កិច្ចកា

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28


ជំពូក 1

1 ឱ​លោក​ថេវ‌ភីល​អើយ ខ្ញុំ​បាន​តែង​រឿង​១​ច្បាប់​មុន​នោះ ពី​អស់​ទាំង​ការ​ដែល​ព្រះ‌យេស៊ូវ បាន​ចាប់​តាំង​ធ្វើ ហើយ​បង្រៀន
2 ដរាប​ដល់​ថ្ងៃ ដែល​ព្រះ​បាន​លើក​ទ្រង់​ឡើង​ផុត​ទៅ​ហើយ គឺ​ក្រោយ​ដែល​ទ្រង់​បាន​ផ្តាំ ដោយ​នូវ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ដល់​ពួក​សាវក ជា​ពួក​អ្នក​ដែល​ទ្រង់​បាន​រើស
3 ហើយ​កាល​ទ្រង់​បាន​រង​ទុក្ខ​រួច​ហើយ នោះ​ក៏​បាន​សម្ដែង​អង្គ​ទ្រង់​មក​ទាំង​រស់ ឲ្យ​ពួក​សាវក​នោះ​ឃើញ ដោយ‌សារ​ភស្តុ‌តាង​ជា​ច្រើន ព្រម​ទាំង​លេច​មក​ឯ​គេ ក៏​សម្ដែង​ពី​អស់​ទាំង​សេចក្ដី​ខាង​ឯ​នគរ​ព្រះ ក្នុង​រវាង​៤០​ថ្ងៃ
4 រួច​មក កាល​បាន​ប្រជុំ​ទាំង​អស់​គ្នា​ហើយ នោះ​ទ្រង់​ហាម​មិន​ឲ្យ​គេ​ចេញ​ពី​ក្រុង​យេរូ‌សាឡឹម​ឡើយ ដោយ​មាន​ព្រះ‌បន្ទូល​ថា ត្រូវ​ឲ្យ​នៅ​ចាំ​សេចក្ដី​សន្យា​នៃ​ព្រះ‌វរ‌បិតា ដែល​អ្នក​រាល់​គ្នា​បាន​ឮ​ខ្ញុំ​ថ្លែង​ប្រាប់​ហើយ
5 ដ្បិត​ពិត​ជា​លោក​យ៉ូហាន​បាន​ធ្វើ​បុណ្យ​ជ្រមុជ​ដោយ​ទឹក ប៉ុន្តែ នៅ​បន្តិច​ទៀត អ្នក​រាល់​គ្នា​នឹង​ទទួល​បុណ្យ​ជ្រមុជ ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​វិញ។
6 ដូច្នេះ កាល​ពួក​សាវក​បាន​ប្រជុំ​គ្នា នោះ​ក៏​ទូល​សួរ​ថា ព្រះ‌អម្ចាស់​អើយ តើ​នៅ​គ្រា​នេះ​ឬ​អី ដែល​ទ្រង់​នឹង​តាំង​នគរ​ឲ្យ​សាសន៍​អ៊ីស្រា‌អែល​ឡើង​វិញ​នោះ
7 តែ​ទ្រង់​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា មិន​ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ពេល ដឹង​កំណត់ ដែល​ព្រះ‌វរ‌បិតា​បាន​ទុក​នៅ​ក្នុង​អំណាច​របស់​ទ្រង់​នោះ​ឡើយ
8 ប៉ុន្តែ កាល​ណា​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​បាន​មក​សណ្ឋិត​លើ​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​នឹង​បាន​ព្រះ‌ចេស្តា ហើយ​និង​ធ្វើ​ជា​ទី​បន្ទាល់​ពី​ខ្ញុំ នៅ​ក្រុង​យេរូ‌សាឡឹម ព្រម​ទាំង​ស្រុក​យូដា និង​ស្រុក​សាម៉ារី​ទាំង​មូល ហើយ​រហូត​ដល់​ចុង​ផែនដី​បំផុត​ផង
9 កាល​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​សេចក្ដី​ទាំង​នោះ​រួច​ជា​ស្រេច ហើយ​ពួក​សាវក​កំពុង​តែ​មើល នោះ​ព្រះ​បាន​លើក​ទ្រង់​ឡើង​ទៅ រួច​មាន​ពពក​មក​បំបាំង​ទ្រង់​ពី​ភ្នែក​គេ។
10 កំពុង​ដែល​គេ​ងើយ​សម្លឹង​មើល​ទៅ​លើ​មេឃ ក្នុង​កាល​ដែល​ទ្រង់​យាង​ទៅ នោះ​ឃើញ​មាន​២​នាក់ ស្លៀក‌ពាក់​ស ឈរ​នៅ​ជិត និយាយ​ថា
11 ពួក​អ្នក​ស្រុក​កាលី‌ឡេ​អើយ ហេតុ​អ្វី​បាន​ជា​ឈរ​ងើយ​មើល​ទៅ​លើ​មេឃ​ដូច្នេះ ព្រះ‌យេស៊ូវ​នេះ​ឯង ដែល​ព្រះ​បាន​លើក​ពី​អ្នក​រាល់​គ្នា​ឡើង​ទៅ​លើ​ស្ថាន‌សួគ៌ ទ្រង់​នឹង​យាង​មក​វិញ តាម​បែប​ដដែល ដូច​ជា​អ្នក​រាល់​គ្នា​បាន​ឃើញ​ទ្រង់​ទៅ​នោះ​ដែរ
12 ពួក​អ្នក​ទាំង​នោះ​ក៏​វិល​ពី​ភ្នំ​ដែល​ហៅ​ថា ភ្នំ​ដើម​អូលីវ ត្រឡប់​ទៅ​ឯ​ក្រុង​យេរូ‌សាឡឹម​វិញ រីឯ​ភ្នំ​នោះ នៅ​ជិត​ក្រុង​យេរូ‌សាឡឹម ចម្ងាយ​ផ្លូវ​ដើរ​អស់​១​ថ្ងៃ​ឈប់​សម្រាក
13 កាល​គេ​ចូល​ទៅ​ដល់​ហើយ នោះ​ក៏​ឡើង​ទៅ​ឯ​បន្ទប់​ខាង​លើ ជា​លំនៅ​របស់​ពេត្រុស យ៉ូហាន យ៉ាកុប អនទ្រេ ភីលីព ថូម៉ាស បារថូ‌ល៉ូមេ ម៉ាថាយ យ៉ាកុប ជា​កូន​អាល់‌ផាយ ស៊ីម៉ូន ជា​ពួក​ឧស្សាហ៍ និង​យូដាស ជា​ញាតិ​នឹង​យ៉ាកុប
14 ពួក​អ្នក​ទាំង​នេះ​មាន​ចិត្ត​ព្រម​ព្រៀង​គ្នា ដោយ​ព្យាយាម​ក្នុង​សេចក្ដី​អធិស្ឋាន ជា​មួយ​នឹង​ពួក​ស្រីៗ ព្រម​ទាំង​ម៉ារា ជា​មាតា​ព្រះ‌យេស៊ូវ និង​បង​ប្អូន​ទ្រង់​ដែរ។
15 នៅ​គ្រា​នោះ ពេត្រុស​ឈរ​ឡើង​កណ្តាល​ពួក​បង​ប្អូន ដែល​មាន​ឈ្មោះ​ប្រហែល​ជា​១២០​នាក់ ប្រកាស​ថា
16 បង​ប្អូន​រាល់​គ្នា​អើយ បទ​គម្ពីរ​ដែល​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​បាន​ទាយ​ដោយ‌សារ​ព្រះ‌ឱស្ឋ​ហ្លួង​ដាវីឌ ពី​ដំណើរ​យូដាស ជា​អ្នក​ដែល​នាំ​គេ​ទៅ​ចាប់​ព្រះ‌យេស៊ូវ បទ​នោះ​ត្រូវ​តែ​បាន​សម្រេច
17 ដ្បិត​វា​បាន​រាប់​ក្នុង​ពួក​យើង​រាល់​គ្នា ហើយ​បាន​ទទួល​១​ចំណែក​ក្នុង​ការ‌ងារ​នេះ​ដែរ
18 (រីឯ​មនុស្ស​នេះ​បាន​ទិញ​ដី​វាល ដោយ‌សារ​រង្វាន់​នៃ​ការ​ទុច្ចរិត​របស់​ខ្លួន​វា ប៉ុន្តែ វា​ដួល​ទៅ​មុខ​ធ្លាយ​ពោះ ហើយ​ពោះ​វៀន​ក៏​ចេញ​ទ្រេល
19 រឿង​នោះ​បាន​ឮ​ទៅ​ដល់​មនុស្ស​ទាំង‌ឡាយ ដែល​នៅ​ក្រុង​យេរូ‌សាឡឹម បាន​ជា​គេ​ហៅ​វាល​នោះ​តាម​ភាសា​គេ​ថា អាកិល‌ដាម៉ា គឺ​ប្រែ​ថា វាល​ឈាម)
20 ព្រោះ​មាន​សេចក្ដី​ចែង​ទុក​មក ក្នុង​គម្ពីរ​ទំនុក​តម្កើង​ថា «ចូរ​ឲ្យ​ទី​លំនៅ​វា​ត្រូវ​ចោល​ស្ងាត់​ចុះ កុំ​ឲ្យ​មាន​អ្នក​ណា​នៅ​ទី​នោះ​ឡើយ» ហើយ​ថា «ត្រូវ​ឲ្យ​ម្នាក់​ទៀត​ទទួល​ការ‌ងារ​ជំនួស​វា»
21 ដូច្នេះ ក្នុង​ពួក​អ្នក​ដែល​ដើរ​ជា​មួយ​នឹង​យើង គ្រប់​វេលា​ដែល​ព្រះ‌អម្ចាស់​យេស៊ូវ​យាង​ចេញ​ចូល​ក្នុង​ពួក​យើង
22 ចាប់​តាំង​ពី​គ្រា​លោក​យ៉ូហាន​ធ្វើ​បុណ្យ​ជ្រមុជ‌ទឹក​ដរាប​មក​ដល់​ថ្ងៃ ដែល​ព្រះ​បាន​លើក​ទ្រង់​ឡើង​ពី​យើង​រាល់​គ្នា​ទៅ នោះ​ត្រូវ​ឲ្យ​មាន​ម្នាក់​ទៀត​ធ្វើ​ជា​ទី​បន្ទាល់​ជា​មួយ​នឹង​យើង ពី​ដំណើរ​ដែល​ទ្រង់​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ
23 ដូច្នេះ គេ​ក៏​តម្រូវ​លើ​រូប​២​នាក់ គឺ​យ៉ូសែប ដែល​ហៅ​ថា បារសាបាស ដែល​មាន​ឈ្មោះ​យូស្ទុស​ផង​នោះ​១ និង​ម៉ាត់ធាស​១
24 រួច​គេ​អធិស្ឋាន​ទូល​ថា ឱ​ព្រះ‌អម្ចាស់ ជា​ព្រះ​ដ៏​ជ្រាប​នូវ​ចិត្ត​មនុស្ស​ទាំង‌ឡាយ​អើយ សូម​បង្ហាញ​ឲ្យ​យើង​ខ្ញុំ​ដឹង​ថា ទ្រង់​រើស​អ្នក​ណា​ក្នុង​បណ្តា​អ្នក​ទាំង​២​នេះ
25 ឲ្យ​បាន​ទទួល​ចំណែក ក្នុង​កិច្ច‌ការ និង​ងារ​ជា​សាវក​នេះ ជំនួស​យូដាស ដែល​បាន​ធ្លាក់​ចេញ​ពី​ងារ​នេះ​ហើយ ដើម្បី​នឹង​ទៅ​ឯ​កន្លែង​របស់​វា
26 នោះ​គេ​ចាប់​ឆ្នោត​ត្រូវ​លើ​រូប​ម៉ាត់ធាស រួច​គេ​ក៏​រាប់​គាត់​បញ្ចូល​ជា​មួយ​នឹង​ពួក​សាវក​ទាំង​១១​នាក់។


ជំពូក 2

1 កាល​បុណ្យ​ថ្ងៃ​ទី​៥០​បាន​មក​ដល់ នោះ​គេ​មាន​ចិត្ត​ព្រម​ព្រៀង​ប្រជុំ​ទាំង​អស់​គ្នា នៅ​កន្លែង​តែ​១
2 ស្រាប់​តែ​មាន​ឮ​សូរ​ពី​លើ​មេឃ ដូច​ជា​ខ្យល់​បក់​គំហុក​យ៉ាង​ខ្លាំង មក​ពេញ​ក្នុង​ផ្ទះ​ដែល​គេ​អង្គុយ​នៅ
3 ក៏​មាន​អណ្តាត ដូច​ជា​អណ្តាត​ភ្លើង ដែល​បែក​ចេញ​ពី​គ្នា លេច​មក​ឲ្យ​គេ​ឃើញ ហើយ​មក​សណ្ឋិត​លើ​គេ​គ្រប់​គ្នា
4 រួច​គេ​បាន​ពេញ​ជា​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ទាំង​អស់ ក៏​តាំង​និយាយ​ភាសា​ផ្សេងៗ តាម​ដែល​ព្រះ‌វិញ្ញាណ​ប្រទាន​ឲ្យ។
5 រីឯ​នៅ​ក្រុង​យេរូ‌សាឡឹម មាន​ពួក​សាសន៍​យូដា ជា​អ្នក​កោត‌ខ្លាច​ដល់​ព្រះ ដែល​មក​ពី​គ្រប់​នគរ​នៅ​ក្រោម​មេឃ
6 កាល​សូរ​សព្ទ​ពី​ការ​នោះ​បាន​ឮ​សុស​សាយ​ទៅ នោះ​បណ្តា​មនុស្ស​ក៏​ប្រជុំ​គ្នា ហើយ​គេ​មាន​សេចក្ដី​ស្រឡាំង​កាំង ដោយ​គ្រប់​គ្នា​ឮ​ភាសា​ជាតិ​របស់​ខ្លួន ដែល​ពួក​សាវក​កំពុង​តែ​អធិប្បាយ
7 គេ​មាន​សេចក្ដី​អស្ចារ្យ​ក្នុង​ចិត្ត ហើយ​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ឆ្ងល់​ថា អ្នក​ទាំង​នេះ​ដែល​អធិប្បាយ តើ​មិន​មែន​ជា​ពួក​អ្នក​ស្រុក​កាលី‌ឡេ​ទាំង​អស់​គ្នា​ទេ​ឬ​អី
8 ចុះ​ដូច​ម្តេច​បាន​ជា​យើង​ឮ​គេ​និយាយ​តាម​ភាសា​កំណើត​របស់​យើង​រៀង​ខ្លួន​ដូច្នេះ
9 គឺ​ជា​សាសន៍​ផារថុស មេឌី អេឡាំ និង​ពួក​អ្នក​ស្រុក​មេសូ‌ប៉ូ‌តាមា ស្រុក​យូដា ស្រុក​កាប៉ា‌ដូគា ស្រុក​ប៉ុនតុស ស្រុក​អាស៊ី
10 ព្រម​ទាំង​ស្រុក​ព្រីគា ស្រុក​ប៉ាម‌ភីលា ស្រុក​អេស៊ីព្ទ និង​ដែន​ស្រុក​លីប៊ី ដែល​នៅ​ជុំ‌វិញ​ស្រុក​គីរេន ហើយ​ពួក​អ្នក​ស្រុក​រ៉ូម ដែល​ស្នាក់​នៅ​ទី​នេះ ទោះ​ទាំង​សាសន៍​យូដា និង​អ្នក​ចូល​សាសន៍​ផង
11 ហើយ​សាសន៍​ក្រេត និង​សាសន៍​អារ៉ាប់​ដែរ យើង​ទាំង​អស់​គ្នា​ឮ​គេ​និយាយ ពី​អស់​ទាំង​ការ​អស្ចារ្យ​របស់​ព្រះ តាម​ភាសា​របស់​យើង​រៀង​ខ្លួន
12 អ្នក​ទាំង​នោះ​មាន​សេចក្ដី​អស្ចារ្យ ព្រម​ទាំង​វល់​ក្នុង​ចិត្ត ក៏​សួរ​គ្នា​ទៅ​វិញ​ទៅ​មក​ថា តើ​ការ​នេះ​ដូច​ម្តេច​ហ្ន៎
13 តែ​មាន​អ្នក​ខ្លះ​ចំអក​ឲ្យ​ថា ពួក​នេះ​ស្រវឹង​ស្រា​ថ្មី​ទេ។
14 នោះ​ពេត្រុស​ក៏​ឈរ​ឡើង​ជា​មួយ​នឹង​ពួក​១១​នាក់ ក៏​បន្លឺ​សំឡេង​និយាយ​ទៅ​គេ​ថា ឱ​ពួក​សាសន៍​យូដា និង​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡឹម​ទាំង​អស់​គ្នា​អើយ សូម​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​សេចក្ដី​នេះ ហើយ​ប្រុង​ស្តាប់​ពាក្យ​ខ្ញុំ​ចុះ
15 ដ្បិត​អ្នក​ទាំង​នេះ​មិន​មែន​ស្រវឹង ដូច​ជា​អ្នក​រាល់​គ្នា​គិត​ស្មាន​នោះ​ទេ ព្រោះ​ទើប​នឹង​ម៉ោង​៩​ព្រឹក​នៅ​ឡើយ
16 នេះ​គឺ​ជា​សេចក្ដី​ទំនាយ​របស់​ហោរា​យ៉ូអែល​វិញ ដែល​លោក​ទាយ​ទុក​មក​ថា
17 «ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ដល់​ថ្ងៃ​ជាន់​ក្រោយ​បង្អស់ អញ​នឹង​ចាក់​ព្រះ‌វិញ្ញាណ​អញ ទៅ​លើ​គ្រប់​ទាំង​មនុស្ស នោះ​កូន​ប្រុស​កូន​ស្រី​ឯង​រាល់​គ្នា​នឹង​ទាយ​ទំនាយ ពួក​កំលោះ​ឯង​រាល់​គ្នា នឹង​ឃើញ​ការ​ជាក់​ស្តែង ហើយ​ពួក​ចាស់ៗ របស់​ឯង​រាល់​គ្នា​នឹង​យល់​សប្តិ
18 នៅ​គ្រា​នោះ អញ​នឹង​ចាក់​ព្រះ‌វិញ្ញាណ​អញ ទៅ​លើ​ទាំង​ពួក​អ្នក​បម្រើ​ប្រុស​ស្រី​ផង ហើយ​គេ​នឹង​ទាយ​ទំនាយ​ដែរ
19 អញ​នឹង​សម្ដែង​ការ​អស្ចារ្យ នៅ​លើ​មេឃ និង​ទី​សម្គាល់​នៅ​ផែនដី គឺ​ជា​ឈាម ភ្លើង ហើយ​និង​កំសួល​ផ្សែង
20 ថ្ងៃ​នឹង​ប្រែ​ទៅ​ជា​ងងឹត ហើយ​ខែ​នឹង​ទៅ​ជា​ឈាម មុន​ដែល​ថ្ងៃ​ធំ​ឧត្តម​របស់​ព្រះ‌អម្ចាស់​មក​ដល់
21 នោះ​អស់​អ្នក​ណា​ដែល​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ព្រះ‌អម្ចាស់ គេ​នឹង​បាន​សង្គ្រោះ»
22 ឱ​ពួក​សាសន៍​អ៊ីស្រា‌អែល​អើយ សូម​ស្តាប់​ពាក្យ​នេះ​ចុះ ព្រះ‌យេស៊ូវ ជា​អ្នក​ស្រុក​ណា‌សារ៉ែត ដែល​ព្រះ​បាន​សម្ដែង​បង្ហាញ​មក​អ្នក​រាល់​គ្នា​ដោយ​ការ​ឫទ្ធិ‌បារមី ការ​អស្ចារ្យ និង​ទី​សម្គាល់ ដែល​ព្រះ‌ទ្រង់​បាន​ធ្វើ នៅ​កណ្តាល​អ្នក​រាល់​គ្នា ដោយ‌សារ​ទ្រង់ ដូច​ជា​អ្នក​រាល់​គ្នា​ដឹង​ស្រាប់​ហើយ
23 ព្រះ‌អង្គ​នោះ​ទ្រង់​ត្រូវ​បញ្ជូន​ទៅ តាម​ការ​សម្រេច និង​បព្វ‌ញាណ​នៃ​ព្រះ ហើយ​អ្នក​រាល់​គ្នា​បាន​ចាប់​ទ្រង់ ដោយ‌សារ​ដៃ​មនុស្ស​ទទឹង​ច្បាប់ ព្រម​ទាំង​ឆ្កាង​សម្លាប់​ទ្រង់​ផង
24 ប៉ុន្តែ ព្រះ​បាន​ប្រោស​ទ្រង់​ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ដោយ​បាន​ស្រាយ​ចំណង​នៃ​សេចក្ដី​ស្លាប់​ចេញ ពី​ព្រោះ​សេចក្ដី​ស្លាប់ គ្មាន​អំណាច​នឹង​ឃុំ‌ឃាំង​ទ្រង់​ទុក​បាន​ឡើយ
25 ដ្បិត​ហ្លួង​ដាវីឌ​មាន​ព្រះ‌បន្ទូល​ពី​ទ្រង់​ថា «ទូល‌បង្គំ​បាន​ឃើញ​ព្រះ‌អម្ចាស់ នៅ​មុខ​ទូល‌បង្គំ​ជានិច្ច ពី​ព្រោះ​ទ្រង់​សណ្ឋិត​នៅ​ខាង​ដៃ​ស្តាំ​ទូល‌បង្គំ ដើម្បី​មិន​ឲ្យ​ទូល‌បង្គំ​ត្រូវ​រង្គើ​ឡើយ
26 ហេតុ​នោះ​បាន​ជា​ចិត្ត​ទូល‌បង្គំ​មាន​សេចក្ដី​អំណរ ហើយ​អណ្តាត​ទូល‌បង្គំ​ក៏​ថ្លែង ដោយ​សេចក្ដី​ត្រេក‌អរ ១​ទៀត រូប​សាច់​ទូល‌បង្គំ​នឹង​ស្នាក់​នៅ​ដោយ​សេចក្ដី​សង្ឃឹម​ដែរ
27 ដ្បិត​ទ្រង់​នឹង​មិន​ទុក​ព្រលឹង​ទូល‌បង្គំ ឲ្យ​ជាប់​នៅ​ក្នុង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ទេ ក៏​មិន​ឲ្យ​អ្នក​បរិសុទ្ធ​របស់​ទ្រង់​ឃើញ​សេចក្ដី​ពុក‌រលួយ​ដែរ
28 ទ្រង់​បាន​ឲ្យ​ទូល‌បង្គំ​ស្គាល់​អស់​ទាំង​ផ្លូវ​នៃ​ជីវិត ក៏​នឹង​ឲ្យ​ទូល‌បង្គំ​បាន​ពេញជា​សេចក្ដី​អំណរ ដោយ​ភាព​នៃ​ព្រះ‌‌ភ័ក្ត្រ​ទ្រង់»
29 ឱ​បង​ប្អូន​រាល់​គ្នា​អើយ ខ្ញុំ​មាន​ច្បាប់​នឹង​ថ្លែង​ប្រាប់​ដល់​អ្នក​រាល់​គ្នា​យ៉ាង​ច្បាស់ ពី​ហ្លួង​ដាវីឌ ជា​អយ្យកោ​ថា លោក​បាន​ទាំង​សុគត ហើយ​គេ​បាន​បញ្ចុះ​សព​លោក​ដែរ ផ្នូរ​លោក​ក៏​នៅ​ជា​មួយ​នឹង​យើង​រាល់​គ្នា ដរាប​ដល់​សព្វ​ថ្ងៃ​នេះ
30 ដូច្នេះ ដោយ​ព្រោះ​លោក​ជា​ហោរា ហើយ​ក៏​ជ្រាប​ថា ព្រះ​បាន​ស្បថ​សន្យា​នឹង​លោក​ថា ទ្រង់​នឹង​បង្កើត​ព្រះ‌គ្រីស្ទ ពី​ពូជ​របស់​លោក​ខាង​សាច់​ឈាម ឲ្យ​បាន​គង់​លើ​បល្ល័ង្ក​របស់​លោក
31 គឺ​ដោយ​ព្រោះ​លោក​បាន​ឃើញ​ការ​នោះ​ជា​មុន បាន​ជា​លោក​សម្ដែង​ពី​ព្រះ‌គ្រីស្ទ​ត្រូវ​រស់​ឡើង​វិញ​ថា ព្រលឹង​ទ្រង់​មិន​ត្រូវ​ទុក​ចោល នៅ​ក្នុង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ទេ ហើយ​រូប​សាច់​ទ្រង់​មិន​ត្រូវ​ឃើញ​សេចក្ដី​ពុក‌រលួយ​ឡើយ
32 ឯ​ព្រះ‌យេស៊ូវ​នេះ ព្រះ​បាន​ប្រោស​ឲ្យ​ទ្រង់​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ហើយ​ពួក​យើង​នេះ​ជា​ទី​បន្ទាល់​ពី​ទ្រង់​ទាំង​អស់​គ្នា
33 ដូច្នេះ ដែល​ទ្រង់​បាន​តម្កើង​ឡើង ដោយ‌សារ​ព្រះ‌ហស្ត​ស្តាំ​នៃ​ព្រះ ហើយ​បាន​ទទួល​សេចក្ដី​សន្យា គឺ​ជា​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ពី​ព្រះ‌វរ‌បិតា នោះ​ទ្រង់​បាន​ចាក់​សេចក្ដី​នេះ​មក ដែល​អ្នក​រាល់​គ្នា​កំពុង​តែ​មើល ហើយ​ស្តាប់
34 ដ្បិត​ហ្លួង​ដាវីឌ​មិន​បាន​ឡើង​ទៅ​ស្ថាន‌សួគ៌​ទេ ប៉ុន្តែ លោក​បាន​និយាយ​ថា «ព្រះ‌អម្ចាស់​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ព្រះ‌អម្ចាស់​នៃ​ទូល‌បង្គំ​ថា ចូរ​ឯង​អង្គុយ​ខាង​ស្តាំ​អញ
35 ដរាប​ដល់​អញ​យក​ពួក​ខ្មាំង​សត្រូវ​ឯង ដាក់​ធ្វើ​ជា​កំណល់​កល់​ជើង​ឯង»
36 ដូច្នេះ ចូរ​ឲ្យ​ពួក​វង្ស​អ៊ីស្រា‌អែល​ទាំង​អស់​ដឹង​ជា​ប្រាកដ​ថា ព្រះ‌ទ្រង់​បាន​លើក​ព្រះ‌យេស៊ូវ​នេះ​ដែល​អ្នក​រាល់​គ្នា​បាន​ឆ្កាង ឲ្យ​ទ្រង់​ធ្វើ​ជា​ព្រះ‌អម្ចាស់ ហើយ​ជា​ព្រះ‌គ្រីស្ទ​ផង។
37 កាល​គេ​បាន​ឮ នោះ​គេ​មាន​សេចក្ដី​ចាក់​ចុច​ក្នុង​ចិត្ត ក៏​សួរ​ពេត្រុស និង​ពួក​សាវក​ឯ​ទៀត​ថា បង​ប្អូន​អើយ តើ​យើង​ខ្ញុំ​ត្រូវ​ធ្វើ​ដូច​ម្តេច
38 ពេត្រុស​ឆ្លើយ​តប​ថា ចូរ​អ្នក​រាល់​គ្នា​ប្រែ​ចិត្ត​ចុះ ហើយ​ទទួល​បុណ្យ​ជ្រមុជ‌ទឹក​ទាំង​អស់​គ្នា ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេស៊ូវ​គ្រីស្ទ ប្រយោជន៍​ឲ្យ​បាន​រួច​ពី​បាប នោះ​អ្នក​រាល់​គ្នា​នឹង​ទទួល​អំណោយ​ទាន ជា​ព្រះ‌វិញ្ញាណ​បរិសុទ្ធ
39 ដ្បិត​សេចក្ដី​សន្យា​នោះ គឺ​សន្យា​ដល់​អ្នក​រាល់​គ្នា និង​កូន​ចៅ​អ្នក​រាល់​គ្នា ព្រម​ទាំង​អស់​អ្នក​ដែល​នៅ​ឆ្ងាយ​ដែរ គឺ​ដល់​អស់​អ្នក​ណា​ដែល​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​យើង​រាល់​គ្នា ទ្រង់​នឹង​ហៅ
40 គាត់​ក៏​ធ្វើ​បន្ទាល់​អស់​ពី​ចិត្ត ហើយ​ទូន្មាន​ដោយ​ពាក្យ​ជា​ច្រើន​ទៀត​ថា ចូរ​ឲ្យ​អ្នក​រាល់​គ្នា​បាន​សង្គ្រោះ​រួច​ពី​ពូជ​ដំណ​វៀច​នេះ
41 នោះ​ពួក​អ្នក​ដែល​ទទួល​ពាក្យ​របស់​គាត់​ដោយ​អំណរ ក៏​បាន​ទទួល​បុណ្យ​ជ្រមុជ‌ទឹក ហើយ​នៅ​ថ្ងៃ​ដដែល​នោះ មាន​ប្រហែល​ជា​៣​ពាន់​នាក់​ថែម​កើន​ឡើង​ទៀត។
42 អ្នក​ទាំង​នោះ​ក៏​នៅ​តែ​ព្យាយាម​ក្នុង​សេចក្ដី​បង្រៀន​របស់​ពួក​សាវក ហើយ​ក្នុង​សេចក្ដី​ប្រកប​គ្នា ព្រម​ទាំង​ការ​កាច់​នំបុ័ង និង​សេចក្ដី​អធិស្ឋាន​ផង
43 គ្រប់​គ្នា​កើត​មាន​ចិត្ត​កោត‌ខ្លាច ហើយ​មាន​ការ​អស្ចារ្យ និង​ទី​សម្គាល់​ជា​ច្រើន​កើត​មក ដោយ‌សារ​ពួក​សាវក​ដែរ
44 ពួក​អ្នក​ដែល​ជឿ​ទាំង​ប៉ុន្មាន ក៏​នៅ​ជា​មួយ​គ្នា ហើយ​មាន​របស់​ទាំង​អស់​នៅ​មូល​ព្រម​គ្នា
45 គេ​ក៏​លក់​ទ្រព្យ‌សម្បត្តិ និង​របស់​គេ​ទាំង​ប៉ុន្មាន ចែក​ដល់​គ្នា​តាម​ដែល​គ្រប់​គ្នា​ត្រូវ​ការ
46 រាល់​តែ​ថ្ងៃ គេ​នៅ​តែ​ព្យាយាម​ក្នុង​ព្រះ‌វិហារ ដោយ​មាន​ចិត្ត​ព្រម​ព្រៀង​គ្នា ឯ​កាល​នៅ​ផ្ទះ ក៏​កាច់​នំបុ័ង ហើយ​បរិភោគ​អាហារ​ដោយ​អំណរ និង​ចិត្ត​ស្មោះ‌ត្រង់
47 ព្រម​ទាំង​សរសើរ​ដល់​ព្រះ ហើយ​បណ្តា‌ជន​ទាំង​អស់​គ្នា​ក៏​រាប់​អាន​គេ ចំណែក​ព្រះ‌អម្ចាស់ ទ្រង់​ក៏​បន្ថែម​នូវ​អស់​អ្នក ដែល​កំពុង​តែ​បាន​សង្គ្រោះ​រាល់​តែ​ថ្ងៃ ទៅ​ក្នុង​ពួក​ជំនុំ​ថែម​ទៀត។


ជំពូក 3

1 នៅ​ពេល​អធិស្ឋាន ជា​ពេល​ម៉ោង​៣​រសៀល នោះ​ពេត្រុស និង​យ៉ូហាន ឡើង​ទៅ​ក្នុង​ព្រះ‌វិហារ​ជា​មួយ​គ្នា
2 រីឯ​នៅ​ត្រង់​មាត់​ទ្វារ​ព្រះ‌វិហារ ដែល​ហៅ​ថា​ទ្វារ​លំអ នោះ​មាន​មនុស្ស​ម្នាក់ ដែល​ខ្វិន​ពី​កំណើត គេ​តែង​សែង​គាត់​យក​មក ដាក់​នៅ​ទី​នោះ​រាល់​តែ​ថ្ងៃ ដើម្បី​ឲ្យ​បាន​សូម​ទាន​ចំពោះ​អស់​អ្នក​ដែល​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ
3 កាល​គាត់​ឃើញ​ពេត្រុស និង​យ៉ូហាន កំពុង​តែ​ដើរ​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ នោះ​គាត់​សូម​ទាន
4 តែ​ពេត្រុស ព្រម​ទាំង​យ៉ូហាន ក៏​សម្លឹង​មើល​ទៅ​គាត់ ប្រាប់​ថា ចូរ​មើល​មក​យើង​ឯ​ណេះ
5 គាត់​ក៏​ស្តាប់​តាម ដោយ​សង្ឃឹម​ថា​នឹង​បាន​អ្វី​ខ្លះ
6 តែ​ពេត្រុស​និយាយ​ថា ឯ​ប្រាក់ ហើយ​និង​មាស ខ្ញុំ​គ្មាន​ទេ តែ​របស់​ដែល​ខ្ញុំ​មាន នោះ​ខ្ញុំ​នឹង​ឲ្យ​ដល់​អ្នក គឺ​ដោយ‌សារ​ព្រះ‌នាម​ព្រះ‌យេស៊ូវ​គ្រីស្ទ ពី​ស្រុក​ណា‌សារ៉ែត ចូរ​អ្នក​ក្រោក​ឡើង​ដើរ​ទៅ​ចុះ
7 រួច​ក៏​ចាប់​ដៃ​ស្តាំ​លើក​គាត់​ឡើង ស្រាប់​តែ​ប្រអប់​ជើង និង​ភ្នែក​គោរ​របស់​គាត់ មាន​កម្លាំង​ឡើង​ភ្លាម
8 គាត់​ក៏​ស្ទុះ​ឈរ​ឡើង​ដើរ​ទៅ​មក ហើយ​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ​ជា​មួយ​នឹង​អ្នក​ទាំង​២​នោះ ទាំង​ដើរ ទាំង​លោត ទាំង​សរសើរដល់​ព្រះ​ផង
9 បណ្តា‌ជន​ទាំង​អស់​គ្នា​ក៏​ឃើញ​គាត់​ដើរ ទាំង​សរសើរ​ព្រះ​ដូច្នេះ
10 ហើយ​គេ​ស្គាល់​គាត់ ថា​ជា​អ្នក​ដែល​តែង​តែ​អង្គុយ​សូម​ទាន​គេ នៅ​ត្រង់​មាត់​ទ្វារ​លំអរ​របស់​ព្រះ‌វិហារ នោះ​គេ​ក៏​មាន​ពេញ​ជា​សេចក្ដី​អស្ចារ្យ ហើយ​មមិង‌មមាំង​ពី​ការ​ដែល​កើត​មក​នោះ។
11 ដូច្នេះ កំពុង​ដែល​គាត់​ចាប់​តោង​ឃាត់​ពេត្រុស និង​យ៉ូហាន នោះ​បណ្តា‌ជន​ទាំង​អស់​ក៏​រត់​មូល​មក​ឯ​គេ នៅ​ត្រង់​បាំង‌សាច​ដែល​ហៅ​ថា បាំង‌សាច​សាឡូ‌ម៉ូន ហើយ​គេ​មាន​សេចក្ដី​អស្ចារ្យ​ក្នុង​ចិត្ត​ណាស់។
12 កាល​ពេត្រុស​បាន​ឃើញ​ដូច្នោះ នោះ​គាត់​និយាយ​ទៅ​ប្រជា‌ជន​ថា ឱ​សាសន៍​អ៊ីស្រា‌អែល​រាល់​គ្នា​អើយ ហេតុ​អ្វី​បាន​ជា​មាន​សេចក្ដី​ប្លែក​ក្នុង​ចិត្ត​ពី​ការ​នេះ ហើយ​សម្លឹង​មើល​មក​យើង​ខ្ញុំ ហាក់​ដូច​ជា​យើង​ខ្ញុំ​បាន​ធ្វើ​ឲ្យ​មនុស្ស​នេះ​ដើរ​រួច ដោយ​អាង​អំណាច ឬ​គុណា‌នុភាព​របស់​ខ្លួន​យើង​ខ្ញុំ​ដូច្នេះ
13 ព្រះ​នៃ​លោក​អ័ប្រា‌ហាំ លោក​អ៊ីសាក និង​លោក​យ៉ាកុប ជា​ព្រះ​នៃ​ពួក​អយ្យកោ​យើង​រាល់​គ្នា ទ្រង់​បាន​តម្កើង​អ្នក​បម្រើ​ទ្រង់​នោះ គឺ​ព្រះ‌យេស៊ូវ ដែល​អ្នក​រាល់​គ្នា​បាន​បញ្ជូន​ទៅ ហើយ​ក្នុង​កាល​ដែល​លោក​ពីឡាត់​សម្រេច​សេចក្ដី​ថា​នឹង​លែង​ទ្រង់ នោះ​អ្នក​រាល់​គ្នា​បាន​ប្រកែក​បដិសេធ​នៅ​មុខ​លោក មិន​ព្រម​ទទួល​ទ្រង់​ទេ
14 គឺ​ជា​មិន​ព្រម​ទទួល​ព្រះ​ដ៏​បរិសុទ្ធ ហើយ​សុចរិត​នោះ​ឯង បែរ​ជា​សូម​ឲ្យ​លោក​លែង​មនុស្ស​ដែល​សម្លាប់​គេ ដល់​អ្នក​រាល់​គ្នា​វិញ
15 អ្នក​រាល់​គ្នា​បាន​សម្លាប់​ព្រះ‌អម្ចាស់​ជីវិត​នោះ​ទៅ តែ​ព្រះ​បាន​ប្រោស​ឲ្យ​ទ្រង់​មាន​ព្រះ‌ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ យើង​ខ្ញុំ​នេះ​ជា​ទី​បន្ទាល់​ពី​ការ​នោះ​ឯង
16 ហើយ​គឺ​ដោយ‌សារ​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះ‌នាម​ទ្រង់ នោះ​ព្រះ‌នាម​ទ្រង់​បាន​ប្រោស​មនុស្ស​នេះ ដែល​អ្នក​រាល់​គ្នា​ឃើញ ហើយ​ស្គាល់ ឲ្យ​មាន​កម្លាំង​ឡើង គឺ​ជា​សេចក្ដី​ជំនឿ​ដែល​កើត​មក ដោយ‌សារ​ព្រះ‌អង្គ​នោះ​ឯង បាន​ធ្វើ​ឲ្យ​គាត់​ជា​ស្រឡះ នៅ​មុខ​អ្នក​រាល់​គ្នា​ដូច្នេះ
17 ឥឡូវ​នេះ បង​ប្អូន​អើយ ខ្ញុំ​ដឹង​ថា​អ្នក​រាល់​គ្នា ព្រម​ទាំង​ពួក​នាម៉ឺន​នៃ​អ្នក​រាល់​គ្នា បាន​ប្រព្រឹត្ត​ការ​នោះ ដោយ​មិន​បាន​យល់​ទេ
18 ប៉ុន្តែ សេចក្ដី​ដែល​ព្រះ​បាន​ប្រកាស​ប្រាប់​ជា​មុន ដោយ‌សារ​មាត់​នៃ​អស់​ទាំង​ហោរា​របស់​ទ្រង់ ពី​ដំណើរ​ព្រះ‌គ្រីស្ទ​ថា ទ្រង់​ត្រូវ​រង​ទុក្ខ​លំបាក នោះ​ព្រះ‌ទ្រង់​ក៏​បាន​សម្រេច​តាម​យ៉ាង​ដូច្នោះ​ឯង
19 ដូច្នេះ ចូរ​ប្រែ​ចិត្ត ហើយ​វិល​មក​ចុះ ដើម្បី​ឲ្យ​បាប​របស់​អ្នក​រាល់​គ្នា​បាន​លុប​ចេញ ប្រយោជន៍​ឲ្យ​មាន​ពេល​លំហើយ មក​ពី​ចំពោះ​ព្រះ‌អម្ចាស់
20 ហើយ​ឲ្យ​ទ្រង់​បាន​ចាត់​ព្រះ‌អង្គ​នោះ ដែល​បាន​តម្រូវ​ទុក​ជា​មុន មក​ឯ​អ្នក​រាល់​គ្នា គឺ​ជា​ព្រះ‌យេស៊ូវ​គ្រីស្ទ
21 ដែល​ស្ថាន‌សួគ៌​ត្រូវ​ទទួល ដរាប​ដល់​គ្រា​តាំង​របស់​ទាំង​អស់​ឡើង​វិញ ដែល​ព្រះ​បាន​មាន​ព្រះ‌បន្ទូល​ប្រាប់​ពី​គ្រា​នោះ ដោយ‌សារ​មាត់​នៃ​ពួក​ហោរា​បរិសុទ្ធ​របស់​ទ្រង់ តាំង​ពី​បុរាណ​មក
22 ដ្បិត​លោក​ម៉ូសេ​បាន​មាន​ប្រសាសន៍​ដល់​ពួក​អយ្យកោ​ថា «ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា ទ្រង់​នឹង​បង្កើត​ហោរា​ម្នាក់ ពី​បង​ប្អូន​អ្នក​រាល់​គ្នា​មក ឲ្យ​ដូច​ខ្ញុំ ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​ស្តាប់​តាម​ហោរា​នោះ ក្នុង​គ្រប់​ការ​ទាំង​អស់ ដែល​លោក​នឹង​ប្រាប់​មក​ចុះ
23 ឯ​អស់​អ្នក​ណា​ដែល​មិន​ព្រម​ស្តាប់​តាម​វិញ នោះ​នឹង​ត្រូវ​វិនាស​បាត់​ពី​សាសន៍​ខ្លួន​ចេញ»
24 ហើយ​អស់​ទាំង​ហោរា ចាប់​តាំង​ពី​លោក​សាំយូ‌អែល គឺ​អស់​អ្នក​ដែល​បាន​ទាយ​ត​មក ក៏​បាន​ប្រាប់​ជា​មុន​ពី​គ្រា​នេះ​ដែរ
25 អ្នក​រាល់​គ្នា​ជា​ដំណ​វង្ស​នៃ​ពួក​ហោរា និង​សេចក្ដី​សញ្ញា ដែល​ព្រះ​បាន​តាំង​នឹង​ពួក​អយ្យកោ​យើង​រាល់​គ្នា ដោយ​មាន​ព្រះ‌បន្ទូល​នឹង​លោក​អ័ប្រា‌ហាំ​ថា «អស់​ទាំង​គ្រួសារ​នៅ​ផែនដី​នឹង​បាន​ពរ​ដោយ‌សារ​ពូជ​ឯង»
26 រីឯ​ដែល​ព្រះ​បាន​តាំង​ព្រះ‌យេស៊ូវ ជា​អ្នក​បម្រើ​ទ្រង់​ឡើង នោះ​គឺ​សម្រាប់​អ្នក​រាល់​គ្នា​ជា​ដើម ហើយ​ក៏​ចាត់​ទ្រង់​មក ដើម្បី​នឹង​ប្រទាន​ពរ​ដល់​អ្នក​រាល់​គ្នា ដោយ​បង្វែរ​អ្នក​រាល់​គ្នា​ពី​សេចក្ដី​អាក្រក់​របស់​ខ្លួន​ចេញ។


ជំពូក 4

1 កាល​អ្នក​ទាំង​២ កំពុង​តែ​និយាយ​នឹង​បណ្តា‌ជន​នៅ​ឡើយ នោះ​ពួក​សង្ឃ និង​ពួក​សាឌូស៊ី ព្រម​ទាំង​មេ​ទ័ព​រក្សា​ព្រះ‌វិហារ ក៏​មក​ដល់
2 គេ​មាន​សេចក្ដី​អាក់‌អន់​ចិត្ត​ពី​ដំណើរ​ដែល​គាត់​បង្រៀន​ដល់​ពួក​ជន ហើយ​ក៏​សម្ដែង​ប្រាប់​ដល់​បណ្តា‌ជន ពី​សេចក្ដី​រស់​ពី​ស្លាប់​ឡើង​វិញ ដោយ‌សារ​ព្រះ‌យេស៊ូវ
3 គេ​ក៏​ចាប់​អ្នក​ទាំង​២ នាំ​ទៅ​ឃុំ​ទុក​ដរាប​ដល់​ស្អែក ដ្បិត​ពេល​នោះ​ល្ងាច​ហើយ
4 ប៉ុន្តែ ឯ​ពួក​អ្នក​ដែល​ឮ​ព្រះ‌បន្ទូល នោះ​មាន​គ្នា​ជា​ច្រើន​បាន​ជឿ ហើយ​ពួក​ដែល​ជឿ ក៏​បាន​កើន​ឡើង​មាន​ប្រុសៗ ប្រហែល​ជា​៥​ពាន់​នាក់។
5 ដល់​ស្អែក​ឡើង ពួក​នាម៉ឺន ពួក​ចាស់‌ទុំ និង​ពួក​អាចារ្យ ក៏​ប្រជុំ​គ្នា​នៅ​ក្រុង​យេរូ‌សាឡឹម
6 ព្រម​ទាំង​លោក​អាណ ជា​សម្ដេច​សង្ឃ លោក​កៃផា លោក​យ៉ូហាន និង​លោក​អ័លេ‌ក្សាន‌ត្រុស ហើយ​អស់​អ្នក​ដែល​ជា​គ្រួសារ​នៃ​សម្ដេច​សង្ឃ​ដែរ
7 កាល​បាន​នាំ​អ្នក​ទាំង​២​មក ដាក់​នៅ​កណ្តាល​ចំណោម​ហើយ នោះ​ក៏​ពិចារណា​សួរ​ថា ឯង​បាន​ធ្វើ​ការ​នោះ​ដោយ​អាង​អំណាច​អ្វី ឬ​ដោយ​អាង​ឈ្មោះ​ណា
8 នោះ​ពេត្រុស ដែល​ពេញ​ជា​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ក៏​ជម្រាប​ថា ឱ​លោក​ដ៏​ធំ​លើ​បណ្តា‌ជន និង​ពួក​លោក​ចាស់‌ទុំ​ទាំង‌ឡាយ​នៃ​សាសន៍​អ៊ីស្រា‌អែល​អើយ
9 នៅ​ថ្ងៃ​នេះ បើ​សិន​ជា​លោក​អ្នក​រាល់​គ្នា​គិត​ពិចារណា​សួរ​យើង​ខ្ញុំ ពី​ដំណើរ​ការ​ល្អ ដែល​បាន​ធ្វើ​ដល់​មនុស្ស​ពិការ​នោះ​ថា គាត់​បាន​ជា​ដោយ‌សារ​អ្វី
10 នោះ​សូម​ឲ្យ​លោក​រាល់​គ្នា​ជ្រាប​ដូច្នេះ ហើយ​ឲ្យ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​ដឹង​ផង ថា ដែល​មនុស្ស​នេះ​បាន​ជា​ស្រឡះ ហើយ​ឈរ​នៅ​មុខ​លោក​រាល់​គ្នា​ដូច្នេះ គឺ​ដោយ‌សារ​ព្រះ‌នាម​នៃ​ព្រះ‌យេស៊ូវ​គ្រីស្ទ ពី​ស្រុក​ណា‌សារ៉ែត ដែល​លោក​រាល់​គ្នា​បាន​ឆ្កាង​ទ្រង់ តែ​ព្រះ​បាន​ប្រោស​ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ
11 ព្រះ‌អង្គ​នោះ ជា​ថ្ម​ដែល​លោក​រាល់​គ្នា ជា​ជាង​សង់​ផ្ទះ បាន​មើល‌ងាយ ប៉ុន្តែ ទ្រង់​បាន​ត្រឡប់​ជា​ថ្ម​ជ្រុង​យ៉ាង​ឯក​វិញ
12 ហើយ​គ្មាន​សេចក្ដី​សង្គ្រោះ​ដោយ‌សារ​អ្នក​ណា​ទៀត​សោះ ដ្បិត​នៅ​ក្រោម​មេឃ គ្មាន​នាម​ឈ្មោះ​ណា​ទៀត​បាន​ប្រទាន​មក​មនុស្ស​លោក ឲ្យ​យើង​រាល់​គ្នា​បាន​សង្គ្រោះ​នោះ​ឡើយ។
13 កាល​បាន​ឃើញ​ថា ពេត្រុស និង​យ៉ូហាន​មាន​ចិត្ត​ក្លាហាន នោះ​ពួក​លោក​ទាំង​នោះ​ក៏​មាន​សេចក្ដី​អស្ចារ្យ ដោយ​ដឹង​ថា គេ​ជា​មនុស្ស​មិន‌សូវ​ចេះ​ជ្រៅ‌ជ្រះ ហើយ​ឥត​បាន​រៀន‌សូត្រ​ប៉ុន្មាន​ផង បាន​ជា​លោក​យល់​ឃើញ​ថា គេ​ធ្លាប់​នៅ​ជា​មួយ​នឹង​ព្រះ‌យេស៊ូវ
14 តែ​លោក​គ្មាន​ពាក្យ​ណា​នឹង​ឆ្លើយ​តប​មក​វិញ​សោះ ដោយ​ឃើញ​មនុស្ស​ដែល​បាន​ជា គាត់​ឈរ​ជា​មួយ​នឹង​គេ
15 ដូច្នេះ កាល​បាន​បង្គាប់​ឲ្យ​គេ​ចេញ​ពី​ពួក​ក្រុម‌ជំនុំ​ទៅ​បន្តិច នោះ​ក៏​ពិគ្រោះ​ថា
16 តើ​ត្រូវ​ឲ្យ​យើង​ធ្វើ​អ្វី​ដល់​មនុស្ស​ទាំង​២​នេះ ដ្បិត​ដែល​គេ​បាន​ធ្វើ​ទី​សម្គាល់​យ៉ាង​អស្ចារ្យ នោះ​ក៏​ច្បាស់​ដល់​គ្រប់​មនុស្ស​នៅ​ក្រុង​យេរូ‌សាឡឹម​ហើយ យើង​ក៏​ប្រកែក​មិន​បាន​ផង
17 ប៉ុន្តែ ចូរ​យើង​កំហែង​ហាម​គេ មិន​ឲ្យ​និយាយ​នឹង​អ្នក​ណា​ទៀត ដោយ​ឈ្មោះ​នោះ​ទៀត​ឡើយ ដើម្បី​កុំ​ឲ្យ​រឿង​នេះ​ផ្សាយ​ទៅ​ក្នុង​ពួក​ជន​ទៀត
18 រួច​លោក​ហៅ​មក​វិញ ហាម​ផ្តាច់​មិន​ឲ្យ​និយាយ ឬ​បង្រៀន ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេស៊ូវ​ទៀត​ឡើយ
19 តែ​ពេត្រុស និង​យ៉ូហាន ឆ្លើយ​តប​ថា បើ​គួរ​គប្បី​នៅ​ចំពោះ​ព្រះ ឲ្យ​យើង​ខ្ញុំ​ស្តាប់​តាម​លោក​រាល់​គ្នា ជា​ជាង​ស្តាប់​តាម​ព្រះ នោះ​សូម​ពិចារណា​ចុះ
20 ដ្បិត​យើង​ខ្ញុំ​នឹង​លែង​និយាយ​ពី​ការ​ដែល​យើង​ខ្ញុំ​បាន​ឃើញ ហើយ​ឮ ពុំ​បាន​ទេ
21 តែ​លោក​កំហែង​ទៀត រួច​លែង​ឲ្យ​ទៅ ដោយ​មិន​ឃើញ​ជា​មាន​ហេតុ​អ្វី​នឹង​ធ្វើ​ទោស​សោះ ដោយ​ព្រោះ​បណ្តា‌ជន ដ្បិត​ទាំង​អស់​គ្នា​កំពុង​តែ​សរសើរ‌តម្កើង​ដល់​ព្រះ ពី​ការ​នោះ​ដែល​ទើប​នឹង​កើត​មក
22 ពី​ព្រោះ​មនុស្ស​ដែល​បាន​ជា​ដោយ‌សារ​ទី​សម្គាល់​នោះ គាត់​មាន​អាយុ​ជាង​៤០​ឆ្នាំ​ហើយ។
23 លុះ​បាន​លែង​ស្រេច​ហើយ នោះ​ក៏​នាំ​គ្នា​ទៅ​ឯ​ពួក​របស់​ខ្លួន​វិញ ទាំង​រ៉ាយ​រឿង​ប្រាប់​ពី​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​ពួក​សង្គ្រាជ និង​ពួក​ចាស់‌ទុំ​បាន​ហាម‌ប្រាម
24 កាល​ពួក​ជំនុំ​បាន​ឮ​ដូច្នោះ នោះ​ក៏​បន្លឺ‌ឧទាន​ព្រម​គ្នា ទូល​ដល់​ព្រះ​ថា ឱ​ព្រះ​ដ៏​ជា​ម្ចាស់​ធំ​បំផុត​អើយ គឺ​ទ្រង់​ជា​ព្រះ​ដែល​បង្កើត​ផ្ទៃ​មេឃ ផែនដី និង​សមុទ្រ ហើយ​របស់​ទាំង​អស់ ដែល​នៅ​ស្ថាន​ទាំង​នោះ​ផង
25 ទ្រង់​បាន​មាន​ព្រះ‌បន្ទូល ដោយ‌សារ​ព្រះ‌ឱស្ឋ​ហ្លួង​ដាវីឌ ជា​អ្នក​បម្រើ​ទ្រង់​ថា «ហេតុ​អ្វី​បាន​ជា​អស់​ទាំង​សាសន៍​ជ្រួល‌ជ្រើម​ឡើង ហើយ​សាសន៍​ទាំង​ប៉ុន្មាន​មាន​គំនិត​ជា​អសារ​ឥត​ការ​ដូច្នេះ
26 ពួក​មហា‌ក្សត្រ​នៅ​ផែនដី​លើក​គ្នា​ឡើង ពួក​គ្រប់​គ្រង​ទាំង​ប៉ុន្មាន​ក៏​ប្រឹក្សា​គ្នា​ទាស់​នឹង​ព្រះ‌អម្ចាស់ ហើយ​ទាស់​នឹង​ព្រះ‌គ្រីស្ទ​នៃ​ទ្រង់»
27 ប្រាកដ​មែន​ហើយ ដ្បិត​នៅ​ក្រុង​នេះ ស្តេច​ហេរ៉ូឌ និង​លោក​ប៉ុនទាស-ពីឡាត់ បាន​ប្រជុំ​គ្នា ព្រម​ទាំង​ពួក​សាសន៍​ដទៃ និង​សាសន៍​អ៊ីស្រា‌អែល ទាស់​នឹង​ព្រះ‌យេស៊ូវ​ជា​អ្នក​បម្រើ​បរិសុទ្ធ​របស់​ទ្រង់ ដែល​ទ្រង់​បាន​ចាក់​ប្រេង​តាំង​ឲ្យ
28 ដើម្បី​នឹង​ធ្វើ​អស់​ទាំង​ការ​ដែល​ព្រះ‌ហស្ត​ទ្រង់ និង​ព្រះ‌តម្រិះ​ទ្រង់ បាន​គិត​សម្រេច​ជា​មុន
29 ឥឡូវ​នេះ ឱ​ព្រះ‌អម្ចាស់​អើយ សូម​ទត​មើល​សេចក្ដី​កំហែង​របស់​គេ ហើយ​សូម​ប្រទាន​ឲ្យ​ពួក​អ្នក​បម្រើ​ទ្រង់ បាន​ផ្សាយ​ព្រះ‌បន្ទូល ដោយ​សេចក្ដី​ក្លាហាន​ដ៏​ពេញ‌លេញ
30 ដោយ​ទ្រង់​លូក​ព្រះ‌ហស្ត​មក សម្រាប់​នឹង​ប្រោស​មនុស្ស​ឲ្យ​បាន​ជា ហើយ​និង​ធ្វើ​ទី​សម្គាល់ និង​ការ​អស្ចារ្យ ដោយ‌សារ​ព្រះ‌នាម​ព្រះ‌យេស៊ូវ ជា​អ្នក​បម្រើ​បរិសុទ្ធ​របស់​ទ្រង់
31 កាល​បាន​អធិស្ឋាន​រួច​ហើយ នោះ​កន្លែង​ដែល​គេ​ប្រជុំ​គ្នា​ក៏​រញ្ជួយ ហើយ​គេ​បាន​ពេញ​ជា​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ទាំង​អស់​គ្នា រួច​ក៏​ផ្សាយ​ព្រះ‌បន្ទូល​ដោយ​ចិត្ត​ក្លាហាន។
32 ឯ​មនុស្ស​ទាំង​ហ្វូង​ដែល​បាន​ជឿ គេ​ក៏​មាន​ចិត្ត​មាន​គំនិត​តែ​១ គ្មាន​អ្នក​ណា​ប្រកាន់​ថា អ្វីៗ​ដែល​ខ្លួន​មាន​ជា​របស់​ផង​ខ្លួន​នោះ​ទេ គឺ​គ្រប់​របស់​ទាំង​ប៉ុន្មាន ជា​របស់​សម្រាប់​ប្រើ​ជា​មួយ​គ្នា​ទាំង​អស់
33 ពួក​សាវក​ក៏​ធ្វើ​បន្ទាល់ ដោយ​ព្រះ‌ចេស្តា​ដ៏​ធំ ពី​ដំណើរ​ដែល​ព្រះ‌អម្ចាស់​យេស៊ូវ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ហើយ​មាន​ព្រះ‌គុណ​ជា​ធំ សណ្ឋិត​លើ​គេ​ទាំង​អស់​គ្នា​ដែរ
34 នៅ​ក្នុង​ពួក​គេ​គ្មាន​អ្នក​ណា​ខ្វះ​ខាត​អ្វី​សោះ ដ្បិត​អស់​អ្នក​ណា​ដែល​មាន​ដី​មាន​ផ្ទះ នោះ​ក៏​លក់​យក​ប្រាក់​ដែល​ជា​ថ្លៃ​របស់​ទាំង​នោះ​មក
35 ដាក់​នៅ​ទៀប​ជើង​ពួក​សាវក ហើយ​គេ​ក៏​ចែក​ដល់​គ្រប់​គ្នា​តាម​ត្រូវ​ការ។
36 រីឯ​យ៉ូសេ ដែល​ពួក​សាវក​ហៅ​ថា បាណា‌បាស (ប្រែ​ថា​ជា​អ្នក​ជំនួយ) ជា​ពួក​លេវី ដែល​កើត​នៅ​កោះ​គីប្រុស
37 គាត់​មាន​ដី​ដែរ ហើយ​ក៏​លក់​យក​ប្រាក់​មក ដាក់​នៅ​ទៀប​ជើង​ពួក​សាវក។


