ជំពូក 1
1 សំបុត្រប៉ុល ស៊ីលវ៉ាន និងធីម៉ូថេ យើងខ្ញុំផ្ញើមកពួកជំនុំនៅក្រុងថែស្សាឡូនីច ដែលនៅក្នុងព្រះដ៏ជាព្រះវរបិតា និងព្រះអម្ចាស់យេស៊ូវគ្រីស្ទ សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ និងសេចក្ដីសុខសាន្ត អំពីព្រះដ៏ជាព្រះវរបិតានៃយើង ហើយអំពីព្រះអម្ចាស់យេស៊ូវគ្រីស្ទ។
2 យើងខ្ញុំអរព្រះគុណដល់ព្រះជានិច្ច ពីដំណើរអ្នករាល់គ្នា ហើយកាលណាយើងខ្ញុំអធិស្ឋាន នោះក៏តែងដំណាលពីអ្នករាល់គ្នា
3 ដោយនឹកចាំជាដរាប ពីការដែលអ្នករាល់គ្នាធ្វើ ដោយសេចក្ដីជំនឿ និងពីការនឿយហត់ ដែលធ្វើដោយសេចក្ដីស្រឡាញ់ ហើយដែលអ្នករាល់គ្នាមានសេចក្ដីសង្ឃឹមយ៉ាងមាំមួន ដល់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា នៅចំពោះព្រះដ៏ជាព្រះវរបិតានៃយើងផង
4 ឱបងប្អូន ដែលព្រះទ្រង់ស្រឡាញ់អើយ យើងខ្ញុំដឹងថា ទ្រង់បានរើសតាំងអ្នករាល់គ្នាហើយ
5 ដ្បិតដំណឹងល្អរបស់យើងខ្ញុំ មិនបានផ្សាយមកដល់អ្នករាល់គ្នា ដោយពាក្យសំដីតែប៉ុណ្ណោះទេ គឺដោយព្រះចេស្តា និងព្រះវិញ្ញាណបរិសុទ្ធដែរ ហើយដោយសេចក្ដីជំនឿដ៏មោះមុតជាខ្លាំងថែមទៀតផង ដូចជាអ្នករាល់គ្នាដឹងហើយ ពីដំណើរយើងខ្ញុំ ដែលនៅក្នុងពួកអ្នករាល់គ្នាជាយ៉ាងណា សម្រាប់នឹងជួយដល់អ្នករាល់គ្នា
6 អ្នករាល់គ្នាក៏បានត្រាប់តាមយើងខ្ញុំ ហើយនិងព្រះអម្ចាស់ ដោយបានទទួលព្រះបន្ទូល ដោយសេចក្ដីអំណររបស់ព្រះវិញ្ញាណបរិសុទ្ធ ក្នុងកាលដែលកំពុងតែកើតទុក្ខលំបាកជាខ្លាំងផង
7 ដល់ម៉្លេះបានជាអ្នករាល់គ្នាបានត្រឡប់ជាគំរូ ដល់អស់អ្នកដែលជឿនៅស្រុកម៉ាសេដូន និងស្រុកអាខៃ
8 ដ្បិតព្រះបន្ទូលនៃព្រះអម្ចាស់បានផ្សាយចេញពីអ្នករាល់គ្នា មិនមែនតែក្នុងស្រុកម៉ាសេដូន និងស្រុកអាខៃប៉ុណ្ណោះទេ គឺរហូតដល់គ្រប់ទាំងកន្លែង ដែលឮនិយាយពីសេចក្ដីជំនឿរបស់អ្នករាល់គ្នាចំពោះព្រះថែមទៀតផង បានជាមិនចាំបាច់ឲ្យយើងខ្ញុំនិយាយអ្វីទៀតទេ
