ជំពូក 1
1 នេះជាសេចក្ដីទំនាយយ៉ាងធ្ងន់ ពីដំណើរក្រុងនីនីវេ គឺជាសៀវភៅសម្ដែងចេញជាការជាក់ស្តែងរបស់ណាហ៊ុម ជាអ្នកស្រុកអែលកូស។
2 ព្រះយេហូវ៉ាទ្រង់ជាព្រះប្រចណ្ឌ ទ្រង់ក៏សងសឹកដែរ ព្រះយេហូវ៉ាទ្រង់សងសឹក ហើយក៏មានពេញដោយសេចក្ដីក្រោធ ព្រះយេហូវ៉ាទ្រង់សងសឹក ដល់ពួកអ្នកតតាំងនឹងទ្រង់ ហើយទ្រង់រក្សាទុកនូវសេចក្ដីក្រោធ សម្រាប់ពួកខ្មាំងសត្រូវ
3 ព្រះយេហូវ៉ាទ្រង់យឺតនឹងខ្ញាល់ ហើយមានព្រះចេស្តាយ៉ាងធំ ទ្រង់មិនលះលែងទោសរបស់មនុស្សឡើយ ឯផ្លូវរបស់ព្រះយេហូវ៉ា នោះនៅក្នុងខ្យល់កួច ហើយក្នុងព្យុះសង្ឃរា ពពកទាំងឡាយជាធូលីហុយពីព្រះបាទទ្រង់
4 ទ្រង់ស្តីបន្ទោសដល់សមុទ្រ ក៏ធ្វើឲ្យគោកទៅ ទ្រង់ធ្វើឲ្យទន្លេទាំងប៉ុន្មានរីងស្ងួតដែរ ចំណែកឯស្រុកបាសានក៏រោយរៀវចុះ ព្រមទាំងស្រុកកើមែលផង ឯផ្ការបស់ព្រៃល្បាណូនក៏ស្រពោនដែរ
5 ភ្នំធំទាំងឡាយកក្រើកនៅចំពោះទ្រង់ ហើយអស់ទាំងភ្នំតូចក៏រលាយទៅ ដីរំពើកចុះឡើងនៅចំពោះព្រះភ័ក្ត្រទ្រង់ អើ ទាំងលោកីយ និងទាំងអស់ដែលអាស្រ័យនៅក្នុងលោកដែរ
6 តើមានអ្នកណាដែលអាចនឹងឈរនៅមុខសេចក្ដីគ្នាន់ក្នាញ់របស់ទ្រង់បាន តើអ្នកណានឹងធន់នៅបាន ក្នុងពេលដែលសេចក្ដីខ្ញាល់ដ៏សហ័សរបស់ទ្រង់ឆួលឡើង ឯសេចក្ដីក្រោធរបស់ទ្រង់ នោះក៏ចាក់ចេញដូចជាភ្លើង ហើយថ្មទាំងប៉ុន្មានក៏ត្រូវបែកសញ្ជែកដោយសារទ្រង់
7 ព្រះយេហូវ៉ាទ្រង់ល្អ ទ្រង់ជាទីពឹងមាំមួននៅគ្រាលំបាក ក៏ស្គាល់អស់អ្នកដែលយកទ្រង់ជាទីពឹងផ្អែក
8 តែទ្រង់នឹងរំលីងទីកន្លែងរបស់ពួកតតាំងដោយទឹកជន់ហូរលិច ហើយនិងដេញពួកខ្មាំងសត្រូវទ្រង់ទៅក្នុងទីងងឹត។
9 ឯងរាល់គ្នាគិតបង្កើតអ្វី ទាស់នឹងព្រះយេហូវ៉ានោះ ឯទ្រង់ នឹងធ្វើឲ្យផុតទៅអស់រលីង សេចក្ដីទុក្ខវេទនានឹងមិនកើតឡើងដល់ទៅ២ដងទេ
10 ដ្បិតគេនឹងត្រូវឆេះអស់រលីងទៅ ដូចជាជញ្ជ្រាំងស្ងួត ដោយគេស្រេះប្រទាក់គ្នាដូចជាបន្លា ក៏ស្រវឹងដូចជាបានផឹកស្រាហើយ
11 មានម្នាក់ចេញពីឯងមក ដែលគិតគូរការអាក្រក់ទាស់នឹងព្រះយេហូវ៉ា គឺជាអ្នកដែលប្រឹក្សាសុទ្ធតែអំពើអាក្រក់
