យេរេមា

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52


ជំពូក 1

1 នេះ​ជា​ពាក្យ​របស់​យេរេមា ជា​កូន​ហ៊ីល‌គីយ៉ា គឺ​ជា​ម្នាក់​ក្នុង​ពួក​សង្ឃ ដែល​នៅ​ក្រុង​អាន៉ាថោត ក្នុង​ស្រុក​បេន‌យ៉ាមីន
2 ជា​អ្នក​ដែល​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ខ្លួន នៅ​ក្នុង​ឆ្នាំ​ទី​១៣​នៃ​រាជ្យ​យ៉ូសៀស ជា​បុត្រ​អាំម៉ូន ស្តេច​ស្រុក​យូដា
3 ក៏​មាន​មក​ដល់ នៅ​ក្នុង​រាជ្យ​យ៉ូយ៉ា‌គីម ជា​បុត្រ​យ៉ូសៀស ជា​ស្តេច​ស្រុក​យូដា ដរាប​ដល់​ផុត​ឆ្នាំ​ទី​១១ ក្នុង​រាជ្យ​សេដេគា ជា​បុត្រ​យ៉ូសៀស ដែល​ជា​ស្តេច​ស្រុក​យូដា គឺ​ដល់​ខែ​ស្រាពណ៍ ជា​គ្រា​ដែល​ពួក​ក្រុង​យេរូ‌សាឡឹម ត្រូវ​ចាប់​ដឹក‌នាំ​ទៅ​ជា​ឈ្លើយ​នោះ​ឯង។
4 រីឯ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ក៏​មក​ដល់​ខ្ញុំ​ថា
5 មុន​ដែល​អញ​បាន​ជប​បង្កើត​ឯង​នៅ​ក្នុង​ពោះ​ម្តាយ នោះ​អញ​ស្គាល់​ឯង​ហើយ កាល​មុន​ដែល​ឯង​សម្រាល​ចេញ​ពី​ផ្ទៃ​មក នោះ​អញ​បាន​ញែក​ឯង​ជា​បរិសុទ្ធ​ផង ក៏​បាន​តាំង​ឯង​ឡើង​ជា​ហោរា ដល់​អស់​ទាំង​សាសន៍
6 នោះ​ខ្ញុំ​បាន​ទូល​ថា ឱ​ព្រះ‌អម្ចាស់​យេហូវ៉ា​អើយ មើល ទូល‌បង្គំ​គ្មាន​វោហារ​អធិប្បាយ​ទេ ដ្បិត​ទូល‌បង្គំ​ជា​មនុស្ស​ក្មេង​សុទ្ធ
7 តែ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា កុំ​ឲ្យ​ថា​ឯង​ជា​មនុស្ស​ក្មេង​ឡើយ ដ្បិត​បើ​អញ​ចាត់​ឯង​ឲ្យ​ទៅ​ឯ​អ្នក​ណា នោះ​ឯង​ត្រូវ​តែ​ទៅ ហើយ​សេចក្ដី​អ្វី​ដែល​អញ​បង្គាប់​ឯង នោះ​ឯង​ត្រូវ​តែ​ប្រាប់​ដែរ
8 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា កុំ​ឲ្យ​ខ្លាច​ចំពោះ​គេ​ឡើយ ដ្បិត​អញ​នៅ​ជា​មួយ ដើម្បី​នឹង​ជួយ​ឲ្យ​ឯង​រួច
9 នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​លូក​ព្រះ‌ហស្ត​មក​ពាល់​មាត់​ខ្ញុំ ហើយ​មាន​ព្រះ‌បន្ទូល​ថា មើល អញ​បាន​ដាក់​ពាក្យ​របស់​អញ​នៅ​ក្នុង​មាត់​ឯង​ហើយ
10 មើល នៅ​ថ្ងៃ​នេះ អញ​តាំង​ឯង​លើ​អស់​ទាំង​សាសន៍ និង​លើ​នគរ​ទាំង​ប៉ុន្មាន ដើម្បី​ឲ្យ​បាន​ដក​រំលើង រុះ​ទម្លាក់ ហើយ​បំផ្លាញ​រំលំ​ចុះ ព្រម​ទាំង​សង់​ឡើង​វិញ ហើយ​ដាំ​ទៀត​ផង។
11 មួយ​ទៀត ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ក៏​មក​ដល់​ខ្ញុំ សួរ​ថា យេរេមា​អើយ តើ​ឯង​ឃើញ​អ្វី​នុ៎ះ នោះ​ខ្ញុំ​ទូល​តប​ថា ទូល‌បង្គំ​ឃើញ​ដំបង​ឈើ​ចំបក់​១
12 រួច​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា ឯង​បាន​ឃើញ​ត្រូវ​ហើយ ពី​ព្រោះ​អញ​ព្យាយាម​នឹង​ធ្វើ​សម្រេច​តាម​ពាក្យ​របស់​អញ។
13 ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ខ្ញុំ​ម្តង​ទៀត សួរ​ថា តើ​ឯង​ឃើញ​អ្វី​នុ៎ះ ខ្ញុំ​ក៏​ទូល​តប​ថា ទូល‌បង្គំ​ឃើញ​ថ្លាង​ទឹក​កំពុង​តែ​ពុះ ដែល​មាន​មាត់​ផ្អៀង​មក​ពី​ទិស​ខាង​ជើង
14 នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា នឹង​កើត​មាន​ការ​អាក្រក់ ផុល​ចេញ​ពី​ទិស​ខាង​ជើង មក​លើ​ពួក​អ្នក​ស្រុក​ទាំង​អស់
15 ដ្បិត​មើល អញ​នឹង​ហៅ​គ្រប់​ទាំង​គ្រួសារ​នៃ​នគរ​ទាំង​ប៉ុន្មាន​នៅ​ខាង​ជើង ហើយ​គេ​នឹង​មក​តាំង​បល្ល័ង្ក​របស់​គេ​រៀង​ខ្លួន នៅ​ត្រង់​មាត់​ទ្វារ​ក្រុង​យេរូ‌សាឡឹម ទល់​នឹង​កំផែង​ទី​ក្រុង​ព័ទ្ធ​ជុំវិញ ហើយ​ទល់​នឹង​ទី​ក្រុង​របស់​ស្រុក​យូដា​ទាំង​អស់​ផង នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា
16 នោះ​អញ​នឹង​ធ្វើ​ទោស​ដល់​ទី​ក្រុង​ទាំង​នោះ ដោយ​ព្រោះ​សេចក្ដី​ទុច្ចរិត​របស់​គេ​ទាំង​ប៉ុន្មាន គឺ​ដែល​គេ​បាន​បោះ‌បង់​ចោល​អញ ហើយ​បាន​ដុត​កំញាន​ថ្វាយ​ដល់​ព្រះ​ដទៃ ព្រម​ទាំង​ថ្វាយ‌បង្គំ​ចំពោះ​របស់​ដែល​ដៃ​ខ្លួន​គេ​បាន​ធ្វើ​ផង
17 ដូច្នេះ ចូរ​ឲ្យ​ឯង​ក្រវាត់​ចង្កេះ ហើយ​ក្រោក​ឡើង​ទៅ​ប្រាប់​ដល់​គេ តាម​គ្រប់​ទាំង​សេចក្ដី​ដែល​អញ​បង្គាប់​ឯង​ចុះ កុំ​ឲ្យ​ស្រយុត​ចិត្ត​ចំពោះ​គេ​ឡើយ ក្រែង​អញ​ធ្វើ​ឲ្យ​ឯង​ស្រយុត​ចិត្ត​នៅ​មុខ​គេ​ជា​ពិត
18 ដ្បិត​មើល នៅ​ថ្ងៃ​នេះ​អញ​បាន​តាំង​ឯង​ឡើង ទុក​ជា​ទី​ក្រុង​ត្រៀម​ដោយ​គ្រឿង​ចម្បាំង ជា​សសរ​ដែក ហើយ​ជា​កំផែង​លង្ហិន សម្រាប់​ត​នឹង​ស្រុក​ទាំង​មូល និង​ស្តេច​ទាំង​ប៉ុន្មាន​នៃ​សាសន៍​យូដា ព្រម​ទាំង​ត​នឹង​ពួក​ចៅ‌ហ្វាយ និង​ពួក​សង្ឃ ហើយ​និង​បណ្តា‌ជន​ទាំង‌ឡាយ​នៅ​ស្រុក​នេះ​ផង
19 គេ​នឹង​ត​នឹង​ឯង តែ​មិន​ឈ្នះ​ឯង​ឡើយ ដ្បិត​អញ​នៅ​ជា​មួយ ដើម្បី​នឹង​ជួយ​ឯង​ឲ្យ​រួច នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេវ៉ា។


ជំពូក 2

1 ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ក៏​មក​ដល់​ខ្ញុំ​ថា
2 ចូរ​ទៅ​ចុះ ហើយ​ស្រែក​ដាក់​ត្រចៀក​ពួក​ក្រុង​យេរូ‌សាឡឹម​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ គឺ​អញ​នឹក​ចាំ​ពី​ឯង​កាល​នៅ​ក្មេង ដែល​ឯង​មាន​ចិត្ត​កួច​ចំពោះ​អញ ហើយ​ពី​សេចក្ដី​ស្រឡាញ់​របស់​ឯង កាល​ទើប​នឹង​បាន​គ្នា គឺ​ដែល​ឯង​បាន​ដើរ​តាម​អញ នៅ​ក្នុង​ទី​រហោ‌ស្ថាន ជា​កន្លែង​ដែល​ឥត​មាន​អ្នក​ណា​សាប‌ព្រោះ​ឡើយ
3 គ្រា​នោះ អ៊ីស្រា‌អែល​ជា​ពួក​បរិសុទ្ធ​ដល់​ព្រះ‌យេហូវ៉ា​ជា​ផល​ដំបូង​នៃ​សេចក្ដី​ចម្រើន​របស់​ទ្រង់ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អស់​អ្នក​ណា​ដែល​ស៊ី​បង្ហិន​គេ នោះ​នឹង​ត្រូវ​មាន​ទោស សេចក្ដី​អាក្រក់​នឹង​មក​គ្រប​លើ​អ្នក​នោះ។
4 ឱ​ពួក​វង្ស​របស់​យ៉ាកុប និង​អស់​ទាំង​គ្រួសារ​នៃ​ពួក​អ៊ីស្រា‌អែល​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ចុះ
5 ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​ថា ពួក​អយ្យ‌កោ​របស់​ឯង​រាល់​គ្នា​បាន​ឃើញ​មាន​សេចក្ដី​ទុច្ចរិត​យ៉ាង​ណា​នៅ​ក្នុង​អញ បាន​ជា​គេ​ថយ​ទៅ​ឆ្ងាយ​ពី​អញ​ដូច្នេះ ព្រម​ទាំង​ប្រព្រឹត្ត​តាម​សេចក្ដី​ឥត​ប្រយោជន៍ ហើយ​ក៏​ទៅ​ជា​ឥត​ប្រយោជន៍​គ្រប់​គ្នា​ផង
6 គេ​ក៏​មិន​បាន​សួរ​ថា ព្រះ‌យេហូវ៉ា​ដែល​នាំ​យើង​រាល់​គ្នា​ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ហើយ​បាន​នាំ​យើង​ដើរ​កាត់​ទី​រហោ‌ស្ថាន ជា​កន្លែង​ដែល​មាន​សុទ្ធ​តែ​វាល​ខ្សាច់ និង​ជង្ហុក គឺ​ជា​ទី​មាន​តែ​ដី​ហួត‌ហែង និង​ម្លប់​នៃ​សេចក្ដី​ស្លាប់​ទទេ ជា​កន្លែង​ដែល​ឥត​មាន​មនុស្ស​ដើរ​កាត់ ឬ​មនុស្ស​ណា​អាស្រ័យ​នៅ​ឡើយ តើ​ទ្រង់​នៅ​ឯ​ណា
7 អញ​ក៏​បាន​នាំ​ឯង​រាល់​គ្នា​ចូល​ទៅ​ក្នុង​ស្រុក​ដ៏​សំបូរ ដើម្បី​ឲ្យ​បាន​បរិភោគ​ផល និង​របស់​ល្អ​នៃ​ស្រុក​នោះ ប៉ុន្តែ កាល​ឯង​រាល់​គ្នា​បាន​ចូល​ទៅ​ហើយ នោះ​បាន​ធ្វើ​ឲ្យ​ស្រុក​អញ​ទៅ​ជា​ស្មោក‌គ្រោក ហើយ​ឲ្យ​មរដក​របស់​អញ​បាន​ត្រឡប់​ជា​ទី​ស្អប់​ខ្ពើម​វិញ
8 ពួក​សង្ឃ​ក៏​មិន​បាន​សួរ​ថា តើ​ព្រះ‌យេហូវ៉ា​ទ្រង់​គង់​នៅ​ឯ​ណា​ដែរ គឺ​ពួក​អ្នក​ដែល​កាន់​ប្រើ​ក្រឹត្យ‌វិន័យ គេ​មិន​បាន​ស្គាល់​អញ​ទេ ពួក​គ្រប់‌គ្រង​បាន​ប្រព្រឹត្ត​រំលង​នឹង​អញ ហើយ​ពួក​ហោរា​បាន​ទាយ ដោយ​ព្រះ‌បាល​ផង គេ​បាន​ដើរ​តាម​តែ​របស់​ដែល​ឥត​មាន​ប្រយោជន៍​អ្វី​សោះ។
9 ហេតុ​ដូច្នេះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​នឹង​តវ៉ា​នឹង​ឯង​រាល់​គ្នា​ទៀត ហើយ​និង​កូន​ចៅ​របស់​ឯង​ត​ទៅ​ដែរ
10 ដ្បិត​មាន​តែ​ឆ្លង​ទៅ​ឯ​កោះ​ទាំង​ប៉ុន្មាន​របស់​ពួក​គីទីម​មើល ហើយ​ចាត់​គេ​ទៅ​ឯ​ស្រុក​កេដារ ឲ្យ​ពិចារណា​យ៉ាង​អស់​ពី​ចិត្ត នោះ​នឹង​ឃើញ​បើ​ដែល​មាន​អ្វី​ឲ្យ​ដូច​ឬ​ទេ
11 តើ​ដែល​មាន​សាសន៍​ណា​ផ្លាស់​ព្រះ​របស់​ខ្លួន ដែល​មិន​មែន​ជា​ព្រះ​ផង​ឬ​ទេ តែ​រាស្ត្រ​របស់​អញ​បាន​ដូរ​ព្រះ​ដ៏​ជា​សិរី‌ល្អ​របស់​ខ្លួន ឲ្យ​បាន​តែ​របស់​ដែល​ឥត​មាន​ប្រយោជន៍​វិញ
12 ព្រះ‌យេហូវ៉ា​ទ្រង់​ព្រះ‌បន្ទូល​ថា ឱ​ផ្ទៃ​មេឃ​អើយ ចូរ​ឲ្យ​នឹក​ប្លែក​ពី​ដំណើរ​នេះ ហើយ​ឲ្យ​ភ័យ​ស្បើម​ចុះ ត្រូវ​ឲ្យ​មាន​ចិត្ត​ត្រមោច​នៅ
13 ដ្បិត​រាស្ត្រ​អញ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​២​យ៉ាង គឺ​បាន​ទាំង​បោះ‌បង់​ចោល​អញ ដែល​ជា​ក្បាល​ទឹក​រស់ ហើយ​បាន​ដាប់​ធ្វើ​អាង​វិញ ជា​អាង​ប្រេះ​បែក​ដែល​ទុក​ទឹក​មិន​បាន​ផង។
14 តើ​អ៊ីស្រា‌អែល​ជា​ខ្ញុំ​បម្រើ​លោះ​ដោយ​ប្រាក់ ឬ​ជា​ខ្ញុំ​បម្រើ​ដែល​កើត​នៅ​ផ្ទះ​ចៅ‌ហ្វាយ ហេតុ​អ្វី​បាន​ជា​គេ​ត្រូវ​រឹប​ជាន់​ដូច្នេះ
15 កូន​សិង្ហ​ទាំង​ប៉ុន្មាន​បាន​គ្រហឹម ហើយ​សន្ធាប់​ដាក់​គេ ហើយ​បាន​បំផ្លាញ​ស្រុក ឯ​ទី​ក្រុង​គេ​ទាំង​ប៉ុន្មាន​បាន​ត្រូវ​ឆេះ​អស់​ហើយ ឥត​មាន​អ្នក​ណា​នៅ​ទៀត
16 ពួក​ក្រុង​ណូព និង​ក្រុង​តាហា‌ពេនេស គេ​បាន​បំបែក​កំពូល​ក្បាល​របស់​ឯង​ហើយ
17 តើ​ឯង​មិន​បាន​នាំ​ការ​នេះ​មក​លើ​ខ្លួន​ឯង​ទេ​ឬ​អី ដោយ​ឯង​បាន​បោះ‌បង់​ចោល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ក្នុង​កាល​ដែល​ទ្រង់​កំពុង​តែ​នាំ​ឯង​តាម​ផ្លូវ​នោះ
18 ចុះ​ឥឡូវ​នេះ តើ​ឯង​មាន​ការ​អ្វី បាន​ជា​ទៅ​តាម​ផ្លូវ​ទៅ​ឯ​ស្រុក​អេស៊ីព្ទ ដោយ​ប្រាថ្នា​ចង់​ផឹក​ទឹក​ទន្លេ​ស៊ីហោរ​ដូច្នេះ ឬ​មាន​ការ​អ្វី​តាម​ផ្លូវ​ទៅ​ឯ​ស្រុក​អាសស៊ើរ ដើម្បី​នឹង​ផឹក​ទឹក​ទន្លេ​នោះ
19 អំពើ​ទុច្ចរិត​របស់​ឯង នឹង​វាយ‌ផ្ចាល​ឯង ហើយ​ការ​រា‌ថយ​របស់​ឯង នឹង​ស្តី​បន្ទោស​ឯង​វិញ ដូច្នេះ ចូរ​ពិចារណា ហើយ​ដឹង​ថា ការ​ដែល​ឯង​បាន​បោះ‌បង់​ចោល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ឥត​មាន​ចិត្ត​កោត‌ខ្លាច​ដល់​អញ​នៅ​ក្នុង​ខ្លួន នោះ​ជា​ការ​អាក្រក់ ក៏​ជូរ​ចត់​ណាស់​ហើយ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ។
20 តាំង​ពី​យូរ​មក​ហើយ នោះ​ឯង​បាន​បំបាក់​នឹម ឯង ហើយ​បាន​ផ្តាច់​ចំណង​ឯង​ចេញ ដោយ​ពាក្យ​ថា យើង​មិន​បម្រើ​ទៀត​ទេ ដ្បិត​នៅ​លើ​គ្រប់​ទាំង​ភ្នំ​តូចៗ ហើយ​នៅ​ក្រោម​គ្រប់​ទាំង​ដើម​ឈើ​ខៀវ​ខ្ចី នោះ​ឯង​បាន​ដេក​ចុះ​ផិត​អញ
21 អញ​បាន​ផ្សាំ​ឯង​ទុក​ជា​ទំពាំង‌បាយ‌ជូរ​សំរាំង ជា​ពូជ​យ៉ាង​ល្អ​បំផុត ចុះ​ធ្វើ​ដូច​ម្តេច​ឲ្យ​ឯង​បាន​ក្លាយ​ទៅ​ជា​ខ្នែង​របស់​ដើម​ទំពាំង‌បាយ‌ជូរ​ដទៃ​ដល់​អញ​ដូច្នេះ
22 ដ្បិត​ទោះ​បើ​ឯង​លាង​ខ្លួន​ដោយ​ក្បុង ហើយ​ប្រើ​សាប៊ូ​ជា​ច្រើន​ក៏​ដោយ គង់​តែ​ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អំពើ​ទុច្ចរិត​របស់​ឯង នៅ​មាន​កត់​ជាប់​ចំពោះ​អញ​នៅ​ឡើយ​ដែរ
23 ធ្វើ​ដូច​ម្តេច​ឲ្យ​ឯង​បាន​ថា ឯង​មិន​សៅ‌ហ្មង​ទេ ហើយ​មិន​បាន​គោរព​តាម​អស់​ទាំង​ព្រះ‌បាល​សោះ ដូច្នេះ ចូរ​មើល​ស្នាម​ផ្លូវ​ដែល​ឯង​ដើរ​នៅ​វាល​ច្រក​ភ្នំ ហើយ​យល់​ពី​ការ​ដែល​ឯង​បាន​ធ្វើ​នោះ​ចុះ ឯង​ជា​សត្វ​អូដ្ឋ​ក្រមុំ​យ៉ាង​លឿន ហើយ​សាវា
24 ជា​លា​ព្រៃ​ក្រមុំ​ដែល​ធ្លាប់​នៅ​ទី​រហោ‌ស្ថាន ក៏​ស្រង​ក្លិន​ខ្យល់​ដោយ​មាន​សម្រើប លុះ​រដូវ​កំណត់​របស់​វា នោះ​តើ​អ្នក​ណា​នឹង​បំបែរ​ចេញ​បាន អ្នក​ណា​ដែល​រក​ចាប់​វា នោះ​មិន​បាច់​នឿយ​ហត់​នឹង​ទៅ​តាម​ទេ ដ្បិត​ដល់​រដូវ​កំណត់ នោះ​នឹង​បាន​ប្រទះ​ហើយ
25 កុំ​ឲ្យ​ប្រថុយ​ខ្លួន​ឲ្យ​នៅ​ជើង​ទទេ ហើយ​ខះ​ក​នោះ​ឡើយ តែ​ឯង​បាន​តប​ថា​ឥត​ប្រយោជន៍​ទេ ដ្បិត​ខ្ញុំ​បាន​ស្រឡាញ់​ពួក​ដទៃ ហើយ​និង​រត់​ទៅ​តាម​គេ​វិញ។
26 ឯ​ចោរ​ដែល​គេ​ទាន់​ឃើញ តែង​មាន​សេចក្ដី​ខ្មាស​យ៉ាង​ណា នោះ​ពួក​វង្ស​អ៊ីស្រា‌អែល​ក៏​មាន​សេចក្ដី​ខ្មាស​យ៉ាង​នោះ​ដែរ គឺ​ស្តេច​គេ ព្រម​ទាំង​ពួក​គេ ពួក​ចៅ‌ហ្វាយ ពួក​សង្ឃ និង​ពួក​ហោរា​របស់​គេ​ផង
27 ជា​ពួក​អ្នក​ដែល​និយាយ​ដល់​ដុំ​ឈើ​ថា លោក​ជា​ឪពុក​ខ្ញុំ ហើយ​ដល់​ដុំ​ថ្ម​ថា លោក​បាន​បង្កើត​ខ្ញុំ ពី​ព្រោះ​គេ​បាន​បែរ​ខ្នង​ឲ្យ​អញ មិន​ហ៊ាន​បែរ​មុខ​ឡើយ ប៉ុន្តែ ដល់​គ្រា​ដែល​គេ​កើត​មាន​សេចក្ដី​វេទនា នោះ​គេ​នឹង​អំពាវ‌នាវ​ដល់​អញ​ថា សូម​ទ្រង់​ក្រោក​ឡើង ជួយ​សង្គ្រោះ​យើង​ខ្ញុំ​ផង
28 ឯ​ព្រះ​ដែល​ឯង​បាន​ធ្វើ​សម្រាប់​ខ្លួន តើ​នៅ​ឯ​ណា ចូរ​ឲ្យ​វា​ក្រោក​ឡើង​ជួយ​ឯង​ចុះ បើ​វា​អាច​នឹង​ជួយ​សង្គ្រោះ​ឯង ក្នុង​គ្រា​ដែល​ឯង​កើត​មាន​សេចក្ដី​វេទនា​នោះ​បាន ដ្បិត​ឱ​ពួក​យូដា​អើយ ចំនួន​ព្រះ​របស់​ឯង នោះ​ប្រមាណ​ស្មើ​នឹង​ទី​ក្រុង​របស់​ឯង​ដែរ។
29 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ហេតុ​អ្វី​បាន​ជា​ឯង​រាល់​គ្នា​ចង់​ត​នឹង​អញ​ដូច្នេះ ឯង​រាល់​គ្នា​បាន​រំលង​ចំពោះ​អញ​ហើយ
30 ការ​ដែល​អញ​បាន​វាយ‌ផ្ចាល​ពួក​កូន​ចៅ​ឯង នោះ​ជា​ឥត​អំពើ​ទេ វា​មិន​ព្រម​រាង‌ចាល​ឡើយ គឺ​ជា​ដាវ​របស់​ខ្លួន​ឯង​រាល់​គ្នា ដែល​បាន​ត្របាក់​លេប​ពួក​ហោរា​របស់​ឯង ដូច​ជា​សិង្ហ​ដែល​ហែក​បំផ្លាញ​វិញ
31 ឱ​ដំណ​មនុស្ស​នេះ​អើយ ចូរ​ក្រឡេក​មើល​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ចុះ តើ​អញ​បាន​ដូច​ជា​ទី​រហោ‌ស្ថាន ដល់​សាសន៍​អ៊ីស្រា‌អែល ឬ​ជា​ទី​ងងឹត​សូន្យ​សុង​ឬ​អី ហេតុ​អ្វី​បាន​ជា​រាស្ត្រ​អញ​ពោល​ថា យើង​បាន​ផ្តាច់​ចំណង ហើយ​យើង​មិន​ព្រម​មក​ឯ​ទ្រង់​ទៀត​ឡើយ ដូច្នេះ
32 តើ​ស្រី​ក្រមុំ​នឹង​ភ្លេច​គ្រឿង​ប្រដាប់​របស់​ខ្លួន​បាន​ឬ តើ​ប្រពន្ធ​ថ្មោង‌ថ្មី​នឹង​ភ្លេច​គ្រឿង​តែង​ខ្លួន​សម្រាប់​រៀប‌ការ​បាន​ឬ​អី ប៉ុន្តែ រាស្ត្រ​របស់​អញ​បាន​ភ្លេច​អញ​ជា​យូរ​ថ្ងៃ​វិញ នឹង​រាប់​មិន​បាន​ឡើយ
33 ឯង​ប្រសប់​អី​ម៉្លេះ នឹង​រៀប​ផ្លូវ​រក​សេចក្ដី​ស្រឡាញ់​ដូច្នេះ ឯង​បាន​ទាំង​បង្រៀន​ពួក​ស្រីៗ​អាក្រក់ តាម​ផ្លូវ​របស់​ឯង​ដែរ
34 ១​ទៀត​នៅ​ជាយ​អាវ​ឯង នោះ​ឃើញ​មាន​ឈាម​របស់​មនុស្ស​ក្រីក្រ ជា​អ្នក​ដែល​ឥត​មាន​ទោស​ផង អញ​មិន​បាន​ដឹង​ដោយ​ស៊ើប​សួរ​រក​បែប​សម្ងាត់​ទេ គឺ​បាន​ឃើញ​ដោយ​អំពើ​ទាំង​នេះ​វិញ
35 ប៉ុន្តែ ឯង​ថា ខ្ញុំ​គ្មាន​ទោស​ទេ ប្រាកដ​ជា​សេចក្ដី​ខ្ញាល់​របស់​ទ្រង់​បាន​បែរ​ចេញ​ពី​ខ្ញុំ​ហើយ មើល​អញ​នឹង​កាត់​ទោស​ឯង​ដោយ​ព្រោះ​ឯង​ថា ឯង​គ្មាន​ធ្វើ​បាប​ឡើយ​ដូច្នេះ
36 ហេតុ​អ្វី​បាន​ជា​ឯង​អាល័យ​តែ​ដើរ​ចុះ​ឡើង ដើម្បី​បំផ្លាស់​កិរិយា​របស់​ឯង ឯង​នឹង​ត្រូវ​មាន​សេចក្ដី​ខ្មាស​ចំពោះ​ស្រុក​អេស៊ីព្ទ ដូច​ជា​ឯង​បាន​ខ្មាស ចំពោះ​ស្រុក​អាសស៊ើរ​ដែរ
37 ហើយ​ឯង​នឹង​ត្រូវ​ចេញ​ពី​ស្រុក​នោះ​ទៅ​ទាំង​ដៃ​ខ្ទប់​ក្បាល ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មិន​ព្រម​ទទួល​ពួក​ដែល​ឯង​យក​ជា​ទី​ពឹង​នោះ​ទេ ហើយ​ឯង​នឹង​មិន​បាន​ចម្រើន​នៅ​ជា​មួយ​នឹង​គេ​ដែរ។


ជំពូក 3

1 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា បើ​មនុស្ស​ណា​លះ​លែង​ប្រពន្ធ ហើយ​នាង​បាន​ចេញ​ពី​អ្នក​នោះ ទៅ​ធ្វើ​ជា​ប្រពន្ធ​របស់​អ្នក​ដទៃ​ណា នោះ​តើ​ដែល​ត្រឡប់​ទៅ​នៅ​ជា​មួយ​នឹង​នាង​នោះ​ទៀត​ដែរ​ឬ តើ​ស្រុក​យ៉ាង​នោះ​មិន​ត្រូវ​អាប់‌ឱន​ជា​ខ្លាំង​ទេ​ឬ​អី ឯ​ឯង​វិញ ឯង​បាន​ផិត​អញ​ដោយ​មាន​សហាយ​ជា​ច្រើន ប៉ុន្តែ ចូរ​ត្រឡប់​មក​ឯ​អញ​វិញ​ចុះ
2 ចូរ​ងើប​ភ្នែក​ឡើង​ទៅ​ឯ​ទី​ខ្ពស់​ទាំង​ប៉ុន្មាន ហើយ​មើល​កន្លែង​ណា ដែល​គេ​មិន​បាន​ដេក​នឹង​ឯង​នោះ គឺ​ឯង​បាន​អង្គុយ​ចាំ​គេ​តាម​ផ្លូវ ដូច​ជា​សាសន៍​អារ៉ាប់​នៅ​ទី​រហោ‌ស្ថាន​ដែរ ហើយ​ឯង​បាន​ធ្វើ​ឲ្យ​ស្រុក​អាប់‌ឱន​ទៅ ដោយ​ការ​កំផិត និង​អំពើ​ទុច្ចរិត​របស់​ឯង
3 ហេតុ​នោះ​បាន​ជា​ឥត​មាន​ភ្លៀង​១​មេៗ​ឡើយ ហើយ​ភ្លៀង​ចុង​រដូវ​ក៏​គ្មាន​ដែរ ម៉្លឹង​ហើយ គង់​តែ​ឯង​នៅ​មាន​មុខ​ងងើល​ដូច​ជា​ស្រី​សំផឹង​ទៀត ឯង​មិន​ព្រម​អៀន‌ខ្មាស​សោះ
4 ឥឡូវ​នេះ តើ​ឯង​មិន​ចង់​អំពាវ‌នាវ​រក​អញ​វិញ​ទេ​ឬ​អី ដោយ​ថា ឱ​ព្រះ‌វរ‌បិតា​នៃ​ខ្ញុំ​ម្ចាស់​អើយ ទ្រង់​ជា​ព្រះ​ដ៏​ដឹក‌នាំ​ខ្ញុំ​ម្ចាស់​ពី​កាល​នៅ​ក្មេង
5 តើ​ទ្រង់​នឹង​នៅ​តែ​ខ្ញាល់​ជា​ដរាប​ឬ តើ​ទ្រង់​នឹង​មាន​ព្រះ‌ហឫទ័យ​ក្តៅ ដរាប​ដល់​ចុង​បំផុត​ឬ​អី តែ​មើល ឯង​បាន​និយាយ ហើយ​ប្រព្រឹត្ត​អំពើ​អាក្រក់​តាម​តែ​កម្លាំង​ចិត្ត​ទេ។
6 មួយ​ទៀត នៅ​ក្នុង​គ្រា​ស្តេច​យ៉ូសៀស ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា តើ​បាន​ឃើញ​ការ​ដែល​អ៊ីស្រា‌អែល ជា​ពួក​រា‌ថយ​នោះ​បាន​ប្រព្រឹត្ត​ឬ​ទេ គឺ​គេ​បាន​ឡើង​ទៅ​លើ​គ្រប់​ទាំង​ភ្នំ​ខ្ពស់ៗ និង​នៅ​ក្រោម​គ្រប់​ទាំង​ដើម​ឈើ​ខៀវ​ខ្ចី ហើយ​បាន​ប្រព្រឹត្ត​សេចក្ដី​កំផិត​នៅ​ទី​នោះ
7 លុះ​ក្រោយ​ដែល​គេ​បាន​ប្រព្រឹត្ត​អំពើ​ទាំង​នោះ​ហើយ នោះ​អញ​បាន​និយាយ​ថា ចូរ​ឲ្យ​គេ​វិល​ត្រឡប់​មក​ឯ​អញ​វិញ តែ​គេ​មិន​បាន​វិល​មក​ទេ ហើយ​យូដា ជា​ប្អូន​គេ ដែល​មាន​ចិត្ត​ក្បត់​ក៏​បាន​ឃើញ​ដែរ
8 ហើយ​អញ​បាន​ឃើញ​ថា ទោះ​បើ​អញ​បាន​លាក‌លែង​អ៊ីស្រា‌អែល​ជា​ពួក​រា‌ថយ​នោះ ព្រម​ទាំង​ឲ្យ​សំបុត្រ​លះ‌លែង​ដល់​គេ​ហើយ ដោយ​ព្រោះ​គេ​តែង​ប្រព្រឹត្ត​សេចក្ដី​កំផិត​នោះ គង់​តែ​យូដា ជា​ប្អូន​គេ ដែល​មាន​ចិត្ត​ក្បត់​មិន​បាន​ខ្លាច​ដែរ គឺ​បាន​ទៅ​ប្រព្រឹត្ត​ការ​កំផិត​ដូច​គ្នា
9 ហើយ​ស្រុក​បាន​អាប់‌ឱន​ទៅ ដោយ​សព្ទ​រន្ទឺ​នៃ​ការ​កំផិត​របស់​គេ គឺ​បាន​ប្រព្រឹត្ត​សេចក្ដី​កំផិត​នឹង​ដុំ​ថ្ម ហើយ​និង​ដុំ​ឈើ​ផង
10 ទោះ​បើ​មាន​យ៉ាង​នោះ​ក៏​ដោយ គង់​តែ​យូដា​ជា​ប្អូន​គេ ដែល​មាន​ចិត្ត​ក្បត់​នោះ មិន​បាន​វិល​មក​ឯ​អញ​ដោយ​អស់​ពី​ចិត្ត​ដែរ គឺ​មាន​ពុត‌ត្បុត​វិញ នេះ​ហើយ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។
11 ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា អ៊ីស្រា‌អែល​ជា​ពួក​រា‌ថយ​នោះ គេ​បាន​សម្ដែង​ខ្លួន​ជា​សុចរិត ជា​ជាង​ពួក​យូដា​ដែល​មាន​ចិត្ត​ក្បត់​នោះ ទៅ​ទៀត
12 ចូរ​ទៅ​ប្រកាស​ប្រាប់​ពាក្យ​ទាំង​នេះ​ទៅ​ទិស​ខាង​ជើង ដោយ​ពាក្យ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ឱ​អ៊ីស្រា‌អែល ជា​ពួក​រា‌ថយ​អើយ ចូរ​វិល​មក​វិញ​ចុះ អញ​នឹង​មិន​បំភ័យ​ឯង​ដោយ​ទឹក​មុខ​អញ​ទេ ដ្បិត​អញ​មាន​សេចក្ដី​មេត្តា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​នឹង​មិន​ក្រោធ​ជា​ដរាប​ឡើយ
13 ឲ្យ​ឯង​គ្រាន់​តែ​ទទួល​ព្រម​ថា ឯង​មាន​សេចក្ដី​ទុច្ចរិត​មែន​ប៉ុណ្ណេះ ដោយ​បាន​រំលង​នឹង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ហើយ​បាន​ចែក​អំពើ​គោរព​របស់​ឯង ឲ្យ​សុស‌សាយ​ទៅ​ដល់​ព្រះ​ដទៃ​ទាំង​ប៉ុន្មាន នៅ​ក្រោម​គ្រប់​ទាំង​ដើម​ឈើ​ខៀវ​ខ្ចី​ផង តែ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ឯង​រាល់​គ្នា​មិន​បាន​ស្តាប់​តាម​អញ​សោះ
14 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ឱ​ពួក​ក្មេងៗ​ដែល​រា‌ថយ​អើយ ចូរ​វិល​មក​វិញ​ចុះ ដ្បិត​អញ​ជា​ប្ដី​ដល់​ឯង​រាល់​គ្នា​ហើយ នោះ​អញ​នឹង​យក​ឯង​រាល់​គ្នា ម្នាក់​ពី​ក្រុង​១ ហើយ​២​នាក់​ពី​ពូជ​អំបូរ​១ នាំ​ត្រឡប់​ទៅ​ឯ​ក្រុង​ស៊ីយ៉ូន​វិញ
15 រួច​អញ​នឹង​ឲ្យ​ឯង​រាល់​គ្នា​មាន​អ្នក​គ្រប់​គ្រង​ដែល​គាប់​ចិត្ត​អញ ជា​អ្នក​ដែល​នឹង​ឃ្វាល​ឯង​រាល់​គ្នា​ដោយ​តម្រិះ និង​យោបល់
16 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា នៅ​គ្រា​នោះ កាល​ណា​ឯង​រាល់​គ្នា​បាន​ចម្រើន​មាន​គ្នា​ច្រើន​ឡើង​នៅ​ក្នុង​ស្រុក នោះ​គេ​នឹង​លែង​ចេញ​ពាក្យ​ថា ហឹប​នៃ​សេចក្ដី​សញ្ញា​ផង​ព្រះ‌យេហូវ៉ា ហឹប​នោះ​ក៏​មិន​ដែល​ចូល​ក្នុង​គំនិត​គេ ហើយ​គេ​មិន​ដែល​នឹក​ចាំ ឬ​រឭក​រក ក៏​មិន​ដែល​មាន​អ្នក​ណា​ធ្វើ​ឡើង​វិញ ដរាប​ត​ទៅ
17 នៅ​គ្រា​នោះ គេ​នឹង​ហៅ​ក្រុង​យេរូ‌សាឡឹម​ថា ជា​បល្ល័ង្ក​នៃ​ព្រះ‌យេហូវ៉ា ហើយ​អស់​ទាំង​សាសន៍​នឹង​មូល​គ្នា មក​ឯ​ព្រះ‌នាម​នៃ​ព្រះ‌យេហូវ៉ា ក្នុង​ក្រុង​យេរូ‌សាឡឹម គេ​នឹង​មិន​ដើរ​តាម​សេចក្ដី​រឹង‌ចចេស នៃ​ចិត្ត​អាក្រក់​របស់​គេ​ទៀត​ឡើយ
18 នៅ​គ្រា​នោះ ពួក​វង្ស​យូដា​នឹង​ដើរ​ជា​មួយ​នឹង​ពួក​វង្ស​អ៊ីស្រា‌អែល ហើយ​គេ​នឹង​ចេញ​ពី​ស្រុក​ខាង​ជើង​ជា​មួយ​គ្នា មក​ឯ​ស្រុក​ដែល​អញ​បាន​ឲ្យ​ដល់​ពួក​អយ្យ‌កោ​របស់​ឯង​ទុក​ជា​មរដក។
19 តែ​អញ​បាន​នឹក​ថា ធ្វើ​ដូច​ម្តេច​ឲ្យ​អញ​ដាក់​ឯង​ឲ្យ​នៅ​ជា​មួយ​នឹង​ពួក​កូន​ចៅ​បាន ព្រម​ទាំង​ឲ្យ​ស្រុក​ដ៏​គាប់​ចិត្ត គឺ​ជា​មរដក​យ៉ាង​ល្អ​របស់​ពួក​កក‌កុញ នៅ​អស់​ទាំង​សាសន៍​ដល់​ឯង​ផង នោះ​អញ​បាន​ឆ្លើយ​ថា ឯង​រាល់​គ្នា​នឹង​ហៅ​អញ​ថា​ជា​ព្រះ‌វរ‌បិតា​របស់​ឯង ក៏​នឹង​លែង​ងាក​បែរ​ចេញ​ពី​អញ​ត​ទៅ
20 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ឱ​ពូជ‌ពង្ស​អ៊ីស្រា‌អែល​អើយ ពិត​ប្រាកដ​ជា​ឯង​បាន​ប្រព្រឹត្ត​អំពើ​ក្បត់​ចំពោះ​អញ ប្រៀប​ដូច​ជា​ប្រពន្ធ​ប្រព្រឹត្ត​ក្បត់​ចាក​ចោល​ប្ដី​ខ្លួន
21 មាន​ឮ​សំឡេង​នៅ​លើ​ទី​ខ្ពស់​ត្រងិល គឺ​ជា​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ដែល​យំ ហើយ​ទូល‌អង្វរ ដោយ​ព្រោះ​គេ​បាន​បង្ខូច​ផ្លូវ​ខ្លួន ហើយ​បាន​ភ្លេច​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ខ្លួន​ទៅ
22 ឱ​ពួក​កូន​ដែល​រា‌ថយ​អើយ ចូរ​វិល​មក​វិញ​ចុះ អញ​នឹង​មើល​អស់​ទាំង​អំពើ​រា‌ថយ​របស់​ឯង ឲ្យ​បាន​ជា​ឡើង​មើល យើង​ខ្ញុំ​រាល់​គ្នា​មក​ឯ​ទ្រង់​ហើយ ដ្បិត​ទ្រង់​ជា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​រាល់​គ្នា
23 ការ​ដែល​ទុក​ចិត្ត​សង្ឃឹម​ដល់​ភ្នំ​តូច ហើយ​ដល់​ពួក​អ៊ឹក‌ធឹក​នៅ​លើ​ភ្នំ​ធំ នោះ​ពិត​ប្រាកដ​ជា​ឥត​ប្រយោជន៍​ទទេ សេចក្ដី​សង្គ្រោះ​នៃ​សាសន៍​អ៊ីស្រា‌អែល នោះ​ស្រេច​នឹង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ជា​ពិត​វិញ
24 ប៉ុន្តែ របស់​គួរ​ខ្មាស​បាន​ស៊ី​បង្ហិន​ការ​ដែល​ពួក​ឪពុក​យើង​បាន​ខំ​ធ្វើ តាំង​ពី​យើង​នៅ​ក្មេង​មក គឺ​ទាំង​ហ្វូង​ចៀម ហ្វូង​គោ និង​កូន​ប្រុស​កូន​ស្រី របស់​គាត់​ផង
25 គួរ​ឲ្យ​យើង​រាល់​គ្នា​ដេក​ចុះ ក្នុង​សេចក្ដី​ខ្មាស​របស់​យើង ហើយ​ឲ្យ​សេចក្ដី​អាប់‌ឱន​គ្រប​ដណ្តប់​យើង​ដែរ ពី​ព្រោះ​យើង​បាន​ធ្វើ​បាប​នឹង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​រាល់​គ្នា គឺ​ទាំង​ខ្លួន​យើង និង​ពួក​ឪពុក​យើង​ផង ចាប់​តាំង​ពី​យើង​នៅ​ក្មេង​ដរាប​ដល់​សព្វ​ថ្ងៃ​នេះ យើង​ក៏​មិន​បាន​ស្តាប់​តាម​សំឡេង​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​រាល់​គ្នា​ផង។


ជំពូក 4

1 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា​បើ​ឯង​រាល់​គ្នា​នឹង​វិល​មក​វិញ ឱ​ពួក​អ៊ីស្រា‌អែល​អើយ បើ​ឯង​នឹង​មក​ឯ​អញ​វិញ ហើយ​និង​លះ‌បង់​អំពើ​គួរ​ស្អប់​ខ្ពើម​របស់​ឯង​ចេញ​ពី​មុខ​អញ​ទៅ នោះ​ឯង​រាល់​គ្នា​មិន​ត្រូវ​បំបរ‌បង់​ទេ
2 ហើយ​បើ​ឯង​នឹង​ស្បថ​ដោយ​ពិត​ត្រង់ ដោយ​សេចក្ដី​យុត្តិ‌ធម៌ និង​សេចក្ដី​សុចរិត​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌ជន្ម​រស់​នៅ​ពិត នោះ​អស់​ទាំង​សាសន៍​នឹង​បាន​ពរ​នៅ​ក្នុង​ទ្រង់ ហើយ​និង​អួត​សរសើរ​ពី​ទ្រង់។
3 ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដល់​មនុស្ស​នៅ​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡឹម​ដូច្នេះ​ថា ចូរ​កំសុល​ដី​ហាប់​របស់​ឯង​រាល់​គ្នា​ឡើង ហើយ​កុំ​ឲ្យ​សាប‌ព្រោះ​នៅ​កណ្តាល​បន្លា​ឡើយ
4 ឱ​មនុស្ស​នៅ​ស្រុក​យូដា និង​ពួក​ក្រុង​យេរូ‌សាឡឹម​អើយ ចូរ​ឯង​រាល់​គ្នា​កាត់​ស្បែក​ថ្វាយ​ខ្លួន​ដល់​ព្រះ‌យេហូវ៉ា ចូរ​កាត់​យក​ស្បែក​ចិត្ត​ឯង​ចោល​ចេញ​ចុះ ក្រែង​សេចក្ដី​ក្រោធ​របស់​អញ​ចេញ​មក​ដូច​ជា​ភ្លើង ហើយ​ឆេះ​ឥត​មាន​អ្នក​ណា​ពន្លត់​បាន ដោយ​ព្រោះ​សេចក្ដី​អាក្រក់​ដែល​ឯង​រាល់​គ្នា​ប្រព្រឹត្ត​នោះ។
5 ចូរ​ថ្លែង​ប្រាប់​នៅ​ស្រុក​យូដា ហើយ​ប្រកាស​ប្រាប់​នៅ​ក្រុង​យេរូ‌សាឡឹម ដោយ​ពាក្យ​ថា ចូរ​ផ្លុំ​ត្រែ​នៅ​ក្នុង​ស្រុក ចូរ​ស្រែក​ឡើង​ជា​ខ្លាំង​ថា ចូរ​មូល​គ្នា​មក យើង​ចូល​ទៅ​ក្នុង​ទី​ក្រុង​ទាំង​ប៉ុន្មាន​ដែល​មាន​បន្ទាយ​ចុះ
6 ចូរ​លើក​ទង់​ឡើង​នៅ​ខាង​ក្រុង​ស៊ីយ៉ូន ត្រូវ​ឲ្យ​រត់​ទៅ កុំ​បង្អង់​ឡើយ ពី​ព្រោះ​អញ​នឹង​នាំ​សេចក្ដី​អាក្រក់​មក​ពី​ទិស​ខាង​ជើង ព្រម​ទាំង​ការ​បំផ្លាញ​យ៉ាង​ធំ​ផង
7 មាន​សត្វ​សិង្ហ​១​បាន​ឡើង​ចេញ​ពី​ព្រៃ​ស្តុក​របស់​វា​មក ជា​មេ​បំផ្លាញ​នគរ​ផ្សេងៗ វា​កំពុង​តែ​មក​តាម​ផ្លូវ វា​បាន​ចេញ​ពី​កន្លែង​របស់​វា​មក​ហើយ ដើម្បី​នឹង​បំផ្លាញ​ស្រុក​ឯង ហើយ​ឲ្យ​ទី​ក្រុង​ទាំង​ប៉ុន្មាន​របស់​ឯង ត្រូវ​បែក​បាក់​ចោល ឥត​មាន​អ្នក​ណា​នៅ
8 ហេតុ​នេះ ចូរ​ឲ្យ​ឯង​រាល់​គ្នា​ស្លៀក​សំពត់​ធ្មៃ ព្រម​ទាំង​ទួញ​ទំនួញ ហើយ​ទ្រហោ​យំ​ចុះ ដ្បិត​សេចក្ដី​ខ្ញាល់​ដ៏​សហ័ស​របស់​ព្រះ‌យេហូវ៉ា មិន​បាន​បែរ​ចេញ​ពី​យើង​រាល់​គ្នា​ទេ
9 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា នៅ​គ្រា​នោះ​ព្រះ‌ទ័យ​នៃ​ស្តេច និង​ចិត្ត​របស់​ពួក​ចៅ‌ហ្វាយ នឹង​រលត់​សូន្យ​ទៅ ឯ​ពួក​សង្ឃ​នឹង​ស្រឡាំង‌កាំង​នៅ ហើយ​ពួក​ហោរា​នឹង​នឹក​ប្លែក​ដែរ។
10 នោះ​ខ្ញុំ​បាន​ទូល​ថា ឱ​ព្រះ‌អម្ចាស់​យេហូវ៉ា​អើយ ពិត​ប្រាកដ​ជា​ទ្រង់​បាន​បញ្ឆោត​សាសន៍​នេះ ព្រម​ទាំង​ក្រុង​យេរូ‌សាឡឹម​ជា​ខ្លាំង​ហើយ ដោយ​ព្រះ‌បន្ទូល​ថា នឹង​មាន​សេចក្ដី​សុខ​ដល់​ឯង​រាល់​គ្នា តែ​មាន​ដាវ​លូក​មក​រក​ជីវិត​គេ​វិញ។
11 នៅ​គ្រា​នោះ នឹង​មាន​សេចក្ដី​ប្រាប់​ដល់​សាសន៍​នេះ ហើយ​ដល់​ក្រុង​យេរូ‌សាឡឹម​ថា មាន​ខ្យល់​ក្តៅ​បក់​មក​ពី​ទី​ខ្ពស់​ត្រងិល​នៅ​ទី​រហោ‌ស្ថាន ទៅ​ខាង​កូន​ស្រី​របស់​រាស្ត្រ​អញ មិន​មែន​សម្រាប់​រោយ​ស្រូវ​ទេ ក៏​មិន​មែន​សម្រាប់​សម្អាត​ដែរ
12 គឺ​ជា​ខ្យល់​ពេញ​កម្លាំង​នឹង​មក​ជំនួស​អញ ឥឡូវ​នេះ អញ​នឹង​សម្រេច​ទោស​ដល់​គេ
13 មើល អ្នក​នោះ​នឹង​ឡើង​មក​ដូច​ជា​ពពក ហើយ​រទេះ​ចម្បាំង​របស់​គេ នឹង​ដូច​ជា​ខ្យល់​កួច ឯ​សេះ​របស់​គេ​ក៏​លឿន​ជាង​សត្វ​ឥន្ទ្រី វរ‌ហើយ​យើង ដ្បិត​យើង​ត្រូវ​វិនាស​ហើយ
14 ឱ​ក្រុង​យេរូ‌សាឡឹម​អើយ ចូរ​លាង​ចិត្ត​ឯង​ឲ្យ​ជ្រះ​ចេញ​ពី​សេចក្ដី​ទុច្ចរិត​ចុះ ដើម្បី​ឲ្យ​ឯង​បាន​សង្គ្រោះ តើ​គំនិត​អាក្រក់​នឹង​ចេះ​តែ​នៅ​ជាប់​ក្នុង​ចិត្ត​ខ្លួន​ដល់​កាល​ណា​ទៀត
15 ដ្បិត​មាន​សំឡេង​១​បន្លឺ​ចេញ​ពី​ស្រុក​ដាន់ ក៏​ចេញ​ពី​ស្រុក​ភ្នំ​អេប្រា‌អិម​មក​ប្រកាស​ពី​ការ​អាក្រក់
16 ចូរ​ដំណាល​ប្រាប់​ដល់​អស់​ទាំង​សាសន៍​ឲ្យ​ដឹង នែ ចូរ​ប្រកាស​ប្រាប់​ទាស់​នឹង​ក្រុង​យេរូ‌សាឡឹម​ថា មាន​ពួក​ទ័ព​កំពុង​តែ​មក​ពី​ស្រុក​ឆ្ងាយ ដើម្បី​ឡោម‌ព័ទ្ធ​ឯង គេ​ស្រែក​ទាស់​នឹង​ទី​ក្រុង​ស្រុក​យូដា​ទាំង​ប៉ុន្មាន
17 គេ​នៅ​ព័ទ្ធ​ជុំវិញ​ទី​ក្រុង ដូច​ជា​ពួក​រក្សា​ចម្ការ ពី​ព្រោះ​ពួក​ក្រុង​បាន​បះ‌បោរ​នឹង​អញ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា
18 គឺ​ជា​ផ្លូវ​ដែល​ឯង​ប្រព្រឹត្ត និង​អំពើ​របស់​ឯង ដែល​បាន​នាំ​ការ​ទាំង​នេះ​មក​លើ​ឯង នេះ​គឺ​ជា​សំណង​នៃ​អំពើ​ទុច្ចរិត​របស់​ឯង ពិត​ប្រាកដ​ជា​ជូរ​ចត់​ណាស់ ពី​ព្រោះ​ការ​នេះ​លូក​មក​ប៉ះ‌ពាល់​ដល់​ចិត្ត​ឯង​ហើយ។
19 ឱ​ពោះ​ខ្ញុំ ពោះ​ខ្ញុំ​អើយ ខ្ញុំ​មាន​សេចក្ដី​ឈឺ​ចាប់​នៅ​ក្នុង​ចិត្ត បេះ‌ដូង​ខ្ញុំ​ប្រដំ​នៅ​ក្នុង​ខ្លួន ខ្ញុំ​នៅ​ស្ងៀម​មិន​បាន​ទេ ដ្បិត​ឱ​ព្រលឹង​អញ​អើយ ឯង​បាន​ឮ​សូរ​ត្រែ ជា​សូរ​អឺង‌កង​នៃ​ចម្បាំង​ហើយ
20 គេ​ស្រែក​តឿន​គ្នា​ឲ្យ​បំផ្លាញ​ខ្ជាន់​លើ​ការ​បំផ្លាញ ពី​ព្រោះ​ស្រុក​ទាំង​មូល​ត្រូវ​ខូច​អស់​ហើយ ទី​អាស្រ័យ​នៅ​របស់​ខ្ញុំ​ស្រាប់​តែ​ខូច​បង់​ភ្លាម ហើយ​ត្រសាល​របស់​ខ្ញុំ​ជា​១​រំពេច​ដែរ
21 តើ​ត្រូវ​ឲ្យ​ខ្ញុំ​មើល​ឃើញ​ទង់‌ជ័យ ហើយ​ឮ​សូរ​ត្រែ​ដល់​កាល​ណា​ទៀត
22 ពិត​ប្រាកដ​ជា​រាស្ត្រ​របស់​អញ​គេ​ល្ងី‌ល្ងើ គេ​មិន​ស្គាល់​អញ​សោះ គេ​សុទ្ធ​តែ​ជា​កូន​វង្វេង‌វង្វាន់ ឥត​មាន​យោបល់​ឡើយ គេ​មាន​ប្រាជ្ញា​ខាង​ឯ​ផ្លូវ​ប្រព្រឹត្ត​អាក្រក់ តែ​គ្មាន​ចំណេះ​ខាង​ឯ​ការ​ល្អ​សោះ។
23 ខ្ញុំ​បាន​ពិចារណា​មើល​ផែនដី ឃើញ​ថា​ខូច ហើយ​នៅ​ទទេ រួច​មើល​ទៅ​លើ​មេឃ នោះ​ក៏​ឥត​មាន​ពន្លឺ​ដែរ
24 ខ្ញុំ​ក្រឡេក​មើល​ទៅ​ភ្នំ​ធំ ឃើញ​ថា​ញ័រ​ទាំង​អស់ ហើយ​ភ្នំ​តូច​ទាំង​ប៉ុន្មាន​ក៏​កក្រើក​រញ្ជួយ
25 ខ្ញុំ​ក៏​ពិចារណា​មើល​ឃើញ​ថា គ្មាន​មនុស្ស​ណា​ទៀត​សោះ អស់​ទាំង​សត្វ​ហើរ​លើ​អាកាស​បាន​ហើរ​ទៅ​បាត់​ហើយ
26 រួច​ខ្ញុំ​ក៏​មើល​ទៅ​ឃើញ​ដី​ដុះ‌ដាល បាន​ត្រឡប់​ជា​វាល​ស្ងាត់ ហើយ​អស់​ទាំង​ទី​ក្រុង​ក៏​ត្រូវ​រលំ​ចុះ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ហើយ​ចំពោះ​សេចក្ដី​ខ្ញាល់​ដ៏​សហ័ស​របស់​ទ្រង់។
27 ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ស្រុក​ទាំង​មូល​នឹង​ត្រូវ​ខូច​បង់ ប៉ុន្តែ អញ​មិន​បំផ្លាញ​អស់​រលីង​ទេ
28 ដោយ​ហេតុ​ការ​ទាំង​នេះ ផែនដី​នឹង​យំ​សោក ហើយ​មេឃ​ខាង​លើ​នឹង​ទៅ​ជា​ខ្មៅ ពី​ព្រោះ​អញ​បាន​ចេញ​វាចា អញ​បាន​គិត​សម្រេច​ការ​នេះ​ហើយ អញ​នឹង​មិន​ប្រែ​ចិត្ត ឬ​បែរ​ចេញ​ពី​ការ​នេះ​ឡើយ។
29 បណ្តា​មនុស្ស​នៅ​ទី​ក្រុង​ទាំង​ប៉ុន្មាន​រត់​ទៅ​ដោយ​ព្រោះ​សូរ​ពល​សេះ និង​ពល​ធ្នូ គេ​ចូល​ទៅ​ក្នុង​ទី​ស្តុក​នៅ​ព្រៃ ហើយ​ឡើង​ទៅ​លើ​ថ្ម​ដា ទី​ក្រុង​ទាំង‌ឡាយ​ត្រូវ​ចោល​ស្ងាត់ ឥត​មាន​អ្នក​ណា​នៅ​ឡើយ
30 ឯ​ឯង កាល​ណា​ឯង​បាន​ត្រូវ​ខូច​បង់​ហើយ នោះ​តើ​ឯង​នឹង​ធ្វើ​ដូច​ម្តេច ទោះ​បើ​ឯង​ស្លៀក‌ពាក់​ពណ៌​ក្រហម ហើយ​តែង​ខ្លួន​ដោយ​គ្រឿង​មាស ព្រម​ទាំង​ផាត់​រង្វង់​ភ្នែក​ឯង ដោយ​ថ្នាំ​ផង​ក៏​ដោយ គង់​តែ​ឯង​នឹង​ខំ​ធ្វើ​ខ្លួន​ឲ្យ​ល្អ​មើល​ជា​ឥត​ប្រយោជន៍​ទទេ ពួក​សហាយ​របស់​ឯង គេ​ស្អប់​ខ្ពើម​ឯង​ហើយ ក៏​រក​ជីវិត​ឯង​ផង
31 ពី​ព្រោះ​ខ្ញុំ​បាន​ឮ​សំឡេង​១ ដូច​ជា​សំឡេង​របស់​ស្រី ដែល​ឈឺ​នឹង​សម្រាល​កូន ជា​សេចក្ដី​ព្រួយ​បារម្ភ​របស់​ស្រី​ដែល​សម្រាល​កូន​ជា​ដំបូង គឺ​ជា​សំឡេង​នៃ​កូន​ស្រី​ស៊ីយ៉ូន ដែល​ដក​ដង្ហើម​ថ្ងូរ ហើយ​ស្រងាក​ដៃ ដោយ​ថា វរ‌ហើយ​ខ្ញុំ ដ្បិត​ព្រលឹង​ខ្ញុំ​ល្វើយ​ណាស់ នៅ​ចំពោះ​ពួក​កាប់​សម្លាប់​នេះ។


ជំពូក 5

1 ចូរ​រត់​ទៅ​មក​តាម​ផ្លូវ​ក្រុង​យេរូ‌សាឡឹម​មើល ឲ្យ​ដឹង​ឥឡូវ ចូរ​ស្វែង​រក​នៅ​ទីធ្លា​ទាំង​ប៉ុន្មាន​មើល បើ​មាន​អ្នក​ណា​មួយ គឺ​បើ​មាន​មនុស្ស​ណា​ដែល​ប្រព្រឹត្ត​ដោយ​សុចរិត ឬ​ដែល​ស្វែង​រក​សេចក្ដី​ពិត នោះ​អញ​នឹង​អត់​ទោស​ដល់​ទី​ក្រុង
2 ទោះ​បើ​គេ​ថា គេ​ស្បថ​ដោយ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ​ក៏​ដោយ គង់​តែ​គេ​ស្បថ​ដោយ​ភូត‌ភរ​ទេ
3 ឱ​ព្រះ‌យេហូវ៉ា ព្រះ‌នេត្រ​ទ្រង់ តើ​ទត​មិន​ឃើញ​សេចក្ដី​ពិត​ទេ​ឬ​អី ទ្រង់​បាន​វាយ​គេ តែ​គេ​មិន​បង្រះ​សោះ ទ្រង់​បាន​ធ្វើ​ឲ្យ​គេ​អន្តរ‌ធាន​ទៅ តែ​គេ​មិន​ព្រម​ទទួល​សេចក្ដី​ប្រៀន​ប្រដៅ​ទេ គេ​បាន​តាំង​មុខ​រឹង​ជាង​ថ្ម គេ​មិន​ព្រម​វិល​មក​វិញ​ឡើយ។
4 នោះ​ខ្ញុំ​បាន​ថា មនុស្ស​ទាំង​នេះ ប្រាកដ​ជា​ទាល់​ក្រ ហើយ​ល្ងី‌ល្ងើ​ទេ គេ​មិន​ស្គាល់​ផ្លូវ​របស់​ព្រះ‌យេហូវ៉ា ឬ​ក្រឹត្យ​វិន័យ​របស់​ព្រះ​នៃ​គេ​ឡើយ
5 ខ្ញុំ​នឹង​ទៅ​ឯ​ពួក​អ្នក​ធំ ហើយ​និយាយ​នឹង​គេ​វិញ ដ្បិត​មុខ​ជា​គេ​ស្គាល់​ផ្លូវ​របស់​ព្រះ‌យេហូវ៉ា និង​ក្រឹត្យ‌វិន័យ​របស់​ព្រះ​នៃ​គេ​ពិត ប៉ុន្តែ អ្នក​ទាំង​នោះ​បាន​ព្រម​គ្នា​បំបាក់​នឹម ហើយ​ផ្តាច់​ចំណង​ចេញ​ផង
6 ដូច្នេះ សិង្ហ​មួយ​ដែល​ចេញ​ពី​ព្រៃ នឹង​សម្លាប់​គេ ឆ្កែ​ព្រៃ​នៅ​វាល​ស្ងាត់​នឹង​បំផ្លាញ​គេ ហើយ​ខ្លា​រខិន​ម៉ប‌ចាំ​នៅ​មុខ​ទី​ក្រុង​របស់​គេ អស់​អ្នក​ណា​ដែល​ចេញ​ពី​ទី​ក្រុង​នោះ នឹង​ត្រូវ​ហែក​ខ្ទេច‌ខ្ទី ពី​ព្រោះ​អំពើ​រំលង​របស់​គេ​មាន​ច្រើន​ណាស់ ហើយ​ការ​រា‌ថយ​របស់​គេ​ក៏​បាន​ចម្រើន​ជា​ច្រើន​ឡើង​ដែរ។
7 ធ្វើ​ដូច​ម្តេច​ឲ្យ​អញ​បាន​អត់​ទោស​ឲ្យ​ឯង​បាន ពួក​កូន​ចៅ​របស់​ឯង​បាន​បោះ‌បង់​ចោល​អញ​អស់​ហើយ ក៏​បាន​ស្បថ​នឹង​របស់​ដែល​មិន​មែន​ជា​ព្រះ​ផង កាល​អញ​បាន​ឲ្យ​គេ​ស៊ី​ឆ្អែត​ជា​បរិបូរ នោះ​គេ​ក៏​បែរ​ជា​ផិត​អញ​វិញ ហើយ​ប្រជុំ​គ្នា​ទាំង​ហ្វូង​នៅ​ឯ​ផ្ទះ​ស្រី​សំផឹង
8 គេ​ប្រៀប​ដូច​ជា​សេះ​ដែល​ចិញ្ចឹម​ដោយ​ល្អ ហើយ​រត់​ទៅ​មក​តាម​តែ​ចិត្ត គឺ​គេ​ស្រែក​កញ្ជ្រៀវ​រក​ប្រពន្ធ​របស់​អ្នក​ជិត​ខាង​គ្រប់​គ្នា
9 ដូច្នេះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា តើ​អញ​មិន​ត្រូវ​ធ្វើ​ទោស​ចំពោះ​អំពើ​យ៉ាង​នោះ​ទេ​ឬ តើ​ព្រលឹង​អញ​មិន​ត្រូវ​សង‌សឹក​នឹង​សាសន៍​ណា​យ៉ាង​ដូច្នេះ​ទេ​ឬ​អី។
10 ចូរ​ឡើង​ទៅ​លើ​អស់​ទាំង​កំផែង​ទី​ក្រុង​របស់​គេ ហើយ​បំផ្លាញ​ទៅ តែ​កុំ​ឲ្យ​អស់​រលីង​ឡើយ ចូរ​កាច់​ខ្នែង​គេ​ចេញ ពី​ព្រោះ​ខ្នែង​ទាំង​នោះ​មិន​មែន​ជា​របស់​ផង​ព្រះ‌យេហូវ៉ា​ទេ
11 ដ្បិត​ពួក​វង្ស​អ៊ីស្រា‌អែល និង​ពួក​វង្ស​យូដា​បាន​ក្បត់​នឹង​អញ​ជា​ខ្លាំង​ហើយ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។
12 គឺ​គេ​បាន​កុហក​ពី​ព្រះ‌យេហូវ៉ា ដោយ​ពាក្យ​ថា មិន​មែន​ព្រះ​នោះ​ទេ ឯ​សេចក្ដី​អាក្រក់​នឹង​មិន​មក​លើ​យើង​រាល់​គ្នា ហើយ​យើង​នឹង​មិន​ត្រូវ​ឃើញ​ដាវ ឬ​គ្រា​អំណត់‌អត់​ឡើយ
13 ពួក​ហោរា​នឹង​ត្រឡប់​ទៅ​ដូច​ជា​ខ្យល់ ព្រះ‌បន្ទូល​មិន​នៅ​ក្នុង​គេ​ទេ សូម​ឲ្យ​គេ​បាន​យ៉ាង​ដូច្នោះ​ចុះ។
14 ដូច្នេះ ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ដោយ​ព្រោះ​ឯង​រាល់​គ្នា​បាន​ពោល​ពាក្យ​យ៉ាង​នេះ នោះ​មើល អញ​នឹង​ធ្វើ​ឲ្យ​ពាក្យ​ដែល​អញ​ដាក់​នៅ​មាត់​ឯង បាន​ដូច​ជា​ភ្លើង​វិញ ហើយ​ឲ្យ​សាសន៍​នេះ​បាន​ត្រឡប់​ជា​ឧស ភ្លើង​នោះ​នឹង​ឆេះ​បន្សុស​គេ​អស់​ទៅ
15 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា នែ ពួក​វង្ស​អ៊ីស្រា‌អែល​អើយ មើល អញ​នឹង​នាំ​សាសន៍១​ពី​ឆ្ងាយ​មក​លើ​ឯង​រាល់​គ្នា គឺ​ជា​សាសន៍​១​យ៉ាង​ស្វិត‌ស្វាញ ជា​សាសន៍​ចាស់​បុរាណ​ដែល​ឯង​មិន​ស្គាល់​ភាសា​របស់​គេ​ទេ ក៏​ស្តាប់​ពាក្យ​គេ​មិន​បាន​ដែរ
16 បំពង់​ព្រួញ​គេ ដូច​ជា​ផ្នូរ​ខ្មោច​ចំហ គេ​សុទ្ធ​តែ​ជា​មនុស្ស​ខ្លាំង​ពូកែ
17 គេ​នឹង​ស៊ី​ផល​ចម្រូូត ហើយ​អាហារ​របស់​ឯង​អស់​ទៅ ជា​អាហារ​ដែល​ទុក​សម្រាប់​កូន​ប្រុស​កូន​ស្រី​ឯង ក៏​នឹង​ស៊ី​ហ្វូង​ចៀម ហ្វូង​គោ​របស់​ឯង ហើយ​និង​ស៊ី​បំផ្លាញ​ដើម​ទំពាំង‌បាយ‌ជូរ និង​ដើម​ល្វា​របស់​ឯង​ដែរ គេ​នឹង​វាយ​រំលំ​ទី​ក្រុង​មាន​កំផែង ដែល​ជា​ទី​ទុក​ចិត្ត​របស់​ឯង​នោះ ដោយ‌សារ​ដាវ
18 តែ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ទោះ​បើ​មាន​គ្រា​យ៉ាង​នោះ​ក៏​ដោយ គង់​តែ​អញ​មិន​បំផ្លាញ​ឯង​រាល់​គ្នា​ឲ្យ​អស់​រលីង​ដែរ
19 ដូច្នេះ បើ​កាល​ណា​ឯង​រាល់​គ្នា​សួរ​ថា ហេតុ​អ្វី​បាន​ជា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង ទ្រង់​ប្រព្រឹត្ត​ការ​យ៉ាង​នេះ​ដល់​យើង នោះ​ទ្រង់​នឹង​ឆ្លើយ​ដល់​គេ​ថា ឯង​រាល់​គ្នា​បាន​បោះ‌បង់​ចោល​អញ ទៅ​គោរព​ដល់​ព្រះ​ដទៃ​នៅ​ក្នុង​ស្រុក​ឯង​ជា​យ៉ាង​ណា ឯង​រាល់​គ្នា​នឹង​ត្រូវ​គោរព​ដល់​សាសន៍​ដទៃ នៅ​ក្នុង​ស្រុក​១​ដែល​មិន​មែន​ជា​របស់​ផង​ខ្លួន​យ៉ាង​នោះ​ដែរ។
20 ចូរ​ថ្លែង​សេចក្ដី​នេះ​នៅ​ក្នុង​ពួក​វង្ស​យ៉ាកុប ហើយ​ប្រកាស​ប្រាប់​នៅ​ក្នុង​ពួក​យូដា​ថា
21 ឱ​សាសន៍​ល្ងី‌ល្ងើ ហើយ​ឥត​យោបល់ ជា​ពួក​អ្នក​ដែល​មាន​ភ្នែក តែ​មើល​មិន​ឃើញ មាន​ត្រចៀក តែ​ស្តាប់​មិន​ឮ​អើយ ចូរ​ស្តាប់​សេចក្ដី​នេះ​ឥឡូវ​ចុះ
22 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា តើ​ឯង​រាល់​គ្នា​មិន​កោត‌ខ្លាច​ដល់​អញ​ទេ​ឬ តើ​ឯង​រាល់​គ្នា​មិន​ញាប់‌ញ័រ​នៅ​ចំពោះ​អញ​ទេ​ឬ​អី ដែល​អញ​បាន​ដាក់​ខ្សាច់​ធ្វើ​ជា​ព្រំ‌ខណ្ឌ​សមុទ្រ ដោយ​បញ្ញត្ត​ដ៏​នៅ​ជានិច្ច ដើម្បី​មិន​ឲ្យ​ហូរ​រំលង​ឡើយ ហើយ​ទោះ​បើ​រលក​បោក​មាត់​ច្រាំង​គង់​តែ​នឹង​ឈ្នះ​មិន​បាន ទោះ​បើ​ឮ​សន្ធឹក​យ៉ាង​ណា គង់​តែ​នឹង​ហូរ​រំលង​មិន​បាន​ដែរ
23 តែ​សាសន៍​នេះ​គេ​មាន​ចិត្ត​រឹង‌ចចេស ហើយ​បះ‌បោរ​វិញ គេ​បាន​បះ‌បោរ​ចេញ​បាត់​ទៅ​ហើយ
24 គេ​ក៏​មិន​ដែល​នឹក​ក្នុង​ចិត្ត​ថា ឥឡូវ​នេះ ចូរ​យើង​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​វិញ ដែល​ទ្រង់​ប្រទាន​ភ្លៀង​មក គឺ​ទាំង​ភ្លៀង​ដើម ហើយ​ចុង​រដូវ​ផង​តាម​រដូវ​ភ្លៀង ហើយ​ក៏​កំណត់​រក្សា​ទុក​ប៉ុន្មាន​អាទិត្យ ដែល​សម្រាប់​ច្រូត​កាត់​ដល់​យើង​ដែរ​នោះ​ឡើយ
25 អំពើ​ទុច្ចរិត​របស់​ឯង​រាល់​គ្នា​បាន​បង្វែរ​ការ​ទាំង​នោះ​ចេញ ហើយ​អំពើ​បាប​របស់​ឯង បាន​បង្ខាំង​សេចក្ដី​ល្អ​ចេញ​ពី​ឯង​រាល់​គ្នា​ដែរ
26 ដ្បិត​នៅ​ក្នុង​រាស្ត្រ​អញ ឃើញ​មាន​មនុស្ស​ដែល​ប្រព្រឹត្ត​អាក្រក់ គេ​រំពៃ​ចាំ​ដូច​ជា​អ្នក​ទាក់​សត្វ​ហើរ​ពួន​ចាំ​ដែរ ឯ​គេ​គឺ​ដាក់​អន្ទាក់ ហើយ​ចាប់​មនុស្ស​វិញ
27 ទ្រុង​មាន​ពេញ​ដោយ​សត្វ​ហើរ​យ៉ាង​ណា ផ្ទះ​គេ​ក៏​ពេញ​ដោយ​សេចក្ដី​ឆ‌បោក​យ៉ាង​នោះ​ដែរ ដូច្នេះ គេ​បាន​ត្រឡប់​ជា​ធំ ហើយ​មាន​ឡើង
28 គេ​បាន​ឡើង​សាច់​ធាត់ ហើយ​ប៉ផូរ អើ គេ​ប្រព្រឹត្ត​អំពើ​អាក្រក់​ហួស​ល្បត់ ឥត​ដែល​កាន់​ក្តី​ជំនួស​ពួក​កំព្រា ដើម្បី​ឲ្យ​ពួក​នោះ​បាន​ចម្រើន​ឡើង​ឡើយ ក៏​មិន​សម្រេច​ត្រឹម​ត្រូវ​ដល់​ពួក​កំសត់​ផង
29 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា តើ​អញ​មិន​ត្រូវ​ធ្វើ​ទោស​ចំពោះ​ការ​ដូច្នេះ​ទេ​ឬ តើ​ព្រលឹង​អញ​មិន​ត្រូវ​សង‌សឹក​នឹង​សាសន៍​យ៉ាង​នោះ​ទេ​ឬ​អី។
30 មាន​ការ​ដ៏​អស្ចារ្យ ហើយ​គួរ​ស្ញែង​ខ្លាច បាន​កើត​ឡើង​នៅ​ក្នុង​ស្រុក
31 គឺ​ពួក​ហោរា​បាន​ទាយ​កុហក ពួក​សង្ឃ​ក៏​គ្រប់‌គ្រង​ដោយ​កម្លាំង​ដៃ​ខ្លួន​វិញ ឯ​រាស្ត្រ​អញ​គេ​ក៏​ឃើញ​គួរ​យ៉ាង​នោះ​ដែរ ដូច្នេះ ដល់​ចុង​បំផុត តើ​ឯង​រាល់​គ្នា​នឹង​ធ្វើ​ដូច​ម្តេច​ទៅ។


ជំពូក 6

1 ឱ​ពួក​កូន​ចៅ​បេន‌យ៉ាមីន​អើយ ចូរ​រត់​ទៅ​ចុះ ចូរ​ចេញ​ពី​ក្រុង​យេរូ‌សាឡឹម​ទៅ ហើយ​ផ្លុំ​ត្រែ​នៅ​ត្រង់​ត្កូអា ត្រូវ​ឲ្យ​ដុត​ភ្លើង ទុក​ជា​ទី​សម្គាល់ នៅ​ត្រង់​បេត-ហាកេរែម​ដែរ ពី​ព្រោះ​មាន​សេចក្ដី​អាក្រក់ បាន​ចេញ​ពី​ទិស​ខាង​ជើង​មក ព្រម​ទាំង​ការ​បំផ្លាញ​យ៉ាង​ធំ​ផង
2 ឯ​កូន​ស្រី​ស៊ីយ៉ូន​ដ៏​ល្អ​ហើយ​រុងរឿង នោះ​អញ​នឹង​បំផ្លាញ​បង់
3 ពួក​អ្នក​គង្វាល​នឹង​នាំ​ហ្វូង​ចៀម​របស់​គេ​ទៅ​ឯ​ក្រុង​នោះ គេ​នឹង​ដំឡើង​ត្រសាល នៅ​ផ្ទល់​មុខ​ជុំវិញ គេ​នឹង​ឃ្វាល​ហ្វូង​ចៀម​របស់​គេ តាម​កន្លែង​ទីទៃ​ពី​គ្នា
4 ចូរ​ចាត់‌ចែង​ច្បាំង​នឹង​ទី​ក្រុង​នេះ​ចុះ ចូរ​រៀប‌ចំ​ឡើង យើង​នឹង​ឡើង​ទៅ​ក្នុង​វេលា​ថ្ងៃ​ត្រង់ វរ‌ហើយ​យើង ពី​ព្រោះ​ថ្ងៃ​ជ្រេ​ហើយ ស្រមោល​ល្ងាច​ក៏​កាន់​តែ​វែង​ទៅ
5 ចូរ​ក្រោក​ឡើង យើង​នឹង​ឡើង​ទៅ​ទាំង​យប់ យើង​នឹង​បំផ្លាញ​អស់​ទាំង​ដំណាក់​របស់​គេ
6 ពី​ព្រោះ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ចូរ​កាប់​ដើម​ឈើ​ចុះ ហើយ​ជីក​ស្នាម​ភ្លោះ​ទាស់​នឹង​ក្រុង​យេរូ‌សាឡឹម​ទៅ នេះ​ហើយ​ជា​ទី​ក្រុង​ដែល​ត្រូវ​ទោស ដ្បិត​នៅ​កណ្តាល​នោះ មាន​សុទ្ធ​តែ​ការ​សង្កត់‌សង្កិន
7 អណ្តូង​ផុស​ទឹក​ចេញ​មក​ជា​យ៉ាង​ណា ទី​ក្រុង​នេះ​ក៏​ផុស​ចេញ​ជា​អំពើ​អាក្រក់​យ៉ាង​នោះ​ដែរ មាន​ឮ​សុទ្ធ​តែ​ការ​ច្រឡោត និង​ការ​បំផ្លាញ ឃើញ​មាន​តែ​ជំងឺ​ឈឺ និង​របួស​នៅ​មុខ​អញ​ជានិច្ច
8 ឱ​ក្រុង​យេរូ‌សាឡឹម​អើយ ចូរ​ឲ្យ​ឯង​រាង‌ចាល​ចុះ ក្រែង​ព្រលឹង​អញ​ព្រាត់​ចេញ​ពី​ឯង ក្រែង​លោ​អញ​បំផ្លាញ​ឯង ឲ្យ​ទៅ​ជា​ស្រុក​ចោល​ស្ងាត់​ទទេ។
9 ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា គេ​នឹង​ប្រឡេះ​ពួក​សំណល់​សាសន៍​អ៊ីស្រា‌អែល​អស់​រលីង ដូច​ជា​ផ្លែ​ទំពាំង‌បាយ‌ជូរ ចូរ​ដាក់​ដៃ​ឯង​ទៅ​ក្នុង​កព្ឆោ​វិញ ដូច​ជា​អ្នក​បេះ​ផ្លែ
10 តើ​នឹង​ឲ្យ​ខ្ញុំ​និយាយ ហើយ​ធ្វើ​បន្ទាល់​ដល់​អ្នក​ណា ដើម្បី​ឲ្យ​គេ​បាន​ស្តាប់​តាម មើល​ត្រចៀក​គេ​មិន​បាន​កាត់​ស្បែក​ទេ គេ​ស្តាប់​មិន​បាន មើល​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា បាន​ត្រឡប់​ជា​ទី​មើល‌ងាយ​ដល់​គេ គេ​មិន​យក​ជា​ទី​រីក‌រាយ​ចិត្ត​ឡើយ
11 ដូច្នេះ ខ្លួន​ខ្ញុំ​មាន​ពេញ​ដោយ​សេចក្ដី​ក្រោធ​របស់​ព្រះ‌យេហូវ៉ា ខ្ញុំ​ទប់​ចិត្ត​ទៀត​មិន​បាន​ទេ បើ​ដូច្នេះ ចូរ​ចាក់​ទៅ​លើ​កូន​ក្មេង​តាម​ផ្លូវ ហើយ​លើ​ជំនុំ​ពួក​កំលោះៗ ដ្បិត​នឹង​ត្រូវ​ចាប់​យក​ទាំង​ប្ដី និង​ប្រពន្ធ ទាំង​មនុស្ស​ចាស់‌ជរា និង​មនុស្ស​មាន​វ័យ​កន្លង​ផង
12 ផ្ទះ​គេ​នឹង​ទៅ​ជា​របស់​ផង​មនុស្ស​ដទៃ ព្រម​ទាំង​ស្រែ​ចម្ការ និង​ប្រពន្ធ​របស់​គេ​ដែរ ដ្បិត​អញ​នឹង​លូក​ដៃ​ទៅ​លើ​ពួក​អ្នក​ស្រុក នេះ​ហើយ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា
13 ពី​ព្រោះ​ចាប់​តាំង​តែ​ពី​អ្នក​តូច​បំផុត ទៅ​ដល់​អ្នក​ធំ​បំផុត​ក្នុង​ពួក​គេ នោះ​សុទ្ធ​តែ​លង់​ទៅ​ក្នុង​សេចក្ដី​លោភ ហើយ​ចាប់​តាំង​ពី​ហោរា ទៅ​ដល់​សង្ឃ នោះ​គ្រប់​គ្នា​ក៏​ប្រព្រឹត្ត​ដោយ​ភូត‌ភរ​ដែរ
14 គេ​បាន​មើល​របួស​របស់​រាស្ត្រ​អញ ឲ្យ​សះ​តែ​បន្តិច‌បន្តួច​ទេ ដោយ​ពោល​តែ​ពាក្យ​ថា​សុខៗ​ប៉ុណ្ណោះ ក្នុង​កាល​ដែល​ឥត​មាន​សេចក្ដី​សុខ​ឡើយ
15 កាល​គេ​បាន​ប្រព្រឹត្ត​ការ​គួរ​ស្អប់​ខ្ពើម នោះ​តើ​គេ​មាន​សេចក្ដី​ខ្មាស​ឬ​ទេ ទេ គេ​មិន​បាន​ខ្មាស​សោះ ក៏​មិន​ទាំង​ឡើង​មុខ​ក្រហម​ផង ដូច្នេះ គេ​នឹង​ដួល​ទៅ​ជា​មួយ​នឹង​ពួក​អ្នក​ដែល​ត្រូវ​ដួល ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា នៅ​វេលា​ដែល​អញ​ធ្វើ​ទោស​ដល់​គេ នោះ​គេ​នឹង​ត្រូវ​ចំពប់​ដួល​ជា​ពិត។
16 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ចូរ​ឲ្យ​ឯង​រាល់​គ្នា​ឈរ​តាម​ផ្លូវ ហើយ​មើល​ចុះ ត្រូវ​ឲ្យ​សួរ​រក​ផ្លូវ​ចាស់​ទាំង​ប៉ុន្មាន មើល​ជា​មាន​ផ្លូវ​ណា​ដែល​ល្អ រួច​ឲ្យ​ដើរ​តាម​ផ្លូវ​នោះ​ចុះ នោះ​ឯង​រាល់​គ្នា​នឹង​បាន​សេចក្ដី​សម្រាក​ដល់​ព្រលឹង តែ​គេ​ប្រកែក​ថា យើង​រាល់​គ្នា​មិន​ព្រម​ដើរ​តាម​ទេ
17 អញ​ក៏​បាន​ដាក់​ពួក​ចាំ​យាម​ឲ្យ​ត្រួត​លើ​ឯង​រាល់​គ្នា ឲ្យ​ប្រាប់​ថា ចូរ​ប្រុង​ស្តាប់​សូរ​ត្រែ តែ​គេ​ប្រកែក​ថា យើង​មិន​ព្រម​ស្តាប់​ទេ
18 ដូច្នេះ ចូរ​ស្តាប់​ចុះ អស់​ទាំង​សាសន៍​អើយ ហើយ​ពួក​ជំនុំ​អើយ ចូរ​ដឹង​ពី​សេចក្ដី​ដែល​ត្រូវ​កើត​ដល់​គេ
19 ម្នាល​ផែនដី​អើយ ចូរ​ស្តាប់​ចុះ មើល អញ​នឹង​នាំ​សេចក្ដី​អាក្រក់​មក​លើ​សាសន៍​នេះ គឺ​ជា​ផល​នៃ​គំនិត​របស់​គេ ដោយ​ព្រោះ​គេ​មិន​បាន​ស្តាប់​តាម​ពាក្យ​របស់​អញ​ទេ ឯ​ចំណែក​ក្រឹត្យ‌វិន័យ​របស់​អញ នោះ​គេ​បាន​បោះ‌បង់​ចោល​ហើយ
20 តើ​មាន​ប្រយោជន៍​អ្វី​ដែល​មាន​កំញាន​មក​ពី​ស្រុក​សេបា ហើយ​និង​ឫស​កន្ធាយ​ពី​ស្រុក​ឆ្ងាយ​មក​ឯ​អញ​ដូច្នេះ អញ​មិន​ទទួល​តង្វាយ​ដុត​របស់​ឯង​រាល់​គ្នា​ទេ ហើយ​យញ្ញ‌បូជា​របស់​ឯង​ក៏​មិន​គាប់​ចិត្ត​ដល់​អញ​ដែរ
21 ហេតុ​នោះ​បាន​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា មើល​អញ​នឹង​ដាក់​ថ្ម​ចំពប់​មួយ​នៅ​មុខ​សាសន៍​នេះ ហើយ​ទាំង​ឪពុក និង​កូន​ផង​នឹង​ចំពប់​ចុះ​លើ​ថ្ម​នោះ​ជា​មួយ​គ្នា ហើយ​ទាំង​អ្នក​ជិត​ខាង និង​មិត្ត​សំឡាញ់​របស់​គេ​ផង គេ​នឹង​ត្រូវ​វិនាស​បង់​ទាំង​អស់។
22 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា មើល មាន​សាសន៍​មក​ពី​ស្រុក​ខាង​ជើង គឺ​សាសន៍​១​យ៉ាង​ធំ ដែល​នៅ​ចុង​ផែនដី នឹង​ត្រូវ​កម្រើក​ឡើង
23 គេ​ចាប់​កាន់​ធ្នូ និង​លំពែង ជា​សាសន៍​សាហាវ ឥត​ត្រា‌ប្រណី សំឡេង​គេ​ក៏​លាន់​ឮ​សន្ធឹក​ដូច​ជា​សមុទ្រ គេ​សុទ្ធ​តែ​ជិះ​សេះ​ដំរៀប​ជា​ក្បួន​ទ័ព ដូច​ជា​មនុស្ស​ដែល​ចូល​ទៅ​ច្បាំង ឱ​កូន​ស្រី​ស៊ីយ៉ូន​អើយ គឺ​ច្បាំង​នឹង​ឯង​ហើយ
24 យើង​រាល់​គ្នា​បាន​ឮ​សូរ​ពី​ការ​នោះ​ហើយ ដៃ​យើង​ក៏​បាន​ខ្សោយ​ទៅ ហើយ​យើង​កើត​មាន​សេចក្ដី​បារម្ភ​ព្រួយ ព្រម​ទាំង​ឈឺ​ចាប់ ដូច​ជា​ស្រី​ដែល​រៀប​នឹង​សម្រាល​កូន
25 កុំ​ឲ្យ​ចេញ​ទៅ​ឯ​ចម្ការ​ឡើយ ក៏​កុំ​ឲ្យ​ដើរ​តាម​ផ្លូវ​ដែរ ដ្បិត​ដាវ​របស់​ពួក​ខ្មាំង​សត្រូវ និង​សេចក្ដី​ស្ញែង​ខ្លាច បាន​នៅ​ពាស‌ពេញ​ជុំវិញ​ហើយ
26 ឱ​កូន​ស្រី​នៃ​រាស្ត្រ​អញ​អើយ ចូរ​ស្លៀក​សំពត់​ធ្មៃ ហើយ​ននៀល​ក្នុង​ផេះ​ចុះ ត្រូវ​ឲ្យ​កាន់​ទុក្ខ ដូច​ជា​កាន់​ទុក្ខ​នឹង​កូន​តែ​១ ជា​ទំនួញ​យ៉ាង​ជូរ‌ចត់​បំផុត ពី​ព្រោះ​មេ​បំផ្លាញ​នឹង​ស្រាប់​តែ​មក​លើ​យើង​រាល់​គ្នា​ភ្លាម។
27 អញ​បាន​តាំង​ឯង​ឡើង ឲ្យ​បាន​ដូច​ជា​ប៉ម​ចាំ​យាម ហើយ​ជា​បន្ទាយ​នៅ​កណ្តាល​រាស្ត្រ​អញ ដើម្បី​ឲ្យ​ឯង​បាន​ស្គាល់ ហើយ​ល្បង​ល​ផ្លូវ​ប្រព្រឹត្ត​របស់​គេ
28 គេ​សុទ្ធ​តែ​ជា​ពួក​បះ‌បោរ​យ៉ាង​ខ្លាំង គេ​ដើរ​ទៅ​មក​ទាំង​បង្កាច់​មនុស្ស​ក៏​សុទ្ធ​តែ​ជា​លង្ហិន និង​ដែក​ផង គេ​ប្រព្រឹត្ត​សេចក្ដី​ដ៏​លាមក​អាក្រក់​គ្រប់ៗ​គ្នា
29 ឯ​ស្នប់​ក៏​សប់​យ៉ាង​ខ្លាំង សំណ​បាន​សូន្យ​បាត់​ទៅ ការ​ដែល​គេ​នៅ​តែ​សំរង​ទៀត នោះ​ជា​ឥត​អំពើ​សោះ ដ្បិត​ពួក​អាក្រក់​មិន​ទាន់​បាន​ដក​ចេញ​នៅ​ឡើយ
30 មនុស្ស​ទាំង‌ឡាយ​នឹង​ហៅ​គេ​ជា​អាចម៍​ប្រាក់ ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បោះ‌បង់​ចោល​គេ​ហើយ។


