ជំពូក 1
1 នៅឆ្នាំទី៣ ក្នុងរាជ្យយេហូយ៉ាគីម ជាស្តេចយូដា នោះនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន ទ្រង់មកឡោមព័ទ្ធច្បាំងនឹងក្រុងយេរូសាឡឹម
2 នោះព្រះអម្ចាស់ទ្រង់ប្រគល់យេហូយ៉ាគីម ជាស្តេចយូដា ទៅក្នុងកណ្តាប់ដៃនេប៊ូក្នេសា ព្រមទាំងគ្រឿងប្រដាប់១ភាគ ដែលនៅក្នុងព្រះវិហារនៃព្រះផង ហើយទ្រង់ក៏ដឹកនាំទៅឯស្រុកស៊ីណើរ ដាក់ក្នុងវិហាររបស់ព្រះនៃទ្រង់ គឺបាននាំយកគ្រឿងប្រដាប់ទាំងនោះទៅក្នុងឃ្លាំងរបស់ព្រះនៃខ្លួន
3 ស្តេចទ្រង់មានព្រះបន្ទូលបង្គាប់ដល់អាសផ្នាស ជានាយលើពួកកំរៀវរបស់ទ្រង់ ឲ្យនាំពូជស្តេច និងពួកមានត្រកូលខ្ពស់ ក្នុងពួកកូនចៅអ៊ីស្រាអែលចូលមក
4 គឺជាមនុស្សកំលោះៗដែលឥតមានខ្ចោះអ្វីសោះ ជាអ្នកដែលមានរូបរាងល្អ ហើយចេះស្ទាត់ក្នុងគ្រប់ទាំងចំណេះ ឆាប់យល់ខាងសេចក្ដីជ្រៅជ្រះ មានគំនិតវាងវៃ និងអស់ទាំងអ្នកដែលមានតម្រិះ អាចធ្វើការងារក្នុងដំណាក់ស្តេចបាន ក៏ប្រាប់ឲ្យលោកបង្រៀនគេតាមវិជ្ជានឹងភាសារបស់សាសន៍ខាល់ដេ
5 ស្តេចទ្រង់ក៏តម្រូវឲ្យមានចំណែកអាហារហ្លួងចែកដល់គេជារាល់ថ្ងៃ ព្រមទាំងស្រាទំពាំងបាយជូរដែលទ្រង់ធ្លាប់សោយផង ហើយឲ្យចិញ្ចឹមគេយ៉ាងដូច្នោះគ្រប់៣ឆ្នាំ ដើម្បីកាលណាសម្រេចពេលកំណត់ហើយ នោះឲ្យគេបានធ្វើការងារនៅចំពោះស្តេច
6 រីឯក្នុងពួកអ្នកទាំងប៉ុន្មាននោះ មានពួកយូដាខ្លះ គឺមានដានីយ៉ែល១ ហាណានា១ មីសាអែល១ និងអ័សារា១
7 ឯចៅហ្វាយលើពួកកំរៀវ លោកឲ្យមានឈ្មោះផ្សេងវិញ គឺលោកឲ្យដានីយ៉ែលមានឈ្មោះថា បេលថិស្សាសារ ឲ្យហាណានាមានឈ្មោះថា សាដ្រាក់ ឲ្យមីសាអែលមានឈ្មោះថា មែសាក់ ហើយក៏ឲ្យអ័សារាមានឈ្មោះថា អ័បេឌ-នេកោ។
8 ប៉ុន្តែ ដានីយ៉ែលបានសម្រេចក្នុងចិត្តថា មិនព្រមឲ្យខ្លួនសៅហ្មង ដោយអាហាររបស់ស្តេច ឬដោយស្រាទំពាំងបាយជូរដែលទ្រង់ធ្លាប់សោយឡើយ បានជាលោកសូមដល់ចៅហ្វាយលើពួកកំរៀវ ដើម្បីមិនឲ្យខ្លួនត្រូវសៅហ្មងទៅ
9 ព្រះទ្រង់ក៏ធ្វើឲ្យដានីយ៉ែលបានប្រកបដោយសេចក្ដីសប្បុរស និងសេចក្ដីស្រឡាញ់របស់ចៅហ្វាយនោះ
10 ឯចៅហ្វាយលើពួកកំរៀវនោះ ក៏និយាយនឹងដានីយ៉ែលថា យើងខ្លាចព្រះករុណា ជាព្រះអម្ចាស់នៃយើង ដែលទ្រង់បានតម្រូវអាហារ និងគ្រឿងផឹកដល់អ្នកណាស់ ចង់ឲ្យទ្រង់ទតឃើញមុខអ្នករាល់គ្នា បានអាក្រក់ជាងពួកកំលោះៗស្រករនឹងឯងធ្វើអី យ៉ាងនោះ អ្នកនឹងធ្វើឲ្យយើងប្រថុយក្បាលចំពោះស្តេចហើយ
11 នោះដានីយ៉ែលនិយាយដល់អ្នកតម្រួួត ដែលចៅហ្វាយពួកកំរៀវបានតាំងឲ្យត្រួតលើដានីយ៉ែល ហាណានា មីសាអែល និងអ័សារាថា
12 សូមល្បងលយើងខ្ញុំ ជាអ្នកបម្រើលោកបាន១០ថ្ងៃមើល សូមឲ្យគេឲ្យយើងខ្ញុំរាល់គ្នាទទួលទានតែបន្លែ ហើយផឹកទឹកប៉ុណ្ណោះចុះ
13 រួចសូមលោកមើលមុខយើងខ្ញុំ ផ្ទឹមនឹងមុខពួកកំលោះៗដែលបរិភោគអាហាររបស់ស្តេច ក៏សូមលោកប្រព្រឹត្តនឹងយើងខ្ញុំតាមដែលលោកឃើញចុះ។
14 ដូច្នេះ លោកក៏ស្តាប់តាមគេក្នុងដំណើរនោះ ក៏ល្បងលគេមើលអស់១០ថ្ងៃ
15 លុះដល់ផុត១០ថ្ងៃទៅនោះមុខគេបានស្រស់ជាង ហើយគេមានសាច់ល្អជាងពួកកំលោះៗដែលបរិភោគអាហាររបស់ស្តេចទៅទៀត
16 ដូច្នេះ អ្នកតម្រួួតក៏ដកយកអាហារ និងស្រាទំពាំងបាយជូរដែលសម្រាប់ឲ្យគេផឹកចេញទៅ ហើយបានឲ្យតែបន្លែដល់គេវិញ។
17 រីឯមនុស្សកំលោះទាំង៤នាក់នេះ ព្រះទ្រង់ប្រទានឲ្យគេមានតម្រិះ ហើយឲ្យបានឆ្លៀវឆ្លាតក្នុងគ្រប់ទាំងចំណេះ និងប្រាជ្ញា ឯដានីយ៉ែល លោកក៏មានយោបល់ក្នុងអស់ទាំងការជាក់ស្តែង និងការយល់សប្តិផង
18 លុះដល់កំណត់ពេលដែលស្តេចបានបង្គាប់ឲ្យនាំគេចូលមក នោះចៅហ្វាយលើពួកកំរៀវក៏នាំគេចូលទៅគាល់នេប៊ូក្នេសា
19 ស្តេចទ្រង់ក៏មានព្រះបន្ទូលសន្ទនានឹងគេ ហើយក្នុងពួកអ្នកទាំងនោះ ឥតឃើញមានអ្នកណាដូចជាដានីយ៉ែល ហាណានា មីសាអែល និងអ័សារាឡើយ ដូច្នេះ អ្នកទាំងនោះបានធ្វើការងារ នៅចំពោះស្តេចទៅ
20 ហើយក្នុងគ្រប់ទាំងរឿងខាងឯប្រាជ្ញា និងយោបល់ ដែលស្តេចទ្រង់សួរដល់គេ នោះក៏ឃើញថា គេវិសេសជាងអស់ទាំងពួកគ្រូមន្តអាគម ហើយនិងគ្រូអង្គុយធម៌ ដែលនៅគ្រប់ក្នុងអាណាខេត្តទ្រង់១ជា១០សួន
21 ហើយដានីយ៉ែលក៏នៅរៀងតទៅ ដរាបដល់ឆ្នាំទី១ក្នុងរាជ្យស្តេចស៊ីរូស។
ជំពូក 2
1 នៅក្នុងឆ្នាំទី២នៃរាជ្យនេប៊ូក្នេសា នោះទ្រង់បានសុបិននិមិត្ត ហើយមានវិញ្ញាណវិងស៊ុង បានជាទ្រង់ផ្ទំមិនលក់ឡើយ
2 រួចស្តេចទ្រង់បង្គាប់ឲ្យហៅពួកគ្រូមន្តអាគម គ្រូអង្គុយធម៌ និងគ្រូអាបធ្មប់ ព្រមទាំងពួកខាល់ដេឲ្យមកកាត់ស្រាយសប្តិនោះថ្វាយទ្រង់ គេក៏ចូលមកឈរនៅចំពោះស្តេច
3 រួចស្តេចទ្រង់មានព្រះបន្ទូលនឹងគេថា អញបានយល់សប្តិ ហើយមានវិញ្ញាណវិងស៊ុង ដោយចង់ដឹងន័យក្នុងសប្តិនោះ
4 ដូច្នេះ ពួកខាល់ដេគេទូលឆ្លើយដល់ស្តេចជាភាសាអារ៉ាមថា បពិត្រព្រះករុណា សូមឲ្យទ្រង់មានព្រះជន្មតរៀងទៅ សូមទ្រង់មានព្រះបន្ទូលប្រាប់សុបិននោះមកយើងខ្ញុំជាបាវបម្រើចុះ នោះយើងខ្ញុំនឹងកាត់ស្រាយថ្វាយទ្រង់ជ្រាប
5 តែស្តេចទ្រង់មានព្រះបន្ទូល ដល់ពួកខាល់ដេថា សេចក្ដីនោះយើងបានភ្លេចទៅហើយ បើអ្នករាល់គ្នាមិនប្រាប់ឲ្យយើងដឹងសប្តិនោះ ហើយកាត់ស្រាយផង នោះអ្នករាល់គ្នានឹងត្រូវកាប់ជាដុំៗ ហើយផ្ទះរបស់អ្នករាល់គ្នានឹងទៅជាកន្លែងបន្ទោលាមក
6 តែបើអ្នករាល់គ្នាប្រាប់សប្តិនោះ ព្រមទាំងកាត់ស្រាយផង នោះអ្នករាល់គ្នានឹងបានអំណោយទាន និងរង្វាន់ ហើយកិត្តិយសពីយើងវិញ ដូច្នេះ ចូរប្រាប់ពន្យល់សប្តិនោះដល់យើង ហើយកាត់ស្រាយទៅចុះ
7 គេទូលឆ្លើយម្តងទៀតថា សូមតែឲ្យព្រះករុណាមានព្រះបន្ទូលប្រាប់សប្តិនោះដល់យើងខ្ញុំ ជាបាវបម្រើទ្រង់ នោះយើងខ្ញុំនឹងកាត់ស្រាយថ្វាយទ្រង់ជ្រាប
8 ស្តេចទ្រង់តបឡើងថា យើងបានដឹងពិតប្រាកដថា អ្នករាល់គ្នានឹងចង់បានពេលវេលា ដោយឃើញថា យើងបានភ្លេចសេចក្ដីទៅហើយ
9 បើសិនជាអ្នករាល់គ្នាមិនប្រាប់សប្តិនោះដល់យើងទេ នោះមានទោសតែ១ប៉ុណ្ណោះសម្រាប់អ្នកទាំងអស់គ្នា ដ្បិតអ្នករាល់គ្នាបានបង្កើតពាក្យភូតភរ ហើយឆបោកសម្រាប់ឆ្លើយមកយើង ចាំទំរាំតែគ្រានេះបានផ្លាស់ប្រែទៅ ដូច្នេះ ចូរប្រាប់សប្តិនោះដល់យើង នោះយើងនឹងដឹងថា អ្នករាល់គ្នាអាចនឹងកាត់ស្រាយបានមែន
10 តែពួកខាល់ដេគេទូលឆ្លើយនៅចំពោះស្តេចថា គ្មានមនុស្សណាមួយនៅលើផែនដីនេះ ដែលអាចនឹងបង្ហាញដំណើរនៃព្រះករុណាបានទេ ក៏មិនដែលមានស្តេចណាទោះបើធំ ហើយមានអំណាចយ៉ាងណាក៏ដោយ ដែលបានបង្គាប់ការយ៉ាងនេះដល់ពួកគ្រូមន្តអាគម គ្រូអង្គុយធម៌ ឬដល់ពួកខាល់ដេណាៗឡើយ
11 ការដែលព្រះករុណាទ្រង់បង្គាប់នេះ ជាការកម្រមានណាស់ គ្មានអ្នកណាអាចនឹងបង្ហាញដំណើរនេះដល់ព្រះករុណាបានទេ មានតែពួកព្រះដែលមិនស្ថិតនៅក្នុងសាច់ឈាមវិញប៉ុណ្ណោះ
12 ហេតុដូច្នេះ ស្តេចទ្រង់ក៏ខ្ញាល់ ហើយមានសេចក្ដីក្រេវក្រោធយ៉ាងក្រៃលែង ក៏បង្គាប់ឲ្យបំផ្លាញពួកអ្នកប្រាជ្ញទាំងអស់ដែលនៅក្រុងបាប៊ីឡូនទៅ
13 យ៉ាងនោះ មានព្រះរាជឱង្ការចេញទៅ បង្គាប់ឲ្យសម្លាប់ពួកអ្នកប្រាជ្ញបង់ ហើយគេក៏រកដានីយ៉ែល និងពួកគូកនលោក ដើម្បីយកទៅសម្លាប់ដែរ។
14 គ្រានោះ ដានីយ៉ែលឆ្លើយដោយវាងវៃ ហើយឆ្លៀវឆ្លាតដល់អើយ៉ុក ជាមេកងទ័ពរក្សាអង្គ ដែលបានចេញទៅ ដើម្បីសម្លាប់ពួកអ្នកប្រាជ្ញដែលនៅក្រុងបាប៊ីឡូន
15 លោកសួរដល់អើយ៉ុក ជាមេកងទ័ពរក្សាអង្គថា ហេតុអ្វីបានជាព្រះរាជឱង្ការនៃស្តេចប្រថំអីម៉្លេះ នោះអើយ៉ុកក៏ពន្យល់ប្រាប់ដានីយ៉ែល
16 រួចដានីយ៉ែលចូលទៅគាល់ស្តេច ទូលសូមឲ្យបានឱកាសបន្តិច នោះនឹងកាត់ស្រាយថ្វាយទ្រង់ជ្រាប។
17 នោះដានីយ៉ែលក៏វិលទៅឯផ្ទះ ប្រាប់រឿងនោះដល់ហាណានា មីសាអែល និងអ័សារា ជាគូកនរបស់លោក
18 ដើម្បីឲ្យគេបានទូលសូមដល់ព្រះនៃស្ថានសួគ៌ ឲ្យទ្រង់បានប្រោសមេត្តាដល់គេ ពីដំណើរសេចក្ដីអាថ៌កំបាំង នោះប្រយោជន៍ឲ្យដានីយ៉ែល និងគូកនលោកមិនត្រូវវិនាសជាមួយនឹងពួកអ្នកប្រាជ្ញឯទៀត ដែលនៅក្រុងបាប៊ីឡូនឡើយ
19 ដូច្នេះ សេចក្ដីអាថ៌កំបាំងនោះ បានសម្ដែងមកឲ្យដានីយ៉ែលឃើញ ក្នុងការជាក់ស្តែងនៅវេលាយប់ នោះលោកក្រាបថ្វាយបង្គំដល់ព្រះនៃស្ថានសួគ៌
20 ហើយទូលថា សូមឲ្យព្រះនាមនៃព្រះបានប្រកបដោយព្រះពរ នៅអស់កល្បតរៀងទៅ ដ្បិតប្រាជ្ញា និងតេជានុភាពជារបស់ផងទ្រង់
21 គឺទ្រង់ដែលបំផ្លាស់បំប្រែពេលកំណត់ និងរដូវកាល ទ្រង់ដកស្តេចចេញ ហើយក៏តាំងស្តេចឡើងទ្រង់ប្រទានប្រាជ្ញាដល់ពួកអ្នកប្រាជ្ញ និងចំណេះដល់អស់អ្នកដែលមានយោបល់
22 ទ្រង់ក៏សម្ដែងឲ្យឃើញអស់ទាំងសេចក្ដីជ្រាលជ្រៅ ហើយលាក់កំបាំង ទ្រង់ជ្រាបសេចក្ដីដែលនៅទីងងឹត ហើយមានពន្លឺនៅជាមួយនឹងទ្រង់
23 ឱព្រះនៃពួកអយ្យកោទូលបង្គំអើយ ទូលបង្គំអរព្រះគុណ ហើយក៏សរសើរដល់ទ្រង់ ពីព្រោះទ្រង់បានប្រោសឲ្យទូលបង្គំមានប្រាជ្ញា និងអំណាច ហើយឥឡូវនេះ ទ្រង់បានសម្ដែងឲ្យទូលបង្គំដឹងសេចក្ដីដែលយើងខ្ញុំបានសូមពីទ្រង់ដ្បិតទ្រង់បានសម្ដែង ឲ្យយើងខ្ញុំស្គាល់រឿងរ៉ាវរបស់ស្តេច
24 ដូច្នេះ ដានីយ៉ែលក៏ចូលទៅឯអើយ៉ុក ជាអ្នកដែលស្តេចបានបង្គាប់ឲ្យបំផ្លាញពួកអ្នកប្រាជ្ញ នៅក្រុងបាប៊ីឡូនបង់ នោះគឺបានទៅនិយាយដូច្នេះថា សូមកុំបំផ្លាញពួកអ្នកប្រាជ្ញនៅក្រុងបាប៊ីឡូនឡើយ សូមនាំខ្ញុំចូលទៅគាល់ដល់ស្តេចចុះ នោះខ្ញុំនឹងកាត់ស្រាយសេចក្ដីថ្វាយទ្រង់ជ្រាបវិញ។
25 ដូច្នេះ អើយ៉ុកក៏នាំដានីយ៉ែលចូលទៅចំពោះស្តេចដោយប្រញាប់ប្រញាល់ ហើយទូលថា ទូលបង្គំរកបានមនុស្សម្នាក់ ក្នុងកូនចៅនៃពួកឈ្លើយ ជាសាសន៍យូដាដែលនឹកកាត់ស្រាយសេចក្ដី ថ្វាយព្រះករុណា ឲ្យទ្រង់ជ្រាបបាន
26 ស្តេចទ្រង់មានព្រះបន្ទូលសួរដានីយ៉ែល ដែលលោកមានឈ្មោះជា បេលថិស្សាសារ ថា តើអ្នកអាចនឹងប្រាប់សប្តិដែលយើងបានឃើញនោះ ហើយកាត់ស្រាយឲ្យយើងផងបានឬ
27 នោះដានីយ៉ែលក៏ទូលនៅចំពោះស្តេចថា សេចក្ដីអាថ៌កំបាំងដែលព្រះករុណាបានបង្គាប់មក នោះគ្មានពួកអ្នកប្រាជ្ញ ពួកគ្រូអាបធ្មប់ ពួកគ្រូអង្គុយធម៌ ឬគ្រូទាយណាដែលអាចនឹងកាត់ស្រាយថ្វាយព្រះករុណាបានទេ
