កាឡាទី

1 2 3 4 5 6


ជំពូក 1

1 សំបុត្រ​ប៉ុល​ខ្ញុំ ដែល​ជា​សាវក មិន​មែន​អំពី​មនុស្ស ឬ​ដោយ‌សារ​មនុស្ស​ទេ គឺ​ដោយ‌សារ​ព្រះ‌យេស៊ូវ​គ្រីស្ទ និង​ព្រះ​ដ៏​ជា​ព្រះ‌វរ‌បិតា ដែល​បាន​ប្រោស​ឲ្យ​ទ្រង់​រស់​ពី​ស្លាប់​ឡើង​នោះ​វិញ
2 ខ្ញុំ និង​ពួក​បង​ប្អូន​ទាំង​អស់​គ្នា ដែល​នៅ​ជា​មួយ​នឹង​ខ្ញុំ យើង​ផ្ញើ​មក​ពួក​ជំនុំ​ទាំង​ប៉ុន្មាន នៅ​ស្រុក​កាឡាទី
3 សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​ព្រះ‌គុណ និង​សេចក្ដី​សុខ​សាន្ត អំពី​ព្រះ​ដ៏​ជា​ព្រះ‌វរ‌បិតា និង​ពី​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា
4 ដែល​ទ្រង់​បាន​ប្រគល់​ព្រះ‌អង្គ​ទ្រង់​ទៅ ដោយ​ព្រោះ​បាប​យើង​រាល់​គ្នា ដើម្បី​នឹង​ប្រោស ឲ្យ​យើង​បាន​រួច​ពី​លោកីយ៍​ដ៏​អាក្រក់​សព្វ​ថ្ងៃ​នេះ តាម​បំណង​ព្រះ‌ហឫទ័យ​របស់​ព្រះ​ដ៏​ជា​ព្រះ‌វរ‌បិតា​នៃ​យើង
5 សូម​ឲ្យ​ទ្រង់​បាន​សិរី‌ល្អ ដល់​អស់​កល្ប‌ជានិច្ច​រៀង​ត​ទៅ អាម៉ែន។
6 ខ្ញុំ​ឆ្ងល់​ណាស់ ពី​ដំណើរ​ដែល​អ្នក​រាល់​គ្នា​បាន​ផ្លាស់​ប្រែ​ចេញ​ពី​ព្រះ ដែល​ទ្រង់​ហៅ​អ្នក​រាល់​គ្នា​មក ក្នុង​ព្រះ‌គុណ នៃ​ព្រះ‌គ្រីស្ទ ជា​ឆាប់​ម៉្លេះ និង​ទៅ​តាម​ដំណឹង​ល្អ​ផ្សេង​ទៀត​នោះ
7 ដែល​មិន​មែន​ជា​ដំណឹង​ល្អ​១​ទៀត​ទេ គឺ​មាន​មនុស្ស​ខ្លះ​បំភាន់​អ្នក​រាល់​គ្នា​វិញ ហើយ​ចង់​បង្ខូច​ដំណឹង​ល្អ​ព្រះ‌គ្រីស្ទ​ផង
8 ប៉ុន្តែ បើ​យើង​ខ្ញុំ ឬ​ទេវតា​ពី​ស្ថាន‌សួគ៌ នឹង​ប្រាប់​ដំណឹង​ណា​មក​អ្នក​រាល់​គ្នា ខុស​ពី​ដំណឹង​ល្អ ដែល​យើង​ខ្ញុំ​បាន​ប្រាប់​ហើយ នោះ​ឲ្យ​គេ​ត្រូវ​បណ្តាសា​ចុះ
9 ឯ​សេចក្ដី​ដែល​ខ្ញុំ​ទើប​នឹង​និយាយ​អម្បាញ់‌មិញ​នេះ នោះ​ខ្ញុំ​និយាយ​ម្តង​ទៀត​ថា បើ​អ្នក​ណា​ប្រាប់​ដំណឹង​ណា ខុស​អំពី​ដំណឹង​ល្អ ដែល​អ្នក​រាល់​គ្នា​បាន​ទទួល​ហើយ នោះ​ឲ្យ​គេ​ត្រូវ​បណ្តាសា​ចុះ
10 ដ្បិត​តើ​ខ្ញុំ​រក​បញ្ចុះ‌បញ្ចូល​អ្នក​ណា តើ​ជា​មនុស្ស ឬ​ព្រះ ឬ​ចង់​បំពេញ​ចិត្ត​មនុស្ស​ឬ​អី បើ​សិន​ជា​ខ្ញុំ​ចង់​បំពេញ​ចិត្ត​មនុស្ស នោះ​ខ្ញុំ​មិន​មែន​ជា​បាវ​បម្រើ​របស់​ព្រះ‌គ្រីស្ទ​ទេ។
11 បង​ប្អូន​អើយ ខ្ញុំ​ចង់​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ដំណឹង​ល្អ​ដែល​ខ្ញុំ​បាន​ថ្លែង​ប្រាប់ នោះ​មិន​មែន​តាម​មនុស្ស​ទេ
12 ដ្បិត​ខ្ញុំ​មិន​បាន​ទទួល​មក​ពី​មនុស្ស ក៏​គ្មាន​អ្នក​ណា​បង្រៀន​ខ្ញុំ​ផង គឺ​ដោយ​ព្រះ‌យេស៊ូវ​គ្រីស្ទ​បាន​បើក​សម្ដែង​វិញ
13 អ្នក​រាល់​គ្នា​បាន​ឮ​និយាយ​ពី​កិរិយា​របស់​ខ្ញុំ នៅ​ក្នុង​សាសនា​ពួក​យូដា​កាល​ពី​ដើម​ថា ខ្ញុំ​បាន​ធ្វើ​ទុក្ខ​បៀត​បៀន ហើយ​បំផ្លាញ​ដល់​ពួក​ជំនុំ​នៃ​ព្រះ​ជា​ខ្លាំង​ណាស់
14 ហើយ​ថា ខ្ញុំ​កំពុង​តែ​ជឿន​ឡើង​ក្នុង​សាសនា​របស់​ពួក​យូដា លើស​ជាង​ពួក​សាសន៍​ខ្ញុំ ដែល​ស្រករ​នឹង​ខ្ញុំ​ជា​ច្រើន​ដែរ ពី​ព្រោះ​ខ្ញុំ​មាន​ចិត្ត​ឧស្សាហ៍ តាម​សណ្តាប់​បុរាណ​របស់​ពួក​អយ្យកោ​ខ្ញុំ លើស​ជាង​គេ​សន្ធឹក
15 ប៉ុន្តែ កាល​ព្រះ​ដែល​រើស​ខ្ញុំ​តាំង​ពី​ផ្ទៃ​ម្តាយ​មក ហើយ​បាន​ហៅ​ខ្ញុំ​ដោយ​ព្រះ‌គុណ​ទ្រង់
16 បាន​សព្វ​ព្រះ‌ហឫទ័យ នឹង​បើក​សម្ដែង​ព្រះ‌រាជ‌បុត្រា​ទ្រង់ មក​ក្នុង​ខ្ញុំ ដើម្បី​ឲ្យ​ខ្ញុំ​បាន​ផ្សាយ​ដំណឹង​ល្អ​ពី​ទ្រង់ ដល់​ពួក​សាសន៍​ដទៃ នោះ​ខ្ញុំ​មិន​បាន​ទៅ​ប្រឹក្សា​នឹង​សាច់​ឈាម​ទេ
17 ក៏​មិន​បាន​ឡើង​ទៅ​ឯ​ពួក​អ្នក ដែល​ជា​សាវក​មុន​ខ្ញុំ នៅ​ក្រុង​យេរូ‌សាឡឹម​ដែរ គឺ​បាន​ទៅ​ឯ​ស្រុក​អារ៉ាប់​ភ្លាម រួច​ត្រឡប់​ទៅ​ក្រុង​ដាម៉ាស​វិញ
18 លុះ​ក្រោយ​៣​ឆ្នាំ​មក ខ្ញុំ​បាន​ឡើង​ទៅ​ឯ​ក្រុង​យេរូ‌សាឡឹម ដើម្បី​ឲ្យ​បាន​ស្គាល់​លោក​ពេត្រុស ក៏​នៅ​ជា​មួយ​នឹង​លោក​អស់​១៥​ថ្ងៃ
