ជំពូក 1
1 សំបុត្រប៉ុលខ្ញុំ ជាបាវបម្រើ របស់ព្រះយេស៊ូវគ្រីស្ទ ដែលទ្រង់បានហៅមកធ្វើជាសាវក ទាំងញែកចេញទុកសម្រាប់ដំណឹងល្អនៃព្រះ
2 (ជាដំណឹងល្អដែលទ្រង់បានសន្យាពីដើម ដោយសារពួកហោរាទ្រង់ ទុកក្នុងគម្ពីរបរិសុទ្ធ
3 គឺពីព្រះរាជបុត្រានៃព្រះ ដែលខាងឯសាច់ឈាម ទ្រង់បានចាប់កំណើតក្នុងព្រះវង្សាហ្លួងដាវីឌ
4 តែខាងឯព្រះវិញ្ញាណនៃសេចក្ដីបរិសុទ្ធ នោះបានសម្ដែងមកច្បាស់ថា ទ្រង់ជាព្រះរាជបុត្រារបស់ព្រះពិត ទាំងមានព្រះចេស្តាផង ដោយទ្រង់បានរស់ពីស្លាប់ឡើងវិញ គឺជាព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា
5 ដែលយើងខ្ញុំបានទទួលព្រះគុណ និងងារជាសាវកដោយសារទ្រង់ សម្រាប់ឲ្យមានមនុស្សចុះចូល តាមសេចក្ដីជំនឿ នៅកណ្តាលអស់ទាំងសាសន៍ ទុកជាប្រយោជន៍ដល់ព្រះនាមទ្រង់
6 ដែលអ្នករាល់គ្នាក៏នៅក្នុងពួកអ្នកទាំងនោះ ជាពួកអ្នកដែលព្រះយេស៊ូវគ្រីស្ទទ្រង់បានហៅដែរ)
7 ខ្ញុំផ្ញើមកអស់អ្នក នៅក្រុងរ៉ូមជាពួកស្ងួនភ្ងានៃព្រះ ដែលទ្រង់បានហៅមកធ្វើជាពួកបរិសុទ្ធ សូមឲ្យអ្នករាល់គ្នាបានប្រកបដោយនូវព្រះគុណ និងសេចក្ដីសុខសាន្ត អំពីព្រះដ៏ជាព្រះវរបិតានៃយើងរាល់គ្នា ហើយអំពីព្រះអម្ចាស់យេស៊ូវគ្រីស្ទ។
8 មុនដំបូង ខ្ញុំសូមអរព្រះគុណដល់ព្រះនៃខ្ញុំ ដោយនូវព្រះយេស៊ូវគ្រីស្ទ ពីដំណើរអ្នករាល់គ្នា ដោយឮគេថ្លែងប្រាប់ នៅគ្រប់ក្នុងលោកីយ៍ទាំងមូល ពីសេចក្ដីជំនឿរបស់អ្នករាល់គ្នា
9 ដ្បិតព្រះដែលខ្ញុំបម្រើដោយវិញ្ញាណខ្ញុំ ក្នុងដំណឹងល្អពីព្រះរាជបុត្រាទ្រង់ នោះជាស្មរបន្ទាល់ពីខ្ញុំថា ខ្ញុំទូលដំណាលពីអ្នករាល់គ្នា ក្នុងសេចក្ដីអធិស្ឋានរបស់ខ្ញុំជានិច្ច
10 ព្រមទាំងសូមអង្វរជាដរាប ឲ្យខ្ញុំបានឱកាសស្រួលតាមព្រះហឫទ័យម្តងណេះ ដើម្បីនឹងមកឯអ្នករាល់គ្នា បើសិនជាបាន
11 ដោយព្រោះខ្ញុំរឭកចង់ឃើញអ្នករាល់គ្នា ដើម្បីនឹងចែកអំណោយទានណាមួយ ខាងវិញ្ញាណមកអ្នករាល់គ្នា ប្រយោជន៍ឲ្យអ្នករាល់គ្នាបានតាំងនៅយ៉ាងខ្ជាប់ខ្ជួន
12 គឺថា ឲ្យយើងបានសេចក្ដីកំសាន្តចិត្តគ្នាទៅវិញទៅមក ក្នុងពួកអ្នករាល់គ្នា ដោយសារសេចក្ដីជំនឿរបស់យើងនីមួយៗ គឺរបស់អ្នករាល់គ្នា និងរបស់ខ្ញុំផង
13 តែបងប្អូនអើយ ខ្ញុំចង់ឲ្យអ្នករាល់គ្នាដឹងថា ខ្ញុំបានគិតមកឯអ្នករាល់គ្នាជារឿយៗ ដើម្បីឲ្យបានផលខ្លះ ក្នុងពួកអ្នករាល់គ្នា ដូចជាក្នុងពួកសាសន៍ឯទៀតដែរ តែខ្ញុំមានសេចក្ដីឃាត់ឃាំង ដរាបមកដល់ឥឡូវនេះ
14 ខ្ញុំមានសេចក្ដីជំពាក់ទាំងសាសន៍ក្រេក និងសាសន៍ដទៃ ទាំងអ្នកប្រាជ្ញ និងអ្នកខ្លៅផង
15 ដូច្នេះ ឯខ្ញុំៗប្រុងប្រៀបតែនឹងប្រាប់ដំណឹងល្អមកអ្នករាល់គ្នា ដែលនៅក្រុងរ៉ូមដែរ
16 ដ្បិតខ្ញុំគ្មានសេចក្ដីខ្មាសចំពោះដំណឹងល្អនៃព្រះគ្រីស្ទទេ ពីព្រោះជាព្រះចេស្តានៃព្រះ សម្រាប់នឹងជួយសង្គ្រោះដល់អស់អ្នកណាដែលជឿ គឺដល់ទាំងសាសន៍យូដាជាដើម និងសាសន៍ក្រេកផង
17 ដ្បិតសេចក្ដីសុចរិតនៃព្រះ បានសម្ដែងមកក្នុងដំណឹងល្អនោះ ដោយសារសេចក្ដីជំនឿ ហើយឲ្យបានសេចក្ដីជំនឿចម្រើនច្រើនឡើងផង ដូចមានសេចក្ដីចែងទុកមកថា «មនុស្សសុចរិតនឹងរស់នៅ ដោយអាងសេចក្ដីជំនឿ» ។
18 ពីព្រោះសេចក្ដីក្រោធ របស់ព្រះបានសម្ដែងមកពីស្ថានសួគ៌ ទាស់នឹងគ្រប់ទាំងសេចក្ដីទមិឡល្មើស និងសេចក្ដីទុច្ចរិតរបស់មនុស្ស ដែលគេបង្ខាំងសេចក្ដីពិត ដោយសេចក្ដីទុច្ចរិត
19 ព្រោះការអ្វីដែលអាចនឹងស្គាល់ពីព្រះបាន នោះបានសម្ដែងមកក្នុងពួកគេហើយ ដោយព្រះទ្រង់សម្ដែងការនោះឲ្យគេឃើញជាក់
20 ដ្បិតអ្វីៗរបស់ទ្រង់ដែលរកមើលមិនឃើញ តាំងពីកំណើតលោកីយ៍មក ទោះទាំងព្រះចេស្តាដ៏នៅអស់កល្បជានិច្ច និងនិស្ស័យជាព្រះរបស់ទ្រង់ នោះឃើញច្បាស់វិញ ដោយពិចារណាយល់របស់ទាំងប៉ុន្មាន ដែលទ្រង់បានបង្កើតមក
21 ព្រោះកាលគេបានស្គាល់ព្រះ នោះគេមិនបានតម្កើងទ្រង់ ទុកជាព្រះទេ ក៏មិនដឹងគុណទ្រង់ដែរ គេកើតមានគំនិតឥតប្រយោជន៍វិញ ហើយចិត្តគេ ដែលឥតយោបល់ ក៏បានត្រឡប់ជាងងឹតទៅ
22 គេអួតខ្លួនថា មានប្រាជ្ញា បានជាគេត្រឡប់ទៅជាល្ងង់ល្ងើវិញ
23 គឺគេបំផ្លាស់សិរីល្អនៃព្រះដែលមិនចេះខូច ឲ្យទៅជារូប មើលទៅដូចជាមនុស្ស ដែលតែងតែខូចវិញ ហើយដូចជាសត្វស្លាប សត្វជើង៤ និងសត្វលូនវារដែរ
24 ហេតុនោះបានជាព្រះទ្រង់ប្រគល់គេទៅឯសេចក្ដីស្មោកគ្រោក តាមចិត្តគេប្រាថ្នាចង់បាន ឲ្យបានបង្អាប់ដល់រូបកាយគេទៅវិញទៅមក
25 គេបានផ្លាស់សេចក្ដីពិតនៃព្រះ ឲ្យទៅជាសេចក្ដីភូតភរវិញ ក៏កោតខ្លាច ហើយគោរពបូជាដល់របស់ដែលកើតមក ជាជាងដល់ព្រះ ដែលបង្កើតរបស់ទាំងនោះមក ជាព្រះដែលមានព្រះពរអស់កល្បជានិច្ច អាម៉ែន
26 ហេតុនោះបានជាព្រះទ្រង់ប្រគល់គេ ទៅក្នុងសេចក្ដីរំជួលដ៏អាស្រូវបារាយ ដ្បិតទាំងពួកស្រីៗរបស់គេ ក៏បានផ្លាស់ប្រែទំនៀមទម្លាប់ពីបវេណីចេញ ឲ្យខុសពីធម្មតា
27 ហើយពួកប្រុសៗក៏បែបដូច្នោះដែរ គេបានលះចោលទំនៀមទម្លាប់របស់ស្ត្រីពីបវេណីចេញ ហើយបង្កើតឲ្យមានសេចក្ដីសម្រើបរោលរាល ដល់គ្នាទៅវិញទៅមក គឺប្រុសប្រព្រឹត្តនឹងប្រុសៗ ជាការដ៏អាក្រក់ជួជាតិ នោះគេក៏ទទួលរង្វាន់ចំពោះខ្លួនគេ ដែលសំណំនឹងសេចក្ដីកំហុសរបស់ខ្លួន
28 ហើយដោយព្រោះគេមិនចូលចិត្តនឹងស្គាល់ដល់ព្រះសោះ បានជាទ្រង់ប្រគល់គេទៅតាមគំនិតចោលម្សៀតវិញ ដើម្បីឲ្យបានសម្រេចការដែលមិនគួរគប្បីធ្វើ
29 ជាមនុស្សមានពេញដោយសេចក្ដីទុច្ចរិតគ្រប់យ៉ាង គឺសេចក្ដីកំផិត សេចក្ដីកំណាច សេចក្ដីលោភ និងសេចក្ដីព្យាបាទ ក៏មានសេចក្ដីឈ្នានីស និងការកាប់សម្លាប់ ឈ្លោះប្រកែក កិច្ចកល គំនិតខិលខូចដ៏ពោរពេញផង
30 ជាមនុស្សចែចូវ បេះបួយ ស្អប់ព្រះ ព្រហើនឈ្លានពាន មានះកាន់ខ្លួន អួតអាង ជាមេបង្កើតការអាក្រក់ ហើយមិនស្តាប់បង្គាប់តាមឪពុកម្តាយ
31 ឥតយោបល់ មានចិត្តមិនទៀង មិនចេះស្រឡាញ់តាមធម្មតា ក៏ឥតមានសេចក្ដីមេត្តាករុណាសោះ
32 គេក៏ស្គាល់សេចក្ដីជំនុំជម្រះដ៏សុចរិតរបស់ព្រះថា អស់អ្នកដែលប្រព្រឹត្តការយ៉ាងដូច្នោះ នោះគួរនឹងស្លាប់ហើយ ប៉ុន្តែ គេមិនគ្រាន់តែប្រព្រឹត្តយ៉ាងនោះប៉ុណ្ណោះ គឺគេចូលចិត្តយល់ព្រមនឹងអស់អ្នកណា ដែលប្រព្រឹត្តដូច្នោះផងដែរ។
ជំពូក 2
1 ដូច្នេះ ឱមនុស្សអើយ អស់អ្នកណាដែលថ្កោលទោសគេ នោះគ្មានសេចក្ដីដោះសារចំពោះខ្លួនឡើយ ដ្បិតដែលអ្នកថ្កោលទោសគេ នោះឈ្មោះថាកាត់ទោសខ្លួនឯងហើយ ពីព្រោះអ្នកឯងដែលថ្កោលទោសគេ ក៏ប្រព្រឹត្តដូចគ្នាដែរ
2 តែយើងរាល់គ្នាដឹងថា ចំណែកសេចក្ដីជំនុំជម្រះរបស់ព្រះវិញ នោះត្រូវនឹងសេចក្ដីពិត ទាស់នឹងពួកអ្នកដែលប្រព្រឹត្តយ៉ាងនោះ
3 មួយទៀត ឱមនុស្សអើយ ដែលអ្នកថ្កោលទោស ដល់អស់អ្នក ដែលប្រព្រឹត្តការយ៉ាងនោះ តែខ្លួនអ្នកក៏ប្រព្រឹត្តដូច្នោះដែរ នោះតើអ្នកស្មានថាខ្លួនអ្នកនឹងរួចពីសេចក្ដីជំនុំជម្រះរបស់ព្រះឬអី
4 ឬអ្នកមើលងាយសេចក្ដីសប្បុរសដ៏ឥតគណនា ព្រមទាំងសេចក្ដីទ្រាំទ្រ និងសេចក្ដីអត់ធន់របស់ទ្រង់ ដោយមិនដឹងថា សេចក្ដីសប្បុរសនៃព្រះទាញនាំឲ្យអ្នកបានប្រែចិត្តឬអី
5 តែដោយអ្នករឹងរបឹង ហើយមិនព្រមប្រែចិត្តសោះ បានជាអ្នកឈ្មោះថាកំពុងតែប្រមូលសេចក្ដីក្រោធ ទុកសម្រាប់ខ្លួនដល់ថ្ងៃនៃសេចក្ដីក្រោធ វិញ ជាថ្ងៃដែលសេចក្ដីជំនុំជម្រះដ៏សុចរិតរបស់ព្រះនឹងសម្ដែងមក
6 ដែលទ្រង់នឹងសងដល់គ្រប់គ្នា តាមអំពើដែលខ្លួនបានប្រព្រឹត្ត
7 គឺជាជីវិតអស់កល្បជានិច្ច ដល់ពួកអ្នកដែលរកសិរីល្អ កេរ្តិ៍ឈ្មោះ និងសេចក្ដីមិនពុករលួយ ដោយគេកាន់ខ្ជាប់ក្នុងការល្អ
8 តែពួកអ្នកដែលទាស់ទទឹង មិនព្រមស្តាប់តាមសេចក្ដីពិត គឺស្តាប់តាមតែសេចក្ដីទុច្ចរិតវិញ នោះនឹងបានសេចក្ដីក្រោធ និងសេចក្ដីឃោរឃៅ
9 ជាសេចក្ដីវេទនា និងសេចក្ដីលំបាកនៅលើគ្រប់ទាំងព្រលឹងមនុស្សណា ដែលប្រព្រឹត្តអាក្រក់ មានសាសន៍យូដាជាដើម និងសាសន៍ក្រេកផង
10 តែអស់អ្នកដែលប្រព្រឹត្តល្អ នោះនឹងបានសិរីល្អ កេរ្តិ៍ឈ្មោះ និងសេចក្ដីសុខវិញ គឺមានសាសន៍យូដាជាដើម និងសាសន៍ក្រេកផង
11 ដ្បិតព្រះទ្រង់មិនយោគយល់ខាងអ្នកណាសោះ
12 ព្រោះអស់អ្នកណាដែលបានធ្វើបាបឥតស្គាល់ក្រឹត្យវិន័យ នោះនឹងត្រូវវិនាសទៅឥតក្រឹត្យវិន័យដែរ ហើយអស់អ្នកណាដែលបានធ្វើបាបក្នុងបន្ទុកក្រឹត្យវិន័យ នោះនឹងត្រូវក្រឹត្យវិន័យជំនុំជម្រះវិញ
13 (ដ្បិតពួកអ្នកដែលគ្រាន់តែស្តាប់ក្រឹត្យវិន័យ នោះមិនមែនឈ្មោះថាសុចរិត នៅចំពោះព្រះឡើយ គឺបានរាប់ជាសុចរិតតែពួកអ្នក ដែលប្រព្រឹត្តតាមក្រឹត្យវិន័យប៉ុណ្ណោះទេ
14 ពីព្រោះកាលណាពួកសាសន៍ដទៃ ដែលគ្មានក្រឹត្យវិន័យ គេបានប្រព្រឹត្តតាមក្រឹត្យវិន័យពីបវេណី នោះពួកដែលគ្មានក្រឹត្យវិន័យនោះឯង គេជាក្រឹត្យវិន័យដល់ខ្លួនគេវិញ
15 ដោយសម្ដែងថា របៀបក្រឹត្យវិន័យបានកត់ទុកក្នុងចិត្តគេហើយ បញ្ញាចិត្តគេក៏ធ្វើបន្ទាល់ឲ្យ ហើយគំនិតគេជួនកាលប្រកាន់ទោស ជួនកាលដោះសាគ្នាទៅវិញទៅមក)
16 គឺក្នុងថ្ងៃ ដែលព្រះទ្រង់នឹងជំនុំជម្រះអស់ទាំងការលាក់កំបាំងរបស់មនុស្ស តាមដំណឹងល្អខ្ញុំ ដោយសារព្រះយេស៊ូវគ្រីស្ទ។
17 បើអ្នកមានឈ្មោះជាសាសន៍យូដា ទាំងទុកចិត្តនឹងក្រឹត្យវិន័យ ហើយអួតសរសើរពីព្រះ
18 ក៏ស្គាល់ព្រះហឫទ័យទ្រង់ ហើយចេះសម្គាល់រើសសេចក្ដីល្អ ដោយបានរៀនតាមក្រឹត្យវិន័យ
19 ទាំងជឿប្រាកដថា ខ្លួនជាអ្នកដឹកនាំមនុស្សខ្វាក់ ជាពន្លឺដល់ពួកអ្នកងងឹត
20 ជាអ្នកទូន្មានប្រដៅដល់ពួកខ្លៅល្ងង់ ជាគ្រូបង្រៀនដល់កូនក្មេង ក៏មានគំរូពីសេចក្ដីចេះដឹង និងសេចក្ដីពិតនៅក្នុងក្រឹត្យវិន័យ
21 ដូច្នេះ អ្នកឯង ដែលបង្រៀនគេ តើមិនបង្រៀនដល់ខ្លួនឯងទេឬអី អ្នកឯងដែលប្រដៅថា កុំឲ្យលួចគេ តើអ្នកលួចឬទេ
