ជំពូក 1
1 សំបុត្រប៉ុលខ្ញុំ ជាសាវករបស់ផងព្រះយេស៊ូវគ្រីស្ទ ដោយនូវបំណងព្រះហឫទ័យព្រះ ផ្ញើមកពួកបរិសុទ្ធ ដែលនៅក្រុងអេភេសូរ ជាពួកអ្នកស្មោះត្រង់ក្នុងព្រះគ្រីស្ទយេស៊ូវ
2 សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ និងសេចក្ដីសុខសាន្ត អំពីព្រះដ៏ជាព្រះវរបិតានៃយើង ហើយអំពីព្រះអម្ចាស់យេស៊ូវគ្រីស្ទ។
3 សូមសរសើរដល់ព្រះដ៏ជាព្រះវរបិតានៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា ដែលទ្រង់បានប្រទានពរមកយើងក្នុងព្រះគ្រីស្ទ ដោយគ្រប់ទាំងព្រះពរខាងព្រលឹងវិញ្ញាណ នៅស្ថានដ៏ខ្ពស់
4 តាមដែលទ្រង់បានរើសយើងរាល់គ្នាក្នុងព្រះគ្រីស្ទ តាំងពីមុនកំណើតលោកីយ៍មកប្រយោជន៍ឲ្យយើងរាល់គ្នាបានបរិសុទ្ធ ហើយឥតកន្លែងបន្ទោសបាននៅចំពោះទ្រង់ ដោយសេចក្ដីស្រឡាញ់
5 ពីព្រោះទ្រង់បានតម្រូវយើងរាល់គ្នាទុកជាមុន សម្រាប់ឲ្យទ្រង់បានទទួលយើងជាកូនចិញ្ចឹម ដោយសារព្រះយេស៊ូវគ្រីស្ទ តាមបំណងព្រះហឫទ័យទ្រង់
6 ដើម្បីនឹងសរសើរដល់ព្រះគុណដ៏ឧត្តមរបស់ទ្រង់ ដែលបានផ្តល់មកយើងរាល់គ្នាទទេ ក្នុងព្រះរាជបុត្រាស្ងួនភ្ងារបស់ទ្រង់
7 ហើយយើងបានសេចក្ដីប្រោសលោះនៅក្នុងព្រះរាជបុត្រានោះ ដោយសារព្រះលោហិតទ្រង់ គឺជាសេចក្ដីប្រោសឲ្យរួចពីទោស តាមព្រះគុណដ៏ធ្ងន់ក្រៃលែងនៃទ្រង់
8 ដែលបានផ្តល់មកយើងជាបរិបូរ ដោយនូវប្រាជ្ញា និងតម្រិះសព្វគ្រប់
9 ព្រមទាំងសម្ដែង ឲ្យយើងរាល់គ្នាស្គាល់សេចក្ដីអាថ៌កំបាំងនៃព្រះហឫទ័យទ្រង់ តាមគំនិតដែលទ្រង់បានគិតសម្រេច ក្នុងព្រះអង្គទ្រង់
10 សម្រាប់ការកាន់កាប់ត្រួតត្រា ក្នុងកាលដែលពេលពេញកំណត់បានមកដល់ ដើម្បីនឹងបំព្រួមគ្រប់ទាំងអស់ក្នុងព្រះគ្រីស្ទ ទាំងរបស់នៅស្ថានសួគ៌ និងរបស់នៅផែនដីផង
11 ឲ្យរួមគ្នាមកក្នុងទ្រង់ ដែលយើងរាល់គ្នាបានកេរអាករក្នុងទ្រង់ដែរ ដោយទ្រង់បានតម្រូវយើងទុកជាមុន តាមតម្រិះសម្រេចរបស់ព្រះ ដែលទ្រង់ធ្វើគ្រប់ការទាំងអស់ តាមដែលគាប់ព្រះហឫទ័យទ្រង់
12 ប្រយោជន៍ឲ្យយើងខ្ញុំ ដែលបានទុកចិត្តជឿដល់ព្រះគ្រីស្ទជាមុន បានសម្រាប់នឹងសរសើរដល់សេរីល្អទ្រង់
13 ឯអ្នករាល់គ្នា ក៏បានឮព្រះបន្ទូលនៃសេចក្ដីពិត គឺជាដំណឹងល្អពីសេចក្ដីសង្គ្រោះរបស់អ្នករាល់គ្នាដោយសារទ្រង់ដែរ ហើយកាលអ្នករាល់គ្នាបានជឿហើយ នោះទ្រង់ក៏ដៅចំណាំដោយព្រះវិញ្ញាណបរិសុទ្ធ ដែលបានសន្យា
14 ព្រះវិញ្ញាណនោះទ្រង់ជាទីបញ្ចាំចិត្ត ពីដំណើរកេរអាកររបស់យើងរាល់គ្នា ទាល់តែបានលោះរបស់កំណាន់ ដែលទ្រង់បានទិញទុកឲ្យយើងនោះ សម្រាប់ជាសេចក្ដីសរសើរដល់សិរីល្អនៃទ្រង់។
15 ដោយហេតុនោះ កាលខ្ញុំឮនិយាយពីសេចក្ដីជំនឿ ដែលអ្នករាល់គ្នាមាន ដល់ព្រះអម្ចាស់យេស៊ូវ ហើយនិងពីសេចក្ដីស្រឡាញ់ ដែលមានដល់ពួកបរិសុទ្ធទាំងអស់គ្នា
16 នោះខ្ញុំមិនដែលលែងអរព្រះគុណ ដោយព្រោះអ្នករាល់គ្នាឡើយ គឺខ្ញុំតែងដំណាលពីអ្នករាល់គ្នា ក្នុងសេចក្ដីអធិស្ឋានរបស់ខ្ញុំវិញ
