ភីលីព

1 2 3 4


ជំពូក 1

1 សំបុត្រ​ប៉ុល និង​ធីម៉ូថេ ជា​បាវ​បម្រើ​របស់​ព្រះ‌យេស៊ូវ​គ្រីស្ទ យើង​ខ្ញុំ​ផ្ញើ​មក​ពួក​បរិសុទ្ធ​ទាំង​អស់ ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ ដែល​នៅ​ក្រុង​ភីលីព ព្រម​ទាំង​ពួក​អ្នក​ត្រួត​ត្រា និង​ពួក​ជំនួយ​ផង
2 សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​ព្រះ‌គុណ និង​សេចក្ដី​សុខ​សាន្ត អំពី​ព្រះ​ដ៏​ជា​ព្រះ‌វរ‌បិតា​នៃ​យើង​រាល់​គ្នា ហើយ​អំពី​ព្រះ‌អម្ចាស់​យេស៊ូវ‌គ្រីស្ទ។
3 ខ្ញុំ​អរ​ព្រះ‌គុណ​ដល់​ព្រះ​នៃ​ខ្ញុំ ដោយ​ព្រោះ​គ្រប់​ទាំង​សេចក្ដី ដែល​ខ្ញុំ​នឹក​ចាំ​ពី​អ្នក​រាល់​គ្នា
4 ខ្ញុំ​ក៏​ទូល​អង្វរ​ឲ្យ​អ្នក​រាល់​គ្នា ដោយ​អំណរ​នៅ​គ្រប់​វេលា​ដែល​ខ្ញុំ​អធិស្ឋាន​ជានិច្ច
5 ដោយ​ព្រោះ​ចំណែក​ដែល​អ្នក​រាល់​គ្នា​បាន​ជួយ​ក្នុង​ដំណឹង​ល្អ ចាប់​តាំង​ពី​ថ្ងៃ​មុន​ដំបូង ដរាប​ដល់​ឥឡូវ​នេះ
6 ខ្ញុំ​ជឿ​សេចក្ដី​នេះ​ជា​យ៉ាង​ជាក់​ថា ព្រះ‌អង្គ​ដែល​ទ្រង់​បាន​ចាប់​តាំង​ធ្វើ​ការ​ល្អ​ក្នុង​អ្នក​រាល់​គ្នា ទ្រង់​នឹង​ធ្វើ​ឲ្យ​កាន់​តែ​ពេញ​ខ្នាត​ឡើង ទាល់​តែ​ដល់​ថ្ងៃ​នៃ​ព្រះ‌យេស៊ូវ​គ្រីស្ទ
7 គួរ​គប្បី​ឲ្យ​ខ្ញុំ​គិត​ពី​អ្នក​រាល់​គ្នា​ដូច្នេះ​ដែរ ពី​ព្រោះ​អ្នក​រាល់​គ្នា​នឹក​ពី​ខ្ញុំ​នៅ​ជាប់​ក្នុង​ចិត្ត​ជានិច្ច ទោះ​បើ​ខ្ញុំ​ជាប់​ចំណង ឬ​កំពុង​តែ​ដោះ​សា ហើយ​បញ្ជាក់​ដំណឹង​ល្អ​ក្តី ដ្បិត​អ្នក​រាល់​គ្នា​មាន​សេចក្ដី​ប្រកប ក្នុង​ព្រះ‌គុណ​ជា​មួយ​នឹង​ខ្ញុំ​ដែរ
8 ព្រះ‌ទ្រង់​ជា​ស្មរ‌បន្ទាល់​ពី​ខ្ញុំ​ថា ខ្ញុំ​រឭក​ដល់​អ្នក​រាល់​គ្នា​ជា​ខ្លាំង ដោយ​ព្រះ‌ហឫទ័យ​សន្តោស​នៃ​ព្រះ‌យេស៊ូវ​គ្រីស្ទ
9 ខ្ញុំ​ក៏​អធិស្ឋាន​សូម​សេចក្ដី​នេះ គឺ​ឲ្យ​សេចក្ដី​ស្រឡាញ់​របស់​អ្នក​រាល់​គ្នា បាន​ចម្រើន​កាន់​តែ​ច្រើន​ឡើង ដោយ​នូវ​សេចក្ដី​ចេះ​ដឹង និង​យោបល់​គ្រប់​Chapter
10 ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​បាន​ល​មើល ឲ្យ​ស្គាល់​អស់​ទាំង​សេចក្ដី​ដែល​ប្រសើរ ដើម្បី​ឲ្យ​បាន​ជ្រះ‌ថ្លា ហើយ​ឥត​ធ្វើ​ឲ្យ​អ្នក​ណា​អាក់‌អន់​ចិត្ត​ឡើយ ដរាប​ដល់​ថ្ងៃ​នៃ​ព្រះ‌គ្រីស្ទ
11 ព្រម​ទាំង​មាន​ពេញ​ជា​ផល​នៃ​សេចក្ដី​សុចរិត​ដែល​មក​ដោយ‌សារ​ព្រះ‌យេស៊ូវ​គ្រីស្ទ សម្រាប់​ជា​សិរី‌ល្អ ហើយ​ជា​សេចក្ដី​សរសើរ​ដល់​ព្រះ​ផង។
12 បង​ប្អូន​អើយ ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា ការ​ទាំង​ប៉ុន្មាន​ដែល​កើត​ឡើង​ដល់​ខ្ញុំ នោះ​បាន​ប្រែ​ទៅ​ជា​ចម្រើន​ដល់​ដំណឹង​ល្អ​វិញ
13 ដល់​ម៉្លេះ​បាន​ជា​នៅ​ពេញ​ក្នុង​ផ្ទៃ​វាំង និង​គ្រប់​កន្លែង​ឯ​ទៀត គេ​បាន​ដឹង​ច្បាស់​ថា ខ្ញុំ​ជាប់​ចំណង​នេះ​ដោយ​ព្រោះ​ព្រះ‌គ្រីស្ទ
