ជំពូក 1
1 នេះបញ្ជីពង្សាវតារពីព្រះយេស៊ូវគ្រីស្ទ ជាវង្សាហ្លួងដាវីឌ និងជាជំនួរវង្សនៃលោកអ័ប្រាហាំដែរ
2 អ័ប្រាហាំបង្កើតអ៊ីសាកៗ បង្កើតយ៉ាកុបៗ បង្កើតយូដា ហើយនិងបងប្អូនគាត់
3 យូដាយកនាងតាម៉ារ បង្កើតបានពេរេស និងសេរ៉ាស ពេរេសបង្កើតហេស្រុនៗ បង្កើតអើរ៉ាម
4 អើរ៉ាមបង្កើតអ័មីន៉ាដាប់ៗ បង្កើតណាសូនៗ បង្កើតសាលម៉ូន
5 សាលម៉ូនយកនាងរ៉ាហាប បង្កើតបានបូអូសៗ យកនាងរស់ បង្កើតបានអូបិឌៗ បង្កើតអ៊ីសាយ
6 អ៊ីសាយបង្កើតដាវីឌដ៏ជាស្តេច ស្តេចដាវីឌយកប្រពន្ធរបស់អ៊ូរី បង្កើតបានសាឡូម៉ូន
7 សាឡូម៉ូនបង្កើតរេហូបោមៗ បង្កើតអ័ប៊ីយ៉ា អ័ប៊ីយ៉ាបង្កើតអេសា
8 អេសាបង្កើតយ៉ូសាផាតៗ បង្កើតយ៉ូរ៉ាមៗ បង្កើតអូសៀស
9 អូសៀសបង្កើតយ៉ូថាមៗ បង្កើតអេហាសៗ បង្កើតអេសេគាស
10 អេសេគាសបង្កើតម៉ាន៉ាសេៗ បង្កើតអាំម៉ូនៗ បង្កើតយ៉ូសៀស
11 យ៉ូសៀសបង្កើតយេកូនាស ហើយនិងបងប្អូនគាត់ នៅគ្រាដែលត្រូវនិរទេសទៅស្រុកបាប៊ីឡូន
12 ក្រោយដែលត្រូវនិរទេសទៅស្រុកបាប៊ីឡូនហើយ នោះយេកូនាសបង្កើតបានសាលធាលៗ បង្កើតសូរ៉ូបាបិល
13 សូរ៉ូបាបិលបង្កើតអ័ប៊ីយុឌៗ បង្កើតអេលាគីមៗ បង្កើតអេសូរ
14 អេសូរបង្កើតសាដុកៗ បង្កើតអេគីមៗ បង្កើតអេលីយុឌ
15 អេលីយុឌបង្កើតអេលាសារៗ បង្កើតម៉ាថានៗ បង្កើតយ៉ាកុប
16 យ៉ាកុបបង្កើតយ៉ូសែប ជាប្ដីនាងម៉ារា មាតាព្រះយេស៊ូវ ដែលហៅថា «ព្រះគ្រីស្ទ»
17 ដូច្នេះ តាំងពីអ័ប្រាហាំ ដរាបមកដល់ហ្លួងដាវីឌ រួមទាំងអស់មាន១៤តំណ តាំងពីហ្លួងដាវីឌ ដរាបមកដល់គ្រាដែលត្រូវនិរទេសទៅស្រុកបាប៊ីឡូន ក៏មាន១៤តំណ ហើយតាំងពីគ្រាដែលត្រូវនិរទេសទៅស្រុកបាប៊ីឡូន ដរាបមកដល់ព្រះគ្រីស្ទ ក៏មាន១៤តំណដែរ។
18 រីឯកំណើតព្រះយេស៊ូវគ្រីស្ទ នោះបានកើតមកយ៉ាងដូច្នេះ គឺនាងម៉ារា មាតាទ្រង់ កាលដែលយ៉ូសែបបានដណ្តឹងនាងហើយ នោះនាងមានគភ៌ ដោយព្រះវិញ្ញាណបរិសុទ្ធ មុនដែលបាននៅជាមួយគ្នា
19 ឯយ៉ូសែប ប្ដីនាង ជាមនុស្សសុចរិត គាត់មិនចង់បើករឿងនាងឲ្យគេដឹងទេ បានជាគាត់គិតលែងនាងចេញ ដោយសម្ងាត់វិញ
20 កាលដែលគាត់កំពុងតែគិតពីការនោះ ស្រាប់តែមានទេវតានៃព្រះអម្ចាស់លេចមកពន្យល់សប្តិប្រាប់គាត់ថា យ៉ូសែបពូជហ្លួងដាវីឌអើយ កុំឲ្យខ្លាចនឹងយកនាងម៉ារាជាប្រពន្ធអ្នកឡើយ ដ្បិតបុត្រដែលមកចាប់ទំផ្ទៃនាង នោះកើតពីព្រះវិញ្ញាណបរិសុទ្ធទេ
21 នាងនឹងប្រសូតបុត្រា១ ហើយអ្នកត្រូវថ្វាយព្រះនាមថា «យេស៊ូវ» ព្រោះបុត្រនោះនឹងជួយសង្គ្រោះរាស្ត្រទ្រង់ ឲ្យរួចពីបាប
22 ការទាំងនោះកើតមក ដើម្បីឲ្យបានសម្រេចសេចក្ដី ដែលព្រះអម្ចាស់ទ្រង់មានព្រះបន្ទូល ដោយសារហោរាថា
23 «មើល នាងព្រហ្មចារីនឹងមានគភ៌ប្រសូតបានបុត្រា១ ហើយព្រះនាមបុត្រនោះត្រូវហៅថា អេម៉ាញូអែល» ដែលប្រែថា ព្រះអង្គទ្រង់គង់ជាមួយនឹងយើងខ្ញុំ
24 លុះយ៉ូសែបភ្ញាក់ពីដេកឡើង នោះគាត់ក៏ធ្វើតាមបង្គាប់របស់ទេវតានៃព្រះអម្ចាស់ គឺគាត់យកប្រពន្ធមកនៅជាមួយ
25 តែមិនបានរួមរស់នឹងនាងសោះ ទាល់តែនាងប្រសូតបុត្រជាចម្បងមក រួចគាត់ថ្វាយព្រះនាមថា «យេស៊ូវ»។
ជំពូក 2
1 កាលព្រះយេស៊ូវទ្រង់ប្រសូតមក នៅភូមិបេថ្លេហិម ស្រុកយូដា ក្នុងរាជ្យស្តេចហេរ៉ូឌ នោះមានពួកហោរ ពីទិសខាងកើត មកដល់ក្រុងយេរូសាឡឹម សួរថា
2 តើព្រះអង្គដែលប្រសូតមក ធ្វើជាស្តេចសាសន៍យូដា ទ្រង់គង់នៅឯណា ពីព្រោះយើងបានឃើញផ្កាយរបស់ទ្រង់ ពីទិសខាងកើតមក ហើយយើងមកថ្វាយបង្គំទ្រង់។
3 កាលស្តេចហេរ៉ូឌបានឮ នោះទ្រង់មានសេចក្ដីវិតក្កព្រួយ ព្រមទាំងពួកអ្នកនៅក្រុងយេរូសាឡឹមទាំងអស់គ្នាផង
4 កាលបានប្រជុំពួកសង្គ្រាជ និងពួកអាចារ្យនៃបណ្តាជនមកសាកសួរពីព្រះគ្រីស្ទ ដែលទ្រង់ត្រូវប្រសូតនៅឯណា
5 នោះគេក៏ទូលទ្រង់ថា នៅឯភូមិបេថ្លេហិមក្នុងស្រុកយូដា ព្រោះហោរាបានចែងសេចក្ដីទុកមកដូច្នេះថា
6 «ឯឯងបេថ្លេហិម ស្រុកយូដាអើយ ឯងមិនមែនតូចជាងគេ ក្នុងពួកចៅហ្វាយនៅស្រុកយូដាទេ ដ្បិតនឹងមានចៅហ្វាយ១ចេញពីឯងមក ចៅហ្វាយនោះនឹងឃ្វាលអ៊ីស្រាអែល ជារាស្ត្រអញ» ។
7 នោះស្តេចហេរ៉ូឌក៏ហៅពួកហោរនោះមកដោយសម្ងាត់ សាកសួរយ៉ាងម៉ត់ចត់ ពីផ្កាយនោះបានលេចមកពីកាលណា
8 រួចទ្រង់ចាត់គេឲ្យទៅឯបេថ្លេហិម ដោយបង្គាប់ថា ចូរអ្នករាល់គ្នាទៅស៊ើបដំណឹង ពីកូនតូចនោះឲ្យច្បាស់លាស់ កាលណាបានឃើញហើយ នោះត្រូវមកប្រាប់ដល់យើងវិញ ដើម្បីឲ្យយើងបានទៅថ្វាយបង្គំដែរ
9 កាលគេបានទទួលបង្គាប់នៃស្តេចស្រេចហើយ នោះក៏នាំគ្នាចេញទៅ ឯផ្កាយដែលគេបានឃើញពីទិសខាងកើត នោះក៏នាំមុខគេ ដរាបដល់ចំពីលើកន្លែងដែលបុត្រតូចនៅ ទើបឈប់
10 គេមានសេចក្ដីអំណរជាខ្លាំងក្រៃ ដោយឃើញផ្កាយនោះ
11 ហើយក៏ចូលទៅក្នុងផ្ទះ ឃើញបុត្រតូចនៅជាមួយនឹងម៉ារា ជាមាតា រួចក៏ក្រាបថ្វាយបង្គំ ព្រមទាំងបើកយកទ្រព្យដ៏វិសេសរបស់ខ្លួន ថ្វាយតង្វាយជាមាស ជាកំញាន ជាជ័រល្វីងទេស ដល់បុត្រនោះ
12 រួចវិលទៅស្រុកគេវិញ តាមផ្លូវមួយទៀតទៅ ដោយព្រោះព្រះទ្រង់ពន្យល់សប្តិប្រាប់ មិនឲ្យត្រឡប់ទៅឯហេរ៉ូឌវិញឡើយ។
13 កាលគេចេញទៅបាត់ហើយ នោះទេវតានៃព្រះអម្ចាស់ក៏លេចមក ពន្យល់សប្តិប្រាប់យ៉ូសែបថា ចូរក្រោកឡើង នាំបុត្រតូច និងមាតាទ្រង់ រត់ទៅឯស្រុកអេស៊ីព្ទទៅ ឲ្យនៅស្រុកនោះទាល់តែយើងប្រាប់ ដ្បិតហេរ៉ូឌនឹងរកសម្លាប់បុត្រតូច
14 គាត់ក៏ក្រោកឡើងទាំងយប់ នាំបុត្រតូច និងមាតាទ្រង់ ចេញទៅនៅស្រុកអេស៊ីព្ទវិញ
15 ក៏នៅស្រុកនោះ ដរាបដល់ហេរ៉ូឌសុគត ដើម្បីឲ្យបានសម្រេចសេចក្ដីដែលព្រះអម្ចាស់ទ្រង់ប្រាប់ ដោយសារហោរាថា «អញបានហៅកូនអញ ចេញពីស្រុកអេស៊ីព្ទមក» ។
16 លុះហេរ៉ូឌឃើញថា ពួកហោរបានបញ្ឆោតទ្រង់ នោះទ្រង់មានសេចក្ដីក្រេវក្រោធជាខ្លាំង ក៏ចាត់គេឲ្យទៅសម្លាប់អស់ទាំងកូនប្រុសៗនៅបេថ្លេហិម និងក្នុងក្រវល់ស្រុកនោះទាំងអស់ តាំងពីអាយុ២ឆ្នាំចុះមក តាមកំណត់ថ្ងៃដែលទ្រង់បានសួរពួកហោរយ៉ាងម៉ត់ចត់
17 នោះបានសម្រេចសេចក្ដីទំនាយ ដែលហោរាយេរេមា បានទាយទុកមកថា
18 «មានឮសំឡេងនៅរ៉ាម៉ា ជាសូរទំនួញយំសោក ហើយកាន់ទុក្ខ គឺនាងរ៉ាជែលយំនឹងកូននាង ហើយមិនព្រមក្សាន្តចិត្តសោះ ដ្បិតកូននាងវិនាសបាត់ហើយ» ។
19 លុះហេរ៉ូឌបានសុគតរួចហើយ នោះទេវតានៃព្រះអម្ចាស់លេចមក ពន្យល់សប្តិប្រាប់យ៉ូសែប នៅស្រុកអេស៊ីព្ទថា
20 ចូរក្រោកឡើង នាំបុត្រតូច និងមាតាទ្រង់ ទៅនៅឯស្រុកអ៊ីស្រាអែលវិញទៅ ដ្បិតអស់ពួកអ្នកដែលរកសម្លាប់បុត្រតូច បានស្លាប់អស់ហើយ
21 គាត់ក៏ក្រោកឡើង នាំបុត្រតូច និងមាតាទ្រង់ ទៅឯស្រុកអ៊ីស្រាអែលវិញ
22 ប៉ុន្តែ គាត់ឮថា អើខេឡោសបានសោយរាជ្យនៅស្រុកយូដា ជំនួសហេរ៉ូឌ ជាបិតាទ្រង់ នោះគាត់ខ្លាចមិនហ៊ានទៅឯទីនោះទេ ក៏ចេញទៅនៅស្រុកកាលីឡេវិញ តាមដែលព្រះទ្រង់បានពន្យល់សប្តិប្រាប់គាត់
23 រួចគាត់តាំងទីលំនៅ នៅភូមិណាសារ៉ែត ដើម្បីឲ្យបានសម្រេចសេចក្ដីដែលពួកហោរាបានទាយថា «គេនឹងហៅទ្រង់ជាអ្នកស្រុកណាសារ៉ែត»។
ជំពូក 3
1 នៅគ្រានោះ យ៉ូហាន-បាទីស្ទ គាត់មកនៅក្នុងទីរហោស្ថានស្រុកយូដា កំពុងតែប្រកាសថា
2 ចូរឲ្យប្រែចិត្តចុះ ដ្បិតនគរស្ថានសួគ៌ជិតដល់ហើយ
3 គឺពីអ្នកនេះហើយ ដែលហោរាអេសាយបានទាយថា «មានសំឡេងនៃមនុស្សម្នាក់ កំពុងតែស្រែកនៅទីរហោស្ថានថា ចូររៀបចំផ្លូវទទួលព្រះអម្ចាស់ ចូរតម្រង់ផ្លូវតូចថ្វាយទ្រង់ចុះ»
4 ឯយ៉ូហាននេះ គាត់ពាក់អាវរោមអូដ្ឋ ហើយមានខ្សែក្រវាត់ស្បែកនៅចង្កេះ ក៏មានកណ្តូប និងទឹកឃ្មុំព្រៃជាអាហារ។
5 នោះពួកក្រុងយេរូសាឡឹម និងពួកស្រុកយូដាទាំងអស់ ព្រមទាំងមនុស្សដែលនៅក្រវល់ជុំវិញទន្លេយ័រដាន់ គេចេញមកឯគាត់
6 ក៏លន់តួបាប ហើយទទួលបុណ្យជ្រមុជពីគាត់ ក្នុងទន្លេយ័រដាន់ទាំងអស់គ្នា
7 តែកាលគាត់ឃើញពួកផារីស៊ី និងពួកសាឌូស៊ី មកទទួលបុណ្យជ្រមុជពីគាត់ជាច្រើនដែរ នោះក៏សួរគេថា ឱពូជពស់វែកអើយ តើអ្នកណាបានប្រាប់ ឲ្យអ្នករាល់គ្នារត់ចេញពីសេចក្ដីក្រោធដែលត្រូវមកដូច្នេះ
8 បើយ៉ាងនេះ ចូរអ្នករាល់គ្នាបង្កើតផល ដែលសំណំនឹងសេចក្ដីប្រែចិត្តនោះចុះ
9 ហើយកុំឲ្យគិតក្នុងចិត្តថា មានលោកអ័ប្រាហាំជាឪពុកខ្លួននោះឡើយ ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា ព្រះទ្រង់អាចនឹងបង្កើតកូនឲ្យលោកអ័ប្រាហាំ ពីថ្មទាំងនេះក៏បានដែរ
10 ប៉ុន្តែ ឥឡូវនេះ ពូថៅបានដាក់នៅឫសដើមឈើហើយ ដូច្នេះ អស់ទាំងដើមណាដែលកើតផ្លែមិនល្អ នោះត្រូវកាប់បោះចោលទៅក្នុងភ្លើង
11 ឯខ្ញុំ ពិតមែនជាធ្វើបុណ្យជ្រមុជឲ្យអ្នករាល់គ្នាដោយទឹក ពីព្រោះមានសេចក្ដីប្រែចិត្ត តែព្រះអង្គដែលយាងមកក្រោយខ្ញុំ ទ្រង់មានអំណាចលើសជាងខ្ញុំទៅទៀត ខ្ញុំមិនគួរនឹងកាន់សុព័ណ៌បាទទ្រង់ទេ ព្រះអង្គនោះនឹងធ្វើបុណ្យជ្រមុជឲ្យអ្នករាល់គ្នា ដោយព្រះវិញ្ញាណបរិសុទ្ធ ហើយនិងភ្លើងវិញ
12 ទ្រង់កាន់ចង្អេរនៅព្រះហស្ត ទ្រង់នឹងបោសរំលីងទីលានទ្រង់ ហើយនិងប្រមូលស្រូវទ្រង់ មកដាក់ក្នុងជង្រុក តែអង្កាម ទ្រង់នឹងដុតក្នុងភ្លើងដែលពន្លត់មិនបានវិញ។
13 នោះព្រះយេស៊ូវទ្រង់យាងពីស្រុកកាលីឡេ មកឯយ៉ូហានត្រង់ទន្លេយ័រដាន់ ដើម្បីនឹងទទួលបុណ្យជ្រមុជពីគាត់
14 តែយ៉ូហានប្រកែកថា ដូចម្តេចបានជាទ្រង់យាងមកឯទូលបង្គំ គឺទូលបង្គំដែលត្រូវទទួលបុណ្យជ្រមុជពីទ្រង់វិញទេតើ
15 ព្រះយេស៊ូវមានព្រះបន្ទូលថា ចូរធ្វើម្តងនេះចុះ ដ្បិតគួរឲ្យយើងធ្វើសម្រេចតាមគ្រប់ទាំងសេចក្ដីសុចរិតយ៉ាងដូច្នេះ រួចគាត់ក៏ព្រមធ្វើ
16 កាលព្រះយេស៊ូវបានទទួលបុណ្យជ្រមុជហើយ នោះទ្រង់យាងឡើងពីទឹកភ្លាម ស្រាប់តែមេឃក៏របើកឡើង ឲ្យទ្រង់ឃើញព្រះវិញ្ញាណនៃព្រះ យាងចុះមកដូចជាសត្វព្រាប ក៏សណ្ឋិតលើទ្រង់
17 នោះមានឮសំឡេងចេញពីមេឃថា នេះជាកូនស្ងួនភ្ងារបស់អញ ជាទីពេញចិត្តអញណាស់។
ជំពូក 4
1 គ្រានោះ ព្រះវិញ្ញាណក៏នាំព្រះយេស៊ូវទៅឯទីរហោស្ថាន ដើម្បីឲ្យត្រូវអារក្សល្បួង
2 កាលទ្រង់បានតម៤០ថ្ងៃ ៤០យប់ហើយ ក្រោយមក ទ្រង់ឃ្លាន
3 រួចមេល្បួងក៏មកទូលទ្រង់ថា បើអ្នកជាព្រះរាជបុត្រានៃព្រះមែន ចូរបង្គាប់ឲ្យថ្មទាំងនេះត្រឡប់ជានំបុ័ងទៅ
4 តែទ្រង់មានព្រះបន្ទូលតបថា មានសេចក្ដីចែងទុកមកដូច្នេះ «មនុស្សមិនមែនរស់ដោយសារតែនំបុ័ង ប៉ុណ្ណោះទេ គឺរស់ដោយសារគ្រប់ទាំងព្រះបន្ទូល ដែលចេញពីព្រះឱស្ឋព្រះមកដែរ» ។
5 នោះអារក្សក៏នាំទ្រង់ទៅឯក្រុងបរិសុទ្ធ ដាក់លើកំពូលព្រះវិហារ ទូលថា
6 បើអ្នកជាព្រះរាជបុត្រានៃព្រះមែន ចូរទម្លាក់ខ្លួនទៅក្រោមចុះ ដ្បិតមានសេចក្ដីចែងទុកមកថា «ទ្រង់នឹងបង្គាប់ពួកទេវតានៃទ្រង់ពីដំណើរអ្នក ទេវតានឹងទ្រអ្នកដោយដៃ ក្រែងលោជើងអ្នកទង្គិចនឹងថ្ម»
7 ព្រះយេស៊ូវមានព្រះបន្ទូលទៅវាថា មានសេចក្ដីចែងទុកដូច្នេះទៀត «កុំឲ្យឯងល្បួងព្រះអម្ចាស់ ជាព្រះនៃឯងឡើយ» ។
8 មួយទៀត អារក្សបាននាំទ្រង់ទៅលើកំពូលភ្នំយ៉ាងខ្ពស់ ក៏បង្ហាញអស់ទាំងនគរក្នុងលោកីយ៍ និងសិរីលំអរបស់នគរទាំងនោះថ្វាយទ្រង់ទត
9 រួចទូលថា បើសិនជាអ្នកក្រាបថ្វាយបង្គំខ្ញុំ នោះខ្ញុំនឹងឲ្យរបស់ទាំងនេះដល់អ្នក
10 នោះព្រះយេស៊ូវមានព្រះបន្ទូលតបថា នែ សាតាំង ចូរឯងថយចេញពីអញទៅ ដ្បិតមានសេចក្ដីចែងទុកមកថា «ឯងត្រូវថ្វាយបង្គំដល់ព្រះអម្ចាស់ ជាព្រះនៃឯង ហើយត្រូវគោរពដល់ទ្រង់តែមួយព្រះអង្គប៉ុណ្ណោះ»
11 ដូច្នេះ អារក្សក៏ថយចេញពីទ្រង់ទៅ រួចមានពួកទេវតាមកបម្រើទ្រង់។
12 កាលព្រះយេស៊ូវឮថា គេបានបញ្ជូនយ៉ូហានទៅហើយ នោះទ្រង់យាងថយទៅ គង់នៅឯស្រុកកាលីឡេវិញ
13 រួចទ្រង់ចេញពីណាសារ៉ែត ទៅគង់នៅឯក្រុងកាពើណិមវិញ ជាក្រុងនៅមាត់សមុទ្រ ត្រង់ព្រំប្រទល់ដែនខេត្តសាប់យូល៉ូន និងណែបថាលី
14 ដើម្បីឲ្យបានសម្រេចទំនាយ ដែលហោរាអេសាយបានទាយថា
15 «ស្រុកសាប់យូល៉ូន និងណែបថាលី តាមផ្លូវទៅឯសមុទ្រ ខាងនាយទន្លេយ័រដាន់ គឺជាស្រុកកាលីឡេរបស់សាសន៍ដទៃ
16 ឯបណ្តាជន ដែលអង្គុយក្នុងសេចក្ដីងងឹត គេបានឃើញពន្លឺយ៉ាងធំ មានពន្លឺរះឡើង បំភ្លឺដល់ពួកអ្នកដែលអង្គុយក្នុងកំលុង ហើយនិងម្លប់នៃសេចក្ដីស្លាប់»
17 តាំងពីគ្រានោះមក ព្រះយេស៊ូវក៏ចាប់តាំងប្រកាសដោយព្រះបន្ទូលថា ចូរប្រែចិត្តឡើង ដ្បិតនគរស្ថានសួគ៌ជិតដល់ហើយ។
18 កាលព្រះយេស៊ូវទ្រង់កំពុងយាងតាមឆ្នេរសមុទ្រកាលីឡេ នោះក៏ទតឃើញបងប្អូន២នាក់ ជាអ្នកនេសាទត្រី គឺស៊ីម៉ូន ដែលហៅថា ពេត្រុស និងអនទ្រេជាប្អូន កំពុងតែបង់សំណាញ់ក្នុងសមុទ្រ
19 រួចទ្រង់មានព្រះបន្ទូលទៅគេថា ចូរមកតាមខ្ញុំៗនឹងតាំងអ្នកឲ្យជាអ្នកនេសាទមនុស្សវិញ
20 គេក៏ទុកសំណាញ់ចោល ទៅតាមទ្រង់ភ្លាម
21 លុះយាងហួសពីនោះបន្តិចទៅ ទ្រង់ទតឃើញបងប្អូន២នាក់ទៀត គឺយ៉ាកុប ជាកូនសេបេដេ និងយ៉ូហាន ជាប្អូន ដែលនៅក្នុងទូកជាមួយនឹងសេបេដេ ជាឪពុក គេកំពុងតែជួសជុលសំណាញ់ ហើយទ្រង់មានព្រះបន្ទូលហៅអ្នកទាំង២នោះមក
22 គេក៏លះបង់ទូក និងឪពុក ដើរតាមទ្រង់ជាមួយរំពេចទៅ។
23 ព្រះយេស៊ូវទ្រង់យាងគ្រប់សព្វក្នុងស្រុកកាលីឡេ ទ្រង់បង្រៀនក្នុងអស់ទាំងសាលាប្រជុំ ក៏ប្រកាសដំណឹងល្អពីនគរ ព្រមទាំងប្រោសជំងឺគ្រប់មុខ និងអស់ទាំងជរាពិការ ក្នុងពួកបណ្តាជនឲ្យជាផង
24 ដំណឹងពីទ្រង់បានឮសុសសាយទួទៅ ពេញក្នុងស្រុកស៊ីរី គេក៏នាំអស់ទាំងមនុស្សដែលមានជំងឺរោគាគ្រាំគ្រាផ្សេងៗ ទាំងមនុស្សអារក្សចូល មនុស្សឆ្កួតជ្រូក និងមនុស្សស្លាប់ដៃស្លាប់ជើង មកឯទ្រង់ ហើយទ្រង់ក៏ប្រោសឲ្យបានជាទាំងអស់គ្នា
25 មានមនុស្សកកកុញជាប់តាមទ្រង់ គឺជាមនុស្សដែលមកពីស្រុកកាលីឡេ ស្រុកដេកាប៉ូល ពីក្រុងយេរូសាឡឹម ពីស្រុកយូដា ហើយពីខាងនាយទន្លេយ័រដាន់។
ជំពូក 5
1 កាលបានឃើញហ្វូងមនុស្ស ទ្រង់ក៏យាងឡើងទៅលើភ្នំ រួចកាលបានគង់ចុះហើយ នោះពួកសិស្សចូលមកឯទ្រង់
2 ហើយទ្រង់បើកព្រះឱស្ឋបង្រៀនគេថា
3 មានពរហើយ អស់អ្នកដែលមានសេចក្ដីកំសត់ ខាងឯវិញ្ញាណ ដ្បិតនគរស្ថានសួគ៌ជារបស់ផងអ្នកទាំងនោះ
4 មានពរហើយ អស់អ្នកដែលយំសោក ដ្បិតអ្នកទាំងនោះនឹងបានសេចក្ដីកំសាន្តចិត្ត
5 មានពរហើយ អស់អ្នកដែលស្លូតត្រង់ ដ្បិតអ្នកទាំងនោះនឹងគ្រងផែនដីជាមរដក
6 មានពរហើយ អស់អ្នកដែលស្រេកឃ្លាននូវសេចក្ដីសុចរិត ដ្បិតអ្នកទាំងនោះនឹងបានឆ្អែត
7 មានពរហើយ អស់អ្នកដែលមានចិត្តមេត្តាករុណា ដ្បិតអ្នកទាំងនោះនឹងបានសេចក្ដីមេត្តាករុណាវិញ
8 មានពរហើយ អស់អ្នកដែលមានចិត្តបរិសុទ្ធ ដ្បិតអ្នកទាំងនោះនឹងបានឃើញព្រះ
9 មានពរហើយ អស់អ្នកដែលផ្សះផ្សាគេ ដ្បិតអ្នកទាំងនោះនឹងបានហៅជាកូនរបស់ព្រះ
10 មានពរហើយ អស់អ្នកដែលត្រូវគេបៀតបៀន ដោយព្រោះសេចក្ដីសុចរិត ដ្បិតនគរស្ថានសួគ៌ជារបស់ផងអ្នកទាំងនោះ
11 អ្នករាល់គ្នាមានពរ ក្នុងកាលដែលគេជេរ បៀតបៀន ហើយនិយាយបង្ខុសគ្រប់ទាំងសេចក្ដីអាក្រក់ពីអ្នករាល់គ្នា ដោយព្រោះខ្ញុំ
12 ចូរមានចិត្តអំណរ ហើយរីករាយជាខ្លាំងចុះ ដ្បិតអ្នករាល់គ្នាមានរង្វាន់ជាធំនៅឯស្ថានសួគ៌ ពីព្រោះគេក៏បានធ្វើទុក្ខដល់ពួកហោរា ដែលនៅមុនអ្នករាល់គ្នាបែបដូច្នោះដែរ។
13 អ្នករាល់គ្នាជាអំបិលនៃផែនដី បើអំបិលបាត់ជាតិប្រៃហើយ នោះតើនឹងយកអ្វី ដើម្បីធ្វើឲ្យប្រៃឡើងវិញបាន ជារបស់គ្មានប្រយោជន៍ទៀតសោះ មានតែបោះបង់ចោលទៅក្រៅ ឲ្យមនុស្សដើរជាន់ប៉ុណ្ណោះ
14 អ្នករាល់គ្នាជាពន្លឺនៃលោកីយ៍ ឯទីក្រុងណាដែលនៅលើភ្នំ នោះលាក់មិនកំបាំងទេ
15 ក៏គ្មានអ្នកណាអុជចង្កៀង យកទៅដាក់ក្រោមថាំងដែរ គេតែងដាក់លើជើងចង្កៀងវិញ នោះទើបភ្លឺដល់អ្នកដែលនៅក្នុងផ្ទះទាំងអស់គ្នា
16 ដូច្នេះ ចូរឲ្យពន្លឺរបស់អ្នករាល់គ្នា បានភ្លឺនៅមុខមនុស្សលោកយ៉ាងនោះដែរ ដើម្បីឲ្យគេឃើញការល្អដែលអ្នករាល់គ្នាប្រព្រឹត្ត រួចសរសើរតម្កើង ដល់ព្រះវរបិតានៃអ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌។
17 កុំឲ្យគិតស្មានថា ខ្ញុំមកដើម្បីនឹងលើកក្រឹត្យវិន័យ ឬទំនាយពួកហោរាចោលឡើយ ខ្ញុំមិនមែនមកនឹងលើកចោលទេ គឺមកនឹងធ្វើឲ្យសម្រេចវិញ
18 ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា នឹងគ្មានបាំងឈើ១ ឬក្បៀស១នៅក្នុងក្រឹត្យវិន័យត្រូវបាត់ឡើយ ដរាបដល់កាលណាមេឃ និងផែនដី បានកន្លងបាត់ទៅ គឺទាល់តែសេចក្ដីទាំងអស់បានសម្រេចដោយសព្វគ្រប់
19 ដូច្នេះ អ្នកណាដែលនឹងរំលងបទណាមួយ សូម្បីយ៉ាងតូចបំផុតក្នុងបញ្ញត្តទាំងនេះ ហើយបង្រៀនមនុស្សឲ្យធ្វើដូច្នោះដែរ នោះនឹងត្រូវហៅជាអ្នកតូចបំផុតក្នុងនគរស្ថានសួគ៌ តែអ្នកណាដែលកាន់តាម ហើយបង្រៀនចំពោះបញ្ញត្តទាំងនេះ នោះនឹងបានហៅជាអ្នកធំក្នុងនគរស្ថានសួគ៌វិញ
20 ខ្ញុំប្រាប់អ្នករាល់គ្នាថា បើសេចក្ដីសុចរិតរបស់អ្នករាល់គ្នា មិនលើសពីសេចក្ដីសុចរិតនៃពួកអាចារ្យ និងពួកផារីស៊ីទេ នោះអ្នករាល់គ្នានឹងចូលទៅក្នុងនគរស្ថានសួគ៌ពុំបានឡើយ។
21 អ្នករាល់គ្នាបានឮសេចក្ដីដែលសម្ដែងដល់មនុស្សពីបុរាណថា «កុំឲ្យសម្លាប់មនុស្សឲ្យសោះ» បើអ្នកណាសម្លាប់មនុស្ស នោះក្រែងត្រូវជាប់ជំនុំជម្រះហើយ
22 តែខ្ញុំប្រាប់អ្នករាល់គ្នាដូច្នេះវិញថា សូម្បីតែអ្នកណាដែលខឹងនឹងបងប្អូន នោះក្រែងត្រូវជាប់ជំនុំជម្រះដែរ ហើយអ្នកណាដែលស្តី ឲ្យបងប្អូនថា «អាចោលម្សៀត» នោះក្រែងពួកក្រុមជំនុំធ្វើទោស តែចំណែកអ្នកណាដែលថា «អាឆ្កួត» នោះក្រែងធ្លាក់ទៅក្នុងភ្លើងនរក
23 ដូច្នេះ បើកាលណាអ្នកនាំយកតង្វាយមកដល់អាសនៈ ហើយនៅទីនោះអ្នកនឹកឃើញថា បងប្អូនណាមានហេតុអ្វីទាស់នឹងអ្នក
24 នោះត្រូវទុកតង្វាយរបស់អ្នកនៅមុខអាសនៈ ហើយទៅរកជានឹងបងប្អូនជាមុនសិន រួចសឹមមកថ្វាយតង្វាយអ្នកចុះ
25 ចូរឲ្យអ្នកជាស្រុះស្រួលនឹងអ្នកដើមចោទវិញជាប្រញាប់ ដែលកំពុងតែដើរតាមផ្លូវជាមួយគ្នា ក្រែងគេបញ្ជូនអ្នកទៅឯចៅក្រម ហើយចៅក្រមប្រគល់អ្នកទៅនាយភូមិឃុំ រួចអ្នកត្រូវជាប់គុក
26 ខ្ញុំប្រាប់អ្នកជាប្រាកដថា ដែលអ្នកនៅខ្វះតែ១សេននឹងសងគេឲ្យគ្រប់ នោះនឹងចេញពីទីនោះមិនរួចឡើយ។
27 អ្នករាល់គ្នាបានឮសេចក្ដីដែលសម្ដែងពីដើមថា «កុំផិតឲ្យសោះ»
28 ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាថា សូម្បីតែអ្នកណាដែលគ្រាន់តែក្រឡេកឃើញស្ត្រី ហើយមានតម្រេកសម្រើបចង់បាន នោះឈ្មោះថា បានប្រព្រឹត្តសេចក្ដីកំផិតនឹងនាងនោះ នៅក្នុងចិត្តខ្លួនហើយ
29 បើភ្នែកស្តាំអ្នកនាំឲ្យរវាតចិត្ត នោះចូរខ្វេះចេញបោះចោលទៅ ដ្បិតដែលភ្នែកអ្នក១ត្រូវវិនាស នោះមានប្រយោជន៍ជាជាងឲ្យរូបកាយទាំងមូលត្រូវបោះទៅក្នុងនរក
30 ហើយបើដៃស្តាំអ្នកនាំឲ្យរវាតចិត្ត នោះចូរកាត់ចេញបោះចោលទៅ ដ្បិតដែលដៃអ្នកម្ខាងត្រូវវិនាស នោះមានប្រយោជន៍ជាជាងឲ្យរូបកាយទាំងមូល ត្រូវបោះទៅក្នុងនរក។
31 មានសេចក្ដីថ្លែងទុកមកទៀតថា អ្នកណាដែលចង់លែងប្រពន្ធ នោះមានតែឲ្យសំបុត្រលះលែងដល់នាង
32 ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាថា ស្ត្រីណាដែលមិនផិតប្ដី បើប្ដីនោះលែងចេញ នោះឈ្មោះថា បានធ្វើឲ្យនាងទៅជាស្រីសំផឹងហើយ បើអ្នកណាយកស្ត្រីដែលប្ដីលែងធ្វើជាប្រពន្ធ អ្នកនោះហៅថា ប្រព្រឹត្តសេចក្ដីកំផិតដែរ។
33 មួយទៀត អ្នករាល់គ្នាបានឮសេចក្ដីដែលសម្ដែងមកដល់មនុស្សពីដើមថា «កុំឲ្យស្បថកុហកឡើយ គឺត្រូវឲ្យធ្វើសម្រេចតាមគ្រប់ទាំងសេចក្ដីដែលស្បថនឹងព្រះអម្ចាស់»
34 ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាថា កុំឲ្យស្បថឲ្យសោះ ទោះនឹងស្ថានសួគ៌ក្តី ព្រោះជាបល្ល័ង្កនៃព្រះ
35 ទោះនឹងផែនដីក្តី ព្រោះជាកំណល់កល់ព្រះបាទទ្រង់ ទោះនឹងក្រុងយេរូសាឡឹមក្តី ព្រោះជាក្រុងនៃស្តេចធំ
36 ក៏កុំឲ្យស្បថនឹងក្បាលអ្នកដែរ ពីព្រោះអ្នកនឹងធ្វើឲ្យសក់១សរសៃត្រឡប់ទៅជាស ឬជាខ្មៅពុំបានទេ
37 ត្រូវឲ្យចេញសំដីថាតែមែនៗ ឬ ទេៗប៉ុណ្ណោះ សេចក្ដីណាដែលលើសអំពីនោះទៅ នោះមកតែពីអាកំណាចទេ។
38 អ្នករាល់គ្នាបានឮសេចក្ដីដែលថ្លែងទុកថា «ភ្នែកឲ្យធួននឹងភ្នែក ហើយធ្មេញឲ្យធួននឹងធ្មេញ»
39 ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាថា កុំឲ្យតតាំងនឹងអំពើអាក្រក់ឡើយ បើអ្នកណាទះកំផ្លៀងស្តាំនៃអ្នក នោះត្រូវតែបែរកំផ្លៀងម្ខាងទៅឲ្យទៀត
40 បើអ្នកណាប្តឹងចង់យកអាវខ្លីរបស់អ្នក នោះត្រូវបើកឲ្យគេយកទាំងអាវវែងផង
41 បើអ្នកណាបង្ខំឲ្យអ្នកទៅអស់១យោជន៍ នោះចូរទៅជាមួយនឹងគេដល់២យោជន៍ផង
42 ចូរឲ្យដល់អ្នកណាដែលសូម ហើយកុំឲ្យគេចចេញពីអ្នកណាដែលចង់ខ្ចីអ្នកឡើយ។
43 អ្នករាល់គ្នាបានឮសេចក្ដីដែលថ្លែងទុកមកថា «ចូរស្រឡាញ់អ្នកជិតខាងឯង តែស្អប់ខ្មាំងសត្រូវឯងវិញ»
