ជំពូក 1
1 នៅខែកត្តិក ក្នុងឆ្នាំទី២នៃរាជ្យដារីយុស នោះព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់ហោរាសាការី ជាកូនបេរេគា ដែលជាកូនអ៊ីដោ ថា
2 ព្រះយេហូវ៉ាទ្រង់មានសេចក្ដីថ្នាំងថ្នាក់ជាខ្លាំងនឹងពួកអយ្យកោឯងរាល់គ្នា
3 ហេតុនោះ ចូរឯងប្រាប់គេថា ព្រះយេហូវ៉ាជាព្រះនៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលដូច្នេះ ចូរវិលមកឯអញវិញ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ នោះអញនឹងវិលមកឯឯងរាល់គ្នាដែរ នេះក៏ជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ
4 កុំឲ្យប្រព្រឹត្តដូចជាពួកអយ្យកោរបស់ឯងរាល់គ្នា ដែលពួកហោរាពីដើមបានស្រែកប្រាប់ថា ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានព្រះបន្ទូលដូច្នេះ ចូរវិលត្រឡប់ពីផ្លូវអាក្រក់ និងពីការប្រព្រឹត្តអាក្រក់របស់ឯងរាល់គ្នាមកវិញឥឡូវ តែគេមិនបានឮ ឬស្តាប់តាមអញទេ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា
5 ឯពួកអយ្យកោរបស់ឯងរាល់គ្នា ឥឡូវតើគេនៅឯណា ហើយពួកហោរាតើគេនៅជាដរាបឬអី
6 តែចំណែកពាក្យ និងបញ្ញត្តច្បាប់ ដែលអញបានបង្គាប់ដល់ពួកហោរា ជាអ្នកបម្រើអញ តើមិនបានតាមពួកអយ្យកោឯងរាល់គ្នាទាន់ទេឬ រួចគេបែរជាទទួលថា ព្រះយេហូវ៉ានៃពួកពលបរិវារបានគិតធ្វើដល់យើង តាមផ្លូវប្រព្រឹត្ត និងតាមការដែលយើងរាល់គ្នាបានធ្វើជាយ៉ាងណា នោះទ្រង់ក៏បានធ្វើដល់យើងយ៉ាងនោះឯង។
7 នៅថ្ងៃ២៤ ខែទី១១ គឺខែមាឃ ក្នុងឆ្នាំទី២ នៃរាជ្យដារីយុស នោះព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មកដល់ហោរាសាការី ជាកូនបេរេគា ដែលជាកូនអ៊ីដោ ថា
8 នៅវេលាយប់ អញបានមើលទៅ ឃើញមានមនុស្សជិះសេះសម្បុរក្រហម ឈរនៅកណ្តាលដើមយីថោ ដែលដុះនៅទីទំនាប ឯខាងក្រោយអ្នកនោះ មានសេះជាច្រើន សម្បុរក្រហមពញ្លក់ ហើយស
9 នោះខ្ញុំទូលសួរថា ឱព្រះអម្ចាស់នៃទូលបង្គំអើយ ទាំងអស់នេះជាអ្វី រួចទេវតាដែលពោលមកខ្ញុំ ក៏ប្រាប់ថា អញនឹងបង្ហាញឲ្យឯងដឹងថាទាំងអស់នេះជាអ្វី
10 រួចមនុស្សដែលឈរនៅកណ្តាលដើមយីថោ ក៏ឆ្លើយឡើងថា ទាំងអស់នេះជាពួកដែលព្រះយេហូវ៉ាបានចាត់ឲ្យដើរចុះឡើងនៅផែនដី
11 ពួកនោះក៏តបដល់ទេវតានៃព្រះយេហូវ៉ា ដែលឈរកណ្តាលដើមយីថោថា យើងខ្ញុំរាល់គ្នាបានដើរចុះឡើងនៅផែនដី ហើយក៏ឃើញថា ផែនដីទាំងមូលនៅស្ងប់ស្ងាត់ ហើយស្រាកស្រាន្ត។
12 បន្ទាប់នោះ ទេវតានៃព្រះយេហូវ៉ាក៏ពោលឡើងថា ឱព្រះយេហូវ៉ានៃពួកពលបរិវារអើយ តើដល់កាលណាបានទ្រង់អាណិតមេត្តាដល់ក្រុងយេរូសាឡឹម និងទីក្រុងស្រុកយូដាទាំងប៉ុន្មាន ដែលទ្រង់បានគ្នាន់ក្នាញ់នឹងគេអស់៧០ឆ្នាំហើយនេះ
13 ព្រះយេហូវ៉ាទ្រង់ឆ្លើយដោយពាក្យល្អ គឺជាពាក្យកំសាន្ត ដល់ទេវតាដែលពោលមកខ្ញុំនោះ
14 ដូច្នេះ ទេវតាដែលពោលមកនឹងខ្ញុំក៏ប្រាប់ខ្ញុំថា ចូរបន្លឺឡើងថា ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានព្រះបន្ទូលដូច្នេះ អញមានសេចក្ដីប្រចណ្ឌជាខ្លាំង ចំពោះក្រុងយេរូសាឡឹម និងភ្នំស៊ីយ៉ូន
15 ក៏មានសេចក្ដីថ្នាំងថ្នាក់ជាខ្លាំង ចំពោះសាសន៍ទាំងប៉ុន្មានដែលនៅដោយស្ងប់រំងាប់ដែរ ដ្បិតពីដើម អញបានសេចក្ដីអាក់អន់តែបន្តិចទេ តែគេបានបង្កើនការអាក្រក់នោះជាច្រើនឡើង
16 ហេតុនោះ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា អញបានវិលមកឯក្រុងយេរូសាឡឹមទាំងមានសេចក្ដីអាណិតមេត្តា វិហាររបស់អញនឹងបានសង់ឡើងវិញនៅទីនេះ ហើយនិងមានខ្សែវាស់សន្ធឹងនៅលើក្រុងយេរូសាឡឹម នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ
17 ចូរបន្លឺឡើងម្តងទៀតថា ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានព្រះបន្ទូលដូច្នេះ ទីក្រុងទាំងប៉ុន្មានរបស់អញនឹងមានសេចក្ដីចម្រើនហូរហៀរឡើងទៀត ហើយព្រះយេហូវ៉ានឹងកំសាន្តទុកភ្នំស៊ីយ៉ូន ព្រមទាំងរើសតាំងក្រុងយេរូសាឡឹមជាថ្មីផង។
18 នោះខ្ញុំក៏ងើបភ្នែកឡើង មើលទៅឃើញស្នែង៤
19 នោះខ្ញុំសួរទេវតាដែលពោលនឹងខ្ញុំថា នេះតើជាអ្វី នោះទេវតាប្រាប់ខ្ញុំថា នេះគឺជាស្នែងទាំងប៉ុន្មានដែលបានកម្ចាត់កម្ចាយពួកយូដា ពួកអ៊ីស្រាអែល និងពួកក្រុងយេរូសាឡឹម
20 រួចព្រះយេហូវ៉ាទ្រង់ឲ្យខ្ញុំឃើញជាងដែក៤នាក់
21 ខ្ញុំក៏សួរថា អ្នកទាំងនេះមកធ្វើអី ទេវតាប្រាប់ថា គឺស្នែងទាំងនេះដែលកម្ចាត់កម្ចាយពួកយូដា ដល់ម៉្លេះបានជាឥតមានអ្នកណាងើបក្បាលឡើងទៀត តែពួកនេះបានមក ដើម្បីបំភ័យគេ ហើយវាយទម្លាក់ស្នែងរបស់សាសន៍ដទៃ ដែលបានលើកស្នែងនេះទាស់នឹងស្រុកយូដា ដើម្បីនឹងកម្ចាត់កម្ចាយគេទៅ។
ជំពូក 2
1 ខ្ញុំក៏ងើបភ្នែកឡើង ក្រឡេកមើលទៅ ឃើញមនុស្សដែលកាន់ខ្សែរង្វាស់នៅដៃ
2 ខ្ញុំបានសួរថា តើអញ្ជើញទៅឯណាហ្នឹង អ្នកនោះឆ្លើយមកខ្ញុំថា ទៅវាស់ក្រុងយេរូសាឡឹម ដើម្បីឲ្យដឹងទទឹង និងបណ្តោយនៃទីក្រុងជាប៉ុន្មាន
3 នោះឃើញទេវតាដែលពោលនឹងខ្ញុំក៏ចេញទៅ ហើយទេវតា១ទៀតបានមកជួបគ្នា
4 ដោយប្រាប់ថា ចូររត់ទៅប្រាប់មនុស្សកំលោះនោះថា ក្រុងយេរូសាឡឹមនឹងមានមនុស្សអាស្រ័យនៅ ដូចជានៅអស់ទាំងភូមិដែលឥតមានកំផែង ដោយព្រោះមានមនុស្ស និងសត្វយ៉ាងសន្ធឹកនៅក្នុងនោះ
5 ដ្បិតអញនឹងបានជាកំផែងភ្លើងដល់ទីក្រុងនៅព័ទ្ធជុំវិញ ហើយនិងជាសិរីល្អនៅកណ្តាលនេះដែរ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