14 ហើយ​ពួក​បង​ប្អូន​ច្រើន​គ្នា​ក្នុង​ព្រះ‌អម្ចាស់ ក៏​បាន​សង្ឃឹម​ឡើង​ដោយ‌សារ​ចំណង​ខ្ញុំ ហើយ​គេ​ហ៊ាន​ផ្សាយ​ព្រះ‌បន្ទូល​កាន់​តែ​ច្រើន​ឡើង ដោយ​ឥត​ភ័យ​ខ្លាច
15 មាន​ខ្លះ​សម្ដែង​ពី​ព្រះ‌គ្រីស្ទ ដោយ​ចិត្ត​ឈ្នានីស ហើយ​ចង់​ឈ្លោះ​ប្រកែក​មែន តែ​ខ្លះ ដោយ​ចិត្ត​ស្មោះ‌សរ​វិញ
16 ឯ​ពួក​មួយ គេ​សម្ដែង​ពី​ព្រះ‌គ្រីស្ទ ដោយ​ចិត្ត​ទទឹង មិន​មែន​ដោយ​ចិត្ត​ស្អាត​ទេ នោះ​គឺ​ដោយ​ស្មាន​ថា គេ​នឹង​បន្ថែម​សេចក្ដី​ទុក្ខ​លំបាក​ដល់​ចំណង​ខ្ញុំ​ទៀត
17 ឯ​ពួក​មួយ​ទៀត គេ​ប្រព្រឹត្ត​ដោយ​ស្រឡាញ់​វិញ ដោយ​ដឹង​ថា ខ្ញុំ​បាន​តាំង​ឡើង សម្រាប់​ដោះ​សា​ពី​ដំណឹង​ល្អ
18 ចុះ​តើ​អំពល់​អ្វី ទោះ‌បើ​យ៉ាង​ណា​ក៏​ដោយ ទោះ​ដោយ​ពើ ឬ​ដោយ​សេចក្ដី​ស្មោះ​ក្តី គង់​តែ​គេ​សម្ដែង​ពី​ព្រះ‌គ្រីស្ទ​ដែរ ដូច្នេះ ខ្ញុំ​មាន​សេចក្ដី​អំណរ​ណាស់ ក៏​នឹង​ចេះ​តែ​មាន​អំណរ​ត​ទៅ​មុខ​ទៀត
19 ដ្បិត​ខ្ញុំ​ដឹង​ថា ការ​នេះ​នឹង​បាន​ត្រឡប់​ជា​សេចក្ដី​សង្គ្រោះ​ដល់​ខ្ញុំ​វិញ ដោយ​អ្នក​រាល់​គ្នា​អធិស្ឋាន​ឲ្យ​ខ្ញុំ ហើយ​ដោយ​ព្រះ‌ទ្រង់​ប្រទាន​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេស៊ូវ​គ្រីស្ទ​មក​ជួយ​ផង
20 តាម​សេចក្ដី​ដែល​ខ្ញុំ​ទន្ទឹង​ចាំ ហើយ​សង្ឃឹម​អស់​ពី​ចិត្ត​ថា ខ្ញុំ​មិន​ត្រូវ​ខ្មាស​ក្នុង​ការ​អ្វី​ឡើយ គឺ​ឲ្យ​តែ​ខ្ញុំ​បាន​តម្កើង​ព្រះ‌គ្រីស្ទ​ក្នុង​រូប‌កាយ​ខ្ញុំ​វិញ ដោយ​ចិត្ត​ក្លាហាន​គ្រប់​Chapter ក្នុង​ពេល​ឥឡូវ​នេះ​ចុះ ដូច​ជា​ពី​ដើម​រៀង​មក​ដែរ ទោះ​រស់​ឬ​ស្លាប់​ក្តី
21 ដ្បិត​ឯ​ខ្ញុំ ដែល​ខ្ញុំ​រស់​នៅ នោះ​គឺ​សម្រាប់​ព្រះ‌គ្រីស្ទ​ទេ ហើយ​ដែល​ស្លាប់​ទៅ នោះ​ជា​កម្រៃ​វិញ
22 ប៉ុន្តែ បើ​រស់​ខាង​ឯ​សាច់​ឈាម និង​នាំ​ឲ្យ​ការ​ខ្ញុំ​កើត​ផល នោះ​ខ្ញុំ​មិន​ដឹង​រើស​យក​ខាង​ណា​ទេ
23 ខ្ញុំ​មាន​សេចក្ដី​បណ្តាល​ទាំង​សង​ខាង ក៏​មាន​ចិត្ត​ចង់​ចេញ​ទៅ​នៅ​ជា​មួយ​នឹង​ព្រះ‌គ្រីស្ទ ដែល​ល្អ​ជា​ជាង​នោះ​ផង
24 តែ​បើ​ខ្ញុំ​នៅ​ក្នុង​សាច់​ឈាម​ត​ទៅ​ទៀត នោះ​មាន​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា​ជា​ជាង
25 ហើយ​ដោយ​ហេតុ​ដែល​ខ្ញុំ​ជឿ​សេចក្ដី​នោះ​យ៉ាង​ពិត​ប្រាកដ បាន​ជា​ខ្ញុំ​ដឹង​ថា ខ្ញុំ​នឹង​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ត​ទៅ​ទៀត ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​មាន​ជំនឿន​ជឿន​ឡើង ហើយ​ឲ្យ​មាន​សេចក្ដី​អំណរ ដោយ‌សារ​សេចក្ដី​ជំនឿ​ផង