ជំពូក 7

1 ពាក្យ​នេះ​ជា​ព្រះ‌បន្ទូល​ដែល​មក​ពី​ព្រះ‌យេហូវ៉ា​ដល់​យេរេមា ថា
2 ចូរ​ឈរ​ត្រង់​ទ្វារ​នៃ​ព្រះ‌វិហារ​ព្រះ‌យេហូវ៉ា ហើយ​ប្រកាស​ប្រាប់​នៅ​ទី​នោះ តាម​ពាក្យ​នេះ​ថា ឱ​អស់​អ្នក​ក្នុង​ពួក​យូដា ដែល​ចូល​ទៅ​ថ្វាយ‌បង្គំ​ព្រះ‌យេហូវ៉ា​តាម​ទ្វារ​ទាំង​នេះ​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ចុះ
3 ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ចូរ​កែ​ផ្លូវ​ប្រព្រឹត្ត និង​ចរិត​របស់​ឯង​រាល់​គ្នា​ឲ្យ​ល្អ​វិញ​ចុះ នោះ​អញ​នឹង​ឲ្យ​ឯង​រាល់​គ្នា​អាស្រ័យ​នៅ​ទី​នេះ​ត​ទៅ
4 កុំ​ឲ្យ​ទុក​ចិត្ត​នឹង​ពាក្យ​កំភូត​ឡើយ ដែល​ថា​នេះ​ជា​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា គឺ​ជា​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ជា​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ពិត
5 ដ្បិត​បើ​ឯង​រាល់​គ្នា​កែ​ផ្លូវ​ប្រព្រឹត្ត និង​ចរិត​របស់​ឯង​ឲ្យ​ល្អ ហើយ​បើ​សម្រេច​ក្តី​ដល់​មនុស្ស និង​អ្នក​ជិត​ខាង​ដោយ​យុត្តិ‌ធម៌
6 បើ​ឯង​មិន​សង្កត់‌សង្កិន​មនុស្ស​ប្រទេស​ដទៃ ពួក​កំព្រា និង​ពួក​ស្រី​មេម៉ាយ ហើយ​មិន​កម្ចាយ​ឈាម​ដែល​ឥត​មាន​ទោស​នៅ​ទី​នេះ ក៏​មិន​គោរព​តាម​ព្រះ​ដទៃ ឲ្យ​ខ្លួន​បាន​អន្តរាយ​ឡើយ
7 នោះ​អញ​នឹង​ឲ្យ​ឯង​រាល់​គ្នា​អាស្រ័យ​នៅ​ទី​នេះ​ត​ទៅ គឺ​ក្នុង​ស្រុក​ដែល​អញ​បាន​ឲ្យ​ដល់​ពួក​អយ្យ‌កោ​ឯង ចាប់​តាំង​ពី​ចាស់​បុរាណ ដរាប​ដល់​អស់‌កល្ប‌ជានិច្ច។
8 មើល ឯង​រាល់​គ្នា​ទុក​ចិត្ត​នឹង​ពាក្យ​កំភូត ដែល​នឹង​មាន​ប្រយោជន៍​មិន​បាន
9 តើ​ឯង​រាល់​គ្នា​នឹង​លួច​ប្លន់ កាប់​សម្លាប់ ផិត​គ្នា ស្បថ​បំពាន ដុត​កំញាន​ថ្វាយ​ព្រះ‌បាល ហើយ​គោរព​តាម​ព្រះ​ដទៃ ដែល​ឯង​មិន​បាន​ស្គាល់​ពី​ដើម
10 រួច​មក​ឈរ​នៅ​មុខ​អញ​ក្នុង​វិហារ​នេះ ដែល​បាន​ហៅ​តាម​ឈ្មោះ​អញ ហើយ​ពោល​ថា យើង​បាន​សង្គ្រោះ​ហើយ គឺ​ដើម្បី​ឲ្យ​ឯង​បាន​ធ្វើ​អស់​ទាំង​ការ​គួរ​ស្អប់​ខ្ពើម​យ៉ាង​នេះ​ឬ
11 ព្រះ‌វិហារ​នេះ​ដែល​ហៅ​តាម​ឈ្មោះ​អញ តើ​បាន​ត្រឡប់​ជា​រោង​ចោរ​នៅ​ភ្នែក​ឯង​រាល់​គ្នា​ឬ​អី ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា គឺ​ខ្លួន​អញ​បាន​ឃើញ​ការ​នេះ​ហើយ។
12 ចូរ​ឲ្យ​ឯង​រាល់​គ្នា​ទៅ​ឯ​ទី​កន្លែង​របស់​អញ ដែល​នៅ​ត្រង់​ស៊ីឡូរ​ចុះ ជា​កន្លែង​ដែល​អញ​បាន​តាំង​ឈ្មោះ​អញ​ឲ្យ​នៅ​ជា​មុន​ដំបូង ត្រូវ​ឲ្យ​ពិចារណា​មើល ដែល​អញ​បាន​ធ្វើ​ដល់​កន្លែង​នោះ​ជា​យ៉ាង​ណា ដោយ​ព្រោះ​អំពើ​អាក្រក់​របស់​អ៊ីស្រា‌អែល ជា​រាស្ត្រ​អញ
13 ហើយ​ឥឡូវ​នេះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ដោយ​ព្រោះ​ឯង​រាល់​គ្នា​បាន​ប្រព្រឹត្ត​អំពើ​ទាំង​នេះ ហើយ​អញ​បាន​និយាយ​នឹង​ឯង​រាល់​គ្នា ទាំង​ខ្នះ‌ខ្នែង​រំឭក​ឯង​តាំង​ពី​ព្រលឹម​ស្រាង​ផង តែ​ឯង​រាល់​គ្នា​មិន​បាន​ស្តាប់​តាម​ទេ អញ​ក៏​បាន​ហៅ​ឯង​រាល់​គ្នា តែ​ឯង​មិន​បាន​ឆ្លើយ​តប​សោះ
14 ហេតុ​នោះ អញ​នឹង​ធ្វើ​ដល់​វិហារ ដែល​ហៅ​តាម​ឈ្មោះ​អញ គឺ​ជា​ទី​ដែល​ឯង​រាល់​គ្នា​ទុក​ចិត្ត​នេះ ហើយ​ដល់​ទី​កន្លែង​ដែល​អញ​បាន​ឲ្យ​ដល់​ឯង​រាល់​គ្នា និង​ពួក​អយ្យ‌កោ​ឯង​ផង ដូច​ជា​បាន​ធ្វើ​ដល់​ស៊ីឡូរ​នោះ​ដែរ
15 ហើយ​អញ​នឹង​បោះ‌បង់​ឯង​រាល់​គ្នា​ពី​ភ្នែក​អញ​ចេញ ដូច​ជា​បាន​បោះ‌បង់​ពួក​បង​ប្អូន​ឯង​ដែរ គឺ​ជា​ពូជ​អេប្រា‌អិម​ទាំង​ប៉ុន្មាន។
16 ដូច្នេះ កុំ​ឲ្យ​អធិស្ឋាន​ឲ្យ​សាសន៍​នេះ​ឡើយ ក៏​កុំ​ឲ្យ​បន្លឺ​សំឡេង​អំពាវ‌នាវ ឬ​អធិស្ឋាន​ឲ្យ​គេ ឬ​អង្វរ​ដល់​អញ​ជំនួស​គេ​ឲ្យ​សោះ ពី​ព្រោះ​អញ​មិន​ព្រម​ស្តាប់​ឯង​ទេ
17 តើ​ឯង​មិន​ឃើញ​អំពើ​ដែល​គេ​ប្រព្រឹត្ត នៅ​អស់​ទាំង​ក្រុង​នៃ​ស្រុក​យូដា ហើយ​នៅ​ផ្លូវ​ក្រុង​យេរូ‌សាឡឹម​ទេ​ឬ​អី
18 គឺ​កូន​ក្មេង​រើស​ឧស ឪពុក​បង្កាត់​ភ្លើង​ឡើង ហើយ​ពួក​ស្រីៗ​គេ​ច្របាច់​ម្សៅ​ធ្វើ​នំ​ថ្វាយ​ដល់​ព្រះ‌ចន្ទ ព្រម​ទាំង​ច្រួច​តង្វាយ​ថ្វាយ​ដល់​ព្រះ​ឯ​ទៀត​ផង ជា​ការ​ដែល​បណ្តាល​ឲ្យ​អញ​ខឹង​ក្តៅ
19 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​ថា តើ​គេ​បណ្តាល​ឲ្យ​អញ​មាន​សេចក្ដី​កំហឹង​មែន​ឬ តើ​មិន​មែន​ដល់​ខ្លួន​គេ​វិញ ដរាប​ដល់​មាន​សេចក្ដី​ខ្មាស​ជ្រប់​មុខ​ផង​ទេ​ឬ​អី
20 ហេតុ​នោះ ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា មើល សេចក្ដី​កំហឹង និង​សេចក្ដី​ក្រោធ​របស់​អញ នឹង​បាន​ចាក់​មក​លើ​ទី​នេះ គឺ​លើ​មនុស្ស លើ​សត្វ ហើយ​លើ​ដើម​ឈើ​នៅ​ចម្ការ និង​លើ​ផល​ដែល​កើត​ពី​ដី​ផង សេចក្ដី​កំហឹង​នោះ​នឹង​ឆេះ​ឡើង ឥត​រលត់​ឡើយ។
21 ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ចូរ​ថ្វាយ​តង្វាយ​ដុត​ថែម​លើ​យញ្ញ‌បូជា​របស់​ឯង​រាល់​គ្នា ហើយ​ស៊ី​សាច់​ចុះ
22 ពី​ព្រោះ​នៅ​គ្រា​ដែល​អញ​បាន​នាំ​ពួក​អយ្យ‌កោ​ឯង​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក នោះ​អញ​មិន​បាន​និយាយ​នឹង​គេ ឬ​បង្គាប់​គេ ពី​ដំណើរ​តង្វាយ​ដុត និង​យញ្ញ‌បូជា​ទេ
23 គឺ​អញ​បាន​បង្គាប់​សេចក្ដី​នេះ​ដល់​គេ​វិញ​ថា ចូរ​ស្តាប់​តាម​ពាក្យ​អញ នោះ​អញ​នឹង​ធ្វើ​ជា​ព្រះ​ដល់​ឯង​រាល់​គ្នា ហើយ​ឯង​រាល់​គ្នា​នឹង​បាន​ជា​រាស្ត្រ​របស់​អញ ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ដើរ​តាម​ផ្លូវ​ដែល​អញ​បង្គាប់​ឯង​គ្រប់​Chapter ដើម្បី​ឲ្យ​ឯង​បាន​សេចក្ដី​សុខ​ស្រួល
24 ប៉ុន្តែ គេ​មិន​បាន​ស្តាប់​តាម​សោះ ក៏​មិន​បាន​ផ្ទៀង​ត្រចៀក​ផង គឺ​គេ​បាន​ដើរ​តាម​តែ​គំនិត​របស់​ខ្លួន​គេ និង​សេចក្ដី​រឹង‌ចចេស​ក្នុង​ចិត្ត​អាក្រក់​របស់​គេ​វិញ គេ​បាន​រា‌ថយ​ក្រោយ ឥត​ជឿន​ទៅ​ខាង​មុខ​ទេ
25 ចាប់​តាំង​ពី​ថ្ងៃ​ដែល​ពួក​អយ្យ‌កោ​ឯង​រាល់​គ្នា បាន​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ដរាប​ដល់​សព្វ​ថ្ងៃ​នេះ អញ​បាន​ចាត់​ពួក​ហោរា ជា​អ្នក​បម្រើ​របស់​អញ ឲ្យ​មក​ឯ​ឯង ដោយ​ខ្នះ‌ខ្នែង​នឹង​ចាត់​គេ​ពី​ព្រលឹម​ស្រាង​រាល់​តែ​ថ្ងៃ​ផង
26 ប៉ុន្តែ ឯង​មិន​បាន​ស្តាប់​តាម​អញ ឬ​ផ្ទៀង​ត្រចៀក​មក​សោះ គឺ​បាន​តាំង​ក្បាល​រឹង ហើយ​បាន​ប្រព្រឹត្ត​អាក្រក់​ជាង​ពួក​អយ្យ‌កោ​ទៅ​ទៀត។
27 ត្រូវ​ឲ្យ​ឯង​ប្រាប់​ដល់​គេ​តាម​អស់​ទាំង​ពាក្យ​នេះ តែ​គេ​នឹង​មិន​ស្តាប់​តាម​ឯង​ទេ ហើយ​ឯង​នឹង​ស្រែក​ហៅ​គេ​ដែរ តែ​គេ​មិន​ព្រម​ឆ្លើយ​តប​ឡើយ
28 ត្រូវ​ឲ្យ​ឯង​ប្រាប់​គេ​ថា នេះ​ហើយ ជា​សាសន៍​ដែល​មិន​បាន​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ខ្លួន ក៏​មិន​បាន​ទទួល​សេចក្ដី​ប្រៀន​ប្រដៅ​ឡើយ ឯ​សេចក្ដី​ពិត នោះ​បាន​សូន្យ​បាត់ គឺ​បាន​កាត់​ចេញ​ពី​មាត់​គេ​ហើយ។
29 ចូរ​កាត់​សក់​ឯង​បោះ​ចោល​ទៅ ហើយ​ចាប់​តាំង​ទួញ​ទំនួញ​នៅ​លើ​ទី​ខ្ពស់​ចុះ ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បដិសេធ ហើយ​បោះ‌បង់​ចោល​ដំណ​មនុស្ស ដែល​ត្រូវ​សេចក្ដី​ខ្ញាល់​របស់​ទ្រង់​ចេញ
30 ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ពួក​កូន​ចៅ​យូដា​បាន​ប្រព្រឹត្ត​អំពើ​ដ៏​អាក្រក់​នៅ​ភ្នែក​អញ គេ​បាន​ទាំង​ដាក់​របស់​គួរ​ស្អប់​ខ្ពើម​របស់​គេ នៅ​ក្នុង​វិហារ​ដែល​ហៅ​តាម​ឈ្មោះ​អញ​ផង ដើម្បី​នឹង​ធ្វើ​ឲ្យ​អាប់‌ឱន​ទៅ
31 គេ​ក៏​បាន​ធ្វើ​ទី​ខ្ពស់​ទាំង​ប៉ុន្មាន នៅ​ត្រង់​តូផែត ដែល​នៅ​ក្នុង​ច្រក​ភ្នំ​នៃ​ពួក​កូន​ចៅ​ហ៊ីនណំម ដើម្បី​នឹង​ដុត​កូន​ប្រុស​កូន​ស្រី​របស់​គេ​ក្នុង​ភ្លើង ជា​ការ​ដែល​អញ​មិន​បាន​បង្គាប់​ឡើយ ក៏​មិន​ដែល​ចូល​ក្នុង​គំនិត​អញ​ដែរ
32 ដូច្នេះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា មើល នឹង​មាន​គ្រា​មក​ដល់ ដែល​គេ​នឹង​លែង​ហៅ​ទី​នោះ​ថា តូផែត ឬ​ថា​ច្រក​ភ្នំ​នៃ​កូន​ចៅ​ហ៊ីនណំម​ត​ទៅ គឺ​នឹង​ហៅ​ថា​ជា​ច្រក​ភ្នំ​នៃ​ការ​សំឡេះ​វិញ ពី​ព្រោះ​គេ​នឹង​កប់​ខ្មោច​នៅ​ត្រង់​តូផែត​នោះ​ទាល់​តែ​គ្មាន​កន្លែង​ទំនេរ​ទៀត
33 ហើយ​ខ្មោច​ទាំង​ប៉ុន្មាន​របស់​សាសន៍​នេះ នឹង​ជា​ចំណី​ដល់​សត្វ​ហើរ​លើ​អាកាស និង​ដល់​សត្វ​នៅ​ដី​ផង ឥត​មាន​អ្នក​ណា​បង្អើល​វា​ចេញ​ឡើយ
34 នៅ​គ្រា​នោះ​អញ​នឹង​ធ្វើ​ឲ្យ​បាត់​ឮ​សំឡេង​អំណរ និង​សំឡេង​រីក‌រាយ ជា​សំឡេង​របស់​ប្ដី​ប្រពន្ធ​ថ្មោង‌ថ្មី ពី​អស់​ទាំង​ក្រុង​ស្រុក​យូដា ហើយ​ពី​ផ្លូវ​ក្រុង​យេរូ‌សាឡឹម​ទៅ ពី​ព្រោះ​ស្រុក​នេះ​នឹង​ត្រឡប់​ជា​ទី​សូន្យ​បង់។


ជំពូក 8

1 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា នៅ​គ្រា​នោះ គេ​នឹង​យក​ឆ្អឹង​នៃ​ស្តេច​សាសន៍​យូដា ឆ្អឹង​ពួក​ចៅ‌ហ្វាយ ឆ្អឹង​ពួក​សង្ឃ ឆ្អឹង​ពួក​ហោរា និង​ឆ្អឹង​របស់​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡឹម​ចេញ​ពី​ផ្នូរ​មក
2 គេ​នឹង​រាយ​ឆ្អឹង​ទាំង​នោះ នៅ​ចំពោះ​ព្រះ‌អាទិត្យ ព្រះ‌ចន្ទ និង​អស់​ពួក​បរិវារ​នៅ​លើ​មេឃ ជា​របស់​ដែល​គេ​បាន​ស្រឡាញ់ គោរព​ប្រតិ‌បត្តិ ប្រព្រឹត្ត​តាម ស្វែង​រក ហើយ​ថ្វាយ‌បង្គំ​ផង នឹង​គ្មាន​អ្នក​ណា​ប្រមូល ឬ​កប់​ឆ្អឹង​ទាំង​នោះ​ឡើយ គឺ​នឹង​បាន​សម្រាប់​ជា​ជី​នៅ​ដី​វិញ
3 ហើយ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អស់​អ្នក​ណា​ដែល​សល់​អំពី​គ្រួសារ​អាក្រក់​នេះ គឺ​ដែល​នៅ​គ្រប់​ទី​កន្លែង​ដែល​អញ​បណ្តេញ​គេ នោះ​នឹង​ស៊ូ​ស្លាប់​ជា​ជាង​រស់​នៅ។
4 មួយ​ទៀត ត្រូវ​ឲ្យ​ឯង​ប្រាប់​គេ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ បើ​មនុស្ស​ដួល តើ​មិន​ក្រោក​ឡើង​វិញ​ទេ​ឬ បើ​អ្នក​ណា​បែរ​ចេញ តើ​មិន​វិល​មក​វិញ​ឬ
5 ចុះ​ហេតុ​អ្វី​បាន​ជា​ប្រជា‌ជន​នៅ​ក្រុង​យេរូ‌សាឡឹម​ទាំង​នេះ​បាន​រា‌ថយ​ចេញ ហើយ​ជាប់​នៅ​ក្នុង​ការ​នោះ​ជានិច្ច​ដូច្នេះ គេ​កាន់​ខ្ជាប់​តាម​សេចក្ដី​កំភូត ហើយ​មិន​ព្រម​វិល​មក​វិញ​ទេ
6 អញ​បាន​ផ្ទៀង​ត្រចៀក ហើយ​ប្រុង​ស្តាប់ តែ​គេ​មិន​បាន​និយាយ​ដោយ​ទៀង​ត្រង់​សោះ គ្មាន​អ្នក​ណា​មួយ​បាន​ប្រែ​ចិត្ត​ចេញ​ពី​អំពើ​អាក្រក់​របស់​ខ្លួន ដោយ​ថា តើ​អញ​បាន​ធ្វើ​អ្វី​នេះ​គ្រប់​គ្នា​បាន​បែរ​ទៅ​តាម​ផ្លូវ​របស់​ខ្លួន​វិញ ដូច​ជា​សេះ​ស្ទុះ​ចូល​ទៅ​ក្នុង​សង្គ្រាម
7 ឯ​សត្វ​កុក​ដែល​ហើរ​លើ​អាកាស​វា​ក៏​ស្គាល់​រដូវ​វា​ដែរ ឯ​លលក និង​ត្រចៀក‌កាំ ហើយ​ក្រៀល ក៏​កាន់​ពេល​វេលា​ដែល​ត្រូវ​មក​ដែរ តែ​រាស្ត្រ​របស់​អញ គេ​មិន​ស្គាល់​ច្បាប់​របស់​ព្រះ‌យេហូវ៉ា​ទេ។
8 ធ្វើ​ដូច​ម្តេច​ឲ្យ​ឯង​រាល់​គ្នា​ថា យើង​មាន​ប្រាជ្ញា ក៏​មាន​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌យេហូវ៉ា នៅ​ជា​មួយ​នឹង​យើង​ដែរ​ដូច្នេះ តែ​មើល ស្លាប​ប្រកា​ក្លែង‌ក្លាយ​របស់​ពួក​អាចារ្យ នោះ​បាន​បំផ្លាស់​ទៅ​ជា​សេចក្ដី​ភូត‌ភរ​វិញ
9 ពួក​អ្នក​ប្រាជ្ញ​គេ​ត្រូវ​ខ្មាស ត្រូវ​ស្រយុត​ចិត្ត ហើយ​ចាប់​បាន មើល គេ​បាន​បោះ‌បង់​ចោល​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដូច្នេះ តើ​គេ​មាន​ប្រាជ្ញា​នៅ​ក្នុង​ខ្លួន​ជា​យ៉ាង​ណា​វិញ
10 ហេតុ​នោះ អញ​នឹង​លើក​ប្រពន្ធ​គេ​ឲ្យ​ដល់​អ្នក​ដទៃ ហើយ​ស្រែ​ចម្ការ​របស់​គេ​ដល់​ពួក​អ្នក​ដែល​នឹង​គ្រប់‌គ្រង​ត​ទៅ ដ្បិត​តាំង​ពី​អ្នក​តូច​បំផុត រហូត​ដល់​អ្នក​ធំ​ជាង​គេ នោះ​សុទ្ធ​តែ​មាន​សេចក្ដី​លោភ ចាប់​តាំង​ពី​ហោរា រហូត​ដល់​សង្ឃ គ្រប់​គ្នា​ប្រព្រឹត្ត​សេចក្ដី​ភូត‌ភរ
11 គេ​បាន​មើល​របួស​នៃ​កូន​ស្រី​របស់​រាស្ត្រ​អញ ឲ្យ​សះ​តែ​បន្តិច‌បន្តួច​ទេ ដោយ​ពោល​តែ​ពាក្យ​ថា សុខៗ​ប៉ុណ្ណោះ ក្នុង​កាល​ដែល​ឥត​មាន​សេចក្ដី​សុខ​ឡើយ
12 កាល​គេ​បាន​ប្រព្រឹត្ត​អំពើ​គួរ​ស្អប់​ខ្ពើម នោះ​តើ​គេ​មាន​សេចក្ដី​ខ្មាស​ឬ​ទេ ទេ គេ​ឥត​មាន​សេចក្ដី​ខ្មាស​សោះ ក៏​មិន​ទាំង​ឡើង​មុខ​ក្រហម​ផង ហេតុ​នោះ​បាន​ជា​គេ​នឹង​ដួល​ជា​មួយ​នឹង​ពួក​អ្នក​ដែល​ត្រូវ​ដួល ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា នៅ​វេលា​ដែល​អញ​ធ្វើ​ទោស​ដល់​គេ នោះ​គេ​នឹង​ត្រូវ​ចំពប់​ដួល​ជា​ពិត
13 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​នឹង​បំផ្លាញ​គេ​អស់​រលីង នៅ​គ្រា​នោះ​នឹង​គ្មាន​ចង្កោម​ផ្លែ​នៅ​ដើម​ទំពាំង‌បាយ‌ជូរ ឬ​ផ្លែ​ល្វា​នៅ​ដើម​ល្វា​សោះ ស្លឹក​ទាំង​ប៉ុន្មាន​នឹង​ស្វិត​ក្រៀម ហើយ​របស់​ទាំង​អស់​ដែល​អញ​បាន​ឲ្យ​ដល់​គេ​នឹង​សូន្យ​បាត់​ទៅ។
14 ហេតុ​អ្វី​បាន​ជា​យើង​រាល់​គ្នា​អង្គុយ​តែ​ស្ងៀម​ដូច្នេះ ចូរ​មូល​មក យើង​នាំ​គ្នា​ចូល​ទៅ​ក្នុង​ទី​ក្រុង​ទាំង​ប៉ុន្មាន​ដែល​មាន​កំផែង ហើយ​នៅ​ភាំង​នៅ​ទី​នោះ​វិញ ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង ទ្រង់​បាន​ធ្វើ​ឲ្យ​យើង​ភាំង​ហើយ ក៏​បាន​ឲ្យ​យើង​ផឹក​ទឹក​ពុល​ដែរ ពី​ព្រោះ​យើង​បាន​ធ្វើ​បាប​នឹង​ទ្រង់
15 យើង​បាន​ទន្ទឹង​ចាំ​សេចក្ដី​សុខ ប៉ុន្តែ ឥត​មាន​អ្វី​ល្អ​មក​សោះ ក៏​សង្ឃឹម​នឹង​មាន​ពេល​ប្រោស​ឲ្យ​ជា តែ​មើល បាន​តែ​សេចក្ដី​វេទនា​ទទេ
16 មាន​ឮ​សូរ​ឃីស​នៃ​សេះ​របស់​គេ​ចេញ​ពី​ដាន់​មក កាល​ណា​ឮ​សូរ​សេះ​ខ្លាំង​ពូកែ​របស់​គេ​ស្រែក​កញ្ជ្រៀវ នោះ​ផែនដី​ទាំង​អស់​ក៏​ញ័រ ដ្បិត​គេ​បាន​មក​ហើយ គេ​បាន​ស៊ី​លេប​ស្រុក និង​របស់​ទាំង​ប៉ុន្មាន​ដែល​នៅ​ក្នុង​ស្រុក​ផង ព្រម​ទាំង​ទី​ក្រុង និង​ពួក​អ្នក​នៅ​ក្នុង​នោះ​ដែរ
17 ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា មើល អញ​នឹង​ចាត់​ពស់ គឺ​ជា​ពស់‌វែក ឲ្យ​មក​កណ្តាល​ឯង​រាល់​គ្នា​ដែល​មិន​ព្រម​តាម​សែក​មន្ត​ទេ ពស់​ទាំង​នោះ​នឹង​ចឹក​ឯង​រាល់​គ្នា។
18 ឱ​បើ​ខ្ញុំ​នឹង​អាច​កំសាន្ត​ទុក្ខ​របស់​ខ្ញុំ​បាន​ទៅ​អេះ ចិត្ត​របស់​ខ្ញុំ​ល្វើយ​នៅ​ក្នុង​ខ្លួន
19 ន៏ ឮ​សំឡេង​កូន​ស្រី​របស់​សាសន៍​ខ្ញុំ ដែល​ស្រែក​នៅ​ឯ​ស្រុក​ឆ្ងាយ​ណាស់​ថា តើ​ព្រះ‌យេហូវ៉ា​មិន​គង់​នៅ​ក្រុង​ស៊ីយ៉ូន​ទេ​ឬ​អី តើ​មហា‌ក្សត្រ​នៃ​ក្រុង​នោះ​មិន​នៅ​ទេ​ឬ ហេតុ​អ្វី​បាន​ជា​គេ​បណ្តាល​ឲ្យ​អញ​ខឹង ដោយ‌សារ​រូប​ឆ្លាក់​របស់​គេ ហើយ​ដោយ​របស់​ឥត​ប្រយោជន៍​ពី​ប្រទេស​ដទៃ​ដូច្នេះ
20 រដូវ​ច្រូត​កាត់​បាន​កន្លង​ហើយ រដូវ​ក្តៅ​ក៏​ផុត​ទៅ តែ​យើង​រាល់​គ្នា​មិន​ទាន់​បាន​សង្គ្រោះ​នៅ​ឡើយ
21 ខ្ញុំ​ត្រូវ​របួស​ដោយ​ឈឺ‌ឆ្អាល​ចំពោះ​របួស​របស់​កូន​ស្រី​នៃ​សាសន៍​ខ្ញុំ ខ្ញុំ​កាន់​ទុក្ខ ហើយ​សេចក្ដី​ស្រឡាំង‌កាំង​បាន​ចាប់​ខ្ញុំ​ផង
22 តើ​គ្មាន​ប្រទាល​មុខ‌សះ​នៅ​ស្រុក​កាឡាត​ទេ​ឬ​អី តើ​គ្មាន​គ្រូ‌ពេទ្យ​នៅ​ទី​នោះ​ទេ​ឬ ចុះ​តើ​ហេតុ​អ្វី​បាន​ជា​កូន​ស្រី​នៃ​សាសន៍​ខ្ញុំ​មិន​ជា​ដូច្នេះ។


ជំពូក 9

1 ឱ​បើ​សិន​ជា​ក្បាល​ខ្ញុំ​ពេញ​ដោយ​ទឹក ហើយ​ភ្នែក​ខ្ញុំ​ជា​រន្ធ​ចេញ​ទឹក​ជានិច្ច​ទៅ​អេះ ដើម្បី​ឲ្យ​ខ្ញុំ​បាន​យំ​ទាំង​យប់​ទាំង​ថ្ងៃ ពី​ដំណើរ​ពួក​អ្នក​ដែល​ត្រូវ​គេ​សម្លាប់ ក្នុង​កូន​ស្រី​នៃ​សាសន៍​ខ្ញុំ
2 ឱ​បើ​ខ្ញុំ​មាន​ទី​ស្នាក់​អាស្រ័យ​នៅ​ទី​រហោ‌ស្ថាន ជា​ទី​សំណាក់​របស់​អ្នក​ដំណើរ​ទៅ​អេះ ដើម្បី​ឲ្យ​ខ្ញុំ​បាន​លះ‌បង់​សាសន៍​របស់​ខ្ញុំ ហើយ​ឃ្លាត​ចេញ​ពី​គេ​ទៅ ដ្បិត​គេ​សុទ្ធ​តែ​ជា​ពួក​កំផិត គឺ​ជា​ជំនុំ​មនុស្ស​ក្បត់
3 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា គេ​ដំឡើង​អណ្តាត​ដូច​ជា​ធ្នូ សម្រាប់​ពាក្យ​ភូត‌ភរ ហើយ​គេ​បាន​ចម្រើន​កម្លាំង​នៅ​ក្នុង​ស្រុក​ផង តែ​មិន​មែន​សម្រាប់​សេចក្ដី​ពិត​ត្រង់​ទេ ដ្បិត​គេ​ចេះ​តែ​ជឿន​ពី​អំពើ​អាក្រក់​១ ទៅ​ដល់​អំពើ​អាក្រក់​១​ទៀត ហើយ​គេ​មិន​ស្គាល់​អញ​ទេ
4 ចូរ​ឲ្យ​គ្រប់​គ្នា​ប្រុង​ប្រយ័ត​ចំពោះ​អ្នក​ជិត​ខាង​ខ្លួន កុំ​ឲ្យ​ទុក​ចិត្ត​នឹង​បង​ប្អូន​ណា​មួយ​ឡើយ ដ្បិត​គ្រប់​ទាំង​បង​ប្អូន​នឹង​ដណ្តើម​យក​ប្រយោជន៍​អស់​រលីង ហើយ​គ្រប់​ទាំង​អ្នក​ជិត​ខាង​នឹង​ដើរ​ទៅ​មក​និយាយ​បង្កាច់‌បង្កិន​គេ
5 គ្រប់​គ្នា​នឹង​បញ្ឆោត​អ្នក​ជិត​ខាង​ខ្លួន ហើយ​មិន​ព្រម​ពោល​សេចក្ដី​ពិត​ទេ គេ​បាន​បង្វឹក​អណ្តាត​ឲ្យ​កុហក គេ​ខំ​អស់​ពី​ចិត្ត​នឹង​ប្រព្រឹត្ត​អាក្រក់
6 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ទី​លំនៅ​របស់​ឯង នោះ​នៅ​កណ្តាល​សេចក្ដី​ប្រវ័ញ្ច​បញ្ឆោត ដោយ​ព្រោះ​សេចក្ដី​ប្រវ័ញ្ច​បញ្ឆោត​នោះ បាន​ជា​គេ​មិន​ព្រម​ស្គាល់​អញ​ឡើយ។
7 ហេតុ​នោះ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា មើល អញ​នឹង​រំលាយ ហើយ​សាកល​គេ ដ្បិត​តើ​នឹង​ឲ្យ​អញ​ធ្វើ​យ៉ាង​ណា​ទៀត ដល់​កូន​ស្រី​របស់​រាស្ត្រ​អញ​នេះ
8 អណ្តាត​គេ​ជា​ព្រួញ​ដែល​សម្លាប់ ក៏​ពោល​សុទ្ធ​តែ​សេចក្ដី​ប្រវ័ញ្ច​បញ្ឆោត គេ​និយាយ​សេចក្ដី​មេត្រី​នឹង​អ្នក​ជិត​ខាង​ដោយ​បបូរ​មាត់ តែ​ឯ​ក្នុង​ចិត្ត នោះ​គេ​លប​ចាំ​ចាប់​វិញ
9 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា តើ​មិន​ត្រូវ​ឲ្យ​អញ​ធ្វើ​ទោស​គេ ដោយ​ព្រោះ​អំពើ​យ៉ាង​នោះ​ទេ​ឬ តើ​ព្រលឹង​អញ​មិន​ត្រូវ​សង‌សឹក​ចំពោះ​សាសន៍​ណា​យ៉ាង​នេះ​ទេ​ឬ​អី។
10 ខ្ញុំ​នឹង​ឡើង​សំឡេង​យំ ហើយ​ស្រែក​ទ្រហោ​នឹង​ភ្នំ​ទាំង​ប៉ុន្មាន ហើយ​និង​ទួញ​ទំនួញ​ចំពោះ​វាល​ឃ្វាល​សត្វ​នៅ​ទី​រហោ‌ស្ថាន ពី​ព្រោះ​បាន​ឆេះ​អស់​ហើយ ដល់‌ម៉្លេះ​បាន​ជា​គ្មាន​អ្នក​ណា​ដើរ​តាម​នោះ​ទៀត ក៏​គ្មាន​អ្នក​ណា​ឮ​សំឡេង​របស់​ហ្វូង​សត្វ​ដែរ ឯ​សត្វ​ហើរ​លើ​អាកាស និង​សត្វ​ជើង​៤​បាន​បាត់​អស់​ទៅ​ហើយ។
11 អញ​នឹង​ធ្វើ​ឲ្យ​ក្រុង​យេរូ‌សាឡឹម​ត្រឡប់​ជា​កង​គំនរ គឺ​ជា​ទី​លំនៅ​នៃ​ពួក​ចចក ហើយ​និង​ធ្វើ​ឲ្យ​ក្រុង​ទាំង​ប៉ុន្មាន​នៅ​ស្រុក​យូដា ត្រូវ​ចោល​ស្ងាត់ ឥត​មាន​អ្នក​ណា​នៅ​ឡើយ
12 តើ​អ្នក​ណា​មាន​ប្រាជ្ញា ដែល​អាច​នឹង​យល់​សេចក្ដី​នេះ​បាន តើ​ព្រះ‌ឱស្ឋ​នៃ​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ចំពោះ​អ្នក​ណា ដើម្បី​ឲ្យ​គេ​បាន​ថ្លែង​ប្រាប់​ត​ទៅ ហេតុ​អ្វី​បាន​ជា​ស្រុក​បាន​ត្រូវ​វិនាស ហើយ​ឆេះ​សុស​ដូច​ជា​ទី​រហោ‌ស្ថាន ដល់​ម៉្លេះ​បាន​ជា​គ្មាន​អ្នក​ណា​ដើរ​កាត់​ទៀត​ដូច្នេះ
13 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា គឺ​ដោយ​ព្រោះ​តែ​គេ​បាន​បោះ‌បង់​ចោល​ក្រឹត្យ‌វិន័យ​របស់​អញ ដែល​អញ​បាន​ដាក់​នៅ​មុខ​គេ ហើយ​មិន​បាន​ស្តាប់ ឬ​ដើរ​តាម​ពាក្យ​របស់​អញ​ប៉ុណ្ណោះ
14 គឺ​គេ​បាន​ដើរ​តាម​តែ​ចិត្ត​រឹង​របស់​គេ​វិញ ព្រម​ទាំង​តាម​ព្រះ‌បាល​ទាំង​ប៉ុន្មាន ដែល​ពួក​អយ្យ‌កោ​គេ​បាន​បង្រៀន​ដល់​គេ​ផង
15 ហេតុ​នោះ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា មើល​អញ​នឹង​ចិញ្ចឹម​គេ គឺ​សាសន៍​នេះ​ឯង ដោយ​ស្លែង ហើយ​និង​ឲ្យ​ទឹក​ពុល​ទៅ​គេ​ផឹក
16 អញ​នឹង​កម្ចាត់‌កម្ចាយ​គេ​ទៅ​កណ្តាល​គ្រប់​ទាំង​សាសន៍ ជា​សាសន៍​ដែល​ខ្លួន​គេ ឬ​ពួក​អយ្យ‌កោ​គេ ក៏​មិន​បាន​ស្គាល់​ផង ហើយ​អញ​នឹង​ចាត់​ប្រើ​ដាវ​ឲ្យ​ទៅ​តាម​គេ ដរាប​ដល់​បាន​បំផ្លាញ​គេ​អស់​រលីង។
17 ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ចូរ​ឲ្យ​ឯង​រាល់​គ្នា​ពិចារណា​ចុះ រួច​ឲ្យ​ហៅ​ពួក​ស្រី​អ្នក​យំ ឲ្យ​គេ​មក ចូរ​ចាត់​ទៅ​ហៅ​ពួក​ស្រី​វាង‌វៃ​ឲ្យ​មក​ដែរ
18 ត្រូវ​ឲ្យ​គេ​ប្រញាប់​ឡើង នឹង​លើក​បទ​ទំនួញ​ឲ្យ​យើង ដើម្បី​ឲ្យ​ភ្នែក​យើង​បាន​ស្រក់​ទឹក​ចុះ ហើយ​ឲ្យ​ត្របក​ភ្នែក​យើង​បាន​ចេញ​ទឹក​ល្ហល្ហាច
19 ដ្បិត​មាន​ឮ​សំឡេង​ទ្រហោ​យំ​ពី​ក្រុង​ស៊ីយ៉ូន​មក​ថា ឱ​ម៉្លេះ​សម​យើង​វេទនា​យ៉ាង​ណា​ហ្ន៎ យើង​មាន​សេចក្ដី​ខ្មាស​ជ្រប់​មុខ ដោយ​ព្រោះ​យើង​ត្រូវ​ចោល​ស្រុក ហើយ​ដោយ​ព្រោះ​គេ​បាន​រំលំ​ទី​លំនៅ​របស់​យើង​បង់
20 ប៉ុន្តែ ឱ​ពួក​ស្រីៗ​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ចុះ ហើយ​ឲ្យ​ត្រចៀក​ទទួល​ព្រះ‌បន្ទូល​ពី​ព្រះ‌ឱស្ឋ​ទ្រង់​ផង ត្រូវ​ឲ្យ​បង្រៀន​កូន​ស្រី​របស់​ឯង​រាល់​គ្នា ឲ្យ​ចេះ​ទ្រហោ​យំ ហើយ​ឲ្យ​អ្នក​ជិត​ខាង​ទាំង​ប៉ុន្មាន​ចេះ​ទួញ​ទំនួញ
21 ពី​ព្រោះ​សេចក្ដី​ស្លាប់​បាន​ឡើង​ចូល​មក តាម​បង្អួច​យើង ក៏​បាន​ចូល​មក​ក្នុង​ដំណាក់​របស់​យើង​ដែរ ដើម្បី​នឹង​បំបាត់​កូន​ក្មេង​ពី​ខាង​ក្រៅ ហើយ​ពួក​កំលោះៗ​ពី​ផ្លូវ​ចេញ
22 ចូរ​ប្រាប់​ចុះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា សាក‌សព​នៃ​មនុស្ស​នឹង​ធ្លាក់​ចុះ ដូច​ជា​ជី​នៅ​វាល​ស្រែ ហើយ​ដូច​ជា​កណ្តាប់​ស្រូវ​តាម​ក្រោយ​អ្នក​ច្រូត ឥត​មាន​អ្នក​ណា​ប្រមូល​វិញ​ឡើយ។
23 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា កុំ​បី​ឲ្យ​អ្នក​ប្រាជ្ញ​អួត​ពី​ប្រាជ្ញា​របស់​ខ្លួន​ឡើយ ក៏​កុំ​ឲ្យ​មនុស្ស​ខ្លាំង​ពូកែ​អួត​ពី​កម្លាំង​ខ្លួន ឬ​អ្នក​មាន​អួត​ពី​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន​ដែរ
24 ឯ​អ្នក​ដែល​អួត នោះ​ត្រូវ​ឲ្យ​អួត​តែ​ពី​សេចក្ដី​នេះ​វិញ គឺ​ថា​ខ្លួន​មាន​យោបល់ ហើយ​ក៏​ស្គាល់​ដល់​អញ​ថា អញ​ជា​ព្រះ‌យេហូវ៉ា​ដែល​ប្រោស​ផ្សាយ​សេចក្ដី​សប្បុរស សេចក្ដី​យុត្តិ‌ធម៌ និង​សេចក្ដី​សុចរិត​នៅ​ផែនដី ដ្បិត​អញ​រីក‌រាយ​ចិត្ត​ចំពោះ​សេចក្ដី​ទាំង​នោះ​ហើយ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។
25 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា មើល នឹង​មាន​គ្រា​មក​ដល់ ដែល​អញ​នឹង​វាយ‌ផ្ចាល​ពួក​កាត់​ស្បែក ដែល​កាត់​មិន​ស្មោះ‌ត្រង់
26 គឺ​សាសន៍​អេស៊ីព្ទ សាសន៍​យូដា សាសន៍​អេដុម ហើយ​ពួក​កូន​ចៅ​អាំម៉ូន និង​ម៉ូអាប់ ព្រម​ទាំង​អស់​អ្នក​នៅ​ទី​រហោ‌ស្ថាន ដែល​កាត់​ជ្រុង​ពុក‌ចង្កា​ផង ដ្បិត​បណ្តា​សាសន៍​ទាំង​ប៉ុន្មាន មិន​កាត់​ស្បែក​ទេ ពួក​វង្ស​អ៊ីស្រា‌អែល​ទាំង​អស់​ក៏​មិន​បាន​កាត់​ស្បែក​ចិត្ត​ដែរ។


ជំពូក 10

1 ឱ​ពួក​វង្ស​អ៊ីស្រា‌អែល​អើយ ចូរ​ស្តាប់​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​មក​អ្នក​រាល់​គ្នា​ចុះ
2 គឺ​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា កុំ​ឲ្យ​រៀន​តាម​កិរិយា​របស់​សាសន៍​ដទៃ​ឡើយ ក៏​កុំ​ឲ្យ​ភ័យ​ខ្លាច​ចំពោះ​ទី​សម្គាល់​នៅ​លើ​មេឃ​ដែរ ដ្បិត​សាសន៍​ដទៃ​គេ​ខ្លាច​ទី​សម្គាល់​ទាំង​នោះ
3 ពី​ព្រោះ​អស់​ទាំង​ទំនៀម‌ទម្លាប់​របស់​សាសន៍​ដទៃ សុទ្ធ​តែ​អសារ​ឥត​ការ​ទទេ គេ​កាប់​ដើម​ឈើ​នៅ​ក្នុង​ព្រៃ គឺ​ជា​ស្នាដៃ​របស់​មនុស្ស​កាន់​ពូថៅ
4 គេ​តាក់‌តែង​ដោយ​ប្រាក់ និង​មាស គេ​យក​ញញួរ​បោះ​ជាប់​ដោយ​ដែក​គោល ដើម្បី​មិន​ឲ្យ​រើ​ទៅ​ឯ​ណា
5 រូប​ទាំង​នោះ​ឈរ​ត្រង់ ដូច​ជា​ដើម​លម៉ើ​វា​មិន​ចេះ​និយាយ ហើយ​ត្រូវ​ការ​ឲ្យ​គេ​សែង​ទៅ​មក ពី​ព្រោះ​ដើរ​មិន​រួច កុំ​ឲ្យ​កោត‌ខ្លាច​ចំពោះ​វា​ឡើយ ដ្បិត​វា​ធ្វើ​អាក្រក់​មិន​បាន​ទេ ក៏​មិន​អាច​នឹង​ធ្វើ​ល្អ​បាន​ផង។
6 ឱ​ព្រះ‌យេហូវ៉ា​អើយ គ្មាន​ណា​ឲ្យ​ដូច​ទ្រង់​ឡើយ​ទ្រង់​ធំ​ប្រសើរ ហើយ​ព្រះ‌នាម​ទ្រង់​ក៏​មាន​ឥទ្ធា‌នុភាព​យ៉ាង​ខ្លាំង​ដែរ
7 ឱ​មហា‌ក្សត្រ​នៃ​អស់​ទាំង​សាសន៍​អើយ តើ​មាន​អ្នក​ឯ​ណា​ដែល​មិន​ត្រូវ​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា ដ្បិត​សេចក្ដី​កោត‌ខ្លាច​សំណំ​តែ​នឹង​ទ្រង់​ប៉ុណ្ណោះ ពី​ព្រោះ​ក្នុង​បណ្តា​មនុស្ស​ប្រាជ្ញា​ទាំង‌ឡាយ​នៅ​គ្រប់​ទាំង​សាសន៍ ហើយ​ក្នុង​នគរ​របស់​គេ​ទាំង​ប៉ុន្មាន នោះ​គ្មាន​អ្នក​ណា​មួយ​ឲ្យ​ដូច​ទ្រង់​ឡើយ
8 គឺ​គេ​សុទ្ធ​តែ​ជា​មនុស្ស​កំរោល ហើយ​ល្ងី‌ល្ងើ ឯ​លទ្ធិ​របស់​គេ​ជា​សេចក្ដី​សូន្យ​សោះ គឺ​ជា​ដុំ​ឈើ​ទទេ
9 គេ​នាំ​យក​ប្រាក់​ផែ​ជា​ផ្ទាំង​មក​ពី​ស្រុក​តើស៊ីស និង​មាស​ពី​ស្រុក​អ៊ូផាស ជា​ស្នាដៃ​របស់​ជាង​ទង និង​ជាង​ស្មិត ក៏​មាន​សំពត់​ពណ៌​ខៀវ និង​ពណ៌​ស្វាយ​ជា​គ្រឿង​តែង រូប​នោះ​សុទ្ធ​តែ​ជា​ការ​ដែល​ដៃ​មនុស្ស​បាន​ធ្វើ​ទាំង​អស់
10 តែ​ព្រះ‌យេហូវ៉ា​ទ្រង់​ជា​ព្រះ​ដ៏​ពិត​វិញ ទ្រង់​ជា​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ ក៏​ជា​មហា‌ក្សត្រ​ដ៏​នៅ​អស់‌កល្ប‌ជានិច្ច ផែនដី​ក៏​ញ័រ​ចំពោះ​សេចក្ដី​ក្រោធ​របស់​ទ្រង់ ហើយ​អស់​ទាំង​សាសន៍​មិន​អាច​នឹង​ធន់​នៅ ចំពោះ​សេចក្ដី​គ្នាន់‌ក្នាញ់​របស់​ទ្រង់​បាន​ឡើយ
11 ដូច្នេះ ត្រូវ​ឲ្យ​ប្រាប់​គេ​ថា ព្រះ​ទាំង​ប៉ុន្មាន​ដែល​មិន​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី នោះ​នឹង​ត្រូវ​វិនាស​បាត់​ពី​ផែនដី ហើយ​ពី​ក្រោម​ផ្ទៃ​មេឃ​ទៅ។
12 ព្រះ‌ទ្រង់​បាន​បង្កើត​ផែនដី ដោយ​ឫទ្ធិ‌តេជះ​របស់​ទ្រង់ ទ្រង់​បាន​តាំង​លោកីយ៍​ឡើង ដោយ‌សារ​ប្រាជ្ញា​របស់​ទ្រង់ ហើយ​បាន​លាត​ផ្ទៃ​មេឃ ដោយ‌សារ​យោបល់
13 កាល​ណា​ទ្រង់​បព្ចោញ​ព្រះ‌សៀង នោះ​មាន​ទឹក​សន្ធឹក​នៅ​លើ​មេឃ ទ្រង់​ធ្វើ​ឲ្យ​ចំហាយ​ឡើង​ពី​ចុង​ផែនដី​ទាំង​អស់ ក៏​បង្កើត​ផ្លេក‌បន្ទោរ សម្រាប់​ជូន​ភ្លៀង​មក ហើយ​បព្ចោញ​ខ្យល់​ពី​ឃ្លាំង​របស់​ទ្រង់​ផង
14 គ្រប់​ទាំង​មនុស្ស​បាន​ទៅ​ជា​កំរោល ហើយ​ឥត​មាន​ចំណេះ គ្រប់​ទាំង​ជាង​ទង​បាន​ត្រូវ​ខ្មាស ដោយ‌សារ​រូប​ដែល​គេ​ឆ្លាក់ ដ្បិត​រូប​សិត​របស់​គេ​ជា​សេចក្ដី​កំភូត​ទទេ ឥត​មាន​ដង្ហើម​ឡើយ
15 វា​សុទ្ធ​តែ​អសារ‌ឥត‌ការ ជា​ការ​បញ្ឆោត​ហើយ នៅ​គ្រា​ដែល​ផ្ចាញ់‌ផ្ចាល នោះ​វា​នឹង​វិនាស​បាត់​ទៅ
16 ឯ​ព្រះ​របស់​ពួក​យ៉ាកុប​មិន​មែន​ដូច​វា​ទេ គឺ​ទ្រង់​ដែល​បាន​បង្កើត​របស់​សព្វ​សារពើ​វិញ ហើយ​សាសន៍​អ៊ីស្រា‌អែល ជា​ពូជ​អំបូរ​ដែល​ជា​មរដក​របស់​ទ្រង់ ព្រះ‌នាម​ទ្រង់ គឺ​ជា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ។
17 ឱ​ឯង​ដែល​នៅ​ក្នុង​កំឡុង​មាន​ទាំង​ពួក​ខ្មាំង​ឡោម‌ព័ទ្ធ​ឯង​ជុំវិញ​អើយ ចូរ​ប្រមូល​អីវ៉ាន់​ឯង​ចេញ​ពី​ស្រុក​ទៅ
18 ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា មើល ឥឡូវ​នេះ​អញ​នឹង​បោះ​ចោល​ពួក​អ្នក​ស្រុក​នេះ​ចេញ ហើយ​និង​ធ្វើ​ទុក្ខ​គេ ឲ្យ​គេ​ស្គាល់​ដៃ​អញ​ផង។
19 វរ‌ហើយ​ខ្ញុំ ដោយ​ព្រោះ​សេចក្ដី​ឈឺ​ចាប់​របស់​ខ្ញុំ របួស​ខ្ញុំ​ឈឺ​ណាស់ តែ​ខ្ញុំ​និយាយ​ថា នេះ​ហើយ​ជា​សេចក្ដី​លំបាក​របស់​ខ្ញុំ ខ្ញុំ​ត្រូវ​តែ​ទ្រាំ‌ទ្រ
20 ត្រសាល​ខ្ញុំ​បាន​ត្រូវ​បំផ្លាញ​បង់ អស់​ទាំង​ខ្សែ​ក៏​ដាច់​ចេញ​ហើយ កូន​ចៅ​ខ្ញុំ​បាន​ចេញ​ចាក​ចោល​ខ្ញុំ ហើយ​មិន​នៅ​ទៀត​ទេ គ្មាន​អ្នក​ណា​នឹង​ដំឡើង​ត្រសាល ហើយ​ចង​រនាំង​ខ្ញុំ​ទៀត​ឡើយ
21 ដ្បិត​ពួក​អ្នក​គង្វាល​បាន​ត្រឡប់​ជា​មនុស្ស​កំរោល​ទាំង​អស់ ហើយ​មិន​បាន​សួរ​ដល់​ព្រះ‌យេហូវ៉ា​ទេ ហេតុ​នោះ​បាន​ជា​គេ​មិន​បាន​ចម្រើន ហើយ​ហ្វូង​គេ​ទាំង​ប៉ុន្មាន​ក៏​ត្រូវ​ខ្ចាត់​ខ្ចាយ​ទៅ
22 មាន​ឮ​សូរ‌សព្ទ ពី​ការ​កោលា‌ហល​ជា​ខ្លាំង ដែល​ចេញ​ពី​ស្រុក​ខាង​ជើង​មក ដើម្បី​នឹង​ធ្វើ​ឲ្យ​អស់​ទាំង​ទី​ក្រុង​នៃ​ស្រុក​យូដា ទៅ​ជា​ទី​បំផ្លាញ​បង់ ជា​ទី​អាស្រ័យ​របស់​ចចក​វិញ។
23 ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​ដឹង​ថា ផ្លូវ​របស់​មនុស្ស​មិន​ស្រេច​នៅ​ខ្លួន​គេ​ទេ ហើយ​ដែល​តម្រង់​ជំហាន​របស់​ខ្លួន នោះ​ក៏​មិន​ស្រេច​នៅ​មនុស្ស​ដែល​ដើរ​ដែរ
24 ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ផ្ចាល​ទូល‌បង្គំ​ចុះ តែ​គឺ​តាម​សេចក្ដី​ទៀង​ត្រង់ មិន​មែន​ដោយ​សេចក្ដី​ខ្ញាល់​របស់​ទ្រង់​ឡើយ ក្រែង​ទ្រង់​ធ្វើ​ឲ្យ​ទូល‌បង្គំ​សាប‌សូន្យ​ទៅ
25 សូម​ទ្រង់​ចាក់​សេចក្ដី​ក្រោធ​របស់​ទ្រង់ ទៅ​លើ​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន​ដែល​មិន​ស្គាល់​ទ្រង់​វិញ ហើយ​ទៅ​លើ​អស់​ទាំង​គ្រួ​មនុស្ស​ដែល​មិន​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ទ្រង់​ផង ដ្បិត​គេ​បាន​ត្របាក់​លេប​ពួក​យ៉ាកុប អើ គេ​បាន​ត្របាក់​លេប ព្រម​ទាំង​រំលីង​អស់​ទៅ​ផង ហើយ​បាន​ទាំង​បំផ្លាញ​ទី​លំនៅ​របស់​គេ​ដែរ។


ជំពូក 11

1 នេះ​ជា​ព្រះ‌បន្ទូល​ដែល​មក​ពី​ព្រះ‌យេហូវ៉ា ដល់​យេរេមា​ថា
2 ចូរ​ស្តាប់​អស់​ទាំង​ពាក្យ​នៃ​សេចក្ដី​សញ្ញា​នេះ​ចុះ រួច​និយាយ​ដល់​ពួក​មនុស្ស​នៅ​ស្រុក​យូដា និង​នៅ​ក្រុង​យេរូ‌សាឡឹម
3 ប្រាប់​គេ​ថា ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ត្រូវ​បណ្តាសា​ហើយ​មនុស្ស​ណា ដែល​មិន​ស្តាប់​តាម​អស់​ទាំង​ពាក្យ​នៃ​សេចក្ដី​សញ្ញា​នេះ
4 គឺ​ជា​សេចក្ដី ដែល​អញ​បាន​បង្គាប់​ដល់​ពួក​អយ្យ‌កោ​ឯង​រាល់​គ្នា នៅ​ថ្ងៃ​ដែល​អញ​នាំ​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក គឺ​ចេញ​រួច​ពី​គុក​ភ្លើង​រំលាយ​ដែក ដោយ​ប្រាប់​គេ​ថា ចូរ​ស្តាប់​ពាក្យ​របស់​អញ ហើយ​ប្រព្រឹត្ត​តាម​ផង គឺ​តាម​គ្រប់​ទាំង​សេចក្ដី ដែល​អញ​បង្គាប់​ដល់​ឯង​រាល់​គ្នា​ចុះ​យ៉ាង​នោះ ឯង​រាល់​គ្នា​នឹង​បាន​ជា​រាស្ត្រ​របស់​អញ ហើយ​អញ​នឹង​ធ្វើ​ជា​ព្រះ​របស់​ឯង
5 ដើម្បី​ឲ្យ​អញ​បាន​ធ្វើ​សម្រេច​តាម​សេចក្ដី​សម្បថ ដែល​អញ​បាន​ស្បថ​នឹង​ពួក​អយ្យ‌កោ​ឯង​រាល់​គ្នា​ថា នឹង​ឲ្យ​គេ​បាន​ស្រុក​ដែល​មាន​ទឹក​ដោះ និង​ទឹក​ឃ្មុំ​ហូរ‌ហៀរ ដូច​ជា​យ៉ាង​សព្វ​ថ្ងៃ​នេះ នោះ​ខ្ញុំ​ក៏​ទូល​ឆ្លើយ​ថា អាម៉ែន ព្រះ‌យេហូវ៉ា​អើយ។
6 រួច​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា ចូរ​ប្រកាស​ប្រាប់​អស់​ទាំង​ពាក្យ​នេះ នៅ​ក្នុង​ទី​ក្រុង​ទាំង​ប៉ុន្មាន​របស់​ស្រុក​យូដា ហើយ​នៅ​ផ្លូវ​ទាំង​ប៉ុន្មាន​នៃ​ក្រុង​យេរូ‌សាឡឹម​ដែរ​ថា ចូរ​ស្តាប់​អស់​ទាំង​ពាក្យ​នៃ​សេចក្ដី​សញ្ញា​នេះ ហើយ​ប្រព្រឹត្ត​តាម​ចុះ
7 ដ្បិត​នៅ​ថ្ងៃ​ដែល​អញ​បាន​នាំ​ពួក​អយ្យ‌កោ​ឯង​រាល់​គ្នា​ឡើង​រួច​ពី​ស្រុក​អេស៊ីព្ទ ដរាប​មក​ដល់​សព្វ​ថ្ងៃ​នេះ នោះ​អញ​បាន​និយាយ​យ៉ាង​ម៉ឺង‌ម៉ាត់​ដល់​គេ ព្រម​ទាំង​ខ្នះ‌ខ្នែង​ប្រាប់​គេ តាំង​ពី​ព្រលឹម​ស្រាង​ថា ចូរ​ស្តាប់​តាម​ពាក្យ​អញ​ចុះ
8 តែ​គេ​មិន​បាន​ស្តាប់​តាម​ទេ ក៏​មិន​បាន​ផ្ទៀង​ត្រចៀក​ផង គឺ​បាន​ប្រព្រឹត្ត​តាម​តែ​សេចក្ដី​រឹង‌ចចេស​នៅ​ក្នុង​ចិត្ត​អាក្រក់​របស់​គេ​រៀង​ខ្លួន​វិញ ហេតុ​នោះ អញ​បាន​នាំ​គ្រប់​ទាំង​ពាក្យ​នៃ​សេចក្ដី​សញ្ញា​នេះ​មក​លើ​គេ គឺ​ជា​សេចក្ដី​ដែល​អញ​បាន​បង្គាប់​ឲ្យ​គេ​ប្រព្រឹត្ត​តាម តែ​គេ​មិន​បាន​ប្រព្រឹត្ត​តាម​សោះ។
9 រួច​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា ឃើញ​មាន​គំនិត​គិត​ក្បត់​កើត​ឡើង នៅ​ក្នុង​ពួក​មនុស្ស​នៅ​ស្រុក​យូដា ហើយ​នៅ​ក្រុង​យេរូ‌សាឡឹម​ដែរ
10 គេ​បាន​វិល​ត្រឡប់​ទៅ​តាម​អំពើ​ទុច្ចរិត​របស់​ពួក​អយ្យ‌កោ​គេ ដែល​មិន​ព្រម​ស្តាប់​តាម​ពាក្យ​អញ គេ​បាន​ទៅ​តាម​ព្រះ​ដទៃ​ផ្សេងៗ ដើម្បី​នឹង​គោរព​វា​វិញ ពួក​វង្ស​អ៊ីស្រា‌អែល និង​ពួក​វង្ស​យូដា​បាន​ផ្តាច់​សេចក្ដី​សញ្ញា ដែល​អញ​បាន​តាំង​នឹង​ពួក​អយ្យ‌កោ​គេ​ហើយ
11 ហេតុ​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា មើល អញ​នឹង​នាំ​សេចក្ដី​អាក្រក់​មក​លើ​គេ ជា​សេចក្ដី​ដែល​គេ​មិន​អាច​នឹង​គេច​រួច​ចេញ​បាន​ឡើយ នោះ​គេ​នឹង​អំពាវ‌នាវ​ដល់​អញ តែ​អញ​នឹង​មិន​ព្រម​ស្តាប់​ទេ
12 ទី​ក្រុង​ស្រុក​យូដា​ទាំង​ប៉ុន្មាន និង​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡឹម គេ​នឹង​ទៅ​អំពាវ‌នាវ​ដល់​ព្រះ ដែល​គេ​បាន​ដុត​កំញាន​ថ្វាយ​នោះ តែ​ព្រះ​ទាំង​នោះ​នឹង​មិន​ជួយ​ដោះ​គេ​ឲ្យ​រួច ក្នុង​គ្រា​វេទនា​របស់​គេ​ឡើយ
13 ដ្បិត​ឱ​ពួក​យូដា​អើយ ចំនួន​ព្រះ​របស់​ឯង នោះ​ប្រមាណ​ស្មើ​នឹង​ទី​ក្រុង​ទាំង​ប៉ុន្មាន​របស់​ឯង​ដែរ ហើយ​ដែល​មាន​ផ្លូវ​នៅ​ក្រុង​យេរូ‌សាឡឹម​ប៉ុណ្ណា នោះ​ឯង​ក៏​បាន​ស្អាង​អាសនៈ​ថ្វាយ​ដល់​របស់​គួរ​ខ្មាស​នោះ ចំនួន​ប៉ុណ្ណោះ​ដែរ គឺ​ជា​អាសនៈ​សម្រាប់​ដុត​កំញាន​ថ្វាយ​ដល់​ព្រះ‌បាល​ផង។
14 ដូច្នេះ កុំ​ឲ្យ​អធិស្ឋាន​ឲ្យ​សាសន៍​នេះ​ឡើយ ក៏​កុំ​ឲ្យ​ឡើង​សំឡេង​អំពាវ‌នាវ ឬ​អង្វរ​ឲ្យ​គេ​ដែរ ដ្បិត​នៅ​គ្រា​ដែល​គេ​អំពាវ‌នាវ​ដល់​អញ ដោយ​កើត​មាន​សេចក្ដី​វេទនា នោះ​អញ​មិន​ព្រម​ស្តាប់​គេ​ទេ។ អ៊ីស្រា‌អែល​ជា​ដើម​អូលីវ​របស់​ព្រះ‌អម្ចាស់
15 តើ​ស្ងួន​សំឡាញ់​របស់​អញ​មាន​ការ​អ្វី​នៅ​ក្នុង​ផ្ទះ​អញ​ទៀត ដ្បិត​នាង​បាន​ប្រព្រឹត្ត​អំពើ​ដ៏​លាមក​អាក្រក់ ជា​មួយ​នឹង​មនុស្ស​ជា​ច្រើន​ទៅ​ហើយ ឯ​សាច់​ដែល​បាន​ញែក​ជា​បរិសុទ្ធ នោះ​នឹង​បាត់​ពី​មុខ​ឯង​ទៅ​កាល​ណា​ឯង​ប្រព្រឹត្ត​អំពើ​អាក្រក់ នោះ​ឯង​មាន​ចិត្ត​រីក‌រាយ
16 ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ដាក់​ឈ្មោះ​ឲ្យ​ឯង​ថា ដើម​អូលីវ​ខ្ចី​ជា​ដើម​ល្អ​មើល មាន​ផ្លែ​ដ៏​ល្អ តែ​ទ្រង់​បាន​បង្កាត់​ភ្លើង​បញ្ឆេះ​អស់​ទៅ ដោយ​សូរ​គ្រុំ‌គ្រាំ​យ៉ាង​ខ្លាំង ហើយ​មែក​វា​ត្រូវ​បាក់​អស់
17 ដ្បិត​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ដែល​បាន​ដាំ​ឯង ទ្រង់​បាន​ប្រកាស​សេចក្ដី​អាក្រក់​ទាស់​នឹង​ឯង ដោយ​ព្រោះ​អំពើ​អាក្រក់​របស់​ពួក​វង្ស​អ៊ីស្រា‌អែល និង​ពួក​វង្ស​យូដា ជា​ការ​ដែល​គេ​បាន​ប្រព្រឹត្ត​ដល់​ខ្លួន​គេ ដោយ​បណ្តាល​ឲ្យ​អញ​ខឹង ព្រោះ​ការ​ដែល​ដុត​កំញាន​ថ្វាយ​ដល់​ព្រះ‌បាល។ អ្នក​ភូមិ​អាន៉ាថោត​ឃុប‌ឃិត​គ្នា​ប្រឆាំង​នឹង​លោក​យេរេមា
18 ព្រះ‌យេហូវ៉ា​ទ្រង់​បាន​សម្ដែង​ឲ្យ​ខ្ញុំ​ដឹង​ពី​ការ​នេះ ទ្រង់​បាន​បង្ហាញ​ឲ្យ​ខ្ញុំ​ឃើញ​កិរិយា​របស់​គេ
19 ឯ​ខ្ញុំ​បាន​ដូច​ជា​កូន​ចៀម​ស្លូត ដែល​គេ​នាំ​ទៅ​ឯ​ទី​សម្លាប់ ខ្ញុំ​មិន​បាន​ដឹង​ជា​គេ​គិត​ឧបាយ​ទាស់​នឹង​ខ្ញុំ​សោះ គេ​ថា ចូរ​យើង​បំផ្លាញ​ទាំង​ដើម និង​ផល​ផង ចូរ​យើង​កាត់​វា​ចេញ​ពី​ស្ថាន​របស់​មនុស្ស​រស់​ទៅ ដើម្បី​មិន​ឲ្យ​អ្នក​ណា​នឹក​ចាំ​ពី​ឈ្មោះ​វា​ទៀត​ឡើយ
20 តែ ឱ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​ដែល​ជំនុំ‌ជម្រះ​ដោយ​សុចរិត ហើយ​ក៏​ល្បង​ល​ចិត្ត និង​គំនិត​អើយ ទូល‌បង្គំ​នឹង​ឃើញ​ទ្រង់​សង‌សឹក​ដល់​គេ​ជា​មិន​ខាន ដ្បិត​ទូល‌បង្គំ​បាន​សម្ដែង​ដើម​ហេតុ​របស់​ទូល‌បង្គំ ថ្វាយ​ទ្រង់​ជ្រាប​ហើយ
21 ហេតុ​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ពី​ដំណើរ​ពួក​មនុស្ស នៅ​ក្រុង​អាន៉ាថោត ដែល​រក​ជីវិត​ខ្ញុំ​ដោយ​ពោល​ថា មិន​ត្រូវ​ឲ្យ​ឯង​ទាយ​ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា​ទៀត​ឡើយ ក្រែង​ឯង​ស្លាប់​ដោយ​ដៃ​របស់​យើង
22 គឺ​ហេតុ​នោះ​បាន​ជា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា មើល អញ​នឹង​ធ្វើ​ទោស​គេ ពួក​កំលោះៗ​នឹង​ស្លាប់​ដោយ​ដាវ ពួក​កូន​ប្រុស​កូន​ស្រី​របស់​គេ​នឹង​ស្លាប់​ដោយ​អំណត់‌អត់
23 ហើយ​និង​គ្មាន​សំណល់​សល់​ដល់​គេ​ឡើយ ដ្បិត​នៅ​ឆ្នាំ​ដែល​អញ​នឹង​ធ្វើ​ទោស​ដល់​ពួក​ក្រុង​អាន៉ាថោត នោះ​អញ​នឹង​នាំ​សេចក្ដី​អាក្រក់​មក​លើ​គេ​ជា​ពិត។


ជំពូក 12

1 ឱ​ព្រះ‌យេហូវ៉ា​អើយ កាល​ណា​ទូល‌បង្គំ​ជជែក​ត​នឹង​ទ្រង់ នោះ​ទ្រង់​សុចរិត​ទេ ប៉ុន្តែ ទូល‌បង្គំ​ចង់​តែ​ទូល​ពិភាក្សា​នឹង​ទ្រង់ ពី​ដើម​ហេតុ​នៃ​ការណ៍​ថា ហេតុ​អ្វី​បាន​ជា​ដំណើរ​របស់​មនុស្ស​អាក្រក់​តែង‌តែ​ចម្រើន​ឡើង ហេតុ​អ្វី​បាន​ជា​ពួក​អ្នក​ដែល​ប្រព្រឹត្ត​ដោយ​កំបត់ បាន​នៅ​ជា​ឥត​កង្វល់​ដូច្នេះ
2 ទ្រង់​បាន​ដាំ​គេ អើ គេ​ចាក់​ឫស​ចុះ ហើយ​ក៏​ធំ​ឡើង អើ គេ​កើត​ផល​ផង គេ​យក​ទ្រង់​មក​ផ្ទាល់​នៅ​មាត់ តែ​ឲ្យ​ទ្រង់​នៅ​ឆ្ងាយ​ពី​ចិត្ត​គេ​វិញ
3 តែ​ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​ស្គាល់​ទូល‌បង្គំ​ហើយ ទ្រង់​ក៏​ឃើញ ហើយ​ល្បង​ល​ចិត្ត​ទូល‌បង្គំ ដែល​នៅ​ជិត​ទ្រង់​ជា​យ៉ាង​ណា សូម​ទ្រង់​ចាប់​កព្ឆាក់​គេ​ទៅ​ដូច​ជា​ចៀម ដែល​សម្រាប់​នាំ​ទៅ​សម្លាប់ ហើយ​តម្រូវ​គេ​ទុក​ដល់​ថ្ងៃ​កាប់​សម្លាប់
4 ស្រុក​នេះ​នឹង​ត្រូវ​សោយ​សោក ហើយ​តិណ‌ជាតិ​ទាំង‌ឡាយ​នៅ​ពេញ​ស្រុក​ត្រូវ​ស្វិត​ក្រៀម​ទៅ​ដល់​កាល​ណា​ទៀត សត្វ​ជើង​៤ និង​សត្វ​ស្លាប​ទាំង​ប៉ុន្មាន ត្រូវ​វិនាស​បាត់​ទៅ ដោយ​ព្រោះ​អំពើ​អាក្រក់​របស់​ពួក​អ្នក​ដែល​នៅ​ក្នុង​ស្រុក​នេះ ដ្បិត​គេ​និយាយ​ថា ព្រះ​នឹង​មិន​ឃើញ​ចុង​បំផុត​របស់​យើង​ឡើយ។
5 បើ​ឯង​បាន​រត់​ជា​មួយ​នឹង​ពួក​ថ្មើរ​ជើង ហើយ​គេ​បាន​នាំ​ឲ្យ​ឯង​អស់​កម្លាំង ដូច្នេះ ធ្វើ​ដូច​ម្តេច​ឲ្យ​ឯង​ប្រណាំង​នឹង​សេះ​បាន ហើយ​បើ​នៅ​ក្នុង​ស្រុក​ដ៏​មាន​សន្តិ‌សុខ ឯង​មិន‌សូវ​មាន​សេចក្ដី​សុខ​ទេ នោះ​តើ​ឯង​នឹង​ធ្វើ​ដូច​ម្តេច​ក្នុង​កាល​ដែល​ទន្លេ​យ័រដាន់​ជន់​ពេញ​កម្លាំង​ឡើង
6 ដ្បិត​ទោះ​ទាំង​ពួក​បង​ប្អូន​ឯង និង​ពួក​គ្រួ​ឪពុក​ឯង ក៏​បាន​ប្រព្រឹត្ត​ដោយ​កំបត់​នឹង​ឯង​ដែរ គេ​បាន​ស្រែក​ហៅ​យ៉ាង​ខ្លាំង​តាម​ក្រោយ​ឯង​ផង តែ​ទោះ​បើ​និយាយ​ពាក្យ​ស្រួល​ល្អ​ក៏​ដោយ​គង់​តែ​មិន​ត្រូវ​ជឿ​តាម​គេ​ឡើយ។
7 អញ​បាន​លះ‌លែង​គ្រួសារ​របស់​អញ​ហើយ ក៏​បាន​បោះ‌បង់​ចោល​មរដក​របស់​អញ​ដែរ ឯ​អ្នក​ស្ងួន​សំឡាញ់​នៃ​ដួង​ចិត្ត​អញ នោះ​បាន​ប្រគល់​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ​ផង
8 ពួក​ដែល​ជា​មរដក​របស់​អញ គេ​បាន​ត្រឡប់​ដូច​ជា​សិង្ហ​នៅ​ក្នុង​ព្រៃ​ដល់​អញ គេ​បាន​បព្ចោញ​សំឡេង​ទាស់​នឹង​អញ ហេតុ​នោះ​បាន​ជា​អញ​ស្អប់​គេ
9 ពួក​ដែល​ជា​មរដក​របស់​អញ បាន​ត្រឡប់​ជា​សត្វ​ហើរ​សម្បុរ​ពញ្លក់​ដែល​ចាប់​រំពា អស់​ទាំង​សត្វ​ហើរ​ដែល​ចាប់​រំពា​បាន​ឡោម‌ព័ទ្ធ​វា​ហើយ ចូរ​ទៅ​ប្រមូល​អស់​ទាំង​សត្វ​ជើង​៤​នាំ​មក​ឲ្យ​ហែក​ស៊ី​ចុះ
10 មាន​អ្នក​គង្វាល​ជា​ច្រើន​បាន​បំផ្លាញ​ចម្ការ​ទំពាំង‌បាយ‌ជូរ​របស់​អញ គេ​បាន​ជាន់​ឈ្លី​ដី​ជា​ចំណែក​របស់​អញ គេ​បាន​ធ្វើ​ឲ្យ​ចំណែក​ដែល​គាប់​ចិត្ត​អញ ទៅ​ជា​ទី​ខូច​បង់​ហើយ
11 គេ​បាន​ធ្វើ​ឲ្យ​ទៅ​ជា​ទី​អន្តរ‌ធាន ទី​នោះ​សោយ​សោក​រក​អញ ដោយ​ត្រូវ​ខូច​បង់ ស្រុក​ទាំង​មូល​ត្រូវ​អន្តរ‌ធាន​ទៅ ដោយ​ព្រោះ​គ្មាន​មនុស្ស​ណា​យក​ចិត្ត​ទុក​ដាក់​ឡើយ
12 មាន​ពួក​ទ័ព​បំផ្លាញ​ឡើង​មក​លើ​គ្រប់​ទាំង​ទី​ខ្ពស់​ត្រងិល​នៅ​ទី​រហោ‌ស្ថាន ដ្បិត​ដាវ​នៃ​ព្រះ‌យេហូវ៉ា​កំពុង​តែ​ស៊ី ចាប់​តាំង​ពី​ចុង​ស្រុក​ម្ខាង ទៅ​ដល់​ចុង​ស្រុក​ម្ខាង ឥត​មាន​មនុស្ស​ណា​មាន​សេចក្ដី​សុខ​ឡើយ
13 គេ​បាន​សាប‌ព្រោះ​ស្រូវ‌សាលី តែ​ច្រូត​បាន​បន្លា​វិញ គេ​បាន​ខំ​ធ្វើ​ទាល់​តែ​ឈឺ​ខ្លួន ឥត​បាន​ផល​ប្រយោជន៍​អ្វី​សោះ ហើយ​ឯង​រាល់​គ្នា​នឹង​ត្រូវ​ខ្មាស​ចំពោះ​ផល​របស់​ឯង​ដែរ​ដោយ​ព្រោះ​សេចក្ដី​ខ្ញាល់​ដ៏​សហ័ស​របស់​ព្រះ‌យេហូវ៉ា។
14 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ទាស់​នឹង​អស់​អ្នក​ជិត​ខាង​ដ៏​អាក្រក់​របស់​ខ្ញុំ​ថា ឯ​ពួក​អ្នក​ដែល​ពាល់​ប៉ះ​ដល់​មរដក​ដែល​អញ​បាន​ចែក​ដល់​ពួក​អ៊ីស្រា‌អែល ជា​រាស្ត្រ​របស់​អញ​ឲ្យ​គ្រង​បាន នោះ​មើល អញ​នឹង​ដក​រំលើង​គេ​ចេញ​ពី​ស្រុក​ទៅ ហើយ​និង​ដក​រំលើង​ពួក​វង្ស​យូដា​ចេញ​ពី​កណ្តាល​គេ​ដែរ
15 រួច​ក្រោយ​ដែល​អញ​បាន​ដក​រំលើង​គេ​ទៅ​ហើយ នោះ​អញ​នឹង​ត្រឡប់​ចិត្ត មក​អាណិត​មេត្តា​ដល់​គេ ព្រម​ទាំង​នាំ​គេ ឲ្យ​វិល​ត្រឡប់​មក​វិញ គឺ​គ្រប់​គ្នា​ដល់​មរដក​របស់​គេ ហើយ​ដល់​ស្រុក​របស់​គេ​រៀង​ខ្លួន​ផង
16 យ៉ាង​នោះ​បើ​គេ​នឹង​ខ្នះ‌ខ្នែង​រៀន​តាម​ផ្លូវ​របស់​រាស្ត្រ​អញ​ឲ្យ​អស់​ពី​ចិត្ត ហើយ​និង​ស្បថ​ដោយ​នូវ​ឈ្មោះ​អញ​ថា ដូច​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌ជន្ម​រស់​នៅ បែប​ដូច​ជា​គេ​បាន​បង្រៀន​រាស្ត្រ​អញ ឲ្យ​ស្បថ​ដោយ​នូវ​ព្រះ‌បាល​ដែរ នោះ​គេ​នឹង​បាន​ស្អាង​ឡើង នៅ​កណ្តាល​រាស្ត្រ​អញ​ជា​ពិត
17 តែ​បើ​គេ​មិន​ព្រម​ស្តាប់​តាម​ទេ នោះ​អញ​នឹង​ដក​រំលើង​សាសន៍​នោះ​ទៅ គឺ​ទាំង​ដក​រំលើង ហើយ​បំផ្លាញ​ផង នេះ​ហើយ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។


ជំពូក 13

1 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច្នេះ​ថា ចូរ​ទៅ​ទិញ​សំពត់​ទេស​ឯក​សម្រាប់​ក្រវាត់​ខ្លួន ហើយ​ក្រវាត់​នៅ​ចង្កេះ​ឯង​ទៅ កុំ​ឲ្យ​បោក​ទឹក​ឡើយ
2 ដូច្នេះ ខ្ញុំ​ក៏​ទិញ​សំពត់​១​មក​ក្រវាត់​នៅ​ចង្កេះ តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា
3 រួច​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ក៏​មក​ដល់​ខ្ញុំ​ម្តង​ទៀត​ថា
4 ចូរ​យក​សំពត់​ក្រវាត់​ដែល​បាន​ទិញ​នោះ ដែល​នៅ​ចង្កេះ​ឯង ហើយ​ក្រោក​ឡើង​ទៅ​ឯ​ទន្លេ​អ៊ើប្រាត លាក់​ទុក​នៅ​ក្នុង​ក្រហែង​ថ្ម​នៅ​ទី​នោះ​ទៅ
5 ដូច្នេះ ខ្ញុំ​ក៏​ទៅ​លាក់​សំពត់​នោះ​នៅ​ក្បែរ​ទន្លេ​អ៊ើប្រាត ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក
6 ក្រោយ​មក​ជា​យូរ​ថ្ងៃ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា ចូរ​ក្រោក​ឡើង​ទៅ​ឯ​ទន្លេ​អ៊ើប្រាត យក​សំពត់​ក្រវាត់​ដែល​អញ​បាន​បង្គាប់​ឲ្យ​លាក់​ទុក​នៅ​ទី​នោះ​មក​វិញ
7 ខ្ញុំ​ក៏​ទៅ​ដល់​ទន្លេ​អ៊ើប្រាត ជីក​យក​សំពត់​ក្រវាត់​ពី​កន្លែង​ដែល​ខ្ញុំ​បាន​លាក់​ទុក​នោះ ហើយ​មើល សំពត់​នោះ​ខូច​ហើយ គ្មាន​ប្រយោជន៍​ទៀត​សោះ។
8 គ្រា​នោះ ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ខ្ញុំ​ថា
9 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ គឺ​បែប​យ៉ាង​នេះ​ដែល​អញ​នឹង​បង្ខូច​សេចក្ដី​អំនួត​របស់​ពួក​យូដា និង​សេចក្ដី​អំនួត​យ៉ាង​ធំ​របស់​ក្រុង​យេរូ‌សាឡឹម​ដែរ
10 ឯ​សាសន៍​អាក្រក់​នេះ​ដែល​មិន​ព្រម​ស្តាប់​តាម​ពាក្យ​អញ ជា​ពួក​អ្នក​ដែល​ដើរ​តាម​តែ​សេចក្ដី​រឹង‌ចចេស នៅ​ក្នុង​ចិត្ត​របស់​ខ្លួន​គេ និង​ទៅ​តាម​ព្រះ​ដទៃ ដើម្បី​នឹង​គោរព ហើយ​ថ្វាយ‌បង្គំ​ដល់​វា គេ​នឹង​បាន​ដូច​ជា​សំពត់​ក្រវាត់​នេះ ដែល​ឥត​មាន​ប្រយោជន៍​អ្វី​ទៀត
11 ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា សំពត់​ក្រវាត់​ជាប់​នៅ​នឹង​ចង្កេះ​មនុស្ស​យ៉ាង​ណា នោះ​អញ​ក៏​បាន​ឲ្យ​ពួក​វង្ស​អ៊ីស្រា‌អែល​ទាំង​មូល និង​ពួក​វង្ស​យូដា​ទាំង​អស់​នៅ​ជាប់​នឹង​អញ​យ៉ាង​នោះ​ដែរ ដើម្បី​ឲ្យ​គេ​បាន​ជា​រាស្ត្រ​សម្រាប់​អញ ហើយ​ជា​កេរ្តិ៍‌ឈ្មោះ ជា​សេចក្ដី​សរសើរ និង​ជា​សិរី‌ល្អ​ផង តែ​គេ​មិន​ព្រម​ស្តាប់​សោះ។
12 ហេតុ​នោះ ត្រូវ​ឲ្យ​ឯង​ប្រាប់​ពាក្យ​នេះ​ដល់​គេ​ថា ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ឯ​អស់​ទាំង​ឪទឹន​នោះ​នឹង​បាន​ពេញ​ដោយ​ស្រា​ទំពាំង‌បាយ‌ជូរ ហើយ​គេ​នឹង​ឆ្លើយ​តប​មក​ឯង​ថា តើ​យើង​មិន​ដឹង​ពិត​ថា ឪទឹន​ទាំង​អស់​នឹង​បាន​ពេញ​ដោយ​ស្រា​ទំពាំង‌បាយ‌ជូរ​ទេ​ឬ​អី
13 រួច​ឯង​ត្រូវ​ប្រាប់​ដល់​គេ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ មើល អញ​នឹង​ធ្វើ​ឲ្យ​មនុស្ស​នៅ​ស្រុក​នេះ​ទាំង​អស់ ទាំង​ពួក​ស្តេច​ដែល​គង់​លើ​បល្ល័ង្ក​របស់​ដាវីឌ និង​ពួក​សង្ឃ ពួក​ហោរា ហើយ​អស់​អ្នក​ដែល​នៅ​ក្រុង​យេរូ‌សាឡឹម​ផង បាន​ស្រវឹង​ពេញ​ទី
14 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​នឹង​បោក​គេ​ម្នាក់​ផ្ទប់​នឹង​ម្នាក់​ទៀត គឺ​ឪពុក​ផ្ទប់​នឹង​កូន​ផង អញ​មិន​ព្រម​ប្រណី ឬ​សំចៃ ឬ​មេត្តា ដើម្បី​មិន​ឲ្យ​បំផ្លាញ​គេ​ឡើយ។
15 ចូរ​ស្តាប់ ហើយ​ផ្ទៀង​ត្រចៀក​ចុះ កុំ​ឲ្យ​តាំង​ចិត្ត​ឆ្មើង‌ឆ្មៃ​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​ហើយ
16 ចូរ​សរសើរ‌តម្កើង​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​ចុះ ក្រែង​ទ្រង់​ធ្វើ​ឲ្យ​ងងឹត ហើយ​អ្នក​រាល់​គ្នា​ចំពប់​ជើង​នៅ​លើ​ភ្នំ​ងងឹត ហើយ​កំពុង​ដែល​អ្នក​រាល់​គ្នា​សង្ឃឹម​នឹង​បាន​ពន្លឺ នោះ​ទ្រង់​នឹង​បំប្រែ​ឲ្យ​ទៅ​ជា​ម្លប់​នៃ​សេចក្ដី​ស្លាប់ និង​ជា​ងងឹត​យ៉ាង​ក្រាស់​វិញ
17 តែ​បើ​អ្នក​រាល់​មិន​ព្រម​ស្តាប់​ទេ នោះ​ព្រលឹង​ខ្ញុំ​នឹង​យំ​សោក​ក្នុង​ទី​សម្ងាត់ ដោយ​ព្រោះ​សេចក្ដី​អំនួត​របស់​អ្នក​រាល់​គ្នា ហើយ​ភ្នែក​ខ្ញុំ​នឹង​យំ​សស្រាក់ ពី​ព្រោះ​ហ្វូង​ចៀម​របស់​ព្រះ‌យេហូវ៉ា​បាន​ត្រូវ​គេ​ចាប់​ដឹក​ទៅ​ជា​ឈ្លើយ​ហើយ។
18 ចូរ​ទូល​ដល់​មហា‌ក្សត្រ និង​អគ្គ‌មហេសី​ថា សូម​ឲ្យ​គង់​ចុះ​នៅ​ទី​ទាប​វិញ ដ្បិត​ក្បាំង​ព្រះ‌សិរ គឺ​ជា​មកុដ​នៃ​សិរី‌ល្អ​របស់​ទ្រង់​បាន​ធ្លាក់​ចុះ​ហើយ
19 អស់​ទាំង​ទី​ក្រុង​នៅ​ស្រុក​ត្បូង​នឹង​បិទ​ជិត​ហើយ ឥត​មាន​អ្នក​ណា​នឹង​បើក​វិញ​បាន​ឡើយ ពួក​យូដា​ទាំង​អស់​បាន​ត្រូវ​ដឹក​ទៅ​ជា​ឈ្លើយ អើ គេ​ត្រូវ​ដឹក‌នាំ​ទៅ​ជា​ឈ្លើយ​ទាំង​អស់​គ្នា​ហើយ។
20 ចូរ​ងើប​ភ្នែក​ឡើង ហើយ​មើល​ពួក​អ្នក​ដែល​មក​ពី​ទិស​ខាង​ជើង ឯ​ហ្វូង​ចៀម​ដែល​បាន​ប្រគល់​ដល់​ឯង គឺ​ជា​ហ្វូង​ដ៏​ល្អ​របស់​ឯង នោះ​តើ​នៅ​ឯ​ណា
21 តើ​ឯង​នឹង​ថា​ដូច​ម្តេច ក្នុង​កាល​ដែល​ទ្រង់​តាំង​ពួក​មិត្ត​សំឡាញ់​របស់​ឯង​ឡើង ឲ្យ​គ្រប់‌គ្រង​លើ​ឯង ដ្បិត​គឺ​ខ្លួន​ឯង​ហើយ ដែល​បាន​បង្ហាត់​បង្រៀន​គេ​ឲ្យ​ធ្វើ​ដូច្នេះ នោះ​តើ​សេចក្ដី​ទុក្ខ​ព្រួយ​ដូច​ជា​ស្ត្រី​ដែល​ឈឺ​ចាប់​នឹង​សម្រាល​កូន មិន​ចាប់​ឯង​ទេ​ឬ
22 ហើយ​បើ​ឯង​នឹក​សួរ​ក្នុង​ចិត្ត​ថា ហេតុ​អ្វី​បាន​ជា​ការ​ទាំង​នេះ​កើត​ដល់​អញ​ដូច្នេះ នោះ​គឺ​ដោយ​ព្រោះ​អំពើ​ទុច្ចរិត​ដ៏​បរិបូរ​របស់​ឯង​ទេ បាន​ជា​សំពត់​របស់​ឯង​ត្រូវ​បើក​សើយ​ឡើង ហើយ​ឯង​ត្រូវ​នៅ​កែង‌ជើង​ទទេ​ផង
23 តើ​សាសន៍​អេធីយ៉ូពី​នឹង​បំផ្លាស់​បំប្រែ​សម្បុរ​ស្បែក​របស់​ខ្លួន​បាន​ឬ​ទេ ឬ​ខ្លា​រខិន​នឹង​ផ្លាស់​សម្បុរ​ពព្លាក់​របស់​វា​ទៅ​បាន​ដែរ បើ​បាន នោះ​ឯង​រាល់​គ្នា​ដែល​ធ្លាប់​ប្រព្រឹត្ត​អាក្រក់ នឹង​អាច​ប្រព្រឹត្ត​ល្អ​វិញ​ក៏​បាន​ដែរ
24 ដូច្នេះ អញ​នឹង​កម្ចាត់‌កម្ចាយ​ឯង​ដូច​ជា​ចំបើង​ដែល​រសាត់​ទៅ​បាត់ ដោយ​ខ្យល់​ពី​ទី​រហោ‌ស្ថាន
25 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា នេះ​ហើយ​ជា​ចំណែក​របស់​ឯង​រាល់​គ្នា ជា​ចំណែក​ដែល​អញ​វាល់​ឲ្យ​ឯង​ដោយ​ព្រោះ​ឯង​បាន​ភ្លេច​អញ ហើយ​ទុក​ចិត្ត​នឹង​សេចក្ដី​កំភូត​វិញ
26 ហេតុ​នោះ អញ​នឹង​បើក​សើយ​សំពត់​របស់​ឯង​ឡើង​គ្រប​លើ​មុខ​ឯង ហើយ​កេរ្តិ៍‌ខ្មាស​របស់​ឯង​នឹង​បាន​ឃើញ​ច្បាស់
27 អញ​បាន​ឃើញ​អំពើ​គួរ​ខ្ពើម​ឆ្អើម​របស់​ឯង​ហើយ គឺ​ជា​ការ​កំផិត និង​សូរ​ឆ្លើយ​ឆ្លង​រក​គ្នា​របស់​ឯង ព្រម​ទាំង​សេចក្ដី​ឥត​ខ្មាស​នៃ​ការ​កំផិត​របស់​ឯង នោះ​លើ​អស់​ទាំង​ទី​ទួល​នៅ​វាល​ផង វេទនា​ដល់​ឯង ក្រុង​យេរូ‌សាឡឹម​អើយ ឯង​មិន​ព្រម​ឲ្យ​បាន​ស្អាត​ទេ តើ​នឹង​នៅ​តែ​ដូច្នេះ​ដល់​កាល​ណា​ទៀត។


