ជំពូក 1
1 រីឯព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់យ៉ូណាស ជាកូនអ័មីថាយ ថា
2 ចូរក្រោកឡើងទៅឯនីនីវេ ជាទីក្រុងធំ ហើយស្រែកប្រកាសទាស់នឹងក្រុងនោះ ពីព្រោះអំពើអាក្រក់របស់គេបានសាយឡើង នៅចំពោះមុខអញហើយ
3 ប៉ុន្តែ យ៉ូណាសលោកក្រោកឡើង រត់ទៅឯក្រុងតើស៊ីសវិញ ដើម្បីឲ្យរួចពីព្រះភ័ក្ត្រនៃព្រះយេហូវ៉ា គឺលោកចុះទៅដល់ក្រុងយ៉ុបប៉េបានប្រទះនឹងនាវា១ ដែលរៀបចេញទៅឯក្រុងតើស៊ីស នោះលោកចេញប្រាក់ជាតម្លៃជិះ រួចក៏ចុះនាវានោះ ដើម្បីទៅឯតើស៊ីសជាមួយនឹងគេ ឲ្យរួចពីព្រះភ័ក្ត្រព្រះយេហូវ៉ា។
4 ប៉ុន្តែ ព្រះយេហូវ៉ាទ្រង់ធ្វើឲ្យមានខ្យល់យ៉ាងខ្លាំង បក់មកលើសមុទ្រ ដូច្នេះ កើតមានព្យុះយ៉ាងធំនៅសមុទ្រ ដល់ម៉្លេះបានជានាវារកកល់តែនឹងបែកបាក់អស់ទៅ
5 ឯពួកជើងឈ្នួលក៏ស្លុតចិត្ត ហើយគ្រប់គ្នាបានអំពាវនាវដល់ព្រះរបស់ខ្លួន គេបោះទំនិញទាំងប៉ុន្មាន ដែលនៅក្នុងនាវាចោលទៅក្នុងសមុទ្រ ដើម្បីនឹងធ្វើឲ្យនាវាបានស្រាលឡើង ឯយ៉ូណាសលោកបានចុះទៅដេកនៅខាងក្នុងនាវា ហើយក៏លក់ស៊ប់ទៅ
6 ដូច្នេះ នាយនាវាក៏មកឯលោកសួរថា ម្នាលអ្នកទ្រមក់អើយ អ្នកធ្វើអីដូច្នេះ ចូរក្រោកឡើងអំពាវនាវដល់ព្រះនៃអ្នកទៅ ក្រែងទ្រង់នឹងនឹកចាំពីយើង ដើម្បីមិនឲ្យយើងត្រូវវិនាសឡើយ
7 រួចគេជំនុំគ្នាថា ចូរយើងចាប់ឆ្នោតឲ្យបានដឹង ជាការអាក្រក់នេះកើតដល់យើងដោយព្រោះអ្នកណា ដូច្នេះ គេក៏នាំគ្នាចាប់ឆ្នោត ហើយឆ្នោតនោះត្រូវលើយ៉ូណាស
8 រួចគេសួរពីដំណើរលោកថា ចូរប្រាប់យើង តើអ្នកណាបាននាំឲ្យការអាក្រក់នេះមកលើយើង តើអ្នករកស៊ីធ្វើការអី ហើយមកពីណា តើអ្នកនៅស្រុកណា ហើយជាសាសន៍អី
9 នោះលោកប្រាប់គេថា ខ្ញុំជាសាសន៍ហេព្រើរ ហើយខ្ញុំកោតខ្លាចដល់ព្រះយេហូវ៉ាជាព្រះនៃស្ថានសួគ៌ ដែលទ្រង់បានបង្កើតសមុទ្រ និងដីគោកផង
10 ដូច្នេះ គេមានសេចក្ដីស្ញែងខ្លាចក្រៃលែង ហើយក៏សួរលោកថា តើអ្នកបានធ្វើអ្វីដូច្នេះ ដ្បិតបណ្តាអ្នកទាំងនោះបានដឹងថា លោកកំពុងរត់គេចពីព្រះភ័ក្ត្រព្រះយេហូវ៉ា ពីព្រោះលោកបានប្រាប់គេហើយ។
11 រួចគេសួរលោកថា ដូច្នេះ តើត្រូវឲ្យយើងធ្វើដូចម្តេចដល់អ្នក ដើម្បីឲ្យសមុទ្របានស្ងប់វិញ ដ្បិតសមុទ្រចេះតែកម្រើករឹតតែខ្លាំងឡើង
