សេផានា

1 2 3


ជំពូក 1

1 នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដែល​បាន​មក​ដល់​សេផានា ជា​កូន​គូស៊ី ដែល​ជា​កូន​កេដាលាៗ ជា​កូន​អ័ម៉ារាៗ​ជា​កូន​ហេសេគា នៅ​ក្នុង​រាជ្យ​នៃ​យ៉ូសៀស ព្រះ‌រាជ​បុត្រា​អាំម៉ូន ជា​ស្តេច​យូដា។
2 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​នឹង​រំលីង​របស់​ទាំង​អស់​ឲ្យ​បាត់​ពី​លើ​ផែនដី​ទៅ
3 អញ​នឹង​រំលីង​ទាំង​មនុស្ស និង​សត្វ ក៏​នឹង​រំលីង​ទាំង​សត្វ​ហើរ​លើ​អាកាស និង​ត្រី​នៅ​សមុទ្រ ព្រម​ទាំង​របស់​អ្វី​ដែល​នាំ​ឲ្យ​រវាត​ចិត្ត ជា​មួយ​នឹង​ពួក​មនុស្ស​អាក្រក់​ផង គឺ​អញ​នឹង​កាត់​ផ្តិល​មនុស្ស​ពី​លើ​ផែនដី​ចេញ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា
4 អញ​នឹង​លូក​ដៃ​ទៅ​លើ​ស្រុក​យូដា ហើយ​លើ​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡឹម​ទាំង​ប៉ុន្មាន​ដែរ ក៏​នឹង​កាត់​ផ្តិល​សំណល់​របស់​ព្រះ‌បាល ពី​ទី​នេះ​ចេញ ព្រម​ទាំង​ឈ្មោះ​ពួក​អ្នក​ធ្វើ​ការ‌ងារ​ចំពោះ​រូប​ព្រះ​ជា​មួយ​នឹង​ពួក​សង្ឃ​ផង
5 នឹង​ពួក​អ្នក​ដែល​ឡើង​ទៅ​លើ​ដំបូល​ផ្ទះ ដើម្បី​ថ្វាយ‌បង្គំ​ដល់​ពល‌បរិវារ​នៅ​លើ​មេឃ ហើយ​ពួក​អ្នក​ដែល​ថ្វាយ‌បង្គំ គឺ​ដែល​ស្បថ​ដល់​ទាំង​ព្រះ‌យេហូវ៉ា និង​ដល់​ព្រះ‌ម៉ូឡុក​ផង
6 ហើយ​ពួក​អ្នក​ដែល​បាន​រា‌ថយ ចេញ​ពី​ការ​គោរព​តាម​ព្រះ‌យេហូវ៉ា និង​ពួក​អ្នក​ដែល​មិន​បាន​ស្វែង​រក​ព្រះ‌យេហូវ៉ា ឬ​ស៊ើប‌សួរ​តាម​ទ្រង់​សោះ។
7 ចូរ​ឲ្យ​នៅ​ស្ងៀម​ចំពោះ​ព្រះ‌អម្ចាស់​យេហូវ៉ា​ចុះ ដ្បិត​ថ្ងៃ​នៃ​ព្រះ‌យេហូវ៉ា​ជិត​ដល់​ហើយ ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ចាត់‌ចែង​យញ្ញ‌បូជា ទ្រង់​បាន​រើស​ពួក​អ្នក​ដែល​ត្រូវ​អញ្ជើញ​មក​ហើយ