19 តែ​មិន​បាន​ឃើញ​ពួក​សាវក​ឯ​ទៀត​ទេ ឃើញ​តែ​យ៉ាកុប ជា​ប្អូន​នៃ​ព្រះ‌អម្ចាស់​ប៉ុណ្ណោះ
20 រីឯ​សេចក្ដី​ដែល​ខ្ញុំ​សរសេរ​មក​អ្នក​រាល់​គ្នា​នេះ មើល ខ្ញុំ​នៅ​ចំពោះ​ព្រះ​ហើយ ខ្ញុំ​មិន​កុហក​ទេ
21 ក្រោយ​នោះ ខ្ញុំ​បាន​មក​ក្នុង​ស្រុក​ស៊ីរី និង​ស្រុក​គីលីគា
22 តែ​ពួក​ជំនុំ​ក្នុង​ព្រះ‌គ្រីស្ទ ដែល​នៅ​ស្រុក​យូដា មិន​បាន​ស្គាល់​មុខ​ខ្ញុំ​ទេ
23 គេ​គ្រាន់​តែ​ឮ​ថា អ្នក​ដែល​ធ្វើ​ទុក​គេ​កាល​ពី​ដើម ឥឡូវ​នេះ កំពុង​ផ្សាយ​ដំណឹង​ពី​សេចក្ដី​ជំនឿ ដែល​ខ្លួន​បាន​បំផ្លាញ​ពី​ដើម​នោះ​វិញ
24 ហើយ​គេ​ក៏​សរសើរ‌តម្កើង​ដល់​ព្រះ​ដោយ​ព្រោះ​ខ្ញុំ។


ជំពូក 2

1 លុះ​កន្លង​ក្រោយ​មក​១៤​ឆ្នាំ នោះ​ខ្ញុំ​បាន​ឡើង​ទៅ​ឯ​ក្រុង​យេរូ‌សាឡឹម​ម្តង​ទៀត​ជា​មួយ​នឹង​បាណា‌បាស​ក៏​យក​ទីតុស​ទៅ​ជា​មួយ​ដែរ
2 ខ្ញុំ​បាន​ឡើង​ទៅ តាម​សេចក្ដី​ដែល​បើក​សម្ដែង​មក ហើយ​បាន​បង្ហាញ​ដំណឹង​ល្អ ដែល​ខ្ញុំ​ថ្លែង​ប្រាប់​នៅ​ក្នុង​ពួក​សាសន៍​ដទៃ ឲ្យ​ពួក​អ្នក​មុខ​បាន​ស្គាល់​ដោយ‌ឡែក ក្រែង​ខ្ញុំ​កំពុង​តែ​រត់ ឬ​បាន​រត់​ពី​ដើម​នោះ ជា​បែប​ឥត​ប្រយោជន៍​យ៉ាង​ណា
3 (តែ​គេ​មិន​បង្ខំ​ឲ្យ​ទីតុស ជា​សាសន៍​ក្រេក ដែល​នៅ​ជា​មួយ​នឹង​ខ្ញុំ បាន​កាត់​ស្បែក​ទេ)
4 ដែល​បង្ហាញ​គេ​ដូច្នេះ គឺ​ដោយ​ព្រោះ​ពួក​បង​ប្អូន​ក្លែង‌ក្លាយ ដែល​បាន​ស៊ក​សៀត​ចូល​មក ដោយ​លួច​លាក់ គេ​បាន​លួច​ចូល ដើម្បី​នឹង​លប​មើល​សេរី‌ភាព​នៃ​យើង​ខ្ញុំ ដែល​នៅ​ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ ដោយ​ចង់​នាំ​ឲ្យ​យើង​ខ្ញុំ​ជាប់​ចំណង វិញ
5 តែ​យើង​ខ្ញុំ​មិន​ព្រម​ចុះ​ចូល​នឹង​ពួក​នោះ សូម្បី​តែ​១​ភ្លែត​ផង ដើម្បី​ឲ្យ​សេចក្ដី​ពិត​របស់​ដំណឹង​ល្អ បាន​នៅ​ស្ថិត‌ស្ថេរ​ជាប់​នឹង​អ្នក​រាល់​គ្នា
6 តែ​ពួក​អ្នក ដែល​គេ​រាប់​ទុក​ជា​ប្រសើរ ទោះ​បើ​គេ​ជា​អ្វី​ក៏​ដោយ នោះ​ឥត​មាន​អំពល់​អ្វី​ដល់​ខ្ញុំ​ទេ ព្រោះ​ព្រះ‌ទ្រង់​មិន​រើស​មុខ​អ្នក​ណា​ឡើយ ពួក​អ្នក​មុខ​នោះ​មិន​បាន​បន្ថែម​ចំណេះ​អ្វី​ឲ្យ​ខ្ញុំ​សោះ
7 តែ​កាល​គេ​បាន​ឃើញ​ថា ដំណឹង​ល្អ​សម្រាប់​ពួក​មិន​កាត់​ស្បែក បាន​ផ្ញើ​ទុក​នឹង​ខ្ញុំ ដូច​ជា​ដំណឹង​ល្អ​សម្រាប់​ពួក​កាត់​ស្បែក បាន​ផ្ញើ​ទុក​នឹង​លោក​ពេត្រុស​ដែរ
8 (ដ្បិត​ព្រះ​ដែល​បណ្តាល​ឲ្យ​លោក​ពេត្រុស ធ្វើ​ជា​សាវក​ដល់​ពួក​កាត់​ស្បែក នោះ​បាន​បណ្តាល​ឲ្យ​ខ្ញុំ ធ្វើ​ជា​សាវក​ដល់​ពួក​សាសន៍​ដទៃ​ដែរ)
9 ហើយ​កាល​បាន​ឃើញ​ព្រះ‌គុណ ។ ដែល​ទ្រង់​ប្រទាន​មក​ខ្ញុំ នោះ​លោក​យ៉ាកុប លោក​កេផាស និង​លោក​យ៉ូហាន ដែល​គេ​រាប់​ទុក​ជា​សសរ​ទ្រូង លោក​បាន​លូក​ដៃ​ស្តាំ​មក​ទទួល​ខ្ញុំ និង​បាណា‌បាស ក្នុង​សេចក្ដី​ប្រកប​គ្នា ដើម្បី​ឲ្យ​យើង​ខ្ញុំ​ទៅ​ឯ​សាសន៍​ដទៃ ហើយ​លោក​ទៅ​ឯ​ពួក​កាត់​ស្បែក​វិញ
10 លោក​ផ្តាំ​ឲ្យ​តែ​យើង​ខ្ញុំ​នឹង​ចាំ​ពី​ពួក​អ្នក​ក្រ ជា​ការ​ដែល​ខ្ញុំ​ឧស្សាហ៍​ខំ​ធ្វើ​ដែរ។
11 ប៉ុន្តែ កាល​លោក​ពេត្រុស​បាន​មក​ដល់​អាន់‌ទី‌យ៉ូក នោះ​ខ្ញុំ​បាន​ទាស់​ទទឹង​នឹង​លោក​នៅ​ប្រទល់​មុខ ពី​ព្រោះ​លោក​គួរ​ឲ្យ​បន្ទោស​បាន
12 ដ្បិត​មុន​ដែល​មាន​អ្នក​ខ្លះ​មក​ពី​លោក​យ៉ាកុប នោះ​លោក​បាន​បរិភោគ​ជា​មួយ​នឹង​ពួក​សាសន៍​ដទៃ តែ​លុះ​គេ​មក​ដល់​ហើយ នោះ​លោក​ដក​ខ្លួន​ថយ​ចេញ ដោយ​កោត‌ខ្លាច​ដល់​ពួក​កាត់​ស្បែក
13 ឯ​ពួក​សាសន៍​យូដា​ឯ​ទៀត ក៏​ធ្វើ​ជា​ពើ​ជា​មួយ​នឹង​លោក​ដែរ ដល់​ម៉្លេះ​បាន​ជា​បាណា‌បាស ត្រូវ​បណ្តោយ​តាម​អំពើ​កំពុត​របស់​គេ​ទៀត