28 តែមានព្រះ១អង្គ ដែលគង់នៅស្ថានសួគ៌ ទ្រង់សម្ដែងឲ្យយល់សេចក្ដីអាថ៌កំបាំងបាន ហើយទ្រង់បានសម្ដែងឲ្យព្រះករុណានេប៊ូក្នេសាបានជ្រាប ពីការដែលត្រូវកើតមកនៅថ្ងៃក្រោយ សុបិនរបស់ទ្រង់ និងការជាក់ស្តែងដែលទ្រង់បានឃើញកំពុងផ្ទំលក់ គឺយ៉ាងនេះ
29 ឯត្រង់ទ្រង់ ឱព្រះករុណាអើយ ទ្រង់កើតមានគំនិត កាលទ្រង់កំពុងផ្ទំនៅលើព្រះក្រឡាបន្ទំ ពីការដែលត្រូវកើតមកនៅខាងមុខ ហើយព្រះដែលទ្រង់សម្ដែងឲ្យបានយល់ការអាថ៌កំបាំង ទ្រង់បានធ្វើឲ្យព្រះករុណាជ្រាបពីការដែលត្រូវមកដល់
30 តែចំណែកទូលបង្គំ ការអាថ៌កំបាំងនេះបានសម្ដែងមកឲ្យទូលបង្គំយល់ មិនមែនដោយព្រោះទូលបង្គំមានប្រាជ្ញា លើសជាងមនុស្សណាទៀតទេ គឺដើម្បីឲ្យសេចក្ដីសំរាយនោះ បានសម្ដែងមកឲ្យទ្រង់បានជ្រាបវិញ ហើយឲ្យទ្រង់ព្រះករុណា បានជ្រាបអស់ទាំងគំនិត ដែលទ្រង់បានគិតនៅក្នុងព្រះទ័យប៉ុណ្ណោះ។
31 បពិត្រព្រះករុណា ទ្រង់បានទតឃើញរូប១យ៉ាងធំរូបនោះដែលធំសម្បើម ហើយភ្លឺយ៉ាងអស្ចារ្យ ក៏ឈរនៅចំពោះទ្រង់ មានភាពគួរស្ញែងខ្លាច
32 ឯក្បាលរបស់រូបនោះ ជាមាសយ៉ាងល្អ ដើមទ្រូង និងដៃជាប្រាក់ ពោះ និងភ្លៅជាលង្ហិន
33 ជើងជាដែក ហើយប្រអប់ជើងជាដែកលាយនឹងដីឥដ្ឋ
34 ទ្រង់បានទតឃើញ ដរាបដល់មានថ្ម១ដាប់ផ្តាច់ចេញ ឥតដៃអ្នកណាធ្វើ មកទង្គិចត្រូវរូបនោះត្រង់ប្រអប់ជើង ដែលធ្វើពីដែក និងដីឥដ្ឋ ក៏បំបាក់បំបែកខ្ទេចខ្ទីទៅ
35 រួចទាំងដែក ដីឥដ្ឋ លង្ហិន ប្រាក់ ហើយនិងមាសក៏ត្រូវបែកបាក់ខ្ទេចខ្ទីទាំងអស់ ហើយត្រឡប់ដូចជាអង្កាមនៅលានស្រូវខែប្រាំង រួចខ្យល់បក់ផាត់យកទៅបាត់ ឥតដែលឃើញផង់ណារបស់រូបនោះទៀតឡើយ ឯថ្មដែលទង្គិចនឹងរូបនោះ ក៏ត្រឡប់ទៅជាភ្នំយ៉ាងធំនៅពេញផែនដីទាំងដុំមូល។
36 សេចក្ដីនោះហើយ ជាសុបិនរបស់ទ្រង់ព្រះករុណាឥឡូវនេះ យើងខ្ញុំនឹងកាត់ស្រាយ ថ្វាយព្រះករុណាជ្រាប
37 បពិត្រព្រះករុណា ទ្រង់ជាស្តេចលើអស់ទាំងស្តេច គឺជាស្តេចដែលព្រះនៃស្ថានសួគ៌ទ្រង់បានប្រទានឲ្យមានរាជ្យព្រះចេស្តា ឥទ្ធិឫទ្ធិ និងសិរីល្អទាំងនេះ
38 ហើយកន្លែងណាដែលមានមនុស្សជាតិអាស្រ័យនៅ នោះព្រះទ្រង់បានប្រទានទាំងសត្វនៅដី និងសត្វហើរលើអាកាស មកក្នុងព្រះហស្តទ្រង់ ព្រមទាំងតាំងទ្រង់ឲ្យគ្រប់គ្រងលើទាំងអស់ផង គឺទ្រង់ដែលជាក្បាលមាសនោះ
39 តពីទ្រង់ទៅ នោះនឹងមាននគរ១ទៀតកើតឡើង ដែលថោកជាងទ្រង់ រួចនឹងមាននគរ១ទៀតជានគរទី៣ដែលជាលង្ហិន នគរនោះនឹងមានអំណាចគ្រប់គ្រងលើផែនដីទាំងមូល
40 ឯនគរទី៤នឹងមានកម្លាំងដូចដែក ដ្បិតដែលដែកបំបាក់បំបែកឲ្យខ្ទេចខ្ទី ហើយក៏កំរាបទាំងអស់ជាយ៉ាងណា នគរនោះក៏នឹងបំបែកបំបាក់ឲ្យខ្ទេចខ្ទី ហើយកិនល្អិតយ៉ាងនោះដែរ គឺដូចជាដែក ដែលបំបាក់បំបែករបស់ទាំងនោះឯង
41 ហើយដែលទ្រង់បានឃើញប្រអប់ជើង និងម្រាមជើងនោះមាន១ចំណែកជាដីរបស់ជាងស្មូន ហើយ១ចំណែកទៀតជាដែកវិញ នោះគឺថា នគរនោះនឹងញែកបែកគ្នា តែក្នុងនគរនោះនឹងមានកម្លាំងដូចជាដែក ដ្បិតទ្រង់បានឃើញដែកលាយនឹងដីស្អិតនោះ
42 ហើយដែលម្រាមជើងជាដែក និងជាដីឥដ្ឋ លាយគ្នាជាយ៉ាងណា នគរនោះនឹងមានកម្លាំង១ចំណែក ហើយស្រួយ១ចំណែកយ៉ាងនោះដែរ
43 ហើយដែលទ្រង់បានឃើញដែកលាយនឹងដីស្អិតជាយ៉ាងណា នោះគឺគេនឹងលាយខ្លួននឹងអស់ទាំងពូជមនុស្សផងយ៉ាងនោះដែរ តែគេនឹងមិននៅជាប់ជិតគ្នានឹងគ្នាទេ ដូចជាដែកដែលមិនលាយជាប់នឹងដីដែរ
44 រីឯនៅគ្រានៃស្តេចទាំងនោះ ព្រះនៃស្ថានសួគ៌ទ្រង់នឹងតាំងនគរ១ឡើង ដែលមិនត្រូវបំផ្លាញឡើយ ហើយអំណាចហ្លួងក៏មិនត្រូវផ្ទេរដល់សាសន៍ដទៃណាដែរ គឺនឹងបំបាក់បំបែក ហើយលេបបំបាត់នគរទាំងនោះវិញ នគរនោះនឹងស្ថិតស្ថេរនៅអស់កល្បជានិច្ច
45 គឺដូចជាទ្រង់បានឃើញថ្មនោះ ដាប់ផ្តាច់ចេញពីភ្នំឥតមានដៃអ្នកណាធ្វើ ហើយថ្មនោះបានបំបាក់បំបែកទាំងដែក លង្ហិន ដីឥដ្ឋ ប្រាក់នឹងមាសនោះហើយ គឺព្រះដ៏ជាធំ ទ្រង់បានសម្ដែងឲ្យព្រះករុណាជ្រាបពីការដែលត្រូវមកនៅខាងមុខ សុបិននេះជាប្រាកដហើយ ឯសេចក្ដីសំរាយក៏ជាពិតដែរ។
46 ដូច្នេះ ស្តេចនេប៊ូក្នេសាទ្រង់ក្រាបផ្កាប់ព្រះភ័ក្ត្រថ្វាយបង្គំដល់ដានីយ៉ែល ក៏បង្គាប់ឲ្យគេយកគ្រឿងបូជា និងគ្រឿងក្រអូបមកគោរពដល់លោក
47 ស្តេចទ្រង់មានព្រះបន្ទូលនឹងដានីយ៉ែលថា ពិតប្រាកដជាព្រះនៃអ្នកជាព្រះលើអស់ទាំងព្រះហើយ ទ្រង់ជាព្រះអម្ចាស់លើអស់ទាំងស្តេច គឺជាព្រះដែលសម្ដែងឲ្យយល់សេចក្ដីអាថ៌កំបាំង ពីព្រោះឃើញថា អ្នកអាចនឹងសម្ដែង ឲ្យយល់សេចក្ដីអាថ៌កំបាំងនេះបាន
48 នោះស្តេចទ្រង់ក៏តាំងដានីយ៉ែលឡើងជាធំ ទ្រង់ប្រទានអំណោយទានយ៉ាងវិសេសជាច្រើនដល់លោក ព្រមទាំងតាំងលោក ឲ្យត្រួតលើខេត្តបាប៊ីឡូនទាំងមូល ហើយឲ្យបានជាអធិបតីលើពួកអ្នកប្រាជ្ញទាំងប៉ុន្មាន នៅក្រុងបាប៊ីឡូនផង
49 ឯដានីយ៉ែល លោកសូមដល់ស្តេច ហើយទ្រង់ក៏តាំងសាដ្រាក់ មែសាក់ និងអ័បេឌ-នេកោ ឡើងជាអ្នកត្រួតលើក្រសួងការទាំងពួង នៅខេត្តបាប៊ីឡូនតែដានីយ៉ែលលោកនៅក្នុងព្រះរាជវាំងវិញ។
ជំពូក 3
1 រីឯស្តេចនេប៊ូក្នេសាទ្រង់ធ្វើរូបមាស១ មានកំពស់៦០ហត្ថ ទទឹង៦ហត្ថ ទ្រង់បញ្ឈររូបនោះនៅវាលឌូរ៉ាក្នុងខេត្តបាប៊ីឡូន
2 រួចស្តេចនេប៊ូក្នេសាទ្រង់ចាត់ឲ្យទៅប្រមូលពួកចៅហ្វាយខេត្ត ពួកភូឈួយ ពួកចៅហ្វាយស្រុក ពួកចៅក្រម ពួកមេឃ្លាំង ពួកបាឡាត់ ពួកនាយកនគរបាល និងអស់ទាំងពួកមន្ត្រីខេត្តទាំងប៉ុន្មាន ឲ្យគេប្រមូលគ្នាមកឯបុណ្យឆ្លងរូប ដែលស្តេចនេប៊ូក្នេសាតាំងឡើងនោះ
3 ដូច្នេះ ពួកចៅហ្វាយខេត្ត ពួកភូឈួយ ពួកចៅហ្វាយស្រុក ពួកចៅក្រម ពួកមេឃ្លាំង ពួកបាឡាត់ ពួកនាយកនគរបាល និងអស់ទាំងពួកមន្ត្រីខេត្ត ក៏មូលគ្នាមកឯបុណ្យឆ្លងរូបនោះ ដែលស្តេចនេប៊ូក្នេសាតាំងឡើង គេក៏ឈរនៅចំពោះរូបដែលទ្រង់តាំងទុកនោះ
4 រួចមានអ្នក១ស្រែកប៉ាវប្រកាស ជាសំឡេងយ៉ាងខ្លាំងថា ម្នាលជនទាំងឡាយ ព្រមទាំងសាសន៍ដទៃ និងមនុស្សគ្រប់ភាសាអើយ មានសេចក្ដីបង្គាប់ដល់អ្នករាល់គ្នាដូច្នេះថា
5 វេលាណាដែលអ្នករាល់គ្នាឮសូរត្រែ ខ្លុយ ស៊ុង ចាប៉ី ពិណ និងប៉ី ហើយដន្ត្រីគ្រប់យ៉ាង នោះត្រូវក្រាបថ្វាយបង្គំដល់រូបមាស ដែលព្រះករុណាទ្រង់បានតាំងឡើងទៅ
6 បើអ្នកណាមិនក្រាបថ្វាយបង្គំទេ នោះនឹងត្រូវបោះទៅកណ្តាលគុកភ្លើង ដែលកំពុងឆេះយ៉ាងសន្ធៅនៅវេលានោះឯង
7 ដូច្នេះ នៅវេលានោះ កាលជនទាំងឡាយបានឮសូរត្រែ ខ្លុយ ស៊ុង ចាប៉ី ពិណ និងដន្ត្រីគ្រប់យ៉ាងហើយ នោះជនទាំងឡាយព្រមទាំងសាសន៍ដទៃ និងមនុស្សគ្រប់ភាសាផង ក៏ក្រាបថ្វាយបង្គំដល់រូបមាស ដែលស្តេចនេប៊ូក្នេសាបានតាំងទុកនោះ។
8 នៅគ្រានោះ មានពួកខាល់ដេខ្លះចូលទៅជិតប្តឹងពីពួកសាសន៍យូដា
9 គេទូលដល់ស្តេចនេប៊ូក្នេសាថា បពិត្រព្រះករុណា សូមឲ្យទ្រង់មានព្រះជន្មតរៀងទៅ
10 បពិត្រព្រះករុណា ទ្រង់បានចេញព្រះរាជបង្គាប់ថា អស់មនុស្សណាដែលឮសូរត្រែ ខ្លុយ ស៊ុង ចាប៉ី ពិណ ប៉ី និងដន្ត្រីគ្រប់យ៉ាង នោះត្រូវតែក្រាបថ្វាយបង្គំដល់រូបមាសនេះ
11 ហើយថា បើអ្នកណាមិនក្រាបថ្វាយបង្គំទេ នោះត្រូវបោះទៅក្នុងគុកភ្លើងដែលឆេះយ៉ាងសន្ធៅ
12 រីឯក្នុងពួកអ្នកដែលទ្រង់បានតាំងឡើង លើក្រសួងការខេត្តបាប៊ីឡូន នោះមានពួកសាសន៍យូដាខ្លះ គឺសាដ្រាក់ មែសាក់ និងអ័បេឌ-នេកោ ទាំង៣នាក់នោះ បពិត្រព្រះករុណា គេមិនបានស្តាប់បង្គាប់ទ្រង់ទេ គេក៏មិនទាំងគោរពប្រតិបត្តិដល់ព្រះនៃទ្រង់ ឬថ្វាយបង្គំដល់រូបមាស ដែលទ្រង់បានតាំងឡើងនោះដែរ។
13 ហេតុនោះ នេប៊ូក្នេសាទ្រង់មានសេចក្ដីក្រោធ និងសេចក្ដីឃោរឃៅយ៉ាងក្រៃលែង ក៏បង្គាប់ឲ្យគេនាំសាដ្រាក់ មែសាក់ និងអ័បេឌ-នេកោមក ដូច្នេះ គេក៏នាំអ្នកទាំង៣នោះចូលមកនៅចំពោះស្តេច
14 នេប៊ូក្នេសាទ្រង់មានព្រះបន្ទូលសួរគេថា ម្នាលសាដ្រាក់ មែសាក់ និងអ័បេឌ-នេកោ តើដោយបំណងចិត្តឬ ដែលឯងរាល់គ្នាមិនគោរពដល់ព្រះនៃយើង ឬថ្វាយបង្គំដល់រូបមាសដែលយើងបានតាំងឡើងហើយនោះ
15 ឥឡូវនេះ បើឯងរាល់គ្នាប្រុងប្រៀបក្នុងវេលាណាដែលឮសូរត្រែ ខ្លុយ ស៊ុង ចាប៉ី ពិណ ប៉ី និងដន្ត្រីគ្រប់យ៉ាង ឲ្យបានក្រាបថ្វាយបង្គំដល់រូបមាសដែលយើងបានធ្វើនេះ នោះបានហើយ តែបើមិនថ្វាយបង្គំទេ នោះនឹងត្រូវបោះឯងទៅក្នុងគុកភ្លើង ដែលឆេះយ៉ាងសន្ធៅ នៅវេលានោះឯង តើមានព្រះឯណាដែលអាចនឹងដោះឯងរាល់គ្នា ឲ្យរួចពីកណ្តាប់ដៃយើងបាន
16 តែសាដ្រាក់ មែសាក់ និងអ័បេឌ-នេកោទូលឆ្លើយដល់ស្តេចថា បពិត្រព្រះរាជានេប៊ូក្នេសា យើងខ្ញុំមិនចាំបាច់ទូលឆ្លើយដល់ទ្រង់ពីដំណើរនេះទេ
17 បើជាយ៉ាងនោះមែន នោះព្រះនៃយើងខ្ញុំ ដែលយើងខ្ញុំគោរពប្រតិបត្តិតាម ទ្រង់អាចនឹងជួយឲ្យខ្ញុំរួចពីគុកភ្លើង ដែលឆេះយ៉ាងសន្ធៅបានហើយ បពិត្រព្រះករុណា ព្រះអង្គនោះក៏នឹងជួយឲ្យយើងរួចពីព្រះហស្តទ្រង់ដែរ
18 តែបើមិនជួយទេ នោះសូមឲ្យទ្រង់ព្រះករុណាជ្រាបថា យើងខ្ញុំមិនព្រមគោរពតាមព្រះរបស់ទ្រង់ឡើយ ក៏មិនព្រមថ្វាយបង្គំដល់រូបមាស ដែលទ្រង់បានតាំងឡើងនោះដែរ។
19 នោះនេប៊ូក្នេសាទ្រង់មានពេញដោយសេចក្ដីឃោរឃៅ ព្រះភ័ក្ត្រទ្រង់ក៏ផ្លាស់ប្រែទៅ ទាស់នឹងសាដ្រាក់ មែសាក់ និងអ័បេឌ-នេកោ ទ្រង់ក៏បង្គាប់ឲ្យគេដុតគុកភ្លើងឲ្យក្តៅជាងធម្មតា១ជា៧
20 រួចទ្រង់បង្គាប់ដល់មនុស្សខ្លាំងពូកែខ្លះក្នុងកងទ័ពទ្រង់ ឲ្យគេចងសាដ្រាក់ មែសាក់ និងអ័បេឌ-នេកោ បោះទៅក្នុងគុកភ្លើងដែលឆេះយ៉ាងសន្ធៅនោះ
21 ដូច្នេះ គេក៏ចងអ្នកទាំងនោះភ្ជាប់ទាំងខោទាំងអាវ និងឈ្នួត ព្រមទាំងសម្លៀកបំពាក់ឯទៀតផង បោះចុះក្នុងគុកភ្លើងដែលឆេះយ៉ាងសន្ធៅទៅ
22 ហេតុនោះ ដោយព្រោះបង្គាប់ស្តេចក៏តឹងរឹងណាស់ ហើយគុកភ្លើងបានក្តៅយ៉ាងក្រៃលែង បានជាអណ្តាតភ្លើងឆេះសម្លាប់ពួកអ្នកដែលបានលើកបោះសាដ្រាក់ មែសាក់ និងអ័បេឌ-នេកោទៅនោះ
23 ចំណែកអ្នកទាំង៣នោះ គឺសាដ្រាក់ មែសាក់ និងអ័បេឌ-នេកោ គេធ្លាក់ទៅកណ្តាលគុកភ្លើងដែលឆេះយ៉ាងសន្ធៅ ទាំងជាប់ចំណងផង។
24 ខណៈនោះ ស្តេចនេប៊ូក្នេសាទ្រង់មានសេចក្ដីស្រឡាំងកាំង ហើយក៏ក្រោកឡើងជាប្រញាប់ មានព្រះបន្ទូលនឹងពួកជំនិតរបស់ទ្រង់ថា តើមិនមែន៣នាក់ ដែលយើងបោះទៅក្នុងភ្លើងទាំងជាប់ចំណងផងទេឬអី គេក៏ទូលតបថា បពិត្រព្រះករុណាអើយ ពិតហើយដូច្នោះ