17 ដើម្បីនឹងសូមឲ្យព្រះនៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង គឺជាព្រះវរបិតាដ៏មានសិរីល្អ បានប្រទានឲ្យអ្នករាល់គ្នាបានព្រះវិញ្ញាណ ដែលប្រោសឲ្យមានប្រាជ្ញា ហើយក៏បើកសម្ដែងឲ្យដឹងពីដំណើរស្គាល់ទ្រង់
18 ដើម្បីឲ្យភ្នែកចិត្តរបស់អ្នករាល់គ្នាបានភ្លឺឡើង ប្រយោជន៍ឲ្យបានដឹងថា ដែលទ្រង់ហៅអ្នករាល់គ្នា នោះមានសេចក្ដីសង្ឃឹមជាយ៉ាងណា ហើយថា សិរីល្អដ៏ប្រសើរក្រៃលែងនៃមរដកទ្រង់ ក្នុងពួកបរិសុទ្ធជាយ៉ាងណាផង
19 ហើយថា ព្រះចេស្តាដ៏ខ្លាំងលើសលន់របស់ទ្រង់ ដល់យើងរាល់គ្នាដែលជឿជាយ៉ាងណាដែរ តាមដែលកម្លាំងទ្រង់ដ៏មានឫទ្ធិបានពូកែនឹងធ្វើ
20 ជាព្រះចេស្តាដែលទ្រង់បានសម្ដែងចេញ ដោយប្រោសព្រះគ្រីស្ទ ឲ្យមានព្រះជន្មរស់ពីស្លាប់ឡើងវិញ ព្រមទាំងតាំងឲ្យគង់ខាងស្តាំទ្រង់ នៅស្ថានដ៏ខ្ពស់
21 ឲ្យខ្ពស់ជាងអស់ទាំងពួកគ្រប់គ្រង ពួកមានអំណាច មានឫទ្ធិបារមី និងពួកមេទាំងប៉ុន្មាន ហើយគ្រប់ទាំងឈ្មោះដែលបានតាំងឡើងដែរ មិនមែនតែក្នុងបច្ចុប្បន្ននេះតែប៉ុណ្ណោះ គឺទៅក្នុងអនាគតខាងមុខទៀតផង
22 ហើយទ្រង់បានបង្ក្រាបគ្រប់ទាំងអស់ នៅក្រោមព្រះបាទនៃព្រះរាជបុត្រា ទាំងប្រទានទ្រង់មកធ្វើជាសិរសាលើគ្រប់ទាំងអស់ ដល់ពួកជំនុំ ដែលជារូបកាយទ្រង់
23 គឺជាសេចក្ដីពោរពេញរបស់ព្រះអង្គ ដែលបំពេញគ្រប់ទាំងអស់ ក្នុងទាំងអស់។
ជំពូក 2
1 ពីដើម អ្នករាល់គ្នាក៏ស្លាប់ក្នុងការរំលង ហើយក្នុងអំពើបាបដែរ
2 ជាការដែលអ្នករាល់គ្នាបានប្រព្រឹត្ត តាមរបៀបលោកីយ៍នេះ គឺតាមមេគ្រប់គ្រងរាជ្យលើអាកាស ជាវិញ្ញាណ ដែលសព្វថ្ងៃនេះ បណ្តាលមកក្នុងពួកមនុស្សរឹងចចេស
3 យើងរាល់គ្នាទាំងអស់ក៏បានប្រព្រឹត្តក្នុងពួកនោះពីដើមដែរ ដោយសេចក្ដីប៉ងប្រាថ្នារបស់សាច់ឈាមយើង ទាំងប្រព្រឹត្តសេចក្ដីដែលសាច់ឈាម និងគំនិតយើងចង់បានផង ហើយតាមកំណើតយើង នោះយើងជាមនុស្សជាប់ក្នុងសេចក្ដីខ្ញាល់ ដូចជាមនុស្សឯទៀតដែរ
4 ប៉ុន្តែ ព្រះដែលទ្រង់មានសេចក្ដីមេត្តាករុណាដ៏លើសលប់ ដោយព្រោះសេចក្ដីស្រឡាញ់ជាខ្លាំង ដែលទ្រង់មានដល់យើងរាល់គ្នា
5 ក្នុងកាលដែលយើងនៅស្លាប់ក្នុងការរំលងនៅឡើយ នោះទ្រង់បានប្រោសឲ្យយើងរាល់គ្នាបានរស់ជាមួយនឹងព្រះគ្រីស្ទ គឺដោយព្រះគុណ ដែលអ្នករាល់គ្នាបានសង្គ្រោះ
6 ហើយទ្រង់បានប្រោសឲ្យយើងរស់ឡើងវិញ ក៏ឲ្យយើងអង្គុយជាមួយនឹងព្រះគ្រីស្ទ នៅស្ថានដ៏ខ្ពស់ដែរ
7 ដើម្បីឲ្យទ្រង់បានសម្ដែងឲ្យអស់ទាំងកល្បខាងមុខ បានឃើញព្រះគុណដ៏ធ្ងន់លើសលប់របស់ទ្រង់ ដោយសេចក្ដីសប្បុរស ដែលទ្រង់ផ្តល់មកយើង ក្នុងព្រះគ្រីស្ទយេស៊ូវ
8 ដ្បិតគឺដោយព្រះគុណ ដែលអ្នករាល់គ្នាបានសង្គ្រោះ ដោយសារសេចក្ដីជំនឿ ហើយសេចក្ដីនោះក៏មិនមែនកើតពីអ្នករាល់គ្នាដែរ គឺជាអំណោយទានរបស់ព្រះវិញ
9 ក៏មិនមែនដោយការប្រព្រឹត្តដែរ ក្រែងអ្នកណាអួតខ្លួន
10 ដ្បិតយើងរាល់គ្នាជាស្នាដៃ ដែលទ្រង់បង្កើតក្នុងព្រះគ្រីស្ទយេស៊ូវសម្រាប់ការល្អ ដែលព្រះបានរៀបចំជាមុន ឲ្យយើងរាល់គ្នាប្រព្រឹត្តតាម។
11 ដូច្នេះ ចូរនឹកចាំថា កាលពីដើមអ្នករាល់គ្នាជាសាសន៍ដទៃ ខាងសាច់ឈាម ដែលពួកទទួលកាត់ស្បែកក្នុងសាច់ ដោយដៃមនុស្ស គេហៅអ្នករាល់គ្នាជាពួកមិនកាត់ស្បែកវិញ