ជំពូក 14

1 នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដែល​មក​ដល់​យេរេមា ពី​ដំណើរ​គ្រា​រាំង​ភ្លៀង
2 ពួក​យូដា​គេ​សោយ​សោក ហើយ​ទ្វារ​ក្រុង​ក៏​ថយ​កម្លាំង​ចុះ គេ​អង្គុយ​នៅ​ដី​ដោយ​ចិត្ត​ព្រួយ ហើយ​សម្រែក​នៃ​ក្រុង​យេរូ‌សាឡឹម​ក៏​ឮ​ឡើង
3 ពួក​អ្នក​ធំ​របស់​គេ​ចាត់​អ្នក​បម្រើ​ឲ្យ​ទៅ​រក​ទឹក គេ​ក៏​ទៅ​ដល់​ស្រះ​ទាំង​ប៉ុន្មាន តែ​រក​ទឹក​គ្មាន​សោះ គេ​ត្រឡប់​ទៅ​វិញ​ដោយ​ក្អម​ទទេ គេ​ត្រូវ​ខ្មាស ហើយ​ជ្រប់​មុខ ក៏​គ្រលុំ​ក្បាល
4 ពី​ព្រោះ​ដី​បែក​ក្រហែង ដោយ​គ្មាន​ភ្លៀង​ធ្លាក់​មក​លើ​ស្រុក​សោះ ពួក​អ្នក​ភ្ជួរ‌រាស់​ក៏​ខ្មាស គេ​គ្រលុំ​ក្បាល​ដែរ
5 អើ​ទាំង​ក្តាន់​ញី​នៅ​វាល​ក៏​ទម្លាក់​កូន រួច​ចោល​ចេញ ព្រោះ​គ្មាន​ស្មៅ
6 លា​ព្រៃ​ក៏​ឈរ​នៅ​លើ​ទី​ត្រងិល វា​ដង្ហាក់​ដូច​ជា​ចចក ភ្នែក​វា​ស្រវាំង​ទៅ ដោយ​ព្រោះ​គ្មាន​ស្មៅ​សោះ។
7 ឱ​ព្រះ‌យេហូវ៉ា​អើយ ទោះ​បើ​អំពើ​ទុច្ចរិត​របស់​យើង​ខ្ញុំ​ធ្វើ​បន្ទាល់​ទាស់​នឹង​យើង​ខ្ញុំ​ក៏​ដោយ តែ​សូម​ទ្រង់​ប្រោស​មេត្តា ដោយ​យល់​ដល់​ព្រះ‌នាម​ទ្រង់ ដ្បិត​ការ​រា‌ថយ​របស់​យើង​ខ្ញុំ នោះ​ច្រើន​ណាស់ យើង​ខ្ញុំ​បាន​ធ្វើ​បាប​នឹង​ទ្រង់
8 ឱ​ទី​សង្ឃឹម​នៃ​សាសន៍​អ៊ីស្រា‌អែល ជា​ព្រះ​ដ៏​ជួយ​សង្គ្រោះ​គេ​ក្នុង​គ្រា​លំបាក​អើយ ហេតុ​អ្វី​បាន​ជា​ទ្រង់​ត្រូវ​ដូច​ជា​អ្នក​ដទៃ​នៅ​ក្នុង​ស្រុក ហើយ​ដូច​ជា​អ្នក​ដើរ​ដំណើរ ដែល​ឈប់​សំណាក់​តែ​១​យប់​ដូច្នេះ
9 ហេតុ​អ្វី​បាន​ជា​ទ្រង់​ត្រូវ​ដូច​ជា​មនុស្ស​ស្រឡាំង‌កាំង គឺ​ដូច​ជា​មនុស្ស​ខ្លាំង​ពូកែ​ដែល​ពុំ​អាច​នឹង​ជួយ​សង្គ្រោះ​បាន​ឡើយ​ផង ប៉ុន្តែ ឱ​ព្រះ‌យេហូវ៉ា​អើយ​ទ្រង់​គង់​កណ្តាល​យើង​ខ្ញុំ​រាល់​គ្នា ហើយ​យើង​ខ្ញុំ​ក៏​បាន​ហៅ​តាម​ព្រះ‌នាម​ទ្រង់​ដែរ សូម​កុំ​លះ​ចោល​យើង​ខ្ញុំ​ឡើយ។
10 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ពី​សាសន៍​នេះ​ដូច្នេះ​ថា គេ​ចូល​ចិត្ត​ដើរ​សាត់​ព្រាត់ គេ​មិន​បាន​ឃាត់​ជើង​គេ​ឡើយ ហេតុ​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​មិន​ព្រម​ទទួល​គេ​ដែរ ក្នុង​ពេល​ឥឡូវ​នេះ ទ្រង់​កំពុង​តែ​នឹក​ចាំ ពី​អំពើ​ទុច្ចរិត​របស់​គេ ហើយ​និង​ធ្វើ​ទោស​ដល់​គេ​ជា​ពិត
11 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា កុំ​ឲ្យ​អធិស្ឋាន​សូម​សេចក្ដី​ល្អ​ឲ្យ​សាសន៍​នេះ​ឡើយ
12 កាល​ណា​គេ​តម​អត់ នោះ​អញ​មិន​ព្រម​ស្តាប់​សម្រែក​របស់​គេ​ទេ កាល​ណា​គេ​ថ្វាយ​តង្វាយ​ដុត និង​តង្វាយ​ម្សៅ នោះ​អញ​មិន​ព្រម​ទទួល​ឡើយ គឺ​នឹង​ធ្វើ​ឲ្យ​គេ​សូន្យ​ទៅ​ដោយ​ដាវ អំណត់‌អត់ និង​អាសន្ន‌រោគ​វិញ។
13 នោះ​ខ្ញុំ​ទូល​ថា ឱ​ព្រះ‌អម្ចាស់​យេហូវ៉ា​អើយ មើល​ពួក​ហោរា​តែង‌តែ​ប្រាប់​គេ​ថា ឯង​រាល់​គ្នា​នឹង​មិន​ឃើញ​ដាវ​ទេ ក៏​មិន​ត្រូវ​សេចក្ដី​អំណត់‌អត់​ដែរ គឺ​អញ​នឹង​ឲ្យ​ឯង​រាល់​គ្នា​មាន​សេចក្ដី​សុខ​នៅ​ទី​នេះ​ជា​ពិត
14 រួច​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា ពួក​ហោរា​គេ​ទាយ​កុហក​ដោយ​នូវ​ឈ្មោះ​អញ​ទេ អញ​មិន​បាន​ចាត់​ប្រើ​គេ​ឡើយ ក៏​មិន​បាន​បង្គាប់​គេ ឬ​និយាយ​នឹង​គេ​ដែរ គេ​ទាយ​ប្រាប់​ឯង​រាល់​គ្នា​ពី​ការ​ជាក់​ស្តែង​ដែល​មិន​ពិត ជា​ទំនាយ​តាម​របៀន គឺ​ជា​សេចក្ដី​ឥត​ប្រយោជន៍​ទទេ ហើយ​ជា​សេចក្ដី​បញ្ឆោត​នៃ​ចិត្ត​ខ្លួន​គេ​វិញ
15 ដូច្នេះ ឯ​ពួក​ហោរា​ដែល​ទាយ​ដោយ​នូវ​ឈ្មោះ​អញ ឥត​មាន​អញ​ចាត់​ប្រើ​ឡើយ ជា​អ្នក​ដែល​ថា​ដាវ និង​សេចក្ដី​អំណត់‌អត់​នឹង​មិន​មក​ក្នុង​ស្រុក​នេះ​ទេ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ពី​ពួក​ហោរា​នោះ​ថា គេ​នឹង​ត្រូវ​វិនាស​អស់​ទៅ ដោយ‌សារ​ដាវ និង​សេចក្ដី​អំណត់​នោះ​ឯង
16 ហើយ​ពួក​ជន​ដែល​គេ​បាន​ទាយ​ប្រាប់​នោះ នឹង​ត្រូវ​បោះ​ចោល​ទៅ​ក្នុង​ផ្លូវ​នៃ​ក្រុង​យេរូ‌សាឡឹម ដោយ​ព្រោះ​សេចក្ដី​អំណត់ ហើយ​និង​ដាវ​ដែរ ឥត​មាន​អ្នក​ណា​នឹង​កប់​ខ្មោច​គេ​ឡើយ គឺ​ទាំង​ខ្លួន​គេ ប្រពន្ធ​គេ និង​កូន​ប្រុស​កូន​ស្រី​គេ​ផង ពី​ព្រោះ​អញ​នឹង​ចាក់​អំពើ​លាមក​អាក្រក់​របស់​គេ​ទៅ​លើ​គេ​វិញ
17 ឯង​ត្រូវ​ប្រាប់​ពាក្យ​នេះ​ដល់​គេ​ថា សូម​ឲ្យ​ខ្ញុំ​ហូរ​ទឹក​ភ្នែក​សស្រាក់​ទាំង​យប់​ទាំង​ថ្ងៃ ឥត​ឈប់​ឈរ​ឡើយ ពី​ព្រោះ​កូន​ក្រមុំ​របស់​សាសន៍​ខ្ញុំ​បាន​ត្រូវ​ខ្ទេច‌ខ្ទី ជា​ការ​បាក់​បែក​យ៉ាង​ធំ ដោយ​របួស​ជា​ទំងន់
18 បើ​ខ្ញុំ​ចេញ​ទៅ​ឯ​វាល នោះ​មើល មាន​សុទ្ធ​តែ​សាក‌សព​ដែល​ស្លាប់​ដោយ​ដាវ ហើយ​បើ​ខ្ញុំ​ចូល​ទៅ​ក្នុង​ទី​ក្រុង​វិញ នោះ​មើល មាន​សុទ្ធ​តែ​មនុស្ស​ដែល​ឈឺ ដោយ​អត់‌ឃ្លាន ដ្បិត​ពួក​ហោរា និង​ពួក​សង្ឃ តែង‌តែ​ចុះ​ឡើង​ក្នុង​ស្រុក​ឥត​ដឹង​អ្វី​ទេ។
19 តើ​ទ្រង់​បាន​បោះ‌បង់​ចោល​ពួក​យូដា​ជា​ដាច់​ខាត​ឬ តើ​ព្រះ‌ហឫទ័យ​ទ្រង់​ស្អប់​ខ្ពើម​ក្រុង​ស៊ីយ៉ូន​ឬ​អី ហេតុ​អ្វី​បាន​ជា​ទ្រង់​វាយ​យើង​រាល់​គ្នា ហើយ​មិន​ឲ្យ​ជា​ឡើង​វិញ​សោះ យើង​ខ្ញុំ​បាន​រង់‌ចាំ ថា​នឹង​បាន​សេចក្ដី​សុខ តែ​ឥត​មាន​អ្វី​ល្អ​មក​ឡើយ ក៏​សង្ឃឹម​នឹង​បាន​ជា តែ​មើល បាន​តែ​សេចក្ដី​ភ័យ​វិញ
20 ឱ​ព្រះ‌យេហូវ៉ា​អើយ​យើង​ខ្ញុំ​ទទួល​ស្គាល់​អំពើ​អាក្រក់​របស់​យើង​ខ្ញុំ​ហើយ ព្រម​ទាំង​សេចក្ដី​ទុច្ចរិត​របស់​ពួក​អយ្យ‌កោ​យើង​ខ្ញុំ​ផង ដ្បិត​យើង​ខ្ញុំ​បាន​ធ្វើ​បាប​នឹង​ទ្រង់​ពិត
21 សូម​កុំ​ស្អប់​យើង​ខ្ញុំ​ឡើយ ដោយ​យល់​ដល់​ព្រះ‌នាម​ទ្រង់ សូម​កុំ​បង្អាប់​បល្ល័ង្ក​នៃ​សិរី‌ល្អ​របស់​ទ្រង់ សូម​នឹក​ចាំ​ឡើង​វិញ ហើយ​កុំ​ផ្តាច់​សេចក្ដី​សញ្ញា​ដែល​ទ្រង់​បាន​តាំង​នឹង​យើង​ខ្ញុំ​ឡើយ
22 ក្នុង​អស់​ទាំង​ព្រះ​ឥត​ប្រយោជន៍​របស់​សាសន៍​ដទៃ តើ​មាន​ណា​មួយ​បង្អុរ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​មក​បាន​ឬ តើ​ផ្ទៃ​មេឃ​នឹង​ឲ្យ​ធ្លាក់​ភ្លៀង​១​មេ​បាន​ឬ​ទេ ឱ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ​អើយ តើ​មិន​មែន​ជា​ទ្រង់​វិញ​ទេ​ឬ​អី ដូច្នេះ យើង​ខ្ញុំ​នឹង​ទន្ទឹង​ចាំ​តែ​ទ្រង់ ដ្បិត​គឺ​ទ្រង់​ហើយ​ដែល​បាន​ធ្វើ​គ្រប់​ការ​ទាំង​នេះ។


ជំពូក 15

1 លំដាប់​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា ទោះ​បើ​មាន​ម៉ូសេ ឬ​សាំយូ‌អែល​ឈរ​នៅ​មុខ​អញ​ក៏​ដោយ គង់​តែ​ចិត្ត​អញ​មិន​បែរ​ទៅ​ឯ​សាសន៍​នេះ​វិញ​ឡើយ ចូរ​បោះ​គេ​ឲ្យ​ផុត​ពី​ភ្នែក​អញ​ចេញ ហើយ​ឲ្យ​គេ​ចេញ​ទៅ​ចុះ
2 បើ​កាល​ណា​គេ​សួរ​ឯង​ថា តើ​ឲ្យ​យើង​ចេញ​ទៅ​ឯ​ណា នោះ​ចូរ​ឲ្យ​ឯង​ប្រាប់​គេ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ឯ​ពួក​ណា​ដែល​សម្រាប់​ស្លាប់ នោះ​ត្រូវ​ចេញ​ទៅ​ស្លាប់​ចុះ ហើយ​ពួក​ណា​ដែល​សម្រាប់​ដាវ ឲ្យ​គេ​ទៅ​ឯ​ដាវ​ទៅ និង​ពួក​ណា​ដែល​សម្រាប់​អំណត់‌អត់ ឲ្យ​គេ​អត់‌ឃ្លាន​ចុះ ឯ​ពួក​ណា​ដែល​សម្រាប់​ដឹក​ទៅ​ជា​ឈ្លើយ នោះ​ឲ្យ​គេ​ទៅ​ជា​ឈ្លើយ​ដែរ
3 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​នឹង​តម្រូវ​ឲ្យ​មាន​៤​មុខ​កើត​ឡើង​ដល់​គេ គឺ​ដាវ​សម្រាប់​កាប់​សម្លាប់​១ ឆ្កែ​សម្រាប់​ហែក​ស៊ី​១ និង​សត្វ​ហើរ​លើ​អាកាស​១ ហើយ​សត្វ​ព្រៃ​នៅ​ផែនដី​សម្រាប់​ជញ្ជែង​ស៊ី ហើយ​បំផ្លាញ​ផង
4 អញ​នឹង​ធ្វើ​ឲ្យ​គេ​ត្រូវ​បោះ​ទៅ​មក​នា​កណ្តាល​អស់​ទាំង​សាសន៍​នៅ​ផែនដី ដោយ​ព្រោះ​ម៉ាន៉ាសេ ជា​បុត្រា​ហេសេគា ស្តេច​ស្រុក​យូដា និង​ការ​ដែល​ទ្រង់​បាន​ប្រព្រឹត្ត​នៅ​ក្រុង​យេរូ‌សាឡឹម ។
5 ឱ​ក្រុង​យេរូ‌សាឡឹម​អើយ តើ​អ្នក​ណា​នឹង​អាណិត​ប្រណី​ដល់​ឯង ឬ​អ្នក​ណា​នឹង​សោក​ស្តាយ​ឯង តើ​អ្នក​ណា​នឹង​បែរ​មក​សួរ​ពី​សេចក្ដី​សុខ​ទុក្ខ​របស់​ឯង
6 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ឯង​បាន​បោះ‌បង់​ចោល​អញ​ហើយ ឯង​បាន​រា‌ថយ​ចេញ ហេតុ​នោះ​បាន​ជា​អញ​លូក​ដៃ​ទៅ​ទាស់​នឹង​ឯង ហើយ​បំផ្លាញ​ឯង​បង់ អញ​ណាយ​ចិត្ត​ហើយ ដោយ​ការ​ផ្លាស់​ប្រែ​គំនិត
7 អញ​បាន​អុំ​គេ ដោយ​ចង្អេរ​នៅ​ត្រង់​ទ្វារ​ក្រុង​ក្នុង​ស្រុក អញ​បាន​ធ្វើ​ឲ្យ​បាត់‌បង់​កូន​អស់​ទៅ គឺ​អញ​បាន​បំផ្លាញ​រាស្ត្រ​អញ​ហើយ ព្រោះ​គេ​មិន​បាន​បែរ​ត្រឡប់​មក​ពី​ផ្លូវ​របស់​គេ​ទេ
8 ស្រី​មេម៉ាយ​របស់​គេ​បាន​ចម្រើន​ជា​ច្រើន​ឡើង​នៅ​មុខ​អញ លើស​ជាង​ខ្សាច់​នៅ​មាត់​សមុទ្រ​ទៅ​ទៀត អញ​បាន​នាំ​អ្នក​បំផ្លាញ​ម្នាក់​មក​លើ​ម្តាយ​របស់​ពួក​កំលោះៗ​ទាំង​ថ្ងៃ​ត្រង់ អញ​បាន​បណ្តាល​ឲ្យ​មាន​សេចក្ដី​ទុក្ខ​ព្រួយ និង​សេចក្ដី​ស្ញែង​ខ្លាច​លោ​មក​លើ​គេ​ភ្លាម
9 ស្ត្រី​ណា​ដែល​បាន​បង្កើត​កូន​៧​នាក់​ក៏​ល្វើយ​ទៅ រួច​ប្លុង​វិញ្ញាណ​ចេញ ពន្លឺ​របស់​នាង​បាន​លិច​ទៅ ក្នុង​កាល​ដែល​នៅ​ថ្ងៃ​នៅ​ឡើយ នាង​បាន​ត្រូវ​អៀន‌ខ្មាស ហើយ​ជ្រប់​មុខ​ទៅ ឯ​ពួក​ដែល​សល់​នៅ នោះ​អញ​នឹង​ប្រគល់​ដល់​ដាវ​នៅ​មុខ​ពួក​ខ្មាំង​សត្រូវ​របស់​គេ នេះ​ហើយ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។
10 ម៉ែ​អើយ វរ‌ហើយ​ខ្ញុំ ដ្បិត​ម៉ែ​បាន​បង្កើត​ខ្ញុំ​មក​ជា​មនុស្ស​ទទឹង​ទាស់ ហើយ​ជជែក​បន្ទោស​ដល់​លោកីយ៍​ទាំង​មូល ខ្ញុំ​មិន​បាន​ឲ្យ​អ្នក​ណា​ខ្ចី ក៏​មិន​បាន​ខ្ចី​ពី​គេ​ផង​ដែរ ប៉ុន្តែ គេ​ប្រទេច​ផ្តាសា​ខ្ញុំ​គ្រប់​គ្នា
11 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​តប​ថា ពិត​ប្រាកដ​ជា​អញ​នឹង​ចម្រើន​កម្លាំង​ឯង ឲ្យ​បាន​សេចក្ដី​ល្អ​ទៅ​មុខ ពិត​ប្រាកដ​ជា​អញ​នឹង​បណ្តាល​ឲ្យ​ពួក​ខ្មាំង​សត្រូវ​មក​អង្វរ​ដល់​ឯង​ក្នុង​គ្រា​អាក្រក់ ហើយ​ក្នុង​គ្រា​វេទនា។
12 តើ​ដែក​អាច​នឹង​បំបាក់​បំបែក​ដែក​ពី​ស្រុក​ខាង​ជើង ហើយ​និង​លង្ហិន​បាន​ឬ​ទេ
13 ឯ​ធន‌ធាន និង​ទ្រព្យ​សម្បត្តិ​របស់​ឯង អញ​នឹង​ឲ្យ​ដល់​គេ​ទុក​ជា​របឹប​ដោយ​ឥត​ថ្លៃ គឺ​ដោយ​ព្រោះ​អស់​ទាំង​អំពើ​បាប​របស់​ឯង នៅ​គ្រប់​ទាំង​ព្រំ‌ដែន​របស់​ឯង
14 អញ​នឹង​ឲ្យ​ឯង​ឆ្លង​ទៅ​ជា​មួយ​នឹង​ពួក​ខ្មាំង​សត្រូវ​ឯង ដល់​ស្រុក​១​ដែល​ឯង​មិន​ស្គាល់ ដ្បិត​មាន​ភ្លើង​កាត់​ឡើង​ក្នុង​សេចក្ដី​កំហឹង​របស់​អញ ភ្លើង​នោះ​នឹង​ឆេះ​ដល់​ឯង​រាល់​គ្នា។
15 ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​ជ្រាប​ហើយ សូម​ទ្រង់​នឹក​ចាំ​ពី​ទូល‌បង្គំ ហើយ​ប្រោស​ទូល‌បង្គំ​ផង សូម​សង‌សឹក​នឹង​ពួក​អ្នក​ដែល​បៀត‌បៀន​ទូល‌បង្គំ សូម​កុំ​ដក​ទូល‌បង្គំ​ចេញ ដោយ​ទ្រង់​ត្រូវ​រង​ទ្រាំ​ជា​យូរ​នោះ​ឡើយ សូម​ជ្រាប​ថា ទូល‌បង្គំ​រង​ទ្រាំ​សេចក្ដី​ដំណៀល ដោយ​យល់​ដល់​ទ្រង់
16 ទូល‌បង្គំ​បាន​ឃើញ​ព្រះ‌បន្ទូល​ទ្រង់ ទូល‌បង្គំ​ក៏​បាន​ទទួល​ទាន​លេប​ចូល​អស់​ហើយ ព្រះ‌បន្ទូល​របស់​ទ្រង់​ជា​សេចក្ដី​អំណរ ហើយ​ជា​ទី​រីក‌រាយ​ចិត្ត​ដល់​ទូល‌បង្គំ ដ្បិត​ឱ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ​អើយ ទូល‌បង្គំ​បាន​ហៅ​តាម​ព្រះ‌នាម​ទ្រង់
17 ទូល‌បង្គំ​មិន​បាន​អង្គុយ​ក្នុង​ចំណោម​នៃ​ពួក​អ្នក​ដែល​លេង​សប្បាយ ហើយ​លោត‌កញ្ឆេង​នោះ​ឡើយ គឺ​ទូល‌បង្គំ​បាន​អង្គុយ​តែ​ឯង ដោយ​ព្រោះ​ព្រះ‌ហស្ត​ទ្រង់ ដ្បិត​ទ្រង់​បាន​ឲ្យ​ទូល‌បង្គំ​មាន​ពេញ​ដោយ​សេចក្ដី​គ្នាន់‌ក្នាញ់
18 ហេតុ​អ្វី​បាន​ជា​ទូល‌បង្គំ​មាន​សេចក្ដី​ទុក្ខ​ព្រួយ​នៅ​ជានិច្ច ហើយ​របួស​ទូល‌បង្គំ​មើល​មិន​ជា ក៏​មិន​ព្រម​សះ​សោះ​ដូច្នេះ តើ​ទ្រង់​នឹង​បាន​ដូច​ជា​សេចក្ដី​បញ្ឆោត​ដល់​ទូល‌បង្គំ​ជា​ពិត គឺ​ដូច​ជា​ទឹក​ដែល​មិន​ទៀង​ឬ។
19 ហេតុ​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា បើ​ឯង​នឹង​វិល​មក​វិញ នោះ​អញ​នឹង​នាំ​ឯង​ទៀត ដើម្បី​ឲ្យ​ឯង​បាន​ឈរ​នៅ​មុខ​អញ ហើយ​បើ​ឯង​នឹង​ញែក​របស់​ថ្លៃ​វិសេស​ចេញ​ពី​របស់​ស្មោក‌គ្រោក នោះ​ឯង​នឹង​បាន​ដូច​ជា​មាត់​អញ គេ​នឹង​វិល​មក​ឯ​ឯង​វិញ តែ​ឯង​មិន​ត្រូវ​ត្រឡប់​ទៅ​ឯ​គេ​ទេ
20 អញ​នឹង​ធ្វើ​ឲ្យ​ឯង​ជា​កំផែង​លង្ហិន មាន​គ្រឿង​សស្ត្រា‌វុធ​ដល់​សាសន៍​នេះ គេ​នឹង​ច្បាំង​នឹង​ឯង តែ​មិន​អាច​នឹង​ឈ្នះ​បាន​ទេ ដ្បិត​អញ​នៅ​ជា​មួយ​នឹង​ឯង ដើម្បី​នឹង​ជួយ​សង្គ្រោះ ហើយ​ប្រោស​ឯង​ឲ្យ​រួច នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា
21 អញ​នឹង​ជួយ​ឲ្យ​ឯង​រួច​ពី​កណ្តាប់​ដៃ​នៃ​មនុស្ស​អាក្រក់ ហើយ​និង​លោះ​ឯង​ចេញ​ពី​កណ្តាប់​ដៃ​នៃ​មនុស្ស​ដែល​គួរ​ស្ញែង​ខ្លាច។


ជំពូក 16

1 ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ខ្ញុំ​ទៀត​ថា
2 មិន​ត្រូវ​ឲ្យ​ឯង​យក​ប្រពន្ធ ឬ​បង្កើត​កូន​ប្រុស​កូន​ស្រី​នៅ​ទី​នេះ​ទេ
3 ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ពី​ដំណើរ​កូន​ប្រុស​កូន​ស្រី​ដែល​កើត​នៅ​ទី​នេះ ហើយ​ពី​ម្តាយ​ដែល​សម្រាល​វា​មក និង​ពី​ឪពុក​ដែល​បង្កើត​វា​នៅ​ស្រុក​នេះ​ដូច្នេះ​ថា
4 គេ​នឹង​ស្លាប់​ដោយ​លំបាក​ណាស់ ឥត​មាន​អ្នក​ណា​យំ​សោក​ឡើយ ក៏​នឹង​គ្មាន​អ្នក​ណា​កប់​ខ្មោច​គេ​ដែរ គឺ​គេ​នឹង​បាន​ដូច​ជា​ជី​នៅ​ដី​វិញ គេ​នឹង​ត្រូវ​វិនាស​បង់​ដោយ​ដាវ និង​សេចក្ដី​អំណត់‌អត់ ហើយ​ខ្មោច​គេ​នឹង​បាន​សម្រាប់​ជា​អាហារ​ដល់​សត្វ​ហើរ​លើ​អាកាស និង​ដល់​សត្វ​ព្រៃ​នៅ​ផែនដី។
5 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា កុំ​ឲ្យ​ចូល​ទៅ​ក្នុង​ផ្ទះ​ដែល​គេ​កាន់​ទុក្ខ ក៏​កុំ​ឲ្យ​ទៅ​យំ​សោក ឬ​ទួញ​ទំនួញ​ព្រោះ​គេ​ឡើយ ដ្បិត​អញ​បាន​ដក​សេចក្ដី​សុខ​របស់​អញ គឺ​ជា​សេចក្ដី​សប្បុរស និង​សេចក្ដី​អាណិត‌អាសូរ ចេញ​ពី​សាសន៍​នេះ​ហើយ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា
6 មនុស្ស​ទាំង​អស់ ទាំង​ធំ​ទាំង​តូច នឹង​ត្រូវ​ស្លាប់​នៅ​ស្រុក​នេះ ឥត​មាន​អ្នក​ណា​កប់​ខ្មោច​គេ​ឡើយ មនុស្ស​ក៏​នឹង​មិន​យំ​សោក ឬ​ឆូត​សាច់ ឬ​កោរ​សក់​ដោយ​ព្រោះ​គេ​ដែរ
7 នឹង​គ្មាន​អ្នក​ណា​កាច់​នំបុ័ង​ក្នុង​ការ​សោយ​សោក​នោះ ដើម្បី​នឹង​កំសាន្ត​ចិត្ត​ពី​ដំណើរ​អ្នក​ដែល​ស្លាប់​សោះ ក៏​នឹង​គ្មាន​អ្នក​ណា​ជូន​ពែង​រំដោះ​ទុក្ខ​ដល់​គេ ដោយ​ព្រោះ​ឪពុក ឬ​ម្តាយ​គេ​ផង
8 ឯ​ផ្ទះ​ដែល​គេ​កំពុង​ស៊ី‌លៀង នោះ​មិន​ត្រូវ​ឲ្យ​ឯង​ចូល​ទៅ​អង្គុយ​ស៊ី​ផឹក​ជា​មួយ​នឹង​គេ​ដែរ
9 ដ្បិត​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា មើល នៅ​គ្រា​អាយុ​ឯង ហើយ​នៅ​ចំពោះ​ភ្នែក​ឯង នោះ​អញ​នឹង​ធ្វើ​ឲ្យ​សំឡេង​រីក‌រាយ និង​សំឡេង​អរ​សប្បាយ​ព្រម​ទាំង​សំឡេង​ប្ដី​ប្រពន្ធ​ថ្មោង‌ថ្មី​បាត់​ចេញ​ពី​ទី​នេះ​ទៅ។
10 លុះ​កាល​ណា​ឯង​បាន​ប្រាប់​ពាក្យ​ទាំង​នេះ ដល់​សាសន៍​នេះ​រួច​ជា​ស្រេច ហើយ​គេ​សួរ​ឯង​ថា ហេតុ​អ្វី​បាន​ជា​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ពី​គ្រប់​ទាំង​ការ​អាក្រក់​យ៉ាង​ធំ​នេះ​ទាស់​នឹង​យើង​ដូច្នេះ តើ​យើង​មាន​សេចក្ដី​ទុច្ចរិត​ណា ឬ​បាន​ប្រព្រឹត្ត​អំពើ​បាប​យ៉ាង​ណា ទាស់​នឹង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង
11 នោះ​ឯង​ត្រូវ​ប្រាប់​គេ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា គឺ​ដោយ​ព្រោះ​ពួក​អយ្យ‌កោ​របស់​ឯង​រាល់​គ្នា​បាន​បោះ‌បង់​ចោល​អញ ទៅ​តាម​ព្រះ​ដទៃ ព្រម​ទាំង​គោរព ហើយ​ថ្វាយ‌បង្គំ​ដល់​វា​ផង គេ​បាន​បោះ‌បង់​ចោល​អញ ឥត​ដែល​រក្សា​ច្បាប់​អញ​ឡើយ
12 ហើយ​ចំណែក​ឯង​រាល់​គ្នា​នោះ​បាន​ប្រព្រឹត្ត​អាក្រក់ លើស​ជាង​ពួក​អយ្យ‌កោ​ឯង​ទៅ​ទៀត ដ្បិត​មើល ឯង​រាល់​គ្នា​ប្រព្រឹត្ត​តាម​តែ​សេចក្ដី​រឹង‌ចចេស នៅ​ក្នុង​ចិត្ត​អាក្រក់​របស់​ឯង​រៀង​ខ្លួន ដល់‌ម៉្លេះ​បាន​ជា​មិន​ព្រម​ស្តាប់​តាម​អញ​សោះ
13 ហេតុ​នោះ អញ​នឹង​បោះ​ឯង​រាល់​គ្នា​ចោល​ចេញ​ពី​ស្រុក​នេះ ឲ្យ​ទៅ​នៅ​ឯ​ស្រុក​១​ដែល​ឯង ឬ​ពួក​អយ្យ‌កោ​ឯង​មិន​បាន​ស្គាល់​ឡើយ ហើយ​នៅ​ទី​នោះ ឯង​រាល់​គ្នា​នឹង​គោរព​ប្រតិ‌បត្តិ​តាម​ព្រះ​ដទៃ​ទាំង​យប់​ទាំង​ថ្ងៃ ពី​ព្រោះ​អញ​នឹង​មិន​អាណិត​ដល់​ឯង​ទេ។
14 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ដូច្នេះ​មើល នឹង​មាន​គ្រា​មក​ដល់​ដែល​គេ​នឹង​លែង​ស្បថ​ថា ដូច​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌ជន្ម​រស់ ជា​ព្រះ​ដែល​បាន​នាំ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ឡើង​រួច​ពី​ស្រុក​អេស៊ីព្ទ​មក
15 គឺ​គេ​នឹង​ស្បថ​យ៉ាង​នេះ​វិញ​ថា ដូច​ជា​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌ជន្ម​រស់ ដែល​ទ្រង់​បាន​នាំ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ឡើង​រួច​ពី​ស្រុក​ខាង​ជើង​មក ហើយ​ពី​អស់​ទាំង​ប្រទេស ដែល​ទ្រង់​បាន​បណ្តេញ​គេ​នោះ​ផង អញ​នឹង​នាំ​គេ​ឲ្យ​វិល​មក​ក្នុង​ស្រុក​របស់​គេ ជា​ស្រុក​ដែល​អញ​បាន​ឲ្យ​ដល់​ពួក​អយ្យ‌កោ​គេ។
16 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា មើល អញ​នឹង​ចាត់​មនុស្ស​ឲ្យ​ទៅ​ហៅ​ពួក​នេសាទ​ជា​ច្រើន​មក អ្នក​ទាំង​នោះ​នឹង​បង់​សំណាញ់​ប្រមូល​គេ លំដាប់​នោះ​អញ​នឹង​ចាត់​ឲ្យ​ទៅ​ហៅ​ពួក​ព្រាន​ជា​ច្រើន​មក អ្នក​ទាំង​នោះ​នឹង​ដេញ​ចាប់​គេ​នៅ​លើ​គ្រប់​ទាំង​ភ្នំ​ធំ និង​ភ្នំ​តូច ហើយ​នៅ​ក្រហែង​ថ្ម​ទាំង​ប៉ុន្មាន​ផង
17 ដ្បិត​ភ្នែក​អញ​មើល​ឃើញ​អស់​ទាំង​ផ្លូវ​របស់​គេ ហើយ​គេ​មិន​កំបាំង​ពី​មុខ​អញ​ទេ ឯ​អំពើ​ទុច្ចរិត​របស់​គេ​ក៏​មិន​បិទ​បាំង​ពី​ភ្នែក​អញ​ដែរ
18 នោះ​មុន​ដំបូង​អញ​នឹង​សង​អំពើ​ទុច្ចរិត និង​អំពើ​បាប​របស់​គេ​១​ជា​២ ពី​ព្រោះ​គេ​បាន​ធ្វើ​ឲ្យ​ស្រុក​អញ​ទៅ​ជា​ស្មោក‌គ្រោក ដោយ​សាក‌សព​នៃ​រូប​ព្រះ​គួរ​ខ្ពើម ហើយ​បាន​បំពេញ​ស្រុក​ជា​មរដក​របស់​អញ ដោយ​របស់​គួរ​ខ្ពើម​ឆ្អើម​របស់​គេ។
19 ឱ​ព្រះ‌យេហូវ៉ា​ជា​កម្លាំង​នៃ​ទូល‌បង្គំ ជា​ទី​មាំ‌មួន ហើយ​ជា​ទី​ពឹង​ជ្រក​ដល់​ទូល‌បង្គំ នៅ​គ្រា​លំបាក​អើយ ពួក​សាសន៍​ទាំង​ប៉ុន្មាន​នឹង​មក​ឯ​ទ្រង់ ពី​អស់​ទាំង​ចុង​ផែនដី​បំផុត ហើយ​គេ​នឹង​ទូល​ថា ពួក​អយ្យ‌កោ​របស់​យើង​ខ្ញុំ​បាន​ទទួល​តែ​សេចក្ដី​កំភូត​ទទេ គឺ​ជា​សេចក្ដី​អសារ​ឥត​ការ និង​សេចក្ដី​ដែល​ឥត​មាន​ប្រយោជន៍​អ្វី​ឡើយ
20 តើ​មាន​ទំនង​ឲ្យ​មនុស្ស​ធ្វើ​ព្រះ​សម្រាប់​ខ្លួន ដែល​មិន​មែន​ជា​ព្រះ​ពិត​ដែរ​ឬ
21 ដូច្នេះ មើល អញ​នឹង​ធ្វើ​ឲ្យ​គេ​ស្គាល់ អើ ម្តង​នេះ​អញ​នឹង​ធ្វើ​គេ​ស្គាល់​ដៃ​អញ និង​ឥទ្ធិ‌ឫទ្ធិ​របស់​អញ នោះ​គេ​នឹង​ស្គាល់​ឈ្មោះ​អញ ថា​ជា​ព្រះ‌យេហូវ៉ា។


ជំពូក 17

1 អំពើ​បាប​របស់​ពួក​យូដា​បាន​ចារឹក​ទុក ដោយ​ដែក​ចារ​មាន​ចុង​ជា​ពេជ្រ គឺ​បាន​ចារឹក​ទុក​នៅ​បន្ទះ​ចិត្ត​គេ ហើយ​នៅ​ស្នែង​អាសនៈ​របស់​គេ​ដែរ
2 ម្លោះ​ហើយ កូន​ចៅ​គេ​នឹក​ចាំ​តែ​អាសនៈ និង​រូប​ព្រះ​របស់​គេ ដែល​នៅ​ក្រោម​អស់​ទាំង​ដើម​ឈើ​ខៀវ​ខ្ចី នៅ​លើ​ភ្នំ​តូច​ទាំង​ប៉ុន្មាន
3 ឱ​ភ្នំ និង​វាល​របស់​អញ​អើយ អញ​នឹង​ឲ្យ​គេ​ចាប់​យក​ធន‌ធាន និង​ទ្រព្យ‌សម្បត្តិ​របស់​ឯង​ទុក​ជា​របឹប ព្រម​ទាំង​ទី​ខ្ពស់​ទាំង​ប៉ុន្មាន​របស់​ឯង​ផង ដោយ​ព្រោះ​អំពើ​បាប​ដែល​ប្រព្រឹត្ត​នៅ​ពេញ​ក្នុង​ព្រំ‌ដែន​របស់​ឯង
4 ហើយ​ឯង​នឹង​ត្រូវ​ចាក​ចោល​មរដក​របស់​ឯង ដែល​អញ​បាន​ឲ្យ​នោះ គឺ​ដោយ​ព្រោះ​តែ​កំហុស​របស់​ខ្លួន​ទេ ហើយ​អញ​នឹង​ឲ្យ​ឯង​បម្រើ​ដល់​ពួក​ខ្មាំង​នៅ​ស្រុក​១​ដែល​ឯង​មិន​ស្គាល់ ដ្បិត​ឯង​រាល់​គ្នា​បាន​បង្កាត់​ភ្លើង​ក្នុង​សេចក្ដី​កំហឹង​របស់​អញ ដែល​នឹង​ឆេះ​ជា​ដរាប។
5 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ត្រូវ​បណ្តាសា​ហើយ អ្នក​ណា​ដែល​ទី​ពឹង​ដល់​មនុស្ស ហើយ​យក​សាច់​ឈាម​ជា​ដៃ​របស់​ខ្លួន ជា​អ្នក​ដែល​មាន​ចិត្ត​ដក​ថយ​ចេញ​ពី​ព្រះ‌យេហូវ៉ា
6 ដ្បិត​អ្នក​នោះ​នឹង​បាន​ដូច​ជា​ដើម​ឈើ​សោះ‌កក្រោះ​នៅ​សមុទ្រ​ខ្សាច់ បើ​កាល​ណា​មាន​សេចក្ដី​ល្អ​មក​ដល់ នោះ​នឹង​មិន​ឃើញ​ទេ គឺ​នឹង​ត្រូវ​អាស្រ័យ​នៅ​កន្លែង​ហួត‌ហែង​ក្នុង​ទី​រហោ‌ស្ថាន ជា​ដី​ប្រៃ​ឥត​មាន​អ្នក​ណា​នៅ​វិញ
7 តែ​មាន​ពរ​ហើយ អ្នក​ណា​ដែល​ទី​ពឹង​ដល់​ព្រះ‌យេហូវ៉ា ហើយ​ដែល​ទុក​ចិត្ត​នឹង​ទ្រង់
8 ដ្បិត​អ្នក​នោះ​នឹង​បាន​ដូច​ជា​ដើម​ឈើ​ដាំ​នៅ​មាត់​ទឹក ដែល​ចាក់​ឫស​ទៅ​ក្បែរ​ទន្លេ ឥត​ដឹង​រដូវ​ក្តៅ​ទេ គឺ​ស្លឹក​នៅ​តែ​ខៀវ​ខ្ចី​វិញ ហើយ​មិន​រឹត​ត្បិត​នៅ​ឆ្នាំ​ដែល​រាំង‌រឹះ​ឡើយ ក៏​មិន​ដែល​ខាន​នឹង​កើត​ផល​ដែរ។
9 ឯ​ចិត្ត​ជា​គ្រឿង​បញ្ឆោត​លើស​ជាង​ទាំង​អស់ ហើយ​ក៏​អាក្រក់​ហួស​ល្បត់​ផង តើ​អ្នក​ណា​នឹង​អាច​ស្គាល់​បាន
10 អញ​នេះ គឺ​ព្រះ‌យេហូវ៉ា អញ​ស្ទង់​ចិត្ត អញ​ក៏​ល្បង​ល​ថ្លើម ដើម្បី​នឹង​សង​ដល់​មនុស្ស​ទាំង​អស់​តាម​ផ្លូវ​គេ​ប្រព្រឹត្ត ហើយ​តាម​ផល​នៃ​កិរិយា​របស់​គេ
11 ឯ​ទទា​ដែល​ក្រាប​ពង​ឥត​បាន​ភ្ញាស់​ជា​យ៉ាង​ណា នោះ​អ្នក​ដែល​ប្រមូល​ទ្រព្យ​សម្បត្តិ មិន​មែន​ដោយ​ទៀង​ត្រង់​ក៏​យ៉ាង​នោះ​ដែរ ទ្រព្យ​សម្បត្តិ​នោះ​នឹង​លះ​ចោល​គេ កាល​នៅ​ពាក់​កណ្តាល​អាយុ​នៅ​ឡើយ ហើយ​ដល់​ចុង​បំផុត គេ​នឹង​ទៅ​ជា​ឆ្កួត​ផង។
12 កន្លែង​នៃ​ទី​បរិសុទ្ធ​របស់​យើង​ជា​បល្ល័ង្ក​ឧត្ដម‌ឧត្ដុង្គ​ដែល​បាន​តម្កល់​នៅ​ខ្ពស់ ចាប់​តាំង​ពី​ដើម​មក
13 ឱ​ព្រះ‌យេហូវ៉ា​ជា​ទី​សង្ឃឹម​នៃ​សាសន៍​អ៊ីស្រា‌អែល​អើយ អស់​អ្នក​ណា​ដែល​បោះ‌បង់​ចោល​ទ្រង់ នោះ​នឹង​ត្រូវ​ខ្មាស ពួក​អ្នក​ដែល​ថយ​ចេញ​ពី​អញ​ទៅ នោះ​នឹង​មាន​ឈ្មោះ​កត់​ទុក​នៅ​ផែនដី ដោយ​ព្រោះ​គេ​បាន​ចោល​ព្រះ‌យេហូវ៉ា ដែល​ទ្រង់​ជា​ក្បាល​ទឹក​រស់។
14 ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ប្រោស​ទូល‌បង្គំ​ឲ្យ​ជា​ផង នោះ​ទូល‌បង្គំ​នឹង​បាន​ជាៗ​ពិត សូម​ជួយ​សង្គ្រោះ​ទូល‌បង្គំ នោះ​ទូល‌បង្គំ​នឹង​បាន​រួច​ពិត ដ្បិត​ទ្រង់​ជា​ទី​សរសើរ​របស់​ទូល‌បង្គំ
15 មើល គេ​សួរ​ទូល‌បង្គំ​ថា តើ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​នៅ​ឯ​ណា ឲ្យ​ការ​នោះ​មក​ឥឡូវ​ចុះ
16 តែ​ឯ​ទូល‌បង្គំ​វិញ ទូល‌បង្គំ​មិន​បាន​រហ័ស​នឹង​លែង​ធ្វើ​ជា​អ្នក​គង្វាល​តាម​ទ្រង់​ឡើយ ក៏​មិន​បាន​ប្រាថ្នា​ឲ្យ​ថ្ងៃ​វេទនា​នោះ​មក​ដែរ ទ្រង់​ជ្រាប​ហើយ ដ្បិត​សេចក្ដី​ដែល​ចេញ​ពី​បបូរ​មាត់​ទូល‌បង្គំ សុទ្ធ​តែ​នៅ​ចំពោះ​ទ្រង់​ទាំង​អស់
17 សូម​កុំ​ឲ្យ​ទ្រង់​បាន​ធ្វើ​ជា​សេចក្ដី​ស្ញែង​ខ្លាច ដល់​ទូល‌បង្គំ​ឡើយ ទ្រង់​ជា​ទី​ពឹង​ជ្រក​នៃ​ទូល‌បង្គំ​ក្នុង​ថ្ងៃ​អាក្រក់
18 សូម​ឲ្យ​ពួក​អ្នក​ដែល​បៀត‌បៀន​ដល់​ទូល‌បង្គំ​ត្រូវ​អៀន‌ខ្មាស តែ​កុំ​ឲ្យ​ទូល‌បង្គំ​ត្រូវ​ខ្មាស​ឡើយ សូម​ឲ្យ​គេ​ត្រូវ​ស្រយុត​ចិត្ត​ទៅ តែ​កុំ​ឲ្យ​ទូល‌បង្គំ​ត្រូវ​ស្រយុត​ចិត្ត​ឲ្យ​សោះ សូម​នាំ​ថ្ងៃ​អាក្រក់​នោះ​ឲ្យ​មក​លើ​គេ​វិញ ហើយ​បំផ្លាញ​គេ ដោយ​ការ​បំផ្លាញ​១​ជា​២​ផង។
19 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច្នេះ​ថា ចូរ​ទៅ​ឈរ​នៅ​មាត់​ទ្វារ​ក្រុង​នៃ​ពួក​កូន​ចៅ​សាសន៍​នេះ ជា​ទ្វារ​ដែល​ពួក​ស្តេច​យូដា​ធ្លាប់​ចេញ​ចូល ហើយ​នៅ​ត្រង់​ទ្វារ​ក្រុង​យេរូ‌សាឡឹម​ទាំង​អស់​ដែរ
20 ត្រូវ​ឲ្យ​ប្រាប់​គេ​ថា ឱ​ពួក​ស្តេច​យូដា និង​បណ្តា‌សាសន៍​យូដា​ទាំង​អស់ ហើយ​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡឹម ដែល​ចូល​តាម​ទ្វារ​ទាំង​នេះ​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ចុះ
21 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ចូរ​ប្រុង​ប្រយ័ត​ខ្លួន កុំ​ឲ្យ​លី‌សែង​បន្ទុក​អ្វី ចូល​មក​តាម​ទ្វារ​ក្រុង​យេរូ‌សាឡឹម នៅ​ថ្ងៃ​ឈប់​សម្រាក​ឡើយ
22 ក៏​កុំ​ឲ្យ​លី‌សែង​បន្ទុក​អ្វី​ចេញ​ពី​ផ្ទះ​ឯង​រាល់​គ្នា ឬ​ធ្វើ​ការ​អ្វី​នៅ​ថ្ងៃ​ឈប់​សម្រាក​ដែរ ត្រូវ​ឲ្យ​ញែក​ថ្ងៃ​ឈប់​សម្រាក​ទុក​ជា​ថ្ងៃ​បរិសុទ្ធ​វិញ ដូច​ជា​អញ​បាន​បង្គាប់​ដល់​ពួក​អយ្យ‌កោ​ឯង​រាល់​គ្នា​ហើយ
23 ប៉ុន្តែ គេ​មិន​បាន​ស្តាប់​តាម ឬ​ផ្ទៀង​ត្រចៀក​ឡើយ គឺ​គេ​តាំង​ចិត្ត​រឹង‌រូស​វិញ​ដើម្បី​មិន​ឲ្យ​ឮ ឬ​ទទួល​សេចក្ដី​ប្រៀន‌ប្រដៅ​សោះ។
24 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា បើ​សិន​ជា​ឯង​រាល់​គ្នា​នឹង​ខំ​ព្យាយាម​ស្តាប់​តាម​អញ ដើម្បី​មិន​ឲ្យ​លី‌សែង​បន្ទុក​ណា​ចូល​មក​តាម​ទ្វារ​ក្រុង​នេះ នៅ​ថ្ងៃ​ឈប់​សម្រាក គឺ​នឹង​ញែក​ថ្ងៃ​ឈប់​សម្រាក​ទុក​ជា​ថ្ងៃ​បរិសុទ្ធ​វិញ ឥត​ធ្វើ​ការ​អ្វី​នៅ​ថ្ងៃ​នោះ
25 នោះ​នឹង​មាន​ស្តេច ហើយ​និង​ពួក​ចៅ‌ហ្វាយ ដែល​គង់​លើ​បល្ល័ង្ក​ដាវីឌ ចូល​មក​តាម​ទ្វារ​ក្រុង​នេះ គេ​នឹង​ជិះ​រាជ‌រថ ហើយ​និង​សេះ ទាំង​ខ្លួន​គេ និង​ពួក​ចៅ‌ហ្វាយ ព្រម​ទាំង​បណ្តា​មនុស្ស​នៅ​ស្រុក​យូដា និង​ពួក​អ្នក​នៅ​ក្រុង​យេសាឡិម​ទាំង​ប៉ុន្មាន​ផង ហើយ​ទី​ក្រុង​នេះ​នឹង​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប​ត​ទៅ
26 មនុស្ស​នឹង​មក​ពី​អស់​ទាំង​ទី​ក្រុង​នៅ​ស្រុក​យូដា ពី​តំបន់​នៅ​ជុំវិញ​នៃ​ក្រុង​យេរូ‌សាឡឹម ពី​ស្រុក​បេន‌យ៉ាមីន ពី​ស្រុក​ទំនាប ពី​ស្រុក​ភ្នំ ពី​ស្រុក​ត្បូង នាំ​យក​តង្វាយ​ដុត យញ្ញ‌បូជា តង្វាយ​ម្សៅ កំញាន និង​តង្វាយ​សម្រាប់​អរ​ព្រះ‌គុណ មក​ដល់​ទី​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា
27 តែ​បើ​ឯង​រាល់​គ្នា​មិន​ព្រម​ស្តាប់​តាម​អញ ដើម្បី​នឹង​ញែក​ថ្ងៃ​ឈប់​សម្រាក​ទុក​ជា​ថ្ងៃ​បរិសុទ្ធ ហើយ​លែង​លី‌សែង​បន្ទុក​ចូល​តាម​ទ្វារ​ក្រុង​យេរូ‌សាឡឹម នៅ​ថ្ងៃ​ឈប់​សម្រាក​ទេ នោះ​អញ​នឹង​បង្កាត់​ភ្លើង​នៅ​ទ្វារ​ក្រុង​ទាំង​ប៉ុន្មាន ហើយ​ភ្លើង​នោះ​នឹង​ឆេះ​បំផ្លាញ​អស់​ទាំង​ដំណាក់ នៅ​ក្រុង​យេរូ‌សាឡឹម​ទៅ ឥត​ដែល​រលត់​ឡើយ។


ជំពូក 18

1 នេះ​ជា​ព្រះ‌បន្ទូល​ដែល​មក​ពី​ព្រះ‌យេហូវ៉ា​ដល់​យេរេមា​ថា
2 ចូរ​ក្រោក​ឡើង ចុះ​ទៅ​ឯ​ផ្ទះ​ជាង​ស្មូន នៅ​ទី​នោះ អញ​នឹង​ឲ្យ​ឯង​ឮ​ពាក្យ​អញ
3 ដូច្នេះ ខ្ញុំ​ក៏​ចុះ​ទៅ​ដល់​ផ្ទះ​របស់​ជាង​ស្មូន ហើយ​មើល គាត់​កំពុង​តែ​ធ្វើ​ការ​នៅ​លើ​តុ​វិល
4 បើ​កាល​ណា​ភាជនៈ​ដែល​គាត់​កំពុង​ធ្វើ​ពី​ដី​ឥដ្ឋ​បាន​ខូច​នៅ​ដៃ​គាត់ នោះ​ក៏​ធ្វើ​ឡើង​ជា​ភាជនៈ​ផ្សេង​ទៀត​វិញ តាម​ដែល​គាត់​យល់​ឃើញ​ថា​គួរ។
5 ខណៈ​នោះ ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ក៏​មក​ដល់​ខ្ញុំ​ថា
6 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​ដូច្នេះ ឱ​ពួក​វង្ស​អ៊ីស្រា‌អែល​អើយ តើ​អញ​គ្មាន​អំណាច​នឹង​ធ្វើ​ដល់​ឯង​រាល់​គ្នា ដូច​ជា​ជាង​ស្មូន​នេះ​បាន​ធ្វើ​ដែរ​ទេ​ឬ​អី មើល ឱ​ពួក​វង្ស​អ៊ីស្រា‌អែល​អើយ ដី​ឥដ្ឋ​នៅ​ក្នុង​ដៃ​របស់​ជាង​ស្មូន​យ៉ាង​ណា នោះ​ឯង​រាល់​គ្នា​ក៏​នៅ​ក្នុង​ដៃ​អញ​យ៉ាង​នោះ​ដែរ
7 នៅ​វេលា​ណា​ដែល​អញ​និយាយ​ពី​ដំណើរ​សាសន៍​ណា ឬ​នគរ​ណា​ថា នឹង​ដក​រំលើង​គេ ព្រម​ទាំង​រំលំ ហើយ​បំផ្លាញ​ផង
8 បើ​សិន​ជា​នគរ​ដែល​អញ​បាន​និយាយ​នោះ នឹង​បែរ​ចេញ​ពី​អំពើ​អាក្រក់​របស់​ខ្លួន នោះ​អញ​នឹង​ប្រែ​គំនិត​ចេញ​ពី​ការ​អាក្រក់ ដែល​អញ​បាន​គិត​ធ្វើ​ដល់​គេ​ក្នុង​វេលា​នោះ​ឯង
9 ហើយ​នៅ​វេលា​ណា​ដែល​អញ​និយាយ​ពី​សាសន៍​ណា ឬ​នគរ​ណា ថា​នឹង​ស្អាង​គេ ហើយ​តាំង​គេ​ឡើង
10 បើ​សិន​ជា​គេ​ប្រព្រឹត្ត​អំពើ​អាក្រក់​នៅ​ភ្នែក​អញ ហើយ​មិន​ស្តាប់​តាម​ពាក្យ​អញ​វិញ នោះ​អញ​នឹង​ប្រែ​គំនិត​ចេញ​ពី​ការ​ល្អ ដែល​អញ​បាន​ថា​នឹង​ធ្វើ​ដល់​គេ​នៅ​វេលា​នោះ​ដែរ
11 ដូច្នេះ ចូរ​ប្រាប់​ដល់​មនុស្ស​នៅ​ស្រុក​យូដា ហើយ​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡឹម​ឥឡូវ​នេះ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ មើល អញ​កំពុង​តែ​ឡោម‌ព័ទ្ធ​ឯង​រាល់​គ្នា​ជុំវិញ​ដោយ​ការ​អាក្រក់ ហើយ​ក៏​មាន​គំនិត​ទាស់​នឹង​ឯង​ដែរ ដូច្នេះ ចូរ​វិល​មក​ពី​ផ្លូវ​អាក្រក់​របស់​ឯង​រៀង​ខ្លួន ហើយ​ឲ្យ​កែ​ប្រែ​ផ្លូវ​ប្រព្រឹត្ត និង​កិរិយា​របស់​ឯង​ឡើង​វិញ​ឥឡូវ​ចុះ
12 តែ​គេ​ឆ្លើយ​ថា ឥត​ប្រយោជន៍​ទេ ដ្បិត​យើង​រាល់​គ្នា​នឹង​ដើរ​តាម​តែ​គំនិត​របស់​យើង​ប៉ុណ្ណោះ យើង​រាល់​គ្នា​នឹង​ធ្វើ​តាម​តែ​សេចក្ដី​រឹង‌ចចេស​នៃ​ចិត្ត​អាក្រក់​របស់​យើង​រៀង​ខ្លួន។
13 ហេតុ​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ចូរ​ស៊ើប​សួរ​រក​នៅ​កណ្តាល​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន​ចុះ តើ​ដែល​មាន​អ្នក​ណា​ឮ​និយាយ​ពី​ការ​យ៉ាង​នេះ​ឬ​ទេ នាង​ក្រមុំ​នៃ​ពួក​អ៊ីស្រា‌អែល​បាន​ប្រព្រឹត្ត​ការ​ដ៏​ពន្លឹក​គួរ​ស្បើម
14 តើ​ហិមៈ​នៅ​លើ​ភ្នំ​ល្បាណូន នឹង​លែង​មាន​ពី​ថ្ម​នៅ​វាល​បាន​ឬ តើ​ទឹក​ត្រជាក់​ដែល​ហូរ​ចុះ​មក​ពី​ទី​ឆ្ងាយ នឹង​ហួត​បាត់​ទៅ​ឬ​អី
15 ដ្បិត​ឯ​រាស្ត្រ​អញ​នេះ គេ​បាន​ភ្លេច​អញ​ហើយ គេ​បាន​ដុត​កំញាន​ថ្វាយ​ដល់​អស់​ទាំង​ព្រះ​ក្លែង‌ក្លាយ ហើយ​គេ​ត្រូវ​ចំពប់​ក្នុង​ផ្លូវ​របស់​ខ្លួន គឺ​ជា​ផ្លូវ​ពី​ចាស់​បុរាណ ឲ្យ​បាន​ដើរ​វាង​ទៅ​តាម​ផ្លូវ​ច្រក​ដែល​មិន​បាន​លើក​ឡើយ
16 ដើម្បី​ឲ្យ​ស្រុក​គេ​បាន​ត្រឡប់​ជា​ទី​ស្រឡាំង‌កាំង ហើយ​ជា​ទី​ដែល​មនុស្ស​ធ្វើ​ស៊ីស‌ស៊ូស​ឲ្យ​ជានិច្ច អស់​អ្នក​ណា​ដែល​ដើរ​តាម​ស្រុក​នោះ នឹង​ភាំង​ឆ្ងល់ ហើយ​គ្រវី​ក្បាល​ផង
17 អញ​នឹង​កម្ចាត់‌កម្ចាយ​គេ​នៅ​ចំពោះ​ពួក​ខ្មាំង​សត្រូវ ហាក់​ដូច​ជា​មាន​ខ្យល់​ពី​ទិស​ខាង​កើត​ផាត់​ទៅ ឯ​អញ​នឹង​បែរ​ខ្នង​ដល់​គេ មិន​មែន​បែរ​មុខ​មើល​គេ ក្នុង​វេលា​ដែល​គេ​មាន​សេចក្ដី​វេទនា​នោះ​ឡើយ។
18 លំដាប់​នោះ គេ​បបួល​គ្នា​ថា ចូរ​មក យើង​រក​បង្កើត​ឧបាយ​ទាស់​នឹង​យេរេមា​ចុះ ដ្បិត​ក្រឹត្យ‌វិន័យ​នឹង​មិន​ដែល​សូន្យ​បាត់​ពី​ពួក​សង្ឃ ឬ​សេចក្ដី​ប្រឹក្សា​ពី​ពួក​អ្នក​ប្រាជ្ញ ឬ​ព្រះ‌បន្ទូល​ពី​ពួក​ហោរា​ឡើយ ចូរ​មក​ចុះ យើង​នឹង​វាយ​វា​ដោយ​អណ្តាត កុំ​ឲ្យ​យើង​ស្តាប់​តាម​ពាក្យ​ណា​របស់​វា​ទៀត​ឡើយ។
19 ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​ប្រុង​ស្តាប់​ទូល‌បង្គំ​សូម​ស្តាប់​ពាក្យ​របស់​ពួក​អ្នក​ដែល​តតាំង​នឹង​ទូល‌បង្គំ​ផង
20 តើ​នឹង​យក​ការ​អាក្រក់​ស្នង​នឹង​ការ​ល្អ​ឬ​អី ដ្បិត​គេ​បាន​ជីក​រណ្តៅ ដើម្បី​ចាប់​ព្រលឹង​ទូល‌បង្គំ​ហើយ សូម​នឹក​ចាំ​ពី​ទូល‌បង្គំ ដែល​បាន​ឈរ​នៅ​ចំពោះ​ទ្រង់ ដើម្បី​សូម​សេចក្ដី​ល្អ​ឲ្យ​គេ ហើយ​និង​បំបែរ​សេចក្ដី​ក្រោធ​របស់​ទ្រង់​ចេញ​ពី​គេ​ដែរ
21 ដូច្នេះ សូម​ទ្រង់​ប្រគល់​កូន​ចៅ​គេ​ដល់​សេចក្ដី​អំណត់‌អត់ ហើយ​ខ្លួន​គេ​ដល់​អំណាច​ដាវ​ផង សូម​ឲ្យ​ប្រពន្ធ​គេ​នៅ​ជា​ឥត​មាន​កូន និង​ជា​មេម៉ាយ ហើយ​ឲ្យ​ពួក​ប្រុសៗ​របស់​គេ​ត្រូវ​ស្លាប់ និង​ពួក​កំលោះៗ​របស់​គេ​ត្រូវ​របួស ដោយ​ដាវ​ក្នុង​សង្គ្រាម
22 សូម​ឲ្យ​មាន​ឮ​សម្រែក​ចេញ​ពី​ផ្ទះ​គេ ក្នុង​កាល​ដែល​ទ្រង់​នាំ​ពួក​ពល‌ទ័ព​មក​លើ​គេ​ភ្លាម ដ្បិត​គេ​បាន​ជីក​រណ្តៅ ដើម្បី​នឹង​ចាប់​ទូល‌បង្គំ​ហើយ​ក៏​បាន​លាក់​អន្ទាក់ ដើម្បី​នឹង​ទាក់​ជើង​ទូល‌បង្គំ​ផង
23 ប៉ុន្តែ ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​ជ្រាប​អស់​ទាំង​គំនិត ដែល​គេ​ប្រឹក្សា​គ្នា ដើម្បី​សម្លាប់​ទូល‌បង្គំ​ហើយ សូម​ទ្រង់​កុំ​អត់​ទោស​ចំពោះ​សេចក្ដី​ទុច្ចរិត​របស់​គេ​ឡើយ ក៏​កុំ​ឲ្យ​លុប​អំពើ​បាប​របស់​គេ​ពី​ចំពោះ​ទ្រង់​ដែរ គឺ​ឲ្យ​គេ​ត្រូវ​ដួល​នៅ​ចំពោះ​ទ្រង់​វិញ សូម​ទ្រង់​សម្រេច​ដល់​គេ ក្នុង​វេលា​ដែល​ទ្រង់​មាន​សេចក្ដី​ខ្ញាល់​ចុះ។


ជំពូក 19

1 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ចូរ​ទៅ​ទិញ​ក្អម​ធ្វើ​ដោយ​ដី ពី​ជាង​ស្មូន​មក រួច​នាំ​ពួក​ចាស់‌ទុំ​នៃ​បណ្តា‌ជន និង​ពួក​ចាស់‌ទុំ​ក្នុង​ពួក​សង្ឃ
2 ចេញ​ទៅ​ឯ​ច្រក​ភ្នំ​នៃ​កូន​ចៅ​ហ៊ីនណំម ដែល​នៅ​ត្រង់​មុខ​ទ្វារ​ចូល​ហារស៊ីត ហើយ​ប្រកាស​ប្រាប់​ពាក្យ​ទាំង​ប៉ុន្មាន​នៅ​ទី​នោះ ដែល​អញ​នឹង​ប្រាប់​ដល់​ឯង
3 ត្រូវ​ឲ្យ​ប្រាប់​ថា ឱ​ពួក​ស្តេច​ស្រុក​យូដា និង​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡឹម​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ចុះ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា មើល អញ​នឹង​នាំ​សេចក្ដី​អាក្រក់​មក​លើ​ទី​នេះ ដែល​អ្នក​ណា​ឮ នោះ​នឹង​ខ្ទ័រ​ត្រចៀក
4 ដ្បិត​គេ​បាន​បោះ‌បង់​ចោល​អញ ហើយ​បាន​បង្អាប់​ទី​នេះ ព្រម​ទាំង​ដុត​កំញាន​នៅ​ទី​នេះ​ថ្វាយ​ដល់​ព្រះ​ដទៃ ជា​ព្រះ​ដែល​ទោះ​ទាំង​ខ្លួន​គេ ពួក​អយ្យ‌កោ​គេ ឬ​ពួក​ស្តេច​សាសន៍​យូដា ក៏​មិន​បាន​ស្គាល់​ផង ហើយ​បាន​ធ្វើ​ឲ្យ​ទី​នេះ​ពេញ ដោយ​ឈាម​នៃ​មនុស្ស​ដែល​ឥត​មាន​ទោស​ដែរ
5 គេ​បាន​ស្អាង​អស់​ទាំង​ទី​ខ្ពស់​របស់​ព្រះ‌បាល​សម្រាប់​នឹង​ដុត​កូន​ប្រុសៗ​របស់​គេ ទុក​ជា​តង្វាយ​ដុត​ថ្វាយ​ព្រះ‌បាល ជា​ការ​ដែល​អញ​មិន​បាន​បង្គាប់​ដល់​គេ ឬ​និយាយ​ឡើយ ក៏​មិន​បាន​ចូល​ក្នុង​គំនិត​អញ​ដែរ
6 ដូច្នេះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា មើល នឹង​មាន​គ្រា​មក​ដល់ ដែល​គេ​នឹង​លែង​ហៅ​ទី​នេះ​ថា តូផែត ឬ​ថា ច្រក​ភ្នំ​របស់​កូន​ចៅ​ហ៊ីនណំម​ទៀត គឺ​នឹង​ហៅ​ថា ច្រក​ភ្នំ​សំឡេះ​វិញ
7 គ្រា​នោះ អញ​នឹង​ធ្វើ​ឲ្យ​សេចក្ដី​ប្រឹក្សា​របស់​ពួក​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡឹម​សូន្យ​បាត់​នៅ​ទី​នេះ ព្រម​ទាំង​ធ្វើ​ឲ្យ​គេ​ដួល​ដោយ​ដាវ នៅ​មុខ​ពួក​ខ្មាំង​សត្រូវ​របស់​គេ ហើយ​ដោយ​ដៃ​នៃ​ពួក​អ្នក​ដែល​រក​ជីវិត​គេ​ផង ឯ​សាក‌សព​របស់​គេ អញ​នឹង​ប្រគល់​ជា​អាហារ​ដល់​សត្វ​ហើរ​លើ​អាកាស និង​សត្វ​ជើង​៤​នៅ​ផែនដី
8 អញ​នឹង​ធ្វើ​ឲ្យ​ទី​ក្រុង​នេះ​ទៅ​ជា​ទី​ស្រឡាំង‌កាំង ហើយ​ជា​ទី​ដែល​គេ​នឹង​ធ្វើ​ស៊ីស‌ស៊ូស​ឲ្យ អស់​អ្នក​ណា​ដែល​ដើរ​មក​ជិត គេ​នឹង​ភាំង​ឆ្ងល់ ហើយ​និង​ធ្វើ​ស៊ីស‌ស៊ូស ដោយ​ព្រោះ​គ្រប់​ទាំង​សេចក្ដី​វេទនា​របស់​ក្រុង​នេះ
9 អញ​នឹង​ធ្វើ​ឲ្យ​គេ​ស៊ី​សាច់​កូន​ប្រុស​កូន​ស្រី​របស់​ខ្លួន ហើយ​គ្រប់​គ្នា​នឹង​ស៊ី​សាច់​ភឿន‌មិត្ត​របស់​ខ្លួន ក្នុង​គ្រា​ដែល​ពួក​ខ្មាំង​ឡោម‌ព័ទ្ធ ហើយ​ក្នុង​សេចក្ដី​វេទនា ដែល​ពួក​ខ្មាំង​សត្រូវ​នឹង​ធ្វើ​ដល់​គេ ដើម្បី​រក​ប្រហារ​ជីវិត​គេ។
10 លំដាប់​នោះ ត្រូវ​ឲ្យ​ឯង​បំបែក​ក្អម​នោះ នៅ​មុខ​ពួក​មនុស្ស​ដែល​បាន​ទៅ​ជា​មួយ​នឹង​ឯង
11 ហើយ​ត្រូវ​ប្រាប់​ដល់​គេ​ថា ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ គឺ​បែប​យ៉ាង​នេះ​ឯង ដែល​អញ​នឹង​បំបែក​បំបាក់​សាសន៍​នេះ ហើយ​ទី​ក្រុង​នេះ​ផង គឺ​ដូច​ជា​អ្នក​ណា​បំបែក​ក្អម​របស់​ជាង​ស្មូន ឲ្យ​ផ្គុំ​ឡើង​វិញ​មិន​បាន​ដែរ ហើយ​មនុស្ស​នឹង​កប់​ខ្មោច​គេ​នៅ​ត្រង់​តូផែត ទាល់​តែ​គ្មាន​កន្លែង​ទៀត
12 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​នឹង​ធ្វើ​ដូច្នេះ​ដល់​ទី​នេះ ហើយ​ដល់​ពួក​អ្នក​ដែល​អាស្រ័យ​នៅ គឺ​នឹង​ធ្វើ​ឲ្យ​ទី​ក្រុង​នេះ​ត្រឡប់​ទៅ​ដូច​ជា​តូផែត​ផង
13 អស់​ទាំង​ផ្ទះ​នៅ​ក្រុង​យេរូ‌សាឡឹម និង​ដំណាក់​នៃ​ស្តេច​ស្រុក​យូដា​ទាំង​ប៉ុន្មាន ដែល​គេ​បាន​ធ្វើ​ឲ្យ​ស្មោក‌គ្រោក​ហើយ នោះ​នឹង​បាន​ដូច​ជា​ទី​តូផែត​នេះ​ដែរ គឺ​អស់​ទាំង​ផ្ទះ​ណា​ដែល​គេ​បាន​ឡើង​ទៅ​លើ​ដំបូល ដើម្បី​ដុត​កំញាន​ថ្វាយ​ដល់​ពួក​ពល‌បរិវារ​នៅ​លើ​មេឃ ហើយ​ច្រួច​តង្វាយ​ថ្វាយ​ដល់​ព្រះ​ដទៃ​នោះ​ឯង។
14 រួច​យេរេមា​ក៏​វិល​មក​ពី​តូផែត ជា​កន្លែង​ដែល​ព្រះ‌យេហូវ៉ា​បាន​ចាត់​ឲ្យ​លោក​ទៅ​ទាយ​នោះ លោក​ក៏​ឈរ​នៅ​ទីលាន​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា មាន​ប្រសាសន៍​ដល់​បណ្តា‌ជន​ទាំង‌ឡាយ​ថា
15 ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ មើល​អញ​នឹង​នាំ​គ្រប់​ទាំង​សេចក្ដី​អាក្រក់​មក​លើ​ក្រុង​នេះ ហើយ​និង​អស់​ទាំង​តំបន់​នៅ​ជុំវិញ ដូច​ជា​អញ​បាន​ប្រកាស​ប្រាប់​ទាស់​នឹង​គេ ពី​ព្រោះ​គេ​បាន​តាំង​ចិត្ត​រឹង‌រូស ដើម្បី​មិន​ឲ្យ​ឮ​ពាក្យ​របស់​អញ​ឡើយ។


ជំពូក 20

1 រីឯ​ផាស‌ហ៊ើរ ជា​កូន​អ៊ីមមើរ​ដ៏​ជា​សង្ឃ ដែល​ជា​នាយក​ធំ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា លោក​បាន​ឮ​កំពុង​ដែល​យេរេមា​ទាយ​សេចក្ដី​ទាំង​នេះ
2 ដូច្នេះ លោក​ក៏​វាយ​ហោរា​យេរេមា ហើយ​យក​ទៅ​ដាក់​គុក ដែល​នៅ​ត្រង់​ទ្វារ​បេន‌យ៉ាមីន​ខាង​លើ នា​កំផែង​របស់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា
3 លុះ​ដល់​ស្អែក​ឡើង ផាស‌ហ៊ើរ​ក៏​នាំ​យេរេមា​ចេញ​ពី​គុក​មក ខណៈ​នោះ យេរេមា​ប្រាប់​លោក​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មិន​បាន​ហៅ​ឈ្មោះ​លោក​ថា ផាស‌ហ៊ើរ នោះ​ទេ គឺ​ហៅ​ថា ម៉ាកោរ-មីស្សា‌ប៊ីប វិញ
4 ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ មើល អញ​នឹង​ធ្វើ​ឲ្យ​ឯង​ជា​ទី​ស្ញែង​ខ្លាច​ដល់​ខ្លួន ហើយ​ដល់​អស់​ទាំង​មិត្ត​សំឡាញ់​របស់​ឯង​ផង គេ​នឹង​ដួល​ដោយ​ដាវ​របស់​ពួក​ខ្មាំង​សត្រូវ ហើយ​ភ្នែក​របស់​ឯង​នឹង​ឃើញ​ដែរ អញ​នឹង​ប្រគល់​ស្រុក​យូដា​ទាំង​មូល​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ស្តេច​បាប៊ីឡូន ស្តេច​នោះ​នឹង​នាំ​គេ​ទៅ​ជា​ឈ្លើយ​ដល់​ស្រុក​បាប៊ីឡូន ព្រម​ទាំង​សម្លាប់​គេ​ដោយ​ដាវ​ផង
5 ១​ទៀត អញ​នឹង​ប្រគល់​អស់​ទាំង​ទ្រព្យ​សម្បត្តិ​នៃ​ក្រុង​នេះ ហើយ​ផល​ដែល​កើត​មាន​ទាំង​ប៉ុន្មាន ព្រម​ទាំង​របស់​ថ្លៃ​វិសេស​ទាំង​អស់​ផង អើ​អញ​នឹង​ប្រគល់​ព្រះ‌រាជ​ទ្រព្យ របស់​ពួក​ស្តេច​ស្រុក​យូដា​ទាំង​ប៉ុន្មាន​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ​គេ ពួក​នោះ​នឹង​ចាប់​យក​ជា​របឹប នាំ​ទៅ​ឯ​ស្រុក​បាប៊ីឡូន
6 ឯ​ឯង​ផាស‌ហ៊ើរ​អើយ ឯង និង​អស់​អ្នក​ដែល​អាស្រ័យ​នៅ​ផ្ទះ​ឯង នឹង​ត្រូវ​ដឹក‌នាំ​ទៅ​ជា​ឈ្លើយ គឺ​ឯង​នឹង​ត្រូវ​ទៅ​ដល់​ក្រុង​បាប៊ីឡូន នៅ​ទី​នោះ ឯង​នឹង​ត្រូវ​ស្លាប់ ហើយ​គេ​នឹង​កប់​ឯង​នៅ​ស្រុក​នោះ គឺ​ទាំង​ឯង និង​ពួក​មិត្ត​សំឡាញ់ ឯង​ដែល​ឯង​បាន​ទាយ​កុហក​ដល់​គេ​នោះ​ផង។
7 ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​បាន​បញ្ចុះ‌បញ្ចូល​ទូល‌បង្គំ ហើយ​ទូល‌បង្គំ​ក៏​បណ្តោយ​តាម ទ្រង់​មាន​កម្លាំង​ជាង ក៏​បាន​ឈ្នះ​ទូល‌បង្គំ​ហើយ ឯ​ទូល‌បង្គំ​បាន​ត្រឡប់​ជា​ទី​សើច​ឡក​រាល់​ថ្ងៃ​ជានិច្ច មនុស្ស​ទាំង​អស់​ចំអក​ឡក‌ឡឺយ​ឲ្យ​ទូល‌បង្គំ
8 ដ្បិត​វេលា​ណា​ដែល​ទូល‌បង្គំ​និយាយ នោះ​ទូល‌បង្គំ​ស្រែក​ឡើង ទូល‌បង្គំ​បន្លឺ​ពី​ការ​ច្រឡោត និង​ការ​បំផ្លាញ​ទទេ ពី​ព្រោះ​គេ​យក​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ធ្វើ​ឲ្យ​ត្រឡប់​ជា​សេចក្ដី​ដំណៀល​ដល់​ទូល‌បង្គំ ហើយ​ជា​សេចក្ដី​ឡក‌ឡឺយ​ឲ្យ​ទូល‌បង្គំ​ជានិច្ច​រាល់​ថ្ងៃ
9 តែ​បើ​កាល​ណា​ទូល‌បង្គំ​សម្រេច​ថា មិន​និយាយ​ដំណាល​ពី​ទ្រង់ ឬ​និយាយ​ដោយ​នូវ​ព្រះ‌នាម​ទ្រង់​ទៀត​ឡើយ នោះ​នៅ​ក្នុង​ចិត្ត​ទូល‌បង្គំ កើត​មាន​ដូច​ជា​ភ្លើង​ឆេះ ដែល​កប់​នៅ​ក្នុង​ឆ្អឹង​របស់​ទូល‌បង្គំ ហើយ​ទូល‌បង្គំ​ក៏​នឿយ​ហត់​ដោយ​ខំ​ទ្រាំ​ទប់ ទាល់​តែ​ទ្រាំ​មិន​បាន​ទៀត
10 ដ្បិត​ទូល‌បង្គំ​បាន​ឮ​ពាក្យ​បង្កាច់​របស់​មនុស្ស​ជា​ច្រើន ហើយ​មាន​សេចក្ដី​ស្ញែង​ខ្លាច​នៅ​ព័ទ្ធ​ជុំវិញ អស់​ទាំង​សំឡាញ់​ស្និទ្ធ‌ស្នាល​របស់​ទូល‌បង្គំ គេ​ជា​ពួក​អ្នក​ដែល​ចាំ​មើល​តែ​ទូល‌បង្គំ​ដួល​ដែរ គេ​ថា ចូរ​ស​ប្រាប់​ចុះ នោះ​យើង​នឹង​ស​ប្រាប់​ដូច​គ្នា ប្រហែល​ជា​យើង​នឹង​បញ្ចុះ​បញ្ចូល​វា​បាន​ទេ​ដឹង ដូច្នេះ យើង​នឹង​ឈ្នះ​វា​បាន នោះ​យើង​នឹង​សង‌សឹក​នឹង​វា
11 ប៉ុន្តែ ព្រះ‌យេហូវ៉ា​ទ្រង់​គង់​ជា​មួយ​នឹង​ទូល‌បង្គំ ទុក​ជា​មនុស្ស​ខ្លាំង​ពូកែ​ដែល​គួរ​ស្ញែង​ខ្លាច ហេតុ​នោះ ពួក​អ្នក​ដែល​បៀត‌បៀន​ទូល‌បង្គំ គេ​នឹង​ត្រូវ​ចំពប់​ដួល​ឥត​ឈ្នះ​បាន​ឡើយ គេ​នឹង​ត្រូវ​ខ្មាស​ជា​ទី​បំផុត ពី​ព្រោះ​គេ​នឹង​ធ្វើ​តាម​បំណង​ចិត្ត​មិន​បាន គឺ​ជា​សេចក្ដី​អាម៉ាស់​ខ្មាស​ដ៏​ស្ថិត‌ស្ថេរ​អស់‌កល្ប‌ជានិច្ច ឥត​ភ្លេច​បាន​ឡើយ
12 ប៉ុន្តែ ឱ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​ដែល​ល្បង​ល​ពួក​សុចរិត ហើយ​ទត​ឃើញ​ចិត្ត និង​ថ្លើម​អើយ សូម​ឲ្យ​ទូល‌បង្គំ​ឃើញ​ទ្រង់​សង‌សឹក​នឹង​គេ ដ្បិត​ទូល‌បង្គំ​បាន​សម្ដែង​ដើម​ហេតុ​នៃ​ទូល‌បង្គំ​ដល់​ទ្រង់​ហើយ
13 ចូរ​ច្រៀង​ថ្វាយ​ព្រះ‌យេហូវ៉ា ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា​ចុះ ដ្បិត​ទ្រង់​បាន​ដោះ​ព្រលឹង​របស់​មនុស្ស​វេទនា ឲ្យ​រួច​ចេញ​ពី​កណ្តាប់​ដៃ​នៃ​ពួក​ដែល​ប្រព្រឹត្ត​អាក្រក់។
14 សូម​ឲ្យ​ថ្ងៃ​ដែល​ខ្ញុំ​កើត​មក​ត្រូវ​បណ្តាសា​ចុះ កុំ​ឲ្យ​ថ្ងៃ​ដែល​ម្តាយ​បាន​សម្រាល​ខ្ញុំ​ចេញ​មក​នោះ បាន​ពរ​ឡើយ
15 សូម​ឲ្យ​ត្រូវ​បណ្តាសា​ដល់​អ្នក​ដែល​នាំ​ដំណឹង​មក​ប្រាប់​ឲ្យ​ឪពុក​ខ្ញុំ​មាន​សេចក្ដី​អំណរ​ជា​ខ្លាំង ដោយ​ថា អ្នក​បាន​កូន​ប្រុស​ហើយ
16 សូម​ឲ្យ​មនុស្ស​នោះ​បាន​ដូច​ជា​អស់​ទាំង​ទី​ក្រុង ដែល​ព្រះ‌យេហូវ៉ា​បាន​បំផ្លាញ​ឥត​ស្តាយ​ចុះ ឲ្យ​គេ​ឮ​តែ​សម្រែក​នៅ​ពេល​ព្រឹក ហើយ​សូរ​ហ៊ោ​នៅ​ថ្ងៃ​ត្រង់
17 ពី​ព្រោះ​គេ​មិន​បាន​សម្លាប់​ខ្ញុំ​ពី​កាល​នៅ​ក្នុង​ផ្ទៃ​ម្តាយ​នៅ​ឡើយ ឲ្យ​ម្តាយ​ខ្ញុំ​ជា​ផ្នូរ​របស់​ខ្ញុំ ហើយ​មាន​ពោះ​ធំ​ជា​ដរាប
18 ហេតុ​អ្វី​បាន​ជា​ខ្ញុំ​បាន​ចេញ​ពី​ផ្ទៃ​ម្តាយ​មក ឲ្យ​ឃើញ​តែ​ការ​នឿយ​ហត់ និង​សេចក្ដី​ទុក្ខ​ព្រួយ ឲ្យ​ថ្ងៃ​អាយុ​ខ្ញុំ​បាន​សូន្យ​ទៅ ដោយ​សេចក្ដី​អាម៉ាស់​ខ្មាស​ដូច្នេះ។


ជំពូក 21

1 នេះ​ជា​ព្រះ‌បន្ទូល ដែល​មក​ពី​ព្រះ‌យេហូវ៉ា ដល់​យេរេមា ក្នុង​កាល​ដែល​ស្តេច​សេដេគា​បាន​ចាត់​ផាស‌ហ៊ើរ​ជា​កូន​ម៉ាលគា និង​សេផានា ជា​កូន​ម្អាសេយ៉ា​ដ៏​ជា​សង្ឃ​មក​ឯ​លោក​ដោយ​ពាក្យ​ថា
2 សូម​ទូល​សួរ​ដល់​ព្រះ‌យេហូវ៉ា​ឲ្យ​យើង​ផង ដ្បិត​នេប៊ូ‌ក្នេសា ជា​ស្តេច​បាប៊ីឡូន ច្បាំង​នឹង​យើង​ហើយ ប្រហែល​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ប្រោស​យើង តាម​អស់​ទាំង​ការ​អស្ចារ្យ​របស់​ទ្រង់ ដើម្បី​ឲ្យ​ស្តេច​នោះ​បាន​ថយ​ចេញ​ពី​យើង​ទៅ​ទេ​ដឹង។
3 ដូច្នេះ យេរេមា​ឆ្លើយ​តប​ថា ចូរ​អ្នក​រាល់​គ្នា​ទូល​តប​នឹង​សេដេគា​យ៉ាង​នេះ
4 ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ថា មើល អញ​នឹង​បំបែរ​គ្រឿង​សស្ត្រា‌វុធ​ដែល​នៅ​ក្នុង​ដៃ​ឯង​រាល់​គ្នា​នោះ​ឲ្យ​ត្រឡប់​ថយ ជា​គ្រឿង​ដែល​ប្រើ​ច្បាំង​ត​នឹង​ស្តេច​បាប៊ីឡូន ហើយ​និង​ពួក​ខាល់ដេ ដែល​ឡោម‌ព័ទ្ធ​ឯង​រាល់​គ្នា​ខាង​ក្រៅ​កំផែង អញ​នឹង​ប្រមូល​គេ​មក​នៅ​កណ្តាល​ទី​ក្រុង​នេះ
5 ហើយ​ខ្លួន​អញ​ក៏​នឹង​ច្បាំង​ត​នឹង​ឯង​រាល់​គ្នា ដោយ​ដៃ​លូក​ចេញ និង​ដើម​ដៃ​ខ្លាំង​ពូកែ គឺ​ដោយ​សេចក្ដី​កំហឹង សេចក្ដី​ក្រោធ និង​សេចក្ដី​គ្នាន់‌ក្នាញ់​ជា​ខ្លាំង
6 អញ​នឹង​ប្រហារ​ពួក​អ្នក​នៅ​ក្រុង​នេះ ទាំង​មនុស្ស និង​សត្វ​ផង គេ​នឹង​ត្រូវ​ស្លាប់​ដោយ​អាសន្ន‌រោគ​យ៉ាង​ធំ
7 ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា លំដាប់​នោះ អញ​នឹង​ប្រគល់​សេដេគា ជា​ស្តេច​យូដា ហើយ​ពួក​មហា‌តលិក និង​បណ្តា‌ជន​ទាំង‌ឡាយ គឺ​អស់​អ្នក​នៅ​ក្នុង​ទី​ក្រុង​នេះ ដែល​សល់​ពី​អាសន្ន‌រោគ ពី​ដាវ ហើយ​ពី​អំណត់‌អត់ ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​នេប៊ូ‌ក្នេសា ជា​ស្តេច​បាប៊ីឡូន គឺ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ​គេ ជា​ពួក​អ្នក​ដែល​ស្វែង​រក​ជីវិត​គេ ស្តេច​នោះ​នឹង​ប្រហារ​គេ​ដោយ​មុខ​ដាវ ឥត​ប្រណី ឥត​មេត្តា ឥត​អាណិត‌អាសូរ​ឡើយ។
8 ហើយ​ឯង​ត្រូវ​ប្រាប់​ដល់​សាសន៍​នេះ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ មើល អញ​ដាក់​ផ្លូវ​ជីវិត និង​ផ្លូវ​ស្លាប់​នៅ​មុខ​ឯង​រាល់​គ្នា
9 អ្នក​ណា​ដែល​នៅ​ជាប់​ក្នុង​ក្រុង​នេះ នឹង​ត្រូវ​ស្លាប់​ដោយ​ដាវ ដោយ​អំណត់‌អត់ ហើយ​ដោយ​អាសន្ន‌រោគ តែ​ឯ​អ្នក​ណា​ដែល​ចេញ​ទៅ​ខាង​ពួក​ខាល់ដេ ជា​ខ្មាំង​ដែល​ឡោម‌ព័ទ្ធ​ឯង​រាល់​គ្នា នោះ​នឹង​រស់​នៅ​វិញ ហើយ​និង​បាន​ជីវិត​ខ្លួន​ទុក​ដូច​ជា​របឹប
10 ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​បាន​តាំង​មុខ​ទាស់​នឹង​ទី​ក្រុង​នេះ សម្រាប់​ជា​ការ​អាក្រក់ មិន​មែន​ជា​ការ​ល្អ​ទេ ទី​ក្រុង​នេះ​នឹង​ត្រូវ​ប្រគល់​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ស្តេច​បាប៊ីឡូន ស្តេច​នោះ​នឹង​ដុត​ដោយ​ភ្លើង​ចោល។
11 ត្រូវ​ឲ្យ​ឯង​ប្រាប់​ពី​ដំណើរ​វង្សា​នៃ​ស្តេច​យូដា​ថា ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ចុះ
12 ឱ​ពួក​វង្ស​ដាវីឌ​អើយ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ចូរ​សម្រេច​តាម​សេចក្ដី​យុត្តិ‌ធម៌ ចាប់​តាំង​ពី​ពេល​ព្រលឹម​ស្រាង​ចុះ ហើយ​ដោះ​អ្នក​ណា​ដែល​ត្រូវ​គេ​ប្លន់ ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​ពួក​អ្នក​ដែល​សង្កត់‌សង្កិន​នោះ​ផង ក្រែង​សេចក្ដី​ក្រោធ​របស់​អញ​ចេញ​ទៅ​ដូច​ជា​ភ្លើង ហើយ​ឆេះ​ជា​ខ្លាំង ដល់‌ម៉្លេះ​បាន​ជា​គ្មាន​អ្នក​ណា​អាច​នឹង​ពន្លត់​បាន​ឡើយ ដោយ​ព្រោះ​អំពើ​អាក្រក់​ដែល​ឯង​រាល់​គ្នា​ប្រព្រឹត្ត
13 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា នែ ឯង​ដែល​អាស្រ័យ​នៅ​ច្រក​ភ្នំ ជា​ថ្មដា​នៅ​វាល​អើយ អញ​ទាស់​នឹង​ឯង​ហើយ ឯង​អួត​ថា តើ​អ្នក​ណា​នឹង​ចុះ​មក​ទាស់​នឹង​យើង ឬ​អ្នក​ណា​នឹង​ចូល​មក​ក្នុង​ទី​លំនៅ​របស់​យើង​បាន
14 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​នឹង​ផ្ចាល​ឯង​ឲ្យ​សម​តាម​ផល​ការ​ដែល​ឯង​បាន​ប្រព្រឹត្ត គឺ​អញ​នឹង​បង្កាត់​ភ្លើង​នៅ​ក្នុង​ព្រៃ​ឯង ភ្លើង​នោះ​នឹង​ឆេះ​បំផ្លាញ​របស់​ទាំង​អស់​ដែល​នៅ​ជុំវិញ​ផង។


