កូរិនថូសទី ២

1 2 3 4 5 6 7 8 9 10 11 12 13


ជំពូក 1

1 សំបុត្រ​ប៉ុល​ខ្ញុំ ជា​សាវក​នៃ​ព្រះ‌យេស៊ូវ​គ្រីស្ទ តាម​បំណង​ព្រះ‌ហឫទ័យ​ព្រះ និង​ធីម៉ូថេ ជា​ពួក​បង​ប្អូន ផ្ញើ​មក​ពួក​ជំនុំ​នៃ​ព្រះ ដែល​នៅ​ក្រុង​កូរិន‌ថូស ព្រម​ទាំង​ពួក​បរិសុទ្ធ​ទាំង​អស់​គ្នា ដែល​នៅ​គ្រប់​ក្នុង​ស្រុក​អាខៃ
2 សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​ព្រះ‌គុណ និង​សេចក្ដី​សុខ​សាន្ត​មក​អំពី​ព្រះ​ដ៏​ជា​ព្រះ‌វរ‌បិតា​នៃ​យើង ហើយ​អំពី​ព្រះ‌អម្ចាស់​យេស៊ូវ‌គ្រីស្ទ។
3 សូម​សរសើរ​ដល់​ព្រះ​ដ៏​ជា​ព្រះ‌វរ‌បិតា​នៃ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​អម្ចាស់​នៃ​យើង​រាល់​គ្នា គឺ​ជា​ព្រះ‌វរ‌បិតា​ដ៏​មាន​សេចក្ដី​មេត្តា‌ករុណា ជា​ព្រះ​ដ៏​កំសាន្ត​ចិត្ត​គ្រប់​Chapter
4 ដែល​ទ្រង់​កំសាន្ត​ចិត្ត​យើង​រាល់​គ្នា ក្នុង​គ្រប់​ទាំង​សេចក្ដី​វេទនា ប្រយោជន៍​ឲ្យ​យើង​អាច​នឹង​កំសាន្ត​ចិត្ត​អ្នក​ឯ​ទៀត ក្នុង​អស់​ទាំង​សេចក្ដី​វេទនា​របស់​គេ​បាន​ដែរ គឺ​ដោយ‌សារ​សេចក្ដី​ក្សាន្ត​នោះ​ឯង ដែល​ព្រះ​បាន​កំសាន្ត​ចិត្ត​យើង​ស្រេច​ហើយ
5 ដ្បិត​ដូច​ជា​សេចក្ដី​ទុក្ខ​លំបាក​របស់​ព្រះ‌គ្រីស្ទ បាន​ចម្រើន​ឡើង​ដល់​យើង​រាល់​គ្នា​យ៉ាង​ណា នោះ​សេចក្ដី​ក្សាន្ត​ចិត្ត​នៃ​យើង​រាល់​គ្នា ក៏​ចម្រើន​ដោយ‌សារ​ព្រះ‌គ្រីស្ទ​បែប​ដូច្នោះ​ដែរ
6 ដូច្នេះ បើ​សិន​ជា​យើង​ខ្ញុំ​កើត​មាន​សេចក្ដី​វេទនា នោះ​គឺ​សម្រាប់​ជា​សេចក្ដី​កំសាន្ត​ចិត្ត និង​សេចក្ដី​សង្គ្រោះ​ដល់​អ្នក​រាល់​គ្នា ជា​សេចក្ដី​ដែល​បាន​កើត​មក ដោយ​ការ​ទ្រាំ‌ទ្រ និង​សេចក្ដី​ទុក្ខ​លំបាក​ដដែល ដែល​យើង​ខ្ញុំ​ក៏​រង​ទុក្ខ​ដែរ ឬ​បើ​យើង​មាន​សេចក្ដី​ក្សាន្ត នោះ​ក៏​សម្រាប់​ជា​សេចក្ដី​កំសាន្ត​ចិត្ត និង​សេចក្ដី​សង្រ្គោះ​ដល់​អ្នក​រាល់​គ្នា​ដែរ ហើយ​យើង​ខ្ញុំ​មាន​សង្ឃឹម​ដល់​អ្នក​រាល់​គ្នា​ជា​មាំ‌មួន​ផង
7 ដោយ​ដឹង​ថា អ្នក​រាល់​គ្នា​នឹង​បាន​ចំណែក​ក្នុង​សេចក្ដី​កំសាន្ត​ចិត្ត ដូច​ជា​បាន​ចំណែក​ក្នុង​ការ​ទុក្ខ​លំបាក​នោះ​ដែរ
8 ដ្បិត​បង​ប្អូន​អើយ យើង​ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង ពី​សេចក្ដី​វេទនា​ដែល​កើត​ឡើង ដល់​យើង​ខ្ញុំ​នៅ​ស្រុក​អាស៊ី​ថា យើង​ខ្ញុំ​មាន​បន្ទុក​យ៉ាង​ធ្ងន់​ក្រៃ‌លែង ហួស​ពី​កម្លាំង​នៃ​យើង​ខ្ញុំ​ទៅ​ទៀត ដល់​ម៉្លេះ​បាន​ជា​យើង​ខ្ញុំ​អស់​សង្ឃឹម​នឹង​នៅ​រស់​ផង
9 យើង​ខ្ញុំ​ក៏​មាន​សាន្ត​ក្រម​នៃ​សេចក្ដី​ស្លាប់ នៅ​ក្នុង​ខ្លួន​យើង​ខ្ញុំ​ដែរ ដើម្បី​មិន​ឲ្យ​យើង​ខ្ញុំ​ទុក​ចិត្ត​ដល់​ខ្លួន​ឡើយ គឺ​ឲ្យ​ទុក​ចិត្ត​ដល់​ព្រះ ដែល​ទ្រង់​ប្រោស​ឲ្យ​មនុស្ស​ស្លាប់ បាន​រស់​ឡើង​នោះ​វិញ
10 ទ្រង់​បាន​ប្រោស​យើង​ខ្ញុំ​ឲ្យ​រួច​ពី​សេចក្ដី​ស្លាប់​យ៉ាង​សម្បើម​នោះ​ហើយ ក៏​ចេះ​តែ​ប្រោស​ឲ្យ​រួច​ត​ទៅ ហើយ​យើង​ខ្ញុំ​សង្ឃឹម​ថា ទ្រង់​នឹង​ប្រោស​ឲ្យ​រួច​ទៅ​មុខ​ទៀត​ដែរ
11 ដោយ​អ្នក​រាល់​គ្នា​ខំ​ប្រឹង​ជួយ​អង្វរ​ជួស​យើង​ខ្ញុំ​ផង ដើម្បី​ឲ្យ​អំណោយ​ទាន​នោះ ដែល​បាន​ប្រទាន​មក​យើង​ខ្ញុំ ដោយ‌សារ​មនុស្ស​ជា​ច្រើន បាន​ត្រឡប់​ជា​ហេតុ ឲ្យ​មនុស្ស​ជា​ច្រើន​បាន​អរ​ព្រះ‌គុណ ដោយ​ព្រោះ​យើង​ខ្ញុំ។
12 ដ្បិត​សេចក្ដី​អំនួត​របស់​យើង​ខ្ញុំ នោះ​គឺ​ជា​សេចក្ដី​បន្ទាល់​របស់​បញ្ញា​ចិត្ត​យើង​ខ្ញុំ ដែល​សម្ដែង​ថា យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​ក្នុង​លោកីយ៍​នេះ ហើយ​ដល់​អ្នក​រាល់​គ្នា​លើស​ទៅ​ទៀត ដោយ​សេចក្ដី​បរិសុទ្ធ និង​សេចក្ដី​ស្មោះ‌ត្រង់​របស់​ព្រះ មិន​មែន​ដោយ​ប្រាជ្ញា​ខាង​សាច់​ឈាម​ឡើយ គឺ​ដោយ​ព្រះ‌គុណ​នៃ​ព្រះ​វិញ
13 យើង​ខ្ញុំ​មិន​សរសេរ​សេចក្ដី​ណា​ផ្សេង​ទៀត ផ្ញើ​មក​អ្នក​រាល់​គ្នា ក្រៅ​ពី​សេចក្ដី​ដែល​បាន​អាន​មើល និង​យល់​ព្រម​ហើយ​នោះ​ទេ ហើយ​ខ្ញុំ​សង្ឃឹម​ថា អ្នក​រាល់​គ្នា​នឹង​យល់​ព្រម​តាម​សេចក្ដី​នោះ​ឯង ដរាប​ដល់​ចុង​បំផុត​ដែរ
14 ដូច​ជា​អ្នក​រាល់​គ្នា​ខ្លះ​បាន​យល់​ព្រម​ហើយ​ថា យើង​ខ្ញុំ​ជា​ទី​អំនួត​របស់​អ្នក​រាល់​គ្នា ដូច​ជា​អ្នក​រាល់​គ្នា​ក៏​ជា​ទី​អំនួត​របស់​យើង​ខ្ញុំ​ដែរ នៅ​ថ្ងៃ​នៃ​ព្រះ‌អម្ចាស់​យេស៊ូវ។
15 ដោយ​ព្រោះ​ខ្ញុំ​មាន​សេចក្ដី​សង្ឃឹម​នោះ បាន​ជា​ខ្ញុំ​គិត​នឹង​មក​ឯ​អ្នក​រាល់​គ្នា​ពី​កាល​មុន ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ទទួល​ព្រះ‌គុណ​មួយ​លើក​ទៀត
16 ហើយ​ឲ្យ​ខ្ញុំ​បាន​ហួស​ទៅ​ឯ​ស្រុក​ម៉ាសេដូន ដោយ‌សារ​អ្នក​រាល់​គ្នា រួច​សឹម​ត្រឡប់​មក​ឯ​អ្នក​រាល់​គ្នា​វិញ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ជួយ​ដំណើរ​ខ្ញុំ ទៅ​ឯ​ស្រុក​យូដា​ផង
17 ដូច្នេះ ដែល​ខ្ញុំ​សម្រេច​ធ្វើ​យ៉ាង​នោះ តើ​ខ្ញុំ​បាន​ប្រព្រឹត្ត​ដោយ​ចិត្ត​សាវា​ឬ​អី ឬ​ការ​ដែល​ខ្ញុំ​សម្រេច​នឹង​ធ្វើ តើ​បាន​សម្រេច​តាម​សាច់​ឈាម​បាន​ជា​ជួន‌កាល​ខ្ញុំ​ថា «បាទ» ជួន‌កាល​ថា «ទេ» វិញ​ឬ​អី
18 រីឯ​ព្រះ​ទ្រង់​ស្មោះ‌ត្រង់ បាន​ជា​ពាក្យ​សំដី​ដែល​យើង​ខ្ញុំ​និយាយ​នឹង​អ្នក​រាល់​គ្នា នោះ​មិន​មែន​ថា «បាទ» ផង «ទេ» ផង​ឡើយ
19 ដ្បិត​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ ដែល​យើង​ខ្ញុំ គឺ​ខ្លួន​ខ្ញុំ ស៊ីលវ៉ាន និង​ធីម៉ូថេ បាន​ប្រកាស​ប្រាប់​ក្នុង​ពួក​អ្នក​រាល់​គ្នា ទ្រង់​មិន​មែន​ជា «បាទ» ផង «ទេ» ផង​នោះ​ទេ គឺ​មាន​តែ «បាទ» សុទ្ធ​នៅ​ក្នុង​ទ្រង់​ប៉ុណ្ណោះ
20 ដ្បិត​ទោះ​បើ​មាន​សេចក្ដី​សន្យា​របស់​ព្រះ​យ៉ាង​ណា​ក៏​ដោយ ក៏​នៅ​សុទ្ធ​តែ​ជា «បាទ» ក្នុង​ទ្រង់ ហើយ «អាម៉ែន» ក្នុង​ទ្រង់​ដែរ សម្រាប់​នឹង​ចម្រើន​សិរី‌ល្អ​ដល់​ព្រះ ដោយ‌សារ​យើង​រាល់​គ្នា
21 រីឯ​អ្នក​ដែល​តាំង​យើង​ខ្ញុំ ឲ្យ​ខ្ជាប់‌ខ្ជួន​ក្នុង​ព្រះ‌គ្រីស្ទ ជា​មួយ​នឹង​អ្នក​រាល់​គ្នា ហើយ​ដែល​ចាក់​ប្រេង ឲ្យ​យើង នោះ​គឺ​ជា​ព្រះ
22 ទ្រង់​ក៏​បាន​ដៅ​ចំណាំ​យើង​រាល់​គ្នា ហើយ​បាន​ប្រទាន​ព្រះ‌វិញ្ញាណ​មក​បញ្ចាំ​ចិត្ត​យើង​រាល់​គ្នា​ផង។
23 ខ្ញុំ​សូម​យក​ព្រះ​ធ្វើ​ជា​សាក្សី​ពី​ចិត្ត​ខ្ញុំ​ថា ដែល​ខ្ញុំ​មិន​ទាន់​មក​ឯ​ក្រុង​កូរិន‌ថូស នោះ​គឺ​ដោយ​ប្រណី​ដល់​អ្នក​រាល់​គ្នា​ទេ
24 មិន​មែន​ថា យើង​ខ្ញុំ​ធ្វើ​ជា​ម្ចាស់​លើ​សេចក្ដី​ជំនឿ​របស់​អ្នក​រាល់​គ្នា​ទេ គឺ​ធ្វើ​ជា​គូ‌កន ជួយ​ឲ្យ​អ្នក​រាល់​គ្នា​បាន​សេចក្ដី​អំណរ​វិញ ដ្បិត​អ្នក​រាល់​គ្នា​កំពុង​ឈរ​ហើយ ដោយ‌សារ​សេចក្ដី​ជំនឿ។


