ជំពូក 1
1 ទីក្រុងដែលពីដើមមានពេញដោយមនុស្ស ឥឡូវបានត្រមោចនៅយ៉ាងណាហ្ន៎ នាងដែលពីដើមជាប្រធាននៅកណ្តាលអស់ទាំងសាសន៍ ឥឡូវនេះបានត្រឡប់ជាមេម៉ាយវិញយ៉ាងណាហ្ន៎ ពីដើមជាបុត្រីនៅកណ្តាលខេត្តទាំងប៉ុន្មាន តែឥឡូវនេះ បានទៅចំណុះគេវិញយ៉ាងណាហ្ន៎
2 នាងយំអណ្តឺតអណ្តកនៅពេលយប់ ទឹកភ្នែករហាមនៅលើថ្ពាល់ផង ក្នុងពួកអ្នកដែលស្រឡាញ់នាង នោះឥតមានណាមួយជួយដោះទុក្ខឡើយ ពួកភឿនមិត្តទាំងអស់បានក្បត់នាងហើយ គេបានត្រឡប់ទៅជាខ្មាំងសត្រូវវិញ
3 ពួកយូដាបានទៅជាឈ្លើយហើយ ក៏ត្រូវរងទុក្ខ ហើយបម្រើយ៉ាងធ្ងន់ នាងអាស្រ័យនៅកណ្តាលអស់ទាំងសាសន៍ ឥតមានសេចក្ដីសម្រាកឡើយ ពួកអ្នកដែលបៀតបៀននាងបានតាមនាងទាន់នៅច្រកចង្អៀត
4 អស់ទាំងផ្លូវនៃក្រុងស៊ីយ៉ូនកំពុងតែយំទួញ ពីព្រោះគ្មានអ្នកណាមកឯជំនុំមុតមាំសោះ អស់ទាំងទ្វារទីក្រុងនៅស្ងាត់ច្រៀប ហើយពួកសង្ឃក៏ថ្ងូរ ពួកក្រមុំៗមានសេចក្ដីទុក្ខ ហើយតួទីក្រុងក៏មានសេចក្ដីជូរចត់ដែរ
5 ពួកអ្នកដែលតតាំងនឹងនាងបានឡើងជាកំពូល ហើយពួកខ្មាំងសត្រូវមានសេចក្ដីចម្រើន ដ្បិតព្រះយេហូវ៉ាទ្រង់បានធ្វើទុក្ខនាង ដោយព្រោះអំពើរំលងដ៏បរិបូរ ពួកក្មេងៗត្រូវបំបរទៅជាឈ្លើយ នៅពីមុខពួកដែលតតាំង
6 គ្រប់ទាំងសេចក្ដីលំអបានបាត់ពីកូនស្រីនៃក្រុងស៊ីយ៉ូនចេញ ពួកចៅហ្វាយរបស់នាងបានត្រឡប់ដូចជាប្រើស ដែលរកទីស្មៅមិនបាន ហើយគេរត់ពីមុខអ្នកដែលដេញតាមដោយល្វើយកម្លាំង។
7 នៅគ្រារងទុក្ខវេទនា ហើយលំបាក នោះក្រុងយេរូសាឡឹមនឹកចាំពីសេចក្ដីដ៏ល្អទាំងប៉ុន្មាន ដែលធ្លាប់មានពីកាលដើម ក្នុងកាលដែលជនទាំងឡាយបានធ្លាក់ទៅក្នុងកណ្តាប់ដៃនៃពួកខ្មាំងសត្រូវ ឥតមានអ្នកណាជួយសោះ នោះពួកខ្មាំងសត្រូវបានឃើញនាង ហើយបានចំអកឲ្យពីដំណើរដែលនាងឈប់ផ្អាកនៅ
8 ក្រុងយេរូសាឡឹមបានធ្វើបាបយ៉ាងធ្ងន់ ហេតុនោះបានជាត្រូវត្រឡប់ដូចជារបស់ស្មោកគ្រោក អស់អ្នកដែលធ្លាប់លើកមុខនាង ឥឡូវគេមើលងាយវិញ ពីព្រោះគេបានឃើញកេរ្តិ៍ខ្មាសនាងហើយ អើ នាងកំពុងតែថ្ងូរ ហើយបែរថយក្រោយ
9 សេចក្ដីស្មោកគ្រោករបស់នាងនៅត្រង់ជាយសំពត់ នាងមិននឹកពីចុងបំផុតរបស់ខ្លួនសោះ ហេតុនោះបានជានាងត្រូវចុះមកយ៉ាងអស្ចារ្យ ឥតមានអ្នកណានឹងជួយដោះទុក្ខឡើយ ឱព្រះយេហូវ៉ាអើយ សូមទ្រង់ទតសេចក្ដីវេទនារបស់ខ្ញុំម្ចាស់ចុះ ដ្បិតខ្មាំងសត្រូវមានសេចក្ដីឆ្មើងឆ្មៃ
10 ពួកសង្កត់សង្កិនបានលូកដៃមកលើរបស់ទាំងប៉ុន្មាន ដែលគាប់ចិត្តនាង នាងបានឃើញសាសន៍ដទៃចូលទៅក្នុងទីបរិសុទ្ធរបស់នាង ជាពួកមនុស្សដែលទ្រង់បានផ្តាំទុក មិនឲ្យគេចូលទៅក្នុងជំនុំរបស់ទ្រង់ឡើយ
11 បណ្តាជនរបស់នាងកំពុងតែថ្ងូរ គេរកអាហារ គេបានឲ្យរបស់ដែលគាប់ចិត្តខ្លួនទាំងប៉ុន្មាន ផ្តូរនឹងអាហារ សម្រាប់ចម្រើនកម្លាំងឡើងវិញ ឱព្រះយេហូវ៉ាអើយ សូមទតមើល ដ្បិតខ្ញុំម្ចាស់បានត្រឡប់ជាទាបថោកហើយ។
12 ឱអ្នករាល់គ្នា ដែលដើរបង្ហួសអើយ តើមិនអំពល់ដល់អ្នករាល់គ្នាទេឬ សូមពិចារណាមើល បើមានសេចក្ដីទុក្ខព្រួយណា ដូចយ៉ាងសេចក្ដីទុក្ខព្រួយរបស់ខ្ញុំនេះ ដែលព្រះយេហូវ៉ាបាននាំមកធ្វើទុក្ខដល់ខ្ញុំ នៅថ្ងៃនៃសេចក្ដីខ្ញាល់ដ៏សហ័សរបស់ទ្រង់
