អេម៉ុស

1 2 3 4 5 6 7 8 9


ជំពូក 1

1 នេះ​ជា​ពាក្យ​របស់​អេម៉ុស ជា​ម្នាក់​ក្នុង​ពួក​គង្វាល​នៅ​ត្កូអា គឺ​ជា​សេចក្ដី​ដែល​គាត់​បាន​ឃើញ ពី​ដំណើរ​ពួក​អ៊ីស្រា‌អែល​នៅ​ក្នុង​រាជ្យ​នៃ​អូសៀស ជា​ស្តេច​យូដា ហើយ​ក្នុង​រាជ្យ​នៃ​យេរ៉ូ‌បោម ជា​បុត្រ​យ៉ូអាស ស្តេច​អ៊ីស្រា‌អែល​គឺ​២​ឆ្នាំ​មុន​កក្រើក​ដី។
2 គាត់​ពោល​ថា ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ស្រែក​គ្រហឹម​ពី​ស៊ីយ៉ូន ហើយ​បញ្ចេញ​ព្រះ‌សូរ‌សៀង​ពី​ក្រុង​យេរូ‌សាឡឹម​មក នោះ​ទី​វាល​ស្មៅ​របស់​ពួក​អ្នក​គង្វាល​នឹង​សៅ‌សោក ហើយ​កំពូល​ភ្នំ​កើមែល​នឹង​ហែង​ទៅ។
3 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ដោយ​ព្រោះ​អំពើ​រំលង​ទាំង​៣​របស់​ក្រុង​ដាម៉ាស អើ ដោយ​ព្រោះ​៤​ផង នោះ​អញ​នឹង​មិន​ព្រម​លើក​ទោស​គេ​ចោល​ឡើយ ពី​ព្រោះ​គេ​បាន​បញ្ជាន់​ស្រុក​កាឡាត ដោយ​គ្រឿង​បញ្ជាន់​ធ្វើ​ពី​ដែក
4 អញ​នឹង​ចាត់​ប្រើ​ភ្លើង ឲ្យ​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​ហាសែល ភ្លើង​នោះ​នឹង​ឆេះ​ដំណាក់​របស់​បេន-ហាដាឌ​ទៅ
5 អញ​នឹង​បំបាក់​រនុក​ទ្វារ​របស់​ក្រុង​ដាម៉ាស ហើយ​កាត់​ពួក​អ្នក​នៅ​ច្រក​ភ្នំ​អាវេន​ចេញ ព្រម​ទាំង​អ្នក​ដែល​កាន់​ដំបង​រាជ្យ​របស់​បេត-អេដែន​ផង នោះ​ពួក​សាសន៍​ស៊ីរី​នឹង​ត្រូវ​ទៅ​ជា​ឈ្លើយ​ដល់​ស្រុក​គារ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។
6 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ដោយ​ព្រោះ​អំពើ​រំលង​ទាំង​៣​របស់​ក្រុង​កាសា អើ ដោយ​ព្រោះ​៤​ផង នោះ​អញ​នឹង​មិន​ព្រម​លើក​ទោស​គេ​ចោល​ឡើយ ពី​ព្រោះ​គេ​បាន​កៀរ​យក​ពួក​ឈ្លើយ​ទាំង​អស់ ដើម្បី​ប្រគល់​ដល់​សាសន៍​អេដុម
7 អញ​នឹង​ចាត់​ប្រើ​ភ្លើង​ឲ្យ​ទៅ​លើ​កំផែង​នៃ​ក្រុង​កាសា ភ្លើង​នោះ​នឹង​ឆេះ​ដំណាក់​របស់​គេ​អស់​ទៅ
8 អញ​នឹង​កាត់​ពួក​អ្នក​នៅ​ក្រុង​អាសដូឌ​ចេញ ព្រម​ទាំង​អ្នក​ដែល​កាន់​ដំបង​រាជ្យ​នៃ​ក្រុង​អាស‌កា‌ឡូន​ផង អញ​ក៏​នឹង​បែរ​ដៃ​ទៅ​ទាស់​នឹង​ក្រុង​អេក្រុន​ដែរ នោះ​សំណល់​នៃ​ពួក​ភីលីស្ទីន​នឹង​ត្រូវ​វិនាស​បង់ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា។
9 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ដោយ​ព្រោះ​អំពើ​រំលង​ទាំង​៣​របស់​ក្រុង​ទីរ៉ុស អើ ដោយ​ព្រោះ​៤​ផង នោះ​អញ​នឹង​មិន​ព្រម​លើក​ទោស​គេ​ចោល​ឡើយ ពី​ព្រោះ​គេ​បាន​ប្រគល់​ពួក​ឈ្លើយ​ទាំង​អស់​ដល់​សាសន៍​អេដុម ឥត​នឹក​ចាំ​សេចក្ដី​សញ្ញា​ជា​បង​ប្អូន​នឹង​គ្នា​សោះ
10 អញ​នឹង​ចាត់​ប្រើ​ភ្លើង ឲ្យ​ទៅ​លើ​កំផែង​នៃ​ក្រុង​ទីរ៉ុស ភ្លើង​នោះ​នឹង​ឆេះ​ដំណាក់​របស់​គេ​អស់​ទៅ។ ព្រះ‌បន្ទូល​ប្រឆាំង​នឹង​ស្រុក​អេដុម
11 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ដោយ​ព្រោះ​អំពើ​រំលង​ទាំង​៣​របស់​សាសន៍​អេដុម អើ ដោយ​ព្រោះ​៤​ផង នោះ​អញ​នឹង​មិន​ព្រម​លើក​ទោស​គេ​ចោល​ឡើយ ពី​ព្រោះ​គេ​បាន​កាន់​ដាវ ដេញ​តាម​បង​ប្អូន​ខ្លួន ព្រម​ទាំង​សង្កត់​រំលត់​សេចក្ដី​មេត្តា​ប្រណី​របស់​ខ្លួន​ផង ឯ​សេចក្ដី​កំហឹង​របស់​គេ​បាន​ចេះ​តែ​ហែក‌ហួរ​ជានិច្ច ក៏​រក្សា​សេចក្ដី​ក្រោធ​ទុក​នៅ​ដរាប
12 អញ​នឹង​ចាត់​ប្រើ​ភ្លើង​ឲ្យ​ទៅ​លើ​ក្រុង​ថេម៉ាន ភ្លើង​នោះ​ឆេះ​ដំណាក់​របស់​ក្រុង​បុសរ៉ា​អស់​ទៅ។
13 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ដោយ​ព្រោះ​អំពើ​រំលង​ទាំង​៣​របស់​ពួក​កូន​ចៅ​អាំម៉ូន អើ ដោយ​ព្រោះ​៤​ផង នោះ​អញ​នឹង​មិន​ព្រម​លើក​ទោស​គេ​ចោល​ឡើយ ពី​ព្រោះ​គេ​បាន​វះ​ពោះ​របស់​ពួក​ស្រីៗ ដែល​មាន​ទំងន់​នៅ​ស្រុក​កាឡាត ដើម្បី​ឲ្យ​បាន​វាត​ព្រំ​ស្រុក​របស់​ខ្លួន​ឲ្យ​ធំ​ឡើង
14 អញ​នឹង​បង្កាត់​ភ្លើង​នៅ​លើ​កំផែង​នៃ​ក្រុង​រ៉ាបាត ភ្លើង​នោះ​នឹង​ឆេះ​ដំណាក់​របស់​គេ​អស់​ទៅ ដោយ​សូរ​ស្រែក​ហ៊ោ ក្នុង​ថ្ងៃ​សង្គ្រាម និង​ដោយ​ព្យុះ​សង្ឃរា ក្នុង​ថ្ងៃ​ដែល​មាន​ខ្យល់​កំបុត​ត្បូង
15 នោះ​ស្តេច​របស់​គេ​នឹង​ត្រូវ​ចាប់​ទៅ​ជា​ឈ្លើយ ព្រម​ទាំង​ពួក​ចៅ‌ហ្វាយ​របស់​គេ​ផង នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។


