កូរិនថូសទី ១

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16


ជំពូក 1

1 សំបុត្រ​ប៉ុល​ខ្ញុំ ជា​អ្នក​ដែល​ព្រះ‌យេស៊ូវ​គ្រីស្ទ បាន​ហៅ​មក​ធ្វើ​ជា​សាវក​របស់​ទ្រង់ តាម​បំណង​ព្រះ‌ហឫទ័យ​ព្រះ ព្រម​ទាំង​សូស្ថេន ជា​ពួក​បង​ប្អូន
2 ផ្ញើ​មក​ពួក​ជំនុំ​នៃ​ព្រះ នៅ​ក្រុង​កូរិន‌ថូស ជា​ពួក​អ្នក​ដែល​បាន​ញែក​ចេញ​ជា​បរិសុទ្ធ ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ បាន​ទាំង​ហៅ​មក​ធ្វើ​ជា​ពួក​បរិសុទ្ធ ជា​មួយ​នឹង​អស់​អ្នក នៅ​គ្រប់​ទី​កន្លែង ដែល​អំពាវ‌នាវ​ដល់​ព្រះ‌នាម​នៃ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា គឺ​នៃ​គេ និង​យើង​ផង
3 សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​នូវ​ព្រះ‌គុណ និង​សេចក្ដី​សុខ‌សាន្ត អំពី​ព្រះ​ដ៏​ជា​ព្រះ‌វរ‌បិតា​នៃ​យើង​រាល់​គ្នា និង​ពី​ព្រះ‌អម្ចាស់​យេស៊ូវ‌គ្រីស្ទ​ផង។
4 ខ្ញុំ​អរ​ព្រះ‌គុណ​ដល់​ព្រះ​នៃ​ខ្ញុំ អំពី​ដំណើរ​អ្នក​រាល់​គ្នា​ជា​ដរាប ដោយ​ព្រោះ​ព្រះ‌គុណ​នៃ​ព្រះ ដែល​បាន​ផ្តល់​មក​អ្នក​រាល់​គ្នា​ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ
5 ព្រោះ​អ្នក​រាល់​គ្នា​បាន​ចម្រើន​ឡើង​គ្រប់​Chapter ដោយ‌សារ​ទ្រង់ គឺ​ក្នុង​គ្រប់​ទាំង​ពាក្យ​សំដី និង​ចំណេះ​ទាំង​អស់​ដែរ
6 តាម​ដែល​សេចក្ដី​បន្ទាល់​ពី​ព្រះ‌គ្រីស្ទ​បាន​បញ្ជាក់​ក្នុង​ពួក​អ្នក​រាល់​គ្នា
7 ដល់​ម៉្លេះ​បាន​ជា​អ្នក​រាល់​គ្នា​មិន​ចាញ់​គេ ខាង​អំណោយ​ទាន​ណា​មួយ​ឡើយ ទាំង​ចាំ ទំរាំ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​យើង​រាល់​គ្នា ទ្រង់​លេច​មក​ផង
8 ដែល​ទ្រង់​នឹង​តាំង​អ្នក​រាល់​គ្នា​ឲ្យ​ខ្ជាប់‌ខ្ជួន ដរាប​ដល់​ចុង​បំផុត ឲ្យ​បាន​ឥត​កន្លែង​បន្ទោស​បាន ក្នុង​ថ្ងៃ​នៃ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង
9 ឯ​ព្រះ​ដែល​បាន​ហៅ​អ្នក​រាល់​គ្នា​មក ឲ្យ​មាន​សេចក្ដី​ប្រកប​នឹង​ព្រះ‌រាជ‌បុត្រា​ទ្រង់ គឺ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង នោះ​ទ្រង់​ស្មោះ‌ត្រង់។
10 ឥឡូវ​នេះ បង​ប្អូន​អើយ ខ្ញុំ​ទូន្មាន​ដល់​អ្នក​រាល់​គ្នា ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​ថា ចូរ​និយាយ​សេចក្ដី​ដដែល​ទាំង​អស់​គ្នា កុំ​ឲ្យ​មាន​សេចក្ដី​បាក់​បែក​ក្នុង​ពួក​អ្នក​រាល់​គ្នា​ឡើយ ត្រូវ​ឲ្យ​បាន​រួប‌រួម​គ្នា ដោយ​មាន​ចិត្ត​មាន​គំនិត​តែ​១​វិញ
11 ឱ​បង​ប្អូន​អើយ ពី​ព្រោះ​មាន​ពួក​អ្នក​ផ្ទះ​នាង​ខ្លូអេ​បាន​ប្រាប់​ខ្ញុំ ពី​ដំណើរ​អ្នក​រាល់​គ្នា​ថា តែង​តែ​មាន​សេចក្ដី​ឈ្លោះ​ប្រកែក ក្នុង​ពួក​អ្នក​រាល់​គ្នា
12 គឺ​ថា អ្នក​រាល់​គ្នា​នីមួយៗ ប្រកាន់​ថា ខ្លួន​ជា​សិស្ស​របស់​ប៉ុល ជា​របស់​អ័ប៉ុឡូស ជា​របស់​កេផាស ឬ​ជា​របស់​ព្រះ‌គ្រីស្ទ
13 ដូច្នេះ តើ​ព្រះ‌គ្រីស្ទ​បាន​បាក់​បែក​ឬ​អី តើ​ប៉ុល​ត្រូវ​ឆ្កាង​ជំនួស​អ្នក​រាល់​គ្នា​ឬ​អី តើ​អ្នក​រាល់​គ្នា​បាន​ទទួល​បុណ្យ​ជ្រមុជ ដោយ​នូវ​ឈ្មោះ​ប៉ុល​ឬ​អី
14 ខ្ញុំ​អរ​ព្រះ‌គុណ​ដល់​ព្រះ​ថា ខ្ញុំ​មិន​បាន​ធ្វើ​បុណ្យ​ជ្រមុជ​ឲ្យ​អ្នក​ណា​មួយ ក្នុង​ពួក​អ្នក​រាល់​គ្នា​ទេ បាន​ធ្វើ​ឲ្យ​តែ​គ្រីស‌ប៉ុល និង​កៃយុស​ប៉ុណ្ណោះ
15 ដើម្បី​កុំ​ឲ្យ​មាន​អ្នក​ណា​ប្រកាន់​ថា ខ្ញុំ​បាន​ធ្វើ​បុណ្យ​ជ្រមុជ​ដោយ​នូវ​ឈ្មោះ​ខ្ញុំ​នោះ​ឡើយ
16 ខ្ញុំ​ក៏​បាន​ធ្វើ​បុណ្យ​ជ្រមុជ​ឲ្យ​ពួក​ផ្ទះ​ស្ទេផាន៉ាស​ដែរ តែ​ឯ​មនុស្ស​ឯ​ទៀត ខ្ញុំ​មិន​ដឹង​ជា​បាន​ធ្វើ​បុណ្យ​ជ្រមុជ​ឲ្យ​អ្នក​ណា​ទេ
17 ដ្បិត​ព្រះ‌គ្រីស្ទ​មិន​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ធ្វើ​បុណ្យ​ជ្រមុជ‌ទឹក​ទេ គឺ​ឲ្យ​មក​ផ្សាយ​ដំណឹង​ល្អ​ប៉ុណ្ណោះ តែ​មិន​មែន​ដោយ​ពាក្យ​ឧត្តុង្គ‌ឧត្តម​ឡើយ ក្រែង​ឈើ​ឆ្កាង​នៃ​ព្រះ‌គ្រីស្ទ​ទៅ​ជា​អសារ​ឥត​ការ​វិញ។
18 ដ្បិត​ដំណឹង​ពី​ឈើ​ឆ្កាង នោះ​ជា​សេចក្ដី​ចម្កួត ដល់​អស់​អ្នក​ដែល​កំពុង​តែ​វិនាស តែ​ជា​ព្រះ‌ចេស្តា​នៃ​ព្រះ ដល់​យើង​រាល់​គ្នា​ដែល​កំពុង​តែ​បាន​សង្គ្រោះ​វិញ
19 ព្រោះ​មាន​សេចក្ដី​ចែង​ទុក​មក​ថា «អញ​នឹង​បំផ្លាញ​ប្រាជ្ញា​របស់​ពួក​អ្នក​ប្រាជ្ញ ហើយ​និង​លើក​ចំណេះ​របស់​ពួក​អ្នក ដែល​ចេះ ចោល​ចេញ»
20 តើ​អ្នក​ប្រាជ្ញ​នៅ​ឯ​ណា តើ​អាចារ្យ​នៅ​ឯ​ណា តើ​អ្នក​ដេញ​ដោល​នៃ​សម័យ​នេះ​នៅ​ឯ​ណា ព្រះ‌ទ្រង់​បាន​ធ្វើ​ឲ្យ​ប្រាជ្ញា​របស់​លោកីយ៍​នេះ ទៅ​ជា​សេចក្ដី​ល្ងង់‌ល្ងើ​វិញ​ទេ​តើ
21 ដ្បិត​ដោយ​ព្រោះ​ព្រះ‌ទ្រង់​បាន​សម្រេច​តាម​ប្រាជ្ញា​នៃ​ទ្រង់​ថា មនុស្ស​លោក​នឹង​រក​ស្គាល់​ព្រះ​ដោយ​អាង​ប្រាជ្ញា​ខ្លួន​មិន​បាន​ទេ បាន​ជា​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​នឹង​ជួយ​សង្គ្រោះ​អស់​លោក​អ្នក​ដែល​ជឿ ដោយ‌សារ​សេចក្ដី​ល្ងី‌ល្ងើ​វិញ គឺ​ជា​ការ​ប្រកាស​ដំណឹង​ល្អ
22 ពី​ព្រោះ​សាសន៍​យូដា គេ​ចង់​ឃើញ​ភស្តុ‌តាង ហើយ​សាសន៍​ក្រេក គេ​ស្វែង​រក​ប្រាជ្ញា
23 តែ​យើង​ខ្ញុំ​ប្រកាស​ប្រាប់​ពី​ព្រះ‌គ្រីស្ទ ដែល​ទ្រង់​ត្រូវ​ឆ្កាង​វិញ ជា​ហេតុ​នាំ​ឲ្យ​រវាត​ចិត្ត​ដល់​សាសន៍​យូដា និង​ជា​សេចក្ដី​ល្ងង់‌ល្ងើ​ដល់​សាសន៍​ក្រេក
24 តែ​ព្រះ‌គ្រីស្ទ ទ្រង់​ជា​ព្រះ‌ចេស្តា ហើយ​ជា​ប្រាជ្ញា​របស់​ព្រះ​វិញ ដល់​អស់​អ្នក​ដែល​ទ្រង់​ហៅ ទាំង​សាសន៍​យូដា ហើយ​និង​សាសន៍​ក្រេក​ផង
25 ដ្បិត​សេចក្ដី​ល្ងង់‌ល្ងើ​របស់​ព្រះ នោះ​មាន​ប្រាជ្ញា​លើស​ជាង​មនុស្ស ហើយ​សេចក្ដី​កំសោយ​របស់​ព្រះ ក៏​មាន​កម្លាំង​លើស​ជាង​មនុស្ស​ដែរ។
26 ឱ​បង​ប្អូន​អើយ អ្នក​រាល់​គ្នា​ឃើញ​ថា ក្នុង​ពួក​អ្នក​ដែល​ទ្រង់​បាន​ហៅ មិន‌សូវ​មាន​អ្នក​ប្រាជ្ញ​ច្រើន​ខាង​ឯ​សាច់​ឈាម ឬ​ច្រើន​នាក់​មាន​អំណាច និង​ច្រើន​នាក់​ដែល​មាន​ត្រកូល​ខ្ពស់​នោះ​ទេ
27 ព្រះ‌ទ្រង់​បាន​រើស​ពួក​ល្ងង់‌ល្ងើ​នៅ​លោកីយ៍​នេះ ដើម្បី​នឹង​ធ្វើ​ឲ្យ​អ្នក​ប្រាជ្ញ​មាន​សេចក្ដី​ខ្មាស​វិញ ទ្រង់​បាន​រើស​ពួក​កំសោយ​នៅ​លោកីយ៍​នេះ ដើម្បី​នឹង​ធ្វើ​ឲ្យ​ពួក​ខ្លាំង​ពូកែ​មាន​សេចក្ដី​ខ្មាស
28 ហើយ​ទ្រង់​បាន​រើស​អ្នក​ទាប​ថោក​នៅ​លោកីយ៍​នេះ និង​ពួក​អ្នក​ដែល​គេ​មើល‌ងាយ ព្រម​ទាំង​របស់​ដែល​គ្មាន​ផង ដើម្បី​នឹង​លើក​ចោល​របស់​ដែល​មាន​ចេញ
29 ប្រយោជន៍​កុំ​ឲ្យ​មនុស្ស​ណា​បាន​អួត​ខ្លួន នៅ​ចំពោះ​ព្រះ​ឡើយ
30 តែ​ដោយ‌សារ​ព្រះ នោះ​អ្នក​រាល់​គ្នា​នៅ​ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ ដែល​ទ្រង់​បាន​តាំង​ឡើង ទុក​ជា​ប្រាជ្ញា​ដែល​មក​ពី​ព្រះ ហើយ​ជា​សេចក្ដី​សុចរិត សេចក្ដី​បរិសុទ្ធ និង​សេចក្ដី​ប្រោស​លោះ​ដល់​យើង​ផង
31 ដើម្បី​ឲ្យ​បាន​ត្រូវ​នឹង​សេចក្ដី​ដែល​ចែង​ទុក​មក​ថា «អ្នក​ណា​ដែល​អួត ត្រូវ​អួត​តែ​ពី​ព្រះ‌អម្ចាស់​ប៉ុណ្ណោះ» ។


ជំពូក 2

1 រីឯ​ខ្ញុំ បង​ប្អូន​អើយ កាល​ខ្ញុំ​បាន​មក​ឯ​អ្នក​រាល់​គ្នា នោះ​មិន​បាន​មក​ដោយ​ប្រើ​វោហារ ឬ​ប្រាជ្ញា​ដ៏​ឧត្តម ដើម្បី​នឹង​ប្រាប់​សេចក្ដី​បន្ទាល់​ពី​ព្រះ ដល់​អ្នក​រាល់​គ្នា​ទេ
2 ដ្បិត​ខ្ញុំ​បាន​ផ្តាច់​ចិត្ត​ថា នៅ​ក្នុង​ពួក​អ្នក​រាល់​គ្នា នោះ​ខ្ញុំ​មិន​ព្រម​ស្តាប់​រឿង​អ្វី​ទៀត ក្រៅ​ពី​ព្រះ‌យេស៊ូវ​គ្រីស្ទ​ទេ ហើយ​គឺ​ដែល​ទ្រង់​ត្រូវ​ឆ្កាង​ផង
3 ខ្ញុំ​ក៏​បាន​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា ទាំង​មាន​សេចក្ដី​កំសោយ ភិត‌ភ័យ ហើយ​ញាប់‌ញ័រ​ជា​ច្រើន​ដែរ
4 ឯ​ពាក្យ​សំដី និង​វោហា​អធិប្បាយ​របស់​ខ្ញុំ ក៏​មិន​មែន​ដោយ​ពាក្យ​ឧត្តុង្គ‌ឧត្តម ដែល​ពូកែ​បញ្ចុះ‌បញ្ចូល​នោះ​ដែរ គឺ​ដោយ​ការ​សម្ដែង​ចេញ​ជា​ព្រះ‌វិញ្ញាណ និង​ព្រះ‌ចេស្តា​វិញ​ទេ​តើ
5 ដើម្បី​កុំ​ឲ្យ​សេចក្ដី​ជំនឿ​របស់​អ្នក​រាល់​គ្នា​បាន​តាំង​នៅ ដោយ​ប្រាជ្ញា​របស់​មនុស្ស​ឡើយ គឺ​ដោយ​ព្រះ‌ចេស្តា​នៃ​ព្រះ​វិញ។
6 ប៉ុន្តែ នៅ​ក្នុង​ចំណោម​មនុស្ស​គ្រប់​លក្ខណ៍ នោះ​យើង​ខ្ញុំ​ក៏​និយាយ​តាម​ប្រាជ្ញា​ដែរ តែ​មិន​មែន​តាម​ប្រាជ្ញា​របស់​លោកីយ៍​នេះ ឬ​របស់​ពួក​ចៅ‌ហ្វាយ​នៅ​លោកីយ៍​នេះ ដែល​ត្រូវ​សាប‌សូន្យ​នោះ​ទេ
7 គឺ​និយាយ​តាម​តែ​ប្រាជ្ញា​នៃ​ព្រះ​វិញ ជា​សេចក្ដី​អាថ៌‌កំបាំង​ដ៏​លាក់​ទុក ដែល​ព្រះ​បាន​គិត​គូ តាំង​ពី​មុន​អស់​ទាំង​កល្ប សម្រាប់​ជា​សិរី‌ល្អ​ដល់​យើង​រាល់​គ្នា
8 គ្មាន​ចៅ‌ហ្វាយ​ណា​ក្នុង​លោកីយ៍​នេះ​បាន​ស្គាល់​សេចក្ដី​អាថ៌‌កំបាំង​នោះ​ឡើយ បើ​បាន​ស្គាល់ នោះ​គេ​មិន​បាន​ឆ្កាង​ព្រះ‌អម្ចាស់​ដ៏​មាន​សិរី​ទេ
9 ដូច​មាន​សេចក្ដី​ចែង​ទុក​មក​ថា «សេចក្ដី​ដែល​ភ្នែក​មិន​ដែល​ឃើញ ត្រចៀក​មិន​ដែល​ឮ ហើយ​ចិត្ត​នឹក​មិន​ដែល​ដល់ គឺ​សេចក្ដី​នោះ​ឯង​ដែល​ព្រះ​បាន​រៀប‌ចំ​ទុក សម្រាប់​ពួក​អ្នក​ដែល​ស្រឡាញ់​ទ្រង់»
10 ព្រះ‌ទ្រង់​បាន​សម្ដែង ឲ្យ​យើង​រាល់​គ្នា​ឃើញ​សេចក្ដី​ទាំង​នោះ ដោយ‌សារ​ព្រះ‌វិញ្ញាណ​ទ្រង់ ដ្បិត​ព្រះ‌វិញ្ញាណ​នៃ​ទ្រង់​ស្ទង់​មើល​គ្រប់​ទាំង​អស់ ព្រម​ទាំង​សេចក្ដី​ជ្រាល​ជ្រៅ​នៃ​ព្រះ​ដែរ
11 ដ្បិត​បើ​មិន​មែន​ជា​វិញ្ញាណ ដែល​នៅ​ក្នុង​ខ្លួន​មនុស្ស​ទេ នោះ​តើ​មាន​អ្វី​នឹង​ស្គាល់​សណ្ឋាន​មនុស្ស​នោះ​បាន ហើយ​បើ​មិន​មែន​ជា​ព្រះ‌វិញ្ញាណ​នៃ​ព្រះ នោះ​ក៏​គ្មាន​អ្នក​ណា​ស្គាល់​សណ្ឋាន​ព្រះ​បាន​ដែរ។
12 ឯ​យើង​រាល់​គ្នា យើង​មិន​បាន​ទទួល​វិញ្ញាណ​របស់​លោកីយ៍​ទេ គឺ​ទទួល​ព្រះ‌វិញ្ញាណ​ដែល​មក​ពី​ព្រះ​វិញ ដើម្បី​ឲ្យ​បាន​ស្គាល់​អស់​ទាំង​ព្រះ‌គុណ ដែល​ព្រះ​បាន​ផ្តល់​មក​យើង
13 ហើយ​យើង​ក៏​និយាយ​ពី​សេចក្ដី​ទាំង​នោះ​ឯង មិន​មែន​ដោយ​ពាក្យ​សំដី ដែល​ប្រាជ្ញា​មនុស្ស​បាន​បង្រៀន​ទេ គឺ​ដោយ​ពាក្យ​សំដី ដែល​ព្រះ‌វិញ្ញាណ​បង្រៀន​វិញ ព្រម​ទាំង​ផ្ទឹម​ពន្យល់​សេចក្ដី​ខាង​វិញ្ញាណ ដោយ‌សារ​សេចក្ដី​ខាង​ឯ​វិញ្ញាណ​ផង
14 ប៉ុន្តែ មនុស្ស​ខាង​សាច់​ឈាម​គេ​មិន​ទទួល​សេចក្ដី​ខាង​ឯ​ព្រះ‌វិញ្ញាណ នៃ​ព្រះ​ទេ ពី​ព្រោះ​ជា​សេចក្ដី​ល្ងង់‌ល្ងើ​ដល់​គេ ក៏​រក​ស្គាល់​មិន​បាន​ដែរ ដ្បិត​ត្រង់​ឯ​សេចក្ដី​ទាំង​នោះ ត្រូវ​ពិចារណា​យល់​ខាង​វិញ្ញាណ​វិញ
15 ឯ​មនុស្ស​ខាង​វិញ្ញាណ​វិញ គេ​ពិចារណា​យល់​គ្រប់​ទាំង​អស់​បាន តែ​មិន​ត្រូវ​អ្នក​ណា​ពិចារណា​ខ្លួន​ឡើង
16 ដ្បិត​តើ​អ្នក​ណា​ស្គាល់​គំនិត​នៃ​ព្រះ‌អម្ចាស់ តើ​អ្នក​ណា​នឹង​បង្រៀន​ទ្រង់​បាន តែ​យើង​រាល់​គ្នា​មាន​គំនិត​ជា​របស់​ផង​ព្រះ‌គ្រីស្ទ​វិញ។