44 ប៉ុន្តែ ខ្ញុំប្រាប់ថា ត្រូវស្រឡាញ់ពួកខ្មាំងសត្រូវ ត្រូវឲ្យពរដល់អ្នកណាដែលប្រទេចផ្តាសា ត្រូវប្រព្រឹត្តល្អនឹងអ្នកណាដែលស្អប់អ្នករាល់គ្នា ហើយត្រូវអធិស្ឋានឲ្យអ្នកណាដែលធ្វើទុក្ខបៀតបៀនដល់អ្នករាល់គ្នាវិញ
45 ដើម្បីឲ្យបានធ្វើជាកូនរបស់ព្រះវរបិតានៃអ្នករាល់គ្នា ដែលគង់នៅស្ថានសួគ៌ ព្រោះទ្រង់ធ្វើឲ្យថ្ងៃរបស់ទ្រង់រះឡើង បំភ្លឺទាំងមនុស្សអាក្រក់ និងមនុស្សល្អ ហើយទ្រង់បង្អុរឲ្យភ្លៀងធ្លាក់មក លើទាំងមនុស្សសុចរិត និងមនុស្សទុច្ចរិតផង
46 ដ្បិតបើអ្នករាល់គ្នាស្រឡាញ់តែអស់អ្នកណា ដែលស្រឡាញ់ដល់ខ្លួន នោះតើបានបំណាច់អ្វី ឯពួកអ្នកយកពន្ធ តើគេមិនប្រព្រឹត្តដូច្នេះដែរទេឬអី
47 ហើយបើអ្នករាល់គ្នាគំនាប់តែបងប្អូនអ្នកប៉ុណ្ណោះ នោះតើបានធ្វើអ្វីប្លែកពីគេ ឯពួកសាសន៍ដទៃ តើមិនប្រព្រឹត្តដូចគ្នាទេឬអី
48 ដូច្នេះ ចូរឲ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍ ដូចព្រះវរបិតានៃអ្នក ដែលគង់នៅស្ថានសួគ៌ ទ្រង់គ្រប់លក្ខណ៍ដែរ។
ជំពូក 6
1 ចូរប្រយ័ត កុំឲ្យអ្នករាល់គ្នាធ្វើទាន នៅមុខមនុស្ស ឲ្យតែគេឃើញឡើយ បើធ្វើដូច្នោះ នោះអ្នករាល់គ្នាគ្មានរង្វាន់ នៅនឹងព្រះវរបិតានៃអ្នក ដែលទ្រង់គង់នៅស្ថានសួគ៌ទេ
2 ដូច្នេះ កាលណាអ្នកធ្វើទាន នោះកុំឲ្យផ្លុំត្រែនៅមុខអ្នក ដូចពួកមានពុត ដែលប្រព្រឹត្តនៅក្នុងសាលាប្រជុំ ហើយតាមផ្លូវ ដើម្បីឲ្យបានមនុស្សលោកសរសើរខ្លួននោះឡើយ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា គេបានរង្វាន់គេហើយ
3 ប៉ុន្តែ កាលណាអ្នកធ្វើទាន នោះកុំឲ្យដៃឆ្វេងដឹងការដែលដៃស្តាំធ្វើឡើយ
4 ដើម្បីឲ្យអំពើទានរបស់អ្នក បានស្ងាត់កំបាំង នោះព្រះវរបិតានៃអ្នក ដែលទ្រង់ទតឃើញក្នុងទីសម្ងាត់ ទ្រង់នឹងប្រទានរង្វាន់ដល់អ្នកនៅទីប្រចក្សច្បាស់។
5 កាលណាអ្នកអធិស្ឋាន កុំឲ្យធ្វើដូចមនុស្សមានពុត ដែលចូលចិត្តអធិស្ឋាននៅក្នុងសាលាប្រជុំ ហើយនៅជ្រុងផ្លូវ ឲ្យមនុស្សលោកឃើញនោះឡើយ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា គេបានរង្វាន់របស់គេហើយ
6 តែឯអ្នក កាលណាអធិស្ឋាន នោះត្រូវឲ្យចូលទៅក្នុងបន្ទប់ ហើយបិទទ្វារ រួចអធិស្ឋានដល់ព្រះវរបិតានៃអ្នក ដែលទ្រង់គង់នៅទីលាក់កំបាំងចុះ នោះព្រះវរបិតានៃអ្នក ដែលទតឃើញក្នុងទីលាក់កំបាំង ទ្រង់នឹងប្រទានរង្វាន់ដល់អ្នកនៅទីប្រចក្សច្បាស់
7 ហើយកាលណាអធិស្ឋាន នោះកុំឲ្យពោលពាក្យឥតប្រយោជន៍ផ្ទួនៗ ដូចពួកសាសន៍ដទៃឡើយ ដ្បិតគេស្មានថា ព្រះទ្រង់នឹងស្តាប់គេ ដោយគេពោលពាក្យជាច្រើន
8 ដូច្នេះ កុំឲ្យអ្នករាល់គ្នាធ្វើដូចគេឡើយ ដ្បិតព្រះវរបិតានៃអ្នកទ្រង់ជ្រាបនូវរបស់អ្វីដែលអ្នកត្រូវការ មុនដែលអ្នកសូមផង
9 ដូច្នេះ ចូរអធិស្ឋានបែបយ៉ាងនេះវិញថា ឱព្រះវរបិតានៃយើងខ្ញុំ ដែលគង់នៅស្ថានសួគ៌អើយ សូមឲ្យព្រះនាមទ្រង់បានបរិសុទ្ធ
10 សូមឲ្យរាជ្យទ្រង់បានមកដល់ សូមឲ្យព្រះហឫទ័យទ្រង់បានសម្រេចនៅផែនដីដូចនៅស្ថានសួគ៌ដែរ
11 សូមប្រទានអាហារដែលយើងខ្ញុំត្រូវការនៅថ្ងៃនេះ
12 សូមអត់ទោសសេចក្ដីកំហុសរបស់យើងខ្ញុំ ដូចជាយើងខ្ញុំបានអត់ទោស ដល់អស់អ្នកដែលធ្វើខុសនឹងយើងខ្ញុំដែរ
13 សូមកុំនាំយើងខ្ញុំទៅក្នុងសេចក្ដីល្បួងឡើយ តែសូមប្រោសឲ្យយើងខ្ញុំរួចពីសេចក្ដីអាក្រក់វិញ ដ្បិតរាជ្យ ព្រះចេស្តា និងសិរីល្អជារបស់ផងទ្រង់ នៅអស់កល្បជានិច្ច អាម៉ែន
14 ដ្បិតបើអ្នករាល់គ្នាអត់ទោសចំពោះការរំលងច្បាប់ ដែលមនុស្សលោកប្រព្រឹត្តធ្វើ នោះព្រះវរបិតានៃអ្នក ដែលគង់នៅស្ថានសួគ៌ ទ្រង់នឹងអត់ទោសឲ្យអ្នករាល់គ្នាដែរ
15 តែបើអ្នករាល់គ្នាមិនអត់ទោសចំពោះការរំលងច្បាប់ឲ្យគេទេ នោះព្រះវរបិតានៃអ្នកទ្រង់ក៏មិនអត់ទោសចំពោះការរំលងច្បាប់ ដែលអ្នករាល់គ្នាប្រព្រឹត្តធ្វើដែរ។
16 កាលណាអ្នករាល់គ្នាតមអាហារ នោះកុំឲ្យធ្វើទឹកមុខក្រៀម ដូចជាមនុស្សមានពុតឡើយ ដ្បិតគេក្លែងទឹកមុខស្រងូត ឲ្យមនុស្សលោកឃើញថាគេតម ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា គេបានរង្វាន់គេហើយ
17 តែអ្នក កាលណាតម នោះចូរឲ្យលាបគ្រឿងក្រអូបនៅលើក្បាល ហើយលប់មុខចេញ
18 ដើម្បីកុំឲ្យមនុស្សលោកឃើញថាអ្នកតមឡើយ គឺឲ្យព្រះវរបិតានៃអ្នក ដែលគង់នៅទីលាក់កំបាំង បានឃើញវិញ នោះព្រះវរបិតានៃអ្នក ដែលទ្រង់ទតឃើញនៅទីលាក់កំបាំង ទ្រង់នឹងប្រទានរង្វាន់ដល់អ្នក នៅទីប្រចក្សច្បាស់។
19 កុំឲ្យប្រមូលទ្រព្យសម្បត្តិទុកសម្រាប់ខ្លួននៅផែនដី ជាកន្លែងដែលមានកន្លាត និងច្រែះស៊ីបំផ្លាញ ហើយចោរទម្លុះប្លន់នោះឡើយ
20 ត្រូវប្រមូលទ្រព្យសម្បត្តិទុកសម្រាប់ខ្លួននៅឯស្ថានសួគ៌វិញ ដែលជាកន្លែងគ្មានកន្លាត ឬច្រែះស៊ីបំផ្លាញឡើយ ក៏គ្មានចោរទម្លុះ ឬប្លន់ផង
21 ពីព្រោះសម្បត្តិទ្រព្យរបស់អ្នកស្ថិតនៅកន្លែងណា នោះចិត្តអ្នកក៏នឹងនៅកន្លែងនោះដែរ។
22 ឯចង្កៀងរបស់រូបកាយ គឺជាភ្នែក ដូច្នេះ បើភ្នែកអ្នកល្អ នោះរូបកាយអ្នកទាំងមូលនឹងបានភ្លឺ
23 តែបើភ្នែកអ្នកអាក្រក់វិញ នោះរូបកាយអ្នកទាំងមូលនឹងត្រូវងងឹតសូន្យយ៉ាងនោះ បើពន្លឺដែលនៅក្នុងខ្លួនអ្នក ជាសេចក្ដីងងឹតហើយ ចុះសេចក្ដីងងឹតនោះនឹងបានជាខ្លាំងអម្បាលម៉ានទៅហ្ន៎។
24 គ្មានអ្នកណាអាចនឹងបម្រើចៅហ្វាយ២នាក់បានទេ ដ្បិតអ្នកនោះនឹងស្អប់១ ហើយស្រឡាញ់១ ឬស្មោះត្រង់នឹង១ ហើយមើលងាយ១ អ្នករាល់គ្នាពុំអាចនឹងគោរពដល់ព្រះ និងទ្រព្យសម្បត្តិផងបានទេ
25 ដោយហេតុនេះបានជាខ្ញុំប្រាប់អ្នករាល់គ្នាថា កុំឲ្យខ្វល់ខ្វាយនឹងជីវិតដែលនឹងបរិភោគអ្វី ឬនឹងរូបកាយ ដែលនឹងស្លៀកពាក់អ្វីនោះឡើយ ឯជីវិត តើមិនវិសេសជាងចំណីអាហារ ហើយរូបកាយ តើមិនវិសេសជាងសម្លៀកបំពាក់ទេឬអី
26 ចូរពិចារណាពីសត្វស្លាបនៅលើអាកាស វាមិនសាបព្រោះ មិនច្រូតកាត់ ឬប្រមូលដាក់ក្នុងជង្រុកផង តែព្រះវរបិតានៃអ្នក ដែលគង់នៅស្ថានសួគ៌ ទ្រង់ចិញ្ចឹមវា ឯអ្នករាល់គ្នា តើគ្មានតម្លៃលើសជាងសត្វទាំងនោះទេឬអី
27 ចុះនៅក្នុងពួកអ្នករាល់គ្នា តើមានអ្នកឯណាដែលអាចនឹងបន្ថែមកំពស់ខ្លួន១ហត្ថ ដោយសារសេចក្ដីខ្វល់ខ្វាយបានឬទេ
28 ហើយពីដំណើរសម្លៀកបំពាក់ តើអ្នករាល់គ្នាខំខ្វល់ខ្វាយធ្វើអ្វី ចូររំពឹងគិតតែពីផ្កាឈូកនៅក្នុងបឹងដែលវាដុះជាយ៉ាងដូចម្តេច គឺវាមិននឿយហត់នឹងធ្វើការ ឬស្រាវរវៃទេ
29 តែខ្ញុំប្រាប់អ្នករាល់គ្នាថា សូម្បីតែហ្លួងសាឡូម៉ូន ក្នុងគ្រាដែលមានគ្រប់ទាំងសេចក្ដីរុងរឿងរបស់ទ្រង់ នោះទ្រង់មិនបានតែងអង្គ ដូចជាផ្កា១នោះផង
30 រីឯតិណជាតិ ដែលដុះនៅវាលក្នុងថ្ងៃនេះ ហើយថ្ងៃស្អែកត្រូវគេដុតនៅជើងក្រាន បើព្រះទ្រង់តុបតែងស្មៅយ៉ាងដូច្នោះ នោះឱមនុស្សមានជំនឿតិចអើយ តើទ្រង់មិនតុបតែងឲ្យអ្នករាល់គ្នា លើសជាងទៅទៀតទេឬអី
31 ដូច្នេះ កុំឲ្យខ្វល់ខ្វាយថា តើត្រូវបរិភោគអ្វី ឬស្លៀកពាក់អ្វីនោះឡើយ
32 ដ្បិតគឺជាសាសន៍ដទៃទេតើ ដែលខំស្វែងរករបស់ទាំងនោះវិញ ឯព្រះវរបិតានៃអ្នករាល់គ្នា ដែលគង់នៅស្ថានសួគ៌ ទ្រង់ជ្រាបហើយ ថាអ្នករាល់គ្នាត្រូវការនឹងរបស់ទាំងនោះដែរ
33 ចូរស្វែងរកនគរ និងសេចក្ដីសុចរិតនៃព្រះជាមុនសិន ទើបគ្រប់របស់ទាំងនោះនឹងបានប្រទានមកអ្នករាល់គ្នាថែមទៀតផង
34 ដូច្នេះ កុំឲ្យខ្វល់ខ្វាយនឹងថ្ងៃស្អែកឡើយ ពីព្រោះថ្ងៃស្អែកនឹងខ្វល់ខ្វាយចំពោះការរបស់ថ្ងៃនោះឯង សេចក្ដីលំបាកនៅថ្ងៃណា នោះគឺល្មមត្រឹមថ្ងៃនោះហើយ។
ជំពូក 7
1 កុំឲ្យថ្កោលទោសគេឡើយ ដើម្បីមិនឲ្យមានគេថ្កោលអ្នកវិញ
2 ដ្បិតអ្នករាល់គ្នាថ្កោលទោសគេយ៉ាងណា នោះគេនឹងថ្កោលអ្នកវិញយ៉ាងនោះដែរ ហើយគេនឹងវាល់ឲ្យអ្នករាល់គ្នា តាមរង្វាល់ដែលអ្នកវាល់ឲ្យគេផង
3 ហេតុអ្វីបានជាអ្នកមើលឃើញកម្ទេច ដែលនៅក្នុងភ្នែករបស់បងប្អូនអ្នក តែមិនឃើញធ្នឹម ដែលនៅក្នុងភ្នែករបស់ខ្លួនសោះដូច្នេះ
4 ឬធ្វើដូចម្តេចឲ្យអ្នកនិយាយនឹងបងប្អូនថា ចូរឲ្យអញយកកម្ទេចពីភ្នែកឯងចេញ តែមើល មានធ្នឹមនៅក្នុងភ្នែកខ្លួនអ្នកវិញ
5 អ្នកមានពុតអើយ ចូរយកធ្នឹមពីភ្នែករបស់ខ្លួនចេញជាមុនសិន នោះទើបនឹងបានឃើញច្បាស់ អាចនឹងយកកម្ទេចចេញពីភ្នែករបស់បងប្អូនអ្នកបានដែរ។
6 កុំឲ្យរបស់បរិសុទ្ធដល់ឆ្កែ ឬបោះកែវមុក្តារបស់ខ្លួននៅមុខជ្រូកឡើយ ក្រែងវាជាន់ឈ្លី រួចត្រឡប់ស្ទុះមកខ្វេះអ្នកវិញ។
7 ចូរសូម នោះតែងនឹងឲ្យមកអ្នក ចូររក នោះតែងនឹងឃើញ ចូរគោះ នោះតែងនឹងបើកឲ្យអ្នក
8 ដ្បិតអស់អ្នកណាដែលសូម នោះរមែងបាន អ្នកណាដែលរក នោះរមែងឃើញ ហើយនិងបើកឲ្យអ្នកណាដែលគោះដែរ
9 ក្នុងពួកអ្នករាល់គ្នា បើកូនសូមនំបុ័ង តើមានអ្នកណានឹងឲ្យថ្មដល់វា
10 ឬបើវាសូមត្រី តើនឹងឲ្យពស់វិញឬអី
11 ចុះបើអ្នករាល់គ្នាដែលអាក្រក់ អ្នកចេះឲ្យរបស់ល្អដល់កូនខ្លួនដូច្នេះ នោះចំណងបើព្រះវរបិតានៃអ្នក ដែលទ្រង់គង់នៅស្ថានសួគ៌ ទ្រង់នឹងប្រទានរបស់ល្អ មកអស់អ្នកដែលសូម តើជាងអម្បាលម៉ានទៅទៀត។
12 ដូច្នេះ អស់ទាំងការអ្វីដែលអ្នករាល់គ្នាចង់ឲ្យមនុស្សលោកប្រព្រឹត្តនឹងខ្លួន នោះត្រូវឲ្យអ្នកប្រព្រឹត្តនឹងគេដូច្នោះដែរ ដ្បិតនេះឯងជាក្រឹត្យវិន័យ ហើយជាសេចក្ដីទំនាយរបស់ពួកហោរា។
13 ចូរឲ្យចូលតាមទ្វារចង្អៀត ដ្បិតទ្វារដែលនាំទៅឯសេចក្ដីហិនវិនាស នោះធំ ហើយទូលាយផង ក៏មានមនុស្សជាច្រើនដែលចូលតាមទ្វារនោះ
14 តែឯទ្វារដែលនាំទៅឯជីវិត នោះតូច ហើយចង្អៀតវិញ ក៏មានមនុស្សតិចណាស់ដែលរកផ្លូវនោះឃើញ។
15 ចូរប្រយ័តនឹងពួកគ្រូក្លែងក្លាយ ដែលគេមកឯអ្នករាល់គ្នា ដោយពាក់រោមចៀមបំប្លែងខ្លួន តែខាងក្នុងរបស់គេ ជាឆ្កែចចកដែលឆ្មក់ស៊ីវិញ
16 អ្នករាល់គ្នានឹងស្គាល់គេបាន ដោយសារផលគេបង្កើត តើដែលបេះផ្លែទំពាំងបាយជូរពីគុម្ពបន្លា ឬផ្លែល្វាពីដំបងយក្សឬទេ
17 ដូច្នេះ អស់ទាំងដើមឈើល្អ តែងមានផ្លែល្អ ឯដើមឈើអាក្រក់ ក៏តែងមានផ្លែអាក្រក់ដែរ
18 ធម្មតាដើមឈើល្អ មិនដែលបញ្ចេញផលអាក្រក់បានទេ ហើយដើមដែលអាក្រក់ក៏ពុំអាចបញ្ចេញផលល្អបានដែរ
19 អស់ទាំងដើមឈើណាដែលមិនកើតផលផ្លែល្អ នោះត្រូវតែកាប់បោះចោលទៅក្នុងភ្លើងចេញ
20 ដូច្នេះ អ្នករាល់គ្នានឹងស្គាល់គេបាន គឺដោយសារផលគេបង្កើត។
21 មិនមែនអស់អ្នកណាដែលគ្រាន់តែនិយាយមកខ្ញុំថា ឱព្រះអម្ចាស់ៗអើយ ដែលនឹងចូលទៅក្នុងនគរស្ថានសួគ៌នោះទេ គឺជាអស់អ្នកដែលធ្វើតាមព្រះហឫទ័យនៃព្រះវរបិតា ដែលគង់នៅស្ថានសួគ៌វិញទេតើ
22 នៅថ្ងៃនោះ នឹងមានមនុស្សជាច្រើននិយាយមកខ្ញុំថា ឱព្រះអម្ចាស់ៗអើយ តើយើងខ្ញុំមិនបានទាយដោយនូវព្រះនាមទ្រង់ ហើយដេញអារក្សដោយនូវព្រះនាមទ្រង់ ព្រមទាំងធ្វើការឫទ្ធិបារមីជាច្រើន ដោយនៅព្រះនាមទ្រង់ទេឬអី
23 នោះខ្ញុំនឹងនិយាយដោយត្រង់ថា អញមិនដែលបានស្គាល់ឯងរាល់គ្នាទេ នែ ពួកទទឹងច្បាប់អើយ ចូរថយចេញពីអញទៅ ។
24 ដូច្នេះ អស់អ្នកណាដែលឮពាក្យរបស់ខ្ញុំទាំងនេះ ហើយប្រព្រឹត្តតាម ខ្ញុំនឹងធៀបអ្នកនោះដូចជាមនុស្សប៉ិនប្រយ័ត ដែលសង់ផ្ទះខ្លួននៅលើថ្ម
25 រួចភ្លៀងធ្លាក់មក ទឹកក៏ជន់ឡើង ហើយខ្យល់បក់ប៉ះនឹងផ្ទះនោះ តែមិនបានរលំទេ ពីព្រោះបានសង់នៅលើថ្ម
26 ឯអស់អ្នកណាដែលឮពាក្យរបស់ខ្ញុំទាំងនេះ តែមិនប្រព្រឹត្តតាម អ្នកនោះត្រូវធៀបដូចជាមនុស្សល្ងង់ ដែលសង់ផ្ទះខ្លួននៅលើខ្សាច់វិញ
27 រួចភ្លៀងធ្លាក់មក ទឹកក៏ជន់ឡើង ហើយខ្យល់បក់ប៉ះនឹងផ្ទះនោះ ផ្ទះនោះក៏រលំទៅ ហើយមានការខូចខាតជាធំ។
28 កាលព្រះយេស៊ូវទ្រង់មានបន្ទូលសេចក្ដីទាំងនេះរួចហើយ នោះបណ្តាមនុស្សក៏នឹកប្លែកពីសេចក្ដីដែលទ្រង់បង្រៀន
29 ពីព្រោះទ្រង់បង្រៀន ដូចជាមានអំណាច មិនមែនដូចពួកអាចារ្យរបស់គេទេ។
ជំពូក 8
1 កាលព្រះយេស៊ូវទ្រង់បានយាងចុះពីភ្នំមក នោះមានមនុស្សកកកុញដើរតាមទ្រង់
2 ក៏ឃើញមានមនុស្សឃ្លង់ម្នាក់ មកក្រាបថ្វាយបង្គំទូលទ្រង់ថា ឱព្រះអម្ចាស់អើយ បើទ្រង់សព្វព្រះហឫទ័យ ទ្រង់អាចនឹងប្រោសឲ្យទូលបង្គំជាស្អាតបាន
3 ទ្រង់ក៏លូកព្រះហស្តទៅពាល់គាត់ដោយមានព្រះបន្ទូលថា ខ្ញុំចង់ដែរ ចូរឲ្យជាស្អាតចុះ ស្រាប់តែរោគឃ្លង់ក៏ជាស្អាតភ្លាម
4 រួចព្រះយេស៊ូវទ្រង់ហាមថា នែ កុំប្រាប់អ្នកឯណាឲ្យសោះ ត្រូវទៅបង្ហាញខ្លួនឲ្យពួកសង្ឃឃើញវិញ ហើយថ្វាយតង្វាយតាមដែលលោកម៉ូសេបានបង្គាប់មក ទុកជាទីបន្ទាល់ដល់លោកទាំងនោះ។
5 កាលព្រះយេស៊ូវទ្រង់បានយាងចូលទៅក្រុងកាពើណិមហើយ នោះមេទ័ពម្នាក់មកឯទ្រង់ទូលអង្វរថា
6 ព្រះអម្ចាស់អើយ បាវទូលបង្គំវាស្លាប់ដៃស្លាប់ជើង ដេកនៅផ្ទះវេទនាខ្លាំងណាស់
7 ព្រះយេស៊ូវទ្រង់មានព្រះបន្ទូលតបថា ខ្ញុំនឹងទៅប្រោសឲ្យជា
8 តែមេទ័ពទូលប្រកែកថា ព្រះអម្ចាស់អើយ ទូលបង្គំមិនគួរនឹងទទួលទ្រង់នៅក្នុងផ្ទះទូលបង្គំទេ សូមទ្រង់គ្រាន់តែមានព្រះបន្ទូលមួយព្រះឱស្ឋមកប៉ុណ្ណោះ នោះបាវទូលបង្គំនឹងបានជាហើយ
9 ដ្បិតទូលបង្គំជាមនុស្សនៅក្រោមបង្គាប់គេដែរ ហើយមានទាហាននៅក្រោមឱវាទទូលបង្គំ បើទូលបង្គំប្រាប់ទៅម្នាក់ថា ទៅ នោះវាក៏ទៅ ប្រាប់ទៅម្នាក់ទៀតថា មក វាក៏មក ហើយប្រាប់ទៅបាវថា ធ្វើការនេះ នោះវាក៏ធ្វើតាម
10 កាលព្រះយេស៊ូវបានឮពាក្យនោះហើយ ទ្រង់មានសេចក្ដីអស្ចារ្យក្នុងព្រះហឫទ័យ រួចមានព្រះបន្ទូលទៅពួកអ្នកដែលតាមទ្រង់ថា ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ខ្ញុំមិនដែលឃើញសេចក្ដីជំនឿជាខ្លាំងដល់ម៉្លេះទេ ទោះទាំងនៅក្នុងសាសន៍អ៊ីស្រាអែលផង
11 ខ្ញុំប្រាប់អ្នករាល់គ្នាថា នឹងមានមនុស្សជាច្រើន ពីទិសខាងកើត និងទិសខាងលិច មកអង្គុយជាមួយនឹងលោកអ័ប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប នៅក្នុងនគរស្ថានសួគ៌
12 តែអស់ទាំងមនុស្សរបស់នគរនោះ នឹងត្រូវបោះចោល ទៅក្នុងសេចក្ដីងងឹតខាងក្រៅវិញ នៅទីនោះនឹងមានយំ ហើយសង្កៀតធ្មេញ
13 រួចទ្រង់មានព្រះបន្ទូលទៅមេទ័ពនោះថា ចូរទៅចុះ ឲ្យបានដូចសេចក្ដីជំនឿរបស់អ្នកចុះ បាវគាត់ក៏បានជានៅវេលានោះឯង។
14 លុះព្រះយេស៊ូវទ្រង់យាងទៅក្នុងផ្ទះរបស់ពេត្រុសហើយ នោះឃើញម្តាយក្មេកគាត់កំពុងតែដេកគ្រុន
15 រួចទ្រង់ពាល់ដៃនាង នោះគ្រុនក៏បាត់ទៅ ហើយនាងក្រោកឡើងបម្រើទ្រង់។
16 ដល់ពេលព្រលប់ គេនាំមនុស្សជាច្រើន ដែលមានអារក្សចូលមកឯទ្រង់ ហើយទ្រង់ក៏ដេញអារក្សដោយសារព្រះបន្ទូល ឯអស់អ្នកដែលមានជំងឺរោគា ទ្រង់បានប្រោសឲ្យជាគ្រប់គ្នាដែរ
17 ដើម្បីឲ្យបានសម្រេចតាមទំនាយដែលហោរាអេសាយបានទាយទុកមកថា «ទ្រង់បានទទួលអស់ទាំងរោគា ហើយផ្ទុកអស់ទាំងជំងឺរបស់យើងរាល់គ្នា នៅលើព្រះអង្គទ្រង់» ។
18 កាលព្រះយេស៊ូវទ្រង់ឃើញហ្វូងមនុស្សកកកុញនៅជុំវិញទ្រង់ នោះទ្រង់បង្គាប់ឲ្យឆ្លងទៅឯត្រើយម្ខាងទៅ
19 ខណៈនោះ មានអាចារ្យម្នាក់ចូលមកទូលទ្រង់ថា លោកគ្រូអើយ ខ្ញុំនឹងតាមលោកទៅដែរ ទោះបើលោកទៅឯណាក៏ដោយ
20 ព្រះយេស៊ូវទ្រង់តបថា កញ្ជ្រោងមានរូងវា ហើយសត្វហើរលើអាកាសក៏មានសំបុក តែកូនមនុស្សគ្មានកន្លែងណានឹងកើយក្បាលទេ
21 មានសិស្សទ្រង់ម្នាក់ទៀតទូលថា ព្រះអម្ចាស់អើយ សូមទ្រង់អនុញ្ញាត្តឲ្យទូលបង្គំបានទៅកប់ខ្មោចឪពុកទូលបង្គំសិន
22 តែព្រះយេស៊ូវមានព្រះបន្ទូលទៅអ្នកនោះថា ចូរមកតាមខ្ញុំវិញ ទុកឲ្យពួកមនុស្សស្លាប់កប់ខ្មោចពួកគេចុះ។
23 កាលទ្រង់បានយាងចុះទូកហើយ នោះពួកសិស្សក៏តាមទ្រង់ទៅ
24 ឯសមុទ្រក៏កម្រើកឡើងជាខ្លាំង ដល់ម៉្លេះបានជារលកឡើងគ្របលើទូក តែទ្រង់ផ្ទំលក់
25 ពួកសិស្សក៏ចូលទៅតើនទ្រង់ទូលថា ព្រះអម្ចាស់អើយ សូមជួយសង្គ្រោះផង យើងខ្ញុំវិនាសហើយ
26 ទ្រង់មានព្រះបន្ទូលថា ឱពួកអ្នកមានជំនឿតិចអើយ ហេតុអ្វីបានជាភ័យដូច្នេះ រួចទ្រង់ក្រោកឡើង កំហែងដល់ខ្យល់ និងសមុទ្រ នោះក៏ស្ងប់ឈឹងអស់ទៅ
27 អ្នកទាំងនោះមានសេចក្ដីអស្ចារ្យ ហើយនិយាយគ្នាថា តើមនុស្សនេះបែបយ៉ាងណា បានជាទាំងខ្យល់ និងសមុទ្រក៏ស្តាប់បង្គាប់លោកដូច្នេះ។
28 កាលទ្រង់បានដល់ស្រុកគេរ៉ាស៊ីន នៅត្រើយម្ខាងហើយ នោះមានមនុស្ស២នាក់ ដែលមានអារក្សចូល គេចេញពីផ្នូរខ្មោចមកជួបនឹងទ្រង់ វាសាហាវណាស់ ដល់ម៉្លេះបានជាគ្មានអ្នកណាហ៊ានដើរតាមផ្លូវនោះទេ
29 នោះវាស្រែកឡើងថា ឱព្រះយេស៊ូវ ជាព្រះរាជបុត្រានៃព្រះអើយ តើយើងហើយនិងទ្រង់មានការអ្វីនឹងគ្នា តើទ្រង់បានយាងមកទីនេះ ដើម្បីនឹងធ្វើទុក្ខដល់យើងមុនកំណត់ឬអី
30 រីឯនៅទីដែលឆ្ងាយពីវា នោះមានហ្វូងជ្រូកយ៉ាងធំកំពុងតែរកស៊ី
31 ហើយពួកអារក្សនោះក៏ទូលអង្វរទ្រង់ថា បើទ្រង់បណ្តេញយើង សូមអនុញ្ញាត្តឲ្យយើងចូលទៅនៅក្នុងហ្វូងជ្រូកនោះចុះ
32 ទ្រង់មានព្រះបន្ទូលតបថា ទៅចុះ វាក៏ចេញទៅចូលក្នុងហ្វូងជ្រូក រួចជ្រូកនាំគ្នាបោលម្នីម្នាតាមភ្នំចោត ធ្លាក់ទៅក្នុងសមុទ្រ លង់ទឹកស្លាប់ទាំងអស់ទៅ
33 ឯពួកអ្នកដែលឃ្វាលវា គេនាំគ្នារត់ចូលទៅក្នុងទីក្រុង រៀបរាប់ប្រាប់ពីគ្រប់ការទាំងនោះ ហើយពីមនុស្ស២នាក់ដែលមានអារក្សចូលផង
34 ចំណែកពួកអ្នកក្រុងនោះទាំងអស់គ្នា ក៏ចេញមកឯព្រះយេស៊ូវ កាលបានឃើញទ្រង់ គេក៏អង្វរឲ្យទ្រង់យាងចេញពីក្រវល់ស្រុកគេទៅ។
ជំពូក 9
1 ព្រះយេស៊ូវទ្រង់ក៏យាងចុះទូក ឆ្លងទៅឯក្រុង របស់ទ្រង់វិញ
2 នោះមានគេនាំមនុស្សស្លាប់ដៃស្លាប់ជើងម្នាក់ ដេកលើគ្រែមកឯទ្រង់ កាលទ្រង់ទតឃើញសេចក្ដីជំនឿរបស់អ្នកទាំងនោះ ក៏មានព្រះបន្ទូលទៅអ្នកស្លាប់ដៃស្លាប់ជើងថា ចូរសង្ឃឹមឡើង កូនអើយ បាបឯងបានអត់ទោសឲ្យឯងហើយ
3 ដូច្នេះ មានអាចារ្យខ្លះនឹកក្នុងចិត្តថា មនុស្សនេះពោលពាក្យប្រមាថដល់ព្រះ
4 ឯព្រះយេស៊ូវទ្រង់ឈ្វេងយល់គំនិតគេ ក៏មានព្រះបន្ទូលថា ហេតុអ្វីបានជាអ្នករាល់គ្នាមានគំនិតអាក្រក់ក្នុងចិត្តដូច្នេះ
5 ដ្បិតដែលថា បាបឯងបានអត់ទោសឲ្យឯងហើយ ឬថា ឲ្យក្រោកឡើងដើរទៅ នោះតើពាក្យណាងាយថាជាជាង
6 ប៉ុន្តែ នេះដើម្បីឲ្យអ្នករាល់គ្នាបានដឹងថា កូនមនុស្សមានអំណាច នឹងអត់ទោសបាបនៅផែនដីបានដែរ នោះទ្រង់មានព្រះបន្ទូលទៅអ្នកស្លាប់ដៃស្លាប់ជើងថា ចូរក្រោកឡើង យកគ្រែឯងទៅផ្ទះទៅ
7 អ្នកនោះក៏ក្រោកឡើងដើរទៅឯផ្ទះ
8 កាលហ្វូងមនុស្សបានឃើញការនោះ គេកើតមានសេចក្ដីអស្ចារ្យ ក៏សរសើរតម្កើងដល់ព្រះដែលទ្រង់បានប្រទានអំណាចយ៉ាងនេះ មកមនុស្សលោក។
9 លុះព្រះយេស៊ូវយាងហួសពីទីនោះទៅ ទ្រង់ក៏ទតឃើញមនុស្សម្នាក់ឈ្មោះ ម៉ាថាយ កំពុងអង្គុយនៅកន្លែងយកពន្ធ នោះទ្រង់មានព្រះបន្ទូលហៅគាត់ថា ចូរមកតាមខ្ញុំ គាត់ក៏ក្រោកឡើងដើរតាមទ្រង់ទៅ
10 កាលព្រះយេស៊ូវកំពុងគង់សោយអាហារនៅក្នុងផ្ទះ នោះមានពួកអ្នកយកពន្ធ និងមនុស្សមានបាបជាច្រើន បានមកអង្គុយជាមួយនឹងទ្រង់ និងពួកសិស្សទ្រង់ផង
11 កាលពួកផារីស៊ីបានឃើញដូច្នោះ គេក៏សួរពួកសិស្សទ្រង់ថា ហេតុអ្វីបានជាគ្រូរបស់អ្នករាល់គ្នាបរិភោគជាមួយនឹងពួកយកពន្ធ ហើយនិងមនុស្សមានបាបដូច្នេះ
12 តែព្រះយេស៊ូវទ្រង់ក៏បានឮ ហើយទ្រង់មានព្រះបន្ទូលតបថា ពួកអ្នកដែលជាសុខសប្បាយ មិនត្រូវការនឹងគ្រូពេទ្យទេ គឺជាពួកដែលមានជំងឺវិញទេតើ
13 ចូរឲ្យអ្នករាល់គ្នាទៅរៀនន័យបទដែលថា «អញចង់បានសេចក្ដីមេត្តាករុណា មិនមែនយញ្ញបូជាទេ» ពីព្រោះខ្ញុំមិនបានមក ដើម្បីនឹងហៅមនុស្សសុចរិតទេ គឺមកហៅមនុស្សមានបាបឲ្យប្រែចិត្តវិញ។
14 នៅគ្រានោះ ពួកសិស្សរបស់យ៉ូហានក៏មកឯទ្រង់ ទូលថា ហេតុអ្វីបានជាយើងខ្ញុំ និងពួកផារីស៊ី តមតែញយៗ តែពួកសិស្សទ្រង់មិនដែលតមសោះដូច្នេះ
15 ព្រះយេស៊ូវទ្រង់ឆ្លើយថា កំពុងដែលប្ដីថ្មោងថ្មីនៅជាមួយគ្នា នោះតើសំឡាញ់នៃគាត់នឹងធ្វើទឹកមុខព្រួយបានឬទេ ប៉ុន្តែ នឹងមានគ្រាមកដល់ ដែលប្ដីនឹងត្រូវដកយកចេញពីគេទៅ នៅគ្រានោះ ទើបគេនឹងតមអាហារវិញ
16 គ្មានអ្នកណាដែលយកកំណាត់សំពត់ថ្មី មកប៉ះអាវចាស់ទេ ដ្បិតកំណាត់ថ្មីនោះ នឹងហែកអាវចាស់ចេញ ហើយរំហែកនោះនឹងរឹងរឹតតែអាក្រក់ជាងទៅទៀត
17 ក៏មិនដែលមានអ្នកណាដាក់ស្រាទំពាំងបាយជូរថ្មី ក្នុងថង់ស្បែកចាស់ដែរ បើធ្វើដូច្នោះ ថង់ស្បែកនឹងធ្លាយ ហូរស្រាទំពាំងបាយជូរចេញអស់ ហើយទាំងថង់នោះក៏ត្រូវខូចខាតដែរ គឺគេតែងដាក់ស្រាទំពាំងបាយជូរថ្មី ក្នុងថង់ស្បែកថ្មីវិញ នោះទើបទាំង២បានគង់នៅ។
18 កំពុងដែលទ្រង់មានព្រះបន្ទូលនឹងគេ ពីដំណើរទាំងនោះ ស្រាប់តែមានមេសាលាម្នាក់ មកក្រាបថ្វាយបង្គំទូលថា កូនស្រីរបស់ទូលបង្គំទើបនឹងស្លាប់អម្បាញ់មិញ សូមទ្រង់មេត្តាយាងទៅដាក់ព្រះហស្តលើវា នោះវានឹងរស់ឡើងវិញ
19 ព្រះយេស៊ូវក៏ក្រោកឡើង យាងទៅតាម ព្រមទាំងពួកសិស្សទ្រង់ដែរ
20 រីឯមានស្ត្រីម្នាក់ នាងមានជំងឺធ្លាក់ឈាមអស់១២ឆ្នាំមកហើយ នាងបានចូលមកពីក្រោយ ពាល់ជាយព្រះពស្ត្រទ្រង់
21 ដោយគិតក្នុងចិត្តថា បើគ្រាន់តែពាល់ជាយព្រះពស្ត្រទ្រង់ប៉ុណ្ណោះ នោះនឹងបានជាហើយ