12 លោកប្រាប់គេថា ចូរចាប់ខ្ញុំបោះទៅក្នុងសមុទ្រចុះ នោះសមុទ្រនឹងស្ងប់ដល់អ្នករាល់គ្នាហើយ ដ្បិតខ្ញុំដឹងថា ខ្យល់ព្យុះយ៉ាងខ្លាំងនេះកើតឡើងក៏ដោយព្រោះខ្លួនខ្ញុំនេះឯង
13 ប៉ុន្តែ គេនាំគ្នាខំចែវឲ្យបានវិលត្រឡប់ទៅឯច្រាំងវិញ តែមិនបានទេ ដ្បិតសមុទ្រចេះតែកម្រើករឹតតែខ្លាំងឡើងទាស់នឹងគេ
14 ដូច្នេះ គេក៏អំពាវនាវដល់ព្រះយេហូវ៉ាថា ឱព្រះយេហូវ៉ាអើយ យើងខ្ញុំសូមអង្វរដល់ទ្រង់ សូមកុំឲ្យយើងខ្ញុំរាល់គ្នាត្រូវវិនាស ដោយព្រោះជីវិតមនុស្សនេះឡើយ ក៏កុំឲ្យទម្លាក់ទោសជាកម្ចាយឈាមឥតទោស មកលើយើងខ្ញុំរាល់គ្នាដែរ ដ្បិតឱព្រះយេហូវ៉ាអើយ ទ្រង់បានសម្រេចការតាមដែលគាប់ព្រះហឫទ័យទ្រង់
15 គេក៏ចាប់យ៉ូណាសបោះទៅក្នុងសមុទ្រ រួចសមុទ្រក៏ស្ងប់ទៅ
16 ដូច្នេះ មនុស្សទាំងនោះគេកោតខ្លាចដល់ព្រះយេហូវ៉ាយ៉ាងក្រៃលែង ហើយក៏ថ្វាយយញ្ញបូជាដល់ព្រះយេហូវ៉ា ព្រមទាំងបន់បំណន់ផង។
ជំពូក 2
1 ឯព្រះយេហូវ៉ាទ្រង់បម្រុងឲ្យមានត្រី១យ៉ាងធំសម្រាប់នឹងលេបយ៉ូណាសទៅ ហើយយ៉ូណាសបាននៅក្នុងពោះត្រីនោះ គ្រប់៣ថ្ងៃ៣យប់
2 ក្នុងរវាងនោះ យ៉ូណាសក៏អធិស្ឋានដល់ព្រះយេហូវ៉ាជាព្រះនៃខ្លួន ពីក្នុងពោះត្រី
3 លោកទូលថា ទូលបង្គំបានអំពាវនាវដល់ព្រះយេហូវ៉ា ដោយព្រោះទុក្ខលំបាករបស់ទូលបង្គំ ទ្រង់ក៏បានឆ្លើយមកទូលបង្គំហើយ ទូលបង្គំបានអំពាវនាវ នៅក្នុងពោះនៃស្ថានឃុំព្រលឹងមនុស្សស្លាប់ ហើយទ្រង់បានឮសំឡេងរបស់ទូលបង្គំ
4 ដ្បិតទ្រង់បានបោះទូលបង្គំទៅក្នុងទីជម្រៅ គឺចុះទៅក្នុងផ្ទៃនៃសមុទ្រ ទឹកបាននៅព័ទ្ធជុំវិញទូលបង្គំ ហើយរលកទាំងប៉ុន្មាន និងអស់ទាំងខ្សែទឹករបស់ទ្រង់បានហូរពីលើទូលបង្គំ
5 នោះទូលបង្គំបានពោលថា ទូលបង្គំត្រូវបោះចោលចេញពីចំពោះព្រះនេត្រទ្រង់ហើយ ប៉ុន្តែ ទូលបង្គំនឹងមើលទៅឯព្រះវិហារបរិសុទ្ធនៃទ្រង់ទៀត
6 ទឹកបានឡោមព័ទ្ធទូលបង្គំ សឹងតែនឹងផុតជីវិតផង ទីជម្រៅបានហ៊ុមទូលបង្គំជិត ហើយសារ៉ាយបានរុំព័ទ្ធក្បាលទូលបង្គំ
7 ទូលបង្គំបានចុះទៅដល់ឫសនៃភ្នំទាំងប៉ុន្មាន រនុកនៃផែនដីបានបិទខ្ទប់ពីលើទូលបង្គំ ទុកជាដរាបតទៅ ប៉ុន្តែ ឱព្រះយេហូវ៉ាជាព្រះនៃទូលបង្គំអើយ ទ្រង់បាននាំទូលបង្គំឡើងចេញពីរណ្តៅមកទាំងរស់
8 កាលព្រលឹងនៅក្នុងខ្លួន ទូលបង្គំបានសន្លប់ទៅ នោះទូលបង្គំបាននឹកដល់ព្រះយេហូវ៉ា ហើយសេចក្ដីអធិស្ឋានរបស់ទូលបង្គំបានចូលទៅក្នុងព្រះវិហារបរិសុទ្ធ នៅចំពោះទ្រង់
