យ៉ូអែល

1 2 3


ជំពូក 1

1 នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដែល​បាន​មក​ដល់​យ៉ូអែល ជា​កូន​ពេធូ‌អែល។
2 ឱ​ពួក​ចាស់​ព្រឹទ្ធា‌ចារ្យ​ទាំង‌ឡាយ​អើយ ចូរ​ស្តាប់​ចុះ​ឱ​ពួក​អ្នក​ស្រុក​អើយ ចូរ​ផ្ទៀង​ត្រចៀក​ដែរ ការ​យ៉ាង​នេះ​ដែល​កើត​មាន​ក្នុង​គ្រា​របស់​អ្នក​រាល់​គ្នា ឬ​ក្នុង​ជំនាន់​នៃ​ឪពុក​អ្នក​រាល់​គ្នា​ដែរ​ឬ
3 ចូរ​ប្រាប់​ដល់​កូន​អ្នក​រាល់​គ្នា​ចុះ ហើយ​ឲ្យ​កូន​ប្រាប់​ដល់​ចៅ រួច​ឲ្យ​ចៅ​ប្រាប់​ដល់​ដំណ​ទៅ​មុខ​ទៀត​តៗ​ទៅ
4 គឺ​ថា របស់​អ្វី​ដែល​សល់​ពី​ក្រា នោះ​កណ្តូប​បាន​ស៊ី ហើយ​អ្វី​ដែល​សល់​ពី​កណ្តូប នោះ​ចង្រិត​បាន​កាត់ រួច​អ្វី​ដែល​សល់​ពី​ចង្រិត នោះ​ដង្កូវ​បាន​ស៊ី​ទៅ។
5 ម្នាល​ពួក​ប្រមឹក ចូរ​ភ្ញាក់​ឡើង ហើយ​យំ​ចុះ ឱ​ពួក​អ្នក​ដែល​ធ្លាប់​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ​អើយ ចូរ​ទ្រហោ​យំ​ចុះ ដោយ​នឹក​ស្តាយ​ទឹក​ទំពាំង‌បាយ‌ជូរ​ផ្អែម ដ្បិត​ត្រូវ​ដាច់​ពី​មាត់​អ្នក​រាល់​គ្នា​ហើយ
6 ពី​ព្រោះ​មាន​ជាតិ​១​ឡើង​មក​លើ​ស្រុក​អញ ជា​ជាតិ​ខ្លាំង​ពូកែ ហើយ​មាន​ច្រើន​ឥត​គណនា​វា​មាន​ធ្មេញ​ដូច​ជា​ធ្មេញ​សិង្ហ មាន​ថ្គាម​ជា​របស់​សិង្ហ​ញី
7 វា​បាន​បំផ្លាញ​ដើម​ទំពាំង‌បាយ‌ជូរ​របស់​អញ ក៏​បាន​ស៊ី​សំបក​ដើម​ល្វា​របស់​អញ ព្រម​ទាំង​ឲ្យ​នៅ​រលីង​ផង គឺ​បាន​ធ្វើ​ឲ្យ​មែក​ទាំង​អស់​ទៅ​ជា​ស​ទទេ។
8 ចូរ​សោក​ពិលាប ដូច​ជា​ស្រី​ក្រមុំ​ដែល​ស្លៀក‌ពាក់​សំពត់​ធ្មៃ​កាន់​ទុក្ខ​ប្ដី​ដែល​ដណ្តឹង​នាង​ពី​កាល​នៅ​ក្មេង
9 ឯ​តង្វាយ​ម្សៅ និង​តង្វាយ​ច្រួច នោះ​បាន​ផ្តាច់​ចេញ​ពី​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ហើយ ពួក​សង្ឃ​ដែល​ធ្វើ​ការ‌ងារ​ថ្វាយ​ព្រះ‌យេហូវ៉ា គេ​យំ​សោក
10 ស្រែ​ចម្ការ​ត្រូវ​ខូច​បង់ ហើយ​ស្រុក​កំពុង​សោយ‌សោក ដ្បិត​ស្រូវ​ត្រូវ​បំផ្លាញ​ហើយ ទឹក​ទំពាំង‌បាយ‌ជូរ​ថ្មី​បាន​ហួត​រីង ឯ​ប្រេង​ក៏​ខះ​ទៅ
11 ឱ​ពួក​អ្នក​ធ្វើ​ស្រែ​ចម្ការ​អើយ ចូរ​ស្រឡាំង‌កាំង​នៅ ហើយ​ពួក​អ្នក​ថែ​រក្សា​ចម្ការ​ទំពាំង‌បាយ‌ជូរ​អើយ ចូរ​ទ្រហោ​យំ​ចុះ ដោយ​ព្រោះ​ស្រូវ‌សាលី និង​ស្រូវ​ឱក ដ្បិត​ចម្រូូត​នៅ​ស្រែ​ចម្ការ​ខូច​អស់​ហើយ