9 ដ្បិតគេថ្លែងប្រាប់ពីយើងខ្ញុំ ដែលអ្នករាល់គ្នាបានទទួលយើងជាយ៉ាងណា ទាំងបែរចេញពីរូបព្រះ មកឯព្រះដ៏ពិត ឲ្យបានគោរពប្រតិបត្តិដល់ព្រះ ដ៏មានព្រះជន្មរស់នៅនោះវិញ
10 ហើយឲ្យបានចាំព្រះរាជបុត្រាព្រះ ទ្រង់យាងមកពីស្ថានសួគ៌ ដែលព្រះបានប្រោសឲ្យទ្រង់រស់ពីស្លាប់ឡើងវិញ គឺជាព្រះយេស៊ូវ ដែលទ្រង់ប្រោសឲ្យយើងរួចពីសេចក្ដីខ្ញាល់ទៅមុខ។
ជំពូក 2
1 ដ្បិតបងប្អូនអើយ អ្នករាល់គ្នាដឹងហើយ ពីបែបដែលយើងខ្ញុំចូលមកឯអ្នករាល់គ្នាថា មិនមែនជាឥតកើតផលទេ
2 ឯក្រោយដែលយើងខ្ញុំបានរងទុក្ខ និងត្រូវគេជេរប្រមាថ នៅក្រុងភីលីព ដូចជាអ្នករាល់គ្នាដឹងស្រាប់ហើយ នោះយើងខ្ញុំមានចិត្តក្លាហាន ដោយសារព្រះនៃយើងខ្ញុំ ដើម្បីនឹងផ្សាយដំណឹងល្អពីព្រះមកដល់អ្នករាល់គ្នាដែរ ទាំងមានសេចក្ដីតយុទ្ធជាច្រើនផង
3 ដ្បិតសេចក្ដីដែលយើងខ្ញុំទូន្មាន នោះមិនមែនកើតពីសេចក្ដីខុសឆ្គង ឬពីសេចក្ដីស្មោកគ្រោក ឬពីសេចក្ដីឆបោកនោះទេ
4 តែតាមដែលព្រះទ្រង់ល្បងលឃើញថា គួរនឹងផ្ញើព្រះបន្ទូលទុកនឹងយើងខ្ញុំជាយ៉ាងណា នោះយើងខ្ញុំបានអធិប្បាយតាមបែបយ៉ាងនោះឯង មិនមែនដូចជាចង់ផ្គាប់ដល់ចិត្តមនុស្សទេ គឺផ្គាប់ដល់ព្រះហឫទ័យនៃព្រះវិញ ដែលទ្រង់ល្បងលចិត្តរបស់យើងខ្ញុំ
5 ដ្បិតយើងខ្ញុំមិនដែលប្រើពាក្យបញ្ចើច ដូចជាអ្នករាល់គ្នាដឹងស្រាប់ ឬប្រព្រឹត្តដោយចិត្តលោភឡើយ សឹងមានព្រះទ្រង់ជាសាក្សីហើយ
6 ហើយទោះបើយើងខ្ញុំមានអំណាច និងនៅជាបន្ទុកលើអ្នករាល់គ្នា ទុកដូចជាសាវកនៃព្រះគ្រីស្ទក៏ដោយ គង់តែយើងខ្ញុំមិនរកឲ្យមនុស្សគោរពប្រតិបត្តិដល់យើងខ្ញុំឡើយ ទោះអ្នករាល់គ្នា ឬអ្នកណាទៀតក្តី
7 យើងខ្ញុំបាននៅកណ្តាលអ្នករាល់គ្នា ដោយស្លូតបូតវិញ ប្រៀបដូចជាម្តាយថ្នមកូន ដែលកំពុងនៅបៅ
8 គឺយ៉ាងនោះហើយ ដែលយើងខ្ញុំបានស្រឡាញ់ដល់អ្នករាល់គ្នា ដល់ម៉្លេះបានជាយើងខ្ញុំចូលចិត្តចែកដំណឹងល្អពីព្រះមកអ្នករាល់គ្នា មិនត្រឹមតែប៉ុណ្ណោះ ក៏ចូលចិត្តចែកទាំងជីវិតយើងខ្ញុំផង ដោយព្រោះអ្នករាល់គ្នាបានត្រឡប់ជាស្ងួនភ្ងាដល់យើងខ្ញុំ
