លូកា

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24


ជំពូក 1

1 មាន​មនុស្ស​ជា​ច្រើន បាន​ផ្តើម​តែង​រឿង​ពី​អស់​ទាំង​ការ ដែល​ពួក​យើង​ខ្ញុំ​បាន​ជឿ‌ជាក់
2 ដូច​ជា​គេ​បាន​ប្រាប់​មក​យើង​ខ្ញុំ ដែល​គេ​បាន​ឃើញ​ការ​ទាំង​នោះ​ជាក់​នឹង​ភ្នែក តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ធ្វើ​ជា​អ្នក​បម្រើ​ផ្សាយ​ព្រះ‌បន្ទូល
3 ហេតុ​នោះ​បាន​ជា​ខ្ញុំ​គិត​ថា គួរ​គប្បី​ឲ្យ​ខ្ញុំ​សរសេរ​ផ្ញើ​មក​ជូន​លោក​ដោយ​លំដាប់​ដែរ ឱ​ព្រះ‌តេជ‌ព្រះ‌គុណ​ថេវ‌ភីល​អើយ ដ្បិត​ខ្ញុំ​បាន​ពិនិត្យ​ពី​រឿង​ទាំង​នោះ តាំង​តែ​ពី​ដើម​រៀង​មក ដោយ​ហ្មត់‌ចត់​ហើយ
4 ដើម្បី​ឲ្យ​លោក​បាន​ជ្រាប​ពី​សេចក្ដី​ពិត​នៃ​អស់​ទាំង​សេចក្ដី ដែល​គេ​បាន​បង្រៀន​លោក។ ទេវតា​ជូន​ដំណឹង​អំពី​កំណើត​របស់​យ៉ូហាន-បាទីស្ទ
5 កាល​នៅ​រាជ្យ​ហេរ៉ូឌ​ជា​ស្តេច​ស្រុក​យូដា នោះ​មាន​សង្ឃ​១​ក្នុង​ពួក​លោក​អ័ប៊ីយ៉ា នាម​សាការី ប្រពន្ធ​ឈ្មោះ​អេលី‌សាបិត ជា​ពូជ​លោក​អើរ៉ុន
6 អ្នក​ទាំង​២​នោះ​ជា​មនុស្ស​សុចរិត​នៅ​ចំពោះ​ព្រះ បាន​កាន់​តាម​ក្រឹត្យ‌ក្រម និង​ច្បាប់​នៃ​ព្រះ‌អម្ចាស់​ទាំង​ប៉ុន្មាន ឥត​កន្លែង​បន្ទោស​បាន​ទេ
7 លោក​គ្មាន​កូន​សោះ ដ្បិត​អេលី‌សាបិត​ជា​ស្ត្រី​អារ
8 រីឯ​តាម​ទម្លាប់​ការ‌ងារ​ពួក​សង្ឃ ដែល​គេ​ចាប់​ឆ្នោត នោះ​ត្រូវ​វេន​ឲ្យ​លោក​ចូល​ទៅ​ដុត​គ្រឿង​ក្រអូប នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌អម្ចាស់
9 កាល​កំពុង​តែ​ធ្វើ​ការ‌ងារ​នៃ​ពួក​សង្ឃ នៅ​ចំពោះ​ព្រះ តាម​វេន​លោក
10 ហើយ​បណ្តា​មនុស្ស ដែល​នៅ​ខាង​ក្រៅ​កំពុង​តែ​អធិស្ឋាន នៅ​វេលា​ដុត​គ្រឿង​ក្រអូប
11 នោះ​មាន​ទេវតា​នៃ​ព្រះ‌អម្ចាស់​លេច​មក ឈរ​ខាង​ស្តាំ​នៃ​អាសនៈ​គ្រឿង​ក្រអូប​ឲ្យ​លោក​ឃើញ
12 កាល​សាការី​ឃើញ​ទេវតា​ហើយ លោក​ក៏​ភាន់‌ភាំង ហើយ​កើត​មាន​សេចក្ដី​ភ័យ​ខ្លាច
13 ប៉ុន្តែ ទេវតា​និយាយ​ថា កុំ​ខ្លាច​អី សាការី​អើយ ព្រោះ​ពាក្យ​ដែល​លោក​ទូល​អង្វរ នោះ​បាន​ទទួល​ហើយ ឯ​អេលី‌សាបិត ប្រពន្ធ​លោក នឹង​បង្កើត​កូន​ប្រុស​១​ឲ្យ​លោក ត្រូវ​ឲ្យ​វា​មាន​ឈ្មោះ​ថា «យ៉ូហាន»
14 លោក​នឹង​មាន​សេចក្ដី​រីក‌រាយ និង​សេចក្ដី​អំណរ ហើយ​មនុស្ស​ជា​ច្រើន​នឹង​អរ​សាទរ ក្នុង​កាល​ដែល​វា​កើត​មក​នោះ
15 ដ្បិត​វា​នឹង​បាន​ជា​ធំ​នៅ​ចំពោះ​ព្រះ‌អម្ចាស់ វា​នឹង​មិន​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ ឬ​គ្រឿង​ស្រវឹង​ទេ វា​នឹង​បាន​ពេញ​ជា​ព្រះ‌វិញ្ញាណ​បរិសុទ្ធ តាំង​តែ​ពី​ផ្ទៃ​ម្តាយ​មក
16 វា​នឹង​បង្វិល​កូន​ចៅ​សាសន៍​អ៊ីស្រា‌អែល​ជា​ច្រើន ឲ្យ​ត្រឡប់​វិល​មក​ឯ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​គេ​វិញ
17 វា​នឹង​នាំ​មុខ​ទ្រង់ ដោយ​នូវ​វិញ្ញាណ ហើយ​និង​អំណាច​របស់​លោក​អេលីយ៉ា ដើម្បី​នឹង​បំបែរ​ចិត្ត​ពួក​ឪពុក​មក​ឯ​កូន និង​ពួក​ចចេស​មក​ឯ​ប្រាជ្ញា​របស់​មនុស្ស​សុចរិត​វិញ ប្រយោជន៍​នឹង​រៀប‌ចំ​មនុស្ស​១​ពួក​ទុក​ជា​ស្រេច សម្រាប់​ជា​រាស្ត្រ​របស់​ព្រះ‌អម្ចាស់
18 សាការី​សួរ​ទេវតា​ថា តើ​ខ្ញុំ​នឹង​ដឹង​សេចក្ដី​នោះ​បាន ដោយ‌សារ​អ្វី ដ្បិត​ខ្ញុំ​សោត​ក៏​ចាស់​ហើយ ប្រពន្ធ​ខ្ញុំ​ក៏​ចាស់​ណាស់​ដែរ
19 ទេវតា​ឆ្លើយ​តប​នឹង​លោក​ថា ខ្ញុំ​នេះ ឈ្មោះ​កាព្រី‌យ៉ែល ដែល​ឈរ​នៅ​ចំពោះ​ព្រះ ទ្រង់​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​និយាយ​នឹង​លោក ហើយ​ប្រកាស​ប្រាប់​ដំណឹង​ល្អ​នេះ
20 មើល លោក​នឹង​ត្រូវ​គ និយាយ​មិន​បាន ដរាប​ដល់​ថ្ងៃ​ដែល​ការ​ទាំង​នេះ​កើត​មក ពី​ព្រោះ​លោក​មិន​បាន​ជឿ​ពាក្យ​ខ្ញុំ ដែល​នឹង​សម្រេច​នៅ​វេលា​កំណត់​នោះ​ទេ។
21 ឯ​បណ្តា​មនុស្ស​គេ​នៅ​ចាំ​សាការី ក៏​នឹក​ប្លែក​ពី​លោក ដែល​នៅ​ក្នុង​ព្រះ‌វិហារ​ជា​យូរ​ម៉្លេះ
22 កាល​លោក​ចេញ​មក លោក​និយាយ​នឹង​គេ​មិន​បាន​ទេ គេ​ក៏​យល់​ឃើញ​ថា លោក​បាន​ឃើញ​ការ​ជាក់​ស្តែង​ណា​មួយ នៅ​ក្នុង​ព្រះ‌វិហារ​ជា​មិន​ខាន ដោយ​លោក​ធ្វើ​គ្រឿង​សម្គាល់​ឲ្យ​ដឹង ហើយ​ក៏​នៅ​តែ​គ
23 កាល​វេលា​ដែល​ការ‌ងារ​លោក​បាន​សម្រេច​ហើយ នោះ​លោក​ក៏​ត្រឡប់​ទៅ​ផ្ទះ​វិញ
24 គ្រា​ក្រោយ​នោះ អេលី‌សាបិត ជា​ប្រពន្ធ​លោក នាង​មាន​ផ្ទៃ​ពោះ រួច​ក៏​លាក់​ខ្លួន​នៅ​៥​ខែ ដោយ​ថា
25 ព្រះ‌អម្ចាស់​ទ្រង់​បាន​ប្រោស​ខ្ញុំ​យ៉ាង​ដូច្នេះ ក្នុង​គ្រា​ដែល​ទ្រង់​ទត​មក​ខ្ញុំ ដើម្បី​នឹង​ដោះ​សេចក្ដី​អាម៉ាស់​ខ្មាស​របស់​ខ្ញុំ នៅ​កណ្តាល​មនុស្ស​ចេញ។
26 កន្លង​៦​ខែ​ក្រោយ​នោះ​មក ព្រះ‌ទ្រង់​ចាត់​ទេវតា​កាព្រី‌យ៉ែល ឲ្យ​ទៅ​ឯ​នាង​ព្រហ្មចារី​ម្នាក់ ដែល​នៅ​ភូមិ​ណា‌សារ៉ែត ក្នុង​ស្រុក​កាលី‌ឡេ
27 ជា​ស្ត្រី​ដែល​បាន​បម្រុង​ទុក​ឲ្យ​មនុស្ស​ម្នាក់​ឈ្មោះ​យ៉ូសែប ជា​ពូជ​ហ្លួង​ដាវីឌ នាង​នោះ​ឈ្មោះ​ម៉ារា
28 ទេវតា​ក៏​ចូល​មក​ឯ​នាង​ពោល​ថា ជម្រាប​សួរ​នាង ឱ​នាង​ដែល​ប្រកប​ដោយ​ព្រះ‌គុណ​អើយ ព្រះ‌អម្ចាស់​ទ្រង់​គង់​នៅ​ជា​មួយ​នឹង​នាង ក្នុង​បណ្តា​ពួក​ស្រីៗ នាង​ជា​ស្ត្រី​មាន​ពរ​ពិត
29 នាង​មាន​សេចក្ដី​ភាំង ដោយ​ឮ​ពាក្យ​នោះ ហើយ​រិះ‌គិត​ក្នុង​ចិត្ត ពី​ពាក្យ​ជម្រាប​សួរ​យ៉ាង​នោះ​មាន​ន័យ​ដូច​ម្តេច
30 តែ​ទេវតា​និយាយ​ថា កុំ​ខ្លាច​អី ម៉ារា​អើយ ដ្បិត​ព្រះ​បាន​ប្រោស​មេត្តា​ដល់​នាង​ហើយ
31 មើល​នាង​នឹង​មាន​គភ៌​ប្រសូត​បាន​បុត្រា​១ ដែល​នាង​ត្រូវ​ថ្វាយ​ព្រះ‌នាម​ថា «យេស៊ូវ»
32 បុត្រ​នោះ​នឹង​បាន​ជា​ធំ​ឧត្តម ហើយ​គេ​នឹង​ហៅ​ទ្រង់ ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត ព្រះ‌អម្ចាស់​ដ៏​ជា​ព្រះ ទ្រង់​នឹង​ប្រទាន​រាជ្យ​នៃ​ហ្លួង​ដាវីឌ ជា​អយ្យកោ​ទ្រង់​ថ្វាយ​ទ្រង់​សោយ
33 ទ្រង់​នឹង​សោយ​រាជ្យ​លើ​ពួក​វង្ស​របស់​យ៉ាកុប នៅ​អស់​កល្ប​រៀង​ទៅ ហើយ​រាជ្យ​ទ្រង់​នឹង​មិន​ផុត​ឡើយ
34 តែ​ម៉ារា​សួរ​ទេវតា​ថា ខ្ញុំ​មិន​ស្គាល់​ប្រុស​ណា​ផង ដូច្នេះ តើ​ធ្វើ​ដូច​ម្តេច​នឹង​ឲ្យ​ការ​នេះ​សម្រេច​បាន
35 ទេវតា​ក៏​ឆ្លើយ​ថា ព្រះ‌វិញ្ញាណ​បរិសុទ្ធ​នឹង​យាង​មក​សណ្ឋិត​លើ​នាង ហើយ​ព្រះ‌ចេស្តា​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត នឹង​មក​គ្រប​បាំង​នាង​ដោយ​ស្រមោល ហេតុ​ដូច្នេះ បុត្រ​បរិសុទ្ធ​ដែល​នឹង​ប្រសូត​មក​នោះ ត្រូវ​ហៅ​ថា​ជា​ព្រះ‌រាជ​បុត្រា​នៃ​ព្រះ
36 មើល​ឥឡូវ​អេលី‌សាបិត ជា​ញាតិ​នាង ក៏​មាន​ផ្ទៃ​ពោះ​ជា​កូន​ប្រុស ក្នុង​ការ​ដែល​ចាស់​ហើយ​ដែរ គឺ​អ្នក​ដែល​គេ​បាន​ហៅ​ថា​ជា​ស្ត្រី​អារ នោះ​នាង​មាន​ផ្ទៃ​ពោះ​៦​ខែ​មក​ហើយ
37 ដ្បិត​ការ​អ្វី​ដែល​ព្រះ‌ទ្រង់​ធ្វើ​ពុំ​បាន នោះ​គ្មាន​សោះ​ឡើយ
38 នោះ​ម៉ារា​និយាយ​ថា មើល​ខ្ញុំ​នេះ​ជា​អ្នក​បម្រើ​របស់​ព្រះ‌អម្ចាស់ ដូច្នេះ សូម​ឲ្យ​បាន​សម្រេច​ដូច​ពាក្យ​លោក​ចុះ រួច​ទេវតា​ក៏​ថយ​ចេញ​ពី​នាង​បាត់​ទៅ។
39 នៅ​គ្រា​នោះ ម៉ារា​ក៏​ក្រោក​ឡើង ទៅ​ឯ​ស្រុក​ភ្នំ​ជា​ប្រញាប់ ដល់​ភូមិ​១​ក្នុង​ខេត្ត​យូដា
40 ក៏​ចូល​ទៅ​ក្នុង​ផ្ទះ​សាការី ជម្រាប​សួរ​ដល់​អេលី‌សាបិត
41 កាល​អេលី‌សាបិត​បាន​ឮ​ពាក្យ​ម៉ារា​ជម្រាប​សួរ នោះ​កូន​ក៏​បង្រះ​នៅ​ក្នុង​ផ្ទៃ រួច​គាត់​បាន​ពេញ​ជា​ព្រះ‌វិញ្ញាណ​បរិសុទ្ធ
42 ក៏​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង​ថា ក្នុង​បណ្តា​ពួក​ស្រីៗ គឺ​នាង​ហើយ ជា​ស្ត្រី​មាន​ពរ​ពិត ព្រម​ទាំង​កូន​នៅ​ក្នុង​ផ្ទៃ​នាង​ផង
43 ដូច​ម្តេច​ហ្ន៎ បាន​ជា​ដល់​ទៅ​ព្រះ‌មាតា​ព្រះ‌អម្ចាស់​នៃ​ខ្ញុំ​ក៏​មក​សួរ​ដូច្នេះ​ដែរ
44 ដ្បិត​មើល កាល​សំឡេង​នាង​ជម្រាប​សួរ​ឮ​មក​ដល់​ត្រចៀក​ខ្ញុំ នោះ​កូន​នៅ​ក្នុង​ពោះ​ខ្ញុំ​ក៏​បង្រះ​ដោយ​សេចក្ដី​អំណរ
45 នាង​មាន​ពរ​ហើយ ដោយ​នាង​បាន​ជឿ ដ្បិត​សេចក្ដី​ដែល​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​នាង នោះ​នឹង​បាន​សម្រេច​ជា​មិន​ខាន។
46 រួច​ម៉ារា​និយាយ​ឡើង​ថា ព្រលឹង​ខ្ញុំ​លើក​តម្កើង​ព្រះ‌អម្ចាស់
47 វិញ្ញាណ​ខ្ញុំ​ក៏​រីក‌រាយ​នឹង​ព្រះ​ដ៏​ជា​ព្រះ‌អង្គ​សង្គ្រោះ​នៃ​ខ្ញុំ
48 ដ្បិត​ទ្រង់​បាន​ទត​មើល​សណ្ឋាន​ទាប​ថោក​របស់​ខ្ញុំ ជា​បាវ​បម្រើ​ទ្រង់ មើល​ចុះ ពី​នេះ​ទៅ​មុខ គ្រប់​ទាំង​ដំណ​មនុស្ស​នឹង​រាប់​ខ្ញុំ​ថា ជា​អ្នក​មាន​ពរ
49 ពី​ព្រោះ​ព្រះ​ដ៏​មាន​ព្រះ‌ចេស្តា ទ្រង់​បាន​ប្រោស​សេចក្ដី​យ៉ាង​ល្អ​វិសេស​ដល់​ខ្ញុំ ព្រះ‌នាម​ទ្រង់​បរិសុទ្ធ
50 ទ្រង់​មាន​សេចក្ដី​មេត្តា‌ករុណា​ដល់​គ្រប់​ទាំង​ដំណ​មនុស្ស ដែល​គេ​កោត‌ខ្លាច​ទ្រង់​ត​រៀង​ទៅ
51 ទ្រង់​បាន​សម្ដែង​ឫទ្ធិ ដោយ​ព្រះ‌ហស្ត​ទ្រង់ ព្រម​ទាំង​កម្ចាត់‌កម្ចាយ​មនុស្ស​អំនួត ដោយ‌សារ​គំនិត​ដែល​នៅ​ក្នុង​ចិត្ត​ខ្លួន​គេ
52 ទាំង​ទម្លាក់​ស្តេច​ពី​បល្ល័ង្ក​ចេញ ហើយ​លើក​មនុស្ស​រាបសា​ឡើង​វិញ
53 ឯ​មនុស្ស​ឃ្លាន ទ្រង់​បាន​ចម្អែត​ដោយ​របស់​ល្អ តែ​ពួក​អ្នក​មាន ទ្រង់​បាន​បណ្តេញ​ឲ្យ​ទៅ​ទទេ​វិញ
54 ទ្រង់​បាន​ជួយ​អ៊ីស្រា‌អែល ជា​អ្នក​បម្រើ​ទ្រង់ ឲ្យ​បាន​នឹក​ចាំ​ពី​សេចក្ដី​មេត្តា‌ករុណា​ទ្រង់
55 ដូច​ជា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ពួក​អយ្យកោ​យើង គឺ​នឹង​លោក​អ័ប្រាហាំ ហើយ​និង​ពូជ​លោក​ជា​រៀង​រាប​ដរាប​ត​មក
56 ម៉ារា​ក៏​នៅ​ជា​មួយ​នឹង​អេលី‌សាបិត ប្រហែល​ជា​៣​ខែ ទើប​ត្រឡប់​ទៅ​ផ្ទះ​ខ្លួន​វិញ។
57 រីឯ​ពេល​ដែល​អេលី‌សាបិត ត្រូវ​សម្រាល​កូន ក៏​មក​ដល់ ហើយ​នាង​សម្រាល​បាន​កូន​ប្រុស
58 ចំណែក​ពួក​អ្នក​ជិត​ខាង និង​ញាតិ​សន្តាន​គាត់​ទាំង​ប៉ុន្មាន​ក៏​ឮ​ថា ព្រះ‌អម្ចាស់​បាន​ចម្រើន​សេចក្ដី​មេត្តា‌ករុណា​ដល់​គាត់ ហើយ​គេ​មាន​សេចក្ដី​រីក‌រាយ​អរ​សប្បាយ​ជា​មួយ​នឹង​គាត់
59 ដល់​ថ្ងៃ​ទី​៨ គេ​មក​ដើម្បី​កាត់​ស្បែក​ទារក​នោះ ក៏​ឲ្យ​ឈ្មោះ​ថា សាការី តាម​ឈ្មោះ​ឪពុក
60 តែ​ម្តាយ​ឆ្លើយ​ឡើង​ថា ទេ ត្រូវ​ឲ្យ​ឈ្មោះ យ៉ូហាន វិញ
61 គេ​ឆ្លើយ​ទៅ​គាត់​ថា ក្នុង​ពួក​ញាតិ​សន្តាន​អ្នក គ្មាន​អ្នក​ណា​ដែល​មាន​ឈ្មោះ​នោះ​ទេ
62 គេ​ក៏​ធ្វើ​គ្រឿង​សម្គាល់ សួរ​ដល់​ឪពុក តើ​លោក​ចង់​ឲ្យ​ឈ្មោះ​អ្វី​ដល់​កូន
63 លោក​សូម​ក្តារ‌ខៀន​មក​សរសេរ​ថា វា​ឈ្មោះ​យ៉ូហាន នោះ​គេ​មាន​សេចក្ដី​អស្ចារ្យ​ទាំង​អស់​គ្នា
64 ខណៈ​នោះ មាត់​លោក​បើក​ឡើង​ជា​១​រំពេច អណ្តាត​ក៏​រលាស់​បាន ហើយ​លោក​ពណ៌នា​សរសើរ​ដល់​ព្រះ
65 ឯ​មនុស្ស​ដែល​នៅ​ជុំ‌វិញ​ទាំង​ប៉ុន្មាន ក៏​កើត​មាន​សេចក្ដី​ភ័យ​ខ្លាច រួច​គេ​រៀប‌រាប់​រឿង​នេះ​ទួទៅ​ពេញ​ក្នុង​ស្រុក​ភ្នំ​របស់​ខេត្ត​យូដា
66 ហើយ​អស់​អ្នក​ដែល​ឮ ក៏​ទុក​តែ​ក្នុង​ពោះ​ដោយ​ថា ដូច្នេះ តើ​កូន​នេះ​នឹង​បាន​ជា​អ្វី ព្រះ‌ហស្ត​ព្រះ‌អម្ចាស់ ក៏​នៅ​ជា​មួយ​នឹង​វា។
67 រីឯ​សាការី ជា​ឪពុក ក៏​បាន​ពេញ​ជា​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ហើយ​ទាយ​ថា
68 សូម​ឲ្យ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល បាន​ប្រកប​ដោយ​ព្រះ‌គុណ ពី​ព្រោះ​ទ្រង់​បាន​ទត​មើល ហើយ​ប្រោស​លោះ​រាស្ត្រ​ទ្រង់
69 ព្រម​ទាំង​បង្កើត​ព្រះ​ដ៏​មាន​ឥទ្ធិ‌ឫទ្ធិ នៅ​ក្នុង​ពូជ​ហ្លួង​ដាវីឌ ជា​អ្នក​បម្រើ​ទ្រង់ សម្រាប់​នឹង​ជួយ​សង្គ្រោះ​យើង​ផង
70 ដូច​ជា​ទ្រង់​មាន​ព្រះ‌បន្ទូល ដោយ​មាត់​ពួក​ហោរា​បរិសុទ្ធ​របស់​ទ្រង់​តាំង​ពី​បុរាណ​មក
71 គឺ​ជា​សេចក្ដី​សង្គ្រោះ ឲ្យ​រួច​ពី​ខ្មាំង​សត្រូវ​យើង ហើយ​ពី​កណ្តាប់​ដៃ​នៃ​អស់​អ្នក​ណា​ដែល​ស្អប់​យើង
72 ដើម្បី​នឹង​សម្រេច​សេចក្ដី​មេត្តា‌ករុណា ដល់​ពួក​អយ្យកោ​យើង ហើយ​និង​នឹក​ចាំ​ពី​សេចក្ដី​សញ្ញា​បរិសុទ្ធ​របស់​ទ្រង់
73 គឺ​ជា​សម្បថ ដែល​ទ្រង់​បាន​ស្បថ​នឹង​លោក​អ័ប្រាហាំ ជា​អយ្យកោ​យើង​ថា
74 នឹង​បើក​ឲ្យ​យើង​បាន​សង្គ្រោះ រួច​ពី​កណ្តាប់​ដៃ​ពួក​ខ្មាំង​សត្រូវ ដើម្បី​ឲ្យ​បាន​បម្រើ​ទ្រង់ ឥត​ភ័យ​ខ្លាច
75 ដោយ​សេចក្ដី​បរិសុទ្ធ និង​សេចក្ដី​សុចរិត នៅ​ចំពោះ​ទ្រង់ អស់​១​ជីវិត​យើង
76 ឯ​ឯង​ទារក​អើយ គេ​នឹង​ហៅ​ឯង​ជា​ហោរា​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត ដ្បិត​ឯង​នឹង​ដើរ​ចំពោះ​ព្រះ‌អម្ចាស់ ដើម្បី​នឹង​រៀប‌ចំ​ផ្លូវ​ថ្វាយ​ទ្រង់
77 ប្រយោជន៍​ឲ្យ​រាស្ត្រ​ទ្រង់​បាន​ស្គាល់​សេចក្ដី​សង្គ្រោះ ជា​ការ​ប្រោស​ឲ្យ​គេ​រួច​ពី​បាប
78 ដោយ​ព្រោះ​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះ​នៃ​យើង ដែល​បណ្តាល​ឲ្យ​បច្ចូស‌កាល ភ្លឺ​មក​ដល់​យើង​ពី​ស្ថាន​ដ៏​ខ្ពស់
79 ដើម្បី​នឹង​បំភ្លឺ​ដល់​ពួក​អ្នក​ដែល​អង្គុយ​ក្នុង​សេចក្ដី​ងងឹត ហើយ​ក្នុង​ម្លប់​នៃ​សេចក្ដី​ស្លាប់ ប្រយោជន៍​ឲ្យ​បាន​តម្រង់​ជើង​យើង តាម​ផ្លូវ​សុខ​សាន្ត​វិញ។
80 រីឯ​ទារក​នោះ ក៏​កាន់​តែ​ធំ​ឡើង បាន​ចម្រើន​កម្លាំង​ខាង​វិញ្ញាណ​ជា​ខ្លាំង​ឡើង ហើយ​នៅ​តែ​ក្នុង​ទី​រហោ‌ស្ថាន ដរាប​ដល់​ថ្ងៃ ដែល​បង្ហាញ​ខ្លួន ឲ្យ​សាសន៍​អ៊ីស្រា‌អែល​បាន​ឃើញ។


ជំពូក 2

1 នៅ​គ្រា​នោះ សេសារ-អូគូស្ទ បាន​ចេញ​ព្រះ‌រាជ‌ឱង្ការ​១​ច្បាប់ ឲ្យ​មនុស្ស​ទាំង​អស់​ដែល​នៅ​ផែនដី បាន​ចុះ​បញ្ចី
2 បញ្ជី​មុន​ដំបូង​នោះ បាន​ធ្វើ​នៅ​វេលា​ដែល​លោក​គីរេនាស ធ្វើ​ជា​ចៅ‌ហ្វាយ​នៅ​ស្រុក​ស៊ីរី
3 មនុស្ស​ទាំង​អស់​ក៏​ទៅ​ឯ​ស្រុក​កំណើត​រៀង​ខ្លួន ដើម្បី​ចុះ​បញ្ជី
4 ឯ​យ៉ូសែប គាត់​ក៏​ចេញ​ពី​ណា‌សារ៉ែត ស្រុក​កាលី‌ឡេ ឡើង​ទៅ​ឯ​ស្រុក​យូដា ដល់​ក្រុង​របស់​ហ្លួង​ដាវីឌ​ដែល​ឈ្មោះ​ថា បេថ្លេ‌ហិម ពី​ព្រោះ​គាត់​ជា​ព្រះ‌វង្ស ហើយ​ជា​ព្រះ‌ញាតិ​នឹង​ហ្លួង​ដាវីឌ​ដែរ
5 ដើម្បី​នឹង​ចុះ​បញ្ជី​ជា​មួយ​នឹង​ម៉ារា ដែល​បាន​បម្រុង​ទុក​ឲ្យ​ធ្វើ​ជា​ប្រពន្ធ​គាត់ ដែល​នាង​មាន​គភ៌​នោះ
6 កាល​កំពុង​តែ​នៅ​ទី​នោះ វេលា​ដែល​នាង​ត្រូវ​ប្រសូត​ក៏​មក​ដល់
7 ហើយ​នាង​ប្រសូត​បាន​បុត្រា​ជា​ចំបង​មក រួច​រុំ​នឹង​សំពត់​ផ្តេក​ក្នុង​ស្នូក ពី​ព្រោះ​ក្នុង​ផ្ទះ​សំណាក់​គ្មាន​កន្លែង​ណា​នៅ​ទេ។
8 រីឯ​នៅ​ស្រុក​នោះ​ឯង មាន​ពួក​អ្នក​គង្វាល ដែល​ចាំ​យាម រក្សា​ហ្វូង​ចៀម​របស់​ខ្លួន នៅ​ឯ​វាល ក្នុង​វេលា​យប់
9 នោះ​មើល មាន​ទេវតា​នៃ​ព្រះ‌អម្ចាស់​មក​ឈរ​ជិត​គេ ឯ​សិរី‌ល្អ​របស់​ទ្រង់​ក៏​ភ្លឺ​ឆ្វាត់​ជុំ‌វិញ ហើយ​គេ​មាន​សេចក្ដី​ភ័យ​ខ្លាច​ជា​ខ្លាំង
10 តែ​ទេវតា​ប្រាប់​ថា កុំ​ខ្លាច​អី មើល ខ្ញុំ​មក​ប្រាប់​ដំណឹង​ល្អ​ដល់​អ្នក​រាល់​គ្នា ពី​សេចក្ដី​អំណរ​យ៉ាង​អស្ចារ្យ ដែល​សម្រាប់​បណ្តា‌ជន​ទាំង​អស់​គ្នា
11 ដ្បិត​នៅ​ថ្ងៃ​នេះ មាន​ព្រះ‌អង្គ​សង្គ្រោះ​១​អង្គ ប្រសូត​ដល់​អ្នក​រាល់​គ្នា​នៅ​ក្រុង​ហ្លួង​ដាវីឌ គឺ​ជា​ព្រះ‌គ្រីស្ទ​ដ៏​ជា​ព្រះ‌អម្ចាស់
12 ហើយ​នេះ​ជា​ទី​សម្គាល់​ដល់​អ្នក​រាល់​គ្នា គឺ​អ្នក​រាល់​គ្នា​នឹង​ឃើញ​ព្រះ‌ឱរស​១​រុំ​នឹង​សំពត់​ផ្តេក​នៅ​ក្នុង​ស្នូក
13 នោះ​ស្រាប់​តែ​មាន​ពួក​ពល​បរិវារ​កក‌កុញ​ពី​ស្ថាន‌សួគ៌ មក​នៅ​ជា​មួយ​នឹង​ទេវតា​នោះ ក៏​ពោល​សរសើរ​ដល់​ព្រះ​ថា
14 សួស្តី​ដល់​ព្រះ​នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត ហើយ​សេចក្ដី​សុខ‌សាន្ត​នៅ​ផែនដី នៅ​កណ្តាល​មនុស្ស ដែល​ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ដល់​ទ្រង់
15 កាល​ពួក​ទេវតា​បាន​ឃ្លាត​ចេញ ហោះ​ទៅ​ស្ថាន‌សួគ៌​វិញ​ហើយ នោះ​ពួក​អ្នក​គង្វាល​និយាយ​គ្នា​ថា ចូរ​យើង​ទៅ​ឯ​បេថ្លេ‌ហិម មើល​ការ​ដែល​បាន​កើត​មក​នោះ ដែល​ព្រះ‌អម្ចាស់​បាន​ប្រាប់​ឲ្យ​យើង​ដឹង
16 គេ​ក៏​ទៅ​ជា​ប្រញាប់ ឃើញ​ម៉ារា និង​យ៉ូសែប​នៅ​ទី​នោះ ព្រម​ទាំង​ព្រះ‌ឱរស​ផ្តេក​នៅ​ក្នុង​ស្នូក​ផង
17 កាល​បាន​ឃើញ​ហើយ នោះ​គេ​ក៏​រៀប‌រាប់​រឿង ពី​សេចក្ដី​ដែល​ទេវតា​បាន​ប្រាប់​ពី​ព្រះ‌ឱរស
18 ហើយ​អស់​អ្នក​ណា​ដែល​ឮ ក៏​មាន​សេចក្ដី​អស្ចារ្យ ពី​ពាក្យ​ដែល​ពួក​អ្នក​គង្វាល​បាន​ប្រាប់​មក
19 តែ​ម៉ារា នាង​រក្សា​ទុក​រឿង​ទាំង​នោះ ដោយ​រំពឹង​គិត​តែ​ក្នុង​ចិត្ត
20 ឯ​ពួក​អ្នក​គង្វាល ក៏​វិល​ត្រឡប់​ទៅ​វិញ ទាំង​សរសើរ‌តម្កើង​ដល់​ព្រះ ដោយ​ព្រោះ​គ្រប់​ទាំង​ការ ដែល​គេ​បាន​ឮ ហើយ​ឃើញ​នោះ ដូច​ជា​ទេវតា​បាន​ប្រាប់​មក។
21 លុះ​ដល់​គម្រប់​៨​ថ្ងៃ កាល​ត្រូវ​កាត់​ស្បែក​ព្រះ‌ឱរស នោះ​គេ​ថ្វាយ​ព្រះ‌នាម​ថា «យេស៊ូវ» ជា​នាម​ដែល​ទេវតា​បាន​ប្រាប់ មុន​ដែល​ទ្រង់​មក​ចាប់​ទំ​ផ្ទៃ។
22 លុះ​ដល់​កំណត់ កាល​ត្រូវ​ញែក​ចេញ​ជា​បរិសុទ្ធ តាម​ក្រឹត្យ‌វិន័យ​របស់​លោក​ម៉ូសេ នោះ​ក៏​នាំ​យក​ព្រះ‌ឱរស​ទៅ​ឯ​ក្រុង​យេរូ‌សាឡឹម ដើម្បី​ថ្វាយ​ដល់​ព្រះ‌អម្ចាស់
23 ដូច​ជា​មាន​កត់​ទុក​មក​ក្នុង​ក្រឹត្យ‌វិន័យ​ព្រះ‌អម្ចាស់​ថា «គ្រប់​ទាំង​កូន​ប្រុសៗ ដែល​កើត​ពី​ផ្ទៃ​ម្តាយ​មក​មុន​បង្អស់ នោះ​ត្រូវ​រាប់​ជា​បរិសុទ្ធ​ថ្វាយ​ព្រះ‌អម្ចាស់»
24 ហើយ​និង​ថ្វាយ​យញ្ញ‌បូជា តាម​សេចក្ដី​ដែល​បាន​កត់​ទុក​ក្នុង​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អម្ចាស់ គឺ​ថា «លលក​១​គូ ឬ​ព្រាប​ជំទើរ​២» ។
25 នោះ​មើល នៅ​ក្រុង​យេរូ‌សាឡឹម មាន​មនុស្ស​ម្នាក់​ឈ្មោះ​ស៊ីម្មាន ជា​អ្នក​សុចរិត ដែល​កោត‌ខ្លាច​ដល់​ព្រះ គាត់​រង់‌ចាំ​សេចក្ដី​ដោះ​ទុក្ខ របស់​សាសន៍​អ៊ីស្រា‌អែល ហើយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ក៏​សណ្ឋិត​លើ​គាត់
26 ព្រះ‌វិញ្ញាណ​បរិសុទ្ធ​បាន​សម្ដែង​ឲ្យ​គាត់​ដឹង​ថា គាត់​មិន​ស្លាប់​ឡើយ​ទាល់​តែ​បាន​ឃើញ​ព្រះ‌គ្រីស្ទ​នៃ​ព្រះ‌អម្ចាស់
27 គាត់​ចូល​មក​ក្នុង​ព្រះ‌វិហារ​ដោយ​នូវ​ព្រះ‌វិញ្ញាណ រួច​កាល​មាតា‌បិតា​នាំ​យក​ព្រះ‌យេស៊ូវ ជា​ឱរស​ចូល​មក ដើម្បី​ធ្វើ​តាម​ទម្លាប់​ក្រឹត្យ‌វិន័យ​ដល់​ទ្រង់
28 នោះ​គាត់​ក៏​ទទួល​មក​បី ហើយ​សរសើរ​ដល់​ព្រះ ដោយ​ពាក្យ​ថា
29 ឥឡូវ​នេះ ឱ​ព្រះ​ដ៏​ជា​ម្ចាស់​អើយ សូម​បើក​ឲ្យ​បាវ​បម្រើ​ទ្រង់​ទៅ​ដោយ​សុខ‌សាន្ត តាម​ព្រះ‌បន្ទូល​ទ្រង់​ចុះ
30 ដ្បិត​ភ្នែក​ទូល‌បង្គំ​បាន​ឃើញ​សេចក្ដី​សង្គ្រោះ​របស់​ផង​ទ្រង់
31 ដែល​ទ្រង់​បាន​រៀប‌ចំ​នៅ​មុខ​បណ្តា‌ជន​ទាំង‌ឡាយ
32 ជា​ពន្លឺ​សម្រាប់​បំភ្លឺ​ដល់​សាសន៍​ដទៃ ហើយ​ជា​សិរី‌ល្អ​របស់​អ៊ីស្រា‌អែល ជា​រាស្ត្រ​ទ្រង់
33 ឯ​យ៉ូសែប និង​មាតា​ទ្រង់ ក៏​អស្ចារ្យ​ពី​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​គេ​ថ្លែង​ពី​ទ្រង់។
34 ស៊ីម្មាន​ក៏​ឲ្យ​ពរ ហើយ​និយាយ​ទៅ​ម៉ារា ជា​មាតា​ទ្រង់​ថា មើល បុត្រ​នេះ​បាន​តាំង​ឡើង សម្រាប់​ធ្វើ​ឲ្យ​ពួក​សាសន៍​អ៊ីស្រា‌អែល​ជា​ច្រើន​ដួល ហើយ​ងើប​ឡើង​វិញ ក៏​សម្រាប់​ជា​ទី​សម្គាល់ ដែល​គេ​នឹង​ស្រដី​ទទឹង​ផង
35 ឯ​នាង​វិញ នឹង​មាន​ដាវ​ចាក់​ទម្លុះ​ព្រលឹង នាង​ដែរ ដើម្បី​ឲ្យ​គំនិត​ក្នុង​ចិត្ត​របស់​មនុស្ស​ជា​ច្រើន​បាន​សម្ដែង​ចេញ​មក។
36 ហើយ​មាន​ហោរា​ស្រី​ម្នាក់​ឈ្មោះ អាណ ជា​កូន​ផាញូ‌អែល ក្នុង​ពូជ​អំបូរ​អេស៊ើរ គាត់​មាន​ប្ដី​៧​ឆ្នាំ តាំង​តែ​ពី​ក្រមុំ​មក ឥឡូវ​នេះ​គាត់​ចាស់​ណាស់​ហើយ
37 នៅ​ជា​មេម៉ាយ​ប្រហែល​ជា​៨៤​ឆ្នាំ ក៏​នៅ​តែ​ក្នុង​ព្រះ‌វិហារ មិន​ដែល​ចេញ​ឡើយ គាត់​គោរព​ទាំង​យប់​ទាំង​ថ្ងៃ ដោយ​ការ​តម ហើយ​អធិស្ឋាន
38 គាត់​បាន​ឡើង​មក​នៅ​វេលា​នោះ​ឯង ក៏​អរ​ព្រះ‌គុណ​ដល់​ព្រះ ព្រម​ទាំង​ប្រកាស​ប្រាប់​ពី​ព្រះ‌ឱរស ដល់​អស់​អ្នក​ដែល​នៅ​រង់‌ចាំ​សេចក្ដី​ប្រោស​លោះ​នៅ​ក្រុង​យេរូ‌សាឡឹម។
39 កាល​បាន​ធ្វើ​សម្រេច​គ្រប់​ទាំង​អស់ តាម​ក្រឹត្យ‌វិន័យ​ព្រះ‌អម្ចាស់​ហើយ នោះ​ក៏​នាំ​គ្នា​ត្រឡប់​ទៅ​ស្រុក​វិញ គឺ​ទៅ​ឯ​ភូមិ​ណា‌សារ៉ែត ក្នុង​ស្រុក​កាលី‌ឡេ
40 ឯ​ព្រះ‌ឱរស ក៏​កាន់​តែ​មាន​វ័យ​ចម្រើន​ធំ​ឡើង មាន​កម្លាំង​ខាង​វិញ្ញាណ​រឹត​តែ​ច្រើន​ឡើង ប្រកប​ដោយ​ប្រាជ្ញា​ដ៏​ពោរ‌ពេញ ហើយ​ព្រះ‌គុណ​នៃ​ព្រះ​ក៏​សណ្ឋិត​លើ​ទ្រង់​ផង។
41 រីឯ​មាតា‌បិតា​ទ្រង់ តែង​តែ​ទៅ​ឯ​ក្រុង​យេរូ‌សាឡឹម នៅ​វេលា​បុណ្យ​រំលង រាល់​តែ​ឆ្នាំ
42 លុះ​ទ្រង់​មាន​ព្រះ‌ជន្ម​បាន​១២​ឆ្នាំ នោះ​ក៏​នាំ​គ្នា​ឡើង​ទៅ តាម​ទម្លាប់​បុណ្យ
43 តែ​ដល់​ថ្ងៃ​រួច​បុណ្យ ក្នុង​កាល​ដែល​គេ​កំពុង​តែ​ត្រឡប់​ទៅ​វិញ នោះ​ព្រះ‌កុមារ​យេស៊ូវ ទ្រង់​បាន​គង់​នៅ​ក្រុង​យេរូ‌សាឡឹម​នៅ​ឡើយ ចំណែក​យ៉ូសែប និង​មាតា​ទ្រង់ ឥត​បាន​ដឹង​ទេ
44 ស្មាន​ថា ទ្រង់​គង់​នៅ​ក្នុង​ពួក​គេ ក៏​ដើរ​ទៅ​បាន​១​ថ្ងៃ ទើប​ចាប់‌ភ្លឹក​សួរ​រក​ទ្រង់ ក្នុង​ពួក​ញាតិ​សន្តាន និង​ពួក​អ្នក​ដែល​ស្គាល់​គ្នា
45 កាល​មិន​ឃើញ នោះ​ក៏​ត្រឡប់​ទៅ​រក​ទ្រង់​ឯ​ក្រុង​យេរូ‌សាឡឹម​វិញ
46 លុះ​កន្លង​ក្រោយ​មក​៣​ថ្ងៃ នោះ​ទើប​ឃើញ​ទ្រង់​គង់​នៅ​កណ្តាល​ពួក​អាចារ្យ​ក្នុង​ព្រះ‌វិហារ កំពុង​តែ​ស្តាប់ ហើយ​និង​សួរ​គេ
47 ពួក​អស់​អ្នក​ដែល​ឮ​ទ្រង់​ក៏​អស្ចារ្យ​ក្នុង​ចិត្ត​ពី​ប្រាជ្ញា ហើយ​និង​ពាក្យ​ចម្លើយ​របស់​ទ្រង់
48 លុះ​មាតា‌បិតា​បាន​ឃើញ​ទ្រង់ នោះ​ក៏​នឹក​ប្លែក​ក្នុង​ចិត្ត ហើយ​មាតា​សួរ​ថា កូន​អើយ ហេតុ​អ្វី​បាន​ជា​អ្នក​ប្រព្រឹត្ត​នឹង​យើង​ដូច្នេះ មើល ឪពុក​អ្នក និង​ម្តាយ បាន​ខំ​ដើរ​រក​អ្នក​ទាំង​ថប់​ព្រួយ
49 ទ្រង់​មាន​ព្រះ‌បន្ទូល​តប​ថា អ្នក​ម្តាយ​រក​ខ្ញុំ​ធ្វើ​អី តើ​មិន​ជ្រាប​ថា គួរ​ឲ្យ​ខ្ញុំ​នៅ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌វរ‌បិតា​នៃ​ខ្ញុំ​ទេ​ឬ​អី
50 តែ​គាត់​មិន​យល់​ពាក្យ​ដែល​ទ្រង់​មាន​ព្រះ‌បន្ទូល​នោះ​ទេ
51 ទ្រង់​ក៏​ចុះ​ទៅ​ឯ​ភូមិ​ណាសា‌រ៉ែត ជា​មួយ​នឹង​គាត់​វិញ ហើយ​បាន​នៅ​ក្នុង​ឱវាទ​របស់​គាត់ ឯ​មាតា​ទ្រង់ បាន​កំណត់​រឿង​ទាំង​នោះ​ទុក​នៅ​តែ​ក្នុង​ចិត្ត
52 ព្រះ‌យេស៊ូវ​ក៏​កាន់​តែ​ធំ ប្រកប​ដោយ​ប្រាជ្ញា​រឹត​តែ​ច្រើន​ឡើង ហើយ​ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ដល់​ព្រះ និង​ចិត្ត​មនុស្ស​ផង។


ជំពូក 3

1 នៅ​ឆ្នាំ​ទី​១៥ ក្នុង​រាជ្យ​សេសារ-ទីប៊ើរ កាល​លោក​ប៉ុនទាស-ពីឡាត់ ធ្វើ​ជា​ចៅ‌ហ្វាយ​នៅ​ស្រុក​យូដា ហេរ៉ូឌ ជា​ស្តេច​អនុ‌រាជ​នៅ​ស្រុក​កាលី‌ឡេ ភីលីព អនុជ​ទ្រង់ ជា​ស្តេច​អនុ‌រាជ​នៅ​ស្រុក​អ៊ីទូរេ និង​នៅ​ក្រវល់​ស្រុក​ត្រាខូ‌នីត លីសា‌នាស ជា​ស្តេច​អនុ‌រាជ​នៅ​ស្រុក​អាប៊ីលេន
2 ហើយ​ក្នុង​កាល​ដែល​លោក​អាណ និង​លោក​កៃផា​ធ្វើ​ជា​សម្ដេច​សង្ឃ នោះ​ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​មក​យ៉ូហាន ជា​កូន​សាការី នៅ​ទី​រហោ‌ស្ថាន
3 គាត់​ក៏​ទៅ​ពេញ​ក្នុង​ស្រុក​ជុំ‌វិញ​ទន្លេ​យ័រដាន់​ទាំង​អស់ ព្រម​ទាំង​ប្រកាស​ប្រាប់​ពី​បុណ្យ​ជ្រមុជ‌ទឹក ខាង​ឯ​ការ​ប្រែ​ចិត្ត ប្រយោជន៍​ឲ្យ​បាន​រួច​ពី​បាប
4 ដូច​ជា​មាន​សេចក្ដី​ចែង​ទុក​មក​ក្នុង​គម្ពីរ ដែល​កត់​ពាក្យ​ទំនាយ​របស់​ហោរា​អេសាយ ថា «ជា​សំឡេង​មនុស្ស​ម្នាក់ ដែល​កំពុង​តែ​ស្រែក​នៅ​ទី​រហោ‌ស្ថាន​ថា ចូរ​រៀប‌ចំ​ផ្លូវ​ទទួល​ព្រះ‌អម្ចាស់ ចូរ​តម្រង់​ផ្លូវ​តូច​ថ្វាយ​ទ្រង់​ចុះ
5 គ្រប់​ទាំង​ច្រក​ភ្នំ​នឹង​បាន​លុប​ឲ្យ​ពេញ គ្រប់​ទាំង​ភ្នំ​ធំ​តូច​នឹង​ត្រូវ​បន្ទាប​ទៅ ផ្លូវ​ក្ងិច‌ក្ងក់​នឹង​ទៅ​ជា​ត្រង់ ហើយ​ផ្លូវ​រដិប‌រដុប​នឹង​បាន​រាប​ស្មើ​ទៅ​វិញ
6 នៅ​គ្រប់​ទាំង​មនុស្ស​នឹង​ឃើញ​សេចក្ដី​សង្គ្រោះ​របស់​ព្រះ»។
7 គាត់​ក៏​ពោល​ដល់​មនុស្ស​ទាំង​ហ្វូង ដែល​មក​ទទួល​បុណ្យ​ជ្រមុជ​ពី​គាត់​ថា ឱ​ពូជ​ពស់‌វែក​អើយ តើ​អ្នក​ណា​បាន​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​រត់​ពី​សេចក្ដី​ក្រោធ ដែល​ត្រូវ​មក​ដូច្នេះ
8 បើ​ដូច្នេះ ចូរ​បង្កើត​ផល​ដែល​សំណំ​នឹង​ការ​ប្រែ​ចិត្ត​ចុះ កុំ​ឲ្យ​ចាប់​តាំង​នឹក​ក្នុង​ចិត្ត​ថា មាន​លោក​អ័ប្រាហាំ​ជា​អយ្យកោ​ខ្លួន​នោះ​ឡើយ ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ព្រះ‌ទ្រង់​អាច​នឹង​បង្កើត​កូន​ឲ្យ​លោក​អ័ប្រាហាំ ពី​ថ្ម​ទាំង​នេះ​ក៏​បាន​ដែរ
9 ប៉ុន្តែ ពូថៅ​បាន​ដាក់​នៅ​ឫស​ដើម​ឈើ​ហើយ ដូច្នេះ អស់​ទាំង​ដើម​ណា​ដែល​មាន​ផ្លែ​មិន​ល្អ នោះ​ត្រូវ​កាប់​បោះ​ចោល​ទៅ​ក្នុង​ភ្លើង​ចេញ
10 បណ្តា​មនុស្ស​ក៏​សួរ​គាត់​ថា តើ​ត្រូវ​ឲ្យ​យើង​ខ្ញុំ​ធ្វើ​ដូច​ម្តេច​វិញ
11 គាត់​ឆ្លើយ​ថា អ្នក​ណា​ដែល​មាន​អាវ​២ ត្រូវ​ឲ្យ​អ្នក​នោះ​ចែក​ដល់​អ្នក​ដែល​គ្មាន​ផង ហើយ​អ្នក​ណា​ដែល​មាន​ស្បៀង​អាហារ ក៏​ត្រូវ​ធ្វើ​ដូច្នោះ​ដែរ
12 មាន​ពួក​អ្នក​យក​ពន្ធ​មក ដើម្បី​ទទួល​បុណ្យ​ជ្រមុជ‌ទឹក​ដែរ គេ​ក៏​សួរ​គាត់​ថា លោក​គ្រូ តើ​ត្រូវ​ឲ្យ​យើង​ខ្ញុំ​ធ្វើ​ដូច​ម្តេច
13 គាត់​ឆ្លើយ​ថា កុំ​ឲ្យ​ទារ​ពន្ធ​ហួស​កម្រិត​ដែល​បាន​កំណត់​មក​ឡើយ
14 ក៏​មាន​ពួក​ទាហាន​សួរ​គាត់​ដែរ​ថា ឯ​យើង​ខ្ញុំ តើ​ត្រូវ​ធ្វើ​ដូច​ម្តេច គាត់​ឆ្លើយ​ថា កុំ​ឲ្យ​សង្កត់‌សង្កិន ឬ​ចោទ​បង្កាច់​អ្នក​ឯ​ណា​ឡើយ ចូរ​ស្កប់​ចិត្ត​តែ​នឹង​ប្រាក់​ខែ​របស់​អ្នក​រាល់​គ្នា​ប៉ុណ្ណោះ។
15 កាល​បណ្តា​មនុស្ស​នៅ​តែ​ចាំ​មើល ដោយ​រិះ‌គិត​ក្នុង​ចិត្ត​ពី​ដំណើរ​យ៉ូហាន ដែល​គាត់​ជា​ព្រះ‌គ្រីស្ទ​ឬ​មិន​មែន
16 នោះ​យ៉ូហាន​ប្រាប់​គេ​គ្រប់​គ្នា​ថា ឯ​ខ្ញុំៗ ធ្វើ​បុណ្យ​ជ្រមុជ​ឲ្យ​អ្នក​រាល់​គ្នា​ដោយ​ទឹក​ក៏​ពិត ប៉ុន្តែ មាន​ព្រះ​១​អង្គ​មក ដែល​មាន​អំណាច​លើស​ជាង​ខ្ញុំ​ទៅ​ទៀត ខ្ញុំ​មិន​គួរ​នឹង​ស្រាយ​ខ្សែ​សុព័ណ៌‌បាទ​ទ្រង់​ផង ព្រះ‌អង្គ​នោះ​នឹង​ធ្វើ​បុណ្យ​ជ្រមុជ​ឲ្យ​អ្នក​រាល់​គ្នា ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ហើយ​និង​ភ្លើង​វិញ
17 ទ្រង់​កាន់​ចង្អេរ​នៅ​ព្រះ‌ហស្ត ទ្រង់​នឹង​បោស​រំលីង​ទី​លាន​ទ្រង់ ហើយ​និង​ប្រមូល​ស្រូវ​មក​ដាក់​ក្នុង​ជង្រុក​ទ្រង់ តែ​អង្កាម ទ្រង់​នឹង​ដុត​ក្នុង​ភ្លើង​ដែល​ពន្លត់​មិន​បាន
18 នោះ​គាត់​ក៏​ប្រាប់​ដំណឹង​ល្អ​ដល់​បណ្តា​មនុស្ស ព្រម​ទាំង​ទូន្មាន​សេចក្ដី​ជា​ច្រើន​ទៀត​ដែរ
19 ប៉ុន្តែ កាល​គាត់​បាន​បន្ទោស​ហេរ៉ូឌ ជា​ស្តេច​អនុ‌រាជ ពី​រឿង​ហេរ៉ូ‌ឌាស ជា​ភរិយា​របស់​អនុជ​ទ្រង់ ហើយ​ពី​គ្រប់​ទាំង​ការ​អាក្រក់ ដែល​ទ្រង់​បាន​ធ្វើ
20 នោះ​ទ្រង់​បាន​បន្ថែម​ការ​នេះ​ទៀត គឺ​បាន​ចាប់​គាត់​ដាក់​គុក។
21 លុះ​កាល​បណ្តា‌ជន​ទាំង​ប៉ុន្មាន បាន​ទទួល​បុណ្យ​ជ្រមុជ​ហើយ នោះ​ព្រះ‌យេស៊ូវ​ក៏​ទទួល​ដែរ រួច​កំពុង​ដែល​ទ្រង់​អធិស្ឋាន នោះ​ស្រាប់​តែ​មេឃ​របើក​ឡើង
22 ហើយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ក៏​យាង​ចុះ​មក​សណ្ឋិត​លើ​ទ្រង់ មាន​រូប​រាង​ដូច​ជា​សត្វ​ព្រាប ក៏​ឮ​សំឡេង​ចេញ​ពី​មេឃ​ថា ឯង​ជា​កូន​ស្ងួន‌ភ្ងា​អញ ជា​ទី​ពេញ​ចិត្ត​អញ​ណាស់ ។
23 ឯ​ព្រះ‌យេស៊ូវ កាល​ទ្រង់​ចាប់​តាំង​ប្រារព្ធ​ការ នោះ​ទ្រង់​មាន​ព្រះ‌ជន្ម​ប្រហែល​ជា​៣០​ឆ្នាំ ហើយ​តាម​ដែល​គេ​គិត​ស្មាន នោះ​ថា​ទ្រង់​ជា​កូន​យ៉ូសែប ដែល​ជា​កូន​ហេលី
24 ហេលី​ជា​កូន​ម៉ាត់ថាត់ៗ ជា​កូន​លេវីៗ ជា​កូន​ម៉ិលគីៗ ជា​កូន​យ៉ាណាយៗ ជា​កូន​យ៉ូសែប
25 យ៉ូសែប​ជា​កូន​របស់​ម៉ាតា‌ធាសៗ ជា​កូន​ហាម៉ូសៗ ជា​កូន​ណាអ៊ូមៗ ជា​កូន​អែសលីៗ ជា​កូន​ណាកៃ
26 ណាកៃ​ជា​កូន​ម៉ាអាតៗ ជា​កូន​ម៉ាតា‌ធាសៗ ជា​កូន​សេម៉ីៗ ជា​កូន​យ៉ូសែបៗ ជា​កូន​យូដា
27 យូដា​ជា​កូន​យ៉ូអា‌ណាន់ៗ ជា​កូន​រេសាៗ ជា​កូន​សូរ៉ូ‌បា‌បិលៗ ជា​កូន​សាល‌ធាលៗ ជា​កូន​នេរី
28 នេរី​ជា​កូន​ម៉ិលគីៗ ជា​កូន​អ័តឌីៗ ជា​កូន​កូសាមៗ ជា​កូន​អែល‌ម៉ូដាម អែល‌ម៉ូដាម ជា​កូន​អ៊ើរ
29 អ៊ើរ​ជា​កូន​យ៉ូសេៗ ជា​កូន​អេលា‌ស៊ើរៗ ជា​កូន​យ៉ូរិមៗ ជា​កូន​ម៉ាត់ថាត់ៗ ជា​កូន​លេវី
30 លេវី​ជា​កូន​ស៊ីម្មានៗ ជា​កូន​យូដាៗ ជា​កូន​យ៉ូសែបៗ ជា​កូន​យ៉ូណានៗ ជា​កូន​អេលា‌គីម
31 អេលា‌គីម​ជា​កូន​មេលាសៗ ជា​កូន​ម៉ៃណានៗ ជា​កូន​ម៉ាតាថាៗ ជា​កូន​របស់​ណាថាន់ៗ ជា​កូន​ដាវីឌ
32 ដាវីឌ​ជា​កូន​អ៊ីសាយៗ ជា​កូន​អូបិឌៗ ជា​កូន​បូអូសៗ ជា​កូន​សាល‌ម៉ូនៗ ជា​កូន​របស់​ណាសូន
33 ណាសូន​ជា​កូន​អេមី‌ន៉ាដាប់ៗ ជា​កូន​អើរ៉ាម អើរ៉ាម​ជា​កូន​អែសរ៉ូមៗ ជា​កូន​ពេរេសៗ ជា​កូន​របស់​យូដា
34 យូដា​ជា​កូន​យ៉ាកុបៗ ជា​កូន​អ៊ីសាកៗ ជា​កូន​អ័ប្រាហាំ អ័ប្រាហាំ​ជា​កូន​ថេរ៉ាៗ ជា​កូន​ណាឃរ
35 ណាឃរ​ជា​កូន​សេរូកៗ ជា​កូន​រេហ៊ូវៗ ជា​កូន​ផាលេកៗ ជា​កូន​ហេប៊ើរៗ ជា​កូន​សេឡា
36 សេឡា​ជា​កូន​កៃណានៗ ជា​កូន​របស់​អើប៉ាក់‌សាឌៗ ជា​កូន​សិមៗ ជា​កូន​ណូអេៗ ជា​កូន​ឡាមេក
37 ឡាមេក​ជា​កូន​មធូសាឡាៗ ជា​កូន​ហេណុកៗ ជា​កូន​យ៉ារេឌៗ ជា​កូន​ម៉ាលេ‌លាលៗ ជា​កូន​របស់​កៃណាន
38 កៃណាន​ជា​កូន​អេណុសៗ ជា​កូន​សេតៗ ជា​កូន​អ័ដាមៗ ជា​កូន​ព្រះ។


