ជំពូក 1
1 នេះជាសេចក្ដីទំនាយទាយយ៉ាងធ្ងន់ ដែលហោរាហាបាគុកបានឃើញ។ ហោរាហាបាគុកទូលសួរព្រះយេហូវ៉ា
2 ឱព្រះយេហូវ៉ាអើយ តើត្រូវឲ្យទូលបង្គំអំពាវនាវដល់កាលណាទៀត ឥតទ្រង់ឆ្លើយតបសោះដូច្នេះ ទូលបង្គំស្រែកដល់ទ្រង់អំពីការច្រឡោត តែទ្រង់មិនជួយសង្គ្រោះឡើយ
3 ហេតុអ្វីបានជាទ្រង់ឲ្យទូលបង្គំឃើញអំពើទុច្ចរិត ហើយឲ្យទូលបង្គំមើលឃើញតែសេចក្ដីទំនាស់ចិត្តដូច្នេះ ដ្បិតមានសុទ្ធតែការបំផ្លាញ និងការច្រឡោតនៅមុខទូលបង្គំ ក៏មានសេចក្ដីឈ្លោះប្រកែក និងការទាស់ទែងគ្នាកើតឡើង
4 ហេតុដូច្នេះ បញ្ញត្តច្បាប់បានអន់ថយទៅ ហើយសេចក្ដីយុត្តិធម៌មិនលេចមកឲ្យឃើញឡើយ ដ្បិតមនុស្សអាក្រក់ឡោមព័ទ្ធមនុស្សសុចរិត បានជាសេចក្ដីយុត្តិធម៌ចេញមកខូចហើយ។
5 ចូរពិចារណាមើល ក្នុងសាសន៍ដទៃទាំងប៉ុន្មាន ចូរមើលទៅ ហើយមានសេចក្ដីអស្ចារ្យដ៏ពន្លឹកចុះ ដ្បិតនៅក្នុងជំនាន់របស់ឯងនេះ អញកំពុងតែធ្វើការ១ ដែលឯងរាល់គ្នាមិនព្រមជឿទេ ទោះបើមានគេប្រាប់ក៏ដោយ
6 ដ្បិតមើល អញនឹងតាំងសាសន៍ខាល់ដេឡើង ជាសាសន៍ដែលមួម៉ៅ ហើយរហ័សរហាល់ គេនឹងលើកគ្នាដើរកាត់ផែនដីទាំងមូល ដើម្បីនឹងចាប់យកទីលំនៅ ដែលមិនមែនជារបស់ផងខ្លួន
7 គេគួរស្ញែងខ្លាច ហើយមានភាពគួរស្បើម សេចក្ដីយុត្តិធម៌ និងយសសក្តិរបស់គេ នោះមកតែពីខ្លួនគេទេ
8 ឯសេះរបស់គេក៏លឿនជាងខ្លារខិន ហើយសាហាវជាងឆ្កែព្រៃ ដែលចេញនៅពេលល្ងាចផង ពួកទ័ពសេះរបស់គេសំរុកចូលដោយឥតញញើត អើ ពួកពលសេះរបស់គេមកពីឆ្ងាយ គេលឿនដូចជាឥន្ទ្រីដែលរហ័សហើរទៅហែកស៊ី
9 គេសុទ្ធតែមកដើម្បីរឹបជាន់ មុខគេរកតែទៅខាងមុខទៀត គេប្រមូលបានឈ្លើយដូចជាខ្សាច់
10 អើ គេឡកឡឺយឲ្យអស់ទាំងស្តេច ហើយយកពួកចៅហ្វាយជាទីមើលងាយ គេសើចចំពោះអស់ទាំងទីមាំមួន ដ្បិតគេនឹងគ្រាន់តែពូនធូលីដីឡើង ចាប់យកបានហើយ
11 រួចបោសហួសទៅដូចជាខ្យល់ ហើយកន្លងទៅ ព្រមទាំងនាំឲ្យខ្លួនមានទោស គឺគេនឹងយកកម្លាំងរបស់ខ្លួនទុកជាព្រះ។
12 ឱព្រះយេហូវ៉ាជាព្រះនៃទូលបង្គំ ជាព្រះដ៏បរិសុទ្ធនៃទូលបង្គំអើយ តើទ្រង់មិនគង់នៅតាំងពីអស់កល្បរៀងមកទេឬអី យើងខ្ញុំរាល់គ្នានឹងមិនស្លាប់ទេ ឱព្រះយេហូវ៉ាអើយ ទ្រង់បានតម្រូវទុកគេឲ្យត្រូវជំនុំជម្រះ ហើយឱថ្មដាអើយ ទ្រង់បានតាំងគេឡើង ដើម្បីវាយផ្ចាល