ជំពូក 22

1 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ចូរ​ចុះ​ទៅ​ឯ​ដំណាក់​ស្តេច​យូដា ហើយ​ពោល​ពាក្យ​នេះ​នៅ​ទី​នោះ
2 គឺ​ប្រាប់​ថា ឱ​ស្តេច​សាសន៍​យូដា​ដែល​គង់​លើ​បល្ល័ង្ក​នៃ​ដាវីឌ ព្រម​ទាំង​ពួក​មហា‌តលិក និង​បណ្តា‌ជន​របស់​ទ្រង់​ដែល​ចូល​តាម​ទ្វារ​ទាំង​នេះ​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ចុះ
3 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ចូរ​សម្រេច​សេចក្ដី​យុត្តិ‌ធម៌ និង​សេចក្ដី​សុចរិត ហើយ​ដោះ​អ្នក​ដែល​ត្រូវ​គេ​ប្លន់ ឲ្យ​បាន​រួច​ពី​កណ្តាប់​ដៃ​នៃ​ពួក​អ្នក​ដែល​សង្កត់‌សង្កិន​នោះ កុំ​ឲ្យ​រឹប​ជាន់ ឬ​គំហក‌កំហែង​ដល់​អ្នក​ដទៃ ដែល​មក​ស្នាក់​នៅ ឬ​ដល់​ពួក​កំព្រា និង​ស្រី​មេម៉ាយ​ឡើយ ក៏​កុំ​ឲ្យ​កម្ចាយ​ឈាម​របស់​មនុស្ស​ដែល​ឥត​ទោស​នៅ​ទី​នេះ​ដែរ
4 ដ្បិត​បើ​សិន​ជា​ឯង​រាល់​គ្នា​នឹង​ធ្វើ​តាម​ពាក្យ​នេះ​ជា​ប្រាកដ នោះ​នឹង​មាន​ស្តេច​ដែល​គង់​លើ​បល្ល័ង្ក​ដាវីឌ​ជិះ​រាជ‌រថ និង​សេះ​យាង​ចូល​តាម​ទ្វារ​នេះ ព្រម​ទាំង​ពួក​មហា‌តលិក និង​រាស្ត្រ​របស់​ទ្រង់​ផង
5 តែ​បើ​ឯង​រាល់​គ្នា​មិន​ព្រម​ស្តាប់​តាម​ពាក្យ​ទាំង​នេះ​ទេ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ អញ​ស្បថ​នឹង​ខ្លួន​អញ​ថា ដំណាក់​នេះ​នឹង​ត្រូវ​បំផ្លាញ​អស់​រលីង
6 ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ពី​ដំណើរ​ដំណាក់​នៃ​ស្តេច​យូដា​ដូច្នេះ ឯង​ទុក​ដូច​ជា​ស្រុក​កាឡាត ហើយ​ដូច​កំពូល​ភ្នំ​ល្បាណូន​ដល់​អញ ប៉ុន្តែ ប្រាកដ​ជា​អញ​នឹង​ធ្វើ​ឲ្យ​ឯង​ទៅ​ជា​ទី​ស្ងាត់‌ជ្រងំ​វិញ ជា​ទី​ក្រុង​ដែល​ឥត​មាន​មនុស្ស​នៅ
7 ហើយ​អញ​នឹង​តាំង​ពួក​បំផ្លាញ​ឲ្យ​មក​ទាស់​នឹង​ឯង គ្រប់​គ្នា​នឹង​កាន់​គ្រឿង​អាវុធ​របស់​ខ្លួន គេ​នឹង​កាប់​រំលំ​ដើម​តាត្រៅ ដែល​ជ្រើស‌រើស​របស់​ឯង ហើយ​បោះ​ទៅ​ក្នុង​ភ្លើង
8 សាសន៍​ជា​ច្រើន​នឹង​ដើរ​មក​តាម​ទី​ក្រុង​នេះ គ្រប់​គ្នា​នឹង​និយាយ​ដល់​គូ‌កន​ខ្លួន​ថា ហេតុ​អ្វី​បាន​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​ធ្វើ​ដូច្នេះ​ដល់​ក្រុង​ធំ​នេះ
9 នោះ​គេ​នឹង​ឆ្លើយ​តប​ថា គឺ​ពី​ព្រោះ​គេ​បាន​បោះ‌បង់​ចោល​សេចក្ដី​សញ្ញា​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​គេ ក៏​ថ្វាយ‌បង្គំ​ហើយ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​ដទៃ​ផង។
10 កុំ​ឲ្យ​យំ​នឹង​មនុស្ស​ដែល​ស្លាប់​ឡើយ ក៏​កុំ​ឲ្យ​សោក​ស្តាយ​គេ​ដែរ ត្រូវ​ឲ្យ​យំ​ជា​ខ្លាំង​នឹង​អ្នក​ដែល​ចាក​ចេញ​ពី​ទី​នេះ​វិញ ដ្បិត​គេ​នឹង​មិន​ដែល​វិល​មក​ទៀត​ឡើយ ក៏​មិន​ដែល​ឃើញ​ស្រុក​កំណើត​របស់​ខ្លួន​ទៀត​ផង
11 ពី​ព្រោះ​ឯ​សាលូម ជា​បុត្រ​យ៉ូសៀស ស្តេច​យូដា ដែល​សោយ‌រាជ្យ​ជំនួស​យ៉ូសៀស ជា​បិតា ហើយ​បាន​ចាក​ចេញ​ពី​ទី​នេះ​ទៅ​ហើយ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា គេ​នឹង​មិន​ដែល​មក​ឯ​ទី​នេះ​វិញ​ទៀត​ឡើយ
12 នៅ​កន្លែង​ណា​ដែល​ត្រូវ​ដឹក‌នាំ​ទៅ​ជា​ឈ្លើយ នោះ​គេ​នឹង​ស្លាប់​នៅ​ទី​នោះ ឥត​ដែល​ឃើញ​ស្រុក​នេះ​ទៀត។
13 វេទនា​ដល់​អ្នក​ណា​ដែល​សង់​ផ្ទះ​ខ្លួន​ដោយ​ការ​ទុច្ចរិត ហើយ​ធ្វើ​បន្ទប់​ខ្លួន​ដោយ​ការ​មិន​ទៀង​ត្រង់ ជា​អ្នក​ដែល​ប្រើ​ប្រាស់​អ្នក​ជិត​ខាង​ខ្លួន​ទទេ ឥត​ចេញ​ឈ្នួល​ឲ្យ
14 ហើយ​ក៏​ពោល​ថា អញ​នឹង​សង់​ផ្ទះ​១​ធំ ដែល​មាន​បន្ទប់​ទូលាយ​សម្រាប់​អញ ក៏​ធ្វើ​បង្អួច ហើយ​បិទ​ជញ្ជាំង​ដោយ​ក្តារ​តាត្រៅ រួច​លាប​ពណ៌​ក្រហម​ស្រស់
15 តើ​ត្រូវ​ឲ្យ​ឯង​សោយ‌រាជ្យ ដោយ​ព្រោះ​តែ​ឯង​មាន​ចិត្ត​សង្វាត និង​ចម្រើន​ឈើ​តាត្រៅ​ឬ​អី ឯ​ឪពុក​ឯង តើ​មិន​បាន​ស៊ី ហើយ​ផឹក​ដែរ​ទេ​ឬ​អី ប៉ុន្តែ បាន​ប្រព្រឹត្ត​សេចក្ដី​យុត្តិ‌ធម៌ និង​សេចក្ដី​សុចរិត បាន​ជា​មាន​សន្តិ‌សុខ​ក្នុង​គ្រា​នោះ
16 គាត់​បាន​កាត់​ក្តី​ឲ្យ​ពួក​ក្រីក្រ និង​ពួក​កំសត់​ទុគ៌ត ដូច្នេះ ក៏​មាន​សេចក្ដី​សុខ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​ថា ដែល​ប្រព្រឹត្ត​ដូច្នោះ តើ​មិន​មែន​ជា​ស្គាល់​ដល់​អញ​ទេ​ឬ​អី
17 តែ​ឯ​ភ្នែក​ឯង និង​ចិត្ត​ឯង នោះ​រក​តែ​បំពេញ​សេចក្ដី​លោភ​របស់​ឯង​វិញ ក៏​កម្ចាយ​ឈាម​របស់​មនុស្ស​ដែល​ឥត​មាន​ទោស ព្រម​ទាំង​រឹប​ជាន់ និង​ប្រព្រឹត្ត​សេចក្ដី​ច្រឡោត​ផង​ប៉ុណ្ណោះ
18 ហេតុ​នោះ ព្រះ‌យេហូវ៉ា​ក៏​មាន​ព្រះ‌បន្ទូល​ពី​ដំណើរ​យេហូយ៉ាគីម ជា​បុត្រ​យ៉ូសៀស ស្តេច​សាសន៍​យូដា​ដូច្នេះ​ថា មនុស្ស​នឹង​មិន​សោក​ស្តាយ​ដោយ​ពាក្យ​ថា ឱ​បង ឱ​ប្អូន​អើយ ក៏​មិន​ដែល​សោក​ស្តាយ​ថា ឱ​ព្រះ‌អម្ចាស់​អើយ ឬ​ថា​ព្រះ‌ករុណា​ដ៏​ឧត្តម​អើយ នោះ​ឡើយ
19 គេ​នឹង​កប់​សព​យេហូយ៉ាគីម ដូច​ជា​កប់​ខ្មោច​សត្វ​លា គឺ​គេ​នឹង​អូស​ទៅ​បោះ​ចោល នៅ​ខាង​ក្រៅ​ទ្វារ​នៃ​ក្រុង​យេរូ‌សាឡឹម​បង់។
20 ចូរ​ឡើង​ទៅ​លើ​ភ្នំ​ល្បាណូន ហើយ​ស្រែក​ឡើង ចូរ​បន្លឺ​សំឡេង​នៅ​ស្រុក​បាសាន ហើយ​ស្រែក​ពី​ភ្នំ​អាបារីម​ចុះ ពី​ព្រោះ​បណ្តា​សហាយ​របស់​ឯង​បាន​ត្រូវ​បំផ្លាញ​ហើយ
21 កាល​នៅ​គ្រា​សំបូរ នោះ​អញ​បាន​និយាយ​នឹង​ឯង​ហើយ​តែ​ឯង​ឆ្លើយ​តប​ថា យើង​មិន​ព្រម​ស្តាប់​ទេ គឺ​បែប​យ៉ាង​នេះ ដែល​បាន​ប្រព្រឹត្ត​តាំង​តែ​ពី​ក្មេង​មក គឺ​មិន​ព្រម​ស្តាប់​តាម​ពាក្យ​អញ​ឡើយ
22 ខ្យល់​នឹង​ស៊ី​បំផ្លាញ​ពួក​គង្វាល​របស់​ឯង ហើយ​ពួក​សហាយ​របស់​ឯង​នឹង​ត្រូវ​ដឹក​ទៅ​ជា​ឈ្លើយ ដូច្នេះ ឯង​នឹង​ត្រូវ​ខ្មាស ហើយ​ជ្រប់​មុខ ដោយ​ព្រោះ​អំពើ​អាក្រក់​ដែល​ឯង​ប្រព្រឹត្ត​ជា​មិន​ខាន
23 ឱ​អ្នក​ដែល​អាស្រ័យ​នៅ​ព្រៃ​ល្បាណូន ដែល​ធ្វើ​សំបុក​នៅ​ដើម​តាត្រៅ​អើយ កាល​ណា​សេចក្ដី​ទុក្ខ​វេទនា​មក​លើ​ឯង ដូច​ជា​ស្ត្រី​ដែល​ឈឺ​ចាប់​នឹង​សម្រាល​កូន នោះ​ឯង​នឹង​គួរ​អាណិត​យ៉ាង​ណា​ទៅ។
24 ព្រះ‌យេហូវ៉ា​ទ្រង់​ស្បថ​ថា ដូច​ជា​អញ​រស់​នៅ ទោះ​បើ​យេកូនាស ជា​បុត្រ​យេហូយ៉ាគីម ស្តេច​សាសន៍​យូដា​ជា​ចិញ្ចៀន​ត្រា​នៅ​ដៃ​ស្តាំ​អញ​ក៏​ដោយ គង់​តែ​អញ​នឹង​កន្ត្រាក់​ចេញ​ទៅ​ដែរ
25 អញ​នឹង​ប្រគល់​ឯង​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​អ្នក​ដែល​រក​ជីវិត​ឯង ហើយ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​អ្នក​ដែល​ឯង​បាន​ខ្លាច​នោះ គឺ​ក្នុង​កណ្តាប់​ដៃ​នៃ​នេប៊ូ‌ក្នេសា ជា​ស្តេច​បាប៊ីឡូន ហើយ​ក្នុង​កណ្តាប់​ដៃ​នៃ​សាសន៍​ខាល់ដេ​ផង
26 អញ​នឹង​បោះ​ឯង​ចោល​ចេញ ព្រម​ទាំង​ម្តាយ​ដែល​បង្កើត​ឯង​ផង ទៅ​ក្នុង​ស្រុក​១​ដែល​មិន​មែន​ជា​ស្រុក​កំណើត​របស់​ឯង ហើយ​ឯង​នឹង​ស្លាប់​នៅ​ក្នុង​ស្រុក​នោះ
27 តែ​ឯ​ស្រុក​ដែល​ចិត្ត​គេ​រឭក​ចង់​វិល​ទៅ​នៅ​វិញ​នោះ គេ​នឹង​មិន​ត្រឡប់​ទៅ​នៅ​វិញ​ឡើយ
28 ឯ​មនុស្ស​ឈ្មោះ​យេកូនាស​នេះ តើ​ជា​ភាជនៈ​កំបែក ហើយ​សំអប់​ឬ​អី តើ​ជា​ប្រដាប់​ដែល​ឥត​មាន​អ្នក​ណា​ពេញ​ចិត្ត​ដែរ​ឬ ហេតុ​អ្វី​បាន​ជា​គេ​ត្រូវ​បោះ​ចេញ​ដូច្នេះ ព្រម​ទាំង​ពូជ‌ពង្ស​របស់​គេ​ផង គឺ​បោះ​ចោល​ទៅ​នៅ​ស្រុក​១​ដែល​គេ​មិន​ស្គាល់​នោះ
29 ឱ​ផែនដី ផែនដី ផែនដី​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ចុះ
30 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ត្រូវ​កត់​ឈ្មោះ​របស់​មនុស្ស​នេះ​ថា​ជា​គ្មាន​កូន ជា​មនុស្ស​ដែល​នឹង​មិន​ចម្រើន​ក្នុង​ជំនាន់​របស់​ខ្លួន​ឡើយ ដ្បិត​នឹង​គ្មាន​ពូជ‌ពង្ស​គេ​ណា​មួយ ដែល​នឹង​អាច​អង្គុយ​លើ​បល្ល័ង្ក​នៃ​ដាវីឌ ហើយ​គ្រប់​គ្រង​លើ​ស្រុក​យូដា​បាន​ទៀត​ឡើយ។


ជំពូក 23

1 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា វេទនា​ដល់​ពួក​គង្វាល​ដែល​បំផ្លាញ ហើយ​កម្ចាត់‌កម្ចាយ​ហ្វូង​ចៀម​នៃ​ទី​ឃ្វាល​របស់​អញ
2 ហេតុ​នោះ ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ពួក​សាសន៍​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ទាស់​នឹង​ពួក​អ្នក​គង្វាល​ដែល​ឃ្វាល​សាសន៍​របស់​ខ្ញុំ​ដូច្នេះ​ថា ឯង​រាល់​គ្នា​បាន​កម្ចាត់‌កម្ចាយ​ហ្វូង​ចៀម​របស់​អញ ហើយ​បណ្តេញ​ចេញ​បង់ ឥត​មើល​រក្សា​វា​ឡើយ ដូច្នេះ អញ​នឹង​ទម្លាក់​អំពើ​អាក្រក់​របស់​ឯង​រាល់​គ្នា​ទៅ​លើ​ឯង​វិញ នេះ​ហើយ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា
3 រួច​អញ​នឹង​ប្រមូល​សំណល់​នៃ​ហ្វូង​របស់​អញ ចេញ​ពី​គ្រប់​ទាំង​ស្រុក ដែល​អញ​បាន​បណ្តេញ​គេ​ទៅ​នោះ ហើយ​នាំ​វិល​ត្រឡប់​មក​ឯ​ក្រោល​គេ​វិញ នោះ​គេ​នឹង​បង្កើត​ផល ហើយ​ចម្រើន​ឡើង
4 អញ​នឹង​តាំង​អ្នក​គង្វាល​លើ​គេ​ដែល​នឹង​ឃ្វាល​គេ គ្រា​នោះ គេ​នឹង​មិន​ភ័យ ឬ​ស្រយុត​ចិត្ត​ទៀត​ឡើយ ក៏​មិន​ដែល​បាត់‌បង់​ណា​មួយ​ដែរ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។
5 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា មើល នឹង​មាន​គ្រា​មក​ដល់ ដែល​អញ​នឹង​បង្កើត​ឲ្យ​ដាវីឌ​មាន​លំពង់​សុចរិត​១ លំពង់​នោះ​ទ្រង់​នឹង​សោយ‌រាជ្យ​ទុក​ដូច​ជា​ស្តេច ហើយ​និង​ប្រព្រឹត្ត​ដោយ​វាង‌វៃ ព្រម​ទាំង​សម្រេច​សេចក្ដី​យុត្តិ‌ធម៌ និង​សេចក្ដី​សុចរិត​នៅ​ក្នុង​ស្រុក​ផង
6 នៅ​គ្រា​របស់​ទ្រង់ ពួក​យូដា​នឹង​បាន​សង្គ្រោះ ហើយ​ពួក​អ៊ីស្រា‌អែល​នឹង​នៅ​ដោយ​សន្តិ‌សុខ ឯ​ព្រះ‌នាម​ដែល​គេ​នឹង​ហៅ​ទ្រង់ នោះ​គឺ«ព្រះ‌យេហូវ៉ា​ដ៏​ជា​សេចក្ដី​សុចរិត​នៃ​យើង​រាល់​គ្នា»
7 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា គឺ​ហេតុ​នោះ​បាន​ជា​មាន​គ្រា​មក​ដែល​គេ​នឹង​លែង​ស្បថ​ថា ដូច​ជា​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌ជន្ម​រស់ ដែល​ទ្រង់​បាន​នាំ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក
8 គឺ​គេ​នឹង​ថា ដូច​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌ជន្ម​រស់ ដែល​ទ្រង់​បាន​នាំ​ពូជ‌ពង្ស​នៃ​អ៊ីស្រា‌អែល​ឡើង​រួច ហើយ​ដឹក‌នាំ​គេ​ចេញ​ពី​ស្រុក​ខាង​ជើង និង​ពី​គ្រប់​ទាំង​ស្រុក​ដែល​អញ​បាន​បណ្តេញ​គេ​នោះ​វិញ នោះ​គេ​នឹង​នៅ​ក្នុង​ស្រុក​របស់​ខ្លួន​គេ​ត​ទៅ។
9 ពី​ដំណើរ​ពួក​ហោរា។ ចិត្ត​នៅ​ក្នុង​ខ្លួន​ខ្ញុំ​ត្រូវ​ញាំ‌ញី​ហើយ អស់​ទាំង​ឆ្អឹង​ខ្ញុំ​ក៏​ញ័រ ខ្ញុំ​ដូច​ជា​មនុស្ស​ស្រវឹង គឺ​ដូច​ជា​មនុស្ស​ដែល​ស្រា​ទំពាំង‌បាយ‌ជូរ​បាន​ឈ្នះ​ហើយ ដោយ​ព្រោះ​ព្រះ‌យេហូវ៉ា ហើយ​ដោយ​ព្រោះ​ព្រះ‌បន្ទូល​ដ៏​បរិសុទ្ធ​របស់​ទ្រង់
10 ដ្បិត​ស្រុក​នេះ​មាន​ពេញ​ដោយ​មនុស្ស​ដែល​ប្រព្រឹត្ត​កំផិត ហើយ​ស្រុក​ក៏​យំ​សោក​ដោយ​ព្រោះ​សេចក្ដី​បណ្តាសា អស់​ទាំង​ទី​ឃ្វាល​សត្វ នៅ​ទី​រហោ‌ស្ថាន បាន​ហួត‌ហែង​អស់​ហើយ គេ​រត់​តាម​តែ​សេចក្ដី​អាក្រក់ ហើយ​គេ​ប្រើ​អំណាច​សម្រាប់​តែ​ការ​ទុច្ចរិត​ទេ
11 ដ្បិត​ទាំង​ហោរា និង​សង្ឃ​ផង សុទ្ធ​តែ​ស្មោក‌គ្រោក​ទាំង​អស់​គ្នា អើ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​បាន​ឃើញ​អំពើ​អាក្រក់​របស់​គេ នៅ​ក្នុង​ព្រះ‌វិហារ​របស់​អញ​ផង
12 ហេតុ​នោះ ផ្លូវ​របស់​គេ​នឹង​បាន​ដូច​ជា​កន្លែង​រឥល​នៅ​ទី​ងងឹត​ដល់​គេ គេ​នឹង​ត្រូវ​ច្រាន​ទៅ ហើយ​ដួល​ចុះ​នៅ​ទី​នោះ ដ្បិត​អញ​នឹង​នាំ​សេចក្ដី​អាក្រក់​មក​លើ​គេ គឺ​ជា​ឆ្នាំ​ដែល​ត្រូវ​ធ្វើ​ទោស​ដល់​គេ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។
13 អញ​បាន​ឃើញ​សេចក្ដី​ចម្កួត​ក្នុង​ពួក​ហោរា​នៅ​ក្រុង​សាម៉ារី​ដែរ គេ​ទាយ​ទំនាយ​ដោយ‌សារ​ព្រះ‌បាល ក៏​នាំ​ពួក​អ៊ីស្រា‌អែល ជា​រាស្ត្រ​អញ​ឲ្យ​វង្វេង​ដែរ
14 ឯ​ក្នុង​ពួក​ហោរា​នៅ​ក្រុង​យេរូ‌សាឡឹម នោះ​អញ​ក៏​ឃើញ​មាន​សេចក្ដី​គួរ​ស្បើម​ណាស់​ដែរ គេ​ប្រព្រឹត្ត​សេចក្ដី​កំផិត ហើយ​ដើរ​តាម​តែ​សេចក្ដី​កំភូត​ទទេ គេ​ចម្រើន​កម្លាំង​ដៃ​នៃ​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់ ដល់‌ម៉្លេះ​បាន​ជា​គ្មាន​អ្នក​ណា​មួយ​វិល​ត្រឡប់​ពី​អំពើ​អាក្រក់​របស់​ខ្លួន​ឡើយ គេ​បាន​ត្រឡប់​ដូច​ជា​ក្រុង​សូដុម​ទាំង​អស់​គ្នា ពួក​អ្នក​នៅ​ក្រុង​នេះ ក៏​ដូច​ជា​ក្រុង​កូម៉ូរ៉ា ដល់​អញ​ហើយ
15 ហេតុ​នោះ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​មាន​ព្រះ‌បន្ទូល​ពី​ដំណើរ​ពួក​ហោរា​ដូច្នេះ​ថា មើល​អញ​នឹង​ចិញ្ចឹម​គេ​ដោយ​ស្លែង ហើយ​និង​ឲ្យ​គេ​ផឹក​ទឹក​ពុល ដ្បិត​មាន​សេចក្ដី​ល្មើស​ចំពោះ​ព្រះ បាន​ចេញ​ពី​ពួក​ហោរា​នៅ​ក្រុង​យេរូ‌សាឡឹម​ទៅ​ពេញ​ក្នុង​ស្រុក​ហើយ។
16 ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា កុំ​ឲ្យ​ស្តាប់​តាម​ពាក្យ​របស់​ហោរា ដែល​គេ​ទាយ​ប្រាប់​ឯង​រាល់​គ្នា​ឲ្យ​សោះ គេ​នាំ​ឯង​រាល់​គ្នា​ឲ្យ​វង្វេង​ទេ គេ​សម្ដែង​ចេញ​តែ​ពី​ការ​ដែល​គេ​នឹក​ឃើញ​ក្នុង​ចិត្ត​ខ្លួន​គេ មិន​មែន​ជា​សេចក្ដី​ដែល​ចេញ​ពី​ព្រះ‌ឱស្ឋ នៃ​ព្រះ‌យេហូវ៉ា​ឡើយ
17 គេ​ចេះ​តែ​ប្រាប់​ដល់​ពួក​អ្នក​ដែល​មើល‌ងាយ​អញ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ឯង​រាល់​គ្នា​នឹង​មាន​សន្តិ‌សុខ​ទេ ហើយ​ក៏​ប្រាប់​ដល់​ពួក​អ្នក​ដែល​ប្រព្រឹត្ត​តាម​តែ​សេចក្ដី​រឹង‌ចចេស​នៅ​ក្នុង​ចិត្ត​ថា នឹង​គ្មាន​សេចក្ដី​អាក្រក់​ណា​កើត​ដល់​ឯង​រាល់​គ្នា​ឡើយ
18 ដ្បិត​តើ​អ្នក​ណា​បាន​ឈរ​ក្នុង​ពួក​ប្រឹក្សា​នៃ​ព្រះ‌យេហូវ៉ា ឲ្យ​បាន​ឃើញ ហើយ​ឮ​ព្រះ‌បន្ទូល​របស់​ទ្រង់ តើ​អ្នក​ណា​បាន​ប្រុង​ស្តាប់ ហើយ​ឮ​ព្រះ‌បន្ទូល​នៃ​ទ្រង់
19 មើល ព្យុះ​សង្ឃរា​របស់​ព្រះ‌យេហូវ៉ា គឺ​ជា​សេចក្ដី​ក្រោធ​របស់​ទ្រង់ បាន​ចេញ​ទៅ​ហើយ អើ ជា​ព្យុះ​កួច​ដែល​នឹង​ធ្លាយ​មក​លើ​ក្បាល​របស់​ពួក​មនុស្ស​អាក្រក់
20 សេចក្ដី​ខ្ញាល់​របស់​ព្រះ‌យេហូវ៉ា​នឹង​មិន​វិល​ទៅ​វិញ ទាល់​តែ​ទ្រង់​បាន​ធ្វើ​សម្រេច ហើយ​បាន​បង្ហើយ​តាម​បំណង​ព្រះ‌ហឫទ័យ​ទ្រង់ ឯ​ជាន់​ក្រោយ នោះ​ឯង​រាល់​គ្នា​នឹង​យល់​ច្បាស់
21 អញ​មិន​បាន​ចាត់​ប្រើ​ពួក​ហោរា​ទាំង​នេះ​ទេ គង់​តែ​គេ​បាន​រត់​ទៅ អញ​មិន​បាន​និយាយ​នឹង​គេ​សោះ គង់​តែ​គេ​បាន​ទាយ
22 ប៉ុន្តែ បើ​គេ​បាន​គ្រាន់​តែ​ឈរ​នៅ​ក្នុង​ពួក​ប្រឹក្សា​របស់​អញ នោះ​គេ​នឹង​បាន​ប្រាប់​ឲ្យ​រាស្ត្រ​អញ​ស្តាប់​ពាក្យ​របស់​អញ​ហើយ ព្រម​ទាំង​បំបែរ​គេ​ចេញ​ពី​ផ្លូវ​អាក្រក់ និង​ពី​អំពើ​ដ៏​លាមក​ដែល​ប្រព្រឹត្ត​រៀង​ខ្លួន​ផង។
23 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​ថា តើ​អញ​ជា​ព្រះ​ដែល​នៅ​ឆ្ងាយ ឥត​នៅ​ជិត​បង្កើយ​ផង​ដែរ​ឬ​អី
24 ព្រះ‌យេហូវ៉ា​ទ្រង់​សួរ​ដូច្នេះ​ទៀត​ថា តើ​មាន​អ្នក​ណា​នឹង​ពួន​ខ្លួន​នៅ​ទី​សម្ងាត់​ឯ​ណា ឲ្យ​អញ​មើល​មិន​ឃើញ​បាន​ឬ តើ​អញ​មិន​នៅ​ពេញ​ស្ថាន‌សួគ៌ និង​ផែនដី​ផង​ទេ​ឬ​អី នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា
25 អញ​បាន​ឮ​សេចក្ដី​ដែល​ពួក​ហោរា​ប្រាប់ ជា​ពួក​អ្នក​ដែល​ទាយ​កុហក​ដោយ​នូវ​ឈ្មោះ​អញ​ថា ខ្ញុំ​បាន​យល់‌សប្តិ ឃើញ​ដូច្នេះ​មួយៗ
26 សេចក្ដី​យ៉ាង​នេះ​នឹង​នៅ​ក្នុង​ចិត្ត​នៃ​ពួក​ហោរា​ដែល​ទាយ​កុហក ជា​ពួក​អ្នក​ដែល​បញ្ឆោត​តាម​សេចក្ដី​នៅ​ក្នុង​ចិត្ត​ខ្លួន​គេ តើ​ដល់​កាល​ណា​ទៀត
27 គេ​គិត​តែ​បណ្តាល​ឲ្យ​រាស្ត្រ​អញ​ភ្លេច​ឈ្មោះ​អញ ដោយ​ការ​យល់‌សប្តិ​របស់​គេ ដែល​ថ្លែង​ប្រាប់​ដល់​អ្នក​ជិត​ខាង​គេ​រៀង​ខ្លួន ដូច​ជា​ពួក​អយ្យ‌កោ​គេ​បាន​ភ្លេច​ឈ្មោះ​អញ ឲ្យ​យក​ឈ្មោះ​ព្រះ‌បាល​វិញ​ដែរ
28 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ឯ​ហោរា​ណា​ដែល​យល់‌សប្តិ​ឲ្យ​គេ​ប្រាប់​តាម​សប្តិ​នោះ​ចុះ ហើយ​ហោរា​ណា​ដែល​បាន​ទទួល​ពាក្យ​អញ ត្រូវ​ឲ្យ​អ្នក​នោះ​ប្រាប់​ពាក្យ​អញ​ដោយ​ស្មោះ‌ត្រង់​ទៅ តើ​ចំបើង​ជា​អ្វី​ចំពោះ​ស្រូវ
29 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​ថា ឯ​ពាក្យ​របស់​អញ តើ​មិន​មែន​ដូច​ជា​ភ្លើង ហើយ​ដូច​ជា​ញញួរ ដែល​បំបែក​ថ្ម​ខ្ទេច‌ខ្ទី​ទេ​ឬ​អី
30 ហេតុ​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា មើល អញ​ទាស់​នឹង​ពួក​ហោរា ដែល​លួច​ពាក្យ​អញ​ចេញ​ពី​គ្នា​ទៅ​វិញ​ទៅ​មក
31 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា មើល អញ​ទាស់​នឹង​ពួក​ហោរា​ដែល​ប្រើ​អណ្តាត​និយាយ​ថា ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល
32 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា មើល អញ​ទាស់​នឹង​ពួក​អ្នក​ដែល​ទាយ​កុហក​តាម​យល់‌សប្តិ ព្រម​ទាំង​ផ្សាយ​ប្រាប់​សប្តិ​នោះ ហើយ​នាំ​ឲ្យ​រាស្ត្រ​អញ​វង្វេង​ចេញ​ដោយ‌សារ​សេចក្ដី​កំភូត​របស់​គេ ហើយ​ដោយ‌សារ​សេចក្ដី​អំនួត​ឥត​ប្រយោជន៍​របស់​គេ​ដែរ តែ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​មិន​បាន​ចាត់​គេ ឬ​បង្គាប់​គេ​ឡើយ គេ​ក៏​គ្មាន​ប្រយោជន៍​អ្វី​ដល់​សាសន៍​នេះ​ដែរ។
33 កាល​ណា​សាសន៍​នេះ ឬ​ហោរា​ណា ឬ​សង្ឃ​ណា​នឹង​សួរ​ឯង​ថា ឯ​បន្ទុក​ពី​ព្រះ‌យេហូវ៉ា តើ​ថា​យ៉ាង​ណា​នោះ​ឯង​ត្រូវ​ឆ្លើយ​តប​ថា តើ​បន្ទុក​ណា​នោះ ឯ​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា នោះ​គឺ​ថា អញ​នឹង​បោះ‌បង់​ចោល​ឯង​រាល់​គ្នា​ចេញ
34 ឯ​ហោរា​ណា សង្ឃ​ណា ឬ​សាសន៍​ណា​ដែល​ពោល​ថា នេះ​ជា​បន្ទុក​ពី​ព្រះ‌យេហូវ៉ា​ហើយ អញ​នឹង​ធ្វើ​ទោស​ដល់​អ្នក​នោះ ព្រម​ទាំង​ពួក​វង្ស​គេ​ផង
35 ឯង​រាល់​គ្នា​ត្រូវ​សួរ​អ្នក​ជិត​ខាង ហើយ​និង​បង​ប្អូន​ឯង​រៀង​ខ្លួន​ដូច្នេះ​វិញ​ថា តើ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​តប​ឆ្លើយ​យ៉ាង​ដូច​ម្តេច ហើយ​ថា តើ​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​យ៉ាង​ណា
36 មិន​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​និយាយ ពី​បន្ទុក​របស់​ព្រះ‌យេហូវ៉ា​ទៀត​ឡើយ ឯ​បន្ទុក​របស់​ឯង​រាល់​គ្នា នោះ​គឺ​ជា​ពាក្យ​របស់​គ្រប់​គ្នា​វិញ ពី​ព្រោះ​ឯង​រាល់​គ្នា​បាន​បំផ្លាស់​បំប្រែ​ព្រះ‌បន្ទូល​នៃ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់ គឺ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​យើង​រាល់​គ្នា ឲ្យ​ខុស​ទៅ​ហើយ
37 ត្រូវ​ឲ្យ​ឯង​សួរ​ហោរា​យ៉ាង​ដូច្នេះ​ថា តើ​ព្រះ‌យេហូវ៉ា​បាន​ឆ្លើយ​នឹង​អ្នក​យ៉ាង​ដូច​ម្តេច ហើយ​ថា តើ​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​យ៉ាង​ណា​ខ្លះ​នោះ​វិញ
38 ប៉ុន្តែ បើ​ឯង​រាល់​គ្នា​ហ៊ាន​និយាយ​ថា នេះ​ជា​បន្ទុក​របស់​ព្រះ‌យេហូវ៉ា​ហើយ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ដោយ​ព្រោះ​ឯង​រាល់​គ្នា​ចេញ​ពាក្យ​នេះ​គឺ«បន្ទុក​របស់​ព្រះ‌យេហូវ៉ា» ហើយ​អញ​បាន​ចាត់​គេ​ឲ្យ​មក​ឯ​ឯង​ហាម​ថា កុំ​ឲ្យ​និយាយ​ពី​បន្ទុក​ព្រះ‌យេហូវ៉ា​ឡើយ
39 ដូច្នេះ​មើល អញ​នឹង​ភ្លេច​ឯង​រាល់​គ្នា​អស់​រលីង ហើយ​និង​បោះ‌បង់​ចោល​ឯង​រាល់​គ្នា​ឆ្ងាយ​ពី​មុខ​អញ​ទៅ ព្រម​ទាំង​ទី​ក្រុង​ដែល​អញ​បាន​ឲ្យ​ដល់​ឯង និង​ពួក​អយ្យ‌កោ​ឯង​ផង
40 រួច​អញ​នឹង​នាំ​សេចក្ដី​ដំណៀល​ដ៏​នៅ​ជាប់​អស់‌កល្ប មក​លើ​ឯង​រាល់​គ្នា ព្រម​ទាំង​សេចក្ដី​ខ្មាស​ដ៏​នៅ​ជាប់​ជានិច្ច​ដែល​នឹង​ភ្លេច​មិន​បាន​ឡើយ​ផង។


ជំពូក 24

1 ព្រះ‌យេហូវ៉ា​ទ្រង់​បង្ហាញ​ឲ្យ​ខ្ញុំ​ឃើញ​ផ្លែ​ល្វា​២​ល្អី ដាក់​នៅ​មុខ​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ក្នុង​ពេល​ក្រោយ​ដែល​នេប៊ូ‌ក្នេសា ជា​ស្តេច​បាប៊ីឡូន ទ្រង់​បាន​ចាប់​យេកូនាស ជា​បុត្រ​យេហូយ៉ាគីម ស្តេច​យូដា នាំ​ទៅ​ជា​ឈ្លើយ ព្រម​ទាំង​ពួក​ចៅ‌ហ្វាយ​នៃ​ស្រុក​យូដា និង​ពួក​រចនា ហើយ​ពួក​ជាង ដឹក​ចេញ​ពី​ក្រុង​យេរូ‌សាឡឹម ទៅ​ដល់​ស្រុក​បាប៊ីឡូន​ផង
2 ល្អី​១​មាន​ផ្លែ​ល្វា​យ៉ាង​ល្អ​ណាស់ ដូច​ជា​ផ្លែ​ល្វា​ដែល​ទុំ​មុន​គេ ឯ​ល្អី​១​ទៀត​មាន​ផ្លែ​ល្វា​អាក្រក់​ណាស់ ដែល​នឹង​បរិភោគ​មិន​បាន ដោយ​ព្រោះ​អាក្រក់​ក្រៃ​ពេក
3 នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​ខ្ញុំ​ថា យេរេមា​អើយ ឯង​ឃើញ​អ្វី​នុ៎ះ ខ្ញុំ​ក៏​ទូល​ឆ្លើយ​ថា ឃើញ​ផ្លែ​ល្វា ឯ​ផ្លែ​ល្អ នោះ​ល្អ​ណាស់ ហើយ​ផ្លែ​អាក្រក់ ក៏​អាក្រក់​ណាស់​ដែរ នឹង​បរិភោគ​មិន​បាន ពី​ព្រោះ​អាក្រក់​ក្រៃ​ពេក។
4 នោះ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ក៏​មក​ដល់​ខ្ញុំ​ថា
5 ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ដូច​ជា​ឯង​បាន​ស្គាល់​ផ្លែ​ល្វា​ល្អ​នេះ អញ​ក៏​នឹង​ស្គាល់​ពួក​យូដា ដែល​ត្រូវ​គេ​ដឹក‌នាំ​ទៅ​ជា​ឈ្លើយ​នោះ​ដែរ ដើម្បី​នឹង​ប្រោស​ឲ្យ​គេ​បាន​សេចក្ដី​ល្អ គឺ​ជា​ពួក​អ្នក​ដែល​អញ​បាន​បណ្តេញ​ចេញ​ពី​ទី​នេះ ទៅ​ដល់​ស្រុក​ខាល់ដេ​ហើយ
6 ដ្បិត​អញ​នឹង​តាំង​ភ្នែក​មើល​តាម​គេ ឲ្យ​បាន​សេចក្ដី​ល្អ ហើយ​និង​នាំ​គេ​មក​ក្នុង​ស្រុក​នេះ​វិញ អញ​នឹង​ស្អាង​គេ​ឡើង មិន​រុះ​វិញ​ឡើយ ក៏​នឹង​ដាំ​គេ​ចុះ ឥត​រំលើង​ចេញ​ដែរ
7 អញ​នឹង​ឲ្យ​គេ​មាន​ចិត្ត​ដែល​ស្គាល់​អញ​ថា ជា​ព្រះ‌យេហូវ៉ា នោះ​គេ​នឹង​បាន​ជា​រាស្ត្រ​របស់​អញ ហើយ​អញ​នឹង​ធ្វើ​ជា​ព្រះ​របស់​គេ ពី​ព្រោះ​គេ​នឹង​វិល​មក​ឯ​អញ​ដោយ​អស់​ពី​ចិត្ត។
8 ឯ​ផ្លែ​ល្វា​អាក្រក់ ដែល​នឹង​បរិភោគ​មិន​បាន ដោយ​ព្រោះ​អាក្រក់​ក្រៃ​ពេក នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ជា​ប្រាកដ​ថា អញ​នឹង​ឲ្យ​សេដេគា ជា​ស្តេច​យូដា បាន​យ៉ាង​ដូច្នោះ​ដែរ ព្រម​ទាំង​ពួក​ចៅ‌ហ្វាយ និង​សំណល់​មនុស្ស​នៅ​ក្រុង​យេរូ‌សាឡឹម ដែល​សល់​នៅ​ក្នុង​ស្រុក​នេះ ហើយ​និង​ពួក​ដែល​នៅ​ស្រុក​អេស៊ីព្ទ​ផង
9 អញ​នឹង​ប្រគល់​គេ​ទៅ​ឲ្យ​ត្រូវ​សាត់​អណ្តែត នៅ​កណ្តាល​អស់​ទាំង​នគរ​នៅ​ផែនដី​វិញ ឲ្យ​បាន​សេចក្ដី​អាក្រក់ ដើម្បី​ឲ្យ​គេ​បាន​ជា​ទី​ដៀល‌ត្មះ ជា​ពាក្យ​ទំនៀម ជា​ទី​អុច‌អាល ហើយ​ជា​ទី​ផ្តាសា នៅ​គ្រប់​ទី​កន្លែង​ណា​ដែល​អញ​នឹង​បណ្តេញ​ទៅ​នោះ
10 អញ​នឹង​ចាត់​ប្រើ​ដាវ និង​សេចក្ដី​អំណត់‌អត់ ហើយ​អាសន្ន‌រោគ ឲ្យ​នៅ​កណ្តាល​ពួក​គេ ដរាប​ដល់​គេ​សូន្យ​បាត់​អស់​រលីង​ពី​ស្រុក​ដែល​អញ​បាន​ឲ្យ​ដល់​គេ ហើយ​ដល់​ពួក​អយ្យ‌កោ​គេ​ទៅ។


ជំពូក 25

1 នេះ​ជា​ព្រះ‌បន្ទូល​ដែល​មក​ពី​ព្រះ‌យេហូវ៉ា​ដល់​យេរេមា ពី​ដំណើរ​បណ្តា‌ជន នៅ​ស្រុក​យូដា​ទាំង​ប៉ុន្មាន​ក្នុង​ឆ្នាំ​ទី​៤​នៃ​រាជ្យ​យេហូយ៉ាគីម ជា​បុត្រ​យ៉ូសៀស ស្តេច​យូដា (ឆ្នាំ​នោះ​ជា​ឆ្នាំ​ដំបូង នៃ​រាជ្យ​នេប៊ូ‌ក្នេសា ជា​ស្តេច​បាប៊ីឡូន)
2 ជា​សេចក្ដី​ដែល​ហោរា​យេរេមា​បាន​ប្រាប់​ដល់​បណ្តា‌ជន​នៅ​ស្រុក​យូដា និង​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡឹម​ទាំង​អស់​ថា
3 ចាប់​តាំង​ពី​ឆ្នាំ​ទី​១៣ ក្នុង​រាជ្យ​យ៉ូសៀស​ជា​បុត្រ​អាំម៉ូន ស្តេច​យូដា ដរាប​ដល់​សព្វ​ថ្ងៃ​នេះ គឺ​អស់​២៣​ឆ្នាំ​នេះ​ហើយ នោះ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ខ្ញុំ ហើយ​ខ្ញុំ​បាន​ទាំង​ក្រោក​ពី​ព្រលឹម​ស្រាង​ប្រាប់​ដល់​អ្នក​រាល់​គ្នា​ផង តែ​អ្នក​រាល់​គ្នា​មិន​បាន​ស្តាប់​តាម​ទេ
4 ឯ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ចាត់​ពួក​ហោរា​ទាំង​ប៉ុន្មាន ជា​អ្នក​បម្រើ​របស់​ទ្រង់ ឲ្យ​មក​ឯ​អ្នក​រាល់​គ្នា​ដែរ គឺ​បាន​ក្រោក​ពី​ព្រលឹម​ស្រាង និង​ចាត់​គេ​ផង តែ​អ្នក​រាល់​គ្នា​មិន​បាន​ស្តាប់​តាម ឬ​ផ្ទៀង​ត្រចៀក​នឹង​ស្តាប់​សោះ
5 ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​ថា ចូរ​ឲ្យ​អ្នក​រាល់​គ្នា​វិល​មក​ពី​ផ្លូវ​អាក្រក់​របស់​ខ្លួន ហើយ​ពី​អំពើ​អាក្រក់​ដែល​គ្រប់​គ្នា​ប្រព្រឹត្ត​ឥឡូវ​ចុះ នោះ​ឯង​រាល់​គ្នា​នឹង​បាន​នៅ​ក្នុង​ស្រុក ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រទាន​ដល់​ឯង និង​ពួក​អយ្យកោ​ឯង ចាប់​តាំង​ពី​បុរាណ ហើយ​សម្រាប់​ជា​ដរាប​ត​ទៅ
6 កុំ​ឲ្យ​ទៅ​តាម​ព្រះ​ដទៃ ដើម្បី​នឹង​គោរព ហើយ​ថ្វាយ‌បង្គំ​ដល់​វា​ឡើយ ក៏​កុំ​ឲ្យ​បណ្តាល​ឲ្យ​អញ​ខឹង ដោយ‌សារ​ការ​ដែល​ដៃ​ឯង​រាល់​គ្នា​ធ្វើ​ដែរ យ៉ាង​នោះ​អញ​នឹង​មិន​ប្រទូស្ត​ដល់​ឯង​រាល់​គ្នា​ទេ
7 ប៉ុន្តែ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ឯង​រាល់​គ្នា​មិន​បាន​ស្តាប់​តាម​អញ​សោះ គឺ​ជា​ការ​ដែល​នាំ​ឲ្យ​អញ​ខឹង ដោយ‌សារ​ការ​ដែល​ដៃ​ឯង​បាន​ធ្វើ​វិញ ឲ្យ​អញ​បាន​ប្រទូស្ត​ដល់​ឯង
8 ហេតុ​នោះ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ដោយ​ព្រោះ​ឯង​រាល់​គ្នា​មិន​បាន​ស្តាប់​តាម​ពាក្យ​អញ
9 នោះ​មើល អញ​នឹង​ចាត់​ទៅ​នាំ​យក​អស់​ទាំង​ពួក​គ្រួ​នៅ​ស្រុក​ខាង​ជើង និង​នេប៊ូ‌ក្នេសា ស្តេច​បាប៊ីឡូន ជា​អ្នក​បម្រើ​របស់​អញ​មក ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​នឹង​នាំ​គេ​មក​ទាស់​នឹង​ស្រុក​នេះ និង​ពួក​អ្នក​នៅ​ក្នុង​ស្រុក ហើយ​ទាស់​នឹង​សាសន៍​ទាំង​ប៉ុន្មាន​នៅ​ជុំវិញ​ផង អញ​នឹង​បំផ្លាញ​ពួក​ស្រុក​នេះ​អស់​រលីង ព្រម​ទាំង​ធ្វើ​ឲ្យ​ទៅ​ជា​ទី​ស្រឡាំង‌កាំង ជា​ទី​ដែល​គេ​ធ្វើ​ស៊ីស‌ស៊ូស​ឲ្យ ហើយ​ជា​ទី​ខូច​បង់​នៅ​អស់‌កល្ប‌ជានិច្ច
10 មួយ​ទៀត អញ​នឹង​បំបាត់​សំឡេង​អរ​សប្បាយ និង​សំឡេង​រីក‌រាយ សំឡេង​ប្ដី​ប្រពន្ធ​ថ្មោង‌ថ្មី និង​សូរ​ត្បាល់​កិន ហើយ​ពន្លឺ​ចង្កៀង​ពី​ពួក​គេ​ចេញ
11 ដូច្នេះ ស្រុក​នេះ​ទាំង​មូល​នឹង​ទៅ​ជា​ស្ងាត់‌ជ្រងំ ហើយ​ជា​ទី​ស្រឡាំង‌កាំង​ផង សាសន៍​ទាំង​នេះ​នឹង​ត្រូវ​បម្រើ​ស្តេច​បាប៊ីឡូន​អស់​៧០​ឆ្នាំ។
12 លុះ​ដល់​គ្រប់​៧០​ឆ្នាំ​នោះ​ហើយ នោះ​អញ​នឹង​ធ្វើ​ទោស​ស្តេច​បាប៊ីឡូន និង​ពួក​សាសន៍​នោះ ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​គេ ឯ​ស្រុក​របស់​ពួក​ខាល់ដេ នោះ​អញ​នឹង​ធ្វើ​ឲ្យ​ស្ងាត់‌ជ្រងំ​ជា​ដរាប​ទៅ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា
13 អញ​នឹង​សម្រេច​តាម​អស់​ទាំង​ពាក្យ​ដែល​អញ​បាន​ប្រកាស​ទាស់​នឹង​ស្រុក​នោះ គឺ​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​បាន​កត់​ទុក​ក្នុង​សៀវភៅ​នេះ​ហើយ ជា​ពាក្យ​ដែល​យេរេមា​បាន​ទាយ​ទាស់​នឹង​នគរ​ទាំង​ប៉ុន្មាន
14 ដ្បិត​សាសន៍​ជា​ច្រើន និង​ស្តេច​ធំៗ នឹង​ចាប់​ប្រើ​សាសន៍​ខាល់ដេ​នោះ​វិញ ហើយ​អញ​នឹង​សង​គេ តាម​អំពើ​ដែល​គេ​បាន​ប្រព្រឹត្ត និង​តាម​ការ​ដែល​ដៃ​គេ​បាន​ធ្វើ។
15 ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​ទ្រង់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច្នេះ​ថា ចូរ​យក​ពែង​ស្រា​ជា​សេចក្ដី​ឃោរ‌ឃៅ​នេះ​ពី​ដៃ​អញ​ទៅ ហើយ​បំផឹក​អស់​ទាំង​សាសន៍​ដែល​អញ​ចាត់​ឯង​ឲ្យ​ទៅ​នោះ​ចុះ
16 គេ​នឹង​ផឹក ហើយ​និង​ដើរ​វិល​វង់​ទៅ​មក ហើយ​ទៅ​ជា​ឆ្កួត​ដោយ​ព្រោះ​ដាវ​ដែល​អញ​នឹង​ចាត់​ទៅ​កណ្តាល​ពួក​គេ
17 ដូច្នេះ ខ្ញុំ​ក៏​យក​ពែង​នោះ​ពី​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា ទៅ​បំផឹក​អស់​ទាំង​សាសន៍​ដែល​ព្រះ‌យេហូវ៉ា​បាន​ចាត់​ឲ្យ​ខ្ញុំ​ទៅ​នោះ
18 គឺ​ក្រុង​យេរូ‌សាឡឹម និង​ទី​ក្រុង​ស្រុក​យូដា​ទាំង​ប៉ុន្មាន ព្រម​ទាំង​ស្តេច និង​ពួក​ចៅ‌ហ្វាយ​របស់​គេ​ផង ដើម្បី​ឲ្យ​គេ​ទៅ​ជា​ទី​ខូច​បង់ ជា​ទី​ស្រឡាំង‌កាំង ជា​ទី​ដែល​គេ​ធ្វើ​ស៊ីស‌ស៊ូស​ឲ្យ ហើយ​ជា​ទី​ផ្តាសា​ដូច​ជា​សព្វ​ថ្ងៃ​នេះ
19 និង​ផារ៉ោន ជា​ស្តេច​ស្រុក​អេស៊ីព្ទ ពួក​មហា‌តលិក និង​ពួក​ចៅ‌ហ្វាយ ហើយ​សាសន៍​របស់​គេ​ផង
20 អស់​ទាំង​សាសន៍​លាយ​គ្នា ពួក​ស្តេច​នៅ​ស្រុក​អ៊ូស និង​អស់​ទាំង​ស្តេច​របស់​ស្រុក​ភីលីស្ទីន គឺ​ក្រុង​អាស‌កា‌ឡូន ក្រុង​កាសា ក្រុង​អេក្រុន និង​សំណល់​នៃ​ក្រុង​អាសដូឌ
21 សាសន៍​អេដុម សាសន៍​ម៉ូអាប់ និង​ពួក​កូន​ចៅ​អាំម៉ូន
22 អស់​ទាំង​ស្តេច​ក្រុង​ទីរ៉ុស ស្តេច​ក្រុង​ស៊ីដូន និង​ស្តេច​ទាំង​ប៉ុន្មាន​ដែល​នៅ​កោះ​ខាង​នាយ​សមុទ្រ
23 ពួក​ដេដាន់ ពួក​ថេម៉ា និង​ពួក​ប៊ូស ហើយ​អស់​ពួក​អ្នក​ដែល​កាត់​ជ្រុង​ពុក‌ចង្កា
24 អស់​ទាំង​ស្តេច​សាសន៍​អារ៉ាប់ និង​ស្តេច​នៃ​សាសន៍​លាយ​គ្នា ដែល​អាស្រ័យ​នៅ​ទី​រហោ‌ស្ថាន
25 ពួក​ស្តេច​ស៊ីមរី ស្តេច​អេឡាំ និង​អស់​ទាំង​ស្តេច​សាសន៍​មេឌី
26 ស្តេច​ទាំង​ប៉ុន្មាន​នៃ​ស្រុក​ខាង​ជើង ទាំង​ជិត​ទាំង​ឆ្ងាយ​ជា​មួយ​គ្នា ព្រម​ទាំង​នគរ​ទាំង​អស់​នៅ​ក្នុង​លោកីយ៍ ដែល​នៅ​លើ​ផែនដី​ផង រួច​ស្តេច​សេសាក ​នឹង​ត្រូវ​ផឹក​ជា​ខាង​ក្រោយ​បង្អស់។
27 ត្រូវ​ឲ្យ​ឯង​ប្រាប់​គេ​ថា ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ចូរ​ផឹក​ចុះ ហើយ​ឲ្យ​ស្រវឹង​ផង ចូរ​ក្អួត​ចេញ ហើយ​ដួល​ចុះ​ឥត​ដែល​ក្រោក​ឡើង​វិញ​ឡើយ ដោយ​ព្រោះ​ដាវ​ដែល​អញ​នឹង​ចាត់​ទៅ​កណ្តាល​ពួក​ឯង​រាល់​គ្នា
28 បើ​កាល​ណា​គេ​មិន​ព្រម​ផឹក​ពី​ពែង​នៅ​ដៃ​ឯង​ទេ នោះ​ត្រូវ​ឲ្យ​ឯង​ប្រាប់​គេ​ថា ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ផឹក​ជា​ពិត
29 ដ្បិត​មើល អញ​ចាប់​តាំង​ធ្វើ​ទោស​ដល់​ទី​ក្រុង​ដែល​បាន​ហៅ​តាម​ឈ្មោះ​អញ ដូច្នេះ តើ​ឯង​រាល់​គ្នា​នឹង​រួច​ខ្លួន​ឥត​មាន​ទោស​សោះ​បាន​ឬ អញ​នឹង​ហៅ​ឲ្យ​មាន​ដាវ​មក​លើ​គ្រប់​ទាំង​មនុស្ស​នៅ​ផែនដី នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។
30 ដូច្នេះ ចូរ​ទាយ​អស់​ទាំង​ពាក្យ​នេះ​ទាស់​នឹង​គេ​ហើយ​ប្រាប់​គេ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​គ្រហឹម​ពី​ខាង​លើ ហើយ​និង​បព្ចោញ​ព្រះ‌សូរ‌សៀង​ទ្រង់ ពី​ទី​លំនៅ​បរិសុទ្ធ​របស់​ទ្រង់ ទ្រង់​នឹង​គ្រហឹម​ជា​ខ្លាំង​ក្រៃ‌លែង​ទាស់​នឹង​ក្រោល​ទ្រង់ ក៏​នឹង​ស្រែក​ឡើង​ទាស់​នឹង​ពួក​អ្នក​នៅ​ផែនដី​ទាំង​អស់ ដូច​ជា​សម្រែក​នៃ​ពួក​អ្នក​ដែល​ជាន់​ផ្លែ​ទំពាំង‌បាយ‌ជូរ
31 និង​ឮ​សូរ​រហូត​ដល់​ចុង​ផែនដី​បំផុត​ផង ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ការណ៍​ទាស់​ទទឹង​នឹង​សាសន៍​ទាំង​ប៉ុន្មាន ទ្រង់​នឹង​កើត​ក្តី​នឹង​គ្រប់​ទាំង​មនុស្ស ឯ​ពួក​មនុស្ស​អាក្រក់ នោះ​ទ្រង់​នឹង​ប្រគល់​ដល់​ដាវ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។
32 ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា មើល សេចក្ដី​អាក្រក់​នឹង​ចេញ​ពី​នគរ​១​ដល់​នគរ​១ ហើយ​និង​កើត​មាន​ព្យុះ​សង្ឃរា​យ៉ាង​សម្បើម មក​ពី​ចុង​ផែនដី​បំផុត
33 នៅ​ថ្ងៃ​នោះ សាក‌សព​នៃ​មនុស្ស ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រហារ នឹង​នៅ​រាយ​ពេញ ពី​ចុង​ផែនដី​ម្ខាង ទៅ​ដល់​ចុង​ផែនដី​ម្ខាង ឥត​មាន​អ្នក​ណា​សោក​ស្តាយ​គេ ឬ​ប្រមូល​ខ្មោច​គេ​ទៅ​កប់​ឡើយ គឺ​គេ​នឹង​ទៅ​ជា​ជី​នៅ​លើ​ដី
34 ឱ​ពួក​អ្នក​គង្វាល​អើយ ចូរ​ស្រែក​ទ្រហោ​យំ​ចុះ ឱ​ពួក​ជា​ប្រធាន​ក្នុង​ហ្វូង​អើយ ចូរ​ដេក​ននៀល​ក្នុង​ផេះ​ចុះ ដ្បិត​គ្រា​ដែល​សំឡេះ​ឯង ហើយ​កម្ចាត់‌កម្ចាយ​ឯង បាន​មក​ដល់​ហើយ ឯង​រាល់​គ្នា​នឹង​ត្រូវ​ធ្លាក់​ចុះ ដូច​ជា​ភាជនៈ​មាន​តម្លៃ
35 ឯ​ពួក​អ្នក​គង្វាល នឹង​គ្មាន​ផ្លូវ​ណា​រត់​ឲ្យ​រួច​ឡើយ ហើយ​ពួក​ដែល​ជា​ប្រធាន​ក្នុង​ហ្វូង ក៏​ឥត​មាន​ផ្លូវ​នឹង​រួច​បាន​ដែរ
36 មាន​ឮ​សម្រែក​នៃ​ពួក​អ្នក​គង្វាល និង​សូរ​ទ្រហោ​យំ របស់​ពួក​ជា​ប្រធាន​ក្នុង​ហ្វូង ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​បំផ្លាញ​ទី​ឃ្វាល​របស់​គេ
37 ហើយ​ក្រោល​សុខ‌សាន្ត​ទាំង​ប៉ុន្មាន​បាន​ត្រឡប់​ជា​ស្ងាត់​ច្រៀប ដោយ​ព្រោះ​សេចក្ដី​ខ្ញាល់​ដ៏​សហ័ស​នៃ​ព្រះ‌យេហូវ៉ា
38 ទ្រង់​បាន​ចេញ​ពី​ទី​លំនៅ​របស់​ទ្រង់ ដូច​ជា​សិង្ហ ដ្បិត​ស្រុក​របស់​គេ បាន​ត្រឡប់​ជា​ស្ងាត់‌ជ្រងំ ដោយ​ព្រោះ​សេចក្ដី​ច្រឡោត​នៃ​ពួក​រឹប​ជាន់ និង​សេចក្ដី​ខ្ញាល់​ដ៏​សហ័ស​នៃ​ទ្រង់។


ជំពូក 26

1 កាល​នៅ​ដើម​រាជ្យ​នៃ​យេហូយ៉ាគីម ជា​បុត្រ​យ៉ូសៀស ស្តេច​យូដា នោះ​ព្រះ‌បន្ទូល​នេះ​បាន​មក​ពី​ព្រះ‌យេហូវ៉ា​ថា
2 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​បង្គាប់​ដូច្នេះ ចូរ​ទៅ​ឈរ​ក្នុង​ទីលាន​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ចុះ ហើយ​ប្រាប់​ដល់​មនុស្ស​នៅ​អស់​ទាំង​ទី​ក្រុង​ស្រុក​យូដា ដែល​មក​ថ្វាយ‌បង្គំ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា តាម​គ្រប់​ទាំង​ពាក្យ​ដែល​អញ​បង្គាប់​ឲ្យ​ឯង​ប្រាប់​ដល់​គេ កុំ​ឲ្យ​បន្ថយ​ពាក្យ​ណា​មួយ​ឡើយ
3 ប្រហែល​ជា​គេ​នឹង​ស្តាប់​តាម ហើយ​បែរ​ចេញ​ពី​ផ្លូវ​អាក្រក់​ដែល​គេ​ប្រព្រឹត្ត​រៀង​ខ្លួន​ទេ​ដឹង ដើម្បី​ឲ្យ​អញ​បាន​ប្រែ​គំនិត​ចេញ​ពី​ការ​អាក្រក់ ដែល​អញ​សម្រេច​នឹង​ធ្វើ​ដល់​គេ ដោយ​ព្រោះ​អំពើ​អាក្រក់​ដែល​គេ​ប្រព្រឹត្ត​នោះ
4 ត្រូវ​ឲ្យ​ឯង​ប្រាប់​គេ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ បើ​ឯង​រាល់​គ្នា​មិន​ព្រម​ស្តាប់​តាម​អញ ដើម្បី​នឹង​ដើរ​តាម​ច្បាប់​ដែល​អញ​បាន​ដាក់​នៅ​មុខ​ឯង​រាល់​គ្នា
5 ប្រយោជន៍​នឹង​ស្តាប់​តាម​ពាក្យ​របស់​ពួក​ហោរា ជា​អ្នក​បម្រើ​របស់​អញ ដែល​អញ​ចាត់​ឲ្យ​មក​ឯ​ឯង​រាល់​គ្នា ដោយ​ក្រោក​ពី​ព្រលឹម​ស្រាង និង​ចាត់​គេ​ផង តែ​ឯង​រាល់​គ្នា​មិន​បាន​ស្តាប់​តាម​សោះ
6 នោះ​អញ​នឹង​ធ្វើ​ឲ្យ​វិហារ​នេះ​បាន​ដូច​ជា​ស៊ីឡូរ​វិញ ហើយ​និង​ធ្វើ​ឲ្យ​ទី​ក្រុង​នេះ​ត្រឡប់​ជា​ទី​ផ្តាសា​ដល់​អស់​ទាំង​សាសន៍​នៅ​ផែនដី​ផង
7 ឯ​ពួក​សង្ឃ ពួក​ហោរា និង​បណ្តា‌ជន​ទាំង‌ឡាយ ក៏​ឮ​យេរេមា​ប្រាប់​ពាក្យ​ទាំង​នេះ នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ដែរ។
8 លុះ​ដល់​យេរេមា​បាន​ប្រាប់​គ្រប់​ទាំង​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់ ឲ្យ​លោក​ប្រាប់​ដល់​ជន​ទាំង‌ឡាយ​រួច​អស់​ហើយ នោះ​ពួក​សង្ឃ និង​ពួក​ហោរា ហើយ​បណ្តា‌ជន​ទាំង​អស់ ក៏​ចាប់​លោក​ដោយ​ពាក្យ​ថា ឯង​ត្រូវ​ស្លាប់​ហើយ
9 ហេតុ​អ្វី​បាន​ជា​ឯង​ទាយ​ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា​ថា ព្រះ‌វិហារ​នេះ​នឹង​បាន​ដូច​ជា​ស៊ីឡូរ ហើយ​ទី​ក្រុង​នេះ​នឹង​ត្រូវ​ខូច​បង់ ឥត​មាន​អ្នក​ណា​នៅ​ដូច្នេះ រួច​ប្រជា‌ជន​ក៏​មូល​គ្នា​មក​ព័ទ្ធ​ជុំ​យេរេមា នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា។
10 កាល​ពួក​ចៅ‌ហ្វាយ​នៃ​ស្រុក​យូដា​បាន​ឮ​សេចក្ដី​ទាំង​នោះ​ហើយ គេ​ក៏​ចេញ​ពី​ដំណាក់​ស្តេច ឡើង​ទៅ​ឯ​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា រួច​អង្គុយ​ចុះ​ត្រង់​ទ្វារ​ថ្មី​នៃ​ព្រះ‌វិហារ​ព្រះ‌យេហូវ៉ា
11 នោះ​ពួក​សង្ឃ និង​ពួក​ហោរា គេ​ជម្រាប​ដល់​ពួក​ចៅ‌ហ្វាយ ហើយ​ដល់​ជន​ទាំង​អស់​ថា មនុស្ស​នេះ​គួរ​ស្លាប់​ហើយ ដ្បិត​គេ​បាន​ទាយ​ទាស់​នឹង​ក្រុង​នេះ ដូច​ជា​អស់​លោក​អ្នក​បាន​ឮ​ដោយ​ត្រចៀក​ស្រាប់
12 រួច​យេរេមា​លោក​ក៏​ជម្រាប​ដល់​ពួក​ចៅ‌ហ្វាយ និង​ជន​ទាំង​អស់​ថា ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ចាត់​ខ្ញុំ ឲ្យ​មក​ទាយ​ប្រាប់​អស់​ទាំង​ពាក្យ​ដែល​អ្នក​រាល់​គ្នា​បាន​ឮ ទាស់​នឹង​ព្រះ‌វិហារ ហើយ​និង​ទី​ក្រុង​នេះ
13 ដូច្នេះ ចូរ​កែ​ផ្លូវ និង​កិរិយា​របស់​អ្នក​រាល់​គ្នា​ឥឡូវ ហើយ​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​ចុះ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ប្រែ​គំនិត​ចេញ​ពី​សេចក្ដី​អាក្រក់ ដែល​ទ្រង់​បាន​ប្រកាស​ទាស់​នឹង​អ្នក​រាល់​គ្នា​វិញ
14 តែ​ឯ​ខ្លួន​ខ្ញុំ​នេះ ខ្ញុំ​នៅ​ក្នុង​កណ្តាប់​ដៃ​នៃ​អ្នក​រាល់​គ្នា​ហើយ ចូរ​ធ្វើ​ដល់​ខ្ញុំ​តាម​ដែល​អ្នក​រាល់​គ្នា​ឃើញ​ថា​ល្អ ហើយ​ទៀង​ត្រង់​ចុះ
15 ប៉ុន្តែ ត្រូវ​ឲ្យ​ដឹង​ពិត​ថា បើ​អ្នក​រាល់​គ្នា​សម្លាប់​ខ្ញុំ នោះ​នឹង​នាំ​ឲ្យ​ឈាម​ដែល​ឥត​មាន​ទោស​ប្រឡាក់​លើ​ខ្លួន​អ្នក​រាល់​គ្នា លើ​ទី​ក្រុង​នេះ និង​ពួក​អ្នក​ដែល​អាស្រ័យ​នៅ​ផង ដ្បិត​ព្រះ‌យេហូវ៉ា​បាន​ចាត់​ខ្ញុំ​ឲ្យ​មក ដើម្បី​នឹង​ប្រាប់​ពាក្យ​ទាំង​នេះ នៅ​ត្រចៀក​អ្នក​រាល់​គ្នា​ជា​ពិត។
16 នោះ​ពួក​ចៅ‌ហ្វាយ និង​ជន​ទាំង‌ឡាយ​ក៏​និយាយ​នឹង​ពួក​សង្ឃ ហើយ​និង​ពួក​ហោរា​ថា មនុស្ស​នេះ​មិន​គួរ​នឹង​ស្លាប់​ទេ ដ្បិត​បាន​គ្រាន់​តែ​ប្រាប់​យើង​រាល់​គ្នា ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ទេ​តើ
17 រួច​មាន​ពួក​ចាស់‌ទុំ​ខ្លះ​ក្នុង​ស្រុក គេ​ក្រោក​ឡើង​ប្រាប់​ដល់​ប្រជុំ​ជន​ថា
18 មីកា ជា​ពួក​ម៉ូរ៉ាស៊ីត បាន​ទាយ នៅ​ក្នុង​រាជ្យ​ហេសេគា​ជា​ស្តេច​យូដា ហើយ​ប្រាប់​ដល់​ពួក​ជន​នៅ​ស្រុក​យូដា​ថា ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​ដូច្នេះ គេ​នឹង​ភ្ជួរ​ភ្នំ​ស៊ីយ៉ូន ដូច​ជា​ភ្ជួរ​ស្រែ​ចម្ការ ហើយ​ក្រុង​យេរូ‌សាឡឹម​នឹង​ត្រឡប់​ជា​កង​គំនរ ឯ​ភ្នំ​នៃ​ព្រះ‌វិហារ នោះ​នឹង​ដូច​ជា​ទី​ខ្ពស់​នៅ​ព្រៃ​ណា​មួយ
19 ចុះ​តើ​ហេសេគា ជា​ស្តេច​យូដា និង​ពួក​យូដា​ទាំង​អស់​បាន​សម្លាប់​លោក​ឬ​អី តើ​ទ្រង់​មិន​បាន​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​វិញ ហើយ​ទូល‌អង្វរ​ចំពោះ​ព្រះ‌អង្គ​ទេ​ឬ​អី ឯ​ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ប្រែ​គំនិត​ចេញ​ពី​សេចក្ដី​អាក្រក់ ដែល​ទ្រង់​បាន​ប្រកាស​ទាស់​នឹង​គេ​ដែរ ធ្វើ​ដូច្នេះ​យើង​នឹង​ឈ្មោះ​ថា​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​យ៉ាង​ធំ ទាស់​នឹង​ព្រលឹង​យើង​ហើយ។
20 មួយ​ទៀត​ក៏​មាន​ម្នាក់​ដែល​ទាយ​ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ឈ្មោះ​អ៊ូរីយ៉ា ជា​កូន​របស់​សេម៉ាយ៉ា ពី​ក្រុង​គារយ៉ាត់-យារីម អ្នក​នោះ​ទាយ​ទាស់​នឹង​ទី​ក្រុង ហើយ​និង​ស្រុក​នេះ តាម​អស់​ទាំង​ពាក្យ​របស់​យេរេមា​ដែរ
21 លុះ​កាល​ស្តេច​យេហូយ៉ាគីម ព្រម​ទាំង​មនុស្ស​ខ្លាំង​ពូកែ​របស់​ទ្រង់ និង​ពួក​ចៅ‌ហ្វាយ បាន​ឮ​ពាក្យ​របស់​អ្នក​នោះ​ហើយ នោះ​ស្តេច​ក៏​រក​សម្លាប់​អ៊ូរីយ៉ា តែ​កាល​គាត់​បាន​ដឹង នោះ​ក៏​ភ័យ ហើយ​បាន​រត់​ទៅ​ឯ​ស្រុក​អេស៊ីព្ទ
22 តែ​ស្តេច​យេហូយ៉ាគីម ទ្រង់​ចាត់​មនុស្ស​ឲ្យ​ទៅ​ឯ​ស្រុក​អេស៊ីព្ទ គឺ​អែល‌ណាថាន ជា​កូន​អ័កបោរ និង​មនុស្ស​ខ្លះ​ទៀត ឲ្យ​ទៅ​ជា​មួយ
23 អ្នក​ទាំង​នោះ​ក៏​នាំ​យក​អ៊ូរីយ៉ា ពី​ស្រុក​អេស៊ីព្ទ​មក​ថ្វាយ​ដល់​ស្តេច​យេហូយ៉ាគីម ហើយ​ទ្រង់​ក៏​សម្លាប់​គាត់​ដោយ​ដាវ ព្រម​ទាំង​បោះ​ខ្មោច​របស់​គាត់​ទៅ​ក្នុង​ផ្នូរ​នៃ​ពួក​មនុស្ស​ធម្មតា​ទៅ
24 ប៉ុន្តែ អ័ហ៊ី‌កាម ជា​កូន​សាផាន លោក​ជួយ​ខាង​យេរេមា ដើម្បី​មិន​ឲ្យ​គេ​ប្រគល់​លោក​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ជន​ឲ្យ​គេ​សម្លាប់​លោក​ឡើយ។


ជំពូក 27

1 នៅ​ដើម​រាជ្យ​នៃ​សេដេគា ជា​បុត្រ​យ៉ូសៀស​ស្តេច​យូដា នោះ​ព្រះ‌បន្ទូល​នេះ​បាន​មក​ពី​ព្រះ‌យេហូវ៉ា ដល់​យេរេមា​ថា
2 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច្នេះ ចូរ​ធ្វើ​នឹម និង​ខ្សែ ហើយ​ពាក់​នៅ​ក​ឯង
3 លំដាប់​នោះ​ត្រូវ​ផ្ញើ​ទៅ​ថ្វាយ​ដល់​ស្តេច​សាសន៍​អេដុម ស្តេច​សាសន៍​ម៉ូអាប់ ស្តេច​ពួក​កូន​ចៅ​អាំម៉ូន ស្តេច​ក្រុង​ទីរ៉ុស និង​ស្តេច​ក្រុង​ស៊ីដូន ដោយ​ដៃ​ពួក​ទូត​ដែល​មក​ដល់​ក្រុង​យេរូ‌សាឡឹម ដើម្បី​គាល់​សេដេគា ជា​ស្តេច​យូដា
4 ព្រម​ទាំង​ផ្តាំ​ឲ្យ​គេ​ប្រាប់​ដល់​ចៅ‌ហ្វាយ​គេ ដោយ​ពាក្យ​ថា ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ចូរ​ឲ្យ​អ្នក​រាល់​គ្នា​ជម្រាប​ដល់​ចៅ‌ហ្វាយ​ខ្លួន​យ៉ាង​នេះ​ថា
5 អញ​បាន​បង្កើត​ផែនដី និង​មនុស្ស ហើយ​សត្វ​ដែល​នៅ​លើ​ផែនដី​ទាំង​ប៉ុន្មាន ដោយ‌សារ​ឫទ្ធិ​ដ៏​ធំ និង​ដៃ​លើក​សម្រេច​របស់​អញ ក៏​ប្រគល់​ដល់​អ្នក​ណា​ដែល​អញ​គិត​ឃើញ​ថា​គួរ
6 ឥឡូវ​នេះ អញ​បាន​ប្រគល់​ស្រុក​ទាំង​នេះ​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​នេប៊ូ‌ក្នេសា ស្តេច​បាប៊ីឡូន ជា​អ្នក​បម្រើ​របស់​អញ​ហើយ ក៏​បាន​ឲ្យ​អស់​ទាំង​សត្វ​នៅ​វាល សម្រាប់​នឹង​បម្រើ​គេ​ដែរ
7 សាសន៍​ទាំង​អស់​នឹង​បម្រើ​ស្តេច​នោះ និង​កូន ហើយ​និង​ចៅ​របស់​គេ​ផង ដរាប​ដល់​កំណត់​នៃ​ស្រុក​គេ នោះ​សាសន៍​ជា​ច្រើន ហើយ​ស្តេច​ធំ​នឹង​ចាប់​ស្តេច​នោះ​ប្រើ​ជា​បាវ​វិញ
8 រីឯ​សាសន៍​ណា ឬ​នគរ​ណា ដែល​មិន​ព្រម​បម្រើ​នេប៊ូ‌ក្នេសា ជា​ស្តេច​បាប៊ីឡូន​នេះ ហើយ​មិន​ព្រម​ឱន​ក​ទទួល​នឹម​របស់​ស្តេច​បាប៊ីឡូន នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​នឹង​ធ្វើ​ទោស​ដល់​សាសន៍​នោះ​ដោយ​ដាវ អំណត់‌អត់ និង​អាសន្ន‌រោគ ទាល់​តែ​អញ​បាន​ឲ្យ​គេ​សូន្យ​បាត់ ដោយ​ដៃ​របស់​ស្តេច​នោះ​ទៅ
9 តែ​ឯ​ឯង​រាល់​គ្នា កុំ​ឲ្យ​ស្តាប់​តាម​ពួក​ហោរា​របស់​ឯង ឬ​តាម​ពួក​គ្រូ​ទាយ ពួក​យល់‌សប្តិ ពួក​គ្រូ​អង្គុយ​ធម៌ ឬ​ពួក​គ្រូ​នក្ខត្ត‌ឫក្ស​ដែល​និយាយ​នឹង​ឯង​រាល់​គ្នា​ថា មិន​ត្រូវ​ឲ្យ​បម្រើ​ស្តេច​ស្រុក​បាប៊ីឡូន​នោះ​ឡើយ
10 ដ្បិត​គេ​ទាយ​ជា​សេចក្ដី​កុហក​ដល់​ឯង​រាល់​គ្នា​ទេ ដើម្បី​ឲ្យ​ឯង​ត្រូវ​ព្រាត់​ចាក​ឆ្ងាយ​ពី​ស្រុក​របស់​ឯង គឺ​ឲ្យ​អញ​បាន​បណ្តេញ​ឯង​រាល់​គ្នា​ចេញ ហើយ​ឲ្យ​ឯង​ត្រូវ​វិនាស​បង់
11 តែ​សាសន៍​ណា​ដែល​ឱន​ក​ទទួល​នឹម ហើយ​បម្រើ​ដល់​ស្តេច​បាប៊ីឡូន​វិញ នោះ​អញ​នឹង​ទុក​គេ ឲ្យ​នៅ​ក្នុង​ស្រុក​របស់​ខ្លួន គេ​នឹង​ភ្ជួរ‌រាស់​ដី ហើយ​អាស្រ័យ​នៅ​ផង នេះ​ហើយ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។
12 ខ្ញុំ​ក៏​បាន​ទូល​ដល់​សេដេគា ជា​ស្តេច​យូដា តាម​គ្រប់​ទាំង​ពាក្យ​នេះ​ថា ចូរ​ឲ្យ​អ្នក​រាល់​គ្នា​ឱន​ក​ទទួល​នឹម ទៅ​បម្រើ​ដល់​ស្តេច​បាប៊ីឡូន និង​រាស្ត្រ​របស់​គេ​ចុះ នោះ​នឹង​បាន​រួច​ជីវិត
13 តើ​ចង់​ស្លាប់​ធ្វើ​អី គឺ​ទាំង​អង្គ​ទ្រង់ និង​រាស្ត្រ​របស់​ទ្រង់​ផង ដោយ​ដាវ អំណត់‌អត់ និង​អាសន្ន‌រោគ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល ពី​ដំណើរ​សាសន៍​ណា​ដែល​មិន​ព្រម​បម្រើ​ដល់​ស្តេច​បាប៊ីឡូន​ដូច្នេះ
14 កុំ​ឲ្យ​ស្តាប់​តាម​ពាក្យ​របស់​ហោរា ដែល​និយាយ​នឹង​អ្នក​រាល់​គ្នា​ថា មិន​ត្រូវ​បម្រើ​ដល់​ស្តេច​បាប៊ីឡូន​នោះ​ឡើយ ដ្បិត​គេ​ទាយ​ជា​សេចក្ដី​កុហក​ទេ
15 ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​មិន​បាន​ចាត់​គេ​ឲ្យ​មក​សោះ គឺ​គេ​ទាយ​ជា​សេចក្ដី​កំភូត​ដោយ​នូវ​ឈ្មោះ​អញ​វិញ ដើម្បី​ឲ្យ​អញ​បាន​បណ្តេញ​ឯង​រាល់​គ្នា​ចេញ ហើយ​ឲ្យ​ឯង​រាល់​គ្នា​ត្រូវ​វិនាស​បង់ គឺ​ទាំង​ខ្លួន​ឯង​រាល់​គ្នា និង​ពួក​ហោរា​ដែល​ទាយ​ដល់​ឯង​ផង។
16 ខ្ញុំ​ក៏​បាន​ប្រាប់​ដល់​ពួក​សង្ឃ និង​ពួក​ជន​ទាំង‌ឡាយ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ កុំ​ឲ្យ​ស្តាប់​តាម​ពាក្យ​របស់​ពួក​ហោរា ដែល​ទាយ​ដល់​ឯង​រាល់​គ្នា​ថា មើល បន្តិច​ទៀត គេ​នឹង​នាំ​យក​អស់​ទាំង​គ្រឿង​ប្រដាប់​របស់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ពី​ក្រុង​បាប៊ីឡូន​មក​វិញ ដ្បិត​គេ​ទាយ​ជា​សេចក្ដី​កុហក​ដល់​ឯង​រាល់​គ្នា​ទេ
17 កុំ​ឲ្យ​ស្តាប់​តាម​គេ​ឡើយ ត្រូវ​ឲ្យ​បម្រើ​ស្តេច​បាប៊ីឡូន​ចុះ នោះ​នឹង​បាន​រួច​ជីវិត តើ​មាន​ទំនង​អ្វី ឲ្យ​ទី​ក្រុង​នេះ​ត្រូវ​ខូច​បង់
18 បើ​គេ​ជា​ហោរា​ពិត ហើយ​បើ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​នៅ​ជា​មួយ​នឹង​គេ នោះ​ឲ្យ​គេ​ទូល‌អង្វរ ដល់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ឥឡូវ​នេះ​ចុះ ដើម្បី​សូម​កុំ​ឲ្យ​គ្រឿង​ប្រដាប់​ដែល​នៅ​សល់​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ហើយ​នៅ​ក្នុង​ដំណាក់​ស្តេច​យូដា​ដែល​នៅ​ក្រុង​យេរូ‌សាឡឹម បាន​ត្រូវ​ដឹក‌នាំ​យក​ទៅ​ឯ​ក្រុង​បាប៊ីឡូន​ទៀត
19 ដ្បិត​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​មាន​ព្រះ‌បន្ទូល​ពី​ដំណើរ​សសរ សមុទ្រ និង​ជើង​ថ្កល់ ហើយ​និង​គ្រឿង​ប្រដាប់​ដែល​នៅ​សល់​ក្នុង​ទី​ក្រុង​នេះ
20 ជា​គ្រឿង​ដែល​នេប៊ូ‌ក្នេសា ស្តេច​បាប៊ីឡូន​មិន​បាន​យក​ទៅ ក្នុង​កាល​ដែល​ចាប់​យក​យេកូនាស ជា​បុត្រ​យេហូយ៉ាគីម ស្តេច​យូដា នាំ​ចេញ​ពី​ក្រុង​យេរូ‌សាឡឹម​ទៅ​ជា​ឈ្លើយ​ដល់​ក្រុង​បាប៊ីឡូន ព្រម​ទាំង​ពួក​អ្នក​ធំ​នៃ​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡឹម​ផង
21 អើ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ពី​ដំណើរ​គ្រឿង​ប្រដាប់​ទាំង​ប៉ុន្មាន ដែល​នៅ​សល់​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ហើយ​ក្នុង​ដំណាក់​ស្តេច​យូដា ដែល​នៅ​ក្រុង​យេរូ‌សាឡឹម​ថា
22 គេ​នឹង​ដឹក‌នាំ​គ្រឿង​ទាំង​នោះ ទៅ​ឯ​ក្រុង​បាប៊ីឡូន ហើយ​និង​ត្រូវ​នៅ​ទី​នោះ ដរាប​ដល់​ថ្ងៃ​ដែល​អញ​ប្រោស នោះ​អញ​នឹង​នាំ​យក​ឡើង​មក ដាក់​នៅ​ត្រង់​កន្លែង​ដើម​វិញ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។


ជំពូក 28

1 លំដាប់​នោះ ក្នុង​ឆ្នាំ​ដដែល គឺ​នៅ​ដើម​រាជ្យ​នៃ​សេដេគា ស្តេច​យូដា ក្នុង​ខែ​ស្រាពណ៍​ឆ្នាំ​ទី​៤ នោះ​ហោរា​ហាណានា ជា​កូន​អ័ស៊ើរ ដែល​នៅ​គីបៀន បាន​និយាយ​នឹង​ខ្ញុំ នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ចំពោះ​ពួក​សង្ឃ និង​បណ្តា‌ជន​ថា
2 ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ អញ​បាន​បំបាក់​នឹម​របស់​ស្តេច​បាប៊ីឡូន​ហើយ
3 នៅ​រវាង​គម្រប់​២​ឆ្នាំ​ទៀត នោះ​អញ​នឹង​នាំ​យក​អស់​ទាំង​គ្រឿង​ប្រដាប់​របស់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ដែល​នេប៊ូ‌ក្នេសា ជា​ស្តេច​បាប៊ីឡូន​បាន​យក​ពី​ទី​នេះ​ទៅ​ដល់​ស្រុក​បាប៊ីឡូន ត្រឡប់​មក​ឯ​កន្លែង​ដើម​វិញ
4 អញ​ក៏​នឹង​នាំ​យេកូនាស ជា​បុត្រ​យេហូយ៉ាគីម​ស្តេច​យូដា និង​ពួក​យូដា​ទាំង​ប៉ុន្មាន ដែល​ត្រូវ​ដឹក‌នាំ​ទៅ​ជា​ឈ្លើយ ដល់​ក្រុង​បាប៊ីឡូន ឲ្យ​វិល​មក​ឯ​ទី​នេះ​វិញ​ដែរ ដ្បិត​អញ​នឹង​បំបាក់​នឹម​របស់​ស្តេច​បាប៊ីឡូន​ពិត នេះ​ហើយ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។
5 រួច​ហោរា​យេរេមា​ក៏​និយាយ​នឹង​ហាណានា នៅ​ចំពោះ​ពួក​សង្ឃ និង​បណ្តា‌ជន​ដែល​ឈរ​នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា
6 គឺ​ហោរា​យេរេមា​និយាយ​ថា អាម៉ែន សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ធ្វើ​ដូច្នោះ​ចុះ សូម​ឲ្យ​ព្រះ‌យេហូវ៉ា​សម្រេច​តាម​ពាក្យ​ដែល​អ្នក​បាន​ទាយ​នោះ ដើម្បី​នឹង​នាំ​យក​អស់​ទាំង​គ្រឿង​ប្រដាប់​របស់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា និង​អស់​អ្នក​ដែល​ត្រូវ​ដឹក​ទៅ​ជា​ឈ្លើយ​នោះ ឲ្យ​ត្រឡប់​មក​ពី​ក្រុង​បាប៊ីឡូន​ដល់​ទី​នេះ​វិញ
7 ប៉ុន្តែ ចូរ​ស្តាប់​ពាក្យ​ដែល​ខ្ញុំ​ពោល​នៅ​ត្រចៀក​អ្នក និង​នៅ​ត្រចៀក​របស់​បណ្តា‌ជន​ទាំង​នេះ​ឥឡូវ​ចុះ
8 ឯ​ពួក​ហោរា​កាល​ពី​ដើម ដែល​នៅ​មុន​ខ្ញុំ ហើយ​និង​អ្នក គេ​បាន​ទាយ​ទាស់​នឹង​ស្រុក​ជា​ច្រើន ហើយ​ទាស់​នឹង​នគរ​យ៉ាង​ធំ គឺ​ទាយ​ពី​ចម្បាំង ពី​ការ​អាក្រក់ និង​ពី​អាសន្ន‌រោគ​ផង
9 តែ​ហោរា​ណា​ដែល​ទាយ​ពី​សន្តិ‌សុខ បើ​កាល​ណា​ទំនាយ​របស់​ហោរា​នោះ​បាន​សម្រេច​ហើយ នោះ​ទើប​នឹង​ស្គាល់​ហោរា​នោះ​ថា ព្រះ‌យេហូវ៉ា​បាន​ចាត់​ប្រើ​មក​មែន
10 នោះ​ហោរា​ហាណានា​ក៏​យក​នឹម​ពី​ក​ហោរា​យេរេមា​ទៅ​បំបាក់​ចោល
11 រួច​ហាណានា​និយាយ​ចំពោះ​បណ្តា‌ជន​ទាំង‌ឡាយ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ គឺ​យ៉ាង​នេះ​ឯង​ដែល​អញ​នឹង​បំបាក់​នឹម​របស់​នេប៊ូ‌ក្នេសា ជា​ស្តេច​បាប៊ីឡូន ចេញ​ពី​ក​នៃ​អស់​ទាំង​សាសន៍​ក្នុង​រវាង​គម្រប់​២​ឆ្នាំ​ទៅ​មុខ​នេះ នោះ​ហោរា​យេរេមា​ក៏​ចេញ​ទៅ​បាត់។
12 រួច​មក ក្នុង​ពេល​ក្រោយ​ដែល​ហោរា​ហាណានា​បាន​បំបាក់​នឹម​ពី​ក​យេរេមា​ចេញ​ហើយ នោះ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​លោក​ថា
13 ចូរ​ទៅ​ប្រាប់​ដល់​ហាណានា​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ អ្នក​បាន​បំបាក់​នឹម​ដែល​ធ្វើ​ពី​ឈើ តែ​ឯង​បាន​ធ្វើ​នឹម​ដែក​ជំនួស​វិញ
14 ដ្បិត​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​ពួក​សាសន៍​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា អញ​បាន​ដាក់​នឹម​ដែក​នៅ​ក​នៃ​សាសន៍​ទាំង​នេះ​ហើយ ដើម្បី​ឲ្យ​គេ​ត្រូវ​បម្រើ​នេប៊ូ‌ក្នេសា ជា​ស្តេច​បាប៊ីឡូន ហើយ​គេ​នឹង​បម្រើ​ពិត​មែន អញ​ក៏​បាន​ឲ្យ​សត្វ​នៅ​វាល ដល់​គេ​ដែរ
15 រួច​ហោរា​យេរេមា​និយាយ​ទៅ​ហោរា​ហាណានា​ថា នែ ហាណានា ចូរ​ស្តាប់​ឥឡូវ​ចុះ ព្រះ‌យេហូវ៉ា​មិន​បាន​ចាត់​ប្រើ​អ្នក​ទេ គឺ​អ្នក​នាំ​ឲ្យ​សាសន៍​នេះ​ទុក​ចិត្ត​ចំពោះ​សេចក្ដី​កំភូត​វិញ
16 ហេតុ​នេះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា មើល អញ​នឹង​បណ្តេញ​ឯង​ឲ្យ​បាត់​ចេញ​ពី​ផែនដី​ទៅ គឺ​ឯង​នឹង​ត្រូវ​ស្លាប់​ក្នុង​ឆ្នាំ​នេះ ពី​ព្រោះ​ឯង​បាន​ពោល​សេចក្ដី​បះ‌បោរ​ទាស់​នឹង​ព្រះ‌យេហូវ៉ា
17 ដូច្នេះ នៅ​ខែ​អស្សុជ ក្នុង​ឆ្នាំ​នោះ​ឯង​ហោរា​ហាណានា​ក៏​ស្លាប់​ទៅ។