6 ហឺយៗ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា ចូររត់ចេញពីស្រុកខាងជើងមក ដ្បិតអញបានបែងចែកឯងរាល់គ្នាទៅដូចជាខ្យល់ទាំង៤នៅលើអាកាស នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា
7 ហឺយ ពួកស៊ីយ៉ូន ដែលនៅជាមួយនឹងកូនស្រីក្រុងបាប៊ីឡូនអើយ ចូរដោះខ្លួនឲ្យរួចចុះ
8 ដ្បិតព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលដូច្នេះថា ក្រោយសិរីល្អ នោះទ្រង់បានចាត់អញទៅឯសាសន៍ដទៃ ដែលប្លន់ឯងរាល់គ្នា ពីព្រោះអ្នកណាដែលពាល់ឯងរាល់គ្នា នោះគឺជាពាល់ដល់ប្រស្រីព្រះនេត្រនៃទ្រង់ហើយ
9 ដ្បិតមើលអញនឹងងាដៃពីលើគេ ហើយគេនឹងត្រឡប់ជារបឹបដល់ពួកអ្នកដែលបម្រើគេវិញ នោះឯងរាល់គ្នានឹងដឹងថា ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់បានចាត់អញមក
10 ឱកូនស្រីស៊ីយ៉ូនអើយ ចូរច្រៀង ហើយមានចិត្តអរសប្បាយឡើង ដ្បិតព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា មើល អញមកហើយ អញនឹងនៅកណ្តាលឯងរាល់គ្នា
11 នៅគ្រានោះ សាសន៍ជាច្រើននឹងចូលពួកខាងព្រះយេហូវ៉ា គេនឹងបានជារាស្ត្ររបស់អញ ហើយអញនឹងនៅកណ្តាលឯងរាល់គ្នា នោះឯងនឹងដឹងថា ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់បានចាត់ឲ្យអញមកឯឯង
12 ព្រះយេហូវ៉ាទ្រង់នឹងបានស្រុកយូដាទុកជាចំណែកមរដកនៃទ្រង់ នៅក្នុងស្រុកបរិសុទ្ធ ហើយទ្រង់នឹងរើសយកក្រុងយេរូសាឡឹមទៀត
13 មនុស្សទាំងឡាយអើយ ចូរនៅស្ងៀមចំពោះព្រះយេហូវ៉ាចុះ ដ្បិតទ្រង់បានតើនឡើង ចេញពីទីលំនៅបរិសុទ្ធរបស់ទ្រង់ហើយ។
ជំពូក 3
1 រួចមក ទេវតានោះក៏បង្ហាញឲ្យខ្ញុំឃើញយេសួរ ជាសម្ដេចសង្ឃ ឈរនៅចំពោះទេវតានៃព្រះយេហូវ៉ា មានអារក្សសាតាំងឈរនៅខាងស្តាំលោក ដើម្បីតវ៉ានឹងលោក
2 នោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងសាតាំងថា ម្នាលសាតាំង ព្រះយេហូវ៉ាទ្រង់បន្ទោសឯង អើ ព្រះយេហូវ៉ាដែលបានរើសក្រុងយេរូសាឡឹម ទ្រង់ស្តីបន្ទោសដល់ឯងនេះ តើមិនមែនជាកន្ទុយឧស ដែលបានកញ្ឆក់យកចេញពីភ្លើងទេឬ
3 រីឯយេសួរ លោកកំពុងឈរនៅចំពោះទេវតាទាំងស្លៀកពាក់កខ្វក់
4 ទ្រង់ក៏បង្គាប់ដល់ពួកដែលឈរនៅចំពោះទ្រង់ថា ចូរដោះសម្លៀកបំពាក់កខ្វក់ពីលោកចេញ រួចទ្រង់មានព្រះបន្ទូលដល់លោកថា មើល អញបានលើកចោលអំពើទុច្ចរិតពីឯងចេញហើយ អញនឹងប្រដាប់ខ្លួនឯង ដោយសម្លៀកបំពាក់ដ៏រុងរឿងវិញ
5 នោះខ្ញុំក៏ទូលថា សូមឲ្យគេបំពាក់ក្បាំងស្អាតនៅលើក្បាលលោកផង ដូច្នេះ គេក៏បំពាក់ក្បាំងស្អាតនៅលើក្បាលលោក ព្រមទាំងប្រដាប់កាយឲ្យផង មានទាំងទេវតានៃព្រះយេហូវ៉ាឈរនៅទីនោះដែរ។
6 ឯទេវតានៃព្រះយេហូវ៉ាក៏ធ្វើបន្ទាល់យ៉ាងមុតមាំនឹងយេសួរថា
7 ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានព្រះបន្ទូលដូច្នេះ បើឯងនឹងដើរតាមផ្លូវរបស់អញ ហើយរក្សាបញ្ញើររបស់អញ នោះឯងនឹងជាអ្នកគ្រប់គ្រងលើវិហាររបស់អញ ព្រមទាំងរក្សាទីលានរបស់អញផង ហើយអញនឹងឲ្យឯងបានចូលក្នុងពួកដែលនៅទីនេះដែរ
8 ឱយេសួរជាសម្ដេចសង្ឃអើយ ចូរស្តាប់ឥឡូវ ព្រមទាំងពួកអ្នកដែលអង្គុយជាមួយនឹងឯងផង ព្រោះគេជាពួកដែលជាទីអស្ចារ្យ ដ្បិតមើល អញនឹងឲ្យអ្នកបម្រើរបស់អញឈ្មោះ«លំពង់»ចេញមក
9 ចូរ មើលថ្ម ដែលអញបានដាក់នៅមុខយេសួរចុះ នៅថ្មតែមួយនោះមានភ្នែក៧ ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានព្រះបន្ទូលថា មើល អញនឹងចារឹកចំឡាក់ដែលត្រូវឆ្លាក់នៅថ្មនោះ ហើយនិងដកយកសេចក្ដីទុច្ចរិតពីស្រុកនេះចេញក្នុង១ថ្ងៃ
10 ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានព្រះបន្ទូលថា នៅថ្ងៃនោះ ឯងរាល់គ្នានឹងអញ្ជើញអ្នកជិតខាងរបស់ឯងមក នៅក្រោមដើមទំពាំងបាយជូរ ហើយក្រោមដើមល្វារៀងខ្លួន។
ជំពូក 4
1 ឯទេវតាដែលពោលនឹងខ្ញុំ ក៏មកម្តងទៀត ដាស់ខ្ញុំឡើង ដូចជាគេដាស់មនុស្សឲ្យភ្ញាក់ពីដេក
2 រួចទេវតាសួរខ្ញុំថា ឯងឃើញអ្វីនោះ ខ្ញុំឆ្លើយថា ឃើញជើងចង្កៀងធ្វើពីមាសទាំងអស់ មានទាំងចានប្រេងនៅលើកំពូល និងចង្កៀង៧ ហើយបំពង់៧ សម្រាប់បង្ហូរប្រេងដល់ចង្កៀងនីមួយៗ ដែលនៅលើជើងចង្កៀងនោះផង
3 ក៏មានដើមអូលីវ២ នៅក្បែរនោះ មួយខាងស្តាំចានប្រេង ហើយមួយខាងឆ្វេង
4 នោះខ្ញុំក៏សួរដល់ទេវតាដែលពោលនឹងខ្ញុំថា លោកម្ចាស់អើយ នេះតើជាអ្វី
5 ទេវតាដែលពោលនឹងខ្ញុំក៏ឆ្លើយថា ឯងមិនស្គាល់របស់ទាំងនេះទេឬ ខ្ញុំតបថា លោកម្ចាស់អើយ មិនស្គាល់ទេ
6 នោះទេវតាប្រាប់មកខ្ញុំថា នេះជាព្រះបន្ទូលដែលព្រះយេហូវ៉ាមានព្រះបន្ទូលដល់សូរ៉ូបាបិល គឺព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានព្រះបន្ទូលថា មិនមែនដោយឥទ្ធិឫទ្ធិ ឬដោយអំណាចទេ គឺដោយសារវិញ្ញាណរបស់អញវិញ
7 ឱភ្នំធំអើយ តើឯងជាអ្វី ឯងនឹងត្រូវត្រឡប់ជាដីរាបស្មើវិញ នៅចំពោះសូរ៉ូបាបិល ហើយលោកនឹងនាំយកថ្ម ជាកំពូលចេញមក ដោយមានសម្រែកស្រែកហ៊ោថា សូមឲ្យបានប្រកបដោយព្រះគុណ អើ ដោយព្រះគុណចុះ
8 រួចព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មកដល់ខ្ញុំទៀតថា
9 ដៃនៃសូរ៉ូបាបិលបានដាំឫសព្រះវិហារនេះ ហើយដៃលោកនឹងធ្វើបង្ហើយផង នោះឯងរាល់គ្នានឹងដឹងថា ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់បានចាត់អញមកឯឯង
10 ដ្បិតតើអ្នកណាបានមើលងាយក្នុងថ្ងៃនៃការបន្តិចបន្តួចនោះ ពីព្រោះទាំង៧នាក់នោះនឹងរីករាយឡើង ហើយនិងឃើញកូនតឹង នៅក្នុងដៃរបស់សូរ៉ូបាបិលផង ទាំងអស់នេះជាព្រះនេត្រនៃព្រះយេហូវ៉ា ដែលទតចុះឡើងនៅពេញលើផែនដីទាំងមូល។