8 នៅ​ថ្ងៃ​ដែល​ថ្វាយ​យញ្ញ‌បូជា​របស់​ព្រះ‌យេហូវ៉ា នោះ​អញ​នឹង​ធ្វើ​ទោស​ដល់​ទាំង​ពួក​ចៅ‌ហ្វាយ និង​ពួក​កូន​ស្តេច ហើយ​ពួក​អ្នក​ដែល​តែង​ខ្លួន ដោយ​សម្លៀក‌បំពាក់​របស់​សាសន៍​ដទៃ​ផង
9 នៅ​ថ្ងៃ​នោះ អញ​នឹង​ធ្វើ​ទោស​ដល់​ពួក​អ្នក​ដែល​លោត​រំលង​មេ​ទ្វារ ហើយ​បំពេញ​ផ្ទះ​របស់​ចៅ‌ហ្វាយ​គេ ដោយ​សេចក្ដី​ច្រឡោត និង​សេចក្ដី​ឆ‌បោក
10 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា នៅ​ថ្ងៃ​នោះ នឹង​ឮ​សូរ​សម្រែក​ពី​ទ្វារ​ត្រី និង​សូរ​ទ្រហោ​យំ​ពី​ឃុំ​ទី​២ ហើយ​សូរ​គ្រាំ‌គ្រេង​ពី​ភ្នំ​ទាំង​ប៉ុន្មាន
11 ម្នាល​ពួក​អ្នក​នៅ​ម៉ាក‌ថេស​អើយ ចូរ​ទ្រហោ​យំ​ចុះ ពី​ព្រោះ​ពួក​ធ្វើ​ជំនួញ​ទាំង​ប៉ុន្មាន​ត្រូវ​បំផ្លាញ អស់​អ្នក​ដែល​ផ្ទុក​ដោយ​ប្រាក់​បាន​ត្រូវ​វិនាស​ហើយ
12 នៅ​គ្រា​នោះ អញ​នឹង​ឆែក‌ឆេរ​ក្រុង​យេរូ‌សាឡឹម​ដោយ​ពន្លឺ​ចង្កៀង នោះ​អញ​នឹង​ធ្វើ​ទោស​ដល់​ពួក​អ្នក​ដែល​បាន​រង​នៅ​លើ​កក​របស់​គេ ជា​ពួក​អ្នក​ដែល​គិត​ក្នុង​ចិត្ត​ថា ព្រះ‌យេហូវ៉ា​នឹង​មិន​ធ្វើ ទោះ​ល្អ​ឬ​អាក្រក់​ផង
13 ទ្រព្យ‌សម្បត្តិ​របស់​គេ​នឹង​ត្រូវ​រឹប​ជាន់ ហើយ​ផ្ទះ​គេ​នឹង​ត្រូវ​ចោល​ស្ងាត់​ទទេ អើ គេ​នឹង​សង់​ផ្ទះ តែ​មិន​បាន​អាស្រ័យ​នៅ​ទេ គេ​នឹង​ដាំ​ចម្ការ​ទំពាំង‌បាយ‌ជូរ តែ​មិន​បាន​ផឹក​អ្វី​ពី​នោះ​ឡើយ។
14 ថ្ងៃ​ដ៏​ធំ​របស់​ព្រះ‌យេហូវ៉ា​ជិត​មក​ដល់ គឺ​បាន​មក​ជិត​ហើយ ក៏​ប្រញឹក​ណាស់​ដែរ គឺ​ឮ​សូរ​ថ្ងៃ​នៃ​ព្រះ‌យេហូវ៉ា​ហើយ វេលា​នោះ ពួក​មនុស្ស​ខ្លាំង​ពូកែ នឹង​ស្រែក​ឡើង​យ៉ាង​ជូរ‌ចត់
15 ថ្ងៃ​នោះ​ជា​ថ្ងៃ​នៃ​សេចក្ដី​ក្រោធ គឺ​ជា​ថ្ងៃ​ដ៏​វេទនា ហើយ​មាន​ទុក្ខ ជា​ថ្ងៃ​បំផ្លាញ ហើយ​រំលាង ជា​ថ្ងៃ​ងងឹត ហើយ​ស្រអាប់ ជា​ថ្ងៃ​មេឃ​មីរ​ស្រទំ ហើយ​ងងឹត​យ៉ាង​ក្រាស់