9 ពួកអ្នកដែលមើលទៅឯរបស់ឥតប្រយោជន៍ ដែលមិនទៀងទាត់ គេរមែងលះបង់ចោលសេចក្ដីអាណិតអាសូររបស់ខ្លួនចេញ
10 តែទូលបង្គំនឹងថ្វាយយញ្ញបូជាដល់ទ្រង់ ដោយសំឡេងនៃពាក្យអរដល់ព្រះគុណ ហើយទូលបង្គំនឹងលាបំណន់របស់ទូលបង្គំផង ឯសេចក្ដីសង្គ្រោះ នោះកើតមកតែពីព្រះយេហូវ៉ាទេ។
11 លំដាប់នោះ ព្រះយេហូវ៉ាទ្រង់បង្គាប់ដល់ត្រីនោះ វាក៏ក្អែយ៉ូណាសចេញនៅលើដីគោក។
ជំពូក 3
1 ចំណេរមក ព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់យ៉ូណាសម្តងទៀតថា
2 ចូរក្រោកឡើងទៅឯនីនីវេ ជាក្រុងធំ ហើយប៉ាវប្រកាសដល់គេ តាមសេចក្ដីដែលអញនឹងបង្គាប់
3 ដូច្នេះ យ៉ូណាសក៏ក្រោកឡើង ទៅឯក្រុងនីនីវេតាមព្រះបន្ទូលនៃព្រះយេហូវ៉ា រីឯនីនីវេជាទីក្រុងធំក្រៃលែងដែលដើរអស់ចំនួន៣ថ្ងៃ ទើបបានសព្វ
4 កាលយ៉ូណាសបានចាប់តាំងដើរចូលក្នុងទីក្រុងនោះ ចម្ងាយដើរអស់១ថ្ងៃហើយ នោះលោកប៉ាវប្រកាសថា នៅតែ៤០ថ្ងៃទៀតក្រុងនីនីវេនឹងត្រូវបំផ្លាញហើយ។
5 ពួកបណ្តាជននៅក្រុងនីនីវេ គេក៏ជឿព្រះអង្គ ដូច្នេះ គេប្រកាសឲ្យមានពេលតមអត់ ហើយស្លៀកសំពត់ធ្មៃ ចាប់តាំងពីអ្នកធំបំផុត រហូតដល់អ្នកតូចជាងគេ
6 ដំណឹងនោះក៏ឮទៅដល់ស្តេចនៃក្រុងនីនីវេ រួចទ្រង់ក្រោកចាកពីបល្ល័ង្ក ដោះព្រះពស្ត្រចេញ ហើយគ្រលុំអង្គដោយសំពត់ធ្មៃ ទៅគង់នៅក្នុងផេះវិញ
7 ទ្រង់ក៏ឲ្យគេប្រកាសប្រាប់នៅពេញក្នុងក្រុងនីនីវេ ជាបង្គាប់របស់ស្តេច និងពួករដ្ឋមន្ត្រីថា មិនត្រូវឲ្យពួកមនុស្ស ឬសត្វ ហ្វូងគោ ឬហ្វូងចៀមភ្លក់អ្វីឡើយ កុំឲ្យស៊ី ឬផឹកឲ្យសោះ
8 ត្រូវឲ្យទាំងអស់គ្រលុំខ្លួនដោយសំពត់ធ្មៃ គឺទាំងមនុស្ស និងសត្វផង ហើយត្រូវឲ្យគ្រប់គ្នាអំពាវនាវយ៉ាងខ្លាំងដល់ព្រះ អើ ត្រូវឲ្យគេលាកចេញពីផ្លូវអាក្រក់របស់គេរៀងខ្លួន ហើយពីការច្រឡោតដែលនៅដៃខ្លួនផង
9 ប្រហែលជាព្រះទ្រង់នឹងប្រែព្រះហឫទ័យ ហើយផ្លាស់គំនិត ព្រមលាកចេញពីសេចក្ដីក្រោធដ៏សហ័សរបស់ទ្រង់ ដើម្បីមិនឲ្យយើងត្រូវវិនាសទៅទេដឹង
10 ព្រះទ្រង់ទតឃើញការទាំងប៉ុន្មានដែលគេប្រព្រឹត្តនោះ គឺដែលគេបានលាកចេញពីផ្លូវអាក្រក់របស់គេ រួចព្រះក៏ប្រែគំនិតពីការអាក្រក់ ដែលទ្រង់បានគំរាមថា នឹងធ្វើដល់គេ ហើយទ្រង់លែងធ្វើទៅ។
ជំពូក 4
