ធីម៉ូថេ​ទី​១

1 2 3 4 5 6


ជំពូក 1

1 សំបុត្រ​ប៉ុល​ខ្ញុំ ជា​សាវក​នៃ​ព្រះ‌យេស៊ូវ​គ្រីស្ទ តាម​បង្គាប់​របស់​ព្រះ​ដ៏​ជា​ព្រះ‌អង្គ​សង្គ្រោះ​នៃ​យើង និង​ព្រះ‌យេស៊ូវ​គ្រីស្ទ​ដ៏​ជា​ទី​សង្ឃឹម​នៃ​យើង​រាល់​គ្នា
2 ខ្ញុំ​ផ្ញើ​មក​អ្នក​ធីម៉ូថេ ជា​កូន​ពិត​ក្នុង​សេចក្ដី​ជំនឿ សូម​ឲ្យ​អ្នក​បាន​ប្រកប​ដោយ​ព្រះ‌គុណ សេចក្ដី​មេត្តា‌ករុណា និង​សេចក្ដី​សុខ​សាន្ត អំពី​ព្រះ​ដ៏​ជា​ព្រះ‌វរ‌បិតា​នៃ​យើង ហើយ​អំពី​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា។
3 កាល​ខ្ញុំ​រៀប​នឹង​ទៅ​ឯ​ស្រុក​ម៉ាសេដូន នោះ​ខ្ញុំ​បាន​សូម​ឲ្យ​អ្នក​នៅ​តែ​ក្នុង​ក្រុង​អេភេសូរ​ចុះ ដើម្បី​ឲ្យ​អ្នក​បាន​ហាម‌ប្រាម​ដល់​អ្នក​ខ្លះ កុំ​ឲ្យ​គេ​បង្រៀន​ពី​សេចក្ដី​ណា​ផ្សេង​ទៀត
4 ឬ​ស្តាប់​តាម​រឿង​ព្រេង និង​ពង្សាវតារ ដែល​មិន​ចេះ​អស់​មិន​ចេះ​ហើយ​នោះ​ឡើយ ដែល​រឿង​ទាំង​នោះ​តែង​បង្កើត​ឲ្យ​មាន សេចក្ដី​ដេញ​ដោល ជា​ជាង​ចម្រើន​ការ​នៃ​ព្រះ​ក្នុង​សេចក្ដី​ជំនឿ
5 ហេតុ​ដែល​ហាម​យ៉ាង​ដូច្នោះ នោះ​គឺ​ប្រយោជន៍​ចង់​ឲ្យ​បាន​សេចក្ដី​ស្រឡាញ់ ដែល​កើត​ពី​ចិត្ត​ស្អាត ពី​បញ្ញា​ចិត្ត​ជ្រះ‌ថ្លា ហើយ​ពី​សេចក្ដី​ជំនឿ​ដ៏​ស្មោះ‌ត្រង់​វិញ
6 ព្រោះ​អ្នក​ខ្លះ​បាន​ជ្រួស​ចេញ​ពី​សេចក្ដី​នោះ​ទៅ​ហើយ ព្រម​ទាំង​បែរ​ចេញ ទៅ​ខាង​ពាក្យ​សំដី ដែល​ឥត​ប្រយោជន៍​ផង
7 គេ​ចង់​ធ្វើ​ជា​គ្រូ​នៃ​ក្រឹត្យ‌វិន័យ តែ​គេ​មិន​ទាំង​យល់​សេចក្ដី​ដែល​គេ​និយាយ ឬ​ពី​សេចក្ដី​ដែល​គេ​ប្រកាន់​នោះ​ផង
8 រីឯ​យើងៗ​ដឹង​ថា ក្រឹត្យ‌វិន័យ​ល្អ​មែន បើ​អ្នក​ណា​ប្រើ​តាម​ត្រឹម​ត្រូវ
9 ដោយ​ដឹង​ថា ក្រឹត្យ‌វិន័យ​មិន​មែន​តាំង​សម្រាប់​មនុស្ស​សុចរិត​ទេ គឺ​សម្រាប់​មនុស្ស​ទទឹង​ច្បាប់ និង​មនុស្ស​រឹង‌ចចេស មនុស្ស​ទមិឡ​ល្មើស និង​មនុស្ស​ដែល​មាន​បាប គឺ​ជា​មនុស្ស​មិន​បរិសុទ្ធ និង​មនុស្ស​មិន​រាប់​ព្រះ មនុស្ស​ដែល​វាយ​ឪពុក​ម្តាយ និង​មនុស្ស​ដែល​សម្លាប់​គេ
10 មនុស្ស​កំផិត លេង​កូន​ជឹង ចាប់​មនុស្ស​លក់ ភូត‌កុហក ហើយ​ស្បថ​បំពាន​វិញ ព្រម​ទាំង​ការ​អ្វី​ដែល​ទាស់​ទទឹង​នឹង​សេចក្ដី​បង្រៀន​ដ៏​ត្រឹម​ត្រូវ​ដែរ
11 នោះ​គឺ​តាម​ដំណឹង​ពី​សិរី‌ល្អ​នៃ​ព្រះ​ដ៏​មាន​ពរ ជា​ដំណឹង ដែល​ផ្ញើ​ទុក​នឹង​ខ្ញុំ។
12 ខ្ញុំ​អរ​ព្រះ‌គុណ​ដល់​ព្រះ ដែល​ទ្រង់​ចម្រើន​កម្លាំង​ដល់​ខ្ញុំ គឺ​ជា​ព្រះ‌គ្រីស្ទ​យេស៊ូវ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា ពី​ព្រោះ​ទ្រង់​បាន​រាប់​ខ្ញុំ​ទុក​ជា​ស្មោះ‌ត្រង់ ទាំង​តាំង​ខ្ញុំ​ឲ្យ​មាន​ការ‌ងារ
13 ដែល​ពី​ដើម​ខ្ញុំ​ជា​អ្នក​ប្រមាថ ធ្វើ​ទុក្ខ​បៀត​បៀន ហើយ​ព្រហើន​ឈ្លាន‌ពាន តែ​ទ្រង់​បាន​អាណិត​មេត្តា​ដល់​ខ្ញុំ ពី​ព្រោះ​ខ្ញុំ​បាន​ប្រព្រឹត្ត​ដោយ​ខ្លៅ‌ល្ងង់ ឥត​មាន​សេចក្ដី​ជំនឿ