9 ដ្បិតបងប្អូនអើយ អ្នករាល់គ្នានឹកចាំពីការយ៉ាងធ្ងន់ ហើយនឿយហត់ ដែលយើងខ្ញុំបានធ្វើ ដោយមិនចង់ឲ្យអ្នកណាព្រួយ ដោយសារយើងខ្ញុំទេ យើងខ្ញុំបានផ្សាយដំណឹងល្អពីព្រះមកអ្នករាល់គ្នា ដោយខំធ្វើការទាំងយប់ទាំងថ្ងៃ
10 អ្នករាល់គ្នា ហើយព្រះផង ជាស្មរបន្ទាល់អំពីយើងខ្ញុំ ដែលយើងខ្ញុំបាននៅជាមួយនឹងអ្នករាល់គ្នា ជាពួកអ្នកជឿ បែបយ៉ាងណា ដោយបរិសុទ្ធ សុចរិត ហើយឥតកន្លែងបន្ទោសបាន
11 ដូចជាអ្នករាល់គ្នាដឹងហើយថា យើងខ្ញុំបានប្រព្រឹត្តនឹងអ្នករាល់គ្នានីមួយៗ ដូចជាឪពុក និងកូន ទាំងទូន្មាន និងកំសាន្តចិត្តផង
12 ហើយទាំងធ្វើបន្ទាល់ឲ្យអ្នករាល់គ្នាបានដើរយ៉ាងគួរនឹងព្រះ ដែលទ្រង់ហៅអ្នករាល់គ្នាមកក្នុងនគរ ហើយក្នុងសិរីល្អរបស់ទ្រង់។
13 ដោយហេតុនេះទៀត បានជាយើងខ្ញុំអរព្រះគុណដល់ព្រះ ឥតមានដាច់ គឺដោយព្រោះកាលអ្នករាល់គ្នាបានទទួលព្រះបន្ទូល ជាដំណឹងពីព្រះ ដោយសារយើងខ្ញុំ នោះមិនបានទទួលទុកដូចជាពាក្យរបស់មនុស្សទេ បានទទួលតាមភាពដ៏ពិតនៃដំណឹងនោះវិញ គឺជាព្រះបន្ទូលនៃព្រះដែលបណ្តាលមកក្នុងអ្នករាល់គ្នាជាពួកអ្នកជឿ
14 ដ្បិតបងប្អូនអើយ អ្នករាល់គ្នាបានត្រាប់តាមអស់ទាំងពួកជំនុំនៃព្រះ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ នៅស្រុកយូដា ពីព្រោះបានរងទុក្ខ នៅដៃនៃពួកអ្នកស្រុករបស់អ្នករាល់គ្នា ដូចជាពួកជំនុំទាំងនោះបានរងទុក្ខ នៅដៃនៃពួកសាសន៍យូដាដែរ
15 ដែលគេបានសម្លាប់ទាំងព្រះអម្ចាស់យេស៊ូវ និងពួកហោរាផង ក៏បានបណ្តេញយើងខ្ញុំទៀត ពួកនោះមិនជាទីគាប់ដល់ព្រះហឫទ័យរបស់ព្រះទេ ហើយក៏ទាស់ទទឹងនឹងមនុស្សទាំងអស់ដែរ
16 គេហាមមិនឲ្យយើងខ្ញុំថ្លែងប្រាប់ដល់ពួកសាសន៍ដទៃ ប្រយោជន៍ឲ្យបានសង្គ្រោះឡើយ គឺដើម្បីតែនឹងបំពេញអំពើបាបរបស់ខ្លួនគេជានិច្ចប៉ុណ្ណោះ តែសេចក្ដីក្រោធបានមកលើគេពេញទីហើយ ។
