អូបាឌា

1


ជំពូក 1

1 ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ពី​ដំណើរ​សាសន៍​អេដុម​ដូច្នេះ យើង​បាន​ឮ​ដំណឹង​មក​ពី​ព្រះ‌យេហូវ៉ា ហើយ​មាន​ទូត​១​បាន​ចាត់​ឲ្យ​មក​នៅ​កណ្តាល​សាសន៍​ទាំង​ប៉ុន្មាន​ដោយ​ពាក្យ​ថា ចូរ​ឯង​រាល់​គ្នា​ប្រុង​ប្រៀប​ឡើង យើង​នឹង​លើក​គ្នា​ឡើង​ទៅ​ច្បាំង​នឹង​គេ
2 មើល អញ​បាន​ធ្វើ​ឲ្យ​ឯង​ជា​នគរ​យ៉ាង​តូច នៅ​ក្នុង​ពួក​នគរ​ទាំង​ប៉ុន្មាន គេ​មើល‌ងាយ​ឯង​ជា​ខ្លាំង
3 ម្នាល​ឯង​ដែល​អាស្រ័យ​នៅ​ក្នុង​ក្រហែង​ថ្ម ដែល​មាន​ទី​លំនៅ​យ៉ាង​ខ្ពស់ ហើយ​ក៏​គិត​ក្នុង​ចិត្ត​ថា តើ​អ្នក​ណា​អាច​នឹង​នាំ​អញ​ចុះ​ដល់​ដី​បាន សេចក្ដី​អំនួត​នៅ​ក្នុង​ចិត្ត​ឯង បាន​បញ្ឆោត​ឯង​ហើយ
4 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ទោះ​បើ​ឯង​ហើរ​ឡើង​ទៅ​យ៉ាង​ខ្ពស់ ដូច​ជា​ឥន្ទ្រី ហើយ​ធ្វើ​សំបុក​ឯង​នៅ​កណ្តាល​អស់​ទាំង​ផ្កាយ​ក៏​ដោយ គង់​តែ​អញ​នឹង​នាំ​ឯង​ចុះ​ពី​ទី​នោះ​មក​ដែរ។
5 បើ​សិន​ជា​មាន​ចោរ​មក​លួច​ឯង បើ​ពួក​ចោរ​មក​ប្លន់​ឯង នៅ​ពេល​យប់ ឱ​ម៉្លេះ​សម​ឯង​នឹង​ត្រូវ​អន្តរាយ​យ៉ាង​ណា​ហ្ន៎ នោះ​តើ​គេ​មិន​គ្រាន់​តែ​លួច​ឲ្យ​ល្មម​តែ​ស្កប់​ចិត្ត​ទេ​ឬ បើ​ពួក​ស៊ី​ឈ្នួល​ដោយ​បេះ​ផ្លែ​ទំពាំង‌បាយ‌ជូរ បាន​មក​ធ្វើ​ការ​ឲ្យ​ឯង នោះ​តើ​គេ​មិន​ទុក​ផ្លែ​ខ្លះ​ឲ្យ​ប្រឡេះ​តាម​ក្រោយ​ទេ​ឬ
6 ឱ​អេសាវ​ត្រូវ​ឆែក‌ឆេរ​យ៉ាង​ណា​ហ្ន៎ គេ​បាន​រាវ​រក​ទ្រព្យ​សម្បត្តិ​លាក់​ទុក​របស់​គេ​យ៉ាង​ណា​ហ្ន៎
7 គ្រប់​អស់​អ្នក​ដែល​បាន​ពួត‌ដៃ​ជា​មួយ​នឹង​ឯង គេ​បាន​បណ្តេញ​ឯង រហូត​ដល់​ព្រំ​ស្រុក​ហើយ ពួក​មនុស្ស​ដែល​បាន​ចង​ស្ពាន​មេត្រី​នឹង​ឯង គេ​បាន​បញ្ឆោត​ឯង ក៏​បាន​ឈ្នះ​ផង ពួក​អ្នក​ដែល​បរិភោគ​អាហារ​របស់​ឯង គេ​បាន​ដាក់​អន្ទាក់​ចាប់​ឯង​ហើយ ឯង​ក៏​មិន​បាន​យល់​ដែរ