22 អ្នកឯងដែលថា កុំឲ្យផិតគ្នា តើអ្នកផិតឬទេ អ្នកឯងដែលស្អប់ខ្ពើមរូបព្រះ តើអ្នកប្លន់វិហារឬទេ
23 អ្នកឯងដែលអួតពីក្រឹត្យវិន័យ តើអ្នកបង្អាប់ព្រះ ដោយប្រព្រឹត្តរំលងនឹងក្រឹត្យវិន័យឬទេ
24 ដ្បិតពួកសាសន៍ដទៃ គេប្រមាថដល់ព្រះនាមព្រះ ដោយព្រោះតែអ្នករាល់គ្នា ដូចជាមានសេចក្ដីចែងទុកមកហើយ។
25 រីឯការកាត់ស្បែក នោះមានប្រយោជន៍មែន បើអ្នកប្រព្រឹត្តតាមក្រឹត្យវិន័យ តែបើអ្នកប្រព្រឹត្តរំលងក្រឹត្យវិន័យវិញ នោះការដែលទទួលកាត់ស្បែក បានត្រឡប់ដូចជាមិនកាត់វិញ
26 ដូច្នេះ បើសិនជាពួកដែលមិនកាត់ស្បែក គេកាន់តាមបញ្ញត្តក្រឹត្យវិន័យទៅ នោះការដែលមិនបានកាត់ស្បែក តើមិនរាប់ដូចជាបានកាត់វិញទេឬអី
27 ហើយពួកអ្នកដែលមិនកាត់ស្បែកតាមបវេណី បើគេប្រព្រឹត្តតាមក្រឹត្យវិន័យសព្វគ្រប់ តើគេមិនជំនុំជម្រះអ្នកទេឬអី ដែលអ្នកមានទាំងគម្ពីរ និងការកាត់ស្បែកផង តែចេះតែប្រព្រឹត្តរំលងក្រឹត្យវិន័យវិញ
28 ឯដំណើរដែលហៅថាសាសន៍យូដា នោះមិនមែនចំពោះតែអ្នកណាដែលមានទីសម្គាល់ខាងក្រៅប៉ុណ្ណោះទេ ហើយការកាត់ស្បែកសោតក៏មិនមែនចំពោះតែសាច់ខាងក្រៅប៉ុណ្ណោះដែរ
29 រីឯសាសន៍យូដាដ៏ពិតប្រាកដ នោះគឺខាងក្នុងវិញ ហើយការកាត់ស្បែកក៏នៅក្នុងចិត្ត ខាងព្រលឹងវិញ្ញាណដែរ មិនមែនតាមតែន័យពាក្យប៉ុណ្ណោះទេ មនុស្សយ៉ាងនោះតែងមានសេចក្ដីសរសើរ មិនមែនមកពីមនុស្ស គឺពីព្រះវិញ។
ជំពូក 3
1 ដូច្នេះ តើសាសន៍យូដាវិសេសជាងគេយ៉ាងណា ឬការកាត់ស្បែកមានប្រយោជន៍ដូចម្តេចខ្លះ
2 មានគ្រប់ជំពូកជាច្រើនណាស់ មុនដំបូង គឺពីព្រោះបានផ្ញើព្រះបន្ទូលទុកនឹងគេ
3 តែបើមានអ្នកខ្លះមិនជឿ នោះដូចម្តេចទៅ សេចក្ដីដែលគេមិនជឿនោះ តើនឹងធ្វើឲ្យសេចក្ដីជំនឿជឿដល់ព្រះទៅជាមិនកើតការវិញឬអី
4 ទេ មិនមែនឡើយ សូមឲ្យព្រះបានរាប់ជាពិត ហើយគ្រប់ទាំងមនុស្សជាភូតភរវិញចុះ ដូចមានសេចក្ដីចែងទុកមកថា «ឲ្យទ្រង់បានរាប់ជាសុចរិត ក្នុងកាលដែលទ្រង់មានព្រះបន្ទូល ហើយឲ្យទ្រង់បានឈ្នះ ក្នុងកាលដែលគេជំនុំជម្រះទ្រង់»
5 ប៉ុន្តែ បើសិនជាសេចក្ដីទុច្ចរិតរបស់យើងរាល់គ្នា បាននាំឲ្យគេឃើញសេចក្ដីសុចរិតរបស់ព្រះច្បាស់ជាង នោះតើនឹងថាដូចម្តេច តើព្រះទ្រង់ទុច្ចរិតឬអី ដែលទ្រង់ធ្វើទោសនោះ (នេះខ្ញុំនិយាយតាមបែបមនុស្សលោក)
6 ទេ មិនមែនឡើយ តែបើសិនជាទុច្ចរិតមែន នោះធ្វើដូចម្តេច ឲ្យព្រះជំនុំជម្រះលោកីយ៍បាន
7 ដ្បិតបើសិនជាសេចក្ដីពិតរបស់ព្រះបានចម្រើនឡើង សម្រាប់ជាសិរីល្អដល់ទ្រង់ ដោយសារសេចក្ដីភូតភររបស់ខ្ញុំ នោះតើហេតុអ្វីបានជាខ្ញុំជាប់សេចក្ដីជំនុំជម្រះ ទុកដូចជាមនុស្សមានបាបទៀត
8 ហើយហេតុអ្វីបានជាយើងខ្ញុំមិនថា ចូរប្រព្រឹត្តការអាក្រក់ ដើម្បីឲ្យការល្អបានកើតឡើង ដូចជាគេនិយាយបង្កាច់យើងខ្ញុំ ហើយខ្លះប្រកាន់ថា យើងខ្ញុំប្រដៅដូច្នោះមែននោះ ឯទោសនៃពួកអ្នកដែលប្រកាន់ដូច្នោះ នោះត្រឹមត្រូវហើយ។
9 ដូច្នេះ តើដូចម្តេច យើងល្អជាងគេឬទេ មិនមែនទេ ដ្បិតយើងខ្ញុំបានចោទប្រកាន់រួចហើយថា ទោះទាំងសាសន៍យូដា និងសាសន៍ក្រេកផង សុទ្ធតែនៅក្រោមអំពើបាប
10 ដូចមានសេចក្ដីចែងទុកមកថា «គ្មានអ្នកណាសុចរិតសោះ សូម្បីតែម្នាក់ក៏គ្មានផង
11 គ្មានអ្នកណាដែលយល់ គ្មានអ្នកណាដែលស្វែងរកព្រះ
12 គ្រប់គ្នាបានបែរចេញ ហើយត្រឡប់ជាឥតប្រយោជន៍ទាំងអស់គ្នា គ្មានអ្នកណាដែលប្រព្រឹត្តតាមសេចក្ដីសប្បុរសសោះ តែម្នាក់ក៏គ្មានផង
13 បំពង់កគេជាផ្នូរខ្មោចនៅចំហ គេប្រើអណ្តាតគេសម្រាប់នឹងបញ្ឆោត ឯនៅបបូរមាត់គេ មានសុទ្ធតែពិសពស់ហនុមាន
14 ហើយមាត់គេមានពេញដោយសេចក្ដីបណ្តាសា និងសេចក្ដីជូរចត់
15 ជើងគេរហ័សនឹងកម្ចាយឈាម
16 នៅអស់ទាំងផ្លូវរបស់គេ មានសុទ្ធតែសេចក្ដីវិនាស និងសេចក្ដីទុក្ខលំបាក
17 គេមិនបានស្គាល់ផ្លូវសុខសាន្តសោះ
18 ក៏គ្មានសេចក្ដីកោតខ្លាចចំពោះព្រះ នៅភ្នែកគេឡើយ »
19 រីឯគ្រប់ទាំងសេចក្ដីដែលក្រឹត្យវិន័យបង្គាប់ នោះយើងដឹងថា បង្គាប់ដល់តែពួកអ្នកដែលនៅក្នុងបន្ទុកក្រឹត្យវិន័យទេ ដើម្បីឲ្យគ្រប់ទាំងមាត់ត្រូវបិទ ហើយឲ្យលោកីយ៍ទាំងមូលជាប់មានទោសនៅចំពោះព្រះ
20 ហេតុនោះបានជាគ្មានមនុស្សណាបានរាប់ជាសុចរិត នៅចំពោះទ្រង់ ដោយអាងការប្រព្រឹត្តតាមក្រឹត្យវិន័យនោះឡើយ ដ្បិតក្រឹត្យវិន័យគ្រាន់តែសម្ដែងឲ្យស្គាល់អំពើបាបប៉ុណ្ណោះ។
21 ប៉ុន្តែ ឥឡូវនេះ ក្រៅពីក្រឹត្យវិន័យ សេចក្ដីសុចរិតផងព្រះដែលមានទាំងក្រឹត្យវិន័យ និងពួកហោរាធ្វើបន្ទាល់ឲ្យផង នោះបានលេចចេញមកហើយ
22 គឺជាសេចក្ដីសុចរិតរបស់ព្រះ ដែលបានដោយសារសេចក្ដីជំនឿជឿដល់ព្រះយេស៊ូវគ្រីស្ទ ក៏សម្រាប់គ្រប់អស់អ្នកណាដែលជឿផង ដ្បិតគ្មានខុសអំពីគ្នាទេ
23 ពីព្រោះគ្រប់គ្នាបានធ្វើបាប ហើយខ្វះមិនដល់សិរីល្អ នៃព្រះ
24 តែដោយពឹងដល់ព្រះគុណទ្រង់ នោះបានរាប់ជាសុចរិតទទេ ដោយសារសេចក្ដីប្រោសលោះ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ
25 ដែលព្រះបានតាំងទ្រង់ទុកជាទីសន្តោសប្រោស ដោយសារសេចក្ដីជំនឿដល់ព្រះលោហិតទ្រង់ សម្រាប់នឹងសម្ដែងឲ្យឃើញសេចក្ដីសុចរិតរបស់ព្រះ ចំពោះការដែលទ្រង់មិនប្រកាន់អំពើបាប ដែលគេប្រព្រឹត្តពីដើម ដោយទ្រង់មានព្រះហឫទ័យអត់ធ្មត់
26 ដើម្បីនឹងសម្ដែងឲ្យឃើញសេចក្ដីសុចរិតរបស់ព្រះ នៅជាន់ឥឡូវនេះ ប្រយោជន៍ឲ្យទ្រង់បានសុចរិត ព្រមទាំងរាប់ពួកអ្នកដែលមានសេចក្ដីជំនឿ ជឿដល់ព្រះយេស៊ូវ ថាជាសុចរិតដែរ។
27 ដូច្នេះ តើសេចក្ដីអួតអាងនៅឯណា គឺត្រូវលើកចោលហើយ តើច្បាប់ណាដែលលើកចោលនោះ តើជាច្បាប់ខាងឯការប្រព្រឹត្តឬ មិនមែនទេ គឺជាច្បាប់ខាងឯសេចក្ដីជំនឿវិញទេតើ
28 ដ្បិតយើងខ្ញុំអាងថា មនុស្សបានរាប់ជាសុចរិត ដោយសារសេចក្ដីជំនឿ គឺមិនមែនដោយការប្រព្រឹត្តតាមក្រឹត្យវិន័យទេ
29 តើព្រះអង្គទ្រង់ជាព្រះនៃសាសន៍យូដាតែប៉ុណ្ណោះ តើទ្រង់មិនមែនជាព្រះនៃសាសន៍ដទៃដែរទេឬអី មែនហើយ ទ្រង់ជាព្រះនៃសាសន៍ដទៃដែរ
30 ដ្បិតគឺជាព្រះតែ១ព្រះអង្គ ដែលនឹងរាប់ទាំងពួកកាត់ស្បែក ថាជាសុចរិត ដោយសារតែគេមានសេចក្ដីជំនឿ ព្រមទាំងពួកអ្នកដែលមិនកាត់ស្បែកផង ដោយគេមានសេចក្ដីជំនឿនោះដែរ
31 ដូច្នេះ តើយើងឈ្មោះថាធ្វើឲ្យក្រឹត្យវិន័យទៅជាឥតប្រយោជន៍ ដោយសេចក្ដីជំនឿឬអី ទេ មិនមែនឡើយ គឺឈ្មោះថា យើងតាំងក្រឹត្យវិន័យឲ្យកាន់តែមាំមួនឡើងវិញទេតើ។
ជំពូក 4
1 បើដូច្នេះ យើងនឹងថា លោកអ័ប្រាហាំ ជាអយ្យកោយើង បានអ្វីខ្លះ ខាងឯសាច់ឈាម
2 ដ្បិតបើសិនណាជាលោកអ័ប្រាហាំបានរាប់ជាសុចរិត ដោយការដែលលោកប្រព្រឹត្ត នោះលោកមានកន្លែងនឹងអួតខ្លួនហើយ តែមិនមែនចំពោះព្រះទេ
3 តើគម្ពីរថាដូចម្តេច គម្ពីរថា «អ័ប្រាហាំបានជឿដល់ព្រះ ហើយសេចក្ដីជំនឿនោះ បានរាប់ជាសេចក្ដីសុចរិតដល់លោក»
4 រីឯអ្នកណាដែលធ្វើការ នោះរង្វាន់មិនរាប់ជាគុណរបស់ចៅហ្វាយទេ គឺទុកជាថ្លៃឈ្នួលវិញទេតើ
5 តែចំណែកអ្នកដែលមិនធ្វើការសោះ គឺគ្រាន់តែជឿដល់ព្រះអង្គ ដែលទ្រង់ប្រោសឲ្យមនុស្សទមិឡល្មើសបានសុចរិត នោះសេចក្ដីជំនឿរបស់អ្នកនោះ បានរាប់ទុកជាសេចក្ដីសុចរិតវិញ
6 ដូចជាហ្លួងដាវីឌបានសម្ដែងពីសណ្ឋានដ៏មានពរនៃមនុស្ស ដែលព្រះទ្រង់រាប់ជាសុចរិតក្រៅពីការប្រព្រឹត្តថា
7 «មានពរហើយ អ្នកណាដែលការទទឹងច្បាប់របស់ខ្លួនបានអត់ទោសឲ្យ និងបាបខ្លួនបានគ្របបាំង
8 មានពរហើយ មនុស្សណាដែលព្រះអម្ចាស់មិនរាប់ជាមានបាបឡើយ» ។
9 ដូច្នេះ តើបានពរនោះ ចំពោះតែពួកកាត់ស្បែកតែប៉ុណ្ណោះ ឬពួកមិនកាត់ស្បែកក៏បានដែរ ដ្បិតយើងថាសេចក្ដីជំនឿ បានរាប់ទុកជាសេចក្ដីសុចរិត ដល់លោកអ័ប្រាហាំ
10 ចុះសេចក្ដីនោះបានរាប់ដូចម្តេច តើពីកាលលោកបានកាត់ស្បែករួចហើយ ឬនៅឡើយ មិនមែនពីកាលលោកបានកាត់ស្បែកហើយនោះទេ គឺក្នុងកាលដែលមិនទាន់កាត់ស្បែកនៅឡើយវិញ
11 ហើយលោកបានទទួលពិធីកាត់ស្បែកនេះ ទុកជាទីសម្គាល់ ជាត្រានៃសេចក្ដីសុចរិត ដែលមកដោយសេចក្ដីជំនឿនោះឯង គឺជាសេចក្ដីជំនឿដែលលោកមានពីកាលមិនទាន់កាត់ស្បែកនៅឡើយ ដើម្បីឲ្យបានធ្វើជាឪពុក ដល់អស់អ្នកដែលជឿ ឥតកាត់ស្បែកផង ប្រយោជន៍ឲ្យបានរាប់សេចក្ដីសុចរិតនេះដល់អ្នកទាំងនោះ
12 ហើយឲ្យបានធ្វើជាឪពុក ដល់ពួកដែលមិនគ្រាន់តែកាត់ស្បែកប៉ុណ្ណោះ គឺដែលដើរតាមដាននៃសេចក្ដីជំនឿរបស់លោកអ័ប្រាហាំ ជាអយ្យកោយើងផង ជាសេចក្ដីជំនឿដែលលោកមាន ពីកាលមិនទាន់កាត់ស្បែកនៅឡើយ។
13 ដ្បិតសេចក្ដីសន្យាដល់លោកអ័ប្រាហាំ និងពូជលោក ឲ្យបានលោកីយ៍ជាមរដក នោះមិនមែនដោយសារក្រឹត្យវិន័យទេ គឺដោយសារសេចក្ដីសុចរិតដែលមកដោយសេចក្ដីជំនឿវិញ
14 ពីព្រោះបើសិនជាពួកអ្នកដែលអាងក្រឹត្យវិន័យបានគ្រងមរដក នោះសេចក្ដីជំនឿបានទៅជាឥតអំពើវិញ ហើយសេចក្ដីសន្យាក៏ឥតប្រយោជន៍ដែរ
15 ឯក្រឹត្យវិន័យ នោះបង្កើតសេចក្ដីក្រោធ ដ្បិតកន្លែងណាដែលគ្មានក្រឹត្យវិន័យ នោះក៏ឥតមានសេចក្ដីរំលងដែរ
16 ដូច្នេះ សេចក្ដីសន្យាបានមកដោយសេចក្ដីជំនឿ ដើម្បីឲ្យបានត្រូវខាងព្រះគុណ ប្រយោជន៍ឲ្យសេចក្ដីសន្យាបានខ្ជាប់ខ្ជួន ដល់ពូជលោកតទៅ មិនមែនត្រឹមតែពូជដែលអាងក្រឹត្យវិន័យប៉ុណ្ណោះ គឺដល់ទាំងពូជដែលអាងសេចក្ដីជំនឿរបស់លោកអ័ប្រាហាំ ដែលជាអយ្យកោនៃយើងទាំងអស់គ្នាថែមទៀតផង
17 ដូចមានសេចក្ដីចែងទុកមកថា «អញបានតាំងឯងឲ្យធ្វើជាឪពុក ដល់សាសន៍ជាច្រើន» រីឯនៅចំពោះព្រះ ជាទីជឿរបស់លោក ដែលទ្រង់ប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ ទាំងមានព្រះបន្ទូលពីរបស់ដែលគ្មាន ទុកដូចជាមានហើយ នោះលោកជាឪពុករបស់យើងមែន
18 ដ្បិតកាលលោកអស់ទីសង្ឃឹមហើយ នោះក៏ចេះតែជឿដោយសង្ឃឹមវិញ ដើម្បីឲ្យបានត្រឡប់ជាឪពុកដល់សាសន៍ជាច្រើន ដូចសេចក្ដីដែលមានព្រះបន្ទូលទុកមកថា «ពូជឯងនឹងបានដូច្នោះ»