22 ឯព្រះយេស៊ូវទ្រង់បែរទៅឃើញនាង ក៏មានព្រះបន្ទូលថា ចូរសង្ឃឹមឡើង កូនអើយ សេចក្ដីជំនឿរបស់នាង បានជួយសង្គ្រោះនាងហើយ នាងក៏បានជា ចាប់តាំងពីវេលានោះមក
23 រួចមក កាលទ្រង់យាងចូលទៅក្នុងផ្ទះមេសាលា បានឃើញពួកអ្នកផ្លុំខ្លុយ និងមនុស្សសន្ធឹកកំពុងតែឆោឡោ
24 នោះទ្រង់មានព្រះបន្ទូលថា ចូរថយចេញទៅ ដ្បិតនាងក្រមុំនេះមិនមែនស្លាប់ទេ នាងគ្រាន់តែដេកលក់ប៉ុណ្ណោះ តែគេសើចចំអកឲ្យទ្រង់
25 លុះបណ្តេញមនុស្សទាំងនោះ ទៅក្រៅអស់ហើយ នោះទ្រង់យាងចូលទៅចាប់ដៃនាង រួចនាងក៏ក្រោកឡើង
26 រឿងនោះបានល្បីខ្ចរខ្ចាយទួទៅ ពេញពាសក្នុងស្រុកនោះឯង។
27 កំពុងដែលព្រះយេស៊ូវទ្រង់យាងចេញពីទីនោះទៅ នោះមានមនុស្សខ្វាក់២នាក់តាមទ្រង់ ទាំងស្រែកថា ឱព្រះរាជបុត្រាហ្លួងដាវីឌអើយ សូមទ្រង់ប្រោសមេត្តាដល់យើងខ្ញុំផង
28 កាលបានយាងចូលទៅក្នុងផ្ទះ នោះអ្នកខ្វាក់ទាំង២ក៏មកឯទ្រង់ ហើយទ្រង់មានព្រះបន្ទូលសួរថា តើអ្នកជឿថា ខ្ញុំអាចនឹងធ្វើការនេះបានឬទេ អ្នកទាំង២ទូលថា ជឿហើយ ព្រះអម្ចាស់អើយ
29 នោះទ្រង់ក៏ពាល់ភ្នែកគេ ដោយព្រះបន្ទូលថា ចូរឲ្យបានដូចសេចក្ដីជំនឿរបស់អ្នកចុះ
30 ភ្នែកគេក៏បានភ្លឺឡើង រួចទ្រង់ហាមផ្តាច់ថា នែ កុំឲ្យអ្នកណាដឹងការនេះឲ្យសោះហ្នះ
31 តែកាលគេចេញទៅហើយ នោះក៏ផ្សាយប្រាប់ពីទ្រង់ សុសសាយពេញក្នុងស្រុកនោះ។
32 កំពុងដែលអ្នកទាំង២ចេញទៅ នោះមានគេនាំមនុស្សគ ដែលមានអារក្សចូល មកឯទ្រង់
33 រួចកាលបានដេញអារក្សចេញហើយ នោះមនុស្សគបាននិយាយឡើងបាន ឯបណ្តាមនុស្សទាំងប៉ុន្មាន គេមានសេចក្ដីអស្ចារ្យថា មិនដែលឃើញមានយ៉ាងដូច្នេះ នៅក្នុងស្រុកអ៊ីស្រាអែលសោះឡើយ
34 តែពួកផារីស៊ីនិយាយឡើងថា អ្នកនេះដេញអារក្ស ដោយសារតែមេអារក្សទេ។
35 ព្រះយេស៊ូវទ្រង់ក៏យាងទៅដល់គ្រប់ក្រុងគ្រប់ភូមិ ព្រមទាំងបង្រៀនក្នុងសាលាប្រជុំទាំងប៉ុន្មាន ហើយប្រកាសប្រាប់ដំណឹងល្អពីនគរ ទ្រង់ក៏ប្រោសអស់ទាំងជំងឺរោគា និងជរាពិការ ក្នុងពួកបណ្តាជនឲ្យបានជា
36 កាលទ្រង់ឃើញហ្វូងមនុស្សហើយនោះ ទ្រង់មានព្រះហឫទ័យក្តួលអាណិតដល់គេ ដ្បិតគេល្វើយ ហើយខ្ចាត់ខ្ចាយ ដូចហ្វូងចៀម ដែលឥតអ្នកគង្វាល
37 បានជាទ្រង់មានព្រះបន្ទូលទៅពួកសិស្សថា ចម្រូូតធំណាស់ តែមានអ្នកច្រូតតិចទេ
38 ដូច្នេះ ចូរសូមអង្វរដល់ព្រះអម្ចាស់នៃចម្រូូត ឲ្យទ្រង់ចាត់អ្នកច្រូតមកក្នុងចម្រូូតទ្រង់។
ជំពូក 10
1 កាលទ្រង់បានហៅពួកសិស្សទាំង១២នាក់មកហើយ នោះក៏ប្រទានឲ្យគេមានអំណាច អាចនឹងដេញអារក្សអសោច ហើយនឹងមើលគ្រប់ទាំងជំងឺរោគា និងជរាពិការទាំងអស់ឲ្យបានជាផង
2 រីឯពួកសាវកទាំង១២នាក់ នោះដូចមានឈ្មោះដូចខាងក្រោមនេះស្រាប់ គឺមុនដំបូងមានស៊ីម៉ូន ដែលហៅថាពេត្រុស១ អនទ្រេ ជាប្អូនគាត់១ យ៉ាកុប ជាកូនសេបេដេ១ និងយ៉ូហាន ជាប្អូនគាត់១
3 ភីលីព១ បារថូល៉ូមេ១ ថូម៉ាស១ ម៉ាថាយ ជាអ្នកយកពន្ធ១ យ៉ាកុប ជាកូនអាល់ផាយ១ លេបេ ដែលហៅថាថាដេ១
4 ស៊ីម៉ូន ជាសាសន៍កាណាន១ ហើយនិងយូដាស-អ៊ីស្ការីយ៉ុត ជាអ្នកដែលបញ្ជូនទ្រង់១។
5 ព្រះយេស៊ូវទ្រង់ចាត់ពួក១២នាក់នេះឲ្យទៅ ដោយផ្តាំថា កុំឲ្យអ្នករាល់គ្នាបែរទៅតាមផ្លូវរបស់សាសន៍ដទៃ ឬចូលទៅក្នុងទីក្រុងណា១របស់សាសន៍សាម៉ារីឡើយ
6 ចូរទៅឯចៀមបាត់បង់ របស់វង្សានុវង្សនៃពួកអ៊ីស្រាអែលវិញ
7 ហើយកំពុងដែលទៅ នោះចូរប្រកាសប្រាប់ថា នគរស្ថានសួគ៌ជិតដល់ហើយ
8 ចូរប្រោសមនុស្សជំងឺឲ្យជា មនុស្សស្លាប់ឲ្យរស់ឡើងវិញ មនុស្សឃ្លង់ឲ្យជាស្អាត ហើយដេញអារក្សចេញផង អ្នករាល់គ្នាបានទទួលទទេ ត្រូវឲ្យទទេដែរ
9 កុំឲ្យយកមាសប្រាក់ ឬលុយកាក់ ដាក់ក្នុងខ្សែក្រវាត់របស់អ្នកទៅឡើយ
10 ក៏កុំឲ្យយកយាមសម្រាប់តាមផ្លូវ ឬអាវ២ ស្បែកជើង ឬដំបងផង ដ្បិតអ្នកដែលធ្វើការ នោះគួរនឹងបានអាហារចិញ្ចឹមខ្លួន
11 នៅក្រុងណា ឬភូមិណា ដែលអ្នករាល់គ្នាចូលទៅ នោះត្រូវឲ្យសួររកអ្នកណាក្នុងទីនោះដែលគេគួរ រួចឲ្យនៅផ្ទះអ្នកនោះ ដរាបដល់អ្នកចេញទៅ
12 កាលណាចូលទៅ ក៏ត្រូវជម្រាបសួរ អ្នកផ្ទះនោះដែរ
13 បើអ្នកផ្ទះនោះគេគួរ នោះចូរឲ្យសេចក្ដីសុខសាន្តរបស់អ្នករាល់គ្នានៅផ្ទះនោះចុះ តែបើមិនគួរទេ នោះត្រូវឲ្យសេចក្ដីសុខសាន្តត្រឡប់មកលើអ្នករាល់គ្នាវិញ
14 បើអ្នកណាមិនទទួល ឬមិនស្តាប់តាមពាក្យអ្នក នោះត្រូវឲ្យអ្នករាល់គ្នាចុះពីផ្ទះនោះ ឬចេញពីក្រុងនោះ រួចរលាស់ធូលីពីជើងអ្នកចេញ
15 ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា នៅថ្ងៃជំនុំជម្រះ ក្រុងសូដុម និងក្រុងកូម៉ូរ៉ា នឹងទ្រាំបានងាយជាជាងក្រុងនោះវិញ។
16 នែ ខ្ញុំចាត់អ្នករាល់គ្នាឲ្យទៅ ដូចជាចៀមនៅកណ្តាលហ្វូងស្វាន ដូច្នេះ ចូរធ្វើជាអ្នកឆ្លាតដូចជាពស់ ហើយសុភាពដូចព្រាប
17 ត្រូវឲ្យប្រយ័តនឹងមនុស្សលោក ដ្បិតគេនឹងបញ្ជូនអ្នករាល់គ្នាទៅក្រុមជំនុំ ហើយនិងវាយអ្នករាល់គ្នានឹងរំពាត់ នៅក្នុងសាលាប្រជុំ
18 អ្នករាល់គ្នានឹងត្រូវគេបញ្ជូនទៅនៅមុខចៅហ្វាយខេត្ត ហើយនៅចំពោះស្តេច ដោយព្រោះខ្ញុំ ទុកជាទីបន្ទាល់ដល់លោកទាំងអស់នោះ ហើយនិងពួកសាសន៍ដទៃដែរ
19 ប៉ុន្តែ កាលណាគេចាប់បញ្ជូនអ្នករាល់គ្នាទៅ នោះកុំឲ្យថប់ព្រួយពីបែបនិយាយ ឬពីពាក្យដែលត្រូវថាឡើយ ពីព្រោះសេចក្ដីដែលត្រូវនិយាយ នឹងបានប្រទានមកអ្នករាល់គ្នានៅវេលានោះឯង
20 ដ្បិតមិនមែនជាអ្នករាល់គ្នាដែលត្រូវនិយាយទេ គឺជាព្រះវិញ្ញាណរបស់ព្រះវរបិតានៃអ្នកទេតើ ដែលទ្រង់មានព្រះបន្ទូលក្នុងខ្លួនអ្នកវិញ
21 បងប្អូននឹងបញ្ជូនគ្នាឲ្យត្រូវស្លាប់ ឪពុកនឹងបញ្ជូនកូន ហើយកូននឹងលើកគ្នាទាស់នឹងឪពុកម្តាយ ព្រមទាំងសម្លាប់គាត់ផង
22 មនុស្សទាំងអស់នឹងស្អប់អ្នករាល់គ្នា ដោយព្រោះឈ្មោះខ្ញុំ ប៉ុន្តែ អ្នកណាដែលកាន់ខ្ជាប់ដរាបដល់ចុងបំផុត អ្នកនោះនឹងបានសង្គ្រោះ
23 កាលណាគេធ្វើទុក្ខ បៀតបៀនអ្នករាល់គ្នា ក្នុងក្រុងនេះ នោះត្រូវរត់ទៅឯក្រុង១ទៀតវិញ ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នករាល់គ្នានឹងដើរ មិនទាន់ដល់គ្រប់ទាំងទីក្រុងនៃសាសន៍អ៊ីស្រាអែលនៅឡើយ នោះកូនមនុស្សនឹងបានមកដល់ហើយ។
24 សិស្សមិនមែនលើសជាងគ្រូទេ ហើយបាវក៏មិនលើសជាងចៅហ្វាយខ្លួនដែរ
25 បើសិស្សបានស្មើនឹងគ្រូ ហើយបាវបានស្មើនឹងចៅហ្វាយ នោះល្មមហើយ បើសិនជាគេហៅម្ចាស់ផ្ទះថា បេលសេប៊ូល នោះចំណង់បើពួកអ្នកនៅផ្ទះនោះទាំងប៉ុន្មាន តើគេនឹងហៅយ៉ាងនោះលើសជាងអម្បាលម៉ានទៅទៀត។
26 ដូច្នេះ មិនត្រូវឲ្យខ្លាចគេឡើយ ដ្បិតគ្មានអ្វីគ្របបាំង ដែលមិនត្រូវបើកសម្ដែងចេញ ឬអ្វីលាក់លៀម ដែលមិនត្រូវបង្ហាញឲ្យគេស្គាល់នោះទេ
27 ការអ្វីដែលខ្ញុំប្រាប់អ្នករាល់គ្នានៅទីងងឹត នោះចូរសម្ដែងនៅទីភ្លឺ ហើយការអ្វីដែលអ្នករាល់គ្នាឮនៅត្រចៀក នោះចូរថ្លែងប្រាប់ពីលើដំបូលផ្ទះវិញចុះ
28 កុំឲ្យខ្លាចចំពោះពួកអ្នកដែលសម្លាប់បានតែរូបកាយ តែពុំអាចនឹងសម្លាប់ដល់ព្រលឹងបាននោះឡើយ ស៊ូឲ្យខ្លាចព្រះអង្គវិញជាជាង ដែលទ្រង់អាចនឹងធ្វើឲ្យទាំងព្រលឹង និងរូបកាយវិនាសទៅក្នុងនរកផង
29 តើគេមិនលក់ចាប២ថ្លៃ១លុយទេឬអី តែគ្មានចាបណាមួយធ្លាក់ទៅដី ឥតព្រះវរបិតានៃអ្នករាល់គ្នាជ្រាបឡើយ
30 សូម្បីតែសក់ក្បាលរបស់អ្នករាល់គ្នាក៏បានរាប់ទាំងអស់ដែរ
31 យ៉ាងនោះមិនត្រូវឲ្យខ្លាចឡើយ អ្នករាល់គ្នាមានតម្លៃលើសជាងចាបជាច្រើន។
32 ដូច្នេះ អស់អ្នកណាដែលទទួលថ្លែងប្រាប់ពីខ្ញុំ នៅមុខមនុស្សលោក នោះខ្ញុំនឹងទទួលថ្លែងប្រាប់ពីអ្នកនោះ នៅចំពោះព្រះវរបិតាខ្ញុំ ដែលគង់នៅស្ថានសួគ៌ដែរ
33 តែអ្នកណាដែលមិនព្រមទទួលស្គាល់ខ្ញុំ នៅមុខមនុស្សលោកទេ នោះខ្ញុំក៏មិនព្រមទទួលស្គាល់អ្នកនោះ នៅចំពោះព្រះវរបិតាខ្ញុំ ដែលគង់នៅស្ថានសួគ៌ដែរ។
34 កុំឲ្យស្មានថា ខ្ញុំមកនឹងតាំងឲ្យមានសេចក្ដីមេត្រីនៅផែនដីឡើយ ខ្ញុំមិនមែនមកដើម្បីតាំងឲ្យមានសេចក្ដីមេត្រីទេ គឺឲ្យមានដាវវិញ
35 ដ្បិតខ្ញុំបានមក ដើម្បីនឹងនាំឲ្យគេទាស់នឹងឪពុកខ្លួន ឲ្យកូនស្រីទាស់នឹងម្តាយ ហើយកូនប្រសាស្រីទាស់នឹងម្តាយក្មេក
36 ឯពួកសត្រូវរបស់អ្នកណា នោះគឺជាពួកអ្នកនៅផ្ទះជាមួយនឹងខ្លួននោះឯង
37 អ្នកណាដែលស្រឡាញ់ឪពុក ឬម្តាយ ជាជាងខ្ញុំ នោះមិនគួរនឹងខ្ញុំទេ ហើយអ្នកណាដែលស្រឡាញ់កូនប្រុស ឬស្រី ជាជាងខ្ញុំ នោះក៏មិនគួរនឹងខ្ញុំដែរ
38 អ្នកណាដែលមិនយកឈើឆ្កាងខ្លួនមកតាមខ្ញុំ អ្នកនោះមិនគួរនឹងខ្ញុំឡើយ
39 អ្នកណាដែលរកបានជីវិតខ្លួន នោះនឹងត្រូវបាត់ជីវិតទៅ តែអ្នកណាដែលបាត់ជីវិត ដោយយល់ដល់ខ្ញុំ អ្នកនោះនឹងបានជីវិតវិញ។
40 អ្នកណាដែលទទួលអ្នករាល់គ្នា នោះឈ្មោះថាទទួលខ្ញុំ ហើយអ្នកណាដែលទទួលខ្ញុំ នោះក៏ឈ្មោះថាទទួលព្រះអង្គ ដែលចាត់ឲ្យខ្ញុំមកដែរ
41 អ្នកណាដែលទទួលហោរា ពីព្រោះជាហោរា អ្នកនោះនឹងបានរង្វាន់ ដូចជារង្វាន់របស់ហោរា ឯអ្នកណាដែលទទួលមនុស្សសុចរិត ពីព្រោះជាមនុស្សសុចរិត នោះនឹងបានរង្វាន់ ដូចជារង្វាន់របស់មនុស្សសុចរិតដែរ
42 អ្នកណាដែលឲ្យទឹកត្រជាក់តែ១កែវ ទៅកូនក្មេងតូច១នេះផឹក ពីព្រោះជាសិស្សខ្ញុំ នោះខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកនោះមិនបាត់រង្វាន់ខ្លួនឡើយ។
ជំពូក 11
1 កាលព្រះយេស៊ូវបានផ្តាំពួកសិស្សទាំង១២នាក់រួចហើយ នោះទ្រង់ក៏យាងចេញពីទីនោះ ដើម្បីនឹងទៅបង្រៀន ហើយសម្ដែងក្នុងអស់ទាំងក្រុងរបស់គេ។
2 រីឯយ៉ូហានដែលជាប់នៅក្នុងគុក គាត់បានឮពីការទាំងប៉ុន្មានដែលព្រះគ្រីស្ទទ្រង់ធ្វើ ហើយក៏ចាត់សិស្សគាត់២នាក់ ឲ្យទៅទូលសួរទ្រង់ថា
3 តើទ្រង់ជាព្រះអង្គដែលត្រូវយាងមកនោះ ឬត្រូវឲ្យយើងខ្ញុំចាំ១អង្គទៅទៀត
4 ព្រះយេស៊ូវទ្រង់មានព្រះបន្ទូលតបថា ចូរទៅប្រាប់យ៉ូហានពីសេចក្ដីទាំងប៉ុន្មានដែលអ្នកកំពុងតែឮ ហើយឃើញចុះ
5 គឺថាមនុស្សខ្វាក់បានភ្លឺ មនុស្សខ្វិនបានដើររួច មនុស្សឃ្លង់បានជាស្អាត មនុស្សថ្លង់បានឮ មនុស្សស្លាប់បានរស់ឡើងវិញ ហើយមនុស្សទាល់ក្រ បានឮដំណឹងល្អផង
6 មានពរហើយ អ្នកណាដែលមិនរវាតចិត្តដោយព្រោះខ្ញុំ។
7 កំពុងដែលអ្នកទាំង២នោះចេញទៅហើយ នោះព្រះយេស៊ូវទ្រង់ផ្តើមមានព្រះបន្ទូលនឹងហ្វូងមនុស្ស ពីយ៉ូហានថា តើអ្នករាល់គ្នាបានទៅមើលអ្វីនៅទីរហោស្ថាន បានទៅមើលដើមត្រែងរញ្ជួយដោយខ្យល់ឬអី
8 តើបានទៅមើលអ្វី បានទៅមើលមនុស្សពាក់អាវទន់ភ្លន់ឬអី មើល អស់អ្នកដែលពាក់អាវទន់ភ្លន់ នោះសុទ្ធតែនៅក្នុងដំណាក់ស្តេចទេ
9 ចុះអ្នករាល់គ្នាបានទៅមើលអ្វី មើលហោរាឬអី មែនហើយ ខ្ញុំប្រាប់អ្នករាល់គ្នាថា គាត់ក៏លើសជាងហោរាផង
10 ដ្បិតគឺពីអ្នកនេះហើយ ដែលមានសេចក្ដីចែងទុកមកថា «មើល អញចាត់ទូតអញ ឲ្យទៅមុនឯង ទូតនោះនឹងរៀបចំផ្លូវនៅមុខឯង»
11 ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ក្នុងបណ្តាមនុស្សដែលកើតពីស្ត្រីមក នោះគ្មានអ្នកណាបានធំជាងយ៉ូហាន-បាទីស្ទទេ ប៉ុន្តែ អ្នកណាដែលតូចជាងគេក្នុងនគរស្ថានសួគ៌ នោះធំជាងគាត់ហើយ
12 តាំងតែពីគ្រាយ៉ូហាន-បាទីស្ទ ដរាបដល់គ្រាឥឡូវនេះ នោះមានគេខំប្រឹងចាប់បាននគរស្ថានសួគ៌ ហើយគឺជាពួកខំប្រឹងពិតដែលចាប់បានផង
13 ពីព្រោះអស់ទាំងហោរា និងក្រឹត្យវិន័យបានទាយ ដរាបមកដល់គ្រាលោកយ៉ូហាន
14 ហើយបើសិនជាអ្នករាល់គ្នាព្រមទទួលពាក្យនេះ នោះគឺលោកនេះហើយ ជាលោកអេលីយ៉ាដែលត្រូវមក
15 អ្នកណាដែលមានត្រចៀកសម្រាប់ស្តាប់ ឲ្យស្តាប់ចុះ
16 តើត្រូវឲ្យខ្ញុំធៀបដំណមនុស្សនេះជាអ្វី គឺធៀបដូចជាកូនក្មេងអង្គុយនៅទីផ្សារ ដែលស្រែកទៅគ្នាវាថា
17 យើងបានផ្លុំខ្លុយឲ្យឯង តែឯងមិនបានរាំ យើងបានទួញទំនួញឲ្យឯង តែឯងមិនបានយំទេ
18 ដ្បិតយ៉ូហានបានមកមិនស៊ីមិនផឹកសោះ តែគេថា គាត់មានអារក្សចូល
19 ឯកូនមនុស្ស បានមកទាំងស៊ីទាំងផឹកផង គង់តែគេថា មើលនេះជាអ្នកល្មោភស៊ីផឹកច្រើន ជាមិត្តសំឡាញ់របស់ពួកយកពន្ធ និងមនុស្សមានបាប ប៉ុន្តែ ប្រាជ្ញាបានរាប់ជាត្រូវ ដោយផលដែលបង្កើត។
20 នោះទ្រង់ចាប់តាំងបន្ទោសដល់អស់ទាំងក្រុង ជាកន្លែងដែលទ្រង់បានធ្វើការឫទ្ធិបារមីជាច្រើន ពីព្រោះគេមិនបានប្រែចិត្តសោះ គឺទ្រង់មានព្រះបន្ទូលថា
21 វេទនាដល់ឯង ខូរ៉ាស៊ីនអើយ វេទនាដល់ឯង បេតសៃដាអើយ ពីព្រោះឯការឫទ្ធិបារមីដែលបានធ្វើនៅកណ្តាលឯង បើបានធ្វើនៅកណ្តាលក្រុងទីរ៉ុស និងស៊ីដូនវិញ នោះគេនឹងបានប្រែចិត្តជាយូរមកហើយ ទាំងស្លៀកសំពត់ធ្មៃ ហើយព្រលាំងដោយផែះផង
22 ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាថា នៅថ្ងៃជំនុំជម្រះ ក្រុងទីរ៉ុស និងក្រុងស៊ីដូន នឹងទ្រាំបានងាយជាជាងឯងរាល់គ្នា
23 ហើយឯឯង កាពើណិមអើយ ដែលឯងបានតម្កើងឡើងស្មើនឹងស្ថានសួគ៌ហើយ ឯងនឹងត្រូវទម្លាក់ចុះទៅដល់ស្ថានឃុំព្រលឹងមនុស្សស្លាប់វិញ ពីព្រោះឯការឫទ្ធិបារមី ដែលបានធ្វើនៅកណ្តាលឯង បើបានធ្វើនៅក្រុងសូដុមវិញ នោះក្រុងគេនឹងបានស្ថិតស្ថេរនៅជាដរាបដល់សព្វថ្ងៃនេះ
24 ដូច្នេះ ខ្ញុំប្រាប់អ្នករាល់គ្នាថា នៅថ្ងៃជំនុំជម្រះ នោះក្រុងសូដុមនឹងទ្រាំបានងាយជាជាងឯង។
25 នៅវេលានោះ ព្រះយេស៊ូវទ្រង់មានព្រះបន្ទូលថា ឱព្រះវបិតាជាព្រះអម្ចាស់នៃស្ថានសួគ៌ និងផែនដីអើយ ទូលបង្គំសរសើរដល់ទ្រង់ ដោយព្រោះទ្រង់លាក់សេចក្ដីទាំងនេះនឹងពួកអ្នកប្រាជ្ញ ហើយនិងពួកឈ្លាសវៃ តែបានសម្ដែងឲ្យពួកកូនក្មេងយល់វិញ
26 ហ្នឹងហើយ ព្រះវរបិតាអើយ ដ្បិតទ្រង់បានសព្វព្រះហឫទ័យយ៉ាងដូច្នោះ
27 គ្រប់សេចក្ដីទាំងអស់បានប្រគល់មកខ្ញុំពីព្រះវរបិតានៃខ្ញុំ ហើយគ្មានអ្នកណាស្គាល់ព្រះរាជបុត្រាទេ មានតែព្រះវរបិតាតែ១ ក៏គ្មានអ្នកណាស្គាល់ព្រះវរបិតាដែរ មានតែព្រះរាជបុត្រា ហើយនិងអ្នកណាដែលព្រះរាជបុត្រាសព្វព្រះហឫទ័យចង់បើកឲ្យស្គាល់ទ្រង់ផងប៉ុណ្ណោះ។
28 អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ ចូរមកឯខ្ញុំ ខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់សម្រាក
29 ចូរទទួលនឹម ខ្ញុំ ហើយរៀននឹងខ្ញុំចុះ ដ្បិតខ្ញុំស្លូត ហើយមានចិត្តសុភាព នោះអ្នករាល់គ្នានឹងបានសេចក្ដីសម្រាកដល់ព្រលឹង
30 ពីព្រោះនឹមខ្ញុំងាយទេ ហើយបន្ទុកខ្ញុំក៏ស្រាល។
ជំពូក 12
1 នៅគ្រានោះ ព្រះយេស៊ូវយាងកាត់ស្រែ នៅថ្ងៃឈប់សម្រាក ឯពួកសិស្សទ្រង់គេឃ្លាន ហើយគេចាប់បូតគួរស្រូវបរិភោគទៅ
2 ពួកផារីស៊ីក៏ឃើញ ហើយគេទូលទ្រង់ថា មើលន៏ សិស្សលោកធ្វើអំពើដែលគ្មានច្បាប់ធ្វើ នៅថ្ងៃឈប់សម្រាកហើយ
3 តែទ្រង់មានព្រះបន្ទូលតបថា តើអ្នករាល់គ្នាមិនដែលមើលរឿង ពីការដែលហ្លួងដាវីឌទ្រង់ធ្វើ ក្នុងកាលដែលទ្រង់ និងពួកអ្នកនៅជាមួយបានឃ្លានទេឬអី
4 គឺដែលទ្រង់បានយាងចូលទៅក្នុងដំណាក់ព្រះ ហើយបានសោយនំបុ័ងតាំងទុក ដែលគ្មានច្បាប់ឲ្យទ្រង់សោយ ឬពួកដែលនៅជាមួយនឹងទ្រង់ផង ជារបស់ទុកសម្រាប់តែពួកសង្ឃប៉ុណ្ណោះ
5 ឬអ្នករាល់គ្នាមិនបានមើលក្នុងក្រឹត្យវិន័យទេឬអីថា នៅថ្ងៃឈប់សម្រាក នោះពួកសង្ឃ នៅក្នុងព្រះវិហារ ក៏ប្រព្រឹត្តរំលងច្បាប់នៃថ្ងៃឈប់សម្រាក ឥតមានទោសវិញ
6 ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាថា នៅទីនេះ មាន១អង្គ ដែលវិសេសជាងព្រះវិហារទៅទៀត
7 បើអ្នករាល់គ្នាបានយល់ន័យសេចក្ដីដែលថា «អញចង់បានសេចក្ដីមេត្តាករុណា មិនមែនយញ្ញបូជាទេ» នោះអ្នករាល់គ្នាមិនបានបន្ទោស ដល់ពួកអ្នកដែលគ្មានទោសឡើយ
8 ដ្បិតកូនមនុស្សជាម្ចាស់លើថ្ងៃឈប់សម្រាកដែរ។
9 ទ្រង់ក៏យាងចេញពីទីនោះ ចូលទៅក្នុងសាលាប្រជុំរបស់គេ
10 នោះឃើញមនុស្សម្នាក់មានដៃស្វិត ហើយគេទូលសួរទ្រង់ថា តើមានច្បាប់នឹងប្រោសឲ្យជា នៅថ្ងៃឈប់សម្រាកបានឬទេ នេះគឺដើម្បីឲ្យតែបានរឿងចោទប្រកាន់ទ្រង់ប៉ុណ្ណោះ
11 តែទ្រង់ឆ្លើយថា បើអ្នកណាក្នុងពួកអ្នករាល់គ្នា មានចៀមតែ១ ហើយចៀមនោះធ្លាក់ទៅក្នុងរណ្តៅ នៅថ្ងៃឈប់សម្រាក នោះតើមិនទៅចាប់ស្រង់វាមកទេឬអី
12 ឯមនុស្ស តើមានតម្លៃលើសជាងចៀមអម្បាលម៉ានទៅទៀត ដូច្នេះ មានច្បាប់ឲ្យធ្វើការល្អនៅថ្ងៃឈប់សម្រាកដែរ
13 រួចទ្រង់មានព្រះបន្ទូលទៅមនុស្សនោះថា ចូរលាតដៃអ្នកទៅ គាត់ក៏លាត ហើយដៃនោះបានជា ដូចដៃម្ខាង។
14 កាលពួកផារីស៊ីបានចេញទៅក្រៅ គេក៏ពិគ្រោះគ្នារកហេតុនឹងធ្វើឲ្យទ្រង់វិនាស
15 តែកាលព្រះយេស៊ូវបានជ្រាប នោះទ្រង់យាងថយចេញពីទីនោះ មានទាំងមនុស្សកកកុញដើរតាមទ្រង់ទៅ ហើយទ្រង់ក៏ប្រោសគេឲ្យជាគ្រប់គ្នាដែរ
16 ទ្រង់ហាមផ្តាច់ មិនឲ្យគេប្រាប់ឲ្យបណ្តាមនុស្សស្គាល់ទ្រង់ឡើយ
17 ដើម្បីឲ្យបានសម្រេចតាមទំនាយ ដែលហោរាអេសាយ បានទាយទុកមកថា
18 «មើលអ្នកបម្រើដែលអញបានរើសតាំង ជាអ្នកស្ងួនភ្ងា ដែលជាទីពេញចិត្តអញ អញនឹងដាក់វិញ្ញាណអញ ឲ្យសណ្ឋិតនៅលើទ្រង់ ហើយទ្រង់នឹងថ្លែងប្រាប់ពីសេចក្ដីយុត្តិធម៌ ដល់សាសន៍ដទៃ
19 ទ្រង់នឹងមិនតតាំងនឹងគេ ឬស្រែកសម្រែកឡើយ នឹងគ្មានអ្នកណាឮសំឡេងទ្រង់នៅក្នុងផ្លូវទេ
20 ទ្រង់នឹងមិនផ្តាច់ដើមត្រែងដែលបាក់ ក៏មិនលត់ប្រឆេះដែលនៅហុយឡើយ ទាល់តែបាននាំសេចក្ដីយុត្តិធម៌ឲ្យមានជ័យជម្នះ
21 ហើយអស់ទាំងសាសន៍ដទៃ នឹងមានសេចក្ដីសង្ឃឹម ដោយនូវឈ្មោះទ្រង់»។
22 នោះគេនាំមនុស្សម្នាក់មានអារក្សចូល ដែលខ្វាក់ ហើយគ មកឯទ្រង់ ទ្រង់ក៏ប្រោសឲ្យបានជា គឺឲ្យមនុស្សខ្វាក់ ហើយគនោះ បានទាំងនិយាយ ហើយមើលឃើញផង
23 ឯហ្វូងមនុស្ស គេមានសេចក្ដីអស្ចារ្យទាំងអស់គ្នា ក៏និយាយគ្នាថា អ្នកនេះ តើមិនមែនជាព្រះវង្សហ្លួងដាវីឌនោះទេឬអី
24 តែកាលពួកផារីស៊ីបានឮពាក្យនោះ គេក៏ឆ្លើយឡើងថា មនុស្សនេះដេញអារក្សបាន ដោយសារតែបេលសេប៊ូល ជាមេអារក្សទេ
25 ប៉ុន្តែ ព្រះយេស៊ូវទ្រង់ជ្រាបគំនិតគេ ក៏មានព្រះបន្ទូលថា អស់ទាំងនគរណាដែលបែកទាស់តែគ្នាឯង នោះនឹងត្រូវវិនាសទៅ ហើយអស់ទាំងក្រុងណា ឬផ្ទះណាដែលបែកទាស់តែគ្នាឯង នោះនឹងនៅស្ថិតស្ថេរពុំបានទេ
26 ដូច្នេះ បើអារក្សដេញអារក្ស នោះមុខជាវាបែកទាស់គ្នាវាហើយ យ៉ាងនោះ ធ្វើដូចម្តេចឲ្យរាជ្យវាស្ថិតស្ថេរនៅបាន
27 មួយទៀត បើខ្ញុំដេញអារក្សដោយអាងបេលសេប៊ូលពិតនោះ តើកូនរបស់អ្នករាល់គ្នាដេញអារក្ស ដោយសារអ្វីវិញ ដូច្នេះ វានឹងធ្វើជាចៅក្រមជំនុំជម្រះអ្នករាល់គ្នាហើយ
28 ប៉ុន្តែ បើសិនជាខ្ញុំដេញអារក្ស ដោយសារព្រះវិញ្ញាណនៃព្រះវិញ នោះឈ្មោះថា នគរព្រះបានមកដល់អ្នករាល់គ្នាហើយ
29 ឬធ្វើដូចម្តេចឲ្យអ្នកណាចូលទៅក្នុងផ្ទះនៃមនុស្សខ្លាំងពូកែ និងប្លន់យកទ្រព្យសម្បត្តិរបស់គេបាន វៀរតែចងអ្នកខ្លាំងពូកែនោះជាមុនសិន នោះទើបនឹងប្លន់ផ្ទះរបស់គេបាន
30 អ្នកណាដែលមិននៅខាងខ្ញុំ អ្នកនោះទាស់នឹងខ្ញុំ ហើយអ្នកណាដែលមិនប្រមូលមកខាងខ្ញុំ អ្នកនោះជាអ្នកកម្ចាត់កម្ចាយវិញ
31 ហេតុនេះបានជាខ្ញុំប្រាប់អ្នករាល់គ្នាថា អស់ទាំងបាប ហើយពាក្យប្រមាថ នឹងអត់ទោសឲ្យមនុស្សលោកបាន តែឯពាក្យប្រមាថដល់ព្រះវិញ្ញាណវិញ នោះមិនដែលបានអត់ទោសដល់មនុស្សឡើយ
32 អ្នកណាដែលពោលពាក្យទាស់នឹងកូនមនុស្ស នោះនឹងអត់ទោសឲ្យបាន តែអ្នកណាដែលពោលទាស់នឹងព្រះវិញ្ញាណបរិសុទ្ធ នោះនឹងអត់ទោសឲ្យពុំបានឡើយ ទោះនៅនាលោកីយ៍នេះ ឬនៅបរលោកនាយក្តី។
33 ត្រូវតែរាប់ថា ដើមឈើល្អ ផ្លែវាក៏ល្អ ឬថាដើមឈើអាក្រក់ ហើយផ្លែវាក៏អាក្រក់ដែរ ដ្បិតគេស្គាល់ដើមឈើដោយសារផ្លែវា
34 ពូជពស់វែកអើយ ដែលអ្នករាល់គ្នាអាក្រក់ម៉្លេះ តើធ្វើដូចម្តេចនឹងឲ្យអ្នករាល់គ្នាពោលសេចក្ដីល្អបាន ពីព្រោះមាត់តែងនិយាយ តាមសេចក្ដីបរិបូរដែលនៅក្នុងចិត្ត
35 ធម្មតាមនុស្សល្អ តែងបញ្ចេញសេចក្ដីល្អ អំពីកំណប់ដ៏ល្អដែលបានកប់ទុកក្នុងចិត្ត ឯមនុស្សអាក្រក់វិញ គេក៏បញ្ចេញសេចក្ដីអាក្រក់ អំពីកំណប់អាក្រក់របស់គេដែរ
36 ហើយខ្ញុំប្រាប់អ្នករាល់គ្នាថា នៅថ្ងៃជំនុំជម្រះ នោះមនុស្សលោកនឹងត្រូវរៀបរាប់ប្រាប់ពីអស់ទាំងហេតុនៃពាក្យឥតប្រយោជន៍ ដែលគេបាននិយាយ
37 ដ្បិតអ្នកនឹងបានរាប់ជាសុចរិត ដោយសារពាក្យសំដីរបស់ខ្លួន ឬនឹងត្រូវទោស ក៏ដោយសារតែពាក្យសំដីនោះដែរ។
38 គ្រានោះ ពួកអាចារ្យ និងពួកផារីស៊ីខ្លះ គេទូលទ្រង់ថា លោកគ្រូ យើងខ្ញុំចង់ឃើញទីសម្គាល់ពីលោក
39 តែទ្រង់មានព្រះបន្ទូលតបថា ដំណមនុស្សអាក្រក់ ហើយកំផិត គេចេះតែចង់ឃើញទីសម្គាល់ តែនឹងគ្មានទីសម្គាល់ណាបានប្រទានមកគេ ក្រៅពីទីសម្គាល់របស់ហោរាយ៉ូណាសឡើយ
40 ដ្បិតលោកយ៉ូណាសបាននៅក្នុងពោះត្រីធំ អស់៣ថ្ងៃ៣យប់យ៉ាងណា កូនមនុស្សក៏នឹងនៅក្នុងផ្ទៃផែនដី៣ថ្ងៃ៣យប់យ៉ាងនោះដែរ
41 ឯមនុស្សនៅក្រុងនីនីវេនឹងឈរឡើងជាមួយនឹងមនុស្សដំណនេះ ក្នុងគ្រាជំនុំជម្រះ ហើយនិងកាត់ទោសឲ្យផង ដ្បិតគេបានប្រែចិត្ត ដោយឮសេចក្ដីដែលលោកយ៉ូណាសបានប្រកាសប្រាប់ ហើយមើល នៅទីនេះមាន១អង្គ ដែលវិសេសជាងលោកយ៉ូណាសទៅទៀត