11 នោះខ្ញុំក៏សួរទេវតាថា ដើមអូលីវទាំង២ ដែលនៅខាងស្តាំ ហើយខាងឆ្វេងនៃជើងចង្កៀង នោះតើជាអ្វី
12 ខ្ញុំក៏សួរម្តងទៀតថា ឯមែកអូលីវទាំង២នេះ នៅក្បែរបំពង់មាសទាំង២ ដែលបង្ហូរប្រេងសម្បុរមាសចេញនោះ តើជាអ្វី
13 រួចទេវតាក៏សួរតបមកថា តើឯងមិនស្គាល់របស់ទាំងនេះទេឬ នោះខ្ញុំឆ្លើយថា លោកម្ចាស់អើយមិនស្គាល់ទេ
14 ដូច្នេះ ទេវតាប្រាប់ខ្ញុំថា នេះគឺជាអ្នកទាំង២ ដែលបានចាក់ប្រេងតាំងឲ្យ ជាអ្នកដែលឈរនៅក្បែរព្រះអម្ចាស់នៃផែនដីទាំងដុំមូល។
ជំពូក 5
1 រួចមក ខ្ញុំងើបភ្នែកឡើងម្តងទៀត ក្រឡេកមើលឃើញក្រាំង១ដែលកំពុងហោះ
2 ទេវតាក៏សួរមកខ្ញុំថា ឯងឃើញអ្វីនោះ ខ្ញុំតបថា ឃើញក្រាំង១កំពុងហោះ មានបណ្តោយ២០ហត្ថ ហើយទទឹង១០ហត្ថ
3 នោះទេវតាប្រាប់ខ្ញុំថា នេះជាសេចក្ដីបណ្តាសា ដែលផ្សាយចេញទៅលើផែនដីទាំងមូល ដ្បិតតាមក្រាំងនោះ អស់អ្នកដែលលួចប្លន់នឹងត្រូវកាត់ចេញ ហើយតាមក្រាំងនោះ អស់អ្នកណាដែលស្បថរំលាយខ្លួន នឹងត្រូវកាត់ចេញដែរ
4 ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានព្រះបន្ទូលថា អញនឹងឲ្យសេចក្ដីបណ្តាសានោះផ្សាយចេញទៅ នោះនឹងចូលទៅក្នុងផ្ទះរបស់ចោរ ហើយទៅក្នុងផ្ទះរបស់អ្នកដែលស្បថកុហកដោយនូវឈ្មោះអញ ក៏នឹងនៅជាប់ក្នុងផ្ទះគេ ព្រមទាំងធ្វើឲ្យផ្ទះនោះសូន្យទៅ ទោះទាំងឈើ និងថ្មផង។
5 លំដាប់នោះ ទេវតាដែលពោលនឹងខ្ញុំ ក៏ចេញទៅដោយប្រាប់ខ្ញុំថា ចូរងើបភ្នែកឯងឡើងឥឡូវ ដើម្បីនឹងមើលអ្វីៗដែលចេញទៅនោះ
6 ខ្ញុំក៏សួរថា តើជាអ្វី រួចទេវតាប្រាប់ថា នេះគឺជារង្វាល់ដែលចេញទៅ ក៏ប្រាប់ទៀតថា នេះជារូបភាពរបស់គេ នៅពេញក្នុងស្រុកនេះ
7 រួចឃើញមានគេលើកសំណទំងន់១ហាបឡើង ហើយឃើញមានស្ត្រីម្នាក់អង្គុយក្នុងរង្វាល់នោះ
8 ទេវតាប្រាប់ថា នេះគឺជាអំពើអាក្រក់ រួចក៏សង្កត់នាងចុះទៅក្នុងរង្វាល់ ព្រមទាំងដាក់ដុំសំណនោះ គ្របនៅមាត់រង្វាល់ផង
9 នោះខ្ញុំបានងើបភ្នែកឡើងក្រឡេកទៅ ឃើញមានស្ត្រី២នាក់ចេញមក មានស្លាបដូចជាកុក ដែលជក់ដោយខ្យល់ គេក៏លើករង្វាល់នោះឡើង នៅកណ្តាលផែនដី និងផ្ទៃមេឃ
10 រួចខ្ញុំសួរដល់ទេវតាដែលពោលនឹងខ្ញុំថា ស្ត្រីទាំង២នេះនាំយករង្វាល់ទៅឯណា
11 ទេវតាក៏តបថា គេយកទៅធ្វើផ្ទះឲ្យនាង នៅក្នុងស្រុកស៊ីណើរ កាលណាផ្ទះបានស្រេចហើយ នោះនាងនឹងបានតាំងនៅទីនោះ ក្នុងកន្លែងរបស់ខ្លួន។
ជំពូក 6
1 ញុំក៏ងើបភ្នែកឡើងម្តងទៀត ក្រឡេកទៅឃើញមានរថ៤ចេញពីកណ្តាលភ្នំ២មក ឯភ្នំទាំង២នោះជាភ្នំលង្ហិន
2 រថទី១ទឹមដោយសេះសម្បុរក្រហម រថទី២ទឹមដោយសេះសម្បុរខ្មៅ
3 រថទី៣ទឹមដោយសេះសម្បុរស ហើយរថទី៤ទឹមដោយសេះសម្បុរពញ្លក់ ដែលមានកម្លាំងខ្លាំង
4 ខ្ញុំក៏សួរដល់ទេវតាដែលពោលនឹងខ្ញុំថា លោកម្ចាស់អើយ ទាំងអស់នេះតើជាអ្វី
5 នោះទេវតាតបមកខ្ញុំថា នេះគឺជាខ្យល់ទាំង៤ទិសនៅលើអាកាស ដែលចេញពីចំពោះព្រះអម្ចាស់នៃផែនដីទាំងមូល
6 ឯរថទឹមសេះសម្បុរខ្មៅ នោះចេញទៅឯស្រុកនៅទិសខាងជើង ហើយសេះសក៏ចេញតាមក្រោយទៅ ឯសេះពញ្លក់ នោះចេញទៅឯស្រុកនៅទិសខាងត្បូង
7 រួចសេះដែលមានកម្លាំងខ្លាំងក៏ចេញទៅ ហើយរកផ្លូវឲ្យបានដើរចុះឡើងនៅលើផែនដី លំដាប់នោះ ទេវតាបង្គាប់វាថា ចូរទៅចុះ ហើយដើរចុះឡើងនៅផែនដីដូច្នេះ វាក៏ដើរចុះឡើងនៅផែនដីទៅ
8 នោះទេវតាស្រែកមកខ្ញុំថា មើល សេះដែលចេញទៅឯស្រុកនៅទិសខាងជើង បានរំងាប់ចិត្តអញចំពោះស្រុកខាងជើងនោះហើយ។
9 រួចមក ព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មកដល់ខ្ញុំថា
10 ចូររៃយកពីពួកអ្នកដែលបានជាប់ជាឈ្លើយ គឺត្រូវរៃយក ពីហេលដាយ ពីថូប៊ីយ៉ា ហើយពីយេដាយ៉ា រួចនៅថ្ងៃដដែលនោះ ឲ្យចូលទៅក្នុងផ្ទះរបស់យ៉ូសៀស ជាកូនសេផានា ជាកន្លែងដែលគេទើបនឹងមកពីក្រុងបាប៊ីឡូនចូលទៅអាស្រ័យនៅនោះ
11 អើ ត្រូវឲ្យទទួលយកប្រាក់ និងមាសពីគេទៅធ្វើមកុដ បំពាក់លើក្បាលយេសួរ ជាកូនយ៉ូសាដាកដ៏ជាសម្ដេចសង្ឃ
12 ហើយប្រាប់លោកថា ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានព្រះបន្ទូលដូច្នេះ មើលមនុស្សដែលឈ្មោះថា «លំពង់» និងពន្លកដុះឡើងពីកន្លែងរបស់ខ្លួន ហើយនិងសង់ព្រះវិហារនៃព្រះយេហូវ៉ាឡើង
13 គឺអ្នកនោះឯងនឹងសង់ព្រះវិហារនៃព្រះយេហូវ៉ា ហើយនិងតាំងសិរីល្អនៃទីនោះឡើង ក៏នឹងអង្គុយគ្រប់គ្រងនៅលើបល្ល័ង្ករបស់ខ្លួន អ្នកនោះនឹងធ្វើជាសង្ឃនៅលើបល្ល័ង្ករបស់ខ្លួន ហើយទាំង២នាក់នឹងមានសេចក្ដីមេត្រីនឹងគ្នា
14 ឯមកុដនោះនឹងបានសម្រាប់ហេលេម ថូប៊ីយ៉ា យេដាយ៉ា ហើយសម្រាប់ហិន ជាកូនសេផានា ទុកជាទីរំឭក នៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា
15 ចំណែកពួកអ្នកដែលនៅឆ្ងាយ គេនឹងមកជួយស្អាងព្រះវិហារនៃព្រះយេហូវ៉ាឡើងដែរ នោះឯងរាល់គ្នានឹងដឹងថា ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់បានចាត់ឲ្យអញមកឯឯង ហើយការនេះនឹងកើតមកមែន បើឯងរាល់គ្នាព្យាយាមស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ាជាព្រះនៃឯង។
ជំពូក 7
1 លុះដល់ឆ្នាំទី៤ ក្នុងរាជ្យស្តេចដារីយុស នៅថ្ងៃ៤ខែទី៩ គឺជាខែមិគសិរ នោះព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មកដល់សាការី
2 គ្រានោះ ពួកអ្នកនៅបេត-អែលបានចាត់សារេស៊ើរ និងរេគេម-មែលេក ព្រមទាំងពួករបស់គេមកទូលអង្វរចំពោះព្រះយេហូវ៉ា