17 បងប្អូនអើយ ក្រោយដែលយើងខ្ញុំត្រូវឃ្លាតមុខពីអ្នករាល់គ្នាបន្តិច តែមិនមែនឃ្លាតចិត្តឡើយ នោះយើងខ្ញុំមានចិត្តសង្វាត រឭកចង់ឃើញមុខអ្នករាល់គ្នាវិញជាខ្លាំង
18 បានជាយើងខ្ញុំចង់មកសួរអ្នករាល់គ្នា គឺប៉ុលខ្ញុំចង់មកមួយដងពីរទៅហើយ តែអារក្សសាតាំងបានឃាត់យើងខ្ញុំវិញ
19 ដ្បិតតើសេចក្ដីសង្ឃឹម សេចក្ដីអំណរ និងមកុដដែលនាំឲ្យយើងខ្ញុំរីករាយឡើង នោះជាអ្វី បើមិនមែនជាអ្នករាល់គ្នានៅចំពោះព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង ក្នុងកាលដែលទ្រង់យាងមកប៉ុណ្ណោះ
20 ដ្បិតអ្នករាល់គ្នាជាសិរីល្អ ហើយជាសេចក្ដីអំណររបស់យើងខ្ញុំពិតមែន។
ជំពូក 3
1 ដូច្នេះ កាលទ្រាំមិនបានទៀត នោះយើងខ្ញុំបានគិតថា គួរឲ្យយើងខ្ញុំនៅក្រុងអាថែនតែម្នាក់ឯងចុះ
2 ដើម្បីនឹងចាត់ធីម៉ូថេ ជាបងប្អូន គឺជាអ្នកបម្រើនៃព្រះ ដែលបានធ្វើការជាមួយនឹងយើងខ្ញុំ ក្នុងដំណឹងល្អនៃព្រះគ្រីស្ទ ឲ្យគាត់បានតាំងអ្នករាល់គ្នាឡើងជាមាំមួន ហើយជួយចម្រើនខាងឯសេចក្ដីជំនឿផង
3 ក្រែងអ្នកណាកើតមានចិត្តថប់ព្រួយ ដោយសេចក្ដីទុក្ខលំបាកទាំងនេះ (ដ្បិតអ្នករាល់គ្នាដឹងហើយថា យើងចៀសពីសេចក្ដីយ៉ាងនេះមិនរួចទេ
4 ព្រោះកាលយើងខ្ញុំនៅជាមួយនឹងអ្នករាល់គ្នានៅឡើយ នោះក៏បានប្រាប់ជាមុនថា យើងរៀបនឹងរងទុក្ខលំបាក ដូចជាអ្នករាល់គ្នាដឹងស្រាប់ថា មានមកហើយ)
5 ដោយហេតុនោះ កាលខ្ញុំទ្រាំមិនបានទៀត នោះខ្ញុំបានចាត់គាត់មកឲ្យបានដឹងពីសេចក្ដីជំនឿរបស់អ្នករាល់គ្នា ក្រែងមេល្បួងបានលួងនាំចិត្តអ្នករាល់គ្នា ឲ្យការនឿយហត់របស់យើងខ្ញុំបានទៅជាឥតអំពើវិញ
6 តែឥឡូវនេះ ដែលធីម៉ូថេបានចេញពីអ្នករាល់គ្នា ទៅដល់យើងខ្ញុំ ព្រមទាំងនាំដំណឹងល្អពីសេចក្ដីជំនឿ និងសេចក្ដីស្រឡាញ់របស់អ្នករាល់គ្នាទៅប្រាប់យើងខ្ញុំវិញ ហើយពីដំណើរដែលអ្នករាល់គ្នានឹកចាំពីយើងខ្ញុំ ដោយអំណរជានិច្ច ទាំងរឭកចង់ឃើញយើងខ្ញុំផង ដូចជាយើងខ្ញុំរឭកដល់អ្នករាល់គ្នាដែរ