ជំពូក 5

1 តែ​មាន​មនុស្ស​ម្នាក់​ទៀត​ឈ្មោះ​អាន៉្នានាស ប្រពន្ធ​ឈ្មោះ​សាភីរ៉ា បាន​នាំ​គ្នា​លក់​របស់​ទ្រព្យ​ខ្លួន​ដែរ
2 ហើយ​បាន​គៃ​តម្លៃ​នោះ​ទុក​ខ្លះ ដោយ​ប្រពន្ធ​យល់​ព្រម​ដែរ រួច​នាំ​យក​១​ចំណែក​មក ដាក់​នៅ​ទៀប​ជើង​ពួក​សាវក
3 តែ​ពេត្រុស​សួរ​ថា អាន៉្នានាស​អើយ ហេតុ​អ្វី​បាន​ជា​អារក្ស​សាតាំង​មក​នៅ​ពេញ​ក្នុង​ចិត្ត​អ្នក ឲ្យ​អ្នក​ហ៊ាន​កុហក​ដល់​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ដោយ​គៃ​ទុក​តម្លៃ​ដ៏​១​ចំណែក​ដូច្នេះ
4 កាល​នៅៗ​ឡើយ តើ​មិន​មែន​ជា​របស់​ផង​អ្នក​ទេ​ឬ​អី ហើយ​ដែល​លក់​ទៅ តើ​ប្រាក់​មិន​នៅ​ក្នុង​អំណាច​អ្នក​ដែរ​ទេ​ឬ​អី ហេតុ​អ្វី​បាន​ជា​អ្នក​កាត់​ចិត្ត​ធ្វើ​ដូច្នេះ នេះ​មិន​មែន​កុហក​ដល់​មនុស្ស​ទេ គឺ​ឈ្មោះ​ថា​កុហក​ដល់​ព្រះ​វិញ
5 កាល​អាន៉្នានាស​បាន​ឮ​ពាក្យ​នោះ គាត់​ក៏​ដួល​ដាច់​ខ្យល់​ទៅ ហើយ​អស់​អ្នក​ដែល​ឮ​និយាយ​ពី​ការ​នោះ ក៏​កើត​មាន​សេចក្ដី​ស្ញែង​ខ្លាច
6 នោះ​ពួក​កំលោះៗ​ក្រោក​ឡើង រុំ​ខ្មោច​យក​ទៅ​កប់
7 នៅ​គ្រា​ប្រហែល​ជា​៣​ម៉ោង​ក្រោយ​មក​ប្រពន្ធ​គាត់​ក៏​ចូល​មក ឥត​ដឹង​ការ​ដែល​កើត​មក​នោះ​សោះ
8 ពេត្រុស​សួរ​ថា សូម​ប្រាប់​ខ្ញុំ តើ​បាន​លក់​ដី​ថ្លៃ​ប៉ុណ្ណោះ​មែន​ឬ នាង​ឆ្លើយ​តប​ថា ចាស ពិត​មែន​ហើយ
9 រួច​ពេត្រុស​និយាយ​ថា ហេតុ​អ្វី​បាន​ជា​ព្រម​ព្រៀង​គ្នា និង​ល្បង​ដល់​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌អម្ចាស់​ដូច្នេះ មើល ពួក​អ្នក​ដែល​កប់​ខ្មោច​ប្ដី​អ្នក គេ​មក​ដល់​មាត់​ទ្វារ​ហើយ គេ​នឹង​សែង​អ្នក​យក​ទៅ​ដែរ
10 នោះ​ស្រាប់​តែ​នាង​ដួល​ដាច់​ខ្យល់​១​រំពេច នៅ​ទៀប​ជើង​ពេត្រុស​ទៀត កាល​ពួក​កំលោះៗ​បាន​ចូល​មក ឃើញ​នាង​ស្លាប់ នោះ​ក៏​សែង​យក​ទៅ​កប់ នៅ​ជិត​ខ្មោច​ប្ដី​ទៅ
11 រួច​ពួក​ជំនុំ​ទាំង​ប៉ុន្មាន និង​អស់​អ្នក​ណា​ដែល​ឮ​និយាយ​ពី​ការ​នោះ ក៏​កើត​មាន​សេចក្ដី​ស្ញែង​ខ្លាច​ទាំង​អស់​គ្នា។
12 មាន​ទី​សម្គាល់ និង​ការ​អស្ចារ្យ​ជា​ច្រើន​ទៀត ដែល​កើត​មក​ក្នុង​ពួក​ជន ដោយ‌សារ​ដៃ​ពួក​សាវក (គេ​បាន​ស្រុះ​ចិត្ត​ទាំង​អស់​គ្នា និង​នៅ​ក្នុង​បាំង‌សាច​សាឡូ‌ម៉ូន
13 ឯ​អ្នក​ឯ​ទៀត មិន​ហ៊ាន​ចូល​ក្នុង​ពួក​គេ​ឡើយ តែ​ប្រជា‌ជន​សរសើរ​ដល់​គេ
14 ហើយ​ពួក​អ្នក​ដែល​ជឿ​ដល់​ព្រះ‌អម្ចាស់ ក៏​បាន​ចម្រើន​កាន់​តែ​ច្រើន​ឡើង មាន​មនុស្ស​សន្ធឹក ទាំង​ប្រុស​ទាំង​ស្រី)
15 ដល់​ម៉្លេះ​បាន​ជា​គេ​យក​មនុស្ស ដែល​មាន​ជំងឺ​ផ្សេងៗ ចេញ​មក​នៅ​ផ្លូវ ផ្តេក​លើ​គ្រែ និង​ពូក ដើម្បី​កាល​ណា​ពេត្រុស​ដើរ​មក នោះ​សូម្បី​ហោច​ណាស់ ឲ្យ​គ្រាន់​តែ​ស្រមោល​គាត់ ចោល​ទៅ​លើ​ពួក​នោះ​ខ្លះ​ប៉ុណ្ណោះ
16 ឯ​បណ្តា​មនុស្ស ដែល​នៅ​អស់​ទាំង​ស្រុក​ជុំ‌វិញ​ក្រុង​យេរូ‌សាឡឹម គេ​ក៏​មូល​គ្នា នាំ​ទាំង​មនុស្ស​មាន​ជំងឺ​មក ព្រម​ទាំង​មនុស្ស​អារក្ស‌អសោច​ចូល​ផង ហើយ​គេ​បាន​ជា​ទាំង​អស់​គ្នា។
17 រីឯ​សម្ដេច​សង្ឃ និង​អស់​អ្នក​នៅ​ជា​មួយ​នឹង​លោក ដែល​នៅ​ខាង​ពួក​សាឌូស៊ី គេ​លើក​គ្នា​ឡើង ដោយ​មាន​សេចក្ដី​កំហឹង​ដ៏​ពោរ‌ពេញ
18 ក៏​ចាប់​ពួក​សាវក​យក​ទៅ​ឃុំ​ទុក
19 ប៉ុន្តែ នៅ​វេលា​យប់​នោះ មាន​ទេវតា​នៃ​ព្រះ‌អម្ចាស់​បើក​ទ្វារ​គុក​នាំ​ចេញ​មក ប្រាប់​ថា
20 ចូរ​ទៅ​ឈរ​អធិប្បាយ​នៅ​ក្នុង​ព្រះ‌វិហារ ឲ្យ​បណ្តា‌ជន​ស្តាប់​អស់​ទាំង​ព្រះ‌បន្ទូល​ពី​ជីវិត​ថ្មី​នេះ​ទៅ
21 កាល​គេ​បាន​ឮ​ហើយ នោះ​ក៏​នាំ​គ្នា​ចូល​ទៅ​បង្រៀន ក្នុង​ព្រះ‌វិហារ​ពី​ព្រលឹម ឯ​សម្ដេច​សង្ឃ និង​ពួក​អ្នក​ដែល​នៅ​ជា​មួយ​នឹង​លោក ក៏​មក​ហៅ​ពួក​ក្រុម‌ជំនុំ និង​ពួក​ចាស់‌ទុំ​នៃ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​ឲ្យ​ប្រជុំ​គ្នា រួច​ចាត់​ពួក​អាជ្ញា​ទៅ​ឯ​គុក ដើម្បី​នឹង​នាំ​យក​ពួក​សាវក​មក
22 គេ​ក៏​បាន​ទៅ​ដល់​គុក តែ​មិន​ឃើញ​ពួក​សាវក​នៅ​ក្នុង​គុក​ទេ រួច​ត្រឡប់​មក​វិញ​ជម្រាប​ថា
23 យើង​ខ្ញុំ​បាន​ឃើញ​គុក​នៅ​បិទ​ទ្វារ​ជាប់ ទាំង​ប្រយ័ត​គ្រប់​Chapter ព្រម​ទាំង​មាន​ពួក​យាម​ល្បាត​ឈរ​នៅ​មាត់​ទ្វារ​ផង តែ​កាល​បាន​បើក​ទៅ នោះ​មិន​ឃើញ​មាន​អ្នក​ណា​មួយ​នៅ​ក្នុង​ទី​នោះ​សោះ
24 កាល​មេ​ទ័ព​រក្សា​ព្រះ‌វិហារ និង​ពួក​សង្គ្រាជ​បាន​ឮ​ដូច្នោះ នោះ​ក៏​វល់​ក្នុង​ចិត្ត​ពី​ដំណើរ​ពួក​នោះ ដែល​កើត​ជា​យ៉ាង​ណា
25 តែ​មាន​ម្នាក់​ទៀត​មក​ជម្រាប​ថា មើល ពួក​មនុស្ស​ដែល​លោក​បាន​ដាក់​គុក​នោះ ឥឡូវ​នេះ គេ​កំពុង​តែ​ឈរ​បង្រៀន​ដល់​ពួក​ជន នៅ​ក្នុង​ព្រះ‌វិហារ​វិញ
26 នោះ​មេ​ទ័ព និង​ពួក​អាជ្ញា ក៏​ទៅ​នាំ​គេ​មក ដោយ​ឥត​មាន​គំហក‌កំហែង​សោះ ដ្បិត​ខ្លាច​ក្រែង​បណ្តា‌ជន​ចោល​ខ្លួន​នឹង​ថ្ម
27 កាល​បាន​នាំ​មក​ដាក់​នៅ​មុខ​ក្រុម‌ជំនុំ​ហើយ នោះ​សម្ដេច​សង្ឃ​ស្តី​ថា
28 តើ​យើង​មិន​បាន​ហាម​ផ្តាច់​មិន​ឲ្យ​ឯង​រាល់​គ្នា​បង្រៀន​ពី​ឈ្មោះ​នោះ​ទៀត​ទេ​ឬ​អី តែ​មើល ឯង​រាល់​គ្នា​បាន​បង្រៀន​សេចក្ដី​នោះ នៅ​ពេញ​ក្រុង​យេរូ‌សាឡឹម​ទាំង​មូល​វិញ ព្រម​ទាំង​គិត​ទម្លាក់​ទោស​ពី​ឈាម​មនុស្ស​នោះ​មក​លើ​យើង​ផង
29 តែ​ពេត្រុស និង​ពួក​សាវក​ឯ​ទៀត ឆ្លើយ​ឡើង​ថា ត្រូវ​តែ​ស្តាប់​បង្គាប់​របស់​ព្រះ​ជា​ជាង​មនុស្ស
30 រីឯ​ព្រះ​នៃ​ពួក​អយ្យកោ​យើង​រាល់​គ្នា ទ្រង់​បាន​ប្រោស​ព្រះ‌យេស៊ូវ ដែល​លោក​រាល់​គ្នា​បាន​សម្លាប់​ដោយ​ព្យួរ​នៅ​ជាប់​លើ​ឈើ ឲ្យ​ទ្រង់​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ
31 ហើយ​ព្រះ​បាន​តម្កើង​ទ្រង់​ឡើង ដោយ‌សារ​ព្រះ‌ហស្ត​ស្តាំ ឲ្យ​ធ្វើ​ជា​ព្រះ‌អម្ចាស់ នឹង​ជា​ព្រះ‌អង្គ​សង្គ្រោះ ដើម្បី​នឹង​ប្រោស​ប្រទាន​ការ​ប្រែ​ចិត្ត​ដល់​សាសន៍​អ៊ីស្រា‌អែល ប្រយោជន៍​ឲ្យ​បាន​រួច​ពី​បាប
32 យើង​ខ្ញុំ​នេះ ព្រម​ទាំង​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ដែល​ព្រះ​បាន​ប្រទាន​ដល់​អស់​អ្នក​ដែល​ស្តាប់​បង្គាប់​ទ្រង់​ដែរ ជា​ស្មរ​បន្ទាល់​របស់​ទ្រង់​ពី​ការ​ទាំង​នោះ។
33 លុះ​កាល​ពួក​ក្រុម‌ជំនុំ​បាន​ឮ នោះ​គេ​មាន​ចិត្ត​ក្តៅ​ក្រហាយ​ជា​ខ្លាំង ក៏​ពិគ្រោះ​គ្នា​នឹង​សម្លាប់​ពួក​សាវក​ចេញ
34 ប៉ុន្តែ មាន​ពួក​ផារី‌ស៊ី​ម្នាក់ ឈ្មោះ​កាម៉ា‌លាល ជា​អ្នក​ប្រាជ្ញ​ច្បាប់ ដែល​មនុស្ស​ទាំង​អស់​រាប់​អាន លោក​ឈរ​ឡើង​ក្នុង​ក្រុម‌ជំនុំ បង្គាប់​ឲ្យ​បញ្ចេញ​ពួក​សាវក​ទៅ​ខាង​ក្រៅ​បន្តិច​សិន
35 រួច​លោក​មាន​ប្រសាសន៍​ទៅ​ពួក​ក្រុម‌ជំនុំ​ថា ពួក​សាសន៍​អ៊ីស្រា‌អែល​អើយ ចូរ​ប្រយ័ត​ខ្លួន ពី​ដំណើរ​មនុស្ស​ទាំង​នេះ ដែល​អ្នក​រាល់​គ្នា​គិត​ធ្វើ​អ្វី​ដល់​គេ
36 ដ្បិត​ពី​ដើម​មាន​ឈ្មោះ​ធើដាស លើក​ខ្លួន​ឡើង​ថា​ជា​អ្វីៗ ក៏​មាន​មនុស្ស​ចំនួន​ជា​៤​រយ​នាក់​បាន​ចូល​ពួក​វា តែ​វា​ត្រូវ​គេ​សម្លាប់​ទៅ ហើយ​ពួក​អ្នក​ទាំង​ប៉ុន្មាន ដែល​ចុះ​ចូល​ចំពោះ​វា ក៏​ត្រូវ​ខ្ចាត់​ខ្ចាយ​សូន្យ​អស់​ទៅ​ដែរ
37 ក្រោយ​នោះ​មក នៅ​វេលា​ធ្វើ​បញ្ជី​កត់​ត្រា​រាស្ត្រ នោះ​មាន​ឈ្មោះ​យូដាស ជា​អ្នក​ស្រុក​កាលី‌ឡេ​ទៀត បាន​លើក​ខ្លួន​ឡើង បញ្ចុះ​បញ្ចូល​មនុស្ស​ជា​ច្រើន​ឲ្យ​ទៅ​តាម​ខ្លួន វា​ក៏​វិនាស​បាត់​ទៅ​ដែរ ហើយ​ពួក​អ្នក​ដែល​ចុះ​ចូល​តាម ក៏​ត្រូវ​ខ្ចាត់​ខ្ចាយ​ទាំង​អស់​គ្នា​ទៅ
38 ដូច្នេះ ខ្ញុំ​ទូន្មាន​អ្នក​រាល់​គ្នា​ថា ចូរ​ដក​ខ្លួន​ពី​មនុស្ស​ទាំង​នេះ​ចេញ កុំ​ឲ្យ​ធ្វើ​អ្វី​ដល់​គេ​ឡើយ ដ្បិត​បើ​សិន​ជា​គំនិត​គេ ឬ​ការ​គេ​ធ្វើ​នេះ​កើត​ឡើង​ពី​មនុស្ស នោះ​នឹង​ត្រូវ​វិនាស​ទៅ​ជា​មិន​ខាន
39 តែ​បើ​កើត​មក​ពី​ព្រះ​វិញ នោះ​អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​ធ្វើ​ឲ្យ​វិនាស​បាន​ទេ ក្រែង​អ្នក​រាល់​គ្នា​ជាប់​ទោស​ជា​ពួក​អ្នក​ត‌យុទ្ធ​នឹង​ព្រះ​ដែរ
40 ពួក​ក្រុម‌ជំនុំ​ក៏​យល់​ព្រម​តាម​គំនិត​លោក រួច​កាល​បាន​ហៅ​ពួក​សាវក​មក​វិញ នោះ​ក៏​វាយ​នឹង​រំពាត់ ព្រម​ទាំង​ហាម​ឃាត់ មិន​ឲ្យ​និយាយ​ពី​ព្រះ‌នាម​ព្រះ‌យេស៊ូវ​ទៀត រួច​លែង​ឲ្យ​ទៅ
41 ពួក​សាវក​ក៏​ចេញ​ពី​ពួក​ក្រុម‌ជំនុំ​ទៅ ដោយ​អរ​សប្បាយ ពី​ព្រោះ​ព្រះ​បាន​រាប់​ជា​អ្នក​គួរ​នឹង​ទ្រាំ​សេចក្ដី​ដំណៀល ដោយ​ព្រោះ​ព្រះ‌នាម​ទ្រង់
42 ហើយ​អ្នក​ទាំង​នោះ​ចេះ​តែ​បង្រៀន ព្រម​ទាំង​ប្រាប់​ដំណឹង​ល្អ​ពី​ព្រះ‌យេស៊ូវ​គ្រីស្ទ នៅ​ក្នុង​ព្រះ‌វិហារ ហើយ​នៅ​អស់​ទាំង​ផ្ទះ​រាល់​តែ​ថ្ងៃ​ជានិច្ច។


ជំពូក 6

1 នៅ​គ្រា​នោះ កាល​ពួក​សិស្ស​បាន​ចម្រើន​ច្រើន​ឡើង នោះ​ពួក​ហេលេន ចាប់​តាំង​រទូ‌រទាំ​ទាស់​នឹង​ពួក​ហេព្រើរ អំពី​ការ​ចែក​ចាយ​រាល់​តែ​ថ្ងៃ ដោយ​ព្រោះ​គេ​តែង​ធ្វេស​ការ​នឹង​ស្រី​មេម៉ាយ​របស់​ពួក​ហេលេន​នោះ
2 ពួក​សាវក​១២​នាក់​ក៏​ហៅ​សិស្ស​ទាំង​អស់​មក​និយាយ​ថា មិន​គួរ​គប្បី​ឲ្យ​យើង​ខ្ញុំ​ទុក​ព្រះ‌បន្ទូល​ចោល ដើម្បី​នឹង​ទៅ​បម្រើ​តុ​ទេ
3 ដូច្នេះ បង​ប្អូន​អើយ ចូរ​រើស​យក​៧​នាក់​ក្នុង​ពួក​អ្នក​រាល់​គ្នា ជា​អ្នក​មាន​ឈ្មោះ​ល្អ ពេញ​ជា​ព្រះ‌វិញ្ញាណ​បរិសុទ្ធ និង​ប្រាជ្ញា នោះ​យើង​ខ្ញុំ​នឹង​តាំង​គេ ឲ្យ​ត្រួត​ត្រា​លើ​ការ‌ងារ​នេះ
4 ឯ​យើង​ខ្ញុំ នឹង​ខំ​ព្យាយាម​ក្នុង​សេចក្ដី​អធិស្ឋាន និង​ការ​ផ្សាយ​ព្រះ‌បន្ទូល​វិញ
5 សេចក្ដី​នោះ​ក៏​ពេញ​ចិត្ត​ដល់​ពួក​ជំនុំ​ទាំង​អស់​គ្នា ហើយ​គេ​រើស​យក​ស្ទេផាន​១ ជា​មនុស្ស​ពេញ​ដោយ​សេចក្ដី​ជំនឿ និង​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ព្រម​ទាំង​ភីលីព​១ ប្រូខូរ៉ុស​១ នីកាន័រ​១ ទីម៉ូន​១ ប៉ាមេណា​១ និង​នីកូឡាស ជា​អ្នក​ស្រុក​អាន់‌ទី‌យ៉ូក ដែល​ចូល​សាសន៍១
6 ក៏​នាំ​អ្នក​ទាំង​នោះ​មក​នៅ​ចំពោះ​មុខ​ពួក​សាវក កាល​ពួក​សាវក​បាន​អធិស្ឋាន​រួច​ហើយ នោះ​ក៏​ដាក់​ដៃ​លើ​អ្នក​ទាំង​៧​នាក់​នោះ
7 ព្រះ‌បន្ទូល​ក៏​បាន​ផ្សាយ​ទៅ​កាន់​តែ​ច្រើន​ឡើង ហើយ​ចំនួន​ពួក​សិស្ស បាន​ចម្រើន​ឡើង​ក្រៃ‌លែង នៅ​ក្រុង​យេរូ‌សាឡឹម ឯ​ពួក​សង្ឃ ក៏​មាន​សន្ធឹក​ចុះ​ចូល​ជឿ​ដែរ។
8 ឯ​ស្ទេផាន ដែល​ពេញ​ដោយ​សេចក្ដី​ជំនឿ និង​ព្រះ‌ចេស្តា គាត់​ក៏​ធ្វើ​ការ​អស្ចារ្យ និង​ទី​សម្គាល់​យ៉ាង​ធំ​នៅ​ក្នុង​ពួក​ជន
9 គ្រា​នោះ មាន​អ្នក​ខ្លះ​ក្នុង​ពួក​ដែល​ហៅ​ថា ពួក​អ្នក​បំរោស និង​ពួក​ស្រុក​គីរេន ពួក​ស្រុក​អ័លេ‌ក្សានទ្រា ពួក​អ្នក​មក​ពី​ស្រុក​គីលីគា ហើយ​ស្រុក​អាស៊ី គេ​លើក​គ្នា​មក​ជជែក​នឹង​ស្ទេផាន
10 តែ​គេ​ពុំ​អាច​ដើម្បី​ទប់​ទល់​នឹង​ប្រាជ្ញា ហើយ​និង​ព្រះ‌វិញ្ញាណ ដែល​គាត់​អាង​នឹង​និយាយ​នោះ​បាន​ទេ
11 នោះ​គេ​សូក​មនុស្ស​ខ្លះ​ឲ្យ​និយាយ​បង្កាច់​ថា យើង​បាន​ឮ​អ្នក​នេះ​ពោល​ពាក្យ​ប្រមាថ​ដល់​លោក​ម៉ូសេ ហើយ​ដល់​ព្រះ​ផង
12 អ្នក​ទាំង​នោះ​ក៏​ញុះ‌ញង់​ដល់​បណ្តា‌ជន ពួក​ចាស់‌ទុំ និង​ពួក​អាចារ្យ រួច​នាំ​គ្នា​ទៅ​ចាប់​គាត់ យក​ទៅ​ដល់​ពួក​ក្រុម‌ជំនុំ
13 គេ​តាំង​ឲ្យ​មាន​សាក្សី​ក្លែង​និយាយ​ថា មនុស្ស​នេះ​ចេះ​តែ​ពោល​ពាក្យ​ប្រមាថ​ដល់​ទី​បរិសុទ្ធ និង​ក្រឹត្យ‌វិន័យ
14 ដ្បិត​យើង​ខ្ញុំ​បាន​ឮ​វា​ថា ឈ្មោះ​យេស៊ូវ ពី​ស្រុក​ណា‌សារ៉ែត​នោះ នឹង​បំផ្លាញ​ទី​នេះ​បង់ ព្រម​ទាំង​បំផ្លាស់​បំប្រែ​ទំនៀម‌ទម្លាប់ ដែល​លោក​ម៉ូសេ​បាន​ទុក​ឲ្យ​យើង​រាល់​គ្នា​ចេញ
15 តែ​អស់​អ្នក​ដែល​អង្គុយ​នៅ​ក្នុង​ក្រុម‌ជំនុំ ក៏​ជាប់​ភ្នែក​មើល​មុខ​គាត់ ឃើញ​ដូច​ជា​មុខ​ទេវតា។


ជំពូក 7

1 នោះ​សម្ដេច​សង្ឃ​សួរ​ថា សេចក្ដី​ទាំង​នេះ​ត្រូវ​ឬ​ទេ
2 ស្ទេផាន​ឆ្លើយ​ថា ឱ​អ្នក​រាល់​គ្នា​ជា​បង​ប្អូន ជា​ឪពុក​អើយ សូម​ស្តាប់​សិន ព្រះ​ដ៏​មាន​សិរី‌ល្អ ទ្រង់​លេច​មក​ឲ្យ​លោក​អ័ប្រា‌ហាំ ជា​អយ្យកោ​យើង​រាល់​គ្នា​ឃើញ ក្នុង​កាល​ដែល​លោក​នៅ​ស្រុក​មេសូ‌ប៉ូតាមា មុន​ដែល​នៅ​ស្រុក​ខារ៉ាន
3 ហើយ​មាន​ព្រះ‌បន្ទូល​ប្រាប់​លោក​ថា «ចូរ​ឯង​ចេញ​ពី​ស្រុក ហើយ​ពី​ញាតិ​សន្តាន​ឯង ទៅ​នៅ​ឯ​ស្រុក​១​ដែល​អញ​នឹង​បង្ហាញ​វិញ»
4 នោះ​លោក​ក៏​ចេញ​ពី​ស្រុក​របស់​សាសន៍​ខាល់ដេ ទៅ​នៅ​ស្រុក​ខារ៉ាន​ទៅ លុះ​ក្រោយ​ដែល​ឪពុក​លោក​ស្លាប់​ហើយ នោះ​ទ្រង់​ផ្លាស់​លោក​ពី​ទី​នោះ ឲ្យ​មក​នៅ​ស្រុក ដែល​លោក​រាល់​គ្នា​នៅ​សព្វ​ថ្ងៃ​នេះ​វិញ
5 ទ្រង់​មិន​បាន​ប្រទាន​ឲ្យ​លោក​មាន​មរដក​អ្វី នៅ​ស្រុក​នេះ​ទេ សូម្បី​ឲ្យ​ល្មម​នឹង​ដាក់​ជើង​ចុះ​ក៏​គ្មាន​ដែរ តែ​ទ្រង់​សន្យា​នឹង​ប្រទាន​ស្រុក​នេះ ទុក​ជា​ស្រុក​កំណាន់​ដល់​លោក និង​ពូជ​លោក​ត​ទៅ​វិញ ថ្វី​បើ​លោក​មិន​ទាន់​មាន​កូន​នៅ​ឡើយ​ផង
6 ហើយ​ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​បែប​ដូច្នេះ គឺ​ពូជ​លោក​នឹង​ត្រូវ​អាស្រ័យ​នៅ​ក្នុង​ស្រុក​ដទៃ អ្នក​ស្រុក​នោះ​នឹង​ចាប់​គេ​ធ្វើ​ជា​ខ្ញុំ​កំដរ ព្រម​ទាំង​ធ្វើ​ទុក្ខ​គេ​គ្រប់​៤០០​ឆ្នាំ
7 ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​ទៀត​ថា «អញ​នឹង​ជំនុំ‌ជម្រះ​សាសន៍​នោះ ដែល​ចាប់​គេ​ទៅ​បម្រើ ក្រោយ​នោះ គេ​នឹង​ចេញ​មក​គោរព​ប្រតិ‌បត្តិ​ដល់​អញ នៅ​ទី​នេះ​វិញ»
8 ទ្រង់​ក៏​តាំង​សេចក្ដី​សញ្ញា​ខាង​ឯ​ការ​កាត់​ស្បែក​ដល់​លោក ដូច្នេះ លោក​បង្កើត​បាន​អ៊ីសាក ហើយ​បាន​កាត់​ស្បែក​ឲ្យ នៅ​ថ្ងៃ​ទី​៨ ឯ​អ៊ីសាក​ក៏​បង្កើត​បាន​យ៉ាកុប ហើយ​យ៉ាកុប​បង្កើត​ពួក​អយ្យកោ​ទាំង​១២​នាក់។
9 ឯ​ពួក​អយ្យកោ​ទាំង​នោះ ក៏​លក់​យ៉ូសែប​ឲ្យ​ទៅ​ឯ​ស្រុក​អេស៊ីព្ទ​ទៅ ដោយ​មាន​ចិត្ត​ឈ្នានីស តែ​ព្រះ‌ទ្រង់​គង់​ជា​មួយ​នឹង​លោក
10 ហើយ​ក៏​ប្រោស​ឲ្យ​លោក​រួច ពី​គ្រប់​ទាំង​សេចក្ដី​វេទនា​ទាំង​អស់​វិញ ព្រម​ទាំង​ប្រទាន​ឲ្យ​លោក​មាន​ប្រាជ្ញា​វាង‌វៃ ហើយ​ឲ្យ​ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ដល់​ផារ៉ោន ជា​ស្តេច​ស្រុក​អេស៊ីព្ទ ដែល​តាំង​ឲ្យ​លោក​ធ្វើ​ជា​ចៅ‌ហ្វាយ​លើ​ស្រុក​នោះ និង​លើ​ព្រះ‌រាជ‌វាំង​ទាំង​មូល​ផង
11 រីឯ​នៅ​ស្រុក​អេស៊ីព្ទ និង​ស្រុក​កា‌ណាន ក៏​កើត​មាន​អំណត់​អត់​បាយ​គ្រប់​កន្លែង មាន​សេចក្ដី​វេទនា​ជា​ខ្លាំង ហើយ​ពួក​អយ្យកោ​នៃ​យើង​រាល់​គ្នា គេ​រក​អ្វី​នឹង​ចិញ្ចឹម​ជីវិត​មិន​បាន
12 នោះ​លោក​យ៉ាកុប​ឮ​ថា មាន​ស្រូវ​នៅ​ស្រុក​អេស៊ីព្ទ ក៏​ចាត់​ប្រើ​ពួក​អយ្យកោ​យើង ឲ្យ​ទៅ​ជា​ជាន់​មុន​ដំបូង
13 លុះ​ដល់​លើក​ទី​២ ទើប​លោក​យ៉ូសែប​បាន​ឲ្យ​បង​ប្អូន​ស្គាល់​ខ្លួន ហើយ​ផារ៉ោន​ក៏​បាន​ស្គាល់​គ្រួសារ​នៃ​លោក​យ៉ូសែប​ដែរ
14 រួច​លោក​យ៉ូសែប​ប្រើ​ពួក​បង​ប្អូន ឲ្យ​ទៅ​អញ្ជើញ​លោក​យ៉ាកុប​ជា​ឪពុក និង​ញាតិ​សន្តាន​ទាំង​ប៉ុន្មាន មាន​ចំនួន​៧៥​នាក់​ឲ្យ​មក
15 ដូច្នេះ លោក​យ៉ាកុប​ក៏​ចុះ​ទៅ​នៅ​ស្រុក​អេស៊ីព្ទ ហើយ​បាន​ស្លាប់​នៅ​ទី​នោះ ព្រម​ទាំង​ពួក​អយ្យកោ​យើង​ដែរ
16 គេ​ដង្ហែ​សព​លោក​ទៅ​ឯ​ស្រុក​ស៊ីគែម បញ្ចុះ​ក្នុង​ផ្នូរ ដែល​លោក​អ័ប្រា‌ហាំ​បាន​ទិញ​ពី​ពួក​កូន​ចៅ​ហេម័រ ជា​អ្នក​ស្រុក​ស៊ីគែម​នោះ។
17 កាល​ជិត​ដល់​កំណត់​នៃ​សេចក្ដី​សន្យា ដែល​ព្រះ​បាន​ស្បថ​នឹង​លោក​អ័ប្រា‌ហាំ​ហើយ នោះ​សាសន៍​យើង​ក៏​ចម្រើន​ជា​ច្រើន​ឡើង នៅ​ស្រុក​អេស៊ីព្ទ
18 ដរាប​ដល់​មាន​ស្តេច​១​ទៀត​សោយ​រាជ្យ​ឡើង ដែល​មិន​បាន​ស្គាល់​លោក​យ៉ូសែប​ទេ
19 ស្តេច​នោះ​ប្រព្រឹត្ត​នឹង​សាសន៍​យើង​ដោយ​ឆ្លៀវ​ឆ្លាត ទាំង​ធ្វើ​ទុក្ខ​ដល់​ពួក​អយ្យកោ​យើង ដោយ​បង្ខំ​ឲ្យ​គេ​ចោល​អស់​ទាំង​កូន‌ង៉ែត​របស់​គេ​ចេញ មិន​ឲ្យ​មាន​នៅ​រស់​ឡើយ
20 នៅ​គ្រា​នោះ លោក​ម៉ូសេ​បាន​កើត​មក ជា​កូន​យ៉ាង​ស្រស់​ល្អ​ដល់​ព្រះ គេ​ក៏​ចិញ្ចឹម​នៅ​ក្នុង​ផ្ទះ​ឪពុក​អស់​៣​ខែ
21 កាល​គេ​ត្រូវ​ដាក់​នៅ​ខាង​ក្រៅ​វិញ នោះ​ព្រះ‌រាជ‌បុត្រី​ផារ៉ោន​ក៏​យក​ទៅ​ចិញ្ចឹម ទុក​ជា​កូន​បង្កើត
22 លោក​បាន​រៀន‌សូត្រ​គ្រប់​អស់​ទាំង​ចំណេះ​វិជ្ជា​នៃ​សាសន៍​អេស៊ីព្ទ ហើយ​ក៏​មាន​ពាក្យ​សំដី និង​ការ​ធ្វើ​យ៉ាង​ចំណាន
23 កាល​លោក​បាន​អាយុ​៤០​ឆ្នាំ​ហើយ នោះ​មាន​ចិត្ត​ភ្នក​នឹក​រឭក ចង់​ទៅ​សួរ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ជា​បង​ប្អូន​ខ្លួន
24 លុះ​បាន​ឃើញ​សាសន៍​អេស៊ីព្ទ​ម្នាក់ កំពុង​តែ​ធ្វើ​ទុក្ខ​ដល់​បង​ប្អូន​ខ្លួន​ម្នាក់ នោះ​ក៏​ជួយ​ការ‌ពារ ហើយ​សង‌សឹក​ជំនួស​អ្នក​ដែល​ត្រូវ​គេ​សង្កត់‌សង្កិន ដោយ​សម្លាប់​សាសន៍​អេស៊ីព្ទ​ម្នាក់​នោះ​បង់
25 ដ្បិត​លោក​ស្មាន​ថា បង​ប្អូន​លោក​នឹង​យល់​ថា ព្រះ‌ទ្រង់​ប្រទាន​សេចក្ដី​សង្គ្រោះ​មក ដោយ‌សារ​ដៃ​លោក តែ​គេ​មិន​បាន​យល់​ទេ
26 លុះ​ថ្ងៃ​ក្រោយ​មក កំពុង​ដែល​មាន​គេ​ប្រឈ្លោះ​គ្នា នោះ​លោក​មក​ដល់ ក៏​ទូន្មាន​ឲ្យ​ស្រុះ​ស្រួល​នឹង​គ្នា​វិញ ដោយ​ថា អ្នក​រាល់​គ្នា​ជា​បង​ប្អូន​នឹង​គ្នា ហេតុ​អ្វី​បាន​ជា​ធ្វើ​បាប​គ្នា​ដូច្នេះ
27 តែ​អ្នក​១​ដែល​កំពុង​តែ​ធ្វើ​បាប​ដល់​អ្នក​ជិត​ខាង ក៏​ច្រាន​លោក​ចេញ​ដោយ​ពាក្យ​ថា តើ​អ្នក​ណា​បាន​តាំង​ឲ្យ​ឯង​ធ្វើ​ជា​ចៅ‌ហ្វាយ ហើយ​ជា​ចៅ‌ក្រម​លើ​យើង
28 តើ​ចង់​សម្លាប់​អញ ដូច​ជា​សម្លាប់​សាសន៍​អេស៊ីព្ទ​ម្នាក់​នោះ ពី​ថ្ងៃ​ម្សិល‌មិញ​ឬ​អី
29 កាល​ឮ​ពាក្យ​នោះ លោក​ម៉ូសេ​ក៏​រត់​ភៀស​ទៅ​ស្នាក់​នៅ​ស្រុក​ម៉ាឌាន​ទៅ ហើយ​បង្កើត​បាន​កូន​ប្រុស​២​នៅ​ស្រុក​នោះ​ឯង។
30 លុះ​ក្រោយ​មក​៤០​ឆ្នាំ នោះ​ទេវតា​នៃ​ព្រះ‌អម្ចាស់​លេច​មក ឲ្យ​លោក​ម៉ូសេ​ឃើញ​ក្នុង​អណ្តាត​ភ្លើង ដែល​ឆេះ​នៅ​គុម្ព​បន្លា​ត្រង់​ទី​រហោ‌ស្ថាន​ភ្នំ​ស៊ី‌ណាយ
31 កាល​លោក​ឃើញ នោះ​ក៏​ឆ្ងល់​នឹង​ការ​ជាក់​ស្តែង​នោះ រួច​លោក​ចូល​ទៅ​ជិត ដើម្បី​នឹង​ពិនិត្យ​មើល ស្រាប់​តែ​ឮ​សំឡេង​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ថា
32 «អញ​ជា​ព្រះ​នៃ​ពួក​អយ្យកោ​ឯង គឺ​ជា​ព្រះ​នៃ​អ័ប្រា‌ហាំ ជា​ព្រះ​នៃ​អ៊ីសាក ហើយ​ជា​ព្រះ​នៃ​យ៉ាកុប» ម៉ូសេ​ក៏​ញ័រ‌រន្ធត់ មិន​ហ៊ាន​មើល​ឡើយ
33 រួច​ព្រះ‌អម្ចាស់​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​លោក​ថា «ចូរ​ដោះ​ស្បែក​ជើង​ឯង​ចេញ ដ្បិត​កន្លែង​ដែល​ឯង​ឈរ​នោះ​ជា​ដី​បរិសុទ្ធ
34 អញ​បាន​ឃើញ​សេចក្ដី​ទុក្ខ​លំបាក ដែល​គេ​ធ្វើ​ដល់​រាស្ត្រ​អញ​នៅ​ស្រុក​អេស៊ីព្ទ​ហើយ ក៏​ឮ​សូរ​ដំងូរ​របស់​គេ​ដែរ ហេតុ​នោះ​បាន​ជា​អញ​ចុះ​មក ដើម្បី​ប្រោស​ឲ្យ​គេ​រួច ចូរ​មក​ឥឡូវ អញ​នឹង​ចាត់​ឯង​ឲ្យ​ទៅ​ឯ​ស្រុក​អេស៊ីព្ទ»
35 ឯ​លោក​ម៉ូសេ​នេះ ដែល​គេ​មិន​ព្រម​ទទួល ដោយ​ថា «តើ​អ្នក​ណា​បាន​តាំង​ឲ្យ​ឯង​ធ្វើ​ជា​ចៅ‌ហ្វាយ ហើយ​ជា​ចៅ‌ក្រម»ដូច្នេះ គឺ​លោក​នេះ​ហើយ ដែល​ព្រះ​បាន​ចាត់​ឲ្យ​ទៅ​ធ្វើ​ជា​ចៅ‌ហ្វាយ ហើយ​ជា​អ្នក​ជួយ​ឲ្យ​រួច ដោយ‌សារ​ព្រះ‌ហស្ត​នៃ​ទេវតា ដែល​លេច​មក​ឲ្យ​លោក​ឃើញ ក្នុង​គុម្ព​បន្លា​នោះ
36 លោក​នេះ​បាន​នាំ​គេ​ចេញ ដោយ​ធ្វើ​ការ​អស្ចារ្យ និង​ទី​សម្គាល់​នៅ​ស្រុក​អេស៊ីព្ទ នៅ​សមុទ្រ​ក្រហម ហើយ​នៅ​ទី​រហោ‌ស្ថាន​ក្នុង​រវាង​៤០​ឆ្នាំ
37 គឺ​លោក​ម៉ូសេ​នេះ​ហើយ ដែល​មាន​ប្រសាសន៍​ដល់​ពួក​កូន​ចៅ​សាសន៍​អ៊ីស្រា‌អែល​ថា «ព្រះ‌អម្ចាស់​ដ៏​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា ទ្រង់​នឹង​បង្កើត​ហោរា​ម្នាក់ ពី​ពួក​បង​ប្អូន​អ្នក​រាល់​គ្នា​មក ឲ្យ​ដូច​ជា​ខ្ញុំ ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​ស្តាប់​តាម​ហោរា​នោះ​ចុះ»
38 គឺ​លោក​នេះ​ឯង ដែល​បាន​នៅ​ក្នុង​ពួក​ជំនុំ​នៅ​ទី​រហោ‌ស្ថាន​ជា​មួយ​នឹង​ទេវតា ដែល​មាន​ព្រះ‌បន្ទូល​នឹង​លោក នៅ​លើ​ភ្នំ​ស៊ី‌ណាយ ហើយ​ជា​មួយ​នឹង​ពួក​អយ្យកោ​យើង​រាល់​គ្នា ដែល​បាន​ទទួល​ព្រះ‌បន្ទូល​រស់ សម្រាប់​នឹង​បន្ត​មក​ដល់​យើង​រាល់​គ្នា​ដែរ
39 តែ​ពួក​អយ្យកោ​យើង​មិន​ព្រម​ចុះ​ចូល​នឹង​លោក​ទេ គេ​ផាត់​លោក​ចោល ហើយ​នឹក​រឭក​ដល់​ស្រុក​អេស៊ីព្ទ​វិញ
40 ដោយ​និយាយ​នឹង​អើរ៉ុន​ថា «ចូរ​ធ្វើ​ព្រះ​ឲ្យ​យើង​រាល់​គ្នា ដែល​នឹង​នាំ​មុខ​យើង​ផង ដ្បិត​ឯ​លោក​ម៉ូសេ​នោះ ដែល​នាំ​យើង​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក យើង​មិន​ដឹង​ជា​មាន​កើត​គ្រោះ​ថ្នាក់​អ្វី​ដល់​លោក​ទេ»
41 នៅ​គ្រា​នោះ គេ​ក៏​ធ្វើ​រូប​កូន​គោ​១ រួច​ថ្វាយ​យញ្ញ‌បូជា​ដល់​រូប​នោះ ហើយ​នាំ​គ្នា​អរ​សប្បាយ ចំពោះ​របស់​ដែល​ដៃ​ខ្លួន​គេ​បាន​ធ្វើ
42 នោះ​ព្រះ‌ទ្រង់​ផ្លាស់​ប្រែ​ទៅ​ជា​បញ្ជូន​គេ ឲ្យ​គោរព​ប្រតិ‌បត្តិ​ដល់​ពួក​បរិវារ​ដែល​នៅ​លើ​មេឃ​វិញ ដូច​ជា​មាន​សេចក្ដី​ចែង​ទុក​មក ក្នុង​គម្ពីរ​ពួក​ហោរា​ថា «ឱ​ពួក​វង្ស​អ៊ីស្រា‌អែល​អើយ ដែល​ឯង​រាល់​គ្នា​បាន​សម្លាប់​សត្វ​ថ្វាយ​ជា​យញ្ញ‌បូជា នៅ​ទី​រហោ‌ស្ថាន ក្នុង​រវាង​៤០​ឆ្នាំ​នោះ
43 ព្រម​ទាំង​រើស​យក​បារាំ​របស់​ព្រះ‌ម៉ូឡុក និង​ផ្កាយ​របស់​ព្រះ‌រេម‌ផាន់ ជា​រូប​ដែល​ឯង​បាន​ធ្វើ សម្រាប់​នឹង​ថ្វាយ‌បង្គំ​ផង នោះ​តើ​បាន​ថ្វាយ​ដល់​អញ​ឬ ដូច្នេះ អញ​នឹង​និរទេស​ឯង​រាល់​គ្នា ឲ្យ​ទៅ​នៅ​ខាង​នាយ​ស្រុក​បាប៊ី‌ឡូន​វិញ» ។
44 រីឯ​រោង​ឧបោសថ នៃ​សេចក្ដី​បន្ទាល់ នោះ​បាន​នៅ​ជា​មួយ​នឹង​ពួក​អយ្យកោ​យើង​រាល់​គ្នា នៅ​ទី​រហោ‌ស្ថាន ដូច​ជា​ព្រះ​បាន​បង្គាប់​មក ឲ្យ​លោក​ម៉ូសេ​ធ្វើ​តាម​គំរូ ដែល​លោក​បាន​ឃើញ
45 ពួក​អយ្យកោ​យើង​ក៏​ទទួល​រោង​នោះ​តៗ​មក ហើយ​បាន​នាំ​ចូល​មក​ក្នុង​ស្រុក ជា​មួយ​នឹង​លោក​យ៉ូស្វេ ក្នុង​កាល​ដែល​គេ​ចាប់​យក​អស់​ទាំង​នគរ​របស់​ពួក​សាសន៍​ដទៃ ដែល​ព្រះ​បាន​បណ្តេញ​ពី​មុខ​ពួក​អយ្យកោ​យើង​ចេញ ដរាប​ដល់​រាជ្យ​ហ្លួង​ដាវីឌ។
46 រីឯ​ហ្លួង​ដាវីឌ​នេះ ព្រះ‌ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​នឹង​ទ្រង់ ហើយ​ស្តេច​ទ្រង់​មាន​ព្រះ‌ហឫទ័យ​ប្រាថ្នា​ចង់​រក​ទី​លំនៅ​សម្រាប់​ព្រះ​នៃ​យ៉ាកុប
47 តែ​គឺ​ហ្លួង​សាឡូ‌ម៉ូន​វិញ ដែល​ស្អាង​ដំណាក់​១​ថ្វាយ​ដល់​ព្រះ
48 ប៉ុន្តែ ឯ​ព្រះ​ដ៏​ខ្ពស់​បំផុត ទ្រង់​មិន​គង់​នៅ​ក្នុង​ព្រះ‌វិហារ ដែល​ដៃ​មនុស្ស​ធ្វើ​នោះ​ឡើយ ដូច​ជា​ហោរា​បាន​ទាយ​ថា
49 «ស្ថាន‌សួគ៌​ជា​បល្ល័ង្ក​អញ ហើយ​ផែនដី​ជា​កំណល់​កល់​ជើង​អញ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា តើ​ឯង​រាល់​គ្នា​នឹង​ស្អាង​ដំណាក់​ណា​ឲ្យ​អញ ឬ​កន្លែង​ណា​ឲ្យ​អញ​ឈប់​សម្រាក​បាន
50 តើ​មិន​មែន​ដៃ​អញ ដែល​បង្កើត​របស់​ទាំង​នេះ​ទេ​ឬ​អី»
51 ឱ​ពួក​មនុស្ស​ក្បាល​រឹង ដែល​មាន​ចិត្ត​មាន​ត្រចៀក​មិន​កាត់​ស្បែក​អើយ អ្នក​រាល់​គ្នា​ចេះ​តែ​ទាស់​ទទឹង នឹង​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ជា​ដរាប ពួក​អយ្យកោ​អ្នក​រាល់​គ្នា​យ៉ាង​ណា នោះ​អ្នក​រាល់​គ្នា​ក៏​យ៉ាង​នោះ​ដែរ
52 តើ​មាន​ហោរា​ណា​មួយ ដែល​ពួក​អយ្យកោ​អ្នក​រាល់​គ្នា​មិន​បាន​ធ្វើ​ទុក្ខ​បៀត​បៀន ហើយ​គេ​បាន​សម្លាប់​ពួក​អ្នក ដែល​ទាយ​ពី​ដំណើរ​ព្រះ​ដ៏​សុចរិត​ត្រូវ​យាង​មក​ដែរ ឥឡូវ​នេះ អ្នក​រាល់​គ្នា​ក៏​បាន​ក្បត់ ហើយ​សម្លាប់​ព្រះ‌អង្គ​នោះ
53 អ្នក​រាល់​គ្នា​ជា​អ្នក​ដែល​បាន​ទទួល​ក្រឹត្យ‌វិន័យ ដោយ​ព្រះ​ចាត់‌ចែង​ពួក​ទេវតា​មក តែ​មិន​បាន​កាន់​តាម​សោះ។
54 កាល​បាន​ឮ​សេចក្ដី​ទាំង​នោះ​ហើយ គេ​កើត​មាន​ចិត្ត​ក្តៅ​ក្រហាយ​ណាស់ ទាំង​សង្កៀត​ធ្មេញ​ដាក់​គាត់​ផង
55 តែ​ដែល​គាត់​បាន​ពេញ​ជា​ព្រះ‌វិញ្ញាណ​បរិសុទ្ធ នោះ​ក៏​សម្លឹង​មើល​ទៅ​លើ​មេឃ ឃើញ​សិរី‌ល្អ​នៃ​ព្រះ និង​ព្រះ‌យេស៊ូវ​ឈរ​នៅ​ខាង​ព្រះ‌ហស្ត​ស្តាំ
56 រួច​គាត់​មាន​វាចា​ថា មើល ខ្ញុំ​ឃើញ​មេឃ​ចំហ និង​កូន​មនុស្ស​ឈរ​នៅ​ខាង​ព្រះ‌ហស្ត​ស្តាំ​នៃ​ព្រះ
57 នោះ​គេ​ក៏​ស្រែក​ឡើង​ជា​ខ្លាំង ទាំង​ចុក​ត្រចៀក ហើយ​ស្ទុះ​ចូល​ព្រម​គ្នា​ទៅ​លើ​គាត់
58 គេ​កញ្ឆក់​នាំ​គាត់​ចេញ​ទៅ​ខាង​ក្រៅ​ទី​ក្រុង រួច​ចោល​នឹង​ថ្ម ឯ​ពួក​ស្មរ​បន្ទាល់ គេ​ក៏​ផ្ញើ​អាវ​គេ​ដាក់​នៅ​ទៀប​ជើង​មនុស្ស​កំលោះ​ម្នាក់ ឈ្មោះ​សុល
59 គេ​ចោល​ស្ទេផាន​នឹង​ថ្ម កំពុង​ដែល​គាត់​ទូល​អង្វរ​ដល់​ព្រះ​ថា ឱ​ព្រះ‌អម្ចាស់​យេស៊ូវ​អើយ សូម​ទទួល​វិញ្ញាណ​ទូល‌បង្គំ​ផង
60 នោះ​គាត់​លុត​ជង្គង់​ចុះ រួច​ស្រែក​ឡើង​ជា​សំឡេង​ខ្លាំង​ថា ឱ​ព្រះ‌អម្ចាស់​អើយ សូម​កុំ​រាប់​បាប​នេះ​ដល់​គេ​ឡើយ កាល​គាត់​បាន​ពោល​ដូច្នោះ​ហើយ នោះ​ក៏​ដេក​លក់​ទៅ ឯ​សុល​ក៏​យល់​ព្រម​ក្នុង​ការ​សម្លាប់​គាត់​ដែរ។


