ជំពូក 1
1 នៅថ្ងៃ៥ខែអាសាធ ឆ្នាំទី៣០ កាលខ្ញុំនៅជាមួយនឹងពួកឈ្លើយ នៅមាត់ទន្លេកេបារ នោះមេឃក៏របើកឡើង ហើយខ្ញុំឃើញការជាក់ស្តែងពីព្រះ
2 រីឯនៅថ្ងៃ៥ក្នុងខែនោះឯង ដែលជាឆ្នាំទី៥ តាំងពីស្តេចយ៉ូយ៉ាគីននៅជាប់ជាឈ្លើយ
3 នោះព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មកដល់អេសេគាល ជាកូនប៊ូស៊ី ដែលជាសង្ឃ នៅស្រុកខាល់ដេក្បែរទន្លេកេបារ ហើយព្រះហស្តនៃព្រះយេហូវ៉ាក៏ស្ថិតលើលោកនៅទីនោះ។
4 ខ្ញុំក៏ក្រឡេកទៅ ឃើញមានខ្យល់ព្យុះចេញពីទិសខាងជើងមក មានពពកយ៉ាងធំ និងភ្លើងចំរុះគ្នា ហើយមានរស្មីភ្លឺនៅជុំវិញ ឯពីកណ្តាលពពកនោះ មានចេញជាពណ៌លង្ហិនស្រងៅ គឺចេញពីកណ្តាលភ្លើងនោះ
5 ហើយពីកណ្តាលនោះ ក៏មានចេញភាពដូចជាតួមានជីវិត៤រូប ដែលមើលទៅបែបយ៉ាងនេះ គឺគ្រប់គ្នាមានភាពដូចជាមនុស្ស
6 គ្រប់គ្នាមានមុខ៤ ហើយគ្រប់គ្នាមានស្លាប៤
7 ឯជើងរាល់តួនោះ សុទ្ធតែត្រង់ បាតជើងក៏ដូចជាបាតជើងនៃកូនគោ ហើយភ្លឺព្រោងព្រាត ដូចជាលង្ហិនខាត់យ៉ាងភ្លឺ
8 តួទាំងនោះមានដៃនៃមនុស្ស នៅក្រោមស្លាបគ្រប់ទាំង៤មុខ ឯមុខ និងស្លាបទាំងប៉ុន្មានរបស់តួទាំងនោះគឺយ៉ាងដូច្នេះ
9 ស្លាបទាំងនោះជាប់តៗគ្នា គ្រប់គ្នាហោះត្រង់ទៅខាងមុខ ឥតងាកបែរឡើយ
10 ឯភាពនៃមុខតួទាំងនោះ គ្រប់គ្នាមានមុខជាមនុស្ស ហើយទាំង៤មានមុខជាសិង្ហខាងស្តាំ ទាំង៤ក៏មានមុខជាគោនៅខាងឆ្វេង ហើយទាំង៤មានមុខជាឥន្ទ្រីដែរ
11 ឯមុខ ហើយនិងស្លាប នោះដាច់ពីគ្នាខាងលើ ស្លាប២របស់រាល់តួនោះបានជាប់តគ្នា ហើយស្លាប២ទៀតក៏គ្របខ្លួន
12 គ្រប់គ្នាក៏ហោះចំទៅខាងមុខ ទីណាដែលព្រះវិញ្ញាណត្រូវទៅ តួទាំងនោះក៏ទៅដែរ ឥតងាកបែរឡើយ
13 ឯភាពនៃតួមានជីវិតទាំងនោះ គឺមើលទៅដូចជារងើកភ្លើង ហើយក៏ដូចជាចន្លុះឆេះ ដែលទ្រោលចុះឡើងនៅកណ្តាលតួមានជីវិតទាំងនោះ ឯភ្លើងនោះក៏ភ្លឺចាំង ហើយមានផ្លេកបន្ទោរចេញពីភ្លើងនោះមក
14 តួមានជីវិតទាំងនោះក៏ហោះទៅមក មើលទៅដូចជាផ្លេកបន្ទោរ។
15 កាលខ្ញុំកំពុងតែមើលតួមានជីវិតទាំងនោះ ខ្ញុំក៏ឃើញកង់១ នៅលើដីក្បែរតួមានជីវិតទាំងនោះ សម្រាប់មុខនីមួយៗគ្រប់ទាំង៤
16 ភាព និងបែបផែននៃកង់ទាំងនោះ ក៏មើលទៅដូចជាត្បូងបេរីល កង់ទាំង៤មានរាងដូចគ្នា ឯភាព និងសណ្ឋានវា ក៏មើលទៅដូចជាកង់១នៅក្នុងកង់១ទៀត
17 កាលណាវាទៅ នោះក៏ទៅទាំង៤មុខឥតបែរទៅខាងណាឡើយ
18 ឯខ្នងកង់នោះ ខ្ពស់គួរស្ញែងខ្លាច ហើយខ្នងកង់ទាំង៤នោះ មានភ្នែក នៅពេញជុំវិញ
19 កាលណាតួមានជីវិតទាំង៤បានហោះទៅ នោះកង់ទាំងនោះក៏អមទៅដែរ កាលណាតួមានជីវិតទាំង៤បានលើកឡើងផុតពីដីទៅ នោះកង់ទាំងនោះក៏បានលើកឡើងដូចគ្នា
20 នៅទីណាដែលព្រះវិញ្ញាណត្រូវទៅ នោះវាក៏ទៅដែរ គឺវិញ្ញាណរបស់វាក៏ទៅកន្លែងដដែល កង់ទាំងនោះបានលើកឡើងអមទៅ ពីព្រោះវិញ្ញាណរបស់តួមានជីវិត ក៏នៅក្នុងកង់ដែរ
21 កាលណាពួកនោះចេញទៅ ពួកនេះក៏ទៅដែរ កាលណាពួកនោះឈប់នៅ ពួកនេះក៏ឈប់ដែរ ហើយកាលណាពួកនោះបានលើកឡើងផុតពីដី នោះកង់ទាំងឡាយក៏បានលើកឡើង អមទៅព្រមគ្នា ដ្បិតវិញ្ញាណរបស់តួមានជីវិតបាននៅជាប់ក្នុងកង់ដែរ។
22 នៅពីលើក្បាលនៃតួមានជីវិត នោះមានដូចជាផ្ទៃមេឃ ដែលមើលទៅដូចជាចរណៃគួរស្ញែងខ្លាច ហើយក៏លាតពីលើក្បាលតួទាំងនោះ
23 ឯក្រោមផ្ទៃមេឃ នោះមានស្លាបរបស់តួទាំងឡាយ ត្រដាងទៅត្រង់តៗគ្នា គ្រប់គ្នាមានស្លាប២ដែលបាំងខ្លួនម្ខាង ហើយស្លាប២ ដែលបាំងខ្លួនម្ខាងទៀត
24 កាលណាហោះទៅ នោះខ្ញុំឮសូរសន្ធឹកស្លាប ដូចជាសូរនៃទឹកធំ គឺដូចជាព្រះសូរសៀងនៃព្រះដ៏មានគ្រប់ព្រះចេស្តា ជាសូរគឹកកង ដូចជាសូរនៃកងទ័ព កាលណាតួទាំងនោះឈប់នៅ នោះក៏សំរបស្លាបចុះមកវិញ
25 កាលបានឈប់សំរបស្លាបចុះមកវិញហើយ នោះមានឮសំឡេងពីផ្ទៃមេឃ ដែលនៅពីលើក្បាលតួទាំងនោះ។
26 នៅពីលើផ្ទៃមេឃដែលនៅពីលើក្បាល នោះមានភាពជាបល្ល័ង្ក ដែលមើលទៅដូចជាត្បូងកណ្តៀង ហើយនៅលើភាពដែលមើលទៅដូចជាបល្ល័ង្ក នោះឃើញមានទ្រង់ទ្រាយដូចជាមនុស្សអង្គុយនៅលើ
27 ខ្ញុំក៏ឃើញពណ៌ដូចជាលង្ហិនខាត់យ៉ាងភ្លឺ ដែលមើលទៅដូចជាភ្លើង នៅខាងក្នុង ហើយនៅជុំវិញ ចាប់តាំងពីកន្លែងដែលមើលទៅដូចជាចង្កេះទៅខាងលើ ហើយចាប់តាំងពីកន្លែងដែលមើលទៅដូចជាចង្កេះ ចុះទៅខាងក្រោម នោះខ្ញុំឃើញភាពមើលទៅដូចភ្លើង ហើយមានរស្មីភ្លឺនៅជុំវិញអង្គនោះ
28 ឯរស្មីដែលភ្លឺនៅព័ទ្ធជុំវិញនោះ ក៏មានភាពដូចជាឥន្ទធនូដែលនៅលើពពក ក្នុងថ្ងៃដែលមានភ្លៀង នេះជាគំរូពីភាពនៃសិរីល្អរបស់ព្រះយេហូវ៉ា កាលខ្ញុំបានឃើញហើយ នោះខ្ញុំក្រាបមុខចុះដល់ដី ហើយខ្ញុំឮព្រះសូរសៀងមានព្រះបន្ទូលមក។
ជំពូក 2
1 ទ្រង់មានព្រះបន្ទូលមកខ្ញុំថា កូនមនុស្ស អើយ ចូរក្រោកឈរឡើង នោះអញនឹងនិយាយនឹងឯង
2 កាលទ្រង់កំពុងមានព្រះបន្ទូលនឹងខ្ញុំ នោះព្រះវិញ្ញាណក៏មកសណ្ឋិតនៅក្នុងខ្ញុំ ហើយបានបញ្ឈរខ្ញុំឡើង រួចខ្ញុំក៏ឮព្រះអង្គដែលមានព្រះបន្ទូលមកខ្ញុំ
3 ទ្រង់មានព្រះបន្ទូលថា កូនមនុស្សអើយ អញចាត់ឯងឲ្យទៅឯពួកកូនចៅអ៊ីស្រាអែល គឺដល់សាសន៍ដែលរឹងចចេស ដែលបានបះបោរនឹងអញ ទោះទាំងខ្លួនគេ និងពួកអយ្យកោក៏បានរំលងទាស់នឹងអញ ដរាបដល់ថ្ងៃនេះឯង
4 គេជាកូនចៅមានមុខរឹង ហើយចិត្តខែង គឺដល់ពួកអ្នកនោះដែលអញចាត់ឯង ត្រូវឲ្យឯងប្រាប់គេថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ
5 ឯគេ ទោះបើគេនឹងព្រមស្តាប់ ឬមិនព្រមក្តី (ដ្បិតគេជាពូជពង្សរឹងចចេស) គង់តែគេនឹងដឹងថា មានហោរា១បានមកក្នុងពួកគេហើយ
6 ឯឯង កូនមនុស្សអើយ កុំឲ្យខ្លាចគេឡើយ ក៏កុំឲ្យខ្លាចចំពោះពាក្យសំដីរបស់គេដែរ ទោះបើមានបន្លា ហើយនិងអញ្ចាញមកទាស់ជានឹងឯង ហើយឯងមានទីអាស្រ័យនៅកណ្តាលពួកខ្យាដំរីក៏ដោយ កុំឲ្យខ្លាចពាក្យសំដីគេឲ្យសោះ ក៏កុំឲ្យស្លុតចិត្តនឹងទឹកមុខគេដែរ ទោះបើគេជាពូជពង្សរឹងចចេសក៏ដោយ
7 ត្រូវឲ្យឯងថ្លែងពាក្យរបស់អញប្រាប់ដល់គេ ទោះបើគេនឹងព្រមស្តាប់ ឬមិនព្រមក្តី ដ្បិតគេរឹងចចេសណាស់។
8 តែឯឯង កូនមនុស្សអើយ ចូរស្តាប់សេចក្ដីដែលអញប្រាប់ដល់ឯងចុះ កុំឲ្យឯងមានចិត្តរឹងចចេស ដូចជាពូជពង្សរឹងរូសនេះឡើយ ចូរហាមាត់ស៊ីរបស់ដែលអញឲ្យដល់ឯង
9 រួចកាលខ្ញុំកំពុងតែមើល នោះឃើញមានដៃ១ លូកមកដល់ខ្ញុំ ក៏ឃើញក្រាំង១ នៅក្នុងដៃនោះ
10 ទ្រង់ក៏បើកត្រដាងក្រាំងនោះនៅមុខខ្ញុំ នោះឃើញមានសរសេរទាំងខាងក្នុង និងខាងក្រៅផង មានកត់ទុកសុទ្ធតែជាពាក្យទំនួញ ពាក្យសោកសៅ និងសេចក្ដីវេទនាទទេ។
ជំពូក 3
1 ទ្រង់ក៏មានព្រះបន្ទូលមកខ្ញុំថា កូនមនុស្សអើយ ចូរឯងស៊ីរបស់ដែលឯងឃើញនេះ គឺស៊ីក្រាំងនេះទៅ រួចចូរទៅនិយាយនឹងពូជពង្សអ៊ីស្រាអែលចុះ
2 ដូច្នេះ ខ្ញុំក៏ហាមាត់ឡើង ហើយទ្រង់ធ្វើឲ្យខ្ញុំបរិភោគក្រាំងនោះទៅ
3 ទ្រង់បង្គាប់ដល់ខ្ញុំថា កូនមនុស្សអើយ ចូរឲ្យពោះឯងទទួលចុះ ហើយឲ្យបានឆ្អែតដោយក្រាំងនេះ ដែលអញឲ្យដល់ឯងផង នោះខ្ញុំក៏បរិភោគទៅ ឯនៅក្នុងមាត់ខ្ញុំ ក្រាំងនោះមានរសផ្អែមដូចជាទឹកឃ្មុំ។
4 រួចទ្រង់មានព្រះបន្ទូលមកខ្ញុំថា កូនមនុស្សអើយ ចូរទៅ ចូរទៅឯពូជពង្សអ៊ីស្រាអែល ហើយប្រាប់គេតាមពាក្យរបស់អញចុះ
5 ដ្បិតអញមិនចាត់ឯង ឲ្យទៅឯសាសន៍ណាដែលមានពាក្យសំដីប្លែក និងភាសាពិបាកនោះទេ គឺឲ្យទៅឯពូជពង្សអ៊ីស្រាអែលវិញ
6 មិនមែនទៅឯសាសន៍ជាច្រើន ដែលមានពាក្យសំដីប្លែក និងភាសាពិបាក ដែលឯងនឹងស្តាប់ពាក្យរបស់គេមិនបាននោះទេ បើសិនជាអញចាត់ឯងឲ្យទៅឯសាសន៍ទាំងនោះ ប្រាកដជាគេនឹងស្តាប់ឯងជាពិត
7 តែពូជពង្សអ៊ីស្រាអែលមិនព្រមស្តាប់តាមឯងទេ ពីព្រោះគេមិនព្រមស្តាប់តាមអញហើយ ដ្បិតពូជពង្សអ៊ីស្រាអែលសុទ្ធតែមានក្បាលរឹង ហើយមានចិត្តចចេស
8 មើល អញធ្វើឲ្យមុខឯងបានរឹងតនឹងមុខគេ ហើយក្បាលឯងបានរឹងតនឹងក្បាលគេដែរ
9 អញបានធ្វើឲ្យក្បាលឯងរឹង ដូចជាពេជ្រដែលរឹងជាងថ្មដែកភ្លេងទៅទៀត កុំឲ្យខ្លាចគេឡើយ ក៏កុំឲ្យស្លុតនឹងទឹកមុខរបស់គេដែរ ទោះបើគេជាពូជពង្សរឹងចចេសក៏ដោយ
10 ទ្រង់ក៏មានព្រះបន្ទូលមកខ្ញុំទៀតថា កូនមនុស្សអើយ ចូរទទួលអស់ទាំងពាក្យដែលអញនឹងប្រាប់ដល់ឯង ទុកនៅក្នុងចិត្តចុះ ហើយស្តាប់ដោយត្រចៀកផង
11 រួចទៅចុះ ចូរទៅឯពួកអ្នកដែលនៅជាឈ្លើយ គឺជាពួកកូនចៅរបស់សាសន៍ឯង ហើយនិយាយប្រាប់ដល់គេថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ នេះគឺទោះបើគេនឹងព្រមស្តាប់តាម ឬមិនព្រមស្តាប់ក្តី។
12 លំដាប់នោះ ព្រះវិញ្ញាណទ្រង់លើកខ្ញុំឡើង ហើយខ្ញុំឮសូរអឺងអាប់ជាខ្លាំងពីក្រោយខ្ញុំថា សូមឲ្យសិរីល្អនៃព្រះយេហូវ៉ាបានពរពីស្ថានរបស់ទ្រង់មក
13 ហើយក៏ឮសូរសន្ធឹកនៃស្លាបរបស់តួមានជីវិតទាំងនោះ ដែលប៉ះគ្នា និងសូររបស់កងទាំងនោះដែលអមទៅ គឺជាសូរអឺងអាប់យ៉ាងខ្លាំង
14 ដូច្នេះ ព្រះវិញ្ញាណទ្រង់លើកខ្ញុំឡើងយកទៅ ឯខ្ញុំក៏ទៅដោយមានសេចក្ដីជូរចត់ ហើយដោយសេចក្ដីក្តៅក្រហាយនៃវិញ្ញាណខ្ញុំ ព្រះហស្តនៃព្រះយេហូវ៉ាក៏សណ្ឋិតលើខ្ញុំជាខ្លាំងដែរ
15 នោះខ្ញុំទៅដល់ពួកឈ្លើយដែលនៅត្រង់ថេល-អាប៊ីប នៅក្បែរទន្លេកេបារ រីឯទៅកន្លែងដែលគេអាស្រ័យនៅ នោះខ្ញុំក៏នៅកណ្តាលគេអស់៧ថ្ងៃដោយស្រឡាំងកាំង។
16 លុះផុតពី៧ថ្ងៃនោះមក ព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មកដល់ខ្ញុំថា
17 កូនមនុស្សអើយ អញបានតាំងឯងឲ្យជាអ្នកយាមដល់ពូជពង្សអ៊ីស្រាអែល ដូច្នេះ ត្រូវឲ្យឯងស្តាប់ពាក្យពីមាត់អញ រួចទៅប្រាមប្រាប់គេឲ្យអញផង
18 កាលណាអញប្រាប់ដល់មនុស្សអាក្រក់ថា ឯងនឹងត្រូវស្លាប់ជាពិត នោះបើឯងមិនទៅប្រាប់គេ ឬប្រាមប្រាប់មនុស្សអាក្រក់នោះ ឲ្យលះបង់ផ្លូវអាក្រក់របស់ខ្លួន ដើម្បីឲ្យបានរួចជីវិត យ៉ាងនោះមនុស្សអាក្រក់នឹងស្លាប់ក្នុងអំពើទុច្ចរិតរបស់ខ្លួនមែន តែអញនឹងទារឈាមរបស់គេពីដៃឯងវិញ
19 ប៉ុន្តែ បើឯងប្រាមប្រាប់ដល់មនុស្សអាក្រក់នោះវិញ តែគេមិនព្រមបែរចេញពីអំពើអាក្រក់ ឬពីផ្លូវអាក្រក់របស់ខ្លួនទេ នោះគេនឹងត្រូវស្លាប់ក្នុងអំពើទុច្ចរិតរបស់ខ្លួនជាពិត តែឯងនឹងបានដោះព្រលឹងខ្លួនឲ្យរួចវិញ
20 មួយទៀត កាលណាមនុស្សសុចរិតបានលះចោលអំពើសុចរិតរបស់ខ្លួន ទៅប្រព្រឹត្តអំពើទុច្ចរិតវិញ ហើយអញដាក់ហេតុ ឲ្យចំពប់នៅមុខគេ នោះគេនឹងត្រូវស្លាប់ ហើយដោយព្រោះឯងមិនបានប្រាមប្រាប់គេ នោះគេនឹងស្លាប់ក្នុងអំពើបាបរបស់ខ្លួនគេ ហើយនិងលែងមានសេចក្ដីនឹកចាំពីអំពើសុចរិតទាំងប៉ុន្មាន ដែលគេបានប្រព្រឹត្តនោះដែរ តែអញនឹងទារឈាមគេពីដៃឯងវិញ
21 ប៉ុន្តែ បើឯងប្រាមប្រាប់ដល់មនុស្សសុចរិត ដើម្បីឲ្យគេបានរវាំងខ្លួនមិនឲ្យធ្វើបាបឡើយ ហើយគេក៏វៀរចេញពីអំពើបាបទៅ នោះគេនឹងរស់នៅជាពិត ដោយព្រោះបានទទួលតាមពាក្យប្រាមប្រាប់របស់ឯង យ៉ាងនោះ ឯងនឹងបានដោះព្រលឹងខ្លួនឲ្យបានរួចផង។
22 នៅទីនោះ ព្រះហស្តនៃព្រះយេហូវ៉ាក៏សណ្ឋិតនៅលើខ្ញុំ ទ្រង់មានព្រះបន្ទូលមកខ្ញុំថា ចូរក្រោកឡើង ចេញទៅឯវាល នៅទីនោះ អញនឹងនិយាយនឹងឯង
23 ដូច្នេះ ខ្ញុំក៏ក្រោកឡើងចេញទៅឯវាល ហើយមើល មានសិរីល្អនៃព្រះយេហូវ៉ាសណ្ឋិតនៅទីនោះ ដូចជាសិរីល្អដែលខ្ញុំបានឃើញនៅក្បែរទន្លេកេបារដែរ ខ្ញុំក៏ដួលផ្កាប់មុខចុះ
24 រួចព្រះវិញ្ញាណទ្រង់មកសណ្ឋិតនៅក្នុងខ្ញុំ ហើយលើកខ្ញុំបញ្ឈរឡើង ទ្រង់មានព្រះបន្ទូលនឹងខ្ញុំ ហើយប្រាប់ថា ចូរឯងចូលទៅក្នុងផ្ទះ ហើយបិទទ្វារទៅ
25 ប៉ុន្តែ ឱកូនមនុស្សអើយ មើល គេនឹងដាក់ចំណងជាប់នឹងឯង ទាំងចងឯងដោយចំណងនោះ ហើយឯងនឹងចេញចូលទៅកណ្តាលគេមិនបាន
26 អញនឹងធ្វើឲ្យអណ្តាតឯងជាប់នៅនឹងក្រអូមមាត់ ឲ្យឯងបានគ ដើម្បីមិនឲ្យធ្វើជាអ្នកបន្ទោសដល់គេទៀត ដ្បិតគេជាពូជពង្សរឹងចចេស
27 ប៉ុន្តែ កាលណាអញនិយាយនឹងឯង នោះអញនឹងបើកមាត់ឯងឡើង ហើយឯងនឹងប្រាប់គេថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ អ្នកណាដែលស្តាប់ ចូរស្តាប់ចុះ ឯអ្នកណាដែលមិនព្រមស្តាប់ទេ នោះក៏តាមចិត្តចុះ ដ្បិតគេជាពូជពង្សរឹងចចេសហើយ។
ជំពូក 4
1 មួយទៀត កូនមនុស្សអើយ ចូរយកក្បឿង១មក ដាក់នៅមុខឯង ហើយគូរផែនទីក្រុងយេរូសាឡឹមនៅលើក្បឿងនោះ
2 រួចនាំទាហានមកឡោមព័ទ្ធច្បាំងនឹងវា ព្រមទាំងសង់ប៉ម ជីកស្នាមភ្លោះ តាំងបន្ទាយទាស់នឹងវា ហើយធ្វើគ្រឿងបុកទម្លាយកំផែងនៅជុំវិញផង
3 ត្រូវឲ្យយកបន្ទះដែកមកដាក់កណ្តាលឯង ហើយនិងទីក្រុង ទុកជាកំផែងដែក រួចឲ្យតម្រង់មុខឯងទាស់នឹងវា នោះទីក្រុងនឹងត្រូវគេឡោមព័ទ្ធហើយ ដោយឯងឡោមព័ទ្ធច្បាំងនឹងគេដូច្នេះ ការនេះនឹងបានជាទីសម្គាល់ដល់ពួកវង្សអ៊ីស្រាអែល។
4 មួយទៀត ចូរឯងដេកផ្អៀងទៅខាងឆ្វេង ហើយផ្ទុកសេចក្ដីទុច្ចរិតរបស់ពូជពង្សអ៊ីស្រាអែលនៅលើខ្លួនចុះត្រូវឲ្យឯងទទួលសេចក្ដីទុច្ចរិតរបស់គេ តាមចំនួនថ្ងៃដែលឯងដេកផ្អៀងខាងនោះ
5 ដ្បិតអញបានរាប់ចំនួនថ្ងៃឲ្យស្មើនឹងចំនួនឆ្នាំ ដែលគេត្រូវរងសេចក្ដីទុច្ចរិតរបស់ខ្លួន គឺ៣៩០ថ្ងៃ ត្រូវឲ្យឯងទទួលអំពើទុច្ចរិតរបស់ពូជពង្សអ៊ីស្រាអែល នៅលើខ្លួនយ៉ាងដូច្នោះ
6 រួចកាលណាឯងបានសម្រេចថ្ងៃទាំងនោះហើយ នោះត្រូវឲ្យឯងដេកផ្អៀងទៅខាងស្តាំវិញ ហើយត្រូវទទួលអំពើទុច្ចរិតរបស់ពូជពង្សយូដាអស់៤០ថ្ងៃ ទៀត អញបានកំណត់១ថ្ងៃ ទុកជា១ឆ្នាំដល់ឯង
7 លំដាប់នោះ ត្រូវឲ្យឯងតម្រង់មុខទៅខាងការឡោមព័ទ្ធច្បាំងនឹងក្រុងយេរូសាឡឹម ដោយមានដើមដៃឯងបើកទទេនៅ ហើយត្រូវទាយទាស់នឹងទីក្រុងដែរ
8 មើល អញដាក់ខ្សែនេះចងឯងជាប់ មិនឲ្យប្រែខ្លួនពីម្ខាងទៅម្ខាងឡើយ ដរាបដល់បានសម្រេចកំណត់ថ្ងៃដែលឯងឡោមព័ទ្ធច្បាំងនោះ។
9 ត្រូវឲ្យឯងយកម្សៅភោជ្ជសាលី ម្សៅឱក សណ្តែកអង្គុយ សណ្តែកបាយ ថ្ពៅ ហើយស្រូវអេប៉ូតមកដាក់ក្នុងផើង ហើយប្រើធ្វើជានំបុ័ងសម្រាប់ខ្លួន តាមចំនួនថ្ងៃដែលឯងត្រូវដេកផ្អៀងនោះ គឺឯងត្រូវស៊ីនំបុ័ងនោះគ្រប់៣៩០ថ្ងៃ
10 ឯអាហារដែលឯងនឹងស៊ី នោះត្រូវថ្លឹងជាកន្លះនាលិសម្រាប់១ថ្ងៃ ហើយត្រូវស៊ីបន្តិចម្តងៗ
11 ក៏ត្រូវផឹកទឹកដោយវាល់ដែរ គឺ២កំប៉ុងក្នុង១ថ្ងៃ ហើយត្រូវផឹកបន្តិចម្តងៗដូចគ្នា
12 ត្រូវឲ្យឯងស៊ីនំបុ័ងនោះទុកដូចជានំម្សៅឱក ហើយត្រូវចំអិននំបុ័ងនោះនៅមុខគេ ដោយដុតលាមកដែលចេញពីមនុស្ស
13 ព្រះយេហូវ៉ាទ្រង់ក៏មានព្រះបន្ទូលថា ពួកកូនចៅអ៊ីស្រាអែលនឹងស៊ីនំបុ័ងស្មោកគ្រោករបស់គេយ៉ាងដូច្នោះ នៅកណ្តាលអស់ទាំងសាសន៍ដែលអញបណ្តេញគេទៅ
14 ខ្ញុំក៏ប្រកែកថា ឱព្រះអម្ចាស់យេហូវ៉ាអើយ មើល ព្រលឹងទូលបង្គំមិនដែលត្រូវស្មោកគ្រោកឡើយ ចាប់តាំងពីក្មេង ដរាបដល់សព្វថ្ងៃនេះ ទូលបង្គំមិនដែលទទួលទានអ្វីដែលស្លាប់ឯង ឬដែលត្រូវសត្វណាហែកហួរឡើយ ក៏មិនដែលមានសាច់គួរខ្ពើមចូលក្នុងមាត់ទូលបង្គំដែរ
15 នោះទ្រង់មានព្រះបន្ទូលមកខ្ញុំថា មើល អញឲ្យឯងប្រើអាចម៍គោ ជំនួសលាមករបស់មនុស្សវិញ ឯងនឹងចំអិននំបុ័ងឯង ដោយដុតអាចម៍គោនោះបាន
16 ទ្រង់មានព្រះបន្ទូលមកខ្ញុំទៀតថា កូនមនុស្សអើយ អញនឹងផ្តាច់ស្បៀងចេញពីក្រុងយេរូសាឡឹម គេនឹងស៊ីនំបុ័ងដោយថ្លឹងហើយបារម្ភព្រួយ ក៏នឹងផឹកទឹកដោយវាល់ ហើយភ្លាំងភ្លឹកដែរ
17 ដើម្បីឲ្យគេខ្វះនំបុ័ង និងទឹក ព្រមទាំងមានសេចក្ដីភ្លាំងភ្លឹកជាមួយគ្នា ហើយរោយរៀវទៅក្នុងអំពើទុច្ចរិតរបស់គេ។
ជំពូក 5
1 មួយទៀត កូនមនុស្សអើយ ចូរយកកាំបិតមុត ជាកាំបិតរបស់ជាងកោរ មកកោរសក់ និងពុកចង្កាឯងចុះ រួចយកត្រាជូមកថ្លឹង ហើយបែងចែកសក់នោះ
2 ឯ១ភាគក្នុង៣ ត្រូវឲ្យឯងដុតនៅកណ្តាលទីក្រុង ក្នុងកាលដែលចំនួនថ្ងៃនៃការឡោមព័ទ្ធនោះបានសម្រេច ១ភាគក្នុង៣ទៀត ត្រូវឲ្យយកកាំបិតកាត់ក្រឡឹងជុំវិញ ហើយ១ភាគក្នុង៣ទៀត ត្រូវឲ្យគ្រវែងចោលឲ្យខ្យល់ផាត់ទៅ រួចអញនឹងហូតដាវទៅតាមក្រោយ
3 ត្រូវឲ្យឯងយកសរសៃសក់នោះប្រមាណបន្តិចមកចងនៅជាយអាវឯង
4 រួចពីចំនួនសរសៃសក់ទាំងនោះ ត្រូវឲ្យឯងយកខ្លះបោះទៅក្នុងភ្លើងដុតទៅ នឹងមានភ្លើងចេញពីនោះមក ទាស់នឹងពូជពង្សអ៊ីស្រាអែលទាំងអស់។
5 ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា នេះគឺជាក្រុងយេរូសាឡឹម ដែលអញបានតាំងឲ្យនៅកណ្តាលអស់ទាំងសាសន៍ និងប្រទេសទាំងប៉ុន្មាននៅជុំវិញ
6 ប៉ុន្តែ វាបានរឹងទទឹងនឹងបញ្ញត្តច្បាប់របស់អញ ដោយប្រព្រឹត្តអំពើអាក្រក់ លើសជាងអស់ទាំងសាសន៍ ហើយរឹងទទឹងនឹងក្រឹត្យក្រមរបស់អញ លើសជាងប្រទេសនៅជុំវិញទាំងប៉ុន្មាន ដ្បិតគេបានបោះបង់ចោលបញ្ញត្តច្បាប់របស់អញឥតដែលដើរតាមសោះ
7 ហេតុនោះបានជាព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលថា ដោយព្រោះឯងរាល់គ្នាជ្រួលជ្រើមលើសជាងអស់ទាំងសាសន៍ដែលនៅជុំវិញឯង ក៏មិនបានដើរតាមច្បាប់អញ ឬរក្សាបញ្ញត្តអញ ហើយមិនបានប្រព្រឹត្តតាមបញ្ញត្តរបស់សាសន៍ទាំងប៉ុន្មាន ដែលនៅជុំវិញឯងផង
8 បានជាព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលថា មើល អញ គឺអញនេះហើយ បានទាស់នឹងឯង អញនឹងសម្រេចសេចក្ដីយុត្តិធម៌នៅកណ្តាលឯង ឲ្យសាសន៍ដទៃបានឃើញដែរ
9 អញនឹងធ្វើការ១នៅក្នុងឯង ជាការដែលអញមិនដែលធ្វើពីដើមមក ហើយទៅមុខទៀតក៏មិនដែលធ្វើឲ្យដូចឡើយ ដោយព្រោះអស់ទាំងការគួរស្អប់ខ្ពើមរបស់ឯង
10 ដូច្នេះ ឪពុកនឹងស៊ីកូន ហើយកូននឹងស៊ីឪពុកនៅកណ្តាលឯង ហើយអញនឹងសម្រេចសេចក្ដីយុត្តិធម៌ដល់ឯង ព្រមទាំងកម្ចាត់កម្ចាយសំណល់របស់ឯងទៅតាមខ្យល់ពីគ្រប់ទិស
11 ហេតុនោះ ព្រះអម្ចាស់យេហូវ៉ាទ្រង់ស្បថថា ដូចជាអញរស់នៅ នោះប្រាកដជាអញនឹងបន្ថយឲ្យឯងកាន់តែតិចទៅ ភ្នែកអញនឹងមើលឯងដោយឥតប្រណី ហើយអញនឹងមិនអាណិតមេត្តាដល់ឯងឡើយ ដោយព្រោះបានបង្អាប់ទីបរិសុទ្ធរបស់អញ ដោយអស់ទាំងរបស់គួរស្អប់ខ្ពើម ហើយគួរឆ្អើមរបស់ឯង
12 ពួកឯង១ភាគក្នុង៣នឹងត្រូវស្លាប់ដោយអាសន្នរោគ ហើយនិងត្រូវសូន្យទៅ ដោយអំណត់អត់នៅកណ្តាលឯង ឯ១ភាគក្នុង៣ទៀត នឹងដួលស្លាប់ដោយដាវនៅជុំវិញឯង ហើយភាគទី៣ អញនឹងកម្ចាត់កម្ចាយទៅតាមខ្យល់គ្រប់ទិស រួចនឹងហូតដាវតាមក្រោយគេទៀត។
13 គឺយ៉ាងនោះឯង ដែលសេចក្ដីកំហឹងរបស់អញនឹងបានសម្រេច ហើយអញនឹងឲ្យសេចក្ដីក្រោធរបស់អញនៅលើគេ នោះអញនឹងបានរសាយចិត្ត កាលណាអញបានសម្រេចសេចក្ដីក្រោធរបស់អញដល់គេ នោះគេនឹងដឹងថា ជាអញនេះហើយ គឺព្រះយេហូវ៉ា ដែលបាននិយាយដោយសេចក្ដីស្រវាស្រទេញរបស់អញ
14 អញនឹងធ្វើឲ្យឯងទៅជាទីខូចបង់ ហើយជាទីមើលងាយ នៅកណ្តាលអស់ទាំងសាសន៍ដែលនៅជុំវិញឯង ឲ្យគ្រប់មនុស្សដែលដើរបង្ហួសបានឃើញផង
15 ដូច្នេះ ការនោះនឹងបានជាហេតុនាំឲ្យមានសេចក្ដីត្មះតិះដៀល សេចក្ដីអុចអាល សេចក្ដីប្រៀនប្រដៅ និងសេចក្ដីស្រឡាំងកាំង ដល់អស់ទាំងសាសន៍ដែលនៅជុំវិញឯង ក្នុងកាលដែលអញសម្រេចសេចក្ដីយុត្តិធម៌ដល់ឯង ដោយសេចក្ដីកំហឹង សេចក្ដីឃោរឃៅ និងពាក្យបន្ទោសដោយក្តៅខ្លាំង (អញនេះគឺយេហូវ៉ា បានចេញវាចាហើយ)
16 គឺក្នុងកាលដែលអញនឹងចាត់ប្រើព្រួញដ៏អាក្រក់នៃសេចក្ដីអំណត់ ដែលសម្រាប់បំផ្លាញ ជាសេចក្ដីដែលអញនឹងចាត់មកលើឯងរាល់គ្នា នោះអញនឹងធ្វើឲ្យសេចក្ដីអំណត់អត់ចម្រើនឡើងដល់ឯង ហើយនិងផ្តាច់ស្បៀងអាហាររបស់ឯងរាល់គ្នាបង់
17 អញនឹងបាត់សេចក្ដីអំណត់អត់ និងសត្វកំណាចមកលើឯងរាល់គ្នា នោះនឹងបំរាសកូនឯងទៅ ហើយនិងមានទាំងអាសន្នរោគ និងឈាមមកកណ្តាលឯងផង អញនឹងនាំដាវមកលើឯង អញនេះ គឺយេហូវ៉ា បានចេញវាចាហើយ។
ជំពូក 6
1 ព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់ខ្ញុំថា
2 កូនមនុស្សអើយ ចូរតម្រង់មុខទៅឯភ្នំស្រុកអ៊ីស្រាអែល ហើយទាយប្រាប់គេថា
3 ម្នាលភ្នំស្រុកអ៊ីស្រាអែលអើយ ចូរស្តាប់ព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដល់ទាំងភ្នំធំ ភ្នំតូច ទាំងជ្រោះទឹក និងច្រកភ្នំទាំងប៉ុន្មានថា មើល អញ គឺអញនេះហើយ នឹងនាំដាវមកលើឯងរាល់គ្នា ហើយអញនឹងបំផ្លាញអស់ទាំងទីខ្ពស់របស់ឯងបង់
4 អស់ទាំងអាសនៈរបស់ឯងនឹងត្រូវខូចលាញ ហើយរូបព្រះអាទិត្យរបស់ឯងនឹងត្រូវបាក់បែក អញនឹងបោះពួកឯងដែលត្រូវស្លាប់ចុះ នៅមុខរូបព្រះរបស់ឯង
5 អញនឹងផ្តេកសាកសពរបស់ពួកកូនចៅអ៊ីស្រាអែល នៅមុខរូបព្រះរបស់គេ ហើយនិងកម្ចាត់កម្ចាយឆ្អឹងឯង នៅជុំវិញអាសនៈរបស់ឯង
6 នៅអស់ទាំងទីណាដែលឯងរាល់គ្នាអាស្រ័យនៅ នោះទីក្រុងទាំងប៉ុន្មាននឹងត្រូវខូចបង់ ហើយអស់ទាំងទីខ្ពស់នឹងត្រូវចោលស្ងាត់ ដើម្បីឲ្យអាសនៈទាំងប៉ុន្មានរបស់ឯងត្រូវបំផ្លាញ ហើយនៅស្ងាត់ច្រៀប និងឲ្យរូបព្រះរបស់ឯងទាំងប៉ុន្មានត្រូវបាក់បែក ហើយលែងមានទៀត ព្រមទាំងឲ្យរូបព្រះអាទិត្យរបស់ឯងត្រូវកាប់រំលំផង ប្រយោជន៍ឲ្យស្នាដៃទាំងប៉ុន្មានរបស់ឯងបានសាបសូន្យទៅ
7 ពួកអ្នកដែលត្រូវសម្លាប់ គេនឹងដួលនៅកណ្តាលឯង នោះឯងរាល់គ្នានឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត។
8 ប៉ុន្តែ អញនឹងឲ្យមានសល់នៅខ្លះ ដើម្បីឲ្យឯងរាល់គ្នាមានអ្នកខ្លះដែលនឹងរួចពីដាវនៅកណ្តាលសាសន៍ដទៃ ក្នុងកាលដែលឯងរាល់គ្នាត្រូវខ្ចាត់ខ្ចាយទៅ នៅអស់ទាំងស្រុក
9 ឯពួកអ្នកដែលរួច គេនឹងនឹកចាំពីអញនៅកណ្តាលអស់ទាំងសាសន៍ ដែលគេត្រូវដឹកនាំទៅជាឈ្លើយនោះ គឺនឹកពីអញ ដែលបានបំបាក់ចិត្តកំផិតរបស់គេ ដែលបានប្រាសចេញពីអញទៅ ព្រមទាំងភ្នែកគេដែលផិតតាមរូបរបស់ព្រះខ្លួនផង នោះគេនឹងមើលខ្លួន ដោយខ្ពើមឆ្អើម ព្រោះអំពើអាក្រក់ដែលគេបានប្រព្រឹត្ត ក្នុងអស់ទាំងការគួរស្អប់ខ្ពើមរបស់គេ
10 គេនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត ហើយដែលអញបានថា នឹងធ្វើការអាក្រក់ទាំងនេះដល់គេ នោះមិនមែនជាពាក្យលេងទេ។
11 ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា ចូរទះដៃ ហើយតន្ត្រំជើងចុះ ដោយពាក្យថា វរហើយ ដោយព្រោះការគួរស្អប់ខ្ពើមដ៏អាក្រក់របស់ពូជពង្សអ៊ីស្រាអែល ដ្បិតគេនឹងត្រូវដួលដោយដាវ ដោយអំណត់អត់ ហើយដោយអាសន្នរោគ
12 អ្នកណាដែលនៅឆ្ងាយ នឹងស្លាប់ដោយអាសន្នរោគ អ្នកដែលនៅជិត នឹងស្លាប់ដោយដាវ ហើយពួកសល់នៅក្នុងទីក្រុង ដែលត្រូវគេឡោមព័ទ្ធ នោះនឹងស្លាប់ដោយអំណត់អត់វិញ គឺយ៉ាងនោះដែលអញនឹងសម្រេចសេចក្ដីក្រោធរបស់អញដល់គេ
13 ឯងរាល់គ្នានឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត ក្នុងកាលដែលពួកអ្នកដែលត្រូវគេសម្លាប់ បានដេករណែលកណ្តាលអស់ទាំងរូបព្រះរបស់ខ្លួន នៅជុំវិញអាសនៈ លើគ្រប់ទាំងទួលខ្ពស់គ្រប់ទាំងកំពូលភ្នំ នៅក្រោមគ្រប់ទាំងដើមឈើខៀវខ្ចី និងនៅក្រោមគ្រប់ទាំងដើមម៉ៃសាក់ញឹកស្នឹត ជាកន្លែងដែលគេបានដុតគ្រឿងក្រអូប ថ្វាយដល់រូបព្រះទាំងប៉ុន្មានរបស់គេ
14 អញនឹងលូកដៃទៅលើគេ និងធ្វើឲ្យស្រុកគេត្រូវខូចបង់ ហើយស្ងាត់ច្រៀប លើសជាងទីរហោស្ថានដែលនៅខាងឌីបឡាទៅទៀត គឺនៅគ្រប់ទាំងទីកន្លែងណាដែលគេអាស្រ័យនៅផង នោះគេនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត។
ជំពូក 7
1 ព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់ខ្ញុំថា
2 ឱកូនមនុស្សអើយ ព្រះអម្ចាស់យេហូវ៉ា ទ្រង់មានព្រះបន្ទូលនឹងស្រុកអ៊ីស្រាអែលដូច្នេះថា ដល់កំណត់ហើយ គឺដល់ចុងបំផុតនៃស្រុកទាំង៤ទិសហើយ
3 ពេលនេះជាចុងបំផុតរបស់ឯងពិត អញនឹងចាត់សេចក្ដីកំហឹងរបស់អញទៅលើឯង ហើយនិងជំនុំជម្រះឯងតាមគ្រប់ទាំងអំពើរបស់ឯង ព្រមទាំងទម្លាក់អស់ទាំងអំពើគួរស្អប់ខ្ពើមរបស់ឯង មកលើឯងផង
4 ភ្នែកអញនឹងមិនប្រណី ឬអាណិតមេត្តាដល់ឯងឡើយ គឺអញនឹងទម្លាក់អស់ទាំងអំពើរបស់ឯងមកលើឯង នោះអស់ទាំងរបស់គួរស្អប់ខ្ពើមរបស់ឯង នឹងនៅកណ្តាលឯងហើយ ដូច្នេះ ឯងនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត។
5 ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា មានការអាក្រក់ គឺការអាក្រក់តែ១ មើល ការនោះកំពុងតែមកហើយ
6 ដល់ចុងបំផុតហើយ ចុងបំផុតបានមកដល់ គឺបានភ្ញាក់ឡើងមកទាស់នឹងឯង មើលន៏ កំពុងតែមកហើយ
7 ឱអ្នកស្រុកអើយ កំណត់ឯងបានមកដល់ហើយ ពេលក៏បានមក ថ្ងៃនោះជិតដល់ គឺជាថ្ងៃដែលឮសូរអឺងកង មិនមែនជាសូរសម្រែកដោយអំណរនៅលើភ្នំទេ
8 ឥឡូវនេះ អញហៀបនឹងចាក់សេចក្ដីក្រោធរបស់អញទៅលើឯង ហើយនិងសម្រេចសេចក្ដីកំហឹងរបស់អញដល់ឯង អញនឹងជំនុំជម្រះឯងតាមអំពើដែលឯងប្រព្រឹត្ត ហើយនិងទម្លាក់អស់ទាំងអំពើគួរស្អប់ខ្ពើមរបស់ឯងទៅលើឯងផង
9 ភ្នែកអញនឹងមិនប្រណីឡើយ អញក៏មិនអាណិតមេត្តាដល់ឯងដែរ អញនឹងសងឯងតាមអំពើដែលឯងប្រព្រឹត្ត ហើយរបស់គួរស្អប់ខ្ពើមទាំងប៉ុន្មានរបស់ឯង នឹងនៅកណ្តាលឯងដែរ នោះឯងរាល់គ្នានឹងដឹងថា គឺអញនេះហើយ ជាព្រះយេហូវ៉ាដែលវាយឯងពិត។
10 មើលន៏ ថ្ងៃដល់ហើយ មើល កំពុងតែមកកំណត់បានចេញបំព្រាងមកហើយ ឯដំបងបានបែកផ្កា សេចក្ដីអំនួតបានប៉ិចឡើង
11 សេចក្ដីច្រឡោតបានដុះឡើង ជាដំបងនៃសេចក្ដីអាក្រក់ ឥតមានពួកគេណា ឬពួកទ័ពកកកុញរបស់គេ ឬទ្រព្យសម្បត្តិរបស់គេណាបានរួចឡើយ ក៏នឹងគ្មានអ្នកណាសោកស្រណោះដល់គេដែរ
12 ពេលវេលាបានមកដល់ ថ្ងៃកាន់តែជិតហើយ កុំបីឲ្យអ្នកដែលទទួលបញ្ចាំបានអរសប្បាយ ឬអ្នកដែលលក់បញ្ចាំឲ្យគេបានស្តាយឡើយ ដ្បិតសេចក្ដីក្រោធបានមកលើអស់ទាំងពួកកកកុញនេះហើយ
13 ឯអ្នកដែលបញ្ចាំ ទោះបើបានគង់ជីវិតនៅក៏ដោយ គង់តែមិនត្រឡប់ទៅឯធនធានដែលបានបញ្ចាំវិញនោះទេ ដ្បិតការជាក់ស្តែងនេះតម្រូវលើសាសន៍ទាំងអស់គ្នា នឹងគ្មានណាមួយវិលមកវិញឡើយ ក៏ឥតមានអ្នកណាអាចឲ្យជីវិតខ្លួនស្ថិតស្ថេរនៅដោយអំពើទុច្ចរិតបានដែរ។
14 គេបានផ្លុំត្រែ ហើយទាំងអស់បានរៀបជាស្រេច តែគ្មានអ្នកណាចេញទៅតស៊ូឡើយ ដ្បិតសេចក្ដីក្រោធរបស់អញ គ្របសង្កត់លើពួកទ័ពកកកុញរបស់គេទាំងអស់
15 ឯខាងក្រៅ មានដាវ ហើយខាងក្នុង មានអាសន្នរោគ និងអំណត់អត់ អ្នកណាដែលនៅឯវាល នឹងត្រូវស្លាប់ដោយដាវ ហើយអ្នកដែលនៅក្នុងទីក្រុង នោះអំណត់អត់ និងអាសន្នរោគនឹងលេបគេទៅ
16 តែពួកណាដែលរត់រួចបាន នោះនឹងរួចជីវិត ហើយនិងនៅលើភ្នំដូចជាព្រាបនៃច្រកភ្នំ គ្រប់គ្នាកំពុងតែយំថ្ងូរ ដោយព្រោះអំពើទុច្ចរិតរបស់រៀងខ្លួន
17 មនុស្សទាំងអស់នឹងខ្សោយដៃ ហើយជង្គង់គ្រប់គ្នានឹងទន់ដូចជាទឹក
18 គេនឹងស្លៀកសំពត់ធ្មៃ ហើយនិងមានសេចក្ដីស្ញែងខ្លាចហ៊ុមហគេ មុខគេទាំងអស់នឹងមានសេចក្ដីខ្មាស ហើយគេនឹងកោរសក់គ្រប់គ្នា
19 គេនឹងបោះចោលប្រាក់របស់គេទៅក្នុងផ្លូវ ហើយមាសគេនឹងទុកដូចជារបស់មិនស្អាត អស់ទាំងប្រាក់ និងមាសរបស់គេនឹងជួយឲ្យគេរួច នៅថ្ងៃនៃសេចក្ដីក្រោធរបស់ព្រះយេហូវ៉ាមិនបាន គេនឹងមិនស្កប់ចិត្តឡើយ ក៏មិនបានឆ្អែតពោះដោយរបស់នោះដែរ ពីព្រោះគឺរបស់នោះឯង ដែលនាំឲ្យគេចំពប់ដួលទៅក្នុងអំពើទុច្ចរិតរបស់ខ្លួន
20 ឯគ្រឿងដ៏លំអរបស់គេ នោះទ្រង់បានតាំងឡើងឲ្យមានសេចក្ដីរុងរឿង តែគេបានធ្វើរូបនៃអស់ទាំងរបស់គួរស្អប់ខ្ពើម និងរបស់គួរឆ្អើមរបស់គេ នៅក្នុងទីនោះវិញ បានជាអញធ្វើឲ្យត្រឡប់ដូចជារបស់ស្មោកគ្រោកដល់គេ
21 អញនឹងប្រគល់ទៅក្នុងកណ្តាប់ដៃនៃសាសន៍ដទៃទុកជារំពា និងដល់ពួកអាក្រក់នៅផែនដីទុកជារបឹប ហើយពួកនោះនឹងធ្វើបង្អាប់ទៅ
22 អញនឹងបែរមុខចេញពីគេ ហើយគេនឹងបង្អាប់ទីកំបាំងរបស់អញដែរ នឹងមានពួកចោរចូលទៅធ្វើបង្អាប់ទីនោះ។
23 ចូរធ្វើច្រវាក់ចុះ ពីព្រោះស្រុកនេះមានពេញដោយទោសជាកម្ចាយឈាម ហើយទីក្រុងដ៏មានពេញដោយសេចក្ដីច្រឡោត
24 ដូច្នេះ អញនឹងនាំសាសន៍ដែលកាចអាក្រក់បំផុតឲ្យមក សាសន៍នោះនឹងចាប់យកផ្ទះសំបែងរបស់គេបាន អញនឹងបំបាត់សេចក្ដីអំនួតរបស់មនុស្សខ្លាំងពូកែដែរ ហើយទីបរិសុទ្ធទាំងប៉ុន្មានរបស់គេនឹងត្រូវអាប់ឱនចុះ
25 មានការបំផ្លាញមក នោះគេនឹងស្វែងរកសេចក្ដីសុខសាន្ត តែនឹងគ្មានសោះ
26 សេចក្ដីវិនាសនឹងមកខ្ជាន់ៗ ហើយនិងឮដំណឹងមកផ្ទួនៗ នោះគេនឹងស្វែងរកការជាក់ស្តែងពីពួកហោរា ប៉ុន្តែ ក្រឹត្យវិន័យនឹងវិនាសបាត់ពីពួកសង្ឃ ហើយសេចក្ដីប្រឹក្សាពីពួកចាស់ទុំទៅដែរ
27 ឯស្តេចទ្រង់នឹងទួញពិលាប ហើយពួកចៅហ្វាយនឹងប្រដាប់ខ្លួនដោយសេចក្ដីស្រឡាំងកាំង ឯដៃនៃប្រជាជននៅក្នុងស្រុក នោះនឹងត្រូវញ័ររន្ធត់ អញនឹងធ្វើដល់គេតាមអំពើដែលគេប្រព្រឹត្ត ហើយនិងជំនុំជម្រះគេ តាមគួរនឹងទោសរបស់គេ នោះគេនឹងដឹងថា អញនេះហើយ ជាព្រះយេហូវ៉ាពិត។
ជំពូក 8
1 នៅថ្ងៃ៥ ខែភទ្របទ ក្នុងឆ្នាំទី៦ កាលខ្ញុំកំពុងអង្គុយនៅក្នុងផ្ទះខ្ញុំ មានទាំងពួកចាស់ទុំសាសន៍យូដាអង្គុយនៅមុខផង នោះព្រះហស្តនៃព្រះអម្ចាស់យេហូវ៉ាក៏សណ្ឋិតលើខ្ញុំ
2 ខ្ញុំក៏មើលទៅឃើញភាពរូបមានសណ្ឋានដូចជាភ្លើង ពីសណ្ឋានចង្កេះទៅក្រោម នោះសុទ្ធតែជាភ្លើង ហើយពីចង្កេះទៅខាងលើ នោះមើលទៅដូចជាពន្លឺចាំង គឺដូចជាលង្ហិនខាត់យ៉ាងភ្លឺ
3 ទ្រង់ក៏លូកចេញមក មានរាងដូចជាដៃចាប់សក់ក្បាលខ្ញុំ រួចព្រះវិញ្ញាណទ្រង់លើកខ្ញុំឡើងទៅកណ្តាលមេឃ ហើយនិងដី ក៏នាំខ្ញុំទៅឯក្រុងយេរូសាឡឹមដោយការជាក់ស្តែងនៃព្រះ គឺទៅដល់មាត់ទ្វារនៃទីលានខាងក្នុង ដែលបើកទៅទិសខាងជើង ជាកន្លែងមានរូបនៃសេចក្ដីប្រចណ្ឌ ដែលបណ្តាលឲ្យប្រចណ្ឌ
4 នៅទីនោះឃើញមានសិរីល្អនៃព្រះរបស់សាសន៍អ៊ីស្រាអែល ដូចជាការជាក់ស្តែង ដែលខ្ញុំបានឃើញនៅឯវាលពីមុននោះ ។
5 នោះទ្រង់មានព្រះបន្ទូលមកខ្ញុំថា កូនមនុស្សអើយ ចូរងើបភ្នែកឡើងមើលទៅទិសខាងជើងឥឡូវ ដូច្នេះ ខ្ញុំក៏ងើបភ្នែកឡើងមើលទៅខាងជើងទៅ នោះខាងជើងទ្វារដែលចូលទៅឯអាសនៈ ឃើញមានរូបនៃសេចក្ដីប្រចណ្ឌនៅទីនោះ
6 ទ្រង់ក៏មានព្រះបន្ទូលមកខ្ញុំថា កូនមនុស្សអើយឯងឃើញការដែលគេប្រព្រឹត្តឬទេ គឺជាការគួរស្អប់ខ្ពើមយ៉ាងសម្បើម ដែលពូជពង្សអ៊ីស្រាអែលធ្វើនៅទីនេះ ដើម្បីឲ្យអញបានឃ្លាតចេញឆ្ងាយពីទីបរិសុទ្ធរបស់អញ តែចាំមើល ឯងនឹងឃើញការគួរស្អប់ខ្ពើមយ៉ាងសម្បើមជាងទៅទៀត។
7 គ្រានោះ ទ្រង់នាំខ្ញុំទៅដល់ទ្វារទីលាន កាលខ្ញុំបានក្រឡេកមើលទៅ នោះឃើញមានប្រហោង១ក្នុងកំផែង
8 រួចទ្រង់មានព្រះបន្ទូលមកខ្ញុំថា កូនមនុស្សអើយ ចូរជីកទៅក្នុងកំផែងឥឡូវ កាលខ្ញុំបានជីកក្នុងកំផែងហើយ នោះឃើញមានទ្វារ១
9 ទ្រង់មានព្រះបន្ទូលមកខ្ញុំថា ចូរឲ្យឯងចូលទៅខាងក្នុង មើលការគួរស្អប់ខ្ពើមយ៉ាងអាក្រក់ដែលគេធ្វើនៅទីនេះ
10 ដូច្នេះ ខ្ញុំក៏ចូលទៅមើល ហើយឃើញមានគំនូរគ្រប់ទាំងសត្វលូនវារ សត្វគួរខ្ពើមឆ្អើម និងអស់ទាំងរូបព្រះរបស់ពូជពង្សសាសន៍អ៊ីស្រាអែល ដែលគេគូរនៅជញ្ជាំងជុំវិញ
11 ក៏មានពួកចាស់ទុំនៃពួកអ៊ីស្រាអែល៧០នាក់ ឈរនៅមុខរូបទាំងនោះ ហើយមានយ្អាសានាជាកូនសាផាន ឈរនៅកណ្តាលគេ គ្រប់គ្នាកាន់ជើងពាន ហើយផ្សែងនៃគ្រឿងក្រអូបក៏ហុយឡើងយ៉ាងក្រាស់
12 នោះទ្រង់មានព្រះបន្ទូលសួរខ្ញុំថា កូនមនុស្សអើយ តើឃើញអំពើដែលពួកចាស់ទុំសាសន៍អ៊ីស្រាអែល ធ្វើដោយសម្ងាត់ នៅក្នុងគំនិតយល់ឃើញនៃគេរៀងខ្លួនឬទេ ដ្បិតគេថា ព្រះយេហូវ៉ាទ្រង់មិនឃើញយើងទេ ព្រះយេហូវ៉ាបានបោះបង់ចោលស្រុកនេះហើយ
13 ទ្រង់ក៏មានព្រះបន្ទូលមកខ្ញុំទៀតថា ចាំមើល ឯងនឹងឃើញការគួរស្អប់ខ្ពើមយ៉ាងសម្បើមដែលគេប្រព្រឹត្តទៀត។
14 រួចទ្រង់នាំខ្ញុំទៅដល់មាត់ទ្វាររបស់ព្រះវិហារនៃព្រះយេហូវ៉ា ដែលបើកទៅខាងជើង នៅទីនោះក៏ឃើញពួកស្រីៗអង្គុយយំនឹងព្រះថាមូស
15 នោះទ្រង់មានព្រះបន្ទូលសួរខ្ញុំថា កូនមនុស្សអើយ ឯងឃើញឬទេ ចាំមើល ឯងនឹងឃើញការគួរស្អប់ខ្ពើមយ៉ាងសម្បើមជាងនេះទៅទៀត។
16 រួចទ្រង់នាំខ្ញុំចូលទៅឯទីលានខាងក្នុងរបស់ព្រះវិហារនៃព្រះយេហូវ៉ា នោះឃើញត្រង់មាត់ទ្វារព្រះវិហារនៃព្រះយេហូវ៉ា នៅកណ្តាលបាំងសាច និងអាសនៈ មានមនុស្សប្រហែលជា២៥នាក់ បែរខ្នងទៅខាងព្រះវិហារនៃព្រះយេហូវ៉ា ហើយមុខទៅខាងកើត គេកំពុងតែថ្វាយបង្គំព្រះអាទិត្យនៅទិសខាងកើតនោះ
17 ទ្រង់មានព្រះបន្ទូលសួរខ្ញុំថា កូនមនុស្សអើយ ឯងឃើញឬទេ តើពួកវង្សយូដារាប់ការគួរស្អប់ខ្ពើមទាំងនោះ ដែលគេប្រព្រឹត្តនៅទីនេះថាជាការស្រាលឬអី ដ្បិតគេបានធ្វើឲ្យស្រុកនេះមានពេញដោយសេចក្ដីច្រឡោត ហើយបានបែរជាបណ្តាលឲ្យអញខឹងម្តងទៀត ហើយមើល គេលើកមែកឈើប្រណម្យនៅច្រមុះគេផង
18 ដូច្នេះ អញនឹងប្រព្រឹត្តដោយសេចក្ដីក្រោធដែរ ភ្នែកអញនឹងមិនប្រណីឡើយ អញនឹងមិនអាណិតមេត្តាទេ ទោះបើគេអំពាវនាវដោយសំឡេងយ៉ាងខ្លាំងដាក់ត្រចៀកអញក៏ដោយ គង់តែអញមិនព្រមស្តាប់ឡើយ។
ជំពូក 9
1 លំដាប់នោះ ទ្រង់មានព្រះបន្ទូលដាក់ត្រចៀកខ្ញុំ ដោយព្រះសៀងយ៉ាងខ្លាំងថា ចូរឲ្យពួកអ្នកដែលត្រួតត្រាការក្នុងទីក្រុងចូលមកជិតចុះ ត្រូវឲ្យគ្រប់គ្នាកាន់គ្រឿងប្រហាររបស់ខ្លួននៅដៃផង
2 នោះឃើញមានមនុស្ស៦នាក់មកតាមផ្លូវទ្វារខាងលើ ដែលបើកទៅទិសខាងជើង គ្រប់គ្នាក៏កាន់គ្រឿងសំឡេះនៅដៃ ហើយមានម្នាក់ស្លៀកពាក់សំពត់ទេសឯក នៅកណ្តាលគេ មានស្ពាយដបទឹកខ្មៅ អ្នកទាំងនោះក៏ចូលទៅឈរក្បែរអាសនៈលង្ហិន។
3 ខណៈនោះ សិរីល្អរបស់ព្រះនៃសាសន៍អ៊ីស្រាអែលបានឡើងផុតពីចេរូប៊ីន ជាកន្លែងដែលធ្លាប់សណ្ឋិតនៅ ទៅដល់មាត់ទ្វារព្រះវិហារ ទ្រង់ក៏មានព្រះបន្ទូលហៅអ្នកម្នាក់ដែលស្លៀកពាក់សំពត់ទេសឯក ហើយស្ពាយដបទឹកខ្មៅនោះ
4 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលទៅអ្នកនោះថា ចូរដើរបង្ហូតទីក្រុង គឺបង្ហូតកណ្តាលក្រុងយេរូសាឡឹមទៅ ហើយធ្វើទីសម្គាល់នៅថ្ងាសរបស់ពួកមនុស្ស ដែលដកដង្ហើមធំ ហើយថ្ងូរ ដោយព្រោះការគួរស្អប់ខ្ពើមដែលមនុស្សប្រព្រឹត្តនៅក្នុងទីក្រុង
