏​ហូរ‌ហៀរ តែ​អញ​នឹង​អាណិត‌អាសូរ​ដល់​ឯង ដោយ​សេចក្ដី​សប្បុរស​ដ៏​នៅ​អស់​កល្ប‌ជានិច្ច​វិញ។
9 ការ​នេះ​ប្រៀប​ដូច​ជា​ទឹក​ជន់​នៅ​ជំនាន់​ណូអេ ដល់​អញ ហើយ​ដែល​អញ​បាន​ស្បថ​ថា ទឹក​ជន់​នៅ​ជំនាន់​ណូអេ​នឹង​មិន​ដែល​គ្រប​លើ​ផែនដី​ទៀត​ជា​យ៉ាង​ណា នោះ​អញ​ក៏​ស្បថ​ថា អញ​នឹង​មិន​ដែល​មាន​សេចក្ដី​ក្រោធ​ចំពោះ​ឯង ឬ​បន្ទោស​ឯង​ត​ទៅ​យ៉ាង​នោះ​ដែរ
10 ពី​ព្រោះ​អស់​ទាំង​ភ្នំ​ធំ​នឹង​បាត់​ទៅ​បាន ហើយ​អស់​ទាំង​ភ្នំ​តូច​នឹង​រើ​ចេញ​ទៅ​បាន​ដែរ ប៉ុន្តែ សេចក្ដី​សប្បុរស​របស់​អញ​នឹង​មិន​ដែល​ឃ្លាត​បាត់​ពី​ឯង​ឡើយ ហើយ​សេចក្ដី​សញ្ញា​ពី​សេចក្ដី​មេត្រី​របស់​អញ​ក៏​មិន​ត្រូវ​រើ​ចេញ​ដែរ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ដែល​ទ្រង់​ប្រោស​មេត្តា​ដល់​ឯង។
11 ឱ​អ្នក​មាន​ទុក្ខ​វេទនា​ដែល​ត្រូវ​ខ្យល់​ព្យុះ​បោក​ឥត​មាន​សេចក្ដី​កំសាន្ត​ចិត្ត​អើយ មើល អញ​នឹង​រៀប​ថ្ម​ឯង​ឡើង ដោយ​បាយអ​មាន​ពណ៌​ល្អ ហើយ​និង​ដាក់​ជើង​ជញ្ជាំង​ឯង​ដោយ​ត្បូង‌កណ្តៀង
12 អញ​នឹង​ធ្វើ​កំផែង​សីមា​ឯង​ពី​ត្បូង​ទទឹម ហើយ​ទ្វារ​ឯង​ពី​ត្បូង​បារកេត និង​ក្បាច់​ឯង​ទាំង​ប៉ុន្មាន​ពី​ត្បូង​មាន​តម្លៃ
13 ឯ​កូន​ចៅ​ទាំង​ប៉ុន្មាន​របស់​ឯង នឹង​ធ្វើ​ជា​សិស្ស​របស់​ព្រះ‌យេហូវ៉ា ហើយ​វា​រាល់​គ្នា​នឹង​មាន​សន្តិ‌សុខ​ជា​បរិបូរ
14 ឯង​នឹង​បាន​តាំង​មាំ‌មួន​នៅ​ដោយ​សេចក្ដី​សុចរិត ហើយ​និង​នៅ​ឆ្ងាយ​ពី​ការ​សង្កត់‌សង្កិន ដ្បិត​ឯង​នឹង​មិន​ខ្លាច​អ្វី​សោះ ក៏​នឹង​នៅ​ឆ្ងាយ​ពី​សេចក្ដី​ស្ញែង‌ខ្លាច​ដែរ ពី​ព្រោះ​សេចក្ដី​នោះ​នឹង​មិន​មក​ជិត​ឯង​ឡើយ
15 មើល នឹង​មាន​គេ​លើក​គ្នា​ឡើង តែ​នោះ​មិន​មែន​មក​ពី​អញ​ទេ ឯ​អ្នក​ណា​ដែល​លើក​គ្នា​ទាស់​នឹង​ឯង គេ​នឹង​ដួល​ចុះ​ដោយ​ព្រោះ​ឯង
16 មើល អញ​បាន​បង្កើត​ទាំង​ជាង​ដែក ដែល​សប់​ភ្លើង​ធ្វើ​គ្រឿង​សស្ត្រា‌វុធ​សម្រាប់​ជា​ការ​របស់​ខ្លួន ហើយ​ក៏​បាន​បង្កើត​មេ​បំផ្លាញ​ទុក​សម្រាប់​នឹង​បំផ្លាញ​ផង
17 ឯ​គ្រឿង​សស្ត្រា‌វុធ​ណា​ដែល​គេ​ធ្វើ​ឡើង នោះ​គ្មាន​ណា​មួយ​នឹង​អាច​ទាស់​នឹង​ឯង​បាន​ឡើយ ហើយ​អស់​ទាំង​អណ្តាត​ណា​ដែល​កម្រើក​ទាស់​នឹង​ឯង​ក្នុង​រឿង​ក្តី នោះ​ឯង​នឹង​កាត់​ទោស​ឲ្យ​វិញ នេះ​ហើយ​ជា​សេចក្ដី​ដែល​ពួក​អ្នក​បម្រើ​របស់​ព្រះ‌យេហូវ៉ា​នឹង​ទទួល​ជា​មរដក ហើយ​សេចក្ដី​សុចរិត​របស់​គេ​ក៏​មក​ពី​អញ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។


ជំពូក 55

1 ហឺយ អស់​អ្នក​ដែល​ស្រេក​អើយ ចូរ​មក​ឯ​ទី​ទឹក​ចុះ ឯ​អ្នក​ដែល​គ្មាន​ប្រាក់​អើយ ចូរ​មក​ទិញ ហើយ​បរិភោគ​ទៅ អើ ចូរ​មក​ទិញ​ស្រា​ទំពាំង‌បាយ‌ជូរ និង​ទឹក​ដោះ​គោ​ឥត​បង់​លុយ ឥត​ថ្លៃ​ទេ
2 ហេតុ​អ្វី​បាន​ជា​ចាយ​ប្រាក់​ឲ្យ​បាន​តែ​របស់​ដែល​មិន​មែន​ជា​អាហារ ហើយ​បង់​កម្លាំង​ឲ្យ​បាន​តែ​របស់​ដែល​មិន​ស្កប់​ចិត្ត​ដូច្នេះ ចូរ​ស្តាប់​តាម​អញ​ឲ្យ​អស់​ពី​ចិត្ត​ចុះ នោះ​ឯង​នឹង​បាន​បរិភោគ​យ៉ាង​ឆ្ងាញ់ ដើម្បី​ឲ្យ​ព្រលឹង​ឯង​បាន​ស្កប់‌ស្កល់ ដោយ​ម្ហូប​យ៉ាង​ថ្លៃ​វិសេស
3 ចូរ​ឱន​ត្រចៀក ហើយ​មក​ឯ​អញ ចូរ​ស្តាប់​ចុះ នោះ​ព្រលឹង​ឯង​នឹង​បាន​រស់​នៅ ហើយ​អញ​នឹង​តាំង​សេចក្ដី​សញ្ញា​នឹង​ឯង​រាល់​គ្នា ជា​សញ្ញា​ដ៏​នៅ​អស់​កល្ប‌ជានិច្ច គឺ​ជា​សេចក្ដី​មេត្តា‌ករុណា​ស្មោះ‌ត្រង់ ដែល​បាន​ផ្តល់​ដល់​ដាវីឌ
4 មើល អញ​បាន​តាំង​ដាវីឌ​ទុក​ជា​ទី​បន្ទាល់​ដល់​ប្រជា‌ជាតិ​ទាំង‌ឡាយ គឺ​ជា​អ្នក​នាំ​មុខ ហើយ​ជា​អ្នក​បង្គាប់​ដល់​គេ
5 មើល ឯង​នឹង​ហៅ​សាសន៍១​ដែល​ឯង​មិន​បាន​ស្គាល់ ហើយ​សាសន៍១​ដែល​មិន​បាន​ស្គាល់​ឯង គេ​នឹង​រត់​មក​ឯ​ឯង ដោយ​ព្រោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង គឺ​ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រា‌អែល ដ្បិត​ទ្រង់​បាន​លើក​តម្កើង​ឯង​ហើយ។
6 ចូរ​ស្វែង​រក​ព្រះ‌យេហូវ៉ា ក្នុង​កាល​ដែល​អាច​នឹង​រក​ទ្រង់​ឃើញ ហើយ​អំពាវ‌នាវ​ដល់​ទ្រង់ ក្នុង​កាល​ដែល​ទ្រង់​គង់​នៅ​ជិត​ចុះ
7 ត្រូវ​ឲ្យ​មនុស្ស​អាក្រក់​បោះ‌បង់​ចោល​ផ្លូវ​របស់​ខ្លួន ហើយ​ឲ្យ​មនុស្ស​ទុច្ចរិត​ចោល​គំនិត​អាក្រក់​របស់​ខ្លួន​ដែរ រួច​ឲ្យ​គេ​ត្រឡប់​មក​ឯ​ព្រះ‌យេហូវ៉ា​វិញ នោះ​ទ្រង់​នឹង​អាណិត​មេត្តា​ដល់​គេ គឺ​ឲ្យ​វិល​មក​ឯ​ព្រះ​នៃ​យើង​រាល់​គ្នា ដ្បិត​ទ្រង់​នឹង​អត់​ទោស​ឲ្យ​ជា​បរិបូរ
8 ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា គំនិត​អញ​មិន​មែន​ដូច​ជា​គំនិត​របស់​ឯង​រាល់​គ្នា​ទេ ឯ​ផ្លូវ​របស់​ឯង​រាល់​គ្នា​ក៏​មិន​មែន​ជា​ផ្លូវ​របស់​អញ​ដែរ
9 ដ្បិត​ដែល​ផ្ទៃ​មេឃ​ខ្ពស់​ជាង​ផែនដី​យ៉ាង​ណា នោះ​អស់​ទាំង​ផ្លូវ​របស់​អញ​ខ្ពស់​ជាង​ផ្លូវ​របស់​ឯង ហើយ​គំនិត​របស់​អញ​ក៏​ខ្ពស់​ជាង​គំនិត​របស់​ឯង​រាល់​គ្នា​យ៉ាង​នោះ​ដែរ
10 ពី​ព្រោះ​ដែល​ភ្លៀង និង​ហិមៈ​ធ្លាក់​ចុះ​មក​ពី​លើ​មេឃ​ឥត​វិល​ត្រឡប់​ទៅ​លើ​វិញ គឺ​មក​ស្រោច​ដី​ធ្វើ​ឲ្យ​កើត​ចេញ​ជា​ពន្លក​ឡើង ហើយ​ក៏​ឲ្យ​ពូជ​ពង្រោះ​ដល់​អ្នក​ដែល​ព្រោះ និង​អាហារ​ដល់​អ្នក​ដែល​បរិភោគ​ជា​យ៉ាង​ណា
11 នោះ​ពាក្យ​អញ​ដែល​ចេញ​ពី​មាត់​អញ​ទៅ ក៏​មិន​ដែល​វិល​មក​ឯ​អញ​វិញ ដោយ​ឥត​កើត​ផល​យ៉ាង​ដូច្នោះ​ដែរ គឺ​នឹង​ធ្វើ​សម្រេច​តាម​សេចក្ដី​ប៉ង‌ប្រាថ្នា​នៅ​ក្នុង​ចិត្ត​អញ ហើយ​និង​ចម្រើន​កើន​ឡើង ក្នុង​ការ​អ្វី​ដែល​អញ​ចាត់​ទៅ​ធ្វើ​នោះ
12 ដ្បិត​ឯង​រាល់​គ្នា​នឹង​ចេញ​ទៅ​ដោយ​អំណរ ហើយ​គេ​នឹង​នាំ​ឯង​ចេញ​ទៅ​ដោយ​សុខ‌សាន្ត ឯ​អស់​ទាំង​ភ្នំ​ធំ និង​ភ្នំ​តូច​ទាំង​ប៉ុន្មាន​នឹង​ធ្លាយ​ចេញ​ជា​ចម្រៀង​នៅ​មុខ​ឯង ហើយ​គ្រប់​ទាំង​ដើម​ឈើ​នៅ​ព្រៃ​នឹង​ទះ​ដៃ​ផង
13 នោះ​នឹង​មាន​ដើម​កកោះ​ដុះ​ឡើង​ជំនួស​គុម្ព​បន្លា ហើយ​ដើម​យីថោ​នឹង​ដុះ​ឡើង​ជំនួស​អញ្ចាញ ការ​ទាំង​នេះ​នឹង​បាន​សម្រាប់​ជា​ល្បី​ព្រះ‌នាម​ដល់​ព្រះ‌យេហូវ៉ា ហើយ​សម្រាប់​ជា​ទី​សម្គាល់​ដ៏​ស្ថិត‌ស្ថេរ​នៅ​អស់​កល្ប​ត​រៀង​ទៅ ដែល​មិន​ត្រូវ​កាត់​ផ្តាច់​ចេញ​ឡើយ។