ជំពូក 4

1 រីឯ​ព្រះ‌យេស៊ូវ​ទ្រង់​បាន​ពេញ​ជា​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ក៏​វិល​ពី​ទន្លេ​យ័រដាន់​មក​វិញ នោះ​ព្រះ‌វិញ្ញាណ​នាំ​ទៅ​នៅ​ទី​រហោ‌ស្ថាន
2 ទ្រង់​ត្រូវ​អារក្ស​ល្បួង​ក្នុង​រវាង​៤០​ថ្ងៃ មិន​បាន​សោយ​អ្វី​សោះ​នៅ​វេលា​នោះ លុះ​ផុត​ថ្ងៃ​ទាំង​នោះ​មក ទ្រង់​ក៏​ឃ្លាន
3 ហើយ​អារក្ស​ទូល​ទ្រង់​ថា បើ​អ្នក​ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ​មែន ចូរ​បង្គាប់​ឲ្យ​ថ្ម​នេះ​ត្រឡប់​ជា​នំបុ័ង​ទៅ
4 តែ​ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​តប​ថា មាន​សេចក្ដី​ចែង​ទុក​មក​ថា «មនុស្ស​មិន​មែន​រស់​ដោយ‌សារ​តែ​នំបុ័ង ប៉ុណ្ណោះ​ទេ គឺ​រស់​ដោយ‌សារ​គ្រប់​ទាំង​ព្រះ‌បន្ទូល​នៃ​ព្រះ​វិញ»។
5 អារក្ស​ក៏​នាំ​ទ្រង់​ទៅ​លើ​កំពូល​ភ្នំ​យ៉ាង​ខ្ពស់ បង្ហាញ​នគរ​នៅ​លោកីយ៍​ទាំង​អស់​ក្នុង​១​ភ្លែត​នោះ
6 ហើយ​ទូល​ថា ខ្ញុំ​នឹង​ឲ្យ​អំណាច និង​សិរី​លំអ​នៃ​នគរ​ទាំង​នេះ​ដល់​អ្នក ដ្បិត​បាន​ប្រគល់​មក​ខ្ញុំ​ហើយ ខ្ញុំ​នឹង​ឲ្យ​ដល់​អ្នក​ណា​ស្រេច​នឹង​ចិត្ត​ខ្ញុំ
7 ដូច្នេះ បើ​អ្នក​ក្រាប​ថ្វាយ‌បង្គំ​ខ្ញុំ នោះ​ទាំង​អស់​នឹង​បាន​ជា​របស់​អ្នក
8 តែ​ព្រះ‌យេស៊ូវ​ឆ្លើយ​តប​ថា សាតាំង​អើយ ចូរ​ថយ​ទៅ​ក្រោយ​អញ​ទៅ ដ្បិត​មាន​សេចក្ដី​ចែង​ទុក​មក​ថា «ត្រូវ​ឲ្យ​ឯង​ថ្វាយ‌បង្គំ​ដល់​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ឯង ហើយ​ត្រូវ​គោរព​ដល់​ទ្រង់​តែ​១​ព្រះ‌អង្គ​ប៉ុណ្ណោះ »។
9 រួច​វា​នាំ​ទ្រង់​ទៅ​ឯ​ក្រុង​យេរូ‌សាឡឹម ដាក់​នៅ​លើ​កំពូល​ព្រះ‌វិហារ ទូល​ថា បើ​អ្នក​ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ​មែន ចូរ​ទម្លាក់​ខ្លួន​ពី​នេះ​ទៅ​ក្រោម​ចុះ
10 ដ្បិត​មាន​សេចក្ដី​ចែង​ទុក​មក​ថា «ទ្រង់​នឹង​បង្គាប់​ពួក​ទេវតា​ទ្រង់ ពី​ដំណើរ​អ្នក​ឲ្យ​ថែ​រក្សា​អ្នក
11 ទេវតា​នោះ​នឹង​ទ្រ​អ្នក​ដោយ​ដៃ ក្រែង​ជើង​អ្នក​ទង្គិច​នឹង​ថ្ម »
12 តែ​ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​តប​ថា មាន​បទ​គម្ពីរ​ដែល​ថា «កុំ​ឲ្យ​ឯង​ល្បង​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ឯង​ឡើយ »
13 កាល​អារក្ស​បាន​ល្បួង​សព្វ​គ្រប់​ហើយ នោះ​ក៏​ថយ​ចេញ​ពី​ទ្រង់​ទៅ ទាល់​តែ​មាន​ឱកាស​ទៀត។
14 ឯ​ព្រះ‌យេស៊ូវ​ទ្រង់​វិល​ទៅ​ស្រុក​កាលី‌ឡេ​វិញ ទាំង​មាន​ព្រះ‌ចេស្តា​នៃ​ព្រះ‌វិញ្ញាណ​សណ្ឋិត​លើ​ទ្រង់ នោះ​មាន​ឮ​ល្បី​ពី​ទ្រង់​សុស‌សាយ​ទួទៅ​ក្នុង​ស្រុក​នៅ​ជុំ‌វិញ
15 ទ្រង់​បង្រៀន​ក្នុង​សាលា​ប្រជុំ​របស់​គេ ហើយ​គេ​ក៏​សរសើរ‌តម្កើង​ទ្រង់​ទាំង​អស់​គ្នា
16 រួច​ទ្រង់​យាង​មក​ដល់​ណា‌សារ៉ែត ជា​ស្រុក​ដែល​ទ្រង់​គង់​នៅ​ពី​កុមារ ក៏​ចូល​ទៅ​ក្នុង​សាលា​ប្រជុំ នៅ​ថ្ងៃ​ឈប់​សម្រាក តាម​ទម្លាប់​ទ្រង់ ហើយ​ឈរ​ឡើង ដើម្បី​អាន​មើល​គម្ពីរ
17 គេ​ក៏​យក​គម្ពីរ​ហោរា​អេសាយ​មក​ថ្វាយ​ទ្រង់ កាល​ទ្រង់​បាន​បើក​គម្ពីរ​ហើយ នោះ​ទ្រង់​រក​ឃើញ​ត្រង់​កន្លែង​ដែល​មាន​សេចក្ដី​ចែង​ទុក​មក​ថា
18 «ព្រះ‌វិញ្ញាណ​ព្រះ‌អម្ចាស់​សណ្ឋិត​លើ​ខ្ញុំ ពី​ព្រោះ​ទ្រង់​បាន​ចាក់​ប្រេង​តាំង​ខ្ញុំ ឲ្យ​ផ្សាយ​ដំណឹង​ល្អ​ដល់​មនុស្ស​ទ័ល‌ក្រ ទ្រង់​បាន​ចាត់​ខ្ញុំ​ឲ្យ​មក ដើម្បី​នឹង​ប្រោស​មនុស្ស​ដែល​មាន​ចិត្ត​សង្រេង ហើយ​ប្រកាស​ប្រាប់​ពី​សេចក្ដី​ប្រោស​លោះ​ដល់​ពួក​ឈ្លើយ និង​សេចក្ដី​ភ្លឺ​ឡើង​វិញ​ដល់​មនុស្ស​ខ្វាក់ ហើយ​ឲ្យ​ដោះ​មនុស្ស ដែល​ត្រូវ​គេ​ជិះ​ជាន់​ឲ្យ​រួច
19 ព្រម​ទាំង​ប្រកាស​ប្រាប់​ពី​ឆ្នាំ​ដែល​ព្រះ‌អម្ចាស់​កំណត់​ទុក »
20 កាល​ទ្រង់​បាន​បិទ​គម្ពីរ ប្រគល់​ដល់​អ្នក​រក្សា​សាលា​វិញ​ហើយ នោះ​ទ្រង់​ក៏​គង់​ចុះ ឯ​ពួក​អ្នក​ដែល​នៅ​ក្នុង​សាលា គេ​ក៏​សម្លឹង​មើល​ទ្រង់
21 ទ្រង់​ចាប់​តាំង​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា នៅ​ថ្ងៃ​នេះ បទ​គម្ពីរ​នេះ​បាន​សម្រេច​នៅ​ត្រចៀក​អ្នក​រាល់​គ្នា​ហើយ
22 គ្រប់​គ្នា​ជា​សាក្សី​ពី​ទ្រង់ ក៏​អស្ចារ្យ​ក្នុង​ចិត្ត​ពី​ព្រះ‌បន្ទូល​ដ៏​ផ្អែម​ពីរោះ ដែល​ចេញ​ពី​ព្រះ‌ឱស្ឋ​ទ្រង់​មក ហើយ​គេ​និយាយ​ថា តើ​អ្នក​នេះ​មិន​មែន​ជា​កូន​យ៉ូសែប​ទេ​ឬ​អី
23 តែ​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា ពិត​ប្រាកដ​ជា​អ្នក​រាល់​គ្នា​នឹង​និយាយ​ពាក្យ​ប្រៀប​នេះ​ដាក់​ខ្ញុំ​ថា គ្រូ‌ពេទ្យ​អើយ ចូរ​មើល​ខ្លួន​អ្នក​ឲ្យ​ជា​សិន​ចុះ ការ​អ្វី​ដែល​យើង​បាន​ឮ​ថា អ្នក​ធ្វើ​នៅ​ក្រុង​កាពើ‌ណិម នោះ​ចូរ​ធ្វើ​នៅ​ស្រុក​របស់​ខ្លួន​នេះ​ដែរ
24 ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​ទៀត​ថា ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា គ្មាន​ហោរា​ណា​ដែល​គេ​រាប់​អាន​នៅ​ក្នុង​ស្រុក​របស់​ខ្លួន​នោះ​ទេ
25 ខ្ញុំ​ក៏​និយាយ​ប្រាកដ​នឹង​អ្នក​រាល់​គ្នា​ថា នៅ​ជាន់​លោក​អេលីយ៉ា កាល​រាំង​៣​ឆ្នាំ​៦​ខែ ហើយ​មាន​អំណត់​អត់​ជា​ខ្លាំង នៅ​ពេញ​ក្នុង​ស្រុក នោះ​មាន​មេម៉ាយ​ជា​ច្រើន នៅ​ស្រុក​អ៊ីស្រា‌អែល​ដែរ
26 តែ​ព្រះ‌ទ្រង់​មិន​បាន​ចាត់​លោក​អេលីយ៉ា ឲ្យ​ទៅ​ឯ​មេម៉ាយ​ណា​មួយ​នោះ​សោះ គឺ​បាន​ចាត់​លោក​ទៅ​ឯ​ស្រី​មេម៉ាយ​ម្នាក់ នៅ​ក្រុង​សារិបតា ក្នុង​ស្រុក​ស៊ីដូន​វិញ
27 ហើយ​នៅ​ជាន់​ហោរា​អេលី‌សេ ក៏​មាន​មនុស្ស​ឃ្លង់​ជា​ច្រើន ក្នុង​ស្រុក​អ៊ីស្រា‌អែល​ដែរ តែ​គ្មាន​អ្នក​ណា​មួយ បាន​ជា​ស្អាត​សោះ បាន​ជា​តែ​លោក​ណាម៉ាន ជា​សាសន៍​ស៊ីរី​១​ប៉ុណ្ណោះ
28 កាល​ពួក​អ្នក​នៅ​ក្នុង​សាលា​ប្រជុំ បាន​ឮ​សេចក្ដី​ទាំង​នោះ​ហើយ គេ​មាន​ពេញ​ដោយ​សេចក្ដី​ក្រោធ
29 ក៏​ក្រោក​ឡើង ដេញ​ទ្រង់​ចេញ​ពី​ភូមិ បណ្តើរ​ទៅ​ដល់​ចម្រេះ​នៅ​លើ​ភ្នំ​ដែល​គេ​បាន​ក​ធ្វើ​ភូមិ ដើម្បី​នឹង​ច្រាន​ទម្លាក់​ចុះ​ទៅ​ក្រោម
30 ប៉ុន្តែ ទ្រង់​យាង​កាត់​កណ្តាល​ពួក​គេ​ចេញ​បាត់​ទៅ។
31 ទ្រង់​យាង​ចុះ​ទៅ​ដល់​កាពើ‌ណិម ជា​ទី​ក្រុង​ស្រុក​កាលី‌ឡេ ក៏​តែង​តែ​បង្រៀន​គេ​រាល់​ថ្ងៃ​ឈប់​សម្រាក
32 គេ​ក៏​នឹក​ប្លែក​ពី​សេចក្ដី​ដែល​ទ្រង់​បង្រៀន​ណាស់ ពី​ព្រោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ដោយ​អំណាច
33 រីឯ​នៅ​ក្នុង​សាលា​នោះ មាន​មនុស្ស​ម្នាក់ ដែល​មាន​វិញ្ញាណ​អារក្ស‌អសោច​ចូល វា​ស្រែក​ឡើង​ជា​ខ្លាំង​ថា
34 ហ៊ឹះ នែ ព្រះ‌យេស៊ូវ​ពី​ណា‌សារ៉ែត​អើយ តើ​យើង ហើយ​និង​ទ្រង់​មាន​ហេតុ​អ្វី​នឹង​គ្នា តើ​ទ្រង់​មក​បំផ្លាញ​យើង​ឬ​អី ខ្ញុំ​ស្គាល់​ជាក់​ហើយ ទ្រង់​ជា​ព្រះ‌អង្គ​បរិសុទ្ធ​នៃ​ព្រះ
35 ព្រះ‌យេស៊ូវ​ក៏​កំហែង​វា​ថា ចូរ​ស្ងៀម​ចុះ ហើយ​ចេញ​ពី​មនុស្ស​នេះ​ទៅ លុះ​អារក្ស​បាន​ផ្តួល​អ្នក​នោះ​ទៅ​កណ្តាល​ពួក​គេ នោះ​ក៏​ចេញ​ទៅ​ឥត​មាន​ធ្វើ​ឲ្យ​ឈឺ​អ្វី​ឡើយ
36 គ្រប់​គ្នា​ក៏​នឹក​ស្ងើច​ក្នុង​ចិត្ត ទាំង​សួរ​គ្នា​ថា តើ​ពាក្យ​បែប​យ៉ាង​ណា​នេះ ដែល​លោក​បង្គាប់​ដល់​វិញ្ញាណ​អសោច ដោយ​អំណាច និង​ឫទ្ធិ​បាន ហើយ​វា​ក៏​ចេញ​ទៅ​ដូច្នេះ
37 នោះ​ក៏​ឮ​ល្បី​ខ្ចរ‌ខ្ចាយ​ពី​ទ្រង់ សុស‌សាយ​ទៅ​គ្រប់​ទី​កន្លែង​ជុំ‌វិញ។
38 រួច​ទ្រង់​ក្រោក​ឡើង យាង​ចេញ​ពី​សាលា​ចូល​ទៅ​ក្នុង​ផ្ទះ​ស៊ីម៉ូន រីឯ​ម្តាយ​ក្មេក​ស៊ីម៉ូន នាង​កំពុង​គ្រុន​ជា​ខ្លាំង ហើយ​គេ​សូម​អង្វរ​ទ្រង់​ឲ្យ​នាង
39 ទ្រង់​ក៏​ឈរ​ឈ្ងោក​ទៅ​នាង ទាំង​កំហែង​ដល់​គ្រុន នោះ​គ្រុន​ក៏​បាត់​ទៅ រួច​នាង​ក្រោក​ឡើង​ភ្លាម បម្រើ​ដល់​ទាំង​អស់​គ្នា។
40 ដល់​ពេល​ថ្ងៃ​លិច អស់​អ្នក​ដែល​មាន​បង​ប្អូន​ឈឺ​ជំងឺ​ផ្សេងៗ គេ​នាំ​អ្នក​ទាំង​នោះ​មក​ឯ​ទ្រង់ ហើយ​ទ្រង់​ប្រោស​គេ​គ្រប់​គ្នា​ឲ្យ​បាន​ជា ដោយ​ដាក់​ព្រះ‌ហស្ត​លើ
41 ក៏​មាន​អារក្ស​ចេញ​ពី​មនុស្ស​ជា​ច្រើន​ដែរ វា​ស្រែក​ឡើង​ថា ទ្រង់​ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ តែ​ទ្រង់​បន្ទោស ហាម​មិន​ឲ្យ​វា​និយាយ​សោះ ពី​ព្រោះ​វា​ដឹង​ថា ទ្រង់​ជា​ព្រះ‌គ្រីស្ទ​ពិត។
42 លុះ​ព្រឹក​ឡើង ទ្រង់​យាង​ចេញ​ទៅ​ឯ​កន្លែង​ស្ងាត់ ឯ​បណ្តា​មនុស្ស​គេ​តាម​រក​ទ្រង់ ក៏​មក​ដល់ ហើយ​ឃាត់​ទ្រង់ ដើម្បី​មិន​ឲ្យ​ទ្រង់​យាង​ចេញ​ពី​គេ​ឡើយ
43 តែ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ខ្ញុំ​ត្រូវ​ប្រាប់​ដំណឹង​ល្អ​ពី​នគរ​ព្រះ ដល់​អស់​ទាំង​ស្រុក​ឯ​ទៀត​ដែរ គឺ​ហេតុ​នោះ​បាន​ជា​ព្រះ‌វរ‌បិតា​ចាត់​ឲ្យ​ខ្ញុំ​មក
44 ទ្រង់​ក៏​ប្រកាស​ក្នុង​អស់​ទាំង​សាលា​ប្រជុំ​នៅ​ស្រុក​កាលី‌ឡេ​ទួទៅ។


ជំពូក 5

1 កាល​ទ្រង់​កំពុង​ឈរ នៅ​មាត់​សមុទ្រ​គេនេ‌សារ៉ែត នោះ​មាន​មនុស្ស​កក‌កុញ​ប្រជ្រៀត​គ្នា​មក​ឯ​ទ្រង់ ដើម្បី​នឹង​ស្តាប់​ព្រះ‌បន្ទូល
2 ហើយ​ទ្រង់​ទត​ឃើញ​ទូក​២​ចត​នៅ​មាត់​សមុទ្រ ដែល​ពួក​អ្នក​នេសាទ​បាន​ឡើង​ទៅ​លាង​អួន​ហើយ
3 ទ្រង់​យាង​ចុះ​ទូក​១​នោះ ជា​ទូក​របស់​ស៊ីម៉ូន ក៏​សូម​ឲ្យ​គាត់​ចេញ​ទូក​ពី​ដី​បន្តិច​ទៅ រួច​ទ្រង់​គង់​បង្រៀន​ដល់​បណ្តា​មនុស្ស​ពី​ក្នុង​ទូក​វិញ
4 លុះ​ឈប់​អធិប្បាយ​ហើយ នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​ស៊ីម៉ូន​ថា ឲ្យ​ចេញ​ទូក​ទៅ​ឯ​កន្លែង​ទឹក​ជ្រៅ​ទម្លាក់​អួន​ចាប់​ត្រី​ចុះ
5 ស៊ីម៉ូន​ទូល​ឆ្លើយ​ថា លោក​គ្រូ​អើយ យប់​មិញ យើង​ខ្ញុំ​បាន​ខំ​ដឹក​អួន​ទាល់​ភ្លឺ គ្មាន​បាន​អ្វី​សោះ តែ​ខ្ញុំ​នឹង​ទម្លាក់​អួន តាម​ពាក្យ​លោក​មើល
6 កាល​ទម្លាក់​ទៅ នោះ​ក៏​ជាប់​បាន​ត្រី​សន្ធឹក ដល់​ម៉្លេះ​បាន​ជា​អួន​ចាប់​តាំង​ធ្លាយ
7 នោះ​គេ​បោយ​ដៃ​ហៅ​គូ‌កន ដែល​នៅ​ក្នុង​ទូក​១​ទៀត ឲ្យ​មក​ជួយ​គ្នា គេ​ក៏​មក ហើយ​ចាប់​ដាក់​បាន​ពេញ​ទូក​ទាំង​២ ទាល់​តែ​ពៀប​ស្ទើរ​នឹង​លិច
8 កាល​ស៊ីម៉ូន-ពេត្រុស​បាន​ឃើញ​ដូច្នោះ នោះ​គាត់​ក្រាប​នៅ​ទៀប​ព្រះ‌ជង្ឃ​ព្រះ‌យេស៊ូវ ទូល​ថា ព្រះ‌អម្ចាស់​អើយ សូម​ថយ​ចេញ​ពី​ទូល‌បង្គំ ដ្បិត​ទូល‌បង្គំ​ជា​មនុស្ស​មាន​បាប
9 គាត់​ទូល​ដូច្នោះ ដោយ​ហេតុ​គាត់ និង​ពួក​អ្នក​នៅ​ជា​មួយ នឹក​ស្ងើច​ក្នុង​ចិត្ត ពី​ត្រី​ដែល​បាន​ច្រើន​ដល់​ម៉្លេះ
10 ហើយ​យ៉ាកុប និង​យ៉ូហាន ជា​កូន​សេបេដេ ដែល​ជា​ពួក​ហ៊ុន​នឹង​ស៊ីម៉ូន ក៏​ដូច្នោះ​ដែរ តែ​ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​ស៊ីម៉ូន​ថា កុំ​ខ្លាច​អី ពី​នេះ​ទៅ​មុខ អ្នក​នឹង​ចាប់​មនុស្ស​វិញ
11 រួច​កាល​ទូក​បាន​ដល់​គោក នោះ​គេ​ទុក​របស់​ទាំង​អស់​ចោល ហើយ​ដើរ​តាម​ទ្រង់​ទៅ។
12 កាល​ព្រះ‌យេស៊ូវ​គង់​នៅ​ក្នុង​ទី​ក្រុង​១ នោះ​មាន​មនុស្ស​ម្នាក់​កើត​ឃ្លង់​ពេញ​ទាំង​ខ្លួន គាត់​ឃើញ​ទ្រង់ ក៏​ទម្លាក់​ខ្លួន​ផ្កាប់​មុខ​ទូល​អង្វរ​ថា ព្រះ‌អម្ចាស់​អើយ បើ​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ នោះ​ទ្រង់​អាច​នឹង​ប្រោស​ឲ្យ​ទូល‌បង្គំ​ជា​ស្អាត​បាន
13 ទ្រង់​ក៏​លូក​ព្រះ‌ហស្ត​ទៅ​ពាល់​គាត់ ដោយ​ព្រះ‌បន្ទូល​ថា ខ្ញុំ​ចង់​ដែរ ឲ្យ​ជា​ស្អាត​ចុះ ស្រាប់​តែ​ឃ្លង់​ចេញ​ពី​គាត់​ជា​១​រំពេច​ទៅ
14 រួច​ទ្រង់​ហាម​មិន​ឲ្យ​គាត់​ប្រាប់​ដល់​អ្នក​ណា​ឡើយ តែ​ត្រូវ​ទៅ​បង្ហាញ​ខ្លួន​ឲ្យ​សង្ឃ​ពិនិត្យ​មើល ហើយ​ថ្វាយ​តង្វាយ​ដោយ​ព្រោះ​បាន​ជា​ស្អាត​វិញ ដូច​ជា​លោក​ម៉ូសេ​បាន​បង្គាប់​មក ទុក​ជា​ទី​បន្ទាល់​ដល់​ពួក​លោក
15 ប៉ុន្តែ ចេះ​តែ​ឮ​និយាយ​ពី​ទ្រង់​កាន់​តែ​ខ្លាំង​ឡើង ក៏​មាន​មនុស្ស​កក‌កុញ​មក​ស្តាប់​ផង ហើយ​ឲ្យ​ទ្រង់​បាន​ប្រោស​ជំងឺ​គេ​ឲ្យ​ជា​ផង
16 តែ​ទ្រង់​ថយ​ចេញ​ទៅ​ឯ​ទី​ស្ងាត់ ដើម្បី​អធិស្ឋាន​វិញ។
17 មាន​ថ្ងៃ​១ កាល​ទ្រង់​កំពុង​តែ​បង្រៀន នោះ​មាន​ពួក​ផារី‌ស៊ី និង​ពួក​អ្នក​ប្រាជ្ញ​ច្បាប់ ដែល​ចេញ​ពី​គ្រប់​ទាំង​ភូមិ​ស្រុក​កាលី‌ឡេ ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡឹម គេ​មក​អង្គុយ​ស្តាប់ ហើយ​ព្រះ‌ចេស្តា​នៃ​ព្រះ‌អម្ចាស់​ក៏​នៅ​ទី​នោះ បម្រុង​នឹង​ប្រោស​គេ​ឲ្យ​ជា​ដែរ
18 នោះ​ឃើញ​មាន​គេ​សែង​មនុស្ស​ស្លាប់​ដៃ​ស្លាប់​ជើង​ម្នាក់ ដេក​លើ​គ្រែ​មក គេ​រក​ផ្លូវ​នាំ​គាត់​ចូល​ទៅ​ដាក់​នៅ​ចំពោះ​ទ្រង់
19 តែ​ពុំ​បាន​សោះ ដោយ​ព្រោះ​មាន​មនុស្ស​សន្ធឹក​ណាស់ នោះ​ក៏​ឡើង​ទៅ​លើ​ដំបូល សម្រូត​គាត់​ទៅ ទាំង​ដេក​លើ​គ្រែ នៅ​កណ្តាល​ជំនុំ ចំពោះ​ព្រះ‌យេស៊ូវ តាម​ប្រហោង​ដំបូល
20 លុះ​ទ្រង់​បាន​ឃើញ​សេចក្ដី​ជំនឿ​របស់​គេ​ដូច្នោះ ក៏​មាន​ព្រះ‌បន្ទូល​ថា អ្នក​អើយ បាប​អ្នក​បាន​អត់​ទោស​ឲ្យ​អ្នក​ហើយ
21 នោះ​ពួក​អាចារ្យ និង​ពួក​ផារី‌ស៊ី ចាប់​តាំង​រិះ‌គិត​គ្នា​ថា តើ​អ្នក​ណា​នេះ ដែល​ពោល​ពាក្យ​ប្រមាថ​ព្រះ​ដូច្នេះ ក្រៅ​ពី​ព្រះ​១ តើ​មាន​អ្នក​ណា​អាច​នឹង​អត់​ទោស​បាប​បាន
22 តែ​ព្រះ‌យេស៊ូវ​បាន​ជ្រាប​គំនិត​គេ ក៏​មាន​ព្រះ‌បន្ទូល​សួរ​ថា ហេតុ​អ្វី​បាន​ជា​អ្នក​រិះ‌គិត​ក្នុង​ចិត្ត​ដូច្នេះ
23 ដ្បិត​ដែល​ថា បាប​អ្នក​បាន​អត់​ទោស​ឲ្យ​អ្នក​ហើយ ឬ​ថា ចូរ​អ្នក​ក្រោក​ឡើង​ដើរ​ទៅ នោះ​តើ​ពាក្យ​ណា​ដែល​ងាយ​ថា​ជា​ជាង
24 ប៉ុន្តែ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា កូន​មនុស្ស​មាន​អំណាច​នឹង​អត់​ទោស​បាប​នៅ​ផែនដី​បាន (នោះ​ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​អ្នក​ស្លាប់​ដៃ​ស្លាប់​ជើង​វិញ) ខ្ញុំ​ប្រាប់​អ្នក​ថា ចូរ​ក្រោក​ឡើង យក​គ្រែ​អ្នក​ដើរ​ទៅ​ផ្ទះ​ទៅ
25 គាត់​ក៏​ក្រោក​ឈរ​ឡើង​នៅ​មុខ​គេ​ជា​១​រំពេច ហើយ​លើក​គ្រែ ដែល​បាន​ដេក ចេញ​ទៅ​ឯ​ផ្ទះ ទាំង​សរសើរ‌តម្កើង​ដល់​ព្រះ​បណ្តើរ
26 នោះ​បណ្តា​មនុស្ស​កើត​មាន​សេចក្ដី​អស្ចារ្យ​ទាំង​អស់​គ្នា ក៏​សរសើរ‌តម្កើង​ព្រះ ហើយ​មាន​សេចក្ដី​ភ័យ​ខ្លាច​ជា​ខ្លាំង​ថា យើង​បាន​ឃើញ​ការ​ចម្លែក​ណាស់​នៅ​ថ្ងៃ​នេះ។
27 ក្រោយ​ការ​ទាំង​នោះ ទ្រង់​យាង​ចេញ​ទៅ ឃើញ​អ្នក​យក​ពន្ធ​ម្នាក់ ឈ្មោះ​លេវី កំពុង​អង្គុយ​នៅ​ទី​យក​ពន្ធ ទ្រង់​មាន​ព្រះ‌បន្ទូល​ហៅ​គាត់​ថា ចូរ​មក​តាម​ខ្ញុំ​ឯ​ណេះ
28 គាត់​ក៏​ទុក​របស់​ទាំង​អស់​ចោល ក្រោក​តាម​ទ្រង់​ទៅ
29 លេវី​បាន​រៀប​ជប់‌លៀង​ជា​ធំ​ថ្វាយ​ទ្រង់​នៅ​ផ្ទះ​គាត់ ហើយ​មាន​អ្នក​យក​ពន្ធ​ទាំង​ហ្វូង និង​មនុស្ស​ឯ​ទៀត​មក​អង្គុយ​នៅ​តុ​ជា​មួយ​គ្នា​ដែរ
30 ពួក​អាចារ្យ និង​ពួក​ផារី‌ស៊ី គេ​ឌុក‌ដាន់​ពួក​សិស្ស​ទ្រង់​ថា ហេតុ​អ្វី​បាន​ជា​បរិភោគ ជា​មួយ​នឹង​ពួក​អ្នក​យក​ពន្ធ និង​មនុស្ស​មាន​បាប​ដូច្នេះ
31 តែ​ព្រះ‌យេស៊ូវ​ទ្រង់​ឆ្លើយ​ទៅ​គេ​ថា ពួក​អ្នក​ជា​មិន​ត្រូវ​ការ​នឹង​គ្រូ‌ពេទ្យ​ទេ ត្រូវ​ការ​តែ​ពួក​អ្នក​ដែល​ឈឺ​ប៉ុណ្ណោះ
32 ខ្ញុំ​មិន​បាន​ហៅ​ពួក​មនុស្ស​សុចរិត​ទេ គឺ​មក​ហៅ​តែ​មនុស្ស​មាន​បាប ឲ្យ​គេ​ប្រែ​ចិត្ត​វិញ​ទេ​តើ។
33 គេ​ទូល​ទ្រង់​ថា ហេតុ​អ្វី​បាន​ជា​ពួក​សិស្ស​លោក​យ៉ូហាន​តម ហើយ​អធិស្ឋាន​ជា​ញយៗ ដូច​ជា​សិស្ស​របស់​ពួក​ផារី‌ស៊ី​ដែរ តែ​សិស្ស​លោក​តែង​តែ​បរិភោគ​ដូច្នេះ​វិញ
34 ទ្រង់​មាន​ព្រះ‌បន្ទូល​តប​ថា កំពុង​ដែល​ប្ដី​ថ្មោង‌ថ្មី​នៅ​ជា​មួយ​គ្នា តើ​អាច​នឹង​ឲ្យ​ពួក​សំឡាញ់​គាត់​តម​អាហារ​បាន​ឬ​ទេ
35 តែ​នឹង​មាន​ថ្ងៃ​មក​ដល់ កាល​ណោះ ប្ដី​នឹង​ត្រូវ​ដក​យក​ចេញ​ពី​គេ​ទៅ នៅ​គ្រា​នោះ គេ​នឹង​តម​វិញ
36 ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ជា​ពាក្យ​ប្រៀប​ប្រដូច​ថា គ្មាន​អ្នក​ណា​ដែល​យក​កំណាត់​ថ្មី មក​ប៉ះ​អាវ​ចាស់​ទេ បើ​ធ្វើ​ដូច្នោះ នឹង​នាំ​ឲ្យ​រហែក​ដល់​ទាំង​កំណាត់​ថ្មី​ដែរ ហើយ​កំណាត់​ដែល​យក​ពី​អាវ​ថ្មី ក៏​មិន​សម​នឹង​អាវ​ចាស់​ផង
37 ក៏​គ្មាន​អ្នក​ណា​ដែល​យក​ស្រា​ទំពាំង‌បាយ‌ជូរ​ថ្មី ដាក់​ក្នុង​ថង់​ស្បែក​ចាស់​ដែរ បើ​ធ្វើ​ដូច្នោះ ស្រា​ទំពាំង‌បាយ‌ជូរ​ថ្មី នឹង​ទម្លាយ​ថង់​ស្បែក​ហូរ​ចេញ​មក ហើយ​ថង់​ស្បែក​ក៏​ត្រូវ​ខូច​ខាត​ផង
38 តោង​តែ​ដាក់​ស្រា​ទំពាំង‌បាយ‌ជូរ​ថ្មី​ក្នុង​ថង់​ស្បែក​ថ្មី​វិញ នោះ​ទាំង​២​យ៉ាង​នឹង​បាន​គង់​នៅ
39 លុះ​កាល​បាន​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ​ចាស់​ហើយ គ្មាន​អ្នក​ណា​ចង់​បាន​ថ្មី​ទេ ដ្បិត​គេ​ថា​ចាស់​ឆ្ងាញ់​ជាង។


ជំពូក 6

1 មាន​កាល​១​ថ្ងៃ ជា​ថ្ងៃ​ឈប់​សម្រាក ទ្រង់​យាង​កាត់​ស្រែ ហើយ​ពួក​សិស្ស​បាន​បូត​គួរ​ស្រូវ​បរិភោគ ដោយ​ញី​នឹង​ដៃ
2 មាន​ពួក​ផារី‌ស៊ី​ខ្លះ​ស្តី​ថា ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ធ្វើ​ការ​ដែល​គ្មាន​ច្បាប់​ធ្វើ​នៅ​ថ្ងៃ​ឈប់​សម្រាក​ដូច្នេះ
3 តែ​ព្រះ‌យេស៊ូវ​ទ្រង់​ឆ្លើយ​ទៅ​គេ​ថា តើ​អ្នក​រាល់​គ្នា​មិន​បាន​មើល​រឿង​នេះ​ផង​ទេ​ឬ​អី គឺ​ពី​ការ​ដែល​ហ្លួង​ដាវីឌ​ទ្រង់​ធ្វើ ក្នុង​កាល​ដែល​ទ្រង់ និង​ពួក​អ្នក​នៅ​ជា​មួយ​បាន​ឃ្លាន
4 ដែល​ទ្រង់​យាង​ចូល​ទៅ​ក្នុង​ដំណាក់​ព្រះ យក​នំបុ័ង​តាំង​ទុក​ទៅ​សោយ ទាំង​ចែក​ឲ្យ​ពួក​អ្នក​នៅ​ជា​មួយ​នឹង​ទ្រង់​ផង ដែល​គ្មាន​ច្បាប់​ឲ្យ​បរិភោគ​សោះ ជា​របស់​ទុក​សម្រាប់​តែ​ពួក​សង្ឃ​ប៉ុណ្ណោះ
5 រួច​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា កូន​មនុស្ស​ក៏​ជា​ម្ចាស់​នៃ​ថ្ងៃ​ឈប់​សម្រាក​ដែរ។
6 នៅ​ថ្ងៃ​ឈប់​សម្រាក​១​ទៀត ទ្រង់​ចូល​ទៅ​បង្រៀន​ក្នុង​សាលា​ប្រជុំ ហើយ​នៅ​ទី​នោះ​មាន​មនុស្ស​ម្នាក់ ដែល​ស្វិត​ដៃ​ខាង​ស្តាំ
7 ឯ​ពួក​អាចារ្យ និង​ពួក​ផារី‌ស៊ី ក៏​សម្លឹង​មើល​ក្រែង​ទ្រង់​ប្រោស​ឲ្យ​គាត់​ជា​នៅ​ថ្ងៃ​ឈប់​សម្រាក​ដែរ គឺ​ដើម្បី​នឹង​រក​រឿង​ចោទ​ប្រកាន់​ទ្រង់
8 តែ​ទ្រង់​ស្គាល់​គំនិត​គេ ក៏​មាន​ព្រះ‌បន្ទូល​ទៅ​មនុស្ស​ស្វិត​ដៃ​ថា ចូរ​ក្រោក​ឡើង ឈរ​នៅ​កណ្តាល​នុ៎ះ​ទៅ
9 កាល​គាត់​ក្រោក​ឈរ​ឡើង នោះ​ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា ខ្ញុំ​ចង់​សួរ​អ្នក​រាល់​គ្នា​ថា នៅ​ថ្ងៃ​ឈប់​សម្រាក តើ​មាន​ច្បាប់​នឹង​ធ្វើ​ការ​ល្អ ឬ​អាក្រក់ និង​សង្គ្រោះ​ជីវិត ឬ​បំផ្លាញ
10 ទ្រង់​ក៏​ងាក​ជុំ‌វិញ ទត​មើល​គេ​ទាំង​អស់​គ្នា រួច​មាន​ព្រះ‌បន្ទូល​ទៅ​មនុស្ស​នោះ​ថា ចូរ​អ្នក​លាត​ដៃ​ទៅ អ្នក​នោះ​ក៏​លាត ហើយ​ដៃ​គាត់​បាន​ជា​ដូច​ម្ខាង
11 គេ​មាន​សេចក្ដី​ឃោរ‌ឃៅ​ពោរ‌ពេញ ក៏​ពិគ្រោះ​គ្នា​ពី​ការ​អ្វី​ដែល​ត្រូវ​ធ្វើ​ដល់​ព្រះ‌យេស៊ូវ។
12 នៅ​គ្រា​នោះ ទ្រង់​ចេញ​ទៅ​ឯ​ភ្នំ ដើម្បី​នឹង​អធិស្ឋាន រួច​ទ្រង់​អធិស្ឋាន​ដល់​ព្រះ ដរាប​ទាល់​ភ្លឺ
13 លុះ​ភ្លឺ​ឡើង ទ្រង់​ហៅ​ពួក​សិស្ស​មក ក៏​រើស​យក​១២​នាក់ ដែល​ទ្រង់​ហៅ​ថា សាវក
14 គឺ​ស៊ីម៉ូន ដែល​ហៅ​ថា ពេត្រុស​១ អនទ្រេ ជា​ប្អូន​គាត់​១ យ៉ាកុប​១ យ៉ូហាន​១ ភីលីព​១ បារថូ‌ល៉ូមេ​១
15 ម៉ាថាយ​១ ថូម៉ាស​១ យ៉ាកុប ជា​កូន​អាល់‌ផាយ​១ ស៊ីម៉ូន ដែល​ហៅ​ជា​អ្នក​ឧស្សាហ៍​១
16 និង​យូដាស ជា​ញាតិ​នឹង​យ៉ាកុប​១ ហើយ​យូដាស-អ៊ីស្កា‌រីយ៉ុត ដែល​ត្រឡប់​ជា​អ្នក​ក្បត់​១
17 ទ្រង់​យាង​ចុះ​មក​ជា​មួយ​នឹង​អ្នក​ទាំង​នោះ ក៏​ឈប់​នៅ​ត្រង់​កន្លែង​រាប​ស្មើ នោះ​មាន​សិស្ស​ទ្រង់​ជា​ច្រើន និង​បណ្តា‌ជន​កក‌កុញ មក​ពី​គ្រប់​កន្លែង​នៅ​ស្រុក​យូដា ក្រុង​យេរូ‌សាឡឹម ហើយ​ពី​ស្រុក​ទីរ៉ុស ស្រុក​ស៊ីដូន ដែល​នៅ​ក្បែរ​សមុទ្រ ដើម្បី​នឹង​ស្តាប់​ទ្រង់ ហើយ​ប្រយោជន៍​ឲ្យ​បាន​ជា​ជំងឺ​គេ​ផង
18 ក៏​មាន​មនុស្ស​អារក្ស‌អសោច​ចូល​បាន​ជា​ដែរ
19 មនុស្ស​ទាំង​អស់​រក​ពាល់​ទ្រង់ ដ្បិត​មាន​ព្រះ‌ចេស្តា​ចេញ​ពី​ទ្រង់ មក​ប្រោស​ឲ្យ​ជា​ទាំង​អស់​គ្នា។
20 ទ្រង់​ងើប​ព្រះ‌នេត្រ​ឡើង ទត​ទៅ​ពួក​សិស្ស មាន​ព្រះ‌បន្ទូល​ថា មាន​ពរ​ហើយ អ្នក​រាល់​គ្នា​ដែល​ក្រ​អើយ ដ្បិត​នគរ​ព្រះ​ជា​របស់​ផង​អ្នក​រាល់​គ្នា
21 មាន​ពរ​ហើយ អ្នក​រាល់​គ្នា​ដែល​ឃ្លាន​ឥឡូវ​នេះ ដ្បិត​អ្នក​រាល់​គ្នា​នឹង​បាន​ឆ្អែត មាន​ពរ​ហើយ អ្នក​រាល់​គ្នា​ដែល​យំ​ឥឡូវ​នេះ ដ្បិត​អ្នក​រាល់​គ្នា​នឹង​បាន​សើច​វិញ
22 មាន​ពរ​ហើយ កាល​ណា​មនុស្ស​នឹង​ស្អប់​អ្នក​រាល់​គ្នា ព្រម​ទាំង​កាត់‌កាល់ ត្មះ‌តិះដៀល ហើយ​ចោល​ឈ្មោះ​អ្នក​រាល់​គ្នា​ចេញ ទុក​ដូច​ជា​អាក្រក់ ដោយ​ព្រោះ​កូន​មនុស្ស
23 ចូរ​អ្នក​រាល់​គ្នា​អរ​សប្បាយ​ឡើង​នៅ​ថ្ងៃ​នោះ ហើយ​លោត‌កញ្ឆេង​ចុះ ដ្បិត​មើល​អ្នក​រាល់​គ្នា​មាន​រង្វាន់​ជា​យ៉ាង​ធំ នៅ​ឯ​ស្ថាន‌សួគ៌ ឯ​ពួក​អយ្យកោ​របស់​គេ ក៏​បាន​ប្រព្រឹត្ត​ចំពោះ​ពួក​ហោរា​ពី​ដើម​យ៉ាង​ដូច្នោះ​ដែរ
24 តែ​វេទនា​ដល់​អ្នក​រាល់​គ្នា ជា​អ្នក​មាន ដ្បិត​អ្នក​រាល់​គ្នា​កំពុង​តែ​មាន​សេចក្ដី​កំសាន្ត​ចិត្ត​ក្នុង​សម័យ​នេះ
25 វេទនា​ដល់​អ្នក​រាល់​គ្នា​ដែល​ឆ្អែត ដ្បិត​នឹង​ត្រូវ​ឃ្លាន​វិញ វេទនា​ដល់​អ្នក​រាល់​គ្នា ដែល​សើច​ក្នុង​ជាន់​ឥឡូវ​នេះ ដ្បិត​នឹង​កើត​ទុក្ខ​ព្រួយ ហើយ​យំ​សោក​វិញ
26 វេទនា​ដល់​អ្នក​រាល់​គ្នា កាល​ណា​មនុស្ស​ទាំង​អស់​និយាយ​ល្អ​ពី​អ្នក​រាល់​គ្នា ពី​ព្រោះ​កាល​ពី​ដើម ពួក​អយ្យកោ​បាន​ប្រព្រឹត្ត​នឹង​ពួក​ហោរា​ក្លែង‌ក្លាយ​យ៉ាង​ដូច្នោះ​ដែរ។
27 ប៉ុន្តែ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា ដែល​កំពុង​ស្តាប់​ថា ចូរ​អ្នក​រាល់​គ្នា​ស្រឡាញ់​ពួក​ខ្មាំង​សត្រូវ ហើយ​ប្រព្រឹត្ត​ល្អ​នឹង​ពួក​អ្នក ដែល​ស្អប់​អ្នក​រាល់​គ្នា​វិញ
28 ចូរ​ឲ្យ​ពរ​ដល់​អ្នក​ណា​ដែល​គេ​ប្រទេច​ផ្តាសា​អ្នក ហើយ​អធិស្ឋាន​ឲ្យ​អ្នក​ណា​ដែល​ធ្វើ​ទុក្ខ​អ្នក
29 ឯ​អ្នក​ណា​ដែល​ទះ​កំផ្លៀង​អ្នក​ម្ខាង នោះ​ត្រូវ​បែរ​ម្ខាង​ទៅ​ឲ្យ​គេ​ទៀត ហើយ​បើ​អ្នក​ណា​យក​អាវ​វែង​របស់​អ្នក នោះ​កុំ​ឲ្យ​ឃាត់​មិន​ឲ្យ​គេ​យក​អាវ​តូច​អ្នក​ផង​ឡើយ
30 ចូរ​ឲ្យ​ដល់​អ្នក​ណា​ដែល​សូម​អ្នក ហើយ​បើ​អ្នក​ណា​យក​របស់​អ្វី​ផង​អ្នក នោះ​កុំ​ឲ្យ​ទារ​វិញ​ឡើយ
31 ដែល​អ្នក​រាល់​គ្នា​ចង់​ឲ្យ​គេ​ប្រព្រឹត្ត​នឹង​ខ្លួន​ជា​យ៉ាង​ណា នោះ​ត្រូវ​តែ​ប្រព្រឹត្ត​នឹង​គេ​យ៉ាង​នោះ​ដែរ
32 បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​តែ​ពួក​អ្នក​ដែល​ស្រឡាញ់​ដល់​អ្នក នោះ​តើ​មាន​គុណ​បំណាច់​អ្វី ដ្បិត​ទាំង​មនុស្ស​មាន​បាប​ក៏​ស្រឡាញ់​ដល់​ពួក​អ្នក ដែល​ស្រឡាញ់​គេ​ដូច​គ្នា​ដែរ
33 ហើយ​បើ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​ល្អ ចំពោះ​តែ​ពួក​អ្នក​ដែល​ប្រព្រឹត្ត​ល្អ​នឹង​ខ្លួន​អ្នក នោះ​តើ​មាន​គុណ​បំណាច់​អ្វី ដ្បិត​ទាំង​មនុស្ស​មាន​បាប​ក៏​ប្រព្រឹត្ត​ដូច្នោះ​ដែរ
34 បើ​អ្នក​រាល់​គ្នា​ឲ្យ​គេ​ខ្ចី ដែល​សង្ឃឹម​នឹង​បាន​វិញ នោះ​តើ​មាន​គុណ​បំណាច់​អ្វី ដ្បិត​ទាំង​មនុស្ស​មាន​បាប​ក៏​ឲ្យ​មនុស្ស​មាន​បាប​ខ្ចី​ដែរ ដើម្បី​ឲ្យ​បាន​ដូច​ដើម​វិញ
35 ចូរ​ស្រឡាញ់​ដល់​ខ្មាំង​សត្រូវ​របស់​អ្នក​រាល់​គ្នា ឲ្យ​ប្រព្រឹត្ត​ល្អ​នឹង​គេ ហើយ​ឲ្យ​គេ​ខ្ចី ដោយ​ឥត​សង្ឃឹម​នឹង​បាន​អ្វី​មក​វិញ​ចុះ នោះ​អ្នក​រាល់​គ្នា​នឹង​បាន​រង្វាន់​ជា​យ៉ាង​ធំ ហើយ​និង​ធ្វើ​ជា​កូន​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត ដ្បិត​ទ្រង់​តែង​ល្អ ដល់​ទាំង​មនុស្ស​អកតញ្ញូ និង​មនុស្ស​អាក្រក់​ដែរ
36 ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​មាន​ចិត្ត​មេត្តា‌ករុណា ដូច​ជា​ព្រះ‌វរ‌បិតា​នៃ​អ្នក ទ្រង់​មាន​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​ដែរ។
37 កុំ​ឲ្យ​ថ្កោល​ទោស​គេ​ឲ្យ​សោះ ដើម្បី​កុំ​ឲ្យ​មាន​គេ​ថ្កោល​ទោស​អ្នក​វិញ កុំ​ឲ្យ​និន្ទា​គេ​ឡើយ ដើម្បី​កុំ​ឲ្យ​មាន​គេ​និន្ទា​អ្នក​វិញ​ដែរ ចូរ​លើក​លែង​ឲ្យ​គេ នោះ​គេ​នឹង​លើក​លែង​ឲ្យ​អ្នក​វិញ
38 ចូរ​ឲ្យ​ទៅ​គេ នោះ​នឹង​បាន​មក​អ្នក​ដែរ គេ​នឹង​វាល់​ឲ្យ​អ្នក​យ៉ាង​ល្អ ទាំង​ញាត់ ទាំង​រលាក់ ហើយ​ដាក់​ឲ្យ​ហៀរ និង​យក​មក​ដាក់​បំពេញ​ចិត្ត​អ្នក​ផង ដ្បិត​គេ​នឹង​វាល់​ឲ្យ​អ្នក តាម​រង្វាល់​ណា​ដែល​អ្នក​វាល់​ឲ្យ​គេ។
39 ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​ពាក្យ​ប្រៀប​ទៅ​គេ​ថា តើ​មនុស្ស​ខ្វាក់​អាច​នឹង​ដឹក​មនុស្ស​ខ្វាក់​បាន​ឬ​ទេ តើ​មិន​ធ្លាក់​ទៅ​ក្នុង​រណ្តៅ​ទាំង​២​នាក់​ទេ​ឬ​អី
40 សិស្ស​មិន​មែន​លើស​ជាង​គ្រូ​ទេ តែ​អ្នក​ណា​ដែល​បាន​គ្រប់​លក្ខណ៍ នោះ​នឹង​បាន​ដូច​ជា​គ្រូ​ដែរ
41 ហេតុ​អ្វី​បាន​ជា​មើល​ឃើញ​កម្ទេច ដែល​នៅ​ក្នុង​ភ្នែក​ប្អូន​អ្នក តែ​មិន​ឃើញ​ធ្នឹម ដែល​នៅ​ក្នុង​ភ្នែក​ខ្លួន​វិញ​សោះ
42 ធ្វើ​ដូច​ម្តេច​ឲ្យ​អ្នក ដែល​មើល​ធ្នឹម​ក្នុង​ភ្នែក​ខ្លួន​មិន​ឃើញ អាច​និយាយ​ទៅ​ប្អូន​បាន​ថា ប្អូន​អើយ ឲ្យ​អញ​យក​កម្ទេច ពី​ភ្នែក​ឯង​ចេញ​ដូច្នេះ ឱ​អ្នក​មាន​ពុត​អើយ ចូរ​យក​ធ្នឹម​ពី​ភ្នែក​អ្នក​ចេញ​ជា​មុន​សិន នោះ​ទើប​នឹង​បាន​ឃើញ​ច្បាស់ អាច​នឹង​យក​កម្ទេច​ចេញ​ពី​ភ្នែក​ប្អូន​អ្នក​បាន​ដែរ។
43 ដ្បិត​គ្មាន​ដើម​ឈើ​ល្អ​ណា ដែល​មាន​ផល​ផ្លែ​អាក្រក់​ទេ ក៏​គ្មាន​ដើម​អាក្រក់​ណា ដែល​មាន​ផល​ផ្លែ​ល្អ​ដែរ
44 ពី​ព្រោះ​គេ​ស្គាល់​ដើម​ឈើ​នីមួយៗ ដោយ‌សារ​តែ​ផ្លែ​ទេ គេ​មិន​ដែល​បេះ​ផ្លែ​ល្វា​ពី​គុម្ព​បន្លា ឬ​ផ្លែ​ទំពាំង‌បាយ‌ជូរ​ពី​អញ្ចាញ​ឡើយ
45 ឯ​មនុស្ស​ល្អ គេ​ក៏​យក​សេចក្ដី​ល្អ ពី​កំណប់​ល្អ ដែល​កប់​ទុក​ក្នុង​ចិត្ត​គេ ហើយ​មនុស្ស​អាក្រក់​ក៏​យក​សេចក្ដី​អាក្រក់ ចេញ​ពី​កំណប់​អាក្រក់​ក្នុង​ចិត្ត​ខ្លួន​ដែរ ដ្បិត​មាត់​គេ​ពោល​បញ្ចេញ​សេចក្ដី​បរិបូរ ដែល​នៅ​ក្នុង​ចិត្ត​ជានិច្ច។
46 ហេតុ​អ្វី​បាន​ជា​ហៅ​ខ្ញុំ​ថា ឱ​ព្រះ‌អម្ចាស់ៗ​អើយ តែ​មិន​ធ្វើ​តាម​ពាក្យ​ខ្ញុំ​វិញ​ដូច្នេះ
47 ឯ​អស់​អ្នក​ដែល​មក​ស្តាប់​ពាក្យ​ខ្ញុំ​ទាំង​នេះ ហើយ​ប្រព្រឹត្ត​តាម នោះ​ខ្ញុំ​នឹង​បង្ហាញ​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា អ្នក​នោះ​ធៀប​ដូច​ជា​អ្វី
48 គឺ​ធៀប​ដូច​ជា​មនុស្ស​ម្នាក់​ដែល​សង់​ផ្ទះ គាត់​បាន​ជីក​យ៉ាង​ជ្រៅ ដាក់​ជើង​សសរ​នៅ​លើ​ថ្ម កាល​មាន​ទឹក​ជន់​ឡើង ហូរ​គំហុក​មក​ប៉ះ​នឹង​ផ្ទះ​នោះ នោះ​ធ្វើ​ឲ្យ​រញ្ជួយ​មិន​បាន​ឡើយ ពី​ព្រោះ​បាន​សង់​នៅ​លើ​ថ្ម
49 តែ​អ្នក​ដែល​ឮ ហើយ​មិន​ប្រព្រឹត្ត​តាម នោះ​ប្រៀប​ដូច​ជា​មនុស្ស​ម្នាក់​ដែល​សង់​ផ្ទះ​នៅ​លើ​ដី ឥត​ដាំ​ជើង​សសរ​សោះ លុះ​ទឹក​ហូរ​គំហុក​មក​ប៉ះ​ត្រូវ ផ្ទះ​នោះ​ក៏​រលំ​ទៅ​ភ្លាម ហើយ​ត្រូវ​ខូច​ខាត​ជា​ច្រើន​ផង។