5 ហើយទ្រង់មានព្រះបន្ទូលដល់៥នាក់ឯទៀតនៅត្រចៀកខ្ញុំថា ចូរឯងរាល់គ្នាដើរបង្ហូតទីក្រុងតាមអ្នក១នោះ ហើយប្រហារទៅ កុំឲ្យភ្នែកឯងប្រណី ឬអាណិតអាសូរឡើយ
6 ត្រូវឲ្យសម្លាប់ទាំងពួកចាស់ ពួកកំលោះ ពួកក្រមុំ ពួកក្មេង និងពួកស្រីៗឲ្យអស់រលីងទៅ ប៉ុន្តែ កុំឲ្យចូលទៅជិតមនុស្សណា ដែលមានទីសម្គាល់ នៅខ្លួនឡើយ ហើយត្រូវឲ្យចាប់ផ្តើមការ តាំងពីទីបរិសុទ្ធរបស់អញផង ដូច្នេះ អ្នកទាំងនោះក៏ផ្តើមការ ចាប់តាំងពីពួកចាស់ទុំដែលនៅមុខព្រះវិហារ
7 ទ្រង់ក៏បង្គាប់ថា ចូរបង្អាប់វិហារចុះ ត្រូវសម្លាប់គេឲ្យទីលានបានពេញដោយសាកសពទៅចូរចេញទៅចុះ ដូច្នេះ គេក៏ចេញទៅប្រហារនៅក្នុងទីក្រុង
8 កាលគេកំពុងតែសម្លាប់ ហើយមានតែខ្ញុំសល់នៅ នោះខ្ញុំក៏ទម្លាក់ខ្លួនផ្កាប់មុខអំពាវនាវថា ឱព្រះអម្ចាស់យេហូវ៉ាអើយ តើទ្រង់នឹងបំផ្លាញសំណល់សាសន៍អ៊ីស្រាអែលទាំងអស់ ដោយចាក់សេចក្ដីក្រោធរបស់ទ្រង់មកលើក្រុងយេរូសាឡឹមឬអី។
9 ទ្រង់មានព្រះបន្ទូលតបមកខ្ញុំថា សេចក្ដីទុច្ចរិតរបស់ពូជពង្សអ៊ីស្រាអែល និងយូដា នោះធំក្រៃលែងណាស់ ស្រុកនេះក៏ពេញដោយឈាម ហើយទីក្រុងមានពេញដោយសេចក្ដីវៀចកោងដែរ ដ្បិតគេថា ព្រះយេហូវ៉ាបានបោះបង់ចោលស្រុកនេះហើយ ព្រះយេហូវ៉ាទ្រង់មើលមិនឃើញទេ
10 រីឯអញវិញ ភ្នែកអញនឹងមិនប្រណីទេ អញមិនអាណិតមេត្តាឡើយ គឺអញនឹងទម្លាក់អំពើរបស់គេមកលើក្បាលគេវិញ
11 នោះមើល មនុស្សដែលស្លៀកពាក់សំពត់ទេសឯក ហើយស្ពាយដបទឹកខ្មៅក៏មកចែងថា ទូលបង្គំបានធ្វើសម្រេចតាមបង្គាប់ទ្រង់ហើយ។
ជំពូក 10
1 គ្រានោះ ខ្ញុំក្រឡេកទៅឃើញនៅក្នុងអាកាសដែលនៅពីលើក្បាលចេរូប៊ីន មានភាពដូចជាត្បូងកណ្តៀងដែលមើលទៅដូចជាសណ្ឋាននៃបល្ល័ង្ក លេចមកពីលើចេរូប៊ីននោះ
2 ទ្រង់ក៏មានព្រះបន្ទូលដល់មនុស្សដែលស្លៀកសំពត់ទេសឯកថា ចូរឲ្យចូលទៅកណ្តាលកង់ទាំងនោះ គឺក្រោមចេរូប៊ីន ហើយកើបរងើកភ្លើងពេញដៃទាំង២ ពីកណ្តាលចេរូប៊ីននោះ រួចបាចទៅលើទីក្រុងទៅ អ្នកនោះក៏ចូលទៅនៅចំពោះភ្នែកខ្ញុំ
3 កំពុងដែលមនុស្សនោះចូលទៅ ចេរូប៊ីនក៏នៅខាងស្តាំព្រះវិហារ ហើយពពកក៏នៅពេញក្នុងទីលានខាងក្នុង
4 នោះសិរីល្អនៃព្រះយេហូវ៉ាបានឡើងផុតពីចេរូប៊ីន ទៅនៅប្រឡោះទ្វារនៃព្រះវិហារវិញ ឯព្រះវិហារក៏ពេញដោយពពកនោះ ហើយទីលានមានពេញដោយរស្មីនៃសិរីល្អរបស់ព្រះយេហូវ៉ា
5 ក៏មានឮសូរសន្ធឹកស្លាបរបស់ចេរូប៊ីន រហូតដល់ទីលានខាងក្រៅ ហាក់ដូចជាព្រះសៀងនៃព្រះដ៏មានគ្រប់ចេស្តា ក្នុងកាលដែលទ្រង់មានព្រះបន្ទូល
6 រីឯកាលទ្រង់បានបង្គាប់មនុស្សដែលស្លៀកសំពត់ទេសឯក ឲ្យកើបយករងើកភ្លើងពីកណ្តាលកង់ទាំងនោះ គឺពីកណ្តាលចេរូប៊ីនហើយ នោះលោកក៏ចូលទៅឈរនៅក្បែរកង់ទាំងនោះ
7 ចំណែកចេរូប៊ីន១ក៏លូកដៃពីកណ្តាលពួកចេរូប៊ីន ទៅចាប់យកភ្លើងដែលនៅកណ្តាលចេរូប៊ីន ទៅដាក់ក្នុងដៃរបស់មនុស្សដែលស្លៀកសំពត់ទេសឯក ហើយអ្នកនោះទទួលយក រួចចេញទៅ
8 ខណៈនោះ នៅក្រោមស្លាបរបស់ចេរូប៊ីន ឃើញមានសណ្ឋានដូចជាដៃមនុស្សលេចមក។
9 ខ្ញុំក៏ក្រឡេកទៅ ឃើញមានកង់៤នៅខាងចេរូប៊ីន គឺកង់១ខាងចេរូប៊ីន១ ហើយកង់១ខាងចេរូប៊ីន១ទៀត កង់ទាំងនោះមើលទៅដូចជាត្បូងបេរីល
10 ឯភាពនៃកង់ទាំង៤នោះ មានសណ្ឋានដូចគ្នាទាំងអស់ គឺបែបដូចជាមានកង់១នៅក្នុងកង់១ទៀត
11 កាលណាទៅ នោះក៏ទៅទាំង៤ខាង ឥតងាកបែរទៅឯណាក្នុងកាលដែលកំពុងតែទៅនោះឡើយ គឺទិសណាដែលតម្រង់ទៅ នោះទាំងអស់ក៏ទៅតាម ឥតងាកបែរទៅឯណាឡើយ
12 ហើយតួទាំងមូល និងខ្នង ដៃ ស្លាប ព្រមទាំងកង់ផង ក៏មានពេញដោយភ្នែកនៅជុំវិញ គឺទាំងកង់៤នោះផង
13 រីឯកង់ទាំងនោះ ខ្ញុំឮគេហៅថា «កង់វិល»
14 គ្រប់គ្នាមានមុខ៤ មុខទី១ជាមុខដូចជាចេរូប៊ីន មុខទី២ជាមុខមនុស្ស មុខទី៣ជាមុខសិង្ហ ហើយមុខទី៤ជាមុខឥន្ទ្រី
15 ពួកចេរូប៊ីននោះក៏ឡើងទៅ នេះហើយជាតួមានជីវិត ដែលខ្ញុំឃើញក្បែរទន្លេកេបារ
16 កាលណាចេរូប៊ីនទៅឯណា នោះកង់ក៏អមទៅជាមួយ ហើយកាលណាចេរូប៊ីនកាងស្លាប ដើម្បីឡើងផុតពីដី នោះកង់ក៏មិនខាននឹងអមទៅជាមួយដែរ
17 កាលណាពួកនេះឈប់ ពួកនោះក៏ឈប់ដែរ ហើយកាលណាពួកនេះហើរឡើងទៅ ពួកនោះក៏ឡើងទៅជាមួយគ្នា ដ្បិតវិញ្ញាណនៃតួមានជីវិតសណ្ឋិតនៅក្នុងទាំងអស់។
18 ឯសិរីល្អនៃព្រះយេហូវ៉ាក៏ចេញពីប្រឡោះទ្វារនៃព្រះវិហារ ទៅសណ្ឋិតពីលើពួកចេរូប៊ីន
19 រួចចេរូប៊ីនក៏កាងស្លាប ក្នុងកាលដែលចេញទៅនោះ ហើយហើរឡើងផុតពីដី នៅចំពោះភ្នែកខ្ញុំ មានទាំងកង់អមទៅផង នោះក៏ទៅឈរនៅមាត់ទ្វារកំផែងទិសខាងកើតរបស់ព្រះវិហារនៃព្រះយេហូវ៉ា ហើយសិរីល្អរបស់ព្រះនៃសាសន៍អ៊ីស្រាអែលក៏សណ្ឋិតនៅពីលើ។
20 នេះជាតួមានជីវិត ដែលខ្ញុំបានឃើញនៅក្រោមព្រះនៃសាសន៍អ៊ីស្រាអែល ត្រង់ទន្លេកេបារ ហើយខ្ញុំបានដឹងថា នោះជាពួកចេរូប៊ីនដែរ
21 គ្រប់គ្នាមានមុខ៤ ហើយគ្រប់គ្នាមានស្លាប៤ដែរ នៅក្រោមស្លាបនោះក៏មានសណ្ឋានដូចជាដៃមនុស្ស
22 ឯសណ្ឋានមុខរបស់តួទាំងនោះ គឺជាមុខដែលខ្ញុំបានឃើញ នៅក្បែរទន្លេកេបារ ព្រមទាំងភាព និងតួទាំងនោះផង គ្រប់គ្នាបានហើរត្រង់ទៅខាងមុខរៀងខ្លួន។
ជំពូក 11
1 លំដាប់នោះ ព្រះវិញ្ញាណទ្រង់លើកខ្ញុំឡើង នាំទៅឯទ្វារកំផែងទិសខាងកើតរបស់ព្រះវិហារនៃព្រះយេហូវ៉ាជាទ្វារដែលបើកទៅទិសខាងកើត នោះឃើញនៅមាត់ទ្វារកំផែង មានមនុស្ស២៥នាក់ ហើយនៅកណ្តាលអ្នកទាំងនោះ ខ្ញុំឃើញមានយ្អាសានា ជាកូនអ័ស៊ើរ ហើយពេឡាធា ជាកូនបេណាយ៉ា ទាំង២នាក់ជាចៅហ្វាយលើបណ្តាជន
2 នោះទ្រង់មានព្រះបន្ទូលមកខ្ញុំថា កូនមនុស្សអើយ គឺមនុស្សទាំងនេះឯងដែលគិតគូរបង្កើតការទុច្ចរិត ហើយទូន្មានសេចក្ដីអាក្រក់នៅក្នុងទីក្រុងនេះ
3 គេថា នេះមិនមែនជាពេលទេ ចូរយើងសង់ផ្ទះទៅ ទីក្រុងនេះជាថ្លាង ហើយយើងរាល់គ្នាជាសាច់
4 ដូច្នេះ កូនមនុស្សអើយ ចូរទាយទាស់នឹងគេ ចូរទាយចុះ។
5 នោះព្រះវិញ្ញាណនៃព្រះយេហូវ៉ា ក៏មកសណ្ឋិតលើខ្ញុំ ហើយទ្រង់មានព្រះបន្ទូលមកខ្ញុំថា ចូរទាយចុះ ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះ ឱពូជពង្សអ៊ីស្រាអែលអើយ ឯងរាល់គ្នាបាននិយាយយ៉ាងដូច្នោះ អញស្គាល់អស់ទាំងសេចក្ដីដែលកើតក្នុងគំនិតរបស់ឯងរាល់គ្នាហើយ
6 ឯងរាល់គ្នាបានសម្លាប់មនុស្ស នៅក្នុងទីក្រុងនេះកាន់តែច្រើនឡើង ក៏បានសម្លាប់គេឲ្យពេញគ្រប់ទាំងផ្លូវហើយ
7 ហេតុនោះ ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា ពួកអ្នកដែលឯងរាល់គ្នាបានសម្លាប់ផ្តេកនៅកណ្តាលទីក្រុង គឺគេវិញដែលជាសាច់នោះ ហើយទីក្រុងនេះជាថ្លាង តែចំណែកឯងរាល់គ្នា អញនឹងនាំចេញទៅក្រៅ
8 ឯងរាល់គ្នាបានខ្លាចដាវ ដូច្នេះ អញនឹងនាំដាវមកលើឯង នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា
9 អញនឹងនាំឯងរាល់គ្នាចេញទៅក្រៅទីក្រុង ហើយប្រគល់ទៅក្នុងកណ្តាប់ដៃនៃសាសន៍ដទៃ ព្រមទាំងសម្រេចសេចក្ដីយុត្តិធម៌នៅកណ្តាលឯង
10 ឯងរាល់គ្នានឹងត្រូវដួលដោយដាវ អញនឹងជំនុំជម្រះឯង នៅត្រង់ព្រំស្រុកអ៊ីស្រាអែល នោះឯងរាល់គ្នានឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត
11 ទីក្រុងនេះនឹងមិនបានជាថ្លាងដល់ឯងរាល់គ្នាឡើយ ឯងរាល់គ្នាក៏មិនត្រូវជាសាច់នៅក្នុងថ្លាងនោះដែរ គឺអញនឹងជំនុំជម្រះឯង នៅត្រង់ព្រំស្រុកអ៊ីស្រាអែលវិញ
12 នោះឯងរាល់គ្នានឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត ដ្បិតឯងរាល់គ្នាមិនបានប្រព្រឹត្តតាមក្រឹត្យក្រមរបស់អញសោះ ក៏មិនបានសម្រេចតាមបញ្ញត្តច្បាប់របស់អញដែរ គឺបានប្រព្រឹត្តតាមបញ្ញត្តច្បាប់របស់សាសន៍ដទៃទាំងប៉ុន្មាន ដែលនៅជុំវិញឯងវិញ
13 រីឯកាលខ្ញុំកំពុងតែទាយ នោះពេឡាធា ជាកូនបេណាយ៉ាក៏ស្លាប់ទៅ ដូច្នេះ ខ្ញុំក៏ទម្លាក់ខ្លួនផ្កាប់មុខអំពាវនាវដោយសំឡេងយ៉ាងខ្លាំងថា ឱព្រះអម្ចាស់យេហូវ៉ាអើយ តើទ្រង់នឹងធ្វើឲ្យសំណល់សាសន៍អ៊ីស្រាអែល ត្រូវផុតទៅឲ្យអស់រលីងឬ។
14 នោះព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មកដល់ខ្ញុំថា
15 កូនមនុស្សអើយ គឺជាបងប្អូនឯងបង្កើតទេតើ ព្រមទាំងបងប្អូនឯង ដែលជាញាតិសន្តាន និងពូជពង្សអ៊ីស្រាអែលទាំងប៉ុន្មាន ដែលពួកអ្នកនៅក្រុងយេរូសាឡឹមបានប្រាប់ថា ចូរថយឆ្ងាយពីព្រះយេហូវ៉ាទៅ ស្រុកនេះបានប្រគល់ដល់យើងរាល់គ្នាទុកជាកេរអាករហើយ
16 ហេតុនោះត្រូវឲ្យឯងប្រាប់ថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ ទោះបើអញបានឲ្យគេទៅនៅឯទីឆ្ងាយ កណ្តាលអស់ទាំងសាសន៍ដទៃ ហើយទោះបើអញកម្ចាត់កម្ចាយគេទៅនៅគ្រប់ទាំងប្រទេសក៏ដោយ គង់តែអញនឹងធ្វើជាទីបរិសុទ្ធដល់គេ នៅវេលាបន្តិច ក្នុងស្រុកទាំងប៉ុន្មានដែលគេត្រូវទៅនោះ
17 ហេតុនោះ ចូរប្រាប់ថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ អញនឹងប្រមូលឯងរាល់គ្នាចេញពីអស់ទាំងសាសន៍ ហើយនិងប្រជុំឯងពីគ្រប់ទាំងប្រទេស ដែលឯងត្រូវខ្ចាត់ខ្ចាយទៅនោះ ឲ្យមូលគ្នាវិញ រួចអញនឹងប្រគល់ស្រុកអ៊ីស្រាអែលឲ្យដល់ឯងរាល់គ្នា
18 នោះពួកឯងនឹងមកឯទីនេះវិញ ហើយគេនឹងដកយកអស់ទាំងរបស់គួរឆ្អើម និងគ្រប់ទាំងសេចក្ដីគួរស្អប់ខ្ពើមចោលចេញ
19 រួចអញនឹងឲ្យគេមានចិត្តតែ១ ហើយនិងដាក់វិញ្ញាណថ្មីនៅក្នុងឯងរាល់គ្នា អញនឹងដកចិត្តដែលរឹងដូចថ្មពីរូបសាច់គេចេញ ហើយនិងឲ្យមានចិត្តជាសាច់វិញ
20 ដើម្បីឲ្យគេបានប្រព្រឹត្តតាមក្រឹត្យក្រមរបស់អញហើយរក្សាបញ្ញត្តច្បាប់របស់អញ ព្រមទាំងប្រព្រឹត្តតាមផង នោះគេនឹងបានជារាស្ត្ររបស់អញ ហើយអញនឹងធ្វើជាព្រះដល់គេ
21 តែត្រង់ឯពួកអ្នកដែលមានចិត្តប្រព្រឹត្តតាមរូបព្រះគួរឆ្អើម និងសេចក្ដីគួរស្អប់ខ្ពើមរបស់គេ នោះអញនឹងទម្លាក់អំពើរបស់គេទៅលើក្បាលគេវិញ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។
22 នោះពួកចេរូប៊ីនក៏កាងស្លាបហោះទៅ កង់ទាំងនោះក៏ទៅជាមួយដែរ ហើយសិរីល្អរបស់ព្រះនៃសាសន៍អ៊ីស្រាអែលសណ្ឋិតពីលើ
23 សិរីល្អរបស់ព្រះយេហូវ៉ាយាងឡើងពីកណ្តាលទីក្រុង ទៅសណ្ឋិតលើភ្នំនៅខាងកើតទីក្រុង
24 នោះព្រះវិញ្ញាណក៏លើកខ្ញុំឡើង ហើយក្នុងការជាក់ស្តែងទ្រង់នាំខ្ញុំទៅដល់ស្រុកខាល់ដេ ដោយនូវព្រះវិញ្ញាណនៃព្រះ គឺទៅឯពួកអ្នកដែលនៅជាឈ្លើយ នោះការជាក់ស្តែងដែលខ្ញុំបានឃើញក៏បាត់ពីខ្ញុំទៅ
25 រួចខ្ញុំនិយាយប្រាប់ដល់ពួកអ្នកដែលនៅជាឈ្លើយ តាមគ្រប់ទាំងការដែលព្រះយេហូវ៉ាបានបង្ហាញខ្ញុំ។
ជំពូក 12
1 ព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មកដល់ខ្ញុំទៀតថា
2 កូនមនុស្សអើយ ឯងនៅកណ្តាលពូជពង្សរឹងចចេស ជាពួកអ្នកដែលមានភ្នែកសម្រាប់មើល តែមើលមិនឃើញទេ ក៏មានត្រចៀកសម្រាប់ស្តាប់ តែស្តាប់មិនឮដែរ ដ្បិតគេជាពូជពង្សរឹងចចេស
3 ដូច្នេះ កូនមនុស្សអើយ ចូររៀបចំអីវ៉ាន់ សម្រាប់ដំណើរនិរទេស ហើយដើរចេញទៅទាំងថ្ងៃនៅចំពោះភ្នែកគេចុះ ត្រូវឲ្យឯងរើចេញពីកន្លែងឯង ទៅកន្លែង១ទៀត នៅចំពោះភ្នែកគេ ប្រហែលជាគេនឹងពិចារណាយល់ ទោះបើគេជាវង្សរឹងចចេសក៏ដោយ
4 ត្រូវឲ្យឯងរើយកអីវ៉ាន់ឯងចេញនៅពេលថ្ងៃចំពោះភ្នែកគេ ធ្វើដូចជារៀបចំនឹងត្រូវនិរទេសទៅ ហើយខ្លួនឯងត្រូវចេញទៅនៅពេលល្ងាចចំពោះភ្នែកគេ បែបដូចជាមនុស្សដែលត្រូវនិរទេស
5 ចូរជីកទម្លុះកំផែងនៅចំពោះភ្នែកគេ ហើយបញ្ចេញអីវ៉ាន់ទៅតាមនោះចុះ
6 ត្រូវឲ្យឯងលីអីវ៉ាន់ឯងនៅមុខគេចេញទៅក្នុងងងឹត ក៏ត្រូវបាំងមុខ ដើម្បីមិនឲ្យឃើញស្រុកឡើយ ដ្បិតអញបានតាំងឯងឡើង ទុកជាទីសម្គាល់ដល់ពូជពង្សអ៊ីស្រាអែល
7 ខ្ញុំក៏ធ្វើតាមបង្គាប់ ខ្ញុំយកអីវ៉ាន់ចេញទាំងថ្ងៃ ទុកដូចជាអីវ៉ាន់សម្រាប់ដំណើរនិរទេស ហើយនៅពេលល្ងាច ខ្ញុំជីកទម្លុះកំផែងដោយដៃ ខ្ញុំក៏បញ្ចេញអីវ៉ាន់ក្នុងងងឹត ហើយលីយកទៅនៅចំពោះភ្នែកគេ។
8 លុះព្រឹកឡើង ព្រះបន្ទូលនៃព្រះយេហូវ៉ាមកដល់ខ្ញុំសួរថា
9 កូនមនុស្សអើយ តើពូជពង្សអ៊ីស្រាអែលជាពួករឹងចចេសនោះ មិនបានសួរឯងទេឬអីថា អ្នកធ្វើអ្វីដូច្នេះ
10 ត្រូវឲ្យប្រាប់គេថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា ព្រះបន្ទូលនេះ សំដៅដល់ចៅហ្វាយនៃក្រុងយេរូសាឡឹម និងពូជពង្សអ៊ីស្រាអែលទាំងប៉ុន្មានដែលនៅទីនោះដែរ
11 ចូរប្រាប់ថា ខ្ញុំជាទីសម្គាល់ដល់អ្នករាល់គ្នា ឯការដែលខ្ញុំបានធ្វើនេះ នោះនឹងមានគេធ្វើយ៉ាងនោះដល់ពូជពង្សអ៊ីស្រាអែលដែរ គេនឹងត្រូវនិរទេសទៅ ព្រមទាំងដឹកនាំទៅជាឈ្លើយផង
12 គ្រានោះ ចៅហ្វាយដែលនៅកណ្តាលពួកគេ លោកនឹងលីអីវ៉ាន់របស់លោកចេញទៅក្នុងងងឹត គេនឹងជីកទម្លុះកំផែង ដើម្បីបញ្ចេញអីវ៉ាន់តាមនោះ លោកនឹងបាំងមុខ ដើម្បីមិនឲ្យភ្នែកឃើញស្រុកឡើយ
13 អញនឹងលាតមងអញទៅពីលើលោក ហើយលោកនឹងជាប់អន្ទាក់របស់អញ អញនឹងនាំលោកទៅឯបាប៊ីឡូន ជាស្រុករបស់ពួកខាល់ដេ ប៉ុន្តែ លោកនឹងមិនឃើញស្រុកនោះទេ ទោះបើលោកស្លាប់នៅទីនោះក៏ដោយ
14 អញនឹងកម្ចាត់កម្ចាយពួកអ្នកដែលនៅជុំវិញលោក និងកងទ័ពរបស់លោកទាំងប៉ុន្មានទៅតាមខ្យល់គ្រប់ទិស រួចអញនឹងហូតដាវទៅតាមក្រោយគេ
15 ដូច្នេះ កាលណាអញបានបែងចែកគេ ទៅនៅកណ្តាលអស់ទាំងសាសន៍ ហើយបានកម្ចាត់កម្ចាយគេទៅនៅគ្រប់ប្រទេស នោះគេនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត
16 ប៉ុន្តែ អញនឹងឲ្យមានពួកគេខ្លះរួចពីដាវ ពីអំណត់អត់ និងពីអាសន្នរោគដែរ ដើម្បីឲ្យគេបានថ្លែងប្រាប់ពីគ្រប់ទាំងអំពើគួរស្អប់ខ្ពើមរបស់ខ្លួន នៅកណ្តាលពួកសាសន៍ដទៃទាំងប៉ុន្មាន ដែលគេត្រូវទៅនៅនោះ ដូច្នេះ គេនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត។
17 ព្រះបន្ទូលរបស់ព្រះយេហូវ៉ាក៏មកដល់ខ្ញុំទៀតថា
18 កូនមនុស្សអើយ ចូរស៊ីអាហារឯងដោយរន្ធត់ ព្រមទាំងផឹកទឹកដោយញាប់ញ័រ ហើយថប់ព្រួយចុះ
19 រួចចូរប្រាប់ដល់ពួកជនក្នុងស្រុកថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលពីដំណើរពួកក្រុងយេរូសាឡឹម និងពួកអ្នកនៅស្រុកអ៊ីស្រាអែលថា គេនឹងស៊ីអាហាររបស់គេ ដោយភ័យខ្លាច ហើយផឹកទឹករបស់គេដោយតក់ស្លុត ដ្បិតស្រុកគេនឹងត្រូវខូចបង់ ព្រមទាំងរបស់ទាំងអស់ដែលនៅក្នុងស្រុកនោះដែរ ដោយព្រោះសេចក្ដីច្រឡោតរបស់ពួកអ្នកដែលនៅស្រុកនោះ
20 អស់ទាំងទីក្រុងដែលមានមនុស្សនៅនឹងត្រូវបំផ្លាញ ហើយស្រុកនឹងត្រូវខូចបង់ទៅ នោះឯងរាល់គ្នានឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត។
21 ព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់ខ្ញុំថា
22 កូនមនុស្សអើយ ពាក្យទំនៀមយ៉ាងណានោះ ដែលឯងរាល់គ្នាធ្លាប់និយាយ នៅស្រុកអ៊ីស្រាអែល ដោយថា កំណត់ថ្ងៃបានបន្ថយទៅ ហើយគ្រប់ទាំងការជាក់ស្តែងក៏ខានមាន
23 ដូច្នេះ ត្រូវឲ្យប្រាប់គេថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ អញនឹងធ្វើឲ្យពាក្យទំនៀមនោះបាត់ទៅ គេនឹងលែងប្រើពាក្យនោះទុកជាទំនៀមនៅស្រុកអ៊ីស្រាអែលទៀត ប៉ុន្តែ ត្រូវប្រាប់គេថា វេលាកំណត់ជិតដល់ហើយ ព្រមទាំងពេលដែលនឹងសម្រេចតាមគ្រប់ទាំងការជាក់ស្តែងនោះផង
24 ដ្បិតនឹងគ្មានការជាក់ស្តែងក្លែងក្លាយ ឬពាក្យទំនាយបញ្ចើច នៅក្នុងពូជពង្សអ៊ីស្រាអែលទៀតឡើយ
25 ពីព្រោះអញនេះ គឺយេហូវ៉ា អញនឹងចេញបង្គាប់ ហើយពាក្យដែលអញប្រាប់នោះ នឹងបានសម្រេចជាពិត ឥតដែលបន្ថយទៀតឡើយ ដ្បិតឱពូជពង្សរឹងចចេសអើយ នៅគ្រារបស់ឯង អញនឹងចេញវាចា ហើយនិងធ្វើសម្រេចតាមផង នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។
26 ព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មកដល់ខ្ញុំទៀតថា
27 កូនមនុស្សអើយ មើល ពូជពង្សអ៊ីស្រាអែលគេនិយាយថា ការជាក់ស្តែងដែលគាត់ឃើញ នោះសម្ដែងពីគ្រាទៅមុខជាយូរ គាត់ទាយពីវេលាដែលនៅឆ្ងាយនៅឡើយ
28 ដូច្នេះ ចូរប្រាប់ដល់គេថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ នឹងគ្មានពាក្យរបស់អញណាមួយត្រូវបន្ថយទៀតឡើយ គឺពាក្យដែលអញបញ្ចេញ នោះនឹងបានសម្រេចជាពិត នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។
ជំពូក 13
1 ព្រះបន្ទូលរបស់ព្រះយេហូវ៉ា បានមកដល់ខ្ញុំថា
2 កូនមនុស្សអើយ ចូរទាយទាស់នឹងពួកហោរានៃសាសន៍អ៊ីស្រាអែលដែលធ្លាប់ទាយ ហើយប្រាប់ដល់ពួកអ្នកដែលទាយចេញពីចិត្តខ្លួនគេចុះ ដោយពាក្យថា ចូរស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ា
3 ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ វេទនាដល់ពួកហោរាល្ងីល្ងើ ដែលទាយតាមតែចិត្តរបស់ខ្លួន ឥតមានឃើញអ្វីឡើយ
4 ឱពួកអ៊ីស្រាអែលអើយ ពួកហោរារបស់ឯងបានធ្វើដូចជាឆ្កែចចក នៅទីចោលស្ងាត់
5 ឯងរាល់គ្នាមិនបានឡើងទៅឯចន្លោះដែលគេបំបាក់ទម្លាយកំផែងទេ ក៏មិនបានសង់កំផែងឡើងការពារពួកអ៊ីស្រាអែល ដើម្បីឲ្យគេអាចឈរនៅក្នុងគ្រាចម្បាំង នៅថ្ងៃនៃព្រះយេហូវ៉ា នោះដែរ
6 គេបានឃើញសេចក្ដីភូតភរ និងពាក្យទំនាយកុហក ហើយក៏ថា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូល តែព្រះយេហូវ៉ាទ្រង់មិនបានចាត់គេសោះ ហើយគេធ្វើឲ្យមនុស្សសង្ឃឹមថា ពាក្យនោះនឹងបានសម្រេចជាពិត
7 ការដែលឯងរាល់គ្នាថា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ តែអញមិនបានពោលសោះ នោះតើមិនមែនជាឃើញការជាក់ស្តែងកំភូត ហើយនិងទាយកុហកទេឬអី។
8 ហេតុនោះ ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា ដោយព្រោះឯងរាល់គ្នាបញ្ចេញសេចក្ដីកំភូត ហើយឃើញពាក្យកុហកដូច្នេះ បានជាព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលថា មើល អញទាស់នឹងឯងរាល់គ្នាហើយ
9 ដៃអញក៏ទាស់នឹងពួកហោរា ដែលឃើញការជាក់ស្តែងកំភូត ហើយដែលទាយសេចក្ដីកុហកនោះ គេនឹងមិននៅក្នុងពួកប្រឹក្សារបស់រាស្ត្រអញឡើយ ក៏មិនបានកត់ទុកក្នុងបញ្ជី នៃពូជពង្សអ៊ីស្រាអែល ឬចូលទៅក្នុងស្រុកអ៊ីស្រាអែលដែរ នោះឯងរាល់គ្នានឹងដឹងថា អញនេះជាព្រះអម្ចាស់យេហូវ៉ាពិត
10 ពីព្រោះ គឺពីព្រោះតែគេបានលួងលោមបញ្ឆោតរាស្ត្រអញ ដោយចេញពាក្យថា «សន្តិសុខ» តែគ្មានសេចក្ដីសន្តិសុខសោះប៉ុណ្ណោះឯង រាស្ត្រអញធ្វើកំផែងឡើង តែចំណែកគេៗបូកដោយល្បាប់វិញ
11 ចូរប្រាប់ដល់ពួកអ្នកដែលបូកដោយល្បាប់នោះថា កំផែងនោះនឹងរលំទៅ ដោយមានភ្លៀងរំលា ហើយឯង ឱគ្រាប់ព្រិលយ៉ាងធំអើយ ឯងនឹងធ្លាក់មក ក៏នឹងមានខ្យល់ព្យុះយ៉ាងខ្លាំងបំបាក់រលំកំផែងទៅ
12 ដូច្នេះ កាលណាកំផែងបានរលំហើយ នោះតើគេមិនសួរឯងរាល់គ្នាទេឬអីថា ល្បាប់ដែលឯងរាល់គ្នាបានបូកនោះ តើនៅឯណា
13 ហេតុនោះ ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា អញនឹងរំលំកំផែងនោះ ដោយខ្យល់គំហុក ក្នុងសេចក្ដីក្រោធរបស់អញ ហើយនិងមានភ្លៀងរំលាដោយសេចក្ដីកំហឹងរបស់អញ ព្រមទាំងគ្រាប់ព្រិលយ៉ាងធំ ដោយសេចក្ដីឃោរឃៅរបស់អញ ដើម្បីនឹងបំផ្លាញបង់
14 គឺយ៉ាងនោះដែលអញនឹងរំលំកំផែង ដែលឯងរាល់គ្នាបានបូកដោយល្បាប់នោះ អញនឹងរលំចុះដល់ដី ឲ្យឫសបានបើកឲ្យឃើញ កំផែងនោះនឹងរំលំចុះ ហើយឯងរាល់គ្នានឹងសាបសូន្យទៅ នៅកណ្តាលនោះផង ដូច្នេះ ឯងរាល់គ្នានឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត
15 គឺយ៉ាងនោះដែលអញនឹងសម្រេចសេចក្ដីក្រោធរបស់អញនៅលើកំផែងនោះ ហើយលើពួកអ្នកដែលបានបូកដោយល្បាប់ផងដែរ រួចអញនឹងនិយាយនឹងឯងរាល់គ្នាថា កំផែងនោះមិនមានទៀតទេ ព្រមទាំងពួកអ្នកដែលបូកផង
16 គឺជាពួកហោរារបស់សាសន៍អ៊ីស្រាអែល ដែលទាយពីដំណើរក្រុងយេរូសាឡឹម ហើយឃើញការជាក់ស្តែងពីសេចក្ដីសុខសម្រាប់ទីក្រុង តែឥតមានសេចក្ដីសុខឡើយ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។
17 ឯឯង កូនមនុស្សអើយ ចូរតាំងមុខទាស់នឹងពួកកូនស្រីរបស់សាសន៍ឯង ដែលទាយចេញពីចិត្តខ្លួនគេ ហើយទាយទាស់នឹងគេ
18 ដោយពាក្យថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ វេទនាដល់ពួកស្រីៗដែលដេរកែបកំណល់ភ្ជាប់ នៅកួយដៃមនុស្ស ហើយធ្វើស្បៃបាំងមុខ សម្រាប់ក្បាលគ្រប់មនុស្ស ទោះទាំងធំទាំងតូច ដើម្បីនឹងចាប់ព្រលឹងគេ ឯងរាល់គ្នារកចាប់ព្រលឹងរបស់សាសន៍អញដូច្នេះ នោះតើនឹងអាចជួយសង្គ្រោះព្រលឹងគេដែលមកឯឯងឲ្យរស់នៅបានឬ
19 ឯងរាល់គ្នាបានបន្ទាបបន្ថោកអញ នៅកណ្តាលរាស្ត្រអញ ឲ្យតែបានស្រូវឱក១កំប៉ុងពីរ និងចំណិតនំបុ័ងតិចតួចប៉ុណ្ណោះ ដើម្បីនឹងសម្លាប់ព្រលឹងមនុស្សដែលមិនគួរស្លាប់ទេ ហើយនិងរក្សាព្រលឹងឲ្យរស់នៅ ដែលមិនគួររស់នៅវិញ ដោយឯងកុហកដល់រាស្ត្រអញ ដែលស្តាប់តាមសេចក្ដីកុហកនោះឬអី។
20 ហេតុនោះ ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា មើល អញទាស់នឹងកែបកំណល់របស់ឯងរាល់គ្នា ដែលឯងប្រើសម្រាប់ដេញតាមព្រលឹងមនុស្ស ឲ្យហើរទៅទាក់ជាប់នោះ អញនឹងហែកចេញពីដៃឯងរាល់គ្នាវិញ ហើយនិងលែងព្រលឹងទាំងនោះឲ្យរួច គឺជាព្រលឹងដែលឯងរាល់គ្នាបានរកដេញតាម ឲ្យហើរទៅទាក់ជាប់នោះឯង
21 អញនឹងហែកស្បៃរបស់ឯងរាល់គ្នាដែរ ព្រមទាំងជួយឲ្យរាស្ត្រអញរួចពីកណ្តាប់ដៃឯងរាល់គ្នាផង នោះគេនឹងមិននៅក្នុងកណ្តាប់ដៃឯងរាល់គ្នា ឲ្យឯងដេញចាប់ទៀតឡើយ ដូច្នេះ ឯងរាល់គ្នានឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត
22 ហើយដោយព្រោះឯងរាល់គ្នាបានបញ្ឈឺចិត្តពួកសុចរិត ដោយសេចក្ដីកំភូត ជាពួកអ្នកដែលអញមិនបានឲ្យព្រួយចិត្តសោះ ហើយឯងបានចម្រើនកម្លាំងដៃនៃមនុស្សអាក្រក់ ដើម្បីមិនឲ្យគេលះចោលផ្លូវអាក្រក់របស់ខ្លួន ឲ្យបានសង្គ្រោះរួចជីវិតវិញឡើយ
23 ហេតុនោះ ឯងរាល់គ្នានឹងមិនឃើញការជាក់ស្តែងកំភូត ឬទាយទំនាយទៀតឡើយ ហើយអញនឹងជួយរាស្ត្រអញឲ្យរួចពីកណ្តាប់ដៃរបស់ឯង នោះឯងរាល់គ្នានឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត។
ជំពូក 14
1 គ្រានោះ មានពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែលខ្លះមកឯខ្ញុំ ហើយក៏អង្គុយនៅចំពោះមុខខ្ញុំ
2 នោះព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មកដល់ខ្ញុំថា
3 កូនមនុស្សអើយ ពួកអ្នកទាំងនេះបានតាំងរូបព្រះរបស់គេនៅក្នុងចិត្តខ្លួន ក៏បានដាក់ហេតុចំពប់របស់អំពើទុច្ចរិតខ្លួននៅចំពោះមុខហើយ ដូច្នេះ តើគួរឲ្យគេមកសួរអញឬអី
4 ចូរឯងប្រាប់ដល់គេថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ ឯអស់អ្នកណានៅក្នុងពួកវង្សអ៊ីស្រាអែល ដែលតាំងរូបព្រះរបស់ខ្លួននៅក្នុងចិត្ត ហើយដាក់ហេតុចំពប់នៃអំពើទុច្ចរិតរបស់ខ្លួននៅចំពោះមុខដូច្នេះ រួចមករកហោរា នោះអញនេះគឺព្រះយេហូវ៉ា នឹងឆ្លើយដល់គេតាមចំនួនរូបព្រះរបស់គេវិញ
5 ដើម្បីឲ្យអញបានចាប់ទោសពួកវង្សអ៊ីស្រាអែល ដោយនូវចិត្តរបស់ខ្លួនគេ ពីព្រោះគេសុទ្ធតែព្រាត់ប្រាសពីអញ ដោយសាររូបព្រះរបស់គេទាំងអស់ហើយ។
6 ត្រូវឲ្យប្រាប់ដល់ពួកវង្សអ៊ីស្រាអែលថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ ចូរវិលមកវិញ ចូរបែរចេញពីរូបព្រះរបស់ឯងរាល់គ្នាទៅ ហើយងាកមុខពីអស់ទាំងការគួរស្អប់ខ្ពើមរបស់ឯងរាល់គ្នាចុះ
7 ដ្បិតឯអស់អ្នកណាក្នុងពួកវង្សអ៊ីស្រាអែល ឬក្នុងពួកអ្នកដទៃ ជាអ្នកស្នាក់នៅក្នុងស្រុកអ៊ីស្រាអែល ដែលញែកខ្លួនចេញពីអញ ហើយតាំងរូបព្រះរបស់ខ្លួននៅក្នុងចិត្ត ព្រមទាំងដាក់ហេតុចំពប់នៃសេចក្ដីទុច្ចរិតរបស់ខ្លួនចំពោះមុខដូច្នេះ រួចនឹងមករកហោរា ដើម្បីសួរអញពីដំណើរខ្លួន នោះអញនេះ គឺព្រះយេហូវ៉ា អញនឹងឆ្លើយដល់អ្នកនោះ ដោយខ្លួនអញ
8 ហើយអញនឹងតាំងមុខទាស់នឹងអ្នកនោះ ព្រមទាំងធ្វើឲ្យជាទីស្រឡាំងកាំង ជាទីសម្គាល់ និងជាពាក្យទំនៀម អញក៏នឹងកាត់អ្នកនោះចេញពីកណ្តាលរាស្ត្រអញទៅ នោះឯងរាល់គ្នានឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត
9 បើហោរាណាត្រូវបញ្ឆោត ហើយបានបញ្ចេញពាក្យណានោះ គឺព្រះយេហូវ៉ា អញនេះហើយ ដែលបានបញ្ឆោតគេ ហើយអញនឹងលូកដៃទៅលើគេ ព្រមទាំងបំផ្លាញគេចេញពីពួកអ៊ីស្រាអែល ជារាស្ត្រអញទៅផង
10 គេនឹងត្រូវទ្រាំទ្រចំពោះសេចក្ដីទុច្ចរិតរបស់ខ្លួន ឯសេចក្ដីទុច្ចរិតរបស់ហោរានោះនឹងបានដូចជាសេចក្ដីទុច្ចរិត របស់អ្នកដែលរកគេដែរ
11 ដើម្បីកុំឲ្យពួកវង្សអ៊ីស្រាអែលវង្វេងចេញពីអញ ឬនាំឲ្យខ្លួនបានស្មោកគ្រោក ដោយអំពើរំលងទាំងប៉ុន្មានរបស់ខ្លួនទៀតឡើយ គឺឲ្យគេបានធ្វើជារាស្ត្រអញវិញ ហើយឲ្យអញបានជាព្រះរបស់គេ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។
12 ព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មកដល់ខ្ញុំថា
13 កូនមនុស្សអើយ បើស្រុកណាធ្វើបាបនឹងអញ ដោយប្រព្រឹត្តរំលងអ្វី រួចអញលូកដៃទៅលើគេ ឲ្យផ្តាច់ស្បៀងអាហារ ហើយឲ្យគេកើតមានសេចក្ដីអំណត់ ព្រមទាំងកាត់មនុស្ស និងសត្វចេញពីស្រុកនោះផង
14 នោះព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលថា ទោះបើមនុស្សទាំង៣នាក់នេះ គឺណូអេ ដានីយ៉ែល និងយ៉ូប បាននៅក្នុងស្រុកនោះ គង់តែសេចក្ដីសុចរិតរបស់អ្នកទាំងនោះនឹងជួយបានតែព្រលឹងខ្លួនឲ្យរួចប៉ុណ្ណោះទេ
15 បើកាលណាអញឲ្យសត្វកំណាចមកនៅក្នុងស្រុកនោះ ហើយវាសម្លាប់មនុស្សទៅ ឲ្យស្រុកនោះនៅជាស្ងាត់ច្រៀប ដល់ម៉្លេះបានជាឥតមានអ្នកណាហ៊ានដើរតាមនោះឡើយ ដោយព្រោះសត្វទាំងនោះឯង
16 នោះព្រះអម្ចាស់យេហូវ៉ាទ្រង់ស្បថថា ដូចជាអញរស់នៅ ទោះបើមនុស្សទាំង៣នាក់នោះនៅក្នុងស្រុកក៏ដោយ គង់តែនឹងជួយកូនប្រុសកូនស្រីខ្លួនឲ្យរួចមិនបានដែរ រួចបានតែខ្លួនគេប៉ុណ្ណោះ តែឯស្រុកនោះនឹងត្រូវចោលស្ងាត់វិញ
17 ឬបើសិនជាអញនាំដាវមកលើស្រុកនោះ ដោយបង្គាប់ថា ដាវអើយ ចូរដើរចុះឡើងក្នុងស្រុកចុះ ហើយអញកាត់ទាំងមនុស្ស និងសត្វចេញពីនោះផង
18 នោះព្រះអម្ចាស់យេហូវ៉ាទ្រង់ស្បថថា ដូចជាអញរស់នៅ ទោះបើមនុស្សទាំង៣នាក់នោះនៅក្នុងស្រុកក៏ដោយ គង់តែនឹងជួយកូនប្រុសកូនស្រីខ្លួនឲ្យរួចមិនបានដែរ រួចបានតែខ្លួនគេប៉ុណ្ណោះ
19 ឬបើសិនជាអញនឹងចាត់ប្រើអាសន្នរោគទៅក្នុងស្រុកនោះ ហើយចាក់សេចក្ដីឃោរឃៅរបស់អញចេញទៅលើស្រុកនោះ ដោយកម្ចាយឈាម ដើម្បីនឹងកាត់ទាំងមនុស្ស និងសត្វចេញផង
20 នោះព្រះអម្ចាស់យេហូវ៉ាទ្រង់ស្បថថា ដូចជាអញរស់នៅ ទោះបើណូអេ ដានីយ៉ែល និងយ៉ូបបាននៅក្នុងស្រុកនោះក៏ដោយ គង់តែនឹងជួយកូនប្រុសកូនស្រីខ្លួនឲ្យរួចមិនបានដែរ គឺសេចក្ដីសុចរិតរបស់អ្នកទាំងនោះ នឹងជួយបានព្រលឹងរបស់ខ្លួនឲ្យរួចប៉ុណ្ណោះ។
21 ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា កាលណាអញចាត់ប្រើសេចក្ដីវេទនាទាំង៤យ៉ាងនេះ ទៅលើក្រុងយេរូសាឡឹម គឺជាដាវ ជាអំណត់អត់ ជាសត្វសាហាវ និងអាសន្នរោគ ដើម្បីនឹងកាត់ទាំងមនុស្ស និងសត្វចេញផង នោះតើនឹងបានតឹងជាងអម្បាលម៉ានទៅទៀត
22 ប៉ុន្តែ មើល នឹងមានសំណល់សល់នៅក្នុងក្រុងនោះ គេនឹងត្រូវនាំចេញមក ទាំងប្រុសទាំងស្រី មើល គេនឹងចេញមកឯឯងរាល់គ្នា នោះឯងនឹងឃើញផ្លូវ និងអំពើរបស់គេ រួចឯងនឹងបានក្សាន្តចិត្ត ពីដំណើរការអាក្រក់ ដែលអញបានទម្លាក់ទៅលើក្រុងយេរូសាឡឹម គឺពីគ្រប់ទាំងការដែលអញបាននាំទៅលើក្រុងនោះ
23 គេនឹងកំសាន្តចិត្តឯងរាល់គ្នា ដោយឯងឃើញផ្លូវ និងអំពើដែលគេប្រព្រឹត្តទាំងប៉ុន្មាន ហើយឯងរាល់គ្នានឹងដឹងថា ការដែលអញបានធ្វើដល់គេ នោះមិនមែនដោយឥតហេតុទេ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។
ជំពូក 15
1 រួចព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់ខ្ញុំថា 2កូនមនុស្សអើយ តើដើមទំពាំងបាយជូរវិសេសជាងដើមឈើណាទៀត ឬមែកឈើណានៅក្នុងព្រៃផង 3តើយកសាច់ឈើវាទៅធ្វើអ្វីបានឬ តើមនុស្សនឹងយកកំណាត់១បោះភ្ជាប់សម្រាប់ព្យួរប្រដាប់ណាបានឬ 4មើល គេបោះទៅក្នុងភ្លើងទុកជាឱសវិញ ភ្លើងក៏ឆេះចុងសងខាង ហើយកណ្តាលក៏ឆេះដែរ តើមានប្រយោជន៍នឹងធ្វើការអ្វីបានឬទេ 5មើល កាលនៅជាទាំងមូលនៅឡើយ ក៏ប្រើធ្វើការអ្វីមិនបានទៅហើយ ចំណង់បើកាលណាភ្លើងបានឆេះអស់ទៅ សល់នៅតែរងើកប៉ុណ្ណោះ នោះតើនឹងប្រើការអ្វីណាបាន 6ហេតុនោះ ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា ឯដើមទំពាំងបាយជូរក្នុងពួកដើមឈើនៅព្រៃទាំងប៉ុន្មាន ដែលអញបានប្រគល់ដល់ភ្លើងទុកជាឱសយ៉ាងណា នោះអញនឹងប្រគល់ពួកក្រុងយេរូសាឡឹមទៅយ៉ាងនោះដែរ 7ហើយអញនឹងតាំងមុខទាស់នឹងគេ គេនឹងចេញពីភ្លើង១ តែភ្លើង១ទៀតនឹងឆេះគេទៅ នោះឯងរាល់គ្នានឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត ក្នុងកាលដែលអញតាំងមុខទាស់នឹងគេ 8អញនឹងធ្វើឲ្យស្រុកនេះត្រូវចោលស្ងាត់ ដោយព្រោះគេបានប្រព្រឹត្តរំលង នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។
ជំពូក 16
1 ព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មកដល់ខ្ញុំម្តងទៀតថា
2 កូនមនុស្សអើយ ចូរធ្វើឲ្យក្រុងយេរូសាឡឹមស្គាល់អំពើគួរស្អប់ខ្ពើមរបស់ខ្លួនចុះ
3 ហើយប្រាប់ថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងក្រុងយេរូសាឡឹមដូច្នេះ ជំនួរវង្ស និងកំណើតរបស់ឯង នោះចេញពីស្រុករបស់សាសន៍កាណានមក ឪពុកឯងជាសាសន៍អាម៉ូរី ហើយម្តាយឯងជាសាសន៍ហេត
4 ឯកំណើតឯង គឺនៅថ្ងៃដែលឯងកើតមកនោះ គេមិនបានកាត់ផ្ចិតឯងទេ ក៏មិនបានលាងជម្រះឯងដោយទឹក ឬលាបអំបិល ឬរុំសំពត់ឲ្យផង
5 គ្មានភ្នែកណាប្រណីឯង ដើម្បីនឹងធ្វើការទាំងនោះដល់ឯង ដោយអាណិតអាសូរចំពោះឯងឡើយ គឺគេបោះចោលឯងនៅទីវាលទទេ ពីព្រោះគេខ្ពើមរូបឯង ក្នុងថ្ងៃដែលឯងបានកើតមកនោះ។
6 កាលអញបានដើរតាមនោះជិតឯង ឃើញឯងឈ្លីឈ្លក់នៅក្នុងឈាមខ្លួន នោះអញបាននិយាយទៅឯងក្នុងកាលដែលនៅក្នុងឈាមនោះថា ចូរមានជីវិតនៅចុះ អើ កាលឯងនៅក្នុងឈាមឯងនោះ អញបានថា ចូរមានជីវិតនៅចុះ
7 អញក៏ធ្វើឲ្យឯងមានវ័យចម្រើនឡើងដូចជាស្មៅនៅវាល ហើយឯងបានកើនឡើងត្រឡប់ជាធំ ដល់ទៅមានរូបឆើតល្អ ដោះឯងបានដុះពេញរាងឡើង សក់ឯងក៏បានវែងហើយ ប៉ុន្តែ ឯងនៅអាក្រាត ហើយខ្លួនទទេ
8 គ្រានោះ កាលអញបានដើរតាមទីនោះមើលឯង នោះឃើញថា ដល់ពេលស្រឡាញ់ហើយ ដូច្នេះ អញបានយកជាយអាវអញគ្របលើឯង ព្រមទាំងបិទបាំងសណ្ឋានអាក្រាតរបស់ឯង អើ អញបានស្បថនឹងឯង ហើយតាំងសញ្ញា នឹងឯងផង នោះឯងបានត្រឡប់ជារបស់ផងអញ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា
9 ខណៈនោះ អញបានលាងឯងដោយទឹក អើ អញបានជម្រះឈាមឯងចេញយ៉ាងស្អាត រួចចាក់ប្រេងលាបឲ្យ
10 អញបានតែងតួឯងដោយសំពត់ប៉ាក់ ក៏បំពាក់ស្បែកជើងធ្វើពីស្បែកផ្សោតឲ្យឯង ហើយក្រវាត់ឯងដោយសំពត់ទេសឯក រួចគ្រលុំដោយសំពត់ព្រែ
11 ក៏បានតាក់តែងឯងដោយគ្រឿងលំអ បានបំពាក់កងនៅដៃឯង ហើយខ្សែនៅក
12 ព្រមទាំងបំពាក់ក្រវិលនៅច្រមុះ ហើយទំហូនៅត្រចៀក និងក្បាំងយ៉ាងល្អនៅក្បាលឯង
13 ដូច្នេះ ឯងបានប្រដាប់ដោយមាស ហើយនិងប្រាក់ ឯសម្លៀកបំពាក់របស់ឯង នោះបានធ្វើពីសំពត់ទេសឯកយ៉ាងម៉ដ្ត និងព្រែ ហើយសំពត់ប៉ាក់ ឯងបានចិញ្ចឹមខ្លួនដោយម្សៅយ៉ាងម៉ដ្ត ទឹកឃ្មុំ និងប្រេង ឯងមានរូបល្អឆើតក្រៃលែង ហើយបានចម្រើនឡើងដល់ទៅមានអំណាចជាស្តេច
14 ឯកិត្តិសព្ទពីលំអរុងរឿងរបស់ឯង បានខ្ចរខ្ចាយទៅដល់អស់ទាំងនគរ ពីព្រោះលំអររបស់ឯងបានគ្រប់លក្ខណ៍ ដោយសាររស្មីរបស់អញដែលអញបានឲ្យស្ថិតលើឯង នេះហើយជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។
15 ប៉ុន្តែ ឯងបានទុកចិត្តនឹងរូបលំអរបស់ឯង ហើយបានធ្វើជាស្រីសំផឹង ដោយព្រោះល្បីឈ្មោះនោះ ក៏បានត្រូវការនឹងអស់អ្នកណាដែលដើរកាត់មុខឯង ឯងបានសម្រាប់ជារបស់គេហើយ
16 ឯងបានយកសម្លៀកបំពាក់របស់ឯងទៅ ធ្វើជាទីខ្ពស់តាក់តែងដោយពណ៌ផ្សេងៗ រួចបានភប់ប្រសព្វនឹងគេនៅលើទីនោះ ជាការដែលមិនធ្លាប់មានពីមុនឡើយ ហើយទៅមុខក៏នឹងឥតមានដែរ
17 ឯងក៏យកគ្រឿងលំអរបស់ឯង ដែលធ្វើពីមាស និងប្រាក់របស់អញ ជាគ្រឿងដែលអញបានឲ្យដល់ឯងនោះ ទៅធ្វើជារូបមនុស្សប្រុស ហើយឯងបានភប់ប្រសព្វនឹងរូបនោះដែរ
18 ឯងបានយកសម្លៀកបំពាក់ប៉ាក់របស់ឯងទៅតែងឲ្យវា ព្រមទាំងតាំងប្រេង និងកំញានរបស់អញនៅមុខវា
19 ឯអាហារដែលអញបានឲ្យដល់ឯង គឺជាម្សៅយ៉ាងម៉ដ្ត ប្រេង និងទឹកឃ្មុំនោះ ដែលអញឲ្យសម្រាប់ចិញ្ចឹមឯង នោះឯងបានថ្វាយនៅចំពោះរូបទាំងនោះ សម្រាប់ជាក្លិនឈ្ងុយវិញ គឺយ៉ាងនោះដែលឯងបានប្រព្រឹត្ត នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា
20 មួយទៀត ឯងបានយកកូនប្រុសស្រីឯង ដែលបានបង្កើតឲ្យអញ ទៅថ្វាយជាយញ្ញបូជាដល់ព្រះទាំងនោះ ឲ្យត្រូវវិនាសទៅផង ដូច្នេះ តើការកំផិតរបស់ឯង ជាការយ៉ាងស្រាលឬ
21 បានជាឯងសម្លាប់កូនអញ ហើយប្រគល់ទៅឲ្យត្រូវចូលក្នុងភ្លើងថ្វាយដល់រូបទាំងនោះទៀត
22 ហើយក្នុងអស់ទាំងការគួរស្អប់ខ្ពើម និងការកំផិតរបស់ឯង នោះឯងមិនបាននឹកពីកាលឯងនៅក្មេង ក្នុងកាលដែលឯងនៅអាក្រាត ហើយខ្លួនទទេ ព្រមទាំងឈ្លក់ឈ្លីនៅក្នុងឈាមឯងនោះទេ។
23 ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលថា វេទនាៗដល់ឯង ដ្បិតក្រោយអស់ទាំងអំពើដ៏លាមកអាក្រក់របស់ឯង
24 នោះឯងបានសង់ផ្ទះបនសម្រាប់ខ្លួន ហើយធ្វើទីយ៉ាងសំខាន់សម្រាប់ខ្លួន នៅគ្រប់ទាំងផ្លូវនោះទៀត