12 ដើម​ទំពាំង‌បាយ‌ជូរ​បាន​ស្វិត​ក្រៀម ហើយ​ដើម​ល្វា​ក៏​រោយ‌រៀវ​ចុះ ឯ​ដើម​ទទឹម ដើម​លម៉ើ និង​ដើម​សារី គឺ​អស់​ទាំង​ដើម​ឈើ​នៅ​ចម្ការ បាន​ស្វិត​ក្រៀម​ទៅ អើ សេចក្ដី​អំណរ​ក៏​បាន​រៀវ​បាត់​ពី​មនុស្ស​លោក​ដែរ។
13 ឱ​ពួក​សង្ឃ​អើយ ចូរ​ក្រវាត់​ខ្លួន​ឡើង ហើយ​ទួញ​យំ​ចុះ ឱ​ពួក​អ្នក​ដែល​ធ្វើ​ការ‌ងារ​ចំពោះ​អាសនៈ​អើយ ចូរ​ទ្រហោ‌យំ​ទៅ ឱ​ពួក​អ្នក​ដែល​ធ្វើ​ការ‌ងារ​ថ្វាយ​ព្រះ​នៃ​ខ្ញុំ​អើយ ចូរ​មក​ដេក​គ្រលុំ​ខ្លួន​ដោយ​សំពត់​ធ្មៃ​អស់​១​យប់​ចុះ ដ្បិត​តង្វាយ​ម្សៅ និង​តង្វាយ​ច្រួច ត្រូវ​ឃាំង​នៅ មិន​ឲ្យ​ចូល​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ​របស់​អ្នក​រាល់​គ្នា​ឡើយ
14 ចូរ​ញែក​ពេល​ចេញ ដើម្បី​តម​អត់ ចូរ​ប្រកាស​ឲ្យ​មាន​ជំនុំ​មុត‌មាំ ត្រូវ​ឲ្យ​ប្រមូល​ពួក​ចាស់ៗ និង​ពួក​អ្នក​ស្រុក​ទាំង​អស់​ឲ្យ​មក​ឯ​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា រួច​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា​ទៅ។
15 វរ‌ហើយ​ថ្ងៃ​នោះ ដ្បិត​ថ្ងៃ​នៃ​ព្រះ‌យេហូវ៉ា​ជិត​ដល់​ហើយ ថ្ងៃ​នោះ​នឹង​មក​ដូច​ជា​ការ​បំផ្លាញ​ពី​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា
16 ឯ​អាហារ​តើ​មិន​បាន​ដាច់​ចេញ​ពី​ចំពោះ​ភ្នែក​យើង ព្រម​ទាំង​សេចក្ដី​អំណរ និង​សេចក្ដី​រីក‌រាយ ពី​ព្រះ‌វិហារ​របស់​ព្រះ​នៃ​យើង​ផង​ទេ​ឬ​អី
17 ឯ​ពូជ​ពង្រោះ​ក៏​ពុក‌រលួយ​នៅ​ក្រោម​បំណែក​ដី ជង្រុក​ទាំង​ប៉ុន្មាន​ក៏​នៅ​ទទេ ហើយ​ក្រង់​ស្រូវ​ក៏​រលំ​អស់​ហើយ ពី​ព្រោះ​ស្រូវ​បាន​ស្វិត​ក្រៀម​ទៅ
18 អើ​ហ្ន៎ សត្វ​ទាំង​ប៉ុន្មាន​ស្រែក​យំ​ស៊ាន ហ្វូង​គោ​ត្រូវ​ស្រឡាំង‌កាំង ដ្បិត​គ្មាន​ទី​គង្វាល​រក​ស៊ី​សោះ អើ​ទាំង​ហ្វូង​ចៀម​ក៏​ត្រូវ​វិនាស​ដែរ
19 ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​អំពាវ‌នាវ​ដល់​ទ្រង់ ដ្បិត​ភ្លើង​បាន​ឆេះ​វាល​ស្មៅ​នៅ​ទី​រហោ‌ស្ថាន ហើយ​អណ្តាត​ភ្លើង​បាន​ឆេះ​អស់​ទាំង​ដើម​ឈើ​នៅ​វាល​ដែរ