ជំពូក 29

1 នេះ​ឯង​ជា​សេចក្ដី​ចុះ​ក្នុង​សំបុត្រ ដែល​ហោរា​យេរេមា​បាន​ផ្ញើ​ពី​ក្រុង​យេរូ‌សាឡឹម ទៅ​ឯ​សំណល់​ពួក​ចាស់‌ទុំ ក្នុង​ពួក​ដែល​ត្រូវ​ដឹក​ទៅ​ជា​ឈ្លើយ ហើយ​និង​ពួក​សង្ឃ ពួក​ហោរា និង​បណ្តា‌ជន​ទាំង​អស់ ដែល​នេប៊ូ‌ក្នេសា​បាន​ដឹក​ជា​ឈ្លើយ ពី​ក្រុង​យេរូ‌សាឡឹម​ទៅ​ឯ​ស្រុក​បាប៊ីឡូន
2 គឺ​ក្នុង​គ្រា​ក្រោយ​ដែល​ស្តេច​យេកូនាស និង​អគ្គ‌មហេសី ពួក​សេនាបតី ពួក​ចៅ‌ហ្វាយ​នៃ​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡឹម ព្រម​ទាំង​ពួក​ជាង​ឈើ និង​ជាង​ដែក បាន​ចេញ​ពី​ក្រុង​យេរូ‌សាឡឹម​អស់​ហើយ
3 លោក​ផ្ញើ​សំបុត្រ​នោះ​ដោយ‌សារ​ដៃ​អេលាសារ ជា​កូន​សាផាន និង​កេម៉ារា ជា​កូន​ហ៊ីល‌គីយ៉ា ជា​អ្នក​ដែល​សេដេគា ស្តេច​យូដា​បាន​ចាត់​ទៅ​ឯ​ស្រុក​បាប៊ីឡូន ដល់​នេប៊ូ‌ក្នេសា ជា​ស្តេច​ស្រុក​នោះ​ថា
4 ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ដល់​ពួក​ឈ្លើយ​ទាំង​ប៉ុន្មាន ដែល​ទ្រង់​បាន​ឲ្យ​គេ​ដឹក​ជា​ឈ្លើយ ចេញ​ពី​ក្រុង​យេរូ‌សាឡឹម ទៅ​ដល់​ស្រុក​បាប៊ីឡូន​ថា
5 ចូរ​ឲ្យ​ឯង​រាល់​គ្នា​សង់​ផ្ទះ ហើយ​អាស្រ័យ​នៅ​ចុះ ចូរ​ដាំ​ដំណាំ ហើយ​ស៊ី​ផល​នោះ​ទៅ
6 ចូរ​យក​ប្រពន្ធ ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី ព្រម​ទាំង​រក​ប្រពន្ធ​ឲ្យ​កូន​ប្រុស​ឯង ហើយ​លើក​កូន​ស្រី​របស់​ឯង​ឲ្យ​មាន​ប្ដី​ផង ដើម្បី​ឲ្យ​បាន​បង្កើត​កូន​ប្រុស​កូន​ស្រី​ដែរ ចូរ​ឲ្យ​ចម្រើន​ជា​ច្រើន​ឡើង​នៅ​ទី​នោះ កុំ​ឲ្យ​ថយ​ចំនួន​ឯង​ឡើយ
7 ចូរ​ខំ​ប្រឹង​ធ្វើ​ឲ្យ​ទី​ក្រុង​ដែល​អញ​បាន​ឲ្យ​គេ​ដឹក‌នាំ​ឯង​ទៅ​នៅ​ជា​ឈ្លើយ​នោះ បាន​សេចក្ដី​សុខ ហើយ​ត្រូវ​អធិស្ឋាន​ដល់​ព្រះ‌យេហូវ៉ា​ឲ្យ​ទី​នោះ​ផង ដ្បិត​ក្នុង​សេចក្ដី​សុខ​របស់​ក្រុង​នោះ ឯង​រាល់​គ្នា​នឹង​បាន​សេចក្ដី​សុខ​ដែរ
8 ពី​ព្រោះ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ កុំ​ឲ្យ​ពួក​ហោរា និង​ពួក​គ្រូ​ទាយ​របស់​ឯង ដែល​នៅ​កណ្តាល​ពួក​ឯង​រាល់​គ្នា​បញ្ឆោត​ឯង​ឡើយ ក៏​កុំ​ឲ្យ​ស្តាប់​តាម​សប្តិ​របស់​ឯង ដែល​ឯង​រាល់​គ្នា​បាន​យល់‌សប្តិ​នោះ​ដែរ
9 ដ្បិត​គេ​ទាយ​កុហក​ដល់​ឯង​រាល់​គ្នា ដោយ​នូវ​ឈ្មោះ​អញ​ទេ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​មិន​បាន​ចាត់​គេ​ឡើយ
10 ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ លុះ​កាល​បាន​សម្រេច​គ្រប់​៧០​ឆ្នាំ​នៅ​ស្រុក​បាប៊ីឡូន​ហើយ នោះ​អញ​នឹង​ប្រោស​ឯង​រាល់​គ្នា ហើយ​និង​ធ្វើ​សម្រេច​ដល់​ឯង​រាល់​គ្នា តាម​ពាក្យ​ល្អ​របស់​អញ ដោយ​ធ្វើ​ឲ្យ​ឯង​រាល់​គ្នា​វិល​មក​ឯ​ទី​នេះ​វិញ
11 ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​ស្គាល់​សេចក្ដី​ដែល​អញ​គិត​ពី​ដំណើរ​ឯង​រាល់​គ្នា មិន​មែន​គិត​ធ្វើ​សេចក្ដី​អាក្រក់​ទេ គឺ​គិត​ឲ្យ​បាន​សេចក្ដី​សុខ​វិញ ដើម្បី​ដល់​ចុង​បំផុត ឲ្យ​ឯង​រាល់​គ្នា​បាន​សេចក្ដី​សង្ឃឹម
12 នោះ​ឯង​រាល់​គ្នា​នឹង​អំពាវ‌នាវ​ដល់​អញ ហើយ​និង​ទៅ​អធិស្ឋាន​ដល់​អញ រួច​អញ​នឹង​យល់​ព្រម​តាម
13 ឯង​រាល់​គ្នា​នឹង​ស្វែង​រក​អញ ហើយ​និង​ឃើញ​ផង គឺ​កាល​ណា​ឯង​ស្វែង​រក​អញ​ឲ្យ​អស់​អំពី​ចិត្ត
14 ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​នឹង​ឲ្យ​ឯង​រាល់​គ្នា​រក​អញ​ឃើញ អញ​នឹង​ដោះ​ឯង​រាល់​គ្នា​ឲ្យ​រួច​ពី​សណ្ឋាន​ជា​ឈ្លើយ ហើយ​និង​ប្រមូល​ឯង​ពី​គ្រប់​ទាំង​សាសន៍ និង​ពី​គ្រប់​កន្លែង​ណា​ដែល​អញ​បាន​បណ្តេញ​ឯង នាំ​វិល​ត្រឡប់​មក​ឯ​កន្លែង​ដែល​អញ​បាន​ឲ្យ​គេ​ចាប់​ទៅ​ជា​ឈ្លើយ​នោះ​វិញ នេះ​ហើយ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។
15 ហេតុ​ដែល​អ្នក​រាល់​គ្នា​និយាយ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បង្កើត​ឲ្យ​យើង​មាន​ពួក​ហោរា នៅ​ស្រុក​បាប៊ីឡូន​នេះ
16 នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ពី​ដំណើរ​ស្តេច​ដែល​គង់​លើ​បល្ល័ង្ក​របស់​ដាវីឌ ហើយ​ពី​ដំណើរ​ជន​ទាំង‌ឡាយ​ដែល​អាស្រ័យ​នៅ​ទី​ក្រុង​នេះ គឺ​ជា​បង​ប្អូន​របស់​ឯង​រាល់​គ្នា ដែល​មិន​បាន​ដឹក​ទៅ​ជា​ឈ្លើយ​ជា​មួយ​នឹង​ឯង​រាល់​គ្នា​ទេ
17 ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា មើល អញ​នឹង​ចាត់​ដាវ សេចក្ដី​អំណត់‌អត់ និង​អាសន្ន‌រោគ​មក​លើ​គេ ហើយ​និង​ធ្វើ​ឲ្យ​គេ​ត្រឡប់​ទៅ​ដូច​ជា​ផ្លែ​ល្វា​អាក្រក់ ដែល​បរិភោគ​មិន​បាន
18 ហើយ​អញ​នឹង​ដេញ​តាម​គេ ដោយ​ដាវ អំណត់‌អត់ និង​អាសន្ន‌រោគ ព្រម​ទាំង​ប្រគល់​គេ​ទៅ​ឲ្យ​ត្រូវ​រសាត់​អណ្តែត នៅ​កណ្តាល​អស់​ទាំង​សាសន៍​នៅ​ផែនដី ឲ្យ​បាន​ជា​ទី​ផ្តាសា ជា​ទី​ស្រឡាំង‌កាំង ហើយ​ជា​ទី​ដែល​គេ​ធ្វើ​ស៊ីស‌ស៊ូស​ឲ្យ និង​ជា​ទី​ត្មះ‌តិះដៀល​នៅ​កណ្តាល​អស់​ទាំង​សាសន៍ ដែល​អញ​នឹង​បណ្តេញ​គេ​នោះ
19 គឺ​ដោយ​ព្រោះ​គេ​មិន​បាន​ស្តាប់​តាម​ពាក្យ​អញ ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​បាន​ចាត់​ពួក​ហោរា ជា​អ្នក​បម្រើ​របស់​អញ​ទៅ​ឯ​គេ ព្រម​ទាំង​ក្រោក​ពី​ព្រលឹម​ស្រាង ដើម្បី​នឹង​ចាត់​គេ​ផង តែ​ឯង​រាល់​គ្នា​មិន​បាន​ស្តាប់​តាម​សោះ នេះ​ហើយ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។
20 ដូច្នេះ ឯង​រាល់​គ្នា ជា​ពួក​ឈ្លើយ ដែល​អញ​បាន​បណ្តេញ​ចេញ​ពី​ក្រុង​យេរូ‌សាឡឹម ទៅ​ឯ​ស្រុក​បាប៊ីឡូន​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ចុះ
21 ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ពី​ដំណើរ​អ័ហាប់ ជា​កូន​កូឡាយ៉ា និង​សេដេគា​ជា​កូន​ម្អាសេយ៉ា ដែល​គេ​ទាយ​ជា​សេចក្ដី​កុហក​ដល់​ឯង​រាល់​គ្នា ដោយ​នូវ​ព្រះ‌នាម​ទ្រង់ គឺ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា មើល​អញ​នឹង​ប្រគល់​គេ​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​នេប៊ូ‌ក្នេសា ជា​ស្តេច​បាប៊ីឡូន ហើយ​ស្តេច​នោះ​នឹង​សម្លាប់​អ្នក​ទាំង​២​នោះ​នៅ​មុខ​ឯង​រាល់​គ្នា
22 ហើយ​ពួក​ឈ្លើយ ជា​សាសន៍​យូដា ដែល​នៅ​ក្រុង​បាប៊ីឡូន នឹង​យក​រឿង​នោះ​ប្រើ​ជា​ពាក្យ​ផ្តាសា​ដល់​អ្នក​ដទៃ​ថា សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ធ្វើ​ឲ្យ​ឯង​បាន​ដូច​ជា​សេដេគា និង​អ័ហាប់ ដែល​ស្តេច​បាប៊ីឡូន​បាន​ឆ្អើរ​នឹង​ភ្លើង​នោះ​ចុះ
23 ពី​ព្រោះ​គេ​បាន​ប្រព្រឹត្ត​អំពើ​ចម្កួត​ក្នុង​ពួក​អ៊ីស្រា‌អែល គេ​បាន​សហាយ‌ស្មន់​នឹង​ប្រពន្ធ​របស់​អ្នក​ជិត​ខាង ហើយ​ពោល​ពាក្យ​កុហក​ដោយ​នូវ​ឈ្មោះ​អញ ជា​សេចក្ដី​ដែល​អញ​មិន​បាន​បង្គាប់​ដល់​គេ​ឡើយ ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា គឺ​អញ​ហើយ​ដែល​ដឹង អញ​ជា​ទី​បន្ទាល់​ពិត។
24 រីឯ​ដំណើរ​សេម៉ាយ៉ា ជា​អ្នក​នៅ​ស្រុក​នេហេលេម នោះ​ត្រូវ​ឲ្យ​ឯង​ប្រាប់​ថា
25 ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ដោយ​ព្រោះ​ឯង​បាន​ធ្វើ​សំបុត្រ​ដោយ​នូវ​ឈ្មោះ​ខ្លួន​ឯង ផ្ញើ​ដល់​អស់​អ្នក​នៅ​ក្រុង​យេរូ‌សាឡឹម និង​ដល់​សេផានា ជា​កូន​ម្អាសេយ៉ា​ដ៏​ជា​សង្ឃ ហើយ​ដល់​ពួក​សង្ឃ​ទាំង​អស់​ផង​ថា
26 ព្រះ‌យេហូវ៉ា​ទ្រង់​បាន​តាំង​ឯង​ឡើង​ធ្វើ​ជា​សង្ឃ ជំនួស​យេហូ‌យ៉ាដា​ដ៏​ជា​សង្ឃ ដើម្បី​ឲ្យ​មាន​ពួក​នាយក​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ប្រយោជន៍​ឲ្យ​ឯង​បាន​ចាប់​អស់​អ្នក​ឆ្កួត ដែល​តាំង​ខ្លួន​ឡើង​ធ្វើ​ជា​ហោរា ដាក់​គុក ដាក់​ខ្នោះ
27 ចុះ​ហេតុ​អ្វី​បាន​ជា​មិន​បាន​បន្ទោស​ដល់​យេរេមា ដែល​នៅ​ក្រុង​អាណាថោត ជា​អ្នក​ដែល​តាំង​ខ្លួន​ឡើង​ជា​ហោរា​ដល់​លោក​រាល់​គ្នា​នោះ
28 ពី​ព្រោះ​វា​បាន​ផ្ញើ​សំបុត្រ​ទៅ​យើង​រាល់​គ្នា នៅ​ឯ​ស្រុក​បាប៊ីឡូន ប្រាប់​ថា ដំណើរ​នេះ​នឹង​ត្រូវ​យូរ​នៅ ចូរ​ធ្វើ​ផ្ទះ ហើយ​អាស្រ័យ​នៅ​ចុះ ចូរ​ដាំ​ដំណាំ ហើយ​ស៊ី​ផល​ទៅ
29 ឯ​សេផានា​ដ៏​ជា​សង្ឃ​ក៏​អាន​មើល​សំបុត្រ​នោះ ឲ្យ​ហោរា​យេរេមា​ស្តាប់
30 ខណៈ​នោះ ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ក៏​មក​ដល់​យេរេមា​ដូច្នេះ
31 ចូរ​ផ្ញើ​ទៅ​ប្រាប់​ដល់​ពួក​អ្នក​ដែល​នៅ​ជា​ឈ្លើយ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល ពី​ដំណើរ​សេម៉ាយ៉ា​ជា​អ្នក​ដែល​មក​ពី​ស្រុក​នេហេលេម​ថា ដោយ​ព្រោះ​សេម៉ាយ៉ា ជា​អ្នក​ដែល​អញ​មិន​បាន​ចាត់​ប្រើ​ឡើយ បាន​ទាយ​ដល់​ឯង​រាល់​គ្នា ហើយ​បាន​នាំ​ឲ្យ​ឯង​រាល់​គ្នា​ទុក​ចិត្ត​ចំពោះ​សេចក្ដី​កំភូត
32 បាន​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា មើល អញ​នឹង​ធ្វើ​ទោស​ដល់​សេម៉ាយ៉ា ជា​អ្នក​ស្រុក​នេហេលេម ព្រម​ទាំង​ពូជ‌ពង្ស​គេ​ផង គេ​នឹង​គ្មាន​ពូជ​ណា​អាស្រ័យ​នៅ​កណ្តាល​សាសន៍​នេះ​ឡើយ ក៏​នឹង​មិន​ឃើញ​ការ​ល្អ​ដែល​អញ​នឹង​ប្រោស​ដល់​រាស្ត្រ​អញ​ដែរ ពី​ព្រោះ​គេ​បាន​ពោល​ជា​សេចក្ដី​បះ‌បោរ​ទាស់​នឹង​ព្រះ‌យេហូវ៉ា នេះ​ហើយ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។


ជំពូក 30

1 នេះ​ជា​ព្រះ‌បន្ទូល​ដែល​មក​ពី​ព្រះ‌យេហូវ៉ា​ដល់​យេរេមា​ថា
2 ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ចូរ​ឲ្យ​ឯង​សរសេរ​អស់​ទាំង​ពាក្យ ចុះ​ក្នុង​សៀវភៅ ដូច​អញ​បាន​ប្រាប់​ឯង
3 ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា មើល នឹង​មាន​គ្រា​មក​ដល់ ដែល​អញ​នឹង​នាំ​រាស្ត្រ​អញ ជា​ពួក​ឈ្លើយ​នោះ គឺ​ពួក​អ៊ីស្រា‌អែល និង​ពួក​យូដា ឲ្យ​ត្រឡប់​មក​វិញ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា អញ​នឹង​ធ្វើ​ឲ្យ​គេ​វិល​ទៅ​ឯ​ស្រុក​ដែល​អញ​បាន​ឲ្យ​ដល់​ពួក​អយ្យ‌កោ​គេ ហើយ​គេ​នឹង​បាន​ស្រុក​នោះ​ជា​របស់​ផង​ខ្លួន។
4 នេះ​ជា​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល ពី​ដំណើរ​ពួក​អ៊ីស្រា‌អែល និង​ពួក​យូដា
5 ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ យើង​បាន​ឮ​សំឡេង​ញាប់‌ញ័រ គឺ​មាន​សេចក្ដី​ភិត‌ភ័យ មិន​មែន​ជា​សេចក្ដី​សុខ​ទេ
6 ចូរ​ស៊ើប​សួរ​ឥឡូវ ឲ្យ​ដឹង បើ​មនុស្ស​ប្រុស​ដែល​ឈឺ​នឹង​សម្រាល​កូន​ឬ ចុះ​ហេតុ​អ្វី​បាន​ជា​ឃើញ​ប្រុសៗ​ទាំង​អស់​កំពុង​តែ​យក​ដៃ​ស្ទឹម​ចុច​ចង្កេះ ដូច​ជា​ស្រី​ដែល​ឈឺ​ចាប់ ហៀប​នឹង​សម្រាល​កូន ហើយ​មុខ​គេ​ក៏​ស្លេក‌ស្លាំង​គ្រប់​គ្នា​ដូច្នេះ
7 វរ‌ហើយ ដ្បិត​ថ្ងៃ​នោះ​ជា​ថ្ងៃ​គួរ​ស្បើម ដល់‌ម៉្លេះ​បាន​ជា​គ្មាន​ថ្ងៃ​ណា​មួយ​ឲ្យ​ដូច​ឡើយ នោះ​ជា​គ្រា​វេទនា​របស់​ពួក​យ៉ាកុប ប៉ុន្តែ គេ​នឹង​បាន​ប្រោស​ឲ្យ​រួច​ចេញ​ពី​គ្រា​នោះ
8 ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា នៅ​ថ្ងៃ​នោះ​អញ​នឹង​បំបាក់​នឹម​គេ​ពី​ក​ឯង​ចេញ ហើយ​ផ្តាច់​ចំណង​ឯង​ផង នោះ​ពួក​សាសន៍​ដទៃ​នឹង​មិន​ចាប់​ប្រើ​ឯង​ជា​បាវ​ទៀត​ឡើយ
9 គឺ​ឯង​នឹង​បម្រើ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង និង​ដាវីឌ ជា​ស្តេច​របស់​ឯង ជា​អ្នក​ដែល​អញ​នឹង​បង្កើត​ឡើង​ដល់​ឯង
10 ដូច្នេះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ឱ​យ៉ាកុប ជា​អ្នក​បម្រើ​អញ​អើយ កុំ​ឲ្យ​ខ្លាច​ឡើយ ឱ​អ៊ីស្រា‌អែល​អើយ កុំ​ឲ្យ​ស្រយុត​ចិត្ត​ដែរ ដ្បិត​មើល អញ​នឹង​ជួយ​សង្គ្រោះ​ឯង ពី​ចម្ងាយ និង​ពូជ‌ពង្ស​ឯង ឲ្យ​រួច​ពី​ស្រុក​ដែល​គេ​នៅ​ជា​ឈ្លើយ​នោះ​ផង នោះ​ពួក​យ៉ាកុប​នឹង​វិល​ត្រឡប់​មក​វិញ ហើយ​និង​នៅ​ដោយ​សុខ​ស្រួល និង​សេចក្ដី​ស្ងប់‌ស្ងាត់ ឥត​មាន​អ្នក​ណា​បំភ័យ​ឡើយ
11 ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​នៅ​ជា​មួយ ដើម្បី​នឹង​ជួយ​សង្គ្រោះ​ឯង ពី​ព្រោះ​អញ​នឹង​ធ្វើ​ឲ្យ​អស់​ទាំង​នគរ ដែល​អញ​បាន​កម្ចាត់‌កម្ចាយ​ឯង​ទៅ​នោះ​ត្រូវ​ផុត​អស់​រលីង​ទៅ តែ​មិន​ធ្វើ​ឲ្យ​ឯង​ផុត​ទេ គឺ​អញ​នឹង​វាយ‌ផ្ចាល​ឯង​តាម​ខ្នាត​វិញ អញ​នឹង​មិន​បណ្តោយ​ឲ្យ​ឯង​នៅ​ដោយ​ឥត​វាយ‌ផ្ចាល​ឡើយ។
12 ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ​ដំបៅ​ឯង​មើល​មិន​ជា​ទេ ហើយ​របួស​ឯង​ក៏​ធ្ងន់​ណាស់​ផង
13 គ្មាន​អ្នក​ណា​នឹង​កាន់​ក្តី​ឯង ដើម្បី​នឹង​រុំ​របួស​ឯង​សោះ ឯង​ក៏​គ្មាន​ថ្នាំ​ណា​ផ្សះ​ផង
14 អស់​ទាំង​សហាយ​របស់​ឯង​បាន​ភ្លេច​ឯង​ហើយ គេ​មិន​រក​ឯង​ទៀត​ទេ ពី​ព្រោះ​អញ​បាន​វាយ​ឯង​ឲ្យ​របួស ដូច​ជា​ខ្មាំង​សត្រូវ​វាយ​ដែរ ហើយ​បាន​វាយ‌ផ្ចាល​ឯង ដូច​ជា​មនុស្ស​សាហាវ ដោយ​ព្រោះ​ចំនួន​អំពើ​ទុច្ចរិត​របស់​ឯង​មាន​ច្រើន​ណាស់ បាប​ឯង​បាន​ចម្រើន​ជា​ច្រើន​ឡើង​ហើយ
15 ហេតុ​អ្វី​បាន​ជា​ឯង​ស្រែក​ដោយ​ព្រោះ​ដំបៅ​ឯង​ដូច្នេះ សេចក្ដី​ឈឺ​ចាប់​របស់​ឯង នោះ​មើល​មិន​ជា​ទេ អញ​បាន​ធ្វើ​ដល់​ឯង​យ៉ាង​នេះ ដោយ​ព្រោះ​ចំនួន​អំពើ​ទុច្ចរិត​របស់​ឯង​មាន​ច្រើន​ណាស់ បាប​ឯង​បាន​ចម្រើន​ជា​ច្រើន​ឡើង​ហើយ
16 ដូច្នេះ អស់​អ្នក​ណា​ដែល​ត្របាក់​ស៊ី​ឯង នឹង​ត្រូវ​គេ​ត្របាក់​ស៊ី​វិញ ឯ​អស់​ទាំង​ខ្មាំង​សត្រូវ​របស់​ឯង គេ​នឹង​ត្រូវ​ចាប់​ទៅ​ជា​ឈ្លើយ​គ្រប់​គ្នា​ដែរ ពួក​អ្នក​ដែល​រឹប​ជាន់​ឯង នឹង​ត្រូវ​គេ​រឹប​ជាន់​ដូច​គ្នា ហើយ​អស់​អ្នក​ដែល​ប្លន់​ឯង នោះ​អញ​នឹង​ឲ្យ​ដល់​គេ​ទុក​ជា​រំពា​វិញ
17 ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​នឹង​មើល​ឯង​ឲ្យ​ជា ហើយ​និង​ធ្វើ​ឲ្យ​របួស​ឯង​បាន​សះ​ទៅ ពី​ព្រោះ​គេ​បាន​ហៅ​ឯង​ជា​ពួក​បំបរ‌បង់ ដោយ​ពាក្យ​ថា នេះ​ក្រុង​ស៊ីយ៉ូន​ដែល​ឥត​មាន​អ្នក​ណា​ស្វែង​រក​សោះ។
18 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា មើល អញ​នឹង​នាំ​ពួក​ឈ្លើយ ដែល​ចាប់​ពី​ត្រសាល​របស់​យ៉ាកុប ឲ្យ​ត្រឡប់​មក​វិញ អញ​នឹង​មាន​សេចក្ដី​អាសូរ​ដល់​ទី​លំនៅ​របស់​គេ ហើយ​ទី​ក្រុង​នឹង​បាន​សង់​ឡើង​វិញ នៅ​លើ​គំនរ​ចាស់ ហើយ​ដំណាក់​នឹង​មាន​នៅ​ដូច​ពី​ដើម
19 ក៏​នឹង​ឮ​ពាក្យ​អរ​ព្រះ‌គុណ និង​សំឡេង​អរ​សប្បាយ ចេញ​ពី​នោះ​មក​អញ​នឹង​ធ្វើ​ឲ្យ​គេ​ចម្រើន​ឡើង គេ​នឹង​មិន​មាន​គ្នា​តិច​ឡើយ អញ​ក៏​នឹង​ធ្វើ​ឲ្យ​គេ​ថ្កុំ‌ថ្កើង​ឡើង​ដែរ គេ​នឹង​មិន​មែន​ជា​នគរ​តូច​ទាប​ទេ
20 កូន​ចៅ​របស់​គេ​នឹង​បាន​ដូច​ជា​កាល​ពី​ដើម ហើយ​ពួក​ជំនុំ​របស់​គេ​នឹង​បាន​តាំង​ឡើង​នៅ​ចំពោះ​អញ អញ​នឹង​ធ្វើ​ទោស​ដល់​អស់​អ្នក​ណា​ដែល​សង្កត់‌សង្កិន​គេ
21 ពួក​អ្នក​ធំ​របស់​គេ​នឹង​កើត​ពី​ពួក​គេ​មក ហើយ​ចៅ‌ហ្វាយ​របស់​គេ​នឹង​ចេញ​ពី​កណ្តាល​ពួក​គេ​ដែរ អញ​នឹង​នាំ​គេ ហើយ​គេ​នឹង​ចូល​មក​ជិត​អញ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា តើ​ដែល​មាន​អ្នក​ណា​មាន​ចិត្ត​ក្លាហាន ហ៊ាន​ចូល​មក​ជិត​អញ​ដូច្នេះ​ឬ
22 នោះ​ឯង​រាល់​គ្នា​នឹង​បាន​ជា​រាស្ត្រ​របស់​អញ ហើយ​អញ​នឹង​ធ្វើ​ជា​ព្រះ​ដល់​ឯង​រាល់​គ្នា។
23 មើល ព្យុះ​សង្ឃរា​របស់​ព្រះ‌យេហូវ៉ា គឺ​ជា​សេចក្ដី​ក្រោធ​របស់​ទ្រង់​បាន​ចេញ​មក​ហើយ គឺ​ជា​ខ្យល់​កួច​ដែល​បោស​រំលីង ខ្យល់​នោះ​នឹង​ធ្លាយ​មក​លើ​ក្បាល​របស់​ពួក​អាក្រក់
24 សេចក្ដី​ខ្ញាល់​ដ៏​សហ័ស​របស់​ព្រះ‌យេហូវ៉ា​នឹង​មិន​វិល​មក​វិញ ដរាប​ដល់​ទ្រង់​បាន​ធ្វើ​សម្រេច ហើយ​បាន​បង្ហើយ​តាម​បំណង​ព្រះ‌ហឫទ័យ ឯ​នៅ​គ្រា​ជាន់​ក្រោយ​បង្អស់ នោះ​ឯង​រាល់​គ្នា​នឹង​យល់​បាន។


ជំពូក 31

1 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា នៅ​គ្រា​នោះ អញ​នឹង​ធ្វើ​ជា​ព្រះ ដល់​គ្រប់​ទាំង​គ្រួ​នៃ​សាសន៍​អ៊ីស្រា‌អែល ហើយ​គេ​នឹង​បាន​ជា​រាស្ត្រ​របស់​អញ
2 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ពួក​ជន​ដែល​សល់​នៅ​ពី​ដាវ គឺ​ជា​ពួក​អ៊ីស្រា‌អែល គេ​បាន​ប្រកប​ដោយ​គុណ​នៅ​ទី​រហោ‌ស្ថាន ក្នុង​កាល​ដែល​អញ​ទៅ​ប្រោស​ឲ្យ​បាន​សេចក្ដី​សម្រាក
3 ព្រះ‌យេហូវ៉ា​ទ្រង់​បាន​លេច​មក​ឲ្យ​ខ្ញុំ​ឃើញ​កាល​ពី​ដើម ដោយ​ព្រះ‌បន្ទូល​ថា អើ អញ​បាន​ស្រឡាញ់​ឯង ដោយ​សេចក្ដី​ស្រឡាញ់​ដ៏​ស្ថិត‌ស្ថេរ​នៅ​អស់‌កល្ប ហេតុ​នេះ​បាន​ជា​អញ​ទាញ​នាំ​ឯង​មក ដោយ​សេចក្ដី​សប្បុរស
4 ឱ​ព្រហ្មចារី​នៃ​សាសន៍​អ៊ីស្រា‌អែល​អើយ អញ​នឹង​សង់​ឯង​ឡើង​វិញ នោះ​ឯង​នឹង​បាន​តាំង​នៅ ឯង​នឹង​បាន​តាក់‌តែង​ដោយ​ក្រាប់​ជា​ថ្មី​ទៀត ព្រម​ទាំង​ចេញ​ទៅ​លោត‌កញ្ឆេង​ជា​មួយ​នឹង​ពួក​អ្នក​ដែល​លេង​សប្បាយ
5 ឯង​នឹង​ដាំ​ដំណាំ​ទំពាំង‌បាយ‌ជូរ​នៅ​លើ​ភ្នំ​ស្រុក​សាម៉ារី​ទៀត ម្ចាស់​ដំណាំ​នឹង​ដាំ​ទៅ ហើយ​ទទួល​ផល​ផង
6 ដ្បិត​នឹង​មាន​ថ្ងៃ​មក​ដល់ ដែល​ពួក​យាម​នៅ​លើ​ភ្នំ​ស្រុក​អេប្រា‌អិម នឹង​ស្រែក​ឡើង​ថា ចូរ​ក្រោក​ឡើង យើង​នឹង​ឡើង​ទៅ​ឯ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​នៅ​ក្រុង​ស៊ីយ៉ូន។
7 ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ចូរ​ច្រៀង​ដោយ​ចិត្ត​អរ​សប្បាយ ព្រោះ​ពួក​យ៉ាកុប ហើយ​ស្រែក​ឡើង​ដោយ​អំណរ ដោយ​ព្រោះ​មេ​ប្រធាន​នៃ​អស់​ទាំង​សាសន៍ ចូរ​ប្រកាស​ប្រាប់​ចុះ ចូរ​លើក​សរសើរ ដោយ​ពាក្យ​ថា ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ជួយ​សង្គ្រោះ​សំណល់​នៃ​សាសន៍​អ៊ីស្រា‌អែល ជា​រាស្ត្រ​របស់​ទ្រង់​ផង
8 មើល អញ​នឹង​នាំ​គេ​មក​ស្រុក​ខាង​ជើង ហើយ​និង​ប្រមូល​គេ​ពី​ចុង​ផែនដី​បំផុត មាន​ទាំង​ពួក​ខ្វាក់ ពួក​ខ្វិន ស្រី​មាន​ទំងន់ និង​ស្រី​ដែល​រៀប​នឹង​សម្រាល​កូន​ផង ជា​ពួក​មនុស្ស​យ៉ាង​ធំ ដែល​នឹង​វិល​មក​នៅ​ទី​នេះ​វិញ
9 គេ​នឹង​មក​ដោយ​ទឹក​ភ្នែក និង​ពាក្យ​ទូល‌អង្វរ អញ​នឹង​នាំ​មុខ​គេ ហើយ​តម្រង់​គេ​ដើរ​ទៅ​ក្បែរ​មាត់​ទន្លេ តាម​ផ្លូវ​ត្រង់ ជា​ផ្លូវ​ដែល​គេ​មិន​ចំពប់​ដួល​ឡើយ ដ្បិត​អញ​ជា​ឪពុក​ដល់​សាសន៍​អ៊ីស្រា‌អែល ហើយ​ពួក​អេប្រា‌អិម​ជា​កូន​ច្បង​របស់​អញ។
10 ឱ​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន​អើយ ចូរ​ឲ្យ​ឯង​រាល់​គ្នា​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ហើយ​ថ្លែង​ប្រាប់​ដល់​ពួក​កោះ​ដែល​នៅ​ឆ្ងាយ​ថា ព្រះ​ដែល​បាន​កម្ចាត់‌កម្ចាយ​សាសន៍​អ៊ីស្រា‌អែល​ទៅ ទ្រង់​នឹង​ប្រមូល​គេ​មក​វិញ ហើយ​និង​រក្សា​គេ ដូច​ជា​អ្នក​គង្វាល​ឃ្វាល​ហ្វូង​ចៀម​របស់​ខ្លួន
11 ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​លោះ​យ៉ាកុប​ហើយ ទ្រង់​បាន​ដោះ​គេ​ចេញ​ពី​កណ្តាប់​ដៃ​នៃ​ពួក​អ្នក​ដែល​ខ្លាំង​ជាង​ខ្លួន
12 គេ​នឹង​មក ហើយ​ច្រៀង​នៅ​លើ​ទី​ខ្ពស់​នៃ​ភ្នំ​ស៊ីយ៉ូន ហើយ​និង​មក​ហូរ‌ហែ ដល់​សេចក្ដី​សប្បុរស​របស់​ព្រះ‌យេហូវ៉ា គឺ​មក​ដល់​ស្រូវ ទឹក​ទំពាំង‌បាយ‌ជូរ ប្រេង និង​កូន​ចៀម កូន​គោ ពី​ហ្វូង​សត្វ ហើយ​ព្រលឹង​គេ​នឹង​បាន​ដូច​ជា​សួន‌ច្បារ ដែល​មាន​ទឹក​ស្រោច នោះ​គេ​នឹង​មិន​មាន​សេចក្ដី​ព្រួយ​ទៀត​ឡើយ
13 គ្រា​នោះ នាង​ក្រមុំ​នឹង​មាន​ចិត្ត​រីក‌រាយ​ក្នុង​ការ​លោត‌កញ្ឆេង ព្រម​ទាំង​ពួក​កំលោះៗ និង​ពួក​ចាស់ៗ​ទាំង​អស់​គ្នា​ផង ដ្បិត​អញ​នឹង​បំប្រែ​សេចក្ដី​សោក‌សៅ​របស់​គេ​ទៅ​ជា​សេចក្ដី​អំណរ​វិញ ហើយ​កំសាន្ត​ចិត្ត​គេ ព្រម​ទាំង​ឲ្យ​គេ​រីក‌រាយ​ចេញ​ពី​សេចក្ដី​ទុក្ខ​ព្រួយ​របស់​គេ
14 អញ​ក៏​នឹង​ចម្អែត​ព្រលឹង​នៃ​ពួក​សង្ឃ ដោយ​សេចក្ដី​បរិបូរ ហើយ​រាស្ត្រ​អញ​នឹង​បាន​ស្កប់​ចិត្ត ដោយ​សេចក្ដី​សប្បុរស​របស់​អញ នេះ​ហើយ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។
15 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា មាន​ឮ​សូរ​សំឡេង​នៅ​រ៉ាម៉ា ជា​សូរ​ទំនួញ និង​សូរ​យំ​យ៉ាង​ជូរ‌ចត់ គឺ​នាង​រ៉ាជែល​យំ​នឹង​កូន​នាង ហើយ​មិន​ព្រម​កំសាន្ត​ចិត្ត ពី​ដំណើរ​កូន​សោះ ដ្បិត​វា​វិនាស​បាត់​ហើយ
16 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ចូរ​ទប់​សំឡេង​ឯង​មិន​ឲ្យ​យំ និង​ភ្នែក​ឯង​មិន​ឲ្យ​ហូរ​សស្រាក់​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ការ​របស់​ឯង​នឹង​បាន​រង្វាន់​ជា​ពិត ហើយ​វា​រាល់​គ្នា​នឹង​វិល​មក​ពី​ស្រុក​របស់​ខ្មាំង​សត្រូវ​វិញ
17 ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​ថា មាន​សេចក្ដី​សង្ឃឹម​សម្រាប់​ចុង​បំផុត​របស់​ឯង កូន​ចៅ​ឯង​នឹង​វិល​មក​ឯ​ព្រំ‌ដែន​របស់​គេ​វិញ
18 ពិត​ប្រាកដ​ជា​អញ​បាន​ឮ​ពួក​អេប្រា‌អិម កំពុង​តែ​ត្អូញ‌ត្អែរ​ថា ទ្រង់​បាន​វាយ‌ផ្ចាល​ទូល‌បង្គំ គឺ​ទូល‌បង្គំ​ត្រូវ​វាយ​ពង្រាប​ដូច​ជា​កូន​គោ​ដែល​មិន​ធ្លាប់​ទឹម សូម​ទ្រង់​ទាញ​ញាក់​ទូល‌បង្គំ​មក​វិញ នោះ​ទូល‌បង្គំ​នឹង​វិល​បែរ​មក​ហើយ ដ្បិត​គឺ​ទ្រង់​ហើយ​ជា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ទូល‌បង្គំ
19 ក្រោយ​ដែល​ទ្រង់​បាន​ទាញ​ញាក់​ទូល‌បង្គំ​មក​វិញ នោះ​ទូល‌បង្គំ​បាន​ប្រែ​គំនិត​ឡើង​ជា​ពិត កាល​ទូល‌បង្គំ​បាន​ទទួល​សេចក្ដី​ប្រៀន‌ប្រដៅ​ហើយ នោះ​ក៏​វាយ​ទះ​ភ្លៅ​ខ្លួន ទូល‌បង្គំ​មាន​សេចក្ដី​ខ្មាស អើ ក៏​ជ្រប់​មុខ​ផង ពី​ព្រោះ​ទូល‌បង្គំ​ធន់​រង​សេចក្ដី​អាម៉ាស់​ខ្មាស​នៃ​វ័យ​នៅ​ក្មេង
20 តើ​អេប្រា‌អិម​ជា​កូន​សំឡាញ់​របស់​អញ​ឬ តើ​ជា​កូន​សំណប់​ឬ​អី ដ្បិត​ដែល​អញ​និយាយ​ទាស់​នឹង​វា​វេលា​ណា នោះ​អញ​ក៏​នឹក​រឭក​ដល់​វា​នៅ​វេលា​នោះ​ឯង ដូច្នេះ អញ​មាន​ចិត្ត​រំជួល​ដល់​វា ហើយ​និង​អាណិត​មេត្តា​ដល់​វា​ជា​មិន​ខាន នេះ​ហើយ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។
21 ចូរ​ធ្វើ​ទី​សម្គាល់​តាម​ផ្លូវ ហើយ​ដោត​ដំរុយ​ចុះ ចូរ​តាំង​ចិត្ត​តម្រង់​ទៅ​ឯ​ថ្នល់ គឺ​ជា​ផ្លូវ​ដែល​ឯង​បាន​ទៅ​តាម​នោះ ឱ​ព្រហ្មចារី​នៃ​សាសន៍​អ៊ីស្រា‌អែល​អើយ ចូរ​វិល​មក​វិញ ចូរ​វិល​មក​ឯ​ទី​ក្រុង​របស់​ឯង​ទាំង​នេះ​ចុះ
22 ឱ​កូន​ស្រី​ដែល​រា‌ថយ​អើយ ឯង​នឹង​នៅ​តែ​ដើរ​សាត់​អណ្តែត តើ​ដល់​កាល​ណា​ទៀត ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បង្កើត​ការ​ថ្មី​នៅ​ផែនដី គឺ​មនុស្ស​ស្រី​នឹង​ឡោម‌ព័ទ្ធ​មនុស្ស​ប្រុស។
23 ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា កាល​ណា​អញ​នាំ​ពួក​គេ​ដែល​ជា​ឈ្លើយ​មក​វិញ នោះ​នៅ​ក្នុង​ស្រុក​យូដា ហើយ​អស់​ទាំង​ទី​ក្រុង​នៅ​ស្រុក​នោះ គេ​នឹង​និយាយ​ពាក្យ​នេះ​ឡើង​ជា​ថ្មី​ទៀត គឺ​ថា ឱ​ទី​លំនៅ​នៃ​សេចក្ដី​សុចរិត ហើយ​ភ្នំ​នៃ​សេចក្ដី​បរិសុទ្ធ​អើយ សូម​ព្រះ‌យេហូវ៉ា​ប្រទាន​ពរ​ដល់​ឯង
24 នោះ​ពួក​យូដា និង​អស់​អ្នក​នៅ​ទី​ក្រុង​របស់​គេ គឺ​ជា​ពួក​អ្នក​ធ្វើ​ស្រែ​ចម្ការ ហើយ​ពួក​អ្នក​ដែល​ឃ្វាល​ហ្វូង​សត្វ​ដែរ គេ​នឹង​នៅ​ទី​នោះ
25 ដ្បិត​អញ​បាន​ចម្អែត​ព្រលឹង​មនុស្ស​ដែល​ល្វើយ ហើយ​ឯ​ព្រលឹង​ព្រួយ​លំបាក នោះ​អញ​បាន​ឲ្យ​ស្កប់​ចិត្ត​ឡើង​វិញ
26 មក​ដល់​ត្រឹម​នេះ ខ្ញុំ​បាន​ភ្ញាក់​ដឹង​ខ្លួន​ឡើង ហើយ​មើល ការ​ដេក​លក់​របស់​ខ្ញុំ​បាន​ផ្អែម​ឆ្ងាញ់​ដល់​ខ្ញុំ​ណាស់
27 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា មើល នឹង​មាន​គ្រា​មក​ដល់ ដែល​អញ​នឹង​យក​ពូជ​មនុស្ស និង​ពូជ​សត្វ​ព្រោះ​ចុះ​ក្នុង​ពួក​វង្ស​អ៊ីស្រា‌អែល ហើយ​និង​ពួក​វង្ស​យូដា
28 រួច​ដែល​អញ​បាន​មើល​គេ ដើម្បី​នឹង​ដក​រំលើង​កាច់​បំបាក់ រំលំ បំផ្លាញ​ហើយ​ធ្វើ​ទុក្ខ​ជា​យ៉ាង​ណា នោះ​អញ​នឹង​មើល​គេ ដើម្បី​នឹង​សង់​គេ​ឡើង ហើយ​ដាំ​គេ​យ៉ាង​នោះ​ដែរ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា
29 នៅ​គ្រា​នោះ គេ​នឹង​លែង​និយាយ​ថា «ពួក​ឪពុក បាន​ស៊ី​ផ្លែ​មាន​រស​ជូរ ហើយ​ពួក​កូន ក៏​សង្កៀរ​ធ្មេញ»
30 គឺ​គ្រប់​គ្នា​នឹង​ត្រូវ​ស្លាប់ ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​គេ​រៀង​ខ្លួន​វិញ ឯ​អស់​អ្នក​ណា​ដែល​ស៊ី​ផ្លែ​មាន​រស​ជូរ គឺ​អ្នក​នោះ​ឯង​ដែល​នឹង​សង្កៀរ​ធ្មេញ​ទេ។
31 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា នឹង​មាន​គ្រា​មក​ដល់ ដែល​អញ​នឹង​តាំង​សញ្ញា​ថ្មី​នឹង​ពួក​វង្ស​អ៊ីស្រា‌អែល ហើយ​និង​ពួក​វង្ស​យូដា
32 មិន​មែន​តាម​សញ្ញា​ដែល​អញ​បាន​តាំង​នឹង​ពួក​អយ្យ‌កោ​គេ នៅ​ថ្ងៃ​ដែល​អញ​បាន​ចាប់​ដៃ​ដឹក​គេ ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក​នោះ​ទេ ជា​សេចក្ដី​សញ្ញា​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា គេ​ផ្តាច់​ចេញ​ហើយ ទោះ​បើ​អញ​ជា​ប្ដី​ដល់​គេ​ក៏​ដោយ
33 គឺ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា សេចក្ដី​សញ្ញា ​ដែល​អញ​នឹង​តាំង​ចំពោះ​ពួក​វង្ស​អ៊ីស្រា‌អែល ក្នុង​ពេល​ក្រោយ​គ្រា​នោះ គឺ​យ៉ាង​ដូច្នេះ អញ​នឹង​ដាក់​ក្រឹត្យ‌វិន័យ​របស់​អញ​នៅ​ខាង​ក្នុង​ខ្លួន​គេ ទាំង​ចារឹក​ទុក​ក្នុង​ចិត្ត​គេ នោះ​អញ​នឹង​ធ្វើ​ជា​ព្រះ​ដល់​គេ ហើយ​គេ​នឹង​បាន​ជា​រាស្ត្រ​របស់​អញ
34 រួច​គេ​នឹង​លែង​បង្រៀន​អ្នក​ជិត​ខាង ហើយ​និង​បង​ប្អូន​គេ​រៀង​ខ្លួន​ទៀត​ថា ចូរ​ឲ្យ​ស្គាល់​ព្រះ‌យេហូវ៉ា​ចុះ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា គេ​នឹង​ស្គាល់​អញ​គ្រប់ៗ​គ្នា តាំង​ពី​អ្នក​តូច​បំផុត រហូត​ដល់​អ្នក​ធំ​បំផុត​ក្នុង​ពួក​គេ ព្រោះ​អញ​នឹង​អត់​ទោស​ចំពោះ​អំពើ​ទុច្ចរិត​របស់​គេ ហើយ​និង​លែង​នឹក​ចាំ​ពី​អំពើ​បាប​គេ​ទៀត​ជា​ដរាប​ទៅ។
35 ឯ​ព្រះ​ដែល​ប្រទាន​ព្រះ‌អាទិត្យ​សម្រាប់​ជា​ពន្លឺ​នៅ​ពេល​ថ្ងៃ ហើយ​តាំង​របៀប​នៃ​ព្រះ‌ចន្ទ និង​តារា​ទាំង​ប៉ុន្មាន​សម្រាប់​បំភ្លឺ​នៅ​ពេល​យប់ ជា​ព្រះ​ដែល​បណ្តាល​ឲ្យ​សមុទ្រ​កម្រើក​ឡើង ដល់‌ម៉្លេះ​បាន​ជា​ឮ​សន្ធឹក​រលក ដែល​ព្រះ‌នាម​ទ្រង់​ជា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា
36 បើ​បញ្ញត្ត​ច្បាប់​ទាំង​នេះ​ឃ្លាត​ចេញ​ពី​មុខ​អញ​ទៅ​កាល​ណា នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ពូជ​អ៊ីស្រា‌អែល​ក៏​នឹង​លែង​ធ្វើ​ជា​នគរ​នៅ​មុខ​អញ​ជា​ដរាប​ទៅ​កាល​នោះ​ដែរ
37 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា បើ​អាច​នឹង​វាស់​ផ្ទៃ​មេឃ​ខាង​លើ ហើយ​ស្ទង់​ឫស​ផែនដី​នៅ​ខាង​ក្រោម​បាន នោះ​អញ​នឹង​បោះ‌បង់​ចោល​ពូជ​អ៊ីស្រា‌អែល ដោយ​ព្រោះ​អស់​ទាំង​ការ​ដែល​គេ​បាន​ប្រព្រឹត្ត​ដែរ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។
38 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា មើល នឹង​មាន​គ្រា​មក​ដល់ ដែល​ទី​ក្រុង​នេះ​នឹង​បាន​សង់​ឡើង​ថ្វាយ​ព្រះ‌យេហូវ៉ា ចាប់​តាំង​ពី​ប៉ម​ហាណានាល រហូត​ដល់​ទ្វារ​ជ្រុង​កំផែង
39 ហើយ​ខ្សែ​រង្វាស់​នឹង​វាស់​ត្រង់​ចេញ​ទៅ​ដល់​ភ្នំ​ការេប រួច​នឹង​បត់​មក​ដល់​កូអាត
40 ឯ​ច្រក​ភ្នំ​ទាំង​មូល​នៃ​សាក‌សព ហើយ​និង​ផែះ ព្រម​ទាំង​ចម្ការ​ទាំង​ប៉ុន្មាន​រហូត​ដល់​ជ្រោះ​កេដ្រុន និង​ដល់​ជ្រុង​កំផែង​ទ្វារ​សេះ ដែល​បើក​ទៅ​ទិស​ខាង​កើត នោះ​នឹង​បាន​ជា​ទី​បរិសុទ្ធ​ដល់​ព្រះ‌យេហូវ៉ា​ទាំង​អស់ នឹង​មិន​ត្រូវ​ដក​រំលើង ឬ​រំលំ​បំផ្លាញ​ទៀត​ឡើយ​នៅ​ជា​ដរាប​ត​ទៅ។


ជំពូក 32

1 នេះ​ជា​ព្រះ‌បន្ទូល​ដែល​មក​ពី​ព្រះ‌យេហូវ៉ា​ដល់​យេរេមា ក្នុង​ឆ្នាំ​ទី​១០ នៃ​រាជ្យ​សេដេគា ស្តេច​យូដា ដែល​ត្រូវ​នឹង​ឆ្នាំ​ទី​១៨​នៃ​រាជ្យ​នេប៊ូ‌ក្នេសា
2 រីឯ​គ្រា​នោះ ពួក​ទ័ព​របស់​ស្តេច​បាប៊ីឡូន​កំពុង​ឡោម‌ព័ទ្ធ​ច្បាំង​នឹង​ក្រុង​យេរូ‌សាឡឹម ហើយ​ហោរា​យេរេមា​ត្រូវ​ឃុំ​ទុក​នៅ​ក្នុង​ទីលាន​គុក ដែល​នៅ​ក្នុង​វាំង​នៃ​ស្តេច​យូដា
3 ពី​ព្រោះ​សេដេគា​ជា​ស្តេច​យូដា បាន​ឃុំ​លោក ដោយ​ពាក្យ​ថា ហេតុ​អ្វី​បាន​ជា​ឯង​ទាយ​ថា ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ មើល​អញ​នឹង​ប្រគល់​ក្រុង​នេះ ទៅ​ក្នុង​កណ្តាប់​ដៃ​ស្តេច​បាប៊ីឡូន ហើយ​គេ​នឹង​ចាប់​យក​បាន
4 ហើយ​សេដេគា ជា​ស្តេច​យូដា​នឹង​មិន​រួច​ពី​កណ្តាប់​ដៃ​នៃ​ពួក​ខាល់ដេ​ឡើយ គឺ​នឹង​ត្រូវ​ប្រគល់​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ស្តេច​ស្រុក​បាប៊ីឡូន​ជា​ពិត ហើយ​និង​និយាយ​នឹង​គេ​ផ្ទាល់​មាត់​គ្នា ឯ​ភ្នែក​ទ្រង់​ក៏​នឹង​ឃើញ​ភ្នែក​គេ​ដែរ
5 គេ​នឹង​នាំ​យក​សេដេគា​ទៅ​ឯ​ក្រុង​បាប៊ីឡូន ហើយ​ទ្រង់​នឹង​ត្រូវ​នៅ​ទី​នោះ​ទាល់​តែ​អញ​ប្រោស នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ទោះ​បើ​ឯង​រាល់​គ្នា​តស៊ូ​នឹង​ពួក​ខាល់ដេ​ក៏​ដោយ គង់​តែ​នឹង​ឈ្នះ​មិន​បាន​ដែរ។
6 យេរេមា​និយាយ​ថា ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ខ្ញុំ ប្រាប់​ដូច្នេះ
7 មើល ហាណាមាល ជា​កូន​សាលូម ឪពុក​ធំ​ឯង នឹង​មក​និយាយ​នឹង​ឯង​ថា សូម​ទទួល​បញ្ចាំ​ចម្ការ​របស់​ខ្ញុំ​ដែល​នៅ​ឯ​អាន៉ាថោត​ទៅ ដ្បិត​អំណាច​ដែល​នឹង​លោះ​បង​ប្អូន នោះ​ស្រេច​នឹង​អ្នក​ទេ
8 ដូច្នេះ​ហាណាមាល ជា​កូន​របស់​ឪពុក​ធំ​ខ្ញុំ ក៏​មក​ឯ​ខ្ញុំ​នៅ​ក្នុង​ទីលាន​គុក តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ហើយ​គាត់​និយាយ​នឹង​ខ្ញុំ​ថា សូម​ទទួល​បញ្ចាំ​ចម្ការ​របស់​ខ្ញុំ ដែល​នៅ​ឯ​អាន៉ាថោត ក្នុង​ស្រុក​បេន‌យ៉ាមីន​ទៅ ដ្បិត​អ្នក​មាន​ច្បាប់​នឹង​គ្រង​បាន​ជា​មរដក ហើយ​អំណាច​លោះ​ក៏​ស្រេច​នៅ​លើ​អ្នក​ដែរ ដូច្នេះ សូម​ទទួល​បញ្ចាំ ទុក​សម្រាប់​ខ្លួន​អ្នក​ចុះ​យ៉ាង​នោះ​ទើប​ខ្ញុំ​បាន​ដឹង​ថា ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ពិត
9 ខ្ញុំ​ក៏​ទទួល​បញ្ចាំ​ចម្ការ ដែល​នៅ​ឯ​អាន៉ាថោត ពី​ហាណាមាល ជា​កូន​របស់​ឪពុក​ធំ​ខ្ញុំ ហើយ​បាន​ថ្លឹង​ប្រាក់​១៧​រៀល​ឲ្យ​ដល់​គាត់
10 ក៏​ធ្វើ​សំបុត្រ ហើយ​បិទ​ត្រា រួច​ហៅ​ស្មរ​បន្ទាល់​មក ហើយ​ថ្លឹង​ប្រាក់​ក្នុង​ជញ្ជីង​ប្រគល់​ដល់​គាត់
11 ដូច្នេះ ខ្ញុំ​បាន​យក​សំបុត្រ​បញ្ចាំ ទាំង​សំបុត្រ​ដែល​បិទ​ត្រា​តាម​ច្បាប់ តាម​ទំនៀម និង​សំបុត្រ​១​ដែល​នៅ​បើក​ដែរ
12 រួច​ប្រគល់​សំបុត្រ​បញ្ចាំ​ដល់​បារូក ជា​កូន​នេរីយ៉ា​ដែល​ជា​កូន​ម៉ាសេយ៉ា​នៅ​ចំពោះ​មុខ​ហាណាមាល​ជា​កូន​របស់​ឪពុក​ធំ​ខ្ញុំ និង​នៅ​ចំពោះ​ពួក​ស្មរ​បន្ទាល់ ដែល​បាន​ចុះ​ឈ្មោះ​ក្នុង​សំបុត្រ​បញ្ចាំ​នោះ នៅ​មុខ​ពួក​យូដា​ទាំង​ប៉ុន្មាន ដែល​អង្គុយ​នៅ​ទីលាន​នៃ​គុក
13 ខ្ញុំ​ក៏​ផ្តាំ​បារូក​នៅ​មុខ​គេ​ថា
14 ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ចូរ​យក​សំបុត្រ​បញ្ចាំ​នេះ គឺ​ជា​សំបុត្រ​បញ្ចាំ​ដែល​បិទ​ត្រា និង​សំបុត្រ​ដែល​នៅ​ចំហ ទៅ​ដាក់​ក្នុង​ភាជនៈ​ដី ដើម្បី​ឲ្យ​បាន​ទុក​ជា​យូរ​ថ្ងៃ​ត​ទៅ
15 ដ្បិត​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា នឹង​មាន​គេ​បញ្ចាំ​ទាំង​ផ្ទះ និង​ចម្ការ ហើយ​និង​ដំណាំ​ទំពាំង‌បាយ‌ជូរ​នៅ​ក្នុង​ស្រុក​នេះ​ទៀត។
16 ក្រោយ​ដែល​ខ្ញុំ​បាន​ប្រគល់​សំបុត្រ​បញ្ចាំ​ដល់​បារូក​ជា​កូន​នេរីយ៉ា​ហើយ នោះ​ខ្ញុំ​ក៏​អធិស្ឋាន​ដល់​ព្រះ‌យេហូវ៉ា​ថា
17 ឱ​ព្រះ‌អម្ចាស់​យេហូវ៉ា​អើយ មើល ទ្រង់​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី ដោយ‌សារ​ព្រះ‌ចេស្តា​ដ៏​ធំ​របស់​ទ្រង់ និង​ព្រះ‌ពាហុ​ដ៏​លើក​សម្រេច គ្មាន​អ្វី​ដែល​ពិបាក​ពេក​ដល់​ទ្រង់​ទេ
18 គឺ​ទ្រង់​សម្ដែង​សេចក្ដី​សប្បុរស ដល់​មនុស្ស​ទាំង​ពាន់ៗ ហើយ​ក៏​សង​អំពើ​ទុច្ចរិត​របស់​ពួក​អយ្យ‌កោ ទៅ​លើ​ទ្រូង​នៃ​ពួក​កូន​ចៅ​គេ នៅ​តាម​ក្រោយ ទ្រង់​ជា​ព្រះ​ដ៏​ធំ​ហើយ​មាន​ឫទ្ធិ ព្រះ‌នាម​ទ្រង់ គឺ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ
19 ទ្រង់​ប្រសប់​ក្នុង​ការ​ជួយ​គំនិត ហើយ​ក៏​មាន​ឫទ្ធិ​ក្នុង​ការ​ធ្វើ ព្រះ‌នេត្រ​ទ្រង់​ទត​ឃើញ​អស់​ទាំង​ផ្លូវ​របស់​ពួក​មនុស្ស​ជាតិ ដើម្បី​នឹង​សង​គ្រប់​គ្នា​តាម​ផ្លូវ​គេ​ប្រព្រឹត្ត ហើយ​តាម​ផល​នៃ​កិរិយា​របស់​គេ​រៀង​ខ្លួន
20 ទ្រង់​ក៏​បាន​ធ្វើ​ទី​សម្គាល់ និង​ការ​អស្ចារ្យ​នៅ​ស្រុក​អេស៊ីព្ទ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ ព្រម​ទាំង​នៅ​ពួក​អ៊ីស្រា‌អែល ហើយ​កណ្តាល​ពួក​មនុស្ស​ដទៃ​ផង ទ្រង់​ក៏​បាន​តាំង​កិត្តិ‌នាម​របស់​ទ្រង់​ឡើង ដូច​ជា​មាន​សព្វ​ថ្ងៃ​នេះ
21 ហើយ​បាន​នាំ​អ៊ីស្រា‌អែល ជា​រាស្ត្រ​ទ្រង់ ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ដោយ​ទី​សម្គាល់ និង​ការ​អស្ចារ្យ ដោយ​ព្រះ‌ហស្ត​ខ្លាំង​ពូកែ និង​ព្រះ‌ពាហុ​លើក​សម្រេច ព្រម​ទាំង​ការ​ស្ញែង​ខ្លាច​យ៉ាង​ធំ​ផង
22 ក៏​បាន​ប្រទាន​ស្រុក​នេះ​ឲ្យ​ដល់​គេ ជា​ស្រុក​ដែល​ទ្រង់​បាន​ស្បថ​នឹង​ពួក​អយ្យ‌កោ ថា​នឹង​ឲ្យ​ដល់​គេ គឺ​ជា​ស្រុក​មាន​ទឹក​ដោះ និង​ទឹក​ឃ្មុំ​ហូរ‌ហៀរ
23 គេ​ក៏​ចូល​មក​ចាប់​យក​ស្រុក ប៉ុន្តែ មិន​បាន​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ទ្រង់ ឬ​ដើរ​តាម​ក្រឹត្យ‌វិន័យ​របស់​ទ្រង់​ឡើយ ក៏​មិន​បាន​ធ្វើ​អ្វី​១​ដែល​ទ្រង់​បាន​បង្គាប់​ដល់​គេ​ដែរ ហេតុ​នោះ​បាន​ជា​ទ្រង់​បណ្តាល ឲ្យ​ការ​អាក្រក់​ទាំង​នេះ​មក​លើ​គេ
24 មើល ប្រដាប់​ចម្បាំង​របស់​ពួក​ខាល់ដេ​បាន​មក​ដល់ ដើម្បី​នឹង​ចាប់​យក​ទី​ក្រុង ក្រុង​នេះ​បាន​ត្រូវ​ប្រគល់​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ខាល់ដេ ដែល​មក​ត‌យុទ្ធ​ហើយ គឺ​ត្រូវ​ប្រគល់​ទៅ​ដោយ​ចាញ់​ដាវ អំណត់‌អត់ និង​អាសន្ន‌រោគ ឯ​អស់​ទាំង​ការ​ដែល​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល នោះ​បាន​កើត​មក​ហើយ ទ្រង់​ក៏​ទត​ឃើញ​ដែរ
25 ហើយ ឱ​ព្រះ‌អម្ចាស់​យេហូវ៉ា​អើយ ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​មក​ទូល‌បង្គំ​ថា ចូរ​ឯង​ទទួល​បញ្ចាំ​ចម្ការ​ដោយ​ប្រាក់ ហើយ​ហៅ​ស្មរ​បន្ទាល់​មក តែ​ទី​ក្រុង​នេះ​បាន​ត្រូវ​ប្រគល់​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ខាល់ដេ​ហើយ។
26 លំដាប់​នោះ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​យេរេមា​ថា
27 មើល អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​គ្រប់​ទាំង​សាច់ តើ​មាន​ការ​អ្វី​ដែល​ពិបាក​ពេក​ដល់​អញ​ដែរ​ឬ
28 ហេតុ​នេះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា មើល អញ​នឹង​ប្រគល់​ទី​ក្រុង​នេះ​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ខាល់ដេ គឺ​ក្នុង​កណ្តាប់​ដៃ​នៃ​នេប៊ូ‌ក្នេសា ជា​ស្តេច​បាប៊ីឡូន ហើយ​គេ​នឹង​ចាប់​យក​បាន
29 ពួក​ខាល់ដេ ដែល​ត‌យុទ្ធ​នឹង​ទី​ក្រុង​នេះ គេ​នឹង​ចូល​មក​ដុត​ចោល ព្រម​ទាំង​ផ្ទះ​ទាំង​ប៉ុន្មាន​ផង ជា​ទី​ដែល​មនុស្ស​បាន​ដុត​កំញាន​ថ្វាយ​ដល់​ព្រះ‌បាល ហើយ​ច្រួច​តង្វាយ​ច្រួច​ដល់​ព្រះ​ដទៃ​នៅ​លើ​ដំបូល ជា​ការ​ដែល​បណ្តាល​ឲ្យ​អញ​ខឹង
30 ពី​ព្រោះ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល និង​ពួក​កូន​ចៅ​យូដា បាន​ប្រព្រឹត្ត​សុទ្ធ​តែ​ការ​ដែល​អាក្រក់ នៅ​ភ្នែក​អញ តាំង​តែ​ពី​ក្មេង​មក ដ្បិត​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​បណ្តាល​ឲ្យ​អញ​ខឹង ដោយ​ការ​ដែល​ដៃ​គេ​ធ្វើ នេះ​ហើយ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា
31 ទី​ក្រុង​នេះ​ជា​ទី​អុច‌អាល ឲ្យ​អញ​មាន​សេចក្ដី​កំហឹង និង​ឃោរ‌ឃៅ ចាប់​តាំង​ពី​គ្រា​ដែល​គេ​សង់​ឡើង ដរាប​ដល់​សព្វ​ថ្ងៃ​នេះ បាន​ជា​គួរ​ឲ្យ​អញ​បំបាត់​ចេញ​ពី​មុខ​អញ​ទៅ
32 ដោយ​ព្រោះ​អស់​ទាំង​អំពើ​អាក្រក់​ដែល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល និង​ពួក​កូន​ចៅ​យូដា​បាន​ប្រព្រឹត្ត ជា​ហេតុ​បណ្តាល​ឲ្យ​អញ​ខឹង គឺ​ទាំង​ខ្លួន​គេ ស្តេច​គេ ពួក​ចៅ‌ហ្វាយ ពួក​សង្ឃ និង​ពួក​ហោរា​របស់​គេ អស់​ទាំង​ពួក​ស្រុក​យូដា និង​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡឹម​ទាំង​អស់​គ្នា​ផង
33 គេ​បាន​បែរ​ខ្នង​ឲ្យ​អញ មិន​មែន​ជា​មុខ​ឡើយ ហើយ​ទោះ​បើ​អញ​បាន​បង្ហាត់​បង្រៀន​គេ ព្រម​ទាំង​ក្រោក​ឡើង​ពី​ព្រលឹម​ស្រាង ដើម្បី​នឹង​បង្រៀន​ផង​ក៏​ដោយ គង់​តែ​គេ​មិន​បាន​ស្តាប់​តាម ដើម្បី​នឹង​ទទួល​សេចក្ដី​ប្រៀន‌ប្រដៅ​ដែរ
34 គឺ​គេ​បាន​តាំង​របស់​គួរ​ស្អប់​ខ្ពើម​របស់​គេ នៅ​ក្នុង​វិហារ​ដែល​ហៅ​តាម​ឈ្មោះ​អញ ជា​ការ​ដែល​បង្អាប់​ដល់​ទី​នោះ​វិញ
35 គេ​ក៏​បាន​ធ្វើ​ទី​ខ្ពស់​ទាំង​ប៉ុន្មាន​នៃ​ព្រះ‌បាល ដែល​នៅ​ក្នុង​ច្រក​ភ្នំ​របស់​កូន​ចៅ​ហ៊ីនណំម សម្រាប់​នឹង​ធ្វើ​ឲ្យ​កូន​ប្រុស​កូន​ស្រី​គេ ដើរ​កាត់​ភ្លើង​ថ្វាយ​ដល់​ព្រះ‌ម៉ូឡុក ជា​ការ​ដែល​អញ​មិន​បាន​បង្គាប់​គេ​ឡើយ ក៏​មិន​ដែល​ចូល​ក្នុង​គំនិត​អញ ឲ្យ​គេ​បាន​ធ្វើ​ការ​គួរ​ស្អប់​ខ្ពើម​នេះ ដើម្បី​នឹង​នាំ​ឲ្យ​ពួក​យូដា​បាន​ធ្វើ​បាប​ផង​ដែរ។
36 ដោយ​ហេតុ​នោះ ឥឡូវ​នេះ ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ពី​ដំណើរ​ទី​ក្រុង​ដែល​ឯង​ថា បាន​ត្រូវ​ប្រគល់​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ស្តេច​បាប៊ីឡូន​ដោយ‌សារ​ដាវ អំណត់‌អត់ ហើយ​និង​អាសន្ន‌រោគ​នេះ​ថា
37 មើល អញ​នឹង​ប្រមូល​គេ​ចេញ​ពី​អស់​ទាំង​ស្រុក ដែល​អញ​បាន​បណ្តេញ​គេ​ទៅ​នោះ ដោយ​សេចក្ដី​កំហឹង សេចក្ដី​ឃោរ‌ឃៅ ហើយ​និង​សេចក្ដី​គ្នាន់‌ក្នាញ់​ដ៏​ជា​ខ្លាំង​របស់​អញ ក៏​នឹង​នាំ​គេ​មក​ឯ​ទី​នេះ​វិញ ព្រម​ទាំង​ឲ្យ​គេ​នៅ​ដោយ​សុខ‌សាន្ត
38 នោះ​គេ​នឹង​បាន​ជា​រាស្ត្រ​របស់​អញ ហើយ​អញ​នឹង​ធ្វើ​ជា​ព្រះ​ដល់​គេ
39 អញ​នឹង​ឲ្យ​គេ​មាន​ទឹក​ចិត្ត​តែ​១ និង​ផ្លូវ​ប្រព្រឹត្ត​តែ​១ ប្រយោជន៍​ឲ្យ​គេ​បាន​កោត‌ខ្លាច​ដល់​អញ​ជា​ដរាប សម្រាប់​ជា​សេចក្ដី​ល្អ​ដល់​គេ និង​កូន​ចៅ​គេ​ត​រៀង​ទៅ
40 អញ​នឹង​តាំង​សេចក្ដី​សញ្ញា​នឹង​គេ ជា​សេចក្ដី​សញ្ញា​ដ៏​ស្ថិត‌ស្ថេរ​នៅ​អស់‌កល្ប‌ជានិច្ច​ថា អញ​នឹង​មិន​បែរ​ចេញ​ពី​គេ​ឡើយ គឺ​នឹង​ឲ្យ​គេ​បាន​សេចក្ដី​ល្អ​វិញ អញ​នឹង​ដាក់​សេចក្ដី​កោត‌ខ្លាច​ដល់​អញ​ក្នុង​ចិត្ត​គេ ប្រយោជន៍​កុំ​ឲ្យ​គេ​ឃ្លាត​ចេញ​ពី​អញ​ឡើយ
41 អើ អញ​នឹង​យក​គេ​ជា​ទី​រីក‌រាយ​ចិត្ត ដើម្បី​នឹង​ប្រោស​សេចក្ដី​ល្អ​ដល់​គេ ពិត​ប្រាកដ​ជា​អញ​នឹង​ដាំ​គេ​ចុះ​នៅ​ក្នុង​ស្រុក​នេះ ឲ្យ​អស់​ពី​ចិត្ត ហើយ​អស់​ពី​ព្រលឹង​អញ
42 ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា អញ​បាន​នាំ​អស់​ទាំង​ការ​អាក្រក់​យ៉ាង​ធំ​នេះ មក​លើ​សាសន៍​នេះ​យ៉ាង​ណា អញ​ក៏​នឹង​នាំ​អស់​ទាំង​ការ​ដែល​អញ​បាន​សន្យា​ដល់​គេ មក​លើ​គេ​យ៉ាង​នោះ​ដែរ
43 គ្រា​នោះ មនុស្ស​នឹង​ទទួល​បញ្ចាំ​ចម្ការ​នៅ​ក្នុង​ស្រុក​នេះ​ទៀត ជា​ស្រុក​ដែល​ឯង​រាល់​គ្នា​ថា បាន​ចោល​ស្ងាត់​ហើយ ឥត​មាន​មនុស្ស ឬ​សត្វ​នៅ​ទៀត​ឡើយ គឺ​បាន​ប្រគល់​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ខាល់ដេ
44 មនុស្ស​នឹង​ទទួល​បញ្ចាំ​ស្រែ​ចម្ការ​ដោយ​ប្រាក់ ព្រម​ទាំង​ចុះ​ឈ្មោះ និង​បិទ​ត្រា ហើយ​ហៅ​ស្មរ​បន្ទាល់​មក​ផង គឺ​នៅ​ក្នុង​ស្រុក​បេន‌យ៉ាមីន​នេះ​ឯង និង​នៅ​ក្រវិល​ក្រុង​យេរូ‌សាឡឹម នៅ​អស់​ទាំង​ទី​ក្រុង​របស់​ស្រុក​យូដា នៅ​ទី​ក្រុង​ស្រុក​ភ្នំ ទី​ក្រុង​ស្រុក​ទំនាប និង​ក្នុង​ទី​ក្រុង​នៃ​ស្រុក​ត្បូង​ទាំង​ប៉ុន្មាន​ដែរ ដ្បិត​អញ​នឹង​ធ្វើ​ឲ្យ​ពួក​គេ​ដែល​ជាប់​ជា​ឈ្លើយ បាន​ត្រឡប់​មក​វិញ នេះ​ហើយ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។


ជំពូក 33

1 ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ក៏​មក​ដល់​យេរេមា​ម្តង​ទៀត ក្នុង​កាល​ដែល​លោក​នៅ​ជាប់​ឃុំ​ក្នុង​ទីលាន​គុក​ថា
2 ព្រះ‌យេហូវ៉ា​ដែល​ធ្វើ​ការ​ទាំង​នេះ គឺ​ព្រះ‌យេហូវ៉ា​ដែល​ជប​សូន​បង្កើត ដើម្បី​នឹង​តាំង​ឡើង ដែល​មាន​ព្រះ‌នាម​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា
3 ចូរ​អំពាវ‌នាវ​ដល់​អញ នោះ​អញ​នឹង​ឆ្លើយ​តប ហើយ​និង​បង្ហាញ​ឲ្យ​ឯង​ឃើញ​ការ​យ៉ាង​ធំ ហើយ​មុត‌មាំ ដែល​ឯង​មិន​ដឹង
4 ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ពី​ដំណើរ​អស់​ទាំង​ផ្ទះ​នៅ​ទី​ក្រុង​នេះ និង​ពី​ដំណាក់​ស្តេច​យូដា ដែល​ត្រូវ​រំលំ ដោយ‌សារ​ប្រដាប់​ចម្បាំង ហើយ​និង​ដាវ
5 ដែល​គេ​ចាក​ចេញ​ទៅ​ត‌យុទ្ធ នឹង​ពួក​ខាល់ដេ ហើយ​ក៏​បំពេញ​ផ្ទះ​ទាំង​នោះ ដោយ​សាក‌សព​នៃ​មនុស្ស ដែល​អញ​សម្លាប់ ដោយ​សេចក្ដី​កំហឹង និង​សេចក្ដី​ឃោរ‌ឃៅ​របស់​អញ ហើយ​បាន​គេច​មុខ​ចេញ​ពី​ទី​ក្រុង​នេះ ដោយ​ព្រោះ​អស់​ទាំង​អំពើ​អាក្រក់​ទាំង​ប៉ុន្មាន​របស់​គេ
6 មើល អញ​នឹង​នាំ​សេចក្ដី​សុខ​ស្រួល និង​ការ​រំងាប់​រោគ​មក​ដល់ ហើយ​និង​មើល​គេ​ឲ្យ​ជា ព្រម​ទាំង​បើក​សេចក្ដី​សុខ និង​សេចក្ដី​ពិត​ជា​បរិបូរ​ឲ្យ​គេ​ឃើញ
7 អញ​នឹង​ធ្វើ​ឲ្យ​ពួក​យូដា និង​ពួក​អ៊ីស្រា‌អែល ដែល​ជា​ឈ្លើយ​វិល​មក​វិញ ហើយ​និង​សង់​គេ​ឡើង​ដូច​កាល​ដើម
8 ក៏​នឹង​សម្អាត​គេ ឲ្យ​ស្អាត​ពី​អស់​ទាំង​អំពើ​ទុច្ចរិត​របស់​គេ ជា​អំពើ​ដែល​គេ​បាន​ប្រព្រឹត្ត​រំលង​នឹង​អញ ហើយ​អញ​នឹង​អត់​ទោស​ចំពោះ​អស់​ទាំង​សេចក្ដី​ទុច្ចរិត ដែល​គេ​បាន​ធ្វើ​បាប ហើយ​ប្រព្រឹត្ត​រំលង​នឹង​អញ​នោះ
9 ឯ​ទី​ក្រុង​នេះ នឹង​បាន​សម្រាប់​ជា​ហេតុ​នាំ​ឲ្យ​អរ​សប្បាយ​ដល់​អញ សម្រាប់​ជា​សេចក្ដី​សរសើរ និង​សិរី‌ល្អ​ផង នៅ​ចំពោះ​អស់​ទាំង​នគរ​នៅ​ផែនដី ជា​ពួក​អ្នក​ដែល​នឹង​ឮ​និយាយ​ពី​អស់​ទាំង​ការ​ល្អ ដែល​អញ​ប្រោស​ដល់​គេ រួច​គេ​នឹង​កោត‌ខ្លាច ហើយ​ភ័យ​ញ័រ​ដោយ​ព្រោះ​គ្រប់​ទាំង​សេចក្ដី​ល្អ និង​សេចក្ដី​សុខ​ទាំង​ប៉ុន្មាន ដែល​អញ​ផ្តល់​ដល់​គេ។
10 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា នៅ​ទី​នេះ​ដែល​ឯង​រាល់​គ្នា​ថា ជា​ទី​ខូច​បង់​ឥត​មាន​មនុស្ស ឬ​សត្វ​ណា​នៅ​ទៀត គឺ​នៅ​ក្នុង​ទី​ក្រុង​នៃ​ស្រុក​យូដា​ទាំង​ប៉ុន្មាន ហើយ​នៅ​អស់​ទាំង​ផ្លូវ​របស់​ក្រុង​យេរូ‌សាឡឹម ដែល​ចោល​ស្ងាត់​នេះ ឥត​មាន​អ្នក​ណា​អាស្រ័យ​នៅ ឬ​មនុស្ស ឬ​សត្វ​ណា​ឡើយ នោះ​នឹង​មាន​ឮ​សំឡេង​មនុស្ស​ម្តង​ទៀត
11 ជា​សំឡេង​អរ​សប្បាយ និង​សំឡេង​រីក‌រាយ គឺ​សំឡេង​របស់​ប្ដី​ប្រពន្ធ​ថ្មោង‌ថ្មី និង​សំឡេង​ពួក​អ្នក​ដែល​ពោល​ថា ចូរ​លើក​សរសើរ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​ល្អ ពី​ព្រោះ​សេចក្ដី​សប្បុរស​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​អស់‌កល្ប ហើយ​សំឡេង​របស់​ពួក​ដែល​នាំ​យក​តង្វាយ​អរ​ព្រះ‌គុណ​ចូល​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ដែរ ដ្បិត​អញ​នឹង​ធ្វើ​ឲ្យ​ពួក​អ្នក​ស្រុក​នេះ ដែល​នៅ​ជា​ឈ្លើយ បាន​វិល​មក​វិញ​ដូច​កាល​ពី​ដើម នេះ​ហើយ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។
12 ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា នៅ​ស្រុក​នេះ​ដែល​ខូច​បង់ ឥត​មាន​មនុស្ស ឬ​សត្វ​ណា​សោះ ហើយ​នៅ​អស់​ទាំង​ទី​ក្រុង នោះ​នឹង​មាន​ទី​លំនៅ​របស់​ពួក​អ្នក​គង្វាល ដែល​ឲ្យ​ហ្វូង​សត្វ​របស់​គេ​ដេក​សម្រាក​ម្តង​ទៀត
13 ហ្វូង​សត្វ​នឹង​ចូល​ក្រោម​ដៃ​នៃ​អ្នក​ដែល​រាប់​វា​ម្តង​ទៀត នៅ​អស់​ទាំង​ទី​ក្រុង​នៅ​ស្រុក​ភ្នំ ស្រុក​ទំនាប ស្រុក​ត្បូង ស្រុក​បេន‌យ៉ាមីន និង​គ្រប់​កន្លែង​ជុំវិញ​ក្រុង​យេរូ‌សាឡឹម ហើយ​នៅ​ទី​ក្រុង​ស្រុក​យូដា​ទាំង​ប៉ុន្មាន​ផង នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។
14 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា មើល នឹង​មាន​គ្រា​មក​ដល់ ដែល​អញ​នឹង​សម្រេច​តាម​ពាក្យ​ល្អ ដែល​អញ​បាន​និយាយ​ពី​ដំណើរ​ពួក​វង្ស​អ៊ីស្រា‌អែល និង​ពួក​វង្ស​យូដា
15 នៅ​គ្រា​នោះ គឺ​នៅ​ជាន់​នោះ​ឯង អញ​នឹង​ធ្វើ​ឲ្យ​មាន​លំពង់​ដ៏​សុចរិត​ពន្លក​ឡើង​ដល់​ដាវីឌ លំពង់​នោះ​ទ្រង់​នឹង​សម្រេច​សេចក្ដី​យុត្តិ‌ធម៌ និង​សេចក្ដី​សុចរិត​នៅ​ក្នុង​ស្រុក
16 នៅ​គ្រា​នោះ ពួក​យូដា​នឹង​បាន​សង្គ្រោះ ហើយ​ក្រុង​យេរូ‌សាឡឹម​នឹង​នៅ​ដោយ​សុខ‌សាន្ត ឯ​លំពង់​នោះ គេ​នឹង​ហៅ​ថា «ព្រះ‌យេហូវ៉ា​ដ៏​ជា​សេចក្ដី​សុចរិត​នៃ​យើង​រាល់​គ្នា»
17 ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ដាវីឌ​នឹង​មិន​ដែល​អាក់‌ខាន​មាន​មនុស្ស​សម្រាប់​អង្គុយ​លើ​បល្ល័ង្ក​របស់​ពូជ‌ពង្ស​នៃ​អ៊ីស្រា‌អែល​ឡើយ
18 ហើយ​ពួក​សង្ឃ និង​ពួក​លេវី ក៏​មិន​ដែល​អាក់‌ខាន​មាន​មនុស្ស នៅ​ចំពោះ​អញ​សម្រាប់​ថ្វាយ​តង្វាយ​ដុត តង្វាយ​ម្សៅ ហើយ​និង​យញ្ញ‌បូជា​ជាប់​នៅ​ជានិច្ច​ដែរ។
19 ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​យេរេមា​ថា
20 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ បើ​សិន​ជា​ឯង​រាល់​គ្នា​អាច​នឹង​ផ្តាច់​សេចក្ដី​សញ្ញា​របស់​អញ ពី​ដំណើរ​ថ្ងៃ និង​យប់ ដើម្បី​មិន​ឲ្យ​មាន​ថ្ងៃ ឬ​យប់​តាម​ធម្មតា​បាន
21 នោះ​សេចក្ដី​សញ្ញា​ដែល​អញ​បាន​តាំង​នឹង​ដាវីឌ ជា​អ្នក​បម្រើ​អញ​ក៏​នឹង​ផ្តាច់​ទៅ​បាន​ដែរ ដើម្បី​មិន​ឲ្យ​ដាវីឌ​មាន​កូន​ចៅ​ណា​មួយ​សោយ‌រាជ្យ នៅ​លើ​បល្ល័ង្ក​របស់​លោក ព្រម​ទាំង​សេចក្ដី​សញ្ញា​ដែល​តាំង​នឹង​ពួក​លេវី​ដ៏​ជា​សង្ឃ ជា​ពួក​អ្នក​ដែល​ទទួល​ការ‌ងារ​របស់​អញ​ផង
22 ហើយ​ដូច​ជា​ពុំ​អាច​នឹង​រាប់​ពួក​ពល‌បរិវារ​នៅ​លើ​មេឃ ឬ​វាល់​ខ្សាច់​នៅ​សមុទ្រ​ជា​យ៉ាង​ណា នោះ​អញ​នឹង​ចម្រើន​ពូជ​ដាវីឌ ជា​អ្នក​បម្រើ​អញ និង​ពួក​លេវី ជា​ពួក​អ្នក​ទទួល​ការ‌ងារ​របស់​អញ​ឲ្យ​មាន​ច្រើន​ឡើង​យ៉ាង​នោះ​ដែរ។
23 រួច​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​យេរេមា​ថា
24 ឯង​មិន​បាន​ពិចារណា​សេចក្ដី​ដែល​សាសន៍​ទាំង​នេះ​ពោល​ថា គ្រួ​ទាំង​២​ដែល​ព្រះ‌យេហូវ៉ា​បាន​រើស​តាំង នោះ​ទ្រង់​បាន​បោះ‌បង់​ចោល​វិញ​ទេ​ឬ​អី គឺ​យ៉ាង​នោះ​ដែល​គេ​មើល‌ងាយ​ដល់​រាស្ត្រ​អញ ដោយ​បំណង​នឹង​ឲ្យ​គេ​លែង​ធ្វើ​ជា​នគរ​នៅ​មុខ​ខ្លួន​ត​ទៅ
25 ដូច្នេះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា បើ​សិន​ជា​សេចក្ដី​សញ្ញា​ពី​ដំណើរ​ថ្ងៃ ហើយ​និង​យប់ មិន​ស្ថិត‌ស្ថេរ​នៅ បើ​អញ​មិន​បាន​តាំង​អស់​ទាំង​របៀប​នៃ​ផ្ទៃ​មេឃ និង​ផែនដី​ទេ
26 នោះ​អញ​នឹង​បោះ‌បង់​ចោល​ពូជ‌ពង្ស​យ៉ាកុប និង​ដាវីឌ ជា​អ្នក​បម្រើ​របស់​អញ​បាន​ដែរ ដើម្បី​មិន​ឲ្យ​ពូជ​លោក​ណា​មួយ​បាន​តាំង​ឡើង​ជា​អ្នក​គ្រប់‌គ្រង លើ​ពូជ​នៃ​អ័ប្រា‌ហាំ អ៊ីសាក និង​យ៉ាកុប​ឡើយ ដ្បិត​អញ​នឹង​នាំ​ពួក​គេ​ដែល​ជាប់​ជា​ឈ្លើយ​ឲ្យ​បាន​មក​វិញ ហើយ​និង​អាណិត​មេត្តា​ដល់​គេ​ផង។