25 ឯងបានធ្វើទីយ៉ាងសំខាន់នោះ ត្រង់ក្បាលគ្រប់ទាំងផ្លូវ ហើយបានធ្វើឲ្យសេចក្ដីលំអរបស់ឯងទៅជាទីខ្ពើមឆ្អើមវិញ ឯងបានបើកជើងទទួលគ្រប់ទាំងប្រុសៗដែលដើរមកតាមនោះ ហើយបានចម្រើនការកំផិតរបស់ឯងជាច្រើនឡើង
26 ឯងបានសហាយស្មន់នឹងសាសន៍អេស៊ីព្ទ ជាពួកជិតខាងឯងដែលធំធាត់ ព្រមទាំងចម្រើនការកំផិតរបស់ឯងជាច្រើនឡើង ជាការដែលបណ្តាលឲ្យអញខឹង
27 ដូច្នេះ មើលអញបានលូកដៃទៅលើឯងហើយ ក៏បន្ថយចំណែករបស់ឯងចុះ ហើយបានប្រគល់ឯងដល់បំណងចិត្តរបស់ពួកអ្នកដែលស្អប់ឯង គឺដល់ពួកកូនស្រីសាសន៍ភីលីស្ទីន ដែលអៀនចំពោះអំពើឥតខ្មាសរបស់ឯង
28 ឯងបានភប់ប្រសព្វនឹងសាសន៍អាសស៊ើរ ដែរ ដ្បិតឯងមិនចេះឆ្អែតឆ្អន់ឡើយ អើ ឯងបានរួមបវេណីនឹងគេ ក៏នៅតែមិនស្កប់ស្កល់ទៀត
29 ដូច្នេះ ឯងបានចម្រើនការកំផិតរបស់ឯង រហូតដល់ស្រុកនៃពួកឈ្មួញ ជាសាសន៍ខាល់ដេ នៅក្នុងស្រុកកាណាន ប៉ុន្តែ ឯងនៅតែមិនទាន់ឆ្អែតទៀត។
30 ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលថា ចិត្តឯងទន់អីម៉្លេះ ដែលឯងបានប្រព្រឹត្តអំពើទាំងនេះ ជាការរបស់ស្រីសំផឹងដ៏ឈ្នះឈ្នាន
31 ដោយឯងបានសង់ផ្ទះបនរបស់ឯង នៅត្រង់ក្បាលគ្រប់ទាំងផ្លូវ និងទីសំខាន់របស់ឯងនៅអស់ទាំងផ្លូវថ្នល់ តែឯងមិនមែនដូចជាស្រីសំផឹងទេ ពីព្រោះឯងមិនរមឹលមើលថ្លៃឈ្នួលឡើយ
32 យីះ ឯងជាស្រីដែលប្រព្រឹត្តសេចក្ដីកំផិត ជាស្រីដែលយកមនុស្សដទៃមកជំនួសប្ដីហើយ
33 គេតែងតែឲ្យឈ្នួលដល់ស្រីសំផឹងទាំងប៉ុន្មាន តែឯងវិញ ឯងឲ្យឈ្នួលដល់សហាយឯងទាំងអស់ ក៏សូកគេឲ្យមកឯឯងពីគ្រប់ទិសជុំវិញ សម្រាប់ទទួលរួមបវេណី
34 ហើយឯងខុសពីស្រីធម្មតា ក្នុងការសំផឹងរបស់ឯង ដោយឥតមានអ្នកណារកតាមឯង ដើម្បីរួមដំណេកនឹងឯងឡើយ ហើយដោយឯងចេញឈ្នួលឲ្យគេ មិនមែនគេចេញឈ្នួលដល់ឯងទេ យ៉ាងនោះបានជាឯងខុសពីគេហើយ។
35 ដូច្នេះ ឱស្រីសំផឹងអើយ ចូរស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាចុះ
36 ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា ដោយព្រោះឯងបានប្រព្រឹត្តអំពើអាសអាភាសរបស់ឯងជាហូរហែ ហើយបានបើកកេរ្តិ៍ខ្មាសឯង ដោយរួមបវេណីនឹងពួកសហាយឯង ដោយព្រោះគ្រប់អស់ទាំងរូបដំណាងព្រះដ៏គួរស្អប់ខ្ពើមរបស់ឯង និងឈាមរបស់កូនចៅឯងដែលឯងបានថ្វាយដល់វា
37 នោះមើល អញនឹងប្រមូលពួកសហាយឯង ដែលឯងបានត្រេកអរជាមួយគ្នា និងពួកទាំងប៉ុន្មានដែលឯងបានស្រឡាញ់នោះ ព្រមទាំងពួកដែលឯងបានស្អប់ផង អើ អញនឹងប្រមូលគេឲ្យមកទាស់នឹងឯងនៅគ្រប់ទិស រួចអញនឹងបើកកេរ្តិ៍ខ្មាសឯងឲ្យគេឃើញច្បាស់ ដើម្បីឲ្យគេបានឃើញទាំងអស់
38 នោះអញនឹងជំនុំជម្រះឯង ដូចជាគួរជំនុំជម្រះដល់ស្រីដែលផិតប្ដី ហើយកម្ចាយឈាមផង អញនឹងទម្លាក់ឈាមទៅលើឯង ដោយសេចក្ដីក្រោធ និងសេចក្ដីប្រចណ្ឌ
39 អញនឹងប្រគល់ឯងទៅក្នុងកណ្តាប់ដៃរបស់គេ នោះគេនឹងបំផ្លាញផ្ទះបនរបស់ឯង ហើយរំលំអស់ទាំងទីសំខាន់របស់ឯងដែរ គេនឹងបកសម្លៀកបំពាក់ឯងចេញ ហើយកាន់យកគ្រឿងលំអរបស់ឯង ព្រមទាំងចោលឯងឲ្យនៅអាក្រាត ហើយខ្លួនទទេ
40 គេនឹងនាំហ្វូងមនុស្សឡើងមកទាស់នឹងឯង និងចោលឯងដោយថ្ម ហើយចាក់ទម្លុះឯងដោយដាវ
41 រួចគេនឹងដុតផ្ទះឯងចោល ហើយនិងសម្រេចសេចក្ដីយុត្តិធម៌ដល់ឯង នៅចំពោះភ្នែកពួកស្រីៗជាច្រើន ដូច្នេះ អញនឹងធ្វើឲ្យឯងលែងប្រព្រឹត្តការសំផឹង ហើយឯងនឹងមិនចេញថ្លៃឈ្នួលឲ្យគេទៀតឡើយ
42 គឺយ៉ាងនោះ ដែលអញនឹងសម្រាកសេចក្ដីក្រោធអញ ចំពោះឯង ហើយសេចក្ដីប្រចណ្ឌរបស់អញនឹងថយចេញពីចំពោះឯងទៅ នោះអញនឹងស្ងៀមនៅវិញ ឥតមានសេចក្ដីកំហឹងទៀត
43 អញនឹងទម្លាក់អំពើរបស់ឯងទៅលើក្បាលឯងវិញ ដោយព្រោះឯងមិនបាននឹកពីកាលឯងនៅក្មេងទេ គឺបានចាក់រុកអញ ដោយសារអំពើទាំងនោះឯង យ៉ាងនោះឯងនឹងមិនប្រព្រឹត្តអំពើគួរខ្មាសនេះ ព្រមទាំងការគួរស្អប់ខ្ពើមទាំងប៉ុន្មានរបស់ឯងទៀត នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។
44 មើល អស់អ្នកណាដែលធ្លាប់ប្រើពាក្យសុភាសិតគេនឹងពោលពាក្យនេះទាស់នឹងឯងថា ម្តាយយ៉ាងណាកូនស្រីក៏យ៉ាងនោះដែរ
45 ឯងជាកូនស្រីរបស់ម្តាយឯងដែលបានស្អប់ប្ដី និងកូនខ្លួន ឯងក៏ជាប្អូនស្រីរបស់ពួកបងប្អូនស្រីឯង ដែលគេបានស្អប់ប្ដី និងកូនគេដែរ ម្តាយឯងជាសាសន៍ហេត ហើយឪពុកឯងជាសាសន៍អាម៉ូរី
46 បងស្រីឯង គឺសាម៉ារី ដែលនៅខាងឆ្វេងឯង ទាំងខ្លួនបងនោះ និងកូនស្រីរបស់បងដែរ ហើយប្អូនស្រីឯងដែលនៅខាងស្តាំ នោះគឺជាសូដុំម និងកូនស្រីរបស់គេ
47 ប៉ុន្តែ ឯងមិនបានដើរតាមផ្លូវគេ ឬប្រព្រឹត្តតាមអំពើគួរស្អប់ខ្ពើមរបស់គេទេ គឺឯងបានប្រព្រឹត្តខូចអាក្រក់ជាងគេ ក្នុងអស់ទាំងផ្លូវរបស់ឯងទៅទៀត ដោយស្មានថាអំពើរបស់គេតិចតួចទេ
48 ព្រះអម្ចាស់យេហូវ៉ាទ្រង់ស្បថថា ដូចជាអញរស់នៅ នោះប្រាកដជាសូដុំម ជាប្អូនឯង ព្រមទាំងកូនផងមិនបានប្រព្រឹត្តដូចជាឯង នឹងកូនស្រីរបស់ឯងទេ
49 មើល ឯអំពើទុច្ចរិតរបស់សូដុំម ជាប្អូនស្រីឯង ព្រមទាំងកូនផងនោះគឺមានសេចក្ដីអំនួត មានអាហារបរិភោគឆ្អែត ហើយនៅក៏ដោយឥតកង្វល់ ទាំងមានសេចក្ដីចម្រើន ឥតដែលចម្រើនកម្លាំងដៃនៃពួកក្រីក្រ និងមនុស្សកំសត់ទុគ៌តឡើយ
50 គេក៏មានចិត្តឆ្មើងឆ្មៃ ហើយបានប្រព្រឹត្តអំពើគួរស្អប់ខ្ពើមនៅចំពោះអញ ហេតុនោះបានជាអញដកគេចេញតាមដែលអញឃើញថាគួរ
51 ឯសាម៉ារី ក៏មិនបានប្រព្រឹត្តដល់ត្រឹមពាក់កណ្តាលនៃអំពើបាបរបស់ឯងដែរ គឺឯងបានចម្រើនអំពើគួរស្អប់ខ្ពើមរបស់ឯងជាច្រើនជាងគេទៅទៀត ហើយឯងបានធ្វើឲ្យបងប្អូនស្រីឯងមើលទៅដូចជាសុចរិតទេ ដោយអំពើគួរស្អប់ខ្ពើមដែលឯងបានប្រព្រឹត្តនោះ
52 ឯឯងដែលបានថ្កោលទោសបងប្អូនស្រីឯង ចូរទទួលរងសេចក្ដីខ្មាសរបស់ខ្លួនចុះ គេសុចរិតជាងឯងវិញដោយព្រោះអំពើបាបដែលឯងបានប្រព្រឹត្ត ឲ្យគួរស្អប់ខ្ពើមជាងគេនោះ អើ ចូរឲ្យឯងជ្រប់មុខចុះ ហើយទទួលរងសេចក្ដីខ្មាសរបស់ខ្លួន ដោយព្រោះឯងបានធ្វើឲ្យបងប្អូនស្រីឯងមើលទៅដូចជាសុចរិតវិញ។
53 អញនឹងនាំពួកគេដែលនៅជាឈ្លើយឲ្យមកវិញ គឺសូដុំម ព្រមទាំងកូនដែលនៅជាឈ្លើយ សាម៉ារី ព្រមទាំងកូនដែលនៅជាឈ្លើយ និងពួកឯងទាំងប៉ុន្មានដែលនៅជាឈ្លើយ ឲ្យមកកណ្តាលគេផង
54 ដើម្បីឲ្យឯងបានទទួលរងសេចក្ដីខ្មាសរបស់ខ្លួន ហើយឲ្យមានសេចក្ដីខ្មាស ដោយព្រោះគ្រប់ទាំងអំពើដែលឯងបានប្រព្រឹត្តនោះដោយឯងជាទីកំសាន្តចិត្តដល់គេ
55 ឯប្អូនស្រីឯង គឺសូដុំម និងកូនស្រីវា គេនឹងត្រឡប់ទៅឯសណ្ឋានដើមរបស់ខ្លួន ហើយសាម៉ារី និងកូនវា គេនឹងត្រឡប់ទៅឯសណ្ឋានដើមរបស់ខ្លួនវិញ ចំណែកឯង និងកូនឯង ក៏នឹងវិលត្រឡប់ទៅដូចជាសណ្ឋានដើមរបស់ឯងរាល់គ្នាដែរ
56 ដ្បិតនៅគ្រានៃសេចក្ដីអំនួតរបស់ឯង នោះឈ្មោះសូដុំមជាប្អូនស្រីឯង មិនបានចេញពីមាត់ឯងឡើយ
57 គឺក្នុងកាលដែលសេចក្ដីទុច្ចរិតរបស់ឯង មិនទាន់បើកឲ្យឃើញនៅឡើយ ដូចនៅវេលាដែលបន្ទោសដល់ពួកកូនស្រីស៊ីរី និងពួកអ្នកនៅជុំវិញ ហើយពួកកូនស្រីភីលីស្ទីន ដែលប្រទូសរ៉ាយដល់ឯងនៅព័ទ្ធជុំវិញ
58 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា ឯងត្រូវទទួលរងសេចក្ដីខ្មាស និងអំពើគួរស្អប់ខ្ពើមរបស់ឯងហើយ
59 ដ្បិតព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា អញនឹងប្រព្រឹត្តនឹងឯង ដូចជាឯងបានប្រព្រឹត្តនោះ គឺដែលឯងបានមើលងាយដល់ពាក្យសម្បថដោយផ្តាច់សេចក្ដីសញ្ញាចេញ។
60 ប៉ុន្តែ អញនឹងនឹកចាំ ពីសេចក្ដីសញ្ញា ដែលអញបានតាំងនឹងឯង ក្នុងកាលដែលឯងនៅក្មេងនោះ ហើយអញនឹងតាំងសញ្ញា១នឹងឯង ដ៏ស្ថិតស្ថេរនៅអស់កល្បជានិច្ចទៀត
61 នោះឯងនឹងនឹកឃើញពីផ្លូវរបស់ឯង ហើយនិងមានសេចក្ដីខ្មាស ក្នុងកាលដែលឯងទទួលបងប្អូនស្រីឯង គឺបងបង្អស់របស់ឯង និងប្អូនឯងផង គ្រានោះ អញនឹងឲ្យបងប្អូននោះដល់ឯង ទុកជាកូនស្រីវិញ តែមិនមែនតាមសេចក្ដីសញ្ញារបស់ឯងទេ
62 អញនឹងតាំងសេចក្ដីសញ្ញារបស់អញដល់ឯង នោះឯងនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត
63 ដើម្បីឲ្យឯងបាននឹកចាំ ហើយត្រូវជ្រប់មុខ ឥតដែលហើបមាត់ឯងឡើងទៀតឡើយ ដោយឯងមានសេចក្ដីអៀនខ្មាស ក្នុងកាលដែលអញបានអត់ទោសដល់ឯង ចំពោះគ្រប់ទាំងអំពើដែលឯងបានប្រព្រឹត្តនោះ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។
ជំពូក 17
1 ព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់ខ្ញុំថា
2 កូនមនុស្សអើយ ចូរដាក់ប្រស្នា ហើយពោលសេចក្ដីប្រៀបធៀបដល់ពួកវង្សអ៊ីស្រាអែលថា
3 ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ មានសត្វឥន្ទ្រីយ៉ាងធំ ពេញដោយស្លាបគ្រប់ពណ៌ ដែលមានចំអេងស្លាបធំ ហើយវែង វាហើរមកដល់ព្រៃល្បាណូន កាច់យកចុងដើមតាត្រៅ១
4 វាកាច់យកលំពង់នៅចុងបំផុតនៃដើមនោះ យកទៅដល់ស្រុកជំនួញ ដាក់ទៅក្នុងទីក្រុងនៃមនុស្សជួញប្រែ
5 វាក៏យកពូជពង្រោះពីស្រុកនោះ ទៅព្រោះនៅក្នុងដីដុះដាល គឺបានដាំនៅក្បែរទឹកធំ ដូចជាដើមចាក
6 ដើមនោះក៏ដុះឡើង ត្រឡប់ជាដើមទំពាំងបាយជូរលូតលាស់ទាបៗ ដែលខ្នែងក៏បែរមកខាងឥន្ទ្រីនោះ ឯឫសក៏នៅពីក្រោមវាដែរ ដូច្នេះ ដើមនោះបានត្រឡប់ជាដើមទំពាំងបាយជូរ ក៏បែកខ្នែង ហើយចេញត្រួយផង
7 មានសត្វឥន្ទ្រីធំ១ទៀតមានស្លាបច្រើន ហើយចំអេងស្លាបយ៉ាងធំ រីឯដើមទំពាំងបាយជូរ នោះបានបត់ឫសពីដីដែលដាំនោះទៅខាងវាវិញ ហើយបោះមែកចេញទៅខាងវាដែរ ដើម្បីឲ្យវាបានស្រោចទឹក
8 ដើមនោះបានដាំក្នុងដីល្អនៅក្បែរទឹកធំ ដើម្បីឲ្យបានបែកខ្នែង ហើយកើតផលផ្លែ ប្រយោជន៍ឲ្យបានជាដើមទំពាំងបាយជូរយ៉ាងល្អ
9 ត្រូវឲ្យឯងថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ តើដើមនោះនឹងចម្រើនឡើងបានឬ តើឥន្ទ្រីមុននោះមិនដករំលើងទាំងឫស ហើយកាត់ផ្លែចេញ ឲ្យបានស្វិតទៅ ហើយឲ្យអស់ទាំងស្លឹកខ្ចីៗបានក្រៀមទៅដែរទេឬអី ឥតចាំមានដៃខ្លាំងពូកែ ឬមនុស្សជាច្រើន ដើម្បីនឹងដករំលីងទាំងឫសផងឡើយ
10 អើ មើល ដែលបានដាំដូច្នេះហើយ តើនឹងចម្រើនឡើងបានឬ តើមិនស្វិតក្រៀមទៅទាំងអស់ ដោយគ្រាន់តែមានខ្យល់ពីខាងកើតបក់មកប៉ះត្រូវទេឬអី អើ នឹងត្រូវស្វិតក្រៀមទៅ នៅកន្លែងដែលដុះនោះឯង។
11 ព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មកដល់ខ្ញុំម្តងទៀតថា
12 ចូរសួរដល់ពួកវង្សរឹងចចេសនោះថា តើឯងរាល់គ្នាមិនយល់ន័យសេចក្ដីទាំងនេះទេឬអី ចូរប្រាប់គេថា មើលស្តេចបាប៊ីឡូនបានមកដល់ក្រុងយេរូសាឡឹម កៀរយកទាំងស្តេច និងពួកចៅហ្វាយទីក្រុង នាំទៅជាមួយដល់ក្រុងបាប៊ីឡូន
13 នោះក៏រើសយកពូជស្តេច១អង្គមកតាំងសញ្ញានឹងគ្នា ហើយក៏ចាប់ឲ្យស្បថ រួចបានដឹកនាំពួកអ្នកខ្លាំងពូកែក្នុងស្រុកចេញទៅ
14 ដើម្បីឲ្យរាជ្យនោះបានទាបថោក ឥតដែលងើបឡើងទៀតបានឡើយ តែឲ្យបានជាប់នៅ ដោយការរក្សាសញ្ញានោះ
15 ប៉ុន្តែ ស្តេចយើងបានបះបោរនឹងទ្រង់វិញ ដោយចាត់រាជទូតទៅឯស្រុកអេស៊ីព្ទ ដើម្បីឲ្យគេបានឲ្យសេះ និងពលទ័ពមកជាច្រើន ដូច្នេះ តើនឹងចម្រើនឡើងបានឬ តើអ្នកណាដែលប្រព្រឹត្តដូច្នេះនឹងរួចខ្លួនឬ តើនឹងអាចផ្តាច់សេចក្ដីសញ្ញា ហើយរួចខ្លួនបានឬ
16 ព្រះអម្ចាស់យេហូវ៉ាទ្រង់ស្បថថា ដូចជាអញរស់នៅ នោះប្រាកដជាស្តេចយើងនឹងត្រូវស្លាប់ នៅកន្លែងនៃស្តេចដែលបានតាំងទ្រង់ឡើង ឲ្យសោយរាជ្យដែលទ្រង់បានមើលងាយពាក្យសម្បថ ហើយផ្តាច់សេចក្ដីសញ្ញារបស់ស្តេចនោះបង់ គឺនឹងត្រូវស្លាប់ នៅកណ្តាលក្រុងបាប៊ីឡូនជិតស្តេចនោះឯង
17 ហើយផារ៉ោន និងពលទ័ពដ៏ខ្លាំងពូកែនឹងមិនមកជួយក្នុងចម្បាំង ដោយមានគ្នាសន្ធឹករបស់ទ្រង់ ក្នុងកាលដែលគេជីកស្នាមភ្លោះ ហើយធ្វើប៉មបុកទម្លាយកំផែងឡើង ដើម្បីនឹងកាត់ជីវិតមនុស្សជាច្រើនចេញនោះដែរ
18 ដ្បិតស្តេចយើងបានមើលងាយពាក្យសម្បថ ដោយផ្តាច់សេចក្ដីសញ្ញានោះចេញ ហើយមើល ទ្រង់ក៏ចាប់ដៃស្បថផង តែបានធ្វើការយ៉ាងដូច្នេះវិញ ដូច្នេះ តើនឹងរួចខ្លួនឬ
19 ហេតុនោះ ព្រះអម្ចាស់យេហូវ៉ាទ្រង់ស្បថថា ដូចជាអញរស់នៅ នោះប្រាកដជាអញនឹងទម្លាក់ពាក្យសម្បថរបស់អញ ដែលវាបានមើលងាយ និងសេចក្ដីសញ្ញារបស់អញ ដែលវាបានផ្តាច់ចេញនោះ ទៅលើក្បាលវាវិញ
20 អញនឹងលាតមងអញទៅលើវា នោះវានឹងត្រូវជាប់នៅក្នុងអន្ទាក់របស់អញ អញនឹងនាំវាទៅឯក្រុងបាប៊ីឡូន ហើយនិងមានរឿងគ្នានៅទីនោះ ដោយព្រោះអំពើរំលងដែលវាបានប្រព្រឹត្តនឹងអញ
21 ឯអស់ពួកអ្នកក្នុងកងទ័ពវាដែលរត់រួច គេនឹងត្រូវដួលដោយដាវ ឯពួកអ្នកដែលសល់នៅ គេនឹងត្រូវខ្ចាត់ខ្ចាយទៅគ្រប់ទិស នោះឯងរាល់គ្នានឹងដឹងថា អញនេះ គឺយេហូវ៉ា អញបានចេញវាចាហើយ។
22 ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា អញនឹងកាច់យកចុងដើមតាត្រៅយ៉ាងខ្ពស់ ទៅដាំចុះ អញនឹងកាច់យកលំពង់១យ៉ាងទន់ ពីចុងបំផុតរបស់ដើមនោះទៅដាំនៅលើភ្នំយ៉ាងខ្ពស់ស្រឡេត
23 គឺអញនឹងដាំនៅលើភ្នំយ៉ាងខ្ពស់នៃស្រុកអ៊ីស្រាអែល ដើមនោះនឹងបោះមែក ហើយកើតផល ព្រមទាំងត្រឡប់ទៅជាដើមតាត្រៅយ៉ាងល្អ ឯអស់ទាំងសត្វស្លាបគ្រប់មុខ នឹងជ្រកនៅក្រោម ហើយធ្វើសំបុកនៅក្រោមម្លប់នៃមែកវា
24 ដូច្នេះ អស់ទាំងដើមឈើនៅផែនដីនឹងដឹងថា អញ គឺយេហូវ៉ា អញបានបន្ទាបដើមឈើខ្ពស់ចុះមក ហើយបានតម្កើងដើមឈើទាបឡើងវិញ អញបានធ្វើឲ្យដើមឈើខ្ចីស្វិតក្រៀមទៅ ហើយឲ្យដើមឈើដែលស្វិតក្រៀមបានប៉ិចឡើងវិញ គឺអញយេហូវ៉ានេះហើយ ដែលបានចេញវាចា ព្រមទាំងធ្វើការនេះផង។
ជំពូក 18
1 ព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់ខ្ញុំម្តងទៀតថា
2 ឯងរាល់គ្នាប្រើពាក្យសុភាសិតនេះ និយាយពីដំណើរស្រុកអ៊ីស្រាអែលថា ឪពុកបានស៊ីផ្លែជូរ ហើយកូនត្រូវសង្កៀរធ្មេញទៅ នោះតើចង់ថាដូចម្តេច
3 ព្រះអម្ចាស់យេហូវ៉ាទ្រង់ស្បថថា ដូចជាអញរស់នៅ នោះប្រាកដជាឯងរាល់គ្នាមិនមានឱកាសនឹងនិយាយសុភាសិតនេះ នៅក្នុងស្រុកអ៊ីស្រាអែលទៀតឡើយ
4 មើល ព្រលឹងទាំងអស់ជារបស់ផងអញ ទោះទាំងព្រលឹងនៃឪពុក និងព្រលឹងនៃកូនផង ក៏ជារបស់ផងអញដូចគ្នា ឯព្រលឹងណាដែលធ្វើបាប គឺព្រលឹងនោះឯងនឹងត្រូវស្លាប់វិញ។
5 ប៉ុន្តែ បើមនុស្សណាសុចរិត ជាអ្នកប្រព្រឹត្តសេចក្ដីដែលត្រឹមត្រូវ ហើយទៀងត្រង់
6 ឥតដែលស៊ីនៅលើភ្នំ ឬងើបភ្នែកមើលទៅឯរូបព្រះរបស់ពួកវង្សអ៊ីស្រាអែល ក៏មិនបានបង្អាប់ប្រពន្ធរបស់អ្នកជិតខាងខ្លួន ឬចូលទៅជិតស្រីដែលមានរដូវកាល
7 ហើយមិនបានសង្កត់សង្កិនអ្នកណា គឺបានប្រគល់របស់បញ្ចាំដល់អ្នកដែលជំពាក់ខ្លួនវិញ ក៏មិនបានប្លន់យករបស់គេ គឺបានចែកអាហារដល់ពួកអ្នកដែលឃ្លាន ហើយបិទបាំងអ្នកដែលនៅខ្លួនទទេ ដោយសម្លៀកបំពាក់វិញ
8 គឺបើអ្នកនោះមិនបានឲ្យគេខ្ចីដោយយកការ ឬយកកម្រៃអ្វីឡើយ គឺបានដកដៃពីអំពើទុច្ចរិតចេញ បានសម្រេចសេចក្ដីយុត្តិធម៌ចំពោះគ្នានឹងគ្នា
9 ព្រមទាំងប្រព្រឹត្តតាមក្រឹត្យក្រមរបស់អញ ហើយរក្សាបញ្ញត្តច្បាប់របស់អញ ដើម្បីនឹងប្រព្រឹត្តដោយពិតត្រង់ នោះព្រះអម្ចាស់យេហូវ៉ា ទ្រង់មានព្រះបន្ទូលថា អ្នកនោះជាមនុស្សសុចរិតពិត អ្នកនោះនឹងរស់នៅជាប្រាកដ។
10 បើអ្នកនោះបង្កើតកូនប្រុសមកដែលធ្វើជាចោរ ជាអ្នកដែលកម្ចាយឈាម ឬប្រព្រឹត្តការអ្វីយ៉ាងនោះ
11 ឥតដែលប្រព្រឹត្តការទាំងប៉ុន្មានដែលគួរធ្វើទេ គឺបានស៊ីនៅលើភ្នំវិញ ហើយបង្អាប់ប្រពន្ធរបស់អ្នកជិតខាងខ្លួន
12 ព្រមទាំងសង្កត់សង្កិនពួកអ្នកក្រីក្រ ហើយកំសត់ទុគ៌ត ឬប្លន់គេ ក៏មិនបានប្រគល់របស់បញ្ចាំទៅវិញ ហើយបានងើបភ្នែកមើលទៅឯរូបព្រះ គឺបានប្រព្រឹត្តការដ៏គួរស្អប់ខ្ពើម
13 បានទាំងឲ្យគេខ្ចីដោយយកការ ហើយយកកម្រៃផង តើកូននោះនឹងរស់នៅ ឬវាមិនត្រូវរស់ទេ វាបានប្រព្រឹត្តអំពើគួរស្អប់ខ្ពើមទាំងនោះ ដូច្នេះ វាត្រូវស្លាប់ជាមិនខាន ឈាមវានឹងធ្លាក់ទៅលើវាវិញ។
14 ប៉ុន្តែ មើល បើអ្នកនោះបង្កើតកូនប្រុសមក ដែលឃើញអស់ទាំងអំពើបាបដែលឪពុកប្រព្រឹត្ត ក៏ពិចារណាហើយមិនប្រព្រឹត្តតាមអំពើយ៉ាងនោះឡើយ
15 គឺមិនស៊ីនៅលើភ្នំ ឬងើបភ្នែកមើលទៅឯរូបព្រះរបស់ពួកវង្សអ៊ីស្រាអែល ក៏មិនបានបង្អាក់ប្រពន្ធរបស់អ្នកជិតខាងខ្លួន
16 ឬសង្កត់សង្កិនអ្នកណា ឬទទួលបញ្ចាំរបស់គេ ក៏មិនបានប្លន់ដែរ គឺបានចែកអាហាររបស់ខ្លួនដល់ពួកអ្នកដែលឃ្លាន ហើយបិទបាំងអ្នកដែលនៅខ្លួនអាក្រាតទទេ ដោយសម្លៀកបំពាក់
17 ក៏ដកដៃចេញពីអ្នកក្រីក្រ ហើយមិនបានយកការ ឬកម្រៃអ្វីឡើយ គឺបានសម្រេចតាមក្រឹត្យក្រមរបស់អញ ហើយប្រព្រឹត្តតាមបញ្ញត្តច្បាប់របស់អញទាំងប៉ុន្មាន កូននោះនឹងមិនស្លាប់ ដោយព្រោះសេចក្ដីទុច្ចរិតរបស់ឪពុកខ្លួនឡើយ គឺនឹងរស់នៅជាពិតវិញ
18 តែឯចំណែកឪពុកវា នោះនឹងត្រូវស្លាប់ក្នុងអំពើទុច្ចរិតរបស់ខ្លួនទៅ ដោយព្រោះបានសង្កត់សង្កិនយ៉ាងកំណាច ហើយបានប្លន់បងប្អូន ព្រមទាំងប្រព្រឹត្តការដែលមិនល្អផង នៅកណ្តាលសាសន៍ខ្លួនហើយ។
19 ប៉ុន្តែ ឯងរាល់គ្នាសួរថា ហេតុអ្វីបានជាកូនមិនត្រូវរងសេចក្ដីទុច្ចរិតរបស់ឪពុកដូច្នេះ កាលណាកូនបានប្រព្រឹត្តសេចក្ដីដែលត្រឹមត្រូវ ហើយទៀងត្រង់ ព្រមទាំងរក្សាក្រឹត្យក្រមរបស់អញ ហើយប្រព្រឹត្តតាមផង នោះវានឹងរស់នៅជាពិតវិញ
20 ឯព្រលឹងណាដែលធ្វើបាប គឺព្រលឹងនោះឯងនឹងត្រូវស្លាប់ កូនមិនត្រូវរងសេចក្ដីទុច្ចរិតរបស់ឪពុកទេ ហើយឪពុកក៏មិនត្រូវរងសេចក្ដីទុច្ចរិតរបស់កូនដែរ សេចក្ដីសុចរិតរបស់មនុស្សសុចរិតនឹងនៅលើអ្នកនោះឯង ហើយសេចក្ដីទុច្ចរិតរបស់មនុស្សទុច្ចរិតនឹងនៅលើខ្លួនអ្នកទុច្ចរិតនោះឯងដែរ។
21 តែឯមនុស្សទុច្ចរិត បើបែរចេញពីអស់ទាំងអំពើបាបដែលខ្លួនបានប្រព្រឹត្ត ហើយរក្សាអស់ទាំងក្រឹត្យក្រមរបស់អញ ព្រមទាំងប្រព្រឹត្តសេចក្ដីដែលត្រឹមត្រូវ ហើយទៀងត្រង់វិញ អ្នកនោះនឹងរស់នៅជាពិត ឥតត្រូវស្លាប់ឡើយ
22 ឯអំពើរំលងទាំងប៉ុន្មានដែលខ្លួនបានប្រព្រឹត្ត នោះនឹងមិននឹកចាំបទណាមួយទាស់នឹងគេទេ គឺគេនឹងរស់នៅ ដោយសេចក្ដីសុចរិតដែលខ្លួនបានប្រព្រឹត្តវិញ
23 ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលសួរថា តើអញមានសេចក្ដីអំណរដោយមនុស្សទុច្ចរិតស្លាប់ទៅឬ តើមិនមែនអរដោយគេបែរចេញពីផ្លូវរបស់ខ្លួនវិញ មកឲ្យបានរស់នៅវិញទេឬអី
24 តែឯមនុស្សសុចរិត បើគេបែរចេញពីអំពីសុចរិតរបស់ខ្លួន ទៅប្រព្រឹត្តទុច្ចរិត ហើយធ្វើគ្រប់ទាំងការគួរស្អប់ខ្ពើម ដែលមនុស្សទុច្ចរិតតែងប្រព្រឹត្តវិញ នោះតើនឹងរស់នៅឬ ឯអំពើសុចរិតទាំងប៉ុន្មានដែលអ្នកនោះបានធ្វើ នោះនឹងគ្មាននឹកចាំពីបទណាមួយឡើយ អ្នកនោះនឹងត្រូវស្លាប់ក្នុងអំពើរំលងដែលខ្លួនបានប្រព្រឹត្ត ហើយក្នុងអំពើបាបដែលខ្លួនបានធ្វើនោះវិញ។
25 ទោះបើយ៉ាងនោះ គង់តែឯងរាល់គ្នាថា ផ្លូវរបស់ព្រះអម្ចាស់មិនស្មើទេ ដូច្នេះ ឱពួកវង្សអ៊ីស្រាអែលអើយចូរស្តាប់ចុះ តើផ្លូវរបស់អញមិនស្មើមែនឬ តើមិនមែនជាផ្លូវរបស់ឯងរាល់គ្នា ដែលមិនស្មើវិញទេឬ
26 កាលណាមនុស្សសុចរិតបែរចេញពីអំពើសុចរិតរបស់ខ្លួន ទៅប្រព្រឹត្តទុច្ចរិតវិញ ហើយត្រូវស្លាប់ទៅ នោះគឺនឹងត្រូវស្លាប់ក្នុងអំពើទុច្ចរិត ដែលខ្លួនបានប្រព្រឹត្តនោះឯង
27 មួយទៀត កាលណាមនុស្សទុច្ចរិតបែរចេញពីអំពើទុច្ចរិតដែលខ្លួនបានធ្វើ ទៅប្រព្រឹត្តសេចក្ដីដែលត្រឹមត្រូវ ហើយទៀងត្រង់វិញ នោះគេនឹងធ្វើឲ្យព្រលឹងខ្លួនរស់នៅ
28 គឺនឹងរស់នៅជាពិត ឥតស្លាប់ឡើយ ដោយព្រោះគេបានពិចារណាហើយបែរចេញពីអំពើរំលងដែលខ្លួនបានប្រព្រឹត្តនោះ
29 ប៉ុន្តែ ពួកវង្សអ៊ីស្រាអែលគេថា ផ្លូវរបស់ព្រះអម្ចាស់មិនស្មើទេ ឱពួកវង្សអ៊ីស្រាអែលអើយ តើផ្លូវរបស់អញមិនស្មើមែនឬ តើមិនមែនជាផ្លូវរបស់ឯងរាល់គ្នា ដែលមិនស្មើវិញទេឬ
30 ហេតុនោះព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលថា ឱពួកវង្សអ៊ីស្រាអែលអើយ អញនឹងជំនុំជម្រះឯងរាល់គ្នា គ្រប់គ្នាតាមអំពើប្រព្រឹត្តរៀងខ្លួន ចូរឯងរាល់គ្នាវិលមកវិញ ចូរបែរចេញពីអំពើរំលងរបស់ឯងទៅ យ៉ាងនោះសេចក្ដីទុច្ចរិតនឹងមិនបំផ្លាញឯងទេ
31 ចូរបោះបង់ចោលអំពើរំលងទាំងប៉ុន្មានរបស់ឯង ដែលឯងរាល់គ្នាប្រព្រឹត្តនោះ ហើយឲ្យខ្លួនមានចិត្តថ្មី និងវិញ្ញាណថ្មីចុះ ដ្បិតឱពូជពង្សពួកអ៊ីស្រាអែលអើយ ឯងរាល់គ្នាចង់ស្លាប់ធ្វើអី
32 ពីព្រោះអញឥតមានសេចក្ដីអំណរចំពោះការស្លាប់របស់អ្នកដែលត្រូវស្លាប់នោះទេ ដូច្នេះ ចូរឯងរាល់គ្នាវិលមក ដើម្បីឲ្យបានរស់នៅវិញ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។
ជំពូក 19
1 មួយទៀត ចូរឯងចាប់តាំងពោលបទទំនួញពីដំណើរពួកចៅហ្វាយនៃសាសន៍អ៊ីស្រាអែល
2 ចូរថា តើម្តាយឯងជាអ្វី គឺជាសិង្ហញី ដែលបានក្រាបនៅកណ្តាលសិង្ហឈ្មោល ក៏បំបៅកូននៅកណ្តាលពួកសិង្ហស្ទាវ
3 ក៏បានចិញ្ចឹមកូន១ ដែលត្រឡប់ទៅជាសិង្ហស្ទាវ ហើយបានហាត់ចាប់រំពា វាក៏ត្របាក់លេបមនុស្សទៅ
4 អស់ទាំងសាសន៍បានឮនិយាយពីវា រួចគេចាប់វាបានក្នុងរណ្តៅរបស់គេ ក៏ខ្លុះដឹកនាំទៅឯស្រុកអេស៊ីព្ទ
5 រីឯមេ កាលឃើញថារង់ចាំជាយូរ តែទីសង្ឃឹមបានបាត់ហើយ នោះក៏យកកូន១ទៀតឲ្យឡើងជាសិង្ហស្ទាវ
6 រួចកូននោះក៏ដើរទៅមកជាមួយនឹងពួកសិង្ហឈ្មោល វាត្រឡប់ជាសិង្ហស្ទាវឡើង ហើយក៏ហាត់ចាប់រំពា វាត្របាក់លេបមនុស្សទៅដែរ
7 វាស្គាល់អស់ទាំងដំណាក់របស់គេ ហើយបានបំផ្លាញទីក្រុងគេ ស្រុកនោះ និងរបស់សព្វសារពើនៅក្រុងនោះ ក៏ខូចបង់ ដោយសូរគ្រហឹមរបស់វា
8 គ្រានោះអស់ទាំងសាសន៍ក៏លើកគ្នាទាស់នឹងវា ពីស្រុកជុំវិញគ្រប់ទិស គេត្រដាងមងពីលើវា ហើយវាជាប់ក្នុងរណ្តៅរបស់គេទៅ
9 គេខ្លុះច្រមុះវាដាក់ក្នុងទ្រុង ដឹកនាំទៅថ្វាយស្តេចបាប៊ីឡូន គេនាំវាចូលទៅក្នុងទីមាំមួន ដើម្បីមិនឲ្យឮសូរសំឡេងវានៅលើភ្នំស្រុកអ៊ីស្រាអែលទៀតឡើយ។
10 ម្តាយឯងបានដូចជាដើមទំពាំងបាយជូរ ក្នុងចម្ការរបស់ឯង ដែលដាំនៅក្បែរមាត់ផ្លូវទឹក ក៏កើតមានផល ហើយមានខ្នែងជាច្រើន ដោយនៅជិតទឹកបរិបូរ
11 ដើមនោះមានមែកមាំ សម្រាប់ជាដំបងរាជ្យនៃពួកអ្នកដែលគ្រប់គ្រង ក៏លូតឡើងខ្ពស់ជាងមែកដ៏ញឹកស្និត វាទាញនាំភ្នែកគេដោយកំពស់ និងមែកយ៉ាងសន្ធឹករបស់វា
12 តែវាត្រូវដករំលើង ដោយសេចក្ដីឃោរឃៅ ហើយត្រូវបោះចុះដល់ដី រួចខ្យល់ពីទិសខាងកើតក៏ធ្វើឲ្យផលវាស្វិតក្រៀមទៅ មែកដ៏មាំរបស់វាត្រូវបាក់ ហើយក្រៀមស្ងួតទៅ ឯភ្លើងក៏ឆេះអស់រលីង
13 ឥឡូវនេះ វាត្រូវដាំនៅទីរហោស្ថានវិញ គឺក្នុងទីហួតហែង ហើយសោះស្ងួត
14 មានភ្លើងចេញពីដំបង១ ដែលធ្វើពីខ្នែងវា ទៅបញ្ឆេះផលវា ហើយវាគ្មានខ្នែងណាមាំ សម្រាប់ធ្វើដំបងរាជ្យពួកអ្នកគ្រប់គ្រងទៀតសោះ នេះជាបទទំនួញ ហើយនិងបានទុកជាពាក្យទួញតទៅ។
ជំពូក 20
1 នៅថ្ងៃ១០ ខែស្រាពណ៍ ក្នុងឆ្នាំទី៧ នោះពួកចាស់ទុំខ្លះនៃសាសន៍អ៊ីស្រាអែលបានមក ដើម្បីទូលសួរដល់ព្រះយេហូវ៉ា ហើយគេអង្គុយនៅមុខខ្ញុំ
2 នោះព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់ខ្ញុំថា
3 កូនមនុស្សអើយ ចូរនិយាយប្រាប់ ដល់ពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែលថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ ឯងរាល់គ្នាបានមកសួរដល់អញឬ ព្រះអម្ចាស់យេហូវ៉ាទ្រង់ស្បថថា ដូចជាអញរស់នៅ នោះប្រាកដជាអញមិនឲ្យឯងរាល់គ្នាសួរដល់អញទេ
4 កូនមនុស្សអើយ ឯងចង់ជំនុំជម្រះគេឬ តើចង់ជំនុំជម្រះគេឬទេ ចូរឲ្យគេដឹងពីអស់ទាំងអំពើគួរស្អប់ខ្ពើមរបស់ពួកអយ្យកោគេ
5 ហើយប្រាប់គេថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ នៅថ្ងៃដែលអញបានរើសអ៊ីស្រាអែល ហើយស្បថដល់ពូជពង្សយ៉ាកុប ព្រមទាំងសម្ដែងឲ្យគេស្គាល់អញនៅស្រុកអេស៊ីព្ទ គឺកាលដែលអញបានស្បថដល់គេថា អញនេះជាយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា
6 នៅថ្ងៃនោះឯង អញបានស្បថដល់គេថា នឹងនាំគេចេញពីស្រុកអេស៊ីព្ទ ទៅក្នុងស្រុក១ដែលអញបានស្វែងរកឲ្យគេ ជាស្រុកមានទឹកដោះ និងទឹកឃ្មុំហូរហៀរ ជាទីរុងរឿងជាងស្រុកទាំងអស់
7 អញក៏ប្រាប់គេថា ចូរឲ្យគ្រប់គ្នាបោះចោលអស់ទាំងរបស់គួរស្អប់ខ្ពើម ដែលគាប់ភ្នែកឯងចេញ កុំធ្វើឲ្យខ្លួនសៅហ្មង ដោយរូបព្រះរបស់ស្រុកអេស៊ីព្ទឡើយ អញ គឺយេហូវ៉ានេះ ជាព្រះនៃឯងរាល់គ្នាហើយ
8 តែគេបានរឹងចចេសនឹងអញ ឥតព្រមស្តាប់តាមអញឡើយ ក៏មិនបានលះចោលរបស់គួរស្អប់ខ្ពើម ដែលនៅគាប់ដល់ភ្នែកគេរៀងខ្លួនសោះ ឬបោះបង់ចោលរូបព្រះរបស់សាសន៍អេស៊ីព្ទដែរ ដូច្នេះ អញបានថា អញនឹងចាក់សេចក្ដីឃោរឃៅរបស់អញទៅលើគេ ដើម្បីនឹងសម្រេចសេចក្ដីកំហឹងរបស់អញ ទាស់នឹងគេនៅកណ្តាលស្រុកអេស៊ីព្ទ
9 ប៉ុន្តែ អញបានប្រព្រឹត្តដោយយល់ដល់ឈ្មោះអញ ដើម្បីមិនឲ្យត្រូវទាបថោក នៅចំពោះភ្នែកនៃសាសន៍ដទៃ ជាសាសន៍ដែលគេនៅកណ្តាល ហើយដែលអញបានសម្ដែងឲ្យគេស្គាល់អញ នៅចំពោះភ្នែកនៃសាសន៍នោះ ដោយនាំគេចេញពីស្រុកអេស៊ីព្ទមកនោះដែរ។
10 ដូច្នេះ អញបានធ្វើឲ្យគេចាក់ចេញពីស្រុកអេស៊ីព្ទ ហើយបាននាំចូលទៅក្នុងទីរហោស្ថាន
11 អញក៏ឲ្យក្រឹត្យក្រមរបស់អញដល់គេ ព្រមទាំងសម្ដែងឲ្យគេស្គាល់បញ្ញត្តច្បាប់ទាំងប៉ុន្មានរបស់អញ ដែលបើអ្នកណាប្រព្រឹត្តតាម អ្នកនោះនឹងបានរស់ដោយសារច្បាប់នោះ
12 អញក៏តាំងថ្ងៃឈប់សម្រាករបស់អញឲ្យគេដែរ ទុកសម្រាប់ជាទីសម្គាល់ដល់អញ ហើយនិងគេ ប្រយោជន៍ឲ្យគេបានដឹងថា អញជាព្រះយេហូវ៉ាដែលញែកគេចេញជាបរិសុទ្ធ
13 ប៉ុន្តែ ពូជពង្សនៃពួកអ៊ីស្រាអែលបានរឹងចចេសនឹងអញ នៅទីរហោស្ថានវិញ គេមិនបានប្រព្រឹត្តតាមច្បាប់អញទេ ក៏បោះបង់ចោលអស់ទាំងបញ្ញត្តរបស់អញ ជាច្បាប់ដែលអ្នកណាប្រព្រឹត្តតាម នោះនឹងបានរស់ដោយសារច្បាប់នោះឯង ហើយគេក៏បង្អាប់ថ្ងៃឈប់សម្រាករបស់អញយ៉ាងក្រៃលែង នោះអញបានថា អញនឹងចាក់សេចក្ដីឃោរឃៅរបស់អញ ទៅលើគេនៅក្នុងទីរហោស្ថាន ដើម្បីនឹងរំលីងគេឲ្យអស់ទៅ
14 ប៉ុន្តែ អញបានប្រព្រឹត្តដោយយល់ដល់ឈ្មោះអញវិញ ដើម្បីមិនឲ្យឈ្មោះអញត្រូវទាបថោក នៅភ្នែកនៃអស់ទាំងសាសន៍ដែលអញបាននាំគេចេញ នៅចំពោះមុខនោះឡើយ
15 មួយទៀត អញបានស្បថនឹងគេ នៅទីរហោស្ថានថា អញមិនព្រមនាំគេចូលទៅក្នុងស្រុក ដែលអញបានឲ្យដល់គេ ជាស្រុកមានទឹកដោះ និងទឹកឃ្មុំហូរហៀរ ដែលជាស្រុករុងរឿងជាងអស់ទាំងស្រុកនោះទេ
16 ពីព្រោះគេបានបោះបង់ចោលក្រឹត្យក្រមរបស់អញ ឥតប្រព្រឹត្តតាមបញ្ញត្តច្បាប់របស់អញ ក៏បង្អាប់ថ្ងៃឈប់សម្រាករបស់អញដែរ ដ្បិតចិត្តគេជាប់តាមរូបព្រះរបស់គេវិញ
17 ប៉ុន្តែ ភ្នែកអញបានប្រណីដល់គេ ហើយអញមិនបានបំផ្លាញគេឡើយ ក៏មិនបានឲ្យគេសូន្យផុតទៅនៅទីរហោស្ថានដែរ ។
18 អញបានប្រាប់ដល់កូនចៅគេនៅទីរហោស្ថានថា កុំឲ្យដើរតាមច្បាប់របស់ពួកអយ្យកោឯងរាល់គ្នា ឬកាន់តាមបញ្ញត្តរបស់គេ ឬធ្វើឲ្យខ្លួនសៅហ្មង ដោយរូបព្រះរបស់គេឡើយ
19 អញនេះគឺយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា ចូរប្រព្រឹត្តតាមអស់ទាំងក្រឹត្យក្រមអញ ហើយរក្សាបញ្ញត្តច្បាប់របស់អញ ព្រមទាំងប្រព្រឹត្តតាមវិញ
20 ចូរញែកថ្ងៃឈប់សម្រាករបស់អញចេញជាបរិសុទ្ធ នោះនឹងបានជាទីសម្គាល់ដល់អញ ហើយនិងឯងរាល់គ្នា ដើម្បីឲ្យឯងបានដឹងថា អញនេះ គឺយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា
21 ប៉ុន្តែ កូនចៅទាំងនោះក៏រឹងចចេសនឹងអញដែរ គេមិនបានប្រព្រឹត្តតាមអស់ទាំងច្បាប់របស់អញឡើយ ក៏មិនបានរក្សាបញ្ញត្តទាំងប៉ុន្មានរបស់អញ ដើម្បីនឹងប្រព្រឹត្តតាមផង ជាច្បាប់ដែលអ្នកណាប្រព្រឹត្តតាម អ្នកនោះនឹងបានរស់នៅ ដោយសារច្បាប់នោះឯង គេបានបង្អាប់ថ្ងៃឈប់សម្រាករបស់អញទៅ ដូច្នេះ អញបានថា អញនឹងចាក់សេចក្ដីឃោរឃៅរបស់អញទៅលើគេ ដើម្បីនឹងសម្រេចសេចក្ដីកំហឹងរបស់អញនៅលើគេ នៅក្នុងទីរហោស្ថាន
22 ប៉ុន្តែ អញបានដកដៃចេញវិញ ហើយបានប្រព្រឹត្តដោយយល់ដល់ឈ្មោះអញ ដើម្បីមិនឲ្យឈ្មោះអញត្រូវទាបថោក នៅភ្នែកនៃសាសន៍ដទៃ ដែលអញបាននាំគេចេញទៅ នៅចំពោះមុខនោះឡើយ
23 មួយទៀត អញបានស្បថនឹងគេនៅទីរហោស្ថានថា អញនឹងកម្ចាត់កម្ចាយគេទៅនៅកណ្តាលអស់ទាំងសាសន៍ ហើយបែងចែកគេទៅនៅគ្រប់ស្រុកទាំងអស់
24 ពីព្រោះគេមិនបានប្រព្រឹត្តតាមអស់ទាំងក្រឹត្យក្រមរបស់អញឡើយ គឺបានបោះបង់ចោលបញ្ញត្តច្បាប់ទាំងប៉ុន្មានរបស់អញ ព្រមទាំងបង្អាក់ថ្ងៃឈប់សម្រាករបស់អញវិញ ហើយភ្នែកគេក៏ជាប់តាមរូបព្រះរបស់ពួកអយ្យកោគេដែរ
25 អញក៏ឲ្យក្រឹត្យក្រមដល់គេ ដែលមិនស្រួលល្អ ហើយនិងបញ្ញត្តច្បាប់ ដែលគ្មានអ្នកណាអាចនឹងរស់បានតាមច្បាប់នោះទេ
26 អញក៏បានធ្វើឲ្យគេស្មោកគ្រោក ដោយសារតង្វាយរបស់គេ ពីព្រោះគេបានយកកូនកើតដំបូងរបស់ខ្លួន ទៅធ្វើឲ្យឆ្លងកាត់ភ្លើង ដើម្បីឲ្យអញបានធ្វើឲ្យគេនៅស្ងាត់ ប្រយោជន៍ឲ្យគេបានដឹងថា អញនេះជាព្រះយេហូវ៉ាពិត។
27 ហេតុនោះ កូនមនុស្សអើយ ចូរនិយាយប្រាប់ដល់ពួកវង្សអ៊ីស្រាអែលថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ ពួកអយ្យកោឯងរាល់គ្នាបានប្រមាថដល់អញក្នុងការនេះទៀត គឺគេបានប្រព្រឹត្តអំពើរំលងទាស់នឹងអញ
28 ដ្បិតកាលអញបាននាំគេចូលមកក្នុងស្រុក ដែលអញបានស្បថថានឹងឲ្យដល់គេ នោះគេបានឃើញគ្រប់ទាំងទួលខ្ពស់ ហើយគ្រប់ទាំងដើមឈើស៊ុបទ្រុប រួចគេក៏ថ្វាយយញ្ញបូជារបស់គេនៅលើទីនោះ គឺនៅទីនោះ គេបានថ្វាយតង្វាយជាគ្រឿងដុតដាល នៅទីនោះ គេក៏បានថ្វាយតង្វាយសម្រាប់ជាក្លិនឈ្ងុយរបស់គេ ហើយបានច្រួចតង្វាយច្រួចរបស់គេនៅទីនោះដែរ
29 នោះអញបានសួរគេថា ទីខ្ពស់ដែលឯងតែងតែទៅនោះ តើដូចម្តេច ដូច្នេះ ទីនោះបានហៅឈ្មោះថា «បាម៉ា» ដរាបដល់សព្វថ្ងៃនេះ។
30 ហេតុនោះ ត្រូវឲ្យប្រាប់ដល់ពួកវង្សអ៊ីស្រាអែលថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ ឯងរាល់គ្នាតែងធ្វើឲ្យខ្លួនស្មោកគ្រោក តាមបែបពួកអយ្យកោឯងដូច្នេះដែរឬ ព្រមទាំងប្រព្រឹត្តសេចក្ដីកំផិត តាមព្រះគួរស្អប់ខ្ពើមរបស់គេឬអី
31 ដ្បិតកាលណាឯងរាល់គ្នាថ្វាយតង្វាយរបស់ខ្លួន កាលណាធ្វើឲ្យកូនខ្លួនឆ្លងកាត់ភ្លើង នោះគឺឯងធ្វើឲ្យខ្លួនស្មោកគ្រោក ដោយសាររូបព្រះទាំងប៉ុន្មានរបស់ឯង ដរាបដល់សព្វថ្ងៃនេះ ដូច្នេះ ឱពួកវង្សអ៊ីស្រាអែលអើយ តើអញនឹងឲ្យឯងរាល់គ្នាសួរដល់អញឬ ព្រះអម្ចាស់យេហូវ៉ាទ្រង់ស្បថថា ដូចជាអញរស់នៅ នោះប្រាកដជាអញមិនឲ្យឯងរាល់គ្នាសួរដល់អញទេ
32 ហើយសេចក្ដីដែលកើតក្នុងគំនិតឯងរាល់គ្នា នោះមិនបានកើតមកឡើយ គឺជាសេចក្ដីដែលឯងថា យើងនឹងធ្វើដូចជាអស់ទាំងសាសន៍ដទៃ និងដូចជាអស់ទាំងគ្រួសារ នៅស្រុកផ្សេងៗ ដោយគោរពប្រតិបត្តិដល់ទាំងឈើ និងថ្មផង។
33 ព្រះអម្ចាស់យេហូវ៉ាទ្រង់ស្បថថា ដូចជាអញរស់នៅ នោះប្រាកដជាអញនឹងសោយរាជ្យលើឯងរាល់គ្នា ដោយដៃខ្លាំងពូកែ ហើយលើកសម្រេច ព្រមទាំងចាក់សេចក្ដីក្រោធចេញ
34 អញនឹងនាំឯងរាល់គ្នាចេញពីអស់ទាំងសាសន៍ ហើយនិងប្រមូលឯងរាល់គ្នាមកពីស្រុកទាំងប៉ុន្មាន ដែលឯងត្រូវខ្ចាត់ខ្ចាយទៅនោះ ដោយដៃខ្លាំងពូកែ ហើយលើកសម្រេច ព្រមទាំងចាក់សេចក្ដីក្រោធចេញផង
35 អញនឹងនាំឯងរាល់គ្នាទៅ ឲ្យនៅឯទីសូន្យស្ងាត់នៃអស់ទាំងសាសន៍ នៅទីនោះ អញនឹងមានរឿងតវ៉ានឹងឯងប្រទល់គ្នា
36 អញបានមានរឿងតវ៉ានឹងពួកអយ្យកោឯងរាល់គ្នា នៅក្នុងទីរហោស្ថាននៃស្រុកអេស៊ីព្ទជាយ៉ាងណា អញក៏នឹងមានរឿងតវ៉ានឹងឯងរាល់គ្នាយ៉ាងនោះដែរ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា
37 នោះអញនឹងឲ្យឯងរាល់គ្នាចូលក្រោមដំបង រួចនឹងនាំឲ្យជាប់ចំណងនៃសេចក្ដីសញ្ញា
38 អញនឹងញែកពួករឹងចចេសពីឯងចេញ ព្រមទាំងពួកអ្នកដែលតែងតែប្រព្រឹត្តរំលងទាស់នឹងអញផង អញនឹងនាំគេចេញពីស្រុកដែលគេស្នាក់នៅនោះ តែគេមិនបានចូលទៅក្នុងស្រុកអ៊ីស្រាអែលឡើយ នោះឯងរាល់គ្នានឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត
39 តែចំណែកឯងរាល់គ្នា ឱពួកវង្សអ៊ីស្រាអែលអើយ ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ ចូរទៅចុះ ពីនេះទៅមុខ ឯងរាល់គ្នាមិនព្រមស្តាប់តាមអញទេ ដូច្នេះ ចូរទៅគោរពដល់រូបព្រះរបស់ឯងរៀងខ្លួនចុះ តែមិនត្រូវឲ្យបង្អាក់ឈ្មោះបរិសុទ្ធរបស់អញ ដោយតង្វាយ និងរូបព្រះរបស់ឯងទៀតឡើយ។
40 ដ្បិតព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលថា នៅលើភ្នំបរិសុទ្ធរបស់អញ គឺជាភ្នំយ៉ាងខ្ពស់របស់ស្រុកអ៊ីស្រាអែល នោះពួកវង្សអ៊ីស្រាអែលទាំងមូលនឹងគោរពដល់អញគ្រប់គ្នានៅក្នុងស្រុករបស់ខ្លួន នៅទីនោះ អញនឹងទទួលគេ ហើយនៅទីនោះ អញនឹងសុខចិត្តទទួលតង្វាយរបស់ឯងរាល់គ្នា និងផលដំបូងពីតង្វាយឯង ព្រមទាំងគ្រឿងបរិសុទ្ធរបស់ឯងរាល់គ្នាទាំងអស់ដែរ
41 អញនឹងទទួលឯងរាល់គ្នា ទុកដូចជាក្លិនក្រអូប ក្នុងកាលដែលអញបាននាំឯងចេញពីពួកសាសន៍ដទៃ ហើយប្រមូលឯងពីអស់ទាំងស្រុកដែលឯងត្រូវខ្ចាត់ខ្ចាយទៅនោះ អញនឹងបានបរិសុទ្ធក្នុងពួកឯងរាល់គ្នា នៅចំពោះភ្នែកនៃអស់ទាំងសាសន៍ដទៃ
42 មួយទៀតកាលណាអញបាននាំឯងរាល់គ្នាចូលទៅក្នុងស្រុកអ៊ីស្រាអែល គឺក្នុងស្រុកដែលអញបានស្បថថា នឹងឲ្យដល់ពួកអយ្យកោឯងហើយ នោះឯងរាល់គ្នានឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត
43 នៅក្នុងស្រុកនោះ ឯងរាល់គ្នានឹងនឹកចាំពីអស់ទាំងអំពើ និងកិរិយាទាំងប៉ុន្មានរបស់ខ្លួន ជាការដែលនាំឲ្យឯងស្មោកគ្រោក នោះឯងរាល់គ្នានឹងខ្ពើមខ្លួន ដោយព្រោះអំពើអាក្រក់ទាំងប៉ុន្មានដែលឯងបានធ្វើនោះ