14 កាល​ខ្ញុំ​ឃើញ​ថា គេ​មិន​ដើរ​ត្រង់​តាម​សេចក្ដី​ពិត​នៃ​ដំណឹង​ល្អ​ទេ នោះ​ខ្ញុំ​ក៏​សួរ​លោក​ពេត្រុស នៅ​មុខ​មនុស្ស​ទាំង​អស់​ថា បើ​លោក ដែល​ជា​សាសន៍​យូដា មិន​ប្រព្រឹត្ត​តាម​ទំនៀម‌ទម្លាប់​របស់​សាសន៍​យូដា​ទេ គឺ​ប្រព្រឹត្ត​តាម​ទំនៀម‌ទម្លាប់​សាសន៍​ដទៃ​វិញ នោះ​ហេតុ​អ្វី​បាន​ជា​បង្ខំ​ឲ្យ​សាសន៍​ដទៃ ប្រព្រឹត្ត​ដូច​ជា​សាសន៍​យូដា​ដូច្នេះ
15 ឯ​យើង​ដែល​ជា​សាសន៍​យូដា​ពី​កំណើត ហើយ​មិន​មែន​ជា​អ្នក​ដែល​មាន​បាប​ក្នុង​សាសន៍​ដទៃ
16 យើង​ដឹង​ថា មនុស្ស​មិន​បាន​រាប់​ជា​សុចរិត ដោយ​ប្រព្រឹត្ត​តាម​ក្រឹត្យ‌វិន័យ​នោះ​ឡើយ គឺ​ដោយ​សេចក្ដី​ជំនឿ ជឿ​ដល់​ព្រះ‌យេស៊ូវ​គ្រីស្ទ​វិញ ហេតុ​នោះ​បាន​ជា​យើង​ជឿ​ដល់​ព្រះ‌គ្រីស្ទ​យេស៊ូវ ដើម្បី​ឲ្យ​បាន​រាប់​ជា​សុចរិត ដោយ‌សារ​សេចក្ដី​ជំនឿ ជឿ​ដល់​ព្រះ‌គ្រីស្ទ នោះ មិន​មែន​ដោយ​ប្រព្រឹត្ត​តាម​ក្រឹត្យ‌វិន័យ​ទេ ពី​ព្រោះ​គ្មាន​មនុស្ស​ណា​បាន​រាប់​ជា​សុចរិត​ដោយ​ប្រព្រឹត្ត​តាម​ក្រឹត្យ‌វិន័យ​ឡើយ
17 រីឯ កាល​យើង​ខ្ញុំ​កំពុង​តែ​ស្វែង‌រក​ឲ្យ​បាន​រាប់​ជា​សុចរិត​ក្នុង​ព្រះ‌គ្រីស្ទ នោះ​បើ​សិន​ជា​គេ​ឃើញ​យើង​មាន​បាប​វិញ ដូច្នេះ តើ​ព្រះ‌គ្រីស្ទ​ជា​អ្នក​ចែក​ចាយ​អំពើ​បាប​ឬ​អី ទេ មិន​មែន​ឡើយ
18 ដ្បិត​បើ​សិន​ជា​ខ្ញុំ​តាំង​ការ​ទាំង​នោះ​ឡើង​វិញ ដែល​ខ្ញុំ​បាន​រំលំ​ពី​ដើម នោះ​ឈ្មោះ​ថា ខ្ញុំ​តាំង​ខ្លួន​ខ្ញុំ​ជា​អ្នក​រំលង​ច្បាប់ ហើយ
19 ពី​ព្រោះ​ខ្ញុំ​បាន​ស្លាប់​ខាង​ឯ​ក្រឹត្យ‌វិន័យ ដោយ‌សារ​ក្រឹត្យ‌វិន័យ នោះ​ឯង ដើម្បី​ឲ្យ​ខ្ញុំ​បាន​រស់​ខាង​ឯ​ព្រះ​វិញ
20 ខ្ញុំ​បាន​ជាប់​ឆ្កាង​ជា​មួយ​នឹង​ព្រះ‌គ្រីស្ទ ប៉ុន្តែ ខ្ញុំ​រស់​នៅ មិន​មែន​ជា​ខ្ញុំ​ទៀត គឺ​ជា​ព្រះ‌គ្រីស្ទ​ទ្រង់​រស់​ក្នុង​ខ្ញុំ​វិញ ហើយ​ដែល​ខ្ញុំ​រស់​ក្នុង​សាច់​ឈាម​ឥឡូវ​នេះ នោះ​គឺ​រស់​ដោយ​សេចក្ដី​ជំនឿ ជឿ​ដល់​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ ដែល​ទ្រង់​ស្រឡាញ់​ខ្ញុំ ក៏​បាន​ប្រគល់​ព្រះ‌អង្គ​ទ្រង់​ជំនួស​ខ្ញុំ​ហើយ
21 ខ្ញុំ​មិន​លើក​ព្រះ‌គុណ​នៃ​ព្រះ​ចោល​ទេ ដ្បិត​បើ​សិន​ជា​សេចក្ដី​សុចរិត​មក​ដោយ‌សារ​ក្រឹត្យ‌វិន័យ នោះ​ព្រះ‌គ្រីស្ទ​បាន​សុគត​ជា​ឥត​ប្រយោជន៍​សោះ។


ជំពូក 3

1 ឱ​ពួក​អ្នក​ស្រុក​កាឡាទី​ឥត​បើ​គិត​អើយ ដែល​បាន​បើក​សម្ដែង​ព្រះ‌យេស៊ូវ​គ្រីស្ទ​មក​យ៉ាង​ច្បាស់ នៅ​ភ្នែក​អ្នក​រាល់​គ្នា ហើយ​ទាំង​ជាប់​ឆ្កាង​ផង នោះ​តើ​អ្នក​ណា​បាន​ធ្វើ​អំពើ​ដាក់​អ្នក​រាល់​គ្នា ឲ្យ​លែង​ស្តាប់​តាម​សេចក្ដី​ពិត​វិញ​ដូច្នេះ
2 ខ្ញុំ​ចង់​សួរ​អ្នក​រាល់​គ្នា​តែ​ប៉ុណ្ណេះ​ថា តើ​អ្នក​រាល់​គ្នា​បាន​ទទួល​ព្រះ‌វិញ្ញាណ ដោយ​ប្រព្រឹត្ត​តាម​ក្រឹត្យ‌វិន័យ ឬ​ដោយ​បាន​ស្តាប់ ទាំង​មាន​សេចក្ដី​ជំនឿ
3 តើ​អ្នក​រាល់​គ្នា​ជា​មនុស្ស​ឥត​បើ​គិត​ជា​ខ្លាំង​ដល់‌ម៉្លេះ​ឬ​អី ដែល​បាន​ចាប់​ផ្តើម ដោយ​ព្រះ‌វិញ្ញាណ​ហើយ តើ​ឥឡូវ​នេះ​បាន​គ្រប់​លក្ខណ៍​ឡើង ដោយ​សាច់​ឈាម​វិញ​ឬ
4 តើ​បាន​រង​ទុក្ខ​ច្រើន​ម៉្លេះ​ជា​ឥត​ប្រយោជន៍​ឬ​អី គឺ​បើ​ជា​ឥត​ប្រយោជន៍​មែន
5 ឯ​ព្រះ ដែល​ទ្រង់​ប្រទាន​ព្រះ‌វិញ្ញាណ​មក​អ្នក​រាល់​គ្នា ហើយ​ធ្វើ​ការ​ឫទ្ធិ‌បារមី​ក្នុង​ពួក​អ្នក​រាល់​គ្នា នោះ​តើ​ដោយ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​តាម​ក្រឹត្យ‌វិន័យ ឬ​ដោយ​ស្តាប់ ទាំង​មាន​សេចក្ដី​ជំនឿ​វិញ
6 ដូច​ជា​លោក​អ័ប្រា‌ហាំ​បាន​ជឿ​ដល់​ព្រះ ហើយ​សេចក្ដី​នោះ បាន​រាប់​ជា​សេចក្ដី​សុចរិត​ដល់​លោក
7 ដូច្នេះ ចូរ​ដឹង​ថា ពួក​អ្នក​ដែល​មាន​សេចក្ដី​ជំនឿ នោះ​ជា​ពូជ​លោក​អ័ប្រា‌ហាំ​ហើយ
8 ហើយ​ដោយ​គម្ពីរ​បាន​ដឹង​ជា​មុន​ថា ព្រះ‌ទ្រង់​នឹង​រាប់​ពួក​សាសន៍​ដទៃ​ជា​សុចរិត ដោយ​សេចក្ដី​ជំនឿ បាន​ជា​មាន​សេចក្ដី​ប្រកាស​ប្រាប់​មក ដល់​លោក​អ័ប្រា‌ហាំ​ជា​មុន​ថា «អស់​ទាំង​សាសន៍​នឹង​បាន​ពរ​ដោយ‌សារ​ឯង»