ជំពូក 2

1 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ដោយ​ព្រោះ​អំពើ​រំលង​ទាំង​៣​របស់​សាសន៍​ម៉ូអាប់ អើ ដោយ​ព្រោះ​៤​ផង នោះ​អញ​នឹង​មិន​ព្រម​លើក​ទោស​គេ​ចោល​ឡើយ ពី​ព្រោះ​គេ​បាន​ដុត​ឆ្អឹង​របស់​ស្តេច​អេដុម​ធ្វើ​ជា​កំបោរ
2 អញ​នឹង​ចាត់​ប្រើ​ភ្លើង​ឲ្យ​ទៅ​លើ​ម៉ូអាប់ ភ្លើង​នោះ​នឹង​ឆេះ​ដំណាក់​នៅ​ក្រុង​កេរីយ៉ុត​អស់​ទៅ ហើយ​ម៉ូអាប់​នឹង​ស្លាប់​ទៅ​ដោយ​សូរ​គ្រាំ‌គ្រេង ដោយ​សម្រែក​ឮ​លាន់ និង​សូរ​ផ្លុំ​ត្រែ
3 អញ​នឹង​កាត់​ចៅ‌ក្រម​ពី​កណ្តាល​គេ​ចេញ ព្រម​ទាំង​សម្លាប់​ពួក​ចៅ‌ហ្វាយ​ទាំង​ប៉ុន្មាន​ជា​មួយ​នឹង​គេ​ដែរ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។
4 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ដោយ​ព្រោះ​អំពើ​រំលង​ទាំង​៣​របស់​ពួក​យូដា អើ ដោយ​ព្រោះ​៤​ផង នោះ​អញ​នឹង​មិន​ព្រម​លើក​ទោស​គេ​ចោល​ឡើយ ពី​ព្រោះ​គេ​បាន​បោះ‌បង់​ចោល​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌យេហូវ៉ា ហើយ​មិន​បាន​កាន់​តាម​បញ្ញត្ត​ច្បាប់​របស់​ទ្រង់​សោះ ឯ​របស់​កំភូត​ដែល​ពួក​អយ្យកោ​គេ​បាន​គោរព​តាម នោះ​បាន​ធ្វើ​ឲ្យ​គេ​វង្វេង​ចេញ
5 អញ​នឹង​ចាត់​ប្រើ​ភ្លើង​ឲ្យ​ទៅ​លើ​ពួក​យូដា ភ្លើង​នោះ​នឹង​ឆេះ​ដំណាក់​នៅ​ក្រុង​យេរូ‌សាឡឹម​អស់​ទៅ។
6 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ដោយ​ព្រោះ​អំពើ​រំលង​ទាំង​៣​របស់​ពួក​អ៊ីស្រា‌អែល អើ ដោយ​ព្រោះ​៤​ផង នោះ​អញ​នឹង​មិន​ព្រម​លើក​ទោស​គេ​ចោល​ឡើយ ពី​ព្រោះ​គេ​បាន​លក់​មនុស្ស​សុចរិត​ឲ្យ​បាន​ប្រាក់ ហើយ​មនុស្ស​កំសត់​ទុគ៌ត​ផង ឲ្យ​បាន​ស្បែក​ជើង​១​សម្រាប់
7 សូម្បី​តែ​ធូលី​ដី​ដែល​នៅ​លើ​ក្បាល​មនុស្ស​កំសត់​ទុគ៌ត​នោះ គេ​ក៏​ដង្ហក់​ចង់​បាន​ដែរ ហើយ​គេ​បង្វែរ​ផ្លូវ​របស់​មនុស្ស​រាប​ទាប ឯ​ទាំង​កូន និង​ឪពុក​ក៏​ចូល​ទៅ​ឯ​ស្រី​ក្រមុំ​តែ​១ ជា​ការ​ដែល​បង្អាប់​ដល់​នាម​បរិសុទ្ធ​របស់​អញ
8 គេ​ក្រាល​សម្លៀក‌បំពាក់ ដែល​បាន​ទទួល​បញ្ចាំ ដេក​ចុះ​នៅ​ក្បែរ​គ្រប់​ទាំង​អាសនៈ ហើយ​នៅ​ក្នុង​វិហារ​របស់​ព្រះ​នៃ​គេ នោះ​គេ​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ​របស់​ពួក​អ្នក​ដែល​ខ្លួន​បាន​ពិន័យ​លក់​ហើយ​ដែរ។
9 ប៉ុន្តែ អញៗ​បាន​បំផ្លាញ​សាសន៍​អាម៉ូរី ដែល​មាន​កំពស់​ដូច​ដើម​តាត្រៅ ហើយ​មាន​កម្លាំង​ដូច​ដើម​ម៉ៃសាក់​ចេញ​ពី​មុខ​ឯង​ទៅ គឺ​អញ​បាន​បំផ្លាញ​ទាំង​ផល​គេ​ខាង​លើ និង​ឫស​គេ​នៅ​ខាង​ក្រោម​ផង
10 អញ​ក៏​បាន​នាំ​ឯង​រាល់​គ្នា​ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក គឺ​បាន​នាំ​មុខ​ឯង​នៅ​ក្នុង​ទី​រហោ‌ស្ថាន​អស់​៤០​ឆ្នាំ ឲ្យ​បាន​ចាប់​យក​ស្រុក​របស់​សាសន៍​អាម៉ូរី ទុក​ជា​កេរ‌អាករ
11 អញ​បាន​តាំង​ពួក​កូន​ចៅ​ខ្លះ​របស់​ឯង​រាល់​គ្នា​ឡើង​ធ្វើ​ជា​ហោរា និង​ពួក​កំលោះ​ខ្លះ​របស់​ឯង​ធ្វើ​ជា​ពួក​ន៉ាសារីត ព្រះ‌យេហូវ៉ា​ទ្រង់​សួរ​ថា ឱ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​អើយ តើ​មិន​មែន​ដូច្នោះ​ឬ
12 ប៉ុន្តែ ឯង​រាល់​គ្នា​ឲ្យ​ពួក​ន៉ាសារីត​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ​វិញ ហើយ​បាន​ហាម​ដល់​ពួក​ហោរា​ថា កុំ​ឲ្យ​ទាយ​ឡើយ។
13 មើល អញ​នឹង​កិន​ឯង​រាល់​គ្នា នៅ​ទី​កន្លែង​របស់​ឯង ដូច​ជា​រទេះ​ដែល​ពេញ​ដោយ​កណ្តាប់​តែង​កិន​ដី​ដែរ
14 នោះ​អំណាច​រត់​រួច នឹង​បាត់​ចេញ​ពី​មនុស្ស​លឿន ឯ​មនុស្ស​មាន​កម្លាំង ក៏​មិន​បាន​ចម្រើន​កម្លាំង​របស់​ខ្លួន​ដែរ ហើយ​មនុស្ស​ពូកែ​នឹង​ដោះ​ខ្លួន​ឲ្យ​រួច​មិន​បាន
15 អ្នក​ណា​ដែល​កាន់​ធ្នូ​នឹង​មិន​អាច​ឈរ​នៅ​បាន ឯ​អ្នក​ដែល​មាន​ថ្វី​ជើង នោះ​មិន​បាន​រួច​ដែរ ហើយ​អ្នក​ដែល​ជិះ​សេះ​នឹង​មិន​ដោះ​ខ្លួន​ឲ្យ​រួច​បាន​ឡើយ
16 ចំណែក​អ្នក​ដែល​មាន​ចិត្ត​ក្លាហាន​ក្នុង​ពួក​ខ្លាំង​ពូកែ គេ​នឹង​រត់​ទៅ​ទាំង​ខ្លួន​អាក្រាត​ក្នុង​ថ្ងៃ​នោះ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។


ជំពូក 3

1 ឱ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​នេះ ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ទាស់​នឹង​ឯង​រាល់​គ្នា គឺ​ទាស់​នឹង​គ្រួ​ទាំង​មូល ដែល​អញ​បាន​នាំ​ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក គឺ​ថា
2 ក្នុង​អស់​ទាំង​គ្រួ​នៅ​ផែនដី អញ​បាន​ស្គាល់​តែ​ឯង​រាល់​គ្នា​ទេ ដូច្នេះ អញ​នឹង​ធ្វើ​ទោស​ដល់​ឯង​រាល់​គ្នា ដោយ​ព្រោះ​អំពើ​ទុច្ចរិត​ទាំង​ប៉ុន្មាន​របស់​ឯង
3 បើ​មនុស្ស​២​នាក់​មិន​ព្រម​ចិត្ត​គ្នា នោះ​តើ​នឹង​ដើរ​ជា​១​គ្នា​បាន​ឬ
4 ឯ​សិង្ហ​នឹង​ស្រែក​គ្រហឹម​នៅ​ក្នុង​ព្រៃ ក្នុង​កាល​ដែល​មិន​ទាន់​ចាប់​រំពា​ឬ បើ​សិង្ហ​ស្ទាវ​មិន​បាន​ចាប់​អ្វី​សោះ តើ​នឹង​ស្រែក​នៅ​ក្នុង​រូង​វា​ដែរ​ឬ
5 នៅ​កន្លែង​ដែល​ឥត​មាន​ដាក់​ខ្សែ‌រូត នោះ​សត្វ​ហើរ​អាច​នឹង​ធ្លាក់​ទៅ​ជាប់​ក្នុង​អន្ទាក់​បាន​ឬ តើ​អន្ទាក់​នឹង​វាត់​ឡើង​ពី​ដី ឥត​មាន​ជាប់​អ្វី​ឬ​ទេ
6 តើ​នឹង​ផ្លុំ​ត្រែ​នៅ​ក្នុង​ក្រុង ឥត​ធ្វើ​ឲ្យ​បណ្តា‌ជន​ក្តុក‌ចិត្ត​បាន​ឬ តើ​នឹង​មាន​អន្តរាយ​កើត​ដល់​ទី​ក្រុង​ណា ឥត​ព្រះ‌យេហូវ៉ា​ធ្វើ​ដែរ​ឬ​ទេ
7 ពិត​ប្រាកដ​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​មិន​ធ្វើ​អ្វី​ដូច្នោះ​ឡើយ លើក​តែ​ទ្រង់​សម្ដែង​ឲ្យ​ពួក​ហោរា ជា​អ្នក​បម្រើ​ទ្រង់ ឃើញ​គំនិត​លាក់‌កំបាំង​របស់​ទ្រង់​ផង
8 រីឯ​សិង្ហ​បាន​ស្រែក​គ្រហឹម​ហើយ តើ​មាន​អ្នក​ណា​ដែល​មិន​ព្រម​ខ្លាច ព្រះ‌អម្ចាស់​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ចេញ​វាចា​ហើយ តើ​មាន​អ្នក​ណា​នឹង​ទប់​មិន​ទាយ​បាន​ឬ។
9 ចូរ​ប្រកាស​ប្រាប់​នៅ​ក្នុង​ដំណាក់ នៅ​ក្រុង​អាសដូឌ​ហើយ​ក្នុង​ដំណាក់​នៅ​ស្រុក​អេស៊ីព្ទ​ផង​ថា ចូរ​មូល​គ្នា​មក​នៅ​លើ​អស់​ទាំង​ភ្នំ​របស់​ស្រុក​សាម៉ារី ពិចារណា​មើល​ការ​កោលា‌ហល​យ៉ាង​ធំ និង​ការ​សង្កត់‌សង្កិន​ដែល​កើត​មាន​នៅ​កណ្តាល​ស្រុក​នោះ​ចុះ
10 ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា គេ​មិន​ចេះ​ប្រព្រឹត្ត​ត្រឹម​ត្រូវ​ទេ គេ​ជា​ពួក​អ្នក​ដែល​សន្សំ​ទុក​នូវ​សេចក្ដី​ច្រឡោត និង​ការ​រឹប​ជាន់​នៅ​ក្នុង​អស់​ទាំង​ដំណាក់​របស់​គេ
11 ហេតុ​នោះ​បាន​ជា​ព្រះ‌អម្ចាស់​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា នឹង​មាន​ខ្មាំង​សត្រូវ​ឡោម‌ព័ទ្ធ​ស្រុក វា​នឹង​នាំ​ឲ្យ​កម្លាំង​ឯង​អន់​ថយ​ចុះ នោះ​អស់​ទាំង​ដំណាក់​របស់​ឯង​នឹង​ត្រូវ​រឹប​ជាន់​វិញ
12 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា អ្នក​គង្វាល​ដោះ​ជើង​២ និង​ត្រចៀក​១​កំណាត់ ចេញ​ពី​មាត់​សិង្ហ​យ៉ាង​ណា នោះ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ដែល​អង្គុយ​នៅ​ទី​កៀន​ដំណេក ហើយ​លើ​ខ្នើយ​កំណល់​ធ្វើ​ពី​សូត្រ នៅ​ក្នុង​ក្រុង​សាម៉ារី​នឹង​បាន​ដោះ​ឲ្យ​រួច​យ៉ាង​នោះ​ដែរ។
13 ព្រះ‌អម្ចាស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ពួក​ពល​បរិវារ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ចូរ​ស្តាប់​ចុះ ហើយ​ធ្វើ​បន្ទាល់​ទាស់​នឹង​ពួក​វង្ស​យ៉ាកុប
14 ដ្បិត​នៅ​ថ្ងៃ​ដែល​អញ​ទម្លាក់​អំពើ​រំលង​របស់​អ៊ីស្រា‌អែល​ទៅ​លើ​គេ​វិញ នោះ​អញ​នឹង​ធ្វើ​ទោស​ដល់​អាសនៈ​នៃ​បេត-អែល​ទាំង​ប៉ុន្មាន​ដែរ ស្នែង​អាសនៈ​ទាំង​នោះ​នឹង​ត្រូវ​កាត់​ចេញ​ឲ្យ​ធ្លាក់​ដល់​ដី
15 អញ​នឹង​វាយ​បំផ្លាញ​អស់​ទាំង​ផ្ទះ​សម្រាប់​រដូវ​រងា និង​ផ្ទះ​សម្រាប់​រដូវ​ក្តៅ​ផង ឯ​ដំណាក់​ភ្លុក​នឹង​ត្រូវ​វិនាស​ទៅ ហើយ​ផ្ទះ​ធំៗ​ទាំង​ប៉ុន្មាន​នឹង​ត្រូវ​សូន្យ​បាត់ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។


