មីកា

1 2 3 4 5 6 7


ជំពូក 1

1 នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដែល​មក​ដល់​មីកា​ជា​ពួក​ម៉ូរ៉ាស៊ីត នៅ​ក្នុង​រាជ្យ​នៃ​យ៉ូថាម អេហាស និង​ហេសេគា ជា​ស្តេច​យូដា ជា​សេចក្ដី​ដែល​លោក​បាន​ឃើញ​ពី​ដំណើរ​ក្រុង​សាម៉ារី ហើយ​និង​ក្រុង​យេរូ‌សាឡឹម។
2 ម្នាល​សាសន៍​ទាំង‌ឡាយ​អើយ ចូរ​ស្តាប់​ទាំង​អស់​គ្នា​ចុះ ឱ​ផែនដី និង​សព្វ​សារពើ​ដែល​នៅ​ផែនដី​អើយ ចូរ​ប្រុង​ស្តាប់​ចុះ ហើយ​បើក​ឱកាស​ឲ្យ​ព្រះ‌អម្ចាស់​យេហូវ៉ា ធ្វើ​បន្ទាល់​ទាស់​នឹង​ឯង​រាល់​គ្នា គឺ​ឲ្យ​ព្រះ‌អម្ចាស់​ធ្វើ​បន្ទាល់​ពី​ព្រះ‌វិហារ​បរិសុទ្ធ​របស់​ទ្រង់
3 ដ្បិត​មើល ព្រះ‌យេហូវ៉ា​ទ្រង់​កំពុង​យាង​ចេញ​ពី​ទី​កន្លែង​របស់​ទ្រង់ ក៏​នឹង​យាង​ចុះ​មក​ជាន់​លើ​ទី​ខ្ពស់​ទាំង​ប៉ុន្មាន​នៃ​ផែនដី​ដែរ
4 អស់​ទាំង​ភ្នំ​នឹង​រលាយ​ពី​ក្រោម​ទ្រង់​ទៅ ឯ​ច្រក​ភ្នំ​ទាំង​ប៉ុន្មាន នឹង​សញ្ជែក​ចេញ ដូច​ជា​ក្រមួន​ដែល​ត្រូវ​ភ្លើង ហើយ​ដូច​ទឹក​ដែល​ចាក់​ចុះ​តាម​ទី​ចោត
5 នេះ​គឺ​ដោយ​ព្រោះ​អំពើ​រំលង​របស់​ពួក​យ៉ាកុប និង​អំពើ​បាប​របស់​ពួក​វង្ស​អ៊ីស្រា‌អែល អំពើ​រំលង​របស់​ពួក​យ៉ាកុប​នោះ​ជា​អ្វី តើ​មិន​មែន​ជា​ក្រុង​សាម៉ារី​ទេ​ឬ​អ្វី ហើយ​អស់​ទាំង​ទី​ខ្ពស់​របស់​ពួក​យូដា​ជា​អ្វី តើ​មិន​មែន​ជា​ក្រុង​យេរូ‌សាឡឹម​ទេ​ឬ​អី
6 ដូច្នេះ អញ​នឹង​ធ្វើ​ឲ្យ​ក្រុង​សាម៉ារី​បាន​ដូច​ជា​គំនរ​នៅ​ទី​វាល ជា​កន្លែង​សម្រាប់​ធ្វើ​ចម្ការ​ទំពាំង‌បាយ‌ជូរ អញ​នឹង​ចាក់​ថ្ម​ទាំង​ប៉ុន្មាន​នៃ​ទី​ក្រុង​ទៅ​ក្នុង​ច្រក​ភ្នំ ហើយ​និង​បើក​ឲ្យ​ឃើញ​ឫស​ជញ្ជាំង
7 នោះ​អស់​ទាំង​រូប​ឆ្លាក់​របស់​គេ នឹង​ត្រូវ​វាយ​បំបែក​ខ្ទេច‌ខ្ទី​ទៅ ឯ​អស់​ទាំង​រង្វាន់​ឈ្នួល​របស់​វា​នឹង​ត្រូវ​ដុត​ដោយ​ភ្លើង អញ​នឹង​បំផ្លាញ​អស់​ទាំង​របស់​គេ​បង់ ពី​ព្រោះ​គេ​បាន​សន្សំ​អស់​ទាំង​រូប​នោះ ដោយ‌សារ​រង្វាន់​ឈ្នួល​របស់​ស្រី​សំផឹង ហើយ​វា​នឹង​ត្រូវ​ត្រឡប់​ជា​រង្វាន់​ឈ្នួល​របស់​ស្រី​សំផឹង​វិញ​ទៀត។
8 ដោយ​ហេតុ​នេះ​បាន​ជា​ខ្ញុំ​នឹង​សោយ​សោក ហើយ​ទ្រហោ​យំ ខ្ញុំ​នឹង​ដើរ​ដោយ​ជើង​ទទេ ហើយ​កាយ​អាក្រាត ខ្ញុំ​នឹង​ស្រែក​លូ​ដូច​ជា​ស្វាន ហើយ​និង​យំ​រងំ​ដូច​ជា​អូសទ្រីច
9 ដ្បិត​របួស​នៃ​ក្រុង​សាម៉ារី​នឹង​មើល​មិន​ជា​ឡើយ ពី​ព្រោះ​បាន​រាល​រហូត​ដល់​ស្រុក​យូដា​ផង ក៏​ដល់​ទ្វារ​ក្រុង​សាសន៍​ខ្ញុំ គឺ​ជា​ក្រុង​យេរូ‌សាឡឹម​ដែរ។
10 កុំ​ឲ្យ​ថ្លែង​ប្រាប់​រឿង​នេះ​នៅ​ក្រុង​កាថ​ឡើយ ក៏​កុំ​ឲ្យ​យំ​ឲ្យ​សោះ ចូរ​ឲ្យ​ឯង​ននៀល​ខ្លួន​នៅ​ក្នុង​ធូលី​ដី​ត្រង់​បេតលេ-អាប្រា​ចុះ
11 ឱ​ពួក​អ្នក​ក្រុង​សាភា​អើយ ចូរ​ដើរ​បង្ហួស​ទៅ ដោយ​ខ្លួន​អាក្រាត ហើយ​មាន​សេចក្ដី​ខ្មាស​ចុះ ពួក​អ្នក​នៅ​ត្រង់​ស្អាណាន មិន​បាន​ចេញ​មក​សោះ ការ​យំ​សោក​នឹង​បេត-អេត‌សែល នឹង​ដក​ទី​ពឹង​របស់​ឯង​រាល់​គ្នា​ចេញ
12 ដ្បិត​ពួក​អ្នក​នៅ​ម៉ារូត​ទន្ទឹង​ចាំ​សេចក្ដី​ល្អ ពី​ព្រោះ​សេចក្ដី​អាក្រក់​បាន​ចុះ​ពី​ព្រះ‌យេហូវ៉ា មក​ដល់​ទ្វារ​ក្រុង​យេរូ‌សាឡឹម​ហើយ
13 ឱ​ពួក​អ្នក​នៅ​ក្រុង​ឡាគីស​អើយ ចូរ​ទឹម​រទេះ​ដោយ​សេះ​យ៉ាង​លឿន ឯង​ជា​ដើម​ចម​នៃ​អំពើ​បាប​ដល់​កូន​ស្រី​ស៊ីយ៉ូន ដ្បិត​អំពើ​រំលង​ទាំង​ប៉ុន្មាន​របស់​ពួក​អ៊ីស្រា‌អែល​បាន​ឃើញ​មាន​នៅ​ក្នុង​ឯង
14 ដូច្នេះ ឯង​នឹង​លះ‌លែង​ក្រុង​ម៉ូរ៉ា‌ស៊ីត-កាថ​បង់ ឯ​ផ្ទះ​អាក់‌ស៊ីប​ទាំង​ប៉ុន្មាន​នោះ​នឹង​បាន​នៅ​ជា​សេចក្ដី​កំភូត ដល់​ពួក​ស្តេច​អ៊ីស្រា‌អែល
15 ឱ​អ្នក​ក្រុង​ម៉ារីសា​អើយ នៅ​១​ដង​ទៀត អញ​នឹង​នាំ​ម្នាក់​មក​ឯ​ឯង ដែល​នឹង​ធ្វើ​ជា​ម្ចាស់​លើ​ឯង សិរី‌ល្អ​នៃ​អ៊ីស្រា‌អែល​នឹង​មក​ដល់​អាឌូឡាម
16 ចូរ​កោរ​រំលីង​នៅ​កំពូល​ក្បាល ហើយ​កាត់​សក់​ចុះ ដោយ​ព្រោះ​កូន​ចៅ​ជា​ទី​គាប់​ចិត្ត​របស់​ឯង ចូរ​ពង្រីក​កន្លែង​កោរ​រំលីង​នោះ​ឲ្យ​ធំ​ឡើង​ដូច​ជា​ឥន្ទ្រី ពី​ព្រោះ​វា​រាល់​គ្នា​បាន​ព្រាត់‌ប្រាស​ចាក​ចេញ​ពី​ឯង​ទៅ​ជា​ឈ្លើយ​អស់​ហើយ។


