ជំពូក 1
1 នេះជាដើមដំណឹងល្អពីព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះ
2 ដូចជាបានសរសេរទុក នៅក្នុងគម្ពីរហោរាអេសាយថា «មើល អញចាត់ទូតអញឲ្យទៅមុនឯង គាត់នឹងរៀបចំផ្លូវនៅមុខឯង»
3 «មានសំឡេងនៃមនុស្សម្នាក់ កំពុងតែស្រែកនៅទីរហោស្ថានថា ឲ្យរៀបចំផ្លូវទទួលព្រះអម្ចាស់ ចូរតម្រង់ផ្លូវតូចថ្វាយទ្រង់ចុះ» ។
4 ឯយ៉ូហាន ជាអ្នកដែលធ្វើបុណ្យជ្រមុជទឹក នៅទីរហោស្ថាន ក៏មកដល់ គាត់ប្រកាសប្រាប់ពីបុណ្យជ្រមុជខាងឯការប្រែចិត្ត ប្រយោជន៍ឲ្យបានរួចពីបាប
5 ពួកមនុស្សនៅស្រុកយូដាទាំងអស់គ្នា និងពួកក្រុងយេរូសាឡឹម ក៏ចេញទៅទទួលបុណ្យជ្រមុជទឹកពីគាត់ ក្នុងទន្លេយ័រដាន់ ទាំងលន់តួបាបគ្រប់គ្នា
6 យ៉ូហានបានប្រដាប់ខ្លួន ដោយសំពត់ធ្វើពីរោមអូដ្ឋ ហើយមានខ្សែក្រវាត់ស្បែកនៅចង្កេះ ក៏បរិភោគកណ្តូប និងទឹកឃ្មុំព្រៃជាអាហារ
7 គាត់ប្រកាសថា ព្រះអង្គដែលយាងមកក្រោយខ្ញុំ ទ្រង់មានអំណាចលើសជាងខ្ញុំ ខ្ញុំមិនគួរនឹងឱនស្រាយខ្សែសុព័ណ៌បាទទ្រង់ផង
8 ឯខ្ញុំបានធ្វើបុណ្យជ្រមុជឲ្យអ្នករាល់គ្នាដោយទឹក តែទ្រង់នឹងធ្វើបុណ្យជ្រមុជឲ្យអ្នករាល់គ្នា ដោយព្រះវិញ្ញាណបរិសុទ្ធ។
9 នៅក្នុងគ្រានោះ ព្រះយេស៊ូវទ្រង់យាងមកពីភូមិណាសារ៉ែត ស្រុកកាលីឡេ ក៏ទទួលបុណ្យជ្រមុជទឹកពីយ៉ូហាន នៅក្នុងទន្លេយ័រដាន់ដែរ
10 កាលកំពុងតែយាងឡើងពីទឹកមក ស្រាប់តែឃើញមេឃរបើក និងព្រះវិញ្ញាណ ចុះមកសណ្ឋិតលើទ្រង់ មានរូបដូចជាព្រាប
11 រួចឮសំឡេងពីលើមេឃថា ឯងជាកូនស្ងួនភ្ងាអញ ជាទីពេញចិត្តអញណាស់
12 ស្រាប់តែព្រះវិញ្ញាណបង្ខំទ្រង់ឲ្យយាងទៅឯទីរហោស្ថាន
13 ទ្រង់ក៏គង់នៅទីនោះ៤០ថ្ងៃ ជាមួយនឹងអស់ទាំងសត្វព្រៃ ហើយត្រូវអារក្សសាតាំងល្បួង រួចមានពួកទេវតាមកគាល់បម្រើទ្រង់។
14 គ្រាក្រោយដែលគេបញ្ជូនយ៉ូហានទៅផុតហើយ នោះព្រះយេស៊ូវទ្រង់យាងមកក្នុងស្រុកកាលីឡេវិញ ព្រមទាំងប្រកាសប្រាប់ដំណឹងល្អពីនគរព្រះថា
15 ពេលវេលាបានសម្រេចហើយ នគរព្រះជិតមកដល់ ដូច្នេះ ចូរប្រែចិត្ត ហើយជឿដំណឹងល្អចុះ។
16 កាលព្រះយេស៊ូវកំពុងតែយាងទៅតាមឆ្នេរសមុទ្រកាលីឡេ នោះទ្រង់ទតឃើញស៊ីម៉ូន និងអនទ្រេ ជាប្អូនកំពុងតែទម្លាក់អួនក្នុងសមុទ្រ ដ្បិតគេជាអ្នកនេសាទត្រី
17 ទ្រង់មានព្រះបន្ទូលហៅថា ចូរមកតាមខ្ញុំ ខ្ញុំនឹងតាំងឲ្យអ្នកនេសាទមនុស្សវិញ
18 គេក៏ទុកអួនចោល ហើយដើរតាមទ្រង់ជា១រំពេចទៅ
19 លុះទ្រង់យាងហួសពីនោះបន្តិច ក៏ទតឃើញយ៉ាកុប ជាកូនសេបេដេ និងយ៉ូហាន ជាប្អូន នៅក្នុងទូក កំពុងតែជួសជុលអួន
20 ហើយទ្រង់មានព្រះបន្ទូលហៅគេមកភ្លាម គេក៏លះចោលសេបេដេ ជាឪពុក នៅក្នុងទូកជាមួយនឹងពួកជើងឈ្នួល រួចដើរតាមទ្រង់ទៅ។
21 នោះក៏នាំគ្នាចូលទៅក្នុងក្រុងកាពើណិម ហើយទ្រង់ចូលទៅបង្រៀនក្នុងសាលាប្រជុំរាល់តែថ្ងៃឈប់សម្រាក
22 គេក៏នឹកប្លែកក្នុងចិត្ត ពីសេចក្ដីបង្រៀនរបស់ទ្រង់ ដ្បិតទ្រង់បង្រៀនដូចជាមានអំណាច មិនដូចជាពួកអាចារ្យទេ
23 រីឯនៅក្នុងសាលាប្រជុំរបស់គេ មានមនុស្សម្នាក់មានអារក្សអសោចចូល វាស្រែកឡើងថា
24 ហ៊ឹះ តើយើង និងទ្រង់មានហេតុអ្វីនឹងគ្នា នែ ព្រះយេស៊ូវពីភូមិណាសារ៉ែតអើយ តើទ្រង់មកបំផ្លាញយើងឬអី ខ្ញុំស្គាល់ជាក់ហើយថាទ្រង់ជាព្រះអង្គបរិសុទ្ធនៃព្រះ
25 ព្រះយេស៊ូវទ្រង់ក៏បន្ទោសដល់វាថា ចូរស្ងៀមទៅ ហើយថយពីមនុស្សនេះចេញ
26 កាលអារក្សអសោចបានជាន់មនុស្សនោះឲ្យប្រកាច់ប្រកិនជាខ្លាំង ហើយស្រែកឡើង នោះវាក៏ចេញទៅ
27 អ្នកទាំងអស់គ្នាក៏នឹកស្ងើចក្នុងចិត្ត ដល់ម៉្លេះបានជាគេសួរគ្នាថា នេះជាអ្វីអេះ តើសេចក្ដីបង្រៀនបែបថ្មីយ៉ាងណាហ្ន៎ បានជាលោកបង្គាប់ដល់អារក្សអសោចដោយអំណាច ហើយវាក៏ស្តាប់បង្គាប់លោកដូច្នេះ
28 នោះព្រះនាមទ្រង់ក៏ឮល្បីខ្ចរខ្ចាយជា១រំពេចទួទៅ ពេញក្នុងក្រវល់ជុំវិញនៃស្រុកកាលីឡេ។
29 កាលបានចេញពីសាលាប្រជុំមក ក៏តម្រង់ទៅក្នុងផ្ទះស៊ីម៉ូន និងអនទ្រេ នាំទាំងយ៉ាកុប ហើយនិងយ៉ូហានទៅជាមួយ
30 ឯម្តាយក្មេករបស់ស៊ីម៉ូន នាងកំពុងតែដេកគ្រុន គេក៏ពិតទូលទ្រង់ជា១រំពេច ពីដំណើរនាង
31 លុះទ្រង់យាងចេញទៅ ក៏ចាប់ដៃនាងលើកឡើង ស្រាប់តែគ្រុនបាត់អស់ទៅ រួចនាងខ្វល់ខ្វាយបម្រើទាំងអស់គ្នា
32 ដល់ពេលល្ងាច ជាពេលថ្ងៃលិចហើយ គេនាំអស់ទាំងមនុស្សជំងឺ និងមនុស្សមានអារក្សចូល មកឯទ្រង់
33 ឯពួកក្រុងនោះទាំងអស់ គេបានប្រជុំគ្នានៅមាត់ទ្វារ
34 ទ្រង់ក៏ប្រោសមនុស្សដែលមានជំងឺឈឺផ្សេងៗជាច្រើន ឲ្យបានជា និងដេញអារក្សជាច្រើនដែរ តែទ្រង់មិនអនុញ្ញាតឲ្យអារក្សទាំងនោះនិយាយអ្វីសោះ ពីព្រោះវាស្គាល់ទ្រង់។
35 កាលនៅងងឹតមិនទាន់ភ្លឺស្រាងនៅឡើយ នោះទ្រង់តើនឡើងយាងចេញទៅឯទីស្ងាត់ ហើយអធិស្ឋាននៅទីនោះ
36 ឯស៊ីម៉ូន និងពួកអ្នកដែលនៅជាមួយ គេក៏ដើរតាមរកទ្រង់
37 គ្រាបានឃើញទ្រង់ហើយ នោះក៏ទូលថា មនុស្សទាំងអស់កំពុងតែរកទ្រង់
38 តែទ្រង់មានព្រះបន្ទូលតបថា ចូរយើងទៅក្នុងអស់ទាំងភូមិនៅជុំវិញ ដើម្បីឲ្យខ្ញុំបានប្រកាសប្រាប់នៅភូមិទាំងនោះដែរ ដ្បិតគឺដោយហេតុនោះហើយ បានជាខ្ញុំមក
39 ទ្រង់ក៏ប្រកាសប្រាប់នៅក្នុងអស់ទាំងសាលាប្រជុំរបស់គេ គ្រប់ក្នុងស្រុកកាលីឡេ ព្រមទាំងដេញអារក្សផង។
40 គ្រានោះ មានមនុស្សឃ្លង់ម្នាក់ មកឯព្រះយេស៊ូវ លុតជង្គង់ទូលអង្វរថា បើទ្រង់សព្វព្រះហឫទ័យ ទ្រង់អាចនឹងប្រោសឲ្យទូលបង្គំជាស្អាតបាន
41 ដូច្នេះ ទ្រង់មានព្រះហឫទ័យក្តួលអាណិត ក៏លូកព្រះហស្តទៅពាល់គាត់ ដោយព្រះបន្ទូលថា ខ្ញុំចង់ដែរ ឲ្យជាស្អាតទៅ
42 លុះទ្រង់មានព្រះបន្ទូលហើយ ស្រាប់តែរោគឃ្លង់ចេញពីគាត់បាត់ទៅ ហើយគាត់បានជាស្អាត
43 ទ្រង់ក៏ឲ្យគាត់ទៅភ្លាម ដោយហាមផ្តាច់ថា
44 ចូរប្រយ័ត កុំប្រាប់អ្វីដល់អ្នកឯណាឲ្យសោះ តែត្រូវទៅបង្ហាញខ្លួនឲ្យពួកសង្ឃឃើញវិញ ហើយថ្វាយយញ្ញបូជា ដោយព្រោះការដែលខ្លួនបានស្អាត តាមដែលលោកម៉ូសេបានបង្គាប់មក ទុកជាទីបន្ទាល់ដល់លោកទាំងនោះ
45 ប៉ុន្តែ ដល់គាត់បានចេញទៅហើយ នោះក៏តាំងប្រកាសប្រាប់គេឯងរាល់គ្នាតែម្តង ហើយផ្សាយដំណឹងនោះសុសសាយទួទៅ ដល់ម៉្លេះបានជាទ្រង់យាងចូលទៅក្នុងក្រុង បែបឲ្យគេឃើញពុំបានទៀត គឺទ្រង់គង់នៅតែខាងក្រៅ ត្រង់កន្លែងស្ងាត់ទាំងប៉ុន្មានវិញ ហើយគេក៏មកឯទ្រង់ពីគ្រប់ទិសទី។
ជំពូក 2
1 រំលងពីរបីថ្ងៃក្រោយមក ទ្រង់យាងចូលមកក្នុងក្រុងកាពើណិមវិញទៀត ហើយគេឮថា ទ្រង់គង់នៅផ្ទះ
2 ស្រាប់តែមានគេប្រជុំគ្នាជាច្រើន ដល់ម៉្លេះបានជាគ្មានកន្លែងណាទៀតសោះ សូម្បីនៅមាត់ទ្វារក៏គ្មានដែរ ទ្រង់ក៏សម្ដែងព្រះបន្ទូលឲ្យគេស្តាប់
3 គ្រានោះ មាន៤នាក់សែងមនុស្សស្លាប់ដៃស្លាប់ជើងម្នាក់មកឯទ្រង់
4 តែពុំអាចនឹងចូលទៅជិតទ្រង់បានឡើយ ដោយព្រោះហ្វូងមនុស្ស បានជាគេបើកដំបូលផ្ទះត្រង់កន្លែងដែលទ្រង់គង់នៅ កាលទម្លុះរួចហើយ នោះក៏សម្រូតគ្រែដែលមនុស្សស្លាប់ដៃស្លាប់ជើងដេកនោះចុះទៅ
5 ព្រះយេស៊ូវក៏ឃើញសេចក្ដីជំនឿរបស់អ្នកទាំងនោះ ហើយទ្រង់មានព្រះបន្ទូលទៅអ្នកស្លាប់ដៃស្លាប់ជើងថា កូនអើយ បាបរបស់ឯងបានអត់ទោសឲ្យឯងហើយ
6 នៅទីនោះ មានអាចារ្យខ្លះអង្គុយរិះគិតក្នុងចិត្តថា
7 ហេតុអ្វីបានជាមនុស្សនេះ ពោលពាក្យប្រមាថដល់ព្រះដូច្នេះ ក្រៅពីព្រះតែ១ តើមានអ្នកណាអាចនឹងអត់ទោសបាបបាន
8 តែព្រះយេស៊ូវទ្រង់ជ្រាបក្នុងវិញ្ញាណទ្រង់ជា១រំពេចថា គេរិះគិតក្នុងចិត្តយ៉ាងដូច្នោះ ទើបទ្រង់មានព្រះបន្ទូលទៅគេថា ហេតុអ្វីបានជាអ្នករាល់គ្នាមានគំនិតក្នុងចិត្តយ៉ាងដូច្នេះ
9 ដ្បិតដែលនិយាយនឹងមនុស្សស្លាប់ដៃស្លាប់ជើងនេះថា បាបឯងបានអត់ទោសឲ្យឯងហើយ ឬថា ឲ្យក្រោកឡើង យកគ្រែឯងដើរទៅ នោះតើពាក្យណាងាយថាជាជាង
10 ប៉ុន្តែ ដើម្បីឲ្យអ្នករាល់គ្នាដឹងថា នៅផែនដីនេះ កូនមនុស្សមានអំណាចនឹងអត់ទោសបាបបាន (នោះទ្រង់មានព្រះបន្ទូលទៅមនុស្សស្លាប់ដៃស្លាប់ជើងថា)
11 អញប្រាប់ឲ្យឯងក្រោកឡើង យកគ្រែឯងដើរទៅផ្ទះទៅ
12 គាត់ក៏ក្រោកឡើងភ្លាម យកគ្រែចេញទៅ នៅមុខអ្នកទាំងអស់គ្នា បានជាគ្រប់គ្នាមានសេចក្ដីអស្ចារ្យ ហើយពណ៌នាសរសើរតម្កើងដល់ព្រះ ដោយពាក្យថា យើងមិនដែលឃើញយ៉ាងដូច្នេះឡើយ។
13 ទ្រង់យាងចេញទៅតាមឆ្នេរសមុទ្រម្តងទៀត ឯហ្វូងមនុស្សទាំងអស់ក៏មកឯទ្រង់ ហើយទ្រង់បង្រៀនគេ
14 លុះទ្រង់យាងហួសពីនោះទៅ ក៏ទតឃើញលេវី ជាកូនអាល់ផាយ អង្គុយនៅត្រង់កន្លែងយកពន្ធ រួចមានព្រះបន្ទូលទៅគាត់ថា ចូរមកតាមខ្ញុំ នោះគាត់ក៏ក្រោកឡើងដើរតាមទ្រង់
15 កាលព្រះយេស៊ូវទ្រង់គង់នៅតុក្នុងផ្ទះគាត់ នោះមានមនុស្សយកពន្ធ និងមនុស្សបាបជាច្រើន មកអង្គុយនៅតុជាមួយនឹងទ្រង់ ហើយនិងពួកសិស្ស ដ្បិតមានគ្នាច្រើនណាស់ ដែលតាមទ្រង់មក
16 ឯពួកអាចារ្យ និងពួកផារីស៊ី កាលគេឃើញទ្រង់សោយជាមួយនឹងពួកអ្នកយកពន្ធ និងមនុស្សមានបាបដូច្នេះ ក៏សួរពួកសិស្សទ្រង់ថា ហេតុអ្វីបានជាលោកបរិភោគជាមួយនឹងពួកអ្នកយកពន្ធ ហើយនិងមនុស្សមានបាបដូច្នេះ
17 លុះព្រះយេស៊ូវបានឮ នោះទ្រង់មានព្រះបន្ទូលថា ពួកអ្នកដែលជាសុខសប្បាយ គេមិនត្រូវការនឹងគ្រូពេទ្យទេ គឺជាមនុស្សដែលមានជំងឺវិញទេតើ ខ្ញុំមិនបានមក ដើម្បីហៅមនុស្សសុចរិតទេ គឺមកហៅតែមនុស្សមានបាបប៉ុណ្ណោះ ដើម្បីឲ្យគេប្រែចិត្តឡើង។
18 រីឯពួកសិស្សយ៉ូហាន និងពួកផារីស៊ី គេកំពុងតែតម ក៏មកទូលសួរទ្រង់ថា ហេតុអ្វីបានជាសិស្សរបស់យ៉ូហាន និងសិស្សពួកផារីស៊ីគេតម តែពួកសិស្សរបស់លោកមិនតមសោះ
19 ព្រះយេស៊ូវទ្រង់មានព្រះបន្ទូលតបថា កំពុងដែលប្ដីថ្មោងថ្មីនៅជាមួយគ្នា តើពួកសំឡាញ់គាត់នឹងតមអាហារបានឬទេ កាលប្ដីនៅជាមួយនៅឡើយ នោះតមអាហារពុំបានទេ
20 តែនឹងមានថ្ងៃមកដល់ ដែលប្ដីនឹងត្រូវយកចេញពីពួកមិត្តសំឡាញ់ទៅ នៅគ្រានោះគេនឹងតមវិញ
21 គ្មានអ្នកណាដែលយកកំណាត់សំពត់ថ្មី មកប៉ះអាវចាស់ទេ បើធ្វើដូច្នោះ កំណាត់សំពត់ថ្មីនឹងហែកអាវចាស់ ធ្វើឲ្យរំហែកនោះរឹងរឹតតែអាក្រក់ជាងទៅទៀត
22 ក៏គ្មានអ្នកណាយកស្រាទំពាំងបាយជូរថ្មី ដាក់ក្នុងថង់ស្បែកចាស់ដែរ បើធ្វើដូច្នោះ ស្រាទំពាំងបាយជូរថ្មីនឹងទម្លាយថង់ស្បែកហូរចេញអស់ហើយ ឯថង់ស្បែកក៏ត្រូវខូចខាតដែរ តោងតែដាក់ស្រាទំពាំងបាយជូរថ្មីក្នុងថង់ស្បែកថ្មីវិញ។
23 មានកាល១ថ្ងៃ ជាថ្ងៃឈប់សម្រាក ទ្រង់បានយាងកាត់ស្រែ ហើយពួកសិស្សទ្រង់តាំងចាប់បូតគួរស្រូវបណ្តើរ
24 ពួកផារីស៊ីទូលទ្រង់ថា មើលហេតុអ្វីបានជាគេធ្វើការដែលគ្មានច្បាប់ធ្វើ នៅថ្ងៃឈប់សម្រាកដូច្នេះ
25 ទ្រង់មានព្រះបន្ទូលថា តើអ្នករាល់គ្នាមិនដែលមើលរឿងពីការដែលហ្លួងដាវីឌទ្រង់ធ្វើ ព្រមទាំងពួកអ្នកនៅជាមួយផង ក្នុងកាលដែលគេត្រូវការ ហើយឃ្លានទេឬអី
26 គឺដែលទ្រង់បានយាងចូលទៅក្នុងដំណាក់ព្រះ នៅក្នុងជាន់ដែលអ័បៀថើរធ្វើជាសម្ដេចសង្ឃ ហើយបានសោយនំបុ័ងតាំងទុក ទាំងចែកឲ្យពួកអ្នកដែលនៅជាមួយផង ដែលគ្មានច្បាប់ឲ្យទ្រង់សោយសោះ ជារបស់ទុកសម្រាប់តែពួកសង្ឃប៉ុណ្ណោះ
27 រួចទ្រង់មានព្រះបន្ទូលទៅពួកផារីស៊ីថា ថ្ងៃឈប់សម្រាកបានតាំងសម្រាប់ឲ្យមនុស្ស មិនមែនជាមនុស្សសម្រាប់ថ្ងៃឈប់សម្រាកទេ
28 ដូច្នេះ កូនមនុស្សជាម្ចាស់នៃថ្ងៃឈប់សម្រាកដែរ។
ជំពូក 3
1 ទ្រង់ក៏យាងចូលទៅក្នុងសាលាប្រជុំម្តងទៀត នៅទីនោះ មានមនុស្សម្នាក់ស្វិតដៃម្ខាង
2 គេក៏ចាំមើលទ្រង់ក្រែងនឹងប្រោសឲ្យគាត់ជានៅថ្ងៃឈប់សម្រាក ដើម្បីឲ្យបានរឿងចោទប្រកាន់ទ្រង់
3 ទ្រង់មានព្រះបន្ទូលទៅមនុស្សស្វិតដៃថា ចូរអ្នកក្រោកឡើង ឈរនៅកណ្តាលនុ៎ះទៅ
4 រួចទ្រង់សួរគេថា នៅថ្ងៃឈប់សម្រាក តើបើកឲ្យធ្វើការល្អ ឬឲ្យធ្វើការអាក្រក់ ឲ្យសង្គ្រោះជីវិត ឬឲ្យសម្លាប់បង់ ប៉ុន្តែ គេនៅតែស្ងៀម
5 នោះទ្រង់ងាកទតទៅគេទាំងគ្នាន់ក្នាញ់ ដោយមានព្រះហឫទ័យព្រួយ ព្រោះចិត្តគេរឹងរូស ក៏មានព្រះបន្ទូលទៅមនុស្សនោះថា ចូរអ្នកលាតដៃទៅ អ្នកនោះក៏លាត ហើយដៃគាត់បានជាដូចម្ខាង
6 រួចកាលពួកផារីស៊ីបានចេញផុតទៅ នោះស្រាប់តែគេពិគ្រោះនឹងពួកហេរ៉ូឌទាស់នឹងទ្រង់ ដើម្បីរករឿងធ្វើឲ្យទ្រង់វិនាស។
7 នោះព្រះយេស៊ូវទ្រង់ថយទៅឯសមុទ្រជាមួយនឹងពួកសិស្ស ហើយមានហ្វូងមនុស្សកកកុញ ដើរតាមទ្រង់ ជាមនុស្សពីស្រុកកាលីឡេ និងស្រុកយូដា
8 ពីក្រុងយេរូសាឡឹម និងស្រុកអេដុម ហើយពីខាងនាយទន្លេយ័រដាន់ និងស្រុកនៅជុំវិញក្រុងទីរ៉ុស និងស៊ីដូន គឺជាហ្វូងមនុស្សយ៉ាងធំ ដែលមូលមកឯទ្រង់ ដោយបានឮនិយាយពីការទ្រង់ធ្វើទាំងប៉ុន្មាន