ជំពូក 56

1 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ចូរ​រក្សា​សេចក្ដី​យុត្តិ‌ធម៌ ហើយ​ប្រព្រឹត្ត​តាម​សេចក្ដី​សុចរិត​ចុះ ពី​ព្រោះ​សេចក្ដី​សង្គ្រោះ​របស់​អញ​បាន​មក​ជិត​ដល់​ហើយ ឯ​សេចក្ដី​សុចរិត​របស់​អញ ក៏​រៀប​នឹង​សម្ដែង​ឲ្យ​ឃើញ​ដែរ
2 មាន​ពរ​ហើយ មនុស្ស​ណា​ដែល​ប្រព្រឹត្ត​យ៉ាង​នោះ ព្រម​ទាំង​កូន​មនុស្ស​ណា​ដែល​កាន់​សេចក្ដី​នេះ​ឲ្យ​ខ្ជាប់‌ខ្ជួន​ផង គឺ​ជា​អ្នក​ដែល​ថែ​រក្សា​ថ្ងៃ​ឈប់​សម្រាក​ឥត​បង្អាប់ ហើយ​រក្សា​ដៃ​មិន​ឲ្យ​ធ្វើ​ការ​អាក្រក់​ណា​ឡើយ
3 ឯ​សាសន៍​ដទៃ​ណា​ដែល​បាន​ភ្ជាប់​ខ្លួន​នឹង​ព្រះ‌យេហូវ៉ា​ហើយ នោះ​មិន​ត្រូវ​ឲ្យ​ពោល​ថា ក្រែង​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ញែក​ខ្ញុំ​ចេញ​ពី​រាស្ត្រ​ទ្រង់​ទៅ នោះ​ឡើយ ក៏​មិន​ត្រូវ​ឲ្យ​មនុស្ស​កំរៀវ​ពោល​ថា មើល ខ្ញុំ​នេះ​ជា​ដើម​ឈើ​ហួត‌ហែង​ទេ នោះ​ដែរ
4 ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ពី​ពួក​កំរៀវ ដែល​រក្សា​ថ្ងៃ​ឈប់​សម្រាក​ទាំង​ប៉ុន្មាន ក៏​រើស​យក​អ្វីៗ​ដែល​គាប់​ចិត្ត​អញ ព្រម​ទាំង​កាន់​ខ្ជាប់​តាម​សេចក្ដី​សញ្ញា​របស់​អញ​ថា
5 អញ​នឹង​ឲ្យ​គេ​មាន​ទី​កន្លែង​១​នៅ​ក្នុង​វិហារ​អញ ហើយ​ឲ្យ​មាន​ឈ្មោះ​ឆ្លាក់​នៅ​ជញ្ជាំង​ខាង​ក្នុង ដែល​វិសេស​ជាង​កូន​ប្រុស​កូន​ស្រី​ទៅ​ទៀត អញ​នឹង​ឲ្យ​គេ​មាន​ឈ្មោះ​ដ៏​នៅ​អស់​កល្ប‌ជានិច្ច ជា​ឈ្មោះ​ដែល​មិន​ត្រូវ​កាត់​ចេញ​ឡើយ។
6 ឯ​ពួក​សាសន៍​ដទៃ​ដែល​ភ្ជាប់​ខ្លួន​នឹង​ព្រះ‌យេហូវ៉ា​ដើម្បី​ធ្វើ​ការ‌ងារ​ទ្រង់ ហើយ​និង​ស្រឡាញ់​ព្រះ‌នាម​នៃ​ព្រះ‌យេហូវ៉ា ព្រម​ទាំង​ធ្វើ​ជា​អ្នក​បម្រើ​ទ្រង់ គឺ​គ្រប់​អស់​អ្នក​ណា​ដែល​រក្សា​ថ្ងៃ​ឈប់​សម្រាក​ឥត​បង្អាប់​ឡើយ ហើយ​កាន់​ខ្ជាប់​តាម​សេចក្ដី​សញ្ញា​របស់​អញ
7 នោះ​អញ​នឹង​នាំ​គេ​មក​ឯ​ភ្នំ​បរិសុទ្ធ​របស់​អញ ហើយ​ឲ្យ​គេ​បាន​អរ​សប្បាយ​នៅ​ក្នុង​ដំណាក់​របស់​អញ ដែល​សម្រាប់​ជា​ទី​អធិ‌ស្ឋាន អញ​នឹង​ទទួល​អស់​ទាំង​តង្វាយ​ដុត និង​យញ្ញ‌បូជា​របស់​គេ នៅ​លើ​អាសនៈ ដ្បិត​ដំណាក់​អញ​នឹង​បាន​ហៅ​ជា​ទី​អធិ‌ស្ឋាន​សម្រាប់​គ្រប់​ទាំង​សាសន៍
8 ព្រះ‌អម្ចាស់​យេហូវ៉ា ជា​ព្រះ​ដែល​ប្រមូល​អស់​អ្នក ដែល​ត្រូវ​បំបរ‌បង់ ក្នុង​សាសន៍​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​នឹង​ប្រមូល​មនុស្ស​ដទៃ​មក​ជា​មួយ​ដែរ គឺ​ជា​ពួក​អ្នក​ក្រៅ​ពី​ពួក​អ៊ីស្រា‌អែល​ដែល​បាន​ប្រមូល​ហើយ។
9 នែ អស់​ទាំង​សត្វ​នៅ​វាល ហើយ​សត្វ​នៅ​ព្រៃ​ទាំង​ប៉ុន្មាន​អើយ ចូរ​មក​ហែក​ស៊ី​ចុះ
10 ពួក​យាម​ល្បាត​របស់​គេ​សុទ្ធ​តែ​ខ្វាក់​ភ្នែក គេ​គ្មាន​តម្រិះ​គ្រប់​គ្នា គេ​សុទ្ធ​តែ​ជា​ឆ្កែ​គ ព្រុស​មិន​កើត គេ​តែង‌តែ​ស្រមៃ​ឃើញ គេ​ចេះ​តែ​ដេក ហើយ​ចូល​ចិត្ត​តែ​លក់​ទៅ
11 អើ គេ​ជា​ពួក​ឆ្កែ​សាហាវ​ដែល​មិន​ចេះ​ឆ្អែត‌ឆ្អន់​ឡើយ ជា​ពួក​គង្វាល​ដែល​មិន​ចេះ​យល់​សោះ គេ​បាន​បែរ​ទៅ​តាម​ផ្លូវ​របស់​គេ​រៀង​ខ្លួន គឺ​ឲ្យ​បាន​កម្រៃ​របស់​ខ្លួន​គេ​ទាំង​អស់​គ្នា
12 គេ​ថា អញ្ជើញ​មក​ខ្ញុំ​នឹង​រក​ស្រា​ទំពាំង‌បាយ‌ជូរ យើង​នឹង​ផឹក​គ្រឿង​ស្រវឹង​ទាល់​តែ​ឆ្អែត ហើយ​ថ្ងៃ​ស្អែក​នឹង​បាន​ដូច​ជា​ថ្ងៃ​នេះ​ដែរ គឺ​ជា​ថ្ងៃ​មាន​បរិបូរ​លើស‌លុប​ផង។


ជំពូក 57

1 មនុស្ស​សុចរិត​គេ​វិនាស​ទៅ ឥត​មាន​អ្នក​ណា​យក​ចិត្ត​ទុក​ដាក់​ឡើយ ហើយ​មនុស្ស​ចិត្ត​ល្អ គេ​ត្រូវ​យក​ទៅ​ឥត​មាន​អ្នក​ណា​ពិចារណា​ថា មនុស្ស​សុចរិត​បាន​ដក​ចេញ​ឲ្យ​រួច​ពី​ចំពោះ​ការ​អាក្រក់​នោះ​ទេ
2 អ្នក​នោះ​ចូល​ទៅ​ក្នុង​សេចក្ដី​សុខ‌សាន្ត គេ​សម្រាក​នៅ​លើ​ដំណេក​របស់​ខ្លួន គឺ​គ្រប់​ទាំង​មនុស្ស​ដែល​ដើរ​តាម​ផ្លូវ​ទៀង​ត្រង់។
3 ឯ​ឯង​រាល់​គ្នា ពួក​កូន​ចៅ​នៃ​ស្រី​ដែល​ជា​គ្រូ​នក្ខត្ត‌ឫក្ស គឺ​ជា​ពូជ​របស់​អ្នក​ក្បត់​ប្រពន្ធ និង​ស្រី​សំផឹង​អើយ ចូរ​មក​ជិត​នេះ​ចុះ
4 តើ​ឯង​រាល់​គ្នា​ឡក‌ឡឺយ​ឲ្យ​អ្នក​ណា ឯង​ហា​មាត់​ចំអក ហើយ​លៀន​អណ្តាត​ឲ្យ​អ្នក​ណា តើ​ឯង​រាល់​គ្នា​មិន​មែន​ជា​កូន​ឥត​ខាន់ស្លា គឺ​ជា​ពូជ​មនុស្ស​ភូត‌ភរ​ទេ​ឬ​អី
5 ឯង​រាល់​គ្នា​ជា​អ្នក​កំរើប​រោល‌រាល​ចំពោះ​រូប​ព្រះ​នៅ​ក្រោម​គ្រប់​ទាំង​ដើម​ឈើ​ខៀវ​ខ្ចី ហើយ​ក៏​សម្លាប់​កូន​ក្មេង​នៅ​ក្រហែង​ថ្ម​ត្រង់​អស់​ទាំង​ច្រក​ភ្នំ
6 ចំណែក​របស់​ឯង គឺ​នៅ​កណ្តាល​អស់​ទាំង​ថ្ម​រលីង​ក្នុង​បាត​ជ្រោះ ឯង​បាន​ច្រួច​តង្វាយ​ច្រួច និង​តង្វាយ​ម្សៅ​ថ្វាយ​ដល់​ថ្ម​ទាំង​នោះ ដូច្នេះ ថ្ម​ទាំង​នោះ​ជា​ចំណែក​របស់​ឯង​ហើយ តើ​គួរ​ឲ្យ​អញ​រសាយ​សេចក្ដី​កំហឹង​ចំពោះ​អំពើ​យ៉ាង​នោះ​ឬ​អី
7 ឯង​បាន​ដាក់​គ្រែ​ដេក​របស់​ឯង​នៅ​លើ​កំពូល​ភ្នំ​ធំ​ខ្ពស់ គឺ​នៅ​ទី​នោះ​ដែល​ឯង​បាន​ឡើង​ទៅ​ថ្វាយ​យញ្ញ‌បូជា​ដែរ
8 ឯង​បាន​ដំឡើង​ទី​រំឭក​ពី​ឯង​នៅ​ខាង​ក្រោយ​សន្លឹក​ទ្វារ និង​ក្រប​ទ្វារ​ដែរ ហើយ​ឯង​បាន​បើក​ខ្លួន​ឲ្យ​ដល់​ម្នាក់​ដទៃ​ទៀត​ក្រៅ​ពី​អញ ឯង​បាន​ឡើង​ទៅ​ធ្វើ​ឲ្យ​គ្រែ​ឯង​ធំ​ទូលាយ ហើយ​បាន​តាំង​សញ្ញា​នឹង​គេ ឯង​បាន​ស្រឡាញ់​ដំណេក​របស់​គេ ក៏​បាន​រៀប​កន្លែង​ឲ្យ
9 ឯង​បាន​នាំ​តង្វាយ ជា​ប្រេង ទៅ​គាល់​ស្តេច ហើយ​បាន​ចម្រើន​គ្រឿង​ក្រអូប​របស់​ឯង​ជា​ច្រើន​ឡើង ក៏​បាន​ចាត់​ទូត​របស់​ឯង​ឲ្យ​ទៅ​ឯ​ស្រុក​ឆ្ងាយ ព្រម​ទាំង​បន្ទាប​ខ្លួន​ឯង​ចុះ​ទៅ​ដល់​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់
10 ឯង​ត្រូវ​អស់​កម្លាំង ដោយ​ផ្លូវ​របស់​ឯង​វែង​ឆ្ងាយ ប៉ុន្តែ ឯង​មិន​បាន​ថា​ជា​បង់​កម្លាំង​ទទេ​នោះ​ទេ គឺ​ឯង​បាន​ទទួល​សេចក្ដី​ចម្រើន​កម្លាំង​វិញ បាន​ជា​ឯង​មិន​បាន​ណាយ​ចិត្ត​សោះ​ឡើយ។
11 តើ​ឯង​បាន​ភ័យ​ខ្លាច ហើយ​ស្រយុត​ចិត្ត​ចំពោះ​អ្នក​ណា បាន​ជា​ឯង​កុហក ហើយ​មិន​បាន​នឹក​ដល់​អញ ឬ​យក​ចិត្ត​ទុក​ដាក់​សោះ​ដូច្នេះ តើ​អញ​មិន​បាន​អត់‌ធ្មត់​ជា​យូរ​មក​ហើយ​ទេ​ឬ​អី ប៉ុន្តែ ឯង​មិន​បាន​កោត‌ខ្លាច​ដល់​អញ​សោះ
12 អញ​នឹង​ប្រកាស​ប្រាប់​ពី​សេចក្ដី​សុចរិត​របស់​ឯង ហើយ​ការ​ដែល​ឯង​ប្រព្រឹត្ត​នឹង​មិន​មាន​ប្រយោជន៍​ដល់​ឯង​សោះ
13 កាល​ណា​ឯង​អំពាវ‌នាវ នោះ​ឲ្យ​ពួក​ដែល​ឯង​បាន​ប្រមូល​ជួយ​ឯង​ឲ្យ​រួច​ចុះ តែ​ខ្យល់​នឹង​ផាត់​គេ​ទៅ​ទាំង​អស់ សេចក្ដី​ទទេៗ​នឹង​ចាប់​យក​គេ​ទៅ​អស់​រលីង ប៉ុន្តែ អស់​អ្នក​ណា​ដែល​ពឹង​ជ្រក​នឹង​អញ​វិញ គេ​នឹង​បាន​ស្រុក​ទុក​ជា​កេរ‌អាករ ហើយ​និង​បាន​ភ្នំ​បរិសុទ្ធ​របស់​អញ​ទុក​ជា​មរដក។
14 នោះ​នឹង​មាន​គេ​បង្គាប់​ថា ចូរ​លើក​ដី​ឡើង ចូរ​លើក​ដី​ឡើង ចូរ​រៀប‌ចំ​ថ្នល់ ហើយ​យក​ថ្ម​ចំពប់​ចេញ​ពី​ផ្លូវ​របស់​រាស្ត្រ​អញ​ទៅ
15 ដ្បិត​ព្រះ​ដ៏​ជា​ធំ ហើយ​ខ្ពស់​បំផុត ជា​ព្រះ​ដ៏​គង់​នៅ​អស់​កល្ប‌ជានិច្ច ដែល​ព្រះ‌នាម​ទ្រង់​ជា​នាម​បរិសុទ្ធ ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា អញ​នៅ​ឯ​ស្ថាន​ដ៏​ខ្ពស់ ហើយ​បរិសុទ្ធ ក៏​នៅ​ជា​មួយ​នឹង​អ្នក​ណា​ដែល​មាន​ចិត្ត​សង្រេង ហើយ​ទន់​ទាប ដើម្បី​នឹង​ធ្វើ​ឲ្យ​ចិត្ត​របស់​មនុស្ស​ទន់​ទាប​បាន​សង្ឃឹម​ឡើង ហើយ​ចិត្ត​របស់​មនុស្ស​សង្រេង​បាន​សង្ឃឹម​ឡើង​ដែរ
16 ដ្បិត​អញ​មិន​ព្រម​តវ៉ា​ជា​ដរាប​ទៅ​ទេ ក៏​មិន​មាន​សេចក្ដី​ក្រោធ​ជានិច្ច​ដែរ ព្រោះ​វិញ្ញាណ​គេ​នឹង​រលត់​ទៅ​នៅ​មុខ​អញ ព្រម​ទាំង​ព្រលឹង​ទាំង​ប៉ុន្មាន​ដែល​អញ​បាន​ធ្វើ​នេះ​ដែរ
17 អញ​បាន​ខឹង ហើយ​បាន​វាយ​គេ​ដោយ​ព្រោះ​សេចក្ដី​ទុច្ចរិត​នៃ​ចិត្ត​លោភ​របស់​គេ អញ​បាន​គេច​មុខ ហើយ​មាន​សេចក្ដី​ក្រោធ តែ​គេ​បាន​ចេះ​តែ​ថយ​ទៅ​តាម​អំពើ​ចិត្ត​ជានិច្ច
18 អញ​បាន​ឃើញ​អស់​ទាំង​ផ្លូវ​របស់​គេ ហើយ​អញ​នឹង​ប្រោស​ឲ្យ​ជា អញ​នឹង​នាំ​មុខ​គេ​ដែរ ព្រម​ទាំង​កំសាន្ត​ចិត្ត​គេ ហើយ​ពួក​អ្នក​ដែល​កាន់​ទុក្ខ​នឹង​គេ ឲ្យ​បាន​ក្សាន្ត​ឡើង​ផង
19 គឺ​អញ​ដែល​បង្កើត​ពាក្យ​ចេញ​ពី​បបូរ​មាត់ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា សូម​សេចក្ដី​សុខ សេចក្ដី​សុខ​ដល់​អ្នក​ណា​ដែល​នៅ​ឆ្ងាយ ហើយ​ដល់​អ្នក​ដែល​នៅ​ជិត​ផង អញ​នឹង​ប្រោស​គេ​ឲ្យ​ជា
20 តែ​ឯ​ពួក​មនុស្ស​អាក្រក់ គេ​ប្រៀប​ដូច​ជា​សមុទ្រ​ដែល​ចេះ​តែ​កម្រើក ឥត​មាន​ស្ងប់​ឡើយ ហើយ​ទឹក​នោះ​ចេះ​តែ​បារ​ល្បាប់ និង​ភក់​ឡើង
21 ព្រះ​នៃ​ខ្ញុំ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា គ្មាន​សេចក្ដី​សុខ ដល់​មនុស្ស​ដែល​ប្រព្រឹត្ត​អាក្រក់​ឡើយ។


