ហូសេ

1 2 3 4 5 6 7 8 9 10 11 12 13 14


ជំពូក 1

1 នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដែល​មក​ដល់​ហូសេ ជា​កូន​ប្អេរី នៅ​ក្នុង​រាជ្យ​អូសៀស យ៉ូថាម អេហាស និង​ហេសេគា ជា​ស្តេច​ស្រុក​យូដា ហើយ​ក្នុង​គ្រា​ដែល​យេរ៉ូ‌បោម ជា​កូន​យ៉ូអាស បាន​ធ្វើ​ជា​ស្តេច​លើ​ស្រុក​អ៊ីស្រា‌អែល
2 កាល​ព្រះ‌យេហូវ៉ា​ទ្រង់​ចាប់​ផ្តើម​មាន​ព្រះ‌បន្ទូល ដោយ‌សារ​ហូសេ​ជា​មុន​ដំបូង នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ប្រាប់​គាត់​ថា ចូរ​ឯង​ទៅ​យក​ស្រី​ដែល​ធ្លាប់​ប្រព្រឹត្ត​ជា​សំផឹង នាំ​មក​នៅ​ជា​មួយ​គ្នា ហើយ​បង្កើត​កូន​សហាយ​ចុះ ដ្បិត​ស្រុក​នេះ​តែង​ប្រព្រឹត្ត​ការ​កំផិត ចេញ​ពី​ព្រះ‌យេហូវ៉ា​យ៉ាង​ខ្លាំង
3 ដូច្នេះ លោក​ក៏​ទៅ​យក​នាង​កូមើរ ជា​កូន​ឌីប្លែម ហើយ​នាង​មាន​ទំងន់​បង្កើត​បាន​កូន​ប្រុស​១​ឲ្យ​លោក
4 ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​លោក​ថា ចូរ​ឲ្យ​ឈ្មោះ​ថា «យេស‌រាល» ទៅ ដ្បិត​នៅ​តែ​បន្តិច​ទៀត អញ​នឹង​សង‌សឹក​ដល់​ពួក​វង្ស​យេហ៊ូវ​ដោយ​ព្រោះ​ឈាម​យេស‌រាល​នោះ​ហើយ ក៏​នឹង​ធ្វើ​ឲ្យ​រាជ្យ​នៃ​ពួក​វង្ស​អ៊ីស្រា‌អែល​ផុត​ទៅ​ដែរ
5 នៅ​គ្រា​នោះ អញ​នឹង​បំបាក់​ធ្នូ​របស់​ពួក​អ៊ីស្រា‌អែល នៅ​ក្នុង​ច្រក​ភ្នំ​យេស‌រាល
6 នាង​មាន​ទំងន់​ម្តង​ទៀត ហើយ​បង្កើត​បាន​កូន​ស្រី​១ នោះ​ព្រះ‌ទ្រង់​បង្គាប់​លោក​ថា ចូរ​ឲ្យ​ឈ្មោះ​ថា «ឡូ-រូហាម៉ា» ចុះ​ដ្បិត​អញ​នឹង​មិន​អាណិត​មេត្តា ដល់​ជំនួរ‌វង្ស​អ៊ីស្រា‌អែល ដើម្បី​នឹង​អត់​ទោស​ដល់​គេ​ត​ទៅ​ទៀត​ឡើយ
7 តែ​អញ​នឹង​អាណិត​មេត្តា​ដល់​ពួក​វង្ស​យូដា ហើយ​និង​ជួយ​សង្គ្រោះ​គេ​មិន​មែន​ដោយ​ធ្នូ ដាវ ការ​តស៊ូ សេះ ឬ​ពល​សេះ​ទេ គឺ​នឹង​ជួយ​សង្គ្រោះ​គេ ដោយ‌សារ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​គេ​វិញ
8 រីឯ​កាល​នាង​បាន​ផ្តាច់​ដោះ​ឡូ-រូហាម៉ា​ហើយ នាង​ក៏​មាន​ទំងន់​ទៀត បង្កើត​បាន​កូន​ប្រុស​១
9 ព្រះ‌ទ្រង់​បង្គាប់​ថា ចូរ​ឲ្យ​ឈ្មោះ​ថា «ឡូ-អាំមី»ចុះ ដ្បិត​ឯង​រាល់​គ្នា​មិន​មែន​ជា​រាស្ត្រ​របស់​អញ​ទេ អញ​ក៏​មិន​ព្រម​ធ្វើ​ជា​ព្រះ​របស់​ឯង​ដែរ។
10 ប៉ុន្តែ ពួក​កូន​ចៅ​អ៊ីស្រា‌អែល​នឹង​មាន​ចំនួន​ដូច​ជា​ខ្សាច់​នៅ​សមុទ្រ ដែល​នឹង​វាល់ ឬ​រាប់​មិន​បាន​ឡើយ រួច​ក្រោយ​មក និង​កើត​មាន​ដូច្នេះ គឺ​ពាក្យ​ដែល​បាន​ពោល​ទុក​ថា ឯង​រាល់​គ្នា​មិន​មែន​ជា​រាស្ត្រ​អញ​ទេ​នោះ​នឹង​ផ្លាស់​ទៅ​ជា​ថា ឯង​រាល់​គ្នា​ជា​កូន​នៃ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ​វិញ
11 គ្រា​នោះ ពួក​កូន‌ចៅ​យូដា និង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​នឹង​បាន​រួប‌រួម​គ្នា ក៏​នឹង​តាំង​ឲ្យ​មាន​អ្នក​ជា​ប្រមុខ​តែ​១​លើ​ពួក​ខ្លួន ហើយ​និង​ឡើង​ចេញ​ពី​ស្រុក​ទៅ ដ្បិត​ថ្ងៃ​នៃ​យេស‌រាល​នឹង​បាន​ជា​ថ្ងៃ​យ៉ាង​សម្បើម។


ជំពូក 2

1 ចូរ​ប្រាប់​ដល់​ពួក​បង​ប្អូន​ប្រុស​របស់​ឯង​ថា «អាំមី» ហើយ​ដល់​បង​ប្អូន​ស្រី​ថា «រូហាម៉ា»ចុះ។
2 ចូរ​ស្តី​ប្រដៅ​ដល់​ម្តាយ​ឯង ចូរ​ស្តី​ប្រដៅ​ចុះ ដ្បិត​នាង​មិន​មែន​ជា​ប្រពន្ធ​អញ​ទេ អញ​ក៏​មិន​មែន​ជា​ប្ដី​នាង​ដែរ ត្រូវ​ឲ្យ​នាង​លះ​ចោល​ការ​កំផិត​ពី​មុខ​នាង​ចេញ ហើយ​ការ​កន្លង​បវេណី​ពី​កណ្តាល​ទ្រូង​នាង​ទៅ
3 ក្រែង​អញ​សំរាត​ឲ្យ​នាង​នៅ​ខ្លួន​ទទេ ហើយ​ធ្វើ​ឲ្យ​ត្រឡប់​ដូច​ជា​នៅ​ថ្ងៃ​ដែល​កើត​មក​វិញ ឲ្យ​នាង​បាន​ដូច​ជា​ទី​រហោ‌ស្ថាន គឺ​ដូច​ជា​ដី​ហួត‌ហែង ព្រម​ទាំង​សម្លាប់​នាង​ដោយ​ខះ​ស្រេក​ផង
4 អើ អញ​នឹង​មិន​អាណិត​មេត្តា​ដល់​ទាំង​កូន​នាង​ដែរ ពី​ព្រោះ​វា​សុទ្ធ​តែ​ជា​កូន​សហាយ
5 ដ្បិត​ម្តាយ​វា​បាន​ប្រព្រឹត្ត​ការ​កំផិត គឺ​អ្នក​ដែល​បាន​ឲ្យ​វា​កើត​ឡើង បាន​ប្រព្រឹត្ត​អំពើ​គួរ​ខ្មាស​ហើយ ដ្បិត​នាង​បាន​ថា អញ​នឹង​ទៅ​តាម​ពួក​សហាយ​អញ ជា​អ្នក​ដែល​តែង​ឲ្យ​នំបុ័ង និង​ទឹក​មក​អញ ព្រម​ទាំង​រោម​ចៀម ខ្លូត‌ទេស ប្រេង និង​គ្រឿង​ផឹក​ផង
6 ដូច្នេះ​មើល អញ​នឹង​ស្រាស់​ផ្លូវ​នាង​ដោយ​បន្លា ហើយ​ធ្វើ​កំផែង​ផង ដើម្បី​មិន​ឲ្យ​នាង​ស្គាល់​ផ្លូវ​ខ្លួន​ទៀត
7 នាង​នឹង​ទៅ​តាម​ពួក​សហាយ​របស់​ខ្លួន តែ​នឹង​មិន​ទាន់​ឡើយ នាង​នឹង​ស្វែង​រក​គេ តែ​នឹង​មិន​ប្រទះ​សោះ នោះ​នាង​នឹង​សម្រេច​ថា​អញ​នឹង​វិល​ទៅ​ឯ​ប្ដី​ដើម​វិញ ដ្បិត​នៅ​គ្រា​មុន​នោះ អញ​បាន​ស្រួល​ជាង​សព្វ​ថ្ងៃ​នេះ។
8 នាង​មិន​បាន​ដឹង​ថា គឺ​អញ​នេះ​ដែល​តែង​តែ​ឲ្យ​ស្រូវ ទឹក​ទំពាំង‌បាយ‌ជូរ និង​ប្រេង​ដល់​នាង ព្រម​ទាំង​ចម្រើន​ប្រាក់ និង​មាស​ដល់​នាង ដែល​គេ​បាន​ប្រើ​សម្រាប់​គោរព​ដល់​ព្រះ​បាល​នោះ​ផង​ទេ
9 ដូច្នេះ អញ​នឹង​ដក​យក​ស្រូវ​របស់​អញ​នៅ​រដូវ​ចម្រូូត និង​ទឹក​ទំពាំង‌បាយ‌ជូរ​របស់​អញ​មក​វិញ​នៅ​ក្នុង​រដូវ​បេះ​ផ្លែ ហើយ​អញ​នឹង​កញ្ឆក់​យក​រោម​ចៀម និង​ខ្លូត‌ទេស​របស់​អញ ដែល​សម្រាប់​ហ៊ុំហ​កេរ្តិ៍‌ខ្មាស​នាង​មក​វិញ​ដែរ
10 ឥឡូវ​នេះ អញ​នឹង​បើក​សេចក្ដី​អាម៉ាស់​ខ្មាស​នាង​ឲ្យ​ពួក​សហាយ​នាង​បាន​ឃើញ ឥត​មាន​អ្នក​ណា​ដោះ​នាង​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​អញ​បាន​ឡើយ
11 ក៏​នឹង​បំបាត់​សណ្ឋាន​រីក‌រាយ​របស់​នាង ព្រម​ទាំង​បុណ្យ​សម្ពោទ្យ បុណ្យ​ថ្ងៃ​ចូល​ខែ ថ្ងៃ​ឈប់​សម្រាក ហើយ​អស់​ទាំង​ជំនុំ​មុត‌មាំ​របស់​នាង​ផង
12 អញ​នឹង​បំផ្លាញ​ដើម​ទំពាំង‌បាយ‌ជូរ និង​ដើម​ល្វា​របស់​នាង ដែល​នាង​ធ្លាប់​ពោល​ថា របស់​ទាំង​នេះ​ជា​ឈ្នួល​ដែល​សហាយ​នាង​បាន​ឲ្យ តែ​អញ​នឹង​ធ្វើ​ឲ្យ​ត្រឡប់​ទៅ​ជា​ព្រៃ​វិញ ឯ​សត្វ​ព្រៃ​នឹង​ស៊ី​អស់​ទៅ
13 អញ​នឹង​ទម្លាក់​អស់​ទាំង​ថ្ងៃ ដែល​នាង​បាន​ដុត​កំញាន​ថ្វាយ​ដល់​ព្រះ​បាល​ទៅ​លើ​នាង​វិញ គឺ​ជា​ពេល​ដែល​នាង​បាន​ធ្លាប់​តែង​ខ្លួន ដោយ​ទំហូ និង​គ្រឿង​លំអរ​ផ្សេងៗ​របស់​នាង ទៅ​តាម​សហាយ​ទាំង​ភ្លេច​អញ​ផង នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។
14 ដោយ​ហេតុ​នោះ មើល អញ​នឹង​ប្រលោម​នាំ​នាង​ទៅ​ឯ​ទី​រហោ‌ស្ថាន ហើយ​និយាយ​សំរប​ចិត្ត​នាង
15 នៅ​ទី​នោះ អញ​នឹង​ប្រគល់​ចម្ការ​ទំពាំង‌បាយ‌ជូរ​របស់​នាង​ដល់​នាង​វិញ ព្រម​ទាំង​ច្រក​ភ្នំ​អាកោរ ទុក​ជា​ទ្វារ​នៃ​ទី​សង្ឃឹម ហើយ​នៅ​ទី​នោះ​នាង​នឹង​ឆ្លើយ​តប​ដល់​អញ ដូច​កាល​នៅ​វ័យ​ក្មេង និង​ដូច​នៅ​ថ្ងៃ​ដែល​ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក
16 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា នៅ​ថ្ងៃ​នោះ នាង​នឹង​ហៅ​អញ​ថា «អ្នក​ប្ដី» អើយ មិន​មែន​ហៅ​ថា «លោក​ម្ចាស់» ទៀត​ឡើយ
17 ដ្បិត​អញ​នឹង​ដក​អស់​ទាំង​ឈ្មោះ​នៃ​ព្រះ​បាល​ចេញ​ពី​មាត់​នាង នោះ​អញ​នឹង​លែង​នឹក​ដើម​ពី​ឈ្មោះ​ព្រះ​ទាំង​នោះ​ទៀត
18 នៅ​ថ្ងៃ​នោះ អញ​ក៏​នឹង​តាំង​សញ្ញា​ឲ្យ​គេ ជា​មួយ​នឹង​សត្វ​នៅ​ផែនដី និង​សត្វ​ហើរ​លើ​អាកាស ហើយ​សត្វ​លូន​វា​នៅ​ដី​ផង អញ​នឹង​បំបាក់​ធ្នូ និង​ដាវ ធ្វើ​ឲ្យ​ការ​សង្គ្រាម​បាត់​ចេញ​ពី​ស្រុក​ទៅ ឲ្យ​គេ​បាន​ដេក​ទៅ​ដោយ​សុខ​សាន្ត
19 នោះ​អញ​នឹង​ដណ្តឹង​នាង​សម្រាប់​អញ ទុក​ជា​ដរាប​ត​ទៅ អើ អញ​នឹង​ដណ្តឹង​នាង​សម្រាប់​អញ ដោយ​សេចក្ដី​សុចរិត សេចក្ដី​យុត្តិ‌ធម៌ សេចក្ដី​សប្បុរស និង​សេចក្ដី​មេត្តា‌ករុណា
20 ក៏​នឹង​ដណ្តឹង​នាង​សម្រាប់​អញ ដោយ​សេចក្ដី​ស្មោះ‌ត្រង់​ផង នោះ​នាង​នឹង​បាន​ស្គាល់​ព្រះ‌យេហូវ៉ា។
21 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា នៅ​ថ្ងៃ​នោះ អញ​នឹង​ឆ្លើយ​តប​ថា គឺ​អញ​តប​នឹង​ផ្ទៃ​មេឃ ហើយ​ផ្ទៃ​មេឃ​នឹង​តប​ដល់​ផែនដី
22 ដី​នឹង​តប​ដល់​ស្រូវ ទឹក​ទំពាំង‌បាយ‌ជូរ ហើយ​និង​ប្រេង របស់​ទាំង​នោះ​ក៏​នឹង​តប​ដល់​យេស‌រាល​ដែរ
23 អញ​នឹង​សាប‌ព្រោះ​ពូជ​នាង​នៅ​លើ​ផែនដី​សម្រាប់​អញ រួច​អញ​នឹង​អាណិត​មេត្តា​ដល់​ពួក​ឡូ-រូហាម៉ា ហើយ​និង​និយាយ​ដល់​ពួក​ឡូ-អាំមី​ថា ឯង​ជា​រាស្ត្រ​របស់​អញ នោះ​គេ​នឹង​ឆ្លើយ​តប​ថា ទ្រង់​ជា​ព្រះ​នៃ​យើង​ខ្ញុំ។