8 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា នៅ​ថ្ងៃ​នោះ តើ​មិន​ត្រូវ​ឲ្យ​អញ​បំផ្លាញ​ពួក​អ្នក​ប្រាជ្ញ ចេញ​ពី​ស្រុក​អេដុម​បង់ ហើយ​ទាំង​យោបល់​ពី​ស្រុក​ភ្នំ​របស់​អេសាវ​ផង​ទេ​ឬ​អី
9 ឯ​ពួក​មនុស្ស​ខ្លាំង​ពូកែ​របស់​ឯង ឱ​ថេម៉ាន​អើយ គេ​នឹង​ត្រូវ​ស្រយុត​ចិត្ត ដើម្បី​ឲ្យ​គ្រប់​គ្នា​បាន​កាត់​ចេញ​ពី​ស្រុក​ភ្នំ​របស់​អេសាវ ដោយ​ការ​ប្រហារ​ជីវិត​យ៉ាង​សម្បើម។
10 សេចក្ដី​អាម៉ាស់​ខ្មាស​នឹង​គ្រប​លើ​ឯង ឯង​នឹង​ត្រូវ​កាត់​ចេញ​ជា​រៀង‌រាប​ដរាប ដោយ​ព្រោះ​ការ​ច្រឡោត​ដែល​ឯង​បាន​ប្រព្រឹត្ត​នឹង​ពួក​យ៉ាកុប ជា​បង​ប្អូន​ឯង
11 នៅ​ថ្ងៃ​នោះ ដែល​ឯង​បាន​ឈរ​មើល ក្នុង​កាល​ដែល​ពួក​អ្នក​ដទៃ​បាន​ចាប់​យក​កម្លាំង​របស់​គេ​ទៅ ហើយ​មាន​សាសន៍​ដទៃ​លុក​ចូល​ទៅ​ក្នុង​ទ្វារ​ក្រុង​របស់​គេ បោះ​ឆ្នោត​ចាប់​យក​ក្រុង​យេរូ‌សាឡឹម នោះ​ឯង​ក៏​ដូច​ជា​ពួក​គេ​ណា​មួយ​ដែរ
12 ប៉ុន្តែ មិន​ត្រូវ​ឲ្យ​នឹក​ឃើញ ពី​ថ្ងៃ​របស់​បង​ប្អូន​ឯង ជា​ថ្ងៃ​ដែល​គេ​ត្រូវ​អន្តរាយ ដោយ​មាន​ចិត្ត​រីក‌រាយ​ពី​ដំណើរ​ពួក​កូន​ចៅ​យូដា ក្នុង​កាល​ដែល​គេ​ត្រូវ​បំផ្លាញ​នោះ​ឡើយ ក៏​មិន​ត្រូវ​មាន​សំដី​ធំ នៅ​ថ្ងៃ​ទុក្ខ​លំបាក​របស់​គេ​ដែរ
13 នៅ​ថ្ងៃ​ដែល​រាស្ត្រ​អញ​ត្រូវ​អន្តរាយ នោះ​មិន​ត្រូវ​ឲ្យ​ឯង​លុក​ចូល​ទៅ​ក្នុង​ទ្វារ​ក្រុង​របស់​គេ​ទេ អើ កុំ​ឲ្យ​គន់​មើល​សេចក្ដី​វេទនា​របស់​គេ ក្នុង​ថ្ងៃ​ដែល​គេ​ត្រូវ​អន្តរាយ ឬ​លូក​ដៃ​ទៅ​ពាល់‌ប៉ះ​នឹង​ទ្រព្យ‌សម្បត្តិ​របស់​គេ ក្នុង​ថ្ងៃ​ដែល​គេ​ត្រូវ​អន្តរាយ​នោះ​ឡើយ
14 ក៏​មិន​ត្រូវ​ឈរ​រារាំង​នៅ​ត្រង់​ផ្លូវ​ខ្វែង ដើម្បី​កាត់​ពួក​គេ​ណា​ដែល​រត់​រួច​បង់ ឬ​ប្រគល់​ពួក​គេ ដែល​នៅ​សល់​ក្នុង​ថ្ងៃ​ទុក្ខ​លំបាក​នោះ​ឡើយ។
