ជំពូក 1
1 កាលដើមដំបូងមានព្រះបន្ទូល ព្រះបន្ទូលក៏គង់នៅជាមួយ នឹងព្រះ ហើយព្រះបន្ទូលនោះឯងជាព្រះ
2 ទ្រង់គង់នៅជាមួយនឹងព្រះ តាំងអំពីដើមមក
3 គ្រប់របស់ទាំងអស់បានកើតមកដោយសារទ្រង់ ហើយក្នុងបណ្តារបស់ដែលបានបង្កើតមកទាំងប៉ុន្មាន នោះគ្មានអ្វីណាមួយកើតមកក្រៅពីទ្រង់ឡើយ
4 នៅក្នុងទ្រង់មានជីវិត ហើយជីវិតនោះជាពន្លឺនៃមនុស្សលោក
5 ពន្លឺនោះក៏ភ្លឺមកក្នុងសេចក្ដីងងឹត តែសេចក្ដីងងឹតយល់មិនដល់ពន្លឺទេ ។
6 មានម្នាក់ឈ្មោះយ៉ូហាន ដែលព្រះទ្រង់ចាត់ឲ្យមក
7 អ្នកនោះបានមកសម្រាប់ជាទីបន្ទាល់ ដើម្បីនឹងធ្វើបន្ទាល់ពីពន្លឺ ប្រយោជន៍ឲ្យមនុស្សទាំងអស់បានជឿ ដោយសារគាត់
8 គាត់មិនមែនជាពន្លឺនោះទេ គឺមកគ្រាន់តែនឹងធ្វើបន្ទាល់ពីពន្លឺតែប៉ុណ្ណោះ
9 ឯពន្លឺដ៏ពិត នោះគឺជាពន្លឺដែលបំភ្លឺដល់មនុស្សទាំងអស់ ដែលកើតមកក្នុងលោកីយ៍
10 ទ្រង់បានគង់ក្នុងលោកីយ៍ ហើយលោកីយ៍ក៏កើតមកដោយសារទ្រង់ តែមិនស្គាល់ទ្រង់ទេ
11 ទ្រង់បានយាងមកគង់នៅផែនដីរបស់ទ្រង់ តែរាស្ត្រទ្រង់មិនបានទទួលទ្រង់សោះ
12 ប៉ុន្តែ អស់អ្នកណាដែលទទួលទ្រង់ គឺអស់អ្នកដែលជឿដល់ព្រះនាមទ្រង់ នោះទ្រង់បានប្រទានអំណាច ឲ្យបានត្រឡប់ជាកូនព្រះ
13 គឺជាកូនដែលមិនមែនកើតមកពីឈាម ឬតាមប្រាថ្នាខាងរូបសាច់ ឬតាមចំណង់នៃមនុស្សឡើយ គឺកើតមកអំពីព្រះវិញ។
14 ព្រះបន្ទូលក៏ត្រឡប់ជាសាច់ឈាម ហើយបានស្នាក់នៅ ជាមួយនឹងយើងរាល់គ្នា យើងរាល់គ្នាបានឃើញសិរីល្អទ្រង់ គឺជាសិរីល្អនៃព្រះរាជបុត្រាតែ១ ដែលមកពីព្រះវរបិតា មានពេញជាព្រះគុណ និងសេចក្ដីពិត
15 ឯយ៉ូហានបានធ្វើបន្ទាល់ពីទ្រង់ ដោយបន្លឺឧទានឡើងថា គឺពីព្រះអង្គនេះហើយ ដែលខ្ញុំប្រាប់ថា ព្រះអង្គដែលយាងមកក្រោយខ្ញុំ ទ្រង់បានត្រឡប់ជាមុនខ្ញុំវិញ ដ្បិតទ្រង់គង់នៅមុនខ្ញុំ
16 ហើយយើងទាំងអស់គ្នាបានទទួលអំពីសេចក្ដីពោរពេញរបស់ទ្រង់មក គឺជាព្រះគុណថែមលើព្រះគុណផង
17 ដ្បិតបណ្តាក្រឹត្យវិន័យទាំងប៉ុន្មាន បានប្រទានមក ដោយសារលោកម៉ូសេ តែឯព្រះគុណ និងសេចក្ដីពិត នោះបានមក ដោយសារព្រះយេស៊ូវគ្រីស្ទវិញ
18 គ្មានអ្នកណាដែលឃើញព្រះឡើយ មានតែព្រះរាជបុត្រាតែ១ដែលគង់នៅក្នុងឱរាព្រះវរបិតា ប៉ុណ្ណោះ ទ្រង់បានសម្ដែងឲ្យស្គាល់ព្រះអង្គ។
19 កាលពួកសាសន៍យូដាចាត់ពួកសង្ឃ និងពួកលេវីពីក្រុងយេរូសាឡឹម ឲ្យមកសួរយ៉ូហានថា តើលោកជាអ្នកណា នោះគាត់ធ្វើបន្ទាល់យ៉ាងនេះ
20 គឺគាត់ប្រាប់តាមត្រង់ ឥតមានលាក់អ្វីឡើយ ថា ខ្ញុំមិនមែនជាព្រះគ្រីស្ទទេ
21 នោះគេសួរថា ចុះលោកជាអ្នកណា ជាលោកអេលីយ៉ាឬអី គាត់ឆ្លើយថា មិនមែនទេ តើលោកជាហោរានោះឬអី នោះគាត់ឆ្លើយថា ទេ
22 ដូច្នេះ គេសួរគាត់ទៀតថា តើលោកជាអ្នកណាទៅវិញ លោកនឹងមានប្រសាសន៍ពីខ្លួនលោកដូចម្តេច ដើម្បីឲ្យយើងរាល់គ្នាបាននាំពាក្យទៅ ជម្រាបដល់លោក ដែលចាត់ឲ្យយើងខ្ញុំមកផង
23 នោះគាត់ក៏ប្រាប់ថា ខ្ញុំជាសំឡេង ដែលបន្លឺឡើងនៅទីរហោស្ថានថា «ចូរតម្រង់ផ្លូវថ្វាយព្រះអម្ចាស់» ដូចជាហោរាអេសាយបានទាយទុក
24 ឯពួកអ្នកដែលបានចាត់មកនោះ គេជាពួកផារីស៊ី
25 គេក៏សួរគាត់ថា បើលោកមិនមែនជាព្រះគ្រីស្ទ ឬលោកអេលីយ៉ា ឬហោរានោះទេ ចុះហេតុអ្វីបានជាលោកធ្វើបុណ្យជ្រមុជទឹកដូច្នេះ
26 យ៉ូហានឆ្លើយថា ឯខ្ញុំៗ ធ្វើបុណ្យជ្រមុជដោយទឹក ប៉ុន្តែ នៅកណ្តាលពួកអ្នករាល់គ្នា នោះមានព្រះ១អង្គ ដែលអ្នករាល់គ្នាមិនស្គាល់
27 គឺព្រះអង្គនោះហើយ ដែលមកក្រោយខ្ញុំ តែបានគង់នៅមុនខ្ញុំ ខ្ញុំមិនគួរនឹងស្រាយខ្សែសុព័ណ៌បាទទ្រង់ទេ
28 រីឯការទាំងនេះ បានកើតមកនៅភូមិបេតថានី ខាងនាយទន្លេយ័រដាន់ ជាកន្លែងដែលយ៉ូហានកំពុងតែធ្វើបុណ្យជ្រមុជទឹក។
29 លុះស្អែកឡើង យ៉ូហានឃើញព្រះយេស៊ូវ ដែលទ្រង់កំពុងតែយាងមកឯគាត់ នោះក៏ពោលថា នុ៎ះន៍ កូនចៀមនៃព្រះ ដែលដោះបាបមនុស្សលោក
30 គឺពីព្រះអង្គនេះហើយ ដែលខ្ញុំប្រាប់ថា ក្រោយខ្ញុំមានព្រះ១អង្គយាងមក ដែលបានត្រឡប់ជាមុនខ្ញុំ ដ្បិតទ្រង់គង់នៅមុនខ្ញុំ
31 ខ្ញុំមិនបានស្គាល់ទ្រង់ទេ តែខ្ញុំមកធ្វើបុណ្យជ្រមុជនេះ គឺដើម្បីនឹងសម្ដែងឲ្យសាសន៍អ៊ីស្រាអែលបានស្គាល់ទ្រង់ប៉ុណ្ណោះ។
32 យ៉ូហានក៏ធ្វើបន្ទាល់ថា ខ្ញុំបានឃើញព្រះវិញ្ញាណយាងចុះពីលើមេឃ មានរូបដូចជាព្រាប មកសណ្ឋិតលើទ្រង់
33 ខ្ញុំមិនបានស្គាល់ទ្រង់ទេ ប៉ុន្តែ ព្រះដែលចាត់ឲ្យខ្ញុំមកធ្វើបុណ្យជ្រមុជដោយទឹក ទ្រង់មានព្រះបន្ទូលមកខ្ញុំថា ដែលឯងឃើញព្រះវិញ្ញាណ យាងចុះមក សណ្ឋិតលើអ្នកណា គឺអ្នកនោះហើយ ដែលធ្វើបុណ្យជ្រមុជ ដោយព្រះវិញ្ញាណបរិសុទ្ធ
34 ខ្ញុំបានឃើញមែន ហើយក៏ធ្វើបន្ទាល់ពីព្រះអង្គនោះថា ទ្រង់ជាព្រះរាជបុត្រានៃព្រះពិតមែន។
35 លុះស្អែកឡើងទៀត យ៉ូហានឈរនៅជាមួយនឹងសិស្សគាត់២នាក់
36 គាត់មើលទៅព្រះយេស៊ូវ ដែលទ្រង់កំពុងតែយាងទៅ ក៏ពោលថា នុ៎ះន៍ កូនចៀមនៃព្រះ
37 សិស្សគាត់ទាំង២នាក់នោះក៏ឮដែរ រួចគេដើរតាមព្រះយេស៊ូវទៅ
38 ឯព្រះយេស៊ូវទ្រង់ងាកបែរមក ឃើញអ្នកទាំង២ កំពុងតែដើរតាម ក៏មានព្រះបន្ទូលទៅគេថា អ្នកមករកអី គេទូលឆ្លើយថា រ៉ាប៊ី (គឺប្រែថា លោកគ្រូ) តើលោកនៅឯណា
39 ទ្រង់មានព្រះបន្ទូលថា ចូរតាមខ្ញុំទៅមើល គេក៏ទៅឃើញកន្លែងដែលទ្រង់គង់នៅ រួចនៅជាមួយនឹងទ្រង់ក្នុងថ្ងៃនោះ ពេលនោះប្រហែលជាម៉ោង៤ល្ងាចហើយ
40 ក្នុងអ្នក២នាក់ ដែលឮយ៉ូហានពោលនោះហើយក៏តាមទ្រង់ទៅ នោះមានម្នាក់ឈ្មោះអនទ្រេ ជាប្អូនស៊ីម៉ូន-ពេត្រុស
41 មុនដំបូងគាត់រកស៊ីម៉ូន ជាបងបង្កើត ក៏ប្រាប់ថា យើងបានឃើញព្រះមែស្ស៊ីហើយ (គឺប្រែថាព្រះគ្រីស្ទ)
42 រួចគាត់នាំបងទៅឯព្រះយេស៊ូវ ឯទ្រង់ក៏ទតមើលគាត់ ហើយមានព្រះបន្ទូលថា អ្នកឈ្មោះស៊ីម៉ូន ជាកូនយ៉ូណាស តែត្រូវហៅថា កេផាសវិញ (គឺប្រែថា ថ្ម)។
43 លុះដល់ស្អែកឡើង ព្រះយេស៊ូវសព្វព្រះហឫទ័យចង់យាងទៅឯស្រុកកាលីឡេ ទ្រង់ក៏រកភីលីព កាលបានឃើញហើយ នោះទ្រង់មានព្រះបន្ទូលទៅគាត់ថា ចូរតាមខ្ញុំមក
44 ឯភីលីពនេះ គាត់នៅបេតសៃដា ជាទីក្រុងរបស់អនទ្រេ និងពេត្រុស
45 ភីលីពក៏រកណាថាណែល រួចប្រាប់ថា យើងបានឃើញព្រះអង្គនោះហើយ គឺជាព្រះដែលលោកម៉ូសេបានចែងទុកពីទ្រង់ នៅក្នុងក្រឹត្យវិន័យ ហើយពួកហោរាក៏បានទាយពីទ្រង់ផង ទ្រង់ព្រះនាមជា យេស៊ូវ ជាបុត្រយ៉ូសែប នៅភូមិណាសារ៉ែត
46 តែណាថាណែលនិយាយថា តើមានអ្វីដ៏ល្អ អាចចេញពីណាសារ៉ែតមកបានឬទេ ភីលីពឆ្លើយឡើងថា ចូរតាមខ្ញុំទៅមើលចុះ
47 ព្រះយេស៊ូវទ្រង់ឃើញណាថាណែលមកឯទ្រង់ ក៏មានព្រះបន្ទូលពីគាត់ថា នុ៎ះន៍ ជាសាសន៍អ៊ីស្រាអែលពិតមែន ដែលឥតមានចិត្តឧបាយ
48 នោះណាថាណែលទូលសួរថា លោកស្គាល់ខ្ញុំពីណាមក ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា មុនដែលភីលីពហៅមក កាលអ្នកនៅក្រោមដើមល្វានៅឡើយ នោះខ្ញុំបានឃើញហើយ
49 ណាថាណែលក៏ទូលទ្រង់ថា លោកគ្រូ លោកជាព្រះរាជបុត្រានៃព្រះ លោកប្រាកដជាស្តេចនៃសាសន៍អ៊ីស្រាអែលមែន
50 ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា ដោយព្រោះតែខ្ញុំបាននិយាយប្រាប់អ្នកថា ខ្ញុំឃើញអ្នកនៅក្រោមដើមល្វានោះ បានជាអ្នកជឿឬអី អ្នកនឹងឃើញការដ៏ធំវិសេស លើសជាងនេះទៅទៀត
51 រួចទ្រង់មានព្រះបន្ទូលថា ប្រាកដមែន ខ្ញុំប្រាប់អ្នកជាប្រាកដថា អ្នករាល់គ្នានឹងឃើញ មេឃបើកចំហ និងពួកទេវតានៃព្រះហោះឡើងហោះចុះលើកូនមនុស្ស។
ជំពូក 2
1 លុះ៣ថ្ងៃក្រោយមក មានវិវាហមង្គល នៅភូមិកាណា ក្នុងស្រុកកាលីឡេ ហើយមាតាព្រះយេស៊ូវក៏នៅឯណោះស្រាប់
2 គេបានអញ្ជើញព្រះយេស៊ូវ ព្រមទាំងពួកសិស្សទ្រង់ទៅឯការនោះដែរ
3 កាលស្រាទំពាំងបាយជូរអស់ហើយ នោះមាតាព្រះយេស៊ូវទូលទ្រង់ថា គេអស់ស្រាទំពាំងបាយជូរហើយ
4 តែព្រះយេស៊ូវមានព្រះបន្ទូលតបថា មាតាអើយ តើការនោះអំពល់អ្វីដល់យើង ពេលវេលាខ្ញុំមិនទាន់មកដល់នៅឡើយ
5 មាតាទ្រង់ក៏ប្រាប់ដល់ពួកបាវថា ការអ្វីដែលលោកប្រាប់ឲ្យធ្វើ នោះត្រូវធ្វើចុះ
6 រីឯនៅទីនោះ មានពាងថ្ម៦ តាមទំនៀមការលាងសម្អាតរបស់សាសន៍យូដា ពាងមួយៗនោះចំណុះទឹកបាន២ឬ៣អម្រែក
7 ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា ចូរចាក់ទឹកឲ្យពេញពាងទាំងនេះទៅ គេក៏ចាក់ទឹកពេញដល់មាត់ពាង
8 រួចទ្រង់មានព្រះបន្ទូលប្រាប់គេថា ឥឡូវនេះ ចូរដងយកទៅជូនដល់លោកជាមង្គលការចុះ គេក៏ដងយកទៅ
9 កាលអ្នកមង្គលការបានភ្លក់ទឹក ដែលបានប្រែទៅជាស្រាទំពាំងបាយជូរហើយ ឥតមានដឹងជាមកពីណា (តែពួកបាវបម្រើដែលដងទឹកនោះ គេដឹង) នោះអ្នកមង្គលការក៏ហៅប្ដីថ្មោងថ្មីមកនិយាយថា
10 មនុស្សទាំងឡាយ គេតែងតែលើកស្រាទំពាំងបាយជូរល្អមកជាមុន លុះកាលបានផឹកជាច្រើនហើយ នោះទើបលើកស្រាទំពាំងបាយជូរ ដែលមិនសូវល្អមកជាក្រោយ តែនេះ អ្នកបានទុកស្រាទំពាំងបាយជូរយ៉ាងល្អ ដរាបដល់ឥឡូវនេះវិញ
11 ព្រះយេស៊ូវ ទ្រង់ធ្វើទីសម្គាល់មុនដំបូងនេះ នៅភូមិកាណា ក្នុងស្រុកកាលីឡេ ទាំងសម្ដែងសិរីល្អរបស់ទ្រង់ ហើយពួកសិស្សក៏ជឿដល់ទ្រង់។
12 លុះក្រោយមក ទ្រង់យាងចុះទៅឯក្រុងកាពើណិម មានទាំងមាតា បងប្អូន និងពួកសិស្សទ្រង់ទៅជាមួយផង តែនៅឯណោះមិនយូរប៉ុន្មានទេ។
13 រីឯបុណ្យរំលងរបស់សាសន៍យូដាក៏ជិតដល់ នោះព្រះយេស៊ូវទ្រង់យាងឡើងទៅឯក្រុងយេរូសាឡឹម
14 កាលទ្រង់ឃើញពួកអ្នកលក់គោ លក់ចៀម លក់ព្រាប និងពួកអ្នកដូរប្រាក់ អង្គុយនៅក្នុងព្រះវិហារ
15 នោះទ្រង់ក៏យកខ្សែធ្វើជារំពាត់ ដេញគេចេញពីព្រះវិហារទាំងអស់ទៅ គឺដេញទាំងចៀម ទាំងគោ ហើយក៏ចាក់ប្រាក់របស់ពួកអ្នកដូរចេញដែរ ព្រមទាំងផ្កាប់តុគេផង
16 រួចមានព្រះបន្ទូលទៅពួកអ្នកលក់ព្រាបថា ចូរយករបស់ទាំងនេះចេញទៅ កុំឲ្យយកដំណាក់នៃព្រះវរបិតាខ្ញុំ ធ្វើជាផ្ទះជំនួញឡើយ
17 ពួកសិស្សទ្រង់ក៏នឹកឃើញពីសេចក្ដីដែលចែងទុកមកថា«សេចក្ដីឧស្សាហ៍ដល់ដំណាក់ទ្រង់ បានស៊ីបង្ហិនទូលបង្គំ»
18 ដូច្នេះ ពួកសាសន៍យូដា គេទូលសួរទ្រង់ថា ដែលលោកធ្វើយ៉ាងដូច្នេះ នោះតើនឹងសម្ដែងទីសម្គាល់ណា ឲ្យយើងខ្ញុំឃើញផង
19 ព្រះយេស៊ូវទ្រង់ឆ្លើយទៅគេថា ចូរបំផ្លាញព្រះវិហារនេះចុះ រួចក្នុងរវាង៣ថ្ងៃ ខ្ញុំនឹងសង់ឡើងវិញ
20 ដូច្នេះ ពួកសាសន៍យូដាទូលថា គេសង់ព្រះវិហារនេះ ពេញ៤៦ឆ្នាំគត់ តែលោកនឹងសង់ឡើងវិញ ក្នុងរវាង៣ថ្ងៃឬ
21 ប៉ុន្តែ គឺទ្រង់មានព្រះបន្ទូលពីព្រះវិហារ ដែលជារូបអង្គទ្រង់ទេ
22 ដូច្នេះ កាលទ្រង់មានព្រះជន្មរស់ពីស្លាប់ឡើងវិញ នោះពួកសិស្សនឹកឃើញថា ទ្រង់បានមានព្រះបន្ទូលពាក្យនោះ ហើយគេក៏ជឿគម្ពីរ និងព្រះបន្ទូលរបស់ព្រះយេស៊ូវ។
23 កាលទ្រង់គង់នៅក្រុងយេរូសាឡឹម នៅក្នុងវេលាបុណ្យរំលង នោះមានមនុស្សជាច្រើនជឿដល់ព្រះនាមទ្រង់ ដោយឃើញទីសម្គាល់ដែលទ្រង់ធ្វើមក
24 តែព្រះយេស៊ូវទ្រង់មិនទុកចិត្តនឹងគេទេ ពីព្រោះទ្រង់ស្គាល់ដល់គ្រប់ទាំងមនុស្ស
25 ហើយទ្រង់មិនត្រូវការ ឲ្យអ្នកណាធ្វើបន្ទាល់ពីមនុស្សណាទេ ដ្បិតទ្រង់ជ្រាបហើយ ពីសេចក្ដីដែលនៅក្នុងមនុស្សទាំងឡាយ។
ជំពូក 3
1 រីឯនៅក្នុងពួកផារីស៊ី មានចៅហ្វាយសាសន៍យូដាម្នាក់ ឈ្មោះនីកូដេម
2 លោកក៏មកឯព្រះយេស៊ូវទាំងយប់ ទូលថា លោកគ្រូ យើងខ្ញុំដឹងថា លោកជាគ្រូមកពីព្រះពិត ដ្បិតគ្មានអ្នកណាអាចនឹងធ្វើទីសម្គាល់ ដែលលោកធ្វើទាំងនេះបានទេ លើកតែព្រះគង់នៅជាមួយប៉ុណ្ណោះ
3 ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា ប្រាកដមែន ខ្ញុំប្រាប់អ្នកជាប្រាកដថា បើមិនបានកើតជាថ្មី នោះគ្មានអ្នកណាអាចនឹងឃើញនគរព្រះបានទេ
4 លោកនីកូដេមទូលសួរថា ធ្វើដូចម្តេចនឹងកើតឡើងបាន ក្នុងកាលដែលចាស់ហើយ តើអាចនឹងចូលទៅក្នុងពោះម្តាយម្តងទៀត ហើយកើតឡើងវិញបានឬ
5 ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា ប្រាកដមែន ខ្ញុំប្រាប់អ្នកជាប្រាកដថា បើមិនបានកើតអំពីទឹក ហើយអំពីព្រះវិញ្ញាណ នោះគ្មានអ្នកណាអាចនឹងចូលទៅក្នុងនគរព្រះបានទេ
6 របស់អ្វីដែលកើតពីសាច់ នោះជាសាច់ទេ ហើយដែលកើតពីព្រះវិញ្ញាណ នោះជាវិញ្ញាណវិញ
7 កុំឲ្យឆ្ងល់ ពីពាក្យដែលខ្ញុំប្រាប់ថា ត្រូវតែកើតជាថ្មីនោះឡើយ
8 ឯខ្យល់ ចង់បក់ទៅឯណា ក៏ចេះតែបាន ហើយអ្នកឮសូរសព្ទ តែមិនដឹងជាមកពីណា ឬទៅឯណាទេ អស់អ្នកណាដែលកើតមកពីព្រះវិញ្ញាណ នោះក៏ដូច្នោះដែរ
9 លោកនីកូដេមទូលសួរថា ធ្វើដូចម្តេចឲ្យការទាំងនេះកើតបាន
10 ព្រះយេស៊ូវទ្រង់ឆ្លើយថា អ្នកជាគ្រូនៃសាសន៍អ៊ីស្រាអែល តែមិនដឹងការទាំងនេះទេឬ
11 ប្រាកដមែន ខ្ញុំប្រាប់អ្នកជាប្រាកដថា យើងប្រាប់ពីការដែលយើងដឹង ហើយធ្វើបន្ទាល់ពីការដែលយើងបានឃើញ តែអ្នករាល់គ្នាមិនទទួលសេចក្ដីបន្ទាល់របស់យើងទេ
12 បើខ្ញុំនិយាយប្រាប់អ្នករាល់គ្នា ពីការដែលត្រូវខាងផែនដី តែអ្នករាល់គ្នាមិនជឿទៅហើយ នោះចំណង់បើខ្ញុំប្រាប់ពីការ ដែលត្រូវខាងស្ថានសួគ៌វិញ តើធ្វើដូចម្តេចនឹងឲ្យជឿទៅបាន
13 គ្មានអ្នកណាបានឡើងទៅស្ថានសួគ៌ឡើយ មានតែព្រះអង្គ ដែលយាងចុះពីស្ថានសួគ៌មកប៉ុណ្ណោះ គឺជាកូនមនុស្ស ដែលនៅស្ថានសួគ៌នោះឯង
14 ហើយដែលលោកម៉ូសេបានលើកសត្វពស់ឡើង នៅទីរហោស្ថានជាយ៉ាងណា នោះកូនមនុស្សនឹងត្រូវគេលើកលោកឡើង យ៉ាងនោះដែរ
15 ដើម្បីឲ្យអ្នកណាដែលជឿដល់កូនមនុស្ស នោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ
16 ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោកដល់ម៉្លេះ បានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែ១ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ
17 ពីព្រោះព្រះទ្រង់មិនបានចាត់ព្រះរាជបុត្រាទ្រង់ ឲ្យមកក្នុងលោកីយ៍ ដើម្បីនឹងជំនុំជម្រះលោកីយ៍នោះទេ គឺឲ្យលោកីយ៍បានសង្គ្រោះ ដោយសារទ្រង់វិញ
18 ឯអ្នកណាដែលជឿដល់ទ្រង់ នោះមិនជាប់មានទោសទេ តែអ្នកណាដែលមិនជឿវិញ នោះត្រូវមានទោសហើយ ពីព្រោះមិនបានជឿដល់ព្រះនាមនៃព្រះរាជបុត្រាតែ១របស់ព្រះ
19 ហើយទោសនេះ គឺថា ពន្លឺបានមកក្នុងលោកីយ៍ តែមនុស្សលោកចូលចិត្តនឹងសេចក្ដីងងឹតជាជាងពន្លឺ ពីព្រោះអំពើដែលគេធ្វើទាំងប៉ុន្មាន សុទ្ធតែអាក្រក់
20 ដ្បិតអ្នកណាដែលប្រព្រឹត្តអាក្រក់ នោះតែងស្អប់ដល់ពន្លឺ ហើយមិនមកឯពន្លឺទេ ក្រែងអំពើដែលខ្លួនប្រព្រឹត្តទាំងប៉ុន្មាន បានបើកឲ្យឃើញ
21 តែអ្នកណាដែលប្រព្រឹត្តតាមសេចក្ដីពិតវិញ នោះតែងមកឯពន្លឺ ដើម្បីឲ្យអំពើដែលខ្លួនប្រព្រឹត្ត បានសម្ដែងមកឲ្យដឹងថា បានធ្វើដោយនូវព្រះ។
22 ក្រោយនោះមក ព្រះយេស៊ូវ និងពួកសិស្សទ្រង់ក៏មកក្នុងស្រុកយូដា ទ្រង់គង់នៅទីនោះជាមួយនឹងគេ ព្រមទាំងធ្វើបុណ្យជ្រមុជទឹកផង
23 ឯយ៉ូហាន គាត់កំពុងតែធ្វើបុណ្យជ្រមុជទឹក នៅស្រុកអេណូន ជិតភូមិសាលិម ព្រោះនៅទីនោះមានទឹកច្រើន ហើយចេះតែមានគេមក ដើម្បីទទួលបុណ្យជ្រមុជទឹកផង
24 ដ្បិតយ៉ូហានមិនទាន់ជាប់គុកនៅឡើយ
25 វេលានោះ ពួកសិស្សយ៉ូហាន និងសាសន៍យូដាម្នាក់ កើតជជែកគ្នា ពីដំណើរលាងសម្អាត
26 រួចគេមកឯយ៉ូហានជម្រាបថា លោកគ្រូ លោកនោះដែលនៅជាមួយនឹងលោក ខាងនាយទន្លេយ័រដាន់ ដែលលោកបានធ្វើបន្ទាល់ឲ្យ មើល លោកក៏ធ្វើបុណ្យជ្រមុជដែរ ហើយបណ្តាមនុស្សទាំងប៉ុន្មាន គេទៅឯលោកវិញ
27 យ៉ូហានឆ្លើយថា គ្មានមនុស្សណាអាចនឹងទទួលអ្វីបានទេ លើកតែបានប្រទានពីស្ថានសួគ៌មកឲ្យប៉ុណ្ណោះ
28 ខ្លួនអ្នករាល់គ្នាជាទីបន្ទាល់ពីខ្ញុំ ដែលខ្ញុំថា ខ្ញុំមិនមែនជាព្រះគ្រីស្ទទេ គឺគ្រាន់តែទទួលបង្គាប់នឹងមកនាំមុខទ្រង់ប៉ុណ្ណោះ
29 អ្នកណាដែលយកប្រពន្ធ នោះឈ្មោះថាជាប្ដីហើយ ឯពួកមិត្តសំឡាញ់ ដែលឈរស្តាប់គាត់ កំពុងដែលរៀបការ នោះក៏មានសេចក្ដីអំណរអរឡើង ដោយសារសំឡេងប្ដី គឺយ៉ាងនោះឯង ដែលសេចក្ដីអំណររបស់ខ្ញុំបានពោរពេញហើយ
30 ត្រូវឲ្យព្រះអង្គនោះបានចម្រើនឡើង ហើយខ្ញុំត្រូវថយវិញចុះ
31 ព្រះអង្គដែលមកពីស្ថានលើ នោះខ្ពស់លើសទាំងអស់ ឯមនុស្សដែលនៅផែនដី នោះកើតពីផែនដីមក ហើយក៏និយាយតាមរបៀបផែនដី តែព្រះអង្គដែលយាងមកពីស្ថានសួគ៌ នោះខ្ពស់លើសជាងទាំងអស់
32 ទ្រង់ធ្វើបន្ទាល់ពីការដែលទ្រង់បានឃើញ ហើយឮ តែគ្មានអ្នកណាដែលទទួលសេចក្ដីបន្ទាល់របស់ទ្រង់ទេ
33 អ្នកណាដែលទទួលសេចក្ដីបន្ទាល់របស់ទ្រង់ នោះបានបោះត្រាយល់ព្រមថា ព្រះទ្រង់ពិតត្រង់មែន
34 ដ្បិតព្រះអង្គ ដែលព្រះបានចាត់ឲ្យមក ទ្រង់មានព្រះបន្ទូលតាមព្រះបន្ទូលនៃព្រះ ពីព្រោះព្រះទ្រង់មិនប្រទានព្រះវិញ្ញាណមក ដោយមានកម្រិតទេ
35 ឯព្រះវរបិតា ទ្រង់ស្រឡាញ់ព្រះរាជបុត្រា ហើយបានប្រគល់គ្រប់ទាំងអស់មកក្នុងព្រះហស្តទ្រង់
36 ឯអ្នកណាដែលជឿដល់ព្រះរាជបុត្រា នោះមានជីវិតដ៏នៅអស់កល្បជានិច្ចហើយ តែអ្នកណាដែលមិនព្រមជឿដល់ព្រះរាជបុត្រាវិញ នោះនឹងមិនឃើញជីវិតសោះឡើយ គឺសេចក្ដីក្រោធរបស់ព្រះ តែងនៅជាប់លើអ្នកនោះឯង។
ជំពូក 4
1 ដូច្នេះ កាលព្រះអម្ចាស់ទ្រង់ជ្រាបពីពួកផារីស៊ី ដែលគេបានឮនិយាយថា ទ្រង់បានសិស្ស ហើយក៏ធ្វើបុណ្យជ្រមុជទឹកឲ្យជាច្រើន លើសជាងយ៉ូហានទៅទៀត
2 (តែមិនមែនព្រះយេស៊ូវដែលធ្វើបុណ្យជ្រមុជព្រះអង្គទ្រង់ទេ គឺជាពួកសិស្សទ្រង់វិញ)
3 នោះទ្រង់ក៏យាងចេញពីស្រុកយូដា ត្រឡប់ទៅឯស្រុកកាលីឡេវិញ
4 ហើយទ្រង់ត្រូវតែយាងកាត់ស្រុកសាម៉ារី
5 ដូច្នេះ ទ្រង់យាងទៅដល់ក្រុង១ នៅស្រុកសាម៉ារីហៅថា ស៊ូខារ ជិតដីដែលលោកយ៉ាកុបបានឲ្យដល់យ៉ូសែប ជាកូន
6 នៅទីនោះ ក៏មានអណ្តូងយ៉ាកុប ដូច្នេះ ព្រះយេស៊ូវទ្រង់អស់កម្លាំងដោយយាងមក ក៏គង់នៅមាត់អណ្តូងនោះ ពេលនោះប្រហែលជាថ្ងៃត្រង់ហើយ
7 មានស្ត្រីសាសន៍សាម៉ារីម្នាក់មកដងទឹក ហើយព្រះយេស៊ូវមានព្រះបន្ទូលទៅនាងថា សូមឲ្យខ្ញុំផឹកផង