20 អើ សត្វ​នៅ​ដី​ទាំង​ប៉ុន្មាន​ក៏​ដង្ហក់​រក​ទ្រង់ ពី​ព្រោះ​អស់​ទាំង​ជ្រោះ​ទឹក​បាន​រីង​ស្ងួត​ទៅ ភ្លើង​ក៏​បាន​ឆេះ​វាល​ស្មៅ​នៅ​ទី​រហោ‌ស្ថាន​អស់​ហើយ។


ជំពូក 2

1 ចូរ​ផ្លុំ​ត្រែ​ឡើង​នៅ​ក្រុង​ស៊ីយ៉ូន ហើយ​ធ្វើ​សូរ​សញ្ញា​នៅ​លើ​ភ្នំ​បរិសុទ្ធ​របស់​អញ ត្រូវ​ឲ្យ​អ្នក​ស្រុក​ទាំង​អស់​ញាប់​ញ័រ ពី​ព្រោះ​ថ្ងៃ​នៃ​ព្រះ‌យេហូវ៉ា​កំពុង​តែ​មក ក៏​ជិត​ដល់​ហើយ
2 គឺ​ជា​ថ្ងៃ​ងងឹត ហើយ​មីរ​ស្រទំ ជា​ថ្ងៃ​មាន​ពពក​ហើយ​ងងឹត​យ៉ាង​ក្រាស់ មាន​ជាតិ​១​ធំ ហើយ​ខ្លាំង​ពូកែ​មក ដូច​ជា​ពន្លឺ​នៅ​ពេល​បំព្រាង​លាត​ផ្សាយ​ទៅ​នៅ​លើ​ភ្នំ មិន​ដែល​មាន​ឲ្យ​ដូច​ឡើយ ហើយ​ក្រោយ​គេ​ត​ទៅ ក៏​មិន​ត្រូវ​មាន​យ៉ាង​នោះ​ដែរ ដរាប​ដល់​ច្រើន​ដំណ​មនុស្ស​ត​រៀង​ទៅ
3 មាន​ភ្លើង​ឆេះ​បន្សុស​ពី​មុខ​គេ ហើយ​ខាង​ក្រោយ​គេ​ក៏​មាន​អណ្តាត​ភ្លើង​ឆេះ​ដែរ នៅ​មុខ​គេ ផែនដី​ប្រៀប​ដូច​ជា​សួន‌ច្បារ​អេដែន តែ​ខាង​ក្រោយ​គេ នោះ​បាន​ដូច​ជា​ទី​រហោ‌ស្ថាន​ដ៏​ស្ងាត់‌ច្រៀប​វិញ ឥត​មាន​អ្វី​រួច​ពី​គេ​ឡើយ។
4 ភាព​រូប​របស់​គេ​មើល​ទៅ​ដូច​ជា​សេះ គេ​ក៏​រត់​ដូច​ជា​សេះ​ចម្បាំង​ដែរ
5 គេ​កញ្ឆល​ឮ​សន្ធឹក ដូច​ជា​រទេះ​ចម្បាំង​នៅ​លើ​កំពូល​ភ្នំ​ទាំង​ប៉ុន្មាន គឺ​ដូច​ជា​សន្ធឹក​អណ្តាត​ភ្លើង​ដែល​ឆេះ​ជញ្ជ្រាំង ហើយ​ដូច​ជា​កង‌ទ័ព​យ៉ាង​ខ្លាំង​ពូកែ​ដែល​តំរៀប​គ្នា​ប្រុង​ចូល​ច្បាំង
6 អស់​ទាំង​សាសន៍​មាន​សេចក្ដី​បារម្ភ​ព្រួយ​នៅ​មុខ​គេ មុខ​មនុស្ស​ទាំង​អស់​ក៏​ស្លេក‌ស្លាំង​ទៅ
7 គេ​រត់​ដូច​ជា​មនុស្ស​ខ្លាំង​ពូកែ ក៏​ឡើង​កំផែង​ដូច​ជា​មនុស្ស​ថ្នឹក​ច្បាំង គ្រប់​គ្នា​ដើរ​ត្រង់​ទៅ​ខាង​មុខ ឥត​មាន​ណា​រា​បែក​ឡើយ
8 ក៏​គ្មាន​ណា​មួយ​ប្រជ្រៀត​គ្នា​នឹង​គ្នា​ដែរ គឺ​ទាំង​អស់​ដើរ​តាម​ជួរ​រៀង​ខ្លួន គេ​ទម្លុះ​ទម្លាយ​គ្រឿង​សស្ត្រា‌វុធ​ឥត​រុញ‌រា‌ថយ​ក្រោយ​ឡើយ
9 គេ​ផ្សាយ​ទៅ​ពេញ​ក្នុង​ទី​ក្រុង ក៏​រត់​នៅ​លើ​កំផែង ហើយ​ឡើង​ទៅ​លើ​ផ្ទះ​ទាំង​ប៉ុន្មាន គេ​ចូល​តាម​បង្អួច​ដូច‌ជា​ចោរ
10 ផែនដី​ក៏​កក្រើក​នៅ​មុខ​គេ ឯ​ផ្ទៃ​មេឃ​ក៏​ញ័រ​រន្ធត់ ព្រះ‌អាទិត្យ និង​ព្រះ‌ចន្ទ​ក៏​ងងឹត ហើយ​ផ្កាយ​ទាំង​ប៉ុន្មាន​លែង​ភ្លឺ​ទៅ