ជំពូក 2

1 តែ​ខ្ញុំ​បាន​គិត​សម្រេច​សេចក្ដី​នេះ​ក្នុង​ខ្លួន​ខ្ញុំ គឺ​ថា ខ្ញុំ​មិន​មក​ឯ​អ្នក​រាល់​គ្នា ដោយ​ចិត្ត​ព្រួយ​ទៀត​ទេ
2 ដ្បិត​បើ​សិន​ជា​ខ្ញុំ​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ព្រួយ​ទៅ​ហើយ នោះ​តើ​មាន​អ្នក​ណា​នឹង​ធ្វើ​ឲ្យ​ខ្ញុំ​សប្បាយ​បាន លើក​តែ​អ្នក​នោះ​ឯង​ដែល​ព្រួយ​ដោយ‌សារ​ខ្ញុំ​ប៉ុណ្ណោះ
3 ហើយ​ខ្ញុំ​បាន​សរសេរ​សេចក្ដី​នោះ​ផ្ញើ​មក​អ្នក​រាល់​គ្នា ក្រែង​កាល​ណា​ខ្ញុំ​មក​ដល់ នោះ​ខ្ញុំ​នឹង​កើត​ព្រួយ​ចិត្ត​ពី​ដំណើរ​អ្នក​ខ្លះ ដែល​មុខ​គួរ​ឲ្យ​ខ្ញុំ​បាន​អរ​សប្បាយ​ដោយ‌សារ​គេ​វិញ ដោយ​ទុក​ចិត្ត​នឹង​អ្នក​រាល់​គ្នា​ទាំង​អស់​ថា ការ​អ្វី​ដែល​នាំ​ឲ្យ​ខ្ញុំ​រីក‌រាយ នោះ​ក៏​នាំ​ឲ្យ​អ្នក​រាល់​គ្នា​រីក‌រាយ​ដែរ
4 ដ្បិត​ខ្ញុំ​បាន​សរសេរ​ផ្ញើ​មក​អ្នក​រាល់​គ្នា ដោយ​ខ្ញុំ​មាន​ចិត្ត​លំបាក ហើយ​ថប់​ព្រួយ ព្រម​ទាំង​ស្រក់​ទឹក​ភ្នែក​ជា​ច្រើន មិន​មែន​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ព្រួយ​ដែរ​នោះ​ទេ គឺ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ស្គាល់​សេចក្ដី​ស្រឡាញ់ ដែល​ខ្ញុំ​មាន​ជា​បរិបូរ​ដល់​អ្នក​រាល់​គ្នា​ប៉ុណ្ណោះ​ឯង។
5 ប៉ុន្តែ បើ​មាន​អ្នក​ណា​បាន​បណ្តាល​ឲ្យ​កើត​មាន​សេចក្ដី​ព្រួយ នោះ​មិន​មែន​ធ្វើ​ឲ្យ​ខ្ញុំ​ព្រួយ​ទេ គឺ​ឲ្យ​អ្នក​រាល់​គ្នា​ទាំង​អស់​មាន​ទុក្ខ​ខ្លះ​វិញ ដ្បិត​ខ្ញុំ​មិន​ចង់​និយាយ​ពន្លើស​ឡើយ
6 ឯ​ទោស​ដែល​ច្រើន​គ្នា​បាន​ធ្វើ​ដល់​មនុស្ស​យ៉ាង​នោះ នោះ​ល្មម​ប៉ុណ្ណឹង​ហើយ
7 បាន​ជា​ស៊ូ​ឲ្យ​អត់​ទោស ហើយ​កំសាន្ត​ចិត្ត​មនុស្ស​នោះ​វិញ ក្រែង​មនុស្ស​នោះ​ត្រូវ​ស្រូប​បាត់ ដោយ​កើត​ទុក្ខ​ព្រួយ​កាន់​តែ​ខ្លាំង​ឡើង
8 ហេតុ​នោះ​បាន​ជា​ខ្ញុំ​ទូន្មាន ឲ្យ​អ្នក​រាល់​គ្នា​សម្ដែង​សេចក្ដី​ស្រឡាញ់ ដល់​អ្នក​នោះ​ឲ្យ​ជាក់​លាក់
9 ដ្បិត​ដោយ​ហេតុ​នោះ​បាន​ជា​ខ្ញុំ​ធ្វើ​សំបុត្រ​នេះ​ដែរ គឺ​ដើម្បី​នឹង​ល​មើល​អ្នក​រាល់​គ្នា​ឲ្យ​ដឹង តើ​នឹង​ស្តាប់​បង្គាប់​ក្នុង​គ្រប់​ការ​ទាំង​អស់​ឬ​ទេ
10 បើ​អ្នក​រាល់​គ្នា​អត់​ទោស​ដល់​អ្នក​ណា​ពី​រឿង​អ្វី នោះ​ខ្ញុំ​ក៏​អត់​ទោស​ដែរ ហើយ​រឿង​អ្វី​ដែល​ខ្ញុំ​បាន​អត់​ទោស​ឲ្យ​ពួក​គេ បើ​សិន​ជា​បាន​អត់​ទោស​អ្វី​មែន នោះ​គឺ​ដោយ​ព្រោះ​អ្នក​រាល់​គ្នា នៅ​ចំពោះ​ព្រះ‌គ្រីស្ទ​ហើយ
11 ដើម្បី​មិន​ឲ្យ​អារក្ស​សាតាំង​មាន​ឱកាស​នឹង​ឈ្នះ​យើង​បាន​ឡើយ ដ្បិត​យើង​ស្គាល់​អស់​ទាំង​កិច្ច‌កល​របស់​វា​ហើយ។
12 កាល​ខ្ញុំ​បាន​ទៅ​ដល់​ក្រុង​ទ្រអាស ដើម្បី​នឹង​ផ្សាយ​ដំណឹង​ល្អ​ពី​ព្រះ‌គ្រីស្ទ ហើយ​មាន​ទ្វារ​បើក​ឲ្យ​ខ្ញុំ ដោយ​នូវ​ព្រះ‌អម្ចាស់
13 នោះ​ខ្ញុំ​ឥត​មាន​ធូរ​ក្នុង​ចិត្ត​សោះ ដោយ​ហេតុ​រក​ទីតុស ជា​បង​ប្អូន​ខ្ញុំ មិន​ឃើញ បាន​ជា​ខ្ញុំ​លា​គេ​ទៅ​ឯ​ស្រុក​ម៉ាសេដូន​វិញ
14 តែ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌អង្គ ដែល​ទ្រង់​ចេះ​តែ​នាំ​យើង​ខ្ញុំ ឲ្យ​មាន​ជ័យ‌ជម្នះ​ក្នុង​ព្រះ‌គ្រីស្ទ ហើយ​ក៏​ផ្សាយ​ក្លិន​ពី​ដំណើរ​ដែល​យើង​ខ្ញុំ​ស្គាល់​ព្រះ ឲ្យ​បាន​សុស​សាយ​ទួទៅ​គ្រប់​កន្លែង​ផង
15 ដ្បិត​យើង​ខ្ញុំ​ជា​ក្លិន​ក្រអូប​នៃ​ព្រះ‌គ្រីស្ទ​ដល់​ព្រះ នៅ​ក្នុង​ពួក​មនុស្ស​ដែល​កំពុង​តែ​បាន​សង្គ្រោះ ហើយ​ក្នុង​ពួក​អ្នក​ដែល​កំពុង​តែ​វិនាស​ទៅ​ដែរ
16 ដល់​ពួក​១​ជា​ក្លិន​នៃ​សេចក្ដី​ស្លាប់ ឲ្យ​ត្រូវ​ស្លាប់ ដល់​ពួក​១​ទៀត ជា​ក្លិន​នៃ​ជីវិត ឲ្យ​បាន​រស់​នៅ តើ​អ្នក​ណា​គួរ​នឹង​សេចក្ដី​ទាំង​នេះ
17 ដ្បិត​យើង​ខ្ញុំ​មិន​មែន​ដូច​ជា​មនុស្ស​ច្រើន​គ្នា ដែល​បំប្លែង​ព្រះ‌បន្ទូល​នោះ​ទេ គឺ​ដូច​ជា​អ្នក​ស្មោះ‌ត្រង់ ដែល​មក​ពី​ព្រះ​វិញ ហើយ​យើង​និយាយ​ចំពោះ​ព្រះ​ដោយ​នូវ​ព្រះ‌គ្រីស្ទ។


ជំពូក 3

1 ដូច្នេះ តើ​យើង​ចាប់​តាំង​ផ្ទុក‌ផ្តាក់​ខ្លួន​យើង​ខ្ញុំ ម្តង​ទៀត​ឬ​អី តើ​យើង​ខ្ញុំ​ត្រូវ​ការ​នឹង​សំបុត្រ​ផ្ទុក‌ផ្តាក់​ខ្លួន​យើង​នឹង​អ្នក​រាល់​គ្នា ឬ​ត្រូវ​ការ​នឹង​អ្នក​រាល់​គ្នា​ឲ្យ​សំបុត្រ​ផ្ទុក‌ផ្តាក់​យើង​នឹង​គេ ដូច​ជា​អ្នក​ខ្លះ​ត្រូវ​ការ​ឬ​អី
2 គឺ​អ្នក​រាល់​គ្នា​ជា​សំបុត្រ​របស់​យើង​ខ្ញុំ​ហើយ ទាំង​កត់​ទុក​ក្នុង​ចិត្ត​យើង​ខ្ញុំ​ផង ដែល​មនុស្ស​ទាំង​អស់​ក៏​ដឹង ហើយ​អាន​មើល​ដែរ
3 ដោយ​បាន​សម្ដែង​មក​ច្បាស់​ថា អ្នក​រាល់​គ្នា​ជា​សំបុត្រ​របស់​ព្រះ‌គ្រីស្ទ ដែល​យើង​ខ្ញុំ​បាន​តែង​ទុក ដោយ​ការ‌ងារ​យើង​ខ្ញុំ មិន​មែន​សរសេរ​នឹង​ទឹក​ខ្មៅ​ទេ គឺ​នឹង​ព្រះ‌វិញ្ញាណ​នៃ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់ ក៏​មិន​មែន​លើ​បន្ទះ​ថ្ម​ដែរ គឺ​ក្នុង​ចិត្ត​ខាង​សាច់​ឈាម​វិញ
4 ហើយ​យើង​មាន​សេចក្ដី​សង្ឃឹម​យ៉ាង​នោះ​ដល់​ព្រះ ដោយ‌សារ​ព្រះ‌គ្រីស្ទ
5 មិន​មែន​ថា យើង​ខ្ញុំ​ពូកែ​ល្មម​ដោយ​ខ្លួន​ឯង និង​គិត​ស្មាន​ថា មាន​អ្វី​កើត​ពី​ខ្លួន​យើង​ខ្ញុំ​នោះ​ឡើយ តែ​ដែល​យើង​ខ្ញុំ​ពូកែ នោះ​មក​តែ​ពី​ព្រះ​ទេ
6 ដែល​ទ្រង់​បាន​ប្រោស ឲ្យ​យើង​ខ្ញុំ​អាច​នឹង​ធ្វើ​ជា​អ្នក​បម្រើ​នៃ​សញ្ញា​ថ្មី​បាន មិន​មែន​តាម​តែ​ន័យ​ពាក្យ​ប៉ុណ្ណោះ​ទេ គឺ​តាម​ព្រះ‌វិញ្ញាណ​វិញ ដ្បិត​ន័យ​ពាក្យ នោះ​ធ្វើ​ឲ្យ​ស្លាប់ តែ​ព្រះ‌វិញ្ញាណ​ទ្រង់​ប្រទាន​ឲ្យ​មាន​ជីវិត​វិញ។
7 ហើយ​បើ​ការ‌ងារ​ខាង​ឯ​សេចក្ដី​ស្លាប់ ដែល​បាន​ឆ្លាក់​ជា​អក្សរ​លើ​ថ្ម​បាន​កើត​មក​ក្នុង​សិរី‌ល្អ ដល់​ម៉្លេះ​បាន​ជា​សាសន៍​អ៊ីស្រា‌អែល មិន​អាច​នឹង​សម្លឹង​មើល​មុខ​លោក​ម៉ូសេ​បាន​ទេ ដោយ​ព្រោះ​សិរី‌ល្អ​នៃ​មុខ​លោក គឺ​ជា​សេចក្ដី​ដែល​កំពុង​តែ​សូន្យ​បាត់​ទៅ
8 នោះ​ចំណង់​បើ​ការ‌ងារ​ខាង​ឯ​ព្រះ‌វិញ្ញាណ តើ​នឹង​មាន​សិរី‌ល្អ​លើស​ជាង​អម្បាល‌ម៉ាន​ទៅ
9 ដ្បិត​បើ​សិន​ជា​ការ‌ងារ​ខាង​ឯ​សេចក្ដី​កាត់​ទោស មាន​សិរី‌ល្អ​ទៅ​ហើយ នោះ​ការ‌ងារ​ខាង​ឯ​សេចក្ដី​សុចរិត ប្រាកដ​ជា​នឹង​មាន​សិរី‌ល្អ​ជា​បរិបូរ​លើស​ទៅ​ទៀត
10 ពី​ព្រោះ​ឯ​សេចក្ដី​ដែល​មាន​សិរី‌ល្អ​ពី​ដើម​នោះ បាន​ដូច​ជា​គ្មាន​សិរី‌ល្អ​វិញ ដោយ​ព្រោះ​សិរី‌ល្អ​នេះ​ដែល​លើស​ទៅ​ទៀត
11 ដ្បិត​បើ​សិន​ជា​សេចក្ដី​នោះ ដែល​កំពុង​តែ​សូន្យ​បាត់​ទៅ បាន​មក​ដោយ‌សារ​សិរី‌ល្អ នោះ​សេចក្ដី​ដែល​ជាប់​នៅ ប្រាកដ​ជា​មាន​សិរី‌ល្អ​លើស​ទៅ​ទៀត
12 ដូច្នេះ ដែល​មាន​សេចក្ដី​សង្ឃឹម​ជា​ខ្លាំង​ក្រៃ​ដល់​ម៉្លេះ នោះ​យើង​ខ្ញុំ​កើត​មាន​សេចក្ដី​ក្លាហាន​ណាស់
13 មិន​មែន​ដូច​លោក​ម៉ូសេ ដែល​យក​ស្បៃ​បាំង​មុខ ដើម្បី​មិន​ឲ្យ​សាសន៍​អ៊ីស្រា‌អែល បាន​សម្លឹង​មើល​ទៅ​ដល់​ចុង​នៃ​សេចក្ដី ដែល​កំពុង​តែ​សូន្យ​បាត់​ទៅ​នោះ​ឡើយ
14 តែ​ចិត្ត​គេ​បាន​រឹង‌ទទឹង​វិញ ដ្បិត​ដរាប​ដល់​ឥឡូវ​នេះ កាល​បើ​គេ​មើល​ក្នុង​សញ្ញា​ចាស់ នោះ​នៅ​តែ​មាន​ស្បៃ​ដដែល ឥត​បក​ចេញ​ឡើយ ដែល​ស្បៃ​នោះ​ត្រូវ​តែ​សូន្យ​បាត់​ទៅ ក្នុង​ព្រះ‌គ្រីស្ទ
15 ដរាប​ដល់​ថ្ងៃ​នេះ កាល​ណា​គេ​មើល​គម្ពីរ​លោក​ម៉ូសេ នោះ​ក៏​គង់​មាន​ស្បៃ​បាំង​ចិត្ត​គេ​នៅ​ឡើយ
16 តែ​កាល​គេ​បាន​ងាក​បែរ​មក​ឯ​ព្រះ‌អម្ចាស់​វិញ នោះ​ទើប​ស្បៃ​នឹង​បាន​ដោះ​ចោល​ចេញ
17 រីឯ​ព្រះ‌អម្ចាស់ ទ្រង់​ជា​ព្រះ‌វិញ្ញាណ ហើយ​កន្លែង​ណា​ដែល​មាន​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌អម្ចាស់ នោះ​ក៏​មាន​សេរី‌ភាព​ដែរ
18 ហើយ​យើង​រាល់​គ្នា​ទាំង​អស់ ដែល​កំពុង​តែ​រំពឹង​មើល​សិរី‌ល្អ​ព្រះ‌អម្ចាស់ ទាំង​មុខ​ទទេ ដូច​ជា​ឆ្លុះ​មើល​ទ្រង់​ក្នុង​កញ្ចក់ យើង​កំពុង​តែ​ផ្លាស់​ប្រែ​ទៅ ឲ្យ​ដូច​ជា​រូប​ឆ្លុះ​នោះ​ឯង ពី​សិរី‌ល្អ​ទៅ​ដល់​សិរី‌ល្អ គឺ​ដោយ‌សារ​ព្រះ‌អម្ចាស់​ដ៏​ជា​ព្រះ‌វិញ្ញាណ ។