ជំពូក 8

1 នៅ​ថ្ងៃ​នោះ​ឯង ក៏​កើត​មាន​សេចក្ដី​បៀត​បៀន​ជា​ខ្លាំង ទាស់​នឹង​ពួក​ជំនុំ​នៅ​ក្រុង​យេរូ‌សាឡឹម ហើយ​ពួក​ជំនុំ​ត្រូវ​ខ្ចាត់​ខ្ចាយ ទៅ​នៅ​តែ‌ពាស ក្នុង​ស្រុក​យូដា និង​ស្រុក​សាម៉ារី លើក​តែ​ពួក​សាវក​ចេញ
2 រីឯ​ខ្មោច​ស្ទេផាន នោះ​មាន​ពួក​មនុស្ស​ខ្លះ​ដែល​កោត‌ខ្លាច​ដល់​ព្រះ បាន​នាំ​យក​ទៅ​កប់ ព្រម​ទាំង​យំ​សោក​នឹង​គាត់​ជា​ខ្លាំង​ផង។
3 ឯ​សុល​បាន​ធ្វើ​ទុក្ខ​ដល់​ពួក​ជំនុំ​ខ្លាំង​ណាស់ ដោយ​ចូល​គ្រប់​តែ​ផ្ទះ ចាប់​ទាញ​អូស​ទាំង​ប្រុស​ទាំង​ស្រី បញ្ជូន​ទៅ​ដាក់​គុក។
4 ចំណែក​អស់​អ្នក​ដែល​ត្រូវ​ខ្ចាត់​ខ្ចាយ​នោះ គេ​ដើរ​ចុះ​ឡើង​ទាំង​ផ្សាយ​ដំណឹង​ល្អ គឺ​ជា​ព្រះ‌បន្ទូល
5 ឯ​ភីលីព គាត់​ចុះ​ទៅ​ឯ​ទី​ក្រុង​១​នៅ​ស្រុក​សាម៉ារី ប្រាប់​គេ​ពី​ព្រះ‌គ្រីស្ទ
6 ហើយ​បណ្តា​មនុស្ស​ក៏​ស្រុះ​ចិត្ត​គ្នា និង​ប្រុង​ស្តាប់​អស់​ទាំង​សេចក្ដី ដែល​ភីលីព​និយាយ ដោយ​គេ​ឮ ហើយ​ឃើញ​ទី​សម្គាល់​ដែល​គាត់​ធ្វើ
7 ព្រោះ​មាន​អារក្ស​អសោច ដែល​បាន​ចូល​មនុស្ស​ជា​ច្រើន វា​ស្រែក​ឡើង​ជា​ខ្លាំង រួច​ចេញ​មក ក៏​មាន​មនុស្ស​ស្លាប់​ដៃ​ស្លាប់​ជើង និង​មនុស្ស​ខ្វិន​ជា​ច្រើន បាន​ជា​ដែរ
8 ហើយ​នៅ​ទី​ក្រុង​នោះ គេ​មាន​សេចក្ដី​អំណរ​ជា​ខ្លាំង។
9 រីឯ​នៅ​ក្រុង​នោះ មាន​មនុស្ស​ម្នាក់​ឈ្មោះ​ស៊ីម៉ូន ជា​អ្នក​ដែល​ពី​ដើម​នាំ​ឲ្យ​សាសន៍​សាម៉ារី​ភាន់‌ភាំង ដោយ​វិធី​មន្ត‌អាគម​របស់​ខ្លួន ទាំង​ប្រកាស​ខ្លួន​ថា​ជា​អ្នក​ធំ​ណា​មួយ
10 មនុស្ស​ទាំង‌ឡាយ ចាប់​តាំង​ពី​អ្នក​តូច រហូត​ដល់​អ្នក​ធំ ក៏​ប្រុង​ផ្ចង់​ស្តាប់​គាត់​ទាំង​អស់​គ្នា ដោយ​ថា អ្នក​នេះ​ពិត​ជា​តួ​ព្រះ‌ចេស្តា​នៃ​ព្រះ​ដ៏​ធំ​ហើយ
11 គេ​ប្រុង​ស្តាប់​គាត់ ពី​ព្រោះ​គាត់​នាំ​ឲ្យ​ភាន់​ជា​យូរ​មក​ហើយ ដោយ​មន្ត‌អាគម​របស់​គាត់
12 តែ​កាល​មនុស្ស​ទាំង​អស់​បាន​ជឿ​តាម​ភីលីព ដែល​គាត់​ប្រាប់​ដំណឹង​ល្អ​ពី​នគរ​នៃ​ព្រះ ហើយ​ពី​ព្រះ‌នាម​ព្រះ‌យេស៊ូវ​គ្រីស្ទ​វិញ នោះ​គេ​ក៏​ទទួល​បុណ្យ​ជ្រមុជ‌ទឹក​ទាំង​ប្រុស​ទាំង​ស្រី
13 ហើយ​ស៊ីម៉ូន​នោះ​ក៏​ជឿ​ដែរ លុះ​គាត់​ទទួល​បុណ្យ​ជ្រមុជ​រួច​ហើយ នោះ​ក៏​នៅ​ជាប់​នឹង​ភីលីព​ជា​ដរាប​ទៅ ហើយ​គាត់​កើត​មាន​សេចក្ដី​អស្ចារ្យ ដោយ​បាន​ឃើញ​ទី​សម្គាល់ និង​ការ​ឫទ្ធិ‌បារមី​ជា​ធំ​ដែល​កើត​មក។
14 កាល​ពួក​សាវក នៅ​ក្រុង​យេរូ‌សាឡឹម បាន​ឮ​ថា ស្រុក​សាម៉ារី​ទទួល​ព្រះ‌បន្ទូល​ហើយ នោះ​គេ​ចាត់​ពេត្រុស និង​យ៉ូហាន ឲ្យ​ទៅ​ឯ​ពួក​អ្នក​នោះ
15 លុះ​អ្នក​ទាំង​២​បាន​ចុះ​ទៅ​ដល់​ហើយ នោះ​ក៏​អធិស្ឋាន​ឲ្យ​គេ ប្រយោជន៍​ឲ្យ​គេ​បាន​ទទួល​ព្រះ‌វិញ្ញាណ​បរិសុទ្ធ
16 ដ្បិត​ព្រះ‌វិញ្ញាណ​មិន​ទាន់​ចុះ​មក សណ្ឋិត​លើ​ពួក​គេ​ណា​មួយ​នៅ​ឡើយ គេ​គ្រាន់​តែ​បាន​ទទួល​បុណ្យ​ជ្រមុជ‌ទឹក ដោយ​នូវ​ព្រះ‌នាម​ព្រះ‌អម្ចាស់​យេស៊ូវ​ប៉ុណ្ណោះ
17 ដូច្នេះ អ្នក​ទាំង​២​ក៏​ដាក់​ដៃ​លើ​គេ ហើយ​គេ​បាន​ទទួល​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ដែរ
18 កាល​ស៊ីម៉ូន​បាន​ឃើញ​ថា ព្រះ‌វិញ្ញាណ​បរិសុទ្ធ​បាន​មក​សណ្ឋិត​ដោយ​ពួក​សាវក​ដាក់​ដៃ​លើ​គេ​ដូច្នោះ នោះ​គាត់​យក​ប្រាក់​មក​ជូន ដោយ​ពាក្យ​ថា
19 សូម​ឲ្យ​ខ្ញុំ​មាន​អំណាច​នេះ​ផង ដើម្បី​ឲ្យ​ខ្ញុំ​ដាក់​ដៃ​លើ​អ្នក​ណា ឲ្យ​អ្នក​នោះ​បាន​ទទួល​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ដែរ
20 តែ​ពេត្រុស​ឆ្លើយ​តប​ថា ចូរ​ឲ្យ​ប្រាក់​អ្នក​វិនាស​ទៅ​ជា​មួយ​នឹង​អ្នក​ចុះ ព្រោះ​អ្នក​ស្មាន​ថា នឹង​យក​ប្រាក់​មក​ទិញ​អំណោយ​ទាន​របស់​ព្រះ​បាន​ដូច្នេះ
21 អ្នក​គ្មាន​ភាគ​គ្មាន​ចំណែក​ក្នុង​ការ​នេះ​ឡើយ ព្រោះ​ចិត្ត​អ្នក​មិន​ស្មោះ‌ត្រង់​ចំពោះ​ព្រះ​ទេ
22 ដូច្នេះ ចូរ​ប្រែ​ចិត្ត​ចេញ​ពី​សេចក្ដី​អាក្រក់​នេះ​ចុះ ហើយ​សូម​អង្វរ​ដល់​ព្រះ‌អម្ចាស់​វិញ ក្រែង​ទ្រង់​នឹង​អត់​ទោស​ដល់​គំនិត​ក្នុង​ចិត្ត​អ្នក​បាន
23 ដ្បិត​ខ្ញុំ​យល់​ឃើញ​ថា អ្នក​នៅ​ក្នុង​សេចក្ដី​ជូរ​ល្វីង ហើយ​ក៏​ជាប់​ដោយ​ចំណង​នៃ​សេចក្ដី​ទុច្ចរិត​ផង
24 ស៊ីម៉ូន​ឆ្លើយ​ឡើង​ថា សូម​លោក​ជួយ​អង្វរ​ដល់​ព្រះ‌អម្ចាស់​ឲ្យ​ខ្ញុំ​ផង ដើម្បី​កុំ​ឲ្យ​មាន​ការ​អ្វី​មួយ ដូច​លោក​មាន​ប្រសាសន៍​នោះ បាន​កើត​មក​ដល់​ខ្ញុំ​ឡើយ
25 កាល​អ្នក​ទាំង​២​បាន​ប្រឹង​ធ្វើ​បន្ទាល់​អស់​ពី​ចិត្ត ហើយ​ប្រាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​រួច​ហើយ នោះ​ក៏​ត្រឡប់​ទៅ​ឯ​ក្រុង​យេរូ‌សាឡឹម​វិញ ទាំង​ប្រកាស​ប្រាប់​ដំណឹង​ល្អ នៅ​ក្នុង​ភូមិ​របស់​សាសន៍​សាម៉ារី​ជា​ច្រើន​តាម​ផ្លូវ​រៀង​ទៅ។
26 នោះ​ទេវតា​នៃ​ព្រះ‌អម្ចាស់ មាន​ព្រះ‌បន្ទូល​ទៅ​ភីលីព​ថា ចូរ​ក្រោក​ឡើង​ទៅ​ឯ​ខាង​ត្បូង តាម​ផ្លូវ​ដែល​ចុះ​ពី​ក្រុង​យេរូ‌សាឡឹម ទៅ​ឯ​ក្រុង​កាសា ដែល​ជា​ទី​រហោ‌ស្ថាន​ទៅ
27 គាត់​ក៏​ក្រោក​ឡើង​ដើរ​ទៅ នោះ​ឃើញ​មាន​សាសន៍​អេធីយ៉ូពី​ម្នាក់ ជា​មនុស្ស​កំរៀវ​ដែល​មាន​អំណាច​ក្រោម​ព្រះ‌នាង​កាន‌ដេស មហា‌ក្សត្រី​ដែល​សោយ​រាជ្យ​ក្នុង​ស្រុក​អេធីយ៉ូពី លោក​ជា​អ្នក​ត្រួត​ត្រា​លើ​អស់​ទាំង​ព្រះ‌រាជ‌ទ្រព្យ​របស់​ស្តេច ហើយ​បាន​មក​ឯ​ក្រុង​យេរូ‌សាឡឹម ដើម្បី​នឹង​ថ្វាយ‌បង្គំ
28 លោក​កំពុង​តែ​ជិះ​រថ​ត្រឡប់​ទៅ​វិញ ក៏​មើល​គម្ពីរ​ហោរា​អេសាយ
29 ខណៈ​នោះ ព្រះ‌វិញ្ញាណ​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​ភីលីព​ថា ឲ្យ​ចូល​ទៅ​ប្រកៀក​នឹង​រថ​នោះ​ទៅ
30 ភីលីព​ក៏​រត់​ទៅ​តាម ឮ​លោក​កំពុង​តែ​អាន​មើល​គម្ពីរ​ហោរា​អេសាយ រួច​សួរ​ថា លោក​មើល​យល់​ឬ​ទេ
31 ឯ​លោក​ក៏​ឆ្លើយ​ឡើង​ថា បើ​គ្មាន​អ្នក​ណា​ដឹក‌នាំ​ខ្ញុំ នោះ​ធ្វើ​ដូច​ម្តេច​ឲ្យ​យល់​បាន រួច​លោក​ក៏​សូម​ឲ្យ​ភីលីព​ឡើង​ជិះ​រថ​ជា​មួយ​គ្នា
32 ឯ​បទ​គម្ពីរ​ដែល​លោក​កំពុង​តែ​មើល​នោះ គឺ​ត្រង់​បទ​នេះ​ថា «ទ្រង់​ត្រូវ​គេ​ដឹក‌នាំ​ទៅ ដូច​ជា​ដឹក​ចៀម​ទៅ​សម្លាប់ ទ្រង់​មិន​បាន​ហើប​ព្រះ‌ឱស្ឋ​សោះ ដូច​ជា​កូន​ចៀម​ដែល​គ នៅ​មុខ​អ្នក​កាត់​រោម​វា
33 នៅ​គ្រា​ដែល​ទ្រង់​ត្រូវ​បន្ទាប‌បន្ថោក នោះ​គេ​បាន​ដក​សេចក្ដី​យុត្តិ‌ធម៌​ចេញ​ពី​ទ្រង់​ទៅ តើ​អ្នក​ណា​នឹង​ថ្លែង​ពី​ព្រះ‌វង្សា​ទ្រង់​បាន ដ្បិត​គេ​បាន​ដក​ព្រះ‌ជន្ម​ទ្រង់​ពី​ផែនដី​ចេញ​ហើយ»
34 អ្នក​កំរៀវ​នោះ​សួរ​ភីលីព​ថា ខ្ញុំ​សូម​សួរ​អ្នក តើ​ហោរា​និយាយ​ដូច្នេះ គឺ​និយាយ​ពី​អ្នក​ណា ពី​ខ្លួន​លោក ឬ​ពី​អ្នក​ដទៃ
35 នោះ​ភីលីព​បើក​មាត់​សម្ដែង​ប្រាប់​ដំណឹង​ល្អ​ពី​ព្រះ‌យេស៊ូវ ចាប់​តាំង​ពី​បទ​គម្ពីរ​នោះ​រៀង​ទៅ
36 កាល​កំពុង​តែ​ទៅ​តាម​ផ្លូវ នោះ​ឃើញ​មាន​ទី​ទឹក ហើយ​អ្នក​កំរៀវ​និយាយ​ថា មើល នុ៎ះ​ន៏​ទឹក តើ​មាន​អ្វី​ឃាត់​មិន​ឲ្យ​ខ្ញុំ​ទទួល​បុណ្យ​ជ្រមុជ‌ទឹក​បាន
37 ភីលីព​ឆ្លើយ​ថា បើ​លោក​ជឿ​អស់​ពី​ចិត្ត នោះ​ទទួល​បាន លោក​ឆ្លើយ​ឡើង​ថា ខ្ញុំ​ជឿ​ហើយ ថា​ព្រះ‌យេស៊ូវ​គ្រីស្ទ​ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ
38 នោះ​លោក​បង្គាប់​ឲ្យ​បញ្ឈប់​រថ រួច​ភីលីព និង​អ្នក​កំរៀវ ក៏​ចុះ​ទៅ​ក្នុង​ទឹក​ទាំង​២​នាក់ ហើយ​ភីលីព គាត់​ធ្វើ​បុណ្យ​ជ្រមុជ‌ទឹក​ឲ្យ
39 លុះ​ឡើង​ពី​ទឹក​មក នោះ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌អម្ចាស់ ទ្រង់​ឆក់​យក​ភីលីព​បាត់​ទៅ ហើយ​អ្នក​កំរៀវ​មិន​បាន​ឃើញ​គាត់​ទៀត​ទេ ក៏​ទៅ​តាម​ផ្លូវ​ទៅ​ដោយ​អរ​សប្បាយ
40 ឯ​ភីលីព គេ​បាន​ឃើញ​គាត់​នៅ​ក្រុង​អាសូត​វិញ គាត់​ក៏​ដើរ​ទៅ​ទាំង​ផ្សាយ​ដំណឹង​ល្អ​នៅ​គ្រប់​អស់​ទាំង​ទី​ក្រុង​រៀង​ទៅ រហូត​ទៅ​ដល់​ក្រុង​សេសារា។


ជំពូក 9

1 ឯ​សុល គាត់​នៅ​តែ​បញ្ចេញ​សេចក្ដី​គំរាម និង​ពាក្យ​កំហែង ព្រម​ទាំង​ការ​សម្លាប់ ដល់​ពួក​សិស្ស​នៃ​ព្រះ‌អម្ចាស់​នៅ​ឡើយ
2 ក៏​ទៅ​ឯ​សម្ដេច​សង្ឃ សូម​សំបុត្រ​កាន់​យក​ទៅ​ឯ​សាលា​ប្រជុំ​ទាំង​ប៉ុន្មាន នៅ​ក្រុង​ដាម៉ាស ប្រយោជន៍​ដើម្បី បើ​ឃើញ​មាន​អ្នក​ណា​ខ្លះ ដែល​ប្រតិ‌បត្តិ​តាម​ផ្លូវ​នោះ ទោះ​ប្រុស ឬ​ស្រី​ក្តី នោះ​នឹង​ចាប់​ចង​គេ នាំ​មក​ឯ​ក្រុង​យេរូ‌សាឡឹម
3 ប៉ុន្តែ កំពុង​ដែល​គាត់​ដើរ​តាម​ផ្លូវ ទៅ​ជិត​នឹង​ដល់​ក្រុង​ដាម៉ាស​ហើយ នោះ​ស្រាប់​តែ​មាន​ពន្លឺ​ពី​លើ​មេឃ ភ្លឺ​មក​នៅ​ជុំ‌វិញ​ខ្លួន
4 គាត់​ក៏​ដួល​ដល់​ដី រួច​ឮ​សំឡេង​មាន​ព្រះ‌បន្ទូល​មក​ថា សុល នែ​សុល ហេតុ​អ្វី​បាន​ជា​អ្នក​បៀត​បៀន​ដល់​ខ្ញុំ​ដូច្នេះ
5 គាត់​ទូល​ឆ្លើយ​ថា ឱ​ព្រះ‌អម្ចាស់​អើយ ព្រះ‌អង្គ​ណា​នុ៎ះ រួច​ព្រះ‌អម្ចាស់​ទ្រង់​តប​ថា ខ្ញុំ​នេះ​ជា​ព្រះ‌យេស៊ូវ ដែល​អ្នក​បៀត​បៀន អ្នក​ធាក់​ជល់​នឹង​ជន្លួញ​ដូច្នេះ នោះ​ពិបាក​ដល់​អ្នក​ណាស់
6 នោះ​គាត់​ក៏​ញាប់‌ញ័រ ទាំង​អស្ចារ្យ​ក្នុង​ចិត្ត ហើយ​ទូល​ថា ព្រះ‌អម្ចាស់​អើយ តើ​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​ទូល‌បង្គំ​ធ្វើ​ដូច​ម្តេច ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា ចូរ​ក្រោក​ឡើង​ចូល​ទៅ​ក្នុង​ទី​ក្រុង​ទៅ នោះ​គេ​នឹង​ប្រាប់​អ្នក​ឲ្យ​ដឹង​ពី​ការ​ដែល​អ្នក​ត្រូវ​ធ្វើ
7 ឯ​ពួក​អ្នក​ដែល​ដើរ​ជា​មួយ​នឹង​គាត់ គេ​ក៏​ឈរ​ស្រឡាំង​កាំង​នៅ ដោយ​បាន​ឮ​សំឡេង​មែន តែ​មិន​ឃើញ​អ្នក​ណា​សោះ
8 រួច​សុល​ក៏​ក្រោក​ពី​ដី​ឡើង តែ​កាល​គាត់​បើក​ភ្នែក​ហើយ នោះ​មើល​មិន​ឃើញ​អ្វី​ទេ គេ​ក៏​ដឹក​ដៃ​គាត់​នាំ​ទៅ​ឯ​ដាម៉ាស
9 ក្នុង​រវាង​៣​ថ្ងៃ​គាត់​មើល​មិន​ឃើញ​ឡើយ ក៏​មិន​បរិភោគ​អ្វី​ផង។
10 រីឯ​នៅ​ក្រុង​ដាម៉ាស នោះ​មាន​សិស្ស​ម្នាក់​ឈ្មោះ​អាន៉្នានាស ហើយ​ព្រះ‌អម្ចាស់​ទ្រង់​មាន​ព្រះ‌បន្ទូល​ហៅ​គាត់ ក្នុង​ការ​ជាក់​ស្តែង​ថា នែ អាន៉្នានាស​អើយ គាត់​ទូល​ឆ្លើយ​ថា ព្រះ‌ករុណា​វិសេស​ព្រះ‌អម្ចាស់
11 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា ចូរ​ក្រោក​ឡើង ទៅ​ឯ​ផ្លូវ​ដែល​ហៅ​ថា ផ្លូវ​ត្រង់ ហើយ​រក​មនុស្ស​ម្នាក់​ឈ្មោះ​សុល ជា​អ្នក​ស្រុក​តើ‌សុស នៅ​ក្នុង​ផ្ទះ​យូដាស ដ្បិត​មើល គាត់​កំពុង​តែ​អធិស្ឋាន
12 ហើយ​ក្នុង​ការ​ជាក់​ស្តែង គាត់​បាន​ឃើញ​ថា មាន​មនុស្ស​ម្នាក់​ឈ្មោះ​អាន៉្នានាស ចូល​មក​ដាក់​ដៃ​លើ​គាត់ ឲ្យ​បាន​ភ្លឺ​ភ្នែក​ឡើង
13 អាន៉្នានាស​ទូល​ឆ្លើយ​ថា ព្រះ‌អម្ចាស់​អើយ ទូល‌បង្គំ​បាន​ឮ​មនុស្ស​ជា​ច្រើន និយាយ​ពី​ការ​អាក្រក់​ទាំង​ប៉ុន្មាន ដែល​អ្នក​នោះ​បាន​ប្រព្រឹត្ត ដល់​ពួក​បរិសុទ្ធ​របស់​ទ្រង់ នៅ​ក្រុង​យេរូ‌សាឡឹម
14 ហើយ​នៅ​ទី​នេះ គាត់​ក៏​មាន​អំណាច​ពី​ពួក​សង្គ្រាជ អាច​នឹង​ទៅ​ចាប់​ចង​នូវ​អស់​អ្នក​ណា ដែល​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ទ្រង់​ដែរ
15 ប៉ុន្តែ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា ចូរ​ទៅ​ចុះ ពី​ព្រោះ​អ្នក​នោះ​ជា​ប្រដាប់​រើស​តាំង​ដល់​ខ្ញុំ សម្រាប់​នឹង​ប្រកាស​ឈ្មោះ​ខ្ញុំ ដល់​ពួក​សាសន៍​ដទៃ និង​ពួក​ស្តេច ហើយ​និង​ពួក​កូន​ចៅ​សាសន៍​អ៊ីស្រា‌អែល​ផង
16 ដ្បិត​ខ្ញុំ​នឹង​បង្ហាញ​ឲ្យ​គាត់​ដឹង​ជា​ត្រូវ​រង​ទុក្ខ​លំបាក​ទាំង​អម្បាល‌ម៉ាន ដោយ​ព្រោះ​ឈ្មោះ​ខ្ញុំ
17 ដូច្នេះ អាន៉្នានាស​ក៏​ទៅ ហើយ​ចូល​ក្នុង​ផ្ទះ​នោះ ដាក់​ដៃ​លើ​គាត់ និយាយ​ថា អ្នក​សុល​អើយ ព្រះ‌អម្ចាស់ គឺ​ព្រះ‌យេស៊ូវ ដែល​លេច​មក​ឲ្យ​អ្នក​ឃើញ​តាម​ផ្លូវ ទ្រង់​បាន​ចាត់​ខ្ញុំ​មក ដើម្បី​ឲ្យ​អ្នក​បាន​ភ្លឺ​ភ្នែក ហើយ​ឲ្យ​អ្នក​បាន​ពេញ​ជា​ព្រះ‌វិញ្ញាណ​បរិសុទ្ធ
18 ស្រាប់​តែ​មាន​ដូច​ជា​ស្រកា​ជ្រុះ​ចុះ​ពី​ភ្នែក​គាត់​មក ហើយ​គាត់​ក៏​បាន​ភ្លឺ​ជា​១​រំពេច រួច​ក្រោក​ឡើង​ទទួល​បុណ្យ​ជ្រមុជ‌ទឹក
19 ហើយ​ក្រោយ​ដែល​គាត់​បាន​បរិភោគ នោះ​ក៏​មាន​កម្លាំង​ឡើង​វិញ។
20 សុល​ក៏​នៅ​ក្រុង​ដាម៉ាស ជា​មួយ​នឹង​ពួក​សិស្ស​ជា​យូរ​ថ្ងៃ នោះ​ស្រាប់​តែ​គាត់​ប្រកាស​ប្រាប់​ពី​ព្រះ‌យេស៊ូវ នៅ​ក្នុង​សាលា​ប្រជុំ​ទាំង​ប៉ុន្មាន​ថា ទ្រង់​ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ
21 ឯ​អស់​អ្នក​ដែល​ឮ ក៏​មាន​សេចក្ដី​ងឿង‌ឆ្ងល់ ហើយ​គេ​និយាយ​ថា តើ​មិន​មែន​អ្នក​នេះ​ទេ​ឬ​អី ដែល​បំផ្លាញ​ពួក​អ្នក​អំពាវ‌នាវ​ដល់​ព្រះ‌នាម​នោះ នៅ​ក្រុង​យេរូ‌សាឡឹម ហើយ​គាត់​បាន​មក​ទី​នេះ ដើម្បី​នឹង​ចាប់​ចង​គេ បញ្ជូន​ទៅ​ឲ្យ​ពួក​សង្គ្រាជ​ដែរ
22 តែ​សុល គាត់​មាន​កម្លាំង​កាន់​តែ​ខ្លាំង​ឡើង ក៏​ផ្ទុញ‌ផ្ទាល់​ដល់​ពួក​សាសន៍​យូដា ដែល​នៅ​ក្រុង​ដាម៉ាស​វិញ ដោយ​សម្ដែង​បញ្ជាក់​ពី​ព្រះ‌អង្គ​នេះ​ថា ទ្រង់​ជា​ព្រះ‌គ្រីស្ទ​ពិត​មែន
23 លុះ​យូរ​ថ្ងៃ​ក្រោយ​មក ពួក​សាសន៍​យូដា គេ​ពិគ្រោះ​គ្នា​នឹង​សម្លាប់​គាត់​ចេញ
24 គេ​ក៏​ចាំ​ទ្វា​ក្រុង​ទាំង​យប់​ទាំង​ថ្ងៃ ដើម្បី​នឹង​សម្លាប់​គាត់ តែ​សុល​បាន​ដឹង​ពី​ឧបាយ‌កល​របស់​គេ​ដែរ
25 ហើយ​ក្នុង​វេលា​យប់ ពួក​សិស្ស​យក​កញ្ជើ​មក​ដាក់​គាត់​សម្រូត​ចុះ​តាម​កំផែង​ក្រុង​ទៅ។
26 កាល​សុល​បាន​មក​ដល់​ក្រុង​យេរូ‌សាឡឹម នោះ​គាត់​ខំ​ចូល​ទៅ​ឯ​ពួក​សិស្ស តែ​គេ​ខ្លាច​គាត់​ទាំង​អស់​គ្នា គេ​មិន​ជឿ​ថា គាត់​ជា​សិស្ស​ទេ
27 តែ​បាណា‌បាស​នាំ​គាត់​ទៅ​ឯ​ពួក​សាវក រ៉ាយ​រឿង​ប្រាប់​គេ ពី​ដំណើរ​ដែល​គាត់​បាន​ឃើញ​ព្រះ‌អម្ចាស់​តាម​ផ្លូវ ហើយ​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​នឹង​គាត់ ក៏​និយាយ​ពី​បែប​យ៉ាង​ណា ដែល​គាត់​មាន​ចិត្ត​ក្លាហាន​នឹង​អធិប្បាយ ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេស៊ូវ នៅ​ក្រុង​ដាម៉ាស​ផង
28 គាត់​ក៏​នៅ​ជា​មួយ​នឹង​គេ​ក្នុង​ក្រុង​យេរូ‌សាឡឹម ទាំង​ចេញ​ចូល ហើយ​បាន​អធិប្បាយ ដោយ​នូវ​ព្រះ‌នាម​នៃ​ព្រះ‌អម្ចាស់​យេស៊ូវ ដោយ​ក្លាហាន
29 គាត់​សម្ដែង ហើយ​ជជែក​ជា​មួយ​នឹង​ពួក​ហេលេន តែ​ពួក​នោះ​រក​រឿង​សម្លាប់​គាត់​វិញ
30 បាន​ជា​កាល​ពួក​បង​ប្អូន​បាន​ដឹង នោះ​គេ​ជូន​គាត់​ទៅ​ត្រឹម​សេសារា រួច​ឲ្យ​ទៅ​ឯ​តើ‌សុស
31 នៅ​គ្រា​នោះ ពួក​ជំនុំ​ទាំង​ប៉ុន្មាន​នៅ​គ្រប់​ក្នុង​ស្រុក​យូដា ស្រុក​កាលី‌ឡេ និង​ស្រុក​សាម៉ារី ក៏​មាន​សេចក្ដី​សុខ​សាន្ត ហើយ​មាន​ចិត្ត​ស្អាង​ឡើង ក៏​បាន​ចម្រើន​ជា​ច្រើន​ឡើង​ដែរ ដោយ​ជឿន​ទៅ​មុខ ក្នុង​សេចក្ដី​កោត‌ខ្លាច ដល់​ព្រះ‌អម្ចាស់ និង​ក្នុង​សេចក្ដី​កំសាន្ត​ចិត្ត​របស់​ព្រះ‌វិញ្ញាណ​បរិសុទ្ធ។
32 រីឯ​ពេត្រុស កំពុង​ដែល​គាត់​ដើរ​ចុះ​ឡើង​គ្រប់​កន្លែង នោះ​ក៏​ចុះ​ទៅ​ឯ​ពួក​បរិសុទ្ធ​នៅ​ភូមិ​លីដា​ដែរ
33 នៅ​ទី​នោះ គាត់​ឃើញ​មនុស្ស​ម្នាក់​ឈ្មោះ អេនាស មាន​ជំងឺ​ឈឺ​ស្លាប់​ដៃ​ជើង ដេក​នៅ​តែ​លើ​គ្រែ អស់​៨​ឆ្នាំ​មក​ហើយ
34 ក៏​និយាយ​ទៅ​គាត់​ថា អ្នក​អេនាស​អើយ ព្រះ‌យេស៊ូវ​ដ៏​ជា​ព្រះ‌គ្រីស្ទ ទ្រង់​ប្រោស​ឲ្យ​អ្នក​បាន​ជា​ហើយ ចូរ​ក្រោក​ឡើង​រៀប​គ្រែ​អ្នក​ទៅ ស្រាប់​តែ​គាត់​ក៏​ក្រោក​ឡើង​ភ្លាម
35 ឯ​មនុស្ស​ទាំង​ប៉ុន្មាន ដែល​នៅ​ភូមិ​លីដា និង​ស្រុក​សារ៉ូន ក៏​ឃើញ​គាត់ ហើយ​គេ​ប្រែ​ចិត្ត​ជឿ​ដល់​ព្រះ‌អម្ចាស់។
36 នៅ​ក្រុង​យ៉ុបប៉េ​ក៏​ដែរ មាន​សិស្ស​ស្រី​ម្នាក់​ឈ្មោះ តេប៊ីថា (ស្រាយ​ថា នាង​ក្តាន់) នាង​នោះ​បាន​ធ្វើ​គុណ ហើយ​ដាក់​ទាន​ជា​ច្រើន
37 នៅ​គ្រា​នោះ នាង​មាន​ជំងឺ​ឈឺ ហើយ​ស្លាប់​ទៅ កាល​គេ​បាន​ផ្ងូត​ទឹក​រូប​នាង​ហើយ នោះ​ក៏​យក​ទៅ​ដាក់​នៅ​ឯ​បន្ទប់​ខាង​លើ
38 រួច​ដោយ​ព្រោះ​ភូមិ​លីដា​នៅ​ជិត​យ៉ុបប៉េ ហើយ​ពួក​សិស្ស​បាន​ឮ​ថា ពេត្រុស​នៅ​ទី​នោះ បាន​ជា​គេ​ប្រើ​២​នាក់​ឲ្យ​ទៅ​រក​គាត់ ដើម្បី​នឹង​សូម​អង្វរ​ឲ្យ​មក​ឯ​គេ​ដោយ​ឥត​បង្អង់
39 ពេត្រុស​ក៏​ក្រោក​ឡើង​ទៅ​ជា​មួយ កាល​បាន​ដល់​ហើយ នោះ​គេ​នាំ​គាត់​ទៅ​ឯ​បន្ទប់​ខាង​លើ​នោះ ហើយ​ពួក​ស្រី​មេម៉ាយ​ក៏​ឈរ​ជិត​គាត់​ទាំង​យំ ព្រម​ទាំង​បង្ហាញ​អាវ និង​សម្លៀក‌បំពាក់​ទាំង​ប៉ុន្មាន ដែល​តេប៊ីថា​បាន​ធ្វើ​ឲ្យ ពី​កាល​នាង​នៅ​ជា​មួយ​នៅ​ឡើយ
40 តែ​ពេត្រុស​បណ្តេញ​គេ​ទៅ​ក្រៅ​ទាំង​អស់ ក៏​លុត​ជង្គង់​អធិស្ឋាន រួច​គាត់​បែរ​ខ្លួន​ទៅ​ឯ​រូប​បុគ្គល​នោះ និយាយ​ថា តេប៊ីថា​អើយ ចូរ​នាង​ក្រោក​ឡើង នាង​ក៏​បើក​ភ្នែក ឃើញ​ពេត្រុស រួច​ឡើង​អង្គុយ
41 គាត់​ក៏​ហុច​ដៃ​ទៅ​ឲ្យ​នាង​តោង​ឡើង រួច​គាត់​ហៅ​ពួក​បរិសុទ្ធ និង​ពួក​ស្រី​មេម៉ាយ​មក ប្រគល់​នាង​ទៅ​គេ​ទាំង​រស់
42 មនុស្ស​ទាំង‌ឡាយ​បាន​ដឹង​ដំណឹង​ពី​ការ​នោះ នៅ​ពេញ‌ពាស​ក្នុង​ក្រុង​យ៉ុបប៉េ ហើយ​មាន​មនុស្ស​ជា​ច្រើន បាន​ជឿ​ដល់​ព្រះ‌អម្ចាស់
43 រួច​គាត់​ក៏​អាស្រ័យ​នៅ​យ៉ុបប៉េ ក្នុង​ផ្ទះ​ជាង​សម្លាប់​ស្បែក ឈ្មោះ​ស៊ីម៉ូន ជា​យូរ​ថ្ងៃ។


ជំពូក 10

1 រីឯ​នៅ​ក្រុង​សេសារា មាន​មនុស្ស​ម្នាក់​ឈ្មោះ​កូនេ‌លាស ជា​មេ​លើ​កង‌ទ័ព ដែល​ហៅ​ថា កង‌ទ័ព​អ៊ីតាលី
2 ជា​អ្នក​គោរព ហើយ​កោត‌ខ្លាច​ដល់​ព្រះ ព្រម​ទាំង​ពួក​គ្រួសារ​របស់​លោក​ទាំង​អស់​ផង លោក​ក៏​ដាក់​ទាន​ជា​ច្រើន​ដល់​ពួក​ជន ហើយ​អំពាវ‌នាវ​ដល់​ព្រះ​ជានិច្ច
3 លោក​បាន​ឃើញ​ការ​ជាក់​ស្តែង​យ៉ាង​ច្បាស់ ប្រហែល​ជា​ម៉ោង​៣​រសៀល គឺ​បាន​ឃើញ​ទេវតា​នៃ​ព្រះ​មក​ឯ​លោក ពោល​ថា កូនេ‌លាស​អើយ
4 លោក​ក៏​សម្លឹង​មើល​ទៅ​ទេវតា​ទាំង​ភ័យ ហើយ​ឆ្លើយ​ថា ព្រះ‌អម្ចាស់​អើយ តើ​មាន​ការ​អ្វី ទេវតា​ប្រាប់​ថា សេចក្ដី​អធិស្ឋាន និង​ការ​ដាក់​ទាន​របស់​អ្នក បាន​ឡើង​ទៅ​ទុក​ជា​សេចក្ដី​រំឭក នៅ​ចំពោះ​ព្រះ​ហើយ
5 ដូច្នេះ ចូរ​អ្នក​ប្រើ​គេ​ឲ្យ​ទៅ​យ៉ុបប៉េ ហៅ​ស៊ីម៉ូន ដែល​មាន​ឈ្មោះ​ថា ពេត្រុស ឲ្យ​មក​ឥឡូវ
6 គាត់​ស្នាក់​នៅ​ផ្ទះ​របស់​ជាង​សម្លាប់​ស្បែក​ម្នាក់ ឈ្មោះ​ស៊ីម៉ូន នៅ​ក្បែរ​មាត់​សមុទ្រ អ្នក​នោះ​នឹង​ប្រាប់​ឲ្យ​អ្នក​ដឹង ពី​ការ​ដែល​អ្នក​ត្រូវ​ធ្វើ​ជា​យ៉ាង​ណា
7 កាល​ទេវតា ដែល​និយាយ​មក​លោក​បាន​ចេញ​ទៅ​បាត់​ហើយ នោះ​លោក​ហៅ​អ្នក​បម្រើ​២​នាក់ និង​ទាហាន​ម្នាក់ ដែល​កោត‌ខ្លាច​ដល់​ព្រះ ពី​ពួក​មនុស្ស​ដែល​តែង​តែ​បម្រើ​លោក​ឲ្យ​មក
8 រួច​ប្រាប់​រឿង‌រ៉ាវ​សព្វ​គ្រប់ ហើយ​ប្រើ​ឲ្យ​ទៅ​ឯ​យ៉ុបប៉េ។
9 ដល់​ស្អែក​ឡើង​កំពុង​ដែល​ពួក​អ្នក​ទាំង​នោះ​ដើរ​ទៅ​ជិត​ដល់​ទី​ក្រុង​ហើយ នោះ​ពេត្រុស​ក៏​ឡើង​ទៅ​លើ​ដំបូល​ផ្ទះ ដើម្បី​នឹង​អធិស្ឋាន ក្នុង​ពេល​ប្រហែល​ជា​ថ្ងៃ​ត្រង់​ហើយ
10 គាត់​នឹក​ឃ្លាន​ជា​ខ្លាំង ចង់​បរិភោគ តែ​កំពុង​ដែល​គេ​ចាត់‌ចែង​ឲ្យ នោះ​គាត់​លង់​ស្មារតី​ទៅ
11 គាត់​ឃើញ​មេឃ​ចំហ ហើយ​មាន​ប្រដាប់ ដូច​ជា​សំពត់​កម្រាល​យ៉ាង​ធំ បាន​ចុះ​មក ចង​ទាំង​៤​ជ្រុង សម្រូត​មក​ដល់​ដី
12 នៅ​ក្នុង​សំពត់​នោះ មាន​សត្វ​ជើង​៤ សត្វ​ព្រៃ សត្វ​លូន​វារ​គ្រប់​មុខ ដែល​នៅ​លើ​ដី និង​សត្វ​ហើរ​លើ​អាកាស​ដែរ
13 ក៏​ឮ​សំឡេង​មាន​ព្រះ‌បន្ទូល​មក​ថា ពេត្រុស​អើយ ចូរ​ក្រោក​ឡើង​សម្លាប់ ហើយ​បរិភោគ​ទៅ
14 តែ​ពេត្រុស​ប្រកែក​ថា ទេ ព្រះ‌អម្ចាស់ ដ្បិត​ទូល‌បង្គំ​មិន​ដែល​ទទួល​ទាន​អ្វី ដែល​មិន​ស្អាត​មិន​បរិសុទ្ធ​នោះ​សោះ
15 រួច​ឮ​សំឡេង​នោះ​មក​ម្តង​ទៀត​ថា របស់​អ្វី​ដែល​ព្រះ​បាន​សម្អាត​ហើយ នោះ​កុំ​ឲ្យ​អ្នក​រាប់​ថា​ជា​មិន​ស្អាត​ឡើយ
16 ការ​នោះ​មាន​មក​គ្រប់​៣​ដង រួច​បាន​លើក​ប្រដាប់​នោះ ឡើង​ទៅ​លើ​មេឃ​វិញ។
17 កំពុង​ដែល​ពេត្រុស​នៅ​ងោង​ក្នុង​ខ្លួន ពី​ន័យ​ការ​ជាក់​ស្តែង ដែល​បាន​ឃើញ​នោះ​នៅ​ឡើយ នោះ​មនុស្ស​៣​នាក់ ដែល​កូនេ‌លាស​ចាត់​ឲ្យ​មក បាន​សួរ​រក​ផ្ទះ​ស៊ីម៉ូន ក៏​ឈរ​នៅ​មាត់​ទ្វារ​ហើយ
18 គេ​កំពុង​តែ​ហៅ​សួរ បើ​មាន​ឈ្មោះ​ស៊ីម៉ូន ដែល​ហៅ​ថា ពេត្រុស នៅ​ផ្ទះ​នោះ​ឬ​ទេ
19 ដូច្នេះ កំពុង​ដែល​ពេត្រុស​គិត​រំពឹង​ពី​ការ​ជាក់​ស្តែង នោះ​ព្រះ‌វិញ្ញាណ​មាន​ព្រះ‌បន្ទូល​មក​គាត់​ថា មើល មាន​មនុស្ស​៣​នាក់​មក​រក​អ្នក
20 ចូរ​ក្រោក​ឡើង​ចុះ​ទៅ ហើយ​ទៅ​ជា​មួយ​នឹង​គេ​ចុះ កុំ​ប្រកាន់​ឡើយ ពី​ព្រោះ​គឺ​ខ្ញុំ​ហើយ ដែល​ចាត់​ឲ្យ​គេ​មក
21 ដូច្នេះ ពេត្រុស​ក៏​ចុះ​ទៅ​ទទួល​គេ ដោយ​ពាក្យ​ថា គឺ​ខ្ញុំ​នេះ​ហើយ ដែល​អ្នក​រាល់​គ្នា​រក តើ​មាន​ការ​អ្វី
22 គេ​ឆ្លើយ​ឡើង​ថា លោក​មេ​ទ័ព​កូនេ‌លាស ដែល​ជា​មនុស្ស​សុចរិត ហើយ​កោត‌ខ្លាច​ដល់​ព្រះ មាន​សាសន៍​យូដា​ទាំង​អស់​ធ្វើ​បន្ទាល់​ល្អ​ឲ្យ លោក​បាន​ទទួល​បង្គាប់​នៃ​ព្រះ ដោយ‌សារ​ទេវតា​បរិសុទ្ធ ឲ្យ​ចាត់​មក​អញ្ជើញ​លោក​គ្រូ​ទៅ​ឯ​ផ្ទះ​លោក ដើម្បី​នឹង​បាន​ស្តាប់​លោក​គ្រូ​អធិប្បាយ​ខ្លះ
23 ដូច្នេះ ពេត្រុស​ក៏​អញ្ជើញ​គេ​ចូល​មក​ស្នាក់​នៅ​សិន លុះ​ដល់​ស្អែក គាត់​ក្រោក​ឡើង ទៅ​ជា​មួយ​នឹង​គេ ហើយ​មាន​ពួក​បង​ប្អូន​ខ្លះ ដែល​នៅ​យ៉ុបប៉េ ក៏​ទៅ​ជា​មួយ​ដែរ
24 ដល់​ស្អែក​ឡើង គេ​ចូល​ទៅ​ក្នុង​សេសារា ឯ​កូនេ‌លាស​ក៏​ទន្ទឹង​មើល​ផ្លូវ​គេ បាន​ទាំង​ប្រមូល​ញាតិ​សន្តាន និង​សំឡាញ់​ស្និទ្ធ‌ស្នាល​របស់​លោក​មក​ផង។
25 កាល​ពេត្រុស​កំពុង​តែ​ចូល​ទៅ កូនេ‌លាស​ក៏​មក​រាក់​ទាក់​ទទួល ដោយ​ក្រាប​ថ្វាយ‌បង្គំ​នៅ​ទៀប​ជើង​គាត់
26 តែ​ពេត្រុស​លើក​លោក​ឡើង ដោយ​ពាក្យ​ថា សូម​ក្រោក​ឡើង ខ្លួន​ខ្ញុំ​ជា​មនុស្ស​ដូច​គ្នា​ដែរ
27 នោះ​ក៏​ចូល​ទៅ​ទាំង​ចរចា​គ្នា ហើយ​ឃើញ​មាន​មនុស្ស​ជា​ច្រើន​ប្រជុំ​ចាំ
28 រួច​គាត់​និយាយ​ទៅ​គេ​ថា អ្នក​រាល់​គ្នា​ដឹង​ថា មនុស្ស​សាសន៍​យូដា​គ្មាន​ច្បាប់​នឹង​សេព​គប់​នឹង​សាសន៍​ដទៃ ឬ​នឹង​ចូល​ទៅ​ជិត​គេ​ឡើយ តែ​ព្រះ‌ទ្រង់​បាន​សម្ដែង​ឲ្យ​ខ្ញុំ​ដឹង​ថា មិន​ត្រូវ​រាប់​អ្នក​ណា​ថា​មិន​ស្អាត ឬ​មិន​បរិសុទ្ធ​ឡើយ
29 ហេតុ​នោះ​បាន​ជា​កាល​លោក​ចាត់​គេ​ឲ្យ​ទៅ​ហៅ​ខ្ញុំ នោះ​ខ្ញុំ​បាន​មក​ដោយ​ឥត​ប្រកែក​សោះ ដូច្នេះ ខ្ញុំ​សូម​សួរ​លោក តើ​លោក​ឲ្យ​ខ្ញុំ​មក​មាន​ការ​អ្វី
30 កូនេ‌លាស​ឆ្លើយ​ថា កន្លង​មក​៤​ថ្ងៃ​ហើយ ពេល​ថ្មើរ​ណេះ កាល​ខ្ញុំ​កំពុង​តែ​តម ហើយ​អធិស្ឋាន​នៅ​ផ្ទះ​ខ្ញុំ ក្នុង​ពេល​ម៉ោង​៣​រសៀល នោះ​ឃើញ​មាន​ម្នាក់​ពាក់​អាវ​ដ៏​ភ្លឺ ឈរ​នៅ​មុខ​ខ្ញុំ
31 ប្រាប់​ថា កូនេ‌លាស​អើយ ព្រះ​បាន​ទទួល​សេចក្ដី​អធិស្ឋាន​របស់​អ្នក​ហើយ ក៏​នឹក​ចាំ​ពី​ទាន​របស់​អ្នក​ដែរ
32 ដូច្នេះ ចូរ​ប្រើ​គេ​ឲ្យ​ទៅ​ឯ​យ៉ុបប៉េ អញ្ជើញ​ស៊ីម៉ូន ដែល​ហៅ​ថា ពេត្រុស​មក លោក​នោះ​នៅ​ក្នុង​ផ្ទះ​របស់​ជាង​សម្លាប់​ស្បែក ឈ្មោះ​ស៊ីម៉ូន នៅ​ក្បែរ​មាត់​សមុទ្រ កាល​ណា​លោក​បាន​មក​ដល់ នោះ​នឹង​អធិប្បាយ​ឲ្យ​អ្នក​ស្តាប់
33 ដូច្នេះ ខ្ញុំ​បាន​ចាត់​គេ​ឲ្យ​ទៅ​ឯ​លោក​ភ្លាម ដែល​លោក​អញ្ជើញ​មក​នេះ​ក៏​ល្អ​ហើយ ឥឡូវ​នេះ យើង​ទាំង​អស់​នៅ​ចំពោះ​ព្រះ ដើម្បី​នឹង​ស្តាប់​គ្រប់​ទាំង​សេចក្ដី ដែល​ព្រះ​បាន​បង្គាប់​មក​លោក។
34 ពេត្រុស​ក៏​បើក​មាត់​និយាយ​ថា ប្រាកដ​មែន ខ្ញុំ​យល់​ឃើញ​ថា ព្រះ​មិន​រើស​មុខ​អ្នក​ណា​ទេ
35 គឺ​នៅ​ក្នុង​គ្រប់​ទាំង​សាសន៍ អស់​អ្នក​ណា​ដែល​កោត‌ខ្លាច​ដល់​ទ្រង់ ព្រម​ទាំង​ប្រព្រឹត្ត​សេចក្ដី​សុចរិត នោះ​គាប់​ដល់​ព្រះ‌ហឫទ័យ​ទ្រង់​ដែរ
36 ឯ​ព្រះ‌បន្ទូល ដែល​ទ្រង់​បាន​ផ្សាយ​មក​ដល់​ពួក​សាសន៍​អ៊ីស្រា‌អែល ដោយ​ប្រកាស​ប្រាប់​ដំណឹង​ល្អ ជា​សេចក្ដី​មេត្រី ដែល​មក​ដោយ‌សារ​ព្រះ‌យេស៊ូវ​គ្រីស្ទ ដ៏​ជា​ព្រះ‌អម្ចាស់​លើ​ទាំង​អស់
37 នោះ​អ្នក​រាល់​គ្នា​ដឹង​ស្រាប់​ហើយ គឺ​ជា​រឿង​ដែល​បាន​ថ្លែង​ប្រាប់ ចាប់​តាំង​ពី​ស្រុក​កាលី‌ឡេ ក្នុង​គ្រា​ក្រោយ​ដែល​លោក​យ៉ូហាន​បាន​ប្រកាស​ប្រាប់​ពី​បុណ្យ​ជ្រមុជ‌ទឹក ក៏​ផ្សាយ​មក​គ្រប់​ក្នុង​ស្រុក​យូដា​ផង
38 គឺ​ពី​ព្រះ‌យេស៊ូវ ពី​ស្រុក​ណា‌សារ៉ែត ដែល​ព្រះ​បាន​ចាក់​ព្រះ‌វិញ្ញាណ​បរិសុទ្ធ និង​ព្រះ‌ចេស្តា​ឲ្យ​មក​សណ្ឋិត​លើ​ទ្រង់ ហើយ​ទ្រង់​បាន​យាង​ចុះ​ឡើង​ធ្វើ​ការ​ល្អ ព្រម​ទាំង​ប្រោស​ឲ្យ​អស់​អ្នក ដែល​ត្រូវ​អារក្ស​សង្កត់‌សង្កិន​បាន​ជា​ផង ដ្បិត​ព្រះ​បាន​គង់​ជា​មួយ​នឹង​ទ្រង់
39 ឯ​យើង​រាល់​គ្នា ជា​ទី​បន្ទាល់​ពី​អស់​ទាំង​ការ​ដែល​ទ្រង់​ធ្វើ នៅ​ក្នុង​ស្រុក​របស់​ពួក​សាសន៍​យូដា ហើយ​នៅ​ក្រុង​យេរូ‌សាឡឹម
40 គេ​បាន​ធ្វើ​គុត​ទ្រង់ ដោយ​ព្យួរ​នៅ​លើ​ឈើ តែ​ព្រះ​បាន​ប្រោស​ឲ្យ​ទ្រង់​រស់​ឡើង​វិញ​នៅ​ថ្ងៃ​ទី​៣ ព្រម​ទាំង​អនុញ្ញាត​ឲ្យ​ទ្រង់​សម្ដែង​មក​ឲ្យ​ឃើញ​ផង
41 មិន​មែន​ឲ្យ​ប្រជា‌ជន​ទាំង​អស់​ឃើញ​ទេ គឺ​ឲ្យ​ពួក​ស្មរ​បន្ទាល់​ដែល​ព្រះ​បាន​រើស​អំពី​មុន​មក​វិញ គឺ​ជា​ពួក​យើង​រាល់​គ្នា ដែល​បាន​ទទួល​ទាន​ជា​មួយ​នឹង​ទ្រង់ ក្នុង​ពេល​ក្រោយ ដែល​ទ្រង់​មាន​ព្រះ‌ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ
42 ទ្រង់​ក៏​ផ្តាំ​មក​យើង​រាល់​គ្នា ឲ្យ​ប្រកាស​ប្រាប់​ដល់​បណ្តា‌ជន​ទាំង‌ឡាយ ហើយ​ឲ្យ​ធ្វើ​បន្ទាល់​សព្វ​គ្រប់​ថា គឺ​ព្រះ‌អង្គ​នេះ​ហើយ ដែល​ព្រះ​បាន​តាំង​ឡើង ឲ្យ​ជំនុំ‌ជម្រះ​ដល់​ទាំង​មនុស្ស​រស់ និង​មនុស្ស​ស្លាប់​ផង
43 ពួក​ហោរា​សុទ្ធ​តែ​ធ្វើ​បន្ទាល់​ពី​ទ្រង់​ថា អស់​អ្នក​ណា​ដែល​ជឿ​ដល់​ទ្រង់ នោះ​បាន​រួច​ពី​បាប ដោយ‌សារ​ព្រះ‌នាម​ទ្រង់។
44 កាល​ពេត្រុស​កំពុង​តែ​អធិប្បាយ​នៅ​ឡើយ នោះ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ក៏​យាង​ចុះ​មក សណ្ឋិត​លើ​អស់​អ្នក​ដែល​កំពុង​តែ​ស្តាប់​ព្រះ‌បន្ទូល
45 ឯ​ពួក​អ្នក​ជឿ ក្នុង​ពួក​កាត់​ស្បែក​ទាំង​ប៉ុន្មាន ដែល​មក​ជា​មួយ​នឹង​ពេត្រុស គេ​ក៏​មាន​សេចក្ដី​អស្ចារ្យ​ជា​ខ្លាំង ពី​ដំណើរ​ដែល​អំណោយ​ទាន ជា​ព្រះ‌វិញ្ញាណ​បរិសុទ្ធ បាន​ចាក់​មក​លើ​ពួក​សាសន៍​ដទៃ​ដូច្នេះ​ដែរ
46 ដ្បិត​គេ​ឮ​អ្នក​ទាំង​នោះ​និយាយ​ភាសា​ដទៃ ហើយ​សរសើរ‌តម្កើង​ដល់​ព្រះ
47 នោះ​ពេត្រុស​សួរ​ថា តើ​មាន​អ្នក​ណា​អាច​នឹង​ឃាត់ មិន​ឲ្យ​ធ្វើ​បុណ្យ​ជ្រមុជ‌ទឹក​ដល់​អ្នក​ទាំង​នេះ​បាន​ឬ​ទេ ដែល​ពួក​គេ​បាន​ទទួល​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ដូច​ជា​យើង​ដែរ
48 គាត់​ក៏​បង្គាប់​ឲ្យ​ធ្វើ​បុណ្យ​ជ្រមុជ​ឲ្យ​គេ​ដោយ​នូវ​ព្រះ‌នាម​ព្រះ‌អម្ចាស់ រួច​គេ​សូម​អង្វរ​គាត់ ឲ្យ​នៅ​ជា​មួយ​ពីរ​បី​ថ្ងៃ​ទៀត។


