ម៉ាឡាគី

1 2 3 4


ជំពូក 1

1 នេះ​ជា​ព្រះ‌បន្ទូល​យ៉ាង​ធ្ងន់​នៃ​ព្រះ‌យេហូវ៉ា​ដល់​អ៊ីស្រា‌អែល ដោយ‌សារ​ម៉ាឡាគី។
2 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​បាន​ស្រឡាញ់​ឯង​រាល់​គ្នា ប៉ុន្តែ ឯង​រាល់​គ្នា​ថា ទ្រង់​មាន​ស្រឡាញ់​យើង​រាល់​គ្នា​ឯ​ណា ព្រះ‌យេហូវ៉ា​ទ្រង់​តប​ថា ឯ​អេសាវ តើ​មិន​មែន​ជា​បង​របស់​យ៉ាកុប​ទេ​ឬ​អី ទោះ​បើ​យ៉ាង​នោះ គង់​តែ​អញ​បាន​ស្រឡាញ់​យ៉ាកុប
3 តែ​ចំណែក​អេសាវ​នោះ អញ​បាន​ស្អប់​វិញ ហើយ​បាន​ធ្វើ​ឲ្យ​ស្រុក​ភ្នំ​របស់​គេ​បាន​ស្ងាត់​ច្រៀប ក៏​ឲ្យ​មរដក​របស់​គេ​ដល់​ពួក​ស្វាន នៅ​ទី​រហោ‌ស្ថាន
4 ហើយ​ទោះ​បើ​ពួក​អេដុម គេ​ពោល​ថា យើង​ត្រូវ​បំផ្លាញ​ហើយ តែ​យើង​នឹង​វិល​ទៅ​សង់​កន្លែង​ខូច​បង់​ឡើង​វិញ គង់​តែ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា គេ​នឹង​សង់​ឡើង​វិញ តែ​អញ​នឹង​រំលំ​ចុះ​ទៀត នោះ​មនុស្ស​នឹង​ហៅ​គេ​ថា ជា​ព្រំ​ស្រុក​នៃ​សេចក្ដី​អាក្រក់ ហើយ​ថា ជា​សាសន៍​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​សេចក្ដី​គ្នាន់‌ក្នាញ់​ចំពោះ​គេ​ជា​ដរាប
5 ភ្នែក​ឯង​រាល់​គ្នា​នឹង​ឃើញ​ដែរ ហើយ​ឯង​នឹង​ពោល​ថា សូម​ឲ្យ​ព្រះ‌យេហូវ៉ា​បាន​តម្កើង​ឡើង ក្រៅ​ពី​ព្រំ​ស្រុក​អ៊ីស្រា‌អែល​ទៅ​ទៀត។
6 ឯ​កូន នោះ​រមែង​គោរព​ដល់​ឪពុក ហើយ​បាវ​បម្រើ​ក៏​កោត‌ខ្លាច​ដល់​ចៅ‌ហ្វាយ ដូច្នេះ បើ​អញ​ជា​ឪពុក នោះ​តើ​សេចក្ដី​គោរព​ដល់​អញ​នៅ​ឯ​ណា ហើយ​បើ​អញ​ជា​ចៅ‌ហ្វាយ តើ​សេចក្ដី​គោរព​ដល់​អញ​នៅ​ឯ​ណា នេះ​គឺ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ដល់​ឯង​រាល់​គ្នា ជា​ពួក​សង្ឃ​ដែល​មើល‌ងាយ​ឈ្មោះ​អញ តែ​ឯង​ថា​យើង​រាល់​គ្នា​មាន​មើល‌ងាយ​ដល់​ព្រះ‌នាម​ទ្រង់​ឯ​ណា
7 គឺ​ឯង​រាល់​គ្នា​ថ្វាយ​នំបុ័ង​ដែល​មិន​បរិសុទ្ធ​នៅ​លើ​អាសនៈ​របស់​អញ ឯង​រាល់​គ្នា​ក៏​ពោល​ថា តើ​យើង​បាន​បង្អាប់​ដល់​ទ្រង់​ឯ​ណា គឺ​ដោយ​ឯង​រាល់​គ្នា​ថា តុ​នៃ​ព្រះ‌យេហូវ៉ា​គួរ​មើល‌ងាយ