8 ព្រោះពួកសិស្សទ្រង់បានទៅផ្សារអស់ ដើម្បីនឹងរកទិញស្បៀងអាហារ
9 ស្ត្រីសាសន៍សាម៉ារីនោះក៏ទូលថា លោកជាសាសន៍យូដា ម្តេចឡើយក៏លោកសូមទឹកខ្ញុំពិសា ដែលខ្ញុំជាស្រីសាសន៍សាម៉ារីដូច្នេះ (នេះដ្បិតសាសន៍យូដាមិនដែលប្រកបនឹងសាសន៍សាម៉ារីទេ)
10 ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា បើសិនជានាងបានស្គាល់អំណោយទាននៃព្រះ និងអ្នកដែលនិយាយនឹងនាងថា សូមឲ្យខ្ញុំផឹកផង នោះនាងនឹងបានសូមពីអ្នកនោះវិញ រួចអ្នកនោះនឹងឲ្យទឹករស់ ដល់នាង
11 ស្ត្រីនោះក៏ទូលទ្រង់ថា លោកម្ចាស់ លោកគ្មានអ្វីនឹងដងទេ ហើយអណ្តូងក៏ជ្រៅផង ដូច្នេះ លោកបានទឹករស់នោះពីណាមក
12 តើលោកធំជាងយ៉ាកុប ជាអយ្យកោយើងខ្ញុំ ដែលឲ្យអណ្តូងនេះមកយើងខ្ញុំ ហើយទាំងខ្លួនលោក កូនចៅ និងហ្វូងសត្វរបស់លោក ក៏បានផឹកផងឬអី
13 ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា អស់អ្នកណាដែលផឹកទឹកនេះ នឹងត្រូវស្រេកទៀត
14 តែអ្នកណាដែលផឹកទឹកខ្ញុំឲ្យ នោះនឹងមិនស្រេកទៀតឡើយ ទឹកដែលខ្ញុំឲ្យ នឹងត្រឡប់ជារន្ធទឹកនៅក្នុងអ្នកនោះ ដែលផុសឡើងដល់ទៅបានជីវិតអស់កល្បជានិច្ច
15 ស្ត្រីនោះក៏ទូលទ្រង់ថា លោកម្ចាស់អើយ សូមឲ្យទឹកនោះមកខ្ញុំផង ដើម្បីកុំឲ្យខ្ញុំស្រេក ឬមកដងនៅទីនេះទៀត
16 ព្រះយេស៊ូវមានព្រះបន្ទូលថា ចូរទៅហៅប្ដីនាងមកឯណេះ
17 ស្ត្រីនោះទូលឆ្លើយថា ខ្ញុំគ្មានប្ដីទេ រួចព្រះយេស៊ូវមានព្រះបន្ទូលថា ដែលនាងថា គ្មានប្ដី នោះថាត្រូវហើយ
18 ដ្បិតនាងបានមានប្ដី៥មកហើយ ឯអ្នកដែលនៅជាមួយសព្វថ្ងៃនេះ មិនមែនជាប្ដីនាងទេ ពាក្យនោះនាងនិយាយត្រូវប្រាកដ
19 ស្ត្រីនោះទូលទ្រង់ថា លោកម្ចាស់អើយ ខ្ញុំយល់ឃើញថា លោកជាហោរា
20 ឯពួកអយ្យកោយើងខ្ញុំ បានថ្វាយបង្គំនៅលើភ្នំនេះ តែពួកលោកថា ក្រុងយេរូសាឡឹមជាកន្លែងដែលត្រូវថ្វាយបង្គំវិញ
21 ព្រះយេស៊ូវមានព្រះបន្ទូលថា នាងស្រីអើយ ចូរជឿខ្ញុំថា នឹងមានពេលវេលាមក ដែលអ្នករាល់គ្នានឹងមិនថ្វាយបង្គំព្រះវរបិតា នៅលើភ្នំនេះ ឬនៅក្រុងយេរូសាឡឹមទេ
22 អ្នករាល់គ្នាមិនដឹងជាខ្លួនថ្វាយបង្គំអ្វីទេ ឯយើងវិញ យើងស្គាល់ព្រះដែលយើងថ្វាយបង្គំ ដ្បិតសេចក្ដីសង្គ្រោះកើតមកពីសាសន៍យូដា
23 តែនឹងមានពេលវេលាមក ក៏នៅឥឡូវនេះហើយ នោះពួកអ្នកដែលថ្វាយបង្គំដោយពិតត្រង់ គេនឹងថ្វាយបង្គំព្រះវរបិតាដោយវិញ្ញាណ និងសេចក្ដីពិត ពីព្រោះព្រះវរបិតា ទ្រង់រកពួកអ្នកយ៉ាងនោះ ឲ្យបានថ្វាយបង្គំទ្រង់
24 ឯព្រះទ្រង់ជាវិញ្ញាណ ហើយអ្នកណាដែលថ្វាយបង្គំទ្រង់ នោះត្រូវតែថ្វាយបង្គំ ដោយវិញ្ញាណ និងសេចក្ដីពិតដែរ
25 ស្ត្រីនោះទូលទ្រង់ថា ខ្ញុំដឹងហើយថា ព្រះមែស្ស៊ី ដែលហៅជាព្រះគ្រីស្ទ ទ្រង់នឹងយាងមក កាលណាមកហើយ នោះទ្រង់នឹងប្រាប់ឲ្យយើងខ្ញុំដឹងគ្រប់ទាំងអស់
26 ព្រះយេស៊ូវមានព្រះបន្ទូលថា នោះគឺខ្ញុំនេះហើយ ដែលនិយាយនឹងនាង។
27 ខណៈនោះ ពួកសិស្សទ្រង់មកដល់ ក៏នឹកប្លែកពីទ្រង់មានព្រះបន្ទូលនឹងស្ត្រីនោះ ប៉ុន្តែ គ្មានអ្នកណាទូលសួរថា ទ្រង់សួររកអ្វី ឬថា ទ្រង់មានព្រះបន្ទូលនឹងស្ត្រីនេះធ្វើអីនោះទេ
28 ឯស្ត្រីនោះ នាងទុកក្អមចោល ក៏ចូលក្នុងក្រុងដំណាលប្រាប់គេថា
29 ចូរមកមើល មានមនុស្សម្នាក់ ដែលប្រាប់ខ្ញុំពីគ្រប់អំពើទាំងអស់ ដែលខ្ញុំបានប្រព្រឹត្ត តើអ្នកនោះមិនមែនជាព្រះគ្រីស្ទទេឬអី
30 គេក៏ចេញពីទីក្រុងទៅឯទ្រង់។
31 ក្នុងរវាងនោះ ពួកសិស្សទូលទ្រង់ថា លោកគ្រូ អញ្ជើញពិសា
32 តែទ្រង់មានព្រះបន្ទូលថា ខ្ញុំមានអាហារសម្រាប់ទទួលទានហើយ គឺជាអាហារដែលអ្នករាល់គ្នាមិនស្គាល់
33 ដូច្នេះ ពួកសិស្សសួរគ្នាទៅវិញទៅមកថា មានអ្នកណាយកអ្វីមកជូនលោកពិសាដែរឬអី
34 នោះព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា ឯអាហារខ្ញុំ គឺត្រង់ដែលខ្ញុំធ្វើតាមព្រះហឫទ័យនៃព្រះ ដែលចាត់ឲ្យខ្ញុំមក ព្រមទាំងបង្ហើយការរបស់ទ្រង់នោះឯង
35 តើអ្នករាល់គ្នាមិនថា នៅ៤ខែទៀត ទើបដល់រដូវចម្រូូតទេឬអី ខ្ញុំប្រាប់អ្នករាល់គ្នាថា ចូរងើបឡើងមើលទៅស្រែមើល ដ្បិតបានក្រហមល្មមច្រូតហើយ
36 អ្នកណាដែលច្រូត នោះបានរង្វាន់ ក៏ប្រមូលផលសម្រាប់ជីវិតដ៏នៅអស់កល្បជានិច្ច ដើម្បីឲ្យអ្នកដែលព្រោះ និងអ្នកដែលច្រូត បានអរសប្បាយផងគ្នា
37 ដ្បិតចំពោះដំណើរនេះ នោះពាក្យទំនៀមនេះត្រូវណាស់ថា ម្នាក់ព្រោះ ម្នាក់ទៀតច្រូត
38 ខ្ញុំបានចាត់អ្នករាល់គ្នាទៅច្រូតចម្រូូត ដែលមិនបាននឿយនឹងធ្វើសោះ មានអ្នកឯទៀតបាននឿយហត់ ហើយអ្នករាល់គ្នាបានចូលទៅក្នុងការរបស់គេ។
39 នៅក្រុងនោះ ក៏មានសាសន៍សាម៉ារីជាច្រើន បានជឿដល់ទ្រង់ ដោយព្រោះពាក្យដែលស្ត្រីនោះធ្វើបន្ទាល់ថា លោកប្រាប់ខ្ញុំពីគ្រប់អំពើទាំងអស់ដែលខ្ញុំបានប្រព្រឹត្ត
40 ដូច្នេះ កាលពួកសាសន៍សាម៉ារីបានមកដល់ទ្រង់ហើយ នោះគេសូមទ្រង់ឲ្យនៅជាមួយនឹងគេ ទ្រង់ក៏គង់នៅទីនោះអស់២ថ្ងៃ
41 ហើយមានមនុស្សជាច្រើនទៀតបានជឿ ដោយសារព្រះបន្ទូលទ្រង់
42 រួចគេនិយាយទៅស្ត្រីនោះថា ឥឡូវនេះ យើងជឿ មិនមែនដោយព្រោះពាក្យសំដីរបស់អ្នកទៀតទេ គឺជឿដោយព្រោះបានឮទ្រង់ផ្ទាល់ខ្លួនយើងវិញ ហើយយើងដឹងថា ទ្រង់ជាព្រះគ្រីស្ទ ជាព្រះដ៏ជួយសង្គ្រោះមនុស្សលោកពិតប្រាកដមែន។
43 កន្លង២ថ្ងៃនោះមក ព្រះយេស៊ូវក៏ចេញពីទីនោះ ទៅឯស្រុកកាលីឡេវិញ
44 ដ្បិតទ្រង់ធ្វើបន្ទាល់ដោយព្រះអង្គទ្រង់ថា គេមិនរាប់អានហោរា នៅក្នុងស្រុករបស់ខ្លួនទេ
45 ដូច្នេះ កាលទ្រង់បានយាងមកដល់ស្រុកកាលីឡេហើយ នោះពួកអ្នកនៅស្រុកនោះក៏ទទួលទ្រង់ ដោយបានឃើញអស់ទាំងការដែលទ្រង់ធ្វើ នៅក្រុងយេរូសាឡឹម ក្នុងវេលាបុណ្យ ពីព្រោះគេក៏បានទៅឯបុណ្យនោះដែរ។
46 រួចមក ទ្រង់យាងមកដល់ភូមិកាណា ក្នុងស្រុកកាលីឡេម្តងទៀត គឺនៅភូមិនោះហើយ ដែលទ្រង់ធ្វើទឹកឲ្យប្រែទៅជាស្រាទំពាំងបាយជូរ នោះមាននាម៉ឺនម្នាក់ មានកូនឈឺ នៅឯកាពើណិម
47 កាលលោកបានឮថា ព្រះយេស៊ូវបានយាងពីស្រុកយូដាមកដល់ស្រុកកាលីឡេហើយ នោះលោកក៏ទៅសូមទ្រង់ ឲ្យយាងចុះទៅប្រោសកូនឲ្យជា ដ្បិតកូននោះជិតស្លាប់ហើយ
48 ព្រះយេស៊ូវទ្រង់មានព្រះបន្ទូលទៅលោកថា បើអ្នករាល់គ្នាមិនឃើញទីសម្គាល់ និងការអស្ចារ្យ នោះមិនព្រមជឿទេ
49 នាម៉ឺននោះទូលទ្រង់ថា លោកម្ចាស់ សូមអញ្ជើញចុះទៅជាប្រញាប់ ក្រែងកូនខ្ញុំស្លាប់
50 ព្រះយេស៊ូវមានព្រះបន្ទូលទៅលោកថា អញ្ជើញទៅចុះ កូនលោកនឹងរស់នៅទេ លោកក៏ជឿព្រះបន្ទូលនៃព្រះយេស៊ូវ ហើយចេញទៅ
51 កំពុងដែលលោកចុះទៅ ស្រាប់តែពួកបាវលោកមកជម្រាបថា កូនលោកជាហើយ
52 ដូច្នេះ លោកក៏សួរគេ ពីពេលណាដែលកូនបានគ្រាន់បើ គេជម្រាបថា បាត់គ្រុនពីម៉ោង១ម្សិលមិញ
53 នោះឪពុកបានដឹងថា គឺជាពេលនោះឯង ដែលព្រះយេស៊ូវមានព្រះបន្ទូលថា កូនរស់នៅទេ ហើយលោកក៏ជឿ ព្រមទាំងពួកផ្ទះលោកទាំងអស់ដែរ
54 នេះជាទីសម្គាល់ទី២ ដែលព្រះយេស៊ូវទ្រង់ធ្វើ ក្នុងកាលដែលទ្រង់យាងត្រឡប់ពីស្រុកយូដា មកក្នុងស្រុកកាលីឡេវិញ។
ជំពូក 5
1 ក្រោយនោះមក មានបុណ្យ១របស់សាសន៍យូដា ហើយព្រះយេស៊ូវទ្រង់យាងឡើងទៅឯក្រុងយេរូសាឡឹម
2 រីឯនៅក្រុងយេរូសាឡឹម ជិតទ្វារចៀម នោះមានស្រះ១ ដែលភាសាហេព្រើរ ហៅថា បេថែសដា មានសាលាសំណាក់៥
3 មានមនុស្សសន្ធឹកដេកនៅក្នុងសាលាទាំងនោះ ខ្លះឈឺ ខ្លះខ្វាក់ ខ្លះខ្វិន ខ្លះស្វិត គេរង់ចាំទឹកកម្រើកឡើង
4 ដ្បិតជួនណាមានទេវតាចុះមកកូរទឹកក្នុងស្រះនោះ លុះក្រោយដែលបានកូរស្រេចហើយ នោះអ្នកណាដែលចុះទៅមុនគេ ក៏បានជាស្អាត ទោះបើឈឺរោគអ្វីក៏ដោយ
5 នៅទីនោះ មានមនុស្សម្នាក់ដែលឈឺ៣៨ឆ្នាំមកហើយ
6 កាលព្រះយេស៊ូវឃើញគាត់ដេកនៅ ហើយបានជ្រាបថា គាត់នៅយ៉ាងនោះជាយូរមកហើយ នោះទ្រង់មានព្រះបន្ទូលថា តើអ្នកចង់បានជាឬទេ
7 អ្នកជំងឺនោះទូលឆ្លើយថា លោកម្ចាស់អើយ ខ្ញុំគ្មានអ្នកណានឹងដាក់ខ្ញុំទៅក្នុងស្រះ ក្នុងកាលដែលទឹកបានកម្រើកឡើងនោះទេ ហើយកំពុងដែលខ្ញុំចុះទៅ នោះក៏មានម្នាក់ទៀតចុះទៅមុនខ្ញុំ
8 ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា ចូរក្រោកឡើង យកគ្រែអ្នកដើរទៅ
9 ស្រាប់តែអ្នកនោះបានជាភ្លាម ក៏យកគ្រែដើរទៅ ឯថ្ងៃនោះ ជាថ្ងៃឈប់សម្រាក
10 ដូច្នេះ ពួកសាសន៍យូដា គេស្តីឲ្យអ្នកដែលបានជាថា ថ្ងៃនេះជាថ្ងៃឈប់សម្រាក អ្នកគ្មានច្បាប់នឹងលីគ្រែទៅទេ
11 គាត់ឆ្លើយទៅគេថា លោកដែលធ្វើឲ្យខ្ញុំជា លោកបង្គាប់ថា ចូរយកគ្រែឯងដើរទៅ
12 នោះគេសួរគាត់ថា តើអ្នកណាបានប្រាប់ឲ្យអ្នកយកគ្រែដើរទៅដូច្នេះ
13 តែអ្នកដែលបានជាមិនស្គាល់ជាអ្នកណាទេ ពីព្រោះព្រះយេស៊ូវទ្រង់យាងទៅបាត់ហើយ ក៏មានមនុស្សសន្ធឹកនៅទីនោះដែរ
14 ក្រោយនោះមក ព្រះយេស៊ូវឃើញគាត់នៅក្នុងព្រះវិហារ ក៏មានព្រះបន្ទូលទៅថា មើល ឥឡូវអ្នកបានជាហើយ កុំឲ្យធ្វើបាបទៀត ក្រែងអ្នកកើតមានសេចក្ដីអាក្រក់ជាងនេះទៅទៀត
15 មនុស្សនោះក៏ចេញទៅប្រាប់ដល់ពួកសាសន៍យូដា ឲ្យដឹងថាជាព្រះយេស៊ូវ ដែលប្រោសឲ្យខ្លួនបានជា
16 ហេតុនោះបានជាពួកសាសន៍យូដា គេបៀតបៀនដល់ព្រះយេស៊ូវ ហើយរកសម្លាប់ទ្រង់ ដោយព្រោះទ្រង់ធ្វើការនោះ នៅថ្ងៃឈប់សម្រាក
17 ប៉ុន្តែ ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា ព្រះវរបិតាខ្ញុំ ទ្រង់ធ្វើការដរាបមកដល់ឥឡូវនេះ ហើយខ្ញុំក៏ធ្វើការដែរ
18 ដោយហេតុពាក្យនោះ បានជាពួកសាសន៍យូដា គេរកសម្លាប់ទ្រង់រឹតតែខ្លាំងឡើង ពីព្រោះទ្រង់មិនមែនគ្រាន់តែរំលងច្បាប់នៃថ្ងៃឈប់សម្រាកតែប៉ុណ្ណោះ គឺបានទាំងហៅព្រះ ថាជាព្រះវរបិតានៃទ្រង់ថែមទៀត ហើយលើកអង្គទ្រង់ស្មើនឹងព្រះផង។
19 ដូច្នេះ ព្រះយេស៊ូវទ្រង់មានព្រះបន្ទូលឆ្លើយទៅគេថា ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ព្រះរាជបុត្រាពុំអាចនឹងធ្វើការអ្វី ដោយព្រះអង្គទ្រង់បានទេ ធ្វើបានតែការអ្វីដែលឃើញព្រះវរបិតាធ្វើ ដ្បិតការអ្វីដែលព្រះវរបិតាធ្វើ នោះព្រះរាជបុត្រាក៏ធ្វើដូច្នោះដែរ
20 ពីព្រោះព្រះវរបិតាទ្រង់ស្រឡាញ់ព្រះរាជបុត្រា ហើយក៏បង្ហាញឲ្យព្រះរាជបុត្រាឃើញអស់ទាំងការដែលទ្រង់ធ្វើដែរ ទ្រង់នឹងបង្ហាញឲ្យឃើញការធំ លើសជាងការទាំងនេះទៅទៀត ដើម្បីឲ្យអ្នករាល់គ្នាមានសេចក្ដីអស្ចារ្យ
21 ដ្បិតដែលព្រះវរបិតាទ្រង់ប្រោសមនុស្សស្លាប់ ឲ្យមានជីវិតរស់ឡើងវិញយ៉ាងណា នោះព្រះរាជបុត្រានឹងប្រោសដល់អ្នកណា ដែលទ្រង់សព្វព្រះហឫទ័យក៏យ៉ាងដូច្នោះដែរ
22 ព្រះវរបិតាទ្រង់មិនជំនុំជម្រះអ្នកណាទេ ទ្រង់បានប្រគល់គ្រប់ការជំនុំជម្រះដល់ព្រះរាជបុត្រាវិញ
23 ដើម្បីឲ្យមនុស្សទាំងអស់បានគោរពប្រតិបត្តិដល់ព្រះរាជបុត្រា ដូចជាគោរពប្រតិបត្តិដល់ព្រះវរបិតាដែរ អ្នកណាដែលមិនគោរពប្រតិបត្តិដល់ព្រះរាជបុត្រា នោះក៏មិនគោរពប្រតិបត្តិដល់ព្រះវរបិតា ដែលចាត់ឲ្យទ្រង់មកដែរ។
24 ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកណាដែលស្តាប់ពាក្យខ្ញុំ ហើយជឿដល់ព្រះអង្គ ដែលចាត់ឲ្យខ្ញុំមក អ្នកនោះមានជីវិតដ៏នៅអស់កល្បជានិច្ច ហើយមិនដែលត្រូវជំនុំជម្រះឡើយ គឺបានកន្លងហួសពីសេចក្ដីស្លាប់ ទៅដល់ជីវិតវិញ
25 ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា នឹងមានពេលវេលាមក ក៏មកដល់ហើយ ដែលមនុស្សស្លាប់នឹងឮសំឡេងព្រះរាជបុត្រានៃព្រះ ហើយអស់អ្នកណាដែលឮនឹងបានរស់វិញ
26 ពីព្រោះដែលព្រះវរបិតាមានជីវិតក្នុងព្រះអង្គទ្រង់យ៉ាងណា នោះទ្រង់ក៏បានប្រទានឲ្យព្រះរាជបុត្រាមានជីវិត ក្នុងព្រះអង្គទ្រង់យ៉ាងនោះដែរ
27 ហើយបានប្រទានអំណាចមកទ្រង់ ឲ្យជំនុំជម្រះផង ពីព្រោះទ្រង់ជាកូនមនុស្ស
28 កុំឲ្យឆ្ងល់ពីសេចក្ដីនេះឡើយ ដ្បិតមានពេលវេលាមក ដែលអស់ទាំងខ្មោចនៅក្នុងផ្នូរនឹងឮសំឡេងទ្រង់ ហើយនិងចេញមក
29 គឺពួកអ្នកដែលបានប្រព្រឹត្តល្អ គេនឹងរស់ឡើងវិញឲ្យបានជីវិត ឯពួកអ្នកដែលបានប្រព្រឹត្តអាក្រក់វិញ គេនឹងរស់ឡើង ឲ្យជាប់មានទោស។
30 ខ្ញុំពុំអាចនឹងធ្វើការអ្វី ដោយខ្លួនខ្ញុំបានទេ ខ្ញុំជំនុំជម្រះតាមដែលខ្ញុំឮ ហើយសេចក្ដីជំនុំជម្រះរបស់ខ្ញុំក៏សុចរិត ពីព្រោះខ្ញុំមិនរកតាមតែចិត្តខ្ញុំទេ គឺតាមព្រះហឫទ័យនៃព្រះវិញ ដែលទ្រង់ចាត់ឲ្យខ្ញុំមក។
31 បើសិនជាខ្ញុំធ្វើបន្ទាល់ពីខ្លួនខ្ញុំ នោះសេចក្ដីបន្ទាល់របស់ខ្ញុំមិនពិតទេ
32 មានម្នាក់ទៀតដែលធ្វើបន្ទាល់ពីខ្ញុំ ហើយខ្ញុំដឹងថា សេចក្ដីបន្ទាល់ ដែលអ្នកនោះធ្វើពីខ្ញុំក៏ពិតប្រាកដមែន
33 អ្នករាល់គ្នាបានចាត់គេឲ្យទៅឯលោកយ៉ូហាន លោកក៏ធ្វើបន្ទាល់តាមសេចក្ដីពិត
34 ប៉ុន្តែ សេចក្ដីបន្ទាល់ដែលខ្ញុំទទួល នោះមិនមែនមកពីមនុស្សទេ ខ្ញុំគ្រាន់តែនិយាយសេចក្ដីទាំងនេះ ប្រយោជន៍ឲ្យអ្នករាល់គ្នាបានសង្គ្រោះប៉ុណ្ណោះ
35 ឯលោកយ៉ូហាន លោកជាចង្កៀងដែលឆេះ ហើយភ្លឺ អ្នករាល់គ្នាក៏ចូលចិត្ត ឲ្យបានអរសប្បាយក្នុងពន្លឺរបស់លោក ក្នុង១គ្រានោះដែរ
36 ប៉ុន្តែ ខ្ញុំមានទីបន្ទាល់ វិសេសជាងទីបន្ទាល់របស់លោកយ៉ូហានទៅទៀត ពីព្រោះការទាំងប៉ុន្មាន ដែលព្រះវរបិតាបានប្រគល់មកឲ្យខ្ញុំធ្វើបង្ហើយ គឺការដែលខ្ញុំធ្វើទាំងប៉ុន្មាននេះឯង នោះបានធ្វើបន្ទាល់ពីខ្ញុំហើយ ថាព្រះវរបិតាបានចាត់ឲ្យខ្ញុំមក
37 ឯព្រះវរបិតា ដែលចាត់ឲ្យខ្ញុំមក ទ្រង់ក៏ធ្វើបន្ទាល់ពីខ្ញុំដែរ អ្នករាល់គ្នាមិនដែលឮសំឡេងទ្រង់ឡើយ ក៏មិនដែលឃើញរូបអង្គទ្រង់ផង
38 អ្នករាល់គ្នាគ្មានព្រះបន្ទូលទ្រង់នៅក្នុងខ្លួនសោះ ពីព្រោះអ្នករាល់គ្នាមិនជឿដល់ព្រះអង្គ ដែលទ្រង់ចាត់ឲ្យមកនេះ
39 អ្នករាល់គ្នាស្ទង់មើលគម្ពីរ ដោយស្មានថា បានជីវិតដ៏នៅអស់កល្បជានិច្ចអំពីគម្ពីរនោះមក គឺជាគម្ពីរនោះឯងដែលធ្វើបន្ទាល់ពីខ្ញុំ
40 តែអ្នករាល់គ្នាមិនសុខចិត្តមកឯខ្ញុំ ឲ្យបានជីវិតទេ។
41 ខ្ញុំមិនទទួលកិត្តិសព្ទអំពីមនុស្សទេ
42 ខ្ញុំស្គាល់អ្នករាល់គ្នាហើយ ថាគ្មានសេចក្ដីស្រឡាញ់របស់ព្រះ នៅក្នុងខ្លួនអ្នករាល់គ្នាសោះ
43 ខ្ញុំបានមកដោយនូវព្រះនាមរបស់ព្រះវរបិតាខ្ញុំ តែអ្នករាល់គ្នាមិនទទួលខ្ញុំទេ បើសិនជាមានអ្នកណាទៀតមក ដោយនូវឈ្មោះរបស់ខ្លួនគេ នោះអ្នករាល់គ្នានឹងទទួលអ្នកនោះវិញ
44 ធ្វើដូចម្តេចឲ្យអ្នករាល់គ្នាជឿបាន ដែលទទួលកិត្តិសព្ទតែពីគ្នាឯង ឥតស្វែងរកកិត្តិសព្ទ ដែលមកពីព្រះអង្គដ៏ជាព្រះតែ១អង្គទ្រង់ដូច្នេះ
45 កុំឲ្យស្មានថា ខ្ញុំនឹងប្តឹងដល់ព្រះវរបិតាពីអ្នករាល់គ្នានោះឡើយ មានម្នាក់ដែលប្តឹងពីអ្នករាល់គ្នាហើយ គឺជាលោកម៉ូសេ ដែលអ្នករាល់គ្នាយកជាទីសង្ឃឹម
46 បើសិនជាអ្នករាល់គ្នាជឿដល់លោកម៉ូសេពិត នោះនឹងបានជឿដល់ខ្ញុំដែរ ពីព្រោះលោកបានចែងទុកពីខ្ញុំ
47 ប៉ុន្តែ បើអ្នករាល់គ្នាមិនជឿសេចក្ដី ដែលលោកបានចែងទុកមកទេ នោះធ្វើដូចម្តេចឲ្យជឿពាក្យខ្ញុំទៅបាន។
ជំពូក 6
1 លុះក្រោយមក ព្រះយេស៊ូវទ្រង់ឆ្លងសមុទ្រកាលីឡេ គឺជាសមុទ្រទីបេរាស
2 ហើយមានហ្វូងមនុស្សជាធំតាមទ្រង់ទៅ ដោយបានឃើញទីសម្គាល់ទាំងប៉ុន្មាន ដែលទ្រង់ប្រោសដល់ពួកជំងឺ
3 នោះព្រះយេស៊ូវទ្រង់យាងឡើងទៅលើភ្នំ គង់ជាមួយនឹងពួកសិស្សនៅទីនោះ
4 រីឯបុណ្យរំលង ជាបុណ្យរបស់សាសន៍យូដា ក៏ជិតដល់ហើយ
5 ឯព្រះយេស៊ូវទ្រង់ងើបព្រះនេត្រឡើង ឃើញមនុស្សកកកុញមកឯទ្រង់ នោះទ្រង់មានព្រះបន្ទូលទៅភីលីពថា យើងនឹងទិញនំបុ័ងពីណាមក ឲ្យមនុស្សទាំងអស់នេះបានបរិភោគ
6 ទ្រង់មានព្រះបន្ទូលសួរដូច្នេះ ដើម្បីនឹងល្បងលគាត់ទេ ព្រោះទ្រង់ជ្រាបការ ដែលទ្រង់គិតធ្វើហើយ
7 ភីលីពទូលឆ្លើយថា ទោះបើទិញនំបុ័ងអស់៤០រៀល ក៏មិនគ្រាន់ឲ្យគ្រប់គ្នា សូម្បីតែបន្តិចបន្តួចផង
8 មានសិស្សទ្រង់ម្នាក់ ឈ្មោះអនទ្រេ ជាប្អូនស៊ីម៉ូន-ពេត្រុស គាត់ទូលទ្រង់ថា
9 នៅទីនេះមានក្មេងម្នាក់ មាននំបុ័ងម្សៅឱក៥ និងត្រីតូច២ ប៉ុន្តែ ដែលមានប៉ុណ្ណោះ តើមានប្រយោជន៍អ្វី ដល់មនុស្សច្រើនទាំងម៉្លេះ
10 ព្រះយេស៊ូវមានព្រះបន្ទូលថា ចូរឲ្យមនុស្សទាំងអស់អង្គុយទៅ រីឯនៅទីនោះ មានស្មៅច្រើន ដូច្នេះ គេក៏នាំគ្នាអង្គុយ មានចំនួនប្រហែលជា៥ពាន់នាក់
11 រួចព្រះយេស៊ូវទ្រង់យកនំបុ័ងនោះអរព្រះគុណ រួចចែកទៅឲ្យពួកសិស្ស គេក៏ចែកដល់ពួកអ្នកដែលអង្គុយ បានចែកទាំងត្រីតូចនោះបែបដូច្នោះដែរ តាមតែគេចង់បាន
12 លុះគេបានឆ្អែតគ្រប់គ្នាហើយ នោះទ្រង់មានព្រះបន្ទូលទៅពួកសិស្សថា ចូរប្រមូលចំណិតដែលសល់នៅ ដើម្បីកុំឲ្យបាត់អ្វីឡើយ
13 ក្រោយដែលបរិភោគរួចហើយ នោះគេប្រមូលចំណិតនំបុ័ងម្សៅឱក ដែលសល់ពី៥ដុំនោះ ដាក់ពេញបាន១២កន្ត្រក
14 កាលមនុស្សទាំងប៉ុន្មានបានឃើញទីសម្គាល់ ដែលព្រះយេស៊ូវធ្វើនោះ គេក៏និយាយថា លោកនេះប្រាកដជាហោរានោះ ដែលត្រូវមកក្នុងលោកីយ៍មែន
15 ដូច្នេះ ព្រះយេស៊ូវក៏ថយឡើងទៅលើភ្នំ តែ១អង្គទ្រង់វិញទៀត ពីព្រោះទ្រង់ជ្រាបថា គេគិតមកចាប់ទ្រង់ដោយកម្លាំង ដើម្បីនឹងតាំងឡើងជាស្តេច។
16 លុះព្រលប់ហើយ ពួកសិស្សទ្រង់ចុះទៅឯសមុទ្រ
17 ក៏ចុះទូកឆ្លងទៅកាពើណិម ពេលនោះងងឹតហើយ តែព្រះយេស៊ូវមិនទាន់មកដល់នៅឡើយ
18 សមុទ្រក៏មានរលក បោកដោយខ្យល់បក់ជាខ្លាំង
19 កាលគេបានចែវទៅប្រហែលជា៥ ឬ៦គីឡូម៉ែត្រហើយ នោះស្រាប់តែគេឃើញព្រះយេស៊ូវ ទ្រង់យាងលើសមុទ្រមកជិតទូក ហើយគេមានសេចក្ដីភ័យខ្លាច
20 តែទ្រង់មានព្រះបន្ទូលថា កុំភ័យអី គឺខ្ញុំទេតើ
21 នោះគេក៏ព្រមទទួលទ្រង់មកក្នុងទូក ស្រាប់តែទូកបានដល់ស្រុកដែលគេប៉ងនឹងទៅ។
22 ស្អែកឡើង កាលហ្វូងមនុស្ស ដែលនៅត្រើយសមុទ្រម្ខាង បានឃើញថា នៅទីនោះគ្មានទូកណាទៀត ក្រៅពីទូក១ ដែលពួកសិស្សទ្រង់បានជិះ ហើយថា ព្រះយេស៊ូវមិនបានជិះទូកនោះ ទៅជាមួយនឹងពួកសិស្សទេ គឺពួកសិស្សបានចេញទៅតែគ្នាគេ