25 រួចទ្រង់មានព្រះបន្ទូលថា មើល យើងឃើញ៤នាក់ ឥតជាប់ចំណងសោះ កំពុងដើរនៅកណ្តាលភ្លើង ឥតមានអ្វីសោះ ឯអ្នកទី៤ក៏មានភាពដូចជាកូនព្រះ
26 នោះនេប៊ូក្នេសាក៏ចូលទៅជិតមាត់គុកភ្លើង ដែលឆេះយ៉ាងសន្ធៅនោះ មានព្រះបន្ទូលថា ឱសាដ្រាក់ មែសាក់ និងអ័បេឌ-នេកោ ជាអ្នកគោរពដល់ព្រះដ៏ខ្ពស់បំផុតអើយ សូមចេញមក ហើយមកឯណេះចុះ ដូច្នេះ សាដ្រាក់ មែសាក់ និងអ័បេឌ-នេកោ ក៏ចេញពីកណ្តាលភ្លើងមក
27 រួចពួកចៅហ្វាយខេត្ត ពួកភូឈួយ ពួកចៅហ្វាយស្រុក និងពួកជំនិតរបស់ស្តេចដែលបានប្រជុំគ្នា គេក៏ឃើញមនុស្សទាំងនោះដែលភ្លើងគ្មានអំណាចលើខ្លួនគេសោះ សក់ក្បាលគេក៏មិនបានទាំងរួញដែរ ឯខោអាវមិនបានឆេះ ក៏ឥតមានក្លិនឈ្ងៀមនៅជាប់លើគេផង។
28 នេប៊ូក្នេសាទ្រង់មានព្រះបន្ទូលថា សូមឲ្យព្រះនៃសាដ្រាក់ មែសាក់ និងអ័បេឌ-នេកោ បានប្រកបដោយព្រះពរ ជាព្រះដែលទ្រង់បានចាត់ទេវតារបស់ទ្រង់ ឲ្យមកប្រោសពួកបម្រើទ្រង់ ដែលទុកចិត្តដល់ទ្រង់ ឲ្យរួច គេបានរំលងនឹងបង្គាប់នៃស្តេច ព្រមទាំងប្រថុយខ្លួនគេ ដើម្បីមិនឲ្យគោរព ឬថ្វាយបង្គំដល់ព្រះឯណា ក្រៅពីព្រះរបស់ខ្លួនឡើយ
29 ដូច្នេះ យើងចេញព្រះរាជបំរាមដល់បណ្តាជនទាំងឡាយ ព្រមទាំងសាសន៍ដទៃ និងមនុស្សគ្រប់ភាសាថា បើអ្នកណានិយាយបង្ខុសពីព្រះនៃសាដ្រាក់ មែសាក់ និងអ័បេឌ-នេកោ នោះនឹងត្រូវកាប់ដាច់ជាដុំៗ ហើយផ្ទះគេនឹងត្រូវទុកជាទីបន្ទោបង់លាមក ពីព្រោះគ្មានព្រះឯណាទៀត ដែលអាចនឹងជួយ ឲ្យរួចយ៉ាងដូច្នេះ បានឡើយ
30 រួចមក ស្តេចទ្រង់ក៏ដំឡើងងារដល់សាដ្រាក់ មែសាក់ និងអ័បេឌ-នេកោ នៅក្នុងខេត្តបាប៊ីឡូន។
ជំពូក 4
1 ស្តេចនេប៊ូក្នេសាទ្រង់ប្រកាសដល់បណ្តាជនទាំងឡាយ ព្រមទាំងសាសន៍ដទៃ និងមនុស្សគ្រប់ភាសាដែលនៅលើផែនដីទាំងមូលថា សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្ដីសុខកាន់តែច្រើនឡើងចុះ
2 យើងបានឃើញថា គួរនឹងបង្ហាញអស់ទាំងទីសម្គាល់ និងការអស្ចារ្យដែលព្រះដ៏ខ្ពស់បំផុតបានប្រោសដល់យើង
3 ទីសម្គាល់របស់ទ្រង់ធំណាស់ហ្ន៎ ហើយការអស្ចារ្យរបស់ទ្រង់ក៏មានអានុភាពណាស់ដែរ រាជ្យទ្រង់ជារាជ្យដ៏ស្ថិតស្ថេរនៅអស់កល្បជានិច្ច ហើយអំណាចគ្រប់គ្រងរបស់ទ្រង់ក៏នៅគ្រប់ទាំងដំណមនុស្សតរៀងទៅ។
4 យើង នេប៊ូក្នេសា កំពុងនៅជាសុខ នៅក្នុងដំណាក់របស់យើង ហើយកំពុងចម្រើននៅក្នុងព្រះរាជវាំង
5 នោះយើងឃើញនិមិត្តដែលនាំឲ្យតក់ស្លុត ហើយគំនិតដែលយើងគិតនៅលើដំណេក និងការជាក់ស្តែងនៅក្នុងខួរ ក៏នាំឲ្យយើងបារម្ភព្រួយទៅ
6 ដូច្នេះ យើងបានចេញបង្គាប់ឲ្យនាំអស់ទាំងអ្នកប្រាជ្ញក្នុងក្រុងបាប៊ីឡូន មកចំពោះយើង ដើម្បីឲ្យគេបានកាត់ស្រាយន័យសុបិននិមិត្តនោះឲ្យយើងដឹង
7 នោះពួកគ្រូមន្តអាគម គ្រូអង្គុយធម៌ ពួកខាល់ដេ និងគ្រូទាយក៏មក ហើយយើងបានប្រាប់សុបិននោះដល់គេ តែគេមិនបានកាត់ស្រាយឲ្យយើងយល់ន័យសោះ
8 លុះក្រោយមក ដានីយ៉ែលដែលមានឈ្មោះ បេលថិស្សាសារ តាមព្រះនាមព្រះនៃយើង បានចូលមកចំពោះយើង ជាអ្នកដែលមានវិញ្ញាណរបស់ព្រះដ៏បរិសុទ្ធ សណ្ឋិតនៅលើខ្លួន យើងក៏ប្រាប់សុបិននោះដល់គាត់ថា
9 ឱបេលថិស្សាសារជាមេនៃពួកគ្រូមន្តអាគមអើយ ដោយព្រោះយើងដឹងថា មានវិញ្ញាណនៃព្រះដ៏បរិសុទ្ធសណ្ឋិតនៅលើអ្នក ហើយថាគ្មានការអាថ៌កំបាំងណា ដែលធ្វើឲ្យអ្នកពិបាកចិត្តឡើយ បានជាយើងសូមឲ្យអ្នកប្រាប់ពីការជាក់ស្តែង ដែលយើងបានឃើញក្នុងសុបិន ហើយកាត់ស្រាយឲ្យយើងផង
10 ឯការជាក់ស្តែងដែលយើងឃើញក្នុងខួរនៅលើដំណេក នោះគឺយើងឃើញថា មានដើមឈើ១មានកំពស់យ៉ាងក្រៃលែងនៅកណ្តាលផែនដី
11 ដើមនោះបានដុះធំឡើង ហើយក៏មាំ ឯកំពូលបានលូតដល់ទល់នឹងផ្ទៃមេឃ ហើយក៏មើលវាឃើញ រហូតដល់ចុងផែនដីបំផុត
12 ស្លឹកដើមនោះល្អមើល ហើយផ្លែក៏មានច្រើន ទុកជាអាហារសម្រាប់គ្រប់ទាំងអស់ ឯសត្វនៅផែនដីបានមកជ្រកនៅក្រោមម្លប់ និងសត្វហើរលើអាកាសក៏ទំនៅមែក គ្រប់ទាំងសាច់បានអាហារចិញ្ចឹមខ្លួនពីនោះមក
13 ក្នុងការជាក់ស្តែងនៅលើដំណេក នោះយើងបានឃើញក្នុងខួរថា មានពួកពិនិត្យត្រួតមើល១រូប និងពួកបរិសុទ្ធ១ចុះពីស្ថានសួគ៌មក
14 ក៏បន្លឺឡើងជាខ្លាំងថា ចូរកាប់ដើមឈើនោះចុះ ត្រូវឲ្យកាប់ផ្តាច់មែកចេញ ព្រមទាំងអង្រួនជំរុះស្លឹក ហើយកម្ចាត់កម្ចាយផលផង ត្រូវឲ្យសត្វទាំងប៉ុន្មានចេញពីក្រោម ហើយសត្វស្លាបពីមែកវាទៅ
15 ប៉ុន្តែ ត្រូវឲ្យទុកគល់ និងឫសនៅជាប់ក្នុងដីចុះ មានទាំងវ័ណ្ឌដែក និងលង្ហិនព័ទ្ធជុំវិញនៅក្នុងស្មៅខ្ចីនៅវាលដែរ ហើយត្រូវឲ្យបានទទឹកដោយសន្សើមពីលើមេឃ ព្រមទាំងឲ្យមានចំណែកនៅក្នុងស្មៅនៃផែនដី ជាមួយនឹងអស់ទាំងសត្វផង
16 ត្រូវឲ្យចិត្តវាបានផ្លាស់ប្រែពីសណ្ឋានចិត្តមនុស្ស ឲ្យទៅជាចិត្តរបស់សត្វវិញ រួចឲ្យនៅយ៉ាងនោះ ដរាបដល់កន្លងទៅអស់៧ខួប
17 ទោសនេះ គឺជាពួកពិនិត្យត្រួតមើលដែលកាត់ឲ្យ ហើយសេចក្ដីនេះក៏តាមបង្គាប់នៃពួកបរិសុទ្ធ ប្រយោជន៍ឲ្យមនុស្សដែលនៅរស់បានដឹងថា ព្រះដ៏ខ្ពស់បំផុតទ្រង់គ្រប់គ្រងលើរាជ្យរបស់មនុស្ស ក៏ប្រគល់ដល់អ្នកណាតាមព្រះហឫទ័យ ព្រមទាំងតាំងមនុស្សសណ្ឋានទាបថោកបំផុតឡើង ឲ្យគ្រប់គ្រងផង
18 យើងនេះ ជាស្តេចនេប៊ូក្នេសា បានឃើញសុបិននេះ ដូច្នេះ ឱបេលថិស្សាសារអើយ ចូរកាត់ស្រាយទៅពីព្រោះអស់ទាំងពួកអ្នកប្រាជ្ញក្នុងនគរយើង មិនអាចនឹងកាត់ស្រាយឲ្យយើងបានយល់ទេ តែអ្នកអាចស្រាយបានវិញ ដ្បិតវិញ្ញាណរបស់ព្រះដ៏បរិសុទ្ធសណ្ឋិតនៅលើអ្នក។
19 លំដាប់នោះ ដានីយ៉ែលដែលមានឈ្មោះថា បេលថិស្សាសារ លោកត្រូវងឿងនៅ១សំទុះ ហើយគំនិតរបស់លោកក៏នាំឲ្យបារម្ភព្រួយ តែស្តេចទ្រង់មានព្រះបន្ទូលថា បេលថិស្សាសារអើយ កុំឲ្យសុបិននេះ ឬសេចក្ដីសំរាយបាននាំឲ្យអ្នកបារម្ភព្រួយឡើយ នោះបេលថិស្សាសារទូលតបថា បពិត្រព្រះអម្ចាស់ជីវិតនៃទូលបង្គំ សូមឲ្យសុបិននេះកើតដល់ពួកអ្នកដែលស្អប់ទ្រង់វិញចុះ ហើយសេចក្ដីសំរាយបានដល់ពួកសត្រូវរបស់ទ្រង់ដែរ
20 ឯដើមឈើដែលទ្រង់ទតឃើញថាបានដុះ ហើយក៏មាំនោះ ដែលមានកំពូលលូតឡើង ទល់នឹងផ្ទៃមេឃ ហើយមើលវាឃើញរហូតដល់គ្រប់ទីនៅផែនដី
21 ជាដើមឈើមានស្លឹកល្អមើល ហើយផលក៏មានច្រើនទុកសម្រាប់ជាអាហារដល់គ្រប់ទាំងអស់ ដែលសត្វនៅផែនដីបានជ្រកក្រោម ហើយសត្វហើរលើអាកាសក៏ធ្វើសំបុកនៅ
22 បពិត្រព្រះករុណា ដើមឈើនោះ គឺជាអង្គទ្រង់ ដែលបានឡើងជាធំ ហើយមានអានុភាព ដ្បិតភាពធំរបស់ទ្រង់បានលូតឡើងរហូតដល់ផ្ទៃមេឃ ហើយអំណាចគ្រប់គ្រងរបស់ទ្រង់ក៏ដល់ចុងផែនដីបំផុតដែរ
23 ហើយដំណើរដែលព្រះករុណាបានឃើញពួកពិនិត្យត្រួតមើល១រូប និងពួកបរិសុទ្ធ១ចុះមកពីស្ថានសួគ៌និយាយថា ចូរកាប់ដើមឈើនេះចុះ ហើយបំផ្លាញទៅ តែត្រូវទុកគល់ និងឫសជាប់នៅក្នុងដី មានទាំងវ័ណ្ឌដែក និងលង្ហិនព័ទ្ធជុំវិញ នៅកណ្តាលស្មៅនៅវាល ហើយត្រូវឲ្យបានទទឹក ដោយសន្សើមពីលើមេឃ ព្រមទាំងឲ្យមានចំណែកជាមួយនឹងអស់ទាំងសត្វនៅផែនដី ទាល់តែបានកន្លងអស់៧ខួបទៅ
24 បពិត្រព្រះករុណា នេះជាសេចក្ដីសំរាយ ហើយគឺជាបង្គាប់ដែលមកពីព្រះដ៏ខ្ពស់បំផុត ជាការដែលត្រូវមកដល់ទ្រង់ព្រះករុណាជាព្រះអម្ចាស់ជីវិតនៃទូលបង្គំ
25 គឺថា ទ្រង់នឹងត្រូវបណ្តេញចេញពីមនុស្សលោកទៅ ហើយទ្រង់នឹងមានទីលំនៅជាមួយនឹងអស់ទាំងសត្វនៅផែនដី ឲ្យទ្រង់បានសោយស្មៅដូចជាគោ ទ្រង់នឹងត្រូវទទឹក ដោយសន្សើមពីលើមេឃ ដរាបដល់បានកន្លងអស់៧ខួប ទាល់តែទ្រង់បានជ្រាបថា ព្រះដ៏ខ្ពស់បំផុតទ្រង់គ្រប់គ្រងលើរាជ្យរបស់មនុស្ស ហើយក៏ប្រទានដល់អ្នកណាតាមព្រះហឫទ័យ
26 ឯដំណើរដែលគេបានបង្គាប់ឲ្យទុកគល់ និងឫសនៃដើមនោះឲ្យនៅ នោះគឺថា រាជ្យទ្រង់នឹងបានទុកនៅ សម្រាប់កាលណាទ្រង់បានជ្រាបថា ស្ថានសួគ៌មានអំណាចគ្រប់គ្រង
27 ដូច្នេះ ឱព្រះករុណាអើយ សូមឲ្យទ្រង់បានរាប់សេចក្ដីទូន្មានរបស់ទូលបង្គំជាគួរទទួលចុះ សូមឲ្យទ្រង់ផ្តាច់អំពើបាបរបស់ទ្រង់ចេញ ដោយប្រព្រឹត្តសេចក្ដីសុចរិតវិញ ហើយផ្តាច់អំពើទុច្ចរិតរបស់ទ្រង់ចេញផង ដោយសម្ដែងសេចក្ដីមេត្តាករុណាដល់ពួកក្រីក្រ ក្រែងនឹងមានសេចក្ដីសុខជាអង្វែងតទៅ។
28 ការទាំងនោះក៏កើតដល់ស្តេចនេប៊ូក្នេសា
29 លុះកន្លងបាន១២ខែហើយ នោះទ្រង់កំពុងយាងក្នុងព្រះរាជវាំងនៅក្រុងបាប៊ីឡូន
30 ខណៈនោះ ស្តេចទ្រង់មានព្រះបន្ទូលថា នេះតើមិនមែនជាក្រុងបាប៊ីឡូនដ៏ធំ ដែលអញបានស្អាងទុកជាព្រះរាជស្ថាន ដោយអានុភាពនៃអំណាចរបស់អញ ហើយសម្រាប់ជាសិរីល្អនៃឥទ្ធានុភាពរបស់អញទេឬ
31 កាលស្តេចកំពុងតែមានព្រះបន្ទូលពាក្យទាំងនោះនៅឡើយ នោះមានឮសំឡេងធ្លាក់មកពីលើមេឃថា ម្នាលស្តេចនេប៊ូក្នេសាអើយ មានសេចក្ដីប្រាប់ដល់ឯងហើយ ថារាជ្យបានផុតចេញពីឯងហើយ
32 ឯងនឹងត្រូវបណ្តេញចេញពីពួកមនុស្សលោកទៅ ឯងនឹងមានទីលំនៅជាមួយនឹងពួកសត្វនៅផែនដី ឲ្យបានស៊ីស្មៅដូចជាគោ ដរាបដល់បានកន្លងទៅអស់៧ខួប ទាល់តែឯងបានដឹងថា ព្រះដ៏ខ្ពស់បំផុតទ្រង់គ្រប់គ្រងលើរាជ្យរបស់មនុស្ស ហើយក៏ប្រទានដល់អ្នកណា តាមព្រះហឫទ័យ
33 នៅវេលានោះឯងពាក្យនោះបានសម្រេចដល់នេប៊ូក្នេសា គឺទ្រង់ត្រូវបណ្តេញចេញពីពួកមនុស្សលោក ហើយក៏សោយស្មៅដូចជាគោ អង្គទ្រង់ត្រូវទទឹកដោយសន្សើមពីលើមេឃ ទាល់តែព្រះកេសទ្រង់បានដុះវែង ដូចជាស្លាបឥន្ទ្រី ហើយនខាទ្រង់ក៏ដូចជាក្រចកនៃសត្វស្លាប។
34 លុះដល់ផុតពេលកំណត់ហើយ នោះនេប៊ូក្នេសាយើងបានងើបភ្នែកឡើងទៅលើមេឃ ហើយសតិស្មារតីក៏ត្រឡប់មកឯយើងវិញ រួចយើងបានក្រាបថ្វាយបង្គំដល់ព្រះដ៏ខ្ពស់បំផុត ព្រមទាំងសរសើរ ហើយលើកតម្កើងព្រះដ៏មានព្រះជន្មគង់នៅអស់កល្បជានិច្ចផង ដោយព្រោះអំណាចគ្រប់គ្រងរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប ហើយរាជ្យទ្រង់ក៏នៅអស់ទាំងដំណមនុស្សតរៀងទៅ
35 ឯអស់ទាំងមនុស្សលោកក៏រាប់ទុកជាឥតការទទេ ទ្រង់ធ្វើតាមតែព្រះហឫទ័យក្នុងពួកពលបរិវារនៃស្ថានសួគ៌ ហើយនៅកណ្តាលពួកមនុស្សលោកផង ឥតមានអ្នកណាអាចនឹងឃាត់ទប់ព្រះហស្តទ្រង់ ឬនឹងទូលសួរទ្រង់ថា ទ្រង់ធ្វើអ្វីដូច្នេះបានឡើយ