11 ព្រះ‌យេហូវ៉ា​ទ្រង់​បញ្ចេញ​ព្រះ‌សូរ‌សៀង នៅ​មុខ​ពល​ទ័ព​របស់​ទ្រង់ ដ្បិត​ទី​បោះ​ទ័ព​របស់​ទ្រង់​ធំ​ណាស់ ពី​ព្រោះ​អ្នក​ដែល​ធ្វើ​សម្រេច​តាម​ព្រះ‌បន្ទូល​ទ្រង់ នោះ​មាន​កម្លាំង​ខ្លាំង ដ្បិត​ថ្ងៃ​នៃ​ព្រះ‌យេហូវ៉ា​ធំ​ក្រៃ‌លែង ហើយ​គួរ​ស្ញែង​ខ្លាច​ណាស់ តើ​អ្នក​ណា​អាច​នឹង​ធន់​នៅ​បាន។
12 ព្រះ‌យេហូវ៉ា​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​ថា ទោះ​បើ​យ៉ាង​នោះ​ក៏​ដោយ ចូរ​ឲ្យ​ឯង​រាល់​គ្នា​វិល​មក​ឯ​អញ ឲ្យ​អស់​អំពី​ចិត្ត​ដោយ​តម​អត់ ហើយ​យំ​ពិលាប ព្រម​ទាំង​សៅ‌សោក​ឥឡូវ​នេះ​ចុះ
13 មិន​ត្រូវ​ឲ្យ​ហែក​អាវ​ខ្លួន​ទេ គឺ​ត្រូវ​ហែក​ចិត្ត​វិញ ហើយ​វិល​មក​ឯ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​ចុះ ដ្បិត​ទ្រង់​ប្រកប​ដោយ​ព្រះ‌គុណ និង​សេចក្ដី​មេត្តា‌ករុណា ទ្រង់​យឺត​នឹង​ខ្ញាល់ ហើយ​ក៏​មាន​សេចក្ដី​សប្បុរស​ជា​បរិបូរ ទ្រង់​មាន​ព្រះ‌ហឫទ័យ​ស្តាយ​ដោយ​ត្រូវ​វាយ‌ផ្ចាល​គេ​ដែរ
14 ឯ​ទ្រង់​ប្រហែល​នឹង​បែរ​ជា​មាន​ព្រះ‌ហឫទ័យ​ស្តាយ​ក្នុង​គ្រា​នេះ​ទេ​ដឹង ហើយ​ខាង​ក្រោយ​ទ្រង់​នឹង​មាន​ព្រះ‌ពរ​ដែរ គឺ​ឲ្យ​មាន​តង្វាយ​ម្សៅ និង​តង្វាយ​ច្រួច សម្រាប់​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​រាល់​គ្នា​ផង។
15 ចូរ​ផ្លុំ​ត្រែ​ឡើង​នៅ​ក្រុង​ស៊ីយ៉ូន ចូរ​ញែក​ពេល​ចេញ​សម្រាប់​តម​អត់ ចូរ​ប្រកាស​ឲ្យ​មាន​ជំនុំ​មុត‌មាំ​ចុះ
16 ត្រូវ​ឲ្យ​ប្រមូល​ពួក​ជន ហើយ​ញែក​ពួក​ជំនុំ​ចេញ​ជា​បរិសុទ្ធ ចូរ​ប្រជុំ​ពួក​ចាស់ៗ ហើយ​ប្រមូល​កូន​ក្មេង និង​កូន​ដែល​នៅ​បៅ​ដោះ ត្រូវ​ឲ្យ​ប្ដី​ថ្មោង‌ថ្មី​ចេញ​ពី​បន្ទប់​មក ហើយ​ប្រពន្ធ​ថ្មោង‌ថ្មី​ចេញ​ពី​វាំង‌នន​ដែរ
17 ត្រូវ​ឲ្យ​ពួក​សង្ឃ ជា​ពួក​អ្នក​ធ្វើ​ការ‌ងារ​ថ្វាយ​ព្រះ‌យេហូវ៉ា បាន​យំ​នៅ​ត្រង់​កណ្តាល​បាំង‌សាច និង​អាសនៈ ត្រូវ​ឲ្យ​គេ​ទូល​ថា ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​មេត្តា​ប្រណី​ដល់​រាស្ត្រ​ទ្រង់​ផង សូម​កុំ​ប្រគល់​មរដក​របស់​ទ្រង់​ទៅ​ឲ្យ​ត្រូវ​គេ​ត្មះ‌តិះដៀល ឲ្យ​ពួក​សាសន៍​ដទៃ​បាន​គ្រប់‌គ្រង​លើ​គេ​ឡើយ តើ​មាន​ទំនង​អ្វី​ឲ្យ​គេ​បាន​នៅ​កណ្តាល​អស់​ទាំង​សាសន៍​ថា តើ​ព្រះ​របស់​គេ​នៅ​ឯ​ណា។