13 ទ្រង់បានចាត់ភ្លើងឲ្យមកពីស្ថានដ៏ខ្ពស់ចូលក្នុងឆ្អឹងខ្ញុំ ភ្លើងនោះក៏ឈ្នះផង ទ្រង់បានដាក់មងសម្រាប់ចាប់ជើងខ្ញុំ ទ្រង់បានបង្វែរខ្ញុំឲ្យថយទៅក្រោយក៏បានធ្វើឲ្យខ្ញុំនៅស្ងាត់ ហើយល្វើយជានិច្ច
14 ឯនឹមនៃអំពើរំលងរបស់ខ្ញុំ នោះគឺព្រះហស្តទ្រង់បានចងជាប់ហើយ ឯអំពើទាំងនោះបានជំពាក់ជាប់គ្នា ក៏បានឡើងមកពាក់លើកខ្ញុំ ទ្រង់បានឲ្យកម្លាំងខ្ញុំស្បើយទៅ ព្រះអម្ចាស់ទ្រង់បានប្រគល់ខ្ញុំទៅក្នុងកណ្តាប់ដៃគេ ជាពួកអ្នកដែលខ្ញុំពុំអាចនឹងទទឹងទាស់បានឡើយ
15 ព្រះអម្ចាស់ទ្រង់បានមើលងាយពួកមនុស្សខ្លាំងពូកែនៅកណ្តាលខ្ញុំហើយ ទ្រង់បានប្រជុំជំនុំមុតមាំទាស់នឹងខ្ញុំ ដើម្បីនឹងកិនពួកកំលោះៗ របស់ខ្ញុំឲ្យខ្ទេចខ្ទី ព្រះអម្ចាស់ទ្រង់បានជាន់នាងក្រមុំស្រុកយូដា ដូចជាជាន់ធុងទំពាំងបាយជូរ
16 ព្រោះហេតុការណ៍ទាំងនេះបានជាខ្ញុំយំ ភ្នែកខ្ញុំហូរសស្រាក់ ដោយព្រោះអ្នកកំសាន្តចិត្ត ដែលគួរមកលំហើយព្រលឹងខ្ញុំ គេនៅឆ្ងាយពីខ្ញុំវិញ កូនចៅខ្ញុំត្រូវចោលស្ងាត់ ដោយព្រោះពួកខ្មាំងសត្រូវបានឈ្នះហើយ។
17 ក្រុងស៊ីយ៉ូនលូកដៃទៅ តែគ្មានអ្នកណានឹងជួយដោះទុក្ខសោះ ព្រះយេហូវ៉ាទ្រង់បានបង្គាប់ពីដំណើរយ៉ាកុបថា ត្រូវឲ្យពួកអ្នកដែលនៅជុំវិញ ធ្វើជាខ្មាំងសត្រូវនឹងគាត់ ក្រុងយេរូសាឡឹមនៅកណ្តាលគេ ទុកដូចជារបស់ស្មោកគ្រោក
18 ព្រះយេហូវ៉ាទ្រង់សុចរិតទេ ដ្បិតខ្ញុំបានបះបោរនឹងបញ្ញត្តទ្រង់ ឱសាសន៍ទាំងឡាយអើយ សូមស្តាប់ ហើយពិចារណាមើលសេចក្ដីទុក្ខព្រួយរបស់ខ្ញុំ ពួកក្រមុំៗ និងពួកកំលោះៗរបស់ខ្ញុំ គេបានទៅជាឈ្លើយអស់ហើយ
19 ខ្ញុំបានហៅពួកអ្នកដែលធ្លាប់ស្រឡាញ់ខ្ញុំ តែគេបានបញ្ឆោតខ្ញុំវិញ ពួកសង្ឃ និងពួកចាស់ទុំរបស់ខ្ញុំបានរលត់ទៅនៅក្នុងទីក្រុង កំពុងដែលគេរកអាហារសម្រាប់ចម្រើនកម្លាំងខ្លួន។
20 ឱព្រះយេហូវ៉ាអើយ សូមទតមើល ដ្បិតខ្ញុំម្ចាស់ មានសេចក្ដីវេទនា ចិត្តខ្ញុំម្ចាស់ទុរន់ទុរា ចិត្តខ្ញុំម្ចាស់ក្រឡាប់ចុះនៅក្នុងខ្លួន ពីព្រោះខ្ញុំម្ចាស់បានបះបោរជាខ្លាំងហើយ នៅខាងក្រៅដាវបង្អត់បង់ ហើយនៅឯផ្ទះក៏មានដូចជាសេចក្ដីស្លាប់ដែរ
21 គេបានឮថា ខ្ញុំម្ចាស់ថ្ងូរ តែគ្មានអ្នកណានឹងជួយដោះទុក្ខខ្ញុំម្ចាស់ទេ ពួកខ្មាំងសត្រូវទាំងប៉ុន្មាន បានឮដំណឹងពីសេចក្ដីលំបាករបស់ខ្ញុំម្ចាស់ ហើយគេសប្បាយចិត្ត ដោយព្រោះទ្រង់បានធ្វើយ៉ាងនេះ ឯទ្រង់ៗនឹងឲ្យថ្ងៃដែលទ្រង់បានប្រកាសប្រាប់នោះ បានមកដល់ នោះគេនឹងបានដូចជាខ្ញុំម្ចាស់វិញ
22 សូមឲ្យគ្រប់ទាំងអំពើទុច្ចរិតរបស់គេ បានលេចមក នៅចំពោះទ្រង់ ហើយសូមទ្រង់ធ្វើដល់គេ ដូចជាទ្រង់បានធ្វើដល់ខ្ញុំម្ចាស់ដោយព្រោះអស់ទាំងអំពើរំលងរបស់ខ្ញុំម្ចាស់ដែរ ដ្បិតខ្ញុំម្ចាស់ថ្ងូរជាច្រើន ហើយចិត្តខ្ញុំម្ចាស់ក៏ល្វើយផង។
ជំពូក 2
1 ព្រះអម្ចាស់ទ្រង់បានគ្របបាំងកូនស្រីនៃក្រុងស៊ីយ៉ូនដោយពពក ក្នុងកាលដែលទ្រង់ខ្ញាល់ យ៉ាងណាហ្ន៎ ទ្រង់បានទម្លាក់សេចក្ដីលំអរបស់អ៊ីស្រាអែល ចុះពីស្ថានសួគ៌មកដល់ដី ក៏មិនបាននឹកចាំពីកំណល់កល់ព្រះបាទទ្រង់នៅថ្ងៃដែលទ្រង់ខ្ញាល់នោះទេ