8 ហើយ​កាល​ណា​ឯង​រាល់​គ្នា​ថ្វាយ​សត្វ​ដែល​ខ្វាក់​ជា​យញ្ញ‌បូជា នោះ​ក៏​មិន​អាក្រក់​ដែរ​ឬ ហើយ​កាល​ណា​ឯង​រាល់​គ្នា​ថ្វាយ​សត្វ​ខ្ញើច និង​សត្វ​ដែល​ឈឺ នោះ​ក៏​មិន​អាក្រក់​ដែរ​ឬ ចូរ​ជូន​ដល់​ចៅ‌ហ្វាយ​ឯង​ល​មើល បើ​លោក​សុខ​ចិត្ត​នឹង​ឯង ឬ​យ៉ាង​ណា ឬ​បើ​លោក​នឹង​ទទួល​ឯង​ឬ​ទេ
9 នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ឥឡូវ​នេះ ខ្ញុំ​សូម​អ្នក​រាល់​គ្នា​ឲ្យ​ទូល‌អង្វរ​ដល់​ព្រះ ដើម្បី​ឲ្យ​ទ្រង់​បាន​ផ្តល់​ព្រះ‌គុណ​ដល់​យើង ការ​ទាំង​អស់​នេះ​បាន​កើត​ដោយ‌សារ​អ្នក​រាល់​គ្នា​ហើយ ដូច្នេះ តើ​ទ្រង់​នឹង​ទទួល​មុខ​អ្នក​រាល់​គ្នា​ណា​១​ឬ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ
10 ឱ​បើ​សិន​ជា​មាន​អ្នក​ណា​មួយ ក្នុង​ពួក​ឯង​រាល់​គ្នា​នឹង​បិទ​ទ្វារ​ទៅ​អេះ ដើម្បី​មិន​ឲ្យ​បង្កាត់​ភ្លើង នៅ​លើ​អាសនៈ​របស់​អញ ជា​អសារ​ឥត​ការ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​មិន​ចូល​ចិត្ត​នឹង​ឯង​រាល់​គ្នា​ទេ ក៏​មិន​ព្រម​ទទួល​តង្វាយ​ណា​ពី​ដៃ​ឯង​រាល់​គ្នា​ដែរ
11 ដ្បិត​ចាប់​តាំង​ពី​ទិស​ខាង​កើត រហូត​ដល់​ទិស​ខាង​លិច នោះ​ឈ្មោះ​អញ​នឹង​បាន​ជា​ធំ នៅ​កណ្តាល​ពួក​សាសន៍​ដទៃ ហើយ​នៅ​គ្រប់​ទី​កន្លែង គេ​នឹង​ដុត​កំញាន​ថ្វាយ​ដល់​ឈ្មោះ​អញ ព្រម​ទាំង​តង្វាយ​បរិសុទ្ធ​ផង ដ្បិត​ឈ្មោះ​អញ​នឹង​បាន​ជា​ធំ នៅ​ក្នុង​សាសន៍​ដទៃ​វិញ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ
12 ប៉ុន្តែ ចំណែក​ឯង​រាល់​គ្នា តែង‌តែ​បង្អាប់​ឈ្មោះ​អញ​ទេ​ដោយ​ពោល​ថា តុ​របស់​ព្រះ‌យេហូវ៉ា​ត្រូវ​ស្មោក‌គ្រោក​ហើយ ឯ​ផល គឺ​ជា​អាហារ​នៅ​លើ​តុ​នោះ ក៏​គួរ​មើល‌ងាយ​ដែរ
13 ឯង​រាល់​គ្នា​ក៏​ថា យីះ ការ​នេះ​រអា​ចិត្ត​ណាស់ ហើយ​បាន​ធ្វើ​សូរ​ហិះៗ​ដាក់​ការ​នោះ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ឯង​រាល់​គ្នា​នាំ​យក​របស់​ដែល​ប្លន់​យក​ពី​គេ​មក ព្រម​ទាំង​សត្វ​ខ្ញើច និង​សត្វ​ឈឺ​ផង គឺ​យ៉ាង​នោះ​ដែល​ឯង​រាល់​គ្នា​នាំ​តង្វាយ​មក​ថ្វាយ ដូច្នេះ ព្រះ‌យេហូវ៉ា​ទ្រង់​សួរ​ថា តើ​គួរ​ឲ្យ​អញ​ទទួល​ពី​ដៃ​ឯង​រាល់​គ្នា​ឬ​ទេ