9 ទ្រង់មានព្រះបន្ទូលប្រាប់ពួកសិស្ស ឲ្យមានទូកនៅរង់ចាំ ក្រែងហ្វូងមនុស្សប្រជ្រៀតទ្រង់
10 ដ្បិតទ្រង់កំពុងប្រោសមនុស្សជាច្រើនឲ្យបានជា ដល់ម៉្លេះបានជាមនុស្សទាំងអស់ដែលមានជំងឺអ្វីៗ គេប្រឹងរុលចូលទៅ ដើម្បីនឹងពាល់ទ្រង់
11 កាលណាពួកអារក្សអសោចឃើញទ្រង់ វាក៏ក្រាបចំពោះទ្រង់ ទាំងស្រែកថា ទ្រង់ជាព្រះរាជបុត្រានៃព្រះមែន
12 ប៉ុន្តែ ទ្រង់ហាមផ្តាច់ មិនឲ្យវាធ្វើឲ្យគេស្គាល់ទ្រង់ឡើយ។
13 ទ្រង់ក៏យាងឡើងទៅលើភ្នំ រួចមានព្រះបន្ទូលហៅអស់អ្នក ដែលទ្រង់សព្វព្រះហឫទ័យចង់ហៅ ហើយអ្នកទាំងនោះក៏ចូលមកឯទ្រង់
14 រួចទ្រង់តម្រូវ១២នាក់ឲ្យបាននៅជាមួយនឹងទ្រង់ ដើម្បីទ្រង់បានចាត់គេ ឲ្យចេញទៅប្រកាសប្រដៅ
15 និងឲ្យគេមានអំណាចអាចនឹងប្រោសជំងឺឲ្យជា ព្រមទាំងដេញអារក្សផង
16 គឺស៊ីម៉ូន១ដែលទ្រង់ប្រទានឲ្យមានឈ្មោះថា ពេត្រុស ថែមទៀត
17 ហើយយ៉ាកុប ជាកូនសេបេដេ១ និងយ៉ូហាន ជាប្អូនយ៉ាកុប១ ដែលទ្រង់ប្រទានឈ្មោះ បោនអ៊ើកេ ដល់អ្នកទាំង២នោះ គឺស្រាយថាជាកូនផ្គរលាន់
18 និងអនទ្រេ១ ភីលីព១ បារថូល៉ូមេ១ ម៉ាថាយ១ ថូម៉ាស១ និងយ៉ាកុប ជាកូនអាល់ផាយ១ ថាដេ១ ស៊ីម៉ូន ជាសាសន៍កាណាន១
19 ហើយយូដាស-អ៊ីស្ការីយ៉ុត ជាអ្នកដែលបញ្ជូនទ្រង់១។
20 នោះក៏នាំគ្នាចូលទៅក្នុងផ្ទះ ហើយមានមនុស្សប្រជុំគ្នាទាំងហ្វូងម្តងទៀត ដល់ម៉្លេះបានជាទ្រង់ ព្រមទាំងពួកសិស្សពុំអាចនឹងបរិភោគបានឡើយ
21 កាលពួកបងប្អូនទ្រង់បានឮ គេក៏ចេញទៅរកចាប់ទ្រង់ ដ្បិតគេស្មានថាទ្រង់វង្វេងស្មារតីហើយ។
22 ឯពួកអាចារ្យដែលចុះមកពីក្រុងយេរូសាឡឹម គេនិយាយឡើងថា អ្នកនោះមានអារក្សបេលសេប៊ូលចូល វាដេញអារក្ស ដោយអាងមេអារក្សទេ
23 តែទ្រង់ហៅគេមកមានព្រះបន្ទូល ជាពាក្យប្រៀបប្រដូចថា ធ្វើដូចម្តេចឲ្យអារក្សសាតាំងបានដេញអារក្សសាតាំងដូច្នេះ
24 បើនគរណាបែកទាស់ទែងគ្នាឯងហើយ នគរនោះពុំអាចនឹងនៅស្ថិតស្ថេរបានឡើយ
25 ឬបើផ្ទះណាបែកទាស់ទែងគ្នាឯង ផ្ទះនោះក៏មិនអាចនឹងនៅស្ថិតស្ថេរបានដែរ
26 ឯអារក្សសាតាំង បើកើតបះបោរបែកទាស់គ្នាវា នោះវាពុំអាចនឹងនៅស្ថិតស្ថេរបានទេ វាត្រូវវិនាសទៅហើយ
27 គ្មានអ្នកណាអាចនឹងចូលទៅក្នុងផ្ទះរបស់មនុស្សខ្លាំងពូកែ ហើយប្លន់យករបស់ទ្រព្យគេបានទេ លុះត្រាតែបានចងអ្នកនោះជាមុនសិន ទើបនឹងប្លន់យកបាន
28 ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា គ្រប់ទាំងអំពើបាបនឹងបានអត់ទោសដល់ពួកកូនមនុស្ស ហើយអស់ទាំងពាក្យដែលគេពោលប្រមាថដែរ
29 តែអ្នកណាដែលពោលពាក្យប្រមាថដល់ព្រះវិញ្ញាណបរិសុទ្ធ នោះមិនដែលបានអត់ទោសឲ្យឡើយ អ្នកនោះឯងនឹងត្រូវទោស នៅអស់កល្បជានិច្ចវិញ
30 ដែលទ្រង់មានព្រះបន្ទូលដូច្នេះ នោះដោយព្រោះគេថា ទ្រង់មានអារក្សអសោចចូល។
31 គ្រានោះ មាតា និងបងប្អូនទ្រង់មកដល់ ក៏ឈរនៅខាងក្រៅ ប្រើគេឲ្យទៅហៅទ្រង់
32 ហ្វូងមនុស្សដែលអង្គុយនៅជុំវិញទ្រង់ គេទូលថា ន៏ មើលម្តាយ និងបងប្អូនលោកនៅខាងក្រៅមករកលោក
33 ទ្រង់មានព្រះបន្ទូលឆ្លើយថា តើអ្នកណាជាម្តាយ ហើយជាបងប្អូនខ្ញុំ
34 រួចទ្រង់ងាកទតទៅអស់អ្នកដែលអង្គុយនៅជុំវិញទ្រង់ ដោយព្រះបន្ទូលថា នុ៎ះន៏ ម្តាយ និងបងប្អូនខ្ញុំ
35 ពីព្រោះអ្នកណាដែលធ្វើតាមព្រះហឫទ័យព្រះ នោះហើយជាបងប្អូនប្រុសស្រី និងជាម្តាយខ្ញុំ។
ជំពូក 4
1 ខណៈនោះ ទ្រង់តាំងបង្រៀន នៅត្រង់មាត់សមុទ្រម្តងទៀត ហើយមានមនុស្សទាំងហ្វូងមូលគ្នា មកឯទ្រង់ ដល់ម៉្លេះបានជាទ្រង់យាងចុះទៅគង់ក្នុងទូក នៅសមុទ្រវិញ ហើយមនុស្សទាំងអស់នៅលើគោក តាមមាត់ច្រាំង
2 ទ្រង់បង្រៀនសេចក្ដីជាច្រើនដល់គេ ដោយពាក្យប្រៀបធៀប ក៏មានព្រះបន្ទូលក្នុងន័យដែលទ្រង់បង្រៀនថា
3 ចូរស្តាប់ចុះ មើល មានអ្នកព្រោះពូជម្នាក់ចេញទៅព្រោះ
4 កំពុងដែលព្រោះ មានខ្លះធ្លាក់ចុះតាមផ្លូវ ហើយសត្វហើរលើអាកាសក៏មកចឹកស៊ី
5 ខ្លះទៀតធ្លាក់ទៅក្នុងកន្លែងថ្ម ដែលមិនសូវមានដីប៉ុន្មាន ហើយក៏ដុះឡើងភ្លាម ពីព្រោះគ្មានដីជ្រៅ
6 តែកាលថ្ងៃរះឡើង នោះក្រៀមខ្លោចទៅវិញ ពីព្រោះគ្មានឫស
7 ខ្លះទៀតធ្លាក់ទៅក្នុងបន្លា បន្លាក៏ដុះឡើងខ្ទប់ ហើយគ្រាប់នោះមិនកើតផលសោះ
8 តែខ្លះទៀតធ្លាក់ទៅក្នុងដីល្អ ក៏កើតផលចម្រើនកាន់តែច្រើនឡើង គ្រាប់១បង្កើតបាន៣០ មួយបាន៦០ ហើយមួយបាន១រយ
9 រួចទ្រង់មានព្រះបន្ទូលថា អ្នកណាដែលមានត្រចៀកសម្រាប់ស្តាប់ ឲ្យស្តាប់ចុះ។
10 កាលទ្រង់គង់នៅដោយឡែក នោះពួកអ្នកដែលនៅជុំវិញទ្រង់ ព្រមទាំងពួក១២នាក់ គេទូលសួរពីពាក្យប្រៀប ប្រដូចនោះ
11 ទ្រង់មានព្រះបន្ទូលថា ពីព្រោះបានប្រទានមក ឲ្យអ្នករាល់គ្នាបានស្គាល់ការអាថ៌កំបាំងរបស់នគរព្រះ ប៉ុន្តែ ឯមនុស្សក្រៅ ការទាំងអស់បានធ្វើបែបប្រៀបប្រដូចវិញ
12 ដើម្បីកាលណាគេឃើញ នោះឲ្យគេឃើញមែន តែឥតយល់ទេ ហើយកាលណាឮ នោះឲ្យគេឮមែន តែស្តាប់មិនបានសោះ ក្រែងគេប្រែចិត្ត ហើយបាបគេបានអត់ទោសឲ្យ
13 ទ្រង់មានព្រះបន្ទូលសួរថា តើអ្នករាល់គ្នាមិនយល់ពាក្យប្រៀបនេះទេឬអី ចុះធ្វើដូចម្តេច ឲ្យអ្នករាល់គ្នាយល់គ្រប់ទាំងពាក្យប្រៀបប្រដូចបាន
14 ឯអ្នកព្រោះពូជ គឺព្រោះព្រះបន្ទូល
15 ឯពួកអ្នកតាមផ្លូវ គឺជាកន្លែងដែលបានព្រោះព្រះបន្ទូលចុះ កាលគេឮ នោះអារក្សសាតាំងក៏មកលួចឆក់យកព្រះបន្ទូល ដែលព្រោះក្នុងចិត្តគេទៅភ្លាម
16 ឯពួកអ្នកដែលទទួលពូជក្នុងកន្លែងថ្ម ក៏ដូចគ្នាដែរ កាលណាគេឮព្រះបន្ទូល នោះគេទទួលភ្លាម ដោយអំណរ
17 តែគ្មានចាក់ឫសនៅក្នុងខ្លួនសោះ ហើយក៏នៅជាប់តែបន្តិចទេ បើកាលណាកើតមានសេចក្ដីទុក្ខលំបាក ឬសេចក្ដីបៀតបៀន ដោយព្រោះព្រះបន្ទូល នោះគេរវាតចិត្តចេញភ្លាម
18 ឯពួកអ្នកដែលទទួលពូជក្នុងបន្លា គឺអស់អ្នកដែលបានឮព្រះបន្ទូលហើយ
19 តែសេចក្ដីខ្វល់ខ្វាយនៅជីវិតនេះ សេចក្ដីឆបោករបស់ទ្រព្យសម្បត្តិ និងសេចក្ដីប៉ងប្រាថ្នាខាងឯសេចក្ដីផ្សេងៗឯទៀត ក៏ចូលមកខ្ទប់ព្រះបន្ទូលជិត រួចព្រះបន្ទូលមិនអាចនឹងបង្កើតផលបាន
20 ឯពួកអ្នកដែលទទួលពូជក្នុងដីល្អ គឺអស់អ្នកដែលបានឮព្រះបន្ទូល ហើយទទួល រួចបង្កើតផល ម្នាក់បាន៣០ ម្នាក់បាន៦០ ម្នាក់ទៀតបាន១រយ។
21 ទ្រង់ក៏មានព្រះបន្ទូលថា តើគេយកចង្កៀងមក ដើម្បីនឹងដាក់នៅក្រោមថាំង ឬក្រោមគ្រែឬអី គេយកមកដាក់លើជើងចង្កៀងវិញទេតើ
22 ដ្បិតគ្មានអ្វីលាក់កំបាំងដែលមិនត្រូវបើកសម្ដែងចេញឡើយ ក៏គ្មានអ្វីជាសម្ងាត់ដែលមិនត្រូវដាក់នៅពន្លឺដែរ
23 បើអ្នកណាមានត្រចៀកសម្រាប់ស្តាប់ ឲ្យស្តាប់ចុះ
24 ទ្រង់មានព្រះបន្ទូលទៀតថា ចូរប្រយ័តពីសេចក្ដីដែលអ្នករាល់គ្នាស្តាប់ចុះ ឯរង្វាល់ណាដែលអ្នករាល់គ្នាវាល់ឲ្យគេ នោះគេនឹងវាល់ឲ្យអ្នករាល់គ្នាតាមរង្វាល់នោះវិញ ហើយនិងឲ្យជាលើសទៅទៀត ដល់អ្នករាល់គ្នាដែលស្តាប់ផង
25 ដ្បិតអ្នកណាដែលមាន នោះគេនឹងឲ្យដល់អ្នកនោះ ប៉ុន្តែ អ្នកណាដែលគ្មាន នោះនឹងត្រូវដកចេញ ទាំងរបស់ដែលអ្នកនោះមានផង។
26 ទ្រង់ក៏មានព្រះបន្ទូលថា នគរព្រះធៀបដូចជាមនុស្សម្នាក់ ដែលព្រោះពូជនៅដី
27 អ្នកនោះក៏ដេករាល់យប់ ក្រោកឡើងរាល់ថ្ងៃ តែមិនដឹងហេតុដែលពូជពន្លកដុះឡើងជាយ៉ាងណាទេ
28 ដ្បិតដីបង្កើតផលដោយខ្លួនឯង មុនដំបូងចេញជាពន្លក រួចបែកជាគួរ ក្រោយទៀតចេញជាគ្រាប់
29 លុះដល់កាលណាផ្លែទុំហើយ ក៏ស្រាប់តែគេយកកណ្តៀវទៅច្រូតតែម្តង ព្រោះដល់រដូវច្រូតហើយ។
30 ទ្រង់ក៏មានព្រះបន្ទូលថា តើយើងនឹងធៀបនគរព្រះជាអ្វី ឬត្រូវយកពាក្យប្រៀបអ្វីមកប្រដូចនឹងនគរនោះ
31 គឺដូចជាគ្រាប់ពូជ១ ដែលកាលណាគេព្រោះនៅដី ជាពូជយ៉ាងល្អិតជាងគ្រាប់ទាំងអស់នៅផែនដី
32 តែកាលណាគេព្រោះចុះទៅ នោះក៏ដុះឡើងត្រឡប់ជាធំ លើសជាងតិណជាតិទាំងអស់វិញ ទាំងបែកមែកជាធំផង ដល់ម៉្លេះបានជាសត្វហើរនៅលើអាកាស មកទំនៅក្រោមម្លប់បាន
33 ទ្រង់អធិប្បាយព្រះបន្ទូលឲ្យគេស្តាប់ដោយពាក្យប្រៀបប្រដូចយ៉ាងដូច្នេះជាច្រើន តាមដែលគេស្តាប់បាន
34 ទ្រង់មិនបានមានព្រះបន្ទូលទៅគេ ដោយឥតពាក្យប្រៀបធៀបទេ តែកាលណានៅដោយឡែក នោះទ្រង់ពន្យល់ទាំងអស់ដល់ពួកសិស្សវិញ។
35 លុះពេលល្ងាចថ្ងៃនោះឯង ទ្រង់មានព្រះបន្ទូលទៅពួកសិស្សថា ចូរយើងឆ្លងទៅត្រើយម្ខាង
36 កាលបានឲ្យហ្វូងមនុស្សទៅវិញហើយ នោះពួកសិស្សក៏ទទួលទ្រង់តាមភាពដដែលនៅក្នុងទូក ហើយមានទូកតូចៗខ្លះទៀតទៅជាមួយដែរ
37 នោះកើតមានខ្យល់ព្យុះជាខ្លាំង ហើយរលកបោកចូលក្នុងទូក ដល់ម៉្លេះបានជាទូកពេញហើយ
38 តែទ្រង់ផ្ទំលក់លើខ្នើយ នៅកន្សៃទូក ពួកសិស្សដាស់ទ្រង់ឡើងទូលថា លោកគ្រូអើយ យើងវិនាស ហើយលោកមិនរវល់ទេឬអី
39 កាលតើនឡើង ទ្រង់កំហែងខ្យល់ ក៏បង្គាប់ទៅសមុទ្រថា ចូរស្ងៀមទៅ ហើយឈប់ចុះ នោះខ្យល់ក៏ស្ងប់ ហើយស្ងាត់ឈឹងសូន្យទាំងអស់ទៅ
40 រួចទ្រង់មានព្រះបន្ទូលថា ហេតុអ្វីបានជាអ្នករាល់គ្នាភ័យដល់ម៉្លេះ ម្តេចក៏គ្មានសេចក្ដីជំនឿ
41 នោះគេមានសេចក្ដីស្ញែងខ្លាចជាខ្លាំង ទាំងសួរគ្នាទៅវិញទៅមកថា ដូច្នេះ តើលោកនេះជាអ្វី បានជាខ្យល់ និងសមុទ្រក៏ស្តាប់បង្គាប់លោកដូច្នេះ។
ជំពូក 5
1 នោះក៏មកដល់ស្រុកគេរ៉ាស៊ីន នៅត្រើយសមុទ្រម្ខាង
2 កាលទ្រង់បានយាងឡើងពីទូក ស្រាប់តែមានមនុស្សម្នាក់ដែលមានអារក្សអសោចចូល វាចេញពីក្នុងផ្នូរខ្មោចមកជួបនឹងទ្រង់
3 វានៅតែក្នុងផ្នូរខ្មោច ឥតមានអ្នកណាអាចនឹងចងវាជាប់ទៀតបានទេ ទោះបើយកច្រវាក់ទៅដាក់ ក៏ពុំបានផង
4 ដ្បិតគេបានដាក់ខ្នោះដាក់ច្រវាក់វាជាច្រើនដងហើយ ប៉ុន្តែ វាចេះតែកាច់ច្រវាក់បំបាក់ខ្នោះចោលអស់ ហើយគ្មានអ្នកណាអាចនឹងកំរាបវាបានដែរ
5 វានៅក្នុងផ្នូរនៅលើភ្នំ ទាំងស្រែក ហើយយកថ្មមកអារសាច់ខ្លួន ទាំងយប់ទាំងថ្ងៃជានិច្ច
6 កាលវាឃើញព្រះយេស៊ូវពីចម្ងាយ ក៏រត់ទៅក្រាបសំពះទ្រង់
7 ស្រែកដោយសម្រែកជាខ្លាំងថា ឱព្រះយេស៊ូវ ជាព្រះរាជបុត្រាព្រះដ៏ខ្ពស់បំផុតអើយ តើទ្រង់ ហើយនិងទូលបង្គំមានរឿងអ្វីនឹងគ្នា ទូលបង្គំសូមទ្រង់ឲ្យស្បថដោយព្រះថា មិនធ្វើទុក្ខទូលបង្គំទេ
8 វាទូលដូច្នោះ ពីព្រោះទ្រង់កំពុងតែមានព្រះបន្ទូលថា ម្នាលអារក្សអសោច ចូរថយចេញពីមនុស្សនេះទៅ
9 រួចទ្រង់សួរវាថា ឯងឈ្មោះអី វាទូលឆ្លើយថា ទូលបង្គំឈ្មោះ «កងទ័ព» ពីព្រោះយើងខ្ញុំមានគ្នាច្រើន
10 នោះវាទទូចអង្វរសូមកុំឲ្យទ្រង់បណ្តេញវារាល់គ្នាចេញពីស្រុកនោះឡើយ
11 រីឯនៅទីនោះ មានហ្វូងជ្រូកយ៉ាងធំ កំពុងតែរកស៊ីនៅចង្កេះភ្នំ
12 ហើយអារក្សទាំងនោះទូលអង្វរទ្រង់ថា សូមឲ្យយើងរាល់គ្នាទៅជ្រកនៅក្នុងជ្រូកទាំងនោះចុះ
13 នោះទ្រង់ក៏អនុញ្ញាតឲ្យភ្លាម រួចកាលវិញ្ញាណអារក្សអសោចទាំងនោះបានចេញហើយ វាក៏ចូលទៅក្នុងជ្រូក ហើយហ្វូងជ្រូកប្រហែល២ពាន់ក្បាល ក៏បោលម្នីម្នាតាមភ្នំចោត ធ្លាក់ទៅក្នុងសមុទ្រ លង់ទឹកស្លាប់ទាំងអស់ទៅ
14 ឯពួកអ្នកគង្វាលជ្រូក គេរត់ទៅក្នុងទីក្រុង ហើយក្នុងស្រុកស្រែសាសព្ទប្រាប់រឿងនោះ រួចមនុស្សទាំងអស់ចេញមកមើលការដែលបានកើតឡើង
15 គេមកឯព្រះយេស៊ូវ ហើយឃើញមនុស្សដែលពីដើមមានអារក្សចូល កំពុងតែអង្គុយទាំងស្លៀកពាក់ មានស្មារតីដឹងខ្លួនឡើង គឺជាអ្នកដែលមានអារក្សទាំងកងចូលនោះឯង រួចគេស្ញែងខ្លាច
16 ពួកអ្នកដែលបានឃើញការនោះ ក៏ពណ៌នាប្រាប់ដល់ជនគ្រប់គ្នា តាមការដែលកើតឡើងដល់អ្នកនោះជាយ៉ាងណា ហើយពីដំណើរហ្វូងជ្រូកផង
17 នោះគេចាប់តាំងទូលអង្វរ សូមទ្រង់យាងចេញពីស្រុកគេទៅ
18 កាលទ្រង់បានយាងចុះទូក នោះអ្នកដែលអារក្សចូលពីដើម គាត់ក៏សូមទៅជាមួយនឹងទ្រង់
19 តែទ្រង់មិនអនុញ្ញាតទេ ដោយមានព្រះបន្ទូលថា ចូរទៅផ្ទះទៅ ហើយប្រាប់បងប្អូនឯងពីការធំទាំងម៉្លេះ ដែលព្រះអម្ចាស់បានមេត្តាប្រោសដល់ឯងវិញ
20 គាត់ក៏ចេញទៅ ចាប់តាំងប្រកាសប្រាប់ នៅស្រុកដេកាប៉ូល ពីការធំទាំងម៉្លេះ ដែលព្រះយេស៊ូវបានប្រោសដល់ខ្លួន នោះមនុស្សទាំងអស់ក៏អស្ចារ្យក្នុងចិត្ត។
21 កាលព្រះយេស៊ូវទ្រង់បានជិះទូក ឆ្លងដល់ត្រើយម្ខាងវិញហើយ ក៏មានហ្វូងមនុស្សយ៉ាងធំប្រជុំគ្នាឯទ្រង់ ហើយទ្រង់គង់នៅទីមាត់សមុទ្រ
22 នោះមានមេសាលាប្រជុំម្នាក់ ឈ្មោះយ៉ៃរូស មកដល់ឃើញទ្រង់ ក៏ក្រាបនៅទៀបព្រះបាទទ្រង់
23 គាត់ទទូចអង្វរទូលថា កូនស្រីទូលបង្គំជិតស្លាប់ហើយ សូមទ្រង់យាងទៅដាក់ព្រះហស្តលើវាឲ្យបានជា នោះវានឹងរស់វិញ
24 ទ្រង់ក៏ចេញទៅជាមួយនឹងគាត់ ហើយមានមនុស្សកកកុញដើរតាមទៅ ទាំងប្រជ្រៀតទ្រង់។
25 នោះមានស្ត្រីម្នាក់ឈឺធ្លាក់ឈាមអស់ ១២ ឆ្នាំមកហើយ