26 ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​អួត​ពី​ខ្ញុំ ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ កាន់​តែ​ច្រើន​ឡើង ដោយ​ខ្ញុំ​មក​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ម្តង​ទៀត។
27 ប៉ុន្តែ ចូរ​ឲ្យ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​បែប​គួរ​នឹង​ដំណឹង​ល្អ​របស់​ព្រះ‌គ្រីស្ទ​ចុះ ដើម្បី​កាល​ណា​ខ្ញុំ​មក​សួរ ឬ​នៅ​ឃ្លាត​ពី​អ្នក​រាល់​គ្នា​ក្តី នោះ​គង់​តែ​នឹង​បាន​ឮ​និយាយ​ពី​ដំណើរ​អ្នក​រាល់​គ្នា​ថា អ្នក​រាល់​គ្នា​បាន​ឈរ​មាំ‌មួន​ហើយ ព្រម​ទាំង​មាន​ចិត្ត​មាន​គំនិត​តែ​១ ដើម្បី​នឹង​តតាំង​ជា​មួយ​គ្នា ដោយ​នូវ​សេចក្ដី​ជំនឿ ខាង​ឯ​ដំណឹង​ល្អ ផង
28 ឥត​មាន​ភ័យ​ខ្លាច ចំពោះ​ពួក​ទាស់​ទទឹង​ក្នុង​ការ​អ្វី​ឡើយ ដំណើរ​នោះ​ឯង និង​សម្ដែង​ពី​សេចក្ដី​នោះ​បាន​មក​ពី​ព្រះ​ផង
29 ដ្បិត​មាន​ឱកាស​បើក​ឲ្យ​អ្នក​រាល់​គ្នា​ហើយ មិន​មែន​ឲ្យ​គ្រាន់​តែ​ជឿ​ដល់​ព្រះ‌គ្រីស្ទ​តែ​ប៉ុណ្ណោះ​ទេ គឺ​ឲ្យ​រង​ទុក្ខ​ដោយ​ព្រោះ​ទ្រង់​ដែរ
30 ទាំង​កើត​មាន​សេចក្ដី​តតាំង​ដដែល ដែល​ឃើញ​ខ្ញុំ​មាន ហើយ​ឥឡូវ​នេះ​ឮ​ថា​ខ្ញុំ​មាន​ទៀត។


ជំពូក 2

1 ដូច្នេះ បើ​សិន​ជា​មាន​សេចក្ដី​ដាស់‌តឿន ណា​ក្នុង​ព្រះ‌គ្រីស្ទ ឬ​សេចក្ដី​កំសាន្ត​ណា​របស់​ផង​សេចក្ដី​ស្រឡាញ់ ឬ​សេចក្ដី​ប្រកប​ណា​ផង​ព្រះ‌វិញ្ញាណ ឬ​សេចក្ដី​ថ្និត‌ថ្នម និង​សេចក្ដី​អាណិត‌អាសូរ​ណា
2 នោះ​ចូរ​បំពេញ​សេចក្ដី​អំណរ​របស់​ខ្ញុំ ដោយ​អ្នក​រាល់​គ្នា​មាន​គំនិត មាន​សេចក្ដី​ស្រឡាញ់​តែ​១ ទាំង​រួប‌រួម​ចិត្ត​គ្នា ហើយ​គិត​តែ​ផ្លូវ​១​ដូច​គ្នា​ចុះ
3 កុំ​ឲ្យ​ធ្វើ​អ្វី ដោយ​ទាស់‌ទែង​គ្នា ឬ​ដោយ​សេចក្ដី​អំនួត​ឥត​ប្រយោជន៍​ឡើយ តែ​ចូរ​រាប់​អាន​គេ​ឲ្យ​លើស​ជាង​ខ្លួន​ដោយ​ចិត្ត​សុភាព​វិញ
4 កុំ​ឲ្យ​គ្រប់​គ្នា​ស្វែង​រក​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន​ឡើយ ត្រូវ​ស្វែង​រក​ចំពោះ​អ្នក​ដទៃ​ផង
5 ត្រូវ​តែ​មាន​គំនិត​គិត​ដូច​ជា​ព្រះ‌គ្រីស្ទ​យេស៊ូវ​វិញ
6 ដែល​ទោះ​បើ​ទ្រង់​មាន​រូប​អង្គ​ជា​ព្រះ​ក៏​ដោយ គង់​តែ​មិន​បាន​រាប់​សេចក្ដី​ស្មើ​នឹង​ព្រះ​នោះ ទុក​ជា​សេចក្ដី​ដែល​គួរ​កាន់​ខ្ជាប់​ឡើយ
7 គឺ​ទ្រង់​បាន​លះ‌បង់​ព្រះ‌អង្គ​ទ្រង់ មក​យក​រូប‌ភាព​ជា​បាវ​បម្រើ​វិញ ព្រម​ទាំង​ប្រសូត​មក​មាន​រូប​ជា​មនុស្ស​ផង
8 ហើយ​ដែល​ឃើញ​ទ្រង់​មាន​ភាព​ជា​មនុស្ស​ដូច្នោះ នោះ​ក៏​បន្ទាប​ព្រះ‌អង្គ​ទ្រង់ ទាំង​ចុះ​ចូល​ស្តាប់​បង្គាប់ រហូត​ដល់​ទី​មរណៈ គឺ​ទ្រង់​ទទួល​សុគត​ជាប់​ឈើ​ឆ្កាង​ផង
9 ដោយ​ហេតុ​នោះ​បាន​ជា​ព្រះ​បាន​លើក​ទ្រង់​ឡើង​យ៉ាង​ខ្ពស់ ហើយ​បាន​ប្រទាន​ឲ្យ​មាន​នាម​ដ៏​ប្រសើរ លើស​ជាង​អស់​ទាំង​នាម​ផង