ជំពូក 4

1 ឱ​ពួក​គោ​ពី​ស្រុក​បាសាន​អើយ ចូរ​ស្តាប់​ពាក្យ​នេះ​ចុះ ឯង​រាល់​គ្នា​ដែល​នៅ​លើ​ភ្នំ​សាម៉ារី កំពុង​សង្កត់‌សង្កិន​ពួក​ក្រីក្រ ហើយ​ជាន់​ឈ្លី​ពួក​កំសត់​ទុគ៌ត ឯង​និយាយ​ដល់​ចៅ‌ហ្វាយ​របស់​ខ្លួន​ថា ចូរ​នាំ​យក​មក​ឲ្យ​យើង​បាន​ផឹក​ជា​មួយ​គ្នា
2 ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​បាន​ស្បថ​ដោយ​សេចក្ដី​បរិសុទ្ធ​របស់​ទ្រង់​ថា ចាំ​មើល​ចុះ នឹង​មាន​គ្រា​មក​លើ​ឯង​រាល់​គ្នា ជា​គ្រា​ដែល​គេ​នឹង​ដឹក​អូស​នាំ​ឯង​រាល់​គ្នា​ចេញ​ទៅ ដោយ‌សារ​ទំពក់ និង​សំណល់​នៃ​ឯង​រាល់​គ្នា​ដោយ​សន្ទូច
3 នោះ​ឯង​រាល់​គ្នា​នឹង​ចេញ​តាម​ចន្លោះ​កំផែង​បែក​បាក់ ត្រង់​ទៅ​ខាង​មុខ​រៀង​ខ្លួន ហើយ​ឯង​រាល់​គ្នា​នឹង​ត្រូវ​បោះ​ទៅ​ក្នុង​បន្ទាយ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។
4 ឱ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ចូរ​មក​ឯ​បេត-អែល​ហើយ​ប្រព្រឹត្ត​អំពើ​រំលង​ចុះ ក៏​មក​ឯ​គីលកាល​ដែរ ហើយ​ចម្រើន​អំពើ​រំលង​ជា​ច្រើន​ឡើង ចូរ​នាំ​យក​យញ្ញ‌បូជា​របស់​ឯង​មក​រាល់​តែ​ព្រឹក ហើយ​តង្វាយ​១​ភាគ​ក្នុង​១០​របស់​ឯង​រាល់​តែ​៣​ថ្ងៃ
5 ត្រូវ​ឲ្យ​បូជា​ថ្វាយ​នំបុ័ង ដែល​មាន​ដំបែរ​ទុក​ជា​តង្វាយ​អរ​ព្រះ‌គុណ ហើយ​ប្រកាស​ប្រាប់​យ៉ាង​ច្បាស់​ឲ្យ​បាន​ថ្វាយ​តង្វាយ​ស្ម័គ្រ​ពី​ចិត្ត ដ្បិត​ឯង​រាល់​គ្នា​គាប់​ចិត្ត​យ៉ាង​នោះ​ហើយ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​ព្រះ‌យេហូវ៉ា។
6 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​ក៏​ឲ្យ​ឯង​រាល់​គ្នា​មាន​ធ្មេញ​ស្អាត នៅ​គ្រប់​ទាំង​ទី​ក្រុង​របស់​ឯង ហើយ​ឲ្យ​ខ្វះ​ខាត​អាហារ​នៅ​គ្រប់​ទី​កន្លែង​របស់​ឯង ទោះ​បើ​យ៉ាង​នោះ គង់​តែ​ឯង​មិន​បាន​វិល​ត្រឡប់​មក​ឯ​អញ​ដែរ
7 អញ​បាន​ទាំង​បិទ​ទប់ មិន​បង្អុរ​ភ្លៀង​ដល់​ឯង​រាល់​គ្នា ក្នុង​កាល​ដែល​នៅ​ខ្វះ​តែ​៣​ខែ​នឹង​ដល់​រដូវ​ចម្រូូត​ហើយ​ផង អញ​បាន​ឲ្យ​ភ្លៀង​ធ្លាក់​ទៅ​លើ​ទី​ក្រុង​១ ហើយ​មិន​ឲ្យ​ធ្លាក់​ទៅ​លើ​ទី​ក្រុង​១​ទៀត ស្រែ​១​មាន​ភ្លៀង​ធ្លាក់ ហើយ​១​ទៀត​ដែល​ឥត​មាន​ក៏​ស្វិត​ក្រៀម​ទៅ
8 បាន​ជា​ទី​ក្រុង​២ ឬ​៣​ក៏​ដើរ​ចច្រប់​ទៅ​ឯ​ទី​ក្រុង​១ ដើម្បី​ផឹក​ទឹក តែ​មិន​បាន​ឆ្អែត​ឡើយ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ទោះ​បើ​យ៉ាង​នោះ​ក៏​ដោយ​គង់​តែ​ឯង​រាល់​គ្នា​មិន​បាន​វិល​មក​ឯ​អញ​វិញ​ដែរ
9 អញ​បាន​វាយ‌ផ្ចាល​ឯង​រាល់​គ្នា ដោយ​ស្រូវ​ស្កក ហើយ​ក្រាចាប់ ឯ​អស់​ទាំង​សួន និង​ចម្ការ​ទំពាំង‌បាយ‌ជូរ ព្រម​ទាំង​ដើម​ល្វា និង​ដើម​អូលីវ​ដ៏​បរិបូរ​របស់​ឯង​រាល់​គ្នា នោះ​ដង្កូវ​បាន​ស៊ី​បំផ្លាញ​អស់​ទៅ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ទោះ​បើ​យ៉ាង​នោះ​ក៏​ដោយ គង់​តែ​ឯង​រាល់​គ្នា​មិន​បាន​វិល​មក​ឯ​អញ​វិញ​ដែរ
10 អញ​បាន​ចាត់​ប្រើ​អាសន្ន‌រោគ​ឲ្យ​មក​នៅ​កណ្តាល​ឯង​រាល់​គ្នា បែប​ដូច​ជា​នៅ​ស្រុក​អេស៊ីព្ទ អញ​បាន​ប្រហារ​ជីវិត​ពួក​កំលោះៗ​របស់​ឯង​រាល់​គ្នា​ដោយ​ដាវ ហើយ​បាន​ដឹក​សេះ​ទាំង​ប៉ុន្មាន​របស់​ឯង​ទៅ​បាត់ ព្រម​ទាំង​ធ្វើ​ឲ្យ​ក្លិន​ស្អុយ​ពី​ទី​បោះ​ទ័ព​របស់​ឯង បាន​សាយ​ឡើង​ដល់​ច្រមុះ​របស់​ឯង​ផង ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ទោះ​បើ​យ៉ាង​នោះ​ក៏​ដោយ គង់​តែ​ឯង​រាល់​គ្នា​មិន​បាន​វិល​មក​ឯ​អញ​វិញ​ដែរ
11 អញ​បាន​បំផ្លាញ​នៅ​កណ្តាល​ពួក​ឯង​រាល់​គ្នា ដូច​កាល​ព្រះ‌ទ្រង់​បាន​បំផ្លាញ​ក្រុង​សូដុម និង​ក្រុង​កូម៉ូរ៉ា ហើយ​ឯង​រាល់​គ្នា​បាន​ដូច​ជា​អង្កត់​ឱស ដែល​គេ​កន្ត្រាក់​រោច​ចេញ​ពី​ភ្លើង តែ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ទោះ​បើ​យ៉ាង​នោះ​ក៏​ដោយ គង់​តែ​ឯង​រាល់​គ្នា​មិន​បាន​វិល​មក​ឯ​អញ​វិញ​ដែរ។
12 ហេតុ​នោះ ឱ​អ៊ីស្រា‌អែល​អើយ អញ​នឹង​ប្រព្រឹត្ត​នឹង​ឯង​រាល់​គ្នា​យ៉ាង​នោះ​ត​ទៅ ហើយ​ដោយ​ព្រោះ​អញ​នឹង​ប្រព្រឹត្ត​យ៉ាង​នោះ​ដល់​ឯង បាន​ជា ឱ​អ៊ីស្រា‌អែល​អើយ ចូរ​រៀប‌ចំ ដើម្បី​ជួប​នឹង​ព្រះ​នៃ​ខ្លួន​ចុះ
13 ដ្បិត​មើល ព្រះ​ដែល​ទ្រង់​សូន​ធ្វើ​ភ្នំ​ទាំង​ប៉ុន្មាន ក៏​បង្កើត​ខ្យល់ ហើយ​ថ្លែង​ប្រាប់​ដល់​មនុស្ស​អំពី​គំនិត​ដែល​នៅ​ក្នុង​ខ្លួន​គេ ព្រម​ទាំង​ធ្វើ​ឲ្យ​ពេល​ព្រឹក​ព្រហាម​ទៅ​ជា​ងងឹត ហើយ​យាង​លើ​ទី​ខ្ពស់​ទាំង​ប៉ុន្មាន​នៃ​ផែនដី​ផង ព្រះ‌នាម​របស់​ទ្រង់​គឺ «យេហូវ៉ា​ជា​ព្រះ​នៃ​ពួក​ពល​បរិវារ»។