36 នៅវេលានោះឯង សតិស្មារតីរបស់យើងក៏ត្រឡប់មកវិញ ឯសិរីល្អនៃរាជ្យយើង ហើយនិងឥទ្ធានុភាព ព្រមទាំងរស្មីពន្លឺ ក៏មកឯយើងវិញដែរ ពួកប្រឹក្សា និងពួកសេនាបតី គេមករកយើង គឺយើងបានតាំងឡើងនៅក្នុងរាជ្យរបស់យើងវិញ ហើយអំណាចយើងក៏កាន់តែធំថែមឡើង
37 ឥឡូវនេះ នេប៊ូក្នេសា យើងក៏សរសើរ ហើយលើកតម្កើង ព្រមទាំងពណ៌នាគុណដល់មហាក្សត្រនៃស្ថានសួគ៌ ដ្បិតអស់ទាំងការនៃទ្រង់សុទ្ធតែពិតត្រង់ ហើយផ្លូវប្រព្រឹត្តទាំងប៉ុន្មានរបស់ទ្រង់ក៏យុត្តិធម៌ដែរ ទ្រង់អាចនឹងបន្ទាបអស់អ្នកដែលប្រព្រឹត្តដោយចិត្តធំទៅ។
ជំពូក 5
1 ស្តេចបេលសាសារទ្រង់ជប់លៀងយ៉ាងធំ ដល់ពួកសេនាបតីរបស់ទ្រង់១ពាន់នាក់ ហើយក៏សោយស្រាទំពាំងបាយជូរ នៅចំពោះអ្នកទាំង១ពាន់នាក់នោះ
2 កាលបេលសាសារកំពុងតែភ្លក់ស្រាទំពាំងបាយជូរ នោះទ្រង់ក៏បង្គាប់ឲ្យគេយកពែងមាស ពែងប្រាក់ ដែលនេប៊ូក្នេសា ជាបិតាទ្រង់ បានប្រមូលយកពីព្រះវិហារ ដែលនៅក្រុងយេរូសាឡឹមមក សម្រាប់ឲ្យស្តេច និងពួកសេនាបតីរបស់ទ្រង់ព្រមទាំងពួកភរិយា ហើយពួកស្រីអ្នកម្នាងរបស់គេទាំងអស់គ្នាបានផឹក
3 ដូច្នេះ គេក៏យកពែងមាស ដែលបានប្រមូលយកពីទីបរិសុទ្ធក្នុងព្រះវិហារនៃព្រះ ដែលនៅក្រុងយេរូសាឡឹមមកថ្វាយ រួចស្តេច និងពួកសេនាបតីរបស់ទ្រង់ ព្រមទាំងពួកភរិយា និងពួកស្រីអ្នកម្នាងទាំងប៉ុន្មានក៏ផឹកពីពែងទាំងនោះ
4 គេបានផឹកស្រាបណ្តើរ ហើយសរសើរដល់អស់ទាំងព្រះបណ្តើរ ជាព្រះធ្វើពីមាស ប្រាក់ លង្ហិន ដែក ឈើ និងថ្ម។
5 នៅវេលានោះឯង មានម្រាមដៃនៃមនុស្សលេចចេញមក សរសេរនៅជញ្ជាំងនៃព្រះរាជដំណាក់ ប្រទល់មុខនឹងជើងចង្កៀង ស្តេចទ្រង់ក៏ឃើញចំណែកដៃដែលសរសេរនោះ
6 ដូច្នេះ ព្រះភ័ក្ត្របំព្រងនៃស្តេចក៏ផ្លាស់ប្រែទៅ ហើយគំនិតទ្រង់ក៏នាំឲ្យបារម្ភព្រួយវិញ កម្លាំងទ្រង់ក៏ល្វើយទៅ ហើយព្រះជង្ឃទ្រង់ប្រដំគ្នា
7 ស្តេចទ្រង់ស្រែកយ៉ាងខ្លាំង បង្គាប់ឲ្យនាំពួកអាបធ្មប់ និងពួកខាល់ដេ ហើយពួកគ្រូទាយមក រួចស្តេចទ្រង់មានព្រះបន្ទូលនឹងពួកអ្នកប្រាជ្ញដែលនៅក្រុងបាប៊ីឡូនថា អ្នកណាដែលអានមើលអក្សរនេះ ហើយស្រាយន័យឲ្យយើងផង អ្នកនោះនឹងបានស្លៀកពាក់សំពត់ពណ៌ស្វាយ ហើយនិងមានខ្សែមាសពាក់នៅក ក៏នឹងបានតាំងឡើងជាអ្នកគ្រប់គ្រងទី៣ក្នុងនគរ
8 ខណៈនោះ អស់ទាំងពួកអ្នកប្រាជ្ញរបស់ស្តេចក៏ចូលមក តែគេមើលអក្សរនោះមិនបានឡើយ ក៏មិនអាចនឹងស្រាយន័យថ្វាយស្តេចបានដែរ
9 ដូច្នេះ បេលសាសារទ្រង់មានព្រះទ័យវិតក្កជាខ្លាំង ហើយព្រះភ័ក្ត្រទ្រង់ក៏ស្លុតទៅ ឯពួកសេនាបតីរបស់ទ្រង់គេក៏ទាល់គំនិតដែរ។
10 រីឯអគ្គមហេសី ព្រះនាងក៏យាងចូលទៅក្នុងរោងលៀង ដោយឮព្រះបន្ទូលនៃស្តេច និងពួកសេនាបតីរបស់ទ្រង់ ព្រះនាងទូលដល់ស្តេចថា បពិត្រព្រះករុណាសូមទ្រង់មានព្រះជន្មចម្រើននៅជាយឺនយូរ សូមកុំឲ្យគំនិតទ្រង់នាំឲ្យមានព្រះទ័យវិតក្កឡើយ ក៏កុំឲ្យព្រះភ័ក្ត្រទ្រង់ផ្លាស់ប្រែទៅដូច្នេះដែរ
11 ដ្បិតនៅក្នុងនគរទ្រង់ មានមនុស្សម្នាក់ឈ្មោះដានីយ៉ែល ជាអ្នកដែលមានវិញ្ញាណនៃព្រះដ៏បរិសុទ្ធសណ្ឋិតនៅ ហើយនៅក្នុងរាជ្យនៃព្រះបិតាទ្រង់ នោះឃើញមានពន្លឺ និងយោបល់ ព្រមទាំងប្រាជ្ញា ដូចជាប្រាជ្ញារបស់ពួកព្រះនៅក្នុងអ្នកនោះ រីឯស្តេចនេប៊ូក្នេសា បិតាទ្រង់ ក៏បានតាំងអ្នកនោះឡើង ជាអធិបតីលើពួកគ្រូមន្តអាគម គ្រូអង្គុយធម៌ ពួកខាល់ដេ និងពួកគ្រូទាយ អើ គឺជាស្តេច ជាបិតាទ្រង់នោះឯង ដែលតាំងគេ
12 ពីព្រោះឃើញថា មានវិញ្ញាណយ៉ាងវិសេស មានតម្រិះ និងយោបល់ ក៏មានចំណេះចេះកាត់ស្រាយសប្តិ និងដោះស្រាយប្រស្នា ហើយកែសេចក្ដីដ៏ជ្រាលជ្រៅ នៅក្នុងខ្លួនអ្នកនោះ ដែលស្តេចទ្រង់ប្រទានឈ្មោះថា បេលថិស្សាសារ ដូច្នេះ សូមឲ្យគេហៅដានីយ៉ែលនោះមកឥឡូវ លោកនឹងបកប្រែសេចក្ដីថ្វាយទ្រង់។
13 ដូច្នេះ គេក៏នាំដានីយ៉ែលចូលមកចំពោះស្តេចហើយស្តេចទ្រង់មានព្រះបន្ទូលទៅដានីយ៉ែលថា តើលោកជាឈ្មោះដានីយ៉ែលនោះ នៅក្នុងពួកឈ្លើយសាសន៍យូដាដែលស្តេចជាបិតាយើង បានដឹកនាំចេញពីស្រុកយូដាមកឬអី
14 យើងបានឮនិយាយពីលោកថា មានវិញ្ញាណនៃពួកព្រះសណ្ឋិតលើលោក ហើយថាមានពន្លឺ យោបល់ និងប្រាជ្ញាស្រួចស្រាល់នៅក្នុងខ្លួនលោក
15 រីឯពួកអ្នកប្រាជ្ញ និងពួកគ្រូអង្គុយធម៌បានចូលមកចំពោះយើង ដើម្បីឲ្យបានអានមើលអក្សរនេះ ហើយនិងប្រែន័យសេចក្ដីមកឲ្យស្តាប់បាន តែគេមិនអាចនឹងប្រែបានទេ
16 ប៉ុន្តែ ចំណែកលោក យើងបានឮថា លោកប៉ិនប្រសប់នឹងប្រែសេចក្ដី ហើយកែន័យដ៏ជ្រាលជ្រៅបាន ឥឡូវនេះ បើលោកអាចនឹងមើលអក្សរនេះ ហើយប្រែន័យសេចក្ដីឲ្យយើងស្តាប់បាន នោះលោកនឹងបានស្លៀកពាក់សំពត់ពណ៌ស្វាយ ហើយមានខ្សែមាសពាក់នៅកផង ក៏នឹងបានតាំងឡើងជាអ្នកគ្រប់គ្រងទី៣ក្នុងនគរ។
17 នោះដានីយ៉ែលលោកទូលតបនឹងស្តេចថា ឯអំណោយទានរបស់ព្រះករុណា សូមទុកសម្រាប់ព្រះអង្គទ្រង់ ហើយសូមប្រទានរង្វាន់ដល់អ្នកដទៃទៀតចុះ ប៉ុន្តែ ចំណែកទូលបង្គំៗនឹងអានមើលអក្សរនេះ ថ្វាយទ្រង់ព្រះករុណា ហើយនិងបកប្រែថ្វាយទ្រង់ជ្រាបផង
18 បពិត្រព្រះរាជា ព្រះដ៏ខ្ពស់បំផុតទ្រង់បានប្រទានរាជ្យ អំណាច សិរីល្អ និងឥទ្ធានុភាពដល់នេប៊ូក្នេសា ជាព្រះបិតាទ្រង់
19 បណ្តាជនទាំងឡាយ និងគ្រប់សាសន៍ គ្រប់ភាសាក៏ញាប់ញ័រ ហើយកោតខ្លាចចំពោះទ្រង់ ដោយព្រោះអំណាចដែលព្រះបានប្រទាននោះ អ្នកណាដែលទ្រង់ចង់សម្លាប់ នោះក៏សម្លាប់ទៅ ហើយអ្នកណាដែលចង់ទុកឲ្យរស់នៅ នោះក៏ទុកតាមព្រះទ័យ ឯអ្នកណាដែលទ្រង់ចង់តាំងឡើង នោះក៏តាំង ហើយអ្នកណាដែលទ្រង់ចង់ទម្លាក់ចុះ នោះក៏ទម្លាក់ទៅ
20 តែកាលព្រះទ័យទ្រង់បានប៉ោងឡើង ត្រឡប់ជារឹងត្អឹងដល់ម៉្លេះ បានជាទ្រង់ប្រព្រឹត្តដោយសេចក្ដីអំនួត នោះទ្រង់ត្រូវទម្លាក់ចុះពីបល្ល័ង្ករាជ្យរបស់ទ្រង់ ហើយគេក៏ដកកិត្តិយសរបស់ទ្រង់ចេញ
21 ទ្រង់ត្រូវបណ្តេញពីពួកមនុស្សទៅ ហើយព្រះទ័យទ្រង់បានត្រឡប់ទៅ ដូចជាចិត្តរបស់សត្វវិញ ទ្រង់មានទីលំនៅជាមួយនឹងលាព្រៃ ក៏សោយស្មៅដូចជាគោ ហើយត្រូវទទឹកដោយសន្សើមពីលើមេឃ ដរាបដល់ទ្រង់បានជ្រាបថា ព្រះដ៏ខ្ពស់បំផុតទ្រង់គ្រប់គ្រងលើរាជ្យរបស់មនុស្ស ហើយថា ទ្រង់តាំងអ្នកណាឡើងឲ្យគ្រប់គ្រង នោះក៏តាមព្រះហឫទ័យ
22 តែទ្រង់ដែលជាព្រះរាជបុត្រ ឱបេលសាសារអើយ ទោះបើទ្រង់បានជ្រាបរឿងទាំងនោះហើយក៏ដោយ គង់តែទ្រង់មិនបានបន្ទាបព្រះទ័យដែរ
23 គឺទ្រង់បានលើកអង្គទ្រង់ឡើង ទាស់នឹងព្រះអម្ចាស់នៃស្ថានសួគ៌វិញ ហើយគេបាននាំយកពែងរបស់ព្រះវិហារនៃព្រះមកចំពោះទ្រង់ ឯទ្រង់ និងអស់ពួកសេនាបតីរបស់ទ្រង់ ព្រមទាំងភរិយា និងពួកស្រីអ្នកម្នាងទាំងអស់គ្នា បានផឹកស្រាទំពាំងបាយជូរពីពែងទាំងនោះ ក៏បានសរសើរដល់អស់ទាំងព្រះ ដែលធ្វើពីប្រាក់ មាស លង្ហិន ដែក ឈើ និងថ្ម ដែលមើលមិនឃើញ ស្តាប់មិនឮ ក៏មិនដឹងអ្វីសោះ តែចំណែកព្រះដែលក្តាប់ដង្ហើមជីវិតព្រះករុណានៅក្នុងព្រះហស្ត ហើយអស់ទាំងផ្លូវរបស់ព្រះករុណាជារបស់ផងព្រះនោះដែរ នោះព្រះករុណាមិនបានលើកតម្កើងព្រះអង្គនោះសោះ
24 យ៉ាងនោះបានជាចាត់ប្រើចំណែកដៃនេះពីចំពោះព្រះមក ហើយមានកត់អក្សរនេះទុកនៅ
25 ឯពាក្យដែលបានសរសេរនោះ គឺថា «មេនេ មេនេ ទេកិល អ៊ូផារស៊ីន»
26 ហើយនេះជាសេចក្ដីបកប្រែនៃពាក្យទាំងនោះ «មេនេ» ប្រែថា ព្រះបានរាប់ថ្ងៃនៃរាជ្យទ្រង់ ហើយបានធ្វើឲ្យផុតទៅ
27 «ទេកិល» ប្រែថា ទ្រង់បានត្រូវថ្លឹងនៅជញ្ជីង ឃើញថាខ្វះខាត
28 ឯ «ពេរេស» នោះប្រែថា នគររបស់ទ្រង់ត្រូវបែងចែកឲ្យដល់ពួកសាសន៍មេឌី និងសាសន៍ពើស៊ីហើយ។
29 នោះបេលសាសារទ្រង់ក៏ចេញបង្គាប់ ហើយគេបំពាក់ដានីយ៉ែលដោយសំពត់ពណ៌ស្វាយ ព្រមទាំងខ្សែមាសនៅកផង រួចក៏ប្រកាសប្រាប់ពីដំណើរលោកថា ត្រូវបានជាអ្នកគ្រប់គ្រងទី៣ក្នុងនគរ
30 នៅយប់នោះឯងបេលសាសារ ជាស្តេចសាសន៍ខាល់ដេទ្រង់ត្រូវគេធ្វើគុត
31 ហើយដារីយុស ជាសាសន៍មេឌី ដែលមានព្រះជន្មប្រមាណ៦២ឆ្នាំហើយ ក៏ទទួលគ្រងរាជ្យឡើង។
ជំពូក 6
1 ឯដារីយុសទ្រង់សព្វព្រះទ័យនឹងតាំងចៅហ្វាយខេត្ត១២០នាក់ឡើង ឲ្យត្រួតត្រាលើនគរ ជាពួកអ្នកដែលត្រូវផ្សាយចេញទៅនៅពេញក្នុងនគរទាំងមូល
2 ហើយឲ្យមានអធិបតី៣នាក់ត្រួតលើចៅហ្វាយទាំងនោះ ដើម្បីឲ្យគេរាប់រៀបប្រាប់ដល់ពួក៣នាក់នោះ ប្រយោជន៍មិនឲ្យសេ្ដចត្រូវខ្វះខាតឡើយ ឯដានីយ៉ែលលោកក៏នៅក្នុងពួកអធិបតីនោះដែរ
3 រួចមកដានីយ៉ែលបានត្រឡប់ជាកំពូលលើពួកអធិបតី និងពួកចៅហ្វាយទាំងប៉ុន្មាន ដ្បិតលោកមានវិញ្ញាណយ៉ាងស្រួចស្រាល់ ហើយស្តេចទ្រង់គិតនឹងតាំងលោកឲ្យត្រួតលើនគរទាំងមូល។
4 ដូច្នេះ ពួកអធិបតី និងពួកចៅហ្វាយក៏ស្វែងរកហេតុពីដំណើររាជការផែនដី ឲ្យទាស់នឹងដានីយ៉ែល តែគេរកឱកាស ឬកំហុសអ្វីមិនបានឡើយ ក៏មិនឃើញមានថ្លស់ធ្លោយ ឬទោសទាស់អ្វីដែរ ពីព្រោះលោកជាមនុស្សស្មោះត្រង់
5 ដូច្នេះ ពួកអ្នកទាំងនោះប្រឹក្សាគ្នាថា យើងនឹងរកឱកាសទាស់នឹងឈ្មោះដានីយ៉ែលនេះមិនបានឡើយ វៀរតែរកបានខាងឯក្រឹត្យវិន័យរបស់ព្រះនៃវាប៉ុណ្ណោះ
6 ពួកអធិបតី និងពួកចៅហ្វាយទាំងនោះ ក៏នាំគ្នាចូលទៅគាល់ស្តេច ទូលដូច្នេះថា បពិត្រព្រះរាជាដារីយុស សូមឲ្យទ្រង់បានប្រកបដោយព្រះជន្មចម្រើនជាយឺនយូរតទៅ
7 ពួកអធិបតីក្នុងនគរ ពួកចៅហ្វាយខេត្ត ពួកភូឈួយ ពួកបាឡាត់ និងពួកចៅហ្វាយស្រុក បានជំនុំព្រមគ្នា ចង់តាំងព្រះរាជឱង្ការ១ច្បាប់ គឺជាសេចក្ដីបំរាមយ៉ាងតឹងរ៉ឹងថា បើអ្នកណានឹងសូមអ្វីពីព្រះណា ឬពីមនុស្សណាក៏ដោយ វៀរតែសូមពីព្រះរាជាក្នុងរវាង៣០ថ្ងៃ នោះនឹងត្រូវបោះចោលទៅក្នុងរូងសិង្ហ
8 បពិត្រព្រះរាជា ដូច្នេះ សូមទ្រង់តាំងច្បាប់ ហើយចុះហត្ថលេខានៅច្បាប់នោះ ប្រយោជន៍មិនឲ្យផ្លាស់ប្រែបាន តាមរបៀបច្បាប់នៃសាសន៍មេឌី និងសាសន៍ពើស៊ី ដែលនឹងផ្លាស់ប្តូរមិនបានឡើយ
9 ដូច្នេះ ស្តេចដារីយុសទ្រង់ក៏ចុះហត្ថលេខា នៅសំបុត្រជាសេចក្ដីបំរាមនោះ។
10 កាលដានីយ៉ែលបានដឹងថា សំបុត្រនោះបានចុះហត្ថលេខាហើយ នោះលោកក៏ចូលទៅក្នុងផ្ទះរបស់លោក (រីឯបង្អួចនៃបន្ទប់របស់លោក ខាងក្រុងយេរូសាឡឹម ក៏នៅចំហ) លោកលុតជង្គង់ចុះអធិស្ឋាន ហើយអរព្រះគុណដល់ព្រះរបស់លោក១ថ្ងៃ៣ដង ដូចជាកាលពីមុន
11 ឯពួកអ្នកទាំងនោះ គេក៏មូលគ្នាមកឃើញដានីយ៉ែលកំពុងតែអធិស្ឋាន ទូលអង្វរនៅចំពោះព្រះនៃលោក