ជំពូក 3

1 រួច​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា ចូរ​ឲ្យ​ឯង​ទៅ​ស្រឡាញ់​ស្រី​មួយ​ទៀត​ចុះ គឺ​ជា​ស្រី​ដែល​មាន​អ្នក​ដទៃ​ស្រឡាញ់​ហើយ ក៏​ជា​ស្រី​សំផឹង​ផង ដូច​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ស្រឡាញ់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ដែរ ទោះ​បើ​គេ​បែរ​ទៅ​ប្រព្រឹត្ត​តាម​ព្រះ​ដទៃ ហើយ​គេ​ចូល​ចិត្ត​នឹង​ផែន​ទំពាំង‌បាយ‌ជូរ​ក៏​ដោយ 2ដូច្នេះ ខ្ញុំ​ក៏​ទិញ​នាង​មក​សម្រាប់​ខ្លួន ដោយ​ប្រាក់​១៥​ដួង និង​ស្រូវ​ឱក​១​ថាំង​កន្លះ 3រួច​ខ្ញុំ​និយាយ​នឹង​នាង​ថា ត្រូវ​ឲ្យ​ឯង​នៅ​សម្រាប់​អញ​ជា​យូរ​លង់ មិន​ឲ្យ​ត្រូវ​ក្បត់​អញ ឬ​ទៅ​ជា​ប្រពន្ធ​របស់​អ្នក​ដទៃ​ណា​ឡើយ អញ​ក៏​នឹង​ប្រព្រឹត្ត​ចំពោះ​ឯង​ដូច្នោះ​ដែរ 4នេះ​ពី​ព្រោះ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​នឹង​នៅ​ឥត​មាន​ស្តេច ឬ​ចៅ‌ហ្វាយ ឥត​ការ​ថ្វាយ​យញ្ញ‌បូជា ឬ​បង្គោល​គោរព ឥត​អេផូឌ ឬ​រូប​ព្រះ​ជា​យូរ‌អង្វែង 5ក្រោយ​នោះ ពួក​កូន​ចៅ​អ៊ីស្រា‌អែល​នឹង​វិល​មក​វិញ ហើយ​និង​ស្វែង​រក​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​គេ និង​ដាវីឌ ជា​ស្តេច​របស់​គេ នៅ​ជាន់​ក្រោយ​បង្អស់ គេ​នឹង​មក​ពឹង​ជ្រក​នឹង​ព្រះ‌យេហូវ៉ា ហើយ​និង​សេចក្ដី​សប្បុរស​នៃ​ទ្រង់ ដោយ​ញាប់‌ញ័រ។


ជំពូក 4

1 ឱ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ចុះ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​រឿង​នឹង​ពួក​អ្នក​ស្រុក​នេះ ពី​ព្រោះ​គ្មាន​សេចក្ដី​ពិត ឬ​សេចក្ដី​សប្បុរស ក៏​ឥត​មាន​អ្នក​ណា​ស្គាល់​ព្រះ នៅ​ក្នុង​ស្រុក​នេះ​ឡើយ
2 មាន​សុទ្ធ​តែ​ការ​ប្រទេច​ផ្តាសា ភូត‌កុហក កាប់​សម្លាប់ លួច​ប្លន់ ហើយ​ផិត​គ្នា​ទទេ គេ​រឹប​ជាន់ ហើយ​កម្ចាយ​ឈាម​តៗ​គ្នា
3 ហេតុ​នោះ ស្រុក​នេះ​នឹង​ត្រូវ​សោយ‌សោក ហើយ​អស់​អ្នក​ដែល​នៅ​ក្នុង​ស្រុក គេ​នឹង​ល្វើយ​ទៅ ព្រម​ទាំង​សត្វ​នៅ​ដី និង​សត្វ​ហើរ​លើ​អាកាស​ផង អើ ទាំង​ត្រី​នៅ​សមុទ្រ​ក៏​ត្រូវ​ដក​ចេញ​ដែរ
4 ប៉ុន្តែ មិន​ត្រូវ​ឲ្យ​អ្នក​ណា​ត​តាំង ឬ​ស្តី​បន្ទោស​អ្នក​ណា​ឡើយ ដ្បិត​សាសន៍​ឯង​ប្រៀប​ដូច​ជា​មនុស្ស​ដែល​ត​តាំង​នឹង​សង្ឃ
5 ហេតុ​នោះ ឯង​នឹង​ត្រូវ​ចំពប់​ទាំង​ថ្ងៃ ហើយ​ហោរា​នឹង​ចំពប់​ជា​មួយ​នឹង​ឯង​នៅ​ពេល​យប់​ដែរ អញ​នឹង​បំផ្លាញ​ទាំង​ម្តាយ​ឯង​ផង។
6 រាស្ត្រ​អញ គេ​ត្រូវ​បំផ្លាញ​ទៅ ដោយ​ខ្វះ​ខាត​តម្រិះ​ដូច្នេះ ដោយ​ព្រោះ​ឯង​មិន​ព្រម​ទទួល​តម្រិះ បាន​ជា​អញ​ក៏​នឹង​បោះ‌បង់​ចោល​ឯង មិន​ឲ្យ​ធ្វើ​ជា​សង្ឃ​ដល់​អញ​ទៀត​ដែរ ហើយ​ដោយ​ហេតុ​ដែល​ឯង​បាន​ភ្លេច​ច្បាប់​របស់​ព្រះ​នៃ​ឯង នោះ​អញ​ក៏​នឹង​ភ្លេច​កូន​ចៅ​របស់​ឯង​ដូច​គ្នា
7 វា​វាល់​គ្នា​មាន​ចំនួន​ច្រើន​ឡើង​ប៉ុណ្ណា នោះ​ក៏​បាន​ធ្វើ​បាប​នឹង​អញ​ជា​ច្រើន​ប៉ុណ្ណោះ​ដែរ ដូច្នេះ អញ​នឹង​បំផ្លាញ​កិត្តិសព្ទ​របស់​គេ​ឲ្យ​ទៅ​ជា​សេចក្ដី​អាម៉ាស់​ខ្មាស​វិញ
8 គេ​ចិញ្ចឹម​ជីវិត​ដោយ​អំពើ​បាប​របស់​រាស្ត្រ​អញ ក៏​តាំង​ចិត្ត​ចំពោះ​អំពើ​ទុច្ចរិត​របស់​វា​រាល់​គ្នា
9 នៅ​គ្រា​នោះ បណ្តា‌ជន​ជា​យ៉ាង​ណា សង្ឃ​ក៏​នឹង​យ៉ាង​នោះ​ដែរ ហើយ​អញ​នឹង​ធ្វើ​ទោស​គេ ដោយ​ព្រោះ​អំពើ​ប្រព្រឹត្ត​របស់​គេ ព្រម​ទាំង​សង​ដល់​គេ​តាម​កិរិយា​របស់​គេ​ផង
10 នោះ​គេ​នឹង​ស៊ី តែ​មិន​បាន​ឆ្អែត​ទេ ក៏​នឹង​ប្រព្រឹត្ត​សេចក្ដី​កំផិត តែ​ឥត​បាន​ចម្រើន​គ្នា​ដែរ គឺ​ដោយ​ព្រោះ​គេ​បាន​លែង​ប្រយ័ត​ចំពោះ​ព្រះ‌យេហូវ៉ា​ទៅ។
11 ឯ​ការ​កំផិត ស្រា​ទំពាំង‌បាយ‌ជូរ និង​ទឹក​ទំពាំង‌បាយ‌ជូរ​ថ្មី នោះ​រមែង​ដក​យោបល់​ចេញ
12 រាស្ត្រ​អញ​គេ​សូម​សេចក្ដី​ប្រឹក្សា​ចំពោះ​ដុំ​ឈើ គឺ​ជា​ឈើ​ផ្សង​របស់​គេ​ដែល​ឲ្យ​គេ​យល់​វិញ ដ្បិត​និស្ស័យ​នៃ​ការ​កំផិត​បាន​ឲ្យ​គេ​ប្រព្រឹត្ត​កន្លង គេ​បាន​ប្រព្រឹត្ត​ការ​កំផិត ដោយ​ក្បត់​ចំពោះ​ព្រះ​របស់​ខ្លួន​ហើយ
13 គេ​ថ្វាយ​យញ្ញ‌បូជា​នៅ​លើ​កំពូល​ភ្នំ​ទាំង​ប៉ុន្មាន ក៏​ដុត​កំញាន​នៅ​លើ​ភ្នំ​តូច នៅ​ក្រោម​ដើម​ម៉ៃសាក់ ដើម​រលួស និង​ដើម​ពោធិ៍​ទាំង​អស់​ដែរ ពី​ព្រោះ​ដើម​ទាំង​នោះ​មាន​ម្លប់​ល្អ គឺ​ហេតុ​នោះ​បាន​ជា​កូន​ស្រី​របស់​ឯង​រាល់​គ្នា​បាន​កន្លង​បវេណី ហើយ​អស់​ទាំង​ប្រពន្ធ​ថ្មោង‌ថ្មី​ក្នុង​ពួក​ឯង​រាល់​គ្នា​ក៏​ប្រព្រឹត្ត​កំផិត​ដែរ
14 អញ​នឹង​មិន​ធ្វើ​ទោស​ដល់​កូន​ស្រី​របស់​ឯង ក្នុង​កាល​ដែល​ប្រព្រឹត្ត​កន្លង​បវេណី ឬ​ដល់​ប្រពន្ធ​ថ្មោង‌ថ្មី ក្នុង​កាល​ដែល​ប្រព្រឹត្ត​កំផិត​នោះ​ទេ ដ្បិត​ពួក​ប្រុសៗ​ក៏​ដក​ខ្លួន​ទៅ​ដោយ‌ឡែក ជា​មួយ​នឹង​ពួក​សំផឹង​ដែរ គេ​ថ្វាយ​យញ្ញ‌បូជា​ជា​មួយ​នឹង​ពួក​កំផិត ដូច្នេះ ជន​ទាំង‌ឡាយ​ដែល​ឥត​មាន​យោបល់​នេះ គេ​នឹង​ត្រូវ​វិនាស​បង់។
15 ឱ​អ៊ីស្រា‌អែល​អើយ ទោះ​បើ​ឯង​ប្រព្រឹត្ត​ការ​កំផិត​ក៏​មែន​ហើយ ប៉ុន្តែ មិន​ត្រូវ​ឲ្យ​យូដា​ទៅ​ជា​មាន​ទោស​ឡើយ កុំ​ឲ្យ​ឯង​ឡើង​មក​ឯ​គីលកាល ក៏​កុំ​ឲ្យ​ឯង​ឡើង​ទៅ​ឯ​បេត-អាវេន ឬ​ស្បថ​ថា «ដូច​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌ជន្ម​រស់​នៅ» នោះ​ដែរ
16 ដ្បិត​អ៊ីស្រា‌អែល​បាន​ប្រព្រឹត្ត​ដោយ​រឹង‌ចចេស ដូច​ជា​គោ​ក្រមុំ‌ក្រាញ ឥឡូវ​នេះ តើ​ព្រះ‌យេហូវ៉ា​ទ្រង់​ត្រូវ​ឃ្វាល​គេ ដូច​ជា​កូន​ចៀម នៅ​ទី​វាល​ធំ​ទូលាយ​ឬ​អី
17 ឯ​អេប្រា‌អិម​វា​ភ្ជាប់​ខ្លួន​តាម​រូប​ព្រះ​ហើយ តាម​តែ​វា​ចុះ
18 គ្រឿង​ផឹក​របស់​គេ​បាន​ទៅ​ជា​ជួរ​ហើយ គេ​ប្រព្រឹត្ត​សេចក្ដី​កំផិត​ជានិច្ច ឯ​ពួក​គ្រប់‌គ្រង​លើ​គេ​ក៏​គាប់​ចិត្ត​ចំពោះ​តែ​អំពើ​គួរ​ខ្មាស
19 ខ្យល់​បាន​ក្តោប​គេ​ដោយ​ស្លាប គេ​នឹង​ត្រូវ​មាន​សេចក្ដី​ខ្មាស ដោយ​ព្រោះ​យញ្ញ‌បូជា​ទាំង​ប៉ុន្មាន​របស់​ខ្លួន។