ជំពូក 5

1 ឱ​ពួក​វង្ស​អ៊ីស្រា‌អែល​អើយ ចូរ​ស្តាប់​ពាក្យ​ដែល​អញ​តាំង​ឡើង​នេះ ទុក​សម្រាប់​ជា​ពាក្យ​ទំនួញ​ពី​ឯង​រាល់​គ្នា​ចុះ
2 នាង​ព្រហ្មចារី គឺ​នគរ​អ៊ីស្រា‌អែល បាន​ដួល​ចុះ​ហើយ នឹង​ក្រោក​ឡើង​វិញ​មិន​បាន​ឡើយ នាង​ដេក​ត្រមោច​នៅ​លើ​ដី​ខ្លួន គ្មាន​អ្នក​ណា​នឹង​លើក​ឡើង​វិញ​សោះ
3 ដ្បិត​ព្រះ‌អម្ចាស់​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ទី​ក្រុង​ណា​ដែល​លើក​ទ័ព​១​ពាន់​ចេញ​ទៅ នោះ​នឹង​សល់​នៅ​តែ​១​រយ​វិញ ហើយ​ទី​ក្រុង​ដែល​មាន​១​រយ​ចេញ​ទៅ នោះ​នឹង​សល់​នៅ​តែ​១០​ដល់​ពួក​វង្ស​អ៊ីស្រា‌អែល​ទេ។
4 ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដល់​ពួក​វង្ស​អ៊ីស្រា‌អែល​ដូច្នេះ​ថា ចូរ​ស្វែង​រក​អញ នោះ​ឯង​រាល់​គ្នា​នឹង​រស់​នៅ
5 កុំ​ឲ្យ​រក​ដល់​បេត-អែល ឬ​ចូល​ទៅ​ក្នុង​គីលកាល​ឡើយ ក៏​កុំ​ឲ្យ​រំលង​ទៅ​ដល់​បៀរ-សេបា​ដែរ ពី​ព្រោះ​គីលកាល​នឹង​ត្រូវ​ទៅ​ជា​ឈ្លើយ​ពិត ហើយ​បេត-អែល​នឹង​ត្រូវ​សូន្យ​បាត់​ទៅ
6 ចូរ​ស្វែង​រក​ព្រះ‌យេហូវ៉ា​វិញ នោះ​ឯង​រាល់​គ្នា​នឹង​រស់​នៅ ក្រែង​ទ្រង់​កាត់​ឆេះ​ឡើង ដូច​ជា​ភ្លើង​នៅ​ក្នុង​វង្ស​យ៉ូសែប ហើយ​បញ្ឆេះ​អស់​រលីង​ទៅ ឥត​មាន​អ្នក​ណា​នៅ​បេត-អែល ដែល​អាច​នឹង​ពន្លត់​បាន​ឡើយ
7 ម្នាល​ឯង​រាល់​គ្នា​ដែល​បំផ្លាស់​បំប្រែ​សេចក្ដី​យុត្តិ‌ធម៌ ឲ្យ​ទៅ​ជា​ស្លែង ហើយ​បោះ​សេចក្ដី​សុចរិត​ចុះ​ដល់​ដី
8 ចូរ​ស្វែង​រក​ព្រះ​ដែល​ទ្រង់​បាន​បង្កើត​ផ្កាយ​កូន​មាន់ និង​ផ្កាយ​នាយ​ព្រាន ក៏​ធ្វើ​ឲ្យ​ម្លប់​នៃ​សេចក្ដី​ស្លាប់​ប្រែ​ទៅ​ជា​ព្រលឹម​ស្រាង ហើយ​ឲ្យ​ថ្ងៃ​ត្រឡប់​ទៅ​ជា​យប់​វិញ ព្រម​ទាំង​ហៅ​ទឹក​សមុទ្រ​មក រួច​ចាក់​ទៅ​លើ​ផែនដី ព្រះ‌នាម​ទ្រង់ គឺ​ព្រះ‌យេហូវ៉ា
9 ទ្រង់​នាំ​ការ​បំផ្លាញ​មក​លើ​មនុស្ស​ខ្លាំង​ពូកែ​ភ្លាម​១​រំពេច ដល់​ម៉្លេះ​បាន​ជា​ទាំង​បន្ទាយ​ក៏​ត្រូវ​បំផ្លាញ​ផង។
10 គេ​រមែង​ស្អប់​អ្នក​ដែល​បន្ទោស​នៅ​ត្រង់​ទ្វារ​ក្រុង ហើយ​ក៏​តែង​តែ​ខ្ពើម​អ្នក​ដែល​ពោល​សេចក្ដី​ទៀង​ត្រង់​ផង
11 ដូច្នេះ ដោយ​ព្រោះ​ឯង​រាល់​គ្នា​តែង​ញាំ‌ញី​ពួក​ក្រ ហើយ​រឹប​យក​ស្រូវ​ពី​គេ បាន​ជា​ឯង​រាល់​គ្នា​នឹង​សង់​ផ្ទះ​ដោយ​ថ្ម​ដាប់ តែ​មិន​បាន​អាស្រ័យ​នៅ​ក្នុង​ផ្ទះ​នោះ​ទេ ឯង​រាល់​គ្នា​នឹង​ដាំ​ចម្ការ​ទំពាំង‌បាយ‌ជូរ​ដ៏​គាប់​ចិត្ត តែ​មិន​បាន​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ​ពី​នោះ​ឡើយ
12 ដ្បិត​អញ​ដឹង​ហើយ​ថា អំពើ​រំលង​របស់​ឯង​រាល់​គ្នា​មាន​សន្ធឹក​ណាស់ ហើយ​អំពើ​បាប​របស់​ឯង​រាល់​គ្នា​ក៏​មាន​ទំងន់​ពេក​ផង គឺ​ឯង​រាល់​គ្នា​ហើយ ជា​ពួក​អ្នក​ដែល​បៀត‌បៀន​មនុស្ស​សុចរិត ហើយ​ស៊ី​សំណូក ព្រម​ទាំង​បង្វែរ​មនុស្ស​កំសត់​ទុគ៌ត​មិន​ឲ្យ​បាន​សម្រេច​តាម​អំណាច​ច្បាប់
13 ហេតុ​នោះ មនុស្ស​ដែល​មាន​គំនិត​វាង‌វៃ នឹង​ស្ងៀម​នៅ ក្នុង​គ្រា​យ៉ាង​នេះ ដ្បិត​ជា​គ្រា​អាក្រក់​ហើយ។
14 ចូរ​ស្វែង​រក​សេចក្ដី​ល្អ កុំ​រក​សេចក្ដី​អាក្រក់​ឡើយ ដើម្បី​ឲ្យ​ឯង​រាល់​គ្នា​បាន​រស់​នៅ យ៉ាង​នោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ពួក​ពល​បរិវារ ទ្រង់​នឹង​គង់​នៅ​ជា​មួយ​នឹង​ឯង​ជា​ពិត​ដូច​ឯង​ធ្លាប់​ថា​ហើយ
15 ចូរ​ស្អប់​អំពើ​អាក្រក់ ហើយ​ស្រឡាញ់​អំពើ​ល្អ​វិញ ចូរ​តាំង​ឲ្យ​មាន​សេចក្ដី​យុត្តិ‌ធម៌​នៅ​ត្រង់​ទ្វារ​ក្រុង​ចុះ នោះ​ប្រហែល​ជា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ ទ្រង់​នឹង​ប្រព្រឹត្ត​ដល់​សំណល់​នៃ​ពួក​យ៉ូសែប ដោយ​ករុណា​គុណ​ទេ​ដឹង។
16 ហេតុ​នោះ ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ គឺ​ជា​ព្រះ‌អម្ចាស់ ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា មនុស្ស​នឹង​ទ្រហោ​យំ​នៅ​គ្រប់​ទាំង​ផ្លូវ​ធ្លា ហើយ​នៅ​គ្រប់​ទាំង​ផ្លូវ​គេ​នឹង​ថា វរ​ហើយ វរ​ហើយ គេ​នឹង​ហៅ​ពួក​អ្នក​ស្រែ​ចម្ការ​ឲ្យ​មក​សោយ‌សោក ហើយ​ពួក​អ្នក​ដែល​ប្រសប់​ទួញ​ទំនួញ​ឲ្យ​មក​ទ្រហោ​យំ
17 នៅ​គ្រប់​ទាំង​ចម្ការ​ទំពាំង‌បាយ‌ជូរ គេ​នឹង​ទ្រហោ​យំ​ដែរ ដ្បិត​អញ​នឹង​ដើរ​កាត់​កណ្តាល​ឯង​រាល់​គ្នា នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។
18 វេទនា​ដល់​ឯង​រាល់​គ្នា ដែល​សង្វាត​ចង់​បាន​ថ្ងៃ​នៃ​ព្រះ‌យេហូវ៉ា តើ​ចង់​បាន​ថ្ងៃ​នៃ​ព្រះ‌យេហូវ៉ា​ធ្វើ​អី ថ្ងៃ​នោះ​ជា​ថ្ងៃ​ងងឹត មិន​មែន​ភ្លឺ​ទេ
19 ហាក់​ដូច​ជា​មនុស្ស​ដែល​រត់​រួច​ពី​សិង្ហ ហើយ​លោ​តែ​ប្រទះ​នឹង​ខ្លា‌ឃ្មុំ ឬ​ដូច​ជា​អ្នក​ណា​ដែល​ចូល​ទៅ​ក្នុង​ផ្ទះ ច្រត់​ដៃ​នៅ​ជញ្ជាំង រួច​មាន​ពស់​ចឹក
20 ឯ​ថ្ងៃ​នៃ​ព្រះ‌យេហូវ៉ា តើ​មិន​មែន​ជា​ថ្ងៃ​ងងឹត ឥត​មាន​ពន្លឺ​ជា​ពិត គឺ​ជា​ថ្ងៃ​ងងឹត​សូន្យ‌សុង ឥត​មាន​ពន្លឺ​បន្តិច​សោះ​ទេ​ឬ​អី។
21 អញ​ស្អប់ អញ​ខ្ពើម​បុណ្យ​ទាំង​ប៉ុន្មាន​របស់​ឯង​រាល់​គ្នា ហើយ​អញ​នឹង​មិន​រីក‌រាយ​ចំពោះ​ជំនុំ​មុត‌មាំ​របស់​ឯង​រាល់​គ្នា​ទេ
22 អើ ទោះ​បើ​ឯង​រាល់​គ្នា​ថ្វាយ​យញ្ញ‌បូជា និង​តង្វាយ​ម្សៅ​របស់​ឯង​ដល់​អញ គង់​តែ​អញ​មិន​ព្រម​ទទួល​ដែរ អញ​ក៏​មិន​ព្រម​អើពើ​នឹង​សត្វ​ធាត់ៗ ដែល​ឯង​រាល់​គ្នា​ថ្វាយ​ជា​តង្វាយ​មេត្រី​ឡើយ
23 ចូរ​ដក​សូរ​ទំនាស់​នៃ​ចម្រៀង​របស់​ឯង​រាល់​គ្នា​ចេញ​ពី​អញ​ទៅ ដ្បិត​អញ​មិន​ព្រម​ស្តាប់​សូរ​ដន្ត្រី​នៃ​ពិណ​របស់​ឯង​ទេ
24 តែ​ត្រូវ​ឲ្យ​មាន​សេចក្ដី​យុត្តិ‌ធម៌​ហូរ​ដូច​ជា​ទឹក ហើយ​សេចក្ដី​សុចរិត​ដូច​ជា​ទន្លេ​ធំ​វិញ។
25 ឱ​ពួក​វង្ស​អ៊ីស្រា‌អែល​អើយ ឯ​យញ្ញ‌បូជា និង​តង្វាយ​ម្សៅ ដែល​ឯង​រាល់​គ្នា​បាន​ថ្វាយ​នៅ​ទី​រហោ‌ស្ថាន​ក្នុង​រវាង​៤០​ឆ្នាំ​នោះ តើ​បាន​ថ្វាយ​ដល់​អញ​ពិត​ឬ
26 អើ​ឯង​រាល់​គ្នា​បាន​លី‌សែង​បារាំ​នៃ​ម៉ូឡុក ជា​ព្រះ​របស់​ឯង និង​គីឃុន ជា​រូប​ព្រះ​របស់​ឯង ព្រម​ទាំង​ផ្កាយ​របស់​ព្រះ​ដែល​ឯង​រាល់​គ្នា​បាន​ធ្វើ​សម្រាប់​ខ្លួន​វិញ
27 ដូច្នេះ ព្រះ‌យេហូវ៉ា​ដែល​ទ្រង់​ព្រះ‌នាម​ជា​ព្រះ​នៃ​ពួក​ពល​បរិវារ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​នឹង​ឲ្យ​ឯង​រាល់​គ្នា​ត្រូវ​ទៅ​ជា​ឈ្លើយ​ខាង​នាយ​ក្រុង​ដាម៉ាស។