13 ទ្រង់មានព្រះនេត្របរិសុទ្ធក្រៃលែង និងទតមើលការអាក្រក់មិនបាន ក៏នឹងពិនិត្យមើលការទុច្ចរិតមិនបានដែរ ហេតុអ្វីបានជាទ្រង់ទតមើលចំពោះពួកអ្នកដែលប្រព្រឹត្តកម្បថ ហើយនៅតែស្ងៀម ក្នុងកាលដែលពួកអ្នកអាក្រក់លេបមនុស្សដែលសុចរិតជាងខ្លួនបាត់ទៅដូច្នេះ
14 គឺធ្វើឲ្យមនុស្សបានដូចជាត្រីនៅសមុទ្រ ឬដូចជាសត្វលូនវារដែលគ្មានអ្នកណាគ្រប់គ្រងរក្សាសោះ
15 គេស្ទូចចាប់យកទាំងអស់ ក៏ចាប់ដោយសំណាញ់ ហើយកៀរយកដោយអួន ដូច្នេះ គេមានចិត្តរីករាយ ហើយអរសប្បាយ
16 ហេតុនោះបានជាគេថ្វាយយញ្ញបូជាដល់សំណាញ់របស់គេ ហើយដុតកំញានថ្វាយដល់អួន ពីព្រោះចំណែករបស់គេបានធំឡើង ហើយគេមានអាហារជាបរិបូរ ដោយសាររបស់ទាំងនោះ
17 ដូច្នេះ តើគេនឹងចេះតែចាក់ចេញពីអួន ហើយសម្លាប់អស់ទាំងសាសន៍ឥតប្រណីជានិច្ចឬ។
ជំពូក 2
1 ខ្ញុំនឹងនៅត្រង់ទីចាំយាម ខ្ញុំនឹងឡើងទៅលើប៉ម ហើយខំមើលទៅ ដើម្បីឲ្យដឹងជាទ្រង់នឹងមានព្រះបន្ទូលមកដូចម្តេច ហើយនិងឆ្លើយពីដំណើរដែលខ្ញុំចោទប្រកាន់ជាយ៉ាងណា
2 នោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលតបមកខ្ញុំថា ចូរកត់ការជាក់ស្តែងនេះទុក ត្រូវឲ្យចារឹកឲ្យច្បាស់នៅលើក្តារចុះ ដើម្បីឲ្យមនុស្សដែលកំពុងរត់ ក៏អាចមើលបានដែរ
3 ដ្បិតការជាក់ស្តែងនេះ ទុកសម្រាប់ដល់វេលាកំណត់ ក៏កំពុងស្រូតឲ្យដល់ពេលនោះហើយ នៅគ្រានោះ នឹងមិនកុហកទេ បើសិនជាបង្អង់យូរ ក៏ចូររង់ចាំចុះ ដ្បិតនឹងមកជាពិត ឥតរារង់ឡើយ។
4 មើល ចិត្តគេបានប៉ោងឡើង មិនទៀងត្រង់នៅក្នុងខ្លួនគេទេ តែមនុស្សសុចរិតនឹងរស់នៅ ដោយសារសេចក្ដីជំនឿរបស់ខ្លួន
5 ១ទៀត ដែលស្រាទំពាំងបាយជូរ ជាគ្រឿងបញ្ឆោតយ៉ាងណា មនុស្សអំនួតក៏មិនចេះនៅផ្ទះខ្លួនដូច្នោះដែរ គេពង្រីកសេចក្ដីប៉ងប្រាថ្នារបស់ខ្លួនឲ្យធំដូចជាស្ថានឃុំព្រលឹងមនុស្សស្លាប់ ហើយក៏ដូចជាសេចក្ដីស្លាប់ ដែលមិនចេះឆ្អែតឆ្អន់ គឺគេកៀរប្រមូលអស់ទាំងសាសន៍មកឯខ្លួន ក៏បំព្រួមសាសន៍ទាំងឡាយទុកសម្រាប់ខ្លួនដែរ