23 (ប៉ុន្តែ មានទូកខ្លះទៀត មកពីស្រុកទីបេរាស ជិតកន្លែងដែលគេបានបរិភោគនំបុ័ង ក្រោយដែលព្រះអម្ចាស់បានអរព្រះគុណរួចហើយ)
24 ដូច្នេះ កាលហ្វូងមនុស្សមិនឃើញព្រះយេស៊ូវ ឬពួកសិស្សទ្រង់នៅទីនោះ គេក៏ជិះទូកទៅឯកាពើណិម ដើម្បីនឹងរកទ្រង់
25 កាលឃើញទ្រង់នៅឯត្រើយម្ខាងហើយ នោះគេទូលសួរថា លោកគ្រូ លោកមកដល់ទីនេះពីកាលណា
26 ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយទៅគេថា ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នករាល់គ្នារកខ្ញុំ មិនមែនដោយព្រោះបានឃើញទីសម្គាល់ទេ គឺដោយព្រោះតែបានបរិភោគនំបុ័ងឆ្អែតប៉ុណ្ណោះ
27 កុំឲ្យខំប្រឹងឲ្យបានតែអាហារ ដែលតែងតែពុករលួយនោះឡើយ ចូរខំឲ្យបានអាហារ ដែលនៅស្ថិតស្ថេរ ដរាបដល់ជីវិតអស់កល្បជានិច្ចវិញ ជាអាហារដែលកូនមនុស្សនឹងឲ្យមកអ្នករាល់គ្នា ដ្បិតគឺកូនមនុស្សនេះហើយ ដែលព្រះវរបិតាដ៏ជាព្រះ ទ្រង់បានដៅចំណាំទុក
28 ដូច្នេះ គេទូលសួរទ្រង់ថា ដែលនឹងធ្វើការរបស់ព្រះ តើត្រូវធ្វើដូចម្តេចខ្លះ
29 ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា ឯការរបស់ព្រះ គឺឲ្យអ្នករាល់គ្នាបានជឿដល់អ្នកដែលព្រះបានចាត់ឲ្យមក
30 នោះគេទូលសួរទ្រង់ថា បើដូច្នេះ តើលោកនឹងធ្វើទីសម្គាល់ណាឲ្យយើងខ្ញុំឃើញផង ដើម្បីឲ្យបានជឿដល់លោក តើលោកធ្វើការអ្វីខ្លះ
31 ពួកអយ្យកោយើងខ្ញុំបានបរិភោគនំម៉ាន៉ានៅទីរហោស្ថាន ដូចជាមានសេចក្ដីចែងទុកមកថា «លោកបានឲ្យនំបុ័ងពីស្ថានសួគ៌ មកឲ្យគេបរិភោគ»
32 ឯព្រះយេស៊ូវទ្រង់មានព្រះបន្ទូលតបថា ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា មិនមែនលោកម៉ូសេ ដែលឲ្យនំបុ័ង ពីស្ថានសួគ៌នោះមកអ្នករាល់គ្នាទេ តែឯនំបុ័ងដ៏ពិត ដែលមកពីស្ថានសួគ៌ នោះគឺព្រះវរបិតាខ្ញុំ ដែលប្រទានមកអ្នករាល់គ្នាវិញ
33 ដ្បិតនំបុ័ងរបស់ព្រះ គឺជាព្រះអង្គដែលយាងចុះពីស្ថានសួគ៌មក ព្រមទាំងប្រទានឲ្យមនុស្សលោកបានជីវិតផង
34 ដូច្នេះ គេទូលទ្រង់ថា លោកម្ចាស់អើយ សូមឲ្យនំបុ័ងនោះមកយើងខ្ញុំជានិច្ច។
35 ព្រះយេស៊ូវមានព្រះបន្ទូលថា ខ្ញុំជានំបុ័ងជីវិត អ្នកណាដែលមកឯខ្ញុំ នោះនឹងមិនឃ្លានទៀតឡើយ ហើយអ្នកណាដែលជឿដល់ខ្ញុំ ក៏មិនត្រូវស្រេកដែរ
36 ប៉ុន្តែ ខ្ញុំបានប្រាប់អ្នករាល់គ្នារួចហើយថា អ្នករាល់គ្នាបានឃើញខ្ញុំ តែមិនជឿទេ
37 អស់អ្នកណាដែលព្រះវរបិតាប្រទានមកខ្ញុំ នោះនឹងមកឯខ្ញុំ ហើយអ្នកណាដែលមកឯខ្ញុំ ខ្ញុំក៏មិនដែលចោលទៅក្រៅឡើយ
38 ពីព្រោះខ្ញុំបានចុះពីស្ថានសួគ៌មក មិនមែននឹងធ្វើតាមចិត្តខ្ញុំទេ គឺតាមបំណងព្រះហឫទ័យនៃព្រះវិញ ដែលទ្រង់ចាត់ឲ្យខ្ញុំមក
39 ឯបំណងព្រះហឫទ័យនៃព្រះវរបិតា ដែលចាត់ឲ្យខ្ញុំមក នោះគឺមិនចង់ឲ្យខ្ញុំបាត់អ្នកណា ក្នុងគ្រប់អស់ទាំងមនុស្ស ដែលទ្រង់ប្រទានមកខ្ញុំនោះឡើយ គឺទ្រង់ចង់ឲ្យខ្ញុំប្រោសទាំងអស់ឲ្យរស់ឡើង នៅថ្ងៃចុងបំផុតវិញ
40 នេះហើយជាបំណងព្រះហឫទ័យនៃព្រះវរបិតាខ្ញុំ គឺឲ្យអស់អ្នកណាដែលឃើញព្រះរាជបុត្រា ហើយក៏ជឿដល់ទ្រង់ បានជីវិតដ៏នៅអស់កល្បជានិច្ច ហើយខ្ញុំនឹងឲ្យអ្នកនោះរស់ឡើងវិញ នៅថ្ងៃចុងបំផុត។
41 នោះពួកសាសន៍យូដា គេឌុកដាន់ទ្រង់ ពីព្រោះទ្រង់មានព្រះបន្ទូលថា ខ្ញុំជានំបុ័ង ដែលចុះពីស្ថានសួគ៌មក
42 គេនិយាយថា អ្នកនេះ តើមិនមែនឈ្មោះយេស៊ូវ ជាកូនយ៉ូសែប ដែលយើងស្គាល់ឪពុកម្តាយគាត់ទេឬអី ចុះដូចម្តេចឡើយបានជាគាត់និយាយថា គាត់ចុះពីស្ថានសួគ៌មកដូច្នេះ
43 នោះព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា កុំឲ្យរទូរទាំក្នុងពួកអ្នករាល់គ្នាឡើយ
44 គ្មានអ្នកណាអាចនឹងមកឯខ្ញុំបានទេ លើកតែព្រះវរបិតា ដែលចាត់ខ្ញុំឲ្យមក ទ្រង់ទាញនាំគេប៉ុណ្ណោះ ហើយខ្ញុំនឹងឲ្យអ្នកនោះរស់ឡើងវិញ នៅថ្ងៃចុងបំផុតដែរ
45 នៅក្នុងគម្ពីរពួកហោរាមានសេចក្ដីចែងទុកមកថា «ព្រះទ្រង់នឹងបង្រៀនគេទាំងអស់គ្នា» ដូច្នេះ អស់អ្នកណាដែលឮព្រះវរបិតា ហើយបានរៀនពីទ្រង់ នោះក៏មកឯខ្ញុំ
46 នេះមិនមែនថា មានអ្នកណាដែលឃើញព្រះវរបិតានោះឡើយ មានតែព្រះអង្គ ដែលយាងមកពីព្រះប៉ុណ្ណោះ ព្រះអង្គនោះទើបទ្រង់បានឃើញព្រះវរបិតាមែន
47 ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកណាដែលជឿដល់ខ្ញុំ នោះមានជីវិតអស់កល្បជានិច្ច
48 ខ្ញុំជានំបុ័ងជីវិត
49 ពួកអយ្យកោអ្នករាល់គ្នាបានបរិភោគនំម៉ាន៉ា នៅទីរហោស្ថាន ហើយក៏ស្លាប់អស់ទៅ
50 ឯនំបុ័ងដែលខ្ញុំនិយាយនេះ គឺជានំបុ័ងដែលចុះពីស្ថានសួគ៌មក ដើម្បីឲ្យអ្នកណា ដែលបរិភោគមិនត្រូវស្លាប់ឡើយ
51 ខ្ញុំជានំបុ័ងដ៏រស់ ដែលចុះពីស្ថានសួគ៌មក បើអ្នកណាបរិភោគនំបុ័ងនេះ នោះនឹងរស់នៅអស់កល្បជានិច្ច ឯនំបុ័ងដែលខ្ញុំឲ្យ គឺជារូបសាច់ខ្ញុំ ដែលខ្ញុំនឹងឲ្យជំនួសជីវិតមនុស្សលោក
52 ដូច្នេះ ពួកសាសន៍យូដាគេជជែកគ្នាថា ធ្វើដូចម្តេចឲ្យអ្នកនេះអាចនឹងឲ្យសាច់ខ្លួន មកយើងបរិភោគបាន។
53 នោះព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា ប្រាកដមែនខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បើអ្នករាល់គ្នាមិនពិសាសាច់ ហើយមិនផឹកឈាមរបស់កូនមនុស្ស នោះអ្នករាល់គ្នាគ្មានជីវិតនៅក្នុងខ្លួនទេ
54 អ្នកណាដែលបរិភោគសាច់ និងឈាមរបស់ខ្ញុំ នោះមានជីវិតដ៏នៅអស់កល្បជានិច្ច ហើយខ្ញុំនឹងឲ្យអ្នកនោះរស់ឡើងវិញ នៅថ្ងៃចុងបំផុត
55 ពីព្រោះសាច់ខ្ញុំជាអាហារពិត ហើយឈាមខ្ញុំក៏ជាគ្រឿងផឹកពិតប្រាកដ
56 អ្នកណាដែលបរិភោគសាច់ និងឈាមរបស់ខ្ញុំ នោះនៅក្នុងខ្ញុំ ហើយខ្ញុំក៏នៅក្នុងអ្នកនោះដែរ
57 អ្នកណាដែលបរិភោគខ្ញុំ អ្នកនោះនឹងរស់ដោយសារខ្ញុំ ដូចជាព្រះវរបិតាដ៏មានព្រះជន្មរស់ ទ្រង់បានចាត់ឲ្យខ្ញុំមក ហើយខ្ញុំក៏រស់នៅដោយសារទ្រង់ដែរ
58 នំបុ័ងនេះជានំបុ័ង ដែលចុះពីស្ថានសួគ៌មកជាពិត មិនមែនដូចជាពួកអយ្យកោអ្នករាល់គ្នា បានបរិភោគនំម៉ាន៉ា ហើយក៏ស្លាប់ទៅនោះទេ គឺអ្នកណាដែលបរិភោគនំបុ័ងនេះ នឹងរស់នៅអស់កល្បជានិច្ចវិញ
59 ទ្រង់មានព្រះបន្ទូលសេចក្ដីទាំងនេះក្នុងសាលាប្រជុំ នៅកាពើណិម កំពុងដែលទ្រង់បង្រៀនគេ។
60 ពួកសិស្សទ្រង់ជាច្រើន ដែលឮសេចក្ដីនោះ ក៏និយាយថា ពាក្យនេះពិបាកស្តាប់ណាស់ តើអ្នកណាយល់បាន
61 ប៉ុន្តែ ព្រះយេស៊ូវទ្រង់ជ្រាបក្នុងព្រះអង្គទ្រង់ថា ពួកសិស្សរទូរទាំពីសេចក្ដីនោះ បានជាទ្រង់មានព្រះបន្ទូលថា តើសេចក្ដីនេះនាំបង្អាក់ដល់ចិត្តអ្នករាល់គ្នាឬអី
62 ចុះបើអ្នករាល់គ្នាបានឃើញកូនមនុស្សឡើងទៅឯស្ថាន ដែលលោកនៅពីដើម នោះតើនឹងគិតដូចម្តេចទៅ
63 គឺជាវិញ្ញាណដែលឲ្យមានជីវិត រូបសាច់គ្មានប្រយោជន៍អ្វីទេ ឯពាក្យដែលខ្ញុំនិយាយនឹងអ្នករាល់គ្នា នោះត្រូវខាងវិញ្ញាណ និងជីវិតវិញ
64 ប៉ុន្តែ មានអ្នករាល់គ្នាខ្លះមិនជឿទេ នេះដ្បិតព្រះយេស៊ូវទ្រង់ជ្រាប តាំងតែពីដើមមក អំពីអ្នកណាដែលមិនបានជឿ ហើយអំពីអ្នកណា ដែលនឹងបញ្ជូនទ្រង់
65 ទ្រង់ក៏មានព្រះបន្ទូលថា គឺហេតុនោះបានជាខ្ញុំប្រាប់អ្នករាល់គ្នាថា គ្មានអ្នកណាអាចនឹងមកឯខ្ញុំបានទេ លើកតែព្រះវរបិតាទ្រង់ប្រោសប្រទានឲ្យប៉ុណ្ណោះ។
66 តាំងពីនោះមក មានសិស្សទ្រង់ជាច្រើនដកខ្លួនថយចេញ មិនតាមទ្រង់ទៀតទេ
67 នោះព្រះយេស៊ូវមានព្រះបន្ទូលទៅពួក១២នាក់ថា អ្នករាល់គ្នាចង់ថយទៅដែរឬ
68 ស៊ីម៉ូន-ពេត្រុសទូលឆ្លើយថា ព្រះអម្ចាស់អើយ តើយើងខ្ញុំនឹងទៅឯអ្នកណាវិញ គឺទ្រង់ហើយ ដែលមានព្រះបន្ទូលនៃជីវិតដ៏នៅអស់កល្បជានិច្ច
69 យើងខ្ញុំក៏បានជឿ ហើយដឹងថា ទ្រង់ជាព្រះគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះដ៏មានព្រះជន្មរស់ពិត
70 ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា តើខ្ញុំមិនបានរើសអ្នករាល់គ្នា ជាពួក១២នាក់ទេឬអី តែមានម្នាក់ក្នុងពួកអ្នករាល់គ្នាជាអារក្សវិញ
71 នេះគឺទ្រង់មានព្រះបន្ទូលពីយូដាស-អ៊ីស្ការីយ៉ុត ជាកូនស៊ីម៉ូន ដែលនៅក្នុងពួក១២នាក់នោះ ដ្បិតវារៀបនឹងបញ្ជូនទ្រង់ទៅ។
ជំពូក 7
1 ក្រោយនោះមក ព្រះយេស៊ូវទ្រង់យាងនៅតែក្នុងស្រុកកាលីឡេប៉ុណ្ណោះ ទ្រង់មិនសព្វព្រះហឫទ័យនឹងយាងក្នុងស្រុកយូដាទេ ពីព្រោះសាសន៍យូដារកសម្លាប់ទ្រង់
2 រីឯបុណ្យរបស់សាសន៍យូដា ដែលហៅថាបុណ្យបារាំនោះជិតដល់ហើយ
3 ដូច្នេះ ពួកប្អូនទ្រង់ទូលថា ចូរចេញពីទីនេះទៅឯស្រុកយូដាទៅ ដើម្បីឲ្យពួកសិស្សរបស់បង បានឃើញការដែលបងធ្វើផង
4 ដ្បិតអ្នកណាដែលចង់ឲ្យគេស្គាល់ខ្លួន នោះមិនដែលធ្វើការដោយសម្ងាត់ទេ បើបងធ្វើការទាំងនេះ ចូរសម្ដែងខ្លួនឲ្យមនុស្សលោកស្គាល់ដែរ
5 ដ្បិតពួកប្អូនទ្រង់មិនបានជឿដល់ទ្រង់ទេ
6 ដូច្នេះ ព្រះយេស៊ូវមានព្រះបន្ទូលតបថា ឯពេលវេលារបស់ឯងរាល់គ្នា នោះចេះតែមានជានិច្ច តែពេលវេលារបស់អញមិនទាន់ដល់នៅឡើយ
7 លោកីយ៍ពុំអាចនឹងស្អប់ឯងរាល់គ្នាបានទេ តែគេស្អប់អញវិញ ពីព្រោះអញធ្វើបន្ទាល់ពីគេថា ការគេប្រព្រឹត្តសុទ្ធតែអាក្រក់
8 ចូរឯងរាល់គ្នាឡើងទៅឯបុណ្យនេះចុះ ឯអញមិនទាន់ទៅទេ ព្រោះកំណត់អញមិនទាន់សម្រេចនៅឡើយ
9 កាលទ្រង់មានព្រះបន្ទូលសេចក្ដីទាំងនោះរួចហើយ នោះក៏គង់នៅស្រុកកាលីឡេដដែល។
10 ប៉ុន្តែ កាលពួកប្អូនទ្រង់ឡើងទៅឯបុណ្យនោះផុតហើយ នោះទ្រង់ក៏យាងទៅដែរ តែមិនទៅជាមួយនឹងអ្នកណាទេ គឺទៅដោយសម្ងាត់វិញ
11 រីឯពួកសាសន៍យូដា គេសួររកទ្រង់នៅឯទីបុណ្យថា តើលោកនៅឯណា
12 ហើយក្នុងហ្វូងមនុស្ស ក៏ឮខ្សឹបខ្សៀវពីដំណើរទ្រង់ជាច្រើន ខ្លះថា លោកជាមនុស្សល្អ ខ្លះទៀតថា ទេ អ្នកនោះជាអ្នកបញ្ឆោតប្រជាជនទេតើ
13 ប៉ុន្តែ គ្មានអ្នកឯណាហ៊ាននិយាយពីដំណើរទ្រង់ ឲ្យបណ្តាជនដឹងឡើយ ព្រោះខ្លាចសាសន៍យូដា។
14 នៅពាក់កណ្តាលពេលបុណ្យ នោះព្រះយេស៊ូវទ្រង់ឡើងទៅបង្រៀនក្នុងព្រះវិហារ
15 ហើយពួកសាសន៍យូដានឹកឆ្ងល់ថា ធ្វើដូចម្តេចឲ្យអ្នកនេះចេះគម្ពីរដូច្នេះ ពីព្រោះគាត់មិនដែលរៀនសូត្រសោះ
16 ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា សេចក្ដីដែលខ្ញុំបង្រៀននេះ មិនមែនជារបស់ខ្ញុំទេ គឺជារបស់ផងព្រះ ដែលចាត់ឲ្យខ្ញុំមកនោះវិញ
17 បើអ្នកណាចង់ធ្វើតាមព្រះហឫទ័យទ្រង់ នោះនឹងបានដឹងជាសេចក្ដីបង្រៀននេះមកពីព្រះ ឬជាខ្ញុំនិយាយដោយអាងខ្លួនខ្ញុំ
18 អ្នកណាដែលនិយាយដោយអាងខ្លួនឯង នោះចង់តែលើកតម្កើងដល់ខ្លួនទេ តែអ្នកដែលចង់លើកតម្កើង ថ្វាយព្រះ ដែលចាត់ឲ្យខ្លួនមក នោះទើបពិតវិញ ហើយឥតមានសេចក្ដីទុច្ចរិតណានៅក្នុងខ្លួនឡើយ
19 ឯលោកម៉ូសេ តើមិនបានឲ្យក្រឹត្យវិន័យមកអ្នករាល់គ្នាទេឬអី ប៉ុន្តែ ក្នុងពួកអ្នករាល់គ្នា គ្មានអ្នកណាមួយប្រព្រឹត្តតាមក្រឹត្យវិន័យនោះទេ ហេតុអ្វីបានជាអ្នករាល់គ្នារកសម្លាប់ខ្ញុំដូច្នេះ
20 ហ្វូងមនុស្សក៏ឆ្លើយឡើងថា អ្នកឯងមានអារក្សចូលទេ តើមានអ្នកណារកសម្លាប់ឯង
21 ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា ខ្ញុំបានធ្វើការ១ ហើយអ្នករាល់គ្នាមានសេចក្ដីអស្ចារ្យទាំងអស់គ្នា
22 លោកម៉ូសេក៏ឲ្យពិធីកាត់ស្បែកមកអ្នករាល់គ្នា (មិនមែនថាកើតពីលោកម៉ូសេទេ គឺពីពួកអយ្យកោវិញ) ហើយអ្នករាល់គ្នាកាត់ស្បែកឲ្យមនុស្ស នៅថ្ងៃឈប់សម្រាកផង
23 ដូច្នេះ បើមនុស្សទទួលកាត់ស្បែក នៅថ្ងៃឈប់សម្រាក ដើម្បីមិនឲ្យរំលងក្រឹត្យវិន័យរបស់លោកម៉ូសេ នោះតើអ្នករាល់គ្នាខឹងនឹងខ្ញុំ ដោយព្រោះខ្ញុំបានធ្វើឲ្យមនុស្សម្នាក់បានជាស្រឡះ នៅថ្ងៃឈប់សម្រាកឬអី
24 កុំឲ្យជំនុំជម្រះតាមភាពដែលមើលឃើញតែខាងក្រៅឡើយ ត្រូវជំនុំជម្រះតាមសេចក្ដីសុចរិតវិញ។
25 នោះមានពួកក្រុងយេរូសាឡឹមខ្លះនិយាយថា គឺអ្នកនេះទេតើ ដែលគេរកសម្លាប់នោះ
26 ហើយមើលគាត់និយាយនៅកណ្តាលចំណោម តែគ្មានអ្នកណាថាអ្វីឲ្យសោះ តើពួកនាម៉ឺនបានយល់ឃើញហើយថា អ្នកនេះជាព្រះគ្រីស្ទមែនឬអី
27 ឯអ្នកនេះ យើងដឹងជាមកពីណា តែព្រះគ្រីស្ទវិញ កាលណាទ្រង់យាងមក នោះគ្មានអ្នកណាដឹងជាមកពីណាទេ
28 ដូច្នេះ កំពុងដែលព្រះយេស៊ូវបង្រៀនក្នុងព្រះវិហារ នោះក៏បន្លឺឧទានឡើងថា អ្នករាល់គ្នាស្គាល់ខ្ញុំ ហើយដឹងជាខ្ញុំមកពីណាផង តែខ្ញុំមិនបានមក ដោយអាងខ្លួនខ្ញុំទេ ឯព្រះដែលចាត់ឲ្យខ្ញុំមក ទ្រង់ពិតត្រង់ហើយ អ្នករាល់គ្នាមិនស្គាល់ទ្រង់ទេ
29 តែខ្ញុំស្គាល់ទ្រង់ ពីព្រោះខ្ញុំមកពីទ្រង់ គឺទ្រង់ពិតដែលចាត់ឲ្យខ្ញុំមក
30 ដូច្នេះ គេរកចាប់ទ្រង់ ប៉ុន្តែ គ្មានអ្នកណាលូកដៃទៅចាប់សោះ ពីព្រោះកំណត់ទ្រង់មិនទាន់មកដល់នៅឡើយ
31 នៅក្នុងបណ្តាមនុស្សនោះ មានគ្នាច្រើនបានជឿដល់ទ្រង់ ហើយគេនិយាយថា កាលណាព្រះគ្រីស្ទយាងមក តើទ្រង់នឹងធ្វើទីសម្គាល់ច្រើនជាងលោកនេះឬអី។
32 ឯពួកផារីស៊ី ក៏ឮគេខ្សឹបខ្សៀវរឿងទាំងនេះពីទ្រង់ រួចពួកសង្គ្រាជ និងពួកផារីស៊ី គេចាត់ពួកអាជ្ញាឲ្យទៅចាប់ទ្រង់
33 ដូច្នេះ ព្រះយេស៊ូវមានព្រះបន្ទូលថា ខ្ញុំនៅជាមួយនឹងអ្នករាល់គ្នាតែបន្តិចទៀតទេ រួចខ្ញុំទៅឯព្រះ ដែលចាត់ឲ្យខ្ញុំមកនោះវិញ
34 អ្នករាល់គ្នានឹងរកខ្ញុំ តែរកមិនឃើញទេ ហើយកន្លែងដែលខ្ញុំទៅ នោះអ្នករាល់គ្នាពុំអាចនឹងទៅបានឡើយ
35 នោះពួកសាសន៍យូដានិយាយគ្នាគេថា តើអ្នកនេះគិតទៅឯណា ដែលយើងនឹងរកមិនឃើញ តើគិតទៅឯពួកអ្នកខ្ចាត់ខ្ចាយ នៅក្នុងសាសន៍ក្រេក ដើម្បីនឹងបង្រៀនដល់សាសន៍នោះឬអី
36 ពាក្យដែលគាត់ថា «អ្នករាល់គ្នានឹងរកខ្ញុំ តែរកមិនឃើញទេ» ហើយថា «កន្លែងដែលខ្ញុំទៅ អ្នករាល់គ្នាពុំអាចនឹងទៅបានទេ» នេះតើមានន័យដូចម្តេច។
37 នៅថ្ងៃក្រោយបង្អស់ ជាថ្ងៃបុណ្យយ៉ាងសំខាន់ នោះព្រះយេស៊ូវទ្រង់ឈរបន្លឺឧទានប្រកាសឡើងថា បើអ្នកណាស្រេក ចូរឲ្យអ្នកនោះមកឯខ្ញុំ ហើយផឹកចុះ
38 អ្នកណាដែលជឿដល់ខ្ញុំ នោះនឹងមានទន្លេទឹករស់ហូរចេញពីពោះខ្លួនមក ដូចជាគម្ពីរសម្ដែងហើយ
39 តែសេចក្ដីនេះ គឺទ្រង់មានព្រះបន្ទូលពីព្រះវិញ្ញាណ ដែលអស់អ្នកជឿដល់ទ្រង់នឹងត្រូវទទួល ដ្បិតព្រះវិញ្ញាណបរិសុទ្ធមិនទាន់យាងមក ដោយព្រោះព្រះយេស៊ូវមិនទាន់បានតម្កើងឡើង នៅឡើយ។
40 ដូច្នេះ កាលបណ្តាមនុស្សបានឮ នោះមានគ្នាច្រើននិយាយថា លោកនេះពិតប្រាកដជាហោរានោះហើយ
41 អ្នកខ្លះទៀតថា នេះជាព្រះគ្រីស្ទហើយ ខ្លះទៀតថា ចុះព្រះគ្រីស្ទយាងមកពីស្រុកកាលីឡេដែរឬ
42 តើគម្ពីរមិនថា ព្រះគ្រីស្ទត្រូវកើតពីព្រះវង្សហ្លួងដាវីឌ ហើយក៏យាងមកពីភូមិបេថ្លេហិម ជាកន្លែងដែលហ្លួងដាវីឌបានគង់នៅទេឬអី
43 ដូច្នេះ គេក៏បាក់បែកទាស់គ្នា ដោយព្រោះទ្រង់
44 មានខ្លះចង់ចាប់ទ្រង់ តែគ្មានអ្នកណាលូកដៃទៅចាប់ទេ។
45 នោះពួកអាជ្ញាក៏ត្រឡប់ទៅឯពួកសង្គ្រាជ និងពួកផារីស៊ីវិញ លោកទាំងនោះសួរគេថា ហេតុអ្វីបានជាមិនចាប់អ្នកនោះមក
46 ពួកអាជ្ញាឆ្លើយថា មិនដែលមានអ្នកណានិយាយដូចអ្នកនោះទេ
47 ដូច្នេះ ពួកផារីស៊ីស្តីឲ្យថា អ្នករាល់គ្នាត្រូវបញ្ឆោតដែរឬ
48 តើមានអ្នកឯណាក្នុងពួកនាម៉ឺន ឬក្នុងពួកផារីស៊ី ដែលជឿដល់អ្នកនោះឬទេ
49 ឯហ្វូងមនុស្សនេះ ដែលមិនស្គាល់ក្រឹត្យវិន័យ គេជាមនុស្សត្រូវបណ្តាសាវិញ
50 ឯលោកនីកូដេម ជាអ្នកដែលមកឯទ្រង់ទាំងយប់ ដែលជាពួកផារីស៊ីដែរ លោកនិយាយទៅគេថា
51 តើក្រឹត្យវិន័យយើងកាត់ទោសដល់មនុស្សណា មុនដែលបានឮពាក្យចម្លើយពីខ្លួនអ្នកនោះ ហើយដឹងជាធ្វើខុសយ៉ាងណាឬអី
52 នោះគេឆ្លើយទៅលោកថា តើលោកមកពីស្រុកកាលីឡេដែរឬ ចូរពិចារណាមើលចុះ ឥតដែលមានហោរាណា កើតមកពីស្រុកកាលីឡេឡើយ
53 គេក៏ត្រឡប់ទៅផ្ទះវិញរៀងខ្លួន
ជំពូក 8
1 តែព្រះយេស៊ូវទ្រង់យាងទៅឯភ្នំដើមអូលីវវិញ។
2 ដល់ព្រលឹមឡើង ទ្រង់យាងត្រឡប់ទៅក្នុងព្រះវិហារ ហើយបណ្តាជនក៏មកឯទ្រង់ នោះទ្រង់គង់ចុះបង្រៀនគេ
3 រួចពួកអាចារ្យ និងពួកផារីស៊ី គេនាំស្ត្រីម្នាក់ ដែលបានទាន់នៅដំណេកមកឯទ្រង់ កាលគេដាក់ស្ត្រីនោះនៅកណ្តាលជំនុំហើយ នោះក៏ទូលថា
4 លោកគ្រូ ស្ត្រីនេះគេចាប់បានកំពុងដែលសហាយស្មន់នឹងគ្នា
5 រីឯក្នុងក្រឹត្យវិន័យ លោកម៉ូសេបានបង្គាប់ ឲ្យយើងខ្ញុំចោលស្ត្រីយ៉ាងនេះនឹងថ្ម ដូច្នេះ តើលោកគិតដូចម្តេច
6 គេទូលដូច្នោះ ដើម្បីនឹងល្បងលទ្រង់ទេ ប្រយោជន៍ឲ្យតែបានរឿងចោទប្រកាន់ទ្រង់ប៉ុណ្ណោះ ប៉ុន្តែ ព្រះយេស៊ូវទ្រង់ឱនទៅសរសេរនៅដី ដោយព្រះអង្គុលីវិញ
7 តែដោយព្រោះគេចេះតែសួរ បានជាទ្រង់ងើបឡើង មានព្រះបន្ទូលថា អ្នកណាដែលគ្មានបាបសោះ ចូរឲ្យអ្នកនោះចោលនាងនឹងថ្មជាមុនគេចុះ
8 រួចទ្រង់ក៏ឱនសរសេរនៅដីម្តងទៀត
9 កាលបានឮពាក្យទាំងនោះ ហើយបញ្ញាចិត្តគេបានចោទប្រកាន់ទោសខ្លួន នោះគេក៏ថយចេញទៅម្នាក់ម្តងៗ ចាប់តាំងពីមនុស្សចាស់ជាងគេ ដរាបដល់អ្នកក្រោយបង្អស់ សល់នៅតែព្រះយេស៊ូវ និងស្ត្រីនោះ ដែលនៅចំពោះទ្រង់ប៉ុណ្ណោះ
10 ព្រះយេស៊ូវងើបឡើងវិញ ឃើញតែស្ត្រីនោះ ក៏មានព្រះបន្ទូលទៅថា នាងអើយ ពួកដែលចោទប្រកាន់នាង តើនៅឯណា គ្មានអ្នកណាកាត់ទោសនាងទេឬអី
11 នាងទូលឆ្លើយថា គ្មានទេ លោកម្ចាស់ រួចព្រះយេស៊ូវមានព្រះបន្ទូលទៅថា ខ្ញុំក៏មិនកាត់ទោសនាងដែរ អញ្ជើញទៅចុះ តែកុំធ្វើបាបទៀតឡើយ។
12 ព្រះយេស៊ូវទ្រង់មានព្រះបន្ទូលទៅគេម្តងទៀតថា ខ្ញុំជាពន្លឺលោកីយ៍ អ្នកណាដែលតាមខ្ញុំ នោះមិនដែលដើរក្នុងសេចក្ដីងងឹតឡើយ គឺនឹងមានពន្លឺនៃជីវិតវិញ
13 នោះពួកផារីស៊ីទូលថា អ្នកធ្វើបន្ទាល់ពីខ្លួនអ្នក ដូច្នេះ សេចក្ដីបន្ទាល់របស់អ្នកមិនពិតទេ
14 ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា ទោះបីខ្ញុំធ្វើបន្ទាល់ពីខ្លួនខ្ញុំ គង់តែសេចក្ដីបន្ទាល់នោះក៏ពិតដែរ ព្រោះខ្ញុំដឹងថាខ្ញុំមកពីណា ហើយទៅឯណាផង តែអ្នករាល់គ្នាមិនដឹងជាខ្ញុំមកពីណា ឬទៅឯណាទេ