10 ដើម្បី​កាល​ណា​ឮ​ព្រះ‌នាម​ព្រះ‌យេស៊ូវ នោះ​ឲ្យ​គ្រប់​ទាំង​ជង្គង់​នៅ​ស្ថាន‌សួគ៌ នៅ​ផែនដី ហើយ​នៅ​ក្រោម​ផែនដី​ត្រូវ​លុត​ចុះ
11 ហើយ​ឲ្យ​គ្រប់​ទាំង​អណ្តាត បាន​ថ្លែង​ប្រាប់​ថា ព្រះ‌យេស៊ូវ​គ្រីស្ទ​ទ្រង់​ជា​ព្រះ‌អម្ចាស់ សម្រាប់​ជា​សិរី‌ល្អ​ដល់​ព្រះ​ដ៏​ជា​ព្រះ‌វរ‌បិតា។
12 បាន​ជា ឱ​ពួក​ស្ងួន‌ភ្ងា​អើយ ចូរ​បង្ហើយ​សេចក្ដី​សង្គ្រោះ​របស់​អ្នក​រាល់​គ្នា ដោយ​កោត‌ខ្លាច ហើយ​ញាប់​ញ័រ​ចុះ ដូច​ជា​បាន​ស្តាប់​បង្គាប់​ខ្ញុំ​ជា​ដរាប​រៀង​មក​ដែរ មិន​មែន​តែ​កាល​ខ្ញុំ​នៅ​ជា​មួយ​ប៉ុណ្ណោះ​ទេ សូម្បី​ឥឡូវ​នេះ​ដែល​ខ្ញុំ​មិន​នៅ​ជា​មួយ នោះ​ក៏​ចូរ​ខំ​ប្រឹង​ឲ្យ​លើស​ទៅ​ទៀត​ផង
13 ដ្បិត​គឺ​ជា​ព្រះ​ហើយ ដែល​បណ្តាល​ចិត្ត​អ្នក​រាល់​គ្នា ឲ្យ​មាន​ទាំង​ចំណង​ចង់​ធ្វើ ហើយ​ឲ្យ​បាន​ប្រព្រឹត្ត​តាម​បំណង​ព្រះ‌ហឫទ័យ​ទ្រង់​ដែរ
14 ចូរ​ធ្វើ​គ្រប់​ការ​ទាំង​អស់​ដោយ​ឥត​ត្អូញ‌ត្អែរ ឥត​ប្រកែក
15 ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​បាន​ឥត​សៅ‌ហ្មង ឥត​កិច្ច‌កល ជា​កូន​ព្រះ​ដែល​រក​បន្ទោស​មិន​បាន​នៅ​ក្នុង​តំណ​មនុស្ស​វៀច ហើយ​ខិល‌ខូច ដែល​អ្នក​រាល់​គ្នា​ភ្លឺ​នៅ​កណ្តាល​គេ ដូច​ជា​តួ​ពន្លឺ​នៅ​ក្នុង​លោក
16 ទាំង​ហុច​ព្រះ‌បន្ទូល​នៃ​ជីវិត​ដល់​គេ ដើម្បី​ដល់​ថ្ងៃ​នៃ​ព្រះ‌គ្រីស្ទ នោះ​ឲ្យ​ខ្ញុំ​បាន​សេចក្ដី​អំនួត​អួត​ថា ខ្ញុំ​មិន​បាន​រត់ ឬ​ខំ​ប្រឹង​ធ្វើ​ការ​ជា​ឥត​ប្រយោជន៍​ឡើយ
17 ប៉ុន្តែ បើ​សិន​ជា​ត្រូវ​ច្រួច​ខ្ញុំ​ចេញ​លើ​យញ្ញ‌បូជា និង​ការ​ជំនួយ​របស់​សេចក្ដី​ជំនឿ​នៃ​អ្នក​រាល់​គ្នា នោះ​ខ្ញុំ​ក៏​អរ ហើយ​មាន​សេចក្ដី​អំណរ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ទាំង​អស់​ដែរ
18 ចូរ​ឲ្យ​អ្នក​រាល់​គ្នា​មាន​សេចក្ដី​អំណរ​យ៉ាង​នោះ ហើយ​អរ​សប្បាយ ជា​មួយ​នឹង​ខ្ញុំ​ផង។
19 ខ្ញុំ​សង្ឃឹម ដោយ​នូវ​ព្រះ‌អម្ចាស់​យេស៊ូវ​ថា បន្តិច​ទៀត ខ្ញុំ​នឹង​ចាត់​ធីម៉ូថេ​មក​ឯ​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​ខ្ញុំ​បាន​ក្សាន្ត​ចិត្ត​ឡើង ដោយ​បាន​ដឹង​រឿង​ពី​អ្នក​រាល់​គ្នា
20 ដ្បិត​ខ្ញុំ​គ្មាន​អ្នក​ណា​មាន​គំនិត​ដូច​ជា​គាត់ ដែល​នឹង​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​របស់​អ្នក​រាល់​គ្នា ដោយ​ស្មោះ‌ត្រង់​នោះ​ទេ
21 ពី​ព្រោះ​មនុស្ស​ទាំង​អស់ គេ​រក​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន មិន​រក​ប្រយោជន៍​ដល់​ព្រះ‌យេស៊ូវ​គ្រីស្ទ​ទេ
22 តែ​អ្នក​រាល់​គ្នា​ស្គាល់​កិរិយា​របស់​គាត់​ហើយ ថា​គាត់​បាន​បម្រើ​នៅ​ជា​មួយ​នឹង​ខ្ញុំ​ក្នុង​ដំណឹង​ល្អ ដូច​ជា​កូន​បម្រើ​ឪពុក