6 ឯពួកទាំងនោះ តើមិនចាប់ផ្តើមនិយាយពាក្យប្រៀបធៀប និងពាក្យប្រស្នាដែលបញ្ឈឺចិត្តទេឬអី ដោយពាក្យថា វេទនាដល់មនុស្សដែលចម្រើនរបស់ទ្រព្យ ដែលមិនមែនជារបស់ខ្លួនទេ ហើយផ្ទុកខ្លួនដោយរបស់ដែលទទួលបញ្ចាំផង តើនឹងបានដូច្នេះដល់កាលណាទៅ
7 តើមិនត្រូវឲ្យមានពួកអ្នកកើតឡើង ដែលនឹងខាំឯងជា១រំពេច និងពួក១ភ្ញាក់ឡើងធ្វើទុក្ខឯងទេឬ នោះឯងនឹងត្រូវជារបឹបដល់គេវិញ
8 ហើយពីព្រោះឯងបានប្លន់សាសន៍ជាច្រើន នោះសំណល់នៃសាសន៍ទាំងឡាយនឹងប្លន់ឯងវិញ ដោយព្រោះឈាមមនុស្ស និងការច្រឡោត ដែលបានធ្វើនៅក្នុងស្រុកគេ ហើយដល់ទីក្រុង និងអស់មនុស្សដែលនៅក្នុងក្រុងនោះផង។
9 វេទនាដល់មនុស្សដែលបានកម្រៃទុច្ចរិតសម្រាប់ផ្ទះខ្លួន ដើម្បីនឹងតាំងសំបុកខ្លួននៅលើទីខ្ពស់ ឲ្យបានរួចពីកណ្តាប់ដៃនៃសេចក្ដីអាក្រក់
10 ឯងគិតគូរបង្កើតសេចក្ដីអាម៉ាស់ខ្មាសដល់ផ្ទះឯងវិញ ដោយផ្តាច់ផ្តិលសាសន៍ជាច្រើន ក៏មានបាបទាស់នឹងព្រលឹងឯងហើយ
11 ដ្បិតថ្មជញ្ជាំងនឹងស្រែកចេញមក ហើយធ្នឹមនៅកណ្តាលអស់ទាំងគ្រឿងឈើនឹងឆ្លើយទទួល។
12 វេទនាដល់អ្នកណាដែលតាំងភូមិ ដោយកម្ចាយឈាម ហើយសង់ទីក្រុងដោយការទុច្ចរិត
13 មើល ដែលសាសន៍ទាំងឡាយខំធ្វើការសម្រាប់តែឲ្យភ្លើងឆេះ ហើយសាសន៍ទាំងប៉ុន្មាន ក៏ប្រឹងធ្វើនឿយហត់ជាឥតប្រយោជន៍ នោះតើមិនមកពីព្រះយេហូវ៉ានៃពួកពលបរិវារទេឬ
14 ដ្បិតមនុស្សនឹងស្គាល់ដល់សិរីល្អនៃព្រះយេហូវ៉ា នៅពេញលើផែនដី ដូចជាទឹកក៏នៅពេញសមុទ្រដែរ។
15 វេទនាដល់អ្នកណាដែលបំផឹកដល់អ្នកជិតខាងខ្លួន គឺដែលចេះតែចាក់ឲ្យគេផឹកដល់ស្រវឹង ដើម្បីឲ្យបានឃើញសណ្ឋានអាក្រាតរបស់គេ
16 ឯងឆ្អែតពេញដោយសេចក្ដីអាម៉ាស់ខ្មាស មិនមែនជាសិរីល្អទេ ចូរឲ្យឯងផឹកដែរ ហើយឲ្យគេឃើញថា ឯងមិនបានកាត់ស្បែកពិត ឯពែងនៅព្រះហស្តស្តាំនៃព្រះយេហូវ៉ា នោះនឹងវិលមកដល់ឯងដូចគ្នា ហើយសេចក្ដីអាម៉ាស់ខ្មាសដ៏ជួជាតិនឹងគ្របលើសិរីល្អរបស់ឯងវិញ
17 ដ្បិតការច្រឡោតដែលបានធ្វើដល់ព្រៃល្បាណូននឹងគ្របលើឯង ព្រមទាំងការបំផ្លាញអស់ទាំងសត្វ ដែលនាំឲ្យវាភ័យភ្ញាក់ ផង ដោយព្រោះឈាមមនុស្ស និងការច្រឡោត ដែលបានធ្វើនៅក្នុងស្រុកគេ ហើយដល់ទីក្រុង និងមនុស្សទាំងប៉ុន្មាន ដែលនៅក្នុងក្រុងនោះផង។