ជំពូក 5

1 ឱ​ពួក​សង្ឃ​អើយ ចូរ​ស្តាប់​សេចក្ដី​នេះ ឱ​ពួក​វង្ស​អ៊ីស្រា‌អែល​អើយ ចូរ​ស្តាប់​ចុះ ឯ​ពូជ‌ពង្ស​នៃ​ស្តេច​អើយ ចូរ​ផ្ទៀង​ត្រចៀក​ដែរ ដ្បិត​សេចក្ដី​យុត្តិ‌ធម៌​កំពុង​តែ​កាត់​ទោស​ដល់​ឯង​រាល់​គ្នា​ហើយ ពី​ព្រោះ​ឯង​ជា​អន្ទាក់​នៅ​ត្រង់​មីសប៉ា ហើយ​ជា​មង​លាត​ទៅ​លើ​ភ្នំ​តាបោរ
2 ពួក​ក្បត់​បាន​ផុង​យ៉ាង​ជ្រៅ ចុះ​ក្នុង​ការ​សម្លាប់​សត្វ​ថ្វាយ​ដល់​រូប​ព្រះ ទោះ​បើ​អញ​បាន​ធ្វើ​ជា​អ្នក​បន្ទោស​ដល់​គេ​គ្រប់​គ្នា​ក៏​ដោយ
3 អញ​ស្គាល់​អេប្រា‌អិម​ហើយ ឯ​អ៊ីស្រា‌អែល​ក៏​មិន​កំបាំង​ពី​អញ​ដែរ ដ្បិត​ឥឡូវ​នេះ ឱ​អេប្រា‌អិម​អើយ ឯង​បាន​ប្រព្រឹត្ត​សេចក្ដី​កំផិត ហើយ​អ៊ីស្រា‌អែល​ក៏​ស្មោក‌គ្រោក​ដូច​គ្នា
4 ការ​ប្រព្រឹត្ត​របស់​គេ​មិន​បើក​ឲ្យ​គេ​វិល​មក​ឯ​ព្រះ​នៃ​គេ​វិញ​បាន​ទេ ដ្បិត​និស្ស័យ​កំផិត​នៅ​ក្នុង​គេ​ហើយ គេ​មិន​បាន​ស្គាល់​ព្រះ‌យេហូវ៉ា​សោះ
5 សេចក្ដី​អំនួត​របស់​ពួក​អ៊ីស្រា‌អែល​តែង​ធ្វើ​បន្ទាល់​ទាស់​នឹង​គេ ហេតុ​នោះ​បាន​ជា​អ៊ីស្រា‌អែល ហើយ​អេប្រា‌អិម នឹង​ត្រូវ​ចំពប់​ដួល​ចុះ​ក្នុង​អំពើ​ទុច្ចរិត​របស់​ខ្លួន ឯ​យូដា​ក៏​នឹង​ចំពប់​ដួល​ចុះ​ជា​មួយ​នឹង​គេ​ដែរ
6 គេ​នឹង​នាំ​ទាំង​ហ្វូង​សត្វ​ធំ​តូច ទៅ​ស្វែង​រក​ព្រះ‌យេហូវ៉ា តែ​នឹង​មិន​ប្រទះ​ឃើញ​ទ្រង់​ទេ ដ្បិត​ទ្រង់​បាន​ថយ​ចេញ​ពី​គេ​ហើយ
7 គេ​បាន​ប្រព្រឹត្ត​ការ​កំបត់​ចំពោះ​ព្រះ‌យេហូវ៉ា ដ្បិត​គេ​បាន​បង្កើត​កូន​កំផិត​ឡើង ដូច្នេះ ដល់​ចូល​ខែ​ថ្មី គេ​នឹង​ត្រូវ​វិនាស​ទៅ ព្រម​ទាំង​ស្រែ​ចម្ការ​របស់​គេ​ផង។
8 ចូរ​ផ្លុំ​ស្នែង នៅ​ត្រង់​គីបៀរ ហើយ​ផ្លុំ​ត្រែ​នៅ​ត្រង់​រ៉ាម៉ា​ចុះ ចូរ​ធ្វើ​សូរ​ជា​គ្រឿង​សម្គាល់​ឡើង​នៅ​ត្រង់​បេត-អាវេន​ថា ឱ​បេន‌យ៉ាមីន​អើយ ន៏ គេ​មក​ខាង​ក្រោយ​ឯង​ហើយ
9 នៅ​ថ្ងៃ​ដែល​ត្រូវ​បន្ទោស​នោះ អេប្រា‌អិម​នឹង​ត្រឡប់​ទៅ​ជា​ទី​ខូច​បង់ នៅ​កណ្តាល​អស់​ទាំង​ពូជ​អំបូរ​នៃ​អ៊ីស្រា‌អែល អញ​បាន​ឲ្យ​ដឹង​ដំណឹង​ពី​ការ​ដែល​ត្រូវ​កើត​មក​ជា​មិន​ខាន
10 ពួក​ចៅ‌ហ្វាយ​របស់​យូដា ប្រៀប​ដូច​ជា​មនុស្ស​ដែល​ដក​ព្រំ‌ខណ្ឌ​ចោល ដូច្នេះ អញ​នឹង​ចាក់​សេចក្ដី​ក្រោធ​របស់​អញ​ទៅ​លើ​គេ​ដូច​ជា​ទឹក
11 អេប្រា‌អិម​ត្រូវ​សង្កត់‌សង្កិន គឺ​ត្រូវ​កិន​កម្ទេច​ក្នុង​ការ​វិនិច្ឆ័យ ពី​ព្រោះ​គេ​បាន​ស្ម័គ្រ​ចិត្ត​ដើរ​តាម​បង្គាប់​របស់​មនុស្ស
12 ដូច្នេះ អញ​នឹង​បាន​ដូច​ជា​ដង្កូវ​កាត់​ដល់​ពួក​អេប្រា‌អិម ហើយ​ដូច​ជា​សេចក្ដី​ពុក​ផុយ​ដល់​ពួក​វង្ស​យូដា
13 កាល​អេប្រា‌អិម​បាន​ដឹង​អាការៈ​រោគ​របស់​ខ្លួន ហើយ​យូដា​បាន​ឃើញ​របួស​របស់​ខ្លួន នោះ​អេប្រា‌អិម​ក៏​ទៅ​ឯ​ស្រុក​អាសស៊ើរ ហើយ​ចាត់​គេ​ទៅ​ឯ​ស្តេច​យ៉ារែប តែ​គេ​មិន​អាច​នឹង​រំងាប់​រោគ​ឯង ឬ​មើល​របួស​ឯង​ឲ្យ​សះ​បាន​ឡើយ
14 ដ្បិត​អញ​នឹង​បាន​ដូច​ជា​សិង្ហ​ដល់​ពួក​អេប្រា‌អិម ហើយ​ដូច​សិង្ហ​ស្ទាវ​ដល់​ពួក​វង្ស​យូដា អញ គឺ​អញ​នេះ​ហើយ នឹង​ហែក​គេ រួច​ចេញ​ទៅ​បាត់ អញ​នឹង​ពាំ​យក​គេ​ទៅ ឥត​មាន​អ្នក​ណា​ជួយ​ឲ្យ​រួច​បាន​ឡើយ
15 អញ​នឹង​វិល​ត្រឡប់​ទៅ​ឯ​ទី​កន្លែង​របស់​អញ ទាល់​តែ​គេ​បាន​ទទួល​ស្គាល់​ទោស​របស់​ខ្លួន ហើយ​ស្វែង​រក​មុខ​អញ​វិញ កាល​ណា​គេ​មាន​សេចក្ដី​វេទនា នោះ​គេ​នឹង​ស្វែង​រក​អញ​យ៉ាង​ស្រវា‌ស្រទេញ។