42 មហាក្សត្រីនៅស្រុកខាងត្បូងនឹងឈរឡើងជាមួយនឹងមនុស្សដំណនេះ ក្នុងគ្រាជំនុំជម្រះ ហើយនិងកាត់ទោសឲ្យផង ដោយព្រះនាងបានយាងមកពីចុងផែនដី ដើម្បីនឹងស្តាប់ចំណេះរបស់ហ្លួងសាឡូម៉ូន ហើយមើលនៅទីនេះមាន១អង្គវិសេសជាហ្លួងសាឡូម៉ូនទៅទៀត។
43 កាលណាអារក្សអសោចបានចេញពីមនុស្សទៅហើយ នោះវាដើរចុះឡើង នៅកន្លែងហួតហែង ដើម្បីរកទីឈប់សម្រាក តែរកមិនបានសោះ
44 នោះវាគិតថា អញនឹងត្រឡប់ទៅឯផ្ទះអញ ដែលទើបនឹងចេញមកនោះ រួចកាលវាមកដល់ ឃើញផ្ទះនៅទំនេរ បោសស្អាត ហើយតុបតែងយ៉ាងល្អ
45 នោះវាចេញទៅនាំយកអារក្ស៧ទៀត ដែលកាចៗជាងវា មកជាមួយផង ក៏នាំគ្នាចូលទៅនៅទីនោះ ហើយសណ្ឋានក្រោយរបស់មនុស្សនោះ បានអាក្រក់ជាងមុនទៅទៀត ឯមនុស្សដំណអាក្រក់នេះ គេនឹងបានដូច្នោះដែរ។
46 កាលទ្រង់កំពុងតែមានព្រះបន្ទូលនឹងហ្វូងមនុស្សនៅឡើយ នោះមាតា និងពួកប្អូនទ្រង់ក៏ឈរពីខាងក្រៅរកទូលនឹងទ្រង់
47 មានម្នាក់ទូលទ្រង់ថា មើលន៏ ម្តាយ និងប្អូនលោក ឈរនៅខាងក្រៅចង់និយាយនឹងលោក
48 តែទ្រង់ឆ្លើយទៅអ្នកដែលទូលនឹងទ្រង់ថា តើអ្នកណាជាម្តាយ ហើយជាប្អូនខ្ញុំ
49 រួចទ្រង់លាតព្រះហស្ត ចង្អុលទៅពួកសិស្ស ដោយមានព្រះបន្ទូលថា នុ៎ះន៏ ម្តាយ ហើយនិងប្អូនខ្ញុំ
50 ដ្បិតអ្នកណាដែលធ្វើតាមព្រះហឫទ័យនៃព្រះវរបិតាខ្ញុំ ដែលគង់នៅស្ថានសួគ៌ គឺអ្នកនោះហើយ ជាប្អូនប្រុសស្រី ហើយជាម្តាយខ្ញុំវិញ។
ជំពូក 13
1 នៅថ្ងៃនោះ ព្រះយេស៊ូវយាងចេញពីផ្ទះ ទៅគង់នៅមាត់សមុទ្រ
2 នោះមានមនុស្សប្រជុំគ្នា មកឯទ្រង់ណែនណាន់ ដល់ម៉្លេះបានជាទ្រង់យាងចុះទៅគង់ក្នុងទូកវិញ ហើយមនុស្សទាំងអស់គ្នាឈរនៅលើមាត់ច្រាំង
3 ទ្រង់មានព្រះបន្ទូលទៅគេ ជាពាក្យប្រៀបប្រដូចអំពីរឿងជាច្រើនថា មើល មានអ្នកព្រោះពូជម្នាក់ចេញទៅព្រោះ
4 កំពុងដែលគាត់ព្រោះ នោះមានខ្លះធ្លាក់ចុះតាមផ្លូវ ហើយសត្វស្លាបក៏ហើរមកចឹកស៊ីអស់ទៅ
5 មានខ្លះទៀតធ្លាក់ទៅក្នុងកន្លែងថ្ម ដែលមានដីរាក់ពេក ស្រាប់តែដុះឡើងភ្លាម ព្រោះដីមិនជ្រៅទេ
6 ប៉ុន្តែ កាលថ្ងៃរះឡើង នោះក៏ក្រៀមខ្លោចទៅ ពីព្រោះគ្មានឫស
7 ហើយខ្លះទៀតធ្លាក់ទៅកណ្តាលបន្លាៗក៏ដុះឡើងខ្ទប់ជិត
8 តែមានខ្លះទៀតធ្លាក់ទៅក្នុងដីល្អ ហើយបង្កើតផលបាន១ជា១រយ មួយទៀតបាន៦០ ហើយមួយទៀតបាន៣០
9 អ្នកណាដែលមានត្រចៀកសម្រាប់ស្តាប់ ឲ្យស្តាប់ចុះ ។
10 រួចពួកសិស្សមកឯទ្រង់ទូលសួរថា ហេតុអ្វីបានជាទ្រង់មានព្រះបន្ទូលនឹងគេ ជាពាក្យប្រៀបប្រដូចដូច្នេះ
11 ទ្រង់មានព្រះបន្ទូលឆ្លើយថា ពីព្រោះបានប្រទានមកអ្នករាល់គ្នា ឲ្យបានស្គាល់ការអាថ៌កំបាំងរបស់នគរស្ថានសួគ៌ តែមិនបានប្រទានឲ្យអ្នកទាំងនោះស្គាល់ទេ
12 ដ្បិតអ្នកណាដែលមាន គេនឹងឲ្យទៅអ្នកនោះ ហើយអ្នកនោះនឹងមានជាបរិបូរឡើង តែអ្នកណាដែលគ្មាន នោះគេនឹងយកទាំងអ្វីៗដែលអ្នកនោះមានចេញផង
13 ហេតុនោះបានជាខ្ញុំនិយាយនឹងគេ ជាពាក្យប្រៀបប្រដូច ដ្បិតដែលគេមើលនោះមិនឃើញវិញ ហើយដែលគេស្តាប់ នោះក៏មិនឮ ហើយមិនយល់ផង
14 ពាក្យទំនាយរបស់ហោរាអេសាយបានសម្រេច នៅលើអ្នកទាំងនោះហើយ គឺជាសេចក្ដីដែលទាយទុកមកថា «ដែលឯងរាល់គ្នាឮ នោះនឹងឮមែន តែស្ដាប់មិនបាន ហើយដែលឃើញ នោះនឹងឃើញមែន តែមិនយល់សោះ
15 ព្រោះចិត្តរបស់សាសន៍នេះបានត្រឡប់ជាស្ពឹកវិញ គេឮដោយត្រចៀកធ្ងន់ ហើយធ្មេចភ្នែក ក្រែងមើលឃើញនឹងភ្នែក ស្តាប់ឮនឹងត្រចៀក ហើយយល់ក្នុងចិត្ត រួចគេប្រែចិត្ត ហើយអញប្រោសឲ្យគេបានជា»
16 តែអ្នករាល់គ្នាវិញ ភ្នែកអ្នកមានពរហើយ ដ្បិតមើលឃើញ ត្រចៀកអ្នកក៏ដែរ ដ្បិតស្តាប់ឮ
17 ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ពីដើមមានហោរា និងមនុស្សសុចរិតជាច្រើន គេចង់ឃើញការដែលអ្នករាល់គ្នាឃើញ តែមិនបានឃើញសោះ ក៏ចង់ឮសេចក្ដីដែលអ្នករាល់គ្នាឮដែរ តែមិនមានឮឡើយ។
18 ដូច្នេះ ចូរអ្នករាល់គ្នាស្តាប់ពាក្យប្រៀបប្រដូច ពីអ្នកព្រោះពូជនោះ
19 គឺកាលណាបើអ្នកណាស្តាប់ព្រះបន្ទូលពីនគរ តែមិនយល់ នោះអាកំណាចក៏មកឆក់យកសេចក្ដីដែលបានព្រោះក្នុងចិត្តអ្នកនោះទៅបាត់ នេះគឺជាអ្នកដែលបានទទួលពូជតាមផ្លូវ
20 ហើយអ្នកដែលបានទទួលពូជក្នុងកន្លែងថ្ម នោះគឺជាអ្នកដែលឮព្រះបន្ទូល រួចទទួលភ្លាមដោយអំណរ
21 តែគ្មានចាក់ឫសនៅក្នុងខ្លួន ហើយមិននៅជាប់ជាយូរប៉ុន្មានទេ លុះកាលណាកើតមានសេចក្ដីទុក្ខលំបាក ឬសេចក្ដីបៀតបៀនដោយព្រោះព្រះបន្ទូល នោះគេរសាយចិត្តចេញភ្លាម
22 ហើយអ្នកដែលបានទទួលពូជនៅក្នុងបន្លា នោះគឺជាអ្នកដែលឮព្រះបន្ទូល រួចសេចក្ដីខ្វល់ខ្វាយនៅជីវិតនេះ និងសេចក្ដីឆបោករបស់ទ្រព្យសម្បត្តិមកខ្ទប់ព្រះបន្ទូលជាប់ មិនឲ្យពូជនោះកើតផលឡើយ
23 តែអ្នកដែលទទួលពូជក្នុងដីល្អវិញ នោះគឺជាអ្នកដែលឮព្រះបន្ទូល ហើយយល់ ក៏បង្កើតផលផ្លែ មួយជា១រយ មួយជា៦០ ហើយមួយទៀតជា៣០។
24 ទ្រង់មានបន្ទូលដោយពាក្យប្រៀបប្រដូច១ទៀតថា នគរស្ថានសួគ៌ប្រៀបដូចជាថៅកែម្នាក់ ដែលព្រោះពូជល្អនៅស្រែខ្លួន
25 ប៉ុន្តែ កាលមនុស្សទាំងអស់កំពុងតែដេកលក់ នោះសត្រូវរបស់ថៅកែនោះ ក៏មកព្រោះស្រងែនៅក្នុងស្រូវសាលីដែរ រួចចេញបាត់ទៅ
26 លុះពន្លកឡើង ហើយស្រូវចេញ នោះស្រងែក៏លេចមកឲ្យស្គាល់ដែរ
27 ពួកបាវរបស់ថៅកែនោះ គេមកជម្រាបថា លោកម្ចាស់ តើលោកមិនបានព្រោះពូជល្អ នៅស្រែរបស់លោកទេឬអី ដូច្នេះ តើស្រងែនេះកើតពីណាមក
28 គាត់ក៏ឆ្លើយថា នោះគឺជាខ្មាំងសត្រូវហើយ ដែលបានធ្វើការនោះ រួចពួកបាវសួរថា ដូច្នេះ តើលោកចង់ឲ្យយើងខ្ញុំទៅដកចេញឬទេ
29 គាត់ឆ្លើយថា កុំ ក្រែងកាលណាដកស្រងែចេញ នោះស្រូវសាលីក៏រលើងទៅដែរ
30 ទុកឲ្យវាដុះជាមួយគ្នា ដរាបដល់ពេលច្រូតចុះ ចាំដល់រដូវចម្រូូត នោះអញនឹងប្រាប់ពួកចម្រូូតថា ចូរច្រូតស្រងែសិន ហើយចងជាកណ្តាប់ ទុកសម្រាប់ដុត ឯស្រូវសាលី ឲ្យប្រមូលដាក់ក្នុងជង្រុកអញវិញ។
31 ទ្រង់មានព្រះបន្ទូល ជាពាក្យប្រៀបប្រដូច១ទៀតថា នគរស្ថានសួគ៌ប្រៀបដូចគ្រាប់ពូជម្យ៉ាង ដែលមនុស្សម្នាក់បានយកទៅព្រោះក្នុងចម្ការខ្លួន
32 គ្រាប់នេះល្អិតជាងគ្រាប់ពូជទាំងអស់ពិតមែន តែកាលណាបានដុះឡើង នោះក៏ធំជាងតិណជាតិទាំងអស់ ហើយក៏ត្រឡប់ជាដើមធំ ដល់ម៉្លេះបានជាសត្វហើរលើអាកាស មកទំនៅលើមែកផង។
33 ទ្រង់មានព្រះបន្ទូលពាក្យប្រៀបប្រដូចនេះ ឲ្យគេទៀតថា នគរស្ថានសួគ៌ប្រៀបដូចជាដំបែ ដែលស្ត្រីម្នាក់ បានយកមកលាយនឹងម្សៅ៣រង្វាល់ ទាល់តែម្សៅនោះបានដោរឡើងគ្រប់ទាំងអស់។
34 ព្រះយេស៊ូវទ្រង់មានព្រះបន្ទូលសេចក្ដីទាំងនេះ ដោយពាក្យប្រៀបធៀបដល់ហ្វូងមនុស្ស ទ្រង់មិនបានមានព្រះបន្ទូលនឹងគេ ឥតពាក្យប្រៀបធៀបទេ
35 ដើម្បីឲ្យបានសម្រេចតាមទំនាយដែលហោរាបានទាយទុកមកថា «អញនឹងបើកមាត់និយាយ ជាពាក្យប្រៀបប្រដូច អញនឹងសម្ដែងពីការដែលលាក់កំបាំង តាំងពីកំណើតលោកីយ៍មក» ។
36 នោះទ្រង់ក៏ឲ្យហ្វូងមនុស្សទៅវិញ រួចយាងចូលទៅក្នុងផ្ទះ ឯពួកសិស្សមកទូលទ្រង់ថា សូមអធិប្បាយឲ្យយើងខ្ញុំយល់ន័យពាក្យប្រៀប ពីស្មៅស្រងែនៅស្រែផង
37 ទ្រង់មានព្រះបន្ទូលឆ្លើយថា អ្នកដែលព្រោះពូជល្អ នោះគឺជាកូនមនុស្ស
38 ចំណែកស្រែ នោះគឺជាតួលោកីយ៍ ឯពូជល្អ គឺអស់ទាំងមនុស្សរបស់នគរស្ថានសួគ៌ ហើយស្រងែ គឺជាអស់ទាំងមនុស្សរបស់អាកំណាចវិញ
39 ខ្មាំងសត្រូវដែលប្លមព្រោះស្រងែនោះ គឺជាអារក្ស ចម្រូូត គឺជាបំផុតកល្ប ហើយពួកច្រូតនោះ គឺជាពួកទេវតា
40 ដូច្នេះ ដែលគេច្រូតស្រងែដុតបន្សុសក្នុងភ្លើងជាយ៉ាងណា នោះដល់បំផុតកល្បក៏នឹងបានដូច្នោះដែរ
41 គឺកូនមនុស្សនឹងចាត់ពួកទេវតា ទៅច្រូតយកអស់ទាំងក្បួន ដែលនាំឲ្យមនុស្សរវាតចិត្ត និងពួកអ្នកដែលប្រព្រឹត្តទទឹងច្បាប់ពីនគរចេញ
42 ហើយនិងបោះគេចោលទៅក្នុងគុកភ្លើង នៅទីនោះគេនឹងយំ ហើយសង្កៀតធ្មេញ
43 គ្រានោះ ពួកសុចរិតនឹងភ្លឺដូចជាថ្ងៃ នៅក្នុងនគររបស់ព្រះវរបិតានៃគេ អ្នកណាដែលមានត្រចៀកសម្រាប់ស្តាប់ ឲ្យស្តាប់ចុះ។
44 មួយទៀត នគរស្ថានសួគ៌ក៏ប្រៀបដូចជាកំណប់កប់ទុកក្នុងចម្ការ ដែលកាលណាមនុស្សម្នាក់បានឃើញ នោះក៏លាក់ទុក រួចចេញទៅលក់របស់ទ្រព្យខ្លួនទាំងអស់ដោយអំណរ ដើម្បីនឹងទិញចម្ការនោះ។
45 មួយទៀត នគរស្ថានសួគ៌ក៏ប្រៀបដូចជាអ្នកឈ្មួញម្នាក់ ដែលរកកែវមុក្តា យ៉ាងល្អ
46 កាលណាបានឃើញ១ដែលមានតម្លៃណាស់ នោះគាត់ទៅលក់របស់ទ្រព្យទាំងអស់ មកទិញកែវមុក្តានោះ។
47 មួយទៀត នគរស្ថានសួគ៌ក៏ប្រៀបដូចជាអួន ដែលគេទម្លាក់ទៅក្នុងសមុទ្រ ជាប់បានត្រីគ្រប់មុខ
48 កាលបានពេញហើយ នោះគេទាញឡើងមកលើគោក រួចអង្គុយជ្រើសរើសត្រីល្អៗ ដាក់ក្នុងកញ្ឆេទុក តែត្រីអាក្រក់ៗគេចាក់ចោលចេញ
49 ដល់ទីបំផុតកល្បនឹងបានដូចគ្នាដែរ គឺពួកទេវតានឹងចេញទៅញែកយកពួកទុច្ចរិតពីពួកសុចរិតចេញ
50 ហើយនិងបោះគេចោលទៅក្នុងគុកភ្លើង នៅទីនោះ គេនឹងយំ ហើយសង្កៀតធ្មេញ។
51 ព្រះយេស៊ូវទ្រង់មានព្រះបន្ទូលសួរដល់គេថា តើអ្នករាល់គ្នាយល់សេចក្ដីទាំងនេះឬទេ គេទូលឆ្លើយថា យើងខ្ញុំយល់ហើយ ព្រះអម្ចាស់
52 ទ្រង់ក៏មានព្រះបន្ទូលទៅទៀតថា ដូច្នេះ គ្រប់អស់ទាំងអាចារ្យណាដែលមានគេបង្ហាត់បង្រៀន ឲ្យធ្វើជាសិស្សនៃនគរស្ថានសួគ៌ នោះធៀបដូចជាថៅកែម្នាក់ ដែលបញ្ចេញរបស់ទាំងថ្មីទាំងចាស់ពីឃ្លាំងរបស់ខ្លួន។
53 កាលព្រះយេស៊ូវ ទ្រង់បានមានព្រះបន្ទូលពាក្យប្រៀបប្រដូចទាំងនេះស្រេចហើយ នោះទ្រង់ក៏យាងចេញពីទីនោះទៅ
54 លុះទ្រង់ចូលមកក្នុងស្រុកទ្រង់វិញ នោះក៏បង្រៀនគេនៅក្នុងសាលាប្រជុំ ដល់ម៉្លេះបានជាគេនឹកប្លែកក្នុងចិត្ត ហើយនិយាយថា តើអ្នកនេះបានចំណេះ និងការឫទ្ធិបារមីទាំងនេះពីណាមក
55 តើមិនមែនជាកូនរបស់ជាងឈើទេឬអី តើម្តាយមិនមែនឈ្មោះម៉ារា ហើយបងប្អូនឈ្មោះយ៉ាកុប យ៉ូសេ ស៊ីម៉ូន ហើយនិងយូដាសទេឬអី
56 ឯប្អូនស្រី តើមិននៅជាមួយនឹងយើងទេឬអី ដូច្នេះ តើបានសេចក្ដីទាំងនេះពីណាមក
57 គេក៏រវាតចិត្តចេញពីទ្រង់ តែព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា ហោរាមិនមែនឥតគេរាប់អានទេ លើកតែនៅក្នុងស្រុក ឬក្នុងផ្ទះរបស់ខ្លួនចេញ
58 ទ្រង់មិនបានធ្វើការឫទ្ធិបារមីជាច្រើននៅទីនោះទេ ពីព្រោះគេមិនជឿ។
ជំពូក 14
1 នៅគ្រានោះ ហេរ៉ូឌ ជាស្តេចអនុរាជ ទ្រង់បានឮល្បីពីព្រះយេស៊ូវ
2 ទ្រង់ក៏មានព្រះបន្ទូលទៅពួកមហាតលិកថា នោះគឺជាយ៉ូហាន-បាទីស្ទ គាត់បានរស់ពីស្លាប់ឡើងវិញហើយ បានជាមានការឫទ្ធិបារមីកើតមក ដោយសារគាត់ដូច្នេះ
3 ដ្បិតហេរ៉ូឌបានចាប់ចងយ៉ូហានដាក់ក្នុងគុក ដោយព្រោះហេរ៉ូឌាស ជាភរិយាភីលីព អនុជទ្រង់
4 ពីព្រោះយ៉ូហានបានទូលទាស់នឹងស្តេចថា ទ្រង់គ្មានច្បាប់នឹងយកនាងនោះទេ
5 ទ្រង់ចង់សម្លាប់គាត់ណាស់ តែខ្លាចហ្វូងមនុស្ស ព្រោះគេរាប់គាត់ទុកជាហោរា
6 មានសម័យ១ ជាថ្ងៃធ្វើបុណ្យចម្រើនព្រះជន្មហេរ៉ូឌ នោះបុត្រីហេរ៉ូឌាស នាងរាំនៅមុខពួកភ្ញៀវ ជាទីគាប់ព្រះទ័យដល់ហេរ៉ូឌណាស់
7 បានជាទ្រង់ស្បថសន្យានឹងប្រទានគ្រប់របស់អ្វីដែលនាងនឹងសូម
8 តែមាតានាងបានបញ្ចេះឲ្យទូលថា សូមប្រទានក្បាលយ៉ូហាន-បាទីស្ទ ដាក់លើថាសមកឲ្យខ្ញុំម្ចាស់នៅទីនេះ
9 នោះស្តេចទ្រង់ក៏ព្រួយព្រះទ័យ តែដោយព្រោះសម្បថ ហើយនិងពួកភ្ញៀវ បានជាទ្រង់បង្គាប់ឲ្យគេយកក្បាលគាត់មកឲ្យនាង
10 ទ្រង់ក៏ចាត់គេឲ្យទៅកាត់ក្បាលយ៉ូហាននៅក្នុងគុក
11 គេយកក្បាលគាត់ដាក់លើថាសមកឲ្យនាង រួចនាងយកទៅថ្វាយដល់មាតា
12 នោះពួកសិស្សយ៉ូហានក៏មកយកសពទៅកប់ រួចទៅទូលព្រះយេស៊ូវ។
13 កាលព្រះយេស៊ូវបានឮហើយ នោះទ្រង់យាងចុះទូកចេញពីទីនោះ ទៅឯទីរហោស្ថានដោយឡែក រីឯពួកបណ្តាជនក៏បានដឹង ហើយគេចេញពីក្រុងទាំងអស់ដើរតាមទ្រង់ទៅ
14 លុះទ្រង់យាងឡើងពីទូកវិញ ស្រាប់តែឃើញមានមនុស្សមីរដេរដាស ទ្រង់ក៏មានព្រះហឫទ័យក្តួលអាណិតដល់គេ ហើយទ្រង់ប្រោសមនុស្សជំងឺទាំងប៉ុន្មានក្នុងពួកគេឲ្យបានជា
15 ដល់ពេលល្ងាច ពួកសិស្សមកឯទ្រង់ទូលថា ទីនេះស្ងាត់ណាស់ ម៉ោងក៏ជ្រុលហើយ សូមឲ្យហ្វូងមនុស្សត្រឡប់ទៅវិញទៅ ដើម្បីឲ្យបានទិញស្បៀងអាហារ នៅក្នុងភូមិជុំវិញ
16 តែព្រះយេស៊ូវទ្រង់ឆ្លើយថា មិនចាំបាច់ឲ្យគេទៅទេ ចូរអ្នករាល់គ្នាឲ្យគេបរិភោគទៅ
17 ពួកសិស្សក៏ទូលទ្រង់ថា នៅទីនេះ យើងខ្ញុំគ្មានអ្វីទេ មានតែនំបុ័ង៥ដុំ ហើយនិងត្រី២ប៉ុណ្ណោះ
18 នោះទ្រង់មានព្រះបន្ទូលថា ចូរយកមកឲ្យខ្ញុំឯណេះ
19 រួចកាលទ្រង់បានបង្គាប់ឲ្យហ្វូងមនុស្សអង្គុយនៅលើស្មៅហើយ នោះទ្រង់យកនំបុ័ង៥ដុំ និងត្រី២នោះ ងើបទតទៅលើមេឃ ទាំងប្រទានពរ រួចកាច់ប្រទានដល់ពួកសិស្ស ហើយពួកសិស្សក៏ចែកដល់ហ្វូងមនុស្ស
20 គេបានបរិភោគឆ្អែតគ្រប់គ្នា រួចប្រមូលចំណិតដែលនៅសល់ដាក់ពេញបាន១២កន្ត្រក
21 រីឯពួកមនុស្សដែលបានបរិភោគ នោះមានចំនួន៥ពាន់នាក់ ឥតរាប់ពួកស្រីៗ និងកូនក្មេងទេ។
22 ស្រាប់តែទ្រង់បង្ខំពួកសិស្សឲ្យចុះទូកឆ្លងទៅឯត្រើយម្ខាងមុនទ្រង់ ទាល់តែទ្រង់បានឲ្យហ្វូងមនុស្សវិលទៅវិញអស់
23 លុះបានឲ្យគេទៅផុតអស់ហើយ នោះទ្រង់យាងឡើងលើភ្នំដោយឡែក ដើម្បីនឹងអធិស្ឋាន លុះពេលព្រលប់ហើយ ទ្រង់ក៏នៅទីនោះតែ១អង្គទ្រង់
24 ឯទូកនៅកណ្តាលសមុទ្រ ត្រូវរលកបោកជាខ្លាំង ដោយព្រោះច្រាសខ្យល់
25 ដល់យាម៤យប់ នោះទ្រង់យាងកាត់លើទឹកសមុទ្រទៅឯពួកសិស្ស
26 កាលគេឃើញទ្រង់យាងលើទឹកដូច្នោះ នេះក៏ភ័យវល់ ហើយនិយាយថា ខ្មោចលងហើយ រួចគេស្រែកឡើង ដោយសេចក្ដីតក់ស្លុត
27 តែព្រះយេស៊ូវទ្រង់មានព្រះបន្ទូលដល់គេភ្លាមថា ចូរសង្ឃឹមឡើង គឺខ្ញុំទេតើ កុំឲ្យភ័យឡើយ
28 ពេត្រុសទូលតបថា ព្រះអម្ចាស់អើយ បើជាទ្រង់មែន នោះសូមឲ្យទូលបង្គំដើរលើទឹកទៅឯទ្រង់ផង
29 ទ្រង់មានព្រះបន្ទូលថា ចូលមកចុះ ពេត្រុសក៏ចុះចេញពីទូកដើរលើទឹក ដើម្បីទៅឯព្រះយេស៊ូវ
30 តែកាលគាត់បានឃើញខ្យល់បក់ជាខ្លាំង នោះគាត់មានចិត្តភ័យ ហើយដោយព្រោះចាប់តាំងលិចទៅ បានជាគាត់ស្រែកឡើងថា ព្រះអម្ចាស់អើយ សូមជួយសង្គ្រោះទូលបង្គំផង
31 ស្រាប់តែព្រះយេស៊ូវទ្រង់លូកព្រះហស្តទៅចាប់គាត់ភ្លាម ដោយព្រះបន្ទូលថា ឱមនុស្សមានជំនឿតិចអើយ ហេតុអ្វីបានជាអ្នកសង្ស័យ
32 រួចកាលទ្រង់ និងគាត់បានឡើងទៅក្នុងទូកហើយ នោះខ្យល់ក៏ស្ងប់ឈឹង
33 ឯពួកអ្នកដែលនៅក្នុងទូកក៏មកថ្វាយបង្គំទ្រង់ ទូលថា ទ្រង់ប្រាកដជាព្រះរាជបុត្រានៃព្រះមែន។
34 លុះបានឆ្លងទៅដល់ត្រើយម្ខាងហើយ នោះក៏ចូលទៅក្នុងស្រុកគេនេសារ៉ែត
35 ពួកមនុស្សនៅទីនោះបានចំណាំស្គាល់ទ្រង់ ហើយគេចាត់ឲ្យទៅគ្រប់ក្នុងស្រុកជុំវិញ នាំយកមនុស្សទាំងប៉ុន្មាន ដែលមានជំងឺមកឯទ្រង់
36 ក៏អង្វរឲ្យទ្រង់អនុញ្ញាតឲ្យអ្នកទាំងនោះបានគ្រាន់តែពាល់ជាយព្រះពស្ត្រទ្រង់ប៉ុណ្ណោះ ឯអស់អ្នកដែលបានពាល់ នោះក៏បានជា ទាំងអស់គ្នា។
ជំពូក 15
1 គ្រានោះ ពួកអាចារ្យ និងពួកផារីស៊ី ដែលនៅក្រុងយេរូសាឡឹម គេក៏មកឯព្រះយេស៊ូវទូលថា
2 ហេតុអ្វីបានជាពួកសិស្សលោកធ្វើខុសនឹងទំនៀមទម្លាប់ ដែលពួកចាស់ទុំបានតាំងទុកពីបុរាណមកដូច្នេះ ដ្បិតកាលណាបរិភោគ នោះគេមិនលាងដៃសោះ
3 តែទ្រង់មានព្រះបន្ទូលតបថា ឯអ្នករាល់គ្នាវិញ តើហេតុអ្វីបានជាធ្វើខុសនឹងបញ្ញត្តព្រះ ដោយកាន់តាមទំនៀមទម្លាប់បុរាណរបស់អ្នករាល់គ្នាដូច្នេះដែរ
4 ដ្បិតព្រះទ្រង់បានបង្គាប់ថា «ចូរគោរពប្រតិបត្តិដល់ឪពុកម្តាយឯង» ហើយថា «អ្នកណាដែលនិយាយអាក្រក់ពីឪពុកម្តាយ នោះនឹងត្រូវស្លាប់ជាមិនខាន»
5 តែអ្នករាល់គ្នានិយាយដូច្នេះវិញ បើអ្នកណានឹងនិយាយទៅឪពុកម្តាយថា របស់អ្វីដែលខ្ញុំអាចនឹងជួយម៉ែឪបាន នោះបានថ្វាយជាតង្វាយហើយ យ៉ាងនោះមិនចាំបាច់ឲ្យអ្នកនោះគោរពប្រតិបត្តិដល់ឪពុកម្តាយទៀតទេ
6 ដូច្នេះ ឈ្មោះថាអ្នករាល់គ្នាលើកបញ្ញត្តនៃព្រះចោលហើយ ដោយសារទំនៀមទម្លាប់ពីបុរាណរបស់អ្នករាល់គ្នា
7 ឱពួកមនុស្សកំពុតអើយ ហោរាអេសាយបានទាយពីអ្នករាល់គ្នាត្រូវណាស់ថា
8 «បណ្តាជននេះ គេគោរពប្រតិបត្តិដល់អញតែបបូរមាត់ទេ ឯចិត្តគេ នោះនៅឆ្ងាយពីអញណាស់
9 គេថ្វាយបង្គំអញជាឥតប្រយោជន៍ទេ ព្រោះគេបង្រៀនសេចក្ដីដែលជាបញ្ញត្តរបស់មនុស្សវិញ »។
10 រួចទ្រង់ហៅហ្វូងមនុស្សមក មានព្រះបន្ទូលទៅគេថា ចូរស្តាប់ ហើយយល់ចុះ
11 មិនមែនជារបស់ចូលតាមមាត់ ដែលធ្វើឲ្យមនុស្សស្មោកគ្រោកនោះទេ ឯរបស់ដែលធ្វើឲ្យគេស្មោកគ្រោក នោះគឺជាសេចក្ដីដែលចេញពីមាត់វិញទេតើ។
12 នោះពួកសិស្សក៏មកទូលថា តើទ្រង់ជ្រាបថា ពួកផារីស៊ី គេអន់ចិត្ត ដោយឮសេចក្ដីនោះឬទេ
13 តែទ្រង់មានព្រះបន្ទូលតបថា អស់ទាំងដើមណាដែលព្រះវរបិតាខ្ញុំនៅស្ថានសួគ៌មិនបានដាំ នោះនឹងត្រូវរំលើងចោល
14 តាមតែគេចុះ គេជាមនុស្សខ្វាក់ដែលនាំមនុស្សខ្វាក់ បើមនុស្សខ្វាក់នាំមនុស្សខ្វាក់ដូច្នេះ នោះទាំង២នាក់នឹងធ្លាក់ទៅក្នុងរណ្តៅហើយ
15 រួចពេត្រុសទូលថា សូមស្រាយន័យពាក្យប្រៀបនេះ ឲ្យយើងខ្ញុំយល់ផង
16 ទ្រង់មានព្រះបន្ទូលថា តើអ្នករាល់គ្នានៅតែមិនយល់ទៀតឬអី
17 តើមិនទាន់ឃើញទេឬអីថា របស់អ្វីដែលចូលតាមមាត់ នោះតែងចុះទៅក្នុងពោះ រួចចេញទៅក្នុងបង្គន់
18 តែឯសេចក្ដីដែលចេញពីមាត់មក នោះមកអំពីចិត្តវិញ គឺសេចក្ដីទាំងនោះហើយ ដែលធ្វើឲ្យមនុស្សស្មោកគ្រោក
19 ដ្បិតគឺពីក្នុងចិត្តនោះឯងដែលចេញអស់ទាំងគំនិតអាក្រក់ គឺការកាប់សម្លាប់គេ ផិតគ្នា សហាយស្មន់ លួចប្លន់ ធ្វើបន្ទាល់ក្លែងក្លាយ ហើយនិងជេរប្រមាថ
20 សេចក្ដីទាំងនោះទើបធ្វើឲ្យមនុស្សស្មោកគ្រោកមែន តែដែលបរិភោគឥតលាងដៃ នោះមិនមែនធ្វើឲ្យស្មោកគ្រោកទេ។
21 ព្រះយេស៊ូវទ្រង់ក៏យាងចេញពីទីនោះ ទៅក្នុងកំលុងក្រុងទីរ៉ុស និងក្រុងស៊ីដូន
22 នោះឃើញមានស្ត្រីសាសន៍កាណានម្នាក់នៅស្រុកនោះ គាត់ចេញមកស្រែកទូលទ្រង់ថា ឱព្រះអម្ចាស់ ជាពូជហ្លួងដាវីឌអើយ សូមមេត្តាប្រោសខ្ញុំម្ចាស់ផង ដ្បិតកូនស្រីរបស់ខ្ញុំម្ចាស់ មានអារក្សចូល ធ្វើទុក្ខជាខ្លាំងណាស់
23 តែទ្រង់មិនបានឆ្លើយតបទៅស្ត្រីនោះ១ព្រះឱស្ឋសោះ បានជាពួកសិស្សរបស់ទ្រង់ចូលមកទូលថា សូមឲ្យស្ត្រីនេះទៅវិញទៅ ដ្បិតគេចេះតែស្រែកតាមយើងខ្ញុំ
24 តែទ្រង់មានព្រះបន្ទូលឆ្លើយថា ខ្ញុំបានទទួលបង្គាប់នឹងមកឯពួកកូនចៀម ដែលបាត់បង់របស់ពូជពង្សសាសន៍អ៊ីស្រាអែល តែប៉ុណ្ណោះទេ
25 ប៉ុន្តែ ស្ត្រីនោះមកក្រាបថ្វាយបង្គំទូលទ្រង់ថា ឱព្រះអម្ចាស់អើយ សូមជួយខ្ញុំម្ចាស់ផង
26 ទ្រង់មានព្រះបន្ទូលថា ដែលយកនំបុ័ងរបស់កូនក្មេងបោះទៅឲ្យកូនឆ្កែ នោះមិនល្អទេ
27 តែស្ត្រីនោះទូលថា មែនហើយ ព្រះអម្ចាស់ ប៉ុន្តែ កូនឆ្កែវាស៊ីកម្ទេចដែលធ្លាក់ចុះពីតុម្ចាស់វាមកដែរ
28 នោះព្រះយេស៊ូវទ្រង់មានព្រះបន្ទូលថា នាងស្រីអើយ នាងមានសេចក្ដីជំនឿជាខ្លាំងមែន ចូរឲ្យនាងបានដូចសេចក្ដីប្រាថ្នាចុះ ស្រាប់តែកូនស្រីរបស់នាងបានជា ចាប់តាំងពីវេលានោះឯងទៅ។
29 ព្រះយេស៊ូវទ្រង់យាងចេញពីទីនោះ មកខាងសមុទ្រកាលីឡេ រួចយាងឡើងទៅលើភ្នំ គង់ចុះនៅទីនោះ
30 នោះមានហ្វូងមនុស្សមកឯទ្រង់កកកុញ នាំទាំងមនុស្សខ្វិន ខ្វាក់ គ ពិការ និងមនុស្សឯទៀតជាច្រើន មកដាក់នៅទៀបព្រះបាទទ្រង់ ហើយទ្រង់ក៏ប្រោសឲ្យគេបានជា
31 ដល់ម៉្លេះបានជាបណ្តាមនុស្សទាំងប៉ុន្មានមានសេចក្ដីអស្ចារ្យ ដោយឃើញមនុស្សគនិយាយបាន មនុស្សពិការបានមាំមួន មនុស្សខ្វិនដើររួច និងមនុស្សខ្វាក់មើលឃើញ ហើយគេក៏សរសើរតម្កើងដល់ព្រះនៃសាសន៍អ៊ីស្រាអែលគ្រប់ៗគ្នា។
32 ព្រះយេស៊ូវទ្រង់ហៅពួកសិស្សមក មានព្រះបន្ទូលថា ខ្ញុំមានចិត្តក្តួលអាណិត ដល់ហ្វូងមនុស្សនោះណាស់ ដ្បិតគេបាននៅជាមួយនឹងខ្ញុំអស់៣ថ្ងៃមកហើយ គេគ្មានអ្វីនឹងបរិភោគសោះ ហើយខ្ញុំមិនចង់ឲ្យគេទៅវិញទាំងអត់ឃ្លានទេ ក្រែងហេវតាមផ្លូវ
33 ពួកសិស្សទូលទ្រង់ថា នៅទីស្ងាត់នេះ យើងខ្ញុំនឹងរកនំបុ័ងឲ្យហ្វូងមនុស្សធំដល់ម៉្លេះបរិភោគឆ្អែតឯណាបាន
34 តែព្រះយេស៊ូវទ្រង់សួរថា តើអ្នករាល់គ្នាមាននំបុ័ងប៉ុន្មាន គេទូលថា មាន៧ ហើយនិងត្រីតូចៗខ្លះ
35 នោះទ្រង់ក៏ប្រាប់ឲ្យហ្វូងមនុស្សអង្គុយនៅដី
36 រួចទ្រង់យកនំបុ័ង៧ និងត្រីទាំងនោះមកអរព្រះគុណ ហើយកាច់ប្រទានដល់ពួកសិស្ស គេក៏ចែកដល់ហ្វូងមនុស្ស
37 គ្រប់គ្នាបានបរិភោគឆ្អែត ហើយគេប្រមូលចំណិតដែលនៅសល់ ដាក់ពេញបាន៧កំប្រោង
38 ឯពួកប្រុសៗដែលបានបរិភោគឆ្អែត នោះមាន៤ពាន់នាក់ឥតរាប់ស្រីៗ ហើយនិងកូនក្មេងផងទេ
39 រួចកាលទ្រង់បានឲ្យហ្វូងមនុស្សវិលទៅវិញ នោះទ្រង់យាងចុះទូកឆ្លងទៅដល់ដែនស្រុកម៉ាកាដាន់។
ជំពូក 16
1 ពួកផារីស៊ី និងពួកសាឌូស៊ី គេមកល្បួងទ្រង់ សូមឲ្យសម្ដែងទីសម្គាល់១ពីលើមេឃឲ្យគេឃើញ
2 តែទ្រង់មានព្រះបន្ទូលឆ្លើយថា ដល់ល្ងាចអ្នករាល់គ្នានិយាយថា មេឃនឹងល្អ ពីព្រោះក្រហម