26 នាងបានឈឺសន្ធឹក នៅដៃគ្រូពេទ្យជាច្រើន ហើយបានចំណាយទ្រព្យសម្បត្តិទាំងប៉ុន្មានៗ តែមិនបានគ្រាន់បើសោះ ជំងឺនោះកាន់តែខ្លាំងឡើងវិញ
27 នាងបានឮនិយាយពីព្រះយេស៊ូវ ក៏ចូលមកក្នុងហ្វូងមនុស្សពីក្រោយ ទៅពាល់ព្រះពស្ត្រទ្រង់
28 ដោយគិតថា បើគ្រាន់តែពាល់ព្រះពស្ត្រទ្រង់ប៉ុណ្ណោះ នោះនឹងបានជាហើយ
29 ឯជំងឺធ្លាក់ឈាម ក៏បាត់ក្នុងខណៈ១រំពេចនោះ ហើយនាងបានដឹងក្នុងខ្លួនថា នាងរួចពីសេចក្ដីវេទនានោះហើយ
30 នោះស្រាប់តែព្រះយេស៊ូវជ្រាបក្នុងព្រះអង្គទ្រង់ថា មានព្រះចេស្តាចេញពីទ្រង់ ក៏ងាកបែរព្រះអង្គក្នុងហ្វូងមនុស្សសួរថា អ្នកណាពាល់អាវខ្ញុំ
31 ពួកសិស្សទូលថា ទ្រង់ឃើញថាហ្វូងមនុស្សប្រជ្រៀតទ្រង់ដែរ ម្តេចឡើយក៏មានព្រះបន្ទូលថា អ្នកណាពាល់ទ្រង់ដូច្នេះ
32 ទ្រង់ងាកទតទីជុំវិញ និងរកអ្នកណាដែលបានធ្វើការនោះ
33 ឯស្ត្រីនោះនាងដឹងការដែលកើតមកក្នុងខ្លួនហើយ ក៏មកទាំងភ័យញ័រ ទម្លាក់ខ្លួនក្រាបចុះនៅចំពោះទ្រង់ ទូលតាមត្រង់ទាំងអស់
34 ទ្រង់មានព្រះបន្ទូលទៅនាងថា កូនស្រីអើយ សេចក្ដីជំនឿនាង បានជួយសង្គ្រោះនាងហើយ ចូរទៅឲ្យបានប្រកបដោយសេចក្ដីសុខចុះ ហើយឲ្យនាងបានរួចពីសេចក្ដីវេទនារបស់នាងទៅ។
35 កំពុងដែលទ្រង់នៅមានព្រះបន្ទូលនៅឡើយ នោះមានមនុស្សមកពីផ្ទះមេសាលាប្រជុំ ជម្រាបថា កូនស្រីលោកស្លាប់ហើយ នៅតែរំខានចិត្តលោកគ្រូធ្វើអ្វីទៀត
36 កាលព្រះយេស៊ូវបានឮពាក្យគេប្រាប់ ស្រាប់តែទ្រង់មានព្រះបន្ទូលទៅមេសាលាប្រជុំថា កុំខ្លាចអី ឲ្យគ្រាន់តែជឿប៉ុណ្ណោះ
37 ទ្រង់មិនឲ្យអ្នកណាឯទៀតទៅជាមួយឡើយ លើកតែពេត្រុស យ៉ាកុប និងយ៉ូហាន ជាប្អូនយ៉ាកុបប៉ុណ្ណោះ
38 លុះដល់ផ្ទះមេសាលាប្រជុំ ក៏ឃើញមនុស្សកំពុងតែយំស្រែក កើតវឹកវរជាខ្លាំង
39 ទ្រង់ក៏យាងចូលទៅ មានព្រះបន្ទូលថា ហេតុអ្វីបានជាកើតវឹកវរ ហើយយំដូច្នេះ កូននេះមិនមែនស្លាប់ទេ គឺវាដេកលក់ទេតើ
40 គេក៏សើចឡកឲ្យទ្រង់ តែទ្រង់ដេញគេទៅក្រៅអស់ ទុកតែឪពុកម្តាយនៃកូននោះ និងពួកអ្នកដែលនៅជាមួយនឹងទ្រង់ នាំគ្នាចូលទៅឯដំណេកវា
41 រួចទ្រង់ចាប់ដៃវាមានព្រះបន្ទូលថា «តាលីថាគូមី» ស្រាយថា កូនស្រីអើយ អញប្រាប់ឲ្យឯងក្រោកឡើង
42 ស្រាប់តែកូនស្រីនោះក៏ក្រោកឡើង ដើរទៅ ដ្បិតមានអាយុ១២ឆ្នាំហើយ ឯមនុស្សរាល់គ្នាគេមានសេចក្ដីអស្ចារ្យជាខ្លាំងក្រៃលែង
43 តែទ្រង់ហាមគេផ្តាច់ មិនឲ្យអ្នកណាដឹងពីរឿងនេះឲ្យសោះ រួចប្រាប់ឲ្យគេយកអ្វីៗមកឲ្យនាងបរិភោគ។
ជំពូក 6
1 ព្រះយេស៊ូវទ្រង់យាងចេញពីទីនោះ ទៅឯស្រុកទ្រង់វិញ ហើយពួកសិស្សក៏តាមទ្រង់ទៅ
2 ដល់ថ្ងៃឈប់សម្រាក ទ្រង់ចាប់តាំងបង្រៀន នៅក្នុងសាលាប្រជុំ ហើយមនុស្សជាច្រើនដែលកំពុងតែស្តាប់ទ្រង់ ក៏នឹកប្លែកក្នុងចិត្ត ដោយថា អ្នកនេះបានសេចក្ដីទាំងនេះពីណាមក ចំណេះណាហ្ន ដែលបានឲ្យមកគាត់ បានជាមានការឫទ្ធិបារមីយ៉ាងនេះកើតមក ដោយសារដៃគាត់ដូច្នេះ
3 តើគាត់មិនមែនជាជាងឈើ ជាកូននៃនាងម៉ារា ហើយជាបងយ៉ាកុប យ៉ូសែប យូដាស និងស៊ីម៉ូនទេឬអី ហើយប្អូនស្រីគាត់ តើមិននៅជាមួយនឹងយើងទៅទីនេះទេឬអី អ្នកទាំងនោះក៏អាក់អន់ចិត្តនឹងទ្រង់
4 តែព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា ហោរាមិនមែនឥតគេរាប់អានទេ លើកតែនៅក្នុងស្រុកខ្លួន ឬក្នុងពួកញាតិសន្តាន ហើយនៅក្នុងផ្ទះខ្លួនចេញ
5 នៅទីនោះ ទ្រង់ពុំអាចនឹងធ្វើការឫទ្ធិបារមីបានទេ ទ្រង់គ្រាន់តែដាក់ព្រះហស្ត ប្រោសមនុស្សពិការខ្លះឲ្យបានជាប៉ុណ្ណោះ
6 ទ្រង់ក៏អស្ចារ្យពីដំណើរដែលគេមិនជឿ រួចទ្រង់យាងទៅបង្រៀនក្នុងអស់ទាំងភូមិនៅជុំវិញទៅ។
7 ទ្រង់ហៅពួក១២នាក់មក ចាប់តាំងចាត់ឲ្យគេទៅ២នាក់ៗ ទ្រង់ប្រទានឲ្យមានអំណាចលើអស់ទាំងអារក្សអសោចផង
8 ក៏ហាមមិនឲ្យយកអ្វីសម្រាប់តាមផ្លូវសោះ លើកតែដំបង១ប៉ុណ្ណោះ ឥតយកយាម នំបុ័ង ឬប្រាក់ដាក់ក្នុងខ្សែក្រវាត់ទេ
9 ពាក់បានតែស្បែកជើងសង្រែក ឥតពាក់អាវ២ឡើយ
10 រួចមានព្រះបន្ទូលទៅគេថា អ្នករាល់គ្នាចូលទៅក្នុងផ្ទះណា ចូរឲ្យនៅផ្ទះនោះទាល់តែដើរចេញហួសទៅ
11 ឯអស់អ្នកណាដែលមិនទទួល ឬស្តាប់អ្នករាល់គ្នា នោះកាលណាដើរចេញពីទីនោះ ត្រូវរលាស់ធូលីពីបាតជើងអ្នកចេញ ទុកជាទីបន្ទាល់ទាស់នឹងគេវិញ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា នៅថ្ងៃជំនុំជម្រះ នោះក្រុងសូដុម ហើយក្រុងកូម៉ូរ៉ា នឹងទ្រាំបានងាយជាជាងក្រុងនោះ
12 កាលពួកសិស្សបានចេញទៅ នោះគេប្រកាសប្រាប់ឲ្យមនុស្សប្រែចិត្តឡើង
13 ក៏បណ្តេញអារក្សជាច្រើន ហើយលាបប្រេងឲ្យមនុស្សជំងឺជាច្រើនបានជាដែរ។
14 ដំណឹងនោះក៏ឮដល់ស្តេចហេរ៉ូឌ ដ្បិតព្រះនាមទ្រង់កាន់តែល្បីសុសសាយទៅ ហើយស្តេចមានព្រះបន្ទូលថាច្បាស់ជាយ៉ូហាន-បាទីស្ទ បានរស់ពីស្លាប់ឡើងវិញហើយ បានជាមានការឫទ្ធិបារមីសម្ដែងមក ដោយសារគាត់ដូច្នេះ
15 តែអ្នកខ្លះថាជាអេលីយ៉ា ខ្លះទៀតថាជាហោរា ឬដូចជាហោរាណាមួយ
16 ប៉ុន្តែ កាលស្តេចហេរ៉ូឌបានឮ នោះទ្រង់មានព្រះបន្ទូលថា នោះគឺជាយ៉ូហានដែលយើងបានកាត់ក្បាលទេ គាត់បានរស់ពីស្លាប់ឡើងវិញហើយ
17 ដ្បិតគឺស្តេចហេរ៉ូឌនេះឯង ដែលបានប្រើគេទៅចាប់ចងលោកយ៉ូហានដាក់គុក ដោយព្រោះហេរ៉ូឌាស ជាភរិយារបស់ភីលីព អនុជទ្រង់ ព្រោះស្តេចបានយកនាងនោះមកធ្វើជាភរិយារបស់ខ្លួនវិញ
18 ហើយលោកយ៉ូហានបានទូលទាស់ថា ទ្រង់គ្មានច្បាប់នឹងយកភរិយារបស់អនុជទ្រង់ទេ
19 ឯនាងហេរ៉ូឌាសក៏ចងគំនុំចង់សម្លាប់លោក តែមិនបានឱកាសសោះ
20 ព្រោះស្តេចហេរ៉ូឌកោតខ្លាចលោកយ៉ូហាន ដោយជ្រាបថា លោកជាមនុស្សសុចរិត ហើយបរិសុទ្ធ ទ្រង់ក៏ការពារទុកវិញ កាលទ្រង់បានស្តាប់លោក នោះក៏មានព្រះហឫទ័យរារែកជាខ្លាំង ប៉ុន្តែ បានស្តាប់លោកដោយអំណរ
21 លុះថ្ងៃ១ជាថ្ងៃមានឱកាសស្រួល គឺថ្ងៃចម្រើនព្រះជន្មស្តេចហេរ៉ូឌ កាលទ្រង់រៀបជប់លៀងពួកមន្ត្រី ពួកមេទ័ពធំ និងពួកអ្នកមុខអ្នកការនៅស្រុកកាលីឡេ
22 នោះកូនស្រីរបស់ហេរ៉ូឌាសបានចូលមករាំ ជាទីនាំឲ្យគាប់ព្រះហឫទ័យដល់ស្តេចហេរ៉ូឌ និងពួកភ្ញៀវណាស់ ទ្រង់ក៏មានព្រះបន្ទូលថា របស់អ្វីដែលនាងចង់បាន ចូរសូមពីយើងចុះ យើងនឹងឲ្យ
23 ទ្រង់ក៏ស្បថនឹងនាងទៀតថា របស់អ្វីក៏ដោយដែលនាងសូម នោះយើងនឹងឲ្យដោយពិត ទោះបើដល់នគរ១ចំហៀងផង
24 នាងក៏ចេញទៅសួរមាតាថា តើត្រូវឲ្យខ្ញុំម្ចាស់សូមអ្វី មាតាឆ្លើយថា ឲ្យសូមក្បាលយ៉ូហាន-បាទីស្ទវិញ
25 រួចនាងក៏ប្រញាប់ប្រញាល់ចូលទៅឯស្តេចភ្លាម ទូលថា ខ្ញុំម្ចាស់ចង់បានក្បាលយ៉ូហាន-បាទីស្ទ ដាក់លើថាសមកឥឡូវនេះ
26 ពាក្យនោះជាហេតុនាំឲ្យស្តេចមានព្រះហឫទ័យព្រួយខ្លាំងណាស់ តែដោយព្រោះសម្បថរបស់ទ្រង់ ហើយនិងពួកភ្ញៀវ បានជាទ្រង់មិនប្រកែកឡើយ
27 ទ្រង់ចាត់ពេជ្ឃឃាតម្នាក់ទៅភ្លាម ដោយបង្គាប់ឲ្យទៅយកក្បាលលោកមក
28 អ្នកនោះក៏ទៅកាត់ក្បាលលោក នៅក្នុងគុក ដាក់លើថាសមកជូននាង នាងក៏ថ្វាយដល់មាតា
29 កាលពួកសិស្សរបស់លោកបានឮ នោះគេមកយកសពលោកទៅបញ្ចុះក្នុងផ្នូរទៅ។
30 ឯពួកសាវកក៏ប្រជុំគ្នាឯព្រះយេស៊ូវ រ៉ាយរឿងទូលទ្រង់ពីការដែលខ្លួនបានធ្វើទាំងប៉ុន្មាន ហើយពីសេចក្ដីដែលបានបង្រៀនដែរ
31 រួចទ្រង់មានព្រះបន្ទូលទៅគេថា ចូរអ្នករាល់គ្នាមកឯទីស្ងាត់ដោយឡែក និងឈប់សម្រាកបន្តិចសិន ពីព្រោះមានគេដើរទៅដើរមកច្រើនណាស់ ដល់ម៉្លេះបានជារកពេលគ្រាន់តែបរិភោគក៏មិនបានផង
32 នោះក៏នាំគ្នាចុះទូកចេញទៅឯទីស្ងាត់ដោយឡែកទៅ
33 ឯហ្វូងមនុស្សគេឃើញទ្រង់ចេញទៅ ហើយមានគ្នាច្រើនបានស្គាល់ទ្រង់ បានជាមានមនុស្សពីគ្រប់ក្រុងទាំងប៉ុន្មាន នាំគ្នារត់ទៅមុន ប្រជុំគ្នាឯទ្រង់។
34 កាលព្រះយេស៊ូវបានឡើងពីទូកមក នោះទ្រង់ឃើញហ្វូងមនុស្សជាធំ ក៏មានព្រះហឫទ័យក្តួលអាណិតដល់គេ ពីព្រោះគេធៀបដូចជាចៀមដែលគ្មានអ្នកគង្វាល រួចទ្រង់ចាប់តាំងបង្រៀនគេពីសេចក្ដីជាច្រើន
35 លុះពេលជ្រុលហើយ នោះពួកសិស្សមកទូលទ្រង់ថា ទីនេះជាទីស្ងាត់ ហើយពេលក៏ជ្រុលផង
36 សូមទ្រង់ឲ្យគេទៅរកទិញអាហារនៅស្រុកស្រែ ហើយក្នុងភូមិនៅជុំវិញចុះ ដ្បិតគេគ្មានអ្វីបរិភោគសោះ
37 តែទ្រង់មានព្រះបន្ទូលឆ្លើយថា ចូរអ្នករាល់គ្នាឲ្យគេបរិភោគទៅ ប៉ុន្តែ ពួកសិស្សទូលថា តើឲ្យយើងរាល់គ្នាទៅទិញនំបុ័ងចំនួន៤០រៀល ឲ្យគេបរិភោគឬអី
38 ទ្រង់មានព្រះបន្ទូលសួរថា តើអ្នករាល់គ្នាមាននំបុ័ងប៉ុន្មាន ចូរទៅមើលសិន កាលបានដឹងហើយ ក៏ទូលឆ្លើយថា មាន៥ដុំ និងត្រី២ទេ
39 នោះទ្រង់បង្គាប់ឲ្យពួកសិស្សប្រាប់គេ ឲ្យអង្គុយលើស្មៅខ្ចីដោយពួកៗ
40 គេក៏អង្គុយដោយជួរ ក្នុង១ជួរ៥០នាក់ ទាំងអស់មាន១០០ជួរ
41 រួចទ្រង់យកនំបុ័ង៥ និងត្រី២នោះ ងើបទតទៅលើមេឃ ប្រទានពរ ហើយកាច់នំបុ័ងប្រទានដល់ពួកសិស្ស ឲ្យលើកទៅឲ្យគេ ក៏បែងភាគត្រី២នោះ ចែកទៅមនុស្សទាំងអស់ដែរ
42 គេបានបរិភោគឆ្អែតគ្រប់គ្នា
43 រួចប្រមូលចំណិតនំបុ័ង និងត្រីទាំងប៉ុន្មាន ដែលសល់នៅ បាន១២កន្ត្រក
44 ឯពួកអ្នកដែលបានបរិភោគ នោះមានប្រុសៗ៥ពាន់នាក់។
45 ស្រាប់តែទ្រង់បង្ខំពួកសិស្ស ឲ្យចុះទូកឆ្លងទៅឯបេតសៃដា នៅត្រើយម្ខាងជាមុន ដរាបដល់ទ្រង់ឲ្យហ្វូងមនុស្សទៅវិញអស់
46 កាលទ្រង់បានឲ្យគេទៅអស់ហើយ នោះក៏យាងឡើងទៅលើភ្នំ ដើម្បីនឹងអធិស្ឋាន
47 លុះពេលព្រលប់ នោះទូកនៅកណ្តាលសមុទ្រ តែទ្រង់គង់នៅលើគោកតែ១ព្រះអង្គទ្រង់
48 ទ្រង់ក៏ឃើញពួកសិស្សចែវទូកទាំងលំបាក ព្រោះច្រាសខ្យល់ លុះពេលប្រហែលជាយាម៤យប់ នោះទ្រង់យាងកាត់លើទឹកសមុទ្រទៅឯគេ ហើយធ្វើហាក់ដូចជាចង់យាងបង្ហួសទៅទៀត
49 លុះកាលគេបានឃើញទ្រង់យាងលើទឹកសមុទ្រដូច្នេះ នោះគេនឹកស្មានថាជាខ្មោចលង ហើយក៏ស្រែកឡើង
50 ដ្បិតគ្រប់គ្នាបានឃើញទ្រង់ ហើយក៏ភ័យស្លុត តែទ្រង់មានព្រះបន្ទូលទៅគេជា១រំពេចថា ចូរសង្ឃឹមឡើង គឺខ្ញុំទេតើ កុំភ័យអី
51 នោះទ្រង់យាងឡើងទៅឯគេនៅក្នុងទូក រួចខ្យល់ក៏ស្ងប់ឈឹង អ្នកទាំងនោះមានសេចក្ដីអស្ចារ្យជាខ្លាំងពន់ពេក ព្រមទាំងវិលវល់ក្នុងចិត្ត
52 គេមិនបានយល់ដោយសារការដែលបានចម្រើននំបុ័ងទេ ដ្បិតគេមានចិត្តរឹងរូស។
53 លុះបានឆ្លងទៅដល់ស្រុកគេនេសារ៉ែត ត្រើយខាងនាយហើយ នោះក៏ឈប់ចតទូក
54 កាលបានឡើងពីទូក នោះមនុស្សទាំងឡាយបានស្គាល់ទ្រង់ជា១រំពេច
55 ហើយរត់ទៅគ្រប់ក្នុងស្រុកជុំវិញ តាំងសែងមនុស្សជំងឺដេកលើពូកមកឯទ្រង់ នៅកន្លែងត្រង់ណាដែលគេឮថាទ្រង់គង់នៅ
56 ហើយកន្លែងណាក៏ដោយ ដែលទ្រង់យាងចូល ទោះក្នុងភូមិ ក្នុងទីក្រុង ឬស្រុកស្រែក្តី គេក៏បានដាក់មនុស្សជំងឺទាំងប៉ុន្មាននៅទីផ្សារ រួចទូលអង្វរទ្រង់ឲ្យគេបានគ្រាន់តែពាល់ជាយព្រះពស្ត្ររបស់ទ្រង់តែប៉ុណ្ណោះ ហើយអស់អ្នកណាដែលបានពាល់ទ្រង់ នោះក៏បានជា ទាំងអស់គ្នា។
ជំពូក 7
1 គ្រានោះពួកផារីស៊ី និងអ្នកខ្លះក្នុងពួកអាចារ្យ ដែលមកពីក្រុងយេរូសាឡឹម គេប្រជុំគ្នាឯទ្រង់
2 កាលគេឃើញពួកសិស្សទ្រង់ខ្លះបរិភោគទាំងដៃមិនស្អាត គឺមិនបានលាងចេញ នោះក៏ចោទប្រកាន់ទោស
3 ដ្បិតពួកផារីស៊ី និងពួកយូដាទាំងអស់គ្នា គេមិនដែលបរិភោគឡើយ ទាល់តែបានដុសលាងដៃយ៉ាងស្អាតអស់ពីចិត្តជាមុនសិន ដោយកាន់តាមសណ្តាប់ពីបុរាណរបស់ពួកចាស់ទុំ
4 ហើយកាលគេមកពីផ្សារ នោះគេមិនបរិភោគទេ ទាល់តែបានងូតទឹករួចសិន ក៏មានសេចក្ដីឯទៀតជាច្រើន ដែលគេទទួលកាន់តាមដែរ ដូចជាការលាងពែង លាងឆ្នាំង លាងប្រដាប់លង្ហិន ហើយនិងតុជាដើម
5 ដូច្នេះ ពួកផារីស៊ី និងពួកអាចារ្យគេពិចារណាសួរទ្រង់ថា ហេតុអ្វីបានជាពួកសិស្សរបស់លោក មិនកាន់តាមសណ្តាប់បុរាណរបស់ពួកចាស់ទុំយ៉ាងនេះ គឺគេបរិភោគឥតលាងដៃទេ
6 តែទ្រង់ឆ្លើយតបថា ពួកអ្នកមានពុតអើយ ហោរាអេសាយបានទាយពីអ្នករាល់គ្នាត្រូវណាស់ ដូចជាមានសេចក្ដីចែងទុកមកថា «សាសន៍នេះ គេគោរពប្រតិបត្តិអញតែបបូរមាត់ទេ ឯចិត្តគេនៅឆ្ងាយពីអញណាស់
7 ដែលគេថ្វាយបង្គំអញ ដោយបង្រៀនសេចក្ដីបញ្ញត្តជារបស់មនុស្ស នោះជាឥតប្រយោជន៍ទេ»
8 ដ្បិតអ្នករាល់គ្នាលះចោលបញ្ញត្តរបស់ព្រះ ទៅកាន់តាមសណ្តាប់មនុស្សវិញ ដូចជាការលាងឆ្នាំង លាងពែងនោះ ហើយនិងរបៀបយ៉ាងនោះជាច្រើនទៅទៀត
9 ទ្រង់ក៏មានព្រះបន្ទូលទៅគេថា អ្នករាល់គ្នាលះបង់ចោលបញ្ញត្តព្រះមែន ដើម្បីនឹងកាន់តាមសណ្តាប់របស់ខ្លួនវិញ
10 ដ្បិតលោកម៉ូសេបានផ្តាំថា «ចូរគោរពប្រតិបត្តិឪពុកម្តាយឯង» ហើយថា «អ្នកណាដែលនិយាយអាក្រក់ពីឪពុកម្តាយ នោះនឹងត្រូវស្លាប់ជាមិនខាន »
11 តែអ្នករាល់គ្នាថា បើមនុស្សណានិយាយទៅឪពុកម្តាយខ្លួនថា របស់អ្វីដែលខ្ញុំអាចនឹងជួយម៉ែឪបាន នោះជា «គ័របាន់» គឺស្រាយថាជាតង្វាយថ្វាយព្រះហើយ