ជំពូក 58

1 ចូរ​ស្រែក​ឲ្យ​ពេញ​បំពង់​ក កុំ​សំចៃ​ឡើយ ចូរ​បន្លឺ​សំឡេង​ឡើង​ដូច​ជា​ត្រែ ហើយ​ប្រកាស​ប្រាប់​ដល់​រាស្ត្រ​អញ​ពី​អំពើ​រំលង​របស់​គេ និង​ដល់​ពូជ‌ពង្ស​នៃ​យ៉ាកុប​ពី​អំពើ​បាប​របស់​គេ
2 រាល់​តែ​ថ្ងៃ គេ​ស្វែង​រក​អញ​ជានិច្ច ហើយ​ក៏​ពេញ​ចិត្ត​ចង់​ស្គាល់​អស់​ទាំង​ផ្លូវ​របស់​អញ គេ​សូម​សេចក្ដី​វិនិច្ឆ័យ​ដ៏​សុចរិត​ពី​អញ ទុក​ដូច​ជា​សាសន៍​ណា​មួយ​ដែល​ប្រព្រឹត្ត​ដោយ​សុចរិត ឥត​បោះ‌បង់​ចោល​សេចក្ដី​យុត្តិ‌ធម៌​របស់​ព្រះ​នៃ​គេ​ឡើយ គេ​រីក‌រាយ​ចិត្ត​ដោយ​ចូល​ទៅ​ជិត​ព្រះ
3 គេ​ពោល​ថា យើង​ខ្ញុំ​បាន​តម​អត់ ហេតុ​អ្វី​បាន​ជា​ទ្រង់​មិន​ឃើញ​សោះ យើង​ខ្ញុំ​បាន​បញ្ឈឺ​ចិត្ត​ខ្លួន ហេតុ​អ្វី​បាន​ជា​ទ្រង់​មិន​យក​ចិត្ត​ទុក​ដាក់​ដូច្នេះ នេះ​ពី​ព្រោះ​តែ​នៅ​ថ្ងៃ​ដែល​ឯង​រាល់​គ្នា​តម​អត់​នោះ គឺ​ឯង​ធ្វើ​ដើម្បី​ជា​ប្រយោជន៍​ដល់​ខ្លួន​វិញ ហើយ​ក៏​សង្កត់‌សង្កិន​ពួក​អ្នក​ដែល​ធ្វើ​ការ​ឈ្នួល​ផង
4 មើល ឯង​រាល់​គ្នា​តម​អត់​ឲ្យ​តែ​បាន​រឿង​ជជែក និង​ការ​ទាស់‌ទែង​គ្នា ហើយ​វាយ‌ដំ​ដោយ​អំពើ​អាក្រក់​ប៉ុណ្ណោះ ការ​ដែល​ឯង​តម​អត់​នោះ គឺ​មិន​មែន​មាន​ប្រយោជន៍​ឲ្យ​សំឡេង​ឯង​បាន​ឮ​ទៅ​ដល់​ស្ថាន​លើ​ឡើយ
5 តើ​ជា​ការ​តម​អត់​បែប​យ៉ាង​នោះ គឺ​ជា​ថ្ងៃ​ដែល​មនុស្ស​បញ្ឈឺ​ចិត្ត​ខ្លួន​ដូច្នេះ ដែល​ជា​ទី​ពេញ​ចិត្ត​ដល់​អញ​ឬ ដែល​គ្រាន់​តែ​ឱន​ក្បាល​ដូច​ជា​ដើម​បបុស ហើយ​ក្រាល​សំពត់​ធ្មៃ និង​រោយ​ផេះ​នៅ​ក្រោម​ខ្លួន តើ​ល្មម​ប៉ុណ្ណោះ​ឬ នេះ​ឬ​ដែល​ឯង​ហៅ​ថា ការ​តម​អត់ ជា​ថ្ងៃ​ដែល​គួរ​ឲ្យ​ព្រះ‌យេហូវ៉ា​សព្វ​ព្រះ‌ហឫទ័យ​នោះ
6 តើ​មិន​មែន​ជា​ការ​តម​អត់​យ៉ាង​នេះ​វិញ ដែល​អញ​ពេញ​ចិត្ត​ទេ​ឬ​អី គឺ​ឲ្យ​ដោះ​ច្រវាក់​ដែល​ឯង​ដាក់​គេ​ដោយ​អំពើ​អាក្រក់ ឲ្យ​ស្រាយ​ចំណង​ដែល​ឯង​បាន​ចង​គេ ហើយ​ឲ្យ​អ្នក​ដែល​ឯង​បាន​សង្កត់‌សង្កិន​បាន​រួច​ចេញ​ទទេ ព្រម​ទាំង​បំបាក់​គ្រប់​ទាំង​នឹម​ផង
7 តើ​មិន​មែន​ឲ្យ​ឯង​បាន​ចែក​អាហារ​ដល់​អ្នក​ដែល​ឃ្លាន ហើយ​នាំ​មនុស្ស​ក្រ​ដែល​ត្រូវ​ដេញ​ពី​ផ្ទះ​គេ​មក​ឯ​ផ្ទះ​ឯង​ទេ​ឬ​អី ឬ​បើ​កាល​ណា​ឯង​ឃើញ​មនុស្ស​ឥត​មាន​សម្លៀក‌បំពាក់ នោះ​តើ​មិន​មែន​ឲ្យ​ឯង​បិទ​បាំង​ឲ្យ​គេ ឥត​ដែល​ពួន​ខ្លួន​នឹង​សាច់‌ញាតិ​របស់​ឯង​ទេ​ឬ​អី
8 យ៉ាង​នោះ​ទើប​ពន្លឺ​របស់​ឯង​នឹង​លេច​មក​ដូច​ជា​រស្មី​អរុណ ហើយ​សេចក្ដី​សុខ​ស្រួល​របស់​ឯង​នឹង​លេច​ឡើង​ជា​យ៉ាង​ឆាប់ ឯ​សេចក្ដី​សុចរិត​របស់​ឯង នោះ​នឹង​នាំ​មុខ​ឯង ហើយ​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា​នឹង​ការ‌ពារ​ពី​ក្រោយ​ឯង
9 គ្រា​នេះ បើ​ឯង​អំពាវ‌នាវ ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​តប​ឆ្លើយ បើ​ឯង​ស្រែក​រក នោះ​ទ្រង់​នឹង​មាន​ព្រះ‌បន្ទូល​ថា អញ​នៅ​ឯ​ណេះ​ហើយ គឺ​បើ​ឯង​ចោល​នឹម​របស់​ឯង​ចេញ លែង​ជន្ល​កំហែង ព្រម​ទាំង​លែង​ពោល ដោយ​កាច​អាក្រក់​ផង
10 ហើយ​បើ​ឯង​ផ្តល់​សេចក្ដី​សប្បុរស​ដល់​មនុស្ស​ស្រេក​ឃ្លាន ទាំង​ចម្អែត​ចិត្ត​នៃ​អ្នក​ដែល​មាន​ទុក្ខ​វេទនា នោះ​ពន្លឺ​របស់​ឯង​នឹង​ភ្លឺ​ឡើង​ក្នុង​ទី​ងងឹត ហើយ​សេចក្ដី​ងងឹត​របស់​ឯង​នឹង​បាន​ភ្លឺ​ដូច​ជា​វេលា​ថ្ងៃ​ត្រង់
11 ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​នាំ​ផ្លូវ​ឯង​ជានិច្ច ហើយ​និង​ចម្អែត​ព្រលឹង​ឯង​នៅ​ក្នុង​ទី​ហួត‌ហែង ទ្រង់​នឹង​ធ្វើ​ឲ្យ​ឆ្អឹង​ឯង​បាន​មាំ‌មួន ឯង​នឹង​បាន​ដូច​ជា​សួន‌ច្បារ​ដែល​គេ​ស្រោច​ទឹក ហើយ​ដូច​ជា​ក្បាល​ទឹក​ដែល​មិន​ខាន​ហូរ​ឡើយ
12 ហើយ​ពួក​អ្នក​ដែល​នឹង​កើត​ពី​ឯង​មក គេ​នឹង​សង់​ទី​ចាស់​ដែល​ខូច​បង់​ឡើង​ជា​ថ្មី ឯង​នឹង​សង់​ឡើង​លើ​ជើង​ជញ្ជាំង ដែល​មាន​នៅ​តាំង​ពី​ច្រើន​ដំណ​ត​មក​ហើយ ក៏​នឹង​មាន​ឈ្មោះ​ថា ជា​អ្នក​ជួស‌ជុល​ទី​បាក់​បែក គឺ​ជា​អ្នក​ដែល​រៀប‌ចំ​ផ្លូវ​ទៅ​ឯ​ទី​លំនៅ​ឡើង​វិញ។
13 បើ​ឯង​ឃាត់​ជើង​ឯង​មិន​ឲ្យ​បែរ​ចេញ​ពី​ថ្ងៃ​ឈប់​សម្រាក គឺ​មិន​ឲ្យ​ធ្វើ​តាម​អំពើ​ចិត្ត​នៅ​ថ្ងៃ​បរិសុទ្ធ​របស់​អញ បើ​ឯង​រាប់​ថ្ងៃ​ឈប់​សម្រាក​ទុក​ជា​ទី​រីក‌រាយ​ចិត្ត ហើយ​លើក​ថ្ងៃ​បរិសុទ្ធ​របស់​ព្រះ‌យេហូវ៉ា ទុក​ជា​ថ្ងៃ​គួរ​គោរព ព្រម​ទាំង​ប្រតិ‌បត្តិ​តាម​ផង ឥត​ធ្វើ​តាម​អំពើ​ចិត្ត​របស់​ខ្លួន ឬ​ស្វែង​រក​សេចក្ដី​អំណរ​ដល់​ខ្លួន​ឯង ឬ​ពោល​តែ​ពាក្យ​របស់​ផង​ខ្លួន​ឡើយ
14 គ្រា​នោះ ឯង​នឹង​បាន​ចិត្ត​រីក‌រាយ​ក្នុង​ព្រះ‌យេហូវ៉ា ហើយ​អញ​នឹង​បញ្ជិះ​ឯង​នៅ​លើ​ទី​ខ្ពស់​នៃ​ផែនដី ហើយ​និង​ចិញ្ចឹម​ឯង​ដោយ​មរដក​របស់​យ៉ាកុប ជា​អយ្យកោ​ឯង ដ្បិត​ព្រះ‌ឱស្ឋ​នៃ​ព្រះ‌យេហូវ៉ា​បាន​ចេញ​វាចា​ហើយ។


ជំពូក 59

1 មើល ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​មិន​មែន​រួញ​ខ្លី​ដែល​នឹង​ជួយ​សង្គ្រោះ​មិន​បាន​នោះ​ទេ ព្រះ‌កាណ៌​ទ្រង់​ក៏​មិន​បាន​ទៅ​ជា​ធ្ងន់ ដែល​នឹង​ស្តាប់​មិន​ឮ​នោះ​ដែរ
2 គឺ​ជា​អំពើ​ទុច្ចរិត​របស់​ឯង​រាល់​គ្នា ដែល​បាន​ខណ្ឌ​ជា​កណ្តាល​ឯង ហើយ​និង​ព្រះ​នៃ​ឯង​ទេ​តើ ហើយ​អំពើ​បាប​របស់​ឯង​រាល់​គ្នា​បាន​បាំង​ព្រះ‌‌ភ័ក្ត្រ​ទ្រង់​មិន​ឲ្យ​ឯង​ឃើញ ដល់​ម៉្លេះ​បាន​ជា​ទ្រង់​មិន​ព្រម​ស្តាប់​ទេ
3 ដ្បិត​ដៃ​របស់​ឯង​រាល់​គ្នា​ប្រឡាក់​ដោយ​ឈាម ហើយ​ម្រាម​ដៃ​ដោយ​អំពើ​ទុច្ចរិត​ដែរ បបូរ​មាត់​ឯង​បាន​ពោល​ពាក្យ​កំភូត ហើយ​អណ្តាត​ឯង​ពោល​ងាំៗ​ចេញ​ជា​សេចក្ដី​ទុច្ចរិត
4 គ្មាន​អ្នក​ណា​មួយ​ហៅ​រក​សេចក្ដី​សុចរិត ឬ​អ្នក​ណា​ដែល​ប្តឹង​ដោយ​សេចក្ដី​ពិត​ឡើយ គេ​ទុក​ចិត្ត​នឹង​សេចក្ដី​សោះ‌សូន្យ ហើយ​ពោល​តែ​សេចក្ដី​ភូត‌ភរ​ទទេ គេ​មាន​ទំងន់​ជា​គំនិត​បៀត‌បៀន ហើយ​សម្រាល​ចេញ​ជា​អំពើ​ទុច្ចរិត
5 គេ​ភ្ញាស់​ពង​របស់​ពស់‌វែក ហើយ​ក៏​ព័ទ្ធ​ជា​មង​ពីង‌ពាង អ្នក​ណា​ដែល​ស៊ី​ពង​នោះ នោះ​រមែង​ស្លាប់​ទៅ ហើយ​ពង​ណា​ដែល​ត្រូវ​ជាន់​បែក នោះ​ក៏​ញាស់​ចេញ​ជា​ពស់‌វែក
6 មង​របស់​គេ​នឹង​ប្រើ​ធ្វើ​ជា​សម្លៀក‌បំពាក់​មិន​បាន ហើយ​គេ​នឹង​បិទ​បាំង​ខ្លួន​ដោយ​ការ​ដែល​គេ​ធ្វើ​ក៏​មិន​បាន​ដែរ ការ​របស់​គេ​សុទ្ធ​តែ​ជា​អំពើ​ទុច្ចរិត​ទាំង​អស់ ហើយ​មាន​អំពើ​ច្រឡោត​នៅ​ដៃ​គេ
7 ជើង​គេ​រត់​ទៅ​តាម​សេចក្ដី​អាក្រក់ គេ​ក៏​រហ័ស​នឹង​កម្ចាយ​ឈាម​ដែល​ឥត​ទោស គំនិត​របស់​គេ​គិត​តែ​ពី​សេចក្ដី​ទុច្ចរិត​ទទេ មាន​សេចក្ដី​វិនាស និង​សេចក្ដី​បំផ្លាញ​នៅ​អស់​ទាំង​ផ្លូវ​របស់​គេ​ដែរ
8 គេ​មិន​ស្គាល់​ផ្លូវ​នៃ​សេចក្ដី​សុខ​ទេ ហើយ​សេចក្ដី​យុត្តិ‌ធម៌​ក៏​គ្មាន​នៅ​ក្នុង​អស់​ទាំង​ដំណើរ​របស់​គេ​ផង គេ​បាន​ធ្វើ​ផ្លូវ​ច្រក​ក្ងិច‌ក្ងក់​សម្រាប់​ខ្លួន ឯ​អ្នក​ណា​ដែល​ចូល​តាម​ផ្លូវ​នោះ ជា​អ្នក​មិន​ស្គាល់​សេចក្ដី​សុខ​ឡើយ។
9 ហេតុ​នោះ​បាន​ជា​សេចក្ដី​យុត្តិ‌ធម៌​នៅ​ឆ្ងាយ​ពី​យើង​ខ្ញុំ ឯ​សេចក្ដី​សុចរិត​ក៏​មក​តាម​យើង​ខ្ញុំ​មិន​ទាន់​ផង យើង​ខ្ញុំ​រង់‌ចាំ​ពន្លឺ តែ​មើល មាន​សុទ្ធ​តែ​ងងឹត​ទទេ ក៏​ចាំ​ឲ្យ​ស្វាង​ឡើង តែ​យើង​ខ្ញុំ​ដើរ​ក្នុង​សេចក្ដី​សូន្យ‌សុង​វិញ
10 យើង​ខ្ញុំ​ស្រវា​រាវ​រក​កំផែង​ដូច​ជា​មនុស្ស​ខ្វាក់ អើ ស្រវា​រាវ​រក​ដូច​ជា​មនុស្ស​ដែល​គ្មាន​ភ្នែក​សោះ យើង​ខ្ញុំ​ចំពប់​នៅ​ពេល​ថ្ងៃ​ត្រង់ ដូច​ជា​នៅ​ពេល​ព្រលប់​ដែរ ក៏​ប្រៀប​ដូច​ជា​មនុស្ស​ស្លាប់​នៅ​កណ្តាល​ទី​សាប‌សូន្យ
11 យើង​ខ្ញុំ​គ្រហឹម​ទាំង​អស់​គ្នា ដូច​ជា​ខ្លា‌ឃ្មុំ ហើយ​ថ្ងូរ​ជា​ខ្លាំង ដូច​ជា​ព្រាប យើង​ខ្ញុំ​រង់‌ចាំ​សេចក្ដី​យុត្តិ‌ធម៌ តែ​គ្មាន​សោះ ក៏​រង់‌ចាំ​សេចក្ដី​សង្គ្រោះ តែ​សេចក្ដី​នោះ​នៅ​ឆ្ងាយ​ពី​យើង​ខ្ញុំ​ទេ
12 ដ្បិត​អំពើ​រំលង​របស់​យើង​ខ្ញុំ បាន​ចម្រើន​ជា​ច្រើន​ឡើង​នៅ​ចំពោះ​ទ្រង់ ឯ​ចំណែក​អំពើ​បាប​របស់​យើង​ខ្ញុំ ក៏​ធ្វើ​បន្ទាល់​ទាស់​នឹង​យើង​ខ្ញុំ​ដែរ ពី​ព្រោះ​អំពើ​រំលង​របស់​យើង​ខ្ញុំ​នៅ​ជាប់​នឹង​យើង​ខ្ញុំ ឯ​អំពើ​ទុច្ចរិត​របស់​យើង​ខ្ញុំ នោះ​យើង​ខ្ញុំ​ក៏​ស្គាល់​ទាំង​អស់​ហើយ
13 គឺ​យើង​ខ្ញុំ​តែង‌តែ​ប្រព្រឹត្ត​រំលង ហើយ​មិន​ស្មោះ‌ត្រង់​ចំពោះ​ព្រះ‌យេហូវ៉ា ក៏​បែរ​ចេញ​លែង​តាម​ព្រះ​នៃ​យើង​ខ្ញុំ ហើយ​ពោល​តែ​ពី​ការ​សង្កត់‌សង្កិន និង​ការ​បះ‌បោរ ព្រម​ទាំង​គិត​បង្កើត ហើយ​ពោល​ពាក្យ​ភូត‌ភរ​ចេញ​ពី​ចិត្ត​មក
14 ឯ​សេចក្ដី​យុត្តិ‌ធម៌ បាន​ត្រឡប់​ថយ​ចេញ​ទៅ ហើយ​សេចក្ដី​សុចរិត​ក៏​ឈរ​នៅ​ទី​ឆ្ងាយ ដ្បិត​សេចក្ដី​ពិត​បាន​ដួល​នៅ​កណ្តាល​ផ្លូវ ហើយ​សេចក្ដី​ទៀង​ត្រង់​ចូល​មក​មិន​បាន
15 អើ សេចក្ដី​ពិត​ក៏​គ្មាន​ដែរ ហើយ​អ្នក​ណា​ដែល​លែង​ប្រព្រឹត្ត​អំពើ​អាក្រក់ នោះ​សុខ​ចិត្ត​ធ្វើ​ជា​រំពា​ដល់​គេ​ហើយ។ ព្រះ‌យេហូវ៉ា​ក៏​ទត​ឃើញ​ហើយ ឯ​ការ​ដែល​ឥត​មាន​សេចក្ដី​យុត្តិធម៌​ដូច្នេះ ក៏​អាក្រក់​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា
16 ទ្រង់​ឃើញ​ថា ឥត​មាន​អ្នក​ណា​មួយ​ឡើយ ហើយ​ក៏​នឹក​ប្លែក​ពី​ការ​ដែល​ឥត​មាន​អ្នក​ណា សម្រាប់​ជួយ​អង្វរ​ជំនួស​គេ ដូច្នេះ ព្រះ‌ពាហុ​របស់​ទ្រង់​បាន​នាំ​យក​សេចក្ដី​សង្គ្រោះ​មក​ឯ​ទ្រង់ ហើយ​សេចក្ដី​សុចរិត​របស់​ទ្រង់​ក៏​ទប់‌ទល់​ទ្រង់
17 ទ្រង់​បាន​ប្រដាប់​អង្គ​ដោយ​សេចក្ដី​សុចរិត ទុក​ជា​អាវ​ក្រោះ ហើយ​សេចក្ដី​សង្គ្រោះ​នៅ​លើ​ព្រះ‌សិរ​ទុក​ជា​មួក​សឹក ក៏​ទ្រង់​ព្រះ‌ពស្ត្រ​ដោយ​សេចក្ដី​សង‌សឹក និង​សេចក្ដី​ខ្មី‌ឃ្មាត ទុក​ជា​ព្រះ‌ភូសា​គ្រលុំ​អង្គ
18 ទ្រង់​នឹង​សង​ដល់​គេ តាម​អំពើ​ដែល​គេ​បាន​ប្រព្រឹត្ត គឺ​ជា​សេចក្ដី​ក្រោធ​ដល់​ពួក​ទាស់​ទទឹង​នឹង​ទ្រង់ ហើយ​ជា​សំណង តប​ដល់​ពួក​ខ្មាំង​សត្រូវ ទ្រង់​នឹង​សង​ដល់​អស់​ទាំង​ស្រុក​ក្បែរ​សមុទ្រ យ៉ាង​នោះ​ដែរ
19 យ៉ាង​នោះ​គេ​នឹង​កោត‌ខ្លាច ដល់​ព្រះ‌នាម​នៃ​ព្រះ‌យេហូវ៉ា​ចាប់​តាំង​ពី​ទិស​ខាង​លិច ហើយ​ដល់​សិរី‌ល្អ​នៃ​ទ្រង់ ចាប់​តាំង​ពី​ទិស​ខាង​ថ្ងៃ​រះ កាល​ណា​ខ្មាំង​នឹង​ចូល​មក​ដូច​ជា​ទឹក​ជន់ នោះ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា​នឹង​លើក​ទង់‌ជ័យ​ឡើង​ទាស់​នឹង​វា
20 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា នឹង​មាន​អ្នក​ដ៏​ជួយ​ប្រោស​លោះ​មក​ឯ​ក្រុង​ស៊ីយ៉ូន ហើយ​ដល់​ពួក​អ្នក​ក្នុង​ពូជ‌ពង្ស​យ៉ាកុប ដែល​លះ‌លែង​ពី​អំពើ​រំលង
21 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ឯ​អញ នេះ​ឯង​ជា​សេចក្ដី​សញ្ញា​ដែល​អញ​បាន​តាំង​នឹង​គេ គឺ​ថា​វិញ្ញាណ​របស់​អញ​ដែល​សណ្ឋិត​នៅ​លើ​ឯង ហើយ​ពាក្យ​អញ​ដែល​អញ​បាន​ដាក់​នៅ​ក្នុង​មាត់​ឯង នោះ​នឹង​មិន​ដែល​ឃ្លាត​ចេញ​ពី​មាត់​ឯង ឬ​ពី​មាត់​នៃ​ពូជ‌ពង្ស​របស់​ឯង ឬ​ពី​មាត់​នៃ​កូន​ចៅ​គេ ចាប់​តាំង​ពី​ឥឡូវ​នេះ​ដរាប​ដល់​អស់​កល្ប​រៀង​ទៅ នេះ​ហើយ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។