2 ព្រះអម្ចាស់ទ្រង់បានលេបអស់ទាំងទីលំនៅរបស់យ៉ាកុបបាត់ទៅ ឥតមានប្រណីឡើយ ក្នុងគ្រាដែលទ្រង់មានសេចក្ដីក្រោធ នោះទ្រង់បានរំលំអស់ទាំងទីមាំមួនរបស់កូនស្រីយូដា ទ្រង់បានពង្រាបទីទាំងនោះដល់ដី ហើយបន្ទាបបន្ថោកទាំងនគរ និងពួកចៅហ្វាយផង
3 ក្នុងគ្រាដែលទ្រង់មានសេចក្ដីខ្ញាល់ ដ៏សហ័ស នោះទ្រង់បានកាត់ស្នែងរបស់អ៊ីស្រាអែលចេញ ក៏បានដកព្រះហស្តស្តាំទ្រង់ចេញពីមុខខ្មាំងសត្រូវ ហើយបានបញ្ឆេះយ៉ាកុប ដូចជាភ្លើងឆេះថ្គោលឡើងបន្សុសគ្រប់ជុំវិញ
4 ទ្រង់បានយឹតធ្នូ ដូចជាខ្មាំងសត្រូវ ទ្រង់បានលើកព្រះហស្ត ដូចជាអ្នកតតាំង ក៏បានប្រហារជីវិតនៃគ្រប់ទាំងអស់ដែលគាប់ភ្នែក ឯនៅក្នុងត្រសាលនៃកូនស្រីស៊ីយ៉ូន នោះទ្រង់បានចាក់សេចក្ដីក្រោធរបស់ទ្រង់ចេញដូចជាភ្លើង
5 ព្រះអម្ចាស់ទ្រង់បានត្រឡប់ដូចជាខ្មាំងសត្រូវ ហើយបានលេបអ៊ីស្រាអែលបាត់ទៅ ទ្រង់បានលេបអស់ទាំងដំណាក់របស់គេ ហើយបំផ្លាញទីមាំមួនទាំងប៉ុន្មាន ព្រមទាំងចម្រើនការសោកសៅ និងការយំទួញ ក្នុងកូនស្រីយូដាជាច្រើនឡើង
6 ទ្រង់បានកន្ត្រាក់យកព្រះពន្លារបស់ទ្រង់ចេញដោយកម្លាំង ទុកដូចជាសួនច្បារ ក៏បានបំផ្លាញទីប្រជុំរបស់ទ្រង់ចោល ព្រះយេហូវ៉ាទ្រង់បានបំភ្លេចជំនុំមុតមាំ និងថ្ងៃឈប់សម្រាក ឲ្យសូនបាត់ពីក្រុងស៊ីយ៉ូនទៅ ហើយក្នុងសេចក្ដីគ្នាន់ក្នាញ់របស់សេចក្ដីខ្ញាល់ទ្រង់ នោះទ្រង់បានស្អប់ខ្ពើមដល់ទាំងស្តេច និងសង្ឃផង
7 ព្រះអម្ចាស់ទ្រង់បានបោះបង់ចោលអាសនៈរបស់ទ្រង់ ហើយបានខ្ពើមឆ្អើមចំពោះទីបរិសុទ្ធរបស់ទ្រង់ដែរ ទ្រង់បានប្រគល់អស់ទាំងកំផែងនៃព្រះរាជវាំង ទៅក្នុងកណ្តាប់ដៃនៃពួកខ្មាំងសត្រូវ គេបានស្រែកហ៊ោនៅក្នុងព្រះវិហារនៃព្រះយេហូវ៉ាដូចនៅថ្ងៃបុណ្យហ៊ឹកហ៊ាក់
8 ព្រះយេហូវ៉ាទ្រង់បានសម្រេចនឹងបំផ្លាញកំផែងនៃកូនស្រីស៊ីយ៉ូនបង់ ក៏បានលាតខ្សែរង្វាស់ហើយ ឥតដកព្រះហស្តចេញពីការបំផ្លាញឡើយ ទ្រង់បានបណ្តាលឲ្យទាំងរបងសីមា និងកំផែង ទួញទំនួញ ហើយរោយរៀវទៅជាមួយគ្នា
9 ទ្វារទីក្រុងទាំងប៉ុន្មានបានស្រុតចុះទៅក្នុងដី ទ្រង់បានបំបាក់បំផ្លាញរនុកផង ឯស្តេច និងពួកចៅហ្វាយ គេនៅកណ្តាលពួកសាសន៍ដទៃទាំងប៉ុន្មាន ឃ្លាតផុតពីក្រឹត្យវិន័យ អើ ទាំងពួកហោរាក៏លែងឃើញការជាក់ស្តែងពីព្រះយេហូវ៉ាទៀតដែរ
10 ពួកចាស់ទុំរបស់កូនស្រីស៊ីយ៉ូន គេអង្គុយនៅដី ឥតមាត់កអ្វីឡើយ គេបានបាចធូលីដីទៅលើក្បាល ហើយស្លៀកសំពត់ធ្មៃ ពួកក្រមុំៗ នៃក្រុងយេរូសាឡឹមក៏សំយុងក្បាលដល់ដី។
11 ភ្នែកខ្ញុំរលាយទៅដោយហូររហាម ចិត្តខ្ញុំក៏ទុរន់ទុរា ហើយត្រូវស្រលុងចុះដល់ដីផង ដោយព្រោះការបំផ្លាញកូនស្រីនៃសាសន៍ខ្ញុំ ហើយដោយព្រោះកូនតូច និងកូនដែលនៅបៅ វាសន្លប់ទៅនៅតាមផ្លូវទីក្រុង
12 វាសួរដល់ម្តាយថា តើអង្ករ និងស្រាទំពាំងបាយជូរនៅឯណា ក៏វាសន្លប់ទៅតាមផ្លូវនៃទីក្រុង ដូចជាមនុស្សរបួស វាដាច់ខ្យល់នៅលើទ្រូងម្តាយ
13 ឱកូនស្រីនៃក្រុងយេរូសាឡឹមអើយ តើត្រូវឲ្យខ្ញុំធ្វើបន្ទាល់ដល់នាងយ៉ាងណា តើនឹងធៀបនាងដូចជាអ្វី ឱកូនស្រីក្រមុំនៃស៊ីយ៉ូនអើយ តើខ្ញុំនឹងផ្ទឹមនាងនឹងអ្វី ដើម្បីនឹងកំសាន្តចិត្តនាងបាន ដ្បិតការអន្តរាយរបស់នាងធំដូចជាសមុទ្រហើយ តើអ្នកណានឹងមើលឲ្យជាបាន