3 ហើយដល់ព្រឹក នោះអ្នករាល់គ្នាក៏ថា នៅថ្ងៃនេះនឹងមានព្យុះភ្លៀង ព្រោះមេឃក្រហមស្រទំ ឱមនុស្សកំពុតអើយ អ្នករាល់គ្នាចេះសម្គាល់សណ្ឋានរបស់មេឃមែន តែពុំអាចនឹងស្គាល់ទីសម្គាល់នៃសម័យនេះបានទេ
4 ពូជដំណអាក្រក់ ហើយកំផិត គេចេះតែរកទីសម្គាល់ តែនឹងគ្មានទីសម្គាល់ណាបានប្រទានមកគេ ក្រៅពីទីសម្គាល់តែមួយនោះទេ គឺហោរាយ៉ូណាស រួចទ្រង់យាងចោលគេបាត់ទៅ។
5 ពួកសិស្សឆ្លងទៅឯត្រើយម្ខាង តែគេភ្លេចយកនំបុ័ងទៅ
6 គ្រានោះ ព្រះយេស៊ូវ ទ្រង់មានព្រះបន្ទូលថា ចូរឲ្យពិចារណា ហើយប្រុងប្រយ័តចំពោះដំបែរបស់ពួកផារីស៊ី និងពួកសាឌូស៊ី ឲ្យមែនទែន
7 គេក៏រិះគិតគ្នាថា ប្រហែលជាដោយព្រោះយើងមិនបានយកនំបុ័ងមកទេដឹង
8 កាលព្រះយេស៊ូវទ្រង់ជ្រាប នោះក៏មានព្រះបន្ទូលថា ឱមនុស្សមានជំនឿតិចអើយ ហេតុអ្វីបានជាអ្នករាល់គ្នារិះគិតគ្នា អំពីដំណើរដែលមិនបានយកនំបុ័ងមកដូច្នេះ
9 តើអ្នករាល់គ្នានឹកមិនទាន់ឃើញ ឬមិនចាំពីនំបុ័ង៥ និងមនុស្ស៥ពាន់នាក់ ហើយដែលអ្នករាល់គ្នាប្រមូលបានប៉ុន្មានកន្ត្រកនោះទេឬអី
10 ឬពីនំបុ័ង៧ និងមនុស្ស៤ពាន់នាក់ ហើយដែលប្រមូលបានប៉ុន្មានកំប្រោងទេឬអី
11 ហេតុដូចម្តេចបានជាអ្នករាល់គ្នានឹកមិនទាន់ឃើញថា មិនមែនពីនំបុ័ងដែលខ្ញុំប្រាប់ឲ្យប្រយ័ត ពីដំបែរបស់ពួកផារីស៊ី និងពួកសាឌូស៊ីនោះទេ
12 នោះទើបគេបានយល់ថា មិនមែនពីដំបែនំបុ័ង ដែលទ្រង់មានព្រះបន្ទូលប្រាប់ឲ្យគេប្រយ័តទេ គឺពីលទ្ធិរបស់ពួកផារីស៊ី និងពួកសាឌូស៊ីវិញ។
13 កាលព្រះយេស៊ូវបានយាងមកដល់ក្រវល់ក្រុងសេសារា-ភីលីពហើយ នោះទ្រង់មានព្រះបន្ទូលសាកសួរពួកសិស្សថា តើមនុស្សទាំងឡាយ គេថាកូនមនុស្សជាអ្នកណា
14 ពួកសិស្សទូលឆ្លើយថា ខ្លះថាជាយ៉ូហាន-បាទីស្ទ ខ្លះទៀតថាជាអេលីយ៉ា ហើយខ្លះទៀតថាជាយេរេមា ឬហោរាណាមួយ
15 ទ្រង់មានព្រះបន្ទូលសួរថា ចុះឯអ្នករាល់គ្នាវិញ តើថាខ្ញុំជាអ្នកណា
16 ស៊ីម៉ូន-ពេត្រុសទូលឆ្លើយថា ទ្រង់ជាព្រះគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះដ៏មានព្រះជន្មរស់
17 រួចព្រះយេស៊ូវមានព្រះបន្ទូលតបថា អ្នកស៊ីម៉ូន កូនយ៉ូណាសអើយ អ្នកមានពរ ដ្បិតមិនមែនជាសាច់ឈាម ដែលបានសម្ដែងឲ្យអ្នកស្គាល់ទេ គឺព្រះវរបិតានៃខ្ញុំដែលគង់នៅស្ថានសួគ៌វិញ
18 ខ្ញុំប្រាប់អ្នកថា អ្នកឈ្មោះពេត្រុស ខ្ញុំនឹងតាំងពួកជំនុំខ្ញុំនៅលើថ្មដានេះ ហើយទ្វារស្ថានឃុំព្រលឹងមនុស្សស្លាប់ នឹងមិនដែលឈ្នះពួកជំនុំឡើយ
19 ខ្ញុំនឹងឲ្យកូនសោនៃនគរស្ថានសួគ៌ដល់អ្នក បើអ្នកនឹងចង ទុកអ្វីៗនៅផែនដី នោះនឹងត្រូវចងទុកនៅលើស្ថានសួគ៌ដែរ ហើយបើអ្នកនឹងស្រាយអ្វីៗនៅផែនដី នោះនឹងត្រូវស្រាយនៅស្ថានសួគ៌ដែរ
20 រួចទ្រង់ហាមពួកសិស្ស មិនឲ្យគេប្រាប់ដល់អ្នកណាថា ទ្រង់ជាព្រះគ្រីស្ទឡើយ។
21 តាំងពីគ្រានោះមក ព្រះយេស៊ូវ ទ្រង់ចាប់ផ្តើមប្រាប់ដល់ពួកសិស្សថា ទ្រង់ត្រូវតែយាងទៅឯក្រុងយេរូសាឡឹម ហើយត្រូវរងទុក្ខជាច្រើននៅដៃនៃពួកចាស់ទុំ ពួកសង្គ្រាជ និងពួកអាចារ្យ ហើយត្រូវគេធ្វើគុតផង តែក្រោយ៣ថ្ងៃមក ទ្រង់នឹងមានព្រះជន្មរស់ឡើងវិញ
22 នោះពេត្រុសក៏នាំទ្រង់មកជិត ចាប់តាំងទូលចំទាស់ថា ឱព្រះអង្គម្ចាស់អើយ សូមទ្រង់ប្រណីអង្គទ្រង់វិញ ការនោះមិនត្រូវមកដល់ទ្រង់ឡើយ
23 តែទ្រង់បែរទៅមានព្រះបន្ទូលនឹងគាត់ថា សាតាំងអើយ ចូរថយទៅក្រោយអញទៅ ឯងជាសេចក្ដីបង្អាក់ដល់ចិត្តអញ ព្រោះមិនចេះគិតតាមគំនិតនៃព្រះសោះ គឺគិតតាមតែគំនិតរបស់មនុស្សលោកវិញ
24 រួចទ្រង់មានព្រះបន្ទូលទៅពួកសិស្សទាំងអស់គ្នាថា បើអ្នកណាចង់មកតាមខ្ញុំ នោះត្រូវឲ្យលះកាត់ចិត្តខ្លួនឯងចោលចេញ ហើយផ្ទុកឈើឆ្កាងខ្លួនមកតាមខ្ញុំចុះ
25 ព្រោះអ្នកណាដែលចង់ឲ្យរួចជីវិត នោះនឹងបាត់ជីវិតទៅ តែអ្នកណាដែលបាត់ជីវិត ដោយព្រោះខ្ញុំ នោះនឹងបានវិញ
26 ដ្បិតបើមនុស្សណានឹងបានលោកីយ៍ទាំងមូល តែបាត់ព្រលឹងទៅ នោះតើមានប្រយោជន៍អ្វីដល់អ្នកនោះ ឬតើមនុស្សនឹងយកអ្វីទៅដូរឲ្យបានព្រលឹងខ្លួនវិញ
27 ព្រោះកូនមនុស្សនឹងមកក្នុងសិរីល្អនៃព្រះវរបិតា ជាមួយនឹងពួកទេវតារបស់លោក គ្រានោះលោកនឹងសងដល់គ្រប់គ្នា តាមការដែលបានធ្វើរៀងខ្លួន
28 ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ក្នុងពួកអ្នកដែលឈរនៅទីនេះ មានអ្នកខ្លះមិនត្រូវភ្លក់សេចក្ដីស្លាប់ ទាល់តែបានឃើញកូនមនុស្សមក ក្នុងនគររបស់លោក។
ជំពូក 17
1 កន្លងមក៦ថ្ងៃ ព្រះយេស៊ូវទ្រង់យកពេត្រុស យ៉ាកុប និងយ៉ូហាន ជាប្អូនយ៉ាកុប ទៅជាមួយនឹងទ្រង់ ក៏នាំឡើងទៅលើភ្នំខ្ពស់ដោយឡែក
2 រួចទ្រង់បានផ្លាស់ប្រែនៅមុខអ្នកទាំងនោះ ព្រះភ័ក្ត្រទ្រង់បានភ្លឺដូចព្រះអាទិត្យ ហើយព្រះពស្ត្រទ្រង់ក៏ត្រឡប់ជាសដូចពន្លឺ
3 នោះឃើញលោកម៉ូសេ និងលោកអេលីយ៉ា លេចមកឯគេ កំពុងតែទូលនឹងទ្រង់
4 ឯពេត្រុស គាត់ទូលទៅព្រះយេស៊ូវថា ព្រះអម្ចាស់អើយ ដែលយើងខ្ញុំនៅទីនេះបានល្អណាស់ បើទ្រង់សព្វព្រះហឫទ័យ នោះយើងខ្ញុំនឹងធ្វើត្រសាល៣នៅទីនេះ គឺ១សម្រាប់ទ្រង់ ១សម្រាប់លោកម៉ូសេ ហើយ១សម្រាប់លោកអេលីយ៉ា
5 កាលគាត់កំពុងតែទូលនៅឡើយ នោះមានពពកយ៉ាងភ្លឺបានមកបាំងគេ ហើយមានឮសំឡេងចេញពីពពកនោះថា នេះជាកូនស្ងួនភ្ងាអញ ជាទីពេញចិត្តអញណាស់ ចូរស្តាប់តាមចុះ
6 កាលបានឮហើយ នោះពួកសិស្សក៏ក្រាបផ្កាប់មុខនឹងដី ទាំងភ័យស្លុតជាខ្លាំង
7 តែព្រះយេស៊ូវទ្រង់យាងទៅពាល់គេ ដោយមានព្រះបន្ទូលថា ចូរក្រោកឡើង កុំភ័យឡើយ
8 កាលគេបានងើបឡើង នោះមិនបានឃើញអ្នកណាសោះ ឃើញតែព្រះយេស៊ូវតែប៉ុណ្ណោះ។
9 កំពុងដែលនាំគ្នាចុះពីភ្នំមក នោះព្រះយេស៊ូវទ្រង់ហាមគេថា កុំឲ្យប្រាប់អ្នកណាពីការជាក់ស្តែងនេះឲ្យសោះ ទាល់តែកូនមនុស្សបានរស់ពីស្លាប់ឡើងវិញ
10 ពួកសិស្សទូលសួរថា ចុះហេតុអ្វីបានជាពួកអាចារ្យប្រាប់ថា លោកអេលីយ៉ាត្រូវតែមកជាមុន
11 ទ្រង់ឆ្លើយតបថា លោកអេលីយ៉ាត្រូវមកមុនមែន ដើម្បីនឹងតាំងការទាំងអស់ឡើងវិញ
12 ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាថា លោកអេលីយ៉ាបានមកហើយ គេមិនបានស្គាល់លោកទេ ហើយគេប្រព្រឹត្តនឹងលោកតាមតែចិត្តផង បន្តិចទៀត កូនមនុស្សនឹងត្រូវគេធ្វើទុក្ខដូច្នោះដែរ
13 នោះពួកសិស្សក៏យល់ថា ទ្រង់មានព្រះបន្ទូលពីយ៉ូហាន-បាទីស្ទទេ។
14 កាលបានមកដល់ហ្វូងមនុស្សហើយ នោះមានម្នាក់មកលុតជង្គង់ ក្រាបនៅចំពោះទ្រង់ទូលថា
15 ព្រះអម្ចាស់អើយ សូមទ្រង់ប្រោសមេត្តាដល់កូនទូលបង្គំ ដែលឆ្កួតជ្រូកផង វាវេទនាណាស់ ចេះតែដួលទៅក្នុងភ្លើង និងក្នុងទឹកជាញយៗ
16 ទូលបង្គំបាននាំវាមកឯពួកសិស្សទ្រង់ដែរ តែគេមើលមិនជាសោះ
17 ព្រះយេស៊ូវទ្រង់មានព្រះបន្ទូលឆ្លើយថា ឱដំណមនុស្សដែលមិនជឿ ហើយមានចិត្តវៀចអើយ តើត្រូវឲ្យខ្ញុំនៅជាមួយនឹងអ្នករាល់គ្នាដល់កាលណា តើត្រូវឲ្យខ្ញុំទ្រាំនឹងអ្នករាល់គ្នាដល់កាលណាទៀត ចូរនាំវាមកឯខ្ញុំឯណេះ
18 នោះព្រះយេស៊ូវទ្រង់បន្ទោសដល់អារក្ស ហើយវាក៏ចេញពីក្មេងនោះទៅ រួចក្មេងនោះបានជា ចាប់តាំងពីវេលានោះមក។
19 នោះពួកសិស្សមកឯព្រះយេស៊ូវដោយឡែក ទូលសួរថា ហេតុអ្វីបានជាយើងខ្ញុំ ដេញអារក្សនោះមិនបាន
20 ទ្រង់មានព្រះបន្ទូលតបថា គឺដោយព្រោះតែអ្នករាល់គ្នាមានសេចក្ដីជំនឿតិចពេកប៉ុណ្ណោះ ដ្បិតខ្ញុំប្រាប់ជាប្រាកដថា បើមានសេចក្ដីជំនឿដូចគ្រាប់ពូជ១យ៉ាងល្អិត នោះអ្នករាល់គ្នាអាចនឹងនិយាយទៅភ្នំនេះថា ចូររើចេញពីទីនេះទៅទីនោះចុះ នោះនឹងបានដូច្នោះហើយ ក៏គ្មានការអ្វីដែលអ្នករាល់គ្នាធ្វើមិនកើតនោះទេ
21 តែអារក្សបែបយ៉ាងនេះ វាចេញទៅដោយសារតែអធិស្ឋាន ហើយនិងតមអត់ប៉ុណ្ណោះ។
22 កាលគង់នៅស្រុកកាលីឡេ នោះព្រះយេស៊ូវមានព្រះបន្ទូលទៅពួកសិស្សថា បន្តិចទៀត កូនមនុស្សនឹងត្រូវបញ្ជូនទៅក្នុងកណ្តាប់ដៃនៃមនុស្ស
23 គេនឹងសម្លាប់លោក ហើយ៣ថ្ងៃក្រោយមក លោកនឹងរស់ឡើងវិញ នោះពួកសិស្សកើតមានសេចក្ដីព្រួយជាខ្លាំង។
24 កាលបានមកដល់ក្រុងកាពើណិមហើយ នោះពួកអ្នកដែលទារពន្ធព្រះវិហារ គេមកសួរពេត្រុសថា តើគ្រូអ្នកមិនបង់ពន្ធព្រះវិហារទេឬអី
25 គាត់ឆ្លើយថា បង់ដែរ រួចមក កាលគាត់បានចូលទៅក្នុងផ្ទះហើយ នោះព្រះយេស៊ូវទ្រង់មានព្រះបន្ទូលជាមុន សួរគាត់ថា នែ ស៊ីម៉ូន អ្នកគិតដូចម្តេច តើអស់ទាំងស្តេចនៅផែនដីហូតសួយរៃ ឬពន្ធដារពីអ្នកណា ពីកូនចៅ ឬពីអ្នកដទៃ
26 ពេត្រុសទូលឆ្លើយថា ពីមនុស្សដទៃទេ ទ្រង់មានព្រះបន្ទូលថា ដូច្នេះ កូនចៅបានរួចហើយ
27 ប៉ុន្តែ ចូរអ្នកទៅសមុទ្រ ហើយបោះសន្ទូច ចាប់យកត្រីដែលជាប់មុនដំបូងមកបើកមាត់វា នោះអ្នកនឹងឃើញប្រាក់១រៀល ឲ្យយកប្រាក់នោះទៅបង់សម្រាប់ខ្ញុំ ហើយនិងអ្នកទៅ ដើម្បីកុំឲ្យយើងបានជាទីអាក់អន់ចិត្តដល់គេ។
ជំពូក 18
1 នៅវេលានោះឯង ពួកសិស្សមកឯព្រះយេស៊ូវទូលសួរថា តើអ្នកណាធំជាងគេក្នុងនគរស្ថានសួគ៌
2 តែទ្រង់ហៅកូនក្មេងតូច១មក ដាក់នៅកណ្តាលពួកគេ
3 រួចមានព្រះបន្ទូលថា ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បើអ្នករាល់គ្នាមិនផ្លាស់គំនិត ហើយត្រឡប់ដូចជាកូនតូចនេះ នោះនឹងចូលទៅក្នុងនគរស្ថានសួគ៌ពុំបានឡើយ
4 ដូច្នេះ អ្នកណាដែលបន្ទាបខ្លួន ឲ្យបានដូចកូនតូចនេះ អ្នកនោះឯងឈ្មោះថា ធំជាងគេក្នុងនគរស្ថានសួគ៌ហើយ
5 អ្នកណាដែលទទួលកូនតូចណាមួយដូចកូននេះ ដោយនូវឈ្មោះខ្ញុំ នោះក៏ឈ្មោះថា ទទួលខ្ញុំដែរ
6 ប៉ុន្តែ បើអ្នកណាធ្វើឲ្យកូនតូចណាមួយនេះ ដែលជឿដល់ខ្ញុំ រវាតចិត្តចេញ នោះស៊ូឲ្យគេយកថ្មត្បាល់កិនយ៉ាងធំចងកអ្នកនោះ ហើយពន្លង់ទៅក្នុងសមុទ្រទីជ្រៅវិញ ធ្វើយ៉ាងនោះនឹងមានប្រយោជន៍ដល់អ្នកនោះជាជាង
7 វេទនាដល់លោកីយ៍ ដោយព្រោះអស់ទាំងហេតុដែលនាំឲ្យរវាតចិត្ត ដ្បិតសេចក្ដីនោះត្រូវតែមាន តែវេទនាដល់មនុស្សណាដែលបង្កើតហេតុឲ្យរវាតចិត្តនោះ
8 បើសិនជាដៃ ឬជើងអ្នក នាំឲ្យគេរវាតចិត្ត នោះចូរកាត់ចោលទៅ ស៊ូឲ្យអ្នកចូលទៅក្នុងជីវិតកំបុតដៃជើងវិញ ជាជាងមានដៃជើងទាំង២ នឹងត្រូវបោះទៅក្នុងភ្លើង ដែលឆេះនៅអស់កល្បជានិច្ច
9 ហើយបើភ្នែកអ្នកនាំឲ្យគេរវាតចិត្ត ចូរខ្វែះវាចោលទៅ ស៊ូឲ្យអ្នកចូលទៅក្នុងជីវិត មានភ្នែកតែ១វិញ ជាជាងមានភ្នែកទាំង២ នឹងត្រូវបោះទៅក្នុងភ្លើងនរក
10 ចូរប្រយ័ត កុំឲ្យមើលងាយចំពោះកូនតូចណាមួយនោះឡើយ ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា ទេវតារបស់វា ដែលនៅស្ថានសួគ៌តែងតែឃើញព្រះភ័ក្ត្រព្រះវរបិតាខ្ញុំជានិច្ច ដែលទ្រង់គង់នៅស្ថានសួគ៌
11 ដ្បិតកូនមនុស្សបានមក ដើម្បីនឹងជួយសង្គ្រោះអ្នកណាដែលបាត់បង់។
12 បើមនុស្សណាមានចៀម១រយ ហើយមាន១វង្វេងបាត់ តើអ្នករាល់គ្នាគិតដូចម្តេច តើមិនទុកចៀម៩៩នៅលើភ្នំ នឹងទៅរកចៀម១ ដែលវង្វេងបាត់នោះទេឬអី
13 ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បើរកឃើញ នោះមានសេចក្ដីអំណរចំពោះចៀមនោះ ជាជាងចៀម៩៩ដែលមិនបានវង្វេងទៅទៀត
14 ដូច្នេះ ព្រះវរបិតានៃអ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌ ទ្រង់ក៏មិនសព្វព្រះហឫទ័យ ឲ្យកូនតូចណាមួយនេះ ត្រូវវិនាសដូច្នោះដែរ។
15 បើបង ឬប្អូនធ្វើបាបនឹងអ្នក នោះឲ្យទៅបន្ទោសគាត់ ក្នុងកាលដែលមានតែអ្នកហើយនិងគាត់ បើគាត់ស្តាប់អ្នក នោះអ្នកនឹងបានបងឬប្អូននោះមកវិញ
16 តែបើគាត់មិនព្រមស្តាប់ទេ នោះត្រូវយកមនុស្សម្នាក់ ឬ២នាក់ទៅជាមួយ ដើម្បីនឹងបញ្ជាក់គ្រប់ទាំងពាក្យ ដោយសារស្មរបន្ទាល់២ ឬ៣នាក់
17 បើគាត់មិនព្រមស្តាប់អ្នកទាំងនោះទេ នោះត្រូវតែប្រាប់ដល់ពួកជំនុំ ហើយបើមិនព្រមស្តាប់ពួកជំនុំទៀត នោះត្រូវតែរាប់គាត់ទុកជាអ្នកក្រៅសាសន៍ ឬជាអ្នកយកពន្ធវិញ
18 ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បើអ្នករាល់គ្នាចងទុកអ្វីៗនៅផែនដី នោះនឹងត្រូវចងទុកនៅស្ថានសួគ៌ដែរ ហើយបើស្រាយអ្វីៗនៅផែនដី នោះក៏នឹងត្រូវស្រាយ នៅស្ថានសួគ៌ដែរ
19 មួយទៀត ខ្ញុំប្រាប់ថា បើសិនជាមាន២នាក់ក្នុងពួកអ្នករាល់គ្នា ព្រមព្រៀងគ្នានៅផែនដី ពីដំណើរអ្វីដែលគេចង់សូមក៏ដោយ នោះនឹងបានសម្រេចដល់គេ អំពីព្រះវរបិតាខ្ញុំ ដែលគង់នៅស្ថានសួគ៌
20 ដ្បិតកន្លែងណាដែលមាន២ ឬ៣នាក់ ប្រជុំជាមួយគ្នា ដោយនូវឈ្មោះខ្ញុំ នោះខ្ញុំក៏នៅកណ្តាលចំណោមអ្នកទាំងនោះដែរ។
21 ខណៈនោះ ពេត្រុសក៏មកឯទ្រង់ទូលថា ព្រះអម្ចាស់អើយ បើបង ឬប្អូនធ្វើបាបនឹងខ្ញុំ នោះត្រូវឲ្យខ្ញុំអត់ទោសឲ្យគេដល់ប៉ុន្មានដង តើដល់៧ដងឬអី
22 ព្រះយេស៊ូវទ្រង់មានព្រះបន្ទូលតបថា ខ្ញុំមិនថា ឲ្យអ្នកអត់ទោសត្រឹមតែ៧ដងទេ គឺដល់៧ចិតសិបដងទៅទៀត
23 ដូច្នេះ នគរស្ថានសួគ៌ត្រូវប្រៀបដូចជាស្តេច១អង្គ ដែលចង់គិតបញ្ជីនឹងពួកបាវព្រាវ
24 កាលទ្រង់ចាប់តាំងគិត នោះគេនាំកូនបំណុលម្នាក់មក ដែលជំពាក់ប្រាក់២កោដិ
25 តែដោយព្រោះអ្នកនោះគ្មានអ្វីនឹងសង បានជាចៅហ្វាយបង្គាប់ឲ្យលក់ខ្លួនវា ព្រមទាំងប្រពន្ធកូន និងរបស់ទាំងអស់ ដើម្បីនឹងសងបំណុលនោះ
26 ហេតុដូច្នេះ បាវនោះបានទម្លាក់ខ្លួន ក្រាបចុះថ្វាយបង្គំទូលថា បពិត្រព្រះករុណា សូមទ្រង់មេត្តាបង្អង់ឲ្យទូលបង្គំសិន ទូលបង្គំនឹងសងថ្វាយទ្រង់គ្រប់ចំនួន
27 ឯចៅហ្វាយរបស់បាវនោះ មានព្រះហឫទ័យក្តួលអាណិត ក៏លែងវាឲ្យទៅ ព្រមទាំងលែងទារបំណុលផង
28 តែកាលបាវនោះបានចេញទៅហើយ ក៏ជួបប្រទះនឹងគូកនម្នាក់ ដែលជំពាក់ខ្លួន២០រៀល នោះវាចាប់ច្របាច់កអ្នកនោះ ដោយពាក្យថា ចូរសងប្រាក់ដែលជំពាក់អញនោះមក
29 អ្នកនោះក៏ទម្លាក់ខ្លួន ក្រាបចុះនៅទៀបជើង សូមអង្វរថា សូមមេត្តាបង្អង់ឲ្យខ្ញុំសិន ខ្ញុំនឹងសងជូនអ្នក
30 តែវាមិនព្រមទេ ត្រឡប់ជាបានចាប់អ្នកនោះ នាំទៅដាក់គុកវិញ ទាល់តែបានសងបំណុលរួច
31 កាលពួកគូកនគេបានឃើញការនោះ គេមានចិត្តឈឺឆ្អាលណាស់ ក៏នាំគ្នាទៅទូលដល់ចៅហ្វាយ ពីការទាំងប៉ុន្មានដែលកើតមក
32 ចៅហ្វាយក៏ឲ្យគេហៅបាវនោះមក រួចមានព្រះបន្ទូលថា នែ អាបម្រើអាក្រក់ អញបានលែងទារបំណុលឯងទាំងអស់ហើយតើ ពីព្រោះឯងបានអង្វរដល់អញ
33 ដូច្នេះ តើមិនគួរឲ្យឯងអាណិតមេត្តាដល់គូកនឯង ដូចជាអញបានអាណិតមេត្តាដល់ឯងដែរទេឬអី
34 ចៅហ្វាយក៏មានសេចក្ដីក្រោធ ហើយបញ្ជូនវាទៅឯមេភូឃុំ ទាល់តែបានសងបំណុលនោះគ្រប់ចំនួន
35 យ៉ាងនោះ បើអ្នករាល់គ្នាមិនអត់ទោសការរំលងរបស់បងប្អូន ដោយស្ម័គ្រពីចិត្តទេ នោះព្រះវរបិតានៃខ្ញុំ ដែលគង់នៅស្ថានសួគ៌ ទ្រង់ក៏នឹងប្រព្រឹត្តនឹងអ្នករាល់គ្នាដូច្នោះដែរ។
ជំពូក 19
1 លុះព្រះយេស៊ូវបានមានព្រះបន្ទូលពាក្យទាំងនោះរួចហើយ នោះទ្រង់ថយចេញពីស្រុកកាលីឡេ ទៅឯព្រំស្រុកយូដា នៅខាងនាយទន្លេយ័រដាន់វិញ
2 ហើយមានហ្វូងមនុស្សកកកុញតាមទ្រង់ទៅ នៅទីនោះ ទ្រង់ក៏ប្រោសឲ្យគេបានជា។
3 រីឯពួកផារីស៊ី គេមកល្បួងទ្រង់ដោយទូលថា តើមនុស្សមានច្បាប់នឹងលែងប្រពន្ធ ដោយហេតុណាក៏ដោយបានឬទេ
4 ទ្រង់មានព្រះបន្ទូលតបថា តើអ្នករាល់គ្នាមិនបានមើលរឿងពីព្រះ ដែលទ្រង់បង្កើតមនុស្សកាលពីដើម ថាទ្រង់បានធ្វើឲ្យមានទាំងប្រុសទាំងស្រី ទេឬអី
5 រួចក៏មានព្រះបន្ទូលថា ដោយហេតុនោះបានជាមនុស្សប្រុសនឹងលាចេញពីឪពុកម្តាយ ទៅនៅជាប់នឹងប្រពន្ធ ហើយអ្នកទាំង២នោះនឹងត្រឡប់ជាសាច់តែ១សុទ្ធ
6 យ៉ាងនោះ គេមិនមែនជា២ទៀត គឺជាសាច់តែ១ទេ ដូច្នេះ កុំឲ្យអ្នកណាពង្រាត់មនុស្សដែលព្រះទ្រង់បានផ្សំផ្គុំគ្នាឡើយ
7 គេទូលសួរទ្រង់ថា ចុះហេតុដូចម្តេចបានជាលោកម៉ូសេបង្គាប់ឲ្យធ្វើសំបុត្រលះលែង ហើយឲ្យលែងចេញដូច្នេះ
8 ទ្រង់ក៏មានព្រះបន្ទូលតបថា បានជាលោកម៉ូសេអនុញ្ញាតឲ្យអ្នករាល់គ្នាលែងប្រពន្ធទៅ គឺដោយព្រោះតែចិត្តអ្នករាល់គ្នារឹងរបឹង ប៉ុណ្ណោះ តែពីដើមមកមិនមែនដូច្នោះទេ
9 ហើយខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នកណាដែលលែងប្រពន្ធ មិនមែនដោយព្រោះនាងនោះផិត ហើយទៅយកប្រពន្ធមួយទៀត អ្នកនោះឈ្មោះថាប្រព្រឹត្តសេចក្ដីកំផិតហើយ ឯអ្នកណាដែលយកប្រពន្ធ ជាស្រីដែលប្ដីដើមលែង នោះក៏ប្រព្រឹត្តសេចក្ដីកំផិតដែរ
10 ពួកសិស្សទូលទ្រង់ថា បើរបៀបនៃមនុស្សដែលមានប្រពន្ធត្រូវជាយ៉ាងនេះ នោះស៊ូកុំយកគ្នាជាជាង
11 តែទ្រង់មានព្រះបន្ទូលថា មនុស្សទាំងអស់ទទួលតាមពាក្យនេះមិនបានទេ ទទួលបានតែអស់អ្នកដែលពាក្យនេះបានប្រទានមកឲ្យប៉ុណ្ណោះ
12 ពីព្រោះមានមនុស្សខ្ទើយ ដែលកើតពីផ្ទៃម្តាយមកខ្ទើយតែម្តង មានខ្លះដែលមនុស្សលោកបានក្រៀវ ហើយមានខ្លះដែលក្រៀវខ្លួនឯងដែរ ដោយយល់ដល់នគរស្ថានសួគ៌ ដូច្នេះ អ្នកណាដែលអាចនឹងទទួលបាន ឲ្យទទួលចុះ។
13 លំដាប់នោះ មានគេនាំក្មេងតូចៗមកឯទ្រង់ ដើម្បីឲ្យទ្រង់ដាក់ព្រះហស្តអធិស្ឋានឲ្យវា តែពួកសិស្សបន្ទោសដល់គេ
14 នោះព្រះយេស៊ូវទ្រង់មានព្រះបន្ទូលថា ទុកឲ្យកូនក្មេងមកឯខ្ញុំចុះ កុំឃាត់វាឡើយ ដ្បិតនគរស្ថានសួគ៌មានសុទ្ធតែមនុស្សដូចវារាល់គ្នា
15 ទ្រង់ក៏ដាក់ព្រះហស្តលើវារាល់គ្នា រួចយាងចេញពីទីនោះទៅ។
16 នោះមានម្នាក់មកទូលសួរទ្រង់ថា លោកគ្រូល្អអើយ តើត្រូវឲ្យខ្ញុំធ្វើការល្អអ្វី ឲ្យបានជីវិតរស់នៅអស់កល្បជានិច្ច
17 ទ្រង់មានព្រះបន្ទូលទៅគាត់ថា ហេតុអ្វីបានជាអ្នកហៅខ្ញុំថាជាល្អដូច្នេះ មានតែ១ទេដែលល្អ គឺជាព្រះ តែបើអ្នកចង់ចូលទៅក្នុងជីវិត ចូរកាន់តាមបញ្ញត្តទាំងប៉ុន្មានចុះ
18 គាត់ទូលសួរថា តើបញ្ញត្តណាខ្លះ នោះព្រះយេស៊ូវមានព្រះបន្ទូលថា «កុំឲ្យសម្លាប់មនុស្សឲ្យសោះ កុំឲ្យផិតគ្នាឲ្យសោះ កុំឲ្យលួចឲ្យសោះ កុំឲ្យធ្វើជាទីបន្ទាល់ក្លែងឲ្យសោះ
19 ចូរគោរពប្រតិបត្តិឪពុកម្តាយ » ហើយ «ចូរស្រឡាញ់អ្នកជិតខាងដូចខ្លួនឯង »
20 មនុស្សកំលោះនោះក៏ទូលទ្រង់ថា ខ្ញុំបានកាន់តាមគ្រប់សេចក្ដីទាំងនោះ តាំងពីក្មេងមកហើយ តើនៅខ្វះអ្វីទៀត
21 នោះទ្រង់មានព្រះបន្ទូលថា បើអ្នកចង់បានជាគ្រប់លក្ខណ៍ ចូរអ្នកទៅលក់របស់ទ្រព្យខ្លួន ហើយចែកដល់ពួកអ្នកក្រីក្រទៅ នោះអ្នកនឹងបានទ្រព្យសម្បត្តិ នៅឯស្ថានសួគ៌វិញ រួចឲ្យមកតាមខ្ញុំចុះ
22 កាលមនុស្សកំលោះបានឮព្រះបន្ទូលនោះហើយ នោះក៏ចេញទៅទាំងព្រួយចិត្ត ព្រោះមានទ្រព្យសម្បត្តិជាច្រើន។
23 នោះព្រះយេស៊ូវទ្រង់មានព្រះបន្ទូលនឹងពួកសិស្សថា ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា មនុស្សអ្នកមាននឹងចូលទៅក្នុងនគរស្ថានសួគ៌ពិបាកណាស់
24 ខ្ញុំប្រាប់អ្នករាល់គ្នាទៀតថា ដែលសត្វអូដ្ឋនឹងចូលតាមប្រហោងម្ជុល នោះងាយជាជាងឲ្យមនុស្សអ្នកមានចូលទៅក្នុងនគរនៃព្រះវិញ
25 កាលពួកសិស្សបានឮដូច្នោះ នោះក៏នឹកប្លែកក្នុងចិត្តជាខ្លាំងក្រៃលែង ហើយទូលសួរថា ដូច្នេះ តើអ្នកណាអាចនឹងបានសង្គ្រោះ
26 ព្រះយេស៊ូវទ្រង់ទតទៅគេ ដោយមានព្រះបន្ទូលថា ការនោះមនុស្សលោកធ្វើមិនកើតទេ តែព្រះទ្រង់អាចនឹងធ្វើកើតទាំងអស់។
27 ពេត្រុសទូលទ្រង់ថា មើលយើងខ្ញុំបានលះចោលទាំងអស់មកតាមទ្រង់ហើយ ដូច្នេះ តើយើងខ្ញុំនឹងបានអ្វីខ្លះ
28 ព្រះយេស៊ូវទ្រង់មានព្រះបន្ទូលថា ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ដល់គ្រាកែជាថ្មីឡើងវិញ កាលណាកូនមនុស្សបានឡើងគង់លើបល្ល័ង្កឧត្តមរបស់លោក នោះអ្នករាល់គ្នាដែលបានមកតាមខ្ញុំ នឹងបានអង្គុយលើបល្ល័ង្ក១២ដែរ ហើយនិងជំនុំជម្រះពូជអំបូរអ៊ីស្រាអែលទាំង១២
29 ឯអស់អ្នកណាដែលលះចោលផ្ទះសំបែង ឬបងប្អូនប្រុសស្រី ឪពុកម្តាយ ប្រពន្ធកូន ឬស្រែចម្ការ ដោយយល់ដល់ឈ្មោះខ្ញុំ នោះនឹងបានជា១រយភាគ ឡើងវិញ ហើយនិងបានគ្រងជីវិតអស់កល្បជានិច្ច ទុកជាមរដកដែរ
30 តែនឹងមានមនុស្សមុនទៅជាក្រោយជាច្រើន ហើយនិងមានមនុស្សក្រោយ ទៅជាមុនវិញ។
ជំពូក 20
1 ដ្បិតនគរស្ថានសួគ៌ប្រៀបដូចជាថៅកែម្នាក់ដែលចេញទៅពីព្រលឹម ដើម្បីនឹងជួលជើងឈ្នួល ឲ្យមកធ្វើការក្នុងចម្ការទំពាំងបាយជូររបស់ខ្លួន
2 កាលបានព្រមគ្នានឹងបើកឲ្យ២កាក់ម្នាក់ក្នុង១ថ្ងៃហើយ នោះក៏បញ្ជូនឲ្យទៅធ្វើក្នុងចម្ការ
3 ដល់ពេលម៉ោង៩ព្រឹក គាត់ចេញទៅឃើញមនុស្សខ្លះទៀតឈរទំនេរនៅទីផ្សារ
4 ក៏ប្រាប់គេថា ចូរអ្នកទាំងឡាយនាំគ្នាទៅធ្វើការក្នុងចម្ការរបស់ខ្ញុំទៅ ខ្ញុំនឹងបើកឲ្យ តាមត្រឹមត្រូវ គេក៏ទៅ
5 ដល់ថ្ងៃត្រង់ ហើយពេលម៉ោង៣រសៀល គាត់ក៏ចេញទៅធ្វើដូច្នោះទៀត
6 លុះដល់ពេលម៉ោង៥ គាត់ចេញទៅឃើញមានមនុស្សខ្លះទៀតនៅទំនេរ ក៏សួរគេថា ហេតុអ្វីបានជាអ្នករាល់គ្នាឈរទំនេរនៅទីនេះ តាំងពីព្រលឹមមកដូច្នេះ
7 គេឆ្លើយថា ពីព្រោះគ្មានអ្នកណាជួលយើងខ្ញុំ រួចគាត់ប្រាប់ថា ចូរអ្នករាល់គ្នាទៅធ្វើការក្នុងចម្ការរបស់ខ្ញុំទៅ នោះអ្នកនឹងទទួលឈ្នួលតាមត្រឹមត្រូវ