16 ជា​ថ្ងៃ​ឮ​សូរ​ត្រែ និង​សម្រែក​ដ៏​ពន្លឹក ទាស់​នឹង​ក្រុង​ដែល​មាន​គ្រឿង​ការ‌ពារ ហើយ​ទាស់​នឹង​កំផែង​យ៉ាង​ខ្ពស់
17 អញ​នឹង​ធ្វើ​ឲ្យ​មនុស្ស​កើត​មាន​ទុក្ខ​លំបាក​ឲ្យ​គេ​បាន​ដើរ​ដូច​ជា​មនុស្ស​ខ្វាក់ ដោយ​ព្រោះ​គេ​បាន​ធ្វើ​បាប​នឹង​ព្រះ‌យេហូវ៉ា ឈាម​គេ​នឹង​ត្រូវ​ចាក់​ចេញ​ដូច​ជា​ធូលី ហើយ​សាច់​របស់​គេ ដូច​ជា​លាមក
18 ទោះ​ទាំង​ប្រាក់ និង​មាស​របស់​គេ ក៏​មិន​អាច​នឹង​ជួយ​គេ​ឲ្យ​រួច ក្នុង​ថ្ងៃ​នៃ​សេចក្ដី​ខ្ញាល់​របស់​ព្រះ‌យេហូវ៉ា​ដែរ គឺ​ស្រុក​ទាំង​មូល​នឹង​ត្រូវ​ឆេះ​អស់​ទៅ ដោយ​ភ្លើង​នៃ​សេចក្ដី​ប្រចណ្ឌ​របស់​ទ្រង់ ដ្បិត​ទ្រង់​នឹង​ធ្វើ​ឲ្យ​ផុត​ទៅ អើ ទ្រង់​នឹង​ធ្វើ​ឲ្យ​អស់​អ្នក ដែល​អាស្រ័យ​នៅ​ក្នុង​ស្រុក បាន​ផុត​ទៅ​ជា​មួយ​រំពេច។


ជំពូក 2

1 ម្នាល​នគរ​ឥត​ខ្មាស​អើយ ចូរ​មូល​គ្នា​មក អើ ចូរ​មូល​គ្នា
2 មុន​កំណត់​ដែល​ត្រូវ​សម្រេច​តាម​ច្បាប់ គឺ​មុន​ដែល​ថ្ងៃ​នោះ​កន្លង​បាត់​ទៅ​ដូច​ជា​អង្កាម មុន​ដែល​សេចក្ដី​ខ្ញាល់​ដ៏​សហ័ស​របស់​ព្រះ‌យេហូវ៉ា​មក​លើ​អ្នក​រាល់​គ្នា អើ​មុន​ដែល​ថ្ងៃ​មក​ដល់ ក្នុង​កាល​ដែល​សេចក្ដី​ខ្ញាល់​របស់​ព្រះ‌យេហូវ៉ា​មក​លើ​អ្នក​រាល់​គ្នា
3 អស់​អ្នក​រាបសា​នៅ​ផែនដី​ដែល​រក្សា​អស់​ទាំង​បញ្ញត្ត​ច្បាប់​របស់​ព្រះ‌យេហូវ៉ា​អើយ ចូរ​ស្វែង​រក​ទ្រង់ ចូរ​ស្វែង​រក​សេចក្ដី​សុចរិត ចូរ​ស្វែង​រក​សេចក្ដី​សុភាព​ចុះ ប្រហែល​ជា​អ្នក​រាល់​គ្នា​នឹង​បាន​បាំង​ទុក​នៅ​ក្នុង​ថ្ងៃ​នៃ​សេចក្ដី​ខ្ញាល់​របស់​ព្រះ‌យេហូវ៉ា​ទេ​ដឹង។