ជំពូក 7

1 កាល​ទ្រង់​មាន​ព្រះ‌បន្ទូល​សេចក្ដី​ទាំង​នោះ ឲ្យ​បណ្តា‌ជន​ស្តាប់​រួច​ហើយ ក៏​យាង​ចូល​ទៅ​ក្នុង​ក្រុង​កាពើ‌ណិម​វិញ
2 នោះ​មាន​បាវ​សំណប់​របស់​មេ​ទ័ព​ម្នាក់ វា​ឈឺ​ហៀប​នឹង​ស្លាប់
3 លោក​បាន​ឮ​និយាយ​ពី​ព្រះ‌យេស៊ូវ ក៏​ចាត់​ពួក​ចាស់‌ទុំ​សាសន៍​យូដា​ខ្លះ ឲ្យ​ទៅ​អង្វរ​អញ្ជើញ​ទ្រង់​មក​ជួយ​សង្គ្រោះ​បាវ​នោះ
4 កាល​គេ​បាន​ទៅ​ដល់​ព្រះ‌យេស៊ូវ​ហើយ នោះ​ក៏​ទទូច​អង្វរ​ទ្រង់​ថា មេ​ទ័ព​នោះ​មាន​បំណាច់​ណាស់ គួរ​ឲ្យ​ប្រោស​មេត្តា​ដែរ
5 ដ្បិត​គាត់​ស្រឡាញ់​ដល់​សាសន៍​យើង ហើយ​បាន​សង់​សាលា​ប្រជុំ​១​សម្រាប់​យើង​រាល់​គ្នា
6 ព្រះ‌យេស៊ូវ​ក៏​យាង​ទៅ​ជា​មួយ​នឹង​គេ កាល​ហៀប​នឹង​ដល់​ផ្ទះ​ហើយ នោះ​មេ​ទ័ព​ចាត់​ពួក​សំឡាញ់​ឲ្យ​មក​ទូល​ទ្រង់​ថា ព្រះ‌អម្ចាស់​អើយ សូម​កុំ​ព្រួយ​ព្រះ‌ទ័យ​ឡើយ មិន​គួរ​នឹង​ឲ្យ​ទូល‌បង្គំ​ទទួល​ទ្រង់​នៅ​ក្នុង​ផ្ទះ​ទូល‌បង្គំ​ទេ
7 គឺ​ដោយ​ហេតុ​នោះ​បាន​ជា​ទូល‌បង្គំ​មិន​បាន​រាប់​ខ្លួន​ថា គួរ​នឹង​មក​ឯ​ទ្រង់​ដែរ សូម​ទ្រង់​គ្រាន់​តែ​មាន​ព្រះ‌បន្ទូល​១​ព្រះ‌ឱស្ឋ​ប៉ុណ្ណោះ​ចុះ នោះ​បាវ​ទូល‌បង្គំ​បាន​ជា​ហើយ
8 ដ្បិត​ទូល‌បង្គំ​នៅ​ក្រោម​អំណាច​គេ​ដែរ ក៏​មាន​ទាហាន​នៅ​ក្រោម​ឱវាទ​ទូល‌បង្គំ ទូល‌បង្គំ​ប្រាប់​ទៅ​ម្នាក់​ថា ទៅ​វា​ក៏​ទៅ ប្រាប់​ទៅ​ម្នាក់​ទៀត​ថា មក វា​ក៏​មក ហើយ​ប្រាប់​ទៅ​បាវ​ថា ធ្វើ​ការ​នេះ​ចុះ នោះ​វា​ក៏​ធ្វើ​តាម
9 កាល​ព្រះ‌យេស៊ូវ​បាន​ឮ​សេចក្ដី​ទាំង​នោះ ទ្រង់​ក៏​មាន​សេចក្ដី​អស្ចារ្យ​នឹង​មេ​ទ័ព​នោះ​ណាស់ រួច​ទ្រង់​បែរ​ទៅ មាន​ព្រះ‌បន្ទូល​នឹង​មនុស្ស​ទាំង​ប៉ុន្មាន​ដែល​តាម​ទ្រង់​ថា ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ខ្ញុំ​មិន​ដែល​ឃើញ​សេចក្ដី​ជំនឿ​ណា​ជា​ខ្លាំង​ដល់​ម៉្លេះ​ទេ ទោះ​បើ​នៅ​សាសន៍​អ៊ីស្រា‌អែល​ក៏​ដោយ
10 ឯ​ពួក​អ្នក​ដែល​លោក​បាន​ចាត់​ឲ្យ​មក គេ​ក៏​ត្រឡប់​ទៅ​ផ្ទះ​វិញ ឃើញ​បាវ​ដែល​ឈឺ​នោះ​បាន​ជា​ហើយ។
11 ដល់​ថ្ងៃ​ក្រោយ​មក ទ្រង់​យាង​ទៅ​ឯ​ក្រុង​១​ហៅ​ថា ណា‌អ៊ីន មាន​ទាំង​ពួក​សិស្ស និង​មនុស្ស​សន្ធឹក​ទៅ​ដែរ
12 កាល​ចូល​ទៅ​ជិត​ដល់​ទ្វារ​កំផែង​ក្រុង នោះ​ឃើញ​គេ​សែង​ខ្មោច​ចេញ​មក ជា​ខ្មោច​កូន​តែ​១ ដែល​ម្តាយ​នៅ​មេម៉ាយ ហើយ​មាន​មនុស្ស​ក្រុង​នោះ​ជា​ច្រើន​ហែ​មក​ជា​មួយ​នឹង​គាត់
13 កាល​ព្រះ‌អម្ចាស់​បាន​ឃើញ នោះ​ទ្រង់​មាន​ព្រះ‌ហឫទ័យ​ក្តួល​អាណិត‌អាសូរ​ដល់​គាត់​ណាស់ ក៏​មាន​ព្រះ‌បន្ទូល​ថា កុំ​យំ​អី
14 រួច​ទ្រង់​យាង​ចូល​ទៅ​ពាល់​ក្តារ​មឈូស ឯ​ពួក​អ្នក​សែង​ក៏​ឈប់ ហើយ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អ្នក​កំលោះ​អើយ ខ្ញុំ​បង្គាប់​អ្នក​ថា ចូរ​ក្រោក​ឡើង
15 អ្នក​ដែល​ស្លាប់​នោះ ក៏​ក្រោក​ឡើង​អង្គុយ ហើយ​ចាប់​តាំង​និយាយ រួច​ទ្រង់​ប្រគល់​ដល់​ម្តាយ​វិញ
16 មនុស្ស​ទាំង​អស់​គ្នា​កើត​មាន​សេចក្ដី​ស្ញែង​ខ្លាច ក៏​សរសើរ‌តម្កើង​ដល់​ព្រះ ដោយ​ពាក្យ​ថា មាន​ហោរា​១​ធំ​បាន​កើត​ឡើង​ក្នុង​ពួក​យើង ហើយ​ថា ព្រះ​បាន​ប្រោស​រាស្ត្រ​ទ្រង់​ហើយ
17 ពាក្យ​គេ​ថ្លែង​ពី​ទ្រង់​នេះ បាន​ឮ​សុស‌សាយ​ពេញ​ទួទៅ​ក្នុង​ស្រុក​យូដា និង​ស្រុក​នៅ​ជុំ‌វិញ​ទាំង​អស់។
18 ពួក​សិស្ស​យ៉ូហាន ក៏​ទៅ​ប្រាប់​គាត់​ពី​គ្រប់​ការ​ទាំង​នេះ
19 រួច​យ៉ូហាន​ហៅ​សិស្ស​គាត់​២​នាក់​មក ប្រើ​ឲ្យ​ទៅ​ទូល​សួរ​ព្រះ‌យេស៊ូវ​ថា តើ​ទ្រង់​ជា​ព្រះ​ដែល​ត្រូវ​មក​ពិត ឬ​ត្រូវ​ឲ្យ​យើង​ខ្ញុំ​នៅ​ចាំ​១​អង្គ​ទៀត
20 កាល​អ្នក​ទាំង​២​នោះ​មក​ដល់ ក៏​ទូល​ទ្រង់​ថា លោក​យ៉ូហាន-បាទីស្ទ​បាន​ចាត់​យើង​ខ្ញុំ​ឲ្យ​មក​សួរ​ទ្រង់​ថា តើ​ទ្រង់​ជា​ព្រះ​ដែល​ត្រូវ​មក​ពិត ឬ​ត្រូវ​ឲ្យ​យើង​ខ្ញុំ​នៅ​ចាំ​១​អង្គ​ទៀត
21 នៅ​វេលា​នោះ​ឯង ទ្រង់​បាន​ប្រោស​មនុស្ស​ជំងឺ មនុស្ស​វេទនា និង​មនុស្ស​អារក្ស‌អសោច​ចូល​ជា​ច្រើន​ឲ្យ​បាន​ជា ហើយ​មនុស្ស​ខ្វាក់​ជា​ច្រើន​ឲ្យ​ភ្លឺ​ដែរ
22 រួច​ទ្រង់​ក៏​ឆ្លើយ​ថា ចូរ​ទៅ​ប្រាប់​យ៉ូហាន​ពី​ការ​ដែល​អ្នក​បាន​ឃើញ​ហើយ​ឮ​ចុះ គឺ​មនុស្ស​ខ្វាក់​បាន​ភ្លឺ មនុស្ស​ខ្វិន​ដើរ​បាន មនុស្ស​ឃ្លង់​បាន​ជា​ស្អាត មនុស្ស​ថ្លង់​ស្តាប់​ឮ មនុស្ស​ស្លាប់​រស់​ឡើង​វិញ ហើយ​មនុស្ស​ទាល់​ក្រ​ក៏​បាន​ឮ​ដំណឹង​ល្អ
23 មាន​ពរ​ហើយ អ្នក​ណា​ដែល​មិន​រវាត​ចិត្ត​ដោយ​ព្រោះ​ខ្ញុំ។
24 កាល​សិស្ស​ដែល​យ៉ូហាន​ចាត់​ឲ្យ​មក បាន​ចេញ​ទៅ​ហើយ នោះ​ទ្រង់​ចាប់​តាំង​មាន​ព្រះ‌បន្ទូល​នឹង​បណ្តា​មនុស្ស​ពី​យ៉ូហាន​ថា តើ​អ្នក​រាល់​គ្នា​បាន​ទៅ​មើល​អ្វី​នៅ​ទី​រហោ‌ស្ថាន បាន​ទៅ​មើល​ដើម​ត្រែង​រញ្ជួយ និង​ខ្យល់​ឬ​អី
25 តើ​អ្នក​រាល់​គ្នា​បាន​ទៅ​មើល​អ្វី បាន​ទៅ​មើល​មនុស្ស​ស្លៀក‌ពាក់​អាវ​ទន់‌ភ្លន់​ឬ​អី មើល​ពួក​អ្នក​ដែល​ស្លៀក‌ពាក់​ល្អ​ប្រសើរ ហើយ​រស់​នៅ​ដោយ​រុងរឿង នោះ​សុទ្ធ​តែ​នៅ​ក្នុង​ដំណាក់​ស្តេច​ទេ
26 ចុះ​អ្នក​រាល់​គ្នា បាន​ទៅ​មើល​អ្វី មើល​ហោរា​ឬ​អី មែន​ហើយ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា គាត់​ក៏​លើស​ជាង​ហោរា​ផង
27 ដ្បិត​គឺ​ពី​អ្នក​នេះ​ហើយ ដែល​មាន​សេចក្ដី​ចែង​ទុក​មក​ថា «មើល អញ​ចាត់​ទូត​អញ​ទៅ​មុន​ឯង ទូត​នោះ​នឹង​រៀប‌ចំ​ផ្លូវ​នៅ​មុខ​ឯង»
28 ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ក្នុង​ពួក​មនុស្ស ដែល​កើត​ពី​ស្ត្រី​មក នោះ​គ្មាន​ហោរា​ណា​បាន​ធំ​ជាង​យ៉ូហាន-បាទីស្ទ​ទេ ប៉ុន្តែ អ្នក​ណា​ដែល​តូច​ជាង​គេ​ក្នុង​នគរ​ព្រះ នោះ​ក៏​ធំ​ជាង​គាត់​ហើយ
29 ឯ​បណ្តា‌ជន និង​ពួក​អ្នក​យក​ពន្ធ​ទាំង​ប៉ុន្មាន ដែល​ស្តាប់​យ៉ូហាន គេ​ក៏​រាប់​ព្រះ​ថា​ជា​សុចរិត ដោយ​បាន​ទទួល​បុណ្យ​ជ្រមុជ‌ទឹក​ពី​គាត់
30 តែ​ពួក​ផារី‌ស៊ី និង​ពួក​អ្នក​ប្រាជ្ញ​ច្បាប់ គេ​បាន​លើក​ព្រះ‌តម្រិះ ដែល​តម្រូវ​ដល់​គេ​ចោល​ចេញ ដោយ​មិន​បាន​ទទួល​បុណ្យ​ជ្រមុជ​ពី​គាត់​វិញ
31 នោះ​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា តើ​ត្រូវ​ឲ្យ​ខ្ញុំ​ធៀប​ដំណ​មនុស្ស​នេះ​ជា​អ្វី តើ​គេ​ដូច​ជា​អ្វី
32 គឺ​គេ​ដូច​ជា​កូន​ក្មេង​អង្គុយ​នៅ​ទី​ផ្សារ ដែល​ស្រែក​ទៅ​គ្នា​វា​ថា យើង​បាន​ផ្លុំ​ខ្លុយ​ឲ្យ​ឯង តែ​ឯង​មិន​បាន​រាំ យើង​បាន​ទួញ​ទំនួញ​ឲ្យ​ឯង​តែ​ឯង​មិន​បាន​យំ​សោះ
33 ដ្បិត​យ៉ូហាន-បាទីស្ទ​បាន​មក​មិន​បរិភោគ​បាយ ឬ​ស្រា​ទំពាំង‌បាយ‌ជូរ​ឡើយ តែ​អ្នក​រាល់​គ្នា​ថា គាត់​មាន​អារក្ស​ចូល
34 ឯ​កូន​មនុស្ស បាន​មក​ទាំង​បរិភោគ​វិញ ហើយ​អ្នក​រាល់​គ្នា​ថា មើល​នេះ​ជា​អ្នក​ល្មោភ​ស៊ី​ផឹក​ច្រើន ជា​មិត្ត​សំឡាញ់​នឹង​ពួក​អ្នក​យក​ពន្ធ ហើយ​និង​មនុស្ស​មាន​បាប
35 ប៉ុន្តែ ប្រាជ្ញា​បាន​រាប់​ជា​ត្រូវ ដោយ​ផល​ដែល​បង្កើត​ទាំង​ប៉ុន្មាន។
36 មាន​ពួក​ផារី‌ស៊ី​ម្នាក់​ទូល​សូម​ទ្រង់ ឲ្យ​សោយ​ជា​មួយ​នឹង​គាត់ ទ្រង់​ក៏​យាង​ចូល​ទៅ​គង់​នៅ​តុ ក្នុង​ផ្ទះ​គាត់
37 ហើយ​មើល​នៅ​ក្រុង​នោះ​មាន​ស្ត្រី​ម្នាក់​ដែល​មាន​បាប នាង​បាន​ដឹង​ថា ទ្រង់​គង់​នៅ​តុ​ក្នុង​ផ្ទះ​អ្នក​ផារី‌ស៊ី​នោះ ក៏​យក​ដប​ថ្ម​កែវ​ដាក់​ប្រេង​ក្រអូប​មក
38 នាង​ឈរ​ពី​ខាង​ក្រោយ ទៀប​ព្រះ‌បាទ​ទ្រង់​ទាំង​យំ ចាប់​តាំង​សម្រក់​ទឹក​ភ្នែក​ទទឹក​ព្រះ‌បាទ​ទ្រង់ រួច​យក​សក់​ក្បាល​នាង​ជូត ក៏​ថើប​ព្រះ‌បាទ ដោយ​ស្រឡាញ់ ហើយ​យក​ប្រេង​ក្រអូប​លាប​ផង
39 កាល​ពួក​ផារី‌ស៊ី​ម្នាក់​ដែល​អញ្ជើញ​ទ្រង់​មក បាន​ឃើញ​ដូច្នោះ ក៏​គិត​ក្នុង​ចិត្ត​ថា បើ​អ្នក​នេះ​ជា​ហោរា​មែន នោះ​នឹង​ស្គាល់​ស្ត្រី​ដែល​ពាល់​ខ្លួន ហើយ​ដឹង​ថា​ជា​មនុស្ស​យ៉ាង​ណា ព្រោះ​នាង​ជា​មនុស្ស​មាន​បាប
40 ព្រះ‌យេស៊ូវ​ក៏​មាន​ព្រះ‌បន្ទូល​ថា ស៊ីម៉ូន​អើយ ខ្ញុំ​ចង់​និយាយ​នឹង​អ្នក​បន្តិច គាត់​ក៏​ឆ្លើយ​ថា សូម​លោក​គ្រូ​មាន​ប្រសាសន៍​មក​ចុះ
41 ទ្រង់​មាន​ព្រះ‌បន្ទូល​ថា មាន​២​នាក់​ជំពាក់​អ្នក​ចង​ការ​ម្នាក់ អ្នក​១ ជំពាក់​១០០​រៀល អ្នក​១​ទៀត​១០​រៀល
42 ដោយ​ព្រោះ​គេ​គ្មាន​អ្វី​នឹង​សង បាន​ជា​គាត់​លែង​ទារ​ពី​អ្នក​ទាំង​២​ទៅ ដូច្នេះ ក្នុង​២​នាក់​នោះ តើ​អ្នក​ណា​ស្រឡាញ់​គាត់​ជា​ជាង
43 ស៊ីម៉ូន​ទូល​ឆ្លើយ​ថា ខ្ញុំ​ស្មាន​ថា​ជា​អ្នក​មួយ​ដែល​ជំពាក់​ច្រើន​ជាង​នោះ​ឯង ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​តប​ថា អ្នក​ស្មាន​ត្រូវ​ហើយ
44 រួច​ទ្រង់​បែរ​ទៅ​ឯ​ស្ត្រី​នោះ តែ​មាន​ព្រះ‌បន្ទូល​នឹង​ស៊ីម៉ូន​ថា អ្នក​ឃើញ​ស្ត្រី​នេះ​ឬ​ទេ ខ្ញុំ​បាន​ចូល​មក​ក្នុង​ផ្ទះ​អ្នក អ្នក​មិន​បាន​ឲ្យ​ទឹក​សម្រាប់​លាង​ជើង​ខ្ញុំ​ទេ តែ​នាង​បាន​សម្រក់​ទឹក​ភ្នែក​ទទឹក​ជើង​ខ្ញុំ ហើយ​យក​សក់​ជូត​ផង
45 អ្នក​មិន​បាន​ថើប​ខ្ញុំ​សោះ តែ​តាំង​ពី​ខ្ញុំ​ចូល​មក នាង​ចេះ​តែ​ថើប​ជើង​ខ្ញុំ​ដោយ​ស្រឡាញ់
46 អ្នក​មិន​បាន​យក​ប្រេង​លាប​ក្បាល​ខ្ញុំ​សោះ តែ​នាង​យក​ប្រេង​ក្រអូប​មក​លាប​ជើង​ខ្ញុំ​វិញ
47 ដោយ​ហេតុ​នោះ​បាន​ជា​ខ្ញុំ​ប្រាប់​អ្នក​ថា បាប​នាង​ដែល​មាន​ច្រើន​ទាំង​ម៉្លេះ បាន​អត់​ទោស​ឲ្យ​នាង​ហើយ ដ្បិត​នាង​មាន​សេចក្ដី​ស្រឡាញ់​ជា​ច្រើន ប៉ុន្តែ អ្នក​ណា​ដែល​គេ​អត់​ទោស​ឲ្យ​តិច នោះ​ក៏​ស្រឡាញ់​តិច
48 រួច​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា បាប​នាង​បាន​អត់​ទោស​ឲ្យ​នាង​ហើយ
49 ឯ​ពួក​អ្នក​ដែល​អង្គុយ​នៅ​តុ ជា​មួយ ក៏​ចាប់​តាំង​គិត​ក្នុង​ចិត្ត​ថា តើ​អ្នក​នេះ​ជា​អ្វី​ដែល​អត់​ទោស​បាប​បាន​ផង​ដូច្នេះ
50 តែ​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​ស្ត្រី​នោះ​ថា សេចក្ដី​ជំនឿ​របស់​នាង​បាន​សង្គ្រោះ​នាង​ហើយ អញ្ជើញ​នាង​ទៅ ឲ្យ​បាន​ប្រកប​ដោយ​សេចក្ដី​សុខ​ចុះ។


ជំពូក 8

1 ក្រោយ​នោះ​មក​ទៀត ទ្រង់​យាង​ទៅ​ប្រដៅ​ក្នុង​គ្រប់​ក្រុង​គ្រប់​ភូមិ​ជា​មួយ​នឹង​ពួក​១២​នាក់ ព្រម​ទាំង​ប្រាប់​ដំណឹង​ល្អ​ពី​នគរ​ព្រះ
2 ក៏​មាន​ស្ត្រី​ខ្លះ​ដែល​បាន​ជា​ពី​អារក្ស‌អសោច ហើយ​ពី​ជំងឺ​ផ្សេងៗ​បាន​ទៅ​ជា​មួយ​ដែរ គឺ​មាន​ម៉ារា ហៅ​ថា​អ្នក​ស្រុក​ម៉ាក់‌ដាឡា ដែល​មាន​អារក្ស​៧​ចេញ​ពី​នាង​១
3 និង​យ៉ូអាន់ ជា​ប្រពន្ធ​ឃូសា មហា‌តលិក​ស្តេច​ហេរ៉ូឌ​១ ស៊ូសាន​១ ហើយ​ស្ត្រី​ឯ​ទៀតៗ​ជា​ច្រើន​ដែរ ដែល​យក​ទ្រព្យ​ខ្លួន​មក​ជួយ​ទ្រង់។
4 កាល​មាន​មនុស្ស​មក​ពី​គ្រប់​ស្រុក ប្រជុំ​គ្នា​ឯ​ទ្រង់​ជា​ណែន‌ណាន់‌តាន់‌តាប់​ហើយ នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ដោយ​ពាក្យ​ប្រៀប​ប្រដូច​ថា
5 «មាន​អ្នក​ព្រោះ​ពូជ​ម្នាក់​ចេញ​ទៅ​ព្រោះ កំពុង​ដែល​គាត់​ព្រោះ នោះ​មាន​ខ្លះ​ធ្លាក់​ចុះ​តាម​ផ្លូវ ត្រូវ​គេ​ដើរ​ជាន់ ហើយ​សត្វ​ហើរ​លើ​អាកាស​ក៏​មក​ចឹក​ស៊ី
6 ខ្លះ​ទៀត​ធ្លាក់​ទៅ​លើ​ថ្ម កាល​ពន្លក​ឡើង នោះ​ក៏​ក្រៀម​ស្វិត​ទៅ ពី​ព្រោះ​គ្មាន​ធាតុ​សើម​សោះ
7 មាន​ខ្លះ​ទៀត​ធ្លាក់​ទៅ​កណ្តាល​បន្លា បន្លា​ក៏​ដុះ​ឡើង​ជា​មួយ ហើយ​រួប​ខ្ទប់​វា
8 មាន​ខ្លះ​ទៀត​ធ្លាក់​ទៅ​ក្នុង​ដី​ល្អ ក៏​ពន្លក​ដុះ​ឡើង បង្កើត​ផល​ផ្លែ​បាន​១​ជា​១​រយ​ភាគ» កាល​ទ្រង់​មាន​ព្រះ‌បន្ទូល​សេចក្ដី​ទាំង​នោះ​ស្រេច​ហើយ នោះ​ក៏​បន្លឺ​វាចា​ថា «អ្នក​ណា​ដែល​មាន​ត្រចៀក​សម្រាប់​ស្តាប់ ឲ្យ​ស្តាប់​ចុះ»។
9 ពួក​សិស្ស​ទូល​សួរ​ទ្រង់​ថា ពាក្យ​ប្រៀប​នេះ​មាន​ន័យ​ដូច​ម្តេច
10 ទ្រង់​ឆ្លើយ​ថា ឯ​អ្នក​រាល់​គ្នា ព្រះ​បាន​ប្រទាន​ឲ្យ​ស្គាល់​អស់​ទាំង​ការ​អាថ៌‌កំបាំង​របស់​នគរ​ទ្រង់​ហើយ តែ​បាន​សម្ដែង​ដល់​អ្នក​ឯ​ទៀត ដោយ​ពាក្យ​ប្រៀប​ប្រដូច​វិញ ដើម្បី​កាល​ណា​គេ​ឃើញ នោះ​មិន​ឃើញ​វិញ ហើយ​កាល​ណា​គេ​ឮ នោះ​មិន​យល់​ឡើយ
11 រីឯ​ពាក្យ​ប្រៀប​ប្រដូច​នេះ គឺ​ស្រាយ​យ៉ាង​នេះ​ថា ពូជ​នោះ គឺ​ព្រះ‌បន្ទូល
12 ឯ​ពួក​អ្នក​ដែល​ទទួល​តាម​ផ្លូវ គឺ​ជា​អស់​អ្នក​ដែល​បាន​ឮ រួច​អារក្ស​មក​ឆក់​យក​ព្រះ‌បន្ទូល​ពី​ចិត្ត​គេ​ចេញ​ទៅ ក្រែង​គេ​ជឿ ហើយ​បាន​សង្គ្រោះ
13 ឯ​ពួក​អ្នក​ដែល​ទទួល​នៅ​លើ​ថ្ម គឺ​អស់​អ្នក​ដែល​កាល​ណា​ឮ​ព្រះ‌បន្ទូល​ហើយ នោះ​ក៏​ទទួល​ដោយ​អំណរ តែ​គ្មាន​ចាក់​ឫស​សោះ គេ​ជឿ​នៅ​តែ​១​ស្របក់​ប៉ុណ្ណោះ លុះ​កើត​មាន​សេចក្ដី​ល្បួង នោះ​គេ​រសាយ​ចិត្ត​ទៅ​វិញ
14 ឯ​ពូជ​ដែល​ធ្លាក់​ទៅ​ក្នុង​បន្លា គឺ​អស់​អ្នក​ដែល​បាន​ឮ រួច​ចេញ​ទៅ នោះ​សេចក្ដី​ខ្វល់‌ខ្វាយ និង​ទ្រព្យ‌សម្បត្តិ ហើយ​និង​សេចក្ដី​ស្រើប‌ស្រាល​នៅ​ជីវិត​នេះ ក៏​ចូល​មក​ខ្ទប់​ជិត មិន​ឲ្យ​បង្កើត​ផល​ផ្លែ​ដ៏​ពេញ‌លេញ​បាន​ឡើយ
15 តែ​ពូជ​ដែល​នៅ​ដី​ល្អ គឺ​ពួក​អ្នក​ដែល​មាន​ចិត្ត​ទៀង​ត្រង់​ល្អ ក៏​ឮ​ព្រះ‌បន្ទូល ហើយ​យក​ចិត្ត​ទុក​ដាក់ រួច​បង្កើត​ផល​ដោយ​សេចក្ដី​អត់‌ធន់​វិញ។
16 គ្មាន​អ្នក​ណា​អុជ​ចង្កៀង រួច​យក​ផើង​មក​គ្រប ឬ​យក​ទៅ​ដាក់​នៅ​ក្រោម​គ្រែ​ឡើយ គេ​តែង​ដាក់​លើ​ជើង​ចង្កៀង​វិញ ដើម្បី​ឲ្យ​អស់​អ្នក​ណា​ដែល​ចូល​មក​បាន​ឃើញ​ពន្លឺ​ភ្លឺ
17 ដ្បិត​គ្មាន​អ្វី​លាក់​កំបាំង​ដែល​មិន​ត្រូវ​បើក​សម្ដែង​ចេញ ឬ​អ្វី​ជា​សម្ងាត់​ដែល​មិន​ត្រូវ​ឲ្យ​ដឹង ហើយ​យក​ទៅ​ដាក់​នៅ​ពន្លឺ​នោះ​ឡើយ
18 ដូច្នេះ ត្រូវ​ឲ្យ​ប្រយ័ត ដែល​អ្នក​រាល់​គ្នា​ឮ​ជា​យ៉ាង​ណា ដ្បិត​អ្នក​ណា​ដែល​មាន គេ​នឹង​ឲ្យ​ដល់​អ្នក​នោះ ប៉ុន្តែ អ្នក​ណា​ដែល​គ្មាន នោះ​នឹង​ដក​យក​ទាំង​របស់​ដែល​មើល​ទៅ​ដូច​ជា​អ្នក​នោះ​មាន​ចេញ​ផង។
19 នោះ​មាតា និង​បង​ប្អូន​ទ្រង់ ក៏​មក​រក​ទ្រង់ តែ​ចូល​ទៅ​ឯ​ទ្រង់​មិន​បាន ដោយ​ព្រោះ​មាន​មនុស្ស​ច្រើន​ណាស់
20 មាន​គេ​ទូល​ទ្រង់​ថា «ម្តាយ និង​បង​ប្អូន​លោក មក​ឈរ​នៅ​ខាង​ក្រៅ ចង់​ជួប​នឹង​លោក»
21 តែ​ទ្រង់​ឆ្លើយ​ទៅ​គេ​ថា «ឯ​អ្នក​ដែល​ជា​ម្តាយ និង​បង​ប្អូន​ខ្ញុំ គឺ​អស់​អ្នក​ដែល​ស្តាប់​ព្រះ‌បន្ទូល ហើយ​ប្រព្រឹត្ត​តាម​វិញ»។
22 មាន​កាល​១​ថ្ងៃ​នោះ ទ្រង់​ចុះ​ទូក​ជា​មួយ​នឹង​ពួក​សិស្ស ហើយ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា «ចូរ​យើង​ឆ្លង​ទៅ​ត្រើយ​ម្ខាង» នោះ​ក៏​ចេញ​ទៅ
23 កាល​កំពុង​តែ​បើក​ក្តោង​ទៅ នោះ​ទ្រង់​ផ្ទំ​លក់ រួច​មាន​ខ្យល់​ព្យុះ​ធ្លាក់​មក​លើ​សមុទ្រ ទឹក​ក៏​ចូល​ស្ទើរ​តែ​ពេញ​ទូក ហើយ​គេ​ភ័យ​ខ្លាច​លិច
24 គេ​ចូល​ទៅ​តើន​ទ្រង់​ទូល​ថា «លោក​គ្រូៗ​អើយ យើង​ខ្ញុំ​ស្លាប់​ហើយ តែ​ទ្រង់​ក្រោក​ឡើង កំហែង​ទៅ​ខ្យល់ និង​ទឹក ដែល​កំពុង​បោក​បក់​ជា​ខ្លាំង នោះ​ក៏​ស្ងប់​បាត់​ឈឹង​ទៅ»
25 រួច​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា «តើ​សេចក្ដី​ជំនឿ​របស់​អ្នក​រាល់​គ្នា​នៅ​ឯ​ណា»? គេ​ក៏​ភ័យ​ខ្លាច ហើយ​មាន​សេចក្ដី​អស្ចារ្យ​ក្នុង​ចិត្ត ទាំង​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា «ចុះ​លោក​នេះ​ជា​អ្វី បាន​ជា​លោក​បង្គាប់​ទៅ​ទាំង​ខ្យល់​ទាំង​ទឹក​បាន ហើយ​ទាំង​២​យ៉ាង​ក៏​ស្តាប់​បង្គាប់​លោក​ដែរ​ដូច្នេះ»។
26 ទ្រង់ និង​ពួក​សិស្ស​ក៏​មក​ដល់​ស្រុក​គេរ៉ា‌ស៊ីន ដែល​ប្រទល់​មុខ​នឹង​ស្រុក​កាលី‌ឡេ
27 កាល​ឡើង​ដល់​លើ​គោក នោះ​មាន​មនុស្ស​ម្នាក់​ចេញ​ពី​ក្រុង​នោះ​មក​ជួប​នឹង​ទ្រង់ គាត់​មាន​អារក្ស​ចូល​ជា​យូរ​មក​ហើយ គ្មាន​ស្លៀក‌ពាក់​អ្វី​ឡើយ គាត់​មិន​នៅ​ក្នុង​ផ្ទះ​ទេ គឺ​អាស្រ័យ​នៅ​តែ​ក្នុង​ផ្នូរ​ខ្មោច​វិញ
28 កាល​បាន​ឃើញ​ព្រះ‌យេស៊ូវ នោះ​គាត់​ស្រែក​ឡើង ក៏​ទម្លាក់​ខ្លួន​ក្រាប​នៅ​ចំពោះ​ទ្រង់ ទូល​ជា​សំឡេង​ខ្លាំង​ថា «ឱ​ព្រះ‌យេស៊ូវ ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត​អើយ តើ​ទ្រង់ ហើយ​និង​ទូល‌បង្គំ មាន​ការ​អ្វី​នឹង​គ្នា ទូល‌បង្គំ​សូម​អង្វរ​ទ្រង់ កុំ​ឲ្យ​ធ្វើ​ទុក្ខ​ទូល‌បង្គំ​ឡើយ»
29 ដ្បិត​ទ្រង់​កំពុង​តែ​បង្គាប់​ដល់​វិញ្ញាណ​អសោច ឲ្យ​ចេញ​ពី​មនុស្ស​នោះ​ទៅ ពី​ព្រោះ​វា​បាន​ជាន់​គាត់​ជា​យូរ​មក​ហើយ គេ​បាន​យក​ច្រវាក់ យក​ខ្នោះ​ដាក់ ទាំង​ថែ​រក្សា​គាត់​ដែរ តែ​គាត់​ចេះ​តែ​ផ្តាច់​ចំណង​ទាំង​នោះ​ចេញ ហើយ​អារក្ស​វា​នាំ​បណ្តាល​ឲ្យ​ទៅ​នៅ​ទី​ស្ងាត់
30 ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​សួរ​គាត់​ថា «អ្នក​ឈ្មោះ​អី» គាត់​ទូល​ថា ទូល‌បង្គំ​ឈ្មោះ «កង‌ទ័ព» ព្រោះ​មាន​អារក្ស​ជា​ច្រើន​ចូល​គាត់
31 អារក្ស​ទាំង​នោះ​ក៏​សូម​អង្វរ កុំ​ឲ្យ​ទ្រង់​បង្គាប់​វា ឲ្យ​ចុះ​ទៅ​ក្នុង​ជង្ហុក​ធំ​ឡើយ
32 នៅ​ទី​នោះ មាន​ហ្វូង​ជ្រូក​យ៉ាង​ធំ កំពុង​តែ​រក​ស៊ី​នៅ​លើ​ភ្នំ ហើយ​អារក្ស​ទាំង​នោះ​ក៏​សូម​អង្វរ​ទ្រង់ ឲ្យ​បើក​ឲ្យ​វា​ចូល​ទៅ​ក្នុង​ជ្រូក​ទាំង​នោះ ទ្រង់​ក៏​បើក​ឲ្យ
33 រួច​វា​ចេញ​ពី​មនុស្ស​នោះ ចូល​ទៅ​ក្នុង​ហ្វូង​ជ្រូកៗ​ក៏​បោល​ម្នីម្នា តាម​ភ្នំ​ចោត​ធ្លាក់​ទៅ​ក្នុង​សមុទ្រ លង់​ទឹក​ស្លាប់​ទាំង​អស់​ទៅ
34 កាល​ពួក​អ្នក​គង្វាល​ជ្រូក​បាន​ឃើញ​ដូច្នោះ ក៏​នាំ​គ្នា​រត់​ទៅ​ប្រាប់​ដល់​ជន​ក្នុង​ក្រុង ហើយ​និង​ស្រុក​ស្រែ
35 រួច​មនុស្ស​ទាំង‌ឡាយ​ក៏​ចេញ​មក​មើល​ការ​ដែល​កើត​មក​នោះ គេ​មក​ដល់​ព្រះ‌យេស៊ូវ ឃើញ​មនុស្ស​ដែល​អារក្ស​ទាំង​នោះ​បាន​ចេញ កំពុង​តែ​អង្គុយ​ទៀប​ព្រះ‌បាទ​ទ្រង់ ទាំង​ស្លៀក‌ពាក់ ហើយ​ដឹង​ខ្លួន នោះ​គេ​មាន​សេចក្ដី​ភ័យ​ខ្លាច​គ្រប់​គ្នា
36 ពួក​អ្នក​ដែល​បាន​ឃើញ​ការ​នោះ ក៏​ប្រាប់​គេ​ពី​បែប​យ៉ាង​ណា​ដែល​មនុស្ស​អារក្ស​ចូល​នោះ​បាន​ជា
37 រួច​មនុស្ស​ទាំង​ប៉ុន្មាន ដែល​នៅ​ជុំ‌វិញ​ស្រុក​គេរ៉ា‌ស៊ីន គេ​សូម​ឲ្យ​ទ្រង់​ថយ​ចេញ​ពី​គេ​ទៅ ដ្បិត​គេ​កើត​មាន​សេចក្ដី​ស្ញែង​ខ្លាច​ជា​ខ្លាំង នោះ​ទ្រង់​យាង​ចុះ​ទូក​ត្រឡប់​វិល​វិញ​ទៅ
38 ឯ​មនុស្ស​ដែល​អារក្ស​បាន​ចេញ​នោះ គាត់​សូម​អង្វរ​ទ្រង់ ឲ្យ​បាន​ទៅ​ជា​មួយ​ដែរ ប៉ុន្តែ ព្រះ‌យេស៊ូវ​ឲ្យ​គាត់​ទៅ​វិញ ដោយ​ប្រាប់​ថា
39 ចូរ​វិល​ទៅ​ឯ​ផ្ទះ​អ្នក​ទៅ ហើយ​ប្រាប់​ពី​គ្រប់​ទាំង​ការ​ដែល​ព្រះ​បាន​ប្រោស​ដល់​អ្នក​វិញ គាត់​ក៏​ទៅ​ផ្សាយ​ប្រាប់​ពេញ​ក្នុង​ទី​ក្រុង ពី​គ្រប់​ទាំង​ការ​ដែល​ព្រះ‌យេស៊ូវ​បាន​ប្រោស​ដល់​ខ្លួន។
40 កាល​ព្រះ‌យេស៊ូវ​បាន​ត្រឡប់​ទៅ​វិញ​ហើយ នោះ​បណ្តា​មនុស្ស​ក៏​ទទួល​ទ្រង់​ដោយ​អំណរ ដ្បិត​គេ​ទន្ទឹង​មើល​តែ​ផ្លូវ​ទ្រង់​ទាំង​អស់​គ្នា
41 នោះ​ឃើញ​មាន​មនុស្ស​ម្នាក់​ឈ្មោះ​យ៉ៃរូស ជា​មេ​សាលា​ប្រជុំ គាត់​មក​ទម្លាក់​ខ្លួន​ក្រាប​នៅ​ទៀប​ព្រះ‌បាទ​ព្រះ‌យេស៊ូវ សូម​អង្វរ​ទ្រង់ ឲ្យ​យាង​ទៅ​ផ្ទះ​គាត់
42 ព្រោះ​គាត់​មាន​កូន​ស្រី​តែ​១ អាយុ​ប្រហែល​១២​ឆ្នាំ មាន​ជំងឺ​ឈឺ​ជិត​ស្លាប់ កាល​ទ្រង់​កំពុង​តែ​យាង​ទៅ នោះ​បណ្តា​មនុស្ស​ប្រជ្រៀត​គ្នា​លើ​ទ្រង់។
43 ហើយ​មាន​ស្ត្រី​ម្នាក់ មាន​ជំងឺ​ធ្លាក់​ឈាម​១២​ឆ្នាំ​មក​ហើយ នាង​បាន​ចំណាយ​ទ្រព្យ​ខ្លួន​ទាំង​អស់ ដោយ​រក​គ្រូ‌ពេទ្យ តែ​គ្មាន​គ្រូ​ណា​មួយ​មើល​ឲ្យ​ជា​បាន​ទេ
44 នាង​មក​ពី​ក្រោយ ចាប់​ពាល់​ជាយ​ព្រះ‌ពស្ត្រ​ទ្រង់ នោះ​ឈាម​ក៏​បាត់​ធ្លាក់​មក​ក្នុង​ខណៈ​១​រំពេច​នោះ
45 ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​សួរ​ថា តើ​អ្នក​ណា​ពាល់​ខ្ញុំ កាល​មនុស្ស​ទាំង​អស់​កំពុង​តែ​ប្រកែក នោះ​ពេត្រុស និង​ពួក​អ្នក​ដែល​នៅ​ជា​មួយ ទូល​ថា លោក​គ្រូ បណ្តា​មនុស្ស​កំពុង​ប្រជ្រៀត​គ្នា​ត្បៀត​ទ្រង់ ដូច្នេះ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អ្នក​ណា​ពាល់​ទ្រង់​ធ្វើ​អី
46 ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា ច្បាស់​ជា​មាន​អ្នក​ណា​ពាល់​ខ្ញុំ​ពិត ដ្បិត​ខ្ញុំ​ដឹង​ថា មាន​ឫទ្ធិ​ផ្សាយ​ចេញ​ពី​ខ្ញុំ​ទៅ​ហើយ
47 កាល​ស្ត្រី​នោះ​បាន​ឃើញ​ថា លាក់​ខ្លួន​មិន​កំបាំង​ទេ នោះ​ក៏​ចូល​មក​ទាំង​ញ័រ​រន្ធត់ ផ្តួល​ខ្លួន​នៅ​ចំពោះ​ទ្រង់ ទូល​នៅ​មុខ​មនុស្ស​ទាំង​អស់ ពី​ហេតុ​ដែល​នាង​ពាល់​ទ្រង់ ហើយ​ពី​បែប​ដែល​នាង​បាន​ជា​ភ្លាម​១​រំពេច​ផង
48 ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា ចូរ​សង្ឃឹម​ឡើង កូន​ស្រី​អើយ ដ្បិត​សេចក្ដី​ជំនឿ​នាង​បាន​សង្គ្រោះ​នាង​ហើយ ចូរ​ទៅ​ដោយ​សុខ​សាន្ត​ចុះ។
49 កាល​ទ្រង់​កំពុង​តែ​មាន​ព្រះ‌បន្ទូល​នៅ​ឡើយ នោះ​មាន​ម្នាក់​មក​ពី​ផ្ទះ​មេ​សាលា​ប្រជុំ ជម្រាប​គាត់​ថា កូន​លោក​ស្លាប់​ហើយ កុំ​នៅ​រំខាន​ចិត្ត​លោក​គ្រូ​ទៀត
50 ព្រះ‌យេស៊ូវ​ក៏​ឮ ហើយ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា កុំ​ខ្លាច​ឡើយ ឲ្យ​គ្រាន់​តែ​ជឿ​ប៉ុណ្ណោះ នោះ​នាង​នឹង​បាន​រស់​វិញ
51 រួច​ទ្រង់​យាង​ចូល​ទៅ​ក្នុង​ផ្ទះ មិន​ឲ្យ​អ្នក​ណា​ទៅ​ជា​មួយ​ឡើយ លើក​តែ​ពេត្រុស យ៉ាកុប និង​យ៉ូហាន ហើយ​ឪពុក​ម្តាយ​របស់​កូន​នោះ​ប៉ុណ្ណោះ
52 ឯ​មនុស្ស​ទាំង​អស់ គេ​កំពុង​តែ​យំ​សោក​សង្រេង​នឹង​នាង តែ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា កុំ​យំ​អី នាង​មិន​មែន​ស្លាប់​ទេ គឺ​នាង​ដេក​លក់​ទេ​តើ
53 គេ​ក៏​សើច​ចំអក​ឲ្យ​ទ្រង់ ដ្បិត​គេ​ដឹង​ថា នាង​ស្លាប់​ពិត​មែន
54 នោះ​ទ្រង់​បណ្តេញ​គេ​ចេញ​អស់ ហើយ​ចាប់​ដៃ​នាង មាន​ព្រះ‌បន្ទូល​ជា​ខ្លាំង​ថា កូន​អើយ ចូរ​ក្រោក​ឡើង
55 ខណៈ​នោះ ព្រលឹង​នាង​ក៏​មក​វិញ ហើយ​នាង​ក្រោក​ឡើង​ភ្លាម នោះ​ទ្រង់​បង្គាប់​ឲ្យ​គេ​យក​អ្វីៗ មក​ឲ្យ​នាង​បរិភោគ
56 ឪពុក​ម្តាយ​នាង​ក៏​កើត​មាន​សេចក្ដី​អស្ចារ្យ តែ​ទ្រង់​ហាម មិន​ឲ្យ​គេ​ប្រាប់ ឲ្យ​អ្នក​ណា​ដឹង​ពី​ការ​នោះ​ឡើយ។