14 តែ​ព្រះ‌គុណ​របស់​ព្រះ‌អម្ចាស់​នៃ​យើង បាន​ចម្រើន​ជា​បរិបូរ​ហូរ‌ហៀរ​ឡើង ព្រម​ទាំង​សេចក្ដី​ជំនឿ និង​សេចក្ដី​ស្រឡាញ់ ដែល​នៅ​ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ​ផង
15 ពាក្យ​នេះ​គួរ​ជឿ ហើយ​គួរ​ទទួល​គ្រប់​យ៉ាង គឺ​ថា ព្រះ‌គ្រីស្ទ​យេស៊ូវ​ទ្រង់​បាន​យាង​មក​ក្នុង​លោកីយ៍ ដើម្បី​នឹង​ជួយ​សង្គ្រោះ​មនុស្ស​មាន​បាប ដែល​ខ្ញុំ​នេះ​ជា​លេខ​១​ក្នុង​ពួក​គេ
16 ដោយ​ហេតុ​នោះ​បាន​ជា​ទ្រង់​អាណិត​មេត្តា​ដល់​ខ្ញុំ ដើម្បី​ឲ្យ​ព្រះ‌យេស៊ូវ​គ្រីស្ទ​បាន​សម្ដែង​ចេញ គ្រប់​ទាំង​សេចក្ដី​អត់​ធន់​របស់​ទ្រង់​ក្នុង​ខ្លួន​ខ្ញុំ ដែល​ជា​អ្នក​លេខ​១​នោះ ឲ្យ​ខ្ញុំ​បាន​ធ្វើ​ជា​ក្បួន​ដល់​ពួក​អ្នក ដែល​នឹង​ជឿ​ដល់​ទ្រង់ ប្រយោជន៍​ឲ្យ​គេ​បាន​ជីវិត អស់​កល្ប‌ជានិច្ច
17 រីឯ​ស្តេច​នៃ​អស់​ទាំង​កល្ប ដែល​ទ្រង់​មិន​ចេះ​សុគត ហើយ​មើល​ទ្រង់​មិន​ឃើញ គឺ​ជា​ព្រះ​តែ​១​ព្រះ‌អង្គ នោះ​សូម​ឲ្យ​ទ្រង់​បាន​ល្បី​ព្រះ‌នាម និង​សិរី‌ល្អ​អស់​កល្ប‌ជានិច្ច​រៀង​រាប​ត​ទៅ អាម៉ែន។
18 ឱ​ធីម៉ូថេ​ជា​កូន​អើយ ខ្ញុំ​ប្រគល់​ពាក្យ​បណ្តាំ​នេះ​ទុក​នឹង​អ្នក តាម​សេចក្ដី​ទំនាយ​ដែល​បាន​ទាយ​ពី​អ្នក​ជា​មុន ដើម្បី​ឲ្យ​អ្នក​បាន​ច្បាំង​ជា​ចម្បាំង​យ៉ាង​ល្អ ដោយ‌សារ​សេចក្ដី​ទាំង​នោះ
19 ព្រម​ទាំង​រក្សា​សេចក្ដី​ជំនឿ និង​បញ្ញា​ចិត្ត​ជ្រះ‌ថ្លា ដែល​មនុស្ស​ខ្លះ​បាន​បោះ​បង់​ចោល ហើយ​គេ​បាន​លិច​បាត់​ខាង​ឯ​សេចក្ដី​ជំនឿ​ផង
20 ក្នុង​ពួក​នោះ មាន​ឈ្មោះ​ហ៊ីមេនាស និង​អ័លេ‌ក្សាន‌ត្រុស ដែល​ខ្ញុំ​បាន​ប្រគល់​ទៅ​អារក្ស​សាតាំង ឲ្យ​ត្រូវ​វាយ‌ផ្ចាល ដើម្បី​ឲ្យ​គេ​រាង‌ចាល​កុំ​ឲ្យ​ប្រមាថ​ទៀត។


ជំពូក 2

1 ដូច្នេះ ខ្ញុំ​ទូន្មាន​សេចក្ដី​នេះ​ជា​មុន​ដំបូង​ថា ចូរ​ពោល​ពាក្យ​អរ​ព្រះ‌គុណ ពាក្យ​ទូល​សូម ពាក្យ​អធិស្ឋាន និង​ពាក្យ​ទូល​អង្វរ​ឲ្យ​មនុស្ស​ទាំង​អស់
2 គឺ​ឲ្យ​ស្តេច ហើយ​ឲ្យ​ពួក​នាម៉ឺន​ទាំង​ប៉ុន្មាន​ផង ដើម្បី​ឲ្យ​យើង​រាល់​គ្នា​បាន​នៅ​ជា​សុខ​សាន្ត ហើយ​ស្រគត់‌ស្រគំ ដោយ​កោត‌ខ្លាច ហើយ​ដោយ​នឹង‌ធឹង​គ្រប់​Chapter
3 ដ្បិត​យ៉ាង​នោះ ទើប​បាន​ល្អ ហើយ​គាប់​ព្រះ‌ហឫទ័យ​ដល់​ព្រះ​ដ៏​ជា​ព្រះ‌អង្គ​សង្គ្រោះ​នៃ​យើង
4 ដែល​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ ឲ្យ​មនុស្ស​ទាំង​អស់​បាន​សង្គ្រោះ ហើយ​ឲ្យ​បាន​ស្គាល់​សេចក្ដី​ពិត
5 ពី​ព្រោះ​មាន​ព្រះ​តែ​១ ហើយ​មាន​អ្នក​សង្រួប​សង្រួម​តែ​១ នៅ​កណ្តាល​ព្រះ និង​មនុស្ស គឺ​ជា​មនុស្ស​ដ៏​ជា​ព្រះ‌គ្រីស្ទ​យេស៊ូវ​នោះ
6 ទ្រង់​បាន​ថ្វាយ​ព្រះ‌អង្គ​ទ្រង់ ទុក​ជា​ថ្លៃ​លោះ​មនុស្ស​ទាំង​អស់ ដែល​ត្រូវ​មាន​ទី​បន្ទាល់​នៅ​ពេល​កំណត់
7 ហើយ​ទ្រង់​បាន​តាំង​ខ្ញុំ ឲ្យ​ធ្វើ​ជា​អ្នក​ប្រកាស​ប្រាប់ និង​ជា​សាវក​ពី​ការ​នោះ​ឯង គឺ​ជា​គ្រូ​បង្រៀន​ដល់​ពួក​សាសន៍​ដទៃ ដោយ​សេចក្ដី​ជំនឿ និង​សេចក្ដី​ពិត (ខ្ញុំ​និយាយ​តាម​សេចក្ដី​ពិត​មិន​កុហក​ទេ)។