ជំពូក 60

1 ចូរ​ក្រោក​ឡើង ហើយ​ភ្លឺ​មក​ចុះ ដ្បិត​ពន្លឺ​របស់​ឯង​បាន​មក​ដល់​ហើយ សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា​ក៏​បាន​រះ​ឡើង​ដល់​ឯង​ដែរ
2 ដ្បិត​មើល សេចក្ដី​ងងឹត​នឹង​គ្រប​លើ​ផែនដី ហើយ​សេចក្ដី​សូន្យ‌សុង​នឹង​គ្រប​លើ​អស់​ទាំង​សាសន៍ តែ​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​រះ​ឡើង​ភ្លឺ​ដល់​ឯង ហើយ​គេ​នឹង​ឃើញ​សិរី‌ល្អ​នៃ​ទ្រង់​ស្ថិត​លើ​ឯង
3 អស់​ទាំង​សាសន៍​នឹង​មូល​គ្នា​មក​ឯ​ពន្លឺ​របស់​ឯង ហើយ​ស្តេច​ទាំង​ប៉ុន្មាន​នឹង​មក​ឯ​រស្មី​ដែល​ភ្លឺ​ចេញ​ពី​ឯង ក្នុង​កាល​ដែល​ឯង​រះ​ឡើង
4 ចូរ​ងើប​ភ្នែក​ឯង​មើល​ជុំវិញ គេ​មូល​គ្នា​មក​ឯ​ឯង​ទាំង​អស់​ហើយ​ពួក​កូន​ប្រុសៗ​របស់​ឯង​នឹង​មក​ពី​ឆ្ងាយ ហើយ​និង​មាន​គេ​បី​ពួក​កូន​ស្រីៗ​នៃ​ឯង​មក​ដែរ
5 នោះ​ឯង​នឹង​ឃើញ ហើយ​និង​មាន​សេចក្ដី​រីក‌រាយ ចិត្ត​ឯង​នឹង​ខ្លាច ហើយ​រីក​ធំ​ឡើង ពី​ព្រោះ​សេចក្ដី​បរិបូរ​នៃ​សមុទ្រ នឹង​ត្រូវ​បង្វែរ​មក​ឯ​ឯង​វិញ ហើយ​អស់​ទាំង​របស់​ទ្រព្យ​នៃ​សាសន៍​ផ្សេងៗ នឹង​មក​ឯ​ឯង
6 ឯង​នឹង​មាន​ពេញ​ដោយ​សត្វ​អូដ្ឋ​យ៉ាង​សន្ធឹក គឺ​ជា​អូដ្ឋ​ស្ទាវ​របស់​ពួក​ម៉ាឌាន និង​ពួក​អេផា ហើយ​ទាំង​អស់​ដែល​នៅ​ស្រុក​សេបា​នឹង​មក​ដែរ ព្រម​ទាំង​ដឹក​យក​មាស និង​កំញាន​មក ហើយ​និង​ប្រកាស​ប្រាប់​ពី​សេចក្ដី​សរសើរ​របស់​ព្រះ‌យេហូវ៉ា
7 អស់​ទាំង​ហ្វូង​ចៀម​របស់​ស្រុក​កេដារ​នឹង​មូល​គ្នា​មក​ឯ​ឯង ពួក​ចៀម​ឈ្មោល​របស់​ស្រុក​នេបា‌យ៉ូត​នឹង​គោរព​ដល់​ឯង វា​ទាំង‌ឡាយ​នឹង​ឡើង​មក​លើ​អាសនៈ​អញ ដោយ​ស្ម័គ្រ​ពី​ចិត្ត ហើយ​អញ​នឹង​លើក​តម្កើង​វិហារ​នៃ​សិរី‌ល្អ​របស់​អញ
8 តើ​ពួក​ណា​ហ្ន៎ ដែល​រសាត់​មក​ដូច​ជា​ពពក ហើយ​ហើរ​មក​ឯ​បង្អួច​របស់​ខ្លួន​គ្រប់​គ្នា ដូច​ជា​ព្រាប​នោះ
9 ពិត​ប្រាកដ​ជា​អស់​ទាំង​កោះ​នឹង​រង់‌ចាំ​អញ ហើយ​នាវា​ពី​ស្រុក​តើស៊ីស​នឹង​មក​មុន​គេ ដើម្បី​នឹង​នាំ​ពួក​កូន​ប្រុសៗ​របស់​ឯង​មក​ពី​ស្រុក​ឆ្ងាយ មាន​ទាំង​មាស​ប្រាក់​របស់​គេ​មក​ជា​មួយ​ផង ដោយ​ព្រោះ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រា‌អែល ដ្បិត​ទ្រង់​បាន​លើក​តម្កើង​ឯង​ឡើង។
10 ពួក​សាសន៍​ដទៃ​នឹង​សង់​កំផែង​ឯង​ឡើង ហើយ​ស្តេច​ទាំង​ប៉ុន្មាន​នឹង​គោរព​ដល់​ឯង ដ្បិត​ទោះ​បើ​អញ​បាន​វាយ​ឯង​ក្នុង​ពេល​ដែល​មាន​សេចក្ដី​ក្រោធ​ក៏​ដោយ គង់​តែ​អញ​បាន​អាណិត​ដល់​ឯង ក្នុង​គ្រា​ដែល​ផ្តល់​ព្រះ‌គុណ​វិញ
11 ទ្វារ​កំផែង​របស់​ឯង​នឹង​នៅ​ចំហ​ជានិច្ច ឥត​ដែល​បិទ​ទាំង​យប់​ទាំង​ថ្ងៃ​ឡើយ ដើម្បី​ឲ្យ​មនុស្ស​បាន​នាំ​យក​ទ្រព្យ‌សម្បត្តិ​របស់​សាសន៍​ទាំង​ប៉ុន្មាន​មក​ឯ​ឯង ព្រម​ទាំង​ដឹក‌នាំ​ស្តេច​របស់​គេ​មក​ជា​ឈ្លើយ​ផង
12 ដ្បិត​សាសន៍​ណា និង​នគរ​ណា​ដែល​មិន​ព្រម​គោរព​ដល់​ឯង នោះ​នឹង​ត្រូវ​វិនាស អើ សាសន៍​ទាំង​នោះ​នឹង​ត្រូវ​សាប‌សូន្យ​បាត់​ទៅ​អស់​រលីង
13 សេចក្ដី​លំអ​នៃ​ព្រៃ​ល្បាណូន​នឹង​មក​ឯ​ឯង គឺ​ជា​ឈើ​កកោះ ឈើ​ស្រល់ និង​ឈើ​ស្រឡៅ​ផង ដើម្បី​នឹង​តុប‌តែង​កន្លែង​នៃ​ទី​បរិសុទ្ធ​របស់​អញ ហើយ​អញ​នឹង​ធ្វើ​ឲ្យ​ទី​នៃ​ជើង​អញ​បាន​រុងរឿង​ឧត្តម
14 ពួក​កូន​ចៅ​របស់​អ្នក​ដែល​បាន​សង្កត់‌សង្កិន​ឯង គេ​នឹង​មក​ទាំង​ឱន​ក្រាប​នៅ​ចំពោះ​ឯង ហើយ​អស់​អ្នក​ណា​ដែល​ធ្លាប់​មើល‌ងាយ​ឯង គេ​នឹង​ក្រាប​ចុះ​នៅ​ទៀប​បាទ​ជើង​ឯង គេ​នឹង​ហៅ​ឯង​ថា ជា​ទី​ក្រុង​របស់​ព្រះ‌យេហូវ៉ា គឺ​ជា​ក្រុង​ស៊ីយ៉ូន​របស់​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រា‌អែល។
15 ទោះ​បើ​ឯង​បាន​ត្រូវ​ចោល​ស្ងាត់ ហើយ​ត្រូវ​គេ​ស្អប់ ដល់​ម៉្លេះ​បាន​ជា​គ្មាន​មនុស្ស​ណា​ដើរ​កាត់​ឯង​ឡើយ គង់​តែ​អញ​នឹង​ធ្វើ​ឲ្យ​ឯង​បាន​ជា​ទី​ប្រសើរ នៅ​អស់​កល្ប‌ជានិច្ច​វិញ ជា​ទី​អំណរ​ដល់​ច្រើន​ដំណ​ត​ទៅ
16 ឯង​នឹង​បាន​បឺត​ជញ្ជក់​ទឹក​ដោះ​នៃ​អស់​ទាំង​សាសន៍ ហើយ​និង​បឺត​ដោះ​នៃ​ពួក​ស្តេច​ដែរ នោះ​ឯង​នឹង​ដឹង​ថា អញ​នេះ​គឺ​យេហូវ៉ា​ជា​ព្រះ​ដ៏​ជួយ​សង្គ្រោះ​ឯង ហើយ​ជា​ព្រះ​ដ៏​ប្រោស​លោះ​ឯង គឺ​ជា​ព្រះ​ដ៏​មាន​ព្រះ‌ចេស្តា​នៃ​យ៉ាកុប
17 អញ​នឹង​នាំ​មាស​មក​ឲ្យ​ជំនួស​លង្ហិន ប្រាក់​ឲ្យ​ជំនួស​ដែក លង្ហិន​ឲ្យ​ជំនួស​ឈើ ហើយ​ដែក​ឲ្យ​ជំនួស​ថ្ម​ផង អញ​នឹង​យក​សេចក្ដី​សុខ​ធ្វើ​ជា​រដ្ឋ​បាល​ឯង ហើយ​ឲ្យ​សេចក្ដី​សុចរិត​ជា​អ្នក​គ្រប់‌គ្រង​លើ​ឯង​ផង
18 នៅ​ក្នុង​ស្រុក​ឯង​នឹង​មិន​ដែល​ឮ​និយាយ​ពី​សេចក្ដី​ច្រឡោត​ទៀត ឬ​ពី​ការ​រឹប‌ជាន់ ឬ​ពី​ការ​បំផ្លាញ​នៅ​ក្នុង​ព្រំ‌ដែន​ឯង​ឡើយ គឺ​ឯង​នឹង​ហៅ​កំផែង​ឯង​ថា «សេចក្ដី​សង្គ្រោះ»ហើយ​ទ្វារ​ឯង​ថា «សេចក្ដី​សរសើរ»
19 គ្រា​នោះ ព្រះ‌អាទិត្យ​នឹង​លែង​ធ្វើ​ជា​ពន្លឺ​ដល់​ឯង​នៅ​ពេល​ថ្ងៃ ឯ​ព្រះ‌ចន្ទ​ក៏​នឹង​លែង​បាន​សម្រាប់​ជា​ពន្លឺ​ដល់​ឯង​ត​ទៅ គឺ​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ជា​ពន្លឺ​ដ៏​នៅ​អស់‌កល្ប‌ជានិច្ច​ដល់​ឯង​វិញ ហើយ​ព្រះ​នៃ​ឯង​នឹង​ជា​សិរី‌ល្អ​ដល់​ឯង​ដែរ
20 ព្រះ‌អាទិត្យ​របស់​ឯង​នឹង​លែង​លិច ហើយ​ព្រះ‌ចន្ទ​របស់​ឯង​នឹង​មិន​ជ្រេ​ទៀត​ឡើយ ពី​ព្រោះ​ព្រះ‌យេហូវ៉ា​នឹង​ជា​ពន្លឺ​ដ៏​នៅ​អស់​កល្ប‌ជានិច្ច​ដល់​ឯង ហើយ​គ្រា​នៃ​សេចក្ដី​សោក‌សៅ​របស់​ឯង​នឹង​ផុត​ទៅ
21 ពួក​អ្នក​នៅ​ក្នុង​ឯង​នឹង​បាន​ជា​មនុស្ស​សុចរិត​ទាំង​អស់ គេ​នឹង​គ្រង​បាន​ស្រុក​ជា​មរដក​នៅ​ជា​ដរាប គេ​ជា​មែក​ដែល​អញ​បាន​ផ្សាំ ជា​ការ​ដែល​ដៃ​អញ​បាន​ធ្វើ ដើម្បី​ឲ្យ​អញ​បាន​តម្កើង​ឡើង
22 អ្នក​តូច​បំផុត​នឹង​ត្រឡប់​ជា​មនុស្ស​១​ពាន់ ហើយ​ពួក​មាន​គ្នា​តិច​នឹង​ត្រឡប់​ទៅ​ជា​សាសន៍១​យ៉ាង​ពូកែ អញ​នេះ​គឺ​ព្រះ‌យេហូវ៉ា អញ​នឹង​បញ្ជឿន​ឲ្យ​ការ​នេះ​ឆាប់​កើត​ឡើង​នៅ​ពេល​កំណត់។