12 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា ទោះបើគេមានពេញកម្លាំង ហើយមានគ្នាច្រើនផងក៏ដោយ គង់តែគេនឹងត្រូវកាត់ចុះ ហើយកន្លងបាត់ទៅ អញបានធ្វើទុក្ខឯងម្តងហើយ ដើម្បីមិនឲ្យត្រូវធ្វើទៀតឡើយ
13 ឥឡូវនេះ អញនឹងបំបាក់នឹមរបស់គេចេញពីឯង ហើយបណ្តាច់ចំណងឯងផង។
14 ព្រះយេហូវ៉ាទ្រង់បានបង្គាប់ពីដំណើរឯងថា ឯងនឹងមិនមានពូជបន្តឈ្មោះទៀតឡើយ អញនឹងកាត់អស់ទាំងរូបឆ្លាក់ និងរូបសិតពីវិហាររបស់ព្រះទាំងប៉ុន្មាននៃឯងចេញ ហើយនិងរៀបចំផ្នូរឯង ដ្បិតឯងគំរក់ណាស់។
15 មើលន៏ នៅលើភ្នំទាំងឡាយ ឃើញជើងរបស់អ្នកដែលនាំដំណឹងល្អមក គឺជាអ្នកដែលប្រកាសប្រាប់ពីសេចក្ដីសុខ ឱយូដាអើយ ចូររក្សាថ្ងៃបុណ្យទាំងប៉ុន្មានរបស់ឯង ចូរលាបំណន់ឯងចុះ ដ្បិតមនុស្សអាក្រក់នឹងមិនដែលដើរកាត់ឯងទៀតឡើយ គេត្រូវកាត់ចេញអស់រលីងហើយ។
ជំពូក 2
1 អ្នកដែលកម្ចាត់កម្ចាយ បានឡើងមកទាស់នឹងឯងហើយ ចូរការពារបន្ទាយ ត្រូវឲ្យចាំយាមផ្លូវ ចូរក្រវាត់ចង្កេះឲ្យខែងរ៉ែង ហើយចម្រើនកម្លាំងយ៉ាងសន្ធឹកចុះ
2 ពីព្រោះព្រះយេហូវ៉ាទ្រង់កំពុងតាំងសេចក្ដីរុងរឿងនៃយ៉ាកុបឡើងវិញ ឲ្យដូចជាសេចក្ដីរុងរឿងរបស់អ៊ីស្រាអែលដែរ ពីព្រោះពួកផ្ទីងជន បានចាក់គេចេញអស់ហើយ ក៏បានបំផ្លាញខ្នែងទំពាំងបាយជូររបស់គេដែរ
3 ឯខែលរបស់មនុស្សខ្លាំងពូកែបានប្រឡាក់ក្រហម ពួកមនុស្សក្លាហានស្លៀកពាក់ក្រហមឆ្អៅ ឯរទេះចម្បាំងក៏ភ្លឺផ្លេកៗនៅថ្ងៃរៀបចំ ហើយគេងាលំពែងដងកកោះយ៉ាងគួរស្ងែង
4 អស់ទាំងរទេះចម្បាំងរត់យ៉ាងសម្បើម ទៅតាមផ្លូវ ក៏រត់ចុះឡើងតាមផ្លូវធ្លា មានភាពដូចជាចន្លុះ ហើយក៏រត់លឿនដូចជាផ្លេកបន្ទោរ
5 ស្តេចរបស់គេនឹករកអ្នកណាដែលស្ទាត់ជំនាញក្នុងពលទ័ព តែគេដើរទៅទាំងចំពប់ជើង គេប្រញាប់ប្រញាល់នឹងឡើងទៅឯកំផែងក្រុង រួចក៏រៀបចំប្រដាប់បាំងខ្លួន
6 ទ្វារទន្លេបានបើកឡើង ហើយដំណាក់ស្តេចក៏រលាយទៅ
7 ព្រះនាងហ៊ូសាបត្រូវគេចាប់ដឹកទៅជាឈ្លើយ ពួកបាវស្រីរបស់ព្រះនាងក៏ថ្ងូរដូចជាព្រាប ព្រមទាំងគក់ទ្រូងខ្លួនផង។
8 តាំងពីចាស់បុរាណ ក្រុងនីនីវេប្រៀបដូចជាស្រះទឹក ប៉ុន្តែ ឥឡូវ គេរត់ចោលចេញទៅវិញ មានគេស្រែកថា ឈប់សិន ឈប់សិន តែគ្មានអ្នកណាបែរមើលខាងក្រោយឡើយ