19 ហើយដោយព្រោះលោកមិនខ្សោយខាងសេចក្ដីជំនឿ បានជាលោកមិនគិតពីរូបកាយលោក ដែលរាប់ដូចជាស្លាប់ ដោយមានអាយុប្រហែលជា១០០ឆ្នាំហើយ ឬពីផ្ទៃសារ៉ា ដែលរាប់ដូចជាស្លាប់ដែរនោះទេ
20 លោកក៏មិនបានសង្ស័យចំពោះសេចក្ដីសន្យារបស់ព្រះ ដោយចិត្តមិនជឿឡើយ គឺរឹតតែមានសេចក្ដីជំនឿខ្លាំងឡើង ទាំងសរសើរតម្កើងដល់ព្រះវិញ
21 ហើយក៏ជឿជាក់អស់ពីចិត្តថា សេចក្ដីអ្វីដែលទ្រង់សន្យា នោះអាចនឹងធ្វើឲ្យសម្រេចបាន
22 ហេតុនោះបានជារាប់សេចក្ដីជំនឿរបស់លោក ទុកជាសេចក្ដីសុចរិតដល់លោក។
23 ប៉ុន្តែ ដែលថា «បានរាប់ដល់លោក»ដូច្នេះ នោះមិនចែងទុកមកសម្រាប់លោកតែឯងទេ
24 គឺសម្រាប់យើងរាល់គ្នាដែរ សេចក្ដីសុចរិតនោះនឹងបានរាប់ដល់យើងរាល់គ្នា ជាពួកអ្នកជឿដល់ព្រះអង្គ ដែលទ្រង់ប្រោសព្រះយេស៊ូវ ជាព្រះអម្ចាស់នៃយើងរាល់គ្នា ឲ្យបានរស់ពីស្លាប់ឡើងវិញ
25 ដែលទ្រង់ត្រូវគេបញ្ជូនទៅឲ្យមានទោស ដោយព្រោះអំពើរំលងរបស់យើងរាល់គ្នា ហើយបានប្រោសឲ្យមានព្រះជន្មរស់ឡើងវិញ ប្រយោជន៍ឲ្យយើងរាល់គ្នាបានរាប់ជាសុចរិត។
ជំពូក 5
1 ដូច្នេះ ដែលយើងរាល់គ្នាបានរាប់ជាសុចរិត ដោយការជឿ នោះឈ្មោះថាយើងបានមេត្រីនឹងព្រះ ដោយសារព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នាហើយ
2 ក៏ដោយសារទ្រង់ យើងមានផ្លូវចូលក្នុងព្រះគុណ នេះ ជាទីដែលយើងកំពុងឈរនៅដោយសេចក្ដីជំនឿ ហើយយើងអួតពីសេចក្ដីសង្ឃឹមដល់សិរីល្អនៃព្រះផង
3 មិនតែប៉ុណ្ណោះសោត យើងនៅតែអួតក្នុងកាលដែលមានទុក្ខលំបាកដែរ ដោយដឹងថា សេចក្ដីទុក្ខលំបាកបង្កើតឲ្យមានសេចក្ដីទ្រាំទ្រ
4 សេចក្ដីទ្រាំទ្របង្កើតឲ្យមានសេចក្ដីស៊ាំថ្នឹក សេចក្ដីស៊ាំថ្នឹកបង្កើតឲ្យមានសេចក្ដីសង្ឃឹម
5 ឯសេចក្ដីសង្ឃឹមក៏មិនដែលនាំឲ្យយើងមានសេចក្ដីខ្មាសឡើយ ពីព្រោះសេចក្ដីស្រឡាញ់របស់ព្រះ បានផ្សាយមកសព្វក្នុងចិត្តយើងរាល់គ្នា ដោយសារព្រះវិញ្ញាណបរិសុទ្ធ ដែលព្រះបានប្រទានមកយើងហើយ
6 ដ្បិតកាលយើងនៅខ្សោយនៅឡើយ លុះដល់កំណត់ហើយ នោះព្រះគ្រីស្ទទ្រង់បានសុគតជំនួសមនុស្សទមិឡល្មើស
7 កម្រនឹងមានអ្នកណាព្រមស្លាប់ជំនួសមនុស្សសុចរិតណាស់ ប៉ុន្តែ ប្រហែលជាមានអ្នកខ្លះហ៊ានស្លាប់ជំនួសមនុស្សល្អដែរទេដឹង
8 តែឯព្រះ ទ្រង់សម្ដែងសេចក្ដីស្រឡាញ់របស់ទ្រង់ ដល់យើងរាល់គ្នាឲ្យឃើញច្បាស់ ដោយព្រះគ្រីស្ទបានសុគតជំនួសយើងរាល់គ្នា នោះគឺក្នុងកាលដែលយើងនៅមានបាបនៅឡើយផង
9 ដូច្នេះ ដែលបានរាប់ជាសុចរិត ដោយសារព្រះលោហិតទ្រង់ នោះប្រាកដជាយើងនឹងបានរួចចេញពីសេចក្ដីក្រោធ ដោយសារទ្រង់ជាមិនខានលើសទៅទៀត
10 ដ្បិតកាលយើងជាខ្មាំងសត្រូវ បើយើងបានជាមេត្រីនឹងព្រះវិញទៅហើយ ដោយព្រះរាជបុត្រាទ្រង់សុគត ដូច្នេះ ដែលយើងបានជាមេត្រីហើយ នោះប្រាកដជាយើងនឹងបានសង្គ្រោះជាមិនខានលើសទៅទៀត ដោយទ្រង់មានព្រះជន្មរស់ឡើងវិញ
11 ហើយមិនតែប៉ុណ្ណោះសោត យើងក៏មានសេចក្ដីរីករាយចំពោះព្រះផង ដោយនូវព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នាដែលឥឡូវនេះ យើងបានជាមេត្រីដោយសារទ្រង់ហើយ។
12 ដូច្នេះ ដែលបាបបានចូលមកក្នុងលោកីយ៍ ដោយសារមនុស្សតែម្នាក់ ហើយក៏មានសេចក្ដីស្លាប់ចូលមកដែរ ដោយសារអំពើបាបនោះជាយ៉ាងណា នោះសេចក្ដីស្លាប់បានឆ្លងរាលដាល ដល់មនុស្សគ្រប់គ្នាយ៉ាងនោះដែរ ដ្បិតគ្រប់គ្នាបានធ្វើបាបហើយ
13 (ព្រោះរមែងមានបាបនៅក្នុងលោកីយ៍ ដរាបដល់ក្រឹត្យវិន័យ តែកាលមិនទាន់មានក្រឹត្យវិន័យនៅឡើយ នោះមិនបានរាប់ជាទោសដល់គេទេ
14 ប៉ុន្តែ ចាប់តាំងពីលោកអ័ដាម ដរាបដល់លោកម៉ូសេ នោះសេចក្ដីស្លាប់បានសោយរាជ្យលើទាំងពួកអ្នក ដែលធ្វើបាប មិនមែនដូចជាអំពើរំលងរបស់លោកអ័ដាមផង ដែលលោកជាគំរូពីព្រះអង្គដែលត្រូវយាងមក
15 ប៉ុន្តែ ព្រះគុណមិនមែនដូចជាអំពើរំលងនោះទេ ដ្បិត បើសិនជាមានមនុស្សជាច្រើនបានស្លាប់ ដោយព្រោះអំពើរំលងរបស់មនុស្សតែម្នាក់ នោះប្រាកដជាព្រះគុណនៃព្រះ ហើយនិងអំណោយទាននៃព្រះគុណនោះ ដែលមកដោយសារមនុស្សតែម្នាក់ គឺព្រះយេស៊ូវគ្រីស្ទ នឹងបានចម្រើនលើសទៅទៀត ដល់មនុស្សជាច្រើនដែរ
16 ហើយអំណោយទាននោះ ក៏មិនមែនដូចជាអំពើបាប ដែលមនុស្សតែម្នាក់បានធ្វើនោះទៀត ដ្បិតសេចក្ដីជំនុំជម្រះ ដែលកើតមក ដោយព្រោះម្នាក់នោះឯង នោះបានកាត់ទោសហើយ តែព្រះគុណ ដែលកើតមកដោយព្រោះការរំលងជាច្រើន នោះបានរាប់យើងទុកជាសុចរិតវិញ
17 ដ្បិតបើសិនជាសេចក្ដីស្លាប់បានសោយរាជ្យ ដោយសារមនុស្សតែម្នាក់ ដោយព្រោះម្នាក់នោះឯងបានប្រព្រឹត្តសេចក្ដីរំលង ដូច្នេះ ប្រាកដជាពួកអ្នកដែលទទួលព្រះគុណដ៏បរិបូរ និងអំណោយទានជាសេចក្ដីសុចរិត នោះនឹងបានសោយរាជ្យក្នុងជីវិត លើសទៅទៀត ដោយសារតែម្នាក់ដែរ គឺជាព្រះយេស៊ូវគ្រីស្ទ)
18 ដូច្នេះ ដែលមនុស្សទាំងអស់ត្រូវទោស ដោយព្រោះអំពើរំលងតែ១ នោះមនុស្សទាំងអស់ក៏បានរាប់ជាសុចរិតឲ្យបានជីវិតវិញ ដោយសារអំពើសុចរិតតែ១បែបដូច្នោះដែរ
19 ដ្បិត ដូចជាមនុស្សជាច្រើន បានត្រឡប់ជាមានបាប ដោយសារមនុស្សតែម្នាក់ មិនបានស្តាប់បង្គាប់ជាយ៉ាងណា នោះមនុស្សជាច្រើន ក៏បានត្រឡប់ជាសុចរិតដោយសារម្នាក់បានស្តាប់បង្គាប់វិញយ៉ាងនោះដែរ
20 តែក្រឹត្យវិន័យបានចូលមកថែមទៀត ដើម្បីឲ្យសេចក្ដីរំលងនោះបានរឹតតែធ្ងន់ឡើង ប៉ុន្តែ កន្លែងណាដែលមានបាបចម្រើនជាបរិបូរឡើង នោះព្រះគុណក៏ចម្រើនជាបរិបូរលើសទៅទៀត
21 ដើម្បីឲ្យព្រះគុណបានសោយរាជ្យ ដោយសារសេចក្ដីសុចរិត សម្រាប់ជាជីវិតអស់កល្បជានិច្ច ដោយនូវព្រះយេស៊ូវគ្រីស្ទជាព្រះអម្ចាស់នៃយើងរាល់គ្នា ដូចជាបាបបានសោយរាជ្យ ឲ្យត្រូវស្លាប់ពីដើមនោះដែរ។
ជំពូក 6
1 ដូច្នេះ យើងនឹងថាដូចម្តេច តើត្រូវឲ្យយើងចេះតែប្រព្រឹត្តអំពើបាបទៅទៀត ដើម្បីឲ្យព្រះគុណបានចម្រើនឡើងឬអី
2 ទេ មិនត្រូវឡើយ ធ្វើដូចម្តេចឲ្យយើងដែលស្លាប់ខាងឯអំពើបាប ហើយបាននៅរស់ក្នុងអំពើបាបទៀតបាន
3 តើអ្នករាល់គ្នាមិនដឹងទេឬអី ថា យើងទាំងប៉ុន្មានដែលបានទទួលបុណ្យជ្រមុជក្នុងព្រះយេស៊ូវគ្រីស្ទ នោះគឺបានទទួលជ្រមុជក្នុងសេចក្ដីសុគតនៃទ្រង់ដែរ
4 ដូច្នេះ យើងបានត្រូវកប់ជាមួយនឹងទ្រង់ហើយ ដោយទទួលជ្រមុជក្នុងសេចក្ដីស្លាប់ ដើម្បីឲ្យយើងបានដើរក្នុងជីវិតបែបថ្មី ដូចជាព្រះគ្រីស្ទបានរស់ពីស្លាប់ឡើងវិញ ដោយសារសិរីល្អ នៃព្រះវរបិតាដែរ
5 ដ្បិតបើយើងបានជាប់ជាមួយនឹងទ្រង់ ក្នុងការដែលជាគំរូពីសេចក្ដីសុគតរបស់ទ្រង់ នោះក៏នឹងបានជាប់ក្នុងសេចក្ដីរស់ឡើងវិញរបស់ទ្រង់ដែរ
6 ដោយដឹងសេចក្ដីនេះថា មនុស្សចាស់របស់យើង បានត្រូវឆ្កាងជាមួយនឹងទ្រង់ហើយ ដើម្បីឲ្យតួអំពើបាប បានត្រូវសូន្យទៅ ប្រយោជន៍កុំឲ្យយើងនៅបម្រើអំពើបាបទៀតឡើយ
7 ដ្បិតអ្នកណាដែលស្លាប់ នោះក៏បានរាប់ជាសុចរិតរួចពីបាបហើយ
8 បើសិនជាយើងស្លាប់ជាមួយនឹងព្រះគ្រីស្ទ នោះយើងជឿថា យើងនឹងរស់នៅជាមួយនឹងទ្រង់ដែរ
9 ដោយដឹងថា ដែលព្រះគ្រីស្ទមានព្រះជន្មរស់ពីស្លាប់ឡើងវិញ នោះទ្រង់មិនចេះសុគតទៀតឡើយ ព្រោះសេចក្ដីស្លាប់គ្មានអំណាចលើទ្រង់ទៀត
10 ដ្បិតដែលទ្រង់សុគត នោះគឺបានសុគតខាងឯបាប១ដងជាសម្រេច ហើយដែលទ្រង់មានព្រះជន្មរស់ នោះទ្រង់រស់ខាងឯព្រះវិញ
11 ដូច្នេះ ចូរអ្នករាល់គ្នារាប់ខ្លួនទុកជាស្លាប់ខាងបាបដែរ តែរស់ខាងឯព្រះវិញចុះ ដោយនូវព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃយើងរាល់គ្នា។
12 ហេតុនេះ កុំឲ្យបាបសោយរាជ្យក្នុងរូបកាយរបស់អ្នករាល់គ្នា ដែលតែងតែស្លាប់ ដើម្បីនឹងស្តាប់តាមសេចក្ដីប៉ងប្រាថ្នារបស់បាបនោះឡើយ
13 ក៏កុំឲ្យប្រគល់អវយវៈទាំងប៉ុន្មាន របស់អ្នករាល់គ្នាទៅក្នុងអំពើបាប ទុកដូចជាប្រដាប់ទុច្ចរិតនោះឡើយ គឺត្រូវប្រគល់ខ្លួនទៅព្រះ ដូចជាបានរស់ពីស្លាប់នោះឡើងវិញ ហើយថ្វាយអវយវៈរបស់អ្នករាល់គ្នាទៅព្រះ ទុកដូចជាប្រដាប់ប្រដាសុចរិតផង
14 ដ្បិតបាបមិនត្រូវមានអំណាចលើអ្នករាល់គ្នាទៀតឡើយ ដោយព្រោះអ្នករាល់គ្នាមិននៅក្រោមក្រឹត្យវិន័យ គឺនៅក្រោមព្រះគុណវិញ។
15 ដូច្នេះ ធ្វើដូចម្តេច តើគួរឲ្យយើងប្រព្រឹត្តអំពើបាប ដោយព្រោះនៅក្រោមព្រះគុណ មិននៅក្រោមក្រឹត្យវិន័យឬអី ទេ មិនគួរឡើយ
16 តើអ្នករាល់គ្នាដឹងទេឬអី ថាអ្នករាល់គ្នាប្រគល់ខ្លួនទៅធ្វើជាបាវបម្រើ និងស្តាប់តាមចៅហ្វាយណា នោះអ្នកជាបាវបម្រើរបស់ចៅហ្វាយនោះឯងដែលអ្នកស្តាប់តាម ទោះជារបស់ផងអំពើបាប ឲ្យបានសេចក្ដីស្លាប់ ឬជារបស់ផងសេចក្ដីស្តាប់បង្គាប់ ឲ្យបានសុចរិតក្តី
17 ឯអ្នករាល់គ្នា ពីដើមជាបាវបម្រើរបស់អំពើបាបមែន ប៉ុន្តែ អរព្រះគុណដល់ព្រះអង្គ ឥឡូវនេះ បានស្តាប់ដោយស្ម័គ្រពីចិត្ត តាមក្បួននៃលទ្ធិ ដែលគេបានប្រគល់មកអ្នករាល់គ្នា
18 ហើយអ្នករាល់គ្នាបានត្រឡប់ជាបាវបម្រើនៃសេចក្ដីសុចរិតវិញ ដោយទ្រង់បានប្រោសឲ្យរួចពីអំពើបាបហើយ
19 ខ្ញុំនិយាយតាមបែបមនុស្សលោក ដោយព្រោះសេចក្ដីកំសោយរបស់សាច់ឈាមនៃអ្នករាល់គ្នា ដ្បិត ដូចជាកាលពីដើម អ្នករាល់គ្នាបានប្រគល់អវយវៈទាំងប៉ុន្មាន ទៅបម្រើសេចក្ដីស្មោកគ្រោក និងសេចក្ដីទទឹងច្បាប់ កាន់តែច្រើនឡើងយ៉ាងណា ឥឡូវនេះ ចូរអ្នករាល់គ្នាប្រគល់អវយវៈទាំងអស់នោះ ទៅបម្រើសេចក្ដីសុចរិតវិញ ប្រយោជន៍ឲ្យបានបរិសុទ្ធយ៉ាងនោះដែរ
20 ពីព្រោះកាលពីដើម ដែលនៅជាបាវបម្រើរបស់អំពើបាប នោះអ្នករាល់គ្នាមិននៅក្នុងអំណាចនៃសេចក្ដីសុចរិតទេ
21 កាលណោះតើអ្នករាល់គ្នាបានផលអ្វីខ្លះក្នុងអំពើដែលឥឡូវនេះអ្នករាល់គ្នាអៀនខ្មាសវិញ ដ្បិតទីបំផុតនៃអំពើទាំងនោះជាសេចក្ដីស្លាប់