44 នោះឱពួកវង្សអ៊ីស្រាអែលអើយ ឯងរាល់គ្នានឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត ក្នុងកាលដែលអញបានប្រព្រឹត្តនឹងឯង ដោយយល់ដល់ឈ្មោះអញ មិនមែនតាមអំពើអាក្រក់របស់ឯងរាល់គ្នា ឬតាមកិរិយាស្មោកគ្រោករបស់ឯងនោះទេ នេះឯងជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។
45 នោះព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មកដល់ខ្ញុំថា
46 កូនមនុស្សអើយ ចូរតម្រង់មុខទៅខាងត្បូង ហើយពោលទៅខាងត្បូងនោះ ត្រូវឲ្យទាយទាស់នឹងព្រៃនៅវាលស្រុកត្បូងចុះ
47 ហើយប្រាប់ដល់ព្រៃស្រុកត្បូងថា ចូរស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាចុះ ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ មើល អញនឹងបង្កាត់ភ្លើងនៅក្នុងឯង ភ្លើងនោះនឹងឆេះអស់ទាំងឈើស្រស់ និងដើមឈើសោះកក្រោះនៅក្នុងឯង ភ្លើងដ៏ឆេះនោះនឹងមិនរលត់ឡើយ ហើយមុខមនុស្សទាំងប៉ុន្មាន ចាប់តាំងពីខាងត្បូងរហូតដល់ខាងជើងនឹងត្រូវរោលទាំងអស់
48 ដូច្នេះ គ្រប់ទាំងមនុស្សនឹងឃើញថា គឺអញ ព្រះយេហូវ៉ានេះ ដែលបានបង្កាត់ភ្លើងនោះ ភ្លើងនោះនឹងមិនរលត់ឡើយ
49 នោះខ្ញុំក៏ទូលថា ឱព្រះអម្ចាស់យេហូវ៉ាអើយ គេនិយាយពីទូលបង្គំថា អ្នកនេះ តើមិនមែនជាអ្នកនិយាយសុទ្ធតែពាក្យប្រៀបធៀបទេឬអី។
ជំពូក 21
1 រួចព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់ខ្ញុំថា
2 កូនមនុស្សអើយ ចូរតម្រង់មុខឯងទៅឯក្រុងយេរូសាឡឹម ហើយពោលទៅខាងទីបរិសុទ្ធទាំងប៉ុន្មាន ត្រូវឲ្យទាយទាស់នឹងស្រុកអ៊ីស្រាអែលចុះ
3 ហើយប្រាប់ដល់ស្រុកអ៊ីស្រាអែលថា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ មើល អញទាស់ទទឹងនឹងឯង អញនឹងហូតដាវរបស់អញចេញពីស្រោម ហើយនិងកាត់ទាំងមនុស្សសុចរិត និងមនុស្សទុច្ចរិតចេញពីឯងផង
4 ដូច្នេះ ដោយព្រោះអញនឹងកាត់ទាំងមនុស្សសុចរិត និងមនុស្សទុច្ចរិតចេញពីឯង នោះដាវរបស់អញនឹងចេញពីស្រោម ទៅទាស់នឹងគ្រប់ទាំងមនុស្ស ចាប់តាំងពីខាងត្បូងរហូតដល់ខាងជើង
5 នោះគ្រប់ទាំងមនុស្សនឹងដឹងថា អញគឺព្រះយេហូវ៉ា បានហូតដាវរបស់អញពីស្រោមចេញហើយ ដាវនោះនឹងមិនបានស៊កចូលទៅវិញទៀតឡើយ
6 ដូច្នេះ ឱកូនមនុស្សអើយ ចូរដកដង្ហើមធំចុះ ឯងនឹងត្រូវដកដង្ហើមធំនៅចំពោះភ្នែកគេ ដោយចុកសៀតចង្កេះ ហើយមានចិត្តជូរចត់
7 រួចកាលណាគេសួរឯងថា ហេតុអ្វីបានជាដង្ហើមធំដូច្នេះ នោះត្រូវឲ្យឯងប្រាប់ថា គឺដោយព្រោះបានឮដំណឹង ពីព្រោះការនោះកំពុងតែមក ហើយចិត្តមនុស្សទាំងអស់នឹងរលាយទៅ ដៃទាំងអស់នឹងអន់ខ្សោយ វិញ្ញាណទាំងអស់នឹងស្រយុតចុះ ហើយក្បាលជង្គង់ទាំងប៉ុន្មាននឹងទន់ដូចជាទឹក មើល ការនោះកំពុងតែមកហើយ ក៏នឹងបានសម្រេចផង នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។
8 ព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មកដល់ខ្ញុំថា
9 កូនមនុស្សអើយ ចូរទាយប្រាប់ថា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ ចូរថា ន៏ មានដាវហើយ ជាដាវដែលបានសំលៀងជាស្រេច ហើយខាត់ឲ្យភ្លឺផ្លេកផង
10 ដាវនោះបានសំលៀង ដើម្បីនឹងសំឡេះយ៉ាងសន្ធឹក ក៏បានខាត់ឲ្យភ្លឺ ដើម្បីឲ្យបានដូចផ្លេកបន្ទោរ ដូច្នេះ តើគួរឲ្យយើងលេងសប្បាយឬអី ដំបងដែលវាយកូនអញ នោះមើលងាយគ្រប់ទាំងឈើផង
11 ដាវនោះបានប្រគល់ដល់គេឲ្យខាត់ឲ្យភ្លឺ ដើម្បីនឹងដាក់នៅដៃនៃអ្នកដែលកាប់សម្លាប់ ដាវនោះបានសំលៀងហើយ អើ ក៏ខាត់ឲ្យភ្លឺផង ដើម្បីនឹងដាក់នៅដៃនៃគេ
12 កូនមនុស្សអើយ ចូរស្រែក ហើយទ្រហោយំចុះ ពីព្រោះដាវនោះបានមកលើរាស្ត្ររបស់អញ ក៏មកលើពួកចៅហ្វាយទាំងប៉ុន្មាននៃសាសន៍អ៊ីស្រាអែលដែរ គេត្រូវប្រគល់ដល់ដាវជាមួយនឹងរាស្ត្រអញ ដូច្នេះ ចូរទះភ្លៅឯងចុះ
13 ដ្បិតព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលថា មានការល្បងលហើយ ដូច្នេះ បើទាំងដំបងដែលមើលងាយមិននៅទៀត នោះធ្វើដូចម្តេចទៅ
14 ហេតុនោះ កូនមនុស្សអើយ ចូរឯងទាយចុះ ហើយទះដៃផង នោះត្រូវឲ្យដាវបានកាប់ដល់២ដង ហើយ៣ដងទៅ គឺដាវនោះដែលកាប់សម្លាប់ ជាដាវដែលធ្វើឲ្យទាំងពួកអ្នកធំត្រូវរបួស ហើយក៏ចាក់ចូលទៅក្នុងបន្ទប់ដេករបស់គេផង
15 អញបានតាំងដាវ ដែលផ្គងចាំនៅមាត់ទ្វារទាំងប៉ុន្មាននៃទីក្រុងគេ ដើម្បីឲ្យចិត្តគេរលាយទៅ ហើយឲ្យគេចំពប់ដួលកាន់តែច្រើនឡើង អៃយ៉ា ដាវនោះបានធ្វើឲ្យដូចជាផ្លេកបន្ទោរ ក៏បានសំលៀងសម្រាប់កាប់សំឡេះ
16 ចូរមូលគ្នា ចូរទៅខាងស្តាំ ចូរដំរៀបគ្នា ចូរទៅខាងឆ្វេង ខាងណាក៏ដោយដែលឯងតម្រង់មុខទៅ
17 អញក៏នឹងទះដៃអញដែរ រួចនឹងធ្វើឲ្យសេចក្ដីក្រោធរបស់អញសម្រាកទៅវិញ គឺអញ ជាព្រះយេហូវ៉ានេះ អញបានចេញវាចាហើយ។
18 ព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មកដល់ខ្ញុំម្តងទៀតថា
19 កូនមនុស្សអើយ ចូរឲ្យឯងតម្រូវឲ្យមានផ្លូវ២ ដែលដាវរបស់ស្តេចបាប៊ីឡូននឹងមកបាន ផ្លូវទាំង២នោះត្រូវចេញពីស្រុកតែ១ ត្រូវឲ្យធ្វើជាដៃចង្អុលដាក់នៅត្រង់ដើមផ្លូវចូលទៅក្នុងទីក្រុង
20 ចូរឯងតម្រូវឲ្យមានផ្លូវ១ សម្រាប់ឲ្យដាវបានទៅដល់ក្រុងរ៉ាបាត នៃពួកកូនចៅអាំម៉ូន និង១ទៀតចូលទៅក្រុងស្រុកយូដា ដល់ក្រុងយេរូសាឡឹម ជាទីក្រុងមាំមួន
21 ដ្បិតស្តេចបាប៊ីឡូនបានឈរត្រង់ផ្លូវបែក គឺនៅត្រង់ដើមផ្លូវទាំង២នោះ ដើម្បីនឹងប្រើរបៀន ក៏អង្រួនព្រួញ សួរដល់រូបព្រះ ហើយមើលទំនាយក្នុងថ្លើម
22 ឯឆ្នោតដែលកាន់នៅដៃស្តាំ បានសំដៅទៅក្រុងយេរូសាឡឹម ដើម្បីនឹងរៀបគ្រឿងបុកទម្លាយកំផែង ឲ្យបានចន្លោះចំហចូលទៅដល់ការកាប់សម្លាប់ និងបន្លឺសំឡេងហ៊ោ ហើយតាំងគ្រឿងសម្រាប់ទម្លាយទ្វារកំផែង ព្រមទាំងការជីកស្នាមភ្លោះ ហើយសង់បន្ទាយ
23 តែសាសន៍ឯងនឹងមើល សេចក្ដីទំនាយនោះ ទុកជាភូតភរទេ ដ្បិតគេបានតាំងសម្បថនឹងអ្នកដទៃហើយ តែស្តេចនោះនឹងរំឭកពីអំពើទុច្ចរិតវិញ ដើម្បីនឹងចាប់យកគេបាន។
24 ហេតុនោះ ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ ដោយព្រោះឯងរាល់គ្នាបានរឭកពីអំពើទុច្ចរិតរបស់ខ្លួន ដោយបើកអំពើរំលងរបស់ខ្លួនឲ្យឃើញ ហើយអំពើបាបរបស់ខ្លួនក៏បានឃើញច្បាស់ ក្នុងគ្រប់ការដែលឯងធ្វើ បានជាឯងនឹងត្រូវដៃគេចាប់បាន
25 ឯឯង ឱចៅហ្វាយដ៏សៅហ្មង ហើយកំណាច របស់អ៊ីស្រាអែល ដែលថ្ងៃឯងបានមកដល់ ក្នុងគ្រានៃអំពើទុច្ចរិតនៅចុងបំផុតអើយ
26 ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ ចូរដោះក្បាំង ដោះមកុដចេញ នេះមិនដូចធម្មតាទេ ចូរលើកអ្វីដែលទាបថោក ហើយបន្ទាបអ្វីដែលខ្ពង់ខ្ពស់ចុះ
27 អញនឹងធ្វើឲ្យត្រឡប់ត្រឡិន ត្រឡប់ត្រឡិនទៅ នេះក៏មិននៅទៀតដែរ ដរាបដល់អ្នកនោះកើតឡើង ដែលមានច្បាប់ទទួល រួចអញនឹងប្រគល់ដល់អ្នកនោះ។
28 ឯឯង កូនមនុស្សអើយ ចូរទាយប្រាប់ថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ ពីដំណើរពួកកូនចៅអាំម៉ូន ហើយពីពាក្យត្មះតិះដៀលរបស់គេ ចូរប្រាប់ថា ន៏ មានដាវ មានដាវហូតជាស្រេច ដាវនោះបានខាត់ឲ្យភ្លឺសម្រាប់ការសំឡេះយ៉ាងសន្ធឹក ដើម្បីឲ្យបានស៊ីបំផ្លាញ ហើយឲ្យបានដូចជាផ្លេកបន្ទោរ
29 ក្នុងពេលដែលគេកំពុងតែឃើញការជាក់ស្តែងកំភូតសម្រាប់ឯង ហើយកំពុងដែលគេទាយសេចក្ដីកុហកដល់ឯងនោះ ដើម្បីឲ្យឯងបានដួលទៅលើកនៃពួកមនុស្សអាក្រក់ ដែលត្រូវរបួសដល់ស្លាប់ ជាពួកអ្នកដែលថ្ងៃគេបានមកដល់ ក្នុងគ្រានៃអំពើទុច្ចរិតនៅចុងបំផុត
30 ចូរឲ្យស៊កដាវទៅក្នុងស្រោមវិញ អញនឹងវិនិច្ឆ័យឯង នៅត្រង់កន្លែងដែលបានបង្កើតឯងមក គឺនៅក្នុងស្រុកកំណើតរបស់ឯង
31 អញនឹងចាក់សេចក្ដីគ្នាន់ក្នាញ់របស់អញទៅលើឯង ហើយនិងផ្លុំលើឯងដោយភ្លើងនៃសេចក្ដីក្រោធរបស់អញ ក៏នឹងប្រគល់ឯងទៅក្នុងកណ្តាប់ដៃមនុស្សកំរោល ដែលប្រសប់បំផ្លាញ
32 ឯងនឹងត្រូវទុកជាឱសសម្រាប់ភ្លើង ឈាមរបស់ឯងនឹងខ្ចាយនៅកណ្តាលស្រុក ឥតមានអ្នកណានឹកចាំពីឯងទៀតឡើយ ដ្បិតអញ គឺព្រះយេហូវ៉ានេះ អញបានចេញវាចាហើយ។
ជំពូក 22
1 ព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មកដល់ខ្ញុំទៀតថា
2 ឯឯង កូនមនុស្សអើយ តើឯងចង់ជំនុំជម្រះឬ តើចង់ជំនុំជម្រះទីក្រុងដែលតែងតែកម្ចាយឈាមឬអី ដូច្នេះ ចូរធ្វើឲ្យវាស្គាល់អស់ទាំងអំពើគួរស្អប់ខ្ពើមរបស់វាចុះ
3 ត្រូវឲ្យឯងប្រាប់ថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ យីះ ទីក្រុងណាដែលកម្ចាយឈាមនៅកណ្តាលខ្លួន ដើម្បីឲ្យកំណត់ខ្លួនបានមកដល់ ហើយក៏ធ្វើរូបព្រះសម្រាប់ទាស់នឹងខ្លួន ដើម្បីឲ្យខ្លួនស្មោកគ្រោកទៅដូច្នេះ
4 ឯងមានទោសដោយឈាមដែលឯងបានកម្ចាយនោះ ហើយក៏ស្មោកគ្រោកដោយរូបព្រះដែលឯងបានធ្វើដែរ ឯងបានធ្វើឲ្យថ្ងៃកំណត់ឯងជិតមកដល់ ឯងដល់កំណត់ឆ្នាំរបស់ឯងហើយ ហេតុនោះបានជាអញធ្វើឲ្យឯងត្រឡប់ទៅជាទីត្មះតិះដៀលដល់អស់ទាំងសាសន៍ ហើយជាទីចំអកឡកឡឺយដល់ស្រុកទាំងប៉ុន្មានផង
5 ឱឯងដែលស្អុយឈ្មោះ ហើយពេញដោយការវឹកវរអើយ ពួកអ្នកដែលនៅជិត ហើយពួកអ្នកដែលនៅឆ្ងាយផង គេនឹងចំអកឡកឡឺយឲ្យឯង។
6 មើល ពួកចៅហ្វាយនៃសាសន៍អ៊ីស្រាអែលគ្រប់គ្នាបាននៅក្នុងឯង តាមអំណាចដែលអាចនឹងកម្ចាយឈាម
7 នៅក្នុងឯងគេបានមើលងាយទាំងឪពុកម្តាយផង នៅកណ្តាលឯង គេបានសង្កត់សង្កិនពួកអ្នកដែលស្នាក់នៅ ហើយនៅក្នុងឯងគេបានរឹបជាន់ពួកកំព្រា និងស្រីមេម៉ាយ
8 ឯងបានខ្ពើមគ្រឿងបរិសុទ្ធរបស់អញ ហើយបានបង្អាប់ថ្ងៃឈប់សម្រាករបស់អញដែរ
9 នៅក្នុងឯងមានមនុស្សដែលនិយាយបង្កាច់គេ ដើម្បីនឹងកម្ចាយឈាម នៅក្នុងឯងគេបានស៊ីនៅលើភ្នំ នៅកណ្តាលឯងគេបានប្រព្រឹត្តការអាស្រូវបារាយណ៍
10 នៅក្នុងឯងគេបានបើកកេរ្តិ៍ខ្មាសរបស់ឪពុក នៅក្នុងឯងគេបានបង្ខំស្រីដែលត្រូវញែកចេញដោយមានរដូវ
11 ម្នាក់បានប្រព្រឹត្តការគួរស្អប់ខ្ពើម ជាមួយនឹងប្រពន្ធរបស់អ្នកជិតខាងខ្លួន ១ទៀតបានធ្វើឲ្យកូនប្រសាស្រីខ្លួនមានសៅហ្មង ដោយការអាស្រូវបារាយណ៍ ហើយម្នាក់ទៀតក្នុងឯងបានបង្ខូចប្អូនស្រី ដែលជាកូនរបស់ឪពុកខ្លួន
12 នៅក្នុងឯងគេបានស៊ីសំណូក ដើម្បីនឹងកម្ចាយឈាម ឯងបានយកទាំងការ និងកម្រៃផង ហើយបានសង្កត់សង្កិនអ្នកជិតខាងឯង ឲ្យបានចំណេញដោយចិត្តលោភ ក៏បានភ្លេចអញទៅ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។
13 ដូច្នេះ មើល អញបានទះដៃ ដោយព្រោះកម្រៃទុច្ចរិតដែលឯងបាននោះ ហើយដោយព្រោះឈាមដែលបានខ្ចាយនៅកណ្តាលឯងផង
14 តើចិត្តឯងនឹងធន់នៅបាន ហើយដៃឯងនឹងមានកម្លាំង នៅថ្ងៃដែលអញធ្វើទោសដល់ឯងបានឬ អញ គឺព្រះយេហូវ៉ានេះ អញបានចេញវាចាហើយ ក៏នឹងសម្រេចតាមផង
15 អញនឹងកម្ចាត់កម្ចាយឯងទៅនៅអស់ទាំងសាសន៍ ហើយបែងចែកឯងទៅនៅអស់ទាំងស្រុក អញនឹងរំលីងសេចក្ដីស្មោកគ្រោកចេញពីឯងទៅ
16 ឯងនឹងត្រូវបន្ទាបបន្ថោក នៅចំពោះភ្នែកនៃអស់ទាំងសាសន៍ នោះឯងនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត។
17 ព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មកដល់ខ្ញុំថា
18 កូនមនុស្សអើយ ពួកវង្សអ៊ីស្រាអែលបានត្រឡប់ជាអាចម៍សំណល់ដល់អញ គេសុទ្ធតែជាលង្ហិន ស៊ីវិឡាត ដែក និងសំណនៅក្នុងបាវឡ គេជាអាចម៍ប្រាក់ទទេ
19 ហេតុនោះ ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា ដោយព្រោះឯងរាល់គ្នាបានត្រឡប់ជាអាចម៍ប្រាក់ទាំងអស់គ្នាទៅហើយ នោះមើល អញនឹងប្រមូលឯងរាល់គ្នាទៅកណ្តាលក្រុងយេរូសាឡឹម
20 ដូចជាគេប្រមូលប្រាក់ លង្ហិន ដែក សំណ ហើយនិងស៊ីវិឡាត ដាក់ក្នុងបាវឡ ដើម្បីសប់ភ្លើងរំលាយទៅដែរ គឺយ៉ាងនោះដែលអញនឹងប្រមូលឯងរាល់គ្នា ដោយសេចក្ដីកំហឹង និងសេចក្ដីឃោរឃៅរបស់អញ គឺអញនឹងដាក់ឯងរាល់គ្នានៅទីនោះ ហើយរំលាយទៅ
21 អើ អញនឹងប្រមូលឯង ហើយផ្លុំលើឯង ដោយភ្លើងនៃសេចក្ដីក្រោធរបស់អញ នោះឯងរាល់គ្នានឹងត្រូវរលាយទៅ នៅកណ្តាលទីក្រុង
22 ប្រាក់ត្រូវរលាយទៅក្នុងបាវឡយ៉ាងណា នោះឯងរាល់គ្នានឹងត្រូវរលាយទៅ នៅកណ្តាលនោះយ៉ាងនោះដែរ ដូច្នេះ ឯងរាល់គ្នានឹងដឹងថា អញ គឺព្រះយេហូវ៉ានេះ អញបានចាក់សេចក្ដីក្រោធរបស់អញទៅលើឯងរាល់គ្នា។
23 ព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មកដល់ខ្ញុំថា
24 កូនមនុស្សអើយ ចូរប្រាប់ដល់ទីក្រុងថា ឯងជាស្រុកដែលមិនបានជម្រះសម្អាតឡើយ ក៏គ្មានភ្លៀងធ្លាក់មកលើឯង ក្នុងគ្រានៃសេចក្ដីគ្នាន់ក្នាញ់ផង
25 ពួកហោរារបស់វា គេគិតគូរគ្នានៅកណ្តាលនោះ ហាក់ដូចជាសិង្ហ ដែលគ្រហឹមកំពុងហែករំពាស៊ី គេបានត្របាក់លេបព្រលឹងមនុស្ស គេយកទ្រព្យសម្បត្តិ និងរបស់មានតម្លៃទៅ ហើយគេធ្វើឲ្យមានពួកស្រីមេម៉ាយជាច្រើននៅកណ្តាលទីក្រុង
26 ពួកសង្ឃក៏បានធ្វើទទឹងនឹងក្រឹត្យវិន័យរបស់អញ ព្រមទាំងបង្អាប់របស់បរិសុទ្ធទាំងប៉ុន្មានរបស់អញ គេមិនបានចេះញែករបស់បរិសុទ្ធចេញពីរបស់ធម្មតាទេ ក៏មិនបានបង្ហាញឲ្យមនុស្សចេះសម្គាល់របស់មិនស្អាត និងរបស់ស្អាតដែរ គេគេចភ្នែកចេញពីថ្ងៃឈប់សម្រាករបស់អញ ហើយអញក៏ត្រូវអាប់ឱននៅក្នុងពួកគេ
27 ពួកចៅហ្វាយនៅកណ្តាលទីក្រុងប្រព្រឹត្តដូចជាសត្វស្វាន ដែលកំពុងតែហែករំពា គេប្រព្រឹត្តដូច្នោះ ដើម្បីនឹងកម្ចាយឈាម ហើយបំផ្លាញព្រលឹងមនុស្ស ប្រយោជន៍ឲ្យបានកម្រៃទុច្ចរិត
28 ពួកហោរាបានបូកល្បាប់ឲ្យគេ ដោយឃើញការជាក់ស្តែងជាសេចក្ដីកំភូត ហើយទាយកុហកដល់គេថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ ក្នុងកាលដែលព្រះយេហូវ៉ាមិនបានមានព្រះបន្ទូលសោះ
29 ពួកជននៅស្រុកធ្លាប់សង្កត់សង្កិន ហើយប្លន់ អើ គេបៀតបៀនមនុស្សក្រីក្រ និងពួកកំសត់ទុគ៌ត ហើយបានសង្កត់សង្កិនមនុស្សដែលស្នាក់នៅដោយឥតហេតុ
30 អញបានស្វែងរកមនុស្សម្នាក់ក្នុងពួកគេ ដែលនឹងសង់កំផែងឡើង ហើយឈរនៅចន្លោះបាក់បែកនៅមុខអញជំនួសគេ ដើម្បីឲ្យអញមិនបំផ្លាញស្រុកគេឡើយ ប៉ុន្តែ អញរកមិនបានអ្នកណាមួយសោះ
31 ហេតុនោះបានជាអញចាក់សេចក្ដីគ្នាន់ក្នាញ់របស់អញទៅលើគេ អញបានរំលីងគេ ដោយភ្លើងនៃសេចក្ដីក្រោធរបស់អញ ក៏បានទម្លាក់ផ្លូវរបស់គេទៅលើក្បាលគេវិញ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។
ជំពូក 23
1 ព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់ខ្ញុំម្តងទៀតថា
2 កូនមនុស្សអើយ ពីដើមមានស្រី២នាក់ពោះ១នឹងគ្នា
3 ហើយគេបានធ្វើសំផឹង នៅស្រុកអេស៊ីព្ទ អើ គេបានធ្វើសំផឹងពីកាលនៅក្មេង នៅស្រុកនោះ មនុស្សបានចាប់ដោះគេ នៅទីនោះបានអង្អែលដោះនៃវ័យក្រមុំរបស់គេ
4 ឯនាងទាំង២នោះ បងឈ្មោះថា អូហូឡា ហើយប្អូនឈ្មោះអូហូលីបា គេក៏ត្រឡប់ជារបស់ផងអញ ហើយបង្កើតបានកូនប្រុស និងកូនស្រី ចំណែកឈ្មោះគេ នោះអូហូឡា គឺជាក្រុងសាម៉ារី ហើយអូហូលីបា គឺជាក្រុងយេរូសាឡឹម។
5 ឯអូហូឡា នាងក៏ធ្វើជាសំផឹង ក្នុងកាលដែលធ្វើជាប្រពន្ធរបស់អញ វាជាប់ចិត្តនឹងសហាយវា គឺនឹងសាសន៍អាសស៊ើរ ជាអ្នកជិតខាងវា
6 ជាពួកអ្នកដែលស្លៀកពាក់ដោយសំពត់ពណ៌ខៀវ សុទ្ធតែជាចៅហ្វាយ ហើយជាអ្នកគ្រប់គ្រង ជាពួកកំលោះដែលចាប់ចិត្ត ហើយក៏ជិះសេះគ្រប់គ្នា
7 វាធ្វើសំផឹងនឹងគេ ដែលសុទ្ធតែជាមនុស្សជ្រើសរើសក្នុងសាសន៍អាសស៊ើរ ហើយវាក៏ធ្វើឲ្យខ្លួនទៅជាស្មោកគ្រោក ដោយរូបព្រះរបស់អស់អ្នកដែលវាជាប់ចិត្តស្រឡាញ់នោះ
8 វាមិនលះលែងការកំផិត ដែលវាបានធ្វើតាំងពីនៅស្រុកអេស៊ីព្ទមកនោះទេ ដ្បិតកាលវានៅក្មេងនៅឡើយ នោះគេបានរួមដំណេកនឹងវា ហើយបានអង្អែលដោះនៃវ័យក្រមុំរបស់វា ព្រមទាំងចាក់ការកំផិតរបស់គេទៅលើវា
9 ហេតុនោះ អញបានប្រគល់វាទៅក្នុងកណ្តាប់ដៃនៃពួកសហាយវា គឺក្នុងកណ្តាប់ដៃនៃពួកសាសន៍អាសស៊ើរ ដែលវាបានជាប់ចិត្តស្រឡាញ់នោះ
10 គេបានបើកកេរ្តិ៍ខ្មាសរបស់វា ហើយចាប់យកកូនប្រុសកូនស្រីរបស់វា ព្រមទាំងសម្លាប់ខ្លួនវាដោយដាវផង រួចវាមានល្បីឈ្មោះនៅក្នុងពួកស្រីៗ ដ្បិតគេបានសម្រេចទោសដល់វា។
11 ឯអូហូលីបា ជាប្អូន ក៏ឃើញដូច្នោះដែរ ប៉ុន្តែ បានប្រព្រឹត្តខូចអាក្រក់ជាងទៅទៀត ដោយជាប់ចិត្តស្រឡាញ់គេ ហើយដោយការសំផឹងរបស់វា ដែលលើសជាងការសំផឹងរបស់បងខ្លួន
12 វាជាប់ចិត្តស្រឡាញ់ពួកសាសន៍អាសស៊ើរ ជាពួកចៅហ្វាយ គឺជាពួកអ្នកគ្រប់គ្រងដែលនៅជិតខាងវា ជាពួកអ្នកដែលស្លៀកពាក់ដោយរុងរឿង ហើយជិះសេះ សុទ្ធតែជាពួកកំលោះយ៉ាងចាប់ចិត្ត
13 អញក៏បានឃើញថា វាត្រូវស្មោកគ្រោកហើយដែរ បងប្អូន២នាក់បានដើរតាមផ្លូវតែ១
14 តែប្អូនបានចម្រើនការសំផឹងរបស់ខ្លួនជាច្រើនឡើង ដ្បិតវាបានឃើញរូបមនុស្សដែលបានគូរនៅជញ្ជាំង គឺជារូបពួកសាសន៍ខាល់ដេ ដែលគូរដោយពណ៌ក្រហម
15 មានទាំងខ្សែក្រវាត់នៅចង្កេះ ហើយក្បាលជួតដោយឈ្នួលមានរំភាយសំយុងចុះ គ្រប់គ្នាមានភាពមើលទៅដូចជាកូនស្តេច តាមបែបពួកក្រុងបាប៊ីឡូន ក្នុងស្រុកខាល់ដេ ជាស្រុកកំណើតរបស់គេ
16 កាលវាបានឃើញគេ នោះក៏ជាប់ចិត្តស្រឡាញ់ភ្លាម ហើយបានចាត់ទូតទៅឯគេ ក្នុងស្រុកខាល់ដេ
17 នោះពួកក្រុងបាប៊ីឡូនក៏មកឯវា រួមដំណេកដោយស្រឡាញ់ គេក៏ធ្វើឲ្យវាស្មោកគ្រោកដោយការកំផិតរបស់គេ វាបានសៅហ្មងដោយសារគេ រួចចិត្តវាក៏ណាយចេញពីគេវិញ
18 គឺយ៉ាងនោះដែលវាបានបើកអំពើកំផិតរបស់វា ហើយបើកកេរ្តិ៍ខ្មាសឲ្យឃើញផង ដូច្នេះ ចិត្តអញក៏ជិនណាយពីវា ដូចជាបានជិនណាយពីបងវាដែរ
19 ប៉ុន្តែ វាចេះតែចម្រើនការសំផឹងរបស់វាឡើងទៀត ដោយរឭកពីកាលនៅក្មេងនៅឡើយ ជាគ្រាដែលបានធ្វើសំផឹងនៅក្នុងស្រុកអេស៊ីព្ទនោះ
20 វាជាប់ចិត្តស្រឡាញ់សហាយវា ដែលមានសាច់ដូចជាសាច់នៃសត្វលា ហើយទឹកកាមក៏ដូចជាទឹកកាមរបស់សេះ
21 គឺយ៉ាងនោះ ដែលឯងនឹកចាំ ពីអំពើអាស្រូវបារាយណ៍ ដែលប្រព្រឹត្តពីកាលនៅក្មេង ដោយពួកសាសន៍អេស៊ីព្ទបានចាប់ដោះឯង ដែលដោះឯងនៅជាក្រមុំផង។
22 ហេតុនោះ ឱអូហូលីបាអើយ ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា មើល អញនឹងដាស់ពួកសហាយឯង ដែលឯងបានណាយចិត្តពីគេនោះ ឲ្យមកទាស់នឹងឯង អញនឹងនាំគេមកទាស់នឹងឯងនៅគ្រប់ទិស
23 គឺជាពួកក្រុងបាប៊ីឡូន ពួកខាល់ដេទាំងប៉ុន្មាន ពួកពេកូឌ ពួកសូអា និងពួកកូអា ព្រមទាំងពួកអាសស៊ើរជាមួយនឹងគេដែរ ជាពួកកំលោះគួរចាប់ចិត្ត ជាពួកចៅហ្វាយ ជាពួកអ្នកគ្រប់គ្រងទាំងអស់គ្នា ព្រមទាំងពួកកូនស្តេច និងមនុស្សមានឈ្មោះ ដែលសុទ្ធតែជិះសេះគ្រប់គ្នាផង
24 គេនឹងលើកគ្នាមកទាស់នឹងឯង ទាំងមានគ្រឿងសស្ត្រាវុធ រទេះ និងយន្តចម្បាំង ព្រមទាំងនាំកងទ័ពមកជាច្រើន ពួកទាំងនោះនឹងដំរៀបគ្នានៅជុំវិញឯង ទាំងកាន់ខែលធំខែលតូច និងពាក់មួកសឹកផង រួចអញនឹងប្រគល់ការជំនុំជម្រះដល់គេ នោះគេនឹងជំនុំជម្រះឯងតាមច្បាប់របស់គេ
25 អញនឹងតាំងសេចក្ដីប្រចណ្ឌរបស់អញទាស់នឹងឯង ហើយគេនឹងប្រព្រឹត្តនឹងឯងដោយសេចក្ដីឃោរឃៅ គេនឹងកាត់ច្រមុះ កាត់ត្រចៀកឯងចេញ ហើយសំណល់របស់ឯងនឹងដួលដោយដាវ គេនឹងចាប់យកកូនប្រុសកូនស្រីរបស់ឯងទៅពួកឯងដែលនៅសល់ នោះនឹងត្រូវភ្លើងស៊ីបំផ្លាញបង់
26 គេនឹងបកយកសម្លៀកបំពាក់ឯងចេញ ហើយយកគ្រឿងលំអរបស់ឯងទៅដែរ
27 គឺយ៉ាងនោះដែលអញនឹងបំបាត់អំពើអាស្រូវបារាយណ៍ពីឯងចេញ ព្រមទាំងការសំផឹងរបស់ឯង ដែលជាប់មកពីស្រុកអេស៊ីព្ទផង ឯងនឹងមិនសំលៀងភ្នែកមើលទៅគេទៀតឡើយ ក៏មិនរឭកដល់ស្រុកអេស៊ីព្ទទៀតដែរ
28 ដ្បិតព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា មើល អញនឹងប្រគល់ឯងទៅក្នុងកណ្តាប់ដៃនៃពួកអ្នកដែលឯងស្អប់ គឺទៅក្នុងកណ្តាប់ដៃនៃពួកអ្នកដែលចិត្តឯងបានណាយចេញពីគេនោះ
29 គេនឹងប្រព្រឹត្តនឹងឯងដោយចិត្តស្អប់ គេនឹងដកយកអស់ទាំងផលនៃការឯងទៅ ទុកឲ្យឯងនៅជាអាក្រាត ហើយខ្លួនទទេ នោះសេចក្ដីអាម៉ាស់ខ្មាសនៃការកំផិតរបស់ឯងនឹងបានបើកនៅចំហ ព្រមទាំងការអាស្រូវបារាយណ៍ និងការសំផឹងរបស់ឯងផង។
30 ការទាំងនេះនឹងត្រូវធ្វើដល់ឯង ដោយព្រោះឯងបានផិតតាមអស់ទាំងសាសន៍ដទៃ ហើយបានធ្វើឲ្យខ្លួនស្មោកគ្រោកដោយរូបព្រះរបស់គេ
31 ឯងបានប្រព្រឹត្តតាមកិរិយារបស់បងស្រីឯង ហេតុនោះ អញនឹងឲ្យពែង របស់បងឯងទៅក្នុងដៃឯងដែរ
32 ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា ឯងនឹងត្រូវផឹកពីពែងរបស់បងស្រីឯង ជាពែងយ៉ាងជ្រៅ ហើយធំ ឯងនឹងត្រូវគេសើចឡកឡឺយ ហើយទុកជាទីមើលងាយ អើ ពែងនោះចំណុះជាច្រើន
33 ឯងនឹងបានពេញដោយស្រវឹង ហើយទុក្ខព្រួយ គឺជាពែងនៃសេចក្ដីស្រឡាំងកាំង និងសេចក្ដីស្ងាត់ជ្រងំ ជាពែងរបស់សាម៉ារីបងស្រីឯង
34 ឯងនឹងត្រូវផឹកពីពែងនោះ ព្រមទាំងសំរេងផង រួចនឹងកកេរបំណែក ហើយនិងហែកដោះឯងទៅ ដ្បិតអញនេះបានចេញវាចាហើយ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា
35 ហេតុនោះព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា ដោយព្រោះឯងបានភ្លេចអញ ព្រមទាំងបោះបង់អញចោលទៅក្រោយខ្នងឯងដូច្នេះ នោះត្រូវឲ្យឯងរងទ្រាំនឹងអំពើអាស្រូវបារាយណ៍ និងការកំផិតរបស់ឯងចុះ។
36 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងខ្ញុំទៀតថា កូនមនុស្សអើយ តើឯងចង់ជំនុំជម្រះអូហូឡា និងអូហូលីបាឬអី បើដូច្នេះ ចូររំឭកឲ្យនាងដឹងពីអំពើគួរស្អប់ខ្ពើមរបស់នាងចុះ
37 ដ្បិតនាងបានប្រព្រឹត្តសេចក្ដីកំផិតហើយ ក៏មានឈាមប្រឡាក់នៅដៃនាងដែរ នាងបានផិតទៅតាមរូបព្រះរបស់ខ្លួន ហើយបានធ្វើឲ្យកូន ដែលនាងបង្កើតដល់អញ ឆ្លងកាត់ភ្លើង ថ្វាយដល់រូបព្រះទាំងនោះ ឲ្យវាត្រូវឆេះទៅ
38 មួយទៀត នាងបានធ្វើការយ៉ាងនេះដល់អញ គឺបានធ្វើឲ្យទីបរិសុទ្ធរបស់អញស្មោកគ្រោកទៅនៅថ្ងៃ១នោះឯង ព្រមទាំងបង្អាប់ថ្ងៃឈប់សម្រាករបស់អញផង
39 ដ្បិតកាលនាងបានសម្លាប់កូនរបស់ខ្លួន ថ្វាយដល់រូបព្រះទាំងនោះហើយ នៅថ្ងៃនោះឯង នាងក៏ចូលក្នុងទីបរិសុទ្ធរបស់អញ ដើម្បីនឹងបង្អាប់ទីនោះទៀត មើល នាងបានប្រព្រឹត្តយ៉ាងដូច្នោះ នៅកណ្តាលវិហាររបស់អញ
40 មួយទៀត នាងបានចាត់ឲ្យទៅរកមនុស្សមកពីទីឆ្ងាយ ជាពួកអ្នកដែលបានចាត់ទូតទៅហៅ ហើយមើល ពួកនោះក៏មក នាងបានងូតទឹក ផាត់រង្វង់ភ្នែក ហើយតែងខ្លួនដោយគ្រឿងលំអសម្រាប់ទទួលគេ
41 ហើយបានអង្គុយលើគ្រែដ៏រុងរឿង មានតុរៀបជាស្រេចនៅពីមុខ ឯងក៏ដាក់កំញាន និងប្រេងរបស់អញលើតុនោះផង
42 នោះមានឮសូរសំឡេងរបស់មនុស្សយ៉ាងសន្ធឹក ដែលនៅដោយឥតកង្វល់ជាមួយនឹងនាង ក៏មានគេនាំពួកសេបាពីទីរហោស្ថានមកជាមួយនឹងមនុស្សកកកុញនោះ ពួកទាំងនោះបានបំពាក់កងនៅដៃនាង ហើយក្បាំងយ៉ាងល្អនៅលើក្បាល។
43 នោះខ្ញុំបាននឹកពីនាង ដែលធ្លាប់ប្រព្រឹត្តសេចក្ដីកំផិតជាយូរមកហើយថា ឥឡូវនេះ មុខជាគេនឹងសហាយគ្នានឹងគ្នាហើយ
44 គេក៏ចូលទៅឯនាង ដូចជាចូលទៅឯស្រីសំផឹង គឺយ៉ាងនោះដែលគេបានចូលទៅឯអូហូឡា និងអូហូលីបា ជាស្រីឥតខ្មាសនោះ
45 ប៉ុន្តែ នឹងមានមនុស្សសុចរិតជំនុំជម្រះនាងទាំង២ តាមមាត្រាច្បាប់ដែលត្រូវខាងស្រីកំផិត ហើយតាមមាត្រាច្បាប់ត្រូវខាងស្រីដែលកម្ចាយឈាម ពីព្រោះនាងទាំង២ជាស្រីកំផិត ហើយដៃគេក៏ប្រឡាក់ដោយឈាមផង
46 ដ្បិតព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា អញនឹងនាំមនុស្ស១ពួកឡើងមកទាស់នឹងនាង ហើយនិងប្រគល់នាងទៅគេ ឲ្យត្រូវបៀតបៀនហើយរឹបជាន់
47 ពួកមនុស្សទាំងនោះនឹងចោលនាងនឹងថ្ម ហើយផ្តិលនាងដោយដាវ គេនឹងសម្លាប់កូនប្រុសកូនស្រីរបស់នាង ហើយដុតផ្ទះនាងចោល
48 គឺយ៉ាងនោះដែលអញនឹងបំបាត់ការអាស្រូវបារាយណ៍ ពីស្រុកចេញ ដើម្បីនឹងបង្រៀនពួកស្រីៗទាំងអស់ មិនឲ្យប្រព្រឹត្តតាមការអាស្រូវបារាយណ៍នាងតទៅ
49 គេនឹងសងការអាស្រូវបារាយណ៍របស់នាងទៅលើនាងវិញ ហើយនាងនឹងត្រូវរងទ្រាំទោសនៃការគោរពដល់រូបព្រះរបស់នាងដែរ នោះនាងនឹងដឹងថា អញនេះជាព្រះអម្ចាស់យេហូវ៉ាពិត។
ជំពូក 24
1 លុះដល់ថ្ងៃ១០ ខែបុស្សឆ្នាំទី៩ នោះព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មកដល់ខ្ញុំទៀតថា
2 កូនមនុស្សអើយ ចូរកត់ថ្ងៃនេះទុក គឺថ្ងៃនេះឯង ដ្បិតនៅថ្ងៃនេះ ស្តេចបាប៊ីឡូនបានចូលទៅតនឹងក្រុងយេរូសាឡឹមហើយ
3 ចូរពោលពាក្យប្រៀបប្រដូចដល់ពួកវង្សរឹងចចេសនោះ ហើយប្រាប់ថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ ចូរដាក់ថ្លាងនៅលើភ្លើង ចូរដាក់ចុះ ហើយចាក់ទឹកផង
4 ចូរប្រមូលដុំសាច់ គឺអស់ទាំងដុំល្អៗ និងភ្លៅ ហើយស្មាផង ទៅដាក់ក្នុងថ្លាងនោះដែរ ត្រូវឲ្យបំពេញដោយឆ្អឹងយ៉ាងសំរាំង
5 ត្រូវឲ្យរើសយកចៀមយ៉ាងសំរាំង ហើយដុតទាំងឆ្អឹងនៅពីក្រោម ត្រូវធ្វើឲ្យពុះយ៉ាងខ្លាំង ឲ្យឆ្អឹងនៅក្នុងថ្លាងនោះបានឆ្អិន។
6 ហេតុនោះ ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា វេទនាដល់ទីក្រុងដែលប្រឡាក់ដោយឈាម គឺដល់ថ្លាងដែលជាប់មានក្អែល ដែលក្អែលនោះមិនបានដុសចេញ ចូរយកសាច់ចេញដោយដុំៗ ឥតបោះឆ្នោតសោះ
7 ដ្បិតឈាមដែលបានកម្ចាយនោះ ក៏នៅកណ្តាលទីក្រុងនៅឡើយ វាបានដាក់ឈាមនោះនៅលើថ្មរលីង មិនបានចាក់ទៅលើដី ដើម្បីនឹងគ្របបាំងដោយធូលីដីទេ
8 ជាការដែលបណ្តាលឲ្យសេចក្ដីក្រោធឡើងមកសងសឹកនឹងវា ដូច្នេះ អញបានដាក់ឈាមវាទៅលើថ្មរលីង ដើម្បីមិនឲ្យបានគ្របបាំងដែរ
9 ហេតុនោះ ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា វេទនាដល់ទីក្រុងដែលប្រឡាក់ដោយឈាម អញនឹងបង្គរឱសឡើងយ៉ាងច្រើន
10 ចូរគរឱសឡើងជាច្រើន ដុតភ្លើងឲ្យយ៉ាងក្តៅ ហើយស្ងោរសាច់ឲ្យឆ្អិន រួចបង់គ្រឿងគ្រៅ ហើយដុតឆ្អឹងទៅ
11 បន្ទាប់នោះ ត្រូវឲ្យយកថ្លាងទទេ ដាក់លើរងើកភ្លើងឲ្យក្តៅ ហើយឲ្យលង្ហិនបានឆេះទៅ ដើម្បីឲ្យគ្រឿងស្មោកគ្រោកបានរលាយចេញ ហើយឲ្យក្អែលបានឆេះឲ្យសុស
12 វាបាននឿយហត់ដោយការឥតប្រយោជន៍ ប៉ុន្តែ ក្អែលយ៉ាងសម្បើមរបស់វាមិនចេះបាត់ចេញទេ ត្រូវដុតក្នុងភ្លើងវិញ
13 មានការអាស្រូវបារាយណ៍នៅក្នុងសេចក្ដីស្មោកគ្រោករបស់ឯង ដ្បិតអញបានដុសជម្រះឯង តែឯងមិនបានស្អាតទេ ដូច្នេះ ឯងនឹងមិនបានស្អាត ពីសេចក្ដីស្មោកគ្រោករបស់ឯងទៀតឡើយ ដរាបដល់អញឲ្យសេចក្ដីក្រោធរបស់អញ ចំពោះឯងបានសម្រាកវិញ
14 អញនេះគឺយេហូវ៉ា បានចេញវាចាហើយ ការនេះនឹងកើតមក ហើយអញនឹងធ្វើឲ្យសម្រេចជាពិត អញមិនព្រមដកថយ ឬត្រាប្រណីឡើយ ក៏មិនដែលប្រែគំនិតដែរ គេនឹងជំនុំជម្រះឯងតាមផ្លូវដែលឯងប្រព្រឹត្ត និងអំពើដែលឯងបានធ្វើវិញ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។
15 ព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មកដល់ខ្ញុំថា
16 កូនមនុស្សអើយ មើល អញនឹងដកយករបស់ដែលត្រូវចំណុចភ្នែកពីឯងចេញ ដោយអាសន្នរោគ តែមិនត្រូវឲ្យឯងសោយសោក ឬយំយែកឡើយ ក៏មិនត្រូវស្រក់ទឹកភ្នែកដែរ
17 ឯងនឹងដកដង្ហើមធំចុះ តែកុំឲ្យឮឲ្យសោះ កុំឲ្យយំសោកនឹងខ្មោចស្លាប់ឡើយ ត្រូវឲ្យរុំឈ្នួតជាប់នៅលើក្បាល ហើយពាក់ស្បែកជើងវិញ មិនត្រូវឲ្យបិទបាំងបបូរមាត់ឯង ឬស៊ីអាហារធម្មតាទេ
18 ដូច្នេះ ខ្ញុំក៏និយាយដល់បណ្តាជននៅព្រឹកនោះ ហើយដល់ល្ងាចប្រពន្ធខ្ញុំស្លាប់ទៅ រួចព្រឹកឡើងខ្ញុំបានធ្វើដូចជាទ្រង់បង្គាប់មក។
19 បណ្តាជនទាំងប៉ុន្មានក៏សួរខ្ញុំថា សូមប្រាប់យើងពីការដែលអ្នកធ្វើទាំងនេះ តើមានន័យដូចម្តេចដល់យើង
20 នោះខ្ញុំប្រាប់គេពីព្រះបន្ទូលនៃព្រះយេហូវ៉ាដែលបានមកដល់ខ្ញុំថា
21 ចូរប្រាប់ដល់ពួកវង្សអ៊ីស្រាអែលថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ មើល អញនឹងបង្អាប់ទីបរិសុទ្ធរបស់អញ នឹងសេចក្ដីអំនួតរបស់អំណាចឯងរាល់គ្នា ហើយរបស់ដែលត្រូវចំណុចភ្នែកនៃឯង ព្រមទាំងសំណប់ចិត្តឯងរាល់គ្នាផង ឯពួកកូនប្រុសកូនស្រីដែលឯងបានទុកចោលឯណោះ នោះនឹងត្រូវដួលស្លាប់ដោយដាវ
22 គ្រានោះអ្នករាល់គ្នានឹងធ្វើដូចជាខ្ញុំបានធ្វើនេះដែរ គឺអ្នករាល់គ្នានឹងមិនបិទបាំងបបូរមាត់ ឬស៊ីអាហារធម្មតាទេ
23 ឯសំពត់ឈ្នួតនឹងនៅជាប់លើក្បាល ហើយស្បែកជើងនៅជាប់នឹងជើងដែរ អ្នករាល់គ្នានឹងមិនសោយសោក ឬយំយែកឡើយ គឺនឹងរោយរៀវទៅក្នុងអំពើទុច្ចរិតរបស់ខ្លួន ហើយនិងថ្ងូរប្រទល់មុខគ្នានឹងគ្នាវិញ
24 អេសេគាលនឹងធ្វើជាទីសម្គាល់ដល់ឯងរាល់គ្នាយ៉ាងនោះឯង ឯងរាល់គ្នានឹងធ្វើតាមគ្រប់ទាំងការដែលគាត់បានធ្វើនោះដែរ កាលណាការនេះកើតមក នោះឯងរាល់គ្នានឹងដឹងថា អញនេះជាព្រះអម្ចាស់យេហូវ៉ាពិត។
25 ឯឯង កូនមនុស្សអើយ នៅថ្ងៃដែលអញនឹងដកយកទីពឹងពីគេចេញ ព្រមទាំងសេចក្ដីអំណរចំពោះសិរីល្អរបស់គេ និងអ្វីៗដែលត្រូវចំណុចភ្នែក ហើយសំណប់ចិត្តគេផង គឺកូនប្រុសកូនស្រីគេ
26 នៅថ្ងៃនោះឯង អ្នកណាដែលរត់រួចបាន គេនឹងមកឯឯង ដើម្បីនឹងប្រាប់ពីការនោះឲ្យឯងឮដោយត្រចៀក
27 នៅថ្ងៃនោះ មាត់ឯងនឹងបើកឡើងដល់អ្នកដែលរត់រួច ឯងនឹងអាចនិយាយបាន មិននៅគទៀតឡើយ គឺយ៉ាងនោះ ដែលឯងនឹងធ្វើជាទីសម្គាល់ដល់គេ ហើយគេនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត។
ជំពូក 25
1 ព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មកដល់ខ្ញុំថា
2 កូនមនុស្សអើយ ចូរតម្រង់មុខឯងទៅខាងពួកកូនចៅអាំម៉ូនទាយពីដំណើរគេចុះ
3 ហើយប្រាប់ដល់ពួកកូនចៅអាំម៉ូនថា ចូរស្តាប់ព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ាចុះ ព្រះអម្ចាស់យេហូវ៉ា ទ្រង់មានព្រះបន្ទូលដូច្នេះ ដោយព្រោះឯងបានថា ហាស់ហា ទាស់នឹងទីបរិសុទ្ធរបស់អញ ក្នុងកាលដែលត្រូវបង្អាប់នោះ ហើយទាស់នឹងស្រុកអ៊ីស្រាអែលក្នុងកាល ដែលត្រូវចោលស្ងាត់ ព្រមទាំងទាស់នឹងពួកវង្សយូដា ក្នុងកាលដែលគេត្រូវដឹកនាំទៅជាឈ្លើយផង
4 ហេតុនោះ មើល អញនឹងប្រគល់ឯងដល់ពួកកូនចៅស្រុកខាងកើតទុកជាកេរអាករ គេនឹងតាំងបន្ទាយ ហើយធ្វើទីលំនៅរបស់គេនៅក្នុងឯង គេនឹងស៊ីផល ហើយផឹកទឹកដោះសត្វរបស់ឯង
5 អញនឹងធ្វើឲ្យក្រុងរ៉ាបាតទៅជាក្រោលសម្រាប់សត្វអូដ្ឋ ហើយឲ្យស្រុកពួកកូនចៅអាំម៉ូនទៅជាទីសម្រាប់ឲ្យហ្វូងចៀមដេកនៅ នោះឯងរាល់គ្នានឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត
6 ដ្បិតព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា ដោយព្រោះឯងបានទះដៃ ហើយតន្ត្រំជើង ព្រមទាំងមានសេចក្ដីរីករាយ ដោយគ្រប់ទាំងសេចក្ដីមើលងាយនៅក្នុងចិត្តឯងចំពោះស្រុកអ៊ីស្រាអែល
7 ហេតុនោះ មើល អញបានលូកដៃទៅលើឯងហើយ អញនឹងប្រគល់ឯងទៅសម្រាប់ជារបឹបដល់សាសន៍ដទៃ អញនឹងកាត់ឯងចេញពីពួកសាសន៍ទាំងប៉ុន្មាន ហើយឲ្យឯងវិនាសបាត់ពីអស់ទាំងប្រទេសទៅ អញនឹងបំផ្លាញឯងបង់ នោះឯងនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត។
8 ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលថា ដោយព្រោះស្រុកម៉ូអាប់ និងស្រុកសៀរពោលថា មើល ពួកវង្សយូដាគេក៏ដូចជាអស់ទាំងសាសន៍ដែរ
9 ហេតុនោះ មើល អញនឹងបើកស្រុកម៉ូអាប់ ឲ្យចំហខាងទីក្រុងទាំងប៉ុន្មានរបស់គេ ដែលនៅក្បែរព្រំដែនគេ ជាទីរុងរឿងឧត្តមរបស់ស្រុកនោះ គឺក្រុងបេត-យេស៊ីម៉ូត ក្រុងបាល-មេយ៉ូន និងក្រុងគារយ៉ាថែម
10 ដល់ពួកកូនចៅនៅស្រុកខាងកើត ដើម្បីឲ្យគេបានទៅទាស់នឹងពួកកូនចៅអាំម៉ូន ហើយអញនឹងឲ្យស្រុកនោះដល់គេ ទុកជាកេរអាករ ដើម្បីនឹងបំបាត់សេចក្ដីនឹកចាំពីពួកកូនចៅអាំម៉ូន ពីកណ្តាលអស់ទាំងសាសន៍ទៅ
11 អញនឹងសម្រេចតាមសេចក្ដីយុត្តិធម៌ដល់សាសន៍ម៉ូអាប់ នោះគេនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត។
12 ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលថា ដោយព្រោះពួកសាសន៍អេដុមបានប្រព្រឹត្តទាស់នឹងពួកវង្សយូដាដោយការសងសឹក ហើយមានទោសយ៉ាងធ្ងន់ ដោយការសងសឹកតបនឹងគេដូច្នេះ
13 ហេតុនោះ ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា អញនឹងលូកដៃទៅលើស្រុកអេដុមដែរ ក៏នឹងកាត់ទាំងមនុស្ស និងសត្វចេញទៅផង ហើយនិងធ្វើឲ្យស្រុកនោះស្ងាត់ច្រៀប ចាប់តាំងពីក្រុងថេម៉ាន ទៅដល់ដេដាន់ គេនឹងដួលស្លាប់ដោយដាវ
14 អញនឹងផ្តល់ការសងសឹករបស់អញ ទៅលើសាសន៍អេដុម ដោយសារដៃនៃអ៊ីស្រាអែល ជារាស្ត្រអញ ដែលនឹងធ្វើដល់សាសន៍អេដុម តាមសេចក្ដីកំហឹង និងសេចក្ដីក្រេវក្រោធរបស់អញ នោះគេនឹងស្គាល់សេចក្ដីសងសឹករបស់អញ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។
15 ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលថា ដោយព្រោះសាសន៍ភីលីស្ទីនបានប្រព្រឹត្តដោយការសងសឹក គឺបានសងសឹកតបដោយសេចក្ដីមើលងាយនៅក្នុងចិត្តគេ ដើម្បីនឹងបំផ្លាញ ដោយចងគំនុំជាប់តមកជានិច្ច
16 ហេតុនោះ ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា មើល អញនឹងលូកដៃទៅលើសាសន៍ភីលីស្ទីន អញនឹងកាត់ពួកកេរេធីមចេញ ព្រមទាំងបំផ្លាញសំណល់មនុស្សដែលនៅសល់តាមឆ្នេរសមុទ្រផង
17 អញនឹងសម្រេចការសងសឹកយ៉ាងធំដល់គេ ដោយសេចក្ដីផ្ចាញ់ផ្ចាលដ៏ក្តៅក្រហាយ នោះគេនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត ក្នុងកាលដែលអញទម្លាក់សេចក្ដីសងសឹកទៅលើគេ។
ជំពូក 26
1 លុះដល់ថ្ងៃដើមខែនោះ ក្នុងឆ្នាំទី១១ នោះព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់ខ្ញុំថា