3 ហើយនិងសួរដល់ពួកសង្ឃ នៅក្នុងព្រះវិហាររបស់ព្រះយេហូវ៉ានៃពួកពលបរិវារ និងដល់ពួកហោរាថា តើត្រូវឲ្យយើងខ្ញុំយំនៅខែស្រាពណ៍ ទាំងញែកខ្លួនចេញ ដូចជាបានធ្វើមកជាយូរឆ្នាំហើយឬ
4 នោះព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារក៏មកដល់ខ្ញុំថា
5 ចូរប្រាប់ដល់បណ្តាជននៅក្នុងស្រុក និងពួកសង្ឃថា កាលឯងរាល់គ្នាបានតមអត់ ហើយយំសោក នៅខែស្រាពណ៍ និងខែអស្សុជ ទាំង៧០ឆ្នាំមកហើយនេះ នោះតើបានតមអត់ដោយគោរពដល់អញឬ គឺដល់អញមែនឬអី
6 ហើយកាលណាឯងរាល់គ្នាស៊ី ឬកាលណាផឹក នោះតើមិនមែនស៊ី និងផឹក ជាប្រយោជន៍ដល់ខ្លួនទេឬ
7 តើមិនមែនជាសេចក្ដីនោះឯងទេឬ ដែលព្រះយេហូវ៉ាបានប្រកាសប្រាប់ ដោយសារពួកហោរាជាន់មុន ក្នុងកាលដែលក្រុងយេរូសាឡឹមមានមនុស្សអាស្រ័យនៅៗឡើយ ហើយមានសេចក្ដីចម្រើន ព្រមទាំងទីក្រុងនៅជុំវិញផង ហើយស្រុកត្បូង និងស្រុកទំនាបក៏មានមនុស្សអាស្រ័យនៅដែរ។
8 ព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់សាការីថា
9 ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់បានមានព្រះបន្ទូលដូច្នេះ ចូរសម្រេចតាមសេចក្ដីយុត្តិធម៌ដ៏ពិត ហើយសម្ដែងសេចក្ដីសប្បុរស និងសេចក្ដីអាណិតមេត្តាដល់គ្នាទៅវិញទៅមកចុះ
10 កុំឲ្យសង្កត់សង្កិនស្រីមេម៉ាយ ពួកកំព្រា ពួកអ្នកស្នាក់នៅ ឬមនុស្សទ័លក្រឡើយ ក៏កុំឲ្យពួកឯងណាមួយគិតគូរបង្កើតការអាក្រក់ នៅក្នុងចិត្ត ទាស់នឹងបងប្អូនខ្លួនដែរ
11 ប៉ុន្តែ គេមិនព្រមស្តាប់តាមសោះ ក៏គេចស្មាចេញ ហើយចុកត្រចៀក ដើម្បីមិនឲ្យឮវិញ
12 អើ គេបានតាំងចិត្តរឹងដូចជាថ្មដែកភ្លើង ក្រែងគេឮក្រឹត្យវិន័យ និងព្រះបន្ទូល ដែលព្រះយេហូវ៉ានៃពួកពលបរិវារ បានចាត់ព្រះវិញ្ញាណទ្រង់មកប្រាប់ ដោយសារពួកហោរាពីដើម ដោយហេតុនោះបានជាមានសេចក្ដីក្រោធជាខ្លាំង ចេញពីព្រះយេហូវ៉ានៃពួកពលបរិវារមក
13 ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានព្រះបន្ទូលថា ដូច្នេះ ទ្រង់បានស្រែកទៅ តែគេមិនព្រមស្តាប់យ៉ាងណា គេក៏នឹងស្រែកដែរ តែអញមិនព្រមស្តាប់ដូចគ្នា
14 គឺអញនឹងកម្ចាត់កម្ចាយគេ ដោយខ្យល់កួច ឲ្យទៅនៅកណ្តាលអស់ទាំងសាសន៍ ដែលគេមិនបានស្គាល់ឡើយ ដូច្នេះ ស្រុកក៏បានស្ងាត់ច្រៀប នៅខាងក្រោយគេ ដល់ម៉្លេះបានជាឥតមានអ្នកណាដើរកាត់ ឬវិលត្រឡប់មកវិញទៀតទេ ដ្បិតគេបានធ្វើឲ្យស្រុកដ៏លំអទៅជាទីខូចបង់។
ជំពូក 8
1 ព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ ក៏មកដល់ខ្ញុំថា
2 ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានព្រះបន្ទូលដូច្នេះ អញមានសេចក្ដីប្រចណ្ឌជាខ្លាំងចំពោះក្រុងស៊ីយ៉ូន អញមានសេចក្ដីប្រចណ្ឌដោយចិត្តក្រោធជាខ្លាំង
3 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ អញបានវិលមកឯក្រុងស៊ីយ៉ូន ហើយក៏នឹងអាស្រ័យនៅកណ្តាលក្រុងយេរូសាឡឹម នោះក្រុងយេរូសាឡឹមនឹងបានហៅថា ជាទីក្រុងនៃសេចក្ដីពិត ហើយភ្នំរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ នឹងបានហៅថាជាភ្នំបរិសុទ្ធ
4 ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានព្រះបន្ទូលដូច្នេះ នឹងនៅមានបុរសចាស់ និងស្ត្រីចាស់អង្គុយតាមផ្លូវក្រុងយេរូសាឡឹមទៀត គ្រប់គ្នាកាន់ឈើច្រត់នៅដៃរៀងខ្លួន ដោយព្រោះអាយុច្រើនហើយ
5 អស់ទាំងផ្លូវទីក្រុងនឹងបានពេញដោយកូនប្រុសស្រី ដែលកំពុងតែលេងក្នុងផ្លូវ
6 ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានព្រះបន្ទូលដូច្នេះ នៅគ្រានោះ បើការនេះមើលទៅជាទីប្លែកភ្នែកដល់សំណល់សាសន៍នេះ នោះតើត្រូវបានជាទីប្លែកភ្នែកដល់អញដែរឬ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ
7 ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានព្រះបន្ទូលដូច្នេះថា មើល អញនឹងជួយសង្គ្រោះរាស្ត្រអញឲ្យរួចពីស្រុកខាងកើត ហើយពីស្រុកខាងលិចដែរ
8 អញនឹងនាំគេមក នោះគេនឹងអាស្រ័យនៅក្នុងក្រុងយេរូសាឡឹម គេនឹងបានជារាស្ត្ររបស់អញ ហើយអញនឹងបានជាព្រះដល់គេ ដោយសេចក្ដីពិត និងសេចក្ដីសុចរិត។
9 ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានព្រះបន្ទូលដូច្នេះថា ចូរឯងរាល់គ្នាមានកម្លាំងដៃចុះ គឺឯង ដែលសព្វថ្ងៃនេះ ឮពាក្យទាំងប៉ុន្មាន ពីមាត់ពួកហោរា ដែលបាននៅក្នុងគ្រាគេដាក់ឫសព្រះវិហាររបស់ព្រះយេហូវ៉ានៃពួកពលបរិវារ ដើម្បីឲ្យបានសង់ព្រះវិហារឡើង
10 ដ្បិតកាលមុនគ្រានោះគ្មានថ្លៃឈ្នួលដល់មនុស្ស ឬសត្វទេ ក៏គ្មានសេចក្ដីសុខដល់មនុស្សដែលចេញ ឬចូលផង ដោយព្រោះពួកខ្មាំងសត្រូវ ដ្បិតអញបានធ្វើឲ្យមនុស្សទាំងអស់ ទាស់ទទឹងនឹងអ្នកជិតខាងរៀងខ្លួន
11 តែព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានព្រះបន្ទូលថា ឥឡូវនេះ អញនឹងមិនប្រព្រឹត្តនឹងសំណល់សាសន៍នេះ ដូចកាលជាន់មុនទៀតទេ
12 ដ្បិតនឹងមានពូជនៃសេចក្ដីសុខ ឯដើមទំពាំងបាយជូរនឹងបង្កើតផល ហើយដីនឹងចម្រើនផលដែរ ផ្ទៃមេឃក៏នឹងទម្លាក់សន្សើមមក ហើយអញនឹងឲ្យសំណល់នៃសាសន៍នេះទទួលរបស់ទាំងនេះទុកជាមរដក
13 ឱពួកវង្សយូដា និងពួកវង្សអ៊ីស្រាអែលអើយ ពីដើមឯងជាទីផ្តាសា នៅកណ្តាលអស់ទាំងសាសន៍យ៉ាងណា នោះអញនឹងជួយសង្គ្រោះឯងរាល់គ្នាឲ្យបានជាពរវិញយ៉ាងនោះដែរ កុំឲ្យខ្លាចឡើយ ចូរឲ្យមានកម្លាំងដៃវិញចុះ។