22 តែឥឡូវនេះ ដែលព្រះបានប្រោសឲ្យរួចពីបាប ហើយអ្នករាល់គ្នាបានត្រឡប់ជាបាវបម្រើដល់ទ្រង់ នោះអ្នករាល់គ្នាបានផលខាងឯសេចក្ដីបរិសុទ្ធវិញ ហើយទីបំផុតនៃអំពើទាំងនោះ គឺជាជីវិតអស់កល្បជានិច្ចផង
23 ដ្បិតឈ្នួលរបស់អំពើបាប នោះជាសេចក្ដីស្លាប់ តែអំណោយទាននៃព្រះវិញ គឺជាជីវិតដ៏នៅអស់កល្បជានិច្ច ដោយព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃយើងរាល់គ្នា។
ជំពូក 7
1 ឱបងប្អូនអើយ តើអ្នករាល់គ្នាមិនដឹងទេឬអី ដ្បិតខ្ញុំនិយាយនឹងអ្នករាល់គ្នា ដែលស្គាល់ក្រឹត្យវិន័យហើយ ថាក្រឹត្យវិន័យមានអំណាចលើមនុស្ស ដរាបដល់អស់មួយជីវិត
2 ពីព្រោះស្ត្រីណាដែលមានប្ដីនៅរស់ នោះជាប់នឹងប្ដីដោយសារក្រឹត្យវិន័យ ប៉ុន្តែ បើកាលណាប្ដីស្លាប់ទៅ នោះបានរួចពីច្បាប់របស់ប្ដីហើយ
3 ដូច្នេះ កាលប្ដីកំពុងរស់នៅឡើយ បើស្ត្រីនោះទៅយកប្ដី១ទៀត នោះគេសន្មតហៅថាជាស្រីកំផិត តែបើប្ដីស្លាប់ទៅ នោះនាងបានរួចពីច្បាប់នោះហើយ បានជាទោះបើនាងយកប្ដី១ទៀត ក៏មិនបានហៅថាជាស្រីកំផិតឡើយ
4 យ៉ាងដូច្នោះ បងប្អូនអើយ អ្នករាល់គ្នាក៏បានស្លាប់ពីខាងឯក្រឹត្យវិន័យដែរ ដោយសាររូបអង្គនៃព្រះគ្រីស្ទ ដើម្បីឲ្យអ្នករាល់គ្នាបានទៅជារបស់ផងអ្នកម្នាក់ទៀត ដែលបានរស់ពីស្លាប់ឡើងវិញ ប្រយោជន៍ឲ្យយើងបានបង្កើតផលថ្វាយព្រះ
5 ដ្បិតកាលយើងនៅខាងសាច់ឈាមនៅឡើយ នោះសេចក្ដីរំជួលរបស់អំពើបាប ដែលកើតដោយនូវក្រឹត្យវិន័យ បានបណ្តាលឲ្យអស់ទាំងអវយវៈ ក្នុងរូបកាយរបស់យើងរាល់គ្នា បង្កើតផលដល់សេចក្ដីស្លាប់
6 តែឥឡូវនេះ យើងបានរួចពីក្រឹត្យវិន័យហើយ ដោយបានស្លាប់ក្នុងសេចក្ដីដែលឃុំឃាំងយើងទុក ប្រយោជន៍ឲ្យយើងបានគោរពប្រតិបត្តិ ដោយវិញ្ញាណដែលបានកែជាថ្មីវិញ មិនមែនតាមតែន័យពាក្យពីបុរាណនោះទៀតឡើយ។
7 ដូច្នេះ យើងនឹងថាដូចម្តេច តើក្រឹត្យវិន័យជាតួបាបឬអី ទេ មិនមែនឡើយ ខ្ញុំមិនបានទាំងស្គាល់បាបផង លើកតែដោយសារក្រឹត្យវិន័យចេញ ដ្បិតបើសិនជាក្រឹត្យវិន័យមិនបានថា «កុំឲ្យលោភ» នោះខ្ញុំឥតបានដឹងថា មានសេចក្ដីលោភផងឡើយ
8 តែកាលអំពើបាបបានឱកាសដោយសារបញ្ញត្ត នោះក៏បង្កើតគ្រប់ទាំងសេចក្ដីលោភ នៅក្នុងខ្លួនខ្ញុំវិញ ដ្បិតក្រៅពីក្រឹត្យវិន័យ អំពើបាបបានស្លាប់សូន្យ
9 តែពីដើម ក្រៅពីក្រឹត្យវិន័យ នោះខ្ញុំបានរស់នៅ លុះសេចក្ដីបញ្ញត្តបានកើតមក នោះបាបក៏រស់ឡើង ឯខ្ញុំក៏ត្រូវស្លាប់វិញ
10 ហើយខ្ញុំឃើញថា បញ្ញត្តនោះ ដែលសម្រាប់ឲ្យមានជីវិត នោះបានឲ្យខ្ញុំត្រូវស្លាប់វិញ
11 ដ្បិតដែលបាបបានឱកាស ដោយសារសេចក្ដីបញ្ញត្ត នោះក៏មកបញ្ឆោតខ្ញុំ ព្រមទាំងសម្លាប់ខ្ញុំផង ដោយសារបញ្ញត្តនោះឯង
12 ដូច្នេះ ក្រឹត្យវិន័យជាបរិសុទ្ធទេ ហើយសេចក្ដីបញ្ញត្តក៏បរិសុទ្ធ សុចរិត ល្អដែរ
13 ចុះសេចក្ដីល្អនេះ បានប្រែទៅជាឲ្យខ្ញុំស្លាប់ឬអី ទេ មិនមែនឡើយ គឺជាបាបវិញទេតើ ដែលនាំឲ្យខ្ញុំស្លាប់ ដោយសារសេចក្ដីល្អនោះ ដើម្បីឲ្យបាបបានសម្ដែងចេញមកថាជាបាបមែន ហើយឲ្យបាបបានត្រឡប់ទៅជាធ្ងន់ក្រៃលែង ដោយសារសេចក្ដីបញ្ញត្តនោះផង។
14 ដ្បិតយើងដឹងថា ក្រឹត្យវិន័យត្រូវខាងវិញ្ញាណ តែខ្ញុំនៅខាងសាច់ឈាមវិញ ដោយបានត្រូវលក់ទៅក្នុងអំណាចរបស់បាប
15 ពីព្រោះខ្ញុំមិនដឹងការដែលខ្ញុំប្រព្រឹត្តទេ ដ្បិតខ្ញុំមិនធ្វើការដែលខ្ញុំចង់ធ្វើសោះ គឺតែងតែប្រព្រឹត្តការដែលខ្ញុំស្អប់វិញ
16 បើសិនជាខ្ញុំតែងតែប្រព្រឹត្តការដែលខ្ញុំមិនចង់ធ្វើ នោះខ្ញុំយល់ព្រមថា ក្រឹត្យវិន័យល្អមែន
17 ដូច្នេះ មិនមែនខ្ញុំដែលធ្វើការនោះទៀតទេ គឺជាបាបទេតើ ដែលនៅក្នុងខ្លួនខ្ញុំវិញ
18 ដ្បិតខ្ញុំដឹងថា នៅក្នុងខ្លួនខ្ញុំ គឺក្នុងសាច់ឈាមខ្ញុំ គ្មានអ្វីល្អទេ ព្រោះខ្ញុំមានចិត្តចង់ធ្វើល្អជានិច្ច ប៉ុន្តែ រកធ្វើមិនកើតសោះ
19 ខ្ញុំមិនប្រព្រឹត្តការល្អ ដែលខ្ញុំចង់ធ្វើនោះទេ តែការអាក្រក់ដែលខ្ញុំមិនចង់ធ្វើ នោះបែរជាខ្ញុំធ្វើវិញ
20 ដូច្នេះ បើខ្ញុំប្រព្រឹត្តការដែលខ្ញុំមិនចង់ធ្វើ នោះមិនមែនខ្ញុំដែលធ្វើការនោះទៀតទេ គឺជាបាបទេតើ ដែលនៅក្នុងខ្លួនខ្ញុំវិញ
21 យ៉ាងនោះ ខ្ញុំឃើញច្បាប់១នេះថា ឯខ្ញុំ ដែលចង់ប្រព្រឹត្តតែសេចក្ដីល្អ នោះចេះតែមានសេចក្ដីអាក្រក់ជាប់នៅនឹងខ្ញុំជានិច្ច
22 ដ្បិតតាមប៉ែកខាងក្នុង ខ្ញុំត្រេកអរចំពោះក្រឹត្យវិន័យរបស់ព្រះ
23 តែខ្ញុំឃើញមានអំណាច១ទៀត ក្នុងអស់ទាំងអវយវៈរបស់រូបកាយខ្ញុំ ដែលច្បាំងនឹងអំណាចនៃគំនិតខ្ញុំ ទាំងចាប់នាំខ្ញុំទៅជាប់ក្រោមអំណាចអំពើបាប ដែលនៅក្នុងអវយវៈនៃខ្លួនខ្ញុំទាំងប៉ុន្មានផង
24 វេទនាណាស់ខ្ញុំ តើអ្នកណានឹងជួយឲ្យខ្ញុំរួច ពីតួសេចក្ដីស្លាប់នេះទៅបាន
25 អរព្រះគុណដល់ព្រះអង្គ គឺដោយសារព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា ដូច្នេះ ខ្លួនខ្ញុំគោរពប្រតិបត្តិតាមក្រឹត្យវិន័យរបស់ព្រះ ដោយគំនិតខ្ញុំ តែខាងសាច់ឈាមខ្ញុំ នោះតាមច្បាប់របស់អំពើបាបវិញ ។
ជំពូក 8
1 ហេតុនោះ នៅជាន់នេះ អ្នកណាដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ នោះគ្មានទោសសោះ
2 ដ្បិតអំណាចរបស់ព្រះវិញ្ញាណនៃជីវិត ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ នោះបានប្រោសឲ្យខ្ញុំរួចពីអំណាចរបស់អំពើបាប និងសេចក្ដីស្លាប់ហើយ
3 ពីព្រោះ ឯការដែលក្រឹត្យវិន័យធ្វើមិនកើតដោយមានសេចក្ដីកំសោយព្រោះសាច់ឈាម នោះព្រះទ្រង់បានធ្វើវិញ ដោយចាត់ព្រះរាជបុត្រាទ្រង់ឲ្យមក មានរូបអង្គបែបដូចជាសាច់ឈាម ដែលតែងតែមានបាប ហើយដោយព្រោះអំពើបាប ក៏កាត់ទោសអំពើបាបនៅក្នុងសាច់ឈាម
4 ដើម្បីឲ្យសេចក្ដីដែលក្រឹត្យវិន័យបង្គាប់មក បានសម្រេចក្នុងខ្លួនយើងរាល់គ្នា ដែលមិនដើរតាមសាច់ឈាម គឺដើរតាមព្រះវិញ្ញាណវិញ
5 ពីព្រោះអស់អ្នកណាដែលតាមសាច់ឈាម នោះគិតតែខាងសាច់ឈាម តែអស់អ្នកណាដែលគិតតាមព្រះវិញ្ញាណ នោះគិតតែខាងវិញ្ញាណវិញ
6 ដ្បិតគំនិតខាងសាច់ឈាម នោះជាសេចក្ដីស្លាប់ទទេ ឯគំនិតនៃព្រះវិញ្ញាណ នោះទើបជាជីវិត និងសេចក្ដីសុខសាន្តវិញ
7 ព្រោះគំនិតខាងសាច់ឈាម នោះរមែងទាស់ទទឹងនឹងព្រះ ដ្បិតមិនចុះចូលនឹងក្រឹត្យវិន័យរបស់ព្រះទេ ក៏ពុំអាចនឹងចុះចូលបានផង
8 ពួកអ្នកដែលនៅខាងសាច់ឈាម នោះពុំអាចនឹងគាប់ព្រះហឫទ័យដល់ព្រះបានឡើយ
9 តែបើសិនជាព្រះវិញ្ញាណនៃព្រះសណ្ឋិតក្នុងខ្លួនអ្នករាល់គ្នា នោះអ្នករាល់គ្នាមិននៅខាងសាច់ឈាមទៀតទេ គឺនៅខាងវិញ្ញាណវិញ ប៉ុន្តែ បើអ្នកណាគ្មានព្រះវិញ្ញាណរបស់ព្រះគ្រីស្ទ អ្នកនោះមិនមែនជារបស់ផងទ្រង់ទេ
10 ហើយបើសិនជាព្រះគ្រីស្ទសណ្ឋិតក្នុងអ្នករាល់គ្នា នោះរូបសាច់បានស្លាប់ ដោយព្រោះអំពើបាបមែន តែវិញ្ញាណមានជីវិតវិញ ដោយព្រោះសេចក្ដីសុចរិត
11 មួយទៀត បើព្រះវិញ្ញាណនៃព្រះអង្គ ដែលបានប្រោសឲ្យព្រះយេស៊ូវរស់ពីស្លាប់ឡើងវិញ ទ្រង់សណ្ឋិតក្នុងខ្លួនអ្នករាល់គ្នា នោះព្រះអង្គនោះឯង ដែលបានប្រោសឲ្យព្រះគ្រីស្ទរស់ពីស្លាប់ឡើង ទ្រង់នឹងប្រោសរូបកាយនៃអ្នករាល់គ្នាដែលទៀងតែស្លាប់ ឲ្យមានជីវិតឡើងដែរ ដោយសារព្រះវិញ្ញាណទ្រង់ ដែលសណ្ឋិតនៅក្នុងខ្លួនអ្នករាល់គ្នា។
12 ដូច្នេះ បងប្អូនអើយ យើងមានសេចក្ដីជាប់ជំពាក់ មិនមែនជំពាក់ចំពោះសាច់ឈាម ឲ្យបានរស់តាមសាច់ឈាមនោះទេ
13 ដ្បិតបើសិនជាអ្នករាល់គ្នារស់តាមសាច់ឈាម នោះនឹងត្រូវស្លាប់ទៅ តែបើសម្លាប់អំពើរបស់រូបសាច់ចេញ ដោយសារព្រះវិញ្ញាណ នោះអ្នករាល់គ្នានឹងបានរស់វិញ
14 ហើយអស់អ្នកណាដែលព្រះវិញ្ញាណនៃព្រះទ្រង់នាំ អ្នកទាំងនោះហើយជាពួកកូនរបស់ព្រះ
15 អ្នករាល់គ្នាមិនបានទទួលនិស្ស័យជាបាវបម្រើ ឲ្យត្រូវភ័យខ្លាចទៀតឡើយ គឺបានទទួលនិស្ស័យជាកូនចិញ្ចឹមវិញ ដោយហេតុនោះបានជាយើងស្រែកឡើងថា ឱអ័ប្បា ព្រះវរបិតាអើយ
16 ហើយព្រះវិញ្ញាណទ្រង់ក៏ធ្វើបន្ទាល់នឹងវិញ្ញាណយើងថា យើងជាកូនរបស់ព្រះ
17 បើសិនណាជាកូនព្រះហើយ នោះយើងក៏បានគ្រងមរដកដែរ គឺជាអ្នកគ្រងមរដកនៃព្រះជាមួយនឹងព្រះគ្រីស្ទផង ឲ្យតែយើងទទួលរងទុក្ខជាមួយនឹងទ្រង់ចុះ ដើម្បីឲ្យបានតម្កើងឡើងជាមួយនឹងទ្រង់ដែរ។
18 ខ្ញុំរាប់អស់ទាំងសេចក្ដីទុក្ខលំបាកនៅជាន់នេះ ថាជាសេចក្ដីមិនគួរប្រៀបផ្ទឹមនឹងសិរីល្អ ដែលនឹងបើកសម្ដែងមកឲ្យយើងរាល់គ្នាឃើញនោះទេ
19 ដ្បិតសេចក្ដីទន្ទឹងរបស់ជីវិតទាំងឡាយ នោះរង់ចាំតែពួកកូនរបស់ព្រះលេចមកឲ្យឃើញប៉ុណ្ណោះទេ
20 ពីព្រោះជីវិតទាំងឡាយបានត្រូវចុះចូលនឹងសេចក្ដីឥតប្រយោជន៍ តែមិនមែនដោយស្ម័គ្រពីចិត្ត គឺដោយព្រោះព្រះអង្គ ដែលទ្រង់បញ្ចុះបញ្ចូលវិញ ដោយសង្ឃឹមថា
21 ជីវិតទាំងនោះឯង នឹងបានរួចពីចំណងនៃសេចក្ដីពុករលួយ ឲ្យបានសេរីភាពនៃសិរីល្អរបស់ពួកកូនព្រះវិញ
22 ដ្បិតយើងដឹងថា ជីវិតទាំងឡាយក៏ថ្ងូរ ហើយឈឺចាប់ជាមួយគ្នា ដរាបដល់គ្រាឥឡូវនេះ
23 មិនតែប៉ុណ្ណោះសោត ខ្លួនយើងរាល់គ្នាដែលមានផលជាដំបូងរបស់ព្រះវិញ្ញាណ ក៏ថ្ងូរក្នុងខ្លួនដែរ ទាំងរង់ចាំទំរាំការទទួលជាកូនចិញ្ចឹម គឺជាសេចក្ដីប្រោសលោះដល់រូបកាយយើងផង
24 ដ្បិតយើងបានសង្គ្រោះរួច ដោយសេចក្ដីសង្ឃឹម តែសេចក្ដីសង្ឃឹមដែលមើលឃើញ នោះមិនឈ្មោះថាជាសេចក្ដីសង្ឃឹមទេ ដ្បិតរបស់អ្វីដែលអ្នកណាមើលឃើញហើយ នោះនឹងសង្ឃឹមចង់បានធ្វើអ្វីទៀត
25 តែបើយើងសង្ឃឹមនឹងបានអ្វី ដែលមើលមិនឃើញវិញ នោះយើងនឹងរង់ចាំនៅដោយអំណត់
26 ព្រះវិញ្ញាណទ្រង់ក៏ជួយសេចក្ដីកំសោយរបស់យើងបែបដូច្នោះដែរ ដ្បិតយើងមិនដឹងជាគួរអធិស្ឋានសូមអ្វីទេ តែព្រះវិញ្ញាណទ្រង់ជួយអង្វរជំនួសយើង ដោយដំងូរដែលរកថ្លែងពុំបានវិញ
27 ប៉ុន្តែ ព្រះអង្គដែលស្ទង់ចិត្ត ទ្រង់ជ្រាបនូវគំនិតនៃព្រះវិញ្ញាណ ដ្បិតព្រះវិញ្ញាណជួយអង្វរជួសពួកបរិសុទ្ធ ឲ្យត្រូវនឹងព្រះហឫទ័យព្រះ