7 ដូច្នេះ បងប្អូនអើយ ក្នុងខណៈដែលយើងខ្ញុំកំពុងតែមានសេចក្ដីទុក្ខព្រួយ និងសេចក្ដីលំបាកជាច្រើន នោះយើងខ្ញុំមានសេចក្ដីក្សាន្តចិត្ត ពីដំណើរអ្នករាល់គ្នាឡើងវិញ ដោយសារសេចក្ដីជំនឿរបស់អ្នករាល់គ្នា
8 ដ្បិតឥឡូវនេះ បើអ្នករាល់គ្នាឈរនៅមាំមួនក្នុងព្រះអម្ចាស់ នោះទើបយើងខ្ញុំនឹងរស់នៅ
9 តើយើងខ្ញុំអាចនឹងអរព្រះគុណដល់ព្រះ ពីដំណើរអ្នករាល់គ្នា ដោយប្រការដូចម្តេច ឲ្យបានល្មមធួននឹងអស់ទាំងសេចក្ដីអំណរ ដែលយើងខ្ញុំមាននៅចំពោះព្រះនៃយើង ដោយព្រោះអ្នករាល់គ្នាបាន
10 យើងខ្ញុំទូលអង្វរដោយទទូចទាំងយប់ទាំងថ្ងៃ សូមឲ្យបានឃើញមុខអ្នករាល់គ្នា ហើយឲ្យបានបំពេញសេចក្ដីអ្វីដែលខ្វះ ខាងឯសេចក្ដីជំនឿរបស់អ្នករាល់គ្នាផង
11 សូមឲ្យព្រះដ៏ជាព្រះវរបិតា និងព្រះអម្ចាស់យេស៊ូវគ្រីស្ទនៃយើងខ្ញុំ ទ្រង់តម្រង់ផ្លូវយើងខ្ញុំ ឲ្យបានមកឯអ្នករាល់គ្នា
12 សូមឲ្យព្រះអម្ចាស់ចម្រើនសេចក្ដីស្រឡាញ់របស់អ្នករាល់គ្នា ឲ្យបានពេញពោរហូរហៀរដល់គ្នាទៅវិញទៅមក ព្រមទាំងដល់មនុស្សទាំងអស់ផង ដូចជាយើងខ្ញុំស្រឡាញ់ដល់អ្នករាល់គ្នាដែរ
13 ប្រយោជន៍នឹងតាំងចិត្តអ្នករាល់គ្នា ឲ្យបរិសុទ្ធ ឥតសៅហ្មង នៅចំពោះព្រះដ៏ជាព្រះវរបិតារបស់យើងរាល់គ្នា ក្នុងកាលដែលព្រះយេស៊ូវ ជាព្រះអម្ចាស់នៃយើង ទ្រង់យាងមក ជាមួយនឹងអស់ទាំងអ្នកបរិសុទ្ធរបស់ទ្រង់។
ជំពូក 4
1 មួយសោតទៀត បងប្អូនអើយ យើងខ្ញុំអង្វរ ហើយទូន្មានដល់អ្នករាល់គ្នា ក្នុងព្រះអម្ចាស់យេស៊ូវថា ចូរដើរតាមដែលគួរគប្បី ដើម្បីឲ្យបានគាប់ដល់ព្រះហឫទ័យព្រះកាន់តែខ្លាំងឡើង ដូចជាបានទទួលបង្គាប់ពីយើងខ្ញុំរួចហើយ
2 ដ្បិតអ្នករាល់គ្នាស្គាល់សេចក្ដីបញ្ញត្តដែលយើងខ្ញុំបានប្រគល់មកអ្នករាល់គ្នា ដោយនូវព្រះអម្ចាស់យេស៊ូវហើយ
3 ដ្បិតព្រះទ្រង់សព្វព្រះហឫទ័យ ឲ្យអ្នករាល់គ្នាបានញែកជាបរិសុទ្ធ ដើម្បីឲ្យបានចៀសពីសេចក្ដីកំផិតចេញ
4 ត្រូវឲ្យអ្នករាល់គ្នានីមួយៗចេះរក្សាអត្តភាពខ្លួន ដោយសេចក្ដីបរិសុទ្ធ និងសេចក្ដីប្រសើរ
5 មិនមែនដោយសេចក្ដីរំជួលក្នុងតណ្ហា ដូចជាសាសន៍ដទៃដែលមិនស្គាល់ព្រះនោះឡើយ