ជំពូក 2

1 វេទនា​ដល់​ពួក​អ្នក​ដែល​គិត‌គូរ​អំពើ​ទុច្ចរិត ហើយ​បង្កើត​ការ​អាក្រក់ នៅ​លើ​ដំណេក​របស់​ខ្លួន លុះ​ព្រឹក​ភ្លឺ​ឡើង នោះ​គេ​ធ្វើ​ការ​នោះ​ទៅ ពី​ព្រោះ​គេ​មាន​កម្លាំង​ដៃ​នឹង​ធ្វើ​បាន
2 គេ​លោភ​ចង់​បាន​ស្រែ​ចម្ការ ក៏​ដណ្តើម​យក​បាន ព្រម​ទាំង​ផ្ទះ​ផង ហើយ​រឹប​យក​ទៅ គេ​សង្កត់‌សង្កិន​ទាំង​មនុស្ស និង​ផ្ទះ​របស់​គេ គឺ​ជា​មនុស្ស និង​មរដក​របស់​គេ​ដែរ
3 ហេតុ​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា មើល អញ​ក៏​គិត‌គូរ​បង្កើត​ការ​អាក្រក់​ទាស់​នឹង​គ្រួសារ​នេះ​ដែរ ជា​ការ​ដែល​ឯង​រាល់​គ្នា​នឹង​មិន​ដែល​ដក​ក​ចេញ​បាន​ឡើយ ឯង​រាល់​គ្នា​ក៏​នឹង​មិន​ដើរ ដោយ​វាយ‌ឫក​ទៀត​ដែរ ដ្បិត​គ្រា​នោះ​នឹង​បាន​ជា​គ្រា​អាក្រក់
4 នៅ​ថ្ងៃ​នោះ គេ​នឹង​ចាប់​តាំង​ប្រើ​ពាក្យ​ប្រៀប‌ធៀប​ចាក់​ដោត​ឯង ហើយ​និង​ទួញ​ទំនួញ​យ៉ាង​អាក់‌អួល​ដោយ​ពាក្យ​ថា យើង​រាល់​គ្នា​ត្រូវ​បំផ្លាញ​អស់​រលីង​ហើយ ព្រះ​ទ្រង់​បាន​ផ្លាស់​មរដក​របស់​សាសន៍​ខ្ញុំ អើ ទ្រង់​បាន​ដក​រើ​ចេញ​ពី​ខ្ញុំ​យ៉ាង​ណា​ហ្ន៎ ទ្រង់​បាន​ចែក​ស្រែ​ចម្ការ​របស់​យើង ឲ្យ​ដល់​ពួក​អ្នក​បះ‌បោរ​វិញ
5 ដូច្នេះ ឯង​នឹង​មិន​មាន​អ្នក​ណា​សម្រាប់​កាន់​ខ្សែ​វាស់​តាម​ឆ្នោត នៅ​ក្នុង​ពួក​ជំនុំ​នៃ​ព្រះ‌យេហូវ៉ា​ឡើយ។
6 គេ​ថា កុំ​ឲ្យ​ទាយ​ឲ្យ​សោះ អើ ពួក​ហោរា​នឹង​លែង​ទាយ​ដល់​ពួក​យ៉ាង​នេះ​ហើយ តែ​សេចក្ដី​ដំណៀល​នឹង​មិន​ផុត​ឡើយ
7 ឱ​ពួក​វង្ស​យ៉ាកុប​អើយ តើ​ហ៊ាន​និយាយ​យ៉ាង​នោះ​ឬ ឯ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា តើ​ទ្រង់​ត្រូវ​ទញ់‌ទាល់​ឬ តើ​ទ្រង់​ឬ​អី ដែល​ធ្វើ​ការ​ទាំង​នោះ តើ​ពាក្យ​អញ​មិន​ធ្វើ​ល្អ ដល់​អ្នក​ណា​ដែល​ប្រព្រឹត្ត​ដោយ​ទៀង​ត្រង់​ទេ​ឬ​អី
8 ពី​មុន​មក រាស្ត្រ​អញ​បាន​លើក​គ្នា ដូច​ជា​ខ្មាំង​សត្រូវ​វិញ ឯ​ពួក​អ្នក​ដែល​ដើរ​តាម​ផ្លូវ ដោយ​សុខ‌សាន្ត នោះ​ឯង​រាល់​គ្នា​តែង‌តែ​កន្ត្រាក់​យក​អាវ​វែង​ចេញ ទុក​នៅ​តែ​អាវ​ខ្លី គឺ​ប្រព្រឹត្ត​ដូច​ជា​មនុស្ស​ដែល​ត្រឡប់​មក​ពី​ចម្បាំង​វិញ
9 ឯង​រាល់​គ្នា​ក៏​បណ្តេញ​ពួក​ស្រីៗ​ក្នុង​រាស្ត្រ​អញ ចេញ​ពី​ផ្ទះ​ដ៏​គាប់​ចិត្ត​របស់​គេ ហើយ​ដក​សិរី‌ល្អ​របស់​អញ ចេញ​ពី​ពួក​កូន​តូចៗ​របស់​គេ​នៅ​ជានិច្ច​ដែរ
10 ចូរ​ក្រោក​ឡើង ហើយ​ចេញ​ទៅ​ចុះ ដ្បិត​នេះ​មិន​មែន​ជា​ទី​ឲ្យ​ឯង​រាល់​គ្នា​បាន​សម្រាក​នៅ​ទេ ដោយ​ព្រោះ​សេចក្ដី​ស្មោក‌គ្រោក​ដែល​បំផ្លាញ ដោយ​ការ​បំផ្លាញ​យ៉ាង​អាក្រក់
11 បើ​មាន​មនុស្ស​ណា​ដែល​ប្រព្រឹត្ត​ដោយ​និស្ស័យ​កំភូត មក​កុហក​ថា ខ្ញុំ​នឹង​ទាយ​ប្រាប់​អ្នក​ពី​ស្រា​ទំពាំង‌បាយ‌ជូរ ហើយ​ពី​គ្រឿង​ស្រវឹង គឺ​អ្នក​នោះ​ឯង​ដែល​ធ្វើ​ជា​ហោរា​ដល់​សាសន៍​នេះ។
12 ឱ​យ៉ាកុប​អើយ អញ​នឹង​កៀរ​ប្រមូល​ឯង​ទាំង​អស់​គ្នា​មក​ជា​ពិត អញ​នឹង​នាំ​សំណល់​ពួក​អ៊ីស្រា‌អែល​មក​ប្រជុំ​គ្នា អញ​នឹង​ដាក់​គេ​ឲ្យ​នៅ​ជា​មួយ​គ្នា ដូច​ជា​ហ្វូង​ចៀម​ពី​ស្រុក​បុសរ៉ា គឺ​ដូច​ជា​សត្វ​១​ហ្វូង​នៅ​កណ្តាល​វាល​ស្មៅ គេ​នឹង​បព្ចោញ​សូរ​អ៊ូអរ​ជា​ខ្លាំង​ដោយ​មាន​គ្នា​ច្រើន
13 ពួក​អ្នក​ដែល​សម្រាប់​បុក​ទម្លាយ បាន​ឡើង​នាំ​មុខ​គេ​ទៅ គេ​បាន​បំបាក់​បំបែក​ឲ្យ​មាន​ចន្លោះ​ហើយ រួច​រំលង​ទៅ​ដល់​ទ្វារ​ក្រុង ហើយ​បាន​ចេញ​ទៅ​តាម​ទី​នោះ ស្តេច​គេ​បាន​យាង​នាំ​មុខ​គេ ហើយ​ព្រះ‌យេហូវ៉ា​ក៏​នៅ​ពី​មុខ​គេ​បង្អស់។