14 ដ្បិតព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានព្រះបន្ទូលដូច្នេះថា កាលពួកអយ្យកោឯងបានបណ្តាលឲ្យអញមានសេចក្ដីក្រោធ នោះអញបានគិតនឹងធ្វើអាក្រក់ដល់ឯងរាល់គ្នា ឥតប្រែចិត្តឡើយជាយ៉ាងណា
15 សព្វថ្ងៃនេះ អញគិតធ្វើល្អដល់ក្រុងយេរូសាឡឹម និងដល់ពួកវង្សយូដាក៏យ៉ាងនោះដែរ កុំឲ្យខ្លាចឡើយ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ
16 នេះជាការដែលឯងរាល់គ្នាត្រូវធ្វើ គឺត្រូវឲ្យគ្រប់គ្នានិយាយសេចក្ដីពិតនឹងអ្នកជិតខាងខ្លួន ហើយត្រូវឲ្យសម្រេចតាមសេចក្ដីយុត្តិធម៌ដ៏ពិត និងសេចក្ដីសុខ នៅក្នុងទ្វារក្រុងរបស់ឯងរាល់គ្នា
17 កុំឲ្យពួកឯងណាមួយគិតគូរបង្កើតការអាក្រក់ក្នុងចិត្តទាស់នឹងអ្នកជិតខាងខ្លួនឡើយ ក៏កុំឲ្យចូលចិត្តនឹងពាក្យស្បថកំភូតដែរ ដ្បិតព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា អញស្អប់អស់ទាំងអំពើយ៉ាងនោះណាស់។
18 ព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារក៏មកដល់ខ្ញុំថា
19 ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលដូច្នេះ ឯពេលតមអត់ក្នុងខែអាសាធ ខែស្រាពណ៍ ខែអស្សុជ ហើយនៅខែបុស្ស នោះត្រូវបានជាពេលរីករាយសប្បាយ ហើយជាបុណ្យគ្រឹកគ្រេងដល់ពួកវង្សយូដាវិញ ដូច្នេះ ចូរស្រឡាញ់សេចក្ដីពិត និងសេចក្ដីសុខចុះ
20 ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានព្រះបន្ទូលដូច្នេះថានឹងនៅមានគ្រាទៀត ដែលសាសន៍ផ្សេងៗ ហើយមនុស្សនៅទីក្រុងជាច្រើននឹងមក
21 ពួកអ្នកនៅស្រុក១នឹងទៅឯស្រុក១ទៀតបបួលថា ចូរយើងប្រញាប់ឡើងទៅទូលអង្វរដល់ព្រះយេហូវ៉ា ហើយស្វែងរកព្រះយេហូវ៉ានៃពួកពលបរិវារចុះ ឯខ្ញុំក៏នឹងទៅដែរ
22 អើ សាសន៍ជាច្រើន និងសាសន៍យ៉ាងខ្លាំងពូកែ នឹងមកស្វែងព្រះយេហូវ៉ានៃពួកពលបរិវារ នៅក្រុងយេរូសាឡឹម ដើម្បីទូលអង្វរដល់ទ្រង់
23 ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានព្រះបន្ទូលដូច្នេះថា នៅគ្រានោះ មនុស្ស១០នាក់ពីភាសាផ្សេងៗនឹងចាប់តោងជាយអាវរបស់សាសន៍យូដាម្នាក់ ដោយពាក្យថា យើងខ្ញុំនឹងទៅជាមួយនឹងអ្នកដែរ ពីព្រោះយើងខ្ញុំបានឮថា ព្រះទ្រង់គង់ជាមួយនឹងអ្នករាល់គ្នា។
ជំពូក 9
1 នេះជាព្រះបន្ទូលយ៉ាងធ្ងន់នៃព្រះយេហូវ៉ា ពីដំណើរស្រុកហាត្រាក ព្រះបន្ទូលនោះនឹងស្ថិតលើក្រុងដាម៉ាស ដ្បិតព្រះនេត្រនៃព្រះយេហូវ៉ា ទតមើលអស់ទាំងមនុស្សជាតិ ដូចជាទតមើលពូជអំបូរអ៊ីស្រាអែលទាំងប៉ុន្មានដែរ
2 ព្រមទាំងស្រុកហាម៉ាត ជាស្រុកដែលជាប់ព្រំដែននឹងគេ ហើយក្រុងទីរ៉ុស និងក្រុងស៊ីដូនផង ទោះបើមានប្រាជ្ញាជាច្រើនក៏ដោយ
3 ក្រុងទីរ៉ុសបានធ្វើទីមាំមួនសម្រាប់ខ្លួន ក៏បានប្រមូលប្រាក់គរទុក ដូចជាធូលីដី និងមាសយ៉ាងវិសេសដូចជាភក់នៅក្នុងផ្លូវ
4 តែមើល ព្រះអម្ចាស់ទ្រង់នឹងទម្លាក់គេចេញ ព្រមទាំងវាយកម្លាំងរបស់គេដែលនៅក្នុងសមុទ្រ ហើយទីក្រុងនោះនឹងត្រូវឆេះដោយភ្លើង
5 ឯក្រុងអាសកាឡូន ក៏នឹងឃើញដែរ ហើយនិងមានសេចក្ដីភ័យ ព្រមទាំងក្រុងកាសាផង នោះគេនឹងមានសេចក្ដីឈឺចាប់ជាខ្លាំងនឹងក្រុងអេក្រុន ដ្បិតទីសង្ឃឹមរបស់គេនឹងទៅ ជាទីអាម៉ាស់ខ្មាសវិញ ឯស្តេចនឹងវិនាសបាត់ពីក្រុងកាសា ហើយក្រុងអាសកាឡូននឹងឥតមានមនុស្សអាស្រ័យនៅទៀត
6 នឹងមានសុទ្ធតែពួកកូនកាត់នៅក្នុងក្រុងអាសដូឌ ហើយអញនឹងបំផ្លាញសេចក្ដីអំនួតរបស់សាសន៍ភីលីស្ទីន
7 អញនឹងដកយកឈាមចេញពីមាត់គេ ព្រមទាំងសាច់ដែលគួរស្អប់ខ្ពើម ចេញពីកណ្តាលធ្មេញគេដែរ នោះគេនឹងបានសល់នៅសម្រាប់គោរពដល់ព្រះនៃយើង ហើយនិងបានដូចជាចៅហ្វាយនៅស្រុកយូដា ឯពួកក្រុងអេក្រុននឹងដូចជាពួកក្រុងយេប៊ូសវិញ
8 អញនឹងបោះទ័ពនៅព័ទ្ធជុំវិញវិហាររបស់អញ ទាស់នឹងពលទ័ព ដើម្បីមិនឲ្យមានគេដើរកាត់ ឬវិលមកវិញឡើយ និងគ្មានពួកសង្កត់សង្កិនណាដើរកាត់ពួកគេទៀតឡើយ ដ្បិតឥឡូវនេះ ភ្នែកអញបានឃើញហើយ។
9 ឱកូនស្រីស៊ីយ៉ូនអើយ ចូររីករាយជាខ្លាំងឡើង ឱកូនស្រីយេរូសាឡឹមអើយ ចូរស្រែកហ៊ោចុះ មើល ស្តេចរបស់នាង ទ្រង់យាងមកឯនាង ទ្រង់ជាអ្នកសុចរិត ហើយមានជ័យជម្នះ ទ្រង់ក៏សុភាព ទ្រង់គង់លើសត្វលា គឺជាលាជំទង់ ជាកូនរបស់មេលា
10 អញនឹងកាត់រទេះចម្បាំងចេញពីស្រុកអេប្រាអិម និងសេះចេញពីក្រុងយេរូសាឡឹមដែរ ឯធ្នូចម្បាំងនឹងត្រូវកាត់ចេញ ហើយទ្រង់នឹងមានព្រះបន្ទូលជាសេចក្ដីសន្តិសុខដល់អស់ទាំងសាសន៍ ឯអំណាចគ្រប់គ្រងរបស់ទ្រង់ នឹងបានចាប់តាំងពីសមុទ្រម្ខាងដល់សមុទ្រម្ខាង ហើយពីទន្លេធំរហូតដល់ចុងផែនដីបំផុត។
11 ឯនាងដែរ អញបានលែងពួកជាប់គុករបស់នាង ឲ្យរួចចេញពីរណ្តៅដែលគ្មានទឹក ដោយព្រោះឈាមនៃសេចក្ដីសញ្ញារបស់ឯង
12 ឱពួកអ្នកជាប់គុក ដែលមានសេចក្ដីសង្ឃឹមអើយ ចូរវិលមកឯទីមាំមួនចុះ នៅថ្ងៃនេះឯង អញប្រកាសថា អញនឹងសងឯង១ជា២
13 ដ្បិតអញបានដំឡើងយូដាដូចជាធ្នូ ហើយដាក់អេប្រាអិមនៅធ្នូ អញទុកដូចជាព្រួញ ឱស៊ីយ៉ូនអើយ អញនឹងដាស់តឿនកូនប្រុសរបស់ឯង ឲ្យទាស់នឹងកូនប្រុសរបស់សាសន៍ក្រេក ហើយនិងធ្វើឲ្យឯងបានដូចជាដាវរបស់មនុស្សខ្លាំងពូកែ
14 គេនឹងឃើញព្រះយេហូវ៉ា ស្ថិតពីលើពួកកូនប្រុសរបស់ឯង ព្រួញទ្រង់នឹងហោះចេញទៅដូចជាផ្លេកបន្ទោរ ហើយព្រះអម្ចាស់យេហូវ៉ាទ្រង់នឹងផ្លុំត្រែ ក៏នឹងចេញទៅក្នុងខ្យល់កួចពីខាងត្បូង
15 ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់នឹងការពារគេ គេនឹងលេបបំបាត់ ហើយឈ្នះគ្រាប់ក្រួសដែលបាញ់មក គេនឹងផឹក ហើយធ្វើសូរសព្ទដូចជាសូរដែលកើតដោយសារស្រាទំពាំងបាយជូរ គេនឹងបានពេញដូចជាចាន គឺជាចាននៅជ្រុងអាសនៈ