ជំពូក 6

1 ចូរ​មក យើង​វិល​ត្រឡប់​ទៅ​ឯ​ព្រះ‌យេហូវ៉ា​ចុះ ដ្បិត​ទ្រង់​បាន​ហែក‌ហួរ​យើង​ហើយ ទ្រង់​ក៏​នឹង​ប្រោស​ឲ្យ​ជា​ផង ទ្រង់​បាន​វាយ​ឲ្យ​របួស ហើយ​ទ្រង់​នឹង​រុំ​បិទ​វិញ
2 នៅ​តែ​២​ថ្ងៃ នោះ​ទ្រង់​នឹង​ប្រោស​ឲ្យ​យើង​រាល់​គ្នា​បាន​រស់​ហើយ លុះ​ដល់​ថ្ងៃ​ទី​៣ ទ្រង់​នឹង​ឲ្យ​យើង​ក្រោក​ឡើង នោះ​យើង​នឹង​រស់​នៅ​ចំពោះ​ព្រះ‌‌ភ័ក្ត្រ​ទ្រង់
3 ចូរ​ឲ្យ​យើង​បាន​ស្គាល់​ព្រះ‌យេហូវ៉ា​ចុះ ហើយ​មាន​ព្យាយាម​នឹង​ស្គាល់​ទ្រង់​ត​ទៅ ឯ​ដំណើរ​ដែល​ទ្រង់​យាង​ចេញ​មក នោះ​ទៀង​ដូច​ជា​អរុណរៈ ហើយ​ទ្រង់​នឹង​យាង​មក​ឯ​យើង​រាល់​គ្នា ដូច​ជា​ទឹក​ភ្លៀង គឺ​ដូច​ជា​ភ្លៀង​ចុង​រដូវ ដែល​តែង​តែ​ស្រោច‌ស្រព​ផែនដី។
4 ឱ​អេប្រា‌អិម​អើយ តើ​គួរ​ឲ្យ​អញ​ប្រោស​ដល់​ឯង​ជា​យ៉ាង​ណា ឱ​យូដា​អើយ តើ​គួរ​ឲ្យ​អញ​ប្រោស​ដល់​ឯង​ជា​យ៉ាង​ណា ដ្បិត​សេចក្ដី​សប្បុរស​របស់​ឯង នោះ​ប្រៀប​ដូច​ជា​ពពក​នៅ​ពេល​ព្រលឹម ហើយ​ដូច​ជា​ទឹក​សន្សើម​ដែល​បាត់​ទៅ​យ៉ាង​បន្ទាន់
5 ដោយ​ហេតុ​នោះ អញ​បាន​កាប់​គេ ដោយ‌សារ​ពួក​ហោរា ហើយ​បាន​សម្លាប់​គេ ដោយ​ពាក្យ​ពី​មាត់​អញ ឯ​សេចក្ដី​វិនិច្ឆ័យ​របស់​អញ នោះ​ប្រៀប​ដូច​ជា​ពន្លឺ​ដែល​ចាំង​មក
6 ដ្បិត​អញ​ពេញ​ចិត្ត​ចំពោះ​សេចក្ដី​សប្បុរស មិន​មែន​ចំពោះ​យញ្ញ‌បូជា​ទេ ហើយ​ពេញ​ចិត្ត​ចំពោះ​ការ​ស្គាល់​ព្រះ ជា​ជាង​ការ​ថ្វាយ​តង្វាយ​ដុត​ទៅ​ទៀត
7 ប៉ុន្តែ គេ​បាន​ប្រព្រឹត្ត​ដូច​ជា​មនុស្ស​ល្មើស គឺ​បាន​កន្លង​នឹង​សេចក្ដី​សញ្ញា គេ​បាន​ក្បត់​នឹង​អញ​ក្នុង​សេចក្ដី​នោះ​ឯង
8 កា​ឡាត​ជា​ទី​ក្រុង​របស់​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត គឺ​ត្រូវ​ប្រឡាក់​ដោយ​ឈាម​ហើយ
9 ពួក​ចោរ​ឃ្លាំ​ចាំ​ប្លន់​មនុស្ស​ជា​យ៉ាង​ណា ពួក​សង្ឃ​ក៏​កាប់​សម្លាប់​មនុស្ស​តាម​ផ្លូវ​ទៅ​ឯ​ស៊ីគែម​ដូច្នោះ​ដែរ អើ គេ​បាន​ប្រព្រឹត្ត​បទ​ដ៏​អាក្រក់​ណាស់​ផង
10 អញ​បាន​ឃើញ​ការ​យ៉ាង​សម្បើម នៅ​ក្នុង​ពួក​វង្ស​អ៊ីស្រា‌អែល គឺ​មាន​ការ​កំផិត​របស់​ពួក​អេប្រា‌អិម ឯ​អ៊ីស្រា‌អែល​ក៏​បាន​ស្មោក‌គ្រោក​ដែរ
11 មួយ​ទៀត ឱ​យូដា​អើយ មាន​ការ​ចម្រូូត​តម្រូវ​មក​លើ​ឯង​ដែរ ក្នុង​កាល​ដែល​អញ​នាំ​ពួក​ឈ្លើយ​ក្នុង​រាស្ត្រ​អញ​ឲ្យ​មក​វិញ។


ជំពូក 7

1 កាល​អញ​ចង់​ប្រោស​ពួក​អ៊ីស្រា‌អែល​ឲ្យ​ជា នោះ​សេចក្ដី​ទុច្ចរិត​របស់​អេប្រា‌អិម និង​អំពើ​អាក្រក់​របស់​សាម៉ារី​បាន​លេច​មក​ឲ្យ​ឃើញ ដ្បិត​គេ​បាន​ប្រព្រឹត្ត​សេចក្ដី​កំភូត មាន​ចោរ​លួច​ចូល​មក​នៅ​ខាង​ក្នុង ហើយ​មាន​ចោរ​ប្លន់​រឹប​ជាន់​ខាង​ក្រៅ
2 គេ​ក៏​មិន​ពិចារណា​ក្នុង​ចិត្ត​ថា អញ​នឹក​ចាំ​អស់​ទាំង​អំពើ​អាក្រក់​របស់​គេ​នោះ​ទេ ឥឡូវ​នេះ អំពើ​របស់​គេ​បាន​ឡោម‌ព័ទ្ធ​គេ​ហើយ ក៏​នៅ​ចំពោះ​មុខ​អញ​ផង
3 គេ​នាំ​ឲ្យ​ស្តេច​បាន​រីក‌រាយ ដោយ​អំពើ​អាក្រក់​របស់​ខ្លួន ហើយ​ពួក​ចៅ‌ហ្វាយ​ផង ដោយ​សេចក្ដី​ភូត‌ភរ​របស់​ខ្លួន​ដែរ
4 គេ​សុទ្ធ​តែ​ជា​ពួក​កំផិត​ទទេ គេ​ប្រៀប​ដូច​ជា​ឡ​ដែល​អ្នក​ធ្វើ​នំបុ័ង​បាន​ដុត​ឲ្យ​ក្តៅ​ហើយ គាត់​លែង​វាច​ភ្លើង​ចាប់​តាំង​ពី​វេលា​ដែល​ច្របាច់​ម្សៅ ដរាប​ដល់​បាន​ដោរ​ឡើង
5 នៅ​ថ្ងៃ​ចម្រើន​ព្រះ‌ជន្ម​ស្តេច​នៃ​យើង​រាល់​គ្នា នោះ​ពួក​ចៅ‌ហ្វាយ​បាន​ធ្វើ​ខ្លួន​ឈឺ ដោយ​កំដៅ​នៃ​ស្រា​ទំពាំង‌បាយ‌ជូរ ស្តេច​ក៏​ចូល​ដៃ​ទៅ​ជា​មួយ​នឹង​ពួក​ឡក‌ឡឺយ
6 ដ្បិត​គេ​បាន​រៀប‌ចំ​ចិត្ត​ដូច​ជា​ឡ​ហើយ កំពុង​ដែល​គេ​ចាំ​យាម នោះ​អ្នក​ដុត​នំបុ័ង​របស់​គេ​ក៏​ដេក​លក់​ទាល់​ភ្លឺ លុះ​ព្រឹក​ហើយ នោះ​ក៏​ឆេះ​ធ្លោ​ឡើង
7 គេ​សុទ្ធ​តែ​ក្តៅ​ដូច​ជា​ឡ គេ​ឆេះ​បន្សុស​ពួក​ចៅ‌ក្រម​គេ​ទៅ ឯ​ពួក​ស្តេច​របស់​គេ​ក៏​បាន​ដួល​អស់​ហើយ ក្នុង​ពួក​គេ​ឥត​មាន​អ្នក​ណា​មួយ​ដែល​អំពាវ‌នាវ​ដល់​អញ​ឡើយ។
8 ចំណែក​អេប្រា‌អិម គាត់​លាយ​ខ្លួន​នឹង​សាសន៍​ដទៃ​អេប្រា‌អិម​ជា​នំ​ដែល​មិន​បាន​ប្រែ
9 ពួក​ដទៃ​បាន​បង្ហិន​កម្លាំង​គាត់​ទៅ តែ​គាត់​មិន​ដឹង​ខ្លួន​ទេ អើ មាន​សក់​ស្កូវ​ល្បាយ​នៅ​លើ​ក្បាល តែ​គាត់​ឥត​ដឹង​សោះ
10 ហើយ​សេចក្ដី​អំនួត​របស់​អ៊ីស្រា‌អែល​ក៏​តែង​តែ​ធ្វើ​បន្ទាល់​ទាស់​នឹង​គាត់ ទោះ​បើ​កើត​មាន​ដូច្នោះ​ក៏​ដោយ គង់​តែ​គេ​មិន​បាន​វិល​ត្រឡប់​មក​ឯ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ខ្លួន​ទេ ក៏​មិន​បាន​ស្វែង​រក​ទ្រង់​ផង
11 អេប្រា‌អិម​ក៏​ដូច​ជា​ព្រាប‌អាប់​ឥត​ប្រាជ្ញា ហើយ​ឥត​យោបល់ គេ​ហៅ​រក​សាសន៍​អេស៊ីព្ទ តែ​គេ​ទៅ​ឯ​ស្រុក​អាសស៊ើរ​វិញ
12 កាល​ណា​គេ​ទៅ នោះ​អញ​នឹង​លាត‌មង​អញ​គ្រប​លើ​គេ អញ​នឹង​ទម្លាក់​គេ​ចុះ​មក​ដូច​ជា​សត្វ​ហើរ​លើ​អាកាស ក៏​នឹង​វាយ‌ផ្ចាល​គេ ដូច​ជា​ពួក​ជំនុំ​គេ​បាន​ឮ​ហើយ
13 វេទនា​ដល់​គេ ដ្បិត​គេ​បាន​សាត់​ព្រាត់​ឆ្ងាយ​ពី​អញ សូម​ឲ្យ​គេ​ត្រូវ​បំផ្លាញ​ចុះ ដ្បិត​គេ​បាន​រំលង​ទាស់​នឹង​អញ​ហើយ ទោះ​បើ​អញ​ចង់​លោះ​គេ​ក៏​ដោយ គង់​តែ​គេ​បាន​ពោល​ពាក្យ​ភូត‌ភរ​ទាស់​នឹង​អញ​ដែរ
14 គេ​មិន​បាន​អំពាវ‌នាវ​ដល់​អញ​ដោយ​ស្មោះ​ពី​ចិត្ត​ទេ គឺ​បាន​ស្រែក​ទ្រហោ​នៅ​លើ​ដំណេក​គេ​វិញ គេ​ប្រជុំ​គ្នា​ឲ្យ​បាន​ស្រូវ និង​ទឹក​ទំពាំង‌បាយ‌ជូរ តែ​គេ​បះ‌បោរ​នឹង​អញ​វិញ
15 ទោះ​បើ​អញ​បាន​វាយ‌ផ្ចាល ឬ​ចម្រើន​កម្លាំង​ដៃ​គេ​ក្តី គង់​តែ​គេ​បង្កើត​ការ​កំណាច​ទាស់​នឹង​អញ​ដែរ
16 គេ​ត្រឡប់​មក តែ​មិន​មែន​មក​ឯ​ព្រះ​ដ៏​ខ្ពស់​បំផុត​ទេ គេ​ប្រៀប​ដូច​ជា​ធ្នូ​ដែល​បាញ់​ទៅ​មិន​ត្រង់ ពួក​ចៅ‌ហ្វាយ​របស់​គេ​នឹង​ត្រូវ​ដួល​ដោយ​ដាវ ដោយ​ព្រោះ​មោហ៍​គ្រប​នៃ​អណ្តាត​របស់​ខ្លួន នេះ​ឯង​បាន​ជា​ទី​មើល‌ងាយ​ដល់​គេ នៅ​ក្នុង​ស្រុក​អេស៊ីព្ទ។