ជំពូក 3

1 ញុំ​ក៏​ថា​ដូច្នេះ​ទៀត ឱ​ពួក​ជា​ប្រមុខ​នៃ​យ៉ាកុប និង​ពួក​គ្រប់‌គ្រង​លើ​វង្ស​អ៊ីស្រា‌អែល​អើយ ខ្ញុំ​សូម​ឲ្យ​អ្នក​រាល់​គ្នា​ស្តាប់​ខ្ញុំ​ចុះ តើ​មិន​គួរ​គប្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ស្គាល់​សេចក្ដី​យុត្តិ‌ធម៌​ទេ​ឬ
2 អ្នក​រាល់​គ្នា​ដែល​ស្អប់​សេចក្ដី​ល្អ ហើយ​ស្រឡាញ់​សេចក្ដី​អាក្រក់​អើយ ជា​ពួក​អ្នក​ដែល​បក​ស្បែក​ពី​គេ​ចេញ ហើយ​បេះ​សាច់​ពី​ឆ្អឹង​គេ​ដែរ
3 ក៏​ស៊ី​សាច់​របស់​សាសន៍​ខ្ញុំ ហើយ​ពន្លាត់​ស្បែក​ពី​ខ្លួន​គេ​ចេញ រួច​បំបាក់​ឆ្អឹង ហើយ​កាត់​គេ​ជា​ដុំៗ ដូច​ជា​រៀប​ដាក់​ក្នុង​ឆ្នាំង ហើយ​ដូច​ជា​សាច់​ដែល​ដាក់​ចុះ​ក្នុង​ថ្លាង
4 នៅ​គ្រា​នោះ គេ​នឹង​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា តែ​ទ្រង់​មិន​ព្រម​តប​ឡើយ អើ ទ្រង់​នឹង​គេច​ព្រះ‌‌ភ័ក្ត្រ​ចេញ​ពី​គេ ឲ្យ​សម​តាម​អំពើ​អាក្រក់​ទាំង​ប៉ុន្មាន ដែល​គេ​បាន​ប្រព្រឹត្ត។
5 ឯ​ពួក​ហោរា​ដែល​នាំ​ឲ្យ​សាសន៍​វង្វេង​ចេញ ជា​ពួក​អ្នក​ដែល​ទាយ​ជា​សេចក្ដី​សុខ ក្នុង​កាល​ដែល​មាន​អ្វី​ទំពារ​ស៊ី តែ​បើ​អ្នក​ណា​មិន​ដាក់​អ្វី​ក្នុង​មាត់​គេ​ទេ នោះ​គេ​គិត​ទាំង​ច្បាំង​នឹង​អ្នក​នោះ​ផង ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ពី​ពួក​នោះ​ថា
6 ដោយ​ហេតុ​នោះ នឹង​មាន​សុទ្ធ​តែ​យប់​ដល់​ឯង​រាល់​គ្នា ឯង​នឹង​មិន​ឃើញ​ការ​ជាក់​ស្តែង​ទៀត ហើយ​និង​មាន​សុទ្ធ​តែ​ងងឹត​ដល់​ឯង​រាល់​គ្នា ដើម្បី​មិន​ឲ្យ​ឯង​ទាយ​ឡើយ ព្រះ‌អាទិត្យ​នឹង​លិច​បាត់​ពី​ពួក​ហោរា​ទៅ ហើយ​ថ្ងៃ​នឹង​បាន​ងងឹត​សូន្យ​ដល់​គេ
7 ពួក​អ្នក​មើល‌ឆុត​នឹង​ត្រូវ​ខ្មាស ហើយ​ពួក​គ្រូ​ទាយ​នឹង​ទាល់​គំនិត អើ គេ​នឹង​បិទ​ខ្ទប់​មាត់​ទាំង​អស់​គ្នា ដ្បិត​គ្មាន​ពាក្យ​តប​មក​ពី​ព្រះ​ឡើយ
8 តែ​ចំណែក​ខ្ញុំ ខ្ញុំ​មាន​ពេញ​ជា​ព្រះ‌ចេស្តា ដោយ‌សារ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា ព្រម​ទាំង​សេចក្ដី​យុត្តិ‌ធម៌ និង​អំណាច ដើម្បី​នឹង​ថ្លែង​ប្រាប់​ឲ្យ​ពួក​យ៉ាកុប​ស្គាល់​អំពើ​រំលង ហើយ​ឲ្យ​អ៊ីស្រា‌អែល​ស្គាល់​អំពើ​បាប​របស់​ខ្លួន។
9 ឱ​ពួក​ជា​ប្រមុខ​នៃ​វង្ស​យ៉ាកុប និង​ពួក​គ្រប់‌គ្រង​លើ​វង្ស​អ៊ីស្រា‌អែល ជា​ពួក​អ្នក​ដែល​ខ្ពើម​សេចក្ដី​យុត្តិ‌ធម៌ ហើយ​ធ្វើ​ឲ្យ​សេចក្ដី​ត្រឹម‌ត្រូវ​ប្រែ‌ប្រួល​ទៅ​អើយ ចូរ​ស្តាប់​សេចក្ដី​នេះ​ចុះ
10 ឯង​រាល់​គ្នា​សង់​ក្រុង​ស៊ីយ៉ូន​ឡើង​ដោយ​ឈាម ហើយ​ក្រុង​យេរូ‌សាឡឹម​ដោយ​សេចក្ដី​ទុច្ចរិត
11 ពួក​ជា​កំពូល​លើ​គេ តែង‌តែ​ជំនុំ‌ជម្រះ​ឲ្យ​បាន​រង្វាន់ ពួក​សង្ឃ​របស់​គេ​បង្រៀន​ឲ្យ​បាន​កម្រៃ ហើយ​ពួក​ហោរា​ក៏​ទាយ​ឲ្យ​បាន​ប្រាក់ ប៉ុន្តែ គេ​ពឹង​ផ្អែក​លើ​ព្រះ‌យេហូវ៉ា ដោយ​ពាក្យ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​គង់​នៅ​កណ្តាល​យើង​រាល់​គ្នា​ទេ​តើ និង​គ្មាន​សេចក្ដី​អាក្រក់​ណា​កើត​ឡើង​ដល់​យើង​ឡើយ
12 ដូច្នេះ ក្រុង​ស៊ីយ៉ូន​នឹង​ត្រូវ​គេ​ភ្ជួរ‌រាស់​ដូច​ជា​ស្រែ​ចម្ការ ដោយ​ព្រោះ​ឯង​រាល់​គ្នា ហើយ​ក្រុង​យេរូ‌សាឡឹម​នឹង​ត្រឡប់​ជា​កង​គំនរ ឯ​ភ្នំ​ជា​ទី​តាំង​ព្រះ‌វិហារ​នឹង​បាន​ដូច​ជា​ទី​ខ្ពស់​នៅ​ព្រៃ​វិញ។