12 នៅវេលានោះ អ្នករាល់គ្នានៅទីទៃពីព្រះគ្រីស្ទ ក៏ឃ្លាតចេញពីអំណាចជាតិអ៊ីស្រាអែលផង ជាមនុស្សដទៃខាងឯសេចក្ដីសញ្ញា ដែលទ្រង់បានសន្យាទុក ក៏ឥតមានទីសង្ឃឹម ហើយគ្មានព្រះក្នុងលោកីយ៍នេះដែរ
13 តែឥឡូវនេះ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ នោះអ្នករាល់គ្នា ដែលពីដើមនៅឆ្ងាយ បានមកជិតវិញ ដោយសារព្រះលោហិតទ្រង់
14 ដ្បិតទ្រង់ជាស្ពានមេត្រីនៃយើងរាល់គ្នា ទ្រង់បានធ្វើទាំង២រួមគ្នាតែ១ ហើយបានរុះជញ្ជាំងដែលខណ្ឌកណ្តាលចេញ
15 ព្រមទាំងបំបាត់សេចក្ដីសំអប់គ្នា ដោយនូវរូបសាច់ទ្រង់ គឺបំបាត់ក្រឹត្យវិន័យដែលមានបញ្ញត្ត និងសេចក្ដីហាមប្រាមទាំងប៉ុន្មានចេញ ដើម្បីឲ្យបានយកទាំង២មក បង្កើតជាមនុស្សថ្មីតែ១ក្នុងព្រះអង្គទ្រង់ ដោយតាំងជាស្ពានមេត្រីឲ្យ
16 ហើយឲ្យទ្រង់បានផ្សះផ្សាទាំង២នឹងព្រះ ក្នុងរូបកាយតែ១ ដោយសារឈើឆ្កាង ព្រមទាំងរំងាប់សេចក្ដីសំអប់គ្នា ដោយឈើឆ្កាងនោះឯង
17 ហើយកាលទ្រង់បានយាងមក នោះទ្រង់បានផ្សាយដំណឹងល្អ គឺជាសេចក្ដីមេត្រីដល់អ្នករាល់គ្នាដែលនៅឆ្ងាយ និងដល់ពួកអ្នកដែលនៅជិតផង
18 ដ្បិតដោយសារទ្រង់ នោះយើងទាំង២សាសន៍មានផ្លូវចូលទៅដល់ព្រះវរបិតា ដោយព្រះវិញ្ញាណតែ១
19 ដូច្នេះ អ្នករាល់គ្នាមិនមែនជាអ្នកដទៃ ឬជាអ្នកគ្រាន់តែសំណាក់នៅទៀតទេ គឺជាជាតិតែ១នឹងពួកបរិសុទ្ធ ជាពួកដំណាក់ព្រះវិញ
20 ដែលបានស្អាងឡើងលើជើងជញ្ជាំងនៃពួកសាវក និងពួកហោរា ហើយព្រះយេស៊ូវគ្រីស្ទនោះឯង ទ្រង់ជាថ្មជ្រុងយ៉ាងឯក
21 ដែលដោយសារទ្រង់ ដំណាក់ទាំងមូលនោះបានផ្គុំភ្ជាប់គ្នា ទាំងចម្រើនឡើងជាវិហារបរិសុទ្ធក្នុងព្រះអម្ចាស់ ហើយអ្នករាល់គ្នាក៏បានស្អាងឡើងក្នុងទ្រង់ដែរ សម្រាប់ជាលំនៅនៃព្រះ ដោយនូវព្រះវិញ្ញាណ។
ជំពូក 3
1 ហេតុនោះបានជាប៉ុលខ្ញុំ ជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ ដែលខ្ញុំជាប់គុកនេះ ដើម្បីជាប្រយោជន៍ដល់អ្នករាល់គ្នា ជាពួកសាសន៍ដទៃ
2 គឺបើតិចណាស់ អ្នករាល់គ្នាបានឮនិយាយពីការត្រួតត្រារបស់ព្រះគុណនៃព្រះ ដែលបានប្រទានមកខ្ញុំសម្រាប់អ្នករាល់គ្នាថា
3 ទ្រង់បានធ្វើឲ្យខ្ញុំស្គាល់ការអាថ៌កំបាំង ដោយការបើកសម្ដែង ដូចជាខ្ញុំសរសេរយ៉ាងខ្លីពីកាលមុនដែរ
4 កាលណាអ្នករាល់គ្នាមើលសំបុត្រនោះ នោះនឹងអាចយល់ពីចំណេះខ្ញុំ ខាងឯការអាថ៌កំបាំងរបស់ព្រះគ្រីស្ទបាន
5 ជាការអាថ៌កំបាំងដែលកាលនៅអស់ទាំងគ្រាជាន់មុន មិនបានប្រទានឲ្យពួកមនុស្សជាតិស្គាល់ដូចជាបានសម្ដែងមកឲ្យពួកសាវក និងពួកហោរាបរិសុទ្ធស្គាល់ ដោយសារព្រះវិញ្ញាណសព្វថ្ងៃនេះទេ
6 គឺដែលពួកសាសន៍ដទៃ បានត្រឡប់ជាអ្នកគ្រងមរដកជាមួយគ្នា និងជារូបកាយជាមួយគ្នា ហើយជាអ្នកទទួលចំណែកនៃសេចក្ដីសន្យារបស់ទ្រង់ ជាមួយគ្នាក្នុងព្រះគ្រីស្ទដែរ ដោយសារដំណឹងល្អ
7 ខ្ញុំបានធ្វើជាអ្នកបម្រើដំណឹងល្អនោះ តាមព្រះគុណនៃព្រះ ជាអំណោយទានដែលទ្រង់ប្រទានមកខ្ញុំ តាមដែលព្រះចេស្តាទ្រង់ពូកែនឹងធ្វើ