14 ត្រូវ​បណ្តាសា​ហើយ អ្នក​បញ្ឆោត​ដែល​មាន​សត្វ​ឈ្មោល​នៅ​ក្នុង​ហ្វូង ហើយ​ក៏​បន់​ព្រះ រួច​យក​សត្វ​មាន​ស្លាក‌ស្នាម​មក​ថ្វាយ​ជា​យញ្ញ‌បូជា​ដល់​ព្រះ‌អម្ចាស់​វិញ ដ្បិត​អញ​ជា​ស្តេច​ដ៏​ធំ ហើយ​ឈ្មោះ​អញ​ជា​ទី​ស្ញែង​ខ្លាច នៅ​កណ្តាល​ពួក​សាសន៍​ដទៃ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ។


ជំពូក 2

1 ហើយ​ឥឡូវ​នេះ ឱ​ពួក​សង្ឃ​អើយ សេចក្ដី​បង្គាប់​នេះ គឺ​ដល់​ឯង​រាល់​គ្នា
2 ដូច្នេះ បើ​ឯង​រាល់​គ្នា​មិន​ព្រម​ស្តាប់​តាម ហើយ​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​ថ្វាយ​សិរី‌ល្អ​ដល់​ឈ្មោះ​អញ​ទេ នោះ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​នឹង​ចាត់​សេចក្ដី​បណ្តាសា ឲ្យ​មក​លើ​ឯង​រាល់​គ្នា អញ​នឹង​ដាក់​បណ្តាសា​ដល់​ពរ​របស់​ឯង អើ​អញ​បាន​ដាក់​បណ្តាសា​ហើយ ពី​ព្រោះ​ឯង​រាល់​គ្នា​មិន​យក​ចិត្ត​ទុក​ដាក់​សោះ
3 មើល អញ​នឹង​បំផ្លាញ​ពូជ​ពង្រោះ​របស់​ឯង​ទៅ អញ​នឹង​ជះ​លាមក​ទៅ​លើ​មុខ​ឯង​រាល់​គ្នា គឺ​ជា​លាមក​ពី​តង្វាយ​យញ្ញ‌បូជា​របស់​ឯង ហើយ​គេ​នឹង​ដឹក​ឯង​ចេញ​ទៅ​ជា​មួយ​ផង
4 នោះ​ឯង​រាល់​គ្នា​នឹង​ថា អញ​បាន​ឲ្យ​សេចក្ដី​បង្គាប់​នេះ មក​ដល់​ឯង​ហើយ ដើម្បី​ឲ្យ​សេចក្ដី​សញ្ញា​របស់​អញ​បាន​នៅ​ជា​មួយ​នឹង​ពួក​លេវី នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ
5 ឯ​សេចក្ដី​សញ្ញា​ដែល​អញ​បាន​តាំង​នឹង​គេ នោះ​គឺ​ជា​ជីវិត ហើយ​ជា​សេចក្ដី​សុខ អញ​បាន​ឲ្យ​ដល់​គេ ដើម្បី​ឲ្យ​គេ​បាន​កោត‌ខ្លាច​ដល់​អញ ព្រម​ទាំង​មាន​សេចក្ដី​ភ័យ‌ញ័រ នៅ​ចំពោះ​ឈ្មោះ​អញ
6 គេ​មាន​ច្បាប់​ដ៏​ពិត​នៅ​ក្នុង​មាត់ ហើយ​មិន​ឃើញ​មាន​សេចក្ដី​ទុច្ចរិត​នៅ​បបូរ​មាត់​គេ​ឡើយ គេ​បាន​ដើរ​ជា​មួយ​នឹង​អញ​ដោយ​សេចក្ដី​សុខ និង​សេចក្ដី​ទៀង​ត្រង់ ក៏​បាន​បំបែរ​មនុស្ស​ជា​ច្រើន ចេញ​ពី​សេចក្ដី​ទុច្ចរិត
7 ដ្បិត​គួរ​ឲ្យ​បបូរ​មាត់​របស់​សង្ឃ​រក្សា​ទុក​នូវ​យោបល់ ហើយ​គួរ​ឲ្យ​មនុស្ស​ស្វែង​រក​ក្រឹត្យ‌វិន័យ​ពី​មាត់​គេ ដ្បិត​គេ​ជា​ទូត​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ
8 តែ​ឯង​រាល់​គ្នា​បាន​ទាស​ចេញ​ពី​ផ្លូវ ក៏​បាន​នាំ​ឲ្យ​មនុស្ស​ជា​ច្រើន​ជំពប់​ដួល​ក្នុង​ក្រឹត្យ‌វិន័យ​ដែរ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ឯង​រាល់​គ្នា​បាន​បង្ខូច​សេចក្ដី​សញ្ញា​របស់​លេវី​ហើយ
9 ហេតុ​នោះ​អញ​ក៏​បាន​ធ្វើ​ឲ្យ​ឯង​រាល់​គ្នា​ជា​ទី​មើល‌ងាយ នៅ​ចំពោះ​មុខ​ជន​ទាំង‌ឡាយ​ដែរ ពី​ព្រោះ​ឯង​រាល់​គ្នា​មិន​បាន​កាន់​តាម​អស់​ទាំង​ផ្លូវ​របស់​អញ គឺ​បាន​យោគ‌យល់​មុខ​គេ​ក្នុង​ក្រឹត្យ‌វិន័យ​វិញ។
10 យើង​ទាំង​អស់​គ្នា តើ​មិន​មាន​ឪពុក​តែ​១​ទេ​ឬ តើ​មិន​មែន​ជា​ព្រះ​តែ​១ ដែល​បង្កើត​យើង​រាល់​គ្នា​មក​ទេ​ឬ​អី ហេតុ​អ្វី​បាន​ជា​យើង​ប្រព្រឹត្ត​ដោយ​ក្បត់ ចំពោះ​បង​ប្អូន​រៀង​ខ្លួន ទាំង​ធ្វើ​បង្អាប់​ដល់​សេចក្ដី​សញ្ញា​របស់​ពួក​អយ្យ‌កោ​យើង​ផង​ដូច្នេះ
11 យូដា​បាន​ក្បត់​ហើយ ក៏​មាន​គេ​ប្រព្រឹត្ត​អំពើ​គួរ​ស្អប់​ខ្ពើម នៅ​ក្នុង​ពួក​អ៊ីស្រា‌អែល ហើយ​នៅ​ក្រុង​យេរូ‌សាឡឹម​ដែរ ដ្បិត​យូដា​បាន​បង្គាប់​សេចក្ដី​ដែល​បរិសុទ្ធ​ដល់​ព្រះ‌យេហូវ៉ា​ជា​សេចក្ដី​ដែល​គួរ​ឲ្យ​គេ​បាន​ស្រឡាញ់​វិញ គឺ​បាន​យក​កូន​ស្រី​របស់​ព្រះ​ដទៃ​ធ្វើ​ជា​ប្រពន្ធ
12 ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​កាត់​មនុស្ស​ដែល​ប្រព្រឹត្ត​អំពើ​យ៉ាង​នោះ​ចេញ​ពី​ត្រសាល​យ៉ាកុប​ទៅ ទាំង​គ្រូ ទាំង​សិស្ស ហើយ​ទាំង​អ្នក​ដែល​យក​តង្វាយ មក​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ផង
13 ហើយ​មាន​ការ​នេះ​ដែល​ឯង​រាល់​គ្នា​ធ្វើ​ទៀត គឺ​ឯង​រាល់​គ្នា​គ្រប​បាំង​អាសនៈ​នៃ​ព្រះ‌យេហូវ៉ា ដោយ​ទឹក​ភ្នែក ដោយ​យំ​សោក ហើយ​ស្រែក​ថ្ងូរ ដល់‌ម៉្លេះ​បាន​ជា​ទ្រង់​មិន​ទត​មើល​តង្វាយ​ទៀត​ឡើយ ក៏​មិន​ទទួល​ពី​ដៃ​ឯង​រាល់​គ្នា ដោយ​ព្រះ‌ហឫទ័យ​ស្មោះ​ដែរ ទោះ​បើ​យ៉ាង​នោះ​គង់​តែ​ឯង​រាល់​គ្នា​សួរ​ថា ចុះ​ព្រោះ​ហេតុ​អ្វី