16 នៅថ្ងៃនោះ ព្រះយេហូវ៉ាជាព្រះនៃគេ ទ្រង់នឹងជួយសង្គ្រោះគេ ទុកដូចជាហ្វូងចៀម ជារាស្ត្ររបស់ទ្រង់ ដ្បិតគេនឹងបានដូចជាត្បូងដាំនៅមកុដដែលភ្លឺផ្លេក នៅលើស្រុករបស់ទ្រង់
17 ដ្បិតសេចក្ដីចម្រើនរបស់គេធំណាស់ហ្ន៎ ហើយសេចក្ដីលំអរបស់គេក៏ខ្លាំងក្លាណាស់ហ្ន៎ ឯស្រូវនឹងធ្វើឲ្យពួកកំលោះៗចម្រើនកម្លាំងឡើង ហើយទឹកទំពាំងបាយជូរឲ្យពួកក្រមុំៗបានចម្រើនដូចគ្នា។
ជំពូក 10
1 ចូរឲ្យឯងរាល់គ្នាសូមទឹកភ្លៀងពីព្រះយេហូវ៉ានៅវេលាភ្លៀងចុងរដូវ គឺសូមពីព្រះយេហូវ៉ា ដែលទ្រង់ធ្វើឲ្យមានផ្លេកបន្ទោរ នោះទ្រង់នឹងប្រោសប្រទាន ឲ្យមានភ្លៀង១មេៗដល់ឯង ឲ្យគ្រប់គ្នាមានស្មៅនៅចម្ការរបស់ខ្លួន
2 ពីព្រោះរូបព្រះទាំងប៉ុន្មានបានពោលជាសេចក្ដីឥតប្រយោជន៍ ហើយពួកគ្រូទាយបានឃើញសេចក្ដីភូតភរ ឯសប្តិក៏សម្ដែងជាសេចក្ដីកំភូត ក៏កំសាន្តចិត្តដោយសេចក្ដីឥតប្រយោជន៍ដែរ ហេតុនោះបានជាគេដើរតាមផ្លូវរបស់ខ្លួនដូចជាហ្វូងចៀម គេរងទុក្ខដោយព្រោះគ្មានអ្នកគង្វាល
3 សេចក្ដីកំហឹងរបស់អញបានឆួលឡើង ទាស់នឹងពួកអ្នកគង្វាល ហើយអញនឹងវាយផ្ចាលពួកពពែឈ្មោល ដ្បិតព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់បានប្រោសហ្វូងចៀមរបស់ទ្រង់ គឺជាពួកវង្សយូដា ហើយទ្រង់នឹងធ្វើឲ្យគេបានដូចជាសេះយ៉ាងល្អរបស់ទ្រង់ ក្នុងការសង្គ្រាម
4 ថ្មជ្រុងនឹងចេញពីទ្រង់មក ហើយទាំងដែកគោល ទាំងធ្នូសម្រាប់ច្បាំង និងគ្រប់ទាំងអ្នកគ្រប់គ្រងជាមួយគ្នាផង
5 គេនឹងបានដូចជាមនុស្សខ្លាំងពូកែ ដែលកំពុងជាន់ឈ្លីភក់នៅត្រង់ផ្លូវក្នុងការចម្បាំង គេនឹងតស៊ូ ពីព្រោះព្រះយេហូវ៉ាទ្រង់គង់ជាមួយនឹងគេ ហើយពួកពលសេះនឹងស្រឡាំងកាំង
6 អញនឹងចម្រើនកម្លាំងពួកវង្សយូដា អញនឹងជួយសង្គ្រោះពួកវង្សយ៉ូសែប ហើយនិងនាំគេមកវិញ ដ្បិតអញមានសេចក្ដីអាណិតមេត្តាដល់គេ យ៉ាងនោះ គេនឹងមានសណ្ឋានដូចជាអញមិនបានបោះបង់ចោលគេឡើយ ដ្បិតអញនេះជាព្រះយេហូវ៉ា គឺជាព្រះនៃគេ ហើយអញនឹងស្តាប់គេ
7 ឯពួកអេប្រាអិម គេនឹងបានដូចជាមនុស្សខ្លាំងពូកែ ចិត្តគេនឹងបានរីករាយឡើង ដូចជាដោយសារស្រាទំពាំងបាយជូរ អើ ទាំងពួកកូនរបស់គេនឹងឃើញ ហើយនិងមានសេចក្ដីអំណរដែរ ចិត្តគេនឹងបានអរសាទរក្នុងព្រះយេហូវ៉ា។
8 អញនឹងហួចហៅគេ ហើយប្រមូលគេមក ពីព្រោះអញបានលោះគេហើយ នោះគេនឹងចម្រើនជាច្រើនឡើងដូចជាបានចម្រើនឡើងពីដើម
9 អញនឹងសាបព្រោះគេនៅកណ្តាលអស់ទាំងសាសន៍ ហើយគេនឹងនឹកចាំពីអញនៅក្នុងស្រុកឆ្ងាយ គេនឹងនៅជាមួយនឹងពួកកូនចៅ ហើយនិងត្រឡប់មកវិញ
10 អញនឹងនាំគេចេញពីស្រុកអេស៊ីព្ទម្តងទៀត ហើយកៀរប្រមូលគេ ចេញពីស្រុកអាសស៊ើរអញនឹងនាំគេមកឯស្រុកកាឡាត និងស្រុកល្បាណូន ដល់ទៅរកកន្លែងល្មមឲ្យគេអាស្រ័យនៅគ្មាន
11 ទ្រង់នឹងធ្វើទុក្ខដល់សមុទ្រ ហើយនិងវាយរលកទាំងប៉ុន្មាន នោះអស់ទាំងទីជម្រៅរបស់ទន្លេធំ នឹងរីងស្ងួតទៅ សេចក្ដីអំនួតរបស់សាសន៍អាសស៊ើរនឹងត្រូវទម្លាក់ចុះ ហើយដំបងរាជ្យរបស់សាសន៍អេស៊ីព្ទនឹងទៅបាត់ទៅ
12 អញនឹងចម្រើនកម្លាំងគេក្នុងព្រះយេហូវ៉ា ហើយគេនឹងដើរចុះឡើង ដោយនូវព្រះនាមទ្រង់ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
ជំពូក 11
1 ឱល្បាណូនអើយ ចូរបើកទ្វារឯងឡើង ដើម្បីឲ្យភ្លើងបានឆេះដើមតាត្រៅរបស់ឯង
2 ឱដើមកកោះអើយ ចូរទ្រហោយំចុះ ដ្បិតដើមតាត្រៅបានរលំ ឯអស់ទាំងដើមយ៉ាងល្អបានត្រូវបំផ្លាញហើយ ឱដើមម៉ៃសាក់ នៅស្រុកបាសានអើយ ចូរទ្រហោយំចុះ ពីព្រោះព្រៃស្រោងបានត្រូវរលំហើយ
3 មានឮសំឡេងពួកគង្វាលទ្រហោយំ សេចក្ដីរុងរឿងរបស់គេបានត្រូវបំផ្លាញ ក៏ឮសំឡេងស្រែកគ្រហឹមនៃសិង្ហស្ទាវ ដ្បិតសេចក្ដីអំនួតរបស់ទន្លេយ័រដាន់បានត្រូវខូចបង់ទៅ។
4 ព្រះយេហូវ៉ាជាព្រះនៃខ្ញុំ ទ្រង់មានព្រះបន្ទូលដូច្នេះថា ចូរឃ្វាលហ្វូងចៀមដែលសម្រាប់សម្លាប់
5 ជាហ្វូងដែលពួកអ្នកទិញក៏សម្លាប់ទៅ ឥតរាប់ខ្លួនជាមានទោសឡើយ ហើយពួកអ្នកដែលលក់វាក៏ថា សូមឲ្យព្រះយេហូវ៉ាប្រកបដោយព្រះពរ ដ្បិតខ្ញុំបានមានឡើង ហើយទាំងពួកគង្វាលក៏មិនប្រណីដល់វាដែរ
6 ដ្បិតព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា អញនឹងមិនប្រណីដល់ពួកអ្នកនៅក្នុងស្រុកទៀតឡើយ មើល អញនឹងប្រគល់គ្រប់ទាំងប្រុសៗ ទៅក្នុងកណ្តាប់ដៃនៃអ្នកជិតខាងខ្លួន ហើយទៅក្នុងកណ្តាប់ដៃនៃស្តេចរបស់ខ្លួនដែរ ពួកទាំងនោះនឹងវាយស្រុក ហើយអញមិនព្រមប្រោសឲ្យរួចដែរ
7 ដូច្នេះ ខ្ញុំក៏ឃ្វាលហ្វូងចៀមដែលសម្រាប់សម្លាប់ ដែលពិតជាចៀមវេទនាបំផុតក្នុងហ្វូង ខ្ញុំក៏យកដំបង២មក ដំបងមួយខ្ញុំឲ្យឈ្មោះថា «លំអ» មួយទៀតឲ្យឈ្មោះថា «សម្ពន្ធ» ហើយខ្ញុំក៏ឃ្វាលហ្វូងចៀមទៅ
8 ក្នុងមួយខែ ខ្ញុំបានបណ្តេញអ្នកគង្វាលអស់៣នាក់ ពីព្រោះចិត្តខ្ញុំធុញថប់នឹងគេ ហើយចិត្តគេក៏ខ្ពើមខ្ញុំដែរ។
9 នោះខ្ញុំក៏និយាយថា អញលែងឃ្វាលឯងរាល់គ្នាហើយ ណាដែលស្លាប់ ឲ្យស្លាប់ចុះ ណាដែលត្រូវវិនាស ឲ្យវិនាសចុះ ហើយណាដែលសល់នៅ នោះឲ្យវាហែកគ្នាស៊ីទៅ
10 ខ្ញុំក៏យកដំបងរបស់ខ្ញុំដែលមានឈ្មោះ «លំអ» មកកាច់បំបាក់ ដើម្បីនឹងផ្តាច់សេចក្ដីសញ្ញារបស់ខ្ញុំ ដែលខ្ញុំបានតាំងនឹងសាសន៍ទាំងឡាយ
11 សេចក្ដីសញ្ញានោះក៏ត្រូវដាច់នៅថ្ងៃនោះឯង យ៉ាងនោះ ពួកវេទនាបំផុត ក្នុងហ្វូងដែលស្តាប់តាមខ្ញុំ គេបានដឹងថាជាព្រះបន្ទូលនៃព្រះយេហូវ៉ា