ជំពូក 4

1 ដូច្នេះ ដែល​មាន​ការ‌ងារ​នេះ នោះ​យើង​ខ្ញុំ​មិន​ណាយ​ចិត្ត​ឡើយ តាម​ខ្នាត​នៃ​សេចក្ដី​មេត្តា‌ករុណា ដែល​យើង​ខ្ញុំ​ទទួល​មក
2 យើង​ខ្ញុំ​លះ​ចោល​អស់​ទាំង​ការ​លាក់​កំបាំង​ដែល​គួរ​ខ្មាស ឥត​ប្រព្រឹត្ត​ដោយ​ឧបាយ‌កល ឬ​បំប្លែង​ព្រះ‌បន្ទូល​ឡើយ គឺ​យើង​ខ្ញុំ​ផ្ទុក‌ផ្តាក់​ខ្លួន និង​បញ្ញា​ចិត្ត​របស់​មនុស្ស​ទាំង​អស់ នៅ​ចំពោះ​ព្រះ ដោយ​សម្ដែង​សេចក្ដី​ពិត​វិញ
3 បើ​សិន​ណា​ជា​ដំណឹង​ល្អ​របស់​យើង​ខ្ញុំ​ត្រូវ​គ្រប​បាំង នោះ​គឺ​ត្រូវ​គ្រប​បាំង​ចំពោះ​តែ​ពួក​អ្នក ដែល​កំពុង​វិនាស​ទេ
4 ជា​ពួក​អ្នក ដែល​ព្រះ​របស់​លោកីយ៍​នេះ បាន​បង្អាប់​ដល់​គំនិត​ពួក​គេ​ដែល​មិន​ជឿ ក្រែង​រស្មី​ពន្លឺ​នៃ​ដំណឹង​ល្អ ដែល​សម្ដែង​ពី​សិរី‌ល្អ​នៃ​ព្រះ‌គ្រីស្ទ​ដ៏​ជា​រូប​អង្គ​ព្រះ បាន​ភ្លឺ​មក​ដល់​គេ
5 យើង​ខ្ញុំ​មិន​ប្រកាស​ប្រាប់​ពី​ខ្លួន​យើង​ខ្ញុំ​ទេ គឺ​ពី​ព្រះ‌គ្រីស្ទ​យេស៊ូវ ជា​ព្រះ‌អម្ចាស់​វិញ ហើយ​ក៏​រាប់​ខ្លួន​យើង​ខ្ញុំ ថា​ជា​បាវ​បម្រើ​របស់​អ្នក​រាល់​គ្នា ដោយ​ព្រោះ​ព្រះ‌យេស៊ូវ​ដែរ
6 ដ្បិត​គឺ​ជា​ព្រះ ដែល​មាន​ព្រះ‌បន្ទូល​បង្គាប់ ឲ្យ​មាន​ពន្លឺ​ភ្លឺ​ចេញ​ពី​សេចក្ដី​ងងឹត ទ្រង់​បាន​បំភ្លឺ​មក​ក្នុង​ចិត្ត​យើង​ខ្ញុំ ឲ្យ​យើង​ខ្ញុំ​មាន​រស្មី​ពន្លឺ​នៃ​ដំណើរ​ស្គាល់​សិរី‌ល្អ​របស់​ព្រះ ដែល​នៅ​ព្រះ‌‌ភ័ក្ត្រ​នៃ​ព្រះ‌យេស៊ូវ​គ្រីស្ទ។
7 យើង​មាន​ទ្រព្យ‌សម្បត្តិ​នេះ នៅ​ក្នុង​ភាជនៈ​ដី ដើម្បី​ឲ្យ​ឥទ្ធិ‌ឫទ្ធិ​លើស​លប់​បាន​មក​ពី​ព្រះ មិន​មែន​ពី​យើង​ខ្ញុំ​ទេ
8 ដែល​យើង​ខ្ញុំ​ត្រូវ​គេ​សង្កត់‌សង្កិន​គ្រប់​Chapter តែ​មិន​ទ័ល​ផ្លូវ​ឡើយ មាន​សេចក្ដី​វិល‌វល់ តែ​មិន​ទ័ល​គំនិត​ទេ
9 មាន​គេ​ធ្វើ​ទុក្ខ តែ​មិន​មែន​ត្រូវ​ចោល​នៅ​ម្នាក់​ឯង​ទេ ត្រូវ​គេ​វាយ​ដួល​ស្តូក តែ​មិន​ស្លាប់​ទេ
10 យើង​ខ្ញុំ​ផ្ទុក​សេចក្ដី​សុគត​នៃ​ព្រះ‌អម្ចាស់​យេស៊ូវ នៅ​ក្នុង​រូប‌កាយ​យើង​ខ្ញុំ​ជានិច្ច ដើម្បី​ឲ្យ​ព្រះ‌ជន្ម​នៃ​ទ្រង់​បាន​សម្ដែង​មក ក្នុង​រូប‌កាយ​យើង​ខ្ញុំ​ដែរ
11 ដ្បិត​យើង​រាល់​គ្នា​ដែល​រស់​នៅ នោះ​យើង​ត្រូវ​ប្រគល់​ដល់​សេចក្ដី​ស្លាប់​ជា​ដរាប ដោយ​ព្រោះ​ព្រះ‌យេស៊ូវ ដើម្បី​ឲ្យ​ព្រះ‌ជន្ម​នៃ​ទ្រង់​បាន​សម្ដែង​មក ក្នុង​រូប​សាច់​យើង ដែល​តែង​តែ​ស្លាប់​នេះ
12 ហេតុ​នោះ​បាន​ជា​សេចក្ដី​ស្លាប់​កំពុង​តែ​ចម្រើន​ឡើង​ក្នុង​យើង​ខ្ញុំ តែ​ជីវិត​ចម្រើន​ក្នុង​អ្នក​រាល់​គ្នា​វិញ
13 ហើយ​ដែល​មាន​ចិត្ត​ជឿ​ដូច​គ្នា ត្រូវ​នឹង​សេចក្ដី​ដែល​ចែង​ទុក​មក​ថា «ខ្ញុំ​បាន​ជឿ បាន​ជា​ខ្ញុំ​និយាយ» នោះ​យើង​ខ្ញុំ​ក៏​ជឿ​ដែរ បាន​ជា​យើង​ខ្ញុំ​និយាយ
14 ដោយ​ដឹង​ថា ព្រះ‌អង្គ ដែល​ប្រោស​ព្រះ‌អម្ចាស់​យេស៊ូវ ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ទ្រង់​នឹង​ប្រោស​ឲ្យ​យើង​ខ្ញុំ​រស់​ឡើង​ដែរ ដោយ‌សារ​ព្រះ‌យេស៊ូវ ហើយ​នឹង​នាំ​យើង​ខ្ញុំ​ទៅ​នៅ​ចំពោះ​ទ្រង់​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ដែរ
15 ពី​ព្រោះ​គ្រប់​ទាំង​អស់​សម្រាប់​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​ព្រះ‌គុណ ដែល​ចម្រើន​ឡើង ដោយ‌សារ​មនុស្ស​ជា​ច្រើន បាន​បណ្តាល​ឲ្យ​មាន​សេចក្ដី​អរ​ព្រះ‌គុណ​ចម្រើន​ជា​បរិបូរ​ឡើង ដល់​សិរី‌ល្អ​នៃ​ព្រះ​លើស​ទៅ​ទៀត។
16 ហេតុ​នោះ យើង​ខ្ញុំ​មិន​ណាយ​ចិត្ត​ឡើយ ប៉ុន្តែ ទោះ​បើ​មនុស្ស​ខាង​ក្រៅ​របស់​យើង​ខ្ញុំ កំពុង​តែ​ពុក‌រលួយ​ទៅ​ក៏​ពិត​មែន តែ​នៅ​ខាង​ក្នុង កំពុង​តែ​កែ​ប្រែ​ជា​ថ្មី​ឡើង​រាល់​ថ្ងៃ​ជានិច្ច​វិញ
17 ដ្បិត​សេចក្ដី​ទុក្ខ​លំបាក​យ៉ាង​ស្រាល​របស់​យើង​ខ្ញុំ ដែល​នៅ​តែ​មួយ​ភ្លែត​នេះ នោះ​បង្កើត​ឲ្យ​យើង​ខ្ញុំ​មាន​សិរី‌ល្អ​យ៉ាង​ធ្ងន់​លើស​លប់ ដ៏​នៅ​អស់​កល្ប‌ជានិច្ច​វិញ
18 ដោយ​យើង​ខ្ញុំ​មិន​រាប់​អាន​របស់​ដែល​មើល​ឃើញ​ឡើយ គឺ​រាប់​អាន​តែ​របស់​ដែល​មើល​មិន​ឃើញ​វិញ ដ្បិត​របស់​ដែល​មើល​ឃើញ នោះ​ស្ថិត‌ស្ថេរ​មិន​យូរ​ប៉ុន្មាន​ទេ តែ​ឯ​របស់​ដែល​មើល​មិន​ឃើញ នោះ​នៅ​ស្ថិត‌ស្ថេរ​អស់​កល្ប‌ជានិច្ច​វិញ។


ជំពូក 5

1 ពី​ព្រោះ​យើង​ខ្ញុំ​ដឹង​ថា បើ​ត្រសាល​ដែល​ជា​ទី​លំនៅ​របស់​យើង​ខ្ញុំ នៅ​ផែនដី​នេះ ត្រូវ​បំផ្លាញ​វេលា​ណា នោះ​យើង​ខ្ញុំ​មាន​វិមាន​១ ដែល​មក​ពី​ព្រះ មិន​មែន​ធ្វើ​នឹង​ដៃ​ទេ គឺ​នៅ​លើ​ស្ថាន‌សួគ៌​វិញ ជា​វិមាន​នៅ​ជាប់​អស់​កល្ប‌ជានិច្ច
2 ដ្បិត​នៅ​ក្នុង​ត្រសាល​នេះ យើង​ខ្ញុំ​តែង​តែ​ថ្ងូរ ដោយ​សង្វាត​នឹង​ចង់​ប្រដាប់​ខ្លួន ដោយ​ទី​លំនៅ​របស់​យើង​ខ្ញុំ ជា​ទី​លំនៅ​ដែល​មក​ពី​ស្ថាន‌សួគ៌​ណាស់
3 ឲ្យ​តែ​យើង​ខ្ញុំ​បាន​ប្រដាប់​ខ្លួន​ចុះ ដើម្បី​កុំ​ឲ្យ​មាន​ឃើញ​យើង​ខ្ញុំ​នៅ​អាក្រាត​ឡើយ
4 ដ្បិត​យើង​ខ្ញុំ​ដែល​នៅ​ក្នុង​ត្រសាល​នេះ យើង​ថ្ងូរ​មែន ដោយ​មាន​បន្ទុក​យ៉ាង​ធ្ងន់ ពី​ព្រោះ​យើង​មិន​ចង់​ដោះ​សម្លៀក‌បំពាក់​នេះ​ចេញ​ទេ គឺ​ចង់​តែ​ស្លៀក‌ពាក់​វិញ ដើម្បី​ឲ្យ​ជីវិត​បាន​លេប​របស់ ដែល​តែង​តែ​ស្លាប់ ឲ្យ​បាត់​ទៅ​នោះ
5 រីឯ​អ្នក​ដែល​បាន​បង្កើត​យើង​ខ្ញុំ​សម្រាប់​ការ​នោះ​ឯង ជា​ព្រះ​ដែល​ទ្រង់​ក៏​ប្រទាន​ព្រះ‌វិញ្ញាណ មក​បញ្ចាំ​ចិត្ត​យើង​ខ្ញុំ​ដែរ។
6 ដូច្នេះ យើង​ខ្ញុំ​មាន​ចិត្ត​ជឿ‌ជាក់​ជា​ដរាប ហើយ​ដឹង​ថា ដែល​យើង​ខ្ញុំ​នៅ​ក្នុង​រូប‌កាយ​នេះ នោះ​យើង​ខ្ញុំ​នៅ​ឃ្លាត​ពី​ព្រះ‌អម្ចាស់
7 ដ្បិត​យើង​ខ្ញុំ​ដើរ​ដោយ​ជំនឿ មិន​មែន​ដោយ​មើល​ឃើញ​ទេ
8 ដូច្នេះ យើង​ខ្ញុំ​មាន​ចិត្ត​ជឿ‌ជាក់ ហើយ​ក៏​សុខ​ចិត្ត​ស៊ូ​ចេញ​ពី​រូប‌កាយ​នេះ ទៅ​នៅ​ជា​មួយ​នឹង​ព្រះ‌អម្ចាស់​ជា​ជាង
9 ហេតុ​នោះ​បាន​ជា​យើង​ខ្ញុំ​សង្វាត ឲ្យ​បាន​គាប់​ដល់​ព្រះ‌ហឫទ័យ​ទ្រង់ ទោះ​នៅ​ក្នុង​រូប‌កាយ ឬ​ឃ្លាត​ពី​រូប‌កាយ​ក្តី
10 ដ្បិត​យើង​ទាំង​អស់​គ្នា​ត្រូវ​ទៅ​នៅ​មុខ​ទី​ជំនុំ‌ជម្រះ​របស់​ព្រះ‌គ្រីស្ទ ដើម្បី​ឲ្យ​គ្រប់​គ្នា​បាន​ទទួល​តាម​ការ​ដែល​បាន​ធ្វើ ពី​កាល​នៅ​ក្នុង​រូប‌កាយ​រៀង​ខ្លួន ទោះ​ល្អ​ឬ​អាក្រក់​ក្តី។
11 ដូច្នេះ ដែល​ស្គាល់​សេចក្ដី​ស្ញែង​ខ្លាច​របស់​ព្រះ‌អម្ចាស់ នោះ​យើង​ខ្ញុំ​ក៏​ខំ​បញ្ចុះ​បញ្ចូល​មនុស្ស​ឲ្យ​ជឿ តែ​យើង​ខ្ញុំ​ជា​អ្នក​ប្រាកដ​ច្បាស់​ដល់​ព្រះ​ហើយ ខ្ញុំ​ក៏​សង្ឃឹម​ថា ដល់​បញ្ញា​ចិត្ត​របស់​អ្នក​រាល់​គ្នា​ដែរ
12 ដ្បិត​យើង​ខ្ញុំ​មិន​មែន​ផ្ទុក‌ផ្តាក់​ខ្លួន​នឹង​អ្នក​រាល់​គ្នា​ម្តង​ទៀត​ទេ គឺ​យើង​ខ្ញុំ​ឲ្យ​អ្នក​រាល់​គ្នា​មាន​ឱកាស​នឹង​អួត​ពី​យើង​ខ្ញុំ​វិញ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​ពាក្យ​តប​ឆ្លើយ ដល់​អស់​អ្នក​ដែល​អួត​តែ​ពី​ចរិត​ខាង​ក្រៅ មិន​មែន​ពី​សណ្ឋាន​ក្នុង​ចិត្ត​នោះ​ទេ
13 ដ្បិត​ទោះ​បើ​យើង​ខ្ញុំ​វង្វេង​ស្មារតី​ក្តី នោះ​គឺ​វង្វេង​សម្រាប់​ព្រះ‌អង្គ ឬ​បើ​មាន​គំនិត​នឹង‌ធឹង​ក្តី ក៏​សម្រាប់​អ្នក​រាល់​គ្នា​វិញ
14 ដ្បិត​សេចក្ដី​ស្រឡាញ់​របស់​ព្រះ‌គ្រីស្ទ​បង្ខំ​យើង​ខ្ញុំ ដោយ​យើង​ខ្ញុំ​ពិចារណា​ឃើញ​ថា បើ​ម្នាក់​បាន​ស្លាប់​ជំនួស​អ្នក​ទាំង​អស់​នោះ​ទាំង​អស់​ឈ្មោះ​ថា​បាន​ស្លាប់​ហើយ
15 ទ្រង់​ក៏​បាន​សុគត​ជំនួស​មនុស្ស​ទាំង​អស់​យ៉ាង​នោះ គឺ​ដើម្បី​ឲ្យ​ពួក​អ្នក​ដែល​រស់​នៅ មិន​រស់​សម្រាប់​តែ​ខ្លួន​ឯង​ទៀត គឺ​រស់​សម្រាប់​ព្រះ‌អង្គ ដែល​សុគត​ជំនួស​គេ ហើយ​បាន​រស់​ឡើង​នោះ​វិញ
16 បាន​ជា​ពី​នេះ​ទៅ​មុខ យើង​ខ្ញុំ​មិន​ស្គាល់​អ្នក​ណា​ខាង​ឯ​សាច់​ឈាម​ទៀត​ទេ តែ​បើ​យើង​ខ្ញុំ​បាន​ស្គាល់​ព្រះ‌គ្រីស្ទ​ខាង​សាច់​ឈាម​ហើយ គង់​តែ​ឥឡូវ​នេះ​មិន​ស្គាល់​ទ្រង់​យ៉ាង​នោះ​ទៀត​ឡើយ
17 បាន​ជា​បើ​អ្នក​ណា​នៅ​ក្នុង​ព្រះ‌គ្រីស្ទ នោះ​ឈ្មោះ​ថា​បាន​កើត​ជា​ថ្មី​ហើយ អស់​ទាំង​សេចក្ដី​ចាស់​បាន​កន្លង​បាត់​ទៅ មើល គ្រប់​ទាំង​អស់​បាន​ត្រឡប់​ជា​ថ្មី​វិញ
18 គ្រប់​ទាំង​អស់​ក៏​មក​ពី​ព្រះ ដែល​ទ្រង់​បាន​ផ្សះ‌ផ្សា​យើង​នឹង​ព្រះ‌អង្គ​ទ្រង់ ដោយ‌សារ​ព្រះ‌យេស៊ូវ​គ្រីស្ទ ហើយ​បាន​ប្រទាន​ការ‌ងារ​ផ្សះ‌ផ្សា​នោះ មក​យើង​ខ្ញុំ​ដែរ
19 គឺ​ពី​ដំណើរ​ដែល​ព្រះ‌ទ្រង់​គង់​ក្នុង​ព្រះ‌គ្រីស្ទ កំពុង​ផ្សះ‌ផ្សា​លោកីយ៍​នឹង​ព្រះ‌អង្គ​ទ្រង់ ឥត​ប្រកាន់​ទោស​គេ​ទៀត ហើយ​ទ្រង់​បាន​ប្រគល់​ព្រះ‌បន្ទូល​ពី​ការ​ផ្សះ‌ផ្សា​នោះ​មក​យើង​ខ្ញុំ។
20 ដូច្នេះ យើង​ខ្ញុំ​ជា​ទូត​តំណាង​ព្រះ‌គ្រីស្ទ ហាក់​ដូច​ជា​ព្រះ‌ទ្រង់​អង្វរ​ដោយ‌សារ​យើង​ខ្ញុំ គឺ​យើង​ខ្ញុំ​អង្វរ​គេ​ជំនួស​ព្រះ‌គ្រីស្ទ​ថា ចូរ​ឲ្យ​បាន​ជា​មេត្រី​នឹង​ព្រះ​ចុះ
21 ដ្បិត​ឯ​ព្រះ‌អង្គ ដែល​មិន​បាន​ស្គាល់​បាប​សោះ នោះ​ទ្រង់​បាន​ធ្វើ​ឲ្យ​ត្រឡប់​ជា​តួ​បាប ជំនួស​យើង​រាល់​គ្នា​វិញ ដើម្បី​ឲ្យ​យើង​រាល់​គ្នា​បាន​ត្រឡប់​ទៅ​ជា​សេចក្ដី​សុចរិត​របស់​ព្រះ ដោយ​នូវ​ព្រះ‌អង្គ​នោះ​ឯង។