ជំពូក 3

1 ឯ​ខ្ញុំ បង​ប្អូន​អើយ ខ្ញុំ​ពុំ​អាច​និយាយ​នឹង​អ្នក​រាល់​គ្នា ដូច​នឹង​មនុស្ស​ខាង​ឯ​វិញ្ញាណ​បាន​ទេ ត្រូវ​តែ​និយាយ​ដូច​នឹង​មនុស្ស​ខាង​ឯ​សាច់​ឈាម​វិញ គឺ​ដូច​ជា​និយាយ​នឹង​កូន​ខ្ចី​ក្នុង​ព្រះ‌គ្រីស្ទ
2 ខ្ញុំ​បាន​ឲ្យ​ទឹក​ដោះ​មក​អ្នក​រាល់​គ្នា​ផឹក មិន​បាន​ឲ្យ​សាច់​បរិភោគ​ទេ ដ្បិត​កាល​ណោះ​អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​បរិភោគ​បាន ហើយ​ឥឡូវ​នេះ ក៏​មិន​ទាន់​បាន​ដែរ
3 ដោយ​ព្រោះ​អ្នក​រាល់​គ្នា នៅ​តែ​ខាង​សាច់​ឈាម​នៅ​ឡើយ ដ្បិត​ដែល​មាន​សេចក្ដី​ឈ្នានីស ឈ្លោះ​ប្រកែក និង​បាក់​បែក​គ្នា ក្នុង​ពួក​អ្នក​រាល់​គ្នា នេះ​តើ​មិន​នៅ​ខាង​សាច់​ឈាម ហើយ​ដើរ​តាម​បែប​មនុស្ស​លោក​ទេ​ឬ​អី
4 គឺ​កាល​ដែល​ម្នាក់​ប្រកាន់​ថា ខ្លួន​ជា​សិស្ស​របស់​ប៉ុល ហើយ​ម្នាក់​ទៀត​ថា ខ្លួន​ជា​របស់​អ័ប៉ុឡូស នោះ​តើ​មិន​មែន​នៅ​ខាង​សាច់​ឈាម​ទេ​ឬ​អី
5 ដូច្នេះ តើ​ប៉ុល​ជា​អ្វី ឬ​អ័ប៉ុឡូស​ជា​អ្វី គឺ​គ្រាន់​តែ​ជា​អ្នក​បម្រើ​ដែល​នាំ​ឲ្យ​អ្នក​រាល់​គ្នា​ជឿ តាម​ដែល​ព្រះ‌អម្ចាស់​បាន​ប្រទាន​មក​គ្រប់​គ្នា​តែ​ប៉ុណ្ណោះ​ទេ​តើ
6 ខ្ញុំ​បាន​សាប‌ព្រោះ អ័ប៉ុឡូស​ជា​អ្នក​ស្រោច តែ​ដែល​បាន​ដុះ​ឡើង នោះ​គឺ​ព្រះ​បាន​ធ្វើ​វិញ
7 ហេតុ​នោះ​បាន​ជា​អ្នក​សាប‌ព្រោះ និង​អ្នក​ដែល​ស្រោច នោះ​មិន​មែន​ជា​អ្វី​ទេ ស្រេច ហើយ​និង​ព្រះ​ដែល​ធ្វើ​ឲ្យ​ដុះ​វិញ​ទេ​តើ
8 ឯ​អ្នក​ដែល​សាប‌ព្រោះ និង​អ្នក​ដែល​ស្រោច នោះ​ដូច​គ្នា​ទេ ហើយ​ក្នុង​អ្នក​នីមួយៗ នោះ​នឹង​បាន​រង្វាន់​តាម​ការ​ដែល​ខ្លួន​ធ្វើ
9 ដ្បិត​យើង​រាល់​គ្នា​ជា​អ្នក​ធ្វើ​ការ​ជា​មួយ​នឹង​ព្រះ ឯ​អ្នក​រាល់​គ្នា​ជា​ស្រែ​ដែល​ព្រះ‌ទ្រង់​ភ្ជួរ ហើយ​ជា​ផ្ទះ​ដែល​ព្រះ‌ទ្រង់​ធ្វើ។
10 ខ្ញុំ​បាន​ដាំ​ជើង​ជញ្ជាំង ដូច​ជា​មេ​ជាង​ផ្ទះ​ដ៏​ចំណាន តាម​ព្រះ‌គុណ​ដែល​ព្រះ​បាន​ប្រទាន​មក​ខ្ញុំ មាន​ម្នាក់​ទៀត​ជា​អ្នក​សង់​ពី​លើ ប៉ុន្តែ ត្រូវ​ឲ្យ​មនុស្ស​ប្រយ័ត​រៀង​ខ្លួន អំពី​បែប​ណា​ដែល​សង់​ពី​លើ​ជើង​នោះ
11 ដ្បិត​គ្មាន​អ្នក​ណា​អាន​នឹង​ដាំ​ជើង​ជញ្ជាំង​ណា​ផ្សេង​ទៀត ក្រៅ​ពី​ជើង​ដែល​បាន​ដាំ​រួច​ហើយ​នោះ​បាន​ទេ គឺ​ជា​ព្រះ‌យេស៊ូវ​គ្រីស្ទ
12 បើ​អ្នក​ណា​យក​មាស ប្រាក់ ត្បូង ឈើ ស្បូវ ឬ​ស្លឹក ដើម្បី​នឹង​ធ្វើ​ពី​លើ​ជើង​ជញ្ជាំង​នេះ
13 នោះ​ការ​ដែល​អ្នក​រាល់​គ្នា​ធ្វើ នឹង​លេច​មក​ឲ្យ​ឃើញ ដ្បិត​ថ្ងៃ​នោះ​នឹង​បង្ហាញ​ពី​ការ​នោះ​យ៉ាង​ច្បាស់‌លាស់ ព្រោះ​ការ​នោះ​នឹង​សម្ដែង​ចេញ​មក​ដោយ‌សារ​ភ្លើង ហើយ​ភ្លើង​នឹង​សាក​មើល​ការ​ដែល​នីមួយៗ ធ្វើ ឲ្យ​ដឹង​ជា​យ៉ាង​ណា
14 បើ​ការ​ដែល​អ្នក​ណា​សង់​ឡើង​បាន​ជាប់​នៅ អ្នក​នោះ​នឹង​បាន​រង្វាន់
15 បើ​ការ​ដែល​អ្នក​ណា​ធ្វើ​ត្រូវ​ឆេះ អ្នក​នោះ​នឹង​ត្រូវ​ខាត​វិញ តែ​ខ្លួន​អ្នក​នោះ​នឹង​បាន​រួច បែប​ដូច​ជា​ដើរ​កាត់​ភ្លើង។
16 តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ទេ​ឬ​អី ថា​ខ្លួន​អ្នក​រាល់​គ្នា​ជា​ព្រះ‌វិហារ​នៃ​ព្រះ ហើយ​ថា ព្រះ‌វិញ្ញាណ​នៃ​ព្រះ ទ្រង់​សណ្ឋិត​ក្នុង​អ្នក​រាល់​គ្នា
17 បើ​អ្នក​ណា​បង្ខូច​ព្រះ‌វិហារ​នៃ​ព្រះ នោះ​ព្រះ​នឹង​ធ្វើ​ឲ្យ​អ្នក​នោះ​ត្រូវ​ខូច​ដែរ ដ្បិត​ព្រះ‌វិហារ​នៃ​ព្រះ​ជា​វត្ថុ​ដ៏​បរិសុទ្ធ គឺ​ជា​ខ្លួន​អ្នក​រាល់​គ្នា​នេះ​ឯង។
18 កុំ​ឲ្យ​អ្នក​ណា​បញ្ឆោត​ខ្លួន​ឡើយ បើ​អ្នក​ណា​ក្នុង​ពួក​អ្នក​រាល់​គ្នា​ស្មាន​ថា ខ្លួន​មាន​ប្រាជ្ញា​ក្នុង​លោកីយ៍​នេះ ត្រូវ​ឲ្យ​អ្នក​នោះ​ត្រឡប់​ជា​ល្ងង់‌ល្ងើ វិញ ដើម្បី​ឲ្យ​មាន​ប្រាជ្ញា​ឡើង
19 ពី​ព្រោះ​ប្រាជ្ញា​របស់​លោកីយ៍​នេះ ជា​សេចក្ដី​ល្ងង់‌ល្ងើ​នៅ​ចំពោះ​ព្រះ ដ្បិត​មាន​សេចក្ដី​ចែង​ទុក​ថា «ព្រះ‌ទ្រង់​ចាប់​ពួក​អ្នក​ប្រាជ្ញ ដោយ‌សារ​កិច្ច‌កល​របស់​ខ្លួន​គេ»
20 ហើយ​មាន​បទ​១​ទៀត​ថា «ព្រះ‌អម្ចាស់​ទ្រង់​ជ្រាប​គំនិត​នៃ​ពួក​អ្នក​ប្រាជ្ញ ថា​ជា​ឥត​ប្រយោជន៍​ទាំង​អស់»
21 ដូច្នេះ កុំ​ឲ្យ​អ្នក​ណា​អួត​ពី​មនុស្ស​ឡើយ ដ្បិត​គ្រប់​ទាំង​អស់​ជា​របស់ ផង​អ្នក​រាល់​គ្នា
22 ទោះ​ទាំង​ប៉ុល ឬ​អ័ប៉ុឡូស កេផាស លោកីយ៍ ជីវិត សេចក្ដី​ស្លាប់ របស់​នៅ​ជំនាន់​សព្វ​ថ្ងៃ ឬ​ទៅ​មុខ​ក្តី នោះ​សុទ្ធ​តែ​ជា​របស់​ផង​អ្នក​រាល់​គ្នា​ទាំង​អស់
23 តែ​ឯ​អ្នក​រាល់​គ្នា​ជា​របស់​ផង​ព្រះ‌គ្រីស្ទ​វិញ ហើយ​ព្រះ‌គ្រីស្ទ​ទ្រង់​ជា​របស់​ព្រះ ។


ជំពូក 4

1 ដូច្នេះ មនុស្ស​ត្រូវ​រាប់​យើង​ខ្ញុំ​ទុក​ដូច​ជា​អ្នក​ជំនួយ​នៃ​ព្រះ‌គ្រីស្ទ ហើយ​ជា​អ្នក​រ៉ាប់រង​ចំពោះ​សេចក្ដី​អាថ៌‌កំបាំង​នៃ​ព្រះ​វិញ
2 រីឯ​អ្នក​រ៉ាប់រង ត្រូវ​ឲ្យ​គេ​បាន​ស្មោះ‌ត្រង់
3 តែ​ខាង​ឯ​ដំណើរ​របស់​ខ្ញុំ ដែល​អ្នក​រាល់​គ្នា ឬ​មនុស្ស​ណា​ក៏​ដោយ ចោទ​ប្រកាន់​ទោស​ខ្ញុំ នោះ​មិន​ជា​ការ​អំពល់​អ្វី​ដល់​ខ្ញុំ​ឡើយ ខ្ញុំ​ក៏​មិន​ចោទ​ប្រកាន់​ទោស​ខ្លួន​ខ្ញុំ​ផង
4 ពី​ព្រោះ​ខ្ញុំ​មិន​ឃើញ​មាន​អ្វី​នៅ​ក្នុង​ខ្លួន​ខ្ញុំ​សោះ ប៉ុន្តែ ខ្ញុំ​មិន​បាន​រាប់​ជា​សុចរិត​ដោយ‌សារ​ហេតុ​នោះ​ទេ អ្នក​ដែល​ចោទ​ប្រកាន់​ទោស នោះ​គឺ​ជា​ព្រះ‌អម្ចាស់​វិញ​ទេ​តើ
5 ដូច្នេះ កុំ​ឲ្យ​ចោទ​ប្រកាន់​ទោស​គ្នា​មុន​កំណត់​ឡើយ លុះ​ត្រា​តែ​ព្រះ‌អម្ចាស់​ទ្រង់​យាង​មក ដែល​ទ្រង់​នឹង​យក​អស់​ទាំង​អំពើ​លាក់​កំបាំង ដែល​ធ្វើ​នៅ​ទី​ងងឹត មក​ដាក់​នៅ​ទី​ភ្លឺ​វិញ ហើយ​និង​បើក​សម្ដែង​ឲ្យ​ឃើញ​អស់​ទាំង​គំនិត​ក្នុង​ចិត្ត​របស់​មនុស្ស​ផង នោះ​គ្រប់​គ្នា​នឹង​បាន​សេចក្ដី​សរសើរ​ពី​ព្រះ​រៀង​ខ្លួន។
6 បង​ប្អូន​អើយ ខ្ញុំ​បាន​បង្វែរ​សេចក្ដី​ទាំង​នេះ​មក​លើ​ខ្លួន​ខ្ញុំ និង​អ័ប៉ុឡូស ដោយ​ព្រោះ​តែ​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ហាត់​រៀន​តាម​យើង មិន​ឲ្យ​គិត​ខ្ពស់​លើស​ជាង​សេចក្ដី ដែល​បាន​ចែង​ទុក​មក ប្រយោជន៍​កុំ​ឲ្យ​អ្នក​ណា​មាន​សេចក្ដី​អំនួត អួត​ពី​អ្នក​១​ទាស់​នឹង​អ្នក​១​ឡើយ
7 ដ្បិត តើ​អ្នក​ណា​បាន​ធ្វើ​ឲ្យ​អ្នក​ផ្សេង​ពី​គេ តើ​អ្នក​មាន​អ្វី​ខ្លះ ដែល​អ្នក​មិន​បាន​ទទួល ចុះ​បើ​បាន​ទទួល​មែន ហេតុ​អ្វី​បាន​ជា​អួត​ខ្លួន​ដូច​ជា​មិន​បាន​ទទួល​វិញ
8 អ្នក​រាល់​គ្នា​ឆ្អែត​ហើយ ក៏​ជា​អ្នក​មាន​ផង កាល​ឥត​ពី​យើង​ខ្ញុំ នោះ​អ្នក​រាល់​គ្នា​បាន​សោយ​រាជ្យ​ឡើង ហើយ​ខ្ញុំ​ក៏​សុខ​ចិត្ត​ឲ្យ​អ្នក​រាល់​គ្នា​បាន​សោយ​រាជ្យ​ដែរ ដើម្បី​ឲ្យ​យើង​ខ្ញុំ​បាន​សោយ​រាជ្យ​ជា​មួយ​គ្នា
9 ខ្ញុំ​ស្មាន​ថា ព្រះ‌ទ្រង់​បាន​ដាក់​យើង​ខ្ញុំ ដែល​ជា​ពួក​សាវក ឲ្យ​នៅ​ក្រោយ​បង្អស់ ហាក់​ដូច​ជា​បាន​តម្រូវ​ឲ្យ​ស្លាប់​ដែរ ពី​ព្រោះ​យើង​ខ្ញុំ​បាន​ត្រឡប់​ជា​ទី​ដែល​សម្រាប់​ឲ្យ​លោកីយ៍​បាន​មើល​លេង គឺ​ដល់​ទាំង​ពួក​ទេវតា និង​ពួក​មនុស្ស​ផង
10 យើង​ខ្ញុំ​ជា​មនុស្ស​ល្ងង់‌ល្ងើ​ដោយ​យល់​ព្រះ‌គ្រីស្ទ តែ​អ្នក​រាល់​គ្នា​ជា​អ្នក​ប្រាជ្ញ​ក្នុង​ព្រះ‌គ្រីស្ទ​វិញ យើង​ខ្ញុំ​ខ្សោយ តែ​អ្នក​រាល់​គ្នា​មាន​កម្លាំង អ្នក​រាល់​គ្នា​មាន​សេចក្ដី​រុងរឿង តែ​យើង​ខ្ញុំ​អាប់‌ឱន​កេរ្តិ៍​ឈ្មោះ​វិញ
11 លុះ​មក​ដល់​ឥឡូវ​នេះ យើង​ខ្ញុំ​ត្រូវ​ទាំង​ឃ្លាន ទាំង​ស្រេក ហើយ​នៅ​អាក្រាត ទាំង​ត្រូវ​គេ​វាយ ហើយ​ក៏​ដើរ​សាត់​អណ្តែត
12 យើង​ខ្ញុំ​ធ្វើ​ការ​នឿយ​ហត់​នឹង​ដៃ​យើង កាល​ណា​គេ​ជេរ នោះ​យើង​ខ្ញុំ​ឲ្យ​ពរ​វិញ កាល​ណា​គេ​បៀត​បៀន នោះ​យើង​ខ្ញុំ​ទ្រាំ​ទ្រ
13 កាល​ណា​គេ​ប្រមាថ នោះ​យើង​ខ្ញុំ​អង្វរ​ដល់​គេ យើង​ខ្ញុំ​បាន​ត្រឡប់​ដូច​ជា​សំរាម​របស់​លោកីយ៍ ហើយ​ដូច​ជា​កម្អែល​នៃ​មនុស្ស​ទាំង​អស់ ដរាប​ដល់​ឥឡូវ​នេះ
14 ខ្ញុំ​សរសេរ​សេចក្ដី​ទាំង​នេះ មិន​មែន​ចង់​ឲ្យ​អ្នក​រាល់​គ្នា​មាន​សេចក្ដី​ខ្មាស​ទេ ខ្ញុំ​គ្រាន់​តែ​ទូន្មាន​ដល់​អ្នក​រាល់​គ្នា ទុក​ដូច​ជា​កូន​ស្ងួន‌ភ្ងា​វិញ​ប៉ុណ្ណោះ
15 ដ្បិត​ថ្វី​បើ​អ្នក​រាល់​គ្នា​មាន​គ្រូ ទាំង​ម៉ឺន​ក្នុង​ព្រះ‌គ្រីស្ទ តែ​គ្មាន​ឪពុក​ជា​ច្រើន​ទេ មាន​តែ​ខ្ញុំ​១​ប៉ុណ្ណោះ ដែល​បាន​បង្កើត​អ្នក​រាល់​គ្នា​ក្នុង​ព្រះ‌គ្រីស្ទ ដោយ‌សារ​ដំណឹង​ល្អ
16 ដូច្នេះ ខ្ញុំ​ទូន្មាន​ដល់​អ្នក​រាល់​គ្នា ឲ្យ​យក​តម្រាប់​តាម​ខ្ញុំ​ចុះ។
17 ដោយ​ហេតុ​នោះ​បាន​ជា​ខ្ញុំ​ចាត់​ធីម៉ូថេ ឲ្យ​មក​ឯ​អ្នក​រាល់​គ្នា គាត់​ជា​កូន​ស្ងួន‌ភ្ងា ហើយ​ស្មោះ‌ត្រង់​របស់​ខ្ញុំ ក្នុង​ព្រះ‌អម្ចាស់ គាត់​នឹង​រំឭក​អ្នក​រាល់​គ្នា ពី​គ្រប់​ទាំង​កិរិយា​របស់​ខ្ញុំ​ក្នុង​ព្រះ‌គ្រីស្ទ តាម​សេចក្ដី​ដែល​ខ្ញុំ​បង្រៀន ក្នុង​គ្រប់​ទាំង​ពួក​ជំនុំ​នៅ​សព្វ​អន្លើ
18 មាន​អ្នក​ខ្លះ​កើត​មាន​ចិត្ត​ធំ ដោយ​គិត​ស្មាន​ថា ខ្ញុំ​មិន​មក​ឯ​អ្នក​រាល់​គ្នា​ទេ
19 ប៉ុន្តែ បន្តិច​ទៀត បើ​ព្រះ‌អម្ចាស់​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ នោះ​ខ្ញុំ​នឹង​មក​ជា​មិន​ខាន ហើយ​ខ្ញុំ​នឹង​ស្គាល់​មិន​ត្រឹម​តែ​ពាក្យ​សំដី​របស់​ពួក​អ្នក​ដែល​មាន​ចិត្ត​ធំ​ប៉ុណ្ណោះ គឺ​នឹង​ស្គាល់​ដល់​ទាំង​អំណាច​គេ​ថែម​ទៀត​ផង
20 ដ្បិត​នគរ​ព្រះ​មិន​សម្រេច​នឹង​ពាក្យ​សំដី​ប៉ុណ្ណោះ​ទេ គឺ​ស្រេច​នឹង​ឥទ្ធិ‌ឫទ្ធិ​វិញ
21 តើ​អ្នក​រាល់​គ្នា​ចូល​ចិត្ត​យ៉ាង​ណា ចង់​ឲ្យ​ខ្ញុំ​មក​ទាំង​កាន់​ដំបង ឬ​ដោយ​សេចក្ដី​ស្រឡាញ់ និង​ចិត្ត​សុភាព​រាប​សា​វិញ។


ជំពូក 5

1 មាន​ឮ​រន្ទឺ​សុល​សាយ​ជានិច្ច​ថា មាន​ការ​កំផិត​កើត​ឡើង ក្នុង​ពួក​អ្នក​រាល់​គ្នា​ពិត ជា​ការ​កំផិត​ម្យ៉ាង ដែល​មិន​ដែល​ទាំង​មាន​ឮ​និយាយ​ក្នុង​សាសន៍​ដទៃ​ផង គឺ​ថា មាន​មនុស្ស​ម្នាក់​បាន​យក​ប្រពន្ធ​របស់​ឪពុក​ខ្លួន
2 តែ​អ្នក​រាល់​គ្នា​នៅ​តែ​មាន​ចិត្ត​ធំ ឥត​កើត​ទុក្ខ​ព្រួយ ដើម្បី​នឹង​ដក​អ្នក​ដែល​ប្រព្រឹត្ត​ការ​នោះ ឲ្យ​ថយ​ចេញ​ពី​ចំណោម​អ្នក​រាល់​គ្នា​ឡើយ
3 ឯ​ខ្ញុំ ទោះ​បើ​មិន​នៅ​ជា​មួយ​ខាង​សាច់​ឈាម​ក៏​មែន គង់​តែ​នៅ​ជា​មួយ​ខាង​វិញ្ញាណ ខ្ញុំ​ក៏​បាន​កាត់​ទោស​ដល់​អ្នក​ដែល​ប្រព្រឹត្ត​ដូច្នោះ​ហើយ ហាក់​ដូច​ជា​បាន​នៅ​ជា​មួយ​គ្នា​ដែរ
4 គឺ​ក្នុង​កាល​ដែល​អ្នក​រាល់​គ្នា និង​វិញ្ញាណ​ខ្ញុំ​បាន​ប្រជុំ​គ្នា ព្រម​ទាំង​មាន​ព្រះ‌ចេស្តា​នៃ​ព្រះ‌អម្ចាស់​យេស៊ូវ​នៃ​យើង​ផង នោះ​ខ្ញុំ​បាន​កាត់​ទោស​អ្នក​នោះ ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេស៊ូវ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា
5 ដើម្បី​នឹង​បញ្ជូន​មនុស្ស​យ៉ាង​នោះ​ទៅ​អារក្ស‌សាតាំង ឲ្យ​បំផ្លាញ​និស្ស័យ​សាច់​ឈាម​គេ ប្រយោជន៍​ឲ្យ​ព្រលឹង​វិញ្ញាណ​បាន​សង្គ្រោះ ក្នុង​ថ្ងៃ​នៃ​ព្រះ‌អម្ចាស់​យេស៊ូវ​វិញ
6 សេចក្ដី​អំនួត​របស់​អ្នក​រាល់​គ្នា​មិន​ល្អ​ទេ តើ​មិន​ដឹង​ថា ដំបែ​តែ​បន្តិច អាច​នឹង​ធ្វើ​ឲ្យ​ម្សៅ​ទាំង​អស់​ដោរ​ឡើង​បាន​ទេ​ឬ​អី
7 ចូរ​សម្អាត​ដំបែរ​ចាស់​ចេញ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ត្រឡប់​ជា​ដុំ​ម្សៅ​ថ្មី​វិញ ដ្បិត​អ្នក​រាល់​គ្នា​បាន​ឥត​ដំបែ​ហើយ ព្រោះ​ព្រះ‌គ្រីស្ទ​ដ៏​ជា​យញ្ញ‌បូជា​នៃ​បុណ្យ​រំលង នោះ​បាន​ត្រូវ​ថ្វាយ​ជំនួស​យើង​រាល់​គ្នា​ហើយ
8 បាន​ជា​ត្រូវ​ឲ្យ​យើង​ធ្វើ​បុណ្យ​នេះ​ដោយ​ឥត​មាន​ដំបែរ គឺ​ដោយ​សេចក្ដី​ស្មោះ‌ត្រង់ និង​សេចក្ដី​ពិត​វិញ មិន​មែន​ដោយ​ដំបែរ​ចាស់ ឬ​និង​ដំបែរ​ជា​សេចក្ដី​អាក្រក់ និង​សេចក្ដី​កំណាច​នោះ​ទៀត​ឡើយ។
9 ខ្ញុំ​បាន​ធ្វើ​សំបុត្រ​ផ្ញើ​មក​ប្រាប់​អ្នក​រាល់​គ្នា​ថា កុំ​ឲ្យ​ភប់‌ប្រសព្វ​នឹង​មនុស្ស​កំផិត​ឡើយ
10 តែ​ពាក្យ​នោះ​មិន​សំដៅ​ចំពោះ​មនុស្ស​កំផិត​របស់​ផង​លោកីយ៍​នេះ ឬ​មនុស្ស​លោភ មនុស្ស​ប្លន់​កំហែង ឬ​មនុស្ស​ថ្វាយ‌បង្គំ​រូប​ព្រះ​នោះ​ទេ ដ្បិត​បើ​ដូច្នោះ នោះ​ត្រូវ​តែ​ចេញ​ឲ្យ​ផុត​ពី​លោកីយ៍​នេះ​ទៅ
11 គឺ​ខ្ញុំ​បាន​សរសេរ​មក​អ្នក​រាល់​គ្នា ដោយ​ន័យ​យ៉ាង​នេះ​ថា បើ​មាន​អ្នក​ណា​នៅ​ក្នុង​ពួក​ជំនុំ ជា​មនុស្ស​កំផិត ឬ​លោភ ឬ​ថ្វាយ‌បង្គំ​រូប​ព្រះ ឬ​ជេរ​ប្រមាថ ជា​អ្នក​ប្រមឹក ឬ​ប្លន់​កំហែង នោះ​មិន​ត្រូវ​ឲ្យ​ភប់‌ប្រសព្វ​នឹង​គេ​ឡើយ ក៏​មិន​ត្រូវ​ទាំង​បរិភោគ​ជា​មួយ​នឹង​គេ​ផង
12 ដ្បិត​តើ​ត្រូវ​ការ​អ្វី​ឲ្យ​ខ្ញុំ​ជំនុំ‌ជម្រះ​ដល់​មនុស្ស​ខាង​ក្រៅ តើ​អ្នក​រាល់​គ្នា​មិន​ជំនុំ‌ជម្រះ​មនុស្ស​ក្នុង​ពួក​ជំនុំ​ទេ​ឬ​អី
13 ឯ​ចំណែក​ពួក​អ្នក​ខាង​ក្រៅ នោះ​ព្រះ​នឹង​ជំនុំ‌ជម្រះ​គេ ហើយ​ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​បណ្តេញ​មនុស្ស​អាក្រក់​នោះ ពី​ពួក​អ្នក​រាល់​គ្នា​ចេញ ។