12 នោះខ្ញុំនិយាយនឹងគេថា បើឯងរាល់គ្នាឃើញថាល្អ នោះសូមឲ្យឈ្នួលមកអញ ពុំនោះ កុំរវល់អី ដូច្នេះ គេក៏ថ្លឹងប្រាក់៣០ដួងសម្រាប់ជាឈ្នួលរបស់ខ្ញុំ
13 រួចព្រះយេហូវ៉ាទ្រង់បង្គាប់មកខ្ញុំថា ចូរបោះប្រាក់នោះឲ្យដល់ជាងស្មូនចុះ គឺជាតម្លៃយ៉ាងល្អ ដែលគេបានកាត់ថ្លៃដល់ខ្ញុំ នោះខ្ញុំក៏យកប្រាក់៣០ដួងនោះ ទៅបោះឲ្យជាងស្មូនក្នុងព្រះវិហារនៃព្រះយេហូវ៉ា
14 រួចខ្ញុំក៏បំបាក់ដំបងរបស់ខ្ញុំមួយទៀត ដែលឈ្មោះថា «សម្ពន្ធ» នោះបង់ ដើម្បីនឹងផ្តាច់សេចក្ដីមេត្រីគ្នារបស់ពួកយូដា និងពួកអ៊ីស្រាអែលចេញ។
15 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលមកខ្ញុំថា ចូរឲ្យឯងយកគ្រឿងប្រដាប់របស់អ្នកគង្វាលល្ងីល្ងើម្តងទៀត
16 ដ្បិតមើល អញនឹងឲ្យមានអ្នកគង្វាល១កើតឡើងក្នុងស្រុកដែលមិនយកចិត្តទុកដាក់នឹងចៀម ដែលវង្វេងបាត់ឡើយ ក៏មិនព្រមទៅរកណាដែលខ្ចាត់ខ្ចាយ ឬរុំអបណាដែលភ្លាត់បាក់ ឬឃ្វាលណាដែលនៅជាប់តាមហ្វូងផង គឺនឹងស៊ីសាច់សត្វណាដែលធាត់ៗ ហើយហែកក្រចកជើងវាវិញ
17 វេទនាដល់អ្នកគង្វាលចោលម្សៀត ដែលគេបោះបង់ចោលហ្វូងចៀម ដ្បិតនឹងមានដាវធ្លាក់មកត្រូវដៃ ហើយត្រូវភ្នែកស្តាំរបស់អ្នកនោះ ដៃនោះនឹងស្វិតជ្រីវអស់ទៅ ហើយភ្នែកស្តាំនឹងត្រូវងងឹតសូន្យ។
ជំពូក 12
1 នេះជាព្រះបន្ទូលយ៉ាងធ្ងន់នៃព្រះយេហូវ៉ា ពីដំណើរអ៊ីស្រាអែល។ ព្រះយេហូវ៉ាជាព្រះដែលបានលាតផ្ទៃមេឃ ហើយដាំឫសនៃផែនដី ព្រមទាំងបង្កបង្កើតវិញ្ញាណនៅក្នុងខ្លួនមនុស្សផង ទ្រង់មានព្រះបន្ទូលដូច្នេះថា
2 មើល អញនឹងធ្វើឲ្យក្រុងយេរូសាឡឹមទៅជាពែង ដែលនាំឲ្យវិលក្រឡាប់ដល់សាសន៍នៅព័ទ្ធជុំវិញទាំងប៉ុន្មាន ហើយដល់ពួកយូដាដែរ ក្នុងកាលដែលមានគេឡោមព័ទ្ធច្បាំងនឹងក្រុងយេរូសាឡឹម
3 នៅថ្ងៃនោះ អញនឹងធ្វើឲ្យក្រុងយេរូសាឡឹមទៅជាថ្ម ដែលសង្កត់លើអស់ទាំងសាសន៍ អស់អ្នកណាដែលយកជាបន្ទុកលើខ្លួន នោះនឹងត្រូវរបួសជាធ្ងន់ ហើយគ្រប់ទាំងសាសន៍នៅផែនដី នឹងមូលគ្នាទាស់នឹងទីក្រុងនោះ
4 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា នៅថ្ងៃនោះ អញនឹងវាយអស់ទាំងសេះឲ្យស្លុតស្លាំង ហើយឲ្យពួកអ្នកដែលជិះវាបានវិលខួរដែរ អញនឹងបើកភ្នែកមើលពួកវង្សយូដា ហើយនិងវាយអស់ទាំងសេះរបស់សាសន៍ទាំងប៉ុន្មាន ឲ្យខ្វាក់ភ្នែក
5 ឯពួកចៅហ្វាយនៃសាសន៍យូដា គេនឹងគិតក្នុងចិត្តថា ពួកក្រុងយេរូសាឡឹមជាកម្លាំងរបស់គេ ដោយនូវព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃគេ
6 នៅថ្ងៃនោះ អញនឹងធ្វើឲ្យពួកចៅហ្វាយនៃសាសន៍យូដា បានដូចជាជើងក្រាន មានភ្លើងឆេះនៅកណ្តាលឧស ហើយដូចជាចន្លុះឆេះនៅកណ្តាលកណ្តាប់ស្រូវ គេនឹងបន្សុសអស់ទាំងសាសន៍នៅព័ទ្ធជុំវិញ ទោះទាំងខាងឆ្វេង និងខាងស្តាំផង រួចពួកក្រុងយេរូសាឡឹមនឹងអាស្រ័យនៅក្នុងកន្លែងរបស់គេម្តងទៀត គឺនៅក្រុងយេរូសាឡឹមនោះឯង
7 ព្រះយេហូវ៉ាទ្រង់នឹងជួយសង្គ្រោះទីលំនៅទាំងប៉ុន្មានរបស់ពួកយូដាជាមុន ដើម្បីមិនឲ្យសិរីល្អនៃពួកវង្សដាវីឌ និងសិរីល្អរបស់ពួកក្រុងយេរូសាឡឹម បានតម្កើងឡើងលើសជាងពួកយូដាឡើយ
8 នៅថ្ងៃនោះ ព្រះយេហូវ៉ាទ្រង់នឹងការពារពួកអ្នក នៅក្រុងយេរូសាឡឹម ហើយនៅថ្ងៃនោះ អ្នកណាក្នុងពួកគេដែលខ្សោយ នោះនឹងបានដូចជាដាវីឌវិញ ហើយពួកវង្សរបស់ដាវីឌនឹងបានដូចជាព្រះ គឺដូចជាទេវតានៃព្រះយេហូវ៉ានៅចំពោះមុខគេ។
9 នៅថ្ងៃនោះ អញនឹងតាំងចិត្ត ដើម្បីបំផ្លាញអស់ទាំងសាសន៍ ដែលមកទាស់នឹងក្រុងយេរូសាឡឹម។
10 អញនឹងចាក់និស្ស័យមកលើពួកវង្សដាវីឌ និងពួកអ្នកនៅក្រុងយេរូសាឡឹម ឲ្យគេមានចិត្តប្រកបដោយគុណ និងសេចក្ដីទូលអង្វរ នោះគេនឹងគន់មើលអ្នកដែលគេបានចាក់ ហើយគេនឹងយំសោកនឹងអ្នកនោះ ដូចជាយំសោកនឹងកូនខ្លួនតែមួយ គេនឹងយំខ្សឹកខ្សួលនឹងអ្នកនោះដូចជាយំនឹងកូនច្បងរបស់ខ្លួន
11 នៅថ្ងៃនោះ នឹងមានការយំសោកយ៉ាងធំនៅក្រុងយេរូសាឡឹម ដូចជាការយំសោកនៅត្រង់ហាដាត-រីម៉ូន ក្នុងច្រកភ្នំមេគីដោនោះដែរ
12 ស្រុកទាំងមូលនឹងយំសោក គ្រប់ទាំងគ្រួសារដោយខ្លួនៗ គឺវង្សរបស់ដាវីឌដោយខ្លួន ហើយប្រពន្ធគេដោយខ្លួន គ្រួពួកវង្សណាថាន់ដោយខ្លួន ហើយប្រពន្ធគេដោយខ្លួន
13 គ្រួពួកវង្សលេវីដោយខ្លួន ហើយប្រពន្ធគេដោយខ្លួន គ្រួពួកវង្សស៊ីម៉ាយដោយខ្លួន ហើយប្រពន្ធគេដោយខ្លួន
14 ឯអស់គ្រួសារឯទៀត នោះគ្រប់ទាំងគ្រួដោយខ្លួន និងប្រពន្ធគេដោយខ្លួនដែរ។
ជំពូក 13
1 នៅថ្ងៃនោះ នឹងមានក្បាលទឹកមួយបើកឡើងសម្រាប់ពួកវង្សដាវីឌ និងពួកអ្នកនៅក្រុងយេរូសាឡឹម ដើម្បីជម្រះអំពើបាប និងសេចក្ដីសៅហ្មង 2ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលថា នៅថ្ងៃនោះ អញនឹងកាត់ឈ្មោះអស់ទាំងរូបព្រះឲ្យសូន្យចេញពីស្រុកទៅ ឥតមានអ្នកណានឹកចាំតទៅទៀតឡើយ ហើយអញនឹងធ្វើឲ្យពួកហោរា និងវិញ្ញាណអសោចចេញផុតពីស្រុកដែរ 3គ្រានោះ បើអ្នកណានឹងនៅតែទាយទៀត នោះទាំងឪពុកម្តាយដែលបានបង្កើតអ្នកនោះមក នឹងប្រាប់ថា ឯងមិនត្រូវរស់ទៀតទេ ពីព្រោះឯងពោលពាក្យកុហក ដោយនូវព្រះនាមព្រះយេហូវ៉ា ដូច្នេះ ឪពុកម្តាយដែលបានបង្កើតអ្នកនោះមក នឹងចាក់ទម្លុះកូន ក្នុងកាលដែលទាយនោះ 4នៅថ្ងៃនោះ ពួកហោរានឹងមានសេចក្ដីខ្មាសចំពោះការជាក់ស្តែងរបស់គេរៀងខ្លួន ក្នុងកាលដែលទាយនោះ គេនឹងមិនគ្រលុំខ្លួន ដោយអាវមានរោម ដើម្បីបញ្ឆោតមនុស្សទៀតទេ 5គឺអ្នកនោះនឹងថា ខ្ញុំមិនមែនជាហោរាទេ ខ្ញុំជាអ្នកធ្វើស្រែវិញ ដ្បិតខ្ញុំបានជាប់ជាបាវគេតាំងពីក្មេងមក 6នោះម្នាក់នឹងសួរថា