ជំពូក 8

1 ចូរ​ផ្អឹប​ត្រែ​នៅ​មាត់​ឯង​ចុះ គេ​មក​ទាស់​នឹង​លំនៅ​នៃ​ព្រះ‌យេហូវ៉ា ដូច​ជា​ឥន្ទ្រី ពី​ព្រោះ​ពួក​អ៊ីស្រា‌អែល​បាន​ក្បត់​សញ្ញា​របស់​អញ ហើយ​បាន​រំលង​ច្បាប់​អញ​ផង
2 គេ​នឹង​អំពាវ‌នាវ​មក​រក​អញ​ថា ឱ​ព្រះ​នៃ​ខ្ញុំ​អើយ អ៊ីស្រា‌អែល​យើង​ស្គាល់​ទ្រង់​ដែរ
3 តែ​អ៊ីស្រា‌អែល​បាន​លះ‌បង់​ចោល​សេចក្ដី​ដែល​ល្អ​ហើយ ពួក​ខ្មាំង​សត្រូវ​នឹង​ដេញ​តាម​គេ
4 គេ​បាន​តាំង​ស្តេច​ផ្សេងៗ​ឡើង តែ​មិន​មែន​ដោយ‌សារ​អញ​ទេ ក៏​បាន​តាំង​ចៅ‌ហ្វាយ​ឡើង តែ​អញ​មិន​បាន​ដឹង​ឡើយ គេ​បាន​យក​ប្រាក់ និង​មាស​របស់​ខ្លួន​ធ្វើ​ជា​រូប​ព្រះ ជា​ការ​ដែល​នាំ​ឲ្យ​គេ​ត្រូវ​កាត់​ចេញ
5 ឱ​សាម៉ារី​អើយ រូប​កូន​គោ​របស់​ឯង​បាន​ត្រូវ​ចោល​ចេញ​ហើយ សេចក្ដី​កំហឹង​របស់​អញ​បាន​ឆួល​ឡើង​ទាស់​នឹង​វា តើ​ដល់​កាល​ណា​ទើប​គេ​ជ្រះ​ស្អាត​វិញ
6 ដ្បិត​រូប​កូន​គោ​នោះ​កើត​នៅ​ស្រុក​អ៊ីស្រា‌អែល គឺ​ពួក​ជាង​ដែល​បង្កើត​វា​ឡើង វា​មិន​មែន​ជា​ព្រះ​ទេ អើ រូប​កូន​គោ​របស់​សាម៉ារី នឹង​ត្រូវ​បំបែក​ខ្ទេច‌ខ្ទី​ទៅ
7 ដ្បិត​គេ​បាន​សាប‌ព្រោះ​ជា​ខ្យល់ ហើយ​និង​ច្រូត​កាត់​បាន​ជា​ខ្យល់​គួច​វិញ ឥត​មាន​ដើម​ស្រូវ​សោះ ក៏​គ្មាន​គ្រាប់​ល្មម​នឹង​កិន​ធ្វើ​ជា​ម្សៅ​បាន​ផង ឬ​បើ​កើត​មាន​ផល​ដែរ នោះ​មនុស្ស​ដទៃ​នឹង​លេប​បាត់​ទៅ។
8 អ៊ីស្រា‌អែល​ត្រូវ​លេប​បាត់​ហើយ ឥឡូវ​នេះ គេ​នៅ​កណ្តាល​ពួក​សាសន៍​ទាំង​ប៉ុន្មាន ទុក​ដូច​ជា​ភាជនៈ ដែល​ឥត​មាន​អ្នក​ណា​ចូល​ចិត្ត​សោះ
9 ដ្បិត​គេ​បាន​ឡើង​ទៅ​ឯ​ស្រុក​អាសស៊ើរ ដូច​ជា​លា​ព្រៃ​ដែល​នៅ​តែ​ឯង អេប្រា‌អិម​បាន​ជួល​ពួក​សហាយ
10 អើ ទោះ​បើ​គេ​ជូន​សំណូក​ដល់​សាសន៍​ដទៃ​ក៏​ដោយ គង់​តែ​អញ​នឹង​ប្រមូល​ពួក​ទាំង​នោះ​មក​ដែរ ហើយ​គេ​នឹង​ត្រូវ​អន់​ថយ​ទៅ ដោយ​ព្រោះ​បន្ទុក​របស់​ស្តេច​នៃ​អស់​ទាំង​ព្រះ‌អម្ចាស់។
11 ហេតុ​ដោយ​ព្រោះ​អេប្រា‌អិម​បាន​ចម្រើន​អាសនៈ​ជា​ច្រើន​ឡើង​សម្រាប់​ធ្វើ​បាប បាន​ជា​គេ​រាប់​អាសនៈ​ទាំង​អស់​ទុក​ជា​ទី​សម្រាប់​ធ្វើ​បាប​ដែរ
12 ទោះ​បើ​អញ​កត់​ទុក​អស់​ទាំង​មាត្រា​ក្នុង​ច្បាប់​របស់​អញ​ក៏​ដោយ គង់​តែ​គេ​នឹង​ប្រកាន់​ថា ជា​ច្បាប់​ដទៃ​វិញ
13 ឯ​ខាង​យញ្ញ‌បូជា ជា​តង្វាយ​ដែល​ត្រូវ​ថ្វាយ​ដល់​អញ នោះ​គេ​សម្លាប់​សត្វ​ទៅ ដើម្បី​តែ​ស៊ី​សាច់​ប៉ុណ្ណោះ តែ​ព្រះ‌យេហូវ៉ា​ទ្រង់​មិន​ទទួល​ទេ ទ្រង់​នឹង​នឹក​ចាំ​ពី​អំពើ​ទុច្ចរិត​របស់​គេ​ឥឡូវ ហើយ​តប​ស្នង​នឹង​អំពើ​បាប​របស់​គេ ឯ​គេ​នឹង​ត្រូវ​វិល​នៅ​ឯ​ស្រុក​អេស៊ីព្ទ​ទាំង​អស់​វិញ
14 ពី​ព្រោះ​អ៊ីស្រា‌អែល​បាន​ភ្លេច​ព្រះ​ដែល​បង្កើត​ខ្លួន​ទៅ ក៏​ស្អាង​វិហារ​ផ្សេងៗ​ឡើង ហើយ​ពួក​យូដា​បាន​សង់​ទី​ក្រុង​មាន​បន្ទាយ​កាន់​តែ​ច្រើន តែ​អញ​នឹង​ចាត់​ភ្លើង​ទៅ​លើ​ទី​ក្រុង​ទាំង​ប៉ុន្មាន​របស់​គេ ភ្លើង​នោះ​នឹង​ឆេះ​បន្សុស​អស់​ទាំង​ដំណាក់​របស់​គេ​ទៅ។


ជំពូក 9

1 ឱ​អ៊ីស្រា‌អែល​អើយ កុំ​ឲ្យ​រីក‌រាយ​ដោយ​ចិត្ត​អំណរ​ដូច​ជា​អស់​ទាំង​សាសន៍​ឡើយ ដ្បិត​ឯង​បាន​ប្រព្រឹត្ត​សេចក្ដី​កំផិត​ចាក​ចេញ​ពី​ព្រះ​របស់​ឯង​ហើយ ឯង​ពេញ​ចិត្ត​នឹង​ទទួល​រង្វាន់ នៅ​គ្រប់​ទាំង​ទី​លាន​ស្រូវ
2 ដូច្នេះ ទី​លាន​ស្រូវ និង​ធុង​ជាន់​ផ្លែ​ទំពាំង‌បាយ‌ជូរ នឹង​មិន​ចិញ្ចឹម​គេ​ទៀត ហើយ​ទឹក​ទំពាំង‌បាយ‌ជូរ​នឹង​ខាន​មាន​ទៅ
3 គេ​នឹង​លែង​អាស្រ័យ​នៅ​ក្នុង​ស្រុក​របស់​ព្រះ‌យេហូវ៉ា ឯ​អេប្រា‌អិម​នឹង​ត្រឡប់​ទៅ​ឯ​ស្រុក​អេស៊ីព្ទ ហើយ​គេ​នឹង​ស៊ី​អាហារ​ដែល​ស្មោក‌គ្រោក នៅ​ក្នុង​ស្រុក​អាសស៊ើរ
4 គេ​នឹង​លែង​ច្រួច​ស្រា​ទំពាំង‌បាយ‌ជូរ ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ក៏​មិន​បាន​ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ដល់​ទ្រង់​ដែរ អស់​ទាំង​យញ្ញ‌បូជា​របស់​គេ​នឹង​បាន​ដូច​ជា​នំបុ័ង​របស់​អ្នក​កាន់​ទុក្ខ​ដល់​គេ​វិញ អស់​អ្នក​ណា​ដែល​ស៊ី​ទៅ នឹង​ត្រូវ​ស្មោក‌គ្រោក​ហើយ នំបុ័ង​របស់​គេ​នឹង​បាន​សម្រាប់​តែ​ចម្អែត​ពោះ​គេ​ប៉ុណ្ណោះ គឺ​នឹង​មិន​ដែល​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ឡើយ
5 នៅ​ថ្ងៃ​ជំនុំ​មុត‌មាំ ហើយ​នៅ​ថ្ងៃ​បុណ្យ​នៃ​ព្រះ‌យេហូវ៉ា នោះ​តើ​ឯង​រាល់​គ្នា​នឹង​ធ្វើ​ដូច​ម្តេច
6 ដ្បិត​មើល គេ​បាន​ចេញ​ទៅ​រួច​ពី​ការ​បំផ្លាញ​ហើយ តែ​សាសន៍​អេស៊ីព្ទ​នឹង​កៀរ​ប្រមូល​គេ​ទុក ក្រុង​ណូព​នឹង​កប់​ខ្មោច​គេ ឯ​គ្រឿង​ប្រាក់​ដែល​គាប់​ចិត្ត​គេ នោះ​នឹង​ទៅ​ជា​របស់​ដើម​កន្ទេច‌អាល​វិញ ហើយ​បន្លា​នឹង​ដុះ​ក្នុង​ទី​លំនៅ​របស់​គេ
7 គ្រា​ស្នង​ទោស​បាន​មក​ដល់ គឺ​គ្រា​សង​សំណង​ដល់​គេ​បាន​មក​ហើយ ពួក​អ៊ីស្រា‌អែល​នឹង​ដឹង​ដែរ ឯ​ហោរា គេ​ឆ្កួត ហើយ​មនុស្ស​ដែល​មាន​និស្ស័យ​ខាង​វិញ្ញាណ​ក៏​លីលា តែ​ដោយ​ព្រោះ​អំពើ​ទុច្ចរិត​ដ៏​បរិបូណ៌​របស់​ឯង និង​សេចក្ដី​សំអប់​ដ៏​ជា​ខ្លាំង
8 អ្នក​ចាំ​យាម​របស់​អេប្រា‌អិម​បាន​នៅ​ជា​មួយ​នឹង​ព្រះ​នៃ​ខ្ញុំ តែ​ពួក​ហោរា​សុទ្ធ​តែ​ជា​លប់​សម្រាប់​ចាប់​សត្វ នៅ​គ្រប់​ទាំង​ផ្លូវ​របស់​គេ ហើយ​ជា​សេចក្ដី​សំអប់​នៅ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ​នៃ​ខ្លួន
9 គេ​បាន​បង្ខូច​ចិត្ត​គេ​ទៅ​យ៉ាង​ជ្រៅ ដូច​កាល​នៅ​គ្រា​គីបៀរ ទ្រង់​នឹង​នឹក​ចាំ​ពី​អំពើ​ទុច្ចរិត​របស់​គេ ហើយ​និង​តប​ស្នង​ចំពោះ​បាប​គេ​ដែរ។
10 អញ​បាន​ប្រទះ​នឹង​អ៊ីស្រា‌អែល ដូច​ជា​ប្រទះ​នឹង​ផ្លែ​ទំពាំង‌បាយ‌ជូរ​នៅ​ក្នុង​ទី​រហោ‌ស្ថាន អញ​បាន​ឃើញ​ពួក​អយ្យកោ​ឯង​រាល់​គ្នា ដូច​ជា​ផ្លែ​នៅ​ដើម​ល្វា​ដែល​ទុំ​មុន​គេ​នៅ​រដូវ​ជា​ដំបូង តែ​គេ​បាន​ទៅ​ដល់​បាល-ពេអរ ហើយ​បាន​ថ្វាយ​ខ្លួន​ដល់​រូប​ព្រះ​គួរ​ខ្មាស ក៏​ត្រឡប់​ជា​គួរ​ខ្ពើម​ឆ្អើម​ដូច​ជា​របស់​ដែល​គេ​ស្រឡាញ់​នោះ
11 ចំណែក​អេប្រា‌អិម សិរី‌ល្អ​របស់​គេ​នឹង​ហើរ​បាត់​ទៅ​ដូច​ជា​សត្វ​ស្លាប និង​ឥត​មាន​ការ​សម្រាល ឬ​មាន​ទំងន់ ឬ​ការ​ចាប់​ទុំ​ផ្ទៃ​ទៀត​ឡើយ
12 ហើយ​ទោះ​បើ​គេ​បី​បាច់​ចិញ្ចឹម​កូន​ឲ្យ​ធំ​ឡើង គង់​តែ​អញ​នឹង​បង្អត់​ទៅ ឲ្យ​ឥត​មាន​មនុស្ស​ណា​នៅ​សល់​សោះ អើ វេទនា​ដល់​គេ​ដែរ ក្នុង​កាល​ដែល​អញ​ចាក​ចេញ​ពី​គេ​ទៅ
13 ឯ​អេប្រា‌អិម​បាន​តាំង​នៅ​ក្នុង​ទី​គាប់​ចិត្ត ដូច​ជា​អញ​បាន​ឃើញ​ក្រុង​ទីរ៉ុស​ដែរ ប៉ុន្តែ អេប្រា‌អិម​នឹង​ត្រូវ​នាំ​កូន​ខ្លួន​ចេញ​មក​ឲ្យ​អ្នក​ដែល​កាប់​សម្លាប់​វិញ
14 ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ប្រទាន​ដល់​គេ តែ​ត្រូវ​ប្រទាន​អ្វី គឺ​ត្រូវ​ឲ្យ​គេ​មាន​ផ្ទៃ​ដែល​រលូត​កូន ហើយ​ដោះ​រីង​ស្ងួត
15 អស់​ទាំង​អំពើ​អាក្រក់​របស់​គេ​សុទ្ធ​តែ​នៅ​ត្រង់​គីលកាល ដ្បិត​គឺ​នៅ​ទី​នោះ​ដែល​អញ​បាន​ស្អប់​គេ អញ​នឹង​បណ្តេញ​គេ​ចេញ​ពី​ព្រះ‌វិហារ​របស់​អញ ដោយ​ព្រោះ​សេចក្ដី​អាក្រក់​នៃ​ការ​ដែល​គេ​ធ្វើ អញ​នឹង​មិន​ស្រឡាញ់​គេ​ត​ទៅ​ទៀត ពួក​ចៅ‌ហ្វាយ​របស់​គេ​សុទ្ធ​តែ​ជា​មនុស្ស​បះ‌បោរ
16 អេប្រា‌អិម​ត្រូវ​វាយ ហើយ​ឫស​របស់​គេ​បាន​ក្រៀម​ទៅ គេ​នឹង​មិន​បង្កើត​ផល​ទៀត​ឡើយ អើ ទោះ​បើ​គេ​បង្កើត​កូន​បាន​ដែរ គង់​តែ​អញ​នឹង​សម្លាប់​កូន​សំឡាញ់ ដែល​ចេញ​ពី​ផ្ទៃ​គេ​មក
17 ព្រះ​នៃ​ខ្ញុំ​ទ្រង់​នឹង​បោះ​គេ​ចោល ពី​ព្រោះ​គេ​មិន​បាន​ស្តាប់​តាម​ទ្រង់ នោះ​គេ​នឹង​បាន​ជា​មនុស្ស​សាត់​អណ្តែត នៅ​កណ្តាល​អស់​ទាំង​សាសន៍។