12 នោះអ្នករាល់គ្នាមិនបើកឲ្យអ្នកនោះជួយដល់ឪពុកម្តាយ ក្នុងការអ្វីទៀតសោះ
13 ក៏លើកព្រះបន្ទូលចោល ដោយសារសណ្តាប់ធ្នាប់ ដែលអ្នករាល់គ្នាបានបង្ហាត់បង្រៀនមក ហើយក៏ធ្វើរបៀបយ៉ាងនោះជាច្រើនទៅទៀតដែរ
14 រួចទ្រង់ហៅហ្វូងមនុស្សទាំងអស់មកមានព្រះបន្ទូលទៅគេថា ចូរអ្នកទាំងអស់គ្នាស្តាប់ខ្ញុំសិន ហើយឲ្យយល់ចុះ
15 គ្មានអ្វីពីខាងក្រៅ ចូលទៅក្នុងខ្លួនមនុស្ស ដែលអាចនឹងធ្វើឲ្យស្មោកគ្រោកបានទេ គឺជាសេចក្ដីដែលចេញពីមនុស្សមកទេតើ ដែលធ្វើឲ្យស្មោកគ្រោកវិញ
16 បើអ្នកណាមានត្រចៀកសម្រាប់ស្តាប់ ឲ្យស្តាប់ចុះ។
17 កាលទ្រង់បានថយពីហ្វូងមនុស្ស យាងចូលទៅក្នុងផ្ទះវិញ នោះពួកសិស្សទូលសួរទ្រង់ពីពាក្យប្រៀបប្រដូចនោះ
18 ទ្រង់មានព្រះបន្ទូលថា តើអ្នករាល់គ្នានៅតែមិនយល់ដែរឬអី តើអ្នករាល់គ្នានឹកមិនឃើញទេឬអីថា របស់អ្វីពីខាងក្រៅដែលចូលក្នុងមនុស្ស នោះពុំអាចនឹងធ្វើឲ្យស្មោកគ្រោកបានទេ
19 ដ្បិតរបស់នោះមិនបានចូលទៅក្នុងចិត្ត គឺចូលទៅតែក្នុងពោះប៉ុណ្ណោះ រួចចេញទៅក្នុងបង្គន់ ដូច្នេះ អស់ទាំងអាហារឈ្មោះថា ជារបស់ស្អាតវិញ
20 ទ្រង់ក៏មានព្រះបន្ទូលថា គឺជាសេចក្ដីដែលចេញពីមនុស្សមកទេតើ ដែលធ្វើឲ្យស្មោកគ្រោកនោះ
21 ដ្បិតនៅពីខាងក្នុង ពីក្នុងចិត្តរបស់មនុស្ស មានចេញអស់ទាំងគំនិតអាក្រក់យ៉ាងនេះ គឺសេចក្ដីកំផិត សហាយស្មន់ កាប់សម្លាប់គេ
22 លួចប្លន់ លោភោ ខិលខូច ឧបាយកល អាសអាភាស ភ្នែកអាក្រក់ ជេរប្រមាថ ឆ្មើងឆ្មៃ និងសេចក្ដីចម្កួត
23 គឺសេចក្ដីអាក្រក់ទាំងនេះហើយ ដែលចេញពីខាងក្នុងមក ហើយធ្វើឲ្យមនុស្សស្មោកគ្រោកវិញ។
24 ទ្រង់ក្រោកឡើងយាងចេញពីទីនោះ ទៅឯប្រទល់ដែនស្រុកទីរ៉ុស និងស្រុកស៊ីដូន រួចចូលទៅក្នុងផ្ទះ១ មិនចង់ឲ្យអ្នកណាដឹងសោះ តែទ្រង់នៅកំបាំងពុំបាន
25 ដ្បិតមានស្ត្រីម្នាក់មានកូនស្រី១ ដែលអារក្សអសោចចូល នាងបានឮនិយាយពីទ្រង់ ក៏មកទម្លាក់ខ្លួនក្រាបនៅទៀបព្រះបាទទ្រង់
26 (រីឯស្ត្រីនោះ ជាសាសន៍ក្រេក កូនកាត់ស៊ីរ៉ូ-ភេនីស) នាងក៏ទូលអង្វរឲ្យទ្រង់ដេញអារក្សពីកូនស្រីនាងចេញ
27 តែព្រះយេស៊ូវមានព្រះបន្ទូលទៅនាងថា ទុកឲ្យកូនក្មេងស៊ីឆ្អែតជាមុនសិន ព្រោះមិនគួរនឹងយកនំបុ័ងរបស់កូនក្មេងបោះទៅឲ្យឆ្កែស៊ីទេ
28 នាងទូលឆ្លើយថា មែនហើយ ព្រះអម្ចាស់ ប៉ុន្តែ ឆ្កែនៅក្រោមតុ វាស៊ីកម្ទេចពីកូនក្មេងដែរ
29 នោះទ្រង់មានព្រះបន្ទូលថា ដោយព្រោះពាក្យនោះ ចូរនាងទៅចុះ អារក្សបានចេញពីកូននាងហើយ
30 រួចកាលនាងបានទៅដល់ផ្ទះវិញ ក៏ឃើញកូនដេកនៅលើគ្រែ អារក្សបានចេញស្រេចហើយ។
31 លំដាប់ពីនោះមក ទ្រង់ចេញពីព្រំដែនស្រុកទីរ៉ុស និងស៊ីដូន ក៏យាងកាត់ស្រុកដេកាប៉ូល មកដល់សមុទ្រកាលីឡេវិញ
32 នោះមានគេនាំមនុស្សថ្លង់ម្នាក់ ដែលនិយាយទាំងពិបាកមកឯទ្រង់ ក៏ទូលអង្វរឲ្យទ្រង់ដាក់ព្រះហស្តលើគាត់
33 ទ្រង់ក៏នាំគាត់ចេញពីហ្វូងមនុស្សទៅដោយឡែក យកអង្គុលីព្រះហស្តដាក់ក្នុងត្រចៀកគាត់ រួចស្តោះទឹកព្រះឱស្ឋ ហើយពាល់អណ្តាតគាត់
34 កាលទ្រង់បានងើបទតទៅលើមេឃហើយ នោះទ្រង់ថ្ងូរ រួចមានព្រះបន្ទូលទៅគាត់ថា «អិបផាថា» គឺថា ឲ្យបើកឡើង
35 ស្រាប់តែត្រចៀកក៏បើក សរសៃអណ្តាតបានធូរ នោះគាត់និយាយបានយ៉ាងច្បាស់
36 ទ្រង់ហាមមិនឲ្យគេប្រាប់ឲ្យអ្នកណាដឹងឡើយ ប៉ុន្តែ ដែលទ្រង់ហាមប៉ុណ្ណា នោះគេចេះតែប្រកាសប្រាប់រឹតតែច្រើនឡើងប៉ុណ្ណោះទៀត
37 គេនឹកប្លែកក្នុងចិត្តជាខ្លាំងពន់ពេក ដោយពាក្យថា លោកបានធ្វើការទាំងអស់សុទ្ធតែល្អ គឺបានប្រោសទាំងមនុស្សថ្លង់ឲ្យស្តាប់ឮ ហើយមនុស្សគឲ្យនិយាយបាន។
ជំពូក 8
1 នៅគ្រានោះ មានហ្វូងមនុស្សជាធំណាស់ ហើយគេគ្មានអ្វីបរិភោគ បានជាព្រះយេស៊ូវទ្រង់ហៅពួកសិស្ស មកមានព្រះបន្ទូលថា
2 ខ្ញុំមានចិត្តក្តួលអាណិតដល់មនុស្សទាំងអស់នេះណាស់ ពីព្រោះគេបានមកនៅជាមួយនឹងខ្ញុំ ៣ថ្ងៃហើយ តែឥឡូវនេះគ្មានអ្វីបរិភោគទេ
3 បើខ្ញុំឲ្យគេត្រឡប់ទៅផ្ទះវិញទាំងអត់ នោះគេនឹងហេវតាមផ្លូវ ដ្បិតខ្លះបានមកពីឆ្ងាយណាស់
4 ពួកសិស្សទូលឆ្លើយថា នៅទីស្ងាត់នេះ តើនឹងរកនំបុ័ងពីណា ដើម្បីចម្អែតដល់មនុស្សទាំងនេះបាន
5 ទ្រង់សួរគេថា អ្នករាល់គ្នាមាននំបុ័ងប៉ុន្មាន គេទូលឆ្លើយថា មាន៧
6 នោះទ្រង់បង្គាប់ឲ្យហ្វូងមនុស្សអង្គុយនៅដី រួចទ្រង់យកនំបុ័ង៧នោះមក ក៏អរព្រះគុណ ហើយកាច់ប្រទានដល់ពួកសិស្ស ឲ្យលើកទៅជូនដល់ហ្វូងមនុស្ស គេក៏លើកទៅ
7 មានត្រីតូចៗខ្លះដែរ កាលទ្រង់បានប្រទានពរហើយ នោះក៏បង្គាប់ឲ្យលើកយកទៅឲ្យគេទៀត
8 ហើយទាំងអស់គ្នាបានបរិភោគឆ្អែត រួចគេប្រមូលចំណិតដែលសល់នៅបាន៧កំប្រោង
9 ឯពួកអ្នកដែលបានបរិភោគ នោះមានចំនួន៤ពាន់នាក់ រួចទ្រង់ឲ្យគេទៅវិញ
10 ស្រាប់តែទ្រង់យាងចុះទូកជាមួយនឹងពួកសិស្សទៅឯស្រុកដាលម៉ានូថា ទៅ។
11 នោះពួកផារីស៊ីចេញមក តាំងជជែកដើម្បីនឹងល្បងទ្រង់ ដោយសូមឲ្យទ្រង់សម្ដែងទីសម្គាល់ពីលើមេឃឲ្យគេឃើញ
12 ទ្រង់ក៏ថ្ងូរក្នុងព្រះហឫទ័យ ហើយមានព្រះបន្ទូលថា ហេតុអ្វីបានជាមនុស្សដំណនេះចង់រកតែទីសម្គាល់ដូច្នេះ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា នឹងគ្មានទីសម្គាល់ណាប្រទានមកមនុស្សដំណនេះឡើយ
13 រួចទ្រង់យាងចេញពីគេ ចុះទូកឆ្លងទៅឯត្រើយម្ខាងវិញ។
14 ឯពួកសិស្ស គេភ្លេចយកនំបុ័ងទៅ នៅជាប់តែ១ដុំក្នុងទូកប៉ុណ្ណោះ
15 ទ្រង់ក៏ផ្តាំគេថា ចូរប្រុងមើលហើយប្រយ័តនឹងដំបែររបស់ពួកផារីស៊ី និងរបស់ហេរ៉ូឌ ឲ្យមែនទែន
16 គេរិះគិតគ្នាថា គឺពីព្រោះយើងគ្មាននំបុ័ងទេដឹង
17 កាលព្រះយេស៊ូវបានជ្រាប នោះទ្រង់មានព្រះបន្ទូលថា ហេតុអ្វីបានជាអ្នករាល់គ្នារិះគិតថា ពីព្រោះគ្មាននំបុ័ងដូច្នេះ តើអ្នករាល់គ្នានឹកមិនទាន់ឃើញ ឬមិនយល់ទេឬអី តើមានចិត្តរឹងរូសឬអី
18 អ្នករាល់គ្នាមានភ្នែក តើមើលមិនឃើញ មានត្រចៀក តើស្តាប់មិនឮ ហើយមិនចាំទេឬអី
19 ពីកាលខ្ញុំបានកាច់នំបុ័ង៥ឲ្យដល់៥ពាន់នាក់ នោះតើប្រមូលចំណិតដែលសល់ ដាក់ពេញបានប៉ុន្មានកន្ត្រក គេទូលឆ្លើយថា បាន១២
20 ហើយកាលកាច់នំបុ័ង៧ឲ្យដល់៤ពាន់នាក់ នោះបានប្រមូលចំណិត ដែលសល់ ដាក់ពេញបានប៉ុន្មានកំប្រោង គេទូលឆ្លើយថា បាន៧
21 នោះទ្រង់សួរថា ម្តេចក៏អ្នករាល់គ្នានៅតែមិនយល់ទៀត។
22 ទ្រង់ក៏យាងមកដល់ក្រុងបេតសៃដា រួចមានគេនាំមនុស្សខ្វាក់ម្នាក់មកទូលអង្វរឲ្យទ្រង់ពាល់គាត់
23 ទ្រង់ក៏ចាប់ដៃមនុស្សខ្វាក់នោះនាំចេញទៅក្រៅភូមិ រួចស្តោះដាក់ភ្នែកគាត់ ហើយដាក់ព្រះហស្តលើ ព្រមទាំងសួរបើគាត់ឃើញអ្វីឬទេ
24 គាត់ក៏ងើបភ្នែកឡើងទូលឆ្លើយថា ខ្ញុំឃើញមនុស្សដើរ មើលទៅដូចជាដើមឈើ
25 នោះទ្រង់ដាក់ព្រះហស្តលើភ្នែកគាត់ម្តងទៀត ប្រាប់ឲ្យងើបឡើងមើលស្រាប់តែភ្នែកគាត់បានភ្លឺឡើង ឃើញច្បាស់ទាំងអស់
26 ទ្រង់ឲ្យគាត់ទៅផ្ទះវិញ ទាំងហាមថា កុំឲ្យចូលទៅក្នុងភូមិ ឬប្រាប់អ្នកណានៅក្នុងភូមិឡើយ។
27 ព្រះយេស៊ូវ និងពួកសិស្ស ក៏ចេញទៅឯភូមិទាំងប៉ុន្មាន នៅស្រុកសេសារា-ភីលីព ទ្រង់មានព្រះបន្ទូលសួរពួកសិស្សតាមផ្លូវថា តើមនុស្សទាំងឡាយ គេថាខ្ញុំជាអ្នកណា
28 ពួកសិស្សទូលឆ្លើយថា ជាយ៉ូហាន-បាទីស្ទ ខ្លះថាជាអេលីយ៉ា ហើយខ្លះទៀតថាជាហោរាណាមួយ
29 ទ្រង់សួរថា ចុះឯអ្នករាល់គ្នា តើថាខ្ញុំជាអ្នកណា នោះពេត្រុសឆ្លើយឡើងថា ទ្រង់ជាព្រះគ្រីស្ទ
30 ទ្រង់ក៏ហាមផ្តាច់ មិនឲ្យគេប្រាប់អ្នកណាពីដំណើរទ្រង់សោះ
31 រួចទ្រង់ចាប់តាំងបង្រៀនគេថា កូនមនុស្សត្រូវរងទុក្ខជាច្រើន ហើយត្រូវពួកចាស់ទុំ ពួកសង្គ្រាជ និងពួកអាចារ្យ បោះបង់ចោល ហើយសម្លាប់លោក រួច៣ថ្ងៃក្រោយដែលលោកស្លាប់ទៅ នោះលោកនឹងរស់ឡើងវិញ
32 ទ្រង់មានព្រះបន្ទូលពីដំណើរនោះយ៉ាងច្បាស់លាស់ នោះពេត្រុសនាំទ្រង់ទៅ ចាប់តាំងនិយាយជំទាស់ដល់ទ្រង់
33 តែទ្រង់បែរមកទតឃើញពួកសិស្ស ក៏បន្ទោសពេត្រុសថា សាតាំងអើយ ចូរថយទៅក្រោយអញទៅ ដ្បិតឯងមិនគិតតាមគំនិតរបស់ព្រះសោះ គឺតាមតែគំនិតរបស់មនុស្សលោកវិញ។
34 កាលទ្រង់បានហៅហ្វូងមនុស្ស និងពួកសិស្សមក នោះក៏មានព្រះបន្ទូលទៅគេថា អ្នកណាដែលចង់មកតាមខ្ញុំ ត្រូវឲ្យអ្នកនោះលះកាត់ចិត្តខ្លួនឯងចោល ទាំងផ្ទុកឈើឆ្កាងខ្លួនមកតាមខ្ញុំចុះ
35 ដ្បិតអ្នកណាដែលចង់ឲ្យរួចជីវិត នោះនឹងបាត់ជីវិតទៅ តែអ្នកណាដែលបាត់ជីវិតដោយព្រោះយល់ដល់ខ្ញុំ ហើយនិងដំណឹងល្អ នោះនឹងបានជីវិតវិញ
36 ដ្បិតបើមនុស្សណានឹងបានលោកីយ៍ទាំងមូល តែបាត់ព្រលឹងទៅ នោះតើមានប្រយោជន៍អ្វីដល់អ្នកនោះ
37 ឬតើមនុស្សនឹងយកអ្វីទៅដូរឲ្យបានព្រលឹងខ្លួនវិញ
38 ដ្បិតអ្នកណាដែលមានសេចក្ដីខ្មាស ដោយព្រោះខ្ញុំ និងពាក្យខ្ញុំ នៅក្នុងដំណមនុស្សកំផិត ហើយមានបាបនេះ នោះកូនមនុស្សនឹងមានសេចក្ដីខ្មាស ដោយព្រោះអ្នកនោះដែរ ក្នុងកាលដែលលោកមកក្នុងសិរីល្អរបស់ព្រះវរបិតា ជាមួយនឹងពួកទេវតាបរិសុទ្ធ។
ជំពូក 9
1 រួចទ្រង់មានព្រះបន្ទូលទៅគេថា ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ក្នុងពួកអ្នកដែលឈរនៅទីនេះ មានខ្លះមិនត្រូវភ្លក់សេចក្ដីស្លាប់ ដរាបដល់បានឃើញនគរព្រះមក ទាំងមានព្រះចេស្តា។
2 កន្លង៦ថ្ងៃមកទៀត ព្រះយេស៊ូវទ្រង់យកពេត្រុស យ៉ាកុប និងយ៉ូហាន ទៅជាមួយ នាំឡើងទៅលើភ្នំខ្ពស់ ដោយឡែក ទ្រង់ក៏ផ្លាស់ប្រែនៅមុខអ្នកទាំងនោះ
3 ព្រះពស្ត្រទ្រង់ត្រឡប់ជាភ្លឺសស្គុសដូចហិមៈ ដល់ម៉្លេះបានជាគ្មានអ្នកប្រមោកណា នៅផែនដីនេះ ដែលអាចនឹងប្រមោកឲ្យសដូច្នោះបានឡើយ
4 នោះលោកអេលីយ៉ា ព្រមទាំងលោកម៉ូសេ បានលេចមកឲ្យឃើញ កំពុងតែទូលនឹងព្រះយេស៊ូវ
5 រួចពេត្រុសទូលទៅទ្រង់ថា លោកគ្រូ ដែលយើងខ្ញុំនៅទីនេះបានល្អណាស់ហើយ សូមឲ្យយើងខ្ញុំធ្វើត្រសាល៣ គឺ១សម្រាប់លោក ១សម្រាប់លោកម៉ូសេ ហើយ១សម្រាប់លោកអេលីយ៉ា
6 នេះដ្បិតគាត់មិនដឹងជាត្រូវនិយាយដូចម្តេចទេ ពីព្រោះមានសេចក្ដីស្ញែងខ្លាចទាំងអស់គ្នា
7 នោះមានពពកមកគ្របបាំង ហើយមានឮសូរសំឡេងចេញពីពពកថា នេះជាកូនស្ងួនភ្ងាអញ ចូរស្តាប់តាមចុះ
8 ស្រាប់តែគេក្រឡេកមើលជុំវិញទៅ ឥតមានឃើញអ្នកណាទៀតសោះ ឃើញតែព្រះយេស៊ូវគង់ជាមួយប៉ុណ្ណោះ។
9 កំពុងដែលចុះពីភ្នំមក នោះទ្រង់ហាមមិនឲ្យប្រាប់អ្នកណាពីការដែលបានឃើញនោះឡើយ ដរាបដល់កូនមនុស្សបានរស់ពីស្លាប់ឡើងវិញ
10 អ្នកទាំងនោះក៏រក្សាពាក្យនោះទុកនៅតែក្នុងពួកគេ ហើយសួរគ្នាទៅវិញទៅមក ពីសេចក្ដីរស់ពីស្លាប់ឡើងវិញជាយ៉ាងណា
11 ក៏ទូលសួរទ្រង់ថា ចុះហេតុអ្វីបានជាពួកអាចារ្យប្រាប់ថា លោកអេលីយ៉ាត្រូវតែមកជាមុន
12 ទ្រង់មានព្រះបន្ទូលឆ្លើយថា លោកអេលីយ៉ាត្រូវមកមុនមែន ដើម្បីនឹងតាំងការទាំងអស់ឡើងវិញ ប៉ុន្តែ ធ្វើដូចម្តេចបានជាមានសេចក្ដីចែងទុកពីកូនមនុស្សថា លោកត្រូវរងទុក្ខជាច្រើន ព្រមទាំងត្រូវគេមើលងាយផង
13 ចំណែកលោកអេលីយ៉ា នោះខ្ញុំប្រាប់អ្នករាល់គ្នាថា លោកបានមកហើយ គេក៏បានប្រព្រឹត្តនឹងលោកតាមតែអំពើចិត្ត ដូចជាមានសេចក្ដីចែងទុកពីលោកស្រាប់។
14 លុះបានមកដល់ពួកសិស្សហើយ នោះទ្រង់ឃើញមានហ្វូងមនុស្សជាធំនៅព័ទ្ធគេជុំវិញ ក៏មានពួកអាចារ្យខ្លះកំពុងតែដេញដោល
15 កាលហ្វូងមនុស្សឃើញទ្រង់ ស្រាប់តែកើតមានសេចក្ដីស្រឡាំងកាំង រួចរត់ទៅទទួលទ្រង់ដោយគោរព
16 ទ្រង់មានព្រះបន្ទូលសួរពួកអាចារ្យថា តើអ្នករាល់គ្នាជជែកពីរឿងអ្វីនឹងអ្នកទាំងនេះ
17 នោះមានម្នាក់ក្នុងហ្វូងមនុស្សទូលកាត់ឆ្លើយថា លោកគ្រូអើយ ខ្ញុំបាននាំកូនខ្ញុំមកឯលោក ព្រោះវាមានអារក្សគចូល
18 នៅកន្លែងណាដែលអារក្សជាន់វាម្តងៗ នោះក៏ធ្វើឲ្យវាប្រកាច់ជាខ្លាំង វាបែកពពុះមាត់ ព្រមទាំងសង្កៀតធ្មេញ ហើយចេះតែហេវទៅៗ ខ្ញុំបានសូមពួកសិស្សលោក ឲ្យដេញអារក្សនោះដែរ តែគេពុំអាចដេញចេញបានទេ
19 ទ្រង់មានព្រះបន្ទូលឆ្លើយថា ឱដំណមនុស្សដែលមិនជឿអើយ តើត្រូវឲ្យខ្ញុំនៅជាមួយនឹងអ្នករាល់គ្នាដល់កាលណា តើត្រូវឲ្យខ្ញុំទ្រាំនឹងអ្នករាល់គ្នាដល់កាលណាទៀត ចូរនាំវាមកឯខ្ញុំ
20 គេក៏នាំវាទៅ កាលបានឃើញទ្រង់ នោះស្រាប់តែអារក្សជាន់វា ឲ្យប្រកាច់ដួលននៀលនៅដី ទាំងបែកពពុះមាត់
21 ទ្រង់មានព្រះបន្ទូលសួរឪពុកថា វាបានឈឺដូច្នេះជាយូរប៉ុន្មានមកហើយ គាត់ទូលឆ្លើយថា តាំងតែពីតូចមក
22 ជួនកាលក៏បោះវាទៅក្នុងភ្លើងក្នុងទឹកជាញយៗ ដើម្បីនឹងបំផ្លាញវាទៅ ប៉ុន្តែ បើលោកអាចនឹងជួយបាន នោះសូមអាណិតមេត្តាជួយយើងខ្ញុំផង