23 ដូច្នេះ កាល​ណា​ខ្ញុំ​បាន​ឃើញ​ថា រឿង​ខ្ញុំ​នឹង​សម្រេច​ជា​យ៉ាង​ណា នោះ​ខ្ញុំ​សង្ឃឹម​ថា នឹង​ចាត់​គាត់​មក​ភ្លាម
24 ហើយ​ខ្ញុំ​ជឿ​ប្រាកដ ដោយ‌សារ​ព្រះ‌អម្ចាស់​ថា បន្តិច​ទៀត ខ្លួន​ខ្ញុំ​នឹង​មក​ដែរ។
25 ខ្ញុំ​បាន​យល់​ឃើញ​ថា ត្រូវ​ចាត់​អេប៉ា‌ប្រូឌីត​មក​ឯ​អ្នក​រាល់​គ្នា​ដែរ គាត់​ជា​បង​ប្អូន ជា​គូ‌កន​ធ្វើ​ការ ហើយ​ធ្វើ​ទាហាន​ជា​មួយ​នឹង​ខ្ញុំ ដែល​អ្នក​រាល់​គ្នា​បាន​ចាត់​គាត់​ទៅ ឲ្យ​ជួយ​ផ្គត់‌ផ្គង់​សេចក្ដី​ដែល​ខ្ញុំ​ត្រូវ​ការ
26 គាត់​រឭក​ដល់​អ្នក​រាល់​គ្នា​ជា​ខ្លាំង ហើយ​មាន​ចិត្ត​ព្រួយ​ណាស់ ដោយ​ព្រោះ​អ្នក​រាល់​គ្នា​បាន​ឮ​ថា គាត់​ឈឺ
27 គាត់​បាន​ឈឺ​មែន​ស្ទើរ​តែ​នឹង​ស្លាប់​ផង តែ​ព្រះ‌ទ្រង់​អាណិត​មេត្តា​ដល់​គាត់ មិន​មែន​ដល់​គាត់​តែ​១ គឺ​ដល់​ខ្ញុំ​ដែរ ដើម្បី​មិន​ឲ្យ​ខ្ញុំ​កើត​ទុក្ខ​ជា​ខ្ជាន់ៗ​ឡើយ
28 ដូច្នេះ ខ្ញុំ​បាន​ចាត់​គាត់​ឲ្យ​មក​ជា​ប្រញាប់ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​សេចក្ដី​អំណរ ដោយ​ឃើញ​គាត់ ហើយ​ឲ្យ​ខ្ញុំ​បាន​អន់​ព្រួយ​ដែរ
29 ចូរ​ទទួល​គាត់​ក្នុង​ព្រះ‌អម្ចាស់ ដោយ​អំណរ​គ្រប់​Chapter ហើយ​រាប់​អាន​មនុស្ស​យ៉ាង​នោះ​ចុះ
30 ដ្បិត​ដែល​គាត់​ស្ទើរ​តែ​នឹង​ស្លាប់​នោះ គឺ​ដោយ​ព្រោះ​តែ​ការ​របស់​ព្រះ‌គ្រីស្ទ​ទេ គាត់​បាន​ប្រថុយ​ជីវិត ដើម្បី​នឹង​បំពេញ​សេចក្ដី​ណា​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ជួយ​ដល់​ខ្ញុំ។


ជំពូក 3

1 មួយ​សោត​ទៀត បង​ប្អូន​អើយ ចូរ​អរ​សប្បាយ​ក្នុង​ព្រះ‌អម្ចាស់​ចុះ ឯ​ការ​សរសេរ​សេចក្ដី​ដដែលៗ ផ្ញើ​មក​អ្នក​រាល់​គ្នា នោះ​មិន​មែន​ធុញ‌ទ្រាន់​ដល់​ខ្ញុំ​ទេ តែ​ជា​ការ​មាន​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា​ដែរ
2 ចូរ​ប្រយ័ត​នឹង​ពួក​ឆ្កែ ហើយ​និង​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អាក្រក់ ព្រម​ទាំង​ពួក​កាត់​ស្បែក​ក្លែង‌ក្លាយ​ផង
3 ដ្បិត​យើង​រាល់​គ្នា​ដែល​បម្រើ​ព្រះ​ដោយ​វិញ្ញាណ ហើយ​អួត​ពី​ព្រះ‌គ្រីស្ទ​យេស៊ូវ ឥត​ទុក​ចិត្ត​នឹង​សាច់​ឈាម​ឡើយ នោះ​យើង​ជា​ពួក​កាត់​ស្បែក​ដ៏​ពិត
4 ប៉ុន្តែ ខ្ញុំ​មាន​កន្លែង​ទុក​ចិត្ត​ខាង​សាច់​ឈាម​ខ្លះ​បាន​ដែរ បើ​មាន​អ្នក​ណា​ទៀត​ស្មាន​ថា ខ្លួន​ទុក​ចិត្ត​ខាង​សាច់​ឈាម​បាន នោះ​ខ្ញុំ​ក៏​លើស​ទៅ​ទៀត
5 ដ្បិត​ខ្ញុំ​បាន​ទទួល​កាត់​ស្បែក​នៅ​ថ្ងៃ​ទី​៨ ខ្ញុំ​ជា​សាសន៍​អ៊ីស្រា‌អែល ក្នុង​ពូជ​អំបូរ​បេន‌យ៉ាមីន ជា​អ្នក​ហេ‌ព្រើរ កើត​ពី​ពួក​ហេ‌ព្រើរ ឯ​ខាង​ក្រឹត្យ‌វិន័យ នោះ​ខ្ញុំ​ជា​ពួក​ផារី‌ស៊ី
6 ខាង​ឯ​សេចក្ដី​ឧស្សាហ៍ នោះ​ខ្ញុំ​ជា​អ្នក​ដែល​បាន​ធ្វើ​ទុក្ខ​បៀត​បៀន​ដល់​ពួក​ជំនុំ ចំណែក​ខាង​សេចក្ដី​សុចរិត​ក្នុង​ក្រឹត្យ‌វិន័យ នោះ​ខ្ញុំ​គ្មាន​ទោស​សោះ