ជំពូក 11

1 ឯ​ពួក​សាវក និង​ពួក​បង​ប្អូន ដែល​នៅ​ស្រុក​យូដា គេ​ក៏​ឮ​ថា សាសន៍​ដទៃ​បាន​ទទួល​ព្រះ‌បន្ទូល​ដែរ
2 រួច​កាល​ពេត្រុស​ឡើង​ទៅ​ឯ​ក្រុង​យេរូ‌សាឡឹម នោះ​អស់​អ្នក​ខាង​ពួក​កាត់​ស្បែក​គេ​មាន​សេចក្ដី​ប្រកាន់​ចំពោះ​គាត់​ថា
3 លោក​បាន​ចូល​ទៅ​ឯ​ពួក​មនុស្ស​ដែល​មិន​កាត់​ស្បែក ក៏​បាន​ពិសា​ជា​មួយ​នឹង​គេ​ផង
4 តែ​ពេត្រុស​ចាប់​ផ្តើម​រ៉ាយ​រឿង​ប្រាប់​គេ ដោយ​លំដាប់​ថា
5 កំពុង​ដែល​ខ្ញុំ​អធិស្ឋាន​នៅ​ក្រុង​យ៉ុបប៉េ នោះ​ខ្ញុំ​លង់​ស្មារតី​ទៅ ឃើញ​ការ​ជាក់​ស្តែង ជា​ប្រដាប់​ដូច​ជា​សំពត់​កម្រាល​យ៉ាង​ធំ ចង​ទាំង​៤​ជ្រុង សម្រូត​ចុះ​ពី​លើ​មេឃ​មក​ត្រឹម​ខ្ញុំ
6 កាល​ខ្ញុំ​សម្លឹង​គិត​ពិចារណា​មើល នោះ​ក៏​ឃើញ​មាន​សត្វ​ជើង​៤ សត្វ​ព្រៃ និង​សត្វ​លូន​វារ​ដែល​នៅ​លើ​ដី ព្រម​ទាំង​សត្វ​ស្លាប​នៅ​លើ​អាកាស​ផង
7 រួច​ខ្ញុំ​ឮ​សំឡេង​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា ពេត្រុស​អើយ ចូរ​ក្រោក​ឡើង​សម្លាប់ ហើយ​បរិភោគ​ទៅ
8 តែ​ខ្ញុំ​ប្រកែក​ថា ទេ ព្រះ‌អម្ចាស់ ព្រោះ​មិន​ដែល​មាន​អ្វី​ដែល​មិន​ស្អាត មិន​បរិសុទ្ធ ចូល​មក​ក្នុង​មាត់​ទូល‌បង្គំ​ឡើយ
9 ក៏​មាន​ឮ​សំឡេង​ពី​លើ​មេឃ​នោះ​ម្តង​ទៀត​ថា របស់​អ្វី​ដែល​ព្រះ​បាន​សម្អាត​ហើយ នោះ​កុំ​ឲ្យ​អ្នក​ថា​ជា​មិន​ស្អាត​ឡើយ
10 ការ​នោះ​មាន​មក​គ្រប់​៣​ដង រួច​បាន​លើក​ទាំង​អស់​ទៅ​លើ​មេឃ​វិញ
11 ទី​បំផុត​នោះ ស្រាប់​តែ​មាន​មនុស្ស​៣​នាក់​ដែល​លោក​នោះ​ចាត់​ពី​សេសារា​មក​រក​ខ្ញុំ គេ​ឈរ​នៅ​មុខ​ផ្ទះ​តែ​ម្តង
12 ហើយ​ព្រះ‌វិញ្ញាណ ទ្រង់​មាន​ព្រះ‌បន្ទូល​ប្រាប់​ឲ្យ​ខ្ញុំ​ទៅ​ជា​មួយ​នឹង​គេ ឥត​ប្រកាន់​ឡើយ ក៏​មាន​បង​ប្អូន​ទាំង​៦​នាក់​នេះ បាន​ទៅ​ជា​មួយ​នឹង​ខ្ញុំ​ដែរ យើង​រាល់​គ្នា​បាន​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​លោក
13 ហើយ​លោក​រ៉ាយ​រឿង​ប្រាប់​យើង ពី​ដំណើរ​ដែល​ឃើញ​ទេវតា​ឈរ​ក្នុង​ផ្ទះ ប្រាប់​លោក​ថា ចូរ​ចាត់​គេ​ឲ្យ​ទៅ​ឯ​យ៉ុបប៉េ ហៅ​ស៊ីម៉ូន ដែល​ហៅ​ថា​ពេត្រុស ឲ្យ​មក
14 គាត់​នឹង​អធិប្បាយ ឲ្យ​លោក​ស្តាប់​សេចក្ដី ដែល​នឹង​ជួយ​សង្គ្រោះ​ដល់​លោក ព្រម​ទាំង​ពួក​គ្រួ​លោក​ទាំង​អស់​ផង
15 កាល​ខ្ញុំ​ចាប់​តាំង​និយាយ​ទៅ​នោះ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ក៏​យាង​ចុះ​មក​សណ្ឋិត​លើ​គេ ដូច​ជា​បាន​សណ្ឋិត​លើ​យើង​រាល់​គ្នា​កាល​ពី​ដើម​ដែរ
16 នោះ​ខ្ញុំ​បាន​នឹក​ឃើញ​ពី​សេចក្ដី ដែល​ព្រះ‌អម្ចាស់​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា «លោក​យ៉ូហាន​បាន​ធ្វើ​បុណ្យ​ជ្រមុជ​ដោយ​ទឹក តែ​អ្នក​រាល់​គ្នា​នឹង​ទទួល​បុណ្យ​ជ្រមុជ ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​វិញ»
17 ដូច្នេះ បើ​សិន​ជា​ព្រះ​បាន​ប្រទាន​អំណោយ​ទាន​ទៅ​គេ ដូច​ជា​បាន​ប្រទាន​មក​យើង​ដែរ ដោយ​ជឿ​ដល់​ព្រះ‌អម្ចាស់​យេស៊ូវ‌គ្រីស្ទ ចុះ​តើ​ខ្ញុំ​ជា​អ្វី​ដែល​អាច​នឹង​ឃាត់​ព្រះ​បាន
18 កាល​បាន​ឮ​សេចក្ដី​នោះ​ហើយ នោះ​គេ​បាត់​មាត់ ក៏​ត្រឡប់​ជា​សរសើរ​ដល់​ព្រះ​វិញ​ថា ដូច្នេះ ព្រះ‌ទ្រង់​ក៏​ប្រោស​ប្រទាន​ការ​ប្រែ​ចិត្ត​ដល់​ពួក​សាសន៍​ដទៃ ឲ្យ​គេ​មាន​ជីវិត​ដែរ​ហ្ន៎។
19 រីឯ​ពួក​អ្នក​ដែល​ត្រូវ​ខ្ចាត់​ខ្ចាយ ដោយ​ព្រោះ​សេចក្ដី​បៀត​បៀន ដែល​កើត​មក​ពី​ដំណើរ​ស្ទេផាន នោះ​ក៏​ដើរ​រៀង​រហូត​ទៅ​ដល់​ស្រុក​ភេនីស ស្រុក​គីប្រុស និង​ក្រុង​អាន់‌ទី‌យ៉ូក តែ​បាន​ផ្សាយ​ព្រះ‌បន្ទូល​ដល់​ចំពោះ​តែ​ពួក​សាសន៍​យូដា​ប៉ុណ្ណោះ​ទេ
20 ប៉ុន្តែ ក្នុង​ពួក​អ្នក​នោះ មាន​អ្នក​ខ្លះ​ពី​កោះ​គីប្រុស និង​ស្រុក​គីរេន គេ​បាន​ទៅ​ដល់​ក្រុង​អាន់‌ទី‌យ៉ូក ក៏​ផ្សាយ​ដំណឹង​ល្អ​ពី​ព្រះ‌អម្ចាស់​យេស៊ូវ ដល់​ពួក​សាសន៍​ក្រេក​ដែរ
21 ព្រះ‌ហស្ត​ព្រះ‌អម្ចាស់​ក៏​នៅ​ជា​មួយ​នឹង​គេ ហើយ​មាន​មនុស្ស​ជា​ច្រើន​បែរ​មក​ឯ​ព្រះ‌អម្ចាស់​វិញ ដោយ​មាន​សេចក្ដី​ជំនឿ
22 រឿង​នោះ​បាន​ឮ​ដល់​ត្រចៀក​ពួក​ជំនុំ​នៅ​ក្រុង​យេរូ‌សាឡឹម រួច​គេ​ចាត់​បា‌ណា‌បាស ឲ្យ​ទៅ​ត្រឹម​អាន់‌ទី‌យ៉ូក
23 កាល​គាត់​ទៅ​ដល់ ហើយ​បាន​ឃើញ​ព្រះ‌គុណ​នៃ​ព្រះ នោះ​គាត់​មាន​សេចក្ដី​អំណរ ក៏​ទូន្មាន​គេ​គ្រប់​គ្នា ឲ្យ​សម្រេច​ចិត្ត​នឹង​នៅ​ជាប់​ក្នុង​ព្រះ‌អម្ចាស់
24 ដ្បិត​គាត់​ជា​មនុស្ស​ល្អ ពេញ​ជា​ព្រះ‌វិញ្ញាណ​បរិសុទ្ធ និង​សេចក្ដី​ជំនឿ ហើយ​មាន​មនុស្ស​សន្ធឹក​ណាស់ បាន​ចម្រើន​ដល់​ព្រះ‌អម្ចាស់
25 នោះ​បា‌ណា‌បាស​ក៏​ទៅ​ឯ​ក្រុង​តើ‌សុស ដើម្បី​នឹង​រក​សុល
26 កាល​បាន​ឃើញ​ហើយ នោះ​ក៏​នាំ​គាត់​មក​ឯ​អាន់‌ទី‌យ៉ូក​វិញ រួច​អ្នក​ទាំង​២​នោះ បាន​ប្រជុំ​គ្នា​នឹង​ពួក​ជំនុំ ព្រម​ទាំង​បង្រៀន​ដល់​មនុស្ស​សន្ធឹក​ណាស់ ក្នុង​រវាង​១​ឆ្នាំ គឺ​នៅ​អាន់‌ទី‌យ៉ូក​នេះ​ឯង ដែល​គេ​ហៅ​ពួក​សិស្ស​ថា «ពួក​គ្រីស្ទាន» ជា​មុន​ដំបូង។
27 នៅ​គ្រា​នោះ មាន​ហោរា​ខ្លះ​ចុះ​ពី​ក្រុង​យេរូ‌សាឡឹម មក​ដល់​អាន់‌ទី‌យ៉ូក
28 ក្នុង​ពួក​ហោរា​នោះ មាន​ម្នាក់​ឈ្មោះ​អ័ក្កា‌បុស គាត់​ក្រោក​ឡើង​ទាយ ដោយ​ព្រះ‌វិញ្ញាណ​ថា នឹង​មាន​អំណត់​អត់​ជា​ខ្លាំង នៅ​គ្រប់​លើ​ផែនដី នោះ​ក៏​កើត​មក​ក្នុង​ប្រវត្តិ​នៃ​មហា​រាជ​ក្លូឌាស​មែន
29 ដូច្នេះ ពួក​សិស្ស​ក៏​គិត​សម្រេច នឹង​ផ្ញើ​ទៅ​ជួយ​ដល់​ពួក​បង​ប្អូន​ដែល​នៅ​ស្រុក​យូដា តាម​កម្លាំង​រៀង​ខ្លួន
30 ហើយ​ក៏​បាន​ធ្វើ​ការ​នោះ​មែន ព្រម​ទាំង​ផ្ញើ​ទៅ​ដល់​ពួក​ចាស់‌ទុំ ដោយ‌សារ​បា‌ណា‌បាស និង​សុល។


ជំពូក 12

1 នៅ​គ្រា​នោះ ស្តេច​ហេរ៉ូឌ ទ្រង់​លូក​ព្រះ‌ហស្ត​ទៅ ចាប់​ធ្វើ​ទុក្ខ​ដល់​ពួក​ជំនុំ​ខ្លះ
2 ក៏​សម្លាប់​យ៉ាកុប ជា​បង​យ៉ូហាន ដោយ​ដាវ​ផង
3 លុះ​ទ្រង់​យល់​ឃើញ​ថា ការ​នោះ​ជា​ទី​គាប់​ចិត្ត​ដល់​ពួក​សាសន៍​យូដា នោះ​ក៏​ចាប់​ពេត្រុស​ថែម​ទៀត (រីឯ​វេលា​នោះ​ជា​បុណ្យ​នំបុ័ង​ឥត​ដំបែរ)
4 កាល​ចាប់​បាន​ហើយ នោះ​ក៏​ដាក់​គុក ព្រម​ទាំង​ប្រគល់​ដល់​ទាហាន​៤​សង្កាត់​ឲ្យ​ឃុំ​រក្សា​ទុក​ដោយ​ប្រាថ្នា​នឹង​នាំ​គាត់​មក​នៅ​មុខ​បណ្តា‌ជន ក្រោយ​ថ្ងៃ​បុណ្យ​រំលង
5 ដូច្នេះ គេ​ក៏​ឃុំ​ពេត្រុស​ទុក​នៅ​ក្នុង​គុក តែ​ចំណែក​ខាង​ពួក​ជំនុំ គេ​ខំ​ប្រឹង​អធិស្ឋាន​ដល់​ព្រះ​ឲ្យ​គាត់​អស់​ពី​ចិត្ត។
6 រីឯ​ក្នុង​កាល​ដែល​ស្តេច​ហេរ៉ូឌ​គិត​នាំ​ពេត្រុស​មក នៅ​វេលា​យប់​នោះ​ឯង គាត់​ដេក​នៅ​ជា​កណ្តាល​ទាហាន​២​នាក់ មាន​ទាំង​ច្រវាក់​២​ខ្សែ​ជាប់​នៅ​ខ្លួន ហើយ​មាន​ពួក​ទាហាន​ចាំ​យាម​នៅ​មាត់​ទ្វារ​រក្សា​គុក​ដែរ
7 នោះ​មើល មាន​ទេវតា​នៃ​ព្រះ‌អម្ចាស់​ឈរ​ខាង​គាត់ ក៏​មាន​ពន្លឺ​ផ្សាយ​មក​ក្នុង​គុក ទេវតា​នោះ​ក៏​គោះ​ពី​ខាង​ចំហៀង ដាស់​គាត់​ឡើង​ថា ចូរ​ក្រោក​ឡើង​ជា​ប្រញាប់ នោះ​ច្រវាក់​ក៏​ជ្រុះ​ពី​ដៃ​គាត់​ចេញ
8 រួច​ទេវតា​ប្រាប់​ថា ចូរ​ក្រវាត់​ខ្លួន ហើយ​ពាក់​ស្បែក​ជើង​ទៅ គាត់​ក៏​ធ្វើ​ដូច្នោះ ហើយ​ទេវតា​ប្រាប់​ទៀត​ថា ចូរ​ពាក់​អាវ​មក​តាម​ខ្ញុំ​ចុះ
9 នោះ​គាត់​ចេញ​ទៅ​តាម​ទេវតា ឥត​មាន​ដឹង​ជា​ការ​ដែល​កើត​មក ដោយ‌សារ​ទេវតា​នោះ ជា​ពិត​ឬ​មិន​ពិត​ទេ គឺ​គាត់​ស្មាន​ថា​បាន​ឃើញ​ការ​ជាក់​ស្តែង​វិញ
10 កាល​បាន​ដើរ​ផុត​ពី​អ្នក​យាម​ទី​១ រួច​ទី​២ នោះ​ក៏​មក​ដល់​ទ្វារ​ដែក ដែល​នាំ​ចេញ​ទៅ​ខាង​ក្រៅ ទ្វារ​នោះ​ក៏​របើក​ឯង កាល​បាន​ចេញ​ទៅ​ផុត​ផ្លូវ​១​ហើយ នោះ​ស្រាប់​តែ​ទេវតា​ឃ្លាត​ចេញ​ពី​គាត់​បាត់​ទៅ
11 លុះ​ពេត្រុស​ដឹង​ខ្លួន​ឡើង ក៏​នឹក​ឃើញ​ថា ឥឡូវ​នេះ អញ​ដឹង​ប្រាកដ​ថា ព្រះ‌អម្ចាស់​បាន​ចាត់​ទេវតា​នៃ​ទ្រង់ ឲ្យ​មក​ដោះ​អញ​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​ស្តេច​ហេរ៉ូឌ ហើយ​ពី​គ្រប់​ទាំង​បំណង ដែល​សាសន៍​យូដា​បាន​រង់‌ចាំ​ដែរ
12 លុះ​គាត់​ពិចារណា​ហើយ នោះ​ក៏​ទៅ​ឯ​ផ្ទះ​ម៉ារា ជា​ម្តាយ​យ៉ូហាន-ម៉ាកុស ជា​កន្លែង​ដែល​មនុស្ស​ជា​ច្រើន​បាន​ប្រជុំ​គ្នា​អធិស្ឋាន
13 គាត់​ក៏​គោះ​ទ្វារ​មុខ នោះ​មាន​ស្រី​បម្រើ​ម្នាក់ ឈ្មោះ​រ៉ូដា មក​ផ្ទៀង​ស្តាប់
14 លុះ​ស្គាល់​សំឡេង​ពេត្រុស​ហើយ នោះ​នាង​មាន​សេចក្ដី​អំណរ​ដ៏​ពន្លឹក ដល់​ម៉្លេះ​បាន​ជា​ភ្លេច​ទាំង​បើក​ទ្វារ រត់​ចូល​ទៅ​ប្រាប់​គេ​វិញ​ថា លោក​ពេត្រុស​ឈរ​នៅ​មាត់​ទ្វារ
15 តែ​គេ​ស្តី​ថា ឯង​វង្វេង​ហើយ តែ​នាង​នៅ​តែ​ថា ប្រាកដ​មែនៗ រួច​គេ​ថា​ជា​ទេវតា​របស់​គាត់​ទេ
16 ឯ​ពេត្រុស គាត់​ចេះ​តែ​គោះ​ទ្វារ​ថែម កាល​គេ​បាន​បើក​ទ្វារ​ឃើញ នោះ​គេ​មាន​សេចក្ដី​ស្រឡាំង​កាំង
17 តែ​គាត់​ធ្វើ​គ្រឿង​សម្គាល់​នឹង​ដៃ ឲ្យ​គេ​ស្ងៀម​ទៅ រួច​ក៏​រ៉ាយ​រឿង​ប្រាប់​គេ ពី​ដំណើរ​ដែល​ព្រះ‌អម្ចាស់​បាន​នាំ​គាត់​ចេញ​ពី​គុក​ជា​យ៉ាង​ណា ហើយ​គាត់​ផ្តាំ​គេ​ថា សូម​ប្រាប់​រឿង​នេះ​ដល់​យ៉ាកុប និង​ពួក​បង​ប្អូន​ឲ្យ​ដឹង​ផង នោះ​គាត់​ចេញ​ទៅ​ឯ​កន្លែង​១​ទៀត​ទៅ។
18 លុះ​ភ្លឺ​ឡើង ក៏​កើត​មាន​វឹកវរ​ជា​ធំ នៅ​ក្នុង​ពួក​កង​ទាហាន ពី​ដំណើរ​ពេត្រុស ដែល​ទៅ​ឯ​ណា​បាត់
19 កាល​ស្តេច​ហេរ៉ូឌ​បាន​រក​គាត់​មិន​ឃើញ នោះ​ក៏​ពិចារណា​សួរ​ពួក​អ្នក​យាម​ល្បាត ហើយ​បង្គាប់​ឲ្យ​នាំ​គេ​ទៅ​សម្លាប់​បង់ រួច​ស្តេច​ក៏​យាង​ចុះ​ពី​ស្រុក​យូដា ទៅ​ឯ​សេសារា គង់​នៅ​ទី​នោះ។
20 រីឯ​ស្តេច​ហេរ៉ូឌ ទ្រង់​មាន​ព្រះ‌ហឫទ័យ​ចង​គំនុំ​នឹង​ពួក​អ្នក​នៅ​ស្រុក​ទីរ៉ុស និង​ស៊ីដូន​ជា​ខ្លាំង តែ​គេ​ស្រុះ​ចិត្ត​គ្នា​នឹង​មក​គាល់​ស្តេច លុះ​បាន​បញ្ចុះ​បញ្ចូល​ប្លាសតុស ជា​មន្ត្រី​សេវកាមាត្យ​របស់​ស្តេច​ហើយ នោះ​ក៏​សូម​ចង​ជា​ស្ពាន​មេត្រី​វិញ ពី​ព្រោះ​គេ​តែង​តែ​បាន​ស្បៀង​អាហារ ពី​ស្រុក​ស្តេច​មក
21 លុះ​ដល់​ថ្ងៃ​កំណត់ ស្តេច​ហេរ៉ូឌ​ទ្រង់​ព្រះ‌ពស្ត្រា‌រាជ្យ កំពុង​តែ​គង់​នៅ​លើ​បល្ល័ង្ក អធិប្បាយ​ឲ្យ​គេ​ស្តាប់
22 ហើយ​រាស្ត្រ​គ្រប់​គ្នា​ចេះ​តែ​បន្លឺ​វាចា​ថា នេះ​ជា​សំឡេង​ព្រះ​ទេ​វ៉ឺយ មិន​មែន​ជា​សំឡេង​មនុស្ស​ទេ
23 នោះ​ស្រាប់​តែ​ទេវតា​នៃ​ព្រះ‌អម្ចាស់​ប្រហារ​ស្តេច ឲ្យ​សុគត​ទៅ​ដោយ​ដង្កូវ​ចុះ ពី​ព្រោះ​ស្តេច​មិន​បាន​ផ្ទេរ​សេចក្ដី​សរសើរ​នោះ ថ្វាយ​ដល់​ព្រះ​វិញ។
24 ឯ​ព្រះ‌បន្ទូល ក៏​ដុះ​ដាល​ចម្រើន​កាន់​តែ​ច្រើន​ឡើង
25 កាល​បា‌ណា‌បាស និង​សុល បាន​ធ្វើ​ការ‌ងារ​របស់​ខ្លួន​រួច​សព្វ​គ្រប់​ហើយ នោះ​ក៏​ត្រឡប់​ពី​ក្រុង​យេរូ‌សាឡឹម​មក​វិញ នាំ​ទាំង​យ៉ូហាន-ម៉ាកុស​មក​ជា​មួយ​ផង។


ជំពូក 13

1 រីឯ​ក្នុង​ពួក​ជំនុំ​នៅ​ក្រុង​អាន់‌ទី‌យ៉ូក នោះ​មាន​គ្រូ​អធិប្បាយ និង​គ្រូ​បង្រៀន​ខ្លះ គឺ​បា‌ណា‌បាស​១ ស៊ីម្មាន​ដែល​ហៅ​ថា នីគើរ​១ លូគាស ជា​សាសន៍​គីរេន​១ ម៉ាន៉ា‌អេន ជា​កូន​ចិញ្ចឹម​ជា​មួយ​នឹង​ហេរ៉ូឌ ស្តេច​អនុ‌រាជ​១ និង​សុល​១
2 កំពុង​ដែល​អ្នក​ទាំង​នោះ​ធ្វើ​ការ‌ងារ ថ្វាយ​ព្រះ‌អម្ចាស់​ទាំង​តម នោះ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​មាន​ព្រះ‌បន្ទូល​ប្រាប់​ថា ចូរ​ញែក​បា‌ណា‌បាស និង​សុល​ចេញ​ឲ្យ​ខ្ញុំ សម្រាប់​ការ‌ងារ​ដែល​ខ្ញុំ​ហៅ​គេ​ឲ្យ​ធ្វើ
3 ដូច្នេះ ក្រោយ​ដែល​បាន​តម ហើយ​អធិស្ឋាន ព្រម​ទាំង​ដាក់​ដៃ​លើ​អ្នក​ទាំង​២ នោះ​ក៏​បើក​ឲ្យ​គេ​ទៅ។
4 ឯ​អ្នក​ទាំង​២​នោះ​ក៏​ចុះ​ទៅ​ដល់​សេលើស៊ា ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ចាត់​ឲ្យ​ទៅ នៅ​ទី​នោះ គេ​ចុះ​សំពៅ​ចេញ​ទៅ​ឯ​កោះ​គីប្រុស
5 ដល់​សាឡា‌មីន​ហើយ គេ​ក៏​ផ្សាយ​ព្រះ‌បន្ទូល នៅ​ក្នុង​សាលា​ប្រជុំ​ទាំង​ប៉ុន្មាន​របស់​ពួក​សាសន៍​យូដា មាន​ទាំង​យ៉ូហាន ជា​អ្នក​ជំនួយ​ដែរ
6 កាល​បាន​ដើរ​កាត់​កោះ​ទៅ​ត្រឹម​ប៉ាផុស​ហើយ នោះ​ក៏​ប្រទះ​នឹង​សាសន៍​យូដា​ម្នាក់ ដែល​ធ្វើ​ជា​គ្រូ​អាប‌ធ្មប់ ជា​ហោរា​ក្លែង‌ក្លាយ ឈ្មោះ​បារ-យេស៊ូវ
7 គ្រូ​នោះ​នៅ​ជា​មួយ​នឹង​អ្នក​ដំណាង​ជាតិ​រ៉ូម​ម្នាក់ ឈ្មោះ​ស៊ើគាស-ប៉ូល៉ូស ជា​អ្នក​ឆ្លៀវ​ឆ្លាត លោក​ក៏​ហៅ​បា‌ណា‌បាស និង​សុល​មក ដើម្បី​ចង់​ស្តាប់​ព្រះ‌បន្ទូល
8 តែ​អេលី‌ម៉ាស ជា​គ្រូ​អាប‌ធ្មប់​នោះ (ដ្បិត​ឈ្មោះ​នោះ​ប្រែ​មក​ដូច្នេះ) ក៏​តាំង​ខ្លួន​ទាស់​នឹង​គេ ដើម្បី​បង្វែរ​លោក​មិន​ឲ្យ​ជឿ
9 តែ​សុល​ដែល​ហៅ​ថា ប៉ុល ដែរ គាត់​បាន​ពេញ​ជា​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ក៏​សម្លឹង​មើល​ទៅ​គ្រូ​នោះ ដោយ​និយាយ​ថា
10 នែ មនុស្ស​ដែល​ពេញ​ដោយ​កិច្ច‌កល និង​សេចក្ដី​ល្បិច​គ្រប់​យ៉ាង ជា​កូន​នៃ​អារក្ស ហើយ​ជា​ខ្មាំង​សត្រូវ ដល់​គ្រប់​ទាំង​សេចក្ដី​សុចរិត​អើយ តើ​មិន​ព្រម​ឈប់​បង្ខូច​ផ្លូវ​ត្រង់​របស់​ព្រះ‌អម្ចាស់​ទេ​ឬ​អី
11 មើល ឥឡូវ​នេះ ព្រះ‌ហស្ត​នៃ​ព្រះ‌អម្ចាស់​បាន​មក​លើ​ឯង​ហើយ ឯង​នឹង​ត្រូវ​ខ្វាក់​ភ្នែក មើល​មិន​ឃើញ​ពន្លឺ​ថ្ងៃ​ជា​យូរ​បន្តិច នោះ​ស្រាប់​តែ​ភ្នែក​របស់​គ្រូ​នោះ​បាន​ទៅ​ជា​ព្រិលៗ ហើយ​ងងឹត​សូន្យ​ទៅ រួច​ក៏​ដើរ​វិល‌វល់​រក​អ្នក​ណា​ឲ្យ​ដឹក​ដៃ
12 កាល​លោក​តំណាង​ជាតិ​ឃើញ​ការ​ដែល​កើត​មក​ដូច្នោះ នោះ​ក៏​ជឿ ព្រម​ទាំង​មាន​សេចក្ដី​អស្ចារ្យ​ក្នុង​ចិត្ត អំពី​សេចក្ដី​បង្រៀន​របស់​ព្រះ‌អម្ចាស់​ផង។
13 ប៉ុល និង​ពួក​គូ‌កន​គាត់ ក៏​ចុះ​សំពៅ​ចេញ​ពី​ប៉ាផុស ទៅ​ដល់​ពើកា នៅ​ស្រុក​ប៉ាម‌ភីលា ឯ​យ៉ូហាន គាត់​បែក​ពី​គេ ត្រឡប់​ទៅ​ឯ​ក្រុង​យេរូ‌សាឡឹម​វិញ
14 តែ​គេ​ចេញ​ពី​ពើកា ដើរ​កាត់​ទៅ​ឯ​អាន់‌ទី‌យ៉ូក នៅ​ស្រុក​ពីស៊ីឌា ក៏​ចូល​ទៅ​អង្គុយ​ក្នុង​សាលា​ប្រជុំ នៅ​ថ្ងៃ​ឈប់​សម្រាក
15 ក្រោយ​ការ​ដែល​អាន​មើល​ក្រឹត្យ‌វិន័យ និង​គម្ពីរ​ពួក​ហោរា​ហើយ នោះ​មេ​សាលា​ក៏​ប្រើ​មនុស្ស ឲ្យ​ទៅ​ប្រាប់​ថា បង​ប្អូន​អើយ បើ​មាន​សេចក្ដី​អ្វី​នឹង​ទូន្មាន​ដល់​ពួក​ជន នោះ​សូម​បង​ប្អូន​មាន​ប្រសាសន៍​ចុះ។
16 លំដាប់​នោះ ប៉ុល​ក៏​ក្រោក​ឡើង ធ្វើ​គ្រឿង​សម្គាល់​នឹង​ដៃ និយាយ​ថា ពួក​សាសន៍​អ៊ីស្រា‌អែល និង​អស់​អ្នក​ដែល​កោត‌ខ្លាច​ដល់​ព្រះ​អើយ សូម​ស្តាប់​ចុះ
17 ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​យើង​នេះ ទ្រង់​បាន​រើស​ពួក​អយ្យកោ​យើង​រាល់​គ្នា ក៏​លើក​តម្កើង​សាសន៍​យើង ក្នុង​កាល​ដែល​គេ​អាស្រ័យ​នៅ​ស្រុក​អេស៊ីព្ទ​នៅ​ឡើយ រួច​ទ្រង់​នាំ​គេ​ចេញ​ពី​ស្រុក​នោះ ដោយ​ព្រះ‌ហស្ត​ដ៏​មាន​ព្រះ‌ចេស្តា
18 ហើយ​ទ្រង់​បាន​ទ្រាំ‌ទ្រ នឹង​កិរិយា​របស់​គេ នៅ​ទី​រហោ‌ស្ថាន ក្នុង​រវាង​ប្រហែល​ជា​៤០​ឆ្នាំ
19 ក្រោយ​ដែល​ទ្រង់​បាន​បំផ្លាញ​សាសន៍​ទាំង​៧​នគរ​នៅ​ស្រុក​កាណាន នោះ​ក៏​ចែក​ស្រុក​របស់​គេ​ដល់​ពួក​អយ្យកោ​យើង​ដោយ​ចាប់​ឆ្នោត
20 ក្រោយ​ការ​ទាំង​នោះ​មក ទ្រង់​ប្រទាន​ឲ្យ​មាន​ចៅ‌ហ្វាយ​ក្នុង​រវាង​ប្រហែល​ជា​៤៥០​ឆ្នាំ ដរាប​ដល់​គ្រា​ហោរា​សាំយូ‌អែល
21 នោះ​គេ​សូម​ឲ្យ​មាន​ស្តេច រួច​ព្រះ​ទ្រង់​តាំង​សូល ជា​បុត្រ​គីស ក្នុង​ពូជ​អំបូរ​បេន‌យ៉ាមីន ឲ្យ​ធ្វើ​ជា​ស្តេច​លើ​គេ នៅ​រវាង​៤០​ឆ្នាំ
22 កាល​ដក​ស្តេច​នោះ​ចេញ​ហើយ នោះ​ទ្រង់​លើក​ដាវីឌ​តាំង​ឡើង​ជា​ស្តេច​វិញ ក៏​ធ្វើ​បន្ទាល់​ពី​ស្តេច​ដាវីឌ​ថា «អញ​រក​បាន​ដាវីឌ កូន​អ៊ីសាយ ជា​ទី​គាប់​ចិត្ត​ដល់​អញ ដែល​នឹង​ធ្វើ​តាម​ចិត្ត​អញ​គ្រប់​ជំពូក»
23 គឺ​ពី​ព្រះ‌វង្សា​ស្តេច​នោះ​ហើយ ដែល​ព្រះ​បាន​បង្កើត​ព្រះ‌អង្គ​សង្គ្រោះ​១​អង្គ ដល់​សាសន៍​អ៊ីស្រា‌អែល តាម​សេចក្ដី​សន្យា គឺ​ជា​ព្រះ‌យេស៊ូវ
24 តែ​មុន​ដែល​ទ្រង់​យាង​មក នោះ​លោក​យ៉ូហាន​បាន​ប្រកាស​ប្រាប់​ពី​បុណ្យ​ជ្រមុជ‌ទឹក ខាង​ឯ​ការ​ប្រែ​ចិត្ត ដល់​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​ជា​ស្រេច​ហើយ
25 កាល​លោក​យ៉ូហាន​កំពុង​តែ​ធ្វើ​សម្រេច​ការ‌ងារ នោះ​លោក​មាន​ប្រសាសន៍​ថា តើ​អ្នក​រាល់​គ្នា​ស្មាន​ថា ខ្ញុំ​ជា​អ្នក​ណា ខ្ញុំ​មិន​មែន​ជា​ព្រះ‌អង្គ​នោះ​ទេ តែ​មើល ព្រះ‌អង្គ​នោះ​យាង​មក​ក្រោយ​ខ្ញុំ ខ្ញុំ​មិន​គួរ​នឹង​ស្រាយ​ខ្សែ​សុព័ណ៌‌បាទ​ទ្រង់​ផង។
26 ឱ​បង​ប្អូន ជា​កូន​ចៅ​ពូជ​អ័ប្រា‌ហាំ និង​អស់​អ្នក​ក្នុង​ពួក​អ្នក​រាល់​គ្នា ដែល​កោត‌ខ្លាច​ដល់​ព្រះ​អើយ ទ្រង់​បាន​ផ្ញើ​ព្រះ‌បន្ទូល​ពី​សេចក្ដី​សង្គ្រោះ​នេះ មក​ដល់​អ្នក​រាល់​គ្នា
27 ដ្បិត​ដោយ​ព្រោះ​ពួក​មនុស្ស​នៅ​ក្រុង​យេរូ‌សាឡឹម ព្រម​ទាំង​ពួក​មេ​របស់​គេ​មិន​បាន​ស្គាល់​ទ្រង់​ទេ ក៏​មិន​បាន​យល់​សេចក្ដី​ទំនាយ​របស់​ពួក​ហោរា ដែល​គេ​មើល​រាល់​តែ​ថ្ងៃ​ឈប់​សម្រាក​ដែរ បាន​ជា​គេ​ធ្វើ​សម្រេច​តាម​សេចក្ដី​ទំនាយ​នោះ​ឯង ដោយ​គេ​បាន​កាត់​ទោស​ដល់​ទ្រង់
28 ហើយ​ទោះ​បើ​គេ​រក​ហេតុ​អ្វី​នឹង​សម្លាប់​ទ្រង់​មិន​បាន​ក៏​ដោយ គង់​តែ​គេ​សូម​អង្វរ​ដល់​លោក​ពីឡាត់ ឲ្យ​បាន​សម្លាប់​ទ្រង់​ដែរ
29 ក្រោយ​ដែល​គេ​ធ្វើ​សម្រេច​គ្រប់​សេចក្ដី ដែល​ចែង​ទុក​ពី​ទ្រង់​រួច​ហើយ នោះ​គេ​ក៏​យក​ទ្រង់​ចុះ​ពី​ឈើ​ឆ្កាង​មក​បញ្ចុះ​ក្នុង​ផ្នូរ
30 តែ​ព្រះ​បាន​ប្រោស​ឲ្យ​ទ្រង់​មាន​ព្រះ‌ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ
31 ហើយ​ទ្រង់​លេច​មក ឲ្យ​ពួក​អ្នក​ដែល​បាន​ឡើង​ពី​ស្រុក​កាលី‌ឡេ មក​ឯ​ក្រុង​យេរូ‌សាឡឹម​ជា​មួយ​នឹង​ទ្រង់​បាន​ឃើញ​ជា​យូរ​ថ្ងៃ អ្នក​ទាំង​នោះ​ជា​ស្មរ​បន្ទាល់​ពី​ទ្រង់​ដល់​ពួក​ជន​ទាំង‌ឡាយ។
32 យើង​ខ្ញុំ​ក៏​ប្រាប់​ដំណឹង​ល្អ​នេះ ដល់​អ្នក​រាល់​គ្នា គឺ​ជា​សេចក្ដី​សន្យា ដែល​បាន​តាំង​នឹង​ពួក​អយ្យកោ​យើង​ថា
33 ព្រះ​បាន​ធ្វើ​សម្រេច​តាម​សេចក្ដី​សន្យា​ទ្រង់ ដល់​យើង​ជា​ពូជ​នៃ​ពួក​អយ្យកោ​នោះ​ហើយ ដោយ​ទ្រង់​បាន​ប្រោស​ឲ្យ​ព្រះ‌យេស៊ូវ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ដូច​មាន​សេចក្ដី​ចែង​ទុក​មក ក្នុង​ទំនុក​តម្កើង​បទ​ទី​២​ថា «ឯង​ជា​កូន​អញ អញ​បាន​បង្កើត​ឯង​នៅ​ថ្ងៃ​នេះ»
34 ហើយ​ដែល​ព្រះ​បាន​ប្រោស​ឲ្យ​ទ្រង់​មាន​ព្រះ‌ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ ដើម្បី​មិន​ឲ្យ​ទ្រង់​ត្រឡប់​ទៅ​ឯ​សេចក្ដី​ពុក‌រលួយ​ទៀត​ឡើយ នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា «អញ​នឹង​ផ្តល់​សេចក្ដី​មេត្តា‌ករុណា​ស្មោះ‌ត្រង់​ដែល​ឲ្យ​ដល់​ដាវីឌ ដល់​ឯង​រាល់​គ្នា​ដែរ»
35 ហេតុ​ដូច្នេះ​បាន​ជា​ទ្រង់​មាន​ព្រះ‌បន្ទូល​ក្នុង​បទ​១​ទៀត​ថា «ទ្រង់​មិន​ទុក​ឲ្យ​អ្នក​បរិសុទ្ធ​នៃ​ទ្រង់ ឃើញ​សេចក្ដី​ពុក‌រលួយ​ឡើយ»
36 រីឯ​ហ្លួង​ដាវីឌ កាល​ទ្រង់​បាន​ធ្វើ​ការ‌ងារ​ចំពោះ​មនុស្ស​ជំនាន់​ទ្រង់ តាម​ព្រះ‌ហឫទ័យ​ព្រះ រួច​ស្រេច​ហើយ នោះ​ក៏​ផ្ទំ​លក់​ទៅ ហើយ​បាន​ប្រមូល​ទៅ​មូល​នឹង​ពួក​អយ្យកោ​ទ្រង់ ក៏​ឃើញ​សេចក្ដី​ពុក‌រលួយ​ដែរ
37 តែ​ព្រះ‌អង្គ​នោះ ដែល​ព្រះ​បាន​ប្រោស​ឲ្យ​រស់​ឡើង​វិញ ទ្រង់​មិន​បាន​ឃើញ​សេចក្ដី​ពុក‌រលួយ​ឡើយ
38 ដូច្នេះ អ្នក​រាល់​គ្នា ជា​បង​ប្អូន​អើយ សូម​ជ្រាប​ថា ដែល​មាន​សេចក្ដី​ប្រោស​ឲ្យ​រួច​ពី​បាប បាន​ប្រកាស​ប្រាប់​ដល់​អ្នក​រាល់​គ្នា នោះ​គឺ​ដោយ‌សារ​ព្រះ‌អង្គ​នោះ​ឯង
39 មួយ​ទៀត ដោយ‌សារ​ទ្រង់ អស់​អ្នក​ណា​ដែល​ជឿ បាន​រាប់​ជា​សុចរិត រួច​ពី​គ្រប់​ការ​ទាំង​អស់ ដែល​ពុំ​អាច​នឹង​បាន​រាប់​ជា​សុចរិត ដោយ‌សារ​ក្រឹត្យ‌វិន័យ​លោក​ម៉ូសេ​បាន​ឡើយ
40 ដូច្នេះ ត្រូវ​ប្រយ័ត ក្រែង​អ្នក​រាល់​គ្នា​កើត​មាន​សេចក្ដី ដែល​ពួក​ហោរា​បាន​ទាយ​ទុក​ថា
41 «នែ អស់​អ្នក​ដែល​មើល‌ងាយ​អើយ ចូរ​ភាំង​ឆ្ងល់ ហើយ​វិនាស​ទៅ​ចុះ ដ្បិត​អញ​ធ្វើ​ការ​១​នៅ​ជំនាន់​ឯង​រាល់​គ្នា គឺ​ជា​ការ​ដែល​ឯង​រាល់​គ្នា​មិន​ព្រម​ជឿ​ឡើយ ទោះ​បើ​មាន​គេ​ប្រាប់​មក​ឯង​រាល់​គ្នា​ក៏​ដោយ» ។
42 កាល​ពួក​សាសន៍​យូដា បាន​ចេញ​ពី​សាលា​ប្រជុំ​ទៅ​ហើយ នោះ​ពួក​សាសន៍​ដទៃ ក៏​សូម​ឲ្យ​ប៉ុល​អធិប្បាយ តាម​សេចក្ដី​ទាំង​នោះ នៅ​ថ្ងៃ​ឈប់​សម្រាក​មួយ​ក្រោយ​ទៀត
43 កាល​ពួក​អ្នក​ប្រជុំ​នោះ​បាន​បែក​ចេញ​ពី​គ្នា​ទៅ នោះ​មាន​ពួក​សាសន៍​យូដា និង​ពួក​ចូល​សាសន៍​ជា​ច្រើន ដែល​មក​ថ្វាយ‌បង្គំ គេ​ដើរ​តាម​ប៉ុល និង​បា‌ណា‌បាស ដែល​ទូន្មាន​ឲ្យ​គេ​កាន់​ខ្ជាប់​ក្នុង​ព្រះ‌គុណ​នៃ​ព្រះ។
44 ដល់​ថ្ងៃ​ឈប់​សម្រាក​ក្រោយ នោះ​ពួក​អ្នក​ក្រុង​ស្ទើរ​តែ​ទាំង​អស់ ក៏​មក​ប្រជុំ​គ្នា ដើម្បី​នឹង​ស្តាប់​ព្រះ‌បន្ទូល
45 តែ​កាល​ពួក​សាសន៍​យូដា​បាន​ឃើញ​មនុស្ស​ទាំង​ហ្វូង​ដូច្នេះ នោះ​កើត​មាន​ចិត្ត​ពេញ​ដោយ​សេចក្ដី​ច្រណែន ហើយ​ក៏​ឆ្លើយ​ទទឹង​ទាស់​នឹង​សេចក្ដី ដែល​ប៉ុល​អធិប្បាយ​នោះ ទាំង​ជម្នះ ហើយ​ប្រមាថ​ផង
46 ប៉ុន្តែ ប៉ុល និង​បា‌ណា‌បាស​និយាយ​ដោយ​ក្លាហាន​ថា មុខ​គួរ​ឲ្យ​យើង​ខ្ញុំ​ថ្លែង​ប្រាប់​ព្រះ‌បន្ទូល ដល់​អ្នក​រាល់​គ្នា​ជា​មុន​ដំបូង ប៉ុន្តែ ដោយ​ព្រោះ​អ្នក​រាល់​គ្នា​បោះ​បង់​ចោល​ព្រះ‌បន្ទូល​នោះ ហើយ​ជំនុំ‌ជម្រះ​កាត់​ទោស​ដល់​ខ្លួន​ឯង​ថា មិន​គួរ​នឹង​ទទួល​បាន​ជីវិត​ដ៏​នៅ​អស់​កល្ប‌ជានិច្ច​នោះ​ទេ ហេតុ​ដូច្នេះ​បាន​ជា​យើង​ខ្ញុំ​បែរ​ទៅ​ឯ​ពួក​សាសន៍​ដទៃ​វិញ
47 ដ្បិត​ព្រះ‌អម្ចាស់ ទ្រង់​បាន​បង្គាប់​មក​យើង​ខ្ញុំ​ដូច្នេះ​ថា «អញ​បាន​តាំង​ឯង​សម្រាប់​ជា​ពន្លឺ​ដល់​សាសន៍​ដទៃ ដើម្បី​ឲ្យ​ឯង​បាន​សម្រាប់​ជា​សេចក្ដី​សង្គ្រោះ​ដល់​ចុង​ផែនដី​បំផុត» ។
48 កាល​ពួក​សាសន៍​ដទៃ​បាន​ឮ​ដូច្នេះ នោះ​គេ​មាន​សេចក្ដី​អំណរ ហើយ​ក៏​សរសើរ​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់ ចំណែក​អស់​អ្នក​ដែល​ត្រូវ​បាន​ជីវិត​អស់​កល្ប‌ជានិច្ច នោះ​ក៏​បាន​ជឿ
49 ឯ​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់ បាន​ផ្សាយ​សុស​សាយ​ទួទៅ​ពេញ​ក្នុង​ស្រុក​នោះ
50 តែ​ពួក​សាសន៍​យូដា​គេ​ញុះ‌ញង់​ពួក​ស្ត្រី​អ្នក​មុខ​អ្នក​ការ ដែល​មក​ថ្វាយ‌បង្គំ និង​ពួក​អ្នក​ធំ​នៅ​ក្នុង​ទី​ក្រុង​នោះ បណ្តាល​ឲ្យ​មាន​សេចក្ដី​បៀត​បៀន ដល់​ប៉ុល និង​បា‌ណា‌បាស ក៏​ដេញ​អ្នក​ទាំង​២​នោះ​ចេញ​ពី​ស្រុក​គេ​ទៅ
51 ដូច្នេះ អ្នក​ទាំង​២​ក៏​រលាស់​ធូលី​ដី ពី​ជើង ចេញ​ទាស់​នឹង​គេ រួច​ចេញ​ទៅ​ឯ​ក្រុង​អ៊ីកូនាម
52 ឯ​ពួក​សិស្ស គេ​មាន​ចិត្ត​ពេញ​ដោយ​សេចក្ដី​អំណរ ហើយ​និង​ព្រះ‌វិញ្ញាណ​បរិសុទ្ធ។


ជំពូក 14

1 កាល​នៅ​ក្រុង​អ៊ីកូនាម ក៏​នាំ​គ្នា​ចូល​ទៅ​ក្នុង​សាលា​ប្រជុំ​របស់​សាសន៍​យូដា បាន​អធិប្បាយ​នាំ​ឲ្យ​ទាំង​ពួក​សាសន៍​យូដា និង​សាសន៍​ក្រេក​យ៉ាង​សន្ធឹក​បាន​ជឿ
2 ប៉ុន្តែ ឯ​ពួក​សាសន៍​យូដា​ដែល​មិន​ព្រម​ជឿ គេ​ញុះ‌ញង់ ហើយ​ចាក់‌រុក​ពួក​សាសន៍​ដទៃ ឲ្យ​គេ​ទាស់​នឹង​ពួក​ជំនុំ​វិញ
3 ចំណែក​ប៉ុល និង​បា‌ណា‌បាស ក៏​នៅ​ទី​នោះ​ជា​យូរ​ថ្ងៃ គេ​អធិប្បាយ​យ៉ាង​ក្លៀវ‌ក្លា​ដោយ​នូវ​ព្រះ‌អម្ចាស់ ហើយ​ទ្រង់​ក៏​ធ្វើ​បន្ទាល់ អំពី​ព្រះ‌បន្ទូល​នៃ​ព្រះ‌គុណ​ទ្រង់ ដោយ​ទ្រង់​ប្រោស​ប្រទាន​ឲ្យ​មាន​ទី​សម្គាល់ និង​ការ​អស្ចារ្យ​កើត​មក ដោយ‌សារ​ដៃ​អ្នក​ទាំង​២​នោះ
4 ឯ​មនុស្ស​ទាំង‌ឡាយ​នៅ​ទី​ក្រុង​នោះ គេ​បែក​បាក់​គ្នា អ្នក​ខ្លះ​កាន់​ខាង​សាសន៍​យូដា ខ្លះ​ខាង​ពួក​សាវក
5 តែ​កាល​ពួក​សាសន៍​ដទៃ និង​ពួក​សាសន៍​យូដា ព្រម​ទាំង​ពួក​នាម៉ឺន​របស់​គេ បាន​លើក​ព្រួត​គ្នា​នឹង​ទៅ​ត្មះ‌តិះដៀល ហើយ​ចោល​នឹង​ថ្ម
6 នោះ​អ្នក​ទាំង​២​បាន​ដឹង ហើយ​ក៏​រត់​ទៅ​ឯ​ទី​ក្រុង​នៅ​ស្រុក​លូកៅនា​វិញ គឺ​លីស្ត្រា និង​ឌើបេ ហើយ​និង​ស្រុក​នៅ​ជុំ‌វិញ
7 ក៏​ប្រកាស​ប្រាប់​ដំណឹង​ល្អ​នៅ​កន្លែង​ទាំង​នោះ។
8 រីឯ​នៅ​ក្រុង​លីស្ត្រា មាន​មនុស្ស​ម្នាក់​មាន​ជើង​ពិការ គាត់​អង្គុយ​នៅ​ដោយ​ខ្វិន តាំង​តែ​ពី​ផ្ទៃ​ម្តាយ​មក មិន​ដែល​ដើរ​សោះ​ឡើយ
9 អ្នក​នោះ​បាន​ឮ​ប៉ុល​អធិប្បាយ ហើយ​ប៉ុល​ក៏​សម្លឹង​មើល​ទៅ​គាត់ ឃើញ​ថា គាត់​មាន​សេចក្ដី​ជំនឿ​ល្មម ដើម្បី​ឲ្យ​បាន​ជា
10 នោះ​ក៏​បន្លឺ​ជា​សំឡេង​ខ្លាំង​ថា ចូរ​ក្រោក​ឈរ​ឲ្យ​ត្រង់​ឡើង រួច​អ្នក​នោះ​ក៏​ស្ទុះ​ឡើង​ដើរ
11 កាល​ហ្វូង​មនុស្ស​បាន​ឃើញ​ការ​ដែល​ប៉ុល​ធ្វើ នោះ​គេ​បន្លឺ​ឡើង​ជា​ភាសា​លូកៅនា​ថា ពួក​ព្រះ​បាន​កាឡា​និម្មិត​ជា​មនុស្ស ចុះ​មក​ឯ​យើង​ហើយ
12 គេ​ក៏​ហៅ​បា‌ណា‌បាស ជា​ព្រះ‌សេ‌យូស ហើយ​ប៉ុល ជា​ព្រះ‌ហ៊ើមេស ពី​ព្រោះ​គាត់​ជា​មេ​សម្ដែង
13 ហើយ​សង្ឃ​របស់​ព្រះ‌សេយូស ដែល​នៅ​មុខ​ក្រុង​គេ ក៏​នាំ​យក​គោ​ឈ្មោល ហើយ​និង​ភួង​ទៅ​ដល់​ខ្លោង‌ទ្វារ​ក្រុង ចង់​ថ្វាយ​យញ្ញ‌បូជា​ជា​មួយ​នឹង​បណ្តា​មនុស្ស
14 កាល​បា‌ណា‌បាស និង​ប៉ុល ជា​សាវក​បាន​ដឹង នោះ​ក៏​ហែក​អាវ​ខ្លួន រត់​ចូល​ទៅ​កណ្តាល​ហ្វូង​មនុស្ស​ស្រែក​ឡើង​ថា
15 អ្នក​រាល់​គ្នា​អើយ ហេតុ​អ្វី​បាន​ជា​ធ្វើ​ដូច្នេះ យើង​ខ្ញុំ​ជា​មនុស្ស​វិស័យ​ដូច​ជា​អ្នក​រាល់​គ្នា​ដែរ មួយ​ទៀត យើង​ក៏​ប្រកាស​ប្រាប់​ដំណឹង​ល្អ​ដល់​អ្នក​រាល់​គ្នា ឲ្យ​បាន​បែរ​ចេញ​ពី​អស់​ទាំង​ការ ដែល​ឥត​ប្រយោជន៍​យ៉ាង​នេះ ទៅ​ឯ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​វិញ ដែល​ទ្រង់​បង្កើត​ផ្ទៃ​មេឃ ផែនដី សមុទ្រ និង​របស់​ទាំង​អស់​ដែល​នៅ​ស្ថាន​ទាំង​នោះ​ផង
16 ក្នុង​កាល​ជំនាន់​មនុស្ស​ពី​បុរាណ នោះ​ទ្រង់​បាន​អនុញ្ញាត​ឲ្យ​គ្រប់​ទាំង​សាសន៍ ដើរ​តាម​ផ្លូវ​របស់​គេ​រៀង​ខ្លួន
17 ប៉ុន្តែ ទ្រង់​មិន​ដែល​លែង​មាន​ទី​បន្ទាល់ ពី​ព្រះ‌អង្គ​ទ្រង់​ទេ ដោយ​ទ្រង់​តែង​តែ​ផ្សាយ​ព្រះ‌គុណ​មក គឺ​ទ្រង់​ប្រោស​ប្រទាន​ឲ្យ​ភ្លៀង​ធ្លាក់​ចុះ​ពី​លើ​មេឃ ឲ្យ​មាន​រដូវ​ដ៏​សំបូរ ដើម្បី​នឹង​បំពេញ​ចិត្ត​យើង ដោយ​អាហារ និង​សេចក្ដី​អំណរ
18 តែ​ដែល​គាត់​អធិប្បាយ​សេចក្ដី​ទាំង​នោះ​ដល់​គេ នោះ​ឃាត់​គេ មិន​ឲ្យ​ថ្វាយ​យញ្ញ‌បូជា​ដល់​ខ្លួន​សឹង​តែ​មិន​បាន​ផង។
19 មាន​ពួក​សាសន៍​យូដា​ខ្លះ មក​ពី​អាន់‌ទី‌យ៉ូក និង​អ៊ីកូនាម គេ​បញ្ចុះ​បញ្ចូល​ហ្វូង​មនុស្ស ឲ្យ​ចោល​ប៉ុល​នឹង​ថ្ម រួច​គេ​អូស​គាត់​ចេញ​ទៅ​ក្រៅ​ទុក​ចោល ដោយ​ស្មាន​ថា បាន​ស្លាប់​ហើយ
20 ប៉ុន្តែ ពួក​សិស្ស​មក​ចោម​ព័ទ្ធ​គាត់ រួច​គាត់​ក្រោក​ឡើង​ចូល​ទៅ​ក្នុង​ទី​ក្រុង​វិញ ហើយ​ដល់​ថ្ងៃ​ស្អែក គាត់​នឹង​បា‌ណា‌បាស ក៏​ចេញ​ទៅ​ឯ​ឌើបេ។
21 ក្រោយ​ដែល​ប្រកាស​ប្រាប់​ដំណឹង​ល្អ ហើយ​បាន​សិស្ស​ជា​ច្រើន​នៅ​ក្រុង​នោះ នោះ​ក៏​ត្រឡប់​ទៅ​ឯ​លីស្ត្រា អ៊ីកូនាម និង​អាន់‌ទី‌យ៉ូក​វិញ
22 ព្រម​ទាំង​ចម្រើន​កម្លាំង​ដល់​ពួក​សិស្ស ឲ្យ​មាន​ចិត្ត​រឹង‌ប៉ឹង​ឡើង ហើយ​ទូន្មាន​ឲ្យ​នៅ​ស្ថិត‌ស្ថេរ​ក្នុង​សេចក្ដី​ជំនឿ ដោយ​ពាក្យ​ថា ត្រូវ​តែ​ទ្រាំ​រង​ទុក្ខ​វេទនា​ជា​ច្រើន ទើប​នឹង​ចូល​ទៅ​ក្នុង​នគរ​ព្រះ​បាន
23 កាល​បាន​រើស​ពួក​ចាស់‌ទុំ​តាំង​ឡើង​ក្នុង​គ្រប់​ទាំង​ពួក​ជំនុំ ហើយ​អធិស្ឋាន​ទាំង​តម នោះ​ក៏​ប្រគល់​គេ​ទុក​នឹង​ព្រះ‌អម្ចាស់ ដែល​គេ​បាន​ជឿ​ដល់​ទ្រង់​ហើយ
24 រួច​នាំ​គ្នា​ដើរ​កាត់​ស្រុក​ពីស៊ីឌា​ទៅ រហូត​ដល់​ស្រុក​ប៉ាម‌ភីលា
25 ក្រោយ​ដែល​អធិប្បាយ​តាម​ព្រះ‌បន្ទូល នៅ​ក្រុង​ពើកា​រួច​ហើយ នោះ​ក៏​ចុះ​ទៅ​ឯ​អាតាលា
26 ក៏​ចុះ​សំពៅ​ពី​ទី​នោះ ត្រឡប់​ទៅ​ឯ​អាន់‌ទី‌យ៉ូក​វិញ ជា​កន្លែង​ដែល​គេ​បាន​ទុក​ដាក់​អ្នក​ទាំង​២ ក្នុង​ព្រះ‌គុណ​នៃ​ព្រះ សម្រាប់​ការ​ដែល​ទើប​នឹង​ធ្វើ​សម្រេច
27 លុះ​ដល់​ហើយ ក៏​ប្រមូល​ពួក​ជំនុំ​មក ថ្លែង​ប្រាប់​ពី​ការ​ដែល​ព្រះ​បាន​ធ្វើ​ដោយ‌សារ​ខ្លួន ហើយ​ពី​ទ្រង់​បាន​បើក​ទ្វារ​នៃ​សេចក្ដី​ជំនឿ​ដល់​សាសន៍​ដទៃ​ដែរ
28 រួច​ក៏​នៅ​ទី​នោះ​ជា​មួយ​នឹង​ពួក​សិស្ស​ជា​យូរ​ក្រែល។