8 ដល់ល្ងាច ថៅកែចម្ការនោះប្រាប់ទៅនាយតម្រួួតការថា ចូរហៅពួកជើងឈ្នួលមកបើកឈ្នួលឲ្យគេ ចាប់តាំងពីមនុស្សក្រោយបង្អស់ រៀងទៅដល់អ្នកមុនដំបូង
9 កាលពួកអ្នកដែលគាត់ជួលពីម៉ោង៥បានមកដល់ នោះគេបើកបាន២កាក់ម្នាក់ៗ
10 រួចកាលពួកមុនបង្អស់បានមកដល់ គេស្មានថា នឹងបានលើសជាងនោះទៅទៀត តែអ្នកទាំងនោះក៏បានទទួល២កាក់ម្នាក់ដូចគ្នាដែរ
11 គ្រាបានបើកប្រាក់ស្រេចហើយ នោះគេត្អូញត្អែរនឹងថៅកែថា
12 ពួកអ្នកដែលមកក្រោយនេះ គេធ្វើការតែ១ម៉ោងសោះ ហើយលោកបានឲ្យគេស្មើនឹងយើងខ្ញុំ ដែលទ្រាំធ្វើការធ្ងន់ទាំងហាលថ្ងៃ តាំងពីព្រលឹមមកដែរ
13 តែគាត់ឆ្លើយទៅម្នាក់នោះថា សំឡាញ់អើយ ខ្ញុំមិនធ្វើខុសនឹងអ្នកទេ តើអ្នកមិនបានសុខចិត្តព្រមទទួលតែ២កាក់ទេឬអី
14 ដូច្នេះ ចូរយកប្រាក់របស់អ្នកទៅៗ ខ្ញុំបានសម្រេចនឹងឲ្យដល់ពួកអ្នកដែលមកក្រោយនេះ ដូចជាបានឲ្យដល់អ្នកដែរ
15 តើខ្ញុំគ្មានច្បាប់នឹងចាត់ចែងរបស់ខ្ញុំ តាមអំពើចិត្តទេឬអី តើភ្នែកអ្នកឃើញអាក្រក់ ពីព្រោះខ្ញុំល្អឬអី
16 គឺយ៉ាងនោះដែលអស់អ្នកក្រោយនឹងបានទៅជាមុន ហើយពួកអ្នកមុននឹងទៅជាក្រោយវិញ ដ្បិតបានហៅមនុស្សជាច្រើន តែរើសបានតិចទេ។
17 កាលព្រះយេស៊ូវទ្រង់កំពុងតែឡើងទៅឯក្រុងយេរូសាឡឹម នោះទ្រង់យកពួកសិស្សទាំង១២នាក់ ទៅដោយឡែកតាមផ្លូវ ហើយមានព្រះបន្ទូលថា
18 មើលយើងរាល់គ្នាឡើងទៅឯក្រុងយេរូសាឡឹម នោះកូនមនុស្សនឹងត្រូវបញ្ជូនទៅដល់ពួកសង្គ្រាជ និងពួកអាចារ្យដែលគេនឹងកាត់ទោសលោកដល់ជីវិត
19 រួចនឹងបញ្ជូនទៅដល់ពួកសាសន៍ដទៃ ឲ្យគេចំអកមើលងាយ ព្រមទាំងវាយនឹងរំពាត់ ហើយឆ្កាងលោក ក្រោយ៣ថ្ងៃមក លោកនឹងមានជីវិតរស់ឡើងវិញ។
20 គ្រានោះ ប្រពន្ធរបស់សេបេដេ គាត់នាំកូនទាំង២មកឯទ្រង់ ក្រាបថ្វាយបង្គំទូលសូមសេចក្ដីមួយ
21 ទ្រង់មានព្រះបន្ទូលសួរថា តើអ្នកចង់បានអ្វី គាត់ទូលថា សូមអនុញ្ញាត្តឲ្យកូនខ្ញុំម្ចាស់ទាំង២នេះបានអង្គុយ ១ខាងស្តាំ ១ខាងឆ្វេងទ្រង់ ក្នុងនគររបស់ទ្រង់
22 តែព្រះយេស៊ូវមានព្រះបន្ទូលតបថា អ្នករាល់គ្នាមិនយល់សេចក្ដីដែលអ្នកសូមទេ តើអ្នកអាចនឹងផឹកអំពីពែង ដែលខ្ញុំរៀបនឹងផឹក ហើយទទួលបុណ្យជ្រមុជដែលខ្ញុំទទួលបានឬទេ គេទូលឆ្លើយថា ទទួលបាន
23 នោះទ្រង់មានព្រះបន្ទូលថា អ្នករាល់គ្នានឹងផឹកពីពែងខ្ញុំ ហើយនិងទទួលបុណ្យជ្រមុជដែលខ្ញុំទទួលមែន តែដែលអង្គុយខាងស្តាំ ឬខាងឆ្វេងខ្ញុំ នោះមិនស្រេចនឹងខ្ញុំទេ គឺសម្រាប់តែអ្នកណា ដែលព្រះវរបិតាខ្ញុំបានរៀបចំទុកឲ្យវិញ
24 កាល១០នាក់ឯទៀតបានឮសេចក្ដីនោះហើយ គេក៏តូចចិត្តនឹងបងប្អូនទាំង២នាក់នោះ
25 តែព្រះយេស៊ូវទ្រង់ហៅអ្នកទាំងនោះមក មានព្រះបន្ទូលថា អ្នករាល់គ្នាដឹងថា ពួកចៅហ្វាយនៃសាសន៍ដទៃតែងគ្រប់គ្រងលើសាសន៍របស់ខ្លួន ហើយពួកអ្នកធំក៏មានអំណាចលើគេដែរ
26 ប៉ុន្តែ មិនត្រូវឲ្យមានដូច្នោះក្នុងពួកអ្នករាល់គ្នាឡើយ គឺអ្នកណាក្នុងពួកអ្នករាល់គ្នាដែលចង់ធ្វើជាធំ នោះនឹងត្រូវធ្វើជាអ្នកបម្រើដល់អ្នករាល់គ្នាវិញ
27 ហើយអ្នកណាក្នុងពួកអ្នកដែលចង់បានជាលេខ១ អ្នកនោះត្រូវធ្វើជាបាវដល់អ្នករាល់គ្នាវិញដែរ
28 ដូចជាកូនមនុស្សបានមក មិនមែនឲ្យគេបម្រើលោកទេ គឺនឹងបម្រើគេវិញ ហើយនិងឲ្យជីវិតខ្លួន ទុកជាថ្លៃលោះមនុស្សជាច្រើនផង។
29 កាលកំពុងតែចេញពីក្រុងយេរីខូមក នោះមានមនុស្សមីរដេរដាសដើរតាមទ្រង់ទៅ
30 ក៏ឃើញមានមនុស្សខ្វាក់២នាក់ អង្គុយនៅក្បែរផ្លូវ គេឮថាព្រះយេស៊ូវទ្រង់យាងតាមទីនោះ ក៏ស្រែកឡើងថា ឱព្រះអម្ចាស់ ជាព្រះវង្សហ្លួងដាវីឌអើយ សូមទ្រង់ប្រោសមេត្តាដល់យើងខ្ញុំផង
31 ឯបណ្តាមនុស្ស គេហាមអ្នកទាំង២នោះ កុំឲ្យមាត់ តែគេស្រែករឹតតែខ្លាំងឡើងថា ឱព្រះអម្ចាស់ ជាព្រះវង្សហ្លួងដាវីឌអើយ សូមទ្រង់ប្រោសមេត្តាដល់យើងខ្ញុំផង
32 នោះព្រះយេស៊ូវទ្រង់ឈប់ ក៏ហៅអ្នកទាំង២នោះមក មានព្រះបន្ទូលសួរថា តើចង់ឲ្យខ្ញុំធ្វើអ្វីឲ្យអ្នក
33 គេទូលទ្រង់ថា ឱព្រះអម្ចាស់អើយ សូមប្រោសឲ្យភ្នែកយើងខ្ញុំបានភ្លឺឡើងផង
34 ទ្រង់មានសេចក្ដីក្តួលក្នុងព្រះហឫទ័យ ក៏ពាល់ភ្នែកគេ ស្រាប់តែភ្នែកបានភ្លឺឡើង រួចគេដើរតាមទ្រង់ទៅ។
ជំពូក 21
1 គ្រាបានមកជិតក្រុងយេរូសាឡឹមហើយ ដល់ភូមិបេតផាសេ ខាងភ្នំដើមអូលីវ នោះព្រះយេស៊ូវទ្រង់ចាត់សិស្ស២នាក់ឲ្យទៅ
2 ដោយមានព្រះបន្ទូលថា ចូរទៅឯភូមិនៅខាងមុខនោះ អ្នកនឹងឃើញមេលា១គេចងទុក និងកូនវានៅជាមួយគ្នា ចូរស្រាយដឹកនាំវាមកឯខ្ញុំ
3 បើអ្នកណាថាអ្វីឲ្យ នោះត្រូវឆ្លើយថា ព្រះអម្ចាស់ទ្រង់ត្រូវការនឹងវា រួចគេនឹងឲ្យវាមកហើយ
4 ការទាំងនេះកើតមក ដើម្បីឲ្យបានសម្រេចតាមទំនាយ ដែលហោរាបានទាយទុកមកថា
5 «ចូរប្រាប់កូនស្រីស៊ីយ៉ូនថា មើល ស្តេចនៃនាង ទ្រង់យាងមកឯនាង ទ្រង់សុភាព ហើយគង់លើសត្វលា គឺជាលាជំទង់ ដែលជាកូនរបស់មេលា»
6 សិស្សនោះក៏ទៅធ្វើតាមបង្គាប់ព្រះយេស៊ូវ
7 ហើយនាំមេលា និងកូនវាមក រួចក្រាលអាវខ្លួនលើខ្នងថ្វាយទ្រង់គង់
8 ឯហ្វូងមនុស្សស្ទើរតែទាំងអស់បានក្រាលអាវខ្លួននៅផ្លូវ ខ្លះក៏កាប់មែកឈើយកមករាយតាមផ្លូវផង
9 ហើយបណ្តាមនុស្សដែលដើរហែមុខក្រោយ គេស្រែកឡើងថា ហូសាណា ដល់ព្រះវង្សហ្លួងដាវីឌ ព្រះអង្គដែលយាងមកដោយនូវព្រះនាមព្រះអម្ចាស់ ទ្រង់ប្រកបដោយព្រះពរ ហូសាណា នៅស្ថានដ៏ខ្ពស់បំផុត
10 រួចកាលទ្រង់យាងចូលទៅក្នុងក្រុងយេរូសាឡឹមហើយ នោះកើតមានសេចក្ដីជ្រួលជ្រើមពេញក្នុងទីក្រុង ហើយគេសួរថា លោកនេះជាអ្នកណា
11 ហ្វូងមនុស្សឆ្លើយឡើងថា នេះគឺជាហោរាយេស៊ូវ ដែលមកពីភូមិណាសារ៉ែត ស្រុកកាលីឡេ។ ព្រះយេស៊ូវដេញពួកអ្នកលក់ដូរចេញពីព្រះវិហារ (មក ១១.១៥-១៩ លក ១៩.៤៥-៤៨ យហ ២.១៣-២២)
12 ព្រះយេស៊ូវទ្រង់យាងចូលទៅក្នុងព្រះវិហារ ក៏បណ្តេញអស់ទាំងអ្នកដែលលក់ដូរក្នុងព្រះវិហារចេញ ទ្រង់ផ្កាប់តុនៃពួកអ្នកដូរប្រាក់ និងជើងម៉ារបស់ពួកអ្នកលក់ព្រាប
13 ហើយទ្រង់មានព្រះបន្ទូលទៅគេថា មានសេចក្ដីចែងទុកមកដូច្នេះ «ដំណាក់អញត្រូវហៅថា ជាទីសម្រាប់អធិស្ឋាន» តែអ្នករាល់គ្នាបានយកធ្វើជារោងចោរ វិញ
14 ឯពួកមនុស្សខ្វាក់ និងមនុស្សខ្វិន គេក៏មកឯទ្រង់ក្នុងព្រះវិហារ ហើយទ្រង់ប្រោសគេឲ្យបានជាទាំងអស់
15 តែពួកសង្គ្រាជ និងពួកអាចារ្យ គេមានចិត្តគ្នាន់ក្នាញ់ណាស់ ដោយបានឃើញការអស្ចារ្យដែលទ្រង់ធ្វើ និងឮកូនក្មេងទាំងប៉ុន្មានស្រែកក្នុងព្រះវិហារថា ហូសាណា ដល់ព្រះវង្សហ្លួងដាវីឌដូច្នោះ
16 ហើយគេទូលទ្រង់ថា តើអ្នកឮពាក្យដែលក្មេងទាំងនេះថាឬទេ ព្រះយេស៊ូវទ្រង់ឆ្លើយថា ឮហើយ តើអ្នករាល់គ្នាមិនដែលមើលសេចក្ដីទេឬអី ដែលថា «ទ្រង់បានធ្វើឲ្យសេចក្ដីសរសើរបានគ្រប់លក្ខណ៍ ដោយនូវមាត់កូនក្មេង និងកូនដែលនៅបៅ »
17 រួចទ្រង់លះចោលគេយាងចេញទៅឯភូមិបេតថានីទៅ ក៏ផ្ទំនៅទីនោះ១យប់។ ដើមល្វាត្រូវបណ្តាសា (ម៉ាកុស ១១.១២-១៤, ២០-២៤)
18 ដល់ព្រលឹមឡើង កំពុងដែលទ្រង់យាងត្រឡប់ទៅឯទីក្រុងវិញ នោះទ្រង់ក៏ឃ្លាន
19 ទ្រង់ទតឃើញដើមល្វា១តាមផ្លូវ ក៏យាងទៅដល់ ឃើញមានតែស្លឹកទទេ នោះទ្រង់មានព្រះបន្ទូលថា កុំឲ្យឯងមានផ្លែទៀតឡើយ ស្រាប់តែដើមល្វានោះក្រៀមទៅ
20 កាលពួកសិស្សបានឃើញដូច្នោះ នោះគេមានសេចក្ដីអស្ចារ្យថា ដើមល្វានេះក្រៀមទៅជា១រំពេចយ៉ាងណាហ្ន៎
21 ព្រះយេស៊ូវទ្រង់មានព្រះបន្ទូលថា ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បើមានសេចក្ដីជំនឿឥតសង្ស័យសោះ នោះអ្នករាល់គ្នានឹងអាចធ្វើបាន មិនត្រឹមតែការដែលកើតឡើងដល់ដើមល្វាប៉ុណ្ណោះទេ គឺទោះបើអ្នកនឹងនិយាយទៅភ្នំនេះថា ឲ្យឯងរើចេញពីទីនេះទៅធ្លាក់ក្នុងសមុទ្រវិញ នោះគង់តែនឹងបានកើតដូច្នោះដែរ
22 ហើយគ្រប់ទាំងសេចក្ដីអ្វីដែលអ្នករាល់គ្នានឹងអធិស្ឋានសូម ដោយមានចិត្តជឿ នោះនឹងបានសម្រេចទាំងអស់។ អំណាចរបស់ព្រះយេស៊ូវ (ម៉ាកុស ១១.២៧-៣៣ លូកា ២០.១-៨)
23 កាលទ្រង់បានយាងចូលទៅក្នុងព្រះវិហារហើយ នោះពួកសង្គ្រាជ និងពួកចាស់ទុំនៃបណ្តាជន គេមកឯទ្រង់ ដែលកំពុងតែបង្រៀន ហើយទូលកាត់សួរថា អ្នកធ្វើការទាំងនេះ តើអាងអំណាចអ្វី តើអ្នកណាបានបើកអំណាចនេះឲ្យអ្នក
24 ព្រះយេស៊ូវមានព្រះបន្ទូលតបថា ខ្ញុំនឹងសួរអ្នករាល់គ្នាពីសេចក្ដី១ដែរ បើអ្នកឆ្លើយប្រាប់ខ្ញុំ នោះខ្ញុំក៏នឹងប្រាប់ឲ្យអ្នកដឹងពីអំណាចដែលខ្ញុំអាង ដើម្បីនឹងធ្វើការទាំងនេះដែរ
25 ឯបុណ្យជ្រមុជរបស់យ៉ូហាន តើមកពីណា ពីស្ថានសួគ៌ ឬពីមនុស្ស នោះគេក៏រិះគិតគ្នាថា បើយើងថា មកពីស្ថានសួគ៌ នោះវានឹងសួរយើងថា ដូច្នេះ ហេតុអ្វីបានជាអ្នករាល់គ្នាមិនបានជឿតាមគាត់
26 តែបើយើងថា មកពីមនុស្សវិញ នោះខ្លាចហ្វូងមនុស្ស ដ្បិតគេរាប់យ៉ូហានទុកជាហោរាទាំងអស់គ្នា
27 រួចគេទូលឆ្លើយថា យើងមិនដឹងទេ ហើយទ្រង់ក៏មានព្រះបន្ទូលតបថា ដូច្នេះ ខ្ញុំក៏មិនប្រាប់ឲ្យអ្នករាល់គ្នាដឹងពីអំណាច ដែលខ្ញុំអាងនឹងធ្វើការទាំងនេះដែរ។ ពាក្យប្រៀបប្រដូចអំពីកូនប្រុសពីរនាក់
28 ប៉ុន្តែ អ្នករាល់គ្នាគិតដូចម្តេច មានមនុស្សម្នាក់មានកូនប្រុស២ គាត់ទៅប្រាប់កូនច្បងថា កូនអើយ ថ្ងៃនេះ ចូរឯងទៅធ្វើការក្នុងចម្ការអញទៅ
29 កូននោះប្រកែកថា ខ្ញុំមិនទៅទេ ដល់ក្រោយមកវាប្រែចិត្តជាទៅវិញ
30 គាត់ក៏ទៅប្រាប់ដល់កូនពៅដូចគ្នា ឯកូននោះវាទទួលថា ខ្ញុំទៅ លោកឪពុក ប៉ុន្តែ វាមិនបានទៅទេ
31 ដូច្នេះ បណ្តាកូនទាំង២នោះ តើកូនណាបានធ្វើតាមចិត្តរបស់ឪពុក គេឆ្លើយថា កូនច្បង ព្រះយេស៊ូវទ្រង់មានព្រះបន្ទូលថា ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ពួកអ្នកយកពន្ធ និងពួកស្រីសំផឹង គេចូលទៅក្នុងនគរព្រះមុនអ្នករាល់គ្នា
32 ដ្បិតយ៉ូហានបានមកឯអ្នករាល់គ្នាក្នុងផ្លូវសុចរិត តែអ្នករាល់គ្នាមិនបានជឿតាមគាត់ទេ ឯពួកយកពន្ធ និងពួកស្រីសំផឹង គេបានជឿតាមគាត់វិញ លុះកាលអ្នករាល់គ្នាបានឃើញដូច្នោះ នោះក៏នៅតែមិនព្រមប្រែចិត្តជឿតាមគាត់ដែរ។ ពាក្យប្រៀបប្រដូចអំពីអ្នកថែរក្សាចម្ការទំពាំងបាយជូរ (ម៉ាកុស ១២.១-១២ លូកា ២០.៩-១៩)
33 ចូរស្តាប់ពាក្យប្រៀបប្រដូច១ទៀត មានថៅកែម្នាក់ដែលដាំចម្ការទំពាំងបាយជូរ គាត់បានធ្វើរបងព័ទ្ធជុំវិញ ព្រមទាំងជីកទីជាន់ផ្លែ ហើយសង់ប៉ម ក៏ប្រវាស់ទៅឲ្យពួកអ្នកធ្វើចម្ការ រួចចេញពីស្រុកនោះទៅ
34 កាលជិតដល់រដូវបេះផ្លែហើយ នោះក៏ប្រើបាវខ្លួនឲ្យទៅឯពួកអ្នកទាំងនោះ ដើម្បីនឹងទទួលផល ជាចំណែករបស់ខ្លួន
35 តែពួកធ្វើចម្ការ គេចាប់បាវទាំងនោះវាយម្នាក់ សម្លាប់ម្នាក់ ហើយម្នាក់ទៀតចោលនឹងថ្មវិញ
36 ថៅកែក៏ប្រើបាវដទៃជាច្រើនជាងមុនឲ្យទៅទៀត តែគេប្រព្រឹត្តនឹងបាវទាំងនោះបែបដូចគ្នា
37 ដល់ក្រោយបង្អស់ គាត់ចាត់កូនខ្លួនឲ្យទៅ ដោយគិតថា គេនឹងកោតខ្លាចដល់កូនអញ
38 ប៉ុន្តែ កាលពួកចម្ការបានឃើញ នោះគេនិយាយគ្នាថា នេះជាកូនគ្រងមរដកហើយ ចូរយើងសម្លាប់វាចេញទៅ រួចយើងនឹងដណ្តើមយកមរដករបស់វា
39 គេក៏ចាប់កូននោះ បោះចោលទៅខាងក្រៅចម្ការ ហើយសម្លាប់ចោលទៅ
40 ដូច្នេះ កាលណាថៅកែចម្ការមកដល់ តើគាត់នឹងធ្វើអ្វីដល់ពួកអ្នកដែលធ្វើចម្ការទាំងនោះ
41 គេទូលឆ្លើយតបថា គាត់នឹងសម្លាប់ពួកកំណាចទាំងនោះយ៉ាងអាក្រក់ណាស់ រួច និងប្រវាស់ចម្ការទៅឲ្យពួកឯទៀតវិញ ដែលគេនឹងឲ្យផលដល់គាត់តាមរដូវ
42 ព្រះយេស៊ូវទ្រង់មានព្រះបន្ទូលទៅគេថា តើអ្នករាល់គ្នាមិនដែលមើលក្នុងគម្ពីរទេឬអី ដែលថា «ថ្មដែលពួកជាងសង់ផ្ទះបានចោលចេញ នោះបានត្រឡប់ជាថ្មជ្រុងយ៉ាងឯក ការនោះគឺព្រះអម្ចាស់ទ្រង់បានធ្វើ ហើយជាការយ៉ាងអស្ចារ្យនៅភ្នែកយើងខ្ញុំ »
43 ដូច្នេះ ខ្ញុំប្រាប់អ្នករាល់គ្នាថា នគរព្រះនឹងត្រូវហូតចេញពីអ្នករាល់គ្នា ប្រគល់ទៅឲ្យសាសន៍១ទៀត ដែលគេនឹងបង្កើតផលរបស់នគរនោះ
44 អ្នកណាដែលធ្លាក់លើថ្មនោះ នឹងត្រូវបាក់បែក តែអ្នកណាដែលត្រូវថ្មនោះធ្លាក់មកលើខ្លួន នោះនឹងត្រូវកិនខ្ទេចខ្ទីទៅ
45 កាលពួកសង្គ្រាជ និងពួកផារីស៊ីបានឮពាក្យប្រៀបប្រដូចទាំងនោះហើយ គេក៏ដឹងថា ទ្រង់មានព្រះបន្ទូលឆ្ពោះទៅខ្លួនគេ
46 រួចគេរកហេតុនឹងចាប់ទ្រង់ ប៉ុន្តែ គេខ្លាចហ្វូងមនុស្ស ពីព្រោះបណ្តាមនុស្សទាំងឡាយរាប់ទ្រង់ទុកជាហោរា។
ជំពូក 22
1 ព្រះយេស៊ូវមានព្រះបន្ទូលពាក្យប្រៀបប្រដូច១ទៀតទៅគេថា
2 នគរស្ថានសួគ៌ប្រៀបដូចជាស្តេច១អង្គ ដែលរៀបវិវាហមង្គលឲ្យព្រះរាជបុត្រា
3 ទ្រង់ចាត់ពួកមហាតលិកឲ្យទៅហៅពួកភ្ញៀវ ដែលទ្រង់បានអញ្ជើញមកក្នុងមង្គលការនោះ ប៉ុន្តែ អ្នកទាំងនោះមិនព្រមមកទេ
4 ទ្រង់ក៏ចាត់ពួកមហាតលិកឯទៀតឲ្យទៅ ដោយមានព្រះបន្ទូលថា ចូរឯងប្រាប់ពួកភ្ញៀវថា ឥឡូវ គ្រឿងជប់លៀងបានរៀបជាស្រេចហើយ គេបានសម្លាប់គោ និងសត្វបំប៉នយ៉ាងធាត់ៗ ហើយក៏រៀបចំគ្រប់ទាំងអស់រួចជាស្រេច ចូរមកបរិភោគការចុះ
5 តែអ្នកទាំងនោះធ្វេសប្រហែសវិញ ម្នាក់ក៏ទៅឯចម្ការខ្លួន ម្នាក់ទៀតទៅឯការជំនួញ
6 អ្នកឯទៀតក៏ចាប់ពួកមហាតលិកត្មះតិះដៀល ហើយសម្លាប់ចោលទៅ
7 កាលស្តេចបានឮ នោះទ្រង់មានព្រះហឫទ័យក្រេវក្រោធ ក៏ចាត់ទ័ពឲ្យទៅបំផ្លាញពួកមនុស្សដែលសម្លាប់គេនោះ ព្រមទាំងដុតទីក្រុងរបស់គេចោលអស់
8 រួចទ្រង់មានព្រះបន្ទូលទៅពួកមហាតលិកថា ការបានរៀបចំជាស្រេច តែពួកភ្ញៀវមិនគួរនឹងមកបរិភោគទេ
9 ដូច្នេះ ចូរទៅឯផ្លូវប្រសព្វ អញ្ជើញអស់អ្នកណាដែលប្រទះឃើញ ឲ្យគេមកបរិភោគវិញ
10 មហាតលិកទាំងនោះក៏ចេញទៅតាមផ្លូវ ប្រមូលអស់អ្នកណាដែលប្រទះឃើញ ទាំងអាក្រក់ ទាំងល្អមក នោះរោងការមានភ្ញៀវពេញព្រៀប
11 ស្តេចក៏យាងចូលទៅទតមើលពួកភ្ញៀវ ទ្រង់ឃើញមនុស្សម្នាក់ទៅទីនោះ ដែលមិនបានពាក់អាវផាយ
12 ក៏មានព្រះបន្ទូលទៅអ្នកនោះថា សំឡាញ់អើយ ដូចម្តេចបានជាអ្នកចូលមកក្នុងទីនេះ ឥតពាក់អាវផាយដូច្នេះ អ្នកនោះរកឆ្លើយអ្វីមិនបានឡើយ
13 ទើបទ្រង់បង្គាប់ទៅពួកមហាតលិកថា ចូរចងជើងចងដៃវាបោះចោលទៅឯទីងងឹតខាងក្រៅទៅ នៅទីនោះនឹងយំ ហើយសង្កៀតធ្មេញ
14 ដ្បិតបានហៅមនុស្សជាច្រើន តែរើសបានតិចទេ។
15 កាលពួកផារីស៊ីបានចេញទៅ នោះគេពិគ្រោះគ្នាពីដំណើរយ៉ាងណានឹងចាប់ទ្រង់ ដោយនូវព្រះបន្ទូល
16 រួចក៏ចាត់ពួកសិស្សរបស់គេឲ្យទៅឯទ្រង់ជាមួយនឹងពួកហេរ៉ូឌ ដោយពាក្យថា លោកគ្រូ យើងខ្ញុំដឹងថា លោកពិតត្រង់ ហើយថា លោកបង្រៀនពីផ្លូវព្រះដោយសេចក្ដីពិត ឥតមានអំពល់ដល់អ្នកណាឡើយ ព្រោះលោកមិនយល់មុខមនុស្សណាទេ
17 ដូច្នេះ សូមប្រាប់យើងខ្ញុំដែលលោកគិតដូចម្តេច តើមានច្បាប់នឹងបង់ពន្ធថ្វាយសេសារឬទេ
18 តែព្រះយេស៊ូវទ្រង់ជ្រាបឧបាយកលរបស់គេ ក៏មានព្រះបន្ទូលតបថា មនុស្សកំពុតអើយ ហេតុអ្វីបានជាអ្នករាល់គ្នាល្បងខ្ញុំដូច្នេះ
19 ចូរបង្ហាញប្រាក់ដែលបង់ពន្ធមកឲ្យខ្ញុំមើលចុះ គេក៏យកប្រាក់កាក់ធំមកថ្វាយទ្រង់ទត
20 រួចទ្រង់មានព្រះបន្ទូលសួរថា រូបនេះ និងឈ្មោះនេះ តើជារបស់អ្នកណា
21 គេទូលឆ្លើយថា របស់សេសារ នោះទ្រង់មានព្រះបន្ទូលឆ្លើយថា ដូច្នេះ ចូរថ្វាយរបស់សេសារ ទៅសេសារទៅ ឯរបស់ព្រះ ចូរថ្វាយទៅព្រះវិញ
22 កាលបានឮដូច្នោះ នោះគេមានសេចក្ដីអស្ចារ្យ រួចក៏ដើរចេញពីទ្រង់បាត់ទៅ។
23 នៅថ្ងៃនោះឯង ពួកសាឌូស៊ី ដែលគេថា គ្មានសេចក្ដីរស់ឡើងវិញទេ គេក៏មកឯទ្រង់ ទូលសាកសួរថា
24 លោកគ្រូ លោកម៉ូសេបានផ្តាំថា «បើអ្នកណាស្លាប់ទៅឥតមានកូន នោះប្អូនត្រូវយកប្រពន្ធរបស់បង ដើម្បីនឹងបង្កើតពូជឲ្យបងខ្លួន »
25 រីឯនៅក្នុងពួកយើងខ្ញុំ មានបងប្អូន៧នាក់ បងច្បងបានយកប្រពន្ធ ហើយស្លាប់ទៅគ្មានកូនសោះ បានទុកប្រពន្ធឲ្យប្អូន
26 ប្អូនបន្ទាប់ក៏ធ្វើដូចគ្នា រួចប្អូនទី៣ ដរាបដល់ប្អូនពៅបំផុត
27 ក្រោយបង្អស់មក ស្ត្រីនោះក៏ស្លាប់ទៅដែរ
28 ដូច្នេះ ដល់គ្រារស់ឡើងវិញ តើនាងនោះនឹងត្រូវធ្វើជាប្រពន្ធរបស់អ្នកណា ក្នុងបណ្តាបងប្អូនទាំង៧នាក់នោះ ដ្បិតសុទ្ធតែបានយកនាងធ្វើជាប្រពន្ធគ្រប់ៗគ្នា
29 នោះព្រះយេស៊ូវទ្រង់មានព្រះបន្ទូលទៅគេថា អ្នករាល់គ្នាភាន់ច្រឡំទេ ពីព្រោះមិនយល់គម្ពីរ ឬព្រះចេស្តានៃព្រះសោះ
30 ដ្បិតដល់គ្រារស់ឡើងវិញ នោះគេមិនយកគ្នាជាប្ដីប្រពន្ធទៀតទេ គឺបានដូចជាទេវតានៃព្រះ ដែលនៅស្ថានសួគ៌វិញ
31 តែត្រង់ឯសេចក្ដីរស់ពីស្លាប់ឡើងវិញ តើអ្នករាល់គ្នាមិនបានមើលសេចក្ដីដែលព្រះទ្រង់បានមានព្រះបន្ទូលនឹងអ្នករាល់គ្នាទេឬអី
32 គឺថា «អញជាព្រះនៃអ័ប្រាហាំ ជាព្រះនៃអ៊ីសាក ហើយជាព្រះនៃយ៉ាកុប » ព្រះអង្គទ្រង់មិនមែនជាព្រះនៃមនុស្សស្លាប់ទេ គឺជាព្រះនៃមនុស្សរស់វិញ។
33 ឯបណ្តាមនុស្សគេក៏នឹកប្លែកក្នុងចិត្ត ដោយឮសេចក្ដីដែលទ្រង់បង្រៀននោះ។
34 តែកាលពួកផារីស៊ីបានឮថា ទ្រង់ធ្វើឲ្យពួកសាឌូស៊ីបាត់មាត់ដូច្នោះ នោះគេក៏មូលគ្នា
35 ហើយពួកគេម្នាក់ ដែលជាអ្នកប្រាជ្ញខាងច្បាប់ក៏ល្បងសួរទ្រង់ថា
36 លោកគ្រូ ក្នុងបណ្តាក្រឹត្យវិន័យ តើបញ្ញត្តណាដែលយ៉ាងសំខាន់បំផុត
37 នោះព្រះយេស៊ូវឆ្លើយថា «ត្រូវឲ្យស្រឡាញ់ព្រះអម្ចាស់ ជាព្រះនៃឯងឲ្យអស់អំពីចិត្ត អស់អំពីព្រលឹង ហើយអស់អំពីគំនិតឯង»
38 នេះជាបញ្ញត្តយ៉ាងសំខាន់ទី១
39 ហើយបញ្ញត្តទី២ក៏បែបដូចគ្នា គឺថា «ត្រូវឲ្យស្រឡាញ់អ្នកជិតខាងដូចខ្លួនឯង»
40 បណ្តាក្រឹត្យវិន័យ និងអស់ទាំងទំនាយហោរាទាំងប៉ុន្មាន ក៏សម្រេចនៅបទបញ្ញត្តទាំង២ប្រការនេះឯង។
41 កំពុងដែលពួកផារីស៊ីនៅមូលគ្នានៅឡើយ នោះព្រះយេស៊ូវទ្រង់មានព្រះបន្ទូលសួរគេថា
42 អ្នករាល់គ្នាគិតពីព្រះគ្រីស្ទដូចម្តេច តើទ្រង់ជាព្រះវង្សអ្នកណា នោះគេទូលឆ្លើយថា ជាព្រះវង្សហ្លួងដាវីឌ
43 ទ្រង់មានព្រះបន្ទូលសួរទៀតថា ដូច្នេះ ធ្វើដូចម្តេចឲ្យហ្លួងដាវីឌមានព្រះបន្ទូល ដោយនូវព្រះវិញ្ញាណ ហៅទ្រង់ជាព្រះអម្ចាស់បាន
44 ដោយថា «ព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលទៅព្រះអម្ចាស់នៃខ្ញុំថា ចូរឯងអង្គុយខាងស្តាំអញ ទាល់តែអញដាក់ពួកខ្មាំងសត្រូវឯងនៅក្រោមជើងឯង»
45 ដូច្នេះ បើហ្លួងដាវីឌនោះឯង ទ្រង់ហៅព្រះគ្រីស្ទថាជាព្រះអម្ចាស់ នោះធ្វើដូចម្តេចឲ្យព្រះគ្រីស្ទធ្វើជាព្រះវង្សទ្រង់បាន
46 តែគ្មានអ្នកណាអាចនឹងឆ្លើយតបទៅទ្រង់១ម៉ាត់បានទេ រួចតាំងពីថ្ងៃនោះមក គ្មានអ្នកណាហ៊ានទូលសួរទ្រង់ទៀតឡើយ។
ជំពូក 23
1 គ្រានោះ ព្រះយេស៊ូវទ្រង់មានព្រះបន្ទូលនឹងហ្វូងមនុស្ស ហើយនិងពួកសិស្សទ្រង់ថា
2 ពួកអាចារ្យ និងពួកផារីស៊ី គេបានតាំងខ្លួនគេ អង្គុយនៅទីបង្រៀនរបស់លោកម៉ូសេ
3 ដូច្នេះ គ្រប់ទាំងសេចក្ដីណាដែលគេប្រាប់ឲ្យអ្នករាល់គ្នាកាន់តាម នោះចូរកាន់ ហើយប្រព្រឹត្តតាមចុះ ប៉ុន្តែ កុំឲ្យប្រព្រឹត្តតាមអំពើរបស់គេឡើយ ដ្បិតគេគ្រាន់តែថា តែមិនធ្វើតាមទេ
4 ពីព្រោះគេចងបន្ទុកយ៉ាងធ្ងន់ ដាក់លើស្មាមនុស្ស ជាបន្ទុកដែលពិបាកទទួល តែខ្លួនគេមិនព្រមទាំងយកម្រាមដៃឆ្កឹះបន្ទុកនោះផង
5 គ្រប់ទាំងការដែលគេធ្វើទាំងប៉ុន្មាន នោះសុទ្ធតែធ្វើឲ្យតែមនុស្សមើលឃើញទេ គឺគេធ្វើស្លាក ធំៗកត់ក្រឹត្យវិន័យ និងរំយោល អាវគេឲ្យវែងៗ
6 គេគាប់ចិត្តនឹងកន្លែងលេខ១ក្នុងការស៊ីលៀង និងកន្លែងដែលមុខគេក្នុងសាលាប្រជុំ
7 ព្រមទាំងគាប់ចិត្តឲ្យមនុស្សគំនាប់ខ្លួននៅទីផ្សារ ហើយឲ្យគេហៅខ្លួនថា លោកគ្រូៗផង
8 ប៉ុន្តែ ឯអ្នករាល់គ្នាវិញ មិនត្រូវឲ្យអ្នកដទៃហៅខ្លួនជាលោកគ្រូឡើយ ដ្បិតអ្នករាល់គ្នាមានសាស្តាតែ១ ហើយជាបងប្អូននឹងគ្នាទាំងអស់
9 ក៏កុំឲ្យហៅអ្នកណាជាឪពុក នៅផែនដីនេះដែរ ដ្បិតមានឪពុកតែ១ប៉ុណ្ណោះ គឺជាព្រះដែលគង់នៅស្ថានសួគ៌
10 ហើយកុំឲ្យអ្នកណាហៅខ្លួនជាសាស្តាឡើយ ដ្បិតមានសាស្តាតែ១ប៉ុណ្ណោះ គឺជាព្រះគ្រីស្ទ
11 តែអ្នកណាដែលធំជាងគេក្នុងពួកអ្នករាល់គ្នា នោះត្រូវធ្វើជាអ្នកបម្រើដល់អ្នករាល់គ្នាវិញ
12 អ្នកណាដែលតម្កើងខ្លួន នោះនឹងត្រូវបន្ទាបចុះវិញ ហើយអ្នកណាដែលបន្ទាបខ្លួន នោះនឹងបានតម្កើងឡើង។
13 វេទនាដល់អ្នករាល់គ្នា ពួកអាចារ្យ និងពួកផារីស៊ី ជាមនុស្សកំពុតអើយ ដ្បិតអ្នករាល់គ្នាបិទនគរស្ថានសួគ៌នៅមុខមនុស្ស ខ្លួនអ្នករាល់គ្នាមិនព្រមចូល ហើយក៏មិនបើកដល់អស់អ្នកដែលកំពុងតែចូល ឲ្យគេចូលដែរ
14 វេទនាដល់អ្នករាល់គ្នា ពួកអាចារ្យ និងពួកផារីស៊ី ជាមនុស្សកំពុតអើយ ដ្បិតអ្នករាល់គ្នាខំសូត្រធម៌ឲ្យច្រើន ដើម្បីឲ្យបានឆស៊ីផ្ទះពួកមេម៉ាយ ហេតុដូច្នោះ អ្នករាល់គ្នានឹងត្រូវទោសធ្ងន់ជាងទៅទៀត
15 វេទនាដល់អ្នករាល់គ្នា ពួកអាចារ្យ និងពួកផារីស៊ី ជាមនុស្សកំពុតអើយ ដ្បិតអ្នករាល់គ្នាដើរជុំជើងទឹក ជើងគោក ដើម្បីនឹងនាំមនុស្សតែម្នាក់ឲ្យចូលកាន់សាសនា តែកាលណាគេចូលកាន់ហើយ នោះអ្នករាល់គ្នាតែងធ្វើឲ្យគេទៅជាគួរធ្លាក់ទៅនរក ជាជាងខ្លួន១ជា២ផង