4 ដ្បិត​ក្រុង​កាសា​នឹង​ត្រូវ​ស្ងាត់​ច្រៀប ហើយ​ក្រុង​អាស‌កា‌ឡូន​នឹង​ត្រូវ​ខូច​បង់ ឯ​ពួក​ក្រុង​អាសដូឌ​នឹង​ត្រូវ​បណ្តេញ​ចេញ​ទៅ​ទាំង​ថ្ងៃ​ត្រង់ ហើយ​ក្រុង​អេក្រុន​នឹង​ត្រូវ​រំលើង​ទៅ​ដែរ
5 វេទនា​ដល់​ពួក​អ្នក​ដែល​អាស្រ័យ​នៅ​តាម​ឆ្នេរ​សមុទ្រ ជា​សាសន៍​កេរេ‌ធីម​នោះ ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ទាស់​នឹង​ឯង​រាល់​គ្នា ម្នាល​កាណាន ជា​ស្រុក​របស់​ពួក​ភីលីស្ទីន​អើយ អញ​នឹង​បំផ្លាញ​ឯង មិន​ឲ្យ​មាន​អ្នក​ណា​គង់​នៅ​ទៀត​ឡើយ
6 នោះ​ស្រុក​តាម​ឆ្នេរ​សមុទ្រ​នឹង​បាន​ជា​ទី​សម្រាប់​ឃ្វាល​សត្វ មាន​ទាំង​ទី​លំនៅ​សម្រាប់​ពួក​អ្នក​គង្វាល និង​ក្រោល​សម្រាប់​ហ្វូង​ចៀម​ដែរ
7 ស្រុក​នោះ​នឹង​បាន​សម្រាប់​សំណល់​នៃ​ពួក​វង្ស​យូដា គេ​នឹង​ឃ្វាល​ហ្វូង​សត្វ​របស់​គេ​នៅ​ទី​នោះ នៅ​ពេល​យប់ គេ​នឹង​ដេក​ក្នុង​ផ្ទះ​នៅ​ក្នុង​អាស‌កា‌ឡូន ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​គេ​ទ្រង់​នឹង​ប្រោស​គេ ហើយ​នាំ​ពួក​គេ​ដែល​ជាប់​ជា​ឈ្លើយ​មក​វិញ។
8 អញ​បាន​ឮ​ពាក្យ​ដំណៀល​របស់​សាសន៍​ម៉ូអាប់ និង​ពាក្យ​ជេរ​ប្រមាថ​របស់​ពួក​កូន​ចៅ​អាំម៉ូន គឺ​ជា​ពាក្យ​ដែល​គេ​ត្មះ‌តិះដៀល​ដល់​រាស្ត្រ​អញ ហើយ​បាន​តម្កើង​ខ្លួន​គេ​ទាស់​នឹង​ព្រំ​ស្រុក​របស់​រាស្ត្រ​អញ​ផង
9 ហេតុ​នោះ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​ស្បថ​ថា ដូច​ជា​អញ​រស់​នៅ ពិត​ប្រាកដ​ជា​ស្រុក​ម៉ូអាប់​នឹង​បាន​ដូច​ជា​ក្រុង​សូដុម ហើយ​ពួក​កូន​ចៅ​អាំម៉ូន​នឹង​បាន​ដូច​ជា​ក្រុង​កូម៉ូរ៉ា​ដែរ គឺ​ជា​ទី​មាន​សុទ្ធ​តែ​ដើម​កន្ទេច‌អាល និង​អណ្តូង​អំបិល ជា​ទី​ខូច​បង់​នៅ​ជានិច្ច ឯ​សំណល់​នៃ​រាស្ត្រ​អញ នឹង​ប្លន់​គេ ហើយ​សំណល់​នៃ​នគរ​អញ នឹង​ចាប់​យក​គេ​ជា​មរដក