ជំពូក 6

1 វេទនា​ដល់​ពួក​អ្នក​ដែល​នៅ​ជា​ឥត​កង្វល់ ក្នុង​ក្រុង​ស៊ីយ៉ូន ហើយ​ដល់​ពួក​អ្នក​ដែល​នៅ ដោយ​សុខ‌សាន្ត​លើ​ភ្នំ​សាម៉ារី​ផង គឺ​ជា​ពួក​ប្រធាន​ក្នុង​ពួក​អ្នក​មុខ​នៃ​អស់​ទាំង​សាសន៍ ដែល​ពួក​វង្ស​អ៊ីស្រា‌អែល​បាន​មក​ដល់​គេ
2 ចូរ​ទៅ​ឯ​ក្រុង​កាលនេ ហើយ​ពិចារណា​មើល​ចុះ ពី​នោះ​ឲ្យ​ទៅ​ដល់​ហាម៉ាត ជា​ក្រុង​ធំ រួច​ចុះ​ទៅ​ឯ​ក្រុង​កាថ​របស់​សាសន៍​ភីលីស្ទីន តើ​ទី​ក្រុង​ទាំង​នោះ​វិសេស​ជាង​នគរ​ទាំង​នេះ​ឬ ឯ​ព្រំ​ស្រុក​របស់​គេ តើ​ធំ​ជាង​ព្រំ​ស្រុក​របស់​ឯង​រាល់​គ្នា​ឬ​ទេ
3 ឯង​រាល់​គ្នា​គិត​បន្ថយ​ថ្ងៃ​អាក្រក់​ឲ្យ​ឆ្ងាយ​ចេញ ហើយ​បង្ខិត​ទី​ស្តី‌ការ​នៃ​សេចក្ដី​ច្រឡោត ឲ្យ​ចូល​មក​ជិត​វិញ
4 ក៏​ដេក​លើ​គ្រែ​ភ្លុក ហើយ​មិន​ពត់​ខ្លួន​នៅ​លើ​ដំណេក ព្រម​ទាំង​ស៊ី​កូន​ចៀម​ពី​ហ្វូង​សត្វ និង​កូន​គោ​ដែល​បង្ខាំង​ទុក
5 ជា​អ្នក​ដែល​ច្រៀង​ឡែរ‌ឡ​តាម​ពិណ ហើយ​បង្កើត​គ្រឿង​ភ្លេង​សម្រាប់​ខ្លួន​ដូច​ដាវីឌ
6 ក៏​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ​ដោយ​ចាន‌គោម ហើយ​បំព្រំ​ខ្លួន​ដោយ​ប្រេង​យ៉ាង​វិសេស តែ​ឥត​មាន​ចិត្ត​ព្រួយ​ចំពោះ​ការ​វេទនា​របស់​យ៉ូសែប​ទេ។
7 ដូច្នេះ ពួក​អ្នក​ទាំង​នោះ​នឹង​ត្រូវ​ចាប់​នាំ​ទៅ​ជា​ឈ្លើយ ជា​មួយ​នឹង​ពួក​អ្នក​ដែល​ទៅ​ជា​ឈ្លើយ មុន​ដំបូង នោះ​ការ​លេង​សប្បាយ​របស់​ពួក​អ្នក ដែល​មិន​ពត់​ខ្លួន នឹង​សូន្យ​បាត់​ទៅ
8 ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ពួក​ពល​បរិវារ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ព្រះ‌អម្ចាស់​យេហូវ៉ា ទ្រង់​បាន​ស្បថ​ដោយ​អង្គ​ទ្រង់​ថា អញ​ខ្ពើម​សេចក្ដី​មានះ​របស់​យ៉ាកុប ក៏​ស្អប់​ដំណាក់​ទាំង​ប៉ុន្មាន​របស់​គេ​ដែរ ដូច្នេះ អញ​នឹង​ប្រគល់​ទាំង​ទី​ក្រុង និង​របស់​ទាំង​អស់ ដែល​នៅ​ក្នុង​ទី​នេះ​ទៅ​ផង
9 គ្រា​នោះ បើ​សិន​ជា​មាន​មនុស្ស​១០​នាក់​សល់​នៅ​ក្នុង​ផ្ទះ​១ គេ​នឹង​ត្រូវ​ស្លាប់​ទាំង​អស់​ទៅ
10 ហើយ​កាល​ណា​ញាតិ​សន្តាន​ជិត‌ដិត ដែល​គេ​បាន​តម្រូវ​ឲ្យ​ដុត​ខ្មោច​បាន​លើក​សព​គេ នាំ​ចេញ​ឲ្យ​ផុត​ពី​ផ្ទះ​ទៅ រួច​សួរ​ដល់​អ្នក​ណា​ដែល​នៅ​ខាង​ក្នុង​ថា តើ​មាន​សល់​នៅ​ទៀត​ជា​មួយ​នឹង​ឯង​ឬ​ទេ អ្នក​នោះ​នឹង​ឆ្លើយ​ថា ឥត​មាន​ទេ នោះ​គេ​នឹង​ហាម​ថា កុំ​មាត់​ឡើយ ដ្បិត​យើង​គ្មាន​ច្បាប់​នឹង​ចេញ​ព្រះ‌នាម​នៃ​ព្រះ‌យេហូវ៉ា​ទេ
11 ដ្បិត​មើល ព្រះ‌យេហូវ៉ា​ទ្រង់​ចេញ​បង្គាប់​វេលា​ណា នោះ​ផ្ទះ​ធំ​នឹង​ត្រូវ​វាយ​ឲ្យ​ប្រេះ‌ឆា ហើយ​ផ្ទះ​តូច​ផង ឲ្យ​ត្រូវ​បែក​បាក់។
12 ម្នាល​ឯង​រាល់​គ្នា​ដែល​រីក‌រាយ ក្នុង​សេចក្ដី​សោះ​សូន្យ ឯង​ថា យើង​បាន​អំណាច​ឡើង ដោយ‌សារ​កម្លាំង​របស់​ខ្លួន​យើង​ទេ​តើ
13 ចុះ​សេះ​នឹង​បោល​នៅ​លើ​ថ្ម​ដែរ​ឬ តើ​មនុស្ស​នឹង​ភ្ជួរ​នៅ​ទី​នោះ​ដោយ​គោ​ឬ បាន​ជា​ឯង​រាល់​គ្នា​បាន​បំផ្លាស់​បំប្រែ​សេចក្ដី​យុត្តិ‌ធម៌​ឲ្យ​ទៅ​ជា​ពិស ហើយ​ឲ្យ​ផល​នៃ​សេចក្ដី​សុចរិត បាន​ប្រែ​ត្រឡប់​ជា​ស្លែង​វិញ​ដូច្នេះ
14 ដ្បិត​មើល ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ពួក​ពល​បរិវារ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ឱ​ពួក​វង្ស​អ៊ីស្រា‌អែល អញ​នឹង​ញ៉ាំង​សាសន៍១​ឲ្យ​មក​ទាស់​នឹង​ឯង គេ​នឹង​ធ្វើ​ទុក្ខ​ឯង​រាល់​គ្នា​ចាប់​តាំង​ពី​ទ្វារ​ចូល​ស្រុក​ហាម៉ាត រហូត​ដល់​ជ្រោះ​ទឹក​នៅ​ស្រុក​វាល។


ជំពូក 7

1 គឺ​ការ​យ៉ាង​នោះ ដែល​ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​បាន​បង្ហាញ​ដល់​ខ្ញុំ ហើយ​មើល ទ្រង់​ក៏​បង្កើត​កណ្តូប​នៅ​វេលា​ដែល​ស្មៅ​កំពុង​ឡើង​ជា​ថ្មី គឺ​កាល​ស្មៅ​កំពុង​លាស់​ឡើង ក្រោយ​ដែល​បាន​ច្រូត​ម្តង​ថ្វាយ​ស្តេច​ហើយ