15 អ្នករាល់គ្នាជំនុំជម្រះតាមសាច់ឈាម ឯខ្ញុំមិនជំនុំជម្រះអ្នកណាទេ
16 តែបើខ្ញុំជំនុំជម្រះដែរ នោះសេចក្ដីជំនុំជម្រះរបស់ខ្ញុំជាពិតវិញ ពីព្រោះខ្ញុំមិននៅតែឯងទេ គឺមានព្រះវរបិតា ដែលចាត់ឲ្យខ្ញុំមក ទ្រង់គង់ជាមួយផង
17 ហើយក្នុងក្រឹត្យវិន័យរបស់អ្នករាល់គ្នា ក៏មានពាក្យចែងទុកមកថា សេចក្ដីបន្ទាល់របស់មនុស្ស២នាក់ នោះពិតហើយ
18 ដូច្នេះ មានខ្ញុំនេះ១ដែលធ្វើបន្ទាល់ពីខ្លួនខ្ញុំ ហើយមានព្រះវរបិតា១ដែលចាត់ឲ្យខ្ញុំមក ទ្រង់ក៏ធ្វើបន្ទាល់ពីខ្ញុំដែរ
19 នោះគេទូលសួរថា តើព្រះវរបិតាអ្នកនៅឯណា ព្រះយេស៊ូវទ្រង់ឆ្លើយថា អ្នករាល់គ្នាមិនស្គាល់ខ្ញុំ ឬព្រះវរបិតាខ្ញុំទេ បើសិនជាអ្នករាល់គ្នាបានស្គាល់ខ្ញុំ នោះនឹងស្គាល់ដល់ព្រះវរបិតាខ្ញុំដែរ
20 ព្រះយេស៊ូវទ្រង់មានព្រះបន្ទូលពាក្យទាំងនេះនៅត្រង់ឃ្លាំង កំពុងដែលទ្រង់បង្រៀន នៅក្នុងព្រះវិហារ តែគ្មានអ្នកណាចាប់ទ្រង់ទេ ព្រោះកំណត់របស់ទ្រង់មិនទាន់ដល់នៅឡើយ។
21 ព្រះយេស៊ូវមានព្រះបន្ទូលទៅគេម្តងទៀតថា ខ្ញុំនឹងទៅបាត់ ឯកន្លែងដែលខ្ញុំទៅ នោះអ្នករាល់គ្នាពុំអាចនឹងទៅបានទេ អ្នករាល់គ្នានឹងរកខ្ញុំ ហើយនិងស្លាប់ក្នុងអំពើបាបរបស់អ្នករាល់គ្នា វិញ
22 ពួកសាសន៍យូដាក៏និយាយគ្នាថា តើអ្នកនេះនឹងសម្លាប់ខ្លួនឯងឬអី បានជាថា កន្លែងដែលខ្ញុំទៅ នោះអ្នករាល់គ្នាពុំអាចនឹងទៅបានទេ
23 ទ្រង់មានព្រះបន្ទូលថា អ្នករាល់គ្នាមកពីស្ថានក្រោម ឯខ្ញុំៗ មកពីស្ថានលើវិញ អ្នករាល់គ្នាកើតពីលោកីយ៍នេះ តែខ្ញុំមិនកើតពីលោកីយ៍នេះទេ
24 ហេតុនោះបានជាខ្ញុំប្រាប់ថា អ្នករាល់គ្នានឹងស្លាប់ក្នុងអំពើបាបរបស់ខ្លួន ពីព្រោះបើមិនជឿថា ខ្ញុំ នេះជាព្រះ នោះអ្នករាល់គ្នានឹងស្លាប់ក្នុងអំពើបាបរបស់ខ្លួនពិតមែន
25 ដូច្នេះ គេទូលសួរទ្រង់ថា តើអ្នកជាអ្វី ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា គឺដូចជាខ្ញុំបានប្រាប់អ្នករាល់គ្នា ពីដើមរៀងមកនោះឯង
26 ខ្ញុំមានសេចក្ដីជាច្រើនដែលត្រូវនិយាយ ហើយជំនុំជម្រះពីដំណើរអ្នករាល់គ្នា ប៉ុន្តែ ព្រះអង្គដែលចាត់ឲ្យខ្ញុំមក ទ្រង់ពិតប្រាកដ ហើយសេចក្ដីអ្វីដែលខ្ញុំបានឮពីទ្រង់ នោះខ្ញុំក៏ប្រាប់ដល់មនុស្សលោកដែរ
27 តែគេមិនដឹងជាទ្រង់មានព្រះបន្ទូលនឹងគេ ពីព្រះវរបិតាទេ
28 ដូច្នេះ ព្រះយេស៊ូវមានព្រះបន្ទូលថា កាលណាអ្នករាល់គ្នាបានលើកកូនមនុស្សឡើង នោះទើបនឹងដឹងថា គឺខ្ញុំ នេះហើយជាព្រះ ហើយថា ខ្ញុំមិនធ្វើការអ្វីដោយអាងខ្លួនខ្ញុំ គឺខ្ញុំនិយាយសេចក្ដីទាំងនេះ តាមដែលព្រះវរបិតាបានបង្រៀនខ្ញុំវិញ
29 ព្រះអង្គនោះ ដែលចាត់ឲ្យខ្ញុំមក ក៏គង់ជាមួយនឹងខ្ញុំ ទ្រង់មិនទុកឲ្យខ្ញុំនៅតែឯងទេ ពីព្រោះខ្ញុំចេះតែធ្វើការ ដែលគាប់ដល់ព្រះហឫទ័យទ្រង់ជាដរាប
30 កំពុងដែលទ្រង់មានព្រះបន្ទូលសេចក្ដីទាំងនេះ នោះមានមនុស្សជាច្រើនបានជឿដល់ទ្រង់។
31 នោះព្រះយេស៊ូវមានព្រះបន្ទូលទៅពួកសាសន៍យូដា ដែលជឿដល់ទ្រង់ថា បើអ្នករាល់គ្នានៅជាប់ក្នុងពាក្យខ្ញុំ នោះអ្នករាល់គ្នាជាសិស្សខ្ញុំមែន
32 អ្នករាល់គ្នានឹងស្គាល់សេចក្ដីពិត ហើយសេចក្ដីពិតនោះនឹងប្រោសឲ្យអ្នករាល់គ្នាបានរួច
33 គេទូលឆ្លើយថា យើងរាល់គ្នាជាពូជលោកអ័ប្រាហាំ ក៏មិនដែលធ្វើជាបាវបម្រើរបស់អ្នកណាឡើយ ម្តេចក៏អ្នកថា យើងនឹងបានរួចដូច្នេះ
34 ព្រះយេស៊ូវមានព្រះបន្ទូលតបថា ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អស់អ្នកណាដែលប្រព្រឹត្តអំពើបាប នោះជាបាវបម្រើរបស់អំពើបាបនោះហើយ
35 រីឯបាវបម្រើ គេមិននៅជាប់ក្នុងផ្ទះជាដរាបទេ តែព្រះរាជបុត្រា ទ្រង់នៅជាប់អស់កល្បជានិច្ចវិញ
36 ដូច្នេះ បើព្រះរាជបុត្រាប្រោសឲ្យអ្នករាល់គ្នាបានរួច នោះនឹងបានរួចជាពិត
37 ខ្ញុំដឹងហើយថា អ្នករាល់គ្នាជាពូជលោកអ័ប្រាហាំ ប៉ុន្តែ អ្នករាល់គ្នារកសម្លាប់ខ្ញុំ ពីព្រោះពាក្យខ្ញុំ គ្មានកន្លែងដក់នៅក្នុងចិត្តរបស់អ្នករាល់គ្នាទេ
38 ឯខ្ញុំៗ និយាយតែសេចក្ដីណាដែលខ្ញុំបានឃើញ នៅឯព្រះវរបិតាខ្ញុំ តែអ្នករាល់គ្នាធ្វើតែការដែលបានឃើញ នៅឯឪពុករបស់អ្នករាល់គ្នាវិញ
39 គេទូលឆ្លើយថា គឺលោកអ័ប្រាហាំ ជាឪពុកនៃយើងរាល់គ្នា ព្រះយេស៊ូវមានព្រះបន្ទូលថា បើអ្នករាល់គ្នាជាពូជលោកអ័ប្រាហាំពិត នោះនឹងធ្វើតាមលោកជាប្រាកដ
40 តែឥឡូវនេះ អ្នករាល់គ្នារកចង់សម្លាប់ខ្ញុំវិញ ជាមនុស្សដែលយកសេចក្ដីពិត ដែលបានឮពីព្រះ មកប្រាប់ដល់អ្នករាល់គ្នា លោកអ័ប្រាហាំមិនបានធ្វើដូច្នោះទេ
41 អ្នករាល់គ្នាធ្វើតាមតែឪពុករបស់ខ្លួន ដូច្នេះ គេទូលថា យើងរាល់គ្នាមិនមែនជាកូនសហាយទេ យើងមានព្រះវរបិតាតែ១ គឺជាព្រះ
42 ព្រះយេស៊ូវមានព្រះបន្ទូលថា បើព្រះជាព្រះវរបិតានៃអ្នករាល់គ្នាមែន នោះអ្នកនឹងបានស្រឡាញ់ខ្ញុំ ដ្បិតខ្ញុំចេញពីព្រះមក ហើយក៏មកដល់ មិនមែនមកដោយអាងខ្លួនខ្ញុំទេ គឺព្រះអង្គបានចាត់ឲ្យខ្ញុំមកទេតើ
43 ហេតុអ្វីបានជាអ្នករាល់គ្នាមិនយល់សំដីខ្ញុំ គឺមកតែពីស្តាប់ពាក្យខ្ញុំមិនបានប៉ុណ្ណោះ
44 អ្នករាល់គ្នាមានអារក្សសាតាំងជាឪពុក ហើយអ្នករាល់គ្នាចូលចិត្តធ្វើតាមតណ្ហា ដែលគាប់ចិត្តដល់ឪពុករបស់អ្នក វាជាអ្នកសម្លាប់គេតាំងពីដើមមក វាមិនបាននៅជាប់ក្នុងសេចក្ដីពិត ព្រោះគ្មានសេចក្ដីពិតនៅក្នុងវាទេ កាលណាវាពោលពាក្យភូតភរ នោះដុះចេញអំពីចិត្តវាមក ដ្បិតវាជាអ្នកកំភូត ហើយជាឪពុកនៃសេចក្ដីនោះឯង
45 ដោយព្រោះតែខ្ញុំនិយាយសេចក្ដីពិត បានជាអ្នករាល់គ្នាមិនជឿខ្ញុំ
46 តើមានពួកអ្នករាល់គ្នាណាមួយចាប់ប្រកាន់ខ្ញុំ ពីអំពើបាបបានឬទេ តែបើខ្ញុំនិយាយសេចក្ដីពិតវិញ ហេតុអ្វីបានជាមិនជឿដល់ខ្ញុំសោះ
47 អ្នកណាដែលកើតអំពីព្រះ នោះក៏ស្តាប់តាមព្រះបន្ទូលនៃព្រះដែរ ឯអ្នករាល់គ្នា មិនបានកើតមកពីព្រះទេ បានជាមិនស្តាប់តាមដូច្នេះ។
48 នោះពួកសាសន៍យូដាទូលទ្រង់ថា តើយើងមិននិយាយត្រូវថា អ្នកជាសាសន៍សាម៉ារី ហើយមានអារក្សចូលទេឬអី
49 ព្រះយេស៊ូវទ្រង់ឆ្លើយថា ខ្ញុំគ្មានអារក្សចូលទេ ខ្ញុំគោរពប្រតិបត្តិចំពោះព្រះវរបិតាខ្ញុំ តែអ្នករាល់គ្នាត្មះតិះដៀលខ្ញុំវិញ
50 ឯខ្ញុំ មិនមែនរកកិត្តិសព្ទចំពោះខ្លួនទេ មានព្រះ១អង្គដែលរកឲ្យខ្ញុំវិញ ហើយទ្រង់ក៏ជំនុំជម្រះផង
51 ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បើអ្នកណាកាន់តាមពាក្យខ្ញុំ អ្នកនោះមិនត្រូវឃើញសេចក្ដីស្លាប់ នៅអស់កល្បរៀងទៅ
52 ដូច្នេះ ពួកសាសន៍យូដាទូលថា ឥឡូវនេះ យើងដឹងជាប្រាកដថា អ្នកមានអារក្សចូលពិតមែន ព្រោះលោកអ័ប្រាហាំ និងពួកហោរា បានស្លាប់អស់ហើយ តែអ្នកថា បើអ្នកណាកាន់តាមពាក្យអ្នក នោះមិនដែលភ្លក់សេចក្ដីស្លាប់ នៅអស់កល្បរៀងទៅវិញ
53 តើអ្នកធំជាងលោកអ័ប្រាហាំ ជាអយ្យកោយើង និងពួកហោរា ដែលស្លាប់ទៅហើយនោះឬអី តើអ្នកតាំងខ្លួនធ្វើជាអ្វី
54 ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា បើសិនជាខ្ញុំតម្កើងខ្លួនខ្ញុំ នោះកិត្តិសព្ទរបស់ខ្ញុំឥតមានប្រយោជន៍ទេ គឺព្រះវរបិតាខ្ញុំទេតើ ទ្រង់លើកតម្កើងខ្ញុំ ដែលអ្នករាល់គ្នាថា ទ្រង់ជាព្រះនៃអ្នក
55 តែអ្នករាល់គ្នាមិនស្គាល់ទ្រង់ទេ ឯខ្ញុំៗស្គាល់ទ្រង់ បើខ្ញុំថាមិនស្គាល់ទ្រង់វិញ នោះខ្ញុំនឹងទៅជាអ្នកភូតភរដូចអ្នករាល់គ្នាដែរ ប៉ុន្តែ ខ្ញុំស្គាល់ទ្រង់ពិត ហើយក៏កាន់តាមព្រះបន្ទូលទ្រង់ផង
56 លោកអ័ប្រាហាំ ជាអយ្យកោអ្នករាល់គ្នា លោកបានត្រេកអរដោយឃើញគ្រាខ្ញុំ លោកក៏បានឃើញមែន ហើយមានសេចក្ដីរីករាយ
57 ដូច្នេះ ពួកសាសន៍យូដាទូលទ្រង់ថា អាយុអ្នកមិនទាន់ដល់៥០ឆ្នាំផង ហើយអ្នកថាបានឃើញលោកអ័ប្រាហាំដែរឬ
58 ព្រះយេស៊ូវទ្រង់មានព្រះបន្ទូលតបថា ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា មុនដែលលោកអ័ប្រាហាំកើតមក នោះមានខ្ញុំហើយ
59 ដូច្នេះ គេរើសថ្មនឹងចោលព្រះយេស៊ូវ តែទ្រង់បានបំបាំងដល់គេ រួចយាងកាត់កណ្តាលពួកគេ ចេញពីព្រះវិហារផុតទៅ។
ជំពូក 9
1 លុះទ្រង់យាងហួសទៅ ក៏ទតឃើញមនុស្សម្នាក់ដែលខ្វាក់ពីកំណើត
2 ពួកសិស្សទូលសួរទ្រង់ថា លោកគ្រូ តើអ្នកណាបានធ្វើបាប មនុស្សនេះ ឬឪពុកម្តាយរបស់គាត់ បានជាគាត់កើតមកខ្វាក់ដូច្នេះ
3 ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា មិនមែនដោយព្រោះអ្នកនេះ ឬឪពុកម្តាយគាត់បានធ្វើបាបទេ គឺដើម្បីឲ្យការរបស់ព្រះបានសម្ដែងមក ក្នុងខ្លួនគាត់វិញ
4 កំពុងដែលថ្ងៃនៅភ្លឺនៅឡើយ នោះត្រូវតែខ្ញុំធ្វើការរបស់ព្រះ ដែលចាត់ឲ្យខ្ញុំមក ដ្បិតយប់ដល់មក នោះគ្មានអ្នកណាអាចនឹងធ្វើការបានទេ
5 កាលខ្ញុំកំពុងតែនៅក្នុងលោកីយ៍នៅឡើយ នោះខ្ញុំជាពន្លឺនៃលោកីយ៍
6 លុះមានព្រះបន្ទូលសេចក្ដីទាំងនោះរួចហើយ ទ្រង់ក៏ស្តោះដាក់នៅដី ហើយយកទឹកព្រះឱស្ឋទ្រង់ធ្វើជាភក់ ទៅលាបភ្នែកនៃមនុស្សខ្វាក់នោះ
7 រួចមានព្រះបន្ទូលទៅគាត់ថា ចូរទៅលាងក្នុងស្រះស៊ីឡោម ទៅ (ស៊ីឡោម គឺស្រាយថា ចាត់ឲ្យទៅ) ដូច្នេះ គាត់ក៏ទៅលាង ហើយត្រឡប់មកវិញ ទាំងមើលឃើញ
8 នោះពួកអ្នកជិតខាង និងពួកអ្នកដែលពីដើមបានឃើញថា គាត់ជាអ្នកសុំទាន គេនិយាយថា អ្នកនេះទេតើ ដែលធ្លាប់តែអង្គុយសុំទានគេ
9 ខ្លះថា គឺអ្នកហ្នឹងហើយ ខ្លះទៀតថា គាត់ដូចជាអ្នកនោះទេ តែគាត់ឆ្លើយថា គឺខ្ញុំនេះឯង
10 គេសួរថា ធ្វើដូចម្តេចបានជាភ្នែកឯងបានភ្លឺដូច្នេះ
11 គាត់ឆ្លើយថា មានម្នាក់ឈ្មោះ យេស៊ូវ បានធ្វើភក់មកលាបភ្នែកខ្ញុំ រួចប្រាប់ឲ្យទៅលាងនៅស្រះស៊ីឡោម ខ្ញុំក៏ទៅលាង ហើយបានភ្លឺឡើង
12 គេសួរទៀតថា អ្នកនោះនៅឯណា គាត់ឆ្លើយថា ខ្ញុំមិនដឹងទេ។
13 គេក៏នាំមនុស្សដែលពីដើមខ្វាក់នោះទៅឯពួកផារីស៊ី
14 រីឯថ្ងៃដែលព្រះយេស៊ូវទ្រង់ធ្វើភក់ ប្រោសឲ្យគាត់ភ្លឺភ្នែកនោះ គឺជាថ្ងៃឈប់សម្រាក
15 ដូច្នេះ ពួកផារីស៊ីក៏សួរគាត់ ពីដំណើរដែលបានភ្លឺភ្នែក ជាយ៉ាងដូចម្តេចដែរ នោះគាត់ជម្រាបថា លោកយកភក់មកលាបភ្នែកខ្ញុំ រួចខ្ញុំទៅលាង ហើយក៏មើលឃើញ
16 ដូច្នេះ ពួកផារីស៊ីខ្លះនិយាយថា មនុស្សនោះមិនមែនមកពីព្រះទេ ព្រោះមិនកាន់ថ្ងៃឈប់សម្រាកសោះ ខ្លះទៀតថា ធ្វើដូចម្តេចឲ្យមនុស្សមានបាបអាចធ្វើទីសម្គាល់យ៉ាងនេះបាន នោះក៏កើតបាក់បែកគ្នា
17 រួចគេសួរមនុស្សខ្វាក់ម្តងទៀតថា តើឯងថាដូចម្តេច ពីដំណើរអ្នកដែលធ្វើឲ្យភ្នែកឯងភ្លឺនោះ គាត់ឆ្លើយថា លោកជាហោរា
18 តែពួកសាសន៍យូដាមិនជឿថា គាត់ខ្វាក់ភ្នែក ហើយបានភ្លឺឡើងវិញទេ ទាល់តែបានហៅឪពុកម្តាយរបស់អ្នក ដែលបានភ្លឺភ្នែកនោះមក សួរថា
19 តើអ្នកនេះជាកូនរបស់អ្នក ដែលអ្នកថា បានកើតមកខ្វាក់នោះឬអី ចុះឥឡូវនេះ ធ្វើដូចម្តេចបានជាវាភ្លឺឡើងវិញ
20 ឪពុកម្តាយគាត់ឆ្លើយថា យើងខ្ញុំដឹងថា នេះជាកូនយើងខ្ញុំពិត ហើយថា វាកើតមកខ្វាក់មែន
21 តែឥឡូវនេះ ដែលវាភ្លឺជាយ៉ាងដូចម្តេច នោះយើងខ្ញុំមិនដឹងទេ ក៏មិនដឹងជាអ្នកណាបានធ្វើឲ្យភ្លឺផងដែរ វាពេញអាយុហើយ សូមសួរវាចុះ វានឹងជម្រាបពីដំណើរខ្លួនវា
22 ឪពុកម្តាយគាត់និយាយដូច្នេះ ព្រោះខ្លាចសាសន៍យូដា ដ្បិតពួកសាសន៍យូដាបានព្រមព្រៀងគ្នាហើយ ថាបើអ្នកណានឹងទទួលទ្រង់ទុកជាព្រះគ្រីស្ទ នោះត្រូវកាត់ពីពួកជំនុំគេចេញ
23 ហេតុនោះបានជាឪពុកម្តាយគាត់និយាយថា វាពេញអាយុហើយ សូមសួរវាចុះ។
24 គេក៏ហៅមនុស្សដែលពីដើមខ្វាក់នោះមកម្តងទៀត ប្រាប់ថា ចូរសរសើរតម្កើងដល់ព្រះវិញ ឯមនុស្សនោះ យើងដឹងថាជាអ្នកមានបាបទេ
25 គាត់ឆ្លើយទៅថា បើលោកជាមនុស្សមានបាប នោះខ្ញុំមិនដឹងទេ ខ្ញុំដឹងតែប៉ុណ្ណេះថា ពីដើមខ្ញុំខ្វាក់ តែឥឡូវនេះខ្ញុំមើលឃើញ
26 នោះគេសួរគាត់ម្តងទៀតថា អ្នកនោះបានធ្វើអ្វីដល់ឯង តើបានធ្វើដូចម្តេចខ្លះ ឲ្យភ្នែកឯងភ្លឺឡើង
27 គាត់ឆ្លើយថា ខ្ញុំបានជម្រាបហើយ តែលោកមិនស្តាប់ ហេតុអ្វីបានជាចង់ស្តាប់ម្តងទៀត តើលោកចង់ធ្វើជាសិស្សរបស់លោកនោះដែរឬអី
28 នោះគេដៀលត្មះគាត់ថា គឺឯងជាសិស្សអ្នកនោះហើយ ឯយើងជាសិស្សរបស់លោកម៉ូសេវិញ
29 យើងដឹងថា ព្រះបានមានព្រះបន្ទូលនឹងលោកម៉ូសេពិត តែអ្នកនោះ យើងមិនដឹងជាមកពីណាទេ
30 មនុស្សនោះឆ្លើយថា នេះចម្លែកណាស់មែន លោករាល់គ្នាមិនដឹងជាលោកនោះមកពីណា ដែលលោកបានធ្វើឲ្យភ្នែកខ្ញុំភ្លឺផង
31 យើងខ្ញុំដឹងថា ព្រះមិនស្តាប់តាមមនុស្សមានបាបទេ ប៉ុន្តែ បើអ្នកណាកោតខ្លាចដល់ព្រះ ហើយប្រព្រឹត្តតាមព្រះហឫទ័យទ្រង់ ទើបទ្រង់នឹងស្តាប់តាមអ្នកនោះឯង
32 ចាប់តាំងពីអស់កល្បរៀងមក មិនដែលឮនិយាយពីអ្នកណាដែលធ្វើឲ្យភ្នែកមនុស្សខ្វាក់ពីកំណើតបានភ្លឺទេ
33 បើលោកនោះមិនមកពីព្រះទេ នោះលោកពុំអាចនឹងធ្វើអ្វីបានឡើយ
34 គេឆ្លើយតបទៅគាត់ថា ឯងជាមនុស្សកើតមកក្នុងអំពើបាបសុទ្ធ ហើយឯងបង្រៀនយើងឬ រួចគេបណ្តេញគាត់ទៅ។
35 ព្រះយេស៊ូវទ្រង់ឮថា គេបានបណ្តេញគាត់ហើយ រួចកាលទ្រង់បានឃើញគាត់ នោះក៏មានព្រះបន្ទូលទៅថា តើអ្នកជឿដល់ព្រះរាជបុត្រានៃព្រះឬទេ
36 គាត់ទូលឆ្លើយថា លោកម្ចាស់អើយ តើអ្នកណាជាព្រះរាជបុត្រានោះ ដើម្បីឲ្យខ្ញុំបានជឿដល់ទ្រង់ផង
37 ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា អ្នកបានឃើញទ្រង់ហើយ គឺជាខ្ញុំដែលនិយាយនឹងអ្នកនេះឯង
38 គាត់ទូលថា ខ្ញុំជឿហើយ ព្រះអម្ចាស់អើយ រួចគាត់ក៏ក្រាបថ្វាយបង្គំទ្រង់។
39 ព្រះយេស៊ូវមានព្រះបន្ទូលថា ខ្ញុំបានមកក្នុងលោកីយ៍នេះ ដើម្បីនឹងជំនុំជម្រះ ឲ្យពួកអ្នកដែលមើលមិនឃើញបានភ្លឺឡើង ហើយឲ្យពួកអ្នកដែលមើលឃើញបានទៅជាខ្វាក់វិញ
40 ពួកផារីស៊ី ដែលនៅជាមួយនឹងទ្រង់ បានឮពាក្យនោះ ក៏ទូលសួរថា តើយើងខ្ញុំខ្វាក់ដែរឬអី
41 ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា បើសិនជាអ្នករាល់គ្នាខ្វាក់មែន នោះអ្នករាល់គ្នាឥតមានបាបទេ តែឥឡូវនេះ អ្នករាល់គ្នាអាងថាភ្លឺ បានជាជាប់មានបាបនៅឡើយ។
ជំពូក 10
1 ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកណាដែលចូលទៅក្នុងក្រោលចៀម មិនមែនតាមទ្វារ គឺឡើងចូលតាមកន្លែងណាឯទៀតវិញ អ្នកនោះឈ្មោះថាជាចោរលួច ចោរប្លន់ហើយ
2 ឯអ្នកដែលចូលតាមទ្វារ នោះជាអ្នកគង្វាលចៀមពិត
3 អ្នកឆ្មាំទ្វារក៏បើកឲ្យអ្នកនោះ ហើយហ្វូងចៀមស្តាប់តាមសំឡេងគាត់ដែរ ឯចៀមរបស់គាត់ នោះគាត់ហៅតាមឈ្មោះវានីមួយៗ នាំចេញទៅក្រៅ
4 កាលបានបញ្ចេញចៀមខ្លួនទៅក្រៅអស់ហើយ នោះគាត់ដើរមុនវា ហើយចៀមក៏ដើរតាមក្រោយទៅ ដ្បិតវាស្គាល់សំឡេងគាត់
5 វាមិនព្រមតាមមនុស្សដទៃទេ វានឹងរត់ចេញពីគេវិញ ពីព្រោះវាមិនស្គាល់សំឡេងរបស់មនុស្សដទៃណាសោះ
6 ព្រះយេស៊ូវទ្រង់មានព្រះបន្ទូលពាក្យប្រៀបប្រដូចនេះទៅគេ តែគេមិនដឹងជាទ្រង់មានព្រះបន្ទូលពីដំណើរអ្វីទេ។
7 ដូច្នេះ ព្រះយេស៊ូវទ្រង់មានព្រះបន្ទូលទៅគេម្តងទៀតថា ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ខ្ញុំជាទ្វារចៀម
8 អស់អ្នកដែលមកមុនខ្ញុំ នោះសុទ្ធតែជាចោរលួចចោរប្លន់ទេ តែចៀមមិនបានស្តាប់តាមអ្នកទាំងនោះឡើយ
9 ខ្ញុំជាទ្វារ បើអ្នកណាចូលតាមខ្ញុំ នេះនឹងបានសង្គ្រោះ រួចនឹងចេញចូល ហើយនិងរកបានវាលស្មៅ ដ៏ស្រួល
10 ឯចោរ វាមកប្រយោជន៍តែនឹងលួច សម្លាប់ ហើយបំផ្លាញប៉ុណ្ណោះ តែឯខ្ញុំវិញ ខ្ញុំបានមក ដើម្បីឲ្យវារាល់គ្នាមានជីវិត ហើយឲ្យមានជីវិតនោះពេញបរិបូរផង
11 ខ្ញុំជាអ្នកគង្វាលល្អ ឯអ្នកគង្វាលល្អ ក៏ស៊ូតែប្តូរជីវិតជំនួសចៀម
12 តែអ្នកស៊ីឈ្នួល ដែលមិនមែនជាអ្នកគង្វាលពិត ហើយចៀមក៏មិនមែនជារបស់ផងវា លុះវាឃើញឆ្កែព្រៃមក ក៏រត់ចេញចោលចៀម នោះឆ្កែព្រៃឆក់យកទៅ ទាំងដេញកម្ចាត់កម្ចាយហ្វូងចៀមផង
13 អ្នកស៊ីឈ្នួលនោះរត់ទៅ ពីព្រោះវាគ្រាន់តែស៊ីឈ្នួលប៉ុណ្ណោះ វាមិនយកចិត្តទុកដាក់នឹងចៀមឡើយ
14 ឯខ្ញុំជាអ្នកគង្វាលល្អ ខ្ញុំស្គាល់ចៀមរបស់ខ្ញុំ ហើយចៀមក៏ស្គាល់ខ្ញុំ
15 ដូចជាព្រះវរបិតាទ្រង់ស្គាល់ខ្ញុំ ហើយខ្ញុំក៏ស្គាល់ទ្រង់ដែរ ខ្ញុំស៊ូប្តូរជីវិតខ្ញុំនឹងចៀម
16 ខ្ញុំក៏មានចៀមឯទៀត ដែលមិនទាន់នៅក្នុងក្រោលនេះនៅឡើយ ត្រូវតែខ្ញុំនាំចៀមទាំងនោះមកដែរ វានឹងស្តាប់តាមសំឡេងខ្ញុំ នោះនឹងមានហ្វូងតែ១ និងអ្នកគង្វាលតែ១វិញ
17 ហេតុនោះបានជាព្រះវរបិតាទ្រង់ស្រឡាញ់ខ្ញុំ ពីព្រោះខ្ញុំដាក់ជីវិតខ្ញុំចុះ ដើម្បីឲ្យបានយកមកវិញ
18 គ្មានអ្នកណាដកយកជីវិតពីខ្ញុំបានទេ គឺខ្ញុំដាក់ជីវិតចុះដោយខ្លួនខ្ញុំ ខ្ញុំអាចនឹងដាក់ជីវិតនេះចុះ ហើយក៏អាចនឹងយកមកវិញបានដែរ ខ្ញុំបានទទួលអំណាចនេះពីព្រះវរបិតាខ្ញុំមក
19 នោះពួកសាសន៍យូដាក៏កើតបែកបាក់ទាស់គ្នាម្តងទៀត ដោយព្រោះពាក្យនេះ
20 ក៏មានពួកគេជាច្រើននិយាយថា អ្នកនោះមានអារក្សចូលមែន ហើយក៏ឆ្កួតផង ហេតុអ្វីបានជាស្តាប់វា
21 ខ្លះទៀតថា នេះមិនមែនជាពាក្យសម្ដីរបស់មនុស្សមានអារក្សចូលទេ តើអារក្សអាចនឹងធ្វើឲ្យមនុស្សខ្វាក់ភ្នែកបានភ្លឺដែរឬ។
22 គ្រានោះជារដូវរងា ហើយនៅក្រុងយេរូសាឡឹម គេកំពុងតែធ្វើបុណ្យឆ្លង
23 ឯព្រះយេស៊ូវទ្រង់យាងចុះឡើងក្នុងព្រះវិហារ ត្រង់បាំងសាចហ្លួងសាឡូម៉ូន
24 នោះមានពួកសាសន៍យូដាចោមព័ទ្ធទ្រង់ទូលសួរថា តើលោកទុកឲ្យយើងខ្ញុំនៅស្ទាក់ស្ទើរដល់កាលណាទៀត បើលោកជាព្រះគ្រីស្ទពិត នោះសូមប្រាប់យើងខ្ញុំឲ្យច្បាស់មកចុះ
25 ព្រះយេស៊ូវទ្រង់ឆ្លើយទៅគេថា ខ្ញុំបានប្រាប់អ្នករាល់គ្នាហើយ តែអ្នករាល់គ្នាមិនជឿ ឯការទាំងប៉ុន្មានដែលខ្ញុំធ្វើ ដោយនូវនាមព្រះវរបិតាខ្ញុំ ការទាំងនោះឯងធ្វើបន្ទាល់ពីខ្ញុំហើយ