ជំពូក 15

1 មាន​មនុស្ស​ខ្លះ​ចុះ​ពី​ស្រុក​យូដា មក​បង្រៀន​ដល់​ពួក​ជំនុំ​ថា បើ​មិន​បាន​កាត់​ស្បែក​តាម​ទម្លាប់​របស់​លោក​ម៉ូសេ នោះ​ពុំ​អាច​នឹង​បាន​សង្គ្រោះ​ឡើយ
2 ដូច្នេះ កាល​ប៉ុល និង​បា‌ណា‌បាស​បាន​ជជែក​នឹង​គេ ហើយ​មាន​សេចក្ដី​ដេញ​ដោល​គ្នា​ជា​ខ្លាំង​រួច​ហើយ នោះ​ពួក​ជំនុំ​បាន​តម្រូវ​ឲ្យ​ប៉ុល និង​បា‌ណា‌បាស ព្រម​ទាំង​អ្នក​ខ្លះ​ទៀត​ក្នុង​ពួក​គេ ឡើង​ទៅ​ឯ​ពួក​សាវក និង​ពួក​ចាស់‌ទុំ នៅ​ក្រុង​យេរូ‌សាឡឹម ដើម្បី​នឹង​សួរ​បញ្ជាក់​ពី​ដំណើរ​នោះ
3 ដូច្នេះ ពួក​ជំនុំ​ក៏​ចេញ ជូន​ដំណើរ​អ្នក​ទាំង​នោះ​ទៅ រួច​គេ​ដើរ​កាត់​ស្រុក​ភេនីស និង​ស្រុក​សាម៉ារី ទាំង​ថ្លែង​ប្រាប់​ពី​រឿង​ដែល​សាសន៍​ដទៃ​បាន​ប្រែ​ចិត្ត​ជឿ គេ​ក៏​នាំ​ឲ្យ​ពួក​ជំនុំ​ទាំង​អស់​មាន​សេចក្ដី​អំណរ​ជា​ខ្លាំង
4 លុះ​ដល់​ក្រុង​យេរូ‌សាឡឹម​ហើយ នោះ​ពួក​ជំនុំ ពួក​សាវក និង​ពួក​ចាស់‌ទុំ​ក៏​រាក់​ទាក់​ទទួល​គេ រួច​គេ​ថ្លែង​ប្រាប់​ពី​គ្រប់​ការ​ទាំង​អស់ ដែល​ព្រះ​បាន​ធ្វើ​ដោយ‌សារ​ខ្លួន
5 នោះ​មាន​អ្នក​ខ្លះ​ក្នុង​ពួក​ផារី‌ស៊ី​ដែល​ជឿ គេ​ឈរ​ឡើង​និយាយ​ថា ត្រូវ​តែ​កាត់​ស្បែក​ឲ្យ​ពួក​សាសន៍​ដទៃ​នោះ ហើយ​បង្គាប់​ឲ្យ​កាន់​តាម​ក្រឹត្យ‌វិន័យ​របស់​លោក​ម៉ូសេ​ដែរ។
6 ពួក​សាវក និង​ពួក​ចាស់‌ទុំ ក៏​ប្រជុំ​គ្នា​ប្រឹក្សា​ពី​ដំណើរ​នោះ
7 លុះ​បាន​ជជែក​គ្នា​ជា​យូរ​ទៅ នោះ​ពេត្រុស​ក្រោក​ឡើង​និយាយ​ថា បង​ប្អូន​អើយ អ្នក​រាល់​គ្នា​ដឹង​ហើយ​ថា កាល​ពី​ដើម ព្រះ​បាន​រើស​ក្នុង​ពួក​យើង​រាល់​គ្នា ដើម្បី​ឲ្យ​ពួក​សាសន៍​ដទៃ​បាន​ឮ​ព្រះ‌បន្ទូល​នៃ​ដំណឹង​ល្អ ហើយ​ឲ្យ​បាន​ជឿ​ដោយ‌សារ​មាត់​ខ្ញុំ
8 នោះ​ព្រះ​ដ៏​ជ្រាប​នូវ​ចិត្ត​មនុស្ស​ទាំង‌ឡាយ ទ្រង់​បាន​ធ្វើ​បន្ទាល់​ពី​គេ ដោយ​ទ្រង់ ប្រទាន​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ដល់​គេ ដូច​ជា​ដល់​យើង​រាល់​គ្នា​ដែរ
9 ទ្រង់​មិន​បាន​រាប់​ពួក​យើង និង​ពួក​គេ ខុស​ពី​គ្នា​ទេ គឺ​បាន​សម្អាត​ចិត្ត​គេ ដោយ‌សារ​សេចក្ដី​ជំនឿ​ជឿ​ដែរ
10 ចុះ​ហេតុ​អ្វី​បាន​ជា​ល្បង​ព្រះ ដោយ​បំពាក់​នឹម នៅ​ក​ពួក​សិស្ស​ដូច្នេះ ដែល​ទោះ​ទាំង​ពួក​អយ្យកោ​យើង ឬ​យើង​រាល់​គ្នា​ក៏​ពុំ​អាច​នឹង​ទ្រ‌ទ្រាំ​បាន​ផង
11 យើង​ជឿ​ថា បាន​សង្គ្រោះ​ដោយ​ព្រះ‌គុណ​នៃ​ព្រះ‌អម្ចាស់​យេស៊ូវ ដូច​ជា​គេ​ដែរ
12 ឯ​ពួក​ជំនុំ​ទាំង​អស់​គ្នា​ក៏​នៅ​ស្ងៀម​ស្តាប់​បា‌ណា‌បាស និង​ប៉ុល ដែល​គេ​រ៉ាយ​រឿង​ប្រាប់​ពី​ទី​សម្គាល់ និង​ការ​អស្ចារ្យ​ទាំង​ប៉ុន្មាន ដែល​ព្រះ​បាន​ធ្វើ​ក្នុង​ពួក​សាសន៍​ដទៃ ដោយ‌សារ​ខ្លួន
13 កាល​ឈប់​អធិប្បាយ​ហើយ នោះ​យ៉ាកុប​ឆ្លើយ​ឡើង​ថា អ្នក​រាល់​គ្នា​ជា​បង​ប្អូន​អើយ សូម​ស្តាប់​ខ្ញុំ​សិន
14 ស៊ីម៉ូន​បាន​ថ្លែង​ប្រាប់​ពី​បែប​យ៉ាង​ណា ដែល​ព្រះ‌ទ្រង់​ប្រោស​ដល់​ពួក​សាសន៍​ដទៃ​ជា​មុន​ដំបូង ដើម្បី​រើស​យក​រាស្ត្រ​១​ពួក​ពី​គេ ទុក​សម្រាប់​ព្រះ‌នាម​ទ្រង់
15 ហើយ​សេចក្ដី​ទំនាយ​របស់​ពួក​ហោរា ក៏​ត្រូវ​នឹង​ដំណើរ​នោះ​ដែរ ដូច​ជា​មាន​សេចក្ដី​ចែង​ទុក​មក​ថា
16 «ក្រោយ​នោះ អញ​នឹង​ត្រឡប់​មក លើក​ទី​លំនៅ​របស់​ហ្លួង​ដាវីឌ ដែល​រលំ​នោះ​ឡើង អញ​នឹង​សង់​ត្រង់​កន្លែង​បាក់​បែក ហើយ​ដំឡើង​ឲ្យ​ត្រង់​ឡើង​វិញ
17 ដើម្បី​ឲ្យ​សំណល់​មនុស្ស បាន​ស្វះ‌ស្វែង​រក​ព្រះ‌អម្ចាស់ ព្រម​ទាំង​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន ដែល​បាន​ហៅ​តាម​ឈ្មោះ​អញ​នោះ​ផង នេះ​ហើយ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់ ជា​ព្រះ​ដែល​ធ្វើ​ការ​ទាំង​នោះ»
18 គ្រប់​ការ​ដែល​ព្រះ‌ទ្រង់​ធ្វើ នោះ​ទ្រង់​បាន​ជ្រាប តាំង​ពី​អស់​កល្ប​រៀង​មក
19 ដូច្នេះ បើ​តាម​គំនិត​ខ្ញុំ នោះ​មិន​ត្រូវ​ធ្វើ​ឲ្យ​ពួក​សាសន៍​ដទៃ ដែល​ងាក​បែរ​មក​ឯ​ព្រះ​វិញ មាន​ចិត្ត​ខ្វល់​ឡើយ
20 គឺ​ត្រូវ​សរសេរ​ផ្ញើ​ទៅ ឲ្យ​គេ​គ្រាន់​តែ​ចៀស​វាង​ចេញ​ពី​រូប​ព្រះ ដែល​នាំ​ឲ្យ​ស្មោក‌គ្រោក​១ ពី​សេចក្ដី​កំផិត​១ ពី​សត្វ​ដែល​សម្លាប់​ដោយ​ច្របាច់​ក​១ ហើយ​ពី​ឈាម​១​ប៉ុណ្ណោះ
21 ព្រោះ​តាំង​ពី​ចាស់​បុរាណ​មក មាន​គេ​ប្រកាស​ប្រាប់​ពី​លោក​ម៉ូសេ​នៅ​គ្រប់​ទី​ក្រុង​ទាំង​អស់ ហើយ​គេ​មើល​គម្ពីរ​លោក នៅ​អស់​ទាំង​សាលា​ប្រជុំ រាល់​តែ​ថ្ងៃ​ឈប់​សម្រាក​ដែរ។
22 នោះ​ពួក​សាវក និង​ពួក​ចាស់‌ទុំ ព្រម​ទាំង​ពួក​ជំនុំ​គ្រប់​គ្នា​ក៏​យល់​ព្រម​ថា គួរ​នឹង​រើស​យក​អ្នក​ខ្លះ​ក្នុង​ពួក​គេ គឺ​យូដាស ដែល​ហៅ​ថា បាសា‌បាស​១ និង​ស៊ីឡាស​១ ជា​ពួក​អ្នក​មុខ​ក្នុង​ពួក​ជំនុំ ដើម្បី​នឹង​ចាត់​ឲ្យ​ទៅ​ឯ​អាន់‌ទី‌យ៉ូក​ជា​មួយ​នឹង​ប៉ុល ហើយ​និង​បា‌ណា‌បាស
23 គេ​ក៏​ធ្វើ​សំបុត្រ​ផ្ញើ​ដោយ‌សារ​អ្នក​ទាំង​នោះ បែប​ដូច្នេះ​ថា សំបុត្រ​យើង​ខ្ញុំ ជា​ពួក​សាវក ពួក​ចាស់‌ទុំ និង​ពួក​បង​ប្អូន​ទាំង​អស់​គ្នា ផ្ញើ​មក​ជម្រាប​សួរ​ដល់​ពួក​បង​ប្អូន​សាសន៍​ដទៃ ដែល​នៅ​ក្រុង​អាន់‌ទី‌យ៉ូក ស្រុក​ស៊ីរី និង​ស្រុក​គីលីគា ឲ្យ​បាន​ជ្រាប
24 ដ្បិត​យើង​ខ្ញុំ​បាន​ឮ​ថា មាន​អ្នក​ខ្លះ​ចេញ​ពី​ពួក​យើង​ខ្ញុំ​មក នាំ​ឲ្យ​អ្នក​រាល់​គ្នា​ខ្វល់​ចិត្ត ហើយ​ឲ្យ​វល់​គំនិត ដោយ​ពាក្យ​សំដី​ដែល​គេ​ថា ត្រូវ​តែ​កាត់​ស្បែក ហើយ​កាន់​តាម​ក្រឹត្យ‌វិន័យ​ផង តែ​យើង​ខ្ញុំ​មិន​បាន​បង្គាប់​គេ​ទេ
25 ដូច្នេះ យើង​ខ្ញុំ​បាន​ព្រម​ព្រៀង​គ្នា​យល់​ឃើញ​ថា គួរ​នឹង​រើស​អ្នក​ខ្លះ ចាត់​មក​ឯ​អ្នក​រាល់​គ្នា​ជា​មួយ​នឹង​បា‌ណា‌បាស ហើយ​និង​ប៉ុល ជា​សំឡាញ់​ស្ងួន‌ភ្ងា​នៃ​យើង​ខ្ញុំ
26 ដែល​បាន​ប្រថុយ​ជីវិត ដោយ​យល់​ដល់​ព្រះ‌នាម​នៃ​ព្រះ‌អម្ចាស់​យេស៊ូវ‌គ្រីស្ទ​នៃ​យើង​រាល់​គ្នា
27 ដូច្នេះ យើង​ខ្ញុំ​បាន​ចាត់​យូដាស និង​ស៊ីឡាស​មក ឲ្យ​ជម្រាប​ដល់​អ្នក​រាល់​គ្នា​ផ្ទាល់​មាត់​ពី​សេចក្ដី​នោះ​ឯង
28 ពី​ព្រោះ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ និង​យើង​ខ្ញុំ​រាល់​គ្នា បាន​យល់​ឃើញ​ថា មិន​គួរ​គប្បី​នឹង​ដាក់​បន្ទុក​អ្វី​ទៀត​លើ​អ្នក​រាល់​គ្នា ក្រៅ​ពី​សេចក្ដី​ទាំង​នេះ​ដែល​ត្រូវ​តែ​កាន់​នោះ​ឡើយ
29 គឺ​ឲ្យ​ចៀស​វាង​ចំពោះ​របស់​ដែល​បាន​ថ្វាយ​ដល់​រូប​ព្រះ​១ ឈាម​១ សត្វ​ដែល​សម្លាប់​ដោយ​ច្របាច់​ក​១ និង​សេចក្ដី​កំផិត​១ បើ​អ្នក​រាល់​គ្នា​ចៀស​វាង​ពី​របស់​ទាំង​នេះ នោះ​បាន​ល្អ​ហើយ សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្ដី​សុខ​ចុះ។
30 កាល​ពួក​ជំនុំ​បាន​ឲ្យ​អ្នក​ទាំង​នោះ​ទៅ​ហើយ នោះ​គេ​ទៅ​ដល់​អាន់‌ទី‌យ៉ូក ក៏​ប្រជុំ​ពួក​សិស្ស​ទាំង​ប៉ុន្មាន ហើយ​ប្រគល់​សំបុត្រ​នោះ​ដល់​ពួក​ជំនុំ
31 លុះ​បាន​អាន​មើល​សំបុត្រ​ស្រេច​ហើយ ពួក​នោះ​ក៏​មាន​សេចក្ដី​រីក‌រាយ​ដោយ​ពាក្យ​កំសាន្ត​នោះ
32 ឯ​យូដាស និង​ស៊ីឡាស ដែល​ជា​គ្រូ​អធិប្បាយ​ដែរ គេ​បាន​ប្រដៅ​ទូន្មាន​ជា​ច្រើន​ដល់​ពួក​ជំនុំ ព្រម​ទាំង​តាំង​ឲ្យ​គេ​មាន​ចិត្ត​ខ្ជាប់‌ខ្ជួន​ឡើង
33 កាល​នៅ​ទី​នោះ​ជា​យូរ​បន្តិច នោះ​ពួក​ជំនុំ​ឲ្យ​គេ​ត្រឡប់​ទៅ​ឯ​ពួក​សាវក​វិញ​ដោយ​សុខ​សាន្ត
34 តែ​ស៊ីឡាស​គាត់​គាប់​ចិត្ត​នៅ​ទី​នោះ​ត​ទៅ​ទៀត
35 ឯ​ប៉ុល និង​បា‌ណា‌បាស បាន​បង្អង់​នៅ​ឯ​ក្រុង​អាន់‌ទី‌យ៉ូក​នោះ​ដែរ ទាំង​បង្រៀន ហើយ​ប្រកាស​ប្រាប់​ដំណឹង​ល្អ គឺ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់ ជា​មួយ​នឹង​មនុស្ស​ឯ​ទៀត​ជា​ច្រើន។
36 កាល​ក្រោយ​បន្តិច​ថ្ងៃ​មក នោះ​ប៉ុល​និយាយ​នឹង​បា‌ណា‌បាស​ថា ចូរ​យើង​ត្រឡប់​ទៅ​សួរ​ពួក​បង​ប្អូន នៅ​អស់​ទាំង​ក្រុង ជា​ទី​ដែល​យើង​បាន​ផ្សាយ​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​ផង ដើម្បី​ឲ្យ​ដឹង​ពី​គេ​ថា​ជា​យ៉ាង​ដូច​ម្តេច
37 ឯ​បា‌ណា‌បាស គាត់​គិត​ចង់​យក​យ៉ូហាន ដែល​ហៅ​ថា​ម៉ាកុស ទៅ​ជា​មួយ​ផង
38 តែ​ប៉ុល​មិន​ចូល​ចិត្ត​នឹង​យក​គាត់​ទៅ​ទេ ពី​ព្រោះ​ជាន់​មុន គាត់​បាន​ចាក​ចោល​គេ ពី​កាល​នៅ​ស្រុក​ប៉ាម‌ភីលា​ម្តង​ហើយ មិន​បាន​ទៅ​ធ្វើ​ការ​ជា​មួយ​គ្នា​ត​ទៅ​ឡើយ
39 ដូច្នេះ គេ​មាន​ការណ៍​ទាស់‌ទែង​គ្នា​ជា​ខ្លាំង ដល់​ម៉្លេះ​បាន​ជា​បែក​ចេញ​ពី​គ្នា ឯ​បា‌ណា‌បាស គាត់​យក​ម៉ាកុស ចុះ​សំពៅ​ទៅ​ឯ​កោះ​គីប្រុស
40 តែ​ប៉ុល គាត់​រើស​យក​ស៊ីឡាស​វិញ ហើយ​ចេញ​ដំណើរ​ទៅ ដោយ​មាន​ពួក​ជំនុំ​ផ្ទុក‌ផ្តាក់​ក្នុង​ព្រះ‌គុណ​នៃ​ព្រះ‌អម្ចាស់
41 នោះ​គាត់​ដើរ​កាត់​ស្រុក​ស៊ីរី និង​ស្រុក​គីលីគា ក៏​តាំង​ឲ្យ​ពួក​ជំនុំ​ទាំង​ប៉ុន្មាន​បាន​ខ្ជាប់‌ខ្ជួន​ឡើង។


ជំពូក 16

1 រីឯ​ប៉ុល បាន​ទៅ​ដល់​ក្រុង​ឌើបេ និង​លីស្ត្រា ហើយ​នៅ​ទី​នោះ ក៏​ប្រទះ​ឃើញ​សិស្ស​ម្នាក់ ឈ្មោះ​ធីម៉ូថេ ជា​កូន​របស់​ស្ត្រី​សាសន៍​យូដា​ម្នាក់ ដែល​បាន​ជឿ តែ​ឪពុក​ជា​សាសន៍​ក្រេក
2 គាត់​ជា​អ្នក​មាន​កេរ្តិ៍​ឈ្មោះ​ល្អ​ក្នុង​ពួក​ជំនុំ​នៅ​លីស្ត្រា និង​អ៊ីកូនាម
3 ឯ​ប៉ុល ចង់​ឲ្យ​អ្នក​នោះ​ទៅ​ជា​មួយ​ផង បាន​ជា​គាត់​នាំ​យក​ទៅ​កាត់​ស្បែក​ឲ្យ ដោយ​ព្រោះ​ពួក​សាសន៍​យូដា​ដែល​នៅ​ស្រុក​ទាំង​នោះ ដ្បិត​គេ​ដឹង​គ្រប់​គ្នា​ថា ឪពុក​គាត់​ជា​សាសន៍​ក្រេក
4 កំពុង​ដែល​ដើរ​កាត់​អស់​ទាំង​ទី​ក្រុង នោះ​ក៏​ប្រគល់​សេចក្ដី​បញ្ញត្ត​ទាំង​ប៉ុន្មាន​ដល់​គេ ជា​សេចក្ដី​ដែល​ពួក​សាវក និង​ពួក​ចាស់‌ទុំ ដែល​នៅ​ក្រុង​យេរូ‌សាឡឹម បាន​ជំនុំ​សម្រេច​ឲ្យ​កាន់​តាម
5 យ៉ាង​នោះ ពួក​ជំនុំ​ទាំង​ប៉ុន្មាន មាន​សេចក្ដី​ជំនឿ រឹត​តែ​ខ្លាំង ហើយ​ចំនួន​នៃ​ពួក​សិស្ស ចេះ​តែ​ចម្រើន​កើន​ឡើង​ជា​រាល់​ថ្ងៃ។
6 កាល​បាន​ដើរ​កាត់​ស្រុក​ព្រីគា និង​ដែន​ខេត្ត​កាឡាទី នោះ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ទ្រង់​ឃាត់ មិន​ឲ្យ​ផ្សាយ​ព្រះ‌បន្ទូល​នៅ​ស្រុក​អាស៊ី​ទេ
7 បាន​ជា​នាំ​គ្នា​ចុះ​ទៅ​ឯ​ស្រុក​មីស៊ា​វិញ ហើយ​ខំ​ចូល​ទៅ​ក្នុង​ស្រុក​ប៊ីធូនា ប៉ុន្តែ ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេស៊ូវ​មិន​អនុញ្ញាត​ឲ្យ​ចូល​ទេ
8 រួច​គេ​ដើរ​ហួស​ពី​ស្រុក​មីស៊ា ចុះ​ទៅ​ឯ​ទ្រអាស​វិញ
9 នៅ​យប់​នោះ ប៉ុល​បាន​ឃើញ​ក្នុង​ការ​ជាក់​ស្តែង ជា​មនុស្ស​ពី​ស្រុក​ម៉ាសេដូន​ម្នាក់ ឈរ​អង្វរ​គាត់​ថា សូម​អញ្ជើញ​ឆ្លង​មក​ជួយ​យើង​ខ្ញុំ ដែល​នៅ​ស្រុក​ម៉ាសេដូន​នេះ​ផង
10 លុះ​គាត់​បាន​ឃើញ​ការ​ជាក់​ស្តែង​នោះ​រួច​ហើយ នោះ​យើង ក៏​រក​ឱកាស​នឹង​ទៅ​ឯ​ស្រុក​ម៉ាសេដូន​ភ្លាម ដោយ​យល់​ឃើញ​ថា ព្រះ‌អម្ចាស់​ទ្រង់​ហៅ​យើង ឲ្យ​ទៅ​ផ្សាយ​ដំណឹង​ល្អ​ដល់​គេ។
11 កាល​បាន​ចុះ​សំពៅ​ចេញ​ពី​ទ្រអាស​ទៅ នោះ​ក៏​តម្រង់​ទៅ​ឯ​កោះ​សាម៉ូ‌ត្រាស ហើយ​ថ្ងៃ​ក្រោយ​បាន​ដល់​នាប៉ូល
12 ពី​ទី​នោះ យើង​ក៏​ទៅ​ដល់​ក្រុង​ភីលីព ជា​ទី​ក្រុង​លេខ​១​ក្នុង​ដែន​ខេត្ត​ម៉ាសេដូន ដែល​ជា​ស្រុក​ចំណុះ ហើយ​យើង​សំចត​នៅ​ទី​នោះ​បាន​បួន​ដប់​ថ្ងៃ។
13 ដល់​ថ្ងៃ​ឈប់​សម្រាក យើង​ដើរ​ចេញ​ពី​ទី​ក្រុង ទៅ​ឯ​មាត់​ទន្លេ ជា​កន្លែង​ដែល​គេ​ធ្លាប់​អធិស្ឋាន ក៏​អង្គុយ​និយាយ​នឹង​ពួក​ស្រីៗ ដែល​ប្រជុំ​គ្នា
14 នោះ​មាន​ស្ត្រី​ម្នាក់ ជា​អ្នក​ជំនួញ​ល័ខ​ពណ៌​ស្វាយ ឈ្មោះ​លីឌា ពី​ក្រុង​ធាទេរ៉ា ជា​អ្នក​ដែល​ថ្វាយ‌បង្គំ​ព្រះ នាង​ប្រុង​ស្តាប់ ហើយ​ព្រះ‌អម្ចាស់​ទ្រង់​បើក​ចិត្ត​នាង ឲ្យ​យក​ចិត្ត​ទុក​ដាក់​តាម​សេចក្ដី ដែល​ប៉ុល​អធិប្បាយ
15 កាល​នាង​បាន​ទទួល​បុណ្យ​ជ្រមុជ‌ទឹក ព្រម​ទាំង​ពួក​គ្រួ​នាង​រួច​ហើយ នោះ​ក៏​អញ្ជើញ​យើង​ថា បើ​អស់​លោក​យល់​ឃើញ​ថា ខ្ញុំ​ស្មោះ‌ត្រង់​ចំពោះ​ព្រះ‌អម្ចាស់​ពិត នោះ​សូម​លោក​អញ្ជើញ​ទៅ​នៅ​ឯ​ផ្ទះ​ខ្ញុំ​កុំ​ខាន នាង​ក៏​បង្ខំ​ដល់​យើង។
16 រួច​កាល​យើង​កំពុង​តែ​ទៅ​ឯ​ទី​អធិស្ឋាន នោះ​មាន​បាវ​ស្រី​ម្នាក់​មក​ជួប​នឹង​យើង នាង​នោះ​មាន​អារក្ស​ភីថង់​ចូល ក៏​បាន​ចម្រើន​ឲ្យ​ចៅ‌ហ្វាយ​នាង​ជា​ច្រើន ដោយ​ការ​ទាយ
17 នាង​ដើរ​តាម​ប៉ុល និង​យើង​ខ្ញុំ ទាំង​ស្រែក​ថា អ្នក​ទាំង​នេះ​ជា​អ្នក​បម្រើ​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត ដែល​ប្រាប់​យើង​ពី​ផ្លូវ​សង្គ្រោះ
18 នាង​ក៏​ធ្វើ​ដូច្នោះ​ជា​យូរ​ថ្ងៃ ទាល់​តែ​ប៉ុល​មាន​សេចក្ដី​រំខាន​ចិត្ត ហើយ​បែរ​ទៅ​និយាយ​នឹង​អារក្ស​នោះ​ថា អញ​បង្គាប់​ឯង​ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេស៊ូវ​គ្រីស្ទ ឲ្យ​ឯង​ចេញ​ពី​នាង​នេះ​ទៅ វា​ក៏​ចេញ​ទៅ​នៅ​វេលា​នោះ​ឯង
19 កាល​ពួក​ចៅ‌ហ្វាយ​របស់​នាង​ឃើញ​ថា ទី​សង្ឃឹម​ដែល​នឹង​បាន​កម្រៃ បាន​បាត់​អស់​ទៅ​ហើយ នោះ​គេ​ក៏​ចាប់​ប៉ុល និង​ស៊ីឡាស ដោយ​កន្ត្រាក់‌កន្ត្រែង​នាំ​ទៅ​ឯ​ទី​ផ្សារ នៅ​ចំពោះ​មុខ​មេ​នគរ‌បាល
20 រួច​កាល​នាំ​ទៅ​ដល់​នាយក​តម្រួួត​នគរ‌បាល គេ​ជម្រាប​ថា ពួក​សាសន៍​យូដា​ទាំង​នេះ​នាំ​ឲ្យ​ទី​ក្រុង​យើង កើត​វឹកវរ​ជា​ខ្លាំង​ណាស់
21 គេ​ប្រកាស​ប្រាប់​ពី​ទំនៀម‌ទម្លាប់ ដែល​យើង​ខ្ញុំ​ជា​សាសន៍​រ៉ូម គ្មាន​ច្បាប់​ទទួល ឬ​កាន់​តាម​ឡើយ
22 ហ្វូង​មនុស្ស​ក៏​លើក​គ្នា​ទាស់​នឹង​ប៉ុល ហើយ​និង​ស៊ីឡាស​ដែរ រួច​មេ​នគរ‌បាល​បាន​កន្ត្រាក់​ហែក​អាវ​គេ​ចេញ ហើយ​បង្គាប់​ឲ្យ​វាយ​នឹង​រំពាត់
23 ក្រោយ​ដែល​វាយ មាន​ស្នាម​ជា​ច្រើន​ហើយ នោះ​ក៏​យក​ទៅ​ដាក់​គុក បង្គាប់​មេភូ‌ឃុំ ឲ្យ​រក្សា​ដោយ​ប្រយ័ត‌ប្រយែង
24 មេភូ‌ឃុំ​ទទួល​បង្គាប់​យ៉ាង​ដូច្នោះ​ហើយ ក៏​នាំ​យក​គេ​ទៅ​ដាក់​ក្នុង​គុក​ជ្រៅ ព្រម​ទាំង​ដាក់​ខ្នោះ​ភ្ជាប់​នៅ​ជើង​ផង
25 លុះ​ពេល​ប្រហែល​ជា​កណ្តាល​អធ្រាត្រ ប៉ុល និង​ស៊ីឡាស កំពុង​តែ​អធិស្ឋាន ហើយ​ច្រៀង​សរសើរ​ដល់​ព្រះ ឯ​ពួក​អ្នក​ទោស​ក៏​ស្តាប់​ដែរ
26 នោះ​ស្រាប់​តែ​កើត​មាន​កក្រើក​ដី​ជា​ខ្លាំង ដល់​ម៉្លេះ​បាន​ជា​រញ្ជួយ​ដល់​ជើង​ជញ្ជាំង​គុក​ផង ហើយ​ទ្វារ​ទាំង​ប៉ុន្មាន​របើក​ចេញ​ភ្លាម ខ្នោះ​ក៏​រហើប​ចេញ​ទាំង​អស់​ទៅ
27 កាល​មេភូ‌ឃុំ​ភ្ញាក់​ឡើង ឃើញ​ទ្វារ​គុក​នៅ​ចំហ​ដូច្នោះ ក៏​ហូត​ដាវ​បម្រុង​នឹង​សម្លាប់​ខ្លួន​ចោល ដោយ​ស្មាន​ថា អ្នក​ទោស​បាន​រត់​រួច​អស់​ហើយ
28 ប៉ុន្តែ ប៉ុល​ស្រែក​ឡើង​ឃាត់​ថា កុំ​ធ្វើ​បាប​ខ្លួន​ឡើយ ដ្បិត​យើង​នៅ​ឯ​ណេះ​ទាំង​អស់​គ្នា​ទេ
29 មេភូ‌ឃុំ​ក៏​ឲ្យ​គេ​យក​ភ្លើង​មក រួច​ម្នីម្នា​ស្ទុះ​ចូល​ទៅ​ក្នុង​គុក ផ្តួល​ខ្លួន​នៅ​ទៀប​ជើង​ប៉ុល និង​ស៊ីឡាស ទាំង​ញាប់‌ញ័រ
30 គាត់​នាំ​គេ​ចេញ​ទៅ​ក្រៅ​សួរ​ថា លោក​ម្ចាស់​អើយ តើ​ត្រូវ​ឲ្យ​ខ្ញុំ​ធ្វើ​ដូច​ម្តេច​ឲ្យ​បាន​សង្គ្រោះ​ផង
31 គេ​ក៏​ប្រាប់​គាត់​ថា ចូរ​ជឿ​ដល់​ព្រះ‌អម្ចាស់​យេស៊ូវ‌គ្រីស្ទ​ទៅ នោះ​នឹង​បាន​សង្គ្រោះ​ហើយ ព្រម​ទាំង​ពួក​គ្រួសារ​លោក​ផង
32 គេ​ក៏​ផ្សាយ​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​ដល់​គាត់ និង​ពួក​គ្រួ​គាត់​ទាំង​អស់​ដែរ
33 នៅ​វេលា​យប់​នោះ​ឯង គាត់​យក​គេ​ទៅ​លាង​ស្នាម​រំពាត់​ចេញ រួច​ខ្លួន​គាត់ និង​ពួក​គាត់​ទាំង​អស់ ក៏​ទទួល​បុណ្យ​ជ្រមុជ‌ទឹក​ភ្លាម
34 នោះ​គាត់​នាំ​គេ​ចូល​ទៅ​ក្នុង​ផ្ទះ​រៀប​តុ​ឲ្យ​បរិភោគ ដោយ​មាន​ចិត្ត​រីក‌រាយ​សាទរ ព្រម​ទាំង​ពួក​គ្រួ​គាត់​ផង ដោយ​ព្រោះ​បាន​ជឿ​ដល់​ព្រះ​ហើយ។
35 ដល់​ភ្លឺ​ឡើង នោះ​មេ​នគរ‌បាល​ចាត់​ពួក​នាយ ឲ្យ​ទៅ​ប្រាប់​ថា ចូរ​លែង​អ្នក​ទាំង​២​នោះ​ទៅ
36 មេភូ‌ឃុំ​ក៏​ប្រាប់​ដល់​ប៉ុល តាម​ពាក្យ​នោះ​ថា លោក​នគរ‌បាល​បាន​ចាត់​គេ​មក ប្រាប់​ឲ្យ​លែង​លោក​ចេញ​ទៅ​ហើយ ដូច្នេះ សូម​អញ្ជើញ​ទៅ​ដោយ​សុខ​សាន្ត​ចុះ
37 តែ​ប៉ុល​ឆ្លើយ​ទៅ​គេ​ថា ពួក​មេ​នគរ‌បាល​វាយ​យើង​នឹង​រំពាត់ នៅ​កណ្តាល​ជំនុំ ឥត​មាន​កាត់​ទោស ហើយ​បាន​ដាក់​គុក​យើង​ផង ដែល​យើង​ជា​ជាតិ​រ៉ូម ដូច្នេះ ឥឡូវ​នេះ លោក​ចង់​គេច‌កែ​ប្រែ​ជា​ដេញ​យើង​ទៅ​ដោយ​សម្ងាត់​វិញ​ឬ ធ្វើ​ដូច្នេះ​ពុំ​បាន​ទេ ត្រូវ​ឲ្យ​ខ្លួន​លោក​មក​នាំ​យើង​ចេញ​ទៅ​វិញ
38 ពួក​នាយ​ក៏​ទៅ​ជម្រាប​តាម​ពាក្យ​នោះ រួច​ពួក​មេ​នគរ‌បាល​មាន​សេចក្ដី​ភិត‌ភ័យ ដោយ​ឮ​ថា​ជា​ជាតិ​រ៉ូម
39 ក៏​មក​សូម​អង្វរ​ដល់​គាត់​ទាំង​២​នាក់ រួច​នាំ​ចេញ​ពី​ក្នុង​គុក ហើយ​សូម​ឲ្យ​ចេញ​ពី​ទី​ក្រុង​គេ​ទៅ
40 កាល​ចេញ​ពី​គុក​ហើយ ទើប​នាំ​គ្នា​ទៅ​ឯ​នាង​លីឌា លុះ​បាន​ឃើញ​ពួក​ជំនុំ នោះ​ក៏​ទូន្មាន​ដល់​គេ រួច​ចេញ​ដំណើរ​ទៅ។


ជំពូក 17

1 រីឯ​កាល​បាន​ដើរ​កាត់​ក្រុង​អាំភី‌ប៉ូលី និង​ក្រុង​អ័ប៉ុឡូនា នោះ​គេ​ទៅ​ដល់​ក្រុង​ថែស្សា‌ឡូនីច ជា​កន្លែង​ដែល​មាន​សាលា​ប្រជុំ​របស់​សាសន៍​យូដា
2 ប៉ុល​ក៏​ចូល​ទៅ​ឯ​គេ​តាម​ទម្លាប់​គាត់ ហើយ​ជជែក​ពន្យល់​ដល់​គេ​តាម​គម្ពីរ ក្នុង​៣​ថ្ងៃ​ឈប់​សម្រាក
3 ក៏​បើក​សម្ដែង​យ៉ាង​ច្បាស់​ថា ព្រះ‌គ្រីស្ទ​ត្រូវ​តែ​រង​ទុក្ខ រួច​មាន​ព្រះ‌ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ គាត់​ក៏​និយាយ​ថា ព្រះ‌យេស៊ូវ​នេះ​ឯង ដែល​ខ្ញុំ​ប្រកាស​ប្រាប់​ដល់​អ្នក​រាល់​គ្នា ទ្រង់​ជា​ព្រះ‌គ្រីស្ទ​នោះ​ហើយ
4 ពួក​អ្នក​នោះ​ខ្លះ​ក៏​យល់​ព្រម ហើយ​បាន​ចូល​ខាង​ប៉ុល និង​ស៊ីឡាស ព្រម​ទាំង​ពួក​សាសន៍​ក្រេក​សន្ធឹក ដែល​តែង​តែ​ថ្វាយ‌បង្គំ​ព្រះ និង​ពួក​ស្រី​អ្នក​មុខ​ជា​ក្រែល​ដែរ
5 តែ​ពួក​សាសន៍​យូដា​ដែល​មិន​ព្រម​ជឿ គេ​មាន​ចិត្ត​ឈ្នានីស ក៏​នាំ​យក​មនុស្ស​ពាល​អនាថា​ខ្លះ​មក រួច​ប្រមូល​បាន​មនុស្ស​យ៉ាង​សន្ធឹក ទៅ​បង្កើត​វឹកវរ​ក្នុង​ទី​ក្រុង ហើយ​នាំ​គ្នា​ទៅ​ចោម​ព័ទ្ធ​ផ្ទះ​យ៉ាសុន រក​ចាប់​ប៉ុល និង​ស៊ីឡាស នាំ​ចេញ​មក​ឯ​បណ្តា‌ជន
6 លុះ​រក​មិន​ឃើញ ក៏​ចាប់​យ៉ាសុន និង​ពួក​ជំនុំ​ខ្លះ កន្ត្រាក់​ដឹក‌នាំ​ទៅ​ដាក់​នៅ​មុខ​ចៅ‌ហ្វាយ​ទី​ក្រុង ដោយ​ស្រែក​ថា ពួក​ដែល​នាំ​ឲ្យ​ក្រឡាប់​ផែនដី​នោះ បាន​មក​ទី​នេះ​ហើយ
7 ឯ​យ៉ាសុន​នេះ ជា​អ្នក​បាន​ទទួល​គេ ពួក​នោះ​ប្រព្រឹត្ត​សុទ្ធ​តែ​ខុស​នឹង​បញ្ញត្ត​របស់​សេ‌សារ ដោយ​និយាយ​ថា មាន​ស្តេច​១​ទៀត ឈ្មោះ​យេស៊ូវ
8 មនុស្ស​ទាំង​នោះ​ក៏​នាំ​ឲ្យ​អស់​បណ្តា‌ជន និង​ចៅ‌ហ្វាយ​នៃ​ទី​ក្រុង​កើត​បារម្ភ​ព្រួយ ដោយ​ឮ​សេចក្ដី​នោះ
9 រួច​កាល​បាន​យក​ប្រាក់​ធានា​ពី​យ៉ាសុន និង​អ្នក​ឯ​ទៀត​ហើយ នោះ​ក៏​លែង​គេ​ចេញ​ទៅ។
10 ពួក​ជំនុំ​ក៏​ឲ្យ​ប៉ុល និង​ស៊ីឡាស ចេញ​ទៅ​ឯ​ក្រុង​បេរា ទាំង​យប់​ភ្លាម កាល​ទៅ​ដល់ នោះ​គេ​ចូល​ទៅ​ក្នុង​សាលា​ប្រជុំ​របស់​ពួក​សាសន៍​យូដា
11 រីឯ​ពួក​អ្នក​ស្រុក​នោះ មាន​ចិត្ត​ល្អ​ជាង​ពួក​អ្នក​នៅ​ថែស្សា‌ឡូនីច គេ​ប្រុង​ប្រៀប​សព្វ​គ្រប់​នឹង​ទទួល​ព្រះ‌បន្ទូល ក៏​ពិចារណា​មើល​គម្ពីរ​រាល់​តែ​ថ្ងៃ ឲ្យ​បាន​ដឹង​ជា​សេចក្ដី​ទាំង​នោះ​ត្រូវ​ឬ​មិន​ត្រូវ
12 ដូច្នេះ មាន​ពួក​គេ និង​ពួក​ស្រី​សាសន៍​ក្រេក ជា​អ្នក​មុខ​អ្នក​ការ​ជា​ច្រើន​បាន​ជឿ ក៏​មាន​ប្រុសៗ​ក្រែល​ដែរ
13 តែ​កាល​ពួក​សាសន៍​យូដា​នៅ​ថែស្សា‌ឡូនីច​បាន​ដឹង​ថា ប៉ុល​បាន​ផ្សាយ​ព្រះ‌បន្ទូល​ក្នុង​ក្រុង​បេរា​ដែរ នោះ​គេ​ក៏​មក​ញុះ‌ញង់​បណ្តា‌ជន​នៅ​ទី​នោះ​ទៀត
14 ដូច្នេះ ពួក​ជំនុំ​ឲ្យ​ប៉ុល​ចេញ​ទៅ​ភ្លាម ធ្វើ​ដូច​ជា​នឹង​ទៅ​ឯ​សមុទ្រ តែ​ស៊ីឡាស និង​ធីម៉ូថេ នៅ​ទី​នោះ​ត​ទៅ
15 ឯ​ពួក​អ្នក​ដែល​ជូន​ប៉ុល​ទៅ គេ​នាំ​ទៅ​ឯ​ក្រុង​អាថែន​វិញ រួច​កាល​គេ​ទទួល​ពាក្យ ដែល​គាត់​ផ្តាំ​ទៅ​ស៊ីឡាស និង​ធីម៉ូថេ ឲ្យ​គេ​មក​ជួប​នឹង​គាត់​ជា​ប្រញាប់ នោះ​គេ​នាំ​គ្នា​ត្រឡប់​វិល​ទៅ​វិញ។
16 កំពុង​ដែល​ប៉ុល​ចាំ​គេ​នៅ​ក្រុង​អាថែន នោះ​គាត់​មាន​សេចក្ដី​រំជួល​ក្នុង​ចិត្ត​ជា​ខ្លាំង ដោយ​ឃើញ​មាន​រូប​ព្រះ​នៅ​ពេញ​ក្នុង​ទី​ក្រុង​នោះ
17 ដូច្នេះ គាត់​ក៏​ជជែក​ពន្យល់​ដល់​សាសន៍​យូដា និង​ពួក​អ្នក​ដែល​ថ្វាយ‌បង្គំ​ក្នុង​សាលា​ប្រជុំ​គេ ហើយ​នៅ​ទី​ផ្សារ ជា​មួយ​នឹង​អស់​អ្នក​ដែល​មក​ជួប​នឹង​គាត់​រាល់​តែ​ថ្ងៃ​ដែរ
18 តែ​មាន​ពួក​អេពីគួរ និង​ពួក​ស្ទអ៊ីក ខ្លះ ជា​អ្នក​ប្រាជ្ញ​បរមត្ថ គេ​មក​ជួប​នឹង​គាត់ ខ្លះ​សួរ​ថា តើ​អ្នក​ដែល​និយាយ​ប៉ប៉ាច់​នេះ​ចង់​ថា​ដូច​ម្តេច ខ្លះ​ទៀត​ថា មើល​ទៅ​ដូច​ជា​គាត់​សម្ដែង​ពី​ព្រះ​ដទៃ​ទេ ដ្បិត​ឮ​គាត់​ប្រាប់​គេ​ពី​ព្រះ‌យេស៊ូវ ហើយ​ពី​សេចក្ដី​រស់​ពី​ស្លាប់​ឡើង​វិញ
19 គេ​ក៏​នាំ​យក​គាត់​ទៅ​ឯ​ភ្នំ​អើរី‌យ៉ូស​សួរ​ថា តើ​យើង​អាច​នឹង​ដឹង​ជា​សេចក្ដី​បង្រៀន​ថ្មី ដែល​អ្នក​អធិប្បាយ​នេះ​ជា​យ៉ាង​ណា​បាន​ឬ​ទេ
20 ដ្បិត​យើង​បាន​ឮ​អ្នក​អធិប្បាយ​យ៉ាង​ប្លែក​ណាស់ ដូច្នេះ យើង​ចង់​ដឹង​ន័យ​សេចក្ដី​ទាំង​នេះ​ដែរ
21 រីឯ​ពួក​អ្នក​នៅ​ក្រុង​អាថែន និង​ពួក​អ្នក​ប្រទេស​ក្រៅ​ដែល​មក​ស្នាក់​នៅ​ទាំង​ប៉ុន្មាន គេ​មិន​ដែល​បង់​ពេល​ទំនេរ​នឹង​ធ្វើ​អ្វី​ទៀត​ទេ គេ​គិត​តែ​ពី​ប្រាប់ ឬ​ស្តាប់​សេចក្ដី​ថ្មី​ប៉ុណ្ណោះ។
22 ឯ​ប៉ុល គាត់​ឈរ​នៅ​កណ្តាល​ទី​អើរី‌យ៉ូស សម្ដែង​ថា ឱ​ពួក​អ្នក​នៅ​ក្រុង​អាថែន​អើយ ក្នុង​ការ​ទាំង​អស់​ខ្ញុំ​យល់​ឃើញ​ថា អ្នក​រាល់​គ្នា​ឧស្សាហ៍​ខ្នះ‌ខ្នែង​កាន់​សាសនា​ណាស់
23 ដ្បិត​កំពុង​ដែល​ខ្ញុំ​ដើរ​ចុះ​ឡើង មើល​ប្រដាប់​ប្រដា ដែល​អ្នក​រាល់​គ្នា​គោរព​បូជា នោះ​ខ្ញុំ​ឃើញ​មាន​អាសនៈ​១ ដែល​មាន​ចារិក​ថា «ព្រះ​ដ៏​ពុំ​ស្គាល់» ដូច្នេះ ខ្ញុំ​នឹង​ប្រាប់​ដល់​អ្នក​រាល់​គ្នា​ពី​ព្រះ ដែល​អ្នក​រាល់​គ្នា​គោរព​បូជា ដោយ​ឥត​ស្គាល់​នោះ​ឯង
24 ដ្បិត​ព្រះ​ដែល​បង្កើត​លោកីយ៍ និង​របស់​សព្វ​សារពើ ព្រះ‌អង្គ​នោះ​ទ្រង់​ជា​ព្រះ‌អម្ចាស់​នៃ​ស្ថាន‌សួគ៌ និង​ផែនដី ទ្រង់​មិន​គង់​នៅ​ក្នុង​វិហារ​ដែល​ដៃ​មនុស្ស​បាន​ធ្វើ​ទេ
25 ក៏​មិន​បាច់​មាន​ដៃ​មនុស្ស​បម្រើ​ទ្រង់ ដូច​ជា​ទ្រង់​ត្រូវ​ការ​អ្វី​នោះ​ផង​ដែរ ដ្បិត​គឺ​ទ្រង់​ដែល​ផ្គត់‌ផ្គង់​ដោយ​ព្រះ‌អង្គ​ទ្រង់ ឲ្យ​គ្រប់​ទាំង​អស់​មាន​ជីវិត មាន​ដង្ហើម​គ្រប់​Chapter
26 ទ្រង់​បាន​បង្កើត​មនុស្ស​គ្រប់​សាសន៍​ពី​ឈាម​តែ​១ ឲ្យ​បាន​នៅ​ពេញ​លើ​ផែនដី ព្រម​ទាំង​សម្រេច​កំណត់​ពេល​វេលា ដែល​បាន​តាំង​ជា​មុន និង​ព្រំ​ទី​លំនៅ​របស់​គេ​គ្រប់​គ្នា
27 ដើម្បី​ឲ្យ​គេ​ស្វែង​រក​ព្រះ ក្រែង​គេ​នឹង​រក​ទ្រង់​ឃើញ ដោយ​ខំ​រាវ​រក​មែន​នោះ​ទេ​ដឹង ទោះ​បើ​ទ្រង់​មិន​គង់​ឆ្ងាយ​ពី​យើង​នីមួយៗ​ក៏​ដោយ
28 ដ្បិត​គឺ​ដោយ‌សារ​ទ្រង់​ហើយ ដែល​យើង​រាល់​គ្នា​បាន​រស់ កម្រើក ហើយ​មាន​នៅ​ផង ដូច​ជា​ពួក​អ្នក​លើក​កំណាព្យ​ខ្លះ​របស់​អ្នក​រាល់​គ្នា បាន​និយាយ​ដែរ​ថា «មនុស្ស​យើង​ជា​ពូជ​ព្រះ​ដែរ»
29 ដូច្នេះ បើ​យើង​រាល់​គ្នា ជា​ពូជ​ព្រះ​ហើយ នោះ​មិន​ត្រូវ​ឲ្យ​យើង​ស្មាន​ថា ព្រះ‌ទ្រង់​ដូច​ជា​មាស ឬ​ប្រាក់ ឬ​ថ្ម ឬ​ជា​របស់​ឆ្លាក់ តាម​ការ​រចនា តាម​គំនិត​របស់​មនុស្ស​នោះ​ទេ
30 ពី​ដើម ព្រះ‌ទ្រង់​បាន​ទត​រំលង​គ្រា​ខ្លៅ​ល្ងង់​មែន តែ​ឥឡូវ​នេះ ទ្រង់​ត្រាស់​បង្គាប់​ដល់​មនុស្ស​ទាំង​អស់ នៅ​គ្រប់​អន្លើ​ឲ្យ​ប្រែ​ចិត្ត​វិញ
31 ពី​ព្រោះ​ទ្រង់​បាន​ដាក់​កំណត់​ថ្ងៃ ដែល​ទ្រង់​នឹង​ជំនុំ‌ជម្រះ​លោកីយ៍​ដោយ​យុត្តិ‌ធម៌ ដោយ‌សារ​មនុស្ស​ម្នាក់ ដែល​ទ្រង់​បាន​តម្រូវ​រួច​ហើយ ព្រម​ទាំង​ដាក់​ភស្តុ‌តាង​សំញែង​យ៉ាង​ជាក់​លាក់ ដល់​មនុស្ស​ទាំង‌ឡាយ ដោយ​ទ្រង់​ប្រោស​មនុស្ស​នោះ ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ
32 កាល​គេ​បាន​ឮ​និយាយ​ពី​មនុស្ស​ស្លាប់​រស់​ឡើង​វិញ នោះ​មាន​ខ្លះ​ចំអក​ឲ្យ ហើយ​ខ្លះ​និយាយ​ថា យើង​នឹង​ស្តាប់​អ្នក​ពី​ដំណើរ​នេះ​ម្តង​ទៀត
33 ដូច្នេះ ប៉ុល​ក៏​ចេញ​ពី​ចំណោម​គេ​ទៅ
34 តែ​មាន​មនុស្ស​ខ្លះ​ត្រូវ​ចិត្ត​ជាប់​នឹង​គាត់ ព្រម​ទាំង​ជឿ​ផង ក្នុង​ពួក​នោះ​មាន​ឈ្មោះ​ឌេវនីស ជា​ចៅ‌ក្រម​នៅ​ភ្នំ​អើរី‌យ៉ូស និង​ស្ត្រី​ម្នាក់​ឈ្មោះ​ដាម៉ា‌រីស ហើយ​និង​អ្នក​ខ្លះ​ទៀត​ដែរ។