18 នៅ​គ្រា​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​សេចក្ដី​ប្រចណ្ឌ​ចំពោះ​ស្រុក​របស់​ទ្រង់ ក៏​មាន​សេចក្ដី​អាណិត​មេត្តា​ដល់​រាស្ត្រ​ទ្រង់
19 ដូច្នេះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​តប​នឹង​រាស្ត្រ​ទ្រង់​ថា នែ អញ​នឹង​ផ្ញើ​ស្រូវ ទឹក​ទំពាំង‌បាយ‌ជូរ​ថ្មី និង​ប្រេង​ដល់​ឯង​រាល់​គ្នា ហើយ​ឯង​រាល់​គ្នា​នឹង​បាន​ស្កប់​ចិត្ត អញ​នឹង​មិន​ធ្វើ​ឲ្យ​ឯង​ជា​ទី​ត្មះ‌តិះដៀល នៅ​កណ្តាល​អស់​ទាំង​សាសន៍​ទៀត​ឡើយ
20 គឺ​អញ​នឹង​កំចាត់​ពល​ទ័ព​ពី​ទិស​ខាង​ជើង​ឲ្យ​ឆ្ងាយ​ចេញ​ពី​ឯង​ទៅ ហើយ​បណ្តេញ​គេ​ទៅ​ឯ​ស្រុក​១​ដែល​ហួត‌ហែង ហើយ​ស្ងាត់‌ច្រៀប មាន​ក្បាល​ទ័ព​បែរ​ទៅ​ឯ​សមុទ្រ​ខាង​កើត ហើយ​កន្ទុយ​ទ័ព​នៅ​ឯ​សមុទ្រ​ខាង​លិច ហើយ​ក្លិន​ស្អុយ​របស់​គេ​នឹង​សាយ​ឡើង ព្រម​ទាំង​ក្លិន​គំរង់​ផង ពី​ព្រោះ​គេ​បាន​ធ្វើ​ការ​យ៉ាង​សម្បើម។
21 ឱ​ស្រុក​អើយ កុំ​ឲ្យ​ភ័យ​ឡើយ ចូរ​មាន​សេចក្ដី​ត្រេក‌អរ ហើយ​រីក‌រាយ​ឡើង ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ធ្វើ​ការ​យ៉ាង​សម្បើម​ដែរ
22 ម្នាល​សត្វ​នៅ​ផែនដី​ទាំង‌ឡាយ កុំ​ខ្លាច​អ្វី ដ្បិត​វាល​ស្មៅ​នៅ​ទី​រហោ‌ស្ថាន​កំពុង​លូត‌លាស់​ឡើង ហើយ​ដើម​ឈើ​ទាំង​ប៉ុន្មាន​ក៏​កើត​ផល ឯ​ដើម​ល្វា និង​ដើម​ទំពាំង‌បាយ‌ជូរ​កំពុង​តែ​បញ្ចេញ​សម្បត្តិ​វា
23 ដូច្នេះ ពួក​កូន​ស្រុក​ក្រុង​ស៊ីយ៉ូន​អើយ ចូរ​អរ​សប្បាយ​ឡើង ចូរ​មាន​សេចក្ដី​រីក‌រាយ​ក្នុង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​ចុះ ពី​ព្រោះ​ទ្រង់​ប្រទាន​ភ្លៀង​ដំបូង​មក​តាម​ខ្នាត​ត្រឹម​ត្រូវ ទ្រង់​បង្អុរ​ឲ្យ​ភ្លៀង​ធ្លាក់​ចុះ​សម្រាប់​ឯង​រាល់​គ្នា គឺ​ជា​ភ្លៀង​ដើម និង​ភ្លៀង​ចុង​រដូវ ដូច​កាល​មុន
24 អស់​ទាំង​ទីលាន​នឹង​បាន​ពេញ​ដោយ​ស្រូវ‌សាលី ហើយ​ធុង​ទាំង​ប៉ុន្មាន​នឹង​ពេញ​ព្រៀប​ទៅ ដោយ​ទឹក​ទំពាំង‌បាយ‌ជូរ និង​ប្រេង
25 អញ​នឹង​សង​បំពេញ​ឆ្នាំ​ទាំង​ប៉ុន្មាន ដែល​ត្រូវ​ស៊ី​បង្ខូច ដោយ​កណ្តូប​ចង្រិត ដង្កូវ និង​ក្រា គឺ​ជា​កង‌ទ័ព​ធំ​របស់​អញ ដែល​អញ​បាន​ចាត់​ប្រើ​មក​កណ្តាល​ឯង​រាល់​គ្នា​នោះ