26 ប៉ុន្តែ អ្នករាល់គ្នាមិនជឿ ដ្បិតអ្នករាល់គ្នាមិនមែនជាចៀមរបស់ខ្ញុំទេ ដូចជាខ្ញុំបានប្រាប់ស្រេចហើយ
27 ចៀមខ្ញុំទាំងប៉ុន្មានវាស្តាប់ខ្ញុំ ហើយមកតាម ខ្ញុំក៏ស្គាល់វាដែរ
28 ខ្ញុំឲ្យជីវិតអស់កល្បជានិច្ចដល់វា វាមិនត្រូវវិនាសនៅអស់កល្បរៀងទៅ ក៏គ្មានអ្នកណាឆក់យកវាពីដៃខ្ញុំបានទេ
29 ព្រះវរបិតានៃខ្ញុំ ដែលប្រទានវាមកខ្ញុំ ទ្រង់ធំលើសជាងទាំងអស់ គ្មានអ្នកណាអាចនឹងឆក់វាចេញពីព្រះហស្តរបស់ព្រះវរបិតាខ្ញុំបានឡើយ
30 ខ្ញុំ ហើយនិងព្រះវរបិតា គឺតែ១ព្រះអង្គទេ។
31 នោះពួកសាសន៍យូដាក៏រើសថ្មម្តងទៀត ដើម្បីនឹងចោលព្រះយេស៊ូវ
32 តែទ្រង់មានព្រះបន្ទូលសួរគេថា ខ្ញុំបានសម្ដែងឲ្យអ្នករាល់គ្នាឃើញការល្អជាច្រើន ដែលមកពីព្រះវរបិតាខ្ញុំ តើអ្នករាល់គ្នាចោលខ្ញុំនឹងថ្ម ដោយព្រោះការណាមួយនោះ
33 ពួកសាសន៍យូដាទូលឆ្លើយថា យើងចោលអ្នកនឹងថ្ម មិនមែនដោយព្រោះការល្អណាទេ គឺដោយព្រោះពាក្យប្រមាថដល់ព្រះ ហើយពីព្រោះអ្នក ដែលជាមនុស្ស បានតាំងខ្លួនឡើងជាព្រះវិញប៉ុណ្ណោះ
34 ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា តើគ្មានសេចក្ដីចែងទុកមកក្នុងក្រឹត្យវិន័យរបស់អ្នករាល់គ្នាថា «អញបាននិយាយថា ឯងរាល់គ្នាជាព្រះ » ទេឬអី
35 ដូច្នេះ បើទ្រង់បានហៅអ្នកទាំងនោះជាព្រះ ដែលព្រះបន្ទូលរបស់ព្រះអង្គបានឮទៅដល់គេ ហើយបើលើកចោលបទគម្ពីរណាមិនបាន
36 នោះតើអ្នករាល់គ្នានិយាយមកខ្ញុំនេះ ដែលព្រះវរបិតាញែកជាបរិសុទ្ធ ហើយចាត់មកក្នុងលោកីយ៍ ថា ខ្ញុំពោលពាក្យប្រមាថដល់ព្រះ ដោយព្រោះតែខ្ញុំនិយាយថា ខ្ញុំជាព្រះរាជបុត្រានៃព្រះដូច្នេះឬអី
37 បើសិនជាខ្ញុំមិនធ្វើការរបស់ព្រះវរបិតាខ្ញុំទេ នោះកុំឲ្យជឿដល់ខ្ញុំឡើយ
38 ប៉ុន្តែ បើខ្ញុំធ្វើការរបស់ទ្រង់វិញ នោះទោះបើអ្នករាល់គ្នាមិនជឿខ្ញុំ គង់តែត្រូវជឿដល់ការទាំងនោះដែរ ដើម្បីឲ្យអ្នករាល់គ្នាបានដឹង ហើយជឿថា ព្រះវរបិតាទ្រង់គង់នៅក្នុងខ្ញុំ ហើយខ្ញុំក្នុងទ្រង់ដែរ។
39 គេក៏រកចាប់ទ្រង់ម្តងទៀត តែទ្រង់គេចចេញរួចពីកណ្តាប់ដៃគេទៅ
40 រួចយាងទៅខាងនាយទន្លេយ័រដាន់វិញទៀត គឺជាកន្លែងដែលលោកយ៉ូហានធ្វើបុណ្យជ្រមុជជាន់មុនដំបូង ហើយទ្រង់គង់នៅទីនោះ
41 នោះមានមនុស្សជាច្រើនមកឯទ្រង់ ក៏និយាយថា លោកយ៉ូហានគ្មានធ្វើទីសម្គាល់ណាទេ តែសេចក្ដីទាំងប៉ុន្មាន ដែលលោកមានប្រសាសន៍ពីអ្នកនេះ នោះសុទ្ធតែពិតទាំងអស់
42 នៅទីនោះ មានមនុស្សជាច្រើនជឿដល់ទ្រង់ដែរ។
ជំពូក 11
1 មានមនុស្សម្នាក់ ឈ្មោះឡាសារ មានជំងឺឈឺ គាត់នៅភូមិបេថានី ជាភូមិរបស់នាងម៉ារា និងបងនាងឈ្មោះម៉ាថា
2 ឯនាងម៉ារា ដែលប្អូននាងឈ្មោះឡាសារមានជំងឺនេះ គឺនាងនេះហើយ ដែលបានចាក់ប្រេងក្រអូបលាបថ្វាយព្រះអម្ចាស់ រួចយកសក់នាងជូតព្រះបាទទ្រង់
3 បងប្អូនស្រី២នាក់នោះ ក៏ចាត់គេឲ្យទៅឯព្រះយេស៊ូវ ទូលថា ព្រះអម្ចាស់អើយ មើល អ្នកដែលទ្រង់ស្រឡាញ់នោះគាត់ឈឺ
4 កាលទ្រង់បានឮដូច្នេះ នោះក៏មានព្រះបន្ទូលថា ជំងឺនេះមិនមែនដល់ស្លាប់ទេ គឺសម្រាប់ជាកិត្តិសព្ទដល់ព្រះវិញ ដើម្បីនឹងលើកតម្កើងដល់ព្រះរាជបុត្រានៃព្រះ ដោយសារជំងឺនេះឯង
5 រីឯព្រះយេស៊ូវទ្រង់ស្រឡាញ់នាងម៉ាថា និងប្អូនស្រីនាង ហើយនិងឡាសារផង
6 ដូច្នេះ កាលទ្រង់បានឮថា គាត់ឈឺ នោះទ្រង់ក៏គង់នៅកន្លែងដដែល២ថ្ងៃទៀត
7 ក្រោយនោះមក ទ្រង់មានព្រះបន្ទូលទៅពួកសិស្សថា ចូរយើងត្រឡប់ទៅឯស្រុកយូដាវិញ
8 ពួកសិស្សទូលទ្រង់ថា លោកគ្រូ ពួកសាសន៍យូដាទើបនឹងរកចោលលោកនឹងថ្មពីមុននោះ ដូច្នេះ តើលោកគិតទៅឯណោះទៀតឬ
9 ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា ក្នុង១ថ្ងៃ មាន១២ម៉ោងទេតើ បើអ្នកណាដើរនៅពេលថ្ងៃ នោះមិនជំពប់ជើងទេ ព្រោះឃើញពន្លឺលោកីយ៍នេះ
10 តែបើអ្នកណាដើរនៅពេលយប់ នោះត្រូវជំពប់ជើងវិញ ពីព្រោះគ្មានពន្លឺនៅក្នុងខ្លួនសោះ
11 ក្រោយដែលទ្រង់មានព្រះបន្ទូលសេចក្ដីទាំងនេះហើយ នោះក៏មានព្រះបន្ទូលទៀតថា ឡាសារ ជាសំឡាញ់យើង គាត់បានដេកលក់ទៅហើយ ខ្ញុំទៅដើម្បីនឹងដាស់គាត់ឡើង
12 ដូច្នេះ ពួកសិស្សទូលថា ព្រះអម្ចាស់អើយ បើគាត់ដេកលក់ នោះគាត់នឹងបានជាវិញ
13 ឯព្រះយេស៊ូវទ្រង់មានព្រះបន្ទូលពីគាត់ស្លាប់ទេ តែគេស្មានថា ទ្រង់មានព្រះបន្ទូលអំពីគាត់គ្រាន់តែដេកសម្រាកប៉ុណ្ណោះ
14 ព្រះយេស៊ូវមានព្រះបន្ទូលទៅគេជាយ៉ាងច្បាស់ថា ឡាសារស្លាប់ហើយ
15 ខ្ញុំក៏អរណាស់ ដោយយល់ដល់អ្នករាល់គ្នា ព្រោះខ្ញុំមិនបាននៅឯណោះ ដើម្បីឲ្យអ្នករាល់គ្នាបានជឿ ឥឡូវ ចូរយើងទៅឯគាត់ចុះ
16 ដូច្នេះ ថូម៉ាសដែលហៅថា ឌីឌីម គាត់និយាយទៅពួកសិស្សជាគូកនគាត់ថា ចូរយើងរាល់គ្នាទៅដែរ ដើម្បីនឹងប្តូរស្លាប់ជាមួយនឹងលោក។
17 កាលព្រះយេស៊ូវយាងទៅដល់ហើយ នោះបានឮថា ឡាសារនៅក្នុងផ្នូរអស់៤ថ្ងៃហើយ
18 រីឯភូមិបេថានី នោះនៅជិតក្រុងយេរូសាឡឹម ប្រហែលជា៣គីឡូម៉ែត្រទេ
19 ហើយមានពួកសាសន៍យូដាជាច្រើនបានមក ដើម្បីជួយកំសាន្តទុក្ខនាងម៉ាថា និងម៉ារា ពីដំណើរប្អូនស្លាប់
20 កាលម៉ាថាបានឮថា ព្រះយេស៊ូវយាងមកហើយ នោះនាងក៏ទៅទទួលទ្រង់ តែម៉ារាអង្គុយនៅឯផ្ទះ
21 ម៉ាថាទូលព្រះយេស៊ូវថា ព្រះអម្ចាស់អើយ បើសិនជាទ្រង់បានគង់នៅទីនេះ នោះប្អូនខ្ញុំម្ចាស់មិនបានស្លាប់ទេ
22 ប៉ុន្តែ ខ្ញុំម្ចាស់ដឹងថា ទោះទាំងនៅគ្រាឥឡូវនេះ នោះការអ្វីដែលទ្រង់នឹងសូមពីព្រះ គង់តែព្រះនឹងប្រទានមកទ្រង់ជាមិនខាន
23 ព្រះយេស៊ូវមានព្រះបន្ទូលទៅនាងថា ប្អូននាងនឹងរស់ឡើងដែរ
24 ម៉ាថាទូលទ្រង់ថា ខ្ញុំដឹងថា នៅថ្ងៃចុងបំផុត កាលណាមនុស្សត្រូវរស់ពីស្លាប់ឡើងវិញ នោះប្អូនខ្ញុំម្ចាស់នឹងរស់ឡើងដែរ
25 ព្រះយេស៊ូវមានព្រះបន្ទូលទៅនាងថា ខ្ញុំជាសេចក្ដីរស់ឡើងវិញ ហើយជាជីវិត អ្នកណាដែលជឿដល់ខ្ញុំ ទោះបើបានស្លាប់ហើយ គង់តែនឹងរស់ឡើងវិញដែរ
26 ឯអ្នកណាដែលរស់នៅ ហើយជឿដល់ខ្ញុំ នោះមិនត្រូវស្លាប់ឡើយ នាងជឿសេចក្ដីនេះឬទេ
27 នាងទូលឆ្លើយថា ព្រះពរព្រះអម្ចាស់ ខ្ញុំម្ចាស់ជឿហើយ ថាទ្រង់ជាព្រះគ្រីស្ទ គឺជាព្រះរាជបុត្រានៃព្រះ ដែលត្រូវយាងមកក្នុងលោកីយ៍មែន។
28 កាលនាងបានពោលពាក្យដូច្នោះហើយ នោះក៏ទៅហៅម៉ារា ប្អូននាង មកដោយសម្ងាត់ ប្រាប់ថា លោកគ្រូអញ្ជើញមកដល់ហើយ លោកហៅរកឯង
29 កាលនាងម៉ារាបានឮពាក្យនោះ ក៏ក្រោកឡើងជាប្រញាប់ទៅឯទ្រង់
30 ឯព្រះយេស៊ូវ ទ្រង់មិនទាន់យាងចូលក្នុងភូមិនៅឡើយ គឺទ្រង់គង់នៅត្រង់កន្លែងដែលម៉ាថាបានជួបនោះ
31 កាលពួកសាសន៍យូដា ដែលនៅក្នុងផ្ទះ កំពុងតែជួយកំសាន្តចិត្តនាងម៉ារា បានឃើញថា នាងក្រោកឡើងចេញទៅជាប្រញាប់ដូច្នេះ គេក៏តាមនាងទៅ ដោយនិយាយគ្នាថា នាងគិតទៅយំឯផ្នូរហើយ។
32 នាងម៉ារាក៏ទៅដល់កន្លែង ដែលព្រះយេស៊ូវគង់នៅ កាលបានឃើញទ្រង់ នោះនាងក្រាបនៅទៀបព្រះបាទទូលថា ព្រះអម្ចាស់អើយ បើទ្រង់បានគង់នៅទីនេះ នោះប្អូនខ្ញុំម្ចាស់មិនបានស្លាប់ទេ
33 កាលព្រះយេស៊ូវឃើញនាងយំ ព្រមទាំងពួកសាសន៍យូដា ដែលមកជាមួយនឹងនាងផង នោះទ្រង់មានសេចក្ដីរំជួល ទាំងក្នាញ់ក្នុងព្រះហឫទ័យ
34 ហើយមានព្រះបន្ទូលសួរថា អ្នករាល់គ្នាបានយករូបបុគ្គលទៅទុកឯណា គេទូលឆ្លើយថា ព្រះអម្ចាស់ សូមយាងទៅទតមើល
35 ព្រះយេស៊ូវក៏ទ្រង់ព្រះកន្សែង
36 ដូច្នេះ ពួកសាសន៍យូដានិយាយថា មើល លោកស្រឡាញ់គាត់ណាស់ហ្ន៎
37 ហើយពួកខ្លះនិយាយថា លោកនេះដែលបានប្រោសមនុស្សខ្វាក់ឲ្យភ្លឺ តើពុំអាចនឹងឃាត់មិនឲ្យមនុស្សនេះស្លាប់បានដែរឬ។
38 នោះព្រះយេស៊ូវយាងទៅដល់ផ្នូរ ទាំងមានសេចក្ដីក្នាញ់ក្នុងព្រះហឫទ័យម្តងទៀត ឯផ្នូរនោះជារអាងភ្នំ ហើយមានថ្ម១បិទសន្ធប់
39 ព្រះយេស៊ូវមានព្រះបន្ទូលថា ចូរយកថ្មចេញ តែម៉ាថា ជាបងរបស់រូបបុគ្គលនោះទូលថា ព្រះអម្ចាស់អើយ ខ្មោចនេះធុំក្លិនហើយ ព្រោះស្លាប់កន្លងមកបាន៤ថ្ងៃ
40 ព្រះយេស៊ូវមានព្រះបន្ទូលទៅនាងថា តើខ្ញុំមិនបានប្រាប់នាងថា បើសិនជានាងជឿ នោះនាងនឹងឃើញសិរីល្អនៃព្រះទេឬអី
41 ដូច្នេះ គេក៏យកថ្មចេញ រួចព្រះយេស៊ូវងើបព្រះនេត្រទៅលើ ទូលថា ឱព្រះវរបិតាអើយ ទូលបង្គំអរព្រះគុណដល់ព្រះអង្គ ដោយព្រោះទ្រង់បានអនុញ្ញាតតាមទូលបង្គំ
42 ទូលបង្គំដឹងថា ទ្រង់អនុញ្ញាតតាមទូលបង្គំជាដរាប តែដែលទូលបង្គំទូលដូច្នេះ គឺដោយព្រោះតែបណ្តាមនុស្សដែលឈរនៅជុំវិញទេ ដើម្បីឲ្យគេជឿថា ទ្រង់បានចាត់ឲ្យទូលបង្គំមកមែន
43 កាលទ្រង់មានព្រះបន្ទូលដូច្នេះហើយ ក៏បន្លឺវាចាថា ឡាសារអើយ ចូរចេញមក
44 នោះអ្នកដែលបានស្លាប់ ក៏ចេញមក មានទាំងសំពត់ស្នបរុំជាប់នៅជើងដៃផង ហើយមានកន្សែងគ្របមុខដែរ ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា ចូរស្រាយគាត់ឲ្យទៅចុះ។
45 ដូច្នេះ កាលពួកសាសន៍យូដា ដែលមកតាមនាងម៉ារា បានឃើញការដែលព្រះយេស៊ូវធ្វើ នោះមានគ្នាជាច្រើនជឿដល់ទ្រង់
46 តែមានខ្លះទៅជម្រាបដល់ពួកផារីស៊ី ពីការដែលព្រះយេស៊ូវបានធ្វើ
47 នោះពួកសង្គ្រាជ និងពួកផារីស៊ី គេប្រមូលក្រុមប្រឹក្សាមកនិយាយថា តើយើងត្រូវធ្វើដូចម្តេច ព្រោះមនុស្សនេះធ្វើទីសម្គាល់ច្រើនណាស់
48 បើយើងទុកឲ្យធ្វើតែយ៉ាងដូច្នេះទៅ នោះមុខជាមនុស្សទាំងអស់នឹងជឿតាមវាហើយ រួចសាសន៍រ៉ូមនឹងមកចាប់យកទាំងស្រុក និងជាតិយើងផង
49 មានក្រុមជំនុំម្នាក់ឈ្មោះកៃផា ដែលធ្វើជាសម្ដេចសង្ឃក្នុងឆ្នាំនោះ លោកមានប្រសាសន៍ថា អ្នករាល់គ្នាមិនដឹងអ្វីសោះ
50 ក៏មិនគិតពិចារណាឃើញថា បើមានមនុស្សម្នាក់ស្លាប់ជំនួសបណ្តាជន នោះមានប្រយោជន៍ ដល់អ្នករាល់គ្នាជាជាង ដើម្បីកុំឲ្យជាតិយើងនេះត្រូវវិនាសទាំងអស់ឡើយ
51 តែលោកមិននិយាយសេចក្ដីនោះ ដោយអាងតែខ្លួនលោកទេ គឺដោយព្រោះលោកជាសម្ដេចសង្ឃនៅឆ្នាំនោះ បានជាលោកទាយថា ព្រះយេស៊ូវត្រូវសុគតជំនួសសាសន៍នោះ
52 ហើយមិនជំនួសត្រឹមតែសាសន៍នោះប៉ុណ្ណោះ គឺសុគតដើម្បីឲ្យអស់ទាំងកូននៃព្រះ ដែលខ្ចាត់ខ្ចាយទៅ បានប្រមូលរួមមកជាសាសន៍តែ១ដែរ
53 ដូច្នេះ ចាប់តាំងពីថ្ងៃនោះមក គេក៏ពិគ្រោះគ្នានឹងសម្លាប់ទ្រង់ចេញ
54 ហេតុនោះបានជាព្រះយេស៊ូវ មិនបានយាងនៅក្នុងពួកសាសន៍យូដា ឲ្យគេឃើញទៀតទេ គឺទ្រង់យាងទៅឯស្រុកស្រែក្បែរទីរហោស្ថានវិញ ដល់ភូមិ១ហៅថា អេប្រាអិម ក៏គង់នៅទីនោះជាមួយនឹងពួកសិស្ស។
55 រីឯបុណ្យរំលងរបស់សាសន៍យូដា នោះជិតដល់ហើយ ក៏មានមនុស្សជាច្រើនចេញពីស្រុកស្រែ ឡើងទៅឯក្រុងយេរូសាឡឹមមុនបុណ្យនោះ ដើម្បីឲ្យបានញែកខ្លួនជាបរិសុទ្ធ
56 ពួកអ្នកទាំងនោះកំពុងតែឈរនៅក្នុងព្រះវិហារ សួរគ្នារកព្រះយេស៊ូវថា លោកនោះមិនមកឯបុណ្យនេះទេឬអី តើគិតដូចម្តេច
57 ឯពួកសង្គ្រាជ និងពួកផារីស៊ីបានបង្គាប់មកថា បើអ្នកណាដឹងជាទ្រង់គង់នៅឯណា នោះត្រូវប្រាប់ឲ្យគេដឹងផង ដើម្បីឲ្យគេបានទៅចាប់ទ្រង់។
ជំពូក 12
1 កាលមុនបុណ្យរំលង៦ថ្ងៃ នោះព្រះយេស៊ូវទ្រង់យាងមកដល់ភូមិបេថានី ជាកន្លែងឡាសារនៅ គឺជាអ្នកដែលទ្រង់បានប្រោសឲ្យរស់ពីស្លាប់ឡើងវិញ
2 នៅទីនោះ គេរៀបចំព្រះស្ងោយថ្វាយទ្រង់ ហើយនាងម៉ាថាក៏ខ្វល់ខ្វាយបម្រើ ឯឡាសារ គាត់នៅក្នុងពួកអ្នកដែលអង្គុយនៅតុជាមួយនឹងទ្រង់ដែរ
3 នោះនាងម៉ារាយកប្រេងក្រអូបទេព្វិរូសុទ្ធ១នាលិ មានតម្លៃណាស់ មកចាក់លាបព្រះបាទទ្រង់ រួចយកសក់នាងជូត ក្លិនក្រអូបនោះ ក៏សាយឡើងពេញក្នុងផ្ទះ
4 ដូច្នេះ ពួកសិស្សទ្រង់ម្នាក់ ឈ្មោះយូដាស-អ៊ីស្ការីយ៉ុត ជាកូនស៊ីម៉ូន ដែលរៀបនឹងបញ្ជូនទ្រង់ ក៏និយាយឡើងថា
5 ម្តេចឡើយក៏មិនបានលក់ប្រេងក្រអូបនេះជាតម្លៃ៦០រៀល ដើម្បីចែកឲ្យមនុស្សក្រីក្រវិញ
6 វានិយាយដូច្នោះ មិនមែនដោយព្រោះវាយកចិត្តទុកដាក់នឹងមនុស្សក្រីក្រទេ គឺដោយព្រោះវាជាចោរ វាកាន់ថង់ប្រាក់ ហើយក៏លួចយករបស់ដែលដាក់នៅក្នុងថង់នោះផង
7 ព្រះយេស៊ូវមានព្រះបន្ទូលថា កុំឲ្យធ្វើនាងឡើយ ដ្បិតនាងបានទុកប្រេងក្រអូបនេះ សម្រាប់ដល់ថ្ងៃបញ្ចុះខ្មោចខ្ញុំ
8 ឯអ្នករាល់គ្នា តែងតែមានពួកអ្នកក្រនៅជាមួយជាដរាប តែខ្ញុំមិននៅជាមួយជាដរាបទេ។
9 មានពួកសាសន៍យូដាសន្ធឹកណាស់ បានដឹងថា ទ្រង់គង់ទីនោះ ដូច្នេះ គេក៏នាំគ្នាមក តែមិនមែនដោយព្រោះព្រះយេស៊ូវប៉ុណ្ណោះ គឺមកចង់ឃើញឡាសារ ដែលទ្រង់ប្រោសឲ្យរស់ពីស្លាប់ឡើងវិញផង
10 តែពួកសង្គ្រាជគេជំនុំគ្នានឹងសម្លាប់ទាំងឡាសារដែរ
11 ដ្បិតដោយព្រោះតែគាត់ បានជាមានសាសន៍យូដាជាច្រើន ដកខ្លួនចេញពីពួកគេ ទៅជឿដល់ព្រះយេស៊ូវវិញ។
12 លុះថ្ងៃស្អែកឡើង កាលបណ្តាមនុស្ស ដែលមកឯបុណ្យ បានឮថា ព្រះយេស៊ូវកំពុងយាងចូលមកក្នុងក្រុងយេរូសាឡឹម
13 នោះមានគ្នាសន្ធឹក យកធាងចាកចេញទៅទទួលទ្រង់ ទាំងស្រែកថា ហូសាណា ព្រះអង្គដែលយាងមកដោយព្រះនាមព្រះអម្ចាស់ គឺជាស្តេចនៃសាសន៍អ៊ីស្រាអែល ទ្រង់ប្រកបដោយព្រះពរ
14 កាលព្រះយេស៊ូវរកបានកូនលា១ នោះក៏គង់លើវា តាមសេចក្ដីដែលចែងទុកមកថា
15 «កុំខ្លាចអ្វី កូនស្រីស៊ីយ៉ូនអើយ មើល ស្តេចឯងទ្រង់យាងមក ទាំងគង់លើកូនលា»
16 មុនដំបូង ពួកសិស្សទ្រង់មិនបានយល់សេចក្ដីទាំងនោះទេ តែកាលព្រះយេស៊ូវបានតម្កើងឡើងហើយ នោះគេនឹងឃើញថា មានសេចក្ដីទាំងនោះចែងទុកពីទ្រង់ ហើយថា គេបានសម្រេចការទាំងនោះថ្វាយទ្រង់ដែរ
17 រីឯហ្វូងមនុស្ស ដែលនៅជាមួយនឹងទ្រង់ គេក៏ធ្វើបន្ទាល់ពីកាលទ្រង់ហៅឡាសារចេញពីផ្នូរមក ហើយប្រោសឲ្យគាត់រស់ពីស្លាប់ឡើងវិញ
18 គឺដោយហេតុនោះបានជាមានហ្វូងមនុស្សទៅទទួលទ្រង់ ពីព្រោះគេឮថា ទ្រង់បានធ្វើទីសម្គាល់នោះ
19 ដូច្នេះ ពួកផារីស៊ីនិយាយគ្នាគេថា មើល ពួកយើងមិនឈ្នះទេ ឃើញឬទេ លោកីយ៍ទាំងស្រុងទៅតាមអ្នកនោះហើយ។
20 ក្នុងពួកអ្នកដែលឡើងទៅថ្វាយបង្គំ នៅក្នុងវេលាបុណ្យនោះ ក៏មានសាសន៍ក្រេកខ្លះដែរ
21 គេមកឯភីលីព ជាអ្នកនៅភូមិបេតសៃដា ស្រុកកាលីឡេ គេសូមគាត់ថា លោកម្ចាស់ យើងខ្ញុំចង់ឃើញព្រះយេស៊ូវ
22 ភីលីពក៏ទៅប្រាប់អនទ្រេ រួចអនទ្រេ និងភីលីពទៅទូលដល់ព្រះយេស៊ូវ
23 តែទ្រង់មានព្រះបន្ទូលឆ្លើយថា កំណត់ដែលកូនមនុស្សត្រូវតម្កើងឡើង បានមកដល់ហើយ
24 ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បើគ្រាប់ស្រូវដែលធ្លាក់ចុះទៅដីមិនងាប់ទេ នោះក៏នៅតែ១ដដែល តែបើងាប់វិញ នោះក៏បង្កើតផលជាច្រើនឡើង
25 អ្នកណាដែលស្រឡាញ់ជីវិតខ្លួន នោះនឹងបាត់ជីវិតទៅ តែអ្នកណាដែលស្អប់ជីវិតខ្លួន នៅលោកីយ៍នេះវិញ នោះនឹងរក្សាជីវិតទុក ដរាបដល់អស់កល្បរៀងទៅ
26 បើអ្នកណាបម្រើខ្ញុំ ត្រូវឲ្យអ្នកនោះមកតាមខ្ញុំចុះ យ៉ាងនោះ ទោះបើខ្ញុំនៅឯណាក្តី អ្នកបម្រើខ្ញុំក៏នឹងនៅទីនោះដែរ បើអ្នកណាបម្រើខ្ញុំ ព្រះវរបិតានឹងលើកមុខអ្នកនោះ។
27 ឥឡូវនេះ ខ្ញុំមានចិត្តតប់ប្រមល់ តើត្រូវឲ្យខ្ញុំទូលដូចម្តេច ឱព្រះវរបិតាអើយ សូមជួយសង្គ្រោះទូលបង្គំ ឲ្យរួចពីពេលនេះផង ប៉ុន្តែ គឺដោយហេតុនេះឯង បានជាទូលបង្គំមកដល់ពេលនេះ
28 ឱព្រះវរបិតាអើយ សូមតម្កើងព្រះនាមទ្រង់ឡើង នោះស្រាប់តែមានឮសំឡេងពីលើមេឃថា អញបានតម្កើងហើយ ក៏នឹងតម្កើងឡើងទៀតដែរ
29 ដូច្នេះ បណ្តាមនុស្សដែលឈរនៅទីនោះ ហើយឮ ក៏និយាយថា ឮផ្គរលាន់ ខ្លះទៀតថា មានទេវតាទូលនឹងទ្រង់
30 តែព្រះយេស៊ូវទ្រង់ឆ្លើយថា សំឡេងនេះមិនមែនឮដោយព្រោះខ្ញុំទេ គឺដោយយល់ដល់អ្នករាល់គ្នាវិញ
31 ឥឡូវ លោកីយ៍នេះត្រូវជាប់ទោសហើយ ឥឡូវនេះ ចៅហ្វាយរបស់លោកីយ៍នេះ ក៏ត្រូវបោះចោលចេញ
32 ឯខ្ញុំ បើសិនជាខ្ញុំត្រូវលើកពីដីឡើង នោះខ្ញុំនឹងទាញមនុស្សទាំងអស់មកឯខ្ញុំ
33 ទ្រង់មានព្រះបន្ទូលសេចក្ដីទាំងនេះ ដើម្បីនឹងបង្ហាញពីទ្រង់ត្រូវសុគតជាបែបយ៉ាងណា
34 ហ្វូងមនុស្សទូលឆ្លើយថា យើងខ្ញុំបានឮក្នុងក្រឹត្យវិន័យថា ព្រះគ្រីស្ទ ទ្រង់គង់នៅអស់កល្បជានិច្ច ចុះធ្វើដូចម្តេចបានជាថា កូនមនុស្សត្រូវលើកឡើងដូច្នេះ តើអ្នកណាជាកូនមនុស្សនេះ
35 នោះព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា ពន្លឺនៅជាមួយនឹងអ្នករាល់គ្នាតែបន្តិចទៀតទេ ចូរដើរកំពុងដែលនៅមានពន្លឺចុះ ក្រែងលោសេចក្ដីងងឹតតាមអ្នករាល់គ្នាទាន់ អ្នកណាដែលដើរក្នុងសេចក្ដីងងឹត នោះមិនដឹងជាទៅឯណាទេ
36 ចូរអ្នករាល់គ្នាជឿដល់ពន្លឺ កំពុងដែលនៅមាននៅឡើយចុះ ដើម្បីឲ្យបានធ្វើជាកូននៃពន្លឺ។
37 លុះព្រះយេស៊ូវមានព្រះបន្ទូលសេចក្ដីទាំងនេះហើយ នោះទ្រង់ក៏យាងចេញទៅ ហើយបានកំបាំងពីគេ ប៉ុន្តែ ទោះបើទ្រង់បានធ្វើទីសម្គាល់ នៅមុខគេជាច្រើនទាំងម៉្លេះក៏ដោយ គង់តែគេមិនបានជឿដល់ទ្រង់ដែរ
38 ដើម្បីឲ្យពាក្យរបស់ហោរាអេសាយបានសម្រេច ដែលទាយថា «ព្រះអម្ចាស់អើយ តើអ្នកណាបានជឿសេចក្ដីដែលយើងខ្ញុំប្រាប់ ហើយតើព្រះហស្តព្រះអម្ចាស់បានបើកសម្ដែងមក ឲ្យអ្នកណាឃើញ»
39 គឺដោយហេតុនោះបានជាគេជឿពុំបាន ពីព្រោះលោកអេសាយក៏ទាយទៀតថា
40 «ទ្រង់បានធ្វើឲ្យភ្នែកគេខ្វាក់ ហើយឲ្យចិត្តគេរឹង ក្រែងភ្នែកគេមើលឃើញ ចិត្តគេយល់ ហើយគេប្រែគំនិត ដើម្បីឲ្យអញបានប្រោសឲ្យជា»
41 លោកអេសាយមានប្រសាសន៍សេចក្ដីទាំងនេះ ពីព្រោះលោកបានឃើញសិរីល្អទ្រង់ ហើយក៏ទាយពីទ្រង់
42 ប៉ុន្តែ នៅក្នុងពួកនាម៉ឺន ក៏មានជាច្រើននាក់បានជឿដល់ទ្រង់ដែរ តែគេមិនហ៊ានប្រាប់ដល់អ្នកណាសោះ ដោយព្រោះពួកផារីស៊ី ក្រែងត្រូវកាត់ចេញពីពួកជំនុំគេទៅ
43 ពីព្រោះគេចូលចិត្តនឹងសេចក្ដីសរសើររបស់មនុស្ស ជាជាងសេចក្ដីសរសើររបស់ព្រះវិញ។
44 ព្រះយេស៊ូវទ្រង់បន្លឺឡើងថា អ្នកណាដែលជឿដល់ខ្ញុំ នោះមិនមែនជឿដល់ខ្ញុំ គឺជឿដល់ព្រះអង្គ ដែលចាត់ឲ្យខ្ញុំមកនោះវិញ
45 ហើយអ្នកណាដែលឃើញខ្ញុំ នោះក៏ឃើញព្រះអង្គ ដែលចាត់ឲ្យខ្ញុំមកដែរ