8 ដូច្នេះ ខ្ញុំ​ចង់​ឲ្យ​ពួក​ប្រុសៗ​លើក​ដៃ​បរិសុទ្ធ​ឡើង និង​អធិស្ឋាន​នៅ​គ្រប់​ទី​កន្លែង ដោយ​ឥត​ខឹង ឬ​ឈ្លោះ​ប្រកែក​ឡើយ
9 ឯ​ពួក​ស្រីៗ នោះ​ខ្ញុំ​ក៏​ចង់​ឲ្យ​គេ​តែង​ខ្លួន​តាម​បែប​គួរ​សម ឲ្យ​ចេះ​អៀន​ខ្លួន ហើយ​ដឹង​ប្រមាណ​ខ្លួន មិន​មែន​ជា​អ្នក​តែង​ខ្លួន ដោយ​ក្រង​សក់ ឬ​ពាក់​មាស កែវ‌មុក្តា ឬ​សម្លៀក‌បំពាក់​យ៉ាង​ថ្លៃ​ពេក​នោះ​ឡើយ
10 តែ​ឲ្យ​សំណំ​នឹង​ពួក​ស្ត្រី ដែល​រាប់​ខ្លួន​ជា​អ្នក​កោត‌ខ្លាច​ដល់​ព្រះ គឺ​ដោយ​ការ​ប្រព្រឹត្ត​ល្អ​វិញ
11 ត្រូវ​ឲ្យ​ស្រីៗ​រៀន​ដោយ​សម្ងាត់ ទាំង​ចុះ​ចូល​គ្រប់​Chapter
12 ខ្ញុំ​មិន​បើក​ឲ្យ​ស្ត្រី​ណា​បង្រៀន ឬ​ឲ្យ​មាន​អំណាច​លើ​បុរស​ទេ ត្រូវ​ឲ្យ​គេ​នៅ​ដោយ​ស្រគត់‌ស្រគំ​ចុះ
13 ពី​ព្រោះ​ព្រះ​បាន​បង្កើត​លោក​អ័ដាម​មក​ជា​មុន រួច​មក​នាង​អេវ៉ា
14 ហើយ​មិន​មែន​លោក​អ័ដាម ដែល​ចាញ់​បញ្ឆោត​ទេ គឺ​ជា​ស្ត្រី​វិញ​ទេ​តើ ដែល​ចាញ់​បញ្ឆោត​នោះ ព្រម​ទាំង​រំលង​ច្បាប់​ផង
15 តែ​បើ​សិន​ជា​នាង​នៅ​ជាប់​ក្នុង​សេចក្ដី​ជំនឿ សេចក្ដី​ស្រឡាញ់ និង​សេចក្ដី​បរិសុទ្ធ ទាំង​មាន​គំនិត​មារយាទ នោះ​នាង​នឹង​បាន​សង្គ្រោះ​ក្នុង​កាល​ដែល​បង្កើត​កូន។


ជំពូក 3

1 ពាក្យ​នេះ​គួរ​ជឿ​ដែល​ថា បើ​អ្នក​ណា​ប្រាថ្នា​ចង់​ធ្វើ​ជា​អ្នក​ត្រួត​ត្រា នោះ​ឈ្មោះ​ថា​ចង់​បាន​ល្អ​ប្រសើរ​ហើយ
2 ដូច្នេះ ត្រូវ​ឲ្យ​អ្នក​ត្រួត​ត្រា​ប្រព្រឹត្ត ដោយ​ឥត​កន្លែង​ចាប់​ទោស​បាន​ចុះ ត្រូវ​ជា​មនុស្ស​មាន​ប្រពន្ធ​តែ​១ ជា​មនុស្ស​ដឹង​ខ្នាត មាន​ចិត្ត​ធ្ងន់‌ធ្ងរ កាន់​គំនិត​មារយាទ ជា​អ្នក​ចៅ‌រ៉ៅ ហើយ​ប្រសប់​នឹង​ការ​បង្រៀន
3 មិន​ត្រូវ​ជា​អ្នក​ចំណូល​ស្រា ឬ​ឈ្លោះ​ប្រកែក ឬ​ស៊ី​សំណូក​ឡើយ ត្រូវ​មាន​ចិត្ត​ស្លូត‌បូត ឥត​រក​រឿង​រក​ហេតុ ឥត​លោភ​ចង់​បាន​ប្រាក់
4 ត្រូវ​ត្រួត​ត្រា​ផ្ទះ​របស់​ខ្លួន ដោយ​ស្រួល‌បួល ទាំង​ឲ្យ​កូន​ចៅ​ស្តាប់​បង្គាប់​ដោយ​នឹង‌ធឹង
5 បើ​អ្នក​ណា​មិន​ចេះ​ត្រួត​ត្រា​ផ្ទះ​ខ្លួន ធ្វើ​ដូច​ម្តេច​ឲ្យ​ថែ​រក្សា​ពួក​ជំនុំ​ព្រះ​បាន
6 មនុស្ស​ណា​ដែល​ទើប​នឹង​ជឿ​ថ្មី នោះ​ធ្វើ​ពុំ​បាន​ទេ ក្រែង​កើត​មាន​ចិត្ត​ធំ ហើយ​ធ្លាក់​ទៅ​ក្នុង​ទោស​របស់​អារក្ស​វិញ
7 ត្រូវ​ឲ្យ​អ្នក​នោះ​មាន​ឈ្មោះ​ល្អ​ពី​អ្នក​ដទៃ​ផង ក្រែង​គេ​ត្មះ‌តិះដៀល ហើយ​ធ្លាក់​ទៅ​ក្នុង​អន្ទាក់​របស់​អារក្ស។
8 ឯ​ពួក​អ្នក​ជំនួយ​ក៏​ដូច្នោះ​ដែរ ត្រូវ​មាន​ចិត្ត​នឹង‌ធឹង ឥត​និយាយ​សំដី​២ ឥត​ចំណូល​ស្រា ឬ​ស៊ី​សំណូក​ឡើយ
9 ត្រូវ​ជា​អ្នក​កាន់​តាម​សេចក្ដី​អាថ៌‌កំបាំង របស់​សេចក្ដី​ជំនឿ ដោយ​បញ្ញា​ចិត្ត​ដ៏​ស្អាត
10 មួយ​ទៀត ត្រូវ​ល្បង​ល​ចំពោះ​ពួក​អ្នក​ជំនួយ​ទាំង​នោះ​ជា​មុន​ដំបូង​ដែរ រួច​បើ​កាល​ណា​ឃើញ​ថា គ្មាន​កន្លែង​ចាប់​ទោស​បាន​ហើយ នោះ​សឹម​ឲ្យ​គេ​ជួយ​ទៅ​ចុះ