23 ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា បើអាចនឹងជឿបាន នោះការទាំងអស់នឹងសម្រេចបានដល់អ្នកណាដែលជឿ
24 ស្រាប់តែឪពុករបស់កូននោះ ក៏បន្លឺវាចាឡើងទាំងទឹកភ្នែកថា ខ្ញុំជឿហើយ លោកម្ចាស់អើយ សូមជួយចំពោះសេចក្ដីណាដែលខ្ញុំមិនជឿផង
25 កាលព្រះយេស៊ូវឃើញមនុស្សសន្ធឹកកំពុងតែរត់មក នោះទ្រង់កំហែងទៅអារក្សអសោចថា នែ អារក្សគថ្លង់អើយ អញបង្គាប់ឲ្យឯងចេញពីវាទៅ កុំឲ្យចូលវាទៀតឡើយ
26 វាក៏ស្រែកឡើង ទាំងជាន់ក្មេងនោះឲ្យប្រកាច់ជាខ្លាំង រួចក៏ចេញទៅ ក្មេងនោះត្រឡប់ដូចជាស្លាប់ ដល់ម៉្លេះបានជាមនុស្សជាច្រើនបានថា វាស្លាប់ហើយ
27 ប៉ុន្តែ ព្រះយេស៊ូវទ្រង់ចាប់ដៃលើកវាឡើង ហើយវាក៏ក្រោកឈរ។
28 លុះទ្រង់បានយាងចូលទៅក្នុងផ្ទះ នោះពួកសិស្សទូលសួរទ្រង់ដោយឡែកថា ហេតុអ្វីបានជាយើងខ្ញុំដេញអារក្សនេះពុំបាន
29 ទ្រង់មានព្រះបន្ទូលថា ដែលនឹងដេញអារក្សបែបយ៉ាងនេះបាន នោះគឺដោយសារតែអធិស្ឋាន ហើយនិងតមទេ។
30 កាលចេញពីទីនោះ ក៏យាងកាត់ស្រុកកាលីឡេទៅ ហើយទ្រង់មិនចង់ឲ្យអ្នកណាដឹងសោះ
31 ដ្បិតទ្រង់កំពុងតែបង្រៀនពួកសិស្សថា កូនមនុស្សត្រូវបញ្ជូនទៅក្នុងកណ្តាប់ដៃនៃមនុស្សលោក គេនឹងសម្លាប់លោក រួចដល់៣ថ្ងៃក្រោយដែលគេសម្លាប់ នោះលោកនឹងរស់ឡើងវិញ
32 តែអ្នកទាំងនោះមិនបានយល់សេចក្ដីនោះទេ ក៏ខ្លាចមិនហ៊ានទូលសួរទ្រង់ផង។
33 លុះទៅដល់កាពើណិម កាលកំពុងតែនៅក្នុងផ្ទះ នោះទ្រង់មានព្រះបន្ទូលសួរពួកសិស្សថា តើរឿងអ្វីដែលអ្នករាល់គ្នាជជែកគ្នាតាមផ្លូវមកនោះ
34 តែគេនៅតែស្ងៀម ពីព្រោះតាមផ្លូវ គេបានជជែកគ្នាអំពីអ្នកណាដែលធំជាង
35 ទ្រង់ក៏គង់ចុះ រួចហៅពួក១២មកមានព្រះបន្ទូលថា បើអ្នកណាចង់ធ្វើលេខ១ នោះត្រូវទៅជាចុងបង្អស់វិញ ហើយត្រូវបម្រើគេទាំងអស់ដែរ
36 ទ្រង់ក៏យកកូនតូច១ ដាក់នៅកណ្តាលជំនុំ រួចទ្រង់បីវា មានព្រះបន្ទូលទៅគេថា
37 អ្នកណាដែលទទួលកូនតូច១ ដូចជាកូននេះ ដោយនូវឈ្មោះខ្ញុំ នោះក៏ឈ្មោះថាទទួលខ្ញុំ ហើយអ្នកណាដែលទទួលខ្ញុំ នោះមិនមែនទទួលខ្ញុំទេ គឺឈ្មោះថាទទួលព្រះដែលបានចាត់ឲ្យខ្ញុំមកវិញ។
38 យ៉ូហានក៏ទូលទ្រង់ថា លោកគ្រូ យើងខ្ញុំបានឃើញមនុស្សម្នាក់ ដែលមិនដើរតាមយើងខ្ញុំ គេកំពុងតែដេញអារក្ស ដោយនូវឈ្មោះលោក ហើយយើងខ្ញុំបានហាមឃាត់គេ ពីព្រោះគេមិនដើរជាមួយនឹងយើងខ្ញុំទេ
39 ព្រះយេស៊ូវមានព្រះបន្ទូលថា កុំឃាត់ឡើយ ដ្បិតគ្មានអ្នកណាអាចនឹងធ្វើការឫទ្ធិបារមី ដោយនូវឈ្មោះខ្ញុំ រួចនិយាយអាក្រក់ពីខ្ញុំភ្លាម១រំពេចបានទេ
40 ដ្បិតអ្នកណាដែលមិនទាស់នឹងយើង នោះកាន់ខាងយើងវិញ
41 អ្នកណាដែលឲ្យទឹក១កែវ ទៅអ្នករាល់គ្នាផឹក ដោយនូវឈ្មោះខ្ញុំ ដោយព្រោះអ្នករាល់គ្នាជារបស់ផងព្រះគ្រីស្ទ នោះខ្ញុំប្រាប់ជាប្រាកដថា អ្នកនោះមិនបាត់រង្វាន់ខ្លួនឡើយ។
42 តែអ្នកណាដែលធ្វើឲ្យកូនណាមួយ ដែលជឿដល់ខ្ញុំនេះ រវាតចិត្តចេញ នោះបើគេយកថ្មត្បាល់កិនយ៉ាងធំ ចងកអ្នកនោះ ហើយទម្លាក់ចុះទៅក្នុងសមុទ្រ យ៉ាងនោះមានប្រយោជន៍ដល់អ្នកនោះជាជាង
43 បើដៃអ្នកនាំឲ្យគេរវាតចិត្ត នោះចូរកាត់វាចោលទៅ ស៊ូឲ្យអ្នកចូលទៅក្នុងជីវិតកំបុតដៃវិញ ជាជាងមានដៃទាំង២ ហើយធ្លាក់ទៅនរក នៅក្នុងភ្លើងដែលពន្លត់មិនបាន
44 ជាកន្លែងដែលមានដង្កូវមិនដែលស្លាប់ ហើយភ្លើងមិនដែលរលត់ឡើយ
45 បើជើងអ្នកនាំឲ្យគេរវាតចិត្ត នោះចូរកាត់វាចោលទៅ ស៊ូឲ្យអ្នកចូលទៅក្នុងជីវិតកំបុតជើងវិញ ជាជាងមានជើងទាំង២ ហើយត្រូវបោះចោលទៅនរក នៅក្នុងភ្លើងដែលពន្លត់មិនបាន
46 ជាកន្លែងដែលមានដង្កូវមិនដែលស្លាប់ ហើយភ្លើងមិនដែលរលត់ឡើយ
47 ហើយបើភ្នែកអ្នកនាំឲ្យគេរវាតចិត្ត នោះចូរខ្វែះចោលទៅ ស៊ូឲ្យអ្នកចូលក្នុងនគរព្រះមានភ្នែកតែ១ ជាជាងមានភ្នែកទាំង២ ហើយត្រូវបោះចោលទៅក្នុងភ្លើងនរកវិញ
48 ជាកន្លែងដែលមានដង្កូវមិនដែលស្លាប់ ហើយភ្លើងមិនដែលរលត់ឡើយ
49 ដ្បិតគ្រប់គ្នាត្រូវបំប្រៃនឹងភ្លើង ហើយគ្រប់ទាំងយញ្ញបូជាត្រូវបំប្រៃនឹងអំបិល
50 អំបិលជារបស់ល្អ តែបើបាត់ជាតិប្រៃហើយ តើនឹងយកអ្វីដើម្បីឲ្យប្រៃឡើងវិញបាន
51 ដូច្នេះ ចូរឲ្យអ្នករាល់គ្នាមានអំបិលនៅក្នុងខ្លួន ហើយនៅជាមួយគ្នាដោយមេត្រីចុះ។
ជំពូក 10
1 ព្រះយេស៊ូវទ្រង់ក៏ក្រោកឡើង យាងចេញពីទីនោះ ទៅឯព្រំដែនស្រុកយូដា នៅខាងនាយទន្លេយ័រដាន់ នោះមានមនុស្សកកកុញប្រជុំគ្នាឯទ្រង់ម្តងទៀត ហើយទ្រង់ក៏បង្រៀនគេតាមទម្លាប់ទ្រង់
2 ពួកផារីស៊ីគេមកល្បងសួរទ្រង់ ពីច្បាប់ដែលនឹងលែងប្រពន្ធបានឬមិនបាន
3 តែទ្រង់មានព្រះបន្ទូលឆ្លើយថា តើលោកម៉ូសេបានបង្គាប់មកអ្នករាល់គ្នាថាដូចម្តេច
4 គេទូលថា លោកបានអនុញ្ញាតឲ្យធ្វើសំបុត្រលះលែង ហើយឲ្យលែងទៅ
5 ទ្រង់មានព្រះបន្ទូលឆ្លើយថា ដែលលោកបានតែងច្បាប់នោះឲ្យអ្នករាល់គ្នា គឺដោយព្រោះតែចិត្តអ្នករាល់គ្នារឹងរូសប៉ុណ្ណោះ
6 ប៉ុន្តែ តាំងពីដើមកំណើតមនុស្សមក នោះព្រះទ្រង់បានបង្កើតគេជាប្រុសជាស្រី
7 ដោយហេតុនោះបានជាមនុស្សប្រុសតែងនឹងលាចេញពីឪពុកម្តាយ ទៅនៅជាប់នឹងប្រពន្ធវិញ
8 ហើយអ្នកទាំង២នោះនឹងត្រឡប់ជាសាច់តែ១ គេមិនមែនជា២ទៀត គឺជាសាច់តែ១សុទ្ធ
9 ដូច្នេះ កុំឲ្យអ្នកណាពង្រាត់មនុស្សដែលព្រះបានផ្សំផ្គុំគ្នាឡើយ
10 កាលកំពុងនៅក្នុងផ្ទះ នោះពួកសិស្សទូលសួរទ្រង់ពីសេចក្ដីដដែលម្តងទៀត
11 ហើយទ្រង់មានព្រះបន្ទូលថា អ្នកណាដែលនឹងលែងប្រពន្ធ ទៅយក១ទៀត នោះឈ្មោះថាផិតប្រពន្ធហើយ
12 បើស្ត្រីណាលែងប្ដីទៅយក១ទៀត នោះក៏ឈ្មោះថាបានផិតប្ដីដែរ។
13 រួចមានគេនាំក្មេងតូចៗមកថ្វាយទ្រង់ពាល់ ប៉ុន្តែ ពួកសិស្សបន្ទោសដល់ពួកអ្នកដែលនាំវាមក
14 កាលព្រះយេស៊ូវបានឃើញ នោះទ្រង់គ្នាន់ក្នុងព្រះហឫទ័យ ក៏មានព្រះបន្ទូលទៅគេថា ទុកឲ្យកូនក្មេងមកឯខ្ញុំចុះ កុំឃាត់វាឡើយ ដ្បិតនគរព្រះមានសុទ្ធតែមនុស្សដូចវារាល់គ្នាដែរ
15 ហើយខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកណាដែលមិនទទួលនគរព្រះដូចជាកូនក្មេង១នេះ នោះមិនបានចូលទៅក្នុងនគរនោះឡើយ
16 ទ្រង់ក៏ឱបវារាល់គ្នា ហើយដាក់ព្រះហស្តលើ ទាំងប្រទានពរឲ្យផង។
17 កាលទ្រង់យាងចេញទៅតាមផ្លូវ នោះមានម្នាក់រត់មក លុតជង្គង់ក្រាបចុះនៅចំពោះទ្រង់ទូលសួរថា លោកគ្រូល្អអើយ តើត្រូវឲ្យខ្ញុំធ្វើដូចម្តេច ប្រយោជន៍ឲ្យបានគ្រងជីវិតរស់អស់កល្បជានិច្ច
18 ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា ហេតុអ្វីបានជាអ្នកហៅខ្ញុំថាល្អដូច្នេះ គ្មានអ្នកណាល្អសោះ មានតែ១ គឺជាព្រះប៉ុណ្ណោះ
19 អ្នកបានស្គាល់បញ្ញត្តទាំងប៉ុន្មានហើយ ដែលថា «កុំឲ្យផិតឲ្យសោះ កុំឲ្យសម្លាប់មនុស្សឲ្យសោះ កុំឲ្យលួចគេឲ្យសោះ កុំឲ្យធ្វើជាទីបន្ទាល់ក្លែងឲ្យសោះ កុំឲ្យបំបាត់គេឲ្យសោះ ចូរគោរពប្រតិបត្តិដល់ឪពុកម្តាយឯង »
20 តែគាត់ទូលឆ្លើយថា លោកគ្រូ ខ្ញុំបានកាន់តាមសេចក្ដីទាំងនោះ តាំងពីក្មេងមកដែរ
21 ព្រះយេស៊ូវទ្រង់ទតទៅគាត់ ដោយស្រឡាញ់ ហើយមានព្រះបន្ទូលថា អ្នកនៅខ្វះកិច្ច១ទៀត គឺត្រូវទៅលក់របស់ទ្រព្យអ្នកទាំងប៉ុន្មាន ចែកទានឲ្យដល់ពួកអ្នកក្រទៅ នោះអ្នកនឹងបានទ្រព្យសម្បត្តិនៅលើស្ថានសួគ៌វិញ រួចឲ្យផ្ទុកឈើឆ្កាងមកតាមខ្ញុំចុះ
22 តែគាត់មានចិត្តព្រួយណាស់ ដោយឮពាក្យនោះ ក៏ចេញទៅទាំងក្តីទុក្ខ ព្រោះគាត់មានសម្បត្តិច្រើនណាស់។
23 ព្រះយេស៊ូវទ្រង់ងាកទតជុំវិញ ហើយមានព្រះបន្ទូលទៅពួកសិស្សថា ដែលមនុស្សអ្នកមានចូលទៅក្នុងនគរព្រះ នោះពិបាកណាស់
24 ឯពួកសិស្ស ក៏នឹកស្ងើចនឹងព្រះបន្ទូលទ្រង់ តែទ្រង់មានព្រះបន្ទូលទៅគេម្តងទៀតថា កូនអើយ ពួកអ្នកដែលជាប់ចិត្តនឹងទ្រព្យសម្បត្តិ នោះនឹងចូលទៅក្នុងនគរព្រះដោយពិបាកណាស់
25 បើសត្វអូដ្ឋនឹងចូលតាមប្រហោងម្ជុល នោះងាយជាជាងមនុស្សអ្នកមានចូលទៅក្នុងនគរព្រះវិញ
26 គេក៏មានសេចក្ដីប្លែកក្នុងចិត្តជាខ្លាំង ទាំងនិយាយគ្នាទៅវិញទៅមកថា ចុះបើដូច្នេះ តើអ្នកណាអាចនឹងបានសង្គ្រោះ
27 ព្រះយេស៊ូវទ្រង់ទតទៅគេ មានព្រះបន្ទូលថា ការនោះមនុស្សលោកធ្វើពុំកើតទេ តែព្រះទ្រង់ធ្វើកើត ដ្បិតព្រះទ្រង់អាចនឹងធ្វើកើតទាំងអស់បាន
28 នោះពេត្រុសចាប់តាំងទូលទ្រង់ថា មើលយើងខ្ញុំបានលះចោលទាំងអស់មកតាមទ្រង់ហើយ
29 តែព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា មិនដែលមានអ្នកណាដែលលះចោលផ្ទះសំបែង បងប្អូនប្រុសស្រី ឪពុកម្តាយ ប្រពន្ធកូន ឬស្រែចម្ការ ដោយព្រោះយល់ដល់ខ្ញុំ ហើយនិងដំណឹងល្អ
30 ឥតបានទទួលជា១រយភាគឡើង ក្នុងសម័យនេះនោះឡើយ គឺជាផ្ទះសំបែង បងប្អូនប្រុសស្រី ម្តាយហើយកូន និងស្រែចម្ការ ព្រមទាំងសេចក្ដីបៀតបៀនដែរ ហើយដល់បរលោកនាយ នឹងបានជីវិតរស់អស់កល្បជានិច្ចផង
31 តែនឹងមានមនុស្សមុនទៅជាក្រោយជាច្រើន ហើយមនុស្សក្រោយទៅជាមុនវិញ។
32 កំពុងដែលដើរតាមផ្លូវ ឡើងទៅឯក្រុងយេរូសាឡឹម នោះព្រះយេស៊ូវយាងមុខគេ ហើយពួកសិស្សមានចិត្តវិលវល់ ក៏ដើរតាមទ្រង់ទៅទាំងភ័យភិត ទ្រង់ក៏យកពួក១២មកម្តងទៀត ចាប់តាំងមានព្រះបន្ទូលប្រាប់អំពីការដែលត្រូវកើតមកដល់ទ្រង់ថា
33 មើលយើងឡើងទៅឯក្រុងយេរូសាឡឹម នោះកូនមនុស្សនឹងត្រូវបញ្ជូនទៅឯពួកសង្គ្រាជ និងពួកអាចារ្យ គេនឹងកាត់ទោសលោកដល់ជីវិត ហើយបញ្ជូនទៅដល់ពួកសាសន៍ដទៃ
34 ពួកនោះនឹងចំអកមើលងាយ វាយនឹងរំពាត់ ស្តោះដាក់ ហើយសម្លាប់លោក រួច៣ថ្ងៃក្រោយដែលស្លាប់ទៅ នោះលោកនឹងរស់ឡើងវិញ។
35 ខណៈនោះ យ៉ាកុប និងយ៉ូហានជាកូនសេបេដេ ក៏មកទូលទ្រង់ថា លោកគ្រូ សូមលោកសម្រេចឲ្យយើងខ្ញុំ តាមសេចក្ដីសំណូមរបស់យើងខ្ញុំផង
36 ទ្រង់មានព្រះបន្ទូលសួរថា តើចង់ឲ្យខ្ញុំសម្រេចអ្វីឲ្យអ្នក
37 គេក៏ទូលឆ្លើយថា សូមឲ្យយើងខ្ញុំបានអង្គុយនៅ ម្នាក់ខាងស្តាំ ហើយម្នាក់ខាងឆ្វេងលោក ក្នុងស្ថាននៃសិរីល្អរបស់លោក
38 តែព្រះយេស៊ូវមានព្រះបន្ទូលថា អ្នកមិនយល់សេចក្ដីដែលអ្នកសូមនោះទេ តើអ្នកអាចនឹងផឹកអំពីពែង ដែលខ្ញុំផឹក ហើយទទួលបុណ្យជ្រមុជដែលខ្ញុំទទួលបានឬទេ
39 គេទូលឆ្លើយថា ទទួលបាន នោះព្រះយេស៊ូវមានព្រះបន្ទូលតបថា អ្នករាល់គ្នានឹងផឹកអំពីពែងខ្ញុំ ហើយទទួលបុណ្យជ្រមុជដែលខ្ញុំទទួលមែន
40 តែដែលអង្គុយខាងស្តាំ ឬខាងឆ្វេងខ្ញុំ នោះមិនស្រេចនឹងខ្ញុំទេ គឺសម្រាប់តែអ្នកណាដែលទីនោះបានរៀបចំទុកឲ្យប៉ុណ្ណោះ
41 កាល១០នាក់ឯទៀតបានឮសេចក្ដីនោះ នោះគេក៏នឹកតូចចិត្តនឹងយ៉ាកុប ហើយនិងយ៉ូហាន
42 តែព្រះយេស៊ូវទ្រង់ហៅអ្នកទាំងនោះមក មានព្រះបន្ទូលថា អ្នករាល់គ្នាដឹងថា ពួកអ្នកដែលបានរាប់ជាចៅហ្វាយនៃសាសន៍ដទៃ គេគ្រប់គ្រងលើសាសន៍របស់ខ្លួន ហើយពួកអ្នកធំក៏មានអំណាចលើគេដែរ
43 ប៉ុន្តែ មិនត្រូវឲ្យមានដូច្នោះក្នុងពួកអ្នករាល់គ្នាឡើយ អ្នកណាក្នុងពួកអ្នករាល់គ្នាដែលចង់ធ្វើធំ នោះនឹងត្រូវធ្វើជាអ្នកបម្រើដល់អ្នករាល់គ្នាវិញ
44 ឯអ្នកណាក្នុងពួកអ្នករាល់គ្នាដែលចង់បានជាលេខ១ អ្នកនោះត្រូវធ្វើជាបាវដល់អ្នកទាំងអស់វិញ
45 ដ្បិតកូនមនុស្សក៏បានមក មិនមែនឲ្យគេបម្រើដែរ គឺដើម្បីនឹងបម្រើគេវិញ ហើយនិងឲ្យជីវិតខ្លួនទុកជាថ្លៃលោះមនុស្សជាច្រើនផង។
46 ខណៈនោះ ក៏មកដល់ក្រុងយេរីខូ ហើយកំពុងដែលទ្រង់យាងចេញពីនោះទៅ ព្រមទាំងពួកសិស្ស និងហ្វូងមនុស្សជាធំផង នោះមានមនុស្សខ្វាក់ឈ្មោះបារទីមេ ជាកូនទីមេ កំពុងអង្គុយសូមទាននៅមាត់ផ្លូវ
47 កាលគាត់បានឮថា ជាព្រះយេស៊ូវ ពីណាសារ៉ែត នោះក៏តាំងស្រែកឡើងថា ឱព្រះយេស៊ូវ ជាព្រះវង្សហ្លួងដាវីឌអើយ សូមអាណិតមេត្តាដល់ទូលបង្គំផង
48 មានមនុស្សជាច្រើនកំហែងឲ្យគាត់នៅស្ងៀម តែគាត់ស្រែករឹតតែខ្លាំងឡើងថា ឱព្រះអង្គ ជាព្រះវង្សហ្លួងដាវីឌអើយ សូមអាណិតមេត្តាទូលបង្គំផង
49 នោះព្រះយេស៊ូវទ្រង់ឈប់ ហើយប្រាប់ឲ្យគេហៅគាត់មក គេក៏ហៅមក ដោយប្រាប់ថា ចូរសង្ឃឹមចុះ ហើយក្រោកឡើង លោកហៅឯង
50 គាត់បោះអាវធំចោល រួចស្ទុះក្រោកឡើង ទៅឯព្រះយេស៊ូវ
51 ទ្រង់មានព្រះបន្ទូលសួរគាត់ថា តើចង់ឲ្យខ្ញុំធ្វើអ្វីឲ្យអ្នក អ្នកនោះទូលឆ្លើយថា លោកគ្រូអើយ សូមប្រោសភ្នែកទូលបង្គំឲ្យបានភ្លឺឡើង
52 ទ្រង់មានព្រះបន្ទូលទៅគាត់ថា ទៅចុះ សេចក្ដីជំនឿអ្នកបានសង្គ្រោះអ្នកហើយ ស្រាប់តែភ្នែកក៏ភ្លឺឡើងភ្លាម រួចគាត់ដើតាមទ្រង់ទៅ។
ជំពូក 11
1 កាលមកជិតដល់ក្រុងយេរូសាឡឹម ដល់ភូមិបេតផាសេ និងបេតថានី ទន្ទឹមនឹងភ្នំដើមអូលីវហើយ នោះទ្រង់ចាត់សិស្ស២នាក់ឲ្យទៅ