ជំពូក 6

1 ក្នុង​ពួក​អ្នក​រាល់​គ្នា បើ​អ្នក​ណា​មាន​រឿង​ទាស់​នឹង​អ្នក​ឯ​ទៀត តើ​ហ៊ាន​ប្តឹង​ដល់​ពួក​មនុស្ស​ទុច្ចរិត មិន​ប្តឹង​ដល់​ពួក​បរិសុទ្ធ​វិញ​ទេ​ឬ​អី
2 តើ​មិន​ដឹង​ថា ពួក​បរិសុទ្ធ​នឹង​ជំនុំ‌ជម្រះ​លោកីយ៍​ដែរ​ទេ​ឬ ដូច្នេះ បើ​អ្នក​រាល់​គ្នា​នឹង​ជំនុំ‌ជម្រះ​លោកីយ៍​បាន នោះ​តើ​មិន​គួរ​នឹង​ជំនុំ‌ជម្រះ​ការណ៍​តូច​បំផុត​នេះ​បាន​ដែរ​ទេ​ឬ​អី
3 តើ​មិន​ដឹង​ថា យើង​រាល់​គ្នា​នឹង​ជំនុំ‌ជម្រះ ដល់​ទាំង​ពួក​ទេវតា​ផង​ទេ​ឬ​អី ដូច្នេះ ចំណង​បើ​ការណ៍​នៅ​ជីវិត​នេះ តើ​លើស​ជាង​អម្បាល‌ម៉ាន​ទៅ​ទៀត
4 ចុះ​បើ​អ្នក​រាល់​គ្នា​មាន​រឿង​អ្វី​ពី​ជីវិត​នេះ នោះ​តើ​នឹង​យក​មនុស្ស ដែល​ពួក​ជំនុំ​រាប់​អាន​តិច​ជាង​គេ ឲ្យ​បាន​ជំនុំ‌ជម្រះ​រឿង​នោះ​ឬ​អី
5 ដែល​ខ្ញុំ​និយាយ​ដូច្នេះ​នេះ គឺ​ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​សេចក្ដី​ខ្មាស​វិញ តើ​គ្មាន​អ្នក​មាន​ប្រាជ្ញា​ណា​ក្នុង​ពួក​អ្នក​រាល់​គ្នា សូម្បី​តែ​មួយ ដែល​អាច​នឹង​ជំនុំ‌ជម្រះ​រឿង ដែល​ពួក​បង​ប្អូន​ប្តឹង‌ផ្ដល់​គ្នា​ទេ​ឬ​អី
6 បាន​ជា​ពួក​បង​ប្អូន​កើត​ក្តី​នឹង​គ្នា ហើយ​នៅ​មុខ​ពួក​អ្នក​ដែល​មិន​ជឿ​ផង​ដូច្នេះ
7 យ៉ាង​នោះ មាន​ពេញ​ជា​ការ​កំហុស ក្នុង​ពួក​អ្នក​រាល់​គ្នា​ហើយ គឺ​ដែល​គ្រាន់​តែ​កើត​ក្តី​នឹង​គ្នា​ទៅ​វិញ​ទៅ​មក​នោះ​ឯង ហេតុ​អ្វី​បាន​ជា​មិន​ស៊ូ​ទ្រាំ​ក្នុង​ការ​អាក្រក់​នោះ ហើយ​មិន​ស៊ូ​ទ្រាំ​ឲ្យ​គេ​បំបាត់​អ្នក​វិញ
8 តែ​អ្នក​រាល់​គ្នា​ធ្វើ​បាប ហើយ​បំបាត់​គេ ទាំង​ប្រព្រឹត្ត​ដូច្នោះ​នឹង​ពួក​បង​ប្អូន​ផង
9 តើ​មិន​ដឹង​ថា ពួក​មនុស្ស​ទុច្ចរិត​មិន​ដែល​បាន​គ្រង​នគរ​ព្រះ​ទុក​ជា​មរដក​ទេ​ឬ​អី កុំ​ឲ្យ​ច្រឡំ​ឡើយ ដ្បិត​ពួក​មនុស្ស​កំផិត ពួក​ថ្វាយ‌បង្គំ​រូប​ព្រះ ពួក​សហាយ‌ស្មន់ ពួក​អ្នក​សម្រេច​កិច្ច​ដោយ​ខ្លួន​ឯង ពួក​លេង​កូន​ជឹង
10 ពួក​ចោរ ពួក​មនុស្ស​លោភ ពួក​ប្រមឹក ពួក​ត្មះ‌ដៀល និង​ពួក​ប្លន់​កំហែង នោះ​មិន​ដែល​បាន​គ្រង​នគរ​ព្រះ​ទុក​ជា​មរដក​ឡើយ
11 ឯ​ពួក​អ្នក​រាល់​គ្នា​ខ្លះ ពី​ដើម​ក៏​ជា​មនុស្ស​យ៉ាង​ដូច្នោះ​ដែរ តែ​បាន​លាង​ស្អាត​ហើយ ក៏​បាន​ញែក​ជា​បរិសុទ្ធ ហើយ​រាប់​ជា​សុចរិត​ផង ដោយ​នូវ​ព្រះ‌នាម​ព្រះ‌អម្ចាស់​យេស៊ូវ និង​ព្រះ‌វិញ្ញាណ​របស់​ព្រះ​នៃ​យើង​រាល់​គ្នា។
12 ខ្ញុំ​មាន​ច្បាប់​នឹង​ធ្វើ​គ្រប់​ការ​ទាំង​អស់​បាន ប៉ុន្តែ មិន​មែន​ការ​ទាំង​នោះ​មាន​ប្រយោជន៍​ទាំង​អស់​ទេ ខ្ញុំ​មាន​ច្បាប់​នឹង​ធ្វើ​គ្រប់​ទាំង​អស់​បាន​មែន ប៉ុន្តែ ខ្ញុំ​មិន​ព្រម​ចុះ​ចូល​ក្នុង​អំណាច​នៃ​ការ​ណា​មួយ​នោះ​សោះ
13 ឯ​ចំណី​អាហារ នោះ​សម្រាប់​ក្រពះ ហើយ​ក្រពះ​ក៏​សម្រាប់​ចំណី​អាហារ​ដែរ តែ​ព្រះ‌ទ្រង់​នឹង​ឲ្យ​ទាំង​២​យ៉ាង​សាប‌សូន្យ​ទៅ ឯ​រូប‌កាយ មិន​មែន​សម្រាប់​ការ​កំផិត​ទេ គឺ​សម្រាប់​តែ​ព្រះ‌អម្ចាស់​វិញ ហើយ​ព្រះ‌អម្ចាស់​ក៏​សម្រាប់​រូប‌កាយ​ដែរ
14 ព្រះ‌ទ្រង់​បាន​ទាំង​ប្រោស​ឲ្យ​ព្រះ‌អម្ចាស់​រស់​ឡើង​វិញ ហើយ​នឹង​ប្រោស​ឲ្យ​យើង​រាល់​គ្នា​រស់​ឡើង​ដែរ ដោយ‌សារ​ព្រះ‌ចេស្តា​នៃ​ទ្រង់
15 តែ​មិន​ដឹង​ថា រូប‌កាយ​អ្នក​រាល់​គ្នា ជា​អវយវៈ​របស់​ព្រះ​ទេ​ឬ​អី ដូច្នេះ តើ​ខ្ញុំ​នឹង​យក​អវយវៈ​របស់​ព្រះ‌គ្រីស្ទ ឲ្យ​ទៅ​ធ្វើ​ជា​អវយវៈ​របស់​ស្រី​សំផឹង​វិញ​ឬ ទេ មិន​ត្រូវ​ឡើយ
16 ចុះ​តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ទេ​ឬ​អី​ថា អ្នក​ណា​ដែល​ទៅ​សេព‌សម្ភព​នឹង​ស្រី​សំផឹង នោះ​ជា​រូប​សាច់​តែ​១​ផង​គ្នា ដ្បិត​ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​ថា «អ្នក​ទាំង​២​នឹង​ទៅ​ជា​សាច់​តែ​១»
17 ឯ​អ្នក​ដែល​នៅ​ជាប់​នឹង​ព្រះ‌អម្ចាស់ នោះ​ក៏​ជា​វិញ្ញាណ​តែ​១​នឹង​ទ្រង់​ដែរ
18 ចូរ​រត់​ពី​ការ​សហាយ‌ស្មន់​ចេញ គ្រប់​ទាំង​អំពើ​បាប​ណា​ដែល​មនុស្ស​ប្រព្រឹត្ត នោះ​នៅ​ខាង​ក្រៅ​រូប‌កាយ​ទេ តែ​អ្នក​ណា​ដែល​សហាយ‌ស្មន់​គ្នា នោះ​ឈ្មោះ​ថា​ធ្វើ​បាប​ដល់​រូប‌កាយ​ខ្លួន​ឯង​ផង
19 តើ​មិន​ដឹង​ទេ​ឬ​អី​ថា រូប‌កាយ​អ្នក​រាល់​គ្នា​ជា​វិហារ​នៃ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ដែល​អ្នក​រាល់​គ្នា​បាន​ទទួល​មក​ពី​ព្រះ ហើយ​អ្នក​រាល់​គ្នា​មិន​មែន​ជា​របស់​ផង​ខ្លួន​ទេ
20 ដ្បិត​ព្រះ‌ទ្រង់​បាន​ចេញ​ថ្លៃ​លោះ​អ្នក​រាល់​គ្នា​ហើយ ដូច្នេះ ចូរ​តម្កើង​ព្រះ នៅ​ក្នុង​រូប‌កាយ ហើយ​ក្នុង​វិញ្ញាណ​នៃ​អ្នក​រាល់​គ្នា ដែល​ជា​របស់​ផង​ទ្រង់​ចុះ។


ជំពូក 7

1 ឯ​សេចក្ដី​ដែល​អ្នក​រាល់​គ្នា​បាន​ផ្ញើ​ទៅ​សួរ​ខ្ញុំ នោះ​ខ្ញុំ​យល់​ឃើញ​ថា បើ​មនុស្ស​ប្រុស​មិន​ដែល​ប៉ះ​ពាល់​នឹង​ស្រី​សោះ នោះ​ល្អ​ជា​ជាង
2 តែ ដោយ​ព្រោះ​មាន​ការ​សហាយ‌ស្មន់​កើត​ឡើង បាន​ជា​គួរ​ឲ្យ​គ្រប់​មាន​ប្រពន្ធ​ជា​របស់​ផង​ខ្លួន​វិញ ហើយ​គ្រប់​ទាំង​ស្រី​ក៏​ត្រូវ​មាន​ប្ដី​ជា​របស់​ផង​ខ្លួន​ដែរ
3 ត្រូវ​ឲ្យ​ប្ដី​ប្រព្រឹត្ត​នឹង​ប្រពន្ធ​ដោយ​ចិត្ត​សប្បុរស ហើយ​ត្រូវ​ឲ្យ​ប្រពន្ធ​ប្រព្រឹត្ត​នឹង​ប្ដី​ក៏​ដូច្នោះ​ដែរ
4 ប្រពន្ធ​មិន​មែន​ជា​ម្ចាស់​លើ​រូប‌កាយ​ខ្លួន​ឯង​ទេ គឺ​ជា​ប្ដី​វិញ ហើយ​ប្ដី​ក៏​មិន​មែន​ជា​ម្ចាស់​លើ​រូប‌កាយ​ខ្លួន​ឯង​ដែរ គឺ​ជា​ប្រពន្ធ​វិញ
5 ដូច្នេះ កុំ​ឲ្យ​បង្អត់​គ្នា​ឡើយ លើក​តែ​ស្រុះ​ចិត្ត​គ្នា​ក្នុង​១​ពេល ដើម្បី​ឲ្យ​បាន​ជា​ទំនេរ​នឹង​អធិស្ឋាន រួច​ត្រូវ​វិល​មក​នៅ​ជា​មួយ​វិញ ក្រែង​អារក្ស​សាតាំង​ល្បួង​លួង​អ្នក​រាល់​គ្នា ដោយ​មិន​ចេះ​អត់​ទ្រាំ
6 ប៉ុន្តែ ខ្ញុំ​និយាយ​សេចក្ដី​នេះ​ដោយ​អធ្យា‌ស្រ័យ​ទេ មិន​មែន​ដោយ​បង្គាប់​ឡើយ
7 ខ្ញុំ​ចូល​ចិត្ត​ឲ្យ​គ្រប់​មនុស្ស​ទាំង​អស់​បាន​ដូច​ជា​ខ្ញុំ តែ​គ្រប់​គ្នា​មាន​អំណោយ​ទាន​មក​ពី​ព្រះ​ផ្សេង​គ្នា​រៀង​ខ្លួន គឺ​ម្នាក់​យ៉ាង​នេះ ម្នាក់​យ៉ាង​នោះ
8 ខ្ញុំ​ក៏​និយាយ​ចំពោះ​នឹង​ពួក​ក្រមុំ កំលោះ ហើយ​និង​ពួក​មេម៉ាយ​ថា បើ​គេ​នៅ​ដូច​ជា​ខ្ញុំ នោះ​ល្អ​ហើយ
9 ប៉ុន្តែ បើ​អ្នក​ទាំង​នោះ​អត់​ទ្រាំ​មិន​បាន នោះ​ចូរ​យក​ប្ដី​ប្រពន្ធ​ចុះ ដ្បិត​ដែល​យក​ប្ដី​ប្រពន្ធ នោះ​ជា​ជាង​ទ្រាំ​ឲ្យ​មាន​សេចក្ដី​រោល‌រាល​វិញ
10 ឯ​ខាង​អ្នក​ដែល​មាន​ប្ដី​ប្រពន្ធ​ហើយ នោះ​ខ្ញុំ​នឹង​បង្គាប់​ដែរ តែ​មិន​គឺ​ខ្ញុំ គឺ​ជា​ព្រះ‌អម្ចាស់​វិញ ទ្រង់​បង្គាប់​ថា កុំ​ឲ្យ​ប្រពន្ធ​លែង​ប្ដី​ឡើយ
11 ឬ​បើ​បាន​លែង​ប្ដី​ហើយ នោះ​ចូរ​នៅ​ជា​ឥត​ប្ដី​ទៅ​ចុះ ឬ​ឲ្យ​ជា​នឹង​ប្ដី​ខ្លួន​វិញ​ទៅ ហើយ​ឯ​ប្ដី ក៏​កុំ​ឲ្យ​លែង​ប្រពន្ធ​ខ្លួន​ដែរ។
12 ឯ​មនុស្ស​ឯ​ទៀត មិន​មែន​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទេ គឺ​ខ្លួន​ខ្ញុំ​និយាយ​ថា បើ​បង​ប្អូន​ណា​មាន​ប្រពន្ធ​ដែល​មិន​ជឿ តែ​ព្រម​នៅ​ជា​មួយ​នឹង​ខ្លួន នោះ​មិន​ត្រូវ​លះ​ចោល​នាង​ឡើយ
13 ហើយ​ស្ត្រី​ណា​មាន​ប្ដី​ដែល​មិន​ជឿ តែ​ព្រម​នៅ​ជា​មួយ​នឹង​នាង នោះ​ក៏​មិន​ត្រូវ​ឲ្យ​នាង​លះ​ចោល​គេ​ដែរ
14 ដ្បិត​ប្ដី​ដែល​មិន​ជឿ នោះ​បាន​រាប់​ជា​ស្អាត​ដោយ‌សារ​ប្រពន្ធ ហើយ​ប្រពន្ធ​ដែល​មិន​ជឿ​ក៏​ដោយ‌សារ​ប្ដី​ដែរ ពុំ​នោះ កូន​ចៅ​គេ​មិន​ស្អាត​ទេ តែ​ឥឡូវ​នេះ វា​ស្អាត​ហើយ
15 តែ​បើ​អ្នក​ដែល​មិន​ជឿ​គេ​ដក​ខ្លួន​ចេញ នោះ​ឲ្យ​គេ​ចេញ​ចុះ យ៉ាង​នោះ បង​ប្អូន​ប្រុស ឬ​ស្រី នឹង​មិន​នៅ​ជាប់​ចំណង​ទៀត​ទេ ប៉ុន្តែ ព្រះ‌ទ្រង់​បាន​ហៅ​យើង​រាល់​គ្នា ឲ្យ​មាន​សេចក្ដី​មេត្រី​នឹង​គ្នា​វិញ
16 ដ្បិត​ឱ​ស្ត្រី​អើយ ប្រហែល​ជា​នាង​នឹង​សង្គ្រោះ​ប្ដី​បាន​ទេ​ដឹង ឬ​បុរស​អើយ ប្រហែល​ជា​អ្នក​នឹង​សង្គ្រោះ​ប្រពន្ធ​បាន​ដែរ​ទេ​ដឹង។
17 តែ​ត្រូវ​ឲ្យ​គ្រប់​គ្នា​ដើរ​តាម​ដែល​ព្រះ‌អម្ចាស់​បាន​ចែក​ឲ្យ ហើយ​តាម​ដែល​ព្រះ​បាន​ហៅ​មក​រៀង​ខ្លួន ខ្ញុំ​ក៏​តាំង​របៀប​យ៉ាង​ដូច្នេះ ក្នុង​គ្រប់​ទាំង​ពួក​ជំនុំ​ដែរ
18 បើ​ទ្រង់​បាន​ហៅ​អ្នក​ណា​ដែល​កាត់​ស្បែក​ហើយ កុំ​ឲ្យ​អ្នក​នោះ​ត្រឡប់​ដូច​ជា​មិន​កាត់​ស្បែក​វិញ​ឡើយ បើ​ទ្រង់​ហៅ​អ្នក​ណា​ដែល​មិន​បាន​កាត់​ស្បែក កុំ​ឲ្យ​អ្នក​នោះ​កាត់​ស្បែក​ឲ្យ​សោះ
19 ព្រោះ​ការ​កាត់​ស្បែក​មិន​ជា​អ្វី​ទេ ឬ​ដែល​មិន​កាត់​ស្បែក នោះ​ក៏​មិន​ជា​អ្វី​ដែរ តែ​ដែល​មាន​ប្រយោជន៍ នោះ​គឺ​ស្រេច​នឹង​កាន់​តាម​បញ្ញត្ត​របស់​ព្រះ​វិញ
20 បើ​មនុស្ស​មាន​សណ្ឋាន​ជា​យ៉ាង​ណា ក្នុង​កាល​ដែល​ព្រះ‌ទ្រង់​ហៅ នោះ​ឲ្យ​ប្រព្រឹត្ត​តាម​សណ្ឋាន​នោះ​ចុះ
21 កាល​ទ្រង់​ហៅ​អ្នក​មក តើ​អ្នក​ជា​បាវ​បម្រើ​គេ​ឬ​អី កុំ​ឲ្យ​ព្រួយ​ពី​សេចក្ដី​នោះ​ឡើយ តែ​បើ​អាច​នឹង​ដោះ​ខ្លួន​រួច នោះ​ស៊ូ​ដោះ​ខ្លួន​ចេញ​ទៅ
22 ដ្បិត​អ្នក​ណា​ដែល​ធ្វើ​ជា​បាវ​បម្រើ​គេ ក្នុង​កាល​ដែល​ព្រះ‌អម្ចាស់​ហៅ​មក នោះ​ជា​អ្នក​ជា​របស់​ព្រះ‌អម្ចាស់ ហើយ​អ្នក​ជា​ណា​ដែល​ទ្រង់​ហៅ​មក នោះ​ជា​បាវ​បម្រើ​នៃ​ព្រះ‌គ្រីស្ទ​វិញ
23 ទ្រង់​បាន​ចេញ​ថ្លៃ​លោះ​អ្នក​រាល់​គ្នា​ហើយ ដូច្នេះ កុំ​ឲ្យ​ត្រឡប់​ជា​បាវ​បម្រើ​របស់​មនុស្ស​ទៀត​ឡើយ
24 បង​ប្អូន​អើយ អ្នក​រាល់​គ្នា​មាន​សណ្ឋាន​យ៉ាង​ណា ក្នុង​កាល​ដែល​ព្រះ‌ទ្រង់​ហៅ​មក នោះ​ឲ្យ​ប្រព្រឹត្ត​តាម​សណ្ឋាន​នោះ នៅ​ចំពោះ​ទ្រង់​ចុះ។
25 ឯ​ត្រង់​ពួក​ស្រី​ក្រមុំៗ ខ្ញុំ​គ្មាន​ទទួល​សេចក្ដី​បង្គាប់​ពី​ព្រះ‌អម្ចាស់​មក​ទេ តែ​ខ្ញុំ​សម្ដែង​ដោយ​គំនិត​ខ្ញុំ ទុក​ដូច​ជា​បាន​ទទួល​សេចក្ដី​មេត្តា‌ករុណា​មក​ពី​ព្រះ‌អម្ចាស់ ឲ្យ​បាន​គួរ​ជឿ​ដែរ
26 ដូច្នេះ ដោយ​ព្រោះ​គ្រា​លំបាក​នេះ ខ្ញុំ​ស្មាន​ជា​យ៉ាង​នេះ​បាន​ស្រួល គឺ​ថា​គួរ​ឲ្យ​មនុស្ស​នៅ​តែ​ដដែល​វិញ
27 តើ​ជាប់​មាន​ប្រពន្ធ​ឬ​អី កុំ​ឲ្យ​រក​ផ្លូវ​នឹង​លែង​គ្នា​ឡើយ បើ​មិន​ទាន់​ជាប់​មាន​ប្រពន្ធ​នៅ​ឡើយ នោះ​ក៏​កុំ​ឲ្យ​រក​ប្រពន្ធ​ដែរ
28 ប៉ុន្តែ បើ​អ្នក​បាន​យក​ប្រពន្ធ​ហើយ នោះ​មិន​មែន​ហៅ​ថា​មាន​បាប​ទេ ហើយ​បើ​ស្ត្រី​ក្រមុំ​ណា​យក​ប្ដី​ហើយ នាង​នោះ​ក៏​មិន​មែន​ហៅ​ថា​មាន​បាប​ដែរ តែ​ពួក​អ្នក​យ៉ាង​នោះ​នឹង​មាន​សេចក្ដី​ទុក្ខ​ព្រួយ​ខាង​សាច់​ឈាម ណ្ហើយ ខ្ញុំ​ឈប់​ស្លេះ​ប៉ុណ្ណេះ​ចុះ ដោយ​ព្រោះ​អាណិត​ដល់​អ្នក​រាល់​គ្នា។
29 បង​ប្អូន​អើយ ខ្ញុំ​ប្រាប់​សេចក្ដី​នេះ​ថា ពេល​វេលា​ចង្អៀត​ណាស់​ហើយ ពី​នេះ​ទៅ​មុខ គួរ​តែ​ឲ្យ​ពួក​អ្នក​ដែល​មាន​ប្រពន្ធ បាន​នៅ​ដូច​ជា​គ្មាន​វិញ
30 ពួក​ដែល​យំ ដូច​ជា​មិន​យំ ពួក​ដែល​អរ​សប្បាយ ដូច​ជា​មិន​អរ​សប្បាយ ពួក​ដែល​ទិញ ដូច​ជា​គ្មាន​អ្វី​សោះ
31 ហើយ​ពួក​អ្នក​ដែល​ប្រើ​ប្រាស​លោកីយ៍​នេះ ដូច​ជា​មិន​ប្រើ​ហួស​ខ្នាត​ទេ ដ្បិត​គំរូ​នៃ​លោកីយ៍​នេះ​តែង​តែ​ផ្លាស់​ទៅ
32 ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​បាន​រួច​ពី​សេចក្ដី​កង្វល់ ឯ​អ្នក​ដែល​គ្មាន​ប្រពន្ធ នោះ​តែង​រវល់​តែ​នឹង​ការ​របស់​ព្រះ‌អម្ចាស់ ដែល​នឹង​ធ្វើ​ដូច​ម្តេច​ឲ្យ​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​ប៉ុណ្ណោះ
33 តែ​អ្នក​ណា​ដែល​មាន​ប្រពន្ធ នោះ​តែង​រវល់​នឹង​ការ​នៅ​លោកីយ៍​នេះ​វិញ ដែល​នឹង​ធ្វើ​ដូច​ម្តេច ឲ្យ​ប្រពន្ធ​បាន​ពេញ​ចិត្ត
34 ស្ត្រី​មាន​ប្ដី និង​ស្ត្រី​ក្រមុំ​ក៏​ខុស​ពី​គ្នា​យ៉ាង​នោះ​ដែរ គឺ​ស្រី​ដែល​គ្មាន​ប្ដី នោះ​តែង​រវល់​នឹង​ការ​របស់​ព្រះ‌អម្ចាស់ ឲ្យ​បាន​បរិសុទ្ធ​ទាំង​ខ្លួន​ប្រាណ និង​ព្រលឹង​វិញ្ញាណ​ផង តែ​ស្ត្រី​ណា​ដែល​មាន​ប្ដី នោះ​តែង​រវល់​នឹង​ការ​នៅ​លោកីយ៍​នេះ​វិញ ដែល​នឹង​ធ្វើ​ដូច​ម្តេច​ឲ្យ​ប្ដី​បាន​ពេញ​ចិត្ត
35 ដែល​ខ្ញុំ​និយាយ​សេចក្ដី​នេះ នោះ​សម្រាប់​ជា​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា មិន​មែន​ជា​ការ​ដាក់​អន្ទាក់​រូត​នៅ​មុខ​អ្នក​រាល់​គ្នា​ទេ គឺ​សម្រាប់​ការ​ដែល​គួរ​គប្បី ហើយ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ឧស្សាហ៍​បម្រើ​ព្រះ‌អម្ចាស់ ឥត​មាន​សេចក្ដី​ណា​នាំ​ឲ្យ​ទាស់​ចិត្ត​ឡើយ
36 បើ​មាន​អ្នក​ណា​ស្មាន​ថា មិន​គួរ​គប្បី​ចំពោះ​កូន​ក្រមុំ ដែល​ហួស​អាយុ​គ្រប់​ការ​ហើយ ក៏​មាន​សេចក្ដី​បង្ខំ​ក្នុង​ការ​នោះ​ដែរ នោះ​ឲ្យ​ឪពុក​ធ្វើ​តាម​ចិត្ត​ទៅ គឺ​ឲ្យ​កូន​យក​ប្ដី​ចុះ គ្មាន​បាប​ទេ
37 តែ​ឪពុក​អ្នក​ណា​ដែល​មាន​ចិត្ត​ដាច់ ឥត​មាន​សេចក្ដី​បង្ខំ​ទេ គឺ​មាន​អំណាច​នឹង​សម្រេច​ដោយ​ខ្លួន​ឯង​បាន ហើយ​បាន​តាំង​ចិត្ត​ថា នឹង​ទុក​កូន​នៅ​ជា​ក្រមុំ​ដរាប​ទៅ នោះ​ក៏​ស្រួល​ហើយ
38 បាន​ជា​អ្នក​ដែល​ឲ្យ​កូន​ទៅ​គេ ក៏​បាន​ប្រព្រឹត្ត​ល្អ ហើយ​អ្នក​ដែល​មិន​ឲ្យ​កូន​ទៅ​គេ នោះ​ក៏​ប្រព្រឹត្ត​ល្អ​ជាង​ទៅ​ទៀត
39 កាល​ប្ដី​នៅ​រស់​នៅ​ឡើយ នោះ​ប្រពន្ធ​ត្រូវ​តែ​ជាប់​នៅ​ក្នុង​ចំណង​របស់​ប្ដី​ជា​ដរាប តែ​បើ​កាល​ណា​ប្ដី​ស្លាប់​ទៅ នោះ​នាង​មាន​ច្បាប់​នឹង​យក​ប្ដី​បាន​តាម​ចិត្ត ឲ្យ​តែ​យក​ក្នុង​ព្រះ‌អម្ចាស់
40 ប៉ុន្តែ តាម​គំនិត​ខ្ញុំ​យល់​ថា បើ​នាង​នោះ​នៅ​តែ​មេម៉ាយ​ត​ទៅ នោះ​នាង​បាន​សប្បាយ​ជាង ហើយ​ខ្ញុំ​ស្មាន​ថា ខ្ញុំ​មាន​វិញ្ញាណ​នៃ​ព្រះ​ដែរ។