46 ខ្ញុំបានមកក្នុងលោកីយ៍ជាពន្លឺភ្លឺ ដើម្បីកុំឲ្យអ្នកណាដែលជឿដល់ខ្ញុំ ត្រូវនៅក្នុងសេចក្ដីងងឹតឡើយ
47 បើអ្នកណាឮពាក្យខ្ញុំ តែមិនជឿ នោះខ្ញុំមិនកាត់ទោសគេ ដ្បិតខ្ញុំមិនបានមក ដើម្បីនឹងកាត់ទោសដល់លោកីយ៍ទេ គឺមកប្រយោជន៍នឹងសង្គ្រោះវិញ
48 អ្នកណាដែលវៀរបង់ចោលខ្ញុំ ហើយមិនទទួលពាក្យខ្ញុំ អ្នកនោះមានចៅក្រមដែលកាត់ទោសខ្លួនហើយ គឺជាពាក្យដែលខ្ញុំបាននិយាយនោះឯង ពាក្យនោះនឹងកាត់ទោសដល់គេ នៅថ្ងៃចុងបំផុត
49 ដ្បិតខ្ញុំមិនបាននិយាយ ដោយអាងខ្លួនខ្ញុំទេ គឺជាព្រះវរបិតា ដែលចាត់ឲ្យខ្ញុំមក ទ្រង់បានបង្គាប់ខ្ញុំ ពីសេចក្ដីដែលខ្ញុំត្រូវនិយាយ ហើយពីពាក្យដែលខ្ញុំត្រូវប្រាប់វិញ
50 ខ្ញុំក៏ដឹងថា សេចក្ដីដែលទ្រង់បង្គាប់មកនោះ ជាជីវិតដ៏នៅអស់កល្បជានិច្ច ដូច្នេះ សេចក្ដីអ្វីដែលខ្ញុំនិយាយ នោះខ្ញុំនិយាយតាមដែលព្រះវរបិតាបានប្រាប់មក។
ជំពូក 13
1 កាលមុនបុណ្យរំលង នោះព្រះយេស៊ូវទ្រង់ជ្រាបថា ពេលកំណត់ ដែលទ្រង់ត្រូវចេញពីលោកីយ៍នេះ ទៅឯព្រះវរបិតាវិញ បានមកដល់ហើយ ដូច្នេះ ដែលទ្រង់បានស្រឡាញ់ដល់ពួកទ្រង់នៅក្នុងលោកីយ៍នេះ នោះទ្រង់ក៏ចេះតែស្រឡាញ់គេ ដរាបដល់ចុងបំផុត
2 កំពុងពេលបាយយប់នោះឯង កាលអារក្សបានបញ្ចូលចិត្តយូដាស-អ៊ីស្ការីយ៉ុត ជាកូនស៊ីម៉ូន ឲ្យបញ្ជូនទ្រង់ហើយ
3 នោះដោយព្រោះព្រះយេស៊ូវបានជ្រាបថា ព្រះវរបិតាបានប្រគល់ការទាំងអស់មកក្នុងព្រះហស្តទ្រង់ ហើយថា ទ្រង់មកពីព្រះ ក៏ត្រូវទៅឯព្រះវិញ
4 បានជាទ្រង់ក្រោកពីសោយឡើង ដោះព្រះពស្ត្រពេញ រួចយកក្រមាមកក្រវាត់អង្គ
5 ក្រោយនោះទ្រង់ចាក់ទឹកក្នុងចានក្លាំ ចាប់តាំងលាងជើងពួកសិស្ស ហើយយកក្រមាដែលទ្រង់ក្រវាត់នោះមកជូត
6 កាលទ្រង់មកដល់ស៊ីម៉ូន-ពេត្រុស នោះគាត់ទូលថា ព្រះអម្ចាស់អើយ ទ្រង់លាងជើងឲ្យទូលបង្គំឬ
7 ព្រះយេស៊ូវទ្រង់ឆ្លើយថា ការដែលខ្ញុំធ្វើ នោះអ្នកមិនយល់ក្នុងពេលឥឡូវនេះទេ តែទៅមុខទើបនឹងបានយល់វិញ
8 ពេត្រុសទូលប្រកែកថា ទ្រង់មិនត្រូវលាងជើងឲ្យទូលបង្គំសោះឡើយ ព្រះយេស៊ូវមានព្រះបន្ទូលថា បើខ្ញុំមិនលាងឲ្យអ្នក នោះអ្នកគ្មានចំណែកជាមួយនឹងខ្ញុំទេ
9 ស៊ីម៉ូន-ពេត្រុសទូលទ្រង់ថា ឱព្រះអម្ចាស់អើយ បើដូច្នោះ សូមកុំលាងត្រឹមតែជើងទូលបង្គំប៉ុណ្ណោះឡើយ គឺសូមលាងដល់ទាំងដៃទាំងក្បាលផងចុះ
10 ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា អ្នកដែលងូតទឹកហើយ នោះត្រូវការលាងតែជើងប៉ុណ្ណោះ ឲ្យបានស្អាតទាំងអស់ ឯអ្នករាល់គ្នាក៏បានស្អាតហើយ តែមិនមែនទាំងអស់គ្នាទេ
11 នេះព្រោះទ្រង់ជ្រាបនូវអ្នកណាដែលនឹងបញ្ជូនទ្រង់ ហេតុនោះបានជាទ្រង់មានព្រះបន្ទូលថា អ្នករាល់គ្នាមិនមែនស្អាតគ្រប់គ្នាទេ។
12 កាលទ្រង់បានលាងជើងគេរួច ហើយបានពាក់ព្រះពស្ត្រទ្រង់វិញ នោះក៏គង់នៅតុ មានព្រះបន្ទូលទៅគេថា តើអ្នករាល់គ្នាយល់ការដែលខ្ញុំទើបនឹងធ្វើនេះឬទេ
13 អ្នករាល់គ្នាហៅខ្ញុំជាលោកគ្រូ ហើយជាព្រះអម្ចាស់ នោះក៏ត្រូវមែន ពីព្រោះគឺខ្ញុំនេះហើយ
14 ដូច្នេះ បើខ្ញុំ ដែលជាព្រះអម្ចាស់ ហើយជាគ្រូ បានលាងជើង ឲ្យអ្នករាល់គ្នា នោះគួរតែឲ្យអ្នករាល់គ្នាលាងជើង ដល់គ្នានឹងគ្នាដែរ
15 ដ្បិតខ្ញុំបានធ្វើតម្រាប់ទុកឲ្យអ្នករាល់គ្នាហើយ ដើម្បីឲ្យអ្នករាល់គ្នាត្រាប់តាមការដែលខ្ញុំបានធ្វើឲ្យនោះ
16 ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បាវមិនមែនធំជាងចៅហ្វាយទេ ហើយអ្នកបម្រើក៏មិនធំជាងអ្នកដែលប្រើដែរ
17 បើអ្នករាល់គ្នាដឹងសេចក្ដីទាំងនេះ ហើយប្រព្រឹត្តតាម នោះមានពរហើយ
18 ខ្ញុំមិនមែននិយាយពីអ្នករាល់គ្នាទាំងអស់ទេ ខ្ញុំស្គាល់អស់អ្នកដែលខ្ញុំបានរើស ប៉ុន្តែ បទគម្ពីរដែលថា «អ្នកដែលបរិភោគនំបុ័ង ជាមួយនឹងទូលបង្គំ នោះបានលើកកែងជើង ទាស់នឹងទូលបង្គំវិញ» ពាក្យនោះត្រូវតែបានសម្រេច
19 ខ្ញុំប្រាប់អ្នករាល់គ្នាតាំងពីឥឡូវនេះ មុនដែលការនោះកើតមក ដើម្បីកាលណាបានកើតមកដល់ នោះឲ្យអ្នករាល់គ្នាបានជឿថា គឺខ្ញុំនេះហើយ
20 ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកណាទទួលអ្នកដែលខ្ញុំនឹងចាត់ឲ្យទៅ នោះឈ្មោះថាទទួលខ្ញុំ ហើយអ្នកណាដែលទទួលខ្ញុំ នោះក៏ឈ្មោះថាទទួលព្រះអង្គ ដែលចាត់ឲ្យខ្ញុំមកដែរ។
21 កាលព្រះយេស៊ូវ ទ្រង់មានព្រះបន្ទូលសេចក្ដីទាំងនោះរួចហើយ នោះទ្រង់មានព្រះហឫទ័យតប់ប្រមល់ ហើយក៏ធ្វើបន្ទាល់ថា ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា មានពួកអ្នករាល់គ្នាម្នាក់នឹងបញ្ជូនខ្ញុំ
22 ដូច្នេះ ពួកសិស្សក៏ងាកមើលគ្នាទៅវិញទៅមក មិនដឹងជាទ្រង់មានព្រះបន្ទូលពីអ្នកណាទេ
23 មានសិស្សម្នាក់ដែលព្រះយេស៊ូវស្រឡាញ់ គាត់អង្គុយនៅតុ ផ្អែកលើព្រះឧរាទ្រង់
24 ដូច្នេះ ស៊ីម៉ូន-ពេត្រុសក៏ធ្វើគ្រឿងសម្គាល់ ឲ្យអ្នកនោះទូលសួរព្រះយេស៊ូវ អំពីអ្នកណាដែលទ្រង់មានព្រះបន្ទូលនោះ
25 អ្នកនោះក៏ទូលសួរព្រះយេស៊ូវ ទាំងទំរេតលើព្រះឧរាទ្រង់ថា ព្រះអម្ចាស់អើយ តើអ្នកណា
26 ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា គឺជាអ្នកដែលខ្ញុំនឹងជ្រលក់ចំណិតនំបុ័ងហុចទៅឲ្យ រួចទ្រង់ជ្រលក់នំបុ័ង១ចំណិត ប្រទានទៅឲ្យយូដាស-អ៊ីស្ការីយ៉ុត ជាកូនស៊ីម៉ូន
27 ក្រោយដែលទទួលចំណិតនោះហើយ នោះអារក្សសាតាំងក៏ចូលវា រួចព្រះយេស៊ូវមានព្រះបន្ទូលទៅវាថា ការអ្វីដែលអ្នកគិតធ្វើ នោះចូរធ្វើជាប្រញាប់ទៅចុះ
28 ប៉ុន្តែ ក្នុងពួកអ្នកដែលអង្គុយនៅតុ គ្មានអ្នកណាដឹងថាទ្រង់មានព្រះបន្ទូលទៅវា ដោយហេតុអ្វីទេ
29 ខ្លះស្មានថា ដោយព្រោះយូដាសកាន់ថង់ប្រាក់ បានជាព្រះយេស៊ូវ ទ្រង់ប្រាប់ឲ្យវាទៅទិញអីវ៉ាន់អ្វីនីមួយ ដែលត្រូវការសម្រាប់បុណ្យនោះ ឬឲ្យវាចែកទានអ្វីដល់ពួកអ្នកក្រីក្រ
30 កាលវាបានទទួលចំណិតនំនោះ វាក៏ចេញទៅជា១រំពេច ពេលនោះ យប់ហើយ។
31 កាលវាចេញផុតទៅ នោះព្រះយេស៊ូវមានព្រះបន្ទូលថា ឥឡូវនេះ កូនមនុស្សបានតម្កើងឡើង ហើយព្រះក៏បានតម្កើងឡើងក្នុងកូនមនុស្សដែរ
32 បើសិនជាព្រះបានតម្កើងឡើងក្នុងកូនមនុស្ស នោះទ្រង់នឹងតម្កើងកូនមនុស្សឡើងក្នុងព្រះអង្គទ្រង់ដែរ ក៏នឹងតម្កើងកូនមនុស្សឡើងជា១រំពេចផង
33 ឱកូនរាល់គ្នាអើយ ខ្ញុំនៅជាមួយនឹងអ្នករាល់គ្នាតែបន្តិចទៀតទេ អ្នករាល់គ្នានឹងរកខ្ញុំ តែដូចជាខ្ញុំបានប្រាប់ដល់ពួកសាសន៍យូដារួចហើយថា កន្លែងដែលខ្ញុំទៅនោះ អ្នករាល់គ្នាពុំអាចនឹងទៅបានទេ ឥឡូវនេះ ខ្ញុំក៏ប្រាប់ដល់អ្នករាល់គ្នាដូច្នោះដែរ
34 ខ្ញុំឲ្យសេចក្ដីបញ្ញត្ត១ថ្មីដល់អ្នករាល់គ្នា គឺឲ្យអ្នករាល់គ្នាស្រឡាញ់គ្នាទៅវិញទៅមក ត្រូវឲ្យស្រឡាញ់គ្នា ដូចជាខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ
35 គេនឹងដឹងថា អ្នករាល់គ្នាជាសិស្សរបស់ខ្ញុំ ដោយសារសេចក្ដីនេះឯង គឺដោយអ្នករាល់គ្នាមានសេចក្ដីស្រឡាញ់ដល់គ្នាទៅវិញទៅមក។
36 ស៊ីម៉ូន-ពេត្រុសទូលសួរទ្រង់ថា ព្រះអម្ចាស់អើយ តើទ្រង់យាងទៅឯណា ព្រះយេស៊ូវទ្រង់ឆ្លើយថា កន្លែងដែលខ្ញុំទៅ នោះអ្នកពុំអាចនឹងទៅតាម ក្នុងគ្រាឥឡូវនេះបានទេ លុះគ្រាក្រោយទើបអ្នកនឹងទៅបាន
37 ពេត្រុសទូលទ្រង់ថា ព្រះអម្ចាស់អើយ ហេតុអ្វីបានជាទូលបង្គំទៅតាម ក្នុងគ្រានេះពុំបាន ទូលបង្គំស៊ូវតែប្តូរជីវិតជំនួសទ្រង់
38 ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយទៅគាត់ថា តើអ្នកនឹងប្តូរជីវិតជំនួសខ្ញុំឬ ប្រាកដមែន ខ្ញុំប្រាប់អ្នកជាប្រាកដថា មាន់មិនរងាវទៀត ទាល់តែអ្នកបានប្រកែក៣ដង ថាមិនស្គាល់ខ្ញុំ។
ជំពូក 14
1 កុំឲ្យចិត្តអ្នករាល់គ្នាថប់បារម្ភឡើយ អ្នករាល់គ្នាជឿដល់ព្រះហើយ ចូរជឿដល់ខ្ញុំដែរ
2 នៅក្នុងដំណាក់នៃព្រះវរបិតាខ្ញុំ មានទីលំនៅជាច្រើន ពុំនោះ ខ្ញុំបានប្រាប់អ្នករាល់គ្នាហើយ ខ្ញុំទៅរៀបកន្លែងឲ្យអ្នករាល់គ្នា
3 បើខ្ញុំទៅរៀបកន្លែងឲ្យអ្នករាល់គ្នា នោះខ្ញុំនឹងត្រឡប់មកវិញ នឹងទទួលអ្នករាល់គ្នាទៅឯខ្ញុំ ប្រយោជន៍ឲ្យអ្នករាល់គ្នាបាននៅកន្លែងដែលខ្ញុំនៅនោះដែរ
4 ឯកន្លែងដែលខ្ញុំទៅ នោះអ្នករាល់គ្នាក៏ដឹង ហើយក៏ស្គាល់ផ្លូវទៅដែរ
5 ថូម៉ាសទូលទ្រង់ថា ព្រះអម្ចាស់អើយ យើងខ្ញុំមិនដឹងថាទ្រង់យាងទៅឯណាទេ ដូច្នេះ ធ្វើដូចម្តេចឲ្យយើងខ្ញុំស្គាល់ផ្លូវទៅបាន
6 ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា ខ្ញុំជាផ្លូវ ជាសេចក្ដីពិត ហើយជាជីវិត បើមិនមកតាមខ្ញុំ នោះគ្មានអ្នកណាទៅឯព្រះវរបិតាបានឡើយ
7 បើអ្នករាល់គ្នាបានស្គាល់ខ្ញុំ នោះបានស្គាល់ព្រះវរបិតាដែរ អំពីនេះទៅមុខ អ្នករាល់គ្នាក៏ស្គាល់ ហើយបានឃើញទ្រង់ផង
8 ភីលីពទូលទ្រង់ថា ព្រះអម្ចាស់អើយ សូមបង្ហាញព្រះវរបិតាឲ្យយើងខ្ញុំឃើញផង នោះយើងខ្ញុំពេញចិត្តហើយ
9 ព្រះយេស៊ូវមានព្រះបន្ទូលទៅថា ភីលីពអើយ ខ្ញុំបាននៅជាមួយនឹងអ្នករាល់គ្នាជាយូរដល់ម៉្លេះ ហើយអ្នកមិនទាន់ស្គាល់ខ្ញុំឬ អ្នកណាដែលឃើញខ្ញុំ នោះក៏បានឃើញព្រះវរបិតាដែរ ចុះធ្វើដូចម្តេចបានជាអ្នកថា សូមបង្ហាញឲ្យឃើញព្រះវរបិតាផងដូច្នេះ
10 តើអ្នកមិនជឿថា ខ្ញុំនៅក្នុងព្រះវរបិតា ហើយព្រះវរបិតាគង់នៅក្នុងខ្ញុំទេឬអី អស់ទាំងពាក្យដែលខ្ញុំប្រាប់ដល់អ្នករាល់គ្នា នោះខ្ញុំមិនមែនប្រាប់ ដោយអាងខ្លួនខ្ញុំទេ គឺជាព្រះវរបិតាដែលគង់ក្នុងខ្ញុំ ទ្រង់ធ្វើការទាំងនោះវិញ
11 ចូរជឿខ្ញុំថា ខ្ញុំនៅក្នុងព្រះវរបិតា ហើយព្រះវរបិតាក៏គង់ក្នុងខ្ញុំ ពុំនោះសោត ឲ្យជឿខ្ញុំដោយព្រោះការទាំងនោះឯងចុះ
12 ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកណាដែលជឿដល់ខ្ញុំ នោះនឹងធ្វើការដែលខ្ញុំធ្វើដែរ ក៏នឹងធ្វើការធំជាងការទាំងនោះទៅទៀត ពីព្រោះខ្ញុំទៅឯព្រះវរបិតា
13 ហើយការអ្វីក៏ដោយ ដែលអ្នករាល់គ្នានឹងសូម ដោយនូវឈ្មោះខ្ញុំ នោះខ្ញុំនឹងសម្រេចឲ្យ ដើម្បីឲ្យព្រះវរបិតាបានតម្កើងឡើងក្នុងព្រះរាជបុត្រា
14 បើអ្នករាល់គ្នានឹងសូមអ្វី ដោយនូវឈ្មោះខ្ញុំ នោះខ្ញុំនឹងសម្រេចឲ្យ។
15 បើអ្នករាល់គ្នាស្រឡាញ់ខ្ញុំ ចូរកាន់តាមបញ្ញត្តរបស់ខ្ញុំចុះ
16 នោះខ្ញុំនឹងទូលសូមដល់ព្រះវរបិតា ហើយទ្រង់នឹងប្រទានព្រះដ៏ជាជំនួយ១អង្គទៀត មកអ្នករាល់គ្នា ឲ្យបានគង់នៅជាមួយ នៅអស់កល្បរៀងទៅ
17 គឺជាព្រះវិញ្ញាណនៃសេចក្ដីពិត ដែលលោកីយ៍ទទួលពុំបាន ព្រោះមិនឃើញ ហើយមិនស្គាល់ទ្រង់សោះ តែអ្នករាល់គ្នាស្គាល់ទ្រង់ ដ្បិតទ្រង់គង់ជាមួយ ក៏នឹងសណ្ឋិតនៅក្នុងអ្នករាល់គ្នាដែរ
18 ខ្ញុំមិនចោលអ្នករាល់គ្នាឲ្យនៅកំព្រាទេ ខ្ញុំនឹងមកឯអ្នករាល់គ្នាវិញ
19 បន្តិចទៀត លោកីយ៍នឹងលែងឃើញខ្ញុំ តែអ្នករាល់គ្នានឹងឃើញខ្ញុំវិញ ហើយដោយព្រោះខ្ញុំរស់ នោះអ្នករាល់គ្នានឹងរស់ដែរ
20 នៅថ្ងៃនោះ អ្នករាល់គ្នានឹងដឹងថា ខ្ញុំនៅក្នុងព្រះវរបិតាខ្ញុំ អ្នករាល់គ្នាក៏នៅក្នុងខ្ញុំ ហើយខ្ញុំនៅក្នុងអ្នករាល់គ្នាដែរ
21 អ្នកណាដែលមានបញ្ញត្តរបស់ខ្ញុំ ហើយកាន់តាម គឺអ្នកនោះហើយដែលស្រឡាញ់ខ្ញុំ ឯអ្នកណាដែលស្រឡាញ់ខ្ញុំ នោះជាទីស្រឡាញ់នៃព្រះវរបិតាខ្ញុំហើយ ខ្ញុំនឹងស្រឡាញ់អ្នកនោះដែរ ក៏នឹងសម្ដែងខ្លួនឲ្យអ្នកនោះស្គាល់ផង
22 យូដាស (មិនមែនអ៊ីស្ការីយ៉ុត) គាត់ទូលទ្រង់ថា ព្រះអម្ចាស់អើយ តើកើតមានហេតុដូចម្តេច បានជាទ្រង់នឹងសម្ដែងមកឲ្យយើងខ្ញុំស្គាល់ទ្រង់ តែមិនឲ្យលោកីយ៍ស្គាល់ផង
23 ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា បើអ្នកណាស្រឡាញ់ខ្ញុំ អ្នកនោះនឹងកាន់តាមពាក្យខ្ញុំ នោះព្រះវរបិតាខ្ញុំនឹងស្រឡាញ់អ្នកនោះ ហើយយើងនឹងមកឯអ្នកនោះ ក៏នឹងតាំងទីលំនៅ នៅជាមួយដែរ
24 អ្នកណាដែលមិនស្រឡាញ់ខ្ញុំ នោះមិនកាន់តាមពាក្យខ្ញុំទេ ឯពាក្យដែលអ្នករាល់គ្នាឮ នោះមិនមែនជាពាក្យខ្ញុំ គឺជាព្រះបន្ទូលរបស់ព្រះវរបិតា ដែលទ្រង់ចាត់ឲ្យខ្ញុំមកទេតើ។
25 ខ្ញុំប្រាប់សេចក្ដីទាំងនេះ ដល់អ្នករាល់គ្នា កំពុងដែលនៅជាមួយគ្នានៅឡើយ
26 តែព្រះដ៏ជាជំនួយ គឺជាព្រះវិញ្ញាណបរិសុទ្ធ ដែលព្រះវរបិតានឹងចាត់មក ដោយនូវឈ្មោះខ្ញុំ ទ្រង់នឹងបង្រៀនអ្នករាល់គ្នា ពីគ្រប់សេចក្ដីទាំងអស់ ក៏នឹងរំឭកពីគ្រប់ទាំងសេចក្ដី ដែលខ្ញុំបានប្រាប់ដល់អ្នករាល់គ្នាដែរ
27 ខ្ញុំទុកសេចក្ដីសុខនៅនឹងអ្នករាល់គ្នា គឺខ្ញុំឲ្យសេចក្ដីសុខសាន្តរបស់ខ្ញុំដល់អ្នករាល់គ្នា ហើយដែលខ្ញុំឲ្យ នោះមិនមែនដូចជាលោកីយ៍ឲ្យទេ កុំឲ្យចិត្តអ្នករាល់គ្នាថប់បារម្ភ ឬភ័យឡើយ
28 អ្នករាល់គ្នាបានឮពាក្យដែលខ្ញុំប្រាប់ថា ខ្ញុំទៅ ហើយនិងមកឯអ្នករាល់គ្នាវិញ បើសិនជាអ្នករាល់គ្នាស្រឡាញ់ដល់ខ្ញុំ នោះនឹងមានសេចក្ដីអំណរឡើង ដោយព្រោះខ្ញុំទៅឯព្រះវរបិតា ដ្បិតព្រះវរបិតាទ្រង់ធំលើសជាងខ្ញុំ
29 ឥឡូវនេះ ខ្ញុំបានប្រាប់អ្នករាល់គ្នា មុនដែលការនោះមកដល់ ដើម្បីកាលណាមកហើយ នោះឲ្យអ្នករាល់គ្នាបានជឿ
30 ពីនេះទៅមុខ ខ្ញុំមិនបាននិយាយនឹងអ្នករាល់គ្នាប៉ុន្មានទៀតទេ ដ្បិតចៅហ្វាយរបស់លោកីយ៍នេះជិតមកដល់ហើយ តែវាគ្មានអ្វីនៅក្នុងខ្ញុំទេ
31 គឺខ្ញុំធ្វើបង្គាប់ព្រះវរបិតាវិញ ដើម្បីឲ្យលោកីយ៍បានដឹងថា ខ្ញុំស្រឡាញ់ដល់ទ្រង់ ចូរយើងក្រោកឡើងចេញពីទីនេះទៅ។
ជំពូក 15
1 ញុំជាដើមទំពាំងបាយជូរដ៏ពិត ហើយព្រះវរបិតាខ្ញុំជាអ្នកដាំ
2 អស់ទាំងខ្នែងណាដុះចេញពីខ្ញុំ ដែលមិនបង្កើតផលផ្លែ នោះទ្រង់កាត់ចោល តែអស់ទាំងខ្នែងណា ដែលបង្កើតផលផ្លែ នោះទ្រង់លួសខ្នែងនោះវិញ ដើម្បីឲ្យបានផលផ្លែជាច្រើនឡើង
3 ឯអ្នករាល់គ្នា បានស្អាតហើយ ដោយសារពាក្យដែលខ្ញុំបានប្រាប់
4 ចូរនៅជាប់នឹងខ្ញុំ ហើយខ្ញុំជាប់នឹងអ្នករាល់គ្នាចុះ ប្រៀបដូចជាខ្នែង បើមិននៅជាប់នឹងគល់ នោះពុំអាចនឹងបង្កើតផលដោយឯកឯងបានទេ ដូច្នេះ អ្នករាល់គ្នាក៏ពុំបានដែរ លើកតែនៅជាប់នឹងខ្ញុំ
5 ខ្ញុំជាគល់ អ្នករាល់គ្នាជាខ្នែង អ្នកណាដែលនៅជាប់នឹងខ្ញុំ ហើយខ្ញុំជាប់នឹងអ្នកនោះ នោះទើបនឹងបង្កើតផលឡើងជាច្រើន ដ្បិតបើដាច់ពីខ្ញុំចេញ នោះអ្នករាល់គ្នាពុំអាចនឹងធ្វើអ្វីបានទេ
6 បើអ្នកណាមិននៅជាប់នឹងខ្ញុំ អ្នកនោះត្រូវបោះចោលទៅខាងក្រៅ ហើយក៏ក្រៀមទៅដូចជាខ្នែងដែរ រួចគេប្រមូលបោះទៅក្នុងភ្លើងឆេះអស់ទៅ
7 បើអ្នករាល់គ្នានៅជាប់នឹងខ្ញុំ ហើយពាក្យខ្ញុំនៅជាប់ក្នុងអ្នករាល់គ្នា នោះចូរសូមអ្វីតាមតែប្រាថ្នាចុះ សេចក្ដីនោះនឹងបានសម្រេចដល់អ្នករាល់គ្នាជាមិនខាន
8 ព្រះវរបិតាខ្ញុំបានតម្កើងឡើង ដោយសេចក្ដីនេះឯង គឺដោយអ្នករាល់គ្នាបង្កើតផលជាច្រើន យ៉ាងនោះអ្នករាល់គ្នានឹងធ្វើជាសិស្សខ្ញុំមែន។
9 ខ្ញុំបានស្រឡាញ់អ្នករាល់គ្នា ដូចជាព្រះវរបិតា ទ្រង់ស្រឡាញ់ខ្ញុំដែរ ចូរនៅជាប់ក្នុងសេចក្ដីស្រឡាញ់របស់ខ្ញុំចុះ
10 បើអ្នករាល់គ្នាកាន់តាមបញ្ញត្តខ្ញុំ នោះនឹងនៅជាប់ក្នុងសេចក្ដីស្រឡាញ់របស់ខ្ញុំ ដូចជាខ្ញុំបានកាន់តាមបញ្ញត្តនៃព្រះវរបិតាខ្ញុំ ហើយក៏នៅជាប់ក្នុងសេចក្ដីស្រឡាញ់របស់ទ្រង់ដែរ
11 ខ្ញុំបាននិយាយសេចក្ដីទាំងនេះប្រាប់ដល់អ្នករាល់គ្នា ដើម្បីឲ្យសេចក្ដីអំណររបស់ខ្ញុំ បាននៅជាប់ក្នុងអ្នករាល់គ្នា ហើយឲ្យសេចក្ដីអំណររបស់អ្នករាល់គ្នាបានពោរពេញផង
12 នេះជាសេចក្ដីបញ្ញត្តរបស់ខ្ញុំ គឺឲ្យអ្នករាល់គ្នាស្រឡាញ់ដល់គ្នាទៅវិញទៅមក ដូចជាខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ
13 គ្មានអ្នកណាមានសេចក្ដីស្រឡាញ់ធំជាងនេះ គឺដែលអ្នកណានឹងប្តូរជីវិត ជំនួសពួកសំឡាញ់របស់ខ្លួននោះទេ
14 បើអ្នករាល់គ្នាធ្វើតាមសេចក្ដីដែលខ្ញុំបង្គាប់ នោះអ្នករាល់គ្នាជាពួកសំឡាញ់ខ្ញុំហើយ
15 ខ្ញុំមិនហៅជាអ្នកបម្រើទៀត ពីព្រោះអ្នកបម្រើគេមិនដឹងថាជាចៅហ្វាយធ្វើអ្វីទេ គឺខ្ញុំហៅអ្នករាល់គ្នាថាជាសំឡាញ់វិញ ពីព្រោះខ្ញុំបានឲ្យអ្នករាល់គ្នាដឹងគ្រប់ការទាំងអស់ ដែលខ្ញុំឮពីព្រះវរបិតាខ្ញុំមក
16 មិនមែនអ្នករាល់គ្នាដែលបានរើសខ្ញុំទេ គឺខ្ញុំទេតើ ដែលរើសអ្នករាល់គ្នាវិញ ទាំងតាំងអ្នករាល់គ្នាឲ្យទៅបង្កើតផល ហើយឲ្យផលរបស់អ្នករាល់គ្នាបាននៅជាប់ផង ដើម្បីឲ្យព្រះវរបិតាបានប្រោសប្រទានឲ្យអ្នករាល់គ្នាបានអ្វីៗ ដែលនឹងសូមពីទ្រង់ ដោយនូវឈ្មោះខ្ញុំ
17 ខ្ញុំបង្គាប់សេចក្ដីនេះដល់អ្នករាល់គ្នា គឺឲ្យស្រឡាញ់គ្នាទៅវិញទៅមកចុះ។ មនុស្សលោកស្អប់ព្រះយេស៊ូវ និងស្អប់សិស្សរបស់ព្រះអង្គ
18 បើសិនជាលោកីយ៍ស្អប់អ្នករាល់គ្នា នោះអ្នករាល់គ្នាដឹងហើយ ថាគេបានស្អប់ខ្ញុំជាមុន
19 បើអ្នករាល់គ្នាជារបស់ផងលោកីយ៍ នោះលោកីយ៍នឹងស្រឡាញ់អ្នករាល់គ្នា តែដោយព្រោះខ្ញុំបានរើសចេញពីលោកីយ៍មក ហើយអ្នករាល់គ្នាមិនមែនជារបស់ផងលោកីយ៍ទៀត នោះបានជាលោកីយ៍ស្អប់អ្នករាល់គ្នាវិញ
20 ចូរនឹកចាំពីពាក្យដែលខ្ញុំបានប្រាប់រួចហើយថា បាវមិនមែនធំជាងចៅហ្វាយទេ បើគេបានបៀតបៀនដល់ខ្ញុំ នោះគេនឹងបៀតបៀនដល់អ្នករាល់គ្នា ហើយបើគេបានកាន់តាមពាក្យខ្ញុំ នោះគេនឹងកាន់តាមពាក្យរបស់អ្នករាល់គ្នាដែរ
21 គេនឹងប្រព្រឹត្តការទាំងនោះដល់អ្នករាល់គ្នា ដោយយល់ដល់ឈ្មោះខ្ញុំ ពីព្រោះគេមិនស្គាល់ព្រះដែលចាត់ឲ្យខ្ញុំមកទេ
22 បើសិនជាខ្ញុំមិនបានមកនិយាយនឹងគេ នោះគេឥតមានបាបទេ តែឥឡូវនេះគេគ្មានសេចក្ដីដោះសាចំពោះបាបរបស់ខ្លួនសោះ
23 អ្នកណាដែលស្អប់ខ្ញុំ នោះក៏ស្អប់ដល់ព្រះវរបិតាខ្ញុំដែរ
24 បើខ្ញុំមិនបានធ្វើការនៅក្នុងពួកគេ ដែលគ្មានអ្នកណាទៀតបានធ្វើឡើយ នោះគេឥតមានបាបទេ តែឥឡូវនេះ គេបានទាំងឃើញ ហើយទាំងស្អប់ខ្ញុំ និងព្រះវរបិតារបស់ខ្ញុំដែរ