14 ពួកហោរារបស់នាងបានឃើញការជាក់ស្តែងក្លែងក្លាយ ហើយផ្តេសផ្តាស គេមិនបានបើកឲ្យឃើញសេចក្ដីទុច្ចរិតរបស់នាង ប្រយោជន៍នឹងនាំពួកនាង ដែលនៅជាឈ្លើយឲ្យបានមកវិញទេ គឺគេបានឃើញតែសេចក្ដីកំភូត និងសេចក្ដីដែលបណ្តាលឲ្យត្រូវនិរទេសវិញប៉ុណ្ណោះ
15 អស់អ្នកណាដែលដើរបង្ហួស គេទះដៃឡកឲ្យនាង គេធ្វើស៊ីសស៊ូស ហើយគ្រវីក្បាលដល់កូនស្រីក្រុងយេរូសាឡឹម ដោយពាក្យថា ទីក្រុងនេះឬ ដែលមនុស្សបានហៅថាជាទីល្អបំផុត ហើយជាទីរីករាយដល់ផែនដីទាំងដុំមូលនោះ
16 ពួកខ្មាំងសត្រូវទាំងប៉ុន្មានរបស់នាងបានហាមាត់ធំដាក់នាង គេធ្វើស៊ីសស៊ូស ហើយសង្កៀតធ្មេញ ដោយពាក្យថា យើងបានលេបវាបាត់ហើយ ពិតប្រាកដជាថ្ងៃនេះហើយ ជាថ្ងៃដែលយើងសង្ឃឹមចង់បាននោះ ឥឡូវបានប្រទះ បានឃើញហើយ
17 ព្រះយេហូវ៉ាទ្រង់បានធ្វើការដែលទ្រង់គិតធ្វើ ទ្រង់បានសម្រេចតាមព្រះបន្ទូលដែលទ្រង់បានបង្គាប់ពីចាស់បុរាណ គឺទ្រង់បានរំលំ ឥតប្រណី ហើយបានធ្វើឲ្យខ្មាំងសត្រូវមានសេចក្ដីអំណរពីដំណើរនាង ទ្រង់បានលើកតម្កើងស្នែងរបស់ពួកដែលតតាំងនឹងនាង។
18 ចិត្តរបស់គេបានអំពាវនាវដល់ព្រះអម្ចាស់… ឱកំផែងនៃកូនស្រីស៊ីយ៉ូនអើយ ចូរឲ្យមានទឹកភ្នែកហូរសស្រាក់ ដូចជាទន្លេទាំងយប់ទាំងថ្ងៃចុះ កុំឲ្យឈប់សម្រាកឡើយ កុំឲ្យប្រស្រីភ្នែករបស់នាងឈប់ផ្អាកឲ្យសោះ
19 ចូរក្រោកឡើងទាំងយប់ ហើយស្រែកនៅពេលដើមយាមចុះ ត្រូវឲ្យចាក់ចិត្តនាងចេញ ដូចជាទឹកនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ចូរប្រទូលដៃឡើងទៅឯទ្រង់ ដើម្បីអង្វរឲ្យបានជីវិតនៃក្មេងតូចៗរបស់នាង ដែលសន្លប់ទៅដោយឃ្លាន ត្រង់គ្រប់ទាំងក្បាលផ្លូវ ឲ្យបានគង់នៅវិញ។
20 ឱព្រះយេហូវ៉ាអើយ សូមទតពិចារណាមើល ដែលទ្រង់បានធ្វើការនេះដល់អ្នកណា តើត្រូវឲ្យពួកស្រីៗស៊ីកូនខ្លួន គឺជាកូនដែលម្តាយបីក្រសោបនៅដៃឬអី តើពួកសង្ឃ និងពួកហោរានឹងត្រូវគេសម្លាប់ នៅក្នុងទីបរិសុទ្ធនៃព្រះអម្ចាស់ឬ
21 ទាំងពួកជំទង់ និងពួកចាស់ៗសុទ្ធតែដេកនៅតាមផ្លូវ ឯពួកក្រមុំ និងពួកកំលោះៗរបស់ខ្ញុំម្ចាស់ គេបានដួលស្លាប់ដោយដាវ ទ្រង់បានប្រហារជីវិតគេ ក្នុងថ្ងៃដែលទ្រង់ខ្ញាល់ ទ្រង់បានកាប់សម្លាប់គេ ឥតប្រណីឡើយ
22 ទ្រង់បានហៅប្រមូល ដូចជានៅថ្ងៃបុណ្យមុតមាំ ឲ្យសេចក្ដីស្ញែងខ្លាចមកលើខ្ញុំម្ចាស់នៅគ្រប់ជុំវិញ គ្មានអ្នកណារត់រួច ឬសល់នៅ ក្នុងថ្ងៃនៃសេចក្ដីខ្ញាល់របស់ព្រះយេហូវ៉ាឡើយ ពួកកូនដែលខ្ញុំម្ចាស់បានបីក្រសោបនៅដៃ ហើយបានបីបាច់ចិញ្ចឹមមក នោះខ្មាំងសត្រូវរបស់ខ្ញុំម្ចាស់បានសម្លាប់អស់ហើយ។
ជំពូក 3
1 ខ្ញុំជាមនុស្សដែលបានឃើញសេចក្ដីវេទនា ដោយដំបងនៃសេចក្ដីក្រោធរបស់ទ្រង់
2 ទ្រង់បាននាំខ្ញុំឲ្យដើរក្នុងសេចក្ដីងងឹត មិនមែនក្នុងពន្លឺទេ
3 ពិតប្រាកដជាទ្រង់បានបែរព្រះហស្តមក ទាស់នឹងខ្ញុំខ្ជាន់ៗជានិច្ចរាល់តែថ្ងៃ
4 ទ្រង់បានធ្វើឲ្យសាច់ ហើយស្បែកខ្ញុំរោយរៀវទៅ ហើយបានបំបាក់ឆ្អឹងខ្ញុំផង
5 ទ្រង់បានធ្វើរបងឃុំឃាំងខ្ញុំ ហើយបានឡោមព័ទ្ធខ្ញុំដោយថ្នាំពុល និងការដែលនឿយលំបាក
6 ទ្រង់បានឲ្យខ្ញុំអាស្រ័យនៅទីងងឹត ដូចជាពួកដែលបានស្លាប់ជាយូរមកហើយ
7 ទ្រង់បានធ្វើកំផែងព័ទ្ធជុំវិញខ្ញុំ ដើម្បីមិនឲ្យខ្ញុំចេញទៅក្រៅឡើយ ក៏បានធ្វើឲ្យច្រវាក់ខ្ញុំជាធ្ងន់