18 ឯរូបឆ្លាក់ តើមានប្រយោជន៍អ្វី បានជាជាងឆ្លាក់ធ្វើវា និងរូបសិត គឺជាគ្រូបង្រៀនសេចក្ដីកំភូតនោះផង បានជាជាង ដែលសិតធ្វើរាងរូបនោះ ក៏យកជាទីទុកចិត្តរបស់ខ្លួន ដើម្បីនឹងបង្កើតរូបព្រះគឡើងដូច្នេះ
19 វេទនាដល់អ្នកណាដែលនិយាយដល់ដុំឈើថា សូមតើនឡើង ហើយដល់ដុំថ្មគថា សូមក្រោកឡើងចុះ តើរូបនោះនឹងបង្រៀនបានឬ មើល គេស្រោបវាដោយមាស និងប្រាក់តែគ្មានខ្យល់ដង្ហើមនៅខាងក្នុងទេ
20 ឯព្រះយេហូវ៉ាទ្រង់គង់នៅក្នុងព្រះវិហារបរិសុទ្ធរបស់ទ្រង់វិញ ចូរឲ្យផែនដីទាំងមូលស្ងៀមនៅចំពោះទ្រង់ចុះ។
ជំពូក 3
1 នេះជាពាក្យអធិស្ឋានរបស់ហោរាហាបាគុក រៀងជាពាក្យលន្លោចចិត្ត។
2 ឱព្រះយេហូវ៉ាអើយ ទូលបង្គំបានឮសេចក្ដីដែលទ្រង់មានព្រះបន្ទូលមកនោះ ហើយទូលបង្គំមានសេចក្ដីភិតភ័យ ឱព្រះយេហូវ៉ាអើយ កំពុងដែលឆ្នាំទាំងឡាយកន្លងទៅ នោះសូមធ្វើឲ្យកិច្ចការរបស់ទ្រង់កើតឡើងជាថ្មី កំពុងដែលឆ្នាំទាំងឡាយកន្លងទៅ សូមសម្ដែងឲ្យស្គាល់ការនោះវិញ ហើយក្នុងគ្រាដែលទ្រង់ក្រោធ សូមនឹកចាំពីសេចក្ដីមេត្តាករុណាផង
3 ព្រះទ្រង់កំពុងយាងមកពីថេម៉ាន គឺព្រះដ៏បរិសុទ្ធទ្រង់យាងមកពីភ្នំប៉ារ៉ាន-បង្អង់-សិរីល្អនៃទ្រង់បិទបាំងផ្ទៃមេឃ ហើយផែនដីបានពេញដោយសេចក្ដីសរសើរដល់ទ្រង់
4 សេចក្ដីរុងរឿងរបស់ទ្រង់ក៏ដូចជាពន្លឺមានរស្មីចេញពីព្រះហស្តទ្រង់ នោះឯងជាទីលាក់ទុកនូវព្រះចេស្តានៃទ្រង់
5 មានអាសន្នរោគចេញពីចំពោះទ្រង់ ក៏មានរន្ទះចេញពីដានព្រះបាទទ្រង់
6 ទ្រង់ឈរឡើង ក៏វាស់ផែនដី ទ្រង់ក្រឡេកទតទៅក៏បណ្តេញសាសន៍ទាំងប៉ុន្មានចេញពីគ្នា ឯភ្នំធំដ៏នៅអស់កល្បរៀងមក នោះត្រូវខ្ចាត់ខ្ចាយទៅ ហើយភ្នំតូចដ៏នៅជាដរាប ក៏ឱនលំទោនចុះអស់ទាំងដំណើររបស់ទ្រង់មានតាំងពីបុរាណមក
7 ទូលបង្គំបានឃើញពួកអ្នកនៅត្រសាលរបស់គូសាន គេមានទុក្ខលំបាក ឯរំភាយត្រសាលរបស់ម៉ាឌានក៏ញ័រ
8 តើព្រះយេហូវ៉ាទ្រង់មានព្រះហឫទ័យថ្នាំងថ្នាក់ ចំពោះទន្លេទាំងប៉ុន្មានឬ តើសេចក្ដីខ្ញាល់របស់ទ្រង់តម្រង់ទាស់នឹងទន្លេ ឬសេចក្ដីក្រោធរបស់ទ្រង់បានទាស់នឹងសមុទ្រឬអី បានជាទ្រង់ឡើងគង់លើសេះរបស់ទ្រង់ ហើយលើរថនៃសេចក្ដីសង្គ្រោះរបស់ទ្រង់ទៅដូច្នេះ