28 តែយើងដឹងថា គ្រប់ការទាំងអស់ផ្សំគ្នា សម្រាប់សេចក្ដីល្អ ដល់ពួកអ្នកដែលស្រឡាញ់ព្រះ គឺដល់ពួកអ្នកដែលទ្រង់ហៅមក តាមព្រះតម្រិះទ្រង់
29 ដ្បិតអ្នកណាដែលទ្រង់បានស្គាល់ជាមុន នោះទ្រង់ក៏តម្រូវទុកជាមុន ឲ្យបានត្រឡប់ដូចជារូបអង្គនៃព្រះរាជបុត្រាទ្រង់ ដើម្បីឲ្យព្រះរាជបុត្រាបានធ្វើជាបងច្បងគេក្នុងពួកបងប្អូនជាច្រើន
30 ឯពួកអ្នកដែលទ្រង់បានតម្រូវទុកជាមុន នោះទ្រង់ក៏ហៅ ហើយពួកអ្នកដែលទ្រង់បានហៅ នោះទ្រង់ក៏រាប់ទុកជាសុចរិត ហើយពួកអ្នកដែលទ្រង់បានរាប់ជាសុចរិត នោះទ្រង់ក៏បានតម្កើងឡើងដែរ។
31 ដូច្នេះ យើងនឹងថ្លែងប្រាប់ពីសេចក្ដីទាំងនេះថាដូចម្តេច បើសិនជាព្រះកាន់ខាងយើង តើអ្នកណាអាចទាស់នឹងយើងបាន
32 ឯព្រះអង្គ ដែលមិនបានសំចៃទុកនូវព្រះរាជបុត្រាទ្រង់បង្កើត គឺបានបញ្ជូនទ្រង់ទៅជំនួសយើងរាល់គ្នា នោះតើមានទំនងអ្វី ឲ្យទ្រង់មិនប្រទានគ្រប់ទាំងអស់មកយើង ជាមួយនឹងព្រះរាជបុត្រាទ្រង់នោះផង
33 តើអ្នកណានឹងចោទប្តឹងពីពួករើសតាំងរបស់ព្រះបាន ដ្បិតគឺជាព្រះហើយ ដែលទ្រង់រាប់គេជាសុចរិត
34 តើអ្នកណានឹងកាត់ទោសគេបាន ដ្បិតព្រះគ្រីស្ទទ្រង់បានសុគតជំនួសគេហើយ តែដែលថា ទ្រង់រស់ឡើងវិញ នោះមានទំនងជាង ទ្រង់ក៏គង់នៅខាងស្តាំនៃព្រះ ហើយជាអ្នកអង្វរជំនួសយើងរាល់គ្នាដែរ
35 តើអ្នកណានឹងពង្រាត់យើងចេញពីសេចក្ដីស្រឡាញ់របស់ផងព្រះគ្រីស្ទបាន តើសេចក្ដីទុក្ខលំបាក ឬសេចក្ដីវេទនា សេចក្ដីបៀតបៀន សេចក្ដីអត់ឃ្លាន សេចក្ដីអាក្រាត សេចក្ដីអន្តរាយ ឬដាវឬអី
36 ដូចមានសេចក្ដីចែងទុកមកថា «យើងខ្ញុំត្រូវគេសម្លាប់វាល់ព្រឹកវាល់ល្ងាច ដោយយល់ដល់ទ្រង់» គេរាប់យើងទុកដូចជាចៀមដែលសម្រាប់សម្លាប់
37 ទេ គឺក្នុងសេចក្ដីទាំងនោះ យើងខ្ញុំវិសេសលើសជាងអ្នកដែលមានជ័យជម្នះទៅទៀត ដោយសារព្រះអង្គដែលទ្រង់ស្រឡាញ់យើង
38 ដ្បិតខ្ញុំជឿជាក់ថា ទោះស្លាប់ ឬរស់ ពួកទេវតា ឬអំណាចអ្វី ការអ្វីនៅជាន់នេះ ឬទៅមុខ ឬឥទ្ធិឫទ្ធិអ្វី
39 ទីមានកំពស់ ទីជម្រៅ ឬរបស់អ្វីដែលកើតមកឯទៀតក្តី នោះពុំអាចនឹងពង្រាត់យើងចេញពីសេចក្ដីស្រឡាញ់របស់ព្រះ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃយើងរាល់គ្នាទៅ បានឡើយ។
ជំពូក 9
1 ញុំនិយាយសេចក្ដីពិត ដោយនូវព្រះគ្រីស្ទ ខ្ញុំមិនភូតកុហកទេ បញ្ញាចិត្តខ្ញុំក៏ធ្វើបន្ទាល់ជាមួយនឹងខ្ញុំ ដោយនូវព្រះវិញ្ញាណបរិសុទ្ធផង ថា
2 ខ្ញុំមានសេចក្ដីទុក្ខសោកជាខ្លាំង និងសេចក្ដីព្រួយលំបាកក្នុងចិត្តជានិច្ច
3 ដ្បិតខ្ញុំស្ទើរតែនឹងសូមឲ្យព្រះគ្រីស្ទដាក់បណ្តាសាខ្ញុំវិញ ជំនួសបងប្អូនជាញាតិសន្តានរបស់ខ្ញុំ ខាងឯសាច់ឈាម
4 គឺជាសាសន៍អ៊ីស្រាអែល ដែលគេមានការចិញ្ចឹមជាកូនព្រះ និងសិរីល្អ សេចក្ដីសញ្ញា ការប្រទានក្រឹត្យវិន័យ របៀបថ្វាយបង្គំ និងសេចក្ដីសន្យាជារបស់ផងខ្លួន ព្រមទាំងពួកអយ្យកោផង
5 ហើយព្រះគ្រីស្ទក៏បានកើតពីពួកគេ ខាងឯសាច់ឈាមដែរ ដែលទ្រង់ខ្ពស់លើសទាំងអស់ ជាព្រះដ៏មានពរអស់កល្បជានិច្ច អាម៉ែន
6 ប៉ុន្តែ មិនមែនថាព្រះបន្ទូលទច់អាក់នោះទេ ដ្បិតមិនមែនអស់អ្នកដែលកើតក្នុងសាសន៍អ៊ីស្រាអែល ជាសាសន៍អ៊ីស្រាអែលពិតនោះឡើយ
7 ក៏មិនមែនជាកូនលោកអ័ប្រាហាំទាំងអស់គ្នា ដោយព្រោះតែជាពូជលោកនោះដែរ តែមានសេចក្ដីចែងទុកមកថា «ពូជឯងនឹងបានរាប់ពីអ៊ីសាកមក»
8 គឺថា មិនមែនកូនខាងសាច់ឈាម ដែលជាកូនរបស់ព្រះនោះទេ ឯកូនខាងឯសេចក្ដីសន្យា នោះទើបបានរាប់ជាពូជវិញ
9 ដ្បិតសេចក្ដីសន្យានោះ គឺជាព្រះបន្ទូលនេះដែលថា «អញនឹងមកវិញតាមកំណត់នេះ នោះសារ៉ានឹងមានកូន»
10 មិនតែប៉ុណ្ណោះសោត រេបិកាក៏មានផ្ទៃពោះនឹងមនុស្សម្នាក់ដែរ គឺអ៊ីសាក ជាអយ្យកោនៃយើងរាល់គ្នា
11 គ្រាដែលកូនមិនទាន់កើតមកនៅឡើយ ហើយមិនទាន់ធ្វើការល្អឬអាក្រក់អ្វី
12 នោះព្រះទ្រង់មានព្រះបន្ទូលប្រាប់នាងថា «កូនច្បងនឹងត្រូវបម្រើប្អូន»
13 ដូចមានសេចក្ដីចែងទុកមកថា «អញបានស្រឡាញ់យ៉ាកុប តែស្អប់អេសាវវិញ» គឺដើម្បីឲ្យព្រះតម្រិះរបស់ព្រះ ខាងឯសេចក្ដីរើសតាំងបានជាប់នៅ មិនមែនដោយអាងការប្រព្រឹត្តទេ គឺដោយអាងព្រះដែលទ្រង់ហៅវិញ។
14 ដូច្នេះ យើងនឹងថាដូចម្តេច តើព្រះមានសេចក្ដីទុច្ចរិតឬអី ទេ គ្មានសោះ
15 ដ្បិតទ្រង់មានព្រះបន្ទូលទៅលោកម៉ូសេថា «អញនឹងផ្សាយសេចក្ដីមេត្តាករុណា ដល់អ្នកណាដែលអញមេត្តាករុណា ក៏នឹងមានសេចក្ដីក្តួលអាណិត ដល់អ្នកណាដែលអញក្តួលអាណិត»
16 ដូច្នេះ មិនសម្រេចនឹងអ្នកណាដែលចង់បាន ឬនឹងអ្នកណាដែលខំរត់តាមនោះទេ គឺស្រេចនឹងព្រះ ដែលមានសេចក្ដីមេត្តាករុណាវិញ
17 ដ្បិតមានបទគម្ពីរសម្ដែងដល់ផារ៉ោនថា «អញបានតាំងឯងឡើងសម្រាប់ការនេះឯង គឺដើម្បីសម្ដែងឫទ្ធិបារមីអញក្នុងខ្លួនឯង ប្រយោជន៍ឲ្យគេប្រកាសប្រាប់ពីឈ្មោះអញទួទៅពេញផែនដី»
18 ដូច្នេះ ទ្រង់តែងផ្សាយមេត្តាករុណា ដល់អ្នកណាតាមព្រះហឫទ័យ ហើយទ្រង់ធ្វើឲ្យអ្នកណារឹងទទឹងក៏តាមតែព្រះហឫទ័យដែរ។
19 ដូច្នេះ អ្នកនឹងសួរខ្ញុំថា ហេតុអ្វីបានជាទ្រង់នៅតែបន្ទោសទៀត ដ្បិតតើអ្នកណាបានទទឹងនឹងព្រះហឫទ័យទ្រង់
20 ប៉ុន្តែ ឱមនុស្សអើយ តើអ្នកជាអ្វី ដែលហ៊ានឆ្លើយទាស់នឹងព្រះដូច្នេះ តើរបស់ដែលជាងស្មូនបានសូនធ្វើហើយ នឹងនិយាយទៅជាងនោះថា ហេតុអ្វីបានជាសូនធ្វើអញដូច្នេះឬអី
21 តើជាងស្មូនគ្មានអំណាចលើដីឥដ្ឋ និងយកដុំដីដដែលធ្វើជាវត្ថុ១សម្រាប់ការដ៏ប្រសើរ ហើយ១ទៀតសម្រាប់ការមិនប្រសើរទេឬអី
22 ចុះបើសិនជាព្រះទ្រង់ចង់សម្ដែងសេចក្ដីក្រោធ ព្រមទាំងបើកឲ្យស្គាល់ព្រះចេស្តា ដល់គ្រឿងប្រដាប់គួរនឹងក្រោធ ដែលរៀបចំឡើងសម្រាប់តែត្រូវបំផ្លាញដូច្នេះ ដែលទ្រង់ទ្រាំទ្រដោយអំណត់ជាយូរមកហើយ
23 ហើយបើទ្រង់ចង់បើកឲ្យគ្រឿងប្រដាប់ ដែលគួរនឹងសេចក្ដីមេត្តាករុណា ដែលទ្រង់បានរៀបចំជាមុន បានស្គាល់សេចក្ដីវិសេសនៃសិរីល្អដ៏បរិសុទ្ធរបស់ទ្រង់វិញ
24 គឺយើងរាល់គ្នាដែលទ្រង់បានហៅមក មិនមែនពីសាសន៍យូដាតែប៉ុណ្ណោះ គឺពីសាសន៍ដទៃផង នោះធ្វើដូចម្តេចទៅ
25 ដូចមានសេចក្ដីចែងទុកក្នុងគម្ពីរហូសេ សម្ដែងមកថា «អញនឹងហៅសាសន៍នោះ ដែលមិនមែនជារាស្ត្រអញ ថាជារាស្ត្រអញវិញ ហើយអ្នកនោះដែលមិនមែនជាស្ងួនភ្ងា ថាជាស្ងួនភ្ងាដែរ»
26 ដូច្នេះ នៅកន្លែងដែលបានសម្ដែងថា «ឯងរាល់គ្នាមិនមែនជារាស្ត្រអញទេ» ត្រង់កន្លែងនោះឯងនឹងហៅគេថា ជាកូនរបស់ព្រះដ៏មានព្រះជន្មរស់នៅវិញ
27 ឯហោរាអេសាយ លោកក៏បន្លឺឡើង ពីដំណើរសាសន៍អ៊ីស្រាអែលថា «ទោះបើសាសន៍អ៊ីស្រាអែលមានចំនួនច្រើន ដូចខ្សាច់នៅមាត់សមុទ្រក៏ដោយ គង់តែនឹងបានសង្គ្រោះតែសំណល់ដែលសល់ទេ
28 ដ្បិតការនោះកំពុងតែបង្ហើយ ហើយបង្រួមជាខ្លី ដោយសេចក្ដីសុចរិត ពីព្រោះព្រះអម្ចាស់ទ្រង់នឹងកាត់ការនោះយ៉ាងខ្លី នៅលើផែនដី »
29 ដូចជាលោកអេសាយបានទាយទុកមកអំពីមុនថា «បើសិនណាជាព្រះអម្ចាស់នៃពួកពលបរិវារ ទ្រង់មិនបានទុកពូជឲ្យយើង នោះយើងនឹងបានត្រឡប់ដូចជាក្រុងសូដុម ហើយដូចជាក្រុងកូម៉ូរ៉ាដែរ» ។
30 ដូច្នេះ តើយើងនឹងថាដូចម្តេច គឺត្រូវថា សាសន៍ដទៃ ដែលមិនដេញតាមសេចក្ដីសុចរិត នោះបានទាន់សេចក្ដីសុចរិតនោះហើយ គឺជាសេចក្ដីសុចរិត ដែលមកដោយសារសេចក្ដីជំនឿ
31 តែឯសាសន៍អ៊ីស្រាអែលវិញ ដែលគេដេញតាមក្រឹត្យវិន័យដ៏សុចរិត នោះគេមិនបានទាន់ក្រឹត្យវិន័យដ៏សុចរិតទេ
32 តើដោយហេតុអ្វី គឺដោយព្រោះតែគេរក ដោយអាងការគេប្រព្រឹត្ត មិនមែនដោយសេចក្ដីជំនឿទេ ដ្បិតគេបានជំពប់នឹងថ្មជំពប់នោះ
33 ដូចមានសេចក្ដីចែងទុកមកថា «មើល អញដាក់ថ្មជំពប់១ គឺជាថ្មដាបង្អាក់បង្អន់ចិត្ត នៅក្រុងស៊ីយ៉ូន អស់អ្នកណាដែលជឿដល់ថ្មនោះ នឹងគ្មានហេតុនាំឲ្យខ្មាសឡើយ» ។
ជំពូក 10
1 បងប្អូនអើយ បំណងចិត្តខ្ញុំ និងសេចក្ដីដែលខ្ញុំអង្វរដល់ព្រះឲ្យសាសន៍អ៊ីស្រាអែល នោះគឺឲ្យគេបានសង្គ្រោះ
2 ដ្បិតខ្ញុំធ្វើបន្ទាល់ពីគេថា គេមានសេចក្ដីឧស្សាហ៍ដល់ព្រះ ប៉ុន្តែ មិនមែនដោយប្រាជ្ញា ទេ
3 ពីព្រោះគេមិនបានចុះចូល តាមសេចក្ដីសុចរិតនៃព្រះ ដោយគេរកតាំងសេចក្ដីសុចរិតរបស់ខ្លួនគេ ឥតស្គាល់សេចក្ដីសុចរិតរបស់ទ្រង់ឡើយ
4 ដ្បិតព្រះគ្រីស្ទជាចុងបំផុតនៃក្រឹត្យវិន័យ សម្រាប់ជាសេចក្ដីសុចរិតដល់អស់អ្នកណាដែលជឿ។
5 លោកម៉ូសេបានចែងពីសេចក្ដីសុចរិត ដែលមកដោយសារក្រឹត្យវិន័យថា «មនុស្សណាដែលបានប្រព្រឹត្តតាមសេចក្ដីទាំងនោះ នឹងរស់នៅដោយសារការខ្លួនប្រព្រឹត្តនោះឯង»
6 តែសេចក្ដីសុចរិតដែលមកដោយសេចក្ដីជំនឿ នោះថាដូច្នេះវិញ គឺកុំឲ្យគិតក្នុងចិត្តថា «តើអ្នកណានឹងឡើងទៅឯស្ថានសួគ៌» គឺដើម្បីនឹងនាំព្រះគ្រីស្ទចុះមក
7 ឬ «តើអ្នកណានឹងចុះទៅក្នុងជង្ហុកធំ» គឺដើម្បីនឹងនាំព្រះគ្រីស្ទពីពួកស្លាប់ឡើងមកនោះឡើយ
8 តែសេចក្ដីសុចរិតនោះ តើថាដូចម្តេច នោះថា «ព្រះបន្ទូលនៅជិតឯង ក៏នៅក្នុងមាត់ ហើយក្នុងចិត្តឯងផង» នោះគឺជាព្រះបន្ទូលនៃសេចក្ដីជំនឿ ដែលយើងខ្ញុំកំពុងតែប្រកាសប្រាប់ថា
9 បើមាត់អ្នកនឹងទទួលថ្លែងប្រាប់ពីព្រះអម្ចាស់យេស៊ូវ ហើយអ្នកជឿក្នុងចិត្តថា ព្រះបានប្រោសឲ្យទ្រង់រស់ពីស្លាប់ឡើងវិញ នោះអ្នកនឹងបានសង្គ្រោះពិត
10 ដ្បិតយើងបានសុចរិតដោយមានចិត្តជឿ ហើយក៏បានសង្គ្រោះដោយមាត់ទទួលថ្លែងប្រាប់
11 ពីព្រោះគម្ពីរថា «អស់អ្នកណាជឿដល់ទ្រង់ នោះនឹងគ្មានហេតុនាំឲ្យខ្មាសឡើយ»
12 ហើយសាសន៍យូដា និងសាសន៍ក្រេកមិនខុសអំពីគ្នាឡើយ ដ្បិតព្រះអម្ចាស់ដដែលនៃគ្រប់គ្នា ទ្រង់មានជាបរិបូរ សម្រាប់អស់អ្នកណា ដែលអំពាវនាវរកទ្រង់
13 ហើយគ្រប់គ្នា គឺអស់អ្នកណាដែលអំពាវនាវដល់ព្រះនាមព្រះអម្ចាស់ នោះនឹងបានសង្គ្រោះ