9 ដូច្នេះ អស់​អ្នក​ដែល​មាន​សេចក្ដី​ជំនឿ នោះ​ឈ្មោះ​ថា​បាន​ពរ​ជា​មួយ​នឹង​លោក​អ័ប្រា‌ហាំ ដែល​ជា​អ្នក​ជឿ​ដែរ
10 តែ​អស់​អ្នក​ដែល​អាង​ដល់​ការ​ប្រព្រឹត្ត​តាម​ក្រឹត្យ‌វិន័យ នោះ​ត្រូវ​បណ្តាសា​វិញ ដ្បិត​មាន​សេចក្ដី​ចែង​ទុក​មក​ថា «ត្រូវ​បណ្តាសា​ហើយ អស់​អ្នក​ណា​ដែល​មិន​កាន់​ខ្ជាប់​តាម​គ្រប់​ទាំង​សេចក្ដី ដែល​កត់​ទុក​ក្នុង​គម្ពីរ​ក្រឹត្យ‌វិន័យ ដើម្បី​នឹង​ប្រព្រឹត្ត​តាម»
11 ហើយ​ច្បាស់​ជា​គ្មាន​អ្នក​ណា​បាន​រាប់​ជា​សុចរិត នៅ​ចំពោះ​ព្រះ ដោយ‌សារ​ក្រឹត្យ‌វិន័យ​ឡើយ ពី​ព្រោះ«មនុស្ស​សុចរិត​នឹង​រស់ ដោយ​អាង​សេចក្ដី​ជំនឿ»
12 ឯ​ក្រឹត្យ‌វិន័យ មិន​អាង​សេចក្ដី​ជំនឿ​ទេ គឺ​អ្នក​ណា​ដែល​អាច​នឹង​ប្រព្រឹត្ត តាម​សេចក្ដី​ទាំង​នោះ​បាន អ្នក​នោះ​នឹង​រស់​នៅ​ដោយ‌សារ​សេចក្ដី​ទាំង​នោះ
13 ព្រះ‌គ្រីស្ទ​ទ្រង់​បាន​លោះ​យើង​រាល់​គ្នា ឲ្យ​រួច​ពី​សេចក្ដី​បណ្តាសា​របស់​ក្រឹត្យ‌វិន័យ ដោយ​ទ្រង់​ត្រូវ​បណ្តាសា​ជំនួស​យើង​រាល់​គ្នា (ដ្បិត​មាន​សេចក្ដី​ចែង​ទុក​មក​ថា «ត្រូវ​បណ្តាសា​ហើយ អ្នក​ណា​ដែល​ត្រូវ​ព្យួរ​នៅ​លើ​ឈើ» )
14 ដើម្បី​ឲ្យ​ពរ​របស់​លោក​អ័ប្រា‌ហាំ បាន​មក​ដល់​អស់​ទាំង​សាសន៍​ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ ប្រយោជន៍​ឲ្យ​យើង​បាន​ទទួល​សេចក្ដី​សន្យា គឺ​ជា​ព្រះ‌វិញ្ញាណ ដោយ‌សារ​សេចក្ដី​ជំនឿ។
15 បង​ប្អូន​អើយ ខ្ញុំ​និយាយ​តាម​បែប​ភាព​មនុស្ស​ថា សូម្បី​តែ​សេចក្ដី​សញ្ញា​របស់​មនុស្ស បើ​គេ​យល់​ព្រម​តាំង​នឹង​គ្នា​ជា​ស្រេច​ហើយ នោះ​គ្មាន​អ្នក​ណា​នឹង​លើក​ចោល ឬ​បន្ថែម​បញ្ចូល​អ្វី​ឡើយ
16 រីឯ​សេចក្ដី​សន្យា​ទាំង​ប៉ុន្មាន នោះ​បាន​តាំង​នឹង​លោក​អ័ប្រា‌ហាំ ហើយ​និង​ពូជ​លោក តែ​ទ្រង់​មិន​បាន​មាន​ព្រះ‌បន្ទូល​ថា «នឹង​ពូជ​ទាំង​ប៉ុន្មាន» ដូច​ជា​មាន​ពូជ​ជា​ច្រើន​នោះ​ទេ គឺ​ចំពោះ​ពូជ​តែ​១​វិញ ដោយ​ថា «និង​ពូជ​លោក​១​នោះ​ឯង» គឺ​ជា​ព្រះ‌គ្រីស្ទ
17 ខ្ញុំ​ចង់​និយាយ​ដូច្នេះ​ថា សេចក្ដី​សញ្ញា​ដែល​ព្រះ​បាន​យល់​ព្រម​ជា​មុន នោះ​ក្រឹត្យ‌វិន័យ ដែល​កើត​ឡើង​៤៣០​ឆ្នាំ​ជា​ក្រោយ​នឹង​លើក​ចោល ឲ្យ​សេចក្ដី​សញ្ញា​នោះ​ទៅ​ជា​ឥត​ប្រយោជន៍​មិន​បាន
18 ដ្បិត​បើ​សិន​ជា​មរដក​នោះ​បាន​មក ដោយ​អាង​ក្រឹត្យ‌វិន័យ នោះ​មិន​មែន​អាង​សេចក្ដី​សន្យា​ទៀត​ទេ តែ​ព្រះ‌ទ្រង់​បាន​ប្រទាន​ដល់​លោក​អ័ប្រា‌ហាំ តាម​សេចក្ដី​សន្យា​វិញ
19 ដូច្នេះ តើ​ហេតុ​អ្វី​បាន​ជា​មាន​ក្រឹត្យ‌វិន័យ នោះ​គឺ​បាន​បន្ថែម​បញ្ចូល​ដោយ​ព្រោះ​សេចក្ដី​រំលង​ច្បាប់ ទាល់​តែ​ពូជ បាន​កើត​ឡើង ដែល​ទ្រង់​តាំង​សេចក្ដី​សន្យា​នោះ​ឲ្យ ដោយ‌សារ​ពួក​ទេវតា នៅ​ដៃ​នៃ​អ្នក​កណ្តាល​ម្នាក់
20 រីឯ​អ្នក​កណ្តាល នោះ​មិន​មែន​បង្រួប‌បង្រួម​អ្នក​ណា​តែ​ម្នាក់​ឯង​នោះ​ឡើយ តែ​ចំណែក​ព្រះ ទ្រង់​ជា​ព្រះ​តែ​១​ទេ។
21 ដូច្នេះ តើ​ក្រឹត្យ‌វិន័យ​ទាស់​ទទឹង​នឹង​សេចក្ដី​សន្យា​នៃ​ព្រះ​ឬ​អី មិន​មែន​ទេ ដ្បិត​បើ​សិន​ជា​មាន​ក្រឹត្យ‌វិន័យ​ណា​ប្រទាន​មក ដែល​អាច​នឹង​ធ្វើ​ឲ្យ​រស់​បាន នោះ​ប្រាកដ​ជា​សេចក្ដី​សុចរិត​នឹង​មក ដោយ‌សារ​ក្រឹត្យ‌វិន័យ​នោះ​ហើយ
22 ប៉ុន្តែ គម្ពីរ​បាន​បង្ខាំង​គ្រប់​ទាំង​អស់​ក្នុង​អំពើ​បាប ដើម្បី​ឲ្យ​សេចក្ដី​ដែល​ទ្រង់​សន្យា បាន​ប្រទាន​មក​ដល់​ពួក​អ្នក​ជឿ​វិញ ដោយ‌សារ​សេចក្ដី​ជំនឿ​ដល់​ព្រះ‌យេស៊ូវ​គ្រីស្ទ
23 តែ​កាល​មុន​ដែល​មាន​សេចក្ដី​ជំនឿ​ចូល​មក នោះ​យើង​រាល់​គ្នា​ត្រូវ​បង្ខាំង​នៅ​ក្រោម​ក្រឹត្យ‌វិន័យ គឺ​ត្រូវ​ឃុំ​ទុក សម្រាប់​សេចក្ដី​ជំនឿ ដែល​ត្រូវ​លេច​មក