2 ដោយមានព្រះបន្ទូលថា ចូរទៅឯភូមិខាងមុខនុ៎ះ កាលណាចូលទៅដល់ នោះនឹងឃើញកូនលាគេបានចងទុក ដែលឥតមានអ្នកណាទាន់ជិះនៅឡើយ ចូរស្រាយដឹកនាំវាមក
3 បើអ្នកណាសួរថា ស្រាយវាធ្វើអ្វី នោះត្រូវឆ្លើយថា ព្រះអម្ចាស់ទ្រង់ត្រូវការនឹងវា រួចគេនឹងឲ្យវាមកហើយ
4 អ្នកទាំង២ក៏ទៅ ឃើញកូនលាគេចងទុកនៅមាត់ទ្វារ ត្រង់កន្លែងផ្លូវប្រសព្វ រួចក៏ស្រាយវា
5 ឯពួកអ្នកខ្លះដែលឈរនៅទីនោះគេសួរថា អ្នកស្រាយកូនលាធ្វើអី
6 អ្នកទាំងនោះឆ្លើយប្រាប់ ដូចជាព្រះយេស៊ូវទ្រង់បង្គាប់ រួចគេក៏បើកឲ្យ
7 អ្នកទាំង២ដឹកនាំកូនលាមកឯព្រះយេស៊ូវ រួចក្រាលអាវលើវា ហើយទ្រង់ឡើងគង់
8 មានមនុស្សជាច្រើននាំគ្នាក្រាលអាវខ្លួននៅផ្លូវ ហើយខ្លះទៀតកាច់មែកឈើ យកមករាយតាមផ្លូវដែរ
9 ឯពួកអ្នកដែលដើរហែមុខក្រោយ គេស្រែកឡើងថា ហូសាណា ព្រះអង្គដែលយាងមក ដោយនូវព្រះនាមព្រះអម្ចាស់ ទ្រង់ប្រកបដោយព្រះពរ
10 រាជ្យនៃហ្លួងដាវីឌ ជាអយ្យកោយើងរាល់គ្នា ដែលមកដោយនូវព្រះនាមព្រះអម្ចាស់ ក៏ប្រកបដោយព្រះពរដែរ ហូសាណា នៅស្ថានដ៏ខ្ពស់បំផុត
11 នោះព្រះយេស៊ូវទ្រង់យាងចូលទៅក្នុងក្រុងយេរូសាឡឹម ក៏ទៅក្នុងព្រះវិហារ កាលទ្រង់ទតជុំវិញមើលសព្វគ្រប់ទាំងអស់ហើយ នោះក៏យាងទៅឯបេតថានី ព្រមទាំងពួក១២ផង ដ្បិតថ្ងៃកាន់តែទាបណាស់ហើយ។
12 ថ្ងៃស្អែកឡើង កាលបានចេញពីបេតថានីមក នោះទ្រង់ក៏ឃ្លាន
13 ទ្រង់ទតឃើញដើមល្វា១ពីចម្ងាយ ដែលមានសន្លឹក រួចទ្រង់យាងទៅមើលក្រែងរកបានផ្លែខ្លះ តែកាលទៅដល់ នោះឃើញមានតែស្លឹកទទេ ព្រោះមិនទាន់ដល់រដូវនៅឡើយ
14 នោះទ្រង់មានព្រះបន្ទូលទៅដើមនោះថា កុំឲ្យអ្នកណាស៊ីផ្លែឯងទៀតជារៀងរាបដរាបទៅ ពួកសិស្សទ្រង់ក៏ឮ។
15 ព្រះយេស៊ូវទ្រង់យាងទៅដល់ក្រុងយេរូសាឡឹម កាលបានចូលទៅក្នុងព្រះវិហារហើយ នោះក៏តាំងដេញពួកអស់អ្នកដែលលក់ដូរក្នុងព្រះវិហារចេញ ទ្រង់ផ្កាប់តុរបស់ពួកអ្នកដែលដូរប្រាក់ និងជើងម៉ានៃពួកអ្នកលក់ព្រាប
16 ក៏មិនព្រមឲ្យអ្នកណាលីសែងអ្វី ដើរកាត់ព្រះវិហារឡើយ
17 ទ្រង់បង្រៀនគេថា តើគ្មានសេចក្ដីចែងទុកមកទេឬអីថា «ដំណាក់អញត្រូវហៅជាទីអធិស្ឋាន សម្រាប់គ្រប់អស់ទាំងសាសន៍» ប៉ុន្តែ អ្នករាល់គ្នាបានយក ធ្វើជារោងចោរ វិញ
18 ពួកសង្គ្រាជ និងពួកអាចារ្យក៏ឮ ហើយគេរកឱកាសធ្វើយ៉ាងណានឹងបំផ្លាញទ្រង់ចេញ ដ្បិតគេខ្លាចទ្រង់ ដោយព្រោះបណ្តាមនុស្សទាំងអស់គ្នា មានសេចក្ដីអស្ចារ្យក្នុងចិត្តចំពោះសេចក្ដីដែលទ្រង់បង្រៀន
19 ដល់ល្ងាច ទ្រង់យាងចេញពីទីក្រុងទៅ។
20 លុះព្រឹកឡើង កំពុងដែលដើរតាមផ្លូវទៅ នោះពួកសិស្សឃើញដើមល្វានោះស្វិតក្រៀម តាំងតែពីឫសឡើង
21 ពេត្រុសក៏នឹកឃើញ ហើយទូលទ្រង់ថា លោកគ្រូ មើល ដើមល្វាដែលលោកដាក់បណ្តាសា នោះក្រៀមស្វិតទៅហើយ
22 ព្រះយេស៊ូវទ្រង់ឆ្លើយថា ចូរមានសេចក្ដីជំនឿដល់ព្រះចុះ
23 ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បើអ្នកណានិយាយទៅភ្នំនេះថា ចូររើចេញពីទីនេះទៅធ្លាក់ក្នុងសមុទ្រចុះ ដោយឥតសង្ស័យក្នុងចិត្ត គឺជឿជាក់ថាសេចក្ដីអ្វីដែលខ្លួនថា នឹងបានកើតមកពិត នោះនឹងបានដូចប្រាថ្នាគ្រប់ជំពូកទាំងអស់
24 ដោយហេតុនោះបានជាខ្ញុំប្រាប់អ្នករាល់គ្នាថា គ្រប់ទាំងសេចក្ដីអ្វីដែលអ្នករាល់គ្នាអធិស្ឋានសូម ចូរជឿថា បានហើយ នោះនឹងបានមែន
25 ហើយកាលណាអ្នកឈរអធិស្ឋាន បើអ្នកមានហេតុអ្វីនឹងអ្នកណា នោះត្រូវអត់ទោសឲ្យគេសិន ដើម្បីឲ្យព្រះវរបិតានៃអ្នករាល់គ្នា ដែលគង់នៅស្ថានសួគ៌ បានអត់ទោសគ្រប់ទាំងសេចក្ដីកំហុសរបស់អ្នករាល់គ្នាដែរ
26 តែបើអ្នករាល់គ្នាមិនអត់ទោសទេ នោះព្រះវរបិតានៃអ្នកដែលគង់នៅស្ថានសួគ៌ ទ្រង់ក៏មិនអត់ទោសសេចក្ដីកំហុសរបស់អ្នករាល់គ្នាដែរ។
27 នោះក៏មកដល់ក្រុងយេរូសាឡឹមម្តងទៀត រួចកាលទ្រង់កំពុងតែយាងក្នុងព្រះវិហារ នោះពួកសង្គ្រាជ ពួកអាចារ្យ និងពួកចាស់ទុំ គេមកឯទ្រង់
28 ហើយទូលសួរថា អ្នកធ្វើការទាំងនេះដោយអាងអំណាចអ្វី តើអ្នកណាបានបើកអំណាចនេះឲ្យអ្នកធ្វើ
29 តែព្រះយេស៊ូវទ្រង់មានព្រះបន្ទូលទៅគេថា ខ្ញុំនឹងសួរអ្នករាល់គ្នាពីសេចក្ដី១ដែរ ចូរឆ្លើយប្រាប់ខ្ញុំសិន នោះខ្ញុំនឹងប្រាប់ឲ្យអ្នកស្គាល់អំណាចដែលខ្ញុំអាងនឹងធ្វើការទាំងនេះដែរ
30 ឯបុណ្យជ្រមុជរបស់យ៉ូហាន តើមកពីស្ថានសួគ៌ ឬពីមនុស្ស ចូរឆ្លើយប្រាប់មក
31 នោះគេរិះគិតគ្នាថា បើយើងថា មកពីស្ថានសួគ៌ នោះវានឹងសួរយើងថា ដូច្នេះ ហេតុអ្វីបានជាអ្នករាល់គ្នាមិនបានជឿគាត់
32 តែបើយើងឆ្លើយថា មកពីមនុស្ស នោះខ្លាចពួកបណ្តាជន ដ្បិតមនុស្សទាំងអស់រាប់យ៉ូហាននេះទុកជាហោរាមែន
33 គេក៏ទូលឆ្លើយថា យើងមិនដឹងទេ ហើយទ្រង់មានព្រះបន្ទូលឆ្លើយថា ដូច្នេះ ខ្ញុំក៏មិនប្រាប់ឲ្យអ្នករាល់គ្នាដឹង ពីអំណាចអ្វីដែលខ្ញុំអាងនឹងធ្វើការទាំងនេះដែរ។
ជំពូក 12
1 ទ្រង់ក៏ចាប់តាំងមានព្រះបន្ទូលទៅគេ ជាពាក្យប្រៀបប្រដូចថា មានមនុស្សម្នាក់ដែលដាំចម្ការទំពាំងបាយជូរ គាត់បានធ្វើរបងព័ទ្ធជុំវិញ ព្រមទាំងជីកទីជាន់ផ្លែ និងសង់ប៉ម ហើយប្រវាស់ទៅឲ្យពួកអ្នកធ្វើចម្ការ រួចចេញពីស្រុកនោះទៅ
2 ដល់រដូវហើយ គាត់ចាត់បាវម្នាក់ទៅឯពួកអ្នកធ្វើចម្ការ ដើម្បីនឹងទទួលផលខ្លះពីពួកអ្នកទាំងនោះ
3 តែគេចាប់បាវនោះវាយ ហើយឲ្យត្រឡប់ទៅវិញទទេ
4 គាត់ចាត់បាវ១ទៀតឲ្យទៅឯគេ តែគេចោលបាវនោះនឹងថ្ម ទាំងវាយក្បាល ហើយបណ្តេញឲ្យទៅវិញ ទាំងជេរប្រមាថផង
5 គាត់ក៏ចាត់ម្នាក់ទៀត តែគេសម្លាប់អ្នកនោះបង់ ក៏បានចាត់ជាច្រើននាក់ទៅទៀត ខ្លះត្រូវគេវាយ ខ្លះត្រូវគេសម្លាប់ចោល
6 គាត់នៅមានកូនសំឡាញ់តែ១ ក៏ចាត់កូននោះឲ្យទៅឯគេក្រោយបង្អស់ ដោយគិតថា គេនឹងកោតខ្លាចដល់កូនអញ
7 តែពួកអ្នកធ្វើចម្ការនោះ គេនិយាយគ្នាថា នេះជាកូនគ្រងមរដក ចូរយើងសម្លាប់វាចេញ នោះមរដកនេះនឹងបានមកលើយើងរាល់គ្នាវិញ
8 រួចគេចាប់កូនគាត់ សម្លាប់បោះចោលទៅក្រៅចម្ការទៅ
9 ដូច្នេះ តើម្ចាស់ចម្ការនឹងធ្វើដូចម្តេច គឺគាត់នឹងមកបំផ្លាញពួកអ្នកធ្វើចម្ការនោះ រួចប្រវាស់ទៅឲ្យអ្នកឯទៀតវិញ
10 តើអ្នករាល់គ្នាមិនបានមើលបទគម្ពីរនេះផងទេឬអី ដែលថា «ថ្មដែលពួកជាងសង់ផ្ទះបានចោលចេញ នោះបានត្រឡប់ជាថ្មជ្រុងយ៉ាងឯក
11 ការនោះ គឺព្រះអម្ចាស់ទ្រង់បានធ្វើ ហើយជាការអស្ចារ្យនៅភ្នែកយើងខ្ញុំ »
12 គេក៏រកឱកាសចាប់ទ្រង់ ព្រោះដឹងថា ទ្រង់មានព្រះបន្ទូលពាក្យប្រៀបនោះដាក់គេ ប៉ុន្តែ គេខ្លាចហ្វូងមនុស្ស រួចគេដើរចោលទ្រង់បាត់ទៅ។
13 គេបានចាត់ពួកផារីស៊ីខ្លះ និងពួកហេរ៉ូឌខ្លះ ទៅឯព្រះយេស៊ូវ ដើម្បីនឹងចាប់ព្រះបន្ទូល
14 អ្នកទាំងនោះក៏មកឯទ្រង់ទូលថា លោកគ្រូ យើងខ្ញុំដឹងថា លោកពិតត្រង់ ហើយថា លោកមិនអំពល់ដល់អ្នកណាសោះ ពីព្រោះលោកមិនយល់មុខមនុស្សលោកទេ លោកបង្រៀនតែពីផ្លូវព្រះ តាមសេចក្ដីពិតប៉ុណ្ណោះ ដូច្នេះ តើមានច្បាប់នឹងបង់ពន្ធថ្វាយសេសារឬទេ
15 តើត្រូវបង់ ឬមិនត្រូវបង់ ប៉ុន្តែ ទ្រង់ស្គាល់ពុតមាយារបស់គេ ក៏មានព្រះបន្ទូលថា ហេតុអ្វីបានជាល្បងលខ្ញុំ ចូរយកប្រាក់កាក់ធំមកឲ្យខ្ញុំមើល
16 គេក៏យកមក រួចទ្រង់មានព្រះបន្ទូលសួរថា រូបនេះ និងឈ្មោះនេះ តើជារបស់អ្នកណា គេឆ្លើយថា របស់សេសារ
17 នោះទ្រង់តបទៅវិញថា ចូរថ្វាយរបស់សេសារទៅសេសារទៅ ហើយរបស់ព្រះទៅព្រះវិញ គេក៏អស្ចារ្យនឹងទ្រង់។
18 ឯពួកសាឌូស៊ី ដែលថា គ្មានសេចក្ដីរស់ឡើងវិញ គេក៏មកទូលសួរទ្រង់ថា
19 លោកគ្រូ លោកម៉ូសេបានចែងទុកឲ្យយើងខ្ញុំថា «បើបងរបស់អ្នកណាស្លាប់ចោលប្រពន្ធឥតមានកូន នោះត្រូវឲ្យប្អូនយកប្រពន្ធគាត់ ដើម្បីនឹងបង្កើតពូជឲ្យបងខ្លួន »
20 ឥឡូវ មានបងប្អូន៧នាក់ បងច្បងយកប្រពន្ធ ហើយស្លាប់ទៅឥតមានកូន
21 ប្អូនបន្ទាប់ក៏យកនាងនោះ ហើយស្លាប់ទៅ ឥតមានកូនដែរ អ្នកទី៣ក៏ដូចគ្នា
22 អ្នកទាំង៧នោះបានយកនាង តែគ្មានកូន១សោះ ក្រោយបង្អស់មក នាងនោះក៏ស្លាប់ទៅដែរ
23 ដូច្នេះ ដល់គ្រាដែលរស់ឡើងវិញ តើនាងនោះត្រូវបានជាប្រពន្ធរបស់អ្នកណាក្នុងបណ្តាអ្នកទាំងនោះ ពីព្រោះអ្នកទាំង៧បានយកនាងគ្រប់ៗគ្នា
24 ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយទៅគេថា ដូច្នេះ អ្នករាល់គ្នាភាន់ច្រឡំទេតើ ពីព្រោះមិនស្គាល់គម្ពីរ ឬព្រះចេស្តានៃព្រះ
25 ដ្បិតកាលណាមនុស្សរស់ពីស្លាប់ឡើងវិញ នោះមិនដែលយកគ្នាជាប្ដីប្រពន្ធទៀតទេ គេបានដូចជាទេវតានៅស្ថានសួគ៌វិញ
26 ឯដំណើរដែលមនុស្សស្លាប់រស់ឡើងវិញ នោះតើអ្នករាល់គ្នាមិនបានមើលរឿងពីគុម្ពបន្លា ដែលមាននៅក្នុងគម្ពីររបស់លោកម៉ូសេទេឬអី ដែលព្រះទ្រង់មានព្រះបន្ទូលនឹងលោកថា «អញជាព្រះនៃអ័ប្រាហាំ ជាព្រះនៃអ៊ីសាក ហើយជាព្រះនៃយ៉ាកុប»
27 ទ្រង់មិនមែនជាព្រះនៃមនុស្សស្លាប់ទេ គឺជាព្រះនៃមនុស្សរស់វិញទេតើ អ្នករាល់គ្នាភាន់ច្រឡំខ្លាំងណាស់។
28 នោះមានអាចារ្យម្នាក់ចូលមកឮជជែកគ្នា ក៏យល់ឃើញថា ទ្រង់បានឆ្លើយត្រូវចំ រួចគាត់ទូលសួរទ្រង់ថា ក្នុងបញ្ញត្តទាំងប៉ុន្មាន តើមានបទណាសំខាន់ជាងគេទាំងអស់
29 ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា ឯបញ្ញត្តដែលសំខាន់ជាងគេ នោះគឺថា «ចូរស្តាប់ចុះ អ៊ីស្រាអែលអើយ ព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំ ទ្រង់ជាព្រះអម្ចាស់តែ១ព្រះអង្គទ្រង់
30 ហើយឯងត្រូវស្រឡាញ់ដល់ព្រះអម្ចាស់ ជាព្រះនៃឯង ឲ្យអស់អំពីចិត្ត អស់អំពីព្រលឹង អស់អំពីគំនិត ហើយអស់អំពីកម្លាំងនៃឯង» នោះហើយជាបញ្ញត្តទី១
31 ឯបញ្ញត្តទី២ ក៏បែបដូចគ្នា គឺថា «ត្រូវឲ្យស្រឡាញ់អ្នកជិតខាងដូចខ្លួនឯង» គ្មានបញ្ញត្តណាទៀតធំជាងបទទាំង២នេះទេ
32 អាចារ្យនោះក៏ទូលទ្រង់ថា មែនហើយ លោកគ្រូ លោកមានប្រសាសន៍ត្រូវណាស់ថា មានព្រះតែ១ ហើយក្រៅពីទ្រង់ គ្មានព្រះណាទៀតសោះ
33 ហើយដែលស្រឡាញ់ទ្រង់អស់ពីចិត្ត អស់ពីប្រាជ្ញា អស់ពីព្រលឹង និងអស់ពីកម្លាំង ហើយដែលស្រឡាញ់អ្នកជិតខាងដូចខ្លួនឯង នោះវិសេសលើសជាងអស់ទាំងតង្វាយដុត និងយញ្ញបូជាទាំងប៉ុន្មានទៅទៀត
34 កាលព្រះយេស៊ូវបានឃើញថា គាត់ឆ្លើយដោយប្រាជ្ញា នោះក៏មានព្រះបន្ទូលទៅគាត់ថា អ្នកមិនឆ្ងាយពីនគរព្រះទេ រួចគ្មានអ្នកណាហ៊ានទូលសួរទ្រង់ទៀតឡើយ។
35 កំពុងដែលព្រះយេស៊ូវបង្រៀនក្នុងព្រះវិហារ នោះទ្រង់មានព្រះបន្ទូលសួរថា ហេតុអ្វីបានជាពួកអាចារ្យថា ព្រះគ្រីស្ទជាព្រះវង្សហ្លួងដាវីឌ
36 ដ្បិតហ្លួងដាវីឌមានព្រះបន្ទូលដោយនូវព្រះវិញ្ញាណបរិសុទ្ធថា «ព្រះអម្ចាស់ ទ្រង់មានព្រះបន្ទូលទៅព្រះអម្ចាស់ខ្ញុំថា ចូរឯងអង្គុយខាងស្តាំអញ ទាល់តែអញដាក់ខ្មាំងសត្រូវឯង ឲ្យធ្វើជាកំណល់កល់ជើងឯង»
37 ដូច្នេះ បើហ្លួងដាវីឌនោះឯង ទ្រង់ហៅព្រះគ្រីស្ទជាព្រះអម្ចាស់ នោះធ្វើដូចមេ្ដចឲ្យព្រះគ្រីស្ទធ្វើជាព្រះវង្សទ្រង់បាន ឯហ្វូងមនុស្សដ៏ធំនោះ គេក៏ស្តាប់ទ្រង់ដោយអំណរ។
38 កំពុងដែលទ្រង់បង្រៀន នោះក៏មានព្រះបន្ទូលទៅគេថា ចូរប្រយ័តនឹងពួកអាចារ្យ ដែលចូលចិត្តពាក់អាវវែងៗដើរចុះឡើង ហើយឲ្យគេគំនាប់ខ្លួននៅទីផ្សារ
39 និងអង្គុយទីមុខគេនៅសាលាប្រជុំ ហើយនៅកន្លែងលេខ១ក្នុងការស៊ីលៀង
40 គេឆស៊ីផ្ទះស្ត្រីមេម៉ាយ ដោយសូត្រធម៌ឲ្យច្រើន ដើម្បីដោះសាខ្លួន ពួកអ្នកទាំងនោះនឹងត្រូវទោសធ្ងន់ជាងទៅទៀត។
41 គ្រានោះ ព្រះយេស៊ូវគង់ទល់មុខនឹងឃ្លាំង ក៏ទតមើលទៅហ្វូងមនុស្ស ដែលគេដាក់តង្វាយក្នុងឃ្លាំងជាយ៉ាងដូចមេ្ដច មានអ្នកមានជាច្រើន គេដាក់ច្រើន
42 តែមានស្ត្រីមេម៉ាយក្រម្នាក់ មកដាក់តែ២ស្លឹង ដែលត្រូវជាកន្លះសេន
43 ទ្រង់ហៅពួកសិស្សមកមានព្រះបន្ទូលថា ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ស្ត្រីមេម៉ាយក្រនេះបានថ្វាយលើសជាងអ្នកទាំងអស់ ដែលដាក់ក្នុងឃ្លាំង
44 ដ្បិតគេសុទ្ធតែយកពីរបស់ជាសំណល់ខ្លួនមកថ្វាយ តែស្ត្រីនេះ បានយកពីសេចក្ដីកំសត់ខ្លួនមកថ្វាយវិញ គឺជារបស់ដែលនាងមានទាំងប៉ុន្មានសម្រាប់ចិញ្ចឹមជីវិតខ្លួនផង។
ជំពូក 13
1 កាលកំពុងតែចេញពីព្រះវិហារមក នោះពួកសិស្សទ្រង់ម្នាក់ទូលថា លោកគ្រូ មើលន៏ ថ្ម ហើយនិងមន្ទីរល្អណាស់ហ្ន៎
2 ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា តើឃើញមន្ទីរធំទាំងនេះឬទេ បន្តិចទៀត នឹងគ្មានថ្មនៅត្រួតលើថ្ម ដែលមិនត្រូវទម្លាក់ចុះនោះទេ
3 រួចកាលទ្រង់គង់លើភ្នំដើមអូលីវ ទល់មុខនឹងព្រះវិហារ នោះពេត្រុស យ៉ាកុប យ៉ូហាន និងអនទ្រេ គេមកទូលសួរទ្រង់ដោយឡែកថា