8 អើ កាលណាខ្ញុំអំពាវនាវ ហើយស្រែកឡើងឲ្យជួយ នោះទ្រង់រាំងរាមិនឲ្យសេចក្ដីអធិស្ឋានរបស់ខ្ញុំចូលទៅឡើយ
9 ទ្រង់បានយកថ្មដាប់ធ្វើកំផែងរាំងផ្លូវខ្ញុំ ហើយបានធ្វើឲ្យផ្លូវច្រកខ្ញុំវៀចទាំងអស់
10 ទ្រង់ប្រៀបដូចជាខ្លាឃ្មុំដែលលបសង្គ្រុប ហើយដូចជាសិង្ហនៅទីស្ងាត់កំបាំងដល់ខ្ញុំ
11 ទ្រង់បានបង្វែរអស់ទាំងផ្លូវរបស់ខ្ញុំ ក៏ហែកខ្ញុំឲ្យខ្ទេចខ្ទី ហើយបានឲ្យខ្ញុំត្រមោចនៅ
12 ទ្រង់បានយឹតធ្នូ ហើយតាំងខ្ញុំទុកជាវង់សម្រាប់ព្រួញ
13 ទ្រង់បានធ្វើឲ្យតួព្រួញពីបំពង់ទ្រង់ទម្លុះថ្លើមខ្ញុំ
14 ខ្ញុំបានទៅជាទីសំណើចដល់សាសន៍ទាំងឡាយរបស់ខ្ញុំ ហើយជាបទចម្រៀងរបស់គេជានិច្ចរាល់ថ្ងៃ
15 ទ្រង់បានចម្អែតខ្ញុំដោយសេចក្ដីជូរចត់ ព្រមទាំងឲ្យខ្ញុំស្រវឹងដោយស្លែងផង
16 ទ្រង់បានបំបាក់ធ្មេញខ្ញុំដោយក្រួស ហើយបានព្រលាំងខ្ញុំដោយផេះ
17 ហើយទ្រង់បោះបង់ចោលព្រលឹងរបស់ខ្ញុំ ឆ្ងាយចេញពីសេចក្ដីសុខទៅ ខ្ញុំបានភ្លេចសេចក្ដីចម្រើនហើយ
18 ខ្ញុំបានថា កម្លាំងខ្ញុំសូន្យបាត់អស់ទៅ សេចក្ដីសង្ឃឹមរបស់ខ្ញុំក៏ផុតចាកពីព្រះយេហូវ៉ាហើយ។
19 ខ្ញុំនឹកចាំពីសេចក្ដីទុក្ខលំបាក និងពីសេចក្ដីវេទនារបស់ខ្ញុំ ព្រមទាំងស្លែង និងថ្នាំពុលផង
20 ព្រលឹងខ្ញុំនៅតែចាំបាននៅឡើយ ហើយក៏ឱនចុះនៅក្នុងខ្លួនខ្ញុំ
21 តែខ្ញុំនឹកឡើងវិញពីសេចក្ដីនេះ បានជាខ្ញុំមានសេចក្ដីសង្ឃឹមឡើង
22 គឺនឹកពីសេចក្ដីនេះថា កុំតែមានសេចក្ដីសប្បុរសរបស់ព្រះយេហូវ៉ា នោះយើងបានសូន្យបាត់អស់រលីងទៅហើយ ឯសេចក្ដីមេត្តាករុណារបស់ទ្រង់ នោះមិនចេះផុតឡើយ
23 សេចក្ដីទាំងនោះ ចេះតែថ្មីឡើងរាល់តែព្រឹកជានិច្ច សេចក្ដីស្មោះត្រង់របស់ទ្រង់ធំណាស់
24 ព្រលឹងខ្ញុំបានពោលថា ព្រះយេហូវ៉ាជាចំណែកនៃខ្ញុំ ហេតុនោះ ខ្ញុំនឹងសង្ឃឹមដល់ទ្រង់
25 ព្រះយេហូវ៉ាទ្រង់ល្អដល់អស់អ្នកដែលរង់ចាំទ្រង់ គឺដល់ព្រលឹងនៃអ្នកណាដែលស្វែងរកទ្រង់
26 បើមនុស្សនឹងសង្ឃឹមដល់ ហើយរង់ចាំសេចក្ដីសង្គ្រោះរបស់ព្រះយេហូវ៉ា ឥតបារម្ភព្រួយ នោះល្អហើយ
27 ឯការដែលមនុស្សទទួលរងនឹម ក្នុងកាលដែលនៅវ័យក្មេង នោះក៏ល្អដែរ
28 អ្នកនោះនឹងអង្គុយតែឯង ហើយនៅមាត់ស្ងៀម ពីព្រោះគឺទ្រង់ដែលដាក់នឹមលើខ្លួន
29 អ្នកនោះនឹងព្រមដាក់មាត់ចុះក្នុងធូលីដី បើប្រសិនជានឹងមានទីសង្ឃឹមបាន
30 ក៏នឹងបែរកំផ្លៀងទៅឲ្យដល់អ្នកដែលទះខ្លួន ហើយនិងទ្រាំឲ្យបានពេញ ដោយសេចក្ដីត្មះតិះដៀល
31 ដ្បិតព្រះអម្ចាស់ទ្រង់មិនបោះបង់ចោលនៅជាដរាបទេ
32 តែទោះបើទ្រង់ធ្វើទុក្ខក៏ដោយ គង់តែទ្រង់នឹងអាណិតមេត្តា ដោយសេចក្ដីសប្បុរសដ៏បរិបូររបស់ទ្រង់ដែរ
33 ពីព្រោះទ្រង់មិនធ្វើទុក្ខ ឬឲ្យមនុស្សជាតិត្រូវវេទនា ដោយស្ម័គ្រពីព្រះហឫទ័យទេ
34 ឯការដែលជាន់ឈ្លីពួកឈ្លើយនៅផែនដី
35 ឬបង្វែរសេចក្ដីយុត្តិធម៌ពីមនុស្ស នៅចំពោះព្រះដ៏ខ្ពស់បំផុត
36 ឬបង្កាច់បំភាន់មនុស្សណា ក្នុងរឿងក្តី នោះជាការដែលព្រះអម្ចាស់ទ្រង់មិនសព្វព្រះហឫទ័យឡើយ
37 បើព្រះអម្ចាស់ទ្រង់មិនបានបង្គាប់គេ នោះតើមានអ្នកណានឹងអាចទាយទំនាយ ហើយការនោះកើតឡើងបានជាពិត
38 ឯការអាក្រក់ និងការល្អ នោះតើមិនមែនចេញពីព្រះឱស្ឋរបស់ព្រះដ៏ខ្ពស់បំផុតមកទេឬអី