9 ចូរចាប់យករបឹបជាប្រាក់ជាមាសចុះ ដ្បិតរបស់ទ្រព្យមិនចេះអស់មិនចេះហើយទេ សុទ្ធតែជាប្រដាប់ប្រដាយ៉ាងល្អវិសេស
10 ទីក្រុងនៅទទេ ក៏សោះសូន្យ ហើយខូចបង់ ឯចិត្តមនុស្សក៏រលាយទៅ ហើយជង្គង់គេប្រដំគ្នា គ្រប់ទាំងចង្កេះចុកសៀត ហើយមុខគេទាំងអស់ក៏ស្លេកស្លាំង
11 តើរូងសិង្ហនោះបាត់ទៅឯណា គឺជាកន្លែងដែលចិញ្ចឹមពួកសិង្ហស្ទាវ ហើយសិង្ហឈ្មោល សិង្ហញីបានដើរនៅទីនោះ ព្រមទាំងកូនសិង្ហ ឥតមានអ្នកណាបំភ័យវាឡើយ
12 ឯសិង្ហឈ្មោល វាតែងតែហែករំពាល្មមចម្អែតកូន ក៏ខាំកសត្វយកមកឲ្យញី ព្រមទាំងបំពេញគុហារបស់វាដោយរំពា ហើយរូងវាដោយសាច់សត្វ
13 ឯព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលថា នែ អញទាស់នឹងឯង អញនឹងដុតអស់ទាំងរទេះចម្បាំងរបស់ឯង ឲ្យឡើងជាផ្សែង ហើយដាវនឹងស៊ីកូនសិង្ហរបស់ឯង អញនឹងបំបាត់ការចាប់រំពារបស់ឯងពីផែនដីចេញ ហើយសំឡេងរបស់ពួកទូតឯង នឹងឥតមានអ្នកណាឮទៀតឡើយ។
ជំពូក 3
1 វេទនាដល់ទីក្រុងដែលប្រឡាក់ដោយឈាម វាពេញដោយសេចក្ដីកំភូត និងសេចក្ដីច្រឡោត ការរឹបជាន់មិនចេះបាត់ចេញឡើយ
2 មានសុទ្ធតែសូររំពាត់ សូរសន្ធឹកនៃកង់ សូរសេះបោល និងសូររឃុករឃាក់នៃរទេះចម្បាំង
3 ឃើញទ័ពសេះបោលសំរុក និងដាវដែលភ្លឺចាំង ហើយលំពែងផ្លេកៗ មានមនុស្សស្លាប់យ៉ាងសន្ធឹក ជាគំនរសាកសពយ៉ាងធំ ខ្មោចគេមិនចេះផុតពីភ្នែកឡើយ ជើងមនុស្សទង្គិចនឹងខ្មោចទាំងនោះ
4 នេះគឺដោយព្រោះការកំផិតយ៉ាងសន្ធឹករបស់ស្រីសំផឹងដ៏មានរូបឆោមឆាយ ជាមេនៃអស់ទាំងអំពើអាបធ្មប់ ជាអ្នកដែលលក់អស់ទាំងសាសន៍ដោយសារការកំផិតរបស់វា ព្រមទាំងគ្រួមនុស្សផង ដោយសាររបៀនអាបធ្មប់របស់វា
5 ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានព្រះបន្ទូលថា នែ អញទាស់នឹងឯង អញនឹងសើយសំពត់ឯងឡើងគ្របមុខឯង ហើយនិងបង្ហាញឲ្យពួកសាសន៍ទាំងប៉ុន្មានឃើញកាយអាក្រាត និងឲ្យអស់ទាំងនគរឃើញកេរ្តិ៍ខ្មាសរបស់ឯង
6 ហើយអញនឹងបោះអសោចិ៍គួរខ្ពើម ទៅលើឯង ឲ្យឯងបានទៅជាស្មោកគ្រោក រួចនឹងតាំងឯងឲ្យមនុស្សមើលលេង
7 នោះអស់អ្នកណាដែលឃើញឯង នឹងគេចរត់ពីឯងទៅ ដោយពាក្យថា ក្រុងនីនីវេបានត្រូវខូចបង់ហើយ តើអ្នកណានឹងយំសោក តើនឹងរកឯណាឲ្យបានអ្នកជួយដោះទុក្ខឯង