ជំពូក 61

1 ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា ទ្រង់​សណ្ឋិត​លើ​ខ្ញុំ ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ចាក់​ប្រេង​តាំង​ខ្ញុំ​ឲ្យ​ផ្សាយ​ដំណឹង​ល្អ​ដល់​មនុស្ស​ទាល់​ក្រ ទ្រង់​បាន​ចាត់​ខ្ញុំ​ឲ្យ​មក ដើម្បី​នឹង​ប្រោស​មនុស្ស​ដែល​មាន​ចិត្ត​សង្រេង និង​ប្រកាស​ប្រាប់​ពី​សេចក្ដី​ប្រោស​លោះ​ដល់​ពួក​ឈ្លើយ ហើយ​ពី​ការ​ដោះ​លែង​ដល់​ពួក​អ្នក​ដែល​ជាប់​ចំណង
2 ព្រម​ទាំង​ប្រកាស​ប្រាប់​ពី​ឆ្នាំ​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ និង​ពី​ថ្ងៃ ដែល​ព្រះ​នៃ​យើង​ខ្ញុំ​នឹង​សង‌សឹក​ផង ហើយ​ឲ្យ​កំសាន្ត​ចិត្ត​នៃ​អស់​អ្នក​ណា​ដែល​សោយ‌សោក
3 នឹង​ចែក​ឲ្យ​ដល់​ពួក​អ្នក​ដែល​សោយ‌សោក នៅ​ក្រុង​ស៊ីយ៉ូន​បាន​ភួង​លំអ​ជំនួស​ផេះ ហើយ​ប្រេង​នៃ​សេចក្ដី​អំណរ​ជំនួស​សេចក្ដី​សោក‌សៅ ព្រម​ទាំង​អាវ​ពាក់​នៃ​សេចក្ដី​សរសើរ ជំនួស​ទុក្ខ​ធ្ងន់​ដែល​គ្រប​សង្កត់ ដើម្បី​ឲ្យ​គេ​បាន​ហៅ​ថា ជា​ដើម​ឈើ​នៃ​សេចក្ដី​សុចរិត គឺ​ជា​ដើម​ដែល​ព្រះ‌យេហូវ៉ា​បាន​ដាំ មាន​ប្រយោជន៍​ឲ្យ​ទ្រង់​បាន​ថ្កើង​ឡើង។
4 គេ​នឹង​សង់​អស់​ទាំង​ទី ដែល​ខូច​បង់​ពី​ដើម​ឡើង​វិញ ហើយ​រៀប​កន្លែង​ចោល​ស្ងាត់​ពី​កាល​មុន​ឡើង​ជា​ថ្មី គេ​នឹង​ជួស‌ជុល​អស់​ទាំង​ទី​ក្រុង​ដែល​ខូច​បង់ ហើយ​អស់​ទាំង​ទី​កន្លែង​ដែល​ចោល​ស្ងាត់ តាំង​ពី​ច្រើន​ដំណ​ត​មក​ផង
5 គ្រា​នោះ ពួក​សាសន៍​ដទៃ​នឹង​ឃ្វាល​ហ្វូង​សត្វ​ឲ្យ​ឯង ហើយ​មនុស្ស​ប្រទេស​ក្រៅ​នឹង​ភ្ជួរ‌រាស់ ហើយ​ថែ​រក្សា​ចម្ការ​ទំពាំង‌បាយ‌ជូរ​ឲ្យ​ឯង
6 តែ​ឯ​ឯង​រាល់​គ្នា នឹង​បាន​ហៅ​ថា​ជា​សង្ឃ​របស់​ព្រះ‌យេហូវ៉ា មនុស្ស​ទាំង‌ឡាយ​នឹង​ហៅ​ឯង​រាល់​គ្នា​ជា​អ្នក​គោរព​ដល់​ព្រះ​នៃ​យើង​រាល់​គ្នា ឯង​រាល់​គ្នា​នឹង​ស៊ី​ទ្រព្យ‌សម្បត្តិ​របស់​អស់​ទាំង​សាសន៍ ហើយ​និង​មាន​សេចក្ដី​រីក‌រាយ​ដោយ​របស់​រុងរឿង​នៃ​គេ
7 ឯង​រាល់​គ្នា​នឹង​បាន​ចំណែក​១​ជា​២​ជំនួស​សេចក្ដី​ខ្មាស​របស់​ឯង ហើយ​និង​មាន​សេចក្ដី​រីក‌រាយ ដោយ​ចំណែក​ដែល​ខ្លួន​ទទួល​ជំនួស​សេចក្ដី​អាប់‌យស ដូច្នេះ ឯង​នឹង​បាន​២​ចំណែក​នៅ​ក្នុង​ស្រុក​របស់​ឯង ហើយ​និង​មាន​សេចក្ដី​អំណរ ដ៏​នៅ​អស់​កល្ប‌ជានិច្ច
8 ដ្បិត​អញ គឺ​ព្រះ‌យេហូវ៉ា អញ​ស្រឡាញ់​សេចក្ដី​យុត្តិ‌ធម៌ តែ​ស្អប់​ការ​លួច​ប្លន់ និង​សេចក្ដី​ទុច្ចរិត​វិញ អញ​នឹង​ឲ្យ​រង្វាន់​ដល់​ឯង​ដោយ​សេចក្ដី​ពិត ហើយ​និង​តាំង​សេចក្ដី​សញ្ញា​ដ៏​នៅ​អស់​កល្ប‌ជានិច្ច​នឹង​ឯង
9 គេ​នឹង​ស្គាល់​ពូជ‌ពង្ស​របស់​ឯង នៅ​កណ្តាល​អស់​ទាំង​សាសន៍ ហើយ​កូន​ចៅ​របស់​ឯង នៅ​កណ្តាល​សាសន៍​ទាំង‌ឡាយ អស់​អ្នក​ណា​ដែល​ឃើញ​ឯង​នឹង​ទទួល​ស្គាល់​ថា ឯង​ជា​ពួក​អ្នក​ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រទាន​ពរ​ឲ្យ។
10 ខ្ញុំ​នឹង​អរ​សប្បាយ​ចំពោះ​ព្រះ‌យេហូវ៉ា ព្រលឹង​ខ្ញុំ​នឹង​រីក‌រាយ​ចំពោះ​ព្រះ​នៃ​ខ្ញុំ ពី​ព្រោះ​ទ្រង់​បាន​ប្រដាប់​ខ្លួន​ខ្ញុំ​ដោយ​សម្លៀក‌បំពាក់​នៃ​សេចក្ដី​សង្គ្រោះ ទ្រង់​បាន​គ្រលុំ​ខ្ញុំ​ដោយ​អាវ​ជា​សេចក្ដី​សុចរិត ដូច​ជា​ប្ដី​ថ្មោង‌ថ្មី​តែង​ខ្លួន​ដោយ​គ្រឿង​លំអ ហើយ​ដូច​ជា​ប្រពន្ធ​ថ្មោង‌ថ្មី ក៏​ប្រដាប់​ដោយ​ត្បូង​របស់​ខ្លួន​ដែរ
11 ដ្បិត​ដែល​ដី​ធ្វើ​ឲ្យ​ចេញ​ពន្លក ហើយ​សួន‌ច្បារ​បណ្តាល​ឲ្យ​ពូជ​ផ្សេងៗ ដែល​គេ​ដាំ​នៅ​ទី​នោះ បាន​ដុះ​ឡើង​ជា​យ៉ាង​ណា នោះ​ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​នឹង​ធ្វើ​ឲ្យ​សេចក្ដី​សុចរិត និង​សេចក្ដី​សរសើរ បាន​លេច​ឡើង នៅ​ចំពោះ​អស់​ទាំង​សាសន៍​យ៉ាង​នោះ​ដែរ។


ជំពូក 62

1 ដោយ​យល់​ដល់​ក្រុង​ស៊ីយ៉ូន នោះ​អញ​មិន​ព្រម​អត់​ធ្មត់​ទេ ហើយ​ដោយ​យល់​ដល់​ក្រុង​យេរូ‌សាឡឹម នោះ​អញ​មិន​ព្រម​បង្អង់​ឡើយ ទាល់​តែ​សេចក្ដី​សុចរិត​របស់​ក្រុង​នោះ​បាន​ភ្លឺ​ចេញ​មក ដូច​ជា​រស្មី​នៃ​ពន្លឺ ហើយ​សេចក្ដី​សង្គ្រោះ​របស់​គេ​បាន​ដូច​ជា​ចង្កៀង​ដែល​ឆេះ
2 នោះ​អស់​ទាំង​សាសន៍​នឹង​ឃើញ​សេចក្ដី​សុចរិត​របស់​ឯង ហើយ​ស្ដេច​ទាំង‌ឡាយ​នឹង​ឃើញ​សិរី‌ល្អ​របស់​ឯង​ដែរ ឯង​នឹង​មាន​ឈ្មោះ​ថ្មី ជា​ឈ្មោះ​ដែល​ព្រះ‌ឱស្ឋ​នៃ​ព្រះ‌យេហូវ៉ា​នឹង​សម្រេច​ឲ្យ
3 ឯង​នឹង​ជា​មកុដ​ដ៏​រុងរឿង​នៅ​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា ហើយ​ជា​ព្រះ‌មាលា‌រាជ្យ​នៅ​ព្រះ‌ហស្ត​របស់​ព្រះ​នៃ​ឯង
4 ឯង​មិន​ត្រូវ​គេ​ហៅ​ថា ទី​ក្រុង​ចោល​បង់ ហើយ​ដី​ឯង​ក៏​មិន​ត្រូវ​ហៅ​ថា ទី​ស្ងាត់‌ជ្រងំ​ទៀត​ឡើយ គឺ​ឯង​នឹង​ត្រូវ​ហៅ​ថា «ទី​ស្រឡាញ់» ហើយ​ដី​របស់​ឯង​ថា​ជា​អ្នក​មាន​ប្ដី​វិញ ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​សេចក្ដី​រីក‌រាយ​ចំពោះ​ឯង ហើយ​ដី​ឯង​នឹង​បាន​រៀប​ការ
5 ដ្បិត​ដែល​មនុស្ស​កំលោះ​យក​ស្រី​ក្រមុំ​ធ្វើ​ជា​ប្រពន្ធ​យ៉ាង​ណា នោះ​ពួក​កូន​ប្រុសៗ​របស់​ឯង​នឹង​មក​រួម​នឹង​ឯង​យ៉ាង​នោះ​ដែរ ហើយ​ដែល​ប្ដី​ថ្មោង‌ថ្មី​មាន​ចិត្ត​រីក‌រាយ​ចំពោះ​ប្រពន្ធ​យ៉ាង​ណា នោះ​ព្រះ​នៃ​ឯង​នឹង​មាន​សេចក្ដី​រីក‌រាយ​ចំពោះ​ឯង​យ៉ាង​នោះ​ដែរ។
6 ឱ​ក្រុង​យេរូ‌សាឡឹម​អើយ អញ​បាន​ដាក់​ពួក​យាម​ល្បាត​នៅ​លើ​កំផែង​ឯង​ហើយ គេ​នឹង​មិន​នៅ​មាត់​ស្ងៀម ទោះ​យប់ ឬ​ថ្ងៃ​ផង ឯង​រាល់​គ្នា​ដែល​ជា​អ្នក​រំឭក​ព្រះ‌យេហូវ៉ា​អើយ កុំ​ឲ្យ​នៅ​ស្ងៀម​ឡើយ
7 ហើយ​កុំ​ឲ្យ​ទ្រង់​នៅ​ទំនេរ​ឲ្យ​សោះ ដរាប​ដល់​ទ្រង់​បាន​តាំង​ក្រុង​យេរូ‌សាឡឹម​ឡើង ឲ្យ​ជា​ទី​សរសើរ​នៅ​លើ​ផែនដី
8 ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ស្បថ​ដោយ​ព្រះ‌ហស្ត​ស្តាំ​ទ្រង់ ហើយ​ដោយ​ព្រះ‌ពាហុ​ដ៏​មាន​ឥទ្ធិ‌ឫទ្ធិ​របស់​ទ្រង់​ថា ពិត​ប្រាកដ​ជា​អញ​នឹង​មិន​ឲ្យ​ស្រូវ​របស់​ឯង​ទៅ​ធ្វើ​ជា​អាហារ​ដល់​ពួក​ខ្មាំង​សត្រូវ​ឯង​ទៀត ហើយ​ពួក​សាសន៍​ដទៃ​នឹង​មិន​ផឹក​ទឹក​ទំពាំង‌បាយ‌ជូរ​ដែល​ឯង​បាន​ខំ​ធ្វើ​ទៀត​ឡើយ
9 គឺ​ពួក​អ្នក​ដែល​បាន​ច្រូត​ផល​នោះ​នឹង​ស៊ី​វិញ ហើយ​គេ​នឹង​សរសើរ​ដល់​ព្រះ‌យេហូវ៉ា ឯ​ពួក​អ្នក​ដែល​បាន​ប្រមូល​ផ្លែ​នោះ គេ​នឹង​ផឹក​នៅ​ក្នុង​ទីលាន​នៃ​ទី​បរិសុទ្ធ​របស់​អញ។
10 ចូរ​ចូល​ទៅ ចូរ​ចូល​ទៅ​តាម​ទ្វារ​ចុះ ចូរ​រៀប​ផ្លូវ​សម្រាប់​ប្រជា‌ជន ចូរ​លើក ចូរ​លើក​ថ្នល់​ឡើង ចូរ​ប្រមូល​យក​ថ្ម​ចេញ ហើយ​បង្ហូត​ទង់‌ជ័យ​១​សម្រាប់​សាសន៍​ទាំង‌ឡាយ
11 មើល ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រកាស​ប្រាប់​រហូត​ដល់​ចុង​ផែនដី​បំផុត ឲ្យ​ប្រាប់​ដល់​កូន​ស្រី​ស៊ីយ៉ូន​ថា មើល​សេចក្ដី​សង្គ្រោះ​របស់​ឯង​បាន​មក​ដល់​ហើយ មើល ទ្រង់​យក​រង្វាន់​មក​ជា​មួយ ហើយ​សំណង​របស់​ទ្រង់​ក៏​នាំ​មុខ​ទៅ
12 គេ​នឹង​ហៅ​ពួក​នោះ​ថា ជា​សាសន៍​បរិសុទ្ធ គឺ​ជា​ពួក​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​ប្រោស​លោះ នោះ​ឯង​នឹង​បាន​ហៅ​ថា ទី​ក្រុង​ដែល​គេ​ស្វែង​រក ជា​ទី​ក្រុង​ដែល​មិន​ត្រូវ​បង់​ចោល​ឡើយ។