ជំពូក 8

1 ឯ​ត្រង់​ភោជ‌នាហារ ដែល​បាន​ថ្វាយ​ទៅ​រូប​ព្រះ នោះ​យើង​រាល់​គ្នា​ដឹង​ថា (ដ្បិត​យើង​ទាំង​អស់​គ្នា​មាន​ចំណេះ រីឯ​ចំណេះ​នោះ​នាំ​ឲ្យ​ចិត្ត​ប៉ោង​ឡើង តែ​សេចក្ដី​ស្រឡាញ់​ស្អាង​ចិត្ត​ឡើង​វិញ
2 បើ​អ្នក​ណា​ស្មាន​ថា​ខ្លួន​ចេះ​អ្វី នោះ​មិន​ទាន់​បាន​ចេះ​តាម​ដែល​គួរ​ចេះ​នៅ​ឡើយ​ទេ
3 តែ​បើ​អ្នក​ណា​ស្រឡាញ់​ព្រះ ទ្រង់​ក៏​ស្គាល់​អ្នក​នោះ)
4 ឯ​ដំណើរ​បរិភោគ​ភោជ‌នាហារ ដែល​បាន​ថ្វាយ​ទៅ​រូប​ព្រះ នោះ​យើង​ដឹង​ថា ក្នុង​លោកីយ៍​នេះ រូប​ព្រះ​មិន​បាន​ជា​អ្វី​ទេ ហើយ​ថា គ្មាន​ព្រះ​ណា​ទៀត ក្រៅ​ពី​ព្រះ​តែ​១​ឡើយ
5 ដ្បិត​ថ្វី​បើ​មាន​អ្វី​ដែល​ហៅ​ថា​ព្រះ ទោះ​នៅ​លើ​មេឃ ឬ​នៅ​ផែនដី​ក្តី ដូច​ជា​មាន​ព្រះ​ជា​ច្រើន និង​ម្ចាស់​ជា​ច្រើន​មែន
6 គង់​តែ​ខាង​យើង មាន​ព្រះ​តែ​១​ប៉ុណ្ណោះ គឺ​ជា​ព្រះ‌វរ‌បិតា ដែល​របស់​សព្វ​សារពើ​កើត​មក​ពី​ទ្រង់ ហើយ​យើង​រាល់​គ្នា​ក៏​សម្រាប់​ទ្រង់ ក៏​មាន​ព្រះ‌អម្ចាស់​តែ​១ គឺ​ជា​ព្រះ‌យេស៊ូវ​គ្រីស្ទ ដែល​របស់​សព្វ​សារពើ​កើត​មក​ដោយ‌សារ​ទ្រង់ ហើយ​យើង​ក៏​ដោយ‌សារ​ទ្រង់​ដែរ
7 តែ​មនុស្ស​ទាំង​អស់​គ្មាន​ចំណេះ​នេះ​ទេ មាន​អ្នក​ខ្លះ​នៅ​តែ​កោត‌ខ្លាច​ចំពោះ​រូប​ព្រះ ហើយ​គេ​បរិភោគ​ភោជ‌នាហារ​ទាំង​នោះ ទុក​ដូច​ជា​តង្វាយ​ថ្វាយ​ទៅ​រូប​ព្រះ លុះ​មក​ដល់​សព្វ​ថ្ងៃ​នេះ ម៉្លោះ​ហើយ បញ្ញា​ចិត្ត​គេ​ដែល​ខ្សោយ នោះ​ត្រូវ​ស្មោក‌គ្រោក​ទៅ​វិញ
8 ប៉ុន្តែ ចំណី​អាហារ មិន​មែន​ជា​គ្រឿង ដែល​នាំ​ឲ្យ​ព្រះ​រាប់​អាន​យើង​ទេ ដ្បិត​បើ​យើង​បរិភោគ នោះ​មិន​មែន​មាន​បំណាច់​អ្វី ហើយ​បើ​មិន​បរិភោគ​ទេ នោះ​យើង​ក៏​មិន​ខ្វះ​អ្វី​ដែរ
9 តែ​ត្រូវ​ប្រយ័ត ក្រែង​អំណាច​យើង​នេះ បាន​បង្កើត​ជា​ហេតុ​នាំ​ឲ្យ​ពួក​កំសោយ​ជំពប់​ដួល
10 ដ្បិត​បើ​អ្នក​ណា​ឃើញ​អ្នក​ឯង ដែល​មាន​ចំណេះ កំពុង​តែ​អង្គុយ​បរិភោគ ក្នុង​វិហារ​មាន​រូប​ព្រះ នោះ​តើ​មិន​បាន​កំឡា​ចិត្ត​អ្នក​កំសោយ ឲ្យ​បរិភោគ​តង្វាយ​ដែល​បាន​ថ្វាយ​ដល់​រូប​ព្រះ​ដែរ​ឬ​អី
11 ដូច្នេះ បង​ប្អូន​កំសោយ ដែល​ព្រះ‌គ្រីស្ទ​បាន​សុគត​ជំនួស គេ​នឹង​ត្រូវ​វិនាស​ដោយ‌សារ​ចំណេះ​របស់​អ្នក​វិញ
12 យ៉ាង​នោះ​ដែល​ធ្វើ​បាប​នឹង​ពួក​បង​ប្អូន ហើយ​ធ្វើ​ឲ្យ​បញ្ញា​ចិត្ត​កំសោយ​របស់​គេ​ត្រូវ​របួស នោះ​ឈ្មោះ​ថា​ធ្វើ​បាប​នឹង​ព្រះ‌គ្រីស្ទ​ដែរ
13 ហេតុ​ដូច្នេះ បើ​សិន​ជា​ចំណី​អាហារ​អ្វី នាំ​ឲ្យ​បង​ប្អូន​ខ្ញុំ​ជំពប់​ដួល នោះ​ខ្ញុំ​មិន​ព្រម​ទទួល​ទាន​ចំណី​អាហារ​នោះ​ជា​ដរាប​ត​ទៅ ក្រែង​បង​ប្អូន​ខ្ញុំ​ជំពប់​ដួល។


ជំពូក 9

1 តើ​ខ្ញុំ​មិន​មែន​ជា​សាវក​ទេ​ឬ​អី តើ​ខ្ញុំ​មិន​មែន​ជា​អ្នក​មាន​សេរី‌ភាព​ទេ​ឬ​អី តើ​ខ្ញុំ​មិន​បាន​ឃើញ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា​ទេ​ឬ​អី តើ​អ្នក​រាល់​គ្នា​មិន​មែន​ជា​ស្នាដៃ ដែល​ខ្ញុំ​ធ្វើ​ក្នុង​ព្រះ‌អម្ចាស់​ទេ​ឬ​អី
2 បើ​ខ្ញុំ​មិន​មែន​ជា​សាវក​ដល់​មនុស្ស​ឯ​ទៀត ក៏​គង់​តែ​ជា​សាវក​ដល់​អ្នក​រាល់​គ្នា​ដែរ ដ្បិត​អ្នក​រាល់​គ្នា​ជា​ភស្តុ‌តាង ពី​ការ‌ងារ​ជា​សាវក​របស់​ខ្ញុំ​ក្នុង​ព្រះ‌អម្ចាស់
3 ឯ​សេចក្ដី​ដោះ​សា​របស់​ខ្ញុំ នៅ​មុខ​ពួក​អ្នក​ដែល​ចោទ​ប្រកាន់​ខ្ញុំ
4 នោះ​គឺ​ថា តើ​យើង​ខ្ញុំ​គ្មាន​ច្បាប់​នឹង​ទទួល​ទាន​ទេ​ឬ​អី
5 តើ​គ្មាន​ច្បាប់​នឹង​នាំ​សិស្ស​ស្រី​ម្នាក់ ជា​ប្រពន្ធ​យើង​ខ្ញុំ​ទៅ​ជា​មួយ ដូច​ជា​សាវក​ឯ​ទៀត និង​បង​ប្អូន​ព្រះ‌អម្ចាស់ ហើយ​កេផាស​ដែរ​ឬ​អី
6 ឬ​មួយ តើ​មាន​តែ​ខ្ញុំ និង​បាណា‌បាស ដែល​គ្មាន​ច្បាប់​នឹង​លែង​ធ្វើ​ការ​រក​ស៊ី​ឬ​អី
7 ចុះ​តើ​ដែល​មាន​អ្នក​ណា​ធ្វើ​ជា​ទាហាន ហើយ​ចាយ​តែ​ប្រាក់​ខ្លួន​ឯង​ឬ​ទេ តើ​ដែល​មាន​អ្នក​ណា​ដាំ​ចម្ការ​ទំពាំង‌បាយ‌ជូរ រួច​មិន​បរិភោគ​ផល​ពី​ចម្ការ​នោះ ឬ​ដែល​មាន​អ្នក​ណា​ឃ្វាល​ហ្វូង​សត្វ ឥត​ផឹក​ទឹក​ដោះ​វា​ឬ​ទេ
8 ដែល​ខ្ញុំ​និយាយ​សេចក្ដី​ទាំង​នេះ នោះ​តើ​តាម​តែ​របៀប​មនុស្ស​ប៉ុណ្ណោះ ឯ​ក្រឹត្យ‌វិន័យ តើ​មិន​ថា​ដូច្នេះ​ដែរ​ទេ​ឬ
9 ដ្បិត​មាន​សេចក្ដី​ចែង​ទុក​មក ក្នុង​ក្រឹត្យ‌វិន័យ​លោក​ម៉ូសេ​ថា «កុំ​ឲ្យ​ឃ្លុំ​មាត់​របស់​គោ ដែល​បញ្ជាន់​ស្រូវ​ឡើយ» នោះ​តើ​ព្រះ‌ទ្រង់​គិត​ដល់​គោ​តែ​ប៉ុណ្ណោះ
10 ឬ​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នោះ​ចំពោះ​ដល់​យើង​រាល់​គ្នា​ដែរ គឺ​ដោយ​ព្រោះ​តែ​យើង​រាល់​គ្នា​ហើយ បាន​ជា​សេចក្ដី​នោះ​បាន​ចែង​ទុក​មក ដើម្បី​ឲ្យ​អ្នក​ណា​ដែល​ភ្ជួរ‌រាស់ បាន​ភ្ជួរ‌រាស់​ដោយ​សង្ឃឹម ហើយ​អ្នក​ណា​ដែល​បញ្ជាន់​ដោយ​សង្ឃឹម នោះ​នឹង​បាន​តាម​សេចក្ដី​សង្ឃឹម​នោះ​ឯង
11 បើ​សិន​ជា​យើង​ខ្ញុំ​បាន​សាប‌ព្រោះ​របស់​ខាង​ព្រលឹង​វិញ្ញាណ នៅ​ក្នុង​ពួក​អ្នក​រាល់​គ្នា ហើយ​ច្រូត​បាន​របស់​អ្នក​រាល់​គ្នា​ខាង​សាច់​ឈាម​វិញ នោះ​តើ​ច្រើន​ហួស​ពេក​ឬ​អី
12 បើ​អ្នក​ឯ​ទៀត​មាន​អំណាច​នោះ​លើ​អ្នក​រាល់​គ្នា នោះ​តើ​យើង​ខ្ញុំ​មិន​ត្រូវ​មាន​លើស​ជាង​គេ​ទៅ​ទៀត​ទេ​ឬ​អី ប៉ុន្តែ យើង​ខ្ញុំ​មិន​បាន​ប្រើ​អំណាច​នោះ​ទេ យើង​ខ្ញុំ​បាន​ទ្រ​ទ្រង់​ទាំង​អស់​វិញ ដើម្បី​មិន​ឲ្យ​ដំណឹង​ល្អ​នៃ​ព្រះ‌គ្រីស្ទ​ត្រូវ​បង្អាក់​ឡើយ
13 តើ​មិន​ដឹង​ទេ​ឬ​អី ថា​ពួក​អ្នក​ដែល​ធ្វើ​ការ​ព្រះ គេ​បរិភោគ​ដោយ‌សារ​ព្រះ‌វិហារ ហើយ​ពួក​អ្នក​ដែល​បម្រើ​អាសនៈ ក៏​បាន​ចំណែក​ពី​អាសនៈ​ដែរ។
14 ព្រះ‌អម្ចាស់​ទ្រង់​ក៏​បង្គាប់ ឲ្យ​ពួក​អ្នក​ដែល​ផ្សាយ​ដំណឹង​ល្អ បាន​រស់​ដោយ‌សារ​ដំណឹង​ល្អ​ដូច្នោះ​ដែរ
15 តែ​ខ្ញុំ​មិន​បាន​ប្រើ​អំណាច​ណា​១​នេះ​ទេ ខ្ញុំ​ក៏​មិន​បាន​សរសេរ​សេចក្ដី​ទាំង​នេះ ដោយ​ប្រាថ្នា​ចង់​ឲ្យ​គេ​ប្រព្រឹត្ត​យ៉ាង​នោះ​ដល់​ខ្លួន​ខ្ញុំ​ដែរ ខ្ញុំ​ស៊ូ​តែ​ស្លាប់​វិញ ជា​ជាង​ឲ្យ​សេចក្ដី​អំនួត​របស់​ខ្ញុំ​នេះ​ត្រូវ​វិនាស
16 ពី​ព្រោះ​បើ​ខ្ញុំ​ផ្សាយ​ដំណឹង​ល្អ​ទៅ នោះ​មិន​មែន​ជា​ហេតុ​ឲ្យ​ខ្ញុំ​អួត​ខ្លួន​ទេ ដ្បិត​ខ្ញុំ​ជាប់​ក្នុង​សេចក្ដី​បង្ខំ បើ​ខ្ញុំ​មិន​ផ្សាយ​ដំណឹង​ល្អ​វិញ នោះ​វរ​ដល់​ខ្ញុំ​ហើយ
17 បើ​ខ្ញុំ​ធ្វើ​ដោយ​ស្ម័គ្រ​ពី​ចិត្ត នោះ​ខ្ញុំ​បាន​រង្វាន់ តែ​បើ​ធ្វើ​ទាំង​ទើស​ទ័ល នោះ​គង់​តែ​មាន​ការ‌ងារ​ចែក​ចាយ​ផ្ញើ​ទុក​នឹង​ខ្ញុំ​ដែរ
18 ដូច្នេះ តើ​រង្វាន់​ខ្ញុំ​ជា​យ៉ាង​ណា គឺ​ឲ្យ​តែ​ខ្ញុំ​បាន​ផ្សាយ​ដំណឹង​ល្អ​ពី​ព្រះ‌គ្រីស្ទ ដោយ​ឥត​យក​ថ្លៃ​ប៉ុណ្ណោះ ដើម្បី​កុំ​ឲ្យ​ខ្ញុំ​បាន​ប្រើ​អំណាច​ខ្លួន ក្នុង​ដំណឹង​ល្អ​ហួស​ល្បត់​ឡើយ
19 ដ្បិត​ទោះ​បើ​ខ្ញុំ​មិន​ជាប់​បម្រើ​អ្នក​ណា​សោះ​ក៏​ដោយ គង់​តែ​ខ្ញុំ​បាន​ត្រឡប់​ទៅ​ជា​អ្នក​បម្រើ​ដល់​មនុស្ស​ទាំង​អស់​វិញ ដើម្បី​ឲ្យ​បាន​មនុស្ស​ជា​ច្រើន​ទៅ​ទៀត
20 ខ្ញុំ​បាន​ត្រឡប់​ដូច​ជា​សាសន៍​យូដា ដល់​ពួក​សាសន៍​យូដា ដើម្បី​ឲ្យ​បាន​ពួក​យូដា ហើយ​ដូច​ជា​នៅ​ក្រោម​បន្ទុក​ក្រឹត្យ‌វិន័យ ដល់​ពួក​អ្នក​ដែល​នៅ​ក្រោម​បន្ទុក​ក្រឹត្យ‌វិន័យ (តែ​ខ្ញុំ​មិន​មែន​នៅ​ក្រោម​បន្ទុក​ក្រឹត្យ‌វិន័យ​ទេ) ដើម្បី​ឲ្យ​បាន​ពួក​អ្នក ដែល​នៅ​ក្នុង​បន្ទុក​ក្រឹត្យ‌វិន័យ
21 ហើយ​ដូច​ជា​ឥត​ក្រឹត្យ‌វិន័យ​ដល់​ពួក​អ្នក​ដែល​គ្មាន​ក្រឹត្យ‌វិន័យ (មិន​មែន​ថា​ខ្ញុំ​ឥត​ក្រឹត្យ‌វិន័យ​របស់​ព្រះ​ទេ គឺ​ខ្ញុំ​នៅ​ក្នុង​ក្រឹត្យ‌វិន័យ​ព្រះ‌គ្រីស្ទ​វិញ) ដើម្បី​ឲ្យ​បាន​ពួក​អ្នក​ដែល​គ្មាន​ក្រឹត្យ‌វិន័យ​ដែរ
22 ខ្ញុំ​បាន​ត្រឡប់​ដូច​ជា​ខ្សោយ​ដល់​ពួក​អ្នក​កំសោយ ដើម្បី​ឲ្យ​បាន​ពួក​កំសោយ គឺ​បាន​ត្រឡប់​ជា​គ្រប់​សណ្ឋាន​ទាំង​អស់​ដល់​មនុស្ស​ទាំង​អស់ ប្រយោជន៍​ឲ្យ​បាន​សង្គ្រោះ​ដល់​អ្នក​ខ្លះ ដោយ‌សារ​សណ្ឋាន​ទាំង​នោះ​ឯង
23 ខ្ញុំ​ធ្វើ​ការ​ទាំង​នោះ ដោយ​យល់​ដល់​តែ​ដំណឹង​ល្អ ដើម្បី​ឲ្យ​ខ្ញុំ​បាន​ចំណែក​ជា​មួយ​គ្នា​ក្នុង​ដំណឹង​ល្អ។
24 តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ទេ​ឬ​អី ថា​ពួក​អ្នក​ដែល​រត់​នៅ​ទី​ប្រណាំង គេ​រត់​ទាំង​អស់​គ្នា ប៉ុន្តែ មាន​តែ​១​ទេ​ដែល​បាន​រង្វាន់ ដូច្នេះ ចូរ​រត់​បែប​ឲ្យ​បាន​រង្វាន់​ចុះ
25 ហើយ​អស់​អ្នក​ដែល​ត‌យុទ្ធ​គ្នា គេ​ខំ​អត់​សង្កត់​ចិត្ត​គ្រប់​Chapter គឺ​ធ្វើ​ដូច្នោះ ដើម្បី​ឲ្យ​បាន​តែ​ភួង​ជ័យ​ដែល​ត្រូវ​ពុក‌រលួយ តែ​យើង​រាល់​គ្នា​វិញ គឺ​ឲ្យ​បាន​មកុដ​១ ដែល​មិន​ចេះ​ពុក‌រលួយ​ឡើយ
26 បាន​ជា​ខ្ញុំ​ខំ​រត់​យ៉ាង​ដូច្នោះ មិន​មែន​បែប​ដូច​ជា​មិន​ស្គាល់​ផ្លូវ​ទេ ខ្ញុំ​ក៏​ខំ​ប្រដាល់​យ៉ាង​ដូច្នោះ​ដែរ មិន​មែន​ដូច​ជា​ដាល់​ខ្យល់​ទេ
27 គឺ​ខ្ញុំ​វាយ‌ដំ​រូប‌កាយ​ខ្ញុំ ទាំង​បង្ខំ​ឲ្យ​ចុះ​ចូល ក្រែង​ក្រោយ​ដែល​ខ្ញុំ​បាន​ប្រដៅ​មនុស្ស​ឯ​ទៀត​ហើយ នោះ​ខ្លួន​ខ្ញុំ​ត្រូវ​ចោល​ចេញ​វិញ។