12 រួចគេក៏ចូលទៅជិត ទូលនឹងស្តេច ពីដំណើរពាក្យបំរាមរបស់ទ្រង់ថា ទ្រង់បានចុះហត្ថលេខា នៅច្បាប់បំរាមហើយ ថា បើអ្នកណានឹងសូមអ្វីពីព្រះណា ឬពីមនុស្សណាក៏ដោយ លើកតែសូមពីព្រះរាជា ក្នុងរវាង៣០ថ្ងៃ នោះនឹងត្រូវបោះចោលទៅក្នុងរូងសិង្ហមែនឬមិនមែន ស្តេចទ្រង់មានព្រះបន្ទូលសបថា សេចក្ដីនោះពិតមែនហើយ តាមរបៀបច្បាប់នៃសាសន៍មេឌី និងសាសន៍ពើស៊ី ដែលនឹងផ្លាស់ប្តូរមិនបានឡើយ
13 នោះគេក៏ទូលដល់ស្តេចថា ឈ្មោះដានីយ៉ែលនោះ ដែលជាពួកឈ្លើយសាសន៍យូដា មិនអើពើចំពោះទ្រង់ទេ ឱព្រះករុណាអើយ ក៏មិនយកចិត្តទុកដាក់នឹងច្បាប់បំរាម ដែលទ្រង់បានចុះហត្ថលេខាហើយ នោះដែរ គឺចេះតែអធិស្ឋានសូម១ថ្ងៃ៣ដងវិញ
14 កាលស្តេចបានឮពាក្យទាំងនោះ ទ្រង់ក៏ទោមនស្សជាខ្លាំង ហើយតាំងព្រះទ័យនឹងរកដោះដានីយ៉ែលឲ្យរួច ទ្រង់ខំរកផ្លូវជួយឲ្យលោករួច ដរាបដល់ថ្ងៃលិច
15 ខណៈនោះ ពួកអ្នកទាំងនោះក៏មូលគ្នាមកឯស្តេចទូលថា បពិត្រព្រះរាជា សូមទ្រង់ជ្រាបថា តាមច្បាប់នៃសាសន៍មេឌី និងសាសន៍ពើស៊ី ច្បាប់ណាឬបំរាមណា ដែលស្តេចបានតាំងទុកហើយ នោះនឹងផ្លាស់ប្តូរមិនបានឡើយ។
16 ដូច្នេះ ស្តេចទ្រង់ក៏ចេញបង្គាប់ ហើយគេនាំយកដានីយ៉ែលទៅបោះចុះក្នុងរូងសត្វសិង្ហទៅ ស្តេចទ្រង់មានព្រះបន្ទូលដល់ដានីយ៉ែលថា ព្រះនៃអ្នកដែលអ្នកគោរពជានិច្ច ទ្រង់នឹងជួយសង្គ្រោះអ្នកជាពិត
17 គេក៏យកថ្ម១មកបិទសន្ធប់មាត់រូង ស្តេចទ្រង់ក៏ប្រថាប់ត្រាព្រះទម្រង់ ហើយនិងចិញ្ចៀនត្រារបស់សេនាបតីទ្រង់ផង ដើម្បីមិនឲ្យមានអ្វីផ្លាស់ប្តូរពីដំណើរដានីយ៉ែលឡើយ
18 រួចទ្រង់វិលទៅឯព្រះរាជវាំងវិញ ក៏អត់ព្រះស្ងោយអស់១យប់នោះ ពួកមហោរីមិនបានប្រគំថ្វាយទ្រង់ទេ ឯទ្រង់ក៏ផ្ទំមិនលក់ដែរ។
19 ស្តេចទ្រង់តើនឡើងពីព្រលឹមស្រាង យាងទៅឯរូងសិង្ហជាប្រញាប់
20 កាលជិតដល់រូងហើយ នោះទ្រង់ស្រែកហៅដានីយ៉ែល ដោយសំឡេងយ៉ាងកណ្តុក សួរថា ឱដានីយ៉ែល ជាអ្នកបម្រើនៃព្រះដ៏មានព្រះជន្មរស់អើយ តើព្រះនៃអ្នក ដែលអ្នកគោរពជានិច្ចនោះ ទ្រង់អាចនឹងជួយឲ្យអ្នករួចពីសិង្ហបានឬទេ
21 នោះដានីយ៉ែលលោកទូលតបថា បពិត្រព្រះករុណា សូមទ្រង់បានប្រកបដោយព្រះជន្មចម្រើនជាយឺនយូរចុះ
22 ព្រះនៃទូលបង្គំទ្រង់បានចាត់ទេវតារបស់ទ្រង់ ឲ្យមកបិទមាត់សិង្ហទាំងអស់ វាមិនបានប្រទូស្តដល់ទូលបង្គំទេ ពីព្រោះនៅចំពោះព្រះ នោះមិនឃើញជាទូលបង្គំមានទោសអ្វីឡើយ ហើយបពិត្រព្រះករុណា នៅចំពោះទ្រង់ ទូលបង្គំក៏មិនបានធ្វើខុសអ្វីដែរ
23 ដូច្នេះ ស្តេចទ្រង់មានព្រះទ័យរីករាយក្រៃលែង ក៏ចេញបង្គាប់ឲ្យយោងយកដានីយ៉ែលចេញពីរូងមក គេក៏យោងយកដានីយ៉ែលចេញមក ហើយឥតឃើញមានរបួសណានៅខ្លួនលោកឡើយ ពីព្រោះលោកបានទុកចិត្តនឹងព្រះនៃលោក។
24 រួចស្តេចទ្រង់ចេញបង្គាប់ ហើយគេក៏នាំពួកអ្នកដែលប្តឹងចោទដានីយ៉ែល មកបោះគេទៅក្នុងរូងសិង្ហវិញ គឺទាំងខ្លួនគេ និងប្រពន្ធកូនគេផង ហើយសិង្ហទាំងឡាយក៏មានអំណាចលើគេ បានទាំងបំបាក់ឆ្អឹងគេឲ្យខ្ទេចខ្ទី ទៅមុនដែលគេធ្លាក់ទៅដល់បាតរូងផង។
25 រួចមក ស្តេចដារីយុសទ្រង់ចេញព្រះរាជសាសន៍ផ្ញើដល់បណ្តាជនទាំងឡាយ ព្រមទាំងសាសន៍ដទៃ និងមនុស្សគ្រប់ភាសាដែលនៅលើផែនដីទាំងមូលថា សូមឲ្យសេចក្ដីសុខបានចម្រើនដល់អ្នករាល់គ្នាចុះ
26 យើងចេញបង្គាប់ឲ្យមនុស្សទាំងឡាយ នៅពេញក្នុងអាណាចក្ររបស់យើង បានញាប់ញ័រ ហើយកោតខ្លាច នៅចំពោះព្រះនៃដានីយ៉ែល ដ្បិតទ្រង់ជាព្រះដ៏មានព្រះជន្មរស់នៅ ក៏ស្ថិតស្ថេរនៅអស់កល្បរៀងតទៅ រាជ្យទ្រង់នឹងមិនត្រូវបំផ្លាញឡើយ ហើយអំណាចគ្រប់គ្រងរបស់ទ្រង់ និងនៅជាប់ដរាបដល់ចុងបំផុត
27 ទ្រង់ប្រោសឲ្យរួច ហើយក៏ជួយសង្គ្រោះ ទ្រង់ធ្វើទីសម្គាល់ និងការអស្ចារ្យនៅស្ថានសួគ៌ ហើយនៅផែនដី គឺទ្រង់ដែលបានប្រោសឲ្យដានីយ៉ែលរួចពីអំណាចសិង្ហ។
28 យ៉ាងនោះ ដានីយ៉ែលនេះក៏ចម្រើនឡើងនៅក្នុងរាជ្យរបស់ដារីយុស ហើយក្នុងរាជ្យរបស់ស៊ីរូស ជាសាសន៍ពើស៊ីដែរ។
ជំពូក 7
1 នៅក្នុងឆ្នាំដំបូងនៃបេលសាសារ ជាស្តេចក្រុងបាប៊ីឡូន នោះដានីយ៉ែលលោកយល់សប្តិ ហើយឃើញការជាក់ស្តែងនៅក្នុងខួរ កំពុងដេកលើដំណេក រួចក៏កត់សប្តិនោះទុក ហើយប្រាប់ដោយសង្ខេបតាមសេចក្ដីដែលសំខាន់ៗ
2 ដានីយ៉ែលលោកបរិយាយថា ខ្ញុំបានឃើញការជាក់ស្តែងនៅពេលយប់ដូច្នេះ ខ្យល់ទាំង៤នៅលើអាកាសធ្លាក់ចុះមកលើមហាសមុទ្រ
3 រួចមានសត្វធំ៤ឡើងចេញពីសមុទ្រមក មានសណ្ឋានផ្សេងៗគ្នា
4 សត្វទី១ដូចជាសិង្ហ ហើយមានស្លាបជាស្លាបឥន្ទ្រី ខ្ញុំបានគន់មើលដរាបដល់ចំអេងស្លាបវាត្រូវដកចេញ ហើយវាត្រូវលើកឡើងផុតពីដី ក៏ដាក់ឲ្យឈរជើង២ដូចជាមនុស្ស ហើយបានឲ្យវាមានចិត្តរបស់មនុស្សដែរ
5 រួចឃើញសត្វ១ទៀត ជាសត្វទី២ មានសណ្ឋានជាខ្លាឃ្មុំ ក៏ឈរចំខែងពាំឆ្អឹងជំនីរ៣នៅក្នុងមាត់ ខាំដោយធ្មេញ ហើយមានគេប្រាប់ដល់វាថា ចូរក្រោកឡើង ហើយត្របាក់ស៊ីសាច់ឲ្យច្រើនៗទៅ
6 ក្រោយមក ខ្ញុំគន់មើលទៅឃើញសត្វ១ទៀត មានសណ្ឋានជាខ្លារខិន ឯនៅលើខ្នងវា មានស្លាប៤នៃសត្វហើរ ក៏មានក្បាល៤ដែរ ហើយមានអំណាចគ្រប់គ្រងប្រគល់ដល់វា
7 លំដាប់នោះ ក្នុងការជាក់ស្តែងពេលយប់ ខ្ញុំក៏ឃើញសត្វទី៤ដែលគួរស្បើម គួរស្ញែងខ្លាច ហើយមានកម្លាំងយ៉ាងក្រៃលែង មានធ្មេញដែកធំៗ វាត្របាក់លេប លំអិតកម្ទេច ហើយជាន់ឈ្លីសំណល់ដោយជើង សត្វនោះផ្សេងពីអស់ទាំងសត្វដែលមកជាមុននោះក៏មានស្នែង១០
8 ខ្ញុំបានពិចារណាមើលស្នែងទាំងនោះ ក៏ឃើញមានស្នែង១ទៀត ជាស្នែងតូច ដុះឡើងនៅជាកណ្តាល នៅមុខវាស្នែងចាស់៣ត្រូវដកចេញទាំងឫស ហើយឃើញថា ស្នែង១នោះមានភ្នែក ដូចជាភ្នែកនៃមនុស្ស ក៏មានមាត់កំពុងតែពោលយ៉ាងធំ។
9 ខ្ញុំក៏គន់មើល ទាល់តែមានគេយកបល្ល័ង្កមកតាំង ហើយព្រះដ៏មានព្រះជន្មពីចាស់បុរាណ ទ្រង់ក៏គង់លើ ព្រះពស្ត្រទ្រង់សស្គុសដូចហិមៈ ហើយព្រះកេសនៅព្រះសិរទ្រង់ ក៏សដូចរោមចៀមយ៉ាងស្អាត ឯបល្ល័ង្កទ្រង់ នោះសុទ្ធតែជាអណ្តាតភ្លើង ហើយកង់នៃបល្ល័ង្កនោះ ក៏ជាភ្លើងឆេះដែរ
10 មានដូចជាភ្លើងហូរចេញពីចំពោះទ្រង់មក មានទាំងពាន់ទាំងពាន់ដែលគោរពដល់ទ្រង់ ហើយទាំង ម៉ឺនទាំងសែនក៏ឈរនៅចំពោះទ្រង់ នោះការវិនិច្ឆ័យបានរៀបចំជាស្រេច ឯបញ្ជីទាំងប៉ុន្មានបានបើកឡើងហើយ
11 ខណៈនោះ ខ្ញុំបានគន់មើល ដោយព្រោះសំឡេងរបស់ស្នែង១ ដែលពោលយ៉ាងធំនោះ ក៏មើលដរាបដល់សត្វ នោះត្រូវសម្លាប់បង់ ហើយខ្មោចវាត្រូវបំផ្លាញ ព្រមទាំងប្រគល់ដល់ភ្លើងឲ្យឆេះផង
12 រីឯសត្វឯទៀតទាំងនោះ អំណាចគ្រប់គ្រងរបស់វាត្រូវដកចេញ តែជីវិតវាបាននៅតទៅអស់១ពេលដល់កំណត់។
13 ខ្ញុំក៏ឃើញក្នុងការជាក់ស្តែងពេលយប់នោះ មាន១អង្គដូចជាមនុស្សជាតិ ទ្រង់យាងមកក្នុងពពកឰដ៏អាកាស ទ្រង់យាងមកឯព្រះដ៏មានព្រះជន្មពីបុរាណនោះ ហើយមានគេនាំចូលទៅចំពោះព្រះអង្គ
14 នោះបានប្រទានឲ្យទ្រង់មានអំណាចគ្រប់គ្រង និងសិរីល្អ ព្រមទាំងឲ្យមានរាជ្យផង ដើម្បីឲ្យបណ្តាជនទាំងឡាយ សាសន៍ដទៃ និងមនុស្សគ្រប់ភាសា បានគោរពដល់ទ្រង់ ឯអំណាចគ្រប់គ្រងរបស់ទ្រង់ នោះក៏ស្ថិតស្ថេរនៅអស់កល្ប ឥតដែលកន្លងបាត់ឡើយ ហើយរាជ្យរបស់ទ្រង់នឹងបំផ្លាញមិនបានផង។
15 ឯខ្ញុំ ដានីយ៉ែល ចិត្តខ្ញុំកើតមានសេចក្ដីតប់ប្រមល់នៅក្នុងខ្លួន ហើយការជាក់ស្តែងក្នុងខួរខ្ញុំ ក៏នាំឲ្យខ្ញុំវិតក្កព្រួយ
16 ខ្ញុំក៏អែបចូលទៅជិតម្នាក់ដែលឈរនៅទីនោះ សួរន័យដ៏ពិតរបស់ការទាំងនោះ អ្នកនោះក៏ប្រាប់ដល់ខ្ញុំ ព្រមទាំងទម្លាយន័យសេចក្ដីឲ្យខ្ញុំយល់ផង
17 ឯសត្វធំទាំង៤នោះ គឺជាស្តេច៤អង្គដែលនឹងកើតឡើងនៅផែនដី
18 តែពួកបរិសុទ្ធរបស់ព្រះដ៏ខ្ពស់បំផុតគេនឹងទទួលរាជ្យ ហើយនិងបានរាជ្យនោះជារបស់ផងខ្លួននៅជានិច្ច គឺអស់កល្បតទៅ
19 នោះខ្ញុំចង់ដឹងន័យពិតពីសត្វទី៤ ដែលផ្សេងពីសត្វឯទៀតនោះ ជាសត្វដែលគួរស្ញែងខ្លាចជាខ្លាំងមានធ្មេញដែក និងក្រចកលង្ហិន ដែលត្របាក់លេប លំអិតកម្ទេច ហើយជាន់ឈ្លីសំណល់ដោយជើង
20 ក៏ចង់ដឹងពីដំណើរស្នែង១០ នៅលើក្បាលវា និងពីស្នែង១នោះដែលដុះឡើងជាខាងក្រោយ ហើយមានស្នែង៣មុនដួលនៅមុខវា គឺជាស្នែង១នោះដែលមានភ្នែក និងមាត់ពោលយ៉ាងធំ ហើយឫកពាក៏មាំជាងស្នែងឯទៀត
21 ខ្ញុំគន់មើលទៅ ឃើញស្នែងនោះឯង បានច្បាំងនឹងពួកបរិសុទ្ធហើយក៏ឈ្នះផង
22 ដរាបដល់ព្រះដ៏មានព្រះជន្មពីបុរាណបានយាងមក នោះការវិនិច្ឆ័យបានប្រគល់ដល់ពួកបរិសុទ្ធរបស់ព្រះដ៏ខ្ពស់បំផុត ហើយកំណត់ក៏មកដល់ ដែលពួកបរិសុទ្ធត្រូវបានរាជ្យជារបស់ផងខ្លួន។
23 អ្នកនោះក៏ប្រាប់ថា សត្វទី៤នោះ គឺជានគរទី៤នៅលើផែនដី ដែលនឹងត្រូវជាផ្សេងពីអស់ទាំងនគរ ហើយនិងត្របាក់លេបផែនដីទាំងមូល ក៏នឹងជាន់ពង្រាបដោយជើង ព្រមទាំងលំអិតកម្ទេចផង
24 ឯស្នែងទាំង១០នោះ គឺនឹងមានស្តេច១០អង្គកើតឡើងពីនគរនោះ ហើយក្រោយមក នឹងមាន១ទៀតកើតឡើង ដែលនឹងប្លែកពីស្តេចមុនៗ ក៏នឹងទម្លាក់ស្តេច៣អង្គនោះចុះ
25 ស្តេចនោះនឹងពោលពាក្យទាស់នឹងព្រះដ៏ខ្ពស់បំផុត ហើយនិងធ្វើទុក្ខបៀតបៀនដល់ពួកបរិសុទ្ធនៃព្រះដ៏ខ្ពស់បំផុតដែរ ព្រមទាំងគិតបំផ្លាស់ពេលកំណត់ និងច្បាប់ផង ហើយគេនឹងត្រូវប្រគល់ទៅក្នុងកណ្តាប់ដៃនៃស្តេចនោះ នៅ១ខួប២ខួប ហើយកន្លះខួប
26 ប៉ុន្តែ ការវិនិច្ឆ័យនឹងបានរៀបចំជាស្រេច ហើយគេនឹងដកអំណាចវាចេញ ឲ្យត្រូវបំផ្លាញ ហើយសាបសូន្យទៅដរាបដល់ចុងបំផុត
27 នោះរាជ្យ និងអំណាចគ្រប់គ្រង ព្រមទាំងភាពរុងរឿងឧត្តមនៃអស់ទាំងនគរនៅក្រោមមេឃទាំងមូល នឹងបានប្រគល់ ដល់បណ្តាជន ជាពួកបរិសុទ្ធនៃព្រះដ៏ខ្ពស់បំផុត រាជ្យរបស់ទ្រង់ស្ថិតស្ថេរនៅអស់កល្បជានិច្ច ហើយគ្រប់ទាំងអំណាចគ្រប់គ្រងនឹងត្រូវគោរពដល់ទ្រង់ ហើយស្តាប់បង្គាប់ផង
28 ដំណើរនោះបានចប់ត្រឹមប៉ុណ្ណេះ ចំណែកខ្ញុំ ដានីយ៉ែល គំនិតខ្ញុំបាននាំឲ្យខ្ញុំវិតក្កព្រួយជាខ្លាំង ភាពខ្ញុំក៏ផ្លាស់ប្រែទៅ តែខ្ញុំបានទុកដំណើរនោះនៅតែក្នុងចិត្តទេ។
ជំពូក 8
1 នៅឆ្នាំទី៣ ក្នុងរាជ្យនៃស្តេចបេលសាសារ នោះមានការជាក់ស្តែងលេចមក ឲ្យដានីយ៉ែលខ្ញុំឃើញ គឺក្រោយការជាក់ស្តែង១ដែលខ្ញុំបានឃើញពីមុននោះ