8 ទ្រង់បានប្រទានព្រះគុណនេះ គឺជាសម្បត្តិរបស់ព្រះគ្រីស្ទ ដ៏ប្រមាណមិនបានមកខ្ញុំដែលជាអ្នកតូចជាងបំផុត ក្នុងពួកបរិសុទ្ធទាំងអស់ ឲ្យខ្ញុំបានផ្សាយដំណឹងល្អក្នុងពួកសាសន៍ដទៃ
9 ហើយឲ្យខ្ញុំបានបំភ្លឺដល់គ្រប់មនុស្សទាំងអស់ ពីសេចក្ដីប្រកបក្នុងការអាថ៌កំបាំង ដែលលាក់ទុកក្នុងព្រះ តាំងពីអស់កល្បរៀងមក ជាព្រះដែលទ្រង់បង្កើតរបស់សព្វសារពើ ដោយសារព្រះយេស៊ូវគ្រីស្ទ
10 ដើម្បីឲ្យពួកគ្រប់គ្រង និងពួកមានអំណាចនៅស្ថានដ៏ខ្ពស់ បានស្គាល់ពីប្រាជ្ញានៃព្រះដ៏មានជាច្រើនយ៉ាងណាស់ ដោយសារពួកជំនុំ
11 តាមគំនិតសម្រេចតាំងពីអស់កល្បរៀងមក ដែលទ្រង់បានគិតស្រេចក្នុងព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃយើង
12 ហើយក្នុងទ្រង់ យើងរាល់គ្នាក៏មានសេចក្ដីក្លាហាន និងច្បាប់ចូលដោយទុកចិត្ត ដោយសារសេចក្ដីជំនឿជឿដល់ទ្រង់ដែរ
13 ហេតុនោះបានជាខ្ញុំសូមអង្វរអ្នករាល់គ្នា កុំឲ្យរសាយចិត្តដោយការដែលខ្ញុំរងទុក្ខលំបាក ជាការដែលមានប្រយោជន៍ដល់អ្នករាល់គ្នានោះឡើយ ដ្បិតការនោះជាសិរីល្អដល់អ្នករាល់គ្នាទេ។
14 ដោយហេតុនោះបានជាខ្ញុំលុតជង្គង់ នៅចំពោះព្រះវរបិតានៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា
15 ដែលគ្រប់ទាំងគ្រួនៅស្ថានសួគ៌ ហើយនៅផែនដី មាននាមត្រកូលពីទ្រង់មក
16 ដើម្បីឲ្យទ្រង់បានប្រោសប្រទាន ឲ្យអ្នករាល់គ្នាបានព្រះចេស្តា ចម្រើនកម្លាំងនៃមនុស្សខាងក្នុង ដោយសារព្រះវិញ្ញាណទ្រង់ តាមសិរីល្អនៃទ្រង់ដ៏ប្រសើរក្រៃលែង
17 ឲ្យព្រះគ្រីស្ទបានសណ្ឋិតក្នុងចិត្តអ្នករាល់គ្នា ដោយសារសេចក្ដីជំនឿ ប្រយោជន៍ឲ្យអ្នករាល់គ្នាបានចាក់ឫស ហើយតាំងមាំមួនក្នុងសេចក្ដីស្រឡាញ់
18 ដើម្បីឲ្យអាចនឹងយល់ជាមួយនឹងពួកបរិសុទ្ធទាំងអស់គ្នា ពីទទឹង បណ្តោយ ជម្រៅ និងកំពស់នៃសេចក្ដីស្រឡាញ់នោះ
19 ហើយឲ្យបានស្គាល់សេចក្ដីស្រឡាញ់របស់ព្រះគ្រីស្ទដ៏រកគិតមិនយល់ ប្រយោជន៍ឲ្យអ្នករាល់គ្នាបានពេញ ដល់គ្រប់ទាំងសេចក្ដីពោរពេញរបស់ផងព្រះ។
20 ឯព្រះដែលទ្រង់អាចនឹងធ្វើហួសសន្ធឹក លើសជាងអស់ទាំងសេចក្ដីដែលយើងសូម ឬគិតក្តី តាមព្រះចេស្តា ដែលបណ្តាលក្នុងយើងរាល់គ្នា
21 នោះសូមឲ្យទ្រង់បានសិរីល្អ នៅក្នុងពួកជំនុំ ដោយសារព្រះគ្រីស្ទយេស៊ូវ រហូតដល់គ្រប់ទាំងតំណមនុស្ស នៅអស់កល្បជានិច្ចរៀងរាបតទៅ។ អាម៉ែន។
ជំពូក 4
1 ដូច្នេះ ខ្ញុំជាអ្នកជាប់គុកក្នុងព្រះអម្ចាស់ ខ្ញុំទូន្មានអ្នករាល់គ្នាថា ចូរឲ្យអ្នករាល់គ្នាដើរ បែបគួរនឹងការងារ ដែលទ្រង់បានហៅមកធ្វើចុះ
2 ព្រមទាំងមានចិត្តសុភាព ហើយស្លូតបូតគ្រប់ជំពូកទាំងអត់ធ្មត់ ហើយទ្រាំទ្រគ្នាទៅវិញទៅមក ដោយស្រឡាញ់
3 ហើយខំប្រឹងរក្សាសេចក្ដីរួបរួមគ្នារបស់ព្រះវិញ្ញាណ ដោយសេចក្ដីមេត្រី ទុកជាចំណងផង
4 មានរូបកាយតែ១ ហើយព្រះវិញ្ញាណតែ១ ដូចជាទ្រង់បានហៅអ្នករាល់គ្នាមក ក្នុងសេចក្ដីសង្ឃឹមតែ១របស់ការងារអ្នករាល់គ្នាដែរ
5 មានព្រះអម្ចាស់តែ១ សេចក្ដីជំនឿតែ១ បុណ្យជ្រមុជតែ១
6 មានព្រះតែ១ គឺជាព្រះវរបិតានៃទាំងអស់ ដែលទ្រង់ខ្ពស់លើទាំងអស់ គង់នៅកណ្តាលទាំងអស់ ហើយសណ្ឋិតនៅក្នុងទាំងអស់