7 ប៉ុន្តែ សេចក្ដី​អ្វី​ដែល​មាន​ប្រយោជន៍​ដល់​ខ្ញុំ​ពី​មុន នោះ​ខ្ញុំ​បាន​រាប់​ជា​ខាត​វិញ ដោយ​ព្រោះ​ព្រះ‌គ្រីស្ទ
8 ហើយ​ខ្ញុំ​ក៏​រាប់​គ្រប់​ទាំង​អស់​ទុក​ដូច​ជា​ខាត​ដែរ ដោយ​ព្រោះ​សេចក្ដី​ដែល​ប្រសើរ​ជាង គឺ​ដោយ​ស្គាល់​ព្រះ‌គ្រីស្ទ​យេស៊ូវ ជា​ព្រះ‌អម្ចាស់​នៃ​ខ្ញុំ ដែល​ដោយ​យល់​ដល់​ទ្រង់ ខ្ញុំ​បាន​ខាត​គ្រប់​ទាំង​អស់ ហើយ​បាន​រាប់​ទាំង​អស់​ទុក​ដូច​ជា​សំរាម ប្រយោជន៍​ឲ្យ​បាន​ព្រះ‌គ្រីស្ទ​វិញ
9 ហើយ​ឲ្យ​គេ​បាន​ឃើញ​ខ្ញុំ​នៅ​ក្នុង​ទ្រង់ ដោយ​សេចក្ដី​សុចរិត​ដែល​មក​ពី​សេចក្ដី​ជំនឿ​ដល់​ព្រះ‌គ្រីស្ទ មិន​មែន​ដោយ​សេចក្ដី​សុចរិត​របស់​ខ្លួន​ខ្ញុំ ដែល​មក​ពី​ក្រឹត្យ‌វិន័យ​នោះ​ទេ គឺ​ជា​សេចក្ដី​សុចរិត​ដែល​មក​ពី​ព្រះ ដោយ​សេចក្ដី​ជំនឿ វិញ
10 ដើម្បី​ឲ្យ​ខ្ញុំ​បាន​ស្គាល់​ទ្រង់ និង​ព្រះ‌ចេស្តា​នៃ​ដំណើរ​ដែល​ទ្រង់​រស់​ឡើង​វិញ ហើយ​និង​សេចក្ដី​ប្រកប​ក្នុង​ការ​រង​ទុក្ខ​របស់​ទ្រង់ ព្រម​ទាំង​ត្រឡប់​ទៅ​ដូច​ជា​ទ្រង់​ក្នុង​សេចក្ដី​ស្លាប់​ផង
11 នោះ​គឺ​បើ​សិន​ជា​មាន​ផ្លូវ​ណា ឲ្យ​ខ្ញុំ​បាន​មក​ដល់​សេចក្ដី​រស់​ពី​ស្លាប់​ឡើង​វិញ។
12 មិន​មែន​ថា ខ្ញុំ​បាន​ទទួល ឬ​ថា ខ្ញុំ​បាន​គ្រប់​លក្ខណ៍​ហើយ​នោះ​ទេ តែ​ខ្ញុំ​កំពុង​តែ​ដេញ​តាម សង្វាត​នឹង​ចាប់​ឲ្យ​បាន​សេចក្ដី ដែល​ព្រះ‌គ្រីស្ទ​យេស៊ូវ​បាន​ចាប់​ខ្ញុំ​ឲ្យ​បាន​នោះ​ដែរ។
13 បង​ប្អូន​អើយ ខ្ញុំ​មិន​រាប់​ថា​ខ្លួន​ខ្ញុំ​ចាប់​បាន​ហើយ​នោះ​ទេ តែ​មាន​សេចក្ដី​នេះ​១ គឺ​ថា ខ្ញុំ​ភ្លេច​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​កន្លង​ទៅ​ហើយ ក៏​ខំ​មមុល​ឈោង​ទៅ​ឯ​សេចក្ដី​ខាង​មុខ​ទៀត
14 ទាំង​រត់​តម្រង់​ទៅ​ឯ​ទី ដើម្បី​ឲ្យ​បាន​រង្វាន់​នៃ​ការ‌ងារ​ដ៏​ខ្ពស់​របស់​ព្រះ ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ
15 ដូច្នេះ យើង​ទាំង​អស់​គ្នា​ដែល​គ្រប់​លក្ខណ៍​ហើយ យើង​ត្រូវ​មាន​គំនិត​យ៉ាង​នោះ​ឯង តែ​បើ​អ្នក​រាល់​គ្នា​មាន​គំនិត​ណា​ផ្សេង​ក្នុង​ការ​អ្វី នោះ​ព្រះ‌ទ្រង់​នឹង​សម្ដែង​ឲ្យ​អ្នក​រាល់​គ្នា​បាន​ឃើញ​សេចក្ដី​នេះ​ដែរ
16 ប៉ុន្តែ ទោះ​បើ​បាន​ដល់​ទី​ណា​ក៏​ដោយ គង់​តែ​ត្រូវ​ឲ្យ​យើង​កាន់​តាម​ច្បាប់​នោះ​ឯង។
17 បង​ប្អូន​អើយ ចូរ​ត្រាប់​តាម​ខ្ញុំ​គ្រប់​គ្នា ហើយ​ពិចារណា​មើល​ឲ្យ​ស្គាល់​ពួក​អ្នក ដែល​ដើរ​ដូច​ជា​យើង​ខ្ញុំ​បាន​ធ្វើ​ក្បួន​ឲ្យ​អ្នក​រាល់​គ្នា​ហើយ
18 ដ្បិត​មាន​មនុស្ស​ជា​ច្រើន ដែល​ខ្ញុំ​បាន​ប្រាប់​ដល់​អ្នក​រាល់​គ្នា​ជា​ញយៗ ហើយ​ឥឡូវ​នេះ ក៏​ប្រាប់​ទាំង​ស្រក់​ទឹក​ភ្នែក​ទៀត ថា គេ​ជា​ខ្មាំង​សត្រូវ​នឹង​ឈើ​ឆ្កាង​ព្រះ‌គ្រីស្ទ​ទេ