2 រីឯកាលខ្ញុំឃើញការជាក់ស្តែង១នេះ នោះខ្ញុំនៅក្នុងព្រះរាជវាំងត្រង់ក្រុងស៊ូសាន ក្នុងខេត្តអេឡាំ តែក្នុងការជាក់ស្តែងនោះខ្ញុំឃើញថា ខ្ញុំនៅឯមាត់ទន្លេអ៊ូឡាយវិញ
3 ខណៈនោះ ខ្ញុំបានងើបភ្នែកឡើង មើលទៅឃើញមានចៀមឈ្មោល១ឈរនៅក្បែរទន្លេ វាមានស្នែង២ ហើយស្នែងទាំង២ក៏វែង មានតែ១វែងជាង ឯស្នែង១ដែលវែងជាង បានដុះឡើងជាខាងក្រោយ
4 ខ្ញុំក៏ឃើញចៀមឈ្មោលនោះកំពុងតែទន្ទ្រានទៅទិសខាងលិច ទិសខាងជើង និងទិសខាងត្បូង ឥតមានសត្វណាមួយអាចនឹងទប់ទល់បានឡើយ ក៏គ្មានណាអាចនឹងជួយឲ្យរួចពីកណ្តាប់ដៃវាបានដែរ គឺវាបានធ្វើតាមតែអំពើចិត្ត ហើយក៏តម្កើងខ្លួនឡើងផង។
5 កាលខ្ញុំកំពុងតែពិចារណា នោះឃើញមានពពែឈ្មោល១មកពីទិសខាងលិច ហោះចេញលើផែនដីទាំងដុំមូល ឥតពាល់ប៉ះនឹងដីឡើយ ពពែនោះមានស្នែង១នៅកណ្តាលភ្នែកទាំង២ ជាស្នែងគួរពិចពិលមើល
6 វាក៏មកដល់ចៀមឈ្មោលមានស្នែង២ ដែលខ្ញុំឃើញឈរនៅក្បែរទន្លេនោះ ក៏ស្ទុះទៅលើ ដោយសេចក្ដីឃោរឃៅនៃកម្លាំងវា
7 ខ្ញុំឃើញវាចូលទៅជិតចៀមឈ្មោល មានសេចក្ដីមួម៉ៅដាលឡើង ក៏ជល់ចៀមនោះ បំបាក់ស្នែងទាំង២ទៅ ចៀមនោះមិនអាចនឹងឈរនៅមុខវាបានទេ គឺត្រូវដួលចុះដល់ដី ហើយពពែបានជាន់ឈ្លីទៅ ឥតមានអ្នកណាមួយអាចនឹងជួយចៀមឲ្យរួចបានឡើយ
8 ពពែឈ្មោលនោះក៏តម្កើងខ្លួនយ៉ាងក្រៃលែង កាលបានមានកម្លាំងហើយ នោះស្នែងធំត្រូវបាក់ទៅ រួចមានស្នែង៤គួរពិចពិលមើល បានដុះឡើងជំនួសស្នែងទាំងនោះកន្ធែកទៅទិសទាំង៤។
9 រួចមកមានស្នែង១តូចដុះចេញពីស្នែង១នោះ ក៏ធំឡើងយ៉ាងក្រៃលែង មានអំណាចទៅទិសខាងត្បូង ទិសខាងកើត និងខាងស្រុកដ៏ឧត្តមដែរ
10 វាក៏លើកខ្លួនឡើងរហូតដល់ពួកពលបរិវារនៅលើមេឃ ហើយក៏ទម្លាក់ពួកនោះខ្លះ និងផ្កាយខ្លះចុះមកដល់ដី រួចជាន់ឈ្លីដោយជើង
11 អើ វាតម្កើងខ្លួនឡើង រហូតដល់អ្នកជាកំពូលបណ្តាច់នៃពួកពលបរិវារផង ក៏លើកចោលការថ្វាយតង្វាយដុតដែលត្រូវថ្វាយជានិច្ចពីទ្រង់ចេញ ព្រមទាំងធ្វើឲ្យទីបរិសុទ្ធរបស់ទ្រង់អាប់ឱនទៅ
12 ឯពួកពលបរិវារក៏ត្រូវប្រគល់ទៅព្រមគ្នានឹងការថ្វាយតង្វាយដុតជានិច្ច ដោយព្រោះអំពើរំលង វាបានបោះចោលសេចក្ដីពិតចុះដល់ដី ក៏ធ្វើតាមតែអំពើចិត្ត ហើយបានចម្រើនផង
13 លំដាប់នោះ ខ្ញុំឮអ្នកបរិសុទ្ធម្នាក់កំពុងតែនិយាយ ហើយមានអ្នកបរិសុទ្ធ១ទៀតសួរដល់អ្នកដែលនិយាយនោះថា តើដល់កាលណាទើបបានសម្រេចការជាក់ស្តែង ពីការថ្វាយតង្វាយដុតជានិច្ច និងពីអំពើរំលងដែលធ្វើឲ្យខូចបង់នោះ ដើម្បីនឹងប្រគល់ទីបរិសុទ្ធ ហើយនិងពួកពលបរិវារឲ្យត្រូវជាន់ឈ្លីទៅ
14 អ្នកនោះក៏ប្រាប់មកខ្ញុំថា គឺដរាបដល់បានកន្លង២៣០០ព្រឹក និងល្ងាចទៅ នោះទើបទីបរិសុទ្ធនឹងបានស្អាតឡើងវិញ។
15 កាលខ្ញុំ គឺដានីយ៉ែលខ្ញុំនេះ បានឃើញការជាក់ស្តែងនោះហើយ ខ្ញុំក៏រកចង់យល់ន័យ នោះឃើញមានភាពដូចជាមនុស្សឈរនៅមុខខ្ញុំ
16 ហើយខ្ញុំឮសំឡេងមនុស្សពីកណ្តាលទន្លេអ៊ូឡាយហៅមកថា កាព្រីយ៉ែលអើយ ចូរឲ្យមនុស្សនេះយល់ការជាក់ស្តែងចុះ
17 ដូច្នេះ លោកក៏ចូលមកជិតកន្លែងដែលខ្ញុំឈរនៅ កាលលោកមកដល់ហើយ នោះខ្ញុំភ័យញ័រ ក៏ទម្លាក់ខ្លួនផ្កាប់មុខចុះ តែលោកនិយាយមកខ្ញុំថា កូនមនុស្សអើយ ចូរយល់ចុះដ្បិតការជាក់ស្តែងនេះសម្រាប់គ្រាខាងចុងបំផុត
18 កាលលោកកំពុងនិយាយមកខ្ញុំ នោះខ្ញុំក៏លង់ស្មារតីទៅ មានមុខផ្កាប់ដល់ដី តែលោកពាល់ខ្ញុំ ធ្វើឲ្យខ្ញុំឈរឡើង
19 ក៏ប្រាប់ខ្ញុំថា នែ អញនឹងឲ្យឯងដឹងពីការដែលត្រូវមកក្នុងពេលចុងបំផុតនៃសេចក្ដីគ្នាន់ក្នាញ់ ដ្បិតការជាក់ស្តែងនេះសំដៅទៅគ្រាចុងបំផុត
20 ឯចៀមឈ្មោលមានស្នែង២ ដែលឯងបានឃើញ នោះគឺជាស្តេចសាសន៍មេឌី និងស្តេចសាសន៍ពើស៊ី
21 ហើយពពែឈ្មោលរោមស្រមូវនោះ គឺជាស្តេចសាសន៍ក្រេកវិញ ចំណែកស្នែង១ធំដែលនៅជាកណ្តាលភ្នែកទាំង២នោះគឺជាស្តេចដើមដំបូង
22 ឯដំណើរដែលស្នែងនោះត្រូវបាក់ ហើយមានស្នែង៤ដុះឡើងជំនួស នោះគឺជានគរ៤ ដែលនឹងកើតឡើងពីសាសន៍នោះ តែមិនមែនមានអំណាចដូចស្តេចដើមនោះទេ
23 លុះដល់គ្រាក្រោយបង្អស់នៃនគរទាំងនោះ ក្នុងកាលដែលពួកអ្នកប្រព្រឹត្តរំលងបានគ្រប់ចំនួនហើយ នោះនឹងមានស្តេច១កើតឡើង ដែលមានទឹកមុខសាហាវ ជាអ្នកយល់ក្នុងប្រស្នា
24 ស្តេចនោះនឹងមានអំណាចយ៉ាងខ្លាំងក្រៃលែង តែមិនមែនដោយអំណាចរបស់ខ្លួនទេ វានឹងបំផ្លាញយ៉ាងអស្ចារ្យ ក៏នឹងធ្វើកើតការទាំងអស់ដែលគិតធ្វើ វានឹងបំផ្លាញទាំងពួកខ្លាំងពូកែ និងពួកបរិសុទ្ធបង់
25 ហើយដោយគំនិតវាងវៃរបស់វា នោះវានឹងធ្វើឲ្យកលឧបាយបានប្រយោជន៍នៅដៃខ្លួន រួចនឹងមានចិត្តលើកតម្កើងខ្លួន ព្រមទាំងបំផ្លាញមនុស្សយ៉ាងច្រើន ដែលនៅដោយសុខស្រួល សូម្បីតែព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់ គង់តែវានឹងហ៊ានឈរទទឹងទាស់ដែរ តែវានឹងត្រូវបាក់បែកទៅ ឥតមានដៃអ្នកណាធ្វើឡើយ
26 ឯការជាក់ស្តែងពីព្រឹក និងល្ងាចទាំងប៉ុន្មាន ដែលបានប្រាប់មកនោះជាសេចក្ដីពិតហើយ ប៉ុន្តែ ត្រូវឲ្យឯងបំបិទការជាក់ស្តែងនេះទុកនៅ ដ្បិតគឺសម្រាប់ពេលទៅមុខជាយូរលង់
27 នោះខ្ញុំដានីយ៉ែលក៏ខ្សោះល្វើយ ហើយឈឺនៅបួនដប់ថ្ងៃ រួចខ្ញុំក្រោកឡើងទៅទទួលការរបស់ស្តេចវិញ ខ្ញុំក៏អស្ចារ្យក្នុងចិត្តពីដំណើរការជាក់ស្តែងនោះ ប៉ុន្តែ គ្មានអ្នកណាយល់សោះ។
ជំពូក 9
1 នៅឆ្នាំដំបូង ក្នុងរាជ្យនៃដារីយុស ព្រះរាជបុត្រាអ័ហាស៊ូរុស ជាពូជពង្សសាសន៍មេឌី ដែលគេបានតាំងឡើងជាស្តេច ឲ្យគ្រប់គ្រងលើអាណាខេត្តរបស់សាសន៍ខាល់ដេ
2 គឺក្នុងឆ្នាំដំបូងនៃរាជ្យទ្រង់ នោះខ្ញុំ ដានីយ៉ែលបានមើលគម្ពីរ ត្រង់កន្លែងដែលព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់ហោរាយេរេមា ពីចំនួនឆ្នាំដែលត្រូវកន្លងទៅ ដើម្បីនឹងសម្រេចការខូចបង់នៃក្រុងយេរូសាឡឹម គឺគ្រប់៧០ឆ្នាំ
3 នោះខ្ញុំបានតាំងចិត្តចំពោះព្រះដ៏ជាព្រះអម្ចាស់ ដើម្បីរកអធិស្ឋាន ហើយទូលអង្វរ ព្រមទាំងតមអត់ស្លៀកសំពត់ធ្មៃ ហើយព្រលាំងផេះផង
4 ខ្ញុំបានអធិស្ឋានដល់ព្រះយេហូវ៉ាជាព្រះនៃខ្ញុំ ក៏លន់តួ ដោយពាក្យថា ឱព្រះអម្ចាស់ជាព្រះដ៏ធំ ហើយគួរស្ញែងខ្លាច ជាព្រះដែលរក្សាសេចក្ដីសញ្ញា និងសេចក្ដីសប្បុរស ចំពោះអស់អ្នកដែលស្រឡាញ់ដល់ទ្រង់ ហើយកាន់តាមបញ្ញត្តទ្រង់អើយ
5 យើងខ្ញុំរាល់គ្នាបានធ្វើបាប បានប្រព្រឹត្តក្រវិចក្រវៀន គឺបានប្រព្រឹត្តអាក្រក់ ហើយបះបោរ ព្រមទាំងងាកបែរចេញពីក្រឹត្យក្រម និងបញ្ញត្តច្បាប់របស់ទ្រង់ផង
6 ក៏មិនស្តាប់តាមពួកហោរា ជាអ្នកបម្រើទ្រង់ ដែលបានទាយដល់ពួកស្តេច ពួកចៅហ្វាយ ពួកអយ្យកោរបស់យើងខ្ញុំ និងបណ្តាជនក្នុងស្រុកដោយនូវព្រះនាមទ្រង់ដែរ
7 ឱព្រះអម្ចាស់អើយ សេចក្ដីសុចរិតជារបស់ផងទ្រង់ហើយ តែខាងយើងខ្ញុំ មានតែសេចក្ដីជ្រប់មុខវិញ ដូចជាសព្វថ្ងៃនេះ គឺទាំងពួកមនុស្សនៅស្រុកយូដា ពួកអ្នកនៅក្រុងយេរូសាឡឹម និងសាសន៍អ៊ីស្រាអែលទាំងអស់គ្នា ដែលនៅជិតនៅឆ្ងាយ នៅក្នុងអស់ទាំងប្រទេសដែលទ្រង់បានបណ្តេញគេ ដោយព្រោះអំពើរំលង ដែលគេបានប្រព្រឹត្តទាស់នឹងទ្រង់ផង
8 ឱព្រះអម្ចាស់អើយ សេចក្ដីជ្រប់មុខជារបស់ផងយើងខ្ញុំហើយ គឺរបស់ពួកស្តេច ពួកចៅហ្វាយ និងពួកអយ្យកោនៃយើងខ្ញុំ ពីព្រោះយើងខ្ញុំបានធ្វើបាបនឹងទ្រង់
9 ឯសេចក្ដីមេត្តាករុណា និងសេចក្ដីអត់ទោស នោះជារបស់ផងព្រះដ៏ជាព្រះអម្ចាស់នៃយើងខ្ញុំវិញ ទោះបើយើងខ្ញុំបានបះបោរនឹងទ្រង់ក៏ដោយ
10 យើងខ្ញុំក៏មិនបានស្តាប់តាមព្រះបន្ទូលរបស់ព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំ ដើម្បីនឹងដើរតាមក្រឹត្យវិន័យរបស់ទ្រង់ ដែលទ្រង់បានតាំងនៅមុខយើងខ្ញុំ ដោយសារពួកហោរា ជាអ្នកបម្រើទ្រង់ដែរ
11 អើ ពួកអ៊ីស្រាអែលទាំងអស់គ្នាបានរំលងចំពោះក្រឹត្យវិន័យរបស់ទ្រង់ហើយ ក៏បែរចេញ ដើម្បីមិនឲ្យត្រូវស្តាប់តាមព្រះបន្ទូលទ្រង់ឡើយ ហេតុនោះ សេចក្ដីបណ្តាសានេះត្រូវចាក់មកលើយើងខ្ញុំ ព្រមទាំងសេចក្ដីសម្បថដែលបានកត់ទុក នៅក្នុងក្រឹត្យវិន័យរបស់លោកម៉ូសេ ជាអ្នកបម្រើនៃព្រះដែរ ពីព្រោះយើងខ្ញុំបានធ្វើបាបចំពោះទ្រង់
12 ហើយទ្រង់បានសម្រេចបញ្ជាក់ព្រះបន្ទូល ដែលទ្រង់មានព្រះបន្ទូលទាស់នឹងយើងខ្ញុំ ហើយទាស់នឹងពួកចៅក្រម ដែលជំនុំជម្រះយើងខ្ញុំ ដោយបាននាំសេចក្ដីអាក្រក់យ៉ាងធំនេះមកលើយើងខ្ញុំ ដ្បិតនៅក្រោមមេឃទាំងមូល មិនដែលកើតមានការអ្វី ដូចជាបានកើតដល់ក្រុងយេរូសាឡឹមនោះឡើយ។
13 សេចក្ដីអាក្រក់ទាំងប៉ុន្មាននេះ បានមកលើយើងខ្ញុំដូចជាបានចែងទុកមកនៅក្នុងក្រឹត្យវិន័យរបស់លោកម៉ូសេហើយ ប៉ុន្តែ យើងខ្ញុំមិនបានទូលអង្វរស្វែងរកព្រះគុណរបស់ព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំ ដើម្បីនឹងបែរចេញពីអំពើទុច្ចរិតរបស់យើងខ្ញុំ ឲ្យមានគំនិតវាងវៃ ក្នុងសេចក្ដីពិតរបស់ទ្រង់វិញនោះឡើយ
14 ហេតុនោះបានជាព្រះយេហូវ៉ាបានរវាំងមើលអំពើអាក្រក់នោះ ក៏បានទម្លាក់មកលើយើងខ្ញុំវិញ ដ្បិតព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំទ្រង់សុចរិតក្នុងគ្រប់ទាំងការដែលទ្រង់ធ្វើ តែយើងខ្ញុំមិនបានស្តាប់តាមព្រះបន្ទូលទ្រង់ឡើយ
15 ឥឡូវនេះ ឱព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំ ដែលបាននាំរាស្ត្ររបស់ទ្រង់ចេញពីស្រុកអេស៊ីព្ទ ដោយព្រះហស្តខ្លាំងពូកែ ហើយបានល្បីព្រះនាមខ្ចរខ្ចាយ ដូចជាសព្វថ្ងៃនេះអើយ យើងខ្ញុំបានធ្វើបាប ក៏បានប្រព្រឹត្តអំពើអាក្រក់ផង
16 ឱព្រះអម្ចាស់អើយ តាមគ្រប់ទាំងសេចក្ដីសុចរិតរបស់ទ្រង់ នោះសូមឲ្យសេចក្ដីខ្ញាល់ និងសេចក្ដីក្រោធរបស់ទ្រង់ បានបែរចេញពីក្រុងយេរូសាឡឹម គឺជាភ្នំបរិសុទ្ធរបស់ទ្រង់ទៅ ដ្បិតក្រុងយេរូសាឡឹម និងពួករាស្ត្ររបស់ទ្រង់បានត្រឡប់ជាទីត្មះតិះដៀល ដល់មនុស្សទាំងអស់ដែលនៅព័ទ្ធជុំវិញយើងខ្ញុំ គឺដោយព្រោះតែអំពើបាបរបស់យើងខ្ញុំ ហើយនិងអំពើទុច្ចរិតរបស់ពួកអយ្យកោយើងខ្ញុំទេ
17 ដូច្នេះ ឱព្រះនៃយើងខ្ញុំអើយ សូមទ្រង់ស្តាប់តាមសេចក្ដីអធិស្ឋាន និងពាក្យទូលអង្វររបស់អ្នកបម្រើទ្រង់ ហើយសូមធ្វើឲ្យព្រះភ័ក្ត្រទ្រង់ភ្លឺមកលើទីបរិសុទ្ធរបស់ទ្រង់ ដែលនៅស្ងាត់ច្រៀបចុះគឺដោយយល់ដល់ព្រះអម្ចាស់