2 កូនមនុស្សអើយ ដោយព្រោះក្រុងទីរ៉ុសបានពោលទាស់នឹងក្រុងយេរូសាឡឹមថា ហាស់ហា ទីក្រុងដែលជាទ្វារនៃអស់ទាំងសាសន៍ត្រូវបាក់បែក វាបានវិលមកឯអញហើយ ឥឡូវនេះ អញនឹងបានពោរពេញឡើង ដោយវាខូចបង់
3 ហេតុនោះ ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា ម្នាលទីរ៉ុសអើយ អញទាស់នឹងឯង អញនឹងបណ្តាលឲ្យសាសន៍ជាច្រើនឡើងមកទាស់នឹងឯង ដូចជាសមុទ្រកម្រើករលកឡើងដែរ
4 គេនឹងបំផ្លាញកំផែងនៃក្រុងទីរ៉ុស ហើយនិងរំលំប៉មទាំងប៉ុន្មានផង អញនឹងគាស់យកទាំងធូលីដីចេញទៅ ឲ្យទីក្រុងនោះនៅជាថ្មដារលីង
5 នោះនឹងបានជាកន្លែងសម្រាប់ហាលអួននៅកណ្តាលសមុទ្រ ដ្បិតអញបានចេញវាចាហើយ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា ដូច្នេះ ទីក្រុងនោះនឹងត្រឡប់ជារបឹបដល់អស់ទាំងសាសន៍
6 ឯកូនស្រីទាំងប៉ុន្មានរបស់វាដែលនៅឯចម្ការនឹងត្រូវស្លាប់ដោយដាវ នោះគេនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត។
7 ដ្បិតព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា មើល អញនឹងនាំនេប៊ូក្នេសា ស្តេចស្រុកបាប៊ីឡូន ជាស្តេចលើអស់ទាំងស្តេច មកពីទិសខាងជើង មានទាំងសេះ រទេះចម្បាំង ពលសេះ កងទ័ព និងមនុស្សសន្ធឹកផង ឲ្យទាស់នឹងក្រុងទីរ៉ុស
8 វានឹងសម្លាប់កូនស្រីឯងទាំងប៉ុន្មានដោយដាវនៅឯចម្ការ វានឹងធ្វើបន្ទាយ ហើយជីកស្នាមភ្លោះ ព្រមទាំងលើកខែលទាស់នឹងឯង
9 វានឹងតាំងគ្រឿងបុកទម្លាយកំផែង ហើយនិងរំលំប៉មរបស់ឯង ដោយប្រដាប់របស់វា
10 សេះយ៉ាងសន្ធឹករបស់គេនឹងធ្វើឲ្យធូលីហុយឡើងគ្របលើឯង កំផែងរបស់ឯងនឹងញ័រ ដោយសូរសន្ធឹកនៃពលសេះ រទេះ និងយន្តចម្បាំងទាំងប៉ុន្មានរបស់គេ ក្នុងកាលដែលគេចូលទៅតាមទ្វារក្រុងរបស់ឯង ដូចជាចូលទៅក្នុងទីក្រុងណា ដែលគេបានរំលំកំផែងហើយ
11 អស់ទាំងផ្លូវរបស់ឯងនឹងត្រូវប៉ន់ទៅ ដោយក្រចកសេះរបស់គេ គេនឹងសម្លាប់សាសន៍ឯងដោយដាវ ឯអស់ទាំងបង្គោលថ្មនៃកម្លាំងឯង នឹងត្រូវរំលំដល់ដី
12 គេនឹងរឹបជាន់យកទ្រព្យសម្បត្តិរបស់ឯង ហើយជញ្ជែងយកទំនិញទាំងប៉ុន្មានផង គេនឹងបំបែករំលំកំផែង ហើយបំផ្លាញអស់ទាំងផ្ទះ ជាទីរីករាយរបស់ឯង គេនឹងចាក់អស់ទាំងថ្ម និងឈើ ហើយធូលីដីរបស់ឯងទៅក្នុងទឹក
13 អញនឹងធ្វើឲ្យបាត់ឮសូរចម្រៀងរបស់ឯង ហើយនិងឥតមានឮសូរស៊ុងនៅក្នុងឯងទៀតឡើយ
14 អញនឹងធ្វើឲ្យឯងទៅជាថ្មដារលីង ឯងនឹងបានជាកន្លែងសម្រាប់ហាលអួន និងគ្មានអ្នកណាសង់ឡើងវិញ នៅជាដរាបតទៅ ដ្បិតគឺអញនេះ ជាព្រះយេហូវ៉ា បានចេញវាចាហើយ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។
15 ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដល់ក្រុងទីរ៉ុសដូច្នេះថា ពិតប្រាកដជាអស់ទាំងកោះនឹងញ័ររន្ធត់ ដោយឮសូរឯងដួល និងដំងូរនៃមនុស្សដែលត្រូវរបួស ក្នុងកាលដែលសម្រេចការសំឡេះយ៉ាងធំនៅកណ្តាលឯង
16 គ្រានោះ អស់ទាំងសេដ្ឋីជើងសមុទ្រ នឹងចុះពីទីថ្កល់របស់ខ្លួន ដោះសម្លៀកបំពាក់ចេញ ហើយផ្លាស់អាវប៉ាក់ គេនឹងប្រដាប់ខ្លួនដោយសេចក្ដីភ័យខ្លាច ហើយនិងអង្គុយនៅដីវិញ ដោយញាប់ញ័រជានិច្ច ព្រមទាំងមានសេចក្ដីស្រឡាំងកាំង ដោយព្រោះឯងផង
17 គេនឹងផ្តើមទួញទំនួញពីឯងដោយពាក្យថា ម្តេចក៏ឯងត្រូវបំផ្លាញយ៉ាងនេះហ្ន៎ ឯងដែលជាទីលំនៅរបស់ពួកអ្នកដើរផ្លូវសមុទ្រ ជាទីក្រុងមានល្បីល្បាញ ដែលមានអំណាចខាងផ្លូវសមុទ្រ គឺទាំងឯង និងពួកអ្នកនៅក្នុងឯងផង ជាពួកអ្នកដែលធ្វើឲ្យសេចក្ដីស្ញែងខ្លាចរបស់ខ្លួននៅទីនោះអើយ
18 ឥឡូវនេះ អស់ទាំងកោះនឹងញាប់ញ័រ នៅថ្ងៃដែលឯងដួលនោះ អើ អស់ទាំងកោះនៅសមុទ្រនឹងស្លុតចិត្ត ដោយឯងផុតទៅ។
19 ដ្បិតព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា កាលណាអញបានធ្វើឲ្យឯងទៅជាទីក្រុងស្ងាត់ច្រៀប ដូចជាទីក្រុងណាដែលឥតមានមនុស្សនៅ កាលណាអញបាននាំទីជម្រៅមកលើឯង ហើយមានទឹកធំមកគ្របលើឯងហើយ
20 នោះអញនឹងទម្លាក់ឯងទៅជាមួយនឹងពួកអ្នកដែលចុះទៅក្នុងជង្ហុកធំ ដល់ពួកមនុស្សពីបុរាណ ហើយនិងឲ្យឯងនៅទីជម្រៅបំផុតនៃផែនដី ជាកន្លែងស្ងាត់ជ្រងំពីយូរមកហើយ គឺឲ្យនៅជាមួយនឹងពួកអ្នកដែលចុះទៅក្នុងជង្ហុកធំ ដើម្បីមិនឲ្យមានអ្នកណានៅក្នុងឯងទៀតឡើយ តែអញនឹងបម្រុងទុកសិរីល្អ សម្រាប់ស្ថានរបស់មនុស្សរស់វិញ
21 អញនឹងតាំងឯងជាសេចក្ដីស្ញែងខ្លាច ហើយឲ្យលែងមានទៀត នោះទោះបើគេស្វែងរកឯងក៏ដោយ គង់តែមិនដែលប្រទះឃើញទៀតឡើយ នេះជាព្រះបន្ទូលនៃអម្ចាស់យេហូវ៉ា។
ជំពូក 27
1 ព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មកដល់ខ្ញុំម្តងទៀតថា
2 ឯឯង កូនមនុស្សអើយ ចូរផ្តើមទួញទំនួញពីក្រុងទីរ៉ុស
3 ត្រូវឲ្យប្រាប់ដល់ក្រុងទីរ៉ុសថា ម្នាលឯងដែលនៅត្រង់ទ្វារសមុទ្រ ជាអ្នកជំនួញសម្រាប់សាសន៍នៅកោះជាច្រើនអើយ ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា ទីរ៉ុសអើយ ឯងបានពោលថា អញមានលំអគ្រប់លក្ខណ៍ហើយ
4 ព្រំដែនរបស់ឯងនៅកណ្តាលសមុទ្រ ពួកអ្នកដែលបានសង់ឯង គេបានធ្វើឲ្យឯងមានលំអពេញខ្នាតហើយ
5 អស់ទាំងក្តារឯងសុទ្ធតែជាឈើកកោះពីស្រុកសេនារ គេបានយកដើមតាត្រៅពីព្រៃល្បាណូនមក ធ្វើជាដងក្តោងសម្រាប់ឯង
6 អស់ទាំងដងចែវរបស់ឯងបានធ្វើពីឈើម៉ៃសាក់ ស្រុកបាសាន គេបានធ្វើជើងម៉ាឯង ពីឈើគ្រញូង ពីកោះគីទីម ប្រដាប់ដោយភ្លុក
7 ស្លាបក្តោងឯងធ្វើពីសំពត់ខ្លូតទេសយ៉ាងម៉ដ្តចំរុះដោយប៉ាក់មកពីស្រុកអេស៊ីព្ទ ដើម្បីនឹងទុកជាទង់ជ័យដល់ឯង ហើយមានសំពត់ពណ៌ខៀវ និងពណ៌ស្វាយ ពីកោះអេលីសា ធ្វើជាពិតាន
8 ពួកអ្នកនៅក្រុងស៊ីដូន និងអើវ៉ាឌ ជាអ្នកចែវរបស់ឯង ឱទីរ៉ុសអើយ ពួកអ្នកប្រាជ្ញនៅក្នុងឯង គេជាមេតម្រង់សំពៅ
9 ពួកអ្នកចាស់ៗ និងពួកអ្នកប្រាជ្ញពីក្រុងកេបាលក៏នៅក្នុងឯង ទុកជាអ្នកពរជ័រ ឯអស់ទាំងនាវានៅសមុទ្រ និងពួកជើងឈ្នួល ក៏នៅក្នុងឯង ដើម្បីលក់ដូរទំនិញរបស់ឯង
10 មានសាសន៍ពើស៊ី សាសន៍លូឌ និងសាសន៍ពូតនៅក្នុងកងទ័ពរបស់ឯង គឺជាពួកថ្នឹកច្បាំងរបស់ឯង គេបានពាក់ព្យួរខែល ហើយនិងមួកសឹកនៅក្នុងឯង ក៏នាំឲ្យសេចក្ដីលំអរបស់ឯងបានកាន់តែរុងរឿងឡើង
11 ពួកក្រុងអើវ៉ាឌ ព្រមទាំងពួកកងទ័ពរបស់ឯង ជាអ្នកការពារនៅលើកំផែងជុំវិញ ហើយមានមនុស្សក្លៀវក្លានៅក្នុងប៉មទាំងប៉ុន្មានរបស់ឯង គេបានពាក់ព្យួរអស់ទាំងខែលរបស់គេនៅជញ្ជាំងជុំវិញ ពួកនោះបានធ្វើឲ្យសេចក្ដីលំអរបស់ឯងបានពេញខ្នាត។
12 ពួកស្រុកតើស៊ីស ជាអ្នកលក់ដូរនឹងឯង ដោយព្រោះឯងមានទ្រព្យសម្បត្តិគ្រប់មុខជាបរិបូរ គេដូរប្រាក់ដែក ស៊ីវិឡាត និងសំណឲ្យបានទំនិញពីឯង
13 ពួកយ៉ាវ៉ាន ពួកទូបាល ហើយពួកមែសេកជាអ្នកលក់ដូរនឹងឯង គេដូរខ្លួនមនុស្ស ព្រមទាំងគ្រឿងប្រដាប់លង្ហិនឲ្យបានទំនិញរបស់ឯង
14 ឯពួកវង្សតូកាម៉ា គេដូរសេះជិះ សេះចម្បាំង និងលាកាត់ឲ្យបានទំនិញរបស់ឯង
15 ពួកស្រុកដេដាន់ជាអ្នកជំនួញនឹងឯង ដៃឯងបានលក់ដូរនៅកោះជាច្រើន ហើយគេបានដឹកភ្លុក និងឈើគ្រញូងមកឲ្យឯងវិញ
16 ស្រុកស៊ីរីក៏ជាអ្នកលក់ដូរនឹងឯងដែរ ដោយព្រោះស្នាដៃដ៏បរិបូររបស់ឯង គេបានដូរកែវមរកត សំពត់ពណ៌ស្វាយ សំពត់ប៉ាក់ សំពត់ទេសឯកយ៉ាងម៉ដ្ត ផ្កាថ្ម និងត្បូងទទឹមឲ្យបានទំនិញរបស់ឯង
17 ស្រុកយូដា និងអ៊ីស្រាអែល គេជាអ្នកលក់ដូរនឹងឯង គេយកស្រូវសាលីពីស្រុកមីនីត បង្អែម ទឹកឃ្មុំ និងប្រេង ហើយប្រទាលមុខសះមកដូរនឹងទំនិញរបស់ឯង
18 ពួកដាម៉ាសក៏ជួញប្រែនឹងឯងឲ្យបានស្នាដៃដ៏បរិបូររបស់ឯង ដោយព្រោះឯងមានទ្រព្យសម្បត្តិគ្រប់មុខយ៉ាងសន្ធឹក គេដូរដោយស្រាទំពាំងបាយជូរពីស្រុកហេលបូន និងរោមចៀមស
19 ពួកវេដាន់ និងយ៉ាវ៉ាន គេបានដូរអំបោះឲ្យបានទំនិញឯង មានទាំងដែកថែប កំញាន និងឫសកន្ធាយ នៅក្នុងទំនិញរបស់ឯង
20 ស្រុកដេដាន់ធ្វើជំនួញនឹងឯង ដោយសំពត់មានតម្លៃសម្រាប់ជិះសេះ
21 ស្រុកអារ៉ាប់ ហើយពួកចៅហ្វាយនៅស្រុកកេដារទាំងប៉ុន្មាន ជាអ្នកលក់ដូរនឹងឯង គេលក់កូនចៀម ចៀមឈ្មោល និងពពែដល់ឯង
22 ពួកឈ្នួញពីស្រុកសេបា ហើយពីស្រុករ៉ាម៉ា ជាអ្នកជួញប្រែនឹងឯង គេបានយកគ្រឿងម្ហូបយ៉ាងវិសេស ថ្មមានតម្លៃគ្រប់មុខ និងមាសដូរនឹងទំនិញរបស់ឯង
23 ស្រុកខារ៉ាន ស្រុកកាននេ និងស្រុកអេដែន ព្រមទាំងពួកឈ្នួញនៃស្រុកសេបា អាសស៊ើរ និងគីលម៉ាឌ ជាអ្នកធ្វើជំនួញនឹងឯង
24 ពួកទាំងនេះបានយកទំនិញយ៉ាងល្អ វេចដោយសំពត់ពណ៌ខៀវហើយប៉ាក់ និងសម្លៀកបំពាក់មានតម្លៃដាក់ចុះក្នុងហឹបធ្វើពីឈើតាត្រៅ ហើយចងដោយខ្សែ មកលក់ដូរនឹងឯង
25 អស់ទាំងនាវាស្រុកតើស៊ីសជាពួកដឹកទំនិញឯង ឯងបានចម្រើនជាពោរពេញឡើង ហើយបានថ្កុំថ្កើងយ៉ាងក្រៃលែងនៅកណ្តាលសមុទ្រនោះ។
26 ពួកអ្នកចែវរបស់ឯង គេបាននាំឯងទៅក្នុងទឹកធំ ខ្យល់ពីទិសខាងកើតបានធ្វើឲ្យឯងបែកធ្លាយ នៅកណ្តាលសមុទ្រ
27 អស់ទាំងទ្រព្យសម្បត្តិ និងរបស់លក់ដូរ ហើយទំនិញរបស់ឯង ព្រមទាំងពួកជើងឈ្នួល ពួកនាយសំពៅ ពួកបិទពរ និងពួកអ្នកលក់ដូរទំនិញរបស់ឯង ហើយពួកទាហានដែលនៅក្នុងឯង និងបណ្តាជនទាំងប៉ុន្មានដែលនៅកណ្តាលឯង គេនឹងត្រូវលិចលង់នៅផ្ទៃសមុទ្រ ក្នុងថ្ងៃដែលឯងត្រូវអន្តរាយនោះ
28 កាលណាសូរសម្រែកនៃពួកនាយរបស់ឯងបានឮឡើង នោះតំបន់នៅជុំវិញនឹងញ័ររន្ធត់ដែរ
29 ហើយពួកអ្នកចែវទាំងប៉ុន្មាន ពួកជើងឈ្នួល និងពួកនាយសំពៅតាមផ្លូវសមុទ្រ គេនឹងឡើងពីនាវារបស់គេមកឈរនៅលើច្រាំង
30 គេនឹងបន្លឺសំឡេងឡើងឲ្យឮគ្របលើឯង គេនឹងយំខ្សឹកខ្សួល ព្រមទាំងបាចធូលីដីទៅលើក្បាល ហើយដេកននៀលនៅក្នុងផែះ
31 គេនឹងកោរសក់ដោយព្រោះឯង ព្រមទាំងស្លៀកពាក់ធ្មៃ ហើយយំស្តាយឯង ដោយចិត្តជូរចត់ ហើយដោយទំនួញយ៉ាងខ្សឹកខ្សួល
32 កាលគេកំពុងតែទ្រហោយំ នោះគេនឹងចាប់ផ្តើមទួញទំនួញដោយព្រោះឯង គេនឹងទួញថា តើមានអ្នកណាដូចជាទីរ៉ុស ដែលត្រូវបំផ្លាញនៅកណ្តាលសមុទ្រដូច្នេះ
33 កាលទំនិញឯងបានចេញទៅតាមផ្លូវសមុទ្រ នោះឯងបានចម្អែតដល់សាសន៍ជាច្រើន ឯងបានធ្វើឲ្យពួកស្តេចនៅផែនដីមានជាច្រើនឡើង ដោយសារទ្រព្យសម្បត្តិ និងទំនិញដ៏បរិបូររបស់ឯង
34 នៅគ្រាដែលឯងត្រូវសមុទ្របំបែកទម្លាយនៅទីជម្រៅទឹក នោះទំនិញឯង ហើយពួកឯងទាំងប៉ុន្មានបានធ្លាក់ទៅនៅកណ្តាលឯងផង
35 អស់ពួកអ្នកនៅកោះទាំងប៉ុន្មានមានសេចក្ដីអស្ចារ្យពីដំណើរឯង ហើយពួកស្តេចគេបានភ័យខ្លាចជាខ្លាំង ក៏មានមុខស្រងូត
36 ពួកអ្នកជំនួញនៅអស់ទាំងសាសន៍ គេធ្វើស៊ីសស៊ូសឲ្យឯង ឯងបានត្រឡប់ជាទីស្ញែងខ្លាច ហើយនិងលែងមានជាដរាបតទៅ។
ជំពូក 28
1 ព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មកដល់ខ្ញុំម្តងទៀតថា
2 កូនមនុស្សអើយ ចូរប្រាប់ដល់ម្ចាស់ដ៏ធំនៃក្រុងទីរ៉ុសថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ ដោយព្រោះឯងកើតមានចិត្តធំ ហើយបានពោលថា អញជាព្រះ អញអង្គុយលើបល្ល័ង្ករបស់ព្រះនៅកណ្តាលសមុទ្រ ប៉ុន្តែ ឯងជាមនុស្សទេ មិនមែនជាព្រះឡើយ ទោះបើឯងបានតាំងចិត្តដូចជាព្រះហឫទ័យព្រះក៏ដោយ
3 មើល ឯងមានប្រាជ្ញាលើសជាងដានីយ៉ែលទៅទៀត គ្មានការសម្ងាត់ណាដែលលាក់កំបាំងនឹងឯងសោះ
4 ឯងបានប្រមូលទ្រព្យសម្បត្តិ ហើយបានមាសប្រាក់ដាក់ក្នុងឃ្លាំង ដោយប្រាជ្ញា និងយោបល់របស់ឯង
5 ឯងបានចម្រើនទ្រព្យសម្បត្តិដោយសារប្រាជ្ញាដ៏ជ្រាលជ្រៅរបស់ឯង និងការជំនួញផង ហើយចិត្តឯងបានស្ទួយឡើង ដោយព្រោះទ្រព្យសម្បត្តិរបស់ឯង
6 ហេតុនោះ ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា ដោយព្រោះឯងបានតាំងចិត្ត ឲ្យបានដូចជាព្រះហឫទ័យនៃព្រះ
7 នោះមើល អញនឹងនាំសាសន៍ដទៃ គឺជាពួកអ្នកគួរស្ញែងខ្លាច នៅកណ្តាលគ្រប់ទាំងសាសន៍មកលើឯង គេនឹងហូតដាវទៅទាស់នឹងលំអនៃប្រាជ្ញារបស់ឯង ព្រមទាំងបង្អាប់រស្មីរបស់ឯងផង
8 គេនឹងទម្លាក់ឯងទៅក្នុងជង្ហុកធំ ហើយឯងនឹងត្រូវស្លាប់ដូចជាពួកអ្នកដែលត្រូវគេចាក់សម្លាប់ នៅកណ្តាលសមុទ្រ
9 នៅគ្រានោះតើឯងនឹងនៅតែពោល នៅមុខអ្នកដែលសម្លាប់ឯង ថា អញជាព្រះ ទៀតឬអី ប៉ុន្តែ នៅក្នុងកណ្តាប់ដៃនៃអ្នកដែលសម្លាប់ឯង នោះឯងជាមនុស្សទេ មិនមែនជាព្រះឡើយ
10 ឯងនឹងត្រូវស្លាប់ ដូចជាពួកអ្នកមិនកាត់ស្បែកដែរ គឺដោយដៃនៃពួកសាសន៍ដទៃ ដ្បិតអញបានចេញវាចារួចហើយ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។
11 ព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់ខ្ញុំទៀតថា
12 កូនមនុស្សអើយ ចូរផ្តើមពាក្យទំនួញពីដំណើរស្តេចក្រុងទីរ៉ុស ហើយប្រាប់ថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ ឯងជាអ្នកបំពេញខ្នាត ដោយមានប្រាជ្ញាពោរពេញ ហើយលំអគ្រប់លក្ខណ៍
13 ពីដើមឯងបាននៅក្នុងច្បារអេដែនជាសួនរបស់ព្រះ ឯងបានប្រដាប់កាយដោយត្បូងដ៏មានតម្លៃគ្រប់មុខ គឺសាមស៊ី ទោបុ័ត ពេជ្រ បេរីល អូនីក្ស មណីជោតិ កណ្តៀង មរកត បារកេត ហើយនិងមាស ឯក្រាប់ និងខ្លុយរបស់ឯង នោះបានត្រៀមទុកសម្រាប់ឯងតាំងពីថ្ងៃដែលឯងកើតមក
14 ឯងជាចេរូប៊ីនដែលបានចាក់ប្រេងតាំងឡើងជាអ្នកគ្របបាំង គឺអញបានតាំងឯងឡើង ឲ្យឯងបាននៅលើភ្នំបរិសុទ្ធរបស់ព្រះ ឯងក៏បានដើរទៅមកនៅកណ្តាលថ្មភ្លឺចាំង
15 ចាប់តាំងពីថ្ងៃដែលឯងកើតមក នោះឯងបានគ្រប់លក្ខណ៍ក្នុងគ្រប់ទាំងផ្លូវរបស់ឯង ដរាបដល់វេលាដែលឃើញមានសេចក្ដីទុច្ចរិតនៅក្នុងឯង
16 ដ្បិតដោយសារការជួញប្រែដ៏បរិបូររបស់ឯង នោះគេបានបំពេញឯងដោយសេចក្ដីច្រឡោត ហើយឯងបានធ្វើបាប ហេតុនោះ អញបានបោះចោលឯងចេញពីភ្នំនៃព្រះ ទុកដូចជារបស់អាប់ឱនទៅវិញ ឱចេរូប៊ីនដែលគ្របបាំងអើយ អញបានបំផ្លាញឯងចេញពីកណ្តាលថ្មភ្លឺចាំងនោះទៅ
17 ចិត្តឯងបានស្ទួយឡើង ដោយព្រោះសេចក្ដីលំអរបស់ឯង ឯងបានបង្ខូចប្រាជ្ញាឯង ដោយពន្លឺរស្មីរបស់ឯង អញបានបោះឯងចុះដល់ដី ព្រមទាំងដាក់នៅមុខពួកស្តេច ឲ្យគេបានពិចារណាឯង
18 ឯងបានបង្អាប់អស់ទាំងទីបរិសុទ្ធរបស់ឯង ដោយអំពើទុច្ចរិតដ៏បរិបូររបស់ឯង ហើយដោយសេចក្ដីទុច្ចរិតនៃការជួញប្រែរបស់ឯង ហេតុនោះ អញបានធ្វើឲ្យមានភ្លើងចេញពីកណ្តាលឯងមក ភ្លើងនោះបានឆេះបំផ្លាញឯង អញបានឲ្យឯងទៅជាផេះនៅលើផែនដី នៅចំពោះភ្នែកនៃអស់អ្នកដែលឃើញឯង
19 អស់អ្នកនៅគ្រប់ទាំងសាសន៍ដែលស្គាល់ឯង គេនឹងស្រឡាំងកាំងទៅដោយព្រោះឯង ឯងបានត្រឡប់ជាទីស្ញែងខ្លាច ហើយលែងមាននៅជាដរាបតទៅ។
20 រួចមក ព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់ខ្ញុំថា
21 កូនមនុស្សអើយ ចូរតាំងមុខឯងត្រង់ទៅឯស៊ីដូន ហើយទាយទាស់នឹងទីក្រុងនោះថា
22 ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ ម្នាល ស៊ីដូនអើយ អញទាស់នឹងឯង ហើយអញនឹងបានតម្កើងឡើងនៅកណ្តាលឯង នោះគេនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត ក្នុងកាលដែលអញបានសម្រេចសេចក្ដីយុត្តិធម៌ដល់វា ហើយបានញែកជាបរិសុទ្ធ នៅក្នុងវាដែរ
23 ពីព្រោះអញនឹងចាត់អាសន្នរោគទៅក្នុងវា និងឈាមទៅនៅអស់ទាំងផ្លូវរបស់វា ពួកអ្នកដែលត្រូវរបួសនឹងដួលនៅកណ្តាលវា ដោយមានដាវគ្របសង្កត់នៅគ្រប់ទិស នោះគេនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត
24 ដូច្នេះ នឹងលែងមានបន្លាចាក់ចុចដល់ពួកវង្សអ៊ីស្រាអែល ឬបន្លាធ្វើទុក្ខ នៅក្នុងសាសន៍ណានៅព័ទ្ធជុំវិញ ដែលប្រព្រឹត្តនឹងគេដោយមើលងាយទៀតឡើយ នោះគេនឹងដឹងថា អញនេះជាព្រះអម្ចាស់យេហូវ៉ាពិត។
25 ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា កាលណាអញបានប្រមូលពួកវង្សអ៊ីស្រាអែល មកពីគ្រប់សាសន៍ ដែលគេត្រូវខ្ចាត់ខ្ចាយទៅនោះ ហើយអញបានញែកជាបរិសុទ្ធនៅក្នុងពួកគេ ចំពោះភ្នែកនៃសាសន៍ដទៃ នោះគេនឹងអាស្រ័យនៅក្នុងស្រុករបស់ខ្លួន ដែលអញបានឲ្យដល់យ៉ាកុប ជាអ្នកបម្រើអញ
26 គេក៏នឹងនៅក្នុងស្រុកនោះដោយសុខសាន្ត អើ គេនឹងសង់ផ្ទះ ព្រមទាំងដាំដំណាំទំពាំងបាយជូរ និងអាស្រ័យនៅដោយសុខសាន្តផង ក្នុងកាលដែលអញសម្រេចសេចក្ដីយុត្តិធម៌ដល់ពួកអ្នកនៅជុំវិញ ដែលបានប្រព្រឹត្តនឹងគេដោយសេចក្ដីមើលងាយ នោះគេនឹងដឹងថា អញនេះជាព្រះយេហូវ៉ា គឺជាព្រះនៃគេពិត។
ជំពូក 29
1 នៅថ្ងៃ១២ ខែបុស្សឆ្នាំទី១០ នោះព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់ខ្ញុំថា
2 កូនមនុស្សអើយ ចូរតាំងមុខឯងទាស់នឹងផារ៉ោន ជាស្តេចស្រុកអេស៊ីព្ទ ហើយទាយទាស់នឹងវា ព្រមទាំងស្រុកអេស៊ីព្ទទាំងមូលផងថា
3 ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ នែ ផារ៉ោន ជាស្តេចស្រុកអេស៊ីព្ទ ជាសត្វសម្បើមដែលដេកនៅកណ្តាលទន្លេរបស់ខ្លួនអើយ អញទាស់នឹងឯង ដ្បិតឯងថា ទន្លេនេះជារបស់ផងអញ អញបានបង្កើតសម្រាប់តែខ្លួនអញទេ
4 អញនឹងដាក់ទំពក់នៅក្នុងមាត់ឯង ហើយនិងឲ្យត្រីនៅទន្លេឯង មកភ្ជាប់ខ្លួននៅនឹងស្រកាឯង ក៏នឹងនាំឯងឡើងចេញពីកណ្តាលទន្លេឯងនោះ ដោយទាំងត្រីទាំងប៉ុន្មានដែលនៅទន្លេឯងជាប់នឹងស្រកាឯងមកផង
5 អញនឹងបោះឯងចោលក្នុងទីរហោស្ថាន គឺទាំងខ្លួនឯង និងត្រីទាំងអស់នៅទន្លេឯងផង ឯងនឹងធ្លាក់ទៅនៅទីវាលទទេ ឥតដែលបានប្រមូលផ្តុំគ្នាទៀតឡើយ អញបានឲ្យឯងទៅជាអាហារដល់អស់ទាំងសត្វនៅដី និងសត្វហើរលើអាកាស
6 នោះពួកសាសន៍អេស៊ីព្ទទាំងអស់នឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត ពីព្រោះគេជាឈើច្រត់ធ្វើពីបបុសដល់ពួកវង្សអ៊ីស្រាអែល
7 កាលពួកអ៊ីស្រាអែល បានចាប់យកកាន់ នោះឯងក៏បាក់បែកទៅ ហើយចាក់ហែកស្មាគេអស់រលីង កាលគេច្រត់ពឹងមកលើឯង នោះឯងបានចាក់ទៅធ្វើឲ្យថ្លស់ចង្កេះគេ។
8 ហេតុនោះ ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា មើល អញនឹងនាំដាវមកលើឯង ហើយនិងកាត់ទាំងមនុស្ស និងសត្វចេញពីឯង
9 នោះស្រុកអេស៊ីព្ទនឹងទៅជាទីចោលស្ងាត់ ហើយខូចបង់ ដូច្នេះ គេនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត ហើយដោយព្រោះវាបានពោលថា ទន្លេនេះជារបស់ផងអញ គឺអញបានបង្កើតឡើង
10 ដូច្នេះ មើល អញទាស់នឹងឯង ហើយនិងទន្លេទាំងប៉ុន្មានរបស់ឯងផង អញនឹងធ្វើឲ្យស្រុកអេស៊ីព្ទទៅជាទីខូចបង់អស់រលីង ហើយចោលស្ងាត់នៅ ចាប់តាំងពីប៉មស៊ីយេនរហូតដល់ព្រំស្រុកអេធីយ៉ូពី
11 នៅរវាង៤០ឆ្នាំ នឹងគ្មានជើងមនុស្សណា ឬជើងសត្វណាដើរកាត់ស្រុកនោះឡើយ ក៏នឹងគ្មានអ្នកណាអាស្រ័យនៅផង
12 អញនឹងធ្វើឲ្យស្រុកអេស៊ីព្ទទៅជាទីស្ងាត់ច្រៀប នៅកណ្តាលអស់ទាំងស្រុកស្ងាត់ជ្រងំ ហើយអស់ទាំងទីក្រុងនៃស្រុកនឹងនៅស្ងាត់ច្រៀបអស់៤០ឆ្នាំ នៅកណ្តាលអស់ទាំងទីក្រុងដែលខូចបង់នោះ អញនឹងកម្ចាត់កម្ចាយពួកសាសន៍អេស៊ីព្ទឲ្យទៅនៅកណ្តាលអស់ទាំងសាសន៍ ហើយបែងចែកគេទៅក្នុងគ្រប់ទាំងស្រុក។
13 ប៉ុន្តែ ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា លុះផុតពី៤០ឆ្នាំទៅ អញនឹងប្រមូលពួកសាសន៍អេស៊ីព្ទពីគ្រប់ទាំងសាសន៍ដែលត្រូវខ្ចាត់ខ្ចាយទៅនោះ
14 ក៏នឹងនាំពួកអេស៊ីព្ទដែលនៅជាឈ្លើយឲ្យមកវិញ ហើយឲ្យគេត្រឡប់ទៅនៅឯស្រុកប៉ាត្រូស ជាស្រុកកំណើតរបស់ផងខ្លួន គេនឹងបានជានគរយ៉ាងទាបថោកនៅទីនោះ
15 នគរនោះនឹងបានទាបថោកជាងអស់ទាំងនគរ ឥតដែលលើកខ្លួនឡើងខ្ពស់ជាងនគរផ្សេងៗឡើយ អញនឹងធ្វើឲ្យគេថយតិចទៅ ដើម្បីមិនឲ្យគេគ្រប់គ្រងលើសាសន៍ដទៃទៀត
16 នោះពួកវង្សអ៊ីស្រាអែលនឹងលែងទុកចិត្តនឹងគេតទៅ ជាការដែលរំឭកពីអំពើទុច្ចរិតរបស់ខ្លួន គ្រប់វេលាណាដែលងាកបែរមើលទៅឯគេ ដូច្នេះ គេនឹងដឹងថា អញនេះជាព្រះអម្ចាស់យេហូវ៉ាពិត។
17 លុះដល់ថ្ងៃ១ ខែចេត្រ ឆ្នាំទី២៧ នោះព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មកដល់ខ្ញុំថា
18 កូនមនុស្សអើយនេប៊ូក្នេសា ស្តេចបាប៊ីឡូនបានឲ្យកងទ័ពរបស់ខ្លួនធ្វើការងារបម្រើយ៉ាងធំ ទាស់នឹងក្រុងទីរ៉ុស គ្រប់ទាំងក្បាលត្រូវទំពែក ហើយគ្រប់ទាំងស្មាត្រូវរបក ប៉ុន្តែ ស្តេច ព្រមទាំងពួកពលទ័ពឥតមានកម្រៃអ្វីពីក្រុងទីរ៉ុស ដោយការដែលខ្លួនបានបម្រើទាស់នឹងវានោះឡើយ
19 ហេតុនោះ ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា មើល អញនឹងឲ្យស្រុកអេស៊ីព្ទដល់នេប៊ូក្នេសា ជាស្តេចបាប៊ីឡូន ស្តេចនោះនឹងដឹកនាំពួកជនទាំងឡាយរបស់ស្រុកនោះ ទៅជាឈ្លើយ ហើយយករបឹប និងរំពាផង នោះនឹងបានជាបំណាច់ដល់ពួកកងទ័ពរបស់ខ្លួន
20 ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលថា អញបានឲ្យស្រុកអេស៊ីព្ទដល់គេ ទុកជាបំណាច់នៃការដែលគេបានបម្រើនោះ ពីព្រោះគេបានធ្វើការនោះបម្រើដល់អញ។
21 នៅថ្ងៃនោះ អញនឹងឲ្យស្នែង១ប៉ិចឡើង ដល់ពួកវង្សអ៊ីស្រាអែល ហើយអញនឹងបើកមាត់ឯង នៅកណ្តាលពួកគេ នោះគេនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត។
ជំពូក 30
1 ព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់ខ្ញុំថា
2 កូនមនុស្សអើយ ចូរទាយប្រាប់ថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ ចូរទ្រហោយំថា ថ្ងៃនោះវេទនាអីម៉្លេះ
3 ដ្បិតថ្ងៃនោះជិតដល់ហើយ គឺជាថ្ងៃនៃព្រះយេហូវ៉ាបានចូលមកជិតហើយ ជាថ្ងៃមីរស្រទំ គឺជាពេលកំណត់នៃអស់ទាំងសាសន៍
4 នឹងមានដាវមកលើស្រុកអេស៊ីព្ទ ហើយសេចក្ដីតក់ស្លុតនៅក្នុងស្រុកអេធីយ៉ូពី គឺក្នុងកាលដែលមនុស្សត្រូវរបួសដួលនៅក្នុងស្រុកអេស៊ីព្ទ គេនឹងដឹកនាំពួកជនទាំងឡាយរបស់វាចេញទៅ ហើយឫសវានឹងត្រូវបំផ្លាញបង់
5 ពួកសាសន៍អេធីយ៉ូពី សាសន៍ពូត សាសន៍លូឌ និងអស់ទាំងសាសន៍លាយឡំគ្នា ព្រមទាំងពួកគូប ពួកកូនចៅនៃស្រុកដែលជាមេត្រីមិត្ត គេនឹងដួលដោយដាវទៅជាមួយគ្នា។
6 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា ឯពួកអ្នកដែលទប់ទល់ស្រុកអេស៊ីព្ទ គេនឹងដួលដែរ ហើយទាំងសេចក្ដីឆ្មើងឆ្មៃនៃអំណាចវា នឹងត្រូវបន្ទាបចុះផង គេនឹងដួលដោយដាវនៅក្នុងស្រុកនោះ ចាប់តាំងពីប៉មស៊ីយេនរហូតទៅ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា
7 ហើយគេនឹងត្រូវស្ងាត់ច្រៀប នៅកណ្តាលស្រុកទាំងប៉ុន្មាន ដែលត្រូវចោលស្ងាត់ អស់ទាំងទីក្រុងរបស់ស្រុកនោះ នឹងនៅក្នុងពួកទីក្រុងទាំងប៉ុន្មានដែលត្រូវខូចបង់ដែរ
8 ដូច្នេះ គេនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត គឺក្នុងកាលដែលអញបានបង្កាត់ភ្លើងនៅក្នុងស្រុកអេស៊ីព្ទ ហើយអស់អ្នកជំនួយរបស់វាបានត្រូវបំផ្លាញទៅ
9 នៅថ្ងៃនោះ ពួកទូតនឹងចេញពីចំពោះអញ ជិះនាវាទៅបំភ័យដល់ពួកសាសន៍អេធីយ៉ូពី ដែលនៅដោយឥតកង្វល់ នោះនឹងមានសេចក្ដីតក់ស្លុតគ្របលើគេ ដូចជានៅថ្ងៃរបស់ស្រុកអេស៊ីព្ទដែរ ដ្បិតមើលន៏ ថ្ងៃនោះមកហើយ។
10 ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា អញនឹងធ្វើឲ្យពួកជនទាំងឡាយនៃស្រុកអេស៊ីព្ទផុតទៅ ដោយសារដៃនៃនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន
11 ស្តេចនោះ និងពួករាស្ត្រផង គឺជាពួកគួរស្ញែងខ្លាចនៅក្នុងអស់ទាំងសាសន៍ គេនឹងនាំគ្នាមកបំផ្លាញស្រុកអេស៊ីព្ទ ហើយនិងហូតដាវទាស់នឹងស្រុកនោះ ព្រមទាំងបំពេញដោយសាកសពនៃមនុស្សដែលគេសម្លាប់
12 អញនឹងពង្រីងអស់ទាំងទន្លេឲ្យរីងស្ងួតទៅ ហើយនិងលក់ស្រុកនោះទៅក្នុងកណ្តាប់ដៃនៃមនុស្សអាក្រក់ ក៏នឹងធ្វើឲ្យស្រុកទៅជាស្ងាត់ច្រៀប ព្រមទាំងរបស់ដែលនៅក្នុងស្រុកនោះផង ដោយសារដៃនៃពួកអ្នកដទៃ គឺអញនេះ ជាព្រះយេហូវ៉ា អញបានចេញវាចាហើយ។
13 ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា អញនឹងបំផ្លាញអស់ទាំងរូបព្រះ ហើយនិងធ្វើឲ្យរូបទាំងអស់ផុតបាត់ពីក្រុងណូពទៅ នោះនឹងលែងមានចៅហ្វាយណានៅស្រុកអេស៊ីព្ទទៀត អញនឹងឲ្យសេចក្ដីភ័យខ្លាចគ្របលើស្រុកអេស៊ីព្ទ
14 ហើយនិងឲ្យស្រុកប៉ាត្រូសនៅស្ងាត់ច្រៀប ព្រមទាំងបង្កាត់ភ្លើងនៅស្រុកសូអាន ហើយសម្រេចសេចក្ដីយុត្តិធម៌ដល់ក្រុងនរផង
15 អញនឹងចាក់សេចក្ដីឃោរឃៅរបស់អញទៅលើស្រុកសីន ជាទីមាំមួនរបស់ស្រុកអេស៊ីព្ទ ហើយនិងកាត់ពួកបណ្តាជនពីក្រុងនរចេញ
16 អញនឹងបង្កាត់ភ្លើងនៅស្រុកអេស៊ីព្ទ ស្រុកសីននឹងមានសេចក្ដីតក់ស្លុតយ៉ាងខ្លាំង ក្រុងនរនឹងត្រូវបាក់បែក ហើយពួកខ្មាំងសត្រូវនឹងចូលក្រុងណូពទាំងថ្ងៃ
17 ពួកកំលោះៗនៃក្រុងអាវេន និងក្រុងភី-បែសែត គេនឹងដួលចុះដោយដាវ ទីក្រុងទាំងនោះនឹងត្រូវដឹកនាំទៅជាឈ្លើយ
18 នៅត្រង់ក្រុងតាហាពេនេស នោះថ្ងៃនឹងត្រូវងងឹត ក្នុងកាលដែលអញបំបាក់នឹម នៃស្រុកអេស៊ីព្ទនៅទីនោះ ហើយសេចក្ដីឆ្មើងឆ្មៃនៃអំណាចគេនឹងផុតទៅ ចំណែកស្រុកនោះនឹងមានពពកគ្របបាំងពីលើ ហើយពួកកូនស្រីទាំងប៉ុន្មាន នឹងត្រូវដឹកនាំទៅជាឈ្លើយ
19 គឺយ៉ាងដូច្នោះដែលអញនឹងសម្រេចសេចក្ដីយុត្តិធម៌ដល់ស្រុកអេស៊ីព្ទ នោះគេនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត។
20 លុះដល់ថ្ងៃ៧ ខែចេត្រឆ្នាំ ទី១១ នោះព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មកដល់ខ្ញុំថា
21 កូនមនុស្សអើយ អញបានបំបាក់ដៃ ផារ៉ោន ជាស្តេចស្រុកអេស៊ីព្ទ ក៏ឥតមានអ្នកណានឹងមើល ដើម្បីនឹងលាបថ្នាំ ហើយរុំអបឲ្យមានកម្លាំងអាចកាន់ដាវទៀតបានឡើយ
22 ហេតុនោះព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា មើល អញទាស់នឹងផារ៉ោន ជាស្តេចស្រុកអេស៊ីព្ទ អញនឹងបំបាក់ដៃវាទាំងសងខាង គឺដៃដែលនៅមាំ និងដៃដែលបាក់ហើយនោះផង អញនឹងធ្វើឲ្យដាវធ្លាក់ចុះពីដៃវា
23 ហើយអញនឹងកម្ចាត់កម្ចាយពួកសាសន៍អេស៊ីព្ទ ឲ្យទៅនៅកណ្តាលអស់ទាំងសាសន៍ព្រមទាំងបែងចែកគេទៅក្នុងគ្រប់ទាំងស្រុក
24 អញនឹងចម្រើនកម្លាំងដៃនៃស្តេចបាប៊ីឡូន ហើយដាក់ដាវអញទៅក្នុងដៃវា តែអញនឹងបំបាក់ដៃទាំង២របស់ផារ៉ោនវិញ ដូច្នេះ វានឹងថ្ងូរនៅមុខស្តេចបាប៊ីឡូន ដោយដំងូរនៃមនុស្សដែលត្រូវរបួសដល់ស្លាប់
25 អញនឹងជ្រោងដៃរបស់ស្តេចស្រុកបាប៊ីឡូន តែដៃរបស់ផារ៉ោននឹងធ្លាក់ចុះវិញ នោះគេនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត ក្នុងកាលដែលអញដាក់ដាវរបស់អញទៅក្នុងដៃស្តេចបាប៊ីឡូន ហើយវាបានលូកដាវនោះទៅលើស្រុកអេស៊ីព្ទ
26 អញនឹងកម្ចាត់កម្ចាយពួកសាសន៍អេស៊ីព្ទ ឲ្យទៅនៅកណ្តាលអស់ទាំងសាសន៍ ព្រមទាំងបែងចែកគេ ឲ្យទៅនៅគ្រប់ទាំងស្រុក នោះគេនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត។
ជំពូក 31
1 លុះដល់ថ្ងៃ១ ខែជេស្ឋ ឆ្នាំទី១១ នោះព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់ខ្ញុំថា
2 កូនមនុស្សអើយ ចូរប្រាប់ដល់ផារ៉ោន ស្តេចស្រុកអេស៊ីព្ទ និងពួកកកកុញរបស់វាថា ដែលឯងធំទាំងម៉្លេះ នោះតើធៀបដូចជាអ្វី
3 មើល ពីដើមពួកសាសន៍អាសស៊ើរ គេជាដើមតាត្រៅនៅព្រៃល្បាណូន មានមែកល្អ ហើយស៊ុបទ្រុបបាំងម្លប់ ក៏មានសណ្ឋានខ្ពស់ ហើយកំពូលនៅកណ្តាលមែកញឹកស្និត
4 ទឹកទាំងឡាយបានចម្រើនដើមនោះ ហើយទីជម្រៅបានធ្វើឲ្យលូតឡើង ទន្លេទាំងប៉ុន្មានក៏ហូរព័ទ្ធជុំវិញកន្លែងរបស់វា ព្រមទាំងបង្ហូរផ្លូវទឹកទៅដល់គ្រប់ទាំងដើមឈើនៅដីនោះផង
5 ហេតុនោះបានជាវាលូតខ្ពស់ជាងអស់ទាំងដើមឈើនៅផែនដី មែកវាចម្រើនជាច្រើនឡើង ហើយក៏លូតចេញវែង ដោយមានទឹកជាច្រើន ក្នុងកាលដែលបែកមែកទាំងនោះ
6 អស់ទាំងសត្វហើរលើអាកាសបានធ្វើសំបុកនៅមែកវា ហើយគ្រប់ទាំងសត្វនៅដីបានបង្កើតកូននៅក្រោមមែកវា ឯអស់ទាំងសាសន៍ធំៗក៏អាស្រ័យនៅក្រោមម្លប់វាដែរ
7 យ៉ាងនោះវាបានល្អមើល ដោយព្រោះធំខ្ពស់ ហើយមានមែកវែង ដ្បិតឫសវានៅក្បែរទឹកជាច្រើន
8 អស់ទាំងដើមតាត្រៅដែលនៅសួនច្បារនៃព្រះ នឹងបិទបាំងវាមិនបាន ដើមកកោះទាំងប៉ុន្មានមិនប៉ុនមែកវា ហើយដើមសុក្រមក៏មិនស្មើនឹងមែកវាដែរ ឥតមានដើមឈើណាមួយ ក្នុងសួនច្បារនៃព្រះ ដែលមានលំអដូចវាឡើយ
9 អញបានធ្វើឲ្យវាល្អ ដោយមានមែកជាបរិបូរដល់ម៉្លេះបានជាអស់ទាំងដើមឈើនៅអេដែន គឺនៅសួនច្បារនៃព្រះបានច្រណែននឹងវា។
10 ហេតុនោះ ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា ដោយព្រោះឯងបានធំឡើងយ៉ាងខ្ពស់ ហើយមានកំពូលលូតឡើងនៅកណ្តាលមែកញឹកស្និត ហើយមានចិត្តប៉ោងឡើងដោយសារកំពស់នោះ
11 នោះអញបានប្រគល់ទៅក្នុងកណ្តាប់ដៃនៃអ្នកដ៏ខ្លាំងពូកែរបស់អស់ទាំងសាសន៍ អ្នកនោះនឹងប្រព្រឹត្តនឹងវា តាមអំពើអាក្រក់របស់វា អញបានបណ្តេញវាចេញហើយ
12 ពួកសាសន៍ដទៃ ជាពួកគួរស្ញែងខ្លាចនៃអស់ទាំងសាសន៍ បានកាត់វាចេញ ហើយបោះបង់ចោល មែកវាបានធ្លាក់នៅលើភ្នំទាំងប៉ុន្មាន ហើយនៅអស់ទាំងច្រកភ្នំដែរ មែកវាទាំងប៉ុន្មានត្រូវបាក់តាមអស់ទាំងផ្លូវទឹកនៅស្រុកនោះ ហើយអស់ទាំងសាសន៍នៅផែនដីបានថយចុះពីម្លប់វា ទាំងចោលវាទុកនៅ
13 ឯសត្វហើរលើអាកាសនឹងមកអាស្រ័យនៅលើបំណែក ហើយអស់ទាំងសត្វនៅដីនឹងមកអាស្រ័យនៅលើមែកវា
14 ប្រយោជន៍មិនឲ្យអស់ទាំងដើមឈើដែលដុះនៅក្បែរទឹកបានតម្កើងខ្លួន ដោយមានកំពស់ ឬលូតកំពូលឡើងដល់ក្នុងមែកញឹកស្និតឡើយ ហើយមិនឲ្យដើមណាដែលបឺតទឹក បានឈរឡើង ដោយមានសណ្ឋានខ្ពស់ដែរ ដ្បិតវាត្រូវប្រគល់ដល់សេចក្ដីស្លាប់ទាំងអស់ គឺដល់ទីទាបបំផុតក្នុងផែនដី ឲ្យនៅកណ្តាលពួកមនុស្សជាតិ ជាមួយនឹងពួកមនុស្សដែលចុះទៅក្នុងជង្ហុកធំ។
15 ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា នៅថ្ងៃដែលវាចុះទៅដល់ស្ថានឃុំព្រលឹងមនុស្សស្លាប់ នោះអញបានឲ្យគេយំសោក អញបានគ្របទីជម្រៅដោយព្រោះវា ក៏បានបង្ខាំងទន្លេ ហើយទឹកធំបានឈប់ទ្រឹង អញបានឲ្យព្រៃល្បាណូនយំសោកនឹងវា ហើយអស់ទាំងដើមឈើនៅផែនដី បានរោយរៀវទៅដោយព្រោះវា
16 អញបានធ្វើឲ្យអស់ទាំងសាសន៍ញាប់ញ័រ ដោយឮសូរវារលំ ក្នុងកាលដែលអញបានបោះវា ទៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់ ជាមួយនឹងពួកអ្នកដែលចុះទៅក្នុងជង្ហុកធំ អស់ទាំងដើមឈើនៅអេដែន និងដើមជ្រើសរើស ហើយល្អបំផុតនៅព្រៃល្បាណូន គឺគ្រប់ទាំងដើមឈើដែលបឺតទឹក នោះមានសេចក្ដីក្សាន្តចិត្ត នៅទីទាបបំផុតក្នុងផែនដី
17 ពួកទាំងនោះក៏ចុះទៅឯស្ថានឃុំព្រលឹងមនុស្សស្លាប់ជាមួយនឹងវា ដល់ពួកអ្នកដែលត្រូវស្លាប់ដោយដាវ គឺជាពួកអ្នក ជាដៃរបស់វា ដែលបានជ្រកក្រោមម្លប់របស់វា នៅកណ្តាលអស់ទាំងសាសន៍។
18 ដូច្នេះ តើឯងប្រៀបផ្ទឹមនឹងសិរីល្អ ហើយសណ្ឋានខ្ពស់របស់ដើមណា ក្នុងអស់ទាំងដើមឈើនៅអេដែននោះ ទោះបើយ៉ាងណាក៏ដោយ គង់តែឯងនឹងត្រូវចុះទៅឯទីទាបបំផុតក្នុងផែនដី ជាមួយនឹងពួកដើមឈើ ដែលនៅអេដែនទាំងប៉ុន្មានដែរ ឯងនឹងដេកនៅក្នុងពួកអ្នកដែលមិនកាត់ស្បែក ជាមួយនឹងអស់អ្នកដែលត្រូវស្លាប់ដោយដាវ នេះឯងគឺជាផារ៉ោន និងពួកកកកុញរបស់វាផង នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។
ជំពូក 32
1 លុះដល់ថ្ងៃទី១ ខែផល្គុន ក្នុងឆ្នាំទី១២ នោះព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់ខ្ញុំថា
2 កូនមនុស្សអើយ ចូរផ្តើមពាក្យទំនួញពីដំណើរផារ៉ោន ជាស្តេចស្រុកអេស៊ីព្ទ ហើយប្រាប់វាថា ពីដើម ឯងប្រៀបដូចជាសិង្ហស្ទាវរបស់សាសន៍ទាំងប៉ុន្មាន ហើយដូចជាសត្វសម្បើមនៅក្នុងសមុទ្រ ឯងបានធ្លាយចេញមកជាមួយនឹងទន្លេទាំងប៉ុន្មានរបស់ឯង ហើយបានធ្វើឲ្យទឹកខ្វល់ឡើងដោយជើងឯង ព្រមទាំងឲ្យទន្លេគេល្អក់ទាំងអស់ផង
3 ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា អញនឹងលាតលប់អញគ្របលើឯង ដោយសារហ្វូងមនុស្សយ៉ាងធំ គេនឹងទាញឯងឡើងមកជាប់ក្នុងលប់របស់អញ
4 នោះអញនឹងទុកឯងចោលនៅលើដីគោក អញនឹងបោះឯងចោលទៅនៅទីវាលទទេ ហើយនិងឲ្យសត្វហើរលើអាកាសទាំងប៉ុន្មាន មកទំលើឯង ក៏នឹងចម្អែតសត្វនៅដីទាំងមូលដោយសារឯងដែរ
5 អញនឹងដាក់សាច់ឯងនៅលើភ្នំ ហើយបំពេញច្រកភ្នំទាំងអស់ដោយគំនរសាកសពឯងដែរ
6 អញនឹងស្រោចផែនដី ជាកន្លែងឯងហែលទឹកនោះ ដោយឈាមរបស់ឯង រហូតដល់អស់ទាំងភ្នំផង ហើយទាំងផ្លូវទឹកនឹងបានពេញដោយឯងដែរ
7 កាលណាអញពន្លត់ឯង នោះអញនឹងបាំងផ្ទៃមេឃ ហើយធ្វើឲ្យផ្កាយងងឹតទៅ អញនឹងបាំងថ្ងៃដោយពពក ហើយខែនឹងលែងភ្លឺដែរ
8 ឯអស់ទាំងតួពន្លឺនៅលើមេឃ នោះអញនឹងធ្វើឲ្យងងឹតទៅដោយព្រោះឯង ព្រមទាំងគ្របស្រុកឯងដោយងងឹតផង នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា
9 អញនឹងបណ្តាលឲ្យចិត្តនៃមនុស្សជាច្រើនតក់ស្លុត ក្នុងកាលដែលអញនាំដំណឹងពីការវិនាសរបស់ឯង ទៅកណ្តាលអស់ទាំងសាសន៍ គឺទៅក្នុងស្រុកទាំងប៉ុន្មាន ដែលឯងមិនបានស្គាល់ឡើយ
10 អើ អញនឹងឲ្យសាសន៍ជាច្រើន មានសេចក្ដីអស្ចារ្យ ពីដំណើរឯង ហើយស្តេចរបស់គេ នឹងភ័យខ្លាចជាខ្លាំង ដោយព្រោះឯងក្នុងកាលដែលអញលើកដាវអញនៅមុខគេ គេនឹងញ័រញាក់ជានិច្ច ដោយព្រោះជីវិតរៀងខ្លួន នៅថ្ងៃដែលឯងនឹងត្រូវដួលនោះ។
11 ដ្បិតព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា ដាវរបស់ស្តេចបាប៊ីឡូននឹងមកលើឯង
12 អញនឹងធ្វើឲ្យពួកកកកុញរបស់ឯងដួល ដោយដាវនៃពួកខ្លាំងពូកែ គេសុទ្ធតែជាមនុស្សគួរស្ញែងខ្លាច នៅក្នុងអស់ទាំងសាសន៍ គេនឹងធ្វើឲ្យសេចក្ដីឆ្មើងឆ្មៃរបស់ស្រុកអេស៊ីព្ទសូន្យបាត់ទៅ ហើយពួកកកកុញរបស់វានឹងត្រូវវិនាសទៅដែរ
13 អញក៏នឹងបំផ្លាញសត្វទាំងប៉ុន្មានរបស់ស្រុកនោះ នៅក្បែរផ្លូវទឹកជាច្រើន នោះជើងមនុស្ស និងជើងសត្វ នឹងលែងធ្វើឲ្យទឹកនោះល្អក់ទៀត