ជំពូក 4

1 តែ​នៅ​ជាន់​ក្រោយ ភ្នំ​ដែល​ជា​ទី​តាំង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា នឹង​បាន​តម្កើង​ឡើង​ជា​កំពូល​នៃ​អស់​ទាំង​ភ្នំ​ធំ ហើយ​និង​បាន​លើក​ឡើង​ខ្ពស់​ជាង​អស់​ទាំង​ភ្នំ​តូច នោះ​សាសន៍​ទាំង‌ឡាយ​នឹង​ឡើង​ទៅ​ហូរ‌ហែ
2 ហើយ​សាសន៍​ជា​ច្រើន​នឹង​ទៅ​ដោយ​ពាក្យ​ថា ចូរ​មក យើង​ឡើង​ទៅ​ឯ​ភ្នំ​នៃ​ព្រះ‌យេហូវ៉ា គឺ​ទៅ​ឯ​ព្រះ‌វិហារ​នៃ​ព្រះ​របស់​យ៉ាកុប​ចុះ ទ្រង់​នឹង​បង្រៀន​ឲ្យ​យើង​រាល់​គ្នា​ស្គាល់​ផ្លូវ​របស់​ទ្រង់ នោះ​យើង​នឹង​ដើរ​តាម​អស់​ទាំង​ផ្លូវ​ច្រក​របស់​ទ្រង់ ដ្បិត​ក្រឹត្យ‌វិន័យ​នឹង​ផ្សាយ​ចេញ​ពី​ក្រុង​ស៊ីយ៉ូន​ទៅ គឺ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ពី​ក្រុង​យេរូ‌សាឡឹម
3 ទ្រង់​នឹង​ធ្វើ​ជា​ចៅ‌ក្រម​ដល់​សាសន៍​ជា​ច្រើន ហើយ​និង​សម្រេច​សេចក្ដី​ពី​ដំណើរ​ប្រទេស​មាន​អំណាច​ខ្លាំង​ផ្សេងៗ​ដែល​នៅ​ទី​ឆ្ងាយ នោះ​គេ​នឹង​ដំ​ដាវ​របស់​គេ​ធ្វើ​ជា​ផាល ហើយ​លំពែង​គេ​ធ្វើ​ជា​ដង្កាវ​វិញ អស់​ទាំង​នគរ​នឹង​លែង​លើក​ដាវ​ច្បាំង​គ្នា​ទៀត ក៏​មិន​រៀន​វិជ្ជា​ចម្បាំង​ទៀត​ត​ទៅ
4 គឺ​គ្រប់​គ្នា​នឹង​អង្គុយ​ក្រោម​ដើម​ទំពាំង‌បាយ‌ជូរ ហើយ​ក្រោម​ដើម​ល្វា​របស់​ខ្លួន ឥត​មាន​អ្នក​ណា​បំភ័យ​គេ​ឡើយ ដ្បិត​ព្រះ‌ឱស្ឋ​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ បាន​ចេញ​វាចា​ហើយ
5 នោះ​ទោះ​បើ​អស់​ទាំង​សាសន៍​ប្រព្រឹត្ត​តាម​ឈ្មោះ​របស់​ព្រះ​នៃ​គេ​រៀង​ខ្លួន គង់​តែ​យើង​រាល់​គ្នា​នឹង​ប្រព្រឹត្ត​តាម ព្រះ‌នាម​នៃ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង ជា​ដរាប​រៀង​ត​ទៅ​វិញ។
6 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា នៅ​ថ្ងៃ​នោះ​អញ​នឹង​ប្រមូល​អស់​អ្នក​ណា​ដែល​ខ្វិន ហើយ​និង​ភ្ជុំ​អស់​អ្នក​ដែល​បាន​ត្រូវ​បណ្តេញ​ចេញ ព្រម​ទាំង​អស់​អ្នក​ដែល​អញ​បាន​ធ្វើ​ទុក្ខ​ផង ឲ្យ​មក​វិញ
7 ឯ​ពួក​ដែល​ខ្វិន នោះ​នឹង​បាន​តាំង​ទុក​ជា​សំណល់ ហើយ​ពួក​ដែល​ត្រូវ​បោះ​ចោល​ទៅ​ជា​ឆ្ងាយ​ឲ្យ​បាន​ជា​នគរ​១​ខ្លាំង​ពូកែ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​សោយ‌រាជ្យ​លើ​គេ នៅ​ភ្នំ​ស៊ីយ៉ូន ចាប់​តាំង​ពី​គ្រា​នោះ​ជា​ដរាប​ត​ទៅ
8 ដូច្នេះ ឯ​ឯង ឱ​ប៉ម​នៃ​ហ្វូង​ចៀម ជា​ទួល​ខ្ពស់​របស់​កូន​ស្រី​ស៊ីយ៉ូន​អើយ នេះ​នឹង​មក​ឯ​ឯង​វិញ គឺ​អំណាច​គ្រប់‌គ្រង ដូច​ដើម​នឹង​មក​ឯ​ឯង ជា​រាជ្យ​របស់​កូន​ស្រី​យេរូ‌សាឡឹម។
9 ឥឡូវ​នេះ ហេតុ​អ្វី​បាន​ជា​ឯង​ស្រែក​ឡើង​ដូច្នេះ តើ​គ្មាន​ស្តេច​នៅ​ក្នុង​ឯង​ឬ តើ​អ្នក​ប្រឹក្សា​របស់​ឯង​បាន​វិនាស‌បង់​ហើយ​ឬ បាន​ជា​ឯង​ឈឺ​ចាប់​ដូច​ជា​ស្រី​ដែល​ឈឺ​នឹង​សម្រាល​កូន​ដូច្នេះ
10 ឱ​កូន​ស្រី​ស៊ីយ៉ូន​អើយ ចូរ​ឈឺ​ចាប់ ហើយ​ខំ​រមាត់​ចុះ ដូច​ជា​ស្រី​ដែល​ឈឺ​នឹង​សម្រាល​កូន ដ្បិត​ឯង​នឹង​ត្រូវ​ចេញ​ពី​ទី​ក្រុង​ទៅ​ឥឡូវ ហើយ​នឹង​អាស្រ័យ​នៅ​ឯ​ទី​វាល ព្រម​ទាំង​ទៅ​រហូត​ដល់​ក្រុង​បាប៊ីឡូន​ផង នៅ​ទី​នោះ ឯង​នឹង​បាន​ប្រោស​ឲ្យ​រួច គឺ​នៅ​ទី​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​លោះ​ឯង ចេញ​ពី​កណ្តាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ​របស់​ឯង
11 ឥឡូវ​នេះ មាន​សាសន៍​ជា​ច្រើន​មូល​គ្នា​មក​ទាស់​នឹង​ឯង គេ​ពោល​ថា ចូរ​ឲ្យ​វា​ត្រូវ​ស្មោក‌គ្រោក​ទៅ ហើយ​ឲ្យ​ភ្នែក​យើង​បាន​ស្កប់ ដោយ​មើល​ស៊ីយ៉ូន​ចុះ
12 ប៉ុន្តែ គេ​មិន​ស្គាល់​គំនិត​របស់​ព្រះ‌យេហូវ៉ា​ទេ ក៏​មិន​យល់​សេចក្ដី​ប្រឹក្សា​របស់​ទ្រង់​ដែរ ដ្បិត​ទ្រង់​បាន​ប្រមូល​គេ​នៅ​ទីលាន​ដូច​ជា​កណ្តាប់​ស្រូវ
13 ឱ​កូន​ស្រី​នៃ​ស៊ីយ៉ូន​អើយ ចូរ​ក្រោក​ឡើង​បញ្ជាន់​ទៅ​ចុះ ដ្បិត​អញ​នឹង​ធ្វើ​ឲ្យ​ស្នែង​ឯង​បាន​ទៅ​ជា​ដែក ហើយ​ក្រចក​ឯង​ទៅ​ជា​លង្ហិន ឯង​នឹង​បំបែក​សាសន៍​ជា​ច្រើន​ឲ្យ​ខ្ទេច‌ខ្ទី ហើយ​អញ​នឹង​ញែក​កម្រៃ​របស់​គេ​ចេញ ទុក​ជា​តង្វាយ​ដល់​ព្រះ‌យេហូវ៉ា គឺ​ទ្រព្យ‌សម្បត្តិ​របស់​គេ ថ្វាយ​ដល់​ព្រះ‌អម្ចាស់​នៃ​ផែនដី​ទាំង​មូល
14 តែ​ឥឡូវ​នេះ ឱ​កូន​ស្រី​នៃ​កង‌ទ័ព​អើយ ត្រូវ​ឲ្យ​ឯង​មូល​គ្នា​ជា​កង‌ទ័ព​ចុះ គេ​បាន​ឡោម‌ព័ទ្ធ​ច្បាំង​នឹង​យើង​ហើយ គេ​នឹង​វាយ​ចៅ‌ក្រម​នៃ​អ៊ីស្រា‌អែល ដោយ​ដំបង​ត្រង់​ថ្ពាល់។