ជំពូក 9

1 លុះ​ទ្រង់​បាន​ហៅ​ពួក​សិស្ស​ទាំង​១២​នាក់​មក នោះ​ក៏​ប្រទាន​ឲ្យ​គេ​មាន​ព្រះ‌ចេស្តា និង​អំណាច​លើ​អស់​ទាំង​អារក្ស ហើយ​ឲ្យ​អាច​មើល​ជំងឺ​ឲ្យ​ជា
2 ទ្រង់​ចាត់​គេ​ឲ្យ​ទៅ​ប្រកាស​ប្រាប់​ពី​នគរ​ព្រះ ហើយ​ឲ្យ​មើល​មនុស្ស​មាន​ជំងឺ​ឲ្យ​បាន​ជា​ផង
3 ទ្រង់​មាន​ព្រះ‌បន្ទូល​ប្រាប់​ថា កុំ​ឲ្យ​យក​អ្វី​សម្រាប់​តាម​ផ្លូវ​ឡើយ ទោះ​ជា​ដំបង យាម នំបុ័ង ឬ​ប្រាក់​ក្តី ក៏​កុំ​ឲ្យ​មាន​អាវ​២​ដែរ
4 បើ​អ្នក​រាល់​គ្នា​ចូល​ទៅ​ក្នុង​ផ្ទះ​ណា ចូរ​ស្នាក់​នៅ​ផ្ទះ​នោះ ហើយ​ចេញ​ចូល​ធ្វើ​ការ​ចុះ
5 ឯ​អស់​អ្នក​ណា​ដែល​មិន​ព្រម​រាក់​ទាក់​ទទួល​អ្នក​រាល់​គ្នា​ទេ នោះ​ចូរ​ចេញ​ពី​ភូមិ​នោះ​ទៅ ហើយ​រលាស់​ទាំង​ធូលី​ដី​ពី​ជើង​អ្នក​ចេញ ទុក​ជា​ទី​បន្ទាល់​ទាស់​នឹង​គេ​វិញ
6 កាល​គេ​ចេញ​ទៅ នោះ​ក៏​ដើរ​ទៅ​សព្វ​ពេញ​អស់​ទាំង​ភូមិ ព្រម​ទាំង​ផ្សាយ​ដំណឹង​ល្អ ហើយ​បាន​មើល​គេ​ឲ្យ​ជា​នៅ​គ្រប់​កន្លែង​ដែរ។
7 ឯ​ហេរ៉ូឌ ជា​ស្តេច​អនុ‌រាជ បាន​ឮ​និយាយ​ពី​ការ​ដែល​ទ្រង់​ធ្វើ​ទាំង​ប៉ុន្មាន ក៏​មាន​ព្រះ‌ទ័យ​អល់‌អែក ពី​ព្រោះ​ខ្លះ​និយាយ​ថា លោក​យ៉ូហាន​បាន​រស់​ពី​ស្លាប់​ឡើង​វិញ
8 ខ្លះ​ថា លោក​អេលីយ៉ា​បាន​លេច​មក​ហើយ ខ្លះ​ទៀត​ថា មាន​ហោរា​ណា​មួយ​ពី​ចាស់​បុរាណ បាន​រស់​ឡើង​វិញ​ដូច្នេះ
9 តែ​ហេរ៉ូឌ​មាន​ព្រះ‌បន្ទូល​ថា យើង​បាន​កាត់​ក្បាល​យ៉ូហាន​ហើយ ដូច្នេះ តើ​អ្នក​ណា​ហ្ន៎ ដែល​អញ​ឮ​ថា ធ្វើ​ការ​ប្លែក​ទាំង​ម៉្លេះ​នេះ ហើយ​ក៏​រក​ចង់​ឃើញ​ទ្រង់។
10 កាល​ពួក​សាវក​បាន​ត្រឡប់​មក​វិញ ក៏​រ៉ាយ​រឿង​ទូល​ព្រះ‌យេស៊ូវ ពី​ការ​ដែល​គេ​បាន​ធ្វើ​ទាំង​ប៉ុន្មាន នោះ​ទ្រង់​នាំ​គេ​ទៅ​ដោយ‌ឡែក​នៅ​ទី​ស្ងាត់ ជិត​ភូមិ​១​ឈ្មោះ​បេត‌សៃដា
11 កាល​បណ្តា​មនុស្ស​បាន​ដឹង ក៏​តាម​ទ្រង់​ទៅ ទ្រង់​រាក់​ទាក់​ទទួល​គេ ហើយ​មាន​ព្រះ‌បន្ទូល​ប្រាប់​ពី​នគរ​ព្រះ ទាំង​ប្រោស​ដល់​អស់​អ្នក​ដែល​ត្រូវ​ការ ឲ្យ​គេ​បាន​ជា​ផង
12 វេលា​នោះ ថ្ងៃ​កាន់​តែ​ទាប​ហើយ នោះ​ពួក​១២​នាក់​មក​ទូល​ទ្រង់​ថា សូម​ឲ្យ​មនុស្ស​ទាំង‌ឡាយ​ទៅ ដើម្បី​ឲ្យ​ទៅ​រក​ទី​ស្នាក់ និង​ស្បៀង​អាហារ នៅ​ក្នុង​ភូមិ និង​ស្រុក​ស្រែ​ជុំ‌វិញ ដ្បិត​ទី​នេះ​ស្ងាត់​ណាស់
13 តែ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ចូរ​អ្នក​រាល់​គ្នា​ឲ្យ​គេ​បរិភោគ​ទៅ ពួក​សិស្ស​ទូល​ថា យើង​ខ្ញុំ​មាន​តែ​នំបុ័ង​៥​ដុំ និង​ត្រី​២​ទេ លើក​តែ​យើង​ខ្ញុំ​ទៅ​ទិញ​ស្បៀង​អាហារ​ទៀត សម្រាប់​មនុស្ស​ទាំង​នេះ​វិញ
14 (រីឯ​ពួក​មនុស្ស​ទាំង​នោះ មាន​ប្រុសៗ​ចំនួន​៥​ពាន់​នាក់) តែ​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​សិស្ស​ថា ចូរ​ឲ្យ​គេ​អង្គុយ​ដោយ​ជួរៗ​ទៅ ក្នុង​១​ជួរ​៥០​នាក់
15 ពួក​សិស្ស​ក៏​ឲ្យ​មនុស្ស​ទាំង​អស់​អង្គុយ​ដូច្នោះ
16 នោះ​ទ្រង់​យក​នំបុ័ង​៥ និង​ត្រី​២ ងើប​ទត​ទៅ​លើ​មេឃ ហើយ​ប្រទាន​ពរ រួច​កាច់​ប្រទាន​ដល់​ពួក​សិស្ស ឲ្យ​លើក​ទៅ​ឲ្យ​បណ្តា​មនុស្ស
17 គេ​ក៏​បរិភោគ​ឆ្អែត​ទាំង​អស់​គ្នា រួច​ប្រមូល​ចំណិត​ដែល​នៅ​សល់ បាន​១២​កន្ត្រក។
18 គ្រា​មួយ កាល​ទ្រង់​កំពុង​តែ​អធិស្ឋាន​ដោយ‌ឡែក ហើយ​ពួក​សិស្ស​ក៏​នៅ​ជា​មួយ នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​ថា តើ​ហ្វូង​មនុស្ស​ទាំង‌ឡាយ​ថា​ខ្ញុំ​ជា​អ្នក​ណា
19 គេ​ទូល​ឆ្លើយ​ថា ជា​យ៉ូហាន-បាទីស្ទ ខ្លះ​ថា​ជា​អេលីយ៉ា ខ្លះ​ទៀត​ថា​ជា​ហោរា​ណា​មួយ​ពី​ចាស់​បុរាណ បាន​រស់​ឡើង​វិញ
20 ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​គេ​ថា ចុះ​ឯ​អ្នក​រាល់​គ្នា​វិញ តើ​ថា​ខ្ញុំ​ជា​អ្នក​ណា នោះ​ពេត្រុស​ទូល​ឆ្លើយ​ថា ទ្រង់​ជា​ព្រះ‌គ្រីស្ទ​នៃ​ព្រះ
21 ទ្រង់​ហាម​ផ្តាច់ មិន​ឲ្យ​គេ​ប្រាប់​ដល់​អ្នក​ណា ពី​សេចក្ដី​នេះ​ឡើយ
22 ដោយ​មាន​ព្រះ‌បន្ទូល​ថា ត្រូវ​ឲ្យ​កូន​មនុស្ស​រង​ទុក្ខ​ជា​ច្រើន ត្រូវ​ពួក​ចាស់‌ទុំ ពួក​សង្គ្រាជ និង​ពួក​អាចារ្យ​បោះ​បង់​ចោល ត្រូវ​គេ​សម្លាប់ ហើយ​៣​ថ្ងៃ​ក្រោយ​មក​នឹង​រស់​ឡើង​វិញ
23 រួច​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​មនុស្ស​ទាំង​អស់​ថា បើ​អ្នក​ណា​ចង់​មក​តាម​ខ្ញុំ ត្រូវ​ឲ្យ​អ្នក​នោះ​លះ​កាត់​ចិត្ត​ខ្លួន​ឯង ទាំង​ផ្ទុក​ឈើ​ឆ្កាង​ខ្លួន​រាល់​តែ​ថ្ងៃ ហើយ​មក​តាម​ខ្ញុំ​ចុះ
24 ដ្បិត​អ្នក​ណា​ដែល​ចង់​ឲ្យ​រួច​ជីវិត នោះ​នឹង​បាត់​ជីវិត​ទៅ តែ​អ្នក​ណា​ដែល​បាត់​ជីវិត ដោយ​ព្រោះ​ខ្ញុំ នោះ​នឹង​បាន​ជីវិត​វិញ
25 ដ្បិត​បើ​សិន​ជា​មនុស្ស​ណា​នឹង​បាន​លោកីយ៍​ទាំង​មូល ប៉ុន្តែ ធ្វើ​ឲ្យ​ខ្លួន​ឯង​វិនាស ឬ​ឲ្យ​បាត់‌បង់ នោះ​តើ​មាន​ប្រយោជន៍​អ្វី​ដល់​អ្នក​នោះ
26 ដ្បិត​អ្នក​ណា​ដែល​មាន​សេចក្ដី​ខ្មាស ដោយ​ព្រោះ​ខ្ញុំ និង​ពាក្យ​ខ្ញុំ នោះ​កូន​មនុស្ស​នឹង​មាន​សេចក្ដី​ខ្មាស ដោយ​ព្រោះ​អ្នក​នោះ​ដែរ ក្នុង​កាល​ដែល​លោក​មក​ក្នុង​សិរី‌ល្អ​របស់​លោក របស់​ព្រះ‌វរ‌បិតា ហើយ​និង​ពួក​ទេវតា​បរិសុទ្ធ
27 ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ក្នុង​ពួក​អ្នក​ដែល​ឈរ​នៅ​ទី​នេះ មាន​អ្នក​ខ្លះ​ដែល​មិន​ត្រូវ​ភ្លក់​សេចក្ដី​ស្លាប់ ទាល់​តែ​បាន​ឃើញ​នគរ​ព្រះ។
28 ប្រហែល​ជា​៨​ថ្ងៃ ក្រោយ​ដែល​មាន​ព្រះ‌បន្ទូល​សេចក្ដី​ទាំង​នោះ​មក នោះ​ទ្រង់​យក​ពេត្រុស យ៉ូហាន និង​យ៉ាកុប​ឡើង​ទៅ​លើ​ភ្នំ ដើម្បី​អធិស្ឋាន
29 កាល​ទ្រង់​កំពុង​តែ​អធិស្ឋាន នោះ​បែប​ភាព​ព្រះ‌‌ភ័ក្ត្រ​ទ្រង់​ក៏​ផ្លាស់​ប្រែ ហើយ​ព្រះ‌ពស្ត្រ​ត្រឡប់​ជា​ស​ព្រាត
30 នោះ​ឃើញ​មាន​មនុស្ស​២​នាក់​កំពុង​តែ​ទូល​នឹង​ទ្រង់ គឺ​លោក​ម៉ូសេ និង​លោក​អេលីយ៉ា
31 ដែល​លេច​មក​ក្នុង​សិរី‌ល្អ ទូល​ពី​ដំណើរ​ទ្រង់​សុគត ដែល​ត្រូវ​សម្រេច​នៅ​ក្រុង​យេរូ‌សាឡឹម
32 ឯ​ពេត្រុស និង​អ្នក​ទាំង​២​ដែល​នៅ​ជា​មួយ​នឹង​គាត់ គេ​ងងុយ​ជា​ខ្លាំង លុះ​កាល​ភ្ញាក់​ដឹង​ខ្លួន​ឡើង នោះ​ស្រាប់​តែ​ឃើញ​សិរី‌ល្អ​ទ្រង់ និង​មនុស្ស​២​នាក់ ដែល​ឈរ​នៅ​ជា​មួយ​នឹង​ទ្រង់​ដែរ
33 កាល​មនុស្ស​ទាំង​២​នោះ​កំពុង​តែ​ថយ​ចេញ​ពី​ទ្រង់​ទៅ នោះ​ពេត្រុស​ទូល​ថា លោក​គ្រូ​អើយ ដែល​យើង​ខ្ញុំ​នៅ​ទី​នេះ​បាន​ល្អ​ណាស់​ហើយ សូម​ឲ្យ​យើង​ខ្ញុំ​ធ្វើ​ត្រសាល​៣ គឺ​១​សម្រាប់​លោក ១​សម្រាប់​លោក​ម៉ូសេ ហើយ​១​សម្រាប់​លោក​អេលីយ៉ា ដោយ​មិន​ដឹង​ខ្លួន​ជា​ថា​ដូច​ម្តេច​ទេ
34 កំពុង​ដែល​ទូល​សេចក្ដី​ទាំង​នេះ​នៅ​ឡើយ នោះ​មាន​ពពក​មក​គ្រប​បាំង​គេ គេ​ក៏​ភ័យ​ខ្លាច​ទាំង​អស់​គ្នា ដោយ​ចូល​ខ្លួន​ក្នុង​ពពក​នោះ
35 ហើយ​មាន​សំឡេង​ចេញ​ពី​ពពក​មក​ថា នេះ​ជា​កូន​ស្ងួន‌ភ្ងា​អញ ចូរ​ឲ្យ​ស្តាប់​តាម​ចុះ
36 ក្រោយ​សំឡេង​នោះ​មក ក៏​ឃើញ​មាន​តែ​ព្រះ‌យេស៊ូវ​១​អង្គ​ទ្រង់​ប៉ុណ្ណោះ ក្នុង​គ្រា​នោះ​គេ​នៅ​តែ​ស្ងៀម ឥត​មាន​ប្រាប់​ដល់​អ្នក​ណា ពី​ការ​អ្វី​ដែល​គេ​ឃើញ​នោះ​ឡើយ។
37 ដល់​ថ្ងៃ​ក្រោយ កាល​ចុះ​ពី​ភ្នំ​មក នោះ​មាន​មនុស្ស​សន្ធឹក​មក​ជួប​នឹង​ទ្រង់
38 ហើយ​មើល​មាន​ម្នាក់​ស្រែក​ឡើង​ពី​ក្នុង​ពួក​មនុស្ស​ទាំង​នោះ​ថា លោក​គ្រូ​អើយ សូម​អាណិត​កូន​ខ្ញុំ​ផង ដ្បិត​ជា​កូន​តែ​១​របស់​ខ្ញុំ
39 ហើយ​មើល​មាន​វិញ្ញាណ​អារក្ស​ចេះ​តែ​ជាន់​វា ហើយ​លោ​តែ​វា​ស្រែក​ឡើង ធ្វើ​ឲ្យ​ប្រកាច់​បែក​ពពុះ​មាត់ និង​ហើម​ជាំ​អស់​ទាំង​ខ្លួន រួច​ចេញ​ពី​វា​ទៅ​ដោយ​ពិបាក
40 ខ្ញុំ​បាន​សូម​អង្វរ​ឲ្យ​ពួក​សិស្ស​លោក​ដេញ​ចេញ​ដែរ តែ​គេ​ដេញ​មិន​បាន​សោះ
41 ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា ឱ​ដំណ​មនុស្ស​ដែល​មិន​ជឿ ហើយ​មាន​ចិត្ត​វៀច​អើយ តើ​ត្រូវ​ឲ្យ​ខ្ញុំ​នៅ​ជា​មួយ ហើយ​ទ្រាំ​នឹង​អ្នក​រាល់​គ្នា​ដល់​កាល​ណា​ទៀត ចូរ​នាំ​កូន​អ្នក​មក​ឯ​ណេះ
42 កាល​វា​កំពុង​តែ​ដើរ​ចូល​មក នោះ​អារក្ស​បាន​ផ្តួល​វា ហើយ​ធ្វើ​ឲ្យ​ប្រកាច់‌ប្រកិន​ជា​ខ្លាំង តែ​ព្រះ‌យេស៊ូវ​ទ្រង់​កំហែង​ទៅ​វិញ្ញាណ​អសោច ហើយ​ប្រោស​ក្មេង​នោះ​ឲ្យ​ជា រួច​ប្រគល់​ដល់​ឪពុក​វិញ ឯ​មនុស្ស​ទាំង‌ឡាយ ក៏​អស្ចារ្យ​ចំពោះ​ឥទ្ធិ‌ឫទ្ធិ​របស់​ព្រះ​ទាំង​អស់​គ្នា។
43 កាល​មនុស្ស​ទាំង​អស់ កំពុង​តែ​នឹក​ប្លែក​ក្នុង​ចិត្ត ពី​អស់​ទាំង​ការ​ដែល​ព្រះ‌យេស៊ូវ​ទ្រង់​ធ្វើ នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​សិស្ស​ថា
44 ចូរ​អ្នក​រាល់​គ្នា​ចាំ​ពាក្យ​ទាំង​នេះ ទុក​នៅ​ក្នុង​ត្រចៀក​ចុះ ដ្បិត​បន្តិច​ទៀត កូន​មនុស្ស​ត្រូវ​បញ្ជូន​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​មនុស្ស​លោក​ហើយ
45 ប៉ុន្តែ គេ​មិន​បាន​យល់​សេចក្ដី​នោះ​ទេ ព្រោះ​ជា​សេចក្ដី​លាក់​កំបាំង​ដល់​គេ ដើម្បី​មិន​ឲ្យ​គេ​គិត​ឃើញ ហើយ​គេ​ក៏​ខ្លាច​មិន​ហ៊ាន​ទូល​សួរ​ទ្រង់​ពី​សេចក្ដី​នោះ​ដែរ។
46 ខណៈ​នោះ គេ​កើត​មាន​សេចក្ដី​ជជែក​គ្នា ពី​អ្នក​ណា​ដែល​ធំ​ជាង​ក្នុង​ពួក​គេ​វិញ
47 កាល​ព្រះ‌យេស៊ូវ​បាន​ជ្រាប​គំនិត​ក្នុង​ចិត្ត​គេ​ហើយ នោះ​ទ្រង់​យក​ក្មេង​តូច​១​មក​ដាក់​នៅ​ជិត​ទ្រង់
48 រួច​មាន​ព្រះ‌បន្ទូល​ថា អ្នក​ណា​ដែល​ទទួល​ក្មេង​តូច​នេះ ដោយ​នូវ​ឈ្មោះ​ខ្ញុំ នោះ​ឈ្មោះ​ថា​ទទួល​ខ្ញុំ ហើយ​អ្នក​ណា​ដែល​ទទួល​ខ្ញុំ នោះ​ឈ្មោះ​ថា​ទទួល​ព្រះ​ដែល​ចាត់​ឲ្យ​ខ្ញុំ​មក​ដែរ ព្រោះ​អ្នក​ណា​ដែល​តូច​ជាង​គេ ក្នុង​ពួក​អ្នក​រាល់​គ្នា គឺ​អ្នក​នោះ​ហើយ ជា​អ្នក​ធំ​វិញ
49 យ៉ូហាន​ទូល​ឆ្លើយ​ថា លោក​គ្រូ យើង​ខ្ញុំ​បាន​ឃើញ​មនុស្ស​ម្នាក់​កំពុង​តែ​ដេញ​អារក្ស ដោយ​ឈ្មោះ​លោក តែ​យើង​ខ្ញុំ​បាន​ឃាត់​ដល់​អ្នក​នោះ ដោយ​ព្រោះ​គេ​មិន​តាម​យើង​រាល់​គ្នា
50 នោះ​ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា កុំ​ឃាត់​គេ​ឡើយ ដ្បិត​អ្នក​ណា​ដែល​មិន​ទាស់​នឹង​យើង នោះ​កាន់​ខាង​យើង​ហើយ។
51 កាល​ជិត​ដល់​កំណត់ ដែល​ទ្រង់​ត្រូវ​ឡើង​ទៅ​ស្ថាន‌សួគ៌ នោះ​ទ្រង់​តម្រង់​ព្រះ‌‌ភ័ក្ត្រ យាង​ឆ្ពោះ​ត្រង់​ទៅ​ឯ​ក្រុង​យេរូ‌សាឡឹម​តែ​ម្តង
52 ទ្រង់​ចាត់​ប្រើ​អ្នក​ខ្លះ​ឲ្យ​ទៅ​ជា​មុន គេ​ក៏​ទៅ ហើយ​បាន​ចូល​ទៅ​ក្នុង​ភូមិ​១​របស់​សាសន៍​សាម៉ារី ដើម្បី​នឹង​រៀប‌ចំ​ថ្វាយ​ទ្រង់
53 តែ​ពួក​ភូមិ​នោះ​មិន​ទទួល​ទ្រង់​ទេ ពី​ព្រោះ​ទ្រង់​ដូច​ជា​មាន​ព្រះ‌‌ភ័ក្ត្រ​ឆ្ពោះ​ត្រង់​យាង​ទៅ​ឯ​ក្រុង​យេរូ‌សាឡឹម
54 កាល​យ៉ាកុប និង​យ៉ូហាន ជា​សិស្ស​ទ្រង់ បាន​ឃើញ​ដូច្នោះ នោះ​ក៏​ទូល​ថា ព្រះ‌អម្ចាស់​អើយ តើ​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ ឲ្យ​យើង​ខ្ញុំ​ហៅ​ភ្លើង​ឲ្យ​ធ្លាក់​ពី​លើ​មេឃ​មក​បញ្ឆេះ​គេ ដូច​ជា​លោក​អេលីយ៉ា​បាន​ធ្វើ​ដែរ​ឬ​អី
55 តែ​ទ្រង់​បែរ​ទៅ​បន្ទោស​គេ​ថា អ្នក​រាល់​គ្នា​មិន​ដឹង​ជា​មាន​វិញ្ញាណ​បែប​យ៉ាង​ណា​ទេ
56 ពី​ព្រោះ​កូន​មនុស្ស​មិន​មែន​មក ប៉ង​នឹង​បំផ្លាញ​ជីវិត​មនុស្ស​ទេ គឺ​មក ដើម្បី​នឹង​ជួយ​សង្គ្រោះ​វិញ រួច​ក៏​នាំ​គ្នា​ទៅ​ឯ​ភូមិ​មួយ​ទៀត​ទៅ។
57 កាល​កំពុង​តែ​ទៅ​តាម​ផ្លូវ នោះ​មាន​ម្នាក់​ទូល​ទ្រង់​ថា ព្រះ‌អម្ចាស់​អើយ ទូល‌បង្គំ​នឹង​តាម​ទ្រង់ ទោះ​បើ​ទ្រង់​យាង​ទៅ​ក្នុង​ទី​ណា​ក៏​ដោយ
58 ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​តប​ថា កញ្ជ្រោង​មាន​រូង​វា ហើយ​សត្វ​ហើរ​លើ​អាកាស​ក៏​មាន​សំបុក​ដែរ តែ​កូន​មនុស្ស​គ្មាន​កន្លែង​ណា​នឹង​កើយ​ក្បាល​ទេ
59 ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​ម្នាក់​ទៀត​ថា ចូរ​មក​តាម​ខ្ញុំ អ្នក​នោះ​ទូល​ឆ្លើយ​ថា ព្រះ‌អម្ចាស់​អើយ សូម​ទ្រង់​អនុញ្ញាត​ឲ្យ​ទូល‌បង្គំ​ទៅ​កប់​ខ្មោច​ឪពុក​ទូល‌បង្គំ​សិន
60 តែ​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​អ្នក​នោះ​ថា ទុក​ឲ្យ​ពួក​មនុស្ស​ស្លាប់​កប់​ខ្មោច​ពួក​គេ​ចុះ ឯ​អ្នក ចូរ​ទៅ​ផ្សាយ​ដំណឹង​ពី​នគរ​ព្រះ​វិញ
61 មាន​ម្នាក់​ទៀត​ទូល​ថា ព្រះ‌អម្ចាស់​អើយ ទូល‌បង្គំ​នឹង​តាម​ទ្រង់​ទៅ​ដែរ តែ​សូម​អនុញ្ញាត​ឲ្យ​ទូល‌បង្គំ​ទៅ​លា​ពួក​ផ្ទះ​ទូល‌បង្គំ​សិន
62 ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​អ្នក​នោះ​ថា អ្នក​ណា​ដែល​ដាក់​ដៃ​កាន់​នង្គ័ល ហើយ​ងាក​បែរ​ទៅ​មើល​ក្រោយ អ្នក​នោះ​មិន​គួរ​នឹង​នគរ​ព្រះ​ទេ។


ជំពូក 10

1 លុះ​ក្រោយ​ការ​ទាំង​នោះ​មក ព្រះ‌អម្ចាស់​ទ្រង់​តម្រូវ​៧០​នាក់​ទៀត ហើយ​ចាត់​គេ​ឲ្យ​ទៅ​មុន​ទ្រង់ មួយ​គូៗ​ក្នុង​គ្រប់​ក្រុង គ្រប់​កន្លែង​ដែល​ទ្រង់​គិត​យាង​ទៅ
2 ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា ចម្រូូត​ធំ​ណាស់ តែ​មាន​អ្នក​ច្រូត​តិច​ទេ ដូច្នេះ ឲ្យ​សូម​អង្វរ​ដល់​ព្រះ‌អម្ចាស់​ចម្រូូត ឲ្យ​ទ្រង់​ចាត់​អ្នក​ច្រូត​មក​ក្នុង​ចម្រូូត​ទ្រង់
3 ទៅ​ចុះ មើល​ខ្ញុំ​ប្រើ​អ្នក​រាល់​គ្នា​ទៅ ដូច​ជា​កូន​ចៀម នៅ​កណ្តាល​ហ្វូង​ស្វាន
4 កុំ​ឲ្យ​យក​កាបូប ឬ​យាម ឬ​ស្បែក​ជើង​ឡើយ ក៏​កុំ​ឲ្យ​គំនាប់​អ្នក​ណា​តាម​ផ្លូវ​ផង
5 ឯ​ផ្ទះ​ណា ដែល​អ្នក​រាល់​គ្នា​ចូល​ទៅ នោះ​មុន​ដំបូង​ត្រូវ​ថា សូម​ឲ្យ​ផ្ទះ​នេះ​បាន​សេចក្ដី​សុខ‌សាន្ត
6 បើ​នៅ​ផ្ទះ​នោះ មាន​មនុស្ស​ណា​ចូល​ចិត្ត​នឹង​សេចក្ដី​សុខ‌សាន្ត នោះ​សេចក្ដី​សុខ​របស់​អ្នក​រាល់​គ្នា នឹង​នៅ​ជាប់​នឹង​ផ្ទះ​នោះ បើ​គ្មាន​ទេ នោះ​សេចក្ដី​សុខ​នឹង​ត្រឡប់​មក​អ្នក​រាល់​គ្នា​វិញ
7 ហើយ​ត្រូវ​ស្នាក់​នៅ​ផ្ទះ​នោះ​ឯង ទាំង​ទទួល​បរិភោគ​របស់​អ្វីៗ ដែល​គេ​ឲ្យ​ចុះ ពី​ព្រោះ​អ្នក​ដែល​ធ្វើ​ការ នោះ​គួរ​នឹង​បាន​ឈ្នួល​វិញ កុំ​ឲ្យ​ផ្លាស់​ពី​ផ្ទះ​១​ទៅ​ផ្ទះ​១​ឡើយ
8 ឯ​ភូមិ​ណា​ដែល​អ្នក​រាល់​គ្នា​ចូល​ទៅ ហើយ​គេ​រាក់​ទាក់​ទទួល នោះ​ឲ្យ​ទទួល​បរិភោគ​របស់​អ្វីៗ ដែល​គេ​លើក​មក​ឲ្យ​ចុះ
9 ទាំង​មើល​ពួក​អ្នក​ឈឺ​ក្នុង​ភូមិ​នោះ​ឲ្យ​ជា​ផង ហើយ​ប្រាប់​គេ​ថា នគរ​ព្រះ​ជិត​មក​ដល់​អ្នក​រាល់​គ្នា​ហើយ
10 តែ​ភូមិ​ណា​ដែល​អ្នក​រាល់​គ្នា​ចូល​ទៅ ហើយ​គេ​មិន​ទទួល​ទេ នោះ​ចូរ​ចេញ​ទៅ​ឯ​ផ្លូវ ហើយ​និយាយ​ថា
11 នែ ទោះ​ទាំង​ធូលី​ដី​ក្នុង​ភូមិ​អ្នក​រាល់​គ្នា ដែល​ជាប់​នៅ​ជើង​យើង នោះ​យើង​ក៏​ជូត​ចេញ​ទាស់​នឹង​អ្នក​រាល់​គ្នា​ដែរ ប៉ុន្តែ ត្រូវ​ដឹង​សេចក្ដី​នេះ​ថា នគរ​ព្រះ​ជិត​ដល់​ហើយ
12 ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នៅ​ថ្ងៃ​នោះ ក្រុង​សូដុម​នឹង​ទ្រាំ​បាន​ងាយ ជា​ជាង​ភូមិ​នោះ
13 វេទនា​ដល់​ឯង ក្រុង​ខូរ៉ាស៊ីន​អើយ វេទនា​ដល់​ឯង ក្រុង​បេត‌សៃដា​អើយ ពី​ព្រោះ​ការ​ឫទ្ធិ‌បារមី​ដែល​បាន​ធ្វើ​នៅ​កណ្តាល​ឯង បើ​បាន​ធ្វើ​នៅ​កណ្តាល​ក្រុង​ទីរ៉ុស និង​ស៊ីដូន​វិញ នោះ​គេ​នឹង​បាន​ប្រែ​ចិត្ត ជា​យូរ​មក​ហើយ ទាំង​ស្លៀក​សំពត់​ធ្មៃ អង្គុយ​ក្នុង​ផេះ ផង
14 ដូច្នេះ នៅ​ថ្ងៃ​ជំនុំ​ជម្រះ ក្រុង​ទីរ៉ុស និង​ស៊ីដូន នឹង​ទ្រាំ​បាន​ងាយ ជា​ជាង​ឯង​រាល់​គ្នា
15 ហើយ​ក្រុង​កាពើ‌ណិម​អើយ គឺ​ឯង​ដែល​បាន​តម្កើង​ឡើង​ស្មើ​ស្ថាន‌សួគ៌​ហើយ ឯង​នឹង​ត្រូវ​ទម្លាក់​ទៅ​ដល់​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​វិញ
16 ឯ​អ្នក​ណា​ដែល​ស្តាប់​អ្នក​រាល់​គ្នា នោះ​ឈ្មោះ​ថា​ស្តាប់​ខ្ញុំ តែ​អ្នក​ណា​ដែល​មើល‌ងាយ​អ្នក​រាល់​គ្នា នោះ​ឈ្មោះ​ថា​មើល‌ងាយ​ដល់​ខ្ញុំ ហើយ​អ្នក​ណា​ដែល​មើល‌ងាយ​ខ្ញុំ នោះ​ក៏​ឈ្មោះ​ថា​មើល‌ងាយ ដល់​ព្រះ​ដែល​ចាត់​ឲ្យ​ខ្ញុំ​មក​ដែរ។
17 ពួក​៧០​នាក់​នោះ​ក៏​មក​វិញ​ដោយ​អំណរ ហើយ​ទូល​ថា ព្រះ‌អម្ចាស់​អើយ ទោះ​ទាំង​ពួក​អារក្ស​ក៏​ចុះ​ចូល​ចំពោះ​យើង​រាល់​គ្នា ដោយ​ព្រះ‌នាម​ទ្រង់​ដែរ
18 នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា ខ្ញុំ​បាន​ឃើញ​អារក្ស​សាតាំង​ធ្លាក់​ពី​លើ​មេឃ មក​ដូច​ជា​ផ្លេក‌បន្ទោរ
19 មើល​ខ្ញុំ​ឲ្យ​អ្នក​រាល់​គ្នា​មាន​អំណាច នឹង​ដើរ​ជាន់​ទាំង​ពស់ និង​ខ្យា‌ដំរី ហើយ​លើ​គ្រប់​ទាំង​ឥទ្ធិ‌ឫទ្ធិ​របស់​ខ្មាំង​សត្រូវ​ផង គ្មាន​អ្វី​នឹង​ធ្វើ​ទុក្ខ​អ្នក​រាល់​គ្នា​ឡើយ
20 ប៉ុន្តែ កុំ​ឲ្យ​អរ​សប្បាយ ដោយ​ព្រោះ​អារក្ស​ចុះ​ចូល​អ្នក​រាល់​គ្នា​នោះ​ឡើយ ត្រូវ​ឲ្យ​រីក‌រាយ ដោយ​ព្រោះ​ឈ្មោះ​អ្នក​រាល់​គ្នា​បាន​កត់​ទុក​នៅ​ស្ថាន‌សួគ៌​វិញ។
21 នៅ​វេលា​នោះ​ឯង ព្រះ‌យេស៊ូវ​ទ្រង់​កំពុង​តែ​រីក‌រាយ​ដោយ​ព្រះ‌វិញ្ញាណ ក៏​មាន​ព្រះ‌បន្ទូល​ថា ឱ​ព្រះ‌វរ‌បិតា ជា​ព្រះ‌អម្ចាស់​នៃ​ស្ថាន‌សួគ៌ និង​ផែនដី​អើយ ទូល‌បង្គំ​សរសើរ​ដល់​ទ្រង់ ពី​ព្រោះ​ទ្រង់​បាន​លាក់​សេចក្ដី​ទាំង​នេះ​នឹង​ពួក​អ្នក​ប្រាជ្ញ ហើយ​និង​ពួក​ឈ្លាស‌វៃ តែ​បាន​សម្ដែង​ឲ្យ​ពួក​កូន​ក្មេង​យល់​វិញ អើ ព្រះ‌វរ‌បិតា​អើយ ដ្បិត​ទ្រង់​បាន​សព្វ​ព្រះ‌ហឫទ័យ​យ៉ាង​ដូច្នោះ
22 រួច​ទ្រង់​បែរ​ទៅ​មាន​ព្រះ‌បន្ទូល​នឹង​ពួក​សិស្ស​ថា គ្រប់​សេចក្ដី​ទាំង​អស់​សុទ្ធ​តែ​បាន​ប្រទាន​មក​ខ្ញុំ ពី​ព្រះ‌វរ‌បិតា​នៃ​ខ្ញុំ គ្មាន​អ្នក​ណា​ស្គាល់​ព្រះ‌រាជ‌បុត្រា​ទេ មាន​តែ​ព្រះ‌វរ‌បិតា​តែ​១ ក៏​គ្មាន​អ្នក​ណា​ស្គាល់​ព្រះ‌វរ‌បិតា​ដែរ មាន​តែ​ព្រះ‌រាជ‌បុត្រា ហើយ​និង​អ្នក​ណា ដែល​ព្រះ‌រាជ‌បុត្រា​សព្វ​ព្រះ‌ហឫទ័យ បើក​ឲ្យ​ស្គាល់​ទ្រង់​ផង​ប៉ុណ្ណោះ
23 ទ្រង់​ក៏​បែរ​ទៅ​មាន​ព្រះ‌បន្ទូល​នឹង​ពួក​សិស្ស​ដោយ‌ឡែក​ថា មាន​ពរ​ហើយ ភ្នែក​ណា​ដែល​ឃើញ​អស់​ទាំង​ការ​ដែល​អ្នក​រាល់​គ្នា​ឃើញ
24 ពី​ព្រោះ​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា មាន​ហោរា និង​ស្តេច​ជា​ច្រើន បាន​ប្រាថ្នា​ចង់​ឃើញ​ការ​ដែល​អ្នក​រាល់​គ្នា​ឃើញ​ដែរ តែ​មិន​បាន​ឃើញ​ទេ ក៏​ចង់​ឮ​សេចក្ដី​ដែល​អ្នក​រាល់​គ្នា​ឮ​ដែរ តែ​មិន​បាន​ឮ​សោះ។
25 នៅ​គ្រា​នោះ មាន​អ្នក​ប្រាជ្ញ​ច្បាប់​ម្នាក់​ឈរ​ឡើង ទូល​ល្បង​ទ្រង់​ថា លោក​គ្រូ តើ​ត្រូវ​ឲ្យ​ខ្ញុំ​ធ្វើ​ដូច​ម្តេច ដើម្បី​ឲ្យ​បាន​ជីវិត​អស់​កល្ប‌ជានិច្ច
26 ទ្រង់​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា ក្នុង​ក្រឹត្យ‌វិន័យ តើ​មាន​កត់​ទុក​យ៉ាង​ដូច​ម្តេច​ខ្លះ តើ​អ្នក​មើល​យល់​ដូច​ម្តេច
27 អ្នក​នោះ​ទូល​ថា «ឯង​ត្រូវ​ស្រឡាញ់​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ឯង ឲ្យ​អស់​អំពី​ចិត្ត អស់​អំពី​ព្រលឹង អស់​អំពី​កម្លាំង ហើយ​អស់​អំពី​គំនិត​ឯង ព្រម​ទាំង​អ្នក​ជិត​ខាង ដូច​ខ្លួន​ឯង​ដែរ»
28 ទ្រង់​មាន​ព្រះ‌បន្ទូល​តប​ថា អ្នក​បាន​ឆ្លើយ​ត្រូវ​ហើយ ចូរ​អ្នក​ធ្វើ​ដូច្នោះ​ចុះ នោះ​អ្នក​នឹង​រស់​នៅ​ពិត
29 តែ​អ្នក​នោះ​ចង់​សម្ដែង​ខ្លួន​ជា​អ្នក​សុចរិត ក៏​ទូល​សួរ​ទៀត​ថា តើ​អ្នក​ណា​ជា​អ្នក​ជិត​ខាង​ខ្ញុំ
30 ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា មាន​មនុស្ស​ម្នាក់​កំពុង​តែ​ធ្វើ​ដំណើរ​ពី​ក្រុង​យេរូ‌សាឡឹម ចុះ​ទៅ​ឯ​ក្រុង​យេរីខូ ក៏​ធ្លាក់​ខ្លួន​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ចោរ វា​ប្លន់​គាត់ ព្រម​ទាំង​វាយ​ឲ្យ​ត្រូវ​របួស រួច​ចេញ​បាត់​ទៅ ចោល​គាត់​ឲ្យ​ទ្រម​នៅ
31 ជួន​ជា​មាន​សង្ឃ​១​អង្គ ចុះ​មក​តាម​ផ្លូវ​នោះ កាល​បាន​ឃើញ​គាត់ នោះ​ក៏​វាង​តាម​ម្ខាង​ហួស​ទៅ
32 ហើយ​មាន​ពួក​លេវី​ម្នាក់ មក​ដល់​កន្លែង​នោះ​ដែរ កាល​បាន​ឃើញ​ហើយ ក៏​វាង​តាម​ម្ខាង​ហួស​ទៅ​ទៀត
33 តែ​មាន​សាសន៍​សាម៉ារី​ម្នាក់ ដើរ​ដំណើរ​មក​ដល់ កាល​បាន​ឃើញ​ហើយ នោះ​ក៏​មាន​ចិត្ត​ក្តួល​អាណិត​ដល់​គាត់
34 ទើប​ចូល​ទៅ​រុំ​របួស​ឲ្យ ព្រម​ទាំង​យក​ប្រេង និង​ស្រា ចាក់​លាប រួច​លើក​ដាក់​លើ​សត្វ​ជា​ជំនិះ​របស់​ខ្លួន ដឹក‌នាំ​ទៅ​ឯ​ផ្ទះ​សំណាក់ ថែ‌ទាំ​រក្សា​គាត់
35 ស្អែក​ឡើង កាល​គាត់​រៀប​នឹង​ចេញ​ទៅ នោះ​ក៏​យក​ប្រាក់​៤​កាក់ ហុច​ដល់​ម្ចាស់​ផ្ទះ​នោះ ដោយ​ប្រាប់​ថា ចូរ​ថែ​រក្សា​អ្នក​នេះ​ផង បើ​ជួន​ជា​អ្នក​ចាយ​លើស​ពី​នេះ​ទៅ នោះ​ដល់​ខ្ញុំ​មក​វិញ ខ្ញុំ​នឹង​សង​អ្នក
36 ដូច្នេះ ក្នុង​៣​នាក់​នោះ តើ​អ្នក​ស្មាន​ថា អ្នក​ណា​ជា​អ្នក​ជិត​ខាង​នឹង​មនុស្ស ដែល​ធ្លាក់​ទៅ​ក្នុង​កណ្តាប់​ដៃ​ពួក​ចោរ​នោះ
37 អ្នក​នោះ​ឆ្លើយ​ថា គឺ​អ្នក​១​ដែល​មាន​ចិត្ត​អាណិត​ដល់​គាត់​នោះ​ឯង ដូច្នេះ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា ទៅ​ចុះ ចូរ​អ្នក​ប្រព្រឹត្ត​បែប​យ៉ាង​ដូច្នោះ​ដែរ។
38 កាល​កំពុង​តែ​នាំ​គ្នា​ទៅ នោះ​ទ្រង់​យាង​ចូល​ទៅ​ភូមិ​១ ហើយ​មាន​ស្ត្រី​ម្នាក់​ឈ្មោះ​ម៉ាថា បាន​ទទួល​អញ្ជើញ​ទ្រង់​ទៅ​ក្នុង​ផ្ទះ
39 នាង​មាន​ប្អូន​ស្រី​១​ឈ្មោះ​ម៉ារា នាង​នោះ​បាន​អង្គុយ​ស្តាប់​ព្រះ‌បន្ទូល នៅ​ទៀប​ព្រះ‌បាទ​ព្រះ‌អម្ចាស់
40 ឯ​ម៉ាថា នាង​មាន​ការ​រវល់​ជា​ច្រើន ក៏​ចូល​មក​ទូល​ថា ព្រះ‌អម្ចាស់​អើយ តើ​ទ្រង់​មិន​គិត​ឃើញ​ថា ប្អូន​ខ្ញុំ​ម្ចាស់ វា​ទុក​ខ្ញុំ​ម្ចាស់ ឲ្យ​ខ្វល់‌ខ្វាយ​បម្រើ​តែ​ម្នាក់​ឯង​ទេ​ឬ​អី សូម​ទ្រង់​ប្រាប់​ឲ្យ​វា​មក​ជួយ​ខ្ញុំ​ម្ចាស់​ផង
41 ប៉ុន្តែ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា ម៉ាថាៗ​អើយ នាង​ព្រួយ​ចិត្ត​ខំ​ប្រឹង​រៀប‌ចំ​ធ្វើ​អី​ច្រើន​ម៉្លេះ
42 មាន​សេចក្ដី​តែ​១​ទេ ដែល​សម្រាប់​ត្រូវ​ការ ឯ​ម៉ារា នាង​បាន​រើស​ចំណែក​យ៉ាង​ល្អ ដែល​មិន​ត្រូវ​យក​ចេញ​ពី​នាង​ឡើយ។


ជំពូក 11

1 ក្រោយ​មក កាល​ទ្រង់​កំពុង​តែ​អធិស្ឋាន​នៅ​កន្លែង​១ លុះ​ទ្រង់​ឈប់​ហើយ នោះ​សិស្ស​ម្នាក់​ទូល​ថា ព្រះ‌អម្ចាស់​អើយ សូម​ទ្រង់​បង្រៀន​យើង​ខ្ញុំ ឲ្យ​ចេះ​អធិស្ឋាន​ផង ដូច​ជា​លោក​យ៉ូហាន​បាន​បង្រៀន​ដល់​សិស្ស​លោក​ដែរ
2 ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា កាល​ណា​អ្នក​រាល់​គ្នា​អធិស្ឋាន នោះ​ត្រូវ​ថា ឱ​ព្រះ‌វរ‌បិតា​នៃ​យើង​ខ្ញុំ ដែល​គង់​នៅ​ស្ថាន‌សួគ៌​អើយ សូម​ឲ្យ​ព្រះ‌នាម​ទ្រង់​បាន​បរិសុទ្ធ សូម​ឲ្យ​រាជ្យ​ទ្រង់​បាន​មក​ដល់ សូម​ឲ្យ​ព្រះ‌ហឫទ័យ​ទ្រង់ បាន​សម្រេច នៅ​ផែនដី ដូច​នៅ​ស្ថាន‌សួគ៌​ដែរ
3 សូម​ប្រទាន​អាហារ ដែល​យើង​ខ្ញុំ​ត្រូវ​ការ មក​ជា​រាល់​ថ្ងៃ
4 សូម​អត់​ទោស​បាប​យើង​ខ្ញុំ ដ្បិត​យើង​ខ្ញុំ​ក៏​អត់​ទោស ដល់​អស់​អ្នក​ដែល​ធ្វើ​ខុស​នឹង​យើង​ខ្ញុំ​ដែរ ហើយ​សូម​កុំ​នាំ​យើង​ខ្ញុំ​ទៅ​ក្នុង​សេចក្ដី​ល្បួង​ឡើយ តែ​សូម​ប្រោស​ឲ្យ​យើង​ខ្ញុំ​បាន​រួច​ពី​សេចក្ដី​អាក្រក់​វិញ។
5 ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា ក្នុង​ពួក​អ្នក​រាល់​គ្នា បើ​អ្នក​ណា​មាន​មិត្ត​សំឡាញ់​ម្នាក់ ហើយ​ទៅ​និយាយ​នឹង​អ្នក​នោះ ទាំង​ពាក់​កណ្តាល​អធ្រាត្រ​ថា សំឡាញ់​អើយ សូម​ឲ្យ​អញ​ខ្ចី​នំបុ័ង​៣​ដុំ​សិន
6 ដ្បិត​មាន​សំឡាញ់​អញ​ម្នាក់ មាន​ដំណើរ​មក​ឯ​ផ្ទះ អញ​គ្មាន​អ្វី​ទទួល​គេ​សោះ
7 តែ​អ្នក​នោះ​នឹង​ឆ្លើយ​ពី​ក្នុង​ផ្ទះ​មក​ថា កុំ​មក​រំខាន​ចិត្ត​អញ​អី ព្រោះ​ទ្វារ​បិទ​ហើយ កូន​អញ​ក៏​ដេក​នៅ​គ្រែ​ជា​មួយ​នឹង​អញ​ផង អញ​ក្រោក​ទៅ​យក​ឲ្យ​ឯង​ពុំ​បាន​ទេ
8 ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ទោះ​បើ​អ្នក​នោះ​មិន​ក្រោក​ឡើង យក​ទៅ​ឲ្យ ដោយ​ព្រោះ​ជា​សំឡាញ់​ក៏​ដោយ គង់​តែ​នឹង​ក្រោក​ឡើង​យក​ឲ្យ តាម​អ្នក​នោះ​ត្រូវ​ការ​ជា​មិន​ខាន ដោយ​ព្រោះ​អ្នក​នោះ​ចេះ​តែ​ទទូច​អង្វរ​ជានិច្ច
9 បាន​ជា​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ចូរ​សូម នោះ​តែង​នឹង​ឲ្យ​មក​អ្នក ចូរ​រក នោះ​តែង​នឹង​ឃើញ ចូរ​គោះ នោះ​តែង​នឹង​បើក​ឲ្យ​អ្នក
10 ដ្បិត​អស់​អ្នក​ដែល​សូម នោះ​រមែង​បាន អ្នក​ណា​ដែល​រក នោះ​រមែង​ឃើញ ក៏​បើក​ឲ្យ​អ្នក​ណា​ដែល​គោះ​ដែរ
11 ឯ​អ្នក​រាល់​គ្នា​ដែល​ជា​ឪពុក បើ​កូន​សូម​នំបុ័ង តើ​អ្នក​ណា​នឹង​ឲ្យ​ថ្ម​ទៅ​វា ឬ​បើ​សូម​ត្រី តើ​នឹង​ឲ្យ​ពស់​វិញ​ឬ
12 បើ​វា​សូម​ពង​មាន់ តើ​នឹង​ឲ្យ​ខ្យា‌ដំរី​ឬ​អី
13 បើ​អ្នក​រាល់​គ្នា​ដែល​ជា​មនុស្ស​អាក្រក់ អ្នក​ចេះ​ឲ្យ​របស់​ល្អ​ទៅ​កូន​យ៉ាង​ដូច្នេះ នោះ​ចំណង់​បើ​ព្រះ‌វរ‌បិតា ដែល​គង់​ស្ថាន‌សួគ៌ តើ​ទ្រង់​នឹង​ប្រទាន​ព្រះ‌វិញ្ញាណ​បរិសុទ្ធ មក​អស់​អ្នក​ដែល​សូម ជា​ជាង​អម្បាល‌ម៉ាន​ទៅ​ទៀត។
14 គ្រា​នោះ ទ្រង់​កំពុង​តែ​ដេញ​អារក្ស​គ​ពី​មនុស្ស​ម្នាក់ កាល​វា​បាន​ចេញ​ទៅ​បាត់​ហើយ នោះ​មនុស្ស​គ​ក៏​និយាយ​ឡើង​បាន ហើយ​បណ្តា​មនុស្ស​គេ​កើត​មាន​សេចក្ដី​អស្ចារ្យ
15 តែ​ខ្លះ​និយាយ​ថា អ្នក​នេះ​ដេញ​អារក្ស​ដោយ‌សារ​តែ​បេល‌សេប៊ូល ជា​មេ​អារក្ស​ទេ
16 អ្នក​ខ្លះ​ទៀត​ល្បង​ទ្រង់ ដោយ​សូម​ទី​សម្គាល់​១​មក​ពី​លើ​មេឃ
17 តែ​ទ្រង់​ជ្រាប​គំនិត​គេ ក៏​មាន​ព្រះ‌បន្ទូល​ថា អស់​ទាំង​នគរ​ណា​ដែល​បែក‌ខ្ញែក​ទាស់​តែ​គ្នា​ឯង នោះ​នឹង​ត្រូវ​វិនាស​ទៅ ហើយ​ផ្ទះ​ណា​ដែល​ទាស់‌ទែង​គ្នា​ឯង នោះ​នឹង​ត្រូវ​រលំ​ទៅ​ជា​មិន​ខាន
18 បើ​សាតាំង​បែក​ទាស់​គ្នា​វា​ហើយ នោះ​ធ្វើ​ដូច​ម្តេច​ឲ្យ​នគរ​វា​នៅ​ស្ថិត‌ស្ថេរ​បាន នេះ​ព្រោះ​ដ្បិត​អ្នក​រាល់​គ្នា​ថា ខ្ញុំ​ដេញ​អារក្ស ដោយ​អាង​បេល‌សេប៊ូល
19 បើ​សិន​ជា​ខ្ញុំ​ដេញ​អារក្ស ដោយ​អាង​បេល‌សេប៊ូល​មែន នោះ​តើ​កូន​ចៅ​អ្នក​រាល់​គ្នា​ដេញ​វា ដោយ‌សារ​អ្វី​វិញ ដូច្នេះ វា​រាល់​គ្នា​នឹង​ធ្វើ​ជា​ចៅ‌ក្រម​ជំនុំ​ជម្រះ​អ្នក​រាល់​គ្នា​ហើយ
20 ប៉ុន្តែ បើ​ខ្ញុំ​ដេញ​អារក្ស ដោយ‌សារ​អង្គុលី​ព្រះ‌ហស្ត​នៃ​ព្រះ​វិញ នោះ​ច្បាស់​ជា​នគរ​ព្រះ​បាន​មក​ដល់​អ្នក​រាល់​គ្នា​ហើយ
21 កាល​ណា​មនុស្ស​ខ្លាំង​ពូកែ​កាន់​គ្រឿង​អាវុធ ប្រុង​ប្រៀប​នឹង​ការ‌ពារ​ផ្ទះ​របស់​ខ្លួន នោះ​ទ្រព្យ‌សម្បត្តិ​ក៏​បាន​គង់​វង់​នៅ
22 តែ​បើ​មាន​មនុស្ស​ខ្លាំង​ជាង មក​បង្គ្រប​ឲ្យ​ឈ្នះ​គាត់​កាល​ណា នោះ​ក៏​ដណ្តើម​យក អស់​ទាំង​គ្រឿង​អាវុធ ដែល​គាត់​ទុក​ចិត្ត​នោះ​ចេញ រួច​ប្លន់​យក​របឹប​ទៅ​ចែក​គ្នា​វិញ
23 អ្នក​ណា​ដែល​មិន​នៅ​ខាង​ខ្ញុំ អ្នក​នោះ​គឺ​ទាស់​នឹង​ខ្ញុំ ហើយ​អ្នក​ណា​ដែល​មិន​ប្រមូល​មក​ខាង​ខ្ញុំ អ្នក​នោះ​ឈ្មោះ​ថា​ជា​អ្នក​កម្ចាត់‌កម្ចាយ​វិញ
24 កាល​ណា​អារក្ស‌អសោច​បាន​ចេញ​ពី​មនុស្ស​ណា នោះ​វា​ដើរ​កាត់​កន្លែង​ហួត‌ហែង ទៅ​រក​ទី​ឈប់​សម្រាក តែ​ដោយ​រក​មិន​បាន​សោះ បាន​ជា​វា​គិត​ថា អញ​នឹង​ត្រឡប់​ទៅ​ឯ​ផ្ទះ​អញ​វិញ ដែល​ទើប​នឹង​ចេញ​មក​នោះ
25 រួច​កាល​ណា​វា​មក​ដល់ ឃើញ​ផ្ទះ​បោស​ស្អាត ហើយ​បាន​តុប‌តែង​យ៉ាង​ល្អ
26 នោះ​វា​ក៏​ចេញ​ទៅ​នាំ​យក​អារក្ស​៧​ទៀត ដែល​កាចៗ ជាង​វា ចូល​ទៅ​នៅ​ទី​នោះ​ផង ហើយ​សណ្ឋាន​ក្រោយ​របស់​មនុស្ស​នោះ​ក៏​រឹង‌រឹត​តែ​អាក្រក់​ជាង​មុន​ទៅ​ទៀត។
27 កាល​ទ្រង់​កំពុង​តែ​មាន​ព្រះ‌បន្ទូល​សេចក្ដី​ទាំង​នេះ​នៅ​ឡើយ នោះ​មាន​ស្ត្រី​ម្នាក់​ស្រែក​ឡើង​ពី​ក្នុង​ហ្វូង​មនុស្ស​ថា មាន​ពរ​ហើយ ផ្ទៃ​ណា​ដែល​បាន​រក្សា​លោក ហើយ​ដោះ​ណា​ដែល​លោក​បាន​បៅ
28 តែ​ទ្រង់​មាន​ព្រះ‌បន្ទូល​តប​ថា ស៊ូ​ថា​ដូច្នេះ​វិញ មាន​ពរ​ហើយ អស់​អ្នក​ដែល​ស្តាប់​ព្រះ‌បន្ទូល ហើយ​កាន់​តាម។
29 កាល​ណោះ មាន​មនុស្ស​ប្រជុំ​គ្នា​តាន់‌តាប់​ជា​ខ្លាំង ហើយ​ទ្រង់​ចាប់​តាំង​មាន​ព្រះ‌បន្ទូល​ថា មនុស្ស​ដំណ​នេះ​អាក្រក់​ណាស់ គេ​រក​តែ​ទី​សម្គាល់​ទេ តែ​គ្មាន​ទី​សម្គាល់​ណា​នឹង​បាន​ប្រទាន​មក​គេ ក្រៅ​ពី​ទី​សម្គាល់​នៃ​ហោរា​យ៉ូណាស​ឡើយ
30 ពី​ព្រោះ ដូច​ជា​លោក​យ៉ូណាស​ជា​ទី​សម្គាល់​ដល់​មនុស្ស​នៅ​ក្រុង​នីនីវេ​យ៉ាង​ណា នោះ​កូន​មនុស្ស​ក៏​នឹង​បាន​ជា​ទី​សម្គាល់ ដល់​មនុស្ស​ដំណ​នេះ​យ៉ាង​ដូច្នោះ​ដែរ
31 នៅ​ថ្ងៃ​ជំនុំ​ជម្រះ មហា‌ក្សត្រី​ស្រុក​ខាង​ត្បូង នឹង​ឈរ​ឡើង​ជំនុំ​ជម្រះ​មនុស្ស​ដំណ​នេះ ហើយ​និង​កាត់​ទោស​ឲ្យ​ផង ពី​ព្រោះ​ព្រះ‌នាង​បាន​យាង​មក​ពី​ចុង​ផែនដី ដើម្បី​នឹង​ស្តាប់​ចំណេះ​ហ្លួង​សាឡូ‌ម៉ូន ហើយ​មើល​នៅ​ទី​នេះ​មាន​១​អង្គ​ដ៏​វិសេស​លើស​ជាង​ហ្លួង​សាឡូ‌ម៉ូន​ទៅ​ទៀត
32 នៅ​ថ្ងៃ​ជំនុំ​ជម្រះ មនុស្ស​នៅ​ក្រុង​នីនីវេ​នឹង​ឈរ​ឡើង​ជំនុំ‌ជម្រះ​មនុស្ស​ដំណ​នេះ ហើយ​និង​កាត់​ទោស​ឲ្យ​ផង ពី​ព្រោះ​គេ​បាន​ប្រែ​ចិត្ត ដោយ‌សារ​ពាក្យ​លោក​យ៉ូណាស​ប្រដៅ ហើយ​មើល​នៅ​ទី​នេះ​មាន​១​អង្គ​ដ៏​វិសេស លើស​ជាង​លោក​យ៉ូណាស​ទៅ​ទៀត។
33 គ្មាន​អ្នក​ណា​ដែល​អុជ​ចង្កៀង យក​ទៅ​ដាក់​នៅ​ទី​កំបាំង ឬ​គ្រប​នឹង​ថាំង​ឡើយ គេ​តែង​ដាក់​លើ​ជើង​ចង្កៀង​វិញ ដើម្បី​ឲ្យ​អស់​អ្នក​ដែល​ចូល បាន​ឃើញ​ពន្លឺ​ភ្លឺ
34 ឯ​ចង្កៀង​រូប‌កាយ គឺ​ជា​ភ្នែក ដូច្នេះ កាល​ណា​ភ្នែក​អ្នក​ល្អ នោះ​រូប‌កាយ​អ្នក​ទាំង​មូល​នឹង​បាន​ភ្លឺ​ដែរ តែ​កាល​ណា​ភ្នែក​អាក្រក់ នោះ​រូប‌កាយ​អ្នក​នឹង​ងងឹត​វិញ
35 ដូច្នេះ ចូរ​ប្រយ័ត ក្រែង​ពន្លឺ​ដែល​នៅ​ក្នុង​ខ្លួន​អ្នក ជា​សេចក្ដី​ងងឹត​វិញ
36 បើ​សិន​ជា​រូប‌កាយ​អ្នក​ទាំង​មូល​បាន​ភ្លឺ ឥត​មាន​ងងឹត​ត្រង់​ណា​សោះ នោះ​នឹង​បាន​ភ្លឺ​ទាំង​អស់ ដូច​កាល​ចង្កៀង​បំភ្លឺ​អ្នក​ដែរ។
37 កាល​ទ្រង់​កំពុង​តែ​មាន​ព្រះ‌បន្ទូល​នៅ​ឡើយ នោះ​មាន​ពួក​ផារី‌ស៊ី​ម្នាក់ ទូល​សូម​ទ្រង់​ឲ្យ​យាង​ទៅ​សោយ​ជា​មួយ ទ្រង់​ក៏​យាង​ចូល​ទៅ​គង់​នៅ​តុ
38 កាល​អ្នក​ផារី‌ស៊ី​នោះ​បាន​ឃើញ ក៏​នឹក​ប្លែក​ណាស់ ដែល​ទ្រង់​មិន​បាន​លាង​ព្រះ‌ហស្ត​មុន​នឹង​សោយ
39 ប៉ុន្តែ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា ឯ​អ្នក​រាល់​គ្នា ជា​ពួក​ផារី‌ស៊ី អ្នក​រាល់​គ្នា​លាង​ចាន​លាង​ថាស​តែ​ខាង​ក្រៅ​ទេ តែ​ចំណែក​ខាង​ក្នុង​របស់​អ្នក​រាល់​គ្នា មាន​ពេញ​ដោយ​ការ​ឆ​ស៊ី និង​អំពើ​អាក្រក់​វិញ
40 ឱ​មនុស្ស​ល្ងី‌ល្ងើ​អើយ ព្រះ​ដែល​បង្កើត​ខាង​ក្រៅ តើ​មិន​បាន​បង្កើត​ខាង​ក្នុង​ដែរ​ទេ​ឬ​អី
41 ត្រូវ​ឲ្យ​ទាន​ពី​របស់​ដែល​នៅ​ខាង​ក្នុង​វិញ នោះ​គ្រប់​ទាំង​អស់​នឹង​ស្អាត​ដល់​អ្នក​រាល់​គ្នា
42 តែ​វេទនា​ដល់​អ្នក​រាល់​គ្នា ពួក​ផារី‌ស៊ី​អើយ ដ្បិត​អ្នក​រាល់​គ្នា​តែង​ថ្វាយ​១​ភាគ​ក្នុង​១០ ទាំង​ជីរ‌អង្កាម ជីរ​លីង‌លាក់ និង​បន្លែ​គ្រប់​មុខ តែ​លះ​ចោល​សេចក្ដី​យុត្តិ‌ធម៌ និង​សេចក្ដី​ស្រឡាញ់​នៃ​ព្រះ​វិញ គួរ​តែ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​សេចក្ដី​ទាំង​នេះ​វិញ ហើយ​ឥត​ចោល​ការ​ខាង​ដើម​នោះ​ផង
43 វេទនា​ដល់​អ្នក​រាល់​គ្នា ពួក​ផារី‌ស៊ី​អើយ ដ្បិត​អ្នក​រាល់​គ្នា​ចូល​ចិត្ត​នឹង​កន្លែង​មុខ​គេ​ក្នុង​សាលា​ប្រជុំ ហើយ​ឲ្យ​គេ​គំនាប់​ខ្លួន​នៅ​ទី​ផ្សារ
44 វេទនា​ដល់​អ្នក​រាល់​គ្នា ពួក​អាចារ្យ និង​ពួក​ផារី‌ស៊ី ជា​អ្នក​មាន​ពុត​អើយ ដ្បិត​អ្នក​រាល់​គ្នា​ដូច​ជា​ផ្នូរ​ខ្មោច ដែល​មើល​មិន​ឃើញ ហើយ​មនុស្ស​ដើរ​ជាន់​ឥត​ដឹង​ទេ។
45 មាន​អ្នក​ប្រាជ្ញ​ច្បាប់​ម្នាក់​ឆ្លើយ​ឡើង​ថា លោក​គ្រូ ដែល​លោក​មាន​ប្រសាសន៍​យ៉ាង​នេះ នោះ​ឈ្មោះ​ថា​ត្មះ‌តិះដៀល​ដល់​ពួក​យើង​ខ្ញុំ​ហើយ
46 ទ្រង់​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា វេទនា​ដល់​អ្នក​រាល់​គ្នា ដែល​ជា​អ្នក​ប្រាជ្ញ​ច្បាប់​ដែរ ដ្បិត​អ្នក​រាល់​គ្នា​ដាក់​បន្ទុក​យ៉ាង​ធ្ងន់ ដែល​ពិបាក​ទទួល ទៅ​លើ​មនុស្ស តែ​ខ្លួន​អ្នក​រាល់​គ្នា​មិន​ព្រម​ទាំង​យក​ម្រាម​ដៃ​១​ឆ្កឹះ​បន្ទុក​នោះ​ផង
47 វេទនា​ដល់​អ្នក​រាល់​គ្នា ដ្បិត​អ្នក​រាល់​គ្នា​ធ្វើ​ម៉ុង​ឲ្យ​ពួក​ហោរា ដែល​ពួក​អយ្យកោ​អ្នក​រាល់​គ្នា​បាន​សម្លាប់​បង់
48 ដូច្នេះ អ្នក​រាល់​គ្នា​ធ្វើ​បន្ទាល់​ថា អ្នក​រាល់​គ្នា​យល់​ព្រម​តាម​ការ ដែល​ពួក​អយ្យកោ​បាន​ធ្វើ​ហើយ​នោះ ដ្បិត​ពួក​អយ្យកោ​បាន​សម្លាប់​គេ​មែន ហើយ​អ្នក​រាល់​គ្នា​ធ្វើ​ម៉ុង​ឲ្យ​ដែរ
49 ដោយ​ហេតុ​នោះ​បាន​ជា​ប្រាជ្ញា​នៃ​ព្រះ​បាន​សម្ដែង​ថា អញ​ចាត់​ពួក​ហោរា ហើយ​ពួក​សាវក​ទៅ​ឯ​គេ គេ​នឹង​សម្លាប់​ខ្លះ ហើយ​បណ្តេញ​ខ្លះ
50 ដើម្បី​ឲ្យ​ឈាម​របស់​ពួក​ហោរា​ទាំង​អស់ ដែល​បាន​ខ្ចាយ តាំង​ពី​កំណើត​លោកីយ៍​រៀង​មក​នោះ បាន​ត្រូវ​ទារ​ពី​មនុស្ស​ដំណ​នេះ​វិញ
51 គឺ​ចាប់​តាំង​ពី​ឈាម​របស់​អេបិល ទៅ​ដល់​ឈាម​របស់​សាការី ដែល​គេ​សម្លាប់ នៅ​កណ្តាល​អាសនៈ និង​វិហារ​ផង អើ ខ្ញុំ​ប្រាប់​ថា ឈាម​ទាំង​នោះ​នឹង​ត្រូវ​ទារ​ពី​មនុស្ស​ដំណ​នេះ​វិញ
52 វេទនា​ដល់​អ្នក​រាល់​គ្នា ពួក​ប្រាជ្ញ​ច្បាប់​អើយ ដ្បិត​អ្នក​រាល់​គ្នា​បាន​ដក​កូន​សោ​នៃ​ចំណេះ​ចេញ​ទៅ​ហើយ ខ្លួន​អ្នក​រាល់​គ្នា​មិន​បាន​ចូល ហើយ​ក៏​ហាម​ឃាត់​ដល់​ពួក​អ្នក ដែល​កំពុង​តែ​រក​ចូល មិន​ឲ្យ​គេ​ចូល​ដែរ។
53 កាល​ទ្រង់​មាន​ព្រះ‌បន្ទូល​សេចក្ដី​ទាំង​នោះ ដល់​គេ​រួច​ហើយ នោះ​ពួក​អាចារ្យ និង​ពួក​ផារី‌ស៊ី គេ​ចាប់​តាំង​ជំរុញ​ទ្រង់​ជា​ខ្លាំង​ពន់‌ពេក ឲ្យ​មាន​ព្រះ‌បន្ទូល​ពី​សេចក្ដី​ជា​ច្រើន​ទៅ​ទៀត
54 ដោយ​ចាំ​ពិនិត្យ​ពិចារណា​មើល​ទាំង​រក​ហេតុ​នឹង​ចាប់​ព្រះ‌បន្ទូល​ពី​ព្រះ‌ឱស្ឋ​ទ្រង់ ដើម្បី​ឲ្យ​បាន​រឿង​ចោទ​ប្រកាន់​ទ្រង់។