11 ឯ​ប្រពន្ធ​របស់​គេ ក៏​ត្រូវ​មាន​ចិត្ត​នឹង‌ធឹង​ដែរ ឥត​ចេះ​និយាយ​ដើម​គេ ជា​អ្នក​ដឹង​ខ្នាត ហើយ​ស្មោះ‌ត្រង់​ក្នុង​គ្រប់​ការ​ទាំង​អស់
12 ត្រូវ​ឲ្យ​អ្នក​ជំនួយ​មាន​ប្រពន្ធ​តែ​១ ទាំង​ត្រួត​ត្រា​កូន​ចៅ និង​ផ្ទះ​ខ្លួន ដោយ​ស្រួល‌បួល
13 ដ្បិត​ពួក​អ្នក​ដែល​បាន​ជួយ​យ៉ាង​ល្អ នោះ​នឹង​បាន​ថ្នាក់​ល្អ​សម្រាប់​ខ្លួន និង​សេចក្ដី​ក្លាហាន​ក្នុង​សេចក្ដី​ជំនឿ ដោយ‌សារ​ព្រះ‌គ្រីស្ទ​យេស៊ូវ។
14 ខ្ញុំ​សង្ឃឹម​ថា​នឹង​មក​ឯ​អ្នក​ជា​យ៉ាង​ឆាប់ ប៉ុន្តែ ខ្ញុំ​សរសេរ​សេចក្ដី​ទាំង​នេះ​ផ្ញើ​មក​អ្នក​សិន
15 ដើម្បី​ក្រែង​ខ្ញុំ​ក្រ​មក នោះ​ឲ្យ​អ្នក​បាន​ដឹង​ពី​របៀប​យ៉ាង​ណា ដែល​គួរ​ប្រព្រឹត្ត​ក្នុង​ដំណាក់​នៃ​ព្រះ គឺ​ក្នុង​ពួក​ជំនុំ​នៃ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់ ដែល​ជា​សសរ ហើយ​ជា​ជើង​ថ្កល់​របស់​សេចក្ដី​ពិត
16 ពិត​ប្រាកដ​ជា​សេចក្ដី​អាថ៌‌កំបាំង​របស់​សាសនា​នៃ​យើង នោះ​ជ្រាល​ជ្រៅ​ណាស់ គឺ​ដែល​ព្រះ​បាន​លេច​មក​ក្នុង​សាច់​ឈាម បាន​រាប់​ជា​សុចរិត​ដោយ​ព្រះ‌វិញ្ញាណ ពួក​ទេវតា​បាន​ឃើញ​ទ្រង់ មនុស្ស​បាន​ប្រកាស​ប្រាប់​ពី​ទ្រង់​ដល់​ពួក​សាសន៍​ដទៃ មាន​គេ​ជឿ​ដល់​ទ្រង់​ក្នុង​លោកីយ៍​នេះ រួច​ព្រះ​បាន​លើក​ទ្រង់​ឡើង​ទៅ​ក្នុង​សិរី‌ល្អ​វិញ។


ជំពូក 4

1 តែ​ព្រះ‌វិញ្ញាណ​ទ្រង់​មាន​ព្រះ‌បន្ទូល​យ៉ាង​ជាក់​ច្បាស់​ថា នៅ​គ្រា​ជាន់​ក្រោយ​បង្អស់ អ្នក​ខ្លះ​នឹង​លា‌ចាក‌ចេញ​ពី​សេចក្ដី​ជំនឿ ដោយ​ស្តាប់​តាម​វិញ្ញាណ​បញ្ឆោត និង​សេចក្ដី​បង្រៀន​របស់​ពួក​អារក្ស
2 ដោយ‌សារ​ពុត​មាយា​របស់​ពួក​អ្នក ដែល​ពោល​តែ​ពាក្យ​កុហក ទាំង​មាន​បញ្ញា​ចិត្ត​រលាក
3 ព្រម​ទាំង​ហាម‌ប្រាម​មិន​ឲ្យ​យក​ប្ដី​ប្រពន្ធ ហើយ​ឲ្យ​ត្រូវ​តម​អាហារ ដែល​ព្រះ​បាន​បង្កើត​មក សម្រាប់​ពួក​អ្នក​ជឿ និង​ពួក​អ្នក​ដែល​ស្គាល់​សេចក្ដី​ពិត ឲ្យ​បាន​ទទួល​ដោយ​អរ​ព្រះ‌គុណ
4 ដ្បិត​សត្វ​ទាំង​អស់​ដែល​ព្រះ‌ទ្រង់​បង្កើត​មក នោះ​សុទ្ធ​តែ​ល្អ ហើយ​មិន​ត្រូវ​ចោល​១​ឡើយ ឲ្យ​គ្រាន់​តែ​ទទួល​ដោយ​អរ​ព្រះ‌គុណ​ប៉ុណ្ណោះ
5 ដ្បិត​បាន​ញែក​ជា​បរិសុទ្ធ ដោយ‌សារ​ព្រះ‌បន្ទូល ហើយ​សេចក្ដី​អធិស្ឋាន។
6 បើ​អ្នក​សម្ដែង​សេចក្ដី​ទាំង​នេះ ដល់​ពួក​បង​ប្អូន​ឲ្យ​ស្គាល់ នោះ​អ្នក​នឹង​ធ្វើ​ជា​ជំនួយ​យ៉ាង​ល្អ​របស់​ព្រះ‌យេស៊ូវ​គ្រីស្ទ ដែល​ព្រះ‌បន្ទូល​នៃ​សេចក្ដី​ជំនឿ និង​សេចក្ដី​បង្រៀន​ដ៏​ល្អ​បាន​ចិញ្ចឹម​អ្នក ដោយ​អ្នក​បាន​កាន់​តាម​ស្មោះ​ចំពោះ​មែន
7 កុំ​ឲ្យ​ព្រម​ស្តាប់​អស់​ទាំង​រឿង​ល្បែង​របស់​ស្រី​ចាស់ៗ​ឡើយ ចូរ​បង្ហាត់​ខ្លួន​ខាង​ឯ​សេចក្ដី​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​វិញ