ជំពូក 10

1 អ៊ីស្រា‌អែល​ជា​ដើម​ទំពាំង‌បាយ‌ជូរ​ទ្រប‌ទ្រល់​ដែល​កើត​មាន​ផ្លែ គេ​មាន​ផល​កាន់​តែ​ច្រើន​ឡើង​យ៉ាង​ណា នោះ​ក៏​ចម្រើន​អាសនៈ​របស់​ខ្លួន​ជា​ច្រើន​ឡើង​យ៉ាង​នោះ​ដែរ ហើយ​ស្រុក​គេ​បាន​ល្អ​យ៉ាង​ណា នោះ​គេ​បាន​ធ្វើ​បង្គោល​គោរព​ឲ្យ​ល្អ​យ៉ាង​នោះ​ដែរ
2 ចិត្ត​គេ​ចែក​ជា​ពីរ​ហើយ គេ​នឹង​ត្រូវ​ឃើញ​ថា​មាន​ទោស​ឥឡូវ ទ្រង់​នឹង​វាយ​អស់​ទាំង​អាសនៈ​របស់​គេ ហើយ​បំផ្លាញ​បង្គោល​គោរព​របស់​គេ​បង់
3 ឥឡូវ​នេះ ពិត​ប្រាកដ​ជា​គេ​នឹង​ពោល​ថា យើង​គ្មាន​ស្តេច​ទេ ដ្បិត​យើង​មិន​បាន​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា តែ​បើ​មាន​ស្តេច​វិញ តើ​នឹង​មាន​ប្រយោជន៍​អ្វី​ដល់​យើង។
4 គេ​ពោល​ចេញ​តែ​ពាក្យ​ប៉ុណ្ណោះ ដោយ​ស្បថ​កុហក​ក្នុង​ការ​តាំង​សញ្ញា​គ្នា ហេតុ​នោះ មាន​ការ​វិនិច្ឆ័យ​ដុះ​ឡើង​ដូច​ជា​ដើម​ពុល តាម​គន្លង​ក្នុង​ចម្ការ
5 ឯ​ពួក​អ្នក​នៅ​ក្រុង​សាម៉ារី គេ​នឹង​ភ័យ​ស្លុត​ពី​ដំណើរ​រូប​កូន​គោ​ដែល​នៅ​បេត-អាវេន ដ្បិត​ពួក​ជន​ទាំង‌ឡាយ​នឹង​សោយ‌សោក​ព្រោះ​រូប​នោះ ព្រម​ទាំង​ពួក​សង្ឃ​ដែល​បាន​យក​រូប​នោះ​ជា​ទី​រីក‌រាយ​ចិត្ត​ផង ពី​ព្រោះ​សិរី‌ល្អ​របស់​រូប​នោះ​បាន​បាត់​ទៅ​ហើយ
6 គេ​នឹង​ដឹក‌នាំ​ទៅ​ឯ​ស្រុក​អាសស៊ើរ ទុក​ជា​តង្វាយ​ថ្វាយ​ដល់​ស្តេច​យ៉ារែប អេប្រា‌អិម​នឹង​ទទួល​តែ​សេចក្ដី​អាម៉ាស់​ខ្មាស ហើយ​អ៊ីស្រា‌អែល​នឹង​ត្រូវ​ខ្មាស​ចំពោះ​សេចក្ដី​ប្រឹក្សា​របស់​ខ្លួន
7 ចំណែក​ក្រុង​សាម៉ារី ស្តេច​គេ​បាន​សូន្យ​បាត់​ដូច​ជា​ពពុះ​នៅ​លើ​ទឹក
8 ឯ​ទី​ខ្ពស់​ទាំង​ប៉ុន្មាន​នៃ​ក្រុង​អាវេន គឺ​ជា​អំពើ​បាប​របស់​ពួក​អ៊ីស្រា‌អែល នោះ​នឹង​ត្រូវ​បំផ្លាញ ហើយ​មាន​បន្លា និង​អញ្ចាញ​ដុះ​ឡើង នៅ​លើ​អាសនៈ​របស់​គេ ហើយ​គេ​នឹង​និយាយ​ដល់​ភ្នំ​ធំ​ទាំង​ប៉ុន្មាន​ថា ចូរ​គ្រប​បាំង​យើង​រាល់​គ្នា​ចុះ ហើយ​ដល់​ភ្នំ​តូច​ទាំង​ប៉ុន្មាន​ថា ចូរ​ធ្លាក់​មក​លើ​យើង​ចុះ។
9 ឱ​អ៊ីស្រា‌អែល​អើយ ឯង​បាន​ប្រព្រឹត្ត​អំពើ​បាប​ចាប់​តាំង​ពី​គ្រា​ក្រុង​គីបៀរ​រៀង​មក នៅ​ទី​នោះ គេ​បាន​ឈរ​នឹង​នៅ នៅ​ត្រង់​គីបៀរ​នោះ ចម្បាំង​ទាស់​នឹង​មនុស្ស​ទុច្ចរិត​មិន​ទាន់​មក​លើ​គេ​នៅ​ឡើយ
10 កាល​ណា​អញ​ពេញ​ចិត្ត នោះ​អញ​នឹង​វាយ‌ផ្ចាល​គេ ហើយ​ជន​ទាំង​ប៉ុន្មាន​នឹង​មូល​គ្នា​ទាស់​នឹង​គេ ក្នុង​កាល​ដែល​គេ​បាន​ទឹម​នឹម​ជា​មួយ​នឹង​អំពើ​បាប​របស់​គេ​ទាំង​២​នោះ
11 អេប្រា‌អិម​ជា​គោ​ក្រមុំ​ថ្នឹក​ហើយ ដែល​ចូល​ចិត្ត​បញ្ជាន់​ស្រូវ តែ​អញ​បាន​បំពាក់​នឹម​ទៅ​លើក​ដ៏​ល្អ​របស់​គេ អញ​នឹង​ឲ្យ​ម្នាក់​ជិះ​លើ​អេប្រា‌អិម ឯ​យូដា​គេ​នឹង​ភ្ជួរ ហើយ​យ៉ាកុប​នឹង​រាស់។
12 ចូរ​សាប‌ព្រោះ​សម្រាប់​ខ្លួន​ដោយ​សុចរិត ហើយ​ច្រូត​កាត់​ដោយ​សេចក្ដី​សប្បុរស ចូរ​កំសុល​ដី​របស់​ឯង​រាល់​គ្នា​ឡើង ដ្បិត​ដល់​ពេល​ដែល​គួរ​ស្វែង​រក​ព្រះ‌យេហូវ៉ា ទាល់​តែ​ទ្រង់​យាង​មក​បង្អុរ ឲ្យ​ភ្លៀង​ជា​សេចក្ដី​សុចរិត​មក​លើ​ឯង​រាល់​គ្នា
13 ឯង​រាល់​គ្នា​បាន​ភ្ជួរ​ជា​អំពើ​អាក្រក់ ហើយ​បាន​ច្រូត​កាត់​ជា​សេចក្ដី​ទុច្ចរិត ឯង​រាល់​គ្នា​បាន​ស៊ី​ផល​នៃ​ការ​កុហក​ហើយ ដ្បិត​ឯង​បាន​ទុក​ចិត្ត​នឹង​ផ្លូវ​របស់​ខ្លួន ហើយ​និង​ចំនួន​ច្រើន​នៃ​មនុស្ស​ខ្លាំង​ពូកែ​របស់​ឯង
14 ហេតុ​នោះ នឹង​មាន​ការ​ជ្រួល‌ជ្រើម​កើត​ឡើង​ក្នុង​សាសន៍​ឯង អស់​ទាំង​បន្ទាយ​របស់​ឯង​នឹង​ត្រូវ​បំផ្លាញ ដូច​ជា​ស្តេច​សាលម៉ាន​បាន​បំផ្លាញ​ក្រុង​បេត-អើបេល ក្នុង​ថ្ងៃ​ចម្បាំង នៅ​គ្រា​នោះ​ទាំង​ម្តាយ និង​កូន​ផង ក៏​ត្រូវ​បោក​ខ្ទេច‌ខ្ទី​ជា​មួយ​គ្នា
15 ឯ​បេត-អែល និង​នាំ​ឲ្យ​ឯង​បាន​ដូច្នោះ​ដែរ ដោយ​ព្រោះ​អំពើ​អាក្រក់​ដ៏​ធំ​ក្រៃ‌លែង​របស់​ឯង គឺ​នៅ​ពេល​ព្រលឹម​ស្រាង នោះ​ស្តេច​អ៊ីស្រា‌អែល​នឹង​ត្រូវ​ផ្តាច់​ចេញ​អស់​ទៅ។