ជំពូក 6

1 ហើយ​ដែល​យើង​ខ្ញុំ​ធ្វើ​ការ​ជា​មួយ​នឹង​ព្រះ បាន​ជា​យើង​ខ្ញុំ​ទូន្មាន​អ្នក​រាល់​គ្នា​ថា កុំ​ឲ្យ​ទទួល​ព្រះ‌គុណ​របស់​ព្រះ ដោយ​បែប​ឥត​ប្រយោជន៍​ឡើយ
2 ដ្បិត​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា «នៅ​វេលា​ដែល​គាប់​ចិត្ត​ដល់​អញ នោះ​អញ​បាន​ស្តាប់​ឯង ហើយ​ក្នុង​ថ្ងៃ​សង្គ្រោះ នោះ​អញ​បាន​ជួយ​ឯង » មើល​ឥឡូវ​នេះ​ជា​វេលា​ដែល​គាប់​ព្រះ‌ហឫទ័យ​ទ្រង់ មើល ថ្ងៃ​នេះ​ជា​ថ្ងៃ​សង្គ្រោះ​ហើយ
3 យើង​ខ្ញុំ​មិន​បង្អាក់‌បង្អន់​ចិត្ត​ដល់​អ្នក​ណា​ក្នុង​កិច្ច‌ការ​អ្វី​ឡើយ ក្រែង​មាន​អ្នក​ណា​ថ្កោល​ទោស​ចំពោះ​ការ‌ងារ​នេះ
4 ក្នុង​គ្រប់​ការ​ទាំង​អស់ នោះ​យើង​ខ្ញុំ​ខំ​ផ្ទុក‌ផ្តាក់​ខ្លួន ទុក​ដូច​ជា​អ្នក​បម្រើ​ព្រះ គឺ​ក្នុង​ការ​ទ្រាំ‌ទ្រ​ជា​ច្រើន ក្នុង​ការ​ទុក្ខ​លំបាក ការ​ខ្វះ​ខាត ការ​ចង្អៀត‌ចង្អល់
5 កាល​គេ​វាយ ដាក់​គុក កើត​វឹកវរ ក្នុង​ការ​នឿយ​ហត់ ចាំ​យាម តម​អត់
6 ដោយ​ចិត្ត​ស្អាត ដោយ​ចេះ​ដឹង ដោយ​អត់​ធ្មត់ ដោយ​សប្បុរស ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ដោយ​សេចក្ដី​ស្រឡាញ់​ស្មោះ‌ត្រង់
7 ដោយ‌សារ​ព្រះ‌បន្ទូល​ដ៏​ពិត ដោយ​ព្រះ‌ចេស្តា​នៃ​ព្រះ ដោយ​កាន់​គ្រឿង​សស្ត្រា‌វុធ​សុចរិត ទាំង​ស្តាំ​ទាំង​ឆ្វេង
8 ដោយ​មាន​កេរ្តិ៍​ឈ្មោះ ហើយ​ត្រូវ​អាប់‌ឱន ដោយ​គេ​និយាយ​អាក្រក់ ឬ​ល្អ​ក្តី ទុក​ដូច​ជា​មនុស្ស​កំភូត តែ​ពិត​ត្រង់​ទេ
9 ដូច​ជា​គ្មាន​អ្នក​ណា​ស្គាល់​យើង​ខ្ញុំ តែ​មនុស្ស​ទាំង​អស់​បាន​ស្គាល់​វិញ ដូច​ជា​ហៀប​នឹង​ស្លាប់ តែ​មើល យើង​ខ្ញុំ​រស់​ទេ ដូច​ជា​ត្រូវ​វាយ‌ផ្ចាល តែ​មិន​បាន​ដល់​ស្លាប់​ទេ
10 ដូច​ជា​មាន​សេចក្ដី​ព្រួយ តែ​ចេះ​តែ​បាន​សប្បាយ​វិញ ដូច​ជា​ទ័ល‌ក្រ តែ​កំពុង​តែ​ចម្រើន​ដល់​មនុស្ស​ជា​ច្រើន ដូច​ជា​គ្មាន​អ្វី​សោះ តែ​មាន​គ្រប់​ទាំង​អស់​វិញ។
11 ឱ​ពួក​កូរិន‌ថូស​អើយ មាត់​យើង​ខ្ញុំ​បើក​ចំពោះ​អ្នក​រាល់​គ្នា​ហើយ ចិត្ត​យើង​ខ្ញុំ​បាន​ទូលាយ​ឡើង
12 អ្នក​រាល់​គ្នា​មិន​ចង្អៀត​ក្នុង​យើង​ខ្ញុំ​ទេ គឺ​ចង្អៀត​តែ​ក្នុង​ចិត្ត​របស់​អ្នក​រាល់​គ្នា​វិញ
13 ខ្ញុំ​និយាយ​នឹង​អ្នក​រាល់​គ្នា ទុក​ដូច​ជា​ដល់​កូន​ថា ចូរ​សង​ដូច​គ្នា​វិញ ដោយ​បើក​ចិត្ត​ឲ្យ​ទូលាយ​ឡើង​ដូច្នោះ​ដែរ។
14 កុំ​ឲ្យ​ទឹម​នឹម​ស្រៀក ជា​១​នឹង​មនុស្ស​មិន​ជឿ​ឡើយ ដ្បិត​ឯ​សេចក្ដី​សុចរិត និង​សេចក្ដី​ទទឹង​ច្បាប់ តើ​មាន​ការ​ប្រកប​អ្វី​នឹង​គ្នា ឬ​ពន្លឺ និង​ងងឹត លាយ‌ឡំ​គ្នា​ដូច​ម្តេច​បាន
15 តើ​ព្រះ‌គ្រីស្ទ និង​អារក្ស​បេ‌លាល​ត្រូវ​អ្វី​នឹង​គ្នា ឬ​អ្នក​ជឿ​មាន​ចំណែក​អ្វី​នឹង​អ្នក​ដែល​មិន​ជឿ
16 តើ​វិហារ​នៃ​ព្រះ​សំណំ​អ្វី​នឹង​រូប​ព្រះ ដ្បិត​អ្នក​រាល់​គ្នា​ជា​វិហារ​នៃ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់ ដូច​ជា​ព្រះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា «អញ​នឹង​នៅ​ក្នុង​គេ ហើយ​និង​ដើរ​ជា​មួយ​ផង អញ​នឹង​ធ្វើ​ជា​ព្រះ​ដល់​គេ ហើយ​គេ​នឹង​ធ្វើ​ជា​រាស្ត្រ​ដល់​អញ»
17 ហេតុ​នោះ​បាន​ជា​ព្រះ‌អម្ចាស់​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា «ចូរ​ចេញ​ពី​កណ្តាល​ពួក​គេ​ទៅ ហើយ​ញែក​ខ្លួន​ទៅ​ដោយ‌ឡែក កុំ​ឲ្យ​ពាល់​របស់​ស្មោក‌គ្រោក​ឡើយ នោះ​អញ​នឹង​ទទួល​ឯង​រាល់​គ្នា
18 អញ​នឹង​ធ្វើ​ជា​ឪពុក​ដល់​ឯង​រាល់​គ្នា ហើយ​ឯង​រាល់​គ្នា​នឹង​ធ្វើ​ជា​កូន​ប្រុស​កូន​ស្រី​ដល់​អញ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​ដ៏​មាន​ព្រះ‌ចេស្តា​បំផុត» ។


ជំពូក 7

1 ដូច្នេះ ពួក​ស្ងួន‌ភ្ងា​អើយ ដែល​មាន​សេចក្ដី​សន្យា​ទាំង​នេះ នោះ​ត្រូវ​ឲ្យ​យើង​រាល់​គ្នា​សម្អាត​ខ្លួន​យើង ពី​គ្រប់​ទាំង​សេចក្ដី​ដែល​ប្រឡាក់​ខាង​សាច់​ឈាម​ចេញ ហើយ​ខាង​ព្រលឹង​វិញ្ញាណ​ផង ព្រម​ទាំង​បង្ហើយ​សេចក្ដី​បរិសុទ្ធ ដោយ​នូវ​សេចក្ដី​កោត‌ខ្លាច​ដល់​ព្រះ។
2 ចូរ​ទទួល​យើង​ខ្ញុំ យើង​ខ្ញុំ​មិន​បាន​ធ្វើ​ខុស​នឹង​អ្នក​ណា ក៏​មិន​បាន​បង្ខូច​អ្នក​ណា ឬ​បំបាត់​អ្នក​ណា​សោះ​ឡើយ
3 ខ្ញុំ​និយាយ​ដូច្នេះ មិន​មែន​ចង់​ប្រកាន់​ទោស​ដល់​អ្នក​ណា​ទេ ដ្បិត​ខ្ញុំ​បាន​និយាយ​អំពី​មុន​រួច​ហើយ​ថា អ្នក​រាល់​គ្នា​នៅ​ក្នុង​ចិត្ត​យើង​ខ្ញុំ ឲ្យ​បាន​ស្លាប់​ឬ​រស់​ជា​មួយ​គ្នា
4 ខ្ញុំ​ទុក​ចិត្ត​នឹង​អ្នក​រាល់​គ្នា​ជា​ខ្លាំង​ខ្ញុំ​អួត​ពី​អ្នក​រាល់​គ្នា​ជា​ខ្លាំង​ដែរ ខ្ញុំ​មាន​ចិត្ត​ពេញ​ដោយ​សេចក្ដី​ក្សេម‌ក្សាន្ត ខ្ញុំ​មាន​សេចក្ដី​អំណរ​លើស​លប់ ពី​គ្រប់​ទាំង​សេចក្ដី​វេទនា​របស់​យើង​ខ្ញុំ
5 ដ្បិត​កាល​យើង​ខ្ញុំ​បាន​ចូល​ទៅ​ក្នុង​ស្រុក​ម៉ាសេដូន នោះ​យើង​ខ្ញុំ​ឥត​មាន​សេចក្ដី​ស្រាក‌ស្រាន្ត ខាង​សាច់​ឈាម​សោះ មាន​សុទ្ធ​តែ​សេចក្ដី​លំបាក​វិញ គឺ​នៅ​ខាង​ក្រៅ​មាន​សេចក្ដី​តតាំង ហើយ​ខាង​ក្នុង​មាន​សេចក្ដី​ភ័យ​ខ្លាច
6 តែ​ព្រះ‌អង្គ​ដែល​កំសាន្ត​ចិត្ត​ពួក​អ្នក​ដែល​ត្រូវ​បន្ទាប ទ្រង់​ក៏​បាន​កំសាន្ត​ចិត្ត​យើង​ខ្ញុំ ដោយ​អ្នក​ទីតុស​មក​ដល់
7 មិន​មែន​ដោយ​គាត់​មក​ដល់​តែ​ប៉ុណ្ណោះ គឺ​ដោយ​ព្រោះ​សេចក្ដី​ក្សេម‌ក្សាន្ត ដែល​បាន​កំសាន្ត​ចិត្ត​គាត់ ពី​ដំណើរ​អ្នក​រាល់​គ្នា​ដែរ គាត់​បាន​ប្រាប់​ពី​សេចក្ដី​សង្វាត សេចក្ដី​ទុក្ខ​ព្រួយ និង​សេចក្ដី​ឧស្សាហ៍​របស់​អ្នក​រាល់​គ្នា​ដល់​ខ្ញុំ បាន​ជា​ខ្ញុំ​មាន​ចិត្ត​អរ​រឹត​តែ​ខ្លាំង​ឡើង
8 ដ្បិត​បើ​សិន​ជា​ខ្ញុំ​បាន​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ព្រួយ​ចិត្ត ដោយ​សំបុត្រ​នោះ ខ្ញុំ​ក៏​មិន​ស្តាយ​ដែរ ទោះ​បើ​បាន​ស្តាយ​ពី​មុន​ក៏​មែន ព្រោះ​ខ្ញុំ​ឃើញ​ថា សំបុត្រ​នោះ​បាន​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ព្រួយ សូម្បី​តែ​១​ភ្លែត​ក៏​មែន
9 គង់​តែ​ខ្ញុំ​អរ​ក្នុង​ពេល​ឥឡូវ​នេះ​វិញ មិន​មែន​ដោយ​ព្រោះ​អ្នក​រាល់​គ្នា​កើត​ទុក្ខ​ព្រួយ​ទេ គឺ​ដោយ​ព្រោះ​អ្នក​រាល់​គ្នា​ព្រួយ រហូត​ដល់​បាន​ប្រែ​ចិត្ត​វិញ​ទេ​តើ ដ្បិត​អ្នក​រាល់​គ្នា​បាន​កើត​ទុក្ខ​ព្រួយ​បែប​ដែល​គាប់​ព្រះ‌ហឫទ័យ​ដល់​ព្រះ ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ខូច​ខាត​អ្វី ដោយ​ព្រោះ​យើង​ខ្ញុំ​ឡើយ
10 ព្រោះ​សេចក្ដី​ព្រួយ​ដែល​គាប់​ព្រះ‌ហឫទ័យ​ដល់​ព្រះ នោះ​រមែង​នាំ​ឲ្យ​ប្រែ​ចិត្ត​ឡើង ប្រយោជន៍​ឲ្យ​បាន​សង្គ្រោះ ជា​សេចក្ដី​ដែល​មិន​ត្រូវ​ស្តាយ​ឡើយ តែ​សេចក្ដី​ព្រួយ​របស់​លោកីយ៍ នោះ​បង្កើត​សេចក្ដី​ស្លាប់​វិញ
11 ដ្បិត​មើល សេចក្ដី​នេះ​ឯង គឺ​ដែល​អ្នក​រាល់​គ្នា​មាន​សេចក្ដី​ព្រួយ​ដ៏​គាប់​ដល់​ព្រះ‌ហឫទ័យ​នៃ​ព្រះ នោះ​បាន​បង្កើត​ឲ្យ​អ្នក​រាល់​គ្នា​មាន​សេចក្ដី​សង្វាត សេចក្ដី​ដោះ​សា សេចក្ដី​គ្នាន់‌ក្នាញ់ សេចក្ដី​ភ័យ​ខ្លាច សេចក្ដី​នឹក​រឭក សេចក្ដី​ឧស្សាហ៍ និង​សេចក្ដី​សង‌សឹក​ជា​ខ្លាំង​ទាំង​ម៉្លេះ អ្នក​រាល់​គ្នា​បាន​សម្ដែង​យ៉ាង​ច្បាស់​ថា ខ្លួន​បរិសុទ្ធ​ក្នុង​ដំណើរ​នេះ​គ្រប់​ជំពូក។
12 ដូច្នេះ ដែល​ខ្ញុំ​បាន​ធ្វើ​សំបុត្រ​នេះ ផ្ញើ​មក​អ្នក​រាល់​គ្នា នោះ​មិន​មែន​ដោយ​ព្រោះ​តែ​អ្នក​ដែល​ធ្វើ​ខុស ឬ​ដោយ​ព្រោះ​អ្នក​ដែល​ត្រូវ​គេ​ធ្វើ​ខុស​នោះ​ទេ គឺ​ដើម្បី​នឹង​សម្ដែង ឲ្យ​ឃើញ​សេចក្ដី​សង្វាត​របស់​អ្នក​រាល់​គ្នា ដល់​យើង​ខ្ញុំ នៅ​ចំពោះ​ព្រះ​ទេ​តើ
13 ហេតុ​នោះ​បាន​ជា​យើង​ខ្ញុំ​បាន​សេចក្ដី​ក្សាន្ត​ចិត្ត ដោយ‌សារ​សេចក្ដី​កំសាន្ត​របស់​អ្នក​រាល់​គ្នា ក៏​មាន​សេចក្ដី​អំណរ​លើស​ទៅ​ទៀត ដោយ​ឃើញ​សេចក្ដី​អំណរ​របស់​ទីតុស ដ្បិត​អ្នក​រាល់​គ្នា​បាន​លំហើយ​ចិត្ត​គាត់
14 ពី​ព្រោះ​បើ​សិន​ជា​ខ្ញុំ​បាន​អួត​នឹង​គាត់ ពី​ដំណើរ​អ្នក​រាល់​គ្នា​យ៉ាង​ណា​ខ្លះ នោះ​ខ្ញុំ​មិន​ខ្មាស​ទេ ព្រោះ​សេចក្ដី​ដែល​យើង​ខ្ញុំ​បាន​អួត​នឹង​ទីតុស ពី​អ្នក​រាល់​គ្នា នោះ​ឃើញ​ថា​ពិត​មែន ដូច​ជា​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​យើង​ខ្ញុំ​បាន​ប្រាប់​ដល់​អ្នក​រាល់​គ្នា​ក៏​ពិត​ដែរ
15 ហើយ​គាត់​មាន​ចិត្ត​ស្រឡាញ់​ដល់​អ្នក​រាល់​គ្នា​លើស​ទៅ​ទៀត ដោយ​នឹក​ឃើញ​ពី​អ្នក​រាល់​គ្នា​ចុះ​ចូល​តាម ហើយ​ដែល​ទទួល​គាត់​ដោយ​ភ័យ​ខ្លាច ហើយ​ញាប់‌ញ័រ
16 ខ្ញុំ​ត្រេក‌អរ​ណាស់ ពី​ព្រោះ​ខ្ញុំ​ទុក​ចិត្ត​នឹង​អ្នក​រាល់​គ្នា ក្នុង​គ្រប់​ការ​ទាំង​អស់។