ជំពូក 12

1 កាល​ទ្រង់​កំពុង​តែ​មាន​ព្រះ‌បន្ទូល នោះ​មាន​មនុស្ស​ប្រជុំ​គ្នា​មីរ‌ដេរ‌ដាស​ស្ទើរ​តែ​នឹង​ជាន់​គ្នា​ឯង ទ្រង់​ក៏​ចាប់​តាំង​មាន​ព្រះ‌បន្ទូល​នឹង​ពួក​សិស្ស​ជា​មុន​ដំបូង​ថា ចូរ​អ្នក​រាល់​គ្នា​ប្រយ័ត​នឹង​ដំបែ​ពួក​ផារី‌ស៊ី ដែល​ជា​សេចក្ដី​កំពុត
2 គ្មាន​អ្វី​គ្រប​បាំង ដែល​មិន​ត្រូវ​បើក​ឲ្យ​ឃើញ ឬ​អ្វី​លាក់‌លៀម ដែល​មិន​ត្រូវ​បើក​ឲ្យ​ស្គាល់​នោះ​ឡើយ
3 ដូច្នេះ គ្រប់​ទាំង​សេចក្ដី ដែល​អ្នក​រាល់​គ្នា​បាន​និយាយ ក្នុង​ទី​ងងឹត នោះ​នឹង​បាន​ឮ​នៅ​ទី​ភ្លឺ ហើយ​សេចក្ដី​អ្វី ដែល​អ្នក​រាល់​គ្នា​បាន​ខ្សឹប​ដាក់​ត្រចៀក នៅ​ក្នុង​បន្ទប់ នោះ​នឹង​បាន​ប្រកាស​ប្រាប់​ពី​លើ​ដំបូល​ផ្ទះ​វិញ
4 តែ​ពួក​សំឡាញ់​អើយ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា កុំ​ឲ្យ​ខ្លាច​អ្នក​ណា​ដែល​សម្លាប់​បាន​តែ​រូប‌កាយ រួច​ក្រោយ​មក ពុំ​អាច​ធ្វើ​អ្វី​ទៀត​បាន​នោះ​ឡើយ
5 ខ្ញុំ​នឹង​បង្ហាញ​ឲ្យ​អ្នក​ដឹង​ជា​ត្រូវ​ខ្លាច​ដល់​អ្នក​ណា គឺ​ត្រូវ​ឲ្យ​ខ្លាច​ដល់​ព្រះ​វិញ ដែល​កាល​ណា​ទ្រង់​សម្លាប់ នោះ​ក៏​មាន​អំណាច​អាច​បោះ​ចោល​ទៅ​ក្នុង​នរក​បាន​ផង អើ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ត្រូវ​ឲ្យ​ខ្លាច​ដល់​ព្រះ‌អង្គ​ចុះ
6 តើ​គេ​មិន​លក់​ចាប​៥​ថ្លៃ​២​លុយ​ទេ​ឬ​អី តែ​គ្មាន​ចាប​ណា​មួយ​ដែល​ព្រះ‌ទ្រង់​ភ្លេច​ទេ
7 សូម្បី​ទាំង​សក់​ក្បាល​របស់​អ្នក​រាល់​គ្នា ក៏​បាន​រាប់​ទាំង​អស់​ដែរ ដូច្នេះ កុំ​ឲ្យ​ខ្លាច​ឡើយ អ្នក​រាល់​គ្នា​មាន​តម្លៃ​លើស​ជាង​ចាប​ជា​ច្រើន
8 ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា អស់​អ្នក​ណា​ដែល​ទទួល​ស្គាល់​ខ្ញុំ នៅ​មុខ​មនុស្ស​លោក នោះ​កូន​មនុស្ស​នឹង​ទទួល​ស្គាល់​អ្នក​នោះ នៅ​ចំពោះ​មុខ​ពួក​ទេវតា​នៃ​ព្រះ​ដែរ
9 តែ​អ្នក​ណា​ដែល​មិន​ព្រម​ទទួល​ស្គាល់​ខ្ញុំ នៅ​មុខ​មនុស្ស​លោក នោះ​ខ្ញុំ​ក៏​មិន​ទទួល​ស្គាល់​អ្នក​នោះ នៅ​ចំពោះ​មុខ​ពួក​ទេវតា​នៃ​ព្រះ​ដែរ
10 ឯ​អស់​អ្នក​ណា ដែល​ពោល​ពាក្យ ទាស់​នឹង​កូន​មនុស្ស នោះ​នឹង​បាន​អត់​ទោស​ឲ្យ តែ​អ្នក​ណា​ដែល​ប្រមាថ​ដល់​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​វិញ នោះ​មិន​បាន​អត់​ទោស​ឲ្យ​ឡើយ
11 កាល​ណា​គេ​បណ្តើរ​អ្នក​រាល់​គ្នា​ទៅ​នៅ​មុខ​ពួក​ជំនុំ​គេ ឬ​ចំពោះ​ចៅ‌ក្រម ឬ​ពួក​នាម៉ឺន នោះ​កុំ​ឲ្យ​បារម្ភ​ព្រួយ ពី​បែប​យ៉ាង​ណា ឬ​ពី​ពាក្យ​អ្វី ដែល​នឹង​ត្រូវ​ឆ្លើយ​ដោះ​សា ឬ​និយាយ​នោះ​ឡើយ
12 ដ្បិត​គឺ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ទ្រង់​នឹង​បង្រៀន​សេចក្ដី​ដែល​អ្នក​រាល់​គ្នា​ត្រូវ​និយាយ នៅ​វេលា​នោះ​ឯង។
13 មាន​ម្នាក់​ក្នុង​ហ្វូង​មនុស្ស​ទូល​ទ្រង់​ថា លោក​គ្រូ សូម​លោក​ប្រាប់​បង​ខ្ញុំ ឲ្យ​គាត់​ចែក​មរដក​មក​ខ្ញុំ​ផង
14 ទ្រង់​ឆ្លើយ​តប​ថា ឱ​អ្នក​អើយ តើ​អ្នក​ណា​បាន​តាំង​ខ្ញុំ ឲ្យ​ធ្វើ​ជា​ចៅ‌ក្រម សម្រាប់​ចែក​របស់​ទ្រព្យ​ដល់​អ្នក​រាល់​គ្នា
15 រួច​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​គ្រប់​គ្នា​ថា ចូរ​ប្រយ័ត ហើយ​ខំ​ចៀស​ពី​សេចក្ដី​លោភ​ចេញ ដ្បិត​ជីវិត​នៃ​មនុស្ស​មិន​ស្រេច​នឹង​បាន​ទ្រព្យ‌សម្បត្តិ​ជា​បរិបូរ​ទេ
16 ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​ជា​ពាក្យ​ប្រៀប​ធៀប​ទៅ​គេ​ថា មាន​ស្រែ​ចម្ការ​របស់​អ្នក​មាន​ម្នាក់​បាន​កើត​ផល​ចម្រើន​ជា​បរិបូរ
17 ហើយ​អ្នក​នោះ​រិះ‌គិត​ក្នុង​ចិត្ត​ថា តើ​ត្រូវ​ឲ្យ​អញ​ធ្វើ​ដូច​ម្តេច ដ្បិត​អញ​គ្មាន​កន្លែង​ណា​នឹង​ដាក់​ផល​របស់​អញ​ទាំង​នេះ​ទេ
18 ទើប​យល់​ថា អញ​ត្រូវ​ធ្វើ​យ៉ាង​នេះ គឺ​អញ​នឹង​រុះ​ជង្រុក​អញ ពង្រីក​ឲ្យ​ធំ​ជាង​ទៅ​ទៀត រួច​ប្រមូល​ផល និង​ទ្រព្យ‌សម្បត្តិ​ទៅ​ផ្ទុក​នៅ​ទី​នោះ
19 នោះ​អញ​នឹង​ប្រាប់​ដល់​ចិត្ត​ថា ចិត្ត​អើយ ឯង​មាន​ទ្រព្យ‌សម្បត្តិ​ជា​ច្រើន ល្មម​ទុក​សម្រាប់​ជា​យូរ​ឆ្នាំ​ទៅ​មុខ​ទៀត​បាន​ហើយ ចូរ​ឯង​ឈប់​សម្រាក​ទៅ ហើយ​ស៊ី​ផឹក​សប្បាយ​ចុះ
20 ប៉ុន្តែ ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​អ្នក​នោះ​ថា ឱ​មនុស្ស​ល្ងី‌ល្ងើ​អើយ នៅ​វេលា​យប់​នេះ​ឯង អញ​នឹង​ដក​យក​ព្រលឹង​ឯង​ទៅ​វិញ ដូច្នេះ តើ​ទ្រព្យ‌សម្បត្តិ​ទាំង​ប៉ុន្មាន​ដែល​ឯង​បាន​ប្រមូល​ទុក​នេះ នឹង​ទៅ​ជា​របស់​អ្នក​ណា​វិញ
21 អ្នក​ណា​ដែល​ប្រមូល​ទ្រព្យ‌សម្បត្តិ ទុក​បម្រុង​តែ​ខ្លួន​ឯង តែ​ឥត​មាន​ខាង​ឯ​ព្រះ​សោះ នោះ​ក៏​ដូច្នោះ​ដែរ។
22 ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​សិស្ស​ថា ហេតុ​នោះ​បាន​ជា​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា កុំ​ឲ្យ​ខ្វល់‌ខ្វាយ​នឹង​ជីវិត ដែល​នឹង​បរិភោគ​អ្វី ឬ​នឹង​រូប‌កាយ ដែល​នឹង​ស្លៀក‌ពាក់​អ្វី​នោះ​ឡើយ
23 ឯ​ជីវិត នោះ​វិសេស​ជាង​អាហារ​ចំណី ហើយ​រូប‌កាយ ក៏​វិសេស​ជាង​ស្លៀក​បំពាក់​ដែរ
24 ចូរ​ពិចារណា​ពី​ក្អែក ដ្បិត​វា​មិន​ដែល​សាប‌ព្រោះ ឬ​ច្រូត​កាត់​ឡើយ ក៏​គ្មាន​ឃ្លាំង​គ្មាន​ជង្រុក​អ្វី​ផង តែ​ព្រះ‌ទ្រង់​ចិញ្ចឹម​វា ចំណង់​បើ​អ្នក​រាល់​គ្នា តើ​មាន​តម្លៃ​លើស​ជាង​សត្វ​ស្លាប​អម្បាល‌ម៉ាន​ទៅ​ទៀត
25 តើ​មាន​អ្នក​ណា​ក្នុង​ពួក​អ្នក​រាល់​គ្នា អាច​នឹង​បន្ថែម​កំពស់​ខ្លួន​ឡើង​១​ហត្ថ ដោយ‌សារ​សេចក្ដី​ខ្វល់‌ខ្វាយ​បាន​ឬ​ទេ
26 ដូច្នេះ បើ​ការ​តូច​បំផុត ពុំ​អាច​នឹង​ធ្វើ​បាន​ទៅ​ហើយ នោះ​ហេតុ​អ្វី​បាន​ជា​ចង់​ខ្វល់‌ខ្វាយ​ពី​ការ​ឯ​ទៀត​ធ្វើ​អី
27 ចូរ​ពិចារណា​ពី​ផ្កា​ឈូក​ដែរ ដែល​វា​ដុះ តើ​មាន​សភាព​ដូច​ម្តេច វា​មិន​ដែល​នឿយ​ធ្វើ​ការ‌ងារ ឬ​ស្រាវ​រវៃ​ទេ ប៉ុន្តែ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា សូម្បី​តែ​ហ្លួង​សាឡូ‌ម៉ូន ក្នុង​គ្រា​ដែល​មាន​គ្រប់​ទាំង​សេចក្ដី​រុងរឿង​របស់​ទ្រង់ នោះ​មិន​បាន​តែង​អង្គ​ដូច​ជា​ផ្កា​១​នោះ​ផង
28 ឯ​តិណ‌ជាតិ​ដែល​ដុះ​ឡើង​ដូច្នេះ ហើយ​ថ្ងៃ​នេះ​មាន តែ​ថ្ងៃ​ស្អែក​ត្រូវ​បោះ​ទៅ​ក្នុង​ជើង‌ក្រាន នោះ​បើ​ព្រះ‌ទ្រង់​តុប‌តែង​វា​យ៉ាង​ដូច្នោះ ឱ​មនុស្ស​មាន​ជំនឿ​តិច​អើយ តើ​ទ្រង់​នឹង​បំពាក់​ឲ្យ​អ្នក​រាល់​គ្នា លើស​ជាង​អម្បាល‌ម៉ាន​ទៅ​ទៀត
29 កុំ​ឲ្យ​ស្វែង​រក​តែ​គ្រឿង​សម្រាប់​បរិភោគ ហើយ​កុំ​ថប់​បារម្ភ​ឡើយ
30 ដ្បិត​អស់​ទាំង​សាសន៍​ដទៃ​នៅ​លោកីយ៍​នេះ តែង​ស្វែង​រក​របស់​ទាំង​នោះ ឯ​អ្នក​រាល់​គ្នា​វិញ នោះ​ព្រះ‌វរ‌បិតា​នៃ​អ្នក​ទ្រង់​ជ្រាប​ហើយ ថា​អ្នក​រាល់​គ្នា​ត្រូវ​ការ​នឹង​របស់​ទាំង​នោះ
31 ចូរ​ខំ​ស្វែង​រក​នគរ​ព្រះ​វិញ នោះ​គ្រប់​របស់​ទាំង​នោះ​នឹង​បាន​ប្រទាន​មក​អ្នក​រាល់​គ្នា​ផង
32 កុំ​ឲ្យ​ខ្លាច ហ្វូង​តូច​អើយ ព្រោះ​ព្រះ‌វរ‌បិតា​នៃ​អ្នក​រាល់​គ្នា ទ្រង់​សព្វ​ព្រះ‌ហឫទ័យ នឹង​ប្រទាន​នគរ​មក​អ្នក​រាល់​គ្នា​ពិត
33 ចូរ​លក់​របស់​ដែល​អ្នក​រាល់​គ្នា​មាន​ទាំង​ប៉ុន្មាន ហើយ​ចែក​ឲ្យ​ទៅ​ជា​ទាន​ចុះ ចូរ​ធ្វើ​ថង់​ដែល​មិន​ចេះ​ចាស់ សម្រាប់​ខ្លួន ជា​ទ្រព្យ​ដែល​មិន​ចេះ​អស់ នៅ​ឯ​ស្ថាន‌សួគ៌​វិញ ដែល​ជា​ស្ថាន​គ្មាន​ចោរ​ចូល​ទៅ​ជិត​ឡើយ ហើយ​កន្លាត​ក៏​មិន​កាត់​បំផ្លាញ​ដែរ
34 ព្រោះ​សម្បត្តិ‌ទ្រព្យ​អ្នក​នៅ​កន្លែង​ណា នោះ​ចិត្ត​អ្នក​ក៏​នឹង​ស្ថិត​នៅ​កន្លែង​នោះ​ឯង។
35 ចូរ​ឲ្យ​ចង្កេះ​អ្នក​រាល់​គ្នា​នៅ​ជា​ក្រវាត់ ហើយ​ចង្កៀង​នៅ​ឆេះ
36 ចូរ​អ្នក​រាល់​គ្នា​ធ្វើ​ដូច​ជា​មនុស្ស ដែល​នៅ​រង់‌ចាំ​ចៅ‌ហ្វាយ​ខ្លួន ត្រឡប់​មក​ពី​ស៊ី​ការ​វិញ ដើម្បី​កាល​ណា​លោក​មក​គោះ​ទ្វារ​ហៅ នោះ​ឲ្យ​បាន​បើក​ឲ្យ​ជា​១​រំពេច
37 បើ​កាល​ណា​ចៅ‌ហ្វាយ​មក​ដល់ ឃើញ​ពួក​បាវ​កំពុង​តែ​ចាំ​យាម​ដូច្នោះ នោះ​គេ​មាន​ពរ​ណាស់ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា លោក​នឹង​ឲ្យ​អ្នក​ទាំង​នោះ អង្គុយ​នៅ​តុ ហើយ​លោក​នឹង​ក្រវាត់​ខ្លួន​លោក មក​បម្រើ​គេ​វិញ
38 បើ​លោក​មក​ដល់​ក្នុង​យាម​ទី​២ ឬ​យាម​ទី​៣ ហើយ​ឃើញ​ពួក​បាវ​នៅ​ចាំ​យាម​ដូច្នោះ​ដដែល នោះ​គេ​មាន​ពរ​ហើយ
39 តែ​ត្រូវ​ដឹង​សេចក្ដី​នេះ​ថា បើ​ម្ចាស់​ផ្ទះ​ដឹង​ជា​ចោរ​នឹង​មក​នៅ​វេលា​ថ្មើរ​ម៉ាន នោះ​គាត់​នឹង​ចាំ​យាម មិន​ឲ្យ​ចោរ​ទម្លុះ​ផ្ទះ​បាន​ទេ
40 ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​បម្រុង​ខ្លួន​ជា​ស្រេច​ដែរ ដ្បិត​កូន​មនុស្ស​នឹង​មក​នៅ​វេលា​ដែល​អ្នក​រាល់​គ្នា​មិន​គិត។
41 ពេត្រុស​ទូល​សួរ​ទ្រង់​ថា ព្រះ‌អម្ចាស់​អើយ ទ្រង់​មាន​ព្រះ‌បន្ទូល​ពាក្យ​ប្រៀប​ប្រដូច​នេះ ដល់​ត្រឹម​យើង​ខ្ញុំ​ប៉ុណ្ណោះ ឬ​ដល់​មនុស្ស​គ្រប់​គ្នា​ដែរ
42 ព្រះ‌អម្ចាស់​ទ្រង់​មាន​ព្រះ‌បន្ទូល​តប​ថា ចុះ​តើ​អ្នក​ណា​ជា​នាយ​តម្រួួត​ការ​ដែល​ស្មោះ‌ត្រង់ មាន​មារយាទ​ល្អ ដែល​ចៅ‌ហ្វាយ​នឹង​តាំង​ឲ្យ​ត្រួត​លើ​ពួក​ផ្ទះ​លោក ដើម្បី​នឹង​បើក​អាហារ​ឲ្យ​គេ​បរិភោគ​តាម​ត្រូវ​ពេល
43 បើ​កាល​ចៅ‌ហ្វាយ​មក​ដល់ ឃើញ​អ្នក​បម្រើ​នោះ​កំពុង​តែ​ធ្វើ​ដូច្នោះ នោះ​វា​មាន​ពរ​ហើយ
44 ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា លោក​នឹង​តាំង​អ្នក​នោះ​ឲ្យ​ត្រួត​ត្រា​លើ​របស់​ទ្រព្យ​លោក​ទាំង​អស់
45 ប៉ុន្តែ បើ​អ្នក​បម្រើ​នោះ​គិត​ស្មាន​ក្នុង​ចិត្ត​ថា ចៅ‌ហ្វាយ​អញ​ក្រ​មក ហើយ​ក៏​តាំង​វាយ​ពួក​បាវ​ប្រុស​ស្រី ទាំង​ស៊ី​ផឹក​ស្រវឹង​វិញ
46 ដូច្នេះ ដល់​ថ្ងៃ​ដែល​អ្នក​បម្រើ​នោះ​មិន​នៅ​ចាំ ហើយ​វេលា​ណា​ដែល​មិន​ដឹង នោះ​ចៅ‌ហ្វាយ​នឹង​មក​ដល់ ក៏​នឹង​ធ្វើ​ទោស​ជា​យ៉ាង​ធ្ងន់ ព្រម​ទាំង​ឲ្យ​មាន​ចំណែក​ជា​មួយ​នឹង​ពួក​មនុស្ស​មិន​ជឿ​ផង
47 អ្នក​បម្រើ​ណា​ដែល​ស្គាល់​ចិត្ត​ចៅ‌ហ្វាយ តែ​មិន​បាន​រៀប‌ចំ ឬ​ធ្វើ​តាម​ចិត្ត​លោក​សោះ នោះ​នឹង​ត្រូវ​រំពាត់​ជា​យ៉ាង​ច្រើន
48 ឯ​អ្នក​ណា​ដែល​មិន​បាន​ស្គាល់ តែ​បាន​ប្រព្រឹត្ត​គួរ​នឹង​ត្រូវ​រំពាត់ នោះ​នឹង​ត្រូវ​វាយ​តិច​វិញ ឯ​អស់​អ្នក​ណា​ដែល​គេ​ប្រគល់​ទុក​ជា​ច្រើន​ឲ្យ នោះ​គេ​នឹង​ទារ​ជា​ច្រើន​ពី​អ្នក​នោះ​វិញ គេ​នឹង​សូម​លើស​ទៅ​ទៀត ពី​អ្នក​ណា​ដែល​គេ​បាន​ផ្ញើ​ទុក​ជា​ច្រើន​ផង។
49 ខ្ញុំ​បាន​មក ដើម្បី​នឹង​បោះ​ភ្លើង​នៅ​លើ​ផែនដី បើ​ភ្លើង​នោះ​ឆេះ​ហើយ តើ​ខ្ញុំ​នៅ​ចង់​បាន​អ្វី​ទៀត
50 តែ​ខ្ញុំ​ត្រូវ​ទទួល​បុណ្យ​ជ្រមុជ​១ សិន ហើយ​ខ្ញុំ​ត្រូវ​ចង្អៀត‌ចង្អល់​យ៉ាង​ដូច​ម្តេច​ទៅ​ហ្ន៎ ទំរាំ​តែ​បុណ្យ​នោះ​បាន​សម្រេច
51 តើ​អ្នក​រាល់​គ្នា​ស្មាន​ថា ខ្ញុំ​មក​ដើម្បី​ឲ្យ​មាន​សេចក្ដី​សុខ​សាន្ត​នៅ​ផែនដី​ឬ​អី ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា មិន​មែន​ទេ គឺ​មក​ដើម្បី​ឲ្យ​កើត​ប្រដិបក្ស​វិញ​ទេ​តើ
52 ដ្បិត​ពី​នេះ​ទៅ​មុខ នឹង​មាន​៥​នាក់​ក្នុង​ផ្ទះ​១​បាក់​បែក​គ្នា គឺ​៣​នាក់​ទាស់​នឹង​២​នាក់ ហើយ​២​នាក់​ទាស់​នឹង​៣​នាក់
53 ឯ​ឪពុក នឹង​បាក់​បែក​ទាស់​នឹង​កូន​ប្រុស ហើយ​កូន​ប្រុស​ទាស់​នឹង​ឪពុក ម្តាយ​ទាស់​នឹង​កូន​ស្រី ហើយ​កូន​ស្រី​ទាស់​នឹង​ម្តាយ ម្តាយ​ក្មេក​ទាស់​នឹង​កូន​ប្រសា​ស្រី ហើយ​កូន​ប្រសា​ស្រី​ទាស់​នឹង​ម្តាយ​ក្មេក​ដែរ។
54 ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​បណ្តា​មនុស្ស​ដែរ​ថា កាល​ណា​អ្នក​រាល់​គ្នា​ឃើញ​ពពក​ឡើង​ពី​ទិស​ខាង​លិច ស្រាប់​តែ​អ្នក​រាល់​គ្នា​ថា ចង់​ភ្លៀង​ហើយ រួច​ក៏​មាន​ដូច្នោះ​មែន
55 ហើយ​កាល​ណា​ខ្យល់​បក់​ពី​ខាង​ត្បូង នោះ​អ្នក​រាល់​គ្នា​ថា ថ្ងៃ​នេះ មុខ​ជា​ក្តៅ នោះ​ក៏​មាន​ដែរ
56 ឱ​មនុស្ស​កំពុត​អើយ អ្នក​រាល់​គ្នា​ចេះ​សម្គាល់​សភាព​ដី ហើយ​និង​មេឃ​បាន ចុះ​ហេតុ​ដូច​ម្តេច​បាន​ជា​មិន​ស្គាល់​ពេល​វេលា​នេះ។
57 ហើយ​ហេតុ​អ្វី​បាន​ជា​មិន​ពិចារណា ក្នុង​ខ្លួន​អ្នក​រាល់​គ្នា ពី​សេចក្ដី​ណា​ដែល​សុចរិត
58 ដ្បិត​ដែល​អ្នក​កំពុង​តែ​ដើរ​តាម​ផ្លូវ​ទៅ​ឯ​ចៅ‌ហ្វាយ ជា​មួយ​នឹង​សត្រូវ​អ្នក នោះ​ចូរ​ខំ​ប្រឹង​ដោះ​ខ្លួន​ឲ្យ​រួច​ចេញ ក្រែង​គេ​ទាញ​អូស​អ្នក​ទៅ​ឯ​ចៅ‌ក្រម ចៅ‌ក្រម​ប្រគល់​អ្នក​ដល់​នាយ​ភូឃុំ ហើយ​នាយ​ភូឃុំ​នឹង​ដាក់​អ្នក​ជាប់​គុក
59 ខ្ញុំ​ប្រាប់​អ្នក​ថា ដែល​អ្នក​នៅ​ខ្វះ​តែ​កន្លះ​សេន​នឹង​សង​គេ​ឲ្យ​គ្រប់ នោះ​នឹង​ចេញ​ពី​ទី​នោះ​មិន​រួច​ឡើយ។


ជំពូក 13

1 នៅ​វេលា​នោះ​ឯង មាន​អ្នក​ខ្លះ​នៅ​ទី​នោះ គេ​ទូល​ព្រះ‌យេស៊ូវ ពី​រឿង​ពួក​សាសន៍​កាលី‌ឡេ ដែល​លោក​ពីឡាត់​បាន​យក​ឈាម​គេ លាយ​នឹង​យញ្ញ‌បូជា ដែល​គេ​កំពុង​តែ​ថ្វាយ
2 តែ​ទ្រង់​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ទៅ​អ្នក​ទាំង​នោះ​ថា តើ​អ្នក​រាល់​គ្នា​ស្មាន​ថា ពួក​កាលី‌ឡេ​ទាំង​នោះ​មាន​បាប លើស​ជាង​សាសន៍​កាលី‌ឡេ​ឯ​ទៀត ដោយ​ព្រោះ​គេ​បាន​រង​ទុក្ខ​លំបាក​យ៉ាង​នោះ​ឬ​អី
3 ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា មិន​មែន​ទេ ប៉ុន្តែ បើ​អ្នក​រាល់​គ្នា​មិន​ប្រែ​ចិត្ត​ទេ នោះ​នឹង​ត្រូវ​វិនាស​ទាំង​អស់​គ្នា​ដូច្នោះ​ដែរ
4 ឬ​ស្មាន​ថា ពួក​១៨​នាក់​ដែល​ប៉ម​ស៊ីឡោម​បាន​រលំ​មក​លើ​កិន​ស្លាប់​នោះ គេ​មាន​ទោស​លើស​ជាង​មនុស្ស​ទាំង​ប៉ុន្មាន ដែល​នៅ​ក្រុង​យេរូ‌សាឡឹម​ឬ​អី
5 ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា មិន​មែន​ទេ ប៉ុន្តែ បើ​អ្នក​រាល់​គ្នា​មិន​ប្រែ​ចិត្ត​ទេ នោះ​នឹង​ត្រូវ​វិនាស​ទាំង​អស់​គ្នា​ដូច្នោះ​ដែរ។
6 រួច​ទ្រង់​មាន​ព្រះ‌បន្ទូល​ពាក្យ​ប្រៀប​ប្រដូច​នេះ​ថា មាន​បុរស​ម្នាក់ មាន​ដើម​ល្វា​ដុះ​ក្នុង​ចម្ការ​ខ្លួន គាត់​បាន​មក​រក​ផល​ផ្លែ​ពី​ដើម​នោះ តែ​គ្មាន​សោះ
7 ក៏​និយាយ​ទៅ​អ្នក​រក្សា​ចម្ការ​ថា មើល ៣​ឆ្នាំ​មក​ហើយ ខ្ញុំ​មក​រក​ផល​ផ្លែ​ពី​ដើម​ល្វា​នេះ មិន​ដែល​បាន​សោះ ដូច្នេះ ចូរ​កាប់​ចោល​ទៅ ទុក​ឲ្យ​នៅ​បង្ខាត​ដី​ធ្វើ​អី
8 តែ​អ្នក​នោះ​ឆ្លើយ​ថា សូម​លោក​ទុក​នៅ​១​ឆ្នាំ​ទៀត​សិន ចាំ​ខ្ញុំ​ជ្រួយ​ដី ហើយ​ដាក់​ជី ល​មើល
9 ក្រែង​កើត​មាន​ផល​ផ្លែ​ឡើង បើ​គ្មាន​ទេ នោះ​សូម​កាប់​ចោល​ទៅ​ចុះ។
10 កាល​ព្រះ‌យេស៊ូវ​ទ្រង់​កំពុង​តែ​បង្រៀន​ក្នុង​សាលា​ប្រជុំ​១ នៅ​ថ្ងៃ​ឈប់​សម្រាក
11 នោះ​ឃើញ​មាន​ស្ត្រី​ម្នាក់ ដែល​អារក្ស​ធ្វើ​ឲ្យ​ពិការ អស់​១៨​ឆ្នាំ​មក​ហើយ មាន​ខ្នង​កោង ងើប​ត្រង់​ពុំ​បាន​សោះ
12 លុះ​ទ្រង់​បាន​ឃើញ​គាត់ ក៏​មាន​ព្រះ‌បន្ទូល​ហៅ​គាត់​មក ប្រាប់​ថា នាង​អើយ នាង​បាន​រួច​ពី​ជរា​ពិការ​ហើយ
13 រួច​ទ្រង់​ដាក់​ព្រះ‌ហស្ត​លើ​គាត់ នោះ​គាត់​ក៏​ងើប​ត្រង់​ឡើង​ជា​១​រំពេច ហើយ​ពោល​ពណ៌នា​សរសើរ​ដល់​ព្រះ
14 ឯ​មេ​សាលា​ប្រជុំ​គាត់​នឹក​គ្នាន់​ក្នុង​ចិត្ត​ណាស់ ដោយ​ព្រោះ​ព្រះ‌យេស៊ូវ​បាន​ប្រោស​ឲ្យ​ជា នៅ​ថ្ងៃ​ឈប់​សម្រាក ក៏​និយាយ​ទៅ​មនុស្ស​ទាំង​នោះ​ថា មាន​តែ​៦​ថ្ងៃ​ទេ ដែល​គួរ​ធ្វើ​ការ​បាន ដូច្នេះ ចូរ​មក​ក្នុង​រវាង​ថ្ងៃ​ទាំង​នោះ​វិញ ដើម្បី​ឲ្យ​បាន​ជា​ចុះ កុំ​ឲ្យ​មក​ក្នុង​ថ្ងៃ​ឈប់​សម្រាក​ឡើយ
15 នោះ​ព្រះ‌អម្ចាស់ ទ្រង់​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ទៅ​គាត់​ថា មនុស្ស​មាន​ពុត​អើយ តើ​អ្នក​រាល់​គ្នា​មិន​ស្រាយ​គោ ស្រាយ​លា​ពី​ចំណង ដឹក​ទៅ​ឲ្យ​ផឹក​ទឹក នៅ​ថ្ងៃ​ឈប់​សម្រាក​ទេ​ឬ​អី
16 ឯ​ស្ត្រី​នេះ ជា​ពូជ​លោក​អ័ប្រាហាំ ដែល​អារក្ស​សាតាំង​បាន​ចង​គាត់​១៨​ឆ្នាំ​មក​ហើយ ដូច្នេះ តើ​មិន​គួរ​នឹង​ស្រាយ​ឲ្យ រួច​ពី​ចំណង​នេះ នៅ​ថ្ងៃ​ឈប់​សម្រាក​ដែរ​ទេ​ឬ​អី
17 កាល​ទ្រង់​មាន​ព្រះ‌បន្ទូល​សេចក្ដី​ទាំង​នេះ​ហើយ នោះ​អស់​អ្នក​ដែល​ទាស់​នឹង​ទ្រង់ ក៏​អៀន‌ខ្មាស​គ្រប់​គ្នា តែ​បណ្តា​មនុស្ស គេ​កើត​មាន​សេចក្ដី​អំណរ ចំពោះ​គ្រប់​ទាំង​ការ​ឧត្តម ដែល​ទ្រង់​ធ្វើ​នោះ​វិញ។
18 ទ្រង់​មាន​ព្រះ‌បន្ទូល​ថា តើ​នគរ​ព្រះ​ធៀប​ដូច​ជា​អ្វី តើ​ត្រូវ​យក​អ្វី​មក​ផ្ទឹម​នឹង​នគរ​នោះ
19 គឺ​ធៀប​ដូច​ជា​គ្រាប់​ពូជ​ម្យ៉ាង ដែល​មនុស្ស​ម្នាក់​យក​ទៅ​ដាំ​ក្នុង​ច្បារ​ខ្លួន វា​ដុះ​ឡើង​ទៅ​ជា​ដើម​ឈើ​យ៉ាង​ធំ ហើយ​សត្វ​ហើរ​លើ​មេឃ​ក៏​មក​ទំ​នៅ​មែក​បាន
20 ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​ទៀត​ថា តើ​គួរ​ឲ្យ​ខ្ញុំ​ធៀប​នគរ​ព្រះ​ដូច​ជា​អ្វី
21 នោះ​ត្រូវ​ធៀប​ដូច​ជា​ដំបែ ដែល​ស្ត្រី​ម្នាក់​យក​ទៅ​លាយ​នឹង​ម្សៅ​៣​រង្វាល់ ទាល់​តែ​ដោរ​ឡើង​សព្វ​ទាំង​អស់។
22 ទ្រង់​ក៏​យាង​កាត់​អស់​ទាំង​ក្រុង អស់​ទាំង​ភូមិ ទាំង​បង្រៀន​បណ្តើរ ហើយ​ចេះ​តែ​តម្រង់​ត្រង់​ឆ្ពោះ​ទៅ​ឯ​ក្រុង​យេរូ‌សាឡឹម
23 ក៏​មាន​ម្នាក់​ទូល​សួរ​ថា ព្រះ‌អម្ចាស់​អើយ តើ​មនុស្ស​ដែល​បាន​សង្គ្រោះ មាន​គ្នា​តែ​បន្តិច​ទេ​ឬ​អី តែ​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា
24 ចូរ​ខំ​ប្រឹង​យ៉ាង​អស់​ពី​ចិត្ត ឲ្យ​បាន​ចូល​ទៅ​តាម​ទ្វារ​ចង្អៀត ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នឹង​មាន​មនុស្ស​ជា​ច្រើន​ខំ​ប្រឹង​រក​ចូល​ដែរ តែ​ចូល​មិន​បាន​ទេ
25 កាល​ណា​ម្ចាស់​ផ្ទះ​បាន​ក្រោក​ឡើង​បិទ​ទ្វារ នោះ​អ្នក​រាល់​គ្នា​នឹង​ចាប់​តាំង​ឈរ​ពី​ខាង​ក្រៅ គោះ​ទ្វារ​ទូល​ថា ឱ​ព្រះ‌អម្ចាស់ៗ​អើយ សូម​បើក​ឲ្យ​យើង​ខ្ញុំ​ផង នោះ​ទ្រង់​នឹង​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា អញ​មិន​ស្គាល់​ឯង​រាល់​គ្នា​ដែល​មក​ពី​ណា​ទេ
26 រួច​អ្នក​រាល់​គ្នា​នឹង​តាំង​ទូល​ថា យើង​ខ្ញុំ​បាន​ទទួល​ទាន​នៅ​ចំពោះ​ទ្រង់ ហើយ​ទ្រង់​បាន​បង្រៀន​តាម​ផ្លូវ​យើង​ខ្ញុំ​ដែរ
27 តែ​ទ្រង់​នឹង​មាន​ព្រះ‌បន្ទូល​ថា អញ​ប្រាប់​ឯង​រាល់​គ្នា​ថា អញ​មិន​ស្គាល់​ឯង​រាល់​គ្នា​ដែល​មក​ពី​ណា​ទេ នែ អស់​អ្នក​ដែល​ប្រព្រឹត្ត​សេចក្ដី​ទុច្ចរិត​អើយ ចូរ​ថយ​ចេញ​ពី​អញ​ទៅ
28 ដូច្នេះ កាល​ណា​ឯង​រាល់​គ្នា​ត្រូវ​បោះ​ទៅ​ក្រៅ នោះ​នឹង​យំ ហើយ​សង្កៀត​ធ្មេញ នៅ​ទី​នោះ ដោយ​ឃើញ​លោក​អ័ប្រាហាំ លោក​អ៊ីសាក និង​លោក​យ៉ាកុប ហើយ​អស់​ទាំង​ហោរា​នៅ​ក្នុង​នគរ​ព្រះ
29 ដ្បិត​នឹង​មាន​មនុស្ស​ពី​ទិស​ខាង​កើត ខាង​លិច ខាង​ជើង ហើយ​ខាង​ត្បូង មក​អង្គុយ​ក្នុង​នគរ​ព្រះ​ដែរ
30 ហើយ​មើល​នឹង​មាន​មនុស្ស​ក្រោយ​ទៅ​ជា​មុន និង​មនុស្ស​មុន​ទៅ​ជា​ក្រោយ​វិញ។
31 នៅ​ថ្ងៃ​នោះ​ឯង មាន​ពួក​ផារី‌ស៊ី​ខ្លះ​មក​ទូល​ទ្រង់​ថា ចូរ​ថយ​ចេញ​ពី​នេះ​ទៅ ដ្បិត​ស្តេច​ហេរ៉ូឌ​រក​ចង់​សម្លាប់​លោក
32 តែ​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា ចូរ​អ្នក​រាល់​គ្នា​ទៅ​ប្រាប់​សត្វ​កញ្ជ្រោង នោះ​ថា មើល​ខ្ញុំ​ដេញ​អារក្ស ហើយ​ប្រោស​មនុស្ស​ឲ្យ​ជា នៅ​ថ្ងៃ​នេះ ហើយ​ថ្ងៃ​ស្អែក លុះ​ដល់​ថ្ងៃ​ទី​៣ ខ្ញុំ​នឹង​បាន​សម្រេច​ការ
33 ប៉ុន្តែ ត្រូវ​ឲ្យ​ខ្ញុំ​ដើរ​តាម​ផ្លូវ​ខ្ញុំ​ទៅ នៅ​ក្នុង​ថ្ងៃ​នេះ ថ្ងៃ​ស្អែក ហើយ​ខាន​ស្អែក​ទៀត ដ្បិត​គ្មាន​ទំនង​ឲ្យ​ហោរា​ណា​វិនាស ក្រៅ​ពី​ក្រុង​យេរូ‌សាឡឹម​ទេ
34 ឱ​យេរូ‌សាឡឹម ក្រុង​យេរូ‌សាឡឹម ជា​ទី​ក្រុង​ដែល​សម្លាប់​ពួក​ហោរា ហើយ​ចោល​ថ្ម​ទៅ​អស់​អ្នក ដែល​បាន​ចាត់​មក​ឯ​ឯង​អើយ តើ​ប៉ុន្មាន​ដង​ហើយ ដែល​អញ​ចង់​ប្រមូល​កូន​ឯង​រាល់​គ្នា ដូច​ជា​មេ​មាន់​ប្រមូល​កូន​ក្រុង​ក្រោម​ស្លាប តែ​ឯង​មិន​ព្រម​សោះ​នោះ
35 មើល ផ្ទះ​ឯង​រាល់​គ្នា​ត្រូវ​ចោល​នៅ​ស្ងាត់​ឈឹង ហើយ​អញ​ប្រាប់​ឯង​រាល់​គ្នា​ថា មិន​ឃើញ​អញ​ទៀត ទាល់​តែ​ឯង​និយាយ​ថា ព្រះ‌អង្គ​ដែល​យាង​មក ដោយ​នូវ​ព្រះ‌នាម​ព្រះ‌អម្ចាស់​ទ្រង់​ប្រកប​ដោយ​ព្រះ‌ពរ ។


ជំពូក 14

1 មាន​កាល​១​ថ្ងៃ ជា​ថ្ងៃ​ឈប់​សម្រាក ព្រះ‌យេស៊ូវ​យាង​ចូល​ទៅ​សោយ​ព្រះ‌ស្ងោយ ក្នុង​ផ្ទះ​នាម៉ឺន​ម្នាក់ ដែល​ជា​ពួក​ផារី‌ស៊ី ពួក​នោះ​ក៏​រិះ‌គន់​មើល​ទ្រង់
2 គ្រា​នោះ ឃើញ​មាន​មនុស្ស​កើត​ទាច​ម្នាក់ នៅ​ចំពោះ​ទ្រង់
3 ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​ពួក​អ្នក​ប្រាជ្ញ​ច្បាប់ និង​ពួក​ផារី‌ស៊ី​ថា តើ​មាន​ច្បាប់​នឹង​មើល​ឲ្យ​ជា នៅ​ថ្ងៃ​ឈប់​សម្រាក​ឬ​ទេ
4 តែ​គេ​នៅ​តែ​ស្ងៀម នោះ​ទ្រង់​ក៏​យក​គាត់​មក​ប្រោស​ឲ្យ​ជា រួច​ឲ្យ​គាត់​ទៅ​វិញ
5 ហើយ​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា ក្នុង​ពួក​អ្នក​រាល់​គ្នា បើ​អ្នក​ណា​មាន​លា ឬ​គោ ធ្លាក់​ចុះ​ក្នុង​រណ្តៅ នៅ​ថ្ងៃ​ឈប់​សម្រាក តើ​មិន​ស្រង់​យក​ចេញ ក្នុង​១​រំពេច​នោះ​ទេ​ឬ​អី
6 តែ​គេ​ពុំ​អាច​នឹង​ឆ្លើយ​អ្វី​ទូល​ទ្រង់ ពី​ដំណើរ​នោះ​បាន​ទេ។
7 កាល​ទ្រង់​ឃើញ​ពួក​ភ្ញៀវ ដែល​គេ​រើស​យក​កន្លែង​ប្រសើរៗ នោះ​ក៏​មាន​ព្រះ‌បន្ទូល​ជា​ពាក្យ​ប្រៀប​ធៀប​ទៅ​គេ​ថា
8 បើ​មាន​អ្នក​ណា​អញ្ជើញ​អ្នក​រាល់​គ្នា​ទៅ​បរិភោគ​ការ នោះ​កុំ​ឲ្យ​អង្គុយ​ត្រង់​កន្លែង​ដ៏​ប្រសើរ​ឡើយ ក្រែង​ចួន​ជា​គេ​បាន​អញ្ជើញ​អ្នក​ណា​ដែល​ធំ​ជាង​អ្នក
9 ហើយ​កាល​ណា​អ្នក​មង្គល‌ការ ដែល​បាន​អញ្ជើញ​អ្នក និង​អ្នក​នោះ​ផង គាត់​មក​និយាយ​នឹង​អ្នក​ថា ទុក​កន្លែង​នេះ​ឲ្យ​អ្នក​នេះ​អង្គុយ​វិញ នោះ​អ្នក​នឹង​ថយ​ទៅ​អង្គុយ​នៅ​កន្លែង​ក្រោយ​បង្អស់ ទាំង​ខ្មាស​គេ​ផង
10 ដូច្នេះ កាល​ណា​គេ​អញ្ជើញ​អ្នក នោះ​ត្រូវ​ទៅ​អង្គុយ​នៅ​កន្លែង​ក្រោយ​បង្អស់​សិន ដើម្បី​កាល​ណា​អ្នក​មង្គល‌ការ​មក​ដល់ នោះ​គាត់​នឹង​និយាយ​ថា សំឡាញ់​អើយ សូម​អញ្ជើញ​មក​អង្គុយ​នៅ​ខាង​មុខ​វិញ នោះ​អ្នក​នឹង​បាន​ថ្កើង​ឡើង នៅ​មុខ​ពួក​អ្នក​ដែល​អង្គុយ​នៅ​តុ​ជា​មួយ​គ្នា
11 ដ្បិត​អស់​អ្នក​ណា​ដែល​តម្កើង​ខ្លួន នោះ​នឹង​ត្រូវ​បន្ទាប​ចុះ តែ​អ្នក​ណា​ដែល​បន្ទាប​ខ្លួន នោះ​នឹង​បាន​តម្កើង​ឡើង​វិញ។
12 ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​អ្នក ដែល​បាន​អញ្ជើញ​ទ្រង់​ថា កាល​ណា​អ្នក​លៀង​ភ្ញៀវ​ពេល​ថ្ងៃ​ត្រង់ ឬ​ពេល​ល្ងាច នោះ​កុំ​ឲ្យ​អញ្ជើញ​ពួក​សំឡាញ់ បង​ប្អូន​សាច់‌ញាតិ ឬ​អ្នក​មាន ដែល​នៅ​ជិត​ខាង​ឡើយ ក្រែង​គេ​ក៏​អញ្ជើញ​អ្នក​ទៅ​សង​ដូច្នោះ​វិញ​ដែរ
13 បើ​កាល​ណា​អ្នក​រៀប​លៀង​ភ្ញៀវ​នោះ ចូរ​អញ្ជើញ​ពួក​អ្នក​ក្រ អ្នក​ពិការ អ្នក​ខ្ញើច និង​អ្នក​ខ្វាក់​វិញ
14 យ៉ាង​នោះ អ្នក​នឹង​បាន​ពរ​ពិត ដ្បិត​មនុស្ស​ទាំង​នោះ​គ្មាន​អ្វី​នឹង​សង​អ្នក​វិញ​ទេ លុះ​កាល​ណា​ពួក​មនុស្ស​សុចរិត​រស់​ឡើង​វិញ នោះ​អ្នក​នឹង​បាន​រង្វាន់​ហើយ។
15 កាល​ម្នាក់ ដែល​អង្គុយ​នៅ​តុ​ជា​មួយ បាន​ឮ​ពាក្យ​ទាំង​នោះ គាត់​ក៏​ទូល​ទ្រង់​ថា មាន​ពរ​ហើយ អ្នក​ណា​ដែល​នឹង​បរិភោគ​ក្នុង​នគរ​ព្រះ
16 តែ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា មាន​បុរស​ម្នាក់​រៀប​ជប់‌លៀង​ជា​យ៉ាង​ធំ ក៏​អញ្ជើញ​មនុស្ស​ជា​ច្រើន
17 ដល់​ពេល​ជិត​ស៊ី​លៀង គាត់​ប្រើ​បាវ​ឲ្យ​ទៅ​ប្រាប់​ពួក​ភ្ញៀវ​ថា សូម​អញ្ជើញ​មក ដ្បិត​ទាំង​អស់​បាន​រៀប​ប្រុង​ជា​ស្រេច​ហើយ
18 តែ​គេ​ចាប់​តាំង​ដោះ​សា​ដូច​គ្នា​ទាំង​អស់ អ្នក​មុន​និយាយ​ថា ខ្ញុំ​បាន​ទិញ​ចម្ការ ហើយ​ខ្ញុំ​ត្រូវ​ទៅ​មើល​ចម្ការ​នោះ សូម​ឲ្យ​លោក​អត់​ទោស
19 ម្នាក់​ទៀត​ថា ខ្ញុំ​បាន​ទិញ​គោ​៥​នឹម ខ្ញុំ​ត្រូវ​ទៅ​ល​វា​មើល​សូម​ឲ្យ​លោក​អត់​ទោស
20 ម្នាក់​ទៀត​ក៏​ថា ខ្ញុំ​ទើប​នឹង​ការ​ប្រពន្ធ​ហើយ ដោយ​ហេតុ​នោះ​បាន​ជា​ខ្ញុំ​ទៅ​មិន​បាន
21 បាវ​នោះ​ក៏​ត្រឡប់​ទៅ​វិញ ជម្រាប​ចៅ‌ហ្វាយ​ខ្លួន​តាម​ដំណើរ​នោះ ដូច្នេះ លោក​ប្រាប់​ទៅ​បាវ ទាំង​កំហឹង​ថា ចូរ​ប្រញាប់​ចេញ​ទៅ​ឯ​ផ្លូវ​តូច​ធំ​នៅ​ទី​ក្រុង នាំ​អស់​ពួក​មនុស្ស​ក្រ ពិការ ខ្វាក់ និង​ខ្ញើច ចូល​មក​ឲ្យ​ឆាប់
22 បាវ​នោះ​ក៏​ជម្រាប​ថា លោក ការ​ដែល​លោក​បង្គាប់​នោះ បាន​ធ្វើ​ហើយ តែ​នៅ​តែ​មាន​សល់​កន្លែង​ទៀត
23 រួច​ចៅ‌ហ្វាយ​ប្រាប់​ថា ចូរ​ចេញ​ទៅ​តាម​ផ្លូវ​ច្រក​ល្ហក តាម​របង ហើយ​បង្ខំ​គេ​ឲ្យ​ចូល​មក ដើម្បី​ឲ្យ​ផ្ទះ​អញ​បាន​ពេញ
24 ដ្បិត​អញ​ប្រាប់​ថា ឯ​ពួក​មនុស្ស​ទាំង​ប៉ុន្មាន ដែល​អញ​បាន​អញ្ជើញ​មក​មុន​នោះ អញ​លែង​ឲ្យ​អ្នក​ណា​១​ភ្លក់​ម្ហូប​របស់​អញ​ហើយ។
25 មាន​មនុស្ស​សន្ធឹក​ណាស់ ដើរ​ទៅ​ជា​មួយ​នឹង​ទ្រង់ នោះ​ទ្រង់​បែរ​ទៅ​មាន​ព្រះ‌បន្ទូល​នឹង​គេ​ថា
26 បើ​អ្នក​ណា​មក​ឯ​ខ្ញុំ ដោយ​មិន​បាន​លះ​អាល័យ​ពី​ឪពុក​ម្តាយ ប្រពន្ធ​កូន បង​ប្អូន​ប្រុស​ស្រី និង​ជីវិត​ខ្លួន​ឯង​ផង អ្នក​នោះ​នឹង​ធ្វើ​ជា​សិស្ស​ខ្ញុំ​មិន​បាន​ទេ
27 ហើយ​អ្នក​ណា​ដែល​មិន​ផ្ទុក​ឈើ​ឆ្កាង​ខ្លួន​មក​តាម​ខ្ញុំ នោះ​ក៏​ធ្វើ​ជា​សិស្ស​ខ្ញុំ​មិន​បាន​ដែរ
28 ដ្បិត​ក្នុង​ពួក​អ្នក​រាល់​គ្នា បើ​មាន​អ្នក​ណា​ចង់​សង់​ផ្ទះ​ពី​ថ្ម តើ​មិន​អង្គុយ​លៃ‌លក​មើល​ជា​មុន​ទេ​ឬ​អី ដើម្បី​ឲ្យ​ដឹង​ជា​មាន​ល្មម​នឹង​ធ្វើ​បង្ហើយ​បាន​ឬ​មិន​បាន
29 ក្រែង​កាល​ណា​ដាក់​ជើង​ជញ្ជាំង រួច​បង្ហើយ​មិន​បាន នោះ​អស់​អ្នក​ណា​ដែល​ឃើញ​ក៏​នឹង​សើច​ចំអក​ឲ្យ
30 ដោយ​ពាក្យ​ថា អ្នក​នេះ​បាន​ចាប់​ផ្តើម​សង់​ផ្ទះ តែ​បង្ហើយ​មិន​បាន
31 ឬ​តើ​មាន​ស្តេច​ឯ​ណា ដែល​រៀប​ចេញ​ទៅ​ច្បាំង​នឹង​ស្តេច​១​ទៀត ឥត​អង្គុយ​ពិគ្រោះ​មើល​ជា​មុន​សិន ដើម្បី​ឲ្យ​ដឹង​ជា​ខ្លួន​នាំ​ពល​១​ម៉ឺន ទៅ​ត​ទល់​នឹង​ស្តេច ដែល​នាំ​ពល​២​ម៉ឺន មក​ច្បាំង​បាន​ឬ​មិន​បាន
32 បើ​ឃើញ​ថា​មិន​បាន​ទេ នោះ​ទ្រង់​នឹង​ចាត់​រាជ​ទូត ឲ្យ​ទៅ​ស៊ើប​សួរ​ពី​កិច្ច ដែល​ចង​ស្ពាន​មេត្រី​នឹង​គ្នា​ជា​យ៉ាង​ណា ក្នុង​កាល​ដែល​ស្តេច​នោះ​នៅ​ឆ្ងាយ​នៅ​ឡើយ
33 ដូច្នេះ អស់​អ្នក​ណា​ក្នុង​ពួក​អ្នក​រាល់​គ្នា ដែល​មិន​លះ​អាល័យ​ពី​របស់​ទ្រព្យ​ខ្លួន​ទាំង​អស់ នោះ​ធ្វើ​ជា​សិស្ស​ខ្ញុំ​មិន​បាន​ទេ។
34 អំបិល​ជា​របស់​ល្អ តែ​បើ​បាត់​ជាតិ​ប្រៃ​ហើយ តើ​នឹង​យក​អ្វី​ធ្វើ​ឲ្យ​ប្រៃ​ឡើង​វិញ​បាន
35 គ្មាន​ប្រយោជន៍​ដល់​ដី​ឬ​ជី​ទេ គេ​នឹង​ចោល​ទៅ​ក្រៅ​វិញ អ្នក​ណា​ដែល​មាន​ត្រចៀក​សម្រាប់​ស្តាប់ ឲ្យ​ស្តាប់​ចុះ។