39 ដូច្នេះ ហេតុអ្វីបានជាមនុស្សរស់ត្រូវត្អូញត្អែរ គឺមនុស្សណាដែលរងទោស ដោយព្រោះអំពើបាបដែលខ្លួនបានប្រព្រឹត្តដូច្នេះ។
40 ចូរយើងពិចារណា ហើយល្បងលផ្លូវដែលយើងប្រព្រឹត្ត រួចត្រឡប់បែរទៅឯព្រះយេហូវ៉ាវិញចុះ
41 ចូរឲ្យយើងតម្រង់ចិត្តឡើងទៅឯព្រះ ដែលគង់នៅស្ថានសួគ៌ ជាមួយនឹងដៃយើងផង
42 យើងខ្ញុំបានរំលង ព្រមទាំងបះបោរហើយ ទ្រង់មិនបានអត់ទោសឲ្យទេ
43 ទ្រង់បានគ្រលុំអង្គដោយសេចក្ដីខ្ញាល់ ហើយដេញតាមយើងខ្ញុំ ទ្រង់បានប្រហារជីវិត ឥតប្រណីសោះ
44 ទ្រង់បាំងអង្គដោយពពក ដើម្បីមិនឲ្យសេចក្ដីអធិស្ឋានណាចូលទៅដល់បានឡើយ
45 ទ្រង់បានធ្វើឲ្យយើងខ្ញុំទៅជាកាក ហើយជាសំរាម នៅកណ្តាលអស់ទាំងសាសន៍
46 ពួកខ្មាំងសត្រូវទាំងប៉ុន្មានរបស់យើងខ្ញុំ បានហាមាត់ធំដាក់យើងខ្ញុំ
47 ចំណែករបស់យើងខ្ញុំ គឺជាសេចក្ដីភ័យខ្លាច ហើយនិងរណ្តៅ ព្រមទាំងសេចក្ដីបំផ្លាញ និងសេចក្ដីវិនាសផង
48 ភ្នែកខ្ញុំហូរចេញជាផ្លូវទឹក ដោយព្រោះការបំផ្លាញកូនស្រីរបស់សាសន៍ខ្ញុំ
49 ភ្នែកខ្ញុំនឹងហូរសស្រាក់ឥតឈប់ឈរ ឥតស្រាកឡើយ
50 ទាល់តែព្រះយេហូវ៉ាទ្រង់ឈ្ងោកមើល ហើយពិចារណាពីស្ថានសួគ៌មក
51 ភ្នែកខ្ញុំធ្វើឲ្យចិត្តខ្ញុំកើតទុក្ខ ដោយព្រោះពួកកូនស្រីនៃក្រុងរបស់ខ្ញុំ
52 ពួកអ្នកដែលជាខ្មាំងសត្រូវនឹងខ្ញុំ ដោយឥតហេតុគេបានដេញតាមខ្ញុំ ដូចជាដេញតាមសត្វស្លាប
53 គេបានកាត់ជីវិតខ្ញុំចេញ ដោយដាក់គុកងងឹត ហើយបានទាំងដាក់ថ្មសន្ធប់ពីលើខ្ញុំផង
54 មានទឹកហូរមកលិចក្បាលខ្ញុំ នោះខ្ញុំបានថា ខ្ញុំស្លាប់ហើយ។
55 ឱព្រះយេហូវ៉ាអើយ ទូលបង្គំបានអំពាវនាវដល់ព្រះនាមទ្រង់ ពីក្នុងទីជម្រៅនៃគុកងងឹត
56 ទ្រង់ក៏ឮសំឡេងរបស់ទូលបង្គំ សូមកុំគេចព្រះកាណ៌ទ្រង់ចេញពីដំងូរ និងសម្រែករបស់ទូលបង្គំឡើយ
57 នៅថ្ងៃដែលទូលបង្គំបានអំពាវនាវដល់ទ្រង់ នោះទ្រង់បានយាងមកជិត ហើយមានព្រះបន្ទូលថា កុំឲ្យខ្លាចឡើយ
58 ឲ្យព្រះអម្ចាស់អើយ ទ្រង់បានកាន់ក្តីនៃព្រលឹងទូលបង្គំហើយ ទ្រង់បានលោះជីវិតរបស់ទូលបង្គំផង
59 ឱព្រះយេហូវ៉ាអើយ ទ្រង់បានឃើញការកំហុសដែលគេបានធ្វើដល់ទូលបង្គំ សូមទ្រង់ជំនុំជម្រះក្តីរបស់ទូលបង្គំចុះ
60 ទ្រង់បានឃើញការសងសឹកទាំងប៉ុន្មានរបស់គេ និងអស់ទាំងកិច្ចកលដែលគេធ្វើដល់ទូលបង្គំដែរ
61 ឱព្រះយេហូវ៉ាអើយ ទ្រង់បានឮពាក្យប្រមាថរបស់គេ និងអស់ទាំងកិច្ចកលដែលគេគិតធ្វើដល់ទូលបង្គំហើយ
62 ក៏ឮពាក្យសំដីរបស់ពួកអ្នកលើកគ្នាទាស់នឹងទូលបង្គំ ហើយជ្រាបការដែលគេគិតប្រទូស្តនឹងទូលបង្គំជានិច្ចដែរ
63 សូមទ្រង់ទតក្នុងកាលដែលគេអង្គុយចុះ ហើយក្រោកឡើងផង ទូលបង្គំជាបទចម្រៀងរបស់គេហើយ
64 ឱព្រះយេហូវ៉ាអើយ ទ្រង់នឹងសងគេតាមការដែលដៃគេបានធ្វើ
65 ទ្រង់នឹងបណ្តាលឲ្យចិត្តគេរឹងរូស គឺជាសេចក្ដីបណ្តាសាដល់គេ
66 ទ្រង់នឹងដេញតាមគេដោយសេចក្ដីខ្ញាល់ ហើយបំផ្លាញគេឲ្យសូន្យចេញពីក្រោមស្ថានរបស់ព្រះយេហូវ៉ាទៅ។
ជំពូក 4
1 មាសបានទៅជាស្រអាប់យ៉ាងណាហ្ន៎ ឯមាសសុទ្ធ នោះបានផ្លាស់ប្រែយ៉ាងណាហ្ន៎ ថ្មទាំងប៉ុន្មាននៃទីបរិសុទ្ធបានចាក់ចោល នៅត្រង់ក្បាលគ្រប់ទាំងផ្លូវ