8 ដ្បិត​ការ​បង្ហាត់​ខ្លួន​ប្រាណ នោះ​មាន​ប្រយោជន៍​តែ​បន្តិច​ទេ តែ​សេចក្ដី​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ នោះ​ទើប​មាន​ប្រយោជន៍​គ្រប់​ជំពូក​វិញ ក៏​មាន​សេចក្ដី​សន្យា​ឲ្យ​បាន​ជីវិត​នៅ​ជាន់​ឥឡូវ​នេះ ហើយ​ទៅ​ខាង​នាយ​ផង
9 ពាក្យ​នេះ​គួរ​ជឿ ហើយ​គួរ​ទទួល​គ្រប់​យ៉ាង
10 ដ្បិត​គឺ​ដោយ​ហេតុ​នោះ​បាន​ជា​យើង​ខ្ញុំ​ខំ​ធ្វើ​ការ ទាំង​ត្រូវ​គេ​ត្មះ‌តិះដៀល ពី​ព្រោះ​យើង​ខ្ញុំ​មាន​សេចក្ដី​សង្ឃឹម ដល់​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់ ដែល​ទ្រង់​ជា​ព្រះ‌អង្គ​សង្រ្គោះ​នៃ​មនុស្ស​ទាំង‌ឡាយ មាន​មនុស្ស​ដែល​ជឿ​ជា​ដើម
11 ចូរ​ផ្តាំ​គេ​ពី​សេចក្ដី​ទាំង​នេះ ហើយ​បង្ហាត់​បង្រៀន​ចុះ
12 កុំ​ឲ្យ​អ្នក​ណា​មើល‌ងាយ​អ្នក ដោយ​ព្រោះ​នៅ​ក្មេង​នោះ​ឡើយ ចូរ​ធ្វើ​ជា​គំរូ​ដល់​ពួក​អ្នក​ជឿ ដោយ​ពាក្យ​សំដី កិរិយា​ប្រព្រឹត្ត សេចក្ដី​ស្រឡាញ់ សេចក្ដី​ជំនឿ និង​សេចក្ដី​បរិសុទ្ធ
13 ចូរ​ឧស្សាហ៍​មើល​គម្ពីរ ហើយ​ទូន្មាន និង​បង្រៀន​គេ ដរាប​ដល់​ខ្ញុំ​មក
14 កុំ​ឲ្យ​ធ្វេស​នឹង​អំណោយ​ទាន ដែល​សណ្ឋិត​លើ​អ្នក ដែល​បាន​ប្រទាន​មក​អ្នក​ដោយ​សេចក្ដី​ទំនាយ ក្នុង​កាល​ដែល​ពួក​ចាស់‌ទុំ​បាន​ដាក់​ដៃ​លើ​អ្នក​ឡើយ
15 ចូរ​ឧស្សាហ៍​ប្រព្រឹត្ត​តាម​សេចក្ដី​ទាំង​នេះ ហើយ​កាន់​ខ្ជាប់​ផង ដើម្បី​ឲ្យ​មនុស្ស​ទាំង‌ឡាយ​បាន​ឃើញ​សេចក្ដី​ជំនឿ​របស់​អ្នក
16 ចូរ​ប្រុង​ប្រយ័ត​នឹង​ខ្លួន​អ្នក ហើយ​និង​សេចក្ដី​បង្រៀន ចូរ​កាន់​ខ្ជាប់​តាម​សេចក្ដី​ទាំង​នេះ ដ្បិត​ដែល​ធ្វើ​ដូច្នោះ នោះ​អ្នក​នឹង​សង្គ្រោះ​ខ្លួន​អ្នក​បាន ព្រម​ទាំង​ពួក​អ្នក​ដែល​ស្តាប់​អ្នក​ផង។


ជំពូក 5

1 កុំ​ឲ្យ​ស្តី​បន្ទោស​ដល់​មនុស្ស​ចាស់ៗ​ឡើយ ចូរ​ទូន្មាន​គាត់​ទុក​ដូច​ជា​ឪពុក​ចុះ ហើយ​មនុស្ស​ដែល​ក្មេង​ជាង​អ្នក នោះ​ទុក​ដូច​ជា​ប្អូន​វិញ
2 ឯ​ស្ត្រី​ចាស់ៗ​ទុក​ដូច​ម្តាយ ហើយ​ពួក​ស្ត្រី​ដែល​ក្មេង​ជាង​អ្នក ទុក​ដូច​ជា​ប្អូន​ដែរ ដោយ​សេចក្ដី​បរិសុទ្ធ​សព្វ​គ្រប់
3 ចូរ​គោរព​ដល់​ពួក​ស្ត្រី​ដែល​ពិត​ជា​មេម៉ាយ មែន
4 តែ​បើ​ស្រី​មេម៉ាយ​ណា​មាន​កូន​ចៅ នោះ​ត្រូវ​ឲ្យ​កូន​ចៅ​នោះ​រៀន​ឲ្យ​ចេះ​គោរព​ប្រតិ‌បត្តិ ដល់​ពួក​ផ្ទះ​ខ្លួន​ជា​ដើម ទាំង​សង​គុណ​ឪពុក​ម្តាយ ដ្បិត​ព្រះ‌ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​យ៉ាង​ដូច្នោះ
5 រីឯ​ស្ត្រី​ណា​ដែល​ពិត​ជា​មេម៉ាយ ហើយ​នៅ​តែ​ឯង នោះ​សង្ឃឹម​តែ​ដល់​ព្រះ ក៏​ព្យាយាម​ក្នុង​សេចក្ដី​ទូល​អង្វរ និង​សេចក្ដី​អធិស្ឋាន​ទាំង​យប់​ទាំង​ថ្ងៃ
6 តែ​មេម៉ាយ​ណា​ដែល​នៅ​តែ​ស្រើប‌ស្រាល នោះ​ទោះ​បើ​រស់​នៅ​ក៏​ដោយ ក៏​ឈ្មោះ​ថា​ស្លាប់​ហើយ
7 ចូរ​ហាម​គេ​ពី​សេចក្ដី​ទាំង​នេះ ដើម្បី​កុំ​ឲ្យ​គេ​មាន​កន្លែង​បន្ទោស​បាន​ឡើយ