24 បាន​ជា​ក្រឹត្យ‌វិន័យ​ធ្វើ​ជា​អ្នក​ដឹក‌នាំ​យើង​រាល់​គ្នា​ទៅ​ដល់​ព្រះ‌គ្រីស្ទ ដើម្បី​ឲ្យ​យើង​បាន​រាប់​ជា​សុចរិត ដោយ​អាង​សេចក្ដី​ជំនឿ
25 តែ​លុះ​កាល​សេចក្ដី​ជំនឿ​បាន​មក​ដល់ នោះ​យើង​មិន​មែន​នៅ​ក្រោម​អំណាច របស់​អ្នក​ដឹក‌នាំ​នោះ​ទៀត​ទេ
26 ដ្បិត​អ្នក​រាល់​គ្នា​សុទ្ធ​តែ​ជា​កូន​ព្រះ ដោយ‌សារ​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះ‌គ្រីស្ទ​យេស៊ូវ
27 ព្រោះ​អស់​អ្នក​ដែល​បាន​ទទួល​បុណ្យ​ជ្រមុជ​ក្នុង​ព្រះ‌គ្រីស្ទ នោះ​ឈ្មោះ​ថា​បាន​ប្រដាប់​កាយ​ដោយ​ព្រះ‌គ្រីស្ទ​ហើយ
28 គ្មាន​សាសន៍​យូដា ឬ​សាសន៍​ក្រេក គ្មាន​បាវ​បម្រើ ឬ​អ្នក​ជា គ្មាន​ប្រុស និង​ស្រី​ទៀត​ទេ ពី​ព្រោះ​អ្នក​រាល់​គ្នា​ទាំង​អស់​រួម​មក​តែ​មួយ នៅ​ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ
29 ហើយ​បើ​អ្នក​រាល់​គ្នា​ជា​របស់​ផង​ព្រះ‌គ្រីស្ទ នោះ​ក៏​ពេញ​ជា​ពូជ​របស់​លោក​អ័ប្រា‌ហាំ​ហើយ ក៏​ជា​អ្នក​គ្រង​មរដក​តាម​សេចក្ដី​សន្យា​ផង។


ជំពូក 4

1 ខ្ញុំ​និយាយ​ដូច្នេះ​ថា កាល​អ្នក​ដែល​ត្រូវ​គ្រង​មរដក​នៅ​ក្មេង​នៅ​ឡើយ នោះ​មិន​ផ្សេង​ពី​បាវ​បម្រើ​ប៉ុន្មាន​ទេ ទោះ​បើ​ជា​ម្ចាស់​លើ​ទាំង​អស់​ក៏​ដោយ
2 ដ្បិត​ត្រូវ​នៅ​ក្នុង​អំណាច​ភីលៀង និង​អ្នក​ត្រួត​ត្រា ដរាប​ដល់​វេលា​ដែល​ឪពុក​បាន​កំណត់​ជា​មុន
3 ឯ​យើង​រាល់​គ្នា​ក៏​ដូច្នោះ​ដែរ កាល​យើង​នៅ​ក្មេង នៅ​ឡើយ នោះ​យើង​ត្រូវ​ជាប់​ចំណង ក្នុង​អំណាច​នៃ​អស់​ទាំង​បថម​សិក្សា​របស់​លោកីយ៍
4 តែ​លុះ​វេលា​កំណត់​បាន​មក​ដល់ នោះ​ព្រះ‌ទ្រង់​បាន​ចាត់​ព្រះ‌រាជ‌បុត្រា​ទ្រង់​ឲ្យ​មក​ចាប់​កំណើត​នឹង​ស្ត្រី គឺ​កើត​ក្រោម​អំណាច​នៃ​ក្រឹត្យ‌វិន័យ
5 ដើម្បី​នឹង​លោះ​ពួក​អ្នក​ដែល​នៅ​ក្រោម​ក្រឹត្យ‌វិន័យ ប្រយោជន៍​ឲ្យ​យើង​បាន​ទទួល​សគុណ ទុក​ជា​កូន​ចិញ្ចឹម
6 ហើយ​ដោយ​ព្រោះ​អ្នក​រាល់​គ្នា​ជា​កូន បាន​ជា​ព្រះ‌ទ្រង់​ចាត់​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌រាជ‌បុត្រា​ទ្រង់ ឲ្យ​មក​ក្នុង​ចិត្ត​អ្នក​រាល់​គ្នា ឲ្យ​បន្លឺ​ឡើង​ថា អ័ប្បា ព្រះ‌វរ‌បិតា​អើយ
7 ដូច្នេះ អ្នក​រាល់​គ្នា​មិន​មែន​ជា​បាវ​បម្រើ​ទៀត​ទេ គឺ​ជា​កូន​វិញ ហើយ​បើ​ជា​កូន​នោះ​នឹង​បាន​មរដក​នៃ​ព្រះ ដោយ‌សារ​ព្រះ‌គ្រីស្ទ​ដែរ។
8 នៅ​វេលា​នោះ កាល​អ្នក​រាល់​គ្នា​មិន​ទាន់​ស្គាល់​ព្រះ នោះ​ត្រូវ​ជាប់​បម្រើ​ដល់​អស់​ទាំង​របស់​ដែល​មិន​មែន​ជា​ព្រះ​ពី​កំណើត​ទេ
9 តែ​ឥឡូវ​នេះ លុះ​បាន​ស្គាល់​ព្រះ​ហើយ (តែ​ស៊ូ​ថា ព្រះ​បាន​ស្គាល់​អ្នក​រាល់​គ្នា​វិញ​ជា​ជាង) នោះ​ធ្វើ​ដូច​ម្តេច​ឲ្យ​អ្នក​រាល់​គ្នា​បាន​ត្រឡប់​ទៅ​ឯ​បថម​សិក្សា​ខ្សោយ ហើយ​ទាប​ថោក ដែល​អ្នក​រាល់​គ្នា​ចង់​ទៅ​ជាប់​បម្រើ​ម្តង​ទៀត​នោះ
10 អ្នក​រាល់​គ្នា​ជា​អ្នក​កាន់​ថ្ងៃ ខែ រដូវ និង​ឆ្នាំ​ផ្សេងៗ
11 ខ្ញុំ​ខ្លាច​ក្រែង​ខ្ញុំ​បាន​ធ្វើ​ការ​នឿយ​ហត់ ក្នុង​ពួក​អ្នក​រាល់​គ្នា ជា​ឥត​ប្រយោជន៍។
12 បង​ប្អូន​អើយ ខ្ញុំ​សូម​អង្វរ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ដូច​ខ្ញុំ ដ្បិត​ខ្ញុំ​ដូច​អ្នក​រាល់​គ្នា​ដែរ អ្នក​រាល់​គ្នា​មិន​បាន​ធ្វើ​អ្វី​ខុស​នឹង​ខ្ញុំ​ទេ
13 តែ​អ្នក​រាល់​គ្នា​ដឹង​ថា ខ្ញុំ​បាន​ផ្សាយ​ដំណឹង​ល្អ​មក​អ្នក​រាល់​គ្នា​កាល​ពី​ដើម ដោយ​សេចក្ដី​កំសោយ​ខាង​សាច់​ឈាម
14 ហើយ​អ្នក​រាល់​គ្នា​មិន​បាន​មើល‌ងាយ ចំពោះ​សេចក្ដី​ល្បង​ក្នុង​សាច់​ឈាម​ខ្ញុំ ឬ​ចោល​ខ្ញុំ​ចេញ ដោយ​ខ្ពើម​នោះ​ទេ គឺ​បាន​ទទួល​ខ្ញុំ ទុក​ដូច​ជា​ទេវតា​នៃ​ព្រះ​វិញ ហើយ​ដូច​ជា​ព្រះ‌យេស៊ូវ​គ្រីស្ទ​ផង