ជំពូក 34

1 នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដែល​មក​ដល់​យេរេមា ក្នុង​កាល​ដែល​នេប៊ូ‌ក្នេសា ជា​ស្តេច​បាប៊ីឡូន និង​ពល‌ទ័ព​ទាំង​ប៉ុន្មាន​របស់​គេ ហើយ​អស់​ទាំង​នគរ​នៅ​ផែនដី​ដែល​នៅ​ក្រោម​អំណាច​គេ ព្រម​ទាំង​ប្រជា‌ជាតិ​ទាំង‌ឡាយ​កំពុង​តែ​ច្បាំង​នឹង​ក្រុង​យេរូ‌សាឡឹម ហើយ​និង​ទី​ក្រុង​ទាំង​ប៉ុន្មាន គឺ​ថា
2 ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ចូរ​ទៅ​ទូល​សេដេគា ជា​ស្តេច​យូដា​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ មើល អញ​នឹង​ប្រគល់​ទី​ក្រុង​នេះ ទៅ​ក្នុង​កណ្តាប់​ដៃ នៃ​ស្តេច​បាប៊ីឡូន ហើយ​គេ​នឹង​ដុត​ចោល
3 ឯ​ឯង​នឹង​មិន​រួច​ពី​កណ្តាប់​ដៃ​នៃ​គេ​ដែរ គឺ​នឹង​ត្រូវ​ចាប់​បាន ហើយ​ប្រគល់​ទៅ​ក្នុង​កណ្តាប់​ដៃ​គេ​ជា​ពិត ឯង​នឹង​ឃើញ​ស្តេច​បាប៊ីឡូន​ប្រទល់​មុខ​គ្នា ហើយ​គេ​នឹង​និយាយ​នឹង​ឯង​ផ្ទាល់​មាត់ រួច​ឯង​នឹង​ត្រូវ​ទៅ​ឯ​ក្រុង​បាប៊ីឡូន
4 ប៉ុន្តែ ឱ​សេដេគា​ជា​ស្តេច​យូដា​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ចុះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ពី​ដំណើរ​ទ្រង់​ថា ឯង​នឹង​មិន​ស្លាប់​ដោយ​ដាវ​ទេ
5 គឺ​ឯង​នឹង​ស្លាប់​ដោយ​សេចក្ដី​សុខ​វិញ ហើយ​គេ​នឹង​បូជា​សព​របស់​ឯង ដូច​ជា​បាន​បូជា​ភ្លើង​ថ្វាយ ដល់​ពួក​អយ្យ‌កោ​ឯង គឺ​ជា​ពួក​ស្តេច​ដែល​នៅ​មុខ​ឯង​ដែរ គេ​នឹង​យំ​ទួញ​នឹង​ឯង​ថា ឱ​ព្រះ‌អម្ចាស់​អើយ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​បាន​ចេញ​វាចា​ហើយ។
6 នោះ​ហោរា​យេរេមា​ក៏​ទូល​គ្រប់​ទាំង​ព្រះ‌បន្ទូល​នេះ​ដល់​សេដេគា ជា​ស្តេច​យូដា នៅ​ក្រុង​យេរូ‌សាឡឹម
7 ក្នុង​កាល​ដែល​ពួក​ពល‌ទ័ព​របស់​ស្តេច​បាប៊ីឡូន​កំពុង​តែ​ច្បាំង​នឹង​ក្រុង​យេរូ‌សាឡឹម ហើយ​និង​អស់​ទាំង​ទី​ក្រុង​នៃ​ស្រុក​យូដា​ដែល​នៅ​សល់ គឺ​នឹង​ក្រុង​ឡាគីស ហើយ​និង​ក្រុង​អាសេកា ដ្បិត​ក្នុង​ទី​ក្រុង​នៃ​ស្រុក​យូដា​ទាំង​ប៉ុន្មាន​ដែល​មាន​កំផែង នោះ​សល់​នៅ​តែ​ប៉ុណ្ណេះ​ទេ។
8 នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ជា​ពាក្យ​ដែល​មក​ដល់​យេរេមា ក្នុង​ពេល​ក្រោយ​ដែល​ស្តេច​សេដេគា និង​ប្រជា‌ជន​ទាំង‌ឡាយ ដែល​នៅ​ក្រុង​យេរូ‌សាឡឹម បាន​តាំង​សេចក្ដី​សញ្ញា ដើម្បី​នឹង​ប្រកាស​ប្រាប់​ពី​ការ​ប្រោស​លែង​ដល់​គេ
9 គឺ​ឲ្យ​គ្រប់​ទាំង​មនុស្ស​បាន​បើក​ឲ្យ​បាវ​ប្រុស​បាវ​ស្រី​របស់​ខ្លួន ដែល​ជា​សាសន៍​ហេព្រើរ​រួច​ចេញ​ទៅ ហើយ​កុំ​ឲ្យ​អ្នក​ណា​ចាប់​ប្រើ​សាសន៍​ហេព្រើរ ដែល​ជា​បង​ប្អូន​នឹង​គ្នា ទុក​ជា​បាវ​បម្រើ​ទៀត​ឡើយ
10 ពួក​ចៅ‌ហ្វាយ​ទាំង​ប៉ុន្មាន និង​បណ្តា‌ជន​ទាំង‌ឡាយ ដែល​បាន​ចូល​ក្នុង​សេចក្ដី​សញ្ញា​នេះ ក៏​ស្តាប់​បង្គាប់​តាម ដើម្បី​នឹង​បើក​លែង​បាវ​ប្រុស​បាវ​ស្រី​របស់​ខ្លួន ឲ្យ​រួច​ចេញ​ទៅ ឥត​មាន​អ្នក​ណា​ចាប់​ប្រើ​គេ​ទុក​ជា​បាវ​បម្រើ​ទៀត គេ​ក៏​ស្តាប់​តាម ហើយ​លែង​អ្នក​ទាំង​នោះ​ឲ្យ​រួច​ចេញ​ទៅ
11 ប៉ុន្តែ ក្រោយ​មក គេ​ក៏​បែរ​ជា​បង្ខំ​បាវ​ប្រុស​បាវ​ស្រី​ទាំង​ប៉ុន្មាន ដែល​គេ​បាន​លែង​ទៅ​ហើយ​នោះ ឲ្យ​វិល​មក​នៅ​ក្នុង​បង្គាប់​ខ្លួន និង​ធ្វើ​ជា​បាវ​ប្រុស​បាវ​ស្រី​វិញ​ទៀត។
12 ហេតុ​នោះ ព្រះ‌បន្ទូល​ក៏​មក​ពី​ព្រះ‌យេហូវ៉ា ដល់​យេរេមា​ថា
13 ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ អញ​បាន​តាំង​សេចក្ដី​សញ្ញា​នឹង​ពួក​អយ្យ‌កោ​ឯង​រាល់​គ្នា នៅ​ថ្ងៃ​ដែល​អញ​បាន​នាំ​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ ឲ្យ​រួច​ពី​សណ្ឋាន​ជា​បាវ​បម្រើ ដោយ​ពាក្យ​ថា
14 លុះ​ផុត​៧​ឆ្នាំ​ហើយ នោះ​ឯង​រាល់​គ្នា​ត្រូវ​លែង​បង​ប្អូន​ឯង ជា​សាសន៍​ហេព្រើរ​ដែល​បាន​លក់​ខ្លួន​ដល់​ឯង ហើយ​បាន​បម្រើ​ឯង​អស់​៦​ឆ្នាំ គឺ​ឯង​ត្រូវ​លែង​គេ​ឲ្យ​រួច​ចេញ​ពី​ឯង​ទៅ ប៉ុន្តែ ពួក​អយ្យ‌កោ​ឯង​រាល់​គ្នា​មិន​បាន​ស្តាប់​តាម​អញ​ទេ ក៏​មិន​បាន​ផ្ទៀង​ត្រចៀក​ផង
15 ឯ​ឯង​រាល់​គ្នា​ទើប​នឹង​វិល​មក​ធ្វើ​ការ ដែល​ត្រឹម​ត្រូវ​នៅ​ភ្នែក​អញ ដោយ​ប្រកាស​ប្រាប់​សេចក្ដី​ប្រោស​លោះ​ដល់​អ្នក​ជិត​ខាង​ឯង​រៀង​ខ្លួន​អំបាញ់‌មិញ ហើយ​បាន​តាំង​សញ្ញា​នៅ​មុខ​អញ ក្នុង​ព្រះ‌វិហារ​ដែល​ហៅ​តាម​ឈ្មោះ​អញ​ផង
16 តែ​ឥឡូវ​នេះ បាន​បែរ​ទៅ​ជា​បង្អាប់​ដល់​ឈ្មោះ​អញ​វិញ ដោយ​បាន​បង្ខំ​ឲ្យ​ពួក​បាវ​ប្រុស​បាវ​ស្រី​របស់​ឯង​រៀង​ខ្លួន ដែល​ឯង​បាន​លែង​ឲ្យ​រួច​ចេញ​តាម​បំណង​ចិត្ត​គេ​នោះ ឲ្យ​វិល​មក​នៅ​ក្នុង​បង្គាប់​ខ្លួន និង​ធ្វើ​ជា​បាវ​ប្រុស​បាវ​ស្រី​របស់​ឯង​រាល់​គ្នា​វិញ​ទៀត។
17 ហេតុ​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ឯង​រាល់​គ្នា​មិន​បាន​ស្តាប់​តាម​អញ ដើម្បី​នឹង​ប្រកាស​ប្រាប់​ពី​សេចក្ដី​ប្រោស​លោះ​ដល់​បង​ប្អូន​ឯង​រៀង​ខ្លួន និង​ដល់​អ្នក​ជិត​ខាង​ឯង​រៀង​ខ្លួន​ទេ ដូច្នេះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា មើល អញ​ប្រកាស​ប្រាប់​ពី​សេចក្ដី​ប្រោស​លោះ​ដល់​ឯង​រាល់​គ្នា​វិញ គឺ​ឲ្យ​រួច​ចេញ​ទៅ​ដល់​ដាវ ដល់​អាសន្ន‌រោគ ហើយ​ដល់​អំណត់‌អត់​ដែរ អញ​នឹង​ធ្វើ​ឲ្យ​ឯង​រាល់​គ្នា​ត្រូវ​សាត់​អណ្តែត​ទៅ​មក កណ្តាល​អស់​ទាំង​នគរ​នៅ​ផែនដី
18 ហើយ​អញ​នឹង​ប្រគល់​ពួក​មនុស្ស​ដែល​បាន​ក្បត់​នឹង​សេចក្ដី​សញ្ញា​របស់​អញ ជា​ពួក​អ្នក​ដែល​មិន​បាន​ធ្វើ​តាម​ពាក្យ​នៃ​សេចក្ដី​សញ្ញា ដែល​គេ​បាន​តាំង​នៅ​មុខ​អញ ក្នុង​កាល​ដែល​គេ​បាន​ពុះ​កូន​គោ​ជា​២​ចំហៀង រួច​ដើរ​នៅ​កណ្តាល​ចំហៀង​ទាំង​២​នោះ
19 ជា​ពួក​ចៅ‌ហ្វាយ​នៃ​ស្រុក​យូដា ពួក​ចៅ‌ហ្វាយ​នៃ​ក្រុង​យេរូ‌សាឡឹម ពួក​សេនាបតី ពួក​សង្ឃ និង​ពួក​ជន​ទាំង‌ឡាយ​នៅ​ក្នុង​ស្រុក​ដែល​បាន​ដើរ​កណ្តាល​ចំហៀង​នៃ​កូន​គោ​នោះ
20 គឺ​អញ​នឹង​ប្រគល់​គេ​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ​របស់​គេ ហើយ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​អ្នក ដែល​រក​ជីវិត​គេ ឯ​សាក‌សព​របស់​គេ​នឹង​ជា​ចំណី​ដល់​សត្វ​ហើរ​លើ​អាកាស និង​សត្វ​ជើង​៤​នៅ​ផែនដី
21 ហើយ​អញ​នឹង​ប្រគល់​សេដេគា​ជា​ស្តេច​យូដា និង​ពួក​ចៅ‌ហ្វាយ ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ ហើយ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​អ្នក ដែល​រក​ជីវិត​គេ និង​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ទ័ព​របស់​ស្តេច​បាប៊ីឡូន​ដែល​ទើប​នឹង​ថយ​ចេញ ​ពី​ឯង​រាល់​គ្នា​នោះ
22 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា មើល អញ​នឹង​បង្គាប់ ហើយ​និង​ធ្វើ​ឲ្យ​គេ​វិល​មក​ឯ​ទី​ក្រុង​នេះ​វិញ នោះ​គេ​នឹង​ច្បាំង​ចាប់​យក​ទី​ក្រុង​នេះ​បាន រួច​ដុត​នឹង​ភ្លើង​ចោល អញ​នឹង​ធ្វើ​ឲ្យ​ទី​ក្រុង​ទាំង​ប៉ុន្មាន​នៃ​ស្រុក​យូដា​ត្រូវ​ខូច​បង់ ឥត​មាន​អ្នក​ណា​នៅ។


ជំពូក 35

1 នេះ​ជា​ព្រះ‌បន្ទូល​ដែល​មក​ពី​ព្រះ‌យេហូវ៉ា​ដល់​យេរេមា នៅ​ក្នុង​រាជ្យ​នៃ​យេហូយ៉ាគីម ជា​បុត្រ​យ៉ូសៀស ស្តេច​យូដា​ថា
2 ចូរ​ទៅ​ឯ​ផ្ទះ​នៃ​ពួក​រេកាប និយាយ​នឹង​គេ​ហើយ​នាំ​គេ​ចូល​ទៅ​ឯ​បន្ទប់​១ ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ចុះ រួច​ចាក់​ស្រា​ទំពាំង‌បាយ‌ជូរ​ឲ្យ​គេ​ផឹក​ទៅ
3 ដូច្នេះ ខ្ញុំ​ក៏​នាំ​យក​យ្អាសានា ជា​កូន​យេរេមា ដែល​ជា​កូន​ហាបា-ស៊ីនា ព្រម​ទាំង​ពួក​បង​ប្អូន និង​កូន​ចៅ​គាត់ ហើយ​ពូជ‌ពង្ស​នៃ​ពួក​រេកាប​ទាំង​អស់​គ្នា
4 ចូល​ទៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា គឺ​ក្នុង​បន្ទប់​របស់​កូន​ចៅ​ហាណាន ជា​កូន​យីកដាលា​អ្នក​សំណប់​របស់​ព្រះ ដែល​នៅ​ផ្ទាប់​នឹង​បន្ទប់​របស់​ពួក​ចៅ‌ហ្វាយ នៅ​ពី​លើ​បន្ទប់​របស់​ម្អាសេយ៉ា កូន​សាលូម ជា​អ្នក​ឆ្មាំ​ទ្វារ
5 រួច​ខ្ញុំ​ដាក់​ដប​ស្រា​ទំពាំង‌បាយ‌ជូរ និង​ពែង​នៅ​មុខ​កូន​ចៅ​នៃ​ពួក​រេកាប ហើយ​ប្រាប់​ថា អញ្ជើញ​ពិសា​ស្រា​ទំពាំង‌បាយ‌ជូរ​ចុះ
6 តែ​គេ​ឆ្លើយ​តប​ថា យើង​រាល់​គ្នា​មិន​ព្រម​ទទួល​ទាន​ស្រា​ទំពាំង‌បាយ‌ជូរ​ទេ ពី​ព្រោះ​យ៉ូណាដាប ជា​កូន​រេកាប អយ្យ‌កោ​យើង​បាន​ផ្តាំ​ថា កុំ​ឲ្យ​ឯង​រាល់​គ្នា​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ​ឡើយ ទោះ​ទាំង​ឯង ឬ​កូន​ចៅ​ឯង​ត​រៀង​ទៅ
7 ក៏​មិន​ត្រូវ​ឲ្យ​ឯង​ធ្វើ​ផ្ទះ ឬ​សាប‌ព្រោះ ឬ​ដាំ ឬ​មាន​ចម្ការ​ទំពាំង‌បាយ‌ជូរ​ឡើយ គឺ​ឯង​រាល់​គ្នា​ត្រូវ​នៅ​ក្នុង​ត្រសាល​អស់​១​ជីវិត ដើម្បី​ឲ្យ​បាន​រស់​ជា​យឺន‌យូរ នៅ​ក្នុង​ស្រុក​ដែល​ឯង​រាល់​គ្នា​កំពុង​ស្នាក់​នៅ​នោះ
8 ហើយ​យើង​រាល់​គ្នា​បាន​ស្តាប់​បង្គាប់​យ៉ូណាដាប ជា​កូន​រេកាប ដែល​ជា​អយ្យ‌កោ​យើង តាម​គ្រប់​ទាំង​សេចក្ដី​ដែល​គាត់​បាន​ផ្តាំ​មក គឺ​មិន​បាន​ទទួល​ទាន​ស្រា​ទំពាំង‌បាយ‌ជូរ​ដរាប​ដល់​អស់​១​ជីវិត​យើង ព្រម​ទាំង​ប្រពន្ធ និង​កូន​ប្រុស​កូន​ស្រី​របស់​យើង​ផង
9 ក៏​មិន​បាន​ធ្វើ​ផ្ទះ​សម្រាប់​អាស្រ័យ​នៅ ហើយ​គ្មាន​ដំណាំ​ទំពាំង‌បាយ‌ជូរ ឬ​ចម្ការ ឬ​ពូជ​ពង្រោះ​ណា​ផង
10 គឺ​យើង​រាល់​គ្នា​បាន​អាស្រ័យ​នៅ​តែ​ក្នុង​ត្រសាល ហើយ​បាន​ស្តាប់​បង្គាប់ ទាំង​ប្រព្រឹត្ត​តាម​គ្រប់​សេចក្ដី​ដែល​យ៉ូណាដាប ជា​អយ្យ‌កោ​យើង​បាន​ផ្តាំ​ទុក
11 ប៉ុន្តែ កាល​នេប៊ូ‌ក្នេសា ជា​ស្តេច​បាប៊ីឡូន​បាន​ឡើង​មក​ក្នុង​ស្រុក នោះ​យើង​បាន​និយាយ​គ្នា​ថា ចូរ​យើង​ចូល​ទៅ​ក្នុង​ក្រុង​យេរូ‌សាឡឹម ឲ្យ​រួច​ពី​ពួក​ទ័ព​ខាល់ដេ និង​ពួក​ទ័ព​ស៊ីរី​ចេញ ហេតុ​នោះ​បាន​ជា​យើង​រាល់​គ្នា អាស្រ័យ​នៅ​ក្នុង​ក្រុង​យេរូ‌សាឡឹម​សព្វ​ថ្ងៃ​នេះ។
12 នោះ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ក៏​មក​ដល់​យេរេមា​ថា
13 ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ចូរ​ទៅ​និយាយ​នឹង​ពួក​ស្រុក​យូដា និង​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡឹម​ថា តើ​ឯង​រាល់​គ្នា​មិន​ព្រម​ទទួល​សេចក្ដី​ប្រៀន‌ប្រដៅ ដើម្បី​នឹង​ស្តាប់​តាម​ពាក្យ​អញ​ទេ​ឬ នេះ​ហើយ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា
14 ឯ​ពាក្យ​របស់​យ៉ូណាដាប ជា​កូន​រេកាប​ដែល​បាន​ហាម​ដល់​ពួក​កូន​ចៅ មិន​ឲ្យ​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ នោះ​បាន​សម្រេច​ហើយ ដ្បិត​គេ​មិន​ផឹក​សោះ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ ពី​ព្រោះ​គេ​ស្តាប់​តាម​បង្គាប់​របស់​អយ្យ‌កោ​គេ ឯ​អញ​វិញ​អញ​បាន​និយាយ​នឹង​ឯង​រាល់​គ្នា ព្រម​ទាំង​ក្រោក​ឡើង​ពី​ព្រលឹម​ស្រាង ដើម្បី​នឹង​ប្រាប់​ផង តែ​ឯង​រាល់​គ្នា​មិន​បាន​ស្តាប់​តាម​អញ​សោះ
15 អញ​ក៏​បាន​ចាត់​ពួក​ហោរា​ទាំង​ប៉ុន្មាន ជា​អ្នក​បម្រើ​អញ ឲ្យ​មក​ឯ​ឯង​ដែរ ទាំង​ក្រោក​ឡើង​ពី​ព្រលឹម​ស្រាង ដើម្បី​នឹង​ចាត់​គេ​ផង ឲ្យ​ប្រាប់​ថា ចូរ​ឲ្យ​ឯង​ទាំង​អស់​គ្នា​វិល​មក​ពី​ផ្លូវ​អាក្រក់​របស់​ខ្លួន​ឥឡូវ ហើយ​កែ​កិរិយា​របស់​ឯង​ផង កុំ​ឲ្យ​ទៅ​តាម​ព្រះ​ដទៃ ដើម្បី​គោរព​ដល់​វា​នោះ​ឡើយ នោះ​ឯង​រាល់​គ្នា​នឹង​បាន​នៅ​ជាប់​ក្នុង​ស្រុក ដែល​អញ​បាន​ឲ្យ​ដល់​ឯង និង​ពួក​អយ្យ‌កោ​ឯង តែ​ឯង​រាល់​គ្នា​មិន​បាន​ផ្ទៀង​ត្រចៀក ឬ​ស្តាប់​តាម​អញ​សោះ
16 ដូច្នេះ ដោយ​ឃើញ​ថា ពួក​កូន​ចៅ​យ៉ូណាដាប ជា​កូន​រេកាប បាន​សម្រេច​តាម​បង្គាប់​របស់​អយ្យ‌កោ​គេ ដែល​ផ្តាំ​មក​នោះ តែ​សាសន៍​ទាំង​នេះ​មិន​បាន​ស្តាប់​តាម​អញ​ទេ
17 ហេតុ​នោះ ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ គឺ​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា មើល អញ​នឹង​នាំ​គ្រប់​ទាំង​សេចក្ដី​អាក្រក់​មក​លើ​ពួក​យូដា ហើយ​លើ​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡឹម ដូច​ជា​អញ​បាន​ពោល​ទាស់​នឹង​គេ​ហើយ ពី​ព្រោះ​អញ​បាន​ប្រាប់​ដល់​គេ តែ​គេ​មិន​បាន​ស្តាប់​ទេ ហើយ​អញ​បាន​ហៅ​គេ តែ​គេ​មិន​បាន​ឆ្លើយ​តប​ឡើយ។
18 រួច​យេរេមា​លោក​ប្រាប់​ដល់​ពួក​វង្ស​នៃ​រេកាប​ថា ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ដោយ​ព្រោះ​ឯង​រាល់​គ្នា​បាន​ស្តាប់​តាម​បង្គាប់​យ៉ូណាដាប ជា​អយ្យ‌កោ​ឯង ហើយ​រក្សា​អស់​ទាំង​បញ្ញត្ត​របស់​គាត់ ព្រម​ទាំង​សម្រេច​តាម​អស់​ទាំង​ពាក្យ​ដែល​គាត់​បាន​ផ្តាំ​មក
19 ដូច្នេះ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ថា យ៉ូណា‌ដាប​ជា​កូន​រេកាប នឹង​មិន​ដែល​អាក់‌ខាន​មាន​មនុស្ស​សម្រាប់​ឈរ​នៅ​មុខ​អញ​ជា​ដរាប​ត​ទៅ​ឡើយ។


ជំពូក 36

1 នៅ​ឆ្នាំ​ទី​៤​ក្នុង​រាជ្យ​នៃ​យេហូយ៉ាគីម ជា​បុត្រ​យ៉ូសៀស​ស្តេច​យូដា ព្រះ‌បន្ទូល​នេះ​បាន​មក​ពី​ព្រះ‌យេហូវ៉ា​ដល់​យេរេមា​ថា
2 ចូរ​យក​ក្រាំង​១​មក​កត់​អស់​ទាំង​ពាក្យ​ដែល​អញ​បាន​ប្រាប់​ដល់​ឯង ទាស់​នឹង​ពួក​អ៊ីស្រា‌អែល និង​ពួក​យូដា ហើយ​ទាស់​នឹង​សាសន៍​ទាំង​ប៉ុន្មាន ចាប់​តាំង​ពី​ថ្ងៃ​ដែល​អញ​ផ្តើម​និយាយ​នឹង​ឯង គឺ​តាំង​ពី​គ្រា​យ៉ូសៀស​ដរាប​ដល់​សព្វ​ថ្ងៃ​នេះ
3 ប្រហែល​ជា​ពួក​វង្ស​យូដា​នឹង​ស្តាប់​អស់​ទាំង​សេចក្ដី​អាក្រក់ ដែល​អញ​សម្រេច​នឹង​ធ្វើ​ដល់​គេ​ទេ​ដឹង ប្រយោជន៍​ឲ្យ​គេ​បាន​វិល​មក​ពី​ផ្លូវ​អាក្រក់​របស់​គេ​រៀង​ខ្លួន ដើម្បី​ឲ្យ​អញ​បាន​អត់​ទោស​ចំពោះ​អំពើ​ទុច្ចរិត និង​អំពើ​បាប​របស់​គេ។
4 ដូច្នេះ យេរេមា​ក៏​ហៅ​បារូក ជា​កូន​នេរីយ៉ា​មក ហើយ​បារូក​ក៏​សរសេរ​អស់​ទាំង​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ចុះ​ក្នុង​ក្រាំង​តាម​មាត់​យេរេមា ជា​ព្រះ‌បន្ទូល​ដែល​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​ដល់​លោក
5 រួច​យេរេមា​ប្រាប់​បារូក​ថា អញ​នៅ​ជាប់​ឃុំ និង​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​មិន​បាន
6 ដូច្នេះ ចូរ​ឯង​យក​ក្រាំង​នេះ ដែល​ឯង​បាន​សរសេរ​តាម​មាត់​អញ ទៅ​អាន​មើល​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា នៅ​ត្រចៀក​របស់​បណ្តា‌ជន​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា នៅ​ថ្ងៃ​កាន់​ត្រណម​ទៅ ហើយ​ត្រូវ​ឲ្យ​អាន​មើល នៅ​ត្រចៀក​ពួក​សាសន៍​យូដា​ទាំង​អស់ ដែល​ចេញ​ពី​ទី​ក្រុង​របស់​គេ​មក​ដែរ
7 ប្រហែល​ជា​គេ​នឹង​ទូល‌អង្វរ​ដល់​ព្រះ‌យេហូវ៉ា ហើយ​និង​វិល​មក​ពី​ផ្លូវ​អាក្រក់​របស់​គេ​រៀង​ខ្លួន​ទេ​ដឹង ដ្បិត​សេចក្ដី​ខ្ញាល់ និង​សេចក្ដី​ឃោរ‌ឃៅ ដែល​ព្រះ‌យេហូវ៉ា​បាន​ពោល​ទាស់​នឹង​សាសន៍​នេះ នោះ​ធ្ងន់​ក្រៃ‌លែង
8 ដូច្នេះ បារូក ជា​កូន​នេរីយ៉ា ក៏​សម្រេច​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​ហោរា​យេរេមា​បាន​បង្គាប់ គឺ​បាន​អាន​មើល​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដែល​កត់​ចុះ​ក្នុង​ក្រាំង នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា។
9 រីឯ​នៅ​ខែ​មិគសិរ ក្នុង​ឆ្នាំ​ទី​៥​នៃ​រាជ្យ​យេហូយ៉ាគីម ជា​បុត្រ​យ៉ូសៀស​ស្តេច​យូដា នោះ​ប្រជា‌ជន​ទាំង‌ឡាយ​នៅ​ក្រុង​យេរូ‌សាឡឹម ហើយ​បណ្តា‌ជន​ដែល​មក​ឯ​ក្រុង​យេរូ‌សាឡឹម ពី​ទី​ក្រុង​ស្រុក​យូដា​ទាំង​ប៉ុន្មាន ក៏​ប្រកាស​ឲ្យ​មាន​ថ្ងៃ​តម​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា
10 ខណៈ​នោះ បារូក​ក៏​អាន​មើល​ក្រាំង ជា​ពាក្យ​របស់​យេរេមា ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ឲ្យ​បណ្តា‌ជន​ស្តាប់ គឺ​ក្នុង​បន្ទប់​របស់​ស្មៀន​កេម៉ារា​ជា​កូន​សាផាន ដែល​នៅ​ទីលាន​ខាង​លើ ត្រង់​ទ្វារ​ថ្មី​នៃ​ព្រះ‌វិហារ​ព្រះ‌យេហូវ៉ា។
11 លុះ​កាល​មីកា ជា​កូន​កេម៉ារា ដែល​ជា​កូន​របស់​សាផាន​បាន​ឮ​អស់​ទាំង​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដែល​នៅ​ក្នុង​ក្រាំង​នោះ​ហើយ
12 នោះ​ក៏​ចុះ​ទៅ​ឯ​ព្រះ‌រាជ​វាំង​ចូល​ក្នុង​បន្ទប់​ស្មៀន ឃើញ​មាន​ពួក​ចៅ‌ហ្វាយ​ទាំង​ប៉ុន្មាន​នៅ​ទី​នោះ គឺ​ស្មៀន​អេលីសាម៉ា ហើយ​ដេឡាយ៉ា ជា​កូន​សេម៉ាយ៉ា និង​អែល‌ណាថាន ជា​កូន​អ័កបោរ កេម៉ារា ជា​កូន​សាផាន សេដេគា ជា​កូន​ហាណានា ហើយ​ពួក​ចៅ‌ហ្វាយ​ទាំង​អស់​ផង
13 មីកា​ក៏​ជម្រាប​គេ​តាម​គ្រប់​ទាំង​ពាក្យ​ដែល​ខ្លួន​បាន​ឮ ក្នុង​កាល​ដែល​បារូក​អាន​មើល​ក្រាំង​នោះ​ឲ្យ​បណ្តា‌ជន​ស្តាប់
14 ដូច្នេះ ពួក​ចៅ‌ហ្វាយ​ទាំង​នោះ​ក៏​ចាត់​យេហ៊ូឌី ជា​កូន​នេថានា ដែល​ជា​កូន​សេលេមា​ដែល​ជា​កូន​គូស៊ី ឲ្យ​ទៅ​ឯ​បារូក​ប្រាប់​ថា ចូរ​យក​ក្រាំង​ដែល​ឯង​បាន​អាន​មើល​ឲ្យ​បណ្តា‌ជន​ស្តាប់​នោះ​មក បារូក​ជា​កូន​នេរីយ៉ា​ក៏​យក​ក្រាំង​កាន់​នៅ​ដៃ​ទៅ​ឯ​គេ
15 រួច​គេ​ប្រាប់​ថា ចូរ​ឯង​អង្គុយ​អាន​មើល​ឲ្យ​យើង​ស្តាប់​ផង នោះ​បារូក​ក៏​អាន​មើល
16 លុះ​កាល​គេ​បាន​ឮ​ពាក្យ​ទាំង​នោះ​រួច​ហើយ នោះ​គេ​ក៏​បែរ​មើល​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ភិត‌ភ័យ ហើយ​និយាយ​ទៅ​បារូក​ថា យើង​នឹង​ទូល​ដល់​ស្តេច ពី​ពាក្យ​ទាំង​នេះ​ជា​មិន​ខាន
17 រួច​គេ​សួរ​បារូក​ថា ចូរ​ប្រាប់​យើង​មក ធ្វើ​ដូច​ម្តេច​ឲ្យ​ឯង​បាន​កត់​អស់​ទាំង​ពាក្យ​នេះ​តាម​មាត់​គាត់​បាន
18 បារូក​ឆ្លើយ​ថា លោក​បាន​ប្រាប់​ពាក្យ​ទាំង​នេះ​ដល់​ខ្ញុំ ហើយ​ខ្ញុំ​ក៏​យក​ទឹក​ខ្មៅ​សរសេរ​ចុះ​ក្នុង​ក្រាំង​នេះ
19 នោះ​ពួក​ចៅ‌ហ្វាយ​ប្រាប់​បារូក​ថា ចូរ​ឯង និង​យេរេមា​ទៅ​ពួន​ខ្លួន​ទៅ កុំ​ឲ្យ​អ្នក​ណា​ដឹង​ជា​នៅ​ឯ​ណា​ឡើយ។
20 រួច​គេ​ក៏​ចូល​ទៅ​គាល់​ស្តេច​នៅ​ក្នុង​ដំណាក់ តែ​ឯ​ក្រាំង គេ​បាន​ដាក់​ទុក​នៅ​ក្នុង​បន្ទប់​របស់​ស្មៀន​អេលីសាម៉ា ហើយ​គេ​ទូល​ដល់​ស្តេច​តាម​អស់​ទាំង​ពាក្យ​នោះ
21 ដូច្នេះ ស្តេច​ទ្រង់​ចាត់​យេហ៊ូឌី ឲ្យ​ទៅ​យក​ក្រាំង ពី​បន្ទប់​ស្មៀន​អេលីសាម៉ា​មក រួច​យេហ៊ូឌី​ក៏​អាន​មើល​ថ្វាយ​ស្តេច នៅ​ត្រចៀក​នៃ​ពួក​ចៅ‌ហ្វាយ​ទាំង​អស់ ដែល​ឈរ​នៅ​ខាង​ស្តេច​ដែរ
22 ខណៈ​នោះ ស្តេច​ទ្រង់​គង់​ក្នុង​ដំណាក់​សម្រាប់​រដូវ​រងា​នៅ​ខែ​មិគសិរ ហើយ​មាន​ភ្លើង​ឆេះ​នៅ​ជើង‌ក្រាន​ចំពោះ​ទ្រង់
23 ដូច្នេះ កាល​យេហ៊ូឌី​បាន​អាន​មើល​បី​បួន​ទំព័រ​ហើយ នោះ​ស្តេច​ទ្រង់​យក​កាំបិត​កាត់ រួច​បោះ​ទៅ​ក្នុង​ភ្លើង​នៅ​ជើង‌ក្រាន ទាល់​តែ​ក្រាំង​ទាំង​មូល​បាន​ឆេះ​អស់​ទៅ
24 ដំណើរ​នេះ​គេ​ឥត​មាន​ស្លុត​ចិត្ត ឬ​ហែក​សម្លៀក‌បំពាក់​គេ​សោះ ទោះ​ទាំង​ស្តេច ឬ​ពួក​មហា‌តលិក ដែល​ឮ​ពាក្យ​ទាំង​នោះ​ផង
25 មាន​តែ​អែល‌ណាថាន ដេឡាយ៉ា និង​កេម៉ារា​ដែល​បាន​ទូល‌អង្វរ​ដល់​ស្តេច សូម​កុំ​ឲ្យ​ទ្រង់​ដុត​ក្រាំង​ប៉ុណ្ណោះ តែ​ស្តេច​មិន​ព្រម​ស្តាប់​តាម​ទេ
26 រួច​ស្តេច​ទ្រង់​បង្គាប់​យេរ៉ា‌ម្អែល ជា​កូន​ហាម៉ាលេក និង​សេរ៉ាយ៉ា​ជា​កូន​អាសរាល ហើយ​សេលេមា ជា​កូន​អាប់‌ឌាល ឲ្យ​ទៅ​ចាប់​ស្មៀន​បារូក និង​ហោរា​យេរេមា​មក តែ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​លាក់​លោក​ទុក។
27 ក្រោយ​ដែល​ស្តេច​បាន​ដុត​ក្រាំង​ជា​ពាក្យ​ទាំង​នោះ ដែល​បារូក​បាន​សរសេរ​ទុក​តាម​មាត់​យេរេមា​ហើយ នោះ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ក៏​មក​ដល់​យេរេមា​ថា
28 ចូរ​យក​ក្រាំង​១​ទៀត ហើយ​សរសេរ​ទុក​ពាក្យ​ដើម​ទាំង​ប៉ុន្មាន ដូច​បាន​សរសេរ​ចុះ​ក្នុង​ក្រាំង​មុន​នោះ ដែល​យេហូយ៉ាគីម ជា​ស្តេច​យូដា​បាន​ដុត​ចោល​ទៅ​ហើយ​នោះ
29 រួច​ឯ​ដំណើរ​យេហូយ៉ាគីម ជា​ស្តេច​យូដា នោះ​ត្រូវ​ឲ្យ​ឯង​ប្រាប់​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​យ៉ាង​ដូច្នេះ ឯង​បាន​ដុត​ក្រាំង​នោះ​ចោល ដោយ​ពាក្យ​ថា ហេតុ​អ្វី​បាន​ជា​សរសេរ​ដូច្នេះ​ថា ស្តេច​បាប៊ីឡូន​នឹង​មក ហើយ​បំផ្លាញ​ស្រុក​នេះ​ទៅ ព្រម​ទាំង​ធ្វើ​ឲ្យ​លែង​មាន​ទាំង​មនុស្ស និង​សត្វ​ជា​ពិត
30 ហេតុ​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ពី​ដំណើរ​យេហូ‌យ៉ាគីម ជា​ស្តេច​យូដា​ដូច្នេះ​ថា វា​នឹង​គ្មាន​អ្នក​ណា​សម្រាប់​អង្គុយ​លើ​បល្ល័ង្ក​របស់​ដាវីឌ​ឡើយ ហើយ​សព​វា​នឹង​ត្រូវ​បោះ​ចោល​ទៅ​ក្រៅ ឲ្យ​ហាល​ក្តៅ​នៅ​ពេល​ថ្ងៃ និង​សន្សើម​កក​នៅ​ពេល​យប់
31 អញ​នឹង​ធ្វើ​ទោស​ដល់​វា និង​ពូជ​វា ព្រម​ទាំង​ពួក​មហា‌តលិក​ទាំង​ប៉ុន្មាន ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​វា​រាល់​គ្នា ហើយ​អញ​នឹង​នាំ​អស់​ទាំង​សេចក្ដី​អាក្រក់​មក​លើ​វា​រាល់​គ្នា និង​លើ​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡឹម ហើយ​លើ​ពួក​មនុស្ស​នៅ​ស្រុក​យូដា​ទាំង​ប៉ុន្មាន​ផង តាម​ដែល​អញ​បាន​ពោល​ទាស់​នឹង​វា​រាល់​គ្នា​ហើយ តែ​គេ​មិន​ព្រម​ស្តាប់​តាម​សោះ
32 ដូច្នេះ យេរេមា​ក៏​យក​ក្រាំង​១​ទៀត ឲ្យ​ដល់​ស្មៀន​បារូក ជា​កូន​នេរីយ៉ា ហើយ​គាត់​ក៏​សរសេរ​ទុក​អស់​ទាំង​ពាក្យ​នោះ​តាម​មាត់​យេរេមា ដូច​ជា​មាន​នៅ​ក្នុង​ក្រាំង​ដែល​យេហូយ៉ាគីម ស្តេច​យូដា​បាន​ដុត​ចោល​នោះ ក៏​មាន​សេចក្ដី​បែប​ដូច​គ្នា​ជា​ច្រើន​ទៀត​បាន​បន្ថែម​បញ្ចូល​ផង។


ជំពូក 37

1 សេដេគា ជា​បុត្រ​នៃ​យ៉ូសៀស​ក៏​សោយ‌រាជ្យ​ឡើង​ជំនួស​យេកូនា ជា​បុត្រ​របស់​យេហូយ៉ាគីម ដែល​នេប៊ូ‌ក្នេសា ជា​ស្តេច​បាប៊ីឡូន បាន​តាំង​ឡើង​ជា​ស្តេច នៅ​ស្រុក​យូដា
2 ប៉ុន្តែ ទោះ​ទាំង​ស្តេច ឬ​ពួក​មហា‌តលិក ឬ​បណ្តា‌ជន​នៅ​ក្នុង​ស្រុក​នោះ ក៏​មិន​បាន​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដែល​ទ្រង់​មាន​ព្រះ‌បន្ទូល​មក ដោយ‌សារ​ហោរា​យេរេមា​ឡើយ។
3 ឯ​ស្តេច​សេដេគា​ទ្រង់​ចាត់​យេហ៊ូកាល ជា​កូន​សេលេមា និង​សេផានា ជា​កូន​ម្អាសេយ៉ា​ដ៏​ជា​សង្ឃ ឲ្យ​ទៅ​ឯ​យេរេមា ដោយ​ផ្តាំ​ថា ចូរ​អធិស្ឋាន​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​រាល់​គ្នា​ឲ្យ​យើង​ឥឡូវ​ផង
4 រីឯ​យេរេមា​លោក​ទៅ​មក​ក្នុង​បណ្តា‌ជន ដ្បិត​គេ​មិន​ទាន់​បាន​ឃុំ​ទុក​លោក​នៅ​ឡើយ
5 គ្រា​នោះ​ពល‌ទ័ព​របស់​ផារ៉ោន​ក៏​លើក​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក កាល​ពួក​ខាល់ដេ ដែល​កំពុង​តែ​ឡោម‌ព័ទ្ធ​ក្រុង​យេរូ‌សាឡឹម បាន​ឮ​ដំណឹង​នោះ​ហើយ គេ​ក៏​ថយ​ចេញ​ពី​ក្រុង​យេរូ‌សាឡឹម​ទៅ។
6 ខណៈ​នោះ ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ហោរា​យេរេមា​ថា
7 ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ត្រូវ​ឲ្យ​ឯង​ឆ្លើយ​តប​នឹង​ស្តេច​យូដា ដែល​ចាត់​ឯង​ឲ្យ​មក​សួរ​ដល់​អញ​ថា មើល ពួក​ពល‌ទ័ព​របស់​ផារ៉ោន​ដែល​លើក​ចេញ​មក​ជួយ​ឯង គេ​នឹង​វិល​ត្រឡប់​ទៅ​ឯ​ស្រុក​អេស៊ីព្ទ ជា​ស្រុក​របស់​គេ​វិញ
8 រួច​ពួក​ខាល់ដេ​នឹង​មក​ម្តង​ទៀត ច្បាំង​នឹង​ទី​ក្រុង​នេះ ហើយ​និង​ចាប់​យក​បាន​ផង រួច​គេ​នឹង​ដុត​ចោល
9 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​យ៉ាង​ដូច្នេះ​ថា កុំ​ឲ្យ​បញ្ឆោត​ខ្លួន​ឯង​រាល់​គ្នា​ដោយ​ថា ពួក​ខាល់ដេ​នឹង​ថយ​ចេញ​ពី​យើង​ជា​ប្រាកដ​នោះ​ឡើយ ដ្បិត​គេ​នឹង​មិន​ថយ​ចេញ​ទៅ​ទេ
10 ពី​ព្រោះ​ទោះ​បើ​ឯង​រាល់​គ្នា​បាន​វាយ​ពល‌ទ័ព​ទាំង​មូល​របស់​ពួក​ខាល់ដេ​ដែល​ច្បាំង​នឹង​ឯង ឲ្យ​មាន​សល់​តែ​មនុស្ស​របួស​ប៉ុណ្ណោះ​ក៏​ដោយ គង់​តែ​គេ​នឹង​ក្រោក​ឡើង នៅ​ក្នុង​ត្រសាល​គេ​រៀង​ខ្លួន មក​ដុត​ទី​ក្រុង​នេះ​ចោល​ដែរ។
11 នៅ​គ្រា​ដែល​ពល‌ទ័ព​របស់​ពួក​ខាល់ដេ​បាន​ថយ​ចេញ​ពី​ក្រុង​យេរូ‌សាឡឹម​ទៅ ដោយ​ខ្លាច​ពួក​ពល‌ទ័ព​របស់​ផារ៉ោន​ហើយ
12 នោះ​យេរេមា​ក៏​ចេញ​ពី​ក្រុង​យេរូ‌សាឡឹម ចង់​ទៅ​ឯ​ស្រុក​បេន‌យ៉ាមីន ដើម្បី​ទទួល​ដី​ជា​ចំណែក​របស់​លោក នៅ​កណ្តាល​ពួក​អ្នក​ស្រុក​នោះ
13 តែ​កាល​លោក​កំពុង​ចេញ​តាម​ទ្វារ​បេន‌យ៉ាមីន នោះ​មាន​មេ‌ទ័ព​ពួក​ល្បាត​នៅ​ទី​នោះ​ឈ្មោះ​យារីយ៉ា ជា​កូន​សេលេមា ដែល​ជា​កូន​ហាណានា អ្នក​នោះ​ក៏​ចាប់​ហោរា​យេរេមា ដោយ​ចោទ​ថា ឯង​រវាត​ចូល​ទៅ​ខាង​ពួក​ខាល់ដេ​ឬ
14 យេរេមា​ប្រកែក​ថា​មិន​មែន​ទេ ខ្ញុំ​មិន​រវាត​ចូល​ទៅ​ខាង​ពួក​ខាល់ដេ​ឡើយ ប៉ុន្តែ យារីយ៉ា​មិន​ព្រម​ជឿ​លោក​សោះ ក៏​ចាប់​យេរេមា​នាំ​ទៅ​ឯ​ពួក​ចៅ‌ហ្វាយ
15 នោះ​ពួក​ចៅ‌ហ្វាយ​មាន​សេចក្ដី​ក្រោធ​នឹង​យេរេមា ក៏​វាយ​លោក ហើយ​នាំ​ទៅ​ឃុំ​ទុក​ក្នុង​ផ្ទះ​ស្មៀន​យ៉ូណា‌ថាន ដ្បិត​គេ​បាន​យក​ផ្ទះ​នោះ​ធ្វើ​ជា​គុក​ហើយ។
16 កាល​យេរេមា​បាន​ចូល​ទៅ​ក្នុង​បន្ទប់​នៃ​គុក នៅ​ក្រោម​ដី​នោះ រួច​បាន​នៅ​ទី​នោះ​ជា​យូរ​ថ្ងៃ​ទៅ
17 នោះ​ស្តេច​សេដេគា​ក៏​ចាត់​គេ​ឲ្យ​ទៅ​នាំ​លោក​មក ស្តេច​ទ្រង់​សួរ​លោក​ដោយ​សម្ងាត់​នៅ​ក្នុង​ដំណាក់​ថា តើ​មាន​ព្រះ‌បន្ទូល​ណា​មក​ពី​ព្រះ‌យេហូវ៉ា​ឬ​ទេ យេរេមា​ទូល​តប​ថា មាន​ដែរ លោក​ក៏​ទូល​ថា ទ្រង់​នឹង​ត្រូវ​ប្រគល់​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ស្តេច​បាប៊ីឡូន
18 មួយ​ទៀត យេរេមា​ក៏​ទូល​សួរ​ស្តេច​សេដេគា​ថា តើ​ទូល‌បង្គំ​បាន​ធ្វើ​ខុស​អ្វី​នឹង​ទ្រង់ ឬ​នឹង​ពួក​នាម៉ឺន​ទ្រង់ ឬ​នឹង​ពួក​សាសន៍​នេះ បាន​ជា​ដាក់​ទូល‌បង្គំ​នៅ​ក្នុង​គុក​ដូច្នេះ
19 ឥឡូវ​តើ​ពួក​ហោរា​របស់​ទ្រង់​នៅ​ឯ​ណា​ដែល​គេ​ទាយ​ថា ស្តេច​បាប៊ីឡូន​នឹង​មិន​មក​ទាស់​នឹង​ទ្រង់ ឬ​ទាស់​នឹង​ស្រុក​នេះ​ឡើយ​នោះ
20 ឥឡូវ​នេះ ឱ​ព្រះ‌ករុណា​ជា​ព្រះ‌អម្ចាស់​នៃ​ទូល‌បង្គំ​អើយ សូម​ព្រះ‌សណ្តាប់ សូម​មេត្តា​ប្រោស​ឲ្យ​ទូល‌បង្គំ​បាន​ទូល‌អង្វរ​បន្តិច សូម​កុំ​ឲ្យ​ទូល‌បង្គំ​ត្រឡប់​ទៅ​ក្នុង​ផ្ទះ​របស់​ស្មៀន​យ៉ូណា‌ថាន​ទៀត​ឡើយ ក្រែង​ទូល‌បង្គំ​ស្លាប់​នៅ​ទី​នោះ
21 ដូច្នេះ ស្តេច​សេដេគា​ទ្រង់​បង្គាប់​ឲ្យ​គេ​ឃុំ​លោក​ទុក​នៅ​ទីលាន​គុក​វិញ ហើយ​ឲ្យ​គេ​យក​នំបុ័ង​១​ដុំ ពី​ផ្លូវ​នៃ​ពួក​ដុត​នំបុ័ង​មក​ឲ្យ​លោក​រាល់ៗ​ថ្ងៃ ដរាប​ដល់​នំបុ័ង​ទាំង​ប៉ុន្មាន​នៅ​ទី​ក្រុង​បាន​អស់​ហើយ ដូច្នេះ យេរេមា​ក៏​នៅ​ជាប់​ក្នុង​ទីលាន​គុក​នោះ។


ជំពូក 38

1 ឯ​សេផាធា ជា​កូន​ម៉ាត់ថាន និង​កេដាលា ជា​កូន​ផាស‌ហ៊ើរ យេហ៊ូកាល ជា​កូន​សេលេមា ហើយ​ផាស‌ហ៊ើរ ជា​កូន​ម៉ាលគា គេ​ក៏​ឮ​ពាក្យ​ដែល​យេរេមា​ប្រាប់​បណ្តា‌ជន​ទាំង‌ឡាយ​ថា
2 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ អ្នក​ណា​ដែល​កៀច​នៅ​ក្នុង​ទី​ក្រុង​នេះ នឹង​ត្រូវ​ស្លាប់​ដោយ​ដាវ ដោយ​អំណត់‌អត់ ឬ​ដោយ​អាសន្ន‌រោគ តែ​អ្នក​ណា​ដែល​ចេញ​ទៅ​ឯ​ពួក​ខាល់ដេ នោះ​នឹង​បាន​រស់​នៅ​វិញ ជីវិត​អ្នក​នោះ​នឹង​រាប់​ទុក​ដូច​ជា​របឹប​ដល់​ខ្លួន អ្នក​នោះ​នឹង​រស់​នៅ​ត​ទៅ
3 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ទី​ក្រុង​នេះ​នឹង​ត្រូវ​ប្រគល់​ទៅ ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ទ័ព​របស់​ស្តេច​បាប៊ីឡូន ហើយ​គេ​នឹង​ចាប់​យក​បាន​ជា​ពិត
4 ដូច្នេះ ពួក​ចៅ‌ហ្វាយ​ទាំង​ប៉ុន្មាន​ក៏​ទូល​ស្តេច​ថា សូម​ទ្រង់​អនុញ្ញាត​ឲ្យ​មនុស្ស​នេះ​ត្រូវ​ទោស​ដល់​ស្លាប់​ចុះ ពី​ព្រោះ​វា​នាំ​ឲ្យ​ពួក​ទាហាន​ដែល​សល់​នៅ​ក្នុង​ទី​ក្រុង និង​ពួក​បណ្តា‌ជន​ទាំង‌ឡាយ​ខ្សោយ​ដៃ​ទៅ ដោយ​ពោល​ពាក្យ​យ៉ាង​នេះ​ដល់​គេ ដ្បិត​មនុស្ស​នេះ​មិន​ស្វែង​រក​សេចក្ដី​ល្អ​ដល់​សាសន៍​នេះ​ទេ គឺ​រក​តែ​ឲ្យ​គេ​បាន​អន្តរាយ​វិញ
5 ស្តេច​សេដេគា​មាន​ព្រះ‌បន្ទូល​តប​ថា មើល វា​នៅ​ក្នុង​កណ្តាប់​ដៃ​នៃ​អ្នក​រាល់​គ្នា​ហើយ ដ្បិត​ស្តេច​មិន​អាច​នឹង​ធ្វើ​អ្វី​ទាស់​ទទឹង​នឹង​អ្នក​រាល់​គ្នា​បាន​ទេ
6 នោះ​គេ​ក៏​ចាប់​យក​យេរេមា​ទៅ​ដាក់​ក្នុង​គុក​ងងឹត​របស់​ម៉ាលគា ជា​កូន​ហាម៉ាលេក ដែល​នៅ​ទីលាន​គុក គេ​យក​ខ្សែ​សម្រូត​យេរេមា​ចុះ​ទៅ រីឯ​នៅ​ក្នុង​គុក​ងងឹត​នោះ​គ្មាន​ទឹក​ទេ មាន​សុទ្ធ​តែ​ភក់​វិញ ហើយ​យេរេមា​ក៏​ផុង​ទៅ​ក្នុង​ភក់​នោះ។
7 កាល​អេបេឌ-មេលេក ជា​មនុស្ស​គំរៀវ សាសន៍​អេធីយ៉ូពី ដែល​នៅ​ក្នុង​វាំង​ហ្លួង គាត់​បាន​ឮ​ថា គេ​ដាក់​យេរេមា​ក្នុង​គុក​ងងឹត​ដូច្នោះ (គ្រា​នោះ ស្តេច​កំពុង​គង់​នៅ​ត្រង់​ទ្វារ​បេន‌យ៉ាមីន)
8 នោះ​អេបេឌ-មេលេក​ក៏​ចេញ​ពី​ព្រះ‌រាជ​វាំង​ទៅ​ទូល​ស្តេច​ថា
9 ឱ​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់​នៃ​ទូល‌បង្គំ​អើយ ក្នុង​ការ​ទាំង​ប៉ុន្មាន​ដែល​មនុស្ស​ទាំង​នេះ​បាន​ធ្វើ​ដល់​ហោរា​យេរេមា គឺ​ដែល​គេ​បាន​ដាក់​លោក​ឲ្យ​នៅ​ក្នុង​គុក​ងងឹត នោះ​ជា​ការ​អាក្រក់​ណាស់ ដ្បិត​មុខ​ជា​លោក​នឹង​ស្លាប់​នៅ​ទី​នោះ ដោយ​ព្រោះ​អំណត់​ជា​មិន​ខាន ពី​ព្រោះ​គ្មាន​អាហារ​នៅ​ក្នុង​ទី​ក្រុង​ទៀត​ទេ
10 ដូច្នេះ ស្តេច​ទ្រង់​បង្គាប់​អេបេឌ-មេលេក ជា​សាសន៍​អេធីយ៉ូពី​ថា ចូរ​នាំ​យក​មនុស្ស​៣០​នាក់​ពី​ទី​នេះ​ទៅ​ជា​មួយ​នឹង​ឯង ហើយ​ស្រង់​ហោរា​យេរេមា​ចេញ​ពី​គុក​ងងឹត​មក ក្រែង​លោក​ស្លាប់
11 អេបេឌ-មេលេក​ក៏​នាំ​យក​មនុស្ស​ទាំង​នោះ ទៅ​ជា​មួយ​ចូល​ទៅ​ខាង​ក្រោម​ឃ្លាំង​ក្នុង​ព្រះ‌រាជ​វាំង ក៏​យក​កំណាត់​ចាស់ៗ និង​អាវ​រយ៉ី‌រយ៉ៃ​ទៅ​សម្រូត​ចុះ​ដល់​យេរេមា​នៅ​ក្នុង​គុក​ងងឹត
12 រួច​អេបេឌ-មេលេក ជា​សាសន៍​អេធីយ៉ូពី ក៏​ប្រាប់​យេរេមា​ថា សូម​ទ្រាប់​កំណាត់​ចាស់ និង​អាវ​រយ៉ី‌រយ៉ៃ​ទាំង​នេះ នៅ​ក្រោម​ក្លៀក​លោក​ពី​ក្រោម​ខ្សែ‌ពួរ​ទៅ យេរេមា​ក៏​ធ្វើ​ដូច្នោះ
13 រួច​គេ​យោង​ទាញ​យេរេមា​ឡើង​រួច​ពី​គុក​ងងឹត​មក ហើយ​លោក​បាន​នៅ​ជាប់​ក្នុង​ទីលាន​គុក​វិញ។
14 គ្រា​នោះ ស្តេច​សេដេគា​ទ្រង់​ចាត់​គេ​ទៅ​នាំ​ហោរា​យេរេមា​មក​ឯ​ទ្រង់ នៅ​ត្រង់​ទ្វារ​ទី​៣​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ស្តេច​ទ្រង់​មាន​ព្រះ‌បន្ទូល​ដល់​យេរេមា​ថា យើង​ចង់​សួរ​បន្តិច កុំ​ឲ្យ​លាក់​អ្វី​នឹង​យើង​ឡើយ
15 ដូច្នេះ យេរេមា​លោក​ទូល​ដល់​សេដេគា​ថា បើ​សិន​ជា​ទូល‌បង្គំ​ទូល​ទ្រង់​ឲ្យ​បាន​ជ្រាប នោះ​តើ​ទ្រង់​មិន​សម្លាប់​ទូល‌បង្គំ​ជា​ប្រាកដ​ទេ​ឬ ហើយ​បើ​ទូល‌បង្គំ​ទូន្មាន​ទ្រង់ នោះ​ទ្រង់​ក៏​មិន​ព្រម​ស្តាប់​តាម​ដែរ
16 នោះ​ស្តេច​សេដេគា​ទ្រង់​ស្បថ​ឲ្យ​យេរេមា​ដោយ​សម្ងាត់​ថា ដូច​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌ជន្ម​រស់​នៅ ដែល​ទ្រង់​បាន​បង្កើត​ព្រលឹង​ឲ្យ​យើង​នេះ នោះ​ប្រាកដ​ជា​យើង​មិន​សម្លាប់ ឬ​ប្រគល់​អ្នក​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​អ្នក​ដែល​រក​ជីវិត​អ្នក​ឡើយ។
17 រួច​យេរេមា​ទូល​ដល់​សេដេគា​ថា ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ គឺ​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ បើ​ទ្រង់​យាង​ចេញ​ទៅ​ឯ​ពួក​ចៅ‌ហ្វាយ​របស់​ស្តេច​បាប៊ីឡូន នោះ​ទ្រង់​នឹង​គង់​ព្រះ‌ជន្ម​នៅ ហើយ​ទី​ក្រុង​នេះ​ក៏​មិន​ត្រូវ​ដុត​នឹង​ភ្លើង​ដែរ គឺ​ទ្រង់ និង​ពួក​វង្សា​ទ្រង់​នឹង​បាន​រួច​ជីវិត
18 ប៉ុន្តែ បើ​ទ្រង់​មិន​ព្រម​ចេញ​ទៅ​ឯ​ពួក​ចៅ‌ហ្វាយ​របស់​ស្តេច​បាប៊ីឡូន​ទេ នោះ​ទី​ក្រុង​នេះ​នឹង​ត្រូវ​ប្រគល់​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ខាល់ដេ ហើយ​គេ​នឹង​ដុត​ចោល ឯ​ទ្រង់​ក៏​មិន​រួច​ពី​កណ្តាប់​ដៃ​គេ​ដែរ
19 ស្តេច​សេដេគា ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​យេរេមា​ថា យើង​ខ្លាច​ពួក​សាសន៍​យូដា ដែល​រវាត​ចូល​ទៅ​ខាង​ពួក​ខាល់ដេ ហើយ​ក្រែង​សាសន៍​ខាល់ដេ​ប្រគល់​យើង​ទៅ​ក្នុង​កណ្តាប់​ដៃ​គេ​ហើយ​គេ​ត្មះ‌តិះដៀល​យើង
20 តែ​យេរេមា​ទូល​តប​ថា គេ​នឹង​មិន​ប្រគល់​ទ្រង់​ទៅ​ទេ ទូល‌បង្គំ​អង្វរ​ទ្រង់ សូម​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា តាម​សេចក្ដី​ដែល​ទូល‌បង្គំ​ទូល​ដល់​ទ្រង់​ចុះ នោះ​ទ្រង់​នឹង​បាន​សេចក្ដី​សុខ ហើយ​និង​មាន​ព្រះ‌ជន្ម​នៅ
21 តែ​បើ​សិន​ជា​ទ្រង់​មិន​ព្រម​យាង​ចេញ​ទៅ​ទេ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​សម្ដែង​សេចក្ដី​នេះ​មក ឲ្យ​ទូល‌បង្គំ​ឃើញ​ថា
22 មើល ពួក​ស្រីៗ​ទាំង​ប៉ុន្មាន​ដែល​សល់​នៅ​ក្នុង​ដំណាក់​របស់​ស្តេច​យូដា នឹង​ត្រូវ​នាំ​ចេញ​ទៅ​ឯ​ពួក​ចៅ‌ហ្វាយ​របស់​ស្តេច​បាប៊ីឡូន ហើយ​ស្រីៗ​ទាំង​នោះ​នឹង​ពោល​ថា ពួក​ជំនិត​របស់​ទ្រង់​បាន​បញ្ឆោត​ទ្រង់ ហើយ​ក៏​ឈ្នះ​ទ្រង់​ផង ឥឡូវ​នេះ ដែល​ស្ដេច​ទ្រង់​ផុង​ជាប់​ទៅ​ក្នុង​ភក់​ហើយ នោះ​គេ​បាន​ងាក​ចេញ​ពី​ទ្រង់​ទៅ
23 គេ​នឹង​នាំ​ភរិយា និង​ព្រះ‌រាជ​បុត្រ​របស់​ទ្រង់​ទាំង​ប៉ុន្មាន ចេញ​ទៅ​ឯ​ពួក​ខាល់ដេ ហើយ​អង្គ​ទ្រង់​ក៏​មិន​រួច​ពី​កណ្តាប់​ដៃ​គេ​ដែរ គឺ​ដៃ​ស្តេច​បាប៊ីឡូន​នឹង​ចាប់​ទ្រង់​បាន ហើយ​ទ្រង់​នឹង​ជា​ហេតុ​ឲ្យ​ទី​ក្រុង​នេះ​ត្រូវ​ឆេះ​ដោយ​ភ្លើង។
24 នោះ​សេដេគា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដល់​យេរេមា​ថា កុំ​ឲ្យ​អ្នក​ណា​ដឹង​ពី​ពាក្យ​ទាំង​នេះ​ឡើយ នោះ​អ្នក​មិន​ត្រូវ​ស្លាប់​ទេ
25 ប៉ុន្តែ បើ​ពួក​ចៅ‌ហ្វាយ​ឮ​ថា យើង​បាន​និយាយ​នឹង​អ្នក ហើយ​គេ​មក​ឯ​អ្នក​ដោយ​ពាក្យ​ថា ចូរ​ប្រាប់​យើង​ពី​សេចក្ដី​ដែល​អ្នក​បាន​ទូល​ដល់​ស្តេច​មក កុំ​ឲ្យ​លាក់​អ្វី​ពី​យើង​ឲ្យ​សោះ នោះ​យើង​នឹង​មិន​ឲ្យ​អ្នក​ត្រូវ​ស្លាប់​ទេ ហើយ​ប្រាប់ យើង ពី​សេចក្ដី​ដែល​ស្តេច​បាន​មាន​ព្រះ‌បន្ទូល​ដល់​អ្នក​ដែរ
26 យ៉ាង​នោះ​ត្រូវ​ឲ្យ​អ្នក​ប្រាប់​ដល់​គេ​ថា ខ្ញុំ​បាន​គ្រាន់​តែ​ទូល‌អង្វរ​ស្តេច សូម​កុំ​ឲ្យ​ខ្ញុំ​ត្រូវ​វិល​ត្រឡប់​ទៅ​ក្នុង​ផ្ទះ​យ៉ូណា‌ថាន ឲ្យ​ស្លាប់​នៅ​ទី​នោះ​ប៉ុណ្ណោះ​ទេ
27 រួច​មក ពួក​ចៅ‌ហ្វាយ​ទាំង​ប៉ុន្មាន ក៏​មក​ឯ​យេរេមា​សួរ​យ៉ាង​នោះ​មែន ហើយ​លោក​ប្រាប់​គេ​តាម​គ្រប់​ទាំង​ពាក្យ ដែល​ស្តេច​បាន​បង្គាប់​មក ដូច្នេះ គេ​ក៏​លែង​និយាយ​នឹង​លោក​ទៅ ពី​ព្រោះ​ការ​នោះ​មិន​បាន​បើក​ឲ្យ​គេ​ឃើញ​ទេ
28 ឯ​យេរេមា​លោក​ក៏​នៅ​ជាប់​ក្នុង​ទីលាន​គុក ដរាប​ដល់​ថ្ងៃ​ដែល​គេ​ចាប់​យក​ក្រុង​យេរូ‌សាឡឹម​បាន ឯ​វេលា​ដែល​គេ​ចាប់​យក​ទី​ក្រុង​បាន នោះ​លោក​នៅ​ទី​នោះ​នៅ​ឡើយ។


ជំពូក 39

1 រីឯ​នៅ​ខែ​បុស្ស ឆ្នាំ​ទី​៩ ​នៃ​រាជ្យ​សេដេគា ស្តេច​យូដា នោះ​នេប៊ូ‌ក្នេសា ជា​ស្តេច​បាប៊ីឡូន និង​ពល‌ទ័ព​ទ្រង់​ទាំង​អស់ ក៏​មក​ឡោម‌ព័ទ្ធ​ច្បាំង​នឹង​ក្រុង​យេរូ‌សាឡឹម
2 ហើយ​នៅ​ថ្ងៃ​៩ ខែ​អាសាធ ឆ្នាំ​ទី​១១ នៃ​រាជ្យ​សេដេគា នោះ​គេ​បំបែក​ទម្លាយ​កំផែង​ទី​ក្រុង​បាន​ហើយ
3 រួច​ពួក​ចៅ‌ហ្វាយ​របស់​ស្តេច​បាប៊ីឡូន​ទាំង​ប៉ុន្មាន ក៏​ចូល​មក​អង្គុយ​នៅ​ត្រង់​ទ្វារ​ជាន់​កណ្តាល គឺ​មាន​នើកាល-សារេស៊ើរ​១ សាំកា-នេបូរ​១ សាសេគិម​១ រ៉ាប-សារីស​១ នើកាល-សារេស៊ើរ​១ ហើយ​រ៉ាប-ម៉ាក់​១ ព្រម​ទាំង​ពួក​ចៅ‌ហ្វាយ​របស់​ស្តេច​បាប៊ីឡូន​ឯ​ទៀត​ទាំង​ប៉ុន្មាន​ផង។
4 កាល​សេដេគា ជា​ស្តេច​យូដា និង​ពួក​ទាហាន​ទាំង​ប៉ុន្មាន​បាន​ឃើញ​គេ នោះ​ក៏​រត់​ចេញ​ពី​ទី​ក្រុង​ទៅ​ទាំង​យប់ តាម​ផ្លូវ​សួន‌ច្បារ​របស់​ស្តេច ដែល​ចេញ​តាម​ទ្វារ​នៅ​កណ្តាល​កំផែង​ទាំង​២ ទ្រង់​ចេញ​តម្រង់​ទៅ​ឯ​ស្រុក​វាល
5 តែ​ពល‌ទ័ព​សាសន៍​ខាល់ដេ ក៏​ដេញ​តាម​សេដេគា​ទាន់​នៅ​ត្រង់​វាល​យេរីខូ កាល​គេ​ចាប់​ទ្រង់​បាន​ហើយ នោះ​ក៏​នាំ​ទៅ​ឯ​នេប៊ូ‌ក្នេសា ជា​ស្តេច​បាប៊ីឡូន ត្រង់​រីបឡា នៅ​ស្រុក​ហាម៉ាត ហើយ​នេប៊ូ‌ក្នេសា​ក៏​កាត់​ទោស​ទ្រង់
6 រួច​ស្តេច​បាប៊ីឡូន​ទ្រង់​សម្លាប់​ពួក​បុត្រា​របស់​សេដេគា នៅ​ចំពោះ​ព្រះ‌នេត្រ​ទ្រង់​ត្រង់​រីបឡា​នោះ ក៏​សម្លាប់​ពួក​អ្នក​មាន​ត្រកូល​ខ្ពស់​ទាំង​ប៉ុន្មាន​នៃ​ស្រុក​យូដា​ដែរ
7 ហើយ​ចាក់​បង្ខូច​ព្រះ‌នេត្រ​របស់​សេដេគា រួច​ដាក់​ច្រវាក់​ដឹក‌នាំ​ទៅ​ឯ​ស្រុក​បាប៊ីឡូន
8 ពួក​ខាល់ដេ​ក៏​ដុត​ព្រះ‌រាជ​វាំង និង​ផ្ទះ​ទាំង​ប៉ុន្មាន​របស់​បណ្តា‌ជន​ចោល ព្រម​ទាំង​រំលំ​កំផែង​ក្រុង​យេរូ‌សាឡឹម​ផង
9 រួច​មក​នេប៊ូសា‌រ៉ាដាន ជា​មេ‌ទ័ព​ធំ លោក​ដឹក‌នាំ​សំណល់​ពួក​បណ្តា‌ជន​ដែល​នៅ​ក្នុង​ទី​ក្រុង និង​ពួក​អ្នក​ដែល​រវាត​ទៅ​ខាង​លោក ព្រម​ទាំង​សំណល់​នៃ​ប្រជា‌ជន​ទាំង‌ឡាយ​ទៅ​ជា​ឈ្លើយ ដល់​ស្រុក​បាប៊ីឡូន
10 តែ​នេប៊ូសា‌រ៉ាដាន ជា​មេ‌ទ័ព​ធំ លោក​ទុក​ពួក​អ្នក​ក្រីក្រ​ក្នុង​បណ្តា‌ជន ជា​ពួក​អ្នក​ដែល​គ្មាន​អ្វី​សោះ ឲ្យ​នៅ​ក្នុង​ស្រុក​យូដា ហើយ​នៅ​គ្រា​នោះ​ក៏​ចែក​ដំណាំ​ទំពាំង‌បាយ‌ជូរ និង​ចម្ការ​ឲ្យ​ដល់​គេ​ផង។
11 រីឯ​នេប៊ូ‌ក្នេសា ជា​ស្តេច​បាប៊ីឡូន ទ្រង់​បាន​បង្គាប់​នេប៊ូសា‌រ៉ាដាន ជា​មេ‌ទ័ព​ធំ ពី​ដំណើរ​យេរេមា​ថា
12 ចូរ​យក​យេរេមា​ទៅ​ទំនុក‌បម្រុង​ដោយ​ល្អ​ផង កុំ​ឲ្យ​ធ្វើ​បាប​ដល់​លោក​ឡើយ គឺ​ត្រូវ​ឲ្យ​ប្រព្រឹត្ត​នឹង​លោក​តាម​ដែល​លោក​ប្រាប់​ចុះ
13 ដូច្នេះ នេប៊ូសា‌រ៉ាដាន ជា​មេ‌ទ័ព​ធំ ហើយ​នេប៊ូសាសបាន រ៉ាប-សារីស នើកាល-សារេស៊ើរ រាប-ម៉ាក់ ព្រម​ទាំង​ចៅ‌ហ្វាយ​ធំៗ​ទាំង​អស់​របស់​ស្តេច​បាប៊ីឡូន
14 ក៏​ចាត់​គេ​ឲ្យ​ទៅ​យក​យេរេមា​ពី​ទីលាន​គុក មក​ប្រគល់​ដល់​កេដាលា ជា​កូន​អ័ហ៊ី‌កាម ដែល​ជា​កូន​សាផាន ឲ្យ​បាន​នាំ​លោក​ទៅ​ឯ​ផ្ទះ​ខ្លួន យ៉ាង​នោះ​លោក​បាន​នៅ​ជា​មួយ​នឹង​ពួក​ជន។
15 រីឯ​កាល​យេរេមា​កំពុង​ជាប់​នៅ​ក្នុង​ទីលាន​គុក​នៅ​ឡើយ នោះ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​លោក​ថា
16 ចូរ​ទៅ​ប្រាប់​អេបេឌ-មេលេក ជា​សាសន៍​អេធីយ៉ូពី ដូច្នេះ គឺ​ថា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ មើល អញ​នឹង​នាំ​អស់​ទាំង​ពាក្យ​របស់​អញ​មក​លើ​ក្រុង​នេះ ឲ្យ​បាន​សេចក្ដី​អាក្រក់​មិន​មែន​ជា​សេចក្ដី​ល្អ​ទេ ពាក្យ​ទាំង​នោះ​នឹង​បាន​សម្រេច​នៅ​មុខ​ឯង​ក្នុង​ថ្ងៃ​នោះ
17 តែ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​នឹង​ជួយ​ឯង​ឲ្យ​រួច​នៅ​ថ្ងៃ​នោះ ហើយ​ឯង​មិន​ត្រូវ​ប្រគល់​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​មនុស្ស​នោះ ដែល​ឯង​ខ្លាច​ឡើយ
18 ដ្បិត​អញ​នឹង​ជួយ​សង្គ្រោះ​ឯង​ជា​ពិត ឯង​មិន​ត្រូវ​ដួល​ដោយ​ដាវ​ឡើយ គឺ​នឹង​បាន​ជីវិត​ទុក​ដូច​ជា​របឹប​វិញ ពី​ព្រោះ​ឯង​បាន​យក​អញ​ជា​ទី​ទុក​ចិត្ត នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។


ជំពូក 40

1 នេះ​ជា​ព្រះ‌បន្ទូល ដែល​មក​ពី​ព្រះ‌យេហូវ៉ា ដល់​យេរេមា ក្រោយ​ដែល​នេប៊ូសា‌រ៉ាដាន ជា​មេ‌ទ័ព​ធំ បាន​លែង​លោក​នៅ​ត្រង់​រ៉ាម៉ា​ហើយ ក្នុង​កាល​ដែល​គេ​បាន​ចាប់​លោក​ដាក់​ច្រវាក់ ជា​មួយ​នឹង​ពួក​ក្រុង​យេរូ‌សាឡឹម និង​ពួក​ស្រុក​យូដា​ទាំង​ប៉ុន្មាន ដែល​គេ​ដឹក‌នាំ​ជា​ឈ្លើយ​ទៅ​ឯ​ស្រុក​បាប៊ីឡូន​នោះ
2 មេ‌ទ័ព​ធំ​ក៏​យក​យេរេមា​មក​និយាយ​ថា ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក ទ្រង់​បាន​ប្រកាស​សេចក្ដី​អាក្រក់​នេះ​ទម្លាក់​លើ​ទី​នេះ
3 ហើយ​ព្រះ‌យេហូវ៉ា​បាន​នាំ​ការ​នេះ​មក ព្រម​ទាំង​សម្រេច​តាម​ព្រះ‌បន្ទូល​ទ្រង់​ផង ពី​ព្រោះ​ឯង​រាល់​គ្នា​បាន​ធ្វើ​បាប​នឹង​ទ្រង់ ហើយ​មិន​បាន​ស្តាប់​តាម​ព្រះ‌បន្ទូល​ទ្រង់​ឡើយ ហេតុ​នោះ​បាន​ជា​ការ​នេះ​កើត​ដល់​ឯង​រាល់​គ្នា
4 ដូច្នេះ​មើល នៅ​ថ្ងៃ​នេះ ខ្ញុំ​ដោះ​ច្រវាក់​ពី​ដៃ​អ្នក​ចេញ បើ​សិន​ជា​អ្នក​ចូល​ចិត្ត​ទៅ​ឯ​ស្រុក​បាប៊ីឡូន​ជា​មួយ​នឹង​ខ្ញុំ ក៏​ចូល​មក​ចុះ ខ្ញុំ​នឹង​ទំនុក‌បម្រុង​អ្នក​ដោយ​ល្អ តែ​បើ​មិន​គាប់​ចិត្ត​នឹង​ទៅ​ឯ​ស្រុក​បាប៊ីឡូន​ជា​មួយ​នឹង​ខ្ញុំ​ទេ នោះ​តាម​តែ​ចិត្ត​ចុះ មើល ស្រុក​ទាំង​មូល​នៅ​មុខ​អ្នក​ហើយ នៅ​កន្លែង​ណា​ដែល​អ្នក​គិត​ឃើញ​ថា​ស្រួល ហើយ​គួរ​ឲ្យ​អ្នក​ទៅ នោះ​ឲ្យ​អ្នក​ទៅ​ចុះ
5 រីឯ​កាល​លោក​កំពុង​កន្ទះ​រា​នៅ​ឡើយ នោះ​មេ‌ទ័ព​ធំ​ប្រាប់​ថា ចូរ​អ្នក​វិល​ទៅ​ឯ​កេដាលា​ជា​កូន​អ័ហ៊ី‌កាម ដែល​ជា​កូន​សាផាន ជា​អ្នក​ដែល​ស្តេច​បាប៊ីឡូន​បាន​តាំង ឲ្យ​ត្រួត‌ត្រា​លើ​ទី​ក្រុង​ស្រុក​យូដា​ទាំង​ប៉ុន្មាន ហើយ​ឲ្យ​នៅ​ជា​មួយ​នឹង​លោក​កណ្តាល​បណ្តា‌ជន​ចុះ ឬ​ឲ្យ​ទៅ​ឯ​កន្លែង​ណា តាម​ដែល​ចិត្ត​គិត​ឃើញ​ថា​គួរ​នោះ​មេ‌ទ័ព​ធំ​ក៏​ចែក​ស្បៀង​អាហារ​ឲ្យ ព្រម​ទាំង​ឲ្យ​រង្វាន់​រួច​លែង​ឲ្យ​ទៅ
6 ដូច្នេះ យេរេមា​ក៏​ទៅ​ឯ​កេដាលា ជា​កូន​អ័ហ៊ី‌កាម នៅ​ត្រង់​មីសប៉ា ហើយ​អាស្រ័យ​នៅ​ជា​មួយ នៅ​កណ្តាល​បណ្តា‌ជន​ដែល​សល់​នៅ​ក្នុង​ស្រុក។
7 រីឯ​ពួក​មេ‌ទ័ព​ទាំង​ប៉ុន្មាន​ដែល​ពួន​នៅ​ស្រុក​ស្រែ​ចម្ការ ព្រម​ទាំង​ពួក​ទាហាន​របស់​គេ កាល​បាន​ឮ​ថា ស្តេច​បាប៊ីឡូន​បាន​តាំង​កេដាលា ជា​កូន​អ័ហ៊ី‌កាម​ឡើង​ជា​ចៅ‌ហ្វាយ​លើ​ស្រុក ហើយ​បាន​ផ្ទុក‌ផ្តាក់​មនុស្ស​ទាំង​ប្រុស​ទាំង​ស្រី និង​កូន​ក្មេង​ជា​អ្នក​ក្រីក្រ​បំផុត​ក្នុង​ស្រុក ដែល​មិន​បាន​ដឹក​ទៅ​ជា​ឈ្លើយ ដល់​ស្រុក​បាប៊ីឡូន ឲ្យ​នៅ​ក្នុង​អំណាច​លោក
8 នោះ​គេ​ក៏​មក​ឯ​កេដាលា ត្រង់​មីសប៉ា គឺ​មាន​អ៊ីស‌ម៉ាអែល ជា​កូន​នេថានា យ៉ូហា‌ណាន និង​យ៉ូណា‌ថាន​ជា​កូន​ការា សេរ៉ាយ៉ា ជា​កូន​ថាន‌ហ៊ូមែត និង​ពួក​កូន​របស់​អេផាយ ពី​ស្រុក​នថូផា ហើយ​យេសានា ជា​កូន​របស់​ម្នាក់​នៅ​ម៉ាកាធី ព្រម​ទាំង​ពួក​ទាហាន​របស់​គេ​ផង
9 នោះ​កេដាលា ជា​កូន​អ័ហ៊ី‌កាម ដែល​ជា​កូន​សាផាន ក៏​ស្បថ​នឹង​មេ‌ទ័ព​ទាំង​នោះ ហើយ​និង​ទាហាន​របស់​គេ ដោយ​ពាក្យ​ថា កុំ​ឲ្យ​ខ្លាច​នឹង​បម្រើ​ពួក​ខាល់ដេ​ឡើយ ចូរ​អាស្រ័យ​នៅ​ក្នុង​ស្រុក​នេះ ហើយ​បម្រើ​ដល់​ស្តេច​បាប៊ីឡូន​ចុះ នោះ​អ្នក​រាល់​គ្នា​នឹង​បាន​សេចក្ដី​សុខ
10 ឯ​ចំណែក​ខ្ញុំ មើល ខ្ញុំ​នឹង​នៅ​ត្រង់​មីសប៉ា ដើម្បី​នឹង​ធ្វើ​ជា​អ្នក​ដំណាង នៅ​មុខ​ពួក​ខាល់ដេ​ណា ដែល​នឹង​មក​ឯ​យើង​រាល់​គ្នា តែ​អ្នក​រាល់​គ្នា​វិញ ចូរ​ទៅ​ប្រមូល​ផល​ទំពាំង‌បាយ‌ជូរ និង​ផល​រដូវ​ក្តៅ ព្រម​ទាំង​ប្រេង ដាក់​ទុក​ក្នុង​ភាជនៈ​របស់​អ្នក​រាល់​គ្នា​ទៅ ហើយ​ឲ្យ​នៅ​ក្នុង​ទី​ក្រុង​ទាំង​ប៉ុន្មាន ដែល​អ្នក​រាល់​គ្នា​ចាប់​បាន​នោះ
11 មួយ​ទៀត ពួក​យូដា​ទាំង​ប៉ុន្មាន​ដែល​នៅ​ស្រុក​ម៉ូអាប់ និង​នៅ​កណ្តាល​ពួក​កូន​ចៅ​អាំម៉ូន ហើយ​នៅ​ស្រុក​អេដុម ព្រម​ទាំង​នៅ​គ្រប់​ទាំង​ស្រុក​ផ្សេងៗ​ទៀត​ផង កាល​បាន​ឮ​ថា ស្តេច​បាប៊ីឡូន​បាន​ទុក​សំណល់​ពួក​យូដា​ឲ្យ​សល់​នៅ ហើយ​បាន​តាំង​កេដាលា ជា​កូន​អ័ហ៊ី‌កាម​ដែល​ជា​កូន​សាផាន ឲ្យ​ត្រួត‌ត្រា​លើ​គេ
12 នោះ​ពួក​យូដា​ទាំង​នោះ​ក៏​ចេញ​ពី​គ្រប់​ទី​កន្លែង​ដែល​គេ​ត្រូវ​បណ្តេញ​ទៅ​វិល​មក​ក្នុង​ស្រុក​យូដា ដល់​កេដាលា​ត្រង់​មីសប៉ា ហើយ​គេ​ក៏​ប្រមូល​ផល​ទំពាំង‌បាយ‌ជូរ និង​ផល​រដូវ​ក្តៅ​ជា​ច្រើន​ណាស់។
13 រីឯ​យ៉ូហា‌ណាន ជា​កូន​ការា និង​ពួក​មេ‌ទ័ព​ទាំង​ប៉ុន្មាន ដែល​ពួន​នៅ​ស្រុក​ស្រែ​ចម្ការ គេ​ក៏​មក​ឯ​កេដាលា​នៅ​ត្រង់​មីសប៉ា
14 គេ​ជម្រាប​លោក​ថា តើ​លោក​ជ្រាប​ឬ​ទេ​ថា ប្អាលីស ជា​ស្តេច​ពួក​កូន​ចៅ​អាំម៉ូន បាន​ចាត់​អ៊ីស‌ម៉ាអែល ជា​កូន​នេថានា ឲ្យ​មក​សម្លាប់​លោក តែ​កេដាលា ជា​កូន​អ័ហ៊ី‌កាម​មិន​ជឿ​គេ​ទេ
15 គ្រា​នោះ យ៉ូហា‌ណាន ជា​កូន​ការា ក៏​ពិគ្រោះ​នឹង​កេដាលា​ដោយ​សម្ងាត់ នៅ​ត្រង់​មីសប៉ា​ថា សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​ទៅ​ចុះ នោះ​ខ្ញុំ​នឹង​សម្លាប់​អ៊ីស‌ម៉ាអែល ជា​កូន​នេថានា​បង់ ឥត​ឲ្យ​អ្នក​ណា​ដឹង​ឡើយ នឹង​ទុក​ឲ្យ​វា​មក​សម្លាប់​លោក​ធ្វើ​អ្វី យ៉ាង​នោះ ពួក​យូដា​ទាំង​ប៉ុន្មាន​ដែល​បាន​មូល​មក​ឯ​លោក គេ​នឹង​ត្រូវ​ខ្ចាត់​ខ្ចាយ​ទៅ ហើយ​សំណល់​ពួក​យូដា​នឹង​ត្រូវ​វិនាស​បង់
16 តែ​កេដាលា ជា​កូន​អ័ហ៊ី‌កាម ប្រាប់​ដល់​យ៉ូហា‌ណាន ជា​កូន​ការា​ថា កុំ​ឲ្យ​ធ្វើ​ដូច្នោះ​ឡើយ ដ្បិត​អ្នក​និយាយ​កុហក​ពី​ដំណើរ​អ៊ីស‌ម៉ាអែល​ទេ។


ជំពូក 41

1 លុះ​ដល់​ខែ​អស្សុជ នោះ​អ៊ីស‌ម៉ាអែល ជា​កូន​នេថានា ដែល​ជា​កូន​អេលីសាម៉ា ក្នុង​វង្សា​ស្តេច ហើយ​ជា​នាយក​ធំ​ម្នាក់​របស់​ស្តេច ព្រម​ទាំង​១០​នាក់​ឯ​ទៀត ក៏​មក​ឯ​កេដាលា​ជា​កូន​អ័ហ៊ី‌កាម នៅ​ត្រង់​មីសប៉ា ហើយ​គេ​បាន​បរិភោគ​អាហារ​ជា​មួយ​គ្នា​នៅ​ទី​នោះ
2 រួច​អ៊ីស‌ម៉ាអែល ជា​កូន​នេថានា និង​១០​នាក់​ដែល​នៅ​ជា​មួយ ក៏​ក្រោក​ឡើង​ប្រហារ​កេដាលា ជា​កូន​អ័ហ៊ី‌កាម ដែល​ជា​កូន​សាផាន​ដោយ​ដាវ​ទៅ គឺ​គេ​សម្លាប់​អ្នក​ដែល​ស្តេច​បាប៊ីឡូន​បាន​តាំង​ឡើង ធ្វើ​ជា​ចៅ‌ហ្វាយ​លើ​ស្រុក​នោះ
3 អ៊ីស‌ម៉ាអែល​ក៏​សម្លាប់​ពួក​យូដា​ទាំង​អស់ ដែល​នៅ​ជា​មួយ​នឹង​កេដាលា​ត្រង់​មីសប៉ា​ដែរ ព្រម​ទាំង​ពួក​ខាល់ដេ ជា​ទាហាន​ដែល​នៅ​ទី​នោះ​ផង។
4 ដល់​កន្លង​បាន​២​ថ្ងៃ​ក្រោយ ដែល​សម្លាប់​កេដាលា​ហើយ ឥត​មាន​អ្នក​ណា​ដឹង​សោះ
5 នោះ​មាន​មនុស្ស​មក​ពី​ស៊ីគែម ស៊ីឡូរ និង​សាម៉ារី ចំនួន​៨០​នាក់ គេ​បាន​កោរ​ពុក‌ចង្កា ព្រម​ទាំង​ហែក​អាវ ហើយ​អារ​សាច់​ខ្លួន ក៏​កាន់​តង្វាយ​ម្សៅ និង​កំញាន ដើម្បី​នាំ​យក​ទៅ​ឯ​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា
6 ឯ​អ៊ីស‌ម៉ាអែល ជា​កូន​នេថានា ក៏​ចេញ​ពី​មីសប៉ា​ទៅ​ទទួល​គេ​ទាំង​យំ​បណ្តើរ កាល​បាន​ទៅ​ដល់​គេ​ហើយ នោះ​ក៏​និយាយ​ថា សូម​ទៅ​ឯ​កេដាលា ជា​កូន​អ័ហ៊ី‌កាម
7 រួច​កាល​គេ​បាន​ចូល​ទៅ​ក្នុង​ទី​ក្រុង​ហើយ នោះ​អ៊ីស‌ម៉ាអែល ជា​កូន​នេថានា និង​ពួក​អ្នក​ដែល​នៅ​ជា​មួយ​ក៏​សម្លាប់​គេ​បោះ​ចោល​ទៅ​ក្នុង​រណ្តៅ
8 ប៉ុន្តែ មាន​១០​នាក់​ក្នុង​ពួក​គេ ដែល​អង្វរ​ដល់​អ៊ីស‌ម៉ាអែល​ថា សូម​កុំ​សម្លាប់​យើង​ខ្ញុំ​ឡើយ ពី​ព្រោះ​យើង​ខ្ញុំ​មាន​ស្បៀង​អាហារ ជា​ស្រូវ‌សាលី ស្រូវ​ឱក ប្រេង និង​ទឹក​ឃ្មុំ​កប់​ទុក​នៅ​ចម្ការ ដូច្នេះ អ៊ីស‌ម៉ាអែល​ក៏​អាក់‌ខាន មិន​បាន​សម្លាប់​អ្នក​ទាំង​នោះ ជា​មួយ​នឹង​បង​ប្អូន​គេ​ទេ
9 រីឯ​រណ្តៅ​ដែល​អ៊ីស‌ម៉ាអែល​បោះ​ចោល​អស់​ទាំង​សាក‌សព​នៃ​មនុស្ស ដែល​បាន​សម្លាប់​ទៅ​ជា​មួយ​នឹង​កេដាលា នោះ​គឺ​ជា​រណ្តៅ​ដែល​ស្តេច​អេសាបាន​ជីក ដោយ​ខ្លាច​ប្អាសា ជា​ស្តេច​ស្រុក​អ៊ីស្រា‌អែល ឯ​អ៊ីស‌ម៉ាអែល ជា​កូន​នេថានា ក៏​បំពេញ​រណ្តៅ ដោយ​សព​របស់​មនុស្ស​ដែល​បាន​សម្លាប់​នោះ
10 អ៊ីស‌ម៉ាអែល​ក៏​ចាប់​យក​សំណល់​បណ្តា‌ជន ដែល​នៅ​មីសប៉ា នាំ​ទៅ​ជា​ឈ្លើយ គឺ​ទាំង​បុត្រី​ស្តេច​ទាំង​ប៉ុន្មាន និង​ជន​ទាំង‌ឡាយ​ដែល​សល់​នៅ​ត្រង់​មីសប៉ា ជា​ពួក​អ្នក​ដែល​នេប៊ូសា‌រ៉ាដាន​មេ‌ទ័ព​ធំ​បាន​ផ្ទុក‌ផ្តាក់​ដល់​កេដាលា ជា​កូន​អ័ហ៊ីកាម នោះ​អ៊ីស‌ម៉ាអែល ជា​កូន​នេថានា ក៏​ដឹក‌នាំ​គេ​ទៅ​ជា​ឈ្លើយ​ទាំង​អស់ រួច​ចេញ​ដំណើរ​ទៅ ដើម្បី​នឹង​ឆ្លង​ទៅ​ឯ​ពួក​កូន​ចៅ​អាំម៉ូន។
11 កាល​យ៉ូហា‌ណាន ជា​កូន​ការា និង​ពួក​មេ‌ទ័ព​ទាំង​ប៉ុន្មាន​ដែល​នៅ​ជា​មួយ បាន​ឮ​និយាយ​ពី​អស់​ទាំង​ការ​អាក្រក់ ដែល​អ៊ីស‌ម៉ាអែល ជា​កូន​នេថានា​បាន​ធ្វើ
12 នោះ​គេ​ក៏​នាំ​ពួក​ទាហាន​របស់​ខ្លួន​ទាំង​អស់ លើក​ចេញ​ទៅ​ច្បាំង​នឹង​អ៊ីស‌ម៉ាអែល ជា​កូន​នេថានា ក៏​ប្រទះ​គ្នា​ត្រង់​ស្រះ​ធំ​នៅ​គីបៀន
13 រីឯ​ពួក​ជន​ទាំង‌ឡាយ ដែល​នៅ​ជា​មួយ​នឹង​អ៊ីស‌ម៉ាអែល កាល​បាន​ឃើញ​យ៉ូហា‌ណាន ជា​កូន​ការា និង​ពួក​មេ‌ទ័ព​ដែល​នៅ​ជា​មួយ​ហើយ នោះ​គេ​មាន​ចិត្ត​អរ​ណាស់
14 ដូច្នេះ ពួក​ជន​ដែល​អ៊ីស‌ម៉ាអែល​បាន​ចាប់​ពី​មីសប៉ា​ដឹក‌នាំ​ទៅ​ជា​ឈ្លើយ​ទាំង​ប៉ុន្មាន គេ​ក៏​វិល​ត្រឡប់​មក​ខាង​យ៉ូហា‌ណាន ជា​កូន​ការា​វិញ
15 ប៉ុន្តែ អ៊ីស‌ម៉ាអែល​ជា​កូន​នេថានា គេច​រួច​ពី​យ៉ូហា‌ណាន ទៅ​ឯ​ពួក​កូន​ចៅ​អាំម៉ូន​ទៅ ហើយ​មាន​៨​នាក់​ទៅ​ជា​មួយ
16 លំដាប់​នោះ​យ៉ូហា‌ណាន ជា​កូន​ការា និង​ពួក​មេ‌ទ័ព​ដែល​នៅ​ជា​មួយ​គេ​ក៏​នាំ​យក​សំណល់​ជន​ពី​មីសប៉ា​ទៅ គឺ​ជា​ពួក​អ្នក​ដែល​បាន​ដោះ​ឲ្យ​រួច​ពី​អ៊ីស‌ម៉ាអែល ជា​កូន​នេថានា​មក ក្រោយ​ដែល​វា​បាន​សម្លាប់​កេដាលា ជា​កូន​អ័ហ៊ី‌កាម​ហើយ គឺ​បាន​នាំ​ទាំង​ពួក​ទាហាន ពួក​ស្រីៗ និង​កូន​ក្មេង ហើយ​ពួក​មនុស្ស​គំរៀវ​ដែល​បាន​នាំ​ត្រឡប់​មក​ពី​គីបៀន​វិញ
17 គេ​ក៏​ចេញ​ទៅ​អាស្រ័យ​នៅ​ត្រង់​ទី​សំណាក់​របស់​គីមហាំ ដែល​នៅ​ជិត​បេថ្លេ‌ហិម ដើម្បី​នឹង​ចូល​ទៅ​ក្នុង​ស្រុក​អេស៊ីព្ទ
18 ពី​ព្រោះ​គេ​ខ្លាច​ពួក​ខាល់ដេ ដោយ​ព្រោះ​អ៊ីស‌ម៉ាអែល ជា​កូន​នេថានា បាន​សម្លាប់​កេដាលា ជា​កូន​អ័ហ៊ី‌កាម ជា​អ្នក​ដែល​ស្តេច​បាប៊ីឡូន​តាំង​ឡើង​ជា​ចៅ‌ហ្វាយ​លើ​ស្រុក។