8 តើឯងវិសេសជាងនរ-អាម៉ូន ជាទីក្រុងដែលនៅកណ្តាលអស់ទាំងទន្លេ ហើយមានទឹកនៅព័ទ្ធជុំវិញនោះ ក៏មានសមុទ្រការពារ គឺសមុទ្រទុកជាកំផែងឬអី
9 ឯស្រុកអេធីយ៉ូពី និងស្រុកអេស៊ីព្ទ ជាកម្លាំងរបស់គេ ហើយកម្លាំងនោះក៏ប្រមាណមិនបានផង ស្រុកពូត និងស្រុកលីប៊ី ជាជំនួយរបស់គេដែរ
10 ទោះបើយ៉ាងនោះ គង់តែគេត្រូវដឹកនាំទៅជាឈ្លើយ កូនតូចៗរបស់គេត្រូវបោកកម្ទេចនៅគ្រប់ទាំងក្បាលផ្លូវ ក៏បានបោះឆ្នោត ចាប់មនុស្សមានត្រកូលខ្ពស់របស់គេ ហើយអស់អ្នកធំរបស់គេត្រូវជាប់ច្រវាក់
11 ឯឯងនឹងត្រូវស្រវឹង ឯងនឹងត្រូវពួនខ្លួន ហើយនិងស្វែងរកទីពឹងជ្រក ឲ្យរួចពីខ្មាំងសត្រូវដែរ
12 អស់ទាំងបន្ទាយរបស់ឯងនឹងបានដូចជាដើមល្វា ដែលមានផ្លែទុំជាដំបូង បើអ្នកណាអង្រួន នោះផ្លែក៏ជ្រុះចូលក្នុងមាត់របស់អ្នកដែលស៊ី
13 មើល ពួកជននៅក្នុងឯង សុទ្ធតែជាស្ត្រីទទេ ទ្វារស្រុកឯងបើកពេញចំហ សម្រាប់ខ្មាំងសត្រូវ ភ្លើងបានឆេះរនុកឯងអស់ទៅ
14 ចូរដងទឹកទុកសម្រាប់ពេលដែលសត្រូវឡោមព័ទ្ធឯងចុះ ត្រូវឲ្យរៀបបន្ទាយឯងឲ្យមាំមួនឡើង ចូរចុះទៅជាន់លាយដីឥដ្ឋ ហើយជួសជុលឡឥដ្ឋឲ្យមាំមួន
15 នៅទីនោះ ភ្លើងនឹងឆេះបន្សុសឯង ហើយដាវនឹងកាត់ឯងចេញ គឺនឹងស៊ីបង្ហិនឯងដូចជាដង្កូវ ចូរចម្រើនគ្នាឲ្យច្រើនឡើងដូចជាដង្កូវទៅ ត្រូវឲ្យមានគ្នាច្រើនដូចជាកណ្តូបផង
16 ឯងបានចម្រើនពួកជំនួញរបស់ឯង ឲ្យមានច្រើនជាងផ្កាយនៅលើមេឃ តែដង្កូវបានស៊ីបង្ហិនរួចទៅបាត់ហើយ
17 ពួកចៅហ្វាយរបស់ឯងប្រៀបដូចជាចង្រិត ហើយពួកមេទ័ពរបស់ឯងក៏ដូចជាហ្វូងកណ្តូប ដែលទំនៅរបងក្នុងពេលថ្ងៃរងា តែកាលណាថ្ងៃរះឡើង នោះវាហើរបាត់ទៅ ហើយកន្លែងដែលទៅទំនៅ នោះគ្មានអ្នកណាដឹងទេ
18 ឱស្តេចសាសន៍អាសស៊ើរអើយ ពួកអ្នកគង្វាលរបស់ឯង គេដេកលក់អស់ហើយ ពួកអ្នកមានត្រកូលខ្ពស់ ក៏សម្រាក រាស្ត្ររបស់ឯងត្រូវខ្ចាត់ខ្ចាយទៅលើភ្នំ ឥតមានអ្នកណានឹងប្រមូលគេឡើយ
19 គ្មានអ្វីនឹងធ្វើឲ្យទីឈឺរបស់ឯងអន់ស្រាកបានទេ របួសឯងធ្ងន់ណាស់ អស់អ្នកដែលឮដំណឹងពីឯង គេទះដៃអរ ដ្បិតតើមានអ្នកឯណាដែលមិនត្រូវអំពើកំណាចរបស់ឯងជានិច្ចនោះ។:៚