ជំពូក 10

1 បង​ប្អូន​អើយ ខ្ញុំ​មិន​ចង់​ឲ្យ​អ្នក​រាល់​គ្នា​នៅ​ល្ងង់ ពី​ដំណើរ​ពួក​អយ្យកោ​យើង​ទេ ថា​គេ​បាន​នៅ​ក្រោម​ពពក​ទាំង​អស់​គ្នា ហើយ​គ្រប់​គ្នា​បាន​ដើរ​កាត់​សមុទ្រ
2 គ្រប់​គ្នា​បាន​ទទួល​បុណ្យ​ជ្រមុជ​ក្នុង​ពពក ហើយ​ក្នុង​សមុទ្រ​នោះ ឲ្យ​បាន​តាម​លោក​ម៉ូសេ
3 គ្រប់​គ្នា​បាន​បរិភោគ​ចំណី​អាហារ​ដដែល​ខាង​ព្រលឹង​វិញ្ញាណ
4 ហើយ​គ្រប់​គ្នា​បាន​ផឹក​ទឹក​ដដែល​ខាង​ព្រលឹង​វិញ្ញាណ​ដែរ ដ្បិត​បាន​ផឹក​ពី​ថ្មដា​ខាង​ព្រលឹង‌វិញ្ញាណ​ដែល​តាម​គេ ឯ​ថ្មដា​នោះ គឺ​ជា​ព្រះ‌គ្រីស្ទ
5 ប៉ុន្តែ ព្រះ‌ទ្រង់​មិន​ពេញ​ព្រះ‌ហឫទ័យ​នឹង​គេ​ជា​ច្រើន​គ្នា​ទេ ដ្បិត​គេ​ត្រូវ​ដួល​ស្លាប់​រាត់‌រាយ នៅ​ក្នុង​ទី​រហោ‌ស្ថាន
6 ការ​ទាំង​នោះ​បាន​ត្រឡប់​ជា​គំរូ​ដល់​យើង ប្រយោជន៍​កុំ​ឲ្យ​យើង​ប្រាថ្នា​ចង់​បាន​សេចក្ដី​អាក្រក់ ដូច​ជា​គេ​ឡើយ
7 ឬ​ថ្វាយ‌បង្គំ​រូប​ព្រះ ដូច​ជា​ពួក​គេ​ខ្លះ​បាន​ថ្វាយ​ដែរ ដូច​មាន​សេចក្ដី​ចែង​ទុក​មក​ថា «បណ្តា‌ជន​បាន​អង្គុយ​ស៊ី​ផឹក រួច​ក្រោក​ឡើង​លេង​សប្បាយ»
8 ឬ​ប្រព្រឹត្ត​សេចក្ដី​កំផិត ដូច​ជា​ពួក​គេ​ខ្លះ​បាន​ប្រព្រឹត្ត ហើយ​មាន​២​ម៉ឺន​៣​ពាន់​នាក់ បាន​ត្រូវ​វិនាស​ក្នុង​១​ថ្ងៃ​នោះ​ឯង
9 ឬ​ល្បង​ព្រះ‌គ្រីស្ទ ដូច​ជា​ពួក​គេ​ខ្លះ​បាន​ល្បង​ទ្រង់ ហើយ​ត្រូវ​វិនាស​ទៅ ដោយ​ពស់​ចឹក
10 ក៏​កុំ​ឲ្យ​ត្អូញ‌ត្អែរ ដូច​ជា​ពួក​គេ​ខ្លះ​បាន​ត្អូញ‌ត្អែរ ហើយ​ត្រូវ​វិនាស​ដោយ​មេ​បំផ្លាញ​នោះ​ឡើយ
11 រីឯ​ការ​ទាំង​នោះ​បាន​កើត​មក​ដល់​គេ​ទុក​ជា​គំរូ ហើយ​បាន​កត់​ទុក សម្រាប់​ជា​សេចក្ដី​ទូន្មាន​ប្រដៅ ដល់​យើង​រាល់​គ្នា ដែល​យើង​នៅ​គ្រា​ចុង​បំផុត​នៃ​អស់​ទាំង​កល្ប
12 បាន​ជា​អ្នក​ណា​ដែល​ស្មាន​ថា​ខ្លួន​ឈរ នោះ​ត្រូវ​ប្រយ័ត ក្រែង​លោ​ដួល
13 ដ្បិត​គ្មាន​សេចក្ដី​ល្បួង​ណា​កើត​ដល់​អ្នក​រាល់​គ្នា ក្រៅ​ពី​សេចក្ដី​ល្បួង ដែល​ត្រូវ​ខាង​មនុស្ស​លោក​ទេ រីឯ​ព្រះ‌ទ្រង់​ក៏​ស្មោះ‌ត្រង់​ដែរ ទ្រង់​មិន​ឲ្យ​កើត​មាន​សេចក្ដី​ល្បួង​ហួស​កម្លាំង​អ្នក​រាល់​គ្នា​ឡើយ គឺ​នៅ​វេលា​ណា​ដែល​ត្រូវ​ល្បួង នោះ​ទ្រង់​ក៏​រៀប​ផ្លូវ​ឲ្យ​ចៀស​រួច ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​នឹង​ទ្រាំ​បាន។
14 ហេតុ​នោះ ឱ​ពួក​ស្ងួន‌ភ្ងា​ខ្ញុំ​អើយ ចូរ​រត់​ពី​ការ​ថ្វាយ‌បង្គំ​រូប​ព្រះ​ចេញ
15 ខ្ញុំ​និយាយ​នេះ ដូច​ជា​និយាយ​នឹង​មនុស្ស​មាន​ប្រាជ្ញា ចូរ​ពិចារណា​ពី​សេចក្ដី​ដែល​ខ្ញុំ​ថា​នេះ​ចុះ
16 ឯ​ពែង​ដ៏​មាន​ពរ ដែល​យើង​សូម​ពរ​ឲ្យ តើ​មិន​មែន​ជា​សេចក្ដី​ប្រកប​នឹង​លោហិត​របស់​ព្រះ‌គ្រីស្ទ​ទេ​ឬ​អី ហើយ​នំបុ័ង​ដែល​យើង​កាច់ នោះ​តើ​មិន​មែន​ជា​សេចក្ដី​ប្រកប​នឹង​រូប​អង្គ​នៃ​ព្រះ‌គ្រីស្ទ​ទេ​ឬ​អី
17 ដ្បិត​ដែល​មាន​នំបុ័ង​តែ​១​ដុំ​នោះ​យ៉ាង​ណា ចំណែក​ពួក​យើង​ដែល​មាន​គ្នា​ច្រើន ក៏​ជា​រូប‌កាយ​តែ​១​យ៉ាង​នេះ​ដែរ ពី​ព្រោះ​យើង​ទាំង​អស់​គ្នា​ទទួល​ទាន​ពី​ដុំ​នំបុ័ង​តែ​មួយ​នោះ​ឯង
18 ចូរ​ពិចារណា​ពី​សាសន៍​អ៊ីស្រា‌អែល ខាង​សាច់​ឈាម​ចុះ ឯ​ពួក​អ្នក​ដែល​បរិភោគ​យញ្ញ‌បូជា​ទាំង​នោះ តើ​មិន​មាន​សេចក្ដី​ប្រកប​នឹង​អាសនៈ ទេ​ឬ​អី
19 ដែល​ខ្ញុំ​និយាយ​ដូច្នេះ តើ​មាន​ន័យ​ថា រូប​ព្រះ​ជា​អ្វី​ឬ​ទេ ឬ​តង្វាយ​ថ្វាយ​ដល់​រូប​ព្រះ​ជា​អ្វី​ឬ​ទេ
20 មិន​មែន​ជា​អ្វី​ទេ ឯ​របស់​ដែល​សាសន៍​ដទៃ​បូជា​ថ្វាយ នោះ​មិន​មែន​ថ្វាយ​ដល់​ព្រះ​ទេ គឺ​ថ្វាយ​ដល់​អារក្ស​វិញ​ទេ​តើ ហើយ​ខ្ញុំ​មិន​ចង់​ឲ្យ​អ្នក​រាល់​គ្នា មាន​សេចក្ដី​ប្រកប​នឹង​អារក្ស​ឡើយ
21 អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​ផឹក​ពី​ពែង​នៃ​ព្រះ‌អម្ចាស់ និង​ពី​ពែង​របស់​អារក្ស​ផង​បាន​ទេ ក៏​ពុំ​អាច​នឹង​បរិភោគ​នៅ​តុ​ព្រះ‌អម្ចាស់ និង​តុ​របស់​អារក្ស​ផង​បាន​ដែរ
22 ឬ​តើ​យើង​ចង់​បណ្តាល​ឲ្យ​ព្រះ‌អម្ចាស់​ទ្រង់​ប្រចណ្ឌ​ឬ​អី តើ​យើង​ខ្លាំង​ពូកែ​ជាង​ទ្រង់​ឬ។
23 មាន​ច្បាប់​ធ្វើ​គ្រប់​ការ​ទាំង​អស់ តែ​គ្រប់​ទាំង​ការ​គ្មាន​ប្រយោជន៍​ទេ មាន​ច្បាប់​ធ្វើ​គ្រប់​ការ​ទាំង​អស់ តែ​គ្រប់​ទាំង​ការ​មិន​ស្អាង​ចិត្ត​ឡើង​ទេ
24 កុំ​ឲ្យ​អ្នក​ណា​ស្វែង​រក​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន​ឡើយ ត្រូវ​រក​ដល់​អ្នក​ដទៃ​វិញ
25 ចូរ​បរិភោគ​គ្រប់​របស់​ទាំង​អស់ ដែល​គេ​លក់​នៅ​ទី​ផ្សារ ឥត​ចាំ​បាច់​ស៊ើប​សួរ​អ្វី​ឡើយ ដោយ​យល់​ដល់​បញ្ញា​ចិត្ត
26 ដ្បិត​ផែនដី និង​របស់​ទាំង​អស់​នៅ​ផែនដី សុទ្ធ​តែ​ជា​របស់​ផង​ព្រះ‌អម្ចាស់
27 តែ​បើ​អ្នក​ណា​ដែល​មិន​ជឿ គេ​អញ្ជើញ​អ្នក​ទៅ​ពិសា ហើយ​អ្នក​ចង់​ទៅ​ដែរ នោះ​ត្រូវ​បរិភោគ​គ្រប់​មុខ ដែល​គេ​ដាក់​នៅ​មុខ​អ្នក​ចុះ ឥត​ចាំ​សួរ​អ្វី​ឡើយ ដោយ​យល់​ដល់​បញ្ញា​ចិត្ត
28 ប៉ុន្តែ បើ​អ្នក​ណា​ប្រាប់​អ្នក​ថា មុខ​នេះ​ជា​តង្វាយ​ថ្វាយ​ដល់​រូប​ព្រះ​ហើយ នោះ​កុំ​ឲ្យ​បរិភោគ​ឡើយ ដោយ​យល់​ដល់​អ្នក​ដែល​ប្រាប់​នោះ និង​បញ្ញា​ចិត្ត​ផង
29 ដែល​ខ្ញុំ​ថា បញ្ញា​ចិត្ត​នេះ នោះ​មិន​មែន​បញ្ញា​ចិត្ត​របស់​អ្នក​ទេ គឺ​របស់​គេ​វិញ ដ្បិត​ហេតុ​អ្វី​បាន​ជា​សេរី‌ភាព​របស់​ខ្ញុំ​ត្រូវ​បញ្ញា​ចិត្ត​របស់​គេ​ជំនុំ‌ជម្រះ
30 បើ​ខ្ញុំ​ទទួល​ទាន​ដោយ​អរ​ព្រះ‌គុណ នោះ​តើ​ហេតុ​អ្វី​បាន​ជា​គេ​ប្រកាន់​ទោស​ខ្ញុំ ដោយ​ព្រោះ​របស់​ដែល​ខ្ញុំ​បាន​អរ​ព្រះ‌គុណ​រួច​ហើយ​នោះ
31 ដូច្នេះ ទោះ​បើ​ស៊ី ឬ​ផឹក ឬ​ធ្វើ​ការ​អ្វី​ក៏​ដោយ នោះ​ចូរ​ធ្វើ​ទាំង​អស់​សម្រាប់​ចម្រើន​សិរី‌ល្អ​ដល់​ព្រះ​ចុះ
32 កុំ​ឲ្យ​ធ្វើ​ជា​ទី​បង្អាក់​ចិត្ត ដល់​ពួក​សាសន៍​យូដា ឬ​សាសន៍​ក្រេក ឬ​ពួក​ជំនុំ​នៃ​ព្រះ​ឡើយ
33 ដូច​ជា​ខ្លួន​ខ្ញុំ​ក៏​ផ្គាប់​ដល់​ចិត្ត​មនុស្ស​គ្រប់​គ្នា ក្នុង​ការ​ទាំង​អស់​ដែរ ដោយ​ឥត​រក​ផល​ប្រយោជន៍​ដល់​ខ្លួន​ឡើយ គឺ​ជា​ប្រយោជន៍​ដល់​មនុស្ស​ជា​ច្រើន​វិញ ដើម្បី​ឲ្យ​គេ​បាន​សង្គ្រោះ​រួច។


ជំពូក 11

1 ចូរ​ត្រាប់​តាម​ខ្ញុំ ដូច​ជា​ខ្ញុំ​បាន​ត្រាប់​តាម​ព្រះ‌គ្រីស្ទ​ដែរ។
2 បង​ប្អូន​អើយ ខ្ញុំ​សរសើរ​ដល់​អ្នក​រាល់​គ្នា ពី​ព្រោះ​អ្នក​រាល់​គ្នា​នឹក​ចាំ​ពី​ខ្ញុំ ក្នុង​គ្រប់​ការ​ទាំង​អស់ ហើយ​ដោយ​ព្រោះ​អ្នក​រាល់​គ្នា​កាន់​តាម​សេចក្ដី​ដែល​ខ្ញុំ​បាន​បង្វឹក​បង្រៀន​ផង
3 តែ​ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា ព្រះ‌គ្រីស្ទ​ជា​សិរសា នៃ​បុរស​ទាំង​អស់ ឯ​បុរស​វិញ នោះ​ជា​ក្បាល​នៃ​ស្ត្រី ហើយ​សិរសា​នៃ​ព្រះ‌គ្រីស្ទ គឺ​ជា​ព្រះ
4 បុរស​ណា​ដែល​អធិស្ឋាន ឬ​អធិប្បាយ​ទាំង​មាន​ពាក់​អ្វី​នៅ​លើ​ក្បាល នោះ​ឈ្មោះ​ថា​ធ្វើ​បង្អាប់​ដល់​សិរសា​ខ្លួន
5 ឯ​ស្ត្រី​ណា​ដែល​អធិស្ឋាន ឬ​អធិប្បាយ ដោយ​មាន​ក្បាល​ទទេ នោះ​ឈ្មោះ​ថា​ធ្វើ​បង្អាប់​ដល់​ក្បាល​ខ្លួន​វិញ ដ្បិត​ដែល​ធ្វើ​ដូច្នោះ នោះ​ដូច​ជា​បាន​កោរ​សក់​ចេញ​ដែរ
6 បើ​ស្ត្រី​ណា​មិន​ពាក់​អ្វី​នៅ​លើ​ក្បាល នោះ​ត្រូវ​កាត់​សក់​ចេញ តែ​បើ​ពួក​ស្រីៗ អៀន‌ខ្មាស​ចំពោះ​ការ​កាត់ ឬ​កោរ​សក់ នោះ​ត្រូវ​តែ​មាន​អ្វី​ពាក់​វិញ
7 ផ្នែក​ខាង​ពួក​បុរស​វិញ នោះ​មិន​ត្រូវ​ពាក់​អ្វី​លើ​ក្បាល​ទេ ពី​ព្រោះ​ខ្លួន​ជា​គំរូ ហើយ​ជា​សិរី‌ល្អ​នៃ​ព្រះ តែ​ស្ត្រី​ជា​សិរី‌ល្អ​ដល់​បុរស​វិញ
8 ដ្បិត​បុរស​ដើម​មិន​បាន​កើត​ចេញ​ពី​ស្ត្រី​មក​ទេ គឺ​ស្ត្រី​បាន​ចេញ​មក​ពី​បុរស​នោះ​វិញ
9 ព្រះ​ក៏​មិន​បាន​បង្កើត​បុរស​មក​សម្រាប់​ស្ត្រី​ដែរ គឺ​ស្ត្រី​សម្រាប់​បុរស​វិញ
10 ហេតុ​នោះ​ត្រូវ​ឲ្យ​ពួក​ស្ត្រី​មាន​ទី​សម្គាល់ ពី​អំណាច​របស់​ប្ដី នៅ​លើ​ក្បាល​ខ្លួន ដោយ​ព្រោះ​ពួក​ទេវតា
11 ប៉ុន្តែ ក្នុង​ព្រះ‌អម្ចាស់ នោះ​បុរស​មិន​មែន​ជា​ឥត​ពឹង​អាស្រ័យ​ដល់​ស្ត្រី​ឡើយ ហើយ​ស្ត្រី​ក៏​មិន​មែន​ជា​ឥត​ពឹង​អាស្រ័យ​ដល់​បុរស​ដែរ
12 ដ្បិត​បុរស​កើត​មក​ដោយ‌សារ​ស្ត្រី ដូច​ជា​ស្ត្រី​ដើម​បាន​កើត​មក​ពី​បុរស​នោះ​ដែរ តែ​គ្រប់​របស់​ទាំង​អស់​សម្រេច​កើត​មក​អំពី​ព្រះ​វិញ
13 ចូរ​ពិចារណា​ក្នុង​ខ្លួន​អ្នក​រាល់​គ្នា​មើល តើ​គួរ​គប្បី​ឲ្យ​ស្ត្រី​អធិស្ឋាន​ដល់​ព្រះ ដោយ​ឥត​មាន​ពាក់​អី​លើ​ក្បាល​ឬ​ទេ
14 តើ​ធម្មតា​លោក​មិន​បង្រៀន​អ្នក​រាល់​គ្នា​ទេ​ឬ​អី​ថា បើ​បុរស​ទុក​សក់​វែង នោះ​ជា​ការ​បង្អាប់​ដល់​ខ្លួន
15 តែ​បើ​ស្ត្រី​ទុក​សក់​វែង នោះ​ឯង​ជា​សេចក្ដី​លំអ​ដល់​នាង​វិញ ដ្បិត​សក់​វែង​នោះ ទ្រង់​បាន​ប្រទាន​មក​នាង ទុក​ជា​ប្រដាប់​សម្រាប់​ទទូរ
16 ប៉ុន្តែ បើ​មាន​អ្នក​ណា​ចង់​ជជែក​ពី​សេចក្ដី​នេះ នោះ​យើង​រាល់​គ្នា​គ្មាន​ទម្លាប់​យ៉ាង​នេះ​ទេ ហើយ​ពួក​ជំនុំ​នៃ​ព្រះ​ក៏​គ្មាន​ដែរ។
17 ខាង​ឯ​សេចក្ដី​ដែល​ខ្ញុំ​ប្រាប់​មក​ក្រោយ​នេះ ខ្ញុំ​មិន​សរសើរ​ដល់​អ្នក​រាល់​គ្នា​ទេ ដ្បិត​ដែល​អ្នក​ប្រជុំ​គ្នា នោះ​មិន​មែន​ឲ្យ​បាន​ល្អ​ឡើង​ទេ គឺ​ឲ្យ​បាន​អាក្រក់​ជាង​ទៅ​វិញ
18 ព្រោះ​មុន​ដំបូង​ខ្ញុំ​ឮ​ថា កាល​ណា​អ្នក​រាល់​គ្នា​មូល​មក​ក្នុង​ពួក​ជំនុំ នោះ​តែង​មាន​ការ​បែក‌ខ្ញែក​គ្នា​ទៅ ហើយ​ខ្ញុំ​ក៏​បាន​ជឿ​ខ្លះ​ដែរ
19 ពី​ព្រោះ​ត្រូវ​តែ​មាន​បក្ស‌ពួក​ក្នុង​ពួក​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​ពួក​ខ្ជាប់‌ខ្ជួន​បាន​សម្ដែង​មក​ឲ្យ​ស្គាល់​ច្បាស់
20 ដូច្នេះ ដែល​ប្រជុំ​គ្នា​នៅ​ទី​ណា​មួយ នោះ​មិន​មែន​ប្រជុំ ដើម្បី​នឹង​បរិភោគ​លៀង​បរិសុទ្ធ​នៃ​ព្រះ‌អម្ចាស់​ទេ
21 ដ្បិត​កាល​បរិភោគ នោះ​គ្រប់​គ្នា​ខំ​បរិភោគ​ម្ហូប​របស់​ខ្លួន​ឲ្យ​តែ​ឆ្អែត​មុន​គេ​ទៅ បាន​ជា​មាន​មួយ​នៅ​ឃ្លាន ហើយ​មួយ​ទៀត​ស្រវឹង
22 ចុះ​តើ​អ្នក​រាល់​គ្នា​គ្មាន​ផ្ទះ សម្រាប់​ជា​ទី​ឲ្យ​បាន​បរិភោគ​អាហារ​ទេ​ឬ​អី ឬ​តើ​អ្នក​មើល‌ងាយ​ដល់​ពួក​ជំនុំ​នៃ​ព្រះ ហើយ​ចង់​ធ្វើ​ឲ្យ​ពួក​អ្នក​ដែល​គ្មាន​អ្វី​សោះ មាន​សេចក្ដី​ខ្មាស​ឬ​អី តើ​គួរ​ឲ្យ​ខ្ញុំ​និយាយ​នឹង​អ្នក​រាល់​គ្នា​ថា​ដូច​ម្តេច គួរ​ឲ្យ​សរសើរ​ឬ ខ្ញុំ​មិន​សរសើរ​ទេ។
23 ដ្បិត​ឯ​សេចក្ដី​ដែល​ខ្ញុំ​បាន​បង្រៀន​ដល់​អ្នក​រាល់​គ្នា នោះ​ខ្ញុំ​បាន​ទទួល​ពី​ព្រះ‌អម្ចាស់​មក គឺ​ថា​នៅ​ពេល​យប់​ដែល​ព្រះ‌អម្ចាស់​យេស៊ូវ​ត្រូវ​គេ​បញ្ជូន នោះ​ទ្រង់​បាន​យក​នំបុ័ង
24 លុះ​ទ្រង់​បាន​អរ​ព្រះ‌គុណ​រួច​ហើយ ក៏​កាច់​នំបុ័ង​ដោយ​មាន​ព្រះ‌បន្ទូល​ថា «ចូរ​យក​ពិសា​ចុះ នេះ​ជា​រូប‌កាយ​ខ្ញុំ ដែល​ត្រូវ​កាច់​សម្រាប់​អ្នក​រាល់​គ្នា ចូរ​ធ្វើ​កិច្ច​នេះ​ទុក​ជា​សេចក្ដី​រំឭក​ពី​ខ្ញុំ​ចុះ»
25 លុះ​ក្រោយ​ដែល​បាន​បរិភោគ​រួច​ហើយ នោះ​ទ្រង់​ក៏​យក​ពែង​បែប​ដូច្នោះ​ដែរ ដោយ​មាន​ព្រះ‌បន្ទូល​ថា «ពែង​នេះ​ជា​សញ្ញា​ថ្មី ដោយ​នូវ​ឈាម​ខ្ញុំ ចូរ​ធ្វើ​ដូច្នេះ​រាល់​វេលា​ណា​ដែល​ផឹក ទុក​ជា​សេចក្ដី​រំឭក​ដល់​ខ្ញុំ»
26 ដ្បិត​រាល់​វេលា​ណា ដែល​អ្នក​រាល់​គ្នា​បរិភោគ​នំបុ័ង​នេះ ហើយ​ផឹក​ពី​ពែង​នេះ នោះ​ឈ្មោះ​ថា​សម្ដែង​ពី​សេចក្ដី​សុគត​របស់​ផង​ព្រះ‌អម្ចាស់ ដរាប​ដល់​ទ្រង់​យាង​មក
27 បាន​ជា​អ្នក​ណា​ដែល​បរិភោគ​នំបុ័ង​នេះ ឬ​ផឹក​ពី​ពែង​នៃ​ព្រះ‌អម្ចាស់​បែប​មិន​គួរ​សម នោះ​នឹង​មាន​ទោស​ចំពោះ​រូប​អង្គ ហើយ​និង​ព្រះ‌លោហិត​នៃ​ព្រះ‌អម្ចាស់
28 ត្រូវ​ឲ្យ​មនុស្ស​ល្បង​ខ្លួន​ឯង​មើល រួច​សឹម​បរិភោគ​នំបុ័ង ហើយ​ផឹក​ពី​ពែង​នេះ​ចុះ
29 ដ្បិត​អ្នក​ណា​ដែល​បរិភោគ​បែប​មិន​គួរ​សម អ្នក​នោះ​ឈ្មោះ​ថា​បរិភោគ​ជា​សេចក្ដី​ជំនុំ‌ជម្រះ​ដល់​ខ្លួន​វិញ ដោយ​ព្រោះ​មិន​ពិចារណា​ឃើញ​រូប​អង្គ​នៃ​ព្រះ‌អម្ចាស់​ទេ
30 គឺ​ដោយ​ហេតុ​នោះ​បាន​ជា​មាន​អ្នក​រាល់​គ្នា​ជា​ច្រើន ទៅ​ជា​ខ្សោយ ហើយ​ឈឺ ក៏​មាន​គ្នា​ជា​ច្រើន​ដេក​លក់​ទៅ​ហើយ​ដែរ
31 បើ​សិន​ជា​យើង​រាល់​គ្នា​ពិចារណា​មើល​ក្នុង​ខ្លួន​យើង នោះ​យើង​មិន​ត្រូវ​ជាប់​ជំនុំ‌ជម្រះ​ទេ
32 តែ​កាល​ណា​យើង​រាល់​គ្នា​ត្រូវ​ជាប់​ជំនុំ‌ជម្រះ នោះ​ព្រះ‌អម្ចាស់​ទ្រង់​វាយ‌ផ្ចាល​យើង​វិញ ដើម្បី​កុំ​ឲ្យ​យើង​ជាប់​ទោស​ជា​មួយ​នឹង​លោកីយ៍​ឡើយ
33 ដូច្នេះ បង​ប្អូន​អើយ កាល​ណា​ប្រជុំ​គ្នា ដើម្បី​នឹង​បរិភោគ​នោះ ត្រូវ​បង្អង់​ចាំ​គ្នា​ផង
34 បើ​សិន​ជា​អ្នក​ណា​ឃ្លាន ឲ្យ​អ្នក​នោះ​បរិភោគ​នៅ​ឯ​ផ្ទះ​ចុះ ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ប្រជុំ​ទៅ នាំ​ឲ្យ​ជាប់​មាន​ទោស​ឡើយ ឯ​ការ​ឯ​ទៀត ដល់​កាល​ណា​ខ្ញុំ​មក នោះ​ខ្ញុំ​នឹង​សម្រេច​គ្រប់​ទាំង​អស់។