18 ឱព្រះនៃទូលបង្គំអើយ សូមផ្អៀងព្រះកាណ៌មកស្តាប់ សូមបើកព្រះនេត្រទ្រង់ទតមើលសេចក្ដីខូចបង់របស់យើងខ្ញុំ និងទីក្រុងដែលបានហៅតាមព្រះនាមទ្រង់ ដ្បិតយើងខ្ញុំមិនមែនទូលអង្វរដល់ទ្រង់ដោយព្រោះយើងខ្ញុំមានសេចក្ដីសុចរិតទេ គឺដោយព្រោះតែសេចក្ដីមេត្តាករុណាដ៏ធំរបស់ទ្រង់វិញ
19 ឱព្រះអម្ចាស់អើយ សូមទ្រង់ព្រះសណ្តាប់ ឱព្រះអម្ចាស់អើយ សូមទ្រង់អត់ទោស ឱព្រះអម្ចាស់អើយ សូមទ្រង់ស្តាប់ ហើយប្រោសមេត្តាផង ឱព្រះនៃទូលបង្គំអើយ សូមកុំបង្អង់ឡើយ ដោយយល់ដល់អង្គទ្រង់ ដ្បិតទីក្រុងនៃទ្រង់ និងរាស្ត្ររបស់ទ្រង់ បានហៅតាមព្រះនាមទ្រង់ហើយ។
20 កាលខ្ញុំកំពុងតែទូលដល់ព្រះយេហូវ៉ាជាព្រះនៃខ្ញុំព្រមទាំងអធិស្ឋាន និងលន់តួបាបរបស់ខ្លួនខ្ញុំ ហើយបាបរបស់ពួកអ៊ីស្រាអែលជាសាសន៍នៃខ្ញុំ ទាំងទូលអង្វរឲ្យភ្នំបរិសុទ្ធរបស់ព្រះនៃខ្ញុំផង
21 អើ កំពុងដែលខ្ញុំអធិស្ឋាននៅឡើយ នោះលោកដែលនាមជា កាព្រីយ៉ែល ជាអ្នកដែលខ្ញុំបានឃើញក្នុងការជាក់ស្តែងមុនដំបូង លោកហោះយ៉ាងលឿន ចូលមកឯខ្ញុំ ក្នុងរវាងពេលថ្វាយតង្វាយល្ងាច
22 ហើយក៏ប្រាប់ខ្ញុំ ព្រមទាំងសន្ទនានឹងខ្ញុំថា ដានីយ៉ែលអើយ យើងបានចេញមកឥឡូវ ដើម្បីនឹងឲ្យអ្នកមានប្រាជ្ញា ហើយនិងយោបល់
23 កាលអ្នកទើបនឹងចាប់តាំងអធិស្ឋាន នោះមានចេញបង្គាប់ស្រេចហើយ រួចយើងបានចេញមក ដើម្បីនឹងប្រាប់ដល់អ្នក ដ្បិតអ្នកជាមនុស្សសំណប់យ៉ាងសំខាន់ ដូច្នេះ ចូរពិចារណាសេចក្ដីនេះហើយយល់ការជាក់ស្តែងចុះ។
24 គ្រប់៧០អាទិត្យបានកំណត់ដល់សាសន៍ឯង និងដល់ទីក្រុងបរិសុទ្ធរបស់ឯង ដើម្បីនឹងរំលត់បំបាត់អំពើរំលង និងធ្វើឲ្យអំពើបាបផុតទៅ ហើយឲ្យបានធួននឹងអំពើទុច្ចរិត ព្រមទាំងនាំសេចក្ដីសុចរិតដ៏នៅអស់កល្បជានិច្ចចូលមក និងបិទត្រាការជាក់ស្តែង និងសេចក្ដីទំនាយ ហើយនិងចាក់ប្រេងតាំងអ្នកដ៏បរិសុទ្ធបំផុតឡើង
25 ដូច្នេះ ត្រូវឲ្យដឹង ហើយយល់ថា ចាប់តាំងពីចេញបង្គាប់ឲ្យតាំងក្រុងយេរូសាឡឹម ហើយសង់ឡើងវិញ ដរាបដល់គ្រាអ្នកដែលចាក់ប្រេងតាំងនោះ គឺជាអ្នកដែលជាកំពូលបណ្តាច់ នោះត្រូវជាចំនួន៧អាទិត្យ និង៦២អាទិត្យ រួចនៅគ្រាជ្រួលច្រាល់ នោះទីក្រុងនឹងបានសង់ឡើងវិញ មានទាំងផ្លូវធ្លា និងកំផែងផង
26 លុះក្រោយពី៦២អាទិត្យនោះទៅ នោះអ្នកដែលបានចាក់ប្រេងតាំងឡើង នឹងត្រូវផ្តាច់ចេញវិញ ឥតមានទាក់ទងនឹងអ្វីឡើយ រួចបណ្តាទ័ពរបស់ចៅហ្វាយ១ដែលនឹងមក គេនឹងបំផ្លាញទីក្រុង និងទីបរិសុទ្ធបង់ ឯចុងបំផុតនៃការនោះនឹងបានដូចជាជំនន់ទឹក ក៏នឹងមានចម្បាំងដរាបដល់ចុង ហើយបានសម្រេចឲ្យមានការលាញបំផ្លាញដែរ
27 ចៅហ្វាយនោះនឹងតាំងសញ្ញាយ៉ាងម៉ឺងម៉ាត់នឹងមនុស្សជាច្រើននៅរវាង១អាទិត្យ តែដល់ពាក់កណ្តាលអាទិត្យនោះ នឹងធ្វើឲ្យការថ្វាយយញ្ញបូជា និងតង្វាយឈប់ទៅ ហើយនៅក្នុងព្រះវិហារ នឹងមានធ្វើការគួរស្អប់ខ្ពើមដែលនឹងបង្ខូចបំផ្លាញ ក៏នឹងមានសេចក្ដីក្រោធចាក់ទៅលើទីខូចបង់នោះ ដរាបដល់ចុងបំផុត ជាវេលាដែលបានកំណត់ទុកហើយ។
ជំពូក 10
1 នៅឆ្នាំទី៣ ក្នុងរាជ្យនៃស៊ីរូស ជាស្តេចពើស៊ី នោះមានការ១បើកសម្ដែងឲ្យដានីយ៉ែល ដែលលោកមានឈ្មោះថា បេលថិស្សាសារ ឃើញ ការនោះក៏ពិតប្រាកដគឺជាការសង្គ្រាមយ៉ាងធំ លោកក៏ពិចារណាដំណើរនោះ ហើយបានយល់ចំពោះការជាក់ស្តែង
2 នៅគ្រានោះ ខ្ញុំដានីយ៉ែល ខ្ញុំមានសេចក្ដីទុក្ខព្រួយនៅពេញ៣អាទិត្យ
3 ខ្ញុំមិនបានទទួលទានអ្វីដែលត្រូវចំណុចចិត្ត ក៏មិនមានសាច់ ឬស្រាទំពាំងបាយជូរ ចូលមកក្នុងមាត់ខ្ញុំឡើយ ខ្ញុំក៏មិនបានអប់ខ្លួនដែរ ដរាបដល់ផុត៣អាទិត្យនោះទៅ
4 លុះដល់ថ្ងៃ២៤ខែចេត្រ កាលខ្ញុំនៅមាត់ទន្លេធំ គឺជាទន្លេហ៊ីដេកែល
5 នោះខ្ញុំបានងើបភ្នែកមើលទៅ ឃើញមានមនុស្សម្នាក់ស្លៀកពាក់ដោយសំពត់ទេសឯក ហើយក្រវាត់ចង្កេះដោយមាសសុទ្ធពីស្រុកអ៊ូផាស
6 រូបកាយរបស់អ្នកនោះមើលទៅដូចជាត្បូងបេរីល ហើយមុខមានភាពដូចជាផ្លេកបន្ទោរ ឯភ្នែកក៏ដូចជាចន្លុះដែលឆេះ ដៃ និងជើងដូចជាលង្ហិនខាត់យ៉ាងភ្លឺ ហើយសូរសំឡេងរបស់អ្នកនោះដូចជាសូរនៃជំនុំមនុស្សយ៉ាងធំ
7 គឺខ្ញុំ ដានីយ៉ែលតែឯងដែលឃើញការជាក់ស្តែងនោះ ពួកអ្នកដែលនៅជាមួយនឹងខ្ញុំឥតបានឃើញទេ តែគេកើតមានសេចក្ដីភ័យញ័រជាខ្លាំង ហើយក៏រត់ទៅពួនខ្លួន
8 ដូច្នេះ ខ្ញុំត្រូវចោលឲ្យនៅតែឯង ខ្ញុំក៏ឃើញការជាក់ស្តែងយ៉ាងធំនោះ ហើយបានខ្សោះល្វើយទៅ ទឹកមុខខ្ញុំក៏ផ្លាស់ប្រែទៅជាស្លេកស្លាំងហើយខ្ញុំឥតមានកម្លាំងនៅសល់ឡើយ
9 ប៉ុន្តែ ខ្ញុំឮសំឡេងនៃពាក្យរបស់អ្នកនោះបាន កាលខ្ញុំបានឮសំឡេងនៃពាក្យនោះរួចហើយ នោះខ្ញុំក៏លង់ស្មារតីទៅ មានមុខផ្កាប់ចុះដល់ដី។
10 នោះមានដៃ១ពាល់ខ្ញុំ ឲ្យខ្ញុំញ័រងើបឡើង ដោយជង្គង់ និងបាតដៃ
11 រួចក៏ពោលមកខ្ញុំថា ឱដានីយ៉ែលជាអ្នកសំណប់យ៉ាងសំខាន់អើយ ចូរយល់ពាក្យដែលយើងប្រាប់អ្នក ហើយឈរឲ្យត្រង់ឡើងចុះ ពីព្រោះយើងត្រូវចាត់មកឯអ្នក កាលលោកបានពោលពាក្យទាំងនោះមកខ្ញុំហើយ នោះខ្ញុំក៏ឈរនៅទាំងញាប់ញ័រ
12 រួចលោកប្រាប់ខ្ញុំថា ដានីយ៉ែលអើយ កុំឲ្យខ្លាចឡើយ ដ្បិតចាប់តាំងពីថ្ងៃមុនដំបូង ដែលអ្នកបានតាំងចិត្តរកយល់ ហើយបន្ទាបខ្លួនចុះ នៅចំពោះព្រះនៃអ្នក នោះពាក្យរបស់អ្នកក៏បានឮហើយ រួចយើងក៏បានមក ដោយព្រោះពាក្យនោះ
13 ប៉ុន្តែ ម្ចាស់ដ៏ធំនៃនគរពើស៊ី បានឃាត់យើងអស់២១ថ្ងៃ តែមើល មីកែល ជាពួកមហាទេវតា១បានមកជួយយើងយ៉ាងនោះ យើងបាននៅទីនោះជាមួយនឹងពួកស្តេចពើស៊ីទៅ
14 ឥឡូវនេះ បានមកដើម្បីឲ្យអ្នកយល់ពីការដែលត្រូវកើតដល់សាសន៍អ្នក នៅគ្រាក្រោយបង្អស់ ដ្បិតការជាក់ស្តែងនេះសំដៅដល់យូរថ្ងៃទៅខាងមុខ
15 លុះកាលលោកបាននិយាយមកខ្ញុំ តាមសេចក្ដីទាំងនោះរួចហើយ នោះខ្ញុំក៏ឱនមុខមើលទៅដី ហើយបានគនៅ
16 នោះឃើញមានម្នាក់មានភាពដូចមនុស្សជាតិ មកពាល់បបូរមាត់ខ្ញុំ រួចខ្ញុំហាមាត់និយាយដល់លោក ដែលឈរនៅមុខខ្ញុំថា ឱលោកម្ចាស់អើយ សេចក្ដីបារម្ភព្រួយបានចាប់ខ្ញុំ ដោយព្រោះឃើញការជាក់ស្តែងនេះ ហើយខ្ញុំឥតមានកម្លាំងទៀតសោះ
17 ដ្បិតធ្វើដូចម្តេចឲ្យខ្ញុំ ជាបាវបម្រើរបស់លោកម្ចាស់ ហ៊ាននិយាយនឹងលោកបាន ពីព្រោះចំណែកខ្ញុំ ស្រាប់តែគ្មានកម្លាំងនៅក្នុងខ្លួនទៀតសោះ ក៏គ្មានដង្ហើមសល់នៅដែរ។
18 រួចមកមានម្នាក់មានភាពដូចជាមនុស្សជាតិ បានពាល់ខ្ញុំទៀត ហើយក៏ចម្រើនកម្លាំងដល់ខ្ញុំ
19 រួចប្រាប់ខ្ញុំថា ឱអ្នកសំណប់យ៉ាងសំខាន់អើយ កុំឲ្យខ្លាចឡើយ សូមឲ្យបានប្រកបដោយសេចក្ដីសុខចុះ ចូរឲ្យមានកម្លាំងឡើង អើ ចូរមានកម្លាំងឡើង កាលលោកបានពោលនឹងខ្ញុំហើយ នោះខ្ញុំក៏មានកម្លាំងឡើង ហើយខ្ញុំនិយាយថា សូមឲ្យលោកម្ចាស់មានប្រសាសន៍មកចុះ ពីព្រោះលោកបានចម្រើនកម្លាំងដល់ខ្ញុំហើយ
20 លោកតបមកថា តើអ្នកដឹងជាយើងមកឯអ្នក ដោយហេតុអ្វីឬទេ តែឥឡូវនេះ យើងត្រូវត្រឡប់ទៅ តយុទ្ធនឹងម្ចាស់ដ៏ធំនៃនគរពើស៊ី កាលយើងបានចេញទៅផុតហើយ នោះម្ចាស់ដ៏ធំនៃនគរក្រេកនឹងមកដល់
21 ប៉ុន្តែ យើងនឹងប្រាប់អ្នកពីសេចក្ដីដែលកត់ទុកក្នុងគម្ពីរដ៏ពិត គ្មានអ្នកណាជួយខាងយើងក្នុងដំណើរការទាំងនេះឡើយ មានតែមីកែល ជាទេវតារបស់អ្នកប៉ុណ្ណោះ។
ជំពូក 11
1 ឯយើង នៅឆ្នាំដំបូងក្នុងរាជ្យនៃដារីយុស ជាសាសន៍មេឌី នោះយើងបានឈរជាមួយ ដើម្បីចម្រើនកម្លាំង ហើយទប់ទល់ស្តេច។
2 ឥឡូវនេះ យើងនឹងសម្ដែងឲ្យអ្នកឃើញសេចក្ដីពិត មើល ត្រូវមានស្តេចសាសន៍ពើស៊ី៣អង្គទៀតសោយរាជ្យឡើង រួចស្តេចទី៤នឹងមានព្រះរាជទ្រព្យច្រើនក្រៃលែងជាជាងគេទាំងអស់ កាលណាបានចម្រើនកម្លាំង ដោយសារព្រះរាជទ្រព្យទាំងនោះហើយ នោះទ្រង់នឹងលើកមនុស្សទាំងអស់ឡើង ទាស់នឹងអាណាចក្ររបស់សាសន៍ក្រេក
3 គ្រានោះ នឹងមានស្តេច១ខ្លាំងពូកែសោយរាជ្យឡើង ជាស្តេចដែលនឹងគ្រប់គ្រងដោយអំណាចយ៉ាងខ្លាំង ហើយនិងធ្វើតាមតែបំណងព្រះទ័យ
4 កាលណាស្តេចនោះបានសោយរាជ្យឡើងហើយ នោះនគរទ្រង់នឹងត្រូវបែកខ្ញែក ហើយបែងចែកទៅឯខ្យល់លើអាកាសទាំង៤ទិស តែមិនមែនចែកឲ្យដល់ពូជពង្សនៃស្តេចនោះទេ ក៏មិនមែនដោយមានអំណាចដូចជាស្តេចនោះធ្លាប់គ្រប់គ្រងដែរ ដ្បិតនគរនោះនឹងត្រូវច្រៀកចេញចែកដល់មនុស្សដទៃវិញ។
5 ឯស្តេចខាងត្បូងនឹងមានកម្លាំង តែមេទ័ពម្នាក់របស់ទ្រង់នឹងមានកម្លាំងច្រើនលើសជាង ហើយនិងមានអំណាចសោយរាជ្យ ឯអំណាចគ្រប់គ្រងរបស់អ្នកនោះនឹងបានធំទូលាយ
6 ដល់ក្រោយបួនដប់ឆ្នាំទៅ នោះគេនឹងចងសម្ពន្ធមិត្តនឹងគ្នាវិញ ដោយព្រះរាជបុត្រីនៃស្តេចខាងត្បូងបានទៅឯស្តេចខាងជើង ដើម្បីតាំងសញ្ញានឹងគ្នា តែនាងនឹងមិនមានអំណាចនៅជាយូរទេ ហើយបិតានាងក៏មិនជាប់នៅ ឬកន្សៃវង្សរបស់ទ្រង់ផង គឺនាងនឹងត្រូវលើកចោល ព្រមទាំងពួកអ្នកដែលបាននាំនាង និងកូនដែលនាងបង្កើត ហើយអ្នកដែលបានគាំពារនាងក្នុងគ្រានោះដែរ។
7 តែនឹងមានលំពង់១ពន្លកចេញពីវង្សនាង សោយរាជ្យឡើងជំនួសបិតា ស្តេចនោះនឹងទៅច្បាំងនឹងពលទ័ពនៃស្តេចខាងជើង ហើយនិងចូលទៅក្នុងបន្ទាយរបស់គេ ក៏តយុទ្ធនឹងគេ ព្រមទាំងឈ្នះផង
8 រួចនឹងកៀរយកអស់ទាំងព្រះ និងរូបសិតរបស់គេ ព្រមទាំងប្រដាប់ធ្វើពីប្រាក់ និងមាសដ៏មានតម្លៃនាំទៅឯស្រុកអេស៊ីព្ទ បន្ទាប់នោះ នឹងខានទៅច្បាំងនឹងស្តេចខាងជើងជាយូរឆ្នាំ
9 ឯស្តេចខាងជើង នោះនឹងទន្ទ្រានចូលក្នុងព្រំដែនរបស់ស្តេចខាងត្បូង តែនឹងត្រូវវិលត្រឡប់ទៅឯស្រុកកំណើតរបស់ខ្លួនវិញ។
10 រួចមកពួកកូនចៅរបស់ស្តេចនោះនឹងធ្វើចម្បាំង គឺនឹងប្រមូលកងទ័ពយ៉ាងធំជាច្រើន កងទ័ពនោះនឹងចេញទៅសាយពេញពាស ហើយដើរកាត់ស្រុកទៅច្បាំង រហូតដល់បន្ទាយរបស់គេ
11 គ្រានោះ ស្តេចខាងត្បូងនឹងមានសេចក្ដីក្រេវក្រោធឆុរឆេវឡើង ចេញទៅតយុទ្ធនឹងស្តេចខាងជើង គឺនឹងដំរៀបពលទ័ពយ៉ាងសន្ធឹក ហើយពលទ័ពរបស់គេនឹងត្រូវប្រគល់មកក្នុងកណ្តាប់ដៃនៃស្តេចខាងត្បូង
12 កាលណាបានឈ្នះពលទ័ពរបស់គេហើយ នោះទ្រង់នឹងមានព្រះទ័យប៉ោងឡើង រួចទ្រង់នឹងសម្លាប់ពួកគេទាំងម៉ឺនៗ តែតទៅនឹងឈ្នះមិនបានទេ