14 ដូច្នេះ បើគេមិនជឿ ធ្វើដូចម្តេចឲ្យគេអំពាវនាវដល់ព្រះបាន ហើយបើគេមិនបានឮនិយាយ នោះធ្វើដូចម្តេចឲ្យគេជឿដល់ព្រះបាន ហើយធ្វើដូចម្តេចឲ្យគេឮនិយាយបាន បើគ្មានអ្នកណាប្រាប់សោះ
15 មួយទៀត ធ្វើដូចម្តេចឲ្យមានអ្នកណាប្រាប់បាន លើកតែមានអ្នកណាចាត់ឲ្យគេទៅ ដូចជាមានសេចក្ដីចែងទុកមកថា «ជើងនៃពួកអ្នក ដែលប្រកាសប្រាប់ដំណឹងល្អ ពីសេចក្ដីសុខសាន្ត ហើយថ្លែងប្រាប់ពីសេចក្ដីដែលបណ្តាលឲ្យរីករាយចិត្ត នោះល្អប្រពៃយ៉ាងណាហ្ន៎» ។
16 ប៉ុន្តែ គេមិនបានស្តាប់តាមដំណឹងល្អទាំងអស់គ្នាទេ ដ្បិតលោកអេសាយមានប្រសាសន៍ថា «ឱព្រះអម្ចាស់អើយ តើមានអ្នកណាខ្លះ បានជឿសេចក្ដី ដែលយើងខ្ញុំប្រាប់»
17 ដូច្នេះ សេចក្ដីជំនឿកើតឡើងដោយឮ ហើយដែលឮនោះ គឺដោយសារព្រះបន្ទូលនៃព្រះ
18 តែខ្ញុំសួរថា តើគេមិនបានឮទេឬអី បានឮមែន «សំឡេងនោះបានចេញទៅដល់គ្រប់លើផែនដី ហើយពាក្យនោះបានឮទៅដល់ចុងលោកីយ៍បំផុត»
19 ប៉ុន្តែ ខ្ញុំសួរទៀតថា តើសាសន៍អ៊ីស្រាអែលមិនបានដឹងទេឬអី លោកម៉ូសេមានប្រសាសន៍ជាមុនថា «អញនឹងបណ្តាលឲ្យឯងរាល់គ្នាមានចិត្តច្រណែន ដោយសារពួកមនុស្ស ដែលមិនមែនជាសាសន៍ណាទេ ហើយនាំឲ្យឯងខឹង ដោយសារសាសន៍១ដែលឥតប្រាជ្ញា»
20 លោកអេសាយក៏មានចិត្តក្លាហានណាស់ និងមានប្រសាសន៍ថា «ពួកអ្នកដែលមិនស្វែងរកអញ នោះបានឃើញអញហើយ អញបានសម្ដែងមកច្បាស់ឲ្យពួកអ្នក ដែលមិនសួររកអញបានឃើញ»
21 ក៏មានប្រសាសន៍ពីដំណើរសាសន៍អ៊ីស្រាអែលថា «អញបានលូកដៃអញវាល់ព្រឹកវាល់ល្ងាច ទៅឯសាសន៍១ដែលមិនស្តាប់បង្គាប់ ហើយចេះតែនិយាយទាស់ទទឹង» ។
ជំពូក 11
1 ដូច្នេះ ខ្ញុំសួរថា តើព្រះបានបោះបង់ចោលរាស្ត្រទ្រង់ឬអី ទេ មិនមែនទេ ដ្បិតខ្លួនខ្ញុំជាសាសន៍អ៊ីស្រាអែលដែរ គឺជាពូជលោកអ័ប្រាហាំ កើតក្នុងពូជអំបូរបេនយ៉ាមីន
2 ព្រះទ្រង់មិនបានបោះបង់ចោលរាស្ត្រទ្រង់ ដែលទ្រង់ស្គាល់ជាមុននោះទេ តើអ្នករាល់គ្នាមិនដឹងរឿងពីលោកអេលីយ៉ា ដែលគម្ពីរថាដូចម្តេចទេឬអី គឺដែលលោកអង្វរដល់ព្រះ ទាស់នឹងសាសន៍អ៊ីស្រាអែលថា
3 «ឱព្រះអម្ចាស់អើយ គេបានសម្លាប់ពួកហោរាទ្រង់ ហើយរំលំអាសនៈទាំងប៉ុន្មានរបស់ទ្រង់ មានសល់តែទូលបង្គំ១ ហើយគេរកសម្លាប់ទូលបង្គំទៀត»
4 ប៉ុន្តែ ព្រះទ្រង់ឆ្លើយនឹងលោកយ៉ាងដូចម្តេច គឺឆ្លើយថា «អញបានទុកមនុស្ស៧ពាន់នាក់សម្រាប់អញ ដែលមិនបានលុតជង្គង់នៅមុខព្រះបាលសោះ»
5 ដូច្នេះ សព្វថ្ងៃនេះ ក៏មានសំណល់សល់ដែលទ្រង់បានរើសតាំង ដោយព្រះគុណដែរ
6 ហើយបើសិនជាដោយសារព្រះគុណពិត នោះមិនមែនដោយអាងការប្រព្រឹត្តទៀតទេ ពុំនោះ ព្រះគុណមិនមែនជាព្រះគុណទៀត តែបើអាងដោយការប្រព្រឹត្តមែន នោះមិនមែនដោយព្រះគុណទៀត ពុំនោះ ការប្រព្រឹត្តមិនមែនការប្រព្រឹត្តទៀតទេ
7 ដូច្នេះ តើដូចម្តេច គឺថា សេចក្ដីដែលសាសន៍អ៊ីស្រាអែលស្វែងរក នោះគេរកមិនបានទេ តែពួករើសតាំងរកបានសេចក្ដីនោះវិញ ហើយពួកអ្នកឯទៀតត្រូវមានចិត្តរឹងរូស
8 ដូចមានសេចក្ដីចែងទុកមកថា «ព្រះទ្រង់បានប្រទានឲ្យគេមានវិញ្ញាណរលីវ ភ្នែកដែលមើលមិនឃើញ និងត្រចៀកដែលស្តាប់មិនឮ ដរាបមកដល់សព្វថ្ងៃនេះ»
9 ហ្លួងដាវីឌក៏មានព្រះបន្ទូលថា «ឲ្យតុ គេត្រឡប់ទៅជាអង្គប់ ហើយជាអន្ទាក់ដល់គេចុះ គឺជាហេតុឲ្យវិនាស រវាតចិត្ត ហើយជាសំណងដល់គេដែរ
10 ឲ្យភ្នែកគេត្រូវងងឹត មិនឲ្យឃើញឡើយ ហើយឲ្យខ្នងគេត្រូវបង្កោងជានិច្ចផង» ។
11 ដូច្នេះ ខ្ញុំសួរថា តើគេបានជំពប់ ឲ្យគ្រាន់តែដួលប៉ុណ្ណោះឬអី ទេ មិនមែនឡើយ គឺដោយសារការដួលរបស់គេ បានជាមានសេចក្ដីសង្គ្រោះ ផ្សាយទៅដល់ពួកសាសន៍ដទៃវិញ ដើម្បីបណ្តាលឲ្យគេច្រណែន
12 ដូច្នេះ បើការដួលរបស់គេ ជាសេចក្ដីចម្រើនដល់លោកីយ៍ ហើយសេចក្ដីខ្វះមិនពេញខ្នាតរបស់គេ ជាសេចក្ដីចម្រើនដល់ពួកសាសន៍ដទៃវិញ នោះតើសេចក្ដីពេញខ្នាតរបស់គេ នឹងបានលើសជាងយ៉ាងណាទៅ។
13 ខ្ញុំនិយាយនឹងអ្នករាល់គ្នាដែលជាសាសន៍ដទៃ ហើយពីព្រោះខ្ញុំជាសាវកដល់សាសន៍ដទៃ បានជាខ្ញុំតម្កើងដល់ការងារខ្ញុំ
14 ដើម្បីនឹងបណ្តាលសាច់ញាតិខ្ញុំ ឲ្យមានសេចក្ដីច្រណែន ហើយនិងជួយសង្គ្រោះអ្នកខ្លះក្នុងពួកគេ បើសិនជាបាន
15 ដ្បិតបើសិនជាការបោះបង់ចោលគេនោះ ជាសេចក្ដីមេត្រីដល់លោកីយ៍ដូច្នេះ នោះតើការទទួលគេនឹងបានជាអ្វី បើមិនមែនជាជីវិតរស់ពីស្លាប់ឡើងវិញ។
16 បើម្សៅ១ក្តាប់មុនដំបូងជាបរិសុទ្ធ នោះដុំទាំងមូលក៏បរិសុទ្ធ ហើយបើឫសបរិសុទ្ធ នោះមែកក៏បរិសុទ្ធដែរ
17 ប៉ុន្តែ បើមែកខ្លះត្រូវកាច់ចេញ ហើយអ្នកឯងដែលជាដើមអូលីវព្រៃ បានត្រូវបំបៅកណ្តាល មែកទាំងនោះ ទាំងត្រឡប់ទៅជាស្រូបជាតិឫសនៃដើមអូលីវស្រុក ជាមួយនឹងមែកឯទៀត
18 នោះកុំឲ្យអួតនឹងមែកនោះឡើយ តែបើអ្នកអួតនឹងគេ នោះត្រូវដឹងថា មិនមែនអ្នកដែលចិញ្ចឹមឫសទេ គឺឫសទេតើ ដែលចិញ្ចឹមអ្នកវិញ
19 ដូច្នេះ អ្នកនឹងប្រកែកថា មែកទាំងនោះត្រូវកាច់ចេញ ដើម្បីនឹងបំបៅខ្ញុំវិញ
20 ត្រូវហើយ គេត្រូវកាច់ចេញ ដោយព្រោះមិនជឿ ហើយដែលអ្នកជាប់នៅ គឺដោយសារសេចក្ដីជំនឿ ដូច្នេះ កុំឲ្យឆ្មើងឆ្មៃឡើយ ចូរភ័យខ្លាចវិញ
21 ពីព្រោះ បើព្រះទ្រង់មិនបានសំចៃទុកមែកកំណើត នោះក្រែងមិនសំចៃទុកអ្នកដែរ
22 ដូច្នេះ ចូរមើលសេចក្ដីសប្បុរស និងសេចក្ដីប្រិតប្រៀបនៃព្រះ គឺទ្រង់ប្រិតនឹងពួកអ្នកដែលដួល តែសប្បុរសនឹងអ្នកវិញ បើអ្នកនៅជាប់នឹងសេចក្ដីសប្បុរសនោះ ពុំនោះ អ្នកនឹងត្រូវកាត់ចេញដែរ
23 ហើយមែកកំណើតទាំងនោះដែរ បើគេលះសេចក្ដីមិនជឿចោលចេញ នោះនឹងបំបៅគេវិញ ដ្បិតព្រះទ្រង់អាចនឹងភ្ជាប់ជាតិវិញបាន
24 ពីព្រោះ បើសិនជាអ្នកត្រូវកាត់ចេញពីដើមអូលីវព្រៃពីកំណើត ហើយបានបំបៅជាប់នឹងដើមអូលីវស្រុកខុសពីធម្មតា នោះតើមែកកំណើតទាំងនោះនឹងបានបំបៅជាប់នឹងគល់កំណើតរបស់វា លើសជាងអម្បាលម៉ានទៅទៀត។
25 បងប្អូនអើយ ខ្ញុំមិនចង់ឲ្យអ្នករាល់គ្នានៅល្ងង់ខាងឯសេចក្ដីអាថ៌កំបាំងនេះទេ ក្រែងអ្នករាល់គ្នាទុកចិត្តថាខ្លួនមានប្រាជ្ញា គឺចង់ឲ្យដឹងថា សាសន៍អ៊ីស្រាអែលកើតមានសេចក្ដីរឹងរបឹងប៉ុន្មានភាគនេះទៅហើយ ទាល់តែសាសន៍ដទៃទាំងប៉ុន្មានបានចូលជឿគ្រប់ចំនួន
26 នោះសាសន៍អ៊ីស្រាអែលទាំងអស់គ្នា នឹងបានសង្គ្រោះជាក្រោយ ដូចជាមានសេចក្ដីចែងទុកមកថា «មានព្រះដ៏ប្រោសឲ្យរួច ទ្រង់នឹងចេញពីស៊ីយ៉ូនមក ទ្រង់នឹងបង្វែរសេចក្ដីទមិឡល្មើសពីយ៉ាកុបទៅ
27 នោះហើយជាសេចក្ដីសញ្ញាដែលអញតាំងនឹងគេ ក្នុងកាលដែលអញបានដោះបាបគេចេញហើយ»
28 ខាងឯដំណឹងល្អ គេជាខ្មាំងសត្រូវ ដើម្បីប្រយោជន៍ដល់អ្នករាល់គ្នា តែត្រង់សេចក្ដីរើសតាំង នោះគេជាស្ងួនភ្ងាវិញ ដោយព្រោះពួកអយ្យកោ
29 ដ្បិតព្រះទ្រង់មិនដែលស្តាយអំណោយទានទ្រង់ ឬការដែលទ្រង់ហៅមនុស្សណានោះឡើយ
30 ពីព្រោះ ដូចជាកាលពីដើម អ្នករាល់គ្នាមិនបានស្តាប់បង្គាប់ព្រះ តែឥឡូវនេះ ទ្រង់បានផ្តល់សេចក្ដីមេត្តាករុណា ដល់អ្នករាល់គ្នា ដោយព្រោះពួកនោះមិនស្តាប់បង្គាប់វិញ
31 ដូច្នេះ ដែលគេមិនស្តាប់បង្គាប់នៅជាន់នេះ នោះគឺដើម្បីឲ្យគេបានទទួលសេចក្ដីមេត្តាករុណា ដោយសារសេចក្ដីមេត្តាករុណា ដែលទ្រង់បានផ្តល់មកអ្នករាល់គ្នាដូច្នោះដែរ
32 ដ្បិតព្រះទ្រង់បានបង្ខាំងទាំងអស់គ្នាទុកក្នុងសេចក្ដីមិនស្តាប់បង្គាប់ ដើម្បីឲ្យបានសម្ដែងនូវសេចក្ដីមេត្តាករុណាដល់គ្រប់គ្នា
33 អើហ្ន៎ប្រាជ្ញា និងចំណេះដ៏បរិបូររបស់ព្រះជ្រៅណាស់តើ ឯព្រះតម្រិះរបស់ទ្រង់ តើមានអ្នកណានឹងស្ទង់បាន ហើយផ្លូវទ្រង់ តើមានអ្នកណានឹងរកតាមបាន
34 តើអ្នកណាបានស្គាល់គំនិតនៃព្រះអម្ចាស់ ឬធ្វើជាអ្នកជួយគំនិតទ្រង់បាន
35 តើអ្នកណាបានថ្វាយដល់ទ្រង់ជាមុន នោះនឹងបានប្រគល់មកអ្នកនោះវិញ
36 ដ្បិតរបស់សព្វសារពើបានកើតមកពីទ្រង់ ដោយសារទ្រង់ ហើយសម្រាប់ទ្រង់ សូមឲ្យទ្រង់បានសិរីល្អនៅអស់កល្បជានិច្ច អាម៉ែន។
ជំពូក 12
1 ដូច្នេះ បងប្អូនអើយ ខ្ញុំទូន្មានអ្នករាល់គ្នា ដោយសេចក្ដីមេត្តាករុណានៃព្រះ ឲ្យបានថ្វាយរូបកាយទុកជាយញ្ញបូជារស់ ហើយបរិសុទ្ធ ដែលគាប់ព្រះហឫទ័យដល់ព្រះ ជាការគោរពនៃអ្នករាល់គ្នា ដែលមានទំនង
2 កុំឲ្យត្រាប់តាមសម័យនេះឡើយ ចូរឲ្យអ្នករាល់គ្នាបានផ្លាស់ប្រែវិញ ដោយគំនិតបានកែជាថ្មីឡើង ដើម្បីនឹងអាចលមើលឲ្យបានស្គាល់បំណងព្រះហឫទ័យនៃព្រះ ដែលល្អ ស្រួលទទួល ហើយគ្រប់លក្ខណ៍ផង
3 ដ្បិតខ្ញុំនិយាយនឹងមនុស្សទាំងអស់ក្នុងពួកអ្នករាល់គ្នា ដោយព្រះគុណដែលទ្រង់បានផ្តល់មកខ្ញុំថា ចូរគិតបែបឲ្យមានគំនិតនឹងធឹង តាមខ្នាតនៃសេចក្ដីជំនឿ ដែលព្រះបានចែកមកអ្នករាល់គ្នានីមួយៗ កុំឲ្យមានគំនិតខ្ពស់លើសជាងគំនិតដែលគួរគប្បីឲ្យគិតនោះឡើយ
4 ដ្បិតដែលយើងរាល់គ្នាមានអវយវៈជាច្រើន រួមគ្នាជារូបកាយតែមួយ តែអវយវៈទាំងនោះមានការងារផ្សេងៗ ពីគ្នាជាយ៉ាងណា
5 នោះយើងដែលមានគ្នាច្រើន ក៏ជារូបកាយតែមួយក្នុងព្រះគ្រីស្ទ ហើយជាអវយវៈដល់គ្នានឹងគ្នាបែបយ៉ាងនោះដែរ
6 ដូច្នេះ ដែលមានអំណោយទានផ្សេងពីគ្នា តាមព្រះគុណដែលផ្តល់មកយើង ទោះបើជាសេចក្ដីទំនាយ នោះក៏ត្រូវទាយតាមខ្នាតនៃសេចក្ដីជំនឿ
7 ឬបើជាការបម្រើ នោះចូរបម្រើចុះ ឬជាការបង្រៀន ចូរបង្រៀនទៅ
8 ឬជាការទូន្មាន ចូរទូន្មានទៅ ឬជាការចែកទាន ចូរចែកដោយចិត្តស្មោះ ឬជាការនាំមុខ ចូរធ្វើដោយឧស្សាហ៍ ឬការមេត្តាករុណា ក៏ចូរធ្វើដោយរីករាយចុះ។
9 ចូរឲ្យមានសេចក្ដីស្រឡាញ់ឥតពុតមាយា ទាំងខ្ពើមសេចក្ដីអាក្រក់ ហើយកាន់ខ្ជាប់ខាងសេចក្ដីល្អវិញ
10 ខាងឯសេចក្ដីស្រឡាញ់ជាបងជាប្អូន នោះចូរមានចិត្តថ្នមគ្នាទៅវិញទៅមកចុះ ខាងឯសេចក្ដីរាប់អាន នោះឲ្យខំរាប់អានគេជាមុន
11 ខាងឯសេចក្ដីឧស្សាហ៍ នោះកុំឲ្យខ្ជិលឡើយ ខាងឯវិញ្ញាណ នោះក៏ចូរព្យាយាមចុះ ដោយខំប្រឹងបម្រើព្រះអម្ចាស់