ជំពូក 15

1 អស់​ទាំង​អ្នក​យក​ពន្ធ និង​អ្នក​មាន​បាប គេ​ក៏​ចូល​មក​ជិត ដើម្បី​ស្តាប់​ទ្រង់
2 នោះ​ពួក​ផារី‌ស៊ី និង​ពួក​អាចារ្យ​គេ​ឌុក‌ដាន់​ថា អ្នក​នេះ​ទទួល​មនុស្ស​បាប ហើយ​ក៏​ស៊ី​ជា​មួយ​នឹង​គេ​ផង
3 តែ​ទ្រង់​មាន​ព្រះ‌បន្ទូល​ជា​ពាក្យ​ប្រៀប​ប្រដូច​នេះ ដល់​គេ​ថា
4 ក្នុង​ពួក​អ្នក​រាល់​គ្នា បើ​អ្នក​ណា​មាន​ចៀម​១​រយ តែ​បាត់​១ តើ​មិន​ទុក​ចៀម​៩៩​ឲ្យ​នៅ​ទី​រហោ‌ស្ថាន ដើម្បី​នឹង​ទៅ​តាម​រក​ចៀម​១​ដែល​បាត់ ទាល់​តែ​ឃើញ​ទេ​ឬ​អី
5 កាល​ណា​រក​ឃើញ​ហើយ នោះ​ក៏​លើក​ព្រនរ​មក ដោយ​អំណរ
6 លុះ​មក​ដល់​ផ្ទះ​វិញ អ្នក​នោះ​នឹង​ហៅ​ពួក​សំឡាញ់ និង​ពួក​អ្នក​ជិត​ខាង​មក ប្រាប់​ថា សូម​អរ​សប្បាយ​ជា​មួយ​នឹង​ខ្ញុំ ដ្បិត​ចៀម​ខ្ញុំ​ដែល​បាត់ នោះ​ឃើញ​វិញ​ហើយ
7 ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នៅ​ស្ថាន‌សួគ៌ នឹង​មាន​សេចក្ដី​អំណរ​យ៉ាង​នោះ​ដែរ ដោយ‌សារ​មនុស្ស​បាប​តែ​១​នាក់ ដែល​ប្រែ​ចិត្ត​វិញ ជា​ជាង​មនុស្ស​សុចរិត​៩៩​នាក់ ដែល​មិន​ត្រូវ​ការ​ប្រែ​ចិត្ត​ទេ។
8 ឬ​មាន​ស្ត្រី​ឯ​ណា ដែល​មាន​ប្រាក់​១០​ដួង បើ​បាត់​១ តើ​មិន​អុជ​ចង្កៀង ហើយ​បោស​ផ្ទះ​រក​អស់​ពី​ចិត្ត ទាល់​តែ​បាន​ឃើញ​ទេ​ឬ​អី
9 កាល​រក​ឃើញ នោះ​ក៏​ហៅ​ពួក​សំឡាញ់ និង​អ្នក​ជិត​ខាង​មក​ប្រាប់​ថា សូម​អរ​សប្បាយ​ជា​មួយ​នឹង​ខ្ញុំ​ចុះ ដ្បិត​ប្រាក់​ខ្ញុំ​ដែល​បាត់ នោះ​រក​ឃើញ​វិញ​ហើយ
10 ដូច្នេះ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ក៏​មាន​សេចក្ដី​អំណរ នៅ​មុខ​ពួក​ទេវតា​នៃ​ព្រះ​យ៉ាង​នោះ​ដែរ ដោយ‌សារ​មនុស្ស​បាប​តែ​១​នាក់ ដែល​ប្រែ​ចិត្ត​វិញ។
11 រួច​ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​ថា មាន​បុរស​ម្នាក់​មាន​កូន​ប្រុស​២
12 កូន​ពៅ​និយាយ​ទៅ​ឪពុក​ថា សូម​លោក​ឪពុក​ប្រគល់​ចំណែក​មរដក ដែល​ត្រូវ​ចែក​ដល់​ខ្ញុំ​នោះ​មក គាត់​ក៏​ចែក​ទ្រព្យ​នោះ​ដល់​កូន
13 ក្រោយ​បន្តិច​មក កូន​ពៅ​ប្រមូល​ទាំង​អស់ ចេញ​ទៅ​ឯ​ស្រុក​ឆ្ងាយ ហើយ​ក៏​បង្ហិន​ទ្រព្យ​ទៅ ដោយ​ល្បែង​ដ៏​ហួស​ខ្នាត
14 កាល​បាន​ចាយ​អស់​រលីង​ហើយ នោះ​កើត​មាន​អំណត់​ជា​ខ្លាំង​នៅ​ស្រុក​នោះ វា​ក៏​មាន​សេចក្ដី​ទ័ល‌ក្រ
15 រួច​ទៅ​បម្រើ​អ្នក​ស្រុក​នោះ​ម្នាក់ ហើយ​គេ​ប្រើ​ឲ្យ​ទៅ​ឯ​វាល​ឃ្វាល​ហ្វូង​ជ្រូក
16 វា​មាន​ចិត្ត​ចង់​ចម្អែត​ពោះ ដោយ​សំបក​ដែល​ជ្រូក​ស៊ី​ណាស់ តែ​គ្មាន​អ្នក​ណា​ឲ្យ​សោះ
17 កាល​វា​ភ្ញាក់​ដឹង​ខ្លួន នោះ​ក៏​គិត​ថា ឪពុក​អញ​មាន​ជើង​ឈ្នួល​ប៉ុន្មានៗ សុទ្ធ​តែ​មាន​អាហារ​បរិបូរ​គ្រប់​គ្នា តែ​នៅ​ទី​នេះ អញ​ជិត​ដាច់​ពោះ​ស្លាប់​ហើយ
18 អញ​នឹង​ក្រោក​ឡើង ទៅ​និយាយ​នឹង​គាត់​ថា លោក​ឪពុក ខ្ញុំ​បាន​ធ្វើ​បាប​នឹង​ព្រះ ហើយ​និង​លោក​ឪពុក​មែន
19 ខ្ញុំ​នេះ​មិន​គួរ​ឲ្យ​គេ​ហៅ​ជា​កូន​លោក​ឪពុក​ទៀត​ទេ សូម​ទទួល​ខ្ញុំ ទុក​ដូច​ជា​ជើង​ឈ្នួល​លោក​ឪពុក​វិញ​ចុះ
20 នោះ​វា​ក៏​ក្រោក​ឡើង​ដើរ​ទៅ លុះ​ឪពុក​ឃើញ​ពី​ចម្ងាយ​ហើយ ក៏​មាន​ចិត្ត​អាណិត​មេត្តា ហើយ​រត់​ទៅ​ឱប​ថើប​វា
21 ទើប​វា​និយាយ​ថា លោក​ឪពុក ខ្ញុំ​បាន​ធ្វើ​បាប​នឹង​ព្រះ ហើយ​និង​លោក​ឪពុក ខ្ញុំ​មិន​គួរ​ឲ្យ​គេ​ហៅ​ជា​កូន​របស់​លោក​ឪពុក​ទៀត​ទេ
22 តែ​ឪពុក​ប្រាប់​ទៅ​ពួក​បាវ​គាត់​ថា ចូរ​យក​អាវ​ល្អ​បំផុត​ចេញ​មក​បំពាក់​ឲ្យ​វា ហើយ​យក​ចិញ្ចៀន និង​ស្បែក​ជើង​មក​ឲ្យ​ផង
23 រួច​យក​កូន​គោ​ដែល​បំប៉ន​មក​សម្លាប់​ចុះ យើង​នឹង​បរិភោគ​ឲ្យ​សប្បាយ​ចិត្ត
24 ដ្បិត​កូន​អញ​នេះ​បាន​ស្លាប់ ឥឡូវ​រស់​ឡើង​វិញ ក៏​បាត់​ទៅ ហើយ​បាន​ឃើញ​មក​វិញ នោះ​គេ​ក៏​បរិភោគ​សប្បាយ​ទាំង​អស់​គ្នា​ទៅ
25 ឯ​កូន​ច្បង​នៅ​ឯ​ចម្ការ កាល​ត្រឡប់​មក​ជិត​ដល់​ផ្ទះ នោះ​ក៏​ឮ​សូរ​ភ្លេង និង​របាំ
26 គាត់​ហៅ​ពួក​បាវ​ម្នាក់​មក​សួរ​ថា គេ​ធ្វើ​អ្វី​ហ្នឹង
27 បាវ​នោះ​ជម្រាប​ថា ប្អូន​លោក​ត្រឡប់​មក​វិញ ហើយ​លោក​ឪពុក​បាន​សម្លាប់​កូន​គោ​ដែល​បំប៉ន ដោយ​ព្រោះ​បាន​កូន​មក​វិញ​ដោយ​សុខ‌សាន្ត
28 ដូច្នេះ គាត់​ក៏​ខឹង មិន​ព្រម​ចូល​ទៅ​សោះ បាន​ជា​ឪពុក​ចេញ​មក​អង្វរ​ដល់​គាត់
29 តែ​គាត់​ឆ្លើយ​ថា មើល​ខ្ញុំ​បាន​បម្រើ​លោក​ឪពុក​ប៉ុន្មាន​ឆ្នាំ​នេះ​មក​ហើយ មិន​ដែល​ធ្វើ​ខុស​អ្វី​នឹង​បង្គាប់​សោះ តែ​លោក​ឪពុក​មិន​ដែល​ឲ្យ​កូន​ពពែ សូម្បី​តែ​១ ឲ្យ​ខ្ញុំ​បាន​អរ​សប្បាយ ជា​មួយ​នឹង​ពួក​មិត្ត​សំឡាញ់​ខ្ញុំ​ឡើយ
30 ឯ​កូន​លោក​ឪពុក ដែល​វា​បង្ហិន​បំផ្លាញ​សម្បត្តិ​លោក​ឪពុក​អស់ ដោយ​នូវ​ស្រី​អ្នក​លេង​នេះ កាល​បាន​មក​ដល់ នោះ​លោក​ឪពុក​សម្លាប់​កូន​គោ ដែល​បំប៉ន​ឲ្យ​វា​ភ្លាម
31 ឪពុក​ក៏​តប​ថា កូន​អើយ ឯង​បាន​នៅ​ជា​មួយ​នឹង​អញ​ជា​ដរាប ឯ​របស់​អញ​ទាំង​ប៉ុន្មាន ក៏​ជា​របស់​ឯង​ដែរ
32 គួរ​ឲ្យ​យើង​ស៊ី​លៀង ដោយ​អរ​សប្បាយ​ទៅ ពី​ព្រោះ​ប្អូន​ឯង​នេះ​បាន​ស្លាប់ ឥឡូវ​រស់​ឡើង​វិញ ក៏​បាត់‌បង់ តែ​បាន​ឃើញ​មក​វិញ​ហើយ។


ជំពូក 16

1 ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​សិស្ស​ថា មាន​សេដ្ឋី​ម្នាក់ ដែល​គេ​មក​ប្តឹង​លោក ពី​អ្នក​ត្រួត​ត្រា​លើ​របស់​ទ្រព្យ​លោក​ថា គាត់​ចាយ​បង្ហិន​បង្ហោច​ទ្រព្យ‌សម្បត្តិ​លោក​ជា​ច្រើន
2 លោក​ក៏​ហៅ​អ្នក​នោះ​មក​សួរ​ថា តើ​រឿង​អ្វី​ដែល​អញ​ឮ​និយាយ​ពី​ឯង ចូរ​រៀប​រាប់​ប្រាប់​ពី​ការ​ឯង​ត្រួត​ត្រា​នោះ​មក​មើល​ពី​ព្រោះ​ឯង​នៅ​ត្រួត​ត្រា​ការ​ទៀត​ពុំ​បាន​ទេ
3 អ្នក​តម្រួួត​នោះ​គិត​ក្នុង​ចិត្ត​ថា តើ​អញ​នឹង​ធ្វើ​អ្វី ដ្បិត​ចៅ‌ហ្វាយ​អញ​គិត​ដក​ការ​ត្រួត​ត្រា​នេះ​ពី​អញ​ចេញ​ហើយ អញ​ទៅ​កាប់​ដី​មិន​កើត​ទេ និង​ទៅ​សូម​ទាន ក៏​ខ្មាស​គេ​ដែរ
4 អញ​ដឹង​ការ​ដែល​អញ​នឹង​ធ្វើ​ហើយ ដើម្បី​បើ​កាល​ណា​លោក​បណ្តេញ​អញ ពី​ការ​ត្រួត​ត្រា​ចេញ នោះ​នឹង​មាន​គេ​ទទួល​អញ ឲ្យ​ទៅ​នៅ​ផ្ទះ​គេ​មិន​ខាន
5 គាត់​ក៏​ហៅ​ពួក​កូន​បំណុល​របស់​ចៅ‌ហ្វាយ​គាត់​មក គាត់​សួរ​អ្នក​ដែល​មក​មុន​ថា តើ​អ្នក​ជំពាក់​ចៅ‌ហ្វាយ​ខ្ញុំ​ប៉ុន្មាន
6 អ្នក​នោះ​ឆ្លើយ​ថា ជំពាក់​ប្រេង​១​រយ​ប៉ោត រួច​គាត់​ប្រាប់​អ្នក​នោះ​ថា ចូរ​យក​សំបុត្រ​អ្នក ទៅ​អង្គុយ​សរសេរ​ដាក់​៥០​វិញ ជា​ប្រញាប់​ទៅ
7 រួច​គាត់​សួរ​ទៅ​ម្នាក់​ទៀត​ថា ឯ​អ្នក តើ​ជំពាក់​ប៉ុន្មាន អ្នក​នោះ​ឆ្លើយ​ថា ជំពាក់​ស្រូវ​១​រយ​ហាប គាត់​ប្រាប់​អ្នក​នោះ​ថា ចូរ​យក​សំបុត្រ​អ្នក ទៅ​សរសេរ​ដាក់​៨០​វិញ​ទៅ
8 ចៅ‌ហ្វាយ​ក៏​សរសើរ​អ្នក​ត្រួត​ត្រា​ទុច្ចរិត​នោះ ពី​ព្រោះ​គាត់​បាន​ប្រព្រឹត្ត​ដោយ​ឆ្លៀវ​ឆ្លាត ដ្បិត​មនុស្ស​របស់​ផង​លោកីយ៍​នេះ គេ​មាន​ប្រាជ្ញា​ចំពោះ​ជំនាន់​គេ ជា​ជាង​មនុស្ស​របស់​ផង​ពន្លឺ​ទៅ​ទៀត។
9 ខ្ញុំ​ក៏​ប្រាប់​អ្នក​រាល់​គ្នា​ថា ចូរ​ប្រើ​ទ្រព្យ‌សម្បត្តិ​លោកីយ៍​នេះ ឲ្យ​បាន​មិត្ត​សំឡាញ់​ដល់​ខ្លួន ដើម្បី​កាល​ណា​អ្នក​រាល់​គ្នា​ខាន​នៅ នោះ​នឹង​មាន​គេ​ទទួល​អ្នក​រាល់​គ្នា ឲ្យ​នៅ​ក្នុង​ទី​លំនៅ​ដ៏​ស្ថិត‌ស្ថេរ​អស់​កល្ប‌ជានិច្ច​វិញ
10 អ្នក​ណា​ដែល​ស្មោះ‌ត្រង់​ក្នុង​ការ​តូច​បំផុត នោះ​ក៏​ឈ្មោះ​ថា ស្មោះ‌ត្រង់​ក្នុង​ការ​ធំ ហើយ​អ្នក​ណា​ដែល​ទុច្ចរិត​ក្នុង​ការ​តូច​បំផុត នោះ​ក៏​ឈ្មោះ​ថា​ទុច្ចរិត​ក្នុង​ការ​ដ៏​ធំ​ដែរ
11 ដូច្នេះ បើ​អ្នក​រាល់​គ្នា​មិន​ស្មោះ‌ត្រង់ ចំពោះ​ទ្រព្យ‌សម្បត្តិ​របស់​លោកីយ៍​ទេ តើ​អ្នក​ណា​ហ៊ាន​ផ្ញើ​សម្បត្តិ​ដ៏​ពិត ទុក​នឹង​អ្នក​រាល់​គ្នា​បាន
12 ហើយ​បើ​អ្នក​រាល់​គ្នា​មិន​ស្មោះ‌ត្រង់​នឹង​របស់​គេ​ទេ តើ​អ្នក​ណា​នឹង​ហ៊ាន​ឲ្យ​របស់​អ្វី​ដាច់​ជា​របស់​ផង​អ្នក​បាន
13 គ្មាន​បាវ​ណា​ដែល​បម្រើ​ចៅ‌ហ្វាយ​២​បាន​ទេ ពី​ព្រោះ​បាវ​នោះ​នឹង​ស្អប់​១ ស្រឡាញ់​១ ឬ​នឹង​កាន់​ខាង​១ ហើយ​មើល‌ងាយ​១ ដូច្នេះ អ្នក​រាល់​គ្នា​ក៏​បម្រើ​ព្រះ​ផង ទ្រព្យ‌សម្បត្តិ​ផង​ពុំ​បាន​ដែរ។
14 ឯ​ពួក​ផារី‌ស៊ី ដែល​ជា​ពួក​អ្នក​មាន​ចិត្ត​លោភ គេ​ក៏​បាន​ស្តាប់​គ្រប់​សេចក្ដី​ទាំង​នោះ​ដែរ ហើយ​គេ​ចំអក​ឲ្យ​ទ្រង់
15 នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា អ្នក​រាល់​គ្នា​ជា​ពួក​ដែល​សម្ដែង​ខ្លួន​ជា​សុចរិត នៅ​ចំពោះ​មុខ​មនុស្ស តែ​ព្រះ‌ទ្រង់​ជ្រាប​ចិត្ត​អ្នក​រាល់​គ្នា​ហើយ ដ្បិត​របស់​ណា​ដែល​មនុស្ស​គាប់​ចិត្ត​រាប់​អាន​ជា​ច្រើន នោះ​ជា​ទី​ស្អប់​ខ្ពើម​នៅ​ចំពោះ​ព្រះ​វិញ
16 មាន​ក្រឹត្យ‌វិន័យ និង​ទំនាយ​នៃ​ពួក​ហោរា ដរាប​មក​ដល់​យ៉ូហាន តាំង​ពី​នោះ​មក គេ​បាន​ផ្សាយ​ដំណឹង​ពី​នគរ​ព្រះ​ទួទៅ ហើយ​មនុស្ស​ទាំង​អស់​កំពុង​តែ​ខំ​ប្រឹង​ចូល
17 ប៉ុន្តែ ដែល​ផ្ទៃ​មេឃ និង​ផែនដី​បាត់​ទៅ នោះ​ងាយ​ជា​ជាង​បាត់​ក្បៀស​១ ក្នុង​ក្រឹត្យ‌វិន័យ​ទៅ​ទៀត។
18 អស់​អ្នក​ណា​ដែល​លែង​ប្រពន្ធ ទៅ​យក​១​ទៀត នោះ​ឈ្មោះ​ថា​ប្រព្រឹត្ត​អំពើ​កំផិត ហើយ​អស់​អ្នក​ណា​ដែល​យក​ស្ត្រី​ប្ដី​លែង នោះ​ក៏​ឈ្មោះ​ថា​ប្រព្រឹត្ត​សេចក្ដី​កំផិត​ដែរ។
19 មាន​បុរស​ម្នាក់​មាន​ទ្រព្យ‌សម្បត្តិ​ច្រើន គាត់​ស្លៀក‌ពាក់​សំពត់​ពណ៌​ស្វាយ និង​សំពត់​ទេស‌ឯក​យ៉ាង​ម៉ដ្ត តែង​តែ​ស៊ី​លៀង​ដ៏​ឧត្តម​ប្រសើរ​រាល់​តែ​ថ្ងៃ
20 ក៏​មាន​បុរស​ក្រ​ម្នាក់ ឈ្មោះ​ឡាសារ កើត​ដំបៅ​ពេញ​ទាំង​ខ្លួន គេ​នាំ​យក​មក​ផ្តេក​នៅ​មាត់​ទ្វារ​របស់​អ្នក​មាន​នោះ
21 គាត់​មាន​ប្រាថ្នា​ចង់​ចម្អែត​ពោះ ដោយ​ចំណិត​ដែល​ធ្លាក់​ចុះ​ពី​តុ​អ្នក​មាន​មក​ណាស់ ក៏​មាន​ឆ្កែ​មក​លិទ្ធ​ដំបៅ​គាត់​ដែរ
22 ចំណេរ​ក្រោយ​មក អ្នក​ក្រ​នោះ​ក៏​ស្លាប់​ទៅ ហើយ​ពួក​ទេវតា​នាំ​យក​គាត់ ទៅ​ដាក់​នៅ​ស្ថាន‌បរម‌សុខ នា​ដើម​ទ្រូង​លោក​អ័ប្រាហាំ ឯ​អ្នក​មាន​នោះ ក៏​ស្លាប់​ទៅ​ដែរ ហើយ​គេ​នាំ​យក​ទៅ​កប់
23 គាត់​រង​ទុក្ខ​វេទនា នៅ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ក៏​ងើប​ភ្នែក​ឡើង ឃើញ​លោក​អ័ប្រាហាំ​ពី​ចម្ងាយ និង​ឡាសារ​នៅ​ដើម​ទ្រូង​លោក
24 នោះ​គាត់​ស្រែក​ឡើង​ថា ឱ​លោក​អ័ប្រាហាំ ជា​ឪពុក​អើយ សូម​អាណិត​មេត្តា​ខ្ញុំ​ផង សូម​ឲ្យ​ឡាសារ​មក​ជ្រលក់​ចុង​ម្រាម​ដៃ​ទៅ​ក្នុង​ទឹក ដាក់​លើ​អណ្តាត​ខ្ញុំ​ឲ្យ​ត្រជាក់​បាន​បន្តិច​ផង ដ្បិត​ខ្ញុំ​វេទនា​នៅ​ក្នុង​ភ្លើង​នេះ
25 តែ​លោក​អ័ប្រាហាំ​ឆ្លើយ​ថា កូន​អើយ ចូរ​នឹក​ចាំ​ថា កាល​ឯង​នៅ​រស់​នៅ​ឡើយ ឯង​បាន​ទទួល​សុទ្ធ​តែ​សេចក្ដី​ល្អ ឯ​ឡាសារ គាត់​បាន​តែ​សេចក្ដី​អាក្រក់​ទេ ឥឡូវ​នេះ គាត់​បាន​សេចក្ដី​កំសាន្ត​ចិត្ត​វិញ ហើយ​ឯង​ត្រូវ​វេទនា
26 មួយ​វិញ​សោត មាន​ជង្ហុក​មួយ​យ៉ាង​ធំ តាំង​នៅ​ជា​កណ្តាល​យើង ហើយ​និង​ឯង​រាល់​គ្នា បាន​ជា​អស់​អ្នក​ណា ដែល​ចង់​ឆ្លង​ពី​ទី​នេះ​ទៅ​ឯ​ឯង ឬ​ពី​នោះ​មក​ឯ​យើង នោះ​មិន​បាន​ឡើយ
27 គាត់​ក៏​និយាយ​ថា លោក​ឪពុក​អើយ បើ​ដូច្នេះ សូម​លោក​ចាត់​ឲ្យ​គាត់​ទៅ​ឯ​ផ្ទះ​ឪពុក​ខ្ញុំ​បន្តិច
28 ដ្បិត​ខ្ញុំ​មាន​បង​ប្អូន​៥​នាក់ សូម​ឲ្យ​គាត់​ទៅ​ធ្វើ​បន្ទាល់​ប្រាប់​គេ​ផង ក្រែង​លោ​គេ​ភ្លាត់​មក​ក្នុង​ស្ថាន​វេទនា​នេះ​ដែរ
29 លោក​អ័ប្រាហាំ​ឆ្លើយ​ថា គេ​មាន​លោក​ម៉ូសេ និង​ពួក​ហោរា​ហើយ ចូរ​ឲ្យ​គេ​ស្តាប់​តាម​លោក​ទាំង​នោះ​ចុះ
30 តែ​គាត់​ប្រកែក​ថា ទេ លោក​អ័ប្រាហាំ ឪពុក​អើយ បើ​មាន​អ្នក​ណា​ពី​ពួក​មនុស្ស​ស្លាប់​ទៅ​ឯ​គេ​វិញ នោះ​គេ​នឹង​ប្រែ​ចិត្ត​ជា​មិន​ខាន
31 លោក​ឆ្លើយ​ទៅ​ថា បើ​គេ​មិន​ព្រម​ស្តាប់​លោក​ម៉ូសេ និង​ពួក​ហោរា​ទេ នោះ​ទោះ​បើ​មាន​អ្នក​ណា​រស់​ពី​ស្លាប់​ឡើង​វិញ​ក៏​ដោយ គង់​តែ​គេ​មិន​ព្រម​ជឿ​ដែរ។


ជំពូក 17

1 ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​សិស្ស​ថា នឹង​ធ្វើ​ឲ្យ​បាត់​ហេតុ​ដែល​នាំ​ឲ្យ​រវាត​ចិត្ត នោះ​មិន​បាន​ឡើយ តែ​វេទនា​ដល់​អ្នក​ណា​ដែល​បង្កើត​ហេតុ​នោះ​ឡើង
2 បើ​គេ​យក​ថ្ម​ត្បាល់​កិន​យ៉ាង​ធំ ទៅ​ចង​ក​អ្នក​នោះ ទម្លាក់​ចុះ​ទៅ​ក្នុង​សមុទ្រ នោះ​មាន​ប្រយោជន៍​ដល់​អ្នក​នោះ ជា​ជាង​ទុក​ឲ្យ​នៅ​ធ្វើ​ហេតុ​នាំ​ឲ្យ​កូន​តូច​ណា​មួយ​នេះ​រវាត​ចិត្ត​វិញ
3 ចូរ​ប្រយ័ត​ខ្លួន បើ​បង​ប្អូន​ធ្វើ​បាប​នឹង​អ្នក ត្រូវ​ឲ្យ​អ្នក​បន្ទោស​ដល់​គាត់ បើ​គាត់​ប្រែ​ចិត្ត​មក​វិញ នោះ​ចូរ​អត់​ទោស​ដល់​គាត់​ចុះ
4 បើ​គាត់​ធ្វើ​បាប​នឹង​អ្នក​៧​ដង​ក្នុង​១​ថ្ងៃ ហើយ​ត្រឡប់​មក​និយាយ​នឹង​អ្នក​៧​ដង​ថា ខ្ញុំ​ប្រែ​ចិត្ត​ហើយ នោះ​ត្រូវ​ឲ្យ​អ្នក​អត់​ទោស​ដល់​គាត់​ជា​កុំ​ខាន។
5 ដូច្នេះ ពួក​សាវក​ទូល​ដល់​ព្រះ‌អម្ចាស់​ថា សូម​ទ្រង់​ចម្រើន​សេចក្ដី​ជំនឿ​ដល់​យើង​ខ្ញុំ​ទៀត​ផង
6 តែ​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា បើ​អ្នក​រាល់​គ្នា​មាន​សេចក្ដី​ជំនឿ​ដូច​គ្រាប់​ពូជ​១​យ៉ាង​ល្អិត នោះ​នឹង​និយាយ​ទៅ​ដើម​មន​នេះ​ថា ចូរ​ឯង​រលើង​ទៅ​ដុះ​ក្នុង​សមុទ្រ​ទៅ នោះ​គង់​តែ​នឹង​ស្តាប់​បង្គាប់​អ្នក​ដែរ។
7 ក្នុង​ពួក​អ្នក​រាល់​គ្នា បើ​អ្នក​ណា​មាន​បាវ​កំពុង​តែ​ភ្ជួរ ឬ​ឃ្វាល​សត្វ លុះ​កាល​ណា​វា​វិល​មក​ពី​ចម្ការ តើ​នឹង​និយាយ​ទៅ​វា​ភ្លាម​ថា មក​អង្គុយ​ស៊ី​បាយ​សិន ឬ​អី
8 គឺ​នឹង​ប្រាប់​វា​យ៉ាង​នេះ​វិញ​ទេ​តើ ថា ចូរ​រៀប‌ចំ​អាហារ​ឲ្យ​អញ រួច​ក្រវាត់​ខ្លួន​មក​បម្រើ​អញ​ដែល​កំពុង​តែ​ស៊ី រួច​សឹម​ឯង​ស៊ី​ជា​ក្រោយ​ចុះ
9 តើ​ចៅ‌ហ្វាយ​ដឹង​គុណ​បាវ​នោះ ដោយ​ព្រោះ​វា​ធ្វើ​តាម​បង្គាប់ ឬ​ដូច​ម្តេច ខ្ញុំ​យល់​ថា មិន​មែន​ទេ
10 ឯ​អ្នក​រាល់​គ្នា ក៏​ដូច្នោះ​ដែរ កាល​ណា​អ្នក​រាល់​គ្នា​បាន​ធ្វើ​តាម​បង្គាប់​គ្រប់​ជំពូក​ហើយ នោះ​ត្រូវ​រាប់​ថា យើង​ជា​បាវ​បម្រើ​ឥត​កម្រៃ​ដល់​ម្ចាស់​ទេ ដ្បិត​យើង​បាន​ធ្វើ​ត្រឹម​តែ​ការ​ដែល​យើង​ត្រូវ​ធ្វើ​ប៉ុណ្ណោះ។
11 កាល​ទ្រង់​កំពុង​ឡើង​ទៅ​ឯ​ក្រុង​យេរូ‌សាឡឹម នោះ​ក៏​យាង​តាម​ព្រំ‌ដែន​ស្រុក​សាម៉ារី ហើយ​និង​ស្រុក​កាលី‌ឡេ
12 លុះ​យាង​ចូល​ទៅ​ក្នុង​ភូមិ​១ ក៏​មាន​មនុស្ស​ឃ្លង់​១០​នាក់​មក​ជួប​នឹង​ទ្រង់ ឈរ​នៅ​ពី​ចម្ងាយ ស្រែក​ទូល​ថា
13 ឱ​ព្រះ‌យេស៊ូវ ជា​ម្ចាស់​អើយ សូម​មេត្តា​ប្រោស​យើង​ខ្ញុំ​ផង
14 ទ្រង់​ទត​ឃើញ​គេ ហើយ​ក៏​មាន​ព្រះ‌បន្ទូល​ថា ចូរ​អ្នក​រាល់​គ្នា​ទៅ​បង្ហាញ​ខ្លួន ឲ្យ​ពួក​សង្ឃ​ពិនិត្យ​មើល​ចុះ លុះ​គេ​កំពុង​តែ​ដើរ​ទៅ នោះ​ក៏​បាន​ជា​ស្អាត​ទាំង​អស់​គ្នា
15 មាន​ម្នាក់ កាល​ឃើញ​ថា ខ្លួន​បាន​ជា​ហើយ ក៏​វិល​មក​វិញ ទាំង​សរសើរ‌តម្កើង​ព្រះ ដោយ​សំឡេង​ជា​ខ្លាំង
16 គាត់​ទម្លាក់​ខ្លួន​ផ្កាប់​មុខ នៅ​ទៀប​ព្រះ‌បាទ​ព្រះ‌យេស៊ូវ ទាំង​អរ​ព្រះ‌គុណ​ដល់​ទ្រង់​ផង អ្នក​នោះ​ជា​សាសន៍​សាម៉ារី
17 ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​ថា តើ​អ្នក​ទាំង​១០​នោះ​មិន​បាន​ជា​ស្អាត​ទេ​ឬ​អី ចុះ​៩​នាក់​ឯ​ទៀត​នៅ​ឯ​ណា
18 តើ​ឃើញ​មាន​តែ​សាសន៍​ដទៃ​១​នេះ វិល​មក​សរសើរ​ដល់​ព្រះ​ទេ​ឬ
19 រួច​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​អ្នក​នោះ​ថា ចូរ​ក្រោក​ឡើង​ទៅ​ចុះ សេចក្ដី​ជំនឿ​អ្នក​បាន​សង្គ្រោះ​អ្នក​ហើយ។
20 ឯ​ពួក​ផារី‌ស៊ី គេ​ទូល​សួរ​ទ្រង់​ពី​នគរ​ព្រះ ដែល​ត្រូវ​មក​ដល់​នៅ​វេលា​ណា នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា នគរ​ព្រះ​មិន​មែន​មក​បែប​ឲ្យ​មើល​ឃើញ​ទេ
21 គ្មាន​អ្នក​ណា​នឹង​ថា មើល​នៅ​ទី​នេះ ឬ​ថា មើល នៅ​ទី​នោះ​បាន​ឡើយ ដ្បិត​មើល​នគរ​ព្រះ​ក៏​នៅ​កណ្តាល​អ្នក​រាល់​គ្នា​ហើយ។
22 រួច​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​សិស្ស​ថា នឹង​មាន​គ្រា​មក​ដល់ ដែល​អ្នក​រាល់​គ្នា​នឹង​ចង់​ឃើញ​ថ្ងៃ​មួយ​របស់​កូន​មនុស្ស តែ​មិន​ឃើញ​ទេ
23 ហើយ​គេ​នឹង​ប្រាប់​អ្នក​រាល់​គ្នា​ថា មើល នៅ​ទី​នេះ ឬ​ថា មើល នៅ​ទី​នោះ នោះ​កុំ​ឲ្យ​ចេញ​ទៅ​តាម​ឡើយ
24 ដ្បិត​នៅ​ថ្ងៃ​របស់​កូន​មនុស្ស នោះ​លោក​នឹង​បាន​ដូច​ជា​ផ្លេក‌បន្ទោរ ដែល​ភ្លឺ‌ផ្លេកៗ ពី​ជើង​មេឃ​ម្ខាង ដល់​ជើង​មេឃ​ម្ខាង​ដូច្នោះ​ដែរ
25 ប៉ុន្តែ មុន​ដំបូង​ត្រូវ​ឲ្យ​លោក​រង​ទុក្ខ​លំបាក​ជា​ច្រើន ហើយ​ត្រូវ​មនុស្ស​ដំណ​នេះ បោះ​បង់​ចោល​លោក​ផង
26 នៅ​គ្រា​របស់​កូន​មនុស្ស នោះ​នឹង​កើត​មាន​ដូច​ជា​នៅ​ជំនាន់​លោក​ណូអេ​ដែរ
27 ដ្បិត​នៅ​ជំនាន់​នោះ គេ​កំពុង​តែ​ស៊ី​ផឹក រៀប‌ការ​ប្ដី​ប្រពន្ធ ដរាប​ដល់​ថ្ងៃ​ដែល​លោក​ណូអេ​បាន​ចូល​ទៅ​ក្នុង​ទូក​ធំ នោះ​ទឹក​ក៏​ជន់​មក​លិច​បំផ្លាញ​គ្រប់​គ្នា​ទៅ
28 ក៏​ដូច​ជា​នៅ​ជំនាន់​លោក​ឡុត ដែរ គេ​កំពុង​តែ​ស៊ី​ផឹក លក់​ដូរ ដាំ​ដំណាំ ហើយ​សង់​ផ្ទះ
29 តែ​នៅ​ថ្ងៃ​ដែល​លោក​ឡុត​ចេញ​ពី​ក្រុង​សូដុម​មក នោះ​មាន​ភ្លៀង ជា​ភ្លើង និង​ស្ពាន់‌ធ័រ ធ្លាក់​ពី​លើ​មេឃ​មក បំផ្លាញ​គេ​ទាំង​អស់​គ្នា​បង់
30 នៅ​ថ្ងៃ​ដែល​កូន​មនុស្ស​លេច​មក នោះ​ក៏​នឹង​កើត​មាន​ដូច្នោះ​ដែរ
31 ថ្ងៃ​នោះ​ឯង បើ​អ្នក​ណា​នៅ​លើ​ដំបូល ហើយ​មាន​ទ្រព្យ‌សម្បត្តិ​នៅ​ក្នុង​ផ្ទះ នោះ​កុំ​ឲ្យ​ចុះ​មក​យក​ឡើយ ឯ​អ្នក​ណា​ដែល​នៅ​ចម្ការ​ក៏​ដូច្នោះ​ដែរ កុំ​ឲ្យ​ត្រឡប់​មក​វិញ​ឲ្យ​សោះ
32 ចូរ​នឹក​ចាំ​ពី​ប្រពន្ធ​លោក​ឡុត
33 អ្នក​ណា​ដែល​រក​ចង់​ឲ្យ​រួច​ជីវិត នោះ​នឹង​បាត់​ជីវិត​ទៅ ហើយ​អ្នក​ណា​ដែល​បាត់​ជីវិត នោះ​នឹង​បាន​គង់​នៅ​វិញ
34 ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នៅ​យប់​នោះ នឹង​មាន​មនុស្ស​២​នាក់​ដេក​នៅ​ដំណេក​ជា​មួយ​គ្នា ម្នាក់​នឹង​បាន​យក​ទៅ ម្នាក់​ត្រូវ​ទុក​នៅ
35 នឹង​មាន​ស្ត្រី​២​នាក់ កិន​ម្សៅ​ជា​មួយ​គ្នា ម្នាក់​នឹង​បាន​យក​ទៅ ម្នាក់​ត្រូវ​ទុក​នៅ
36 នឹង​មាន​មនុស្ស​២​នាក់​នៅ​ចម្ការ ម្នាក់​នឹង​បាន​យក​ទៅ ហើយ​ម្នាក់​ត្រូវ​ទុក​នៅ
37 នោះ​គេ​ទូល​សួរ​ថា ព្រះ‌អម្ចាស់​អើយ តើ​នៅ​ឯ​ណា ទ្រង់​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា ខ្មោច​នៅ​កន្លែង​ណា ឥន្ទ្រី​នឹង​ប្រជុំ​គ្នា​នៅ​ទី​នោះ​ឯង។


ជំពូក 18

1 នោះ​ព្រះ‌អម្ចាស់​ទ្រង់​មាន​ព្រះ‌បន្ទូល​ជា​ពាក្យ​ប្រៀប​ប្រដូច​ទៅ​គេ ដើម្បី​នឹង​បង្ហាញ​ថា ត្រូវ​តែ​អធិស្ឋាន​ជានិច្ច ឥត​រសាយ​ចិត្ត​ឡើយ
2 ទ្រង់​មាន​ព្រះ‌បន្ទូល​ថា នៅ​ក្នុង​ក្រុង​១ មាន​ចៅ‌ក្រម​ម្នាក់ ដែល​មិន​កោត‌ខ្លាច​ដល់​ព្រះ ក៏​មិន​ព្រម​ញញើត​ចំពោះ​មនុស្ស​ណា​ផង
3 ហើយ​មាន​ស្ត្រី​មេម៉ាយ​ម្នាក់ នៅ​ក្នុង​ក្រុង​នោះ​ដែរ នាង​ចេះ​តែ​មក​និយាយ​នឹង​លោក​នោះ​ថា សូម​លោក​កាត់​ទោស​ដល់​ខ្មាំង​សត្រូវ​ឲ្យ​ខ្ញុំ​ផង
4 តែ​លោក​មិន​ទទួល​ព្រម​ជា​យូរ​ក្រែល​ហើយ លុះ​ក្រោយ​មក​ក៏​គិត​ក្នុង​ចិត្ត​ថា ទោះ​បើ​អញ​មិន​ខ្លាច​ដល់​ព្រះ ឬ​ព្រឹម​ញញើត​ចំពោះ​មនុស្ស​ណា​ក៏​ដោយ
5 គង់​តែ​អញ​នឹង​ជំនុំ​ជម្រះ​ឲ្យ​ស្ត្រី​មេម៉ាយ​នេះ​ជា​មិន​ខាន ដោយ​ព្រោះ​នាង​នាំ​ឲ្យ​រំខាន​ចិត្ត​អញ​ខ្លាំង​ណាស់ ក្រែង​នាង​ចេះ​តែ​មក​រំអុក​ជានិច្ច​ដូច្នេះ​ទៅ នឹង​នាំ​ឲ្យ​អញ​ពិបាក​ចិត្ត​ទៅ​ទៀត
6 នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ចូរ​ពិចារណា​សេចក្ដី ដែល​ចៅ‌ក្រម​ទុច្ចរិត​នោះ​និយាយ​ចុះ
7 ចំណែក​ព្រះ​វិញ ដែល​ទ្រង់​មាន​ព្រះ‌ហឫទ័យ​អត់‌ធ្មត់ ដល់​ពួក​រើស​តាំង​របស់​ទ្រង់ ដែល​គេ​អំពាវ‌នាវ​រក​ទ្រង់​ទាំង​យប់​ទាំង​ថ្ងៃ នោះ​តើ​ទ្រង់​មិន​សង‌សឹក​ជំនួស​គេ​ដែរ​ទេ​ឬ​អី
8 ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ទ្រង់​នឹង​សង‌សឹក​ជំនួស​អ្នក​ទាំង​នោះ ជា​ប្រញាប់​មិន​ខាន ប៉ុន្តែ កាល​ណា​កូន​មនុស្ស​នឹង​មក តើ​នឹង​ឃើញ​នៅ​មាន​សេចក្ដី​ជំនឿ​នៅ​ផែនដី​ដែរ​ឬ​ដូច​ម្តេច។
9 ឯ​ពួក​អ្នក​ខ្លះ​ដែល​ទុក​ចិត្ត​នឹង​ខ្លួន​គេ​ថា គេ​សុចរិត ហើយ​ក៏​មើល‌ងាយ​ដល់​មនុស្ស​ឯ​ទៀត​ផង នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល ជា​ពាក្យ​ប្រៀប​ប្រដូច​នេះ​ថា
10 មាន​បុរស​២​នាក់​ឡើង​ទៅ​អធិស្ឋាន​ក្នុង​ព្រះ‌វិហារ មួយ​ជា​ពួក​ផារី‌ស៊ី មួយ​ទៀត​ជា​អ្នក​យក​ពន្ធ
11 អ្នក​ផារី‌ស៊ី​ក៏​ឈរ​តាំង​អធិស្ឋាន​តែ​ម្នាក់​ឯង​ដូច្នេះ​ថា ឱ​ព្រះ‌អង្គ​អើយ ទូល‌បង្គំ​អរ​ព្រះ‌គុណ​ដល់​ទ្រង់ ព្រោះ​ទូល‌បង្គំ​មិន​ដូច​ជា​មនុស្ស​ឯ​ទៀត ដែល​ជា​មនុស្ស​ប្លន់ ទុច្ចរិត ហើយ​កំផិត ឬ​ដូច​ជា​អ្នក​យក​ពន្ធ​នេះ​ទេ
12 ទូល‌បង្គំ​តម​ក្នុង​១​អាទិត្យ​២​ដង ហើយ​ក៏​ថ្វាយ​១​ភាគ​ក្នុង​១០ ពី​របស់​ទាំង​អម្បាល‌ម៉ាន​ដែល​ទូល‌បង្គំ​បាន​ចំណេញ​ផង
13 ឯ​អ្នក​យក​ពន្ធ គាត់​ឈរ​នៅ​ទី​ឆ្ងាយ មិន​ទាំង​ងើប​មើល​ទៅ​លើ​មេឃ​ផង ក៏​គក់​ដើម​ទ្រូង​ទូល​ថា ឱ​ព្រះ‌អង្គ​អើយ សូម​ទ្រង់​មេត្តា​អត់​ទោស​ដល់​ទូល‌បង្គំ ដែល​ជា​អ្នក​មាន​បាប​ផង
14 ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា កាល​ចុះ​ទៅ​ដល់​ផ្ទះ អ្នក​នេះ​បាន​រាប់​ជា​សុចរិត ជា​ជាង​អ្នក​១​នោះ ដ្បិត​អស់​អ្នក​ណា​ដែល​តម្កើង​ខ្លួន នោះ​នឹង​ត្រូវ​បន្ទាប​វិញ ហើយ​អ្នក​ណា​ដែល​បន្ទាប​ខ្លួន នោះ​នឹង​បាន​តម្កើង​ឡើង។
15 មាន​គេ​នាំ​កូន​តូចៗ មក​ឯ​ព្រះ‌យេស៊ូវ​ដែរ ដើម្បី​ឲ្យ​ទ្រង់​បាន​ពាល់​វា តែ​កាល​ពួក​សិស្ស​បាន​ឃើញ នោះ​ក៏​បន្ទោស​ដល់​គេ
16 ប៉ុន្តែ ទ្រង់​ហៅ​ពួក​សិស្ស​មក​មាន​ព្រះ‌បន្ទូល​ថា ទុក​ឲ្យ​កូន​តូច​មក​ឯ​ខ្ញុំ​ឯ​ណេះ កុំ​ឃាត់​វា​ឡើយ ព្រោះ​នគរ​ព្រះ​មាន​សុទ្ធ​តែ​មនុស្ស​ដូច​វា​រាល់​គ្នា​ដែរ
17 ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​ណា​ដែល​មិន​ទទួល​នគរ​ព្រះ ដូច​ជា​កូន​តូចៗ នោះ​មិន​បាន​ចូល​ទៅ​ក្នុង​នគរ​នោះ​ឡើយ។
18 មាន​នាម៉ឺន​ម្នាក់​ទូល​សួរ​ទ្រង់​ថា ឱ​លោក​គ្រូ​ល្អ​អើយ តើ​ត្រូវ​ឲ្យ​ខ្ញុំ​ធ្វើ​ដូច​ម្តេច ឲ្យ​បាន​ជីវិត​រស់​អស់​កល្ប‌ជានិច្ច
19 ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​តប​ថា ហេតុ​អ្វី​បាន​ជា​អ្នក​ហៅ​ខ្ញុំ​ថា ល្អ ដូច្នេះ គ្មាន​អ្នក​ណា​ល្អ​ឡើយ មាន​តែ​មួយ​ប៉ុណ្ណោះ គឺ​ជា​ព្រះ
20 អ្នក​បាន​ស្គាល់​បញ្ញត្ត​ទាំង​ប៉ុន្មាន​ហើយ ដែល​ថា «កុំ​ឲ្យ​ផិត​ឲ្យ​សោះ កុំ​ឲ្យ​សម្លាប់​មនុស្ស​ឲ្យ​សោះ កុំ​ឲ្យ​លួច​ឲ្យ​សោះ កុំ​ឲ្យ​ធ្វើ​ជា​ទី​បន្ទាល់​ក្លែង​ឲ្យ​សោះ ចូរ​គោរព​ប្រតិ‌បត្តិ​ដល់​ឪពុក​ម្តាយ»
21 តែ​គាត់​ទូល​ឆ្លើយ​ថា ខ្ញុំ​បាន​កាន់​តាម​សេចក្ដី​ទាំង​នេះ តាំង​តែ​ពី​ក្មេង​មក​ហើយ
22 កាល​ព្រះ‌យេស៊ូវ​បាន​ឮ​ដូច្នោះ នោះ​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា អ្នក​នៅ​ខ្វះ​សេចក្ដី​១​ទៀត ដូច្នេះ ចូរ​ទៅ​លក់​របស់​ទ្រព្យ​អ្នក​ទាំង​ប៉ុន្មាន ចែក​ទាន​ឲ្យ​ដល់​ពួក​អ្នក​ក្រីក្រ​ទៅ នោះ​អ្នក​នឹង​បាន​ទ្រព្យ‌សម្បត្តិ នៅ​លើ​ស្ថាន‌សួគ៌​វិញ រួច​ចូរ​មក​តាម​ខ្ញុំ​ចុះ
23 កាល​គាត់​បាន​ឮ​សេចក្ដី​ទាំង​នេះ​ហើយ នោះ​ក៏​កើត​មាន​ចិត្ត​ព្រួយ​ជា​ខ្លាំង ព្រោះ​គាត់​មាន​សម្បត្តិ​ទ្រព្យ​ច្រើន​ណាស់។
24 ព្រះ‌យេស៊ូវ​ក៏​ឃើញ​ថា គាត់​កើត​មាន​ចិត្ត​ព្រួយ បាន​ជា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា មនុស្ស​អ្នក​មាន​ចូល​ទៅ​ក្នុង​នគរ​ព្រះ​ពិបាក​ណាស់
25 ដ្បិត​ដែល​សត្វ​អូដ្ឋ​នឹង​ចូល​ទៅ​តាម​ប្រហោង​ម្ជុល នោះ​ងាយ​ជា​ជាង​អ្នក​មាន​ចូល​ទៅ​ក្នុង​នគរ​ព្រះ​ទៅ​ទៀត
26 ពួក​អ្នក​ដែល​ឮ​ក៏​ទូល​សួរ​ថា ដូច្នេះ តើ​អ្នក​ណា​អាច​នឹង​បាន​សង្គ្រោះ
27 ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ការ​ដែល​មនុស្ស​ធ្វើ​មិន​កើត នោះ​ព្រះ‌ទ្រង់​អាច​នឹង​ធ្វើ​កើត​ទាំង​អស់
28 នោះ​ពេត្រុស​ទូល​ថា មើល យើង​ខ្ញុំ​បាន​លះ​ចោល​ទាំង​អស់ មក​តាម​ទ្រង់​ហើយ
29 ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​សិស្ស​ថា ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា គ្មាន​អ្នក​ណា ដែល​លះ​ចោល​ផ្ទះ‌សំបែង ឪពុក​ម្តាយ បង​ប្អូន ឬ​ប្រពន្ធ​កូន ដោយ​យល់​ដល់​នគរ​ព្រះ
30 ឥត​បាន​ចម្រើន​កាន់​តែ​ច្រើន​ឡើង ក្នុង​សម័យ​នេះ​នោះ​ឡើយ ហើយ​លុះ​ដល់​បរ‌លោក​នាយ ក៏​នឹង​បាន​ជីវិត​រស់​អស់​កល្ប‌ជានិច្ច​ថែម​ទៀត​ផង។
31 ទ្រង់​ក៏​យក​ពួក​១២​នាក់​មក​មាន​ព្រះ‌បន្ទូល​ថា មើល យើង​រាល់​គ្នា​នឹង​ឡើង​ទៅ​ឯ​ក្រុង​យេរូ‌សាឡឹម នោះ​គ្រប់​សេចក្ដី​ដែល​ពួក​ហោរា​បាន​ចែង​ទុក​ពី​កូន​មនុស្ស នឹង​បាន​សម្រេច​ពិត
32 ដ្បិត​គេ​នឹង​បញ្ជូន​លោក​ទៅ​ពួក​សាសន៍​ដទៃ គេ​នឹង​សើច​ចំអក​ឲ្យ ត្មះ‌តិះដៀល ហើយ​ស្តោះ​ដាក់​លោក
33 រួច​កាល​គេ​បាន​វាយ​នឹង​រំពាត់​ហើយ នោះ​គេ​នឹង​សម្លាប់​លោក​បង់ តែ​ក្រោយ​៣​ថ្ងៃ​មក លោក​នឹង​រស់​ឡើង​វិញ
34 តែ​ពួក​សាវក​មិន​បាន​យល់​សេចក្ដី​ទាំង​នោះ​សោះ ពាក្យ​នោះ​ជា​ពាក្យ​លាក់​កំបាំង​ដល់​គេ ហើយ​គេ​មិន​បាន​យល់​ជា​ថា​ដូច​ម្តេច​ទេ។
35 កាល​ជិត​ដល់​ក្រុង​យេរីខូ​ហើយ នោះ​មាន​មនុស្ស​ខ្វាក់​ម្នាក់ អង្គុយ​សូម​ទាន​នៅ​មាត់​ផ្លូវ
36 គាត់​ឮ​សូរ​សន្ធឹក​មនុស្ស​ទាំង​ហ្វូង ដែល​ដើរ​តាម​នោះ ក៏​សួរ​គេ​ថា តើ​មាន​ការ​អ្វី
37 គេ​ប្រាប់​គាត់​ថា គឺ​ព្រះ‌យេស៊ូវ ពី​ស្រុក​ណាសា‌រ៉ែត ទ្រង់​យាង​មក
38 រួច​គាត់​ស្រែក​ឡើង​ថា ឱ​ព្រះ‌យេស៊ូវ ជា​ព្រះ‌វង្ស​ហ្លួង​ដាវីឌ​អើយ សូម​អាណិត​មេត្តា​ដល់​ទូល‌បង្គំ​ផង
39 ឯ​ពួក​អ្នក​ដែល​ដើរ​មុន គេ​កំហែង​គាត់​ឲ្យ​នៅ​ស្ងៀម តែ​គាត់​ស្រែក​រឹត​តែ​ខ្លាំង​ឡើង​ថា ឱ​ព្រះ‌វង្ស​ហ្លួង​ដាវីឌ​អើយ សូម​អាណិត​មេត្តា​ដល់​ទូល‌បង្គំ​ផង
40 នោះ​ព្រះ‌យេស៊ូវ​ទ្រង់​ក៏​ឈប់ ហើយ​បង្គាប់​ឲ្យ​គេ​នាំ​គាត់​មក កាល​គាត់​មក​ជិត​ហើយ នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​ថា
41 តើ​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​ឲ្យ​អ្នក គាត់​ទូល​ថា ឱ​ព្រះ‌អម្ចាស់​អើយ សូម​ឲ្យ​ភ្នែក​ទូល‌បង្គំ​បាន​ភ្លឺ​ឡើង
42 ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា ឲ្យ​ភ្លឺ​ចុះ សេចក្ដី​ជំនឿ​អ្នក​បាន​ជួយ​សង្គ្រោះ​អ្នក​ហើយ
43 ស្រាប់​តែ​ភ្នែក​គាត់​បាន​ភ្លឺ​ភ្លាម ហើយ​គាត់​ដើរ​តាម​ទ្រង់ ទាំង​ពណ៌នា​សរសើរ‌តម្កើង​ព្រះ ឯ​មនុស្ស​ទាំង​អស់​ដែល​ឃើញ ក៏​សរសើរ​ដល់​ព្រះ​ដែរ។