14 គឺ​ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​ជា​សាក្សី​ពី​ឯង និង​ប្រពន្ធ​ដែល​ឯង​បាន​គ្នា​ពី​កាល​ក្រមុំ​កំលោះ​នោះ ហើយ​ទោះ​បើ​នាង​ជា​គូ​របស់​ឯង និង​ជា​ប្រពន្ធ ដែល​ឯង​បាន​ចុះ​សញ្ញា​នឹង​គ្នា​ក៏​ដោយ គង់​តែ​ឯង​បាន​ប្រព្រឹត្ត ដោយ​ក្បត់​ចំពោះ​នាង​ដែរ
15 តើ​ទ្រង់​មិន​បាន​បង្កើត ឲ្យ​មាន​តែ​១​ទេ​ឬ ទោះ​បើ​ទ្រង់​មាន​ព្រះ‌វិញ្ញាណ​សល់​នៅ​ក៏​ដោយ ហើយ​ហេតុ​អ្វី​បាន​ជា​បង្កើត​តែ​មួយ ដូច្នេះ គឺ​ពី​ព្រោះ​ទ្រង់​ស្វែង​រក​ចង់​បាន​ពូជ​បរិសុទ្ធ ដូច្នេះ ចូរ​ប្រយ័ត ចំពោះ​វិញ្ញាណ​របស់​ឯង​ចុះ កុំ​ឲ្យ​ប្រព្រឹត្ត​ដោយ​មាន​ចិត្ត​ក្បត់ ចំពោះ​ប្រពន្ធ​ដែល​បាន​គ្នា ពី​កាល​នៅ​ក្រមុំ​កំលោះ​នោះ​ឡើយ
16 ដ្បិត​អញ​ស្អប់​ការ​លះ‌លែង​គ្នា​ណាស់ នេះ​ហើយ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល អញ​ក៏​ស្អប់​ទាំង​អ្នក​ដែល​គ្រលុំ​សម្លៀក‌បំពាក់​ខ្លួន ដោយ​ការ​ច្រឡោត​ដែរ នេះ​ហើយ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា នៃ​ពួក​ពល‌បរិវារ ដូច្នេះ ចូរ​ប្រយ័ត​ចំពោះ​វិញ្ញាណ​របស់​ឯង​ចុះ កុំ​ឲ្យ​ប្រព្រឹត្ត​ដោយ​ចិត្ត​ក្បត់​ឡើយ។
17 ឯង​រាល់​គ្នា​នាំ​ឲ្យ​ព្រះ‌យេហូវ៉ា​រំខាន​ព្រះ‌ហឫទ័យ​ដោយ​ពាក្យ​សំដី​របស់​ឯង ទោះ​បើ​យ៉ាង​នោះ ក៏​ឯង​រាល់​គ្នា​សួរ​ថា យើង​បាន​នាំ​ឲ្យ​ទ្រង់​រំខាន​ព្រះ‌ទ័យ​ឯ​ណា គឺ​ដោយ​ឯង​រាល់​គ្នា​ថា អស់​អ្នក​ណា​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់ នោះ​ល្អ​នៅ​ចំពោះ​ព្រះ‌នេត្រ​នៃ​ព្រះ‌យេហូវ៉ា​ហើយ ទ្រង់​ក៏​សព្វ​ព្រះ‌ហឫទ័យ​នឹង​គេ ឬ​ថា តើ​ព្រះ​នៃ​សេចក្ដី​យុត្តិ‌ធម៌​ទ្រង់​នៅ​ឯ​ណា។


ជំពូក 3

1 មើល អញ​ចាត់​ទូត​អញ​ឲ្យ​ទៅ គាត់​នឹង​រៀប‌ចំ​ផ្លូវ​នៅ​មុខ​អញ ហើយ​ព្រះ‌អម្ចាស់​ដែល​ឯង​រាល់​គ្នា​ស្វែង​រក​នោះ ទ្រង់​នឹង​លោ​តែ​មក​ដល់​ព្រះ‌វិហារ​របស់​ទ្រង់​ភ្លាម ឯ​ទូត​ដែល​នាំ​សេចក្ដី​សញ្ញា​មក ជា​សេចក្ដី​សញ្ញា​ដែល​ឯង​រាល់​គ្នា​ចង់​បាន​ទាំង​ម៉្លេះ​នោះ មើល​ន៏ ទ្រង់​យាង​មក នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ
2 តែ​មាន​អ្នក​ឯ​ណា​ធន់​នៅ​បាន ក្នុង​កាល​ដែល​ទ្រង់​យាង​មក​នោះ តើ​អ្នក​ណា​នឹង​ឈរ​នៅ ក្នុង​កាល​ដែល​ទ្រង់​លេច​មក ដ្បិត​ទ្រង់​ប្រៀប​ដូច​ជា​ភ្លើង​របស់​ជាង​សំរង ហើយ​ដូច​ជា​ក្បុង​របស់​ជាង​ប្រមោក
3 ទ្រង់​នឹង​គង់​ចុះ ដូច​ជា​ជាង​សំរង ហើយ​និង​ដេញ​អាចម៍​ប្រាក់ ទ្រង់​នឹង​សម្អាត​ពួក​កូន​ចៅ​លេវី ហើយ​សំរង​គេ​ដូច​ជា​មាស ហើយ​និង​ប្រាក់ នោះ​គេ​នឹង​ថ្វាយ​តង្វាយ​ដល់​ព្រះ‌យេហូវ៉ា ដោយ​សេចក្ដី​សុចរិត
4 គ្រា​នោះ តង្វាយ​របស់​ពួក​យូដា និង​ក្រុង​យេរូ‌សាឡឹម​នឹង​ជា​ទី​គាប់​ដល់​ព្រះ‌ហឫទ័យ​នៃ​ព្រះ‌យេហូវ៉ា​ដូច​កាល​ពី​ដើម គឺ​ដូច​កាល​ពី​ចាស់​បុរាណ​នោះ
5 ហើយ​អញ​នឹង​មក​ជិត​ឯង​រាល់​គ្នា ដើម្បី​នឹង​សម្រេច​តាម​សេចក្ដី​យុត្តិ‌ធម៌ អញ​នឹង​ធ្វើ​ជា​សាក្សី​យ៉ាង​រហ័ស ទាស់​នឹង​ពួក​គ្រូ​អាប‌ធ្មប់ ទាស់​នឹង​ពួក​កំផិត ទាស់​នឹង​ពួក​អ្នក​ដែល​ស្បថ​បំពាន ទាស់​នឹង​ពួក​ដែល​កេង​បំបាត់​ឈ្នួល​របស់​កូន​ឈ្នួល ព្រម​ទាំង​សង្កត់‌សង្កិន​ស្រី​មេម៉ាយ និង​មនុស្ស​កំព្រា​ផង ហើយ​ដែល​បង្វែរ​សេចក្ដី​យុត្តិ‌ធម៌ ចេញ​ពី​ពួក​អ្នក​ដែល​ស្នាក់​នៅ ឥត​កោត‌ខ្លាច​ដល់​អញ​ដែរ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ។
6 ដ្បិត​អញ គឺ​យេហូវ៉ា អញ​មិន​ប្រែ‌ប្រួល​ឡើយ ហេតុ​នោះ ឱ​ពួក​កូន​ចៅ​យ៉ាកុប អើយ ឯង​រាល់​គ្នា​មិន​បាន​ត្រូវ​វិនាស​ទេ។
7 ឯង​រាល់​គ្នា​បាន​បោះ‌បង់​ចោល​សេចក្ដី​បញ្ញត្ត​របស់​អញ ចាប់​តាំង​ពី​គ្រា​ពួក​អយ្យ‌កោ​រៀង​មក ឥត​កាន់​តាម​ឡើយ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​បង្គាប់​ថា ចូរ​វិល​មក​ឯ​អញ​វិញ​ចុះ នោះ​អញ​នឹង​ត្រឡប់​មក​ឯ​ឯង​ដែរ តែ​ឯង​រាល់​គ្នា​ថា តើ​យើង​នឹង​វិល​ទៅ​យ៉ាង​ដូច​ម្តេច
8 ចុះ​តើ​មនុស្ស​នឹង​កោង​យក​របស់​ព្រះ​ឬ ប៉ុន្តែ ឯង​រាល់​គ្នា​បាន​កោង​យក​របស់​អញ​ហើយ រួច​បែរ​ជា​សួរ​ថា តើ​យើង​បាន​កោង​យក​របស់​ទ្រង់​ឯ​ណា គឺ​ក្នុង​តង្វាយ​១​ភាគ​ក្នុង​១០ ហើយ​ក្នុង​តង្វាយ​លើក​ចុះ​ឡើង​នោះ​ឯង
9 ឯង​រាល់​គ្នា គឺ​មនុស្ស​នៅ​នគរ​នេះ​ទាំង​មូល ត្រូវ​បណ្តាសា​ហើយ ដោយ​ព្រោះ​តែង‌តែ​កោង​យក​របស់​អញ​យ៉ាង​ដូច្នេះ