8 បើ​មាន​អ្នក​ណា ដែល​មិន​ផ្គត់‌ផ្គង់​ឲ្យ​ពួក​ញាតិ​សន្តាន​ខ្លួន គឺ​ឲ្យ​ពួក​អ្នក​ផ្ទះ​ខ្លួន​ជា​ដើម អ្នក​នោះ​ឈ្មោះ​ថា​បាន​បោះ​បង់​ចោល​សេចក្ដី​ជំនឿ​ហើយ ក៏​អាក្រក់​ជាង​មនុស្ស​ដែល​មិន​បាន​ជឿ​ទៅ​ទៀត
9 ចូរ​ឲ្យ​កត់​ចុះ​ក្នុង​បញ្ជី​មេម៉ាយ​ចំពោះ​តែ​ឈ្មោះ​ស្ត្រី​ណា ដែល​មាន​អាយុ​ពី​៦០​ឆ្នាំ​ឡើង​ទៅ​លើ​ប៉ុណ្ណោះ ហើយ​ដែល​បាន​មាន​ប្ដី​តែ​មួយ​ផង
10 ត្រូវ​មាន​គេ​ធ្វើ​បន្ទាល់​ពី​ការ​ល្អ​របស់​ស្ត្រី​នោះ​ដែរ បើ​បាន​ចិញ្ចឹម​កូន ទទួល​អ្នក​ដទៃ​ឲ្យ​ស្នាក់ លាង​ជើង​ពួក​បរិសុទ្ធ ជួយ​ដោះ​ទុក្ខ ដល់​ពួក​អ្នក​ដែល​មាន​សេចក្ដី​វេទនា បើ​បាន​ឧស្សាហ៍​តាម​គ្រប់​ទាំង​ការ​ល្អ នោះ​ទើប​ចុះ​បាន
11 ឯ​ស្រី​មេម៉ាយ​ដែល​ក្មេង​ជាង នោះ​មិន​ត្រូវ​ទទួល​ទេ ដ្បិត​បើ​កាល​ណា​គេ​កើត​មាន​ចិត្ត​រឹង‌ទទឹង​នឹង​ព្រះ‌គ្រីស្ទ នោះ​គេ​នឹង​ចង់​យក​ប្ដី​ទៀត
12 គេ​នឹង​មាន​ទោស ដោយ​ព្រោះ​បាន​បោះ​បង់​ចោល​សេចក្ដី​ជំនឿ​ដើម
13 ក៏​នឹង​ទម្លាប់​នៅ​ដៃ​ទំនេរ ទាំង​ដើរ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ មិន​ត្រឹម​តែ​នៅ​ដៃ​ទំនេរ​តែ​ប៉ុណ្ណោះ គឺ​មាន​ទាំង​មាត់​ប៉ប៉ាច់‌ប៉ប៉ោច ហើយ​បេះ‌បួយ ក៏​និយាយ​សេចក្ដី​ដែល​មិន​គួរ​គប្បី​ទៀត​ផង
14 ដូច្នេះ ខ្ញុំ​ចង់​ឲ្យ​ស្រី​មេម៉ាយ​ដែល​នៅ​ក្មេង​បាន​យក​ប្ដី​ទៅ ដើម្បី​នឹង​បង្កើត​កូន ហើយ​គ្រប់​គ្រង​នៅ​ទី​ផ្ទះ ឥត​បើក​ឱកាស​ឲ្យ​ពួក​អ្នក ដែល​រក​រឿង បាន​ត្មះ‌តិះដៀល​ឡើយ
15 ដ្បិត​មាន​អ្នក​ខ្លះ​ងាក​បែរ​ទៅ តាម​អារក្ស​សាតាំង​ហើយ
16 បើ​មាន​អ្នក​ជឿ​ណា ទោះ​ប្រុស ឬ​ស្រី​ដែល​មាន​ម្តាយ​មេម៉ាយ នោះ​ត្រូវ​ជួយ​ផ្គត់‌ផ្គង់​ឲ្យ​ផង កុំ​ឲ្យ​ផ្ទុក​លើ​ពួក​ជំនុំ​ឡើយ ដើម្បី​ឲ្យ​ពួក​ជំនុំ​បាន​ផ្គត់‌ផ្គង់​ដល់​ពួក​អ្នក ដែល​ពិត​ជា​មេម៉ាយ​នោះ​វិញ។
17 អ្នក​ចាស់‌ទុំ​ណា ដែល​ជា​អ្នក​នាំ​មុខ​យ៉ាង​ល្អ នោះ​ត្រូវ​រាប់​ជា​គួរ​នឹង​គោរព​ប្រតិ‌បត្តិ​ជា​ទ្វេ​គុណ​ឡើង គឺ​មាន​ពួក​ដែល​ខំ​ផ្សាយ​ព្រះ‌បន្ទូល ហើយ​និង​ពួក​ដែល​បង្រៀន​ជា​ដើម
18 ដ្បិត​គម្ពីរ​ចែង​ទុក​មក​ថា «មិន​ត្រូវ​ឃ្លុំ​មាត់​គោ​ដែល​បញ្ជាន់​ស្រូវ​ឡើយ» ហើយ​ថា «ជើង​ឈ្នួល គួរ​ឲ្យ​បាន​ប្រាក់​ឈ្នួល​ខ្លួន»
19 កុំ​ឲ្យ​ស្តាប់​សេចក្ដី​ចោទ​ប្រកាន់​នឹង​អ្នក​ចាស់‌ទុំ​ណា​ឡើយ លើក​តែ​មាន​ស្មរ​បន្ទាល់​២ឬ៣​នាក់
20 ឯ​អ្នក​ណា​ដែល​ធ្វើ​បាប នោះ​ចូរ​ផ្ចាញ់‌ផ្ចាល​គេ នៅ​មុខ​មនុស្ស​ទាំង​អស់ ដើម្បី​ឲ្យ​អ្នក​ឯ​ទៀត​បាន​កោត‌ខ្លាច​ដែរ
21 ខ្ញុំ​ផ្តាំ​នឹង​អ្នក​អស់​ពី​ចិត្ត នៅ​ចំពោះ​ព្រះ និង​ព្រះ‌គ្រីស្ទ​យេស៊ូវ ហើយ​ពួក​ទេវតា​រើស​តាំង​ផង​ថា ឲ្យ​អ្នក​កាន់​តាម​សេចក្ដី​ទាំង​នេះ ដោយ​ឥត​រើស​មុខ​អ្នក​ណា ឬ​ល្អៀង​ទៅ​ខាង​ណា​ឡើយ
22 កុំ​ឲ្យ​ប្រញាប់​ដាក់​ដៃ​លើ​អ្នក​ណា ក៏​កុំ​ឲ្យ​មាន​សេចក្ដី​ប្រកប​ក្នុង​បាប​របស់​មនុស្ស​ឯ​ទៀត​ឲ្យ​សោះ ចូរ​រក្សា​ខ្លួន​ឲ្យ​បរិសុទ្ធ​ចុះ