ជំពូក 63

1 តើ​អ្នក​ណា​ហ្ន៎ ដែល​មក​ពី​ស្រុក​អេដុម ស្លៀក‌ពាក់​ដោយ​សំពត់​ពណ៌​ពី​ក្រុង​បុសរ៉ា គឺ​អ្នក​នោះ​ដែល​មាន​សម្លៀក‌បំពាក់​រុងរឿង ហើយ​ក៏​ដើរ​មក​ដោយ​ឫទ្ធិ​យ៉ាង​ខ្លាំង គឺ​អញ​នេះ​ដែល​និយាយ​ដោយ​សេចក្ដី​សុចរិត ជា​អ្នក​ពូកែ​នឹង​សង្គ្រោះ
2 ហេតុ​អ្វី​បាន​ជា​ព្រះ‌ពស្ត្រ​ទ្រង់​មាន​ពណ៌​ក្រហម ហើយ​ព្រះ‌ភូសា​ក៏​ដូច​ជា​អ្នក​ដែល​ជាន់​ក្នុង​ធុង​ទំពាំង‌បាយ‌ជូរ​ដូច្នេះ
3 នេះ​គឺ​អញ​បាន​ជាន់​ក្នុង​ធុង​ទំពាំង‌បាយ‌ជូរ​តែ​ម្នាក់​ឯង ឥត​មាន​អ្នក​ណា​ក្នុង​ពួក​សាសន៍​ទាំង‌ឡាយ​នៅ​ជា​មួយ​នឹង​អញ​ឡើយ អើ អញ​បាន​ជាន់​គេ​ដោយ​សេចក្ដី​កំហឹង ហើយ​បាន​ឈ្លី​គេ​ដោយ​សេចក្ដី​ឃោរ‌ឃៅ​របស់​អញ ឈាម​គេ​បាន​ខ្ទាត​មក​លើ​សម្លៀក‌បំពាក់​របស់​អញ សម្លៀក‌បំពាក់​អញ​បាន​ត្រូវ​ប្រឡាក់​ទាំង​អស់​ហើយ
4 ដ្បិត​នៅ​ក្នុង​ចិត្ត​អញ​បាន​នឹក​ពី​ថ្ងៃ​សង‌សឹក ឯ​ឆ្នាំ​កំណត់​នៃ​ពួក​ប្រោស​លោះ​របស់​អញ​ក៏​បាន​មក​ដល់​ដែរ
5 អញ​ក៏​រក​មើល តែ​គ្មាន​អ្នក​ណា​នឹង​ជួយ​សោះ អញ​បាន​អស្ចារ្យ​ពី​ការ​ដែល​គ្មាន​អ្នក​ណា​នឹង​ជួយ​ទប់‌ទល់ ដូច្នេះ ដើម​ដៃ​របស់​អញ​បាន​នាំ​សេចក្ដី​សង្គ្រោះ​មក​ឯ​អញ ហើយ​សេចក្ដី​ឃោរ‌ឃៅ​របស់​អញ​បាន​ទប់‌ទល់​អញ
6 អញ​បាន​ជាន់​ឈ្លី​សាសន៍​ទាំង‌ឡាយ ដោយ​សេចក្ដី​កំហឹង​របស់​អញ ក៏​ធ្វើ​ឲ្យ​គេ​ស្រវឹង​ដោយ​សេចក្ដី​ឃោរ‌ឃៅ​របស់​អញ ហើយ​បាន​ចាក់​ឈាម​គេ​ចុះ​ដល់​ដី​ផង។
7 ខ្ញុំ​នឹង​ថ្លែង​ប្រាប់​ពី​សេចក្ដី​សប្បុរស​របស់​ព្រះ‌យេហូវ៉ា ហើយ​ពី​សេចក្ដី​ដែល​គួរ​សរសើរ​របស់​ទ្រង់ តាម​គ្រប់​ទាំង​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រោស​ដល់​យើង​រាល់​គ្នា និង​សេចក្ដី​សប្បុរស​ដ៏​ជា​ធំ ដែល​ផ្តល់​ដល់​ពូជ‌ពង្ស​អ៊ីស្រា‌អែល ជា​សេចក្ដី​ដែល​ទ្រង់​បាន​ប្រោស​ដល់​គេ​តាម​សេចក្ដី​មេត្តា‌ករុណា​របស់​ទ្រង់ ហើយ​តាម​សេចក្ដី​សប្បុរស​ដ៏​ជា​បរិបូរ​របស់​ទ្រង់
8 ដ្បិត​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​ថា គេ​ជា​រាស្ត្រ​អញ​ពិត គឺ​ជា​កូន​ចៅ​ដែល​មិន​ព្រម​ប្រព្រឹត្ត​ដោយ​គៃ‌កាញ់​ឡើយ ដូច្នេះ បាន​ជា​ទ្រង់​បាន​ធ្វើ​ជា​ព្រះ‌អង្គ​សង្គ្រោះ​ដល់​គេ
9 ក្នុង​គ្រប់​ទាំង​សេចក្ដី​ទុក្ខ​វេទនា​របស់​គេ នោះ​ទ្រង់​ក៏​រង​ទុក្ខ​ដែរ ហើយ​ទេវតា​ដែល​នៅ​ចំពោះ​ទ្រង់​បាន​សង្គ្រោះ​គេ ទ្រង់​បាន​ប្រោស​លោះ​គេ ដោយ​សេចក្ដី​ស្រឡាញ់ និង​សេចក្ដី​មេត្តា‌ករុណា​របស់​ទ្រង់ កាល​ពី​ចាស់​បុរាណ ទ្រង់​បាន​លើក​គេ​បី​ទៅ​ជា​ដរាប។
10 តែ​គេ​បាន​បះ‌បោរ ហើយ​បាន​បញ្ឈឺ​ព្រះ‌ហឫទ័យ​នៃ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​របស់​ទ្រង់ ហេតុ​នោះ​បាន​ជា​ទ្រង់​បាន​ត្រឡប់​ជា​ខ្មាំង​សត្រូវ​នឹង​គេ​វិញ ហើយ​អង្គ​ទ្រង់​ក៏​តប​ត​នឹង​គេ​ដែរ
11 ខណៈ​នោះ រាស្ត្រ​ទ្រង់​បាន​នឹក​ដល់​គ្រា​ជាន់​មុន ហើយ​ពី​ម៉ូសេ​ដោយ​ថា ព្រះ‌អង្គ​ដែល​នាំ​គេ​ឡើង​ពី​សមុទ្រ​ជា​មួយ​នឹង​អ្នក​គង្វាល​នៃ​ហ្វូង​ចៀម​ទ្រង់ តើ​ទ្រង់​នៅ​ឯ​ណា ព្រះ‌អង្គ​ដែល​ដាក់​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​របស់​ទ្រង់​ឲ្យ​សណ្ឋិត​នៅ​នឹង​គេ នោះ​តើ​នៅ​ឯ​ណា
12 គឺ​ព្រះ‌អង្គ​ដែល​ឲ្យ​ព្រះ‌ពាហុ​រុងរឿង​ឧត្តម​របស់​ទ្រង់​អម​ដៃ​ស្តាំ​ម៉ូសេ​ទៅ ជា​ព្រះ​ដែល​ញែក​ទឹក​ចេញ​ពី​គ្នា​នៅ​មុខ​គេ ដើម្បី​នឹង​ធ្វើ​ឲ្យ​ទ្រង់​មាន​នាម​ដ៏​ស្ថិត‌ស្ថេរ​នៅ​អស់‌កល្ប​ត​ទៅ​នោះ
13 ជា​ព្រះ​ដែល​នាំ​គេ​ដើរ​កាត់​ទី​ជម្រៅ​មិន​ឲ្យ​ចំពប់​ដួល​ឡើយ ដូច​ជា​នាំ​សេះ​ដើរ​កាត់​ទី​រហោ‌ស្ថាន
14 ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា​បាន​ឲ្យ​គេ​ឈប់​សម្រាក ដូច​ជា​ហ្វូង​គោ​ដែល​ចុះ​ទៅ​ក្នុង​ច្រក​ភ្នំ គឺ​យ៉ាង​នោះ​ដែល​ទ្រង់​បាន​នាំ​រាស្ត្រ​ទ្រង់ ដើម្បី​នឹង​ធ្វើ​ឲ្យ​ព្រះ‌នាម​ទ្រង់​បាន​រុងរឿង​ឧត្តម។
15 សូម​ទ្រង់​ពិចារណា​ពី​លើ​ស្ថាន​សួគ៌ ហើយ​ទត​មើល​ពី​ទី​លំនៅ​នៃ​សេចក្ដី​បរិសុទ្ធ និង​សិរី‌ល្អ​របស់​ទ្រង់ តើ​សេចក្ដី​ខ្មី‌ឃ្មាត និង​ឫទ្ធា‌នុភាព​របស់​ទ្រង់ នៅ​ឯ​ណា ឯ​សេចក្ដី​កន្លេង​ក្នុង​ព្រះ‌ហឫទ័យ និង​សេចក្ដី​មេត្តា‌ករុណា​របស់​ទ្រង់ នោះ​បាន​បង្ខាំង​ទុក នៅ​ចំពោះ​ទូល‌បង្គំ​ហើយ
16 ពី​ព្រោះ​ទ្រង់​ជា​ព្រះ‌វរ‌បិតា​របស់​យើង​ខ្ញុំ ទោះ​បើ​លោក​អ័ប្រា‌ហាំ​មិន​បាន​ស្គាល់​យើង​ខ្ញុំ ហើយ​ពួក​អ៊ីស្រា‌អែល​មិន​ព្រម​ទទួល​ស្គាល់​យើង​ខ្ញុំ​ក៏​ដោយ គង់​តែ ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​ជា​ព្រះ‌វរ‌បិតា​នៃ​យើង​ខ្ញុំ​ពិត ហើយ​តាំង​ពី​អស់​កល្ប​រៀង​មក នោះ​ព្រះ‌នាម​ទ្រង់​ជា​ព្រះ​ដ៏​ប្រោស​លោះ​យើង​ខ្ញុំ
17 ឱ​ព្រះ‌យេហូវ៉ា​អើយ ហេតុ​អ្វី​បាន​ជា​ទ្រង់​ធ្វើ​ឲ្យ​យើង​ខ្ញុំ​វង្វេង​ចេញ​ពី​ផ្លូវ​របស់​ទ្រង់ ហើយ​ឲ្យ​យើង​ខ្ញុំ​មាន​ចិត្ត​រឹង‌ទទឹង​ចំពោះ​សេចក្ដី​កោត‌ខ្លាច​ដល់​ទ្រង់​ដូច្នេះ សូម​ទ្រង់​វិល​មក​វិញ ដោយ​យល់​ដល់​ពួក​អ្នក​បម្រើ​របស់​ទ្រង់ គឺ​ជា​ពូជ​អំបូរ​ទាំង​ប៉ុន្មាន​នៃ​មរដក​របស់​ទ្រង់
18 រាស្ត្រ​បរិសុទ្ធ​របស់​ទ្រង់​បាន​ស្រុក​នោះ​មិន​យូរ​ប៉ុន្មាន​ទេ ឯ​ពួក​ខ្មាំង​សត្រូវ​របស់​យើង​ខ្ញុំ គេ​បាន​ជាន់​ឈ្លី​ទី​បរិសុទ្ធ​នៃ​ទ្រង់
19 យើង​ខ្ញុំ​រាល់​គ្នា​បាន​ត្រឡប់​ដូច​ជា​ពួក​អ្នក ដែល​ទ្រង់​មិន​បាន​គ្រប់‌គ្រង​ឡើយ គឺ​ដូច​ជា​ពួក​អ្នក​ដែល​មិន​បាន​ហៅ​តាម​ព្រះ‌នាម​ទ្រង់​វិញ។


ជំពូក 64

1 ឱ​បើ‌សិន​ជា​ទ្រង់​នឹង​វែក​ផ្ទៃ​មេឃ ហើយ​យាង​ចុះ​មក​ទៅ​អេះ ដើម្បី​ឲ្យ​ភ្នំ​ទាំង​ប៉ុន្មាន បាន​ញាប់‌ញ័រ​នៅ​ចំពោះ​ទ្រង់
2 ដូច​កាល​ណា​ភ្លើង​រាល​ឆេះ​គំនរ​ស្នាប់ ឬ​ដូច​ភ្លើង​ធ្វើ​ឲ្យ​ទឹក​ពុះ​ខ្ជោល​ឡើង​ផង ដើម្បី​នឹង​ធ្វើ​ឲ្យ​ពួក​ខ្មាំង​សត្រូវ​ទ្រង់​បាន​ស្គាល់​ព្រះ‌នាម​ទ្រង់ ហើយ​សាសន៍​ទាំង​ប៉ុន្មាន​បាន​ញាប់‌ញ័រ​នៅ​ចំពោះ​ទ្រង់
3 នៅ​គ្រា​ដែល​ទ្រង់​បាន​ធ្វើ​ការ​គួរ​ស្ញែង‌ខ្លាច ដែល​យើង​ខ្ញុំ​មិន​បាន​ម៉ៃ​ចិត្ត​សោះ នោះ​ទ្រង់​បាន​យាង​ចុះ​មក ហើយ​ភ្នំ​ទាំង​ប៉ុន្មាន​បាន​កក្រើក​ញ័រ​នៅ​ចំពោះ​ទ្រង់
4 ដ្បិត​ចាប់​តាំង​ពី​ចាស់​បុរាណ​មក មនុស្ស​លោក​មិន​ដែល​ឮ ក៏​មិន​ដែល​ដឹង​ដោយ‌សារ​ត្រចៀក ហើយ​ភ្នែក​មិន​ដែល​ឃើញ​ព្រះ​ឯ​ណា​ក្រៅ​ពី​ទ្រង់ ដែល​ធ្វើ​ការ​ជំនួស​អ្នក​ដែល​សង្ឃឹម​ដល់​ទ្រង់​ឡើយ
5 ទ្រង់​តែង‌តែ​ប្រោស​ដល់​អ្នក​ដែល​មាន​ចិត្ត​រីក‌រាយ ហើយ​ប្រព្រឹត្ត​ដោយ​សុចរិត គឺ​ដល់​ពួក​អ្នក​ដែល​នឹក​ចាំ​ពី​ទ្រង់​ក្នុង​អស់​ទាំង​ផ្លូវ​របស់​ទ្រង់ មើល ទ្រង់​បាន​មាន​សេចក្ដី​ក្រោធ​ដោយ​ព្រោះ​យើង​ខ្ញុំ​ធ្វើ​បាប យើង​ខ្ញុំ​បាន​នៅ​ជាប់​ក្នុង​អំពើ​ទាំង​នោះ​ជា​យូរ​មក​ហើយ ដូច្នេះ យើង​ខ្ញុំ​នឹង​បាន​សង្គ្រោះ​ឬ
6 ដ្បិត​យើង​ខ្ញុំ​ទាំង​អស់​គ្នា​បាន​ត្រឡប់​ទៅ​ដូច​ជា​មនុស្ស​ដែល​មិន​ស្អាត ហើយ​អស់​ទាំង​អំពើ​សុចរិត​របស់​យើង​ខ្ញុំ ក៏​ដូច​ជា​អាវ​កខ្វក់​ហើយ យើង​ខ្ញុំ​រាល់​គ្នា​ស្វិត​ក្រៀម​ទៅ​ដូច​ជា​ស្លឹក​ឈើ ហើយ​អំពើ​ទុច្ចរិត​របស់​យើង​ខ្ញុំ​ក៏​ផាត់​យក​យើង​ខ្ញុំ​ទៅ​ដូច​ជា​ខ្យល់
7 ឥត​មាន​អ្នក​ណា​មួយ​ដែល​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ទ្រង់ ឬ​ដែល​ដាស់‌តឿន​ខ្លួន​ឯង​ឲ្យ​ចាប់​តោង​ទ្រង់​ឡើង ដ្បិត​ទ្រង់​បាន​គេច​ព្រះ‌‌ភ័ក្ត្រ​ចេញ​ពី​យើង​ខ្ញុំ​ហើយ ក៏​បាន​ធ្វើ​ឲ្យ​យើង​ខ្ញុំ​រលាយ​ទៅ ដោយ‌សារ​អំពើ​ទុច្ចរិត​របស់​យើង​ខ្ញុំ​ផង។
8 តែ​ឥឡូវ​នេះ ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​ជា​ព្រះ‌វរ‌បិតា​នៃ​យើង​ខ្ញុំ យើង​ខ្ញុំ​រាល់​គ្នា​ជា​ដី​ឥដ្ឋ ហើយ​ទ្រង់​ជា​ជាង​ស្មូន យើង​ខ្ញុំ​ជា​ស្នាដៃ​នៃ​ព្រះ‌ហស្ត​ទ្រង់​ទាំង​អស់​គ្នា
9 ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​កុំ​ក្រោធ​ជា​ខ្លាំង​ឡើយ ក៏​សូម​កុំ​នឹក​ចាំ​ពី​សេចក្ដី​ទុច្ចរិត​ជា​ដរាប​ដែរ សូម​មើល សូម​ទ្រង់​ពិចារណា​ថា យើង​ខ្ញុំ​រាល់​គ្នា​សុទ្ធ​តែ​ជា​រាស្ត្រ​របស់​ទ្រង់
10 អស់​ទាំង​ទី​ក្រុង​បរិសុទ្ធ​របស់​ទ្រង់​បាន​ត្រឡប់​ជា​ទី​ចោល​ស្ងាត់​ហើយ ក្រុង​ស៊ីយ៉ូន​បាន​ត្រូវ​ចោល​ស្ងាត់ ឯ​ក្រុង​យេរូ‌សាឡឹម​ក៏​ត្រូវ​ខូច​បង់​ទៅ
11 ព្រះ‌វិហារ​ដ៏​បរិសុទ្ធ ហើយ​រុងរឿង​របស់​យើង​ខ្ញុំ ជា​កន្លែង​ដែល​ពួក​អយ្យកោ​នៃ​យើង​ខ្ញុំ​បាន​សរសើរ​ដល់​ទ្រង់ នោះ​ត្រូវ​គេ​ដុត​ចោល​ហើយ អស់​ទាំង​កន្លែង ជា​ទី​ពេញ​ចិត្ត​របស់​យើង​ខ្ញុំ ក៏​ត្រូវ​ខូច​អស់​ទៅ​ដែរ
12 ឱ​ព្រះ‌យេហូវ៉ា​អើយ ចុះ​ដែល​កើត​មាន​ការ​យ៉ាង​ដូច្នេះ តើ​ទ្រង់​នឹង​នៅ​តែ​អត់​សង្កត់​ព្រះ‌ហឫទ័យ​ឬ​អី តើ​ទ្រង់​នឹង​នៅ​តែ​ស្ងៀម ហើយ​ធ្វើ​ទុក្ខ​ដល់​យើង​ខ្ញុំ​ជា​ខ្លាំង​ទៅ​ទៀត​ឬ។