ជំពូក 12

1 ចំណែក​ឯ​អំណោយ​ទាន​ខាង​វិញ្ញាណ បង​ប្អូន​អើយ ខ្ញុំ​មិន​ចង់​ឲ្យ​អ្នក​រាល់​គ្នា​នៅ​ល្ងង់​ទេ
2 អ្នក​រាល់​គ្នា​ដឹង​ហើយ​ថា ពី​ដើម​អ្នក​រាល់​គ្នា​ជា​សាសន៍​ដទៃ ដែល​ត្រូវ​បង្វែរ​ទៅ​ឯ​រូប​ព្រះ​គ តាម​តែ​មាន​សេចក្ដី​ដឹក‌នាំ​ទៅ​នោះ
3 ហេតុ​នោះ​បាន​ជា​ខ្ញុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា មិន​ដែល​មាន​អ្នក​ណា​និយាយ ដោយ​នូវ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ​ថា ព្រះ‌យេស៊ូវ​ត្រូវ​បណ្តាសា​នោះ​ឡើយ ក៏​គ្មាន​អ្នក​ណា​អាច​នឹង​ថា ព្រះ‌យេស៊ូវ​ទ្រង់​ជា​ព្រះ‌អម្ចាស់​ដែរ លើក​តែ​ដោយ​នូវ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ប៉ុណ្ណោះ។
4 រីឯ​អំណោយ​ទាន នោះ​មាន​ផ្សេងៗ​ពី​គ្នា តែ​គឺ​ជា​ព្រះ‌វិញ្ញាណ​ដដែល​ទេ
5 ហើយ​ក៏​មាន​មុខ‌ងារ​ផ្សេងៗ ពី​គ្នា តែ​គឺ​ជា​ព្រះ‌អម្ចាស់​ដដែល​ទេ
6 ព្រម​ទាំង​មាន​របៀប​ធ្វើ​ផ្សេងៗ​ពី​គ្នា​ទៀត តែ​គឺ​ជា​ព្រះ​ដដែល​នោះ​ឯង ដែល​ទ្រង់​ធ្វើ​គ្រប់​ទាំង​អស់ ក្នុង​មនុស្ស​ទាំង​អស់
7 ហើយ​ទ្រង់​ប្រទាន​ឲ្យ​ព្រះ‌វិញ្ញាណ​សម្ដែង​មក​ក្នុង​គ្រប់​គ្នា ដើម្បី​ឲ្យ​បាន​កើត​ផល
8 ដ្បិត​ទ្រង់​ប្រទាន​ឲ្យ​ម្នាក់​មាន​ពាក្យ​សំដី​នៃ​ប្រាជ្ញា​វាង‌វៃ ដោយ‌សារ​ព្រះ‌វិញ្ញាណ ឲ្យ​ម្នាក់​ទៀត​មាន​ពាក្យ​សំដី​នៃ​ចំណេះ​ចេះ​ស្ទាត់ តាម​ព្រះ‌វិញ្ញាណ​ដដែល
9 ហើយ​ឲ្យ​ម្នាក់​ផ្សេង​ទៀត​មាន​សេចក្ដី​ជំនឿ ដោយ​នូវ​ព្រះ‌វិញ្ញាណ​ដដែល ឲ្យ​មួយ​ទៀត​បាន​អស់​ទាំង​អំណោយ​ទាន នឹង​អាច​ប្រោស​ឲ្យ​ជា ដោយ​នូវ​ព្រះ‌វិញ្ញាណ​ដដែល
10 ឲ្យ​មួយ​ទៀត​បាន​សម្ដែង​ការ​ឫទ្ធិ​បារមី និង​ឲ្យ​មួយ​ទៀត​ចេះ​អធិប្បាយ ឲ្យ​មួយ​ទៀត​សង្កេត​ស្គាល់​អស់​ទាំង​វិញ្ញាណ ឲ្យ​មួយ​ទៀត​ចេះ​និយាយ​ភាសា​ដទៃ​ផ្សេងៗ ហើយ​ឲ្យ​មួយ​ទៀត​ចេះ​បក​ប្រែ​ភាសា​ដទៃ
11 តែ​គឺ​ជា​ព្រះ‌វិញ្ញាណ​តែ​មួយ​ដដែល​នោះ​ឯង ដែល​ធ្វើ​គ្រប់​ការ​ទាំង​នោះ ទាំង​ចែក​ដល់​គ្រប់​គ្នា​ដោយ​មុខៗ ផង តាម​ដែល​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ។
12 ដ្បិត​ដូច​ជា​រូប​កាយ​១​មាន​អវយវៈ​ជា​ច្រើន តែ​អវយវៈ​ទាំង​នោះ ទោះ​មាន​ច្រើន​ក៏​ពិត គង់​តែ​រួម​គ្នា​មក​ជា​រូប​តែ​១​ទេ នោះ​ព្រះ‌គ្រីស្ទ​ក៏​ដូច្នោះ​ដែរ
13 ដ្បិត​យើង​ទាំង​អស់​គ្នា ទោះ​បើ​ជា​សាសន៍​យូដា ឬ​សាសន៍​ក្រេក បាវ​បម្រើ ឬ​អ្នក​ជា​ក្តី យើង​បាន​ទទួល​បុណ្យ​ជ្រមុជ ចូល​ក្នុង​រូប‌កាយ​តែ​១ ដោយ‌សារ​ព្រះ‌វិញ្ញាណ​តែ​១ ហើយ​គ្រប់​គ្នា​ក៏​បាន​ត្រូវ​ផឹក​ពី​ព្រះ‌វិញ្ញាណ​តែ​១​ដែរ
14 រូប‌កាយ​មិន​មែន​សុទ្ធ​តែ​មាន​អវយវៈ​តែ​១​ទេ គឺ​មាន​ច្រើន​វិញ
15 បើ​សិន​ជា​ជើង​នឹង​និយាយ​ថា អញ​មិន​មែន​ជា​របស់​ផង​រូប‌កាយ​ទេ ពី​ព្រោះ​អញ​មិន​មែន​ជា​ដៃ នោះ​តើ​មិន​មែន​ជា​របស់​ផង​រូប‌កាយ ដោយ​ហេតុ​តែ​ប៉ុណ្ណោះ​ឬ​អី
16 ហើយ​បើ​សិន​ជា​ត្រចៀក​នឹង​និយាយ​ថា អញ​មិន​មែន​របស់​ផង​រូប‌កាយ​ទេ ពី​ព្រោះ​អញ​មិន​មែន​ជា​ភ្នែក នោះ​តើ​មិន​មែន​ជា​របស់​ផង​រូប‌កាយ ដោយ​ហេតុ​តែ​ប៉ុណ្ណោះ​ឬ​អី
17 បើ​រូប‌កាយ​ទាំង​ស្រុង​សុទ្ធ​តែ​ជា​ភ្នែក នោះ​តើ​នឹង​ស្តាប់​នៅ​ត្រង់​ណា បើ​រូប‌កាយ​ទាំង​ស្រុង សុទ្ធ​តែ​ជា​ត្រចៀក នោះ​តើ​នឹង​ដឹង​ក្លិន​នៅ​ត្រង់​ណា
18 តែ​ព្រះ‌ទ្រង់​បាន​ដាក់​ចុះ​នូវ​អវយវៈ​នីមួយៗ ក្នុង​រូប‌កាយ​តាម​ព្រះ‌ហឫទ័យ​ទ្រង់
19 បើ​គ្រប់​ទាំង​អស់​សុទ្ធ​តែ​ជា​អវយវៈ​តែ​១ នោះ​តើ​រូប‌កាយ​នឹង​នៅ​ឯ​ណា
20 តែ​មាន​អវយវៈ​ជា​ច្រើន​វិញ ប៉ុន្តែ រូប‌កាយ​តែ​១​ទេ
21 ហើយ​ភ្នែក​ពុំ​អាច​និយាយ​ទៅ​ដៃ​ថា អញ​មិន​ត្រូវ​ការ​នឹង​ឯង​ទេ ឬ​ក្បាល​និយាយ​ទៅ​ជើង​ថា អញ​មិន​ត្រូវ​ការ​នឹង​ឯង​ដែរ​នោះ​ឡើយ
22 ប៉ុន្តែ អស់​ទាំង​អវយវៈ​ក្នុង​រូប‌កាយ ដែល​មើល​ទៅ​ដូច​ជា​ខ្សោយ​ជាង​គេ នោះ​មាន​ប្រយោជន៍​ជា​ជាង​វិញ
23 ហើយ​អវយវៈ​ណា​ក្នុង​រូប‌កាយ ដែល​យើង​ស្មាន​ថា មិន​គួរ​រាប់​អាន​ប៉ុន្មាន នោះ​យើង​បាន​រាប់​អាន​លើស​ទៅ​ទៀត ឯ​អវយវៈ​ណា​របស់​យើង ដែល​មិន​ល្អ​មើល នោះ​បាន​ល្អ​មើល​កាន់​តែ​ខ្លាំង​ឡើង​ទៅ​ទៀត
24 តែ​អវយវៈ​ណា​របស់​យើង​ដែល​ល្អ​មើល នោះ​មិន​ត្រូវ​ការ​អ្វី​ទេ ដូច្នេះ ព្រះ‌ទ្រង់​បាន​ផ្សំ​រូប‌កាយ ព្រម​ទាំង​ប្រទាន​ឲ្យ​អវយវៈ​ណា​ដែល​ខ្វះ បាន​ប្រសើរ​លើស​ជាង​ទៅ​ទៀត
25 ដើម្បី​មិន​ឲ្យ​មាន​សេចក្ដី​បែក‌ខ្ញែក​គ្នា​ក្នុង​រូប‌កាយ​ឡើយ តែ​ឲ្យ​អវយវៈ​ទាំង​ប៉ុន្មាន បាន​ជួយ​គាំពារ​គ្នា​ទៅ​វិញ​ទៅ​មក
26 ដូច្នេះ បើ​អវយវៈ​១​ឈឺ នោះ​ទាំង​អស់​នឹង​ឈឺ​ជា​មួយ​គ្នា បើ​១​បាន​តម្កើង​ឡើង នោះ​ទាំង​អស់​នឹង​បាន​រីក‌រាយ​ជា​មួយ​ដែរ
27 អ្នក​រាល់​គ្នា​ជា​រូប‌កាយ​នៃ​ព្រះ‌គ្រីស្ទ ហើយ​ជា​អវយវៈ​របស់​រូប‌កាយ​រៀង​ខ្លួន
28 ព្រះ‌ទ្រង់​បាន​តាំង​អ្នក​ខ្លះ​ក្នុង​ពួក​ជំនុំ​ឡើង មុន​ដំបូង គឺ​ពួក​សាវក ទី​២ ពួក​គ្រូ​អធិប្បាយ ទី​៣​ពួក​គ្រូ​បង្រៀន រួច​មក មាន​ការ​ឫទ្ធិ‌បារមី មាន​អំណោយ​ទាន​ជា​ការ​ប្រោស​ឲ្យ​ជា ជា​ការ​ជំនួយ ជា​ការ​គ្រប់​គ្រង ហើយ​ជា​ភាសា​ដទៃ​ផង
29 តើ​គ្រប់​គ្នា​ជា​សាវក​ឬ​អី គ្រប់​គ្នា​ជា​គ្រូ​បង្រៀន​ឬ​អី គ្រប់​គ្នា​ធ្វើ​ការ​ឫទ្ធិ‌បារមី​បាន​ឬ​អី
30 គ្រប់​គ្នា​មាន​អស់​ទាំង​អំណោយ​ទាន​នឹង​ប្រោស​ឲ្យ​ជា​បាន​ឬ​អី គ្រប់​គ្នា​អាច​និយាយ​ភាសា​ដទៃ​បាន​ឬ​អី គ្រប់​គ្នា​ចេះ​បក​ប្រែ​ភាសា​បាន​ឬ​អី
31 ចូរ​សង្វាត​ឲ្យ​បាន​អំណោយ​ទាន យ៉ាង​វិសេស​ទៅ​ចុះ ប៉ុន្តែ ខ្ញុំ​នឹង​បង្ហាញ​ផ្លូវ​១​ដ៏​ប្រសើរ​លើស​លែង​ទៅ​ទៀត។


ជំពូក 13

1 ទោះ​បើ​ខ្ញុំ​ចេះ​និយាយ​ជា​ភាសា​របស់​មនុស្ស​ជាតិ​ទាំង​ប៉ុន្មាន និង​ភាសា​របស់​ពួក​ទេវតា​ផង តែ​គ្មាន​សេចក្ដី​ស្រឡាញ់ នោះ​ខ្ញុំ​បាន​ត្រឡប់​ដូច​ជា​លង្ហិន​ដែល​ឮ​ខ្ទរ ឬ​ដូច​ជា​ឈឹង ដែល​ឮ​ទ្រហឹង​ប៉ុណ្ណោះ
2 បើ​ខ្ញុំ​ចេះ​អធិប្បាយ ហើយ​ស្គាល់​អស់​ទាំង​សេចក្ដី​អាថ៌‌កំបាំង និង​គ្រប់​ទាំង​ចំណេះ​វិជ្ជា ហើយ​បើ​ខ្ញុំ​មាន​គ្រប់​ទាំង​សេចក្ដី​ជំនឿ​ល្មម​នឹង​ឲ្យ​ភ្នំ​រើ​ចេញ​បាន តែ​គ្មាន​សេចក្ដី​ស្រឡាញ់ នោះ​ខ្ញុំ​មិន​ជា​អ្វី​ទេ
3 បើ​ខ្ញុំ​ចែក​អស់​ទាំង​ទ្រព្យ‌សម្បត្តិ​ខ្ញុំ​ជា​អាហារ​ដល់​គេ ហើយ​បើ​ខ្ញុំ​ប្រគល់​រូប‌កាយ​ខ្ញុំ​ទៅ​ឲ្យ​គេ​ដុត តែ​គ្មាន​សេចក្ដី​ស្រឡាញ់ នោះ​គ្មាន​ប្រយោជន៍​ដល់​ខ្ញុំ​សោះ
4 ឯ​សេចក្ដី​ស្រឡាញ់​តែង​តែ​អត់‌ធ្មត់ ហើយ​ក៏​សប្បុរស សេចក្ដី​ស្រឡាញ់​មិន​ចេះ​ឈ្នានីស មិន​ចេះ​អួត​ខ្លួន ក៏​មិន​ដែល​មាន​ចិត្ត​ធំ​ផង
5 មិន​ដែល​ប្រព្រឹត្ត​បែប​មិន​គួរ​សម មិន​ដែល​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន មិន​រហ័ស​ខឹង មិន​ប្រកាន់​ទោស
6 មិន​ដែល​អរ​សប្បាយ​ចំពោះ​សេចក្ដី​ទុច្ចរិត​ឡើយ គឺ​អរ​សប្បាយ​តែ​នឹង​សេចក្ដី​ស្មោះ‌ត្រង់​វិញ
7 ក៏​គ្រប​បាំង​ទាំង​អស់ ជឿ​ទាំង​អស់ សង្ឃឹម​ទាំង​អស់ ហើយ​ទ្រាំ​ទ្រ​ទាំង​អស់
8 រីឯ​ការ​អធិប្បាយ នោះ​នឹង​ត្រូវ​បាត់​ទៅ ការ​និយាយ​ភាសា​ដទៃ​នឹង​ត្រូវ​ឈប់ ហើយ​ចំណេះ​ក៏​ត្រូវ​សាប‌សូន្យ​ទៅ​ដែរ តែ​ឯ​សេចក្ដី​ស្រឡាញ់​មិន​ដែល​ផុត​ឡើយ
9 ដ្បិត​យើង​ចេះ​មិន​ទាន់​សព្វ​គ្រប់ ហើយ​យើង​អធិប្បាយ​ក៏​មិន​ទាន់​បាន​ពេញ​ខ្នាត​ផង
10 តែ​កាល​ណា​សេចក្ដី​គ្រប់​លក្ខណ៍​បាន​ចូល​មក នោះ​សេចក្ដី​ដែល​មិន​ពេញ​ខ្នាត​នឹង​បាត់​ទៅ
11 កាល​ដែល​ខ្ញុំ​នៅ​ក្មេង​នៅ​ឡើយ នោះ​ខ្ញុំ​បាន​និយាយ​ដូច​ជា​កូន​ក្មេង ក៏​មាន​គំនិត​ដូច​ជា​កូន​ក្មេង ហើយ​បាន​ពិចារណា​ដូច​ជា​កូន​ក្មេង​ដែរ លុះ​កាល​ខ្ញុំ​ធំ​ហើយ នោះ​ខ្ញុំ​បាន​លះ​ចោល​ការ​របស់​កូន​ក្មេង​ចេញ​ទៅ
12 ដ្បិត​ឥឡូវ​នេះ យើង​មើល​ឃើញ​បែប​ស្រអាប់ ដូច​ជា​ដោយ‌សារ​កញ្ចក់ តែ​នៅ​វេលា​នោះ នឹង​ឃើញ​មុខ​ទល់​នឹង​មុខ ឥឡូវ​នេះ ខ្ញុំ​ស្គាល់​មិន​ទាន់​អស់ តែ​នៅ​វេលា​នោះ ខ្ញុំ​នឹង​ស្គាល់​វិញ ដូច​ជា​ព្រះ‌ទ្រង់​ស្គាល់​ខ្ញុំ​ដែរ
13 ឥឡូវ​នេះ នៅ​មាន​សេចក្ដី​ជំនឿ សេចក្ដី​សង្ឃឹម និង​សេចក្ដី​ស្រឡាញ់ ទាំង​៣​មុខ​នេះ តែ​សេចក្ដី​ដែល​វិសេស​ជាង​គេ គឺ​ជា​សេចក្ដី​ស្រឡាញ់។