15 ដ្បិត​ថ្ងៃ​របស់​ព្រះ‌យេហូវ៉ា​ជិត​នឹង​មក​លើ​អស់​ទាំង​សាសន៍​ហើយ នោះ​ដែល​ឯង​បាន​ប្រព្រឹត្ត​យ៉ាង​ណា ក៏​នឹង​មាន​គេ​ប្រព្រឹត្ត​នឹង​ឯង​យ៉ាង​នោះ​ដែរ គឺ​អំពើ​ដែល​ឯង​ប្រព្រឹត្ត​នោះ នឹង​ធ្លាក់​មក​លើ​ក្បាល​ឯង​វិញ
16 ដ្បិត​ដែល​ឯង​បាន​ផឹក​នៅ​លើ​ភ្នំ​បរិសុទ្ធ​របស់​អញ​ជា​យ៉ាង​ណា នោះ​អស់​ទាំង​សាសន៍​ដទៃ​នឹង​ផឹក​យ៉ាង​នោះ​ជានិច្ច​ដែរ អើ គេ​នឹង​ផឹក ហើយ​លេប​ចុះ​ទៅ រួច​នឹង​ត្រឡប់​ដូច​ជា​មិន​ដែល​កើត​មក​វិញ។
17 ប៉ុន្តែ នៅ​ភ្នំ​ស៊ីយ៉ូន​នឹង​មាន​ពួក​អ្នក​ខ្លះ​ដែល​រួច​ជីវិត ហើយ​ភ្នំ​នោះ​នឹង​បាន​បរិសុទ្ធ ឯ​ពួក​វង្ស​យ៉ាកុប គេ​នឹង​បាន​កេរ‌អាករ​របស់​គេ​វិញ
18 នោះ​ពួក​វង្ស​យ៉ាកុប​នឹង​បាន​ដូច​ជា​ភ្លើង ឯ​ពួក​វង្ស​យ៉ូសែប​ជា​អណ្តាត​ភ្លើង ចំណែក​ពួក​វង្ស​អេសាវ គេ​នឹង​បាន​ដូច​ជា​ជញ្ជ្រាំង ហើយ​ភ្លើង​នោះ​នឹង​ឆេះ​នៅ​កណ្តាល​គេ ព្រម​ទាំង​បន្សុស​គេ​អស់​រលីង​ទៅ ឥត​មាន​អ្នក​ណា​សល់​នៅ​ក្នុង​ពួក‌វង្ស​អេសាវ​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ចេញ​វាចា​ហើយ
19 គ្រា​នោះ​ពួក​មនុស្ស​នៅ​ស្រុក​ត្បូង នឹង​បាន​ស្រុក​ភ្នំ​អេសាវ​ជា​របស់​ផង​ខ្លួន ឯ​ពួក​មនុស្ស​នៅ​ស្រុក​ទ្រនាប គេ​នឹង​បាន​ពួក​ភីលីស្ទីន គេ​នឹង​ចាប់​យក​ស្រុក​វាល​របស់​អេប្រា‌អិម និង​ស្រុក​វាល​របស់​សាម៉ារី ហើយ​បេន‌យ៉ាមីន​នឹង​បាន​ស្រុក​កាឡាត​ជា​របស់​ផង​ខ្លួន
20 ឯ​ពួក​ពល‌ទ័ព​នៃ​កូន​ចៅ​អ៊ីស្រា‌អែល​ដែល​ជាប់​ជា​ឈ្លើយ គេ​នឹង​បាន​ស្រុក​របស់​ពួក​សាសន៍​កាណាន រហូត​ដល់​ក្រុង​សារិបតា ហើយ​ពួក​ក្រុង​យេរូ‌សាឡឹម​ដែល​នៅ​ជា​ឈ្លើយ ត្រង់​សេផារ៉ាឌ គេ​នឹង​បាន​អស់​ទាំង​ទី​ក្រុង​នៅ​ស្រុក​ត្បូង នោះ​នឹង​មាន​ពួក​អ្នក​ដែល​បាន​សង្គ្រោះ​ឡើង​មក​ឯ​ភ្នំ​ស៊ីយ៉ូន ដើម្បី​នឹង​ជំនុំ‌ជម្រះ​ស្រុក​ភ្នំ​របស់​អេសាវ ហើយ​រាជ្យ​នោះ​នឹង​បាន​ជា​របស់​ផង​ព្រះ‌យេហូវ៉ា។:៚