10 ចូរ​នាំ​យក​តង្វាយ​១​ភាគ​ក្នុង​១០​ទាំង​អស់​មក​ដាក់​ក្នុង​ឃ្លាំង​ចុះ ដើម្បី​ឲ្យ​មាន​ស្បៀង​អាហារ​នៅ​ក្នុង​ដំណាក់​នៃ​អញ ហើយ​ល្បង‌ល​អញ​ឥឡូវ បើ​អញ​មិន​បើក​ទ្វារ​ស្ថាន‌សួគ៌ ដើម្បី​ចាក់​ព្រះ‌ពរ​មក​លើ​ឯង ដែល​នឹង​គ្មាន​កន្លែង​ល្មម​ទុក​បាន​ទេ នេះ​ហើយ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ
11 ដូច្នេះ ដោយ​យល់​ដល់​ឯង​រាល់​គ្នា នោះ​អញ​នឹង​បន្ទោស​ដល់​សត្វ​ដែល​ស៊ី​បង្ខូច មិន​ឲ្យ​វា​បំផ្លាញ​ផល​ដែល​កើត​ពី​ដី​ឯង​ឡើយ ឯ​ដើម​ទំពាំង‌បាយ‌ជូរ​នៅ​ចម្ការ​របស់​ឯង ក៏​មិន​ជំរុះ​ផ្លែ​ពី​កាល​នៅ​ក្តឹប​ដែរ នេះ​ហើយ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ
12 យ៉ាង​នោះ​គ្រប់​ទាំង​សាសន៍​នឹង​ថា ឯង​រាល់​គ្នា​មាន​ពរ ដ្បិត​ស្រុក​របស់​ឯង​រាល់​គ្នា​នឹង​បាន​ជា​ស្រុក​សប្បាយ​ណាស់ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ។
13 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ពាក្យ​សំដី​របស់​ឯង​រាល់​គ្នា​បាន​ទាស់​នឹង​អញ​ជា​ខ្លាំង ទោះ​បើ​យ៉ាង​នោះ​ក៏​ឯង​រាល់​គ្នា​ថា យើង​បាន​និយាយ​អ្វី​ទាស់​នឹង​ទ្រង់
14 គឺ​ឯង​រាល់​គ្នា​ពោល​ថា ការ​ដែល​ខំ​គោរព​តាម​ព្រះ នោះ​ឥត​អំពើ​ទេ ហើយ​ដែល​យើង​បាន​រក្សា​បញ្ញើ​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ព្រម​ទាំង​ដើរ​នៅ​ចំពោះ​ទ្រង់​ដោយ​កាន់​ទុក្ខ​ដូច្នេះ តើ​មាន​ប្រយោជន៍​អ្វី
15 ឥឡូវ​នេះ យើង​រាប់​មនុស្ស​ឆ្មើង‌ឆ្មៃ​ទុក​ជា​សប្បាយ​ហើយ អើ ពួក​អ្នក​ដែល​ប្រព្រឹត្ត​ការ​អាក្រក់​បាន​តាំង​ឡើង អើ គេ​ល្បង‌ល​ព្រះ ហើយ​ក៏​រួច​ផង។
16 គ្រា​នោះ ពួក​អ្នក​ដែល​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​ក៏​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​ប្រុង​ស្តាប់ ក៏​បាន​ឮ រួច​មាន​សៀវភៅ​រំឭក​បាន​កត់​ទុក នៅ​ចំពោះ​ព្រះ‌យេហូវ៉ា សម្រាប់​ពួក​អ្នក​ដែល​កោត‌ខ្លាច​ដល់​ទ្រង់ និង​ពួក​អ្នក​ដែល​នឹក​ដល់​ព្រះ‌នាម​ទ្រង់