ជំពូក 65

1 អញ​បាន​តប​ឆ្លើយ​នឹង​ពួក​អ្នក​ដែល​មិន​បាន​សួរ​រក​អញ ហើយ​ពួក​អ្នក​ដែល​មិន​បាន​ស្វែង​រក​អញ នោះ​អញ​បាន​ឲ្យ​គេ​ប្រទះ​ឃើញ​អញ​វិញ អញ​បាន​និយាយ​ដល់​សាសន៍១​ដែល​មិន​បាន​ហៅ​តាម​ឈ្មោះ​អញ​ថា មើល នេះ​អញ​ហើយ
2 រាល់​តែ​ថ្ងៃ​អញ​បាន​ហុច​ដៃ​ទៅ​ចង់​ទទួល​ពួក​អ្នក​បះ‌បោរ ជា​ពួក​អ្នក​ប្រព្រឹត្ត​តាម​ផ្លូវ​ដែល​មិន​ល្អ តាម​តែ​គំនិត​របស់​ខ្លួន​គេ
3 ជា​សាសន៍​ដែល​បណ្តាល​ឲ្យ​អញ​ខឹង​នៅ​ចំពោះ​មុខ​ជានិច្ច ដោយ​គេ​ថ្វាយ​យញ្ញ‌បូជា​នៅ​ក្នុង​សួន‌ច្បារ ហើយ​ដុត​កំញាន​នៅ​លើ​អាសនៈ​ធ្វើ​ពី​ឥដ្ឋ
4 គេ​អង្គុយ​នៅ​កណ្តាល​ផ្នូរ​ខ្មោច ហើយ​ស្នាក់​នៅ​កន្លែង​លាក់​កំបាំង គេ​ស៊ី​សាច់​ជ្រូក ហើយ​មាន​សំឡ​គួរ​ខ្ពើម​នៅ​ក្នុង​ឆ្នាំង​របស់​គេ
5 ក៏​ពោល​ថា ចូរ​ឈរ​នៅ​ទី​នោះ​ដោយ​ខ្លួន​ទៅ កុំ​ឲ្យ​មក​ជិត​អញ​ឡើយ ដ្បិត​អញ​បរិសុទ្ធ​ជាង​ឯង ពួក​យ៉ាង​នោះ​ជា​ផ្សែង​នៅ​ក្នុង​រន្ធ​ច្រមុះ​អញ គឺ​ជា​ភ្លើង​ដែល​ឆេះ​ជានិច្ច
6 មើល អំពើ​ទាំង​នោះ​បាន​កត់​ទុក​នៅ​ចំពោះ​អញ​ហើយ អញ​មិន​ព្រម​នៅ​ស្ងៀម​ឡើយ អញ​នឹង​សង​ដល់​គេ អើ អញ​នឹង​ដាក់​សំណង​នោះ នៅ​លើ​ដើម​ទ្រូង​របស់​គេ​ផង
7 គឺ​ជា​អំពើ​ទុច្ចរិត​របស់​ឯង​រាល់​គ្នា ហើយ​និង​អំពើ​ទុច្ចរិត​របស់​ពួក​អយ្យកោ​ឯង​ផង ជា​ការ​ដែល​ឯង​រាល់​គ្នា​បាន​ដុត​កំញាន​នៅ​លើ​អស់​ទាំង​ភ្នំ​ធំ ហើយ​បាន​ប្រមាថ​អញ​នៅ​លើ​ភ្នំ​តូច​ទាំង​ប៉ុន្មាន ដូច្នេះ អញ​នឹង​វាល់​អំពើ​ដែល​គេ​បាន​ប្រព្រឹត្ត​ពី​ដើម​ទាំង​នោះ ដាក់​នៅ​ដើម​ទ្រូង​គេ​ជា​ពិត នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។
8 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា កាល​ណា​រក​បាន​ផ្លែ​ទំពាំង‌បាយ‌ជូរ​១​ចង្កោម​មាន​ទឹក​ពេញ ហើយ​មាន​គេ​ហាម​ថា កុំ​បំផ្លាញ​ឡើយ ដ្បិត​ជា​ផ្លែ​មាន​ពរ​ហើយ គឺ​យ៉ាង​នោះ​ដែល​អញ​នឹង​ប្រព្រឹត្ត ចំពោះ​ពួក​អ្នក​បម្រើ​របស់​អញ​ទាំង​ប៉ុន្មាន​ដែរ ដើម្បី​មិន​ឲ្យ​គេ​ត្រូវ​បំផ្លាញ​អស់​រលីង​ឡើយ
9 អញ​នឹង​បង្កើត​ជំនួរ​វង្ស​១ ចេញ​ពី​យ៉ាកុប​មក ហើយ​ឲ្យ​មាន​ពួក​១ ចេញ​ពី​យូដា​មក ដែល​នឹង​គ្រង​បាន​ស្រុក​ភ្នំ​របស់​អញ​ទុក​ជា​មរដក ពួក​អ្នក​រើស​តាំង​របស់​អញ​នឹង​ទទួល​បាន​ស្រុក​នោះ ហើយ​ពួក​អ្នក​បម្រើ​របស់​អញ​នឹង​អាស្រ័យ​នៅ​ឯ​នោះ​ផង
10 នោះ​វាល​សារ៉ុន​នឹង​បាន​សម្រាប់​ជា​ទី​ឃ្វាល​ហ្វូង​ចៀម ហើយ​ច្រក​ភ្នំ​អាកោរ​ជា​កន្លែង​ឲ្យ​ហ្វូង​គោ​ដេក​នៅ ដល់​ពួក​រាស្ត្រ​របស់​អញ​ដែល​បាន​ស្វែង​រក​អញ
11 តែ​ឯ​ឯង​រាល់​គ្នា​ដែល​បោះ‌បង់​ចោល​ព្រះ‌យេហូវ៉ា គឺ​ជា​ពួក​អ្នក​ដែល​ភ្លេច​ភ្នំ​បរិសុទ្ធ​របស់​អញ ហើយ​ក៏​រៀប​អាសនៈ​១​ថ្វាយ​ដល់​ព្រះ​មាន​លាភ ព្រម​ទាំង​ចាក់​ស្រា​ពេញ​ពែង ថ្វាយ​ដល់​ព្រះ​វាសនា
12 អញ​នឹង​ឲ្យ​ឯង​រាល់​គ្នា​មាន​វាសនា​ជា​ដាវ​វិញ ហើយ​ឯង​ទាំង​អស់​គ្នា​នឹង​ត្រូវ​ឱន​ទៅ​ឲ្យ​គេ​កាប់​សម្លាប់ ពី​ព្រោះ​កាល​អញ​បាន​ហៅ នោះ​ឯង​រាល់​គ្នា​មិន​បាន​ឆ្លើយ​សោះ ហើយ​កាល​អញ​បាន​និយាយ នោះ​ឯង​រាល់​គ្នា​មិន​បាន​ឮ​ឡើយ គឺ​ឯង​រាល់​គ្នា​បាន​ប្រព្រឹត្ត​អំពើ​ដែល​អាក្រក់​នៅ​ភ្នែក​អញ ហើយ​បាន​រើស​យក​របស់​ដែល​អញ​មិន​ចូល​ចិត្ត​វិញ។
13 ហេតុ​នោះ ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ មើល ពួក​អ្នក​បម្រើ​អញ​នឹង​បាន​ស៊ី តែ​ឯង​រាល់​គ្នា​នឹង​ត្រូវ​ឃ្លាន មើល ពួក​អ្នក​បម្រើ​អញ​នឹង​បាន​ផឹក តែ​ឯង​រាល់​គ្នា​នឹង​ត្រូវ​ស្រេក មើល​ពួក​អ្នក​បម្រើ​អញ​នឹង​អរ​សប្បាយ តែ​ឯង​រាល់​គ្នា​នឹង​ត្រូវ​ខ្មាស
14 មើល ពួក​អ្នក​បម្រើ​អញ​នឹង​ច្រៀង​ដោយ​មាន​ចិត្ត​អំណរ តែ​ឯង​រាល់​គ្នា​នឹង​ស្រែក​ឡើង ដោយ​មាន​ចិត្ត​ព្រួយ ហើយ​និង​ទ្រហោ‌យំ​ដោយ​មាន​វិញ្ញាណ​គ្រាំ‌គ្រា​វិញ
15 ឯង​រាល់​គ្នា​នឹង​បន្ត​ឈ្មោះ​របស់​ឯង ទុក​ជា​ទី​ផ្តាសា​ដល់​ពួក​រើស​តាំង​របស់​អញ ហើយ​ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​នឹង​សម្លាប់​ឯង​បង់ ទ្រង់​នឹង​ដាក់​ឈ្មោះ​ផ្សេង​ទៀត​ឲ្យ​ដល់​ពួក​អ្នក​បម្រើ​របស់​ទ្រង់
16 បាន​ជា​អ្នក​ណា​នៅ​ផែនដី​ដែល​ចង់​បាន​ពរ នោះ​នឹង​រក​ពរ​ដោយ​ព្រះ​នៃ​សេចក្ដី​ពិត ហើយ​អ្នក​ណា​នៅ​ផែនដី​ដែល​ស្បថ នោះ​នឹង​ស្បថ​ដោយ​ព្រះ​នៃ​សេចក្ដី​ពិត​ដែរ ពី​ព្រោះ​សេចក្ដី​វេទនា​ពី​ជាន់​មុន​បាន​ភ្លេច​ទៅ​ហើយ ក៏​បាន​កំបាំង​ពី​ភ្នែក​អញ​ផង។
17 ដ្បិត​មើល អញ​នឹង​បង្កើត​ផ្ទៃ​មេឃ​ថ្មី ហើយ​និង​ផែនដី​ថ្មី ឯ​របស់​ពី​មុនៗ នោះ​នឹង​គ្មាន​អ្នក​ណា​នឹក​ចាំ​ទៀត ក៏​មិន​ដែល​ចូល​ក្នុង​គំនិត​ឡើយ
18 ប៉ុន្តែ ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​មាន​សេចក្ដី​អំណរ ហើយ​រីក‌រាយ​ឡើង​ជា​ដរាប​ចំពោះ​ការ​ដែល​អញ​បង្កើត​នោះ ដ្បិត​មើល អញ​នឹង​ធ្វើ​ឲ្យ​ក្រុង​យេរូ‌សាឡឹម​បាន​ជា​ទី​រីក‌រាយ ហើយ​ប្រជា‌ជន​ទាំង‌ឡាយ​ជា​សេចក្ដី​អំណរ
19 នោះ​អញ​នឹង​មាន​សេចក្ដី​រីក‌រាយ​ចំពោះ​ក្រុង​យេរូ‌សាឡឹម និង​សេចក្ដី​អំណរ​ចំពោះ​រាស្ត្រ​អញ រួច​នៅ​ក្នុង​ទី​ក្រុង​នោះ នឹង​លែង​ឮ​សំឡេង​យំ និង​សម្រែក​ទៀត​ឡើយ
20 ក៏​នឹង​លែង​មាន​កូន​តូច​ដែល​រស់​នៅ​តែ​ប៉ុន្មាន​ថ្ងៃ ឬ​មនុស្ស​ចាស់​ដែល​មិន​បាន​រស់​នៅ​ឲ្យ​ពេញ​កំណត់​អាយុ​ត​ទៅ​ទៀត ដ្បិត​អ្នក​ណា​ដែល​ស្លាប់​ក្នុង​អាយុ​១០០​ឆ្នាំ នោះ​គេ​នឹង​រាប់​ថា ជា​ក្មេង​ទេ ហើយ​មនុស្ស​បាប​ណា​ដែល​រស់​ដល់​ត្រឹម​១០០​ឆ្នាំ នោះ​នឹង​ត្រូវ​បណ្តាសា​វិញ
21 គ្រា​នោះ​មនុស្ស​នឹង​សង់​ផ្ទះ ហើយ​និង​អាស្រ័យ​នៅ​ផង ក៏​នឹង​ដាំ​ចម្ការ​ទំពាំង‌បាយ‌ជូរ ហើយ​និង​បរិភោគ​ផល​ដែរ
22 គេ​នឹង​មិន​សង់ រួច​មាន​ម្នាក់​ទៀត​អាស្រ័យ​នៅ ឬ​ដាំ រួច​មាន​ម្នាក់​ទៀត​បរិភោគ​ផល​នោះ​ឡើយ ដ្បិត​អាយុ​របស់​រាស្ត្រ​អញ​នឹង​បាន​វែង​ដូច​ជា​អាយុ​នៃ​ដើម​ឈើ ហើយ​ពួក​រើស​តាំង​របស់​អញ​នឹង​ប្រើ‌ប្រាស់​ការ​ដែល​ដៃ​គេ​ធ្វើ​ជា​យឺន‌យូរ​ទៅ
23 គេ​នឹង​មិន​ខំ​ធ្វើ​ជា​ឥត​ប្រយោជន៍ ឬ​បង្កើត​មក​ឲ្យ​តែ​បាន​ត្រូវ​វិនាស​ទៅ​នោះ​ឡើយ ដ្បិត​គេ​ជា​ពូជ​នៃ​ពួក​ដ៏​មាន​ពរ​របស់​ព្រះ‌យេហូវ៉ា ព្រម​ទាំង​កូន​ដែល​គេ​បង្កើត​ត​ទៅ​ផង
24 គ្រា​នោះ​មុន​ដែល​គេ​អំពាវ‌នាវ នោះ​អញ​នឹង​តប​ឆ្លើយ ហើយ​កាល​គេ​កំពុង​តែ​ចេញ​សំដី​នៅ​ឡើយ នោះ​អញ​នឹង​ស្តាប់​ដែរ
25 ឯ​ឆ្កែ​ព្រៃ និង​កូន​ចៀម​វា​នឹង​រក​ស៊ី​ជា​មួយ​គ្នា ហើយ​សិង្ហ​នឹង​ស៊ី​ចំបើង​ដូច​ជា​គោ ចំណែក​ពស់​វា​នឹង​មាន​ធូលី​ដី​ជា​អាហារ សត្វ​ទាំង‌ឡាយ​នឹង​មិន​បៀត‌បៀន ឬ​បំផ្លាញ​អ្វី​នៅ​គ្រប់​ក្នុង​ស្រុក​ភ្នំ​បរិសុទ្ធ​របស់​អញ​ទៀត​ឡើយ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។