25 នោះដើម្បីឲ្យសេចក្ដី ដែលចែងទុកមក ក្នុងក្រឹត្យវិន័យរបស់គេបានសម្រេច ដែលថា «គេបានស្អប់ខ្ញុំដោយឥតហេតុ»
26 ប៉ុន្តែ កាលណាព្រះដ៏ជាជំនួយទ្រង់យាងមក ដែលខ្ញុំនឹងចាត់មកពីព្រះវរបិតា គឺជាព្រះវិញ្ញាណនៃសេចក្ដីពិត ដែលចេញពីព្រះវរបិតាមក ព្រះអង្គនោះ ទ្រង់នឹងធ្វើបន្ទាល់ពីខ្ញុំ
27 ហើយអ្នករាល់គ្នានឹងធ្វើបន្ទាល់ដែរ ពីព្រោះអ្នករាល់គ្នាបាននៅជាមួយនឹងខ្ញុំ តាំងតែពីដើមមក។
ជំពូក 16
1 ខ្ញុំបាននិយាយសេចក្ដីទាំងនេះ ប្រាប់ដល់អ្នករាល់គ្នា ដើម្បីកុំឲ្យអ្នករាល់គ្នារវាតចិត្តឡើយ
2 គេនឹងកាត់អ្នករាល់គ្នាចេញពីពួកជំនុំរបស់គេ ក៏នឹងមានពេលវេលាមក នោះអស់អ្នកណា ដែលសម្លាប់អ្នករាល់គ្នា នឹងគិតស្មានថា ខ្លួនបម្រើដល់ព្រះដែរ
3 គេនឹងប្រព្រឹត្តការទាំងនោះ ដល់អ្នករាល់គ្នា ដោយព្រោះគេមិនស្គាល់ព្រះវរបិតាឬខ្ញុំទេ
4 តែខ្ញុំនិយាយសេចក្ដីទាំងនេះ ប្រាប់ដល់អ្នករាល់គ្នា ដើម្បីកាលណាពេលវេលានោះមកដល់ នោះឲ្យអ្នករាល់គ្នាបាននឹកឃើញថា ខ្ញុំប្រាប់ហើយ ខ្ញុំមិនបានប្រាប់កាលពីដើមទេ ពីព្រោះខ្ញុំកំពុងនៅជាមួយនឹងអ្នករាល់គ្នានៅឡើយ។
5 តែឥឡូវនេះ ខ្ញុំទៅឯព្រះអង្គដែលចាត់ឲ្យខ្ញុំមក ហើយក្នុងពួកអ្នករាល់គ្នា គ្មានអ្នកណាសួរខ្ញុំថា លោកអញ្ជើញទៅឯណានោះទេ
6 ប៉ុន្តែ អ្នករាល់គ្នាមានចិត្តពេញដោយសេចក្ដីព្រួយ ដោយព្រោះខ្ញុំបានប្រាប់សេចក្ដីទាំងនេះ
7 ខ្ញុំប្រាប់តាមត្រង់ថា ដែលខ្ញុំទៅ នោះមានប្រយោជន៍ដល់អ្នករាល់គ្នាវិញ ដ្បិតបើខ្ញុំមិនទៅទេ នោះព្រះដ៏ជាជំនួយ ក៏មិនមកឯអ្នករាល់គ្នាដែរ តែបើខ្ញុំទៅ នោះខ្ញុំនឹងចាត់ទ្រង់ឲ្យមក
8 កាលណាទ្រង់បានយាងមកហើយ នោះទ្រង់នឹងសម្ដែង ឲ្យមនុស្សលោកដឹងច្បាស់ ពីអំពើបាប ពីសេចក្ដីសុចរិត ហើយពីសេចក្ដីជំនុំជម្រះ
9 គឺពីអំពើបាបដោយព្រោះគេមិនជឿដល់ខ្ញុំ
10 ពីសេចក្ដីសុចរិត ដោយព្រោះខ្ញុំទៅឯព្រះវរបិតាខ្ញុំ ហើយអ្នករាល់គ្នាមិនឃើញខ្ញុំទៀតទេ
11 និងពីសេចក្ដីជំនុំជម្រះ ដោយព្រោះចៅហ្វាយរបស់លោកីយ៍នេះត្រូវទោសហើយ។
12 ខ្ញុំនៅមានសេចក្ដីជាច្រើនទៀត នឹងប្រាប់ដល់អ្នករាល់គ្នា តែឥឡូវនេះ អ្នករាល់គ្នាពុំអាចនឹងទទួលបានទេ
13 កាលណាព្រះអង្គនោះ គឺជាព្រះវិញ្ញាណនៃសេចក្ដីពិតបានមកដល់ នោះទ្រង់នឹងនាំអ្នករាល់គ្នាចូលក្នុងគ្រប់ទាំងសេចក្ដីពិត ដ្បិតទ្រង់នឹងមានព្រះបន្ទូល មិនមែនដោយអាងព្រះអង្គទ្រង់ទេ គឺនឹងមានព្រះបន្ទូល ចំពោះតែសេចក្ដីណាដែលទ្រង់ឮ ហើយនិងសម្ដែង ឲ្យអ្នករាល់គ្នាដឹងការដែលត្រូវមក
14 ទ្រង់នឹងតម្កើងខ្ញុំ ដ្បិតទ្រង់នឹងយកសេចក្ដីដែលតម្រូវពីខ្ញុំ មកប្រាប់ដល់អ្នករាល់គ្នា
15 គ្រប់ទាំងអស់ដែលព្រះវរបិតាមាន នោះជារបស់ផងខ្ញុំដែរ ហេតុនោះបានជាខ្ញុំប្រាប់ថា ទ្រង់នឹងយកសេចក្ដីដែលតម្រូវពីខ្ញុំ មកប្រាប់អ្នករាល់គ្នា។
16 នៅបន្តិចទៀត អ្នករាល់គ្នានឹងលែងឃើញខ្ញុំ រួចបន្តិចទៅទៀត នឹងឃើញខ្ញុំវិញ ដ្បិតខ្ញុំទៅឯព្រះវរបិតា
17 ដូច្នេះ មានពួកសិស្សទ្រង់ខ្លះនិយាយគ្នាថា ពាក្យនេះដែលទ្រង់មានព្រះបន្ទូលមកយើងថា «នៅបន្តិចទៀត អ្នករាល់គ្នានឹងលែងឃើញខ្ញុំ រួចបន្តិចទៅទៀត នឹងឃើញខ្ញុំវិញ» ហើយដែលថា «ដ្បិតខ្ញុំទៅឯព្រះវរបិតា» នេះតើមានន័យដូចម្តេច
18 ហេតុនោះបានជាគេនិយាយថា ពាក្យនេះដែលទ្រង់មានព្រះបន្ទូលថា «នៅបន្តិចទៀត» ដូច្នេះ នោះចង់ថាដូចម្តេច យើងស្តាប់មិនបានទេ
19 ព្រះយេស៊ូវក៏ជ្រាបថា គេចង់សួរទ្រង់ បានជាទ្រង់មានព្រះបន្ទូលទៅគេថា តើអ្នករាល់គ្នាសាកសួរគ្នាពីពាក្យដែលខ្ញុំថា នៅបន្តិចទៀត នឹងលែងឃើញខ្ញុំ រួចបន្តិចទៅទៀត នឹងឃើញខ្ញុំវិញ ឬអី
20 ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នករាល់គ្នានឹងយំ ហើយសោកសង្រេង តែលោកីយ៍នឹងអរសប្បាយឡើង អ្នករាល់គ្នានឹងព្រួយចិត្ត តែសេចក្ដីព្រួយរបស់អ្នករាល់គ្នា នឹងប្រែទៅជាសេចក្ដីអំណរទៅវិញ
21 ឯស្ត្រី កាលណាហៀបនឹងសម្រាលកូន នោះតែងព្រួយចិត្ត ព្រោះដល់កំណត់ហើយ តែកាលណាសម្រាលរួចមក នោះលែងនឹកពីសេចក្ដីវេទនានោះហើយ ពីព្រោះមានសេចក្ដីអំណរ ដោយព្រោះមានកូនមួយកើតមកក្នុងលោក
22 ឥឡូវនេះ អ្នករាល់គ្នាមានសេចក្ដីព្រួយដូច្នោះមែន ប៉ុន្តែ ខ្ញុំនឹងឃើញអ្នករាល់គ្នាម្តងទៀត នោះអ្នករាល់គ្នានឹងមានចិត្តអរសប្បាយវិញ ក៏នឹងឥតមានអ្នកណាដកយកសេចក្ដីអំណរនោះ ចេញពីអ្នករាល់គ្នាបានឡើយ
23 នៅថ្ងៃនោះ អ្នករាល់គ្នានឹងមិនសូមអ្វីពីខ្ញុំទៀត ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្វីៗ ដែលអ្នករាល់គ្នានឹងសូមដល់ព្រះវរបិតា ដោយនូវឈ្មោះខ្ញុំ នោះទ្រង់នឹងប្រទានឲ្យ
24 តាំងពីដើមមក អ្នករាល់គ្នាមិនបានសូមអ្វី ដោយនូវឈ្មោះខ្ញុំទេ ឥឡូវ ចូរសូមចុះ នោះអ្នករាល់គ្នានឹងបាន ដើម្បីឲ្យសេចក្ដីអំណររបស់អ្នករាល់គ្នាបានពោរពេញពិត។
25 ខ្ញុំនិយាយសេចក្ដីទាំងនេះដល់អ្នករាល់គ្នា ដោយពាក្យប្រៀបធៀប តែនឹងមានពេលវេលាមក ដែលខ្ញុំនឹងមិននិយាយនឹងអ្នករាល់គ្នា ដោយពាក្យប្រៀបធៀបទៀតទេ គឺនឹងនិយាយនឹងអ្នករាល់គ្នាពីព្រះវរបិតាយ៉ាងច្បាស់លាស់វិញ
26 នៅថ្ងៃនោះ អ្នករាល់គ្នានឹងសូមដោយនូវឈ្មោះខ្ញុំ ហើយខ្ញុំមិនថា ខ្ញុំនឹងទូលអង្វរដល់ព្រះវរបិតា ជំនួសអ្នករាល់គ្នានោះទេ
27 ដ្បិតព្រះវរបិតាទ្រង់ក៏ស្រឡាញ់អ្នករាល់គ្នាដែរ ដោយព្រោះអ្នករាល់គ្នាស្រឡាញ់ខ្ញុំ ហើយក៏ជឿថា ខ្ញុំបានចេញពីព្រះមក
28 ខ្ញុំបានចេញពីព្រះវរបិតាមកមែន ហើយបានមកក្នុងលោកីយ៍ ក៏នឹងចេញពីលោកីយ៍ ទៅឯព្រះវរបិតាវិញទៀត។
29 ពួកសិស្សទូលទ្រង់ថា ហ្ន៏ ម្តងណេះទ្រង់មានព្រះបន្ទូលច្បាស់ហើយ មិនមែនដោយពាក្យប្រៀបធៀបទៀតទេ
30 ឥឡូវនេះ យើងខ្ញុំដឹងថា ទ្រង់ជ្រាបគ្រប់ទាំងអស់ ហើយមិនត្រូវការឲ្យអ្នកណាសួរទ្រង់ទេ ដោយហេតុនេះយើងខ្ញុំជឿថា ទ្រង់បានចេញពីព្រះមកមែន
31 ព្រះយេស៊ូវទ្រង់មានព្រះបន្ទូលឆ្លើយថា ឥឡូវនេះ អ្នករាល់គ្នាជឿហើយឬ
32 មើល នឹងមានពេលវេលាមក ក៏មកដល់ហើយ នោះអ្នករាល់គ្នានឹងត្រូវខ្ចាត់ខ្ចាយទៅ ដោយខ្លួនៗ ទាំងទុកខ្ញុំចោលឲ្យនៅតែឯកឯង តែខ្ញុំមិននៅតែឯកឯងទេ គឺមានព្រះវរបិតាគង់ជាមួយនឹងខ្ញុំដែរ
33 ខ្ញុំប្រាប់សេចក្ដីទាំងនេះ ដើម្បីឲ្យអ្នករាល់គ្នា បានសេចក្ដីសុខសាន្ត ដោយសារខ្ញុំ នៅលោកីយ៍នេះ នោះអ្នករាល់គ្នាមានសេចក្ដីវេទនាមែន ប៉ុន្តែ ត្រូវសង្ឃឹមឡើង ដ្បិតខ្ញុំបានឈ្នះលោកីយ៍ហើយ។
ជំពូក 17
1 កាលព្រះយេស៊ូវមានព្រះបន្ទូលសេចក្ដីទាំងនោះរួចហើយ នោះក៏ងើបព្រះនេត្រទៅលើមេឃ ទូលថា ឱព្រះវរបិតាអើយ កំណត់បានមកដល់ហើយ សូមតម្កើងព្រះរាជបុត្រាទ្រង់ ដើម្បីឲ្យព្រះរាជបុត្រាបានតម្កើងទ្រង់ដែរ
2 ដូចជាទ្រង់បានប្រទានឲ្យព្រះរាជបុត្រាមានអំណាចលើគ្រប់ទាំងមនុស្ស ដើម្បីនឹងប្រទានជីវិតដ៏នៅអស់កល្បជានិច្ច ដល់អស់អ្នកដែលទ្រង់បានប្រទានមកព្រះរាជបុត្រាដែរ
3 នេះជាជីវិតដ៏នៅអស់កល្បជានិច្ច គឺឲ្យគេបានស្គាល់ដល់ទ្រង់ដ៏ជាព្រះពិតតែ១ និងព្រះយេស៊ូវគ្រីស្ទ ដែលទ្រង់បានចាត់ឲ្យមកផង
4 ទូលបង្គំបានតម្កើងទ្រង់ នៅផែនដី ទូលបង្គំបានបង្ហើយការ ដែលទ្រង់បានប្រគល់មកឲ្យធ្វើ
5 ឥឡូវនេះ ឱព្រះវរបិតាអើយ សូមតម្កើងទូលបង្គំឡើងជាមួយនឹងទ្រង់ផង ដោយសិរីល្អដែលទូលបង្គំមានជាមួយនឹងទ្រង់ ក្នុងកាលដែលលោកីយ៍មិនទាន់បានកើតនៅឡើយ។
6 ឯពួកអ្នក ដែលទ្រង់បានប្រទានមកទូលបង្គំ អំពីមនុស្សលោក នោះទូលបង្គំបានបើកសម្ដែងឲ្យគេស្គាល់ព្រះនាមទ្រង់ អ្នកទាំងនោះជារបស់ផងទ្រង់ ហើយទ្រង់បានប្រទានគេមកទូលបង្គំ គេក៏កាន់តាមព្រះបន្ទូលទ្រង់
7 ឥឡូវនេះ គេដឹងថា គ្រប់ទាំងអស់ដែលទ្រង់ប្រទានមកទូលបង្គំ នោះសុទ្ធតែកើតពីទ្រង់មក
8 ដ្បិតអស់ទាំងព្រះបន្ទូលដែលទ្រង់បានប្រទានមក នោះទូលបង្គំបានឲ្យដល់គេហើយ គេក៏ទទួលយក ហើយដឹងជាប្រាកដថា ទូលបង្គំចេញពីទ្រង់មក ក៏ជឿថា ទ្រង់ចាត់ឲ្យទូលបង្គំមកមែន
9 ទូលបង្គំអធិស្ឋានឲ្យគេ មិនមែនអធិស្ឋានឲ្យលោកីយ៍ទេ គឺឲ្យអស់អ្នកដែលទ្រង់បានប្រទានមកទូលបង្គំវិញ ពីព្រោះគេជារបស់ផងទ្រង់
10 (របស់ទូលបង្គំទាំងអស់ជារបស់ផងទ្រង់ ហើយរបស់ទ្រង់ទាំងប៉ុន្មានក៏ជារបស់ផងទូលបង្គំដែរ) ទូលបង្គំបានថ្កើងឡើងក្នុងគេ
11 អ្នកទាំងនេះនៅក្នុងលោកីយ៍ តែទូលបង្គំមិននៅក្នុងលោកីយ៍ទៀតទេ ទូលបង្គំនឹងទៅឯទ្រង់ ឱព្រះវរបិតាដ៏បរិសុទ្ធអើយ ឯពួកអ្នកដែលទ្រង់បានប្រទានមកទូលបង្គំ នោះសូមទ្រង់រក្សាគេដោយព្រះនាមទ្រង់ផង ដើម្បីឲ្យគេបានរួមគ្នាតែ១ ដូចជាយើងដែរ
12 កាលទូលបង្គំនៅក្នុងលោកីយ៍ជាមួយនឹងគេ នោះទូលបង្គំបានរក្សាគេ ដោយព្រះនាមទ្រង់ដែរ ទូលបង្គំបានរក្សាទុកនូវអស់អ្នក ដែលទ្រង់ប្រទានមកទូលបង្គំ គ្មានអ្នកណាមួយត្រូវវិនាសឡើយ បានវិនាសតែ១នាក់នោះ ដែលបានតម្រូវឲ្យត្រូវវិនាសប៉ុណ្ណោះ ដើម្បីឲ្យបានសម្រេចតាមបទគម្ពីរ
13 ឥឡូវនេះ ទូលបង្គំទៅឯទ្រង់ តែទូលបង្គំថ្លែងសេចក្ដីទាំងនេះ នៅក្នុងលោកីយ៍ ដើម្បីឲ្យគេបានសេចក្ដីអំណររបស់ទូលបង្គំ ឲ្យនៅពោរពេញក្នុងខ្លួនគេ
14 ទូលបង្គំបានឲ្យព្រះបន្ទូលទ្រង់ដល់គេ ហើយលោកីយ៍បានស្អប់គេ ពីព្រោះគេមិនមែនជារបស់លោកីយ៍ទេ ដូចជាទូលបង្គំក៏មិនមែនជារបស់លោកីយ៍ដែរ
15 ទូលបង្គំមិនសូមឲ្យយកគេចេញពីលោកីយ៍ទេ គឺសូមឲ្យទ្រង់រក្សាគេ ឲ្យរួចពីសេចក្ដីអាក្រក់វិញ
16 គេមិនមែនជារបស់ផងលោកីយ៍ ដូចជាទូលបង្គំក៏មិនមែនជារបស់លោកីយ៍ដែរ
17 សូមញែកគេចេញជាបរិសុទ្ធ ដោយសារសេចក្ដីពិតរបស់ទ្រង់ ឯសេចក្ដីពិត គឺជាព្រះបន្ទូលរបស់ទ្រង់
18 ទូលបង្គំបានចាត់គេឲ្យទៅក្នុងលោកីយ៍ ដូចជាទ្រង់ចាត់ទូលបង្គំ ឲ្យមកក្នុងលោកីយ៍ដែរ
19 ឯទូលបង្គំក៏ញែកខ្លួនចេញជាបរិសុទ្ធ ដោយយល់ដល់គេ ដើម្បីឲ្យគេបានញែកចេញជាបរិសុទ្ធ ដោយសារសេចក្ដីពិតដែរ។
20 ទូលបង្គំមិនអធិស្ឋាន ឲ្យអ្នកទាំងនេះតែប៉ុណ្ណោះ គឺឲ្យដល់ទាំងអ្នកណា ដែលនឹងជឿដល់ទូលបង្គំ ដោយសារពាក្យរបស់គេថែមទៀតដែរ
21 ដើម្បីឲ្យទាំងអស់បានរួមមកតែមួយ ឱព្រះវរបិតាអើយ ដូចជាទ្រង់គង់ក្នុងទូលបង្គំ ហើយទូលបង្គំនៅក្នុងទ្រង់ដែរ គឺឲ្យអ្នកទាំងនោះបានរួមគ្នាតែមួយ នៅក្នុងយើង ប្រយោជន៍ឲ្យលោកីយ៍បានជឿថា ទ្រង់ចាត់ឲ្យទូលបង្គំមកពិត
22 ឯសិរីល្អដែលទ្រង់បានប្រទានមកទូលបង្គំ នោះទូលបង្គំបានឲ្យដល់គេហើយ ដើម្បីឲ្យគេបានរួមគ្នាតែមួយ ដូចជាយើងក៏រួមតែមួយដែរ
23 គឺទូលបង្គំនៅក្នុងគេ ហើយទ្រង់គង់ក្នុងទូលបង្គំ ដើម្បីឲ្យគេបានគ្រប់លក្ខណ៍ឡើង ដរាបដល់រួមគ្នាតែមួយជាស្រេច ប្រយោជន៍ឲ្យលោកីយ៍បានដឹងថា គឺទ្រង់ដែលចាត់ឲ្យទូលបង្គំមកមែន ហើយថា ទ្រង់ស្រឡាញ់គេ ដូចជាស្រឡាញ់ទូលបង្គំដែរ។
24 ឱព្រះវរបិតាអើយ ឯពួកអ្នកដែលទ្រង់ប្រទានមកទូលបង្គំ នោះទូលបង្គំចង់ឲ្យគេនៅជាមួយនឹងទូលបង្គំ ក្នុងកន្លែងដែលទូលបង្គំនៅដែរ ដើម្បីឲ្យបានឃើញសិរីល្អ ដែលទ្រង់បានប្រទានមកទូលបង្គំ ដ្បិតទ្រង់បានស្រឡាញ់ទូលបង្គំ តាំងតែពីមុនកំណើតលោកីយ៍រៀងមក
25 ឱព្រះវរបិតាដ៏សុចរិតអើយ លោកីយ៍មិនស្គាល់ទ្រង់ទេ តែទូលបង្គំស្គាល់ទ្រង់ ហើយពួកអ្នកនេះក៏ដឹងថា ទ្រង់បានចាត់ឲ្យទូលបង្គំមកដែរ
26 ទូលបង្គំបានឲ្យគេស្គាល់ព្រះនាមទ្រង់ ក៏នឹងសម្ដែងឲ្យគេស្គាល់តទៅទៀត ដើម្បីឲ្យសេចក្ដីស្រឡាញ់ ដែលទ្រង់ស្រឡាញ់ដល់ទូលបង្គំ បាននៅក្នុងគេ ហើយឲ្យទូលបង្គំនៅក្នុងគេដែរ។
ជំពូក 18
1 កាលព្រះយេស៊ូវមានព្រះបន្ទូលសេចក្ដីទាំងនោះរួចហើយ នោះទ្រង់យាងទៅខាងនាយជ្រោះកេដ្រុន បាននាំទាំងពួកសិស្សទៅផង ហើយទ្រង់ និងពួកសិស្សក៏ចូលទៅក្នុងច្បារ១ដែលនៅទីនោះ
2 ឯយូដាស ដែលជាអ្នកបញ្ជូនទ្រង់ ក៏ស្គាល់កន្លែងនោះដែរ ពីព្រោះព្រះយេស៊ូវ និងពួកសិស្ស តែងប្រជុំនៅទីនោះជាញឹកញយ
3 ដូច្នេះ កាលយូដាសបានទទួលពួកទាហាន និងពួកអាជ្ញាខ្លះ ពីពួកសង្គ្រាជ និងពួកផារីស៊ីហើយ នោះក៏នាំគ្នាទៅឯទីនោះ មានទាំងកាន់គោម ចន្លុះ និងគ្រឿងសស្ត្រាវុធផង
4 ព្រះយេស៊ូវទ្រង់ជ្រាបការទាំងអស់ ដែលត្រូវមកដល់ទ្រង់ បានជាទ្រង់យាងចេញទៅសួរគេថា តើមករកអ្នកណា
5 គេទូលឆ្លើយថា រកយេស៊ូវ ជាអ្នកស្រុកណាសារ៉ែត ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា គឺខ្ញុំនេះហើយ ឯយូដាសដែលបញ្ជូនទ្រង់ ក៏ឈរនៅជាមួយនឹងគេដែរ
6 កាលទ្រង់មានព្រះបន្ទូលទៅគេថា គឺខ្ញុំនេះហើយ នោះគេក៏ថយក្រោយ ដួលផ្ងារទាំងអស់គ្នា
7 ដូច្នេះ ទ្រង់មានព្រះបន្ទូលសួរគេម្តងទៀតថា តើរកអ្នកណា គេទូលឆ្លើយថា រកយេស៊ូវ ជាអ្នកស្រុកណាសារ៉ែត
8 ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា ខ្ញុំបានប្រាប់អ្នករាល់គ្នាថា គឺខ្ញុំនេះហើយ ដូច្នេះ បើអ្នករាល់គ្នារកខ្ញុំ នោះចូរបើកឲ្យអ្នកទាំងនេះទៅចុះ
9 នោះគឺដើម្បីឲ្យបានសម្រេចពាក្យ ដែលទ្រង់មានព្រះបន្ទូលថា ក្នុងពួកអ្នកដែលទ្រង់បានប្រទានមកទូលបង្គំ នោះសូម្បីម្នាក់ ក៏មិនបាត់ផង
10 រីឯស៊ីម៉ូន-ពេត្រុស គាត់មានដាវ ហើយក៏ហូតមក កាប់ដាច់ត្រចៀកស្តាំរបស់បាវសម្ដេចសង្ឃម្នាក់ បាវនោះឈ្មោះម៉ាលកុស
11 នោះព្រះយេស៊ូវមានព្រះបន្ទូលទៅពេត្រុសថា ចូរស៊កដាវទៅក្នុងស្រោមវិញទៅ តើមិនត្រូវឲ្យខ្ញុំទទួលពែង ដែលព្រះវរបិតាបានប្រទានមកខ្ញុំទេឬអី។
12 នោះពួកទាហាន និងមេទ័ព ហើយពួកអាជ្ញារបស់សាសន៍យូដា ក៏ចាប់ព្រះយេស៊ូវចង
13 រួចនាំទៅឯលោកអាណ ជាមុនដំបូង ដ្បិតលោកជាឪពុកក្មេករបស់កៃផា ដែលធ្វើជាសម្ដេចសង្ឃក្នុងឆ្នាំនោះ
14 គឺលោកកៃផានេះឯង ដែលទូន្មានដល់ពួកសាសន៍យូដាថា មានប្រយោជន៍ឲ្យមានមនុស្សម្នាក់ស្លាប់ជំនួសបណ្តាជន
15 ឯស៊ីម៉ូន-ពេត្រុស និងសិស្សម្នាក់ទៀត ក៏តាមព្រះយេស៊ូវទៅ សម្ដេចសង្ឃបានស្គាល់សិស្ស១នោះដែរ ហើយគាត់ក៏ចូលទៅក្នុងព្រះលានសម្ដេចសង្ឃជាមួយនឹងព្រះយេស៊ូវ
16 ឯពេត្រុស គាត់ឈរនៅមាត់ទ្វារខាងក្រៅ ដូច្នេះ សិស្សម្នាក់ ដែលសម្ដេចសង្ឃស្គាល់នោះ គាត់ក៏ចេញទៅនិយាយនឹងអ្នកឆ្មាំទ្វារ រួចនាំពេត្រុសចូលមក
17 នោះបាវស្រីដែលចាំទ្វារនិយាយទៅពេត្រុសថា អ្នកឯងជាសិស្សរបស់មនុស្សនោះដែរឬ គាត់ឆ្លើយថា ខ្ញុំមិនមែនទេ
18 ពួកបាវ និងពួកអាជ្ញា ក៏ឈរនៅទីនោះដែរ គេបានដុតភ្លើងអាំង ព្រោះរងា ហើយពេត្រុសក៏ឈរអាំងនៅជាមួយនឹងគេ។
19 នោះសម្ដេចសង្ឃក៏ពិចារណាសួរព្រះយេស៊ូវ ពីដំណើរពួកសិស្ស និងសេចក្ដីដែលទ្រង់បង្រៀន
20 ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយទៅលោកថា ខ្ញុំបាននិយាយនឹងបណ្តាមនុស្ស នៅកណ្តាលជំនុំ ខ្ញុំតែងតែបង្រៀនក្នុងសាលាប្រជុំ ហើយក្នុងព្រះវិហារ ជាកន្លែងដែលពួកសាសន៍យូដាប្រជុំគ្នា ខ្ញុំមិនដែលនិយាយដោយសម្ងាត់ទេ
21 ហេតុអ្វីបានជាលោកសួរខ្ញុំ ចូរសួរដល់ពួកអ្នកដែលបានស្តាប់ខ្ញុំ ពីសេចក្ដីដែលខ្ញុំនិយាយនោះវិញ មើល គេដឹងសេចក្ដីដែលខ្ញុំនិយាយដែរ
22 កាលទ្រង់មានព្រះបន្ទូលដូច្នេះហើយ នោះមានពួកអាជ្ញាម្នាក់ ដែលឈរនៅទីនោះ បានទះកំផ្លៀងព្រះយេស៊ូវ ដោយពាក្យថា ឯងឆ្លើយទៅសម្ដេចសង្ឃយ៉ាងដូច្នេះឬ
23 ព្រះយេស៊ូវមានព្រះបន្ទូលទៅអ្នកនោះថា បើខ្ញុំបាននិយាយអាក្រក់ នោះចូរធ្វើបន្ទាល់ពីសេចក្ដីអាក្រក់នោះចុះ តែបើខ្ញុំបាននិយាយល្អវិញ ហេតុអ្វីបានជាវាយខ្ញុំ
24 នោះលោកអាណឲ្យគេនាំទ្រង់ទាំងជាប់ចំណង ទៅឯលោកកៃផា ជាសម្ដេចសង្ឃវិញ។
25 ឯស៊ីម៉ូន-ពេត្រុស គាត់កំពុងឈរអាំងភ្លើង ដូច្នេះ គេសួរគាត់ថា អ្នកឯងជាសិស្សរបស់អ្នកនោះដែរឬ តែគាត់ប្រកែកថា ខ្ញុំមិនមែនទេ
26 មានពួកបាវសម្ដេចសង្ឃម្នាក់ គឺជាសាច់ញាតិនឹងអ្នកដែលពេត្រុសបានកាប់ដាច់ត្រចៀកនោះ ក៏និយាយថា តើអញមិនបានឃើញឯងនៅក្នុងច្បារជាមួយនឹងអ្នកនោះទេឬអី
27 ពេត្រុសក៏ប្រកែកម្តងទៀត ស្រាប់តែមាន់រងាវឡើង។
28 គេនាំព្រះយេស៊ូវ ពីលោកកៃផា ទៅក្នុងសាលាជំនុំ ពេលនោះ ព្រលឹមស្រាងហើយ គេមិនបានចូលទៅក្នុងសាលាទេ ក្រែងគេត្រូវសៅហ្មង និងបរិភោគបុណ្យរំលងមិនបាន
29 ដូច្នេះ លោកពីឡាត់ចេញទៅឯគេ សួរថា តើអ្នករាល់គ្នាចោទប្រកាន់មនុស្សនេះពីរឿងអ្វី
30 គេឆ្លើយទៅលោកថា បើវាមិនមែនជាមនុស្សអាក្រក់ នោះយើងខ្ញុំមិនបានបញ្ជូនវាមកទេ
31 ដូច្នេះ លោកពីឡាត់មានប្រសាសន៍ថា ចូរយកទៅជំនុំជម្រះតាមច្បាប់របស់អ្នករាល់គ្នាចុះ តែពួកសាសន៍យូដាជម្រាបលោកថា យើងខ្ញុំគ្មានច្បាប់នឹងសម្លាប់អ្នកណាទេ
32 គេនិយាយដូច្នោះ ដើម្បីឲ្យបានសម្រេចពាក្យ ដែលព្រះយេស៊ូវមានព្រះបន្ទូល និងបង្ហាញពីទ្រង់ត្រូវសុគតបែបយ៉ាងណា
33 នោះលោកពីឡាត់ក៏ចូលទៅក្នុងសាលាជំនុំវិញ រួចហៅព្រះយេស៊ូវមកដណ្តឹងសួរថា តើអ្នកជាស្ដេចសាសន៍យូដាឬអី
34 ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា តើលោកមានប្រសាសន៍ដូច្នេះ ដោយខ្លួនលោក ឬមានអ្នកណាជម្រាបលោកពីខ្ញុំ
35 លោកពីឡាត់ឆ្លើយថា តើខ្ញុំជាសាសន៍យូដាឬអី គឺសាសន៍របស់អ្នកឯង និងពួកសង្គ្រាជទេតើ ដែលបញ្ជូនអ្នកមកខ្ញុំ ចុះអ្នកបានធ្វើអ្វី
36 ព្រះយេស៊ូវមានព្រះបន្ទូលថា នគរខ្ញុំមិនមែនត្រូវខាងលោកីយ៍នេះទេ បើសិនជានគរខ្ញុំត្រូវខាងលោកីយ៍នេះ នោះពួកអ្នកបម្រើខ្ញុំ គេនឹងបានតយុទ្ធហើយ ដើម្បីមិនឲ្យខ្ញុំត្រូវបញ្ជូនទៅសាសន៍យូដាឡើយ តែឥឡូវនេះ នគរខ្ញុំមិនមែនត្រូវខាងស្ថាននេះទេ
37 លោកពីឡាត់ក៏សួរទ្រង់ថា ដូច្នេះ អ្នកជាស្តេចមែនឬ ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា លោកមានប្រសាសន៍ថា ខ្ញុំជាស្តេច នោះត្រូវហើយ ខ្ញុំបានកើតមក ហើយក៏ចូលក្នុងលោកីយ៍នេះសម្រាប់តែការនោះឯង ដើម្បីឲ្យខ្ញុំបានធ្វើបន្ទាល់ពីសេចក្ដីពិត អស់អ្នកណាដែលកើតពីសេចក្ដីពិត នោះក៏ឮសំឡេងខ្ញុំ