4 សូមប្រាប់យើងខ្ញុំ តើកាលណាបានការទាំងនេះនឹងមកដល់ តើមានទីសម្គាល់ណាឲ្យដឹង ក្នុងកាលដែលការទាំងនេះជិតកើតមក
5 ព្រះយេស៊ូវចាប់តាំងមានព្រះបន្ទូលឆ្លើយទៅគេថា ចូរប្រយ័ត ក្រែងអ្នកណានាំអ្នករាល់គ្នាឲ្យវង្វេង
6 ដ្បិតនឹងមានមនុស្សជាច្រើនយកឈ្មោះខ្ញុំមកនិយាយថា គឺខ្ញុំនេះហើយ គេក៏នឹងនាំមនុស្សជាច្រើនឲ្យវង្វេងផង
7 កាលណាអ្នករាល់គ្នាឮនិយាយពីចម្បាំង ហើយពីសូរចម្បាំង នោះកុំឲ្យអ្នករាល់គ្នាមានចិត្តថប់បារម្ភឡើយ ដ្បិតការទាំងនោះត្រូវតែមកដល់ តែពុំទាន់ដល់ចុងបំផុតនៅឡើយទេ
8 ពីព្រោះសាសន៍១នឹងលើកគ្នាទាស់នឹងសាសន៍១ នគរ១ទាស់នឹងនគរ១ ក៏នឹងមានកក្រើកដីនៅកន្លែងផ្សេងៗ ហើយនិងមានអំណត់ និងចលាចលកើតឡើង នេះជាដើមចមនៃសេចក្ដីទុក្ខវេទនាទេ
9 ប៉ុន្តែ ឲ្យអ្នករាល់គ្នាប្រយ័តខ្លួន ពីព្រោះគេនឹងបញ្ជូនអ្នករាល់គ្នាទៅឯក្រុមជំនុំ គេនឹងវាយអ្នករាល់គ្នា នៅក្នុងសាលាប្រជុំ ហើយនាំទៅចំពោះចៅហ្វាយខេត្ត និងស្តេច ដោយព្រោះខ្ញុំ ទុកជាទីបន្ទាល់ដល់លោកទាំងនោះ
10 ឯដំណឹងល្អនឹងត្រូវផ្សាយដល់គ្រប់សាសន៍ជាមុនសិន
11 ប៉ុន្តែ កាលណាគេនាំបញ្ជូនអ្នករាល់គ្នាទៅ នោះកុំឲ្យថប់ព្រួយជាមុនពីបែបនិយាយ ឬពីពាក្យដែលត្រូវថាឡើយ ត្រូវនិយាយតែសេចក្ដីណា ដែលបានប្រទានមកអ្នករាល់គ្នា នៅវេលានោះឯង ដ្បិតមិនមែនជាអ្នករាល់គ្នាដែលត្រូវនិយាយទេ គឺជាព្រះវិញ្ញាណបរិសុទ្ធទេតើ
12 បងប្អូននឹងបញ្ជូនគ្នាឲ្យត្រូវស្លាប់ ហើយឪពុកនឹងបញ្ជូនកូន កូននឹងលើកគ្នាទាស់នឹងឪពុកម្តាយ ហើយនិងសម្លាប់គាត់បង់
13 មនុស្សទាំងអស់នឹងស្អប់អ្នករាល់គ្នា ដោយព្រោះឈ្មោះខ្ញុំ តែអ្នកណាដែលកាន់ខ្ជាប់ ដរាបដល់ចុងបំផុត នោះនឹងបានសង្គ្រោះពិត។
14 កាលណាអ្នករាល់គ្នាឃើញសេចក្ដីស្អប់ខ្ពើមដែលបង្ខូចបំផ្លាញ ឈរនៅកន្លែងដែលមិនគួរឲ្យឈរ (អ្នកណាដែលមើលឲ្យយល់ចុះ) នោះត្រូវឲ្យពួកអ្នកនៅស្រុកយូដារត់ទៅឯភ្នំទៅ
15 កុំឲ្យអ្នកណាដែលនៅលើដំបូលផ្ទះ ចុះមកក្នុងផ្ទះ ឬចូលទៅយកអ្វីចេញពីផ្ទះ
16 ក៏កុំឲ្យអ្នកដែលនៅស្រែចម្ការត្រឡប់មកវិញ និងយកសម្លៀកបំពាក់ខ្លួនឡើយ
17 នៅគ្រានោះ ស្ត្រីណាដែលមានផ្ទៃពោះ និងស្ត្រីណាដែលបំបៅកូន នឹងវេទនាណាស់
18 ត្រូវឲ្យអធិស្ឋានសូមកុំឲ្យត្រូវរត់នៅរដូវរងាឡើយ
19 ដ្បិតនៅគ្រានោះ នឹងមានសេចក្ដីវេទនាខ្លាំងណាស់ ដល់ម៉្លេះបានជាតាំងពីកំណើតលោកីយ៍ ដែលព្រះទ្រង់បានបង្កើត ដរាបដល់សព្វថ្ងៃនេះ មិនដែលមានយ៉ាងដូច្នោះទេ ហើយទៅមុខក៏មិនដែលមានផង
20 បើព្រះអម្ចាស់មិនបានបន្ថយថ្ងៃទាំងនោះឲ្យខ្លី នោះគ្មានមនុស្សណាបានសង្គ្រោះទេ ប៉ុន្តែ ទ្រង់បានបន្ថយថ្ងៃទាំងនោះ ដោយព្រោះពួកអ្នកដែលទ្រង់បានរើសតាំង
21 នៅគ្រានោះ បើមានអ្នកណាប្រាប់អ្នករាល់គ្នាថា មើលព្រះគ្រីស្ទគង់នៅទីនេះ ឬថា មើលទ្រង់គង់នៅទីនុ៎ះ នោះកុំឲ្យជឿឡើយ
22 ដ្បិតនឹងមានព្រះគ្រីស្ទក្លែង ហើយហោរាក្លែងកើតឡើង គេនឹងធ្វើទីសម្គាល់ ព្រមទាំងការអស្ចារ្យ ដើម្បីនឹងនាំទាំងពួកអ្នករើសតាំងឲ្យវង្វេងផង បើសិនជាបាន
23 ចូរអ្នករាល់គ្នាប្រុងប្រយ័តឲ្យមែនទែន មើលខ្ញុំបានប្រាប់អ្នករាល់គ្នាគ្រប់ទាំងអស់ជាមុនហើយ។
24 ប៉ុន្តែ នៅគ្រាក្រោយសេចក្ដីវេទនានោះ ថ្ងៃនឹងទៅជាងងឹត ខែនឹងលែងភ្លឺ
25 អស់ទាំងផ្កាយនៅលើមេឃ នឹងធ្លាក់ចុះ ហើយអស់ទាំងអំណាចនៅលើមេឃនឹងត្រូវកក្រើករំពើក
26 នោះគេនឹងឃើញកូនមនុស្សមកក្នុងពពក មានទាំងព្រះចេស្តាជាខ្លាំង និងសិរីល្អផង
27 ហើយលោកនឹងចាត់ពួកទេវតា ឲ្យទៅប្រមូលពួកដែលបានរើសតាំង មកពីទិសទាំង៤ តាំងពីទីបំផុតនៃផែនដីម្ខាង រហូតដល់ទីបំផុតនៃផ្ទៃមេឃ។
28 ប៉ុន្តែ ត្រូវរៀនសេចក្ដីប្រៀបប្រដូច ពីដើមល្វាចុះ គឺកាលណាមែកវាត្រឡប់ជាទន់ ហើយស្លឹកក៏ប៉ិចឡើង នោះអ្នករាល់គ្នាដឹងថា រដូវក្តៅជិតដល់ហើយ
29 ក៏បែបដូច្នោះដែរ កាលណាឃើញការទាំងនោះកើតមក នោះត្រូវដឹងថា កូនមនុស្សជិតដល់ហើយ ក៏នៅមាត់ទ្វារផង
30 ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា មនុស្សដំណនេះនឹងពុំទាន់កន្លងហួសបាត់ទៅ ទាល់តែគ្រប់ការទាំងនោះបានកើតមក
31 ផ្ទៃមេឃ ហើយផែនដីនឹងកន្លងបាត់ទៅ តែពាក្យខ្ញុំ នឹងមិនដែលកន្លងបាត់ឡើយ
32 ឯត្រង់ថ្ងៃ និងពេលកំណត់ នោះគ្មានអ្នកណាដឹងបានទេ ទោះទាំងពួកទេវតាដែលនៅស្ថានសួគ៌ ឬព្រះរាជបុត្រាក៏មិនជ្រាបដែរ ជ្រាបតែព្រះវរបិតាប៉ុណ្ណោះ
33 ចូរប្រុងប្រយ័ត ឲ្យចាំយាម ហើយអធិស្ឋានផង ដ្បិតអ្នករាល់គ្នាមិនដឹងពេលកំណត់នោះទេ
34 នេះដូចជាមនុស្សម្នាក់ ដែលចាកចោលផ្ទះ ចេញពីស្រុកទៅទីឆ្ងាយ ក៏ប្រគល់អំណាចដល់ពួកបាវព្រាវ ព្រមទាំងដាក់ការឲ្យធ្វើគ្រប់គ្នា ហើយផ្តាំអ្នកឆ្មាំទ្វារឲ្យចាំយាមផង
35 ដូច្នេះ ចូរចាំយាមចុះ ដ្បិតមិនដឹងជាវេលាណាដែលម្ចាស់ផ្ទះនឹងមកវិញទេ ទោះបើល្ងាច កណ្តាលអធ្រាត្រ ពេលមាន់រងាវ ឬព្រឹកក្តី
36 ក្រែងលោលោកមកដល់ភ្លាម ឃើញអ្នករាល់គ្នាកំពុងតែដេកលក់
37 ឯសេចក្ដីដែលខ្ញុំប្រាប់ដល់អ្នករាល់គ្នានេះ នោះខ្ញុំក៏ប្រាប់ដល់មនុស្សទាំងអស់ដែរ គឺថា ចូរចាំយាមចុះ។
ជំពូក 14
1 ក្រោយ២ថ្ងៃមក នោះជាបុណ្យរំលង និងបុណ្យនំបុ័ងឥតដំបែ ឯពួកសង្គ្រាជ និងពួកអាចារ្យ គេរកឱកាសនឹងចាប់ទ្រង់ ដោយឧបាយកល ដើម្បីនឹងសម្លាប់ទ្រង់ចោល
2 តែគេថា កុំឲ្យធ្វើក្នុងរវាងបុណ្យឡើយ ក្រែងបណ្តាជនកើតកោលាហល។
3 កំពុងដែលទ្រង់គង់នៅតុ ក្នុងផ្ទះស៊ីម៉ូន ជាមនុស្សឃ្លង់ នៅភូមិបេតថានី នោះមានស្ត្រីម្នាក់កាន់ដបថ្មកែវ ដាក់ប្រេងទេព្វិរូសុទ្ធ មានតម្លៃណាស់ យកមកបំបែកដបនោះ ចាក់ប្រេងលើព្រះសិរព្រះយេស៊ូវ
4 មានអ្នកខ្លះនឹកតូចចិត្ត ហើយថា តើមានប្រយោជន៍អ្វីនឹងធ្វើបង្ខាតប្រេងនេះដូច្នេះ
5 ដ្បិតប្រេងនេះនឹងលក់បានជាង៦០រៀល ដើម្បីចែកទានដល់ពួកអ្នកទ័លក្រវិញ គេក៏រទូរទាំនឹងនាង
6 ប៉ុន្តែ ទ្រង់មានព្រះបន្ទូលថា កុំធ្វើនាង ហេតុអ្វីបានជានាំបង្អាក់ចិត្តនាងដូច្នេះ នាងបានធ្វើការនេះ ជាការល្អដល់ខ្ញុំណាស់
7 ពីព្រោះអ្នករាល់គ្នាមានពួកអ្នកក្រនៅជាមួយជាដរាប ហើយកាលណាអ្នករាល់គ្នាចង់ធ្វើគុណនឹងគេ នោះចេះតែធ្វើបាន តែចំណែកខ្ញុំ មិននៅជាមួយជាដរាបទេ
8 នាងបានធ្វើការអ្វីដែលនាងធ្វើបាន គឺបានមកមុនពេលកំណត់ និងលាបខ្លួនខ្ញុំ ជាការសម្រាប់កប់ខ្មោចខ្ញុំ
9 ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា កន្លែងណាដែលគេនឹងផ្សាយដំណឹងល្អនេះទួទៅ គ្រប់ក្នុងលោកីយ៍ទាំងមូល នោះគេតែងនឹងដំណាលពីការដែលនាងបានធ្វើហើយនេះ ទុកសម្រាប់ជាកេរ្តិ៍នាងតទៅ។
10 ឯយូដាស-អ៊ីស្ការីយ៉ុត ជាអ្នក១ក្នុងពួក១២ វាក៏ទៅឯពួកសង្គ្រាជ ដើម្បីនឹងបញ្ជូនទ្រង់ទៅគេ
11 កាលគេបានឮ នោះក៏មានសេចក្ដីត្រេកអរណាស់ ហើយសន្យានឹងឲ្យប្រាក់ដល់វា រួចវាខំស្វែងរកឱកាសនឹងបញ្ជូនទ្រង់ទៅដោយស្រួល។
12 នៅថ្ងៃដំបូង ក្នុងបុណ្យនំបុ័ងឥតដំបែនោះ កាលគេត្រូវសម្លាប់កូនចៀម ធ្វើបុណ្យរំលង នោះពួកសិស្សទូលទ្រង់ថា តើទ្រង់សព្វព្រះហឫទ័យឲ្យយើងខ្ញុំរៀបចំបុណ្យរំលង ថ្វាយទ្រង់សោយនៅទីណា
13 ទ្រង់ក៏ចាត់សិស្ស២នាក់ឲ្យទៅ ដោយមានព្រះបន្ទូលថា ចូរទៅក្នុងទីក្រុង នោះនឹងមានមនុស្សម្នាក់លីក្អមទឹកមកជួបនឹងអ្នក ចូរឲ្យដើរតាមអ្នកនោះទៅ
14 នៅកន្លែងណាដែលគាត់ចូល ចូរអ្នកនិយាយនឹងម្ចាស់ផ្ទះនោះថា លោកគ្រូមានប្រសាសន៍ថា តើបន្ទប់ណាដែលលោកនឹងបរិភោគបុណ្យរំលង ជាមួយនឹងពួកសិស្សរបស់លោក
15 នោះគាត់នឹងបង្ហាញបន្ទប់១ធំខាងលើដែលរៀបជាស្រេច ចូររៀបចំនៅទីនោះចុះ
16 សិស្សទ្រង់២នាក់នោះក៏ចេញទៅ ដល់ទីក្រុងហើយ នោះក៏ឃើញដូចជាទ្រង់បានមានព្រះបន្ទូល រួចគេរៀបចំធ្វើបុណ្យរំលង។
17 ដល់ពេលល្ងាចហើយ ទ្រង់យាងមក ព្រមទាំងពួក១២នាក់
18 កាលកំពុងតែអង្គុយបរិភោគ នោះព្រះយេស៊ូវមានព្រះបន្ទូលថា ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ក្នុងពួកអ្នករាល់គ្នា ដែលបរិភោគជាមួយនឹងខ្ញុំនេះ នោះមានម្នាក់នឹងបញ្ជូនខ្ញុំ
19 គេក៏តាំងព្រួយចិត្ត ហើយទូលទ្រង់ម្តងម្នាក់ៗថា តើទូលបង្គំឬអី រួចម្នាក់ទៀតថា តើទូលបង្គំឬអី
20 ព្រះយេស៊ូវឆ្លើយថា គឺជាម្នាក់ក្នុងពួក១២ ដែលលូកដៃក្នុងចានជាមួយនឹងខ្ញុំ
21 កូនមនុស្សត្រូវទៅពិត ដូចជាមានសេចក្ដីចែងទុកពីលោកស្រាប់ តែវេទនាដល់មនុស្សនោះ ដែលនឹងបញ្ជូនកូនមនុស្ស ទៅ បើវាមិនបានកើតមក នោះល្អដល់វាជាជាង។
22 កាលកំពុងតែបរិភោគ នោះព្រះយេស៊ូវទ្រង់យកនំបុ័ងប្រទានពរឲ្យ រួចកាច់ប្រទានដល់គេ ដោយព្រះបន្ទូលថា ចូរយកបរិភោគចុះ នេះហើយជារូបកាយខ្ញុំ
23 នោះទ្រង់យកពែងមកអរព្រះគុណ រួចប្រទានដល់គេ ហើយគេក៏ផឹកគ្រប់គ្នា
24 ទ្រង់មានព្រះបន្ទូលថា នេះហើយជាឈាមខ្ញុំ គឺជាឈាមនៃសញ្ញាថ្មី ដែលត្រូវច្រួចសម្រាប់មនុស្សជាច្រើន
25 ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ខ្ញុំមិនផឹកពីផលផ្លែទំពាំងបាយជូរទៀតទេ ដរាបដល់ថ្ងៃណា ដែលខ្ញុំនឹងផឹកជាថ្មី នៅក្នុងនគរព្រះ។
26 រួចកាលបានច្រៀងទំនុក១ហើយ នោះក៏ចេញទៅឯភ្នំដើមអូលីវ។
27 ព្រះយេស៊ូវមានព្រះបន្ទូលថា នៅវេលាយប់នេះឯង អ្នករាល់គ្នានឹងរវាតចិត្តដោយព្រោះខ្ញុំ ដ្បិតមានសេចក្ដីចែងទុកថា «អញនឹងវាយអ្នកគង្វាល ហើយហ្វូងចៀមនឹងត្រូវខ្ចាត់ខ្ចាយទៅ»
28 ប៉ុន្តែ កាលណាខ្ញុំបានរស់ឡើងវិញ នោះខ្ញុំនឹងទៅឯស្រុកកាលីឡេ មុនអ្នករាល់គ្នា
29 តែពេត្រុសទូលទ្រង់ថា ទោះបើមនុស្សទាំងអស់រវាតចិត្តចេញក៏ដោយ គង់តែទូលបង្គំមិនដូច្នោះទេ
30 ព្រះយេស៊ូវទ្រង់មានព្រះបន្ទូលទៅគាត់ថា ខ្ញុំប្រាប់អ្នកជាប្រាកដថា នៅថ្ងៃនេះ គឺនៅក្នុងពេលយប់នេះឯង មុនដែលមាន់រងាវ២ដង នោះអ្នកនឹងប្រកែកគ្រប់៣ដងថា មិនស្គាល់ខ្ញុំ
31 តែគាត់ប្រកែកយ៉ាងខ្លាំងលើសទៅទៀតថា ទោះបើទូលបង្គំត្រូវស្លាប់ជាមួយនឹងទ្រង់ក្តី គង់តែមិនព្រមថា មិនស្គាល់ទ្រង់ដូច្នេះនោះឡើយ ហើយទាំងអស់ក៏ថាដូចគ្នា។
32 នោះក៏មកដល់កន្លែងហៅថា ច្បារគែតសេម៉ានី ហើយទ្រង់មានព្រះបន្ទូលទៅពួកសិស្សថា ចូរអង្គុយនៅទីនេះសិន ចាំខ្ញុំទៅអធិស្ឋាន
33 ទ្រង់ក៏យកពេត្រុស យ៉ាកុប និងយ៉ូហានទៅជាមួយដែរ ទ្រង់ចាប់តាំងមានព្រះហឫទ័យភាំងជាខ្លាំង ហើយតប់ប្រមល់ណាស់
34 ក៏មានព្រះបន្ទូលទៅគេថា ចិត្តខ្ញុំព្រួយជាខ្លាំងសឹងតែនឹងស្លាប់ ចូរនៅទីនេះចាំយាមចុះ
35 រួចកាលទ្រង់បានយាងទៅមុខបន្តិច នោះទ្រង់ទម្លាក់ព្រះអង្គ ផ្កាប់ព្រះភ័ក្ត្រចុះអធិស្ឋាន សូមឲ្យពេលវេលានេះ បានកន្លងហួសពីទ្រង់ទៅ បើសិនជាបាន
36 ទ្រង់មានព្រះបន្ទូលថា ឱអ័ប្បា ព្រះវរបិតាអើយ ទ្រង់អាចនឹងធ្វើការទាំងអស់កើត សូមយកពែងនេះ ចេញពីទូលបង្គំផង ប៉ុន្តែ កុំតាមចិត្តទូលបង្គំឡើយ សូមសម្រេចតាមព្រះហឫទ័យទ្រង់វិញ
37 ទ្រង់ត្រឡប់មកវិញ ឃើញពួកសិស្សកំពុងតែដេកលក់ ក៏មានព្រះបន្ទូលទៅពេត្រុសថា អ្នកដេកលក់ឬអី តើនឹងនៅចាំយាម តែ១ម៉ោងមិនបានឬ
38 ចូរឲ្យចាំយាម ហើយអធិស្ឋានចុះ ដើម្បីកុំឲ្យកើតមានសេចក្ដីល្បួងនាំចិត្តឡើយ វិញ្ញាណប្រុងស្រេចមែន តែសាច់ឈាមខ្សោយទេ
39 រួចទ្រង់ចេញទៅអធិស្ឋានម្តងទៀត ដោយព្រះបន្ទូលជាសេចក្ដីដដែល
40 កាលទ្រង់បានយាងត្រឡប់មកវិញ នោះក៏ឃើញគេកំពុងដេកលក់ទៀត ដ្បិតភ្នែកគេធ្ងន់ជ្រប់ គេមិនដឹងខ្លួនជាទូលឆ្លើយនឹងទ្រង់ថាដូចម្តេចទេ
41 ទ្រង់បានយាងមកជាគម្រប់៣ដង មានព្រះបន្ទូលថា ឥឡូវនេះ នៅតែដេកលក់ ហើយសម្រាកកម្លាំងទៀតឬ ប៉ុណ្ណឹងចុះ កំណត់ដល់ហើយ មើលកូនមនុស្សត្រូវបញ្ជូនទៅក្នុងកណ្តាប់ដៃនៃមនុស្សមានបាប
42 ចូរក្រោកឡើង យើងទៅ ន៏ អ្នកដែលបញ្ជូនខ្ញុំ វាជិតមកដល់ហើយ។
43 កំពុងដែលទ្រង់មានព្រះបន្ទូលនៅឡើយ ស្រាប់តែយូដាសជាម្នាក់ក្នុងពួក១២ ក៏មកដល់ភ្លាម នាំទាំងហ្វូងមនុស្សដ៏ធំ ពីពួកសង្គ្រាជ ពួកអាចារ្យ និងពួកចាស់ទុំ មកជាមួយផង ព្រមទាំងកាន់ដាវ កាន់ដំបង
44 អ្នកដែលបញ្ជូនទ្រង់ ក៏ប្រាប់ទីសម្គាល់នេះដល់គេថា អ្នកណាដែលខ្ញុំថើប គឺអ្នកនោះហើយ ចូរចាប់វានាំទៅដោយប្រយ័តប្រយែងចុះ
45 កាលគេបានមកដល់ នោះវាចូលទៅឯទ្រង់ភ្លាម ដោយទូលថា លោកគ្រូៗអើយ ហើយក៏ថើបទ្រង់
46 នោះគេលូកដៃទៅចាប់ទ្រង់
47 តែមានម្នាក់ឈរជិតខាង គាត់ហូតដាវកាត់ដាច់ស្លឹកត្រចៀករបស់បាវសម្ដេចសង្ឃម្នាក់
48 ព្រះយេស៊ូវទ្រង់មានព្រះបន្ទូលទៅគេថា តើអ្នករាល់គ្នាបានចេញមកចាប់ខ្ញុំ ទាំងកាន់ដាវ កាន់ដំបង ដូចជាមកចាប់ចោរឬអី