9 ធ្នូរបស់ទ្រង់បានបើកចេញស្រាប់ ពាក្យសម្បថដល់ពូជអំបូរទាំងឡាយជាព្រះបន្ទូលដ៏ពិត-បង្អង់-ទ្រង់បានពុះញែកផែនដីឲ្យទន្លេមានផ្លូវហូរ
10 ភ្នំទាំងប៉ុន្មានបានឃើញទ្រង់ ហើយក៏ភ័យខ្លាច ព្យុះភ្លៀងក៏បង្ហួសទៅ ទីជម្រៅក៏បញ្ចេញសំឡេង ហើយបានលើកដៃឡើងទៅលើ
11 ឯព្រះអាទិត្យ និងព្រះចន្ទ ក៏ឈប់ទ្រឹងនៅ ដោយឃើញពន្លឺនៃព្រួញទ្រង់កំពុងហោះទៅ និងពន្លឺចាំងពីលំពែងដ៏ភ្លឺផ្លេកៗរបស់ទ្រង់
12 ទ្រង់បានយាងកាត់ស្រុកទៅ ដោយសេចក្ដីគ្នាន់ក្នាញ់ ក៏កិនបញ្ជាន់អស់ទាំងសាសន៍ដោយសេចក្ដីក្រោធ
13 ទ្រង់បានយាងចេញមក ដើម្បីជួយសង្គ្រោះរាស្ត្ររបស់ទ្រង់ គឺដើម្បីសង្គ្រោះអ្នកដែលទ្រង់បានចាក់ប្រេងតាំងឲ្យ ទ្រង់បានវាយអ្នកជាកំពូលលើវង្សមនុស្សអាក្រក់ឲ្យរបួស ក៏បំផ្លាញទៅ ចាប់តាំងពីជើង រហូតដល់កំពូលផង -បង្អង់-
14 ទ្រង់បានចាក់ទម្លុះមេទ័ពរបស់គេ ដោយលំពែងរបស់ទ្រង់ គេបានចេញមកដូចជាខ្យល់កួច ដើម្បីកម្ចាត់កម្ចាយទូលបង្គំ គេត្រេកអរ ចំពោះតែការស៊ីបំផ្លាញពួកក្រីក្រដោយសម្ងាត់
15 ប៉ុន្តែ ទ្រង់បានជាន់ឈ្លីសមុទ្រ ដោយសេះទាំងប៉ុន្មានរបស់ទ្រង់ គឺអស់ទាំងរលកដែលបោកឡើងយ៉ាងធំ។
16 ខ្ញុំបានឮ ហើយពោះខ្ញុំក៏ញ័រប៉ផុក បបូរមាត់ខ្ញុំក៏ញ័រទទាក់ ដោយឮសំឡេងនោះ មានសេចក្ដីពុករលួយចូលក្នុងឆ្អឹងរបស់ខ្ញុំ ខ្ញុំក៏ភ័យញ័រនៅក្នុងខ្លួន ពីព្រោះខ្ញុំត្រូវរង់ចាំថ្ងៃវេទនាដោយអំណត់ គឺរង់ចាំសាសន៍ដែលទន្ទ្រានចូល បានមកដល់
17 ទោះបើដើមល្វាមិនមានផ្កា ក៏ឥតមានផ្លែទំពាំងបាយជូរ ហើយផលនៃដើមអូលីវក៏ខានមាន ស្រែចម្ការឥតបង្កើតបានអាហារ ហ្វូងចៀមត្រូវបាត់ចេញពីក្រោល ហើយគ្មានគោនៅក្នុងឃ្នងក៏ដោយ
18 គង់តែខ្ញុំនឹងរីករាយ ដោយសារព្រះយេហូវ៉ា ខ្ញុំនឹងអរសប្បាយក្នុងព្រះដ៏ជួយសង្គ្រោះខ្ញុំដែរ
19 ព្រះយេហូវ៉ា គឺជាព្រះអម្ចាស់ទ្រង់ជាកម្លាំងខ្ញុំ ទ្រង់នឹងធ្វើឲ្យជើងនៃខ្ញុំបានលឿន ដូចជាជើងឈ្លូស ហើយឲ្យខ្ញុំដើរនៅលើទីខ្ពស់របស់ខ្ញុំ។ នេះលើកសម្រាប់មេភ្លេង ឲ្យលេងដោយប្រដាប់មានខ្សែរបស់ខ្ញុំ។:៚