14 អញនឹងធ្វើឲ្យទឹកនោះថ្លាវិញ ក៏នឹងឲ្យទន្លេទាំងប៉ុន្មានហូរដូចប្រេង នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា
15 កាលណាអញបានធ្វើឲ្យស្រុកអេស៊ីព្ទទៅជាស្ងាត់ច្រៀប ហើយខូចបង់ ជាស្រុកខ្វះខាតរបស់ដែលពីដើមមានជាបរិបូរ ហើយកាលណាអញបានវាយអស់អ្នកនៅស្រុកនោះ នោះគេនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត
16 នេះហើយជាពាក្យទំនួញ ដែលគេនឹងត្រូវទួញ ពួកកូនស្រីៗនៃអស់ទាំងសាសន៍ នឹងទួញទំនួញដោយពាក្យនេះ គេនឹងទួញទំនួញនឹងស្រុកអេស៊ីព្ទ ហើយនិងពួកកកកុញវា ដោយពាក្យនេះឯង នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។
17 នៅឆ្នាំ១២ដដែលដល់ថ្ងៃ១៥ខែនោះ ព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មកដល់ខ្ញុំថា
18 កូនមនុស្សអើយ ចូរទ្រហោយំនឹងពួកកកកុញរបស់ស្រុកអេស៊ីព្ទចុះ ហើយបោះគេចុះ គឺវា និងពួកកូនស្រីៗរបស់សាសន៍ទាំងប៉ុន្មានដែលមានល្បី ទៅក្នុងទីទាបជាងផែនដី ជាមួយនឹងពួកអ្នកដែលចុះទៅក្នុងជង្ហុកធំ
19 តើឯងមានលំអជាងអ្នកណា ចូរចុះទៅ ហើយឲ្យដេកជាមួយនឹងពួកមិនកាត់ស្បែកចុះ
20 គេនឹងដួលនៅកណ្តាលពួកអ្នកដែលត្រូវស្លាប់ដោយដាវ វាត្រូវប្រគល់ដល់ដាវហើយ ចូរអូសវាចេញទៅ ព្រមទាំងពួកកកកុញរបស់វាផង
21 ពួកមនុស្សថ្នឹកច្បាំងដ៏ខ្លាំងពូកែគេនឹងនិយាយទៅកាន់វា ពីស្ថានឃុំព្រលឹងមនុស្សស្លាប់ ជាមួយនឹងពួកអ្នកដែលជួយវាដែរ គេបានចុះទៅហើយ គេដេកស្តូកនៅ គឺជាពួកមិនកាត់ស្បែក ដែលត្រូវស្លាប់ដោយដាវ។
22 អាសស៊ើរក៏នៅទីនោះ ព្រមទាំងពួកវាផង ផ្នូរខ្មោចរបស់គេក៏នៅជុំវិញវា គេបានត្រូវដួលស្លាប់គ្រប់គ្នាដោយដាវ
23 ផ្នូរខ្មោចគេបានធ្វើនៅទីបំផុតនៃជង្ហុកធំ ហើយពួកវាក៏នៅព័ទ្ធជុំវិញផ្នូរវា គឺគ្រប់គ្នាបានត្រូវដួលស្លាប់ដោយដាវ ជាពួកអ្នកដែលនាំឲ្យមានសេចក្ដីស្ញែងខ្លាចនៅស្ថានរបស់មនុស្សរស់។
24 នៅទីនោះក៏មានអេឡាំដែរ ព្រមទាំងពួកកកកុញរបស់វា នៅជុំវិញផ្នូរខ្មោចវាផង គ្រប់គ្នាបានត្រូវដួលស្លាប់ដោយដាវ គេជាពួកអ្នកដែលនាំឲ្យមានសេចក្ដីស្ញែងខ្លាចនៅស្ថានរបស់មនុស្សរស់ គេបានចុះទៅដល់ទីទាបបំផុតក្នុងផែនដី ឥតដែលទទួលកាត់ស្បែក ក៏បានរងទ្រាំសេចក្ដីខ្មាសរបស់ខ្លួន ជាមួយនឹងពួកអ្នកដែលចុះទៅក្នុងជង្ហុកធំ
25 គេបានតាំងដំណេករបស់វា នៅកណ្តាលពួកមនុស្សដែលត្រូវសម្លាប់ជាមួយនឹងពួកកកកុញរបស់វាដែរ ផ្នូររបស់គេក៏នៅព័ទ្ធជុំវិញវា គ្រប់គ្នាជាមនុស្សដែលមិនបានទទួលកាត់ស្បែក ហើយគេត្រូវស្លាប់ដោយដាវ ដ្បិតគេបានធ្វើឲ្យមានសេចក្ដីស្ញែងខ្លាច នៅក្នុងស្ថានរបស់មនុស្សរស់ គេបានរងទ្រាំសេចក្ដីខ្មាសរបស់ខ្លួន ជាមួយនឹងពួកអ្នកដែលចុះទៅក្នុងជង្ហុកធំ គេបានដាក់វានៅកណ្តាលពួកមនុស្សដែលត្រូវសម្លាប់នោះ។
26 នៅទីនោះក៏មានមែសេក និងទូបាល ព្រមទាំងពួកកកកុញរបស់គេផង ផ្នូរខ្មោចរបស់គេនៅព័ទ្ធជុំវិញគ្រប់គ្នាជាមនុស្សដែលមិនទទួលកាត់ស្បែក ហើយត្រូវស្លាប់ដោយដាវ ដ្បិតគេបានធ្វើឲ្យមានសេចក្ដីស្ញែងខ្លាចនៅស្ថានរបស់មនុស្សរស់
27 គេមិនបានដេកជាមួយនឹងមនុស្សខ្លាំងពូកែ ដែលមិនទទួលកាត់ស្បែក ក្នុងពួកអ្នកដែលត្រូវសម្លាប់ ជាមនុស្សដែលបានចុះទៅឯស្ថានឃុំព្រលឹងមនុស្សស្លាប់ ទាំងកាន់គ្រឿងចម្បាំងរបស់គេ ព្រមទាំងដាក់ដាវគេកើយក្បាល ហើយមានអំពើទុច្ចរិតរបស់គេជាប់នៅឆ្អឹងផងនោះទេ ដ្បិតគេជាទីស្ញែងខ្លាចដល់ពួកខ្លាំងពូកែ នៅក្នុងស្ថានរបស់មនុស្សរស់
28 តែឯងនឹងត្រូវបាក់បែកនៅក្នុងពួកដែលមិនទទួលកាត់ស្បែក ហើយនិងដេកនៅជាមួយនឹងពួកអ្នកដែលត្រូវស្លាប់ដោយដាវដែរ។
29 អេដុមក៏នៅទីនោះ ព្រមទាំងពួកស្តេច និងពួកចៅហ្វាយវាផង ជាពួកអ្នកដែលទោះបើខ្លាំងពូកែក៏ដោយ គង់តែត្រូវដេកនៅជាមួយនឹងពួកអ្នកដែលស្លាប់ដោយដាវដែរ គេត្រូវដេកនៅជាមួយនឹងពួក ដែលមិនទទួលកាត់ស្បែក ហើយជាមួយនឹងពួកអ្នកដែលចុះទៅក្នុងជង្ហុកធំ
30 ពួកចៅហ្វាយទាំងប៉ុន្មាននៃស្រុកខាងជើង ហើយពួកស៊ីដូនទាំងអស់ក៏នៅទីនោះដែរ ជាពួកអ្នកដែលចុះទៅជាមួយនឹងមនុស្សដែលត្រូវសម្លាប់ គេត្រូវខ្មាសដោយព្រោះសេចក្ដីស្ញែងខ្លាចដែលគេបានបង្កើតឡើង ដោយកម្លាំងរបស់គេ គេក៏ដេកដោយឥតទទួលកាត់ស្បែក គឺដេកជាមួយនឹងពួកមនុស្សដែលត្រូវស្លាប់ដោយដាវ គេរងទ្រាំសេចក្ដីខ្មាសរបស់ខ្លួន ជាមួយនឹងពួកអ្នកដែលចុះទៅក្នុងជង្ហុកធំ។
31 ឯផារ៉ោន នឹងឃើញគេដែរ ហើយនិងមានសេចក្ដីក្សាន្តចិត្ត ពីដំណើរពួកកកកុញរបស់វា គឺផារ៉ោននោះឯង និងពួកកងទ័ពរបស់វា ដែលត្រូវស្លាប់ដោយដាវផង នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា
32 ដ្បិតអញបានធ្វើឲ្យសេចក្ដីស្ញែងខ្លាចរបស់អញកើតឡើងនៅក្នុងស្ថានរបស់មនុស្សរស់ ហើយវានឹងត្រូវផ្តេកនៅកណ្តាលពួកអ្នកដែលមិនទទួលកាត់ស្បែក ជាមួយនឹងពួកអ្នកដែលត្រូវស្លាប់ដោយដាវដែរ គឺផារ៉ោននោះឯង ព្រមទាំងពួកកកកុញរបស់វាផង នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។
ជំពូក 33
1 ព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់ខ្ញុំថា
2 កូនមនុស្សអើយ ចូរប្រាប់ដល់ពួកកូនចៅសាសន៍ឯងថា កាលណាអញនាំដាវមកលើស្រុកណា ហើយបណ្តាជននៅស្រុកនោះរើសយកម្នាក់ពីក្នុងពួកគេ តាំងឡើងជាអ្នកចាំយាម
3 បើអ្នកនោះឃើញដាវមកលើស្រុក ក៏ផ្លុំត្រែដាស់បណ្តាជន
4 ហើយមានអ្នកណាឮសូរត្រែ តែមិនអើពើសោះ បើដាវមកពិត ហើយយកជីវិតគេទៅ នោះឈាមគេនឹងធ្លាក់ទៅលើក្បាលគេវិញ
5 ព្រោះបានឮសូរត្រែ តែមិនអើពើសោះ ដូច្នេះ គេនឹងជាប់មានទោសចំពោះឈាមរបស់ខ្លួនវិញ ដ្បិតបើបានអើពើ នោះនឹងបានរួចជីវិតជាពិត
6 តែបើអ្នកចាំយាមឃើញដាវមក ហើយមិនផ្លុំត្រែឲ្យបណ្តាជនបានដឹង រួចដាវក៏មកដល់ យកជីវិតអ្នកណាចេញពីពួកគេទៅ អ្នកនោះនឹងត្រូវស្លាប់ទៅក្នុងអំពើទុច្ចរិតរបស់ខ្លួន តែអញនឹងទារឈាមរបស់អ្នកនោះពីដៃអ្នកចាំយាមវិញ។
7 កូនមនុស្សអើយ គឺយ៉ាងនោះឯងដែលអញបានតាំងឯងឡើងឲ្យធ្វើជាអ្នកចាំយាម ដល់ពួកវង្សអ៊ីស្រាអែល ដូច្នេះ ចូរស្តាប់ពាក្យពីមាត់អញ ហើយប្រកាសប្រាប់គេឲ្យអញ
8 កាលណាអញប្រាប់ដល់មនុស្សអាក្រក់ថា ឱមនុស្សអាក្រក់អើយ ឯងនឹងត្រូវស្លាប់ជាពិត តែឯងមិនពន្យល់ប្រាប់មនុស្សអាក្រក់នោះ ឲ្យលះចោលផ្លូវរបស់ខ្លួនទេ ដូច្នេះ មនុស្សអាក្រក់នោះនឹងស្លាប់ក្នុងអំពើទុច្ចរិតរបស់ខ្លួនមែន តែអញនឹងទារឈាមវាពីដៃឯងវិញ
9 ប៉ុន្តែ បើឯងពន្យល់ប្រាប់ដល់មនុស្សអាក្រក់ពីផ្លូវរបស់វា ឲ្យបានលះចោលផ្លូវនោះចេញ តែវាមិនបែរចេញពីផ្លូវរបស់ខ្លួនសោះ នោះវានឹងស្លាប់ក្នុងអំពើទុច្ចរិតរបស់វា តែឯងបានដោះខ្លួនឲ្យរួចវិញ។
10 ដូច្នេះ កូនមនុស្សអើយ ចូរប្រាប់ដល់ពួកវង្សអ៊ីស្រាអែលថា ឯងរាល់គ្នាពោលដូច្នេះថា អំពើរំលង និងអំពើបាបរបស់យើង គ្របសង្កត់លើយើងហើយ យើងកំពុងតែរោយរៀវទៅក្នុងអំពើទាំងនោះ ដូច្នេះ ធ្វើដូចម្តេចឲ្យយើងរស់នៅបាន
11 ចូរប្រាប់គេថា ព្រះអម្ចាស់យេហូវ៉ាទ្រង់ស្បថថា ដូចជាអញរស់នៅ នោះប្រាកដជាអញមិនរីករាយចំពោះសេចក្ដីស្លាប់របស់មនុស្សអាក្រក់ឡើយ គឺចូលចិត្តឲ្យគេលះចោលផ្លូវរបស់ខ្លួន ហើយមានជីវិតរស់នៅវិញទេតើ ចូរឲ្យឯងរាល់គ្នាបែរមក ចូរបែរមកពីផ្លូវអាក្រក់របស់ខ្លួនចុះ ដ្បិតឱពួកវង្សអ៊ីស្រាអែលអើយ ហេតុអ្វីបានជាចង់ស្លាប់
12 ដូច្នេះ កូនមនុស្សអើយ ចូរប្រាប់ដល់ពួកកូនចៅនៃសាសន៍ឯងថា សេចក្ដីសុចរិតរបស់មនុស្សសុចរិតនឹងមិនដោះអ្នកនោះឲ្យរួច ក្នុងថ្ងៃដែលប្រព្រឹត្តអំពើរំលងវិញនោះឡើយ ហើយចំណែកអំពើអាក្រក់របស់មនុស្សអាក្រក់វិញ គេមិនបានដួល ដោយព្រោះអំពើទាំងនោះ ក្នុងថ្ងៃដែលបែរចេញពីអំពើអាក្រក់របស់ខ្លួនទេ ឯមនុស្សសុចរិតវិញ ក៏មិនអាចនឹងរស់នៅ ដោយសារអំពើសុចរិតរបស់ខ្លួន ក្នុងថ្ងៃដែលប្រព្រឹត្តអំពើបាបវិញបានដែរ
13 កាលណាអញប្រាប់ដល់មនុស្សសុចរិតថា គេនឹងរស់នៅជាពិត នោះបើគេពឹងដល់សេចក្ដីសុចរិតរបស់ខ្លួន ទៅប្រព្រឹត្តអំពើទុច្ចរិតវិញ នោះនឹងគ្មានអ្នកណានឹកចាំពីអំពើសុចរិតទាំងប៉ុន្មានរបស់អ្នកនោះទេ គឺគេនឹងស្លាប់ទៅក្នុងអំពើទុច្ចរិត ដែលខ្លួនបានប្រព្រឹត្តនោះវិញ
14 មួយទៀតបើកាលណាអញប្រាប់ដល់មនុស្សអាក្រក់ថា ឯងនឹងត្រូវស្លាប់ជាពិត នោះបើគេបែរចេញពីអំពើបាបរបស់ខ្លួន ទៅប្រព្រឹត្តសេចក្ដីដែលទៀងត្រង់ ហើយត្រឹមត្រូវវិញ
15 គឺបើមនុស្សអាក្រក់នោះ នឹងប្រគល់របស់បញ្ចាំដល់ម្ចាស់វិញ ហើយប្រគល់របស់ដែលខ្លួនបានលួច ទៅវិញដែរ ព្រមទាំងដើរតាមអស់ទាំងច្បាប់នៃជីវិតនេះ ឥតប្រព្រឹត្តទុច្ចរិតឡើយ នោះគេនឹងបានរស់នៅជាពិត ឥតត្រូវស្លាប់ទេ
16 ដូច្នេះ នឹងគ្មានអ្នកណានឹកចាំពីអំពើបាបទាំងប៉ុន្មាន ដែលអ្នកនោះបានប្រព្រឹត្ត ឲ្យទាស់នឹងខ្លួនទៀតឡើយ ដ្បិតគេបានប្រព្រឹត្តតាមសេចក្ដីទៀងត្រង់ត្រឹមត្រូវហើយ គេនឹងរស់នៅជាពិត។
17 ទោះបើយ៉ាងនោះ គង់តែពួកកូនចៅនៃសាសន៍ឯងតែងថា ផ្លូវរបស់ព្រះអម្ចាស់មិនស្មើទេ ចំណែកខាងគេ គឺផ្លូវរបស់គេទេតើដែលមិនស្មើវិញ
18 កាលណាមនុស្សសុចរិតបែរចេញពីសេចក្ដីសុចរិតរបស់ខ្លួន ទៅប្រព្រឹត្តអំពើទុច្ចរិតវិញ នោះគេនឹងត្រូវស្លាប់ដោយព្រោះអំពើនោះឯង
19 ហើយកាលណាមនុស្សអាក្រក់បែរចេញពីសេចក្ដីអាក្រក់របស់ខ្លួន ទៅប្រព្រឹត្តតាមសេចក្ដីទៀតត្រង់ ហើយត្រឹមត្រូវវិញ នោះគេនឹងរស់នៅដោយសារអំពើនោះឯង
20 ប៉ុន្តែ ឯងរាល់គ្នាថា ផ្លូវរបស់ព្រះអម្ចាស់មិនស្មើទេ ឱពួកវង្សអ៊ីស្រាអែលអើយ អញនឹងជំនុំជម្រះឯងរាល់គ្នាតាមផ្លូវរបស់ឯងរៀងខ្លួន។
21 លុះដល់ថ្ងៃ៥ ខែបុស្សក្នុងឆ្នាំ១២ ដែលគេបានចាប់យើងនាំទៅជាឈ្លើយ នោះមានម្នាក់ដែលរត់រួចពីក្រុងយេរូសាឡឹម បានមកដល់ខ្ញុំប្រាប់ថា គេចាប់ទីក្រុងបានហើយ
22 រីឯនៅពេលល្ងាច មុនដែលអ្នករត់រួច នោះបានមកដល់ នោះព្រះហស្តនៃព្រះយេហូវ៉ាបានស្ថិតនៅលើខ្ញុំ ទ្រង់ក៏បើកមាត់ខ្ញុំ ចាំតែអ្នកនោះមកដល់នៅពេលព្រឹក ដូច្នេះ មាត់ខ្ញុំបានបើកឡើង ហើយខ្ញុំមិននៅគទៀតទេ។
23 គ្រានោះ ព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មកដល់ខ្ញុំថា
24 កូនមនុស្សអើយ ពួកអ្នកដែលអាស្រ័យនៅអស់ទាំងទីខូចបង់ ក្នុងស្រុកអ៊ីស្រាអែល គេថា លោកអ័ប្រាហាំជាមនុស្សតែម្នាក់ទេ ហើយលោកបានទទួលស្រុកនេះទុកជាមរដក ឯយើងរាល់គ្នាមានគ្នាច្រើន ស្រុកនេះក៏បានប្រគល់មកយើងទុកជាមរដកដែរ
25 ដូច្នេះ ចូរប្រាប់គេថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ ឯងរាល់គ្នាស៊ីសាច់ដែលជាប់ទាំងឈាម ក៏ងើបភ្នែកទៅឯអស់ទាំងរូបព្រះរបស់ឯងរាល់គ្នា ហើយកម្ចាយឈាមផង ដូច្នេះ តើឯងរាល់គ្នានឹងបានស្រុកនេះឬ
26 ឯងរាល់គ្នាពឹងតែដាវរបស់ឯង ក៏ប្រព្រឹត្តការគួរស្អប់ខ្ពើម ហើយបង្ខូចប្រពន្ធរបស់អ្នកជិតខាងឯងរៀងខ្លួន ដូច្នេះ តើឯងរាល់គ្នានឹងបានស្រុកនេះឬ
27 ត្រូវឲ្យឯងប្រាប់ដល់គេដូច្នេះថា ព្រះអម្ចាស់យេហូវ៉ាទ្រង់ស្បថថា ដូចជាអញរស់នៅ នោះប្រាកដជាពួកអ្នកដែលអាស្រ័យនៅអស់ទាំងទីខូចបង់នេះ នឹងដួលដោយដាវ ហើយអ្នកណាដែលនៅឯទីវាលទទេ អញនឹងប្រគល់ដល់សត្វព្រៃឲ្យត្រូវហែកស៊ី ហើយពួកអ្នកដែលនៅក្នុងទីមាំមួន និងក្នុងរអាងភ្នំ គេនឹងស្លាប់ដោយអាសន្នរោគ
28 អញនឹងធ្វើឲ្យស្រុកនេះស្ងាត់ជ្រងំ ហើយជាទីស្រឡាំងកាំង នោះសេចក្ដីឆ្មើងឆ្មៃនៃអំណាចវានឹងផុតទៅ ហើយភ្នំទាំងប៉ុន្មានរបស់ស្រុកអ៊ីស្រាអែល នឹងត្រូវចោលស្ងាត់នៅឥតមានអ្នកណាដើរកាត់ឡើយ
29 នោះគេនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិតក្នុងកាលដែលអញបានធ្វើឲ្យស្រុកនេះស្ងាត់ជ្រងំ ហើយជាទីស្រឡាំងកាំង ដោយព្រោះអស់ទាំងអំពើគួរស្អប់ខ្ពើម ដែលគេបានប្រព្រឹត្តនោះ។
30 មួយទៀត កូនមនុស្សអើយ ពួកកូនចៅរបស់សាសន៍ឯង គេនិយាយគ្នាពីឯងនៅក្បែរកំផែង ហើយនៅមាត់ទ្វារផ្ទះ គេនិយាយគ្នា គឺគ្រប់គ្នានិយាយនឹងបងប្អូនខ្លួនថា ចូរយើងទៅស្តាប់ព្រះបន្ទូល ដែលមកពីព្រះយេហូវ៉ាចុះ
31 គេក៏មកឯឯង ដូចជាបណ្តាជនទាំងឡាយធ្លាប់មក ហើយគេអង្គុយនៅមុខឯង ដូចជារាស្ត្រអញ ក៏ស្តាប់អស់ទាំងពាក្យរបស់ឯង តែមិនប្រព្រឹត្តតាមទេ ដ្បិតបបូរមាត់គេសម្ដែងចេញជាសេចក្ដីស្រឡាញ់យ៉ាងខ្លាំង តែចិត្តគេដេញតាមរកកម្រៃដល់ខ្លួនវិញ
32 ហើយមើល គេរាប់ឯងទុកដូចជាបទចម្រៀងដ៏ពីរោះនៃមនុស្សមានសំឡេងល្អ ហើយចេះលេងភ្លេងយ៉ាងប្រសប់ប៉ុណ្ណោះ ដ្បិតគេស្តាប់អស់ទាំងពាក្យរបស់ឯង ប៉ុន្តែ មិនប្រព្រឹត្តតាមទេ
33 កាលណាការនេះកើតមកហើយ (មើល ការនេះកំពុងតែមកហើយមែន) នោះគេនឹងដឹងថា មានហោរាបាននៅក្នុងពួកគេជាពិត។
ជំពូក 34
1 ព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មកដល់ខ្ញុំថា
2 កូនមនុស្សអើយ ចូរទាយទាស់នឹងពួកអ្នកគង្វាលនៃសាសន៍អ៊ីស្រាអែលចុះ ត្រូវឲ្យទាយប្រាប់គេ គឺពួកអ្នកគង្វាលនោះឯងថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ វេទនាដល់ពួកអ្នកគង្វាល នៃសាសន៍អ៊ីស្រាអែល ដែលឃ្វាលតែខ្លួនឯង តើមិនត្រូវឲ្យពួកអ្នកគង្វាលនោះ ឃ្វាលហ្វូងចៀមវិញទេឬអី
3 ឯងរាល់គ្នាស៊ីខ្លាញ់ ហើយស្លៀកពាក់ដោយសាររោមវា ក៏សម្លាប់សត្វបំប៉នដែរ តែមិនឃ្វាលហ្វូងទេ
4 ឯងរាល់គ្នាមិនបានចម្រើនកម្លាំង ដល់សត្វណាដែលអន់កម្លាំង ហើយណាដែលឈឺ នោះមិនបានមើលឲ្យជាទេ ណាដែលបាក់ជើង ឯងមិនបានរុំអប ណាដែលត្រូវកម្ចាត់កម្ចាយ នោះឯងមិនបាននាំមកវិញ ហើយណាដែលវង្វេងទៅ នោះក៏មិនបានស្វែងរកដែរ គឺឯងរាល់គ្នាបានគ្រប់គ្រងលើវា ដោយកម្លាំង ហើយតឹងរ៉ឹងវិញ
5 ដូច្នេះ វាត្រូវកម្ចាត់កម្ចាយទៅ ដោយព្រោះឥតមានអ្នកគង្វាល វាបានត្រឡប់ជាអាហារដល់អស់ទាំងសត្វព្រៃ ហើយត្រូវខ្ចាត់ខ្ចាយអស់ទៅ
6 ហ្វូងចៀមរបស់អញបានដើរចុះឡើង នៅលើអស់ទាំងភ្នំធំ និងភ្នំតូចទាំងប៉ុន្មានផង អើ ហ្វូងចៀមរបស់អញបានត្រូវកម្ចាត់កម្ចាយ នៅពេញពាសលើផែនដី ឥតមានអ្នកណាទៅស៊ើបសួរ ឬស្វែងរកវាសោះ។
7 ហេតុនោះ ពួកអ្នកគង្វាលរាល់គ្នាអើយ ចូរស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាចុះ
8 ព្រះអម្ចាស់យេហូវ៉ាទ្រង់ស្បថថា ដូចជាអញរស់នៅ ពិតប្រាកដជាដោយព្រោះហ្វូងចៀមអញបានទៅជារំពា ហើយត្រឡប់ទៅជាអាហារដល់អស់ទាំងសត្វព្រៃ ដោយឥតមានអ្នកគង្វាល ហើយដោយព្រោះអ្នកគង្វាលទាំងប៉ុន្មានរបស់អញ មិនបានស្វះស្វែងរកចៀមអញ គឺបានឃ្វាលតែខ្លួនឯងវិញ ឥតឃ្វាលហ្វូងចៀមអញសោះ
9 ដូច្នេះ ពួកអ្នកគង្វាលអើយ ចូរស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាចុះ
10 ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា មើល អញទាស់នឹងពួកអ្នកគង្វាល ហើយអញនឹងទារចៀមអញពីដៃគេ ក៏នឹងឲ្យគេឈប់លែងឃ្វាលហ្វូងចៀមទៅ ពួកអ្នកគង្វាលនឹងមិនរកស៊ីចិញ្ចឹមខ្លួនគេទៀតដែរ អញនឹងជួយឲ្យចៀមអញរួចពីមាត់គេ ដើម្បីមិនឲ្យធ្វើជាអាហារដល់គេឡើយ។
11 ដ្បិតព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា មើល អញ គឺអញនេះហើយ នឹងស្វែងរកចៀមរបស់អញ ទាំងស៊ើបសួររកទាល់តែឃើញផង
12 ឯអ្នកគង្វាលគេតែងមើលហ្វូងចៀមខ្លួន នៅថ្ងៃដែលគេនៅជាមួយនឹងហ្វូងចៀមដែលខ្ចាត់ខ្ចាយជាយ៉ាងណា នោះអញនឹងថែមើលហ្វូងចៀមរបស់អញ ហើយជួយឲ្យវារួចចេញពីគ្រប់កន្លែងដែលវាត្រូវកម្ចាត់កម្ចាយនោះ នៅថ្ងៃដែលមេឃមីរស្រទំ ហើយងងឹតយ៉ាងនោះដែរ
13 អញនឹងនាំវារាល់គ្នាចេញពីសាសន៍ទាំងប៉ុន្មាន ហើយប្រមូលវាពីគ្រប់ទាំងស្រុក រួចនឹងនាំចូលទៅក្នុងស្រុករបស់វាវិញ អញនឹងឃ្វាលវានៅលើភ្នំនៃស្រុកអ៊ីស្រាអែល ហើយតាមផ្លូវទឹក និងនៅគ្រប់ទាំងកន្លែងដែលមានមនុស្សនៅក្នុងស្រុកនោះផង
14 អញនឹងឃ្វាលវានៅទីវាលល្អ ហើយក្រោលវានឹងនៅលើភ្នំខ្ពស់ៗនៃស្រុកអ៊ីស្រាអែល នៅទីនោះវានឹងដេកចុះក្នុងក្រោលយ៉ាងល្អ ហើយនិងរកស៊ីនៅវាលដ៏ល្អ នៅលើអស់ទាំងភ្នំនៃស្រុកអ៊ីស្រាអែលដែរ
15 ខ្លួនអញនឹងធ្វើជាអ្នកគង្វាលដល់ហ្វូងចៀមរបស់អញ ហើយអញនឹងឲ្យវាដេកនៅ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា
16 អញនឹងស្វែងរកសត្វណាដែលវង្វេងបាត់ ហើយនាំណាដែលត្រូវប្រដេញឲ្យមកវិញ សត្វណាដែលបាក់ជើង នោះអញនឹងរុំអបឲ្យ ហើយអញនឹងចម្រើនកម្លាំងដល់ណាដែលឈឺ តែសត្វណាដែលធាត់ ហើយមានកម្លាំង នោះអញនឹងបំផ្លាញវាបង់ គឺអញនឹងឃ្វាលវា ដោយសេចក្ដីវិនិច្ឆ័យវិញ។
17 ឱហ្វូងរបស់អញអើយ ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលពីឯងដូច្នេះថា មើល អញនឹងជំនុំជម្រះក្តីរបស់ចៀមនឹងចៀម ហើយរបស់ចៀមឈ្មោល និងពពែឈ្មោលផង
18 ការដែលឯងរាល់គ្នាបានស៊ីស្មៅ នៅទីវាលល្អ នោះតើជាការតិចតួចដល់ឯងឬ បានជាឯងជាន់ឈ្លីស្មៅដែលនៅសល់ទៀត ហើយដែលឯងរាល់គ្នាបានផឹកទឹកថ្លានោះផង បានជាឯងទៅកកូរឡើងឲ្យល្អក់ ដោយជើងដូច្នេះ
19 ចំណែកហ្វូងចៀមរបស់អញ វាត្រូវស៊ីស្មៅ ដែលឯងរាល់គ្នាជាន់ឈ្លី ហើយផឹកទឹកដែលឯងបានធ្វើឲ្យល្អក់នោះវិញ។
20 ហេតុនោះព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដល់វារាល់គ្នាថា មើល អញ គឺអញនេះហើយ នឹងជំនុំជម្រះក្តីរបស់ចៀមធាត់ និងចៀមស្គម
21 ពីព្រោះឯងរាល់គ្នាតែងតែគះដោយចំហៀង ហើយនិងស្មា ក៏បុះអស់ទាំងចៀមខ្សោយដោយស្នែង ដរាបដល់បានកម្ចាត់កម្ចាយគេទៅបាត់
22 ដូច្នេះ អញនឹងជួយសង្គ្រោះហ្វូងចៀមរបស់អញ នោះវានឹងលែងបានជារំពាតទៅ ហើយអញនឹងជំនុំជម្រះក្តីរបស់ចៀមនឹងចៀម
23 អញនឹងតាំងអ្នកគង្វាលតែ១ ឲ្យថែមើលវា អ្នកនោះនឹងឃ្វាលវា គឺដាវីឌ ជាអ្នកបម្រើរបស់អញ គាត់នឹងកៀងនាំវាទៅឲ្យស៊ី ហើយនិងធ្វើជាអ្នកគង្វាលដល់ហ្វូង
24 នោះអញនេះ គឺយេហូវ៉ានឹងធ្វើជាព្រះនៃវារាល់គ្នា ហើយដាវីឌ ជាអ្នកបម្រើរបស់អញ នឹងធ្វើជាចៅហ្វាយលើវា គឺអញនេះ ជាព្រះយេហូវ៉ា អញបានចេញវាចាហើយ។
25 អញនឹងតាំងសន្ធិសញ្ញានឹងវារាល់គ្នា ហើយនិងធ្វើឲ្យសត្វកំណាចផុតចេញពីស្រុកវាទៅ ដូច្នេះ វានឹងអាស្រ័យនៅទីរហោស្ថានដោយសុខសាន្ត ហើយដេកនៅក្នុងព្រៃផង
26 អញនឹងធ្វើឲ្យគេ ព្រមទាំងទីកន្លែងនៅជុំវិញភ្នំតូចរបស់អញ ជាទីឲ្យពរ អញនឹងបង្អុរឲ្យភ្លៀងធ្លាក់មកតាមរដូវកាល នោះនឹងមានព្រះពរធ្លាក់មកមួយមេៗ
27 ដើមឈើនៅផែនដីនឹងបង្កើតផ្លែ ហើយដីនឹងបានផលចម្រើន វារាល់គ្នានឹងនៅក្នុងស្រុកខ្លួន ដោយសុខសាន្ត ហើយនិងដឹងថា អញនេះជាព្រះយេហូវ៉ាពិត ក្នុងកាលដែលអញបានបំបាក់នឹមចេញពីវា ហើយបានជួយឲ្យវារួចពីកណ្តាប់ដៃនៃពួកអ្នកដែលចាប់វាទៅប្រើ
28 នោះវារាល់គ្នានឹងមិនបានជារំពាដល់អស់ទាំងសាសន៍តទៅ ហើយសត្វព្រៃនៅផែនដីក៏មិនហែកវាស៊ីដែរ គឺវានឹងនៅដោយសុខសាន្តឥតមានអ្នកណាបំភ័យឡើយ
29 អញនឹងធ្វើឲ្យមានដំណាំ១កើតឡើងទុកជាល្បីដល់វា នោះវារាល់គ្នានឹងមិនត្រូវសាបសូន្យទៅ ដោយអំណត់អត់នៅក្នុងស្រុកឡើយ ក៏មិនត្រូវរងទ្រាំសេចក្ដីខ្មាសនៃអស់ទាំងសាសន៍ទៀតដែរ
30 នោះវារាល់គ្នានឹងដឹងថា អញដ៏ជាយេហូវ៉ា អញជាព្រះនៃវា ក៏នៅជាមួយផង ហើយថាវាដែលជាពួកវង្សអ៊ីស្រាអែល វាជារាស្ត្ររបស់អញ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា
31 ឯឯងរាល់គ្នាដែលជាហ្វូងចៀមរបស់អញ គឺជាហ្វូងចៀមនៅទីឃ្វាលរបស់អញ ឯងរាល់គ្នាជាមនុស្ស ហើយអញជាព្រះនៃឯង នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។
ជំពូក 35
1 ព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មកដល់ខ្ញុំម្តងទៀតថា
2 កូនមនុស្សអើយ ចូរតាំងមុខទាស់នឹងស្រុកភ្នំសៀរ ចូរទាយទាស់នឹងវាថា
3 ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ នែស្រុកភ្នំសៀរអើយ អញទាស់នឹងឯង អញនឹងលូកដៃអញទៅលើឯង ព្រមទាំងធ្វើឲ្យឯងទៅជាស្ងាត់ជ្រងំ ហើយជាទីស្រឡាំងកាំង
4 អញនឹងឲ្យទីក្រុងទាំងប៉ុន្មានរបស់ឯងខូចបង់ទៅ ហើយឯងនឹងត្រូវចោលស្ងាត់ នោះឯងនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត
5 ពីព្រោះឯងបានព្យាបាទជានិច្ច ក៏បានប្រគល់ពួកកូនចៅអ៊ីស្រាអែល ដល់អំណាចនៃដាវ នៅថ្ងៃដែលគេមានសេចក្ដីអន្តរាយ គឺក្នុងកាលដែលសេចក្ដីទុច្ចរិតបានដល់កំណត់ហើយ
6 ហេតុនោះ ព្រះអម្ចាស់យេហូវ៉ាទ្រង់ស្បថថា ដូចជាអញរស់នៅ ប្រាកដជាអញនឹងត្រៀមឯងទុកដល់គ្រាខ្ចាយឈាម ហើយឈាមនឹងដេញតាមឯងទៅ ដោយព្រោះឯងមិនបានស្អប់ឈាមទេ នោះឈាមនឹងដេញតាមឯងជាពិត
7 គឺយ៉ាងនោះដែលអញនឹងធ្វើឲ្យភ្នំសៀរទៅជាទីស្រឡាំងកាំង ហើយឲ្យត្រូវស្ងាត់ជ្រងំ ឯអស់អ្នកណាដែលដើរកាត់ស្រុកនោះ និងពួកអ្នកដែលត្រឡប់មកវិញ នោះអញនឹងកាត់គេចេញ
8 អញនឹងបំពេញអស់ទាំងភ្នំដោយសាកសពនៃមនុស្សដែលត្រូវសម្លាប់ ពួកអ្នកដែលត្រូវស្លាប់ដោយដាវ គេនឹងដួលនៅលើភ្នំតូច នៅច្រកភ្នំហើយនៅក្នុងផ្លូវទឹកទាំងប៉ុន្មានរបស់ឯង
9 អញនឹងធ្វើឲ្យឯងនៅស្ងាត់ច្រៀបជានិច្ចតទៅ ទីក្រុងទាំងប៉ុន្មានរបស់ឯងនឹងគ្មានមនុស្សណានៅទៀតឡើយ នោះឯងរាល់គ្នានឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត។
10 ហេតុដោយព្រោះឯងបានថា សាសន៍ទាំង២ និងស្រុកទាំង២នោះ នឹងបានជារបស់ផងអញ យើងនឹងចាប់បានជារបស់ផងយើង ទោះបើព្រះយេហូវ៉ាទ្រង់គង់នៅទីនោះក៏ដោយ
11 បានជាព្រះយេហូវ៉ាទ្រង់ស្បថថា ដូចជាអញរស់នៅ ប្រាកដជាអញនឹងសម្រេចតាមសេចក្ដីកំហឹងរបស់ឯង ហើយតាមសេចក្ដីច្រណែនដែលឯងបានសម្ដែងចេញ ដោយចិត្តគុំគួនដល់គេ អញនឹងធ្វើឲ្យមនុស្សស្គាល់អញនៅកណ្តាលពួកគេ ក្នុងកាលដែលអញជំនុំជម្រះឯង
12 នោះឯងនឹងដឹងថា អញនេះគឺព្រះយេហូវ៉ា បានឮអស់ទាំងពាក្យត្មះតិះដៀល ដែលឯងបានពោលទាស់នឹងភ្នំនៃស្រុកអ៊ីស្រាអែល ទាំងប៉ុន្មានថា ស្រុកគេត្រូវចោលស្ងាត់ហើយ គឺបានប្រគល់មកឲ្យយើងត្របាក់លេប
13 តែឯងរាល់គ្នាបានតម្កើងខ្លួនទាស់នឹងអញ ដោយសារមាត់ឯងព្រមទាំងចម្រើនពាក្យរបស់ឯងទាស់នឹងអញផង អញបានឮហើយ
14 ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា កាលណាផែនដីទាំងមូលបានរីករាយឡើង នោះអញនឹងធ្វើឲ្យឯងស្ងាត់ជ្រងំវិញ
15 ឯងបានអរសប្បាយពីដំណើរមរដកនៃពួកវង្សអ៊ីស្រាអែល ដោយព្រោះបានត្រូវចោលស្ងាត់ជាយ៉ាងណា នោះអញនឹងធ្វើដល់ឯងយ៉ាងនោះដែរ ឱភ្នំសៀរ និងស្រុកអេដុមទាំងមូលអើយ ឯងនឹងត្រូវចោលស្ងាត់ នោះគេនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត។
ជំពូក 36
1 កូនមនុស្សអើយ ចូរទាយដល់អស់ទាំងភ្នំនៃស្រុកអ៊ីស្រាអែលដែរថា ឱភ្នំអ៊ីស្រាអែលអើយ ចូរស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាចុះ
2 ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា ដោយព្រោះខ្មាំងសត្រូវបានពោលឡកឲ្យឯងថា ហាសហា ទីខ្ពស់ពីបុរាណទាំងនេះបានត្រឡប់ជារបស់ផងយើងហើយ
3 ដូច្នេះ ចូរទាយប្រាប់ថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ ដោយហេតុនេះ គឺដោយព្រោះតែគេបានធ្វើឲ្យឯងនៅស្ងាត់ច្រៀប ព្រមទាំងលេបឯងចូលនៅគ្រប់ទិស ឲ្យឯងបានទៅជារបស់សាសន៍ដែលនៅសល់ ហើយដោយព្រោះពួកអ្នកនិយាយដើមបានចាប់តាំងនិយាយពីឯង ហើយជនទាំងឡាយនិយាយអាក្រក់ពីឯងផង
4 ដូច្នេះ ឱភ្នំអ៊ីស្រាអែលអើយ ចូរស្តាប់ព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ាចុះ ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ ដល់អស់ទាំងភ្នំធំតូច ផ្លូវទឹក និងច្រកភ្នំ ព្រមទាំងទីខូចបង់ និងទីក្រុងដែលគេចោលស្ងាត់ ជាទីដែលបានត្រឡប់ជារំពា ហើយជាទីឡកឡឺយដល់សំណល់នៃអស់ទាំងសាសន៍ដែលនៅព័ទ្ធជុំវិញ
5 គឺព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលថា ឯសំណល់នៃអស់ទាំងសាសន៍ ព្រមទាំងស្រុកអេដុមទាំងមូល ដែលបានតម្រូវស្រុកអញទុកជារបស់ផងគេ ដោយសេចក្ដីអំណរអស់ពីចិត្ត ទាំងមានចិត្តមើលងាយផង ដើម្បីនឹងបោះបង់ចោលចេញទុកជារំពា នោះពិតប្រាកដជាអញបានតបនឹងគេដោយភ្លើងនៃសេចក្ដីប្រចណ្ឌរបស់អញ
6 ដូច្នេះ ចូរទាយពីដំណើរស្រុកអ៊ីស្រាអែល ហើយប្រាប់ដល់អស់ទាំងភ្នំធំតូច ផ្លូវទឹក និងច្រកភ្នំទាំងប៉ុន្មានថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ មើល អញបាននិយាយ ដោយសេចក្ដីប្រចណ្ឌ និងសេចក្ដីក្រោធរបស់អញ ហើយដោយព្រោះឯងរាល់គ្នាបានរងទ្រាំសេចក្ដីខ្មាសរបស់សាសន៍ដទៃ
7 ហេតុនោះ ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលថា អញបានស្បថហើយថា ពិតប្រាកដជាសាសន៍ទាំងប៉ុន្មានដែលនៅព័ទ្ធជុំវិញឯង គេនឹងត្រូវរង់ទ្រាំសេចក្ដីខ្មាសរបស់ខ្លួនគេវិញ។
8 តែចំណែកឯង ឱភ្នំអ៊ីស្រាអែលអើយ ឯងរាល់គ្នានឹងបែកមែក ហើយបង្កើតផលរបស់ឯង ឲ្យអ៊ីស្រាអែលជារាស្ត្រអញ ពីព្រោះគេរៀបនឹងមកហើយ
9 ដ្បិតមើល អញកាន់ខាងឯង ហើយអញនឹងវិលមកឯឯងវិញ នោះនឹងមានគេភ្ជួររាស់ហើយសាបព្រោះឯងឡើង
10 អញនឹងឲ្យមនុស្សចម្រើនឡើងនៅក្នុងឯង គឺជាពួកវង្សអ៊ីស្រាអែលទាំងមូល ដូច្នេះ ទីក្រុងទាំងប៉ុន្មានរបស់ឯងនឹងមានមនុស្សនៅ ហើយអស់ទាំងទីខូចបង់នឹងបានសង់ឡើងវិញ
11 អញនឹងធ្វើឲ្យទាំងមនុស្ស និងសត្វផង បានចម្រើនឡើងនៅក្នុងឯង គេនឹងចម្រើនឡើង ហើយសាយគ្រាយចេញទៅ នោះអញនឹងឲ្យមានមនុស្សអាស្រ័យនៅក្នុងឯងដូចយ៉ាងពីដើម ហើយប្រព្រឹត្តនឹងឯងដោយល្អជាងជាន់ដើមទៅទៀត នោះឯងរាល់គ្នានឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត
12 អើ អញនឹងឲ្យមានមនុស្សដើរលើឯង គឺអ៊ីស្រាអែលជារាស្ត្ររបស់អញ គេនឹងបានឯងជារបស់ផងគេ ហើយឯងនឹងបានជាមរដកដល់គេ នោះឯងនឹងមិនធ្វើឲ្យគេព្រាត់ប្រាសកូនទៀតឡើយ
13 ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា ដោយព្រោះគេនិយាយពីឯងថា ឯងជាស្រុកដែលលេបមនុស្សបាត់ ហើយបំរាសកូនរបស់សាសន៍ឯង
14 ដូច្នេះ ឯងនឹងលែងលេបមនុស្សបាត់តទៅ ក៏មិនបំរាសកូនរបស់សាសន៍ឯងទៀតឡើយ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា
15 អញក៏មិនឲ្យឯងឮពាក្យត្មះតិះដៀលរបស់សាសន៍ដទៃទាំងប៉ុន្មានទៀតដែរ ឯងមិនត្រូវរងទ្រាំសេចក្ដីប្រមាថមើលងាយរបស់គេតទៅ ឯងនឹងមិនធ្វើជាហេតុ ឲ្យសាសន៍របស់ឯងចំពប់ដួលទៀតឡើយ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។
16 ព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មកដល់ខ្ញុំម្តងទៀតថា
17 កូនមនុស្សអើយ កាលពួកវង្សអ៊ីស្រាអែលបាននៅក្នុងស្រុករបស់ខ្លួន នោះគេបានបង្អាប់ស្រុកនោះ ដោយផ្លូវប្រព្រឹត្ត និងកិរិយារបស់ខ្លួន ផ្លូវដែលគេប្រព្រឹត្តនៅមុខអញ ប្រៀបដូចជាសេចក្ដីស្មោកគ្រោកនៃស្រីដែលមានរដូវ
18 ហេតុនោះបានជាអញចាក់សេចក្ដីក្រោធរបស់អញទៅលើគេ គឺដោយព្រោះឈាមដែលគេបានកម្ចាយនៅក្នុងស្រុក ហើយដោយព្រោះគេបានបង្អាប់ស្រុក ដោយរូបព្រះរបស់គេ
19 ដូច្នេះ អញបានកម្ចាត់កម្ចាយគេទៅនៅក្នុងអស់ទាំងសាសន៍ គេត្រូវបែងចែកទៅនៅគ្រប់ស្រុកផង អញបានជំនុំជម្រះគេតាមផ្លូវគេប្រព្រឹត្ត និងតាមកិរិយារបស់គេ
20 កាលគេបានចូលទៅឯសាសន៍ណាដែលគេត្រូវខ្ចាយទៅនោះ គេក៏បង្អាប់ឈ្មោះបរិសុទ្ធរបស់អញទៀត ដោយមានមនុស្សថា ពួកនេះជាពួករបស់ព្រះយេហូវ៉ា គេបានចេញចាកពីស្រុករបស់ទ្រង់មក
21 ប៉ុន្តែ អញបានយល់ដល់ឈ្មោះបរិសុទ្ធរបស់អញ ដែលពួកវង្សអ៊ីស្រាអែលបានបង្អាប់ នៅកណ្តាលសាសន៍ទាំងប៉ុន្មាន ដែលគេបានទៅដល់នោះ។
22 ដូច្នេះ ចូរប្រាប់ដល់ពួកវង្សអ៊ីស្រាអែលថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ ឱពួកវង្សអ៊ីស្រាអែលអើយ អញមិនមែនធ្វើការនេះ ដោយយល់ដល់ឯងរាល់គ្នាទេ គឺដោយយល់ដល់ឈ្មោះបរិសុទ្ធរបស់អញវិញ ជាឈ្មោះដែលឯងរាល់គ្នាបានបង្អាប់ នៅកណ្តាលអស់ទាំងសាសន៍ដែលឯងបានទៅដល់នោះ
23 អញក៏នឹងញែកឈ្មោះដ៏ជាធំរបស់អញ ដែលត្រូវបង្អាប់នៅកណ្តាលអស់ទាំងសាសន៍ គឺដែលឯងរាល់គ្នាបានបង្អាប់ នៅក្នុងពួកគេ ចេញជាបរិសុទ្ធដែរ នោះពួកសាសន៍ដទៃនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត ក្នុងកាលដែលអញបានញែកជាបរិសុទ្ធក្នុងពួកឯង នៅចំពោះភ្នែកគេ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា
24 ដ្បិតអញនឹងយកឯងរាល់គ្នាចេញពីអស់ទាំងសាសន៍ ហើយប្រមូលឯង ពីគ្រប់ទាំងស្រុក នាំមកក្នុងស្រុកជារបស់ផងឯងរាល់គ្នាវិញ
25 នោះអញនឹងប្រោះទឹកស្អាតទៅលើឯងរាល់គ្នា ដូច្នេះ ឯងនឹងបានស្អាត អញនឹងជម្រះឯងរាល់គ្នាឲ្យស្អាត ពីគ្រប់ទាំងសេចក្ដីស្មោកគ្រោក ហើយពីអស់ទាំងរូបព្រះរបស់ឯងផង
26 អញនឹងឲ្យឯងមានចិត្តថ្មី ហើយនិងដាក់វិញ្ញាណថ្មីនៅក្នុងឯងដែរ អញនឹងដកចិត្តដែលរឹងដូចថ្មពីរូបសាច់ឯងចេញ រួចនឹងឲ្យមានចិត្តជាសាច់វិញ
27 អញនឹងដាក់វិញ្ញាណរបស់អញនៅក្នុងឯងរាល់គ្នា ហើយបណ្តាលឲ្យឯងរាល់គ្នាដើរតាមក្រឹត្យក្រម ហើយរក្សាបញ្ញត្តច្បាប់របស់អញ ព្រមទាំងប្រព្រឹត្តតាមផង
28 នោះឯងរាល់គ្នានឹងអាស្រ័យនៅក្នុងស្រុកដែលអញបានឲ្យដល់ពួកអយ្យកោឯង ឯងរាល់គ្នានឹងធ្វើជារាស្ត្ររបស់អញ ហើយអញនឹងបានជាព្រះដល់ឯង
29 អញនឹងជួយសង្គ្រោះឯងរាល់គ្នាឲ្យរួចពីអស់ទាំងសេចក្ដីសៅហ្មងរបស់ឯង អញនឹងបង្គាប់ដល់ស្រូវ ឲ្យបានចម្រើនឡើងជាបរិបូរ ឥតធ្វើឲ្យកើតមានអំណត់ទៀតឡើយ
30 ក៏នឹងចម្រើនផ្លែឈើ និងផលចម្ការឡើងដែរ ដើម្បីមិនឲ្យឯងរាល់គ្នាត្រូវពាក្យដំណៀលរបស់សាសន៍ដទៃ ដោយព្រោះអំណត់អត់នោះតទៅ
31 នោះឯងរាល់គ្នានឹងនឹកចាំពីកិរិយាអាក្រក់របស់ឯង ហើយពីអំពើដែលឯងរាល់គ្នាប្រព្រឹត្តមិនល្អផង ដូច្នេះ ឯងរាល់គ្នានឹងមើលខ្លួនដោយខ្ពើមឆ្អើម ដោយព្រោះអំពើទុច្ចរិត និងអំពើគួរស្អប់ខ្ពើមរបស់ឯង។
32 ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលថា ត្រូវឲ្យឯងរាល់គ្នាដឹងថា មិនមែនដោយយល់ដល់ឯងរាល់គ្នាដែលអញធ្វើដូច្នេះទេ ឱពួកវង្សអ៊ីស្រាអែលអើយ ចូរឲ្យមានសេចក្ដីខ្មាស ហើយជ្រប់មុខ ដោយព្រោះកិរិយារបស់ឯងចុះ
33 ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា នៅថ្ងៃដែលអញជម្រះឯងរាល់គ្នា ឲ្យស្អាតពីអស់ទាំងអំពើទុច្ចរិតរបស់ឯងចេញ នោះអញនឹងឲ្យអស់ទាំងទីក្រុងរបស់ឯងមានមនុស្សអាស្រ័យនៅវិញ ហើយឲ្យអស់ទាំងទីខូចបង់បានសង់ឡើង
34 ឯស្រុកដែលបាននៅស្ងាត់ និងមានគេភ្ជួររាស់ ជាស្រុកដែលពីដើមនៅស្ងាត់ច្រៀប ចំពោះភ្នែកនៃអស់អ្នកដែលដើរកាត់នោះ
35 ហើយគេនឹងពោលថា ស្រុកនេះដែលត្រូវចោលស្ងាត់ បានត្រឡប់ដូចជាសួនច្បារអេដែនវិញ ហើយទីក្រុងទាំងប៉ុន្មានដែលត្រូវខូចបង់ចោលស្ងាត់ ហើយបាក់បែក ក៏បានមាំមួនឡើង ហើយមានមនុស្សអាស្រ័យនៅផង
36 ដូច្នេះ អស់ទាំងសាសន៍ដែលសល់នៅព័ទ្ធជុំវិញឯង គេនឹងដឹងថា គឺអញ ជាព្រះយេហូវ៉ានេះ អញបានសង់ទីបំផ្លាញនោះឡើង ហើយសាបព្រោះកន្លែងដែលចោលស្ងាត់វិញ គឺអញ ជាយេហូវ៉ានេះ អញបានចេញវាចាហើយ ក៏នឹងសម្រេចតាមផង។
37 ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលថា មួយទៀត អញនឹងបើកឲ្យពួកវង្សអ៊ីស្រាអែលបានសួរអញពីដំណើរនោះឯង ដើម្បីឲ្យអញបានសម្រេចការនោះដល់គេ គឺអញនឹងឲ្យគេចម្រើនគ្នាជាច្រើនឡើង ដូចជាហ្វូងចៀម
38 អស់ទាំងទីក្រុងខូចបង់នឹងបានពេញដោយហ្វូងមនុស្ស ប្រៀបដូចជាហ្វូងចៀមដែលញែកជាបរិសុទ្ធ គឺដូចជាហ្វូងចៀមនៅក្រុងយេរូសាឡឹម ក្នុងថ្ងៃបុណ្យមានកំណត់ នោះគេនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត។
ជំពូក 37
1 ព្រះហស្តនៃព្រះយេហូវ៉ាបានសណ្ឋិតលើខ្ញុំ ហើយទ្រង់ក៏នាំយកខ្ញុំ ដោយព្រះវិញ្ញាណនៃព្រះយេហូវ៉ាទៅដាក់ចុះនៅកណ្តាលច្រកភ្នំ១ ដែលពេញដោយឆ្អឹងខ្មោច
2 ទ្រង់ឲ្យខ្ញុំដើរក្បែរឆ្អឹងទាំងនោះនៅព័ទ្ធជុំវិញ ខ្ញុំក៏ឃើញថា នៅវាលច្រកនោះ មានឆ្អឹងយ៉ាងសន្ធឹក ហើយថា ស្ងួតហែងណាស់ផង
3 រួចទ្រង់មានព្រះបន្ទូលសួរខ្ញុំថា កូនមនុស្សអើយ តើឆ្អឹងទាំងនេះនឹងរស់ឡើងបានឬ ខ្ញុំក៏ទូលឆ្លើយ ឱព្រះអម្ចាស់យេហូវ៉ាអើយ ទ្រង់ជ្រាបហើយ
4 ទ្រង់មានព្រះបន្ទូលមកខ្ញុំទៀតថា ចូរទាយពីដំណើរឆ្អឹងទាំងនេះ ហើយប្រាប់ថា ឱឆ្អឹងស្ងួតហែងទាំងឡាយអើយ ចូរស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាចុះ
5 ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដល់ឆ្អឹងទាំងនេះដូច្នេះថា មើល អញនឹងឲ្យមានខ្យល់ដង្ហើមចូលក្នុងឯងរាល់គ្នា ហើយឯងនឹងមានជីវិតឡើង
6 អញនឹងដាក់ឲ្យមានសរសៃ ហើយធ្វើឲ្យមានសាច់ដុះលើឯងរាល់គ្នា រួចនឹងគ្របរុំដោយស្បែក ព្រមទាំងបញ្ចូលខ្យល់ដង្ហើមទៅក្នុងឯងរាល់គ្នាផង នោះឯងរាល់គ្នានឹងមានជីវិតឡើង ដូច្នេះ ឯងរាល់គ្នានឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត។
7 ដូច្នេះ ខ្ញុំក៏ទាយដូចជាទ្រង់បង្គាប់មក ហើយកំពុងដែលខ្ញុំទាយ នោះមានឮសូរក្រិកៗ ហើយមើល ឆ្អឹងទាំងនោះបានកម្រើក ក៏ផ្គុំជាប់គ្នា ឆ្អឹង១ភ្ជាប់ត្រង់កន្លែងរបស់ខ្លួន
8 កាលខ្ញុំកំពុងតែមើល នោះឃើញមានសរសៃ និងសាច់កើតឡើងនៅឆ្អឹងទាំងនោះ រួចមានស្បែករុំគ្របទៀត តែឥតមានខ្យល់ដង្ហើមនៅក្នុងវាទេ