ជំពូក 18

1 ក្រោយ​នោះ​មក ប៉ុល​ចេញ​ពី​ក្រុង​អាថែន​ទៅ​ឯ​កូរិន‌ថូស
2 នៅ​ទី​នោះ គាត់​ជួប​នឹង​សាសន៍​យូដា​ម្នាក់ ឈ្មោះ​អ័គីឡា ដែល​កើត​នៅ​ស្រុក​ប៉ុនតុស ជា​អ្នក​ទើប​នឹង​មក​ពី​ស្រុក​អ៊ីតាលី​ព្រម​ទាំង​ព្រីស៊ីល ជា​ប្រពន្ធ​គាត់​ផង ពី​ព្រោះ​មហា‌រាជ​ក្លូឌាស ទ្រង់​បាន​បង្គាប់ ឲ្យ​សាសន៍​យូដា​ចេញ​ពី​ក្រុង​រ៉ូម​ទាំង​អស់​ទៅ គាត់​ក៏​ទៅ​ឯ​អ្នក​ទាំង​២​នោះ
3 រួច​គាត់​ស្នាក់​នៅ ហើយ​ធ្វើ​ការ​ជា​មួយ​នឹង​គេ ពី​ព្រោះ​មាន​របរ​រក​ស៊ី​ធ្វើ​ជាង​ត្រសាល​ដូច​គ្នា
4 គាត់​ក៏​អធិប្បាយ​នៅ​ក្នុង​សាលា​ប្រជុំ​រាល់​តែ​ថ្ងៃ​ឈប់​សម្រាក ព្រម​ទាំង​បញ្ចុះ​បញ្ចូល​ពួក​សាសន៍​យូដា និង​សាសន៍​ក្រេក​ឲ្យ​ជឿ​ផង។
5 កាល​ស៊ីឡាស និង​ធីម៉ូថេ បាន​ចុះ​ពី​ស្រុក​ម៉ាសេដូន​មក​ដល់​ហើយ នោះ​ប៉ុល​មាន​សេចក្ដី​បង្ខំ​ក្នុង​ចិត្ត ឲ្យ​ផ្សាយ​ព្រះ‌បន្ទូល ក៏​ធ្វើ​បន្ទាល់​អស់​ពី​ចិត្ត​ដល់​សាសន៍​យូដា​ថា ព្រះ‌យេស៊ូវ​ជា​ព្រះ‌គ្រីស្ទ​ពិត
6 តែ​ដោយ​ព្រោះ​គេ​តាំង​ខ្លួន​ទាស់​ទទឹង ហើយ​ក៏​ជេរ​ប្រមាថ​ផង បាន​ជា​ប៉ុល​រលាស់​អាវ​ខ្លួន និយាយ​ថា ចូរ​ឲ្យ​ឈាម​អ្នក​រាល់​គ្នា​ធ្លាក់​លើ​ក្បាល​អ្នក​រាល់​គ្នា​វិញ​ចុះ ឯ​ខ្ញុំៗ បរិសុទ្ធ​ទេ អំណឹះ​ទៅ​មុខ ខ្ញុំ​នឹង​ទៅ​ឯ​សាសន៍​ដទៃ​ហើយ
7 គាត់​ក៏​ចេញ​ពី​ទី​នោះ ចូល​ទៅ​ក្នុង​ផ្ទះ​ម្នាក់ ឈ្មោះ​យូស្ទុស ជា​អ្នក​ថ្វាយ‌បង្គំ​ព្រះ ដែល​មាន​ផ្ទះ​នៅ​ជាប់​នឹង​សាលា​ប្រជុំ
8 ឯ​គ្រីស‌ប៉ុស ជា​មេ​សាលា​ប្រជុំ គាត់​ជឿ​ដល់​ព្រះ‌អម្ចាស់ ព្រម​ទាំង​ពួក​គ្រួ​គាត់​ទាំង​អស់​ដែរ ក៏​មាន​ពួក​ក្រុង​កូរិន‌ថូស​បាន​ស្តាប់ ហើយ​ជឿ​ជា​ច្រើន ទាំង​ទទួល​បុណ្យ​ជ្រមុជ‌ទឹក​ផង
9 វេលា​យប់​នោះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៅ​ប៉ុល​ក្នុង​ការ​ជាក់​ស្តែង​ថា កុំ​ខ្លាច​អ្វី ចូរ​សម្ដែង​ទៅ កុំ​នៅ​ស្ងៀម​ឡើយ
10 ដ្បិត​ខ្ញុំ​នៅ​ជា​មួយ​នឹង​អ្នក​ហើយ គ្មាន​អ្នក​ណា​នឹង​ប្រទូស្ត​ដល់​អ្នក​បាន​ទេ ខ្ញុំ​ក៏​មាន​មនុស្ស​ជា​ច្រើន​នៅ​ក្នុង​ទី​ក្រុង​នេះ​ដែរ
11 គាត់​ក៏​នៅ​ទី​នោះ​១​ឆ្នាំ​៦​ខែ ព្រម​ទាំង​បង្រៀន​ព្រះ‌បន្ទូល​នៅ​ក្នុង​ពួក​គេ។
12 កាល​លោក​កាលី‌យ៉ូ ធ្វើ​ជា​អ្នក​ដំណាង​សាសន៍​រ៉ូម នៅ​ស្រុក​អាខៃ នោះ​ពួក​សាសន៍​យូដា​លើក​គ្នា ព្រួត​ទាស់​នឹង​ប៉ុល គេ​ចាប់​នាំ​គាត់​ទៅ​ឯ​ទី​ជំនុំ​ក្តី ចោទ​ថា
13 អ្នក​នេះ​ជា​អ្នក​បញ្ចុះ​បញ្ចូល​មនុស្ស ឲ្យ​ថ្វាយ‌បង្គំ​ព្រះ​ខុស​ច្បាប់
14 តែ​កាល​ប៉ុល​រៀប​នឹង​បើក​មាត់​ដោះ​សា​ខ្លួន នោះ​លោក​កាលី‌យ៉ូ​និយាយ​ទៅ​ពួក​សាសន៍​យូដា​ថា នែ ពួក​សាសន៍​យូដា​អើយ បើ​សិន​ណា​ជា​មាន​ការ​ទុច្ចរិត​ណា ឬ​ទោស​កំណាច​អ្វី​ដទៃ នោះ​តាម​ទំនង​ខ្ញុំ​ត្រូវ​តែ​ទទួល​ស្តាប់​អ្នក​រាល់​គ្នា
15 ប៉ុន្តែ បើ​សិន​ជា​កើត​ក្តី​ពី​ដំណើរ​ពាក្យ​សំដី ឬ​ពី​នាម​ឈ្មោះ ឬ​ពី​ក្រឹត្យ‌វិន័យ​របស់​អ្នក​រាល់​គ្នា​វិញ នោះ​ស្រេច​នឹង​អ្នក​រាល់​គ្នា​ចុះ ខ្ញុំ​មិន​ចូល​ចិត្ត​នឹង​ជំនុំ‌ជម្រះ​ចំពោះ​ការ​យ៉ាង​នោះ​ទេ
16 លោក​ក៏​បណ្តេញ​គេ ចេញ​ពី​សាលា​ជំនុំ‌ជម្រះ​ទៅ
17 នោះ​គេ​ក៏​ចាប់​សូស្ថេន ជា​មេ​សាលា​ប្រជុំ មក​វាយ‌ផ្ចាល​នៅ​មុខ​សាលា​ជំនុំ តែ​លោក​កាលី‌យ៉ូ​មិន​រវល់​សោះ។
18 ឯ​ប៉ុល គាត់​នៅ​ទី​នោះ​ជា​យូរ​ថ្ងៃ​ទៀត រួច​ក្រោយ​ដែល​គាត់​បាន​កោរ​សក់​នៅ​ក្រុង​កេងគ្រា​ហើយ គឺ​ដោយ​ព្រោះ​គាត់​បាន​បន់​បំណន់ នោះ​ក៏​លា​ពួក​ជំនុំ ចុះ​សំពៅ​ទៅ​ឯ​ស្រុក​ស៊ីរី​វិញ មាន​ទាំង​ព្រីស៊ីល និង​អ័គីឡា ទៅ​ជា​មួយ​ផង
19 កាល​ទៅ​ដល់​ក្រុង​អេភេសូរ​ហើយ នោះ​ប៉ុល​ទុក​គេ​នៅ​ទី​នោះ តែ​គាត់​ចូល​ទៅ​ក្នុង​សាលា​ប្រជុំ​របស់​សាសន៍​យូដា ហើយ​ក៏​ជជែក​ពន្យល់​ដល់​គេ
20 រួច​គេ​សូម​ឲ្យ​គាត់​នៅ​ជា​មួយ​នឹង​គេ​ជា​យូរ​បន្តិច​ទៀត តែ​គាត់​មិន​ព្រម​ទេ
21 គាត់​លា​គេ​ទៅ​ដោយ​ពាក្យ​ថា ខ្ញុំ​ត្រូវ​តែ​ទៅ​ធ្វើ​បុណ្យ​ក្រោយ​នេះ នៅ​ក្រុង​យេរូ‌សាឡឹម​ជា​មិន​ខាន តែ​បើ​ព្រះ‌ទ្រង់​សព្វ​ព្រះ‌ហឫទ័យ នោះ​ខ្ញុំ​នឹង​ត្រឡប់​មក​ឯ​អ្នក​រាល់​គ្នា​វិញ រួច​គាត់​ចុះ​សំពៅ ចេញ​ពី​អេភេសូរ​ទៅ
22 លុះ​ចូល​ចត​នៅ​ក្រុង​សេសារា​ហើយ ក៏​ឡើង​ទៅ​ជម្រាប​សួរ​ដល់​ពួក​ជំនុំ រួច​ចុះ​ទៅ​ឯ​អាន់‌ទី‌យ៉ូក​វិញ។
23 គាត់​នៅ​ទី​នោះ​ជា​យូរ​ក្រែល រួច​ចេញ​ទៅ​ដើរ​កាត់​ស្រុក​កាឡាទី និង​ស្រុក​ព្រីគា ដោយ​លំដាប់ ព្រម​ទាំង​តាំង​ឲ្យ​ពួក​សិស្ស​ទាំង​អស់​បាន​ខ្ជាប់‌ខ្ជួន​ឡើង។
24 នៅ​ក្នុង​គ្រា​នោះ មាន​សាសន៍​យូដា​ម្នាក់ ឈ្មោះ​អ័ប៉ុឡូស ដែល​កើត​នៅ​ក្រុង​អ័លេ‌ក្សានទ្រា ជា​អ្នក​មាន​វោហារ ហើយ​ក៏​ចេះ​ស្ទាត់​ក្នុង​គម្ពីរ​ដែរ គាត់​មក​ដល់​ក្រុង​អេភេសូរ
25 គាត់​បាន​សិក្សា​ខាង​ឯ​ផ្លូវ​ព្រះ‌អម្ចាស់ ហើយ​ដោយ​ព្រោះ​គាត់​មាន​ចិត្ត​ឧស្សាហ៍ បាន​ជា​គាត់​អធិប្បាយ ហើយ​បង្រៀន​យ៉ាង​ត្រឹម​ត្រូវ ពី​អស់​ទាំង​សេចក្ដី​ខាង​ឯ​ព្រះ‌អម្ចាស់ ទោះ​បើ​ស្គាល់​តែ​បុណ្យ​ជ្រមុជ​របស់​លោក​យ៉ូហាន​ក៏​ដោយ
26 ហើយ​គាត់​ចាប់​តាំង​អធិប្បាយ​ក្នុង​សាលា​ប្រជុំ​ដោយ​ក្លាហាន កាល​អ័គីឡា និង​ព្រីស៊ីល បាន​ឮ នោះ​ក៏​នាំ​ទៅ​ពន្យល់​ពី​ផ្លូវ​ព្រះ ឲ្យ​រឹត​តែ​ច្បាស់​ទៅ​ទៀត
27 រួច​គាត់​គិត​នឹង​ទៅ​ឯ​ស្រុក​អាខៃ នោះ​ពួក​ជំនុំ​ក៏​ធ្វើ​សំបុត្រ​ផ្ញើ​ទៅ ទូន្មាន​ពួក​សិស្ស​ឲ្យ​ទទួល​គាត់ លុះ​ដល់​ហើយ គាត់​ក៏​ជួយ​យ៉ាង​សន្ធឹក ដល់​ពួក​អ្នក​ដែល​ជឿ​ដោយ​ព្រះ‌គុណ
28 ព្រោះ​គាត់​ជជែក​ផ្ចាញ់​ពួក​សាសន៍​យូដា នៅ​កណ្តាល​ជំនុំ ដោយ​ប៉ិន‌ប្រសប់ ទាំង​បង្ហាញ​តាម​គម្ពីរ​ថា ព្រះ‌យេស៊ូវ​ជា​ព្រះ‌គ្រីស្ទ​មែន។


ជំពូក 19

1 កំពុង​ដែល​អ័ប៉ុឡូស​នៅ​ក្រុង​កូរិន‌ថូស នោះ​ប៉ុល​បាន​ដើរ​កាត់​អស់​ទាំង​ស្រុក​ខាង​លើ រហូត​ដល់​ក្រុង​អេភេសូរ កាល​គាត់​រក​ឃើញ​សិស្ស​ខ្លះ នោះ​ក៏​សួរ​ថា
2 ចាប់​តាំង​ពី​អ្នក​រាល់​គ្នា​ជឿ​មក តើ​បាន​ទទួល​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ហើយ​ឬ​នៅ គេ​ឆ្លើយ​ថា​យើង​ខ្ញុំ​មិន​បាន​ទាំង​ឮ​និយាយ​ពី​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ផង
3 គាត់​សួរ​គេ​ទៀត​ថា ដូច្នេះ តើ​អ្នក​រាល់​គ្នា​បាន​ទទួល​បុណ្យ​ជ្រមុជ‌ទឹក​ដោយ​នូវ​អ្វី គេ​ឆ្លើយ​ថា គឺ​ដោយ​នូវ​បុណ្យ​ជ្រមុជ​របស់​លោក​យ៉ូហាន​ទេ
4 រួច​ប៉ុល​និយាយ​ថា លោក​យ៉ូហាន​បាន​ធ្វើ​បុណ្យ​ជ្រមុជ‌ទឹក ពី​ដំណើរ​ការ​ប្រែ​ចិត្ត ទាំង​ប្រាប់​ពួក​ជន​ឲ្យ​ជឿ​ដល់​ព្រះ‌អង្គ ដែល​យាង​មក​ក្រោយ​លោក​វិញ គឺ​ដល់​ព្រះ‌យេស៊ូវ​គ្រីស្ទ
5 កាល​បាន​ឮ​ដូច្នោះ​ហើយ នោះ​គេ​ក៏​ទទួល​បុណ្យ​ជ្រមុជ‌ទឹក ដោយ​នូវ​ព្រះ‌នាម​ព្រះ‌អម្ចាស់​យេស៊ូវ​វិញ
6 រួច​ប៉ុល​ដាក់​ដៃ​លើ​គេ ហើយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​បាន​មក​សណ្ឋិត​លើ​គេ នោះ​គេ​ចាប់​តាំង​និយាយ​ភាសា​ដទៃ ហើយ​អធិប្បាយ​ផង
7 ពួក​អ្នក​ទាំង​នោះ​មាន​គ្នា​ប្រហែល​ជា​១២​នាក់។
8 ប៉ុល​ក៏​ចូល​ទៅ​អធិប្បាយ ក្នុង​សាលា​ប្រជុំ ដោយ​ក្លាហាន ហើយ​ក្នុង​រវាង​៣​ខែ គាត់​ចេះ​តែ​ជជែក​ពន្យល់ ព្រម​ទាំង​បញ្ចុះ​បញ្ចូល​គេ ឲ្យ​ជឿ​តាម​អស់​ទាំង​សេចក្ដី​ពី​នគរ​ព្រះ
9 លុះ​កាល​អ្នក​ខ្លះ​កើត​មាន​ចិត្ត​រឹង‌ទទឹង ហើយ​ចចេស ព្រម​ទាំង​និយាយ​អាក្រក់​ពី​ផ្លូវ​នោះ នៅ​មុខ​ប្រជា‌ជន នោះ​គាត់​ក៏​ថយ​ចេញ​ពី​គេ​ទៅ ញែក​យក​ទាំង​ពួក​សិស្ស​ទៅ​ផង រួច​គាត់​ជជែក​ពន្យល់​ក្នុង​សាលា​បង្រៀន​របស់​ទីរ៉ា‌នុស​ជា​រាល់​ថ្ងៃ
10 គាត់​ធ្វើ​ដូច្នោះ អស់​២​ឆ្នាំ ដល់​ម៉្លេះ​បាន​ជា​អស់​អ្នក ដែល​នៅ​ស្រុក​អាស៊ី បាន​ឮ​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់ ទាំង​សាសន៍​យូដា និង​សាសន៍​ក្រេក​ផង
11 ហើយ​ព្រះ‌ទ្រង់​ធ្វើ​ការ​ឫទ្ធិ‌បារមី​យ៉ាង​ប្លែកៗ ដោយ‌សារ​ដៃ​ប៉ុល
12 ដល់​ម៉្លេះ​បាន​ជា​គេ​គ្រាន់​តែ​យក​កន្សែង ឬ​ក្រមា ពី​ខ្លួន​គាត់ ទៅ​ដាក់​លើ​មនុស្ស​មាន​ជំងឺ នោះ​គេ​ក៏​បាន​ជា ហើយ​មាន​អារក្ស‌អសោច​ចេញ​ពី​មនុស្ស​ដែរ។
13 រីឯ​មាន​មនុស្ស​សាសន៍​យូដា​ខ្លះ ជា​គ្រូ​មន្ត‌អាគម ដែល​ដើរ​ចុះ​ឡើង គេ​ក៏​ចាប់​តាំង​អំពាវ‌នាវ ដល់​ព្រះ‌នាម​ព្រះ‌អម្ចាស់​យេស៊ូវ ពី​លើ​មនុស្ស​ដែល​មាន​អារក្ស‌អសោច​ចូល​ថា អញ​បង្គាប់​ឯង ដោយ​នូវ​ព្រះ‌យេស៊ូវ ដែល​ប៉ុល​ប្រកាស​ប្រាប់​នោះ
14 ក្នុង​ពួក​មនុស្ស​ដែល​ធ្វើ​ដូច្នោះ មាន​៧​នាក់ ជា​កូន​នៃ​សាសន៍​យូដា​ម្នាក់ ដែល​ធ្វើ​ជា​សង្គ្រាជ​ឈ្មោះ​ស្កេវ៉ា
15 តែ​អារក្ស‌អសោច​ឆ្លើយ​ទៅ​គេ​ថា យើង​ស្គាល់​ព្រះ‌យេស៊ូវ​ហើយ ក៏​ស្គាល់​ប៉ុល​បន្តិច​បន្តួច​ដែរ តែ​ឯង​រាល់​គ្នា តើ​ជា​អ្នក​ណា​វិញ
16 រួច​មនុស្ស​ដែល​មាន​អារក្ស‌អសោច​ចូល​ក៏​ស្ទុះ​ទៅ​លើ​គេ ទាំង​បង្គ្រប ហើយ​ឈ្នះ​គេ ដល់​ម៉្លេះ​បាន​ជា​គេ​រត់​ចេញ​ពី​ផ្ទះ​នោះ​ទាំង​អាក្រាត ហើយ​មាន​របួស​ផង
17 ឯ​អស់​មនុស្ស​នៅ​ក្រុង​អេភេសូរ ទាំង​សាសន៍​យូដា និង​សាសន៍​ក្រេក​ផង បាន​ដឹង​រឿង​នោះ ក៏​កើត​មាន​ចិត្ត​ភ័យ​ខ្លាច​ទាំង​អស់​គ្នា ហើយ​ព្រះ‌នាម​ព្រះ‌អម្ចាស់​យេស៊ូវ​ក៏​បាន​ថ្កើង​ឡើង
18 មាន​មនុស្ស​ជា​ច្រើន​ដែល​បាន​ជឿ គេ​មក​លន់‌តួ ព្រម​ទាំង​សម្ដែង​ប្រាប់​ពី​ការ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​ផង
19 ឯ​មនុស្ស​ដែល​ប្រព្រឹត្ត​វិជ្ជា​ប្លែកៗ នោះ​ក៏​មាន​ច្រើន​នាក់ បាន​យក​ក្បួន​ដំរា​របស់​ខ្លួន មក​ដុត​ចោល​នៅ​ចំពោះ​មុខ​មនុស្ស​ទាំង​អស់​គ្នា គេ​បាន​គិត​ថ្លៃ​ក្បួន​ទាំង​នោះ​មើល ឃើញ​មាន​តម្លៃ​អស់​៥​ម៉ឺន​រៀល
20 គឺ​យ៉ាង​ដូច្នោះ​ឯង ដែល​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​បាន​ចម្រើន​កើន​ឡើង ហើយ​បាន​ឈ្នះ​ដោយ​អំណាច។
21 ក្រោយ​ការ​ទាំង​នោះ​មក ប៉ុល​គិត​សម្រេច​ក្នុង​ចិត្ត​ថា កាល​ណា​បាន​ដើរ​កាត់​ស្រុក​ម៉ាសេដូន និង​ស្រុក​អាខៃ​ហើយ នោះ​គាត់​នឹង​ទៅ​ឯ​ក្រុង​យេរូ‌សាឡឹម ក៏​និយាយ​ថា ក្រោយ​ដែល​ខ្ញុំ​បាន​ទៅ​ឯ​ណោះ​ហើយ នោះ​ត្រូវ​ឲ្យ​ខ្ញុំ​ទៅ​មើល​ក្រុង​រ៉ូម​ដែរ
22 គាត់​ចាត់​អ្នក​ជំនួយ​គាត់​២​នាក់ គឺ​ធីម៉ូថេ និង​អេរ៉ា‌ស្ទុស ឲ្យ​ទៅ​ស្រុក​ម៉ាសេដូន តែ​ខ្លួន​គាត់​ស្នាក់​នៅ​ក្នុង​ស្រុក​អាស៊ី​បន្តិច​ទៀត។
23 នៅ​គ្រា​នោះ កើត​មាន​វឹកវរ​ជា​ធំ ពី​ដំណើរ​ផ្លូវ​នោះ
24 ដ្បិត​មាន​មនុស្ស​ម្នាក់​ឈ្មោះ​ដេមេ‌ទ្រាស ជា​ជាង​ប្រាក់ ដែល​ធ្វើ​អាស្រម​ព្រះ‌ឌីអាន​ពី​ប្រាក់ គាត់​ជួយ​ដល់​ពួក​ជាង​ទាំង​ប៉ុន្មាន ឲ្យ​បាន​កម្រៃ​ជា​ច្រើន
25 កាល​គាត់​បាន​ប្រមូល​គេ ព្រម​ទាំង​ពួក​អ្នក​ដែល​មាន​របរ​ដូច​គ្នា​ទាំង​ប៉ុន្មាន​មក នោះ​គាត់​និយាយ​ថា អ្នក​រាល់​គ្នា​អើយ អ្នក​ដឹង​ថា យើង​បាន​ផល​ចំណេញ​ពី​របរ​នេះ​មក
26 អ្នក​ក៏​ឃើញ ហើយ​ឮ​ថា ឈ្មោះ​ប៉ុល​នេះ​បាន​បញ្ចុះ‌បញ្ចូល ព្រម​ទាំង​បង្វែរ​មនុស្ស​សន្ធឹក​ទៅ​ហើយ មិន​ត្រឹម​តែ​នៅ​អេភេសូរ​ប៉ុណ្ណេះ គឺ​ស្ទើរ​តែ​នឹង​គ្រប់​សព្វ​នៅ​ស្រុក​អាស៊ី​ផង ដោយ​ពាក្យ​ថា​អស់​ទាំង​ព្រះ​ដែល​ដៃ​មនុស្ស​ធ្វើ នោះ​មិន​មែន​ជា​ព្រះ​ទេ
27 ដូច្នេះ មាន​អន្តរាយ​កើត​ដល់​យើង មិន​ត្រឹម​តែ​សមាគម​នេះ ដោយ​គេ​លែង​រាប់​អាន​ប៉ុណ្ណោះ គឺ​ក្រែង​គេ​លែង​ទាំង​គោរព​ប្រតិ‌បត្តិ ដល់​ព្រះ‌វិហារ​របស់​ព្រះ‌ឌីអាន​ដ៏​ធំ​ថែម​ទៀត​ផង រួច​សិរី‌ល្អ​នៃ​ព្រះ​របស់​យើង ដែល​គ្រប់​ស្រុក​អាស៊ី និង​លោកីយ៍​ទាំង​មូល​ក៏​ថ្វាយ‌បង្គំ នឹង​ត្រូវ​សាប‌សូន្យ​ទៅ
28 កាល​គេ​ឮ​សេចក្ដី​នោះ​ហើយ គេ​ក៏​មាន​ពេញ​ដោយ​សេចក្ដី​កំហឹង ហើយ​ស្រែក​ប្រកាស​ថា ព្រះ‌ឌីអាន​នៃ​ពួក​ក្រុង​អេភេសូរ​យើង ទ្រង់​ធំ​វិសេស
29 នោះ​ក៏​កើត​មាន​វឹកវរ​ពេញ​ក្នុង​ក្រុង គេ​ស្រុះ​ចិត្ត​គ្នា​ចាប់​កន្ត្រាក់​កៃយុស និង​អើរី‌ស្តាក ជា​អ្នក​ស្រុក​ម៉ាសេដូន ដែល​ដើរ​ដំណើរ​ជា​មួយ​នឹង​ប៉ុល នាំ​ម្នីម្នា​ចូល​ទៅ​ក្នុង​រោង​ជំនុំ
30 ឯ​ប៉ុល​គាត់​គិត​ចូល​ទៅ​ឯ​បណ្តា‌ជន​ដែរ តែ​ពួក​សិស្ស​មិន​ព្រម​ឲ្យ​ទៅ​ទេ
31 ហើយ​មាន​ពួក​ចៅ‌ហ្វាយ​នៅ​ស្រុក​អាស៊ី​ខ្លះ​ដែល​ស្រឡាញ់​គាត់ ក៏​ចាត់​គេ​មក​អង្វរ​ថា សូម​កុំ​ឲ្យ​ចូល​ទៅ​ក្នុង​រោង​ជំនុំ​នោះ​ឡើយ
32 ឯ​បណ្តា‌ជន ខ្លះ​ស្រែក​យ៉ាង​នេះ ខ្លះ​ស្រែក​យ៉ាង​នោះ ដ្បិត​មនុស្ស​ក្នុង​ចំណោម​នោះ កំពុង​ជ្រួល‌ជ្រើម​ជា​ខ្លាំង ច្រើន​មិន​ដឹង​ជា​គេ​ប្រជុំ​គ្នា​ដោយ​ហេតុ​អ្វី​ផង
33 ពួក​សាសន៍​យូដា​ក៏​ច្រាន​អ័លេ‌ក្សាន‌ត្រុស​ចេញ​ពី​ហ្វូង​មនុស្ស​ទៅ​ខាង​មុខ គាត់​ក៏​ធ្វើ​គ្រឿង​សម្គាល់​នឹង​ដៃ ចង់​ដោះ​សា​នឹង​បណ្តា​មនុស្ស
34 កាល​គេ​បាន​ដឹង​ថា គាត់​ជា​សាសន៍​យូដា គេ​ក៏​ស្រែក​ឡើង​ព្រម​គ្នា​ចំនួន​ប្រហែល​ជា​២​ម៉ោង​ថា ព្រះ‌ឌីអាន​នៃ​ពួក​ក្រុង​អេភេសូរ​យើង ទ្រង់​ធំ​វិសេស
35 កាល​លោក​ភូឈួយ​បាន​ធ្វើ​បង្អន់​ដល់​ហ្វូង​មនុស្ស នោះ​ក៏​និយាយ​ថា នែ ពួក​ក្រុង​អេភេសូរ​អើយ តើ​មាន​អ្នក​ឯ​ណា​ដែល​មិន​ដឹង​ថា ពួក​អ្នក​នៅ​ក្រុង​នេះ ជា​អ្នក​ថែ​រក្សា​ព្រះ‌វិហារ​នៃ​ព្រះ‌ឌីអាន​ដ៏​ធំ ដែល​ធ្លាក់​មក​ពី​ព្រះ‌សេយូស​នោះ
36 ដូច្នេះ ដែល​សេចក្ដី​នោះ​ជា​ពិត​ហើយ នោះ​គួរ​តែ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ធ្វើ​ដោយ​ស្រួល​ទៅ​ចុះ មិន​ត្រូវ​ឲ្យ​ធ្វើ​ដោយ​រលះ‌រលាំង​ដូច្នេះ​ឡើយ
37 អ្នក​រាល់​គ្នា​បាន​នាំ​មនុស្ស​ទាំង​នេះ​មក ដែល​មិន​មែន​ជា​ចោរ​លួច​វិហារ ឬ​ប្រមាថ​ដល់​ព្រះ​នៃ​អ្នក​រាល់​គ្នា​ទេ
38 ដូច្នេះ បើ​សិន​ជា​ដេមេ‌ទ្រាស និង​ពួក​ជាង​ដែល​មក​ជា​មួយ​គ្នា​នេះ មាន​រឿង​អ្វី​នឹង​អ្នក​ណា នោះ​មាន​ទី​សម្រាប់​ជំនុំ‌ជម្រះ​ក្តី​ស្រាប់ ហើយ​មាន​ទាំង​ពួក​ចៅ‌ក្រម​ផង ត្រូវ​ឲ្យ​គេ​ប្តឹង‌ប្តល់​គ្នា​ទៅ​ចុះ
39 តែ​បើ​អ្នក​រាល់​គ្នា​ចង់​សួរ​ពី​ដំណើរ​ណា​ទៀត នោះ​ត្រូវ​តែ​បាន​សម្រេច​ក្នុង​ជំនុំ ដែល​ប្រជុំ​តាម​ច្បាប់​វិញ
40 ដ្បិត​ខ្លាច​ក្រែង​យើង​ត្រូវ​ទោស​ជា​ពួក​បះ‌បោរ ដោយ​ព្រោះ​រឿង​ដែល​កើត​មក​នៅ​ថ្ងៃ​នេះ ដ្បិត​គ្មាន​ហេតុ​ណា​មួយ ដែល​យើង​អាច​នឹង​ដោះសា​ពី​ការ​ប្រជុំ​នេះ​បាន​ទេ
41 កាល​មាន​ប្រសាសន៍​សេចក្ដី​ទាំង​នេះ​រួច​ហើយ នោះ​លោក​ឲ្យ​គេ​ទៅ​វិញ​ទៅ។


ជំពូក 20

1 លុះ​ក្រោយ​ដែល​ការ​ចលាចល​នោះ បាន​ស្ងប់​ស្ងាត់​ហើយ នោះ​ប៉ុល​ហៅ​ពួក​សិស្ស​មក រួច​លា​គេ ចេញ​ទៅ​ឯ​ស្រុក​ម៉ាសេដូន​វិញ
2 កាល​គាត់​បាន​ដើរ​កាត់​ដែន​ស្រុក​ទាំង​នោះ ហើយ​អធិប្បាយ​ទូន្មាន​ជា​ច្រើន ដល់​ពួក​សិស្ស នោះ​គាត់​បាន​ដល់​ទៅ​ស្រុក​ក្រេក
3 ក៏​នៅ​ស្រុក​នោះ​អស់​៣​ខែ តែ​កាល​គាត់​រៀប​នឹង​ចុះ​សំពៅ​ទៅ​ឯ​ស្រុក​ស៊ីរី នោះ​ពួក​សាសន៍​យូដា គេ​គិត​ល្បិច​ទាស់​នឹង​គាត់ បាន​ជា​គាត់​សម្រេច​នឹង​ទៅ​តាម​ស្រុក​ម៉ាសេដូន​វិញ
4 មាន​សូប៉ា‌ត្រុស ដែល​នៅ​ក្រុង​បេរា អើរី‌ស្តាក និង​សេគុន‌ដុស ពី​ពួក​ថែស្សា‌ឡូនីច កៃយុស និង​ធីម៉ូថេ ពី​ក្រុង​ឌើបេ ហើយ​ទីឃី‌កុស និង​ទ្រភីម ពី​ស្រុក​អាស៊ី គេ​ជូន​ដំណើរ​ទៅ​ត្រឹម​ស្រុក​អាស៊ី
5 អ្នក​ទាំង​នោះ​ចេញ​ទៅ​មុន ក៏​ចាំ​យើង​រាល់​គ្នា​នៅ​ត្រង់​ក្រុង​ទ្រអាស
6 ក្រោយ​ថ្ងៃ​បុណ្យ​នំបុ័ង​ឥត​ដំបែ នោះ​យើង​ក៏​ចុះ​សំពៅ ចេញ​ពី​ក្រុង​ភីលីព​ទៅ​៥​ថ្ងៃ ទើប​បាន​ដល់​ទៅ​គេ​នៅ​ទ្រអាស រួច​យើង​ស្នាក់​នៅ​ទី​នោះ​អស់​៧​ថ្ងៃ។
7 លុះ​ថ្ងៃ​ដំបូង​ក្នុង​អាទិត្យ នោះ កាល​ពួក​សិស្ស​បាន​ប្រជុំ​គ្នា ដើម្បី​កាច់​នំបុ័ង នោះ​ប៉ុល​ក៏​អធិប្បាយ​ឲ្យ​គេ​ស្តាប់ ដោយ​ព្រោះ​គាត់​រៀប​នឹង​ចេញ​ដំណើរ​ទៅ នៅ​ថ្ងៃ​ស្អែក ក៏​សម្ដែង​ដរាប​ដល់​ពេល​កណ្តាល​អធ្រាត្រ
8 រីឯ​នៅ​បន្ទប់​ខាង​លើ ជា​កន្លែង​ដែល​គេ​ប្រជុំ នោះ​មាន​ចង្កៀង​ជា​ច្រើន
9 គ្រា​នោះ មាន​ក្មេង​ជំទង់​ម្នាក់ ឈ្មោះ​អើទី‌កុស វា​អង្គុយ​នៅ​បង្អួច ក៏​យន់​ជា​ខ្លាំង​ពេក ក្នុង​ពេល​ដែល​ប៉ុល​អធិប្បាយ​ជា​យូរ​ទៅ​ទៀត រួច​ងោក​ធ្លាក់​ចុះ​ពី​ជាន់​ទី​៣​ទៅ​ខាង​ក្រោម នោះ​គេ​លើក​វា​ឡើង​បាន​ស្លាប់​ហើយ
10 តែ​ប៉ុល​ចុះ​ទៅ​ទ្រោប​ពី​លើ​វា​ឱប​ត្រកង រួច​និយាយ​ថា កុំ​យំ​ស្រែក​អ្វី​ឡើយ ដ្បិត​វា​មាន​ជីវិត​ទេ
11 កាល​បាន​ឡើង​ទៅ​លើ​វិញ ហើយ​បាន​កាច់​នំបុ័ង​បរិភោគ​ទៅ នោះ​ក៏​និយាយ​គ្នា​ជា​យូរ​ទៅ​ទៀត ដរាប​ដល់​ភ្លឺ ទើប​គាត់​ចេញ​ដំណើរ​ទៅ
12 គេ​ក៏​នាំ​ក្មេង​ជំទង់​នោះ​មក​វិញ​ទាំង​រស់ ហើយ​គេ​បាន​ក្សាន្ត​ចិត្ត​ជា​ខ្លាំង។
13 ឯ​យើង​រាល់​គ្នា ក៏​ចុះ​សំពៅ​ជា​មុន បើក​ទៅ​ដល់​អាសុស ចាំ​ទទួល​ប៉ុល​នៅ​ទី​នោះ ដ្បិត​គាត់​បាន​ផ្តាំ​ដូច្នោះ ព្រោះ​គាត់​ចង់​ដើរ​វិញ
14 កាល​គាត់​មក​ដល់​យើង​នៅ​ត្រង់​អាសុស នោះ​យើង​ទទួល​គាត់​ចុះ​សំពៅ​ទៅ​ឯ​មីទូលេន
15 ក៏​ចេញ​ពី​ទី​នោះ រួច​ស្អែក​ឡើង​បាន​ទៅ​ដល់​ទន្ទឹម​នឹង​កោះ​ឃីយ៉ូស ហើយ​ដល់​ថ្ងៃ​ក្រោយ​ទៀត យើង​បាន​ដល់​ទៅ​សាម៉ុស រួច​ចូល​ចត​នៅ​ក្រុង​ទ្រគីលាម លុះ​ថ្ងៃ​ក្រោយ​ទៀត ទើប​បាន​ដល់​ទៅ​ក្រុង​មីលេត
16 ដ្បិត​ប៉ុល​បាន​សម្រេច​នឹង​ទៅ​បង្ហួស​ក្រុង​អេភេសូរ ដើម្បី​មិន​ឲ្យ​ខាត​ពេល​នៅ​ស្រុក​អាស៊ី ដោយ​គាត់​ប្រញាប់​នឹង​ទៅ​ឯ​ក្រុង​យេរូ‌សាឡឹម ឲ្យ​ទាន់​ពេល​បុណ្យ​ថ្ងៃ​៥០ បើ​សិន​ជា​បាន។
17 ប៉ុល​ក៏​ចាត់​គេ ពី​មីលេត​ទៅ​ឯ​ក្រុង​អេភេសូរ ដើម្បី​នឹង​ហៅ​ពួក​ចាស់‌ទុំ​ក្នុង​ពួក​ជំនុំ​នោះ​មក
18 លុះ​មក​ដល់​ហើយ គាត់​និយាយ​ទៅ​គេ​ថា ឯ​កិរិយា​របស់​ខ្ញុំ គ្រប់​ពេល​គ្រប់​វេលា ដែល​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា តាំង​ពី​ថ្ងៃ​ដែល​ខ្ញុំ​ចូល​ទៅ​ស្រុក​អាស៊ី​មុន​ដំបូង
19 គឺ​ដែល​ខ្ញុំ​បាន​បម្រើ​ព្រះ‌អម្ចាស់ ដោយ​ចិត្ត​សុភាព​គ្រប់​Chapter ហើយ​ស្រក់​ទឹក​ភ្នែក​ជា​ច្រើន ទាំង​ត្រូវ​សេចក្ដី​ល្បង ដោយ​កិច្ច‌កល​របស់​ពួក​សាសន៍​យូដា​បែប​យ៉ាង​ណា នោះ​អ្នក​រាល់​គ្នា​ដឹង​ស្រាប់​ហើយ
20 ក៏​ដឹង​ថា ខ្ញុំ​មិន​បាន​ខាន​នឹង​ប្រាប់​សេចក្ដី​អ្វី ដែល​មាន​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា​ដែរ គឺ​បាន​បង្រៀន​ដល់​អ្នក​រាល់​គ្នា​នៅ​កណ្តាល​ជំនុំ​វិញ ហើយ​ពី​ផ្ទះ​១​ទៅ​ផ្ទះ​១​ផង
21 ក៏​ធ្វើ​បន្ទាល់​អស់​ពី​ចិត្ត ដល់​ទាំង​ពួក​សាសន៍​យូដា និង​ពួក​សាសន៍​ក្រេក​ផង គឺ​ពី​ការ​ប្រែ​ចិត្ត​ទៅ​ឯ​ព្រះ ហើយ​ពី​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះ‌អម្ចាស់​យេស៊ូវ‌គ្រីស្ទ​នៃ​យើង​រាល់​គ្នា
22 ឥឡូវ​នេះ មើល ខ្ញុំ​មាន​សេចក្ដី​បណ្តាល​ក្នុង​ចិត្ត ចង់​ទៅ​ឯ​ក្រុង​យេរូ‌សាឡឹម ឥត​ដឹង​ការ​អ្វី ដែល​នឹង​កើត​ដល់​ខ្ញុំ​នៅ​ទី​នោះ​ទេ
23 ដឹង​តែ​ប៉ុណ្ណេះ​ថា ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ធ្វើ​បន្ទាល់​ដល់​ខ្ញុំ នៅ​គ្រប់​ទី​ក្រុង​ថា មាន​ចំណង និង​សេចក្ដី​វេទនា នៅ​រង់‌ចាំ​ខ្ញុំ
24 ប៉ុន្តែ នោះ​មិន​អំពល់​អ្វី​ដល់​ខ្ញុំ​ទេ ខ្ញុំ​ក៏​មិន​រាប់​ជីវិត​នេះ ទុក​ជា​របស់​វិសេស​ដល់​ខ្ញុំ​ដែរ ឲ្យ​តែ​ខ្ញុំ​បាន​បង្ហើយ​ការ​រត់​ប្រណាំង​របស់​ខ្ញុំ ដោយ​អំណរ​ចុះ ព្រម​ទាំង​ការ‌ងារ ដែល​ខ្ញុំ​បាន​ទទួល​អំពី​ព្រះ‌អម្ចាស់​យេស៊ូវ គឺ​ឲ្យ​ខ្ញុំ​បាន​ធ្វើ​បន្ទាល់​សព្វ​គ្រប់ ពី​ដំណឹង​ល្អ​នៃ​ព្រះ‌គុណ​ព្រះ​វិញ
25 ឥឡូវ​នេះ មើល ខ្ញុំ​ដឹង​ហើយ​ថា ក្នុង​ពួក​អ្នក​រាល់​គ្នា ដែល​ខ្ញុំ​បាន​ដើរ​ទៅ​មក​ជា​មួយ ដោយ​ភប់‌ប្រសព្វ​គ្នា ទាំង​ប្រកាស​ប្រាប់​ពី​នគរ​នៃ​ព្រះ នោះ​គ្មាន​អ្នក​ណា​មួយ​នឹង​ឃើញ​មុខ​ខ្ញុំ​ទៀត​ឡើយ
26 ដូច្នេះ ខ្ញុំ​ធ្វើ​បន្ទាល់​ដល់​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នេះ​ថា ខ្លួន​ខ្ញុំ​បរិសុទ្ធ​ពី​ឈាម​អ្នក​រាល់​គ្នា​ទាំង​អស់
27 ព្រោះ​ខ្ញុំ​មិន​បាន​ខាន​នឹង​ប្រាប់​អ្នក​រាល់​គ្នា ពី​គ្រប់​ទាំង​គំនិត​របស់​ព្រះ​ទេ
28 ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​ប្រយ័ត​ខ្លួន ហើយ​ខំ​ថែ​រក្សា​ហ្វូង​សិស្ស ដែល​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​បាន​តាំង​អ្នក​រាល់​គ្នា ឲ្យ​ធ្វើ​ជា​អ្នក​គង្វាល​ដល់​គេ ដើម្បី​ឲ្យ​បាន​ឃ្វាល​ពួក​ជំនុំ​របស់​ព្រះ‌អម្ចាស់ ដែល​ទ្រង់​បាន​ទិញ​ដោយ​ព្រះ‌លោហិត​ព្រះ‌អង្គ​ទ្រង់​ចុះ
29 ដ្បិត​ខ្ញុំ​ដឹង​ថា ក្រោយ​ដែល​ខ្ញុំ​ទៅ​បាត់ នោះ​នឹង​មាន​ឆ្កែ​ព្រៃ​ដ៏​សាហាវ ដែល​មិន​ចេះ​ប្រណី​ដល់​ហ្វូង វា​នឹង​ចូល​មក​ក្នុង​ពួក​អ្នក​រាល់​គ្នា
30 ហើយ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ក៏​នឹង​កើត​មាន​មនុស្ស ដែល​នឹង​អធិប្បាយ​សេចក្ដី​ទំនាស់​ខុស​ដែរ ដើម្បី​នឹង​ទាញ​នាំ​ពួក​សិស្ស​ទៅ​តាម​គេ​វិញ
31 ដូច្នេះ ឲ្យ​ចាំ​យាម​ចុះ ចូរ​នឹក​ចាំ​ថា ក្នុង​រវាង​៣​ឆ្នាំ ខ្ញុំ​ចេះ​តែ​ប្រដៅ​ទូន្មាន​ដល់​អ្នក​រាល់​គ្នា​នីមួយៗ ដោយ​ទឹក​ភ្នែក ទាំង​យប់​ទាំង​ថ្ងៃ ឥត​ឈប់​ឈរ​ឡើយ
32 ឥឡូវ​នេះ ខ្ញុំ​ផ្ញើ​អ្នក​រាល់​គ្នា​ទុក​នឹង​ព្រះ ហើយ​និង​ព្រះ‌បន្ទូល​នៃ​ព្រះ‌គុណ​ទ្រង់ ដែល​អាច​នឹង​ស្អាង​ចិត្ត ហើយ​និង​ឲ្យ​អ្នក​រាល់​គ្នា​មាន​កេរ‌អាករ​នៅ​ក្នុង​ពួក​នៃ​អស់​អ្នក​ដែល​បាន​ញែក​ជា​បរិសុទ្ធ
33 ខ្ញុំ​មិន​ដែល​លោភ​ចង់​បាន​ប្រាក់ មាស ឬ​សម្លៀក‌បំពាក់​របស់​អ្នក​ណា​ឡើយ
34 អ្នក​រាល់​គ្នា​ដឹង​ហើយ​ថា ដៃ​ខ្ញុំ​នេះ​បាន​ផ្គត់‌ផ្គង់​គ្រប់​របស់ ដែល​ខ្ញុំ​ត្រូវ ការ​ព្រម​ទាំង​ពួក​អ្នក​ដែល​នៅ​ជា​មួយ​ផង
35 ខ្ញុំ​បាន​បង្ហាញ​អ្នក​រាល់​គ្នា​ដោយ​គ្រប់​ការ​ទាំង​អស់​ថា គួរ​ឲ្យ​ខំ​ធ្វើ​ការ​ដូច្នោះ ដើម្បី​ឲ្យ​បាន​ជួយ​ដល់​ពួក​អ្នក​ខ្សោយ ហើយ​និង​នឹក​ចាំ​ពី​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេស៊ូវ ដែល​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ដែល​ឲ្យ នោះ​បាន​ពរ​ជា​ជាង​ទទួល
36 លុះ​បាន​និយាយ​សេចក្ដី​ទាំង​នោះ​រួច​ហើយ នោះ​ប៉ុល​ក៏​លុត​ជង្គង់​អធិស្ឋាន​ជា​មួយ​នឹង​គេ​ទាំង​អស់​គ្នា
37 ហើយ​គ្រប់​គ្នា​ក៏​យំ​ជា​ច្រើន រួច​គេ​ឱប​ក​គាត់​ថើប​ដោយ​ថ្និត‌ថ្នម
38 ទាំង​មាន​សេចក្ដី​ព្រួយ​ពី​ពាក្យ​នេះ​ជា​ដើម គឺ​ដែល​គាត់​ថា គេ​មិន​ឃើញ​មុខ​គាត់​ទៀត​ឡើយ រួច​ក៏​ជូន​គាត់​ទៅ​ដល់​សំពៅ។