26 ឯង​រាល់​គ្នា​នឹង​បាន​ស៊ី​ជា​បរិបូរ ហើយ​បាន​ឆ្អែត​ផង ក៏​នឹង​សរសើរ​ដល់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​រាល់​គ្នា ដែល​ទ្រង់​បាន​ប្រព្រឹត្ត​នឹង​ឯង​យ៉ាង​អស្ចារ្យ រួច​រាស្ត្រ​អញ​នឹង​មិន​ត្រូវ​មាន​សេចក្ដី​ខ្មាស​ទៀត​ឡើយ
27 នោះ​ឯង​រាល់​គ្នា​នឹង​ដឹង​ថា អញ​ស្ថិត​នៅ​កណ្តាល​សាសន៍​អ៊ីស្រា‌អែល ហើយ​ថា អញ​នេះ គឺ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង​រាល់​គ្នា ឥត​មាន​ព្រះ​ណា​ដទៃ​ទៀត យ៉ាង​នោះ រាស្ត្រ​អញ​នឹង​មិន​ត្រូវ​មាន​សេចក្ដី​ខ្មាស​ទៀត​ឡើយ។
28 ក្រោយ​គ្រា​នោះ អញ​នឹង​ចាត់​វិញ្ញាណ​របស់​អញ​ទៅ​លើ​គ្រប់​ទាំង​មនុស្ស នោះ​កូន​ប្រុស​ស្រី​របស់​ឯង​នឹង​ទាយ ពួក​ចាស់ៗ​របស់​ឯង​នឹង​យល់‌សប្តិ​ឃើញ ហើយ​ពួក​កំលោះៗ​របស់​ឯង​នឹង​ឃើញ​ការ​ជាក់​ស្តែង
29 នៅ​គ្រា​នោះ អញ​នឹង​ចាត់​វិញ្ញាណ​របស់​អញ​ទៅ​លើ​ទាំង​ពួក​ទាសា​ទាសី​ដែរ
30 អញ​នឹង​សម្ដែង​ការ​អស្ចារ្យ​នៅ​លើ​មេឃ ហើយ​នៅ​ផែនដី​ផង គឺ​ជា​ឈាម និង​ភ្លើង ហើយ​និង​កំសួល​ផ្សែង
31 ព្រះ‌អាទិត្យ​នឹង​ប្រែ​ទៅ​ជា​ងងឹត ហើយ​ព្រះ‌ចន្ទ​នឹង​ទៅ​ជា​ឈាម មុន​ដែល​ថ្ងៃ​ធំ​គួរ​ស្ញែង​ខ្លាច​របស់​ព្រះ‌យេហូវ៉ា​បាន​មក​ដល់
32 នោះ​អស់​អ្នក​ដែល​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា​នឹង​បាន​ប្រោស​ឲ្យ​រួច ដ្បិត​នៅ​ភ្នំ​ស៊ីយ៉ូន ហើយ​នៅ​ក្រុង​យេរូ‌សាឡឹម នោះ​នឹង​មាន​សេចក្ដី​សង្គ្រោះ ដូច​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​ទុក​ហើយ​ក្នុង​ពួក​មនុស្ស​ដែល​សល់​នៅ នឹង​មាន​អ្នក​ខ្លះ​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ហៅ​ផង។


ជំពូក 3

1 ដ្បិត​មើល នៅ​គ្រា​នោះ គឺ​នៅ​វេលា​នោះ​ឯង កាល​អញ​បាន​នាំ​ពួក​យូដា ហើយ​ពួក​ក្រុង​យេរូ‌សាឡឹម ដែល​ជាប់​ជា​ឈ្លើយ​មក​វិញ
2 នោះ​អញ​នឹង​ប្រមូល​សាសន៍​ទាំង​អស់​នាំ​គេ​ចុះ​ទៅ​ក្នុង​ច្រក​ភ្នំ​យេហូ‌សា‌ផាត នៅ​ទី​នោះ អញ​នឹង​សម្រេច​តាម​សេចក្ដី​យុត្តិ‌ធម៌​ដល់​គេ ដោយ​ព្រោះ​រាស្ត្រ​អញ គឺ​អ៊ីស្រា‌អែល​ជា​មរដក​របស់​អញ ដែល​គេ​កម្ចាត់‌កម្ចាយ​ទៅ​នៅ​អស់​ទាំង​សាសន៍ ព្រម​ទាំង​បែង​ចែក​ស្រុក​របស់​អញ​ផង