38 លោកពីឡាត់ទូលសួរទ្រង់ថា តើយ៉ាងណាដែលហៅថាសេចក្ដីពិតនោះ។ កាលបានទូលដូច្នោះរួចហើយ នោះលោកចេញទៅឯពួកសាសន៍យូដាម្តងទៀត ក៏មានប្រសាសន៍ថា ខ្ញុំមិនឃើញជាអ្នកនោះមានទោសខុសអ្វីសោះ
39 អ្នករាល់គ្នាមានទម្លាប់ធ្លាប់ឲ្យខ្ញុំលែងម្នាក់ ដល់អ្នករាល់គ្នា នៅវេលាបុណ្យរំលង ដូច្នេះ តើចង់ឲ្យខ្ញុំលែងស្តេចនៃសាសន៍យូដាឬអី
40 គេក៏ស្រែកឡើងទាំងអស់គ្នាម្តងទៀតថា កុំលែងអ្នកនោះឡើយ សូមលែងបារ៉ាបាសវិញ រីឯបារ៉ាបាស វាជាចោរប្លន់។
ជំពូក 19
1 ខណៈនោះ លោកពីឡាត់នាំយកព្រះយេស៊ូវទៅវាយនឹងរំពាត់
2 ពួកទាហានក៏ក្រងភួងបន្លាបំពាក់លើព្រះសិរ ហើយយកអាវពណ៌ស្វាយមកបំពាក់ទ្រង់
3 ទាំងទូលថា សូមថ្វាយបង្គំស្តេចសាសន៍យូដា រួចគេទះទ្រង់
4 លោកពីឡាត់ក៏ចេញទៅ មានប្រសាសន៍នឹងគេម្តងទៀតថា មើល ខ្ញុំនាំអ្នកនេះចេញមកឯអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាដឹងថា ខ្ញុំមិនឃើញជាគាត់មានទោសយ៉ាងណាសោះ
5 ដូច្នេះ ព្រះយេស៊ូវក៏យាងចេញទៅក្រៅ ទាំងពាក់ភួងបន្លា និងអាវពណ៌ស្វាយនោះ រួចលោកពីឡាត់មានប្រសាសន៍ទៅគេថា មើលចុះ មនុស្សនេះហើយ
6 កាលពួកសង្គ្រាជ និងពួកអាជ្ញាបានឃើញទ្រង់ នោះក៏ស្រែកឡើងថា ឆ្កាងវា ឆ្កាងវាទៅ លោកពីឡាត់មានប្រសាសន៍ទៅគេថា ត្រូវឲ្យអ្នករាល់គ្នាយកគាត់ទៅឆ្កាងវិញ ដ្បិតខ្ញុំមិនឃើញជាមានទោសអ្វីទេ
7 ពួកសាសន៍យូដាឆ្លើយថា យើងខ្ញុំមានក្រឹត្យវិន័យ ហើយតាមក្រឹត្យវិន័យនោះ វាត្រូវស្លាប់ ពីព្រោះវាបានតាំងខ្លួនឡើងជាព្រះរាជបុត្រានៃព្រះ ។
8 កាលលោកពីឡាត់បានឮពាក្យនោះ ក៏ភ័យរឹតតែខ្លាំងឡើង
9 លោកត្រឡប់ទៅក្នុងសាលាជំនុំ ទូលសួរព្រះយេស៊ូវថា តើអ្នកមកពីណា តែព្រះយេស៊ូវទ្រង់មិនឆ្លើយសោះ
10 ដូច្នេះ លោកពីឡាត់សួរទ្រង់ថា តើអ្នកមិនឆ្លើយទេឬអី អ្នកមិនដឹងទេឬថា ខ្ញុំមានអំណាចនឹងឆ្កាងអ្នក ឬលែងអ្នកក៏បាន
11 ព្រះយេស៊ូវមានព្រះបន្ទូលថា បើមិនបានប្រទានមកពីស្ថានលើ នោះលោកឥតមានអំណាចលើខ្ញុំសោះ ហេតុនោះបានជាអ្នកដែលបញ្ជូនខ្ញុំមកលោក អ្នកនោះមានបាបធ្ងន់ជាង
12 តាំងពីនោះមកលោកពីឡាត់រកទំនងនឹងលែងទ្រង់ដែរ តែពួកសាសន៍យូដាស្រែកកងឡើងថា បើលោកលែងអ្នកនេះទៅ នោះលោកមិនមែនជាទីស្រឡាញ់នឹងសេសារទេ ព្រោះអ្នកណាដែលតាំងខ្លួនធ្វើជាស្តេច នោះក្បត់នឹងសេសារហើយ
13 កាលលោកពីឡាត់បានឮពាក្យនោះ ក៏នាំព្រះយេស៊ូវចេញទៅឯកន្លែងហៅថា ទីក្រាលថ្ម ដែលភាសាហេព្រើរហៅថា កាបាថា រួចលោកអង្គុយនៅទីជំនុំជម្រះ
14 (រីឯថ្ងៃនោះ ជាថ្ងៃរៀបចំបុណ្យរំលង ប្រហែលជាថ្ងៃត្រង់ហើយ) លោកក៏មានប្រសាសន៍ទៅពួកសាសន៍យូដាថា មើល នេះស្តេចនៃអ្នករាល់គ្នា
15 តែគេស្រែកឡើងថា យកវាចេញ យកវាចេញ ឲ្យឆ្កាងវាទៅ លោកពីឡាត់សួរគេថា តើឲ្យខ្ញុំឆ្កាងស្តេចនៃអ្នករាល់គ្នាឬអី ពួកសង្គ្រាជឆ្លើយថា យើងខ្ញុំមានស្តេចតែសេសារទេ
16 ដូច្នេះ លោកក៏បញ្ជូនទ្រង់ទៅឲ្យគេឆ្កាង ហើយគេនាំទ្រង់យកទៅ។
17 ព្រះយេស៊ូវ ទ្រង់យាងចេញទៅ ទាំងលីឈើឆ្កាងទៅដល់កន្លែងហៅថា ភ្នំលលាដ៍៏ក្បាល ដែលភាសាហេព្រើរហៅថា គាល់កូថា
18 គេក៏ឆ្កាងទ្រង់នៅទីនោះ ព្រមទាំង២នាក់ទៀតជាមួយនឹងទ្រង់ដែរ ម្នាក់ម្ខាងៗ ហើយព្រះយេស៊ូវនៅជាកណ្តាល
19 លោកពីឡាត់ធ្វើប្រកាស១បិទនៅលើឈើឆ្កាង មានសេចក្ដីថា «នេះឈ្មោះយេស៊ូវជាអ្នកស្រុកណាសារ៉ែត ស្តេចនៃសាសន៍យូដា»
20 មានសាសន៍យូដាជាច្រើនបានមើលប្រកាសនោះ ដ្បិតកន្លែងដែលគេឆ្កាងព្រះយេស៊ូវនោះនៅជិតទីក្រុង ហើយប្រកាសនោះ គេបានសរសេរជាភាសាហេព្រើរ ក្រេក និងឡាតាំង
21 ដូច្នេះ ពួកសង្គ្រាជរបស់សាសន៍យូដា គេជម្រាបដល់លោកពីឡាត់ថា សូមលោកកុំសរសេរថា នេះជាស្តេចនៃសាសន៍យូដាឡើយ សូមសរសេរតាមវានិយាយវិញថា ខ្ញុំជាស្តេចនៃសាសន៍យូដា
22 លោកពីឡាត់ឆ្លើយថា ឯសេចក្ដីដែលខ្ញុំបានសរសេរ នោះបានសរសេរស្រេចទៅហើយ
23 ឯពួកទាហាន កាលបានឆ្កាងព្រះយេស៊ូវរួចហើយ នោះគេយកព្រះពស្ត្រទ្រង់ចែកជា៤ចំណែក ឲ្យម្នាក់ៗបាន១ចំណែក ក៏យកអាវវែងទ្រង់ដែរ តែអាវនោះបានត្បាញពីលើជាសំពត់តែ១ គ្មានថ្នេរសោះ
24 ដូច្នេះ គេនិយាយគ្នាថា កុំហែកអាវនេះឡើយ ចូរយើងចាប់ឆ្នោតវិញ ឲ្យបានដឹងថាអាវនេះនឹងទៅជារបស់រូបអ្នកណា នោះដើម្បីឲ្យបានសម្រេចបទគម្ពីរដែលថា «គេបានយកសម្លៀកបំពាក់ទូលបង្គំចែកគ្នា ឯអាវវែងរបស់ទូលបង្គំ គេយកដោយចាប់ជាឆ្នោត» ពួកទាហានក៏ធ្វើដូច្នោះ។
25 ឯមាតាព្រះយេស៊ូវ ប្អូនស្រីមាតាទ្រង់ ម៉ារា ជាប្រពន្ធក្លូប៉ាស និងម៉ារា ជាអ្នកស្រុកម៉ាក់ដាឡា គេឈរនៅជិតឈើឆ្កាងទ្រង់
26 ព្រះយេស៊ូវក៏ឃើញមាតាទ្រង់ និងសិស្សម្នាក់ដែលទ្រង់ស្រឡាញ់ កំពុងឈរនៅទីនោះ រួចទ្រង់មានព្រះបន្ទូលទៅមាតាថា មាតាអើយ នុ៎ះន៏ កូនរបស់មាតា
27 រួចទ្រង់មានព្រះបន្ទូលទៅសិស្សនោះថា នុ៎ះន៏ ម្តាយអ្នក តាំងពីនោះមក សិស្សនោះក៏នាំយកគាត់ទៅនៅផ្ទះខ្លួន។
28 ក្រោយនោះព្រះយេស៊ូវទ្រង់ជ្រាបថា ការទាំងអស់បានសម្រេចហើយ តែដើម្បីឲ្យបានសម្រេចតាមបទគម្ពីរ នោះទ្រង់មានព្រះបន្ទូលថា ខ្ញុំស្រេកទឹកណាស់
29 រីឯនៅទីនោះ មានក្រឡដាក់ទឹកខ្មេះពេញ គេក៏យកសារាយរំហួតជ្រលក់ទឹកខ្មេះជោក រួចចងភ្ជាប់នឹងមែកហ៊ីសុប ហុចទៅដល់ព្រះឱស្ឋទ្រង់
30 កាលព្រះយេស៊ូវបានទទួលទឹកខ្មេះរួចហើយ ក៏មានព្រះបន្ទូលថា ការស្រេចហើយ នោះទ្រង់ឱនព្រះសិរប្រគល់វិញ្ញាណទ្រង់ទៅ។
31 ពួកសាសន៍យូដាក៏សូមលោកពីឡាត់ ឲ្យបានបំបាក់ជើងពួកជាប់ឆ្កាង ហើយយកចេញទៅ ដើម្បីកុំឲ្យខ្មោចនៅជាប់លើឈើឆ្កាង ក្នុងថ្ងៃឈប់សម្រាក ពីព្រោះជាថ្ងៃរៀបចំហើយ ឯថ្ងៃឈប់សម្រាកនោះ គឺជាថ្ងៃបុណ្យធំ
32 ដូច្នេះ ពួកទាហានក៏មកបំបាក់ជើងអ្នក១ រួចអ្នក១ទៀតដែលជាប់ឆ្កាងជាមួយនឹងទ្រង់
33 តែកាលគេមកដល់ព្រះយេស៊ូវ ក៏ឃើញថា ទ្រង់សុគតផុតហើយ បានជាគេមិនបំបាក់ព្រះបាទទ្រង់ទេ
34 ប៉ុន្តែ ទាហានម្នាក់យកលំពែងចាក់ត្រង់ចំហៀងទ្រង់ នោះក៏ចេញឈាម ហើយនិងទឹកមក
35 អ្នកដែលឃើញបានធ្វើបន្ទាល់ ហើយសេចក្ដីបន្ទាល់របស់អ្នកនោះក៏ពិតប្រាកដ អ្នកនោះដឹងថា ខ្លួននិយាយត្រូវ ដើម្បីឲ្យអ្នករាល់គ្នាបានជឿ
36 ដ្បិតការទាំងនោះបានកើតមក ដើម្បីឲ្យបទគម្ពីរបានសម្រេច ដែលថា «គ្មានឆ្អឹងទ្រង់ណាមួយត្រូវបាក់សោះ»
37 ក៏មានបទ១ទៀតថា «គេនឹងមើលព្រះអង្គដែលគេបានចាក់»។
38 ក្រោយនោះមក យ៉ូសែប ជាអ្នកស្រុកអើរីម៉ាថេ ដែលជាសិស្សរបស់ព្រះយេស៊ូវដោយសម្ងាត់ ព្រោះខ្លាចពួកយូដា លោកបានសូមដល់លោកពីឡាត់ ឲ្យមានច្បាប់នឹងយកព្រះសពព្រះយេស៊ូវចុះមក លោកពីឡាត់ក៏បើកឲ្យ ដូច្នេះ លោកមកយកព្រះសពព្រះយេស៊ូវទៅ
39 ហើយលោកនីកូដេម ដែលពីមុនបានទៅឯព្រះយេស៊ូវទាំងយប់ ក៏មកដែរ លោកយកជ័រល្វីងទេសលាយនឹងក្រឹស្នា បានប្រហែលជា១រយនាលិមក
40 លោកទាំង២នោះក៏យកព្រះសពព្រះយេស៊ូវមក រុំនឹងសំពត់ទេសឯកជាមួយនឹងគ្រឿងក្រអូបទាំងនោះ តាមទម្លាប់របស់សាសន៍យូដា ដែលគេធ្លាប់រៀបចំកប់ខ្មោច
41 មានច្បារ១នៅត្រង់កន្លែងដែលគេឆ្កាងទ្រង់ ហើយក្នុងច្បារនោះ មានផ្នូរ១ថ្មី ដែលមិនទាន់ដាក់ខ្មោចណានៅឡើយ
42 ដូច្នេះ លោកក៏បញ្ចុះព្រះសពព្រះយេស៊ូវនៅទីនោះ ពីព្រោះជាថ្ងៃរៀបចំបុណ្យរបស់សាសន៍យូដា ហើយផ្នូរនោះក៏នៅជិតស្រាប់។
ជំពូក 20
1 នៅថ្ងៃទី១ក្នុងអាទិត្យនោះ ម៉ារា ជាអ្នកស្រុកម៉ាក់ដាឡា នាងទៅឯផ្នូរពីព្រលឹម កាលកំពុងនៅងងឹតនៅឡើយ ក៏ឃើញថ្មបានយកចេញពីមាត់ផ្នូរហើយ
2 នោះនាងរត់ទៅប្រាប់ដល់ស៊ីម៉ូន-ពេត្រុស និងសិស្ស១នោះដែលទ្រង់ស្រឡាញ់ថា គេបានយកព្រះអម្ចាស់ចេញពីផ្នូរហើយ យើងខ្ញុំមិនដឹងជាគេយកទៅទុកឯណាទេ
3 នោះពេត្រុស និងសិស្ស១នោះ ក៏ចេញទៅឯផ្នូរ
4 អ្នកទាំង២រត់ទៅជាមួយគ្នា តែសិស្ស១នោះរត់លឿនជាងពេត្រុស បានដល់ផ្នូរមុន
5 រួចគាត់ឱនខ្លួនទៅមើល ឃើញមានតែសំពត់ស្នបនៅក្នុងនោះ តែគាត់មិនបានចូលទេ
6 ឯស៊ីម៉ូន-ពេត្រុស ដែលមកតាមក្រោយ គាត់ក៏ចូលទៅក្នុងផ្នូរ ឃើញសំពត់ស្នបនៅក្នុងនោះដែរ
7 ហើយឃើញកន្សែងដែលគ្របព្រះសិរទ្រង់ មិននៅជាមួយនឹងសំពត់ស្នបនោះទេ គឺបានបត់ដាក់នៅទីកន្លែងដោយខ្លួនវិញ
8 សិស្សមួយនោះដែលមកដល់ផ្នូរមុន គាត់ក៏ចូលទៅឃើញដូច្នោះដែរ រួចគាត់ជឿ
9 ដ្បិតគេមិនទាន់យល់បទគម្ពីរនៅឡើយ ដែលថា ទ្រង់ត្រូវរស់ពីស្លាប់ឡើងវិញ
10 សិស្សទាំង២ក៏ត្រឡប់ទៅឯផ្ទះគេវិញ។
11 ឯម៉ារា នាងឈរយំពីខាងក្រៅផ្នូរ ហើយកំពុងដែលនាងយំ នោះក៏ឱនខ្លួនមើលទៅក្នុងផ្នូរ
12 ឃើញទេវតា២រូប ស្លៀកពាក់ស អង្គុយ១ខាងក្បាល ១ចុងជើង ត្រង់កន្លែងដែលបានផ្តេកព្រះសពព្រះយេស៊ូវ
13 ទេវតានោះសួរថា នាងអើយ ហេតុអ្វីបានជាយំ នាងឆ្លើយថា ពីព្រោះគេបានយកព្រះអម្ចាស់ខ្ញុំទៅបាត់ ហើយខ្ញុំមិនដឹងជាគេទុកទ្រង់នៅឯណាទេ
14 នាងនិយាយដូច្នោះ រួចបែរខ្លួនទៅក្រោយ ឃើញព្រះយេស៊ូវទ្រង់ឈរ តែមិនដឹងជាព្រះយេស៊ូវទេ
15 ព្រះយេស៊ូវមានព្រះបន្ទូលថា នាងអើយ ហេតុអ្វីបានជាយំ នាងរកអ្នកណា ឯនាង ក៏ស្មានថាជាអ្នកថែច្បារ ទើបនិយាយទៅថា លោកនាយអើយ បើលោកបានយកព្រះសពចេញទៅឯណា នោះសូមប្រាប់ខ្ញុំ ឲ្យដឹងកន្លែងដែលបានទុកផង ខ្ញុំនឹងទៅនាំយកទៅ
16 ព្រះយេស៊ូវមានព្រះបន្ទូលទៅនាងថា ម៉ារាអើយ នោះនាងបែរខ្លួនទៅទូលទ្រង់ ជាភាសាហេព្រើរថា រ៉ាបូនី ដែលស្រាយថា លោកគ្រូអើយ
17 ព្រះយេស៊ូវមានព្រះបន្ទូលទៅនាងថា កុំពាល់ខ្ញុំ ព្រោះខ្ញុំមិនទាន់ឡើងទៅឯព្រះវរបិតាខ្ញុំនៅឡើយ ចូរនាងទៅឯពួកបងប្អូនខ្ញុំប្រាប់គេថា ខ្ញុំឡើងទៅឯព្រះវរបិតាខ្ញុំ ជាព្រះវរបិតានៃអ្នករាល់គ្នា គឺជាព្រះនៃខ្ញុំ ហើយជាព្រះនៃអ្នករាល់គ្នាដែរ
18 នោះម៉ារា-ម៉ាក់ដាឡា ក៏នាំដំណឹងទៅប្រាប់ដល់ពួកសិស្សថា នាងបានឃើញព្រះអម្ចាស់ ហើយទ្រង់បានមានព្រះបន្ទូលសេចក្ដីទាំងនេះមកនាង។
19 នៅថ្ងៃដំបូងក្នុងអាទិត្យនោះឯង លុះព្រលប់ហើយ កាលទ្វារទាំងអស់ នៅកន្លែងដែលពួកសិស្សប្រជុំគ្នា បានបិទ ដោយព្រោះខ្លាចសាសន៍យូដា នោះព្រះយេស៊ូវទ្រង់យាងមកឈរនៅកណ្តាលពួកសិស្ស មានព្រះបន្ទូលថា សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្ដីសុខចុះ
20 កាលទ្រង់មានព្រះបន្ទូលដូច្នោះហើយ នោះក៏បង្ហាញព្រះហស្ត និងចំហៀងទ្រង់ឲ្យគេមើល ដូច្នេះ ពួកសិស្សមានចិត្តត្រេកអរ ដោយបានឃើញព្រះអម្ចាស់
21 រួចព្រះយេស៊ូវមានព្រះបន្ទូលទៅគេម្តងទៀតថា សូមឲ្យអ្នករាល់គ្នាបានប្រកប ដោយសេចក្ដីសុខសាន្ត ខ្ញុំចាត់អ្នករាល់គ្នាឲ្យទៅ ដូចជាព្រះវរបិតាបានចាត់ឲ្យខ្ញុំមកដែរ
22 ទ្រង់មានព្រះបន្ទូលដូច្នោះ រួចក៏ផ្លុំលើគេទាំងមានព្រះបន្ទូលថា ចូរទទួលព្រះវិញ្ញាណបរិសុទ្ធចុះ
23 បើអ្នករាល់គ្នានឹងអត់ទោសបាបដល់អ្នកណា នោះបាបគេនឹងបានអត់ទោសឲ្យ តែបើអ្នករាល់គ្នានឹងប្រកាន់ទោសបាបចំពោះអ្នកណា នោះបាបគេនឹងត្រូវប្រកាន់ជាប់វិញ។
24 រីឯថូម៉ាស ជាម្នាក់ក្នុងពួក១២ ដែលគេហៅថា ឌីឌីម គាត់មិននៅជាមួយ ក្នុងកាលដែលព្រះយេស៊ូវយាងមកនោះទេ
25 ដូច្នេះ ពួកសិស្សឯទៀតប្រាប់គាត់ថា យើងបានឃើញព្រះអម្ចាស់ តែគាត់ឆ្លើយថា បើខ្ញុំមិនឃើញស្នាមដែកគោល នៅព្រះហស្តទ្រង់ ទាំងលូកម្រាមទៅក្នុងស្នាមដែកគោលនោះ ហើយលូកដៃខ្ញុំទៅក្នុងចំហៀងទ្រង់ នោះខ្ញុំមិនព្រមជឿទេ
26 ដល់៨ថ្ងៃក្រោយមក ពួកសិស្សទ្រង់នៅក្នុងផ្ទះម្តងទៀត ហើយថូម៉ាសក៏នៅជាមួយដែរ នោះព្រះយេស៊ូវទ្រង់យាងមក ឈរកណ្តាលពួកគេ ទាំងទ្វារនៅបិទ ហើយមានព្រះបន្ទូលថា សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្ដីសុខសាន្ត
27 រួចទ្រង់មានព្រះបន្ទូលទៅថូម៉ាសថា ចូរលូកម្រាមដៃអ្នកមក ស្ទាបមើលដៃខ្ញុំឯណេះ ហើយលូកដៃមកក្នុងចំហៀងខ្ញុំផង កុំឲ្យមានចិត្តមិនជឿឡើយ ត្រូវឲ្យជឿចុះ
28 នោះថូម៉ាសទូលឆ្លើយថា ឱព្រះអម្ចាស់ទូលបង្គំ ឱព្រះនៃទូលបង្គំអើយ
29 ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា ថូម៉ាសអើយ អ្នកជឿដោយព្រោះបានឃើញខ្ញុំទេតើ មានពរហើយ អ្នកណាដែលជឿឥតឃើញសោះ។
30 ព្រះយេស៊ូវក៏ធ្វើទីសម្គាល់ជាច្រើនទៀត នៅមុខពួកសិស្សទ្រង់ ដែលមិនបានចែងទុកក្នុងសៀវភៅនេះទេ
31 បានចែងទុកតែប៉ុណ្ណេះ ដើម្បីឲ្យអ្នករាល់គ្នាបានជឿថា ព្រះយេស៊ូវជាព្រះគ្រីស្ទ គឺជាព្រះរាជបុត្រានៃព្រះពិត ហើយឲ្យអ្នករាល់គ្នាបានជីវិត ដោយសារព្រះនាមទ្រង់ ដោយមានសេចក្ដីជំនឿ។
ជំពូក 21
1 ក្រោយនោះមក ព្រះយេស៊ូវទ្រង់សម្ដែងអង្គទ្រង់ ឲ្យពួកសិស្សឃើញម្តងទៀត ត្រង់សមុទ្រទីបេរាស គឺទ្រង់សម្ដែងមកបែបយ៉ាងនេះ
2 មានស៊ីម៉ូន-ពេត្រុស ថូម៉ាស ដែលហៅថា ឌីឌីម ណាថាណែល ដែលនៅភូមិកាណាស្រុកកាលីឡេ កូនសេបេដេទាំង២ និងពួកសិស្ស២នាក់ទៀត នៅជាមួយគ្នា
3 នោះស៊ីម៉ូន-ពេត្រុសនិយាយទៅគេថា ខ្ញុំទៅនេសាទត្រី គេក៏ឆ្លើយថា យើងទៅដែរ ស្រាប់តែគេនាំគ្នាចេញទៅចុះទូក តែយប់នោះគេចាប់មិនបានអ្វីសោះ
4 ដល់ព្រលឹមឡើង ព្រះយេស៊ូវទ្រង់ឈរនៅឆ្នេរសមុទ្រ តែពួកសិស្សមិនដឹងថាព្រះយេស៊ូវទេ
5 ទ្រង់មានព្រះបន្ទូលទៅគេថា កូនរាល់គ្នាអើយ តើមានអ្វីបរិភោគឬទេ គេទូលឆ្លើយថា គ្មានទេ
6 រួចទ្រង់មានព្រះបន្ទូលប្រាប់ថា ចូរទម្លាក់អួនទៅខាងស្តាំទូក នោះទើបបាន ដូច្នេះ គេក៏ទម្លាក់អួនទៅ តែទាញមកវិញមិនរួច ព្រោះជាប់ត្រីសន្ធឹកណាស់
7 នោះសិស្ស១ដែលព្រះយេស៊ូវស្រឡាញ់ គាត់និយាយនឹងពេត្រុសថា នេះគឺជាព្រះអម្ចាស់ហើយ កាលស៊ីម៉ូន-ពេត្រុសបានឮថាជាព្រះអម្ចាស់ នោះគាត់ពាក់អាវក្រវាត់ខ្លួន ព្រោះគាត់នៅខ្លួនទទេ ក៏លោតចុះទៅក្នុងទឹក
8 ពួកសិស្សឯទៀតបានមកក្នុងទូកតូចទាំងដឹកអួនជាប់បានត្រី ដ្បិតគេមិនសូវនៅឆ្ងាយពីគោកទេ ប្រហែលជា២០០ហត្ថប៉ុណ្ណោះ
9 កាលបានឡើងទៅលើគោកវិញ នោះគេឃើញរងើកភ្លើង ហើយមានត្រីអាំងនៅពីលើ និងនំបុ័ងដែរ
10 ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា ចូរយកត្រីខ្លះដែលទើបនឹងចាប់នោះមក
11 ស៊ីម៉ូន-ពេត្រុសក៏ឡើងមកទាំងទាញអួន ដាក់លើគោក បានពេញដោយត្រីធំៗ១៥៣ ហើយទោះបើមានត្រីច្រើនដល់ម៉្លេះ គង់តែអួនមិនបានធ្លាយដែរ
12 ព្រះយេស៊ូវទ្រង់ហៅគេមកថា ចូរមកពិសាសិន ប៉ុន្តែ គ្មានសិស្សណាមួយហ៊ានទូលសួរទ្រង់ថា តើអ្នកណានុ៎ះ ដោយគេដឹងថាជាព្រះអម្ចាស់ហើយ
13 ព្រះយេស៊ូវក៏យាងមក យកនំបុ័ង និងត្រី ប្រទានដល់គេ
14 នោះជាគម្រប់៣ដងហើយ ដែលព្រះយេស៊ូវសម្ដែងមក ឲ្យពួកសិស្សឃើញ ក្នុងពេលក្រោយដែលមានព្រះជន្មរស់ពីស្លាប់ឡើងវិញ។
15 កាលគេបានបរិភោគរួចហើយ នោះព្រះយេស៊ូវមានព្រះបន្ទូលនឹងស៊ីម៉ូន-ពេត្រុសថា ស៊ីម៉ូនកូនយ៉ូណាសអើយ តើអ្នកស្រឡាញ់ខ្ញុំជាជាងរបស់ទាំងនេះឬអី គាត់ទូលឆ្លើយថា ព្រះករុណាវិសេសព្រះអម្ចាស់ ទ្រង់ជ្រាបថាទូលបង្គំពេញចិត្តនឹងទ្រង់ហើយ ទ្រង់មានព្រះបន្ទូលថា ចូរឲ្យចំណីដល់កូនចៀមខ្ញុំស៊ីផង
16 រួចទ្រង់មានព្រះបន្ទូលទៅគាត់ម្តងទៀតថា ស៊ីម៉ូន កូនយ៉ូណាសអើយ តើស្រឡាញ់ខ្ញុំឬអី គាត់ទូលឆ្លើយថា ព្រះករុណាវិសេសព្រះអម្ចាស់ ទ្រង់ជ្រាបថា ទូលបង្គំពេញចិត្តនឹងទ្រង់ហើយ ទ្រង់មានព្រះបន្ទូលទៅគាត់ថា ចូរឃ្វាលហ្វូងចៀមរបស់ខ្ញុំចុះ
17 រួចទ្រង់មានព្រះបន្ទូលជាគម្រប់៣ដងថា ស៊ីម៉ូន កូនយ៉ូណាសអើយ តើពេញចិត្តនឹងខ្ញុំមែនឬអី ពេត្រុសមានចិត្តព្រួយ ដោយទ្រង់មានព្រះបន្ទូលជាគម្រប់៣ដងថា តើពេញចិត្តនឹងខ្ញុំឬអីដូច្នេះ បានជាគាត់ទូលឆ្លើយថា ព្រះអម្ចាស់អើយ ទ្រង់ជ្រាបគ្រប់ការទាំងអស់ គឺទ្រង់ជ្រាបថា ទូលបង្គំពេញចិត្តនឹងទ្រង់ហើយ ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា ចូរឲ្យចំណីដល់ហ្វូងចៀមខ្ញុំស៊ីផង
18 ប្រាកដមែន ខ្ញុំប្រាប់អ្នកជាប្រាកដថា កាលអ្នកនៅពីក្មេងនៅឡើយ នោះបានក្រវាត់ខ្លួនឯង ទាំងដើរទៅមកតាមតែចិត្ត តែកាលណាចាស់ហើយ នោះអ្នកនឹងសន្ធឹងដៃទៅ ហើយម្នាក់ទៀតនឹងក្រវាត់ឲ្យអ្នកវិញ ទាំងនាំអ្នកទៅឯកន្លែង ដែលអ្នកមិនចង់ទៅផង
19 ទ្រង់មានព្រះបន្ទូលដូច្នេះ ដើម្បីនឹងបង្ហាញពីបែបយ៉ាងណា ដែលគាត់ត្រូវស្លាប់ ប្រយោជន៍ដើម្បីនឹងលើកតម្កើងព្រះ កាលទ្រង់មានព្រះបន្ទូលដូច្នោះរួចហើយ នោះក៏ប្រាប់គាត់ថា ចូរមកតាមខ្ញុំចុះ។
20 ប៉ុន្តែ ពេត្រុសបែរខ្លួនទៅឃើញសិស្ស១នោះ ដែលព្រះយេស៊ូវទ្រង់ស្រឡាញ់ កំពុងដើរមកតាមក្រោយ គឺជាអ្នកដែលផ្អែកលើព្រះឧរាទ្រង់ ក្នុងកាលដែលបរិភោគ នៅពេលយប់នោះ ហើយបានទូលសួរថា ព្រះអម្ចាស់អើយ តើអ្នកណានោះដែលបញ្ជូនទ្រង់
21 កាលពេត្រុសបានឃើញគាត់ នោះក៏ទូលសួរដល់ទ្រង់ថា ព្រះអម្ចាស់អើយ តើអ្នកនោះនឹងបានដូចម្តេចទៅ
22 ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយទៅគាត់ថា បើសិនជាខ្ញុំចង់ឲ្យអ្នកនោះនៅ ទាល់តែខ្ញុំមក នោះតើអំពល់អ្វីដល់អ្នក ចូរឲ្យអ្នកមកតាមខ្ញុំចុះ
23 ដូច្នេះ ពាក្យនោះក៏ឮខ្ចរខ្ចាយទួទៅ ក្នុងពួកបងប្អូនថា សិស្សនោះមិនត្រូវស្លាប់ទេ ប៉ុន្តែ ព្រះយេស៊ូវមិនបានមានព្រះបន្ទូលថា គាត់មិនស្លាប់នោះទេ គឺគ្រាន់តែថា បើសិនជាខ្ញុំចង់ឲ្យអ្នកនោះនៅ ទាល់តែខ្ញុំមក នោះតើអំពល់អ្វីដល់អ្នកវិញប៉ុណ្ណោះ។
24 គឺសិស្សនោះឯង ដែលធ្វើបន្ទាល់ពីសេចក្ដីទាំងនេះ ព្រមទាំងចែងរឿងទាំងនេះទុកផង យើងរាល់គ្នាដឹងថា សេចក្ដីបន្ទាល់របស់គាត់ នោះពិតហើយ
25 មានការជាច្រើនទៀត ដែលព្រះយេស៊ូវបានធ្វើដែរ ខ្ញុំស្មានថា បើនឹងសរសេរទុក ដោយលំដាប់តមក នោះលោកីយ៍ទាំងមូលក៏មិនល្មមគ្រាន់ ដើម្បីនឹងដាក់អស់ទាំងសៀវភៅ ដែលត្រូវសរសេរនោះផង។ អាម៉ែន។:៚