ជំពូក 8

1 បង​ប្អូន​អើយ យើង​ខ្ញុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ពី​ព្រះ‌គុណ​នៃ​ព្រះ ដែល​បាន​ផ្តល់​មក​ពួក​ជំនុំ​ទាំង​ប៉ុន្មាន នៅ​ស្រុក​ម៉ាសេដូន​ថា
2 កាល​មាន​សេចក្ដី​ទុក្ខ​លំបាក​កំពុង​តែ​ល្បង​គេ​ជា​ខ្លាំង នោះ​សេចក្ដី​អំណរ​ជា​បរិបូរ និង​សេចក្ដី​កំសត់​ទុគ៌ត​របស់​គេ បាន​បណ្តាល​ឲ្យ​គេ​មាន​ចិត្ត​សទ្ធា​ដ៏​លើស​លប់​វិញ
3 ដ្បិត​ខ្ញុំ​ធ្វើ​បន្ទាល់​ថា គេ​ស្ម័គ្រ​ចិត្ត​តាម​កម្លាំង​គេ ហើយ​ហួស​កម្លាំង​គេ​ផង
4 ក៏​សូម​យើង​ខ្ញុំ​ដោយ​ពាក្យ​ទទូច​អង្វរ ឲ្យ​យើង​ខ្ញុំ​ទទួល​យក​ទាន របស់​គេ​នេះ ដែល​ជា​សេចក្ដី​ប្រកប​ក្នុង​ការ‌ងារ​សម្រាប់​ពួក​បរិសុទ្ធ
5 មិន​មែន​ដូច​ជា​យើង​ខ្ញុំ​បាន​សង្ឃឹម​តែ​ប៉ុណ្ណោះ​ទេ គឺ​គេ​បាន​ប្រគល់​ខ្លួន​គេ​ទៅ​ព្រះ‌អម្ចាស់​ជា​មុន​ដំបូង ហើយ​ដល់​យើង​ខ្ញុំ​ថែម​ទៀត តាម​បំណង​ព្រះ‌ហឫទ័យ​ព្រះ
6 បាន​ជា​យើង​ខ្ញុំ​ទូន្មាន​ទីតុស តាម​ការ​ដែល​គាត់​បាន​ចាប់​ផ្តើម​ធ្វើ​ហើយ ឲ្យ​គុណ​នេះ​បាន​ពេញ​ខ្នាត នៅ​ក្នុង​ពួក​អ្នក​រាល់​គ្នា​ដែរ
7 ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ធ្វើ​គុណ​នេះ​រឹត​តែ​ច្រើន​ឡើង ដូច​ជា​បាន​ចម្រើន​ក្នុង​គ្រប់​សេចក្ដី​ឯ​ទៀត គឺ​ក្នុង​សេចក្ដី​ជំនឿ ពាក្យ​សំដី ចំណេះ សេចក្ដី​ឧស្សាហ៍​គ្រប់​Chapter ហើយ​ក្នុង​សេចក្ដី​ស្រឡាញ់​របស់​អ្នក​រាល់​គ្នា ដល់​យើង​ខ្ញុំ​ដែរ
8 ខ្ញុំ​និយាយ​ដូច្នេះ មិន​មែន​ជា​ពាក្យ​បង្គាប់​ទេ គឺ​ចង់​តែ​យក​សេចក្ដី​ឧស្សាហ៍​របស់​គេ មក​ល្បង​ល​មើល​ចំពោះ​សេចក្ដី​ស្រឡាញ់​របស់​អ្នក​រាល់​គ្នា តើ​ពិត​ត្រង់​ឬ​ទេ​ប៉ុណ្ណោះ
9 ដ្បិត​អ្នក​រាល់​គ្នា​បាន​ស្គាល់​ព្រះ‌គុណ​នៃ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា​ហើយ ថា​ទោះ​បើ​ទ្រង់​ជា​សេដ្ឋី​ក៏​ដោយ គង់​តែ​ទ្រង់​បាន​ត្រឡប់​ជា​ក្រ ដោយ​ព្រោះ​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​មាន​ឡើង ដោយ‌សារ​សេចក្ដី​កម្រ​របស់​ទ្រង់
10 ខ្ញុំ​សម្ដែង​គំនិត​ខ្ញុំ​ក្នុង​ការ​នេះ​ដែរ ដ្បិត​នោះ​មាន​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា ដែល​អ្នក​រាល់​គ្នា​មិន​គ្រាន់​តែ​ចាប់​ផ្តើម​ធ្វើ​តែ​ប៉ុណ្ណោះ គឺ​មាន​ទាំង​ចិត្ត​ប្រាថ្នា​ចង់​ធ្វើ តាំង​តែ​ពី​ឆ្នាំ​មុន​មក​ហើយ​ផង
11 ឥឡូវ​នេះ ចូរ​បំពេញ​ការ​នោះ​ចុះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​បំពេញ​តាម​ដែល​មាន​ដូច​ជា​បំណង ដែល​អ្នក​រាល់​គ្នា​ប្រុង​ប្រៀប​នឹង​ធ្វើ​មក​ហើយ​នោះ​ដែរ
12 ដ្បិត​បើ​សិន​ជា​ប្រុង​ប្រៀប​នឹង​ធ្វើ​ហើយ នោះ​ព្រះ‌ទ្រង់​ទទួល​អ្នក​តាម​ដែល​មាន មិន​មែន​តាម​ដែល​គ្មាន​នោះ​ទេ
13 ការ​នោះ​មិន​មែន​ដើម្បី​ឲ្យ​អ្នក​ឯ​ទៀត​បាន​ទំនេរ ហើយ​ឲ្យ​អ្នក​រាល់​គ្នា​មាន​សេចក្ដី​លំបាក​នោះ​ទេ គឺ​ឲ្យ​បាន​ស្មើ​គ្នា​វិញ ឲ្យ​សេចក្ដី​បរិបូរ​របស់​អ្នក​រាល់​គ្នា​ក្នុង​ជាន់​នេះ​បាន​បំពេញ​ការ​ដែល​គេ​ខ្វះ​ខាត
14 ដើម្បី​កាល​ណា​គេ​មាន​បរិបូរ នោះ​នឹង​បាន​បំពេញ​ការ ដែល​អ្នក​រាល់​គ្នា​ខ្វះ​ខាត​វិញ ប្រយោជន៍​ឲ្យ​បាន​ស្មើ​គ្នា​ឡើង
15 ដូច​ជា​សេចក្ដី​ដែល​ចែង​ទុក​មក​ថា «អ្នក​ណា​ដែល​រើស​បាន​ច្រើន នោះ​គ្មាន​សល់​ឡើយ ឯ​អ្នក​ដែល​រើស​បាន​តិច នោះ​មិន​បាន​ខ្វះ​ទេ» ។
16 អរ​ព្រះ‌គុណ​ដល់​ព្រះ ដែល​ទ្រង់​បាន​បណ្តាល​ចិត្ត​ទីតុស ឲ្យ​មាន​សេចក្ដី​ឧស្សាហ៍​នោះ ដល់​អ្នក​រាល់​គ្នា​ដែរ
17 គាត់​បាន​ទទួល​សេចក្ដី​ទូន្មាន​នោះ តែ​ដោយ​ព្រោះ​គាត់​មាន​សេចក្ដី​ឧស្សាហ៍​លើស​ទៅ​ទៀត បាន​ជា​គាត់​មក​ឯ​អ្នក​រាល់​គ្នា តាម​បំណង​ចិត្ត​គាត់​វិញ
18 ហើយ​យើង​ខ្ញុំ​បាន​ចាត់​បង​ប្អូន​ម្នាក់ ឲ្យ​មក​ជា​មួយ​ដែរ អ្នក​នោះ​ក៏​មាន​ល្បី​ឈ្មោះ​ក្នុង​ដំណឹង​ល្អ នៅ​គ្រប់​ទាំង​ពួក​ជំនុំ
19 មិន​តែ​ប៉ុណ្ណោះ ពួក​ជំនុំ​ទាំង​ប៉ុន្មាន​ក៏​រើស​អ្នក​នោះ ឲ្យ​បាន​ដើរ​ដំណើរ​ជា​មួយ​នឹង​យើង​ខ្ញុំ ក្នុង​ការ​ធ្វើ​ទាន​នេះ​ដែរ ជា​ការ​ដែល​យើង​ខ្ញុំ​ទទួល​រ៉ាប់រង សម្រាប់​ជា​សិរី‌ល្អ​ដល់​ព្រះ‌អម្ចាស់ ហើយ​ដើម្បី​នឹង​សម្ដែង​សេចក្ដី​ប្រុង​ប្រៀប​របស់​អ្នក​រាល់​គ្នា
20 ព្រម​ទាំង​ខំ​ចៀស​វាង មិន​ឲ្យ​គេ​បន្ទោស​យើង​ខ្ញុំ ពី​ដំណើរ​ទាន​ដ៏​បរិបូរ​នេះ ដែល​យើង​ខ្ញុំ​ទទួល​រ៉ាប់រង​ឡើយ
21 ដ្បិត​យើង​ខ្ញុំ​ខំ​ធ្វើ​ការ​ល្អ មិន​មែន​នៅ​ចំពោះ​ព្រះ‌អម្ចាស់​តែ​ប៉ុណ្ណោះ គឺ​នៅ​ចំពោះ​មនុស្ស​លោក​ដែរ
22 យើង​ខ្ញុំ​ក៏​ចាត់​បង​ប្អូន​ម្នាក់ ឲ្យ​ទៅ​ជា​មួយ​នឹង​គេ ជា​អ្នក​ដែល​យើង​ខ្ញុំ​បាន​ល​មើល​ជា​ញឹក‌ញយ ហើយ​ក៏​ឃើញ​ថា មាន​សេចក្ដី​ឧស្សាហ៍​ក្នុង​ការ​ជា​ច្រើន ហើយ​ឥឡូវ​នេះ គាត់​មាន​ចិត្ត​ឧស្សាហ៍​លើស​ទៅ​ទៀត ដោយ​ទុក​ចិត្ត​នឹង​អ្នក​រាល់​គ្នា​ជា​ខ្លាំង
23 រីឯ​ទីតុស គាត់​ជា​គូ‌កន​ធ្វើ​ការ​ជា​មួយ​នឹង​ខ្ញុំ នៅ​ចំពោះ​អ្នក​រាល់​គ្នា ឯ​ពួក​បង​ប្អូន​យើង​ខ្ញុំ​ឯ​ទៀត​នោះ គេ​ជា​ពួក​អ្នក​ដែល​ពួក​ជំនុំ​ទាំង​ប៉ុន្មាន​ចាត់​ឲ្យ​ធ្វើ​ការ ហើយ​ជា​សិរី‌ល្អ​នៃ​ព្រះ‌គ្រីស្ទ
24 ដូច្នេះ ចូរ​សម្ដែង​ភស្តុ‌តាង​ពី​សេចក្ដី​ស្រឡាញ់​របស់​អ្នក​រាល់​គ្នា ហើយ​ពី​សេចក្ដី​ដែល​យើង​ខ្ញុំ​បាន​អួត​ពី​អ្នក​រាល់​គ្នា​ចុះ ឲ្យ​អ្នក​ទាំង​នោះ​បាន​ឃើញ ព្រម​ទាំង​នៅ​មុខ​ពួក​ជំនុំ​ទាំង​អស់​ផង។