10 នេះ​ជា​សេចក្ដី​ដែល​នឹង​កើត​មាន​ដល់​គេ ដោយ​ព្រោះ​សេចក្ដី​អំនួត​របស់​គេ ពី​ព្រោះ​គេ​បាន​ត្មះ‌តិះដៀល ហើយ​តម្កើង​ខ្លួន ទាស់​នឹង​រាស្ត្រ​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ
11 ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​បាន​ជា​ទី​ស្ញែង​ខ្លាច​ដល់​គេ ដ្បិត​ទ្រង់​នឹង​ធ្វើ​ឲ្យ​អស់​ទាំង​រូប​ព្រះ នៅ​ផែនដី​រៀវ​សូន្យ​ទៅ នោះ​មនុស្ស​ទាំង‌ឡាយ​នឹង​ថ្វាយ‌បង្គំ​ដល់​ទ្រង់​វិញ គ្រប់​គ្នា​នឹង​ថ្វាយ‌បង្គំ​នៅ​កន្លែង​របស់​ខ្លួន គឺ​អស់​ទាំង​កោះ​របស់​សាសន៍​ផ្សេងៗ​ផង។
12 ឯ​ឯង​រាល់​គ្នា ជា​សាសន៍​អេធីយ៉ូពី ក៏​នឹង​ត្រូវ​ស្លាប់​ដោយ​ដាវ​របស់​អញ​ដែរ
13 ទ្រង់​នឹង​លូក​ព្រះ‌ហស្ត​ទៅ​ទាស់​នឹង​ស្រុក​ខាង​ជើង​ដែរ គឺ​នឹង​បំផ្លាញ​ស្រុក​អាសស៊ើរ ហើយ​ធ្វើ​ឲ្យ​ក្រុង​នីនីវេ​ខូច​បង់ ជា​ទី​ហួត‌ហែង ដូច​ជា​ទី​រហោ‌ស្ថាន
14 អស់​ទាំង​ហ្វូង​សត្វ​នឹង​ដេក​នៅ​កណ្តាល​នោះ ព្រម​ទាំង​សត្វ​គ្រប់​ពូជ​ទាំង​អស់ ទាំង​ស្មោញ និង​ខ្វែក នឹង​ទំ​លើ​ក្បាល​សសរ នឹង​ឮ​សំឡេង​វា​យំ​ត្រង់​អស់​ទាំង​បង្អួច ហើយ​នៅ​មាត់​ទ្វារ​ទាំង​ប៉ុន្មាន នោះ​សុទ្ធ​តែ​ខូច​បង់​ទទេ ដ្បិត​ឈើ​តាត្រៅ​ដែល​ស្រោប​ជញ្ជាំង​ត្រូវ​គាស់​បើក​ទាំង​អស់
15 នោះ​ហើយ ជា​ទី​ក្រុង​ដែល​តែង‌តែ​បាន​សប្បាយ ហើយ​ឥត​កង្វល់ ជា​ក្រុង​ដែល​រមែង​គិត​ក្នុង​ចិត្ត​ថា «មាន​តែ​អញ​ទេ ក្រៅ​ពី​អញ​គ្មាន​ទី​ក្រុង​ណា​សោះ» ទី​ក្រុង​នោះ​បាន​ត្រឡប់​ជា​ស្ងាត់​ច្រៀប ជា​ទី​សម្រាប់​ឲ្យ​អស់​ទាំង​សត្វ​ដេក​ចុះ​យ៉ាង​ណា​ហ្ន៎ អស់​អ្នក​ណា​ដែល​ដើរ​តាម​ទី​នោះ នឹង​ធ្វើ​ស៊ីស‌ស៊ូស​ឲ្យ ហើយ​រា​ដៃ។


ជំពូក 3

1 វេទនា​ដល់​ទី​ក្រុង​រឹង‌ចចេស ហើយ​ស្មោក‌គ្រោក គឺ​ដល់​ទី​ក្រុង​ដែល​សង្កត់‌សង្កិន​គេ