ជំពូក 5

1 តែ​ឯង ឱ​បេថ្លេ‌ហិម-អេប្រាតា​អើយ ឯង​ដែល​តូច​នៅ​ក្នុង​ពួក​យូដា​ទាំង​ពាន់ៗ នឹង​មាន​ម្នាក់​កើត​ចេញ​ពី​ឯង​មក​ឲ្យ​អញ អ្នក​នោះ​ត្រូវ​ឡើង​ជា​អ្នក​គ្រប់‌គ្រង​លើ​អ៊ីស្រា‌អែល ដើម​កំណើត​របស់​អ្នក ​នោះ​បាន​ចាប់​តាំង​ពី​បុរាណ គឺ​ពី​អស់‌កល្ប​រៀង​មក
2 ដូច្នេះ អ្នក​នោះ​នឹង​ប្រគល់​គេ​ទៅ​ដរាប​ដល់​កំណត់​នៃ​នាង ដែល​ឈឺ​នឹង​សម្រាល​បាន​កើត​កូន​មក នោះ​សំណល់​នៃ​ពួក​បង​ប្អូន​របស់​អ្នក​នោះ នឹង​បាន​វិល​ត្រឡប់​មក​ឯ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​វិញ
3 អ្នក​នោះ​នឹង​ឈរ​ឡើង​ឃ្វាល​ហ្វូង​ចៀម​របស់​ខ្លួន ដោយ‌សារ​ឥទ្ធិ‌ឫទ្ធិ​នៃ​ព្រះ‌យេហូវ៉ា និង​ឫទ្ធា‌នុភាព​របស់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ខ្លួន នោះ​គេ​នឹង​ស្ថិត‌ស្ថេរ​នៅ ដ្បិត​អ្នក​នោះ​នឹង​បាន​ជា​ធំ រហូត​ដល់​ចុង​ផែនដី​បំផុត
4 អ្នក​នោះ​នឹង​បាន​ជា​ទី​ក្សេម‌ក្សាន្ត​ដល់​យើង ដូច្នេះ កាល​ណា​ពួក​អាសស៊ើរ​លុក‌លុយ​ចូល​ក្នុង​ស្រុក​យើង ឬ​បើ​កាល​ណា​គេ​ដាក់​ជើង​ចូល​មក​ក្នុង​ដំណាក់​យើង នោះ​យើង​នឹង​លើក​ពួក​អ្នក​គង្វាល​៧​នាក់ និង​ពួក​ជា​ប្រធាន​៨​នាក់​ឲ្យ​ទាស់​នឹង​គេ
5 ពួក​នោះ​នឹង​បំផ្លាញ​ស្រុក​អាសស៊ើរ​ដោយ​ដាវ និង​ស្រុក​នីមរ៉ូឌ​ត្រង់​ទ្វារ​ស្រុក​គេ​ផង អ្នក​នោះ​នឹង​ដោះ​ឲ្យ​យើង​រួច​ពី​ពួក​សាសន៍​អាសស៊ើរ ក្នុង​កាល​ដែល​គេ​ទន្ទ្រាន​ចូល​ក្នុង​ស្រុក​យើង ឬ​បើ​កាល​ណា​គេ​ដាក់​ជើង មក​ក្នុង​ព្រំ​ស្រុក​របស់​យើង​ដែរ
6 គ្រា​នោះ សំណល់​នៃ​ពួក​យ៉ាកុប នឹង​នៅ​កណ្តាល​សាសន៍​ជា​ច្រើន ទុក​ដូច​ជា​ទឹក​សន្សើម​មក​ពី​ព្រះ‌យេហូវ៉ា ហើយ​ដូច​ទឹក​ភ្លៀង​រ៉ុយៗ​នៅ​លើ​ស្មៅ ដែល​មិន​រង់‌ចាំ​មនុស្ស​ទេ ក៏​មិន​សង្ឃឹម​ដល់​មនុស្ស​ជាតិ​ដែរ
7 ហើយ​សំណល់​នៃ​ពួក​យ៉ាកុប​នឹង​នៅ​កណ្តាល​ប្រទេស​ដទៃ គឺ​នៅ​ក្នុង​សាសន៍​ផ្សេងៗ​ជា​ច្រើន ដូច​ជា​សិង្ហ​នៅ​កណ្តាល​ពួក​សត្វ​ព្រៃ គឺ​ដូច​ជា​សិង្ហ​ស្ទាវ​នៅ​កណ្តាល​ហ្វូង​ចៀម​ជា​សត្វ​ដែល​កាល​ណា​ដើរ​កាត់​កណ្តាល​ហ្វូង នោះ​ក៏​ជាន់​ឈ្លី ហើយ​ហែក‌ហួរ ឥត​មាន​អ្នក​ណា​សម្រាប់​នឹង​ជួយ​ឲ្យ​រួច​ឡើយ
8 យ៉ាង​នោះ​ដៃ​ឯង​នឹង​បាន​លើក​ឡើង​លើ​ពួក​ដែល​តតាំង​នឹង​ឯង ហើយ​ពួក​ខ្មាំង​សត្រូវ​របស់​ឯង​នឹង​ត្រូវ​កាត់​ចេញ​ទៅ។
9 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា នៅ​ថ្ងៃ​នោះ​អញ​នឹង​កាត់​អស់​ទាំង​សេះ​របស់​ឯង​ពី​ពួក​ឯង​ចេញ ហើយ​និង​បំផ្លាញ​រទេះ​ចម្បាំង​ទាំង​ប៉ុន្មាន​របស់​ឯង​ដែរ
10 អញ​នឹង​កាត់​អស់​ទាំង​ទី​ក្រុង​នៅ​ស្រុក​ឯង​ចេញ ហើយ​និង​រំលំ​គ្រប់​ទាំង​ទី​មាំ‌មួន​របស់​ឯង​បង់
11 អញ​នឹង​កំចាត់​អស់​ទាំង​របៀន​អាប‌ធ្មប់​ពី​ដៃ​ឯង​ចេញ នោះ​ឯង​នឹង​គ្មាន​គ្រូ​នក្ខត្ត‌ឫក្ស​ទៀត​ត​ទៅ
12 អញ​នឹង​បំផ្លាញ​រូប​ឆ្លាក់ និង​បង្គោល​គោរព​ចេញ​ពី​កណ្តាល​ពួក​ឯង នោះ​ឯង​នឹង​លែង​ថ្វាយ‌បង្គំ​ស្នាដៃ​របស់​ខ្លួន​ទៅ
13 អញ​នឹង​រំលើង​រូប​ព្រះ​របស់​ឯង ចេញ​ពី​កណ្តាល​ឯង​បង់ ហើយ​និង​បំផ្លាញ​ទី​ក្រុង​ទាំង​ប៉ុន្មាន​របស់​ឯង
14 អញ​នឹង​សម្រេច​ការ​សង‌សឹក នៅ​លើ​អស់​ទាំង​សាសន៍​ដែល​មិន​ព្រម​ស្តាប់ ដោយ​សេចក្ដី​កំហឹង និង​សេចក្ដី​ឃោរ‌ឃៅ។