7 តែមានព្រះគុណផ្តល់មកយើងរាល់គ្នារៀងរាល់ខ្លួន តាមខ្នាតអំណោយទាននៃព្រះគ្រីស្ទ
8 បានជាទ្រង់មានព្រះបន្ទូលថា «ដែលបានយាងឡើងទៅស្ថានខ្ពស់ នោះទ្រង់បានចាប់ពួកឈ្លើយនាំទៅជាឈ្លើយ ហើយបានប្រទានអំណោយទានដល់មនុស្ស»
9 តែដែលថា ទ្រង់យាងឡើងទៅនោះ តើមានន័យដូចម្តេច បើមិនមែនថា ទ្រង់បានយាងចុះទៅដល់ស្ថានទាបក្រោមដី ជាមុនប៉ុណ្ណោះ
10 ឯព្រះដែលយាងចុះទៅនោះ គឺជាព្រះដដែល ដែលបានយាងឡើងផុតអស់ទាំងជាន់នៅស្ថានសួគ៌ ដើម្បីឲ្យទ្រង់បានគង់នៅពេញគ្រប់ទាំងអស់
11 ហើយទ្រង់បានប្រទានឲ្យអ្នកខ្លះបានធ្វើជាសាវក ខ្លះជាគ្រូអធិប្បាយ ខ្លះជាគ្រូផ្សាយដំណឹងល្អ ខ្លះជាគ្រូគង្វាល ហើយខ្លះជាគ្រូបង្រៀន
12 ប្រយោជន៍នឹងនាំឲ្យពួកបរិសុទ្ធបានគ្រប់លក្ខណ៍ឡើង សម្រាប់ធ្វើការជំនួយ ហើយនិងស្អាងរូបកាយព្រះគ្រីស្ទឡើង
13 ទាល់តែយើងរាល់គ្នាបានរួបរួម ខាងឯសេចក្ដីជំនឿរួចជាស្រេច ហើយបានស្គាល់ព្រះរាជបុត្រានៃព្រះ ដូចគ្នាទាំងអស់ គឺដល់បានពេញជាមនុស្ស ហើយដល់ខ្នាតកំពស់នៃសេចក្ដីពោរពេញផងព្រះគ្រីស្ទ
14 ដើម្បីកុំឲ្យយើងនៅជាកូនតូចទៀត ទាំងត្រូវគ្រប់អស់ទាំងខ្យល់នៃសេចក្ដីបង្រៀនបោក ហើយផាត់យើងចុះឡើង ដោយសេចក្ដីឆបោករបស់ផងមនុស្ស ហើយដោយឧបាយកល ដែលគេប្រើនឹងនាំឲ្យវង្វេងទៀតឡើយ
15 តែដោយកាន់តាមសេចក្ដីពិត ដោយសេចក្ដីស្រឡាញ់វិញ នោះឲ្យយើងបានធំឡើង ខាងឯគ្រប់ការទាំងអស់ក្នុងទ្រង់ ដែលទ្រង់ជាសិរសា គឺជាព្រះគ្រីស្ទ
16 ដែលរូបកាយទាំងមូលបានផ្គុំ ហើយភ្ជាប់គ្នាមកអំពីទ្រង់ ដោយសារគ្រប់ទាំងសន្លាក់ដែលផ្គត់ផ្គង់ឲ្យ តាមខ្នាតការងាររបស់អវយវៈនីមួយៗ នោះរូបកាយបានបង្កើនឡើង ដើម្បីនឹងស្អាងខ្លួន ក្នុងសេចក្ដីស្រឡាញ់។
17 ដូច្នេះ ខ្ញុំនិយាយសេចក្ដីនេះ ហើយធ្វើបន្ទាល់ក្នុងព្រះអម្ចាស់ថា កុំបីឲ្យអ្នករាល់គ្នាដើរដូចជាសាសន៍ដទៃ ឯទៀត ដែលគេដើរតាមគំនិតឥតប្រយោជន៍របស់គេទៀតឡើយ
18 គំនិតគេត្រូវបង្អាប់ ហើយគេដាច់ចេញពីព្រះជន្មព្រះ ដោយសារសេចក្ដីខ្លៅល្ងង់ ក្នុងខ្លួនគេ ព្រោះចិត្តគេរឹងទទឹង
19 គេលែងខ្លាចបាប បានជាគេប្រគល់ខ្លួនទៅខាងសេចក្ដីអាសអាភាស ដើម្បីនឹងប្រព្រឹត្តសេចក្ដីស្មោកគ្រោកគ្រប់យ៉ាង ដោយចិត្តវក់វិញ
20 តែអ្នករាល់គ្នាមិនបានរៀនឲ្យស្គាល់ព្រះគ្រីស្ទយ៉ាងនោះទេ
21 នោះគឺបើតិចណាស់អ្នករាល់គ្នាបានឮ ហើយរៀននឹងទ្រង់ តាមសេចក្ដីពិតដែលនៅក្នុងព្រះយេស៊ូវដែរ
22 ថាខាងឯកិរិយាប្រព្រឹត្តកាលពីដើម នោះត្រូវឲ្យអ្នករាល់គ្នាបានដោះមនុស្សចាស់ ដែលតែងតែខូចទៅ តាមសេចក្ដីប៉ងប្រាថ្នារបស់សេចក្ដីឆបោកចោលចេញ
23 ហើយឲ្យគំនិតក្នុងចិត្តបានកែប្រែជាថ្មីឡើង
24 ព្រមទាំងប្រដាប់ខ្លួន ដោយមនុស្សថ្មីវិញ ដែលកើតមកក្នុងសេចក្ដីសុចរិត ហើយក្នុងសេចក្ដីបរិសុទ្ធរបស់ផងសេចក្ដីពិត តាមភាពព្រះ។
25 ដូច្នេះ ដែលបានដោះសេចក្ដីកំភូតចេញហើយ នោះត្រូវឲ្យនិយាយសេចក្ដីពិតនឹងអ្នកជិតខាងរៀងខ្លួនវិញ ដ្បិតយើងរាល់គ្នាជាអវយវៈផងគ្នាទៅវិញទៅមក
26 ចូរខឹងចុះ តែកុំឲ្យធ្វើបាបឡើយ កុំឲ្យសេចក្ដីកំហឹងរបស់អ្នកនៅដរាបដល់ថ្ងៃលិចឡើយ