13 ដ្បិតស្តេចខាងជើងនឹងវិលត្រឡប់មកវិញ នាំទាំងពលទ័ពយ៉ាងសន្ធឹកលើសជាងជាន់មុនទៅទៀត ហើយក្រោយបន្តិចទៅ គឺក្រោយប្រមាណប៉ុន្មានឆ្នាំទៅមុខ ទ្រង់នឹងនាំពលទ័ពយ៉ាងធំ និងគ្រឿងចម្បាំងយ៉ាងសន្ធឹកមក
14 នៅគ្រានោះ នឹងមានមនុស្សជាច្រើនតាំងខ្លួនឡើង ទាស់នឹងស្តេចខាងត្បូង ឯក្នុងសាសន៍របស់អ្នក ក៏នឹងមានពួកមនុស្សច្រឡោតខ្លះលើកខ្លួនឡើងដែរ ដើម្បីនឹងសម្រេចការជាក់ស្តែងនេះ តែគេនឹងត្រូវដួលចុះទេ
15 យ៉ាងនោះ ស្តេចខាងជើងនឹងមកជីកស្នាមភ្លោះ ហើយចាប់យកបានទីក្រុងដែលមានគ្រឿងការពារជាបរិបូរ ឯពលទ័ពរបស់ស្រុកខាងត្បូង និងធន់នៅមិនបាន ព្រមទាំងពលជ្រើសរើសរបស់ស្តេចនោះផង ក៏នឹងគ្មានកម្លាំងល្មមទប់ទល់ឡើយ
16 គឺស្តេចដែលលុកចូលមកច្បាំងនោះ នឹងធ្វើតាមតែអំពើចិត្ត ឥតមានអ្នកណាអាចនឹងឈរនៅមុខទ្រង់បានឡើយ ទ្រង់នឹងឈរនៅក្នុងស្រុកដ៏ឧត្តម ទាំងមានអំណាចបំផ្លាញនៅក្នុងកណ្តាប់ដៃផង
17 ហើយទ្រង់នឹងមានគំនិតគិតនាំកម្លាំងនៃរាជ្យទ្រង់ទាំងអស់មកទៀត តែទ្រង់បែរជាតាំងស្ពានមេត្រីវិញ ហើយក៏សម្រេចតាមនោះ រួចលើកបុត្រីខ្លួនឲ្យដល់ស្តេចខាងត្បូង ដើម្បីនឹងគិតបំផ្លាញទ្រង់ តែនាងមិនចូលគំនិត ឬសម្រេចតាមបំណងបិតាឡើយ
18 ក្រោយនោះមកទ្រង់នឹងបែរព្រះភ័ក្ត្រទៅខាងកោះសមុទ្រទាំងប៉ុន្មាន ហើយនិងចាប់យកបានជាច្រើនដែរ តែនឹងមានទ័ព១កំចាត់សេចក្ដីអាម៉ាស់ខ្មាស ចំពោះស្តេចនោះចេញ អើ មួយទៀត នឹងទម្លាក់សេចក្ដីអាម៉ាស់ខ្មាសនោះទៅលើទ្រង់វិញ
19 នោះទ្រង់នឹងបែរមុខទៅឯបន្ទាយនៅក្នុងស្រុករបស់ខ្លួន តែទ្រង់នឹងចំពប់ដួល ឥតមានអ្នកណាឃើញទៀតឡើយ។
20 បន្ទាប់នោះមក នឹងមានស្តេច១សោយរាជ្យឡើងជំនួស ជាអ្នកដែលនឹងចាត់ភ្នាក់ងារ ឲ្យដើរកាត់ស្រុករុងរឿងក្នុងនគរ ដើម្បីរ៉ឹងទារសួយ តែក្រោយមកមិនយូរថ្ងៃ ស្ដេចនោះនឹងត្រូវបំផ្លាញទៅ មិនមែនក្នុងការកំហឹង ឬការសង្គ្រាមនោះទេ
21 រួចនឹងមានម្នាក់ដែលគួរស្អប់ខ្ពើមតាំងខ្លួនឡើងជំនួសទ្រង់ ឥតមានអ្នកណាប្រគល់រាជសក្តិដល់អ្នកនោះឡើយ គឺនឹងចូលមកក្នុងគ្រាសុខសាន្ត ជែងយករាជ្យដោយសេចក្ដីបញ្ចើចវិញ
22 ឯពលទ័ពដ៏មានជ័យនឹងត្រូវចុះចាញ់នៅចំពោះអ្នកនោះ ហើយនិងត្រូវបាក់បែកអស់ទៅ អើ ទោះទាំងសម្ដេចសង្ឃនៃសេចក្ដីសញ្ញាផង
23 ក្រោយដែលគេបានតាំងសញ្ញានឹងអ្នកនោះហើយ នោះវានឹងប្រព្រឹត្តដោយឧបាយកល ដ្បិតវានឹងឡើងមក ហើយនិងមានកម្លាំងឡើង ដោយមានគ្នាតែបន្តិចប៉ុណ្ណោះ
24 គឺនៅក្នុងគ្រាសុខសាន្ត ដែលវានឹងឡើងមកឯកន្លែងដ៏ល្អបំផុតក្នុងដែនខេត្ត ហើយវានឹងធ្វើការដែលពួកអយ្យកោវាតៗមកមិនដែលធ្វើឡើយ គឺវានឹងយករបឹប និងរបស់ដែលប្លន់បាន ហើយទ្រព្យសម្បត្តិផ្សេងៗ កម្ចាយដល់គេ អើ វានឹងបង្កើតកិច្ចកលរបស់វា ទាស់នឹងទីមាំមួន នៅរវាង១ពេល
25 វានឹងដាស់កម្លាំង និងសេចក្ដីអង់អាចរបស់វាឡើង ទាស់នឹងស្តេចខាងត្បូង ដោយមានពលទ័ពយ៉ាងសន្ធឹក ហើយស្តេចខាងត្បូងនឹងមកច្បាំងនឹងវា មានពលទ័ពយ៉ាងសន្ធឹក ហើយខ្លាំងពូកែផង តែនឹងទប់ទល់មិនបានទេ ពីព្រោះនឹងមានគេបង្កើតកិច្ចកលទាស់នឹងទ្រង់
26 អើ អ្នក១ដែលធ្លាប់ស៊ីចំណីរបស់ទ្រង់នឹងបំផ្លាញទ្រង់បង់ ហើយកងទ័ពរបស់ទ្រង់នឹងបែកខ្ញែករត់ទៅតែពាស ក៏នឹងមានជាច្រើនដួលស្លាប់ដែរ
27 ឯស្តេចទាំង២អង្គនេះ គេនឹងមានចិត្តរិះរកធ្វើតែការកំណាចទទេ គេនឹងកុហកដល់គ្នានឹងគ្នា ក្នុងពេលកំពុងអង្គុយនៅតុជាមួយគ្នាផង តែការនោះនឹងមិនចម្រើនដល់គេឡើយ ដ្បិតវេលាចុងបំផុតនឹងមកក្នុងពេលកំណត់ទេ។
28 គ្រានោះ វានឹងវិលទៅស្រុករបស់ខ្លួនវិញ នាំទាំងទ្រព្យសម្បត្តិជាច្រើនទៅផង រួចវានឹងកើតមានចិត្តទាស់ទទឹងសេចក្ដីសញ្ញាដ៏បរិសុទ្ធ ហើយនិងធ្វើតាមតែបំណងចិត្ត រួចវិលទៅឯស្រុករបស់ខ្លួនវិញ
29 លុះដល់វេលាកំណត់ វានឹងត្រឡប់មកចូលក្នុងស្រុកខាងត្បូងទៀត តែជាន់ក្រោយនេះនឹងមិនបានដូចជាជាន់មុនទេ
30 ពីព្រោះអស់ទាំងនាវាពីស្រុកគីទីមនឹងមកទាស់នឹងវា ដូច្នេះ វានឹងធ្លាក់ចិត្ត ហើយវិលទៅវិញ ដោយមានសេចក្ដីគ្នាន់ក្នាញ់ទាស់នឹងសេចក្ដីសញ្ញាដ៏បរិសុទ្ធ ហើយនិងធ្វើតាមអំពើចិត្ត គឺវានឹងត្រឡប់មកវិញ ហើយរួមគំនិតនឹងពួកអ្នកដែលក្បត់សេចក្ដីសញ្ញាដ៏បរិសុទ្ធនោះ
31 គ្រានោះ ពលទ័ពនឹងត្រូវខាងវា ហើយគេនឹងបង្អាប់ទីបរិសុទ្ធ គឺជាទីមាំមួន ព្រមទាំងបញ្ឈប់បំបាត់ការថ្វាយតង្វាយជានិច្ចចេញ ហើយតាំងសេចក្ដីគួរស្អប់ខ្ពើមដែលនាំឲ្យបង្ខូចបំផ្លាញឡើង
32 ឯពួកអ្នកដែលប្រព្រឹត្តអាក្រក់ទាស់នឹងសេចក្ដីសញ្ញា នោះវានឹងនាំបង្ខូចចិត្តគេ ដោយពាក្យបញ្ចើច តែចំណែកពួកអ្នកទាំងប៉ុន្មានដែលស្គាល់ព្រះនៃខ្លួន គេនឹងមានចិត្តរឹងប៉ឹង ហើយនិងប្រតិបត្តិតទៅ
33 ពួកអ្នកដែលមានប្រាជ្ញាក្នុងបណ្តាជន គេនឹងបង្រៀនមនុស្សជាច្រើន ប៉ុន្តែ គេនឹងត្រូវដួលដោយដាវ និងភ្លើង ព្រមទាំងត្រូវដឹកទៅជាឈ្លើយ ហើយត្រូវគេរឹបជាន់ជាយូរថ្ងៃផង
34 រីឯកាលណាគេត្រូវដួល នោះគេនឹងមានសេចក្ដីជំនួយបន្តិចដែរ ក៏នឹងមានមនុស្សជាច្រើនចូលខាងគេ ដោយចិត្តក្រឡេចក្រឡុច
35 ឯពួកគេដែលមានប្រាជ្ញា នឹងមានខ្លះដួលចុះ ដើម្បីឲ្យបានសំរង ហើយសម្អាតពួកគេ ព្រមទាំងឲ្យគេបានសស្គុស ដរាបដល់វេលាចុងបំផុត ដ្បិតការទាំងនោះនឹងមកក្នុងពេលកំណត់ទេ។
36 ស្តេចនោះនឹងធ្វើតាមតែអំពើចិត្ត ក៏នឹងតម្កើងខ្លួន ហើយលើកខ្លួនខ្ពស់ជាងអស់ទាំងព្រះ វានឹងពោលយ៉ាងអស្ចារ្យ ទាស់នឹងព្រះនៃអស់ទាំងព្រះ វានឹងចេះតែចម្រើនដរាបដល់សេចក្ដីគ្នាន់ក្នាញ់បានសម្រេច ដ្បិតការដែលបានសម្រេចនឹងធ្វើហើយ នោះត្រូវធ្វើទៅ
37 វានឹងមិនយកចិត្តទុកដាក់ចំពោះព្រះនៃពួកអយ្យកោវា ឬចំពោះបំណងចិត្តរបស់ពួកស្រីៗទេ ក៏មិនកោតខ្លាចដល់ព្រះណាផង ដ្បិតវានឹងតម្កើងខ្លួនជាធំលើសជាងទាំងអស់
38 ទោះបើយ៉ាងនោះ គង់តែវានឹងគោរពតាមព្រះនៃបន្ទាយដែរ ហើយឯព្រះ១ដែលពួកអយ្យកោវាមិនបានស្គាល់សោះ នោះវានឹងគោរពដោយមាស ប្រាក់ និងត្បូងមានតំឡៃ ហើយនិងរបស់ថ្លៃវិសេស
39 គឺដោយព្រះដទៃនោះ ដែលវានឹងឈ្នះទីមាំមួនរបស់សាសន៍ផ្សេងៗ ឯអ្នកណាដែលនឹងយល់ខាងខ្លួន នោះវានឹងលើកឲ្យមានសក្តិយសជាធំឡើង ហើយនិងតាំងឲ្យគេគ្រប់គ្រងលើមនុស្សជាច្រើន ព្រមទាំងចែកឲ្យដល់គេទុកជារង្វាន់ផង។
40 លុះដល់គ្រាចុងបំផុត នោះស្តេចខាងត្បូងនឹងតយុទ្ធនឹងវា តែស្តេចខាងជើងនឹងមកទាស់នឹងទ្រង់ដូចជាខ្យល់កួច មានទាំងរទេះចម្បាំង ពលសេះ និងនាវាជាច្រើន វានឹងលុកចូលក្នុងប្រទេសដទៃទាំងប៉ុន្មាន ទាំងសាយចេញដូចជាទឹកជន់ រួចបង្ហួសទៅ
41 វានឹងចូលទៅក្នុងស្រុកឧត្តមដែរ ហើយមនុស្សជាច្រើននឹងត្រូវផ្តួលចុះ តែសាសន៍ទាំងនេះនឹងបានរួចពីកណ្តាប់ដៃវា គឺអេដុម ម៉ូអាប់ និងពួកសំខាន់ក្នុងកូនចៅអាំម៉ូន
42 វានឹងលូកដៃទៅលើប្រទេសទាំងអស់ ហើយស្រុកអេស៊ីព្ទក៏មិនបានរួចដែរ
43 គឺវានឹងគ្រប់គ្រងលើអស់ទាំងមាស និងប្រាក់ ជាព្រះរាជទ្រព្យ និងលើគ្រប់ទាំងរបស់មានតម្លៃនៅស្រុកអេស៊ីព្ទ ឯពួកសាសន៍លីប៊ី និងសាសន៍អេធីយ៉ូពី គេនឹងជាប់តាមដានជើងវា
44 តែដំណឹងដែលនឹងចេញពីស្រុកខាងកើត ហើយពីខាងជើង និងនាំឲ្យវាវិតក្កព្រួយ ដូច្នេះ វានឹងចេញទៅ ដោយសេចក្ដីក្រេវក្រោធយ៉ាងខ្លាំង ដើម្បីនឹងបំផ្លាញ ហើយរំលាងមនុស្សជាច្រើនបង់
45 វានឹងដំឡើងអស់ទាំងពន្លានៃព្រះរាជស្ថាន នៅជាកណ្តាលសមុទ្រ ហើយនិងភ្នំបរិសុទ្ធដ៏ឧត្តម ប៉ុន្តែ វានឹងមកដល់ចុងបំផុតរបស់វា ឥតមានអ្នកណាជួយឡើយ
ជំពូក 12
1 នៅគ្រានោះ មីកែល ជាមហាទេវតាដែលដំណាងពួកកូនចៅរបស់សាសន៍អ្នក លោកនឹងឈរឡើង ក៏នឹងមានគ្រាវេទនាជាខ្លាំង ដល់ម៉្លេះបានជាចាប់តាំងពីមាននគរដរាបដល់វេលានោះឯង នោះមិនដែលកើតមានយ៉ាងដូច្នោះឡើយ ហើយនៅគ្រានោះ សាសន៍អ្នកនឹងបានប្រោសឲ្យរួច គឺអស់អ្នកណាដែលមានកត់ទុកក្នុងបញ្ជី
2 ហើយពួកអ្នកដែលដេកលក់នៅក្នុងធូលីដី និងភ្ញាក់ឡើងវិញជាច្រើន គឺខ្លះឲ្យបានជីវិតរស់នៅអស់កល្បជានិច្ច និងខ្លះឲ្យបានសេចក្ដីអាម៉ាស់ខ្មាស ហើយឲ្យបានជាទីខ្ពើមឆ្អើម នៅអស់កល្បជានិច្ចវិញ
3 ឯពួកអ្នកដែលមានប្រាជ្ញា គេនឹងភ្លឺដូចជារស្មីនៃផ្ទៃមេឃ ហើយពួកអ្នកដែលទាញនាំមនុស្សជាច្រើនឲ្យវិលមកឯសេចក្ដីសុចរិត នោះនឹងភ្លឺដូចជាអស់ទាំងផ្កាយនៅជាដរាបតទៅ
4 តែចំណែកអ្នក ឱដានីយ៉ែលអើយ ចូរបិទបាំងពាក្យទាំងនេះ ហើយបិទត្រាសៀវភៅនេះទុកដរាបដល់គ្រាចុងបំផុតចុះ មនុស្សជាច្រើននឹងខំរកយល់ ហើយចំណេះនឹងបានចម្រើនឡើង។
5 គ្រានោះ ខ្ញុំដានីយ៉ែលក៏មើលទៅឃើញមាន២នាក់ទៀតឈរនៅ ១ត្រើយទន្លេខាងអាយ ហើយ១ត្រើយទន្លេខាងនាយ
6 ម្នាក់ក៏និយាយដល់មនុស្សស្លៀកពាក់សំពត់ទេសឯក ដែលនៅពីលើទឹកទន្លេថា តើកាលណាបានដល់ចុងបំផុតនៃការអស្ចារ្យទាំងនេះ
7 ខ្ញុំក៏ឮមនុស្សដែលស្លៀកពាក់សំពត់ទេសឯក ដែលនៅពីលើទឹកទន្លេនោះ ក្នុងកាលដែលលោកបានលើកដៃទាំងស្តាំទាំងឆ្វេងទៅឯលើ ស្បថដោយនូវព្រះអង្គដែលមានព្រះជន្មរស់នៅអស់កល្បជានិច្ចថា ការនេះនឹងមាននៅអស់១ខួប ២ខួប ហើយកន្លះខួប ហើយកាលណាគេបានបង្ហើយការបំបែកកម្ទេចអំណាចរបស់សាសន៍បរិសុទ្ធរួចជាស្រេច នោះការទាំងនេះនឹងបានសម្រេចដែរ
8 ខ្ញុំបានឮ តែមិនបានយល់សោះ ដូច្នេះ ខ្ញុំសួរថា ឱលោកម្ចាស់អើយ តើចុងបំផុតនៃការទាំងនេះនឹងបានយ៉ាងណាទៅ
9 តែលោកតបថា ដានីយ៉ែលអើយ ចូរទៅចុះ ដ្បិតសេចក្ដីទាំងនេះត្រូវបិទបាំង ហើយបិទត្រាទុក ដរាបដល់គ្រាបំផុត
10 មនុស្សជាច្រើននឹងសម្អាត ហើយជម្រះខ្លួនឲ្យសស្គុស រួចនឹងបានសំរងជាស្រេច ឯពួកមនុស្សអាក្រក់ គេនឹងចេះតែប្រព្រឹត្តអំពើអាក្រក់ទៅ តែគ្មានមនុស្សអាក្រក់ណាមួយនឹងបានយល់ទេ ចំណែកឯពួកអ្នកមានប្រាជ្ញា គេនឹងយល់វិញ
11 រីឯពេល ចាប់តាំងពីការថ្វាយតង្វាយជានិច្ច ត្រូវបញ្ឈប់បំបាត់ទៅ ហើយរបស់គួរស្អប់ខ្ពើមដែលនាំឲ្យបង្ខូចបំផ្លាញបានតាំងឡើង នោះត្រូវមាន១២៩០ថ្ងៃ
12 មានពរហើយ អ្នកណាដែលរង់ចាំ ទំរាំដល់គ្រា១៣៣៥ថ្ងៃ
13 ត្រូវឲ្យអ្នកទៅតាមផ្លូវរបស់អ្នកចុះ ដរាបដល់ចុងបំផុត ដ្បិតអ្នកនឹងត្រូវសម្រាកទៅ តែនឹងបានឈរឡើងវិញ ដើម្បីទទួលចំណែករបស់អ្នកនៅគ្រាចុងបំផុត។:៚