23 កុំ​ឲ្យ​ផឹក​ទឹក​តែ​ប៉ុណ្ណោះ ត្រូវ​ឲ្យ​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ​បន្តិច​ផង ដោយ​ព្រោះ​ក្រពះ​អ្នក និង​រោគ​ដែល​អ្នក​មាន​ជា​ញយៗ
24 អំពើ​បាប​របស់​មនុស្ស​ខ្លះ​បាន​ឃើញ​ច្បាស់ ក៏​នាំ​មុខ​គេ​ទៅ ឲ្យ​ត្រូវ​ជំនុំ​ជម្រះ ឯ​បាប​របស់​អ្នក​ខ្លះ​ទៀត​បាន​មក​តាម​ក្រោយ
25 ឯ​ការ​ល្អ​វិញ ក៏​ឃើញ​ច្បាស់​ដូច្នោះ​ដែរ បើ​មាន​ការ​ល្អ​ណា​ដែល​មិន​ច្បាស់ នោះ​នៅ​តែ​លាក់​មិន​កំបាំង​ដែរ។


ជំពូក 6

1 រីឯ​អស់​អ្នក​ទាំង​ប៉ុន្មាន ដែល​នៅ​ក្រោម​នឹម​ជា​បាវ​បម្រើ​គេ នោះ​ត្រូវ​រាប់​ចៅ‌ហ្វាយ​ខ្លួន ទុក​ជា​គួរ​នឹង​គោរព​ប្រតិ‌បត្តិ​គ្រប់​យ៉ាង​ចុះ ដើម្បី​កុំ​ឲ្យ​គេ​ប្រមាថ​ដល់​ព្រះ‌នាម​ព្រះ និង​សេចក្ដី​បង្រៀន​នេះ​ឡើយ
2 ហើយ​អ្នក​ណា​ដែល​មាន​ចៅ‌ហ្វាយ​ជា​អ្នក​ជឿ នោះ​មិន​ត្រូវ​មាន​ចិត្ត​មើល‌ងាយ​ដល់​ចៅ‌ហ្វាយ​នោះ ដោយ​ព្រោះ​ជា​បង​ប្អូន​គ្នា​ទេ តែ​ស៊ូ​បម្រើ​វិញ ដោយ​ព្រោះ​ចៅ‌ហ្វាយ​នោះ​ជា​អ្នក​ជឿ ហើយ​ជា​ស្ងួន‌ភ្ងា​ដែរ ជា​អ្នក​ដែល​ចម្រើន​ឡើង ដោយ​ការ​បម្រើ​យ៉ាង​ល្អ​នោះ​ឯង ចូរ​ឲ្យ​អ្នក​បង្រៀន​សេចក្ដី​ទាំង​នេះ ហើយ​ទូន្មាន​គេ​ចុះ។
3 បើ​អ្នក​ណា​បង្រៀន​ពី​សេចក្ដី​អ្វី​ផ្សេង​ទៀត ហើយ​មិន​យល់​ព្រម​តាម​ពាក្យ​សំដី​ដែល​ត្រឹម​ត្រូវ គឺ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង និង​ជា​សេចក្ដី​បង្រៀន​ដែល​ត្រឹម​ត្រូវ តាម​សេចក្ដី​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​ទេ
4 អ្នក​នោះ​ឈ្មោះ​ថា​មាន​ចិត្ត​ធំ ហើយ​មិន​ដឹង​អ្វី​សោះ គឺ​វក់​តែ​នឹង​ជជែក ហើយ​ដេញ​ដោល​ពី​ន័យ​ពាក្យ ដែល​នាំ​ឲ្យ​កើត​សេចក្ដី​ឈ្នានីស ឈ្លោះ​ប្រកែក ជេរ​ប្រមាថ និង​សេចក្ដី​សង្ស័យ​ដ៏​អាក្រក់​ប៉ុណ្ណោះ
5 ជា​សេចក្ដី​ជំលោះ​ឥត​ប្រយោជន៍​របស់​មនុស្ស​ខូច​គំនិត ហើយ​ឥត​ស្គាល់​សេចក្ដី​ពិត ដោយ​ស្មាន​ថា ការ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​ជា​ផ្លូវ​ឲ្យ​បាន​កម្រៃ
6 តែ​ការ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ ដែល​មាន​ទាំង​ចិត្ត​ស្កប់‌ស្កល់​ផង នោះ​ជា​កម្រៃ​១​យ៉ាង​ធំ​មែន
7 ដ្បិត​យើង​រាល់​គ្នា​មិន​បាន​យក​អ្វី ចូល​មក​ក្នុង​លោកីយ៍​នេះ​ទេ ហើយ​ច្បាស់​ជា​យើង​ពុំ​អាច​នឹង​យក​អ្វី​ចេញ​ទៅ​វិញ​បាន​ដែរ
8 តែ​បើ​មាន​អាហារ​ទទួល​ទាន និង​សម្លៀក‌បំពាក់ នោះ​ក៏​ល្មម​ឲ្យ​យើង​បាន​ស្កប់​ចិត្ត​ហើយ
9 ឯ​ពួក​អ្នក​ដែល​ចង់​ធ្វើ​ជា​អ្នក​ស្តុក‌ស្តម្ភ នោះ​នឹង​ធ្លាក់​ទៅ​ក្នុង​សេចក្ដី​ល្បួង និង​អន្ទាក់ ហើយ​ក្នុង​បំណង​ជា​ច្រើន ដែល​ផ្តេស​ផ្តាស ហើយ​ធ្វើ​ទុក្ខ​ដល់​ខ្លួន ក៏​ពន្លិច​មនុស្ស​ទៅ​ក្នុង​សេចក្ដី​ហិន‌វិនាស និង​សេចក្ដី​អន្តរ‌ធាន​វិញ