3 គេ​បាន​បោះ​ឆ្នោត​ឲ្យ​បាន​រាស្ត្រ​អញ គេ​បាន​ដូរ​កូន​ប្រុស​១​ឲ្យ​បាន​ស្រី​សំផឹង​វិញ ហើយ​បាន​លក់​កូន​ស្រី​១​ឲ្យ​បាន​ស្រា​ទំពាំង‌បាយ‌ជូរ​សម្រាប់​ផឹក
4 ម្នាល​ក្រុង​ទីរ៉ុស ក្រុង​ស៊ីដូន និង​ក្រវល់​ស្រុក​ភីលីស្ទីន​អើយ តើ​ឯង​មាន​ការ​អ្វី​នឹង​អញ តើ​ឯង​រាល់​គ្នា​គិត​សង​បំណាច់​ដល់​អញ​ឬ បើ​ឯង​រាល់​គ្នា​សង​អញ នោះ​អញ​នឹង​ទម្លាក់​ទៅ​លើ​ក្បាល​ឯង​វិញ​ភ្លាម​១​រំពេច
5 ពី​ព្រោះ​ឯង​រាល់​គ្នា​បាន​យក​ប្រាក់ និង​មាស​របស់​អញ ដឹក‌នាំ​ប្រដាប់​វិសេស​របស់​អញ ទៅ​ទុក​នៅ​ក្នុង​វិហារ​របស់​ឯង
6 ក៏​បាន​លក់​ពួក​កូន​ចៅ​យូដា និង​កូន​ចៅ​ក្រុង​យេរូ‌សាឡឹម ឲ្យ​ដល់​ពួក​សាសន៍​ក្រេក ឲ្យ​គេ​បាន​នាំ​យក​ទៅ​ឯ​ទី​ឆ្ងាយ​ពី​ដែន​ស្រុក​របស់​ខ្លួន
7 មើល អញ​នឹង​ដាស់​គេ​ឡើង ឲ្យ​ចេញ​ពី​ទី​កន្លែង​ដែល​ឯង​បាន​លក់​គេ​ទៅ​នៅ​នោះ ហើយ​និង​សង​អំពើ​នោះ​ទៅ​លើ​ក្បាល​របស់​ឯង​រាល់​គ្នា​វិញ
8 អញ​នឹង​លក់​កូន​ប្រុស​កូន​ស្រី​របស់​ឯង​រាល់​គ្នា ទៅ​ក្នុង​កណ្តាប់​ដៃ នៃ​ពួក​កូន​ចៅ​យូដា​វិញ ពួក​នោះ​នឹង​លក់​វា​ទៅ​ឲ្យ​ពួក​សេបា គឺ​ដល់​សាសន៍១​ដែល​នៅ​ឆ្ងាយ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ចេញ​វាចា​ហើយ។
9 ចូរ​ប្រកាស​ប្រាប់​សេចក្ដី​នេះ នៅ​កណ្តាល​អស់​ទាំង​សាសន៍​ថា ចូរ​ត្រៀម​គ្នា​សម្រាប់​ចូល​ច្បាំង ត្រូវ​ឲ្យ​ដាស់​ពួក​ខ្លាំង​ពូកែ​ឡើង ចូរ​ឲ្យ​អស់​ទាំង​មនុស្ស​ថ្នឹក​ច្បាំង​ចូល​មក​ជិត ហើយ​ឡើង​មក​ចុះ
10 ចូរ​ដំ​ដែក​ផាល​របស់​ឯង​រាល់​គ្នា​ធ្វើ​ជា​ដាវ ហើយ​ដង្កាវ​របស់​ឯង​ធ្វើ​ជា​លំពែង​ទៅ ត្រូវ​ឲ្យ​អ្នក​ខ្សោយ​ពោល​ថា ខ្ញុំ​មាន​កម្លាំង​ដែរ
11 ម្នាល​សាសន៍​ទាំង‌ឡាយ​ដែល​នៅ​ព័ទ្ធ​ជុំវិញ​អើយ ចូរ​ប្រញាប់​មក​ប្រជុំ​គ្នា​ចុះ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​ឲ្យ​ពួក​ខ្លាំង​ពូកែ​របស់​ទ្រង់​ចុះ​ទៅ​ឯ​ទី​នោះ​ដែរ
12 ត្រូវ​ឲ្យ​សាសន៍​ទាំង​ប៉ុន្មាន​ភ្ញាក់​ឡើង ហើយ​មក​ឯ​ច្រក​ភ្នំ​យេហូ‌សា‌ផាត ដ្បិត​នៅ​ទី​នោះ អញ​នឹង​អង្គុយ​ជំនុំ​ជម្រះ​អស់​ទាំង​សាសន៍​ដែល​នៅ​ព័ទ្ធ​ជុំវិញ