27 ក៏កុំឲ្យអារក្សមានឱកាសឲ្យសោះ
28 អ្នកណាដែលធ្លាប់លួច ត្រូវឈប់លួចទៅ ស៊ូឲ្យអ្នកនោះទ្រាំនឿយហត់ជាជាង ទាំងធ្វើការល្អដោយដៃខ្លួនវិញ ដើម្បីឲ្យមានអ្វីនឹងចែកដល់អ្នកណាដែលត្រូវការផង
29 មិនត្រូវឲ្យមានពាក្យអាក្រក់ណាមួយ ចេញពីមាត់អ្នករាល់គ្នាឡើយ ចូរបញ្ចេញតែពាក្យណាដែលល្អៗ សម្រាប់នឹងស្អាងចិត្តតាមត្រូវការ ដើម្បីឲ្យបានផ្តល់ព្រះគុណដល់អស់អ្នកដែលស្តាប់
30 កុំធ្វើឲ្យព្រះវិញ្ញាណបរិសុទ្ធនៃព្រះបានព្រួយព្រះហឫទ័យ ដែលទ្រង់ដៅចំណាំអ្នករាល់គ្នា ទុកសម្រាប់ដល់ថ្ងៃប្រោសលោះនោះឡើយ
31 ចូរខំដកគ្រប់ទាំងសេចក្ដីជូរល្វីង ក្តៅក្រហាយ កំហឹង ឡូឡា ជេរប្រមាថ និងគ្រប់ទាំងសេចក្ដីអាក្រក់ ចេញពីពួកអ្នករាល់គ្នាទៅ
32 ចូរមានចិត្តសប្បុរសនឹងគ្នាទៅវិញទៅមក ព្រមទាំងមានចិត្តទន់សន្តោស ហើយអត់ទោសគ្នា ដូចជាព្រះទ្រង់បានអត់ទោសឲ្យអ្នករាល់គ្នា ដោយព្រះគ្រីស្ទដែរ។
ជំពូក 5
1 ដូច្នេះ ចូរត្រាប់តាមព្រះ ដូចជាកូនស្ងួនភ្ងា
2 ហើយដើរក្នុងសេចក្ដីស្រឡាញ់ ដូចជាព្រះគ្រីស្ទបានស្រឡាញ់យើង ព្រមទាំងប្រគល់ព្រះអង្គទ្រង់ជំនួសយើងផង ទុកជាតង្វាយ ហើយជាយញ្ញបូជា សម្រាប់ជាក្លិនឈ្ងុយថ្វាយដល់ព្រះ ។
3 ឯសេចក្ដីកំផិត សេចក្ដីស្មោកគ្រោកគ្រប់យ៉ាង និងសេចក្ដីលោភ នោះមិនត្រូវទាំងឲ្យឮឈ្មោះក្នុងពួកអ្នករាល់គ្នាផង ដូចជាគួរគប្បីក្នុងពួកបរិសុទ្ធ
4 ព្រមទាំងរឿងគួរខ្មាស ពាក្យសំដីចម្កួត និងពាក្យកំប្លែង ដែលសេចក្ដីទាំងនោះមិនគួរគប្បីដែរ ស៊ូពោលតែពាក្យសម្រាប់អរព្រះគុណវិញ
5 ដ្បិតអ្នករាល់គ្នាដឹងថា គ្មានមនុស្សកំផិត ឬស្មោកគ្រោក ឬលោភ គឺជាមនុស្សថ្វាយបង្គំរូបព្រះ ដែលនឹងគ្រងមរដកក្នុងនគរនៃព្រះគ្រីស្ទ ហើយនៃព្រះផងបានឡើយ
6 កុំឲ្យអ្នកណាបញ្ឆោតអ្នករាល់គ្នា ដោយពាក្យសំដីឥតប្រយោជន៍ឡើយ ដ្បិតគឺដោយព្រោះសេចក្ដីទាំងនោះ បានជាសេចក្ដីក្រោធរបស់ព្រះ បានមកលើមនុស្សរឹងចចេស
7 ដូច្នេះ កុំឲ្យមានចំណែកជា១នឹងគេឡើយ
8 ដ្បិតកាលពីដើមអ្នករាល់គ្នាក៏ងងឹតដែរ តែឥឡូវនេះវិញ បានភ្លឺក្នុងព្រះអម្ចាស់ ដូច្នេះ ចូរដើរដូចជាមនុស្សភ្លឺ ចុះ
9 ដ្បិតផលផ្លែនៃពន្លឺ នោះមាននៅក្នុងគ្រប់ទាំងកិរិយាល្អ សេចក្ដីសុចរិត និងសេចក្ដីពិត
10 ចូរលមើលឲ្យដឹងសេចក្ដីអ្វី ដែលព្រះអម្ចាស់ទ្រង់សព្វព្រះហឫទ័យចុះ
11 កុំឲ្យប្រកបក្នុងការឥតផលប្រយោជន៍របស់សេចក្ដីងងឹតឡើយ ស៊ូបន្ទោសវិញ
12 ដ្បិតការទាំងប៉ុន្មានដែលគេប្រព្រឹត្តដោយសម្ងាត់ នោះបើគ្រាន់តែនិយាយពីការទាំងនោះ ក៏គួរខ្មាសទៅហើយ
13 តែការទាំងនោះបានសម្ដែងមកយ៉ាងច្បាស់ ដោយពន្លឺភ្លឺបញ្ជាក់ ដ្បិតគឺជាពន្លឺហើយ ដែលសម្ដែងឲ្យឃើញទាំងអស់
14 ហេតុនោះបានជាទ្រង់មានព្រះបន្ទូលថា «ឯងដែលដេកលក់អើយ ចូរភ្ញាក់ឡើង ឲ្យក្រោកពីពួកមនុស្សស្លាប់ឡើង នោះព្រះគ្រីស្ទនឹងភ្លឺមកលើឯង»
15 ដូច្នេះ ត្រូវប្រយ័តដោយមធ្យ័ត ដែលអ្នករាល់គ្នាដើរយ៉ាងណា កុំឲ្យដើរដូចជាមនុស្សឥតប្រាជ្ញាឡើយ ត្រូវតែដើរដោយមានប្រាជ្ញាវិញ
16 ទាំងលៃយកឱកាសឲ្យទាន់ពេលផង ពីព្រោះសម័យនេះអាក្រក់ណាស់