ចុះតើរបួសអ្វីនុ៎ះនៅដៃអ្នក រួចអ្នកនោះនឹងឆ្លើយថា គឺយ៉ាងនេះដែលខ្ញុំត្រូវរបួស នៅក្នុងផ្ទះរបស់មិត្តសំឡាញ់ខ្ញុំ។ 7ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានព្រះបន្ទូលថា ម្នាលដាវអើយ ចូរភ្ញាក់ឡើងទាស់នឹងអ្នកគង្វាលរបស់អញ ហើយទាស់នឹងមនុស្សដែលជាគូកនអញចុះ ចូរវាយអ្នកគង្វាល នោះហ្វូងចៀមនឹងត្រូវខ្ចាត់ខ្ចាយទៅ រួចអញនឹងប្រែដៃទៅលើកូនតូចៗវិញ 8ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា នៅសព្វគ្រប់ក្នុងស្រុកនោះ ២ភាគនឹងត្រូវកាត់ចេញហើយស្លាប់ទៅ តែភាគទី៣នឹងសល់នៅក្នុងស្រុកវិញ 9ហើយអញនឹងនាំភាគទី៣នោះទៅក្នុងភ្លើង អញនឹងសំរងគេដូចជាសំរងប្រាក់ ព្រមទាំងសាកគេដូចជាសាកមាស គេនឹងអំពាវនាវដល់ឈ្មោះអញ ហើយអញនឹងស្តាប់គេ អញនឹងថា គេជារាស្ត្រអញ ឯគេនឹងថា ព្រះយេហូវ៉ាជាព្រះនៃខ្លួន។
ជំពូក 14
1 មើល ថ្ងៃនៃព្រះយេហូវ៉ានឹងមកដល់ ជាវេលាដែលគេនឹងចាប់របឹបជារបស់ផងឯង ចែកគ្នានៅកណ្តាលឯង
2 ដ្បិតអញនឹងប្រមូលអស់ទាំងសាសន៍មកច្បាំងនឹងក្រុងយេរូសាឡឹម គេនឹងចាប់យកទីក្រុងបាន ព្រមទាំងប្លន់ផ្ទះទាំងប៉ុន្មាន ហើយកំហែងចិត្តពួកស្រីៗផង នោះពួកអ្នកក្រុងពាក់កណ្តាលនឹងត្រូវនាំចេញទៅជាឈ្លើយ តែបណ្តាជនដែលសល់នៅ នឹងមិនត្រូវឃ្លាតចេញពីទីក្រុងទេ
3 គ្រានោះ ព្រះយេហូវ៉ាទ្រង់នឹងចេញទៅច្បាំងនឹងសាសន៍ទាំងនោះ ដូចកាលនៅថ្ងៃចម្បាំងដែលទ្រង់បានច្បាំងនឹងគេដែរ
4 នៅថ្ងៃនោះ ព្រះបាទទ្រង់នឹងជាន់លើភ្នំដើមអូលីវ ដែលនៅប្រឈមនឹងក្រុងយេរូសាឡឹមខាងកើត ហើយភ្នំដើមអូលីវនឹងត្រូវពុះញែកជា២ នៅចំពាក់កណ្តាល ពីទិសខាងកើតទៅទិសខាងលិច បង្កើតឲ្យមានចន្លោះយ៉ាងធំ ភ្នំមួយចំហៀងនឹងញែកទៅទិសខាងជើង ហើយ១ចំហៀងទៀតទៅទិសខាងត្បូង
5 នោះឯងរាល់គ្នានឹងរត់ទៅតាមចន្លោះភ្នំរបស់អញ ដ្បិតចន្លោះភ្នំនោះនឹងរហូតទៅដល់អាសែល អើ ឯងរាល់គ្នានឹងរត់ ដូចបានរត់ពីការកក្រើកដី នៅក្នុងរាជ្យអូសៀស ជាស្តេចយូដា នោះព្រះយេហូវ៉ាជាព្រះនៃខ្ញុំ ទ្រង់នឹងយាងមក មានទាំងពួកបរិសុទ្ធទាំងអស់មកជាមួយ
6 នៅថ្ងៃនោះ ពន្លឺនឹងមិនភ្លឺច្បាស់ ឬងងឹតផង
7 គឺថ្ងៃនោះនឹងបានជាថ្ងៃ១ ដែលព្រះយេហូវ៉ាទ្រង់ស្គាល់ មិនមែនជាថ្ងៃ ក៏មិនមែនជាយប់ ប៉ុន្តែ លុះដល់ពេលព្រលប់ នោះនឹងមានពន្លឺវិញ
8 នៅថ្ងៃនោះ នឹងមានទឹករស់ហូរចេញពីក្រុងយេរូសាឡឹមទៅ ពាក់កណ្តាលនឹងហូរទៅឯសមុទ្រនៅទិសខាងកើត ហើយពាក់កណ្តាលនឹងហូរទៅឯសមុទ្រនៅទិសខាងលិច ទោះទាំងរដូវក្តៅ និងរដូវរងា ក៏នឹងមានដូច្នោះដែរ។
9 ឯព្រះយេហូវ៉ាទ្រង់នឹងបានជាមហាក្សត្រលើផែនដីទាំងដុំមូល នៅថ្ងៃនោះ នឹងមានតែព្រះយេហូវ៉ាជាព្រះ១ព្រះអង្គ ហើយព្រះនាមទ្រង់នឹងមានតែ១ដែរ
10 ស្រុកទាំងមូលចាប់តាំងពីកេបា រហូតដល់រីម៉ូន ខាងត្បូងក្រុងយេរូសាឡឹម នឹងត្រឡប់ទៅដូចជាស្រុកវាល នោះក្រុងយេរូសាឡឹមនឹងបានតម្កើងឡើង ហើយនិងនៅកន្លែងធម្មតាចាប់តាំងពីទ្វារបេនយ៉ាមីន រហូតទៅដល់កន្លែងទ្វារដំបូង និងទ្វារជ្រុងកំផែង ហើយពីប៉មហាណានាល រហូតដល់ធុងឃ្នាបរបស់ស្តេច
11 ក៏នឹងមានមនុស្សអាស្រ័យនៅ ហើយនិងគ្មានសេចក្ដីបណ្តាសាទៀត គឺក្រុងយេរូសាឡឹមនឹងនៅដោយសុខសាន្តវិញ។
12 ព្រះយេហូវ៉ានឹងវាយអស់ទាំងសាសន៍ ដែលបានច្បាំងនឹងក្រុងយេរូសាឡឹម ដោយសេចក្ដីវេទនាយ៉ាងនេះ គឺសាច់គេនឹងរោយរៀវទៅ កំពុងដែលគេឈរនៅ ភ្នែកគេនឹងរោយរៀវទៅ នៅក្នុងរង្វង់ភ្នែក អណ្តាតគេនឹងរោយរៀវទៅ នៅក្នុងមាត់គេដែរ
13 នៅថ្ងៃនោះ នឹងមានការចលាចលជាធំ ដែលមានមកពីព្រះយេហូវ៉ា កើតឡើងនៅកណ្តាលគេ គ្រប់គ្នានឹងចាប់យកអ្នកជិតខាងខ្លួន ហើយនិងលើកដៃឡើងទាស់នឹងអ្នកជិតខាងរៀងខ្លួន
14 ឯពួកយូដាគេនឹងច្បាំងត្រង់ក្រុងយេរូសាឡឹម ហើយទ្រព្យសម្បត្តិនៃគ្រប់សាសន៍ជុំវិញ នឹងបានប្រមូលគ្នា គឺមាស ប្រាក់ និងសម្លៀកបំពាក់យ៉ាងសន្ធឹក
15 ឯសេចក្ដីវេទនារបស់សេះ លាកាត់ អូដ្ឋ លា និងសត្វទាំងអស់ ដែលនៅក្នុងទីបោះទ័ព នឹងបានដូច្នោះដែរ គឺដូចជាអាសន្នរោគ។
16 រួចមក អស់អ្នកសល់នៅពីគ្រប់សាសន៍ដែលមកច្បាំងនឹងក្រុងយេរូសាឡឹម គេនឹងឡើងមករាល់តែឆ្នាំ ដើម្បីថ្វាយបង្គំមហាក្សត្រ គឺជាព្រះយេហូវ៉ានៃពួកពលបរិវារ ក៏នឹងកាន់រក្សាបុណ្យបារាំ
17 ដូច្នេះ ក្នុងអស់ទាំងគ្រួសារនៅផែនដី បើមានណាដែលមិនឡើងទៅឯក្រុងយេរូសាឡឹមដើម្បីថ្វាយបង្គំមហាក្សត្រ គឺព្រះយេហូវ៉ានៃពួកពលបរិវារទេ នោះនឹងគ្មានភ្លៀងធ្លាក់មកលើគេឡើយ
18 បើសាសន៍អេស៊ីព្ទមិនឡើងទៅ គឺមិនមកសោះ នោះនឹងគ្មានភ្លៀងធ្លាក់មកលើគេ ហើយនិងមានសេចក្ដីវេទនា ដែលព្រះយេហូវ៉ាទ្រង់នឹងប្រើវាយអស់ទាំងសាសន៍ ដែលមិនឡើងទៅធ្វើបុណ្យបារាំ
19 នេះហើយជាសេចក្ដីវាយផ្ចាល ដល់ពួកសាសន៍អេស៊ីព្ទ ហើយជាសេចក្ដីវាយផ្ចាលដល់អស់ទាំងសាសន៍ ដែលមិនឡើងមកធ្វើបុណ្យបារាំនោះ។
20 នៅថ្ងៃនោះ នឹងមានសេចក្ដីចារឹកទុក នៅនាចង្ក្រង់សេះថា «បរិសុទ្ធដល់ព្រះយេហូវ៉ា» ហើយថ្លាងទាំងប៉ុន្មាននៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា នឹងដូចជាចានដែលនៅមុខអាសនៈដែរ
21 អើ គ្រប់ទាំងភាជនៈនៅក្រុងយេរូសាឡឹម ហើយនៅស្រុកយូដា នឹងបានបរិសុទ្ធដល់ព្រះយេហូវ៉ានៃពួកពលបរិវារទាំងអស់ អស់ពួកអ្នកដែលមកថ្វាយយញ្ញបូជា គេនឹងយកភាជនៈទាំងនោះ សម្រាប់ស្ងោរតង្វាយយញ្ញបូជា ហើយនៅថ្ងៃនោះ នឹងគ្មានសាសន៍កាណានណា នៅក្នុងព្រះវិហាររបស់ព្រះយេហូវ៉ានៃពួកពលបរិវារទៀតឡើយ។:៚