13 ចូរ​លូក​កណ្តៀវ​ទៅ ដ្បិត​ចម្រូូត​ទុំ​ហើយ ចូរ​មក​ជាន់​ផ្លែ​ចុះ ដ្បិត​ធុង​សម្រាប់​ជាន់​បាន​ពោរ‌ពេញ ធុង​រង​ទឹក​ទាំង​ប៉ុន្មាន​ក៏​ពេញ​ហៀរ​ហើយ ពី​ព្រោះ​អំពើ​អាក្រក់​របស់​គេ​សម្បើម​ណាស់។
14 មាន​មនុស្ស​ទាំង​ហ្វូង អើ មាន​ទាំង​ហ្វូង​នៅ​ច្រក​ភ្នំ​នៃ​ការ​សម្រេច​ទោស ដ្បិត​ថ្ងៃ​នៃ​ព្រះ‌យេហូវ៉ា​ជិត​ដល់​ហើយ នៅ​ក្នុង​ច្រក​ភ្នំ​នៃ​ការ​សម្រេច​ទោស
15 ព្រះ‌អាទិត្យ និង​ព្រះ‌ចន្ទ​ក៏​ងងឹត​ទៅ ហើយ​ផ្កាយ​ទាំង​ប៉ុន្មាន​បាន​លែង​ភ្លឺ​ទៅ
16 ព្រះ‌យេហូវ៉ា​នឹង​ស្រែក​គ្រហឹម​ពី​ស៊ីយ៉ូន​មក ហើយ​បញ្ចេញ​ព្រះ‌សៀង​ពី​ក្រុង​យេរូ‌សាឡឹម នោះ​ទាំង​ផ្ទៃ​មេឃ ហើយ​ផែនដី នឹង​កក្រើក​រំពើក​ទៅ តែ​ព្រះ‌យេហូវ៉ា​នឹង​ធ្វើ​ជា​ទី​ពំនាក់​ដល់​រាស្ត្រ​ទ្រង់ ហើយ​ជា​ទី​មាំ‌មួន ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល
17 យ៉ាង​នោះ ឯង​រាល់​គ្នា​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា គឺ​ជា​ព្រះ​នៃ​ឯង​រាល់​គ្នា ដែល​គង់​នៅ​ស៊ីយ៉ូន ជា​ភ្នំ​បរិសុទ្ធ​របស់​អញ គ្រា​នោះ ក្រុង​យេរូ‌សាឡឹម​នឹង​បាន​បរិសុទ្ធ ឥត​មាន​អ្នក​ដទៃ​ណា​ដើរ​កាត់​ទៀត​ឡើយ។
18 នៅ​គ្រា​នោះ អស់​ទាំង​ភ្នំ​ធំ​នឹង​ស្រក់​ទឹក​ទំពាំង‌បាយ‌ជូរ​ផ្អែម​មក ហើយ​អស់​ទាំង​ភ្នំ​តូច​នឹង​ហូរ​ដោយ​ទឹក​ដោះ អស់​ទាំង​ជ្រោះ​នៅ​ស្រុក​យូដា​នឹង​មាន​ទឹក​ហូរ ហើយ​និង​មាន​ក្បាល​ទឹក​១ ហូរ​ចេញ​ពី​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា មក​ស្រោច‌ស្រព​ច្រក​ភ្នំ​ស៊ីទីម
19 ស្រុក​អេស៊ីព្ទ​នឹង​ត្រូវ​ស្ងាត់​ច្រៀប ហើយ​ស្រុក​អេដុម​នឹង​ទៅ​ជា​ទី​រហោ‌ស្ថាន ដោយ​ព្រោះ​ការ​ច្រឡោត​ដែល​បាន​ធ្វើ​ដល់​ពួក​កូន​ចៅ​យូដា ដ្បិត​គេ​បាន​កម្ចាយ​ឈាម​ឥត​ទោស​នៅ​ក្នុង​ស្រុក​គេ
20 ប៉ុន្តែ យូដា​នឹង​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប ហើយ​ក្រុង​យេរូ‌សាឡឹម​ដែរ នៅ​អស់​ទាំង​ដំណ​ត​រៀង​ទៅ
21 អញ​នឹង​លុប​ទោស​គេ​ចេញ គឺ​ទោស​ដែល​មិន​ទាន់​បាន​លុប​ចេញ​នៅ​ឡើយ​ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​គង់​នៅ​ក្រុង​ស៊ីយ៉ូន។:៚