ជំពូក 42

1 គ្រា​នោះ មេ‌ទ័ព​ទាំង​ប៉ុន្មាន និង​យ៉ូហា‌ណាន ជា​កូន​ការា ហើយ​យេសានា ជា​កូន​ហូសាយ៉ា ព្រម​ទាំង​បណ្តា‌ជន​ទាំង​អស់ ចាប់​តាំង​ពី​អ្នក​តូច​បំផុត រហូត​ដល់​អ្នក​ធំ​បំផុត គេ​ក៏​ចូល​មក​ជិត
2 ហើយ​គេ​និយាយ​នឹង​ហោរា​យេរេមា​ថា សូម​ឲ្យ​លោក​មេត្តា​ស្តាប់​សេចក្ដី​ដែល​យើង​ខ្ញុំ​អង្វរ​ដល់​លោក ហើយ​សូម​អធិស្ឋាន​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​លោក​ឲ្យ​យើង​ខ្ញុំ​ផង គឺ​ឲ្យ​ពួក​មនុស្ស​ដែល​សល់​នៅ​ទាំង​នេះ ដ្បិត​យើង​ខ្ញុំ​ដែល​មាន​គ្នា​ច្រើន បាន​សល់​នៅ​តែ​បន្តិច​ទេ ដូច​ជា​លោក​ឃើញ​ស្រាប់
3 ដើម្បី​ឲ្យ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​លោក បាន​បង្ហាញ​ផ្លូវ​ដែល​យើង​ខ្ញុំ​ត្រូវ​ដើរ និង​ការ​ដែល​ត្រូវ​ធ្វើ
4 ហោរា​យេរេមា​ក៏​ឆ្លើយ​តប​ថា ខ្ញុំ​បាន​ឮ​ហើយ មើល ខ្ញុំ​នឹង​អធិស្ឋាន​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា តាម​ពាក្យ​សំណូម​របស់​អ្នក​រាល់​គ្នា ហើយ​សេចក្ដី​អ្វី​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​ឆ្លើយ​មក នោះ​ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​ដឹង ឥត​លាក់‌លៀប​អ្វី​នឹង​អ្នក​រាល់​គ្នា​ឡើយ
5 ដូច្នេះ គេ​ជម្រាប​យេរេមា​ថា បើ​យើង​ខ្ញុំ​មិន​ធ្វើ​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​លោក នឹង​ចាត់​លោក​មក​ប្រាប់​ដល់​យើង​ខ្ញុំ នោះ​សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ទ្រង់​ជា​សាក្សី​ពិត ហើយ​ស្មោះ‌ត្រង់​ទាស់​នឹង​យើង​ខ្ញុំ​ចុះ
6 ទោះ​បើ​ជា​ការ​ល្អ ឬ​អាក្រក់​ក្តី គង់​តែ​យើង​ខ្ញុំ​នឹង​ស្តាប់​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ ដែល​យើង​ខ្ញុំ​ឲ្យ​លោក​ទៅ​សួរ​ដល់​ទ្រង់​នោះ ដើម្បី​ឲ្យ​យើង​ខ្ញុំ​រាល់​គ្នា​បាន​សេចក្ដី​សុខ ដោយ​ស្តាប់​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ។
7 ក្រោយ​១០​ថ្ងៃ​មក នោះ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ក៏​មក​ដល់​យេរេមា
8 រួច​លោក​ហៅ​យ៉ូហា‌ណាន ជា​កូន​ការា និង​ពួក​មេ‌ទ័ព​ទាំង​ប៉ុន្មាន​ដែល​នៅ​ជា​មួយ ហើយ​បណ្តា‌ជន​ទាំង‌ឡាយ ចាប់​តាំង​ពី​អ្នក​តូច​បំផុត រហូត​ដល់​អ្នក​ធំ​បំផុត
9 លោក​ក៏​ប្រាប់​គេ​ថា ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ដែល​អ្នក​រាល់​គ្នា​បាន​ចាត់​ខ្ញុំ​ឲ្យ​ទៅ​នាំ​ពាក្យ​អង្វរ​របស់​អ្នក​រាល់​គ្នា ទៅ​ថ្វាយ​ដល់​ទ្រង់​នោះ ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា
10 បើ​ឯង​រាល់​គ្នា​នឹង​នៅ​ជាប់​ក្នុង​ស្រុក​នេះ​ត​ទៅ នោះ​អញ​នឹង​សង់​ឯង​ឡើង​ឥត​រំលំ​ចុះ​ឡើយ ក៏​នឹង​ដាំ​ឯង​រាល់​គ្នា​ឥត​រំលើង​វិញ​ដែរ ដ្បិត​អញ​ប្រែ​គំនិត​ចេញ​ពី​ការ​អាក្រក់ ដែល​អញ​បាន​ធ្វើ​ដល់​ឯង​រាល់​គ្នា​ហើយ
11 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា កុំ​ឲ្យ​ខ្លាច​ចំពោះ​ស្តេច​បាប៊ីឡូន ដែល​ឯង​រាល់​គ្នា​កំពុង​តែ​ខ្លាច​នោះ កុំ​ឲ្យ​ខ្លាច​គេ​ឡើយ ដ្បិត​អញ​នៅ​ជា​មួយ ដើម្បី​នឹង​ជួយ​សង្គ្រោះ​ឯង​រាល់​គ្នា ហើយ​និង​ដោះ​ឯង​រាល់​គ្នា​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​របស់​គេ
12 អញ​នឹង​ប្រោស​មេត្តា​ដល់​ឯង​រាល់​គ្នា ដើម្បី​ឲ្យ​គេ​បាន​អាណិត​ឯង ហើយ​ឲ្យ​ត្រឡប់​ទៅ​ឯ​ស្រុក​របស់​ឯង​រៀង​ខ្លួន​វិញ
13 តែ​បើ​ឯង​រាល់​គ្នា​ថា យើង​ខ្ញុំ​មិន​ព្រម​នៅ​ជាប់​ក្នុង​ស្រុក​នេះ​ត​ទៅ​ទេ គឺ​ឯង​រាល់​គ្នា​មិន​ព្រម​ស្តាប់​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង
14 ដោយ​ថា ទេ យើង​រាល់​គ្នា​នឹង​ទៅ​នៅ​ឯ​ស្រុក​អេស៊ីព្ទ​វិញ ជា​កន្លែង​ដែល​យើង​ខ្ញុំ​នឹង​មិន​ឃើញ​ចម្បាំង​ទៀត ក៏​មិន​ឮ​សូរ​ត្រែ ឬ​ត្រូវ​អត់‌ឃ្លាន​ឡើយ គឺ​នៅ​ទី​នោះ​ដែល​យើង​ខ្ញុំ​នឹង​អាស្រ័យ​នៅ​វិញ
15 ដូច្នេះ ឱ​សំណល់​ពួក​យូដា​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ឥឡូវ​ចុះ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ បើ​ឯង​រាល់​គ្នា​កាត់​ចិត្ត​នឹង​ទៅ​ឯ​ស្រុក​អេស៊ីព្ទ​ជា​ពិត ហើយ​ក៏​ទៅ​អាស្រ័យ​នៅ​ឯ​នោះ
16 យ៉ាង​នោះ ដាវ​ដែល​ឯង​រាល់​គ្នា​ខ្លាច​នោះ​នឹង​តាម​ឯង​ទាន់ នៅ​ក្នុង​ស្រុក​អេស៊ីព្ទ ហើយ​អំណត់‌អត់​ដែល​ឯង​រាល់​គ្នា​ខ្លាច​ដែរ នឹង​ជាប់​ប្រកិត​តាម​ឯង​រាល់​គ្នា ទៅ​ក្នុង​ស្រុក​អេស៊ីព្ទ​នោះ​ឯង ហើយ​ឯង​រាល់​គ្នា​នឹង​ត្រូវ​ស្លាប់​នៅ​ទី​នោះ
17 ឯ​អស់​អ្នក​ដែល​កាត់​ចិត្ត​នឹង​ទៅ​អាស្រ័យ​នៅ​ក្នុង​ស្រុក​អេស៊ីព្ទ នោះ​នឹង​បាន​ដូច្នោះ គឺ​គេ​នឹង​ស្លាប់​ដោយ​ដាវ ដោយ​អំណត់‌អត់ និង​អាសន្ន‌រោគ ឥត​មាន​ពួក​គេ​ណា​មួយ​សល់​នៅ ឬ​រួច​ពី​ការ​អាក្រក់​ដែល​អញ​នឹង​នាំ​មក​លើ​គេ​នោះ​ឡើយ។
18 ពី​ព្រោះ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា សេចក្ដី​កំហឹង និង​សេចក្ដី​ក្រោធ​របស់​អញ ដែល​បាន​ចាក់​ចេញ​ទៅ​លើ​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡឹម​ជា​យ៉ាង​ណា នោះ​សេចក្ដី​ក្រោធ​របស់​អញ​នឹង​ត្រូវ​ចាក់​ចេញ​លើ​ឯង​រាល់​គ្នា​យ៉ាង​នោះ​ដែរ គឺ​ក្នុង​កាល​ដែល​ចូល​ទៅ​ក្នុង​ស្រុក​អេស៊ីព្ទ​នោះ នៅ​ស្រុក​នោះ ឯង​រាល់​គ្នា​នឹង​ត្រឡប់​ទៅ​ជា​ទី​ត្មះ‌តិះដៀល ជា​ទី​ស្រឡាំង‌កាំង ជា​ទី​ផ្តាសា ហើយ​ជា​ទី​ជេរ​ប្រមាថ ឯង​រាល់​គ្នា​នឹង​មិន​បាន​ឃើញ​ទី​នេះ​ទៀត​ឡើយ
19 ឱ​សំណល់​នៃ​ពួក​យូដា​អើយ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល ពី​ដំណើរ​ឯង​រាល់​គ្នា​ថា នៅ​ថ្ងៃ​នេះ ខ្ញុំ​បាន​ធ្វើ​បន្ទាល់​ដល់​អ្នក​រាល់​គ្នា​ហើយ
20 ដ្បិត​អ្នក​រាល់​គ្នា​បាន​បញ្ឆោត​ចិត្ត​ខ្លួន ពី​ព្រោះ​អ្នក​រាល់​គ្នា​បាន​ចាត់​ខ្ញុំ​ឲ្យ​ទៅ​ឯ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា ដោយ​ពាក្យ​ថា សូម​អធិស្ឋាន​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​រាល់​គ្នា​ឲ្យ​យើង​ផង ហើយ​សូម​ប្រាប់​មក​យើង តាម​គ្រប់​ទាំង​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង ទ្រង់​នឹង​មាន​ព្រះ‌បន្ទូល​មក នោះ​យើង​នឹង​ប្រព្រឹត្ត​តាម
21 ដូច្នេះ នៅ​ថ្ងៃ​នេះ​ឯង ខ្ញុំ​បាន​ប្រាប់​ដល់​អ្នក​រាល់​គ្នា​ហើយ តែ​អ្នក​រាល់​គ្នា​មិន​បាន​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា ក្នុង​ការ​អ្វី​ដែល​ទ្រង់​បាន​ចាត់​ខ្ញុំ​មក​ប្រាប់​អ្នក​រាល់​គ្នា​នោះ​សោះ
22 ដូច្នេះ ចូរ​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​រាល់​គ្នា​នឹង​ត្រូវ​ស្លាប់​ដោយ​ដាវ ដោយ​អំណត់‌អត់ ហើយ​ដោយ​អាសន្ន‌រោគ នៅ​ក្នុង​ទី​ដែល​អ្នក​រាល់​គ្នា​ចូល​ចិត្ត​ចង់​ទៅ​អាស្រ័យ​នៅ​នោះ។


ជំពូក 43

1 កាល​យេរេមា បាន​ប្រាប់​ដល់​បណ្តា‌ជន​ទាំង‌ឡាយ តាម​អស់​ទាំង​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​គេ គឺ​ជា​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​គេ ទ្រង់​បាន​ចាត់​លោក​ឲ្យ​ទៅ​ប្រាប់ គឺ​ជា​ពាក្យ​ទាំង​នេះ​ចប់​ហើយ
2 នោះ​អ័សារា ជា​កូន​ហូសាយ៉ា និង​យ៉ូហា‌ណាន ជា​កូន​ការា ព្រម​ទាំង​មនុស្ស​ឆ្មើង‌ឆ្មៃ​ទាំង​ប៉ុន្មាន គេ​តប​ទៅ​យេរេមា​ថា លោក​និយាយ​កុហក​ទេ ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង ទ្រង់​មិន​បាន​ចាត់​លោក​ឲ្យ​មក​ប្រាប់​យើង​ថា កុំ​ឲ្យ​ទៅ​អាស្រ័យ​នៅ​ឯ​ស្រុក​អេស៊ីព្ទ​នោះ​ទេ
3 គឺ​បារូក ជា​កូន​នេរីយ៉ា បាន​ចាក់‌រុក​លោក​ឲ្យ​ទាស់​នឹង​យើង​វិញ ដើម្បី​នឹង​ប្រគល់​យើង​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ខាល់ដេ ឲ្យ​គេ​បាន​សម្លាប់​យើង ហើយ​នាំ​ទៅ​ជា​ឈ្លើយ​ដល់​ស្រុក​បាប៊ីឡូន
4 ដូច្នេះ យ៉ូហា‌ណាន ជា​កូន​ការា និង​ពួក​មេ‌ទ័ព​ទាំង​អស់ ព្រម​ទាំង​ជន​ទាំង‌ឡាយ គេ​មិន​បាន​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដើម្បី​នឹង​នៅ​ក្នុង​ស្រុក​យូដា​ទេ
5 គឺ​យ៉ូហា‌ណាន ជា​កូន​ការា និង​ពួក​មេ‌ទ័ព​ទាំង​អស់ គេ​ប្រមូល​សំណល់​ពួក​យូដា​ដែល​បាន​វិល​មក ដើម្បី​អាស្រ័យ​នៅ​ក្នុង​ស្រុក​យូដា​វិញ ពី​គ្រប់​ទាំង​ប្រទេស​ដែល​គេ​ត្រូវ​បណ្តេញ​ទៅ​នោះ
6 គឺ​ទាំង​ប្រុស​ទាំង​ស្រី និង​កូន​ក្មេង ពួក​បុត្រី​របស់​ស្តេច និង​បណ្តា​មនុស្ស​ដែល​នេប៊ូសា‌រ៉ាដាន ជា​មេ‌ទ័ព​ធំ បាន​ទុក​ឲ្យ​នៅ​ជា​មួយ​នឹង​កេដាលា ជា​កូន​អ័ហ៊ី‌កាម ដែល​ជា​កូន​សាផាន ព្រម​ទាំង​ហោរា​យេរេមា និង​បារូក ជា​កូន​នេរីយ៉ា
7 នាំ​ចូល​ទៅ​ក្នុង​ស្រុក​អេស៊ីព្ទ​ទាំង​អស់​គ្នា ពី​ព្រោះ​គេ​មិន​ព្រម​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ទេ គេ​ក៏​ទៅ​ដល់​ក្រុង​ថាផ្នេស។
8 នៅ​គ្រា​នោះ ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ក៏​មក​ដល់​យេរេមា​នៅ​ត្រង់​ថាផ្នេស​ដូច្នេះ
9 ចូរ​យក​ថ្ម​ធំៗ ទៅ​កប់​ទុក​ក្នុង​បាយអ​នៃ​កម្រាល​ឥដ្ឋ ដែល​នៅ​មុខ​ដំណាក់​ផារ៉ោន​ត្រង់​ថាផ្នេស នៅ​ភ្នែក​នៃ​ពួក​យូដា​ទៅ
10 ហើយ​ប្រាប់​គេ​ថា ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា មើល អញ​នឹង​ចាត់​ទៅ​នាំ​យក​នេប៊ូ‌ក្នេសា ស្តេច​បាប៊ីឡូន ជា​អ្នក​បម្រើ​របស់​អញ​មក ហើយ​និង​តាំង​បល្ល័ង្ក​របស់​គេ​នៅ​ពី​លើ​ថ្ម​ដែល​អញ​បាន​លាក់​ទុក​នេះ គេ​នឹង​ដំឡើង​ព្រះ‌រាជ​ពន្លា​របស់​គេ​នៅ​ពី​លើ​ផង
11 គេ​នឹង​មក​វាយ​ស្រុក​អេស៊ីព្ទ គ្រា​នោះ មនុស្ស​ណា​ដែល​សម្រាប់​ស្លាប់ នឹង​ត្រូវ​ស្លាប់​ទៅ អ្នក​ណា​ដែល​សម្រាប់​ដឹក​ទៅ​ជា​ឈ្លើយ នឹង​ត្រូវ​ដឹក​ទៅ ហើយ​អ្នក​ណា​ដែល​សម្រាប់​ដាវ នឹង​ត្រូវ​ប្រគល់​ទៅ​ដល់​ដាវ
12 អញ​នឹង​បង្កាត់​ភ្លើង​នៅ​ក្នុង​វិហារ​នៃ​ព្រះ​ទាំង​ប៉ុន្មាន​របស់​ស្រុក​អេស៊ីព្ទ ហើយ​គេ​នឹង​ដុត​ចោល ព្រម​ទាំង​ដឹក‌នាំ​រូប​ព្រះ​ទាំង​នោះ​ទៅ​ជា​ឈ្លើយ គេ​នឹង​ប្រដាប់​ខ្លួន​ដោយ​ស្រុក​អេស៊ីព្ទ ដូច​ជា​អ្នក​គង្វាល​ពាក់​អាវ​ខ្លួន រួច​គេ​នឹង​ចេញ​ពី​នេះ​ទៅ​ដោយ​សុខ‌សាន្ត
13 គេ​ក៏​នឹង​បំបែក​បំបាក់​រូប​ព្រះ​នៅ​បេត-សេមែស ​ដែល​នៅ​ក្នុង​ស្រុក​អេស៊ីព្ទ​ដែរ ព្រម​ទាំង​ដុត​វិហារ​នៃ​ព្រះ​របស់​ស្រុក​អេស៊ីព្ទ​ទាំង​ប៉ុន្មាន​ផង។


ជំពូក 44

1 នេះ​ជា​ព្រះ‌បន្ទូល ដែល​មក​ដល់​យេរេមា ពី​ដំណើរ​ពួក​យូដា​ទាំង​ប៉ុន្មាន ដែល​នៅ​ស្រុក​អេស៊ីព្ទ គឺ​ត្រង់​មីកដុល ថាផ្នេស ណូព ហើយ​នៅ​ស្រុក​ប៉ាត្រូស​ថា
2 ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ឯង​រាល់​គ្នា​បាន​ឃើញ​គ្រប់​ទាំង​សេចក្ដី​អាក្រក់ ដែល​អញ​បាន​នាំ​មក​លើ​ក្រុង​យេរូ‌សាឡឹម និង​លើ​អស់​ទាំង​ទី​ក្រុង​ស្រុក​យូដា​ហើយ មើល​សព្វ​ថ្ងៃ​នេះ ទី​ក្រុង​ទាំង​នោះ​ត្រូវ​ខូច​បង់ ឥត​មាន​អ្នក​ណា​នៅ​ឡើយ
3 ដោយ​ព្រោះ​អំពើ​អាក្រក់​ដែល​គេ​បាន​ប្រព្រឹត្ត​ជា​ការ​ដែល​នាំ​ឲ្យ​អញ​ខឹង ដោយ​គេ​បាន​ទៅ​ដុត​កំញាន​គោរព​ដល់​ព្រះ​ដទៃ ជា​ព្រះ​ដែល​គេ ឬ​ឯង​រាល់​គ្នា ឬ​ពួក​អយ្យ‌កោ​ឯង មិន​បាន​ស្គាល់​ផង
4 ប៉ុន្តែ អញ​បាន​ចាត់​ពួក​ហោរា​ទាំង​ប៉ុន្មាន ជា​អ្នក​បម្រើ​របស់​អញ​ឲ្យ​មក​ឯ​ឯង​រាល់​គ្នា គឺ​បាន​ក្រោក​ពី​ព្រលឹម​ស្រាង ដើម្បី​នឹង​ចាត់​គេ​ផង ដោយ​ពាក្យ​ថា ឱ​សូម​កុំ​ធ្វើ​ការ​គួរ​ខ្ពើម​ដែល​អញ​ស្អប់​នេះ​ឡើយ
5 តែ​គេ​មិន​បាន​ស្តាប់​តាម ឬ​ផ្ទៀង​ត្រចៀក ដើម្បី​នឹង​បែរ​ចេញ​ពី​អំពើ​អាក្រក់​របស់​គេ ដោយ​លែង​ដុត​កំញាន​ថ្វាយ​ដល់​ព្រះ​ដទៃ​ឡើយ
6 ហេតុ​នោះ​បាន​ជា​សេចក្ដី​កំហឹង និង​សេចក្ដី​ក្រោធ​របស់​អញ​បាន​ចាក់​ចេញ ហើយ​កាត់​ឆេះ​ឡើង នៅ​ក្នុង​ទី​ក្រុង​ស្រុក​យូដា​ទាំង​ប៉ុន្មាន និង​នៅ​អស់​ទាំង​ផ្លូវ​របស់​ក្រុង​យេរូ‌សាឡឹម​ផង ដូច្នេះ ទី​ក្រុង​ទាំង​នោះ​ត្រូវ​ខូច​បង់ ហើយ​ចោល​ស្ងាត់ ដូច​សព្វ​ថ្ងៃ​នេះ
7 ហេតុ​នោះ ឥឡូវ​នេះ ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ហេតុ​អ្វី​បាន​ឯង​រាល់​គ្នា​ប្រព្រឹត្ត​អំពើ​អាក្រក់​យ៉ាង​ធំ​នេះ ទាស់​នឹង​ព្រលឹង​របស់​ខ្លួន​ដូច្នេះ ជា​ការ​ដែល​នឹង​កាត់​ពួក​ឯង​រាល់​គ្នា​ទាំង​ប្រុស​ទាំង​ស្រី ទាំង​ក្មេង និង​កូន​នៅ​បៅ ចេញ​ពី​ពួក​យូដា ឥត​ទុក​ឲ្យ​មាន​ណា​មួយ​នៅ​សល់​ឡើយ
8 ដោយ​ដៃ​ឯង​រាល់​គ្នា​តែង​ប្រព្រឹត្ត​ការ​ដែល​នាំ​ឲ្យ​អញ​ខឹង គឺ​ជា​ការ​ដុត​កំញាន​ថ្វាយ​ដល់​ព្រះ​ដទៃ នៅ​ក្នុង​ស្រុក​អេស៊ីព្ទ ជា​កន្លែង​ដែល​ឯង​រាល់​គ្នា​បាន​ទៅ​ស្នាក់​នៅ​នោះ ជា​ការ​ដែល​នឹង​កាត់​ឯង​រាល់​គ្នា​ចេញ ហើយ​ឲ្យ​ឯង​រាល់​គ្នា​ត្រឡប់​ជា​ទី​ផ្តាសា និង​ជា​ទី​ត្មះ‌តិះដៀល នៅ​កណ្តាល​អស់​ទាំង​សាសន៍​នៅ​ផែនដី
9 តើ​ឯង​រាល់​គ្នា​បាន​ភ្លេច​អំពើ​អាក្រក់​របស់​ពួក​អយ្យ‌កោ​ឯង ហើយ​អំពើ​អាក្រក់​របស់​ពួក​ស្តេច​យូដា និង​ភរិយា​របស់​គេ ព្រម​ទាំង​អំពើ​អាក្រក់​ដែល​ខ្លួន​ឯង​រាល់​គ្នា និង​ប្រពន្ធ​របស់​ឯង​រាល់​គ្នា​បាន​ប្រព្រឹត្ត​ផង គឺ​ជា​ការ​ដែល​គ្រប់​គ្នា​បាន​ធ្វើ​នៅ​ក្នុង​ស្រុក​យូដា ហើយ​នៅ​ផ្លូវ​ក្រុង​យេរូ‌សាឡឹម​ទាំង​ប៉ុន្មាន​ឬ​អី
10 ដរាប​ដល់​សព្វ​ថ្ងៃ​នេះ ឯង​រាល់​គ្នា​មិន​ទាន់​បន្ទាប​ខ្លួន​នៅ​ឡើយ ក៏​មិន​បាន​កោត‌ខ្លាច ឬ​ប្រព្រឹត្ត​តាម​ក្រឹត្យ‌វិន័យ និង​បញ្ញត្ត​ច្បាប់​របស់​អញ ដែល​អញ​បាន​ដាក់​នៅ​មុខ​ឯង​រាល់​គ្នា និង​ពួក​អយ្យ‌កោ​របស់​ឯង​រាល់​គ្នា​ផង។
11 ហេតុ​នោះ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា មើល​អញ​នឹង​តាំង​មុខ​ទាស់​នឹង​ឯង​រាល់​គ្នា សម្រាប់​ជា​ការ​អាក្រក់ គឺ​ដើម្បី​នឹង​កាត់​ពួក​យូដា​ទាំង​អស់​ចេញ
12 អញ​នឹង​ចាប់​យក​សំណល់​ពួក​យូដា ដែល​បាន​តាំង​ចិត្ត​នឹង​ទៅ​អាស្រ័យ​នៅ​ឯ​ស្រុក​អេស៊ីព្ទ ឲ្យ​គេ​វិនាស​អស់​រលីង​ទៅ គឺ​គេ​នឹង​ដួល​នៅ​ក្នុង​ស្រុក​អេស៊ីព្ទ គេ​នឹង​សូន្យ​ទៅ​ដោយ​ដាវ និង​អំណត់‌អត់ គេ​នឹង​ស្លាប់​ទៅ ចាប់​តាំង​ពី​អ្នក​តូច​បំផុត​រហូត​ដល់​អ្នក​ធំ​បំផុត ដោយ‌សារ​ដាវ និង​អំណត់‌អត់ នោះ​គេ​នឹង​ត្រឡប់​ជា​ទី​ត្មះ‌តិះដៀល ជា​ទី​ស្រឡាំង‌កាំង និង​ជា​ទី​ផ្តាសា ហើយ​ជា​ទី​ប្រមាថ​មើល‌ងាយ
13 ដ្បិត​អញ​នឹង​ធ្វើ​ទោស​ដល់​ពួក​អ្នក​ដែល​ស្នាក់​នៅ​ក្នុង​ស្រុក​អេស៊ីព្ទ​នេះ ដូច​ជា​អញ​បាន​ធ្វើ​ទោស​ដល់​ក្រុង​យេរូ‌សាឡឹម ដោយ​ដាវ អំណត់‌អត់ និង​អាសន្ន‌រោគ​ដែរ
14 ដល់‌ម៉្លេះ​បាន​ជា​ក្នុង​សំណល់​ពួក​យូដា ដែល​បាន​មក​អាស្រ័យ​នៅ​ក្នុង​ស្រុក​អេស៊ីព្ទ នោះ​នឹង​គ្មាន​អ្នក​ណា​មួយ​រួច​ខ្លួន ឬ​សល់​នៅ ដើម្បី​នឹង​វិល​ទៅ​ក្នុង​ស្រុក​យូដា ដែល​គេ​ប្រាថ្នា​ចង់​ត្រឡប់​ទៅ​អាស្រ័យ​នៅ​នោះ​ឡើយ ដ្បិត​នឹង​គ្មាន​អ្នក​ណា​វិល​ទៅ​វិញ​សោះ លើក​តែ​ពួក​អ្នក​ដែល​នឹង​រត់​រួច​បាន​ប៉ុណ្ណោះ។
15 ឯ​បណ្តា​មនុស្ស​ទាំង​ប៉ុន្មាន​ដែល​ដឹង​ថា ប្រពន្ធ​ខ្លួន​ធ្លាប់​ដុត​កំញាន​ថ្វាយ​ដល់​ព្រះ​ដទៃ និង​ពួក​ស្រីៗ​ទាំង​អស់​ដែល​ឈរ​នៅ​ទី​នោះ ជា​ជំនុំ​យ៉ាង​ធំ គឺ​បណ្តា​មនុស្ស​ដែល​អាស្រ័យ​នៅ​ត្រង់​ប៉ាត្រូស​ក្នុង​ស្រុក​អេស៊ីព្ទ គេ​ឆ្លើយ​ដល់​យេរេមា​ថា
16 ឯ​ពាក្យ​ដែល​លោក​បាន​ប្រាប់​មក​យើង​ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា​នោះ យើង​មិន​ព្រម​ស្តាប់​តាម​ទេ
17 គឺ​យើង​នឹង​ប្រព្រឹត្ត​តាម​តែ​ពាក្យ​ទាំង​ប៉ុន្មាន ដែល​ចេញ​ពី​មាត់​យើង​វិញ ដើម្បី​នឹង​ដុត​កំញាន​ថ្វាយ​ដល់​ព្រះ‌ចន្ទ ហើយ​និង​ច្រួច​តង្វាយ​ច្រួច​ថ្វាយ​ទ្រង់​ដែរ ដូច​ជា​យើង​បាន​ធ្លាប់​ធ្វើ​មក​ហើយ ទោះ​ទាំង​ខ្លួន​យើង ពួក​អយ្យ‌កោ​យើង និង​ពួក​ស្តេច ហើយ​ពួក​ចៅ‌ហ្វាយ​របស់​យើង នៅ​ក្នុង​ទី​ក្រុង​ទាំង​ប៉ុន្មាន​របស់​ស្រុក​យូដា ហើយ​នៅ​អស់​ទាំង​ផ្លូវ​របស់​ក្រុង​យេរូ‌សាឡឹម​ផង ដ្បិត​នៅ​គ្រា​នោះ យើង​មាន​អាហារ​ជា​បរិបូរ ហើយ​ក៏​នៅ​ដោយ​សប្បាយ ឥត​ឃើញ​សេចក្ដី​អាក្រក់​ណា​ឡើយ
18 តែ​តាំង​ពី​យើង​លះ‌លែង​ការ​ដុត​កំញាន​ថ្វាយ​ដល់​ព្រះ‌ចន្ទ ហើយ​ច្រួច​តង្វាយ​ច្រួច​ថ្វាយ​ទ្រង់​ទៅ នោះ​យើង​ចេះ​តែ​ខ្វះ​ខាត​គ្រប់​ទាំង​អស់ ហើយ​បាន​វិនាស​ទៅ​ដោយ​ដាវ និង​អំណត់‌អត់​ផង
19 មួយ​ទៀត កាល​យើង​បាន​ដុត​កំញាន​ថ្វាយ​ដល់​ព្រះ‌ចន្ទ ហើយ​ច្រួច​តង្វាយ​ច្រួច​ថ្វាយ​ទ្រង់ នោះ​តើ​យើង​បាន​ធ្វើ​នំ​សម្រាប់​គោរព​ដល់​ទ្រង់ ហើយ​ច្រួច​តង្វាយ​ច្រួច​ថ្វាយ​ដល់​ទ្រង់​ក្រៅ​ពី​ប្ដី​យើង​ឬ។
20 ឯ​បណ្តា‌ជន​ប្រុស​ស្រី​ទាំង‌ឡាយ គឺ​អស់​មនុស្ស​ដែល​បាន​ឆ្លើយ​មក​យេរេមា​ដូច្នោះ នោះ​លោក​ប្រាប់​ដល់​គេ​ថា
21 កំញាន​ដែល​អ្នក​រាល់​គ្នា​បាន​ដុត នៅ​ក្នុង​ទី​ក្រុង​ស្រុក​យូដា​ទាំង​ប៉ុន្មាន ហើយ​នៅ​អស់​ទាំង​ផ្លូវ​ក្រុង​យេរូ‌សាឡឹម ទោះ​ទាំង​អ្នក​រាល់​គ្នា ពួក​អយ្យ‌កោ ពួក​ស្តេច ពួក​ចៅ‌ហ្វាយ និង​បណ្តា‌ជន​នៅ​ក្នុង​ស្រុក​ទាំង​ប៉ុន្មាន នោះ​តើ​ព្រះ‌យេហូវ៉ា​មិន​បាន​នឹក​ចាំ តើ​ទ្រង់​មិន​បាន​រឭក​ពី​អំពើ​ទាំង​នោះ​ទេ​ឬ​អី
22 ដល់‌ម៉្លេះ​បាន​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​ទ្រាំ​មិន​បាន​ទៀត ដោយ​ព្រោះ​អំពើ​អាក្រក់​ទាំង​ប៉ុន្មាន​របស់​អ្នក​រាល់​គ្នា ហើយ​ដោយ​ព្រោះ​ការ​គួរ​ខ្ពើម​ដែល​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត គឺ​ហេតុ​នោះ​បាន​ជា​ស្រុក​របស់​អ្នក​រាល់​គ្នា​ត្រូវ​ចោល​ស្ងាត់ ហើយ​បាន​ត្រឡប់​ជា​ទី​ស្រឡាំង‌កាំង និង​ជា​ទី​ផ្តាសា ឥត​មាន​អ្នក​ណា​អាស្រ័យ​នៅ ដូច​ជា​សព្វ​ថ្ងៃ​នេះ
23 ពី​ព្រោះ​អ្នក​រាល់​គ្នា​បាន​ដុត​កំញាន​នោះ ហើយ​ធ្វើ​បាប​នឹង​ព្រះ‌យេហូវ៉ា​វិញ ក៏​មិន​បាន​ស្តាប់​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា ឬ​ប្រព្រឹត្ត​តាម​ក្រឹត្យ‌វិន័យ​ទ្រង់ ឬ​តាម​បញ្ញត្ត​ច្បាប់ ឬ​សេចក្ដី​បន្ទាល់​របស់​ទ្រង់​ឡើយ គឺ​ហេតុ​នោះ​បាន​ជា​ការ​អាក្រក់​នេះ​បាន​កើត​ដល់​អ្នក​រាល់​គ្នា ដូច​ជា​សព្វ​ថ្ងៃ​នេះ។
24 មួយ​ទៀត យេរេមា​ក៏​ប្រាប់​ដល់​ជន​ទាំង‌ឡាយ គឺ​ដល់​ទាំង​ពួក​ស្រីៗ​ផង​ថា នែ​ពួក​យូដា​ទាំង​ប៉ុន្មាន ដែល​អាស្រ័យ​នៅ​ស្រុក​អេស៊ីព្ទ​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ចុះ
25 ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ឯង​រាល់​គ្នា ព្រម​ទាំង​ប្រពន្ធ​របស់​ឯង បាន​ចេញ​វាចា​ពី​មាត់​រៀង​ខ្លួន​ហើយ ក៏​បាន​សម្រេច​តាម​ដោយ​ដៃ​ខ្លួន​ដែរ ថា​យើង​រាល់​គ្នា​នឹង​លា​បំណន់ ដែល​យើង​បាន​បន់​ជា​មិន​ខាន គឺ​នឹង​ដុត​កំញាន​ថ្វាយ​ដល់​ព្រះ‌ចន្ទ ហើយ​ច្រួច​តង្វាយ​ច្រួច​ថ្វាយ​ទ្រង់​ដែរ ដូច្នេះ ចូរ​ឲ្យ​ឯង​រាល់​គ្នា​បន់​ទៅ ហើយ​លា​បំណន់​របស់​ឯង​ចុះ
26 នែ ពួក​យូដា​ទាំង​ប៉ុន្មាន ដែល​អាស្រ័យ​ក្នុង​ស្រុក​អេស៊ីព្ទ​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ចុះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា មើល អញ​បាន​ស្បថ​ដោយ​ឈ្មោះ​ដ៏​ធំ​របស់​អញ​ថា ឈ្មោះ​អញ​នឹង​មិន​ដែល​ចេញ​ពី​មាត់​របស់​ពួក​យូដា​ណា​មួយ ដែល​អាស្រ័យ​នៅ​ក្នុង​ស្រុក​អេស៊ីព្ទ​ទៀត តាម​សម្បថ​ដែល​គេ​ធ្លាប់​ស្បថ​ថា ដូច​ជា​ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌ជន្ម​រស់​នៅ នោះ​ឡើយ
27 មើល អញ​នឹង​ត្រួត​មើល​គេ សម្រាប់​ជា​សេចក្ដី​អាក្រក់ មិន​មែន​ជា​សេចក្ដី​ល្អ​ទេ ហើយ​ពួក​យូដា​ទាំង​ប៉ុន្មាន​ដែល​អាស្រ័យ​នៅ​ក្នុង​ស្រុក​អេស៊ីព្ទ នឹង​សាប‌សូន្យ​ទៅ​ដោយ​ដាវ និង​អំណត់‌អត់ ដរាប​ដល់​អស់​រលីង​ទៅ
28 ឯ​ពួក​អ្នក​ដែល​រួច​ពី​ដាវ គេ​នឹង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​វិល​ទៅ​ឯ​ស្រុក​យូដា​វិញ មាន​គ្នា​តិច​ទេ នោះ​សំណល់​ពួក​យូដា​ទាំង​ប៉ុន្មាន ដែល​បាន​ទៅ​អាស្រ័យ​នៅ​ស្រុក​អេស៊ីព្ទ គេ​នឹង​ដឹង​ជា​ពាក្យ​ណា​ដែល​នឹង​ស្ថិត‌ស្ថេរ​នៅ ទោះ​បើ​ជា​ពាក្យ​របស់​អញ ឬ​ពាក្យ​របស់​គេ​ក្តី
29 ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា នេះ​នឹង​បាន​ជា​ទី​សម្គាល់​ឲ្យ​ឯង​រាល់​គ្នា​ដឹង​ថា អញ​នឹង​ធ្វើ​ទោស​ដល់​ឯង​នៅ​ទី​នេះ ដើម្បី​ឲ្យ​ឯង​រាល់​គ្នា​បាន​ដឹង​ថា ពាក្យ​របស់​អញ​នឹង​បាន​តាំង​ទាស់​នឹង​ឯង សម្រាប់​ជា​ការ​អាក្រក់
30 គឺ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា មើល អញ​នឹង​ប្រគល់​ផារ៉ោន-ហុបរ៉ា ស្តេច​ស្រុក​អេស៊ីព្ទ​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ គឺ​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​អ្នក​ដែល​រក​ជីវិត​វា ដូច​ជា​អញ​បាន​ប្រគល់​សេដេគា ជា​ស្តេច​យូដា ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​នេប៊ូ‌ក្នេសា ស្តេច​បាប៊ីឡូន ដែល​ជា​ខ្មាំង​សត្រូវ ហើយ​ក៏​រក​ជីវិត​វា​ដែរ។


ជំពូក 45

1 នេះ​ជា​ពាក្យ​ដែល​ហោរា​យេរេមា​បាន​និយាយ​នឹង​បារូក ជា​កូន​នេរីយ៉ា ក្នុង​កាល​ដែល​បារូក​បាន​សរសេរ​ពាក្យ​ទាំង​នេះ​ចុះ​ក្នុង​ក្រាំង​តាម​មាត់​យេរេមា គឺ​នៅ​ក្នុង​ឆ្នាំ​ទី​៤​នៃ​រាជ្យ​យេហូយ៉ាគីម ជា​បុត្រ​យ៉ូសៀស ស្តេច​យូដា 2គឺ​ថា ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ដល់​បារូក​ឯង​ដូច្នេះ 3ឯង​បាន​និយាយ​ថា ឥឡូវ​នេះ វរ‌ហើយ​ខ្ញុំ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បន្ថែម​សេចក្ដី​សោក‌សៅ​ដល់​សេចក្ដី​ទុក្ខ​ព្រួយ​របស់​ខ្ញុំ ខ្ញុំ​ក៏​ល្វើយ​ទៅ​ដោយ​ថ្ងូរ ឥត​មាន​សេចក្ដី​សម្រាក​ឡើយ 4ត្រូវ​ឲ្យ​និយាយ​នឹង​វា​យ៉ាង​នេះ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ មើល របស់​អ្វី​ដែល​អញ​បាន​ស្អាង​ឡើង នោះ​អញ​នឹង​រំលំ​ចុះ ហើយ​របស់​អ្វី​ដែល​អញ​បាន​ដាំ នោះ​អញ​នឹង​ដក​រំលើង​វិញ ក៏​នឹង​ធ្វើ​យ៉ាង​នោះ​នៅ​ពេញ​ក្នុង​ស្រុក​ផង 5ដូច្នេះ តើ​ឯង​ស្វែង​រក​ការ​យ៉ាង​ធំ​សម្រាប់​ខ្លួន​ឬ កុំ​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា មើល អញ​នឹង​នាំ​សេចក្ដី​អាក្រក់​មក​លើ​គ្រប់​ទាំង​សាច់ តែ​ឯ​ជីវិត​ឯង នោះ​អញ​នឹង​ឲ្យ​ដល់​ឯង​ទុក​ជា​រំពា នៅ​គ្រប់​ទី​កន្លែង​ណា​ដែល​ឯង​នឹង​ទៅ​ផង។


ជំពូក 46

1 នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដែល​មក​ដល់​ហោរា​យេរេមា ពី​ដំណើរ​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន។
2 ពី​ស្រុក​អេស៊ីព្ទ គឺ​ពី​ដំណើរ​ពល‌ទ័ព​របស់​ផារ៉ោន-នេកោ ជា​ស្តេច​ស្រុក​អេស៊ីព្ទ ដែល​នៅ​ត្រង់​កើកេ‌មីស ក្បែរ​មាត់​ទន្លេ​អ៊ើប្រាត ជា​ស្រុក​ដែល​នេប៊ូ‌ក្នេសា ស្តេច​បាប៊ី‌ឡូន​បាន​វាយ​យក ក្នុង​ឆ្នាំ​ទី​៤​នៃ​រាជ្យ​យេហូ‌យ៉ាគីម ជា​បុត្រ​យ៉ូសៀស​ស្តេច​យូដា
3 ចូរ​រៀប‌ចំ​ខែល​តូច​ខែល​ធំ ហើយ​ចូល​ទៅ​ឯ​ចម្បាំង​ចុះ
4 ឱ​ពួក​ពល​សេះ​អើយ ចូរ​ត្រៀម​សេះ ហើយ​ឡើង​ជិះ​ចុះ ចូរ​ចេញ​មក​ទាំង​ពាក់​មួក​សឹក ចូរ​ខាត់​លំពែង ហើយ​ពាក់​អាវ​ក្រោះ​ទៅ
5 ហេតុ​អ្វី​បាន​ជា​អញ​ត្រូវ​ឃើញ​ដូច្នេះ គេ​ត្រូវ​ស្លុត​ចិត្ត ហើយ​បាន​ថយ​ចេញ​ទៅ ពួក​ខ្លាំង​ពូកែ​របស់​គេ​បាន​ត្រូវ​វាយ​ផ្តួល​ចុះ ក៏​រត់​ទៅ​ឥត​ងាក​បែរ​ទៅ​ខាង​ក្រោយ​ឡើយ ព្រោះ​មាន​សេចក្ដី​ស្ញែង​ខ្លាច​នៅ​គ្រប់​ជុំវិញ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា
6 កុំ​បើក​ឲ្យ​មនុស្ស​លឿន​រត់​ទៅ​បាត់ ឬ​មនុស្ស​ខ្លាំង​ពូកែ​រួច​ខ្លួន​ឡើយ គេ​បាន​ចំពប់​ដួល​ចុះ នៅ​ស្រុក​ខាង​ជើង ក្បែរ​ទន្លេ​អ៊ើប្រាត​ហើយ
7 តើ​អ្នក​ណា​នេះ ដែល​ឡើង​មក​ដូច​ជាទឹក​ជន់ ដែល​ទឹក​នោះ​កម្រើក​ឡើង​ដូច​ជា​ទន្លេ
8 ស្រុក​អេស៊ីព្ទ​ឡើង​មក​ដូច​ជា​ទឹក​ជន់ ហើយ​ទឹក​នោះ​ក៏​កម្រើក​ឡើង​ដូច​ជា​ទន្លេ គេ​អួត​ថា អញ​នឹង​ក្រោក​ឡើង អញ​នឹង​គ្រប​លើ​ផែនដី អញ​នឹង​បំផ្លាញ​អស់​ទាំង​ទី​ក្រុង និង​មនុស្ស​ដែល​អាស្រ័យ​នៅ​ផង
9 សេះ​ទាំង‌ឡាយ​អើយ ចូរ​ឡើង​ទៅ រទេះ​ចម្បាំង​ទាំង‌ឡាយ​អើយ ចូរ​សំរុក​ចូល​ចុះ ហើយ​ត្រូវ​ឲ្យ​មនុស្ស​ស្ទាត់​ជំនាញ​ចេញ​ទៅ​ដែរ គឺ​ទាំង​ពួក​គូស និង​ពួក​ពូត ជា​ពួក​អ្នក​ដែល​កាន់​ខែល ហើយ​ពួក​លូឌ​ដែល​កាន់ ហើយ​ដំឡើង​ធ្នូ
10 ដ្បិត​ថ្ងៃ​នេះ​ជា​ថ្ងៃ​របស់​ព្រះ‌អម្ចាស់​យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ គឺ​ជា​ថ្ងៃ​សឹក សម្រាប់​ឲ្យ​ទ្រង់​បាន​សង‌សឹក​នឹង​ពួក​ខ្មាំង​សត្រូវ ហើយ​ដាវ​នឹង​ស៊ី​ទាល់​តែ​ឆ្អែត ក៏​ផឹក​ឈាម​គេ​យ៉ាង​ស្កប់‌ស្កល់ ពី​ព្រោះ​ព្រះ‌អម្ចាស់​យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​យញ្ញ‌បូជា​នៅ​ស្រុក​ខាង​ជើង​ក្បែរ​ទន្លេ​អ៊ើប្រាត
11 ឱ​កូន​ស្រី​ក្រមុំ​នៃ​ស្រុក​អេស៊ីព្ទ​អើយ ចូរ​ឡើង​ទៅ​ឯ​ស្រុក​កាឡាត យក​ប្រទាល​មុខ‌សះ​ចុះ ឯង​នឹង​ប្រើ​ថ្នាំ​ច្រើន​មុខ ជា​ឥត​ប្រយោជន៍​ទេ ឯង​នឹង​មើល​ខ្លួន​មិន​ជា​ឡើយ
12 អស់​ទាំង​សាសន៍​បាន​ឮ​និយាយ​ពី​សេចក្ដី​អាម៉ាស់​ខ្មាស​របស់​ឯង ហើយ​ផែនដី​ក៏​ឮ​ពេញ​ដោយ​សម្រែក​របស់​ឯង​ដែរ ដ្បិត​មនុស្ស​ខ្លាំង​ពូកែ​បាន​ចំពប់​នឹង​មនុស្ស​ខ្លាំង​ពូកែ ហើយ​ទាំង​២​បាន​ដួល​ជា​មួយ​គ្នា។
13 នេះ​ជា​ព្រះ‌បន្ទូល​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ហោរា​យេរេមា ពី​ដំណើរ​នេប៊ូ‌ក្នេសា ជា​ស្តេច​សាសន៍​បាប៊ីឡូន ដែល​នឹង​មក​វាយ​ស្រុក​អេស៊ីព្ទ
14 ចូរ​ថ្លែង​ប្រាប់​នៅ​ស្រុក​អេស៊ីព្ទ ហើយ​ប្រកាស​ប្រាប់​នៅ​ក្រុង​មីកដុល ព្រម​ទាំង​នៅ​ក្រុង​ណូព និង​នៅ​ក្រុង​ថាផ្នេស​ផង ត្រូវ​ឲ្យ​ប្រាប់​ថា ចូរ​ឈរ​ឡើង ហើយ​រៀប​ខ្លួន​ចុះ ដ្បិត​ដាវ​បាន​ស៊ី​នៅ​ព័ទ្ធ​ជុំវិញ​ឯង​អស់​ហើយ
15 ហេតុ​អ្វី​បាន​ជា​មនុស្ស​ខ្លាំង​ពូកែ ​របស់​ឯង​ត្រូវ​កៀរ​យក​ទៅ​ដូច្នេះ គេ​មិន​បាន​ឈរ​នឹង​នៅ​ទេ គឺ​ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ច្រាន​គេ​ទៅ
16 ទ្រង់​បាន​ធ្វើ​ឲ្យ​ច្រើន​គ្នា​ចំពប់ អើ គេ​បាន​ដួល​គរ​លើ​គ្នា គេ​បាន​និយាយ​គ្នា​ថា ចូរ​យើង​ក្រោក​ឡើង​វិល​ទៅ​ឯ​សាសន៍​យើង នៅ​ស្រុក​កំណើត​របស់​យើង​វិញ​ទៅ ដើម្បី​នឹង​រួច​ពី​ដាវ​ដែល​ធ្វើ​ទុក្ខ
17 នៅ​ទី​នោះ គេ​បាន​ស្រែក​ឡើង​ថា ផារ៉ោន ជា​ស្តេច​អេស៊ីព្ទ ទ្រង់​ជា​សូរ​កំទរ​ទទេ ទ្រង់​បាន​ទុក​ឲ្យ​ពេល​ដែល​ស្រួល​កន្លង​ហួស​ទៅ
18 ឯ​មហា‌ក្សត្រ​ដែល​ទ្រង់​ព្រះ‌នាម​ជា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​ស្បថ​ដោយ​ព្រះ‌ជន្ម​ទ្រង់​ដ៏​រស់​នៅ​ថា ភ្នំ​តាបោរ​នៅ​កណ្តាល​ស្រុក​ភ្នំ ហើយ​ភ្នំ​កើមែល​នៅ​ឆ្នេរ​សមុទ្រ​ជា​យ៉ាង​ណា នោះ​ពិត​ប្រាកដ​ជា​គេ​នឹង​មក​យ៉ាង​នោះ​ដែរ
19 ឱ​កូន​ស្រី​ដែល​នៅ​ស្រុក​អេស៊ីព្ទ​អើយ ចូរ​ផ្គត់‌ផ្គង់​ដល់​ខ្លួន សម្រាប់​នឹង​ទៅ​ជា​ឈ្លើយ​ចុះ ដ្បិត​ក្រុង​ណូព​នឹង​ត្រូវ​ខូច​បង់ ហើយ​ដុត​ចោល​ឥត​មាន​អ្នក​ណា​នៅ
20 ស្រុក​អេស៊ីព្ទ​ជា​គោ​ក្រមុំ​យ៉ាង​ល្អ​ក្រៃ‌លែង ប៉ុន្តែ មេ​បំផ្លាញ​បាន​ចេញ​ពី​ស្រុក​ខាង​ជើង​មក ក៏​មក​ដល់​ហើយ
21 មួយ​ទៀត ជើង​ឈ្នួល​របស់​ស្រុក​អេស៊ីព្ទ ប្រៀប​ដូច​ជា​កូន​គោ​បំប៉ន​នៅ​កណ្តាល​ស្រុក គេ​ក៏​បាន​បែរ​ខ្នង​ដែរ គេ​បាន​រត់​ចេញ​ទៅ​ជា​មួយ​គ្នា ឥត​ឈរ​នឹង​នៅ​ទេ ដ្បិត​ថ្ងៃ​អន្តរាយ​របស់​គេ គឺ​ជា​វេលា​ធ្វើ​ទោស​ដល់​គេ​បាន​មក​លើ​គេ​ហើយ
22 សូរ​សន្ធឹក​នៃ​ថ្ងៃ​នោះ ដូច​ជា​សូរ​នៃ​ពស់​លូន ដ្បិត​ពួក​នោះ​នឹង​ដើរ​មក​ជា​ក្បួន​ទ័ព ក៏​នឹង​មក​ទាស់​នឹង​គេ មាន​ទាំង​ពូថៅ ដូច​អ្នក​កាប់​ឈើ​ផង
23 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា គេ​នឹង​កាប់​រំលំ​ព្រៃ​របស់​ស្រុក​អេស៊ីព្ទ​បង់ ទោះ​បើ​ជា​ព្រៃ​ស្តុក ដល់​ចូល​មិន​បាន​ក៏​ដោយ ដ្បិត​គេ​មាន​គ្នា​ច្រើន​ជាង​កណ្តូប គឺ​ហួស​ប្រមាណ​នឹង​រាប់​បាន
24 កូន​ស្រី​របស់​ស្រុក​អេស៊ីព្ទ​នឹង​ត្រូវ​ខ្មាស នាង​នឹង​ត្រូវ​ប្រគល់​ទៅ ក្នុង​កណ្តាប់​ដៃ​របស់​ពួក​សាសន៍ ពី​ស្រុក​ខាង​ជើង
25 ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ថា មើល អញ​នឹង​ធ្វើ​ទោស​ដល់​អាំម៉ូន-នរ និង​ផារ៉ោន ហើយ​ស្រុក​អេស៊ីព្ទ ព្រម​ទាំង​ព្រះ​ទាំង​ប៉ុន្មាន និង​ស្តេច​របស់​គេ​ផង គឺ​ផារ៉ោន និង​អស់​អ្នក​ដែល​ទុក​ចិត្ត​ដល់​វា
26 អញ​នឹង​ប្រគល់​គេ​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​អ្នក ដែល​រក​ជីវិត​គេ គឺ​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​នេប៊ូ‌ក្នេសា ជា​ស្តេច​បាប៊ីឡូន និង​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​អ្នក​បម្រើ​វា​ដែរ ក្រោយ​មក ស្រុក​អេស៊ីព្ទ​នឹង​មាន​គេ​អាស្រ័យ​នៅ​ដូច​កាល​ពី​ដើម​ឡើង​វិញ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។
27 ប៉ុន្តែ ឱ​យ៉ាកុប ជា​អ្នក​បម្រើ​របស់​អញ​អើយ កុំ​ឲ្យ​ខ្លាច​ឲ្យ​សោះ ឱ​អ៊ីស្រា‌អែល​អើយ កុំ​ឲ្យ​ស្រយុត​ចិត្ត​ឡើយ ដ្បិត​មើល អញ​នឹង​ជួយ​សង្គ្រោះ​ឯង ឲ្យ​បាន​រួច​ពី​ទី​ឆ្ងាយ ហើយ​ពូជ​ឯង​ចេញ​ពី​ស្រុក​ដែល​គេ​នៅ​ជា​ឈ្លើយ នោះ​ពួក​យ៉ាកុប​នឹង​វិល​មក​វិញ ហើយ​និង​នៅ​ដោយ​សុខ​ស្រួល​នឹង​សេចក្ដី​ស្ងប់‌ស្ងាត់ ឥត​មាន​អ្នក​ណា​បំភ័យ​ឡើយ
28 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ឱ​យ៉ាកុប ជា​អ្នក​បម្រើ​របស់​អញ​អើយ កុំ​ឲ្យ​ខ្លាច​ឲ្យ​សោះ ដ្បិត​អញ​នៅ​ជា​មួយ​នឹង​ឯង​ហើយ អញ​នឹង​ធ្វើ​ឲ្យ​អស់​ទាំង​នគរ​ដែល​អញ​បាន​បណ្តេញ​ឯង​ទៅ​នោះ បាន​ផុត​អស់​រលីង​ទៅ តែ​អញ​នឹង​មិន​បំផុត​ឯង​អស់​រលីង​ទេ គឺ​នឹង​គ្រាន់​តែ​វាយ‌ផ្ចាល​ឯង​តាម​ខ្នាត​ប៉ុណ្ណោះ ប៉ុន្តែ អញ​មិន​ទុក​ឲ្យ​ឯង​នៅ​ជា​ឥត​ទោស​ឡើយ។


ជំពូក 47

1 នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដែល​មក​ដល់​ហោរា​យេរេមា ពី​ដំណើរ​ពួក​សាសន៍​ភីលីស្ទីន កាល​មុន​ដែល​ផារ៉ោន​បាន​វាយ​យក​ក្រុង​កាសា 2ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា មើល មាន​ទឹក​ឡើង​ចេញ​ពី​ទិស​ខាង​ជើង ទឹក​នោះ​នឹង​ត្រឡប់​ជា​ទន្លេ​ដែល​លិច​ច្រាំង ក៏​នឹង​ជន់​ឡើង​លិច​ស្រុក និង​បណ្តា​ដែល​នៅ​ក្នុង​ស្រុក​ទាំង​ប៉ុន្មាន​ដែរ គឺ​ទាំង​ទី​ក្រុង និង​មនុស្ស​ដែល​អាស្រ័យ​នៅ​ផង នោះ​បណ្តា​មនុស្ស​នឹង​ស្រែក​ឡើង ពួក​អ្នក​ដែល​អាស្រ័យ​នៅ​ទាំង​ប៉ុន្មាន​នឹង​ទ្រហោ​យំ 3ដោយ​ឮ​សូរ​ព្រូស‌ព្រឹប​នៃ​ជើង​សេះ​ដ៏​ខ្លាំង​ពូកែ​របស់​គេ ដោយ​សូរ​រន្ថាន់​របស់​រទេះ​ចម្បាំង​គេ និង​សូរ​រ៉ូង‌រ៉ាង​នៃ​កង់​រទេះ​ផង ឪពុក​ទាំង​ប៉ុន្មាន​នឹង​មិន​ងាក​ទៅ​ក្រោយ​មើល​កូន​ឡើយ ដោយ​ព្រោះ​ខ្សោយ​ដៃ 4ដ្បិត​ថ្ងៃ​ដែល​ត្រូវ​បំផ្លាញ​ពួក​ភីលីស្ទីន​ទាំង​អស់​បាន​មក​ដល់​ហើយ ដើម្បី​នឹង​កាត់​អស់​ទាំង​អ្នក​ជំនួយ​ដែល​នៅ​សល់ ចេញ​ពី​ក្រុង​ទីរ៉ុស និង​ក្រុង​ស៊ីដូន​បង់ ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​បំផ្លាញ​សាសន៍​ភីលីស្ទីន គឺ​ជា​សំណល់​មនុស្ស​ដែល​មក​ពី​កោះ​កាប់ថោរ​ទៅ 5ក្រុង​កាសា​បាន​ទៅ​ជា​ទំពែក​ហើយ ក្រុង​អាស‌កា‌ឡូន​បាន​ត្រូវ​សាប‌សូន្យ​ទៅ ព្រម​ទាំង​សំណល់​មនុស្ស​នៅ​វាល​ច្រក​ភ្នំ​នោះ​ផង តើ​ឯង​នឹង​អារ​សាច់​ខ្លួន ដល់​កាល​ណា​ទៀត 6ឱ​ដាវ​នៃ​ព្រះ‌យេហូវ៉ា​អើយ តើ​ដល់​កាល​ណា​បាន​ឯង​ឈប់​ទ្រឹង​វិញ ចូរ​ស៊ក​ខ្លួន​ទៅ​ក្នុង​ស្រោម​ចុះ ចូរ​ផ្អាក ហើយ​ស្ងៀម​នៅ 7ឯង​នឹង​នៅ​ស្ងៀម​ឯ​ណា​បាន ដ្បិត​ឃើញ​ថា ព្រះ‌យេហូវ៉ា​បាន​បង្គាប់​ការ​ហើយ គឺ​ទ្រង់​តម្រូវ​ឲ្យ​ទាស់​នឹង​ក្រុង​អាស‌កា‌ឡូន ហើយ​និង​ឆ្នេរ​សមុទ្រ​ផង។


ជំពូក 48

1 ពី​ស្រុក​ម៉ូអាប់។ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា វេទនា​ដល់​ក្រុង​នេបូរ​ពី​ព្រោះ​ត្រូវ​បំផ្លាញ​ហើយ ក្រុង​គារ‌យ៉ា‌ថែម​ក៏​ត្រូវ​ខ្មាស គឺ​ត្រូវ​គេ​ចាប់​យក​បាន ក្រុង​មីសកាប​ត្រូវ​ខ្មាស​ដែរ ហើយ​ត្រូវ​ខូច​បង់
2 សាសន៍​ម៉ូអាប់​លែង​មាន​សេចក្ដី​អំនួត​ពី​ក្រុង​ហែសបូន​ហើយ មាន​គេ​បាន​បង្កើត​ការ​អាក្រក់​ទាស់​នឹង​វា​ថា ចូរ​មក យើង​នឹង​កាត់​គេ​ចេញ ពី​ដំណែង​ជា​នគរ​ទៅ ហើយ​ឯង ឱ​ម៉ាតម៉ែន​អើយ ឯង​នឹង​ត្រូវ​ស្ងៀម​នៅ​ដែរ ដាវ​នឹង​ដេញ​តាម​ឯង
3 មាន​ឮ​សូរ​សម្រែក​ចេញ​ពី​ក្រុង​ហូរ៉ូណែម គឺ​ជា​ការ​ខូច​បង់ ហើយ​បំផ្លាញ​យ៉ាង​សម្បើម
4 ស្រុក​ម៉ូអាប់​បាន​ត្រូវ​បំផ្លាញ​ហើយ ពួក​តូចៗ​របស់​គេ​បាន​ស្រែក​ឲ្យ​ឮ
5 ដ្បិត​គេ​នឹង​ឡើង​តាម​ផ្លូវ​ទៅ​ឯ​លូគីត​ទាំង​យំ​បណ្តើរ​ជានិច្ច ឯ​ត្រង់​ផ្លូវ​ចុះ​ទៅ​ឯ​ហូរ៉ូណែម នោះ​មាន​ឮ​សម្រែក​ថប់​ព្រួយ​ពី​ការ​បំផ្លាញ
6 ចូរ​រត់​ទៅ​ឲ្យ​រួច​ជីវិត​ឯង​ចុះ ត្រូវ​ឲ្យ​នៅ​ដូច​ជា​ដើម​ឈើ​សោះ‌កក្រោះ នៅ​ទី​រហោ‌ស្ថាន
7 ដ្បិត​ដោយ​ព្រោះ​ឯង​បាន​ទុក​ចិត្ត​នឹង​ការ​របស់​ឯង ហើយ​និង​ទ្រព្យ​សម្បត្តិ​របស់​ឯង បាន​ជា​ឯង​នឹង​ត្រូវ​គេ​ចាប់​យក​ដែរ ហើយ​ព្រះ‌កេម៉ូស​នឹង​ត្រូវ​នាំ​ចេញ​ទៅ​ជា​ឈ្លើយ ព្រម​ទាំង​ពួក​សង្ឃ និង​ពួក​ចៅ‌ហ្វាយ​របស់​វា​ទាំង​អស់​ផង
8 នឹង​មាន​មេ​បំផ្លាញ​មក​លើ​គ្រប់​ទាំង​ទី​ក្រុង ឥត​មាន​ណា​មួយ​រួច​ឡើយ ឯ​ច្រក​ភ្នំ នឹង​ត្រូវ​វិនាស​ទៅ ហើយ​ស្រុក​វាល​នឹង​ត្រូវ​បំផ្លាញ​ដែរ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ហើយ
9 ចូរ​ឲ្យ​ម៉ូអាប់​មាន​ស្លាប​ចុះ ដើម្បី​ឲ្យ​បាន​ហើរ​ទៅ​ឲ្យ​រួច ដ្បិត​ទី​ក្រុង​ទាំង​ប៉ុន្មាន​របស់​គេ​នឹង​ត្រូវ​ខូច​បង់ ឥត​មាន​អ្នក​ណា​នៅ​ឡើយ
10 អ្នក​ណា​ដែល​ធ្វើ​ការ​របស់​ព្រះ‌យេហូវ៉ា ដោយ​ព្រងើយ​កន្តើយ នោះ​ត្រូវ​បណ្តាសា​ហើយ អ្នក​ណា​ដែល​ទប់​ដាវ​ខ្លួន​មិន​ឲ្យ​កម្ចាយ​ឈាម នោះ​ក៏​ត្រូវ​បណ្តាសា​ដែរ។
11 សាសន៍​ម៉ូអាប់​បាន​នៅ​ដោយ​ឥត​កង្វល់ តាំង​ពី​ក្មេង​មក គេ​បាន​រង​នៅ​លើក​ករ​របស់​គេ ឥត​ដែល​ចាក់​ផ្ទេរ​ពី​ដប​១​ទៅ​ដល់​ដប​១​ទៀត ក៏​មិន​ដែល​ត្រូវ​នាំ​ទៅ​ជា​ឈ្លើយ​ឡើយ ហេតុ​នោះ​បាន​ជា​គេ​មាន​រស‌ជាតិ​នៅ​ដូច​ដដែល ហើយ​ក្លិន​របស់​គេ​ក៏​មិន​បាន​ផ្លាស់​ប្រែ​ទៅ​ដែរ
12 ដូច្នេះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា មើល នឹង​មាន​គ្រា​មក​ដល់ ដែល​អញ​នឹង​ចាត់​ប្រើ​មនុស្ស​ទៅ​ឯ​គេ ដែល​នឹង​ចាក់​ផ្ទេរ​ចេញ​ឲ្យ​ដប​នៅ​ទទេ ហើយ​និង​បំបែក​ដប​ឲ្យ​ខ្ទេច‌ខ្ទី​ដែរ
13 នោះ​ម៉ូអាប់​នឹង​ខ្មាស​ចំពោះ​ព្រះ‌កេម៉ូស ដូច​ជា​ពួក​វង្ស​អ៊ីស្រា‌អែល​បាន​ខ្មាស​ចំពោះ​បេត-អែល ជា​ទី​ទុក​ចិត្ត​របស់​គេ​ដែរ
14 ធ្វើ​ដូច​ម្តេច​ឲ្យ​ឯង​រាល់​គ្នា​ថា យើង​ជា​មនុស្ស​ខ្លាំង​ពូកែ ហើយ​ស្ទាត់​ជំនាញ​ក្នុង​ចម្បាំង​បាន
15 ស្រុក​ម៉ូអាប់​បាន​ត្រូវ​ខូច​បង់​ហើយ ទី​ក្រុង​របស់​គេ​បាន​ហុយ​ឡើង​ជា​ផ្សែង ពួក​កំលោះ​ជ្រើស‌រើស​របស់​គេ​បាន​ចុះ​ទៅ​ឯ​ទី​សំឡេះ នេះ​ជា​ព្រះ‌បន្ទូល​នៃ​មហា‌ក្សត្រ ដែល​ទ្រង់​ព្រះ‌នាម​ជា ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ
16 សេចក្ដី​អន្តរាយ​របស់​សាសន៍​ម៉ូអាប់​ជិត​មក​ដល់​ហើយ សេចក្ដី​វេទនា​របស់​គេ​ក៏​ប្រញាប់​រួស‌រាន់​ដែរ
17 ឯង​រាល់​គ្នា​ដែល​នៅ​ជុំវិញ​គេ​អើយ ចូរ​យំ​ទួញ​នឹង​គេ​ចុះ ហើយ​ឯង​រាល់​គ្នា​ដែល​ស្គាល់​ឈ្មោះ​គេ​អើយ ចូរ​ពោល​ថា ដំបង​ខែង​មាំ​នោះ​បាន​បាក់​យ៉ាង​ណា​ហ្ន៎ ជា​ដំបង​រុងរឿង​ផង
18 ឱ​កូន​ស្រី​ដែល​អាស្រ័យ​នៅ​ក្រុង​ឌីបូន​អើយ ចូរ​ចុះ​ពី​សណ្ឋាន​រុងរឿង​ឧត្តម​របស់​ឯង​មក ហើយ​អង្គុយ​នៅ​ទី​ស្រេក​វិញ​ចុះ ដ្បិត​មេ​ដែល​បំផ្លាញ​ស្រុក​ម៉ូអាប់ បាន​ឡើង​មក​ទាស់​នឹង​ឯង​ហើយ គេ​បាន​បំផ្លាញ​ទី​មាំ‌មួន​របស់​ឯង​បង់
19 ឱ​អ្នក​ដែល​អាស្រ័យ​នៅ​ក្រុង​អារ៉ូអ៊ើរ​អើយ ចូរ​ឈរ​ក្បែរ​ផ្លូវ​មើល​ចុះ ចូរ​សួរ​អ្នក​ដែល​រត់ ហើយ​ស្រី​ដែល​បាន​រួច​មក​ថា តើ​កើត​មាន​អ្វី
20 សាសន៍​ម៉ូអាប់​ត្រូវ​ខ្មាស ពី​ព្រោះ​ត្រូវ​រំលំ​ហើយ ចូរ​ស្រែក​ទ្រហោ​យំ​ចុះ ចូរ​ប្រាប់​នៅ​មាត់​ស្ទឹង​អើណូន​ថា ម៉ូអាប់​ត្រូវ​ខូច​បង់​ហើយ
21 ការ​សម្រេច​ទោស​បាន​ធ្លាក់​មក​លើ​ស្រុក​វាល គឺ​លើ​ហូឡូន យ៉ាហាស និង​មេផ្អាត
22 លើ​ឌីបូន នេបូរ បេត-ឌីប្លា‌ថែម
23 លើ​គារ‌យ៉ា‌ថែម បេត-កាមូល បេត-មេយ៉ូន
24 ហើយ​លើ​កេរីយ៉ុត បុសរ៉ា និង​អស់​ទាំង​ទី​ក្រុង នៅ​ស្រុក​ម៉ូអាប់​ទាំង​ជិត​ទាំង​ឆ្ងាយ​ផង
25 ឯ​ស្នែង​របស់​សាសន៍​ម៉ូអាប់​នោះ​បាន​កាត់​ចេញ​ហើយ ដៃ​គេ​ក៏​ត្រូវ​បាក់​ដែរ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។
26 ចូរ​បង្អក​ឲ្យ​គេ​ស្រវឹង​ចុះ ដ្បិត​គេ​បាន​តម្កើង​ខ្លួន​ទាស់​នឹង​ព្រះ‌យេហូវ៉ា ម៉ូអាប់​នឹង​ត្រូវ​ននៀល​ក្នុង​កំអួត​របស់​ខ្លួន ហើយ​និង​ត្រូវ​គេ​មើល‌ងាយ​ផង
27 ដ្បិត​តើ​សាសន៍​អ៊ីស្រា‌អែល​មិន​មែន​ជា​ទី​មើល‌ងាយ​ដល់​ឯង​ឬ តើ​បាន​ឃើញ​គេ​នៅ​កណ្តាល​ពួក​ចោរ​ឬ​អី ដ្បិត​វេលា​ណា​ដែល​ឯង​និយាយ​ពី​គេ នោះ​ឯង​ចេះ​តែ​គ្រវី​ក្បាល
28 ឱ​ពួក​អ្នក​ស្រុក​ម៉ូអាប់​អើយ ចូរ​ចេញ​ពី​ទី​ក្រុង​ទាំង​ប៉ុន្មាន ទៅ​អាស្រ័យ​នៅ​ក្នុង​ថ្ម​ចុះ ត្រូវ​ឲ្យ​បាន​ដូច​ជា​ព្រាប ដែល​ធ្វើ​សំបុក​នៅ​មាត់​ចម្រេះ​រអាង
29 យើង​បាន​ឮ​និយាយ​ពី​សេចក្ដី​អំនួត​របស់​សាសន៍​ម៉ូអាប់​ថា គេ​អួត‌អាង​ខ្លាំង​ណាស់ និង​ពី​សេចក្ដី​លើក​ខ្លួន សេចក្ដី​អំនួត សេចក្ដី​វាយ‌ឫក និង​ពី​សេចក្ដី​ឆ្មើង‌ឆ្មៃ​ក្នុង​ចិត្ត​គេ​ដែរ
30 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​ស្គាល់​សេចក្ដី​ឃោរ‌ឃៅ​របស់​គេ​ថា មិន​ជា​អ្វី​ទេ អស់​ទាំង​សេចក្ដី​អំនួត​របស់​គេ មិន​បាន​បង្កើត​អ្វី​សោះ
31 ដូច្នេះ អញ​នឹង​ទ្រហោ​យំ​នឹង​សាសន៍​ម៉ូអាប់ អើ​អញ​នឹង​ស្រែក​ឡើង ដោយ​ព្រោះ​សាសន៍​ទាំង​មូល ក៏​នឹង​សោយ​សោក​ចំពោះ​ពួក​មនុស្ស នៅ​គារ-ហារ៉ាសែត​ដែរ
32 ឱ​ដើម​ទំពាំង‌បាយ‌ជូរ នៅ​ត្រង់​ស៊ីបម៉ា​អើយ អញ​នឹង​យំ​នឹង​ឯង លើស​ជាង​យំ​នឹង​យ៉ាស៊ើរ​ទៅ​ទៀត ខ្នែង​របស់​ឯង​បាន​បោះ​ចេញ​ទៅ​ដល់​ត្រើយ​សមុទ្រ​ម្ខាង បាន​លូក​ទៅ​ដល់​សមុទ្រ​យ៉ាស៊ើរ​ផង មេ​បំផ្លាញ​បាន​ធ្លាក់​មក​លើ​ផល​រដូវ​ក្តៅ និង​លើ​ផល​ទំពាំង‌បាយ‌ជូរ​របស់​ឯង
33 ឯ​សេចក្ដី​រីក‌រាយ និង​សេចក្ដី​អំណរ នោះ​បាន​ដក​ចេញ​ពី​ចម្ការ​ដុះ‌ដាល ហើយ​ពី​ស្រុក​ម៉ូអាប់​ទៅ អញ​បាន​ធ្វើ​ឲ្យ​លែង​មាន​ស្រា​ទំពាំង‌បាយ‌ជូរ​នៅ​ក្នុង​ធុង​ឃ្នាប​ទៀត ក៏​នឹង​គ្មាន​អ្នក​ណា​ជាន់​ផ្លែ​ដោយ​សម្រែក​ខ្ញៀវ‌ខ្ញារ​ឡើយ សូរ​សម្រែក​របស់​គេ​នឹង​មិន​មែន​ជា​សម្រែក​ពិត​ទេ
34 មាន​ឮ​សម្រែក​នៅ​ក្រុង​ហែសបូន រហូត​ដល់​អេលាលេ គេ​បាន​បព្ចោញ​សំឡេង​រហូត​ដល់​យ៉ាហាស ហើយ​ពី​សូអារ​ទៅ​ដល់​ហូរ៉ូណែម ដូច​ជា​គោ​ញី​អាយុ​៣​ខួប ដ្បិត​ទឹក​នៃ​នីមរីម​បាន​រីង​ស្ងួត​ទៅ​ហើយ
35 មួយ​ទៀត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​នឹង​ធ្វើ​ឲ្យ​លែង​មាន​អ្នក​ណា​ថ្វាយ​តង្វាយ​នៅ​លើ​ទី​ខ្ពស់ និង​អ្នក​ណា​ដែល​ដុត​កំញាន​ថ្វាយ​ដល់​ព្រះ​ខ្លួន នៅ​ក្នុង​ស្រុក​ម៉ូអាប់​ទៀត។
36 ដូច្នេះ ចិត្ត​អញ​នឹង​ឮ​ឡើង​ដូច​ជា​ខ្លុយ ដោយ​ព្រោះ​ម៉ូអាប់ ហើយ​ចិត្ត​អញ​នឹង​ឮ​ឡើង​ដូច​ជា​ខ្លុយ ដោយ​ព្រោះ​មនុស្ស​ដែល​អាស្រ័យ​នៅ​គារ-ហារ៉ាសែត​ដែរ ពី​ព្រោះ​ផល​បរិបូរ​ដែល​គេ​បាន​ប្រមូល​ទុក បាន​វិនាស​អស់​ទៅ​ហើយ
37 ដ្បិត​គ្រប់​ទាំង​មនុស្ស​បាន​កោរ​ត្រងោល ហើយ​កាត់​ពុក‌ចង្កា គេ​បាន​ឆូត​សាច់​ដៃ​គ្រប់​គ្នា ហើយ​បាន​ស្លៀក​សំពត់​ធ្មៃ
38 នៅ​លើ​ដំបូល​ផ្ទះ ហើយ​នៅ​ក្នុង​ផ្លូវ​នៃ​ស្រុក​ម៉ូអាប់ នោះ​មាន​ឮ​សុទ្ធ​តែ​សូរ​ទំនួញ​គ្រប់​កន្លែង ដ្បិត​អញ​បាន​បំបែក​សាសន៍​ម៉ូអាប់ ដូច​ជា​ភាជនៈ​ដែល​ឥត​មាន​អ្នក​ណា​ចូល​ចិត្ត​ឡើយ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា
39 គេ​នឹង​ស្រែក​ទ្រហោ​ថា ស្រុក​ត្រូវ​បែក​បាក់​ខូច​យ៉ាង​ណា​ហ្ន៎ សាសន៍​ម៉ូអាប់​បាន​បែរ​ខ្នង ដោយ​ខ្មាស​ហ្ន៎ គឺ​យ៉ាង​នោះ​ដែល​សាសន៍​ម៉ូអាប់​នឹង​ត្រឡប់​ជា​ទី​មើល‌ងាយ និង​ជា​ទី​ស្ញែង​ខ្លាច ដល់​អស់​អ្នក​នៅ​ព័ទ្ធ​ជុំវិញ​គេ
40 ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា មើល ខ្មាំង​សត្រូវ​នឹង​ហើរ​មក​ដូច​ជា​ឥន្ទ្រី ហើយ​និង​ត្រដាង​ស្លាប​ពី​លើ​ស្រុក​ម៉ូអាប់
41 កេរីយ៉ុត​ត្រូវ​ចាប់​យក​ហើយ គេ​ក៏​ចាប់​បាន​ទី​មាំ‌មួន​ទាំង​ប៉ុន្មាន​ដែរ នៅ​ថ្ងៃ​នោះ ចិត្ត​នៃ​មនុស្ស​ខ្លាំង​ពូកែ​ក្នុង​សាសន៍​ម៉ូអាប់ នឹង​បាន​ដូច​ជា​ចិត្ត​របស់​ស្រី​ដែល​ឈឺ​នឹង​សម្រាល​កូន
42 ម៉ូអាប់​នឹង​ត្រូវ​បំផ្លាញ​ចេញ​ពី​ដំណែង​ជា​សាសន៍​ទៅ ពី​ព្រោះ​គេ​បាន​តម្កើង​ខ្លួន​ទាស់​នឹង​ព្រះ‌យេហូវ៉ា
43 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ឱ​ពួក​អ្នក​ស្រុក​ម៉ូអាប់​អើយ សេចក្ដី​ស្ញែង​ខ្លាច រណ្តៅ និង​អន្ទាក់ មក​លើ​ឯង​ហើយ
44 អ្នក​ណា​ដែល​រត់​រួច​ពី​សេចក្ដី​ស្ញែង​ខ្លាច នឹង​ធ្លាក់​ទៅ​ក្នុង​រណ្តៅ ហើយ​អ្នក​ណា​ដែល​ឡើង​រួច​ពី​រណ្តៅ នោះ​នឹង​ជាប់​អន្ទាក់​វិញ ដ្បិត​អញ​នឹង​នាំ​ឆ្នាំ​ដែល​ត្រូវ​ធ្វើ​ទោស​មក​លើ​គេ គឺ​មក​លើ​សាសន៍​ម៉ូអាប់ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។
45 ពួក​អ្នក​ដែល​រត់ គេ​ឈរ​នៅ​ទាំង​អស់​កម្លាំង​ក្រោម​ម្លប់​ក្រុង​ហែសបូន ប៉ុន្តែ មាន​ភ្លើង​ចេញ​ពី​ហែសបូន និង​អណ្តាត​ភ្លើង​ចេញ​ពី​កណ្តាល​ស៊ីហុន ទៅ​បញ្ឆេះ​ទី​បំផុត​នៃ​ស្រុក​ម៉ូអាប់ និង​ក្រយៅ​ក្បាល​នៃ​ពួក​ជ្រួល‌ជ្រើម​ទៅ
46 ឱ​ម៉ូអាប់​អើយ វរ​ដល់​ឯង​ហើយ ពួក​ព្រះ‌កេម៉ូស​កំពុង​វិនាស​ទៅ ដ្បិត​ពួក​កូន​ប្រុស​កូន​ស្រី​របស់​ឯង​ត្រូវ​ចាប់​ដឹក​ទៅ​ជា​ឈ្លើយ​ហើយ
47 ប៉ុន្តែ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ដល់​ជាន់​ក្រោយ អញ​នឹង​នាំ​ពួក​ម៉ូអាប់ ដែល​ជា​ឈ្លើយ​នោះ​មក​វិញ ទោស​របស់​សាសន៍​ម៉ូអាប់​ត្រូវ​ប៉ុណ្ណេះ​ហើយ។