ជំពូក 6

1 ចូរ​ឲ្យ​អ្នក​រាល់​គ្នា​ស្តាប់​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ឥឡូវ​ថា ចូរ​ក្រោក​ឡើង អង្វរ​នៅ​មុខ​ភ្នំ​ធំ​ទាំង‌ឡាយ​ចុះ ហើយ​បន្លឺ​ឲ្យ​ភ្នំ​តូច​ទាំង​ប៉ុន្មាន​ឮ​សំឡេង​ឯង​ផង
2 ម្នាល​ភ្នំ​ទាំង‌ឡាយ និង​ឯង​រាល់​គ្នា ជា​ឫស​នៃ​ផែនដី​ដ៏​ស្ថិត‌ស្ថេរ​អើយ ចូរ​ស្តាប់​រឿង​ក្តី​របស់​ព្រះ‌យេហូវ៉ា​ចុះ ដ្បិត​ព្រះ‌យេហូវ៉ា​បាន​កើត​ក្តី​នឹង​រាស្ត្រ​ទ្រង់ គឺ​ទ្រង់​នឹង​តវ៉ា​នឹង​ពួក​អ៊ីស្រា‌អែល
3 ឱ​រាស្ត្រ​អញ​អើយ តើ​អញ​បាន​ធ្វើ​អ្វី​ដល់​ឯង តើ​អញ​បាន​ធ្វើ​ឲ្យ​ឯង​ធុញ‌ទ្រាន់​ដោយ‌សារ​អ្វី ចូរ​ធ្វើ​បន្ទាល់​ទាស់​នឹង​អញ​ចុះ
4 ដ្បិត​អញ​បាន​នាំ​ឯង​ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ក៏​លោះ​ឯង​ចេញ​ពី​ផ្ទះ​របស់​ពួក​បាវ​បម្រើ ហើយ​បាន​ចាត់​ម៉ូសេ អើរ៉ុន និង​ម៉ារាម​ឲ្យ​នាំ​មុខ​ឯង
5 ឱ​រាស្ត្រ​អញ​អើយ ឥឡូវ​នេះ ចូរ​នឹក​ចាំ​ពី​កិច្ច​ឧបាយ​ដែល​បាឡាក ស្តេច​ម៉ូអាប់ បាន​បង្កើត ហើយ​ពី​សេចក្ដី​ដែល​បាឡាម ជា​កូន​បេអ៊រ​បាន​ឆ្លើយ​តប​ជា​យ៉ាង​ណា ហើយ​នឹក​ពី​ដំណើរ​ដែល​ឯង​ដើរ ចាប់​តាំង​ពី​ស៊ីទីម រហូត​ដល់​គីលកាល ដើម្បី​ឲ្យ​ឯង​បាន​ស្គាល់​អស់​ទាំង​កិច្ច‌ការ​សុចរិត​របស់​ព្រះ‌យេហូវ៉ា​ចុះ។
6 តើ​ត្រូវ​ឲ្យ​ខ្ញុំ​យក​អ្វី ដើម្បី​ចូល​ទៅ​ចំពោះ​ព្រះ‌យេហូវ៉ា ហើយ​ក្រាប​ថ្វាយ‌បង្គំ​នៅ​មុខ​ព្រះ​ដ៏​ខ្ពស់ តើ​ត្រូវ​ឲ្យ​ខ្ញុំ​យក​តង្វាយ​ដុត ជា​កូន​គោ​អាយុ​១​ខួប ដើម្បី​ចូល​ទៅ​ចំពោះ​ទ្រង់​ឬ
7 តើ​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​សព្វ​ព្រះ‌ហឫទ័យ ដោយ​ចៀម​ទាំង​ពាន់ ឬ​ដោយ​ប្រេង​ទាំង​ម៉ឺន​ទន្លេ​ឬ​អី តើ​ត្រូវ​ឲ្យ​ខ្ញុំ​ថ្វាយ​កូន​ច្បង​ខ្ញុំ ឲ្យ​បាន​ធួន​នឹង​អំពើ​រំលង​ដែល​ខ្ញុំ​ប្រព្រឹត្ត គឺ​ជា​ផល​នៃ​រូប‌កាយ​ខ្ញុំ ឲ្យ​បាន​ធួន​នឹង​បាប​នៃ​ព្រលឹង​ខ្ញុំ​ឬ
8 ឱ​មនុស្ស​អើយ ព្រះ​បាន​បង្ហាញ​ឲ្យ​ឯង​ស្គាល់​សេចក្ដី​ដែល​ល្អ តើ​ព្រះ‌យេហូវ៉ា​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​ឯង​ប្រព្រឹត្ត​ដូច​ម្តេច បើ​មិន​មែន​ឲ្យ​ប្រព្រឹត្ត​ដោយ​សុចរិត ឲ្យ​ស្រឡាញ់​សេចក្ដី​សប្បុរស ហើយ​ឲ្យ​ដើរ​ជា​មួយ​នឹង​ព្រះ​នៃ​ខ្លួន ដោយ​សុភាព​រាប‌ទាប ប៉ុណ្ណោះ។
9 ព្រះ​សូរ‌សៀង​នៃ​ព្រះ‌យេហូវ៉ា​បន្លឺ​ដល់​ទី​ក្រុង ហើយ​មនុស្ស​ណា​ដែល​មាន​ប្រាជ្ញា នឹង​ឃើញ​ព្រះ‌នាម​ទ្រង់ ចូរ​ស្តាប់​តាម​ដំបង និង​តាម​ព្រះ‌អង្គ ដែល​បាន​តម្រូវ​ឲ្យ​មក​ផង
10 តើ​នៅ​តែ​មាន​ទ្រព្យ‌សម្បត្តិ ជា​ផល​នៃ​ការ​អាក្រក់​នៅ​ក្នុង​ផ្ទះ​មនុស្ស​អាក្រក់ និង​រង្វាល់​ឆ‌កោង ដែល​ជា​ទី​គួរ​ស្អប់‌ខ្ពើម​ឬ​អី
11 តើ​ត្រូវ​ឲ្យ​អញ​ប្រព្រឹត្ត​ដោយ​បរិសុទ្ធ ចំពោះ​ជញ្ជីង​ដែល​អាក្រក់ និង​ថង់​ពេញ​ដោយ​កូន​ជញ្ជីង​ឆ‌កោង​ឬ
12 ដ្បិត​មនុស្ស​អ្នក​មាន​នៅ​ក្នុង​ទី​ក្រុង គេ​ពេញ​ដោយ​អំពើ​ច្រឡោត ហើយ​ពួក​អ្នក​អាស្រ័យ​នៅ​ក្នុង​ក្រុង គេ​ពោល​កុហក​ទទេ អណ្តាត​នៅ​ក្នុង​មាត់​គេ​ក៏​ជា​គ្រឿង​ឆ‌បោក​ដែរ
13 ហេតុ​នោះ អញ​បាន​វាយ​ឯង​ឲ្យ​របួស​យ៉ាង​ធ្ងន់ ហើយ​បាន​ធ្វើ​ឲ្យ​ឯង​ខូច​បង់ ព្រោះ​អំពើ​បាប​របស់​ឯង
14 ឯង​នឹង​ស៊ី តែ​មិន​បាន​ឆ្អែត​ទេ សេចក្ដី​ស្រេក​ឃ្លាន​នឹង​នៅ​កណ្តាល​ឯង ឯង​នឹង​សន្សំ​ទុក តែ​មិន​គង់​នៅ​ទេ ឯ​របស់​អ្វី​ដែល​ឯង​ទុក​បាន នោះ​អញ​នឹង​ប្រគល់​ដល់​ដាវ​វិញ
15 ឯង​នឹង​សាប‌ព្រោះ​ទៅ តែ​មិន​បាន​ច្រូត​កាត់​ឡើយ ឯង​នឹង​ជាន់​ផ្លែ​អូលីវ តែ​មិន​បាន​ប្រេង​សម្រាប់​លាប​ខ្លួន​ទេ ក៏​នឹង​បេះ​ផ្លែ​ទំពាំង‌បាយ‌ជូរ​ដែរ តែ​មិន​បាន​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ​សោះ
16 ពី​ព្រោះ​មនុស្ស​ទាំង‌ឡាយ​កាន់​តាម​តែ​បញ្ញត្ត​ច្បាប់​របស់​ស្តេច​អំរី ព្រម​ទាំង​តាម​អស់​ទាំង​អំពើ​របស់​ពួក​វង្ស​ស្តេច​អ័ហាប់​ផង ឯង​រាល់​គ្នា​តែង​ដើរ​តាម​សេចក្ដី​ប្រឹក្សា​របស់​គេ​ដែរ ឲ្យ​អញ​បាន​ធ្វើ​ឲ្យ​ឯង​ត្រូវ​ខូច​បង់ ហើយ​ឲ្យ​ពួក​អ្នក​ដែល​អាស្រ័យ​នៅ​ក្នុង​ឯង ត្រឡប់​ជា​ទី​ដែល​គេ​ធ្វើ​ស៊ីស‌ស៊ូស​ឲ្យ ឯង​នឹង​ត្រូវ​រង​ទ្រាំ​សេចក្ដី​ត្មះ‌តិះដៀល​នៃ​រាស្ត្រ​អញ។