ជំពូក 19

1 លុះ​ទ្រង់​បាន​ចូល​ទៅ​ក្នុង​ក្រុង​យេរីខូ ក៏​យាង​កាត់​ទី​ក្រុង​ទៅ
2 នោះ​ឃើញ​មាន​បុរស​អ្នក​មាន​ម្នាក់​ឈ្មោះ​សាខេ ជា​មេ​លើ​ពួក​អ្នក​យក​ពន្ធ
3 គាត់​ខំ​រក​មើល​ព្រះ‌យេស៊ូវ ដែល​ទ្រង់​មាន​បែប​ភាព​ជា​យ៉ាង​ណា តែ​មិន​ឃើញ​សោះ ដោយ​ព្រោះ​មាន​មនុស្ស​សន្ធឹក​ណាស់ ហើយ​គាត់​ក៏​តូច​ទាប​ផង
4 ដូច្នេះ គាត់​រត់​ទៅ​ពី​ខាង​មុខ ឡើង​លើ​ដើម​ឧទុម្ពរ​ឲ្យ​បាន​ឃើញ​ទ្រង់ ព្រោះ​ទ្រង់​ត្រូវ​យាង​មក​តាម​នោះ
5 កាល​ព្រះ‌យេស៊ូវ​យាង​មក​ដល់ នោះ​ទ្រង់​ងើប​ព្រះ‌នេត្រ​ឡើង​ឃើញ ហើយ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា សាខេ ចូរ​អ្នក​ចុះ​មក​ជា​ប្រញាប់ ដ្បិត​ថ្ងៃ​នេះ ខ្ញុំ​ត្រូវ​ស្នាក់​នៅ​ផ្ទះ​អ្នក
6 គាត់​ក៏​ចុះ​មក​ជា​ប្រញាប់ ហើយ​ទទួល​ទ្រង់​ដោយ​អំណរ
7 កាល​មនុស្ស​ទាំង​អស់​បាន​ឃើញ​ដូច្នោះ នោះ​គេ​រទូ‌រទាំ​ថា លោក​បាន​ចូល​ទៅ​ស្នាក់​នៅ ក្នុង​ផ្ទះ​របស់​មនុស្ស​មាន​បាប
8 ឯ​សាខេ ក៏​ឈរ​ទូល​ទ្រង់​ថា មើល ព្រះ‌អម្ចាស់​អើយ ទូល‌បង្គំ​ចែក​ទ្រព្យ​ទូល‌បង្គំ​ពាក់​កណ្តាល​ឲ្យ​ដល់​មនុស្ស​ក្រីក្រ ហើយ​បើ​ទូល‌បង្គំ​បាន​ហូត​ពន្ធ​បំបាត់​ចំពោះ​អ្នក​ណា នោះ​ទូល‌បង្គំ​នឹង​សង​គេ​១​ជា​៤​វិញ
9 ព្រះ‌យេស៊ូវ​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា ថ្ងៃ​នេះ សេចក្ដី​សង្គ្រោះ​បាន​មក​ដល់​ផ្ទះ​នេះ​ហើយ ពី​ព្រោះ​អ្នក​នេះ​ជា​ពូជ​លោក​អ័ប្រាហាំ​ដែរ
10 ដ្បិត​កូន​មនុស្ស​បាន​មក ដើម្បី​នឹង​រក ហើយ​ជួយ​សង្គ្រោះ​ដល់​មនុស្ស​បាត់‌បង់។
11 កាល​គេ​កំពុង​តែ​ស្តាប់​សេចក្ដី​ទាំង​នោះ​នៅ​ឡើយ នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល ជា​ពាក្យ​ប្រៀប​ប្រដូច​១​ថែម​ទៀត ដោយ​ព្រោះ​ជិត​ដល់​ក្រុង​យេរូ‌សាឡឹម​ហើយ គេ​ក៏​ស្មាន​ថា នគរ​ព្រះ​រៀប​នឹង​លេច​មក​ភ្លាម
12 ដូច្នេះ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា មាន​បុរស​ត្រកូល​ខ្ពស់​ម្នាក់ រៀប​នឹង​ចេញ​ទៅ​ឯ​ស្រុក​ឆ្ងាយ ដើម្បី​គ្រង​រាជ្យ រួច​ត្រឡប់​មក​វិញ
13 ក៏​ហៅ​ពួក​បាវ​១០​នាក់ មក​ប្រគល់​ប្រាក់​១០​ណែន ដល់​គេ ដោយ​ថា ចូរ​ឯង​រាល់​គ្នា​ធ្វើ​ជំនួញ ដរាប​ដល់​អញ​ត្រឡប់​មក​វិញ
14 ប៉ុន្តែ ពួក​អ្នក​ស្រុក​របស់​លោក គេ​ស្អប់​លោក​ណាស់ ក៏​ចាត់​សារ​ឲ្យ​ទៅ​តាម​ក្រោយ​លោក ទូល​ថា យើង​រាល់​គ្នា​មិន​ចង់​ឲ្យ​មនុស្ស​នេះ​សោយ​រាជ្យ​លើ​យើង​ទេ
15 លុះ​ត្រឡប់​មក​វិញ ក្រោយ​ដែល​បាន​គ្រង​រាជ្យ​ហើយ នោះ​ទ្រង់​បង្គាប់​ឲ្យ​ហៅ​ពួក​បាវ​ទាំង​នោះ ដែល​ទ្រង់​បាន​ប្រគល់​ប្រាក់​ដល់​គេ​ឲ្យ​មក ដើម្បី​ចង់​ដឹង ពី​អ្នក​នីមួយៗ ដែល​ជួញ​បាន​ចំណេញ​ប៉ុន្មាន​ម្នាក់
16 អ្នក​មុន​ដំបូង​ក៏​មក​ទូល​ថា ព្រះ‌អម្ចាស់​អើយ ប្រាក់​ណែន​របស់​ទ្រង់​បាន​ចំណេញ​១០​ណែន​ទៀត
17 រួច​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ប្រពៃ​ហើយ​បាវ​ល្អ​អើយ ដោយ​ព្រោះ​ឯង​មាន​ចិត្ត​ស្មោះ​ចំពោះ ក្នុង​ការ​បន្តិច​បន្តួច​នេះ នោះ​ចូរ​ឯង​ត្រួត​លើ​ទី​ក្រុង​១០​ចុះ
18 អ្នក​ទី​២​ក៏​មក​ទូល​ថា ព្រះ‌អម្ចាស់​អើយ ប្រាក់​ណែន​របស់​ទ្រង់​បាន​ចំណេញ​៥​ណែន​ទៀត
19 រួច​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​អ្នក​នេះ​ដែរ​ថា ឯ​ឯង ចូរ​ឯង​ត្រួត​លើ​ទី​ក្រុង​៥​ចុះ
20 អ្នក​១​ទៀត​មក​ទូល​ថា ព្រះ‌អម្ចាស់​អើយ នេះ​នែ​ប្រាក់​ណែន​របស់​ទ្រង់ ដែល​ទូល‌បង្គំ​បាន​វេច​ទុក​ក្នុង​កន្សែង
21 ដ្បិត​ទូល‌បង្គំ​នឹក​ខ្លាច​ទ្រង់ ព្រោះ​ទ្រង់​ជា​មនុស្ស​ប្រិត‌ប្រៀប ទ្រង់​លើក​យក​របស់​ដែល​ទ្រង់​មិន​បាន​ដាក់ ហើយ​ច្រូត​ចម្រូូត​ដែល​ទ្រង់​មិន​បាន​សាប‌ព្រោះ
22 នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​អ្នក​នោះ​ថា បាវ​អាក្រក់​អើយ អញ​នឹង​ជំនុំ​ជម្រះ​ឯង តាម​សំដី​ឯង ចុះ​បើ​ឯង​ដឹង​ថា អញ​ជា​មនុស្ស​ប្រិត‌ប្រៀប ទាំង​លើក​យក​របស់​ដែល​អញ​មិន​បាន​ដាក់ ហើយ​ច្រូត​ចម្រូូត​ដែល​អញ​មិន​បាន​សាប‌ព្រោះ
23 ដូច្នេះ តើ​ហេតុ​អ្វី​បាន​ជា​ឯង​មិន​បាន​យក​ប្រាក់​អញ​នោះ ទៅ​ដាក់​នៅ​ឯ​ផ្ទះ​ចង​ការ​វិញ ដើម្បី​ដល់​អញ​ត្រឡប់​មក​វិញ នោះ​អញ​នឹង​បាន​ទាំង​ដើម​ទាំង​ការ​ផង
24 ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​អ្នក ដែល​ឈរ​នៅ​មុខ​លោក​ថា ចូរ​ដក​យក​ប្រាក់​១​ណែន​ពី​វា​ចេញ ហើយ​ឲ្យ​ដល់​អ្នក​ដែល​មាន​១០​ណែន​វិញ
25 (អ្នក​ទាំង​នោះ​ទូល​ទ្រង់​ថា ព្រះ‌អម្ចាស់​អើយ អ្នក​នោះ​មាន​១០​ណែន​ហើយ)
26 ដ្បិត​អញ​ប្រាប់​ឯង​រាល់​គ្នា​ថា គេ​នឹង​ឲ្យ​ដល់​អស់​អ្នក​ណា​ដែល​មាន តែ​អ្នក​ណា​ដែល​គ្មាន នោះ​គេ​នឹង​ហូត​យក​ទាំង​របស់​ដែល​អ្នក​នោះ​មាន​ចេញ​ផង
27 មួយ​ទៀត ឯ​ពួក​ខ្មាំង​សត្រូវ ដែល​មិន​ចង់​ឲ្យ​អញ​សោយ​រាជ្យ​លើ​គេ នោះ​ចូរ​នាំ​គេ​មក​សម្លាប់​ទាំង​អស់ នៅ​មុខ​អញ​នេះ​វិញ។
28 លុះ​ទ្រង់​មាន​ព្រះ‌បន្ទូល​សេចក្ដី​ទាំង​នេះ​រួច​ហើយ នោះ​ទ្រង់​យាង​ទៅ​ខាង​មុខ ឡើង​សំដៅ​ទៅ​ឯ​ក្រុង​យេរូ‌សាឡឹម
29 កាល​យាង​ទៅ​ជិត​ដល់​ភូមិ​បេត‌ផាសេ និង​ភូមិ​បេតថានី នៅ​ក្បែរ​ភ្នំ ដែល​ហៅ​ថា​ភ្នំ​ដើម​អូលីវ​ហើយ នោះ​ទ្រង់​ចាត់​សិស្ស​២​នាក់​ឲ្យ​ទៅ ដោយ​ថា
30 ត្រូវ​ចូល​ទៅ​ក្នុង​ភូមិ​នៅ​ខាង​មុខ​នុ៎ះ កាល​ណា​ចូល​ដល់​ហើយ នោះ​នឹង​ឃើញ​កូន​លា​១ គេ​ចង​ទុក ដែល​មិន​ទាន់​មាន​អ្នក​ណា​ជិះ​នៅ​ឡើយ ចូរ​ស្រាយ​វា​ដឹក‌នាំ​មក
31 បើ​អ្នក​ណា​សួរ​អ្នក​ថា ស្រាយ​វា​ធ្វើ​អី នោះ​ត្រូវ​ឆ្លើយ​ថា ពី​ព្រោះ​ព្រះ‌អម្ចាស់​ទ្រង់​ត្រូវ​ការ​នឹង​វា
32 ពួក​អ្នក​ដែល​ទ្រង់​បាន​ចាត់​នោះ ក៏​ទៅ​ឃើញ​មាន​ដូច​ជា​ទ្រង់​ប្រាប់
33 កំពុង​ដែល​គេ​ស្រាយ​កូន​លា ម្ចាស់​វា​ក៏​សួរ​ថា អ្នក​ស្រាយ​វា​ធ្វើ​អី
34 គេ​ឆ្លើយ​ថា ព្រះ‌អម្ចាស់​ទ្រង់​ត្រូវ​ការ​នឹង​វា
35 រួច​គេ​ដឹក​វា​ទៅ ថ្វាយ​ព្រះ‌យេស៊ូវ ក៏​ក្រាល​អាវ​គេ​លើ​ខ្នង ហើយ​ថ្វាយ​ទ្រង់​គង់
36 កំពុង​ដែល​ទ្រង់​យាង​ទៅ គេ​ក៏​នាំ​គ្នា​យក​អាវ​របស់​ខ្លួន​ក្រាល​តាម​ផ្លូវ
37 លុះ​ទ្រង់​យាង​ជិត​ដល់​ហើយ គឺ​ត្រង់​ផ្លូវ​ចុះ​ពី​ភ្នំ​ដើម​អូលីវ​មក នោះ​ពួក​សិស្ស​ទ្រង់​ទាំង​ហ្វូង​ចាប់​តាំង​មាន​សេចក្ដី​រីក‌រាយ ក៏​ពោល​សរសើរ​ដល់​ព្រះ ដោយ​សំឡេង​យ៉ាង​ខ្លាំង ដោយ​ព្រោះ​អស់​ទាំង​ការ​ឫទ្ធិ‌បារមី ដែល​គេ​បាន​ឃើញ​នោះ
38 គឺ​ពោល​ថា ស្តេច​ដែល​យាង​មក ដោយ​នូវ​ព្រះ‌នាម​ព្រះ‌អម្ចាស់ ទ្រង់​ប្រកប​ដោយ​ព្រះ‌ពរ សូម​ឲ្យ​បាន​សេចក្ដី​ក្សេម‌ក្សាន្ត​នៅ​ស្ថាន‌សួគ៌ និង​សិរី‌ល្អ​នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត
39 នោះ​ពួក​ផារី‌ស៊ី​ខ្លះ ដែល​នៅ​ក្នុង​បណ្តា​មនុស្ស គេ​ទូល​ទ្រង់​ថា លោក​គ្រូ ត្រូវ​ស្តី​បន្ទោស​ដល់​ពួក​សិស្ស​លោក​ផង
40 តែ​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា បើ​អ្នក​ទាំង​នេះ​នៅ​ស្ងៀម នោះ​ថ្ម​នឹង​ស្រែក​ឡើង​វិញ។
41 កាល​ទ្រង់​យាង​ទៅ​បង្កើយ និង​ឃើញ​ទី​ក្រុង​ហើយ នោះ​ក៏​ទ្រង់​ព្រះ‌កន្សែង​នឹង​ក្រុង​នោះ​ថា
42 ឱ​ឯង ឯង​អើយ នៅ​ថ្ងៃ​របស់​ឯង​នេះ គួរ​ណាស់​តែ​ឯង​បាន​ស្គាល់​សេចក្ដី ដែល​សម្រាប់​ឲ្យ​ឯង​បាន​សុខ‌សាន្ត​ទៅ​អេះ ប៉ុន្តែ ឥឡូវ​នេះ សេចក្ដី​ទាំង​នោះ​បាន​កំបាំង​នឹង​ភ្នែក​ឯង​ហើយ
43 ដ្បិត​នឹង​មាន​ថ្ងៃ​មក​ដល់ ដែល​ពួក​ខ្មាំង​សត្រូវ​ឯង នឹង​ធ្វើ​បន្ទាយ​នៅ​ជុំ‌វិញ​ឯង ព្រម​ទាំង​ឡោម‌ព័ទ្ធ ហើយ​បិទ​ផ្លូវ​គ្រប់​ទិស
44 គេ​នឹង​ពង្រាប​ឯង​ឲ្យ​ស្មើ​នឹង​ដី ព្រម​ទាំង​កូន​ចៅ​ដែល​មាន​ក្នុង​ឯង​ផង ឥត​ទុក​ថ្ម​ណា​មួយ​ឲ្យ​នៅ​ត្រួត​លើ​ថ្ម​ណា នៅ​ក្នុង​ឯង​ឡើយ ពី​ព្រោះ​ឯង​មិន​បាន​ស្គាល់​ពេល ដែល​ព្រះ​យាង​មក​ប្រោស​ឯង​សោះ។
45 កាល​ទ្រង់​យាង​ចូល​ដល់​ក្នុង​ព្រះ‌វិហារ​ហើយ នោះ​ទ្រង់​ចាប់​តាំង​ដេញ​ពួក​អ្នក​ដែល​លក់​ដូរ​ចេញ
46 ដោយ​ព្រះ‌បន្ទូល​ថា មាន​សេចក្ដី​ចែង​ទុក​មក​ថា «ដំណាក់​អញ​ជា​ទី​សម្រាប់​អធិស្ឋាន» តែ​អ្នក​រាល់​គ្នា​បាន​យក​ធ្វើ​ជា​រោង​ចោរ វិញ
47 ទ្រង់​ក៏​បង្រៀន​ក្នុង​ព្រះ‌វិហារ​រាល់​តែ​ថ្ងៃ តែ​ពួក​សង្គ្រាជ ពួក​អាចារ្យ និង​ពួក​អ្នក​ធំ ក្នុង​បណ្តា‌ជន គេ​ខំ​ស្វែង​រក​ឱកាស​នឹង​បំផ្លាញ​ទ្រង់​ចេញ
48 តែ​រក​ហេតុ​អ្វី​មិន​បាន​សោះ ពី​ព្រោះ​បណ្តា‌ជន​កំពុង​ប្រុង​ស្តាប់​ទ្រង់​ណាស់។


ជំពូក 20

1 មាន​កាល​១​ថ្ងៃ​នោះ កំពុង​ដែល​ព្រះ‌យេស៊ូវ​ទ្រង់​បង្រៀន​ដល់​ពួក​ជន ព្រម​ទាំង​ប្រាប់​ដំណឹង​ល្អ​នៅ​ក្នុង​ព្រះ‌វិហារ នោះ​ពួក​សង្គ្រាជ ពួក​អាចារ្យ និង​ពួក​ចាស់‌ទុំ ក៏​មក​ដល់
2 គេ​ទូល​ទ្រង់​ថា សូម​ប្រាប់​យើង​ខ្ញុំ តើ​អ្នក​ធ្វើ​ការ​ទាំង​នេះ ដោយ​អាង​អំណាច​អ្វី អ្នក​ណា​បាន​បើក​អំណាច​នេះ​ឲ្យ​អ្នក
3 តែ​ទ្រង់​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា ខ្ញុំ​នឹង​សួរ​អ្នក​រាល់​គ្នា​ពី​សេចក្ដី​១​ដែរ ចូរ​ប្រាប់​មក​ខ្ញុំ​សិន
4 ឯ​បុណ្យ​ជ្រមុជ​របស់​យ៉ូហាន តើ​មក​ពី​ស្ថាន‌សួគ៌ ឬ​ពី​មនុស្ស
5 គេ​ក៏​រិះ‌គិត​គ្នា​ថា បើ​យើង​ថា មក​ពី​ស្ថាន‌សួគ៌ នោះ​វា​នឹង​សួរ​យើង​វិញ​ថា ដូច្នេះ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មិន​បាន​ជឿ​គាត់
6 តែ​បើ​យើង​ឆ្លើយ​ថា មក​ពី​មនុស្ស នោះ​បណ្តា‌ជន​នឹង​ចោល​យើង​នឹង​ថ្ម ពី​ព្រោះ​គេ​ជឿ​ប្រាកដ​ថា យ៉ូហាន​នេះ​ជា​ហោរា​មែន
7 រួច​គេ​ទូល​ឆ្លើយ​ថា មិន​ដឹង​ជា​មក​ពី​ណា​ទេ
8 ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​តប​ដល់​គេ​ថា ដូច្នេះ ខ្ញុំ​មិន​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង ដែល​ខ្ញុំ​អាង​អំណាច​អ្វី​នឹង​ធ្វើ​ការ​ទាំង​នេះ​ដែរ។
9 ទ្រង់​ក៏​ចាប់​តាំង​មាន​ព្រះ‌បន្ទូល​ទៅ​បណ្តា‌ជន ជា​ពាក្យ​ប្រដូច​នេះ​ថា មាន​បុរស​ម្នាក់​បាន​ដាំ​ចម្ការ​ទំពាំង‌បាយ‌ជូរ ហើយ​ប្រវាស់​ទៅ​ឲ្យ​ពួក​អ្នក​ធ្វើ​ចម្ការ រួច​ក៏​ចេញ​ពី​ស្រុក​នោះ​ទៅ​ជា​យូរ
10 លុះ​ដល់​រដូវ​ហើយ គាត់​ក៏​ចាត់​បាវ​ទៅ​ឯ​ពួក​ធ្វើ​ចម្ការ ដើម្បី​ឲ្យ​គេ​ចែក​ផល​ទំពាំង‌បាយ‌ជូរ​មក​គាត់ តែ​ពួក​អ្នក​ទាំង​នោះ គេ​វាយ​បណ្តេញ​បាវ​នោះ​ឲ្យ​មក​វិញ​ទទេ
11 គាត់​ចាត់​បាវ​១​ទៅ​ទៀត តែ​គេ​វាយ​បាវ​នោះ​ដែរ ទាំង​ដៀល​ត្មះ ហើយ​បណ្តេញ​ឲ្យ​មក​វិញ​ទទេ
12 គាត់​ក៏​ចាត់​អ្នក​ទី​៣​ឲ្យ​ទៅ​ទៀត តែ​គេ​វាយ​អ្នក​នោះ​ឲ្យ​មាន​របួស រួច​បោះ​ចោល​ទៅ​ក្រៅ​ទៅ
13 នោះ​ថៅកែ​ចម្ការ​គិត​ថា តើ​ត្រូវ​ឲ្យ​អញ​ធ្វើ​ដូច​ម្តេច អញ​នឹង​ចាត់​កូន​សំឡាញ់​របស់​អញ​ឲ្យ​ទៅ​ទៀត ក្រែង​កាល​ណា​គេ​ឃើញ នោះ​គេ​នឹង​កោត‌ខ្លាច​ដល់​វា
14 តែ​កាល​ពួក​ធ្វើ​ចម្ការ​បាន​ឃើញ នោះ​គេ​រិះ‌គិត​គ្នា​ថា នេះ​ជា​កូន​គ្រង​មរដក ចូរ​យើង​សម្លាប់​វា​ចោល​ទៅ ដើម្បី​ឲ្យ​បាន​មរដក​មក​យើង​វិញ
15 គេ​ក៏​បោះ​ទៅ​ក្រៅ​ចម្ការ ហើយ​សម្លាប់​ចោល​ទៅ ដូច្នេះ តើ​ថៅកែ​ចម្ការ​នោះ​នឹង​ធ្វើ​ដូច​ម្តេច
16 គឺ​គាត់​នឹង​មក​បំផ្លាញ​ដល់​ពួក​ធ្វើ​ចម្ការ​នោះ រួច​ប្រវាស់​ទៅ​ឲ្យ​អ្នក​ឯ​ទៀត​វិញ កាល​បាន​ឮ​សេចក្ដី​នោះ​ហើយ គេ​ក៏​ទូល​ថា សូម​កុំ​ឲ្យ​បាន​ដូច្នោះ​ឡើយ
17 តែ​ទ្រង់​ទត​ទៅ​គេ មាន​ព្រះ‌បន្ទូល​ថា ឯ​សេចក្ដី​ដែល​ចែង​ទុក​មក​ថា «ថ្ម​ដែល​ជាង​សង់​ផ្ទះ​បាន​ចោល​ចេញ នោះ​បាន​ត្រឡប់​ជា​ថ្ម​ជ្រុង​យ៉ាង​ឯក» តើ​មាន​ន័យ​ដូច​ម្តេច
18 អស់​អ្នក​ណា​ដែល​ធ្លាក់​លើ​ថ្ម​នោះ នឹង​ត្រូវ​បាក់​បែក តែ​អ្នក​ណា​ដែល​ថ្ម​នោះ​ធ្លាក់​លើ នោះ​នឹង​ត្រូវ​កិន​ខ្ទេច‌ខ្ទី​ទៅ។
19 នៅ​វេលា​នោះ​ឯង ពួក​សង្គ្រាជ និង​ពួក​អាចារ្យ​ក៏​រក​ចាប់​ទ្រង់ ដ្បិត​គេ​ដឹង​ថា ទ្រង់​មាន​ព្រះ‌បន្ទូល​ពាក្យ​ប្រៀប​នោះ​ដាក់​គេ តែ​គេ​នឹក​ខ្លាច​បណ្តា‌ជន។
20 គេ​ឃ្លាំ​មើល​ទ្រង់ ហើយ​ក៏​ចាត់​ពួក​សម្ងាត់​ខ្លះ​ទៅ ដែល​ធ្វើ​ឫក​ជា​ត្រឹម​ត្រូវ ដើម្បី​នឹង​ចាប់​ទ្រង់ ដោយ​នូវ​ព្រះ‌បន្ទូល ប្រយោជន៍​នឹង​បញ្ជូន​ទ្រង់​ទៅ​ក្នុង​កម្លាំង និង​អំណាច​នៃ​ចៅ‌ហ្វាយ​ខេត្ត
21 អ្នក​ទាំង​នោះ​ទូល​សួរ​ទ្រង់​ថា លោក​គ្រូ យើង​ខ្ញុំ​ដឹង​ថា លោក​មាន​ប្រសាសន៍ ហើយ​បង្រៀន សុទ្ធ​តែ​ដោយ​ត្រឹម​ត្រូវ​ទាំង​អស់ ហើយ​លោក​មិន​យល់​មុខ​អ្នក​ណា​សោះ លោក​បង្រៀន​ពី​ផ្លូវ​ព្រះ តាម​តែ​សេចក្ដី​ពិត
22 ដូច្នេះ តើ​បើក​ឲ្យ​យើង​ខ្ញុំ​បង់​ពន្ធ​ថ្វាយ​សេសារ​ឬ​ទេ
23 តែ​ទ្រង់​ជ្រាប​ឧបាយ‌កល​របស់​គេ ក៏​មាន​ព្រះ‌បន្ទូល​ថា ហេតុ​អ្វី​បាន​ជា​ល្បង​ល​ខ្ញុំ​ដូច្នេះ
24 ចូរ​បង្ហាញ​កាក់​ធំ​១​មក​ឲ្យ​ខ្ញុំ​មើល​តើ​មាន​រូប និង​ឈ្មោះ​នេះ ជា​របស់​អ្នក​ណា គេ​ទូល​ឆ្លើយ​ថា ជា​របស់​សេសារ
25 នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា បើ​ដូច្នេះ ចូរ​ថ្វាយ​របស់​សេសារ​ទៅ​សេសារ​ទៅ ហើយ​របស់​ព្រះ​ទៅ​ព្រះ​វិញ
26 ខណៈ​នោះ គេ​ចាប់​ព្រះ‌បន្ទូល​ទ្រង់​នៅ​មុខ​ជន​ទាំង‌ឡាយ​មិន​បាន ហើយ​ក៏​ស្ងៀម​នៅ ដោយ​អស្ចារ្យ​ពី​ចម្លើយ​របស់​ទ្រង់។
27 នោះ​មាន​ពួក​សាឌូស៊ី​ខ្លះ ដែល​ប្រកាន់​ថា គ្មាន​សេចក្ដី​រស់​ឡើង​វិញ គេ​មក​ទូល​សួរ​ដល់​ព្រះ‌យេស៊ូវ​ថា
28 លោក​គ្រូ លោក​ម៉ូសេ​បាន​ចែង​ទុក​ឲ្យ​យើង​ខ្ញុំ​ថា បើ​បង​អ្នក​ណា​មាន​ប្រពន្ធ ហើយ​ស្លាប់​ទៅ​ឥត​មាន​កូន នោះ​ប្អូន​ត្រូវ​យក​នាង​នោះ ដើម្បី​នឹង​បង្កើត​ពូជ​ឲ្យ​បង
29 ដូច្នេះ មាន​បង​ប្អូន​៧​នាក់ បង​ច្បង​បាន​យក​ប្រពន្ធ ហើយ​ស្លាប់​ទៅ​គ្មាន​កូន​សោះ
30 ប្អូន​បន្ទាប់​ក៏​យក​នាង ហើយ​ស្លាប់​ទៅ​ឥត​កូន​ដែរ
31 អ្នក​ទី​៣​ក៏​យក​នាង​ទៀត បណ្តា​ទាំង​៧​នាក់​នោះ​ក៏​យក​នាង​គ្រប់ៗ​គ្នា ហើយ​ស្លាប់​ទៅ​ឥត​មាន​កូន​ដូច​គ្នា​ទាំង​អស់
32 ក្រោយ​បង្អស់​មក នាង​នោះ​ស្លាប់​ទៅ​ដែរ
33 ដូច្នេះ ដល់​គ្រា​ដែល​រស់​ឡើង​វិញ តើ​នាង​នោះ​នឹង​ធ្វើ​ជា​ប្រពន្ធ​របស់​អ្នក​ណា ដ្បិត​អ្នក​ទាំង​៧​នោះ​បាន​យក​នាង​ធ្វើ​ជា​ប្រពន្ធ​គ្រប់ៗ​គ្នា
34 នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា ធម្មតា​មនុស្ស​នៅ​លោកីយ៍​នេះ គេ​តែង​យក​ប្ដី​ប្រពន្ធ
35 តែ​អស់​អ្នក​ដែល​បាន​រាប់​ជា​គួរ ឲ្យ​បាន​ទៅ​ឯ​បរ‌លោក​នាយ ហើយ​ឲ្យ​បាន​រស់​ពី​ស្លាប់​ឡើង​វិញ នៅ​ស្ថាន​នោះ​គេ​មិន​ដែល​យក​ប្ដី​ប្រពន្ធ​ទៀត​ទេ
36 ពី​ព្រោះ​គេ​មិន​ចេះ​ស្លាប់​ទៀត គឺ​ដូច​ជា​ទេវតា ហើយ​ជា​ពួក​កូន​របស់​ព្រះ​ផង ដោយ​បាន​រស់​ពី​ស្លាប់​ឡើង​វិញ
37 រីឯ​ដំណើរ​ដែល​មនុស្ស​រស់​ពី​ស្លាប់​ឡើង​វិញ នោះ​ទាំង​លោក​ម៉ូសេ​ក៏​បាន​បង្ហាញ ក្នុង​រឿង​ពី​គុម្ព​បន្លា​ហើយ ក្នុង​កាល​ដែល​លោក​ហៅ​ព្រះ‌អម្ចាស់ ថា​ជា​ព្រះ​នៃ​លោក​អ័ប្រាហាំ នៃ​លោក​អ៊ីសាក ហើយ​នៃ​លោក​យ៉ាកុប
38 ដ្បិត​ទ្រង់​មិន​មែន​ជា​ព្រះ​នៃ​មនុស្ស​ស្លាប់​ទេ គឺ​ជា​ព្រះ​នៃ​មនុស្ស​រស់​វិញ ព្រោះ​មនុស្ស​ទាំង​អស់​រស់​សម្រាប់​ទ្រង់
39 នោះ​មាន​ពួក​អាចារ្យ​ខ្លះ​ឆ្លើយ​ឡើង​ថា លោក​គ្រូ លោក​មាន​ប្រសាសន៍​ត្រូវ​ណាស់
40 រួច​គេ​មិន​ហ៊ាន​ទូល​សួរ​ទ្រង់​ទៀត​ឡើយ។
41 ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​សួរ​គេ​ថា ដូច​ម្តេច​បាន​ជា​គេ​ថា ព្រះ‌គ្រីស្ទ​ជា​ព្រះ‌វង្ស​ហ្លួង​ដាវីឌ
42 ព្រោះ​ហ្លួង​ដាវីឌ​នោះ​ឯង ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​ក្នុង​គម្ពីរ​ទំនុក​តម្កើង​ថា «ព្រះ‌អម្ចាស់​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​ព្រះ‌អម្ចាស់​ខ្ញុំ​ថា ចូរ​ឯង​អង្គុយ​ខាង​ស្តាំ​អញ
43 ទាល់​តែ​អញ​ដាក់​ពួក​ខ្មាំង​សត្រូវ​ឯង ឲ្យ​ធ្វើ​ជា​កំណល់​កល់​ជើង​ឯង»
44 ដូច្នេះ បើ​ហ្លួង​ដាវីឌ​នោះ​ឯង ទ្រង់​ហៅ​ព្រះ‌គ្រីស្ទ​ជា​ព្រះ‌អម្ចាស់ នោះ​ធ្វើ​ដូច​ម្តេច​ឲ្យ​ព្រះ‌គ្រីស្ទ​ធ្វើ​ជា​ព្រះ‌វង្ស​ទ្រង់​បាន។
45 កាល​បណ្តា‌ជន​កំពុង​តែ​ស្តាប់​ទ្រង់ នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​សិស្ស​ថា
46 ចូរ​ប្រុង​ប្រយ័ត​នឹង​ពួក​អាចារ្យ ដែល​គេ​ចូល​ចិត្ត​ពាក់​អាវ​វែង​ដើរ​ចុះ​ឡើង ក៏​គាប់​ចិត្ត​ឲ្យ​មនុស្ស​គំនាប់​គេ​នៅ​ទី​ផ្សារ ហើយ​ចង់​អង្គុយ​កន្លែង​មុខ​គេ ក្នុង​សាលា​ប្រជុំ និង​កន្លែង​ដ៏​ប្រសើរ​បំផុត ក្នុង​ការ​ស៊ី​លៀង
47 តែ​គេ​ឆ​ស៊ី​ផ្ទះ​ស្រី​មេម៉ាយ ទាំង​ដោះ​សា​ខ្លួន ដោយ​សូត្រ​ធម៌​ឲ្យ​ច្រើន អ្នក​ទាំង​នោះ​ឯង​នឹង​ត្រូវ​ទោស​ធ្ងន់​ជាង​ទៅ​ទៀត។


ជំពូក 21

1 នោះ​ទ្រង់​ក្រឡេក​ព្រះ‌នេត្រ​ទត​ទៅ ឃើញ​ពួក​អ្នក​មាន កំពុង​តែ​ដាក់​ប្រាក់​តង្វាយ​ក្នុង​ឃ្លាំង
2 ទ្រង់​ក៏​ឃើញ​ស្រី​មេម៉ាយ​ក្រ​ម្នាក់ ដាក់​ថ្វាយ​តែ​២​ស្លឹង​គត់
3 រួច​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ស្រី​មេម៉ាយ​ទ័ល‌ក្រ​នេះ​បាន​ដាក់​តង្វាយ​លើស​ជាង​គេ​ទាំង​អស់
4 ដ្បិត​អ្នក​ទាំង​នោះ​សុទ្ធ​តែ​យក​ពី​របស់​សំណល់​ខ្លួន មក​ថ្វាយ តែ​ឯ​ស្ត្រី​នេះ នាង​បាន​យក​ពី​សេចក្ដី​កំសត់​របស់​ខ្លួន​មក​ថ្វាយ​វិញ គឺ​នាង​បាន​ថ្វាយ​របស់​ទាំង​ប៉ុន្មាន ដែល​មាន​សម្រាប់​នឹង​ចិញ្ចឹម​ជីវិត​ខ្លួន​ផង។
5 កាល​អ្នក​ខ្លះ​កំពុង​តែ​និយាយ​ពី​ព្រះ‌វិហារ ដែល​ធ្វើ​នឹង​ថ្ម​យ៉ាង​ល្អ ហើយ​តាក់‌តែង​ដោយ​តង្វាយ​ទាំង​ប៉ុន្មាន នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា
6 ឯ​របស់​ទាំង​នេះ ដែល​អ្នក​រាល់​គ្នា​កំពុង​តែ​មើល នោះ​នឹង​មាន​ថ្ងៃ​មក​ដល់ ដែល​នឹង​គ្មាន​ថ្ម​នៅ​ត្រួត​លើ​ថ្ម​ទៀត ឥត​ត្រូវ​ទម្លាក់​ចុះ​នោះ​ទេ
7 នោះ​គេ​ទូល​សួរ​ទ្រង់​ថា លោក​គ្រូ តើ​កាល​ណា​ការ​ទាំង​នេះ​នឹង​កើត​ឡើង តើ​មាន​ទី​សម្គាល់​ណា ឲ្យ​ដឹង​ក្នុង​កាល​ដែល​ការ​ទាំង​នេះ​ជិត​មក​ដល់
8 ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ចូរ​ប្រយ័ត ក្រែង​អ្នក​ណា​នាំ​ឲ្យ​អ្នក​រាល់​គ្នា​វង្វេង ដ្បិត​នឹង​មាន​មនុស្ស​ជា​ច្រើន​យក​ឈ្មោះ​ខ្ញុំ មក​និយាយ​ថា គឺ​ខ្ញុំ​នេះ​ហើយ ក៏​នឹង​ថា វេលា​ជិត​ដល់​ហើយ ដូច្នេះ កុំ​ឲ្យ​ទៅ​តាម​គេ​ឡើយ
9 កាល​ណា​អ្នក​រាល់​គ្នា​ឮ​និយាយ​ពី​ចម្បាំង និង​ចលាចល នោះ​កុំ​ឲ្យ​ភ័យ​ស្លុត​ឡើយ ដ្បិត​ការ​ទាំង​នោះ​ត្រូវ​តែ​មក​ជា​មុន តែ​នោះ​ពុំ​ទាន់​ដល់​ចុង​បំផុត​ជា​ឆាប់​ម៉្លេះ​ទេ។
10 ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា សាសន៍១​នឹង​លើក​គ្នា​ទាស់​នឹង​សាសន៍១ ហើយ​នគរ​១​ទាស់​នឹង​នគរ​១
11 ក៏​នឹង​មាន​កក្រើក​ដី​ជា​ខ្លាំង និង​អំណត់ ហើយ​អាសន្ន‌រោគ​នៅ​កន្លែង​ផ្សេងៗ ទាំង​មាន​ហេតុ​នាំ​ឲ្យ​ភ័យ និង​ទី​សម្គាល់​យ៉ាង​ធំ​ពី​លើ​មេឃ​ផង
12 តែ​មុន​ការ​ទាំង​នោះ គេ​នឹង​ចាប់​អ្នក​រាល់​គ្នា​ធ្វើ​ទុក្ខ បញ្ជូន​ទៅ​សាលា​ប្រជុំ ហើយ​ដាក់​គុក ព្រម​ទាំង​នាំ​អ្នក​រាល់​គ្នា​ទៅ​ចំពោះ​ស្តេច និង​ចៅ‌ហ្វាយ​ខេត្ត ដោយ​ព្រោះ​ឈ្មោះ​ខ្ញុំ​ផង
13 ប៉ុន្តែ ការ​នោះ​នឹង​ត្រឡប់​ប្រែ​ជា​ឱកាស ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​បន្ទាល់​វិញ
14 ដូច្នេះ ចូរ​សម្រេច​ក្នុង​ចិត្ត​ថា អ្នក​រាល់​គ្នា​នឹង​មិន​គិត​ជា​មុន អំពី​ពាក្យ​ដែល​ត្រូវ​ដោះ​សា​ទេ
15 ដ្បិត​ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​មាន​ថ្វី​មាត់ ហើយ​និង​ប្រាជ្ញា​វិញ ដែល​ពួក​អ្នក​តតាំង​ពុំ​អាច​នឹង​ឆ្លើយ​ឆ្លង ឬ​ទទឹង​ទាស់​បាន​ឡើយ
16 ប៉ុន្តែ ទោះ​ទាំង​ឪពុក​ម្តាយ បង​ប្អូន ញាតិ​សន្តាន ហើយ​មិត្ត​សំឡាញ់​ក៏​នឹង​បញ្ជូន​អ្នក​រាល់​គ្នា ហើយ​និង​សម្លាប់​អ្នក​រាល់​គ្នា​ខ្លះ​ដែរ
17 មនុស្ស​ទាំង​អស់​នឹង​ស្អប់​អ្នក​រាល់​គ្នា ដោយ​ព្រោះ​ឈ្មោះ​ខ្ញុំ
18 តែ​សូម្បី​សក់​១​សរសៃ​លើ​ក្បាល​អ្នក​រាល់​គ្នា ក៏​មិន​ត្រូវ​វិនាស​បាត់​ផង
19 អ្នក​រាល់​គ្នា​នឹង​បាន​ជីវិត​គង់​នៅ​វិញ ដោយ​មាន​ចិត្ត​ខ្ជាប់‌ខ្ជួន។
20 ប៉ុន្តែ កាល​ណា​ឃើញ​ពល​ទ័ព​ឡោម‌ព័ទ្ធ​ក្រុង​យេរូ‌សាឡឹម នោះ​ត្រូវ​ឲ្យ​ដឹង​ថា សេចក្ដី​ហិន‌វិនាស​នៃ​ក្រុង​នោះ​ជិត​ដល់​ហើយ
21 គ្រា​នោះ ត្រូវ​ឲ្យ​អ្នក​នៅ​ស្រុក​យូដា រត់​ទៅ​ឯ​ភ្នំ ហើយ​ពួក​អ្នក​នៅ​កណ្តាល​ទី​ក្រុង ត្រូវ​រត់​ចេញ​ឲ្យ​ផុត ក៏​កុំ​ឲ្យ​ពួក​អ្នក​ដែល​នៅ​ស្រុក​ស្រែ ចូល​ទៅ​ក្នុង​ទី​ក្រុង​ឡើយ
22 ដ្បិត​គ្រា​នោះ​ជា​គ្រា​សង‌សឹក ដើម្បី​នឹង​សម្រេច​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​បាន​ចែង​ទុក​មក
23 ឯ​ពួក​ស្រីៗ ដែល​មាន​ផ្ទៃ​ពោះ ហើយ​ពួក​ដែល​បំបៅ​កូន នៅ​គ្រា​នោះ នឹង​វេទនា​ណាស់ ដ្បិត​នឹង​មាន​សេចក្ដី​វេទនា​ជា​ខ្លាំង​នៅ​ក្នុង​ស្រុក ហើយ​និង​សេចក្ដី​ក្រោធ​ដល់​បណ្តា‌ជន​នេះ
24 គេ​នឹង​ដួល​នៅ​ក្រោម​មុខ​ដាវ ហើយ​និង​ត្រូវ​ដឹក‌នាំ​ទៅ​ជា​ឈ្លើយ ដល់​អស់​ទាំង​នគរ ក្រុង​យេរូ‌សាឡឹម​នឹង​ត្រូវ​សាសន៍​ដទៃ​ជាន់​ឈ្លី ដរាប​ដល់​គ្រា​របស់​សាសន៍​ដទៃ​បាន​សម្រេច។
25 កាល​ណោះ នឹង​មាន​ទី​សម្គាល់​នៅ​ក្នុង​ព្រះ‌អាទិត្យ ក្នុង​ព្រះ‌ចន្ទ និង​ក្នុង​អស់​ទាំង​ផ្កាយ ហើយ​នៅ​លើ​ផែនដី នឹង​មាន​សេចក្ដី​លំបាក​នៅ​គ្រប់​ទាំង​សាសន៍ និង​សេចក្ដី​ទ័ល​គំនិត ដោយ​ព្រោះ​សូរ​សន្ធឹក​របស់​សមុទ្រ និង​រលក
26 មនុស្ស​នឹង​ស្រយុត​ចិត្ត​ដោយ​ភ័យ ហើយ​ដោយ​ទន្ទឹង​ចាំ​ការ​ដែល​ត្រូវ​មក​លើ​ផែនដី ដ្បិត​អស់​ទាំង​អំណាច​នៅ​លើ​មេឃ​នឹង​ត្រូវ​កក្រើក​រំពើក
27 នោះ​គេ​នឹង​ឃើញ​កូន​មនុស្ស​មក​លើ​ពពក មាន​ទាំង​ព្រះ‌ចេស្តា និង​សិរី‌ល្អ​ជា​ខ្លាំង
28 កាល​ណា​ការ​ទាំង​នេះ​ចាប់​តាំង​កើត​មក នោះ​ឲ្យ​អ្នក​រាល់​គ្នា​ងើប​មើល​ទៅ​លើ ពី​ព្រោះ​សេចក្ដី​ប្រោស​លោះ​របស់​អ្នក​រាល់​គ្នា​ជិត​ដល់​ហើយ។
29 រួច​ទ្រង់​មាន​ព្រះ‌បន្ទូល​ជា​ពាក្យ​ប្រៀប​ប្រដូច ទៅ​គេ​ថា ចូរ​មើល​ដើម​ល្វា និង​អស់​ទាំង​ដើម​ឈើ​ចុះ
30 កាល​ណា​វា​លាស់​ឡើង នោះ​អ្នក​រាល់​គ្នា​យល់​ឃើញ​ដោយ​ខ្លួន​ឯង​ថា រដូវ​ក្តៅ ជិត​ដល់​ហើយ
31 កាល​ណា​អ្នក​រាល់​គ្នា​ឃើញ​ការ​ទាំង​នេះ​កើត​មក នោះ​ត្រូវ​ដឹង​ថា នគរ​ព្រះ​ជិត​ដល់​ហើយ​យ៉ាង​ដូច្នោះ​ដែរ
32 ខ្ញុំ​ក៏​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា មនុស្ស​ដំណ​នេះ​នឹង​មិន​ទាន់​កន្លង​ហួស​បាត់​ទៅ​ឡើយ ទាល់​តែ​គ្រប់​ការ​ទាំង​នេះ​បាន​កើត​មក
33 ឯ​ផ្ទៃ​មេឃ និង​ផែនដី នោះ​នឹង​កន្លង​បាត់​ទៅ តែ​ឯ​ពាក្យ​ខ្ញុំ មិន​ដែល​កន្លង​បាត់​ឡើយ។
34 ចូរ​អ្នក​រាល់​គ្នា​ប្រយ័ត​ខ្លួន ក្រែង​ចិត្ត​អ្នក​រាល់​គ្នា​កំពុង​តែ​ផ្ទុក​នូវ​សេចក្ដី​វក់​នឹង​ស៊ី​ផឹក ហើយ​និង​សេចក្ដី​ខ្វល់‌ខ្វាយ​នៅ​ជីវិត នោះ​លោ​តែ​ថ្ងៃ​នោះ​មក​ដល់​អ្នក​រាល់​គ្នា​ភ្លាម
35 ដ្បិត​ថ្ងៃ​នោះ​នឹង​មក​ដូច​ជា​លប់ គ្រប​លើ​អស់​ទាំង​មនុស្ស​ដែល​នៅ​គ្រប់​លើ​ផែនដី
36 ដូច្នេះ ចូរ​ចាំ​យាម​ចុះ ហើយ​អធិស្ឋាន​ជានិច្ច ដើម្បី​ឲ្យ​បាន​រាប់​ជា​គួរ​នឹង​រួច​ពី​ការ​ទាំង​នេះ​ដែល​ត្រូវ​មក ហើយ​ឲ្យ​បាន​ឈរ​នៅ​មុខ​កូន​មនុស្ស​ផង។
37 នៅ​ពេល​ថ្ងៃ ទ្រង់​តែង​បង្រៀន​ក្នុង​ព្រះ‌វិហារ លុះ​ដល់​ពេល​យប់ ទ្រង់​តែង​តែ​យាង​ចេញ​ទៅ​ស្នាក់​នៅ​លើ​ភ្នំ ដែល​ហៅ​ថា ភ្នំ​ដើម​អូលីវ
38 ព្រលឹមៗ​ឡើង បណ្តា‌ជន​ក៏​មក​ស្តាប់​ទ្រង់​នៅ​ក្នុង​ព្រះ‌វិហារ​ជានិច្ច។