6 កុំឲ្យអ្នកណាបំពាន ឬធ្វើខុសនឹងបងប្អូនណាមួយក្នុងការនោះឲ្យសោះ ពីព្រោះព្រះអម្ចាស់ទ្រង់នឹងសងសឹកក្នុងការទាំងនោះ ដូចជាយើងខ្ញុំបានប្រាប់ដល់អ្នករាល់គ្នាហើយ ព្រមទាំងធ្វើបន្ទាល់សព្វគ្រប់ផង
7 ដ្បិតព្រះមិនបានហៅយើងរាល់គ្នា មកក្នុងសេចក្ដីស្មោកគ្រោកទេ គឺមកក្នុងសេចក្ដីបរិសុទ្ធវិញ
8 ដូច្នេះ អ្នកណាដែលមិនព្រមទទួល នោះមិនមែនបោះបង់ចោលមនុស្ស ឈ្មោះថាបោះបង់ចោលព្រះវិញ ដែលទ្រង់បានប្រទានព្រះវិញ្ញាណបរិសុទ្ធនៃទ្រង់មកយើង។
9 រីឯសេចក្ដីស្រឡាញ់ជាបងប្អូន នោះមិនចាំបាច់ឲ្យខ្ញុំសរសេរមកអ្នករាល់គ្នាទេ ពីព្រោះព្រះទ្រង់បង្រៀន ឲ្យអ្នករាល់គ្នាស្រឡាញ់គ្នាទៅវិញទៅមកហើយ
10 អ្នករាល់គ្នាក៏ស្រឡាញ់ដល់អស់ទាំងពួកបងប្អូន នៅគ្រប់ក្នុងស្រុកម៉ាសេដូនដែរ តែបងប្អូនអើយ យើងខ្ញុំសូមទូន្មាន ឲ្យអ្នករាល់គ្នាមានសេចក្ដីស្រឡាញ់នោះ កាន់តែខ្លាំងឡើងចុះ
11 ហើយខំប្រឹងឲ្យអស់ពីចិត្ត និងនៅដោយស្រគត់ស្រគំ ទាំងប្រព្រឹត្តតែរឿងជារបស់ផងខ្លួន ហើយធ្វើការដោយដៃខ្លួនឯងផង ដូចជាយើងខ្ញុំបានបង្គាប់ហើយ
12 ដើម្បីឲ្យអ្នករាល់គ្នាបានប្រព្រឹត្តដោយគួរគប្បី ដល់មនុស្សខាងក្រៅ ឥតត្រូវការអ្វីឡើយ។
13 បងប្អូនអើយ ខ្ញុំមិនចង់ឲ្យអ្នករាល់គ្នាឥតដឹង ពីពួកអ្នកដែលដេកលក់ ទៅហើយទេ ក្រែងអ្នករាល់គ្នាកើតទុក្ខព្រួយ ដូចជាអ្នកឯទៀត ដែលគ្មានសង្ឃឹម
14 ដ្បិតបើយើងជឿថា ព្រះយេស៊ូវបានសុគត ព្រមទាំងរស់ឡើងវិញហើយ នោះត្រូវជឿថា ព្រះទ្រង់នឹងនាំអស់អ្នកដែលដេកលក់ទៅក្នុងព្រះយេស៊ូវ ឲ្យបានមកជាមួយនឹងទ្រង់ដែរ
15 ដ្បិតយើងខ្ញុំប្រាប់មកអ្នករាល់គ្នា តាមព្រះបន្ទូលនៃព្រះអម្ចាស់ដូច្នេះថា យើងដែលរស់នៅជាប់ ដរាបដល់ព្រះអម្ចាស់យាងមក នោះយើងមិនទៅមុនពួកអ្នក ដែលបានដេកលក់ទៅហើយនោះទេ
16 ព្រោះព្រះអម្ចាស់ទ្រង់នឹងយាងចុះពីស្ថានសួគ៌មក ដោយស្រែកបង្គាប់១ព្រះឱស្ឋ ទាំងមានឮសំឡេងមហាទេវតា និងត្រែរបស់ព្រះផង នោះពួកស្លាប់ក្នុងព្រះគ្រីស្ទនឹងរស់ឡើងវិញជាមុនបង្អស់