2 វា​មិន​បាន​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ក៏​មិន​ព្រម​ទទួល​សេចក្ដី​ប្រៀន‌ប្រដៅ ហើយ​មិន​ទុក​ចិត្ត​ទ្រង់​សោះ ក៏​ឥត​ចូល​ទៅ​ជិត​ព្រះ​នៃ​ខ្លួន​ឡើយ
3 ពួក​ចៅ‌ហ្វាយ​នៅ​កណ្តាល​វា សុទ្ធ​តែ​ជា​សិង្ហ​កំពុង​គ្រហឹម ពួក​ចៅ‌ក្រម​របស់​វា​ជា​ឆ្កែ​ព្រៃ​ដែល​ចេញ​មក​នៅ​ពេល​ល្ងាច ហើយ​មិន​ទុក​អ្វី​ដល់​ព្រឹក​ឡើយ
4 ពួក​ហោរា​របស់​វា សុទ្ធ​តែ​មាន​ចិត្ត​ស្រាល ហើយ​កោង​ក្បត់ ឯ​ពួក​សង្ឃ​របស់​វា ក៏​បាន​បង្អាប់​ទី​បរិសុទ្ធ គេ​បាន​ក្បត់​ចំពោះ​ក្រឹត្យ‌វិន័យ
5 តែ​ព្រះ‌យេហូវ៉ា​ដែល​គង់​នៅ​កណ្តាល​វា ទ្រង់​សុចរិត​ទេ ទ្រង់​មិន​ព្រម​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​សោះ​រាល់​តែ​ព្រឹក ទ្រង់​នាំ​យក​សេចក្ដី​យុត្តិ‌ធម៌​របស់​ទ្រង់​មក​ដាក់​នៅ​ពន្លឺ ឥត​ខាន​ឡើយ តែ​មនុស្ស​អាក្រក់​មិន​ចេះ​ខ្មាស​ទេ
6 អញ​បាន​ធ្វើ​ឲ្យ​នគរ​ផ្សេងៗ​វិនាស​ទៅ កំផែង​របស់​គេ​ត្រូវ​រលំ​ចុះ អញ​បាន​ធ្វើ​ឲ្យ​ផ្លូវ​គេ​ខូច​បង់ ដល់‌ម៉្លេះ​បាន​ជា​គ្មាន​អ្នក​ណា​ដើរ​តាម​នោះ​ទៀត​ឡើយ ទី​ក្រុង​របស់​គេ​បាន​ត្រូវ​បំផ្លាញ ដល់‌ម៉្លេះ​បាន​ជា​គ្មាន​មនុស្ស​សោះ គឺ​គ្មាន​អ្នក​ណា​អាស្រ័យ​នៅ​ទេ
7 អញ​បាន​ប្រាប់​ថា ឲ្យ​គ្រាន់​តែ​កោត‌ខ្លាច​ដល់​អញ ហើយ​ទទួល​សេចក្ដី​ប្រៀន‌ប្រដៅ​ចុះ នោះ​ទី​លំនៅ​របស់​គេ​មិន​ត្រូវ​កាត់​ចេញ តាម​គ្រប់​អស់​ទាំង​សេចក្ដី​ដែល​អញ​បាន​តម្រូវ​ដល់​គេ​នោះ​ឡើយ តែ​គេ​បាន​ក្រោក​ឡើង​ពី​ព្រលឹម​ស្រាង ដើម្បី​បង្ខូច​អស់​ទាំង​កិរិយា​របស់​ខ្លួន​វិញ។