ជំពូក 22

1 រីឯ​បុណ្យ​នំបុ័ង​ឥត​ដំបែ ដែល​ហៅ​ថា បុណ្យ​រំលង នោះ​ក៏​ជិត​មក​ដល់
2 ហើយ​ពួក​សង្គ្រាជ និង​ពួក​អាចារ្យ គេ​រក​វិធី​យ៉ាង​ណា​នឹង​សម្លាប់​ទ្រង់​ចេញ ព្រោះ​គេ​ខ្លាច​បណ្តា‌ជន
3 នោះ​អារក្ស​សាតាំង​វា​ចូល​យូដាស ដែល​ហៅ​ថា អ៊ីស្កា‌រីយ៉ុត ជា​ម្នាក់​ក្នុង​ពួក​១២
4 រួច​វា​ទៅ​និយាយ​នឹង​ពួក​សង្គ្រាជ ហើយ​ពួក​មេ​ទ័ព​រក្សា​ព្រះ‌វិហារ ពី​បែប​ដែល​នឹង​បញ្ជូន​ទ្រង់​ឲ្យ​ដល់​គេ
5 គេ​ក៏​ត្រេក‌អរ​ណាស់ ហើយ​សន្យា​នឹង​ឲ្យ​ប្រាក់​ដល់​វា
6 វា​យល់​ព្រម រួច​ក៏​ទៅ​រក​ឱកាស​នឹង​បញ្ជូន​ទ្រង់​ដល់​គេ ក្នុង​កាល​ដែល​ឃ្លាត​ពី​បណ្តា​មនុស្ស។
7 ឯ​ថ្ងៃ​បុណ្យ​នំបុ័ង​ឥត​ដំបែ​ក៏​មក​ដល់ គឺ​ជា​ថ្ងៃ​ដែល​គេ​ត្រូវ​សម្លាប់​កូន​ចៀម​ធ្វើ​បុណ្យ​រំលង
8 នោះ​ទ្រង់​ចាត់​ពេត្រុស និង​យ៉ូហាន​ឲ្យ​ទៅ ដោយ​មាន​ព្រះ‌បន្ទូល​ថា ចូរ​ទៅ​រៀប‌ចំ​បុណ្យ​រំលង​សម្រាប់​យើង​រាល់​គ្នា​បរិភោគ
9 តែ​គេ​ទូល​សួរ​ថា តើ​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ ឲ្យ​យើង​ខ្ញុំ​រៀប‌ចំ​នៅ​កន្លែង​ណា
10 ទ្រង់​ក៏​ប្រាប់​ថា មើល​កាល​ណា​ចូល​ទៅ​ក្នុង​ទី​ក្រុង នោះ​នឹង​ឃើញ​មនុស្ស​ម្នាក់​កំពុង​តែ​លី​ក្អម​ទឹក ចូរ​តាម​អ្នក​នោះ ទៅ​ក្នុង​ផ្ទះ​ណា​ដែល​គាត់​ចូល
11 ហើយ​និយាយ​នឹង​ម្ចាស់​ផ្ទះ​នោះ​ថា លោក​គ្រូ​មាន​ប្រសាសន៍​សួរ​មក​អ្នក​ថា តើ​បន្ទប់​ដែល​ខ្ញុំ​នឹង​ទទួល​ទាន​បុណ្យ​រំលង ជា​មួយ​នឹង​ពួក​សិស្ស​ខ្ញុំ​នៅ​ឯ​ណា
12 នោះ​គាត់​នឹង​បង្ហាញ​បន្ទប់​១​ធំ​នៅ​ខាង​លើ ដែល​មាន​គ្រប់​ប្រដាប់​ប្រដា ចូរ​រៀប‌ចំ​នៅ​ទី​នោះ​ចុះ
13 គេ​ក៏​ទៅ​ឃើញ ដូច​ជា​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល ហើយ​គេ​រៀប‌ចំ​បុណ្យ​រំលង។
14 លុះ​ដល់​ពេល​ហើយ ទ្រង់​ក៏​គង់​នៅ​តុ​ជា​មួយ​នឹង​ពួក​សាវក
15 ទ្រង់​មាន​ព្រះ‌បន្ទូល​ថា មុន​ដែល​ខ្ញុំ​រង​ទុក្ខ​លំបាក ខ្ញុំ​បាន​ចង់​ទទួល​ទាន​បុណ្យ​រំលង​នេះ ជា​មួយ​នឹង​អ្នក​រាល់​គ្នា​យ៉ាង​អស់​ពី​ចិត្ត
16 ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ខ្ញុំ​មិន​បាន​ទទួល​ទាន​បុណ្យ​នេះ​ទៀត​ទេ ទាល់​តែ​បុណ្យ​នេះ​បាន​សម្រេច​នៅ​ក្នុង​នគរ​ព្រះ​វិញ
17 កាល​ទ្រង់​បាន​ទទួល​ពែង​នោះ ក៏​អរ​ព្រះ‌គុណ រួច​មាន​ព្រះ‌បន្ទូល​ថា ចូរ​យក​ពែង​នេះ​ចែក​គ្នា​ផឹក
18 ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ខ្ញុំ​មិន​ផឹក​ពី​ផល​ផ្លែ​ទំពាំង‌បាយ‌ជូរ​ទៀត​ទេ ដរាប​ដល់​នគរ​ព្រះ​បាន​មក​ដល់
19 រួច​ទ្រង់​ក៏​យក​នំបុ័ង​មក​អរ​ព្រះ‌គុណ ហើយ​កាច់​ប្រទាន​ទៅ​គេ ដោយ​មាន​ព្រះ‌បន្ទូល​ថា នេះ​ហើយ​ជា​រូប‌កាយ​ខ្ញុំ ដែល​បាន​ប្រទាន​មក​សម្រាប់​អ្នក​រាល់​គ្នា ចូរ​ធ្វើ​បុណ្យ​នេះ ដើម្បី​រំឭក​ពី​ខ្ញុំ​ចុះ
20 ក្រោយ​ដែល​បាន​បរិភោគ​ហើយ នោះ​ទ្រង់​យក​ពែង​មក​ធ្វើ​បែប​ដូច្នោះ​ដែរ ដោយ​មាន​ព្រះ‌បន្ទូល​ថា ពែង​នេះ​ជា​សញ្ញា​ថ្មី ដែល​តាំង​ដោយ​នូវ​ឈាម​ខ្ញុំ គឺ​ជា​ឈាម ដែល​ត្រូវ​ច្រួច​ចេញ​សម្រាប់​អ្នក​រាល់​គ្នា
21 មួយ​ទៀត មើល ដៃ​នៃ​អ្នក​ដែល​បញ្ជូន​ខ្ញុំ ក៏​នៅ​តុ​ជា​មួយ​នឹង​ខ្ញុំ​ដែរ
22 កូន​មនុស្ស​ត្រូវ​ទៅ​មែន តាម​សេចក្ដី​ដែល​សម្រេច​មក ប៉ុន្តែ វេទនា​ដល់​មនុស្ស​នោះ ដែល​បញ្ជូន​ខ្ញុំ​ទៅ
23 នោះ​គេ​ចាប់​តាំង​សួរ​គ្នា​ទៅ​វិញ​ទៅ​មក ពី​អ្នក​ណា​ក្នុង​ពួក​គេ ដែល​នឹង​ធ្វើ​ការ​នោះ។
24 គេ​ក៏​កើត​មាន​សេចក្ដី​ទាស់‌ទែង​គ្នា​អំពី​អ្នក​ណា ដែល​រាប់​ជា​ធំ​ជាង​គេ
25 តែ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អស់​ទាំង​ស្តេច​នៃ​សាសន៍​ដទៃ គេ​តែង​សោយ​រាជ្យ​លើ​បណ្តា‌រាស្ត្រ ហើយ​បណ្តា‌ជន​ហៅ​ពួក​អ្នក​មាន​អំណាច​លើ​គេ ថា​ជា​អ្នក​មាន​គុណ​ដែរ
26 ប៉ុន្តែ មិន​ត្រូវ​ឲ្យ​មាន​ដូច្នោះ​ក្នុង​ពួក​អ្នក​រាល់​គ្នា​ឡើយ ឯ​អ្នក​ណា​ដែល​ធំ​ជាង​គេ ក្នុង​ពួក​អ្នក​រាល់​គ្នា នោះ​ត្រូវ​ប្រព្រឹត្ត​ដូច​ជា​តូច​ជាង​គេ​វិញ ហើយ​អ្នក​ណា​ដែល​នាំ​មុខ​គេ នោះ​ដូច​ជា​អ្នក​បម្រើ​ដែរ
27 ដ្បិត​តើ​អ្នក​ណា​ធំ​ជាង អ្នក​ដែល​អង្គុយ​នៅ​តុ ឬ​អ្នក​ដែល​បម្រើ តើ​មិន​មែន​ជា​អ្នក​ដែល​អង្គុយ​នៅ​តុ​ទេ​ឬ​អី ប៉ុន្តែ ខ្ញុំ​នៅ​កណ្តាល​ពួក​អ្នក​រាល់​គ្នា ទុក​ដូច​ជា​អ្នក​បម្រើ​វិញ
28 ឯ​អ្នក​រាល់​គ្នា គឺ​ជា​ពួក​ដែល​បាន​កាន់​ខ្ជាប់​ជា​មួយ​នឹង​ខ្ញុំ ក្នុង​អស់​ទាំង​សេចក្ដី​ល្បង​ល​ខ្ញុំ
29 ខ្ញុំ​ក៏​តម្រូវ​នគរ​១​ឲ្យ​អ្នក​រាល់​គ្នា ដូច​ជា​ព្រះ‌វរ‌បិតា​នៃ​ខ្ញុំ​បាន​តម្រូវ​នគរ​ឲ្យ​ខ្ញុំ​ដែរ
30 ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​បរិភោគ​នៅ​តុ​ខ្ញុំ ក្នុង​នគរ​របស់​ខ្ញុំ ហើយ​ឲ្យ​បាន​អង្គុយ​លើ​បល្ល័ង្ក ជំនុំ​ជម្រះ​ពូជ​អំបូរ​អ៊ីស្រា‌អែល​ទាំង​១២​ផង។
31 ព្រះ‌អម្ចាស់​ក៏​មាន​ព្រះ‌បន្ទូល​ថា ស៊ីម៉ូនៗ​អើយ មើល​សាតាំង​បាន​សូម​ចង់​បាន​អ្នក​រាល់​គ្នា ប្រយោជន៍​នឹង​រែង​អ្នក​រាល់​គ្នា ដូច​ជា​រែង​អង្ករ
32 ប៉ុន្តែ ខ្ញុំ​បាន​អធិស្ឋាន​ឲ្យ​អ្នក ដើម្បី​មិន​ឲ្យ​សេចក្ដី​ជំនឿ​របស់​អ្នក​វិនាស​បាត់​ឡើយ កាល​ណា​អ្នក​បាន​ប្រែ​ចិត្ត​វិល​មក​វិញ នោះ​ចូរ​ចម្រើន​ឲ្យ​បង​ប្អូន​អ្នក​បាន​ខ្ជាប់‌ខ្ជួន​ឡើង
33 តែ​គាត់​ទូល​ទ្រង់​ថា ព្រះ‌អម្ចាស់​អើយ ទូល‌បង្គំ​ប្រុង​ប្រៀប​ជា​ស្រេច នឹង​ទៅ​ជា​មួយ​នឹង​ទ្រង់​ដែរ ទោះ​បើ​ជាប់​គុក ឬ​ដល់​ស្លាប់​ក្តី
34 នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ពេត្រុស​អើយ ខ្ញុំ​ប្រាប់​អ្នក​ថា នៅ​ថ្ងៃ​នេះ មាន់​មិន​រងាវ​ឡើយ ទាល់​តែ​អ្នក​បាន​ប្រកែក​៣​ដង​ថា មិន​ស្គាល់​ខ្ញុំ។
35 រួច​មក ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​សិស្ស​ទាំង​អស់​ថា កាល​ខ្ញុំ​ចាត់​អ្នក​រាល់​គ្នា ឲ្យ​ទៅ​ឥត​កាបូប ឥត​យាម ហើយ​ឥត​ស្បែក​ជើង នោះ​តើ​មាន​ខ្វះ​អ្វី​ឬ​ទេ គេ​ទូល​ឆ្លើយ​ថា គ្មាន​ខ្វះ​អ្វី​ទេ
36 ដូច្នេះ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ឥឡូវ​នេះ​វិញ អ្នក​ណា​ដែល​មាន​កាបូប មាន​យាម នោះ​ត្រូវ​តែ​យក​ទៅ​កុំ​ខាន ហើយ​អ្នក​ណា​ដែល​គ្មាន​ដាវ ក៏​ឲ្យ​អ្នក​នោះ​លក់​អាវ​ខ្លួន​ទៅ​ទិញ​មួយ​មក
37 ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា សេចក្ដី​នេះ ដែល​បាន​ចែង​ទុក​មក​ថា «គេ​បាន​រាប់​ទ្រង់ ជា​ពួក​ទទឹង​ច្បាប់» នោះ​ត្រូវ​សម្រេច​លើ​ខ្លួន​ខ្ញុំ ដ្បិត​គ្រប់​សេចក្ដី​ដែល​តម្រូវ​មក​ខ្ញុំ ត្រូវ​តែ​បាន​សម្រេច​ទាំង​អស់
38 រួច​គេ​ទូល​ថា ព្រះ‌អម្ចាស់​អើយ មើល នេះ​មាន​ដាវ​២​ហើយ ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​ថា អើ ល្មម​ហើយ។
39 កាល​ទ្រង់​យាង​ចេញ​ទៅ នោះ​ទ្រង់​ទៅ​ឯ​ភ្នំ​ដើម​អូលីវ តាម​ទម្លាប់ ហើយ​ពួក​សិស្ស​ក៏​តាម​ទៅ​ដែរ
40 លុះ​ដល់​កន្លែង​ហើយ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ចូរ​អធិស្ឋាន​ទៅ ដើម្បី​កុំ​ឲ្យ​ត្រូវ​សេចក្ដី​ល្បួង​ឡើយ
41 រួច​ទ្រង់​ថយ​ចេញ​ពី​គេ​ទៅ ចម្ងាយ​ទី​ប្រហែល​ជា​គេ​ចោល​ថ្ម​១​ទំហឹង​ដៃ ក៏​លុត​ព្រះ‌ជង្ឃ​ក្រាប​ចុះ​អធិស្ឋាន​ថា
42 ឱ​ព្រះ‌វរ‌បិតា​អើយ បើ​សិន​ជា​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ នោះ​សូម​យក​ពែង​នេះ​ចេញ​ពី​ទូល‌បង្គំ​ទៅ ប៉ុន្តែ កុំ​តាម​ចិត្ត​ទូល‌បង្គំ​ឡើយ សូម​តាម​តែ​ព្រះ‌ហឫទ័យ​ទ្រង់​វិញ
43 នោះ​មាន​ទេវតា​លេច​មក​ឯ​ទ្រង់​អំពី​ស្ថាន‌សួគ៌ មក​ចម្រើន​កម្លាំង​ថ្វាយ
44 ហើយ​ដោយ​ទ្រង់​កើត​ទុក្ខ​ជា​ខ្លាំង បាន​ជា​ទ្រង់​អធិស្ឋាន​ទទូច​រឹត​តែ​ខ្លាំង​ឡើង ញើស​ទ្រង់​ក៏​ត្រឡប់​ដូច​ជា​ដំណក់​ឈាម​ដ៏​ធំៗ ស្រក់​ទៅ​ដី
45 រួច​ទ្រង់​ក្រោក​ពី​ទី​អធិស្ឋាន វិល​ទៅ​ឯ​ពួក​សិស្ស​វិញ ក៏​ឃើញ​គេ​ដេក​លក់​ដោយ​ព្រួយ​ចិត្ត
46 ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ហេតុ​អ្វី​បាន​ជា​ដេក​លក់​ដូច្នេះ ចូរ​ក្រោក​ឡើង​អធិស្ឋាន​ចុះ ដើម្បី​កុំ​ឲ្យ​ត្រូវ​សេចក្ដី​ល្បួង​ឡើយ។
47 កំពុង​ដែល​ព្រះ‌យេស៊ូវ ទ្រង់​មាន​ព្រះ‌បន្ទូល​នៅ​ឡើយ នោះ​ឃើញ​មាន​មនុស្ស​ទាំង​ហ្វូង​មក ហើយ​អ្នក​ដែល​មាន​ឈ្មោះ​យូដាស ជា​ម្នាក់​ក្នុង​ពួក​១២ ក៏​នាំ​មុខ​គេ វា​ចូល​មក​ជិត ដើម្បី​ថើប​ព្រះ‌យេស៊ូវ
48 តែ​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​វា​ថា យូដាស​អើយ អ្នក​បញ្ជូន​កូន​មនុស្ស​ទៅ ដោយ​ថើប​១​ខ្សឺត​ឬ​អី
49 កាល​ពួក​អ្នក​ដែល​នៅ​ជុំ‌វិញ​ទ្រង់ ឃើញ​ការ​ដែល​ហៀប​នឹង​កើត​មក​ដូច្នេះ នោះ​ក៏​ទូល​ទ្រង់​ថា ព្រះ‌អម្ចាស់​អើយ តើ​ត្រូវ​ឲ្យ​យើង​ខ្ញុំ​កាប់​នឹង​ដាវ​ឬ​អី
50 មាន​ម្នាក់​ក្នុង​ពួក​គេ ក៏​កាប់​ដាច់​ត្រចៀក​ស្តាំ​របស់​បាវ​សម្ដេច​សង្ឃ​ម្នាក់
51 ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា ចូរ​ឈប់​ប៉ុណ្ណឹង​ចុះ រួច​ទ្រង់​ពាល់​ត្រចៀក​អ្នក​នោះ​ឲ្យ​ជា​វិញ
52 នោះ​ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​សង្គ្រាជ ពួក​មេ​ទ័ព​រក្សា​ព្រះ‌វិហារ និង​ពួក​ចាស់‌ទុំ​ដែល​មក​ចាប់​ទ្រង់​ថា តើ​អ្នក​រាល់​គ្នា​ចេញ​មក​ទាំង​កាន់​ដាវ​កាន់​ដំបង ដូច​ជា​មក​ចាប់​ចោរ​ឬ​អី
53 កាល​ខ្ញុំ​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា ក្នុង​ព្រះ‌វិហារ​រាល់​តែ​ថ្ងៃ នោះ​អ្នក​រាល់​គ្នា​មិន​បាន​លូក​ដៃ​មក​ចាប់​ខ្ញុំ​សោះ ប៉ុន្តែ នេះ​ជា​ពេល​វេលា​របស់​ផង​អ្នក​រាល់​គ្នា​ទេ ហើយ​ជា​អំណាច​នៃ​សេចក្ដី​ងងឹត​ផង។
54 គេ​ក៏​ចាប់​ទ្រង់​ដឹក‌នាំ​ទៅ​ដល់​ដំណាក់​សម្ដេច​សង្ឃ ឯ​ពេត្រុស គាត់​តាម​ទៅ​ពី​ចម្ងាយ​ដែរ
55 កាល​គេ​បាន​បង្កាត់​ភ្លើង​នៅ​កណ្តាល​ព្រះ‌លាន ហើយ​អង្គុយ​ជា​មួយ​គ្នា នោះ​ពេត្រុស​ក៏​អង្គុយ​ជា​មួយ​នឹង​គេ​ដែរ
56 មាន​ស្រី​បម្រើ​ម្នាក់​ឃើញ​គាត់​អង្គុយ​នៅ​ជិត​ភ្លើង ក៏​សម្លឹង​មើល ហើយ​និយាយ​ថា អ្នក​នេះ​បាន​នៅ​ជា​មួយ​នឹង​មនុស្ស​នោះ​ដែរ
57 តែ​គាត់​ប្រកែក​ថា នាង​អើយ ខ្ញុំ​មិន​ស្គាល់​មនុស្ស​នោះ​ទេ
58 ក្រោយ​បន្តិច​មក មាន​ម្នាក់​ទៀត​ឃើញ​គាត់ ហើយ​ក៏​ថា អ្នក​ឯង​ជា​ពួក​នោះ​ដែរ តែ​ពេត្រុស​ឆ្លើយ​ថា អ្នក​អើយ ខ្ញុំ​មិន​មែន​ទេ
59 រួច​ប្រហែល​ជា​១​ម៉ោង​ក្រោយ​មក​មាន​ម្នាក់​ទៀត​ថា អ្នក​នេះ​ប្រាកដ​ជា​បាន​នៅ​ជា​មួយ​នឹង​មនុស្ស​នោះ​ដែរ ដ្បិត​ជា​សាសន៍​កាលី‌ឡេ​ដូច​គ្នា
60 តែ​ពេត្រុស​ប្រកែក​ថា អ្នក​អើយ ខ្ញុំ​មិន​ដឹង​ជា​អ្នក​ថា​ដូច​ម្តេច​ទេ កាល​គាត់​កំពុង​តែ​និយាយ​នៅ​ឡើយ នោះ​ស្រាប់​តែ​មាន់​រងាវ​ឡើង
61 ហើយ​ព្រះ‌អម្ចាស់​ទ្រង់​បែរ​មក​ទត​មើល​ពេត្រុស នោះ​ពេត្រុស​ក៏​នឹក​ឃើញ​ពី​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់ ដែល​មាន​ព្រះ‌បន្ទូល​នឹង​គាត់​ថា មុន​ដែល​មាន់​រងាវ​នោះ​អ្នក​នឹង​ប្រកែក​៣​ដង​ថា មិន​ស្គាល់​ខ្ញុំ
62 រួច​គាត់​ចេញ​ទៅ​ក្រៅ​ដោយ​យំ​ក្តួល។
63 ឯ​ពួក​មនុស្ស​ដែល​រក្សា​ព្រះ‌យេស៊ូវ គេ​ចំអក​ឲ្យ ហើយ​វាយ​ទ្រង់
64 ក៏​ខ្ទប់​ព្រះ‌នេត្រ ហើយ​ទះ​កំផ្លៀង​ទ្រង់ ដោយ​ទូល​ថា ចូរ​ទាយ​ចុះ តើ​អ្នក​ណា​បាន​ទះ​ឯង
65 គេ​ក៏​ពោល​ពាក្យ​ប្រមាថ​ទ្រង់​ជា​ច្រើន​ទៅ​ទៀត​ដែរ។
66 ដល់​ព្រឹក​ឡើង នោះ​ពួក​ចាស់‌ទុំ​បណ្តា‌ជន ព្រម​ទាំង​ពួក​សង្គ្រាជ និង​ពួក​អាចារ្យ​ក៏​ប្រជុំ​គ្នា ហើយ​គេ​នាំ​ទ្រង់​មក​ក្នុង​ក្រុម‌ជំនុំ សួរ​ថា
67 បើ​ឯង​ជា​ព្រះ‌គ្រីស្ទ​មែន ចូរ​ប្រាប់​មក​យើង​ចុះ តែ​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា បើ​សិន​ជា​ខ្ញុំ​ជម្រាប​ដល់​លោក​រាល់​គ្នា នោះ​លោក​ក៏​មិន​ព្រម​ជឿ
68 ហើយ​បើ​ខ្ញុំ​សួរ​លោក​វិញ នោះ​ក៏​មិន​ព្រម​ឆ្លើយ​មក​ខ្ញុំ ឬ​លែង​ឲ្យ​ខ្ញុំ​ទៅ​ដែរ
69 អំណឹះ​ទៅ​មុខ កូន​មនុស្ស​នឹង​អង្គុយ​ខាង​ស្តាំ​ព្រះ‌ចេស្តា​នៃ​ព្រះ
70 នោះ​ទាំង​អស់​គ្នា​និយាយ​ឡើង​ថា ដូច្នេះ ឯង​ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ​ឬ​អី ទ្រង់​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា លោក​រាល់​គ្នា​មាន​ប្រសាសន៍​ដូច្នោះ នោះ​គឺ​ខ្ញុំ​នេះ​ហើយ
71 គេ​ក៏​និយាយ​ថា តើ​ចាំ​បាច់​ត្រូវ​ការ​នឹង​ទី​បន្ទាល់​អ្វី​ទៀត ព្រោះ​យើង​បាន​ឮ​ចេញ​ពី​មាត់​ខ្លួន​វា​មក​ស្រាប់​ហើយ។


ជំពូក 23

1 បណ្តា​មនុស្ស​ទាំង​អស់​គ្នា ក៏​ក្រោក​ឡើង នាំ​ទ្រង់​ទៅ​ឯ​លោក​ពីឡាត់
2 ចាប់​តាំង​ចោទ​ប្រកាន់​ទ្រង់​ថា យើង​ខ្ញុំ​បាន​ឃើញ​មនុស្ស​នេះ នាំ​បំភាន់​សាសន៍​យើង​ឲ្យ​វង្វេង​ចេញ ក៏​ហាម​មិន​ឲ្យ​បង់​ពន្ធ​ថ្វាយ​សេសារ​ផង ដោយ​លើក​ខ្លួន​ថា​ជា​ព្រះ‌គ្រីស្ទ គឺ​ជា​ស្តេច​ដែរ
3 លោក​ពីឡាត់​ក៏​ពិចារណា​សួរ​ទ្រង់​ថា តើ​អ្នក​ជា​ស្តេច​សាសន៍​យូដា​មែន​ឬ​អី ទ្រង់​ឆ្លើយ​ថា ត្រូវ​ដូច​លោក​មាន​ប្រសាសន៍​ហើយ
4 នោះ​លោក​ពីឡាត់​មាន​ប្រសាសន៍​ដល់​ពួក​សង្គ្រាជ និង​បណ្តា​មនុស្ស​ថា ខ្ញុំ​មិន​ឃើញ​ជា​មនុស្ស​នេះ​មាន​ទោស​អ្វី​សោះ
5 ប៉ុន្តែ គេ​និយាយ​ទទូច​ថា វា​ញុះ‌ញង់​បណ្តា‌ជន ហើយ​ក៏​បង្រៀន​ពេញ​ក្នុង​ស្រុក​យូដា​ទាំង​មូល ចាប់​តាំង​ពី​ស្រុក​កាលី‌ឡេ រហូត​មក​ដល់​ទី​នេះ
6 កាល​លោក​ពីឡាត់​ឮ​និយាយ​ពី​ស្រុក​កាលី‌ឡេ នោះ​លោក​សួរ​ថា មនុស្ស​នេះ​ជា​អ្នក​ស្រុក​កាលី‌ឡេ​ឬ​អី
7 លុះ​បាន​ជ្រាប​ថា ទ្រង់​នៅ​ក្នុង​អំណាច​នៃ​ស្តេច​ហេរ៉ូឌ នោះ​លោក​ក៏​បញ្ជូន​ទ្រង់​ទៅ​ឯ​ស្តេច​ហេរ៉ូឌ​ទៅ ដ្បិត​គ្រា​នោះ ស្តេច​គង់​នៅ​ក្រុង​យេរូ‌សាឡឹម​ដែរ។
8 កាល​ស្តេច​ហេរ៉ូឌ​បាន​ឃើញ​ព្រះ‌យេស៊ូវ នោះ​ក៏​អរ​ណាស់ ដ្បិត​ស្តេច​ចង់​ឃើញ​ទ្រង់​ជា​យូរ​មក​ហើយ ព្រោះ​បាន​ឮ​រឿង​ពី​ទ្រង់​ជា​ច្រើន ហើយ​បាន​សង្ឃឹម​ថា នឹង​ឃើញ​ទ្រង់​ធ្វើ​ទី​សម្គាល់​ណា​មួយ
9 នោះ​ស្តេច​មាន​ព្រះ‌បន្ទូល​សួរ​ទ្រង់​ជា​ច្រើន ប៉ុន្តែ ទ្រង់​មិន​ព្រម​ឆ្លើយ​សោះ
10 ឯ​ពួក​សង្គ្រាជ និង​ពួក​អាចារ្យ គេ​ឈរ​នៅ​ទី​នោះ​កំពុង​តែ​ចោទ​ប្រកាន់​ទ្រង់​ជា​ខ្លាំង
11 លុះ​ស្តេច​ហេរ៉ូឌ ព្រម​ទាំង​ពួក​ទាហាន បាន​ចំអក​មើល‌ងាយ​ព្រះ‌យេស៊ូវ​រួច​ហើយ នោះ​ក៏​យក​អាវ​ដ៏​រុងរឿង​មក​បំពាក់​ទ្រង់ រួច​បញ្ជូន​ត្រឡប់​ទៅ​ឯ​លោក​ពីឡាត់​វិញ
12 នៅ​ថ្ងៃ​នោះ លោក​ពីឡាត់ និង​ស្តេច​ហេរ៉ូឌ ក៏​បាន​ជា​នឹង​គ្នា ដ្បិត​ពី​មុន លោក​ទាំង​២​នោះ​បាន​ទាស់‌ទែង​គ្នា។
13 កាល​លោក​ពីឡាត់​បាន​ប្រមូល​ពួក​សង្គ្រាជ ពួក​នាម៉ឺន និង​បណ្តា​មនុស្ស​ទាំង​អស់​មក
14 នោះ​លោក​មាន​ប្រសាសន៍​ទៅ​គេ​ថា អ្នក​រាល់​គ្នា​បាន​នាំ​មនុស្ស​នេះ​មក​ឯ​ខ្ញុំ ទុក​ជា​មនុស្ស​ដែល​នាំ​បណ្តា‌ជន​ឲ្យ​វង្វេង តែ​មើល​ខ្ញុំ​បាន​ពិចារណា​សួរ​នៅ​មុខ​អ្នក​រាល់​គ្នា​ហើយ មិន​ឃើញ​ជា​មាន​ទោស​អ្វី តាម​ដែល​អ្នក​រាល់​គ្នា​ចោទ​ប្រកាន់​នោះ​សោះ
15 ទាំង​ស្តេច​ហេរ៉ូឌ​ក៏​រក​គ្មាន​ដែរ ដ្បិត​ខ្ញុំ​បាន​ឲ្យ​អ្នក​រាល់​គ្នា​ទៅ​ឯ​ទ្រង់ ហើយ​មើល​ទ្រង់​មិន​ថា​ជា​អ្នក​នេះ​មាន​ទោស​អ្វី​ដែល​គួរ​ឲ្យ​ស្លាប់​ទេ
16 ដូច្នេះ ខ្ញុំ​នឹង​គ្រាន់​តែ​វាយ​ប្រដៅ រួច​លែង​ឲ្យ​ទៅ​ចុះ
17 ដ្បិត​នៅ​បុណ្យ​នោះ លោក​ត្រូវ​តែ​លែង​អ្នក​ទោស​ម្នាក់​ឲ្យ​ដល់​គេ
18 តែ​គេ​ស្រែក​ឡើង​ព្រម​គ្នា​ថា សូម​យក​មនុស្ស​នេះ​ទៅ ហើយ​លែង​បារ៉ា‌បាស​ឲ្យ​យើង​វិញ
19 ឯ​បារ៉ា‌បាស​នេះ វា​ជាប់​គុក​ដោយ​ព្រោះ​ការ​បះ‌បោរ ដែល​វា​បង្កើត​នៅ​ក្នុង​ទី​ក្រុង ហើយ​និង​ការ​សម្លាប់​គេ
20 បាន​ជា​លោក​ពីឡាត់​មាន​ប្រសាសន៍​ទៅ​គេ​ម្តង​ទៀត ដោយ​ចង់​លែង​ព្រះ‌យេស៊ូវ​វិញ
21 ប៉ុន្តែ គេ​ស្រែក​ឡើង​ថា ឲ្យ​ឆ្កាង​វាៗ​ទៅ
22 លោក​មាន​ប្រសាសន៍​ទៅ​គេ​ជា​គម្រប់​៣​ដង​ថា តើ​មនុស្ស​នេះ​បាន​ធ្វើ​អាក្រក់​អ្វី ខ្ញុំ​មិន​ឃើញ​ជា​មាន​ហេតុ​អ្វី​គួរ​ឲ្យ​ស្លាប់​ទេ ដូច្នេះ ខ្ញុំ​នឹង​វាយ​ប្រដៅ រួច​លែង​វា​ទៅ
23 តែ​គេ​ស្រែក​ទទូច​ជា​ខ្លាំង ទាំង​សូម​ឲ្យ​ឆ្កាង​ទ្រង់​វិញ ហើយ​សម្រែក​របស់​ជន​ទាំង​នោះ និង​ពួក​សង្គ្រាជ ក៏​បាន​ឈ្នះ
24 លោក​ពីឡាត់​កាត់​សម្រេច​ទោស​តាម​គេ​សូម
25 រួច​លែង​អ្នក​នោះ​ដែល​ជាប់​គុក ដោយ​ព្រោះ​ការ​បះ‌បោរ និង​ការ​សម្លាប់​មនុស្ស ឲ្យ​ដល់​ពួក​គេ តាម​គេ​សូម ហើយ​ប្រគល់​ព្រះ‌យេស៊ូវ​ទៅ​តាម​ចិត្ត​គេ​ប្រាថ្នា​វិញ។
26 កាល​គេ​នាំ​ព្រះ‌យេស៊ូវ​ទៅ នោះ​គេ​ចាប់​មនុស្ស​សាសន៍​គីរេន​ម្នាក់ ឈ្មោះ​ស៊ីម៉ូន ដែល​កំពុង​តែ​វិល​មក​ពី​ចម្ការ ក៏​ដាក់​ឲ្យ​គាត់​លី​ឈើ​ឆ្កាង​តាម​ទ្រង់​ទៅ
27 មាន​មនុស្ស​ដើរ​តាម​ទ្រង់​ដ៏​ណែន‌ណាន់ ក៏​មាន​ពួក​ស្រីៗ ដែល​គក់​ដើម​ទ្រូង ហើយ​យំ​ទួញ​ផង
28 ព្រះ‌យេស៊ូវ​ទ្រង់​ងាក​បែរ​ទៅ មាន​ព្រះ‌បន្ទូល​នឹង​ពួក​ស្ត្រី​ទាំង​នោះ​ថា កូន​ស្រី​ក្រុង​យេរូ‌សាឡឹម​អើយ កុំ​យំ​នឹង​ខ្ញុំ​ឡើយ ឲ្យ​យំ​នឹង​ខ្លួន​អ្នក​រាល់​គ្នា ហើយ​និង​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​វិញ​ចុះ
29 ដ្បិត​មើល​នឹង​មាន​គ្រា​មក​ដល់ ដែល​គេ​នឹង​ថា មាន​ពរ​ហើយ ពួក​ស្រី​អារ និង​ពោះ​ដែល​មិន​កើត​កូន ហើយ​ដោះ​ដែល​មិន​បំបៅ​កូន
30 នៅ​គ្រា​នោះ គេ​នឹង​ចាប់​តាំង​និយាយ​ទៅ​ភ្នំ​ធំ​ថា សូម​ឲ្យ​រលំ​មក​លើ​យើង​វិញ ហើយ​ទៅ​ភ្នំ​តូច​ថា សូម​គ្រប​មក​លើ​យើង​ចុះ
31 ព្រោះ​បើ​គេ​ធ្វើ​ការ​ទាំង​នេះ ដល់​ដើម​ឈើ​ស្រស់ នោះ​តើ​នឹង​កើត​អ្វី​ដល់​ដើម​ឈើ​ស្ងួត​វិញ។
32 គេ​ក៏​នាំ​ចោរ​កំណាច ២​នាក់ ទៅ​សម្លាប់​ជា​មួយ​នឹង​ទ្រង់​ដែរ
33 កាល​មក​ដល់​កន្លែង​ដែល​ហៅ​ថា ភ្នំ​លលាដ៍​ក្បាល​ហើយ គេ​ឆ្កាង​ទ្រង់​នៅ​ទី​នោះ ព្រម​ទាំង​ចោរ​កំណាច​ផង ម្នាក់​ខាង​ស្តាំ ម្នាក់​ខាង​ឆ្វេង​ទ្រង់
34 ឯ​ព្រះ‌យេស៊ូវ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ឱ​ព្រះ‌វរ‌បិតា​អើយ សូម​អត់​ទោស​ដល់​អ្នក​ទាំង​នេះ​ផង ដ្បិត​គេ​មិន​ដឹង​ជា​គេ​ធ្វើ​អ្វី​ទេ គេ​ក៏​នាំ​គ្នា​ធ្វើ​ឆ្នោត​ចាប់​ព្រះ‌ពស្ត្រ​ទ្រង់​ចែក​គ្នា
35 ឯ​បណ្តា‌ជន​ដែល​ឈរ​មើល​និង​ពួក​នាម៉ឺន ដែល​ឈរ​ជា​មួយ ក៏​បន្តុះ​ទ្រង់​ថា វា​បាន​ជួយ​សង្គ្រោះ​មនុស្ស​ឯ​ទៀត បើ​វា​ជា​ព្រះ‌គ្រីស្ទ ជា​អ្នក​រើស​តាំង​របស់​ព្រះ​មែន នោះ​ឲ្យ​វា​ជួយ​សង្គ្រោះ​ខ្លួន​វា​ទៅ
36 ពួក​ទាហាន​ក៏​បង្អាប់​ទ្រង់​ដែរ ហើយ​គេ​យក​ទឹក‌ខ្មេះ ចូល​ទៅ​ជិត​ថ្វាយ​ទ្រង់ ដោយ​ថា
37 បើ​ឯង​ជា​ស្តេច​សាសន៍​យូដា​មែន ចូរ​ជួយ​សង្គ្រោះ​ខ្លួន​ចុះ
38 ហើយ​នៅ​ពី​លើ​ទ្រង់ មាន​អក្សរ​ជា​ភាសា​ក្រេក ឡាតាំង និង​ហេព្រើរ​ថា «នេះ​ជា​ស្តេច​សាសន៍​យូដា»។
39 រីឯ​ចោរ​កំណាច​ម្នាក់​ដែល​ជាប់​ព្យួរ វា​ប្រមាថ​មើល‌ងាយ​ដល់​ទ្រង់​ថា បើ​ឯង​ជា​ព្រះ‌គ្រីស្ទ​ពិត នោះ​ចូរ​ជួយ​សង្គ្រោះ​ខ្លួន​ឯង ហើយ​និង​យើង​ផង
40 ប៉ុន្តែ ម្នាក់​ទៀត​ឆ្លើយ​បន្ទោស​វា​ថា តើ​ឯង​មិន​ខ្លាច​ព្រះ​ទេ​ឬ​អី ដ្បិត​ឯង​ក៏​ជាប់​ទោស​ដូច​គ្នា
41 គេ​ធ្វើ​ទោស​យើង​ត្រូវ​ហើយ ដ្បិត​យើង​ត្រូវ​ទោស​ចំពោះ​ការ​ដែល​យើង​បាន​ប្រព្រឹត្ត ប៉ុន្តែ ព្រះ‌អង្គ​នេះ​មិន​បាន​ធ្វើ​ខុស​អ្វី​សោះ
42 រួច​អ្នក​នោះ​ទូល​ព្រះ‌យេស៊ូវ​ថា ព្រះ‌អម្ចាស់​អើយ កាល​ណា​ចូល​ទៅ​ក្នុង​នគរ​ទ្រង់ សូម​នឹក​ចាំ​ពី​ទូល‌បង្គំ​ផង
43 ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​ថា ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​ថា ថ្ងៃ​នេះ អ្នក​នឹង​នៅ​ក្នុង​ស្ថាន‌បរម‌សុខ​ជា​មួយ​នឹង​ខ្ញុំ​ដែរ។
44 ពេល​នោះ ប្រហែល​ជា​ថ្ងៃ​ត្រង់​ហើយ ស្រាប់​តែ​កើត​មាន​ងងឹត នៅ​គ្រប​ពេញ​លើ​ផែនដី ដរាប​ដល់​ម៉ោង​៣​រសៀល
45 ថ្ងៃ​ត្រឡប់​ទៅ​ងងឹត ហើយ​វាំង‌នន​ក្នុង​ព្រះ‌វិហារ ក៏​រហែក​ចំ​ពាក់​កណ្តាល
46 នោះ​ព្រះ‌យេស៊ូវ​ស្រែក​ឡើង​ជា​ខ្លាំង​ថា ឱ​ព្រះ‌វរ‌បិតា​អើយ ទូល‌បង្គំ​សូម​ប្រគល់​វិញ្ញាណ​ដល់​ព្រះ‌ហស្ត​ទ្រង់​វិញ កាល​មាន​ព្រះ‌បន្ទូល​ពាក្យ​ទាំង​នេះ​រួច​ហើយ នោះ​ទ្រង់​ផុត​ដង្ហើម​ទៅ។
47 កាល​មេ​ទ័ព​បាន​ឃើញ​ការ​ដែល​កើត​មក នោះ​ក៏​ពោល​សរសើរ​ដល់​ព្រះ ហើយ​ថា មនុស្ស​នេះ​សុចរិត​ពិត​មែន
48 ឯ​បណ្តា​មនុស្ស​ទាំង​ហ្វូង ដែល​ប្រជុំ​គ្នា​មើល​ការ​នោះ កាល​គេ​បាន​ឃើញ​ការ​ដែល​កើត​ឡើង​ដូច្នោះ ក៏​វិល​ទៅ​វិញ​ទាំង​គក់​ដើម​ទ្រូង​បណ្តើរ
49 ឯ​ពួក​អ្នក​ដែល​ស្គាល់​ទ្រង់ និង​ពួក​ស្រីៗ ដែល​តាម​ទ្រង់​មក​ពី​ស្រុក​កាលី‌ឡេ គេ​ក៏​ឈរ​មើល​ពី​ចម្ងាយ។
50 ហើយ​មើល​មាន​មនុស្ស​ម្នាក់​ឈ្មោះ​យ៉ូសែប ជា​ពួក​ក្រុម‌ជំនុំ ជា​មនុស្ស​ល្អ ត្រឹម​ត្រូវ សុចរិត
51 (លោក​នេះ​មិន​បាន​ចូល​ដៃ ចូល​គំនិត ជា​មួយ​នឹង​គេ​ទេ) លោក​នៅ​ឯ​អើរី‌ម៉ាថេ ជា​ភូមិ​សាសន៍​យូដា ហើយ​ក៏​រង់‌ចាំ​នគរ​ព្រះ​ដែរ
52 លោក​ទៅ​ឯ​ពីឡាត់ ដើម្បី​នឹង​សូម​ព្រះ‌សព​ព្រះ‌យេស៊ូវ
53 កាល​បាន​យក​ព្រះ‌សព​ចុះ​មក​ហើយ នោះ​ក៏​រុំ​នឹង​សំពត់​ទេស‌ឯក នាំ​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​ដាប់​ក្នុង​ថ្ម ដែល​មិន​ទាន់​មាន​បញ្ចុះ​ខ្មោច​ណា​នៅ​ឡើយ
54 ថ្ងៃ​នោះ​ជា​ថ្ងៃ​រៀប‌ចំ ហៀប​នឹង​ចូល​ថ្ងៃ​ឈប់​សម្រាក​ហើយ។
55 ឯ​ពួក​ស្រីៗ ដែល​មក​ពី​ស្រុក​កាលី‌ឡេ​ជា​មួយ​នឹង​ទ្រង់ គេ​ក៏​តាម​ទៅ​ឃើញ​ផ្នូរ និង​សណ្ឋាន​ដែល​គេ​បញ្ចុះ​ព្រះ‌សព​ទ្រង់​ដែរ
56 រួច​គេ​វិល​ទៅ​វិញ រៀប​គ្រឿង​ក្រអូប និង​ប្រេង​អប់ តែ​គេ​ឈប់​នៅ​ថ្ងៃ​ឈប់​សម្រាក តាម​បញ្ញត្ត​សិន។


ជំពូក 24

1 លុះ​ដល់​ថ្ងៃ​ទី​១​ក្នុង​អាទិត្យ កាល​ភ្លឺ​ស្រាងៗ នោះ​គេ​យក​គ្រឿង​ក្រអូប ដែល​រៀប‌ចំ​នោះ នាំ​គ្នា​ទៅ​ឯ​ផ្នូរ មាន​អ្នក​ខ្លះ​ទៀត​ទៅ​ជា​មួយ​ដែរ
2 គេ​ក៏​ឃើញ​ថ្ម​បាន​រមៀល​ចេញ​ពី​មាត់​ផ្នូរ​ហើយ
3 តែ​កាល​ចូល​ទៅ នោះ​មិន​ឃើញ​ព្រះ‌សព​ព្រះ‌អម្ចាស់​យេស៊ូវ​ទេ
4 កំពុង​ដែល​មាន​សេចក្ដី​ងឿង‌ឆ្ងល់​អំពី​ការ​នោះ ស្រាប់​តែ​ឃើញ​មាន​២​នាក់​ស្លៀក‌ពាក់​ភ្លឺ‌ព្រោង‌ព្រាយ ឈរ​ជិត​គេ
5 គេ​ក៏​ភ័យ​ស្លុត ហើយ​ក្រាប​ផ្កាប់​មុខ​នឹង​ដី រួច​អ្នក​នោះ​និយាយ​មក​គេ​ថា ហេតុ​អ្វី​បាន​ជា​មក​រក​ព្រះ‌អង្គ ដែល​មាន​ព្រះ‌ជន្ម​រស់ នៅ​ក្នុង​ទី​ខ្មោច​ស្លាប់​ដូច្នេះ
6 ទ្រង់​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​ហើយ មិន​គង់​នៅ​ទី​នេះ​ទេ ចូរ​នឹក​ចាំ​ពី​ព្រះ‌បន្ទូល ដែល​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​អ្នក​រាល់​គ្នា ក្នុង​កាល​ដែល​នៅ​ស្រុក​កាលី‌ឡេ​នៅ​ឡើយ​ថា
7 កូន​មនុស្ស​ត្រូវ​គេ​បញ្ជូន​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​មនុស្ស​មាន​បាប ឲ្យ​គេ​ឆ្កាង ហើយ​៣​ថ្ងៃ​ក្រោយ​មក​នឹង​រស់​ឡើង​វិញ
8 នោះ​គេ​ក៏​នឹក​ឃើញ​ពី​ព្រះ‌បន្ទូល​ទ្រង់
9 លុះ​វិល​មក​ពី​ផ្នូរ​វិញ នោះ​ក៏​ប្រាប់​ពី​ការ​ទាំង​នោះ​ដល់​ពួក​១១​នាក់ និង​អ្នក​ឯ​ទៀត​ទាំង​ប៉ុន្មាន​ដែរ
10 រីឯ​ពួក​ស្ត្រី​ដែល​ប្រាប់​ពី​ការ​ទាំង​នោះ​ដល់​ពួក​សាវក នោះ​គឺ ម៉ារា ពី​ស្រុក​ម៉ាក់‌ដាឡា​១ យ៉ូអាន់​១ ម៉ារា ជា​ម្តាយ​យ៉ាកុប​១ ហើយ​ស្ត្រី​ឯ​ទៀត ដែល​នៅ​ជា​មួយ​គ្នា​ផង
11 ពួក​សាវក​មិន​បាន​ជឿ​ទេ ដ្បិត​ពាក្យ​សំដី​របស់​ស្រីៗ​នោះ មើល​ទៅ​ដូច​ជា​រឿង​លេង​សុទ្ធ
12 តែ​ពេត្រុស គាត់​ក្រោក​ឡើង​រត់​ទៅ​ឯ​ផ្នូរ ក៏​ឱន​មើល​ទៅ​ឃើញ​តែ​សំពត់‌ស្នប​ទទេ រួច​វិល​ទៅ​ផ្ទះ​ទាំង​អស្ចារ្យ​ក្នុង​ចិត្ត ពី​ការ​ដែល​កើត​មាន​មក។
13 រីឯ​នៅ​ថ្ងៃ​នោះ​ឯង មាន​ពួក​សិស្ស​២​នាក់​កំពុង​តែ​ដើរ​ទៅ​ឯ​ភូមិ​អេម៉ោស ចម្ងាយ​១១​គីឡូ‌ម៉ែត្រ​ពី​ក្រុង​យេរូ‌សាឡឹម​ទៅ
14 គេ​កំពុង​តែ​និយាយ​គ្នា ពី​អស់​ទាំង​ការ​ដែល​កើត​មាន​មក​នោះ
15 កាល​គេ​កំពុង​តែ​និយាយ​គ្នា ហើយ​រិះ‌គិត​ដូច្នេះ នោះ​ព្រះ‌យេស៊ូវ​ក៏​ចូល​មក យាង​ជា​មួយ​នឹង​គេ​ដែរ
16 តែ​ភ្នែក​គេ​ត្រូវ​ថ្ពឹន មិន​ឲ្យ​ស្គាល់​ទ្រង់​ទេ
17 ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា តើ​រឿង​អ្វី ដែល​អ្នក​និយាយ​គ្នា កំពុង​ដែល​ដើរ​ទៅ ដោយ​មាន​មុខ​ស្រងូត​ដូច្នេះ
18 ឯ​ម្នាក់​ដែល​ឈ្មោះ​ក្លេវប៉ាស គាត់​ឆ្លើយ​ថា តើ​អ្នក​ស្នាក់​នៅ​ក្នុង​ក្រុង​យេរូ‌សាឡឹម​តែ​ម្នាក់​ឯង​ទេ​ឬ​អី បាន​ជា​មិន​ដឹង​ការ​ដែល​កើត​មក​នៅ​គ្រា​នេះ
19 ទ្រង់​មាន​ព្រះ‌បន្ទូល​ថា តើ​ការ​អ្វី​ហ្នឹង នោះ​គេ​ឆ្លើយ​ថា គឺ​ពី​ដំណើរ​លោក​យេស៊ូវ ពី​ស្រុក​ណា‌សារ៉ែត ជា​ហោរា ដែល​ការ​លោក​ធ្វើ និង​ពាក្យ​សំដី​របស់​លោក សុទ្ធ​តែ​មាន​ឫទ្ធិ នៅ​ចំពោះ​ព្រះ និង​បណ្តា‌ជន​ទាំង‌ឡាយ​ផង
20 ហើយ​ពី​បែប​យ៉ាង​ណា ដែល​ពួក​សង្គ្រាជ និង​ពួក​នាម៉ឺន​យើង​ខ្ញុំ បាន​បញ្ជូន​លោក​ទៅ ឲ្យ​ជាប់​ទោស​ដល់​ជីវិត ហើយ​ឆ្កាង​លោក​ផង
21 តែ​យើង​ខ្ញុំ​បាន​សង្ឃឹម​ថា គឺ​លោក​នេះ​ហើយ ជា​ព្រះ​ដែល​រៀប​នឹង​ប្រោស​លោះ​សាសន៍​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន ឥឡូវ​នេះ ក៏​មាន​ការ​នេះ​ថែម​ទៀត ដ្បិត​នេះ​គម្រប់​៣​ថ្ងៃ​ហើយ តាំង​ពី​ការ​ទាំង​នោះ​កើត​មក
22 ហើយ​មាន​ស្ត្រី​ខ្លះ​ក្នុង​ពួក​យើង​ខ្ញុំ​បាន​នាំ​ឲ្យ​ឆ្ងល់​ដែរ ដោយ​បាន​ទៅ​ឯ​ផ្នូរ​ពី​ព្រលឹម
23 តែ​រក​សព​លោក​មិន​ឃើញ​សោះ ហើយ​គេ​មក​ប្រាប់​យើង​ថា ឃើញ​ទេវតា​លេច​មក​ប្រាប់​ថា លោក​រស់​ឡើង​វិញ​ហើយ
24 មាន​ពួក​យើង​ខ្ញុំ​ខ្លះ​បាន​ទៅ​ឯ​ផ្នូរ​ដែរ ក៏​ឃើញ​ដូច​ជា​ពួក​ស្រី​បាន​ថា​មែន តែ​មិន​បាន​ឃើញ​រូប​លោក​ទេ
25 នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា ឱ​មនុស្ស​ឥត​ពិចារណា ហើយ​ក្រ​នឹង​ជឿ​អស់​ទាំង​សេចក្ដី ដែល​ពួក​ហោរា​បាន​ទាយ​ទុក​មក​អើយ
26 តើ​មិន​គួរ​ឲ្យ​ព្រះ‌គ្រីស្ទ​រង​ទុក្ខ​ទាំង​នោះ ហើយ​ចូល​ទៅ​ក្នុង​សិរី‌ល្អ​នៃ​ទ្រង់​វិញ​ទេ​ឬ​អី
27 រួច​ទ្រង់​ក៏​ស្រាយ​ន័យ​សេចក្ដី ដែល​តម្រូវ​ដល់​ទ្រង់ ពី​ក្នុង​គម្ពីរ​ទាំង‌ឡាយ ឲ្យ​គេ​ស្តាប់ ចាប់​តាំង​ពី​គម្ពីរ​លោក​ម៉ូសេ និង​គម្ពីរ​ពួក​ហោរា​រៀង​មក
28 នោះ​ក៏​ជិត​ដល់​ភូមិ​ដែល​គេ​គិត​ទៅ ហើយ​ទ្រង់​ធ្វើ​ដូច​ជា​ចង់​យាង​បង្ហួស
29 តែ​គេ​ឃាត់​ទ្រង់ ដោយ​ពាក្យ​ថា សូម​នៅ​ជា​មួយ​នឹង​យើង​ខ្ញុំ​សិន ពី​ព្រោះ​ល្ងាច ថ្ងៃ​ទាប​ណាស់​ហើយ ដូច្នេះ ទ្រង់​ក៏​យាង​ចូល​ទៅ​គង់​ជា​មួយ​នឹង​គេ
30 កាល​គង់​នៅ​តុ​ជា​មួយ​គ្នា នោះ​ទ្រង់​យក​នំបុ័ង​មក​ប្រទាន​ពរ រួច​កាច់​ប្រទាន​ទៅ​ឲ្យ​គេ
31 នោះ​ភ្នែក​គេ​បាន​បើក​ភ្លឺ​ឡើង ហើយ​គេ​បាន​ស្គាល់​ទ្រង់ តែ​ទ្រង់​បាត់​ពី​មុខ​គេ​ទៅ​ភ្លាម
32 នោះ​គេ​និយាយ​គ្នា​ថា តើ​យើង​មិន​មាន​សេចក្ដី​ខ្មួល‌ខ្មាញ់​នៅ​ក្នុង​ចិត្ត ក្នុង​ពេល​ដែល​ទ្រង់​កំពុង​តែ​មាន​ព្រះ‌បន្ទូល​នឹង​យើង ហើយ​សម្ដែង​ពី​គម្ពីរ​តាម​ផ្លូវ​នោះ​ទេ​ឬ​អី
33 នៅ​វេលា​នោះ​ឯង គេ​ក៏​ក្រោក​ឡើង​ត្រឡប់​ទៅ​ឯ​ក្រុង​យេរូ‌សាឡឹម​វិញ ឃើញ​ពួក​សាវក​១១​នាក់ និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​បាន​ប្រជុំ​គ្នា កំពុង​តែ​និយាយ​ថា
34 ព្រះ‌អម្ចាស់ ទ្រង់​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​មែន ក៏​បាន​លេច​មក​ឲ្យ​ស៊ីម៉ូន​ឃើញ
35 នោះ​គេ​ក៏​និយាយ​ប្រាប់​ពី​ការ​ដែល​កើត​មាន​មក​តាម​ផ្លូវ ហើយ​ដែល​គេ​បាន​ស្គាល់​ទ្រង់​ជាក់ ដោយ​ទ្រង់​កាច់​នំបុ័ង​ឲ្យ។
36 កាល​កំពុង​តែ​ប្រាប់​រឿង​ទាំង​នោះ ស្រាប់​តែ​ព្រះ‌យេស៊ូវ​ទ្រង់​ឈរ​នៅ​កណ្តាល​គេ មាន​ព្រះ‌បន្ទូល​ថា សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្ដី​សុខ​សាន្ត​ចុះ
37 តែ​គេ​ភ័យ​ញ័រ ទាំង​មាន​សេចក្ដី​ស្ញែង​ខ្លាច​ជា​ខ្លាំង ដោយ​ស្មាន​ថា​ជា​ខ្មោច​លង​វិញ
38 ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា ហេតុ​អ្វី​បាន​ជា​វិល‌វល់ ហើយ​សង្ស័យ​ក្នុង​ចិត្ត​ដូច្នេះ
39 ចូរ​មើល​មក​ដៃ និង​ជើង​ខ្ញុំ ឲ្យ​បាន​ដឹង​ថា នេះ​គឺ​ខ្ញុំ​ពិត​មែន ចូរ​ពាល់​ខ្ញុំ​មើល ដ្បិត​ខ្មោច​គ្មាន​សាច់​ឬ​ឆ្អឹង ដូច​ជា​ឃើញ​ខ្ញុំ​នេះ​ទេ
40 លុះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នោះ​រួច​ហើយ នោះ​ក៏​បង្ហាញ​ព្រះ‌ហស្ត និង​ព្រះ‌បាទ​ទ្រង់​ដល់​គេ
41 កាល​គេ​មិន​ទាន់​ជឿ​នៅ​ឡើយ ដោយ​ព្រោះ​មាន​សេចក្ដី​អំណរ និង​សេចក្ដី​អស្ចារ្យ នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា នៅ​ទី​នេះ អ្នក​រាល់​គ្នា​មាន​អ្វី​បរិភោគ​ឬ​ទេ
42 គេ​ក៏​យក​ត្រី​អាំង​១​ដុំ និង​សំណុំ​ឃ្មុំ​មក​ថ្វាយ​ទ្រង់
43 រួច​ទ្រង់​យក​ទៅ​សោយ​នៅ​មុខ​គេ
44 ក៏​មាន​ព្រះ‌បន្ទូល​ថា នេះ​ហើយ​ជា​សេចក្ដី​ដែល​ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា កាល​នៅ​ជា​មួយ​គ្នា​នៅ​ឡើយ គឺ​ថា ត្រូវ​តែ​សម្រេច​គ្រប់​ទាំង​សេចក្ដី​ដែល​បាន​ចែង​ទុក​ពី​ខ្ញុំ ទោះ​ក្នុង​ក្រឹត្យ‌វិន័យ​លោក​ម៉ូសេ ក្នុង​ទំនាយ​ពួក​ហោរា ឬ​ក្នុង​បទ​ទំនុក​តម្កើង​ផង
45 នោះ​ទ្រង់​ក៏​បើក​បំភ្លឺ​សតិ‌ស្មារតី​គេ ឲ្យ​បាន​យល់​ក្នុង​គម្ពីរ
46 ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា គឺ​សេចក្ដី​នេះ​ហើយ ដែល​បាន​ចែង​ទុក​មក គឺ​ថា ព្រះ‌គ្រីស្ទ​ត្រូវ​រង​ទុក្ខ​លំបាក ហើយ​នៅ​ថ្ងៃ​ទី​៣​ទ្រង់​នឹង​រស់​ពី​ស្លាប់​ឡើង​វិញ
47 ហើយ​ត្រូវ​ឲ្យ​ការ​ប្រែ​ចិត្ត និង​សេចក្ដី​ប្រោស​ឲ្យ​រួច បាន​ប្រកាស​ប្រាប់​ដល់​អស់​ទាំង​សាសន៍ ដោយ​នូវ​ព្រះ‌នាម​ទ្រង់ ចាប់​តាំង​ពី​ក្រុង​យេរូ‌សាឡឹម​ទៅ
48 អ្នក​រាល់​គ្នា​ជា​ស្មរ​បន្ទាល់​ពី​ការ​ទាំង​នេះ
49 ហើយ​មើល ខ្ញុំ​នឹង​ឲ្យ​សេចក្ដី​សន្យា​របស់​ព្រះ‌វរ‌បិតា មក​សណ្ឋិត​លើ​អ្នក​រាល់​គ្នា ចូរ​អ្នក​រាល់​គ្នា​នៅ​តែ​ក្នុង​ក្រុង​យេរូ‌សាឡឹម ដរាប​ដល់​ព្រះ‌ចេស្តា​ពី​ស្ថាន​លើ បាន​មក​គ្រប​ដណ្តប់​លើ​អ្នក​រាល់​គ្នា។
50 នោះ​ទ្រង់​នាំ​គេ​ចេញ​ទៅ​ត្រឹម​បេតថានី រួច​ទ្រង់​លើក​ព្រះ‌ហស្ត​ឡើង​ប្រទាន​ពរ​ឲ្យ
51 កំពុង​ដែល​ទ្រង់​ប្រទាន​ពរ នោះ​ព្រះ‌វរ‌បិតា​បាន​ញែក​ទ្រង់​ចេញ​ពី​គេ លើក​ឡើង​ទៅ​ស្ថាន‌សួគ៌​ទៅ
52 គេ​ក៏​ក្រាប​ថ្វាយ‌បង្គំ​ទ្រង់ រួច​ត្រឡប់​ទៅ​ឯ​ក្រុង​យេរូ‌សាឡឹម​វិញ ដោយ​អំណរ​ជា​ខ្លាំង
53 ក៏​នៅ​ក្នុង​ព្រះ‌វិហារ​ជានិច្ច ទាំង​សរសើរ ហើយ​លើក​តម្កើង​ព្រះ។ អាម៉ែន។:៚