2 ឯពួកកូនប្រុសៗរបស់ក្រុងស៊ីយ៉ូន ដែលមានតម្លៃដូចជាមាសយ៉ាងសំរាំង នោះបានរាប់ទុកដូចជាភាជនៈដីវិញ ជាការដែលដៃជាងស្មូនធ្វើយ៉ាងណាហ្ន៎
3 ទោះទាំងមេស្វានក៏បើកដោះឲ្យកូនបៅដែរ តែឯកូនស្រីរបស់សាសន៍ខ្ញុំវិញ នោះមានចិត្តខ្មៅ ដូចជាសត្វអូសទ្រីចនៅទីរហោស្ថាន
4 អណ្តាតរបស់កូនដែលនៅបៅ បានជាប់នៅក្រអូមមាត់ដោយស្រេក កូនតូចៗវាសូមនំបុ័ង តែគ្មានអ្នកណាកាច់ហុចឲ្យវាឡើយ
5 ពួកអ្នកដែលធ្លាប់បរិភោគតាមរបៀបរុងរឿង គេស្រងល់ស្រងាកនៅកណ្តាលផ្លូវ ពួកអ្នកដែលធ្លាប់ស្លៀកពាក់សំពត់ពណ៌ស្វាយ គេនៅក្បែរគំនរអាចម៍សត្វវិញ
6 ដ្បិតសេចក្ដីទុច្ចរិតរបស់កូនស្រីនៃសាសន៍ខ្ញុំបានធ្ងន់ជាងអំពើបាបរបស់ក្រុងសូដុមទៅទៀត ជាទីក្រុងដែលត្រូវបំផ្លាញក្នុង១រំពេច ឥតមានដៃអ្នកណាធ្វើឡើយ
7 ពួកអ្នកមានត្រកូលខ្ពស់ នៅក្នុងទីក្រុង គេបរិសុទ្ធជាងហិមៈ គេសស្អាតជាងទឹកដោះគោ សម្បុរគេឡើងក្រហមជាងត្បូងទទឹមទៅទៀត ហើយរាងកាយគេក៏ភ្លឺដូចជាត្បូងកណ្តៀង
8 ឥឡូវនេះ មុខគេខ្មៅជាងធ្យូងវិញ គ្មានអ្នកណាស្គាល់គេតាមផ្លូវទេ ស្បែកគេជាប់នឹងឆ្អឹង ក៏ស្វិតក្រៀមដូចជារំកាច់ឈើ
9 ពួកអ្នកដែលស្លាប់ដោយដាវ នោះវិសេសជាជាងពួកអ្នក ដែលស្លាប់ដោយស្រេកឃ្លានដ្បិតពួក១នេះ គេហេវទៅ ហើយត្រូវស្លាប់ ដោយខ្វះខាតស្បៀងអាហារ
10 ពួកស្រីៗដែលមានចិត្តទន់សន្តោសបានស្ងោរកូនខ្លួនស៊ី ដោយដៃខ្លួនឯង កូនទាំងនោះជាអាហារដល់គេ ក្នុងគ្រាបំផ្លាញកូនស្រីនៃសាសន៍ខ្ញុំ
11 ព្រះយេហូវ៉ាទ្រង់បានសម្រេចសេចក្ដីក្រោធរបស់ទ្រង់ ក៏បានចាក់សេចក្ដីខ្ញាល់ដ៏សហ័សរបស់ទ្រង់ចេញហើយ ទ្រង់បានបង្កាត់ភ្លើង នៅក្នុងក្រុងស៊ីយ៉ូន ជាភ្លើងដែលឆេះដល់ទាំងឫសជញ្ជាំងផង
12 ពួកស្តេចនៅផែនដី ហើយមនុស្សទាំងឡាយដែលនៅលោកីយ៍ គេមិនបានជឿថា ពួកតតាំង និងពួកខ្មាំងសត្រូវ នឹងអាចចូលតាមទ្វារក្រុងយេរូសាឡឹមបានទេ
13 នេះគឺដោយព្រោះតែអំពើបាបរបស់ពួកហោរា និងអំពើទុច្ចរិតរបស់ពួកសង្ឃ ជាពួកអ្នកដែលគេបានកម្ចាយឈាមរបស់មនុស្សសុចរិត នៅកណ្តាលទីក្រុងទេ
14 គេដើរវីមវាម ដូចជាមនុស្សខ្វាក់នៅតាមផ្លូវ គេសុទ្ធតែប្រឡាក់ដោយឈាម ដល់ម៉្លេះបានជាគ្មានអ្នកណាអាចនឹងពាល់សម្លៀកបំពាក់ របស់គេបានឡើយ
15 មនុស្សទាំងឡាយស្រែកដល់គេថា ចូរទៅចុះ អាគំរក់ ចូរចេញទៅ ទៅៗ កុំមកពាល់អ្វីឡើយ កាលគេបានរត់ទៅ ហើយដើរសាត់ព្រាត់ទៀត នោះមនុស្សនៅកណ្តាលអស់ទាំងសាសន៍បានថា គេនឹងមិនអាស្រ័យនៅទីនេះទៀតឡើយ
16 សេចក្ដីខ្ញាល់របស់ព្រះយេហូវ៉ាបានកម្ចាត់កម្ចាយគេទៅ ទ្រង់មិនព្រមទតមើលគេទៀតទេ គេមិនបានគោរពប្រតិបត្តិដល់ពួកសង្ឃ ក៏មិនបានរាប់អានពួកចាស់ទុំដែរ។
17 ភ្នែកយើងរាល់គ្នាស្រវាំងទៅ ដោយចាំមើលឲ្យបានជំនួយ ដែលឥតប្រយោជន៍មកជួយយើង ការដែលយើងបានរង់ចាំនោះ គឺយើងចាំមើលផ្លូវសាសន៍១ ដែលជួយសង្គ្រោះមិនបាន
18 គេដេញតាមជំហានយើង ដល់ម៉្លេះបានជាយើងចេញទៅឯផ្លូវមិនបាន ឯចុងបំផុតរបស់យើងកាន់តែជិតដល់ កំណត់យើងក៏សម្រេច ដ្បិតចុងបំផុតរបស់យើងបានមកដល់ហើយ
19 ពួកអ្នកដែលដេញតាមយើង គេរហ័សជាងឥន្ទ្រីនៅលើអាកាស គេបានដេញយើងឲ្យទៅលើភ្នំ ក៏លបចាំយើងនៅទីរហោស្ថាន