10 ដ្បិត​ការ​ដែល​ស្រឡាញ់​ប្រាក់ នោះ​ហើយ​ជា​មេ​ឫស​នៃ​សេចក្ដី​អាក្រក់​គ្រប់​យ៉ាង ដែល​អ្នក​ខ្លះ​បាន​ឈោង​តាម ហើយ​ត្រូវ​លួង‌លោម​ឲ្យ​ឃ្លាត​ចេញ​ពី​សេចក្ដី​ជំនឿ ទាំង​ចាក់​ទម្លុះ​ខ្លួន​គេ ដោយ​សេចក្ដី​ព្រួយ​លំបាក​ជា​ច្រើន។
11 តែ ឱ​អ្នក​សំណប់​នៃ​ព្រះ​អើយ ចូរ​ឲ្យ​អ្នក​រត់​ចៀស​ចេញ​ពី​សេចក្ដី​ទាំង​នោះ ហើយ​ដេញ​តាម​សេចក្ដី​សុចរិត សេចក្ដី​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ សេចក្ដី​ជំនឿ សេចក្ដី​ស្រឡាញ់ សេចក្ដី​ខ្ជាប់‌ខ្ជួន និង​សេចក្ដី​សំឡូត​វិញ
12 ចូរ​ខំ​ប្រឹង​តស៊ូ ដោយ​ការ​ត​យ៉ាង​ល្អ​នៃ​សេចក្ដី​ជំនឿ ចូរ​តោង​ចាប់​ជីវិត​អស់​កល្ប‌ជានិច្ច​ឲ្យ​ខ្ជាប់ ដែល​ព្រះ​បាន​ហៅ​អ្នក​មក​ទទួល ហើយ​អ្នក​ក៏​បាន​ធ្វើ​បន្ទាល់​យ៉ាង​ល្អ​នៅ​មុខ​សាក្សី​ជា​ច្រើន​ដែរ
13 ខ្ញុំ​ផ្តាំ​មក​អ្នក​នៅ​ចំពោះ​ព្រះ ដែល​ទ្រង់​ប្រទាន​ជីវិត​ដល់​គ្រប់​ទាំង​អស់ ហើយ​នៅ​ចំពោះ​ព្រះ‌គ្រីស្ទ​យេស៊ូវ ដែល​ទ្រង់​បាន​ធ្វើ​បន្ទាល់​យ៉ាង​ល្អ នៅ​មុខ​លោក​ប៉ុនទាស-ពីឡាត់​ថា
14 ឲ្យ​អ្នក​កាន់​តាម​បញ្ញត្ត​បែប​ដែល​ឥត​សៅ‌ហ្មង ហើយ​ឥត​កន្លែង​បន្ទោស​បាន ដរាប​ដល់​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង ទ្រង់​លេច​មក
15 ដែល​ព្រះ​នឹង​សម្ដែង​ឲ្យ​ឃើញ​ទ្រង់ ក្នុង​វេលា​កំណត់ គឺ​ជា​ស្តេច​ចក្រ​តែ​១​ព្រះ‌អង្គ​ដ៏​មាន​ពរ ជា​ស្តេច​លើ​អស់​ទាំង​ស្តេច ហើយ​ជា​ព្រះ‌អម្ចាស់​លើ​អស់​ទាំង​ព្រះ‌អម្ចាស់
16 ក៏​មាន​ទ្រង់​ប៉ុណ្ណោះ​ដែល​មិន​ចេះ​សុគត ទ្រង់​គង់​នៅ​ក្នុង​ពន្លឺ​ដែល​រក​ចូល​ទៅ​ជិត​មិន​បាន គ្មាន​មនុស្ស​ណា​ដែល​ឃើញ​ទ្រង់​ឡើយ ក៏​មើល​ទ្រង់​មិន​ឃើញ​ផង សូម​ឲ្យ​ទ្រង់​បាន​ល្បី​ព្រះ‌នាម និង​ព្រះ‌ចេស្តា នៅ​អស់​កល្ប‌ជានិច្ច អាម៉ែន។
17 ចូរ​ហាម‌ប្រាម​ដល់​ពួក​អ្នក​មាន នៅ​លោកីយ៍​នេះ​ផង កុំ​ឲ្យ​គេ​មាន​ឫក​ខ្ពស់ ឬ​ទុក​ចិត្ត​នឹង​ទ្រព្យ‌សម្បត្តិ ដែល​មិន​ទៀង​នោះ​ឡើយ ត្រូវ​ទុក​ចិត្ត​នឹង​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​វិញ ដែល​ទ្រង់​ប្រទាន​គ្រប់​ទាំង​អស់​មក​យើង​រាល់​គ្នា​ជា​បរិបូរ ឲ្យ​យើង​បាន​អរ​សប្បាយ
18 ចូរ​បង្គាប់​ឲ្យ​គេ​ធ្វើ​គុណ និង​ការ​ល្អ​ជា​បរិបូរ ព្រម​ទាំង​ចែក​ទាន​ដោយ​សទ្ធា ហើយ​ប្រុង​ប្រៀប​នឹង​ជួយ​គេ​ផង
19 យ៉ាង​នោះ​ឯង ទើប​ឈ្មោះ​ថា គេ​នឹង​ប្រមូល​ទ្រព្យ​សម្បត្តិ​ទុក​ជា​គោល​យ៉ាង​ល្អ​សម្រាប់​ខ្លួន​ដល់​ថ្ងៃ​ក្រោយ​វិញ ដើម្បី​ឲ្យ​គេ​ចាប់​បាន​ជីវិត​អស់​កល្ប‌ជានិច្ច។
20 ឱ​ធីម៉ូថេ​អើយ ចូរ​រក្សា​សេចក្ដី​ដែល​បាន​ផ្ញើ​ទុក​នឹង​អ្នក​ចុះ ហើយ​ចៀស​ចេញ​ពី​សំដី​ឡេះ‌ឡោះ​ឥត​ប្រយោជន៍ និង​ពាក្យ​ទទឹង‌ទទែង​នៃ​សេចក្ដី ដែល​ក្លែង​ហៅ​ថា ចំណេះ​វិជ្ជា​ផង
21 ដែល​មាន​មនុស្ស​ខ្លះ​ប្រកាន់ ក៏​បាន​ជ្រួស​ពី​សេចក្ដី​ជំនឿ​ចេញ​ហើយ។ សូម​ឲ្យ​អ្នក​បាន​ប្រកប​ដោយ​ព្រះ‌គុណ។ អាម៉ែន។:៚