19 ចុង​បំផុត​របស់​គេ​ជា​សេចក្ដី​ហិន‌វិនាស គេ​យក​ពោះ​គេ​ទុក​ជា​ព្រះ ហើយ​យក​សេចក្ដី​គួរ​ខ្មាស​របស់​គេ ទុក​ជា​សិរី‌ល្អ វិញ គេ​នឹក​តែ​ពី​របស់​នៅ​ផែនដី​នេះ
20 ឯ​យើង​រាល់​គ្នា យើង​ជា​សាសន៍​ស្ថាន‌សួគ៌​វិញ ក៏​នៅ​ចាំ​ព្រះ‌អម្ចាស់​យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អង្គ​សង្គ្រោះ ទ្រង់​យាង​មក​ពី​ស្ថាន​នោះ​ឯង
21 ដែល​ទ្រង់​នឹង​បំផ្លាស់​បំប្រែ​រូប​កាយ​ទាប​ថោក​របស់​យើង ឲ្យ​ត្រឡប់​ដូច​ជា​រូប​ឧត្តម​របស់​ទ្រង់ តាម​ដែល​ព្រះ‌ចេស្តា​ទ្រង់​ពូកែ​នឹង​បញ្ចុះ‌បញ្ចូល​គ្រប់​ទាំង​អស់ នៅ​ក្រោម​អំណាច​ទ្រង់​ផង។


ជំពូក 4

1 ដូច្នេះ បង​ប្អូន ជា​ពួក​ស្ងួន‌ភ្ងា ហើយ​ជា​ទី​រឭក ជា​ទី​ត្រេក‌អរ ហើយ​ជា​មកុដ​របស់​ខ្ញុំ​អើយ ចូរ​ឈរ​ឲ្យ​មាំ‌មួន​ក្នុង​ព្រះ‌អម្ចាស់​ចុះ ឱ​ពួក​ស្ងួន‌ភ្ងា​អើយ។
2 ខ្ញុំ​សូម​ទូន្មាន​ដល់​នាង​អ៊ើរ៉ូឌា និង​នាង​ស៊ុន‌ទីច​ដែរ ឲ្យ​មូល​គំនិត​តែ​១​ក្នុង​ព្រះ‌អម្ចាស់
3 ហើយ​ខ្ញុំ​ក៏​សូម​ដល់​អ្នក ឱ​គូ‌កន​ស្មោះ‌ត្រង់​របស់​ខ្ញុំ​អើយ សូម​ជួយ​ស្ត្រី​ទាំង​២​នោះ ដែល​បាន​តតាំង​ជា​១​នឹង​ខ្ញុំ ក្នុង​ដំណឹង​ល្អ​ផង ហើយ​និង​អ្នក​ក្លេមេន និង​គូ‌កន​ខ្ញុំ​ឯ​ទៀត ដែល​គេ​មាន​ឈ្មោះ​កត់​ទុក​ក្នុង​បញ្ជី​ជីវិត​ដែរ។
4 ចូរ​អរ​សប្បាយ ក្នុង​ព្រះ‌អម្ចាស់​ជានិច្ច ខ្ញុំ​ប្រាប់​ម្តង​ទៀត​ថា ចូរ​អរ​សប្បាយ​ឡើង
5 ចូរ​សម្ដែង​ឲ្យ​មនុស្ស​ទាំង​អស់ បាន​ស្គាល់​សេចក្ដី​សំឡូត​របស់​អ្នក​រាល់​គ្នា​ចុះ ព្រោះ​ព្រះ‌អម្ចាស់​ទ្រង់​ជិត​ដល់​ហើយ
6 កុំ​ឲ្យ​ខ្វល់‌ខ្វាយ​អ្វី​ឡើយ ចូរ​ទូល​ដល់​ព្រះ ឲ្យ​ជ្រាប​ពី​សេចក្ដី​សំណូម​របស់​អ្នក​រាល់​គ្នា​ក្នុង​គ្រប់​ការ​ទាំង​អស់ ដោយ​សេចក្ដី​អធិស្ឋាន និង​ពាក្យ​ទូល​អង្វរ ទាំង​ពោល​ពាក្យ​អរ​ព្រះ‌គុណ​ផង
7 យ៉ាង​នោះ សេចក្ដី​សុខ​សាន្ត​របស់​ព្រះ ដែល​ហួស​លើស​ពី​អស់​ទាំង​គំនិត និង​ជួយ​ការ‌ពារ​ចិត្ត ហើយ​និង​គំនិត​របស់​អ្នក​រាល់​គ្នា ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ។
8 មួយ​ទៀត បង​ប្អូន​អើយ ឯ​សេចក្ដី​ណា​ដែល​ពិត សេចក្ដី​ណា​ដែល​គួរ​រាប់​អាន សេចក្ដី​ណា​ដែល​សុចរិត សេចក្ដី​ណា​ដែល​បរិសុទ្ធ សេចក្ដី​ណា​ដែល​គួរ​ស្រឡាញ់ សេចក្ដី​ណា​ដែល​មាន​ឈ្មោះ​ល្អ បើ​មាន​សគុណ​ណា ឬ​ជា​សេចក្ដី​សរសើរ​ណា នោះ​ចូរ​ពិចារណា​ពី​សេចក្ដី​ទាំង​នោះ​ចុះ
9 ហើយ​សេចក្ដី​អ្វី​ដែល​អ្នក​រាល់​គ្នា​បាន​រៀន បាន​ទទួល បាន​ឮ ហើយ​ឃើញ​ក្នុង​ខ្ញុំ នោះ​ចូរ​ឲ្យ​ប្រព្រឹត្ត​តាម​សេចក្ដី​ទាំង​នោះ​ចុះ ដូច្នេះ ព្រះ​នៃ​សេចក្ដី​សុខ​សាន្ត ទ្រង់​នឹង​គង់​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា។