ជំពូក 9

1 ឯ​ត្រង់​ការ​ជំនួយ​ជួយ​ដល់​ពួក​បរិសុទ្ធ នោះ​មិន​ចាំ​បាច់​ឲ្យ​ខ្ញុំ​សរសេរ ផ្ញើ​មក​អ្នក​រាល់​គ្នា​ទេ
2 ដ្បិត​ខ្ញុំ​ស្គាល់​សេចក្ដី​ប្រុង​ប្រៀប​របស់​អ្នក​រាល់​គ្នា​ហើយ ក៏​បាន​អួត​ដល់​ពួក​ស្រុក​ម៉ាសេដូន ពី​អ្នក​រាល់​គ្នា​ខាង​ឯ​ដំណើរ​នោះ​ដែរ​ថា ពួក​ស្រុក​អាខៃ​បាន​ប្រុង​ប្រៀប​ជា​ស្រេច តាំង​តែ​ពី​ឆ្នាំ​មុន​មក ហើយ​សេចក្ដី​ឧស្សាហ៍​របស់​អ្នក​រាល់​គ្នា​បាន​បណ្តាល​ចិត្ត​មនុស្ស​ជា​ច្រើន
3 ខ្ញុំ​ក៏​បាន​ចាត់​ពួក​បង​ប្អូន​នោះ​មក ក្រែង​សេចក្ដី​អំនួត​ដែល​យើង​ខ្ញុំ​អួត​ពី​អ្នក​រាល់​គ្នា​ក្នុង​ដំណើរ​នោះ បាន​ទៅ​ជា​ឥត​ប្រយោជន៍​វិញ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​រៀប‌ចំ​ជា​ស្រេច ដូច​ជា​ខ្ញុំ​បាន​និយាយ​មក​ហើយ
4 ក្រែង​មាន​ពួក​ស្រុក​ម៉ាសេដូន​មក​ជា​មួយ​នឹង​ខ្ញុំ​វេលា​ណា មិន​ឃើញ​អ្នក​រាល់​គ្នា​បាន​រៀប‌ចំ​ទេ នោះ​មិន​ចាំ​ថា​តែ​អ្នក​រាល់​គ្នា​នឹង​ខ្មាស​ប៉ុណ្ណោះ គឺ​យើង​ខ្ញុំ​ក៏​នឹង​ខ្មាស​ពី​សេចក្ដី​អំនួត ដែល​យើង​ខ្ញុំ​អួត ដោយ​ទុក​ចិត្ត​នឹង​អ្នក​រាល់​គ្នា​ថែម​ទៀត​ផង
5 ដូច្នេះ ខ្ញុំ​បាន​រាប់​ថា គួរ​នឹង​ទូន្មាន​ពួក​បង​ប្អូន​នោះ ឲ្យ​មក​ឯ​អ្នក​រាល់​គ្នា​ជា​មុន ដើម្បី​នឹង​បំពេញ​គុណ​អ្នក​រាល់​គ្នា​នោះ ឲ្យ​បាន​ហើយ​ជា​មុន ដូច​ជា​បាន​ប្រាប់​តាំង​ពី​មុន​មក​ដែរ ប្រយោជន៍​ឲ្យ​បាន​រាប់​ជា​គុណ​នៃ​អ្នក​រាល់​គ្នា​ពិត មិន​មែន​ដូច​ជា​យើង​ខ្ញុំ​បោក​យក​ទេ។
6 ខ្ញុំ​ចង់​និយាយ​ដូច្នេះ គឺ​ថា អ្នក​ណា​ដែល​ព្រោះ​ដោយ​កំណាញ់ នោះ​នឹង​ច្រូត​បាន​តិច ហើយ​អ្នក​ណា​ដែល​ព្រោះ​ដោយ​សទ្ធា នោះ​នឹង​ច្រូត​បាន​ច្រើន​វិញ
7 ចូរ​ឲ្យ​គ្រប់​គ្នា​ធ្វើ​តាម​ដែល​សម្រេច​ក្នុង​ចិត្ត​ចុះ មិន​មែន​ដោយ​ស្តាយ ឬ​ដោយ​បង្ខំ​ឡើយ ដ្បិត​ព្រះ‌ទ្រង់​ស្រឡាញ់​ដល់​អ្នក​ណា​ដែល​ថ្វាយ​ដោយ​អំណរ
8 ហើយ​ព្រះ‌ទ្រង់​អាច​នឹង​ធ្វើ​ឲ្យ​គ្រប់​ទាំង​ព្រះ‌គុណ​បាន​ចម្រើន​ដល់​អ្នក​រាល់​គ្នា ប្រយោជន៍​ឲ្យ​មាន​ទាំង​អស់​គ្រប់​គ្រាន់​ជានិច្ច ដើម្បី​ឲ្យ​បាន​ចម្រើន​ឡើង ខាង​ឯ​ការ​ល្អ​គ្រប់​Chapter
9 ដូច​សេចក្ដី​ដែល​ចែង​ទុក​មក​ថា «ទ្រង់​បាន​ចែក​សុស‌សាយ ទ្រង់​បាន​ប្រទាន​ទៅ​ពួក​ទ័ល‌ក្រ សេចក្ដី​សុចរិត​ទ្រង់​នៅ​ជាប់​អស់​កល្ប‌ជានិច្ច»
10 រីឯ​ព្រះ​ដែល​ទ្រង់​ផ្គត់‌ផ្គង់​ពូជ សម្រាប់​អ្នក​ដែល​ព្រោះ និង​អាហារ​សម្រាប់​បរិភោគ​ផង នោះ​ទ្រង់​នឹង​ផ្គត់‌ផ្គង់ ហើយ​ចម្រើន​ពូជ​ដែល​អ្នក​រាល់​គ្នា​ព្រោះ​នោះ​ដែរ ព្រម​ទាំង​ចម្រើន​ផល​ពី​ការ​សុចរិត របស់​អ្នក​រាល់​គ្នា​ផង
11 ដូច្នេះ អ្នក​រាល់​គ្នា​នឹង​បាន​ចម្រើន​កាន់​តែ​ច្រើន​ឡើង​គ្រប់​Chapter សម្រាប់​ជា​ការ​សទ្ធា​គ្រប់​យ៉ាង ដែល​នឹង​បង្កើត​សេចក្ដី​អរ​ព្រះ‌គុណ​ដល់​ព្រះ ដោយ‌សារ​យើង​រាល់​គ្នា
12 ពី​ព្រោះ​ការ​ជំនួយ​ជួយ​ពួក​បរិសុទ្ធ​នេះ មិន​មែន​គ្រាន់​តែ​បំពេញ​សេចក្ដី​ដែល​គេ​ត្រូវ​ការ​ប៉ុណ្ណោះ គឺ​បាន​ចម្រើន​ឡើង​ជា​ហូរ‌ហៀរ​ដល់​ព្រះ​ដែរ ដោយ‌សារ​ពាក្យ​គេ​អរ​ព្រះ‌គុណ​ជា​ច្រើន
13 ហើយ​ដោយ​គេ​ឃើញ​ភស្តុ‌តាង​ពី​ការ​ជំនួយ​នេះ នោះ​គេ​សរសើរ‌តម្កើង​ដល់​ព្រះ ដោយ​ព្រោះ​អ្នក​រាល់​គ្នា​សម្ដែង​ច្បាស់​ថា ខ្លួន​ជា​អ្នក​ចុះ​ចូល​តាម​ដំណឹង​ល្អ​នៃ​ព្រះ‌គ្រីស្ទ​ពិត ហើយ​ដោយ​ព្រោះ​ការ​សទ្ធា​ដែល​អ្នក​រាល់​គ្នា​ផ្ញើ​ទៅ​គេ និង​មនុស្ស​ទាំង​អស់​ផង
14 គេ​ក៏​អធិស្ឋាន​ឲ្យ​អ្នក​រាល់​គ្នា ដោយ​ស្រឡាញ់​ជា​ខ្លាំង ដោយ​ព្រោះ​ព្រះ‌គុណ​នៃ​ព្រះ​ដ៏​លើស​លប់ ដែល​សណ្ឋិត​លើ​អ្នក​រាល់​គ្នា
15 អរ​ព្រះ‌គុណ​ដល់​ព្រះ‌អង្គ ដោយ​ព្រោះ​អំណោយ​ទាន​ទ្រង់​ដ៏​រក​ថ្លែង​ពុំ​បាន។


ជំពូក 10

1 ឯ​ប៉ុល​ខ្ញុំ ដែល​កាល​ណា​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា នោះ​មាន​ឫកពា​ជា​ថោក​ទាប តែ​កាល​ណា​ឃ្លាត​ចេញ​ពី​អ្នក​រាល់​គ្នា​ទៅ នោះ​មាន​សេចក្ដី​ក្លាហាន​ចំពោះ​អ្នក​រាល់​គ្នា​វិញ ខ្ញុំ​ទូន្មាន​អ្នក​រាល់​គ្នា ដោយ​សេចក្ដី​សុភាព និង​សេចក្ដី​សំឡូត​របស់​ព្រះ‌គ្រីស្ទ
2 ក៏​អង្វរ​អ្នក​រាល់​គ្នា​ថា កាល​ណា​ខ្ញុំ​មក​ឯ​អ្នក​រាល់​គ្នា នោះ​កុំ​ឲ្យ​ខ្ញុំ​ត្រូវ​មាន​សេចក្ដី​ក្លាហាន​តាម​ដែល​ខ្ញុំ​សម្រេច​ថា នឹង​មាន​ចំពោះ​អ្នក​ខ្លះ ដែល​ស្មាន​ថា​យើង​ខ្ញុំ​ដើរ​តាម​សាច់​ឈាម​នោះ​ឡើយ
3 ដ្បិត​ទោះ​បើ​យើង​ខ្ញុំ​ដើរ​ក្នុង​សាច់​ឈាម​មែន គង់​តែ​មិន​ត‌យុទ្ធ​តាម​សាច់​ឈាម​ទេ
4 ព្រោះ​គ្រឿង​សស្ត្រា‌វុធ​ពិជ័យ​សង្គ្រាម​របស់​យើង​ខ្ញុំ មិន​មែន​ជា​របស់​ខាង​សាច់​ឈាម​ទេ គឺ​ជា​ឥទ្ធិ‌ឫទ្ធិ​ដែល​មក​ពី​ព្រះ សម្រាប់​នឹង​រំលំ​ទី​មាំ‌មួន​វិញ
5 ដែល​អាច​នឹង​រំលាយ​អស់​ទាំង​គំនិត​ដែល​គេ​រិះ‌គិត និង​គ្រប់​ទាំង​សេចក្ដី​យ៉ាង​ខ្ពង់‌ខ្ពស់ ដែល​លើក​ខ្លួន​ឡើង​ទាស់​នឹង​ចំណេះ​នៃ​ព្រះ ព្រម​ទាំង​នាំ​អស់​ទាំង​គំនិត ឲ្យ​ចុះ​ចូល​ស្តាប់​បង្គាប់​ព្រះ‌គ្រីស្ទ​វិញ
6 ក៏​ប្រុង​ប្រៀប​ទុក​ជា​ស្រេច នឹង​ធ្វើ​ទោស​ដល់​គ្រប់​ទាំង​សេចក្ដី​រឹង‌ចចេស ក្នុង​កាល​ដែល​អ្នក​រាល់​គ្នា​បាន​ស្តាប់​បង្គាប់​គ្រប់​ជំពូក​ហើយ។
7 អ្នក​រាល់​គ្នា​មើល​តែ​ឫកពារ​ខាង​ក្រៅ​ឬ​អី បើ​អ្នក​ណា​ជឿ​ប្រាកដ​ថា ខ្លួន​ជា​របស់​ផង​ព្រះ‌គ្រីស្ទ នោះ​ត្រូវ​ពិចារណា​សេចក្ដី​នេះ ដោយ​ខ្លួន​ឯង​ទៀត គឺ​ថា យើង​ខ្ញុំ​ជា​របស់​ព្រះ‌គ្រីស្ទ​ដូច​ជា​អ្នក​នោះ​ដែរ
8 ដ្បិត​ទោះ​បើ​ខ្ញុំ​អួត​ខ្លួន​ហួស​បន្តិច ពី​អំណាច​ដែល​ព្រះ‌អម្ចាស់​បាន​ប្រទាន​មក​យើង​ខ្ញុំ សម្រាប់​នឹង​ស្អាង​ចិត្ត​ឡើង មិន​មែន​សម្រាប់​នឹង​ផ្តួល​អ្នក​រាល់​គ្នា​ទេ នោះ​គង់​តែ​ខ្ញុំ​មិន​មាន​សេចក្ដី​ខ្មាស​ដែរ
9 ក្រែង​មើល​ទៅ​ដូច​ជា​ខ្ញុំ​ចង់​បំភ័យ​អ្នក​រាល់​គ្នា ដោយ‌សារ​សំបុត្រ
10 ដ្បិត​គេ​ថា «សំបុត្រ​លោក​មាន​ពាក្យ​ធ្ងន់ ហើយ​មាន​អំណាច តែ​កាល​ណា​លោក​នៅ​ជា​មួយ នោះ​លោក​ខ្សោយ​ខាង​រូប​សាច់​វិញ ហើយ​ពាក្យ​សំដី​លោក​ក៏​គួរ​ឲ្យ​មើល‌ងាយ​ដែរ»
11 ត្រូវ​ឲ្យ​មនុស្ស​យ៉ាង​នោះ​បាន​យល់​ថា កាល​ណា​យើង​ខ្ញុំ​នៅ​ជា​មួយ នោះ​យើង​ខ្ញុំ​នឹង​ប្រព្រឹត្ត ដូច​ជា​យើង​ខ្ញុំ​បាន​សរសេរ​ចុះ​ក្នុង​សំបុត្រ ពី​កាល​ដែល​មិន​បាន​នៅ​ជា​មួយ​ដែរ
12 ដ្បិត​យើង​ខ្ញុំ​មិន​ហ៊ាន​រាប់​ខ្លួន​ជា​មួយ​នឹង​ពួក​អ្នក​នោះ​ខ្លះ ឬ​ផ្ទឹម​ខ្លួន​នឹង​គេ ដែល​ផ្ទុក‌ផ្តាក់​ខ្លួន​គេ​នោះ​ឡើយ ពួក​អ្នក​នោះ​ដែល​គេ​វាស់ ហើយ​ផ្ទឹម​ខ្លួន​នឹង​ខ្លួន​គេ នោះ​គ្មាន​ប្រាជ្ញា​ទេ
13 រីឯ​យើង​ខ្ញុំៗ មិន​ព្រម​អួត​ពី​ការ​ក្រៅ​ខ្នាត​របស់​យើង​ខ្ញុំ​ឡើយ គឺ​អួត​តាម​តែ​មាត្រា​ខ្នាត ដែល​ព្រះ​ដ៏​ជា​ម្ចាស់​នៃ​ខ្នាត ទ្រង់​បាន​ចែក​មក​យើង​ខ្ញុំ ជា​ខ្នាត​ដែល​បាន​លូក​មក​រហូត​ដល់​អ្នក​រាល់​គ្នា​ផង
14 ដ្បិត​យើង​ខ្ញុំ​មិន​មែន​លូក​រំលង​ហួស​ខ្នាត​យើង​ខ្ញុំ ទុក​ដូច​ជា​ខ្នាត​នោះ​មិន​ដល់​អ្នក​រាល់​គ្នា​នោះ​ទេ ពី​ព្រោះ​យើង​ខ្ញុំ​បាន​មក​ដល់​អ្នក​រាល់​គ្នា ក្នុង​ដំណឹង​ល្អ​នៃ​ព្រះ‌គ្រីស្ទ​ដែរ
15 ហើយ​យើង​ខ្ញុំ​មិន​អួត​ពី​ការ​អ្វី​ក្រៅ​ខ្នាត ដែល​មនុស្ស​ឯ​ទៀត​បាន​ធ្វើ​នោះ​ឡើយ ដ្បិត​យើង​ខ្ញុំ​មាន​សេចក្ដី​សង្ឃឹម​ថា កាល​ណា​សេចក្ដី​ជំនឿ​របស់​អ្នក​រាល់​គ្នា​បាន​ចម្រើន​ឡើង នោះ​យើង​ខ្ញុំ​នឹង​បាន​តម្កើង​ធំ​ឡើង​ជា​បរិបូរ ក្នុង​ពួក​អ្នក​រាល់​គ្នា តាម​មាត្រា​របស់​យើង​ខ្ញុំ​ដែរ
16 ប្រយោជន៍​ឲ្យ​បាន​ផ្សាយ​ដំណឹង​ល្អ ទៅ​ខាង​នាយ​អ្នក​រាល់​គ្នា​ទៅ​ទៀត ឥត​អួត​ពី​ការ​អ្វី​ដែល​រៀប‌ចំ​ជា​ស្រេច ក្នុង​មាត្រា​នៃ​មនុស្ស​ឯ​ទៀត​ឡើយ
17 ឯ​អ្នក​ណា​ដែល​អួត នោះ​ត្រូវ​អួត​តែ​ក្នុង​ព្រះ‌អម្ចាស់​ប៉ុណ្ណោះ
18 ដ្បិត​មិន​មែន​ជា​អ្នក​ដែល​ផ្ទុក‌ផ្តាក់​ខ្លួន​ឯង ដែល​បាន​លើក​តាំង​នោះ​ទេ គឺ​ជា​អ្នក​ណា​ដែល​ព្រះ‌អម្ចាស់​ទ្រង់​ផ្ទុក‌ផ្តាក់​វិញ​ទេ​តើ។