15 ដូច្នេះ សេចក្ដី​អំណរ​ដែល​អ្នក​រាល់​គ្នា​មាន​កាល​ពី​ដើម​នោះ តើ​នៅ​ឯ​ណា ដ្បិត​ខ្ញុំ​ធ្វើ​បន្ទាល់​ពី​អ្នក​រាល់​គ្នា​ថា កាល​ណោះ​អ្នក​រាល់​គ្នា​នឹង​ខ្វេះ​ភ្នែក​ចេញ​ឲ្យ​មក​ខ្ញុំ បើ​សិន​ជា​បាន
16 ដូច្នេះ តើ​ខ្ញុំ​បាន​ត្រឡប់​ជា​ខ្មាំង​សត្រូវ​នឹង​អ្នក​រាល់​គ្នា​វិញ ដោយ​ព្រោះ​តែ​និយាយ​សេចក្ដី​ពិត​ឬ​អី
17 គេ​មាន​សេចក្ដី​ឧស្សាហ៍​ដល់​អ្នក​រាល់​គ្នា​ណាស់ តែ​មិន​ល្អ​ទេ គឺ​គេ​ចង់​តែ​ឲ្យ​អ្នក​រាល់​គ្នា​ចោល​យើង​ខ្ញុំ​ចេញ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ប្រឹង​សង្វាត​ទៅ​តាម​គេ​វិញ
18 គួរ​ឲ្យ​មាន​សេចក្ដី​សង្វាត ខាង​ការ​ល្អ​ជា​ដរាប​ទៅ មិន​មែន​តែ​ក្នុង​កាល​ដែល​ខ្ញុំ​នៅ​ជា​មួយ​ប៉ុណ្ណោះ​ឡើយ
19 កូន​ចៅ​អើយ ខ្ញុំ​លំបាក​ក្នុង​ចិត្ត​ជា​ពន់‌ពេក ដោយ​ព្រោះ​អ្នក​រាល់​គ្នា​ម្តង​ទៀត ទាល់​តែ​ព្រះ‌គ្រីស្ទ​បាន​ក​មាន​រូប​រាង ក្នុង​អ្នក​រាល់​គ្នា​ឡើង
20 ហើយ​ឥឡូវ​នេះ ខ្ញុំ​ចង់​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​ខ្ញុំ​បាន​ផ្លាស់​ពាក្យ​សំដី​ចេញ ដ្បិត​ខ្ញុំ​មាន​សេចក្ដី​សង្ស័យ​ពី​ដំណើរ​អ្នក​រាល់​គ្នា​ណាស់។
21 អ្នក​រាល់​គ្នា ដែល​ចង់​នៅ​ក្រោម​បន្ទុក​ក្រឹត្យ‌វិន័យ​អើយ សូម​ប្រាប់​មក​ខ្ញុំ តើ​មិន​ឮ​សេចក្ដី​ដែល​ក្រឹត្យ‌វិន័យ​ថា​ទេ​ឬ​អី
22 ដ្បិត​មាន​សេចក្ដី​ចែង​ទុក​មក​ថា លោក​អ័ប្រា‌ហាំ​មាន​កូន​២ មួយ​កើត​ពី​បាវ​ស្រី ហើយ​មួយ​ពី​ស្រី​អ្នក​ជា
23 តែ​កូន​ដែល​កើត​ពី​បាវ​ស្រី នោះ​បាន​កើត​តាម​សាច់​ឈាម ហើយ​១​ដែល​កើត​ពី​អ្នក​ជា បាន​កើត​តាម​សេចក្ដី​សន្យា​វិញ
24 នោះ​ជា​សេចក្ដី​ប្រៀប​ធៀប គឺ​ស្ត្រី​ទាំង​២​នេះ​ជា​គំរូ​ពី​សេចក្ដី​សញ្ញា​២​ច្បាប់ មួយ​មក​ពី​ភ្នំ​ស៊ី‌ណាយ ក៏​បង្កើត​សភាព​ជា​បាវ​បម្រើ នោះ​គឺ​ជា​នាង​ហាការ
25 ដ្បិត​នាង​ហាការ​ទុក​ដូច​ជា​ភ្នំ​ស៊ី‌ណាយ នៅ​ស្រុក​អារ៉ាប់ ហើយ​ក៏​ត្រូវ​នឹង​ក្រុង​យេរូ‌សាឡឹម​សព្វ​ថ្ងៃ​នេះ ជា​ក្រុង​ដែល​ជាប់​បម្រើ​ជា​មួយ​នឹង​កូន​ចៅ​ផង
26 តែ​ក្រុង​យេរូ‌សាឡឹម ដែល​នៅ​ស្ថាន​លើ នោះ​ជា​ស្រី​អ្នក​ជា​វិញ ដែល​ជា​ម្តាយ​យើង​ទាំង​អស់​គ្នា
27 ដ្បិត​មាន​សេចក្ដី​ចែង​ទុក​មក​ថា «ឱ​នាង​អារ ដែល​មិន​បង្កើត​កូន​អើយ ចូរ​អរ​សប្បាយ​ឡើង ឱ​នាង​ដែល​មិន​បាន​ឈឺ​នឹង​សម្រាល​អើយ ចូរ​ធ្លាយ​សម្រែក​ឡើង​ចុះ ពី​ព្រោះ​កូន​របស់​នាង​ដែល​គ្មាន​គូ នោះ​ច្រើន​ជាង​កូន​នៃ​នាង​ដែល​មាន​ប្ដី​ទៅ​ហើយ»
28 តែ​បង​ប្អូន​អើយ យើង​រាល់​គ្នា​ជា​កូន​តាម​សេចក្ដី​សន្យា ដូច​ជា​លោក​អ៊ីសាក​ដែរ
29 តែ​ឥឡូវ​នេះ ក៏​ដូច​ជា​កាល​ពី​ដើម ដ្បិត​កូន​ដែល​កើត​តាម​សាច់​ឈាម បាន​ធ្វើ​ទុក្ខ​ដល់​កូន ដែល​កើត​តាម​ព្រះ‌វិញ្ញាណ​វិញ
30 តែ​គម្ពីរ​ថា​ដូច​ម្តេច គឺ​ថា «ចូរ​ដេញ​បាវ​ស្រី​នឹង​កូន​វា​ចេញ ដ្បិត​កូន​របស់​បាវ​ស្រី មិន​ត្រូវ​គ្រង​មរដក​ជា​មួយ​នឹង​កូន​របស់​ស្រី​អ្នក​ជា​ឡើយ»
31 ដូច្នេះ បង​ប្អូន​អើយ យើង​រាល់​គ្នា​មិន​មែន​ជា​កូន​របស់​បាវ​ស្រី​ទេ គឺ​ជា​កូន​របស់​ស្រី​អ្នក​ជា​វិញ។


ជំពូក 5

1 ព្រះ‌គ្រីស្ទ​បាន​ប្រោស​យើង​ឲ្យ​រួច​ហើយ ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​ឈរ​ឲ្យ​មាំ‌មួន ក្នុង​សេរី‌ភាព​នោះ​ចុះ កុំ​ឲ្យ​ត្រូវ​ជាប់​ចំណង​ជា​បាវ​បម្រើ​ទៀត​ឡើយ
2 នែ ប៉ុល​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា បើ​អ្នក​រាល់​គ្នា​ទទួល​កាត់​ស្បែក នោះ​ព្រះ‌គ្រីស្ទ​គ្មាន​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា​សោះ
3 ហើយ​ខ្ញុំ​ធ្វើ​បន្ទាល់​ម្តង​ទៀត ដល់​អស់​មនុស្ស​ដែល​កាត់​ស្បែក​ហើយ​ថា អ្នក​នោះ​ឯង​ជា​អ្នក​ជំពាក់​ក្រឹត្យ‌វិន័យ នឹង​ត្រូវ​ធ្វើ​តាម​គ្រប់​Chapter