16 វេទនាដល់អ្នករាល់គ្នា ពួកកង្វាក់ដែលនាំផ្លូវគេអើយ អ្នករាល់គ្នាថា បើអ្នកណាស្បថនឹងព្រះវិហារ នោះមិនជាអ្វីទេ តែបើស្បថនឹងមាសរបស់ព្រះវិហារ នោះត្រូវជាប់សម្បថខ្លួនហើយ
17 ឱពួកមនុស្សល្ងីល្ងើ ហើយកង្វាក់អើយ តើរបស់ណាធំជាង មាស ឬព្រះវិហារដែលធ្វើឲ្យមាសនោះបរិសុទ្ធ
18 ហើយក៏ថា បើអ្នកណាស្បថនឹងអាសនៈ នោះមិនជាអ្វីទេ តែបើស្បថនឹងតង្វាយនៅលើអាសនៈ នោះត្រូវជាប់សម្បថខ្លួនហើយ
19 ឱពួកមនុស្សល្ងីល្ងើ ហើយកង្វាក់អើយ តើរបស់ណាធំជាង តង្វាយ ឬអាសនៈដែលធ្វើឲ្យតង្វាយនោះបានបរិសុទ្ធ
20 ដូច្នេះ អ្នកណាដែលស្បថនឹងអាសនៈ នោះឈ្មោះថាស្បថនឹងអាសនៈ ហើយនិងរបស់ទាំងអស់ដែលនៅលើអាសនៈនោះ
21 ឯអ្នកណាដែលស្បថនឹងព្រះវិហារ នោះឈ្មោះថាស្បថនឹងព្រះវិហារ ហើយនិងព្រះដែលគង់នៅក្នុងព្រះវិហារនោះដែរ
22 ហើយអ្នកណាដែលស្បថនឹងស្ថានសួគ៌ នោះឈ្មោះថាស្បថនឹងបល្ល័ង្កនៃព្រះ ហើយនិងព្រះដែលគង់លើបល្ល័ង្កនោះផង
23 វេទនាដល់អ្នករាល់គ្នា ពួកអាចារ្យ និងពួកផារីស៊ី ជាមនុស្សកំពុតអើយ ដ្បិតអ្នករាល់គ្នាថ្វាយ១ភាគក្នុង១០ ទាំងជីរអង្កាម ជីរលីងលាក់ និងល្ងផង តែបានចោលសេចក្ដីសំខាន់ជាង ដែលនៅក្នុងក្រឹត្យវិន័យវិញ ដូចជាសេចក្ដីយុត្តិធម៌ សេចក្ដីមេត្តាករុណា និងសេចក្ដីជំនឿ គួរតែឲ្យអ្នករាល់គ្នាបានប្រព្រឹត្តការណ៍ទាំងនេះ ហើយការឯទៀតនោះ ក៏មិនត្រូវចោលផង
24 ឱពួកមនុស្សកង្វាក់ ដែលនាំផ្លូវគេអើយ អ្នករាល់គ្នាត្រងសុចចេញ តែលេបសត្វអូដ្ឋវិញ
25 វេទនាដល់អ្នករាល់គ្នា ពួកអាចារ្យ និងពួកផារីស៊ី ជាមនុស្សកំពុតអើយ ដ្បិតអ្នករាល់គ្នាលាងចានលាងថាសតែខាងក្រៅ ឯខាងក្នុងវិញ នោះពេញដោយអំពើប្លន់ និងសេចក្ដីហួសខ្នាតទទេ
26 ឱពួកផារីស៊ីកង្វាក់អើយ ចូរលាងចានលាងថាសខាងក្នុងជាមុន ដើម្បីឲ្យខាងក្រៅបានស្អាតដែរ
27 វេទនាដល់អ្នករាល់គ្នា ពួកអាចារ្យ និងពួកផារីស៊ី ជាមនុស្សកំពុតអើយ ដ្បិតអ្នករាល់គ្នាដូចជាម៉ុងខ្មោចដែលលាបស ឯខាងក្រៅ ល្អមើលពិតមែន តែខាងក្នុងមានពេញដោយឆ្អឹងខ្មោច និងសេចក្ដីស្មោកគ្រោកគ្រប់មុខវិញ
28 អ្នករាល់គ្នាក៏បែបដូច្នោះដែរ ខាងក្រៅមើលទៅដូចជាសុចរិតដល់មនុស្សលោកមែន តែខាងក្នុងមានសុទ្ធតែសេចក្ដីកំពុត និងសេចក្ដីទទឹងច្បាប់ទទេ
29 វេទនាដល់អ្នករាល់គ្នា ពួកអាចារ្យ និងពួកផារីស៊ី ជាមនុស្សកំពុតអើយ ដ្បិតអ្នករាល់គ្នាធ្វើម៉ុងពួកហោរា ហើយតាក់តែងផ្នូររបស់ពួកមនុស្សសុចរិត
30 ដោយថា បើយើងបានរស់នៅក្នុងជំនាន់ពួកអយ្យកោយើង នោះយើងមិនបានចូលដៃនឹងគាត់ ដើម្បីកម្ចាយឈាមពួកហោរាទេ
31 ដូច្នេះ អ្នករាល់គ្នាធ្វើជាបន្ទាល់ទាស់នឹងខ្លួនថា អ្នករាល់គ្នាជាកូនរបស់ពួកអ្នកដែលបានសម្លាប់ហោរាទាំងនោះ
32 ឯអ្នករាល់គ្នា ចូរបំពេញរង្វាល់របស់ពួកអយ្យកោនៃអ្នករាល់គ្នាចុះ
33 ឱសត្វពស់ ឱពូជពស់វែកអើយ ធ្វើដូចម្តេចឲ្យអ្នករាល់គ្នារួចពីទោស នៅក្នុងនរកបាន
34 ដោយហេតុនោះបានជាខ្ញុំចាត់ពួកហោរា ពួកអ្នកប្រាជ្ញ និងពួកអាចារ្យ ឲ្យមកឯអ្នករាល់គ្នាៗនឹងសម្លាប់ ហើយឆ្កាងខ្លះ ក៏វាយខ្លះនឹងរំពាត់ នៅក្នុងសាលាប្រជុំរបស់អ្នករាល់គ្នា ហើយធ្វើទុក្ខបៀតបៀនគេ ពីក្រុង១ទៅដល់ក្រុង១
35 ដើម្បីឲ្យអស់ទាំងឈាមរបស់មនុស្សសុចរិត ដែលបានខ្ចាយនៅផែនដី បានធ្លាក់មកលើអ្នករាល់គ្នាវិញ តាំងពីឈាមរបស់អេបិល ជាអ្នកសុចរិត ដរាបដល់សាការី ជាកូនបារ៉ាគា ដែលអ្នករាល់គ្នាបានសម្លាប់នៅកណ្តាលព្រះវិហារ ហើយនិងអាសនៈ
36 ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អំពើទាំងនោះនឹងធ្លាក់មកលើមនុស្សដំណនេះវិញ។
37 ឱយេរូសាឡឹម ក្រុងយេរូសាឡឹមអើយ ឯងដែលសម្លាប់ពួកហោរា ហើយយកថ្មចោលពួកអ្នកដែលបានចាត់មកឯឯង តើប៉ុន្មានដងហើយ ដែលអញចង់ប្រមូលកូនឯងទាំងប៉ុន្មាន ដូចជាមេមាន់ក្រុងកូនវាឲ្យជ្រកក្រោមស្លាប តែឯងមិនព្រមទេ
38 មើលផ្ទះឯងនឹងត្រូវចោលស្ងាត់ទុកឲ្យឯង
39 ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា ពីនេះទៅមុខ អ្នករាល់គ្នានឹងលែងឃើញខ្ញុំទៀត ដរាបដល់កាលណាអ្នករាល់គ្នានិយាយថា ព្រះអង្គដែលយាងមកដោយនូវព្រះនាមព្រះអម្ចាស់ ទ្រង់ប្រកបដោយព្រះពរ ។
ជំពូក 24
1 កាលព្រះយេស៊ូវទ្រង់កំពុងតែយាងចេញពីព្រះវិហារទៅ នោះពួកសិស្សក៏មកចង្អុលបង្ហាញអស់ទាំងមន្ទីរនៃព្រះវិហារ ថ្វាយទ្រង់ទត
2 តែទ្រង់មានព្រះបន្ទូលទៅគេថា អ្នករាល់គ្នាឃើញវត្ថុទាំងនេះឬទេ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា នៅទីនេះនឹងគ្មានថ្មនៅត្រួតលើថ្ម ដែលមិនត្រូវទម្លាក់ចុះនោះទេ។
3 រួចកាលទ្រង់គង់លើភ្នំដើមអូលីវ នោះពួកសិស្សមកឯទ្រង់ដោយឡែក ទូលសួរថា សូមប្រាប់យើងខ្ញុំ តើការទាំងនេះកាលណានឹងមកដល់ តើមានទីសម្គាល់ណាពីទ្រង់យាងមក ហើយពីបំផុតកល្ប
4 ព្រះយេស៊ូវទ្រង់មានព្រះបន្ទូលឆ្លើយថា ចូរប្រយ័ត ក្រែងអ្នកណានាំអ្នករាល់គ្នាឲ្យវង្វេង
5 ដ្បិតនឹងមានមនុស្សជាច្រើន យកឈ្មោះខ្ញុំមកនិយាយថា ខ្ញុំនេះជាព្រះគ្រីស្ទ ហើយអ្នកទាំងនោះនឹងនាំមនុស្សជាច្រើនឲ្យវង្វេងចេញផង
6 អ្នករាល់គ្នានឹងឮនិយាយពីចម្បាំង និងដំណឹងពីចម្បាំង នោះកុំឲ្យមានចិត្តថប់បារម្ភឡើយ ដ្បិតការទាំងនោះត្រូវតែមកដល់ តែនោះពុំទាន់ដល់ចុងបំផុតនៅឡើយទេ
7 ពីព្រោះសាសន៍១នឹងលើកគ្នាទាស់នឹងសាសន៍១ នគរ១ទាស់នឹងនគរ១ ហើយនិងកើតមានអំណត់ ជំងឺអាសន្នរោគ និងកក្រើកដីនៅកន្លែងផ្សេងៗ
8 តែការទាំងនោះជាដើមចមនៃសេចក្ដីទុក្ខទេ
9 គ្រានោះ គេនឹងបញ្ជូនអ្នករាល់គ្នាទៅឲ្យមានសេចក្ដីវេទនា ព្រមទាំងសម្លាប់អ្នករាល់គ្នា ហើយគ្រប់ទាំងសាសន៍នឹងស្អប់អ្នករាល់គ្នា ដោយព្រោះឈ្មោះខ្ញុំ
10 នៅគ្រានោះ មនុស្សជាច្រើននឹងរវាតចិត្តចេញ គេនឹងបញ្ជូនគ្នា ហើយនិងស្អប់គ្នាទៅវិញទៅមក
11 ក៏នឹងមានហោរាក្លែងក្លាយជាច្រើនកើតឡើង នាំឲ្យមនុស្សជាច្រើនវង្វេងដែរ
12 រួចដោយព្រោះការទទឹងច្បាប់នឹងចម្រើនជាច្រើនឡើង បានជាសេចក្ដីស្រឡាញ់របស់មនុស្សជាច្រើននឹងរសាយអស់ទៅ
13 តែអ្នកណាដែលកាន់ខ្ជាប់ ដរាបដល់ចុងបំផុតវិញ អ្នកនោះនឹងបានសង្គ្រោះ
14 ដំណឹងល្អនេះ ដែលសម្ដែងពីនគរ នឹងត្រូវប្រកាសប្រាប់ទួទៅគ្រប់ក្នុងលោកីយ៍ ទុកជាទីបន្ទាល់ដល់អស់ទាំងសាសន៍ នោះទើបនឹងបានដល់ចុងបំផុត។
15 ដូច្នេះ កាលណាអ្នករាល់គ្នាឃើញសេចក្ដីដែលហោរាដានីយ៉ែល បានទាយទុក គឺជាសេចក្ដីស្អប់ខ្ពើម ដែលបង្ខូចបំផ្លាញ វាឈរនៅក្នុងទីបរិសុទ្ធ (អ្នកណាដែលអានមើលឲ្យយល់ចុះ)
16 នោះត្រូវឲ្យពួកអ្នកដែលនៅស្រុកយូដារត់ចេញទៅឯភ្នំ
17 កុំឲ្យអ្នកណាដែលនៅលើដំបូលផ្ទះចុះមក ដើម្បីនឹងយករបស់អ្វីពីផ្ទះឡើយ
18 ហើយកុំឲ្យអ្នកដែលនៅស្រែចម្ការ ត្រឡប់មកវិញ ដើម្បីនឹងយកសម្លៀកបំពាក់ខ្លួនដែរ
19 នៅគ្រានោះ ស្ត្រីណាដែលមានផ្ទៃពោះ ហើយស្ត្រីណាដែលបំបៅកូន នឹងវេទនាណាស់
20 ចូរអធិស្ឋានសូមកុំឲ្យត្រូវរត់នៅរដូវរងា ឬនៅថ្ងៃឈប់សម្រាកឡើយ
21 ដ្បិតនៅគ្រានោះ នឹងមានសេចក្ដីវេទនាជាខ្លាំងណាស់ ដល់ម៉្លេះបានជាតាំងពីដើមកំណើតលោកីយ៍ ដរាបមកដល់សព្វថ្ងៃនេះ មិនដែលមានយ៉ាងដូច្នោះឡើយ ហើយទៅមុខក៏មិនដែលមានដែរ
22 បើមិនបានបន្ថយថ្ងៃទាំងនោះឲ្យខ្លីចុះ នោះគ្មានមនុស្សណានឹងបានសង្គ្រោះទេ ប៉ុន្តែ ថ្ងៃទាំងនោះនឹងត្រូវបន្ថយទៅ ដោយយល់ដល់ពួករើសតាំង
23 គ្រានោះ បើមានអ្នកណាប្រាប់អ្នករាល់គ្នាថា មើល ព្រះគ្រីស្ទគង់នៅទីនេះ ឬនៅទីនោះ នោះកុំឲ្យជឿគេឡើយ
24 ដ្បិតនឹងមានព្រះគ្រីស្ទក្លែង ហើយហោរាក្លែងកើតឡើង គេនឹងធ្វើទីសម្គាល់យ៉ាងធំ ហើយនិងការអស្ចារ្យ ដើម្បីនឹងនាំទាំងពួកអ្នករើសតាំងឲ្យវង្វេងផង បើសិនជាបាន
25 មើលខ្ញុំបានប្រាប់អ្នករាល់គ្នាជាមុន
26 ដូច្នេះ បើគេប្រាប់អ្នករាល់គ្នាថា មើល ទ្រង់គង់នៅទីរហោស្ថាន នោះកុំឲ្យចេញទៅឡើយ ឬថា មើល ទ្រង់គង់នៅក្នុងបន្ទប់ នោះក៏កុំឲ្យជឿឲ្យសោះ
27 ព្រោះដំណើរដែលកូនមនុស្សមក នោះនឹងបានដូចជាផ្លេកបន្ទោរ ដែលភ្លឺផ្លេកៗ ពីទិសខាងកើតដល់ទិសខាងលិចដែរ
28 ដ្បិតខ្មោចមាននៅកន្លែងណា ឥន្ទ្រីនឹងប្រជុំគ្នានៅកន្លែងនោះឯង ។
29 ក្រោយសេចក្ដីវេទនារបស់គ្រានោះមក ស្រាប់តែថ្ងៃនឹងទៅជាងងឹត ខែនឹងលែងភ្លឺ អស់ទាំងផ្កាយនឹងធ្លាក់ចុះពីលើមេឃ ហើយអស់ទាំងអំណាចនៅលើមេឃនឹងត្រូវកក្រើករំពើក
30 នោះទីសម្គាល់របស់កូនមនុស្សនឹងលេចមកនៅលើមេឃ គ្រប់ទាំងពូជមនុស្សនៅផែនដីនឹងគក់ទ្រូង យំ ក៏នឹងឃើញកូនមនុស្ស មកលើពពកនៅលើមេឃ មានទាំងព្រះចេស្តា និងសិរីល្អជាខ្លាំង
31 ហើយលោកនឹងចាត់ពួកទេវតារបស់លោក ឲ្យមកដោយសូរផ្លុំត្រែជាខ្លាំង ទេវតាទាំងនោះនឹងប្រមូលពួករើសតាំងរបស់លោកពីទិសទាំង៤ ចាប់តាំងពីជើងមេឃម្ខាង រហូតដល់ជើងមេឃម្ខាង។
32 ប៉ុន្តែ ចូររៀនសេចក្ដីប្រៀបប្រដូចពីដើមល្វា កាលណាមែកវាត្រឡប់ជាទន់ ហើយស្លឹកក៏ប៉ិចឡើង នោះអ្នករាល់គ្នាដឹងថា រដូវក្តៅ ជិតដល់ហើយ
33 ដំណើរនេះក៏បែបដូច្នោះដែរ កាលណាឃើញការទាំងនេះកើតមក ត្រូវដឹងថា លោកជិតមកដល់ហើយ ក៏នៅមាត់ទ្វារផង
34 ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា មនុស្សដំណនេះនឹងមិនទាន់កន្លងហួសបាត់ទៅ ទាល់តែគ្រប់ការទាំងនេះបានកើតមកដល់
35 ផ្ទៃមេឃ ហើយផែនដីនឹងកន្លងបាត់ទៅ តែពាក្យខ្ញុំមិនដែលបាត់ឡើយ។
36 ឯត្រង់ថ្ងៃ និងពេលកំណត់ នោះគ្មានអ្នកណាដឹងទេ ទោះទាំងពួកទេវតាដែលនៅលើស្ថានសួគ៌ក៏មិនដឹងដែរ ជ្រាបតែព្រះវរបិតានៃខ្ញុំប៉ុណ្ណោះ
37 ដ្បិតកាលណាកូនមនុស្សមក នោះនឹងបានដូចជានៅជំនាន់លោកណូអេដែរ
38 ដ្បិតនៅគ្រាមុនទឹកជន់លិច នោះគេកំពុងតែស៊ីផឹក ហើយរៀបការប្ដីប្រពន្ធ ដរាបដល់ថ្ងៃដែលលោកណូអេចូលទៅក្នុងទូកធំ
39 គេឥតបានដឹងខ្លួនឡើយ ទាល់តែទឹកជន់ឡើង យកគេទៅទាំងអស់គ្នា នោះដល់កាលណាកូនមនុស្សមក ក៏នឹងមានដូច្នោះដែរ
40 នៅគ្រានោះ នឹងមានមនុស្ស២នាក់នៅចម្ការ ម្នាក់នឹងបានយកទៅ ហើយម្នាក់ទុកនៅ
41 ស្ត្រី២នាក់កំពុងតែកិនម្សៅ ម្នាក់នឹងបានយកទៅ ហើយម្នាក់ទុកនៅ
42 ដូច្នេះ ឲ្យចាំយាម ដ្បិតអ្នករាល់គ្នាមិនដឹងជាពេលណា ដែលព្រះអម្ចាស់នៃអ្នករាល់គ្នានឹងយាងមកទេ
43 ចូរដឹងសេចក្ដីនេះចុះ បើម្ចាស់ផ្ទះបានដឹងជាចោរនឹងមកនៅយាមណា នោះគេនឹងបានចាំយាមមិនឲ្យចោរទម្លុះចូលផ្ទះបានទេ
44 ដូច្នេះ ឲ្យអ្នករាល់គ្នាប្រុងប្រៀបខ្លួនជាស្រេចដែរ ដ្បិតកូនមនុស្សនឹងមកនៅវេលាដែលអ្នករាល់គ្នាមិនគិត។
45 ដូច្នេះ អ្នកណាជាអ្នកបម្រើស្មោះត្រង់ មានមារយាទ ដែលចៅហ្វាយបានតាំងឲ្យត្រួតលើពួកផ្ទះលោក និងឲ្យអាហារគេបរិភោគ តាមត្រូវពេល
46 បើកាលណាចៅហ្វាយមកដល់ ឃើញអ្នកបម្រើនោះកំពុងតែធ្វើដូច្នោះ នោះមានពរហើយ
47 ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ចៅហ្វាយនឹងតាំងអ្នកនោះឡើង ឲ្យត្រួតលើរបស់ទ្រព្យលោកទាំងអស់
48 ប៉ុន្តែ បើជាអ្នកបម្រើអាក្រក់វិញ ហើយគិតក្នុងចិត្តថា ចៅហ្វាយអញក្រមក
49 ក៏តាំងវាយដំពួកគូកនខ្លួន ព្រមទាំងស៊ីផឹកជាមួយនឹងពួកមនុស្សប្រមឹកផង
50 ដូច្នេះ នៅថ្ងៃណាដែលវាមិននៅចាំ ជាវេលាណាដែលវាមិនដឹង នោះចៅហ្វាយនឹងមកដល់
51 ហើយនិងធ្វើទោសវាជាយ៉ាងធ្ងន់ ទាំងឲ្យវាមានចំណែកជាមួយនឹងពួកមនុស្សមានពុតផង នៅទីនោះនឹងយំ ហើយសង្កៀតធ្មេញ។
ជំពូក 25
1 គ្រានោះ នគរស្ថានសួគ៌នឹងបានដូចជាស្រីព្រហ្មចារី១០នាក់ ដែលយកចង្កៀងរៀងខ្លួន ចេញទៅទទួលប្ដីថ្មោងថ្មី
2 ក្នុងពួកនាងទាំងនោះ មាន៥នាក់មានគំនិត ហើយ៥នាក់ល្ងង់
3 នាងល្ងង់ទាំងនោះ គេយកតែចង្កៀងទៅ តែមិនបានយកប្រេងជាប់នឹងខ្លួនផងទេ
4 ឯពួកនាងមានគំនិតវិញ គេបានយកទាំងចង្កៀង ហើយនិងប្រេងដាក់ក្នុងដបទៅជាមួយផង
5 តែដោយព្រោះប្ដីក្រមកពេក បានជានាងទាំងនោះងោកងុយ ហើយដេកលក់ទៅ
6 លុះដល់កណ្តាលអធ្រាត្រ ស្រាប់តែឮសូរសម្រែកថា នែ ប្ដីមកហើយ ចូរចេញទៅទទួលចុះ
7 ស្រីព្រហ្មចារីទាំងឡាយក៏ភ្ញាក់ឡើង រៀបចំចង្កៀងរៀងរាល់ខ្លួន
8 ឯពួកនាងដែលល្ងង់ គេនិយាយទៅពួកនាងមានគំនិតថា សូមចែកប្រេងមកឲ្យយើងផង ព្រោះចង្កៀងយើងចង់រលត់ហើយ
9 តែពួកនាងមានគំនិតឆ្លើយឡើងថា ទេ ក្រែងគ្មានល្មមដល់យើង ហើយនិងនាងរាល់គ្នាផង ស៊ូទៅឯផ្ទះលក់ប្រេង ទិញសម្រាប់ខ្លួនវិញទៅ
10 តែកំពុងតែនាងទាំងនោះទៅទិញ ប្ដីក៏មកដល់ ហើយពួកនាងដែលបានបម្រុងជាស្រេច ក៏ចូលទៅក្នុងរោងការជាមួយគ្នា រួចគេបិទទ្វារ
11 ឯនាងព្រហ្មចារីឯទៀត ក៏មកអង្វរថា លោកម្ចាស់ៗអើយ សូមបើកឲ្យយើងខ្ញុំផង
12 តែគាត់ឆ្លើយថា ខ្ញុំប្រាប់នាងរាល់គ្នាជាប្រាកដថា ខ្ញុំមិនស្គាល់នាងទេ
13 ដូច្នេះ ចូរចាំយាមចុះ ដ្បិតអ្នករាល់គ្នាមិនដឹងជាថ្ងៃណា ឬពេលណាដែលកូនមនុស្សត្រូវមកនោះទេ។
14 ដ្បិតដំណើរនេះបែបដូចជាមនុស្សម្នាក់ ដែលរៀបនឹងចេញពីស្រុកទៅ គាត់ហៅពួកបាវមកប្រគល់របស់ទ្រព្យខ្លួនទុកនឹងគេ
15 បានឲ្យប្រាក់ទៅម្នាក់៥ពាន់ ម្នាក់ទៀត២ពាន់ ហើយអ្នកទីបី១ពាន់ គឺឲ្យគ្រប់គ្នាតាមតម្រិះគេរៀងខ្លួន រួចក៏ចេញទៅ
16 នោះអ្នកដែលទទួល៥ពាន់ ក៏យកប្រាក់ទៅជួញបានចំណេញបាន៥ពាន់ទៀត
17 ហើយអ្នកដែលទទួល២ពាន់ គាត់ធ្វើដូច្នោះដែរ ក៏បានចំណេញ២ពាន់ទៀត
18 តែឯអ្នកដែលទទួលតែ១ពាន់ វាទៅជីកដីកប់ប្រាក់របស់ចៅហ្វាយវិញ
19 យូរក្រោយមក ចៅហ្វាយរបស់បាវទាំងនោះត្រឡប់មកវិញ គិតបញ្ជីនឹងគេ
20 ចំណែកអ្នកដែលបានទទួល៥ពាន់ ក៏យក៥ពាន់ទៀតមកជម្រាបចៅហ្វាយថា លោកចៅហ្វាយ លោកបានប្រគល់ប្រាក់៥ពាន់មកខ្ញុំ មើលខ្ញុំបានចំណេញ៥ពាន់ទៀត
21 ចៅហ្វាយនិយាយថា ប្រពៃហើយ បាវល្អស្មោះត្រង់អើយ ឯងមានចិត្តស្មោះនឹងត្រួតរបស់បន្តិចនេះ ដូច្នេះ អញនឹងតាំងឲ្យឯងត្រួតលើរបស់ជាច្រើនទៅទៀត ចូរឲ្យឯងប្រកបដោយសេចក្ដីអំណររបស់ចៅហ្វាយឯងចុះ
22 កាលអ្នកដែលទទួល២ពាន់បានមកដល់ នោះក៏ជម្រាបថា លោកចៅហ្វាយ លោកបានប្រគល់២ពាន់មកខ្ញុំ មើល ខ្ញុំបានចំណេញ២ពាន់ទៀត
23 ចៅហ្វាយនិយាយថា ប្រពៃហើយ បាវល្អស្មោះត្រង់អើយ ឯងមានចិត្តស្មោះនឹងត្រួតរបស់បន្តិចនេះ ដូច្នេះ អញនឹងតាំងឲ្យឯងត្រួតលើរបស់ជាច្រើនទៅទៀត ចូរឲ្យឯងប្រកបដោយសេចក្ដីអំណររបស់ចៅហ្វាយឯងចុះ
24 ឯអ្នកដែលបានទទួល១ពាន់ វាក៏ចូលមកជម្រាបចៅហ្វាយថា លោកចៅហ្វាយ ខ្ញុំដឹងថាលោកជាមនុស្សតឹងរ៉ឹងណាស់ លោកច្រូតនៅកន្លែងដែលមិនបានសាបព្រោះ ហើយប្រមូលនៅកន្លែងដែលមិនបានអុំ
25 ដូច្នេះ ខ្ញុំនឹកខ្លាច ក៏ទៅកប់ប្រាក់១ពាន់នេះទុកក្នុងដី ហ៏ ខ្ញុំសូមប្រគល់របស់លោកជូនលោកវិញ
26 ចៅហ្វាយក៏ឆ្លើយតបថា បាវអាក្រក់ ហើយខ្ជិលច្រអូសអើយ បើឯងដឹងថា អញច្រូតនៅកន្លែងដែលមិនបានសាបព្រោះ ហើយប្រមូលនៅកន្លែងដែលមិនបានអុំ
27 នោះគួរតែឯងបានយកប្រាក់ទៅ ផ្ញើទុកនឹងអ្នកចងការចុះ លុះដល់អញមកវិញ នោះនឹងបានប្រាក់អញ ទាំងដើម ទាំងការផង
28 ដូច្នេះ ចូរដកប្រាក់១ពាន់នោះពីវាចេញ ឲ្យដល់អ្នកដែលមាន១ម៉ឺនវិញ
29 ដ្បិតនឹងឲ្យដល់អស់អ្នកដែលមាន ហើយអ្នកនោះនឹងមានជាបរិបូរឡើង តែអ្នកណាដែលគ្មាន នោះនឹងត្រូវហូតយក ទាំងរបស់អ្វី ដែលអ្នកនោះមានផង
30 ឯបាវឥតប្រយោជន៍នោះ ចូរបោះវាចោលទៅឯទីងងឹតខាងក្រៅទៅ នៅទីនោះនឹងយំ ហើយសង្កៀតធ្មេញ។
31 តែកាលណាកូនមនុស្សនឹងមក ក្នុងសិរីល្អរបស់លោក មានទាំងពួកទេវតាបរិសុទ្ធទាំងអស់គ្នា មកជាមួយ នោះលោកនឹងឡើងគង់លើបល្ល័ង្ករុងរឿងឧត្តមរបស់លោក
32 រួចគ្រប់ទាំងសាសន៍នឹងត្រូវប្រមូលគ្នា នៅចំពោះលោក ហើយលោកនឹងញែកគេចេញពីគ្នា ដូចជាអ្នកគង្វាល ដែលញែកចៀមចេញពីពពែដែរ
33 រួចនឹងដាក់ចៀមនៅខាងស្តាំ ហើយពពែនៅខាងឆ្វេង
34 នោះលោកដ៏ជាស្តេច នឹងមានព្រះបន្ទូលទៅពួកអ្នកដែលនៅខាងស្តាំថា ឱពួកអ្នកដែលព្រះវរបិតាយើងបានប្រទានពរអើយ ចូរមកទទួលមរដកចុះ គឺជានគរដែលបានរៀបចំទុកសម្រាប់អ្នករាល់គ្នា តាំងពីកំណើតលោកីយ៍មក
35 ពីព្រោះយើងបានឃ្លាន ហើយអ្នករាល់គ្នាបានឲ្យបរិភោគ យើងបានស្រេក ហើយអ្នករាល់គ្នាបានឲ្យផឹក យើងជាអ្នកដទៃ ហើយអ្នករាល់គ្នាបានទទួលយើង
36 យើងនៅអាក្រាត ហើយអ្នករាល់គ្នាបានស្លៀកពាក់ឲ្យយើង យើងបានឈឺ ហើយអ្នករាល់គ្នាបានមកសួរយើង ក៏ជាប់គុក ហើយអ្នករាល់គ្នាបានមកឯយើង
37 នោះពួកមនុស្សសុចរិតនឹងទូលសួរទ្រង់ថា ព្រះអម្ចាស់អើយ តើយើងខ្ញុំបានឃើញទ្រង់ស្រេកឃ្លាន ហើយបានថ្វាយទ្រង់សោយពីកាលណា
38 តើយើងខ្ញុំបានឃើញទ្រង់ជាអ្នកដទៃ ហើយបានទទួលទ្រង់ពីកាលណា ឬទ្រង់អាក្រាត ហើយបានបំពាក់ថ្វាយទ្រង់ពីកាលណា
39 តើយើងខ្ញុំបានឃើញទ្រង់ឈឺ ឬជាប់គុក ហើយបានមកឯទ្រង់ពីកាលណា
40 នោះស្តេចនឹងឆ្លើយទៅគេថា យើងប្រាប់អ្នករាល់គ្នាជាប្រាកដថា ដែលអ្នករាល់គ្នាបានធ្វើការទាំងនោះ ដល់អ្នកតូចបំផុតក្នុងពួកបងប្អូនយើងនេះ នោះឈ្មោះថា បានធ្វើដល់យើងដែរ
41 រួចទ្រង់នឹងមានព្រះបន្ទូលទៅពួកខាងឆ្វេងទៀតថា ពួកអ្នករាល់គ្នាដែលត្រូវបណ្តាសាអើយ ចូរថយពីអញចេញទៅក្នុងភ្លើងដែលឆេះអស់កល្បជានិច្ច ដែលបានរៀបចំទុកសម្រាប់អារក្ស ហើយនិងពួកទេវតារបស់វាវិញ
42 ពីព្រោះអញបានឃ្លាន តែឯងរាល់គ្នាមិនបានឲ្យបរិភោគទេ អញបានស្រេក តែឯងរាល់គ្នាមិនបានឲ្យផឹកទេ
43 អញជាអ្នកដទៃ តែឯងរាល់គ្នាមិនបានទទួលសោះ អញនៅអាក្រាត តែឯងរាល់គ្នាមិនបានស្លៀកពាក់ឲ្យអញទេ អញក៏ឈឺ ហើយនៅជាប់គុក តែឯងរាល់គ្នាមិនបានមកសួរសោះ
44 រួចគេនឹងទូលសួរទ្រង់ថា ព្រះអម្ចាស់អើយ តើយើងខ្ញុំបានឃើញទ្រង់ឃ្លាន ឬស្រេក ឬជាអ្នកដទៃ ឬនៅអាក្រាត ឬឈឺ ឬជាប់គុក ហើយមិនបានទៅជួយទ្រង់នោះពីកាលណា
45 នោះទ្រង់នឹងមានព្រះបន្ទូលតបថា អញប្រាប់ឯងរាល់គ្នាជាប្រាកដថា ដែលមិនបានធ្វើការទាំងនោះ ដល់អ្នកយ៉ាងតូចបំផុត ក្នុងពួកអ្នកទាំងនេះ នោះឈ្មោះថាមិនបានធ្វើដល់អញដែរ
46 ឯពួកអ្នកទាំងនោះនឹងថយទៅ មានទោសអស់កល្បជានិច្ច តែពួកសុចរិតនឹងចូលទៅក្នុងជីវិតដ៏នៅអស់កល្បជានិច្ចវិញ។
ជំពូក 26
1 កាលព្រះយេស៊ូវទ្រង់មានព្រះបន្ទូលសេចក្ដីទាំងនេះរួចហើយ នោះទ្រង់មានព្រះបន្ទូលទៅពួកសិស្សថា
2 អ្នករាល់គ្នាដឹងថា នៅ២ថ្ងៃទៀតនឹងចូលបុណ្យរំលងហើយ ឯកូនមនុស្សក៏ត្រូវគេបញ្ជូនទៅ ឲ្យត្រូវជាប់ឆ្កាងដែរ។
3 នៅគ្រានោះ ពួកសង្គ្រាជ ពួកអាចារ្យ និងពួកចាស់ទុំនៃបណ្តាជន គេប្រជុំគ្នានៅទីព្រះលាននៃសម្ដេចសង្ឃ ព្រះនាមកៃផា
4 ក៏ពិគ្រោះគ្នា ដើម្បីចាប់ព្រះយេស៊ូវដោយឧបាយកល ហើយសម្លាប់បង់
5 តែគេថា កុំធ្វើក្នុងរវាងពេលបុណ្យនេះឡើយ ក្រែងបណ្តាជនកើតកោលាហល។
6 រីឯកាលព្រះយេស៊ូវទ្រង់គង់ក្នុងផ្ទះស៊ីម៉ូន ជាអ្នកឃ្លង់នៅភូមិបេតថានី
7 នោះមានស្ត្រីម្នាក់មកឯទ្រង់ កាន់ទាំងដបថ្មកែវ ដាក់ប្រេងក្រអូបមានតម្លៃដ៏វិសេស នាងក៏ចាក់ប្រេងនោះលើព្រះសិរទ្រង់ ដែលទ្រង់កំពុងតែគង់នៅតុ
8 តែកាលពួកសិស្សទ្រង់ឃើញ គេក៏នឹកតូចចិត្ត ហើយនិយាយថា ធ្វើបង្ខាតដូច្នេះ តើមានប្រយោជន៍អ្វី
9 ដ្បិតប្រេងនេះនឹងលក់បានប្រាក់ជាច្រើន ដើម្បីនឹងចែកឲ្យដល់មនុស្សក្រីក្រ
10 តែព្រះយេស៊ូវទ្រង់ជ្រាប ហើយក៏មានព្រះបន្ទូលទៅគេថា ហេតុអ្វីបានជាបង្អាក់ដល់ចិត្តនាងដូច្នេះ ដ្បិតនាងបានធ្វើការល្អដល់ខ្ញុំណាស់
11 ពីព្រោះអ្នករាល់គ្នាមានពួកអ្នកក្រនៅជាមួយជាដរាប តែខ្ញុំមិននៅជាមួយជាដរាបទេ
12 ដែលនាងនេះបានចាក់ប្រេងក្រអូបលើខ្លួនខ្ញុំ នោះគឺបានធ្វើសម្រាប់រៀបកប់ខ្មោចខ្ញុំ
13 ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា កន្លែងណាដែលគេនឹងប្រកាសប្រាប់ដំណឹងល្អនេះ នៅគ្រប់ក្នុងលោកីយ៍ទាំងមូល នោះគេនឹងដំណាលពីការដែលនាងបានធ្វើនេះដែរ ទុកសម្រាប់ជាកេរនាង។
14 នៅគ្រានោះ មានម្នាក់ក្នុងពួក១២នាក់ ឈ្មោះយូដាស-អ៊ីស្ការីយ៉ុត វាទៅឯពួកសង្គ្រាជសួរថា
15 បើខ្ញុំបញ្ជូនអ្នកនោះមកលោក តើលោកនឹងឲ្យអ្វីដល់ខ្ញុំ រួចគេសម្រេចនឹងឲ្យប្រាក់៣០រៀល ដល់វា
16 ចាប់តាំងពីវេលានោះមក វាក៏ចេះតែរកឱកាសនឹងបញ្ជូនទ្រង់ទៅ។
17 នៅថ្ងៃដំបូង ក្នុងបុណ្យនំបុ័ងឥតដំបែ នោះពួកសិស្សមកឯព្រះយេស៊ូវទូលថា តើទ្រង់សព្វព្រះហឫទ័យឲ្យយើងខ្ញុំរៀបបុណ្យរំលង ថ្វាយទ្រង់សោយនៅទីណា
18 ទ្រង់ឆ្លើយថា ឲ្យចូលទៅក្នុងទីក្រុង ដល់ម្នាក់ណាមួយនោះ ហើយប្រាប់ថា លោកគ្រូមានប្រសាសន៍ថា កំណត់ខ្ញុំជិតដល់ហើយ ខ្ញុំនឹងធ្វើបុណ្យរំលងជាមួយនឹងពួកសិស្សខ្ញុំនៅផ្ទះអ្នក
19 ដូច្នេះ ពួកសិស្សក៏ធ្វើតាមបង្គាប់ព្រះយេស៊ូវ ហើយគេរៀបចំធ្វើបុណ្យរំលង។
20 ដល់ល្ងាច ទ្រង់គង់នៅតុជាមួយនឹងពួក១២នាក់
21 កាលកំពុងតែបរិភោគ នោះទ្រង់មានព្រះបន្ទូលថា ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ក្នុងពួកអ្នករាល់គ្នា មានម្នាក់នឹងបញ្ជូនខ្ញុំ