2 រួច​កាល​កណ្តូប​ទាំង​នោះ​បាន​ស៊ី​ស្មៅ នៅ​ក្នុង​ស្រុក​អស់​ទៅ នោះ​ខ្ញុំ​ក៏​ទូល​ថា ឱ​ព្រះ‌អម្ចាស់​យេហូវ៉ា​អើយ ទូល‌បង្គំ​ទូល​អង្វរ​សូម​ឲ្យ​ទ្រង់​អត់​ទោស ធ្វើ​ដូច​ម្តេច​ឲ្យ​ពួក​យ៉ាកុប​ស្ថិត‌ស្ថេរ​នៅ​បាន ដ្បិត​គេ​ជា​ពួក​តិច‌តួច​ទេ
3 ដូច្នេះ ព្រះ‌យេហូវ៉ា​ក៏​ប្រែ​ព្រះ‌ហឫទ័យ​ពី​ដំណើរ​នោះ ដោយ​ព្រះ‌បន្ទូល​ថា ការ​នេះ​មិន​ត្រូវ​ធ្វើ​ឡើយ។
4 ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​ក៏​បង្ហាញ​ការ​យ៉ាង​នេះ​ទៀត​ដល់​ខ្ញុំ មើល ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​ប្រកាស​ប្រាប់​ឲ្យ​មាន​ការ​ផ្ចាញ់‌ផ្ចាល​ដោយ​ភ្លើង នោះ​ភ្លើង​ក៏​ឆេះ​ទាំង​ទី​ជម្រៅ​ដ៏​ធំ ក៏​បម្រុង​នឹង​ស៊ី​ស្រុក​ទាំង​មូល​ផង
5 ខណៈ​នោះ ខ្ញុំ​ទូល​ថា ឱ​ព្រះ‌អម្ចាស់​យេហូវ៉ា​អើយ ទូល‌បង្គំ​ទូល‌អង្វរ​សូម​ឲ្យ​ទ្រង់​ឈប់ ធ្វើ​ដូច​ម្តេច​ឲ្យ​យ៉ាកុប​ស្ថិត‌ស្ថេរ​នៅ​បាន ដ្បិត​គេ​ជា​ពួក​តិច‌តួច​ទេ
6 ដូច្នេះ ព្រះ‌យេហូវ៉ា​ក៏​ប្រែ​ព្រះ‌ហឫទ័យ​ពី​ដំណើរ​នោះ ដោយ​ព្រះ‌បន្ទូល​ថា ការ​នេះ​ក៏​មិន​ត្រូវ​ធ្វើ​ដែរ។
7 រួច​ទ្រង់​ក៏​បង្ហាញ​ខ្ញុំ​ដូច្នេះ មើល ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​ឈរ​លើ​កំផែង ដែល​ធ្វើ​តម្រង់​ដោយ​កូន​តឹង ទ្រង់​ក៏​កាន់​ខ្សែ​កូន​តឹង​១​នៅ​ព្រះ‌ហស្ត​ដែរ
8 ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​ខ្ញុំ​ថា អេម៉ុស​អើយ តើ​ឯង​ឃើញ​អ្វី ខ្ញុំ​ទូល​តប​ថា ឃើញ​ខ្សែ​កូន​តឹង រួច​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា មើល អញ​នឹង​ឲ្យ​មាន​ខ្សែ​កូន​តឹង​នៅ​កណ្តាល​ពួក​អ៊ីស្រា‌អែល​ជា​រាស្ត្រ​អញ នោះ​អញ​នឹង​មិន​ដើរ​បង្ហួស​ពី​គេ​ទៀត​ឡើយ
9 អស់​ទាំង​ទី​ខ្ពស់​របស់​អ៊ីសាក​នឹង​ត្រូវ​ខូច​បង់ ឯ​ទី​គោរព​ទាំង​ប៉ុន្មាន​របស់​អ៊ីស្រា‌អែល នឹង​ត្រូវ​បំផ្លាញ​ទៅ​អញ​ក៏​នឹង​ក្រោក​ឡើង ទាស់​នឹង​ពួក​វង្ស​យេរ៉ូ‌បោម ដោយ​ដាវ​ដែរ។
10 នោះ​អ័ម៉ាស៊ា ជា​សង្ឃ​នៅ​ត្រង់​បេត-អែល ក៏​ចាត់​ឲ្យ​ទៅ​ឯ​យេរ៉ូ‌បោម ជា​ស្តេច​អ៊ីស្រា‌អែល​ទូល​ថា អេម៉ុស​កំពុង​បង្កើត​ការ​ក្បត់​ចំពោះ​ទ្រង់ នៅ​កណ្តាល​ពួក​វង្ស​អ៊ីស្រា‌អែល ប្រទេស​នេះ​នឹង​ទ្រាំ​នៅ​ចំពោះ​ពាក្យ​ទាំង​ប៉ុន្មាន​របស់​វា​មិន​បាន​ទេ
11 ដ្បិត​វា​និយាយ​ដូច្នេះ​ថា យេរ៉ូ‌បោម​នឹង​ត្រូវ​ស្លាប់​ដោយ​ដាវ ហើយ​សាសន៍​អ៊ីស្រា‌អែល​នឹង​ត្រូវ​ដឹក‌នាំ​ចេញ​ពី​ស្រុក​របស់​ខ្លួន ទៅ​ជា​ឈ្លើយ​ជា​មិន​ខាន
12 រួច​អ័ម៉ាស៊ាក​ក៏​ប្រាប់​ដល់​អេម៉ុស​ថា ឱ​អ្នក​មើល‌ឆុត​អើយ ចូរ​រត់​ទៅ​ឯ​ស្រុក​យូដា ហើយ​រក​ស៊ី​ដោយ​ទាយ​នៅ​ស្រុក​នោះ​វិញ​ចុះ
13 កុំ​ឲ្យ​ទាយ​នៅ​ត្រង់​បេត-អែល​ទៀត​ឡើយ ដ្បិត​នេះ​ជា​ទី​គោរព​របស់​ស្តេច ហើយ​ជា​ដំណាក់​ហ្លួង​ផង។
14 នោះ​អេម៉ុស​ឆ្លើយ​តប​ដល់​អ័ម៉ាស៊ា​ថា ខ្ញុំ​ពី​ដើម​មិន​មែន​ជា​ហោរា​ទេ ក៏​មិន​មែន​ជា​កូន​របស់​ហោរា​ដែរ គឺ​ជា​អ្នក​គង្វាល​សត្វ ហើយ​ជា​អ្នក​បេះ​ផ្លែ​ឧទុម្ពរ​វិញ
15 តែ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​យក​ខ្ញុំ​ចេញ​ពី​ការ​ឃ្វាល​ហ្វូង​ចៀម ក៏​បាន​បង្គាប់​ខ្ញុំ​ថា ចូរ​ទៅ​ទាយ​ដល់​អ៊ីស្រា‌អែល ជា​រាស្ត្រ​អញ​ចុះ
16 ដូច្នេះ ចូរ​លោក​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ឥឡូវ​ចុះ លោក​ប្រាប់​ខ្ញុំ​ថា កុំ​ឲ្យ​ទាយ​ទាស់​នឹង​អ៊ីស្រា‌អែល​ឲ្យ​សោះ ក៏​កុំ​បញ្ចេញ​ពាក្យ​ណា​ទាស់​នឹង​ពួក​វង្ស​អ៊ីសាក​ដែរ
17 ហេតុ​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ប្រពន្ធ​លោក​នឹង​ទៅ​ជា​ស្រី​សំផឹង​នៅ​ក្នុង​ទី​ក្រុង ហើយ​កូន​ប្រុស​កូន​ស្រី​របស់​លោក​នឹង​ត្រូវ​ដួល​ដោយ​ដាវ ស្រុក​របស់​លោក​នឹង​ត្រូវ​វាស់​ចែក​ដោយ​ខ្សែ ឯ​ខ្លួន​លោក​នឹង​ត្រូវ​ស្លាប់​នៅ​ស្រុក​១​ដែល​ស្មោក‌គ្រោក ហើយ​សាសន៍​អ៊ីស្រា‌អែល​នឹង​ត្រូវ​គេ​ដឹក‌នាំ​ចេញ​ពី​ស្រុក​របស់​ខ្លួន ទៅ​ជា​ឈ្លើយ​ជា​មិន​ខាន។