ជំពូក 11

1 ក្នុង​គ្រា​ដែល​អ៊ីស្រា‌អែល​នៅ​ក្មេង​នៅ​ឡើយ នោះ​អញ​បាន​ស្រឡាញ់​វា ក៏​បាន​ហៅ​កូន​អញ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក
2 ពួក​ហោរា​បាន​ហៅ​គេ​ជា​ច្រើន​ដង​ប៉ុណ្ណា នោះ​គេ​បាន​ឃ្លាត​ឆ្ងាយ​ទៅ​ប៉ុណ្ណោះ​ឯង គេ​បាន​ថ្វាយ​យញ្ញ‌បូជា​ដល់​អស់​ទាំង​ព្រះ​បាល ព្រម​ទាំង​ដុត​កំញាន​ថ្វាយ​ដល់​រូប​ឆ្លាក់​ផង
3 ប៉ុន្តែ គឺ​អញ​ដែល​បង្ហាត់​ឲ្យ​អេប្រា‌អិម​ចេះ​ដើរ ក៏​បាន​បី​គេ តែ​គេ​មិន​បាន​ដឹង​ថា គឺ​អញ​ដែល​មើល​គេ​ឲ្យ​ជា​ទេ
4 អញ​បាន​ទាញ​នាំ​គេ​ដោយ​ខ្សែ​ជា​សេចក្ដី​ទទូច​របស់​មនុស្ស គឺ​ដោយ​ចំណង​នៃ​សេចក្ដី​ស្រឡាញ់ អញ​បាន​ធ្វើ​ដល់​គេ ដូច​ជា​អ្នក​ដែល​លើក​បង្ហើប​នឹម នៅ​ក​គោ ហើយ​ដាក់​ស្មៅ​នៅ​មុខ​វា។
5 គេ​នឹង​មិន​វិល​ទៅ​ឯ​ស្រុក​អេស៊ីព្ទ​វិញ​ឡើយ គឺ​អ្នក​ស្រុក​អាសស៊ើរ​នឹង​ធ្វើ​ជា​ស្តេច​លើ​គេ ពី​ព្រោះ​គេ​មិន​ព្រម​ត្រឡប់​មក​ឯ​អញ​ទេ
6 ដូច្នេះ ដាវ​នឹង​ធ្លាក់​មក​លើ​ទី​ក្រុង​របស់​គេ ព្រម​ទាំង​បំផ្លាញ​អ្នក​ដ៏​ជា​កំពូល​អស់​ទៅ ហើយ​លេប​ពួក​គេ​បាត់​ផង ដោយ​ព្រោះ​ការ​ប្រឹក្សា​របស់​ខ្លួន​គេ
7 រាស្ត្រ​របស់​អញ គេ​តែង​តែ​រា​ថយ​ចេញ​ពី​អញ ទោះ​បើ​មាន​អ្នក​ណា​ហៅ​គេ​មក​ឯ​ព្រះ​ដ៏​ខ្ពស់​បំផុត​ក៏​ដោយ គង់​តែ​ឥត​មាន​អ្នក​ណា​មួយ​ព្រម​តម្កើង​ទ្រង់​ឡើយ។
8 ឱ​អេប្រា‌អិម​អើយ ធ្វើ​ដូច​ម្តេច​ឲ្យ​អញ​ចោល​ឯង​បាន ឱ​អ៊ីស្រា‌អែល​អើយ ធ្វើ​ដូច​ម្តេច​ឲ្យ​អញ​លះ‌បង់​ឯង​បាន អញ​នឹង​ធ្វើ​ដល់​ឯង ដូច​ជា​បាន​ធ្វើ​ដល់​ក្រុង​អាត់ម៉ា​យ៉ាង​ណា​បាន ឬ​ប្រព្រឹត្ត​នឹង​ឯង ដូច​ជា​បាន​ប្រព្រឹត្ត​នឹង​សេបោ​ដូច​ម្តេច​បាន ចិត្ត​របស់​អញ​បាន​ប្រែ‌ប្រួល​នៅ​ក្នុង​ខ្លួន សេចក្ដី​អាណិត‌អាសូរ​របស់​អញ​បាន​រំជួល​ឡើង​ជា​មួយ​គ្នា
9 អញ​នឹង​មិន​សម្រេច​តាម​សេចក្ដី​កំហឹង​ដ៏​សហ័ស​របស់​អញ​ទេ ក៏​មិន​វិល​មក​បំផ្លាញ​អេប្រា‌អិម​ដែរ ដ្បិត​អញ​នេះ​ជា​ព្រះ មិន​មែន​ជា​មនុស្ស​ទេ គឺ​ជា​ព្រះ​ដ៏​បរិសុទ្ធ​នៅ​កណ្តាល​ឯង​រាល់​គ្នា អញ​នឹង​មិន​មក​ដោយ​សេចក្ដី​ក្រោធ​ឡើយ
10 គេ​នឹង​ដើរ​ជាប់​តាម​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​បញ្ចេញ​ព្រះ‌សូរ‌សៀង​ដូច​ជា​សិង្ហ កាល​ណា​ទ្រង់​បញ្ចេញ​ព្រះ‌សូរ‌សៀង នោះ​ពួក​កូន​នឹង​រត់​មក​ពី​ទិស​ខាង​លិច​ទាំង​ញាប់‌ញ័រ
11 គេ​នឹង​មក​ទាំង​ញាប់‌ញ័រ​ដូច​ជា​សត្វ​ហើរ​មក​ពី​ស្រុក​អេស៊ីព្ទ ហើយ​មក​ពី​ស្រុក​អាសស៊ើរ​ដូច​ជា​ព្រាប នោះ​អញ​នឹង​ឲ្យ​គេ​អាស្រ័យ​នៅ​ក្នុង​ផ្ទះ​របស់​ខ្លួន នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។


ជំពូក 12

1 អេប្រា‌អិម​តែង​ឡោម‌ព័ទ្ធ​អញ ដោយ​សេចក្ដី​ភូត‌ភរ ហើយ​ពួក​វង្ស​អ៊ីស្រា‌អែល ដោយ​សេចក្ដី​ឆរ‌បោក​ដែរ ឯ​យូដា គេ​នៅ​តែ​មាន​អំណាច​ចំពោះ​ព្រះ​នៅ​ឡើយ ក៏​ស្មោះ‌ត្រង់​ចំពោះ​ព្រះ​ដ៏​បរិសុទ្ធ​ដែរ
2 អេប្រា‌អិម​ចិញ្ចឹម​ខ្លួន​ដោយ​ខ្យល់​ទទេ ក៏​ដេញ​តាម​ខ្យល់​ពី​ទិស​ខាង​កើត គេ​ចម្រើន​សេចក្ដី​ភូត‌ភរ និង​ការ​ខូច​បង់​ជានិច្ច គេ​តាំង​សញ្ញា​នឹង​ស្រុក​អាសស៊ើរ ហើយ​បញ្ជូន​ប្រេង​ទៅ​ឯ​ស្រុក​អេស៊ីព្ទ
3 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​រឿង​នឹង​យូដា​ដែរ ក៏​នឹង​ធ្វើ​ទោស​ដល់​យ៉ាកុប​តាម​អំពើ​ប្រព្រឹត្ត​របស់​គេ ព្រម​ទាំង​សង​គេ​តាម​កិរិយា​របស់​គេ​ផង
4 កាល​នៅ​ក្នុង​ផ្ទៃ​នៅ​ឡើយ នោះ​យ៉ាកុប​បាន​ចាប់​កែង‌ជើង​របស់​បង លុះ​កាល​មាន​វ័យ​ពេញ​កម្លាំង​ហើយ នោះ​ក៏​មាន​អំណាច​នៅ​ចំពោះ​ព្រះ​ដែរ
5 អើ ក៏​មាន​អំណាច​លើ​ទេវតា ហើយ​លោក​បាន​ឈ្នះ​ផង​លោក​បាន​យំ ហើយ​អង្វរ​ដល់​ទ្រង់ ក៏​ប្រទះ​ឃើញ​នៅ​ត្រង់​បេត-អែល នៅ​ទី​នោះ ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​មក​យើង​រាល់​គ្នា
6 គឺ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ «យេហូវ៉ា»នេះ ជា​នាម​ដ៏​ជា​ទី​រំឭក​ពី​ទ្រង់
7 ដូច្នេះ ចូរ​វិល​មក​ឯ​ព្រះ​នៃ​ឯង​វិញ​ចុះ ចូរ​កាន់​តាម​សេចក្ដី​សប្បុរស និង​សេចក្ដី​យុត្តិ‌ធម៌ ព្រម​ទាំង​រង់‌ចាំ​ព្រះ​នៃ​ឯង​ជានិច្ច​ផង។
8 ពួក​ឈ្នួញ​ទេ​តើ​ហ្ន៎ មាន​ជញ្ជីង​មិន​ត្រឹម‌ត្រូវ​កាន់​នៅ​ដៃ ក៏​ចូល​ចិត្ត​នឹង​ការ​កេង​បំបាត់​ផង
9 អេប្រា‌អិម​ពោល​ថា អញ​បាន​ត្រឡប់​ជា​អ្នក​មាន​ស្តុក‌ស្តម្ភ​ហើយ អញ​រក​បាន​ទ្រព្យ​សម្បត្តិ​យ៉ាង​ច្រើន តែ​ក្នុង​ការ​ទាំង​ប៉ុន្មាន​របស់​អញ នោះ​នឹង​ឥត​មាន​អ្នក​ណា​ឃើញ​អំពើ​ទុច្ចរិត ឬ​អំពើ​បាប​ណា​ឡើយ
10 ប៉ុន្តែ អញ​នេះ​ជា​ព្រះ‌យេហូវ៉ា គឺ​ជា​ព្រះ​នៃ​ឯង ចាប់​តាំង​ពី​នៅ​ស្រុក​អេស៊ីព្ទ​មក អញ​នឹង​ធ្វើ​ឲ្យ​ឯង​បាន​នៅ​ក្នុង​បារាំ​ម្តង​ទៀត ដូច​នៅ​គ្រា​បុណ្យ​មុត‌មាំ
11 អញ​បាន​និយាយ​ដោយ‌សារ​ពួក​ហោរា ហើយ​បាន​ចម្រើន​ការ​ជាក់‌ស្តែង​ឡើង ក៏​បាន​ប្រើ​សេចក្ដី​ប្រៀប‌ធៀប ដោយ‌សារ​ដៃ​នៃ​ពួក​ហោរា​ដែរ
12 ឯ​ស្រុក​កាឡាត​គេ​អាក្រក់​ទទេ ក៏​សុទ្ធ​តែ​ឥត​ប្រយោជន៍​ទាំង​អស់ នៅ​ត្រង់​គីលកាល គេ​ថ្វាយ​គោ​ជា​យញ្ញ‌បូជា អស់​ទាំង​អាសនៈ​របស់​គេ ប្រៀប​ដូច​ជា​ដុំ​ដី នៅ​ក្នុង​គន្លង​ស្រែ​ចម្ការ
13 ចំណែក​ឯ​យ៉ាកុប​លោក​បាន​រត់​ទៅ​ដល់​ស្រុក​អើរ៉ាម អ៊ីស្រា‌អែល​បាន​បម្រើ​គេ ឲ្យ​បាន​ប្រពន្ធ គឺ​បាន​ធ្វើ​ជា​អ្នក​គង្វាល​ឃ្វាល​ហ្វូង​ចៀម​ឲ្យ​បាន​ប្រពន្ធ​នោះ
14 ហើយ​ដោយ‌សារ​ហោរា​ម្នាក់ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​នាំ​ពួក​អ៊ីស្រា‌អែល​ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ ព្រម​ទាំង​ការ‌ពារ ដោយ‌សារ​ហោរា​ដែរ
15 តែ​អេប្រា‌អិម​បាន​បណ្តាល ឲ្យ​មាន​សេចក្ដី​ខ្ញាល់​យ៉ាង​គ្រោត‌គ្រាត ហេតុ​នោះ ឈាម​របស់​គេ​នឹង​នៅ​ជាប់​លើ​ខ្លួន​គេ ហើយ​ព្រះ‌អម្ចាស់​ទ្រង់​នឹង​តប​ស្នង​សេចក្ដី​ដំណៀល​របស់​គេ​ទៅ​លើ​គេ​វិញ។