17 ដូច្នេះ កុំឲ្យខ្លៅល្ងង់ឡើយ ត្រូវខំឲ្យយល់បំណងព្រះហឫទ័យព្រះអម្ចាស់វិញ
18 កុំឲ្យស្រវឹងស្រាដែលនាំឲ្យព្រើលចិត្តឡើយ តែចូរឲ្យបានពេញជាព្រះវិញ្ញាណវិញ
19 ហើយនិយាយគ្នាទៅវិញទៅមក ដោយបទទំនុកតម្កើង ទំនុកបរិសុទ្ធ នឹងចម្រៀងខាងឯវិញ្ញាណ ទាំងច្រៀង ហើយសរសើរដល់ព្រះអម្ចាស់ដោយចិត្ត
20 ទាំងអរព្រះគុណដល់ព្រះដ៏ជាព្រះវរបិតាជាដរាប ក្នុងគ្រប់ការទាំងអស់ ដោយនូវព្រះនាមព្រះយេស៊ូវគ្រីស្ទ។
21 ហើយទាំងចំណុះគ្នាទៅវិញទៅមក ដោយសេចក្ដីកោតខ្លាចដល់ព្រះគ្រីស្ទ។
22 ស្ត្រីរាល់គ្នាអើយ ចូរឲ្យចុះចូលចំពោះប្ដីខ្លួន ដូចជាចុះចូលនឹងព្រះអម្ចាស់ដែរ
23 ដ្បិតប្ដីជាក្បាល នៃប្រពន្ធ ដូចជាព្រះគ្រីស្ទទ្រង់ជាសិរសានៃពួកជំនុំដែរ ក៏ជាព្រះអង្គសង្គ្រោះដល់រូបកាយផង
24 ហើយដូចជាពួកជំនុំចុះចូលនឹងព្រះគ្រីស្ទជាយ៉ាងណា នោះត្រូវឲ្យប្រពន្ធចុះចូលនឹងប្ដីខ្លួន ក្នុងគ្រប់ការទាំងអស់យ៉ាងនោះដែរ។
25 បុរសរាល់គ្នាអើយ ចូរស្រឡាញ់ប្រពន្ធខ្លួនដូចជាព្រះគ្រីស្ទបានស្រឡាញ់ដល់ពួកជំនុំ ហើយបានប្រគល់ព្រះអង្គទ្រង់ជំនួសផង
26 ដើម្បីឲ្យទ្រង់បានញែកពួកជំនុំចេញជាបរិសុទ្ធ ដោយបានលាងសម្អាតនឹងទឹក គឺជាព្រះបន្ទូល
27 ប្រយោជន៍នឹងថ្វាយពួកជំនុំនេះដល់ព្រះអង្គទ្រង់ ទុកជាពួកជំនុំដ៏ឧត្តម ឥតប្រឡាក់ ឥតជ្រួញ ឬមានអ្វីឲ្យដូចឡើយ គឺឲ្យបានបរិសុទ្ធ ហើយឥតកន្លែងបន្ទោសបានវិញ
28 ត្រូវឲ្យប្ដីស្រឡាញ់ប្រពន្ធបែបយ៉ាងនោះឯង គឺដូចជាស្រឡាញ់រូបកាយរបស់ខ្លួនដែរ អ្នកណាដែលស្រឡាញ់ប្រពន្ធខ្លួន នោះក៏ឈ្មោះថាស្រឡាញ់ដល់ខ្លួនឯងហើយ
29 ដ្បិតមិនដែលមានអ្នកណាស្អប់រូបសាច់ខ្លួនឯងឡើយ គឺគេតែងចិញ្ចឹម ហើយថ្នាក់ថ្នមវិញ ដូចជាព្រះអម្ចាស់ដល់ពួកជំនុំដែរ
30 ដ្បិតយើងរាល់គ្នាជាអវយវៈរបស់រូបអង្គ និងសាច់ឆ្អឹងទ្រង់
31 ដោយហេតុនោះបានជាមនុស្សប្រុស និងលាចេញពីឪពុកម្តាយ ទៅនៅជាប់នឹងប្រពន្ធ ហើយអ្នកទាំង២នោះនឹងត្រឡប់ជាសាច់តែ១វិញ
32 សេចក្ដីអាថ៌កំបាំងនេះជ្រៅណាស់ តែខ្ញុំនិយាយខាងឯព្រះគ្រីស្ទនឹងពួកជំនុំវិញ
33 ប៉ុន្តែ ត្រូវឲ្យអ្នករាល់គ្នាទាំងអស់ស្រឡាញ់ប្រពន្ធខ្លួន ដូចជាខ្លួនឯង ហើយប្រពន្ធក៏ត្រូវកោតខ្លាចប្ដីដែរ។
ជំពូក 6
1 ក្មេងរាល់គ្នាអើយ ចូរស្តាប់បង្គាប់មាតាបិតាខ្លួនក្នុងព្រះអម្ចាស់ ដ្បិតធ្វើដូច្នោះទើបបានត្រូវ
2 «ចូរគោរពប្រតិបត្តិដល់មាតាបិតាខ្លួន» នេះជាបញ្ញត្តមុនដំបូង ដែលជាប់មានទាំងសេចក្ដីសន្យាផង
3 ដើម្បីឲ្យឯងរាល់គ្នាបានសេចក្ដីសុខ ហើយរស់នៅផែនដីជាយូរអង្វែងទៅ ។
4 ឪពុករាល់គ្នាអើយ កុំឲ្យចាក់រុកកូនរបស់ខ្លួនឡើយ ចូរបង្រៀនវាទៅតាមដំបូន្មាន និងសេចក្ដីដាស់តឿនរបស់ព្រះអម្ចាស់វិញ។
5 អ្នកបម្រើរាល់គ្នាអើយ ចូរស្តាប់បង្គាប់ចៅហ្វាយខ្លួនខាងសាច់ឈាម ដោយគោរពកោតខ្លាចហើយញាប់ញ័រ ព្រមទាំងមានចិត្តទៀងត្រង់ ដូចជាដល់ព្រះគ្រីស្ទ
6 កុំបម្រើតែក្នុងកាលដែលគេមើលឃើញ ដូចជាចង់បំពេញដល់ចិត្តមនុស្សនោះឡើយ ចូរបម្រើដូចជាបាវបម្រើរបស់ព្រះគ្រីស្ទវិញ ទាំងធ្វើតាមព្រះហឫទ័យព្រះឲ្យអស់ពីចិត្ត