17 រួចយើងរាល់គ្នាដែលកំពុងតែរស់នៅ ក៏នឹងបានលើកឡើង ទៅក្នុងពពកជាមួយគ្នាទាំងអស់ ដើម្បីឲ្យបានជួបជុំនឹងព្រះអម្ចាស់នៅនាអាកាស យ៉ាងនោះ យើងនឹងនៅជាមួយនឹងព្រះអម្ចាស់ជាដរាបទៅ
18 ដូច្នេះ ចូរកំសាន្តចិត្តគ្នាទៅវិញទៅមក ដោយដំណើរនេះចុះ។
ជំពូក 5
1 បងប្អូនអើយ ឯត្រង់ពេលវេលា នោះមិនបាច់ឲ្យខ្ញុំសរសេរប្រាប់មកអ្នករាល់គ្នាទេ
2 ដ្បិតអ្នករាល់គ្នាដឹងច្បាស់ហើយថា ថ្ងៃនៃព្រះអម្ចាស់នឹងមកដល់ ដូចជាចោរមកនៅពេលយប់
3 ដ្បិតកាលណាគេកំពុងតែនិយាយថា មានសេចក្ដីសុខសាន្ត មានសេចក្ដីរៀបរយហើយ នោះលោតែមានសេចក្ដីហិនវិនាសមកលើគេភ្លាម ដូចជាស្ត្រីមានគភ៌ឈឺនឹងសម្រាល ហើយគេចមិនរួចឡើយ
4 តែបងប្អូនអើយ អ្នករាល់គ្នាមិនមែននៅក្នុងសេចក្ដីងងឹត ឲ្យថ្ងៃនោះបានមកដល់អ្នករាល់គ្នា ដូចជាចោរនោះទេ
5 អ្នករាល់គ្នាសុទ្ធតែជាពួកនៃពន្លឺ ហើយជាពួកនៃថ្ងៃ យើងមិនមែនជាពួកនៃយប់ ឬនៃសេចក្ដីងងឹតឡើយ
6 ដូច្នេះ ត្រូវឲ្យយើងចាំយាម ហើយដឹងខ្លួន មិនត្រូវឲ្យដេកលក់ ដូចជាមនុស្សឯទៀតទេ
7 ដ្បិតពួកអ្នកដែលដេកលក់ នោះគេតែងដេកនៅពេលយប់ ហើយពួកអ្នកដែលស្រវឹងស្រា ក៏តែងស្រវឹងនៅពេលយប់ដែរ
8 តែយើងដែលជាពួកនៃថ្ងៃ យើងត្រូវដឹងខ្លួន ទាំងប្រដាប់កាយដោយសេចក្ដីជំនឿ និងសេចក្ដីស្រឡាញ់ ទុកជាប្រដាប់បាំងដើមទ្រូង ហើយសេចក្ដីសង្ឃឹមរបស់ផងសេចក្ដីសង្គ្រោះ ទុកជាមួកសឹក
9 ដ្បិតព្រះទ្រង់មិនបានតម្រូវយើង ទុកសម្រាប់សេចក្ដីក្រោធទេ គឺសម្រាប់ឲ្យបានសេចក្ដីសង្គ្រោះវិញ ដោយសារព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង ដែលទ្រង់សុគតជំនួសយើង
10 ដើម្បីឲ្យយើងរាល់គ្នាបានរស់នៅជាមួយនឹងទ្រង់ ទោះបើចាំយាមឬដេកលក់ក្តី
11 ដូច្នេះ ចូរកំសាន្ត ហើយស្អាងចិត្តគ្នា ទៅវិញទៅមក ដូចជាអ្នករាល់គ្នាកំពុងតែធ្វើហើយនោះដែរ។