ជំពូក 66

1 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ផ្ទៃ​មេឃ​ជា​បល្ល័ង្ក​របស់​អញ ហើយ​ផែនដី​ជា​កំណល់​កល់​ជើង​អញ ដូច្នេះ តើ​ឯង​រាល់​គ្នា​នឹង​សង់​វិហារ​យ៉ាង​ណា​ឲ្យ​អញ តើ​មាន​កន្លែង​ណា​សម្រាប់​ជា​ទី​សម្រាក​ដល់​អញ
2 ដ្បិត​ឯ​របស់​ទាំង​នេះ គឺ​ដៃ​អញ​ដែល​បាន​បង្កើត​មក ហើយ​គឺ​យ៉ាង​នោះ​ដែល​របស់​ទាំង​នេះ​បាន​កើត​មាន​ឡើង នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ប៉ុន្តែ អញ​នឹង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​មនុស្ស​យ៉ាង​នេះ​វិញ គឺ​ចំពោះ​អ្នក​ណា​ដែល​ក្រ​លំបាក ហើយ​មាន​ចិត្ត​ខ្ទេច‌ខ្ទាំ ជា​អ្នក​ដែល​ញ័រ‌ញាក់ ដោយ​ឮ​ពាក្យ​របស់​អញ
3 អ្នក​ណា​ដែល​សម្លាប់​គោ នោះ​ដូច​ជា​បាន​ប្រហារ​ជីវិត​មនុស្ស អ្នក​ណា​ដែល​ថ្វាយ​កូន​ចៀម​ទុក​ជា​យញ្ញ‌បូជា នោះ​ដូច​ជា​បាន​បំបាក់​ក​ឆ្កែ អ្នក​ណា​ដែល​ថ្វាយ​តង្វាយ​ម្សៅ នោះ​ដូច​ជា​បាន​ថ្វាយ​ឈាម​ជ្រូក អ្នក​ណា​ដែល​ដុត​កំញាន​ថ្វាយ នោះ​ក៏​ដូច​ជា​អ្នក​ដែល​ថ្វាយ‌បង្គំ​ដល់​រូប​ព្រះ​ដែរ អើ​អ្នក​ទាំង​នោះ​បាន​រើស​ផ្លូវ​របស់​ខ្លួន​គេ ព្រលឹង​របស់​គេ​ក៏​រីក‌រាយ​ចំពោះ​ការ​គួរ​ស្អប់​ខ្ពើម​របស់​ខ្លួន​គេ​ហើយ
4 ឯ​អញ​ក៏​នឹង​រើស​សេចក្ដី​ទំនាស់​ចិត្ត​ឲ្យ​គេ ហើយ​និង​នាំ​សេចក្ដី​ដែល​គេ​ស្ញែង‌ខ្លាច​មក​លើ​គេ​វិញ ដ្បិត​កាល​អញ​បាន​ហៅ នោះ​គ្មាន​អ្នក​ណា​តប​ឆ្លើយ​សោះ កាល​អញ​បាន​និយាយ នោះ​គេ​មិន​បាន​ស្តាប់​ឡើយ គឺ​គេ​បាន​ធ្វើ​អំពើ​ដែល​អាក្រក់​នៅ​ភ្នែក​អញ ហើយ​បាន​រើស​យក​របស់​ដែល​អញ​មិន​ចូល​ចិត្ត​វិញ។
5 ឯង​រាល់​គ្នា​ដែល​ញ័រ‌ញាក់​ចំពោះ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​ទ្រង់​ចុះ ពួក​បង​ប្អូន​របស់​ឯង​រាល់​គ្នា​ដែល​ស្អប់​ឯង ជា​ពួក​អ្នក​ដែល​កាត់​ឯង​រាល់​គ្នា​ចេញ ដោយ​ព្រោះ​ឈ្មោះ​អញ គេ​បាន​ពោល​ថា ចូរ​ឲ្យ​ឯង​រាល់​គ្នា​តម្កើង​ព្រះ‌យេហូវ៉ា​ឡើង ដើម្បី​ឲ្យ​យើង​បាន​ឃើញ​សេចក្ដី​អំណរ​របស់​ឯង​ផង ប៉ុន្តែ គឺ​គេ​ដែល​នឹង​ត្រូវ​អៀន‌ខ្មាស​វិញ
6 មាន​ឮ​សូរ​អឺង‌កង​ពី​ទី​ក្រុង​មក ជា​សំឡេង​ដែល​ចេញ​ពី​ព្រះ‌វិហារ គឺ​ជា​សៀង​នៃ​ព្រះ‌យេហូវ៉ា​ដែល​ទ្រង់​សង​តប​ដល់​ពួក​ខ្មាំង​សត្រូវ​របស់​ទ្រង់។
7 មុន​ដែល​ឈឺ​ពោះ នោះ​បាន​សម្រាល​កូន​មក មុន​ដែល​កើត​ឈឺ​ចាប់ នោះ​បាន​បង្កើត​កូន​ប្រុស​១​ហើយ
8 តើ​មាន​អ្នក​ណា​ដែល​ឮ​និយាយ​ពី​ការ​យ៉ាង​នោះ តើ​អ្នក​ណា​ដែល​បាន​ឃើញ​ឬ តើ​នឹង​ឲ្យ​ស្រុក​១​កើត​ឡើង​ក្នុង​ថ្ងៃ​តែ​១​បាន​ឬ តើ​នគរ​១​នឹង​លេច​ចេញ​មក​ភ្លាម​១​រំពេច​ឬ​អី ដ្បិត​វេលា​ដែល​ក្រុង​ស៊ីយ៉ូន​បាន​ឈឺ​ចាប់ នោះ​ក៏​បាន​សម្រាល​កូន​ទាំង​ប៉ុន្មាន​មក​ភ្លាម
9 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​ថា តើ​អញ​នឹង​នាំ​ទៅ​ដល់​កំណត់​ដែល​ត្រូវ​សម្រាល ឥត​ធ្វើ​ឲ្យ​កើត​មក​ផង​ឬ ព្រះ​នៃ​ឯង​ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​សួរ​ថា ឯ​អញ​ដែល​ធ្វើ​ឲ្យ​កើត​មក តើ​អញ​នឹង​បង្ខាំង​ផ្ទៃ​ឬ​អី។
10 ឱ​ពួក​អ្នក​ដែល​ស្រឡាញ់​ក្រុង​យេរូ‌សាឡឹម​អើយ ចូរ​រីក‌រាយ​ឡើង​ជា​មួយ​នឹង​វា ហើយ​មាន​សេចក្ដី​អំណរ​ដោយ​ព្រោះ​វា​ចុះ អស់​អ្នក​ដែល​យំ​ទួញ​នឹង​ទី​ក្រុង​អើយ ចូរ​រីក‌រាយ​ឡើង​ដោយ​សេចក្ដី​អំណរ​ចំពោះ​វា​វិញ
11 ដើម្បី​ឲ្យ​ឯង​រាល់​គ្នា​បាន​បៅ​ដោះ ជា​សេចក្ដី​កំសាន្ត​ចិត្ត​របស់​វា​ឲ្យ​ឆ្អែត ហើយ​ឲ្យ​បាន​ជព្ជាក់​ទឹក​ដោះ​របស់​វា ព្រម​ទាំង​ចាប់​ចិត្ត​ចំពោះ​សិរី‌ល្អ​ដ៏​បរិបូរ​របស់​វា​ផង
12 ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា មើល អញ​នឹង​ផ្សាយ​សេចក្ដី​សុខ ឲ្យ​ហូរ​ទៅ​ដល់​វា​ដូច​ជា​ទន្លេ ព្រម​ទាំង​សិរី‌ល្អ​របស់​អស់​ទាំង​សាសន៍ ដូច​ជា​ទឹក​ជ្រោះ​ដែល​ហូរ​លិច​ច្រាំង​ផង នោះ​ឯង​រាល់​គ្នា​នឹង​ជព្ជាក់​បៅ វា​នឹង​ពរ​ឯង ហើយ​ថ្នម​ឯង​នៅ​លើ​ភ្លៅ
13 អញ​នឹង​កំសាន្ត​ចិត្ត​ឯង ដូច​ជា​ម្តាយ​ដែល​លួង‌លោម​កូន នោះ​ឯង​រាល់​គ្នា​នឹង​មាន​សេចក្ដី​កំសាន្ត​ចិត្ត​ចំពោះ​ក្រុង​យេរូ‌សាឡឹម​ហើយ
14 ឯង​រាល់​គ្នា​នឹង​ឃើញ ហើយ​និង​មាន​សេចក្ដី​អំណរ​រីក‌រាយ​ក្នុង​ចិត្ត ឯ​ឆ្អឹង​ឯង​រាល់​គ្នា នោះ​នឹង​បាន​ស្រស់​ដូច​ស្មៅ​ខ្ចី ហើយ​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​នឹង​សម្ដែង​ចេញ ដល់​ពួក​អ្នក​បម្រើ​របស់​ទ្រង់ ហើយ​សេចក្ដី​ខ្ញាល់​របស់​ទ្រង់ នឹង​សង្កត់​លើ​អស់​ទាំង​ខ្មាំង​សត្រូវ​ផង។
15 ដ្បិត​មើល ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​យាង​មក​នាំ​ទាំង​ភ្លើង​មក​ជា​មួយ ហើយ​ព្រះ‌រាជ‌រថ​របស់​ទ្រង់​នឹង​បាន​ដូច​ជា​ខ្យល់​កួច ដើម្បី​នឹង​សម្រេច​តាម​សេចក្ដី​ខ្ញាល់​ដ៏​សហ័ស​របស់​ទ្រង់ និង​តាម​ពាក្យ​ស្តី​បន្ទោស​របស់​ទ្រង់ ដោយ‌សារ​អណ្តាត​ភ្លើង
16 ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​សម្រេច​តាម​សេចក្ដី​យុត្តិ‌ធម៌​ដល់​អស់​ទាំង​មនុស្ស ដោយ‌សារ​ភ្លើង​នឹង​ដាវ​របស់​ទ្រង់ ដូច្នេះ ពួក​អ្នក​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់ និង​ប្រហារ​ជីវិត នោះ​នឹង​មាន​ជា​ច្រើន
17 ឯ​ពួក​អ្នក​ដែល​ញែក​ខ្លួន ហើយ​ជម្រះ​ខ្លួន​ចេញ សម្រាប់​ការ​ថ្វាយ‌បង្គំ​នៅ​ក្នុង​សួន‌ច្បារ ហើយ​គោរព​ដល់​រូប​ព្រះ​១​នៅ​កណ្តាល​នោះ ព្រម​ទាំង​ស៊ី​សាច់​ជ្រូក និង​កណ្តុរ​ជា​របស់​គួរ​ខ្ពើម​ឆ្អើម នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អ្នក​ទាំង​នោះ​នឹង​ត្រូវ​វិនាស​ទៅ​ជា​មួយ​គ្នា​ទាំង​អស់។
18 អញ​ស្គាល់​អស់​ទាំង​អំពើ និង​គំនិត​របស់​គេ​ហើយ នឹង​មាន​ពេល​វេលា​មក​ដល់ ដែល​អញ​នឹង​ប្រមូល​អស់​ទាំង​សាសន៍​គ្រប់​ភាសា គេ​នឹង​មូល​មក​ឃើញ​សិរី‌ល្អ​របស់​អញ
19 អញ​នឹង​តាំង​ទី​សម្គាល់​១​នៅ​កណ្តាល​ពួក​គេ ហើយ​ចាត់​ពួក​គេ​ណា​ខ្លះ​ដែល​រួច​ខ្លួន ឲ្យ​ទៅ​ឯ​សាសន៍​ដទៃ គឺ​ទៅ​ឯ​ស្រុក​តើស៊ីស ស្រុក​ពូល និង​ស្រុក​លូឌ ជា​សាសន៍​ដែល​ជំនាញ​ធ្នូ ហើយ​ស្រុក​ទូបាល និង​ស្រុក​យ៉ាវ៉ាន ហើយ​ទៅ​ឯ​កោះ​ទាំង​ប៉ុន្មាន​ដែល​នៅ​ឆ្ងាយ ជា​ពួក​អ្នក​ដែល​មិន​ទាន់​ឮ​និយាយ​ពី​កិត្តិសព្ទ​របស់​អញ ឬ​ឃើញ​សិរី‌ល្អ​របស់​អញ​នៅ​ឡើយ អ្នក​ទាំង​នោះ​នឹង​ប្រកាស​ប្រាប់​ពី​សិរី‌ល្អ​របស់​អញ នៅ​កណ្តាល​សាសន៍​ទាំង​ប៉ុន្មាន
20 គេ​នឹង​បញ្ជិះ​ពួក​បង​ប្អូន​ឯង​រាល់​គ្នា​ទាំង​ប៉ុន្មាន លើ​សេះ រទេះ អង្រឹង​ស្នែង លា‌កាត់ ហើយ​លើ​អូដ្ឋ នាំ​ចេញ​ពី​អស់​ទាំង​សាសន៍​មក ទុក​ជា​តង្វាយ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា គឺ​មក​ឯ​ក្រុង​យេរូ‌សាឡឹម ជា​ភ្នំ​បរិសុទ្ធ​របស់​អញ ដូច​ជា​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ធ្លាប់​យក​តង្វាយ​របស់​គេ​ដាក់​ក្នុង​ភាជនៈ​ដ៏​ស្អាត មក​ឯ​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ដែរ នោះ​ឯង​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា
21 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​នឹង​យក​ពួក​អ្នក​នោះ​ខ្លះ តាំង​ឡើង​ជា​សង្ឃ ហើយ​ជា​ពួក​លេវី។
22 ដ្បិត​ដែល​ផ្ទៃ​មេឃ​ថ្មី និង​ផែនដី​ថ្មី ដែល​អញ​នឹង​បង្កើត​ឡើង​នោះ នឹង​ស្ថិត‌ស្ថេរ​នៅ​ចំពោះ​អញ​ជា​យ៉ាង​ណា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ពូជ‌ពង្ស​របស់​ឯង និង​ឈ្មោះ​ឯង​រាល់​គ្នា ក៏​នឹង​ស្ថិត‌ស្ថេរ​នៅ​យ៉ាង​នោះ​ដែរ
23 គ្រា​នោះ​នឹង​កើត​មាន​ដូច្នេះ​ថា ចាប់​តាំង​ពី​ថ្ងៃ​ចូល​ខែ​១ ដរាប​ដល់​ថ្ងៃ​ចូល​ខែ​១​ទៀត ហើយ​ពី​ថ្ងៃ​ឈប់​សម្រាក​១ ដរាប​ដល់​ថ្ងៃ​ឈប់​សម្រាក​១​ទៀត នោះ​គ្រប់​មនុស្ស​ទាំង​អស់​នឹង​មក​ក្រាប​ថ្វាយ‌បង្គំ​នៅ​ចំពោះ​អញ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា
24 គេ​នឹង​ចេញ​ទៅ​មើល​សាក​ខ្មោច​របស់​មនុស្ស​ទាំង​ប៉ុន្មាន ដែល​បាន​បះ‌បោរ​នឹង​អញ ដ្បិត​ដង្កូវ​នៃ​ខ្មោច​ទាំង​នោះ​នឹង​មិន​ស្លាប់​ឡើយ ហើយ​ភ្លើង​ក៏​មិន​ចេះ​រលត់​ដែរ សាក​ខ្មោច​ទាំង​នោះ​នឹង​បាន​ជា​ទី​ខ្ពើម​ឆ្អើម​ដល់​អស់​ទាំង​មនុស្ស។:៚