ជំពូក 14

1 ចូរ​ដេញ​តាម​សេចក្ដី​ស្រឡាញ់​ចុះ ហើយ​សង្វាត​ចង់​បាន​អស់​ទាំង​អំណោយ​ទាន​ខាង​ឯ​វិញ្ញាណ​ដែរ តែ​ស៊ូ​ឲ្យ​ចេះ​អធិប្បាយ​ជា​ដើម
2 ដ្បិត​អ្នក​ណា​ដែល​និយាយ​ភាសា​ដទៃ នោះ​មិន​មែន​និយាយ​នឹង​មនុស្ស គឺ​ទូល​នឹង​ព្រះ​វិញ ពី​ព្រោះ​គ្មាន​អ្នក​ណា​ស្តាប់​បាន​ទេ ប៉ុន្តែ អ្នក​នោះ​និយាយ​ជា​សេចក្ដី​អាថ៌‌កំបាំង ដោយ​នូវ​វិញ្ញាណ
3 ឯ​អ្នក​ដែល​អធិប្បាយ​វិញ អ្នក​នោះ​និយាយ​នឹង​មនុស្ស សម្រាប់​នឹង​ស្អាង​ចិត្ត កម្លាំង​ចិត្ត ហើយ​កំសាន្ត​ចិត្ត
4 អ្នក​ណា​ដែល​និយាយ​ភាសា​ដទៃ នោះ​ស្អាង​តែ​ចិត្ត​ខ្លួន​ឯង​ទេ តែ​អ្នក​ណា​ដែល​អធិប្បាយ នោះ​ទើប​ស្អាង​ចិត្ត​ចំពោះ​ជំនុំ​ទាំង​អស់​គ្នា​វិញ
5 ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​និយាយ​ភាសា​ដទៃ​ទាំង​អស់​ដែរ តែ​ស៊ូ​ឲ្យ​អ្នក​រាល់​គ្នា​ចេះ​អធិប្បាយ​ជា​ជាង ដ្បិត​អ្នក​ដែល​អធិប្បាយ នោះ​ប្រសើរ​ជាង​អ្នក​ដែល​និយាយ​ភាសា​ដទៃ​ទៀត លើក​តែ​អ្នក​នោះ​ចេះ​បក​ប្រែ ដើម្បី​ឲ្យ​ពួក​ជំនុំ​បាន​ស្អាង​ចិត្ត​ឡើង
6 ដូច្នេះ បង​ប្អូន​អើយ បើ​ខ្ញុំ​មក​ឯ​អ្នក​រាល់​គ្នា ដោយ​និយាយ​ភាសា​ដទៃ នោះ​តើ​ខ្ញុំ​នឹង​និយាយ​ប្រយោជន៍​អ្វី​ដល់​អ្នក​រាល់​គ្នា លើក​តែ​ខ្ញុំ​និយាយ​នឹង​អ្នក​រាល់​គ្នា​ជា​ការ​បើក​សម្ដែង ឬ​តាម​ចំណេះ ឬ​ជា​សេចក្ដី​អធិប្បាយ ឬ​សេចក្ដី​បង្រៀន​ណា​មួយ​វិញ
7 ឯ​របស់​ឥត​ជីវិត​ទាំង​ប៉ុន្មាន​ដែល​មាន​ចេញ​សូរ ទោះ​បើ​ជា​ខ្លុយ ឬ​ស៊ុង​ក្តី បើ​មិន​មាន​ឮ​ខ្ពស់​ទាប នោះ​ធ្វើ​ដូច​ម្តេច​ឲ្យ​ដឹង​ថា ផ្លុំ ឬ​ចាប់​លេង​បទ​ណា​ទៅ​បាន
8 ឯ​ត្រែ ក៏​ដូច​គ្នា បើ​ឮ​សូរ​មិន​ច្បាស់ នោះ​តើ​នឹង​មាន​អ្នក​ណា​ប្រុង​ប្រៀប​ខ្លួន​ទៅ​ច្បាំង​បាន
9 អ្នក​រាល់​គ្នា​ក៏​យ៉ាង​ដូច្នោះ​ដែរ បើ​សិន​ជា​អណ្តាត​មិន​បញ្ចេញ​ចំពោះ​ពាក្យ​ដែល​ស្តាប់​បាន នោះ​ធ្វើ​ដូច​ម្តេច​ឲ្យ​គេ​ដឹង​ជា​ថា​អ្វីៗ​បាន គឺ​ដូច​ជា​និយាយ​ទៅ​តាម​ខ្យល់​ទេ
10 នៅ​ក្នុង​លោកីយ៍​នេះ មាន​សូរ​សំឡេង​ជា​ច្រើន​យ៉ាង​ណាស់ តែ​គ្មាន​ណា​មួយ​ដែល​មិន​ច្បាស់​ឡើយ
11 ដូច្នេះ បើ​ខ្ញុំ​មិន​យល់​ន័យ​សំឡេង​នោះ នោះ​អ្នក​ដែល​និយាយ នឹង​ទុក​ខ្ញុំ​ដូច​ជា​អ្នក​ប្រទេស​ដទៃ ហើយ​អ្នក​ដែល​និយាយ​នឹង​បាន​ដូច​ជា​អ្នក​ប្រទេស​ដទៃ​ដល់​ខ្ញុំ​ដែរ
12 ដូច្នេះ ដែល​អ្នក​រាល់​គ្នា​សង្វាត​ចង់​បាន​អំណោយ​ទាន​ខាង​ឯ​វិញ្ញាណ នោះ​ត្រូវ​ស្វែង​រក ឲ្យ​បាន​កាន់​តែ​ច្រើន​ចុះ ដើម្បី​នឹង​ស្អាង​ចិត្ត​ពួក​ជំនុំ​ឡើង
13 ហេតុ​នោះ​បាន​ជា​អ្នក​ណា​ដែល​និយាយ​ភាសា​ដទៃ នោះ​ត្រូវ​អធិស្ឋាន​សូម​ឲ្យ​ចេះ​បក​ប្រែ​ដែរ
14 បើ​ខ្ញុំ​អធិស្ឋាន​ជា​ភាសា​ដទៃ នោះ​គឺ​ជា​វិញ្ញាណ​ខ្ញុំ​ដែល​អធិស្ឋាន តែ​ឥត​មាន​ប្រយោជន៍​ដល់​ប្រាជ្ញា​ខ្ញុំ​សោះ
15 ដូច្នេះ ត្រូវ​ធ្វើ​ដូច​ម្តេច ខ្ញុំ​ត្រូវ​អធិស្ឋាន​ដោយ​នូវ​វិញ្ញាណ ហើយ​ត្រូវ​អធិស្ឋាន​ដោយ​នូវ​ប្រាជ្ញា​ផង ខ្ញុំ​នឹង​ច្រៀង​ដោយ​វិញ្ញាណ ហើយ​និង​ច្រៀង​ដោយ​ប្រាជ្ញា​ដែរ
16 ពុំ​នោះ បើ​សូម​ពរ​ដោយ​នូវ​វិញ្ញាណ​ទទេ នោះ​ធ្វើ​ដូច​ម្តេច​ឲ្យ​អ្នក​ដែល​មិន​ចេះ បាន​ថា «អាម៉ែន» បាន ក្នុង​កាល​ដែល​អ្នក​អរ​ព្រះ‌គុណ​នោះ ដ្បិត​អ្នក​នោះ​មិន​ដឹង​ជា​អ្នក​ថា​ដូច​ម្តេច​ទេ
17 ឯ​អ្នកៗ​អរ​ព្រះ‌គុណ​យ៉ាង​ល្អ​មែន តែ​អ្នក​នោះ​មិន​បាន​ស្អាង​ចិត្ត​ឡើង​សោះ
18 ខ្ញុំ​អរ​ព្រះ‌គុណ​ដល់​ព្រះ​នៃ​ខ្ញុំ ដ្បិត​ខ្ញុំ​និយាយ​ភាសា​ដទៃ​ជា​ច្រើន លើស​ជាង​អ្នក​រាល់​គ្នា​ទាំង​អស់
19 ប៉ុន្តែ ក្នុង​ពួក​ជំនុំ ខ្ញុំ​ចូល​ចិត្ត​និយាយ​តែ​ពាក្យ​៥​ម៉ាត់​ដោយ​នូវ​ប្រាជ្ញា​ខ្ញុំ ដើម្បី​នឹង​បង្រៀន​ដល់​មនុស្ស​ឯ​ទៀត ជា​ជាង​និយាយ​ភាសា​ដទៃ​១​ម៉ឺន​ម៉ាត់​វិញ។
20 បង​ប្អូន​អើយ កុំ​ឲ្យ​អ្នក​រាល់​គ្នា​នៅ​ខ្ចី​ខាង​ឯ​គំនិត​ឡើយ បើ​ខាង​ឯ​បំណង​អាក្រក់ នោះ​ចូរ​នៅ​ជា​កូន‌ង៉ែត​ចុះ តែ​ចំណែក​ខាង​ឯ​គំនិត នោះ​ចូរ​ធ្វើ​ជា​មនុស្ស​ពេញ​អាយុ​វិញ
21 មាន​សេចក្ដី​ចែង​ទុក​មក​ក្នុង​ក្រឹត្យ‌វិន័យ​ថា «អញ​នឹង​និយាយ​នឹង​សាសន៍​នេះ ដោយ​ភាសា​ផ្សេងៗ ហើយ​ដោយ​បបូរ​មាត់​មនុស្ស​ដទៃ តែ​យ៉ាង​នោះ គេ​ក៏​មិន​ស្តាប់​អញ​ដែរ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់»
22 បាន​ជា​ភាសា​ដទៃ នោះ​សម្រាប់​ជា​ទី​សម្គាល់ មិន​មែន​ដល់​ពួក​អ្នក​ដែល​ជឿ​ទេ គឺ​ដល់​អស់​ពួក​អ្នក​ដែល​មិន​ជឿ​វិញ តែ​ការ​អធិប្បាយ នោះ​មិន​មែន​សម្រាប់​ពួក​អ្នក​ដែល​មិន​ជឿ គឺ​សម្រាប់​ពួក​អ្នក​ដែល​ជឿ​វិញ
23 ដូច្នេះ បើ​កាល​ណា​ពួក​ជំនុំ​ទាំង​មូល​ប្រជុំ​គ្នា​នៅ​កន្លែង​ណា​មួយ ហើយ​គ្រប់​គ្នា​និយាយ​ភាសា​ដទៃ រួច​មាន​មនុស្ស​ដែល​មិន​ចេះ ឬ​មនុស្ស​មិន​ជឿ​គេ​ចូល​មក នោះ​តើ​គេ​មិន​ថា​អ្នក​រាល់​គ្នា​ឆ្កួត​ទេ​ឬ​អី
24 តែ​បើ​គ្រប់​គ្នា​អធិប្បាយ​វិញ ហើយ​មាន​មនុស្ស​ដែល​មិន​ជឿ ឬ​មនុស្ស​ខ្លះ​ដែល​មិន​ចេះ គេ​ចូល​មក នោះ​គេ​ត្រូវ​ភ្ញាក់​ដឹង​ខ្លួន​ឡើង ដោយ‌សារ​អ្នក​រាល់​គ្នា ហើយ​ត្រូវ​អ្នក​រាល់​គ្នា​ពិចារណា​ខ្លួន​ដែរ
25 យ៉ាង​នោះ អស់​ទាំង​សេចក្ដី​លាក់​កំបាំង​ក្នុង​ចិត្ត​គេ នឹង​បាន​សម្ដែង​មក ហើយ​យ៉ាង​នោះ គេ​នឹង​ក្រាប​ផ្កាប់​មុខ​ថ្វាយ‌បង្គំ​ដល់​ព្រះ​វិញ ព្រម​ទាំង​ធ្វើ​បន្ទាល់​ថា ព្រះ‌ទ្រង់​គង់​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​មែន ។
26 ដូច្នេះ ធ្វើ​ដូច​ម្តេច បង​ប្អូន​អើយ កាល​ណា​អ្នក​រាល់​គ្នា​ប្រជុំ នោះ​គ្រប់​គ្នា​មាន​ទំនុកតម្កើង មាន​សេចក្ដី​បង្រៀន មាន​សេចក្ដី​បើក​សម្ដែង មាន​និយាយ​ភាសា​ដទៃ មាន​សេចក្ដី​បក​ប្រែ​ដែរ ត្រូវ​ឲ្យ​ធ្វើ​ការ​ទាំង​អស់ សម្រាប់​នឹង​ស្អាង​ចិត្ត​ឡើង
27 បើ​មាន​អ្នក​ណា​និយាយ​ជា​ភាសា​ដទៃ នោះ​និយាយ​បាន​តែ​២ឬ៣​នាក់​យ៉ាង​ច្រើន ហើយ​ម្នាក់​ម្តងៗ​ផង រួច​ត្រូវ​មាន​អ្នក​១​ជា​អ្នក​បក​ប្រែ
28 បើ​គ្មាន​អ្នក​ណា​សម្រាប់​បក​ប្រែ​ទេ នោះ​ត្រូវ​ឲ្យ​គេ​នៅ​ស្ងៀម​ក្នុង​ពួក​ជំនុំ​ចុះ ហើយ​ទូល​ដល់​ព្រះ​ដោយ​ខ្លួន​ឯង​វិញ
29 ឯ​អ្នក​ដែល​អធិប្បាយ នោះ​ទុក​ឲ្យ​២ ឬ៣​នាក់​សម្ដែង​ទៅ ហើយ​ឲ្យ​អ្នក​ឯ​ទៀត​គិត​ពិចារណា​ចុះ
30 បើ​មាន​អ្នក​ណា​ទៀត​អង្គុយ​នៅ​ទី​នោះ ដែល​ក៏​មាន​សេចក្ដី​សម្រាប់​នឹង​បើក​សម្ដែង​ដែរ នោះ​ត្រូវ​ឲ្យ​អ្នក​មុន​ផ្អាក​នៅ​ស្ងៀម​សិន
31 ដ្បិត​អ្នក​រាល់​គ្នា​មាន​ច្បាប់​នឹង​អធិប្បាយ​បាន​ទាំង​អស់​គ្នា តែ​ត្រូវ​សម្ដែង​ម្នាក់​ម្តងៗ ដើម្បី​ឲ្យ​គ្រប់​គ្នា​បាន​រៀន​តាម ហើយ​ឲ្យ​គ្រប់​គ្នា​បាន​សេចក្ដី​ទូន្មាន​ដែរ
32 ឯ​វិញ្ញាណ​នៃ​ពួក​អ្នក​ដែល​អធិប្បាយ នោះ​នៅ​ក្រោម​អំណាច​អ្នក​នោះ​ឯង
33 ដ្បិត​ព្រះ‌ទ្រង់​មិន​មែន​ជា​ព្រះ​នៃ​សេចក្ដី​វឹកវរ​ទេ គឺ​ទ្រង់​ជា​ព្រះ​នៃ​សេចក្ដី​សុខ​សាន្ត​វិញ ដូច​ក្នុង​អស់​ទាំង​ពួក​ជំនុំ​របស់​ពួក​បរិសុទ្ធ​ដែរ។
34 នៅ​ក្នុង​ពួក​ជំនុំ ត្រូវ​ឲ្យ​ពួក​ស្រីៗ នៅ​ស្ងៀម ដ្បិត​គ្មាន​ច្បាប់​ឲ្យ​និយាយ​ឡើយ ត្រូវ​ឲ្យ​គេ​ប្រតិ‌បត្តិ​តាម​វិញ ដូច​ជា​ក្រឹត្យ‌វិន័យ​ក៏​សម្ដែង​ដែរ
35 បើ​គេ​ចង់​រៀន​អ្វី នោះ​ត្រូវ​តែ​សួរ​ប្ដី​នៅ​ឯ​ផ្ទះ​ចុះ ដ្បិត​ដែល​ពួក​ស្រីៗ និយាយ​នៅ​ក្នុង​ពួក​ជំនុំ នោះ​គួរ​ខ្មាស​ហើយ។
36 ចុះ​ដូច​ម្តេច តើ​ព្រះ‌បន្ទូល​បាន​ចេញ​ពី​ពួក​អ្នក​រាល់​គ្នា​មក ឬ​បាន​មក​ត្រឹម​តែ​អ្នក​រាល់​គ្នា​តែ​ប៉ុណ្ណោះ
37 បើ​អ្នក​ណា​ស្មាន​ថា ខ្លួន​ចេះ​អធិប្បាយ ឬ​ថា ខ្លួន​ជា​មនុស្ស​ប្រកប​ដោយ​ព្រះ‌វិញ្ញាណ នោះ​ត្រូវ​តែ​យល់​ព្រម​ថា សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​សរសេរ​ផ្ញើ​មក​អ្នក​រាល់​គ្នា​នេះ សុទ្ធ​តែ​ជា​បញ្ញត្ត​ផង​ព្រះ‌អម្ចាស់​ទាំង​អស់
38 បើ​អ្នក​ណា​មិន​យល់​ទេ នោះ​ឲ្យ​គេ​នៅ​តែ​មិន​យល់​ទៅ​ចុះ
39 ដូច្នេះ បង​ប្អូន​អើយ ចូរ​សង្វាត​ឲ្យ​បាន​ចេះ​អធិប្បាយ ហើយ​កុំ​ឲ្យ​ឃាត់​មិន​ឲ្យ​និយាយ​ភាសា​ដទៃ​នោះ​ឡើយ
40 ត្រូវ​តែ​ធ្វើ​ការ​ទាំង​អស់​តាម​បែប​គួរ​សម ហើយ​ដោយ​លំដាប់‌លំដោយ​ផង។