1 តែការនោះជាទីទំនាស់ចិត្តដល់យ៉ូណាសយ៉ាងក្រៃលែង ហើយលោកក៏ខឹង
2 រួចលោកអធិស្ឋានដល់ព្រះយេហូវ៉ាថា ឱព្រះយេហូវ៉ាអើយ តើមិនមែនជាសេចក្ដីនេះឯងដែលទូលបង្គំបានថា ក្នុងកាលដែលទូលបង្គំនៅឯស្រុករបស់ទូលបង្គំនៅឡើយទេឬអី គឺដោយហេតុនោះបានជាទូលបង្គំខំរត់ទៅឯក្រុងតើស៊ីសវិញ ពីព្រោះទូលបង្គំបានដឹងថា ទ្រង់ជាព្រះដ៏ប្រកបដោយករុណាគុណ ក៏មានព្រះហឫទ័យអាណិតអាសូរ ទ្រង់យឺតនឹងខ្ញាល់ ហើយមានសេចក្ដីសប្បុរសជាបរិបូរ ក៏តែងតែប្រែគំនិតចេញពីការអាក្រក់ផង
3 ដូច្នេះ ឱព្រះយេហូវ៉ាអើយ ទូលបង្គំសូមអង្វរដល់ទ្រង់ សូមដកជីវិតទូលបង្គំចេញចុះ ដ្បិតស៊ូឲ្យទូលបង្គំស្លាប់ទៅជាជាងរស់នៅវិញ
4 តែព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលតបនឹងលោកថា ការដែលឯងខឹងដូច្នេះតើគួរឬ
5 ខណៈនោះ យ៉ូណាសក៏ចេញទៅអង្គុយនៅខាងកើតទីក្រុង នៅទីនោះ លោកធ្វើបង្ហា១ ហើយអង្គុយជ្រកនៅក្រោមម្លប់នោះ ដើម្បីចាំមើលការអ្វីដែលនឹងកើតដល់ទីក្រុង។
6 ព្រះដ៏ជាព្រះយេហូវ៉ាទ្រង់ក៏បម្រុងឲ្យមានដើមវល្លិ ដុះឡើងគ្របបាំងយ៉ូណាស ដើម្បីឲ្យបានជាម្លប់ពីលើក្បាល ប្រយោជន៍ឲ្យលោកបានរួចពីសេចក្ដីតប់ប្រមល់ទៅ ដូច្នេះ យ៉ូណាសមានសេចក្ដីអំណរជាខ្លាំង ដោយព្រោះដើមវល្លិនោះ
7 ប៉ុន្តែ ដល់ព្រឹកឡើងថ្ងៃក្រោយ ព្រះទ្រង់បម្រុងឲ្យមានដង្កូវ១មកស៊ីដើមវល្លិ ឲ្យស្វិតក្រៀមវិញ
8 លុះថ្ងៃបានរះឡើងហើយ ព្រះទ្រង់បម្រុងឲ្យមានខ្យល់ក្តៅ បក់មកពីទិសខាងកើត ថ្ងៃក៏ចាំងក្បាលលោកដែរ ឲ្យលោកខ្សោះល្វើយ លោកក៏សូមឲ្យខ្លួនបានស្លាប់ទៅ ដោយពាក្យថា ស៊ូឲ្យទូលបង្គំស្លាប់ទៅ ជាជាងរស់នៅ
9 នោះព្រះទ្រង់មានព្រះបន្ទូលនឹងយ៉ូណាសថា ការដែលឯងខឹងពីដំណើរដើមវល្លិនោះ តើគួរឬ លោកតបថា ការដែលទូលបង្គំខឹងនេះគួរហើយ ទោះបើដល់ស្លាប់ក៏ដោយ
10 រួចព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា ឯងបានអាល័យចំពោះដើមវល្លិ ដែលឯងមិនបានដាំ ឬធ្វើឲ្យដុះឡើងទេ ជាដើមដែលដុះឡើងក្នុង១យប់ ហើយបានវិនាសទៅ ក្នុង១យប់ដូចគ្នានោះ
11 ដូច្នេះ តើមិនគួរឲ្យអញអាល័យចំពោះក្រុងនីនីវេ ជាទីក្រុងយ៉ាងធំនេះ ដែលមានមនុស្សជាង១សែន២ម៉ឺននាក់ ជាពួកអ្នកដែលមិនស្គាល់ស្តាំ មិនស្គាល់ឆ្វេងសោះ ព្រមទាំងហ្វូងសត្វយ៉ាងច្រើនផងទេឬអី។:៚