17 ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា នៅ​ថ្ងៃ​ដែល​អញ​ធ្វើ​ការ​នេះ នោះ​គេ​នឹង​បាន​ជា​របស់​ផង​អញ គឺ​ជា​របស់​ផង​អញ​ពិត ហើយ​អញ​នឹង​ប្រណី​ដល់​គេ ដូច​ជា​មនុស្ស​ប្រណី​ដល់​កូន​ខ្លួន​ដែរ គឺ​ជា​កូន​ដែល​គោរព​ដល់​ខ្លួន​ពិត
18 គ្រា​នោះ​ឯង​រាល់​គ្នា​នឹង​ត្រឡប់​ជា​ចេះ​ញែក​សេចក្ដី​សុចរិត និង​សេចក្ដី​អាក្រក់​ចេញ​ពី​គ្នា ហើយ​និង​មនុស្ស​ដែល​គោរព​ដល់​ព្រះ និង​មនុស្ស​ដែល​មិន​គោរព​ផង។


ជំពូក 4

1 ដ្បិត​មើល ថ្ងៃ​នោះ​កំពុង​តែ​មក​ដល់ ថ្ងៃ​នោះ​ឆេះ​ធ្លោ ដូច​ជា​គុក​ភ្លើង នោះ​អស់​ពួក​អ្នក​ឆ្មើង‌ឆ្មៃ ហើយ​និង​អស់​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់ គេ​នឹង​ដូច​ជា​ជញ្ជ្រាំង ហើយ​ថ្ងៃ​ដែល​ត្រូវ​មក​ដល់​នោះ នឹង​ឆេះ​បន្សុស​គេ​ទាំង​អស់​ទៅ ឥត​ទុក​ឲ្យ​គេ​មាន​ឫស ឬ​មែក​នៅ​សល់​ឡើយ នេះ​ហើយ ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ
2 តែ​ព្រះ‌អាទិត្យ នៃ​សេចក្ដី​សុចរិត​នឹង​រះ​ឡើង មាន​ទាំង​អំណាច​ប្រោស​ឲ្យ​ជា នៅ​ក្នុង​ចំអេង​ស្លាប សម្រាប់​ឯង​រាល់​គ្នា​ដែល​កោត‌ខ្លាច​ដល់​ឈ្មោះ​អញ នោះ​ឯង​រាល់​គ្នា​នឹង​ចេញ​ទៅ លោត‌កញ្ឆេង​ដូច​ជា​កូន​គោ ដែល​លែង​ចេញ​ពី​ក្រោល
3 ហើយ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា នៅ​ថ្ងៃ​ដែល​ធ្វើ​ការ​នោះ ឯង​រាល់​គ្នា​នឹង​ជាន់​ឈ្លី​ពួក​អាក្រក់​បង់ ដ្បិត​គេ​នឹង​ដូច​ជា​ផេះ​នៅ​ក្រោម​បាទ​ជើង​របស់​ឯង​រាល់​គ្នា។
4 ចូរ​នឹក​ចាំ​ពី​ក្រឹត្យ‌វិន័យ​របស់​លោក​ម៉ូសេ ជា​អ្នក​បម្រើ​អញ ដែល​អញ​បាន​បង្គាប់​ដល់​លោក នៅ​លើ​ភ្នំ​ហោរែប​សម្រាប់​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា គឺ​អស់​ទាំង​ក្រឹត្យ‌ក្រម និង​បញ្ញត្ត​ច្បាប់​ទាំង​ប៉ុន្មាន​នោះ
5 មើល មុន​ដែល​ថ្ងៃ​ដ៏​ធំ ហើយ​គួរ​ស្ញែង​ខ្លាច​របស់​ព្រះ‌យេហូវ៉ា​បាន​មក​ដល់ នោះ​អញ​នឹង​ចាត់​អេលីយ៉ា​ឲ្យ​មក​ឯ​ឯង​រាល់​គ្នា
6 លោក​នឹង​បង្វែរ​ចិត្ត​ពួក​ឪពុក​មក​ឯ​កូន និង​ចិត្ត​កូន​មក​ឯ​ឪពុក​វិញ ក្រែង​អញ​មក​វាយ​ផែនដី​ដោយ​សេចក្ដី​បណ្តាសា។:៚ សញ្ញា​ចាស់​ចប់​ប៉ុណ្ណេះ