8 ដូច្នេះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ចូរ​ឯង​រាល់​គ្នា​រង់‌ចាំ ដរាប​ដល់​ថ្ងៃ​ដែល​អញ​ក្រោក​ឡើង​សង្គ្រុប​លើ​គេ ពី​ព្រោះ​អញ​បាន​គិត​សម្រេច នឹង​ប្រមូល​អស់​ទាំង​សាសន៍ ដើម្បី​នឹង​ភ្ជុំ​នគរ​ទាំង​ប៉ុន្មាន ប្រយោជន៍​នឹង​ចាក់​សេចក្ដី​គ្នាន់‌ក្នាញ់​របស់​អញ គឺ​ជា​សេចក្ដី​ក្រេវ‌ក្រោធ​ដ៏​សហ័ស​របស់​អញ​ទៅ​លើ​គេ ដ្បិត​ផែនដី​ទាំង​មូល​នឹង​ត្រូវ​ឆេះ ដោយ​ភ្លើង​នៃ​សេចក្ដី​ប្រចណ្ឌ​របស់​អញ។
9 នៅ​គ្រា​នោះ អញ​នឹង​ឲ្យ​សាសន៍​ទាំង‌ឡាយ មាន​បបូរ​មាត់​ស្អាត ដើម្បី​ឲ្យ​គេ​បាន​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា​ទាំង​អស់​គ្នា ហើយ​ព្រម​ចិត្ត​គ្នា​នឹង​គោរព​ដល់​ទ្រង់
10 ពួក​ថ្វាយ‌បង្គំ​អញ គឺ​កូន​ស្រី​នៃ​ពួក​អញ​ដែល​ត្រូវ​ខ្ចាត់​ខ្ចាយ គេ​នឹង​នាំ​យក​តង្វាយ​ពី​ខាង​នាយ​អស់​ទាំង​ទន្លេ​ស្រុក​អេធីយ៉ូពី មក​ថ្វាយ​អញ
11 នៅ​ថ្ងៃ​នោះ ឯង​មិន​ត្រូវ​ខ្មាស​ដោយ​ព្រោះ​អស់​ទាំង​កិរិយា​ដែល​ឯង​បាន​ធ្វើ គឺ​ជា​ការ​ដែល​ឯង​បាន​រំលង​ទាស់​នឹង​អញ​ទៀត​នោះ​ឡើយ ដ្បិត​នៅ​គ្រា​នោះ អញ​នឹង​ដក​យក​ពួក​អ្នក​ដែល​អួត‌អាង ដោយ​ឆ្មើង‌ឆ្មៃ ចេញ​ពី​កណ្តាល​ឯង​ទៅ នោះ​ឯង​នឹង​លែង​មាន​ចិត្ត​អំនួត នៅ​លើ​ភ្នំ​បរិសុទ្ធ​របស់​អញ​ត​ទៅ
12 តែ​អញ​នឹង​ទុក​ជន​មួយ​ពួក​ដែល​វេទនា ហើយ​កំសត់​ទុគ៌ត​នៅ​កណ្តាល​ឯង ឯ​ពួក​នោះ គេ​នឹង​ពឹង​ដល់​ព្រះ‌នាម​នៃ​ព្រះ‌យេហូវ៉ា
13 ពួក​សំណល់​នៃ​អ៊ីស្រា‌អែល នឹង​មិន​ប្រព្រឹត្ត​អំពើ​ទុច្ចរិត ឬ​ពោល​កុហក​ទៀត​ឡើយ ក៏​នឹង​ឥត​ឃើញ​មាន​អណ្តាត​ឆ‌បោក​នៅ​ក្នុង​មាត់​គេ​ដែរ ដ្បិត​គេ​នឹង​រក​ស៊ី ហើយ​ដេក​ចុះ ឥត​មាន​អ្នក​ណា​បំភ័យ​គេ​ឡើយ។
14 ឱ​កូន​ស្រី​ស៊ីយ៉ូន​អើយ ចូរ​ច្រៀង​ឡើង ឱ​អ៊ីស្រា‌អែល​អើយ ចូរ​ស្រែក​ឡើង​ចុះ ឱ​កូន​ស្រី​យេរូ‌សាឡឹម​អើយ ចូរ​អរ​សប្បាយ ហើយ​រីក‌រាយ​ឲ្យ​អស់​អំពី​ចិត្ត​ទៅ