ជំពូក 8

1 ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​ក៏​បង្ហាញ​ខ្ញុំ​ដូច្នេះ មើល មាន​កំប្រោង​១​ពេញ​ដោយ​ផ្លែ​រដូវ​ក្តៅ
2 ហើយ​ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​ខ្ញុំ​ថា អេម៉ុស​អើយ ឯង​ឃើញ​អ្វី នោះ​ខ្ញុំ​ទូល​ឆ្លើយ​ថា ឃើញ​កំប្រោង​ពេញ​ដោយ​ផ្លែ​រដូវ​ក្តៅ រួច​ព្រះ‌យេហូវ៉ា​ទ្រង់​ប្រាប់​ខ្ញុំ​ថា ចុង​បំផុត​បាន​មក​ដល់​អ៊ីស្រា‌អែល ជា​រាស្ត្រ​អញ​ហើយ អញ​នឹង​មិន​ដើរ​បង្ហួស​គេ​ទៅ​ទៀត​ឡើយ
3 ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា នៅ​ថ្ងៃ​នោះ បទ​ចម្រៀង​ដែល​ច្រៀង​នៅ​ក្នុង​ព្រះ‌វិហារ នឹង​ត្រឡប់​ជា​សម្រែក​ទ្រហោ‌យំ​វិញ នឹង​មាន​សាក‌សព​យ៉ាង​សន្ធឹក​នៅ​គ្រប់​ទី​កន្លែង គេ​នឹង​បោះ​សព​ទាំង​នោះ​ចេញ​ដោយ​ស្ងៀម‌ស្ងាត់។
4 ម្នាល​ពួក​អ្នក​ដែល​ចង់​លេប​មនុស្ស​កំសត់​ទុគ៌ត​ទៅ ដើម្បី​នឹង​ធ្វើ​ឲ្យ​មនុស្ស​ក្រីក្រ​នៅ​ក្នុង​ស្រុក​បាត់​ចេញ
5 ដោយ​ពាក្យ​ថា តើ​ដល់​កាល​ណា​បាន​ផុត​ពី​ថ្ងៃ​បុណ្យ​ចូល​ខែ​ទៅ ដើម្បី​ឲ្យ​យើង​បាន​លក់​ស្រូវ ហើយ​និង​ថ្ងៃ​ឈប់​សម្រាក​ដែរ ដើម្បី​ឲ្យ​យើង​បាន​ដាក់​លក់​ភោជ្ជ‌សាលី ព្រម​ទាំង​ធ្វើ​បង្រួម​រង្វាល់ ហើយ​ដំឡើង​ថ្លៃ រួច​ឆ​បំបាត់​ដោយ​ជញ្ជីង​មិន​ត្រឹម‌ត្រូវ
6 ប្រយោជន៍​ឲ្យ​បាន​ទិញ​មនុស្ស​ក្រីក្រ​ដោយ​ប្រាក់ និង​មនុស្ស​កំសត់​ទុគ៌ត ដោយ​ស្បែក​ជើង​១​សម្រាប់ ព្រម​ទាំង​លក់​សំដី​ស្រូវ​ផង ចូរ​ស្តាប់​សេចក្ដី​នេះ​ចុះ
7 ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ស្បថ​ដោយ​សិរី‌ល្អ​នៃ​យ៉ាកុប​ថា ពិត​ប្រាកដ​ជា​អញ​នឹង​មិន​ដែល​ភ្លេច​អំពើ​របស់​គេ​ណា​១​ឡើយ
8 ដោយ​ហេតុ​ទាំង​នោះ តើ​ស្រុក​មិន​ញាប់‌ញ័រ​ទេ​ឬ​អី ហើយ​គ្រប់​ទាំង​មនុស្ស​នៅ​ក្នុង​ស្រុក តើ​មិន​សោយ​សោក​ឬ អើ​ស្រុក​នេះ​ទាំង​មូល​នឹង​ឡើង​លិច​ដូច​ទន្លេ​ធំ នឹង​ចម្រើន​ដី ហើយ​ស្រោច‌ស្រព រួច​ស្រក​ទៅ​វិញ ដូច​ជា​ទន្លេ​នៃ​ស្រុក​អេស៊ីព្ទ
9 ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា នៅ​ថ្ងៃ​នោះ​អញ​នឹង​ធ្វើ​ឲ្យ​ព្រះ‌អាទិត្យ​លិច​ទៅ នៅ​ពេល​ថ្ងៃ​ត្រង់ ឲ្យ​ផែនដី​បាន​ទៅ​ជា​ងងឹត កំពុង​ដែល​មេឃ​នៅ​ស្រឡះ​ផង
10 អញ​នឹង​ធ្វើ​បុណ្យ​ទាំង​ប៉ុន្មាន​របស់​ឯង​រាល់​គ្នា​ទៅ​ជា​ការ​យំ​សោក ហើយ​ឲ្យ​បទ​ចម្រៀង​របស់​ឯង​រាល់​គ្នា​ទៅ​ជា​ពាក្យ​ទំនួញ​វិញ អញ​នឹង​ធ្វើ​ឲ្យ​គ្រប់​ទាំង​ចង្កេះ​បាន​ស្លៀក​ដោយ​សំពត់​ធ្មៃ ហើយ​គ្រប់​ទាំង​ក្បាល​បាន​ត្រងោល​ផង អញ​នឹង​ធ្វើ​ឲ្យ​មាន​ការ​យំ​សោក ដូច​ជា​ការ​យំ​សោក​នឹង​កូន​តែ​មួយ ឯ​ចុង​បំផុត​នៃ​ការ​នោះ​នឹង​ត្រូវ​ជា​ថ្ងៃ​យ៉ាង​ល្វីង។
11 ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា មើល មាន​គ្រា​មក ដែល​អញ​នឹង​ចាត់​ប្រើ​អំណត់​មក​ក្នុង​ស្រុក មិន​មែន​ជា​អំណត់​ដែល​អត់​អាហារ ឬ​ដែល​ស្រេក​ទឹក​ទេ គឺ​ជា​អំណត់​ខាង​ឯ​ការ​ឮ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​វិញ
12 គេ​នឹង​ដើរ​ចុះ​ឡើង​ពី​សមុទ្រ​ម្ខាង​ទៅ​សមុទ្រ​ម្ខាង ហើយ​ពី​ទិស​ខាង​ជើង​រហូត​ដល់​ទិស​ខាង​កើត គេ​នឹង​រត់​ច្រវាត់​ខំ​រក​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា តែ​នឹង​មិន​ប្រទះ​ឡើយ
13 នៅ​ថ្ងៃ​នោះ ពួក​ក្រមុំៗ​យ៉ាង​ល្អ និង​ពួក​កំលោះៗ​នឹង​ល្វើយ​ទៅ​ដោយ​ស្រេក
14 ពួក​អ្នក​ដែល​ស្បថ​ដោយ​អំពើ​បាប​របស់​សាម៉ារី ដោយ​ថា «ដូច​ជា​ព្រះ​ឯង​រស់​នៅ ឱ​ដាន់​អើយ»ហើយ​ថា «ដូច​ជា​ផ្លូវ​ប្រព្រឹត្ត​នៃ​បៀរ-សេបា​បាន​រស់​នៅ»ដែរ ពួក​ទាំង​នោះ​នឹង​ដួល ឥត​ក្រោក​ឡើង​វិញ​ឡើយ។