12 ចូរអរសប្បាយ ដោយមានសង្ឃឹម ចូរអត់ធន់ក្នុងសេចក្ដីទុក្ខលំបាក ចូរឲ្យខ្ជាប់ខ្ជួនក្នុងសេចក្ដីអធិស្ឋាន
13 ខាងសេចក្ដីខ្វះខាតរបស់ពួកបរិសុទ្ធ នោះក៏ចូរផ្គត់ផ្គង់ឲ្យ ទាំងខំប្រឹងឲ្យមានសេចក្ដីចៅរ៉ៅផងចុះ
14 ចូរសូមពរឲ្យដល់អ្នកណាដែលបៀតបៀនអ្នក ចូរសូមពរចុះ កុំឲ្យប្រទេចផ្តាសាឡើយ
15 ចូរអរសប្បាយ ជាមួយនឹងអ្នកណាដែលអរសប្បាយ ហើយយំជាមួយនឹងអ្នកណាដែលយំផង
16 ចូរឲ្យមានគំនិតព្រមព្រៀងគ្នាទៅវិញទៅមក កុំឲ្យមានគំនិតឆ្មើងឆ្មៃសោះឡើយ គឺត្រូវភប់ប្រសព្វនឹងមនុស្សរាបសាវិញ កុំឲ្យទុកចិត្តនឹងខ្លួន ថាមានប្រាជ្ញាឲ្យសោះ ។
17 កុំឲ្យធ្វើការអាក្រក់ស្នងនឹងការអាក្រក់ឡើយ ត្រូវតែខំសម្ដែងកិរិយាល្អ នៅចំពោះមុខមនុស្សទាំងអស់វិញ
18 ខាងឯពួកអ្នករាល់គ្នា នោះឲ្យខំនៅជាមេត្រីនឹងមនុស្សទាំងអស់ចុះ បើសិនជាបាន
19 ឱពួកស្ងួនភ្ងាអើយ កុំឲ្យសងសឹកឡើយ ចូរថយចេញពីសេចក្ដីកំហឹងទៅ ដ្បិតមានសេចក្ដីចែងទុកមកថា «ព្រះអម្ចាស់ ទ្រង់មានព្រះបន្ទូលថា ការសងសឹក នោះស្រេចនឹងអញ អញនឹងសងដល់គេ»
20 ដូច្នេះ បើសិនណាជាខ្មាំងសត្រូវអ្នកឃ្លាន នោះចូរឲ្យគេបរិភោគចុះ បើគេស្រេក ចូរឲ្យផឹកទៅ បើប្រព្រឹត្តដូច្នោះ នោះដូចជាអ្នកបានប្រមូលរងើកភ្លើង ដាក់លើក្បាលគេវិញ
21 កុំឲ្យសេចក្ដីអាក្រក់ឈ្នះអ្នកឡើយ ត្រូវឲ្យអ្នកឈ្នះសេចក្ដីអាក្រក់ ដោយសារសេចក្ដីល្អវិញ។
ជំពូក 13
1 ចូរឲ្យគ្រប់ទាំងមនុស្សចុះចូលនឹងរាជការ ដ្បិតគ្មានអំណាចណាទេ លើកតែមកពីព្រះ គឺព្រះទ្រង់បានតាំងពួកលោកទាំងនោះឲ្យមានអំណាច
2 បានជាអ្នកណាដែលតាំងខ្លួនទាស់នឹងអំណាចនោះ ក៏ទាស់ទទឹងនឹងបញ្ញត្តនៃព្រះដែរ ហើយអស់អ្នកដែលទាស់ទទឹង នោះនឹងត្រូវទោសជាមិនខាន
3 ដ្បិតពួកនាម៉ឺនមិនមែនជាសេចក្ដីស្ញែងខ្លាចដល់ការល្អទេ គឺដល់ការអាក្រក់វិញ តើអ្នកចង់រួចពីសេចក្ដីស្ញែងខ្លាចចំពោះអំណាចនោះឬទេ បើដូច្នេះ ចូរប្រព្រឹត្តល្អចុះ នោះលោកនឹងពោលសរសើរដល់អ្នកហើយ
4 ដ្បិតលោកជាអ្នកបម្រើរបស់ព្រះ សម្រាប់សេចក្ដីល្អដល់អ្នក ប៉ុន្តែ បើអ្នកប្រព្រឹត្តអាក្រក់ នោះត្រូវខ្លាចវិញ ដ្បិតលោកមិនមែនស្ពាយដាវ ជាឥតអំពើទេ ពីព្រោះជាអ្នកបម្រើរបស់ព្រះ គឺជាអ្នកសម្រាប់សងសឹក ដើម្បីនឹងនាំសេចក្ដីក្រោធ របស់ព្រះ មកលើអ្នកណាដែលប្រព្រឹត្តអាក្រក់
5 ដូច្នេះ ត្រូវឲ្យចុះចូល មិនមែនដោយព្រោះតែសេចក្ដីក្រោធប៉ុណ្ណោះ គឺដោយព្រោះបញ្ញាចិត្ត ផង
6 ដោយហេតុនោះបានជាអ្នករាល់គ្នាត្រូវបង់ពន្ធដែរ ពីព្រោះលោកទាំងនោះជាភ្នាក់ងាររបស់ព្រះ សម្រាប់នឹងត្រួតត្រាការនោះឯងជានិច្ច
7 ដូច្នេះ ចូរសងដល់លោកទាំងនោះ តាមដែលអ្នកជំពាក់ចុះ គឺឲ្យបង់ពន្ធខ្លួន ដល់លោកណាដែលត្រូវទទួល បង់ពន្ធគយដល់លោកណាដែលទទួលខាងពន្ធគយ ត្រូវមានសេចក្ដីកោតខ្លាចចំពោះលោកណាដែលគួរកោតខ្លាច ហើយត្រូវគោរពប្រតិបត្តិ ដល់លោកណាដែលគួរគោរពដែរ។
8 កុំឲ្យជំពាក់អ្វីដល់អ្នកណាឡើយ ជំពាក់បានតែសេចក្ដីស្រឡាញ់ ដល់គ្នាទៅវិញទៅមកប៉ុណ្ណោះ ដ្បិតអ្នកដែលស្រឡាញ់ដល់គេ នោះបានធ្វើសម្រេចតាមក្រឹត្យវិន័យហើយ
9 ពីព្រោះបទដែលថា «កុំឲ្យផិតឲ្យសោះ កុំឲ្យសម្លាប់មនុស្សឲ្យសោះ កុំឲ្យលួចឲ្យសោះ កុំឲ្យលោភឲ្យសោះ» ហើយបើមានបញ្ញត្តណាទៀត នោះក៏រួមគ្នាមកក្នុងពាក្យ១ម៉ាត់នេះឯង ដែលថា «ចូរស្រឡាញ់អ្នកជិតខាងដូចខ្លួនឯង»
10 សេចក្ដីស្រឡាញ់មិនដែលធ្វើអាក្រក់ដល់អ្នកជិតខាងឡើយ ដូច្នេះ សេចក្ដីស្រឡាញ់ ជាកិច្ចសម្រេចតាមក្រឹត្យវិន័យហើយ។
11 ត្រូវប្រព្រឹត្តដូច្នោះ ដោយដឹងពេលវេលាថា ដល់ម៉ោងនឹងភ្ញាក់ពីដេកហើយ ដ្បិតឥឡូវនេះ សេចក្ដីសង្គ្រោះបានមកជិតបង្កើយ ជាជាងកាលយើងទើបនឹងជឿនោះ
12 យប់យូរណាស់ហើយ ថ្ងៃ ក៏ជិតរះ ដូច្នេះ យើងត្រូវដោះចោលអស់ទាំងការរបស់សេចក្ដីងងឹត ចេញ ហើយពាក់គ្រឿងសឹករបស់ពន្លឺវិញ
13 ត្រូវឲ្យយើងដើរតាមដែលគួរគប្បី ដូចជាដើរនៅពេលថ្ងៃ មិនមែនដោយស៊ីផឹក លេងល្បែង ឬមានស្រីញី ឬដោយឈ្លោះប្រកែក និងឈ្នានីស នោះឡើយ
14 គឺត្រូវប្រដាប់ខ្លួន ដោយព្រះអម្ចាស់យេស៊ូវគ្រីស្ទវិញ ហើយកុំឲ្យផ្គត់ផ្គង់ ដើម្បីនឹងបំពេញសេចក្ដីប៉ងប្រាថ្នា ខាងឯសាច់ឈាមឡើយ។
ជំពូក 14
1 ចូរទទួលអ្នកណា ដែលខ្សោយខាងឯសេចក្ដីជំនឿដែរ មិនមែនឲ្យបានជជែកគ្នាពីសេចក្ដីប្រកាន់ផ្សេងៗឡើយ
2 ដ្បិតម្នាក់ជឿថា បរិភោគបានគ្រប់មុខទាំងអស់ ម្នាក់ទៀតដែលខ្សោយ បរិភោគតែបន្លែទេ
3 កុំឲ្យអ្នកដែលបរិភោគ មើលងាយដល់អ្នកដែលមិនបរិភោគឡើយ ក៏កុំឲ្យអ្នកដែលមិនបរិភោគ និន្ទាចំពោះអ្នកដែលបរិភោគដែរ ដ្បិតព្រះទ្រង់ទទួលអ្នកនោះដូចគ្នា
4 តើអ្នកជាអ្វីដែលនិន្ទាបាវបម្រើរបស់គេ អ្នកនោះឈរ ឬដួលក្តី នោះស្រេចនឹងចៅហ្វាយទេតើ ហើយគេនឹងបានឈរមែន ដ្បិតព្រះទ្រង់អាចនឹងតាំងឲ្យឈរបាន
5 ម្នាក់រាប់ថា ថ្ងៃ១ល្អជាងថ្ងៃ១ ម្នាក់ទៀតរាប់ថា ថ្ងៃណាក៏ដូចជាថ្ងៃណា ត្រូវឲ្យគ្រប់គ្នាជឿពិតប្រាកដក្នុងចិត្តខ្លួន
6 អ្នកណាដែលប្រកាន់ថ្ងៃណា នោះក៏ប្រកាន់ដោយគោរពដល់ព្រះអម្ចាស់ ហើយអ្នកណាដែលមិនប្រកាន់ថ្ងៃណា នោះក៏មិនប្រកាន់ ដោយគោរពដល់ព្រះអម្ចាស់ដែរ អ្នកណាដែលបរិភោគ នោះបរិភោគ ដោយគោរពដល់ព្រះអម្ចាស់ ដ្បិតគេអរព្រះគុណដល់ព្រះ ហើយអ្នកណាដែលមិនបរិភោគ នោះគឺមិនបរិភោគ ដោយគោរពដល់ព្រះអម្ចាស់ដែរ ក៏អរព្រះគុណដល់ព្រះដូចគ្នា។
7 ដ្បិតគ្មានអ្នកណាក្នុងពួកមនុស្សយើង ដែលរស់សម្រាប់ខ្លួនឯងទេ ក៏គ្មានអ្នកណាស្លាប់សម្រាប់ខ្លួនឯងដែរ
8 ទោះបើយើងរស់ ឬស្លាប់ក្តី គង់តែយើងត្រូវរស់ ឬស្លាប់ថ្វាយព្រះអម្ចាស់វិញ ដូច្នេះ បើរស់ ឬស្លាប់ក្តី នោះយើងក៏ជារបស់ផងព្រះអម្ចាស់ដែរ
9 ដ្បិតដោយហេតុនោះឯង បានជាព្រះគ្រីស្ទទ្រង់សុគត ហើយមានព្រះជន្មរស់ឡើងវិញ គឺដើម្បីនឹងធ្វើជាម្ចាស់ លើទាំងមនុស្សស្លាប់ និងមនុស្សរស់ផង
10 ដូច្នេះ ហេតុអ្វីបានជាអ្នកនិន្ទាចំពោះបងប្អូនខ្លួន ឬមើលងាយដល់បងប្អូនខ្លួន ពីព្រោះយើងទាំងអស់គ្នានឹងត្រូវឈរនៅមុខទីជំនុំជម្រះរបស់ផងព្រះគ្រីស្ទ
11 ដ្បិតមានសេចក្ដីចែងទុកមកថា «ព្រះអម្ចាស់ទ្រង់ស្បថដោយព្រះជន្មទ្រង់ថា ត្រូវឲ្យគ្រប់ទាំងជង្គង់លុតចុះនៅមុខអញ ហើយគ្រប់ទាំងអណ្តាតត្រូវសរសើរដល់ព្រះផង»
12 ដូច្នេះ យើងទាំងអស់គ្នានឹងត្រូវរាប់រៀបទូលថ្វាយព្រះពីដំណើររបស់ខ្លួនយើងជាមិនខាន។
13 ហេតុនោះ កុំបីឲ្យយើងរាល់គ្នានិន្ទាគ្នាទៅវិញទៅមកទៀតឡើយ ស៊ូឲ្យយើងគិតសម្រេចក្នុងចិត្តដូច្នេះវិញថា យើងមិនធ្វើក្បួនឲ្យបងប្អូនជំពប់ដួល ឬរវាតចិត្តចេញឡើយ
14 ខ្ញុំដឹង ហើយក៏ជឿពិត ដោយនូវព្រះអម្ចាស់យេស៊ូវថា គ្មានអ្វីស្មោកគ្រោកដោយខ្លួនឯងទេ គឺស្មោកគ្រោកដល់តែអ្នកណា ដែលជឿថារបស់នោះស្មោកគ្រោកប៉ុណ្ណោះ
15 ប៉ុន្តែ បើអ្នកធ្វើឲ្យបងប្អូនអ្នកព្រួយចិត្ត ដោយព្រោះម្ហូបចំណីអ្វី នោះអ្នកប្រព្រឹត្តមិនមែនដោយស្រឡាញ់ទៀតទេ កុំធ្វើឲ្យអ្នកណា ដែលព្រះគ្រីស្ទបានសុគតជំនួសត្រូវវិនាស ដោយសារម្ហូបរបស់អ្នកឡើយ
16 ក៏កុំឲ្យគេមានឱកាសនឹងនិយាយអាក្រក់ ពីការល្អរបស់អ្នកដែរ
17 ដ្បិតនគរព្រះមិនសម្រេចនឹងការស៊ី ឬផឹកនោះទេ គឺស្រេចនឹងសេចក្ដីសុចរិត សេចក្ដីមេត្រី និងសេចក្ដីអំណរ ដោយនូវព្រះវិញ្ញាណបរិសុទ្ធវិញទេតើ
18 ពីព្រោះអ្នកណាដែលបម្រើព្រះគ្រីស្ទ ដោយសារសេចក្ដីទាំងនោះ អ្នកនោះជាទីគាប់ព្រះហឫទ័យដល់ព្រះហើយ ព្រមទាំងមានមនុស្សរាប់អានដល់ខ្លួនដែរ
19 ហេតុដូច្នេះ ត្រូវឲ្យយើងដេញតាមអស់ទាំងសេចក្ដីដែលនាំឲ្យមេត្រីគ្នា និងសេចក្ដីទាំងប៉ុន្មាន ដែលជួយស្អាងចិត្តគ្នាទៅវិញទៅមកវិញ
20 កុំឲ្យបំផ្លាញការព្រះដោយព្រោះតែម្ហូបណានោះឡើយ គ្រប់របស់ទាំងអស់ឈ្មោះថាស្អាតមែន តែរមែងជាអាក្រក់ដល់អ្នកណាដែលបរិភោគដោយប្រទាំងវិញ
21 គួរតែកុំឲ្យបរិភោគសាច់ ឬស្រាទំពាំងបាយជូរ ឬអ្វីដែលនាំឲ្យបងប្អូនអ្នកជំពប់ ឬរវាតចិត្ត ឬធ្វើឲ្យខ្សោយនោះឡើយ
22 អ្នកឯងមានសេចក្ដីជំនឿយ៉ាងណា ចូរជឿយ៉ាងនោះតែម្នាក់ឯងនៅចំពោះព្រះចុះ មានពរហើយ អ្នកណាដែលមិនកាត់ទោសខ្លួនឯង ក្នុងការដែលខ្លួនរាប់ថាធ្វើបាន
23 តែបើអ្នកណាបរិភោគទាំងសង្ស័យ នោះមានទោសហើយ ពីព្រោះមិនបានបរិភោគដោយសេចក្ដីជំនឿ ដ្បិតការទាំងប៉ុន្មានដែលធ្វើដោយឥតមានសេចក្ដីជំនឿ នោះសុទ្ធតែជាបាបទាំងអស់ហើយ។
ជំពូក 15
1 គួរតែឲ្យយើងរាល់គ្នា ដែលមានកម្លាំង បានទ្រាំទ្រនឹងសេចក្ដីកំសោយ របស់ពួកអ្នកដែលគ្មានកម្លាំងវិញ ឥតបំពេញចិត្តខ្លួនយើងឡើយ
2 ត្រូវឲ្យយើងទាំងអស់គ្នាបំពេញចិត្តអ្នកជិតខាងខ្លួន សម្រាប់ជាសេចក្ដីល្អ ឲ្យបានស្អាងចិត្តឡើង
3 ដ្បិតព្រះគ្រីស្ទ ទ្រង់មិនបានបំពេញព្រះហឫទ័យទ្រង់ដែរ ដូចជាមានសេចក្ដីចែងទុកមកថា «សេចក្ដីដំណៀលដែលគេត្មះតិះដៀលទ្រង់ នោះបានធ្លាក់មកលើទូលបង្គំវិញ»
4 ដ្បិតអស់ទាំងសេចក្ដីដែលបានចែងទុកមកជាមុន នោះបានចែងសម្រាប់នឹងបង្រៀនដល់យើងរាល់គ្នា ដើម្បីឲ្យយើងបានសេចក្ដីសង្ឃឹម ដោយសេចក្ដីអត់ធន់ និងសេចក្ដីកំសាន្តចិត្ត ដោយសារគម្ពីរ
5 ឥឡូវនេះ សូមព្រះនៃសេចក្ដីអត់ធ្មត់ និងសេចក្ដីកំសាន្តចិត្ត ទ្រង់ប្រទានឲ្យអ្នករាល់គ្នាមានគំនិតតែ១ តាមព្រះគ្រីស្ទយេស៊ូវ
6 ដើម្បីឲ្យអ្នករាល់គ្នាព្រមព្រៀងមូលមាត់តែមួយនឹងសរសើរតម្កើង ដល់ព្រះដ៏ជាព្រះវរបិតានៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា។
7 ដូច្នេះ ចូរទទួលគ្នាទៅវិញទៅមក ដូចជាព្រះគ្រីស្ទបានទទួលយើងដែរ សម្រាប់នឹងសរសើរដល់ព្រះចុះ។
8 ឥឡូវខ្ញុំថា ព្រះយេស៊ូវគ្រីស្ទទ្រង់បានត្រឡប់ជាអ្នកបម្រើដល់ពួកអ្នកកាត់ស្បែក ដើម្បីនឹងសម្ដែងសេចក្ដីស្មោះត្រង់នៃព្រះ ប្រយោជន៍នឹងបញ្ជាក់សេចក្ដីសន្យា ដែលបានតាំងនឹងពួកអយ្យកោ