ជំពូក 11

1 ឱ​បើ​សិន​ណា​ជា​អ្នក​រាល់​គ្នា​នឹង​ទ្រាំ​ទ្រ ចំពោះ​សេចក្ដី​ចម្កួត​របស់​ខ្ញុំ​បន្តិច​ទៅ​អេះ សូម​អ្នក​រាល់​គ្នា​ទ្រាំ​ទ្រ​នឹង​ខ្ញុំ​ចុះ
2 ពី​ព្រោះ​ខ្ញុំ​ប្រចណ្ឌ ចំពោះ​អ្នក​រាល់​គ្នា ដោយ​សេចក្ដី​ប្រចណ្ឌ​នៃ​ព្រះ ដ្បិត​ខ្ញុំ​បាន​បម្រុង​អ្នក​រាល់​គ្នា​ទុក ឲ្យ​មាន​ប្ដី​តែ​១ ទុក​ដូច​ជា​ក្រមុំ​បរិសុទ្ធ គឺ​ដើម្បី​នឹង​ថ្វាយ​ទៅ​ព្រះ‌គ្រីស្ទ​តែ​មួយ​ប៉ុណ្ណោះ
3 តែ​ខ្ញុំ​ខ្លាច​ក្រែង​គំនិត​អ្នក​រាល់​គ្នា ត្រូវ​បង្ខូច​ចេញ​ពី​សេចក្ដី​ទៀង​ត្រង់​ខាង​ឯ​ព្រះ‌គ្រីស្ទ ដូច​ជា​សត្វ​ពស់​បាន​បញ្ឆោត​នាង​អេវ៉ា ដោយ​ឧបាយ‌កល​យ៉ាង​នោះ​ដែរ
4 ពី​ព្រោះ​បើ​សិន​ជា​មាន​អ្នក​ណា​មក ប្រកាស​ប្រាប់​ពី​ព្រះ‌យេស៊ូវ​១​ទៀត ដែល​យើង​ខ្ញុំ​មិន​បាន​ប្រកាស​ប្រាប់ ឬ​បើ​អ្នក​រាល់​គ្នា​ទទួល​វិញ្ញាណ​ណា​ផ្សេង​ទៀត ដែល​មិន​បាន​ទទួល​ពី​ដើម ឬ​ដំណឹង​ណា​ផ្សេង​ទៀត ដែល​មិន​ទទួល​កាល​ពី​មុន នោះ​អ្នក​រាល់​គ្នា​នឹង​ទ្រាំ​ទ្រ​វិញ​ជា​មិន​ខាន
5 ខ្ញុំ​ស្មាន​ថា ខ្លួន​ខ្ញុំ​មិន​ចាញ់​ពួក​សាវក​យ៉ាង​ធំ​នោះ ក្នុង​ការ​អ្វី​សោះ​ឡើយ
6 ដ្បិត​ទោះ​បើ​ខ្ញុំ​មិន​ប៉ិន​ប៉ាវ​ខាង​ឯ​ពាក្យ​សំដី​ក៏​មែន ប៉ុន្តែ ខ្ញុំ​មិន​មែន​ខ្សត់​ខ្សោយ​ខាង​ឯ​ចំណេះ​ទេ ហើយ​ក្នុង​គ្រប់​ការ​ទាំង​អស់ យើង​ខ្ញុំ​បាន​សម្ដែង​ឲ្យ​អ្នក​រាល់​គ្នា​ស្គាល់​ច្បាស់​គ្រប់​ជំពូក​ដែរ
7 កាល​ខ្ញុំ​បាន​ផ្សាយ​ដំណឹង​ល្អ​នៃ​ព្រះ​មក​អ្នក​រាល់​គ្នា​ទទេ ទាំង​បន្ទាប​ខ្លួន​ខ្ញុំ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ថ្កើង​ឡើង នោះ​តើ​ឈ្មោះ​ថា​ខ្ញុំ​បាន​ធ្វើ​បាប​ឬ​អី
8 ខ្ញុំ​បាន​បង្អត់​ពួក​ជំនុំ​ឯ​ទៀត ដោយ​ទទួល​ឈ្នួល​ពី​គេ ដើម្បី​នឹង​យក​មក​បម្រើ​អ្នក​រាល់​គ្នា​វិញ
9 ហើយ​កាល​ខ្ញុំ​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា បើ​កាល​ណា​ខ្វះ​ខាត នោះ​ខ្ញុំ​មិន​បាន​ឲ្យ​អ្នក​ណា​កើត​ទុក្ខ​ទេ ដ្បិត​ពួក​បង​ប្អូន​ដែល​មក​ពី​ស្រុក​ម៉ាសេដូន បាន​ជួយ​បំពេញ​សេចក្ដី​ដែល​ខ្ញុំ​ខ្វះ​នោះ​ហើយ ខ្ញុំ​មិន​ដែល​ឲ្យ​អ្នក​រាល់​គ្នា​កើត​ទុក្ខ​ពី​ព្រោះ​ខ្ញុំ ក្នុង​ការ​អ្វី​សោះ ហើយ​ទៅ​មុខ​ក៏​មិន​ដែល​ដែរ
10 ខ្ញុំ​ប្រាប់​ដោយ​នូវ​សេចក្ដី​ពិត​របស់​ព្រះ‌គ្រីស្ទ ដែល​នៅ​ក្នុង​ខ្លួន​ខ្ញុំ​ថា គ្មាន​អ្នក​ណា​អាច​នឹង​បំបាត់​សេចក្ដី​អំនួត​នេះ​ពី​ខ្ញុំ នៅ​ក្នុង​ស្រុក​អាខៃ​បាន​ឡើយ
11 ចុះ​តើ​ដោយ​ហេតុ​អ្វី ដោយ​ព្រោះ​ខ្ញុំ​មិន​ស្រឡាញ់​អ្នក​រាល់​គ្នា​ឬ​អី នោះ​ព្រះ‌អង្គ​ទ្រង់​ជ្រាប​ហើយ
12 តែ​ការ​ដែល​ខ្ញុំ​ធ្វើ ខ្ញុំ​នឹង​ចេះ​តែ​ធ្វើ​ទៅ ដើម្បី​នឹង​ដក​ឱកាស​ចេញ​ពី​ពួក​អ្នក​ដែល​រក​រឿង ប្រយោជន៍​ឲ្យ​គេ​បាន​ដូច​ជា​យើង​ខ្ញុំ ក្នុង​ការ​អ្វី​ដែល​គេ​អួត​ខ្លួន​នោះ​ដែរ
13 ដ្បិត​មនុស្ស​យ៉ាង​នោះ​ជា​សាវក​ក្លែង‌ក្លាយ ជា​អ្នក​ឆ‌បោក ដែល​ក្លែង​ខ្លួន​ធ្វើ​ជា​សាវក​នៃ​ព្រះ‌គ្រីស្ទ​ទេ
14 ហើយ​សេចក្ដី​នោះ​មិន​ជា​អស្ចារ្យ​ឡើយ ព្រោះ​អារក្ស​សាតាំង​ក៏​ក្លែង​ខ្លួន​ធ្វើ​ជា​ទេវតា​នៃ​ពន្លឺ​ដែរ
15 ដូច្នេះ បើ​អ្នក​បម្រើ​របស់​វា​ក្លែង​ខ្លួន​ធ្វើ​ជា​អ្នក​បម្រើ​សេចក្ដី​សុចរិត​វិញ នោះ​មិន​មែន​ជា​ការ​ធំ​អ្វី​ទេ ឯ​ចុង​បំផុត​របស់​គេ​នឹង​បាន​ត្រូវ​តាម​អំពើ​ដែល​គេ​ធ្វើ​ដែរ។
16 ខ្ញុំ​ប្រាប់​ម្តង​ទៀត​ថា កុំ​ឲ្យ​អ្នក​ណា​រាប់​ខ្ញុំ​ទុក​ដូច​ជា​ល្ងង់​ខ្លៅ​ឡើយ តែ​បើ​រាប់​ទុក​ជា​ល្ងង់​ខ្លៅ​មែន នោះ​ត្រូវ​ទទួល​ខ្ញុំ ទុក​ដូច​ជា​មនុស្ស​ល្ងង់​ខ្លៅ​ដែរ ដើម្បី​ឲ្យ​ខ្ញុំ​បាន​អួត​ខ្លួន​បន្តិច
17 សេចក្ដី​ដែល​ខ្ញុំ​ប្រាប់​នេះ មិន​មែន​ប្រាប់​តាម​ព្រះ‌អម្ចាស់​ទេ គឺ​ប្រាប់​បែប​ដូច​ជា​ល្ងង់​ខ្លៅ​វិញ ដោយ​ស្មាន​ថា ខ្ញុំ​មាន​កន្លែង​អួត​ខ្លួន​បាន​ខ្លះ
18 ដ្បិត​ដែល​មាន​មនុស្ស​ជា​ច្រើន​អួត​ខ្លួន​ខាង​សាច់​ឈាម នោះ​ខ្ញុំ​នឹង​អួត​ដែរ
19 ព្រោះ​អ្នក​រាល់​គ្នា​ដែល​មាន​ប្រាជ្ញា នោះ​ចេះ​តែ​ទ្រាំ​ទ្រ​នឹង​មនុស្ស​ល្ងង់​ខ្លៅ ដោយ​ស្ម័គ្រ​ពី​ចិត្ត​វិញ
20 ពី​ព្រោះ​អ្នក​រាល់​គ្នា​ទ្រាំ​ទ្រ​នឹង​ការ​ដែល​គេ​ចាប់​អ្នក​ប្រើ ឬ​ស៊ី​សាច់​អ្នក ឬ​ដណ្តើម​យក​អ្វី​ពី​អ្នក ឬ​បើ​អ្នក​ណា​តម្កើង​ខ្លួន​លើ​អ្នក ឬ​បើ​អ្នក​ណា​ទះ​កំផ្លៀង​អ្នក​នោះ​ផង
21 ខ្ញុំ​និយាយ​បែប​ជា​បន្ទាប​ខ្លួន ទុក​ដូច​ជា​យើង​ខ្ញុំ​ខ្សោយ​មែន ប៉ុន្តែ ក្នុង​ការ​អ្វី​ដែល​អ្នក​ណា​ហ៊ាន នោះ​ខ្ញុំ​ក៏​ហ៊ាន​ដែរ ខ្ញុំ​និយាយ​នេះ​ដោយ​សេចក្ដី​ល្ងង់​ខ្លៅ
22 តើ​គេ​ជា​ពួក​ហេព្រើរ​ឬ​អី ខ្ញុំ​ក៏​ដែរ គេ​ជា​សាសន៍​អ៊ីស្រា‌អែល​ឬ​អី ខ្ញុំ​ក៏​ដែរ គេ​ជា​ពូជ​លោក​អ័ប្រា‌ហាំ​ឬ​អី ខ្ញុំ​ក៏​ដែរ
23 គេ​ជា​អ្នក​បម្រើ​ព្រះ‌គ្រីស្ទ​ឬ​អី (ខ្ញុំ​និយាយ​បែប​ដូច​ជា​វង្វេង​ស្មារតី​ហើយ) ខ្ញុំ​ក៏​លើស​ជាង​គេ​ទៅ​ទៀត ក្នុង​ការ​នឿយ​ហត់​លើស​ជាង​គេ ដោយ​ត្រូវ​រំពាត់​ហួស​ល្បត់ ទាំង​ត្រូវ​ជាប់​គុក​ច្រើន​ជាង​គេ ក៏​ដល់​នូវ​ភាព​ជិត​ស្លាប់​ជា​ញឹក‌ញយ
24 ប្រាំ​ដង​ហើយ សាសន៍​យូដា​វាយ​ខ្ញុំ​៤០​រំពាត់​ខ្វះ​១
25 គេ​វាយ​ខ្ញុំ​នឹង​ដំបង​៣​ដង គេ​ចោល​ខ្ញុំ​នឹង​ថ្ម​១​ដង ខ្ញុំ​ត្រូវ​សំពៅ​លិច​៣​ដង ខ្ញុំ​នៅ​នា​សមុទ្រ​ជ្រៅ​អស់​១​ថ្ងៃ​១​យប់
26 ខ្ញុំ​ដើរ​ដំណើរ​ជា​ច្រើន ក៏​មាន​សេចក្ដី​អន្តរាយ​នៅ​ទន្លេ អន្តរាយ​ដោយ​ពួក​ចោរ​ប្លន់ អន្តរាយ​ដោយ​សាសន៍​របស់​ខ្ញុំ អន្តរាយ​ដោយ​សាសន៍​ដទៃ ក៏​អន្តរាយ​ក្នុង​ទី​ក្រុង ក្នុង​ទី​រហោ‌ស្ថាន ក្នុង​សមុទ្រ ក្នុង​ពួក​បង​ប្អូន​ក្លែង‌ក្លាយ​ដែរ
27 ត្រូវ​នឿយ​ហត់ ហើយ​លំបាក ត្រូវ​ចាំ​យាម​ជា​ញយ ត្រូវ​ស្រេក​ឃ្លាន ត្រូវ​អត់​ជា​ញឹក‌ញយ ត្រូវ​រងា ហើយ​ត្រូវ​អាក្រាត​ផង
28 ក្រៅ​ពី​ការ​ខាង​សាច់​ឈាម​ទាំង​នោះ ក៏​មាន​សេចក្ដី​កង្វល់​ខាង​ឯ​ពួក​ជំនុំ​ទាំង​ប៉ុន្មាន ដែល​ប្រជ្រៀត​មក​លើ​ខ្ញុំ រាល់​តែ​ថ្ងៃ​ជានិច្ច​ថែម​ទៀត
29 តើ​អ្នក​ឯ​ណា​ខ្សោយ ហើយ​ខ្ញុំ​មិន​បាន​ខ្សោយ​ផង តើ​អ្នក​ឯ​ណា​អាក់‌អន់​ចិត្ត ហើយ​ខ្ញុំ​មិន​ឈឺ‌ឆ្អាល​ផង
30 បើ​សិន​ជា​គួរ​នឹង​អួត​ខ្លួន នោះ​ខ្ញុំ​នឹង​អួត​ពី​សេចក្ដី​កំសោយ​របស់​ខ្ញុំ​វិញ
31 ព្រះ​ដ៏​ជា​ព្រះ‌វរ‌បិតា​នៃ​ព្រះ‌អម្ចាស់​យេស៊ូវ‌គ្រីស្ទ ដែល​មាន​ព្រះ‌ពរ​អស់​កល្ប‌ជានិច្ច ទ្រង់​ជ្រាប​ថា ខ្ញុំ​មិន​កុហក​ទេ
32 នៅ​ក្រុង​ដាម៉ាស ចៅ‌ហ្វាយ​ស្រុក​នៃ​ស្តេច​អើរេតាស បាន​ឲ្យ​គេ​ចាំ​យាម​ទី​ក្រុង ដោយ​ចង់​ចាប់​ខ្ញុំ
33 ប៉ុន្តែ មាន​គេ​ដាក់​ខ្ញុំ​ក្នុង​កញ្ជើ សម្រូត​ចុះ​តាម​បង្អួច​កំផែង ឲ្យ​ខ្ញុំ​រួច​ពី​កណ្តាប់​ដៃ​លោក​ចេញ ។