ជំពូក 49

1 ពី​ពួក​កូន​ចៅ​អាំម៉ូន។ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា តើ​អ៊ីស្រា‌អែល​គ្មាន​កូន​ប្រុស​ទេ​ឬ​អី តើ​គ្មាន​អ្នក​ណា​នឹង​គ្រង​មរដក​ទេ​ឬ ចុះ​ហេតុ​អ្វី​បាន​ជា​ព្រះ‌ម៉ូឡុក បាន​គ្រង​ស្រុក​កាឌ​ជា​មរដក ហើយ​ពួក​វា​នឹង​អាស្រ័យ​នៅ​ក្នុង​ទី​ក្រុង​នៃ​ស្រុក​នោះ​ដូច្នេះ
2 ហេតុ​នេះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា មើល នឹង​មាន​គ្រា​មក​ដល់ ដែល​អញ​នឹង​ធ្វើ​ឲ្យ​ឮ​សម្រែក​ប្រាប់​ពី​ចម្បាំង​នៅ​ក្រុង​រ៉ាបាត​របស់​ពួក​កូន​ចៅ​អាំម៉ូន ហើយ​ទី​ក្រុង​នោះ​នឹង​ទៅ​ជា​គំនរ​បំណែក​នៅ​ស្ងាត់​ច្រៀប ហើយ​តំបន់​នៅ​ជុំវិញ​ទាំង​ប៉ុន្មាន នឹង​ត្រូវ​ដុត​ចោល​ទៅ គ្រា​នោះ សាសន៍​អ៊ីស្រា‌អែល​នឹង​បាន​មរដក ដែល​ពួក​កូន​ចៅ​អាំម៉ូន​បាន​យក​ជា​របស់​ផង​គេ​នោះ​មក​វិញ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា
3 ឱ​ហែសបូន​អើយ ចូរ​ទ្រហោ​យំ​ចុះ ដ្បិត​ក្រុង​អៃយ​ត្រូវ​ខូច​បង់​ហើយ ឱ​ពួក​កូន​ស្រី​នៃ​ក្រុង​រ៉ាបាត​អើយ ចូរ​ស្រែក​ឡើង ចូរ​ស្លៀក​សំពត់​ធ្មៃ ហើយ​ទួញ​ទំនួញ​ចុះ ត្រូវ​ឲ្យ​រត់​ទៅ​មក​តាម​របង ដ្បិត​ព្រះ‌ម៉ូឡុក​នឹង​ត្រូវ​ចាប់​យក​ទៅ​ជា​ឈ្លើយ ព្រម​ទាំង​ពួក​សង្ឃ និង​ពួក​ចៅ‌ហ្វាយ​វា​ទាំង​ប៉ុន្មាន​ផង
4 ឱ​កូន​ស្រី​ដែល​រា‌ថយ​អើយ ជា​អ្នក​ដែល​ទុក​ចិត្ត​នឹង​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន ហើយ​ពោល​ថា តើ​អ្នក​ណា​នឹង​មក​ទាស់​នឹង​អញ ហេតុ​អ្វី​បាន​ជា​ឯង​អួត​ពី​ច្រក​ភ្នំ​របស់​ឯង គឺ​ជា​ច្រក​ភ្នំ​ដែល​មាន​ទឹក​ហូរ​នោះ
5 ព្រះ‌អម្ចាស់ ជា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា មើល អញ​នឹង​នាំ​សេចក្ដី​ស្ញែង​ខ្លាច​មក​លើ​ឯង ពី​គ្រប់​ទាំង​សាសន៍​ដែល​នៅ​ជុំវិញ​ឯង ហើយ​ឯង​រាល់​គ្នា​នឹង​ត្រូវ​បណ្តេញ​ចេញ​ទៅ​ខាង​មុខ​រៀង​ខ្លួន ឥត​មាន​អ្នក​ណា​នឹង​ប្រមូល​ផ្តុំ​ពួក​អ្នក​ដែល​រត់​ទៅ​នោះ​ឡើយ
6 ប៉ុន្តែ ជាន់​ក្រោយ​អញ​នឹង​នាំ​ពួក​កូន​ចៅ​អាំម៉ូន​ដែល​ជា​ឈ្លើយ​មក​វិញ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។
7 ពី​សាសន៍​អេដុម។ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា តើ​គ្មាន​ប្រាជ្ញា​នៅ​ក្នុង​ក្រុង​ថេម៉ាន​ទៀត​ទេ​ឬ តើ​សេចក្ដី​ប្រឹក្សា​បាន​សូន្យ​បាត់​ពី​ពួក​មនុស្ស​ឆ្លៀវ‌ឆ្លាត​ឬ​អី តើ​ប្រាជ្ញា​របស់​គេ​បាន​រលាយ​បាត់​ទៅ​ឬ
8 ឱ​ពួក​អ្នក​ដែល​អាស្រ័យ​នៅ​ស្រុក​ដេដាន់​អើយ ចូរ​រត់​ទៅ ចូរ​បែរ​ខ្នង​ចុះ ត្រូវ​ឲ្យ​ទៅ​ជ្រក​នៅ​រអាង​យ៉ាង​ជ្រៅ​ទៅ ដ្បិត​អញ​នឹង​នាំ​សេចក្ដី​អន្តរាយ​របស់​អេសាវ​មក​លើ​គេ គឺ​ជា​វេលា​ដែល​អញ​នឹង​ធ្វើ​ទោស​ដល់​គេ
9 បើ​មាន​ពួក​សម្រាប់​បេះ​ផ្លែ​ទំពាំង‌បាយ‌ជូរ​មក​ឯ​ឯង នោះ​តើ​គេ​មិន​ទុក​ផ្លែ​ខ្លះ​ឲ្យ​បេះ​សន្សំ​ជាន់​ក្រោយ​ទេ​ឬ បើ​ចោរ​មក​នៅ​ពេល​យប់ នោះ​តើ​វា​មិន​បំផ្លាញ​ឲ្យ​ល្មម​តែ​ស្កប់​ចិត្ត​ប៉ុណ្ណោះ​ទេ​ឬ​អី
10 ប៉ុន្តែ ឯ​អញៗ​បាន​ធ្វើ​ឲ្យ​អេសាវ​អាក្រាត​នៅ​ទទេ អញ​បាន​បើក​កេរ្តិ៍‌ខ្មាស​គេ​ឲ្យ​ឃើញ​ផង គេ​នឹង​មិន​អាច​បិទ​បាំង​ខ្លួន​បាន​ទេ ពូជ‌ពង្ស​គេ​ត្រូវ​បំផ្លាញ​ហើយ ព្រម​ទាំង​បង​ប្អូន និង​អ្នក​ជិត​ខាង​គេ​ផង ឯ​ខ្លួន​គេ​ក៏​មិន​នៅ​ទៀត​ដែរ
11 ចូរ​លះ​ចោល​កូន​កំព្រា​របស់​ឯង​ចុះ អញ​នឹង​ចិញ្ចឹម​វា​ឲ្យ​រស់​នៅ ហើយ​ត្រូវ​ឲ្យ​ពួក​មេម៉ាយ​របស់​ឯង​ទុក​ចិត្ត​នឹង​អញ​ទៅ
12 ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា មើល ពួក​អ្នក​ដែល​មិន​មាន​ទោស​ជា​ត្រូវ​ផឹក​ពី​ពែង នោះ​នឹង​ត្រូវ​ផឹក​វិញ​ជា​មិន​ខាន ឯ​ឯង​តើ​ជា​អ្នក​ដែល​នឹង​អាច​រួច​ពី​ទោស​ទាំង​អស់​ឬ ឯង​មិន​ត្រូវ​នៅ​ជា​ឥត​ទោស​ទេ គឺ​ឯង​នឹង​ត្រូវ​ផឹក​ពី​ពែង​នេះ​ជា​ពិត​វិញ
13 ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​បាន​ស្បថ​នឹង​ខ្លួន​អញ​ថា ក្រុង​បុសរ៉ា​នឹង​ត្រឡប់​ជា​ទី​ស្រឡាំង‌កាំង ជា​ទី​ត្មះ‌តិះដៀល ជា​ទី​ខូច​បង់ ហើយ​ជា​ទី​ផ្តាសា ឯ​អស់​ទាំង​ភូមិ​នៅ​ជុំវិញ​នឹង​ទៅ​ជា​កន្លែង​ខូច​បង់​នៅ​អស់‌កល្ប​ត​ទៅ។
14 ខ្ញុំ​បាន​ឮ​ដំណឹង​មក​ពី​ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​បាន​ចាត់​ទូត​១​ឲ្យ​ទៅ​ឯ​សាសន៍​ទាំង​ប៉ុន្មាន​ប្រាប់​ថា ចូរ​មូល​គ្នា​មក​ទាស់​នឹង​គេ ហើយ​លើក​គ្នា​ទៅ​ច្បាំង​ចុះ
15 ដ្បិត​មើល​អញ​បាន​ធ្វើ​ឲ្យ​ឯង​ជា​យ៉ាង​តូច នៅ​កណ្តាល​ពួក​សាសន៍​ទាំង​ប៉ុន្មាន ហើយ​ឲ្យ​មនុស្ស​ទាំង‌ឡាយ​មើល‌ងាយ​ឯង​ផង
16 ត្រង់​ឯ​សេចក្ដី​គួរ​ស្ញែង​ខ្លាច​របស់​ឯង​នោះ គឺ​ជា​សេចក្ដី​អំនួត​ក្នុង​ចិត្ត​ឯង បាន​បញ្ឆោត​ខ្លួន​ទេ ឱ​ឯង​ដែល​អាស្រ័យ​នៅ​ក្រហែង​ថ្មដា ជា​អ្នក​ដែល​រក្សា​កន្លែង នៅ​ជាប់​លើ​ទី​ខ្ពស់​អើយ ទោះ​បើ​ឯង​ធ្វើ​សំបុក​នៅ​ទី​ខ្ពស់​ដូច​ជា​ឥន្ទ្រី​ក៏​ដោយ គង់​តែ​អញ​នឹង​ទម្លាក់​ឯង​ចុះ​ពី​នោះ​មក​ដែរ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា
17 ស្រុក​អេដុម​នឹង​ត្រឡប់​ជា​ទី​ស្រឡាំង‌កាំង ឯ​អស់​អ្នក​ដែល​ដើរ​តាម​ទី​នោះ គេ​នឹង​អស្ចារ្យ​ក្នុង​ចិត្ត ហើយ​និង​ធ្វើ​ស៊ីស‌ស៊ូស​ឲ្យ ដោយ​ព្រោះ​អស់​ទាំង​សេចក្ដី​វេទនា​របស់​ស្រុក​នោះ
18 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា នឹង​គ្មាន​មនុស្ស​ណា​អាស្រ័យ​នៅ​ស្រុក​នោះ ឬ​មនុស្ស​ជាតិ​ណា​ស្នាក់​នៅ​ទី​នោះ​ឡើយ ដូច​ក្នុង​ការ​បំផ្លាញ​ក្រុង​សូដុម និង​ក្រុង​កូម៉ូរ៉ា ព្រម​ទាំង​ទី​ក្រុង​ជិត​ខាង​នោះ​ទាំង​ប៉ុន្មាន​ដែរ
19 មើល នឹង​មាន​មនុស្ស​ឡើង​មក​ទាស់​នឹង​ទី​លំនៅ​មាំ‌មួន​នោះ ដូច​ជា​សិង្ហ​ដែល​ឡើង​ពី​ទី​ជំនន់​នៃ​ទន្លេ​យ័រដាន់ ដ្បិត​អញ​នឹង​ធ្វើ​ឲ្យ​គេ​រត់​ពី​ទី​នោះ​ទៅ​ភ្លាម រួច​អ្នក​ដែល​បាន​រើស​តាំង​ឡើង នោះ​អញ​នឹង​តម្រូវ​ឲ្យ​គ្រប់‌គ្រង​លើ​ទី​នោះ​វិញ ដ្បិត​តើ​មាន​អ្នក​ឯ​ណា​ឲ្យ​ដូច​អញ តើ​អ្នក​ណា​នឹង​ដាក់​កំណត់​ឲ្យ​អញ​បាន តើ​មាន​អ្នក​គង្វាល​ណា​ដែល​នឹង​អាច​ឈរ​នៅ​មុខ​អញ​បាន
20 ដូច្នេះ ចូរ​ស្តាប់​សេចក្ដី​ប្រឹក្សា​នៃ​ព្រះ‌យេហូវ៉ា ដែល​ទ្រង់​បាន​សម្រេច​ទាស់​នឹង​ស្រុក​អេដុម និង​តម្រិះ​ដែល​ទ្រង់​បាន​គិត​ទាស់​នឹង​ពួក​អ្នក​នៅ​ក្រុង​ថេម៉ាន គឺ​ថា ពួក​តូច​បំផុត​ក្នុង​ហ្វូង​នឹង​អូស​គេ​ចេញ​ជា​ពិត ទាំង​ឲ្យ​ទី​លំនៅ​របស់​គេ​ទៅ​ជា​ស្ងាត់​ច្រៀប​ពី​លើ​គេ
21 ផែនដី​ក៏​ញ័រ​ដោយ​សូរ​គេ​ធ្លាក់​ចុះ ក៏​មាន​ឮ​សម្រែក​ដែល​ឮ​រហូត​ដល់​សមុទ្រ​ក្រហម
22 មើល គេ​នឹង​ឡើង​មក ទាំង​ហើរ​ដូច​ជា​ឥន្ទ្រី គេ​នឹង​ត្រដាង​ស្លាប​លើ​ក្រុង​បុសរ៉ា នៅ​ថ្ងៃ​នោះ ចិត្ត​នៃ​មនុស្ស​ខ្លាំង​ពូកែ​នៅ​ស្រុក​អេដុម នឹង​បាន​ដូច​ជា​ចិត្ត​នៃ​ស្រី​ដែល​រៀប​នឹង​សម្រាល​កូន។
23 ពី​ក្រុង​ដាម៉ាស។ ឯ​ក្រុង​ហាម៉ាត និង​ក្រុង​អើផាឌ គេ​ត្រូវ​ខ្មាស​ជ្រប់​មុខ​ហើយ ពី​ព្រោះ​គេ​បាន​ឮ​ដំណឹង​អាក្រក់ ហើយ​ចិត្ត​គេ​រលាយ​ទៅ សេចក្ដី​ទុក្ខ​ព្រួយ​របស់​គេ​ដូច​ជា​សមុទ្រ​ដែល​កម្រើក​ឡើង និង​ឲ្យ​ស្ងប់​វិញ​មិន​បាន
24 ក្រុង​ដាម៉ាស​បាន​ទៅ​ជា​ខ្សោយ គេ​បែរ​ទៅ​រៀប​នឹង​រត់ សេចក្ដី​ភ័យ​ញ័រ​ក៏​ចាប់​គេ​ហើយ គេ​កើត​មាន​សេចក្ដី​ថប់​ព្រួយ និង​សេចក្ដី​ទុក្ខ​វេទនា ដូច​ជា​ស្រី​ដែល​ឈឺ​នឹង​សម្រាល​កូន
25 ទី​ក្រុង​គួរ​សរសើរ ជា​ទី​រីក‌រាយ​ដល់​អញ ដូច​ម្តេច​បាន​ជា​គេ​មិន​សំចៃ​ទុក​ឯង​ដូច្នេះ​ហ្ន៎
26 ហេតុ​នោះ ពួក​កំលោះៗ​របស់​ក្រុង​នោះ​នឹង​ដួល​នៅ​ក្នុង​ផ្លូវ ហើយ​អស់​ទាំង​ទាហាន​នឹង​ត្រូវ​ស្ងៀម‌ស្ងាត់​នៅ​ថ្ងៃ​នោះ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ
27 ហើយ​អញ​នឹង​បង្កាត់​ភ្លើង​ឡើង​នៅ​ក្នុង​កំផែង​ក្រុង​ដាម៉ាស ភ្លើង​នោះ​នឹង​ឆេះ​ដំណាក់​របស់​បេន-ហាដាឌ​ទៅ។
28 ពី​ពួក​កេដារ និង​ពី​នគរ​ទាំង​ប៉ុន្មាន​ដែល​នៅ​ស្រុក​ហាសោរ ដែល​នេប៊ូ‌ក្នេសា ជា​ស្តេច​បាប៊ីឡូន បាន​វាយ។ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ចូរ​ក្រោក​ឡើង ឡើង​ទៅ​ឯ​ពួក​កេដារ ហើយ​បំផ្លាញ​ពួក​កូន​ស្រុក​នៅ​ខាង​កើត​ចុះ
29 ពួក​ខ្មាំង​សត្រូវ​នឹង​ចាប់​យក​ត្រសាល និង​ហ្វូង​ចៀម​របស់​គេ ក៏​នឹង​ដឹក​រនាំង អស់​ទាំង​ភាជនៈ និង​សត្វ​អូដ្ឋ​របស់​គេ ទៅ​ទុក​សម្រាប់​ខ្លួន ហើយ​មនុស្ស​នឹង​ស្រែក​ប្រាប់​គេ​ថា មាន​សេចក្ដី​ស្ញែង​ខ្លាច​នៅ​គ្រប់​ទិស​ហើយ
30 ឱ​ឯង​រាល់​គ្នា​ជា​ពួក​អ្នក​ស្រុក​ហាសោរ​អើយ ចូរ​រត់​ទៅ ចូរ​ដើរ​សាត់‌ព្រាត់​ទៅ​ឲ្យ​ឆ្ងាយ ត្រូវ​ឲ្យ​ជ្រក​នៅ​រអាង​យ៉ាង​ជ្រៅ​ចុះ ដ្បិត​នេប៊ូ‌ក្នេសា ជា​ស្តេច​បាប៊ីឡូន​បាន​ប្រឹក្សា​ការ ហើយ​កើត​មាន​គំនិត​ទាស់​នឹង​ឯង នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា
31 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ចូរ​ក្រោក​ឡើងៗ​ទៅ​ឯ​សាសន៍១​ដែល​នៅ​ជា​សុខ ហើយ​ឥត​កង្វល់​ចុះ គេ​គ្មាន​ទ្វារ គ្មាន​រនុក ជា​ពួក​អ្នក​ដែល​នៅ​តែ​គ្នា​គេ​ប៉ុណ្ណោះ
32 ហ្វូង​អូដ្ឋ​របស់​គេ​នឹង​បាន​ជា​របឹប ហើយ​ហ្វូង​សត្វ​ដ៏​សន្ធឹក​របស់​គេ​នឹង​បាន​ជា​របស់​សម្រាប់​ប្លន់ អញ​នឹង​កម្ចាត់‌កម្ចាយ​ពួក​អ្នក​ដែល​កាត់​ជ្រុង​ពុក‌ចង្កា​ឲ្យ​ទៅ​គ្រប់​ទិស ហើយ​និង​នាំ​សេចក្ដី​អន្តរាយ​របស់​គេ​មក​ពី​គ្រប់​តំបន់​ជុំវិញ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា
33 នោះ​ក្រុង​ហាសោរ​នឹង​ត្រឡប់​ជា​ទី​លំនៅ​របស់​សត្វ​ស្វាន ជា​ទី​ខូច​បង់​ជា​ដរាប​ត​ទៅ នឹង​គ្មាន​មនុស្ស​ណា​អាស្រ័យ​នៅ ឬ​មនុស្ស​ជាតិ​ណា​មួយ​ស្នាក់​នៅ​ទី​នោះ​ឡើយ។
34 នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដែល​មក​ដល់​ហោរា​យេរេមា ពី​ដំណើរ​ស្រុក​អេឡាំ នៅ​ដើម​រាជ្យ​នៃ​សេដេគា ស្តេច​យូដា ថា
35 ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ មើល អញ​នឹង​បំបាក់​ធ្នូ​របស់​ពួក​អេឡាំ គឺ​ជា​ដើម​កម្លាំង​របស់​គេ
36 អញ​នឹង​នាំ​ខ្យល់​ទាំង​៤​ឲ្យ​មក​ពី​ទាំង​៤​ទិស ធ្លាក់​លើ​ស្រុក​អេឡាំ ហើយ​និង​កម្ចាត់‌កម្ចាយ​គេ​ទៅ​គ្រប់​ទិស​ទាំង​៤​នោះ ឥត​មាន​នគរ​ណា​មួយ ដែល​ពួក​បំបរ‌បង់​របស់​សាសន៍​អេឡាំ​មិន​បាន​ទៅ​ដល់​នោះ​ឡើយ
37 អញ​នឹង​ឲ្យ​ពួក​សាសន៍​អេឡាំ​ស្រយុត​ចិត្ត នៅ​មុខ​ខ្មាំង​សត្រូវ ហើយ​នៅ​មុខ​ពួក​អ្នក​ដែល​រក​ជីវិត​គេ ក៏​នឹង​នាំ​សេចក្ដី​អាក្រក់​មក​លើ​គេ គឺ​ជា​សេចក្ដី​កំហឹង​ដ៏​សហ័ស​របស់​អញ​ផង នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា អញ​នឹង​ចាត់​ដាវ​ឲ្យ​ដេញ​តាម​ក្រោយ​គេ ទាល់​តែ​បាន​បំផ្លាញ​គេ​អស់​រលីង​ទៅ
38 អញ​នឹង​តាំង​បល្ល័ង្ក​អញ​នៅ​ស្រុក​អេឡាំ ហើយ​និង​បំផ្លាញ​ទាំង​ស្តេច និង​ពួក​ចៅ‌ហ្វាយ​ពី​ស្រុក​នោះ​ចេញ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា
39 ប៉ុន្តែ ដល់​ជាន់​ក្រោយ នោះ​អញ​នឹង​នាំ​ពួក​អេឡាំ​ដែល​នៅ​ជា​ឈ្លើយ​ឲ្យ​មក​វិញ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។


ជំពូក 50

1 នេះ​ជា​ព្រះ‌បន្ទូល​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល ពី​ដំណើរ​ក្រុង​បាប៊ីឡូន គឺ​ពី​ស្រុក​របស់​ពួក​ខាល់ដេ​ដោយ‌សារ​ហោរា​យេរេមា។
2 ចូរ​ថ្លែង​ប្រាប់​នៅ​កណ្តាល​អស់​ទាំង​សាសន៍ ហើយ​ប្រកាស​ទៅ ចូរ​លើក​ទង់‌ជ័យ​ឡើង ត្រូវ​ឲ្យ​ប្រកាស​ប្រាប់​ឥត​លាក់​ទុក​អ្វី​សោះ​ឡើយ ចូរ​ប្រាប់​ថា គេ​ចាប់​យក​ក្រុង​បាប៊ីឡូន​ហើយ ព្រះ‌បាល ​បាន​ត្រូវ​ខ្មាស​ទៅ ព្រះ‌ម្រដាក់​បាន​ត្រូវ​បាក់​រលំ​ចុះ រូប​ឆ្លាក់​របស់​គេ​បាន​ត្រូវ​ខ្មាស រូប​ព្រះ​របស់​គេ​បាន​បាក់​រំលំ​ចុះ​ហើយ
3 ដ្បិត​នៅ​ស្រុក​ខាង​ជើង​មាន​សាសន៍​១​លើក​គ្នា​ឡើង​មក​ទាស់​នឹង​គេ ជា​ពួក​ដែល​នឹង​ធ្វើ​ឲ្យ​ស្រុក​គេ​វិនាស​ទៅ ឥត​មាន​អ្នក​ណា​អាស្រ័យ​នៅ​ឡើយ ទោះ​ទាំង​មនុស្ស​នឹង​សត្វ​ផង​បាន​រត់​ទៅ គេ​បាត់​អស់​ហើយ
4 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា នៅ​គ្រា​នោះ គឺ​នៅ​វេលា​នោះ​ឯង ពួក​កូន​ចៅ​អ៊ីស្រា‌អែល​នឹង​មក ទាំង​ខ្លួន​គេ និង​ពួក​កូន​ចៅ​យូដា​ទាំង​អស់​គ្នា​ផង គេ​នឹង​ដើរ​តាម​ផ្លូវ ទាំង​យំ​បណ្តើរ ហើយ​និង​ស្វែង​រក​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​គេ
5 គេ​នឹង​ស៊ើប​សួរ​ពី​ដំណើរ​ក្រុង​ស៊ីយ៉ូន ទាំង​មាន​មុខ​តម្រង់​ទៅ​ចំពោះ​ក្រុង​នោះ ដោយ​ពាក្យ​ថា ចូរ​មក​យើង​នឹង​ភ្ជាប់​ខ្លួន​នឹង​ព្រះ‌យេហូវ៉ា ដោយ​សេចក្ដី​សញ្ញា​ដ៏​នៅ​អស់‌កល្ប‌ជានិច្ច ជា​សេចក្ដី​សញ្ញា​ដែល​នឹង​ភ្លេច​មិន​បាន​ឡើយ។
6 រាស្ត្រ​របស់​អញ​ជា​ហ្វូង​ចៀម​ដែល​វង្វេង​បាត់ ពួក​អ្នក​គង្វាល​របស់​គេ​បាន​បណ្តាល​ឲ្យ​គេ​វង្វេង​ទៅ ក៏​បាន​បំបែរ​គេ​ចេញ​នៅ​លើ​ភ្នំ គេ​បាន​ដើរ​ពី​ភ្នំ​ធំ ចុះ​ទៅ​ដល់​ភ្នំ​តូច ហើយ​បាន​ភ្លេច​ក្រោល​របស់​គេ​ទៅ
7 អស់​អ្នក​ណា​ដែល​ប្រទះ​នឹង​គេ បាន​ត្របាក់​ស៊ី​គេ ហើយ​ពួក​ខ្មាំង​សត្រូវ​គេ​បាន​ពោល​ថា យើង​គ្មាន​ទោស​ទេ ពី​ព្រោះ​គេ​បាន​ធ្វើ​បាប​នឹង​ព្រះ‌យេហូវ៉ា ដែល​ជា​ទី​លំនៅ​នៃ​សេចក្ដី​សុចរិត គឺ​ព្រះ‌យេហូវ៉ា​ជា​ទី​សង្ឃឹម​របស់​ពួក​អយ្យ‌កោ​គេ
8 ចូរ​រត់​ពី​កណ្តាល​ក្រុង​បាប៊ីឡូន​ទៅ ហើយ​ចេញ​ពី​ស្រុក​របស់​ពួក​ខាល់ដេ​ឲ្យ​ផុត ឲ្យ​បាន​ដូច​ជា​ពពែ​ឈ្មោល​ដែល​នាំ​មុខ​ហ្វូង​ចុះ
9 ដ្បិត​មើល អញ​នឹង​ដាស់​នគរ​ធំៗ​១​ពួក នៅ​ស្រុក នៅ​ខាង​ជើង​ឡើង ហើយ​បណ្តាល​ឲ្យ​គេ​មក​ទាស់​នឹង​ក្រុង​បាប៊ីឡូន ពួក​ទាំង​នោះ​នឹង​ដំរៀប​គ្នា​ច្បាំង​នឹង​ទី​ក្រុង ហើយ​និង​ចាប់​យក​បាន ព្រួញ​របស់​គេ​នឹង​បាន​ដូច​ជា​ព្រួញ​របស់​មនុស្ស​ស្ទាត់​ជំនាញ ហើយ​ខ្លាំង​ពូកែ ឥត​មាន​ណា​មួយ​បាញ់​ទៅ ជា​ឥត​ប្រយោជន៍​នោះ​ទេ
10 នោះ​ស្រុក​ខាល់ដេ​នឹង​ត្រូវ​ជា​រំពា ហើយ​អស់​អ្នក​ដែល​ចាប់​យក នោះ​នឹង​បាន​ឆ្អែត នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។
11 នែ ឯង​រាល់​គ្នា​ដែល​ប្លន់​មរដក​របស់​អញ​អើយ ដោយ​ព្រោះ​ឯង​រាល់​គ្នា​មាន​ចិត្ត​អំណរ ដោយ​ព្រោះ​ចិត្ត​ឯង​រាល់​គ្នា​បាន​រីក‌រាយ​ឡើង ដោយ​ព្រោះ​ឯង​រាល់​គ្នា​មាន​ចិត្ត​លោភ ដូច​ជា​គោ​ក្រមុំ​ដែល​ឈ្លី​ស្មៅ ហើយ​កញ្ជ្រៀវ​ដូច​ជា​សេះ​យ៉ាង​ខ្លាំង
12 នោះ​ម្តាយ​ឯង​រាល់​គ្នា​នឹង​មាន​សេចក្ដី​ខ្មាស​គ្រប់​យ៉ាង អ្នក​ដែល​បាន​បង្កើត​ឯង​មក​នឹង​ត្រូវ​ជ្រប់​មុខ​ចុះ មើល គាត់​នឹង​ត្រូវ​ជា​ប្រទេស​ក្រោយ​បំផុត គឺ​ជា​ទី​រហោ‌ស្ថាន ជា​ដី​ហួត‌ហែង ជា​ទី​សមុទ្រ​ខ្សាច់
13 ឥត​មាន​អ្នក​ណា​នៅ ដោយ​ព្រោះ​សេចក្ដី​ក្រោធ​របស់​ព្រះ‌យេហូវ៉ា គឺ​នឹង​ត្រូវ​ចោល​ស្ងាត់​នៅ​ទទេ អស់​អ្នក​ណា​ដែល​ដើរ​កាត់​មុខ​ក្រុង​បាប៊ីឡូន​នឹង​អស្ចារ្យ​ក្នុង​ចិត្ត ហើយ​និង​ធ្វើ​ស៊ីស‌ស៊ូស​ឲ្យ ដោយ​ព្រោះ​គ្រប់​ទាំង​សេចក្ដី​វេទនា​របស់​ទី​ក្រុង
14 នែ ពួក​អ្នក​ដែល​ដំឡើង​ធ្នូ​អើយ ចូរ​ដំរៀប​គ្នា​នៅ​ព័ទ្ធ​ជុំវិញ ច្បាំង​នឹង​ក្រុង​បាប៊ីឡូន​ចុះ ចូរ​បាញ់​ទៅ កុំ​ឲ្យ​សំចៃ​ព្រួញ​ឡើយ ដ្បិត​ទី​ក្រុង​នេះ​បាន​ធ្វើ​បាប​នឹង​ព្រះ‌យេហូវ៉ា​ហើយ
15 ចូរ​ហ៊ោ​ឡើង​ជុំវិញ​ទាស់​នឹង​វា​ចុះ គេ​បាន​ទទួល​ចាញ់​ហើយ របង​សម្រាប់​ការ‌ពារ​បាន​ដួល កំផែង​ទី​ក្រុង​បាន​រំលំ​ហើយ ដ្បិត​នេះ​ជា​សេចក្ដី​សង‌សឹក​របស់​ព្រះ‌យេហូវ៉ា ចូរ​សង‌សឹក​នឹង​គេ​ចុះ ចូរ​សង​គេ​ឲ្យ​ស្នង​នឹង​ការ​ដែល​គេ​បាន​ធ្វើ​ដល់​ឯង
16 ត្រូវ​ឲ្យ​កាត់​អ្នក​ដែល​សាប‌ព្រោះ និង​អ្នក​ដែល​កាន់​កណ្តៀវ​ក្នុង​រដូវ​ចម្រូូត ចេញ​ពី​ក្រុង​បាប៊ីឡូន​ទៅ គេ​នឹង​វិល​ទៅ​ឯ​សាសន៍​របស់​គេ​រៀង​ខ្លួន ហើយ​រត់​ទៅ​ឯ​ស្រុក​គេ​គ្រប់​គ្នា ដោយ​ខ្លាច​ដាវ​ដែល​កំពុង​តែ​ធ្វើ​ទុក្ខ។
17 ពួក​អ៊ីស្រា‌អែល​គេ​ប្រៀប​ដូច​ជា​ចៀម​ដែល​ត្រូវ​ប្រដេញ​កម្ចាយ​ទៅ ពួក​សិង្ហ​បាន​ដេញ​កម្ចាយ​គេ​ហើយ មុន​ដំបូង គឺ​ស្តេច​អាសស៊ើរ​បាន​ត្របាក់​ស៊ី​គេ ឥឡូវ​នេះ​នេប៊ូ‌ក្នេសា ជា​ស្តេច​បាប៊ីឡូន បាន​បំបាក់​ឆ្អឹង​គេ​ជា​ខាង​ក្រោយ
18 ហេតុ​នោះ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា មើល​អញ​នឹង​ធ្វើ​ទោស​ដល់​ស្តេច​បាប៊ីឡូន ហើយ​និង​ស្រុក​របស់​គេ ដូច​ជា​បាន​ធ្វើ​ទោស​ដល់​ស្តេច​អាសស៊ើរ​ដែរ
19 អញ​នឹង​នាំ​អ៊ីស្រា‌អែល​វិល​មក​ឯ​ក្រោល​របស់​ខ្លួន​វិញ នោះ​គេ​នឹង​រក​ស៊ី​នៅ​លើ​ភ្នំ​កើមែល ហើយ​នៅ​ស្រុក​បាសាន ឯ​ព្រលឹង​គេ​នឹង​បាន​ស្កប់‌ស្កល់ នៅ​លើ​ភ្នំ​អេប្រា‌អិម ហើយ​នៅ​ស្រុក​កាឡាត
20 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា នៅ​គ្រា​នោះ គឺ​នៅ​វេលា​នោះ​ឯង គេ​នឹង​រក​សេចក្ដី​ទុច្ចរិត​របស់​ពួក​អ៊ីស្រា‌អែល តែ​នឹង​មិន​ប្រទះ​ទេ ហើយ​រក​អំពើ​បាប​របស់​ពួក​យូដា តែ​នឹង​មិន​ឃើញ​ឡើយ ពី​ព្រោះ​អញ​នឹង​អត់​ទោស​ដល់​ពួក​អ្នក​ដែល​អញ​ទុក​ឲ្យ​សល់​នៅ។
21 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ចូរ​ឡើង​ទៅ​ច្បាំង​នឹង​ស្រុក​មេរ៉ាថែម​ចុះ គឺ​ទាស់​នឹង​គេ ហើយ​ទាស់​នឹង​ពួក​អ្នក​នៅ​ស្រុក​ពេកូឌ​ដែរ ចូរ​សម្លាប់ ហើយ​បំផ្លាញ​អស់​រលីង​តាម​ក្រោយ​គេ ត្រូវ​ឲ្យ​ធ្វើ​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​អញ​បាន​បង្គាប់​ដល់​ឯង
22 មាន​ឮ​សូរ​ចម្បាំង​នៅ​ក្នុង​ស្រុក​ជា​សូរ​នៃ​ការ​បំផ្លាញ​យ៉ាង​សម្បើម
23 ញញួរ​ដែល​វាយ​ផែនដី​ទាំង​មូល​បាន​កាច់​បាក់​យ៉ាង​ណា​ហ្ន៎ ក្រុង​បាប៊ីឡូន​បាន​ត្រឡប់​ជា​ទី​ខូច​បង់ នៅ​កណ្តាល​អស់​ទាំង​សាសន៍​យ៉ាង​ណា​ហ្ន៎
24 នែ បាប៊ីឡូន​អើយ អញ​បាន​ដាក់​អន្ទាក់​សម្រាប់​ចាប់​ឯង ហើយ​ឯង​ត្រូវ​ជាប់​ដែរ ឯង​មិន​បាន​ដឹង​ខ្លួន​សោះ គឺ​បាន​រក​ឯង​ឃើញ ហើយ​ចាប់​បាន​ផង ពី​ព្រោះ​ឯង​បាន​ត‌យុទ្ធ​នឹង​ព្រះ‌យេហូវ៉ា
25 ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បើក​ឃ្លាំង​អាវុធ​របស់​ទ្រង់ ហើយ​យក​គ្រឿង​សស្ត្រា‌វុធ​នៃ​សេចក្ដី​គ្នាន់‌ក្នាញ់​របស់​ទ្រង់​ចេញ​មក ដ្បិត​ព្រះ‌អម្ចាស់ ជា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​ការ​ដែល​ត្រូវ​ធ្វើ​នៅ​ស្រុក​របស់​ពួក​ខាល់ដេ
26 ចូរ​មក​ច្បាំង​នឹង​ក្រុង​បាប៊ីឡូន​ពី​គ្រប់​ទី​ឆ្ងាយ​បំផុត ត្រូវ​ឲ្យ​បើក​ជង្រុក​គេ ត្រូវ​ឲ្យ​ជាន់​ឈ្លី​គំនរ​បំណែក​ទី​ក្រុង ហើយ​បំផ្លាញ​ឲ្យ​អស់​រលីង កុំ​ឲ្យ​មាន​សល់​អ្វី​ឡើយ
27 ចូរ​សម្លាប់​អស់​ទាំង​គោ​របស់​គេ ឲ្យ​វា​ចុះ​ទៅ​ឯ​ទី​សម្លាប់​ចុះ វរ​ដល់​គេ ដ្បិត​ថ្ងៃ​កំណត់​របស់​គេ​បាន​មក​ដល់​ហើយ គឺ​ជា​វេលា​ធ្វើ​ទោស​ដល់​គេ
28 មាន​ឮ​សំឡេង​នៃ​ពួក​អ្នក​ដែល​រត់​រួច​ពី​ក្រុង​បាប៊ីឡូន ដើម្បី​នឹង​ថ្លែង​ប្រាប់​នៅ​ក្រុង​ស៊ីយ៉ូន ពី​ការ​សង‌សឹក​នៃ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង គឺ​ជា​ការ​សង‌សឹក​ស្នង​នឹង​ព្រះ‌វិហារ​នៃ​ទ្រង់។
29 ចូរ​ហៅ​ពួក​ពល​ធ្នូ​ឲ្យ​មក​ច្បាំង​នឹង​ក្រុង​បាប៊ីឡូន​ចុះ គឺ​អស់​អ្នក​ណា​ដែល​ធ្លាប់​យឹត​ធ្នូ ត្រូវ​ឲ្យ​បោះ​ទ័ព​នៅ​ព័ទ្ធ​ជុំវិញ កុំ​ឲ្យ​ពួក​គេ​ណា​មួយ​រួច​ឡើយ ចូរ​សង​តាម​ការ​ដែល​គេ​បាន​ធ្វើ​ចុះ ត្រូវ​ឲ្យ​ប្រព្រឹត្ត​នឹង​គេ​តាម​គ្រប់​ទាំង​អំពើ​ដែល​គេ​បាន​ប្រព្រឹត្ត ដ្បិត​គេ​បាន​មាន​ចិត្ត​ឆ្មើង‌ឆ្មៃ​ចំពោះ​ព្រះ‌យេហូវ៉ា គឺ​នៅ​ចំពោះ​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រា‌អែល
30 ហេតុ​នោះ ពួក​កំលោះៗ​របស់​គេ​នឹង​ដួល​ចុះ នៅ​ក្នុង​ផ្លូវ ហើយ​អស់​ទាំង​មនុស្ស​ថ្នឹក​ច្បាំង​របស់​គេ នឹង​ត្រូវ​ស្ងៀម‌ស្ងាត់​នៅ​ថ្ងៃ​នោះ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា
31 ព្រះ‌អម្ចាស់ ជា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា នែ អ្នក​ឆ្មើង‌ឆ្មៃ​យ៉ាង​ខ្លាំង​អើយ អញ​ទាស់​នឹង​ឯង ដ្បិត​ថ្ងៃ​កំណត់​របស់​ឯង​បាន​មក​ដល់​ហើយ គឺ​ជា​វេលា​ដែល​អញ​នឹង​ធ្វើ​ទោស​ដល់​ឯង
32 នោះ​អ្នក​ឆ្មើង‌ឆ្មៃ​នឹង​ចំពប់​ដួល ឥត​មាន​អ្នក​ណា​លើក​ឡើង​វិញ​ឡើយ អញ​នឹង​បង្កាត់​ភ្លើង នៅ​អស់​ទាំង​ទី​ក្រុង​របស់​គេ ហើយ​ភ្លើង​នោះ​នឹង​ឆេះ​គ្រប់​ទាំង​អស់​ដែល​នៅ​ជុំវិញ​គេ​ផង។
33 ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ពួក​កូន​ចៅ​អ៊ីស្រា‌អែល និង​ពួក​កូន​ចៅ​យូដា ត្រូវ​គេ​សង្កត់‌សង្កិន​ជា​មួយ​គ្នា ពួក​អ្នក​ទាំង​ប៉ុន្មាន​ដែល​ចាប់​គេ​នាំ​ទៅ​ជា​ឈ្លើយ នោះ​ក៏​ឃុំ‌ឃាំង​គេ​ជាប់​នៅ មិន​ព្រម​លែង​ចេញ​ទេ
34 ឯ​ព្រះ​ដ៏​ប្រោស​លោះ​គេ ទ្រង់​មាន​ឥទ្ធិ‌ឫទ្ធិ ព្រះ‌នាម​ទ្រង់ គឺ​ជា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​នឹង​កាន់​ក្តី​គេ ដើម្បី​នឹង​ប្រោស​ឲ្យ​ផែនដី​បាន​សេចក្ដី​ស្រាក‌ស្រាន្ត ហើយ​ឲ្យ​ពួក​អ្នក​នៅ​ក្រុង​បាប៊ីឡូន កើត​មាន​ភ័យ​អាសន្ន​វិញ
35 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា មាន​ដាវ​មក​លើ​ពួក​ខាល់ដេ និង​លើ​ពួក​អ្នក​នៅ​ក្រុង​បាប៊ីឡូន លើ​ពួក​ចៅ‌ហ្វាយ និង​ពួក​អ្នក​ប្រាជ្ញ​របស់​គេ​ផង
36 មាន​ដាវ​មក​លើ​ពួក​ភូត‌ភរ គេ​នឹង​ត្រឡប់​ជា​វិង‌ស៊ុង​ស្មារតី មាន​ដាវ​មក​លើ​ពួក​ខ្លាំង​ពូកែ​របស់​គេ ហើយ​ពួក​នោះ​នឹង​ភ័យ​ស្លុត​ទៅ
37 មាន​ដាវ​មក​លើ​សេះ​ទាំង​ប៉ុន្មាន និង​រទេះ​ចម្បាំង​របស់​គេ ហើយ​លើ​សាសន៍​លាយ‌ឡំ​ទាំង​ប៉ុន្មាន ដែល​នៅ​ក្នុង​ក្រុង​បាប៊ីឡូន​ដែរ គេ​នឹង​ត្រឡប់​ទៅ​ដូច​ជា​ស្រី​វិញ មាន​ដាវ​មក​លើ​អស់​ទាំង​ទ្រព្យ‌សម្បត្តិ​របស់​គេ ហើយ​ទាំង​អស់​នឹង​ត្រូវ​ប្លន់​យក​ទៅ
38 មាន​រដូវ​រាំង‌រឹះ​មក​លើ​ទី​ទឹក​របស់​គេ ហើយ​ទឹក​ទាំង​នោះ​នឹង​រីង​ស្ងួត​ទៅ ពី​ព្រោះ​ស្រុក​នោះ​មាន​សុទ្ធ​តែ​រូប​ឆ្លាក់ ក៏​វក់​នឹង​រូប​ព្រះ​ផង
39 ហេតុ​នោះ សត្វ​ព្រៃ​នៅ​ទី​ស្ងាត់ ហើយ​ចចក​នឹង​អាស្រ័យ​នៅ​ទី​នោះ ព្រម​ទាំង​សត្វ​អូសទ្រីច​ផង ឥត​មាន​មនុស្ស​ណា​នៅ​ស្រុក​នោះ​ជា​ដរាប​ត​ទៅ ក៏​នឹង​គ្មាន​អ្នក​ណា​នៅ​គ្រប់​ទាំង​ដំណ​មនុស្ស​ត​រៀង​ទៅ​ដែរ
40 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា នឹង​គ្មាន​មនុស្ស​ណា​អាស្រ័យ​នៅ​ទី​នោះ ឬ​មនុស្ស​ជាតិ​ណា​ស្នាក់​នៅ​ឡើយ ដូច​កាល​ព្រះ‌ទ្រង់​បំផ្លាញ​ក្រុង​សូដុម និង​ក្រុង​កូម៉ូរ៉ា ហើយ​ទី​ក្រុង​នៅ​ជិត​ខាង​ទាំង​ប៉ុន្មាន​ដែរ។
41 មើល មាន​សាសន៍​១​មក​ពី​ទិស​ខាង​ជើង ជា​សាសន៍​យ៉ាង​ធំ និង​ស្តេច​ជា​ច្រើន បាន​ត្រូវ​ដាស​ឡើង​ពី​ចុង​ផែនដី
42 គេ​ចាប់​យក​ធ្នូ និង​លំពែង ជា​ពួក​សាហាវ​ណាស់ ឥត​មាន​ត្រា‌ប្រណី​ឡើយ សំឡេង​គេ​ឮ​សន្ធឹក​ដូច​សមុទ្រ គេ​សុទ្ធ​តែ​ជិះ​សេះ គេ​ដំរៀប​គ្នា ដូច​ជា​មនុស្ស​ដែល​រៀប​ទៅ​ច្បាំង ឱ​កូន​ស្រី​ក្រុង​បាប៊ីឡូន​អើយ គេ​មក​ទាស់​នឹង​ឯង​ហើយ
43 ស្តេច​ក្រុង​បាប៊ីឡូន​បាន​ឮ​ដំណឹង​ពី​គេ ព្រះ‌ហស្ត​ទ្រង់​ក៏​ខ្សោយ​ទៅ មាន​សេចក្ដី​ថប់​ព្រួយ​ចាប់​ទ្រង់ ទ្រង់​ក៏​ឈឺ​ចាប់ ដូច​ជា​ស្រី​ដែល​ឈឺ​នឹង​សម្រាល​កូន
44 មើល ខ្មាំង​សត្រូវ​នឹង​ឡើង​មក​ទាស់​នឹង​ទី​លំនៅ​មាំ‌មួន ដូច​ជា​សិង្ហ​ដែល​ឡើង​មក​ពី​ទី​ជំនន់​នៃ​ទន្លេ​យ័រដាន់ ដ្បិត​អញ​នឹង​ធ្វើ​ឲ្យ​ពួក​ក្រុង​បាប៊ីឡូន​រត់​ចេញ​ភ្លាម រួច​អ្នក​ណា​ដែល​បាន​រើស​តាំង នោះ​អញ​នឹង​តាំង​ឲ្យ​គ្រប់‌គ្រង​វិញ តើ​អ្នក​ណា​ដូច​អញ តើ​អ្នក​ណា​នឹង​ដាក់​កំណត់​ឲ្យ​អញ​បាន តើ​មាន​អ្នក​គង្វាល​ណា​ដែល​អាច​នឹង​ឈរ​នៅ​ចំពោះ​អញ​បាន
45 ដូច្នេះ ចូរ​ស្តាប់​សេចក្ដី​ប្រឹក្សា​របស់​ព្រះ‌យេហូវ៉ា ជា​សេចក្ដី​ដែល​ទ្រង់​បាន​គិត​សម្រេច ទាស់​នឹង​ក្រុង​បាប៊ីឡូន ហើយ​និង​ការ​ដែល​ទ្រង់​បាន​សម្រេច ទាស់​នឹង​ពួក​អ្នក​ស្រុក​ខាល់ដេ​ចុះ គឺ​ថា​ពួក​តូច​បំផុត​ក្នុង​ហ្វូង​នឹង​អូស​គេ​ចេញ​ជា​ពិត ហើយ​ឲ្យ​ទី​លំនៅ​របស់​គេ​ទៅ​ជា​ស្ងាត់​ច្រៀប​ពី​លើ​គេ
46 ផែនដី​ក៏​ញ័រ ដោយ​សូរ​នៃ​ការ​ចាប់​យក​ក្រុង​បាប៊ីឡូន សម្រែក​របស់​គេ​ក៏​បាន​ឮ នៅ​កណ្តាល​អស់​ទាំង​សាសន៍។


ជំពូក 51

1 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា មើល​អញ​នឹង​បង្កើត​ឲ្យ​មាន​ខ្យល់ ដែល​បំផ្លាញ​ទាស់​នឹង​ក្រុង​បាប៊ីឡូន ហើយ​ទាស់​នឹង​ពួក​អ្នក​នៅ​កណ្តាល​សាសន៍​ដែល​លើក​ខ្លួន​ឡើង​ទាស់​នឹង​អញ​ដែរ
2 អញ​នឹង​ចាត់​មនុស្ស​ដទៃ​ឲ្យ​ទៅ​ឯ​ក្រុង​បាប៊ីឡូន អ្នក​ទាំង​នោះ​នឹង​អុំ​គេ ហើយ​និង​រំលីង​ទាំង​អស់​ចេញ​ពី​ស្រុក​ទៅ ដ្បិត​នៅ​ថ្ងៃ​អន្តរាយ អ្នក​ទាំង​នោះ​នឹង​ឡោម‌ព័ទ្ធ​ជុំវិញ​គេ
3 ចូរ​យឹត​ធ្នូ​បាញ់​ពួក​អ្នក​ដែល​យឹត​ធ្នូ​ចុះ ព្រម​ទាំង​អ្នក​ដែល​ក្រោក​ឡើង ទាំង​ពាក់​អាវ​ក្រោះ​ផង កុំ​ឲ្យ​ប្រណី​ពួក​កំលោះៗ​របស់​គេ​ឡើយ ត្រូវ​ឲ្យ​បំផ្លាញ​ពល‌ទ័ព​គេ​ឲ្យ​អស់​រលីង​ទៅ
4 គេ​នឹង​ត្រូវ​ដួល​ស្លាប់ នៅ​ក្នុង​ស្រុក​របស់​ពួក​ខាល់ដេ គេ​នឹង​ត្រូវ​ចាក់​ទម្លុះ​នៅ​ផ្លូវ​ទី​ក្រុង។
5 ដ្បិត​ព្រះ​នៃ​ពួក​អ៊ីស្រា‌អែល និង​ពួក​យូដា គឺ​ជា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មិន​បាន​ព្រាត់‌ប្រាស​ពី​គេ​ឡើយ ទោះ​បើ​ស្រុក​គេ​មាន​ពេញ​ដោយ​ទោស ចំពោះ​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រា‌អែល​ក៏​ដោយ
6 ចូរ​ឲ្យ​គ្រប់​ទាំង​មនុស្ស​រត់​ចេញ​ពី​កណ្តាល​ក្រុង​បាប៊ីឡូន ដើម្បី​ឲ្យ​រួច​ជីវិត​ចុះ កុំ​ឲ្យ​ខ្លួន​ត្រូវ​កាត់​ចេញ ដោយ​សេចក្ដី​ទុច្ចរិត​របស់​គេ​ឡើយ ដ្បិត​នេះ​គឺ​វេលា​កំណត់​នៃ​សេចក្ដី​សង‌សឹក​របស់​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​តប​ស្នង​ដល់​គេ
7 ពី​ដើម បាប៊ីឡូន​ជា​ពែង​មាស​នៅ​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​ជា​ពែង​ដែល​ឲ្យ​ផែនដី​ទាំង​មូល​ស្រវឹង សាសន៍​ទាំង​ប៉ុន្មាន​បាន​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ​របស់​គេ ហេតុ​នោះ​បាន​ជា​សាសន៍​ទាំង​អស់​បាន​ត្រឡប់​ជា​រវើ‌រវាយ​ទៅ
8 ក្រុង​បាប៊ីឡូន​ស្រាប់​តែ​រំលំ ហើយ​ត្រូវ​បំផ្លាញ​ទៅ​ភ្លាម ចូរ​ទ្រហោ​យំ​នឹង​វា​ចុះ ត្រូវ​ឲ្យ​យក​ប្រទាល​មុខ‌សះ​ទៅ​បិទ​ឲ្យ​វា​បាត់​ឈឺ បើ​សិន​ជា​នឹង​មើល​ឲ្យ​ជា​បាន
9 យើង​រាល់​គ្នា​ចង់​តែ​មើល​បាប៊ីឡូន​ឲ្យ​ជា​ដែរ តែ​វា​មិន​បាន​ជា​សោះ ចូរ​យើង​លះ​ចោល​វា​ទៅ ហើយ​ត្រឡប់​ទៅ​ឯ​ស្រុក​យើង​រៀង​ខ្លួន​វិញ ដ្បិត​ទោស​វា​លូត​រហូត​ដល់​លើ គឺ​បាន​ឡើង​ទៅ​ដល់​ផ្ទៃ​មេឃ​តែ​ម្តង
10 ព្រះ‌យេហូវ៉ា​ទ្រង់​បាន​នាំ​សេចក្ដី​សុចរិត​របស់​យើង​ចេញ​មក​ហើយ ចូរ​មក យើង​នឹង​ថ្លែង​ប្រាប់​នៅ​ក្រុង​ស៊ីយ៉ូន ពី​ការ​នៃ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង។
11 ចូរ​សំរួច​ព្រួញ​ឲ្យ​មុត ចូរ​ចាប់​ខែល​កាន់​ឲ្យ​មាំ​ចុះ ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ដាស់​វិញ្ញាណ​របស់​ពួក​ស្តេច​សាសន៍​មេឌី​ឡើង ពី​ព្រោះ​ទ្រង់​មាន​គំនិត​ទាស់​នឹង​បាប៊ីឡូន ដើម្បី​នឹង​បំផ្លាញ​ចេញ ដ្បិត​នេះ​ជា​សេចក្ដី​សង‌សឹក​របស់​ព្រះ‌យេហូវ៉ា គឺ​ជា​ការ​សង‌សឹក​ស្នង​ព្រះ‌វិហារ​នៃ​ទ្រង់
12 ចូរ​ដំឡើង​ទង់‌ជ័យ​ទាស់​នឹង​កំផែង​ក្រុង​បាប៊ីឡូន​ចុះ ត្រូវ​ឲ្យ​ពួក​យាម​បាន​កម្លាំង​ឡើង ចូរ​ដាក់​ពួក​ចាំ​យាម ហើយ​រៀប​ទ័ព​បង្កប់​ទៅ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​សម្រេច ហើយ​បាន​បង្ហើយ​ការ ដែល​ទ្រង់​មាន​ព្រះ‌បន្ទូល​ពី​ដំណើរ​ពួក​អ្នក​នៅ​ក្រុង​បាប៊ីឡូន
13 ឱ​ក្រុង​ដែល​តាំង​នៅ​លើ​ទី​ទឹក​ជា​ច្រើន ហើយ​មាន​ទ្រព្យ‌សម្បត្តិ​ដ៏​បរិបូរ​អើយ ចុង​បំផុត​របស់​ឯង​បាន​មក​ដល់​ហើយ សេចក្ដី​លោភ​របស់​ឯង​ក៏​ដល់​កំណត់​ផង
14 ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​បាន​ស្បថ​ដោយ​ព្រះ‌អង្គ​ទ្រង់​ថា ពិត​ប្រាកដ​ជា​អញ​នឹង​ធ្វើ​ឲ្យ​ឯង​បាន​ពេញ​ដោយ​មនុស្ស ដូច​ជា​ពេញ​ដោយ​ដង្កូវ ហើយ​គេ​នឹង​ស្រែក​ឡើង​ទាស់​នឹង​ឯង។
15 ឯ​ព្រះ‌ទ្រង់​បាន​បង្កើត​ផែនដី ដោយ‌សារ​ព្រះ‌ចេស្តា ទ្រង់​ក៏​បាន​តាំង​លោកីយ៍​ឡើង ដោយ​ប្រាជ្ញា​របស់​ទ្រង់ ក៏​បាន​លាត​ផ្ទៃ​មេឃ ដោយ​យោបល់​ទ្រង់
16 កាល​ណា​ទ្រង់​បព្ចោញ​ព្រះ‌សូរ‌សៀង នោះ​មាន​ឮ​សូរ​សន្ធឹក​នៃ​ទឹក​នៅ​លើ​មេឃ ហើយ​ទ្រង់​បណ្តាល​ឲ្យ​ចំហាយ​ទឹក​ឡើង​ពី​ចុង​ផែនដី ទ្រង់​បង្កើត​ផ្លេក‌បន្ទោរ​សម្រាប់​ភ្លៀង ក៏​បព្ចោញ​ខ្យល់​ពី​ឃ្លាំង​នៃ​ទ្រង់​ផង
17 គ្រប់​គ្នា​បាន​ត្រឡប់​ជា​មនុស្ស​កំរោល ហើយ​ក៏​ឥត​មាន​តម្រិះ​ផង គ្រប់​ទាំង​ជាង​ទង​បាន​ត្រូវ​ខ្មាស ដោយ‌សារ​រូប​ឆ្លាក់​របស់​គេ ដ្បិត​រូប​សិត​របស់​គេ​ជា​សេចក្ដី​ភូត‌ភរ គ្មាន​ខ្យល់​ដង្ហើម​នៅ​ក្នុង​វា​ឡើយ
18 វា​សុទ្ធ​តែ​ឥត​ប្រយោជន៍ ជា​របស់​ក្លែង​បញ្ឆោត​ទទេ នៅ​គ្រា​ដែល​ធ្វើ​ទោស​វា នោះ​វា​នឹង​សូន្យ​បាត់​ទៅ
19 ឯ​ចំណែក​របស់​ពួក​យ៉ាកុប​មិន​មែន​ដូច្នោះ​ទេ ដ្បិត​គឺ​ទ្រង់​ដែល​ជប​សូន​របស់​សព្វ​សារពើ ហើយ​សាសន៍​អ៊ីស្រា‌អែល​ជា​ពូជ​អំបូរ​ដែល​ជា​មរដក​របស់​ទ្រង់ ព្រះ‌នាម​ទ្រង់ គឺ​ជា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ។
20 ឯង​ជា​ពូថៅ​ចម្បាំង ហើយ​ជា​គ្រឿង​សស្ត្រា‌វុធ​របស់​អញ អញ​នឹង​បំបាក់‌បំបែក​អស់​ទាំង​សាសន៍ ឲ្យ​ខ្ទេច‌ខ្ទី​ដោយ‌សារ​ឯង ហើយ​និង​បំផ្លាញ​នគរ​ផ្សេងៗ ដោយ‌សារ​ឯង​ដែរ
21 អញ​នឹង​បំបាក់​បំបែក​ទាំង​សេះ និង​អ្នក​ជិះ​ផង ដោយ‌សារ​ឯង អញ​នឹង​បំបាក់​បំបែក​ទាំង​រទេះ​ចម្បាំង និង​អ្នក​បរ ដោយ‌សារ​ឯង
22 អញ​នឹង​បំបាក់​បំបែក​ទាំង​ប្រុស​ទាំង​ស្រី ដោយ‌សារ​ឯង អញ​នឹង​បំបាក់​បំបែក​ទាំង​ចាស់​ទាំង​ក្មេង ដោយ‌សារ​ឯង អញ​នឹង​បំបាក់​បំបែក​ទាំង​ពួក​កំលោះ និង​ក្រមុំ ដោយ‌សារ​ឯង
23 អញ​នឹង​បំបាក់​បំបែក​ទាំង​អ្នក​គង្វាល និង​ហ្វូង​សត្វ ដោយ‌សារ​ឯង អញ​នឹង​បំបាក់​បំបែក​ទាំង​អ្នក​ភ្ជួរ និង​គោ ដោយ‌សារ​ឯង អញ​នឹង​បំបាក់​បំបែក​ទាំង​ចៅ‌ហ្វាយ និង​នាយ​ផង ដោយ‌សារ​ឯង
24 ហើយ​អញ​នឹង​សង​ដល់​ក្រុង​បាប៊ីឡូន និង​ពួក​អ្នក​ស្រុក​ខាល់ដេ​ទាំង​ប៉ុន្មាន​នៅ​ភ្នែក​ឯង តាម​គ្រប់​ទាំង​ការ​អាក្រក់​ដែល​គេ​បាន​ធ្វើ​ដល់​ក្រុង​ស៊ីយ៉ូន នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។
25 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ឱ​ភ្នំ​ដែល​បំផ្លាញ គឺ​ដែល​បំផ្លាញ​ផែនដី​ទាំង​មូល​អើយ មើល អញ​ទាស់​នឹង​ឯង អញ​នឹង​លូក​ដៃ​ទៅ​លើ​ឯង ហើយ​ប្រមៀល​ឯង​ទម្លាក់​ពី​លើ​ថ្មដា ព្រម​ទាំង​ឲ្យ​ឯង​ឆេះ​អស់​ទៅ
26 គេ​នឹង​មិន​យក​ថ្ម​ពី​ឯង សម្រាប់​ធ្វើ​ជា​ថ្ម​ជ្រុង​ផ្ទះ ឬ​ជា​ឫស​ជញ្ជាំង​ឡើយ គឺ​ឯង​នឹង​ត្រូវ​ចោល​ស្ងាត់​ជា​ដរាប​ត​ទៅ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។
27 ចូរ​ដំឡើង​ទង់‌ជ័យ​នៅ​ក្នុង​ស្រុក ចូរ​ផ្លុំ​ត្រែ​នៅ​នា​កណ្តាល​សាសន៍​ទាំង​ប៉ុន្មាន ត្រូវ​ឲ្យ​ប្រមូល​ផ្តុំ​អស់​ទាំង​សាសន៍ មក​ទាស់​នឹង​ក្រុង​បាប៊ីឡូន​ចុះ ចូរ​ហៅ​នគរ​ទាំង​ប៉ុន្មាន​នៅ​ស្រុក​អារ៉ារ៉ាត មីនី និង​អ័សក្នាស ឲ្យ​គេ​មូល​គ្នា​មក​ទាស់​នឹង​ទី​ក្រុង ចូរ​តាំង​មេ‌ទ័ព​ធំ​ម្នាក់ ឲ្យ​ទាស់​នឹង​វា​ចុះ ហើយ​ឲ្យ​មាន​សេះ​ឡើង​មក បែប​ដូច​ជា​ដង្កូវ​មាន​រោម​ច្រាង
28 ចូរ​ប្រមូល​ផ្តុំ​សាសន៍​ទាំង​ប៉ុន្មាន​មក​ទាស់​នឹង​វា គឺ​អស់​ទាំង​ស្តេច​នៃ​សាសន៍​មេឌី និង​ពួក​ចៅ‌ហ្វាយ ពួក​នាយ​របស់​គេ ព្រម​ទាំង​ស្រុក​ទាំង​មូល ដែល​នៅ​ក្រោម​អំណាច​គេ​ផង
29 ផែនដី​កំពុង​ញាប់‌ញ័រ ក៏​ឈឺ​ចាប់ ពី​ព្រោះ​ការ​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​សម្រេច​នឹង​ធ្វើ​ដល់​ក្រុង​បាប៊ីឡូន នោះ​ស្ថិត‌ស្ថេរ​នៅ ដើម្បី​នឹង​ធ្វើ​ឲ្យ​ស្រុក​បាប៊ីឡូន​ត្រូវ​ខូច​បង់ ឥត​មាន​អ្នក​ណា​នៅ
30 ពួក​ខ្លាំង​ពូកែ​របស់​ក្រុង​បាប៊ីឡូន គេ​បាន​អាក់‌ខាន​តស៊ូ គេ​នៅ​តែ​ក្នុង​ទី​មាំ‌មួន​របស់​គេ កម្លាំង​គេ​ស្បើយ​ហើយ ក៏​បាន​ត្រឡប់​ដូច​ជា​ស្រី​វិញ ផ្ទះ​នៅ​ក្នុង​ទី​ក្រុង​បាន​ឆេះ​អស់​ហើយ រនុក​ទ្វារ​ក្រុង​ទាំង​អស់​ត្រូវ​បាក់​ផង
31 អ្នក​យាម​នឹង​រត់​ច្រវាត់​ទៅ​មក ហើយ​អ្នក​នាំ​ដំណឹង​នឹង​រត់​ប្រទាក់​គ្នា ដើម្បី​នឹង​បន្ត​ដំណឹង​ដល់​ស្តេច​បាប៊ីឡូន​ឲ្យ​ជ្រាប​ថា ទី​ក្រុង​ត្រូវ​គេ​ចាប់​យក​នៅ​គ្រប់​ទិស​ហើយ
32 ឯ​ផ្លូវ​ទឹក គេ​ចាប់​យក​បាន ហើយ​វាល​បឹង​គេ​ដុត​អស់​ទៅ ដូច្នេះ ពួក​ទាហាន​មាន​ចិត្ត​ភ័យ​ខ្លាច។
33 ដ្បិត​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ គឺ​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា កូន​ស្រី​នៃ​ក្រុង​បាប៊ីឡូន​ធៀប​ដូច​ជា​លាន​ស្រូវ​នៅ​រដូវ​បញ្ជាន់ នៅ​តែ​បន្តិច​ទៀត​រដូវ​ចម្រូូត​នឹង​មក​ដល់​នាង
34 នេប៊ូ‌ក្នេសា ជា​ស្តេច​បាប៊ីឡូន​បាន​ស៊ី​បង្ហិន​ខ្ញុំ បាន​ទាំង​ជាន់​ឈ្លី បាន​ធ្វើ​ឲ្យ​ខ្ញុំ​ដូច​ជា​ភាជនៈ​ទទេ​បាន​លេប​ខ្ញុំ​ទៅ ដូច​ជា​សត្វ​សម្បើម ក៏​បាន​បំពេញ​ផ្ទៃ ដោយ​របស់​ទាំង​ប៉ុន្មាន​ដែល​គាប់​ចិត្ត​ខ្ញុំ ហើយ​បាន​បោះ​ខ្ញុំ​ចេញ​ទៅ​ក្រៅ
35 សូម​ឲ្យ​ការ​យុក‌យាក់​ដែល​គេ​បាន​ធ្វើ​ដល់​ខ្ញុំ ហើយ​ដល់​សាច់​ខ្ញុំ​បាន​ធ្លាក់​ទៅ​លើ​បាប៊ីឡូន​វិញ នេះ​ជា​ពាក្យ​ដែល​ពួក​អ្នក​នៅ​ក្រុង​ស៊ីយ៉ូន​នឹង​ថា គឺ​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡឹម​នឹង​ពោល​ថា សូម​ឲ្យ​ឈាម​របស់​ខ្ញុំ​ធ្លាក់​ទៅ​លើ​ពួក​អ្នក​នៅ​ស្រុក​ខាល់ដេ​ដែរ
36 ហេតុ​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា មើល​អញ​នឹង​កាន់​ក្តី​ឯង ហើយ​និង​សង‌សឹក​ជំនួស​ឯង អញ​នឹង​ពង្រីង​សមុទ្រ​គេ​ទៅ ហើយ​ធ្វើ​ឲ្យ​រន្ធ​ទឹក​របស់​គេ​ស្ងួត​ដែរ
37 ឯ​ក្រុង​បាប៊ីឡូន​នឹង​ត្រឡប់​ជា​កង​គំនរ ជា​ទី​លំនៅ​របស់​សត្វ​ស្វាន ជា​ទី​ស្រឡាំង‌កាំង ហើយ​ជា​ទី​ដែល​គេ​ធ្វើ​ស៊ីស‌ស៊ូស​ឲ្យ ឥត​មាន​អ្នក​ណា​នៅ​ឡើយ
38 គេ​នឹង​ស្រែក​ជា​មួយ​គ្នា ដូច​ជា​សិង្ហ​ស្ទាវ គេ​នឹង​គ្រហឹម​ដូច​ជា​កូន​សិង្ហ
39 កាល​ណា​គេ​ក្តៅ​ខ្លួន នោះ​អញ​នឹង​រៀប​ជប់‌លៀង​ឲ្យ​គេ អញ​នឹង​ធ្វើ​ឲ្យ​គេ​ស្រវឹង ដើម្បី​ឲ្យ​គេ​បាន​រីក‌រាយ​ចិត្ត ហើយ​ឲ្យ​ដេក​លក់​ទៅ​ជានិច្ច ឥត​ភ្ញាក់​ឡើង​វិញ​ឡើយ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា
40 អញ​នឹង​នាំ​គេ​ចុះ​ទៅ​ដល់​ទី​សម្លាប់ ដូច​ជា​កូន​ចៀម​ទាំង​ប៉ុន្មាន គឺ​ដូច​ជា​ចៀម​ឈ្មោល និង​ពពែ​ឈ្មោល​ផង។
41 សេសាក​បាន​ត្រូវ​ចាប់​យក​យ៉ាង​ណា​ហ្ន៎ ទី​គួរ​លើក​សរសើរ​របស់​ផែនដី​ទាំង​មូល ត្រូវ​ចាប់​បាន​យ៉ាង​ណា​ហ្ន៎ អើ បាប៊ីឡូន​បាន​ទៅ​ជា​ទី​ស្ងាត់​ច្រៀប នៅ​កណ្តាល​អស់​ទាំង​សាសន៍​យ៉ាង​ណា​ហ្ន៎
42 សមុទ្រ​បាន​ឡើង​មក​លើ​ស្រុក​បាប៊ីឡូន វា​ត្រូវ​គ្រប​ដោយ​រលក​ដ៏​ក្រាស់‌ក្រៃ
43 ទី​ក្រុង​ទាំង​ប៉ុន្មាន​បាន​ត្រឡប់​ជា​ទី​ស្ងាត់​ច្រៀប ជា​ដី​ហួត‌ហែង ជា​វាល​ស្ងាត់ ជា​ទី​ដែល​ឥត​មាន​អ្នក​ណា​នៅ ហើយ​គ្មាន​មនុស្ស​ជាតិ​ណា​មួយ​ដើរ​តាម​នោះ​ឡើយ
44 អញ​នឹង​ធ្វើ​ទោស​ដល់​ព្រះ‌បាល​នៅ​ស្រុក​បាប៊ីឡូន ហើយ​និង​ធ្វើ​ឲ្យ​របស់​ទាំង​ប៉ុន្មាន​ដែល​វា​បាន​លេប​ទៅ បាន​ចេញ​ពី​មាត់​មក​វិញ នោះ​អស់​ទាំង​សាសន៍​នឹង​លែង​ទៅ​ជា​ហូរ‌ហែ​រក​វា​ទៀត ហើយ​កំផែង​នៃ​ក្រុង​បាប៊ីឡូន​នឹង​រលំ​ចុះ។
45 ឱ​រាស្ត្រ​អញ​អើយ ចូរ​ចេញ​ពី​កណ្តាល​ពួក​គេ​ទៅ ត្រូវ​ឲ្យ​គ្រប់​គ្នា​ដោះ​ខ្លួន​ឲ្យ​រួច​ពី​សេចក្ដី​ខ្ញាល់​ដ៏​សហ័ស​របស់​ព្រះ‌យេហូវ៉ា
46 កុំ​ឲ្យ​ឯង​រាល់​គ្នា​ស្រយុត​ចិត្ត​ឡើយ ក៏​កុំ​ឲ្យ​ភ័យ​ខ្លាច​ចំពោះ​ដំណឹង​ដែល​ឮ​នៅ​ក្នុង​ស្រុក​ដែរ ដ្បិត​នៅ​ឆ្នាំ​១ នឹង​មាន​ឮ​ដំណឹង​មក​ដល់ រួច​ដល់​ឆ្នាំ​ក្រោយ ក៏​នឹង​ឮ​ដំណឹង​១​ទៀត ព្រម​ទាំង​មាន​ការ​យុក‌យាក់​នៅ​ក្នុង​ស្រុក​ផង គឺ​ជា​ស្តេច​១​ទាស់​នឹង​ស្តេច​១​ទៀត
47 ហេតុ​នោះ​មើល នឹង​មាន​គ្រា​មក​ដល់ ដែល​អញ​នឹង​សម្រេច​ទោស​ដល់​អស់​ទាំង​រូប​ឆ្លាក់​របស់​ស្រុក​បាប៊ីឡូន ហើយ​ស្រុក​ទាំង​មូល​នឹង​ត្រូវ​ជ្រប់​មុខ ឯ​ពួក​អ្នក​ទាំង​ប៉ុន្មាន​ដែល​ត្រូវ​គេ​សម្លាប់​នោះ នឹង​ដួល​នៅ​កណ្តាល​វា
48 គ្រា​នោះ ទាំង​ផ្ទៃ​មេឃ ហើយ​ផែនដី និង​របស់​សព្វ​សារពើ​ដែល​នៅ​ស្ថាន​ទាំង​នោះ នឹង​ច្រៀង​អរ​សប្បាយ ពី​ដំណើរ​ក្រុង​បាប៊ីឡូន ពី​ព្រោះ​ពួក​បំផ្លាញ​នឹង​មក​ដល់​វា ពី​ទិស​ខាង​ជើង នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា
49 រីឯ​ក្រុង​បាប៊ីឡូន​បាន​ធ្វើ​ឲ្យ​សាសន៍​អ៊ីស្រា‌អែល​ដួល​ស្លាប់​ទៅ​យ៉ាង​ណា នោះ​ពួក​អ្នក​ស្រុក​ទាំង​មូល​នឹង​ត្រូវ​ដួល​ស្លាប់ នៅ​ត្រង់​ក្រុង​បាប៊ីឡូន​យ៉ាង​នោះ​ដែរ។
50 នែ ឯង​រាល់​គ្នា​ដែល​បាន​រួច​ពី​ដាវ​អើយ ចូរ​ទៅ​ចុះ​កុំ​បង្អង់​ឡើយ ចូរ​នឹក​ដល់​ព្រះ‌យេហូវ៉ា​ពី​ទី​ចម្ងាយ ហើយ​ឲ្យ​ក្រុង​យេរូ‌សាឡឹម​ចូល​ក្នុង​គំនិត​ឯង​ដែរ
51 យើង​រាល់​គ្នា​ត្រូវ​ខ្មាស ដោយ​បាន​ឮ​ពាក្យ​ត្មះ‌តិះដៀល យើង​រាល់​គ្នា​បាន​ឡើង​មុខ​ក្រហម​ហើយ ដ្បិត​មាន​សាសន៍​ដទៃ​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ​របស់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា
52 ហេតុ​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា មើល នឹង​មាន​គ្រា​មក​ដល់ ដែល​អញ​នឹង​សម្រេច​ទោស​ដល់​អស់​ទាំង​រូប​ឆ្លាក់​របស់​គេ ហើយ​ពួក​គេ​ដែល​ត្រូវ​របួស​ក៏​នឹង​ថ្ងូរ នៅ​ពេញ​ក្នុង​ស្រុក
53 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ទោះ​បើ​ក្រុង​បាប៊ីឡូន​នឹង​លើក​ខ្លួន​ឡើង​ដល់​ផ្ទៃ​មេឃ ហើយ​ចម្រើន​កម្លាំង​នៃ​ទី​ខ្ពស់​របស់​គេ ឲ្យ​រឹង‌រឹត​តែ​មាំ‌មួន​ឡើង​ក៏​ដោយ គង់​តែ​អញ​នឹង​ឲ្យ​ពួក​បំផ្លាញ​ឡើង​ទៅ​ដល់​គេ​ដែរ។
54 មាន​ឮ​សូរ​សម្រែក​ចេញ​ពី​ក្រុង​បាប៊ីឡូន​មក និង​សូរ​នៃ​ការ​បំផ្លាញ​យ៉ាង​សម្បើម មក​ពី​ស្រុក​របស់​ពួក​ខាល់ដេ
55 ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​រំលាង​ក្រុង​បាប៊ីឡូន ហើយ​ក៏​បំផ្លាញ​សំឡេង​យ៉ាង​ធំ​ឲ្យ​បាត់​ចេញ​ពី​វា​ទៅ រលក​គេ​ឮ​សន្ធឹក​ដូច​ជា​ទឹក​ធំ ក៏​ឮ​សូរ​របស់​គេ​ចេញ​មក
56 ដ្បិត​មេ​បំផ្លាញ​បាន​មក​លើ​វា​ហើយ គឺ​លើ​ក្រុង​បាប៊ីឡូន ពួក​ខ្លាំង​ពូកែ​របស់​វា​ត្រូវ​គេ​ចាប់​បាន ហើយ​ធ្នូ​ទាំង​ប៉ុន្មាន​របស់​គេ​ត្រូវ​បាក់​ខ្ទេច‌ខ្ទី ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​ជា​ព្រះ​ដែល​សង​សំណង ទ្រង់​នឹង​តប​ស្នង​ជា​មិន​ខាន
57 ឯ​ពួក​មេ‌ទ័ព ពួក​អ្នក​ប្រាជ្ញ ពួក​ចៅ‌ហ្វាយ ពួក​នាយ និង​ពួក​មនុស្ស​ខ្លាំង​ពូកែ​ទាំង​ប៉ុន្មាន​របស់​វា នោះ​អញ​នឹង​ធ្វើ​ឲ្យ​ស្រវឹង គេ​នឹង​ដេក​លក់​ទៅ​ជា​រៀង‌រាប​ដរាប ឥត​ភ្ញាក់​ឡើង​វិញ​ឡើយ នេះ​ជា​ព្រះ‌បន្ទូល​នៃ​មហា‌ក្សត្រ ដែល​ព្រះ‌នាម​ទ្រង់​ជា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ
58 ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា កំផែង​យ៉ាង​ក្រាស់​របស់​ក្រុង​បាប៊ីឡូន​នឹង​ត្រូវ​រលំ​អស់​រលីង ហើយ​ទ្វារ​ដ៏​ខ្ពស់​ទាំង​ប៉ុន្មាន​នឹង​ត្រូវ​ភ្លើង​ឆេះ គឺ​យ៉ាង​នោះ​ដែល​សាសន៍​ទាំង‌ឡាយ​បាន​ខំ​ធ្វើ​ការ​ឲ្យ​តែ​បាន​ទទេៗ ហើយ​សាសន៍​ទាំង​ប៉ុន្មាន​ឲ្យ​តែ​បាន​ជា​ចំណី​ភ្លើង​ដែរ គេ​នឹង​នឿយ​ហត់​ទៅ។
59 នេះ​ជា​ពាក្យ​ដែល​ហោរា​យេរេមា​បាន​ផ្តាំ​ដល់​សេរ៉ាយ៉ា ជា​កូន​នេរីយ៉ា ដែល​ជា​កូន​ម៉ាសេយ៉ា ក្នុង​កាល​ដែល​លោក​បាន​ទៅ​ឯ​ក្រុង​បាប៊ីឡូន ជា​មួយ​នឹង​សេដេគា​ស្តេច​យូដា នៅ​ឆ្នាំ​ទី​៤​ក្នុង​រាជ្យ​ទ្រង់ រីឯ​សេរ៉ាយ៉ា​នេះ​លោក​ជា​ចៅ‌ហ្វាយ​ស្លូត​ល្អ
60 យេរេមា​ក៏​សរសេរ​ចុះ​ក្នុង​សៀវភៅ ពី​គ្រប់​ទាំង​ការ​អាក្រក់ ដែល​ត្រូវ​កើត​ដល់​ក្រុង​បាប៊ីឡូន គឺ​គ្រប់​ពាក្យ​ទាំង​នេះ​ដែល​បាន​កត់​ទុក ពី​ដំណើរ​ក្រុង​បាប៊ីឡូន​ហើយ
61 យេរេមា​ក៏​ជម្រាប​សេរ៉ាយ៉ា​ថា កាល​ណា​លោក​ទៅ​ដល់​ក្រុង​បាប៊ីឡូន​ហើយ នោះ​ត្រូវ​ឲ្យ​លោក​អាន​មើល​អស់​ទាំង​ព្រះ‌បន្ទូល​នេះ
62 បន្ទាប់​មក ត្រូវ​ថា ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​សេចក្ដី​ទាំង​នេះ​ពី​ដំណើរ​ទី​នេះ ដើម្បី​នឹង​កាត់​ចេញ ឲ្យ​ឥត​មាន​អ្វី​នៅ​ទៀត​ឡើយ ទោះ​មនុស្ស ឬ​សត្វ​ក្តី គឺ​ឲ្យ​ទី​នេះ​បាន​នៅ​ចោល​ស្ងាត់​ជា​រៀង‌រាប​ដរាប​ទៅ
63 រួច​កាល​ណា​លោក​អាន​មើល​សៀវភៅ​នេះ​សព្វ​គ្រប់​ហើយ នោះ​ត្រូវ​យក​ថ្ម​មក​ចង​ភ្ជាប់ ហើយ​បោះ​ទម្លាក់​ទៅ​កណ្តាល​ទន្លេ​អ៊ើប្រាត​ទៅ
64 រួច​ត្រូវ​ថា ក្រុង​បាប៊ីឡូន​នឹង​លិច​បាត់​យ៉ាង​ដូច្នេះ​ដែរ ឥត​ដែល​ងើប​ឡើង​វិញ​ឡើយ ដោយ​ព្រោះ​ការ​អាក្រក់​ដែល​អញ​នឹង​នាំ​មក​លើ​វា នោះ​គេ​នឹង​នឿយ‌ហត់​ទៅ។ ពាក្យ​របស់​យេរេមា​ចប់​តែ​ប៉ុណ្ណេះ។


ជំពូក 52

1 លុះ​កាល​សេដេគា​ចាប់​តាំង​សោយ‌រាជ្យ​ឡើង នោះ​ទ្រង់​មាន​ព្រះ‌ជន្ម​២១​ឆ្នាំ​ហើយ ទ្រង់​ក៏​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡឹម​បាន​គ្រប់​១១​ឆ្នាំ ព្រះ​មាតា​ទ្រង់​នាម​ជា​ហាមូថាល ជា​បុត្រី​យេរេមា ដែល​នៅ​ក្រុង​លិបណា
2 ទ្រង់​បាន​ប្រព្រឹត្ត​អំពើ​ដ៏​លាមក​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា​តាម​គ្រប់​ទាំង​ការ​ដែល​យេហូយ៉ាគីម​បាន​ធ្វើ
3 គឺ​ហេតុ​នោះ​បាន​ជា​សេចក្ដី​ខ្ញាល់​នៃ​ព្រះ‌យេហូវ៉ា​កើត​ឡើង ដល់​ក្រុង​យេរូ‌សាឡឹម និង​ស្រុក​យូដា ទាល់​តែ​ទ្រង់​បាន​បោះ‌បង់​ចោល​គេ​ចេញ​ពី​ចំពោះ​ទ្រង់​ទៅ ឯ​សេដេគា​ក៏​បះ‌បោរ​នឹង​ស្តេច​បាប៊ីឡូន​ដែរ។
4 ដល់​ឆ្នាំ​ទី​៩​ក្នុង​រាជ្យ​ទ្រង់ គឺ​នៅ​ថ្ងៃ​១០​ខែ​បុស្ស នោះ​នេប៊ូ‌ក្នេសា ជា​ស្តេច​បាប៊ីឡូន ព្រម​ទាំង​ពល‌ទ័ព​របស់​ទ្រង់​ទាំង​ប៉ុន្មាន ក៏​មក​បោះ​ទ័ព​ច្បាំង​នឹង​ក្រុង​យេរូ‌សាឡឹម គេ​តាំង​បន្ទាយ​ប្រទល់​មុខ​នឹង​ទី​ក្រុង​ជុំវិញ
5 យ៉ាង​នោះ​ទី​ក្រុង​ត្រូវ​គេ​ឡោម‌ព័ទ្ធ ដរាប​ដល់​ឆ្នាំ​ទី​១១​ក្នុង​រាជ្យ​ស្តេច​សេដេគា
6 លុះ​ដល់​ថ្ងៃ​៩ ខែ​អាសាធ នោះ​នៅ​ក្នុង​ទី​ក្រុង​មាន​អំណត់​ជា​ខ្លាំង​ណាស់ ដល់‌ម៉្លេះ​បាន​ជា​គ្មាន​អាហារ​សម្រាប់​បណ្តា‌ជន​សោះ
7 នៅ​គ្រា​នោះ គេ​ទម្លាយ​កំផែង​ទី​ក្រុង​បាន រួច​ពួក​ទាហាន​ទាំង​អស់​ក៏​រត់​ចេញ​ពី​ទី​ក្រុង​ទាំង​យប់ ទៅ​តាម​ផ្លូវ​ទ្វារ​កណ្តាល​កំផែង​ទាំង​២ ដែល​នៅ​ជិត​ច្បារ​ស្តេច ហើយ​គេ​រត់​តម្រង់​ទៅ​ឯ​ស្រុក​វាល (ចំណែក​ពួក​ខាល់ដេ​គេ​នៅ​ឡោម‌ព័ទ្ធ​ទី​ក្រុង)
8 ប៉ុន្តែ ពល‌ទ័ព​សាសន៍​ខាល់ដេ គេ​ដេញ​តាម​សេដេគា​ទាន់​នៅ​ត្រង់​វាល​យេរីខូ ហើយ​បណ្តា‌ទ័ព​របស់​ទ្រង់​ត្រូវ​ខ្ចាត់​ខ្ចាយ​ពី​ទ្រង់​អស់​ទៅ
9 គេ​ចាប់​ស្តេច​នាំ​ទៅ​ឯ​ស្តេច​បាប៊ីឡូន ត្រង់​ក្រុង​រីបឡាប ក្នុង​ស្រុក​ហាម៉ាត ស្តេច​បាប៊ីឡូន​ក៏​កាត់​ទោស​ដល់​ទ្រង់
10 ហើយ​សម្លាប់​ពួក​បុត្រា​នៃ​សេដេគា នៅ​ចំពោះ​ព្រះ‌នេត្រ​ទ្រង់ ក៏​សម្លាប់​អស់​ទាំង​ចៅ‌ហ្វាយ​របស់​ស្រុក​យូដា នៅ​ត្រង់​រីបឡា​ដែរ
11 ហើយ​ចាក់​បង្ខូច​ព្រះ‌នេត្រ​របស់​សេដេគា រួច​មក ស្តេច​បាប៊ីឡូន​ដាក់​ច្រវាក់​លង្ហិន នាំ​យក​ទៅ​ដល់​ក្រុង​បាប៊ីឡូន​ឃុំ​ទុក​នៅ​ក្នុង​គុក ដរាប​ដល់​ថ្ងៃ​សុគត។
12 រីឯ​នៅ​ថ្ងៃ​១០ ខែ​ស្រាពណ៍ ក្នុង​ឆ្នាំ​ទី​១៩​នៃ​រាជ្យ​នេប៊ូ‌ក្នេសា ជា​ស្តេច​បាប៊ីឡូន នោះ​នេប៊ូសា‌រ៉ាដាន ជា​មេ‌ទ័ព​ធំ ដែល​ឈរ​នៅ​ចំពោះ​ស្តេច​បាប៊ីឡូន លោក​ចូល​មក​ក្នុង​ក្រុង​យេរូ‌សាឡឹម
13 ក៏​ដុត​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា និង​ដំណាក់​ស្តេច ព្រម​ទាំង​បណ្តា​ផ្ទះ​នៅ​ក្រុង​យេរូ‌សាឡឹម​ផង គឺ​លោក​ដុត​អស់​ទាំង​ផ្ទះ​ធំៗ​ចោល
14 ឯ​ពួក​ទ័ព​សាសន៍​ខាល់ដេ​ទាំង​ប៉ុន្មាន ដែល​នៅ​ជា​មួយ​នឹង​មេ‌ទ័ព​ធំ គេ​ក៏​មក​រំលំ​កំផែង​នៃ​ទី​ក្រុង​យេរូ‌សាឡឹម​គ្រប់​ជុំវិញ
15 រួច​នេប៊ូសា‌រ៉ាដាន ជា​មេ‌ទ័ព​ធំ លោក​នាំ​ពួក​ក្រីក្រ​បំផុត​ក្នុង​បណ្តា‌ជន និង​សំណល់​មនុស្ស​ដែល​នៅ​ក្នុង​ទី​ក្រុង ព្រម​ទាំង​ពួក​អ្នក​ដែល​បាន​រវាត​ចូល​ទៅ​ខាង​ស្តេច​បាប៊ីឡូន និង​សំណល់​នៃ​មនុស្ស​ទៅ​ជា​ឈ្លើយ
16 តែ​នេប៊ូសា‌រ៉ាដាន​ជា​មេ‌ទ័ព​ធំ លោក​ទុក​ពួក​អ្នក​ក្រីក្រ​ខ្លះ​នៃ​ស្រុក​នោះ ឲ្យ​ថែ​ចម្ការ​ទំពាំង‌បាយ‌ជូរ ហើយ​ភ្ជួរ‌រាស់​ដី។
17 ឯ​សសរ​លង្ហិន​ដែល​នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា និង​ជើង​ថ្កល់ ហើយ​សមុទ្រ​លង្ហិន​ដែល​នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា នោះ​ពួក​ខាល់ដេ​បំបែក​ជា​ដុំៗ ដឹក​យក​លង្ហិន​ទាំង​នោះ​ទៅ​ឯ​ស្រុក​បាប៊ីឡូន​ទៅ
18 ឯ​កន្ថោរ ចប‌ចូក ឃ្នាប​ប្រឆេះ ចាន‌គោម កូន​ចាន និង​គ្រឿង​ប្រដាប់​លង្ហិន​ទាំង​ប៉ុន្មាន​ដែល​ប្រើ​សម្រាប់​គោរព នោះ​គេ​ក៏​យក​ទៅ​ដែរ
19 ហើយ​ទាំង​ផើង ជើង‌ក្រាន ចាន‌គោម កន្ថោរ ជើង​ចង្កៀង កូន​ចាន និង​ពែង ដែល​ធ្វើ​ពី​មាស ហើយ​ដែល​ធ្វើ​ពី​ប្រាក់ នោះ​មេ‌ទ័ព​ធំ​ក៏​យក​ទៅ​ទាំង​អស់
20 ឯ​សសរ​ទាំង​២ សមុទ្រ​១ និង​គោ​លង្ហិន​ទាំង​១២​ទ្រ​ពី​ក្រោម ដែល​ស្តេច​សាឡូ‌ម៉ូន​បាន​ធ្វើ​សម្រាប់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា នោះ​នឹង​ថ្លឹង​លង្ហិន​នៃ​របស់​ទាំង​នោះ​មិន​បាន​ឡើយ
21 ត្រង់​ឯ​សសរ​នោះ​មួយៗ មាន​កំពស់​១៨​ហត្ថ ហើយ​វាស់​ជុំវិញ​ត្រូវ​ជា​១២​ហត្ថ មាន​កំរាស់​៤​ធ្នាប់ មាន​ប្រហោង​ក្នុង
22 ក៏​មាន​ក្បាច់​ក្បាល​សសរ​លង្ហិន​នៅ​ពី​លើ​ក្បាល​សសរ​មួយៗ​កំពស់​៥​ហត្ថ មាន​ក្បាច់​ក្រឡា​អួន និង​ផ្លែ​ទទឹម សុទ្ធ​តែ​ធ្វើ​ពី​លង្ហិន​នៅ​ជាប់​ជុំវិញ​ផង ហើយ​សសរ​ទី​២​ក៏​មាន​ក្បាច់​ក្រឡា​អួន និង​ផ្លែ​ទទឹម​ដូច​គ្នា​ដែរ
23 មាន​ផ្លែ​ទទឹម​៩៦​នៅ​គ្រប់​ជុំវិញ ហើយ​និង​ផ្លែ​ទទឹម​ទាំង​អស់​ដែល​នៅ​ជាប់​នឹង​ក្បាច់​ក្រឡា​អួន​នោះ​មាន​ចំនួន​១០០។
24 មេ‌ទ័ព​ធំ​ក៏​យក​សេរ៉ាយ៉ា ជា​សង្ឃ​ធំ និង​សេផានា ជា​សង្ឃ​ទី​២ ហើយ​ពួក​ឆ្មាំ​ទ្វារ​ទាំង​៣​នាក់
25 ក៏​យក​មេ​ម្នាក់ ដែល​បាន​ត្រួត​លើ​ពល‌ទ័ព ពី​ក្នុង​ទី​ក្រុង និង​មនុស្ស​៧​នាក់ ដែល​ធ្លាប់​ឃើញ​ព្រះ‌‌ភ័ក្ត្រ​ស្តេច ដែល​ឃើញ​មាន​នៅ​ក្នុង​ទី​ក្រុង ហើយ​ស្មៀន​របស់​មេ‌ទ័ព​ធំ ដែល​កេណ្ឌ​ពួក​អ្នក​ស្រុក ព្រម​ទាំង​ពួក​អ្នក​ស្រុក​៦០​នាក់ ដែល​ឃើញ​មាន​នៅ​ក្នុង​ទី​ក្រុង​ផង
26 នោះ​នេប៊ូសា‌រ៉ាដាន ជា​មេ‌ទ័ព​ធំ លោក​នាំ​អ្នក​ទាំង​នោះ ទៅ​ឯ​ស្តេច​បាប៊ីឡូន​ត្រង់​រីបឡា
27 ស្តេច​បាប៊ីឡូន​ក៏​ប្រហារ​ជីវិត​គេ នៅ​ត្រង់​រីបឡា ក្នុង​ស្រុក​ហាម៉ាត​ទៅ គឺ​យ៉ាង​នោះ​ដែល​ពួក​យូដា​ត្រូវ​ដឹក‌នាំ​ចេញ​ពី​ស្រុក​របស់​ខ្លួន​ទៅ​ជា​ឈ្លើយ។
28 នេះ​ជា​ពួក​បណ្តា‌ជន​ដែល​នេប៊ូ‌ក្នេសា​បាន​ដឹក‌នាំ​ទៅ​ជា​ឈ្លើយ នៅ​ឆ្នាំ​ទី​៧ គឺ​មាន​ពួក​យូដា អស់​ចំនួន​៣០២៣​នាក់
29 នៅ​ឆ្នាំ​ទី​១៨​នៃ​នេប៊ូ‌ក្នេសា នោះ​ទ្រង់​នាំ​យក​មនុស្ស​ចំនួន​៨៣២​នាក់ ចេញ​ពី​ក្រុង​យេរូ‌សាឡឹម​ទៅ​ជា​ឈ្លើយ
30 រួច​នៅ​ឆ្នាំ​ទី​២៣​នៃ​នេប៊ូ‌ក្នេសា នោះ​នេប៊ូសា‌រ៉ាដាន ជា​មេ‌ទ័ព​ធំ ក៏​នាំ​យក​ពួក​សាសន៍​យូដា​ចំនួន​៧៤៥​នាក់​ទៅ​ជា​ឈ្លើយ​ទៀត បូក​រួម​មនុស្ស​ទាំង​អស់​មាន​ចំនួន​៤៦០០​នាក់។
31 លុះ​ដល់​ឆ្នាំ​ទី​៣៧ ដែល​យ៉ូយ៉ា‌គីន ជា​ស្តេច​យូដា​នៅ​ជា​ឈ្លើយ គឺ​នៅ​ថ្ងៃ​២៥​ខែ​ផល្គុណ នោះ​អេវីល-មេរ៉ូដាក ស្តេច​បាប៊ីឡូន​ក៏​លើក​មុខ​យ៉ូយ៉ា‌គីន ជា​ស្តេច​យូដា​ឡើង នៅ​ក្នុង​ឆ្នាំ​ទី​១​នៃ​រាជ្យ​ទ្រង់ ហើយ​ដោះ​ទ្រង់​ឲ្យ​រួច​ចេញ​ពី​គុក
32 ក៏​មាន​ព្រះ‌បន្ទូល​នឹង​ទ្រង់​ដោយ​ផ្អែម​ពីរោះ ហើយ​តាំង​បល្ល័ង្ក​ទ្រង់​ឲ្យ​ខ្ពស់​ជាង​បល្ល័ង្ក​នៃ​ពួក​ស្តេច ដែល​នៅ​ជា​មួយ​ក្នុង​ក្រុង​បាប៊ីឡូន
33 ក៏​ផ្លាស់​សម្លៀក‌បំពាក់​គុក​ពី​ទ្រង់​ចេញ រួច​យ៉ូយ៉ា‌គីន​ក៏​សោយ​ព្រះ‌ស្ងោយ នៅ​ចំពោះ​ស្តេច​បាប៊ីឡូន​ជានិច្ច ដរាប​ដល់​អស់​ព្រះ‌ជន្ម​ទ្រង់
34 ឯ​ចំណែក​សម្រាប់​ចិញ្ចឹម​ទ្រង់ នោះ​មាន​១​ចំណែក​ចេញ​ពី​ស្តេច​បាប៊ីឡូន​ទៅ​រាល់ៗ​ថ្ងៃ​ជានិច្ច ដរាប​ដល់​អស់​ព្រះ‌ជន្ម​ទ្រង់។:៚