ជំពូក 15

1 បង​ប្អូន​អើយ ខ្ញុំ​ចង់​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ពី​ដំណឹង​ល្អ ដែល​ខ្ញុំ​បាន​ផ្សាយ​រួច​មក​ហើយ ជា​ដំណឹង​ដែល​អ្នក​រាល់​គ្នា​បាន​ទទួល ក៏​ឈរ​ជាប់​ក្នុង​នោះ​ផង
2 អ្នក​រាល់​គ្នា​កំពុង​តែ​បាន​សង្គ្រោះ ដោយ‌សារ​ដំណឹង​ល្អ​នោះ​ផង គឺ​បើ​សិន​ជា​កាន់​ខ្ជាប់​តាម​ព្រះ‌បន្ទូល ដែល​ខ្ញុំ​បាន​ថ្លែង ប្រាប់​មក លើក​តែ​អ្នក​រាល់​គ្នា​បាន​ជឿ ដោយ​ឥត​បើ​គិត
3 ដ្បិត​មុន​ដំបូង ខ្ញុំ​បាន​ប្រាប់​មក​អ្នក​រាល់​គ្នា តាម​សេចក្ដី​ដែល​ខ្ញុំ​បាន​ទទួល​ដែរ គឺ​ថា​ព្រះ‌គ្រីស្ទ​បាន​សុគត ដោយ​ព្រោះ​បាប​របស់​យើង​រាល់​គ្នា តាម​បទ​គម្ពីរ
4 ហើយ​ថា ទ្រង់​ត្រូវ​គេ​បញ្ចុះ​ក្នុង​ផ្នូរ រួច​ដល់​ថ្ងៃ​ទី​៣ នោះ​ទ្រង់​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ក៏​តាម​បទ​គម្ពីរ
5 ហើយ​ថា ទ្រង់​បាន​លេច​មក​ឲ្យ​កេផាស​ឃើញ រួច​ដល់​ពួក​១២​នាក់​ដែរ
6 ក្រោយ​ទៀត ទ្រង់​លេច​មក​ឲ្យ​ពួក​បង​ប្អូន​ជាង​៥០០​នាក់​ឃើញ​តែ​ម្តង ជា​ពួក​ដែល​មាន​គ្នា​ច្រើន​រស់​នៅ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ តែ​មាន​ខ្លះ​បាន​ដេក​លក់ ទៅ​ហើយ
7 ក្រោយ​ទៀត ទ្រង់​លេច​មក​ឲ្យ​យ៉ាកុប​ឃើញ ក៏​ឲ្យ​ពួក​សាវក​ទាំង​អស់​គ្នា​ឃើញ​ដែរ
8 រួច​ទ្រង់​បាន​លេច​មក​ឲ្យ​ខ្ញុំ​ឃើញ ជា​ខាង​ក្រោយ​គេ​បង្អស់ ដូច​ជា​លេច​មក​ដល់​កូន​កើត​មុន​កំណត់​ដែរ
9 ដ្បិត​ក្នុង​បណ្តា​ពួក​សាវក នោះ​ខ្ញុំ​ជា​អ្នក​តូច​ជាង​គេ មិន​គួរ​នឹង​ហៅ​ខ្ញុំ​ជា​សាវក​ផង​ទេ ពី​ព្រោះ​ខ្ញុំ​បាន​បៀត​បៀន​ដល់​ពួក​ជំនុំ​នៃ​ព្រះ
10 ប៉ុន្តែ ដែល​ខ្ញុំ​បាន​ជា​យ៉ាង​ណា នោះ​គឺ​បាន​ដោយ​ព្រះ‌គុណ​នៃ​ព្រះ​ទេ ហើយ​ព្រះ‌គុណ​ដែល​ទ្រង់​បាន​ផ្តល់​មក​ខ្ញុំ នោះ​មិន​មែន​ជា​អសារ​ឥត​ការ​ឡើយ ដ្បិត​ខ្ញុំ​បាន​ខំ​ធ្វើ​ការ​លើស​ជាង​អ្នក​ទាំង​នោះ​សន្ធឹក​ណាស់ ប៉ុន្តែ មិន​មែន​ជា​ខ្ញុំ គឺ​ជា​ព្រះ‌គុណ​នៃ​ព្រះ ដែល​សណ្ឋិត​នៅ​នឹង​ខ្ញុំ​វិញ
11 ដូច្នេះ ទោះ​បើ​ជា​ខ្ញុំ ឬ​អ្នក​ទាំង​នោះ​ក្តី គង់​តែ​យើង​ផ្សាយ​ដំណឹង​បែប​យ៉ាង​នោះ ក៏​យ៉ាង​នោះ​ឯង ដែល​អ្នក​រាល់​គ្នា​បាន​ជឿ​ដែរ។
12 បើ​សិន​ជា​បាន​ផ្សាយ​ដំណឹង​ល្អ​ពី​ព្រះ‌គ្រីស្ទ​ថា ទ្រង់​មាន​ព្រះ‌ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ​ហើយ នោះ​ធ្វើ​ដូច​ម្តេច​ឲ្យ​ពួក​អ្នក​រាល់​គ្នា​ខ្លះ និយាយ​បាន ថា​ពួក​ស្លាប់​មិន​រស់​ឡើង​វិញ​ទេ
13 បើ​សិន​ជា​ពួក​ស្លាប់​មិន​រស់​ឡើង​វិញ​មែន នោះ​ព្រះ‌គ្រីស្ទ​ក៏​មិន​បាន​រស់​ឡើង​វិញ​ដែរ
14 ហើយ​បើ​ព្រះ‌គ្រីស្ទ​មិន​បាន​រស់​ឡើង​វិញ នោះ​ដំណឹង​ដែល​យើង​ខ្ញុំ​ផ្សាយ​នេះ ជា​ការ​ឥត​ប្រយោជន៍​ទទេ ហើយ​សេចក្ដី​ជំនឿ​របស់​អ្នក​រាល់​គ្នា ក៏​ឥត​អំពើ​ដែរ
15 ឈ្មោះ​ថា​យើង​ខ្ញុំ​ជា​ស្មរ​បន្ទាល់​ក្លែង‌ក្លាយ​ពី​ព្រះ​វិញ ដ្បិត​យើង​ខ្ញុំ​បាន​ធ្វើ​បន្ទាល់​ពី​ព្រះ​ថា ទ្រង់​បាន​ប្រោស​ឲ្យ​ព្រះ‌គ្រីស្ទ​រស់​ឡើង​វិញ​ហើយ តែ​បើ​ពួក​ស្លាប់​មិន​រស់​ឡើង​វិញ​មែន នោះ​ប្រាកដ​ជា​ទ្រង់​មិន​បាន​ប្រោស​ឲ្យ​ព្រះ‌គ្រីស្ទ​រស់​ឡើង​វិញ​ពិត
16 ដ្បិត​បើ​សិន​ជា​ពួក​ស្លាប់​មិន​រស់​ឡើង​ទេ នោះ​ព្រះ‌គ្រីស្ទ​ក៏​មិន​បាន​រស់​ឡើង​ដែរ
17 ហើយ​បើ​ព្រះ‌គ្រីស្ទ​មិន​បាន​រស់​ឡើង​វិញ​មែន នោះ​សេចក្ដី​ជំនឿ​របស់​អ្នក​រាល់​គ្នា​ក៏​ជា​ការ​ឥត​អំពើ អ្នក​រាល់​គ្នា​នៅ​ក្នុង​អំពើ​បាប​នៅ​ឡើយ
18 ហើយ​អស់​អ្នក​ដែល​បាន​ដេក​លក់​ទៅ​ក្នុង​ព្រះ‌គ្រីស្ទ គេ​បាន​ត្រូវ​វិនាស​ហើយ
19 បើ​សិន​ជា​យើង​មាន​ទី​សង្ឃឹម​ក្នុង​ព្រះ‌គ្រីស្ទ នៅ​តែ​ក្នុង​ជីវិត​នេះ​ប៉ុណ្ណោះ នោះ​យើង​វេទនា លើស​ជាង​មនុស្ស​ទាំង​អស់​ទៅ​ទៀត។
20 តែ​ឥឡូវ​នេះ ព្រះ‌គ្រីស្ទ​ទ្រង់​មាន​ព្រះ‌ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ​ជា​ពិត ជា​ផល​ដំបូង​ពី​ពួក​អ្នក​ដែល​បាន​ដេក​លក់​ទៅ​ហើយ
21 ដ្បិត​ដែល​សេចក្ដី​ស្លាប់​បាន​មក​ដោយ‌សារ​មនុស្ស នោះ​សេចក្ដី​ដែល​មនុស្ស​ស្លាប់​បាន​រស់​ឡើង​វិញ ក៏​មក​ដោយ‌សារ​មនុស្ស​ដែរ
22 ព្រោះ ដូច​ជា​គ្រប់​មនុស្ស​ទាំង​អស់​បាន​ត្រូវ​ស្លាប់ ក្នុង​លោក​អ័ដាម​ជា​យ៉ាង​ណា នោះ​គ្រប់​គ្នា​ក៏​នឹង​បាន​ប្រោស​ឲ្យ​រស់ ក្នុង​ព្រះ‌គ្រីស្ទ​យ៉ាង​នោះ​ដែរ
23 តែ​គ្រប់​គ្នា​តាម​លំដាប់​រៀង​ខ្លួន គឺ​ព្រះ‌គ្រីស្ទ​ជា​ផល​ដំបូង រួច​ពួក​អ្នក​ដែល​ជា​របស់​ផង​ព្រះ‌គ្រីស្ទ ក្នុង​កាល​ដែល​ទ្រង់​យាង​មក
24 គ្រា​នោះ​បាន​ដល់​ចុង​បំផុត​ហើយ ជា​វេលា​ដែល​ទ្រង់​នឹង​ប្រគល់​នគរ ដល់​ព្រះ​ដ៏​ជា​ព្រះ‌វរ‌បិតា​ទៅ​វិញ ក្រោយ​ដែល​ទ្រង់​បាន​ទម្លាក់​អស់​ទាំង​រាជ្យ និង​អំណាច ហើយ​និង​ឥទ្ធិ‌ឫទ្ធិ​ទាំង​ប៉ុន្មាន​ចេញ
25 ដ្បិត​គួរ​ឲ្យ​ទ្រង់​បាន​សោយ​រាជ្យ ទាស់​តែ​ដាក់​អស់​ទាំង​ខ្មាំង​សត្រូវ​នៅ​ក្រោម​ព្រះ‌បាទ​ទ្រង់
26 ឯ​ខ្មាំង​សត្រូវ​ក្រោយ​បង្អស់ ដែល​ត្រូវ​បំផ្លាញ គឺ​ជា​សេចក្ដី​ស្លាប់
27 ពី​ព្រោះ​ទ្រង់​បាន​បង្ក្រាប​គ្រប់​ទាំង​អស់ នៅ​ក្រោម​ព្រះ‌បាទ​ទ្រង់​ហើយ តែ​ដែល​ថា​បាន​បង្ក្រាប​គ្រប់​ទាំង​អស់ នោះ​ច្បាស់​ជា​មិន​និយាយ​ពី​ព្រះ ដែល​បង្ក្រាប​គ្រប់​របស់​ទាំង​អស់ នៅ​ក្រោម​ទ្រង់​នោះ​ទេ
28 ហើយ​កាល​ណា​ទ្រង់​បាន​បង្ក្រាប​គ្រប់​របស់​ទាំង​អស់​នៅ​ក្រោម​ទ្រង់ នោះ​ព្រះ‌រាជ‌បុត្រា​នោះ​ឯង ក៏​នឹង​ត្រូវ​ក្រាប​ក្រោម​ព្រះ ដែល​បាន​បង្ក្រាប​គ្រប់​ទាំង​អស់ នៅ​ក្រោម​ទ្រង់​ដែរ ដើម្បី​ឲ្យ​ព្រះ​បាន​ធ្វើ​ជា​គ្រប់​ទាំង​អស់​ក្នុង​គ្រប់​ទាំង​អស់។
29 ពុំ​នោះ ពួក​អ្នក​ដែល​ទទួល​បុណ្យ​ជ្រមុជ ទុក​ជា​គំរូ​ពី​សេចក្ដី​ស្លាប់ និង​ធ្វើ​ដូច​ម្តេច បើ​សិន​ជា​ពួក​ស្លាប់​មិន​រស់​ឡើង​វិញ​ទេ នោះ​តើ​ហេតុ​អ្វី​បាន​ជា​គេ​ទទួល​បុណ្យ​ជ្រមុជ ទុក​ជា​គំរូ​ពី​សេចក្ដី​ស្លាប់​ធ្វើ​អី
30 ហេតុ​អ្វី​បាន​ជា​យើង​មាន​សេចក្ដី​អន្តរាយ រាល់​ពេល​វេលា​ដែរ
31 ខ្ញុំ​ស្បថ​ដោយ​នូវ​សេចក្ដី​អំនួត ដែល​ខ្ញុំ​អួត​ពី​អ្នក​រាល់​គ្នា ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា​ថា ខ្ញុំ​ស្លាប់​រាល់​តែ​ថ្ងៃ
32 បើ​សិន​ជា​ខ្ញុំ​បាន​ត‌យុទ្ធ​នឹង​សត្វ​ព្រៃ នៅ​ក្រុង​អេភេសូរ តាម​របៀប​ជា​មនុស្ស នោះ​តើ​មាន​ប្រយោជន៍​អ្វី​ដល់​ខ្ញុំ បើ​សិន​ណា​ជា​មនុស្ស​ស្លាប់​មិន​រស់​ឡើង​វិញ​មែន នោះ​ចូរ​យើង​ស៊ី​ផឹក​ទៅ​ចុះ ដ្បិត​ស្អែក​យើង​ត្រូវ​ស្លាប់​ហើយ
33 កុំ​ឲ្យ​ច្រឡំ​ឡើយ ពី​ព្រោះ​ពួក‌ម៉ាក​អាក្រក់​តែង​នឹង​បង្ខូច​កិរិយា​ល្អ
34 ចូរ​ភ្ញាក់​ដឹង​ខ្លួន​ឡើង​ខាង​សេចក្ដី​សុចរិត​ចុះ កុំ​ឲ្យ​ធ្វើ​បាប​ឡើយ ដ្បិត​អ្នក​រាល់​គ្នា​ខ្លះ​មិន​ស្គាល់​ព្រះ​ទេ ខ្ញុំ​ថា​ដូច្នេះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​សេចក្ដី​ខ្មាស។
35 មុខ​ជា​នឹង​មាន​អ្នក​ណា​មួយ​សួរ​ថា ឯ​ពួក​មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ​យ៉ាង​ណា តើ​មក​វិញ​មាន​រូប‌កាយ​ដូច​ម្តេច
36 ឱ​មនុស្ស​កំឡៅ​អើយ គ្រាប់​ពូជ​ដដែល​អ្នក​ព្រោះ​ទៅ បើ​មិន​ងាប់ នោះ​មិន​ពន្លក​ដុះ​ឡើង​ទេ
37 ហើយ​គ្រាប់​ដែល​អ្នក​ព្រោះ​នោះ មិន​មែន​ដូច​ជា​ដើម​ដែល​ពន្លក​ឡើង​នោះ​ដែរ គឺ​ជា​គ្រាប់​សុទ្ធ ដូច​ជា​គ្រាប់​ស្រូវ ឬ​ពូជ​ណា​ទៀត​ក្តី
38 តែ​ព្រះ‌ទ្រង់​ប្រទាន​ឲ្យ​មាន​ដើម​ទីទៃ​ពី​គ្នា​រៀង​រាល់​ពូជ តាម​ព្រះ‌ហឫទ័យ​ទ្រង់
39 គ្រប់​ទាំង​សាច់​ក៏​មិន​ដូច​គ្នា​ដែរ គឺ​មាន​១​របស់​មនុស្ស ១​របស់​សត្វ ១​របស់​ត្រី ហើយ​១​របស់​សត្វ​ហើរ
40 ក៏​មាន​រូប‌កាយ​សម្រាប់​ស្ថាន‌សួគ៌ ហើយ​មាន​រូប‌កាយ​សម្រាប់​ផែនដី​ដែរ តែ​សិរី​របស់​រូប‌កាយ​នៅ​ស្ថាន‌សួគ៌ និង​របស់​រូប‌កាយ​នៅ​ផែនដី​នោះ​ទីទៃ​ពី​គ្នា
41 ឯ​ព្រះ‌អាទិត្យ នោះ​មាន​រស្មី​ម្យ៉ាង​ទៅ ព្រះ‌ចន្ទ​ក៏​មាន​រស្មី​ម្យ៉ាង​ទៅ ហើយ​ផ្កាយ​ក៏​មាន​រស្មី​ម្យ៉ាង​ទៅ សូម្បី​តែ​ផ្កាយ​ទាំង​ប៉ុន្មាន​សោត ក៏​មាន​រស្មី​ខុស​ពី​គ្នា​ដែរ
42 សេចក្ដី​ដែល​មនុស្ស​ស្លាប់​បាន​រស់​ឡើង​វិញ នោះ​ក៏​បែប​ដូច្នោះ​ដែរ គេ​បាន​កប់​ទៅ ជា​រូប‌កាយ ដែល​ពុក‌រលួយ តែ​រស់​ឡើង​វិញ ជា​រូប‌កាយ​មិន​ចេះ​ពុក‌រលួយ​ឡើយ
43 បាន​កប់​ទៅ ទាំង​មាន​សេចក្ដី​អាប់‌ឱន តែ​រស់​ឡើង​វិញ ទាំង​មាន​សិរី‌ល្អ បាន​កប់​ទៅ ទាំង​មាន​សេចក្ដី​កំសោយ តែ​រស់​ឡើង​វិញ ទាំង​មាន​ព្រះ‌ចេស្តា
44 បាន​កប់​ទៅ ជា​រូប‌កាយ ខាង​សាច់​ឈាម តែ​រស់​ឡើង ជា​រូប‌កាយ​ខាង​វិញ្ញាណ​វិញ បើ​មាន​រូប‌កាយ​ខាង​សាច់​ឈាម នោះ​ក៏​មាន​រូប‌កាយ​ខាង​វិញ្ញាណ​ដែរ
45 ដូច​ជា​សេចក្ដី​ដែល​ចែង​ទុក​ពី​លោក​អ័ដាម ដែល​ជា​មនុស្ស​មុន​ដំបូង​ថា «បាន​ត្រឡប់​ជា​មាន​ព្រលឹង​រស់» តែ​លោក​អ័ដាម​ក្រោយ​បង្អស់ ជា​វិញ្ញាណ​ដ៏​ប្រោស​ឲ្យ​រស់​វិញ
46 ឯ​វិញ្ញាណ​មិន​មែន​កើត​មុន​ទេ គឺ​ជា​រូប​សាច់​ទេ​តើ រួច​ទើប​មាន​វិញ្ញាណ​ជា​ខាង​ក្រោយ
47 មនុស្ស​មុន​ដំបូង​កើត​មក​ពី​ដី គឺ​ធ្វើ​មក​ពី​ធូលី​ដី តែ​មនុស្ស​ទី​២ ជា​ព្រះ‌អម្ចាស់​ដែល​ចេញ​មក​ពី​ស្ថាន‌សួគ៌​វិញ
48 ឯ​មនុស្ស​ដែល​កើត​ពី​ធូលី​ដី​មក​ជា​យ៉ាង​ណា នោះ​អស់​អ្នក​ដែល​កើត​ពី​ធូលី​ដី​ក៏​យ៉ាង​នោះ​ដែរ ហើយ​ព្រះ‌អម្ចាស់ ដែល​យាង​មក​ពី​ស្ថាន‌សួគ៌ ជា​យ៉ាង​ណា ពួក​ស្ថាន‌សួគ៌​ក៏​យ៉ាង​នោះ​ដែរ
49 យើង​ក៏​នឹង​មាន​រូប​រាង​របស់​ព្រះ‌អម្ចាស់​ពី​ស្ថាន‌សួគ៌ ដូច​ជា​យើង​មាន​រូប​រាង​របស់​មនុស្ស ដែល​ធ្វើ​ពី​ធូលី​មក​ដែរ
50 បង​ប្អូន​អើយ សេចក្ដី​ដែល​ខ្ញុំ​ចង់​និយាយ​នេះ គឺ​ថា សាច់​ឈាម​ពុំ​អាច​នឹង​គ្រង​នគរ​ព្រះ​ជា​មរដក​បាន​ឡើយ ហើយ​សេចក្ដី​ពុក‌រលួយ​ក៏​ពុំ​អាច​នឹង​គ្រង​សេចក្ដី ដែល​មិន​ចេះ​ពុក‌រលួយ​បាន​ដែរ។
51 នែ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ពី​សេចក្ដី​អាថ៌‌កំបាំង គឺ​ថា​យើង​ទាំង​អស់​គ្នា​នឹង​មិន​ដេក​លក់​ទៅ​ទេ
52 តែ​ទាំង​អស់​គ្នា​នឹង​បាន​ផ្លាស់​ប្រែ​ទៅ​ក្នុង​១​រំពេច​វិញ គឺ​ក្នុង​១​ប៉ប្រិច‌ភ្នែក​ប៉ុណ្ណោះ ក្នុង​កាល​ដែល​ឮ​សូរ​ត្រែ​ក្រោយ​បង្អស់ ដ្បិត​ត្រែ​នឹង​ឮ​ឡើង​មែន នោះ​ពួក​ស្លាប់​នឹង​រស់​ឡើង​វិញ មិន​ពុក‌រលួយ​ទៀត​ឡើយ រួច​យើង​រាល់​គ្នា​នឹង​បាន​ផ្លាស់​ប្រែ​ទៅ
53 ដ្បិត​ត្រូវ​តែ​រូប‌កាយ​ដ៏​ពុក‌រលួយ​នេះ បាន​ប្រដាប់​ដោយ​សេចក្ដី​មិន​ពុក‌រលួយ​វិញ ហើយ​រូប‌កាយ​ដែល​រមែង​ស្លាប់​នេះ ត្រូវ​តែ​បាន​ប្រដាប់​ដោយ​សេចក្ដី​មិន​ចេះ​ស្លាប់​វិញ​ដែរ
54 កាល​ណា​រូប‌កាយ​ពុក‌រលួយ​នេះ បាន​ប្រដាប់​ដោយ​សេចក្ដី​មិន​ពុក‌រលួយ ហើយ​រូប‌កាយ​ដែល​តែង​តែ​ស្លាប់​នេះ បាន​ប្រដាប់​ដោយ​សេចក្ដី​មិន​ចេះ​ស្លាប់​វិញ នោះ​ទើប​នឹង​បាន​សម្រេច​តាម​ពាក្យ ដែល​ចែង​ទុក​មក​ថា «សេចក្ដី​ជ័យ‌ជម្នះ​បាន​លេប​សេចក្ដី​ស្លាប់​បាត់​ហើយ»
55 «ឱ​សេចក្ដី​ស្លាប់​អើយ ទ្រនិច​ឯង​នៅ​ឯ​ណា សេចក្ដី​ស្លាប់​អើយ ជ័យ‌ជម្នះ​របស់​ឯង​នៅ​ឯ​ណា»
56 រីឯ​ទ្រនិច​នៃ​សេចក្ដី​ស្លាប់ គឺ​ជា​អំពើ​បាប ហើយ​អំណាច​របស់​បាប គឺ​ជា​ក្រឹត្យ‌វិន័យ
57 តែ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌អង្គ ពី​ព្រោះ​ទ្រង់​ប្រទាន​ឲ្យ​យើង​រាល់​គ្នា​មាន​ជ័យ‌ជម្នះ ដោយ‌សារ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង
58 បាន​ជា​បង​ប្អូន​ស្ងួន‌ភ្ងា​អើយ ចូរ​កាន់​យ៉ាង​ខ្ជាប់‌ខ្ជួន ដោយ​ឥត​រង្គើ ទាំង​ធ្វើ​ការ​ព្រះ‌អម្ចាស់ ឲ្យ​បរិបូរ​ជា​ដរាប​ចុះ ដោយ​ដឹង​ថា ការ​ដែល​អ្នក​រាល់​គ្នា​ខំ​ប្រឹង​ធ្វើ​ក្នុង​ព្រះ‌អម្ចាស់ នោះ​មិន​មែន​ឥត​ប្រយោជន៍​ទេ។


ជំពូក 16

1 ឥឡូវ​នេះ ខាង​ឯ​ការ​រៃ​ប្រាក់​សម្រាប់​ពួក​បរិសុទ្ធ នោះ​ចូរ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ ដូច​ជា​ខ្ញុំ​បាន​ផ្តាំ​ទុក​ក្នុង​ពួក​ជំនុំ​នៅ​ស្រុក​កាឡាទី​ទាំង​ប៉ុន្មាន​ដែរ
2 គឺ​រាល់​តែ​អាទិត្យ ក្នុង​ថ្ងៃ​ដំបូង នោះ​ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​ប្រមូល​ដាក់​ទុក​នូវ​អ្វីៗ​ដោយ‌ឡែក តាម​ដែល​ព្រះ​បាន​ចម្រើន​ឲ្យ ដើម្បី​កាល​ណា​ខ្ញុំ​មក​ដល់ នោះ​មិន​បាច់​នឹង​រៃ​ទៀត
3 កាល​ណា​ខ្ញុំ​មក​ដល់ នោះ​ខ្ញុំ​នឹង​ចាត់​អ្នក​ណា​ដែល​ពេញ​ចិត្ត​អ្នក​រាល់​គ្នា ឲ្យ​កាន់​សំបុត្រ និង​យក​ទេយ្យ‌ទាន​របស់​អ្នក​រាល់​គ្នា ទៅ​ដល់​ក្រុង​យេរូ‌សាឡឹម
4 ហើយ​បើ​សិន​ជា​គួរ​ឲ្យ​ខ្ញុំ​ទៅ​ដែរ នោះ​គេ​នឹង​ទៅ​ជា​មួយ​នឹង​ខ្ញុំ​ផង។
5 កាល​ណា​ខ្ញុំ​បាន​ដើរ​កាត់​ស្រុក​ម៉ាសេដូន​ហើយ នោះ​ខ្ញុំ​នឹង​មក​ឯ​អ្នក​រាល់​គ្នា ដ្បិត​ខ្ញុំ​ត្រូវ​ដើរ​កាត់​ស្រុក​ម៉ាសេដូន​សិន
6 ប្រហែល​ជា​ខ្ញុំ​នឹង​ស្នាក់​នៅ​ជា​១​នឹង​អ្នក​រាល់​គ្នា​បន្តិច ឬ​អស់​១​រដូវ​រងា​ផង​ទេ​ដឹង ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ជូន​ដំណើរ​ខ្ញុំ ទៅ​ឯ​ទី​កន្លែង​ណា ដែល​ខ្ញុំ​នឹង​ទៅ​ត​ទៅ​ទៀត
7 ដ្បិត​ខ្ញុំ​មិន​ចូល​ចិត្ត​មក​សួរ​អ្នក​រាល់​គ្នា​តាម​ផ្លូវ​ឥឡូវ​នេះ​ទេ តែ​ខ្ញុំ​សង្ឃឹម​ថា នឹង​មក​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ជា​យូរ​បន្តិច បើ​សិន​ជា​ព្រះ‌អម្ចាស់​ទ្រង់​អនុញ្ញាត​ឲ្យ
8 ប៉ុន្តែ ខ្ញុំ​នឹង​នៅ​ក្រុង​អេភេសូរ ទាល់​តែ​ដល់​បុណ្យ​ថ្ងៃ​ទី​៥០
9 ដ្បិត​មាន​ទ្វារ​យ៉ាង​ធំ ហើយ​ស្រួល​បាន​បើក​ចំហរ​ឲ្យ​ខ្ញុំ ហើយ​ក៏​មាន​ពួក​ឃាត់‌ឃាំង​ជា​ច្រើន​ដែរ។
10 បើ​ធីម៉ូថេ​មក​ឯ​អ្នក​រាល់​គ្នា នោះ​ចូរ​ខំ​ទំនុក​បម្រុង​ឲ្យ​គាត់​នៅ​ជា​មួយ​ផង កុំ​ឲ្យ​គាត់​ភ័យ​ខ្លាច​អ្វី​ឡើយ ដ្បិត​គាត់​ក៏​ធ្វើ​ការ​របស់​ព្រះ‌អម្ចាស់ ដូច​ជា​ខ្ញុំ​ដែរ
11 កុំ​ឲ្យ​អ្នក​ណា​មើល‌ងាយ​គាត់ ត្រូវ​ជូន​ដំណើរ​គាត់​ទៅ​មុខ ដោយ​សុខ​សាន្ត ឲ្យ​គាត់​បាន​ទៅ​ដល់​ខ្ញុំ​ផង ដ្បិត​ខ្ញុំ​នឹង​ចាំ​គាត់​ជា​មួយ​នឹង​បង​ប្អូន​ឯ​ទៀត
12 ឯ​អ័ប៉ុឡូស ជា​បង​ប្អូន ខ្ញុំ​បាន​ទូន្មាន​គាត់​ជា​ច្រើន ឲ្យ​បាន​មក​ឯ​អ្នក​រាល់​គ្នា ជា​មួយ​នឹង​ពួក​បង​ប្អូន​នោះ​ដែរ តែ​គាត់​មិន​សុខ​ចិត្ត​នឹង​មក​ឥឡូវ​នេះ​ទេ គឺ​នឹង​មក​ក្នុង​កាល​ដែល​មាន​ឱកាស​ស្រួល។
13 ចូរ​ចាំ​យាម ចូរ​ឈរ​ឲ្យ​មាំ‌មួន​ក្នុង​សេចក្ដី​ជំនឿ ចូរ​ប្រព្រឹត្ត​ឲ្យ​ពេញ​ជា​ភាព​បុរស ចូរ​ឲ្យ​មាន​កម្លាំង​ចុះ
14 ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​ការ​ទាំង​អស់ ដោយ​សេចក្ដី​ស្រឡាញ់។
15 បង​ប្អូន​អើយ អ្នក​រាល់​គ្នា​ស្គាល់​ពួក​ផ្ទះ​ស្ទេផាន៉ាស ថា​គេ​ជា​ផល​ដំបូង​ពី​ស្រុក​អាខៃ ហើយ​ថា គេ​បាន​តាំង​ខ្លួន​គេ​សម្រាប់​នឹង​បម្រើ​ពួក​បរិសុទ្ធ
16 ដូច្នេះ ខ្ញុំ​ទូន្មាន​អ្នក​រាល់​គ្នា​ឲ្យ​ចុះ​ចូល​នឹង​មនុស្ស​យ៉ាង​នោះ ហើយ​និង​អស់​អ្នក​ដែល​ធ្វើ​ការ​នឿយ​ហត់​ជា​មួយ​នឹង​យើង​ខ្ញុំ​ផង
17 ខ្ញុំ​អរ​ណាស់ ដែល​ស្ទេផាន៉ាស ភ័រទូ‌ន៉ាតុស និង​អ័ខៃកុស បាន​ទៅ​ដល់​ខ្ញុំ​ហើយ ដ្បិត​សេចក្ដី​ណា​ដែល​អ្នក​រាល់​គ្នា​ខាន​ធ្វើ នោះ​គេ​បាន​ធ្វើ​បំពេញ​ឡើង
18 គេ​បាន​លំហើយ​ចិត្ត​ខ្ញុំ និង​ចិត្ត​អ្នក​រាល់​គ្នា​ផង ដូច្នេះ ចូរ​រាប់​អាន​មនុស្ស​យ៉ាង​នោះ​ចុះ
19 អស់​ទាំង​ពួក​ជំនុំ​នៅ​ស្រុក​អាស៊ី គេ​សូម​ជម្រាប​សួរ​មក​អ្នក​រាល់​គ្នា អ្នក​អ័រ‌គីឡា និង​នាង​ព្រីស៊ីល ព្រម​ទាំង​ពួក​ជំនុំ​ដែល​ប្រជុំ​នៅ​ផ្ទះ​គេ សូម​ជម្រាប​សួរ​មក​អ្នក​រាល់​គ្នា​យ៉ាង​ថ្នម ក្នុង​ព្រះ‌អម្ចាស់
20 ពួក​បង​ប្អូន​ទាំង​អស់​គ្នា ក៏​សូម​ជម្រាប​សួរ​មក​អ្នក​រាល់​គ្នា​ដែរ សូម​ឲ្យ​អ្នក​រាល់​គ្នា​ជម្រាប​សួរ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ថើប​យ៉ាង​បរិសុទ្ធ​ផង ។
21 នេះ​ជា​ពាក្យ​ដែល​ប៉ុល​ខ្ញុំ សរសេរ​ដោយ​ដៃ​ខ្លួន​ខ្ញុំ ផ្ញើ​មក​ជម្រាប​សួរ​អ្នក​រាល់​គ្នា
22 បើ​អ្នក​ណា​មិន​ស្រឡាញ់​ព្រះ‌អម្ចាស់​យេស៊ូវ‌គ្រីស្ទ ឲ្យ​អ្នក​នោះ​ត្រូវ​បណ្តាសា​ចុះ ដ្បិត​ព្រះ‌អម្ចាស់​ទ្រង់​យាង​មក
23 សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​ព្រះ‌គុណ​នៃ​ព្រះ‌អម្ចាស់​យេស៊ូវ‌គ្រីស្ទ
24 សូម​ឲ្យ​សេចក្ដី​ស្រឡាញ់​របស់​ខ្ញុំ​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ទាំង​អស់ ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ។ អាម៉ែន។:៚