ជំពូក 7

1 វរ​ហើយ​ខ្ញុំ ដ្បិត​ខ្ញុំ​ដូច​ជា​នៅ​វេលា​ដែល​បេះ​ផ្លែ​រដូវ​ក្តៅ​រួច​ហើយ គឺ​ដូច​ជា​បាន​ប្រឡេះ​ផ្លែ​ទំពាំង‌បាយ‌ជូរ​ជាន់​ក្រោយ​អស់​ហើយ គ្មាន​ចង្កោម​ណា​សល់​ឲ្យ​បាន​ស៊ី​ទេ ចិត្ត​ខ្ញុំ​ប្រាថ្នា​ចង់​បាន​ផ្លែ​ល្វា ដែល​ទុំ​ដើម​រដូវ
2 មនុស្ស​ដែល​គោរព​តាម​ព្រះ បាន​សូន្យ​បាត់​ពី​ផែនដី​ទៅ គ្មាន​អ្នក​ណា​ដែល​ទៀង​ត្រង់ នៅ​ក្នុង​ពួក​មនុស្ស​លោក​ទេ គេ​សុទ្ធ​តែ​លប​ចាំ​កម្ចាយ​ឈាម គ្រប់​គ្នា​ប្រដេញ​បង​ប្អូន​ខ្លួន​ដោយ​មង
3 ដៃ​គេ​ចាប់​កាន់​អំពើ​អាក្រក់​ប្រុង​នឹង​ធ្វើ​ដោយ​ខ្មី‌ឃ្មាត ឯ​ចៅ‌ហ្វាយ គេ​ក៏​សូម ហើយ​ចៅ‌ក្រម​ក៏​ប្រុង​នឹង​ស៊ី​សំណូក​ដែរ ឯ​អ្នក​ធំ គេ​ពោល​ពី​សេចក្ដី​ប៉ង‌ប្រាថ្នា​អាក្រក់ ដែល​នៅ​ក្នុង​ចិត្ត​ខ្លួន គឺ​យ៉ាង​នោះ​ឯង​ដែល​គេ​ប្រមុំ​ការ​អាក្រក់​របស់​គេ
4 មនុស្ស​ល្អ​បំផុត​នៅ​ក្នុង​ពួក​គេ ក៏​ប្រៀប​ដូច​ជា​បន្លា ហើយ​អ្នក​ដែល​រាប់​ជា​ទៀង​ត្រង់ ក៏​អាក្រក់​ជាង​របង​ធ្វើ​ពី​បន្លា​ទៅ​ទៀត ថ្ងៃ​នៃ​ពួក​ចាំ​យាម​របស់​ឯង គឺ​ជា​ថ្ងៃ​ធ្វើ​ទោស​ដល់​ឯង បាន​មក​ដល់​ហើយ គ្រា​នោះ នឹង​បាន​ជា​គ្រា​អាំង‌ឡាំង​ដល់​ឯង
5 កុំ​ឲ្យ​ទុក​ចិត្ត​អ្នក​ជិត​ខាង ក៏​កុំ​ឲ្យ​ជឿ​មិត្ត​សំឡាញ់​ផង សូម្បី​តែ​នាង​ដែល​ឯង​ឱប​នៅ​នា​ទ្រូង​ក៏​ចូរ​រក្សា​បបូរ​មាត់​ចំពោះ​នាង​ដែរ
6 ដ្បិត​កូន​ប្រុស​បង្អាប់​ឪពុក ហើយ​កូន​ស្រី​ក៏​ចចើង​ទាស់​នឹង​ម្តាយ ឯ​កូន​ប្រសា​ស្រី​ទាស់​ទទឹង​នឹង​ម្តាយ​ក្មេក ហើយ​ខ្មាំង​សត្រូវ​របស់​អ្នក​ណា នោះ​គឺ​ជា​ពួក​អ្នក​នៅ​ផ្ទះ​របស់​អ្នក​នោះ​ឯង។
7 ឯ​ចំណែក​ខ្លួន​ខ្ញុំៗ​នឹង​ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា ខ្ញុំ​នឹង​រង់‌ចាំ​ព្រះ​ដ៏​ជួយ​សង្គ្រោះ​ខ្ញុំ ព្រះ​នៃ​ខ្ញុំ​ទ្រង់​នឹង​ស្តាប់​ខ្ញុំ
8 ឱ​ខ្មាំង​សត្រូវ​អើយ កុំ​ឲ្យ​សប្បាយ​ចិត្ត​ពី​ដំណើរ​ខ្ញុំ​ឡើយ កាល​ណា​ខ្ញុំ​ដួល នោះ​ខ្ញុំ​នឹង​ក្រោក​ឡើង​វិញ កាល​ណា​ខ្ញុំ​អង្គុយ​ក្នុង​ទី​ងងឹត នោះ​ព្រះ‌យេហូវ៉ា​នឹង​ជា​ពន្លឺ​ដល់​ខ្ញុំ
9 ខ្ញុំ​នឹង​រង‌ទ្រាំ​ចំពោះ​សេចក្ដី​គ្នាន់‌ក្នាញ់​របស់​ព្រះ‌យេហូវ៉ា ពី​ព្រោះ​ខ្ញុំ​បាន​ធ្វើ​បាប​នឹង​ទ្រង់​ហើយ គឺ​នឹង​រង​ទ្រាំ​ដរាប​ដល់​ទ្រង់​កាន់​ក្តី​ជំនួស​ខ្ញុំ ហើយ​បាន​សម្រេច​សេចក្ដី​យុត្តិ‌ធម៌​ដល់​ខ្ញុំ នោះ​ទ្រង់​នឹង​នាំ​ចេញ​មក​ឯ​ពន្លឺ រួច​ខ្ញុំ​នឹង​រំពឹង​មើល​សេចក្ដី​សុចរិត​របស់​ទ្រង់