22 នោះគ្រប់គ្នាមានសេចក្ដីព្រួយជាខ្លាំង ហើយចាប់តាំងទូលសួរទ្រង់ថា ព្រះអម្ចាស់អើយ តើទូលបង្គំឬអី
23 តែទ្រង់មានព្រះបន្ទូលឆ្លើយថា គឺជាអ្នកមួយដែលលូកដៃចុះក្នុងចានជាមួយនឹងខ្ញុំ អ្នកនោះឯងនឹងបញ្ជូនខ្ញុំ ទៅ
24 ឯកូនមនុស្ស ត្រូវទៅមែន តាមសេចក្ដីដែលបានចែងទុកពីដំណើរលោក ប៉ុន្តែ វេទនាដល់អ្នកនោះ ដែលនឹងបញ្ជូនកូនមនុស្សទៅ បើវាមិនបានកើតមក នោះល្អដល់វាជាជាង
25 នោះយូដាសជាអ្នកដែលបញ្ជូនទ្រង់ វាចាប់ពាក្យទូលថា លោកគ្រូអើយ តើខ្ញុំឬអី ទ្រង់មានព្រះបន្ទូលទៅវាថា ត្រូវដូចអ្នកនិយាយហើយ។
26 គ្រាដែលកំពុងតែបរិភោគ នោះព្រះយេស៊ូវទ្រង់យកនំបុ័ង ហើយកាលទ្រង់បានប្រទានពរ នោះក៏កាច់ប្រទានទៅពួកសិស្ស ដោយមានព្រះបន្ទូលថា ចូរយកបរិភោគចុះ នេះហើយជារូបកាយខ្ញុំ
27 រួចទ្រង់យកពែងមកប្រទានពរ ក៏ហុចទៅឲ្យគេ ដោយព្រះបន្ទូលថា ចូរបរិភោគពីពែងនេះទាំងអស់គ្នាចុះ
28 ដ្បិតនេះជាឈាមខ្ញុំ គឺជាឈាមនៃសញ្ញាថ្មី ដែលបានច្រួចចេញ សម្រាប់មនុស្សជាច្រើនប្រយោជន៍នឹងផ្តាច់បាប
29 តែខ្ញុំប្រាប់អ្នករាល់គ្នាថា ពីនេះតទៅមុខ ខ្ញុំមិនផឹកពីផលផ្លែទំពាំងបាយជូរទៀតទេ ដរាបដល់ថ្ងៃណាដែលខ្ញុំនឹងផឹកជាថ្មី ជាមួយនឹងអ្នករាល់គ្នា នៅក្នុងនគរព្រះវរបិតានៃខ្ញុំ
30 រួចកាលបានច្រៀងទំនុកមួយហើយ នោះក៏នាំគ្នាចេញទៅឯភ្នំដើមអូលីវ។
31 ខណៈនោះ ព្រះយេស៊ូវទ្រង់មានព្រះបន្ទូលទៅគេថា នៅវេលាយប់នេះឯង អ្នករាល់គ្នានឹងមានចិត្តរវាតចេញ ដោយព្រោះខ្ញុំ ដ្បិតមានសេចក្ដីចែងទុកមកថា «អញនឹងវាយអ្នកគង្វាល ហើយហ្វូងចៀមនឹងត្រូវខ្ចាត់ខ្ចាយទៅ»
32 ប៉ុន្តែ កាលណាខ្ញុំបានរស់ឡើងវិញ នោះខ្ញុំនឹងទៅឯស្រុកកាលីឡេមុនអ្នករាល់គ្នា
33 ពេត្រុសទូលទ្រង់ថា ទោះបើមនុស្សទាំងអស់នឹងរវាតចិត្ត ដោយព្រោះទ្រង់ក៏ដោយ គង់តែទូលបង្គំមិនដូច្នោះទេ
34 ព្រះយេស៊ូវទ្រង់មានព្រះបន្ទូលទៅគាត់ថា ខ្ញុំប្រាប់អ្នកជាប្រាកដថា នៅវេលាយប់នេះ មុនដែលមាន់រងាវ នោះអ្នកនឹងប្រកែក៣ដងថា មិនស្គាល់ខ្ញុំ
35 ពេត្រុសទូលតបថា ទោះបើទូលបង្គំត្រូវស្លាប់ជាមួយនឹងទ្រង់ក៏ដោយ គង់តែមិនព្រមថា មិនស្គាល់ទ្រង់ឡើយ ហើយពួកសិស្សទាំងអស់ក៏ថាឡើងដូចគ្នា។
36 នោះព្រះយេស៊ូវ ព្រមទាំងពួកសិស្ស ក៏ទៅដល់កន្លែងហៅថា ច្បារគែតសេម៉ានី ហើយទ្រង់មានព្រះបន្ទូលទៅគេថា ចូរអង្គុយនៅទីនេះសិន ចាំខ្ញុំនឹងទៅអធិស្ឋាននៅឯណោះ
37 រួចទ្រង់យកពេត្រុស និងកូនសេបេដេទាំង២នាក់ទៅជាមួយផង ទ្រង់ចាប់តាំងមានព្រះហឫទ័យព្រួយ ហើយតប់ប្រមល់ជាខ្លាំង
38 ក៏មានព្រះបន្ទូលទៅគេថា ចិត្តខ្ញុំព្រួយពន់ពេក ស្ទើរតែនឹងស្លាប់ ចូរនៅទីនេះ ចាំយាម ជាមួយនឹងខ្ញុំសិន
39 កាលទ្រង់បានយាងទៅមុខបន្តិចទៀត នោះទ្រង់ទម្លាក់អង្គ ផ្កាប់ព្រះភ័ក្ត្រចុះអធិស្ឋានថា ឱព្រះវរបិតានៃទូលបង្គំអើយ បើសិនជាបាន នោះសូមឲ្យពែង នេះកន្លងហួសពីទូលបង្គំទៅ ប៉ុន្តែ កុំតាមចិត្តទូលបង្គំឡើយ សូមតាមតែព្រះហឫទ័យទ្រង់វិញ
40 នោះទ្រង់យាងមកដល់ពួកសិស្ស ឃើញគេដេកលក់ ក៏មានព្រះបន្ទូលទៅពេត្រុសថា ដូច្នេះ តើអ្នករាល់គ្នាចាំយាមជាមួយនឹងខ្ញុំតែ១ម៉ោងមិនបានទេឬអី
41 ចូរចាំយាម ហើយអធិស្ឋានចុះ ដើម្បីមិនឲ្យកើតសេចក្ដីល្បួងនាំចិត្តឡើយ ឯវិញ្ញាណក៏ប្រុងជាស្រេចមែន តែសាច់ឈាមខ្សោយទេ
42 កាលទ្រង់បានយាងទៅម្តងទៀត នោះក៏អធិស្ឋានថា ឱព្រះវរបិតានៃទូលបង្គំអើយ បើសិនជាពែងនេះកន្លងហួសពីទូលបង្គំទៅពុំបាន លើកតែទូលបង្គំទទួល នោះសូមតាមព្រះហឫទ័យទ្រង់ចុះ
43 កាលទ្រង់បានយាងមកវិញ នោះក៏ឃើញពួកសិស្សដេកលក់ទៀត ដ្បិតភ្នែកគេធ្ងន់ជ្រប់
44 រួចទ្រង់យាងចោលគេទៅម្តងទៀត នឹងអធិស្ឋានជាគម្រប់៣ដង ដោយមានព្រះបន្ទូលជាសេចក្ដីដដែល
45 នោះទ្រង់យាងមកឯពួកសិស្សមានព្រះបន្ទូលថា ឥឡូវនេះ អ្នករាល់គ្នាដេកលក់ ហើយសម្រាកកម្លាំងទៀតឬ មើលកំណត់ជិតដល់ហើយ កូនមនុស្សត្រូវគេបញ្ជូនទៅក្នុងកណ្តាប់ដៃនៃមនុស្សមានបាប
46 ចូរក្រោកឡើង យើងទៅ ន៏ អ្នកដែលបញ្ជូនខ្ញុំជិតមកដល់ហើយ។
47 កាលទ្រង់កំពុងតែមានព្រះបន្ទូលនៅឡើយ នោះឃើញយូដាស ជាម្នាក់ក្នុងពួក១២មកដល់ នាំទាំងហ្វូងមនុស្សជាធំ ដែលកាន់ដាវ កាន់ដំបង មកពីពួកសង្គ្រាជ និងពួកចាស់ទុំនៃបណ្តាជន
48 ឯអ្នកដែលបញ្ជូនទ្រង់ ក៏ប្រាប់ទីសម្គាល់នេះដល់គេថា អ្នកណាដែលខ្ញុំថើប គឺអ្នកនោះហើយ ចូរចាប់វាចុះ
49 ស្រាប់តែវាមកដល់ព្រះយេស៊ូវគំនាប់ទូលថា ជម្រាបសួរលោកគ្រូ រួចក៏ថើបទ្រង់
50 តែព្រះយេស៊ូវទ្រង់មានព្រះបន្ទូលតបថា សំឡាញ់អើយ ឯងមកធ្វើអី នោះគេក៏មកលូកដៃចាប់ព្រះអង្គ
51 ខណៈនោះ មានម្នាក់ដែលនៅជាមួយនឹងព្រះយេស៊ូវ គាត់លូកដៃទៅហូតដាវ កាប់ដាច់ស្លឹកត្រចៀករបស់បាវសម្ដេចសង្ឃម្នាក់
52 តែព្រះយេស៊ូវមានព្រះបន្ទូលទៅថា ចូរស៊កដាវអ្នកទៅក្នុងស្រោមវិញទៅ ដ្បិតអស់អ្នកដែលយកដាវ នោះត្រូវស្លាប់ដោយដាវដែរ
53 តើអ្នកស្មានថា ខ្ញុំមិនអាចនឹងសូមដល់ព្រះវរបិតាខ្ញុំឥឡូវ ដែលទ្រង់នឹងចាត់ពួកទេវតា១២កង មកខ្ញុំជា១រំពេចទេឬអី
54 បើយ៉ាងនោះ ធ្វើដូចម្តេចនឹងបានសម្រេចតាមគម្ពីរ ដែលថាត្រូវតែកើតមានដូច្នេះ។
55 នៅវេលានោះឯង ព្រះយេស៊ូវមានព្រះបន្ទូលទៅហ្វូងមនុស្សថា តើអ្នករាល់គ្នាបានចេញមកចាប់ខ្ញុំ ដោយកាន់ដាវ កាន់ដំបង ដូចជាមកចាប់ចោរឬអី ខ្ញុំបានអង្គុយជាមួយនឹងអ្នករាល់គ្នា ហើយបង្រៀនក្នុងព្រះវិហាររាល់តែថ្ងៃ តែអ្នករាល់គ្នាមិនបានចាប់ខ្ញុំទេ
56 ប៉ុន្តែ ការទាំងនេះបានកើតមក ដើម្បីឲ្យបានសម្រេចតាមទំនាយពួកហោរាវិញ នោះពួកសិស្សទាំងអស់ក៏រត់ចោលទ្រង់ទៅ។
57 ឯពួកអ្នកដែលចាប់ព្រះយេស៊ូវ គេដឹកនាំទ្រង់ទៅឯលោកកៃផា ជាសម្ដេចសង្ឃ នៅកន្លែងដែលពួកអាចារ្យ និងពួកចាស់ទុំបានប្រជុំគ្នា
58 រីឯពេត្រុស គាត់តាមទ្រង់ពីចម្ងាយទៅ រហូតដល់ព្រះលាននៃសម្ដេចសង្ឃ ក៏ចូលទៅអង្គុយខាងក្នុង ជាមួយនឹងពួកអាជ្ញា ដើម្បីចង់ឃើញទីបំផុតនៃការនោះ។
59 ចំណែកពួកសង្គ្រាជ និងពួកចាស់ទុំ ហើយក្រុមជំនុំទាំងអស់គ្នា គេស្វែងរកសេចក្ដីបន្ទាល់ក្លែងទាស់នឹងព្រះយេស៊ូវ ប្រយោជន៍ឲ្យបានសម្លាប់ទ្រង់
60 តែទោះបើមានស្មរបន្ទាល់ក្លែងក្លាយមកជាច្រើននាក់ក៏ដោយ គង់តែរកមិនបានសោះ
61 តែក្រោយបង្អស់ មានស្មរបន្ទាល់២នាក់មកចោទថា អានេះបាននិយាយថា ខ្ញុំអាចនឹងបំផ្លាញព្រះវិហារចេញ ហើយនិងសង់ឡើងវិញ ក្នុងរវាង៣ថ្ងៃបាន
62 នោះសម្ដេចសង្ឃក៏ក្រោកឡើងដណ្តឹងសួរទ្រង់ថា តើឯងមិនព្រមឆ្លើយសោះឬអី សេចក្ដីដែលគេចោទប្រកាន់ឯងទាំងប៉ុន្មាននេះ តើយ៉ាងដូចម្តេច
63 ឯព្រះយេស៊ូវទ្រង់នៅតែស្ងៀម រួចសម្ដេចសង្ឃបង្គាប់ទ្រង់ថា ចូរស្បថនឹងព្រះដ៏មានព្រះជន្មរស់ចុះ បើឯងជាព្រះគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះមែន នោះចូរប្រាប់យើងមក
64 ព្រះយេស៊ូវទ្រង់មានព្រះបន្ទូលទៅលោកថា ត្រូវដូចលោកមានប្រសាសន៍ហើយ ១ទៀត ខ្ញុំប្រាប់អ្នករាល់គ្នាថា អំណឹះទៅមុខ អ្នករាល់គ្នានឹងឃើញកូនមនុស្សអង្គុយនៅខាងស្តាំនៃព្រះដ៏មានព្រះចេស្តា ហើយទាំងមកលើពពកនៅលើមេឃ ផង
65 នោះសម្ដេចសង្ឃក៏ហែកអាវខ្លួន ហើយនិយាយឡើងថា វាបានពោលពាក្យប្រមាថដល់ព្រះ ដូច្នេះ តើយើងចាំបាច់ត្រូវការនឹងទីបន្ទាល់ណាថែមទៀត មើលអ្នករាល់គ្នាទើបនឹងឮពាក្យដែលវាប្រមាថនោះស្រាប់ហើយ
66 តើគិតយ៉ាងដូចម្តេច អ្នកទាំងនោះឆ្លើយឡើងថា វាគួរស្លាប់ហើយ
67 គេក៏ស្តោះដាក់ព្រះភ័ក្ត្រ ហើយដាល់តប់ទ្រង់ មានអ្នកខ្លះទះទ្រង់ ទាំងទូលថា
68 ចូរទាយប្រាប់យើងចុះ ព្រះគ្រីស្ទអើយ តើអ្នកណាបានវាយឯង។
69 ឯពេត្រុស គាត់អង្គុយនៅក្នុងព្រះលានឰដ៏ខាងក្រៅ នោះមានបាវស្រីម្នាក់មកឯគាត់និយាយថា អ្នកឯងបាននៅជាមួយនឹងយេស៊ូវ ជាអ្នកស្រុកកាលីឡេនេះដែរ
70 តែគាត់ប្រកែកនៅមុខអ្នកទាំងអស់ថា ខ្ញុំមិនដឹងជាអ្នកថាអ្វីទេ
71 កាលគាត់បានចេញទៅដល់មាត់ទ្វារហើយ នោះបាវស្រីម្នាក់ទៀតឃើញគាត់ ក៏ប្រាប់ដល់ពួកអ្នកនៅទីនោះថា អ្នកនេះបាននៅជាមួយនឹងយេស៊ូវ ជាអ្នកស្រុកណាសារ៉ែតដែរ
72 គាត់ក៏ប្រកែកម្តងទៀត ទាំងស្បថថា ខ្ញុំមិនស្គាល់មនុស្សនោះទេ
73 ក្រោយបន្តិចមក ពួកអ្នកដែលនៅទីនោះ គេមកឯពេត្រុសចោទថា ឯងប្រាកដជាពួកមនុស្សនោះដែរ ដ្បិតសំដីឯងសពីខ្លួនឯងឲ្យដឹងហើយ
74 នោះគាត់ចាប់តាំងប្រមាថ ហើយស្បថថា ខ្ញុំមិនស្គាល់មនុស្សនោះទេ ស្រាប់តែមាន់ក៏រងាវឡើង
75 ពេត្រុសនឹកឃើញពីព្រះបន្ទូលនៃព្រះយេស៊ូវ ដែលទ្រង់ប្រាប់គាត់ថា មុនដែលមាន់រងាវ នោះអ្នកនឹងប្រកែក៣ដងថា មិនស្គាល់ខ្ញុំ រួចគាត់ក៏ចេញទៅដោយយំក្តួល។
ជំពូក 27
1 ដល់ព្រឹកឡើង ពួកសង្គ្រាជ និងពួកចាស់ទុំនៃបណ្តាជន គេពិគ្រោះគ្នាទាស់នឹងព្រះយេស៊ូវ ដើម្បីនឹងសម្លាប់ទ្រង់
2 ក៏ចងទ្រង់ដឹកបញ្ជូនទៅឯចៅហ្វាយស្រុក ឈ្មោះប៉ុនទាស-ពីឡាត់។
3 កាលយូដាស ជាអ្នកបញ្ជូនទ្រង់ បានឃើញថា ទ្រង់ជាប់ទោសដូច្នោះ នោះវានឹកស្តាយ ក៏យកប្រាក់៣០ទៅឲ្យដល់ពួកសង្គ្រាជ និងពួកចាស់ទុំវិញ
4 ដោយពាក្យថា ខ្ញុំបានជាធ្វើបាប ដោយបញ្ជូនឈាមឥតមានទោសហួសទៅហើយ តែគេឆ្លើយថា តើនោះអំពល់អ្វីដល់យើង ការនោះស្រេចនៅឯងទេតើ
5 វាក៏បោះប្រាក់ចោលទៅក្នុងព្រះវិហារ រួចចេញទៅក្រៅអួលស្ទះស្លាប់ទៅ
6 ឯពួកសង្គ្រាជ គេរើសប្រាក់នោះមកនិយាយថា ប្រាក់នេះគ្មានច្បាប់នឹងដាក់ទុកក្នុងឃ្លាំងទេ ពីព្រោះជាថ្លៃឈាម
7 លុះគេបានពិគ្រោះគ្នាហើយ ក៏យកប្រាក់នោះទៅទិញដីវាលរបស់ជាងស្មូន ទុកសម្រាប់ជាទីកប់ខ្មោចនៃសាសន៍ដទៃវិញ
8 ដោយហេតុនោះបានជាគេហៅវាលនោះថា «វាលឈាម» ដរាបដល់សព្វថ្ងៃនេះ
9 នោះបានសម្រេចតាមទំនាយ ដែលហោរាយេរេមាបានទាយទុកមកថា «គេបានយកប្រាក់៣០ ជាតម្លៃព្រះអង្គដែលគេបានកាត់ថ្លៃឲ្យ គឺដែលពួកកូនចៅសាសន៍អ៊ីស្រាអែលបានកាត់ថ្លៃនោះ
10 ហើយគេឲ្យប្រាក់នោះទៅទិញដីវាលរបស់ជាងស្មូន ដូចជាព្រះអម្ចាស់ទ្រង់បានបង្គាប់ខ្ញុំ» ។
11 ឯព្រះយេស៊ូវទ្រង់ឈរនៅមុខលោកចៅហ្វាយ ហើយលោកក៏ពិចារណាសួរទ្រង់ថា តើអ្នកជាស្តេចរបស់សាសន៍យូដាឬអី ព្រះយេស៊ូវទ្រង់មានព្រះបន្ទូលទៅលោកថា ត្រូវដូចលោកមានប្រសាសន៍ហើយ
12 តែកាលពួកសង្គ្រាជ និងពួកចាស់ទុំចោទប្រកាន់ទ្រង់ នោះទ្រង់មិនបានមានព្រះបន្ទូលឆ្លើយសោះ
13 លោកពីឡាត់ក៏ទូលសួរទ្រង់ថា តើអ្នកមិនឮរឿងទាំងប៉ុន្មាន ដែលគេចោទប្រកាន់អ្នកទេឬអី
14 តែព្រះយេស៊ូវទ្រង់មិនមានព្រះបន្ទូលឆ្លើយនឹងពាក្យណាមួយរបស់លោកសោះ បានជាលោកចៅហ្វាយឆ្ងល់ខ្លាំងណាស់។
15 ឯនៅបុណ្យនោះ លោកចៅហ្វាយតែងធ្លាប់លែងអ្នកទោសម្នាក់ ឲ្យដល់ហ្វូងមនុស្ស តាមគេសូម
16 នៅគ្រានោះ គេមានអ្នកទោសម្នាក់ ដែលមានល្បីឈ្មោះៗបារ៉ាបាស
17 ដូច្នេះ កាលគេបានប្រជុំគ្នាជាស្រេច នោះលោកពីឡាត់សួរថា តើអ្នករាល់គ្នាចង់ឲ្យខ្ញុំលែងឈ្មោះណា បារ៉ាបាស ឬយេស៊ូវ ដែលហៅថា ព្រះគ្រីស្ទ
18 ដ្បិតលោកបានជ្រាបថា គេបញ្ជូនទ្រង់ដោយចិត្តឈ្នានីសទេ
19 កាលលោកកំពុងតែអង្គុយនៅក្នុងទីកាត់ក្តី នោះប្រពន្ធលោកប្រើបម្រើមកជម្រាបថា កុំឲ្យធ្វើអ្វីដល់មនុស្សសុចរិតនោះឡើយ ដ្បិតនៅថ្ងៃនេះ ខ្ញុំបានយល់សប្តិកើតទុក្ខជាច្រើន ដោយព្រោះមនុស្សនោះ
20 តែពួកសង្គ្រាជ និងពួកចាស់ទុំ គេបញ្ចេះហ្វូងមនុស្ស ឲ្យសូមបារ៉ាបាសវិញ ហើយឲ្យបំផ្លាញព្រះយេស៊ូវបង់
21 នោះលោកចៅហ្វាយចាប់ពាក្យសួរគេថា ក្នុងមនុស្ស២នាក់នេះ តើចង់ឲ្យខ្ញុំលែងអ្នកណា គេឆ្លើយឡើងថា សូមលែងបារ៉ាបាសចុះ
22 លោកពីឡាត់សួរគេថា ដូច្នេះ តើឲ្យខ្ញុំធ្វើអ្វីដល់យេស៊ូវ ដែលហៅជាព្រះគ្រីស្ទនេះ អ្នកទាំងអស់គ្នាក៏ឆ្លើយឡើងថា ចូរឆ្កាងវាទៅ
23 នោះលោកចៅហ្វាយសួរថា តើអ្នកនេះបានធ្វើខុសអ្វី តែគេស្រែកកាន់តែខ្លាំងឡើងថា ចូរឆ្កាងវាទៅ
24 កាលលោកពីឡាត់ឃើញថា មិនឈ្នះទេ កើតមានកោលាហលកាន់តែខ្លាំងឡើងដូច្នោះ នោះលោកយកទឹកមកលាងដៃ នៅមុខហ្វូងមនុស្ស ទាំងមានប្រសាសន៍ថា ខ្ញុំគ្មានទោសនឹងឈាមនៃអ្នកសុចរិតនេះទេ ការនេះស្រេចនៅអ្នករាល់គ្នាចុះ
25 បណ្តាជនទាំងអស់គ្នាក៏ឆ្លើយឡើងថា ចូរឲ្យឈាមវាធ្លាក់មកលើយើងរាល់គ្នា និងកូនចៅរបស់យើងចុះ
26 ដូច្នេះ លោកក៏លែងបារ៉ាបាសឲ្យដល់គេ ឯព្រះយេស៊ូវវិញ កាលគេបានវាយនឹងរំពាត់រួចហើយ នោះក៏បញ្ជូនទៅឲ្យគេឆ្កាងទ្រង់។
27 នោះពួកទាហានរបស់លោកចៅហ្វាយ គេក៏នាំព្រះយេស៊ូវទៅក្នុងសាលា រួចប្រមូលក្រុមទាហានទាំងអស់មកទាស់នឹងទ្រង់
28 គេដោះព្រះពស្ត្រទ្រង់ចេញ ហើយយកអាវក្រហមមកបំពាក់វិញ
29 ក៏ក្រងភួងបន្លាបំពាក់លើព្រះសិរទ្រង់ ហើយយកដើមត្រែងដាក់នៅព្រះហស្តស្តាំ រួចគេលុតជង្គង់នៅចំពោះទ្រង់ ទាំងពោលចំអកថា ថ្វាយបង្គំស្តេចសាសន៍យូដា
30 គេស្តោះដាក់ទ្រង់ ក៏យកដើមត្រែងនោះវាយព្រះសិរផង
31 កាលគេបានចំអកមើលងាយទ្រង់ស្រេចហើយ ក៏ដោះអាវនោះចេញ ហើយបំពាក់ព្រះពស្ត្រទ្រង់ទៅវិញ រួចនាំចេញទៅឆ្កាង។
32 កាលបានចេញទៅហើយ នោះគេប្រទះឃើញមនុស្សស្រុកគីរេនម្នាក់ឈ្មោះស៊ីម៉ូន ក៏ចាប់បង្ខំឲ្យលីឈើឆ្កាងទ្រង់ទៅ
33 លុះបានដល់កន្លែងហៅថា គាល់កូថា ដែលស្រាយថាភ្នំលលាដ៍ក្បាល
34 នោះគេយកទឹកខ្មេះលាយនឹងប្រមាត់ថ្វាយទ្រង់សោយ តែកាលទ្រង់បានភ្លក់មើល នោះទ្រង់មិនព្រមសោយទេ
35 គ្រាបានឆ្កាងទ្រង់ហើយ នោះគេធ្វើឆ្នោតចាប់ចែកព្រះពស្ត្រទ្រង់ ដើម្បីឲ្យបានសម្រេចតាមទំនាយ ដែលហោរាបានទាយទុកមកថា «គេបានយកអាវខ្ញុំចែកគ្នា ហើយបានធ្វើឆ្នោតចាប់យកអាវវែងខ្ញុំ»
36 គេអង្គុយចាំយាមទ្រង់នៅទីនោះ
37 ក៏បិទប្រកាសដែលកាត់ទោសទ្រង់ ដាក់ពីលើព្រះសិរថា «នេះឈ្មោះយេស៊ូវ ជាស្តេចសាសន៍យូដា»
38 នៅវេលានោះ ក៏ឆ្កាងចោរ២នាក់ជាមួយនឹងទ្រង់ដែរ ១ខាងស្តាំ ហើយ១ខាងឆ្វេង។
39 ឯមនុស្សដែលដើរតាមទីនោះ គេជេរប្រមាថដល់ទ្រង់ ទាំងគ្រវីក្បាល ហើយនិយាយថា
40 ឯងដែលបំផ្លាញព្រះវិហារ ហើយសង់ឡើងវិញក្នុងរវាង៣ថ្ងៃអើយ ចូរជួយសង្គ្រោះខ្លួនចុះ បើឯងជាព្រះរាជបុត្រានៃព្រះមែន នោះឲ្យចុះពីឈើឆ្កាងមក
41 ឯពួកសង្គ្រាជ ព្រមទាំងពួកអាចារ្យ និងពួកចាស់ទុំ គេក៏ចំអកឲ្យទ្រង់បែបដូច្នោះដែរ ដោយថា
42 វាជួយសង្គ្រោះមនុស្សឯទៀតបាន តែមិនអាចនឹងជួយសង្គ្រោះដល់ខ្លួនវាបានទេ បើសិនណាវាជាស្តេចសាសន៍អ៊ីស្រាអែលមែន ចូរឲ្យវាចុះពីឈើឆ្កាងមក នោះយើងនឹងជឿដល់វា
43 វាបានទុកចិត្តនឹងព្រះ ដូច្នេះ បើព្រះសព្វព្រះហឫទ័យនឹងវា សូមទ្រង់ជួយដោះវាឥឡូវចុះ! ដ្បិតវាបានថា ខ្ញុំជាព្រះរាជបុត្រានៃព្រះ
44 ហើយចោរ២នាក់ ដែលត្រូវឆ្កាងជាមួយនឹងទ្រង់ គេក៏ស្តីឲ្យទ្រង់ដូច្នោះដែរ។
45 តាំងពីថ្ងៃត្រង់ ដរាបដល់ម៉ោង៣រសៀល នោះមានងងឹតដាប គ្របពេញលើផែនដី
46 ប្រហែលជាម៉ោង៣ នោះព្រះយេស៊ូវទ្រង់បន្លឺឡើងជាសំឡេងខ្លាំងថា អេលីៗល៉ាម៉ាសាបាច់ថានី គឺស្រាយថា ឱព្រះអង្គៗនៃទូលបង្គំអើយ ហេតុអ្វីបានជាទ្រង់ចោលទូលបង្គំ
47 មានអ្នកខ្លះដែលឈរនៅទីនោះ កាលគេបានឮ នោះក៏និយាយថា វាស្រែកហៅរកលោកអេលីយ៉ាហើយ
48 ស្រាប់តែមានម្នាក់រត់ទៅ យកសារាយរំហួត ជ្រលក់ទឹកខ្មេះជោកដាក់នឹងចុងដើមត្រែង ហុចទៅថ្វាយទ្រង់សោយ
49 តែអ្នកឯទៀតនិយាយថា ឈប់សិន ចាំមើលលោកអេលីយ៉ាមកជួយសង្គ្រោះវា។
50 កាលព្រះយេស៊ូវទ្រង់បានស្រែកជាខ្លាំងម្តងទៀត នោះទ្រង់ប្រគល់វិញ្ញាណទ្រង់ទៅវិញ
51 គ្រានោះ វាំងននក្នុងព្រះវិហារក៏រហែកជា២ភាគ ចាប់តាំងពីលើចុះទៅដល់ក្រោម ក៏មានកក្រើកដី ហើយថ្មប្រេះដាច់ពីគ្នា
52 អស់ទាំងផ្នូរខ្មោចក៏របើកឡើង ឯខ្មោចពួកអ្នកបរិសុទ្ធ ដែលដេកលក់ទៅហើយ បានរស់ឡើងវិញជាច្រើន
53 ទាំងចេញពីផ្នូរ ក្នុងពេលក្រោយដែលទ្រង់មានព្រះជន្មរស់ឡើងវិញ ហើយចូលទៅក្នុងទីក្រុងបរិសុទ្ធ លេចមកឲ្យមនុស្សជាច្រើនឃើញដែរ
54 ឯមេទ័ព និងពួកអ្នកដែលចាំយាមព្រះយេស៊ូវជាមួយគ្នា កាលបានឃើញកក្រើកដី និងការទាំងប៉ុន្មាន ដែលកើតមកដូច្នោះ នោះក៏ភ័យញ័រជាខ្លាំង គាត់និយាយថា នេះពិតជាព្រះរាជបុត្រានៃព្រះមែន
55 នៅទីនោះក៏មានស្ត្រីជាច្រើនដែលមកតាមព្រះយេស៊ូវ ពីស្រុកកាលីឡេ ដើម្បីបម្រើទ្រង់ គេឈរមើលពីចម្ងាយ
56 ក្នុងពួកស្ត្រីនោះ មានម៉ារា ជាអ្នកស្រុកម៉ាក់ដាឡា១ ម៉ារាជាម្តាយយ៉ាកុប និងយ៉ូសេ១ ហើយនិងប្រពន្ធរបស់សេបេដេ១។
57 ដល់ល្ងាច មានមនុស្សអ្នកមានម្នាក់ ជាសិស្សព្រះយេស៊ូវ ឈ្មោះយ៉ូសែប ដែលនៅភូមិអើរីម៉ាថេ គាត់មកដល់
58 បានទៅឯលោកពីឡាត់ សូមព្រះសពព្រះយេស៊ូវ លោកពីឡាត់ក៏បង្គាប់ឲ្យប្រគល់ព្រះសពដល់គាត់
59 រួចកាលយ៉ូសែបបានយកព្រះសពមក នោះក៏រុំនឹងសំពត់ទេសឯកយ៉ាងស្អាត
60 ហើយបញ្ចុះក្នុងផ្នូរថ្មី ដែលគាត់បានដាប់ក្នុងថ្ម កាលគាត់បានប្រមៀលថ្ម១យ៉ាងធំទៅបិទមាត់ផ្នូរហើយ នោះក៏ចេញទៅបាត់
61 ឯម៉ារា ជាអ្នកស្រុកម៉ាក់ដាឡា និងម៉ារា១ទៀត ក៏នៅទីនោះអង្គុយប្រឈមនឹងផ្នូរ។
62 កាលស្អែកឡើង ក្រោយថ្ងៃរៀបបុណ្យ នោះពួកសង្គ្រាជ និងពួកផារីស៊ី គេមូលគ្នាទៅឯលោកពីឡាត់ជម្រាបថា
63 លោក យើងខ្ញុំនឹកចាំពីពាក្យដែលអាកំភូតនោះបាននិយាយ ពីកាលនៅរស់នៅឡើយថា ក្រោយមក៣ថ្ងៃ ខ្ញុំនឹងរស់ឡើងវិញ
64 ដូច្នេះ សូមលោកបង្គាប់ឲ្យគេប្រុងប្រយ័តផ្នូរនោះ ដរាបដល់គម្រប់៣ថ្ងៃ ក្រែងពួកសិស្សរបស់វាមកលួចយកខ្មោចវាទាំងយប់ទៅ រួចប្រាប់ដល់បណ្តាជនថា វាបានរស់ពីស្លាប់ឡើងវិញហើយ បើយ៉ាងនោះ សេចក្ដីកំភូតជាន់ក្រោយនេះ នឹងបានអាក្រក់ជាងជាន់មុនទៅទៀត
65 លោកពីឡាត់មានប្រសាសន៍ទៅគេថា អ្នករាល់គ្នាមានអ្នកយាមល្បាតស្រាប់ហើយ ដូច្នេះ ចូរទៅរក្សាឲ្យមាំមួនតាមចិត្តចុះ
66 រួចគេក៏ទៅបិទចំណាំធ្វើឲ្យមាំមួន ហើយដាក់គ្នាឲ្យចាំយាមផង។
ជំពូក 28
1 ក្រោយថ្ងៃឈប់សម្រាក កាលរៀបនឹងចូលថ្ងៃទី១ក្នុងអាទិត្យ នោះ ម៉ារា ជាអ្នកស្រុកម៉ាក់ដាឡា និងម៉ារា១ទៀត ក៏នាំគ្នាទៅមើលផ្នូរ
2 នោះមានកក្រើកដីជាខ្លាំង ដ្បិតមានទេវតានៃព្រះអម្ចាស់ ចុះពីលើមេឃមកប្រមៀលថ្មចេញពីផ្នូរ ហើយក៏អង្គុយលើ
3 សណ្ឋានរបស់ទេវតានោះដូចផ្លេកបន្ទោរ ហើយសម្លៀកបំពាក់ក៏សស្គុសដូចហិមៈ
4 ពួកយាមល្បាតក៏ញ័ររន្ធត់ ដោយភ័យខ្លាចទេវតា ហើយត្រឡប់ដូចជាមនុស្សស្លាប់
5 តែទេវតានិយាយនឹងស្ត្រី២នាក់ថា កុំឲ្យភ័យអី ដ្បិតខ្ញុំដឹងហើយថា នាងរកព្រះយេស៊ូវដែលត្រូវឆ្កាង
6 តែទ្រង់មិនគង់នៅទីនេះទេ ដ្បិតទ្រង់មានព្រះជន្មរស់ឡើងវិញហើយ ដូចជាទ្រង់បានមានព្រះបន្ទូលទុក ចូរមកមើលកន្លែងដែលទ្រង់បានផ្ទំចុះ
7 រួចទៅឲ្យឆាប់ ប្រាប់ដល់ពួកសិស្សទ្រង់ថា ទ្រង់មានព្រះជន្មរស់ពីស្លាប់ឡើងវិញហើយ មើល ទ្រង់យាងទៅឯស្រុកកាលីឡេ មុនអ្នករាល់គ្នាៗ នឹងឃើញទ្រង់នៅស្រុកនោះ នែ ខ្ញុំបានប្រាប់អ្នករាល់គ្នាហើយ
8 ស្ត្រី២នាក់នោះ ក៏ដើរចេញពីផ្នូរជាប្រញាប់ទាំងភ័យ ហើយមានសេចក្ដីអំណរជាខ្លាំងផង ក៏រត់ទៅប្រាប់ដល់ពួកសិស្សទ្រង់
9 តែកាលនាងកំពុងតែទៅ នោះព្រះយេស៊ូវទ្រង់យាងមកជួបនឹងនាង មានព្រះបន្ទូលថា ជម្រាបសួរ រួចអ្នកទាំង២ក៏ចូលទៅ ឱបព្រះបាទថ្វាយបង្គំទ្រង់
10 នោះព្រះយេស៊ូវទ្រង់មានព្រះបន្ទូលទៅនាងថា កុំខ្លាចអី ចូរទៅប្រាប់ដល់បងប្អូនខ្ញុំផង ឲ្យគេទៅឯស្រុកកាលីឡេទៅ គេនឹងឃើញខ្ញុំនៅស្រុកនោះហើយ។
11 កាលនាងកំពុងតែរត់ទៅ នោះពួកយាមល្បាតខ្លះក៏ចូលទៅក្នុងទីក្រុង ជម្រាបដល់ពួកសង្គ្រាជ ពីការទាំងប៉ុន្មានដែលកើតមក
12 រួចកាលអ្នកទាំងនោះ និងពួកចាស់ទុំបានប្រជុំ ហើយពិគ្រោះគ្នា នោះគេយកប្រាក់ជាច្រើនទៅសូកដល់ពួកទាហាន
13 ដោយពាក្យថា ចូរឯងរាល់គ្នានិយាយថា ក្នុងកាលដែលយើងខ្ញុំកំពុងតែដេកលក់ នោះពួកសិស្សរបស់វា បានមកលួចយកខ្មោចវា ទាំងយប់បាត់ទៅហើយ
14 បើសេចក្ដីនោះឮទៅដល់លោកចៅហ្វាយ នោះយើងនឹងទៅពន្យល់លោក ឲ្យឯងរាល់គ្នាបានរួចពីទោស
15 គេទទួលប្រាក់នោះ ហើយក៏ធ្វើតាមបង្គាប់ បានជារឿងនោះឮខ្ចរខ្ចាយ ទួទៅគ្រប់ក្នុងសាសន៍យូដា ដរាបដល់សព្វថ្ងៃនេះ។
16 ឯពួកសិស្សទាំង១១នាក់ គេទៅឯស្រុកកាលីឡេ ដល់ភ្នំដែលព្រះយេស៊ូវបានប្រាប់
17 កាលគេឃើញទ្រង់ នោះក៏ថ្វាយបង្គំ តែមានអ្នកខ្លះមានសេចក្ដីសង្ស័យ
18 ឯព្រះយេស៊ូវទ្រង់យាងមកមានព្រះបន្ទូលនឹងគេថា គ្រប់ទាំងអំណាចបានប្រគល់មកខ្ញុំនៅលើស្ថានសួគ៌ ហើយលើផែនដីផង
19 ដូច្នេះ ចូរទៅបញ្ចុះបញ្ចូលឲ្យមានសិស្សនៅគ្រប់ទាំងសាសន៍ ព្រមទាំងធ្វើបុណ្យជ្រមុជទឹកឲ្យ ដោយនូវព្រះនាមព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធចុះ
20 ហើយបង្រៀនឲ្យគេកាន់តាមគ្រប់ទាំងសេចក្ដី ដែលខ្ញុំបានបង្គាប់មកអ្នករាល់គ្នាផង ហើយមើល ខ្ញុំក៏នៅជាមួយនឹងអ្នករាល់គ្នាជារាល់ថ្ងៃដែរ ដរាបដល់បំផុតកល្ប។ អាម៉ែន។:៚