9 ហើយឲ្យពួកសាសន៍ដទៃ បានសរសើរតម្កើងព្រះដែរ ដោយព្រោះសេចក្ដីមេត្តាករុណារបស់ទ្រង់ តាមសេចក្ដីដែលចែងទុកមកថា «ហេតុនោះបានជាទូលបង្គំនឹងសរសើរតម្កើងទ្រង់ក្នុងពួកសាសន៍ដទៃ ហើយទូលបង្គំនឹងច្រៀងទំនុកបរិសុទ្ធ ថ្វាយព្រះនាមទ្រង់»
10 ហើយមានសេចក្ដីមួយទៀតថា «ឱសាសន៍ទាំងប៉ុន្មានអើយ ចូរអរសប្បាយជាមួយនឹងរាស្ត្រទ្រង់»
11 ក៏មាន១ទៀតថា «ឱសាសន៍ទាំងឡាយអើយ ចូរសរសើរដល់ព្រះអម្ចាស់ ឱជនរាល់គ្នាអើយ ចូរតម្កើងទ្រង់ចុះ»
12 ក្នុងបទ១ទៀត លោកអេសាយក៏មានប្រសាសន៍ថា «នឹងមានឫសរបស់អ៊ីសាយ១កើតឡើង សម្រាប់នឹងកាន់កាប់លើអស់ទាំងសាសន៍ដទៃ សាសន៍ទាំងនោះនឹងយកទ្រង់ជាទីសង្ឃឹម»
13 ឥឡូវនេះ សូមព្រះនៃសេចក្ដីសង្ឃឹមប្រទានឲ្យអ្នករាល់គ្នាបានគ្រប់អស់ទាំងសេចក្ដីអំណរ និងសេចក្ដីសុខសាន្តដ៏ពោរពេញ ដោយសារសេចក្ដីជំនឿ ប្រយោជន៍ឲ្យបានសេចក្ដីសង្ឃឹមជាបរិបូរ ដោយព្រះចេស្តានៃព្រះវិញ្ញាណបរិសុទ្ធ។
14 ឱបងប្អូនអើយ ខ្ញុំជឿជាក់ខាងឯអ្នករាល់គ្នាថា អ្នករាល់គ្នាមានសេចក្ដីល្អពេញលេញហើយ ក៏បានពេញជាចំណេះគ្រប់មុខផង អាចនឹងទូន្មានគ្នាទៅវិញទៅមកបានហើយ
15 ហេតុដូច្នេះ បងប្អូនអើយ ខ្ញុំធ្វើសំបុត្រនេះផ្ញើមកអ្នករាល់គ្នា ដោយមានចិត្តក្លៀវក្លាលើសទៅទៀត ដែលមាន១ផ្នែក សម្រាប់នឹងរំឭកដល់អ្នករាល់គ្នា ដោយសារព្រះគុណ ដែលព្រះទ្រង់បានផ្តល់មកខ្ញុំ
16 ឲ្យខ្ញុំបានធ្វើជាភ្នាក់ងារនៃព្រះយេស៊ូវគ្រីស្ទ ដល់ពួកសាសន៍ដទៃ ព្រមទាំងធ្វើការងារបរិសុទ្ធ គឺជាការផ្សាយដំណឹងល្អរបស់ព្រះ ដើម្បីឲ្យការប្រមូលពួកសាសន៍ដទៃ បានទុកជាតង្វាយថ្វាយព្រះ ដែលទ្រង់សព្វព្រះហឫទ័យទទួល បានទាំងញែកចេញជាបរិសុទ្ធ ដោយព្រះវិញ្ញាណបរិសុទ្ធផង។
17 ដូច្នេះ ខ្ញុំមានហេតុនឹងអួតក្នុងព្រះគ្រីស្ទយេស៊ូវ ពីសេចក្ដីទាំងប៉ុន្មានខាងឯព្រះ
18 ព្រោះខ្ញុំមិនហ៊ាននិយាយពីការអ្វី លើកតែពីការដែលព្រះគ្រីស្ទបានធ្វើដោយសារខ្ញុំប៉ុណ្ណោះទេ គឺជាការនាំសាសន៍ដទៃឲ្យស្តាប់បង្គាប់ ទោះដោយពាក្យសំដី ឬការធ្វើក្តី
19 ទោះដោយអំណាចនៃទីសម្គាល់ ឬការអស្ចារ្យ ឬដោយព្រះចេស្តាព្រះវិញ្ញាណនៃព្រះក្តី ដល់ម៉្លេះបានជាខ្ញុំបានផ្សាយដំណឹងល្អពីព្រះគ្រីស្ទពេញពាសទួទៅ តាំងពីក្រុងយេរូសាឡឹម ដើរវាងរហូតទៅដល់ស្រុកអ៊ីលីរីកុន
20 គឺយ៉ាងដូច្នោះឯង ដែលខ្ញុំខំសង្វាតនឹងផ្សាយដំណឹងល្អ មិនមែននៅកន្លែងដែលគេបានឮពីព្រះនាមព្រះគ្រីស្ទរួចហើយនោះទេ ដើម្បីកុំឲ្យខ្ញុំសង់លើជើងជញ្ជាំងរបស់គេ
21 ដូចជាមានសេចក្ដីចែងទុកមកថា «ពួកអ្នកដែលគ្មានអ្នកណាទៅផ្សាយដំណឹងពីទ្រង់ឲ្យគេស្តាប់ នោះនឹងឃើញ ហើយពួកដែលមិនបានឮសោះ នោះនឹងបានយល់វិញ» ។
22 គឺដោយហេតុនោះបានជាខ្ញុំមានសេចក្ដីឃាត់ឃាំងជាច្រើនដង មិនឲ្យខ្ញុំមកឯអ្នករាល់គ្នា
23 ប៉ុន្តែ ឥឡូវនេះ ដោយគ្មានកន្លែងណាសល់ នៅស្រុកទាំងនេះទៀត ហើយដោយខ្ញុំមានចិត្តរឭកចង់មកឯអ្នករាល់គ្នាជាយូរឆ្នាំមកហើយផង
24 បានជាកាលណាខ្ញុំទៅឯស្រុកអេស្ប៉ាញ នោះខ្ញុំនឹងចូលមកសួរអ្នករាល់គ្នា ដ្បិតខ្ញុំសង្ឃឹមថា នឹងឃើញអ្នករាល់គ្នាតាមផ្លូវ ហើយឲ្យអ្នករាល់គ្នាបានជួយដំណើរខ្ញុំទៅមុខទៀត គឺក្នុងគ្រាក្រោយដែលបានពេញចិត្តនឹងអ្នករាល់គ្នាបន្តិច
25 តែឥឡូវនេះ ខ្ញុំឡើងទៅឯក្រុងយេរូសាឡឹម ដើម្បីនឹងជួយដល់ពួកបរិសុទ្ធសិន
26 ដ្បិតពួកស្រុកម៉ាសេដូន និងស្រុកអាខៃ គេសុខចិត្តរៃគ្នា ផ្ញើទៅជួយដល់ពួកអ្នកក្រីក្រ ក្នុងពួកបរិសុទ្ធនៅក្រុងយេរូសាឡឹម
27 គេសុខចិត្តចង់ធ្វើការនោះ ហើយគេក៏ជំពាក់ពួកនោះដែរ ដ្បិតបើសិនជាពួកសាសន៍ដទៃ បានទទួលចំណែកនៃអស់ទាំងសេចក្ដី ខាងព្រលឹងវិញ្ញាណពីគេ នោះគួរតែជួយគេក្នុងរបស់ទាំងប៉ុន្មាន ខាងសាច់ឈាមវិញ
28 ដូច្នេះ កាលណាខ្ញុំបានសម្រេចការនេះ គឺប្រគល់ផលនៃការជំនួយនេះដល់គេរួចហើយ នោះខ្ញុំនឹងចេញដំណើរទៅឯស្រុកអេស្ប៉ាញ ដោយសារអ្នករាល់គ្នា
29 ហើយខ្ញុំដឹងថា ដែលខ្ញុំមកឯអ្នករាល់គ្នា នោះខ្ញុំនឹងនាំទាំងព្រះពរ នៃដំណឹងល្អ ផងព្រះគ្រីស្ទ ដ៏ពោរពេញមកដែរ ។
30 តែបងប្អូនអើយ ខ្ញុំទូន្មានអ្នករាល់គ្នាដោយនូវព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា ហើយដោយនូវសេចក្ដីស្រឡាញ់នៃព្រះវិញ្ញាណថា ចូរអ្នករាល់គ្នាខំប្រឹងអធិស្ឋាន ដល់ព្រះជាមួយនឹងខ្ញុំ
31 ដើម្បីឲ្យខ្ញុំបានរួចពីពួកមនុស្សមិនជឿនៅស្រុកយូដា ហើយឲ្យការដែលខ្ញុំទៅធ្វើនៅក្រុងយេរូសាឡឹម បានគាប់ចិត្តដល់ពួកបរិសុទ្ធផង
32 ប្រយោជន៍ឲ្យខ្ញុំមកឯអ្នករាល់គ្នា ដោយអំណរតាមព្រះហឫទ័យព្រះ ហើយឲ្យខ្ញុំបានលំហើយចិត្តជាមួយនឹងអ្នករាល់គ្នា
33 សូមឲ្យព្រះនៃសេចក្ដីសុខសាន្តគង់ជាមួយនឹងអ្នករាល់គ្នា អាម៉ែន។
ជំពូក 16
1 ខ្ញុំទុកដាក់នាងភីបេ ជាបងប្អូនយើងនឹងអ្នករាល់គ្នា នាងជាអ្នកជំនួយដល់ពួកជំនុំ នៅក្រុងកេងគ្រា
2 ដើម្បីឲ្យអ្នករាល់គ្នាបានទទួលនាងក្នុងព្រះអម្ចាស់ តាមបែបដែលគួរឲ្យពួកបរិសុទ្ធធ្វើ ហើយឲ្យអ្នករាល់គ្នាបានជួយនាង ក្នុងការអ្វីដែលនាងត្រូវការនឹងអ្នករាល់គ្នាដែរ ដ្បិតនាងបានជួយគេជាច្រើន ព្រមទាំងខ្ញុំផង។
3 សូមជម្រាបសួរដល់នាងព្រីស៊ីល និងអ្នកអ័គីឡា ជាអ្នកដែលធ្វើការជាមួយនឹងខ្ញុំ ក្នុងព្រះគ្រីស្ទយេស៊ូវ
4 គេបានប្រថុយជីវិតដោយព្រោះខ្ញុំ មិនមែនតែខ្ញុំដែលអរគុណដល់គេប៉ុណ្ណោះ គឺទាំងពួកជំនុំសាសន៍ដទៃទាំងប៉ុន្មានថែមទៀត
5 សូមជម្រាបសួរពួកជំនុំ ដែលប្រជុំនៅផ្ទះគេដែរ សូមជម្រាបសួរអ្នកអេប៉ាយនេត ជាស្ងួនភ្ងាខ្ញុំ ដែលជាផលដំបូងថ្វាយព្រះគ្រីស្ទពីស្រុកអាស៊ី
6 សូមជម្រាបសួរនាងម៉ារា ដែលបាននឿយហត់ជាច្រើន ប្រយោជន៍នឹងជួយយើង
7 សូមជម្រាបសួរអ្នកអាន់ត្រូនីក និងអ្នកយូនាស ជាញាតិខ្ញុំ គឺជាអ្នកជាប់គុកជាមួយនឹងខ្ញុំ ដែលមានកេរ្តិ៍ឈ្មោះក្នុងពួកសាវក ក៏ជឿដល់ព្រះគ្រីស្ទមុនខ្ញុំដែរ
8 សូមជម្រាបសួរអ្នកអាំភ្លាស ជាស្ងួនភ្ងាខ្ញុំក្នុងព្រះអម្ចាស់
9 សូមជម្រាបសួរអ្នកអ៊ើបាន់ ដែលធ្វើការជាមួយនឹងយើង ក្នុងព្រះគ្រីស្ទ និងអ្នកស័តាឃីស ជាស្ងួនភ្ងាខ្ញុំដែរ
10 សូមជម្រាបសួរអ្នកអ័ពេលេស ដែលជាអ្នកខ្ជាប់ខ្ជួនក្នុងព្រះគ្រីស្ទ ហើយសូមជម្រាបសួរពួកផ្ទះអើរិស្តូប៊ូល
11 សូមជម្រាបសួរអ្នកហេរ៉ូឌាន ជាញាតិខ្ញុំ សូមជម្រាបសួរពួកផ្ទះណើគីស ដែលនៅក្នុងព្រះអម្ចាស់
12 សូមជម្រាបសួរនាងទ្រីភេន និងនាងទ្រីផូស ដែលធ្វើការក្នុងព្រះអម្ចាស់ សូមជម្រាបសួរនាងពើស៊ីស ជាអ្នកស្ងួនភ្ងា ដែលធ្វើការនឿយហត់ជាច្រើនក្នុងព្រះអម្ចាស់
13 សូមជម្រាបសួរអ្នករូភូស ដែលព្រះអម្ចាស់បានរើសតាំង និងម្តាយគាត់ដែលរាប់ជាម្តាយខ្ញុំដែរ
14 សូមជម្រាបសួរអ្នកអ័ស៊ីងគ្រីត អ្នកភ្លេកូន អ្នកហ៊ើម៉ាស អ្នកប៉ាត្រូបាស អ្នកហ៊ើមេស និងពួកបងប្អូនដែលនៅជាមួយនឹងអ្នកទាំងនោះ
15 សូមជម្រាបសួរអ្នកភីឡូឡូក និងនាងយូលាស អ្នកនេរើស និងប្អូនស្រីគាត់ ហើយអ្នកអូលីមប៉ាស និងពួកបរិសុទ្ធ ដែលនៅជាមួយនឹងអ្នកទាំងនោះ
16 សូមអ្នករាល់គ្នាជម្រាបសួរគ្នាទៅវិញទៅមក ដោយការថើបយ៉ាងបរិសុទ្ធ ពួកជំនុំនៃព្រះគ្រីស្ទទាំងអស់ សូមជម្រាបសួរមកអ្នករាល់គ្នា។
17 ឱបងប្អូនអើយ ខ្ញុំទូន្មានអ្នករាល់គ្នា ឲ្យចំណាំមើលអស់អ្នកដែលបណ្តាលឲ្យបាក់បែកគ្នា ហើយនាំឲ្យមានសេចក្ដីរវាតចិត្ត ខុសនឹងសេចក្ដីដែលអ្នករាល់គ្នាបានរៀនមក ត្រូវឲ្យបែរចេញពីអ្នកទាំងនោះ
18 ដ្បិតមនុស្សបែបយ៉ាងនោះ មិនមែនគោរពប្រតិបត្តិដល់ព្រះគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នាទេ គេបម្រើតែពោះខ្លួនគេវិញ ទាំងបញ្ឆោតចិត្តមនុស្សស្លូតត្រង់ ដោយពាក្យផ្អែមពីរោះ និងពាក្យបញ្ចើចផង
19 ដ្បិតមនុស្សទាំងអស់បានដឹង ពីបែបដែលអ្នករាល់គ្នាស្តាប់បង្គាប់ហើយ ដូច្នេះ ខ្ញុំត្រេកអរពីដំណើរអ្នករាល់គ្នាណាស់ ប៉ុន្តែ ខ្ញុំចង់ឲ្យអ្នករាល់គ្នាមានប្រាជ្ញាខាងឯសេចក្ដីល្អ ហើយល្ងង់ខាងឯសេចក្ដីអាក្រក់វិញ
20 ឯព្រះនៃសេចក្ដីសុខសាន្ត នៅបន្តិចទៀតទ្រង់នឹងកិនអារក្សសាតាំង នៅក្រោមជើងអ្នករាល់គ្នាហើយ សូមឲ្យអ្នកបានប្រកប ដោយនូវព្រះគុណនៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងចុះ។
21 អ្នកធីម៉ូថេ ជាអ្នកធ្វើការជាមួយនឹងខ្ញុំ ហើយអ្នកលូគាស អ្នកយ៉ាសុន និងអ្នកសូសិប៉ាត្រុស ជាញាតិខ្ញុំ គេសូមជម្រាបសួរមកអ្នករាល់គ្នាដែរ
22 ឯខ្ញុំ ឈ្មោះទើទាសដែលសរសេរសំបុត្រនេះ ក៏សូមជម្រាបសួរមកអ្នករាល់គ្នាក្នុងព្រះអម្ចាស់ដែរ
23 អ្នកកៃយុស ជាអ្នកដែលទទួលខ្ញុំ និងពួកជំនុំទាំងអស់ផង គាត់សូមជម្រាបសួរមកអ្នករាល់គ្នា អ្នកអេរ៉ាស្ទុស ជាមេត្រួតត្រាក្នុងទីក្រុង និងអ្នកក្វើតុស ជាពួកបងប្អូន គេក៏សូមជម្រាបសួរមកអ្នករាល់គ្នាដែរ
24 សូមឲ្យអ្នករាល់គ្នាបានប្រកប ដោយនូវព្រះគុណនៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាប់គ្នាទាំងអស់ អាម៉ែន។
25 រីឯព្រះ ដែលអាចនឹងតាំងអ្នករាល់គ្នា ឲ្យខ្ជាប់ខ្ជួនតាមដំណឹងល្អខ្ញុំ នឹងតាមខ្លឹមនៃលទ្ធិរបស់ព្រះយេស៊ូវគ្រីស្ទ ដែលត្រូវនឹងសេចក្ដីបើកសម្ដែង អំពីការអាថ៌កំបាំង ដែលបានលាក់ទុកនៅអស់ទាំងកល្បរៀងមក
26 តែឥឡូវនេះបានបើកសម្ដែងមក ឲ្យគ្រប់ទាំងសាសន៍ដឹង ដោយសារគម្ពីរហោរា តាមបង្គាប់នៃព្រះដ៏មានព្រះជន្មរស់អស់កល្បជានិច្ច ដើម្បីឲ្យគេបានចុះចូលជឿ ដោយសារព្រះយេស៊ូវគ្រីស្ទ
27 ជាព្រះដ៏មានប្រាជ្ញាតែ១ព្រះអង្គ សូមឲ្យទ្រង់បានសិរីល្អ នៅអស់កល្បរៀងទៅ។ អាម៉ែន។:៚