ជំពូក 21

1 កាល​យើង​បាន​ឃ្លាត​ចេញ​ផុត​ពី​គេ​ទៅ​ហើយ នោះ​ក៏​បើក​ក្តោង​តម្រង់​ទៅ​ឯ​កោះ​កូស ហើយ​ថ្ងៃ​ក្រោយ​បាន​ដល់​កោះ​រ៉ូដូស រួច​ពី​នោះ​ទៅ​ដល់​ក្រុង​ប៉ាតារ៉ា
2 កាល​ឃើញ​សំពៅ​១​មាន​ដំណើរ​ទៅ​ឯ​ស្រុក​ភេនីស នោះ​យើង​ក៏​ចុះ​តាម​សំពៅ​នោះ​ចេញ​ទៅ​ទៀត
3 ដល់​បាន​ឃើញ​កោះ​គីប្រុស​ហើយ នោះ​បាន​បើក​បង្ហួស​ទៅ​ខាង​ឆ្វេង រួច​ទៅ​ដល់​ស្រុក​ស៊ីរី ចូល​ចត​នៅ​ត្រង់​ក្រុង​ទីរ៉ុស ដ្បិត​សំពៅ​ត្រូវ​រើ​ទំនិញ​នៅ​ទី​នោះ
4 លុះ​កាល​រក​ឃើញ​ពួក​សិស្ស​ហើយ នោះ​ក៏​ស្នាក់​នៅ​ទី​នោះ​៧​ថ្ងៃ ហើយ​គេ​ឃាត់​ប៉ុល​ដោយ​នូវ​ព្រះ‌វិញ្ញាណ មិន​ឲ្យ​គាត់​ឡើង​ទៅ​ឯ​ក្រុង​យេរូ‌សាឡឹម​ឡើយ
5 ប៉ុន្តែ ដល់​ផុត​ថ្ងៃ​ទាំង​នោះ​ទៅ យើង​ក៏​ចេញ​ធ្វើ​ដំណើរ​ដើរ​ទៀត ឯ​ពួក​គេ​ទាំង​អស់ ព្រម​ទាំង​ប្រពន្ធ​កូន បាន​ជូន​យើង​ខ្ញុំ​ទៅ​ខាង​ក្រៅ​ទី​ក្រុង រួច​យើង​លុត​ជង្គង់​អធិស្ឋាន​នៅ​មាត់​ច្រាំង
6 កាល​បាន​លា​គ្នា​រួច​ជា​ស្រេច នោះ​យើង​ក៏​ចុះ​សំពៅ​ទៅ ហើយ​ពួក​គេ​ត្រឡប់​ទៅ​ផ្ទះ​វិញ
7 លុះ​សម្រេច​ដំណើរ​ពី​ក្រុង​ទីរ៉ុស ទៅ​ដល់​ផ្ទលេមេ​ហើយ នោះ​ក៏​ទៅ​ជម្រាប​សួរ​ដល់​ពួក​ជំនុំ ហើយ​បាន​សំចត​នៅ​ជា​មួយ​នឹង​គេ​អស់​១​ថ្ងៃ
8 ដល់​ថ្ងៃ​ស្អែក​ឡើង ប៉ុល និង​ពួក​គាត់​បាន​ចេញ​ទៅ​ឯ​សេសារា ក៏​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​ភីលីព ជា​អ្នក​ផ្សាយ​ដំណឹង​ល្អ​ម្នាក់​ក្នុង​ពួក​ទាំង​៧​នាក់ នោះ ហើយ​ស្នាក់​នៅ​នឹង​គាត់
9 អ្នក​នោះ​មាន​កូន​ក្រមុំ​៤​នាក់​ដែល​ចេះ​ទាយ​ទំនាយ
10 លុះ​យើង​បាន​នៅ​ទី​នោះ​ជា​យូរ​ថ្ងៃ នោះ​មាន​ហោរា​ម្នាក់ ឈ្មោះ​អ័ក្កា‌បុស គាត់​ចុះ​ពី​ស្រុក​យូដា​មក
11 លុះ​មក​ដល់​យើង​ហើយ គាត់​ក៏​យក​ខ្សែ​ក្រវាត់​របស់​ប៉ុល​មក ចង​ជើង​ចង​ដៃ​ខ្លួន ប្រាប់​ថា ព្រះ‌វិញ្ញាណ​បរិសុទ្ធ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ពួក​សាសន៍​យូដា​នឹង​ចាប់​ចង​ម្ចាស់​ខ្សែ​ក្រវាត់​នេះ​បែប​យ៉ាង​នេះ នៅ​ក្រុង​យេរូ‌សាឡឹម ហើយ​និង​បញ្ជូន​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​សាសន៍​ដទៃ
12 កាល​ឮ​ដូច្នោះ នោះ​យើង និង​ពួក​អ្នក​នៅ​ទី​នោះ ក៏​អង្វរ​ប៉ុល មិន​ឲ្យ​ឡើង​ទៅ​ឯ​ក្រុង​យេរូ‌សាឡឹម​ឡើយ
13 តែ​គាត់​ឆ្លើយ​ថា ហេតុ​អ្វី​បាន​ជា​យំ ហើយ​ធ្វើ​ឲ្យ​ខ្ញុំ​ពិបាក​ចិត្ត​យ៉ាង​ដូច្នេះ ពី​ព្រោះ​ខ្ញុំ​ព្រម​ស្រេច​ហើយ នឹង​ឲ្យ​គេ​ចាប់​ចង​ខ្ញុំ​ចុះ មិន​តែ​ប៉ុណ្ណោះ​សោត ថែម​ទាំង​សុខ​ចិត្ត​ស្លាប់​ផង នៅ​ក្នុង​ក្រុង​យេរូ‌សាឡឹម​ទៀត គឺ​ដោយ​យល់​ដល់​ព្រះ‌នាម​ព្រះ‌អម្ចាស់​យេស៊ូវ
14 នោះ​យើង​ក៏​ឈប់​និយាយ ដោយ​ថា សូម​តាម​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់​ចុះ ពី​ព្រោះ​គាត់​មិន​យល់​ព្រម​តាម​យើង​ទេ។
15 លុះ​ផុត​ថ្ងៃ​ទាំង​នោះ​មក កាល​យើង​បាន​រៀប​អីវ៉ាន់​ស្រេច​ហើយ នោះ​ក៏​ឡើង​ទៅ​ឯ​ក្រុង​យេរូ‌សាឡឹម
16 ក៏​មាន​សិស្ស​ខ្លះ​ពី​សេសារា​ទៅ​ជា​មួយ​នឹង​យើង​ដែរ បាន​នាំ​ទាំង​មនុស្ស​ម្នាក់ ឈ្មោះ​ម៉្នាសុន ជា​សិស្ស​ចាស់ ពី​កោះ​គីប្រុស ដែល​យើង​រាល់​គ្នា​ត្រូវ​ស្នាក់​នៅ​ក្នុង​ផ្ទះ​គាត់​ទៅ​ផង។
17 គ្រា​ដល់​ក្រុង​យេរូ‌សាឡឹម​ហើយ នោះ​ពួក​ជំនុំ​ក៏​ទទួល​យើង​ដោយ​អំណរ
18 ថ្ងៃ​ស្អែក​ឡើង ប៉ុល​ក៏​ចូល​ទៅ​សួរ​យ៉ាកុប​ជា​មួយ​នឹង​យើង ក្នុង​កាល​ដែល​ពួក​ចាស់‌ទុំ​ទាំង​អស់​ប្រជុំ​គ្នា​នៅ​ទី​នោះ
19 កាល​គាត់​បាន​ជម្រាប​សួរ​ដល់​គេ​រួច​ហើយ នោះ​គាត់​ថ្លែង​ប្រាប់ ពី​អស់​ទាំង​ការ​នីមួយៗ ដែល​ព្រះ‌ទ្រង់​បាន​ធ្វើ​ក្នុង​ពួក​សាសន៍​ដទៃ ដោយ‌សារ​គាត់
20 គេ​ឮ​ដូច្នោះ ក៏​សរសើរ‌តម្កើង​ដល់​ព្រះ រួច​និយាយ​ទៅ​ប៉ុល​ថា បង​អើយ បង​ដឹង​ថា មាន​សាសន៍​យូដា​ប៉ុន្មាន​ម៉ឺន​បាន​ជឿ​ហើយ គេ​សុទ្ធ​តែ​មាន​សេចក្ដី​ឧស្សាហ៍​ខ្មី‌ឃ្មាត​កាន់​តាម​ក្រឹត្យ‌វិន័យ​ទាំង​អស់​គ្នា
21 ក៏​បាន​ឮ​និយាយ​ពី​បង​ថា បង​បង្រៀន​ដល់​សាសន៍​យូដា​ទាំង​អស់ ដែល​នៅ​ជា​មួយ​នឹង​សាសន៍​ដទៃ ឲ្យ​គេ​លះ​ចោល​លោក​ម៉ូសេ​ចេញ ព្រម​ទាំង​ហាម‌ប្រាម​គេ កុំ​ឲ្យ​កាត់​ស្បែក​កូន ឬ​ប្រតិ‌បត្តិ​តាម​ទម្លាប់​ពី​បុរាណ​ផង
22 ដូច្នេះ តើ​ដូច​ម្តេច មុខ​ជា​នឹង​មាន​គេ​ប្រជុំ​គ្នា​ទាំង​ហ្វូង​ជា​មិន​ខាន ដ្បិត​គេ​នឹង​ឮ​ថា បង​មក​ដល់​ហើយ
23 ដូច្នេះ ចូរ​បង​ធ្វើ​តាម​ពាក្យ​យើង​វិញ ដ្បិត​មាន​មនុស្ស​៤​នាក់​ក្នុង​ពួក​យើង នៅ​ជាប់​ក្នុង​បំណន់​នៅ​ឡើយ
24 ចូរ​បង​នាំ​យក​គេ​ទៅ​លា​បំណន់​ជា​មួយ​គ្នា ហើយ​ចេញ​សោហ៊ុយ​ឲ្យ​គេ​ផង ដើម្បី​ឲ្យ​គេ​បាន​កោរ​សក់​ចេញ នោះ​មនុស្ស​ទាំង​អស់​នឹង​ដឹង​ថា សេចក្ដី​ដែល​គេ​ឮ​និយាយ​ពី​បង​នោះ​មិន​ពិត​ទេ គឺ​ខ្លួន​បង​តែង​ប្រព្រឹត្ត​ទៀង​ត្រង់ ហើយ​កាន់​តាម​ក្រឹត្យ‌វិន័យ​ដែរ
25 ឯ​ពួក​សាសន៍​ដទៃ​ដែល​ជឿ នោះ​យើង​បាន​ផ្ញើ​សំបុត្រ​ទៅ​ហើយ ដោយ​សម្រេច​ថា មិន​ចាំ​បាច់​ឲ្យ​គេ​កាន់​តាម​សេចក្ដី​ទាំង​នោះ​ទេ ត្រូវ​ប្រយ័ត​តែ​នឹង​របស់​អ្វី ដែល​ថ្វាយ​ទៅ​រូប​ព្រះ ហើយ​ឈាម និង​សត្វ​សម្លាប់​ដោយ​ច្របាច់​ក ហើយ​និង​សេចក្ដី​កំផិត​ប៉ុណ្ណោះ
26 នោះ​ប៉ុល​ក៏​នាំ​យក​អ្នក​ទាំង​នោះ​ទៅ លុះ​ស្អែក​ឡើង កាល​បាន​ញែក​ជា​បរិសុទ្ធ​ជា​មួយ​នឹង​គេ​ហើយ ក៏​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ ដើម្បី​ប្រាប់​ពី​កំណត់​ដែល​ត្រូវ​បាន​បរិសុទ្ធ ចាំ​ទំរាំ​ដល់​បាន​ថ្វាយ​តង្វាយ​សម្រាប់​គេ​គ្រប់​គ្នា។
27 កាល​ជិត​គ្រប់​៧​ថ្ងៃ​នោះ​ហើយ នោះ​ពួក​សាសន៍​យូដា​ពី​ស្រុក​អាស៊ី គេ​ឃើញ​ប៉ុល​ក្នុង​ព្រះ‌វិហារ ក៏​ញុះ‌ញង់​ដល់​បណ្តា​មនុស្ស​ទាំង​ប៉ុន្មាន រួច​លូក​ដៃ​ទៅ​ចាប់​យក​គាត់ ហើយ​ស្រែក​ថា
28 នែ អ្នក​រាល់​គ្នា ជា​សាសន៍​អ៊ីស្រា‌អែល​អើយ មក​វ៉ឺយ​ជួយ​គ្នា នេះ​ហើយ​ជា​មនុស្ស​ដែល​បង្រៀន​ដល់​មនុស្ស​ទាំង​អស់ នៅ​គ្រប់​ទី​តំបន់ ឲ្យ​ទាស់​នឹង​សាសន៍​យើង និង​ក្រឹត្យ‌វិន័យ ហើយ​ទី​នេះ​ដែរ ឥឡូវ​នេះ បាន​នាំ​ទាំង​សាសន៍​ក្រេក​ចូល​មក​ក្នុង​ព្រះ‌វិហារ ធ្វើ​បង្អាប់​ទី​បរិសុទ្ធ​នេះ​ថែម​ទៀត​ផង
29 ដំណើរ​នេះ គេ​ស្មាន​ថា គាត់​នាំ​សាសន៍​ក្រេក​នោះ​ទៅ​ក្នុង​ព្រះ‌វិហារ ដោយ​ព្រោះ​ពី​ថ្ងៃ​មុន គេ​ឃើញ​ទ្រភីម ជា​អ្នក​ស្រុក​អេភេសូរ នៅ​ជា​មួយ​នឹង​គាត់​ក្នុង​ទី​ក្រុង
30 នោះ​ក្រុង​ទាំង​មូល​ក៏​កើត​ជ្រួល‌ជ្រើម បណ្តា‌ជន​ទាំង‌ឡាយ គេ​រត់​មក​មូល​គ្នា កាល​ចាប់​ប៉ុល​បាន​ហើយ នោះ​គេ​ទាញ​កន្ត្រាក់​គាត់​ចេញ​ទៅ​ខាង​ក្រៅ​ព្រះ‌វិហារ រួច​បិទ​ទ្វារ​ភ្លាម
31 តែ​កំពុង​ដែល​គេ​រក​ចន្លោះ​សម្លាប់​គាត់ នោះ​ដំណឹង​ក៏​ឮ​ផ្សាយ​ទៅ​ដល់​មេ​ទ័ព​ធំ​ថា មាន​កើត​វឹកវរ​ពេញ​ក្នុង​ក្រុង​យេរូ‌សាឡឹម
32 លោក​ក៏​យក​ទាហាន និង​មេ​ទ័ព​រង នាំ​រត់​ចុះ​ទៅ​ឯ​គេ​ភ្លាម កាល​ឃើញ​លោក និង​ទាហាន​មក​ដល់ គេ​ក៏​ឈប់​លែង​វាយ​ប៉ុល
33 លោក​ចូល​ទៅ​ចាប់​គាត់ ហើយ​បង្គាប់​ឲ្យ​ដាក់​ច្រវាក់​២​ខ្សែ រួច​ស៊ើប​សួរ​ពី​គាត់​ជា​អ្នក​ណា ហើយ​បាន​ធ្វើ​អ្វី​ខ្លះ
34 តែ​ក្នុង​ហ្វូង​មនុស្ស ខ្លះ​ស្រែក​យ៉ាង​នេះ ខ្លះ​ស្រែក​យ៉ាង​នោះ ដូច្នេះ លោក​ពុំ​អាច​នឹង​ដឹង​អ្វី​ជា​ប្រាកដ​បាន ដោយ​ព្រោះ​មាន​សូរ‌ស៊ាន‌អឺង‌កង​ជា​ខ្លាំង បាន​ជា​លោក​បង្គាប់​ឲ្យ​នាំ​គាត់​ចូល​ទៅ​ក្នុង​បន្ទាយ
35 លុះ​បាន​ដល់​ទៅ​ជណ្តើរ​បន្ទាយ​ហើយ នោះ​ពួក​ទាហាន​ត្រូវ​លើក​សែង​គាត់​ឡើង ដោយ​ព្រោះ​ហ្វូង​មនុស្ស​ច្រឡោត​ឡើង​ជា​ខ្លាំង
36 ដ្បិត​មាន​បណ្តា‌ជន​សន្ធឹក​ណាស់​ដែល​ដើរ​តាម​មក ទាំង​ស្រែក​ថា ឲ្យ​សម្លាប់​វា​ទៅ។
37 កាល​គេ​រៀប​នឹង​នាំ​ប៉ុល​ចូល​ទៅ​ក្នុង​បន្ទាយ នោះ​គាត់​និយាយ​ទៅ​មេ​ទ័ព​ធំ​ថា តើ​លោក​បើក​ឲ្យ​ខ្ញុំ​ជម្រាប​បន្តិច​បាន​ឬ​ទេ លោក​សួរ​ថា ឯង​ចេះ​និយាយ​ភាសា​ក្រេក​ដែរ​ឬ
38 ដូច្នេះ តើ​ឯង​មិន​មែន​ជា​សាសន៍​អេស៊ីព្ទ​នោះ ដែល​នាំ​ឲ្យ​បះ‌បោរ​អំពី​មុន ព្រម​ទាំង​នាំ​ពួក​មនុស្ស​កាប់​ចាក់​គ្នា​៤​ពាន់​នាក់ ឲ្យ​ទៅ​នៅ​ទី​ហោរ‌ស្ថាន​ទេ​ឬ​អី
39 តែ​ប៉ុល​ឆ្លើយ​តប​ថា ខ្ញុំ​ជា​សាសន៍​យូដា មក​ពី​ក្រុង​តើ‌សុស ដែល​នៅ​ស្រុក​គីលីគា ឯ​ស្រុក​កំណើត​របស់​ខ្ញុំ មិន​មែន​ជា​ក្រុង​ឥត​មាន​កេរ្តិ៍​ឈ្មោះ​នោះ​ទេ ដូច្នេះ សូម​លោក​បើក​ឲ្យ​ខ្ញុំ​និយាយ​ទៅ​ជន​ទាំង‌ឡាយ​បន្តិច​សិន
40 លោក​ក៏​បើក​ឱកាស​ឲ្យ រួច​ប៉ុល​ឈរ​លើ​ជណ្តើរ ធ្វើ​គ្រឿង​សម្គាល់​នឹង​ដៃ​ដល់​បណ្តា‌ជន លុះ​បាន​ស្ងប់​ស្ងាត់​ហើយ នោះ​គាត់​និយាយ​ទៅ​គេ​ជា​ភាសា​ហេព្រើរ​ថា


ជំពូក 22

1 ឱ​អ្នក​រាល់​គ្នា ជា​បង​ប្អូន ហើយ​ជា​ឪពុក​អើយ សូម​ស្តាប់​សេចក្ដី​ដោះ​សា​របស់​ខ្ញុំ​សិន
2 (កាល​គេ​ឮ​គាត់​និយាយ​ជា​ភាសា​ហេព្រើរ នោះ​គេ​រឹត​តែ​នៅ​ស្ងៀម​ទៅ​ទៀត) រួច​គាត់​និយាយ​ថា
3 ខ្ញុំ​ជា​សាសន៍​យូដា កើត​នៅ​ក្រុង​តើ‌សុស ក្នុង​ស្រុក​គីលីគា តែ​បាន​រៀន​នៅ​ទី​ក្រុង​នេះ ទៀប​ជើង​លោក​កាម៉ា‌លាល ដែល​លោក​បង្រៀន​ខ្ញុំ តាម​ន័យ​ត្រឹម​ត្រូវ ក្នុង​ក្រឹត្យ‌វិន័យ​របស់​ពួក​អយ្យកោ​យើង ហើយ​ខ្ញុំ​មាន​សេចក្ដី​ឧស្សាហ៍​ដល់​ព្រះ ដូច​ជា​អ្នក​រាល់​គ្នា​សព្វ​ថ្ងៃ​នេះ​ដែរ
4 ពី​ដើម ខ្ញុំ​ជា​អ្នក​ធ្វើ​ទុក្ខ​បៀត​បៀន​ដល់​មនុស្ស ដែល​កាន់​តាម​ផ្លូវ​នេះ ឲ្យ​ដល់​ស្លាប់​ក៏​មាន ព្រម​ទាំង​ចាប់​ចង​គេ​ទាំង​ប្រុស​ទាំង​ស្រី បញ្ជូន​ទៅ​ដាក់​គុក​ដែរ
5 ដូច​ជា​សម្ដេច​សង្ឃ និង​ពួក​ចាស់‌ទុំ​ទាំង​អស់ ជា​ទី​បន្ទាល់​ពី​ខ្ញុំ​ស្រាប់ ហើយ​ខ្ញុំ​បាន​ទទួល​យក​សំបុត្រ​ពី​លោក ទៅ​ឲ្យ​ពួក​សាសន៍​យើង​នៅ​ក្រុង​ដាម៉ាស រួច​ខ្ញុំ​ក៏​ចេញ​ទៅ ដើម្បី​នឹង​នាំ​យក​អស់​អ្នក​ក្នុង​ពួក​នេះ​ទាំង​ប៉ុន្មាន ដែល​នៅ​ស្រុក​នោះ ទាំង​ជាប់​ចំណង មក​ឯ​ក្រុង​យេរូ‌សាឡឹម​វិញ ឲ្យ​គេ​ជាប់​ទោស
6 លុះ​កាល​ខ្ញុំ​កំពុង​តែ​ដើរ​ដំណើរ​ទៅ​ជិត​ដល់​ក្រុង​ដាម៉ាស ក្នុង​ពេល​ប្រហែល​ជា​ថ្ងៃ​ត្រង់​ហើយ នោះ​ស្រាប់​តែ​មាន​ពន្លឺ​យ៉ាង​ខ្លាំង​ពី​លើ​មេឃ បាន​ភ្លឺ​មក​នៅ​ជុំ‌វិញ​ខ្ញុំ
7 ខ្ញុំ​ក៏​ដួល​ដល់​ដី ហើយ​ឮ​សំឡេង​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា សុល នែ​សុល ហេតុ​អ្វី​បាន​ជា​ធ្វើ​ទុក្ខ​ដល់​ខ្ញុំ
8 ខ្ញុំ​បាន​ឆ្លើយ​ថា ឱ​ព្រះ‌អម្ចាស់​អើយ តើ​ព្រះ‌អង្គ​ណា​នុ៎ះ រួច​ទ្រង់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា ខ្ញុំ​ជា​ព្រះ‌យេស៊ូវ ពី​ភូមិ​ណា‌សារ៉ែត ដែល​អ្នក​បៀត​បៀន
9 ឯ​ពួក​អ្នក​ដែល​នៅ​ជា​មួយ​នឹង​ខ្ញុំ គេ​ក៏​ឃើញ​ពន្លឺ​នោះ​ដែរ ហើយ​មាន​សេចក្ដី​ភ័យ​ខ្លាច តែ​មិន​ឮ​សំឡេង​ព្រះ‌អង្គ​ដែល​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​នោះ​ទេ
10 ខ្ញុំ​ក៏​ទូល​សួរ​ថា ព្រះ‌អម្ចាស់​អើយ តើ​ត្រូវ​ឲ្យ​ទូល‌បង្គំ​ធ្វើ​ដូច​ម្តេច រួច​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា ចូរ​ក្រោក​ឡើង​ចូល​ទៅ​ក្នុង​ក្រុង​ដាម៉ាស នៅ​ទី​នោះ​នឹង​មាន​គេ​ប្រាប់​អ្នក ពី​អស់​ទាំង​ការ ដែល​បាន​តម្រូវ​ឲ្យ​អ្នក​ត្រូវ​ធ្វើ
11 នោះ​ពួក​អ្នក​ដែល​នៅ​ជា​មួយ​នឹង​ខ្ញុំ បាន​ដឹក​ដៃ​នាំ​ខ្ញុំ​ចូល​ទៅ​ក្នុង​ក្រុង​ដាម៉ាស ពី​ព្រោះ​ខ្ញុំ​មើល​អ្វី​មិន​ឃើញ​សោះ ដោយ​ព្រោះ​រស្មី​ដ៏​ឧត្តម​នៃ​ពន្លឺ​នោះ
12 រួច​មាន​មនុស្ស​ម្នាក់​ឈ្មោះ​អាន៉្នានាស គឺ​ជា​អ្នក​កោត‌ខ្លាច​ដល់​ព្រះ តាម​ក្រឹត្យ‌វិន័យ ដែល​មាន​កេរ្តិ៍​ឈ្មោះ​ល្អ​ក្នុង​ពួក​សាសន៍​យូដា​ទាំង​អស់​ដែល​នៅ​ទី​នោះ
13 អ្នក​នោះ​ក៏​មក​ឈរ​ជិត​ខ្ញុំ​និយាយ​ថា អ្នក​សុល​អើយ សូម​ឲ្យ​ភ្នែក​អ្នក​បាន​ភ្លឺ​ឡើង នៅ​វេលា​នោះ​ឯង ខ្ញុំ​ក៏​ងើប​ភ្នែក​ឡើង​ឃើញ​គាត់
14 រួច​គាត់​និយាយ​មក​ខ្ញុំ​ថា ព្រះ​នៃ​ពួក​អយ្យកោ​យើង​បាន​តម្រូវ​ឲ្យ​អ្នក​ស្គាល់​ចំណង់​នៃ​ព្រះ‌ហឫទ័យ​ទ្រង់ ហើយ​ឲ្យ​ឃើញ​ព្រះ​ដ៏​សុចរិត ព្រម​ទាំង​ឮ​សំឡេង​ពី​ព្រះ‌ឱស្ឋ​ទ្រង់
15 ដ្បិត​អ្នក​ត្រូវ​ធ្វើ​ជា​ស្មរ​បន្ទាល់​ពី​ទ្រង់ ដល់​មនុស្ស​ទាំង​អស់ ពី​គ្រប់​ការ​ដែល​អ្នក​បាន​ឃើញ​បាន​ឮ
16 ឥឡូវ​នេះ តើ​អ្នក​បង្អង់​ចាំ​អ្វី​ទៀត ចូរ​ក្រោក​ឡើង ទទួល​បុណ្យ​ជ្រមុជ‌ទឹក ហើយ​លាង​បាប​អ្នក​ចេញ​ចុះ ដោយ​ការ​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ព្រះ‌អម្ចាស់
17 កាល​ខ្ញុំ​បាន​ត្រឡប់​ទៅ​ឯ​ក្រុង​យេរូ‌សាឡឹម​វិញ កំពុង​ដែល​ខ្ញុំ​អធិស្ឋាន​នៅ​ក្នុង​ព្រះ‌វិហារ នោះ​ខ្ញុំ​លង់​ស្មារតី​ទៅ
18 ហើយ​ក៏​ឃើញ​ទ្រង់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា ចូរ​ប្រញាប់​ចេញ​ពី​ក្រុង​យេរូ‌សាឡឹម​ទៅ​ជា​ឆាប់ ពី​ព្រោះ​គេ​មិន​ទទួល​ពាក្យ​ដែល​អ្នក​ធ្វើ​បន្ទាល់​ពី​ខ្ញុំ​ទេ
19 ខ្ញុំ​ក៏​ទូល​ថា ព្រះ‌អម្ចាស់​អើយ អ្នក​ទាំង​នោះ​ដឹង​ថា ទូល‌បង្គំ​បាន​ចាប់​ពួក​អ្នក​ដែល​ជឿ​ដល់​ទ្រង់​ដាក់​គុក​ហើយ ព្រម​ទាំង​វាយ​គេ​នៅ​ក្នុង​គ្រប់​ទាំង​សាលា​ប្រជុំ​ផង
20 កាល​ដែល​ឈាម​ស្ទេផាន ជា​ស្មរ​បន្ទាល់​របស់​ទ្រង់ បាន​ត្រូវ​ខ្ចាយ នោះ​ទូល‌បង្គំ​ក៏​ឈរ​នៅ​ទី​នោះ​ដែរ បាន​ទាំង​យល់​ព្រម​ឲ្យ​សម្លាប់​គាត់ ហើយ​នៅ​ចាំ​អាវ​នៃ​ពួក​អ្នក ដែល​សម្លាប់​គាត់​ផង
21 នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា ចូរ​ទៅ​ចុះ ដ្បិត​ខ្ញុំ​នឹង​ចាត់​អ្នក​ឲ្យ​ទៅ​ឯ​សាសន៍​ដទៃ​ដែល​នៅ​ឆ្ងាយ។
22 គេ​ក៏​ស្តាប់​គាត់ ដរាប​ដល់​ពាក្យ​នោះ រួច​គេ​ស្រែក​កាត់​ឡើង​ថា ចូរ​ដក​មនុស្ស​យ៉ាង​នេះ​ពី​ផែនដី​ចេញ ដ្បិត​មិន​គួរ​ឲ្យ​វា​នៅ​រស់​ទៀត​ទេ
23 ហើយ​ដោយ​ព្រោះ​គេ​ចេះ​តែ​ស្រែក​ឡើង ទាំង​កន្ត្រាក់​ដោះ​អាវ​គេ​ចេញ ហើយ​បាច​ធូលី​ដី​ទៅ​លើ
24 នោះ​បាន​ជា​មេ​ទ័ព​ធំ​បង្គាប់​ឲ្យ​នាំ​គាត់​ចូល​ទៅ​ក្នុង​បន្ទាយ រួច​ប្រាប់​ឲ្យ​វាយ​សួរ​ចម្លើយ ដើម្បី​ឲ្យ​ដឹង​ពី​ហេតុ​អ្វី បាន​ជា​គេ​ស្រែក​ទាស់​នឹង​គាត់​ជា​ខ្លាំង​ម៉្លេះ
25 ប៉ុន្តែ កំពុង​ដែល​គេ​យក​ខ្សែ​មក​ចង​ប៉ុល​ឲ្យ​ចំកោង នោះ​គាត់​និយាយ​ទៅ​មេ​ទ័ព​រង​ដែល​ឈរ​នៅ​ទី​នោះ​ថា តើ​មាន​ច្បាប់​នឹង​វាយ​សាសន៍​រ៉ូម​នឹង​រំពាត់ មុន​ដែល​កាត់​ទោស​ដែរ​ឬ​អី
26 លុះ​មេ​ទ័ព​រង​ឮ​ដូច្នេះ នោះ​ក៏​ទៅ​ជម្រាប​ដល់​មេ​ទ័ព​ធំ​ថា លោក​គិត​ធ្វើ​អ្វី​ដូច្នេះ ដ្បិត​មនុស្ស​នោះ​ជា​សាសន៍​រ៉ូម
27 នោះ​មេ​ទ័ព​ធំ​ចូល​មក​សួរ​ប៉ុល​ថា ចូរ​ប្រាប់​អញ ឯង​ជា​សាសន៍​រ៉ូម​ឬ គាត់​ឆ្លើយ​ថា បាទ
28 លោក​ក៏​និយាយ​ថា អញ​បាន​បង់​ប្រាក់​ច្រើន​ណាស់ ដើម្បី​ឲ្យ​បាន​ចូល​ជាតិ​រ៉ូម​នេះ តែ​ប៉ុល​និយាយ​ថា ខ្ញុំ​នេះ​កើត​មក​ជា​សាសន៍​រ៉ូម​តែ​ម្តង
29 ដូច្នេះ ពួក​អ្នក​ដែល​ត្រូវ​សួរ​ចម្លើយ ក៏​ថយ​ចេញ​ជា​១​រំពេច ហើយ​មេ​ទ័ព​ធំ​មាន​សេចក្ដី​ភិត‌ភ័យ ដោយ​ដឹង​ថា គាត់​ជា​សាសន៍​រ៉ូម ពី​ព្រោះ​បាន​ជ្រុល​ជា​ចង​គាត់​ហើយ។
30 ដល់​ថ្ងៃ​ស្អែក​ឡើង លោក​ក៏​ស្រាយ​ចំណង ហើយ​ប្រាប់​ដល់​ពួក​សង្គ្រាជ និង​ពួក​ក្រុម‌ជំនុំ​ទាំង​អស់ ឲ្យ​ប្រជុំ​គ្នា រួច​លោក​នាំ​ប៉ុល​ចុះ​មក ដាក់​នៅ​កណ្តាល​ពួក​គេ ដោយ​ចង់​ដឹង​ច្បាស់ ពី​ហេតុ​អ្វី​បាន​ជា​ពួក​សាសន៍​យូដា​ចោទ​ប្រកាន់​គាត់​ដូច្នោះ។


ជំពូក 23

1 ប៉ុល​ក៏​សម្លឹង​មើល​ទៅ​ពួក​ក្រុម‌ជំនុំ និយាយ​ថា ឱ​អ្នក​រាល់​គ្នា ជា​បង​ប្អូន​អើយ ខ្ញុំ​បាន​ប្រព្រឹត្ត​ដោយ​បញ្ញា​ចិត្ត​ជ្រះ​ស្អាត​នៅ​ចំពោះ​ព្រះ ដរាប​មក​ដល់​ថ្ងៃ​នេះ
2 តែ​អាន៉្នានាស ជា​សម្ដេច​សង្ឃ លោក​បង្គាប់​ដល់​ពួក​អ្នក​ដែល​ឈរ​ជិត ឲ្យ​ទះ​មាត់​គាត់
3 នោះ​ប៉ុល​និយាយ​ទៅ​លោក​ថា ឱ​កំផែង​លាប​ស អើយ ព្រះ‌ទ្រង់​នឹង​វាយ​លោក​វិញ លោក​អង្គុយ​ជំនុំ‌ជម្រះ​ខ្ញុំ​តាម​ក្រឹត្យ‌វិន័យ ចុះ​ដូច​ម្តេច​បាន​ជា​ហ៊ាន​បង្គាប់​ឲ្យ​គេ​វាយ​ខ្ញុំ ខុស​នឹង​ក្រឹត្យ‌វិន័យ​ដូច្នេះ
4 ឯ​ពួក​អ្នក​ដែល​ឈរ​ជិត​ក៏​ស្តី​ឲ្យ​គាត់​ថា តើ​ឯង​ហ៊ាន​ដៀល​ដល់​សម្ដេច​សង្ឃ​នៃ​ព្រះ​ដែរ​ឬ
5 ប៉ុល​ឆ្លើយ​ថា បង​ប្អូន​អើយ ខ្ញុំ​មិន​បាន​ដឹង​ថា លោក​ជា​សម្ដេច​សង្ឃ​ទេ ដ្បិត​មាន​សេចក្ដី​ចែង​ទុក​មក​ថា «មិន​ត្រូវ​និយាយ​អាក្រក់ ពី​ចៅ‌ហ្វាយ​របស់​សាសន៍​ឯង​ឡើយ»
6 កាល​ប៉ុល​បាន​ដឹង​ថា ពួក​គេ​១​ចំណែក​ជា​ពួក​សាឌូស៊ី ហើយ​១​ចំណែក​ទៀត​ជា​ពួក​ផារី‌ស៊ី នោះ​គាត់​បន្លឺ​សំឡេង​ឡើង​ក្នុង​ពួក​ក្រុម‌ជំនុំ​ថា បង​ប្អូន​រាល់​គ្នា​អើយ ខ្ញុំ​ជា​ពួក​ផារី‌ស៊ី ហើយ​ជា​កូន​នៃ​ពួក​ផារី‌ស៊ី ខ្ញុំ​ជាប់​ជំនុំ‌ជម្រះ គឺ​ដោយ​ព្រោះ​តែ​សេចក្ដី​សង្ឃឹម​នេះ​ថា មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ
7 កាល​គាត់​និយាយ​ដូច្នោះ​ហើយ នោះ​ពួក​ផារី‌ស៊ី និង​ពួក​សាឌូស៊ី គេ​កើត​ទាស់‌ទែង​គ្នា បណ្តា​ជំនុំ​ក៏​បែក‌ខ្ញែក​ដែរ
8 ដ្បិត​ពួក​សាឌូស៊ី​ប្រកាន់​ថា គ្មាន​សេចក្ដី​រស់​ឡើង​វិញ ក៏​គ្មាន​ទេវតា ឬ​វិញ្ញាណ​ណា​ផង តែ​ពួក​ផារី‌ស៊ី​ជឿ​ថា មាន​វិញ
9 នោះ​កើត​មាន​សូរ​ទ្រហឹង​អឺង‌អាប់​ជា​ខ្លាំង ហើយ​ពួក​អាចារ្យ​ខ្លះ​ខាង​ពួក​ផារី‌ស៊ី ក៏​ឈរ​ឡើង​ជជែក​ថា យើង​មិន​ឃើញ​ជា​មនុស្ស​នេះ​មាន​ទោស​ខុស​អ្វី​សោះ តែ​បើ​មាន​វិញ្ញាណ ឬ​ទេវតា​បាន​និយាយ​នឹង​គាត់ នោះ​ធ្វើ​ដូច​ម្តេច​វិញ
10 លុះ​កើត​ទាស់​គ្នា​ជា​ខ្លាំង​ដូច្នោះ នោះ​មេ​ទ័ព​ធំ​ក៏​បង្គាប់​ឲ្យ​ពួក​ទាហាន​ចុះ​ទៅ យក​គាត់​ពី​កណ្តាល​គេ​មក ដោយ​អំណាច ហើយ​នាំ​ចូល​ទៅ​ក្នុង​បន្ទាយ​វិញ ក្រែង​លោ​គេ​ប្រញាយ​ហែក​គាត់​ខ្ទេច‌ខ្ទី​ទៅ។
11 នៅ​វេលា​យប់​នោះ ព្រះ‌អម្ចាស់​ទ្រង់​ឈរ​ជិត​គាត់​មាន​ព្រះ‌បន្ទូល​ថា ចូរ​សង្ឃឹម​ឡើង ប៉ុល​អើយ ដ្បិត​អ្នក​ត្រូវ​ធ្វើ​បន្ទាល់​នៅ​ក្រុង​រ៉ូម ដូច​ជា​បាន​ធ្វើ​បន្ទាល់​សព្វ​គ្រប់​ពី​ខ្ញុំ នៅ​ក្រុង​យេរូ‌សាឡឹម​ដែរ។
12 ដល់​ភ្លឺ​ឡើង មាន​ពួក​សាសន៍​យូដា​ខ្លះ រួម​គំនិត​គ្នា​ស្បថ​ឡាក់‌ឡាំង​ថា មិន​ស៊ី​មិន​ផឹក​ទាល់​តែ​បាន​សម្លាប់​ប៉ុល​ហើយ
13 ឯ​មនុស្ស​ដែល​បង្កើត​ឧបាយ​យ៉ាង​នេះ មាន​ជាង​៤០​នាក់
14 គេ​ក៏​ទៅ​ជម្រាប​ពួក​សង្គ្រាជ និង​ពួក​ចាស់‌ទុំ​ថា យើង​ខ្ញុំ​បាន​ស្បថ​ថា មិន​ភ្លក់​អ្វី​សោះ ទាល់​តែ​បាន​សម្លាប់​ប៉ុល​ចេញ
15 ដូច្នេះ សូម​ឲ្យ​លោក​ទាំង‌ឡាយ និង​ពួក​ក្រុម‌ជំនុំ ចាត់​ឲ្យ​ទៅ​សូម​វា​ពី​លោក​មេ​ទ័ព​ធំ​មក​ឥឡូវ ដើម្បី​ឲ្យ​លោក​នាំ​វា​ចុះ​មក ធ្វើ​ដូច​ជា​លោក​ចង់​ពិចារណា​សួរ ពី​ដំណើរ​វា ឲ្យ​ច្បាស់‌លាស់​ឡើង ឯ​ពួក​យើង​ខ្ញុំ ក៏​ប្រុង​ប្រៀប​ជា​ស្រេច​នឹង​សម្លាប់​វា មុន​ដែល​វា​ចូល​មក​ដល់​ផង។
16 ឯ​កូន​របស់​ប្អូន​ស្រី​ប៉ុល កាល​បាន​ដឹង​ពី​ការ​ដែល​ឈ្លប​លប​នោះ​ហើយ ក៏​ចូល​ទៅ​ក្នុង​បន្ទាយ​ប្រាប់​ដល់​ប៉ុល
17 នោះ​ប៉ុល គាត់​ហៅ​មេ​ទ័ព​រង​ម្នាក់​មក​ជម្រាប​ថា សូម​នាំ​អ្នក​កំលោះ​នេះ​ទៅ​ឯ​លោក​មេ​ទ័ព​ធំ​ទៅ ដ្បិត​វា​មាន​រឿង​ខ្លះ​ចង់​ជម្រាប​លោក
18 អ្នក​នោះ​ក៏​នាំ​វា​ទៅ​ឯ​លោក​មេ​ទ័ព​ធំ​ជម្រាប​ថា ប៉ុល ជា​អ្នក​ទោស​បាន​ហៅ​ខ្ញុំ ហើយ​សូម​ខ្ញុំ​ឲ្យ​នាំ​អ្នក​កំលោះ​នេះ​មក​ឯ​លោក វា​មាន​រឿង​ខ្លះ​ចង់​ជម្រាប​ដល់​លោក
19 មេ​ទ័ព​ក៏​ចាប់​ដៃ​វា នាំ​ទៅ​ដោយ‌ឡែក សួរ​ថា ឯង​មាន​រឿង​អ្វី​នឹង​ប្រាប់​ដល់​អញ​ខ្លះ
20 វា​ជម្រាប​ថា ពួក​សាសន៍​យូដា​បាន​ស្រុះ​ចិត្ត​គ្នា​នឹង​សូម​លោក ឲ្យ​នាំ​ប៉ុល​ចុះ​ទៅ​ឯ​ពួក​ក្រុម‌ជំនុំ នៅ​វេលា​ថ្ងៃ​ស្អែក ធ្វើ​ដូច​ជា​ចង់​ពិចារណា​សួរ​ពី​ដំណើរ​គាត់ ឲ្យ​ច្បាស់​ឡើង
21 ដូច្នេះ សូម​លោក​កុំ​ព្រម​តាម​គេ​ឡើយ ដ្បិត​មាន​ពួក​គេ​ចំនួន​ជាង​៤០​នាក់ បាន​លប​ចាំ​គាត់​តាម​ផ្លូវ គេ​បាន​ស្បថ​ថា មិន​ស៊ី​មិន​ផឹក​អ្វី​ឡើយ ទាល់​តែ​បាន​សម្លាប់​គាត់​ចេញ ឥឡូវ​នេះ គេ​ប្រុង​ប្រៀប​ជា​ស្រេច​ហើយ ចាំ​តែ​លោក​អនុញ្ញាត​ឲ្យ​ប៉ុណ្ណោះ​ទេ
22 នោះ​មេ​ទ័ព​ធំ​ឲ្យ​អ្នក​កំលោះ​នោះ​ទៅ​វិញ ទាំង​ហាម​មិន​ឲ្យ​ប្រាប់​ដល់​អ្នក​ណា ពី​ដំណើរ​ដែល​វា​ជម្រាប​លោក​នោះ​ឡើយ។
23 លោក​ក៏​ហៅ​មេ​ទ័ព​រង​២​នាក់​មក​ប្រាប់​ថា ចូរ​រៀប​ទាហាន​ថ្មើរ​ជើង​២០០​នាក់ ពល​សេះ​៧០ និង​ពល​កាន់​លំពែង​២០០ ឲ្យ​ទាន់​ក្នុង​វេលា​ម៉ោង​៩​យប់​នេះ ដើម្បី​នឹង​ទៅ​ឯ​សេសារា
24 ហើយ​ឲ្យ​មាន​ជំនិះ​សម្រាប់​ប៉ុល​ជិះ​ដែរ ដើម្បី​នឹង​នាំ​ទៅ​ឯ​លោក​ភេលីច ជា​ចៅ‌ហ្វាយ​ខេត្ត ដោយ​សុខ​សាន្ត
25 លោក​ក៏​ធ្វើ​សំបុត្រ​១​ច្បាប់ មាន​សេចក្ដី​បែប​ដូច្នេះ​ថា
26 សំបុត្រ​ក្លូឌាស-លូស៊ា សូម​ក្រាប​ប្រណិប័តន៍ ចូល​មក​ដល់​លោក​ចៅ‌ហ្វាយ​ភេលីច ដ៏​ជា​ធំ សូម​ទាន​ជ្រាប
27 មនុស្ស​នេះ ពួក​សាសន៍​យូដា​បាន​ចាប់ ហើយ​គេ​រៀប​នឹង​សម្លាប់​បង់ ប៉ុន្តែ ខ្ញុំ​នាំ​ទាហាន​ទៅ​ទាន់ ដោះ​រួច​ពី​ពួក​គេ​ចេញ ដោយ​បាន​ឮ​ថា​ជា​សាសន៍​រ៉ូម​ដូច្នេះ
28 ហើយ​ដែល​ខ្ញុំ​ចង​ដឹង ពី​ហេតុ​អ្វី​បាន​ជា​គេ​ចោទ​ប្រកាន់​វា នោះ​ខ្ញុំ​បាន​នាំ​ចុះ​ទៅ​នៅ​មុខ​ក្រុម‌ជំនុំ​របស់​គេ
29 ក៏​ឃើញ​ថា គេ​ចោទ​ប្រកាន់​ពី​រឿង​ជជែក​គ្នា ខាង​ឯ​ក្រឹត្យ‌វិន័យ​របស់​គេ​ទេ តែ​គ្មាន​ហេតុ​អ្វី​ដែល​គួរ​ឲ្យ​ស្លាប់ ឬ​ជាប់​ចំណង​សោះ​ឡើយ
30 កាល​មាន​គេ​មក​ប្រាប់​ខ្ញុំ​ពី​ឧបាយ‌កល ដែល​ពួក​សាសន៍​យូដា​គិត​ធ្វើ​ដល់​វា នោះ​ខ្ញុំ​ក៏​បញ្ជូន​មក​ឯ​លោក​ភ្លាម ទាំង​ប្រាប់​ពួក​អ្នក​ដើម​ចោទ ឲ្យ​គេ​មក​ចោទ​ប្រកាន់​នៅ​ចំពោះ​លោក​ចុះ សូម​ឲ្យ​លោក​បាន​ប្រកប​ដោយ​សេចក្ដី​សុខ​សាន្ត សេចក្ដី​គួរ​ពុំ​គួរ សូម​ទាន​អភ័យ‌ទោស។
31 ដូច្នេះ ពួក​ពល​ក៏​នាំ​យក​ប៉ុល​ទាំង​យប់ ទៅ​ឯ​ក្រុង​អាន់‌ទី‌ប៉ា‌ទ្រីស តាម​បង្គាប់
32 ស្អែក​ឡើង គេ​ទុក​ពល​សេះ​ឲ្យ​ទៅ​ជា​មួយ​នឹង​គាត់ រួច​គេ​ត្រឡប់​មក​ឯ​បន្ទាយ​វិញ
33 កាល​ចូល​ក្រុង​សេសារា ហើយ​ជូន​សំបុត្រ​ដល់​លោក​ចៅ‌ហ្វាយ នោះ​ក៏​ប្រគល់​ប៉ុល​ទៅ​លោក​ដែរ
34 កាល​លោក​បាន​មើល​សំបុត្រ​រួច​ជា​ស្រេច​ហើយ នោះ​លោក​សួរ​ពី​គាត់​នៅ​ខេត្ត​ណា លុះ​ជ្រាប​ថា នៅ​ស្រុក​គីលីគា
35 ក៏​មាន​ប្រសាសន៍​ថា ចាំ​កាល​ណា​ពួក​ដើម​ចោទ​បាន​ចុះ​មក​ដល់ នោះ​អញ​នឹង​ស្តាប់​រឿង​ឯង​សព្វ​គ្រប់ រួច​លោក​បង្គាប់​ឲ្យ​ឃុំ​គាត់ ទុក​ក្នុង​សាលា​ជំនុំ​របស់​ស្តេច​ហេរ៉ូឌ។


ជំពូក 24

1 ក្រោយ​៥​ថ្ងៃ​មក អាន៉្នានាស ជា​សម្ដេច​សង្ឃ​ក៏​ចុះ​ទៅ ជា​មួយ​នឹង​ពួក​ចាស់‌ទុំ នាំ​ទាំង​មនុស្ស​ម្នាក់​មាន​វោហារ ឈ្មោះ​ទើទូ‌លុស​ទៅ​ផង ដើម្បី​ឲ្យ​ចូល​ទៅ​ប្តឹង​លោក​ចៅ‌ហ្វាយ​ពី​រឿង​ប៉ុល
2 កាល​លោក​បាន​ហៅ​ប៉ុល​មក នោះ​ទើទូ‌លុស​ចាប់​ចោទ​ប្រកាន់​គាត់​ថា
3 ឱ​ព្រះ‌តេជ‌ព្រះ‌គុណ​ភេលីច​អើយ សាសន៍​យើង​ខ្ញុំ​បាន​សេចក្ដី​សុខ​ប្រពៃ ដោយ‌សារ​លោក​ម្ចាស់ ក៏​មាន​ចម្រើន​ការ​ផ្លាស់​ប្រែ​យ៉ាង​ប្រសើរ ដែល​មាន​ប្រយោជន៍​ដល់​សាសន៍​យើង​ខ្ញុំ​នេះ ដោយ‌សារ​គំនិត​លោក​ម្ចាស់ ហើយ​ទោះ​បើ​នៅ​វេលា​ណា ឬ​កន្លែង​ណា​ក៏​ដោយ គង់​តែ​យើង​ខ្ញុំ​ទទួល​ការ​ទាំង​នោះ​ដោយ​អំណរ ទាំង​អរ‌គុណ​ដល់​លោក​ម្ចាស់​គ្រប់​ជំពូក​ដែរ
4 តែ​ដើម្បី​កុំ​ឲ្យ​បង្ខាត​ពេល​លោក​ម្ចាស់​ទៀត នោះ​សូម​មេត្តា​ស្តាប់​យើង​ខ្ញុំ​បន្តិច
5 ដ្បិត​យើង​ខ្ញុំ​បាន​ឃើញ​ថា អ្នក​នេះ​ជា​មនុស្ស​ចង្រៃ ជា​មេ​នៃ​ពួក​ណា‌សារ៉ែត ដែល​ញុះ‌ញង់​ឲ្យ​ពួក​សាសន៍​យូដា​ទាំង​អស់ នៅ​លោកីយ​នេះ​បះ‌បោរ​ឡើង
6 ក៏​ចង់​ធ្វើ​បង្អាប់​ដល់​ព្រះ‌វិហារ​ផង នោះ​យើង​ខ្ញុំ​បាន​ចាប់​វា​មក ប្រាថ្នា​ចង់​ជំនុំ‌ជម្រះ​តាម​ក្រឹត្យ‌វិន័យ​របស់​យើង​ខ្ញុំ
7 ប៉ុន្តែ លោក​លូស៊ា ជា​មេ​ទ័ព​ធំ បាន​មក​កន្ត្រាក់​យក​វា​ពី​ដៃ​យើង​ខ្ញុំ​ទៅ ដោយ​អំណាច​យ៉ាង​សម្បើម
8 ទាំង​បង្គាប់​ឲ្យ​ពួក​ដើម​ចោទ​មក​ឯ​លោក​ម្ចាស់ បើ​កាល​ណា​លោក​ម្ចាស់​បាន​ពិចារណា​វា នោះ​នឹង​បាន​ជ្រាប​ពី​គ្រប់​ទាំង​ការ ដែល​យើង​ខ្ញុំ​ចោទ​ប្រកាន់​ដល់​វា​ហើយ
9 ឯ​ពួក​សាសន៍​យូដា ក៏​យល់​ព្រម​ដែរ ដោយ​បញ្ជាក់​ថា រឿង​ទាំង​នោះ​ប្រាកដ​មែន។
10 កាល​លោក​ចៅ‌ហ្វាយ បាន​ធ្វើ​គ្រឿង​សម្គាល់ ឲ្យ​ប៉ុល​និយាយ នោះ​គាត់​ឆ្លើយ​ឡើង​ថា ខ្ញុំ​ប្របាទ​នឹង​ដោះ​សារ​រឿង​ខ្លួន​ដោយ​អំណរ ដោយ​ដឹង​ថា ព្រះ‌តេជ‌ព្រះ‌គុណ​បាន​ធ្វើ​ជា​ចៅ‌ក្រម​លើ​សាសន៍​នេះ​ជា​យូរ​ឆ្នាំ​ហើយ
11 ក៏​អាច​នឹង​ជ្រាប​ថា តាំង​ពី​ខ្ញុំ​ប្របាទ​ឡើង​ទៅ​ថ្វាយ‌បង្គំ​ឯ​ក្រុង​យេរូ‌សាឡឹម នោះ​មិន​លើស​ពី​១២​ថ្ងៃ​ទេ
12 គេ​ក៏​មិន​បាន​ឃើញ​ខ្ញុំ​ប្របាទ កំពុង​ដែល​ជជែក​នឹង​អ្នក​ណា នៅ​ក្នុង​ព្រះ‌វិហារ ឬ​ប្រមូល​ញុះ‌ញង់​បណ្តា​មនុស្ស​ដែរ ទោះ​បើ​ក្នុង​សាលា​ប្រជុំ​គេ ឬ​កន្លែង​ណា​នៅ​ក្នុង​ទី​ក្រុង​ក្តី
13 គេ​ពុំ​អាច​នឹង​រក​ភស្តុ‌តាង ពី​ការ​ដែល​គេ​ចោទ​ខ្ញុំ​ប្របាទ​ឥឡូវ​នេះ​បាន​ទេ
14 ប៉ុន្តែ សូម​ជម្រាប​លោក​ម្ចាស់​តាម​ត្រង់​ថា ខ្ញុំ​ប្របាទ​គោរព​ប្រតិបត្តិ​ដល់​ព្រះ​នៃ​ពួក​អយ្យកោ​យើង​ខ្ញុំ តាម​របៀប​ដែល​គេ​ហៅ​ថា ក្បត់​សាសនា ដោយ​មាន​សេចក្ដី​ជំនឿ​ជឿ​ដល់​អស់​ទាំង​សេចក្ដី ដែល​ចែង​ទុក​មក​ក្នុង​ក្រឹត្យ‌វិន័យ និង​ក្នុង​គម្ពីរ​ពួក​ហោរា
15 ហើយ​ខ្ញុំ​ប្របាទ​មាន​សេចក្ដី​សង្ឃឹម​ដល់​ព្រះ ដែល​គេ​ក៏​យល់​ព្រម​ដែរ គឺ​ថា ទាំង​មនុស្ស​សុចរិត និង​មនុស្ស​ទុច្ចរិត នឹង​បាន​រស់​ឡើង​វិញ​ទាំង​អស់​គ្នា
16 ហេតុ​នោះ​បាន​ជា​ខ្ញុំ​ប្របាទ​ខំ​ប្រឹង​ឲ្យ​មាន​បញ្ញា​ចិត្ត​ឥត​សៅ‌ហ្មង​នៅ​ចំពោះ​ព្រះ និង​នៅ​ចំពោះ​មនុស្ស​លោក​ជានិច្ច​ដែរ
17 លុះ​ក្រោយ​ដែល​ខ្ញុំ​ប្របាទ​បាន​ចោល​ស្រុក​ទៅ​ជា​យូរ​ឆ្នាំ នោះ​ក៏​ត្រឡប់​មក​ធ្វើ​ទាន​វិញ ព្រម​ទាំង​យក​ជំនូន​មក ជូន​ដល់​សាសន៍​របស់​ខ្ញុំ​ប្របាទ
18 ហើយ​កំពុង​ដែល​ខ្ញុំ​ប្របាទ​រវល់​នឹង​ការ​នោះ គេ​ក៏​ឃើញ​ខ្ញុំ​ប្របាទ​បាន​ញែក​ជា​បរិសុទ្ធ​នៅ​ក្នុង​ព្រះ‌វិហារ មិន​មែន​មាន​មនុស្ស​ទាំង​ហ្វូង ឬ​ដោយ​វឹកវរ​ទេ ប៉ុន្តែ មាន​ពួក​សាសន៍​យូដា​ខ្លះ​ពី​ស្រុក​អាស៊ី​បាន​ឃើញ​ខ្ញុំ​ប្របាទ
19 ដែល​គួរ​ឲ្យ​គេ​មក​ចោទ​ប្រកាន់​ខ្ញុំ​ប្របាទ​នៅ​មុខ​លោក​ម្ចាស់​វិញ បើ​សិន​ជា​គេ​មាន​រឿង​អ្វី​ទាស់​នឹង​ខ្ញុំ​ប្របាទ
20 ឬ​ឲ្យ​អ្នក​ទាំង​នេះ​ធ្វើ​បន្ទាល់​ចុះ បើ​គេ​ឃើញ​ខ្ញុំ​ប្របាទ​មាន​សេចក្ដី​ទុច្ចរិត​ណា ក្នុង​កាល​ដែល​ឈរ​នៅ​មុខ​ក្រុម‌ជំនុំ​នោះ
21 លើក​តែ​ពាក្យ​១​ម៉ាត់​នេះ​ចេញ ដែល​ខ្ញុំ​ប្របាទ​ស្រែក​ឡើង​នៅ​ពេល​កំពុង​ឈរ​ជា​កណ្តាល​ពួក​គេ​ថា ថ្ងៃ​នេះ ខ្ញុំ​ត្រូវ​អ្នក​រាល់​គ្នា​ជំនុំ‌ជម្រះ ពី​ដំណើរ​រស់​ពី​ស្លាប់​ឡើង​វិញ ប៉ុណ្ណោះ។
22 ឯ​លោក​ភេលីច ដែល​ដឹង​ជ្រៅ​ជ្រះ​ខាង​សាសនា​គេ​ដែរ កាល​បាន​ស្តាប់​សេចក្ដី​ចោទ​ឆ្លើយ​រួច​ហើយ នោះ​លោក​ក៏​ផ្អាក​រឿង​នោះ​សិន ដោយ​ថា កាល​ណា​លោក​លូស៊ា ជា​មេ​ទ័ព​ធំ​បាន​ចុះ​មក នោះ​ចាំ​ខ្ញុំ​ពិចារណា​រឿង​អ្នក​រាល់​គ្នា​ទៀត
23 រួច​លោក​បង្គាប់​មេ​ទ័ព​រង​ឲ្យ​រក្សា​ប៉ុល​ដោយ​ស្រួល‌បួល ឥត​ឃាត់​ហាម​ពួក​គាត់​ណា​មួយ មិន​ឲ្យ​មក​បម្រើ​គាត់​នោះ​ឡើយ។
24 លុះ​បួន​ដប់​ថ្ងៃ​ក្រោយ​មក លោក​ភេលីច​មក​ដល់ ជា​មួយ​នឹង​ទ្រូស៊ីល ជា​ភរិយា ដែល​ជា​សាសន៍​យូដា រួច​លោក​ចាត់​គេ​ទៅ​នាំ​ប៉ុល​មក ក៏​ស្តាប់​គាត់​អធិប្បាយ​ពី​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះ‌គ្រីស្ទ
25 កំពុង​ដែល​គាត់​សម្ដែង​ពន្យល់​ពី​សេចក្ដី​សុចរិត សេចក្ដី​ដឹង​ខ្នាត និង​សេចក្ដី​ជំនុំ‌ជម្រះ​ដែល​ត្រូវ​មក នោះ​លោក​ភេលីច​កើត​មាន​ចិត្ត​ភិត‌ភ័យ ក៏​ឆ្លើយ​ថា ឥឡូវ​នេះ ឲ្យ​ទៅ​សិន​ចុះ កាល​ណា​មាន​ឱកាស​ស្រួល នោះ​អញ​នឹង​ហៅ​ឯង​មក​ទៀត
26 លោក​ក៏​សង្ឃឹម​ថា ប៉ុល​នឹង​យក​ប្រាក់​មក​សូក​លោក ឲ្យ​លែង​ចេញ​ដែរ ហេតុ​នោះ​បាន​ជា​លោក​ឲ្យ​គេ​នាំ​គាត់​មក​ពិគ្រោះ​កាន់​តែ​ញឹក‌ញយ​ឡើង
27 ប៉ុន្តែ លុះ​កន្លង​មក​បាន​២​ឆ្នាំ​ហើយ នោះ​មាន​លោក​ព័រគាស-ភេស្ទុស មក​ឈរ​ជំនួស​លោក​ភេលីច ហើយ​ដោយ​ព្រោះ​លោក​ភេលីច ចង់​បាន​បំណាច់ ចំពោះ​សាសន៍​យូដា​ផង បាន​ជា​លោក​ទុក​ឲ្យ​ប៉ុល​ជាប់​គុក​នៅ។