4 អ្នក​រាល់​គ្នា​ណា​ដែល​ពឹង​ដល់​ក្រឹត្យ‌វិន័យ ឲ្យ​បាន​រាប់​ជា​សុចរិត នោះ​ត្រូវ​កាត់​ចេញ​ពី​ព្រះ‌គ្រីស្ទ អ្នក​បាន​ធ្លាក់​ចេញ​ពី​ព្រះ‌គុណ​ហើយ
5 ដ្បិត​យើង​រាល់​គ្នា​អាង​សេចក្ដី​ជំនឿ ដើម្បី​នឹង​រង់‌ចាំ​ដោយ​នូវ​ព្រះ‌វិញ្ញាណ ឲ្យ​បាន​សេចក្ដី​សុចរិត​ដែល​យើង​សង្ឃឹម​ចង់​បាន​នោះ
6 ពី​ព្រោះ​ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ ដែល​កាត់​ស្បែក​ឬ​មិន​កាត់ នោះ​មិន​ជា​ប្រយោជន៍​អ្វី​ទេ មាន​ប្រយោជន៍​តែ​សេចក្ដី​ជំនឿ ដែល​ប្រព្រឹត្ត​ដោយ​សេចក្ដី​ស្រឡាញ់​ប៉ុណ្ណោះ
7 អ្នក​រាល់​គ្នា​បាន​រត់​យ៉ាង​ល្អ ហើយ តើ​អ្នក​ណា​បាន​ឃាត់​មិន​ឲ្យ​ស្តាប់​តាម​សេចក្ដី​ពិត​វិញ
8 ការ​បញ្ចុះ‌បញ្ចូល​នេះ​មិន​មែន​មក​ពី​ព្រះ ដែល​ទ្រង់​ហៅ​អ្នក​រាល់​គ្នា​ទេ
9 ដំបែ​តែ​បន្តិច អាច​ធ្វើ​ឲ្យ​ម្សៅ​ទាំង​អស់​ដោរ​ឡើង​បាន
10 ខ្ញុំ​ទុក​ចិត្ត​នឹង​អ្នក​រាល់​គ្នា ដោយ​នូវ​ព្រះ‌អម្ចាស់​ថា អ្នក​រាល់​គ្នា​នឹង​គ្មាន​គំនិត​ណា​ផ្សេង​ទៀត​ឡើយ តែ​អ្នក​ដែល​បំភាន់​អ្នក​រាល់​គ្នា នោះ​នឹង​ត្រូវ​ទោស​វិញ ទោះ​បើ​ជា​អ្នក​ណា​ក៏​ដោយ
11 ប៉ុន្តែ បង​ប្អូន​អើយ បើ​សិន​ជា​ខ្ញុំ​នៅ​តែ​ប្រដៅ​ឲ្យ​គេ​កាត់​ស្បែក នោះ​តើ​ហេតុ​អ្វី​បាន​ជា​គេ​នៅ​តែ​បៀត​បៀន​ដល់​ខ្ញុំ​ទៀត បើ​ប្រដៅ​ដូច្នោះ នោះ​សេចក្ដី​បង្អាក់‌បង្អន់ ពី​រឿង​ឈើ​ឆ្កាង ត្រូវ​បាត់​ហើយ
12 បើ​ពួក​អ្នក​ដែល​បំភាន់​អ្នក​រាល់​គ្នា​បាន​កាត់​ខ្លួន​គេ​ចោល​ចេញ នោះ​ខ្ញុំ​ចូល​ចិត្ត​ណាស់។
13 បង​ប្អូន​អើយ ព្រះ‌ទ្រង់​បាន​ហៅ​អ្នក​រាល់​គ្នា​មក ឲ្យ​មាន​សេរី‌ភាព តែ​កុំ​ឲ្យ​ប្រើ​សេរី​នោះ ទុក​ជា​ឱកាស​ដល់​សាច់​ឈាម​ឡើយ គឺ​ត្រូវ​ឲ្យ​បម្រើ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​សេចក្ដី​ស្រឡាញ់​វិញ
14 ដ្បិត​ក្រឹត្យ‌វិន័យ​ទាំង​មូល បាន​សម្រេច​មក​ក្នុង​ពាក្យ​តែ​១​ម៉ាត់​នេះ​ថា «ចូរ​ឯង​ស្រឡាញ់​អ្នក​ជិត​ខាង ដូច​ខ្លួន​ឯង»
15 បើ​អ្នក​រាល់​គ្នា​ចេះ​តែ​ប្រខាំ ហើយ​ហែក​គ្នា​ស៊ី​ទៅ​វិញ​ទៅ​មក នោះ​ត្រូវ​ប្រយ័ត​ចុះ ក្រែង​លោ​វិនាស​អស់​រលីង​ទៅ។
16 តែ​ខ្ញុំ​ប្រាប់​ថា ចូរ​ដើរ​ក្នុង​ព្រះ‌វិញ្ញាណ នោះ​អ្នក​រាល់​គ្នា​នឹង​មិន​បំពេញ​សេចក្ដី​ប៉ង‌ប្រាថ្នា​ខាង​សាច់​ឈាម​ទេ
17 ដ្បិត​សាច់​ឈាម​តែង​តែ​ប៉ង‌ប្រាថ្នា​ទាស់​នឹង​ព្រះ‌វិញ្ញាណ ឯ​ព្រះ‌វិញ្ញាណ ទ្រង់​ក៏​ទាស់​នឹង​សាច់​ឈាម​ដែរ សេចក្ដី​ទាំង​២​នេះ​ប្រឆាំង​នឹង​គ្នា ដល់​ម៉្លេះ​បាន​ជា​អ្នក​រាល់​គ្នា​រក​ធ្វើ​ការ ដែល​ចង់​ធ្វើ​ទៅ​មិន​កើត
18 បើ​ព្រះ‌វិញ្ញាណ​ទ្រង់​នាំ​អ្នក​រាល់​គ្នា​វិញ នោះ​អ្នក​រាល់​គ្នា​មិន​នៅ​ក្រោម​បន្ទុក​ក្រឹត្យ‌វិន័យ​ទៀត​ទេ
19 រីឯ​កិច្ច‌ការ​ខាង​សាច់​ឈាម នោះ​ប្រាកដ​ច្បាស់​ហើយ គឺ​ជា​សេចក្ដី កំផិត សហាយ‌ស្មន់ ស្មោក‌គ្រោក អាស‌អាភាស
20 ថ្វាយ‌បង្គំ​រូប​ព្រះ មន្ត‌អាគម សំអប់​គ្នា ឈ្លោះ​ប្រកែក ឈ្នានីស កំហឹង ទាស់‌ទែង​គ្នា បាក់​បែក បក្ស‌ពួក
21 ច្រណែន កាប់​សម្លាប់ ប្រមឹក ស៊ី​ផឹក​ជ្រុល និង​ការ​អ្វី​ទៀត ដែល​ស្រដៀង​នឹង​សេចក្ដី​ទាំង​នេះ​ផង ហើយ​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ទុក​ជា​មុន ដូច​ជា​បាន​ប្រាប់​រួច​មក​ហើយ​ថា អស់​អ្នក​ដែល​ប្រព្រឹត្ត​ដូច្នេះ នោះ​មិន​បាន​គ្រង​នគរ​ព្រះ​ទុក​ជា​មរដក​ឡើយ
22 តែ​ឯ​ផល​ផ្លែ​នៃ​ព្រះ‌វិញ្ញាណ​វិញ នោះ​គឺ​សេចក្ដី​ស្រឡាញ់ អំណរ​អរ មេត្រី‌ភាព អត់‌ធ្មត់ សុភាព សប្បុរស ស្មោះ‌ត្រង់
23 ស្លូត‌បូត ហើយ​ដឹង​ខ្នាត គ្មាន​ក្រឹត្យ‌វិន័យ​ណា​ទាស់​នឹង​សេចក្ដី​យ៉ាង​នោះ​ទេ