20 ព្រះអម្ចាស់ជីវិតរបស់យើង គឺជាស្តេចដែលព្រះយេហូវ៉ាបានចាក់ប្រេងតាំងឲ្យ ទ្រង់ត្រូវគេចាប់ក្នុងអង្គប់របស់គេ គឺពីទ្រង់ហើយ ដែលយើងបានថា យើងរាល់គ្នានឹងជ្រកក្រោមម្លប់របស់ទ្រង់ នៅកណ្តាលពួកសាសន៍ដទៃ។
21 ឱកូនស្រីនៃស្រុកអេដុម ជាអ្នកដែលអាស្រ័យនៅស្រុកអ៊ូសអើយ ចូរមានចិត្តរីករាយ ហើយសប្បាយឡើង ពែងនេះនឹងឆ្លងដល់នាងដែរ នាងនឹងស្រវឹង ហើយនិងសំរាតខ្លួន
22 ឲ្យកូនស្រីនៃក្រុងស៊ីយ៉ូនអើយ ទោសនៃអំពើទុច្ចរិតរបស់នាងបានគ្រប់ចំនួនហើយ ទ្រង់នឹងមិនឲ្យនាងទៅជាឈ្លើយទៀតឡើយ ឱកូនស្រីស្រុកអេដុមអើយ ទ្រង់នឹងធ្វើទោសចំពោះអំពើទុច្ចរិតរបស់នាង ទ្រង់នឹងបើកអំពើបាបរបស់នាងឲ្យឃើញច្បាស់។
ជំពូក 5
1 ឱព្រះយេហូវ៉ាអើយ សូមទ្រង់នឹងនឹកចាំពីការដែលកើតដល់យើងខ្ញុំរាល់គ្នា សូមទ្រង់ទតមកឲ្យឃើញសេចក្ដីដែលគេត្មះតិដៀលដល់យើងខ្ញុំ
2 ចំណែកមរដករបស់យើងខ្ញុំបានបែរទៅជារបស់ពួកអ្នកដទៃ ឯផ្ទះសំបែងរបស់យើងខ្ញុំ ក៏បានទៅជារបស់សាសន៍ក្រៅហើយ
3 យើងខ្ញុំជាកូនកំព្រា ឥតមានឪពុក ម្តាយយើងខ្ញុំបានទៅជាមេម៉ាយ
4 យើងខ្ញុំផឹកទឹករបស់ខ្លួន ដោយបង់ប្រាក់ ឯឱសរបស់យើងខ្ញុំ គេក៏លក់ដល់យើងខ្ញុំដែរ
5 ពួកអ្នកដែលដេញតាម គេជិះកយើងខ្ញុំ យើងខ្ញុំក៏អស់កម្លាំងឥតមានពេលសម្រាកឡើយ
6 យើងខ្ញុំបានហុចដៃទៅឯពួកសាសន៍អេស៊ីព្ទ និងពួកសាសន៍អាសស៊ើរផង ដើម្បីឲ្យបានអាហារបរិភោគ
7 ពួកអយ្យកោយើងខ្ញុំបានធ្វើបាបហើយក៏វិនាសអស់ទៅ ឯយើងខ្ញុំក៏បានត្រូវរងអំពើទុច្ចរិតរបស់គាត់ដែរ
8 មានពួកអ្នកបម្រើធ្វើជាចៅហ្វាយលើយើងខ្ញុំ ឥតមានអ្នកណានឹងដោះយើងខ្ញុំឲ្យរួចពីកណ្តាប់ដៃគេឡើយ
9 យើងខ្ញុំបានអាហារមក ដោយប្រថុយជីវិតចំពោះដាវនៅទីរហោស្ថាន
10 ស្បែកយើងខ្ញុំក្តៅដូចជាជើងក្រាន ដោយព្រោះកំដៅនៃការអត់ឃ្លាន
11 គេបានចាប់កំហែងពួកស្រីនៅក្រុងស៊ីយ៉ូន និងពួកក្រមុំៗនៅអស់ទាំងទីក្រុងនៃស្រុកយូដា
12 ឯពួកចៅហ្វាយ បានត្រូវគេចងដៃព្យួរ ហើយគេមិនខ្លាចមុខពួកចាស់ទុំទេ
13 ពួកកំលោះៗ បានត្រូវសែងត្បាល់កិន ហើយកូនក្មេងដើរព័ន្ធជើងទ្រេតទ្រោតក្រោមបាច់ឱស
14 ពួកចាស់ទុំបានផុតបាត់ពីទ្វារក្រុងទៅ ហើយពួកកំលោះៗក៏លែងលេងភ្លេងទៀត
15 ឯសេចក្ដីអំណររបស់ចិត្តយើងខ្ញុំបានរលត់ទៅ ហើយការលោតកញ្ឆេងរបស់យើងខ្ញុំ បានត្រឡប់ទៅជាការសោយសោកវិញ
16 មកុដបានធ្លាក់ចុះពីក្បាលយើងខ្ញុំហើយ វរហើយយើងខ្ញុំ ពីព្រោះយើងខ្ញុំបានធ្វើបាប
17 ដោយហេតុនេះបានជាចិត្តយើងខ្ញុំស្រយុតចុះ ហើយភ្នែកយើងខ្ញុំក៏បានត្រឡប់ទៅជាងងឹត ដោយព្រោះការទាំងនេះដែរ
18 គឺដោយព្រោះតែភ្នំស៊ីយ៉ូនត្រូវចោលស្ងាត់នៅ ហើយមានតែឆ្កែចចកដើរនៅលើប៉ុណ្ណោះ
19 ឱព្រះយេហូវ៉ាអើយ ទ្រង់គង់នៅអស់កល្បជានិច្ច រាជ្យទ្រង់ក៏ស្ថិតស្ថេរនៅដល់អស់ទាំងដំណមនុស្សតរៀងទៅ
20 ហេតុអ្វីបានជាទ្រង់ភ្លេចយើងខ្ញុំជារៀងរាបដរាប ហើយបោះបង់ចោលយើងខ្ញុំជាយូរអង្វែងដូច្នេះ
21 ឱព្រះយេហូវ៉ាអើយ សូមបំបែរយើងខ្ញុំឲ្យវិលមកឯទ្រង់វិញ នោះយើងខ្ញុំនឹងបានបែរមកហើយ សូមកែជីវិតរបស់យើងខ្ញុំឡើងវិញ ដូចជាកាលពីដើម
22 តើទ្រង់បានបោះបង់ចោលយើងខ្ញុំជាដាច់ខាតឬ ទ្រង់មានសេចក្ដីខ្ញាល់ក្តៅនឹងយើងខ្ញុំយ៉ាងខ្លាំងហើយ។:៚