10 ខ្ញុំ​មាន​សេចក្ដី​អំណរ​ជា​ខ្លាំង​ក្នុង​ព្រះ‌អម្ចាស់ ដោយ​ព្រោះ​ឥឡូវ​នេះ អ្នក​រាល់​គ្នា​បាន​នឹក​ដល់​ខ្ញុំ​ឡើង​វិញ អ្នក​រាល់​គ្នា​បាន​នឹក​ដល់​ខ្ញុំ​ជានិច្ច​ដែរ តែ​រក​ឱកាស​គ្មាន
11 ខ្ញុំ​និយាយ​ដូច្នេះ មិន​មែន​ដោយ​ខ្ញុំ​ខ្វះ​ខាត​ទេ ដ្បិត​ខ្ញុំ​បាន​រៀន​ឲ្យ​មាន​សេចក្ដី​សន្តោស​ក្នុង​សណ្ឋាន​គ្រប់​យ៉ាង
12 ខ្ញុំ​ធ្លាប់​ទ្រាំ​ឲ្យ​មាន​សេចក្ដី​ចង្អៀត‌ចង្អល់ ហើយ​ក៏​ធ្លាប់​មាន​សេចក្ដី​រីក‌រាយ​ដែរ ខ្ញុំ​ធ្លាប់​ទាំង​ឆ្អែត ទាំង​ឃ្លាន ទាំង​មាន ទាំង​ខ្វះ ក្នុង​សារពើ​ទាំង​អស់​ហើយ
13 ខ្ញុំ​អាច​នឹង​ធ្វើ​គ្រប់​ទាំង​អស់​បាន ដោយ‌សារ​ព្រះ‌គ្រីស្ទ​ដែល​ទ្រង់​ចម្រើន​កម្លាំង​ដល់​ខ្ញុំ
14 ប៉ុន្តែ ដែល​អ្នក​រាល់​គ្នា​បាន​ជួយ​ដល់​សេចក្ដី​កំសត់​របស់​ខ្ញុំ នោះ​ប្រពៃ​ហើយ។
15 ឱ​ពួក​ក្រុង​ភីលីព​អើយ អ្នក​រាល់​គ្នា​ក៏​ដឹង​ថា កាល​ចាប់​ប្រារព្ធ​ប្រកាស​ដំណឹង​ល្អ ដែល​ខ្ញុំ​ទើប​នឹង​ចេញ​ពី​ស្រុក​ម៉ាសេដូន​មក នោះ​គ្មាន​ពួក​ជំនុំ​ណា​បាន​ប្រកប​នឹង​ខ្ញុំ អំពី​ដំណើរ​ប្រាក់​ចំណាយ​ចំណូល​ឡើយ មាន​តែ​អ្នក​រាល់​គ្នា​ប៉ុណ្ណោះ
16 ដ្បិត​កាល​ខ្ញុំ​ខ្វះ​ខាត​នៅ​ថែស្សា‌ឡូនីច នោះ​អ្នក​រាល់​គ្នា​បាន​ផ្ញើ​ទៅ​ជួយ​ខ្ញុំ​ម្តង​ពីរ​ដង​ផង
17 មិន​មែន​ថា ខ្ញុំ​រក​ចង់​បាន​ទាន​ទេ ខ្ញុំ​រក​តែ​ផល ដែល​ចម្រើន​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា​វិញ
18 ខ្ញុំ​មាន​គ្រប់​គ្រាន់​ទាំង​អស់ ហើយ​ក៏​បរិបូរ​ផង ខ្ញុំ​បាន​ពោរ‌ពេញ​ហើយ ដោយ​បាន​ទទួល​របស់​ទាំង​ប៉ុន្មាន​ពី​អេប៉ា‌ប្រូឌីត ដែល​អ្នក​រាល់​គ្នា​ផ្ញើ​ទៅ​ខ្ញុំ​នោះ គឺ​ជា​ក្លិន​ឈ្ងុយ ជា​គ្រឿង​បូជា​ដែល​ព្រះ‌ទ្រង់​ទទួល ហើយ​សព្វ​ព្រះ‌ហឫទ័យ​ដែរ
19 ព្រះ​នៃ​ខ្ញុំ ទ្រង់​នឹង​បំពេញ​គ្រប់​ទាំង​អស់ ដែល​អ្នក​រាល់​គ្នា​ត្រូវ​ការ តាម​ភោគ​សម្បត្តិ​នៃ​ទ្រង់​ដ៏​ឧត្តម ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ
20 សូម​ឲ្យ​ព្រះ​ដ៏​ជា​ព្រះ‌វរ‌បិតា​នៃ​យើង​រាល់​គ្នា បាន​សិរី‌ល្អ​នៅ​អស់​កល្ប​រៀង​ត​ទៅ អាម៉ែន។
21 សូម​ជម្រាប​សួរ មក​ពួក​បរិសុទ្ធ ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ​ផង ឯ​ពួក​បង​ប្អូន​ដែល​នៅ​ជា​មួយ​នឹង​ខ្ញុំ គេ​សូម​ជម្រាប​សួរ​មក​អ្នក​រាល់​គ្នា
22 ពួក​បរិសុទ្ធ​ទាំង​អស់​គ្នា មាន​ពួក​អ្នក​នៅ​ដំណាក់​សេ‌សារ​ជា​ដើម ក៏​សូម​ជម្រាប​សួរ​មក​អ្នក​រាល់​គ្នា​ដែរ
23 សូម​ឲ្យ​ព្រលឹង​វិញ្ញាណ​អ្នក​រាល់​គ្នា​បាន​ប្រកប ដោយ​ព្រះ‌គុណ​នៃ​ព្រះ‌អម្ចាស់​យេស៊ូវ‌គ្រីស្ទ។ អាម៉ែន។:៚