10 គ្រា​នោះ ខ្មាំង​សត្រូវ​របស់​ខ្ញុំ​នឹង​ឃើញ​ដែរ ហើយ​និង​មាន​សេចក្ដី​ខ្មាស​គ្រប​លើ​នាង ដែល​និយាយ​មក​ខ្ញុំ​ថា តើ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​នៅ​ឯ​ណា ឯ​ភ្នែក​ខ្ញុំ​នឹង​ឃើញ​បំណង​ចិត្ត​កើត​ដល់​នាង នាង​នឹង​ត្រូវ​ជាន់​ឈ្លី​ឥឡូវ ដូច​ជា​ភក់​នៅ​ក្នុង​ផ្លូវ
11 នៅ​ថ្ងៃ​ដែល​កំផែង​ឯង​នឹង​បាន​សង់​ឡើង ថ្ងៃ​នោះ​ច្បាប់​បង្គាប់​នឹង​ឃ្លាត​ឆ្ងាយ​ពី​ឯង​ទៅ
12 នៅ​គ្រា​នោះ នឹង​មាន​គេ​មក​ឯ​ឯង​ពី​ស្រុក​អាសស៊ើរ និង​ពី​គ្រប់​ទាំង​ទី​ក្រុង​អេស៊ីព្ទ ហើយ​ចាប់​តាំង​ពី​ស្រុក​អេស៊ីព្ទ រហូត​ដល់​ទន្លេ​ធំ និង​ពី​សមុទ្រ​ម្ខាង ទៅ​ដល់​សមុទ្រ​ម្ខាង ហើយ​ពី​ភ្នំ​១​ទៅ​ដល់​ភ្នំ​១​ទៀត
13 ទោះ​បើ​យ៉ាង​នោះ​ក៏​ដោយ គង់​តែ​ស្រុក​នេះ​នឹង​ត្រូវ​នៅ​ស្ងាត់​ច្រៀប ដោយ​ព្រោះ​ផល​នៃ​កិរិយា​របស់​ពួក​អ្នក​ដែល​អាស្រ័យ​នៅ។
14 សូម​ទ្រង់​ឃ្វាល​រាស្ត្រ​ទ្រង់ ដោយ​ដំបង​របស់​ទ្រង់ គឺ​ហ្វូង​ចៀម​ដ៏​ជា​មរដក​របស់​ទ្រង់ ដែល​នៅ​ត្រមោច​ក្នុង​ព្រៃ​កណ្តាល​ស្រុក​កើមែល សូម​ឲ្យ​គេ​រក​ស៊ី​នៅ​ស្រុក​បាសាន និង​នៅ​ស្រុក​កាឡាត ដូច​កាល​ពី​ដើម​ចុះ
15 អញ​នឹង​ឲ្យ​គេ​ឃើញ​ការ​អស្ចារ្យ ដូច​នៅ​គ្រា​ដែល​ឯង​បាន​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក
16 អស់​ទាំង​សាសន៍​នឹង​ឃើញ ហើយ​និង​ឡើង​មុខ​ស្លាំង ដោយ​ព្រោះ​ឥទ្ធិ‌ឫទ្ធិ​របស់​គេ ពួក​ទាំង​នោះ​នឹង​ដាក់​ដៃ​ខ្ទប់​មាត់ ហើយ​ត្រចៀក​គេ​នឹង​ត្រូវ​ថ្លង់​ទៅ​ដែរ
17 គេ​នឹង​លិទ្ធ​ធូលី​ដី​ដូច​ជា​ពស់ គេ​នឹង​ញាប់‌ញ័រ​ចេញ​ពី​ទី​មាំ‌មួន​របស់​គេ គឺ​ដូច​ជា​សត្វ​លូន​វារ​នៅ​ផែនដី​ចេញ​ពី​រន្ធ គេ​នឹង​មក​ឯ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង ដោយ​កោត‌ខ្លាច ហើយ​និង​ភិត‌ភ័យ​ដោយ​ព្រោះ​ឯង។
18 តើ​មាន​អ្នក​ណា​ជា​ព្រះ​ឲ្យ​ដូច​ទ្រង់ ដែល​ទ្រង់​អត់​ទោស​ចំពោះ​អំពើ​ទុច្ចរិត ហើយ​ក៏​បំភ្លេច​អំពើ​រំលង​របស់​សំណល់​នៃ​មរដក​ទ្រង់ ទ្រង់​មិន​ផ្ងំ​សេចក្ដី​ខ្ញាល់​ទុក​ជានិច្ច​ទេ ពី​ព្រោះ​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​នឹង​សេចក្ដី​សប្បុរស​វិញ
19 ទ្រង់​នឹង​មាន​សេចក្ដី​អាណិត‌អាសូរ​ដល់​យើង​រាល់​គ្នា​ទៀត ទ្រង់​នឹង​កំរាប​សេចក្ដី​ទុច្ចរិត​របស់​យើង នៅ​ក្រោម​ព្រះ‌បាទ ហើយ​និង​បោះ​អស់​ទាំង​អំពើ​បាប​របស់​យើង​ទៅ​ក្នុង​សមុទ្រ​ជ្រៅ
20 ទ្រង់​នឹង​សម្រេច​តាម​សេចក្ដី​ពិត​ដល់​យ៉ាកុប និង​តាម​សេចក្ដី​សប្បុរស​ដល់​អ័ប្រា‌ហាំ ដូច​ជា​ទ្រង់​បាន​ស្បថ​នឹង​ពួក​អយ្យ‌កោ​យើង​រាល់​គ្នា ចាប់​តាំង​ពី​បុរាណ​មក​នោះ។:៚