ជំពូក 25

1 លុះ​កាល​លោក​ភេស្ទុស​បាន​ចូល​មក​ក្នុង​ខេត្ត នោះ​ក្រោយ​៣​ថ្ងៃ លោក​ក៏​ឡើង​ពី​សេសារា ទៅ​ឯ​ក្រុង​យេរូ‌សាឡឹម
2 ឯ​ពួក​សង្គ្រាជ និង​ពួក​មេ​សាសន៍​យូដា គេ​ចូល​ទៅ​ជម្រាប​លោក​ពី​ដំណើរ​ប៉ុល
3 ហើយ​សូម​អង្វរ​ឲ្យ​លោក​អនុញ្ញាត​ចាត់​គេ ឲ្យ​ទៅ​នាំ​គាត់​មក​ក្រុង​យេរូ‌សាឡឹម​វិញ ពី​ព្រោះ​គេ​មត់​គ្នា​នឹង​សម្លាប់​គាត់​តាម​ផ្លូវ
4 តែ​លោក​ភេស្ទុស​ឆ្លើយ​ថា ត្រូវ​តែ​ឃុំ​ប៉ុល​ទុក​នៅ​ក្រុង​សេសារា​នោះ ចាំ​បន្តិច​ទៀត ខ្លួន​ខ្ញុំ​នឹង​ទៅ​ឯ​ណោះ​ដែរ
5 ដូច្នេះ លោក​ប្រាប់​ថា ចូរ​អស់​អ្នក​ដែល​មាន​អំណាច​ក្នុង​ពួក​អ្នក​រាល់​គ្នា ចុះ​ទៅ​ជា​មួយ​គ្នា បើ​មនុស្ស​នោះ​មាន​ទោស​អ្វី នោះ​ត្រូវ​ឲ្យ​ចោទ​ប្រកាន់​វា​ចុះ
6 កាល​បាន​ស្នាក់​នៅ​ក្នុង​ទី​ក្រុង​គេ​ជាង​១០​ថ្ងៃ នោះ​ក៏​ចុះ​ទៅ​ឯ​សេសារា​វិញ ដល់​ថ្ងៃ​ស្អែក​ឡើង លោក​អង្គុយ​នៅ​ទី​ជំនុំ‌ជម្រះ​ក្តី ហើយ​បង្គាប់​ឲ្យ​គេ​នាំ​ប៉ុល​មក
7 លុះ​គាត់​ចូល​មក​ដល់ នោះ​ពួក​សាសន៍​យូដា ដែល​ចុះ​ពី​ក្រុង​យេរូ‌សាឡឹម​មក គេ​ឈរ​នៅ​ជុំ‌វិញ ក៏​ចោទ​គាត់​ពី​រឿង​ធ្ងន់ៗ​ជា​ច្រើន ដែល​គេ​មិន​អាច​នឹង​រក​ភស្តុ‌តាង​បាន
8 តែ​គាត់​ដោះ​សារ​ខ្លួន​ថា ខ្ញុំ​ប្របាទ​មិន​បាន​ធ្វើ​បាប​អ្វី​សោះ ទោះ​នឹង​ក្រឹត្យ‌វិន័យ​របស់​សាសន៍​យូដា ឬ​នឹង​ព្រះ‌វិហារ ឬ​នឹង​សេ‌សារ​ក្តី
9 តែ​លោក​ភេស្ទុស​ចង់​បាន​បំណាច់​ចំពោះ​ពួក​សាសន៍​យូដា ក៏​សួរ​ទៅ​ប៉ុល​ថា ឯង​សុខ​ចិត្ត​ឡើង​ទៅ​ឯ​ក្រុង​យេរូ‌សាឡឹម ឲ្យ​អញ​ជំនុំ‌ជម្រះ​ឯង​ពី​ដំណើរ​នេះ​ឬ​ទេ
10 នោះ​ប៉ុល​ឆ្លើយ​ថា ខ្ញុំ​ប្របាទ​ឈរ​នៅ​មុខ​ទី​ជំនុំ​ជម្រះ​ក្តី​នៃ​សេ‌សារ ជា​កន្លែង​ដែល​គួរ​ជំនុំ‌ជម្រះ​ខ្ញុំ​ប្របាទ ខ្ញុំ​ប្របាទ​គ្មាន​ធ្វើ​ខុស​អ្វី​នឹង​ពួក​សាសន៍​យូដា​ទេ ដូច​ជា​ព្រះ‌តេជ‌ព្រះ‌គុណ​ក៏​ជ្រាប​ច្បាស់​ហើយ
11 បើ​សិន​ជា​ខ្ញុំ​ប្របាទ​បាន​ធ្វើ​អ្វី​ខុស ឬ​ដែល​គួរ​នឹង​ស្លាប់ នោះ​ខ្ញុំ​ប្របាទ​ក៏​យល់​ព្រម​នឹង​ស្លាប់​ឥត​ប្រកែក តែ​បើ​រឿង​ដែល​គេ​ចោទ​ខ្ញុំ​ប្របាទ​មិន​ពិត​វិញ នោះ​គ្មាន​អ្នក​ណា​អាច​នឹង​បញ្ជូន​ទៅ​ឲ្យ​គេ​បាន​ឡើយ ខ្ញុំ​ប្របាទ​សូម​រើ​ក្តី​នេះ​ដល់​សេ‌សារ​វិញ
12 ក្រោយ​ដែល​ភេស្ទុស​បាន​ពិគ្រោះ​នឹង​ក្រុម‌ជំនុំ នោះ​ក៏​ឆ្លើយ​ថា ឯង​បាន​សូម​រើ​ក្តី​នេះ​ដល់​សេ‌សារ​វិញ បើ​ដូច្នេះ ឯង​ត្រូវ​ទៅ​ដល់​សេ‌សារ​ចុះ។
13 ក្រោយ​បួន​ដប់​ថ្ងៃ​មក​ទៀត ព្រះ‌រាជា​អ័គ្រីប៉ា និង​ព្រះ‌នាង​បេរេនីស ស្តេច​យាង​ចុះ​មក​ឯ​សេសារា ក៏​ចូល​ទៅ​សួរ​លោក​ភេស្ទុស
14 កាល​ទ្រង់​គង់​នៅ​ទី​នោះ​ជា​យូរ​ថ្ងៃ នោះ​លោក​ភេស្ទុស​ក៏​ទូល​ពី​រឿង​ប៉ុល ថ្វាយ​ស្តេច​ថា លោក​ភេលីច​បាន​ទុក​អ្នក​ទោស​ម្នាក់ ឲ្យ​ជាប់​គុក​នៅ​ទី​នេះ
15 ហើយ​កាល​ដែល​ទូល‌បង្គំ​នៅ​ក្រុង​យេរូ‌សាឡឹម នោះ​ពួក​សង្គ្រាជ និង​ពួក​ចាស់‌ទុំ​នៃ​សាសន៍​យូដា បាន​ប្តឹង​ទូល‌បង្គំ ទាំង​សូម​ឲ្យ​ទូល‌បង្គំ​កាត់​ទោស​ឲ្យ
16 តែ​ទូល‌បង្គំ​ឆ្លើយ​ប្រាប់​គេ​ថា សាសន៍​រ៉ូម​មិន​ដែល​បញ្ជូន​មនុស្ស​ណា​ឲ្យ​ត្រូវ​ស្លាប់ មុន​ដែល​ចុង​ចម្លើយ​មាន​ពួក​ដើម​ចោទ​នៅ​មុខ​ខ្លួន ហើយ​មាន​ឱកាស​នឹង​ដោះ​សា​ពី​រឿង​គេ​ចោទ​នោះ​ឡើយ
17 ដូច្នេះ កាល​គេ​បាន​មក​ទី​នេះ នោះ​ដល់​ថ្ងៃ​ស្អែក​ឡើង ទូល‌បង្គំ​បាន​អង្គុយ​នៅ​ទី​ជំនុំ‌ជម្រះ​ក្តី​ដោយ​ឥត​បង្អង់ ហើយ​ក៏​បង្គាប់​ឲ្យ​នាំ​មនុស្ស​នោះ​មក
18 តែ​កាល​ពួក​ដើម​ចោទ​បាន​ឈរ​ឡើង គេ​មិន​បាន​ចោទ​ប្រកាន់​វា​អំពី​រឿង​អ្វី ឲ្យ​ដូច​ដែល​ទូល‌បង្គំ​បាន​ស្មាន​នោះ​ទេ
19 គេ​គ្រាន់​តែ​ប្រកាន់​ពី​របៀប​សាសនា​គេ ហើយ​ពី​ដំណើរ​ម្នាក់​ឈ្មោះ​យេស៊ូវ ដែល​ស្លាប់​ទៅ​ហើយ តែ​ប៉ុល​ប្រកាន់​ថា​នៅ​រស់​ទេ​ប៉ុណ្ណោះ
20 ហើយ​ដែល​ទូល‌បង្គំ​ទ័ល​គំនិត​នឹង​ពិចារណា​ពី​សេចក្ដី​នោះ ក៏​សួរ​វា បើ​វា​សុខ​ចិត្ត​នឹង​ទៅ​ឯ​ក្រុង​យេរូ‌សាឡឹម ឲ្យ​បាន​ជំនុំ‌ជម្រះ​ពី​រឿង​នោះ​ឬ​ទេ
21 តែ​វា​បាន​សូម​រើ​ក្តី​ដល់​មហា‌រាជ​អូគូស្ទ ឲ្យ​បាន​ជ្រាប​វិញ បាន​ជា​ទូល‌បង្គំ​បង្គាប់​ឲ្យ​ឃុំ​ទុក​សិន ទំរាំ​តែ​ទូល‌បង្គំ​មាន​ឱកាស​នឹង​បញ្ជូន​ទៅ​ឯ​សេ‌សារ
22 ព្រះ‌រាជា​អ័គ្រីប៉ា​មាន​ព្រះ‌បន្ទូល​ទៅ​លោក​ភេស្ទុស​ថា ខ្ញុំ​ក៏​ចង់​ស្តាប់​អ្នក​នោះ​ដែរ លោក​ទូល​ឆ្លើយ​ថា ស្អែក​នោះ​ទ្រង់​នឹង​បាន​ស្តាប់​វា​ហើយ។
23 ដូច្នេះ លុះ​ថ្ងៃ​ស្អែក​ឡើង នោះ​ព្រះ‌រាជា​អ័គ្រីប៉ា និង​ព្រះ‌នាង​បេរេនីស ក៏​យាង​មក ដោយ​ដំណើរ​ដ៏​រុងរឿង ចូល​ក្នុង​សាលា​ក្តី មាន​ទាំង​មេ​ទ័ព​ធំ និង​ពួក​អ្នក​ធំ​ក្នុង​ទី​ក្រុង​ផង រួច​កាល​លោក​ភេស្ទុស​បាន​បង្គាប់​ហើយ នោះ​គេ​នាំ​ប៉ុល​ចូល​មក
24 លោក​ភេស្ទុស​ក៏​ទូល​ថា ឱ​ព្រះ‌ករុណា​អ័គ្រីប៉ា និង​អស់​លោក​ដែល​ទៅ​ទី​នេះ ជា​មួយ​នឹង​យើង​ខ្ញុំ​អើយ សូម​ទត​មើល​មនុស្ស​នេះ ដែល​បណ្តា‌ជន​សាសន៍​យូដា​ទាំង​ប៉ុន្មាន បាន​ប្តឹង​ដល់​ទូល‌បង្គំ កាល​នៅ​ឯ​ក្រុង​យេរូ‌សាឡឹម ហើយ​និង​នៅ​ទី​នេះ​ដែរ ដោយ​សម្រែក​ថា មិន​គួរ​ឲ្យ​វា​នៅ​រស់​ទៀត​ទេ
25 តែ​ទូល‌បង្គំ​មិន​ឃើញ​ថា មាន​ទោស​អ្វី​ដែល​គួរ​ឲ្យ​ស្លាប់​សោះ ហើយ​ដែល​ខ្លួន​វា​បាន​សូម​រើ​ក្តី​ដល់​មហា‌រាជ​អូគូស្ទ​វិញ នោះ​បាន​ជា​ទូល‌បង្គំ​សម្រេច​ថា នឹង​បញ្ជូន​វា​ឲ្យ​ទៅ​ចុះ
26 តែ​ទូល‌បង្គំ​គ្មាន​រឿង​អ្វី​ជា​ប្រាកដ នឹង​សរសេរ​ថ្វាយ​ដល់​ព្រះ‌អម្ចាស់​នៃ​ទូល‌បង្គំ ពី​ដំណើរ​វា​ទេ ហេតុ​នោះ​បាន​ជា​ទូល‌បង្គំ​នាំ​វា​មក​នៅ​ទី​ចំពោះ​មុខ​នៃ​អស់​លោក​ទាំង‌ឡាយ មាន​ព្រះ‌រាជា​ជា​ដើម ឱ​ព្រះ‌រាជា​អ័គ្រីប៉ា​អើយ ដើម្បី​កាល​ណា​បាន​ពិចារណា​សួរ​វា​រួច​ហើយ នោះ​ទូល‌បង្គំ​នឹង​បាន​រឿង​អ្វី​ខ្លះ ឲ្យ​ដាក់​ចុះ​ក្នុង​សំបុត្រ
27 ដ្បិត​បើ​តាម​ទូល‌បង្គំ មើល​ទៅ​ដូច​ជា​គ្មាន​ទំនង​នឹង​បញ្ជូន​អ្នក​ទោស​ទៅ ឥត​មាន​បង្ហាញ​ទោស​ទាំង​ប៉ុន្មាន ដែល​គេ​ចោទ​ដល់​វា​នោះ​ទេ។


ជំពូក 26

1 ព្រះ‌រាជា​អ័គ្រីប៉ា​មាន​ព្រះ‌បន្ទូល​ទៅ​ប៉ុល​ថា ឯង​មាន​ច្បាប់​និយាយ​ដោយ​ខ្លួន​ឯង​បាន រួច​ប៉ុល​ក៏​លើក​ដៃ​ទៅ​មុខ​ដោះ​សា​ខ្លួន​ថា
2 បពិត្រ​ព្រះ‌ករុណា​អ័គ្រីប៉ា​អើយ នៅ​ថ្ងៃ​នេះ ទូល‌បង្គំ​មាន​ចិត្ត​អំណរ​ណាស់ ដោយ​មាន​ច្បាប់​នឹង​ដោះ​សា​ខ្លួន​នៅ​ចំពោះ​ទ្រង់ ពី​អស់​ទាំង​សេចក្ដី​ដែល​សាសន៍​យូដា​ចោទ​ប្រកាន់​ទូល‌បង្គំ
3 គឺ​ពី​ព្រោះ​ទ្រង់​ជ្រាប​គ្រប់​ទាំង​ទម្លាប់ និង​សេចក្ដី​ជជែក​របស់​ពួក​សាសន៍​យូដា​ជា​ដើម ដូច្នេះ ទូល‌បង្គំ​សូម​អង្វរ ឲ្យ​ព្រះ‌ករុណា​ទ្រង់​ព្រះ‌សណ្តាប់​ទូល‌បង្គំ ដោយ​អំណត់​សិន
4 ដ្បិត​ពួក​សាសន៍​យូដា​ទាំង​អស់​បាន​ស្គាល់​ចរិត​ដែល​ទូល‌បង្គំ​ប្រព្រឹត្ត តាំង​ពី​ក្មេង​មក​ហើយ ថា​ពី​ដើម​ទូល‌បង្គំ​នៅ​កណ្តាល​សាសន៍​នៃ​ទូល‌បង្គំ​នៅ​ក្រុង​យេរូ‌សាឡឹម
5 ហើយ​បើ​គេ​ព្រម​ធ្វើ​បន្ទាល់ នោះ​មុខ​ជា​គេ​បាន​ស្គាល់​ទូល‌បង្គំ​ពី​ដើម​មក​ជា​ពិត​ថា ទូល‌បង្គំ​បាន​ប្រព្រឹត្ត​តាម​បក្ស‌ពួក​តឹង​រ៉ឹង​ជាង​គេ ក្នុង​សាសន៍​នៃ​ទូល‌បង្គំ គឺ​ជា​ពួក​ផារី‌ស៊ី
6 ហើយ​ឥឡូវ ទូល‌បង្គំ​ជាប់​ជំនុំ‌ជម្រះ​នេះ នោះ​គឺ​ដោយ​ព្រោះ​តែ​មាន​ចិត្ត​សង្ឃឹម​ដល់​សេចក្ដី​សន្យា ដែល​ព្រះ‌ទ្រង់​បាន​តាំង​នឹង​ពួក​អយ្យកោ​ទូល‌បង្គំ
7 ដែល​ពូជ​អំបូរ​ទាំង​១២​ខំ​ប្រឹង​ប្រតិ‌បត្តិ​តាម​ព្រះ​ទាំង​យប់​ទាំង​ថ្ងៃ ដោយ​សង្ឃឹម​នឹង​បាន​សេចក្ដី​សន្យា​នោះ​ដែរ បពិត្រ​ព្រះ‌រាជា​អ័គ្រីប៉ា​អើយ គឺ​ដោយ​ព្រោះ​សេចក្ដី​សង្ឃឹម​នោះ​ឯង បាន​ជា​ពួក​សាសន៍​យូដា គេ​ចោទ​ប្រកាន់​ដល់​ទូល‌បង្គំ
8 ហេតុ​អ្វី​បាន​ជា​អស់​លោក​ទាំង‌ឡាយ​រាប់​សេចក្ដី ដែល​ព្រះ‌ទ្រង់​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ ថា​ជា​សេចក្ដី​មិន​គួរ​ជឿ
9 សូម្បី​ទូល‌បង្គំ​ក៏​បាន​គិត​ស្មាន​ថា គួរ​ឲ្យ​ទូល‌បង្គំ​ធ្វើ​ទាស់​ទទឹង​ជា​ច្រើន ដល់​ព្រះ‌នាម​ព្រះ‌យេស៊ូវ ពី​ស្រុក​ណា‌សារ៉ែត​ដែរ
10 គឺ​ទូល‌បង្គំ​បាន​ធ្វើ​ការ​ទាំង​នោះ​នៅ​ក្រុង​យេរូ‌សាឡឹម បាន​ទាំង​ចាប់​ពួក​អ្នក​បរិសុទ្ធ ជា​ច្រើន​យក​ទៅ​ដាក់​គុក ដោយ​ទទួល​អំណាច​ពី​ពួក​សង្គ្រាជ​មក ហើយ​កាល​គេ​សម្លាប់​អ្នក​ទាំង​នោះ ទូល‌បង្គំ​ក៏​យល់​ព្រម​ដែរ
11 ទូល‌បង្គំ​បាន​ធ្វើ​ទោស​គេ​ជា​ញឹក‌ញយ នៅ​គ្រប់​ទាំង​សាលា​ប្រជុំ ទាំង​បង្ខំ​ឲ្យ​គេ​ពោល​ពាក្យ​ប្រមាថ​ដល់​ព្រះ​ផង ហើយ​ដោយ​ព្រោះ​ទូល‌បង្គំ​មាន​ចិត្ត​ក្តៅ​ក្រហាយ​ជ្រុល​ពេក ទាស់​នឹង​គេ​ដូច្នេះ បាន​ជា​ទូល‌បង្គំ​ធ្វើ​ទុក្ខ​បៀត​បៀន​ដល់​គេ រហូត​ដល់​ក្រុង​នៃ​សាសន៍​ដទៃ​ផង
12 នៅ​គ្រា​នោះ ទូល‌បង្គំ​បាន​ទទួល​អំណាច និង​សេចក្ដី​បង្គាប់​មក​ពី​ពួក​សង្គ្រាជ ហើយ​កំពុង​តែ​ដើរ​ដំណើរ​ទៅ​ឯ​ក្រុង​ដាម៉ាស
13 នោះ​បពិត្រ​ព្រះ‌ករុណា​អើយ នៅ​ពេល​ថ្ងៃ​ត្រង់​ហើយ ដែល​ទូល‌បង្គំ​កំពុង​ដើរ នោះ​ស្រាប់​តែ​មាន​ពន្លឺ​ពី​លើ​មេឃ ភ្លឺ​មក​ជុំ‌វិញ​ទូល‌បង្គំ និង​ពួក​អ្នក​ដើរ​ជា​មួយ ជា​ពន្លឺ​ភ្លឺ​ជាង​ថ្ងៃ
14 ទូល‌បង្គំ​ទាំង​អស់​គ្នា​ក៏​ដួល​ដល់​ដី រួច​ទូល‌បង្គំ​ឮ​សំឡេង​មាន​ព្រះ‌បន្ទូល​មក ជា​ភាសា​ហេព្រើរ​ថា សុល នែ​សុល ហេតុ​អ្វី​បាន​ជា​ធ្វើ​ទុក្ខ​ដល់​ខ្ញុំ ដែល​ធាក់​ជល់​នឹង​ជន្លួញ​ដូច្នេះ នោះ​ពិបាក​ដល់​អ្នក​ណាស់
15 ទូល‌បង្គំ​ក៏​ឆ្លើយ​ថា ឱ​ព្រះ‌អម្ចាស់​អើយ តើ​ព្រះ‌អង្គ​ណា​នុ៎ះ រួច​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ខ្ញុំ​នេះ​ជា​ព្រះ‌យេស៊ូវ ដែល​អ្នក​ធ្វើ​ទុក្ខ
16 ចូរ​ក្រោក​ឈរ​ឡើង ដ្បិត​ខ្ញុំ​បាន​លេច​មក​ឲ្យ​អ្នក​ឃើញ ដើម្បី​នឹង​តាំង​អ្នក​ឲ្យ​ធ្វើ​ជា​អ្នក​បម្រើ ហើយ​ជា​ទី​បន្ទាល់​ពី​អស់​ទាំង​ការ ដែល​អ្នក​បាន​ឃើញ​ហើយ ព្រម​ទាំង​ការ​ដែល​ខ្ញុំ​នឹង​លេច​មក ឲ្យ​អ្នក​ឃើញ​ទៅ​មុខ​ទៀត
17 ខ្ញុំ​បាន​ញែក​អ្នក​ចេញ​ពី​បណ្តា‌ជន និង​ពី​ពួក​សាសន៍​ដទៃ ដើម្បី​នឹង​ចាត់​អ្នក​ឲ្យ​ទៅ​ឯ​គេ​វិញ
18 ប្រយោជន៍​នឹង​បំភ្លឺ​ភ្នែក​គេ ឲ្យ​បាន​បែរ​ចេញ​ពី​សេចក្ដី​ងងឹត មក​ឯ​ពន្លឺ ហើយ​ពី​អំណាច​អារក្ស‌សាតាំង មក​ឯ​ព្រះ​វិញ ដើម្បី​ឲ្យ​គេ​បាន​រួច​ពី​បាប ហើយ​បាន​ទទួល​មរដក ជា​មួយ​នឹង​ពួក​អ្នក​ដែល​បាន​ញែក​ជា​បរិសុទ្ធ ដោយ‌សារ​សេចក្ដី​ជំនឿ​ជឿ​ដល់​ខ្ញុំ
19 ដូច្នេះ បពិត្រ​ព្រះ‌រាជា​អ័គ្រីប៉ា​អើយ ទូល‌បង្គំ​មិន​បាន​ចចេស​នឹង​ការ​ជាក់​ស្តែង​ពី​ស្ថាន‌សួគ៌​នោះ​ទេ
20 គឺ​ទូល‌បង្គំ​បាន​ប្រាប់​ឲ្យ​មនុស្ស​ទាំង​អស់​ប្រែ​ចិត្ត ហើយ​ងាក​បែរ​មក ឯ​ព្រះ​វិញ ទាំង​ប្រព្រឹត្ត​បែប​សំណំ​នឹង​ការ​ប្រែ​ចិត្ត​ផង គឺ​ប្រាប់​ដល់​ពួក​អ្នក​ដែល​នៅ​ក្រុង​ដាម៉ាស​ជា​មុន​ដំបូង រួច​នៅ​ក្រុង​យេរូ‌សាឡឹម និង​គ្រប់​ក្នុង​ខេត្ត​យូដា ហើយ​ដល់​អស់​ទាំង​សាសន៍​ដទៃ​ផង
21 ដោយ​ហេតុ​នោះ​បាន​ជា​ពួក​សាសន៍​យូដា ចាប់​ទូល‌បង្គំ​នៅ​ក្នុង​ព្រះ‌វិហារ ហើយ​ព្យាយាម​នឹង​សម្លាប់​ទូល‌បង្គំ​ចោល
22 តែ​ព្រះ‌ទ្រង់​បាន​ជួយ​ទូល‌បង្គំ ដរាប​មក​ដល់​ថ្ងៃ​នេះ បាន​ជា​ទូល‌បង្គំ​ឈរ​ធ្វើ​បន្ទាល់​ដល់​អ្នក​តូច​ធំ ដោយ​គ្មាន​និយាយ​អ្វី ឲ្យ​លើស​ពី​សេចក្ដី​ដែល​ពួក​ហោរា និង​លោក​ម៉ូសេ​បាន​ទាយ​ថា​ត្រូវ​មក​នោះ​ឡើយ
23 គឺ​ថា ព្រះ‌គ្រីស្ទ​ត្រូវ​រង​ទុក្ខ ហើយ​ថា​ដោយ‌សារ​ទ្រង់​មាន​ព្រះ‌ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ​មុន​គេ​ទាំង​អស់ នោះ​ទ្រង់​បាន​ប្រកាស​ប្រាប់​ពី​ពន្លឺ ដល់​សាសន៍​នេះ ហើយ​ដល់​សាសន៍​ដទៃ​ផង។
24 កំពុង​ដែល​គាត់​និយាយ​សេចក្ដី​ទាំង​នោះ ដើម្បី​ដោះ​សារ​ខ្លួន នោះ​លោក​ភេស្ទុស​ឡើង​សំឡេង​កាត់​ថា ប៉ុល​អើយ ឯង​ឆ្កួត​ទេ ឯង​រៀន‌សូត្រ​ជា​ច្រើន​ដល់​ម៉្លេះ បាន​ជា​ឆ្កួត​ហើយ
25 តែ​គាត់​ប្រកែក​ថា ព្រះ‌តេជ‌ព្រះ‌គុណ​ភេស្ទុស​អើយ ខ្ញុំ​ប្របាទ​មិន​មែន​ឆ្កួត​ទេ ខ្ញុំ​ប្របាទ​និយាយ​ចំពោះ​ពាក្យ​ពិត ហើយ​ជា​នា​ទេ​តើ
26 ដ្បិត​ព្រះ‌ករុណា​ទ្រង់​បាន​ជ្រាប​ការ​ទាំង​នេះ​ហើយ ខ្ញុំ​ប្របាទ​ក៏​ទូល​ដល់​ទ្រង់​ដោយ​ក្លាហាន​ដែរ ព្រោះ​ខ្ញុំ​ប្របាទ​ជឿ​ប្រាកដ​ថា ក្នុង​ការ​ទាំង​នេះ​គ្មាន​អ្វី​លាក់​កំបាំង​នឹង​ទ្រង់​ទេ ដ្បិត​មិន​មែន​ធ្វើ​នៅ​កៀន​កោះ​ឯ​ណា​ឡើយ
27 បពិត្រ​ព្រះ‌រាជា​អ័គ្រីប៉ា​អើយ តើ​ទ្រង់​ជឿ​សេចក្ដី​ទំនាយ​របស់​ពួក​ហោរា​ឬ​ទេ ទូល‌បង្គំ​ដឹង​ថា​ទ្រង់​ជឿ​ហើយ
28 ស្តេច​អ័គ្រីប៉ា​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​ប៉ុល​ថា បន្តិច​ទៀត ឯង​នឹង​នាំ​ឲ្យ​យើង​ត្រឡប់​ទៅ​ជា​អ្នក​គ្រីស្ទាន​ដែរ
29 រួច​ប៉ុល​ទូល​ថា ទូល‌បង្គំ​សូម​ដល់​ព្រះ មិន​មែន​ឲ្យ​ត្រឹម​តែ​ព្រះ‌ករុណា​ប៉ុណ្ណោះ គឺ​ឲ្យ​អស់​អ្នក​ដែល​ស្តាប់​ទូល‌បង្គំ​នៅ​ថ្ងៃ​នេះ​ថែម​ទៀត​ផង ទោះ​បើ​នៅ​បន្តិច​ទៀត ឬ​យូរ​ទៅ​ទៀត​ក្តី ឲ្យ​តែ​គ្រប់​គ្នា​បាន​ដូច​ទូល‌បង្គំ លើក​តែ​ចំណង​នេះ​ចេញ។
30 នោះ​ស្តេច ព្រម​ទាំង​ចៅ‌ហ្វាយ​ស្រុក និង​ព្រះ‌នាង​បេរេនីស ហើយ​និង​អស់​អ្នក​ដែល​អង្គុយ​ជា​មួយ ក៏​ក្រោក​ឡើង
31 កាល​បាន​ថយ​ចេញ​ផុត​ហើយ នោះ​ក៏​ពិភាក្សា​គ្នា​ថា មនុស្ស​នេះ​មិន​បាន​ធ្វើ​អ្វី​គួរ​នឹង​ស្លាប់ ឬ​នឹង​ជាប់​ចំណង​សោះ
32 ហើយ​ស្តេច​អ័គ្រីប៉ា​មាន​ព្រះ‌បន្ទូល​ទៅ​លោក​ភេស្ទុស​ថា មនុស្ស​នេះ បើ​មិន​បាន​សូម​រើ​ក្តី​ដល់​សេ‌សារ​ទេ នោះ​នឹង​លែង​បាន។


ជំពូក 27

1 កាល​បាន​សម្រេច​ឲ្យ​យើង​ខ្ញុំ​ចុះ​សំពៅ​ចេញ​ទៅ​ឯ​ស្រុក​អ៊ីតាលី នោះ​គេ​ក៏​ប្រគល់​ប៉ុល និង​អ្នក​ទោស​ខ្លះ​ទៀត ដល់​មេ​ទ័ព​រង​ម្នាក់ ឈ្មោះ​យូលាស ក្នុង​កង‌ទ័ព​អូគូស្ទ
2 យើង​ចុះ​សំពៅ​១​ពី​ស្រុក​អាត្រាមីត ដែល​រៀប​នឹង​បើក​ទៅ​ឆ្នេរ​សមុទ្រ​ស្រុក​អាស៊ី ហើយ​ក៏​បើក​ទៅ​មាន​ទាំង​អើរី‌ស្តាក ជា​សាសន៍​ម៉ាសេដូន ដែល​នៅ​ក្រុង​ថែស្សា‌ឡូនីច ទៅ​ជា​មួយ​ផង
3 ដល់​ថ្ងៃ​ស្អែក យើង​បាន​ចូល​ទៅ​ចត​នៅ​ក្រុង​ស៊ីដូន នោះ​យូលាស​បាន​ប្រព្រឹត្ត​នឹង​ប៉ុល​ដោយ​សប្បុរស បាន​បើក​ឲ្យ​គាត់​ទៅ​សួរ​ពួក​សំឡាញ់ និង​ទទួល​របស់​អ្វី​ដែល​គេ​ជូន​ដល់​គាត់​ដែរ
4 យើង​បើក​ពី​ទី​នោះ សសៀរ​តាម​កោះ​គីប្រុស​ទៅ ដោយ​ព្រោះ​ច្រាស​ខ្យល់
5 ក្រោយ​ដែល​បាន​ឆ្លង​កាត់​សមុទ្រ ក្បែរ​ស្រុក​គីលីគា និង​ស្រុក​ប៉ាម‌ភីលា​ផុត​ហើយ ក៏​មក​ដល់​មីរ៉ា នៅ​ក្នុង​ស្រុក​លូគា
6 នៅ​ទី​នោះ មេ​ទ័ព​រក​បាន​សំពៅ​១ មក​ពី​ក្រុង​អ័លេ‌ក្សានទ្រា ដែល​ទៅ​ស្រុក​អ៊ីតាលី ក៏​ឲ្យ​យើង​ជិះ​ទៅ
7 កាល​បើក​បន្តិចៗ​ទៅ​ជា​យូរ​ថ្ងៃ ក៏​មក​ទន្ទឹម​នឹង​គ្នីដុស ដោយ​ពិបាក​ណាស់ ពី​ព្រោះ​ខ្យល់​មិន​ស្រួល​សោះ នោះ​យើង​បើក​សសៀរ​ចូល​ទៅ តាម​កោះ​ក្រេត ទល់​មុខ​នឹង​ជ្រោយ​សាល‌ម៉ូន
8 បើក​ទៅ​តាម​កោះ​នោះ ដោយ​ពិបាក​ណាស់ ក៏​ដល់​កន្លែង​១​ហៅ​ថា ទ្វារ​សមុទ្រ​លំអ ដែល​នៅ​ជិត​ក្រុង​ឡា‌សេ។
9 លុះ​បាន​កន្លង​មក​ជា​យូរ​ថ្ងៃ កាល​សំពៅ​ណា​បើក​ទៅ​នឹង​មាន​អន្តរាយ ពី​ព្រោះ​បុណ្យ​តម បាន​កន្លង​ហើយ នោះ​ប៉ុល​ទូន្មាន​គេ​ថា
10 អ្នក​រាល់​គ្នា​អើយ បើ​បើក​ទៅ​ឥឡូវ ខ្ញុំ​យល់​ឃើញ​ថា នឹង​មាន​អន្តរាយ ហើយ​ខូច​ខាត​ជា​ច្រើន មិន​ត្រឹម​តែ​ទំនិញ និង​សំពៅ​ប៉ុណ្ណោះ​ទេ គឺ​ដល់​ទាំង​ជីវិត​យើង​រាល់​គ្នា​ផង
11 ប៉ុន្តែ មេ​ទ័ព​បាន​ទុក​ចិត្ត​នឹង​អ្នក​កាន់​ចង្កូត ហើយ​និង​ម្ចាស់​សំពៅ ជា​ជាង​ពាក្យ​ដែល​ប៉ុល​ថា​នោះ​វិញ
12 ហើយ​ដោយ​ព្រោះ​ទ្វារ​សមុទ្រ​នោះ​មិន​ស្រួល​នឹង​សំណាក់​នៅ​ក្នុង​រដូវ​រងា​ផង បាន​ជា​ច្រើន​គ្នា​គេ​ទូន្មាន​ឲ្យ​បើក​ចេញ​ពី​ទី​នោះ​ទៅ ដើម្បី​នឹង​ស្រូត​ទៅ​ឯ​ភេនីច ហើយ​ឲ្យ​ស្នាក់​នៅ​ក្នុង​រដូវ​រងា​វិញ បើ​សិន​ជា​បាន នោះ​ជា​ទ្វារ​សមុទ្រ​នៅ​កោះ​ក្រេត ដែល​បែរ​ទៅ​ទិស​និរតី និង​ទិស​ពាយព្យ ។
13 ដូច្នេះ កាល​មាន​ខ្យល់​បក់​រំភើយៗ​មក​ពី​ទិស​ខាង​ត្បូង នោះ​គេ​ស្មាន​ថា​បាន​ដូច​ចិត្ត​ហើយ ក៏​ស្រាវ​យុថ្កា​ឡើង បើក​ទៅ​តាម​ក្បែរ​កោះ​ក្រេត
14 តែ​ក្រោយ​មក​បន្តិច នោះ​មាន​ធ្លាក់​ខ្យល់​ព្យុះ​កំណាច ដែល​ហៅ​ថា ខ្យល់​អ៊ើរ៉ា‌គ្លីដូន មក​ប៉ះ​នឹង​សំពៅ
15 ហើយ​យើង​បំបែរ​ក្បាល​សំពៅ​ទៅ​ចំ​ខ្យល់​ពុំ​បាន នោះ​ក៏​ទុក​ឲ្យ​បណ្តោយ​តាម​ខ្យល់​ទៅ
16 បាន​សសៀរ​ទៅ​តាម​កោះ​១​តូច ឈ្មោះ​ក្លូដេ ហើយ​លើក​ទូក ចង​ដោយ​ពិបាក​ណាស់
17 កាល​លើក​ចង​ស្រេច​ហើយ គេ​ក៏​យក​ខ្សែ‌ពួរ​ចង​ព័ទ្ធ​សំពៅ រួច​ទម្លាក់​ក្តោង​ឲ្យ​រសាត់​ទៅ​តាម​ខ្យល់ ខ្លាច​ក្រែង​កឿង​នឹង​ផ្នូក​ខ្សាច់
18 ដល់​ថ្ងៃ​ស្អែក​ឡើង យើង​ទម្លាក់​ទំនិញ​ចោល​ចេញ ព្រោះ​ខ្យល់​ព្យុះ​សង្ឃរា​បោក​ប៉ះ​យើង​ជា​ខ្លាំង
19 ហើយ​ដល់​ថ្ងៃ​ទី​៣ ក៏​ចោល​គ្រឿង​ប្រដាប់​សំពៅ ដោយ​ដៃ​ខ្លួន​យើង​ទៀត
20 រួច​ដោយ​ព្រោះ​មិន​ឃើញ​ថ្ងៃ ឬ​ផ្កាយ​ជា​យូរ​ថ្ងៃ ហើយ​ព្យុះ​សង្ឃរា​មិន​ចេះ​អន់​ស្រាក​សោះ បាន​ជា​យើង​លែង​សង្ឃឹម​នឹង​រួច​ជីវិត​បាន។
21 កាល​គេ​បាន​តម​អាហារ​ជា​យូរ​ថ្ងៃ នោះ​ប៉ុល​ឈរ​ឡើង​នៅ​កណ្តាល​គេ​និយាយ​ថា អ្នក​រាល់​គ្នា​អើយ គួរ​តែ​បាន​ស្តាប់​តាម​ខ្ញុំ ហើយ​មិន​ចេញ​ពី​កោះ​ក្រេត​មក នោះ​មិន​ត្រូវ​អន្តរាយ ហើយ​ខូច​ខាត​ដូច្នេះ​ទេ
22 តែ​ឥឡូវ​នេះ ខ្ញុំ​ទូន្មាន​អ្នក​រាល់​គ្នា​ឲ្យ​សង្ឃឹម​ឡើង ដ្បិត​គ្មាន​ពួក​អ្នក​រាល់​គ្នា​ណា​១​នឹង​បាត់​ជីវិត​ទេ ខូច​ខាត​តែ​សំពៅ​ប៉ុណ្ណោះ
23 ព្រោះ​យប់​មិញ មាន​ទេវតា​នៃ​ព្រះ ដែល​ខ្ញុំ​ជា​អ្នក​បម្រើ​របស់​ទ្រង់ បាន​មក​ឈរ​ជិត​ខ្ញុំ​ប្រាប់​ថា
24 ប៉ុល​អើយ កុំ​ខ្លាច​អ្វី​ឡើយ ត្រូវ​ឲ្យ​អ្នក​ឈរ​នៅ​មុខ​សេ‌សារ ហើយ​មើល ព្រះ‌ទ្រង់​បាន​អនុញ្ញាត​ឲ្យ​អស់​អ្នក ដែល​ដើរ​ដំណើរ​ជា​មួយ​នឹង​អ្នក​ដែរ
25 ដូច្នេះ អ្នក​រាល់​គ្នា​អើយ ចូរ​សង្ឃឹម​ឡើង ព្រោះ​ខ្ញុំ​ជឿ​ព្រះ​ថា ការ​ដែល​ទ្រង់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ នឹង​កើត​មក​ដូច្នោះ​មែន
26 ប៉ុន្តែ យើង​ត្រូវ​ធ្លាក់​ទៅ​លើ​កោះ​ណា​មួយ។
27 ដល់​គម្រប់​១៤​យប់ កំពុង​ដែល​យើង​រសាត់​ទៅ​មក ក្នុង​សមុទ្រ​អាឌ្រា នោះ​ប្រហែល​ជា​កណ្តាល​អធ្រាត្រ​ពួក​សំពៅ​ស្មាន​ថា យើង​ជិត​ដល់​ទី​គោក​ណា​មួយ​ហើយ
28 លុះ​បាន​បោះ​សំណ​ស្ទង់​ទឹក​ចុះ​ទៅ ក៏​ឃើញ​មាន​ជម្រៅ​២០​ព្យាម រួច​ទៅ​បន្តិច​ទៀត​ក៏​ស្ទង់​មើល ឃើញ​មាន​តែ​១៥​ព្យាម
29 នោះ​គេ​ទម្លាក់​យុថ្កា​៤​ពី​ខាង​កន្សៃ ក្រែង​សំពៅ​ទង្គិច​ប៉ះ​នឹង​ថ្ម រួច​គេ​ទន្ទឹង​ចាំ​ភ្លឺ​ឡើង
30 ពួក​សំពៅ​ក៏​សម្រូត​ទូក​ទម្លាក់​ទឹក ធ្វើ​ដូច​ជា​ចង់​ទម្លាក់​យុថ្កា​ពី​ខាង​ក្បាល​ដែរ តែ​គេ​ចង់​រត់​ចោល​សំពៅ​ទេ
31 នោះ​ប៉ុល​និយាយ​ទៅ​មេ​ទ័ព និង​ទាហាន​ថា បើ​ពួក​នោះ​មិន​នៅ​ក្នុង​សំពៅ នោះ​អ្នក​រាល់​គ្នា​មិន​បាន​រួច​ទេ
32 ពួក​ទាហាន​ក៏​កាត់​ខ្សែ​ឲ្យ​ទូក​ធ្លាក់​ទៅ
33 លុះ​ដល់​ថ្ងៃ​ជិត​រះ ប៉ុល​ក៏​ទូន្មាន​ឲ្យ​គេ​បរិភោគ​ទាំង​អស់​គ្នា ដោយ​ពាក្យ​ថា នេះ​គម្រប់​១៤​ថ្ងៃ​ហើយ ដែល​អ្នក​រាល់​គ្នា​នៅ​ចាំ​យាម ទាំង​តម​អាហារ
34 ដូច្នេះ ខ្ញុំ​ទូន្មាន​អ្នក​រាល់​គ្នា​ឲ្យ​ពិសា​ទៅ ដ្បិត​នេះ​មាន​ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​បាន​រួច​ជីវិត ព្រោះ​សក់​១​សរសៃ​នៅ​ក្បាល​អ្នក​រាល់​គ្នា​ក៏​មិន​ត្រូវ​បាត់​ផង
35 កាល​និយាយ​ដូច្នេះ​ហើយ គាត់​យក​នំបុ័ង​មក​អរ​ព្រះ‌គុណ​ដល់​ព្រះ នៅ​មុខ​គេ​ទាំង​អស់​គ្នា រួច​កាច់​បរិភោគ​ទៅ
36 គេ​មាន​សង្ឃឹម​ឡើង ហើយ​ក៏​បរិភោគ​ទាំង​អស់​គ្នា​ដែរ
37 រីឯ​យើង​ទាំង​អស់​ដែល​នៅ​ក្នុង​សំពៅ នោះ​មាន​២៧៦​នាក់
38 កាល​បរិភោគ​ឆ្អែត​ហើយ ក៏​សម្រាល​សំពៅ​ចេញ ដោយ​ទម្លាក់​ស្រូវ​ចុះ​ទៅ​ក្នុង​សមុទ្រ។
39 លុះ​ភ្លឺ​ច្បាស់​ហើយ នោះ​គេ​មិន​បាន​ស្គាល់​ស្រុក​នោះ​ទេ តែ​គេ​ឃើញ​ញោច​១​មាន​ជម្រាល រួច​គេ​គិត​តម្រង់​សំពៅ​ឲ្យ​ទៅ​កឿង​នៅ​ទី​នោះ បើ​សិន​ជា​បាន
40 គេ​ក៏​កាត់​ពួរ​យុថ្កា​ចោល​នៅ​សមុទ្រ រួច​ស្រាយ​ចង្កូត ហើយ​លើក​ក្តោង​ខាង​មុខ​ឲ្យ​ត្រូវ​ខ្យល់ តម្រង់​សំពៅ​ទៅ​ឯ​ទី​ជម្រាល​នោះ
41 សំពៅ​ក៏​ចូល​ទៅ​កឿង​នៅ​កន្លែង​ដែល​ទឹក​ហូរ​ប្រសព្វ​គ្នា ហើយ​ក្បាល​ជ្រមុជ​ជាប់​នៅ​នឹង​ថ្កល់ តែ​កន្សៃ​ត្រូវ​បាក់​បែក​ទៅ​ដោយ​អំណាច​រលក
42 ឯ​ពួក​ទាហាន គេ​ចង់​សម្លាប់​អ្នក​ទោស​ទាំង​ប៉ុន្មាន​ចោល​ចេញ ដោយ​ខ្លាច​ក្រែង​ហែល​រត់​រួច​ខ្លះ
43 តែ​មេ​ទ័ព​ចង់​ជួយ​ប៉ុល​ឲ្យ​រួច បាន​ជា​ឃាត់​គេ មិន​ឲ្យ​ធ្វើ​តាម​គំនិត​នោះ​ឡើយ ក៏​បង្គាប់​អ្នក​ណា​ដែល​ចេះ​ហែល ឲ្យ​លោត​ហែល​ទៅ​ដល់​គោក​ជា​មុន
44 ហើយ​ឲ្យ​អ្នក​ដែល​នៅ​សល់​ទាំង​ប៉ុន្មាន តោង​បន្ទះ​ក្តារ ឬ​បំណែក​សំពៅ​បណ្តែត​ទៅ ដូច្នេះ អ្នក​ទាំង​អស់​គ្នា​ក៏​បាន​ដល់​គោក​ដោយ​សុខ​សាន្ត​ត្រាណ។


ជំពូក 28

1 កាល​គេ​បាន​រួច​ជីវិត​ហើយ នោះ​ទើប​ស្គាល់​កោះ​នោះ ថា​ជា​កោះ​មេលីត
2 មនុស្ស​ស្រុក​នោះ​ក៏​ប្រព្រឹត្ត​នឹង​យើង ដោយ​ចិត្ត​សប្បុរស​លើស​ជាង​ធម្មតា គេ​បង្កាត់​ភ្លើង​ទទួល​យើង​ទាំង​អស់​គ្នា ពី​ព្រោះ​ធ្លាក់​ភ្លៀង ហើយ​រងា​ផង
3 ឯ​ប៉ុល ក៏​ប្រមូល​រំកាច់​មែក​ឈើ​១​កង យក​មក​ដាក់​លើ​ភ្លើង នោះ​មាន​ពស់‌វែក​១​ត្រូវ​កំដៅ​ភ្លើង បាន​ចេញ​មក​ចឹក​ជាប់​នៅ​ដៃ​គាត់
4 លុះ​ពួក​អ្នក​ស្រុក​នោះ​ឃើញ​ពស់​សំយុង​ចុះ​ពី​ដៃ​គាត់​មក​ដូច្នោះ នោះ​ក៏​និយាយ​គ្នា​ថា ប្រាកដ​ជា​មនុស្ស​នេះ​បាន​សម្លាប់​គេ​ហើយ បាន​ជា​ទោះ​បើ​រួច​ពី​សមុទ្រ​ក៏​ដោយ គង់​តែ​សេចក្ដី​យុត្តិ‌ធម៌ មិន​ព្រម​ឲ្យ​នៅ​រស់​ដែរ
5 តែ​គាត់​រលាស់​ពស់​នោះ​ទៅ​ក្នុង​ភ្លើង​វិញ ឥត​មាន​ឈឺ​ចាប់​អ្វី​ឡើយ
6 គេ​រង​ចាំ​មើល​គាត់​ជា​ហើម ឬ​ដួល​ស្លាប់​ភ្លាម​ទៅ តែ​កាល​គេ​បាន​ចាំ​ជា​យូរ ហើយ​ឥត​ឃើញ​មាន​ឈឺ​អ្វី​សោះ នោះ​គេ​ប្រែ​គំនិត​ទៅ​ជា​ថា គាត់​ជា​ព្រះ​វិញ។
7 នៅ​ព័ទ្ធ​ជុំ‌វិញ​ទី​នោះ មាន​ដី​របស់​អ្នក​មេ​កោះ ឈ្មោះ​ពូញ្លស ដែល​ទទួល​យើង​ឲ្យ​ស្នាក់​នៅ​ផ្ទះ​គាត់​៣​ថ្ងៃ​ដោយ​សប្បុរស
8 គាប់​ជួន​ជា​ឪពុក​ពូញ្លស​ដេក​គ្រុន ហើយ​មួល​ផង ប៉ុល​ក៏​ចូល​ទៅ​អធិស្ឋាន ដាក់​ដៃ​លើ​គាត់ ឲ្យ​បាន​ជា
9 ដូច្នេះ អស់​អ្នក​ឯ​ទៀត ដែល​ឈឺ​នៅ​កោះ​នោះ ក៏​មក ហើយ​បាន​ជា​ដែរ
10 គេ​ក៏​រាប់​អាន​យើង​ជា​ខ្លាំង ហើយ​ដល់​វេលា​ដែល​យើង​ចេញ​ទៅ នោះ​គេ​បាន​ឲ្យ​គ្រប់​ទាំង​របស់​ដែល​យើង​ត្រូវ​ការ​ដែរ។
11 លុះ​៣​ខែ​ក្រោយ​មក យើង​ចុះ​សំពៅ​១​ទៅ ជា​សំពៅ​ដែល​មក​ពី​ក្រុង​អ័លេ‌ក្សានទ្រា ឈ្មោះ​ឌីអូស្គួរ ដែល​នៅ​នឹង​កោះ​នោះ​ក្នុង​រដូវ​រងា
12 កាល​បាន​ចូល​ចត​នៅ​ស៊ីរ៉ា‌គូស ក៏​នៅ​ក្រុង​នោះ​៣​ថ្ងៃ
13 ពី​ទី​នោះ​យើង​បើក​វាង​ទៅ​ដល់​រេគាម ហើយ​១​ថ្ងៃ​ក្រោយ​មក កើត​មាន​ខ្យល់​ពី​ខាង​ត្បូង ដល់​ថ្ងៃ​ទី​២​យើង​ទៅ​ដល់​ពូទី‌យ៉ូលី
14 នៅ​ទី​នោះ យើង​រក​ឃើញ​ពួក​ជំនុំ​ខ្លះ គេ​ក៏​សូម​ឲ្យ​យើង​នៅ​ជា​មួយ​អស់​៧​ថ្ងៃ គឺ​ដូច្នោះ​ឯង ដែល​យើង​បាន​ទៅ​ឯ​ក្រុង​រ៉ូម
15 រីឯ​ពួក​ជំនុំ​នៅ​ក្រុង​រ៉ូម កាល​បាន​ឮ​និយាយ​ពី​យើង នោះ​គេ​ក៏​ចេញ​មក​ជួប​នឹង​យើង​ត្រឹម​ផ្សារ​អាប់‌ភាស និង​ផ្ទះ​សំណាក់​បី លុះ​ប៉ុល​ឃើញ​គេ នោះ​ក៏​អរ​ព្រះ‌គុណ​ដល់​ព្រះ ហើយ​មាន​ចិត្ត​សង្ឃឹម​ឡើង។
16 គ្រា​ដល់​ក្រុង​រ៉ូម​ហើយ នោះ​មេ​ទ័ព​ក៏​ប្រគល់​ពួក​អ្នក​ទោស​ទៅ​លោក​មេ​បន្ទាយ ប៉ុន្តែ គេ​បើក​ឲ្យ​ប៉ុល​នៅ​ដោយ​ខ្លួន មាន​តែ​ទាហាន​១​ដែល​រក្សា​ប៉ុណ្ណោះ ។
17 ក្រោយ​៣​ថ្ងៃ​មក ប៉ុល​អញ្ជើញ​ពួក​មេ​សាសន៍​យូដា ឲ្យ​មក​ប្រជុំ​គ្នា កាល​គេ​មូល​គ្នា​ហើយ នោះ​គាត់​ពោល​ពាក្យ​ទៅ​គេ​ថា ឱ​អ្នក​រាល់​គ្នា ជា​បង​ប្អូន​ខ្ញុំ​អើយ ខ្ញុំ​គ្មាន​ធ្វើ​ខុស​អ្វី​នឹង​សាសន៍​យើង ឬ​នឹង​ទម្លាប់​ពួក​អយ្យកោ​ទេ តែ​គេ​ចាប់​ខ្ញុំ​នៅ​ក្រុង​យេរូ‌សាឡឹម បញ្ជូន​មក​ក្នុង​កណ្តាប់​ដៃ​នៃ​សាសន៍​រ៉ូម
18 ដែល​ពិចារណា​សួរ​ខ្ញុំ រួច​ចង់​លែង​ខ្ញុំ ពី​ព្រោះ​ខ្ញុំ​គ្មាន​ទោស​អ្វី​គួរ​នឹង​ស្លាប់​ទេ
19 ប៉ុន្តែ ពួក​សាសន៍​យូដា​ប្រកែក​មិន​ព្រម បាន​ជា​បង្ខំ​ឲ្យ​ខ្ញុំ​សូម​រើ​ក្តី​ដល់​សេ‌សារ​វិញ មិន​មែន​ជា​ខ្ញុំ​មាន​ការណ៍​អ្វី នឹង​ចោទ​ប្រកាន់​ពី​សាសន៍​ខ្ញុំ​ទេ
20 ហេតុ​នោះ​បាន​ជា​ខ្ញុំ​អញ្ជើញ​អ្នក​រាល់​គ្នា​មក ដើម្បី​ឲ្យ​បាន​ឃើញ​មុខ ហើយ​និង​ពិគ្រោះ​គ្នា ដ្បិត​គឺ​ដោយ​ព្រោះ​សេចក្ដី​សង្ឃឹម​របស់​សាសន៍​អ៊ីស្រា‌អែល ហើយ បាន​ជា​ខ្ញុំ​ជាប់​ច្រវាក់​ដូច្នេះ
21 គេ​ឆ្លើយ​ឡើង​ថា យើង​មិន​បាន​ទទួល​សំបុត្រ​ណា​ពី​ស្រុក​យូដា ពី​រឿង​អ្នក​សោះ ក៏​គ្មាន​បង​ប្អូន​ណា​មក​ប្រាប់​យើង ឬ​និយាយ​សេចក្ដី​អ្វី​អាក្រក់​ពី​អ្នក​ដែរ
22 តែ​យើង​ចូល​ចិត្ត​ចង់​ដឹង​គំនិត​របស់​អ្នក ដែល​អ្នក​គិត​ដូច​ម្តេច ព្រោះ​យើង​ដឹង​ថា នៅ​គ្រប់​ទី​កន្លែង គេ​តែង​តែ​និយាយ​អាក្រក់​ពី​ពួក​អ្នក​កាន់​សាសនា​នេះ​ណាស់។
23 គេ​ក៏​ណាត់​ថ្ងៃ​កំណត់ រួច​មាន​គ្នា​ជា​ច្រើន​មក​ឯ​គាត់ ក្នុង​ទី​លំនៅ​របស់​គាត់ ហើយ​គាត់​អធិប្បាយ ទាំង​ធ្វើ​បន្ទាល់​សព្វ​គ្រប់ តាំង​ពី​ព្រឹក​ដល់​ល្ងាច ពី​នគរ​ព្រះ​ឲ្យ​គេ​ស្តាប់ ក៏​បញ្ចុះ‌បញ្ចូល​ឲ្យ​គេ​ជឿ​អស់​ទាំង​សេចក្ដី ដែល​តម្រូវ​ពី​ព្រះ‌យេស៊ូវ ក្នុង​ក្រឹត្យ‌វិន័យ​លោក​ម៉ូសេ ហើយ​ក្នុង​គម្ពីរ​ពួក​ហោរា
24 អ្នក​ខ្លះ​ក៏​ទទួល​ជឿ​សេចក្ដី​ដែល​គាត់​អធិប្បាយ តែ​អ្នក​ខ្លះ​មិន​ព្រម​ជឿ​ទេ
25 នោះ​គេ​ចេញ​ទៅ​ទាំង​ទាស់‌ទែង​គ្នា ក្រោយ​ដែល​ប៉ុល​បាន​និយាយ​១​ម៉ាត់​នេះ​ទៅ​គេ​ថា ព្រះ‌វិញ្ញាណ​បរិសុទ្ធ​មាន​ព្រះ‌បន្ទូល​នឹង​ពួក​អយ្យ‌កោ​យើង ដោយ‌សារ​ហោរា​អេសាយ​ត្រូវ​ណាស់​ថា
26 «ចូរ​ទៅ​ឯ​សាសន៍​នេះ​ប្រាប់​គេ​ថា ដែល​ឯង​រាល់​គ្នា​ឮ នោះ​នឹង​ឮ​មែន តែ​ស្តាប់​មិន​បាន ហើយ​ដែល​ឯង​រាល់​គ្នា​ឃើញ នោះ​នឹង​ឃើញ​មែន តែ​មិន​យល់​សោះ
27 ព្រោះ​ចិត្ត​សាសន៍​នេះ​បាន​ត្រឡប់​ជា​ស្ពឹក គេ​បាន​ឮ​ដោយ​ត្រចៀក​ធ្ងន់ ហើយ​បាន​ធ្មេច​ភ្នែក ក្រែង​មើល​ឃើញ​នឹង​ភ្នែក ស្តាប់​ឮ​នឹង​ត្រចៀក ហើយ​ចិត្ត​បាន​យល់ រួច​គេ​វិល​មក ដើម្បី​ឲ្យ​អញ​បាន​ប្រោស​ឲ្យ​គេ​ជា»
28 ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​ដឹង​ថា ព្រះ‌ទ្រង់​ផ្សាយ​សេចក្ដី​សង្គ្រោះ​នេះ ទៅ​ដល់​សាសន៍​ដទៃ​វិញ ហើយ​គេ​នឹង​ស្តាប់​ជា​ពិត
29 លុះ​កាល​គាត់​បាន​និយាយ​សេចក្ដី​ទាំង​នេះ​រួច​ហើយ នោះ​ពួក​សាសន៍​យូដា​ក៏​ចេញ​ទៅ​ទាំង​ជជែក​គ្នា​ជា​ខ្លាំង។
30 រីឯ​ប៉ុល គាត់​នៅ​ក្នុង​ផ្ទះ​ដែល​គាត់​ជួល ពេញ​២​ឆ្នាំ គាត់​បាន​ទទួល​អស់​អ្នក​ណា​ដែល​មក​ឯ​គាត់ ទាំង​ប្រកាស​ប្រាប់​ពី​នគរ​ព្រះ ហើយ​បង្រៀន​គ្រប់​ទាំង​សេចក្ដី ពី​ព្រះ‌អម្ចាស់​យេស៊ូវ‌គ្រីស្ទ​តាម​ចិត្ត ឥត​មាន​អ្នក​ណា​ឃាត់‌ឃាំង​ឡើយ។:៚