12 តែបងប្អូនអើយ យើងខ្ញុំអង្វរអ្នករាល់គ្នាថា ចូរចំណាំឲ្យស្គាល់ពួកអ្នកដែលខំធ្វើកិច្ចការក្នុងពួកអ្នករាល់គ្នា និងពួកអ្នកដែលនាំមុខអ្នករាល់គ្នាក្នុងព្រះអម្ចាស់ ហើយនិងពួកអ្នកដែលទូន្មានដែរ
13 ដើម្បីឲ្យបានរាប់អានជាខ្លាំង ចំពោះពួកអ្នកយ៉ាងនោះ ដោយសេចក្ដីស្រឡាញ់ ដោយព្រោះការដែលគេធ្វើ ចូរនៅជាមួយគ្នាដោយមេត្រីចុះ
14 បងប្អូនអើយ យើងខ្ញុំទូន្មានឲ្យអ្នករាល់គ្នាបន្ទោស ដល់ពួកអ្នកដែលគ្មានសណ្តាប់ធ្នាប់ ហើយជួយកំសាន្តដល់ពួកអ្នកណាដែលមានសេចក្ដីទន់ក្រំចិត្ត ទាំងគាំពារពួកអ្នកដែលខ្សោយ និងអត់ឱនចំពោះមនុស្សទាំងអស់
15 ចូរប្រយ័ត កុំឲ្យអ្នកណាធ្វើអំពើអាក្រក់ ស្នងនឹងអំពើអាក្រក់ឡើយ ចូរដេញតាមការល្អជាដរាប ដល់គ្នាទៅវិញទៅមក ហើយដល់មនុស្សផងទាំងឡាយដែរ
16 ចូរអរសប្បាយជានិច្ច
17 ចូរអធិស្ឋានឥតឈប់ឈរ
18 ចូរអរព្រះគុណក្នុងគ្រប់ការទាំងអស់ ពីព្រោះព្រះទ្រង់សព្វព្រះហឫទ័យឲ្យអ្នករាល់គ្នាធ្វើយ៉ាងដូច្នោះ ដោយនូវព្រះគ្រីស្ទយេស៊ូវ
19 កុំឲ្យពន្លត់ព្រះវិញ្ញាណ
20 កុំឲ្យមើលងាយការអធិប្បាយឡើយ
21 ចូរលមើលគ្រប់ទាំងអស់ ហើយកាន់ខ្ជាប់តាមសេចក្ដីដែលត្រឹមត្រូវ
22 ចូរចៀសចេញពីសេចក្ដីអាក្រក់គ្រប់យ៉ាង។
23 សូមឲ្យព្រះនៃសេចក្ដីសុខសាន្ត ញែកអ្នករាល់គ្នាចេញជាបរិសុទ្ធសព្វគ្រប់ ហើយឲ្យទាំងព្រលឹង និងវិញ្ញាណ ហើយរូបកាយទាំងមូលបានបម្រុងទុកឥតសៅហ្មង ដរាបដល់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង ទ្រង់យាងមក
24 ព្រះដែលបានហៅអ្នករាល់គ្នា ទ្រង់ស្មោះត្រង់ ទ្រង់នឹងធ្វើសម្រេចការនោះ។
25 បងប្អូនអើយ សូមអធិស្ឋានឲ្យយើងខ្ញុំផង
26 សូមជម្រាបសួរដល់ពួកបងប្អូនទាំងអស់ ដោយថើបបរិសុទ្ធដែរ
27 ខ្ញុំផ្តាំមកអ្នករាល់គ្នាដោយព្រះអម្ចាស់ថា សូមអាន មើលសំបុត្រនេះ ឲ្យពួកបងប្អូនបរិសុទ្ធគ្រប់គ្នាស្តាប់ផង
28 សូមឲ្យអ្នករាល់គ្នាបានប្រកប ដោយព្រះគុណរបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា។ អាម៉ែន។:៚