24 ហើយ​អស់​អ្នក​ដែល​ជា​របស់​ផង​ព្រះ‌គ្រីស្ទ នោះ​បាន​ឆ្កាង​សាច់​ឈាម​ហើយ ព្រម​ទាំង​សេចក្ដី​រំជួល និង​សេចក្ដី​ប៉ង‌ប្រាថ្នា​ទាំង​ប៉ុន្មាន​ផង
25 បើ​សិន​ជា​យើង​រស់​ដោយ​នូវ​ព្រះ‌វិញ្ញាណ នោះ​ត្រូវ​ដើរ​ដោយ​ព្រះ‌វិញ្ញាណ​ដែរ
26 កុំ​ឲ្យ​យើង​រាល់​គ្នា​រក​កេរ្តិ៍​ឈ្មោះ ដែល​ឥត​ប្រយោជន៍ ទាំង​ចាក់‌រុក ហើយ​ឈ្នានីស​គ្នា​ទៅ​វិញ​ទៅ​មក​ឡើយ។


ជំពូក 6

1 ឱ​បង​ប្អូន​អើយ បើ​បាន​ទាន់​ឃើញ​មនុស្ស​ណា​ធ្វើ​ខុស​អ្វី នោះ​អ្នក​រាល់​គ្នា​ដែល​ដើរ​ដោយ​ព្រះ‌វិញ្ញាណ ចូរ​តម្រង់​អ្នក​នោះ​ដោយ​ចិត្ត​សុភាព ព្រម​ទាំង​ប្រយ័ត​ខ្លួន​ឯង​ផង ក្រែង​ត្រូវ​សេចក្ដី​ល្បួង​ដែរ
2 ចូរ​យក​អាសា​គ្នា​ទៅ​វិញ​ទៅ​មក យ៉ាង​នោះ ទើប​បាន​សម្រេច​តាម​ក្រឹត្យ‌វិន័យ​នៃ​ព្រះ‌គ្រីស្ទ
3 ដ្បិត​បើ​អ្នក​ណា​គិត​ស្មាន​ថា​ខ្លួន​ជា​អ្វីៗ តែ​មិន​ជា​អ្វី​សោះ អ្នក​នោះ​ឈ្មោះ​ថា​បញ្ឆោត​ខ្លួន​ឯង​ហើយ
4 ចូរ​ឲ្យ​គ្រប់​គ្នា​ល្បង​ល​ការ ដែល​ធ្វើ​រៀងៗ​ខ្លួន នោះ​នឹង​មាន​សេចក្ដី​អំនួត​ចំពោះ​តែ​ខ្លួន​ឯង មិន​មែន​ចំពោះ​អ្នក​ណា​ទៀត​ទេ
5 ដ្បិត​គ្រប់​គ្នា​ត្រូវ​ទទួល​បន្ទុក​ជា​របស់​ផង​ខ្លួន។
6 អ្នក​ណា​ដែល​មាន​គ្រូ​បង្រៀន​ខាង​ព្រះ‌បន្ទូល នោះ​ត្រូវ​ចែក​គ្រប់​ទាំង​របស់​ល្អ​ដល់​គ្រូ​នោះ​ផង
7 កុំ​ឲ្យ​ច្រឡំ​ឡើយ និង​បញ្ឆោត​ព្រះ​មិន​បាន​ទេ ដ្បិត​ពូជ​ណា​ដែល​មនុស្ស​ព្រោះ​ចុះ នោះ​នឹង​ច្រូត​បាន​ពូជ​នោះ​ឯង​វិញ
8 អ្នក​ណា​ដែល​ព្រោះ​ខាង​ឯ​សាច់​ឈាម​របស់​ខ្លួន នឹង​ច្រូត​បាន​សេចក្ដី​ពុក‌រលួយ​ពី​សាច់​ឈាម​នោះ​ឯង តែ​អ្នក​ណា​ដែល​ព្រោះ​ខាង​ឯ​ព្រះ‌វិញ្ញាណ នោះ​នឹង​ច្រូត​បាន​ជីវិត​អស់​កល្ប‌ជានិច្ច ពី​ព្រះ‌វិញ្ញាណ​វិញ
9 កុំ​ឲ្យ​យើង​ណាយ​ចិត្ត​នឹង​ធ្វើ​ការ​ល្អ​ឡើយ ដ្បិត​បើ​មិន​រសាយ​ចិត្ត​ទេ នោះ​ដល់​កំណត់ យើង​នឹង​ច្រូត​បាន​ហើយ
10 ដូច្នេះ កាល​ណា​យើង​មាន​ឱកាស នោះ​ត្រូវ​ធ្វើ​ល្អ​ដល់​មនុស្ស​ទាំង​អស់ ហើយ​គឺ​ដល់​ពួក​អ្នក​ជឿ​ជា​ដើម។
11 សូម​មើល​អក្សរ​ធំ​ទាំង​ម៉្លេះ​នេះ ដែល​ខ្ញុំ​សរសេរ​ដោយ​ដៃ​ខ្ញុំ ផ្ញើ​មក​អ្នក​រាល់​គ្នា
12 អស់​អ្នក​ណា​ដែល​ចង់​បាន​ឫកពា​ល្អ​ខាង​សាច់​ឈាម នោះ​គេ​បង្ខំ​ឲ្យ​អ្នក​រាល់​គ្នា​ទទួល​កាត់​ស្បែក ដើម្បី​ឲ្យ​តែ​ខ្លួន​គេ​បាន​រួច​ពី​សេចក្ដី​បៀត​បៀន ដោយ​ព្រោះ​ឈើ​ឆ្កាង​នៃ​ព្រះ‌គ្រីស្ទ
13 ដ្បិត​ពួក​អ្នក​ដែល​ទទួល​ពិធី​កាត់​ស្បែក​នោះ គេ​មិន​ទាំង​កាន់​តាម​ក្រឹត្យ‌វិន័យ​ផង តែ​គេ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​កាត់​ស្បែក​វិញ ដើម្បី​ឲ្យ​គេ​បាន​អួត​ខ្លួន ខាង​ឯ​សាច់​ឈាម​របស់​អ្នក​រាល់​គ្នា​ប៉ុណ្ណោះ
14 ឯ​ខ្ញុំ កុំ​បី​ឲ្យ​ខ្ញុំ​អួត​ខ្លួន​ឡើយ អួត​បាន​តែ​ពី​ឈើ​ឆ្កាង​នៃ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា​ប៉ុណ្ណោះ ដែល​ដោយ‌សារ​ទ្រង់ នោះ​លោកីយ៍​បាន​ត្រូវ​ជាប់​ឆ្កាង​ខាង​ឯ​ខ្ញុំ ហើយ​ខ្ញុំ​ខាង​ឯ​លោកីយ៍​ដែរ
15 ដ្បិត​ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ ដែល​កាត់​ស្បែក ឬ​មិន​កាត់ នោះ​មិន​ជា​ប្រយោជន៍​អ្វី​ទេ ដែល​ហៅ​ថា​មាន​ប្រយោជន៍ នោះ​មាន​តែ​កើត​ជា​ថ្មី​វិញ​ប៉ុណ្ណោះ
16 សូម​ឲ្យ​អស់​អ្នក​ដែល​ដើរ​តាម​មាត្រា​នេះ បាន​ប្រកប​ដោយ​សេចក្ដី​សុខ​សាន្ត និង​សេចក្ដី​មេត្តា‌ករុណា​ចុះ ព្រម​ទាំង​សាសន៍​អ៊ីស្រា‌អែល​នៃ​ព្រះ​ផង។
17 អំពី​នេះ​ទៅ​មុខ កុំ​ឲ្យ​អ្នក​ណា​រំខាន​ចិត្ត​ខ្ញុំ​ទៀត​ឡើយ ដ្បិត​ខ្ញុំ​ជាប់​មាន​ស្នាម​ត្រា របស់​ព្រះ‌អម្ចាស់​យេស៊ូវ នៅ​ខ្លួន​ខ្ញុំ​ហើយ
18 បង​ប្អូន​អើយ សូម​ឲ្យ​ព្រលឹង​វិញ្ញាណ​របស់​អ្នក​រាល់​គ្នា បាន​ប្រកប​ដោយ​ព្រះ‌គុណ​នៃ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា។ អាម៉ែន។:៚