7 ទាំងបម្រើដោយអំណរ ដូចជាបម្រើដល់ព្រះអម្ចាស់ផង មិនមែនដូចជាបម្រើមនុស្សឡើយ
8 ដោយដឹងថា ការល្អអ្វីដែលគ្រប់គ្នាធ្វើ នោះនឹងបានរង្វាន់ពីព្រះអម្ចាស់ ទោះបើជាបាវបម្រើ ឬអ្នកជាក្តី។
9 ចៅហ្វាយរាល់គ្នាអើយ ចូរប្រព្រឹត្តនឹងបាវបម្រើដូច្នោះដែរ ទាំងលែងគំហកកំហែងទៅ ដោយដឹងថា ចៅហ្វាយរបស់គេ ហើយរបស់អ្នករាល់គ្នាផង នោះទ្រង់គង់នៅស្ថានសួគ៌ ហើយទ្រង់មិនចេះរើសមុខអ្នកណាឡើយ។
10 ឯសេចក្ដីឯទៀត បងប្អូនអើយ ចូរឲ្យមានកម្លាំងឡើងក្នុងព្រះអម្ចាស់ ដោយឫទ្ធិបារមីរបស់ព្រះចេស្តាទ្រង់
11 ចូរពាក់គ្រប់គ្រឿងសឹករបស់ព្រះ ដើម្បីឲ្យអាចនឹងឈរមាំមួន ទាស់នឹងឧបាយកលទាំងអម្បាលម៉ានរបស់អារក្ស
12 ដ្បិតយើងរាល់គ្នាមិនមែនតយុទ្ធនឹងសាច់ឈាមទេ គឺនឹងពួកគ្រប់គ្រង ពួកមានអំណាច និងពួកម្ចាស់នៃសេចក្ដីងងឹតនៅលោកីយ៍នេះវិញ ហើយទាស់នឹងអំណាចអាក្រក់ខាងវិញ្ញាណ នៅស្ថានដ៏ខ្ពស់ដែរ
13 ហេតុនោះបានជាត្រូវឲ្យយកគ្រប់គ្រឿងសឹករបស់ព្រះ ដើម្បីឲ្យអ្នករាល់គ្នាអាចនឹងទប់ទល់ក្នុងថ្ងៃអាក្រក់បាន រួចកាលណាបានតតាំងសព្វគ្រប់ហើយ នោះឲ្យបាននៅតែឈរមាំមួនដដែល
14 ដូច្នេះ ចូរឲ្យឈរមាំមួនចុះ ដោយក្រវាត់សេចក្ដីពិតនៅចង្កេះ ហើយពាក់សេចក្ដីសុចរិតទុកជាប្រដាប់បាំងដើមទ្រូង
15 ទាំងពាក់សេចក្ដីប្រុងប្រៀបរបស់ដំណឹងល្អនៃសេចក្ដីសុខសាន្ត ទុកជាស្បែកជើង
16 ថែមទាំងយកសេចក្ដីជំនឿទុកជាខែលផង ដែលអ្នករាល់គ្នានឹងអាចរំលត់ អស់ទាំងព្រួញឆេះរបស់មេកំណាច ដោយសារខែលនោះបាន
17 ចូរយកសេចក្ដីសង្គ្រោះទុកជាមួកសឹក និងដាវរបស់ព្រះវិញ្ញាណដែរ គឺជាព្រះបន្ទូល
18 ព្រមទាំងប្រើសេចក្ដីអធិស្ឋាន និងសេចក្ដីទូលអង្វរគ្រប់យ៉ាង ដើម្បីអធិស្ឋានដោយព្រះវិញ្ញាណរាល់ពេលរាល់វេលា ហើយចាំយាមក្នុងសេចក្ដីនោះឯង ដោយនូវគ្រប់ទាំងសេចក្ដីខ្ជាប់ខ្ជួន និងសេចក្ដីទូលអង្វរឲ្យពួកបរិសុទ្ធទាំងអស់
19 ហើយឲ្យខ្ញុំផង ប្រយោជន៍ឲ្យព្រះបានប្រទានពាក្យសំដីមកខ្ញុំ ឲ្យខ្ញុំបានបើកមាត់ដោយក្លាហាន នឹងសម្ដែងពីសេចក្ដីអាថ៌កំបាំងនៃដំណឹងល្អ
20 ដែលខ្ញុំជាទូតជាប់ច្រវាក់ ដោយព្រោះដំណឹងល្អនោះឯង ដើម្បីឲ្យខ្ញុំមានសេចក្ដីក្លាហានក្នុងដំណឹងល្អ ប្រយោជន៍ឲ្យខ្ញុំបាននិយាយ តាមដែលគួរគប្បី។
21 តែអ្នកទីឃីកុសជាបងប្អូនស្ងួនភ្ងា ហើយជាអ្នកជំនួយស្មោះត្រង់ក្នុងព្រះអម្ចាស់ គាត់នឹងប្រាប់គ្រប់ការទាំងអស់ ឲ្យអ្នករាល់គ្នាដឹងពីដំណើរខ្ញុំ ដែលខ្ញុំធ្វើអ្វីៗ
22 ខ្ញុំបានចាត់គាត់ឲ្យមកឯអ្នករាល់គ្នា សម្រាប់សេចក្ដីនោះឯង ដើម្បីឲ្យអ្នករាល់គ្នាបានដឹងពីដំណើរយើងខ្ញុំ ហើយឲ្យគាត់បានកំឡាចិត្តអ្នករាល់គ្នាឡើងដែរ។
23 សូមឲ្យពួកបងប្អូនបានប្រកបដោយនូវសេចក្ដីសុខសាន្ត និងសេចក្ដីស្រឡាញ់ ព្រមទាំងសេចក្ដីជំនឿ អំពីព្រះដ៏ជាព្រះវរបិតា ហើយអំពីព្រះអម្ចាស់យេស៊ូវគ្រីស្ទ
24 សូមឲ្យព្រះគុណបានសណ្ឋិតនៅជា១នឹងអស់អ្នកណា ដែលស្រឡាញ់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នាដោយស្មោះត្រង់។ អាម៉ែន។:៚