15 ព្រះ‌យេហូវ៉ា​ទ្រង់​បាន​លើក​ទោស​ឯង​ចោល ទ្រង់​បាន​បោះ​ខ្មាំង​សត្រូវ​របស់​ឯង​ចេញ​ហើយ ឯ​ស្តេច​នៃ​សាសន៍​អ៊ីស្រា‌អែល គឺ​ព្រះ‌យេហូវ៉ា​ទ្រង់​គង់​នៅ​កណ្តាល​ឯង ឯង​មិន​ត្រូវ​រង​ការ​អាក្រក់​ទៀត​ឡើយ
16 នៅ​ថ្ងៃ​នោះ​នឹង​មាន​ពាក្យ​ពោល​ដល់​ក្រុង​យេរូ‌សាឡឹម​ថា កុំ​ឲ្យ​ខ្លាច​ឡើយ ឱ​ស៊ីយ៉ូន​អើយ កុំ​ឲ្យ​ដៃ​ឯង​អន់‌ថយ​ឲ្យ​សោះ
17 ព្រះ‌យេហូវ៉ា ដ៏​ជា​ព្រះ​នៃ​ឯង ទ្រង់​គង់​នៅ​កណ្តាល​ឯង ទ្រង់​ជា​ព្រះ​ដ៏​មាន​ឥទ្ធិ‌ឫទ្ធិ ដើម្បី​ជួយ​សង្គ្រោះ ទ្រង់​នឹង​មាន​សេចក្ដី​រីក‌រាយ​អរ​សប្បាយ​ចំពោះ​ឯង ទ្រង់​នឹង​សម្រាក​ក្នុង​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់ ក៏​នឹង​អរ​សប្បាយ​នឹង​ឯង ដោយ​សំឡេង​ច្រៀង
18 អញ​នឹង​ប្រមូល​អស់​អ្នក​ក្នុង​ពួក​ឯង ដែល​ស្តាយ​ជំនុំ​មុត‌មាំ ជា​ពួក​អ្នក​ដែល​សេចក្ដី​ដំណៀល​នោះ បាន​សង្កត់‌សង្កិន​លើ
19 មើល នៅ​គ្រា​នោះ អញ​នឹង​ធ្វើ​ទោស​ដល់​អស់​ពួក​អ្នក​ដែល​ធ្វើ​ទុក្ខ​ឯង អញ​នឹង​ជួយ​សង្គ្រោះ​ណា​ដែល​ខ្វិន ហើយ​និង​ប្រមូល​ណា​ដែល​ត្រូវ​បណ្តេញ​ឲ្យ​មក​វិញ រួច​អញ​នឹង​តាំង​គេ​ដែល​ពី​ដើម​មាន​សេចក្ដី​ខ្មាស​នៅ​ពេញ​លើ​ផែនដី ឲ្យ​ឡើង​ជា​ទី​សរសើរ និង​ជា​កិត្តិសព្ទ​វិញ
20 នៅ​គ្រា​នោះ អញ​នឹង​នាំ​ឯង​រាល់​គ្នា​ចូល​មក ហើយ​នៅ​គ្រា​នោះ អញ​នឹង​ប្រមូល​ឯង​ឲ្យ​មូល​គ្នា ដ្បិត​អញ​នឹង​លើក​ឯង​រាល់​គ្នា​ឲ្យ​មាន​ឈ្មោះ ហើយ​ឲ្យ​ជា​ទី​សរសើរ នៅ​កណ្តាល​អស់​ទាំង​សាសន៍​នៅ​ផែនដី គឺ​ក្នុង​កាល​ដែល​អញ​នាំ​ពួក​ឯង​ដែល​ជាប់​ជា​ឈ្លើយ​មក​វិញ នៅ​ចំពោះ​ភ្នែក​ឯង​រាល់​គ្នា នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។:៚