49 ខ្ញុំបាននៅជាមួយនឹងអ្នករាល់គ្នា ព្រមទាំងបង្រៀនក្នុងព្រះវិហាររាល់តែថ្ងៃផង តែអ្នករាល់គ្នាមិនបានចាប់ខ្ញុំសោះ ប៉ុន្តែ នេះដើម្បីនឹងធ្វើឲ្យសម្រេចតាមបទគម្ពីរទេ
50 នោះពួកសិស្សក៏រត់ចោលទ្រង់ទាំងអស់គ្នាទៅ
51 មានមនុស្សកំលោះម្នាក់ដែលដើរតាមទ្រង់ មានតែសំពត់ទេសឯកព័ទ្ធនឹងខ្លួន
52 គេក៏ចាប់គាត់ តែគាត់រត់រួចចោលសំពត់នោះ នៅតែខ្លួនទទេ។
53 គេក៏នាំព្រះយេស៊ូវទៅដល់សម្ដេចសង្ឃ ឯពួកសង្គ្រាជ ពួកចាស់ទុំ ហើយពួកអាចារ្យទាំងអស់គ្នា ក៏ប្រជុំគ្នាឯលោក
54 ចំណែកពេត្រុស គាត់តាមទ្រង់ទៅពីចម្ងាយ រហូតដល់ខាងក្នុងព្រះលានសម្ដេចសង្ឃ ក៏អង្គុយអាំងភ្លើងជាមួយនឹងពួកអាជ្ញា។
55 ពួកសង្គ្រាជ និងពួកក្រុមជំនុំទាំងអស់គ្នា គេប្រឹងរកទីបន្ទាល់ទាស់នឹងព្រះយេស៊ូវ ដើម្បីនឹងសម្លាប់ទ្រង់បង់ តែរកមិនបានសោះ
56 ក៏មានមនុស្សជាច្រើន មកធ្វើបន្ទាល់ក្លែងទាស់នឹងទ្រង់ដែរ តែសេចក្ដីបន្ទាល់របស់គេមិនត្រូវគ្នាសោះ
57 នោះមានខ្លះឈរឡើង ធ្វើបន្ទាល់ក្លែងទាស់នឹងទ្រង់ថា
58 យើងខ្ញុំបានឮវាថា ខ្ញុំនឹងបំផ្លាញព្រះវិហារនេះ ដែលបានធ្វើដោយដៃមនុស្ស ហើយក្នុងរវាង៣ថ្ងៃ ខ្ញុំនឹងសង់១ទៀត ដែលមិនមែនធ្វើដោយដៃមនុស្សទេ
59 យ៉ាងនោះ គង់តែសេចក្ដីបន្ទាល់របស់គេមិនត្រូវគ្នាទៀត
60 ឯសម្ដេចសង្ឃ ក៏ឈរឡើងនៅកណ្តាលជំនុំ ដណ្តឹងសួរព្រះយេស៊ូវថា តើឯងមិនព្រមឆ្លើយសោះឬអី សេចក្ដីដែលគេចោទប្រកាន់ឯងទាំងប៉ុន្មាននេះ តើយ៉ាងដូចម្តេច
61 តែទ្រង់នៅស្ងៀម មិនបានឆ្លើយអ្វីសោះ រួចសម្ដេចសង្ឃពិចារណាសួរទ្រង់ទៀតថា តើឯងជាព្រះគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះដ៏មានពរឬអី
62 ព្រះយេស៊ូវមានព្រះបន្ទូលថា គឺខ្ញុំនេះហើយ មួយទៀត អ្នករាល់គ្នានឹងឃើញកូនមនុស្ស អង្គុយនៅខាងស្តាំនៃព្រះចេស្តា ហើយទាំងមកក្នុងពពកនៅលើមេឃ ផង
63 នោះសម្ដេចសង្ឃក៏ហែកព្រះពស្ត្រលោក ដោយពាក្យថា តើយើងចាំបាច់ត្រូវការនឹងទីបន្ទាល់ណាទៀត
64 អ្នករាល់គ្នាបានឮពាក្យប្រមាថនេះហើយ ចុះតើគិតដូចម្តេច អ្នកទាំងអស់គ្នាក៏កាត់ទោសទ្រង់ថា គួរស្លាប់ហើយ
65 អ្នកខ្លះចាប់តាំងស្តោះដាក់ទ្រង់ ក៏ខ្ទប់ព្រះភ័ក្ត្រ ហើយវាយទ្រង់ រួចទូលប្រាប់ថា ចូរទាយចុះ ឯពួកអាជ្ញា ក៏ទះទ្រង់ដែរ។
66 រីឯពេត្រុស គាត់នៅក្នុងព្រះលានឰដ៏ខាងក្រោម ហើយមានបាវស្រីរបស់សម្ដេចសង្ឃម្នាក់មក
67 ឃើញពេត្រុសកំពុងតែអាំងភ្លើង ក៏សម្លឹងមើលគាត់ ហើយនិយាយថា អ្នកបាននៅជាមួយនឹងយេស៊ូវ ពីណាសារ៉ែតនេះដែរ
68 តែគាត់ប្រកែកថា ខ្ញុំមិនដឹង មិនយល់ជាអ្នកនិយាយអ្វីទេ រួចគាត់ចេញទៅឯទីធ្លាខាងក្រៅ នោះមាន់តាំងរងាវឡើង
69 បាវស្រីនោះក៏ឃើញគាត់ម្តងទៀត ហើយចាប់តាំងប្រាប់ដល់ពួកអ្នក ដែលឈរនៅទីនោះថា អ្នកនេះជាពួកគេដែរ
70 គាត់ប្រកែកម្តងទៀត រួចក្រោយបន្តិចមក ពួកអ្នកឈរនៅទីនោះនិយាយទៅពេត្រុសថា ឯងប្រាកដជាពួកគេដែរ ដ្បិតឯងជាអ្នកស្រុកកាលីឡេ
71 តែគាត់តាំងប្រមាថ ហើយស្បថថា ខ្ញុំមិនស្គាល់មនុស្សនោះដែលអ្នករាល់គ្នានិយាយទេ
72 នោះមាន់ក៏រងាវឡើងជាគម្រប់២ដង ពេត្រុសក៏នឹកឃើញពីព្រះបន្ទូល ដែលព្រះយេស៊ូវបានប្រាប់គាត់ថា មុនដែលមាន់រងាវ២ដង នោះអ្នកនឹងប្រកែក៣ដងថា មិនស្គាល់ខ្ញុំ កាលគាត់បានគិតពីសេចក្ដីនោះហើយ នោះក៏យំ។
ជំពូក 15
1 ដល់ព្រឹកឡើង កាលពួកសង្គ្រាជ ពួកចាស់ទុំ និងពួកអាចារ្យ ព្រមទាំងក្រុមជំនុំទាំងអស់បានប្រជុំពិគ្រោះគ្នា នោះក៏ចងព្រះយេស៊ូវ នាំបញ្ជូនទៅឯលោកពីឡាត់
2 លោកពីឡាត់ពិចារណាសួរទ្រង់ថា តើអ្នកជាស្តេចរបស់សាសន៍យូដាឬអី ទ្រង់មានព្រះបន្ទូលឆ្លើយថា ត្រូវដូចលោកមានប្រសាសន៍ហើយ
3 ឯពួកសង្គ្រាជ គេចោទប្រកាន់ទ្រង់ខ្លាំងណាស់
4 នោះលោកពីឡាត់ក៏ពិចារណាសួរទ្រង់ម្តងទៀត ដោយពាក្យថា តើអ្នកមិនព្រមឆ្លើយសោះទេឬអី មើលរឿងជាច្រើនទាំងម៉្លេះ ដែលគេធ្វើបន្ទាល់ទាស់នឹងអ្នក
5 តែព្រះយេស៊ូវទ្រង់ឥតមានឆ្លើយអ្វីទៀតសោះ បានជាលោកពីឡាត់ក៏អស្ចារ្យក្នុងចិត្ត។
6 រីឯនៅបុណ្យនោះ លោកតែងធ្លាប់លែងអ្នកទោសម្នាក់ឲ្យដល់គេ តាមដែលគេសូម
7 គ្រានោះ មានម្នាក់ឈ្មោះបារ៉ាបាស ជាប់គុកជាមួយនឹងពួកអ្នកបះបោរ ជាអ្នកដែលបានសម្លាប់គេក្នុងវេលាបះនោះ
8 ហ្វូងមនុស្សក៏ចាប់តាំងស្រែកឡើង សូមលោកបើកឲ្យដល់គេ ដូចជាលោកតែងធ្លាប់ធ្វើមក
9 លោកពីឡាត់សួរគេថា តើចង់ឲ្យខ្ញុំលែងស្តេចសាសន៍យូដា ឲ្យដល់អ្នករាល់គ្នាឬអី
10 នេះដ្បិតលោកជ្រាបថា ពួកសង្គ្រាជបានបញ្ជូនទ្រង់ ដោយឈ្នានីសទេ
11 តែពួកសង្គ្រាជបានញុះញង់ហ្វូងមនុស្ស ឲ្យសូមឲ្យលោកលែងបារ៉ាបាសវិញ
12 លោកពីឡាត់ក៏សួរគេម្តងទៀតថា ដូច្នេះ តើចង់ឲ្យខ្ញុំធ្វើអ្វីនឹងអ្នកដែលអ្នករាល់គ្នាហៅថា ស្តេចសាសន៍យូដានេះ
13 គេស្រែកឡើងទៀតថា ចូរឆ្កាងវាទៅ
14 លោកពីឡាត់សួរគេថា ដូច្នេះ តើគាត់បានធ្វើខុសអ្វី នោះគេស្រែកកាន់តែខ្លាំងឡើងថា ចូរឆ្កាងវាទៅ
15 ឯពីឡាត់ លោកចង់ធ្វើបំពេញដល់ចិត្តហ្វូងមនុស្សដែរ បានជាលែងបារ៉ាបាសដល់គេ រួចកាលបានវាយព្រះយេស៊ូវដោយរំពាត់ហើយ នោះក៏បញ្ជូនទៅឲ្យគេឆ្កាង។
16 ចំណែកពួកទាហាន ក៏នាំទ្រង់ទៅឯទីធ្លា ជាទីកាត់ក្តី រួចគេហៅពួកកងទាហានទាំងអស់ ឲ្យមូលគ្នាមក
17 ក៏យកអាវពណ៌ស្វាយបំពាក់ទ្រង់ ហើយក្រងភួងបន្លាបំពាក់លើព្រះសិរ
18 រួចចាប់តាំងសំពះទូលទ្រង់ថា ថ្វាយបង្គំស្តេចសាសន៍យូដា
19 គេក៏យកដើមត្រែងវាយព្រះសិរ ស្តោះដាក់ទ្រង់ ហើយលុតជង្គង់ថ្វាយបង្គំទ្រង់ផង
20 កាលបានចំអកមើលងាយទ្រង់ស្រេចហើយ នោះគេដោះអាវពណ៌ស្វាយចេញ ក៏បំពាក់ព្រះពស្ត្រទ្រង់វិញ រួចនាំចេញទៅឆ្កាង
21 គេចាប់អ្នកស្រុកគីរេនម្នាក់ ឈ្មោះស៊ីម៉ូន ជាឪពុកអ័លេក្សានត្រុស និងរូភូស ដែលដើរតាមផ្លូវចុះមកពីចម្ការ បង្ខំឲ្យគាត់លីឈើឆ្កាងទ្រង់។
22 គេនាំទ្រង់ទៅដល់កន្លែងហៅថា «គាល់កូថា» ដែលស្រាយថាភ្នំលលាដ៍ក្បាល
23 នោះគេយកស្រាទំពាំងបាយជូរ លាយនឹងជ័រល្វីងទេស ថ្វាយទ្រង់សោយ តែទ្រង់មិនសោយទេ
24 កាលបានឆ្កាងទ្រង់រួចហើយ នោះគេក៏យកព្រះពស្ត្រទ្រង់ចាប់ឆ្នោតចែកគ្នា ដើម្បីឲ្យដឹងជាអ្នកណាត្រូវបានអ្វី
25 ពេលដែលគេឆ្កាងទ្រង់ គឺជាពេលម៉ោង៩ព្រឹក
26 គេសរសេរប្រកាសកាត់ទោសទ្រង់ថា «នេះជាស្តេចសាសន៍យូដា»
27 ហើយក៏ឆ្កាងចោរ២នាក់ជាមួយនឹងទ្រង់ ម្នាក់ខាងស្តាំ ម្នាក់ខាងឆ្វេង
28 នោះបានសម្រេចតាមបទគម្ពីរដែលថា «គេបានរាប់ទ្រង់ជាពួកអ្នកទទឹងច្បាប់» ។
29 ពួកអ្នកដែលដើរតាមទីនោះ ក៏ជេរទ្រង់ ទាំងគ្រវីក្បាល ហើយនិយាយថា អើ ឯងដែលបំផ្លាញព្រះវិហារ ហើយសង់ឡើងវិញក្នុងរវាង៣ថ្ងៃ
30 ឥឡូវ ចូរជួយសង្គ្រោះខ្លួនឯង ដោយចុះពីឈើឆ្កាងមក
31 ពួកសង្គ្រាជ និងពួកអាចារ្យ ក៏ចំអកឲ្យទ្រង់បែបដូចគ្នា ទាំងនិយាយគ្នាទៅវិញទៅមកថា វាជួយសង្គ្រោះដល់មនុស្សឯទៀតបាន តែពុំអាចនឹងសង្គ្រោះចំពោះខ្លួនឯងបានទេ
32 ចូរឲ្យព្រះគ្រីស្ទ ជាស្តេចនៃសាសន៍អ៊ីស្រាអែល ចុះពីឈើឆ្កាងមកឥឡូវចុះ ឲ្យយើងបានឃើញ ហើយជឿផង ឯ២នាក់ដែលជាប់ឆ្កាងជាមួយនឹងទ្រង់ គេក៏ដៀលត្មះទ្រង់ដែរ។
33 ដល់ម៉ោង១២ នោះមានងងឹតដាបគ្របលើផែនដី ដរាបដល់ម៉ោង៣រសៀល
34 លុះវេលាម៉ោង៣ នោះព្រះយេស៊ូវ ទ្រង់បន្លឺឧទានជាខ្លាំងថា អេឡយៗ ល៉ាម៉ាសាបាច់ថានី គឺស្រាយថា ព្រះអង្គនៃទូលបង្គំអើយ ឱព្រះអង្គនៃទូលបង្គំអើយ ហេតុអ្វីបានជាទ្រង់លះចោលទូលបង្គំ
35 អ្នកខ្លះដែលឈរនៅទីនោះក៏ឮ ហើយគេនិយាយថា មើលវាស្រែកហៅរកលោកអេលីយ៉ាហើយ
36 រួចម្នាក់រត់ទៅយកសារាយរំហួតជ្រលក់ទឹកខ្មេះជោក ដាក់នឹងចុងដើមត្រែងហុចទៅ ថ្វាយទ្រង់សោយ ដោយពោលថា ឈប់សិន ចាំមើល បើលោកអេលីយ៉ាមកបញ្ចុះវាឬទេ។
37 រួចព្រះយេស៊ូវ ទ្រង់ស្រែកជាខ្លាំង ហើយក៏ផុតដង្ហើមទៅ
38 គ្រានោះ វាំងននក្នុងព្រះវិហារក៏រហែកជា២ភាគ ចាប់តាំងពីលើចុះដល់ក្រោម
39 ឯមេទ័ពដែលឈរទល់មុខនឹងទ្រង់ គាត់ឃើញថា ទ្រង់ស្រែកឡើង ហើយផុតដង្ហើមទៅយ៉ាងដូច្នោះ ក៏និយាយថា មនុស្សនេះប្រាកដជាព្រះរាជបុត្រានៃព្រះមែន
40 ក៏មានស្ត្រីខ្លះដែលបានតាមបម្រើព្រះយេស៊ូវ ក្នុងគ្រាដែលទ្រង់គង់នៅស្រុកកាលីឡេនៅឡើយ គេឈរមើលពីចម្ងាយ
41 ក្នុងពួកស្ត្រីទាំងនោះ គឺម៉ារាពីស្រុកម៉ាក់ដាឡា១ និងម៉ារា ជាម្តាយយ៉ាកុបតូច និងយ៉ូសេ១ ហើយនិងសាឡូមេ១ ក៏មានស្ត្រីឯទៀតជាច្រើន ដែលបានឡើងមកឯក្រុងយេរូសាឡឹមជាមួយនឹងទ្រង់ដែរ។
42 មានម្នាក់ឈ្មោះយ៉ូសែបនៅស្រុកអើរីម៉ាថេ ដែលមានកេរ្តិ៍ឈ្មោះក្នុងពួកក្រុមជំនុំ ជាអ្នករង់ចាំនគរព្រះដែរ អ្នកនោះបានមកដល់ ក៏ចូលទៅឯលោកពីឡាត់ ដោយចិត្តក្លាហាន សូមព្រះសពព្រះយេស៊ូវ
43 ដោយព្រោះជាថ្ងៃរៀបចំហើយ គឺជាថ្ងៃមុនថ្ងៃឈប់សម្រាក ហើយក៏ល្ងាចណាស់ផង
44 ឯលោកពីឡាត់ មានសេចក្ដីឆ្ងល់ពីទ្រង់ដែលសុគតជាឆាប់ម៉្លេះ ក៏ហៅមេទ័ពមកសួរបញ្ជាក់ បើទ្រង់សុគតជាយូរមកហើយ ឬដូចម្តេច
45 កាលមេទ័ពបានជម្រាបឲ្យលោកជ្រាបហើយ នោះលោកក៏អនុញ្ញាតឲ្យព្រះសពដល់យ៉ូសែប
46 គាត់ក៏ទិញសំពត់ទេសឯក រួចដាក់ព្រះសពទ្រង់ចុះមក រុំនឹងសំពត់នោះ នាំទៅបញ្ចុះក្នុងផ្នូរដែលបានដាប់នៅក្នុងថ្ម រួចប្រមៀលថ្ម១មក សន្ធប់ខ្ទប់មាត់ផ្នូរជិត
47 ឯម៉ារាជាអ្នកស្រុកម៉ាក់ដាឡា និងម៉ារា ជាម្តាយយ៉ូសេ គេក៏ឃើញកន្លែងដែលបញ្ចុះព្រះសពទ្រង់ដែរ។
ជំពូក 16
1 កាលផុតថ្ងៃឈប់សម្រាកហើយ នោះម៉ារា ជាអ្នកស្រុកម៉ាក់ដាឡា ម៉ារា ជាម្តាយយ៉ាកុប និងសាឡូមេបាននាំគ្នាទិញគ្រឿងក្រអូប ដើម្បីនឹងទៅអប់ព្រះសពទ្រង់
2 ដល់ព្រលឹមឡើង នៅថ្ងៃទី១ក្នុងអាទិត្យ នោះ កាលថ្ងៃទើបនឹងរះឡើង គេក៏ទៅឯផ្នូរ
3 ព្រមទាំងនិយាយគ្នាបណ្តើរថា តើមានអ្នកណា នឹងប្រមៀលថ្មចេញពីមាត់ផ្នូរឲ្យយើង
4 តែកាលបានងើបមើលទៅ នោះឃើញថ្មបានប្រមៀលចេញហើយ (ថ្មនោះធំណាស់)
5 លុះកាលបានចូលទៅក្នុងផ្នូរ ក៏ឃើញកំលោះម្នាក់ ពាក់អាវសអង្គុយនៅខាងស្តាំ ហើយស្ត្រីទាំងនោះមានសេចក្ដីភាំងស្លុត
6 តែអ្នកនោះនិយាយថា កុំឲ្យភ័យឡើយ អ្នករាល់គ្នាមករកព្រះយេស៊ូវ ពីណាសារ៉ែត ដែលត្រូវឆ្កាង ទ្រង់មានព្រះជន្មរស់ឡើងវិញហើយ ទ្រង់មិនគង់នៅទីនេះទេ មើល នេះជាកន្លែងដែលគេបានផ្តេកព្រះសពទ្រង់
7 ចូរអ្នករាល់គ្នាទៅប្រាប់ពួកសិស្សទ្រង់ ព្រមទាំងពេត្រុសផងថា ទ្រង់យាងទៅឯស្រុកកាលីឡេមុនអ្នករាល់គ្នាហើយ អ្នករាល់គ្នានឹងឃើញទ្រង់នៅស្រុកនោះ ដូចជាទ្រង់បានប្រាប់ទុក
8 នោះគេប្រញាប់ប្រញាល់ចេញទៅក្រៅ រត់ចោលផ្នូរទៅ ដោយកើតមានសេចក្ដីភ័យញ័រ ទាំងស្រឡាំងកាំង គេមិនបាននិយាយអ្វីប្រាប់ដល់អ្នកណាឡើយ ព្រោះគេខ្លាច។
9 រីឯកាលទ្រង់មានព្រះជន្មរស់ឡើងវិញ គឺនៅព្រឹកព្រលឹមថ្ងៃទី១ ក្នុងអាទិត្យនោះឯង នោះទ្រង់ក៏លេចមកមុនដំបូង ឲ្យម៉ារា ជាអ្នកស្រុកម៉ាក់ដាឡាឃើញ គឺជាស្ត្រីដែលទ្រង់បានបណ្តេញអារក្ស៧ឲ្យចេញនោះ
10 នាងក៏ទៅប្រាប់ដល់ពួកអ្នកដែលបាននៅជាមួយនឹងទ្រង់ដែរ ដែលគេកំពុងតែកាន់ទុក្ខ ហើយយំសោក
11 តែកាលគេបានឮថាទ្រង់រស់ ហើយថានាងបានឃើញទ្រង់ នោះគេមិនជឿទេ
12 ក្រោយនោះមក ទ្រង់សម្ដែងមកបែប១ទៀត ឲ្យពួកគេ២នាក់ឃើញ ក្នុងកាលដែលគេកំពុងតែដើរទៅឯស្រុកស្រែ
13 អ្នកទាំង២នោះក៏ទៅប្រាប់ដល់ពួកគេឯទៀត តែគេនៅតែមិនជឿទៀត
14 ក្រោយនោះមក ទ្រង់សម្ដែងមកឲ្យពួក១១នាក់បានឃើញ ក្នុងកាលដែលកំពុងអង្គុយនៅតុ ហើយទ្រង់បន្ទោសគេ ដោយព្រោះមានចិត្តរឹងរូស ហើយមិនជឿ ពីព្រោះគេមិនបានជឿដល់ពួកអ្នកដែលឃើញទ្រង់ ក្រោយដែលទ្រង់រស់ឡើងវិញនោះទេ
15 ទ្រង់ផ្តាំគេថា ចូរអ្នករាល់គ្នាទៅពេញសព្វក្នុងលោកីយ៍ទាំងមូល ហើយផ្សាយដំណឹងល្អទួទៅដល់គ្រប់មនុស្សទាំងអស់ចុះ
16 អ្នកណាដែលជឿ ហើយទទួលបុណ្យជ្រមុជទឹក នោះនឹងបានសង្គ្រោះ តែអ្នកណាដែលមិនព្រមជឿ នោះនឹងត្រូវទោសវិញ
17 ទីសម្គាល់ទាំងនេះនឹងជាប់តាមអស់អ្នកដែលជឿ គឺថា គេនឹងដេញអារក្សដោយនូវឈ្មោះខ្ញុំ ហើយនិងចេះនិយាយភាសាថ្មី
18 និងចាប់កាន់ពស់បាន ឬបើគេផឹកអ្វីពុល នោះមិនធ្វើឲ្យអន្តរាយទេ ហើយគេនឹងដាក់ដៃលើមនុស្សជំងឺឲ្យបានជាផង។
19 ដូច្នេះ ក្រោយដែលព្រះអម្ចាស់បានមានព្រះបន្ទូលនឹងគេរួចហើយ នោះព្រះវរបិតាបានទទួលទ្រង់ឡើងទៅស្ថានសួគ៌វិញ ឲ្យគង់នៅខាងស្តាំ
20 ឯពួកសិស្ស គេចេញទៅប្រកាសប្រាប់នៅសព្វគ្រប់អន្លើ ដោយមានព្រះអម្ចាស់ធ្វើការជាមួយ ទាំងបញ្ជាក់ព្រះបន្ទូល ដោយទីសម្គាល់ដែលកើតមកតាមក្រោយផង។ អាម៉ែន។:៚