ជំពូក 13

1 ពី​ដើម អេប្រា‌អិម​ពោល​ឡើង​កាល​ណា នោះ​មនុស្ស​ក៏​រន្ធត់​ញាប់‌ញ័រ គេ​បាន​តម្កើង​ខ្លួន​ឡើង ក្នុង​ពួក​អ៊ីស្រា‌អែល តែ​កាល​គេ​មាន​ទោស​ពី​ដំណើរ​ព្រះ​បាល នោះ​គេ​ត្រូវ​ស្លាប់​វិញ
2 ហើយ​ឥឡូវ​នេះ គេ​ធ្វើ​បាប​រឹត​តែ​ច្រើន​ឡើង​ជានិច្ច គេ​បាន​យក​ប្រាក់​របស់​គេ​សិត​ធ្វើ​ជា​រូប គឺ​ជា​រូប​ព្រះ​តាម​យោបល់​របស់​ខ្លួន សុទ្ធ​តែ​ជា​ស្នាដៃ​នៃ​ពួក​ជាង ហើយ​គេ​ប្រកាស​ពី​រូប​ទាំង​នោះ​ថា ចូរ​ឲ្យ​អស់​អ្នក​ដែល​ថ្វាយ​យញ្ញ‌បូជា មក​ថើប​រូប​កូន​គោ​នេះ​ចុះ
3 ហេតុ​ដូច្នោះ គេ​នឹង​បាន​ដូច​ជា​ពពក​នៅ​ពេល​ព្រលឹម ហើយ​ដូច​ជា​ទឹក​សន្សើម​ដែល​សូន្យ​បាត់​យ៉ាង​បន្ទាន់ គឺ​ដូច​ជា​អង្កាម​ដែល​ខ្យល់​កួច​ផាត់​ចេញ​ពី​លាន​ស្រូវ ហើយ​ដូច​ជា​ផ្សែង​ដែល​ហុយ​ចេញ​ពី​ជើង‌ក្រាន។
4 ទោះ​បើ​យ៉ាង​នោះ​ក៏​ដោយ គង់​តែ​អញ គឺ​ព្រះ‌យេហូវ៉ា អញ​ជា​ព្រះ​នៃ​ឯង ចាប់​តាំង​ពី​ស្រុក​អេស៊ីព្ទ​មក ហើយ​មិន​ត្រូវ​ឲ្យ​ឯង​ស្គាល់​ព្រះ​ឯ​ណា​ទៀត ក្រៅ​ពី​អញ​ឡើយ ក្រៅ​ពី​អញ គ្មាន​ព្រះ‌អង្គ​សង្គ្រោះ​ណា​មួយ​សោះ
5 អញ​បាន​ស្គាល់​ឯង កាល​នៅ​ទី​រហោ‌ស្ថាន គឺ​នៅ​ទី​ហួត‌ហែង
6 ឯង​បាន​ឆ្អែត តាម​សណ្ឋាន​នៃ​ទី​ឃ្វាល​របស់​ឯង លុះ​បាន​ឆ្អែត​ហើយ នោះ​ឯង​កើត​មាន​ចិត្ត​ប៉ោង​ឡើង គឺ​ហេតុ​នោះ​បាន​ជា​ឯង​ភ្លេច​អញ​ទៅ
7 ដូច្នេះ អញ​ដូច​ជា​សិង្ហ​ដល់​ឯង អញ​នឹង​លប​ចាំ​តាម​ផ្លូវ​ដូច​ជា​ខ្លា​រខិន
8 អញ​នឹង​សង្ខុញ​ចូល​ទៅ​លើ​ឯង ដូច​ជា​ខ្លា‌ឃ្មុំ​ដែល​ត្រូវ​ព្រាត់​ពី​កូន គឺ​អញ​នឹង​ហែក​ស្រោម​បេះ‌ដូង​ឯង​ចេញ នៅ​ទី​នោះ​នឹង​ត្របាក់​ស៊ី​ឯង​ទៅ ដូច​ជា​សិង្ហ​ញី ឯ​សត្វ​ព្រៃ​នឹង​ហែក​ឯង​ដែរ។
9 ឱ​អ៊ីស្រា‌អែល​អើយ សេចក្ដី​ដែល​នាំ​ឲ្យ​ឯង​ត្រូវ​វិនាស នោះ​គឺ​ជា​ដំណើរ​ដែល​ទាស់​ទទឹង​នឹង​អញ គឺ​ទាស់​នឹង​អ្នក​ដែល​ជួយ​សង្គ្រោះ​ឯង
10 ឥឡូវ​នេះ ស្តេច​ឯង​នៅ​ឯ​ណា ដើម្បី​ឲ្យ​គេ​ជួយ​សង្គ្រោះ​ឯង នៅ​គ្រប់​ទាំង​ទី​ក្រុង​របស់​ឯង​ផង និង​ពួក​ចៅ‌ក្រម​របស់​ឯង ដែល​ឯង​បាន​សូម​គេ​ថា សូម​ឲ្យ​យើង​មាន​ស្តេច និង​ពួក​ចៅហ្វាយ​ចុះ
11 អញ​បាន​ឲ្យ​ឯង​មាន​ស្តេច ដោយ​សេចក្ដី​កំហឹង​របស់​អញ ក៏​បាន​ដក​ស្តេច​នោះ​ចេញ ដោយ​សេចក្ដី​ក្រោធ​របស់​អញ​ដែរ
12 សេចក្ដី​ទុច្ចរិត​របស់​អេប្រា‌អិម​បាន​ខ្ចប់​ទុក​ហើយ ឯ​អំពើ​បាប​របស់​គេ​ក៏​បាន​សន្សំ​ទុក​ដែរ
13 គេ​នឹង​កើត​មាន​សេចក្ដី​ឈឺ​ចាប់ ដូច​ជា​ស្រី​កំពុង​ឈឺ​នឹង​សម្រាល​កូន គេ​ជា​កូន​ដែល​អាប់​ឥត​ប្រាជ្ញា ដ្បិត​ដល់​កំណត់​ហើយ នោះ​មិន​គួរ​ឲ្យ​នៅ​ជា​យូរ​ក្នុង​ទី​សម្រាល​កូន​ឡើយ
14 អញ​នឹង​ដោះ​គេ​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ក៏​នឹង​លោះ​គេ​ឲ្យ​រួច​ពី​សេចក្ដី​ស្លាប់​ដែរ ឱ​សេចក្ដី​ស្លាប់​អើយ ទុក្ខ​វេទនា​របស់​ឯង​នៅ​ឯ​ណា ឱ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​អើយ អំណាច​បំផ្លាញ​របស់​ឯង តើ​នៅ​ឯ​ណា ឯ​សេចក្ដី​ឈឺ​ចិត្ត​ខ្មាស​បាប នឹង​បាន​កំបាំង​ពី​ភ្នែក​អញ។
15 ទោះ​បើ​គេ​កើត​ផល​ជា​បរិបូរ នៅ​ក្នុង​ពួក​បង​ប្អូន​ក៏​ដោយ គង់​តែ​នឹង​មាន​ខ្យល់​ពី​ទិស​ខាង​កើត​បក់​មក គឺ​ជា​ខ្យល់​នៃ​ព្រះ‌យេហូវ៉ា ដែល​បក់​មក​ពី​ទី​រហោ‌ស្ថាន​ដែរ នោះ​ក្បាល​ទឹក​គេ​នឹង​រីង​ស្ងួត ហើយ​រន្ធ​ទឹក​របស់​គេ​នឹង​ហួត‌ហែង​ទៅ ខ្យល់​នោះ​នឹង​ធ្វើ​ទ្រព្យ​សម្បត្តិ ជា​ភាជនៈ​ដ៏​មាន​តម្លៃ​គ្រប់​មុខ​បាន​ទៅ​ជា​របឹប​ទាំង​អស់
16 ឯ​សាម៉ារី​នឹង​ត្រូវ​រង​ទ្រាំ​ទោស​របស់​ខ្លួន ពី​ព្រោះ​បាន​បះ‌បោរ​នឹង​ព្រះ​នៃ​ខ្លួន​គេ​នឹង​ដួល​ស្លាប់​ដោយ​ដាវ កូន​ខ្ចី​របស់​គេ​នឹង​ត្រូវ​បោក​ខ្ទេច‌ខ្ទី ហើយ​ពួក​ស្រីៗ​ដែល​មាន​ទំងន់​នឹង​ត្រូវ​វះ​ពោះ​ចោល។


ជំពូក 14

1 ឱ​អ៊ីស្រា‌អែល​អើយ ចូរ​វិល​មក​ឯ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​វិញ​ចុះ ដ្បិត​ឯង​បាន​ភ្លាត់​ដួល​ទៅ ដោយ​អំពើ​ទុច្ចរិត​របស់​ឯង 2ចូរ​ប្រុង​ប្រៀប​ពាក្យ​សំដី ហើយ​វិល​មក​ឯ​ព្រះ‌យេហូវ៉ា​ចុះ ត្រូវ​ឲ្យ​ទូល​ដល់​ទ្រង់​ថា សូម​លើក​អស់​ទាំង​អំពើ​ទុច្ចរិត​ចោល​ចេញ ហើយ​ទទួល​យើង​ខ្ញុំ​ដោយ​ព្រះ‌គុណ យ៉ាង​នោះ យើង​ខ្ញុំ​នឹង​ថ្វាយ​តង្វាយ​នៃ​បបូរ​មាត់​យើង​ខ្ញុំ ជំនួស​គោ​ឈ្មោល​ដែល​សម្រាប់​យញ្ញ‌បូជា 3ស្រុក​អាសស៊ើរ​នឹង​ជួយ​សង្គ្រោះ​យើង​ខ្ញុំ​មិន​បាន យើង​ខ្ញុំ​មិន​ព្រម​ជិះ​សេះ​ទេ ក៏​មិន​ពោល​ដល់​ស្នាដៃ​របស់​យើង​ខ្ញុំ​ទៀត​ថា លោក​ជា​ព្រះ​នៃ​ខ្ញុំ​ដែរ ដ្បិត​នៅ​ក្នុង​ទ្រង់ ទើប​ពួក​កូន​កំព្រា​រក​បាន​សេចក្ដី​មេត្តា‌ករុណា​វិញ។ 4អញ​នឹង​កែ​ការ​រា‌ថយ​របស់​គេ​ឲ្យ​ជា ហើយ​អញ​នឹង​ស្រឡាញ់​គេ​ស្ម័គ្រ​ពី​ចិត្ត ដ្បិត​សេចក្ដី​កំហឹង​របស់​អញ​បាន​បែរ​ចេញ​ពី​គេ​ហើយ 5អញ​នឹង​បាន​ដូច​ទឹក​សន្សើម​ដល់​អ៊ីស្រា‌អែល គេ​នឹង​ផ្កា​ឡើង​ដូច​ជា​ផ្កា​ច័ន្ធូ ហើយ​ចាក់​ឫស​ទៅ​ដូច​ជា​ព្រៃ​ល្បាណូន 6មែក​គេ​នឹង​ត្រសាយ​ចេញ​ទៅ ឯ​លំអ​របស់​គេ​នឹង​បាន​ដូច​ជា​ដើម​អូលីវ ហើយ​និង​មាន​ក្លិន​ដូច​ជា​ព្រៃ​ល្បាណូន 7ពួក​អ្នក​ដែល​ធ្លាប់​នៅ​ក្រោម​ម្លប់ គេ​នឹង​វិល​មក​វិញ ហើយ​និង​លាស់​ឡើង​ថ្មី​ដូច​ជា​សំទូង ព្រម​ទាំង​ចេញ​ផ្កា​ដូច​ជា​ដើម​ទំពាំង‌បាយ‌ជូរ ដែល​មាន​ក្លិន​ដូច​ជា​ស្រា​ទំពាំង‌បាយ‌ជូរ មក​ពី​ភ្នំ​ល្បាណូន 8អេប្រា‌អិម​នឹង​ពោល​ថា តើ​ខ្ញុំ​ត្រូវ​ការ​អ្វី​ចំពោះ​រូប​ព្រះ​ទៀត នោះ​អញ​បាន​តប​ឆ្លើយ ហើយ​និង​ត្រួត‌ត្រា​មើល​គេ អញ​ប្រៀប​ដូច​ជា​ដើម​កកោះ​ខៀវ​ខ្ចី ឯង​នឹង​រក​បាន​ផល​របស់​ឯង​ពី​អញ។ 9តើ​មាន​អ្នក​ណា​ដែល​មាន​ប្រាជ្ញា​ឲ្យ​យល់​សេចក្ដី​ទាំង​នេះ​បាន ឬ​មាន​គំនិត​វាង‌វៃ​ឲ្យ​បាន​ស្គាល់​សេចក្ដី​ទាំង​នេះ​ផង ដ្បិត​អស់​ទាំង​ផ្លូវ​របស់​ព្រះ‌យេហូវ៉ា​សុទ្ធ​តែ​ទៀង​ត្រង់ ពួក​អ្នក​សុចរិត​នឹង​ដើរ​ក្នុង​ផ្លូវ​ទាំង​នោះ តែ​មនុស្ស​ទុច្ចរិត​នឹង​ចំពប់​ដួល​ក្នុង​ផ្លូវ​នោះ​វិញ។:៚