ជំពូក 9

1 ញុំ​ក៏​ឃើញ​ព្រះ‌អម្ចាស់​ទ្រង់​ឈរ​ក្បែរ​អាសនៈ ហើយ​ទ្រង់​បង្គាប់​ថា ចូរ​វាយ​ក្បាល​សសរ​ឲ្យ​ជើង​ត្រូវ​ញ័រ ហើយ​បំបែក​នៅ​លើ​ក្បាល​របស់​មនុស្ស​ទាំង​អស់ រួច​ពួក​អ្នក​ដែល​សល់ អញ​នឹង​ប្រហារ​ដោយ​ដាវ ឥត​មាន​អ្នក​ណា​១​ដែល​រត់​ទៅ​បាន ឬ​អ្នក​ណា​ដែល​នឹង​រួច​ឡើយ
2 ទោះ​បើ​គេ​ជីក​ទម្លុះ​ទៅ​ដល់​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ក៏​ដោយ គង់​តែ​ដៃ​អញ​នឹង​ចាប់​គេ​មក​ពី​ទី​នោះ​ដែរ ហើយ​ទោះ​បើ​គេ​ប្រឹង​ឡើង​ទៅ​ដល់​ស្ថាន‌សួគ៌ គង់​តែ​អញ​នឹង​នាំ​គេ​ចុះ​ពី​នោះ​មក​វិញ
3 ទោះ​បើ​គេ​ពួន​ខ្លួន​នៅ​លើ​កំពូល​ភ្នំ​កើមែល​ក៏​ដោយ គង់​តែ​អញ​នឹង​រក​គេ ហើយ​ចាប់​នាំ​ចេញ​ពី​ទី​នោះ​មក ទោះ​បើ​បាន​លាក់​កំបាំង​ពី​ភ្នែក​អញ​នៅ​ទី​បាតាល​នៃ​សមុទ្រ​ក៏​ដោយ គង់​តែ​អញ​នឹង​បង្គាប់​ដល់​នាគ ហើយ​វា​នឹង​ចឹក​គេ​នៅ​ទី​នោះ
4 ទោះ​បើ​គេ​ត្រូវ​ចាប់​ទៅ​ជា​ឈ្លើយ​នៅ​ពី​មុខ​ខ្មាំង​សត្រូវ គង់​តែ​អញ​នឹង​បង្គាប់​ដល់​ដាវ ហើយ​ដាវ​នឹង​សម្លាប់​គេ​នៅ​ទី​នោះ​ដែរ អើ អញ​នឹង​ផ្តោត​ភ្នែក​ទៅ​ឯ​គេ សម្រាប់​ការ​អាក្រក់ មិន​មែន​ជា​ការ​ល្អ​ទេ។
5 ដ្បិត​ព្រះ‌អម្ចាស់ គឺ​ជា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល​បរិវារ ទ្រង់​ជា​ព្រះ​ដែល​គ្រាន់​តែ​ពាល់​ផែនដី នោះ​ផែនដី​ក៏​រលាយ​ទៅ ហើយ​អស់​អ្នក​ដែល​អាស្រ័យ​នៅ ក៏​នឹង​សោក‌សៅ ឯ​ស្រុក​គេ​ទាំង​មូល​នឹង​ឡើង​ដូច​ជា​ទន្លេ​ធំ រួច​ស្រក​ទៅ​វិញ​ដូច​ជា​ទន្លេ​នៃ​ស្រុក​អេស៊ីព្ទ
6 ឯ​ព្រះ​ដែល​បាន​សាង​អស់​ទាំង​ស្ថាន​ដ៏​ខ្ពស់​របស់​ទ្រង់ នៅ​លើ​ស្ថាន‌សួគ៌ ហើយ​តាំង​ជីវិត​ទាំង‌ឡាយ ឲ្យ​នៅ​ផែនដី ក៏​តែង​តែ​បង្គាប់​ទឹក​សមុទ្រ​ឲ្យ​ឡើង​ទៅ​លើ រួច​ចាក់​មក​លើ​ផែនដី​វិញ ទ្រង់​ព្រះ‌នាម​ជា «ព្រះ‌យេហូវ៉ា»។
7 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ឱ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​អើយ តើ​ឯង​រាល់​គ្នា​មិន​មែន​ដូច​ជា​ពួក​កូន​ចៅ​របស់​សាសន៍​អេធីយ៉ូពី​ដល់​អញ​ទេ​ឬ តើ​មិន​មែន​អញ​ដែល​នាំ​ពួក​អ៊ីស្រា‌អែល​ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ និង​ពួក​ភីលីស្ទីន​ពី​ស្រុក​កាប់ថោរ ហើយ​ពួក​ស៊ីរី​ពី​ស្រុក​គារ​ទេ​ឬ​អី
8 មើល ព្រះ‌នេត្រ​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា​ក៏​ទត​ឃើញ​នគរ​នេះ ដែល​មាន​បាប ហើយ​អញ​នឹង​បំផ្លាញ​ឲ្យ​សូន្យ​បាត់​ពី​ផែនដី​ចេញ តែ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​នឹង​មិន​បំផ្លាញ​ពួក​វង្ស​យ៉ាកុប​អស់​រលីង​ទេ
9 ដ្បិត​មើល អញ​នឹង​បង្គាប់ ហើយ​និង​រែង​ពួក​វង្ស​អ៊ីស្រា‌អែល​ទៅ​នៅ​កណ្តាល​អស់​ទាំង​សាសន៍ ដូច​ជា​គេ​រែង​អង្ករ​នៅ​ក្នុង​កញ្ច្រែង ឥត​មាន​គ្រាប់​ណា​១​ធ្លាក់​ដល់​ដី​ឡើយ
10 អស់​អ្នក​មាន​បាប​ក្នុង​រាស្ត្រ​អញ ដែល​ពោល​ថា ការ​អាក្រក់​នឹង​តាម​យើង​មិន​ទាន់ ឬ​ប្រទះ​នឹង​យើង​ឡើយ គេ​នឹង​ត្រូវ​ស្លាប់​ដោយ​ដាវ។
11 នៅ​ថ្ងៃ​នោះ អញ​នឹង​លើក​ទី​លំនៅ​របស់​ដាវីឌ​ឡើង​វិញ គឺ​ជា​ទី​ដែល​ត្រូវ​រលំ ហើយ​និង​បិទ​ចន្លោះ​បាក់​បែក​ឲ្យ​ជិត អញ​នឹង​លើក​ទី​ខូច​បង់​ឡើង ហើយ​សង់​ឡើង​ឲ្យ​ដូច​ជា​កាល​ពី​ដើម
12 ដើម្បី​ឲ្យ​គេ​បាន​ធ្វើ​ជា​ម្ចាស់ លើ​សំណល់​នៃ​សាសន៍​អេដុម និង​អស់​ទាំង​សាសន៍​ផ្សេងៗ ដែល​បាន​ហៅ​តាម​ឈ្មោះ​អញ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ដែល​ទ្រង់​ធ្វើ​ការ​ទាំង​នេះ
13 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា មើល មាន​ថ្ងៃ​មក ដែល​អ្នក​ភ្ជួរ‌រាស់​នឹង​ធ្វើ​ការ ដរាប​ដល់​ជួប​នឹង​អ្នក​ច្រូត​កាត់ ហើយ​អ្នក​ដែល​ជាន់​ផ្លែ​ទំពាំង‌បាយ‌ជូរ នឹង​ធ្វើ​ការ​ដរាប​ដល់​ជួប​នឹង​អ្នក​ដែល​សាប‌ព្រោះ នោះ​ភ្នំ​ធំ​ទាំង​ប៉ុន្មាន​នឹង​ស្រក់​ជា​ទឹក​ទំពាំង‌បាយ‌ជូរ ហើយ​អស់​ទាំង​ភ្នំ​តូច​នឹង​ហូរ​ដែរ
14 អញ​នឹង​នាំ​ពួក​អ៊ីស្រា‌អែល ជា​រាស្ត្រ​អញ ដែល​ជាប់​ជា​ឈ្លើយ​ឲ្យ​មក​វិញ គេ​នឹង​សង់​អស់​ទាំង​ទី​ក្រុង​ខូច​បង់​ឡើង ព្រម​ទាំង​អាស្រ័យ​នៅ​ផង គេ​នឹង​ដាំ​ចម្ការ​ទំពាំង‌បាយ‌ជូរ ក៏​នឹង​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ​ជា​ផល​ពី​ចម្ការ​នោះ គេ​នឹង​ដាំ​ច្បារ ហើយ​ស៊ី​ផល​នោះ​ដែរ
15 អញ​នឹង​ដាំ​គេ​ចុះ នៅ​ក្នុង​ស្រុក​របស់​គេ ហើយ​គេ​មិន​ត្រូវ​រលើង​ចេញ​ពី​ស្រុក​របស់​ខ្លួន ដែល​អញ​ឲ្យ​ដល់​គេ​នោះ​ទៀត​ឡើយ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង។:៚