ជំពូក 12

1 ប្រាកដ​ជា​គ្មាន​ប្រយោជន៍​ឲ្យ​ខ្ញុំ​អួត​ខ្លួន​ទេ ប៉ុន្តែ ខ្ញុំ​នឹង​និយាយ​ពី​ការ​ជាក់​ស្តែង និង​ការ​បើក​សម្ដែង​មក​ពី​ព្រះ‌អម្ចាស់​ទៀត
2 ខ្ញុំ​ស្គាល់​មនុស្ស​ម្នាក់​នៅ​ក្នុង​ព្រះ‌គ្រីស្ទ ដែល​បាន​លើក​ឡើង​ទៅ​ស្ថាន‌សួគ៌ នៅ​ជាន់​ទី​៣ នោះ​ប្រហែល​១៤​ឆ្នាំ​មក​ហើយ ទោះ​បើ​ក្នុង​រូប‌កាយ ឬ​ក្រៅ​ពី​រូប‌កាយ នោះ​ខ្ញុំ​មិន​ដឹង​ទេ មាន​តែ​ព្រះ​ដែល​ទ្រង់​ជ្រាប
3 ខ្ញុំ​ស្គាល់​មនុស្ស​នោះ (ទោះ​បើ​ក្នុង​រូប​កាយ ឬ​ក្រៅ​ពី​រូប​កាយ​ក្តី ខ្ញុំ​មិន​ដឹង​ទេ មាន​តែ​ព្រះ​ដែល​ទ្រង់​ជ្រាប) ថា
4 អ្នក​នោះ​បាន​លើក​ឡើង​ដល់​ស្ថាន‌បរម‌សុខ ហើយ​បាន​ឮ​ពាក្យ​ដែល​ថ្លែង​ប្រាប់​មិន​បាន ក៏​គ្មាន​ច្បាប់​ឲ្យ​មនុស្ស​ណា​និយាយ​ឡើយ
5 ខ្ញុំ​នឹង​មាន​សេចក្ដី​អំនួត​ពី​មនុស្ស​នោះ ខ្ញុំ​មិន​អួត​ពី​ខ្លួន​ខ្ញុំ​ទេ លើក​តែ​ពី​សេចក្ដី​កំសោយ​របស់​ខ្ញុំ​ចេញ
6 ទោះ​បើ​ខ្ញុំ​ចង់​អួត​ខ្លួន នោះ​គង់​តែ​ខ្ញុំ​មិន​មែន​ខ្លៅ​ល្ងង់​ទេ ដ្បិត​ខ្ញុំ​និយាយ​តាម​តែ​សេចក្ដី​ពិត ប៉ុន្តែ ខ្ញុំ​ឈប់​ស្លេះ​ចុះ ក្រែង​អ្នក​ណា​រាប់​ខ្ញុំ ទុក​ជា​លើស​ជាង​ភាព​ដែល​ឃើញ ឬ​ឮ​និយាយ​ពី​ខ្ញុំ។
7 ហើយ​ក្រែង​ខ្ញុំ​កើត​មាន​ចិត្ត​ធំ ដោយ​ព្រោះ​ការ​បើក​សម្ដែង​ដ៏​ហួស​ល្បត់​នោះ បាន​ជា​មាន​បន្លា​១​ចាត់​មក​ក្នុង​សាច់​ឈាម​ខ្ញុំ គឺ​ជា​ទេវតា​របស់​អារក្ស​សាតាំង ដែល​មក​ធ្វើ​ទុក្ខ​ខ្ញុំ ដើម្បី​កុំ​ឲ្យ​ខ្ញុំ​មាន​ចិត្ត​ធំ​ឡើយ
8 ខ្ញុំ​បាន​សូម​អង្វរ​ដល់​ព្រះ‌អម្ចាស់​៣​ដង ឲ្យ​សេចក្ដី​នោះ​ថយ​ចេញ​ពី​ខ្ញុំ​ទៅ
9 តែ​ទ្រង់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា គុណ​របស់​អញ​ល្មម​ដល់​ឯង​ហើយ ដ្បិត​កម្លាំង​អញ​បាន​ពេញ​ខ្នាត ដោយ​សេចក្ដី​កំសោយ ដូច្នេះ ខ្ញុំ​នឹង​ស៊ូ​អួត​ពី​សេចក្ដី​កំសោយ​របស់​ខ្ញុំ ដោយ​អំណរ​ជា​ខ្លាំង ដើម្បី​ឲ្យ​ព្រះ‌ចេស្តា​នៃ​ព្រះ‌គ្រីស្ទ​បាន​សណ្ឋិត​នៅ​នឹង​ខ្ញុំ
10 ហេតុ​នោះ​បាន​ជា​ខ្ញុំ​អរ​សប្បាយ​ក្នុង​កាល​ដែល​មាន​សេចក្ដី​កំសោយ ក្នុង​កាល​ដែល​គេ​ត្មះ‌តិះដៀល ក្នុង​សេចក្ដី​លំបាក កាល​គេ​ធ្វើ​ទុក្ខ​បៀត​បៀន ហើយ​ក្នុង​សេចក្ដី​ដែល​ខ្ញុំ​ត្រូវ​ចង្អៀត‌ចង្អល់ ដោយ​យល់​ដល់​ព្រះ‌គ្រីស្ទ ដ្បិត​កាល​ណា​ខ្ញុំ​ខ្សោយ នោះ​ខ្ញុំ​មាន​កម្លាំង​យ៉ាង​ចំណាន​វិញ។
11 ខ្ញុំ​បាន​ត្រឡប់​ជា​ល្ងង់​ខ្លៅ ដោយ​សេចក្ដី​អំនួត គឺ​អ្នក​រាល់​គ្នា​បាន​បង្ខំ​ខ្ញុំ ដ្បិត​គួរ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ផ្ទុក‌ផ្តាក់​ខ្ញុំ​វិញ ទោះ​បើ​ខ្ញុំ​មិន​មែន​ជា​អ្វី​ក៏​ដោយ គង់​តែ​ខ្ញុំ​មិន​ចាញ់​ពួក​សាវក​ធំ​ណា​មួយ​នោះ​ទេ
12 ពិត​មែន មាន​ភស្តុ‌តាង​បាន​កើត​ឡើង​ក្នុង​ពួក​អ្នក​រាល់​គ្នា ដើម្បី​នឹង​បញ្ជាក់​ការ‌ងារ​ជា​សាវក​របស់​ខ្ញុំ ដោយ​ការ​អត់​ធន់ ដោយ​ទី​សម្គាល់ ការ​អស្ចារ្យ និង​ការ​ឬទ្ធិ‌បារមី​គ្រប់​យ៉ាង
13 តើ​អ្នក​រាល់​គ្នា​បាន​ចាញ់​ពួក​ជំនុំ​ឯ​ទៀត​ទាំង​ប៉ុន្មាន​យ៉ាង​ណា​ខ្លះ លើក​ចេញ​តែ​ការ​ដែល​ខ្ញុំ​មិន​ឲ្យ​អ្នក​ណា​ព្រួយ​នឹង​ខ្ញុំ សូម​អត់​ទោស​សេចក្ដី​កំហុស​នេះ​ឲ្យ​ខ្ញុំ​ផង។
14 មើល ខ្ញុំ​រៀប​នឹង​មក​ឯ​អ្នក​រាល់​គ្នា ជា​គម្រប់​៣​លើក​នេះ​ហើយ ខ្ញុំ​ក៏​មិន​ឲ្យ​អ្នក​ណា​ព្រួយ​នឹង​ខ្ញុំ​ទៀត ដ្បិត​ខ្ញុំ​មិន​រក​ចង់​បាន​របស់​ទ្រព្យ​អ្នក​រាល់​គ្នា​ទេ គឺ​រក​តែ​ខ្លួន​អ្នក​រាល់​គ្នា​ប៉ុណ្ណោះ ដ្បិត​មិន​គួរ​ឲ្យ​កូន​ចៅ​ត្រូវ​ប្រមូល​ទុក​ឲ្យ​ឪពុក​ម្តាយ​ទេ គឺ​ឪពុក​ម្តាយ​ទេ​តើ ដែល​ត្រូវ​ប្រមូល​ទុក​ឲ្យ​កូន​វិញ
15 ឯ​ខ្ញុំៗ សុខ​ចិត្ត​នឹង​ចែក​ចាយ ហើយ​និង​ត្រូវ​ហិន​អស់​រលីង​ទៅ​ចុះ ដោយ​ព្រោះ​ព្រលឹង របស់​អ្នក​រាល់​គ្នា ថ្វី​បើ​ខ្ញុំ​ស្រឡាញ់​អ្នក​រាល់​គ្នា​កាន់​តែ​ខ្លាំង​ឡើង​ប៉ុណ្ណា នោះ​អ្នក​រាល់​គ្នា​ស្រឡាញ់​ខ្ញុំ ក៏​កាន់​តែ​ថយ​ចុះ​ប៉ុណ្ណោះ​ដែរ
16 ទោះ​បើ​ដូច្នោះ​ក៏​ដោយ គង់​តែ​ខ្ញុំ​មិន​បាន​ឲ្យ​អ្នក​ណា​មួយ​ព្រួយ​នឹង​ខ្ញុំ​ឡើយ តែ​ដោយ​ខ្ញុំ​ឆ្លាត បាន​ជា​ខ្ញុំ​ចាប់​អ្នក​រាល់​គ្នា ដោយ​ឧបាយ‌កល
17 តើ​ខ្ញុំ​បាន​ចំណេញ​ពី​អ្នក​រាល់​គ្នា ដោយ‌សារ​អ្នក​ណា​ដែល​ខ្ញុំ​ចាត់​មក​ឬ​អី
18 ខ្ញុំ​បាន​អង្វរ​អ្នក​ទីតុស​ឲ្យ​មក ហើយ​បាន​ចាត់​បង​ប្អូន​ម្នាក់​ឲ្យ​មក​ជា​មួយ​ដែរ តើ​ទីតុស​បាន​ចំណេញ​ពី​អ្នក​រាល់​គ្នា​ឬ​អី តើ​យើង​ទាំង​២​នាក់​មិន​បាន​ដើរ​ដោយ​គំនិត​តែ​១ ហើយ​តាម‌ដាន​ជើង​ដដែល​ទេ​ឬ​អី។
19 មួយ​ទៀត តើ​អ្នក​រាល់​គ្នា​គិត​ស្មាន​ថា យើង​ខ្ញុំ​កំពុង​តែ​ដោះ​សា​នឹង​អ្នក​រាល់​គ្នា​ឬ​អី ឱ​ពួក​ស្ងួន‌ភ្ងា​អើយ យើង​ខ្ញុំ​និយាយ​ក្នុង​ព្រះ‌គ្រីស្ទ​នៅ​ចំពោះ​ព្រះ ហើយ​យើង​ខ្ញុំ​និយាយ​គ្រប់​ទាំង​អស់​នេះ សម្រាប់​នឹង​ស្អាង​ចិត្ត​អ្នក​រាល់​គ្នា​ឡើង​ទេ
20 ដ្បិត​ខ្ញុំ​ខ្លាច​ក្រែង​កាល​ណា​ខ្ញុំ​មក​ដល់ នោះ​មិន​ឃើញ​អ្នក​រាល់​គ្នា ដូច​ជា​ខ្ញុំ​ចូល​ចិត្ត​នោះ​ទេ ហើយ​អ្នក​រាល់​គ្នា​ក៏​មិន​ឃើញ​ខ្ញុំ ដូច​ជា​អ្នក​រាល់​គ្នា​ចូល​ចិត្ត​ដែរ ក្រែង​កើត​មាន​សេចក្ដី​ឈ្លោះ​ប្រកែក ឈ្នានីស គ្នាន់‌ក្នាញ់ បាក់​បែក បរិហារ បង្កាច់ ឆ្មើង‌ឆ្មៃ ហើយ​វឹកវរ​ឡើង
21 ក្រែង​កាល​ណា​ខ្ញុំ​មក​ម្តង​ទៀត នោះ​ព្រះ​នៃ​ខ្ញុំ​នឹង​បន្ទាប​ខ្ញុំ​នៅ​ចំពោះ​អ្នក​រាល់​គ្នា ហើយ​ខ្ញុំ​នឹង​ត្រូវ​យំ​នឹង​មនុស្ស​ជា​ច្រើន ដែល​ធ្វើ​បាប​ពី​មុន តែ​មិន​បាន​ប្រែ​ចិត្ត​ចេញ ពី​សេចក្ដី​ស្មោក‌គ្រោក សេចក្ដី​កំផិត និង​សេចក្ដី​អាស‌អាភាស ដែល​គេ​បាន​ប្រព្រឹត្ត​នោះ​ឡើយ។


ជំពូក 13

1 នេះ​ជា​គម្រប់​៣​ដង​ហើយ ដែល​ខ្ញុំ​មក​ឯ​អ្នក​រាល់​គ្នា គ្រប់​ការ​ទាំង​អស់​នឹង​បាន​សម្រេច ដោយ​នូវ​មាត់​ស្មរ​បន្ទាល់​២ឬ៣​នាក់
2 ខ្ញុំ​បាន​ប្រាប់​កាល​ពី​ដើម ហើយ​ឥឡូវ​នេះ​ក៏​និយាយ​ទុក​ជា​មុន ទុក​ដូច​ជា​កាល​បាន​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា ក្នុង​លើក​ទី​២​នោះ​នៅ​ឡើយ ហើយ​សព្វ​ថ្ងៃ​នេះ​ដែល​នៅ​ឃ្លាត​គ្នា ខ្ញុំ​សរសេរ​មក​ពួក​អ្នក​នោះ​ដែល​ធ្វើ​បាប​ពី​មុន ហើយ​ទៅ​អ្នក​ឯ​ទៀត​ទាំង​អស់​ដែរ​ថា បើ​ខ្ញុំ​មក​ម្តង​ទៀត នោះ​ខ្ញុំ​មិន​ត្រា‌ប្រណី​ទេ
3 ដ្បិត​អ្នក​រាល់​គ្នា​រក​ភស្តុ‌តាង​ពី​ព្រះ‌គ្រីស្ទ ដែល​ទ្រង់​មាន​ព្រះ‌បន្ទូល​ដោយ‌សារ​ខ្ញុំ (ដែល​ទ្រង់​មិន​ខ្សោយ​ចំពោះ​អ្នក​រាល់​គ្នា គឺ​មាន​ព្រះ‌ចេស្តា​ក្នុង​អ្នក​រាល់​វិញ
4 ទោះ​បើ​ទ្រង់​ត្រូវ​គេ​ឆ្កាង ដោយ​សេចក្ដី​កំសោយ​ក៏​ដោយ គង់​តែ​ទ្រង់​មាន​ព្រះ‌ជន្ម​រស់​នៅ ដោយ​ព្រះ‌ចេស្តា​នៃ​ព្រះ​ដែរ ព្រោះ​យើង​ខ្ញុំ​ខ្សោយ​ក្នុង​ទ្រង់​មែន តែ​យើង​ខ្ញុំ​នឹង​រស់​នៅ​ជា​មួយ​នឹង​ទ្រង់ ដោយ‌សារ​ព្រះ‌ចេស្តា​នៃ​ព្រះ ដែល​ផ្តល់​មក​អ្នក​រាល់​គ្នា​វិញ)។
5 ចូរ​អ្នក​រាល់​គ្នា​ពិចារណា​ខ្លួន​ឯង​មើល តើ​ស្ថិត​នៅ​ក្នុង​សេចក្ដី​ជំនឿ​ឬ​ទេ ចូរ​ល្បង​ខ្លួន​មើល​ចុះ តើ​អ្នក​រាល់​គ្នា​មិន​យល់​ឃើញ​ថា ព្រះ‌យេស៊ូវ​គ្រីស្ទ​គង់​ក្នុង​អ្នក​រាល់​គ្នា​ទេ​ឬ​អី លើក​តែ​អ្នក​រាល់​គ្នា​ត្រូវ​កាត់​ចោល​ចេញ​ប៉ុណ្ណោះ
6 តែ​ខ្ញុំ​សង្ឃឹម​ថា អ្នក​រាល់​គ្នា​នឹង​ដឹង​ថា យើង​ខ្ញុំ​មិន​ត្រូវ​កាត់​ចោល​ចេញ​ទេ
7 ហើយ​ខ្ញុំ​អធិស្ឋាន​ដល់​ព្រះ សូម​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​ការ​អាក្រក់​អ្វី​ឡើយ មិន​មែន​ដើម្បី​ឲ្យ​យើង​ខ្ញុំ​បាន​រាប់​ជា​គួរ​ទេ គឺ​ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​សេចក្ដី​ល្អ​តែ​ប៉ុណ្ណោះ ហើយ​ឲ្យ​យើង​ខ្ញុំ​ទុក​ដូច​ជា​ត្រូវ​កាត់​ចេញ​វិញ​ចុះ
8 ដ្បិត​យើង​ខ្ញុំ​ពុំ​អាច​នឹង​ធ្វើ​អ្វី​ទាស់​នឹង​សេចក្ដី​ពិត​បាន​ទេ ធ្វើ​បាន​តែ​អ្វី​ដែល​សម្រាប់​សេចក្ដី​ពិត​វិញ
9 ពី​ព្រោះ​យើង​ខ្ញុំ​មាន​សេចក្ដី​អំណរ ក្នុង​កាល​ដែល​យើង​ខ្ញុំ​ខ្សោយ ហើយ​អ្នក​រាល់​គ្នា​មាន​កម្លាំង​ឡើង តែ​យើង​ខ្ញុំ​អធិស្ឋាន​សូម​សេចក្ដី​នេះ​ទៀត គឺ​ឲ្យ​ពួក​អ្នក​រាល់​គ្នា​បាន​គ្រប់​លក្ខណ៍​ទាំង​អស់​គ្នា
10 ហេតុ​នោះ​បាន​ជា​កាល​ខ្ញុំ​នៅ​ឃ្លាត​ពី​អ្នក​រាល់​គ្នា នោះ​ខ្ញុំ​ធ្វើ​សំបុត្រ​នេះ ក្រែង​កាល​ណា​ខ្ញុំ​មក​នៅ​ជា​មួយ នោះ​ខ្ញុំ​នឹង​ប្រព្រឹត្ត​នឹង​អ្នក​រាល់​គ្នា​ដោយ​តឹង‌រ៉ឹង តាម​អំណាច​ដែល​ព្រះ‌អម្ចាស់​បាន​ប្រទាន​មក​ខ្ញុំ គឺ​សម្រាប់​នឹង​ស្អាង​ចិត្ត​ឡើង មិន​មែន​នឹង​ផ្តួល​ទេ។
11 ឯ​សេចក្ដី​ឯ​ទៀត បង​ប្អូន​អើយ ចូរ​មាន​សេចក្ដី​អំណរ ចូរ​ឲ្យ​បាន​គ្រប់​លក្ខណ៍ ចូរ​ឲ្យ​មាន​ចិត្ត​ក្សេម‌ក្សាន្ត ចូរ​មាន​គំនិត​ដូច​គ្នា ចូរ​នៅ​ដោយ​មេត្រី​នឹង​គ្នា​ចុះ នោះ​ព្រះ​នៃ​សេចក្ដី​ស្រឡាញ់ និង​សេចក្ដី​សុខ​សាន្ត ទ្រង់​នឹង​គង់​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា
12 សូម​ជម្រាប​សួរ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ថើប​យ៉ាង​បរិសុទ្ធ ។
13 ពួក​បរិសុទ្ធ​គ្រប់​គ្នា​សូម​ជម្រាប​សួរ​មក​អ្នក​រាល់​គ្នា។
14 សូម​ឲ្យ​អ្នក​រាល់​គ្នា បាន​ប្រកប​ដោយ​ព្រះ‌គុណ​នៃ​ព្រះ‌អម្ចាស់​យេស៊ូវ‌គ្រីស្ទ និង​សេចក្ដី​ស្រឡាញ់​របស់​ព្រះ ហើយ​និង​សេចក្ដី​រួប‌រួម​គ្នា​នឹង​ព្រះ‌វិញ្ញាណ​បរិសុទ្ធ។ អាម៉ែន។:៚