9 នោះទ្រង់មានព្រះបន្ទូលមកខ្ញុំថា ចូរទាយ ហើយប្រាប់ដល់ខ្យល់ ឱកូនមនុស្សអើយ ចូរទាយចុះ ត្រូវប្រាប់ដល់ខ្យល់ថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ ឱខ្យល់ដង្ហើម ចូរមកពីខ្យល់ទាំង៤ទិស ផ្លុំលើខ្មោចស្លាប់ទាំងនេះ ឲ្យមានជីវិតរស់ឡើង
10 ដូច្នេះ ខ្ញុំក៏ទាយដូចជាទ្រង់បង្គាប់មក រួចខ្យល់ដង្ហើមក៏ចូលទៅក្នុងសពទាំងនោះ ហើយវាក៏រស់ឡើង បានទាំងឈរឡើងជាកងទ័ពយ៉ាងធំក្រៃលែង។
11 រួចទ្រង់មានព្រះបន្ទូលមកខ្ញុំថា កូនមនុស្សអើយ ឆ្អឹងទាំងនេះជាពួកវង្សអ៊ីស្រាអែលទាំងមូល មើល គេនិយាយថា ឆ្អឹងយើងរាល់គ្នាស្ងួតហែងហើយ ទីសង្ឃឹមរបស់យើងក៏បាត់អស់ទៅ យើងរាល់គ្នាត្រូវកាត់ចេញស្រឡះផង
12 ដូច្នេះ ចូរទាយប្រាប់គេថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ ម្នាលរាស្ត្រអញអើយ អញនឹងបើកផ្នូរខ្មោចរបស់ឯងរាល់គ្នា ហើយនិងធ្វើឲ្យឯងរាល់គ្នាឡើងចេញពីផ្នូរមក រួចនឹងនាំឯងឲ្យចូលទៅក្នុងស្រុកអ៊ីស្រាអែលវិញ
13 ឱរាស្ត្រអញអើយ ឯងរាល់គ្នានឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត ក្នុងកាលដែលអញបើកផ្នូររបស់ឯង ឲ្យឯងបានឡើងចេញពីនោះមក
14 គ្រានោះ អញនឹងដាក់វិញ្ញាណអញនៅក្នុងឯងរាល់គ្នា ឯងនឹងមានជីវិតរស់ឡើង ហើយអញនឹងតាំងឯង ឲ្យអាស្រ័យនៅក្នុងស្រុកដែលជារបស់ផងឯង នោះឯងរាល់គ្នានឹងដឹងថា គឺអញ ជាព្រះយេហូវ៉ានេះ បានចេញវាចាហើយ ក៏បានសម្រេចតាមផង នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
15 ព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មកដល់ខ្ញុំម្តងទៀតថា
16 កូនមនុស្សអើយ ចូរយកបន្ទះឈើ១មកសរសេរចុះថា សម្រាប់ពួកយូដា និងពួកកូនចៅអ៊ីស្រាអែល ជាភឿនមិត្តរបស់គេ រួចយកបន្ទះឈើ១ទៀតសរសេរថា សម្រាប់ពួកយ៉ូសែប ជាឈើរបស់ពួកអេប្រាអិម និងពួកវង្សអ៊ីស្រាអែលជាភឿនមិត្តរបស់គេ
17 រួចភ្ជាប់គ្នាទាំង២នោះ ធ្វើជាបន្ទះតែ១ ដើម្បីឲ្យបានជាប់ជាមួយគ្នានៅដៃឯង
18 កាលណាពួកកូនចៅសាសន៍ឯងនឹងសួរដល់ឯងថា សូមប្រាប់ឲ្យយើងដឹងជាឈើទាំង២នេះមានន័យដូចម្តេច
19 នោះត្រូវឲ្យប្រាប់គេថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ មើល អញនឹងយកបន្ទះឈើរបស់ពួកយ៉ូសែប ដែលនៅដៃអេប្រាអិម និងពូជអំបូរអ៊ីស្រាអែលទាំងប៉ុន្មាន ដែលជាភឿនមិត្តរបស់គេ ដាក់ភ្ជាប់ជាមួយនឹងបន្ទះឈើ១នោះដែលជារបស់ពួកយូដា ឲ្យបានជាប់ជាបន្ទះតែ១វិញ រួចវានឹងបានជាប់តែ១នៅក្នុងដៃអញ
20 ឈើទាំង២ដែលឯងបានសរសេរចុះនោះ នឹងបាននៅក្នុងដៃឯងចំពោះភ្នែកគេ
21 ចូរប្រាប់គេថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ មើល អញនឹងយកពួកកូនចៅអ៊ីស្រាអែលចេញពីអស់ទាំងសាសន៍ដែលគេបានទៅនោះ ហើយប្រមូលមកពីគ្រប់ទិស នាំចូលទៅក្នុងស្រុករបស់ផងខ្លួន
22 អញនឹងធ្វើឲ្យគេរួមគ្នាជានគរតែ១នៅក្នុងស្រុកនោះ គឺនៅលើអស់ទាំងភ្នំនៃស្រុកអ៊ីស្រាអែល នោះនឹងមានស្តេចតែ១អង្គធ្វើជាស្តេចលើគេគ្រប់គ្នា គេនឹងលែងធ្វើជានគរ២តទៅ ឥតដែលបែកទៅជានគរ២ទៀតឡើយ
23 ក៏មិនធ្វើឲ្យខ្លួនស្មោកគ្រោកដោយគោរពដល់រូបព្រះ ឬដោយរបស់គួរស្អប់ខ្ពើម ឬដោយអំពើរំលងរបស់ខ្លួនទៀតដែរ អញនឹងជួយសង្គ្រោះគេ ឲ្យរួចពីគ្រប់ទាំងទីអាស្រ័យនៅរបស់គេ ជាកន្លែងដែលគេបានធ្វើបាបនោះ ហើយអញនឹងជម្រះគេឲ្យស្អាតវិញ យ៉ាងនោះ គេនឹងបានជារាស្ត្ររបស់អញ ហើយអញនឹងធ្វើជាព្រះដល់គេ។
24 នោះដាវីឌ ជាអ្នកបម្រើរបស់អញ នឹងធ្វើជាស្តេចលើគេ ហើយគេទាំងអស់គ្នានឹងមានអ្នកគង្វាលតែ១ គេនឹងដើរតាមក្រឹត្យក្រមរបស់អញ ហើយរក្សាបញ្ញត្តច្បាប់ទាំងប៉ុន្មានរបស់អញ ព្រមទាំងប្រព្រឹត្តតាមផង
25 គេនឹងអាស្រ័យនៅក្នុងស្រុកដែលអញបានឲ្យដល់យ៉ាកុប ជាអ្នកបម្រើអញ ជាស្រុកដែលពួកអយ្យកោរបស់ឯងរាល់គ្នាបានអាស្រ័យនៅដែរ នោះទាំងខ្លួនគេ និងកូនចៅរបស់គេ នឹងនៅជាប់ក្នុងស្រុកនោះជាដរាបតទៅ ហើយដាវីឌជាអ្នកបម្រើអញ នឹងធ្វើជាចៅហ្វាយលើគេ ជារៀងរាបដរាបតទៅ
26 មួយទៀត អញនឹងតាំងសន្ធិសញ្ញានឹងគេ សញ្ញានោះនឹងនៅជាប់នឹងគេអស់កល្បជានិច្ច អញនឹងតាំងគេឡើង ហើយចម្រើនគេ ឲ្យមានគ្នាជាច្រើន ព្រមទាំងដាក់ទីបរិសុទ្ធរបស់អញនៅកណ្តាលគេ ឲ្យនៅអស់កល្បជានិច្ច
27 ព្រះវិហាររបស់អញនឹងនៅជាមួយនឹងគេដែរ អញក៏នឹងធ្វើជាព្រះដល់គេ ហើយគេនឹងបានជារាស្ត្ររបស់អញ
28 នោះអស់ទាំងសាសន៍នឹងដឹងថា អញនេះជាព្រះយេហូវ៉ា ដែលញែកពួកអ៊ីស្រាអែល ចេញជាបរិសុទ្ធ គឺក្នុងកាលដែលទីបរិសុទ្ធរបស់អញបានតាំងនៅកណ្តាលគេ ឲ្យបាននៅអស់កល្បជានិច្ច។
ជំពូក 38
1 ព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មកដល់ខ្ញុំថា
2 កូនមនុស្សអើយ ចូរតាំងមុខទៅខាងកុកនៃស្រុកម៉ាកុក ជាចៅហ្វាយនៃពួករ៉ុស ពួកមែសេក និងពួកទូបាល ត្រូវឲ្យទាយទាស់នឹងវាថា
3 ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ ម្នាលកុក ជាចៅហ្វាយនៃពួករ៉ុស ពួកមែសេក និងពួកទូបាលអើយ មើល អញទាស់នឹងឯង
4 អញនឹងធ្វើឲ្យឯងបែរមក អញនឹងដាក់ទំពក់នៅថ្គាមឯង ហើយនិងនាំឯងចេញមក ព្រមទាំងពលទ័ពឯងទាំងប៉ុន្មាន ទាំងសេះ និងពលសេះផង គ្រប់គ្នាស្លៀកពាក់ជាគ្រឿងសឹកសព្វគ្រប់ ជាកងទ័ពយ៉ាងធំ មានទាំងខែលធំ ខែលតូច ហើយកាន់ដាវគ្រប់គ្នាផង
5 មានសាសន៍ពើស៊ី សាសន៍គូស និងសាសន៍ពូតមកជាមួយគ្នា គ្រប់គ្នាមានខែល ហើយមួកដែក
6 ហើយមានទាំងសាសន៍កូមើរ និងពួកកកកុញទាំងប៉ុន្មានរបស់គេ ក៏មានពួកវង្សតូកាម៉ា ពីស្រុកខាងជើងបំផុត និងពួកកកកុញទាំងអស់របស់គេ គឺមានសាសន៍ជាច្រើនមកជាមួយនឹងឯងផង។
7 ចូរឲ្យឯងបានរៀបចំខ្លួនជាស្រេចចុះ អើ ចូររៀបចំឡើង គឺទាំងឯង និងបណ្តាកងទ័ពទាំងប៉ុន្មានដែលបានមូលមកឯឯងហើយឲ្យឯងធ្វើជាមេទ័ពដល់គេចុះ
8 ក្រោយយូរថ្ងៃទៅ នោះឯងនឹងបានតាំងឡើង ឯដល់ជាន់ក្រោយបង្អស់ នោះឯងនឹងចូលមកក្នុងស្រុក ដែលបានប្រោសឲ្យរួចពីដាវមកវិញ គឺដែលបានប្រមូលចេញរួចពីសាសន៍ជាច្រើន មកនៅលើអស់ទាំងភ្នំនៃស្រុកអ៊ីស្រាអែល ជាស្រុកត្រូវខូចបង់នៅជានិច្ច តែបាននាំចេញពីគ្រប់សាសន៍ នោះគេនឹងអាស្រ័យនៅដោយសុខសាន្តទាំងអស់គ្នា
9 ឯងនឹងឡើងមក គឺនឹងមកដូចជាខ្យល់ព្យុះ ហើយឯង និងពួកកកកុញទាំងប៉ុន្មានរបស់ឯង ព្រមទាំងសាសន៍ជាច្រើនដែលមកជាមួយ នឹងបានដូចជាពពកគ្របលើស្រុក។
10 ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា នៅថ្ងៃនោះ នឹងមានគំនិតកើតឡើងក្នុងចិត្តឯង ហើយឯងនឹងបង្កើតកិច្ចកលអាក្រក់
11 ឯងនឹងថា អញនឹងឡើងទៅឯស្រុកដែលនៅចំហ អញនឹងទៅឯពួកមនុស្សដែលនៅដោយឥតកង្វល់ ហើយដោយសុខសាន្ត ដែលទាំងអស់គ្នានៅដោយឥតមានកំផែង ឬទ្វារ ឬរនុកឡើយ
12 ដើម្បីនឹងចាប់យករបឹប និងរំពា ហើយត្រឡប់ដៃទៅទាស់នឹងទីខូចបង់ ដែលមានមនុស្សអាស្រ័យនៅឡើងវិញ ហើយទាស់នឹងបណ្តាមនុស្សដែលបានប្រមូលចេញពីគ្រប់ទាំងសាសន៍ ជាពួកអ្នកដែលចម្រើនបានហ្វូងសត្វ និងទ្រព្យសម្បត្តិ ក៏នៅចំកណ្តាលផែនដី
13 ឯពួកសេបា ពួកដេដាន់ ពួកជំនួញរបស់ស្រុកតើស៊ីស ព្រមទាំងសិង្ហស្ទាវ ទាំងប៉ុន្មានរបស់ពួកទាំងនោះ គេនឹងសួរមកឯងថា តើលោកមកចាប់យករបឹបឬ តើបានប្រមូលពួកទាំងប៉ុន្មានរបស់លោក ដើម្បីនឹងចាប់យករំពាឬ តើចង់ដឹកយកប្រាក់ និងមាស ហើយនាំយកហ្វូងសត្វ និងទ្រព្យសម្បត្តិទៅឬ គឺចង់ប្លន់យករបឹបយ៉ាងច្រើនឬអី។
14 ដូច្នេះ កូនមនុស្សអើយ ចូរទាយចុះ ហើយប្រាប់កុកថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ នៅថ្ងៃនោះ កាលណាអ៊ីស្រាអែល ជារាស្ត្រអញ បាននៅដោយសុខសាន្ត នោះតើឯងមិនបានដឹងទេឬ
15 ឯងនឹងចេញពីកន្លែងរបស់ឯង គឺពីស្រុកខាងជើងបំផុតមក មានទាំងសាសន៍ជាច្រើនមកជាមួយនឹងឯងផង ជាពួកកងយ៉ាងសន្ធឹក ហើយជាពលទ័ពខ្លាំងពូកែ ដែលសុទ្ធតែជិះសេះគ្រប់ៗគ្នា
16 ឯងនឹងឡើងមកទាស់នឹងអ៊ីស្រាអែល ជារាស្ត្រអញ ដូចជាពពកដែលគ្របស្រុក គឺនៅជាន់ក្រោយបង្អស់ អញនឹងនាំឯងមកទាស់នឹងស្រុកអញ ដើម្បីឲ្យអស់ទាំងសាសន៍បានស្គាល់អញ ឱកុកអើយ គឺក្នុងកាលដែលអញបានតាំងជាបរិសុទ្ធ នៅក្នុងឯងចំពោះភ្នែកគេ។
17 ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា តើឯងឬអី ដែលអញបាននិយាយកាលពីដើម ដោយសារពួកអ្នកបម្រើអញ គឺជាពួកហោរានៃសាសន៍អ៊ីស្រាអែលនៅជាន់នោះដែលបានទាយ ជាយូរឆ្នាំមក ដោយថា អញនឹងនាំឯងមកទាស់នឹងគេនោះ
18 ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលថា នៅគ្រានោះ កាលណាកុកបានមកទាស់នឹងស្រុកអ៊ីស្រាអែល នោះសេចក្ដីក្រោធរបស់អញនឹងឆួលឡើងនៅច្រមុះអញ
19 ដ្បិតគឺដោយសេចក្ដីប្រចណ្ឌរបស់អញ និងភ្លើងនៃសេចក្ដីក្រោធរបស់អញ ដែលអញបានថា ពិតប្រាកដជានៅថ្ងៃនោះ នឹងមានការកក្រើករំពើកជាខ្លាំង នៅក្នុងស្រុកអ៊ីស្រាអែល
20 ដល់ម៉្លេះបានជាទាំងត្រីសមុទ្រ និងសត្វហើរលើអាកាស សត្វព្រៃ និងសត្វលូនវារនៅដី ហើយគ្រប់ទាំងមនុស្សនៅផែនដីនឹងញាប់ញ័រនៅចំពោះអញ ឯភ្នំទាំងប៉ុន្មាននឹងរលំចុះ ចម្រេះភ្នំនឹងបាក់ធ្លាក់មក ហើយអស់ទាំងកំផែងនឹងដួលដល់ដី
21 ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលថា អញនឹងហៅដល់អស់ទាំងភ្នំរបស់អញឲ្យមានដាវមកទាស់នឹងវា នោះដាវរបស់មនុស្សទាំងឡាយ នឹងបានទាស់នឹងបងប្អូនខ្លួន
22 អញនឹងសម្រេចទោសដល់វា ដោយអាសន្នរោគ និងឈាម អញនឹងបង្អុរភ្លៀងរំលា ព្រមទាំងព្រិលយ៉ាងធំ និងភ្លើង ហើយស្ពាន់ធ័រមកលើវា និងពួកកកកុញរបស់វា ហើយលើបណ្តាសាសន៍ជាច្រើន ដែលមកជាមួយផង
23 អញនឹងតម្កើងខ្លួនអញ ហើយតាំងខ្លួនអញជាបរិសុទ្ធ ព្រមទាំងធ្វើឲ្យសាសន៍ជាច្រើនស្គាល់អញចំពោះភ្នែកផង នោះគេនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត។
ជំពូក 39
1 ដូច្នេះ កូនមនុស្សអើយ ចូរទាយទាស់នឹងកុក ហើយប្រាប់ថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ ម្នាលកុក ជាចៅហ្វាយនៃពួករ៉ុស ពួកមែសេក និងពួកទូបាលអើយ អញទាស់នឹងឯង
2 អញនឹងធ្វើឲ្យឯងបែរមក ហើយនាំឯងទៅមុខ ក៏នឹងបណ្តាលឲ្យឯងឡើងមកពីស្រុកខាងជើងបំផុត ព្រមទាំងនាំឯងមកលើភ្នំទាំងប៉ុន្មានរបស់ស្រុកអ៊ីស្រាអែល
3 អញនឹងវាយធ្នូចេញពីដៃឆ្វេងរបស់ឯង ហើយនិងធ្វើឲ្យព្រួញធ្លាក់ចេញពីដៃស្តាំឯង
4 ឯងនឹងដួលនៅលើអស់ទាំងភ្នំរបស់ស្រុកអ៊ីស្រាអែល គឺទាំងឯង និងពួកកកកុញរបស់ឯង ហើយសាសន៍ទាំងប៉ុន្មានដែលនៅជាមួយផង អញនឹងប្រគល់ឯងដល់សត្វហើរផ្សេងៗដែលស៊ីគំរង់ ហើយដល់សត្វព្រៃឲ្យវាស៊ីទៅ
5 ឯងនឹងដួលនៅទីវាលទទេ ដ្បិតអញបានចេញវាចាហើយ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា
6 អញនឹងចាត់ភ្លើងទៅលើស្រុកម៉ាកុក ហើយលើពួកអ្នកដែលអាស្រ័យនៅ ដោយសុខសាន្តនៅកោះទាំងឡាយ នោះគេនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត
7 អញនឹងឲ្យមនុស្សស្គាល់ឈ្មោះដ៏បរិសុទ្ធរបស់អញ នៅកណ្តាលពួកអ៊ីស្រាអែលជារាស្ត្រអញ ក៏មិនឲ្យឈ្មោះបរិសុទ្ធរបស់អញត្រូវបង្អាប់ទៀត ដូច្នេះ អស់ទាំងសាសន៍នឹងដឹងថា អញជាព្រះយេហូវ៉ា គឺជាព្រះដ៏បរិសុទ្ធនៅក្នុងពួកអ៊ីស្រាអែល
8 ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលថា មើល ការនោះកំពុងតែមក ហើយនិងបានសម្រេចជាពិត នេះហើយជាថ្ងៃដែលអញបានប្រាប់នោះ
9 ឯពួកអ្នកដែលនៅអស់ទាំងទីក្រុងនៃស្រុកអ៊ីស្រាអែល គេនឹងចេញទៅប្រមូលគ្រឿងសស្ត្រាវុធដុតចោល គឺទាំងខែលតូច ខែលធំ ទាំងធ្នូ និងព្រួញ ដែកពួយ និងលំពែងផង គេនឹងដុតគ្រឿងទាំងនោះអស់៧ឆ្នាំ
10 ឥតត្រូវការរើសរំកាច់ឈើនៅទីវាល ឬកាប់ឱសនៅក្នុងព្រៃឡើយ ដ្បិតគេនឹងប្រើគ្រឿងទាំងនោះសម្រាប់ដុតវិញ ហើយគេនឹងរឹបជាន់ពួកអ្នកដែលបានរឹបជាន់ខ្លួន ព្រមទាំងប្លន់ពួកអ្នកដែលបានប្លន់ខ្លួនដែរ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។
11 គ្រានោះ អញនឹងឲ្យកន្លែង១ដល់ពួកកុក សម្រាប់ជាទីកប់ខ្មោចនៅក្នុងស្រុកអ៊ីស្រាអែល គឺជាច្រកភ្នំដែលមនុស្សដើរកាត់ទៅខាងកើតសមុទ្រ ច្រកនោះនឹងបិទខ្ទប់ពួកអ្នកដើរកាត់ ហើយនៅទីនោះគេនឹងកប់សាកសពនៃកុក និងពួកកកកុញរបស់វា គេនឹងហៅច្រកភ្នំនោះថា ហាមុន-កុក
12 ពួកវង្សអ៊ីស្រាអែល នឹងកប់ខ្មោចអ្នកទាំងនោះអស់៧ខែ ទើបបានហើយ ដើម្បីនឹងសម្អាតស្រុក
13 អើ មនុស្សទាំងអស់នៅស្រុកនោះនឹងធ្វើការកប់សពគេ ហើយការនោះនឹងបានជាល្បីដល់គេ ក្នុងថ្ងៃដែលអញបានតម្កើងឡើង នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា
14 គេនឹងតម្រូវទុកមនុស្ស១ពួក ដែលត្រូវធ្វើការនោះជានិច្ច ឲ្យបានដើរចុះឡើងក្នុងស្រុក ជាមួយនឹងពួកអ្នកដែលដើរដំណើរទៅមក ដើម្បីនឹងកប់សពដែលសល់នៅលើដីប្រយោជន៍នឹងសម្អាតស្រុកទៅ ក្រោយ៧ខែ នោះគេនឹងដើរពិនិត្យមើល
15 រួចពួកអ្នកដែលដើរចុះឡើង គេនឹងដើរទៅមកមើល បើឃើញឆ្អឹងខ្មោចមនុស្សណា នោះគេនឹងតាំងទីសម្គាល់១នៅជិតខាង ទាល់តែពួកកប់ខ្មោចបានមកកប់ចោល នៅក្នុងច្រកភ្នំហាមុន-កុកទាំងអស់ទៅ
16 ហើយទីក្រុង១នឹងមានឈ្មោះហៅថា ហាម៉ូណា គឺយ៉ាងនោះដែលគេនឹងសម្អាតស្រុក។
17 ឯឯង កូនមនុស្សអើយ ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា ចូរប្រាប់ដល់សត្វស្លាបគ្រប់យ៉ាង និងដល់អស់ទាំងសត្វព្រៃនៅផែនដីថា ចូរមូលគ្នាមក ចូរប្រជុំគ្នាពីគ្រប់ទិស មកឯយញ្ញបូជារបស់អញ ដែលអញធ្វើសម្រាប់ឯងរាល់គ្នា ជាយញ្ញបូជាយ៉ាងធំ នៅលើអស់ទាំងភ្នំស្រុកអ៊ីស្រាអែល ដើម្បីឲ្យឯងបានស៊ីសាច់ ហើយផឹកឈាម
18 ឯងរាល់គ្នានឹងស៊ីសាច់របស់មនុស្សខ្លាំងពូកែ ហើយផឹកឈាមរបស់ពួកចៅហ្វាយនៅផែនដី ទាំងចៀមឈ្មោល កូនចៀម ពពែ និងគោផង សុទ្ធតែជាសត្វបំប៉នពីស្រុកបាសាន
19 ឯងរាល់គ្នានឹងស៊ីខ្លាញ់ទាល់តែឆ្អែត ហើយផឹកឈាមទាល់តែស្រវឹង ដោយសារយញ្ញបូជា ដែលអញធ្វើសម្រាប់ឯង
20 នៅតុអញ ឯងរាល់គ្នានឹងបានឆ្អែតដោយសាច់សេះ ពួករទេះចម្បាំង ពួកមនុស្សខ្លាំងពូកែ និងពួកទាហានទាំងប៉ុន្មានដែរ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។
21 អញនឹងតាំងសិរីល្អរបស់អញ នៅកណ្តាលអស់ទាំងសាសន៍ ហើយអស់ទាំងសាសន៍នឹងឃើញសេចក្ដីយុត្តិធម៌របស់អញ ដែលបានសម្រេចនោះ និងដៃអញដែលបានដាក់លើគេ
22 យ៉ាងនោះពួកវង្សអ៊ីស្រាអែលនឹងដឹងថា អញនេះជាព្រះយេហូវ៉ា គឺជាព្រះនៃគេ តាំងតែពីថ្ងៃនោះតទៅ
23 ឯពួកសាសន៍ដទៃ គេនឹងដឹងថា ពួកវង្សអ៊ីស្រាអែលបានត្រូវដឹកនាំទៅជាឈ្លើយ ដោយព្រោះអំពើទុច្ចរិតរបស់ខ្លួន ដោយព្រោះគេប្រព្រឹត្តរំលងទាស់នឹងអញហើយ បានជាអញគេចមុខចេញពីគេ ដោយហេតុនោះបានជាអញប្រគល់គេទៅក្នុងកណ្តាប់ដៃនៃពួកខ្មាំងសត្រូវ ហើយគេត្រូវដួលដោយដាវទាំងអស់គ្នា
24 អញបានធ្វើដល់គេតាមសេចក្ដីស្មោកគ្រោក និងអំពើរំលងរបស់គេ ព្រមទាំងគេចមុខចេញពីគេផង។
25 ហេតុនោះ ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា ឥឡូវនេះ អញនឹងនាំពួកយ៉ាកុបដែលនៅជាឈ្លើយឲ្យមកវិញ ហើយនិងមានសេចក្ដីអាណិតមេត្តាដល់ពួកវង្សអ៊ីស្រាអែលទាំងមូល ហើយនិងមានសេចក្ដីប្រចណ្ឌ ដោយយល់ដល់ឈ្មោះបរិសុទ្ធរបស់អញ
26 ឯក្រោយដែលគេបានរងទ្រាំសេចក្ដីខ្មាស និងគ្រប់ទាំងអំពើរំលងដែលគេបានប្រព្រឹត្តទាស់នឹងអញ ក្នុងគ្រាដែលគេនៅក្នុងស្រុកខ្លួន ដោយសុខសាន្ត ឥតមានអ្នកណាបំភ័យឡើយ
27 គឺក្នុងកាលដែលអញបាននាំគេចេញពីអស់ទាំងសាសន៍មកវិញ ហើយប្រមូលគេពីគ្រប់ទាំងស្រុករបស់ខ្មាំងសត្រូវគេ ព្រមទាំងតាំងខ្លួនអញជាបរិសុទ្ធ នៅក្នុងពួកគេ ចំពោះភ្នែកសាសន៍ជាច្រើន
28 ហើយគេនឹងដឹងថា អញនេះជាព្រះយេហូវ៉ា គឺជាព្រះនៃគេ ដោយអញបានធ្វើឲ្យគេទៅជាឈ្លើយ នៅកណ្តាលអស់ទាំងសាសន៍រួចបានប្រមូលគេមកក្នុងស្រុករបស់ខ្លួនគេវិញ ឥតទុកអ្នកណាមួយឲ្យនៅសល់ក្នុងស្រុកទាំងនោះទៀត
29 អញក៏នឹងមិនគេចមុខពីគេទៀតដែរ ដ្បិតអញបានចាក់វិញ្ញាណអញទៅលើពួកវង្សអ៊ីស្រាអែលហើយ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។
ជំពូក 40
1 នៅឆ្នាំ២៥ ដែលយើងរាល់គ្នានៅជាឈ្លើយ លុះដល់ថ្ងៃ១០ខែដើមឆ្នាំ គឺក្នុងឆ្នាំទី១៤ តាំងពីទីក្រុងត្រូវគេវាយមក នៅថ្ងៃនោះឯង ព្រះហស្តនៃព្រះយេហូវ៉ាបានសណ្ឋិតនៅលើខ្ញុំ ហើយទ្រង់នាំខ្ញុំទៅឯទីនោះ
2 ទ្រង់បាននាំខ្ញុំទៅក្នុងស្រុកអ៊ីស្រាអែល ដោយការជាក់ស្តែងរបស់ព្រះ ហើយបានដាក់ខ្ញុំចុះលើភ្នំ១យ៉ាងខ្ពស់ ដែលនៅភ្នំនោះ មានសណ្ឋានដូចជាទីក្រុង នៅប៉ែកខាងត្បូង
3 ទ្រង់នាំខ្ញុំទៅឯទីនោះ ខ្ញុំក៏ឃើញមានមនុស្សម្នាក់មានភាពដូចជាលង្ហិន ដែលកាន់ខ្សែខ្លូតទេសនៅដៃ និងបបុសសម្រាប់វាស់ផង លោកឈរនៅក្នុងទ្វារ
4 មនុស្សនោះក៏និយាយមកខ្ញុំថា កូនមនុស្សអើយ ចូរពិនិត្យដោយភ្នែក ហើយស្តាប់ដោយត្រចៀកចុះ រួចយកចិត្តទុកដាក់នឹងគ្រប់ទាំងអស់ដែលអញបង្ហាញដល់ឯង ដ្បិតបាននាំឯងមកនៅទីនេះ ប្រយោជន៍ឲ្យអញបានបង្ហាញទាំងអស់នេះដល់ឯងហើយ ដូច្នេះ ចូរប្រាប់ទាំងអស់ដែលឯងឃើញ ដល់ពួកវង្សអ៊ីស្រាអែលផង។
5 នោះក៏ឃើញមានកំផែងនៅព័ទ្ធជុំវិញ ខាងក្រៅនៃព្រះវិហារ ហើយនៅដៃមនុស្សនោះ មានបបុសសម្រាប់វាស់ប្រវែង៦ហត្ថ ដែលក្នុង១ហត្ថនោះ ត្រូវជា១ហត្ថ១ទះ ដូច្នេះ លោកក៏វាស់កំរាស់កំផែងនោះត្រូវជា១ខ្នាតបបុស ហើយកំពស់ក៏១ខ្នាតនោះដែរ
6 រួចលោកទៅដល់ទ្វារដែលបើកទៅទិសខាងកើត ក៏ឡើងជណ្តើរទ្វារនោះ ទៅវាស់ទទឹងមាត់ទ្វារបាន១ខ្នាត ហើយទទឹង១ទៀតក៏បាន១ខ្នាតដូចគ្នា
7 គ្រប់ទាំងបន្ទប់ មានបណ្តោយ១ខ្នាត និងទទឹង១ខ្នាត ឯប្រឡោះកណ្តាលបន្ទប់ទាំងនោះ មាន៥ហត្ថ ហើយមាត់ទ្វារបាំងសាចនៃទ្វារខាងក្នុងក៏១ខ្នាតដែរ
8 លោកក៏វាស់បាំងសាចទ្វារខាងក្នុងបាន១ខ្នាត
9 រួចលោកវាស់បាំងសាចបាន៨ហត្ថ ហើយសសរបាំងសាចនោះបាន២ហត្ថ ឯបាំងសាចនៃទ្វារកំផែងនោះនៅខាងក្នុង
10 បន្ទប់ទាំងប៉ុន្មានរបស់ទ្វារខាងកើត នោះមាន៣ខាងនេះ ហើយ៣ខាងនោះ គ្រប់ទាំង៣មានទំហំដូចគ្នា ហើយសសរខាងនេះ និងនៅខាងនោះ ក៏មានទំហំដូចគ្នាដែរ
11 លោកក៏វាស់ទទឹងនៃផ្លូវចូលតាមទ្វារកំផែងបាន១០ហត្ថ ហើយបណ្តោយបាន១៣ហត្ថ
12 ក៏មានរបង១ហត្ថ នៅពីមុខបន្ទប់នីមួយៗ ទាំងខាងនេះ និងខាងនោះផង បន្ទប់ទាំងនោះមានទំហំ៦ហត្ថ៤ជ្រុងស្មើ
13 លោកក៏វាស់ទ្វារពីដំបូលបន្ទប់១ ដល់ដំបូលបន្ទប់ម្ខាងបានទទឹង២៥ហត្ថ មានទ្វារទល់មុខនឹងទ្វារ
14 លោកក៏ធ្វើសសរបាន៦០ហត្ថ ហើយទីលានក៏ត្រឹមសសរទាំងនោះ នៅព័ទ្ធជុំវិញទ្វារកំផែង
15 ចាប់តាំងពីមុខទ្វារកំផែងត្រង់ផ្លូវចូល រហូតដល់មុខបាំងសាចខាងក្នុងនៃទ្វារនោះបាន៥០ហត្ថ
16 បន្ទប់ទាំងនោះមានបង្អួចបិទ ព្រមទាំងនៅសសរខាងក្នុងទ្វារកំផែងព័ទ្ធជុំវិញ ហើយនៅក្នុងខ្លោងទ្វារផង មានបង្អួចនៅព័ទ្ធជុំវិញខាងក្នុង ហើយនៅសសរនីមួយៗ មានឆ្លាក់ជាដើមលម៉ើ។
17 រួចលោកនាំខ្ញុំទៅឯទីលានខាងក្រៅ នោះឃើញមានបន្ទប់ ហើយកម្រាលថ្មដែលធ្វើសម្រាប់ទីលាននៅជុំវិញ គឺមានបន្ទប់៣០ នៅលើកម្រាលថ្មនោះ
18 កម្រាលថ្មនោះក៏នៅក្បែរទ្វារ ត្រូវនឹងប្រវែងទ្វារ នោះជាកម្រាលថ្មជាន់ក្រោម
19 រួចលោកវាស់ទទឹងទីលានពីខាងក្រៅ ចាប់តាំងពីមុខទ្វារកំផែងខាងក្រោម រហូតដល់មុខទីលានខាងក្នុងបាន១០០ហត្ថ ទាំងខាងកើត និងខាងជើងផង។
20 លោកក៏វាស់បណ្តោយ និងទទឹងនៃទ្វារកំផែងរបស់ទីលានខាងក្រៅ ដែលបើកទៅខាងជើង
21 ហើយមានបន្ទប់៣ខាងនេះ និង៣ខាងនោះដែរ ឯសសរ និងខ្លោងទ្វារនោះ ក៏មានទំហំត្រូវគ្នានឹងទ្វារទី១ គឺបណ្តោយ៥០ហត្ថ ទទឹង២៥ហត្ថ
22 អស់ទាំងបង្អួច និងខ្លោងទ្វារ ហើយក្បាច់ដើមលម៉ើក៏មានទំហំដូចជាទ្វារកំផែង ដែលបើកទៅទិសខាងកើត មានជណ្តើរ៧ថ្នាក់ឡើងទៅដល់ទ្វារនោះ រួចមានខ្លោងទ្វារពីមុខដែរ
23 ក៏មានទ្វារចូលទៅក្នុងទីលានខាងក្នុង ដែលប្រទល់មុខនឹងទ្វារនោះទាំងខាងជើង និងខាងកើតផង រួចលោកវាស់ពីទ្វារ១ទៅទ្វារ១ទៀតបាន១០០ហត្ថ។
24 លោកក៏នាំខ្ញុំទៅខាងត្បូង នោះឃើញមានទ្វារ១ ដែលបើកទៅទិសខាងត្បូងដែរ លោកវាស់សសរ និងខ្លោងទ្វារទាំងនោះ ក៏ត្រូវនឹងទំហំទាំងនោះ
25 ក៏មានបង្អួចនៅទីនោះ ហើយនៅខ្លោងទ្វារព័ទ្ធជុំវិញ ដូចជាបង្អួចពីមុន ទ្វារនោះបណ្តោយបាន៥០ហត្ថ ហើយទទឹង២៥ហត្ថ
26 ក៏មានជណ្តើរ៧ថ្នាក់ឡើងទៅដល់ទ្វារ និងខ្លោងទ្វារពីមុខនោះដែរ នៅសសរទាំងសងខាង មានក្បាច់ដើមលម៉ើ១ខាងនេះ ហើយ១ខាងនោះ
27 ក៏មានទ្វារ១បើកទៅក្នុងទីលានខាងក្នុង ដែលនៅទិសខាងត្បូង ហើយលោកវាស់ពីទ្វារកំផែង១ ទៅដល់ទ្វារកំផែង១ទៀត ខាងត្បូងនោះបាន១០០ហត្ថ។
28 រួចលោកនាំខ្ញុំទៅដល់ទីលានខាងក្នុង ក្បែរទ្វារកំផែងខាងត្បូង លោកវាស់ទ្វារខាងត្បូង ក៏ត្រូវនឹងទំហំទាំងនោះ
29 ឯបន្ទប់ទាំងប៉ុន្មាន និងសសរ ហើយខ្លោងទ្វារនោះមានទំហំដូចគ្នាដែរ មានបង្អួចនៅទីនោះ ហើយនៅខ្លោងទ្វារព័ទ្ធជុំវិញ ទ្វារនោះក៏បណ្តោយ៥០ហត្ថ និងទទឹង២៥ហត្ថដូចគ្នា
30 ហើយមានខ្លោងទ្វារនៅជុំវិញបណ្តោយ២៥ហត្ថ និងទទឹង៥ហត្ថ
31 ខ្លោងទ្វារទាំងនោះក៏បែរទៅខាងទីលានខាងក្រៅ ហើយមានក្បាច់ដើមលម៉ើ នៅសសរទាំងប៉ុន្មាន ឯជណ្តើរឡើងទៅឯទ្វារនោះមាន៨ថ្នាក់វិញ។
32 បន្ទាប់មក លោកនាំខ្ញុំទៅឯទីលានខាងក្នុង ដែលនៅទិសខាងកើត លោកក៏វាស់ទ្វារនោះមានទំហំត្រូវគ្នាដែរ
33 ឯបន្ទប់ទាំងប៉ុន្មាន និងសសរ ហើយខ្លោងទ្វារ ក៏ត្រូវតាមទំហំទាំងនោះទៀត មានទាំងបង្អួចនៅទីនោះ ហើយនៅខ្លោងទ្វារព័ទ្ធជុំវិញ ទ្វារនោះក៏មានបណ្តោយ៥០ហត្ថ ទទឹង២៥ហត្ថ
34 ឯខ្លោងទ្វារក៏បែរទៅឯទីលានខាងក្រៅ មានក្បាច់ដើមលម៉ើ នៅសសរសងខាង ខាងឯជណ្តើរដែលឡើងទៅឯទ្វារនោះមាន៨ថ្នាក់ដែរ។
35 រួចលោកនាំខ្ញុំទៅឯទ្វារទិសខាងជើង ក៏វាស់ទ្វារនោះ មានទំហំត្រូវគ្នាដែរ
36 បន្ទប់ទាំងប៉ុន្មាន និងសសរ ហើយខ្លោងទ្វារផង ក៏មានបង្អួចនៅជុំវិញ ទ្វារនោះបណ្តោយ៥០ហត្ថ ទទឹង២៥ហត្ថដូចគ្នា
37 សសរទាំងប៉ុន្មានក៏បែរទៅឯទីលានខាងក្រៅ ហើយមានក្បាច់ដើមលម៉ើទាំងសងខាង ឯជណ្តើរដែលឡើងទៅឯទ្វារនោះ ក៏មាន៨ថ្នាក់ដែរ។
38 មានបន្ទប់១ដែលមានទ្វារក្បែរសសរ នៅត្រង់ទ្វារកំផែង គឺជាទីនោះដែលគេលាងតង្វាយដុត
39 ហើយនៅបាំងសាចនៃទ្វារកំផែង មានតុ២នៅខាងនេះ ហើយ២ខាងនោះ សម្រាប់នឹងសម្លាប់តង្វាយដុត យញ្ញបូជាលោះបាប និងយញ្ញបូជា ដែលថ្វាយដោយព្រោះការរំលង
40 ឯខាងក្រៅ ដែលឡើងទៅឯផ្លូវចូលទ្វារកំផែងទិសខាងជើង នោះមានតុ២ម្ខាង ហើយ២ម្ខាងទៀតរបស់បាំងសាចនៃទ្វារកំផែងនោះ
41 មានតុ៤ខាងនេះ ហើយ៤ខាងនោះ ដែលនៅខាងៗនៃទ្វារកំផែង គឺទាំងអស់មានតុ៨ សម្រាប់នឹងសម្លាប់យញ្ញបូជា
42 ក៏មានតុ៤ដាប់ពីថ្មប្រវែង១ហត្ថកន្លះ ទទឹង១ហត្ថកន្លះ ហើយកំពស់១ហត្ថសម្រាប់តង្វាយដុត ជាកន្លែងដែលដាក់គ្រឿងប្រដាប់សម្រាប់សម្លាប់តង្វាយដុត និងយញ្ញបូជានោះ
43 ហើយមានទំពក់ប្រវែង១ទះភ្ជាប់នឹងជញ្ជាំងជុំវិញ ឯសាច់នៃតង្វាយក៏នៅលើតុទាំងនោះ។
44 នៅខាងក្រៅនៃទ្វារខាងក្នុង នោះមានបន្ទប់សម្រាប់ពួកចម្រៀង នៅក្នុងទីលានខាងក្នុង ដែលនៅត្រង់ទ្វារទិសខាងជើង ឯបន្ទប់ទាំងនោះបើកទៅខាងត្បូង ហើយមាន១ទៀត នៅត្រង់ទ្វារខាងកើត ដែលបើកទៅទិសខាងជើង
45 លោកក៏ប្រាប់ខ្ញុំថា បន្ទប់១នេះដែលបើកទៅខាងត្បូង នោះសម្រាប់ពួកសង្ឃដែលរក្សាបញ្ញើនៃព្រះវិហារ
46 ហើយបន្ទប់១ដែលបើកទៅខាងជើង នោះសម្រាប់ពួកសង្ឃដែលរក្សាបញ្ញើនៃអាសនៈ ឯពួកទាំងនោះ គឺជាកូនចៅរបស់សាដុក ក្នុងពួកកូនចៅលេវី ដែលចូលទៅជិតព្រះយេហូវ៉ា ដើម្បីធ្វើការងារថ្វាយទ្រង់
47 លោកក៏វាស់ទីលានបានប្រវែង១០០ហត្ថ ទទឹង១០០ហត្ថ ៤ជ្រុងស្មើ ហើយអាសនៈក៏នៅពីមុខព្រះវិហារ។ ទីសក្ការៈ
48 រួចលោកនាំខ្ញុំទៅឯបាំងសាចនៃព្រះវិហារ លោកវាស់សសរបាំងសាចនោះបាន៥ហត្ថខាងនេះ និង៥ហត្ថខាងនោះ ហើយទទឹងទ្វារនោះបាន៥ហត្ថខាងនេះ និង៣ហត្ថខាងនោះ
49 ប្រវែងរបស់បាំងសាចនោះ មាន២០ហត្ថ និងទទឹង១១ហត្ថ ហើយគេឡើងទៅឯបាំងសាចនោះ ដោយថ្នាក់ជណ្តើរ ក៏មានបង្គោលនៅក្បែរសសរទាំងនោះ ១ខាងនេះ ហើយ១ខាងនោះ។
ជំពូក 41
1 រួចលោកនាំខ្ញុំទៅឯព្រះវិហារ ក៏វាស់សសរបានទទឹង៦ហត្ថខាងនេះ ហើយ៦ហត្ថខាងនោះ ដែលស្មើនឹងទទឹងរោងឧបោសថ
2 ហើយផ្លូវចូល នោះទទឹង១០ហត្ថ ឯផ្ទាំងទ្វារម្ខាង នោះ៥ហត្ថ ហើយម្ខាងទៀតក៏៥ហត្ថ ឯបណ្តោយព្រះវិហារ លោកវាស់បាន៤០ហត្ថ ហើយទទឹង២០ហត្ថ
3 រួចលោកក៏ចូលទៅខាងក្នុង វាស់ក្របទ្វារទាំងសងខាងបាន២ហត្ថ ផ្លូវចូលក៏៦ហត្ថ ឯទទឹងទ្វារ នោះបាន៧ហត្ថ
4 លោកវាស់បណ្តោយទីនោះបាន២០ហត្ថ ហើយទទឹងបាន២០ហត្ថ នៅខាងមុខព្រះវិហារ រួចលោកប្រាប់មកខ្ញុំថា ទីនេះជាទីបរិសុទ្ធបំផុត។
5 រួចមកលោកវាស់ជញ្ជាំងនៃព្រះវិហារ មាន៦ហត្ថហើយទទឹងគ្រប់ទាំងបន្ទប់ នៅខាងជុំវិញព្រះវិហារ នោះបាន៤ហត្ថគ្រប់ទាំងអស់
6 បន្ទប់ទាំងនោះមាន៣ជាន់ គឺបន្ទប់១នៅលើ១ទៀត ទាំងអស់មាន៣០បន្ទប់ ក៏តជាប់ពីជញ្ជាំងព្រះវិហារ សម្រាប់ជាបន្ទប់នៅព័ទ្ធជុំវិញ ដើម្បីឲ្យបានជាប់នឹងជញ្ជាំងនោះ តែមិនឲ្យស៊កចូលទៅក្នុងជញ្ជាំងព្រះវិហារទេ
7 ហើយបន្ទប់ទាំងនោះបានកាន់តែធំជាលំដាប់ តាមដែលឡើងខ្ពស់ទៅព័ទ្ធជុំវិញព្រះវិហារ ដ្បិតផ្លូវដែលព័ទ្ធជុំវិញព្រះវិហារ បានឡើងកាន់តែខ្ពស់ទៅ តែទទឹងព្រះវិហារនៅដូចគ្នាទៅខាងលើ ហេតុនោះ បន្ទប់បានកាន់តែធំទូលាយទៅខាងលើយ៉ាងនោះ ចេញពីបន្ទប់ ជាន់ក្រោមឡើង ទៅឯបន្ទប់ជាន់លើ ដោយផ្លូវកណ្តាល
8 ខ្ញុំក៏ពិចារណាមើលកំពស់ព្រះវិហារនៅព័ទ្ធជុំវិញ ឃើញថា ជើងជញ្ជាំងបន្ទប់ទាំងនោះបានខ្ពស់ពេញ១ខ្នាតបបុស គឺ៦ហត្ថធំ
9 ឯកំរាស់នៃជញ្ជាំងខាងក្រៅរបស់បន្ទប់ទាំងនោះបាន៥ហត្ថ ហើយប្រឡោះដែលសល់ នោះសម្រាប់បន្ទប់ខាងៗរបស់ព្រះវិហារ
10 ហើយនៅកណ្តាលបន្ទប់ទាំងនោះ មានប្រឡោះទទឹង២០ហត្ថនៅព័ទ្ធជុំវិញព្រះវិហារ
11 ឯទ្វារនៃបន្ទប់ទាំងនោះ ក៏បើកទៅខាងកន្លែងដែលសល់នោះ គឺមានទ្វារ១បើកទៅខាងជើង ហើយ១ទៀតបើកទៅខាងត្បូង ហើយមានប្រឡោះសល់នៅព័ទ្ធជុំវិញទទឹង៥ហត្ថ។
12 ឯមន្ទីរដែលនៅខាងមុខទីលានទទេ គឺនៅខាងលិច នោះទទឹង៧០ហត្ថ បណ្តោយ៩០ហត្ថ ហើយជញ្ជាំងមន្ទីរនៅព័ទ្ធជុំវិញ មានកំរាស់៥ហត្ថ
13 ដូច្នេះ លោកក៏វាស់ព្រះវិហារបាន១០០ហត្ថ ហើយទីលានទទេ និងមន្ទីរនោះ ព្រមទាំងជញ្ជាំងផង នោះមានបណ្តោយ១០០ហត្ថ
14 ឯទទឹងខាងមុខព្រះវិហារ និងទីលានទទេនៅខាងកើត នោះក៏១០០ហត្ថ។
15 លោកក៏វាស់ប្រវែងនៃមន្ទីរ នៅមុខទីលានទទេ ដែលនៅខាងក្រោយនោះ ព្រមទាំងរានហាលទាំងសងខាងបាន១០០ហត្ថ ហើយទាំងព្រះវិហារខាងក្នុង និងបាំងសាចនៃទីលានផង
16 អស់ទាំងទ្វារ និងបង្អួចបិទ ហើយរានហាលនៅជុំវិញទាំង៣ជាន់ ដែលប្រទល់មុខនឹងមាត់ទ្វារ បានស្រោបដោយឈើនៅជុំវិញ ចាប់តាំងពីដីឡើងទៅដល់បង្អួច (រីឯបង្អួចទាំងនោះ សុទ្ធតែគ្របបិទ)
17 ទៅដល់ខាងលើទ្វារ រហូតដល់ក្នុងព្រះវិហារ ហើយខាងក្រៅ ព្រមទាំងកំផែងនៅជុំវិញ ទាំងក្នុង ទាំងក្រៅ ក៏ធ្វើតាមទំហំផង
18 នោះសុទ្ធតែធ្វើដោយមានក្បាច់ជាចេរូប៊ីន និងដើមលម៉ើ មានដើមលម៉ើ១ នៅជាកណ្តាលចេរូប៊ីន និងចេរូប៊ីន ហើយចេរូប៊ីនទាំងនោះសុទ្ធតែមានមុខ២រៀងខ្លួន
19 បានជាមានមុខមនុស្សបែរទៅខាងដើមលម៉ើម្ខាង ហើយមុខសិង្ហស្ទាវបែរទៅខាងដើមលម៉ើម្ខាងទៀត គឺបានធ្វើយ៉ាងនោះក្នុងព្រះវិហារនៅព័ទ្ធជុំវិញ
20 គេបានធ្វើចេរូប៊ីន និងដើមលម៉ើ ចាប់តាំងពីដីរហូតទៅដល់ខាងលើទ្វារ ជញ្ជាំងរបស់ព្រះវិហារបានធ្វើយ៉ាងនោះ។
21 ឯក្របទ្វានៃព្រះវិហារ មាន៤ជ្រុងស្មើ ហើយខាងមុខនៃទីបរិសុទ្ធ មានសណ្ឋានមើលទៅដូចគ្នា
22 ឯអាសនៈបានធ្វើពីឈើ កំពស់៣ហត្ថ ប្រវែង២ហត្ថ ឯជ្រុង និងបណ្តោយ ហើយខាងៗអាសនៈនោះ សុទ្ធតែជាឈើទាំងអស់ ហើយលោកនិយាយមកខ្ញុំថា នេះជាតុដែលនៅចំពោះព្រះយេហូវ៉ា
23 ឯព្រះវិហារ និងទីបរិសុទ្ធ មានទ្វារ២
24 ចំណែកទ្វារទាំងនោះមាន២ផ្ទាំងៗ គឺ២ផ្ទាំងដែលបើកបាន ទ្វារ១មាន២ផ្ទាំង ហើយទ្វារ១ទៀតក៏មាន២ផ្ទាំងដែរ
25 នៅផ្ទាំងទ្វារទាំងនោះ គឺជាទ្វារនៃព្រះវិហារ មានឆ្លាក់ជារូបចេរូប៊ីន និងដើមលម៉ើ ដូចជាបានធ្វើនៅជញ្ជាំងដែរ ហើយនៅបាំងសាចខាងក្រៅមានក្រាលក្តារ
26 ក៏មានបង្អួចបិទ និងក្បាច់ជាដើមលម៉ើ ទាំងសងខាងបាំងសាច អស់ទាំងបន្ទប់ខាងៗនៃព្រះវិហារ និងកម្រាលក្តារក៏យ៉ាងនោះទាំងអស់។
ជំពូក 42
1 រួចលោកក៏នាំខ្ញុំចេញទៅឯទីលានខាងក្រៅ តាមផ្លូវទៅឯទិសខាងជើង លោកនាំខ្ញុំទៅឯបន្ទប់ដែលនៅមុខទីលានទទេ ដែលនៅខាងជើងប្រទល់មុខនឹងមន្ទីរ
2 ខាងមុខនោះ ជាកន្លែងមានទ្វារខាងជើង នោះប្រវែង១០០ហត្ថ ទទឹង៥០ហត្ថ
3 ប្រទល់នឹងទីលានខាងក្នុងដែលវាស់បាន២០ហត្ថ ហើយទល់មុខនឹងកម្រាលថ្មនៅទីលានខាងក្រៅ នោះមានរានហាល៣ជាន់
4 នៅពីមុខបន្ទប់ទាំងប៉ុន្មាន នោះមានទីដើរ ទទឹង១០ហត្ថ ខាងក្នុងក៏មានផ្លូវ១ហត្ថចូលតាមទ្វារបន្ទប់ទាំងនោះ ដែលបើកទៅទិសខាងជើង
5 រីឯបន្ទប់ខាងលើ សុទ្ធតែខ្លីជាង ពីព្រោះរានហាលកាត់ចេញពីបន្ទប់ទាំងនោះ ជាជាងបន្ទប់ជាន់ក្រោម និងបន្ទប់ជាន់កណ្តាលនៃមន្ទីរនោះ
6 ដ្បិតមាន៣ជាន់ តែឥតមានសសរ ដូចជាសសរទីលានទេ ហេតុនោះបានជាជាន់លើត្រូវចង្អៀតជាងជាន់ក្រោម និងជាន់កណ្តាល រាប់ពីដីឡើង
7 ឯជញ្ជាំងខាងក្រៅ ដែលទល់មុខនឹងបន្ទប់ទាំងនោះ ខាងឯទីលានខាងក្រៅ ពីមុខបន្ទប់ នោះបណ្តោយ៥០ហត្ថ
8 ដ្បិតបន្ទប់ទាំងនោះដែលនៅទីលានខាងក្រៅ មានបណ្តោយ៥០ហត្ថ ហើយមើល នៅមុខព្រះវិហារនោះមាន១០០ហត្ថ
9 ហើយនៅក្រោមបន្ទប់ទាំងនោះ មានផ្លូវចូលពីខាងកើត តាមដែលអ្នកណាចូលមកពីទីលានខាងក្រៅ។
10 នៅក្នុងកំរាស់កំផែងទីលានខាងកើត ប្រទល់មុខនឹងទីលានទទេ ហើយពីមុខមន្ទីរ នោះមានបន្ទប់ដែរ
11 ឯទីដើរនៅមុខបន្ទប់ទាំងនោះ មើលទៅដូចទីដើរនៃបន្ទប់ដែលនៅខាងជើងដែរ មានបណ្តោយ និងទទឹងស្មើគ្នា ហើយអស់ទាំងផ្លូវចេញពីបន្ទប់ទាំងនោះ ក៏ត្រូវតាមរបៀប ហើយតាមទ្វារបន្ទប់មុននោះដែរ
12 ហើយតាមរបៀបនៃទ្វាររបស់បន្ទប់នៅខាងត្បូង នោះក៏មានទ្វារ១នៅក្បាលផ្លូវ គឺជាផ្លូវដែលចេញទៅចំពីមុខកំផែងទិសខាងកើត តាមដែលអ្នកណាចូលទៅឯបន្ទប់ទាំងនោះ។
13 រួចលោកនិយាយមកខ្ញុំថា បន្ទប់ទាំងប៉ុន្មាននៅខាងជើង ហើយខាងត្បូង ដែលនៅមុខទីលានទទេ នោះជាបន្ទប់បរិសុទ្ធ ជាកន្លែងនៃពួកសង្ឃដែលចូលទៅជិតព្រះយេហូវ៉ា គេបរិភោគរបស់បរិសុទ្ធបំផុត គឺនៅទីនោះដែលគេត្រូវដាក់របស់បរិសុទ្ធបំផុត ជាតង្វាយម្សៅ តង្វាយលោះបាប និងតង្វាយដែលថ្វាយដោយព្រោះការរំលងផង ដ្បិតទីនោះជាទីបរិសុទ្ធ
14 កាលណាពួកសង្ឃចូលទៅ នោះគេមិនត្រូវចេញ ពីទីបរិសុទ្ធ ទៅឯទីលានខាងក្រៅឡើយ គឺគេត្រូវទុកសម្លៀកបំពាក់ ដែលគេស្លៀកពាក់កំពុងដែលធ្វើការងារនៅទីនោះវិញ ពីព្រោះសម្លៀកបំពាក់ទាំងនោះសុទ្ធតែបរិសុទ្ធ ហើយគេត្រូវតែងខ្លួន ដោយសម្លៀកបំពាក់ផ្សេងទៀត រួចនឹងចូលទៅឯចំណែករបស់ផងបណ្តាជនបាន។
15 កាលលោកបានវាស់ព្រះវិហារខាងក្នុងរួចហើយ នោះក៏នាំខ្ញុំចេញទៅតាមផ្លូវនៃទ្វារកំផែង ដែលបើកទៅទិសខាងកើត រួចក៏វាស់កំផែងព័ទ្ធជុំវិញ
16 លោកវាស់ចំហៀងខាងកើត ដោយខ្នាតបបុសបាន៥០០ខ្នាត គឺបានវាស់ដោយខ្នាតបបុសនៅព័ទ្ធជុំវិញ
17 លោកវាស់ចំហៀងខាងជើង ដោយខ្នាតបបុស នោះបាន៥០០ខ្នាតជុំវិញ
18 លោកក៏វាស់ចំហៀងខាងត្បូង ដោយខ្នាតបបុស នោះបាន៥០០ខ្នាត
19 រួចលោកត្រឡប់ទៅខាងលិច វាស់ដោយខ្នាតបបុសបាន៥០០ខ្នាត
20 គឺលោកបានវាស់ចំហៀងទាំង៤ មានកំផែងព័ទ្ធជុំវិញ បណ្តោយ៥០០ទទឹង៥០០ ដើម្បីនឹងញែករបស់ដែលបរិសុទ្ធ ចេញពីរបស់ដែលមិនបរិសុទ្ធ។
ជំពូក 43
1 បន្ទាប់មក លោកនាំខ្ញុំទៅឯទ្វារកំផែង គឺជាទ្វារដែលបើកទៅទិសខាងកើត
2 ហើយមើល សិរីល្អរបស់ព្រះនៃសាសន៍អ៊ីស្រាអែល ក៏មកតាមផ្លូវពីទិសខាងកើត ព្រះសូរសៀងទ្រង់ឮដូចជាសូរនៃទឹកច្រើន ហើយផែនដីបានភ្លឺ ដោយសារសិរីល្អរបស់ទ្រង់
3 នោះក៏ដូចជាការជាក់ស្តែង ដែលលេចមកឲ្យខ្ញុំឃើញ គឺដូចជាការជាក់ស្តែងដែលខ្ញុំបានឃើញ ក្នុងកាលដែលខ្ញុំមក ដើម្បីបំផ្លាញទីក្រុង ការជាក់ស្តែងទាំងនោះ ដូចជាការជាក់ស្តែងដែលខ្ញុំបានឃើញ នៅក្បែរទន្លេកេបារដែរ ដូច្នេះ ខ្ញុំក៏ដួលផ្កាប់មុខចុះ
4 នោះសិរីល្អនៃព្រះយេហូវ៉ាក៏ចូលទៅក្នុងព្រះវិហារ តាមផ្លូវនៃទ្វារកំផែងដែលបើកទៅទិសខាងកើត
5 រួចព្រះវិញ្ញាណទ្រង់លើកខ្ញុំឡើងនាំទៅទីឯលានខាងក្នុង ហើយមើល សិរីល្អនៃព្រះយេហូវ៉ាបាននៅពេញក្នុងព្រះវិហារ។
6 ខ្ញុំក៏ឮព្រះមានព្រះបន្ទូលមកខ្ញុំ ពីក្នុងព្រះវិហារ មានទាំងមនុស្សនោះឈរនៅក្បែរខ្ញុំដែរ
7 នោះទ្រង់មានព្រះបន្ទូលមកខ្ញុំថា កូនមនុស្សអើយ នេះជាទីកន្លែងនៃបល្ល័ង្កអញ ហើយជាទីសម្រាប់បាតជើងអញ គឺជាកន្លែងដែលអញនឹងនៅកណ្តាលពួកកូនចៅអ៊ីស្រាអែលជាដរាបតទៅ ហើយពួកវង្សអ៊ីស្រាអែល នឹងមិនដែលបង្អាប់ឈ្មោះបរិសុទ្ធរបស់អញទៀត ទោះទាំងខ្លួនគេ និងពួកស្តេចគេផង ដោយការកំផិតរបស់គេ ឬដោយសាកសពនៃស្តេចគេដែលបានតម្កល់ទុក
8 ឬដោយគេធ្វើមាត់ទ្វារគេ ក្បែរមាត់ទ្វាររបស់អញ និងក្របទ្វារគេ ផ្ទាប់នឹងក្របទ្វាររបស់អញ ឲ្យមានតែជញ្ជាំងនៅកណ្តាលអញនឹងគេ ហើយគេបានបង្អាប់ឈ្មោះបរិសុទ្ធរបស់អញ ដោយអំពើដ៏គួរស្អប់ខ្ពើម ដែលគេបានប្រព្រឹត្ត ដោយហេតុនោះបានជាអញធ្វើឲ្យគេសាបសូន្យទៅ ដោយសេចក្ដីកំហឹងរបស់អញ
9 ឥឡូវនេះ ត្រូវឲ្យគេលះចោលការកំផិត និងសាកសពនៃស្តេចគេចេញឆ្ងាយពីអញទៅ នោះអញនឹងនៅកណ្តាលពួកគេជាដរាបរៀងតទៅ។
10 ឯឯង កូនមនុស្សអើយ ចូរបង្ហាញព្រះវិហារនេះដល់ពួកវង្សអ៊ីស្រាអែលចុះ ដើម្បីឲ្យគេមានសេចក្ដីខ្មាសចំពោះអំពើទុច្ចរិតរបស់គេ ហើយឲ្យគេវាស់គំរូផង
11 បើគេមានសេចក្ដីខ្មាសចំពោះការទាំងប៉ុន្មានដែលគេប្រព្រឹត្ត នោះត្រូវឲ្យគេស្គាល់រាង និងបែបផែននៃព្រះវិហារ ព្រមទាំងផ្លូវចេញចូល និងសណ្ឋានគ្រប់យ៉ាង ហើយក្រឹត្យក្រមគ្រប់Chapter នូវអស់ទាំងបញ្ញត្តច្បាប់នៃព្រះវិហារផង ចូរកត់ទុកទាំងអស់នៅចំពោះភ្នែកគេ ដើម្បីឲ្យគេបានរក្សាទុកនូវសណ្ឋានគ្រប់យ៉ាង និងក្រឹត្យក្រមទាំងប៉ុន្មាន ព្រមទាំងធ្វើតាមផង
12 នេះហើយជាច្បាប់នៃព្រះវិហារនៅលើកំពូលភ្នំនោះ ហើយតាមព្រំនៅជុំវិញទាំងអស់ នោះត្រូវជាទីបរិសុទ្ធបំផុត មើល នេះឯងជាច្បាប់នៃព្រះវិហារ។
13 នេះជាទំហំនៃអាសនៈ ដែលវាស់តាមហត្ថ គឺហត្ថធំដែលត្រូវជា១ហត្ថ១ទះ បាតនៃអាសនៈបាន១ហត្ថ ទទឹង១ហត្ថ ហើយគែមនៅជុំវិញហាម បាន១ចំអាម នោះជាជើងនៃអាសនៈ
14 ពីបាតដែលនៅលើដី ឡើងទៅដល់គន្លាក់ខាងក្រោម នោះមាន២ហត្ថ និងទទឹង១ហត្ថ ហើយតាំងពីគន្លាក់ក្រោម ឡើងទៅដល់គន្លាក់ខាងលើ នោះមាន៤ហត្ថ និងទទឹង១ហត្ថ
15 ឯប្រទាសអាសនៈ នោះមាន៤ហត្ថ ហើយមានស្នែង៤ចេញពីអាសនៈឡើងទៅ
16 ឯប្រទាសអាសនៈ នោះបណ្តោយ១២ហត្ថ ទទឹង១២ហត្ថ ៤ជ្រុងស្មើ
17 ហើយគន្លាក់ប្រវែង១៤ហត្ថ ទទឹង១៤ហត្ថ ទាំង៤ជ្រុង ក៏មានគែមនៅព័ទ្ធជុំវិញកន្លះហត្ថ ហើយបាតក៏១ហត្ថទាំង៤ជ្រុង ឯជណ្តើរនោះ បែរមុខទៅទិសខាងកើត។
18 រួចលោកនិយាយមកខ្ញុំថា កូនមនុស្សអើយ ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ នេះជាច្បាប់សម្រាប់អាសនៈ នៅវេលាណាដែលគេនឹងតាំងឡើង ដើម្បីនឹងថ្វាយតង្វាយដុត ហើយប្រោះឈាមទៅលើអាសនៈនោះ
19 ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលថា ត្រូវឲ្យឯងឲ្យគោឈ្មោលស្ទាវ១ សម្រាប់ជាតង្វាយលោះបាប ដល់ពួកលេវីដែលជាសង្ឃ ក្នុងពូជពង្សសាដុក ជាពួកអ្នកដែលចូលមកជិត ដើម្បីនឹងធ្វើការងារដល់អញ
20 ត្រូវឲ្យឯងយកឈាមនៃយញ្ញបូជាទៅប្រឡាក់ នៅស្នែងអាសនៈទាំង៤ និងនៅគន្លាក់ទាំង៤ជ្រុង ហើយនៅគែមព័ទ្ធជុំវិញដែរ គឺយ៉ាងនោះដែលឯងត្រូវសម្អាត ហើយថ្វាយតង្វាយឲ្យធួននឹងអាសនៈ
21 ត្រូវឲ្យឯងយកគោឈ្មោលដែលសម្រាប់ជាតង្វាយលោះបាបដែរ ហើយត្រូវដុតនៅកន្លែងសម្រាប់ការនោះ នៅក្នុងព្រះវិហារខាងក្រៅទីបរិសុទ្ធ
22 លុះដល់ថ្ងៃទី២ ត្រូវឲ្យឯងថ្វាយពពែឈ្មោលឥតខ្ចោះ សម្រាប់ជាតង្វាយលោះបាប ហើយគេនឹងសម្អាតអាសនៈ ដូចជាបានសម្អាតដោយគោឈ្មោលនោះដែរ
23 កាលណាឯងបានសម្អាតអាសនៈរួចហើយ នោះត្រូវឲ្យឯងថ្វាយគោឈ្មោលស្ទាវ១ឥតខ្ចោះ និងចៀមឈ្មោល១ឥតខ្ចោះ ពីហ្វូងចៀមទៀត
24 ត្រូវឲ្យឯងនាំសត្វទាំង២ នោះមកនៅចំពោះព្រះយេហូវ៉ា រួចត្រូវឲ្យពួកសង្ឃបាចអំបិលទៅលើ ហើយថ្វាយជាតង្វាយដុតដល់ព្រះយេហូវ៉ា
25 នៅរវាង៧ថ្ងៃ នោះត្រូវឲ្យឯងរៀបពពែឈ្មោល១សម្រាប់ជាតង្វាយលោះបាបរាល់ៗថ្ងៃ គេត្រូវរៀបគោឈ្មោលស្ទាវ១ និងចៀមឈ្មោលឥតខ្ចោះ១ពីហ្វូងសត្វដែរ
26 នៅគម្រប់៧ថ្ងៃត្រូវឲ្យគេថ្វាយតង្វាយឲ្យធួននឹងអាសនៈ ហើយញែកចេញជាបរិសុទ្ធ គឺយ៉ាងនោះដែលគេត្រូវឆ្លងអាសនៈ ហើយញែកចេញជាបរិសុទ្ធ គឺយ៉ាងនោះដែលគេត្រូវឆ្លងអាសនៈ
27 កាលណាគេបានសម្រេចកំណត់ថ្ងៃទាំងនោះហើយ លុះដល់ថ្ងៃទី៨ ហើយតទៅមុខ នោះត្រូវឲ្យពួកសង្ឃថ្វាយតង្វាយដុត និងតង្វាយមេត្រីរបស់ឯងរាល់គ្នា នៅលើអាសនៈនោះយ៉ាងនោះ អញនឹងទទួលឯងរាល់គ្នា នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។
ជំពូក 44
1 រួចលោកនាំខ្ញុំវិលទៅតាមផ្លូវនៃទ្វារខាងក្រៅរបស់ទីបរិសុទ្ធ ដែលបើកទៅទិសខាងកើត ទ្វារនោះបិទនៅ
2 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលមកខ្ញុំថា ទ្វារនេះត្រូវនៅជាបិទ ឥតបើកឡើយ ក៏មិនត្រូវឲ្យមនុស្សណាចូលតាមទ្វារនេះដែរ ដ្បិតព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់បានយាងចូលតាមទ្វារនេះហើយ ហេតុនោះនឹងត្រូវបិទនៅ
3 ឯព្រះអម្ចាស់ដ៏ឧត្តម ទ្រង់នឹងគង់នៅទីនោះទុកជាព្រះអម្ចាស់ ដើម្បីនឹងសោយព្រះស្ងោយ នៅចំពោះព្រះយេហូវ៉ាទ្រង់នឹងយាងចូលតាមផ្លូវបាំងសាចនៃទ្វារកំផែង ហើយនិងយាងចេញទៅវិញតាមផ្លូវដដែល។
4 បន្ទាប់មក លោកនាំខ្ញុំទៅតាមផ្លូវនៃទ្វារខាងជើង ពីមុខព្រះវិហារ នោះខ្ញុំក្រឡេកមើលទៅឃើញសិរីល្អនៃព្រះយេហូវ៉ា នៅពេញក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា រួចខ្ញុំដួលផ្កាប់មុខចុះ
5 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលមកខ្ញុំថា កូនមនុស្សអើយ ចូរផ្ចង់ចិត្តចុះ ត្រូវឲ្យមើលដោយភ្នែក ហើយស្តាប់ដោយត្រចៀក តាមគ្រប់ទាំងសេចក្ដីដែលអញនិយាយ ពីដំណើរបៀបទាំងប៉ុន្មាន ក្នុងព្រះវិហារនៃព្រះយេហូវ៉ា ហើយពីអស់ទាំងច្បាប់ផង ហើយផ្ចង់ចិត្តចំពោះផ្លូវចូលព្រះវិហារ និងអស់ទាំងផ្លូវចេញពីទីបរិសុទ្ធផង
6 រួចត្រូវឲ្យឯងប្រាប់ដល់ពួករឹងចចេស គឺដល់ពួកវង្សអ៊ីស្រាអែលថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ ឲ្យពួកវង្សអ៊ីស្រាអែលអើយ ត្រូវឲ្យការគួរស្អប់ខ្ពើមរបស់ឯងបានល្មមដល់ឯងប៉ុណ្ណឹងចុះ
7 គឺជាការដែលឯងរាល់គ្នាបាននាំពួកសាសន៍ដទៃ ជាមនុស្សដែលមិនទទួលកាត់ស្បែកខាងចិត្ត ហើយខាងរូបសាច់ផង ឲ្យចូលមកនៅក្នុងទីបរិសុទ្ធរបស់អញ ដើម្បីនឹងបង្អាប់ទីលំនៅរបស់អញ ក្នុងកាលដែលឯងរាល់គ្នាបានថ្វាយនំបុ័ងរបស់អញ ព្រមទាំងខ្លាញ់ និងឈាមផង ហើយបានផ្តាច់សេចក្ដីសញ្ញារបស់អញ ដោយអស់ទាំងអំពើគួរស្អប់ខ្ពើមដែលឯងប្រព្រឹត្តនោះ
8 ហើយឯងរាល់គ្នាមិនបានរក្សាបញ្ញើនៃរបស់បរិសុទ្ធដែលអញផ្ញើទុកនឹងឯង គឺបានតាំងគេឲ្យរក្សាបញ្ញើរបស់អញ នៅទីបរិសុទ្ធតាមអំពើចិត្តឯងវិញ។
9 ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា មិនត្រូវឲ្យមានសាសន៍ដទៃណាមួយ ក្នុងពួកសាសន៍ដទៃដែលនៅកណ្តាលពួកកូនចៅអ៊ីស្រាអែល ជាអ្នកដែលមិនទទួលកាត់ស្បែកខាងចិត្ត និងខាងរូបសាច់ផង បានចូលទៅក្នុងទីបរិសុទ្ធរបស់អញឡើយ។
10 ឯពួកលេវីដែលបានឃ្លាតឆ្ងាយពីអញ ក្នុងកាលដែលពួកអ៊ីស្រាអែលវង្វេងចេញ គឺដែលគេបានលះចោលអញ ទៅតាមរូបព្រះទាំងប៉ុន្មានរបស់គេ គេនឹងត្រូវរងទ្រាំសេចក្ដីទុច្ចរិតរបស់ខ្លួន
11 ប៉ុន្តែ គេនឹងបានជាអ្នកធ្វើការងារនៅក្នុងទីបរិសុទ្ធរបស់អញ ព្រមទាំងមានអំណាចត្រួតត្រានៅអស់ទាំងទ្វារនៃព្រះវិហារ ហើយទាំងធ្វើការងារក្នុងព្រះវិហារផង គេត្រូវសម្លាប់តង្វាយដុត និងយញ្ញបូជាសម្រាប់បណ្តាជន ហើយត្រូវឲ្យគេឈរនៅមុខបណ្តាជន ដើម្បីធ្វើការងារជំនួស
12 ហេតុដោយព្រោះគេបានធ្វើការងារឲ្យ នៅចំពោះរូបព្រះរបស់គេ ហើយបានត្រឡប់ជាសេចក្ដីទុច្ចរិត ដែលនាំឲ្យពួកវង្សអ៊ីស្រាអែលចំពប់ដួល បានជាព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលថា អញបានលើកដៃ ទាស់នឹងគេ ហើយគេនឹងត្រូវរងទ្រាំសេចក្ដីទុច្ចរិតរបស់ខ្លួន
13 គេមិនត្រូវចូលមកជិតអញ ដើម្បីធ្វើការងារជាសង្ឃដល់អញ ឬចូលទៅជិតរបស់បរិសុទ្ធណាមួយ ក្នុងអស់ទាំងវត្ថុបរិសុទ្ធបំផុតរបស់អញឡើយ គឺគេត្រូវរងទ្រាំសេចក្ដីខ្មាសរបស់ខ្លួន និងអំពើគួរស្អប់ខ្ពើមដែលគេបានប្រព្រឹត្តនោះ
14 ប៉ុន្តែ អញនឹងតាំងគេជាអ្នករក្សាបញ្ញើនៃព្រះវិហារ សម្រាប់គ្រប់ការងារទាំងនោះ និងគ្រប់អស់ទាំងការដែលត្រូវធ្វើក្នុងទីនោះដែរ។
15 ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលថា ឯពួកលេវីដែលជាសង្ឃ ជាកូនសាដុក ដែលបានរក្សាបញ្ញើទីបរិសុទ្ធរបស់អញ នៅវេលាដែលពួកកូនចៅអ៊ីស្រាអែលបានវង្វេងចាកចេញពីអញ ពួកនោះនឹងចូលមកជិតអញ ដើម្បីនឹងធ្វើការងារដល់អញវិញ ព្រមទាំងឈរនៅមុខអញ ដើម្បីថ្វាយខ្លាញ់ និងឈាមផង
16 គេនឹងចូលមកក្នុងទីបរិសុទ្ធរបស់អញ ក៏ចូលមកជិតតុរបស់អញ ដើម្បីនឹងធ្វើការងារដល់អញ ព្រមទាំងរក្សាបញ្ញើរបស់អញផង
17 កាលណាគេចូលទៅតាមទ្វារកំផែងទីលានខាងក្នុង នោះគេនឹងត្រូវស្លៀកពាក់ ដោយសំពត់ទេសឯក ឥតមានស្លៀកពាក់អ្វីធ្វើពីរោមចៀម កំពុងដែលគេធ្វើការងារ នៅខាងក្នុងទ្វារទីលានខាងក្នុង ហើយក្នុងព្រះវិហារឡើយ
18 គេត្រូវជួតឈ្នួតធ្វើពីសំពត់ទេសឯកនៅលើក្បាល ហើយស្លៀកពាក់ខោស្នាប់ភ្លៅទេសឯកដែរ គេមិនត្រូវក្រវាត់ខ្លួនដោយអ្វីដែលនាំឲ្យបែកញើសទេ
19 រួចកាលណាគេចេញទៅឯទីលានខាងក្រៅ គឺទៅឯបណ្តាជនដែលនៅទីលានខាងក្រៅ នោះគេត្រូវដោះសម្លៀកបំពាក់ដែលគេស្លៀកពាក់សម្រាប់ធ្វើការងារចេញ ដាក់ទុកក្នុងបន្ទប់បរិសុទ្ធទាំងប៉ុន្មាន ហើយត្រូវស្លៀកពាក់ផ្សេងវិញ ដើម្បីមិនឲ្យគេញែកបណ្តាជនចេញជាបរិសុទ្ធ ដោយសារសម្លៀកបំពាក់របស់គេ
20 គេក៏មិនត្រូវកោរសក់ ឬទុកឲ្យសក់ដុះវែងដែរ គេនឹងគ្រាន់តែកាត់ដំរឹមប៉ុណ្ណោះ
21 មិនត្រូវឲ្យសង្ឃណាមួយផឹកស្រាទំពាំងបាយជូរ ក្នុងកាលដែលចូលទៅក្នុងទីលានខាងក្នុងឡើយ
22 ក៏មិនត្រូវយកស្រីមេម៉ាយ ឬស្រីប្ដីលែងធ្វើជាប្រពន្ធខ្លួនដែរ គឺត្រូវយកតែស្រីក្រមុំក្នុងពូជវង្សអ៊ីស្រាអែល ឬស្រីមេម៉ាយណាដែលជាប្រពន្ធរបស់សង្ឃពីកាលដើមប៉ុណ្ណោះ
23 គេត្រូវបង្រៀនរាស្ត្រអញឲ្យចេះសម្គាល់របស់បរិសុទ្ធ និងរបស់ធម្មតា ហើយឲ្យគេមើលដឹងរបស់ស្អាត និងរបស់ដែលមិនស្អាត
24 ឯក្នុងរឿងទាស់ទែងគ្នា នោះត្រូវឲ្យគេឈរជំនុំជម្រះសេចក្ដី ត្រូវឲ្យគេជំនុំជម្រះការណ៍នោះតាមសេចក្ដីយុត្តិធម៌របស់អញ ព្រមទាំងរក្សាអស់ទាំងក្រឹត្យក្រម និងបញ្ញត្តច្បាប់របស់អញ នៅអស់ទាំងបុណ្យមានកំណត់របស់អញផង ហើយត្រូវឲ្យគេរក្សាថ្ងៃឈប់សម្រាករបស់អញ ទុកជាបរិសុទ្ធដែរ
25 មិនត្រូវឲ្យគេចូលទៅជិតខ្មោចស្លាប់ណា ឲ្យខ្លួនត្រូវសៅហ្មងឡើយ វៀរតែខ្មោចឪពុក ឬម្តាយ កូនប្រុស ឬកូនស្រី បងប្អូនប្រុស ឬបងប្អូនស្រី ដែលមិនទាន់មានប្ដីនៅឡើយ នោះគេនឹងឲ្យខ្លួនសៅហ្មង ដោយព្រោះខ្មោចអ្នកទាំងនោះបាន
26 រួចកាលណាបានសម្អាតខ្លួនវិញហើយ នោះត្រូវរាប់៧ថ្ងៃដល់សង្ឃនោះ
27 លុះដល់ថ្ងៃដែលចូលទៅក្នុងទីលានខាងក្នុងនៃទីបរិសុទ្ធ ដើម្បីនឹងធ្វើការងារក្នុងទីបរិសុទ្ធ នោះត្រូវថ្វាយតង្វាយលោះបាបរបស់ខ្លួន នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។
28 ត្រូវឲ្យគេមានមរដកដែរ គឺអញជាមរដករបស់គេ ឯងរាល់គ្នាមិនត្រូវឲ្យគេមានកេរអាករនៅក្នុងស្រុកអ៊ីស្រាអែលឡើយ ដ្បិតអញជាកេរអាកររបស់គេហើយ
29 គេនឹងស៊ីតង្វាយម្សៅ តង្វាយលោះបាប និងតង្វាយដែលថ្វាយដោយព្រោះការរំលង ហើយគ្រប់របស់ទាំងអស់ ដែលបានថ្វាយដាច់ដល់ព្រះ នៅក្នុងពួកអ៊ីស្រាអែល នោះនឹងបានជារបស់ផងគេទាំងអស់
30 ឯចំណែកដំបូងពីផលដំបូងគ្រប់យ៉ាង និងអស់ទាំងតង្វាយ ដែលថ្វាយដោយលើកចុះឡើងគ្រប់មុខ ពីអស់ទាំងតង្វាយលើកចុះឡើងរបស់ឯងរាល់គ្នា នោះសុទ្ធតែជារបស់ផងពួកសង្ឃឯងរាល់គ្នា ក៏ត្រូវឲ្យម្សៅដំបូងរបស់ឯង ដល់ពួកសង្ឃដែរ ដើម្បីឲ្យបានព្រះពរស្ថិតលើផ្ទះឯង
31 ពួកសង្ឃមិនត្រូវស៊ីអ្វីដែលស្លាប់ដោយខ្លួនឯង ឬដែលសត្វណាបានហែកហួរ ទោះបើជាសត្វហើរ ឬសត្វជើង៤ក្តី។
ជំពូក 45
1 មួយទៀត កាលណាឯងរាល់គ្នាចាប់ឆ្នោតចែកស្រុកជាមរដក នោះត្រូវឲ្យថ្វាយតង្វាយ១ដល់ព្រះយេហូវ៉ាជាចំណែកបរិសុទ្ធនៃស្រុកនោះ បណ្តោយត្រូវជា២ម៉ឺន៥ពាន់ខ្នាត ហើយទទឹង១ម៉ឺនខ្នាត ដីនោះត្រូវតែបានបរិសុទ្ធ នៅគ្រប់ក្នុងព្រំដែនជុំវិញ
2 ក្នុងដីនោះត្រូវឲ្យមានកន្លែងសម្រាប់ទីបរិសុទ្ធ ប្រវែង៥០០ និងទទឹង៥០០ គឺ៤ជ្រុងស្មើ ថែមទាំង៥០ហត្ថ នៅព័ទ្ធជុំវិញសម្រាប់ជាវាលទំនេរ
3 ត្រូវឲ្យយករង្វាស់ដដែល ដើម្បីវាស់ដីម្តុំបណ្តោយ២ម៉ឺន៥ពាន់ ហើយទទឹង១ម៉ឺន ឯទីបរិសុទ្ធដែលជាបរិសុទ្ធបំផុត នោះនឹងនៅក្នុងដីម្តុំនោះ
4 នេះជាចំណែកដីដែលបរិសុទ្ធ ត្រូវទុកសម្រាប់ពួកសង្ឃ ជាពួកអ្នកដែលធ្វើការងារក្នុងទីបរិសុទ្ធ ហើយចូលមកជិត ដើម្បីធ្វើការងារថ្វាយព្រះយេហូវ៉ា ដីនោះនឹងត្រូវទុកសម្រាប់ជាទីសង់ផ្ទះរបស់គេ ហើយជាកន្លែងបរិសុទ្ធ សម្រាប់ទីបរិសុទ្ធ
5 ហើយត្រូវមានដីបណ្តោយ២ម៉ឺន៥ពាន់ និងទទឹង១ម៉ឺនសម្រាប់ពួកលេវី ជាពួកអ្នកដែលធ្វើការងារក្នុងព្រះវិហារទុកសម្រាប់ជាកេរអាករដល់គេ ឲ្យគេបានទីក្រុងអាស្រ័យនៅ
6 ហើយត្រូវឲ្យឯងរាល់គ្នាតម្រូវទុកដីរបស់ផងទីក្រុង ទទឹង៥ពាន់ បណ្តោយ២ម៉ឺន៥ពាន់ ទន្ទឹមនឹងដីបរិសុទ្ធដែលបានថ្វាយដល់ព្រះហើយ នោះនឹងបានសម្រាប់ពួកវង្សអ៊ីស្រាអែលទាំងអស់គ្នា
7 ត្រូវឲ្យមាន១ចំណែកសម្រាប់ចៅហ្វាយ នៅទាំងសងខាងនៃដីបរិសុទ្ធ ដែលបានថ្វាយដល់ព្រះនោះ និងដីរបស់ផងទីក្រុង គឺខាងមុខដីជាតង្វាយបរិសុទ្ធ និងដីរបស់ផងទីក្រុងនោះ តាំងពីព្រំខាងលិចចេញទៅខាងលិច ហើយពីព្រំខាងកើតចេញទៅខាងកើត ហើយប្រវែងដីនោះ នឹងត្រូវបានស្មើនឹងដី១ចំណែក ចាប់តាំងពីព្រំស្រុកខាងលិច ទៅដល់ព្រំស្រុកខាងកើត
8 នោះនឹងបានជាដីរបស់ផងលោក ទុកជាកេរអាករនៅក្នុងស្រុកអ៊ីស្រាអែល អស់ទាំងចៅហ្វាយរបស់អញ នឹងមិនសង្កត់សង្កិនរាស្ត្រអញទៀតឡើយ គឺនឹងចែកស្រុកនោះដល់ពួកវង្សអ៊ីស្រាអែល តាមពូជអំបូររបស់គេ។
9 ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា ឱពួកចៅហ្វាយនៃសាសន៍អ៊ីស្រាអែលអើយ ល្មមហើយ ចូរលះបង់សេចក្ដីច្រឡោត និងការរឹបជាន់ចេញ ហើយសម្រេចតាមសេចក្ដីយុត្តិធម៌ និងសេចក្ដីសុចរិតចុះ ត្រូវឲ្យដកលែងការស៊ីបំបាត់រាស្ត្រអញចេញ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា
10 ត្រូវឲ្យមានជញ្ជីងត្រឹមត្រូវ និងអេផា ហើយបាថពេញខ្នាតដែរ
11 ឯអេផា និងបាថ នោះត្រូវមានចំណុះស្មើគ្នា ដើម្បីឲ្យបាថ១នោះ ត្រូវជា១ភាគក្នុង១០ ក្នុង១ហូមើរ ហើយឲ្យអេផានោះ ត្រូវជា១ភាគក្នុង១០ ក្នុង១ហូមើរដូចគ្នា រង្វាល់នោះរាប់តាមហូរមើរ
12 ឯប្រាក់សេកិល នោះត្រូវជា២០គេរ៉ា ហើយ១ម៉ានេរបស់ឯងត្រូវនឹង២០ និង២៥ហើយ១៥សេកិល។
13 នេះជាតង្វាយដែលឯងរាល់គ្នាត្រូវថ្វាយ គឺក្នុងស្រូវភោជ្ជសាលី ១ហូមើរ ត្រូវថ្វាយ១ភាគក្នុង៦ក្នុង១អេផា ហើយក្នុងស្រូវឱក១ហូមើរ ត្រូវថ្វាយ១ភាគក្នុង៦ក្នុង១អេផាដែរ
14 ឯកំណត់ប្រេងដែលត្រូវថ្វាយ ក្នុងប្រេង១បាថ នោះគឺក្នុង១គ័រត្រូវថ្វាយ១ភាគក្នុង៥ក្នុង១បាថ ឯ១គ័រ នោះស្មើនឹង១ហូមើរ គឺត្រូវជា១០បាថ ដ្បិត១០បាថត្រូវជា១ហូមើរដែរ
15 ឯហ្វូងចៀម នោះត្រូវយក១ក្នុង២០០ ដែលរកស៊ីនៅវាលស្មៅយ៉ាងល្អនៅស្រុកអ៊ីស្រាអែលមកថ្វាយ ព្រមទាំងតង្វាយម្សៅ តង្វាយដុត និងតង្វាយមេត្រី ដើម្បីឲ្យបានធួននឹងគេ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា
16 បណ្តាជនទាំងឡាយនៅក្នុងស្រុក ត្រូវច្រាក់គ្នាថ្វាយតង្វាយនេះសម្រាប់ចៅហ្វាយនៃសាសន៍អ៊ីស្រាអែល
17 ឯតង្វាយដុត តង្វាយម្សៅ និងតង្វាយច្រួច នៅថ្ងៃបុណ្យ នៅថ្ងៃដើមខែ ហើយនៅថ្ងៃឈប់សម្រាក គឺនៅគ្រប់ទាំងបុណ្យមានកំណត់របស់ពួកវង្សអ៊ីស្រាអែល នោះស្រេចនៅលើចៅហ្វាយវិញ លោកត្រូវរៀបចំតង្វាយសម្រាប់លោះបាប តង្វាយម្សៅ តង្វាយដុត និងតង្វាយមេត្រី ដើម្បីឲ្យបានធួននឹងពួកវង្សសាសន៍អ៊ីស្រាអែល។
18 ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា លុះដល់ថ្ងៃទី១ ក្នុងខែដំបូង នោះត្រូវឲ្យឯងយកគោឈ្មោលស្ទាវ១ឥតខ្ចោះ ហើយត្រូវសម្អាតទីបរិសុទ្ធ
19 ឯសង្ឃត្រូវយកឈាមតង្វាយលោះបាបនោះ ទៅប្រឡាក់នៅក្របទ្វារព្រះវិហារ ហើយនៅគន្លាក់នៃអាសនៈទាំង៤ជ្រុង ព្រមទាំងនៅក្របទ្វារកំផែងនៃទីលានខាងក្នុងផង
20 ហើយនៅថ្ងៃទី៧ខែនោះ ត្រូវធ្វើដូចគ្នាទៀត សម្រាប់អស់អ្នកណាដែលវង្វេងចេញ ហើយសម្រាប់អ្នកណាដែលខ្លៅល្ងង់ដែរ យ៉ាងនោះឯងនឹងបានធួននឹងព្រះវិហារ។
21 លុះដល់ថ្ងៃ១៤ក្នុងខែដំបូង នោះត្រូវឲ្យឯងរាល់គ្នាធ្វើបុណ្យរំលង ជាបុណ្យដែលត្រូវធ្វើអស់៧ថ្ងៃ ហើយត្រូវស៊ីតែនំបុ័ងឥតដំបែរម្យ៉ាង
22 នៅថ្ងៃនោះ ចៅហ្វាយត្រូវរៀបចំគោឈ្មោល១ ទុកជាតង្វាយលោះបាប សម្រាប់ខ្លួនលោក និងបណ្តាជននៅក្នុងស្រុកដែរ
23 ហើយក្នុងរវាង៧ថ្ងៃនៃបុណ្យ នោះលោកត្រូវរៀបចំតង្វាយដុតថ្វាយព្រះយេហូវ៉ា គឺគោឈ្មោល៧ និងចៀមឈ្មោល៧ ឥតខ្ចោះរាល់ៗថ្ងៃគ្រប់៧ថ្ងៃនោះ ព្រមទាំងពពែឈ្មោល១រាល់ថ្ងៃដែរ ទុកជាតង្វាយលោះបាប
24 ក៏ត្រូវរៀបតង្វាយម្សៅដែរ គឺត្រូវយក១ថាំងសម្រាប់គោ១ និង១ថាំងសម្រាប់ចៀមឈ្មោល១ ហើយប្រេង៨កំប៉ុងសម្រាប់ម្សៅ១ថាំង
25 ដល់ថ្ងៃ១៥ខែអស្សុជ ក្នុងពេលបុណ្យនោះ លោកត្រូវធ្វើដូច្នោះទៀតគ្រប់ទាំង៧ថ្ងៃ តាមរបៀបតង្វាយលោះបាប តង្វាយដុត តង្វាយម្សៅ និងតង្វាយប្រេងដែរ។
ជំពូក 46
1 ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា ទ្វារកំផែងនៃទីលានខាងក្នុង ដែលបើកទៅទិសខាងកើត នោះត្រូវបិទនៅក្នុងរវាង៦ថ្ងៃដែលធ្វើការ តែដល់ថ្ងៃឈប់សម្រាក នោះត្រូវបើកវិញ ព្រមទាំងនៅថ្ងៃចូលខែដែរ
2 ឯចៅហ្វាយ លោកនឹងចូលតាមផ្លូវបាំងសាចនៃទ្វារកំផែងខាងក្រៅ ហើយនិងឈរនៅជិតបង្គោលទ្វារ ពួកសង្ឃនឹងរៀបតង្វាយដុត និងតង្វាយមេត្រីរបស់លោក ហើយលោកនឹងថ្វាយបង្គំនៅត្រង់ទ្វារនោះ រួចលោកនឹងចេញទៅវិញ តែទ្វារនោះមិនត្រូវបិទដរាបដល់ល្ងាច
3 ឯបណ្តាជននៅក្នុងស្រុក គេនឹងថ្វាយបង្គំដល់ព្រះយេហូវ៉ា នៅមាត់ទ្វារនោះរាល់ថ្ងៃឈប់សម្រាក និងថ្ងៃចូលខែដែរ
4 ឯតង្វាយដុតដែលចៅហ្វាយត្រូវថ្វាយដល់ព្រះយេហូវ៉ា នៅថ្ងៃឈប់សម្រាក នោះគឺកូនចៀម៦ឥតខ្ចោះ និងចៀមឈ្មោល១ឥតខ្ចោះ
5 ហើយតង្វាយម្សៅត្រូវជា១ថាំងសម្រាប់ចៀមឈ្មោលនោះ ហើយតង្វាយម្សៅដែលសម្រាប់កូនចៀមទាំងនោះ ត្រូវតាមដែលលោកអាចនឹងថ្វាយបាន ព្រមទាំងប្រេង៨កំប៉ុងសម្រាប់ម្សៅ១ថាំងផង។
6 លុះដល់ថ្ងៃចូលខែ ត្រូវថ្វាយគោឈ្មោលស្ទាវ១ឥតខ្ចោះ កូនចៀម៦ និងចៀមឈ្មោល១ សុទ្ធតែឥតខ្ចោះទាំងអស់
7 លោកក៏ត្រូវរៀបតង្វាយម្សៅ១ថាំងសម្រាប់គោឈ្មោល និង១ថាំងសម្រាប់ចៀមឈ្មោលនោះ តែឯកូនចៀមវិញ នោះត្រូវតាមដែលលោកអាចនឹងថ្វាយបាន ព្រមទាំងប្រេង៨កំប៉ុងសម្រាប់ម្សៅ១ថាំងផង
8 កាលណាចៅហ្វាយចូល នោះលោកត្រូវចូលតាមផ្លូវបាំងសាចនៃទ្វារកំផែង ហើយក៏ត្រូវចេញទៅវិញ តាមផ្លូវដដែលដែរ។
9 ប៉ុន្តែ កាលណាពួកជនក្នុងស្រុកចូលមក នៅចំពោះព្រះយេហូវ៉ា នៅវេលាថ្ងៃបុណ្យមានកំណត់ នោះអ្នកណាដែលចូលតាមផ្លូវទ្វារទិសខាងជើង ដើម្បីនឹងថ្វាយបង្គំ ត្រូវតែចេញទៅតាមផ្លូវនៃទ្វារខាងត្បូងវិញ ហើយអ្នកណាដែលចូលតាមទ្វារទិសខាងត្បូង នោះត្រូវតែចេញតាមផ្លូវទ្វារខាងជើងទៅ គេមិនត្រូវវិលទៅវិញ តាមផ្លូវនៃទ្វារដែលគេបានចូលនោះឡើយ គឺត្រូវចេញទៅតាមផ្លូវត្រង់ខាងមុខជារហូតទៅ
10 ហើយកាលណាគេចូលទៅ នោះចៅហ្វាយនឹងចូលទៅនៅកណ្តាលពួកគេ រួចកាលណាគេចេញទៅ នោះនឹងចេញទៅជាមួយគ្នាដែរ។
11 រីឯនៅថ្ងៃបុណ្យ និងបុណ្យមានកំណត់ នោះត្រូវថ្វាយតង្វាយម្សៅជា១ថាំងសម្រាប់គោឈ្មោល១ និង១ថាំងសម្រាប់ចៀមឈ្មោល១ ហើយត្រង់កូនចៀមទាំងប៉ុន្មាន នោះត្រូវតាមតែលោកអាចនឹងថ្វាយបាន ហើយប្រេងត្រូវជា៨កំប៉ុងសម្រាប់ម្សៅ១ថាំង
12 កាលណាចៅហ្វាយនឹងថ្វាយតង្វាយស្ម័គ្រពីចិត្ត ជាតង្វាយដុត ឬតង្វាយមេត្រី ទុកជាតង្វាយថ្វាយដល់ព្រះយេហូវ៉ាស្ម័គ្រពីចិត្ត នោះត្រូវឲ្យគេបើកទ្វារខាងកើតនោះជូនលោក រួចលោកនឹងរៀបតង្វាយដុត និងតង្វាយមេត្រីរបស់លោក ដូចជាធ្លាប់ធ្វើនៅថ្ងៃឈប់សម្រាកដែរ ស្រេចហើយ លោកនឹងចេញទៅ លុះលោកបានចេញទៅហើយ នោះគេនឹងបិទទ្វារវិញ។
13 រាល់តែថ្ងៃ ត្រូវឲ្យរៀបកូនចៀម១ឥតខ្ចោះ អាយុ១ខួប ទុកជាតង្វាយដុតថ្វាយដល់ព្រះយេហូវ៉ា ត្រូវថ្វាយតង្វាយនេះរាល់តែព្រឹកជានិច្ច
14 ហើយរាល់តែព្រឹក ត្រូវរៀបតង្វាយម្សៅជាមួយផង គឺជាម្សៅ១ភាគក្នុង៦ក្នុង១ថាំង និងប្រេង១ភាគក្នុង៣ក្នុង១ហីន ដើម្បីលាយនឹងម្សៅយ៉ាងម៉ដ្តនោះ ជាតង្វាយម្សៅដែលថ្វាយដល់ព្រះយេហូវ៉ាជានិច្ច តាមច្បាប់ដ៏នៅជាដរាបតទៅ
15 គឺយ៉ាងនោះដែលគេត្រូវរៀបចំកូនចៀម តង្វាយម្សៅ និងប្រេងរាល់តែព្រឹក ទុកជាតង្វាយដុតជានិច្ច។
16 ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា បើសិនជាចៅហ្វាយនឹងចែកអំណោយអ្វី ឲ្យដល់កូនខ្លួនណាមួយ នោះនឹងបានជាមរដករបស់កូននោះ ហើយនិងបានជារបស់កូននោះតទៅ ទុកជារបស់ផងគេ ដែលគេទទួលជាមរដក
17 តែបើលោកចែកអំណោយអ្វីពីមរដករបស់លោក ឲ្យដល់បាវរបស់ខ្លួនណាមួយវិញ នោះនឹងបានជារបស់ផងបាវនោះ ដរាបដល់ឆ្នាំដែលត្រូវលែងចេញ រួចនឹងត្រឡប់មកជារបស់ចៅហ្វាយវិញ មានតែពួកកូនលោកប៉ុណ្ណោះទេ ដែលអាចនឹងទទួលមរដករបស់លោកបាន
18 មួយទៀត ចៅហ្វាយនោះមិនត្រូវដណ្តើមយកអ្វីពីមរដករបស់បណ្តាជន ហើយបណ្តេញគេចេញពីកេរអាកររបស់គេឡើយ លោកត្រូវចែកតែរបស់ទ្រព្យខ្លួន ឲ្យដល់កូន ទុកជាមរដកប៉ុណ្ណោះ ដើម្បីមិនឲ្យរាស្ត្ររបស់អញត្រូវខ្ចាត់ខ្ចាយ ពីកេរអាកររបស់គេរៀងខ្លួនឡើយ។
19 បន្ទាប់នោះ លោកនាំខ្ញុំទៅតាមផ្លូវចូល ក្បែរទ្វារកំផែង ទៅក្នុងបន្ទប់បរិសុទ្ធរបស់ពួកសង្ឃ ដែលបើកទៅទិសខាងជើង នោះឃើញមានកន្លែង១នៅចុងបន្ទប់នោះខាងលិច
20 លោកក៏ប្រាប់ខ្ញុំថា នេះជាកន្លែងដែលពួកសង្ឃត្រូវស្ងោរតង្វាយ ដែលថ្វាយដោយព្រោះការរំលង និងតង្វាយលោះបាប ព្រមទាំងចំអិនតង្វាយម្សៅ ដើម្បីមិនឲ្យត្រូវយករបស់ទាំងនោះ ចេញទៅឯទីលានខាងក្រៅឡើយ ក្រែងបានញែកបណ្តាជនចេញជាបរិសុទ្ធដល់ព្រះដែរ
21 រួចលោកនាំខ្ញុំចេញទៅឯទីលានខាងក្រៅ ឲ្យខ្ញុំដើរទៅតាមទាំង៤ជ្រុងទីលាននោះ នោះឃើញមានទីលានមួយៗនៅគ្រប់ទាំងជ្រុងទីលាននោះ
22 គឺនៅជ្រុងទាំង៤នៃទីលាន មានទីលានរាំងបាំងជាប់តពីទីលានធំបណ្តោយ៤០ហត្ថ ទទឹង៣០ហត្ថ ទីលាននៅជ្រុងទាំង៤នោះមានទំហំប៉ុនគ្នា
23 មានជញ្ជាំងនៅជុំវិញទីលានទាំងនោះ ហើយនៅទីលានទាំង៤ មានកន្លែងនៅជាប់នឹងជញ្ជាំងជុំវិញសម្រាប់ស្ងោរ
24 លោកប្រាប់ខ្ញុំថា នេះជាកន្លែងសម្រាប់ស្ងោរសាច់ជាទីដែលពួកអ្នកធ្វើការងារក្នុងព្រះវិហារ ត្រូវស្ងោរគ្រឿងយញ្ញបូជារបស់បណ្តាជន។
ជំពូក 47
1 រួចលោកនាំខ្ញុំវិលទៅឯទ្វារនៃព្រះវិហារវិញ នោះឃើញមានទឹកចេញពីក្រោមមាត់ទ្វារនៃព្រះវិហារខាងកើត ដ្បិតមុខព្រះវិហារបែរទៅទិសខាងកើត ហើយទឹកនោះហូរមកពីខាងក្រោម ពីខាងស្តាំនៃព្រះវិហារ គឺពីខាងត្បូងអាសនៈ
2 រួចលោកនាំខ្ញុំចេញទៅតាមផ្លូវនៃទ្វារកំផែងខាងជើង ហើយនាំវាងទៅតាមផ្លូវខាងក្រៅ រហូតដល់ទ្វារកំផែងខាងក្រៅដែលបើកទៅខាងកើត នោះឃើញមានទឹកហូរចេញមកខាងស្តាំ
3 លុះបានចេញទៅខាងកើត មនុស្សនោះក៏វាស់១ពាន់ហត្ថ ដោយខ្សែដែលកាន់នៅដៃ នោះលោកឲ្យខ្ញុំលុយកាត់ទឹក ឯទឹកនោះបានត្រឹមភ្នែកគោ
4 លោកក៏វាស់១ពាន់ហត្ថទៀត រួចឲ្យខ្ញុំលុយកាត់ទៅ ទឹកត្រង់នោះបានត្រឹមក្បាលជង្គង់ រួចលោកវាស់១ពាន់ហត្ថទៀត ក៏ឲ្យខ្ញុំលុយកាត់ទៅ ត្រង់នោះទឹកបានដល់ត្រឹមចង្កេះ
5 ក្រោយនោះ លោកវាស់១ពាន់ហត្ថទៀត នោះមានទន្លេដែលខ្ញុំលុយកាត់មិនបាន ដ្បិតទឹកបានខ្ពស់ឡើង ជាទឹកដែលល្មមហែលបាន គឺជាទន្លេដែលលុយពុំបានទេ។
6 នោះលោកសួរមកខ្ញុំថា កូនមនុស្សអើយ តើបានឃើញហើយឬ រួចលោកនាំខ្ញុំឲ្យត្រឡប់ទៅឯមាត់ទន្លេនោះវិញ
7 កាលខ្ញុំបានត្រឡប់ទៅដល់ហើយ នោះឃើញតាមមាត់ទន្លេ មានដើមឈើជាច្រើន ទាំងខាងនេះ និងខាងនោះផង
8 លោកក៏ប្រាប់ខ្ញុំថា ទឹកនេះហូរចេញទៅទិសខាងកើតធ្លាក់ចុះទៅដល់ស្រុកវាល រួចនឹងហូរធ្លាក់ទៅឯសមុទ្រ លុះហូរធ្លាក់ទៅក្នុងសមុទ្រហើយ នោះទឹកសមុទ្រនឹងទៅជាល្អវិញ
9 ហើយគ្រប់ទាំងសត្វមានជីវិត ដែលរវើកនៅគ្រប់កន្លែងណាដែលទន្លេនោះហូរ នឹងបានរស់នៅ ក៏នឹងមានត្រីយ៉ាងសន្ធឹក ដោយព្រោះទឹកទាំងនេះបានហូរទៅដល់ទីនោះ ហើយទឹកសមុទ្រនោះនឹងបានល្អ ឯកន្លែងណាដែលទឹកទន្លេនេះហូរទៅដល់ នោះគ្រប់ទាំងអស់នឹងរស់នៅ
10 ពួកនេសាទត្រីនឹងឈរនៅមាត់ទឹកនោះ ចាប់តាំងពីអេន-កេឌី រហូតដល់អេន-អេកលែម ទីនោះនឹងបានជាទីសម្រាប់បង់សំណាញ់ ឯត្រីនៅក្នុងទឹកនោះ នឹងមានយ៉ាងសន្ធឹកគ្រប់បែបតាមពូជ ដូចជាត្រីនៅក្នុងសមុទ្រធំដែរ
11 តែទីល្បាប់ និងបឹងនៅទីនោះ នឹងមិនបានសាបល្អវិញទេ កន្លែងទាំងនោះនឹងបានទុកសម្រាប់ធ្វើអំបិលវិញ
12 ឯតាមមាត់ច្រាំងទាំងសងខាងទន្លេនោះ នឹងមានដុះដើមឈើគ្រប់យ៉ាង សម្រាប់ជាអាហារ ជាដើមដែលស្លឹកមិនស្រពោនឡើយ ហើយមិនដែលខានមានផ្លែដែរ គឺនឹងកើតផ្លែថ្មីរាល់តែខែ ពីព្រោះទឹកនោះចេញពីទីបរិសុទ្ធមក ហើយផ្លែឈើទាំងនោះ នឹងបានសម្រាប់ជាអាហារ ឯស្លឹកក៏សម្រាប់នឹងកែរោគឲ្យជាដែរ។
13 ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា នេះជាព្រំស្រុក ដែលឯងរាល់គ្នានឹងចែកទុកជាមរដក តាមពូជអំបូរសាសន៍អ៊ីស្រាអែលទាំង១២ ឯពួកយ៉ូសែបនឹងត្រូវបាន២ចំណែក
14 ឯងរាល់គ្នានឹងបានស្រុកទុកជាមរដកស្មើគ្នាទាំងអស់ ដ្បិតអញបានស្បថនឹងឲ្យស្រុកនេះដល់ពួកអយ្យកោឯងរាល់គ្នាហើយ ដូច្នេះ ស្រុកនេះនឹងបានបន្តដល់ឯងរាល់គ្នា ទុកជាមរដកដែរ
15 នេះជាព្រំស្រុក គឺខាងជើងនោះ ចាប់ផ្តើមពីសមុទ្រធំ តាមផ្លូវក្រុងហេតឡូនរហូតដល់ផ្លូវចូលក្រុងសេដាត់
16 ក្រុងហាម៉ាត ក្រុងបេរ៉ូថា ក្រុងស៊ីបរ៉ែម ដែលនៅកណ្តាលដែនស្រុកដាម៉ាស និងស្រុកហាម៉ាត ហើយហាសា-ហាទីកុន ដែលនៅក្បែរព្រំស្រុកហាវរ៉ុន
17 ដូច្នេះ ព្រំស្រុកនឹងចាប់តាំងពីសមុទ្រ គឺហាសា-អេណាន រហូតដល់ស្រុកដាម៉ាស ឯខាងជើងនោះជាព្រំស្រុកហាម៉ាត នេះហើយជាព្រំដែនខាងជើង
18 ឯខាងកើត នោះត្រូវឲ្យវាស់តាមទន្លេយ័រដាន់ នៅជាកណ្តាលស្រុកហាវរ៉ុន ស្រុកដាម៉ាស និងស្រុកកាឡាតម្ខាង និងស្រុកអ៊ីស្រាអែលម្ខាង ចាប់តាំងពីព្រំស្រុកខាងជើង រហូតដល់សមុទ្រខាងកើត នេះហើយជាព្រំដែនខាងកើត
19 ឯខាងត្បូងនោះចាប់តាំងពីក្រុងតាម៉ារ រហូតដល់ទឹកមេរីបា-កាដេស តាមជ្រោះទឹកទៅដល់សមុទ្រធំនេះជាព្រំដែនខាងត្បូង
20 ហើយខាងលិច នោះគឺជាសមុទ្រធំ ចាប់តាំងពីព្រំដែនខាងត្បូងទៅ ត្រឹមទល់ដែននឹងទ្វារស្រុកហាម៉ាត នេះជាព្រំខាងលិច។
21 ត្រូវឲ្យឯងរាល់គ្នាចែកស្រុកនេះ ដល់គ្នាតាមពូជអំបូរទាំងប៉ុន្មាននៃសាសន៍អ៊ីស្រាអែល
22 ត្រូវឲ្យចែកគ្នាដោយចាប់ឆ្នោត ទុកជាមរដកសម្រាប់ឯងរាល់គ្នា ហើយសម្រាប់ពួកសាសន៍ដទៃ ដែលអាស្រ័យនៅកណ្តាលឯងរាល់គ្នា ជាពួកអ្នកដែលនឹងបង្កើតកូន នៅកណ្តាលឯងដែរ អ្នកទាំងនោះនឹងបានដូចអ្នកដែលកើតនៅក្នុងស្រុកអ៊ីស្រាអែលដល់ឯងរាល់គ្នា គេនឹងបានមរដកនៅក្នុងពូជអំបូរទាំងប៉ុន្មាននៃអ៊ីស្រាអែល ជាមួយនឹងឯងរាល់គ្នាដែរ
23 ឯសាសន៍ដទៃទាំងនោះអាស្រ័យនៅក្នុងពូជអំបូរណា នោះត្រូវឲ្យឯងរាល់គ្នាចែកឲ្យមានមរដកនៅទីនោះឯង នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។
ជំពូក 48
1 នេះជាចំណែកតាមឈ្មោះនៃពូជអំបូរនីមួយៗ ចាប់តាំងពីចុងស្រុកខាងជើងតាមផ្លូវហេតឡូន រហូតដល់ទ្វារស្រុកហាម៉ាត និងហាសា-អេណាន ត្រង់ព្រំដែនស្រុកដាម៉ាស នៅខាងជើងជិតស្រុកហាម៉ាត នោះមានចំណែក១ សម្រាប់ពូជអំបូរដាន់ ដ្បិតគេនឹងមានចំណែកស្រុក ចាប់តាំងពីខាងកើត រហូតដល់ខាងលិច
2 ហើយតាមព្រំស្រុករបស់ដាន់ ចាប់តាំងពីខាងកើត រហូតដល់ខាងលិច នោះមានចំណែក១សម្រាប់ពូជអំបូរអេស៊ើរ
3 ហើយតាមព្រំស្រុកអេស៊ើរ ចាប់តាំងពីខាងកើត រហូតដល់ខាងលិច នោះមានចំណែក១សម្រាប់ពូជអំបូរណែបថាលី
4 ហើយតាមព្រំស្រុករបស់ណែបថាលី ចាប់តាំងពីខាងកើត រហូតដល់ខាងលិច នោះមានចំណែក១សម្រាប់ពូជអំបូរម៉ាន៉ាសេ
5 ហើយតាមព្រំស្រុករបស់ម៉ាន៉ាសេ ចាប់តាំងពីខាងកើត រហូតដល់ខាងលិច នោះមានចំណែក១សម្រាប់ពូជអំបូរអេប្រាអិម
6 ហើយតាមព្រំស្រុកអេប្រាអិមចាប់តាំងពីខាងកើត រហូតដល់ខាងលិច នោះមានចំណែកសម្រាប់ពូជអំបូររូបេន
7 ហើយតាមព្រំស្រុករបស់រូបេន ចាប់តាំងពីខាងកើត រហូតដល់ខាងលិច នោះមានចំណែក១សម្រាប់ពូជអំបូរយូដា។
8 តាមព្រំស្រុកយូដា ចាប់តាំងពីខាងកើតរហូតដល់ខាងលិច នោះជាតង្វាយដែលឯងរាល់គ្នាត្រូវថ្វាយវិញ គឺទទឹង២ម៉ឺន៥ពាន់ខ្នាត ហើយបណ្តោយក៏ប៉ុននឹងចំណែកស្រុកឯទៀត គឺចាប់តាំងពីខាងកើត រហូតដល់ខាងលិចឯទីបរិសុទ្ធ និងនៅកណ្តាលនោះ
9 ចំណែកតង្វាយដែលឯងរាល់គ្នាត្រូវថ្វាយដល់ព្រះយេហូវ៉ា នោះត្រូវបណ្តោយ២ម៉ឺន៥ពាន់ខ្នាត និងទទឹង១ម៉ឺនខ្នាត
10 តង្វាយបរិសុទ្ធនេះត្រូវបានសម្រាប់ពួកសង្ឃ ឯខាងជើងនោះ បណ្តោយ២ម៉ឺន៥ពាន់ខ្នាត ហើយខាងលិច មានទទឹងជា១ម៉ឺនខ្នាត ខាងកើតទទឹង១ម៉ឺនខ្នាត ហើយខាងត្បូងបណ្តោយ២ម៉ឺន៥ពាន់ខ្នាត ឯទីបរិសុទ្ធរបស់ព្រះយេហូវ៉ានឹងនៅកណ្តាលនោះ
11 ដីនោះនឹងទុកសម្រាប់ពួកសង្ឃ ជាកូនចៅសាដុក ដែលបានញែកជាបរិសុទ្ធ ហើយក៏រក្សាបញ្ញើរបស់អញ ឥតវង្វេងចេញ ក្នុងកាលដែលពួកកូនចៅអ៊ីស្រាអែលបានវង្វេង ដូចជាពួកលេវីបានវង្វេងនោះឡើយ
12 នេះនឹងបានជាតង្វាយបរិសុទ្ធសម្រាប់ពួកសង្ឃ ជាតង្វាយលើកចេញពីចំណែកដី ដែលគេបានថ្វាយនោះ ទុកជារបស់បរិសុទ្ធបំផុត ក្បែរព្រំដែននៃពួកលេវី។
13 ឯប្រទល់នឹងស្រុករបស់ពួកសង្ឃ នោះពួកលេវីត្រូវមានដីបណ្តោយ២ម៉ឺន៥ពាន់ខ្នាត ហើយទទឹង១ម៉ឺនខ្នាត គឺ២ម៉ឺន៥ពាន់ខ្នាត តាមបណ្តោយរហូត ហើយ១ម៉ឺនតាមទទឹងរហូត
14 មិនត្រូវឲ្យគេលក់អ្វីពីនោះឡើយ ក៏មិនត្រូវប្តូរ ឬបញ្ជូនផលដំបូងចេញទៅឯណាដែរ ដ្បិតផលនោះជារបស់បរិសុទ្ធដល់ព្រះយេហូវ៉ា។
15 ឯដី៥ពាន់ខ្នាតដែលសល់នៅតាមទទឹងដែលនៅខាងមុខចំណែក២ម៉ឺន៥ពាន់ខ្នាត នោះសម្រាប់ប្រើជុំគ្នាសម្រាប់ជាទីក្រុង ឲ្យធ្វើទីលំនៅ ហើយសម្រាប់ជាដីទំនេរ ឯទីក្រុង ត្រូវនៅកណ្តាលនោះ
16 ហើយទំហំទីក្រុងនោះ គឺខាងជើង ត្រូវជា៤៥០០ខ្នាត ខាងត្បូង៤៥០០ខ្នាត ខាងកើត៤៥០០ខ្នាត ហើយខាងលិច៤៥០០ខ្នាតដែរ
17 ទីក្រុងនោះត្រូវមានដីទំនេរនៅជុំវិញ គឺខាងជើង ត្រូវមាន២៥០ខ្នាត ខាងត្បូង២៥០ខ្នាត ខាងកើត២៥០ខ្នាត និងខាងលិច២៥០ខ្នាតដែរ
18 ហើយដីដែលសល់នៅតាមបណ្តោយ ដែលជាប់តពីដីបរិសុទ្ធ នោះខាងកើតត្រូវជា១ម៉ឺនខ្នាត ហើយខាងលិច១ម៉ឺនខ្នាត នោះជាដីជាប់តពីដីបរិសុទ្ធ ឯផលចម្រើនពីដីនោះ នឹងបានសម្រាប់ជាអាហារដល់ពួកអ្នកដែលរកស៊ី នៅក្នុងទីក្រុង
19 ពួកអ្នកដែលរកស៊ីធ្វើការនៅក្នុងទីក្រុង ពីគ្រប់ទាំងពូជអំបូរអ៊ីស្រាអែល គេនឹងភ្ជួររាស់ដីនោះ
20 ដីដែលថ្វាយជាតង្វាយនោះ ទាំងអស់បណ្តោយត្រូវជា២ម៉ឺន៥ពាន់ខ្នាត ហើយទទឹង២ម៉ឺន៥ពាន់ខ្នាត ត្រូវឲ្យឯងរាល់គ្នាថ្វាយដីបរិសុទ្ធនេះ៤ជ្រុងស្មើ ព្រមទាំងមានកន្លែងសម្រាប់ទីក្រុងផង។
21 ឯដីដែលសល់ នៅនោះនឹងបានសម្រាប់ចៅហ្វាយ គឺនៅទាំងសងខាងដីបរិសុទ្ធនោះ និងកន្លែងសម្រាប់ទីក្រុងដែលនៅខាងមុខដីបរិសុទ្ធទាំង២ម៉ឺន៥ពាន់ខ្នាត ចេញទៅឯព្រំស្រុកខាងកើត ហើយនៅមុខ២ម៉ឺន៥ពាន់ខ្នាត ចេញទៅឯព្រំស្រុកខាងលិច ឲ្យប៉ុនស្មើនឹងចំណែកដីឯទៀត នោះនឹងបានទុកសម្រាប់ចៅហ្វាយ ហើយដីបរិសុទ្ធដែលបានថ្វាយ និងទីបរិសុទ្ធរបស់ព្រះវិហារ នោះត្រូវនៅកណ្តាលនោះ
22 ដូច្នេះ ដីដែលត្រូវទុកសម្រាប់ចៅហ្វាយ នោះជាដីដែលជាប់តពីដីរបស់ពួកលេវី ហើយពីដីសម្រាប់ទីក្រុង គឺទាំងអស់ដែលនៅកណ្តាលព្រំស្រុកយូដា និងព្រំស្រុកបេនយ៉ាមីន នោះត្រូវទុកសម្រាប់ចៅហ្វាយ។
23 រីឯពូជអំបូរឯទៀត ចាប់តាំងពីខាងកើតរហូតដល់ខាងលិច នោះមានចំណែក១សម្រាប់ពូជអំបូរបេនយ៉ាមីន
24 ហើយតាមព្រំស្រុករបស់បេនយ៉ាមីន ចាប់តាំងពីខាងកើត រហូតដល់ខាងលិច នោះមានចំណែក១សម្រាប់ពូជអំបូរស៊ីម្មាន
25 ហើយតាមព្រំស្រុករបស់ស៊ីម្មាន ចាប់តាំងពីខាងកើតរហូតដល់ខាងលិច នោះមានចំណែក១សម្រាប់ពូជអំបូរអ៊ីសាខារ
26 ហើយតាមព្រំស្រុករបស់ពួកអ៊ីសាខារ ចាប់តាំងពីខាងកើតរហូតដល់ខាងលិច នោះមានចំណែក១សម្រាប់ពូជអំបូរសាប់យូល៉ូន
27 ហើយតាមព្រំស្រុករបស់សាប់យូល៉ូន ចាប់តាំងពីខាងកើតរហូតដល់ខាងលិច នោះមានចំណែក១សម្រាប់ពូជអំបូរកាឌ់
28 ហើយតាមព្រំស្រុករបស់កាឌ់ខាងត្បូងបំផុត នោះព្រំស្រុកគេ ត្រូវចាប់តាំងពីក្រុងតាម៉ារ ទៅដល់ទឹកមេរីបា-កាដេស តាមជ្រោះទឹក រហូតដល់សមុទ្រធំ
29 នេះជាស្រុកដែលឯងរាល់គ្នាត្រូវចាប់ឆ្នោត បែងចែកដល់ពូជអំបូរទាំងប៉ុន្មានរបស់អ៊ីស្រាអែល ទុកជាមរដក នេះជាចំណែករបស់គេនីមួយៗ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។
30 ឯព្រំខណ្ឌនៃទីក្រុងនោះ គឺខាងជើងមាន៤៥០០ខ្នាតតាមរង្វាស់
31 ហើយទ្វារទាំងប៉ុន្មាននៃទីក្រុងនឹងមានឈ្មោះ តាមឈ្មោះអស់ទាំងពូជអំបូរសាសន៍អ៊ីស្រាអែល ខាងជើងនឹងមានទ្វារ៣គឺទ្វាររូបេន១ ទ្វារយូដា១ និងទ្វារលេវី១
32 នៅខាងកើតមាន៤៥០០ខ្នាត ហើយទ្វារ៣ គឺទ្វារយ៉ូសែប១ ទ្វារបេនយ៉ាមីន១ និងទ្វារដាន់១
33 នៅខាងត្បូងមាន៤៥០០ខ្នាត ហើយទ្វារ៣ គឺទ្វារស៊ីម្មាន១ ទ្វារអ៊ីសាខារ១ និងទ្វារសាប់យូល៉ូន១
34 នៅខាងលិចមាន៤៥០០ខ្នាត ហើយទ្វារ៣គឺទ្វារកាឌ់១ ទ្វារអេស៊ើ១ និងទ្វារណែបថាលី១
35 ឯព័ទ្ធជុំវិញទីក្រុងនោះ ត្រូវជា១ម៉ឺន៨ពាន់ខ្នាត ហើយតាំងពីថ្ងៃនោះតទៅ ទីក្រុងនោះត្រូវមានឈ្មោះថា «ព្រះយេហូវ៉ាទ្រង់គង់នៅទីនេះ»។:៚